User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.16

ញាណវិភង្គ (ទី១៦)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 16 បាលី cs-km: abh.vb.16 អដ្ឋកថា: abh.vb.16_att PTS: ?

ញាណវិភង្គ (ទី១៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៦. ញាណវិភង្គោ)

(មាតិកា)

(មាតិកា)

(ឯកកមាតិកា ទី១)

(១. ឯកកមាតិកា)

[២៩] ញាណវត្ថុ មានប្រការ ១ គឺវិញ្ញាណ ៥ មិនមែនហេតុ មិនមាន​ហេតុ ប្រាស​​ចាកហេតុ ប្រកបដោយបច្ច័យ ត្រូវបច្ច័យប្រជុំតាក់តែង មិនមាន​រូប ជា​លោកិយៈ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈ​គប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈស្ទាបអង្អែល ជាប្រយោជន៍ដល់​ឧបាទាន គួរដល់នូវសេចក្តីសៅហ្មង ជាអព្យាក្រឹត ប្រកបដោយអារម្មណ៍ មិនមែនចេតសិក ជាវិបាក មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់​យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង មិនប្រកបដោយវិតក្កៈ តែប្រកបដោយវិចារៈ មិនមែនមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនកើតព្រមដោយបីតិ មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មានហេតុមិនគួរលះ​ដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មិនដល់នូវការសន្សំ (កិលេសវដ្ដៈ) ទាំងមិនដល់នូវការមិនសន្សំ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់​អសេក្ខបុគ្គល មានសភាពតូចឆ្មារ ជាកាមាវចរ មិនមែនជារូបាវចរ មិនមែនជា​អរូបាវចរ ជាបរិយាបន្នៈ មិនមែនជាអបរិយាបន្នៈ មិនទៀង មិនមែនជានិយ្យានិកៈ ដែលកើតឡើងហើយ ដែលគួរដឹងដោយមនោវិញ្ញាណ មិនទៀង ដែលត្រូវជរា​គ្របសង្កត់។ វិញ្ញាណ ៥ មានវត្ថុកើតហើយ មានអារម្មណ៍កើតហើយ មានវត្ថុ​កើតហើយក្នុងកាលមុន មានអារម្មណ៍កើតហើយក្នុងកាលមុន មានវត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ មានវត្ថុមិនច្រឡំគ្នា មានអារម្មណ៍មិនច្រឡំគ្នា មានវត្ថុ​ផ្សេងៗ មានអារម្មណ៍ផ្សេងៗ មិនរងអារម្មណ៍ជាទីគោចរនៃគ្នានឹងគ្នាទេ មិន​កើតឡើងព្រោះការមិនប្រមូលមក (នូវអារម្មណ៍) មិនកើតឡើងព្រោះការមិន​ធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) មិនកើតឡើងព្រោះការមិនច្រឡូកច្រឡំ (ដោយ​វិញ្ញាណដទៃ) មិនកើតឡើង មិនមុន មិនក្រោយ មិនកើតឡើងក្នុងលំដាប់នៃគ្នា​នឹងគ្នា វិញ្ញាណ ៥ មិនមានគ្រឿងអាង បុគ្គលបើវៀរចាកការប៉ះពាល់នូវអារម្មណ៍ ក៏មិនដឹងច្បាស់នូវធម៌ណាមួយ ដោយវិញ្ញាណទាំង ៥ ទាំងមិនដឹងច្បាស់​នូវធម៌ណាមួយ ក្នុងលំដាប់នៃវិញ្ញាណ​ទាំង ៥ មិនសមេ្រចឥរិយាបថណាមួយដោយវិញ្ញាណទាំង ៥ ទាំងមិនសម្រេចឥរិយាបថណាមួយ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្ម ដោយវិញ្ញាណទាំង ៥ ទាំងមិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្ម ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនកាន់យកនូវធម៌ជាកុសល និងអកុសល ដោយវិញ្ញាណទាំង ៥ ទាំងមិនកាន់​យកនូវធម៌ជាកុសល និងអកុសល ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនចូលឈាន មិនចេញចាកឈាន ដោយវិញ្ញាណទាំង ៥ ទាំងមិនចូលឈាន មិនចេញចាក​ឈាន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនច្យុត មិនកើត ដោយវិញ្ញាណទាំង ៥ ទាំងមិនច្យុត មិនកើត ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ មិនលក់ មិនភ្ញាក់ មិនឃើញ​សុបិន ដោយវិញ្ញាណទាំង ៥ ទាំងមិនលក់ មិនភ្ញាក់ មិនឃើញសុបិន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ បញ្ញាជាគ្រឿងសំដែងនូវវត្ថុ តាមលំដាប់នៃមាតិកា។ ញាណវត្ថុ មានប្រការ ១ យ៉ាងនេះឯង។

(ទុកមាតិកា ទី២)

(២. ទុកមាតិកា)

[៣០] ញាណវត្ថុ មាន ២ គឺ បញ្ញាជាលោកិយៈ និងបញ្ញាជាលោកុត្តរៈ បញ្ញាដែលបុគ្គលគប្បីដឹងដោយញាណណាមួយ និងបញ្ញាដែលបុគ្គលមិនគប្បី​ដឹងដោយវិញ្ញាណណាមួយ បញ្ញាប្រព្រឹត្តទៅជាមួយនឹងអាសវៈ និងបញ្ញាមិន​មានអាសវៈ បញ្ញាប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ និង​បញ្ញាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ បញ្ញាជាប្រយោជន៍ដល់សញ្ញោជនៈ និងបញ្ញាមិនជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍​​ដល់សញ្ញោជនៈ និងបញ្ញាប្រាសចាកសញ្ញោជនៈ ទាំងមិនជា​ប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាដែលគន្ថៈគប្បីដោតក្រង និងបញ្ញាដែលគន្ថៈ​មិនគប្បីដោតក្រង បញ្ញាប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង និងបញ្ញាប្រាស​ចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រង បញ្ញាដែលឱឃៈគប្បីប្រព្រឹត្តកន្លង និង​បញ្ញាដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង បញ្ញាប្រាសចាកឱឃៈ តែឱឃៈគប្បី​ប្រព្រឹត្តកន្លង និងបញ្ញាប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លង បញ្ញា​ដែលយោគៈគប្បីប្រព្រឹត្តកន្លង និងបញ្ញា​ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង បញ្ញាប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លង និងបញ្ញាប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លង បញ្ញាជាប្រយោជន៍ដល់នីវរណៈ​ និងបញ្ញា​មិន​ជាប្រយោជន៍ដល់នីវរណៈ បញ្ញាប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់​នីវរណៈ និងបញ្ញាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈ បញ្ញា​ដែលបរាមាសៈស្ទាបអង្អែល និងបញ្ញាដែលបរាមាសៈមិនស្ទាបអង្អែល បញ្ញា​ប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល និងបញ្ញាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែល បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ និងបញ្ញា ដែលកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើមមិនកាន់យកហើយ បញ្ញាជាប្រយោជន៍ដល់ឧបាទាន និងបញ្ញាមិនជាប្រយោជន៍ដល់ឧបាទាន បញ្ញាប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន និងបញ្ញាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន បញ្ញាគួរដល់​សេចក្តីសៅហ្មង និងបញ្ញាមិនគួរដល់សេចក្តីសៅហ្មង បញ្ញាប្រាសចាកសេចក្តី​សៅហ្មង តែគួរដល់សេចក្តីសៅហ្មង និងបញ្ញាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង បញ្ញាប្រកបដោយវិតក្កៈ និងបញ្ញាមិនមាន​វិតក្កៈ បញ្ញាប្រកបដោយវិចារៈ និងបញ្ញាមិនមានវិចារៈ បញ្ញាប្រកបដោយបីតិ និងបញ្ញាមិនមានបីតិ បញ្ញាកើតព្រមដោយបីតិ និងបញ្ញាមិនកើតព្រមដោយបីតិ បញ្ញាកើតព្រមដោយសុខ និងបញ្ញាមិនកើតព្រមដោយសុខ បញ្ញាកើតព្រមដោយឧបេក្ខា និងបញ្ញាមិនកើតព្រមដោយឧបេក្ខា បញ្ញាជាកាមាវចរ និងបញ្ញា​មិនមែនជាកាមាវចរ បញ្ញាជារូបាវចរ និងបញ្ញាមិនមែនជារូបាវចរ បញ្ញាជាអរូបាវចរ និងបញ្ញាមិនមែនជាអរូបាវចរ បញ្ញាជាបរិយាបន្នៈ និងបញ្ញាជាអបរិយាបន្នៈ បញ្ញាជានិយ្យានិកៈ និងបញ្ញាជាអនិយ្យានិកៈ បញ្ញាទៀង និងបញ្ញាមិនទៀង បញ្ញាប្រកបដោយឧត្តរៈ និងបញ្ញាមិនមែនជាឧត្តរៈ បញ្ញាញ៉ាំងប្រយោជន៍ឲ្យកើត និងបញ្ញាមានប្រយោជន៍កើតហើយ ញាណវត្ថុមាន ប្រការ ២ យ៉ាងនេះឯង។

(តិកមាតិកា ទី៣)

(៣. តិកមាតិកា)

[៣១] ញាណវត្ថុ មាន ៣ គឺ ចិន្តាមយប្បញ្ញា (បញ្ញាសម្រេចដោយការគិត) សុតាមយប្បញ្ញា (បញ្ញាសម្រេចដោយការស្តាប់) និងភាវនាមយប្បញ្ញា (បញ្ញាសម្រេចដោយការចំរើន) ទានមយប្បញ្ញា (បញ្ញាសម្រេចដោយទាន) សីលមយប្បញ្ញា (បញ្ញាសម្រេចដោយសីល) និងភាវនាមយប្បញ្ញា (បញ្ញាសម្រេចដោយភាវនា) បញ្ញាក្នុងអធិសីល បញ្ញាក្នុងអធិចិត្ត និងបញ្ញាក្នុងអធិប្បញ្ញា សេចក្តីឆ្លាសក្នុងការចំរើន សេចក្តីឆ្លាសក្នុងការមិនចំរើន និងសេចក្តីឆ្លាស​ក្នុងឧបាយ។ បញ្ញាជាវិបាក បញ្ញាមានវិបាកធម៌ជាប្រក្រតី និងបញ្ញាមិនមែនជា​វិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន បញ្ញាដែល​កម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ តែជាប្រយោជន៍​ដល់ឧបាទាន និងបញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់​យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន បញ្ញាប្រកបដោយវិតក្កៈ ទាំង​ប្រកបដោយវិចារៈ បញ្ញាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ និងបញ្ញាមិនមាន​វិតក្កៈ ទាំងមិនមានវិចារៈ បញ្ញាកើតព្រមដោយបីតិ បញ្ញាកើតព្រមដោយសុខ និងបញ្ញាកើតព្រមដោយឧបេក្ខា បញ្ញាដល់នូវការសន្សំ (កម្មក្កិលេស) បញ្ញាដល់​នូវការមិនសន្សំ (កម្មក្កិលេស) និងបញ្ញាមិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ បញ្ញាជារបស់សេក្ខបុគ្គល បញ្ញាជារបស់អសេក្ខបុគ្គល និងបញ្ញាមិន​មែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល បញ្ញាតូចឆ្មារ បញ្ញាមានសភាពធំ និងបញ្ញាមានប្រមាណមិនបាន បញ្ញាមានអារម្មណ៍តូចឆ្មារ បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ និងបញ្ញាមានអារម្មណ៍មានប្រមាណមិន​បាន បញ្ញាមានមគ្គជាអារម្មណ៍ បញ្ញាមានមគ្គជាហេតុ និងបញ្ញាមានមគ្គជាអធិបតី បញ្ញាដែលកើតឡើងហើយ បញ្ញាដែលមិនទាន់កើតឡើង និងបញ្ញាដែល​ប្រុងនឹងកើតឡើង បញ្ញាជាអតីត បញ្ញាជាអនាគត និងបញ្ញាជាបច្ចុប្បន្ន បញ្ញា​មានអារម្មណ៍ជាអតីត បញ្ញាមានអារម្មណ៍ជាអនាគត និងបញ្ញាមានអារម្មណ៍​ជាបច្ចុប្បន្ន បញ្ញាជាខាងក្នុង បញ្ញាជាខាងក្រៅ និងបញ្ញាជាខាងក្នុង និងខាង​ក្រៅ បញ្ញាមានអារម្មណ៍ខាងក្នុង បញ្ញាមានអារម្មណ៍ខាងក្រៅ និងបញ្ញាមាន​អារម្មណ៍ខាងក្នុង និងខាងក្រៅ។ បញ្ញាប្រកបដោយវិតក្កៈ និងប្រកបដោយ​វិចារៈ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិន​មែនមានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហា​ជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ ទាំង​មិនជាប្រយោជន៍ដល់ឧបាទានក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយ​សុខក៏មាន កើតព្រមដោយឧបេក្ខាក៏មាន ដល់នូវការសន្សំ (កម្មក្កិលេស) ក៏មាន ដល់នូវការមិនសន្សំក៏មាន មិនមែនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មាន​សភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន មានប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន ដែលកើតឡើងហើយក៏មាន មិនទាន់កើត​ឡើងក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុងក៏មាន មានអារម្មណ៍​ជាខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុង និងខាងក្រៅក៏មាន។ បញ្ញាមិន​មានវិតក្កៈ មានត្រឹមតែវិចារៈ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យកហើយ តែ​ជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជា​ដើមមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន ដល់នូវការ​សន្សំ (កម្មក្កិលេស) ក៏មាន ដល់នូវការមិនសន្សំក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។ បញ្ញាមិនមានវិតក្កៈ មិនមានវិចារៈ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍​ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់​យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន កើតព្រមដោយបីតិក៏មាន កើតព្រមដោយសុខក៏មាន កើតព្រមដោយឧបេក្ខាក៏មាន ដល់នូវការសន្សំ (កម្មក្កិលេស) ក៏មាន ដល់នូវការមិនសន្សំក៏មាន ដល់នូវការមិនសន្សំ ទាំងមិន​ដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាង​ក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុងក៏មាន មានអារម្មណ៍ជាខាង​ក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុង និងខាងក្រៅក៏មាន។ បញ្ញាកើតព្រម​ដោយបីតិ បញ្ញាកើតព្រមដោយសុខ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់​ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក​ហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មាន​តណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ដល់នូវការសន្សំក៏មាន ដល់នូវ​ការមិនសន្សំក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់​សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន មានប្រមាណមិនបានក៏មាន មានអារម្មណ៍តូច​ឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិន​បានក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជា​អធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹង​កើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មាន​អារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជា​បច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ជាខាងក្នុងក៏មាន មានអារម្មណ៍ជាខាងក្រៅក៏មាន មាន​អារម្មណ៍ជាខាងក្នុង និងខាងក្រៅក៏មាន។ បញ្ញាកើតព្រមដោយឧបេក្ខា ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែន​មានវិបាកធម៌ជាប្រក្រតីក៏មាន ដែលកម្មប្រកបដោយកិលេសមានតណ្ហាជា​ដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកប​ដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក​ហើយ ទាំង​មិនជាប្រយោជន៍ដល់ឧបាទានក៏មាន ដល់នូវការសន្សំក៏មាន ដល់នូវការមិន​សន្សំក៏មាន មិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំក៏មាន ជារបស់​សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆ្មារក៏មាន ដល់នូវ​សភាពធំក៏មាន ប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មាន​អារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មាន​មគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតឡើងហើយក៏មាន មិនទាន់កើតឡើងក៏មាន បម្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជា​ខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មាន​អារម្មណ៍ជាខាងក្នុងក៏មាន មានអារម្មណ៍ជាខាងក្រៅក៏មាន មានអារម្មណ៍​ជាខាងក្នុង និងខាងក្រៅក៏មាន។ ញាណវត្ថុ មានប្រការ ៣ យ៉ាងនេះឯង។

