(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 16 02 10 បាលី cs-km: abh.vb.16.02.10 អដ្ឋកថា: abh.vb.16.02.10_att PTS: ?
(ទសកនិទ្ទេស ទី១០)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១០. ទសកនិទ្ទេសោ)
[៧៣] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវហេតុ ថាជាហេតុផង នូវអំពើមិនមែនហេតុ ថាជាអំពើមិនមែនហេតុផង តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ (សម្មាទិដ្ឋិ) ហើយប្រកាន់នូវសង្ខារណាមួយ ថាទៀង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវសង្ខារណាមួយ ថាទៀង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយប្រកាន់នូវធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន រមែងផ្តាច់បង់នូវមាតាចាកជីវិត ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវបិតាចាកជីវិត។ បេ។ ផ្តាច់បង់នូវព្រះអរហន្តចាកជីវិត។ បេ។ ញ៉ាំងព្រះលោហិតរបស់ព្រះតថាគតឲ្យកើតឡើងដោយចិត្តប្រទូស្ត។ បេ។ បំបែកសង្ឃ។ បេ។ ឧទ្ទិសនូវគ្រូដទៃ។ បេ។ ធ្វើភពទី ៨ ឲ្យកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងញ៉ាំងភពទី ៨ ឲ្យកើត ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធពីរព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ មិនមុនមិនក្រោយ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្តេចចក្រពត្តិពីរព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ មិនមុនមិនក្រោយ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលស្តេចចក្រពត្តិមួយព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្រ្តី បានជាព្រះអរហន្តសម្មាសម្ពុទ្ធ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានជាព្រះអរហន្តសម្មាសម្ពុទ្ធ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្រ្តីបានជាស្តេចចក្រពត្តិ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានជាស្តេចចក្រពត្តិ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលស្ត្រីបានអត្តភាពជាព្រះឥន្រ្ទ បានអត្តភាពជាមារ បានអត្តភាពជាព្រហ្ម ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលបុរសបានអត្តភាពជាព្រះឥន្រ្ទ បានអត្តភាពជាមារ បានអត្តភាពជាព្រហ្ម ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់កាយទុច្ចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះមានប្រាកដ ត្រង់ដែលវិបាករបស់កាយទុច្ចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់វចីទុច្ចរិត និងមនោទុច្ចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់វចីទុច្ចរិត និងមនោទុច្ចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់កាយសុចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់កាយសុចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលវិបាករបស់វចីសុចរិត និងមនោសុចរិត មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលវិបាករបស់វចីសុចរិត និងមនោសុចរិត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត គប្បីកើតឡើង ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានកាយទុច្ចរិតនោះជាហេតុ ព្រោះមានកាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយកាយទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានកាយទុច្ចរិតនោះជាហេតុ ព្រោះមានកាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាហេតុ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាហេតុ ព្រោះមានវចីទុច្ចរិត និងមនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយកាយសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានកាយសុចរិតនោះជាហេតុ ព្រោះមានកាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយកាយសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានកាយសុចរិតនោះជាហេតុ ព្រោះមានកាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាហេតុ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះមិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនេះមានប្រាកដ ត្រង់ដែលបុគ្គលប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត លុះបែកធ្លាយរាងកាយខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងលោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាហេតុ ព្រោះមានវចីសុចរិត និងមនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបមាន។ ពួកធម៌ណាៗ ជាហេតុ ជាបច្ច័យ ដើម្បីកើតឡើងនៃពួកធម៌ណាៗ ពួកធម៌នោះៗ ឈ្មោះថាជាហេតុ ពួកធម៌ណាៗ មិនមែនហេតុ មិនមែនបច្ច័យ ដើម្បីកើតឡើងនៃពួកធម៌ណាៗ ទេ ពួកធម៌នោះៗ ឈ្មោះថា មិនមែនហេតុ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិតនូវហេតុ ថាជាហេតុផង នូវអំពើមិនមែនហេតុថា ជាអំពើមិនមែនហេតុផង។
