(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 16 02 បាលី cs-km: abh.vb.16.02 អដ្ឋកថា: abh.vb.16.02_att PTS: ?
[និទ្ទេស]
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
[និទ្ទេសោ]
(១. ឯកកនិទ្ទេសោ)
[៣៥] វិញ្ញាណ ៥ មិនមែនហេតុ មិនមានហេតុ ប្រាសចាកហេតុ ប្រកបដោយបច្ច័យ ត្រូវបច្ច័យប្រជុំតាក់តែង ជាអរូប ជាលោកិយ ប្រកបដោយអាសវៈ ជាប្រយោជន៍ដល់សញ្ញោជនៈ ដែលគន្ថៈគប្បីដោតក្រង ដែលឱឃៈគប្បីប្រព្រឹត្តកន្លង ដែលយោគៈគប្បីប្រព្រឹត្តកន្លង ជាប្រយោជន៍ដល់នីវរណៈ ដែលបរាមាសៈស្ទាបអង្អែល ជាប្រយោជន៍ដល់ឧបាទាន គួរដល់នូវសេចក្តីសៅហ្មង ជាអព្យាក្រឹត ប្រកបដោយអារម្មណ៍ មិនមែនចេតសិក ជាវិបាក មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន មិនសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង មិនប្រកបដោយវិតក្កៈ តែប្រកបដោយវិចារៈ មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មិនកើតព្រមដោយបីតិ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនា មិនដល់នូវការសន្សំ (កម្មក្កិលេស) ទាំងមិនដល់នូវការមិនសន្សំ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល មានសភាពតូចឆ្មារ ជាកាមាវចរ មិនមែនរូបាវចរ មិនមែនអរូបាវចរ ជាបរិយាបន្នៈ មិនមែនអបរិយាបន្នៈ ជាសភាពមិនទៀង ជាអនិយ្យានិកៈ ដែលកើតឡើងហើយ ដែលគួរដឹងដោយមនោវិញ្ញាណ មិនទៀង ដែលត្រូវជរាគ្របសង្កត់។
[៣៦] ត្រង់ពាក្យថា វិញ្ញាណ ៥ មានវត្ថុកើតហើយ មានអារម្មណ៍កើតហើយ គឺកាលបើវត្ថុ និងអារម្មណ៍កើតហើយ វិញ្ញាណទាំងឡាយ ក៏កើតឡើងដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុកើតហើយក្នុងកាលមុន មានអារម្មណ៍កើតហើយក្នុងកាលមុន គឺកាលបើវត្ថុកើតហើយក្នុងកាលមុន និងអារម្មណ៍កើតហើយក្នុងកាលមុន វិញ្ញាណទាំងឡាយ ក៏កើតឡើងដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ គឺវិញ្ញាណទាំង ៥ មានវត្ថុខាងក្នុង មានអារម្មណ៍ខាងក្រៅ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុមិនច្រឡំគ្នា មានអារម្មណ៍មិនច្រឡំគ្នា គឺកាលបើវត្ថុមិនច្រឡំគ្នា កាលបើអារម្មណ៍មិនច្រឡំគ្នា វិញ្ញាណទាំងឡាយ ក៏កើតឡើងដែរ។ ពាក្យថា (វិញ្ញាណ ៥) មានវត្ថុផ្សេងៗ មានអារម្មណ៍ផ្សេងៗ គឺវត្ថុ និងអារម្មណ៍របស់ចក្ខុវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់សោតវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់ឃានវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់ជិវ្ហាវិញ្ញាណ ដោយឡែក វត្ថុ និងអារម្មណ៍របស់កាយវិញ្ញាណ ដោយឡែក។ ពាក្យថា (វិញ្ញាណ ៥) មិនរងអារម្មណ៍ជាទីគោចរនៃគ្នានឹងគ្នាទេ គឺសោតវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់សោតវិញ្ញាណ ឃានវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ជិវ្ហាវិញ្ញាណ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ របស់សោតវិញ្ញាណ។ បេ។ របស់ឃានវិញ្ញាណ។ បេ។ របស់ជិវ្ហាវិញ្ញាណ។ បេ។ ចក្ខុវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ចក្ខុវិញ្ញាណ សោតវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់សោតវិញ្ញាណ ឃានវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់កាយវិញ្ញាណ កាយវិញ្ញាណមិនរងអារម្មណ៍ជាទីគោចររបស់ជិវ្ហាវិញ្ញាណ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះការមិនប្រមូលមក (នូវអារម្មណ៍) គឺកាលបុគ្គលប្រមូលមក (នូវអារម្មណ៍ មានរូបារម្មណ៍ជាដើម) វិញ្ញាណទាំងឡាយ ក៏កើតឡើង។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះការមិនធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) គឺកាលបុគ្គលធ្វើទុកក្នុងចិត្ត (នូវអារម្មណ៍) វិញ្ញាណទាំងឡាយ ក៏កើតឡើង។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង ព្រោះការមិនច្រឡំគ្នា គឺមិនកើតឡើងតាមលំដាប់គ្នាទេ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើង មិនមុនមិនក្រោយ គឺមិនកើតក្នុងខណៈជាមួយគ្នាទេ។ ពាក្យថា (វិញ្ញាណ ៥) មិនកើតឡើងក្នុងលំដាប់នៃគ្នានិងគ្នា គឺសោតវិញ្ញាណ មិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃសោតវិញ្ញាណដែលកើតហើយដែរ ឃានវិញ្ញាណមិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃឃានវិញ្ញាណដែលកើតហើយដែរ ជិវ្ហាវិញ្ញាណ មិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃជិវ្ហាវិញ្ញាណដែលកើតហើយដែរ កាយវិញ្ញាណមិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយ ទាំងចក្ខុវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយដែរ ចក្ខុវិញ្ញាណ មិនកើតក្នុងលំដាប់នៃសោតវិញ្ញាណ។ បេ។ នៃឃានវិញ្ញាណ។ បេ។ នៃជិវ្ហាវិញ្ញាណ។ បេ។ នៃកាយវិញ្ញាណដែលកើតហើយ ទាំងកាយវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃចក្ខុវិញ្ញាណដែលកើតហើយដែរ សោតវិញ្ញាណមិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយ ទាំងកាយវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃសោតវិញ្ញាណដែលកើតហើយដែរ ឃានវិញ្ញាណ មិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយ ទាំងកាយវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃឃានវិញ្ញាណដែលកើតហើយដែរ ជិវ្ហាវិញ្ញាណ មិនកើតក្នុងលំដាប់នៃកាយវិញ្ញាណដែលកើតហើយ ទាំងកាយវិញ្ញាណ ក៏មិនកើតក្នុងលំដាប់នៃជិវ្ហាវិញ្ញាណដែលកើតហើយដែរ។ ពាក្យថា វិញ្ញាណ ៥ មិនមានគ្រឿងអាង គឺវិញ្ញាណទាំង ៥ មិនមានការនឹក មិនមានគ្រឿងអាង មិនមានការប្រមូលមក មិនមានការធ្វើទុកក្នុងចិត្តទេ។ ពាក្យថា បុគ្គលមិនដឹងច្បាស់នូវធម៌ណាមួយ ដោយវិញ្ញាណទាំង ៥ គឺបុគ្គលមិនដឹងច្បាស់នូវធម៌ណាមួយ ដោយវិញ្ញាណទាំង ៥។ ពាក្យថា បើវៀរចាកការប៉ះពាល់នូវអារម្មណ៍ គឺបើវៀរចាកអារម្មណ៍ មានរូបារម្មណ៍ជាដើម ដែលមកកាន់គន្លងនៃទ្វារ មានចក្ខុទ្វារជាដើម។ ពាក្យថា បុគ្គលមិនដឹងច្បាស់នូវធម៌ណាមួយក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺបុគ្គលមិនដឹងច្បាស់នូវធម៌ណាមួយ ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនសម្រេចនូវឥរិយាបថណាមួយ ដោយវិញ្ញាណទាំង ៥ ឥរិយាបថ សេចក្តីថា មិនសម្រេចឥរិយាបថណាមួយ គឺការដើរក្តី ការឈរក្តី ការអង្គុយក្តី ការដេកក្តី ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនសម្រេចឥរិយាបថណាមួយ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ សេចក្តីថា មិនសម្រេចឥរិយាបថណាមួយ គឺការដើរក្តី ការឈរក្តី ការអង្គុយក្តី ការដេកក្តី ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្ម ដោយវិញ្ញាណទាំង ៥ គឺមិនតាំងផ្តើមនូវកាយកម្ម និងវចីកម្ម ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនតាំងផ្តើមកាយកម្ម មិនតាំងផ្តើមវចីកម្មក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនតាំងផ្តើមនូវកាយកម្ម និងវចីកម្ម ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនកាន់យកនូវធម៌ជាកុសល និងអកុសល ដោយវិញ្ញាណទាំង ៥ គឺមិនសមាទាននូវធម៌ជាកុសល និងអកុសល ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនកាន់យកនូវធម៌ជាកុសល និងអកុសល ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនសមាទាននូវធម៌ជាកុសល និងអកុសល ដោយមនោធាតុ ក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនចូលឈាន មិនចេញចាកឈាន ដោយវិញ្ញាណទាំង ៥ គឺមិនចូល មិនចេញ ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនចូលឈាន មិនចេញចាកឈាន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនចូល មិនចេញ ដោយមនោធាតុក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនច្យុត មិនកើត ដោយវិញ្ញាណទាំង ៥ គឺមិនឃ្លាត មិនកកើត ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនច្យុត មិនកើត ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺ មិនឃ្លាត មិនកកើត ដោយមនោធាតុក្នុងលំដាប់នៃវិញ្ញាណទាំង ៥។ ពាក្យថា មិនលក់ មិនភ្ញាក់ មិនឃើញសុបិន ដោយវិញ្ញាណទាំង ៥ គឺមិនដេកលក់ មិនដឹងស្មារតី មិនយល់សប្តិ ដោយវិញ្ញាណទាំង ៥។ ពាក្យថា មិនលក់ មិនភ្ញាក់ មិនឃើញសុបិន ក្នុងលំដាប់នៃវិញ្ញាណទាំង ៥ គឺមិនដេកលក់ មិនដឹងស្មារតី មិនយល់សប្តិ ដោយមនោធាតុក្នុងលំដាប់នៃវិញ្ញាណទាំង ៥។