(ចតុក្កមាតិកា ទី៤)

(៤. ចតុក្កមាតិកា)

[៣២] ញាណវត្ថុមាន ៤ គឺ កម្មស្សកតញ្ញាណ (សេចក្តីដឹងថា សត្វមាន​កម្មជារបស់ខ្លួន) សច្ចានុលោមិកញ្ញាណ (សេចក្តីដឹងប្រព្រឹត្តទៅតាមសច្ចៈ ៤) ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយផល សេចក្តីដឹងក្នុងទុក្ខ សេចក្តីដឹងក្នុងហេតុដែលនាំឲ្យកើតទុក្ខ សេចក្តីដឹងក្នុងការរលត់នៃទុក្ខ សេចក្តីដឹងក្នុងបដិបទាជាដំណើរដល់នូវការ​រលត់នៃទុក្ខ បញ្ញាជាកាមាវចរ បញ្ញាជារូបាវចរ បញ្ញាជាអរូបាវចរ បញ្ញាជាអបរិយាបន្នៈ សេចក្តីដឹងក្នុងធម៌ សេចក្តីដឹងក្នុងការប្រព្រឹត្តិទៅតាម សេចក្តីដឹង​ក្នុងការកំណត់ សេចក្តីដឹងក្នុងការសន្មតិ បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិនមែនក្នុងការមិនសន្សំក៏មាន បញ្ញាក្នុងការមិនសន្សំ មិនមែនក្នុងការសន្សំក៏មាន បញ្ញាក្នុងការសន្សំផង ក្នុងការមិនសន្សំផងក៏មាន បញ្ញាមិនមែនក្នុងការ​សន្សំ ទាំងមិនមែនក្នុងការមិនសន្សំក៏មាន បញ្ញាក្នុងសេចក្តីនឿយណាយ មិន​មែនក្នុងការត្រាស់ដឹងក៏មាន បញ្ញាក្នុងការត្រាស់ដឹង មិនមែនក្នុងសេចក្តី​នឿយណាយក៏មាន បញ្ញាក្នុងសេចក្តីនឿយណាយផង ក្នុងការត្រាស់ដឹងផងក៏មាន បញ្ញាមិនមែនក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹងក៏មាន បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ បញ្ញាមានចំណែកនៃការតាំងនៅ បញ្ញា​មានចំណែកនៃសេចក្តីវិសេស បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ បដិសម្ភិទា ៤ បដិបទា ៤ អារម្មណ៍ ៤ សេចក្តីដឹងក្នុងជរា និងមរណៈ សេចក្តីដឹង​ក្នុងការកើតឡើងនៃជរា និងមរណៈ សេចក្តីដឹងក្នុងការរលត់នៃជរា និងមរណៈ សេចក្តីដឹងក្នុងបដិបទាជាដំណើរដល់​នូវការរលត់នៃជរា និងមរណៈ សេចក្តីដឹង​ក្នុងជាតិ។ បេ។ សេចក្តីដឹងក្នុងភព។ បេ។ សេចក្តីដឹងក្នុងឧបាទាន។ បេ។ សេចក្តីដឹងក្នុងតណ្ហា។ បេ។ សេចក្តីដឹងក្នុងវេទនា។ បេ។ សេចក្តីដឹង​ក្នុងផស្សៈ។ បេ។ សេចក្តីដឹងក្នុងសឡាយតនៈ។ បេ។ សេចក្តីដឹងក្នុងនាមរូប។ បេ។ សេចក្តីដឹងក្នុងវិញ្ញាណ។ បេ។ សេចក្តីដឹងក្នុងសង្ខារទាំងឡាយ សេចក្តីដឹងក្នុងការកើតឡើងនៃសង្ខារ សេចក្តីដឹងក្នុងការរលត់នៃសង្ខារ សេចក្តីដឹងក្នុងបដិបទាជាដំណើរដល់នូវការរលត់នៃសង្ខារ ញាណវត្ថុ មានប្រការ ៤ យ៉ាងនេះឯង។

(បញ្ចកមាតិកា ទី៥)

(៥. បញ្ចកមាតិកា)

[៣៣] ញាណវត្ថុ មាន ៥ គឺ សម្មាសមាធិ ប្រកបដោយអង្គ ៥ សម្មាសមាធិ ប្រកបដោយញាណ ៥ ញាណវត្ថុមានប្រការ ៥ យ៉ាងនេះឯង។

(ឆក្កមាតិកា ទី៦)

(៦. ឆក្កមាតិកា)

ញាណវត្ថុមាន ៦ គឺ បញ្ញាក្នុងអភិញ្ញា ៦ ញាណវត្ថុមានប្រការ ៦ យ៉ាងនេះឯង។

(សត្តកមាតិកា ទី៧)

(៧. សត្តកមាតិកា)

ញាណវត្ថុមាន ៧ គឺ ញាណវត្ថុ ៧៧ ញាណវត្ថុ មានប្រការ ៧ យ៉ាងនេះឯង។

(អដ្ឋកមាតិកា ទី៨)

(៨. អដ្ឋកមាតិកា)

ញាណវត្ថុ មាន ៨ គឺ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ញាណវត្ថុមានប្រការ ៨ យ៉ាងនេះឯង។

(នវកមាតិកា ទី៩)

(៩. នវកមាតិកា)

ញាណវត្ថុ មាន ៩ គឺ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩ ញាណ​វត្ថុមានប្រការ ៩ យ៉ាងនេះឯង។

(ទសកមាតិកា ទី១០)

(១០. ទសកមាតិកា)

[៣៤] ញាណវត្ថុ មាន ១០ បានដល់ តថាគតពលៈ ១០ របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតបានប្រកបហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ ពលៈ ១០ ដូចម្តេចខ្លះ។ ព្រះតថាគតក្នុងលោកនេះ ជ្រាបច្បាស់តាមពិតនូវ​ហេតុ ថាជាហេតុផង ជ្រាបច្បាស់តាមពិតនូវអំពើមិនមែនហេតុ ថាជាអំពើមិន​មែនហេតុផង នេះឯងជាតថាគតពលៈ (ទី ១) របស់ព្រះតថាគត ជាពលៈ​ដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគតជ្រាបច្បាស់តាមពិត នូវវិបាកនៃកម្មសមាទាន (ការកាន់យកកម្មជា​កុសល) ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិត នូវវិបាកនៃកម្មសមាទាន ជាអតីត អនាគត និង​បច្ចុប្បន្ន តាមបច្ច័យ តាមហេតុនេះឯង ជាតថាគតពលៈ (ទី ២) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយ​ទៀត ព្រះតថាគតជ្រាបច្បាស់តាមពិត នូវបដិបទាជាដំណើរទៅ (កាន់សុគតិ និងទុគ្គតិ) ក្នុងទីទាំងពួង ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់តាមពិតនូវបដិបទា​ជាដំណើរទៅកាន់សុគតិ និងទុគ្គតិក្នុងទីទាំងពួងនេះឯង ជាតថាគតពលៈ (ទី ៣) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវ​ឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យ​ប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិត នូវលោកដែលមាន​ធាតុច្រើន មានធាតុផ្សេងៗគ្នា ត្រង់ដែល​តថាគតជ្រាបច្បាស់តាមពិត នូវ​លោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នានេះឯង ជាតថាគតពលៈ (ទី ៤) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគត​អាស្រ័យហើយ ទើបប្តេជ្ញានូវ​ឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យ​ប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវអធ្យាស្រ័យ​ផ្សេងៗគ្នា របស់សត្វទាំងឡាយ ត្រង់ដែលព្រះតថាគត ជ្រាបច្បាស់តាមពិតនូវ​អធ្យាស្រ័យផ្សេងៗគ្នា របស់សត្វទាំងឡាយនេះឯង ជាតថាគតពលៈ (ទី ៥) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតអាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈ​ដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្ត​ទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់តាមពិតនូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់​តាមពិតនូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃនេះឯង ជាតថាគតពលៈ (ទី ៦) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគត​អាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើប​ញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគតជ្រាបច្បាស់តាម​ពិតនូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ នេះឯង​ ជាតថាគតពលៈ (ទី ៧) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគត​អាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើប​ញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត ជ្រាបច្បាស់​តាម​ពិត នូវការរលឹកជាតិដែលនៅអាស្រ័យក្នុងភពមុន ត្រង់ដែលព្រះតថាគត​ជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលបាននៅអាស្រ័យក្នុងភពមុន នេះឯង ជាតថាគតពលៈ (ទី ៨) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគត​អាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើប​ញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយទៀត ព្រះតថាគត​ជ្រាបច្បាស់​តាម​ពិតនូវការច្យុតិ និងការកើតរបស់សត្វទាំងឡាយ ត្រង់ដែលព្រះតថាគតជ្រាប​ច្បាស់តាមពិត នូវការច្យុតិ និងការកើត របស់សត្វទាំងឡាយនេះឯង ជាតថាគតពលៈ (ទី ៩) របស់ព្រះតថាគត ជាពលៈដែលព្រះតថាគត​អាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំងចក្រ​ដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ មួយវិញទៀត ព្រះតថាគត​ជ្រាបច្បាស់​តាមពិត​ នូវ​ការអស់នៃអាសវៈទាំងឡាយ ត្រង់ដែលព្រះតថាគតជ្រាបច្បាស់តាមពិត នូវ​ការអស់នៃអាសវៈទាំងឡាយនេះឯង ជាតថាគតពលៈ (ទី ១០) របស់ព្រះ​តថាគត ជាពលៈដែលព្រះតថាគត​អាស្រ័យហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើប​ញ៉ាំងចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ។ តថាគតពលៈទាំង ១០ នេះ របស់ព្រះតថាគត ជាពលៈដែលព្រះតថាគតប្រកប​ហើយ ទើបប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបបន្លឺសីហនាទក្នុងពួកបរិស័ទ ទើបញ៉ាំង​ចក្រដ៏ប្រសើរឲ្យប្រព្រឹត្តទៅ ញាណវត្ថុមានប្រការ ១០ យ៉ាងនេះឯង។

ចប់ មាតិកា។

[និទ្ទេស]

[និទ្ទេសោ]

(ឯកកនិទ្ទេស ទី១)

(១. ឯកកនិទ្ទេសោ)

[៣៥] វិញ្ញាណ ៥ មិនមែនហេតុ មិនមានហេតុ ប្រាសចាកហេតុ ប្រកប​ដោយបច្ច័យ ត្រូវបច្ច័យប្រជុំតាក់តែង ជាអរូប ជាលោកិយ ប្រកបដោយ​អាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈ​គប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន គួរដល់នូវសេចក្តី​សៅហ្មង ជាអព្យាក្រឹត ប្រកបដោយអារម្មណ៍ មិនមែនចេតសិក ជាវិបាក មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង មិនប្រកបដោយ​វិតក្កៈ តែប្រកបដោយវិចារៈ មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិន​មានវិតក្កៈ ទាំងមិនមានវិចារៈ មិនកើតព្រមដោយបីតិ ដែលមិនគួរលះដោយ​ទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មិនដល់​នូវការសន្សំ (កម្មក្កិលេស) ទាំងមិន​ដល់នូវការមិនសន្សំ មិនមែនជារបស់​សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខ​បុគ្គល មានសភាពតូចឆ្មារ ជា​កាមាវចរ មិនមែនរូបាវចរ មិនមែនអរូបាវចរ ជាបរិយាបន្នៈ មិនមែនអបរិយាបន្នៈ ជាសភាពមិនទៀង ជាអនិយ្យានិកៈ​ ដែល​កើតឡើងហើយ ដែលគួរដឹងដោយមនោវិញ្ញាណ មិនទៀង ដែលត្រូវជរាគ្រប​សង្កត់។