[៧៤] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវវិបាករបស់កម្មសមាទាន (ការកាន់យកនូវកម្មជាកុសល និងអកុសល) ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា កម្មសមាទានដ៏លាមកពួកខ្លះ មានគតិសម្បត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានឧបធិសម្បត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានកាលសម្បត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ មានបយោគសម្បត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវគតិវិបត្តិក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវឧបធិវិបត្តិក៏មាន កម្មសមាទានដ៏លាមកពួកខ្លះឲ្យផល ព្រោះអាស្រ័យនូវកាលវិបត្តិក៏មាន កម្មសមាទានដ៏លាមកពួកខ្លះ ឲ្យផល ព្រោះអាស្រ័យនូវបយោគវិបត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានគតិវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានឧបធិវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានកាលវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ មានបយោគវិបត្តិរារាំង មិនឲ្យផលក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផលព្រោះអាស្រ័យនូវគតិសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផល ព្រោះអាស្រ័យនូវឧបធិសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផល ព្រោះអាស្រ័យនូវកាលសម្បត្តិក៏មាន កម្មសមាទានដ៏ល្អពួកខ្លះ ឲ្យផលព្រោះអាស្រ័យនូវបយោគសម្បត្តិក៏មាន។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវវិបាករបស់កម្មសមាទាន ជាអតីត អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ។
[៧៥] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវបដិបទាជាដំណើរទៅក្នុងទីទាំងពួង តើដូចម្តេច។ ព្រះគថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់នរក ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់តិរច្ឆាន ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់ប្រេតវិស័យ ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់មនុស្សលោក ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទេវលោក ទ្រង់ជ្រាបច្បាស់ថា នេះផ្លូវ នេះសេចក្តីប្រតិបត្តិជាដំណើរទៅកាន់ព្រះនិព្វាន។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវបដិបទាជាដំណើរទៅក្នុងទីទាំងពួង។
[៧៦] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា តើដូចម្តេច។ ព្រះគថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់នូវសេចក្តីផ្សេងគ្នានៃខន្ធ ទ្រង់ជ្រាបច្បាស់នូវសេចក្តីផ្សេងគ្នានៃអាយតនៈ ទ្រង់ជ្រាបច្បាស់នូវសេចក្តីផ្សេងគ្នានៃធាតុ ឈ្មោះថា ជ្រាបច្បាស់នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវលោកដែលមានធាតុច្រើន មានធាតុផ្សេងៗគ្នា។
[៧៧] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា នៃពួកសត្វ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា ពួកសត្វមានអធ្យាស្រ័យថោកទាបក៏មាន ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ក៏មាន ក្នុងបច្ចុប្បន្នកាល ពួកសត្វមានអធ្យាស្រ័យថោកទាប តែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ តែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអតីតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប បានសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ បានសេពគប់ គប់រក ចូលទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអនាគតកាល ពួកសត្វដែលមានអធ្យាស្រ័យថោកទាប នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា។ ពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពស់ខ្ពស់ដូចគ្នា។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវអធ្យាស្រ័យផ្សេងៗគ្នា នៃពួកសត្វ។