បញ្ញាជាគ្រឿងសំដែងតាមលំដាប់នៃមាតិកា យ៉ាងនេះឯង។
ញាណវត្ថុមានប្រការ ១ យ៉ាងនេះ។
(២. ទុកនិទ្ទេសោ)
[៣៧] បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាលោកិយ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាលោកុត្តរ។ បញ្ញាទាំងអស់ បុគ្គលត្រូវដឹងដោយវិញ្ញាណនីមួយ មិនត្រូវដឹងដោយវិញ្ញាណនីមួយ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រកបដោយអាសវៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនមានអាសវៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍ដល់សញ្ញោជនៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលគន្ថៈគប្បីដោតក្រង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលគន្ថៈមិនគប្បីដោតក្រង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកគន្ថៈ ទាំងគន្ថៈមិនគប្បីដោតក្រង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលឱឃៈគប្បីប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកឱឃៈ តែឱឃៈគប្បីប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកឱឃៈ ទាំងឱឃៈមិនគប្បីប្រព្រឹត្តកន្លង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលយោគៈគប្បីប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលយោគៈមិនគប្បីប្រព្រឹត្តកន្លង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកយោគៈ តែយោគៈគប្បីប្រព្រឹត្តកន្លង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកយោគៈ ទាំងយោគៈមិនគប្បីប្រព្រឹត្តកន្លង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍ដល់នីវរណៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍ដល់នីវរណៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលបរាមាសៈស្ទាបអង្អែល បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលបរាមាសៈមិនស្ទាបអង្អែល។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកបរាមាសៈ តែបរាមាសៈស្ទាបអង្អែល បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែល។ បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកិលេស មានតណ្ហាជាដើមកាន់យកហើយ បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយា និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនជាប្រយោជន៍ដល់ឧបាទាន។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាគួរដល់នូវសេចក្តីសៅហ្មង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមិនគួរដល់នូវសេចក្តីសៅហ្មង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រាសចាកសេចក្តីសៅហ្មង តែគួរដល់នូវសេចក្តីសៅហ្មង បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង។ បញ្ញាសម្បយុត្តដោយវិតក្កៈ ឈ្មោះថា បញ្ញាប្រកបដោយវិតក្កៈ បញ្ញាប្រាសចាកវិតក្កៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ។ បញ្ញាសម្បយុត្តដោយវិចារៈ ឈ្មោះថា បញ្ញាប្រកបដោយវិចារៈ បញ្ញាប្រាសចាកវិចារៈ ឈ្មោះថា បញ្ញាមិនមានវិចារៈ។ បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាប្រកបដោយបីតិ បញ្ញាប្រាសចាកបីតិ ឈ្មោះថា បញ្ញាមិនមានបីតិ។ បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាកើតព្រមដោយបីតិ បញ្ញាប្រាសចាកបីតិ ឈ្មោះថា បញ្ញាមិនកើតព្រមដោយបីតិ។ បញ្ញាសម្បយុត្តដោយសុខ ឈ្មោះថា បញ្ញាកើតព្រមដោយសុខ បញ្ញាប្រាសចាកសុខ ឈ្មោះថា បញ្ញាមិនកើតព្រមដោយសុខ។ បញ្ញាសម្បយុត្តដោយឧបេក្ខា ឈ្មោះថា បញ្ញាកើតព្រមដោយឧបេក្ខា បញ្ញាប្រាសចាកឧបេក្ខា ឈ្មោះថា បញ្ញាមិនកើតព្រមដោយឧបេក្ខា។ បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាកាមាវចរ ឯបញ្ញាជារូបាវចរ បញ្ញាជាអរូបាវចរ បញ្ញាជាអបរិយាបន្នៈ មិនឈ្មោះថា បញ្ញាជាកាមាវចរទេ។ បញ្ញាក្នុងរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជារូបាវចរ ឯបញ្ញាជាកាមាវចរ បញ្ញាជាអរូបាវចរ បញ្ញាជាអបរិយាបន្នៈ មិនឈ្មោះថា បញ្ញាជារូបាវចរទេ។ បញ្ញាក្នុងអរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាអរូបាវចរ ឯបញ្ញាជាកាមាវចរ បញ្ញាជារូបាវចរ បញ្ញាជាអបរិយាបន្នៈ មិនឈ្មោះថា បញ្ញាជាអរូបាវចរទេ។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាបរិយាបន្នៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាអបរិយាបន្នៈ។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជានិយ្យានិកៈ បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ក្នុងកិរិយា និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាជាអនិយ្យានិកៈ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាទៀង បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តក្នុងភូមិ ៤ ក្នុងកិរិយា អព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនទៀង។ បញ្ញាក្នុងកុសល និងអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាប្រកបដោយឧត្តរៈ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាអនុត្តរៈ។ បណ្តាបញ្ញាទាំងនោះ បញ្ញាញ៉ាំងប្រយោជន៍ឲ្យកើត តើដូចម្តេច។ បញ្ញាជាកិរិយាអព្យាក្រឹត ក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ របស់ព្រះអរហន្ត កាលញ៉ាំងអភិញ្ញាឲ្យកើតឡើង កាលញ៉ាំងសមាបត្តិឲ្យកើតឡើង ឈ្មោះថា បញ្ញាញ៉ាំងប្រយោជន៍ឲ្យកើត បញ្ញាជាកិរិយាអព្យាក្រឹត ក្នុងអភិញ្ញាដែលកើតហើយ ក្នុងសមាបត្តិដែលកើតហើយ របស់ព្រះអរហន្ត ក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាមានប្រយោជន៍កើតហើយ។
ញាណវត្ថុ មានប្រការ ២ យ៉ាងនេះឯង។
(៣. តិកនិទ្ទេសោ)
[៣៨] បណ្តាបញ្ញាទាំងនោះ ចិន្តាមយប្បញ្ញា តើដូចម្តេច។ បុគ្គលមិនបានស្តាប់ (នូវពាក្យពន្យល់) អំពីសំណាក់បុគ្គលដទៃទេ តែបាននូវសេចក្តីគាប់ចិត្ត នូវសេចក្តីយល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យឃើញ នូវការចូលចិត្តក្នុងការសំឡឹងមើលនូវធម៌ ដ៏សមគួរណា យ៉ាងនេះ ក្នុងការងារប្រកបដោយឧបាយបញ្ញាក្តី ក្នុងសិល្បសាស្រ្ត ប្រកបដោយឧបាយបញ្ញាក្តី ក្នុងវិជ្ជាស្ថាន ប្រកបដោយឧបាយបញ្ញាក្តី ថាសត្វមានកម្មជារបស់ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះហៅថា ចិន្តាមយប្បញ្ញា។ បណ្តាបញ្ញាទាំងនោះ សុតមយប្បញ្ញា តើដូចម្តេច។ បុគ្គលបានស្តាប់ (នូវពាក្យពន្យល់) អំពីសំណាក់នៃបុគ្គលដទៃ ហើយបាននូវសេចក្តីគាប់ចិត្ត នូវសេចក្តីយល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យឃើញ នូវការចូលចិត្តក្នុងការសម្លឹងមើលនូវធម៌ ដ៏សមគួរ យ៉ាងនេះ ក្នុងការងារប្រកបដោយឧបាយប្រាជ្ញាក្តី ក្នុងសិល្បសាស្រ្តប្រកបដោយឧបាយប្រាជ្ញាក្តី ក្នុងវិជ្ជាស្ថាន ប្រកបដោយឧបាយប្រាជ្ញាក្តី ថាសត្វមានកម្មជារបស់ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះហៅថា សុតមយប្បញ្ញា។ បញ្ញាទាំងអស់ របស់បុគ្គលចូលកាន់សមាបត្តិ ឈ្មោះថា ភាវនាមយប្បញ្ញា។
[៣៩] បណ្តាបញ្ញាទាំងនោះ ទានមយប្បញ្ញា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធទាន ព្រោះបានទាន នេះហៅថា ទានមយប្បញ្ញា។ បណ្តាបញ្ញាទាំងនោះ សីលមយប្បញ្ញា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធសីល ព្រោះបានសីល នេះហៅថា សីលមយប្បញ្ញា។ បញ្ញាទាំងអស់របស់បុគ្គល ដែលចូលកាន់សមាបត្តិ ឈ្មោះថា ភាវនាមយប្បញ្ញា។