[៣៦] ត្រង់ពាក្យថា វិញ្ញាណ ៥ មានវត្ថុកើតហើយ មានអារម្មណ៍កើត​ហើយ គឺកាលបើវត្ថុ និងអារម្មណ៍កើតហើយ វិញ្ញាណទាំងឡាយ ក៏កើតឡើង​ដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុកើតហើយក្នុងកាលមុន មានអារម្មណ៍​កើតហើយក្នុងកាលមុន គឺកាលបើវត្ថុកើតហើយក្នុងកាលមុន និងអារម្មណ៍​កើតហើយក្នុងកាលមុន វិញ្ញាណទាំងឡាយ​ ក៏កើតឡើងដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ គឺវិញ្ញាណទាំង ៥ មាន​វត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុមិនច្រឡំ​គ្នា មានអារម្មណ៍មិនច្រឡំគ្នា គឺកាលបើវត្ថុមិនច្រឡំគ្នា កាលបើអារម្មណ៍​មិនច្រឡំគ្នា វិញ្ញាណទាំងឡាយ ក៏កើតឡើងដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុ​ផ្សេងៗ មានអារម្មណ៍ផ្សេងៗ គឺវត្ថុ និងអារម្មណ៍របស់ចក្ខុវិញ្ញាណ​ ដោយឡែក វត្ថុ និងអារម្មណ៍របស់សោតវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់ឃាន​វិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់ជិវ្ហាវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់កាយវិញ្ញាណ​ ដោយឡែក។ ពាក្យថា (វិញ្ញាណ ៥) មិនរងអារម្មណ៍ជាទីគោចរនៃគ្នានឹងគ្នាទេ គឺសោតវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់​ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់សោតវិញ្ញាណ ឃានវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរង​អារម្មណ៍ជាទីគោចររបស់ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណមិនរងអារម្មណ៍ជាទី​គោចររបស់ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ជិវ្ហាវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ របស់​សោតវិញ្ញាណ។ បេ។ របស់ឃានវិញ្ញាណ។ បេ។ របស់ជិវ្ហាវិញ្ញាណ។ បេ។ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិន​រងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ សោតវិញ្ញាណ​មិនរងអារម្មណ៍ជាទី​គោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍​ជាទីគោចររបស់​សោតវិញ្ញាណ ឃានវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍​ជាទីគោចររបស់ជិវ្ហាវិញ្ញាណ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះ​ការមិនប្រមូលមក (នូវអារម្មណ៍) គឺកាលបុគ្គលប្រមូលមក (នូវអារម្មណ៍ មានរូបារម្មណ៍ជាដើម) វិញ្ញាណទាំងឡាយ ក៏កើតឡើង។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះ​ការមិនធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) គឺកាលបុគ្គល​ធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) វិញ្ញាណទាំងឡាយ ក៏កើតឡើង។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះ​ការមិនច្រឡំគ្នា គឺមិនកើតឡើងតាមលំដាប់​គ្នាទេ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង មិនមុនមិនក្រោយ គឺមិនកើតក្នុង​ខណៈជាមួយគ្នាទេ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើងក្នុងលំដាប់នៃគ្នានិង​គ្នា គឺសោតវិញ្ញាណ មិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំង​ចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃសោតវិញ្ញាណដែលកើតហើយដែរ ឃានវិញ្ញាណមិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃឃានវិញ្ញាណដែលកើតហើយដែរ ជិវ្ហាវិញ្ញាណ មិន​កើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុង​លំដាប់នៃជិវ្ហាវិញ្ញាណដែលកើតហើយដែរ កាយវិញ្ញាណមិន​កើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយដែរ ចក្ខុវិញ្ញាណ មិន​កើតក្នុងលំដាប់នៃសោតវិញ្ញាណ។ បេ។ នៃឃានវិញ្ញាណ។ បេ។ នៃជិវ្ហាវិញ្ញាណ។ បេ។ នៃកាយវិញ្ញាណ​ដែល​កើតហើយ ទាំងកាយវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណ​ដែលកើតហើយ​ដែរ សោតវិញ្ញាណមិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយ ទាំង​កាយវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃសោតវិញ្ញាណដែលកើតហើយដែរ ឃានវិញ្ញាណ មិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយ ទាំងកាយ​វិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃឃានវិញ្ញាណដែលកើតហើយដែរ ជិវ្ហាវិញ្ញាណ មិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយ ទាំងកាយវិញ្ញាណ ក៏មិន​កើតក្នុងលំដាប់នៃជិវ្ហាវិញ្ញាណដែលកើតហើយដែរ។ ពាក្យថា វិញ្ញាណ ៥ មិន​មានគ្រឿងអាង គឺវិញ្ញាណទាំង ៥ មិនមានការនឹក មិនមានគ្រឿងអាង មិន​មានការប្រមូលមក មិនមានការធ្វើទុកក្នុងចិត្តទេ។ ពាក្យថា បុគ្គលមិនដឹង​ច្បាស់នូវធម៌ណាមួយ ដោយវិញ្ញាណទាំង ៥ គឺបុគ្គលមិនដឹងច្បាស់នូវធម៌​ណាមួយ ដោយវិញ្ញាណទាំង ៥។ ពាក្យថា បើវៀរចាកការប៉ះពាល់នូវអារម្មណ៍ គឺបើវៀរចាកអារម្មណ៍ មានរូបារម្មណ៍ជាដើម ដែលមកកាន់គន្លងនៃទ្វារ មានចក្ខុទ្វារជាដើម។ ពាក្យថា បុគ្គលមិនដឹង​ច្បាស់នូវធម៌ណាមួយក្នុងលំដាប់នៃ​វិញ្ញាណទាំង ៥ គឺបុគ្គលមិនដឹងច្បាស់នូវធម៌​ណាមួយ ដោយមនោធាតុ​ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនសម្រេចនូវឥរិយាបថណាមួយ ដោយវិញ្ញាណទាំង ៥ ឥរិយាបថ សេចក្តីថា មិនសម្រេចឥរិយាបថណាមួយ គឺការដើរក្តី ការឈរក្តី ការអង្គុយក្តី ការដេកក្តី ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនសម្រេចឥរិយាបថណាមួយ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ សេចក្តីថា មិន​សម្រេចឥរិយាបថណាមួយ គឺការដើរក្តី ការឈរក្តី ការអង្គុយក្តី ការដេកក្តី ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្ម ដោយវិញ្ញាណទាំង ៥ គឺមិនតាំងផ្តើមនូវកាយកម្ម និង​វចីកម្ម ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើម​វចីកម្មក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនតាំងផ្តើមនូវកាយកម្ម និងវចីកម្ម ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនកាន់យកនូវធម៌ជា​កុសល និងអកុសល ដោយវិញ្ញាណទាំង ៥ គឺមិនសមាទាននូវធម៌ជាកុសល និង​អកុសល ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនកាន់យកនូវធម៌ជាកុសល និង​អកុសល ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនសមាទាន​នូវធម៌ជាកុសល និង​អកុសល ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនចូល​ឈាន មិនចេញចាកឈាន ដោយវិញ្ញាណទាំង ៥ គឺ​មិនចូល មិនចេញ ដោយ​វិញ្ញាណទាំង ៥។ ពាក្យថា មិនចូលឈាន មិនចេញចាកឈាន ក្នុងលំដាប់នៃ​វិញ្ញាណទាំង ៥ គឺមិនចូល មិនចេញ ដោយមនោធាតុ​ក្នុងលំដាប់នៃ​វិញ្ញាណ​ទាំង ៥។ ពាក្យថា មិនច្យុត មិនកើត ដោយវិញ្ញាណទាំង ៥ គឺ​មិនឃ្លាត មិន​កកើត ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនច្យុត មិនកើត ក្នុងលំដាប់នៃវិញ្ញាណ​ទាំង ៥ គឺ មិនឃ្លាត មិនកកើត ដោយមនោធាតុ​ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនលក់ មិនភ្ញាក់ មិនឃើញសុបិន ដោយវិញ្ញាណទាំង ៥ គឺមិនដេក​លក់ មិនដឹងស្មារតី មិនយល់សប្តិ ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនលក់ មិនភ្ញាក់ មិនឃើញសុបិន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនដេកលក់ មិនដឹង​ស្មារតី មិនយល់សប្តិ ដោយមនោធាតុ​ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។

បញ្ញាជាគ្រឿងសំដែងតាមលំដាប់នៃមាតិកា យ៉ាងនេះឯង។

ញាណវត្ថុមានប្រការ ១ យ៉ាងនេះ។

(ទុកនិទ្ទេស ទី២)

(២. ទុកនិទ្ទេសោ)

[៣៧] បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាលោកិយ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាលោកុត្តរ។ បញ្ញាទាំងអស់ បុគ្គលត្រូវដឹងដោយវិញ្ញាណនីមួយ មិនត្រូវដឹងដោយវិញ្ញាណ​នីមួយ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រកប​ដោយអាសវៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនមានអាសវៈ។ បញ្ញា​ក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍ដល់​សញ្ញោជនៈ បញ្ញាក្នុង​មគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍ដល់​សញ្ញោជនៈ។ បញ្ញាក្នុង​កុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាក​សញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះ​ថា បញ្ញាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់​សញ្ញោជនៈ។ បញ្ញាក្នុងកុសល ​និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលគន្ថៈ​គប្បី​ដោតក្រង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលគន្ថៈមិន​គប្បី​ដោតក្រង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រង។ បញ្ញាក្នុងកុសល និង​អព្យាក្រឹត ប្រព្រឹត្តទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាដែល​ឱឃៈគប្បីប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅ​ក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បី​ប្រព្រឹត្តកន្លង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាដែលយោគៈ​គប្បី​ប្រព្រឹត្ត​កន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលយោគៈមិនគប្បី​ប្រព្រឹត្ត​កន្លង។ បញ្ញា​ក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញា​ប្រាសចាកយោគៈ តែយោគៈគប្បី​ប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លង។ បញ្ញា​ក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍​ដល់នីវរណៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍​ដល់នីវរណៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ បញ្ញា​ក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាដែលបរាមាសៈ​ស្ទាប​អង្អែល បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលបរាមាសៈមិន​ស្ទាបអង្អែល។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល បញ្ញា​ក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាប​អង្អែល។ បញ្ញាក្នុងវិបាក ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាដែលកិលេស មានតណ្ហា​ជា​ដើមកាន់យកហើយ បញ្ញា​ក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុង​កិរិយា និង​អព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែល​កិលេស មានតណ្ហាជាដើម មិនកាន់យកហើយ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍ដល់ឧបាទាន។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាប្រាស​ចាកឧបាទាន តែជា​ប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាស​ចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។ បញ្ញាក្នុងកុសល និង​អព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាគួរដល់នូវ​សេចក្តីសៅហ្មង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនគួរដល់នូវ​សេចក្តីសៅហ្មង។ បញ្ញា​ក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុង​ភូមិ ៣ ឈ្មោះថា បញ្ញាប្រាស​ចាកសេចក្តីសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង។ បញ្ញា​សម្បយុត្តដោយវិតក្កៈ ឈ្មោះថា បញ្ញាប្រកបដោយវិតក្កៈ បញ្ញាប្រាស​ចាកវិតក្កៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ។ បញ្ញាសម្បយុត្តដោយវិចារៈ ឈ្មោះថា បញ្ញាប្រកបដោយវិចារៈ បញ្ញាប្រាស​ចាកវិចារៈ ឈ្មោះថា បញ្ញាមិនមានវិចារៈ។ បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាប្រកបដោយបីតិ បញ្ញាប្រាសចាកបីតិ ឈ្មោះថា បញ្ញាមិនមាន​បីតិ។ បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាកើតព្រមដោយបីតិ បញ្ញាប្រាស​ចាកបីតិ ឈ្មោះថា បញ្ញាមិនកើតព្រមដោយបីតិ។ បញ្ញាសម្បយុត្ត​ដោយសុខ ឈ្មោះថា បញ្ញា​កើតព្រមដោយសុខ បញ្ញា​ប្រាស​ចាកសុខ ឈ្មោះថា បញ្ញាមិនកើតព្រមដោយសុខ។ បញ្ញាសម្បយុត្តដោយ​ឧបេក្ខា ឈ្មោះថា បញ្ញាកើតព្រមដោយឧបេក្ខា បញ្ញាប្រាសចាកឧបេក្ខា ឈ្មោះថា បញ្ញា​មិនកើតព្រម​ដោយឧបេក្ខា។ បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជា​កាមាវចរ ឯបញ្ញាជារូបាវចរ បញ្ញាជាអរូបាវចរ បញ្ញា​ជាអបរិយាបន្នៈ មិនឈ្មោះ​ថា បញ្ញាជាកាមាវចរទេ។ បញ្ញាក្នុងរូបាវចរ​កុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញា​ជារូបាវចរ ឯបញ្ញាជាកាមាវចរ បញ្ញាជាអរូបាវចរ បញ្ញា​ជាអបរិយាបន្នៈ មិន​ឈ្មោះថា បញ្ញាជារូបាវចរទេ។ បញ្ញាក្នុងអរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះ​ថា បញ្ញាជាអរូបាវចរ ឯបញ្ញាជាកាមាវចរ បញ្ញា​ជារូបាវចរ បញ្ញាជាអបរិយាបន្នៈ មិនឈ្មោះថា បញ្ញាជាអរូបាវចរទេ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាបរិយាបន្នៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាអបរិយាបន្នៈ។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជានិយ្យានិកៈ បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុង​វិបាក ប្រព្រឹត្ត​ទៅ​ក្នុងភូមិ ៤ ក្នុងកិរិយា និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញា​ជាអនិយ្យានិកៈ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាទៀង បញ្ញាក្នុង​កុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តក្នុងភូមិ ៤ ក្នុងកិរិយា អព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញា​មិនទៀង។ បញ្ញា​ក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញា​ប្រកបដោយឧត្តរៈ បញ្ញា​ក្នុងមគ្គ ៤ ក្នុង​ផល ៤ ឈ្មោះថា បញ្ញា​ជាអនុត្តរៈ។ បណ្តាបញ្ញាទាំងនោះ បញ្ញាញ៉ាំងប្រយោជន៍​ឲ្យកើត តើដូចម្តេច។ បញ្ញាជាកិរិយាអព្យាក្រឹត ក្នុងកុសល ប្រព្រឹត្តទៅក្នុង​ភូមិ ៤ របស់ព្រះអរហន្ត កាលញ៉ាំងអភិញ្ញាឲ្យកើតឡើង កាលញ៉ាំងសមាបត្តិ​ឲ្យកើត​ឡើង ឈ្មោះថា បញ្ញាញ៉ាំងប្រយោជន៍ឲ្យកើត បញ្ញាជាកិរិយាអព្យាក្រឹត ក្នុង​អភិញ្ញា​​ដែលកើតហើយ ក្នុងសមាបត្តិដែលកើតហើយ របស់ព្រះអរហន្ត ក្នុង​វិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាមានប្រយោជន៍កើតហើយ។

