User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.16.02.03

(តិកនិទ្ទេស ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

abh vb 16 02 03 បាលី cs-km: abh.vb.16.02.03 អដ្ឋកថា: abh.vb.16.02.03_att PTS: ?

(តិកនិទ្ទេស ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. តិកនិទ្ទេសោ)

[៣៨] បណ្តាបញ្ញាទាំងនោះ ចិន្តាមយប្បញ្ញា តើដូចម្តេច។ បុគ្គលមិនបាន​ស្តាប់ (នូវពាក្យពន្យល់) អំពីសំណាក់បុគ្គលដទៃទេ តែបាននូវសេចក្តីគាប់ចិត្ត នូវសេចក្តីយល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យ​ឃើញ នូវការចូលចិត្តក្នុងការសំឡឹងមើលនូវធម៌ ដ៏សមគួរណា យ៉ាងនេះ ក្នុងការងារប្រកបដោយឧបាយបញ្ញាក្តី ក្នុងសិល្បសាស្រ្ត ប្រកបដោយឧបាយ​បញ្ញាក្តី ក្នុងវិជ្ជាស្ថាន ប្រកបដោយឧបាយបញ្ញាក្តី ថាសត្វមានកម្មជារបស់ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូបមិនទៀងក្តី ថាវេទនាមិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណមិនទៀងក្តី នេះ​ហៅថា ចិន្តាមយប្បញ្ញា។ បណ្តាបញ្ញាទាំងនោះ សុតមយប្បញ្ញា តើដូចម្តេច។ បុគ្គលបានស្តាប់ (នូវពាក្យពន្យល់) អំពីសំណាក់នៃបុគ្គលដទៃ ហើយបាននូវ​សេចក្តីគាប់ចិត្ត នូវសេចក្តីយល់ឃើញ នូវសេចក្តីពេញចិត្ត នូវការឈ្វេងយល់ នូវសេចក្តីពិនិត្យ​ឃើញ នូវការចូលចិត្តក្នុងការសម្លឹងមើលនូវធម៌ ដ៏សមគួរ យ៉ាងនេះ ក្នុងការងារប្រកបដោយឧបាយប្រាជ្ញាក្តី ក្នុងសិល្បសាស្រ្តប្រកប​ដោយ​ឧបាយប្រាជ្ញាក្តី ក្នុងវិជ្ជាស្ថាន ប្រកបដោយឧបាយប្រាជ្ញាក្តី ថាសត្វមាន​កម្មជា​របស់ខ្លួនក្តី ថាសត្វប្រព្រឹត្តទៅតាមមគ្គសច្ចក្តី ថារូបមិនទៀងក្តី ថាវេទនា​មិនទៀងក្តី ថាសញ្ញាមិនទៀងក្តី ថាសង្ខារទាំងឡាយមិនទៀងក្តី ថាវិញ្ញាណ​មិនទៀងក្តី នេះ​ហៅថា សុតមយប្បញ្ញា។ បញ្ញាទាំងអស់ របស់បុគ្គល​ចូលកាន់​សមាបត្តិ ឈ្មោះថា ភាវនាមយប្បញ្ញា។

[៣៩] បណ្តាបញ្ញាទាំងនោះ ទានមយប្បញ្ញា តើដូចម្តេច។ បញ្ញា ការដឹង​ច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធទាន ព្រោះបានទាន នេះហៅថា ទានមយប្បញ្ញា។ បណ្តាបញ្ញាទាំង​នោះ សីលមយប្បញ្ញា តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធសីល ព្រោះបាន​សីល នេះហៅថា សីលមយប្បញ្ញា។ បញ្ញាទាំងអស់របស់បុគ្គល ដែលចូល​កាន់សមាបត្តិ ឈ្មោះថា ភាវនាមយប្បញ្ញា។

[៤០] បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិសីល តើដូចម្តេច។ កាល​ដែលបុគ្គលសង្រួមក្នុងបាតិមោក្ខសំវរៈ បញ្ញា ការដឹងច្បាស់។ បេ។ ការមិន​វង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាក្នុង​អធិសីល។ បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិចិត្ត តើដូចម្តេច។ កាលបុគ្គល​ចូលកាន់រូបាវចរសមាបត្តិ និងអរូបាវចរសមាបត្តិ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង នេះហៅថា បញ្ញាក្នុងអធិចិត្ត។ បណ្តាបញ្ញាទាំងនោះ បញ្ញាក្នុងអធិប្បញ្ញា តើដូចម្តេច។ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ នេះហៅថា បញ្ញាក្នុងអធិប្បញ្ញា។