[៤០] បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិសីល តើដូចម្តេច។ កាលដែលបុគ្គលសង្រួមក្នុងបាតិមោក្ខសំវរៈ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាក្នុងអធិសីល។ បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិចិត្ត តើដូចម្តេច។ កាលបុគ្គលចូលកាន់រូបាវចរសមាបត្តិ និងអរូបាវចរសមាបត្តិ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាក្នុងអធិចិត្ត។ បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិប្បញ្ញា តើដូចម្តេច។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ នេះហៅថា បញ្ញាក្នុងអធិប្បញ្ញា។
[៤១] បណ្តាបញ្ញាទាំងនោះ សេចក្តីឈ្លាសក្នុងការចំរើន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះថា កាលបុគ្គលធ្វើទុកក្នុងចិត្ត នូវធម៌ពួកនេះ ធម៌ទាំងឡាយជាអកុសលដែលមិនទាន់កើត ក៏មិនកើតឡើង ទាំងពួកធម៌ជាអកុសល ដែលកើតហើយ ក៏សាបសូន្យទៅវិញ ពុំនោះសោត កាលបុគ្គលធ្វើទុកក្នុងចិត្តនូវធម៌ពួកនេះ ៗ ធម៌ទាំងឡាយជាកុសល ដែលមិនទាន់កើត ក៏កើតឡើង ទាំងពួកធម៌ជាកុសលដែលកើតហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាពដ៏ក្រៃលែង ដើម្បីភាពដ៏ធំទូលាយ ដើម្បីសេចក្តីចំរើន ដើម្បីពេញលេញ នេះហៅថា សេចក្តីឈ្លាសក្នុងការចំរើន។ បណ្តាបញ្ញាទាំងនោះ សេចក្តីឈ្លាសក្នុងការមិនចំរើន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះថា កាលបុគ្គលធ្វើទុកក្នុងចិត្តនូវធម៌ពួកនេះ ធម៌ទាំងឡាយជាកុសល ដែលមិនទាន់កើត ក៏មិនកើតឡើង ទាំងពួកធម៌ជាកុសលដែលកើតហើយ ក៏រលត់ទៅវិញ ពុំនោះសោត កាលបុគ្គលធ្វើទុកក្នុងចិត្តនូវធម៌ពួកនេះ ៗ ធម៌ទាំងឡាយជាអកុសល ដែលមិនទាន់កើត ក៏កើតឡើង ទាំងពួកធម៌ជាអកុសល ដែលកើតហើយ ក៏ប្រព្រឹត្តទៅដើម្បីភាពដ៏ក្រៃលែង ដើម្បីភាពដ៏ធំទូលាយ នេះហៅថា សេចក្តីឈ្លាសក្នុងការមិនចំរើន។ បញ្ញាទាំងអស់ ជាឧបាយក្នុងធម៌ទាំងនោះ ឈ្មោះថា សេចក្តីឈ្លាសក្នុងឧបាយ។
[៤២] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាជាវិបាក បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាមានវិបាកធម៌ជាប្រក្រតី បញ្ញាក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី។
[៤៣] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។
[៤៤] បញ្ញាសម្បយុត្តដោយវិតក្កៈ និងវិចារៈ ឈ្មោះថា បញ្ញាប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ បញ្ញាប្រាសចាកវិតក្កៈ តែសម្បយុត្តដោយវិចារៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ បញ្ញាប្រាសចាកវិតក្កៈ និងវិចារៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ។
[៤៥] បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាកើតព្រមដោយបីតិ បញ្ញាសម្បយុត្តដោយសុខ ឈ្មោះថា បញ្ញាកើតព្រមដោយសុខ បញ្ញាសម្បយុត្តដោយឧបេក្ខា ឈ្មោះថា បញ្ញាកើតព្រមដោយឧបេក្ខា។
[៤៦] បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដល់នូវការសន្សំ (កម្មក្កិលេស) បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាដល់នូវការមិនសន្សំ បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ និងក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ។
[៤៧] បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៣ ឈ្មោះថា បញ្ញាជារបស់សេក្ខបុគ្គល បញ្ញាក្នុងអរហត្តផលជាន់លើ ឈ្មោះថា បញ្ញាជារបស់អសេក្ខបុគ្គល បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល។
[៤៨] បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាតូចឆ្មារ បញ្ញាក្នុងរូបាវចរកុសល អរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាមានសភាពធំ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមានប្រមាណមិនបាន។
[៤៩] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយតូចឆ្មារ នេះហៅថា បញ្ញាមានអារម្មណ៍តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយ ដល់នូវសភាពធំ នេះហៅថា បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ប្រមាណមិនបាន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌មានប្រមាណមិនបាន នេះហៅថា បញ្ញាមានអារម្មណ៍ប្រមាណមិនបាន។
[៥០] បណ្តាបញ្ញាទាំងនោះ បញ្ញាមានមគ្គជាអារម្មណ៍ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធអរិយមគ្គ នេះហៅថា បញ្ញាមានមគ្គជាអារម្មណ៍។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាមានមគ្គជាហេតុ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានមគ្គជាអធិបតី តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះធ្វើអរិយមគ្គឲ្យជាអធិបតី នេះហៅថា បញ្ញាមានមគ្គជាអធិបតី។
[៥១] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ កើតឡើងហើយក៏មាន បម្រុងនឹងកើតឡើង តែមិនគួរពោលថា មិនទាន់កើតឡើងក៏មាន បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ និងក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ កើតឡើងហើយក៏មាន មិនទាន់កើតឡើង តែមិនគួរពោលថា បម្រុងនឹងកើតឡើងក៏មាន។
[៥២] បញ្ញាទាំងអស់ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន។
[៥៣] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ជាអតីត តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយជាអតីត នេះហៅថា បញ្ញាមានអារម្មណ៍ជាអតីត។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ជាអនាគត តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាអនាគត នេះហៅថា បញ្ញាមានអារម្មណ៍ជាអនាគត។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ជាបច្ចុប្បន្ន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាបច្ចុប្បន្ន នេះហៅថា បញ្ញាមានអារម្មណ៍ជាបច្ចុប្បន្ន។
[៥៤] បញ្ញាទាំងអស់ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។
[៥៥] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ខាងក្នុង តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាខាងក្នុង នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្នុង។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ខាងក្រៅ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាខាងក្រៅ នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្រៅ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ខាងក្នុង និងខាងក្រៅ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវធម៌ទាំងឡាយជាខាងក្នុង និងខាងក្រៅ នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្នុង និងខាងក្រៅ។
ញាណវត្ថុ មានប្រការ ៣ យ៉ាងនេះឯង។
(៤. ចតុក្កនិទ្ទេសោ)
[៥៦] បណ្តាញាណទាំងនោះ កម្មស្សកតញ្ញាណ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា មានសភាពយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយមានផល ការបូជាធំមានផល ការបូជាតូចមានផល ផលវិបាករបស់កម្មទាំងឡាយ ដែលបុគ្គលធ្វើល្អធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន ការប្រព្រឹត្តិខុស ឬត្រូវក្នុងមាតា មានផល (បាបបុណ្យ) ការប្រព្រឹត្តិខុស ឬត្រូវក្នុងបិតា មានផល (បាបបុណ្យ) ពួកសត្វជាឱបបាតិកៈកំណើត មានពួកសមណព្រាហ្មណ៍ក្នុងលោក ដែលប្រព្រឹត្តត្រឹមត្រូវ ប្រតិបត្តិប្រពៃ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ហើយប្រកាសក៏មាន នេះហៅថា កម្មស្សកតញ្ញាណ សូម្បីបញ្ញាជាកុសល ដែលប្រកបដោយអាសវៈទាំងអស់ វៀរលែងតែសច្ចានុលោមិកញ្ញាណចេញ ក៏ឈ្មោះថា កម្មស្សកតញ្ញាណដែរ។ បណ្តាញាណទាំងនោះ សច្ចានុលោមិកញ្ញាណ តើដូចម្តេច។ សេចក្តីចូលចិត្ត សេចក្តីយល់ឃើញ សេចក្តីពេញចិត្ត ការឈ្វេងយល់ ការពិនិត្យឃើញ សេចក្តីចូលចិត្តក្នុងការសំឡឹងមើលនូវធម៌ ដ៏សមគួរណា មានសភាពយ៉ាងនេះថា រូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះហៅថា សច្ចានុលោមិកញ្ញាណ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ។ បញ្ញាក្នុងផល ៤ ឈ្មោះថា ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយផល។