ញាណវត្ថុ មានប្រការ ២ យ៉ាងនេះឯង។

(តិកនិទ្ទេស ទី៣)

(៣. តិកនិទ្ទេសោ)

[៣៨] បណ្តាបញ្ញាទាំងនោះ ចិន្តាមយប្បញ្ញា តើដូចម្តេច។ បុគ្គលមិនបាន​ស្តាប់ (នូវពាក្យពន្យល់) អំពីសំណាក់បុគ្គលដទៃទេ តែបាននូវសេចក្តីគាប់ចិត្ត នូវសេចក្តីយល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យ​ឃើញ នូវការចូលចិត្តក្នុងការសំឡឹងមើលនូវធម៌ ដ៏សមគួរណា យ៉ាងនេះ ក្នុងការងារប្រកបដោយឧបាយបញ្ញាក្តី ក្នុងសិល្បសាស្រ្ត ប្រកបដោយឧបាយ​បញ្ញាក្តី ក្នុងវិជ្ជាស្ថាន ប្រកបដោយឧបាយបញ្ញាក្តី ថាសត្វមានកម្មជារបស់ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះ​ហៅថា ចិន្តាមយប្បញ្ញា។ បណ្តាបញ្ញាទាំងនោះ សុតមយប្បញ្ញា តើដូចម្តេច។ បុគ្គលបានស្តាប់ (នូវពាក្យពន្យល់) អំពីសំណាក់នៃបុគ្គលដទៃ ហើយបាននូវ​សេចក្តីគាប់ចិត្ត នូវសេចក្តីយល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យ​ឃើញ នូវការចូលចិត្តក្នុងការសម្លឹងមើលនូវធម៌ ដ៏សមគួរ យ៉ាងនេះ ក្នុងការងារប្រកបដោយឧបាយប្រាជ្ញាក្តី ក្នុងសិល្បសាស្រ្តប្រកប​ដោយ​ឧបាយប្រាជ្ញាក្តី ក្នុងវិជ្ជាស្ថាន ប្រកបដោយឧបាយប្រាជ្ញាក្តី ថាសត្វមាន​កម្មជា​របស់ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូបមិនទៀងក្តី ថាវេទនា​មិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណ​មិនទៀងក្តី នេះ​ហៅថា សុតមយប្បញ្ញា។ បញ្ញាទាំងអស់ របស់បុគ្គល​ចូលកាន់​សមាបត្តិ ឈ្មោះថា ភាវនាមយប្បញ្ញា។

[៣៩] បណ្តាបញ្ញាទាំងនោះ ទានមយប្បញ្ញា តើដូចម្តេច។ បញ្ញា ការដឹង​ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធទាន ព្រោះបានទាន នេះហៅថា ទានមយប្បញ្ញា។ បណ្តាបញ្ញាទាំង​នោះ សីលមយប្បញ្ញា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធសីល ព្រោះបាន​សីល នេះហៅថា សីលមយប្បញ្ញា។ បញ្ញាទាំងអស់របស់បុគ្គល ដែលចូល​កាន់សមាបត្តិ ឈ្មោះថា ភាវនាមយប្បញ្ញា។

[៤០] បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិសីល តើដូចម្តេច។ កាល​ដែលបុគ្គលសង្រួមក្នុងបាតិមោក្ខសំវរៈ បញ្ញា ការដឹងច្បាស់។ បេ។ ការមិន​វង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាក្នុង​អធិសីល។ បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិចិត្ត តើដូចម្តេច។ កាលបុគ្គល​ចូលកាន់រូបាវចរសមាបត្តិ និងអរូបាវចរសមាបត្តិ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាក្នុងអធិចិត្ត។ បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិប្បញ្ញា តើដូចម្តេច។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ នេះហៅថា បញ្ញាក្នុងអធិប្បញ្ញា។

[៤១] បណ្តាបញ្ញាទាំងនោះ សេចក្តីឈ្លាសក្នុងការចំរើន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះថា កាលបុគ្គលធ្វើទុកក្នុងចិត្ត នូវធម៌ពួកនេះ ធម៌​ទាំងឡាយជាអកុសលដែលមិនទាន់កើត ក៏មិនកើតឡើង ទាំងពួកធម៌ជាអកុសល ដែលកើតហើយ ក៏សាបសូន្យទៅវិញ ពុំនោះសោត កាលបុគ្គលធ្វើទុកក្នុងចិត្ត​នូវធម៌ពួកនេះ ៗ ធម៌ទាំងឡាយជាកុសល ដែលមិនទាន់កើត ក៏កើតឡើង ទាំង​ពួកធម៌ជាកុសលដែលកើតហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាពដ៏ក្រៃលែង ដើម្បីភាពដ៏ធំទូលាយ ដើម្បីសេចក្តីចំរើន ដើម្បីពេញលេញ នេះហៅថា សេចក្តីឈ្លាស​ក្នុងការចំរើន។ បណ្តាបញ្ញាទាំងនោះ សេចក្តីឈ្លាសក្នុងការមិនចំរើន តើដូច​ម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញត្រូវ​ណា ក្នុងធម៌ទាំងឡាយនោះ​ថា កាលបុគ្គលធ្វើទុកក្នុងចិត្តនូវ​ធម៌ពួក​នេះ ធម៌​ទាំងឡាយជាកុសល ដែលមិនទាន់កើត ក៏មិនកើតឡើង ទាំងពួកធម៌ជា​កុសល​ដែលកើតហើយ ក៏រលត់ទៅវិញ ពុំនោះសោត កាលបុគ្គលធ្វើទុកក្នុង​ចិត្ត​នូវ​ធម៌ពួកនេះ ៗ ធម៌ទាំងឡាយជាអកុសល ដែលមិនទាន់កើត ក៏កើតឡើង ទាំង​ពួកធម៌ជាអកុសល ដែលកើតហើយ ក៏ប្រព្រឹត្តទៅ​ដើម្បីភាពដ៏ក្រៃលែង ដើម្បីភាពដ៏ធំទូលាយ នេះហៅថា សេចក្តីឈ្លាស​ក្នុងការមិនចំរើន។ បញ្ញាទាំងអស់ ជា​ឧបាយក្នុងធម៌ទាំងនោះ ឈ្មោះថា សេចក្តីឈ្លាសក្នុងឧបាយ។

[៤២] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាជាវិបាក បញ្ញា​ក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាមានវិបាកធម៌ជាប្រក្រតី បញ្ញា​ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនមែនជាវិបាក ទាំងមិន​មែន​​មានវិបាកធម៌ជាប្រក្រតី។

[៤៣] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់​ឧបាទាន បញ្ញា​ក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម​ មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន បញ្ញា​ក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក​ហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។

[៤៤] បញ្ញាសម្បយុត្តដោយវិតក្កៈ និងវិចារៈ ឈ្មោះថា បញ្ញាប្រកប​ដោយ​វិតក្កៈ ទាំងប្រកបដោយវិចារៈ បញ្ញា​ប្រាសចាកវិតក្កៈ តែសម្បយុត្ត​ដោយវិចារៈ ឈ្មោះថា បញ្ញា​មិនមានវិតក្កៈ មានត្រឹមតែវិចារៈ បញ្ញា​ប្រាសចាក​វិតក្កៈ និងវិចារៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ។

[៤៥] បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាកើតព្រមដោយបីតិ បញ្ញាសម្បយុត្តដោយសុខ ឈ្មោះថា បញ្ញាកើតព្រមដោយសុខ បញ្ញាសម្បយុត្ត​ដោយឧបេក្ខា ឈ្មោះថា បញ្ញាកើតព្រមដោយឧបេក្ខា។

[៤៦] បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដល់នូវការ​សន្សំ (កម្មក្កិលេស) បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាដល់នូវការមិនសន្សំ បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ និងក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ។

[៤៧] បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៣ ឈ្មោះថា បញ្ញាជារបស់សេក្ខបុគ្គល បញ្ញាក្នុងអរហត្តផលជាន់លើ ឈ្មោះថា បញ្ញាជារបស់អសេក្ខបុគ្គល បញ្ញាក្នុង​កុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនមែនជារបស់សេក្ខបុគ្គល ទាំង​មិនមែនជារបស់អសេក្ខបុគ្គល។

[៤៨] បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាតូចឆ្មារ បញ្ញាក្នុងរូបាវចរកុសល អរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាមាន​សភាពធំ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមានប្រមាណមិនបាន។

[៤៩] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយតូចឆ្មារ នេះហៅថា បញ្ញាមានអារម្មណ៍​តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយ ដល់នូវសភាពធំ នេះ​ហៅថា បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍​ប្រមាណ​មិនបាន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការ​មិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា​ កើតឡើងព្រោះប្រារព្ធធម៌​មានប្រមាណ​មិនបាន នេះហៅថា បញ្ញាមានអារម្មណ៍ប្រមាណមិនបាន។

[៥០] បណ្តាបញ្ញាទាំងនោះ បញ្ញាមានមគ្គជាអារម្មណ៍ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ ការឃើញ​ត្រូវណា កើតឡើងព្រោះប្រារព្ធអរិយមគ្គ នេះហៅថា បញ្ញាមានមគ្គជាអារម្មណ៍។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាមានមគ្គជាហេតុ។ បណ្តាបញ្ញាទាំង​នោះ បញ្ញា​មានមគ្គជាអធិបតី តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការ​មិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ​ណា កើតឡើង​ព្រោះធ្វើអរិយមគ្គ​ឲ្យជា​អធិបតី នេះហៅថា បញ្ញា​មានមគ្គជាអធិបតី។

[៥១] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ កើតឡើងហើយ​ក៏មាន បម្រុងនឹងកើតឡើង តែមិនគួរពោលថា មិនទាន់កើតឡើង​ក៏មាន បញ្ញា​ក្នុង​កុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ និងក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ កើតឡើងហើយ​ក៏មាន មិនទាន់កើតឡើង តែមិនគួរពោលថា បម្រុងនឹងកើត​ឡើង​ក៏មាន។

[៥២] បញ្ញាទាំងអស់ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏​មាន។

[៥៣] បណ្តាបញ្ញាទាំងនោះ បញ្ញា​មានអារម្មណ៍ជាអតីត តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ​ណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយជាអតីត នេះហៅថា បញ្ញា​មាន​អារម្មណ៍​​ជាអតីត។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ជាអនាគត តើ​ដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញត្រូវ​ណា កើតឡើង​ព្រោះប្រារព្ធនូវធម៌ទាំងឡាយជាអនាគត នេះហៅ​ថា បញ្ញាមានអារម្មណ៍ជាអនាគត។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍​ជា​បច្ចុប្បន្ន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ​ណា កើតឡើង​ព្រោះប្រារព្ធនូវធម៌ទាំងឡាយជាបច្ចុប្បន្ន នេះហៅថា បញ្ញា​មានអារម្មណ៍ជាបច្ចុប្បន្ន។

[៥៤] បញ្ញាទាំងអស់ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។

[៥៥] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ខាងក្នុង តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាខាងក្នុង នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្នុង។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ខាងក្រៅ តើដូច​ម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាខាងក្រៅ នេះហៅ​ថា បញ្ញាមានអារម្មណ៍ខាងក្រៅ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍​ខាងក្នុង និងខាងក្រៅ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវធម៌ទាំង​ឡាយជាខាងក្នុង និងខាងក្រៅ នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្នុង និង​ខាងក្រៅ។

ញាណវត្ថុ មានប្រការ ៣ យ៉ាងនេះឯង។

(ចតុក្កនិទ្ទេស ទី៤)

(៤. ចតុក្កនិទ្ទេសោ)