[៤១] បណ្តាបញ្ញាទាំងនោះ សេចក្តីឈ្លាសក្នុងការចំរើន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះថា កាលបុគ្គលធ្វើទុកក្នុងចិត្ត នូវធម៌ពួកនេះ ធម៌​ទាំងឡាយជាអកុសលដែលមិនទាន់កើត ក៏មិនកើតឡើង ទាំងពួកធម៌ជាអកុសល ដែលកើតហើយ ក៏សាបសូន្យទៅវិញ ពុំនោះសោត កាលបុគ្គលធ្វើទុកក្នុងចិត្ត​នូវធម៌ពួកនេះ ៗ ធម៌ទាំងឡាយជាកុសល ដែលមិនទាន់កើត ក៏កើតឡើង ទាំង​ពួកធម៌ជាកុសលដែលកើតហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាពដ៏ក្រៃលែង ដើម្បីភាពដ៏ធំទូលាយ ដើម្បីសេចក្តីចំរើន ដើម្បីពេញលេញ នេះហៅថា សេចក្តីឈ្លាស​ក្នុងការចំរើន។ បណ្តាបញ្ញាទាំងនោះ សេចក្តីឈ្លាសក្នុងការមិនចំរើន តើដូច​ម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញត្រូវ​ណា ក្នុងធម៌ទាំងឡាយនោះ​ថា កាលបុគ្គលធ្វើទុកក្នុងចិត្តនូវ​ធម៌ពួក​នេះ ធម៌​ទាំងឡាយជាកុសល ដែលមិនទាន់កើត ក៏មិនកើតឡើង ទាំងពួកធម៌ជា​កុសល​ដែលកើតហើយ ក៏រលត់ទៅវិញ ពុំនោះសោត កាលបុគ្គលធ្វើទុកក្នុង​ចិត្ត​នូវ​ធម៌ពួកនេះ ៗ ធម៌ទាំងឡាយជាអកុសល ដែលមិនទាន់កើត ក៏កើតឡើង ទាំង​ពួកធម៌ជាអកុសល ដែលកើតហើយ ក៏ប្រព្រឹត្តទៅ​ដើម្បីភាពដ៏ក្រៃលែង ដើម្បីភាពដ៏ធំទូលាយ នេះហៅថា សេចក្តីឈ្លាស​ក្នុងការមិនចំរើន។ បញ្ញាទាំងអស់ ជា​ឧបាយក្នុងធម៌ទាំងនោះ ឈ្មោះថា សេចក្តីឈ្លាសក្នុងឧបាយ។

[៤២] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាជាវិបាក បញ្ញា​ក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ ឈ្មោះថា បញ្ញាមានវិបាកធម៌ជាប្រក្រតី បញ្ញា​ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនមែនជាវិបាក ទាំងមិន​មែន​​មានវិបាកធម៌ជាប្រក្រតី។

[៤៣] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកម្ម​ប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់​ឧបាទាន បញ្ញា​ក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្ត​ទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម​ មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន បញ្ញា​ក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក​ហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។

[៤៤] បញ្ញាសម្បយុត្តដោយវិតក្កៈ និងវិចារៈ ឈ្មោះថា បញ្ញាប្រកប​ដោយ​វិតក្កៈ ទាំងប្រកបដោយវិចារៈ បញ្ញា​ប្រាសចាកវិតក្កៈ តែសម្បយុត្ត​ដោយវិចារៈ ឈ្មោះថា បញ្ញា​មិនមានវិតក្កៈ មានត្រឹមតែវិចារៈ បញ្ញា​ប្រាសចាក​វិតក្កៈ និងវិចារៈ ឈ្មោះថា បញ្ញាមិនមានវិតក្កៈ ទាំងមិនមានវិចារៈ។

[៤៥] បញ្ញាសម្បយុត្តដោយបីតិ ឈ្មោះថា បញ្ញាកើតព្រមដោយបីតិ បញ្ញាសម្បយុត្តដោយសុខ ឈ្មោះថា បញ្ញាកើតព្រមដោយសុខ បញ្ញាសម្បយុត្ត​ដោយឧបេក្ខា ឈ្មោះថា បញ្ញាកើតព្រមដោយឧបេក្ខា។

[៤៦] បញ្ញាក្នុងកុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាដល់នូវការ​សន្សំ (កម្មក្កិលេស) បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាដល់នូវការមិនសន្សំ បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ និងក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនដល់នូវការសន្សំ ទាំងមិនដល់នូវការមិនសន្សំ។

[៤៧] បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៣ ឈ្មោះថា បញ្ញាជារបស់សេក្ខបុគ្គល បញ្ញាក្នុងអរហត្តផលជាន់លើ ឈ្មោះថា បញ្ញាជារបស់អសេក្ខបុគ្គល បញ្ញាក្នុង​កុសល ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៣ ក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា បញ្ញាមិនមែនជារបស់សេក្ខបុគ្គល ទាំង​មិនមែនជារបស់អសេក្ខបុគ្គល។