[៥៧] ញាណរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តីដឹងក្នុងកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងហេតុនាំឲ្យកើតកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងធម៌ជាទីរលត់នៃកងទុក្ខ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខ។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងកងទុក្ខ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវទុក្ខ នេះហៅថា សេចក្តីដឹងក្នុងកងទុក្ខ។ ព្រោះប្រារព្ធនូវហេតុនាំឲ្យកើតកងទុក្ខ។ បេ។ ព្រោះប្រារព្ធនូវធម៌ជាទីរលត់នៃកងទុក្ខ។ បេ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវបដិបទា ជាដំណើរទៅកាន់ទីរលត់កងទុក្ខ នេះហៅថា សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខ។
[៥៨] បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាកាមាវចរ បញ្ញាក្នុងរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជារូបាវចរ បញ្ញាក្នុងអរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាជាអរូបាវចរ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាជាអបរិយាបន្នៈ។
[៥៩] បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងធម៌ តើដូចម្តេច។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា សេចក្តីដឹងក្នុងធម៌។ អ្នកផងតែងណែនាំនូវសេចក្តីពន្យល់ ក្នុងកាលជាអតីត និងកាលជាអនាគត តាមធម៌នេះ ដែលខ្លួនបានដឹង បានឃើញ បានសម្រេច បានដឹងច្បាស់ បានជឿជាក់ហើយ មែនពិត បុគ្គលណាមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងកាលជាអតីត បានដឹងច្បាស់នូវទុក្ខ បានដឹងច្បាស់នូវទុក្ខសមុទ័យ បានដឹងច្បាស់នូវទុក្ខនិរោធ បានដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទា បុគ្គលទាំងនោះ បានដឹងច្បាស់នូវទុក្ខនេះឯង បានដឹងច្បាស់នូវទុក្ខសមុទ័យនេះឯង បានដឹងច្បាស់នូវទុក្ខនិរោធនេះឯង បានដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទានេះឯង បុគ្គលណាមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងកាលជាអនាគត នឹងដឹងច្បាស់នូវទុក្ខ នឹងដឹងច្បាស់នូវទុក្ខសមុទ័យ នឹងដឹងច្បាស់នូវទុក្ខនិរោធ នឹងដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទា បុគ្គលទាំងនោះ នឹងដឹងច្បាស់នូវទុក្ខនេះឯង នឹងដឹងច្បាស់នូវទុក្ខសមុទ័យនេះឯង នឹងដឹងច្បាស់នូវទុក្ខនិរោធនេះឯង នឹងដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទានេះឯង ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះហៅថា សេចក្តីដឹងក្នុងការប្រព្រឹត្តិទៅតាម។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងការកំណត់ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ស្ទាបស្ទង់មើលនូវចិត្តរបស់សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនឯង តែងដឹងច្បាស់ គឺចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តប្រាសចាកមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តរួញរាក្តី ក៏ដឹងច្បាស់ថា ចិត្តរួញរា ចិត្តរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដល់នូវភាពដ៏ប្រសើរក្តី ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាពដ៏ប្រសើរ ចិត្តដល់នូវភាពមិនប្រសើរក្តី ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាពមិនប្រសើរ ចិត្តប្រកបដោយឧត្តរៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយឧត្តរៈ ចិត្តមិនមានឧត្តរៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមានឧត្តរៈ ចិត្តតំកល់មាំក្តី ក៏ដឹងច្បាស់ថា ចិត្តតំកល់មាំ ចិត្តមិនតំកល់មាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតំកល់មាំ ចិត្តផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តផុតស្រឡះ ចិត្តមិនផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនផុតស្រឡះ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះហៅថា សេចក្តីដឹងក្នុងការកំណត់។ បញ្ញាដ៏សេស វៀរលែងតែសេចក្តីដឹងក្នុងធម៌ សេចក្តីដឹងក្នុងការប្រព្រឹត្តិទៅតាម និងសេចក្តីដឹងក្នុងការកំណត់ចេញ ឈ្មោះថា សេចក្តីដឹងក្នុងការសន្មតិ។
[៦០] បណ្តាញាណទាំងនោះ បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិនមែនក្នុងការមិនសន្សំ តើដូចម្តេច។ បញ្ញាក្នុងកាមាវចរកុសល ឈ្មោះថា បញ្ញាក្នុងការសន្សំ (កម្មក្កិលេស) មិនមែនក្នុងការមិនសន្សំ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាក្នុងការមិនសន្សំ មិនមែនក្នុងការសន្សំ។ បញ្ញាក្នុងរូបាវចរកុសល និងអរូបាវចរកុសល ឈ្មោះថា បញ្ញាក្នុងការសន្សំផង ក្នុងការមិនសន្សំផង។ បញ្ញាដ៏សេស ឈ្មោះថា បញ្ញាមិនមែនក្នុងការសន្សំ ទាំងមិនមែនក្នុងការមិនសន្សំ។
[៦១] បណ្តាញាណទាំងនោះ បញ្ញាក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹង តើដូចម្តេច។ បុគ្គលជាអ្នកប្រាសចាកតម្រេកក្នុងកាមទាំងឡាយ ដោយបញ្ញាណា តែមិនត្រាស់ដឹងនូវអភិញ្ញាទាំងឡាយ ទាំងមិនត្រាស់ដឹងនូវសច្ចៈទាំងឡាយទេ នេះហៅថា បញ្ញាក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹង។ បុគ្គលនោះ កាលបើប្រាសចាកតម្រេកក្នុងកាមទាំងឡាយហើយ រមែងត្រាស់ដឹងនូវអភិញ្ញាទាំងឡាយ តែមិនត្រាស់ដឹងនូវសច្ចៈទាំងឡាយដោយប្រាជ្ញា នេះហៅថា បញ្ញាក្នុងការត្រាស់ដឹង មិនមែនក្នុងសេចក្តីនឿយណាយ។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាក្នុងសេចក្តីនឿយណាយផង ក្នុងការត្រាស់ដឹងផង។ បញ្ញាដ៏សេស ឈ្មោះថា បញ្ញាមិនមែនក្នុងសេចក្តីនឿយណាយ មិនមែនក្នុងការត្រាស់ដឹង។
[៦២] បណ្តាញាណទាំងនោះ បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ តើដូចម្តេច។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយកាម រមែងដាស់តឿននូវបុគ្គលដែលបានបឋមជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា មិនប្រកបដោយវិតក្កៈ រមែងដាស់តឿន (នូវបុគ្គលដែលបានបឋមមជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានបឋមជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយវិតក្កៈ រមែងដាស់តឿននូវបុគ្គលដែលបានទុតិយជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយឧបេក្ខា រមែងដាស់តឿន (នូវបុគ្គលដែលបានទុតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គដែលបានទុតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយបីតិ រមែងដាស់តឿននូវបុគ្គលដែលបានតតិយជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអទុក្ខមសុខវេទនា រមែងដាស់តឿន (នូវបុគ្គលដែលបានតតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានតតិយជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយសុខ រមែងដាស់តឿននូវបុគ្គលដែលបានចតុត្ថជ្ឈាន ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអាកាសានញ្ចាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានចតុត្ថជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានចតុត្ថជ្ឈាននោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយរូប រមែងដាស់តឿននូវបុគ្គល ដែលបានអាកាសានញ្ចាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយវិញ្ញាណញ្ចាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកាសានញ្ចាយតនៈនោះ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកាសានញ្ចាយតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអាកាសានញ្ចាយតនៈ រមែងដាស់តឿននូវបុគ្គលដែលបានវិញ្ញាណញ្ចាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយអាកិញ្ចញ្ញាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានវិញ្ញាណញ្ចាយតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន នូវបុគ្គលដែលបានវិញ្ញាណញ្ចាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយវិញ្ញាណញ្ចាយតនៈ រមែងដាស់តឿននូវបុគ្គលដែលបានអាកិញ្ចញ្ញាយតនៈ ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីសាបសូន្យ សតិមានសភាពដ៏សមគួរដល់បញ្ញានោះ តាំងនៅស្មើ ឈ្មោះថា បញ្ញាមានចំណែកនៃការតាំងនៅ ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនេវសញ្ញានាសញ្ញាយតនៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកិញ្ចញ្ញាយតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីវិសេស ការធ្វើទុកក្នុងចិត្តដោយសញ្ញា ប្រកបដោយនិព្វិទា ប្រកបដោយវិរាគៈ រមែងដាស់តឿន (នូវបុគ្គលដែលបានអាកិញ្ចញ្ញាយតនៈ) ឈ្មោះថា បញ្ញាមានចំណែកនៃសេចក្តីនឿយណាយ។