[៥៦] បណ្តាញាណទាំងនោះ កម្មស្សកតញ្ញាណ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា មានសភាពយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយមានផល ការបូជាធំមាន​ផល ការបូជាតូចមានផល ផលវិបាករបស់កម្មទាំងឡាយ ដែលបុគ្គលធ្វើល្អ​ធ្វើ​អាក្រក់ មាន លោកនេះមាន លោកខាងមុខមាន ការប្រព្រឹត្តិខុស ឬត្រូវក្នុង​មាតា មានផល (បាបបុណ្យ) ការប្រព្រឹត្តិខុស ឬត្រូវក្នុងបិតា មានផល (បាប​បុណ្យ) ពួកសត្វជាឱបបាតិកៈកំណើត មានពួកសមណព្រាហ្មណ៍ក្នុងលោក ដែលប្រព្រឹត្តត្រឹមត្រូវ ប្រតិបត្តិប្រពៃ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោក​ខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយប្រកាសក៏មាន នេះហៅថា កម្មស្សកតញ្ញាណ សូម្បីបញ្ញាជាកុសល ដែលប្រកបដោយអាសវៈទាំងអស់ វៀរ​លែងតែសច្ចានុលោមិកញ្ញាណចេញ ក៏ឈ្មោះថា កម្មស្សកតញ្ញាណដែរ។ បណ្តាញាណទាំងនោះ សច្ចានុលោមិកញ្ញាណ តើដូចម្តេច។ សេចក្តីចូលចិត្ត សេចក្តីយល់ឃើញ សេចក្តីពេញចិត្ត ការឈ្វេងយល់ ការពិនិត្យឃើញ សេចក្តី​ចូលចិត្តក្នុងការសំឡឹងមើលនូវធម៌ ដ៏សមគួរណា មានសភាពយ៉ាងនេះថា រូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយ​មិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះហៅថា សច្ចានុលោមិកញ្ញាណ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ។ បញ្ញាក្នុងផល ៤ ឈ្មោះថា ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយផល។

[៥៧] ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តី​ដឹងក្នុងកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងហេតុនាំឲ្យកើតកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងធម៌ជាទីរលត់នៃកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទាជា​ដំណើរ​ទៅកាន់ទីរលត់ទុក្ខ។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងកងទុក្ខ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវទុក្ខ នេះហៅថា សេចក្តីដឹងក្នុង​កងទុក្ខ។ ព្រោះប្រារព្ធនូវហេតុនាំឲ្យកើតកងទុក្ខ។ បេ។ ព្រោះប្រារព្ធនូវធម៌ជា​ទីរលត់នៃកងទុក្ខ។ បេ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវបដិបទា ជាដំណើរទៅ​កាន់ទីរលត់កងទុក្ខ នេះហៅថា សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទី​រលត់​ទុក្ខ។

[៥៨] បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាកាមាវចរ បញ្ញាក្នុងរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជារូបាវចរ បញ្ញាក្នុងអរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាអរូបាវចរ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាអបរិយាបន្នៈ។

[៥៩] បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងធម៌ តើដូចម្តេច។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា សេចក្តីដឹងក្នុងធម៌។ អ្នកផងតែងណែនាំនូវ​សេចក្តីពន្យល់ ក្នុងកាលជាអតីត និងកាលជាអនាគត តាមធម៌នេះ ដែលខ្លួនបាន​ដឹង បានឃើញ បានសម្រេច បានដឹងច្បាស់ បានជឿជាក់ហើយ មែនពិត បុគ្គល​ណាមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងកាលជាអតីត បានដឹងច្បាស់នូវ​ទុក្ខ បានដឹងច្បាស់នូវទុក្ខសមុទ័យ បានដឹងច្បាស់នូវទុក្ខនិរោធ បានដឹងច្បាស់នូវ​ទុក្ខនិរោធគាមិនីបដិបទា បុគ្គលទាំងនោះ បានដឹងច្បាស់នូវទុក្ខនេះឯង បានដឹង​ច្បាស់នូវទុក្ខសមុទ័យនេះឯង បានដឹងច្បាស់នូវទុក្ខនិរោធនេះឯង បានដឹងច្បាស់​នូវទុក្ខនិរោធគាមិនីបដិបទានេះឯង បុគ្គលណាមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍​ក្តី ក្នុងកាលជាអនាគត នឹងដឹងច្បាស់នូវទុក្ខ នឹងដឹងច្បាស់នូវទុក្ខសមុទ័យ នឹងដឹង​ច្បាស់​នូវទុក្ខនិរោធ នឹងដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទា បុគ្គលទាំងនោះ នឹង​ដឹង​​ច្បាស់នូវទុក្ខនេះឯង នឹងដឹងច្បាស់នូវទុក្ខសមុទ័យនេះឯង នឹងដឹងច្បាស់​នូវ​ទុក្ខនិរោធនេះឯង នឹងដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទានេះឯង ព្រោះ​ហេតុ​នោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញ​ត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះហៅថា សេចក្តីដឹងក្នុងការប្រព្រឹត្តិទៅតាម។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងការកំណត់ តើដូចម្តេច។ ភិក្ខុក្នុង​សាសនានេះ ស្ទាបស្ទង់មើលនូវចិត្តរបស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្ត​របស់ខ្លួនឯង តែងដឹងច្បាស់ គឺចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាស​ចាករាគៈ ចិត្តប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្ត​ប្រាសចាក​ទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តប្រកបដោយ​មោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តរួញរាក្តី ក៏ដឹងច្បាស់ថា ចិត្តរួញរា ចិត្តរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដល់នូវភាពដ៏ប្រសើរក្តី ក៏​ដឹងច្បាស់ថា ចិត្តដល់នូវភាពដ៏ប្រសើរ ចិត្តដល់នូវភាពមិនប្រសើរក្តី ក៏ដឹង​ច្បាស់ថា ចិត្តដល់​នូវភាពមិនប្រសើរ ចិត្តប្រកបដោយឧត្តរៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកប​ដោយឧត្តរៈ ចិត្តមិនមានឧត្តរៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានឧត្តរៈ ចិត្តតំកល់មាំក្តី ក៏ដឹងច្បាស់ថា ចិត្តតំកល់មាំ ចិត្តមិនតំកល់មាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិន​តំកល់​មាំ ចិត្តផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តផុតស្រឡះ ចិត្តមិន​ផុតស្រឡះក្តី ក៏ដឹង​ច្បាស់ថា ចិត្តមិនផុតស្រឡះ ព្រោះហេតុនោះ បញ្ញា ការដឹង​ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌​ទាំងឡាយនោះ នេះហៅថា សេចក្តីដឹងក្នុងការកំណត់។ បញ្ញាដ៏សេស វៀរ​លែងតែ​សេចក្តី​ដឹងក្នុងធម៌ សេចក្តីដឹងក្នុងការប្រព្រឹត្តិទៅតាម និងសេចក្តីដឹង​ក្នុងការកំណត់​ចេញ ឈ្មោះថា សេចក្តីដឹងក្នុងការសន្មតិ។

[៦០] បណ្តាញាណទាំងនោះ បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិន​មែនក្នុងការមិនសន្សំ តើដូចម្តេច។ បញ្ញាក្នុងកាមាវចរកុសល ឈ្មោះថា បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិនមែនក្នុងការមិនសន្សំ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាក្នុងការមិនសន្សំ មិនមែនក្នុងការសន្សំ។ បញ្ញាក្នុងរូបាវចរកុសល និងអរូបាវចរកុសល ឈ្មោះថា បញ្ញាក្នុងការសន្សំផង ក្នុងការមិនសន្សំ​ផង។ បញ្ញា​ដ៏សេស ឈ្មោះថា បញ្ញាមិនមែនក្នុងការសន្សំ ទាំងមិនមែនក្នុងការ​មិនសន្សំ។

[៦១] បណ្តាញាណទាំងនោះ បញ្ញាក្នុងសេចក្តីនឿយណាយ មិនមែន​ក្នុងការត្រាស់ដឹង តើដូចម្តេច។ បុគ្គលជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំង​ឡាយ ដោយបញ្ញាណា តែមិនត្រាស់ដឹងនូវអភិញ្ញាទាំងឡាយ ទាំងមិនត្រាស់ដឹង​នូវសច្ចៈទាំងឡាយទេ នេះហៅថា បញ្ញាក្នុងសេចក្តីនឿយណាយ មិនមែនក្នុង​ការត្រាស់ដឹង។ បុគ្គលនោះ កាលបើប្រាសចាកតម្រេកក្នុងកាមទាំងឡាយ​ហើយ រមែងត្រាស់ដឹងនូវអភិញ្ញាទាំងឡាយ តែមិនត្រាស់ដឹងនូវសច្ចៈទាំងឡាយដោយប្រាជ្ញា នេះហៅថា បញ្ញាក្នុងការត្រាស់ដឹង មិនមែនក្នុងសេចក្តីនឿយណាយ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាក្នុងសេចក្តីនឿយណាយផង ក្នុង​ការត្រាស់ដឹងផង។ បញ្ញាដ៏សេស ឈ្មោះថា បញ្ញាមិនមែនក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹង។

[៦២] បណ្តាញាណទាំងនោះ បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ តើដូចម្តេច។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយកាម រមែងដាស់​តឿននូវបុគ្គលដែលបានបឋមជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តី​សាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា មិនប្រកប​ដោយ​វិតក្កៈ រមែងដាស់តឿន (នូវបុគ្គលដែលបានបឋមមជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកប​ដោយ​និព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានបឋមជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុក​ក្នុងចិត្តដោយ​សញ្ញា ប្រកបដោយវិតក្កៈ រមែងដាស់តឿននូវបុគ្គលដែលបាន​ទុតិយជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមាន​សភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃ​ការតាំងនៅ ការធ្វើ​ទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយឧបេក្ខា រមែងដាស់​តឿន (នូវបុគ្គលដែល​បាន​ទុតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃ​សេចក្តីវិសេស ការធ្វើទុក​ក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយ​វិរាគៈ រមែងដាស់តឿន (នូវបុគ្គដែលបានទុតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃ​សេចក្តី​នឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកប​ដោយបីតិ រមែងដាស់​តឿននូវបុគ្គលដែលបានតតិយជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តី​សាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំង​នៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយ​សញ្ញា ប្រកបដោយអទុក្ខមសុខវេទនា រមែងដាស់តឿន (នូវបុគ្គលដែលបានតតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុង​ចិត្តដោយសញ្ញា ប្រកបដោយ​និព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវ​បុគ្គលដែលបានតតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តី​នឿយណាយ។ ការធ្វើទុកក្នុងចិត្ត​ដោយសញ្ញា ប្រកបដោយសុខ រមែងដាស់​តឿននូវបុគ្គលដែលបានចតុត្ថជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តី​សាបសូន្យ សតិមានសភាពដ៏សម​គួរដល់​បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុក​ក្នុង​ចិត្តដោយសញ្ញា ប្រកបដោយ​អាកាសានញ្ចាយតនៈ រមែងដាស់តឿន (នូវ​បុគ្គលដែលបានចតុត្ថជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់​តឿន (នូវបុគ្គលដែលបាន​ចតុត្ថជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃ​សេចក្តីនឿយណាយ។ ការ​ធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយរូប រមែង​ដាស់តឿននូវបុគ្គល ដែល​បានអាកាសានញ្ចាយតនៈ ឈ្មោះថា បញ្ញាមានចំណែក​នៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមាន​ចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកប​ដោយវិញ្ញាណញ្ចាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបាន​អាកាសានញ្ចាយតនៈនោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុង​ចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវ​បុគ្គលដែលបាន​អាកាសានញ្ចាយតនៈ) ឈ្មោះថា បញ្ញាមានចំណែក​នៃសេចក្តី​នឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអាកាសានញ្ចាយតនៈ រមែងដាស់​តឿននូវបុគ្គលដែលបានវិញ្ញាណញ្ចាយតនៈ ឈ្មោះថា បញ្ញាមាន​ចំណែកនៃ​សេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំង​នៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយ​សញ្ញា ប្រកបដោយអាកិញ្ចញ្ញាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានវិញ្ញាណញ្ចាយតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុក​ក្នុង​ចិត្ត​ដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន នូវ​បុគ្គល​​ដែលបានវិញ្ញាណញ្ចាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយវិញ្ញាណញ្ចាយតនៈ រមែង​ដាស់តឿននូវបុគ្គលដែលបានអាកិញ្ចញ្ញាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃ​សេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះ​ថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកប​ដោយនេវសញ្ញានាសញ្ញាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកិញ្ចញ្ញាយតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុក​ក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកិញ្ចញ្ញាយតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តី​នឿយណាយ។

[៦៣] បណ្តាញាណទាំងនោះ បដិសម្ភិទា ៤ តើដូចម្តេច។ អត្ថប្បដិសម្ភិទា ១ ធម្មប្បដិសម្ភិទា ១ និរុត្តិប្បដិសម្ភិទា ១ បដិភាណប្បដិសម្ភិទា ១។ ការ​ដឹង​ក្នុងអត្ថ ឈ្មោះថា អត្ថប្បដិសម្ភិទា ការដឹងក្នុងធម៌ ឈ្មោះថា ធម្មប្បដិសម្ភិទា ការដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌ទាំងនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា ការដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ នេះ បដិសម្ភិទា ៤។