[៤៨] បញ្ញាក្នុងកាមាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាតូចឆ្មារ បញ្ញាក្នុងរូបាវចរកុសល អរូបាវចរកុសល និងអព្យាក្រឹត ឈ្មោះថា បញ្ញាមាន​សភាពធំ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ឈ្មោះថា បញ្ញាមានប្រមាណមិនបាន។

[៤៩] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍តូចឆ្មារ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយតូចឆ្មារ នេះហៅថា បញ្ញាមានអារម្មណ៍​តូចឆ្មារ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយ ដល់នូវសភាពធំ នេះ​ហៅថា បញ្ញាមានអារម្មណ៍ដល់នូវសភាពធំ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍​ប្រមាណ​មិនបាន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការ​មិនវង្វេង ការ​ពិចារណាធម៌ ការឃើញត្រូវណា​ កើតឡើងព្រោះប្រារព្ធធម៌​មានប្រមាណ​មិនបាន នេះហៅថា បញ្ញាមានអារម្មណ៍ប្រមាណមិនបាន។

[៥០] បណ្តាបញ្ញាទាំងនោះ បញ្ញាមានមគ្គជាអារម្មណ៍ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ សេចក្តីមិនវង្វេង ការពិចារណាធម៌ ការឃើញ​ត្រូវណា កើតឡើងព្រោះប្រារព្ធអរិយមគ្គ នេះហៅថា បញ្ញាមានមគ្គជាអារម្មណ៍។ បញ្ញាក្នុងមគ្គ ៤ ឈ្មោះថា បញ្ញាមានមគ្គជាហេតុ។ បណ្តាបញ្ញាទាំង​នោះ បញ្ញា​មានមគ្គជាអធិបតី តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការ​មិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ​ណា កើតឡើង​ព្រោះធ្វើអរិយមគ្គ​ឲ្យជា​អធិបតី នេះហៅថា បញ្ញា​មានមគ្គជាអធិបតី។

[៥១] បញ្ញាក្នុងវិបាក ប្រព្រឹត្តទៅក្នុងភូមិ ៤ កើតឡើងហើយ​ក៏មាន បម្រុងនឹងកើតឡើង តែមិនគួរពោលថា មិនទាន់កើតឡើង​ក៏មាន បញ្ញា​ក្នុង​កុសល ប្រព្រឹត្តទៅក្នុងភូមិ ៤ និងក្នុងកិរិយាអព្យាក្រឹត ប្រព្រឹត្តទៅក្នុងភូមិ ៣ កើតឡើងហើយ​ក៏មាន មិនទាន់កើតឡើង តែមិនគួរពោលថា បម្រុងនឹងកើត​ឡើង​ក៏មាន។

[៥២] បញ្ញាទាំងអស់ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏​មាន។

[៥៣] បណ្តាបញ្ញាទាំងនោះ បញ្ញា​មានអារម្មណ៍ជាអតីត តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ​ណា កើតឡើងព្រោះប្រារព្ធធម៌ទាំងឡាយជាអតីត នេះហៅថា បញ្ញា​មាន​អារម្មណ៍​​ជាអតីត។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ជាអនាគត តើ​ដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញត្រូវ​ណា កើតឡើង​ព្រោះប្រារព្ធនូវធម៌ទាំងឡាយជាអនាគត នេះហៅ​ថា បញ្ញាមានអារម្មណ៍ជាអនាគត។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍​ជា​បច្ចុប្បន្ន តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវ​ណា កើតឡើង​ព្រោះប្រារព្ធនូវធម៌ទាំងឡាយជាបច្ចុប្បន្ន នេះហៅថា បញ្ញា​មានអារម្មណ៍ជាបច្ចុប្បន្ន។

[៥៤] បញ្ញាទាំងអស់ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។

[៥៥] បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ខាងក្នុង តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាខាងក្នុង នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្នុង។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍ខាងក្រៅ តើដូច​ម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការ​ឃើញត្រូវណា កើតឡើងព្រោះប្រារព្ធនូវធម៌ទាំងឡាយជាខាងក្រៅ នេះហៅ​ថា បញ្ញាមានអារម្មណ៍ខាងក្រៅ។ បណ្តាបញ្ញាទាំងនោះ បញ្ញាមានអារម្មណ៍​ខាងក្នុង និងខាងក្រៅ តើដូចម្តេច។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា កើតឡើង ព្រោះប្រារព្ធនូវធម៌ទាំង​ឡាយជាខាងក្នុង និងខាងក្រៅ នេះហៅថា បញ្ញាមានអារម្មណ៍ខាងក្នុង និង​ខាងក្រៅ។

ញាណវត្ថុ មានប្រការ ៣ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/abh/vb/abh.vb.16.02.03.txt · ពេលកែចុងក្រោយ: 2024/08/13 12:13 និពន្ឋដោយ 127.0.0.1