[៦៣] បណ្តាញាណទាំងនោះ បដិសម្ភិទា ៤ តើដូចម្តេច។ អត្ថប្បដិសម្ភិទា ១ ធម្មប្បដិសម្ភិទា ១ និរុត្តិប្បដិសម្ភិទា ១ បដិភាណប្បដិសម្ភិទា ១។ ការដឹងក្នុងអត្ថ ឈ្មោះថា អត្ថប្បដិសម្ភិទា ការដឹងក្នុងធម៌ ឈ្មោះថា ធម្មប្បដិសម្ភិទា ការដឹងក្នុងការពោលនូវធម្មនិរុត្តិក្នុងអត្ថ និងធម៌ទាំងនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា ការដឹងក្នុងញាណទាំងឡាយ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ នេះ បដិសម្ភិទា ៤។
[៦៤] បណ្តាញាណទាំងនោះ បដិបទា ៤ តើដូចម្តេច។ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងយូរ ១ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងឆាប់ ១ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងយូរ ១ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់ ១។ បណ្តាបញ្ញាទាំង ៤ នោះ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងយូរ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយលំបាក ដោយកម្រ កាលត្រាស់ដឹងនូវហេតុ គឺលោកុត្តរសមាធិនោះ ដោយយឺតយូរ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងយូរ។ បណ្តាបញ្ញាទាំងនោះ បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងឆាប់ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយលំបាក ដោយកម្រ កាលត្រាស់ដឹងនូវហេតុ គឺលោកុត្តរសមាធិនោះដោយឆាប់ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិលំបាកមានការត្រាស់ដឹងឆាប់។ បណ្តាបញ្ញាទាំងនោះ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងយូរ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើត ដោយមិនលំបាក ដោយមិនក្រ កាលដឹងច្បាស់នូវហេតុ គឺលោកុត្តរសមាធិនោះ ដោយយឺតយូរ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងយូរ។ បណ្តាបញ្ញាទាំងនោះ បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់ តើដូចម្តេច។ កាលបុគ្គលញ៉ាំងលោកុត្តរសមាធិឲ្យកើតដោយមិនលំបាក ដោយមិនក្រ កាលដឹងច្បាស់នូវហេតុ គឺលោកុត្តរសមាធិនោះដោយឆាប់ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាដែលប្រតិបត្តិងាយមានការត្រាស់ដឹងឆាប់។ នេះ បដិបទា ៤។
[៦៥] បណ្តាញាណទាំងនោះ អារម្មណ៍ ៤ តើដូចម្តេច។ បញ្ញាមានសភាពតូចឆ្មារ ទាំងមានអារម្មណ៍តូចឆ្មារ ១ បញ្ញាមានសភាពតូចឆ្មារ តែមានអារម្មណ៍ប្រមាណមិនបាន ១ បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ ១ បញ្ញាប្រមាណមិនបាន ទាំងមានអារម្មណ៍ប្រមាណមិនបាន ១។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានសភាពតូចឆ្មារ ទាំងមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ កាលបុគ្គលមិនបាននូវសមាធិតាមសេចក្តីប្រាថ្នា ទាំងផ្សាយទៅនូវអារម្មណ៍តិចតួច បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាមានសភាពតូចឆ្មារ ទាំងមានអារម្មណ៍តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានសភាពតូចឆ្មារ តែមានអារម្មណ៍ប្រមាណមិនបាន តើដូចម្តេច។ កាលបុគ្គលមិនបាននូវសមាធិតាមសេចក្តីប្រាថ្នា តែផ្សាយទៅនូវអារម្មណ៍ដ៏ធំទូលាយ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាមានសភាពតូចឆ្មារ តែមានអារម្មណ៍ប្រមាណមិនបាន។ បណ្តាបញ្ញាទាំងនោះ បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ កាលបុគ្គលបាននូវសមាធិដូចសេចក្តីប្រាថ្នា តែផ្សាយទៅនូវអារម្មណ៍តិចតួច បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាប្រមាណមិនបាន តែមានអារម្មណ៍តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាប្រមាណមិនបាន ទាំងមានអារម្មណ៍ប្រមាណមិនបាន តើដូចម្តេច។ កាលបុគ្គលបាននូវសមាធិដូចសេចក្តីប្រាថ្នា ទាំងផ្សាយទៅនូវអារម្មណ៍ដ៏ធំទូលាយ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាប្រមាណមិនបាន ទាំងមានអារម្មណ៍ប្រមាណមិនបាន។ នេះ អារម្មណ៍ ៤។
[៦៦] សេចក្តីដឹងរបស់បុគ្គលព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តីដឹងក្នុងជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងហេតុដែលឲ្យកើតជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងការរលត់ជរាមរណៈ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ជរាមរណៈ។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងជរាមរណៈ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធជរាមរណៈ នេះហៅថា សេចក្តីដឹងក្នុងជរាមរណៈ។ ព្រោះប្រារព្ធហេតុដែលឲ្យកើតជរាមរណៈ។ បេ។ ព្រោះប្រារព្ធការរលត់ជរាមរណៈ។ បេ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធបដិបទា ជាដំណើរទៅកាន់ទីរលត់ជរាមរណៈ នេះហៅថា សេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ជរាមរណៈ។ សេចក្តីដឹងរបស់បុគ្គលអ្នកព្រមព្រៀងដោយមគ្គ ឈ្មោះថា សេចក្តីដឹងក្នុងជាតិ។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងភព។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងឧបាទាន។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងតណ្ហា។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងវេទនា។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងផស្សៈ។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងសឡាយតនៈ។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងនាមរូប។ បេ។ ឈ្មោះថា សេចក្តីដឹងក្នុងវិញ្ញាណ។ បេ។ ឈ្មោះថាសេចក្តីដឹងក្នុងសង្ខារទាំងឡាយ ឈ្មោះថា សេចក្តីដឹងក្នុងហេតុដែលឲ្យកើតសង្ខារ ឈ្មោះថា សេចក្តីដឹងក្នុងការរលត់នៃសង្ខារ ឈ្មោះថា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់សង្ខារ។ បណ្តាញាណទាំងនោះ សេចក្តីដឹងក្នុងសង្ខារទាំងឡាយ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវសង្ខារទាំងឡាយ នេះហៅថា សេចក្តីដឹងក្នុងសង្ខារទាំងឡាយ។ ព្រោះប្រារព្ធហេតុដែលឲ្យកើតសង្ខារ។ បេ។ ព្រោះប្រារព្ធការរលត់នៃសង្ខារ។ បេ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ នេះហៅថា សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃសង្ខារ។
ញាណវត្ថុមានប្រការ ៤ យ៉ាងនេះឯង។
(៥. បញ្ចកនិទ្ទេសោ)
[៦៧] បណ្តាញាណទាំងនោះ សម្មាសមាធិ ប្រកបដោយអង្គ ៥ តើដូចម្តេច។ បីតិផរណតា (ការផ្សាយបីតិ) ១ សុខផរណតា (ការផ្សាយសុខ) ១ ចេតោផរណតា (ការផ្សាយចិត្ត) ១ អាលោកផរណតា (ការផ្សាយពន្លឺ) ១ បច្ចវេក្ខណានិមិត្ត (ការកំណត់ការពិចារណា) ១។ បញ្ញាក្នុងឈាន ២ ឈ្មោះថា បីតិផរណតា បញ្ញាក្នុងឈាន ៣ ឈ្មោះថា សុខផរណតា បញ្ញាផ្សាយទៅក្នុងចិត្តនៃបុគ្គលដទៃ ឈ្មោះថា ចេតោផរណតា ទិព្វចក្ខុ ឈ្មោះថា អាលោកផរណតា បច្ចវេក្ខណាញាណ របស់បុគ្គលដែលចេញចាកសមាធិនោះ ៗ ឈ្មោះថា បច្ចវេក្ខណានិមិត្ត។ នេះហៅថា សម្មាសមាធិ ប្រកបដោយអង្គ ៥។