[៦៤] បណ្តាញាណទាំងនោះ បដិបទា ៤ តើដូចម្តេច។ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងយូរ ១ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់​ដឹងឆាប់ ១ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងយូរ ១ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់ ១។ បណ្តាបញ្ញាទាំង ៤ នោះ បញ្ញាដែល​ប្រតិបត្តិលំបាកមានការត្រាស់ដឹងយូរ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយលំបាក ដោយកម្រ កាលត្រាស់ដឹងនូវហេតុ គឺ​លោកុត្តរសមាធិនោះ ដោយយឺតយូរ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិ​លំបាកមានការត្រាស់ដឹងយូរ។ បណ្តាបញ្ញាទាំងនោះ បញ្ញាដែលប្រតិបត្តិ​លំបាក​មានការត្រាស់ដឹងឆាប់ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយលំបាក ដោយកម្រ កាលត្រាស់ដឹងនូវហេតុ គឺ​លោកុត្តរសមាធិនោះដោយឆាប់ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការ​ឃើញ​ត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិ​លំបាកមានការ​ត្រាស់​ដឹងឆាប់។ បណ្តាបញ្ញាទាំងនោះ បញ្ញាដែលប្រតិបត្តិ​ងាយមានការត្រាស់ដឹងយូរ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិ​ឲ្យកើត ដោយមិនលំបាក ដោយ​មិនក្រ កាលដឹងច្បាស់នូវហេតុ គឺ​លោកុត្តរសមាធិនោះ ដោយយឺតយូរ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា កើត​ឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិ​ងាយមានការត្រាស់ដឹងយូរ។ បណ្តាបញ្ញា​ទាំងនោះ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់ តើដូចម្តេច។ កាល​បុគ្គលញ៉ាំងលោកុត្តរសមាធិ​ឲ្យកើតដោយមិនលំបាក ដោយមិនក្រ កាលដឹង​ច្បាស់​នូវហេតុ គឺ​លោកុត្តរសមាធិនោះដោយឆាប់ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិ​ងាយមានការត្រាស់ដឹងឆាប់។ នេះ បដិបទា ៤។

[៦៥] បណ្តាញាណទាំងនោះ អារម្មណ៍ ៤ តើដូចម្តេច។ បញ្ញាមានសភាពតូចឆ្មារ ទាំងមានអារម្មណ៍តូចឆ្មារ ១ បញ្ញាមានសភាពតូចឆ្មារ តែមាន​អារម្មណ៍ប្រមាណមិនបាន ១ បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ ១ បញ្ញាប្រមាណមិនបាន ទាំងមានអារម្មណ៍ប្រមាណមិនបាន ១។ បណ្តាបញ្ញា​ទាំងនោះ បញ្ញាមានសភាពតូចឆ្មារ ទាំងមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ កាលបុគ្គលមិនបាននូវសមាធិតាមសេចក្តីប្រាថ្នា ទាំងផ្សាយទៅនូវអារម្មណ៍​តិចតួច បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញ​ត្រូវណា កើតឡើង នេះហៅថា បញ្ញាមានសភាពតូចឆ្មារ ទាំងមាន​អារម្មណ៍​តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានសភាពតូចឆ្មារ តែមាន​អារម្មណ៍​ប្រមាណ​មិនបាន តើដូចម្តេច។ កាលបុគ្គលមិនបាននូវសមាធិតាម​សេចក្តីប្រាថ្នា តែផ្សាយទៅនូវអារម្មណ៍ដ៏ធំទូលាយ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាមាន​សភាព​តូចឆ្មារ តែមានអារម្មណ៍ប្រមាណមិនបាន។ បណ្តាបញ្ញាទាំង​នោះ បញ្ញាប្រមាណ​មិនបាន តែមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ កាល​បុគ្គលបាននូវសមាធិដូច​សេចក្តីប្រាថ្នា តែផ្សាយទៅនូវអារម្មណ៍តិចតួច បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ។ បណ្តាបញ្ញាទាំង​នោះ បញ្ញាប្រមាណ​មិនបាន ទាំងមានអារម្មណ៍ប្រមាណមិន​បាន តើដូចម្តេច។ កាលបុគ្គលបាននូវ​សមាធិដូច​សេចក្តីប្រាថ្នា ទាំងផ្សាយ​ទៅនូវអារម្មណ៍ដ៏ធំទូលាយ បញ្ញា ការដឹង​ច្បាស់។ បេ។ ការមិនវង្វេង ការ​ពិចារណានូវធម៌ ការឃើញត្រូវណា កើត​ឡើង នេះហៅថា បញ្ញាប្រមាណ​មិនបាន ទាំងមានអារម្មណ៍ប្រមាណមិនបាន។ នេះ អារម្មណ៍ ៤។

[៦៦] សេចក្តីដឹងរបស់បុគ្គលព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តី​ដឹងក្នុងជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងហេតុដែលឲ្យកើតជរាមរណៈ ឈ្មោះ​​ថា សេចក្តីដឹងក្នុងការរលត់ជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ជរាមរណៈ។ បណ្តាញាណទាំងនោះ សេចក្តីដឹង​ក្នុង​ជរាមរណៈ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធជរាមរណៈ នេះ​ហៅថា សេចក្តីដឹងក្នុងជរាមរណៈ។ ព្រោះប្រារព្ធហេតុដែលឲ្យកើតជរាមរណៈ។ បេ។ ព្រោះប្រារព្ធការរលត់ជរាមរណៈ។ បេ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិន​វង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធបដិបទា ជា​ដំណើរទៅកាន់ទីរលត់ជរាមរណៈ នេះហៅថា សេចក្តីដឹងក្នុងបដិបទាជា​ដំណើរ​ទៅ​កាន់ទីរលត់ជរាមរណៈ។ សេចក្តីដឹងរបស់បុគ្គលអ្នកព្រមព្រៀង​ដោយមគ្គ ឈ្មោះថា សេចក្តីដឹងក្នុងជាតិ។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងភព។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងឧបាទាន។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុង​តណ្ហា។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងវេទនា។ បេ។ ឈ្មោះថា សេចក្តីដឹង​ក្នុងផស្សៈ។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងសឡាយតនៈ។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងនាមរូប។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងវិញ្ញាណ។ បេ។ ឈ្មោះ​ថាសេចក្តីដឹងក្នុង​សង្ខារ​ទាំងឡាយ ឈ្មោះថា សេចក្តីដឹងក្នុងហេតុដែលឲ្យកើត​សង្ខារ ឈ្មោះថា សេចក្តី​ដឹងក្នុងការរលត់នៃសង្ខារ ឈ្មោះថា សេចក្តីដឹងក្នុង​បដិបទា ជាដំណើរទៅកាន់​ទីរលត់សង្ខារ។ បណ្តាញាណទាំងនោះ សេចក្តីដឹង​ក្នុងសង្ខារទាំងឡាយ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវសង្ខារទាំងឡាយ នេះហៅថា សេចក្តីដឹងក្នុងសង្ខារទាំងឡាយ។ ព្រោះប្រារព្ធហេតុដែលឲ្យ​កើតសង្ខារ។ បេ។ ព្រោះប្រារព្ធការរលត់នៃសង្ខារ។ បេ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះ​ប្រារព្ធនូវបដិបទា ជា​ដំណើរ​ទៅកាន់ទីរលត់នៃសង្ខារ នេះហៅថា សេចក្តីដឹងក្នុង​បដិបទា ជាដំណើរទៅ​កាន់​ទីរលត់នៃសង្ខារ។

ញាណវត្ថុមានប្រការ ៤ យ៉ាងនេះឯង។

(បញ្ចកនិទ្ទេស ទី៥)

(៥. បញ្ចកនិទ្ទេសោ)

[៦៧] បណ្តាញាណទាំងនោះ សម្មាសមាធិ ប្រកបដោយអង្គ ៥ តើដូច​ម្តេច។ បីតិផរណតា (ការផ្សាយបីតិ) ១ សុខផរណតា (ការផ្សាយសុខ) ១ ចេតោផរណតា (ការផ្សាយចិត្ត) ១ អាលោកផរណតា (ការផ្សាយពន្លឺ) ១ បច្ចវេក្ខណានិមិត្ត (ការកំណត់ការពិចារណា) ១។ បញ្ញាក្នុងឈាន ២ ឈ្មោះថា បីតិផរណតា បញ្ញាក្នុងឈាន ៣ ឈ្មោះថា សុខផរណតា បញ្ញាផ្សាយទៅក្នុង​ចិត្តនៃបុគ្គលដទៃ ឈ្មោះថា ចេតោផរណតា ទិព្វចក្ខុ ឈ្មោះថា អាលោកផរណតា បច្ចវេក្ខណាញាណ របស់បុគ្គលដែលចេញចាកសមាធិនោះ ៗ ឈ្មោះ​ថា បច្ចវេក្ខណានិមិត្ត។ នេះហៅថា សម្មាសមាធិ ប្រកបដោយអង្គ ៥។

[៦៨] បណ្តាញាណទាំងនោះ សម្មាសមាធិ ប្រកបដោយញាណ ៥ តើ​ដូចម្តេច។ ញាណកើតឡើងជាក់ច្បាស់ថា សមាធិនេះ មានសេចក្តីសុខក្នុង​បច្ចុប្បន្នផង មានសេចក្តីសុខជាវិបាកក្នុងខាងមុខផង ១ ញាណកើតឡើងជាក់​ច្បាស់ថា សមាធិនេះប្រសើរ មិនមានអាមិសៈ ១ ញាណកើតឡើងជាក់ច្បាស់​ថា សមាធិនេះមិនមែនបុរសលាមកសេពឡើយ ១ ញាណកើតឡើងជាក់​ច្បាស់ថា សមាធិនេះ ជាធម៌ស្ងប់ដ៏ឧត្តម បាននូវសេចក្តីស្ងប់រម្ងាប់ បាននូវភាពនៃចិត្តដ៏ខ្ពស់ឯក តែមិនដល់នូវការសង្កត់សង្កិន (ធម៌ជាសត្រូវ) និង​ការរារាំង (កិលេស) ដោយចិត្តដែលប្រកបដោយសង្ខារ គឺព្យាយាម ១ ញាណកើតឡើងជាក់ច្បាស់ថា អាត្មាអញនោះមានស្មារតី ចូលកាន់សមាធិនេះ មានស្មារតី ចេញចាកសមាធិ នេះ ១។ នេះឈ្មោះថា សម្មាសមាធិ ប្រកបដោយ​ញាណ ៥។

ញាណវត្ថុ មានប្រការ ៥ យ៉ាងនេះឯង។

(ឆក្កនិទ្ទេស ទី៦)

(៦. ឆក្កនិទ្ទេសោ)

[៦៩] បណ្តាញាណទាំងនោះ បញ្ញាក្នុងអភិញ្ញា ៦ តើដូចម្តេច។ សេចក្តី​ដឹងក្នុងចំណែកនៃឫទ្ធិ ១ សេចក្តីដឹងក្នុងសោតធាតុដ៏បរិសុទ្ធិ ១ សេចក្តីដឹងក្នុង​ការកំណត់ចិត្តរបស់សត្វដទៃ ១ សេចក្តីដឹងប្រកបដោយការរឭកឃើញនូវខន្ធ​របស់សត្វដទៃ ដែលនៅអាស្រ័យក្នុងកាលមុន ១ សេចក្តីដឹងក្នុងការច្យុតិ និង​ការកើតរបស់សត្វទាំងឡាយ ១ សេចក្តីដឹងក្នុងការអស់អាសវៈទាំងឡាយ ១ នេះឈ្មោះថា បញ្ញាក្នុងអភិញ្ញា ៦។

ញាណវត្ថុមានប្រការ ៦ យ៉ាងនេះឯង។

(សត្តកនិទ្ទេស ទី៧)

(៧. សត្តកនិទ្ទេសោ)

[៧០] បណ្តាញាណទាំងនោះ ញាណវត្ថុ ៧៧ តើដូចម្តេច។ សេចក្តីដឹង​ថា ជរាមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ១ សេចក្តីដឹងថា កាលបើជាតិ​មិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរាមរណៈ (កើតមាន)​ ព្រោះ​ជាតិជាបច្ច័យក្នុងកាលអតីត ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរា​មរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរាមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យក្នុងកាលអនាគត ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា របស់បុគ្គលនោះ ធម្មដ្ឋិតិញ្ញាណនោះ មាន​សភាពអស់ទៅ មានសភាពសូន្យទៅ មានសភាពប្រាសចាកតម្រេក មាន​សភាពរលត់ ១។ សេចក្តីដឹងថា ជាតិ (កើតមាន) ព្រោះភពជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា ភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា ឧបាទាន (កើតមាន) ព្រោះតណ្ហាជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា តណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា វេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា ផស្សៈ (កើតមាន) ព្រោះសឡាយតនៈជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា សឡាយតនៈ (កើតមាន) ព្រោះនាមរូប​ជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា នាមរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា សង្ខារ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ១ សេចក្តីដឹងថា កាល​បើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យក្នុងកាលអតីត ១ សេចក្តីដឹងថា កាលបើ​អវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា សង្ខារទាំងឡាយ (កើត​មាន) ព្រោះអវិជ្ជាជាបច្ច័យក្នុងកាលអនាគត ១ សេចក្តីដឹងថា កាលបើ​អវិជ្ជា​មិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា របស់បុគ្គលនោះ ធម្មដិ្ឋតិញ្ញាណនោះ មានសភាពអស់ទៅ មានសភាពសូន្យទៅ មានសភាពប្រាសចាកតម្រេក មានសភាពរលត់ ១។ នេះឈ្មោះថា ញាណវត្ថុ ៧៧។

ញាណវត្ថុមានប្រការ ៧ យ៉ាងនេះឯង។

(អដ្ឋកនិទ្ទេសោ ទី៨)

(៨. អដ្ឋកនិទ្ទេសោ)