[៦៨] បណ្តាញាណទាំងនោះ សម្មាសមាធិ ប្រកបដោយញាណ ៥ តើដូចម្តេច។ ញាណកើតឡើងជាក់ច្បាស់ថា សមាធិនេះ មានសេចក្តីសុខក្នុងបច្ចុប្បន្នផង មានសេចក្តីសុខជាវិបាកក្នុងខាងមុខផង ១ ញាណកើតឡើងជាក់ច្បាស់ថា សមាធិនេះប្រសើរ មិនមានអាមិសៈ ១ ញាណកើតឡើងជាក់ច្បាស់ថា សមាធិនេះមិនមែនបុរសលាមកសេពឡើយ ១ ញាណកើតឡើងជាក់ច្បាស់ថា សមាធិនេះ ជាធម៌ស្ងប់ដ៏ឧត្តម បាននូវសេចក្តីស្ងប់រម្ងាប់ បាននូវភាពនៃចិត្តដ៏ខ្ពស់ឯក តែមិនដល់នូវការសង្កត់សង្កិន (ធម៌ជាសត្រូវ) និងការរារាំង (កិលេស) ដោយចិត្តដែលប្រកបដោយសង្ខារ គឺព្យាយាម ១ ញាណកើតឡើងជាក់ច្បាស់ថា អាត្មាអញនោះមានស្មារតី ចូលកាន់សមាធិនេះ មានស្មារតី ចេញចាកសមាធិ នេះ ១។ នេះឈ្មោះថា សម្មាសមាធិ ប្រកបដោយញាណ ៥។
ញាណវត្ថុ មានប្រការ ៥ យ៉ាងនេះឯង។
(៦. ឆក្កនិទ្ទេសោ)
[៦៩] បណ្តាញាណទាំងនោះ បញ្ញាក្នុងអភិញ្ញា ៦ តើដូចម្តេច។ សេចក្តីដឹងក្នុងចំណែកនៃឫទ្ធិ ១ សេចក្តីដឹងក្នុងសោតធាតុដ៏បរិសុទ្ធិ ១ សេចក្តីដឹងក្នុងការកំណត់ចិត្តរបស់សត្វដទៃ ១ សេចក្តីដឹងប្រកបដោយការរឭកឃើញនូវខន្ធរបស់សត្វដទៃ ដែលនៅអាស្រ័យក្នុងកាលមុន ១ សេចក្តីដឹងក្នុងការច្យុតិ និងការកើតរបស់សត្វទាំងឡាយ ១ សេចក្តីដឹងក្នុងការអស់អាសវៈទាំងឡាយ ១ នេះឈ្មោះថា បញ្ញាក្នុងអភិញ្ញា ៦។
ញាណវត្ថុមានប្រការ ៦ យ៉ាងនេះឯង។
(៧. សត្តកនិទ្ទេសោ)
[៧០] បណ្តាញាណទាំងនោះ ញាណវត្ថុ ៧៧ តើដូចម្តេច។ សេចក្តីដឹងថា ជរាមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរាមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យក្នុងកាលអតីត ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរាមរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យក្នុងកាលអនាគត ១ សេចក្តីដឹងថា កាលបើជាតិមិនមាន ជរាមរណៈក៏មិនមាន ១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា របស់បុគ្គលនោះ ធម្មដ្ឋិតិញ្ញាណនោះ មានសភាពអស់ទៅ មានសភាពសូន្យទៅ មានសភាពប្រាសចាកតម្រេក មានសភាពរលត់ ១។ សេចក្តីដឹងថា ជាតិ (កើតមាន) ព្រោះភពជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា ភព (កើតមាន) ព្រោះឧបាទានជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា ឧបាទាន (កើតមាន) ព្រោះតណ្ហាជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា តណ្ហា (កើតមាន) ព្រោះវេទនាជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា វេទនា (កើតមាន) ព្រោះផស្សៈជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា ផស្សៈ (កើតមាន) ព្រោះសឡាយតនៈជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា សឡាយតនៈ (កើតមាន) ព្រោះនាមរូបជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា នាមរូប (កើតមាន) ព្រោះវិញ្ញាណជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា វិញ្ញាណ (កើតមាន) ព្រោះសង្ខារជាបច្ច័យ ១។ បេ។ សេចក្តីដឹងថា សង្ខារ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យក្នុងកាលអតីត ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យក្នុងកាលអនាគត ១ សេចក្តីដឹងថា កាលបើអវិជ្ជាមិនមាន សង្ខារទាំងឡាយក៏មិនមាន ១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណណា របស់បុគ្គលនោះ ធម្មដិ្ឋតិញ្ញាណនោះ មានសភាពអស់ទៅ មានសភាពសូន្យទៅ មានសភាពប្រាសចាកតម្រេក មានសភាពរលត់ ១។ នេះឈ្មោះថា ញាណវត្ថុ ៧៧។
ញាណវត្ថុមានប្រការ ៧ យ៉ាងនេះឯង។
(៨. អដ្ឋកនិទ្ទេសោ)
[៧១] បណ្តាញ្ញាណទាំងនោះ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ តើដូចម្តេច។ បញ្ញាក្នុងសោតាបត្តិមគ្គ ១ បញ្ញាក្នុងសោតាបត្តិផល ១ បញ្ញាក្នុងសកទាគាមិមគ្គ ១ បញ្ញាក្នុងសកទាគាមិផល ១ បញ្ញាក្នុងអនាគាមិមគ្គ ១ បញ្ញាក្នុងអនាគាមិផល ១ បញ្ញាក្នុងអរហត្តមគ្គ ១ បញ្ញាក្នុងអរហត្តផល ១ នេះ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤។
ញាណវត្ថុមានប្រការ ៨ យ៉ាងនេះឯង។
(៩. នវកនិទ្ទេសោ)
[៧២] បណ្តាញ្ញាណទាំងនោះ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩ តើដូចម្តេច។ បញ្ញាក្នុងបឋមជ្ឈានសមាបត្តិ ១ បញ្ញាក្នុងទុតិយជ្ឈានសមាបត្តិ ១ បញ្ញាក្នុងតតិយជ្ឈានសមាបត្តិ ១ បញ្ញាក្នុងចតុត្ថជ្ឈានសមាបត្តិ ១ បញ្ញាក្នុងអាកាសានញ្ចាយតនសមាបត្តិ ១ បញ្ញាក្នុងវិញ្ញាណញ្ចាយតនសមាបត្តិ ១ បញ្ញាក្នុងអាកិញ្ចញ្ញាយតនសមាបត្តិ ១ បញ្ញាក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ ១ បច្ចវេក្ខណាញាណរបស់បុគ្គលដែលចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិ ១ នេះ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩។
ញាណវត្ថុ មានប្រការ ៩ យ៉ាងនេះឯង។
(១០. ទសកនិទ្ទេសោ)
[៧៣] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវហេតុ ថាជាហេតុផង នូវអំពើមិនមែនហេតុ ថាជាអំពើមិនមែនហេតុផង តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ (សម្មាទិដ្ឋិ) ហើយប្រកាន់នូវសង្ខារណាមួយ ថាទៀង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវសង្ខារណាមួយ ថាទៀង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយប្រកាន់នូវធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន រមែងផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវបិតាចាកជីវិត។ បេ។ ផ្តាច់បង់នូវព្រះអរហន្តចាកជីវិត។ បេ។ ញ៉ាំងព្រះលោហិតរបស់ព្រះតថាគតឲ្យកើតឡើងដោយចិត្តប្រទូស្ត។ បេ។ បំបែកសង្ឃ។ បេ។ ឧទ្ទិសនូវគ្រូដទៃ។ បេ។ ធ្វើភពទី ៨ ឲ្យកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងញ៉ាំងភពទី ៨ ឲ្យកើត ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធពីរព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ មិនមុនមិនក្រោយ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្តេចចក្រពត្តិពីរព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ មិនមុនមិនក្រោយ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលស្តេចចក្រពត្តិមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្រ្តី បានជាព្រះអរហន្តសម្មាសម្ពុទ្ធ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានជាព្រះអរហន្តសម្មាសម្ពុទ្ធ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្រ្តីបានជាស្តេចចក្រពត្តិ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានជាស្តេចចក្រពត្តិ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្ត្រីបានអត្តភាពជាព្រះឥន្រ្ទ បានអត្តភាពជាមារ បានអត្តភាពជាព្រហ្ម ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានអត្តភាពជាព្រះឥន្រ្ទ បានអត្តភាពជាមារ បានអត្តភាពជាព្រហ្ម ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់កាយទុច្ចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលវិបាករបស់កាយទុច្ចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់វចីទុច្ចរិត និងមនោទុច្ចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់វចីទុច្ចរិត និងមនោទុច្ចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់កាយសុចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់កាយសុចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់វចីសុចរិត និងមនោសុចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់វចីសុចរិត និងមនោសុចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានកាយទុច្ចរិតនោះជាហេតុ ព្រោះមានកាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានកាយទុច្ចរិតនោះជាហេតុ ព្រោះមានកាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាហេតុ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាហេតុ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយកាយសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានកាយសុចរិតនោះជាហេតុ ព្រោះមានកាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយកាយសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានកាយសុចរិតនោះជាហេតុ ព្រោះមានកាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាហេតុ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត លុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាហេតុ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ពួកធម៌ណាៗ ជាហេតុ ជាបច្ច័យ ដើម្បីកើតឡើងនៃពួកធម៌ណាៗ ពួកធម៌នោះៗ ឈ្មោះថាជាហេតុ ពួកធម៌ណាៗ មិនមែនហេតុ មិនមែនបច្ច័យ ដើម្បីកើតឡើងនៃពួកធម៌ណាៗ ទេ ពួកធម៌នោះៗ ឈ្មោះថា មិនមែនហេតុ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិតនូវហេតុ ថាជាហេតុផង នូវអំពើមិនមែនហេតុថា ជាអំពើមិនមែនហេតុផង។