[៧១] បណ្តាញ្ញាណទាំងនោះ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ តើដូចម្តេច។ បញ្ញាក្នុងសោតាបត្តិមគ្គ ១ បញ្ញាក្នុងសោតាបត្តិផល ១ បញ្ញាក្នុងសកទាគាមិមគ្គ ១ បញ្ញាក្នុងសកទាគាមិផល ១ បញ្ញាក្នុងអនាគាមិមគ្គ ១ បញ្ញាក្នុង​អនាគាមិផល ១ បញ្ញាក្នុងអរហត្តមគ្គ ១ បញ្ញាក្នុងអរហត្តផល ១ នេះ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤។

ញាណវត្ថុមានប្រការ ៨ យ៉ាងនេះឯង។

(នវកនិទ្ទេសោ ទី៩)

(៩. នវកនិទ្ទេសោ)

[៧២] បណ្តាញ្ញាណទាំងនោះ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩ តើដូចម្តេច។ បញ្ញាក្នុងបឋមជ្ឈានសមាបត្តិ ១ បញ្ញាក្នុងទុតិយជ្ឈានសមាបត្តិ ១ បញ្ញាក្នុងតតិយជ្ឈានសមាបត្តិ ១ បញ្ញាក្នុងចតុត្ថជ្ឈានសមាបត្តិ ១ បញ្ញាក្នុងអាកាសានញ្ចាយតនសមាបត្តិ ១ បញ្ញាក្នុងវិញ្ញាណញ្ចាយតនសមាបត្តិ ១ បញ្ញាក្នុងអាកិញ្ចញ្ញាយតនសមាបត្តិ ១ បញ្ញាក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ ១ បច្ចវេក្ខណាញាណរបស់បុគ្គលដែលចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិ ១ នេះ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩។

ញាណវត្ថុ មានប្រការ ៩ យ៉ាងនេះឯង។

(ទសកនិទ្ទេស ទី១០)

(១០. ទសកនិទ្ទេសោ)

[៧៣] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវហេតុ ថាជាហេតុផង នូវអំពើមិនមែនហេតុ ថាជាអំពើមិនមែនហេតុផង តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិន​មែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ (សម្មាទិដ្ឋិ) ហើយប្រកាន់នូវសង្ខារណាមួយ ថាទៀង ការណ៍នុ៎ះមិនមានឡើយ ទ្រង់​ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវ​សង្ខារណាមួយ ថាទៀង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយ​ប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់​ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវសង្ខារណា​មួយ ថាជាសុខ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជា​ហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយប្រកាន់នូវ​ធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះ​មានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជា​បច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែល​បុគ្គលជាបុថុជ្ជន រមែងផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះ ទើបមាន។ ទ្រង់​ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គល​ដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវបិតាចាកជីវិត។ បេ។ ផ្តាច់បង់នូវព្រះអរហន្តចាកជីវិត។ បេ។ ញ៉ាំងព្រះលោហិតរបស់ព្រះតថាគតឲ្យកើតឡើងដោយចិត្តប្រទូស្ត។ បេ។ បំបែកសង្ឃ។ បេ។ ឧទ្ទិសនូវគ្រូដទៃ។ បេ។ ធ្វើភព​ទី ៨ ឲ្យកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមាន​ប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងញ៉ាំងភពទី ៨ ឲ្យកើត ការណ៍នុ៎ះ ទើប​មាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់​ដែលព្រះអរហន្តសម្មាសម្ពុទ្ធពីរព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ មិនមុនមិនក្រោយ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជា​បច្ច័យទេ ត្រង់ដែលស្តេចចក្រពត្តិពីរព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ មិន​មុនមិនក្រោយ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមាន​ប្រាកដ ត្រង់ដែលស្តេចចក្រពត្តិមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជា​បច្ច័យទេ ត្រង់​ដែលស្រ្តី បានជាព្រះអរហន្តសម្មាសម្ពុទ្ធ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានជាព្រះអរហន្តសម្មាសម្ពុទ្ធ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិន​មែនជាបច្ច័យទេ ត្រង់ដែលស្រ្តីបានជាស្តេចចក្រពត្តិ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានជាស្តេចចក្រពត្តិ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែន​ជាបច្ច័យទេ ត្រង់ដែលស្ត្រីបានអត្តភាពជាព្រះឥន្រ្ទ បានអត្តភាពជាមារ បាន​អត្តភាពជាព្រហ្ម ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានអត្តភាពជាព្រះឥន្រ្ទ បានអត្តភាពជាមារ បានអត្តភាពជា​ព្រហ្ម ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិន​មែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់កាយទុច្ចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលវិបាករបស់កាយទុច្ចរិត មិនជាទីប្រាថ្នា មិនជាទី​ត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាប​ច្បាស់ថា ដំណើរនុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់​វចីទុច្ចរិត និងមនោទុច្ចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើត​ឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់​ដែលវិបាករបស់វចីទុច្ចរិត និងមនោទុច្ចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិន​ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរ​នុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់កាយសុចរិត មិន​ជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិន​មានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់​កាយសុចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់​វចីសុចរិត និងមនោសុចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់​ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់វចីសុចរិត និងមនោសុចរិត ជាទី​ប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់​ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹង​ទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានកាយទុច្ចរិតនោះ​ជាហេតុ ព្រោះមានកាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់​ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានកាយទុច្ចរិតនោះជាហេតុ ព្រោះមានកាយទុច្ចរិតនោះជា​បច្ច័យ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិន​មែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជា​ហេតុ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមាន​ឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តី​ស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាហេតុ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាបច្ច័យ ការណ៍​នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយកាយសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានកាយ​សុចរិតនោះជាហេតុ ព្រោះមានកាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនមាន​ឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយ​កាយសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើត​ក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានកាយសុចរិតនោះជាហេតុ ព្រោះមានកាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តី​ស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានវចីសុចរិត និង​មនោសុចរិតនោះជាហេតុ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែល​បុគ្គលប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត លុះបែកធ្លាយរាង​កាយខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និង​ស្ថានសួគ៌ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាហេតុ ព្រោះមានវចី​សុចរិត និងមនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ពួកធម៌ណាៗ ជា​ហេតុ ជាបច្ច័យ ដើម្បីកើតឡើងនៃពួកធម៌ណាៗ ពួកធម៌នោះៗ ឈ្មោះថាជា​ហេតុ ពួកធម៌ណាៗ មិនមែនហេតុ មិនមែនបច្ច័យ ដើម្បីកើតឡើងនៃពួកធម៌​ណាៗ ទេ ពួកធម៌នោះៗ ឈ្មោះថា មិនមែនហេតុ ព្រោះហេតុនោះ បញ្ញា ការដឹង​ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌​ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិតនូវ​ហេតុ ថាជាហេតុផង នូវអំពើមិនមែនហេតុថា ជាអំពើមិនមែនហេតុផង។

[៧៤] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវវិបាករបស់កម្មសមាទាន (ការកាន់យកនូវកម្មជាកុសល និងអកុសល) ជា​អតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ តើដូចម្តេច។ ព្រះតថាគត​ក្នុង​លោកនេះ ទ្រង់ជ្រាបច្បាស់ថា កម្មសមាទានដ៏លាមកពួកខ្លះ មានគតិសម្បត្តិ​រារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានឧបធិសម្បត្តិ​រារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានកាលសម្បត្តិរារាំង មិនឲ្យ​ផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានបយោគសម្បត្តិរារាំង មិនឲ្យ​ផល​ក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវគតិ​វិបត្តិក៏​មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវឧបធិវិបត្តិក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវកាលវិបត្តិក៏មាន កម្ម​សមាទានដ៏លាមកពួកខ្លះ ឲ្យផល ព្រោះអាស្រ័យនូវបយោគវិបត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានគតិវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទាន​ដ៏ល្អ​ពួកខ្លះ មានឧបធិវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អ​ពួកខ្លះ មាន​កាល​វិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មាន​បយោគវិបត្តិ​រារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផលព្រោះ​អាស្រ័យនូវ​គតិសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផល ព្រោះ​អាស្រ័យនូវឧបធិសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផល ព្រោះ​អាស្រ័យនូវកាលសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផលព្រោះ​អាស្រ័យនូវបយោគសម្បត្តិក៏មាន។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិន​វង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាម​ពិត នូវវិបាករបស់កម្មសមាទាន ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាម​ហេតុ។

[៧៥] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាម​ពិត នូវបដិបទាជាដំណើរទៅក្នុងទីទាំងពួង តើដូចម្តេច។ ព្រះគថាគតក្នុង​លោកនេះ ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់​នរក ទ្រង់ជ្រាប​ច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់តិរច្ឆាន ទ្រង់ជ្រាបច្បាស់​ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់ប្រេតវិស័យ ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់មនុស្សលោក ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទេវលោក ទ្រង់ជ្រាបច្បាស់ថា នេះ​ផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់ព្រះនិព្វាន។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវបដិបទាជាដំណើរ​ទៅ​ក្នុងទីទាំងពួង។

[៧៦] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាម​ពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា តើដូចម្តេច។ ព្រះគថាគតក្នុង​លោកនេះ ទ្រង់ជ្រាបច្បាស់នូវសេចក្តីផ្សេងគ្នានៃខន្ធ ទ្រង់ជ្រាបច្បាស់​នូវសេចក្តី​ផ្សេងគ្នា​នៃអាយតនៈ ទ្រង់ជ្រាបច្បាស់នូវសេចក្តីផ្សេងគ្នានៃធាតុ ឈ្មោះថា ជ្រាប​ច្បាស់​នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយ​នោះ នេះ​ឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា។

[៧៧] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា នៃពួកសត្វ តើដូចម្តេច។ ព្រះតថាគតក្នុងលោក​នេះ ទ្រង់​ជ្រាបច្បាស់ថា ពួកសត្វមានអធ្យាស្រ័យថោកទាបក៏មាន ពួកសត្វមាន​អធ្យាស្រ័យខ្ពង់ខ្ពស់ក៏មាន ក្នុងបច្ចុប្បន្នកាល ពួកសត្វមានអធ្យាស្រ័យថោក​ទាប តែង​សេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ តែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បី​ក្នុងអតីតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប បានសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វ​ដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ បានសេពគប់ គប់រក ចូលទៅអង្គុយជិតហើយ​នឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអនាគតកាល ពួក​សត្វដែលមានអធ្យាស្រ័យថោកទាប នឹងសេពគប់ គប់រក ចូលទៅអង្គុយជិត​នឹងពួកសត្វដែលមាន​អធ្យាស្រ័យថោកទាបដូចគ្នា។ ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពស់ខ្ពស់ដូចគ្នា។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា នៃពួកសត្វ។

[៧៨] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាម​ពិត នូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ តើដូច​ម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់នូវអាសយៈ (ធម៌ជាទីនៅ​អាស្រ័យរបស់ពួកសត្វ) ទ្រង់ជ្រាបច្បាស់នូវអនុសយៈ (កិលេសដែលដេកត្រាំ​នៅក្នុងសន្តានរបស់ពួកសត្វ) ទ្រង់ជ្រាបច្បាស់នូវចរិតរបស់ពួកសត្វ ទ្រង់​ជ្រាបច្បាស់នូវអធ្យាស្រ័យរបស់ពួកសត្វ ទ្រង់ជ្រាបច្បាស់នូវពួកសត្វដែលមាន​ធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ដែលឲ្យត្រាស់ដឹងងាយ ដែលឲ្យត្រាស់ដឹង​ក្រ មានភ័ព្វ និងឥតភ័ព្វ។ ចុះអាសយៈ (ធម៌ជាទីនៅអាស្រ័យ) របស់ពួកសត្វ តើដូចម្តេច។ សត្វទាំងឡាយ អាស្រ័យនូវភវទិដ្ឋិ (សេចក្តីយល់ថា មាន) ក្តី អាស្រ័យនូវវិភវទិដ្ឋិ (សេចក្តីយល់ថា មិនមាន) ក្តី ដូច្នេះថា លោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះក៏គឺសរីរៈនោះខ្លះ ថាជីវិតដទៃសរីរៈក៏ដទៃខ្លះ ថាសត្វស្លាប់ហើយ​កើតទៀតខ្លះ ថាសត្វស្លាប់ហើយមិនកើតទៀតខ្លះ ថាសត្វស្លាប់ហើយ កើត​ទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ ឬក៏សេចក្តីពេញចិត្ត ដែលអនុលោមទៅក្នុងធម៌​ទាំងឡាយដែលកើតឡើង ព្រោះអាស្រ័យនូវធម៌នេះជាបច្ច័យក្តី សេចក្តីដឹង​តាមពិតក្តី ជាការណ៍ដែលសត្វទាំងឡាយ បានចំពោះហើយ ព្រោះមិនពឹងផ្អែកនូវអន្តធម៌ទាំងពីរគឺ ភវទិដ្ឋិ និងវិភវទិដ្ឋិនុ៎ះទេ នេះឈ្មោះថា អាសយៈរបស់ពួក​សត្វ។ ចុះអនុសយៈរបស់ពួកសត្វ តើដូចម្តេច។ អនុសយៈ ៧ គឺ កាមរាគានុសយៈ ១ បដិឃានុសយៈ ១ មានានុសយៈ ១ ទិដ្ឋានុសយៈ ១ វិចិកិច្ឆានុសយៈ ១ ភវរាគានុសយៈ ១ អវិជ្ជានុសយៈ ១។ ឥដ្ឋារម្មណ៍ណា ក្នុងលោក មានសភាពគួរ​ស្រឡាញ់ មានសភាពគួរត្រេកអរ រាគានុសយៈរបស់ពួកសត្វ រមែងដេកត្រាំ​ក្នុងឥដ្ឋារម្មណ៍នោះ អនិដ្ឋារម្មណ៍ណា ក្នុងលោក មានសភាពមិនគួរស្រឡាញ់ មានសភាពមិនគួរត្រេកអរ បដិឃានុសយៈរបស់ពួកសត្វ រមែងដេកត្រាំក្នុង​អនិដ្ឋារម្មណ៍នោះ ព្រោះហេតុនោះ អវិជ្ជារមែងធ្លាក់ចុះតាម ក្នុងធម៌ទាំងពីរនេះ មានះក្តី ទិដ្ឋិក្តី វិចិកិច្ឆាក្តី បុគ្គលគប្បីឃើញថា តាំងនៅក្នុងទីជាមួយគ្នានឹង​អវិជ្ជានោះ នេះឈ្មោះថា អនុសយៈរបស់ពួកសត្វ។ ចុះចរិតរបស់ពួកសត្វ តើ​ដូចម្តេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអានេញ្ជាភិសង្ខារ មានជាន់តូចតាច​ក្តី មានជាន់ធំដុំក្តី នេះឈ្មោះថា ចរិតរបស់ពួកសត្វ។ ចុះអធ្យាស្រ័យរបស់ពួក​សត្វ តើដូចម្តេច។ ពួកសត្វមានអធ្យាស្រ័យថោកទាបក៏មាន ពួកសត្វមាន​អធ្យាស្រ័យខ្ពង់ខ្ពស់ក៏មាន ក្នុងបច្ចុប្បន្នកាល ពួកសត្វមានអធ្យាស្រ័យថោក​ទាប រមែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ រមែងសេពគប់ គប់​រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បី​ក្នុងអតីតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប បានសេពគប់ គប់រក ចូល​ទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួក​សត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ បានសេពគប់ គប់​រក ចូលទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់​ដូច​គ្នា សូម្បី​ក្នុងអនាគតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប នឹងសេពគប់ គប់រក ចូល​ទៅអង្គុយជិតនឹងពួក​សត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួក​សត្វ​មាន​អធ្យាស្រ័យខ្ពង់ខ្ពស់ នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យ​ខ្ពង់ខ្ពស់ដូចគ្នា នេះឈ្មោះថា អធ្យាស្រ័យរបស់ពួកសត្វ។ ចុះពួកសត្វ មាន​ធូលីច្រើនក្នុងភ្នែកនោះ តើដូចម្តេច។ កិលេសវត្ថុ ១០ គឺ លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោតប្បៈ កិលេសវត្ថុទាំង ១០ នេះ ពួកសត្វណា បានសេពគប់ បានអប់រំ បានធ្វើឲ្យច្រើន បានធ្វើឲ្យដុះ​ដាលហើយ ពួកសត្វនោះ ឈ្មោះថា មានធូលីច្រើនក្នុងភ្នែក។ ពួកសត្វមាន​ធូលីតិចក្នុងភ្នែកនោះ តើដូចម្តេច។ កិលេសវត្ថុ ១០ នេះ ពួកសត្វណា មិនបាន​សេពគប់ មិនបានអប់រំ មិនបានធ្វើឲ្យច្រើន មិនបានធ្វើឲ្យដុះ​ដាលហើយ ពួកសត្វ​នោះឯង ឈ្មោះថា មានធូលីតិចក្នុងភ្នែក។ ពួកសត្វមានឥន្រ្ទិយទន់​នោះ​ តើដូចម្តេច។ ឥន្រ្ទិយ ៥ គឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ឥន្រ្ទិយទាំង ៥ នេះ ពួកសត្វណា មិនបានសេពគប់ មិនបានអប់រំ មិន​បានធ្វើឲ្យច្រើន មិនបានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មាន​ឥន្រ្ទិយទន់។ ពួកសត្វមានឥន្រ្ទិយចាស់ក្លានោះ តើដូចម្តេច។ ឥន្រ្ទិយទាំង ៥ នេះ ពួកសត្វណា បានសេពគប់ បានអប់រំ បានធ្វើឲ្យច្រើន បានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានឥន្រ្ទិយចាស់ក្លា។ ពួកសត្វមានអាការអាក្រក់​នោះ តើដូចម្តេច។ ពួកសត្វណា មានអាសយៈអាក្រក់ មានអនុសយៈអាក្រក់ មានចរិតអាក្រក់ មានអធ្យាស្រ័យអាក្រក់ មានធូលីច្រើនក្នុងភ្នែក មាន​ឥន្រ្ទិយទន់ ពួកសត្វនោះឯងឈ្មោះថា មានអាការអាក្រក់។ ពួកសត្វមាន​អាការល្អ​នោះ តើដូចម្តេច។ ពួកសត្វណា មានអាសយៈល្អ មានចរិតល្អ មាន​អធ្យាស្រ័យ​ល្អ មានធូលីតិចក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា ពួកសត្វនោះឯង ឈ្មោះថា មាន​អាការល្អ។ ពួកសត្វដែលឲ្យត្រាស់ដឹងក្រនោះ តើដូចម្តេច។ ពួកសត្វ​ណា មានអាការអាក្រក់ ពួកសត្វនោះ ឈ្មោះថា ឲ្យត្រាស់ដឹងក្រ ពួកសត្វណា មានអាការល្អ ពួកសត្វនោះ ឈ្មោះថា ឲ្យត្រាស់ដឹងងាយ។ ពួក​សត្វឥតភ័ព្វ​នោះ តើដូចម្តេច។ ពួកសត្វណា ប្រកបដោយការរារាំង គឺ​អនន្តរិយកម្ម ប្រកប​ដោយការរារាំង គឺនិយតមិច្ឆាទិដ្ឋិ ប្រកបដោយការរារាំង គឺ​អហេតុកបដិសន្ធិ ជា​អ្នកមិនមានសទ្ធា មិនមានសេចក្តីប្រាថ្នា ឥតប្រាជ្ញា មិនគួរចុះកាន់​សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកសត្វនោះឯង ឈ្មោះថា ឥតភ័ព្វ។ ពួកសត្វមានភ័ព្វ​នោះ តើដូចម្តេច។ ពួកសត្វណា ជាអ្នកមិនប្រកបដោយការ​រារាំង គឺអនន្តរិយកម្ម មិនប្រកបដោយការរារាំង គឺនិយតមិច្ឆាទិដ្ឋិ មិនប្រកបដោយ​ការរារាំង គឺ​អហេតុកបដិសន្ធិ ជាអ្នកមានសទ្ធា មានសេចក្តីប្រាថ្នា មានប្រាជ្ញា គួរចុះកាន់​សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកសត្វនោះឯង ឈ្មោះថា មានភ័ព្វ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការ​ពិចារណា​នូវ​ធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វ​ដទៃ របស់ពួកបុគ្គលដទៃ។

[៧៩] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និង​សមាបត្តិ តើដូចម្តេច។ ពាក្យថា បុគ្គលមានឈាន បានដល់បុគ្គលមានឈាន ៤ ពួក គឺបុគ្គលមានឈានពួកមួយ សំគាល់នូវសម្បត្តិ ថាជាវិបត្តិក៏មាន បុគ្គល​មានឈានពួកមួយ សំគាល់នូវវិបត្តិ ថាជាសម្បត្តិក៏មាន បុគ្គលមានឈានពួក​មួយ សំគាល់នូវសម្បត្តិ ថាជាសម្បត្តិក៏មាន បុគ្គលមានឈានពួកមួយ សំគាល់នូវវិបត្តិ ថាជាវិបត្តិក៏មាន នេះឈ្មោះថា បុគ្គលមានឈាន​ ៤ ពួក។ បុគ្គលមានឈាន ៤ ពួក ដទៃទៀត គឺបុគ្គលមានឈានពួកមួយ ចូលឈាន​យឺត​យូរ តែចេញរហ័សក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានរហ័ស តែចេញ​យឺតយូរក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានយឺតយូរ ចេញក៏យឺតយូរ​ក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានរហ័ស ចេញក៏រហ័សក៏មាន នេះ​ឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ បុគ្គលមានឈាន ៤ ពួក ដទៃទៀត គឺ​បុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិ តែមិនឈ្លាសក្នុងការចូលក្នុងសមាធិក៏មាន បុគ្គលមានឈានពួកមួយ ជាអ្នក​ឈ្លាសក្នុងការចូលក្នុងសមាធិ តែមិនឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុង​សមាធិក៏មាន បុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាសក្នុងការធ្វើចិត្តឲ្យនឹង​ធឹងក្នុងសមាធិផង ជាអ្នកឈ្លាសក្នុងការចូលក្នុងសមាធិផងក៏មាន បុគ្គល​មានឈានពួកមួយ ជាអ្នកមិនឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិ ទាំង​មិនឈ្លាសក្នុងការចូលក្នុងសមាធិក៏មាន នេះឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ ពាក្យថា ឈាន បានដល់ឈាន ៤ គឺ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ពាក្យថា វិមោក្ខ បានដល់វិមោក្ខ ៨ គឺបុគ្គលមានរូប ឃើញ​នូវរូប នេះវិមោក្ខទី ១ បុគ្គលមានសេចក្តីសំគាល់ថា មិនមានរូបខាងក្នុង ឃើញ​នូវរូបខាងក្រៅ នេះវិមោក្ខទី ២ បុគ្គលមានអធ្យាស្រ័យ (សំគាល់) ថារូបល្អ នេះ​វិមោក្ខទី ៣ បុគ្គលកន្លងបង់នូវរូបសញ្ញា ដល់នូវការរលត់បដិឃសញ្ញា មិនធ្វើ​ទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត នេះវិមោក្ខទី ៤ បុគ្គល​កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន​ ដោយប្រការទាំងពួង ក៏ចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត នេះវិមោក្ខទី ៥ បុគ្គលកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីតិចតួច មិនមាន នេះវិមោក្ខទី ៦ បុគ្គល​កន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះវិមោក្ខទី ៧ បុគ្គលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយ​ប្រការទាំងពួង ក៏ចូលសញ្ញាវេទយិតនិរោធ នេះវិមោក្ខទី ៨។ ពាក្យថា សមាធិ បានដល់សមាធិ ៣ គឺ សមាធិប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ សមាធិមិនមានទាំងវិតក្កៈ មិនមានទាំង​វិចារៈ។ ពាក្យថា សមាបត្តិ បានដល់អនុបុព្វវិហារសមាបត្តិ ៩ គឺបឋមជ្ឈានសមាបត្តិ ទុតិយជ្ឈានសមាបត្តិ តតិយជ្ឈានសមាបត្តិ ចតុត្ថជ្ឈានសមាបត្តិ អាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ សញ្ញាវេទយិតនិរោធសមាបត្តិ។ ពាក្យថា សេចក្តីសៅហ្មង បានដល់ធម៌ជាចំណែកនៃសេចក្តីសាបសូន្យ។ ពាក្យ​ថា សេចក្តីផូរផង់ បានដល់ធម៌ជាចំណែកនៃគុណវិសេស។ ពាក្យថា ការ​ចេញ គឺសេចក្តីផូរផង់ ឈ្មោះថា ការចេញ ទាំងការចេញចាកសមាធិនោះៗ ក៏​ឈ្មោះថាការចេញដែរ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិន​វង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះ​ឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវ​សេចក្តីផូរផង់ នូវការចេញនៃឈានវិមោក្ខ សមាធិ និងសមាបត្តិ។

[៨០] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលនៅអាស្រ័យក្នុងភពមុន តើដូចម្តេច។ ព្រះតថាគតក្នុង​លោកនេះ រលឹកជាតិដែលបាននៅអាស្រ័យក្នុងភពមុន ជាអនេកជាតិ គឺរលឹក​បាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកបានច្រើនសំវដ្ដកប្បៈ ច្រើនវិវដ្តកប្បៈ ច្រើនសំវដ្ដវិវដ្ដកប្បៈក៏បាន ដូច្នេះថា តថាគត បានកើតក្នុងភព​ឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មាន​អាហារ​យ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគត លុះ​ច្យុត​ចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភព​នោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរសយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតនោះ លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ ព្រះតថាគត រលឹកតាមនូវជាតិ ដែលនៅអាស្រ័យក្នុងភពមុន បានច្រើនជាតិ ព្រមទាំង​អាការៈ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលនៅអាស្រ័យ​ក្នុងភពមុន។

[៨១] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការច្យុតិ និងការកើតរបស់ពួកសត្វ តើដូចម្តេច។ ព្រះតថាគតក្នុងលោក​នេះ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួក​សត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈ​អាក្រក់ មានគតិល្អ មានគតិអាក្រក់ ក៏ដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅ​តាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវពួកព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស សត្វទាំង​នោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានចូលទៅកាន់​កំណើតអបាយ ទុគ្គតិ វិនិបាតនរក មួយទៀត អើហ្ន៎ សត្វទាំងឡាយអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវពួកព្រះអរិយៈ មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាម​សេចក្តីយល់ត្រូវ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តី​ស្លាប់ ក៏បានចូលទៅកាន់លោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រះតថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់ ក៏ដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន) ដោយប្រការដូច្នេះ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការច្យុតិ និងការកើត របស់ពួកសត្វ។

[៨២] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការអស់ទៅនៃអាសវៈទាំងឡាយ តើដូចម្តេច។ ព្រះតថាគតក្នុងលោក​នេះ ព្រោះការអស់ទៅនៃអាសវៈ ក៏ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេច​សម្រាន្តនៅ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការ​ជ្រាបច្បាស់តាមពិត នូវការអស់ទៅនៃអាសវៈទាំងឡាយ។

ចប់ ញាណវិភង្គ។

 

លេខយោង

km/tipitaka/abh/vb/abh.vb.16.txt · ពេលកែចុងក្រោយ: 2024/08/13 12:13 និពន្ឋដោយ 127.0.0.1