[៧៤] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវវិបាករបស់កម្មសមាទាន (ការកាន់យកនូវកម្មជាកុសល និងអកុសល) ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា កម្មសមាទានដ៏លាមកពួកខ្លះ មានគតិសម្បត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានឧបធិសម្បត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានកាលសម្បត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានបយោគសម្បត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវគតិវិបត្តិក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវឧបធិវិបត្តិក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវកាលវិបត្តិក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ ឲ្យផល ព្រោះអាស្រ័យនូវបយោគវិបត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានគតិវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានឧបធិវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានកាលវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានបយោគវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផលព្រោះអាស្រ័យនូវគតិសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផល ព្រោះអាស្រ័យនូវឧបធិសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផល ព្រោះអាស្រ័យនូវកាលសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផលព្រោះអាស្រ័យនូវបយោគសម្បត្តិក៏មាន។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវវិបាករបស់កម្មសមាទាន ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ។
[៧៥] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវបដិបទាជាដំណើរទៅក្នុងទីទាំងពួង តើដូចម្តេច។ ព្រះគថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់នរក ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់តិរច្ឆាន ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់ប្រេតវិស័យ ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់មនុស្សលោក ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទេវលោក ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់ព្រះនិព្វាន។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវបដិបទាជាដំណើរទៅក្នុងទីទាំងពួង។
[៧៦] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា តើដូចម្តេច។ ព្រះគថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់នូវសេចក្តីផ្សេងគ្នានៃខន្ធ ទ្រង់ជ្រាបច្បាស់នូវសេចក្តីផ្សេងគ្នានៃអាយតនៈ ទ្រង់ជ្រាបច្បាស់នូវសេចក្តីផ្សេងគ្នានៃធាតុ ឈ្មោះថា ជ្រាបច្បាស់នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា។
[៧៧] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា នៃពួកសត្វ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា ពួកសត្វមានអធ្យាស្រ័យថោកទាបក៏មាន ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ក៏មាន ក្នុងបច្ចុប្បន្នកាល ពួកសត្វមានអធ្យាស្រ័យថោកទាប តែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ តែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអតីតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប បានសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ បានសេពគប់ គប់រក ចូលទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអនាគតកាល ពួកសត្វដែលមានអធ្យាស្រ័យថោកទាប នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា។ ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពស់ខ្ពស់ដូចគ្នា។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា នៃពួកសត្វ។
[៧៨] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់នូវអាសយៈ (ធម៌ជាទីនៅអាស្រ័យរបស់ពួកសត្វ) ទ្រង់ជ្រាបច្បាស់នូវអនុសយៈ (កិលេសដែលដេកត្រាំនៅក្នុងសន្តានរបស់ពួកសត្វ) ទ្រង់ជ្រាបច្បាស់នូវចរិតរបស់ពួកសត្វ ទ្រង់ជ្រាបច្បាស់នូវអធ្យាស្រ័យរបស់ពួកសត្វ ទ្រង់ជ្រាបច្បាស់នូវពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ដែលឲ្យត្រាស់ដឹងងាយ ដែលឲ្យត្រាស់ដឹងក្រ មានភ័ព្វ និងឥតភ័ព្វ។ ចុះអាសយៈ (ធម៌ជាទីនៅអាស្រ័យ) របស់ពួកសត្វ តើដូចម្តេច។ សត្វទាំងឡាយ អាស្រ័យនូវភវទិដ្ឋិ (សេចក្តីយល់ថា មាន) ក្តី អាស្រ័យនូវវិភវទិដ្ឋិ (សេចក្តីយល់ថា មិនមាន) ក្តី ដូច្នេះថា លោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះក៏គឺសរីរៈនោះខ្លះ ថាជីវិតដទៃសរីរៈក៏ដទៃខ្លះ ថាសត្វស្លាប់ហើយកើតទៀតខ្លះ ថាសត្វស្លាប់ហើយមិនកើតទៀតខ្លះ ថាសត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ ឬក៏សេចក្តីពេញចិត្ត ដែលអនុលោមទៅក្នុងធម៌ទាំងឡាយដែលកើតឡើង ព្រោះអាស្រ័យនូវធម៌នេះជាបច្ច័យក្តី សេចក្តីដឹងតាមពិតក្តី ជាការណ៍ដែលសត្វទាំងឡាយ បានចំពោះហើយ ព្រោះមិនពឹងផ្អែកនូវអន្តធម៌ទាំងពីរគឺ ភវទិដ្ឋិ និងវិភវទិដ្ឋិនុ៎ះទេ នេះឈ្មោះថា អាសយៈរបស់ពួកសត្វ។ ចុះអនុសយៈរបស់ពួកសត្វ តើដូចម្តេច។ អនុសយៈ ៧ គឺ កាមរាគានុសយៈ ១ បដិឃានុសយៈ ១ មានានុសយៈ ១ ទិដ្ឋានុសយៈ ១ វិចិកិច្ឆានុសយៈ ១ ភវរាគានុសយៈ ១ អវិជ្ជានុសយៈ ១។ ឥដ្ឋារម្មណ៍ណា ក្នុងលោក មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ រាគានុសយៈរបស់ពួកសត្វ រមែងដេកត្រាំក្នុងឥដ្ឋារម្មណ៍នោះ អនិដ្ឋារម្មណ៍ណា ក្នុងលោក មានសភាពមិនគួរស្រឡាញ់ មានសភាពមិនគួរត្រេកអរ បដិឃានុសយៈរបស់ពួកសត្វ រមែងដេកត្រាំក្នុងអនិដ្ឋារម្មណ៍នោះ ព្រោះហេតុនោះ អវិជ្ជារមែងធ្លាក់ចុះតាម ក្នុងធម៌ទាំងពីរនេះ មានះក្តី ទិដ្ឋិក្តី វិចិកិច្ឆាក្តី បុគ្គលគប្បីឃើញថា តាំងនៅក្នុងទីជាមួយគ្នានឹងអវិជ្ជានោះ នេះឈ្មោះថា អនុសយៈរបស់ពួកសត្វ។ ចុះចរិតរបស់ពួកសត្វ តើដូចម្តេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអានេញ្ជាភិសង្ខារ មានជាន់តូចតាចក្តី មានជាន់ធំដុំក្តី នេះឈ្មោះថា ចរិតរបស់ពួកសត្វ។ ចុះអធ្យាស្រ័យរបស់ពួកសត្វ តើដូចម្តេច។ ពួកសត្វមានអធ្យាស្រ័យថោកទាបក៏មាន ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ក៏មាន ក្នុងបច្ចុប្បន្នកាល ពួកសត្វមានអធ្យាស្រ័យថោកទាប រមែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ រមែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអតីតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប បានសេពគប់ គប់រក ចូលទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ បានសេពគប់ គប់រក ចូលទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអនាគតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា នេះឈ្មោះថា អធ្យាស្រ័យរបស់ពួកសត្វ។ ចុះពួកសត្វ មានធូលីច្រើនក្នុងភ្នែកនោះ តើដូចម្តេច។ កិលេសវត្ថុ ១០ គឺ លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោតប្បៈ កិលេសវត្ថុទាំង ១០ នេះ ពួកសត្វណា បានសេពគប់ បានអប់រំ បានធ្វើឲ្យច្រើន បានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះ ឈ្មោះថា មានធូលីច្រើនក្នុងភ្នែក។ ពួកសត្វមានធូលីតិចក្នុងភ្នែកនោះ តើដូចម្តេច។ កិលេសវត្ថុ ១០ នេះ ពួកសត្វណា មិនបានសេពគប់ មិនបានអប់រំ មិនបានធ្វើឲ្យច្រើន មិនបានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានធូលីតិចក្នុងភ្នែក។ ពួកសត្វមានឥន្រ្ទិយទន់នោះ តើដូចម្តេច។ ឥន្រ្ទិយ ៥ គឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ឥន្រ្ទិយទាំង ៥ នេះ ពួកសត្វណា មិនបានសេពគប់ មិនបានអប់រំ មិនបានធ្វើឲ្យច្រើន មិនបានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានឥន្រ្ទិយទន់។ ពួកសត្វមានឥន្រ្ទិយចាស់ក្លានោះ តើដូចម្តេច។ ឥន្រ្ទិយទាំង ៥ នេះ ពួកសត្វណា បានសេពគប់ បានអប់រំ បានធ្វើឲ្យច្រើន បានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានឥន្រ្ទិយចាស់ក្លា។ ពួកសត្វមានអាការអាក្រក់នោះ តើដូចម្តេច។ ពួកសត្វណា មានអាសយៈអាក្រក់ មានអនុសយៈអាក្រក់ មានចរិតអាក្រក់ មានអធ្យាស្រ័យអាក្រក់ មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយទន់ ពួកសត្វនោះឯងឈ្មោះថា មានអាការអាក្រក់។ ពួកសត្វមានអាការល្អនោះ តើដូចម្តេច។ ពួកសត្វណា មានអាសយៈល្អ មានចរិតល្អ មានអធ្យាស្រ័យល្អ មានធូលីតិចក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា ពួកសត្វនោះឯង ឈ្មោះថា មានអាការល្អ។ ពួកសត្វដែលឲ្យត្រាស់ដឹងក្រនោះ តើដូចម្តេច។ ពួកសត្វណា មានអាការអាក្រក់ ពួកសត្វនោះ ឈ្មោះថា ឲ្យត្រាស់ដឹងក្រ ពួកសត្វណា មានអាការល្អ ពួកសត្វនោះ ឈ្មោះថា ឲ្យត្រាស់ដឹងងាយ។ ពួកសត្វឥតភ័ព្វនោះ តើដូចម្តេច។ ពួកសត្វណា ប្រកបដោយការរារាំង គឺអនន្តរិយកម្ម ប្រកបដោយការរារាំង គឺនិយតមិច្ឆាទិដ្ឋិ ប្រកបដោយការរារាំង គឺអហេតុកបដិសន្ធិ ជាអ្នកមិនមានសទ្ធា មិនមានសេចក្តីប្រាថ្នា ឥតប្រាជ្ញា មិនគួរចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកសត្វនោះឯង ឈ្មោះថា ឥតភ័ព្វ។ ពួកសត្វមានភ័ព្វនោះ តើដូចម្តេច។ ពួកសត្វណា ជាអ្នកមិនប្រកបដោយការរារាំង គឺអនន្តរិយកម្ម មិនប្រកបដោយការរារាំង គឺនិយតមិច្ឆាទិដ្ឋិ មិនប្រកបដោយការរារាំង គឺអហេតុកបដិសន្ធិ ជាអ្នកមានសទ្ធា មានសេចក្តីប្រាថ្នា មានប្រាជ្ញា គួរចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកសត្វនោះឯង ឈ្មោះថា មានភ័ព្វ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ។
[៧៩] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ តើដូចម្តេច។ ពាក្យថា បុគ្គលមានឈាន បានដល់បុគ្គលមានឈាន ៤ ពួក គឺបុគ្គលមានឈានពួកមួយ សំគាល់នូវសម្បត្តិ ថាជាវិបត្តិក៏មាន បុគ្គលមានឈានពួកមួយ សំគាល់នូវវិបត្តិ ថាជាសម្បត្តិក៏មាន បុគ្គលមានឈានពួកមួយ សំគាល់នូវសម្បត្តិ ថាជាសម្បត្តិក៏មាន បុគ្គលមានឈានពួកមួយ សំគាល់នូវវិបត្តិ ថាជាវិបត្តិក៏មាន នេះឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ បុគ្គលមានឈាន ៤ ពួក ដទៃទៀត គឺបុគ្គលមានឈានពួកមួយ ចូលឈានយឺតយូរ តែចេញរហ័សក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានរហ័ស តែចេញយឺតយូរក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានយឺតយូរ ចេញក៏យឺតយូរក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានរហ័ស ចេញក៏រហ័សក៏មាន នេះឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ បុគ្គលមានឈាន ៤ ពួក ដទៃទៀត គឺបុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិ តែមិនឈ្លាសក្នុងការចូលក្នុងសមាធិក៏មាន បុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាសក្នុងការចូលក្នុងសមាធិ តែមិនឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិក៏មាន បុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិផង ជាអ្នកឈ្លាសក្នុងការចូលក្នុងសមាធិផងក៏មាន បុគ្គលមានឈានពួកមួយ ជាអ្នកមិនឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិ ទាំងមិនឈ្លាសក្នុងការចូលក្នុងសមាធិក៏មាន នេះឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ ពាក្យថា ឈាន បានដល់ឈាន ៤ គឺ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ពាក្យថា វិមោក្ខ បានដល់វិមោក្ខ ៨ គឺបុគ្គលមានរូប ឃើញនូវរូប នេះវិមោក្ខទី ១ បុគ្គលមានសេចក្តីសំគាល់ថា មិនមានរូបខាងក្នុង ឃើញនូវរូបខាងក្រៅ នេះវិមោក្ខទី ២ បុគ្គលមានអធ្យាស្រ័យ (សំគាល់) ថារូបល្អ នេះវិមោក្ខទី ៣ បុគ្គលកន្លងបង់នូវរូបសញ្ញា ដល់នូវការរលត់បដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត នេះវិមោក្ខទី ៤ បុគ្គលកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត នេះវិមោក្ខទី ៥ បុគ្គលកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីតិចតួច មិនមាន នេះវិមោក្ខទី ៦ បុគ្គលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះវិមោក្ខទី ៧ បុគ្គលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលសញ្ញាវេទយិតនិរោធ នេះវិមោក្ខទី ៨។ ពាក្យថា សមាធិ បានដល់សមាធិ ៣ គឺ សមាធិប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ សមាធិមិនមានទាំងវិតក្កៈ មិនមានទាំងវិចារៈ។ ពាក្យថា សមាបត្តិ បានដល់អនុបុព្វវិហារសមាបត្តិ ៩ គឺបឋមជ្ឈានសមាបត្តិ ទុតិយជ្ឈានសមាបត្តិ តតិយជ្ឈានសមាបត្តិ ចតុត្ថជ្ឈានសមាបត្តិ អាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ សញ្ញាវេទយិតនិរោធសមាបត្តិ។ ពាក្យថា សេចក្តីសៅហ្មង បានដល់ធម៌ជាចំណែកនៃសេចក្តីសាបសូន្យ។ ពាក្យថា សេចក្តីផូរផង់ បានដល់ធម៌ជាចំណែកនៃគុណវិសេស។ ពាក្យថា ការចេញ គឺសេចក្តីផូរផង់ ឈ្មោះថា ការចេញ ទាំងការចេញចាកសមាធិនោះៗ ក៏ឈ្មោះថាការចេញដែរ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈានវិមោក្ខ សមាធិ និងសមាបត្តិ។
[៨០] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលនៅអាស្រ័យក្នុងភពមុន តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ រលឹកជាតិដែលបាននៅអាស្រ័យក្នុងភពមុន ជាអនេកជាតិ គឺរលឹកបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកបានច្រើនសំវដ្ដកប្បៈ ច្រើនវិវដ្តកប្បៈ ច្រើនសំវដ្ដវិវដ្ដកប្បៈក៏បាន ដូច្នេះថា តថាគត បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគត លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរសយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតនោះ លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ ព្រះតថាគត រលឹកតាមនូវជាតិ ដែលនៅអាស្រ័យក្នុងភពមុន បានច្រើនជាតិ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលនៅអាស្រ័យក្នុងភពមុន។
[៨១] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការច្យុតិ និងការកើតរបស់ពួកសត្វ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់ ក៏ដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវពួកព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានចូលទៅកាន់កំណើតអបាយ ទុគ្គតិ វិនិបាតនរក មួយទៀត អើហ្ន៎ សត្វទាំងឡាយអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវពួកព្រះអរិយៈ មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានចូលទៅកាន់លោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រះតថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់ ក៏ដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន) ដោយប្រការដូច្នេះ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការច្យុតិ និងការកើត របស់ពួកសត្វ។
[៨២] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការអស់ទៅនៃអាសវៈទាំងឡាយ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ព្រោះការអស់ទៅនៃអាសវៈ ក៏ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការអស់ទៅនៃអាសវៈទាំងឡាយ។
ចប់ ញាណវិភង្គ។