[៧៨] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់នូវអាសយៈ (ធម៌ជាទីនៅអាស្រ័យរបស់ពួកសត្វ) ទ្រង់ជ្រាបច្បាស់នូវអនុសយៈ (កិលេសដែលដេកត្រាំនៅក្នុងសន្តានរបស់ពួកសត្វ) ទ្រង់ជ្រាបច្បាស់នូវចរិតរបស់ពួកសត្វ ទ្រង់ជ្រាបច្បាស់នូវអធ្យាស្រ័យរបស់ពួកសត្វ ទ្រង់ជ្រាបច្បាស់នូវពួកសត្វដែលមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា មានឥន្រ្ទិយទន់ មានអាការល្អ មានអាការអាក្រក់ ដែលឲ្យត្រាស់ដឹងងាយ ដែលឲ្យត្រាស់ដឹងក្រ មានភ័ព្វ និងឥតភ័ព្វ។ ចុះអាសយៈ (ធម៌ជាទីនៅអាស្រ័យ) របស់ពួកសត្វ តើដូចម្តេច។ សត្វទាំងឡាយ អាស្រ័យនូវភវទិដ្ឋិ (សេចក្តីយល់ថា មាន) ក្តី អាស្រ័យនូវវិភវទិដ្ឋិ (សេចក្តីយល់ថា មិនមាន) ក្តី ដូច្នេះថា លោកទៀងខ្លះ ថាលោកមិនទៀងខ្លះ ថាលោកមានទីបំផុតខ្លះ ថាលោកមិនមានទីបំផុតខ្លះ ថាជីវិតនោះក៏គឺសរីរៈនោះខ្លះ ថាជីវិតដទៃសរីរៈក៏ដទៃខ្លះ ថាសត្វស្លាប់ហើយកើតទៀតខ្លះ ថាសត្វស្លាប់ហើយមិនកើតទៀតខ្លះ ថាសត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានខ្លះ ថាសត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ ឬក៏សេចក្តីពេញចិត្ត ដែលអនុលោមទៅក្នុងធម៌ទាំងឡាយដែលកើតឡើង ព្រោះអាស្រ័យនូវធម៌នេះជាបច្ច័យក្តី សេចក្តីដឹងតាមពិតក្តី ជាការណ៍ដែលសត្វទាំងឡាយ បានចំពោះហើយ ព្រោះមិនពឹងផ្អែកនូវអន្តធម៌ទាំងពីរគឺ ភវទិដ្ឋិ និងវិភវទិដ្ឋិនុ៎ះទេ នេះឈ្មោះថា អាសយៈរបស់ពួកសត្វ។ ចុះអនុសយៈរបស់ពួកសត្វ តើដូចម្តេច។ អនុសយៈ ៧ គឺ កាមរាគានុសយៈ ១ បដិឃានុសយៈ ១ មានានុសយៈ ១ ទិដ្ឋានុសយៈ ១ វិចិកិច្ឆានុសយៈ ១ ភវរាគានុសយៈ ១ អវិជ្ជានុសយៈ ១។ ឥដ្ឋារម្មណ៍ណា ក្នុងលោក មានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ រាគានុសយៈរបស់ពួកសត្វ រមែងដេកត្រាំក្នុងឥដ្ឋារម្មណ៍នោះ អនិដ្ឋារម្មណ៍ណា ក្នុងលោក មានសភាពមិនគួរស្រឡាញ់ មានសភាពមិនគួរត្រេកអរ បដិឃានុសយៈរបស់ពួកសត្វ រមែងដេកត្រាំក្នុងអនិដ្ឋារម្មណ៍នោះ ព្រោះហេតុនោះ អវិជ្ជារមែងធ្លាក់ចុះតាម ក្នុងធម៌ទាំងពីរនេះ មានះក្តី ទិដ្ឋិក្តី វិចិកិច្ឆាក្តី បុគ្គលគប្បីឃើញថា តាំងនៅក្នុងទីជាមួយគ្នានឹងអវិជ្ជានោះ នេះឈ្មោះថា អនុសយៈរបស់ពួកសត្វ។ ចុះចរិតរបស់ពួកសត្វ តើដូចម្តេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអានេញ្ជាភិសង្ខារ មានជាន់តូចតាចក្តី មានជាន់ធំដុំក្តី នេះឈ្មោះថា ចរិតរបស់ពួកសត្វ។ ចុះអធ្យាស្រ័យរបស់ពួកសត្វ តើដូចម្តេច។ ពួកសត្វមានអធ្យាស្រ័យថោកទាបក៏មាន ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ក៏មាន ក្នុងបច្ចុប្បន្នកាល ពួកសត្វមានអធ្យាស្រ័យថោកទាប រមែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ រមែងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអតីតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប បានសេពគប់ គប់រក ចូលទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ បានសេពគប់ គប់រក ចូលទៅអង្គុយជិតហើយនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា សូម្បីក្នុងអនាគតកាល ពួកសត្វមានអធ្យាស្រ័យថោកទាប នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យថោកទាបដូចគ្នា ពួកសត្វមានអធ្យាស្រ័យខ្ពង់ខ្ពស់ នឹងសេពគប់ គប់រក ចូលទៅអង្គុយជិតនឹងពួកសត្វដែលមានអធ្យាស្រ័យខ្ពង់ខ្ពស់ដូចគ្នា នេះឈ្មោះថា អធ្យាស្រ័យរបស់ពួកសត្វ។ ចុះពួកសត្វ មានធូលីច្រើនក្នុងភ្នែកនោះ តើដូចម្តេច។ កិលេសវត្ថុ ១០ គឺ លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ អនោតប្បៈ កិលេសវត្ថុទាំង ១០ នេះ ពួកសត្វណា បានសេពគប់ បានអប់រំ បានធ្វើឲ្យច្រើន បានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះ ឈ្មោះថា មានធូលីច្រើនក្នុងភ្នែក។ ពួកសត្វមានធូលីតិចក្នុងភ្នែកនោះ តើដូចម្តេច។ កិលេសវត្ថុ ១០ នេះ ពួកសត្វណា មិនបានសេពគប់ មិនបានអប់រំ មិនបានធ្វើឲ្យច្រើន មិនបានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានធូលីតិចក្នុងភ្នែក។ ពួកសត្វមានឥន្រ្ទិយទន់នោះ តើដូចម្តេច។ ឥន្រ្ទិយ ៥ គឺ សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ឥន្រ្ទិយទាំង ៥ នេះ ពួកសត្វណា មិនបានសេពគប់ មិនបានអប់រំ មិនបានធ្វើឲ្យច្រើន មិនបានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានឥន្រ្ទិយទន់។ ពួកសត្វមានឥន្រ្ទិយចាស់ក្លានោះ តើដូចម្តេច។ ឥន្រ្ទិយទាំង ៥ នេះ ពួកសត្វណា បានសេពគប់ បានអប់រំ បានធ្វើឲ្យច្រើន បានធ្វើឲ្យដុះដាលហើយ ពួកសត្វនោះឯង ឈ្មោះថា មានឥន្រ្ទិយចាស់ក្លា។ ពួកសត្វមានអាការអាក្រក់នោះ តើដូចម្តេច។ ពួកសត្វណា មានអាសយៈអាក្រក់ មានអនុសយៈអាក្រក់ មានចរិតអាក្រក់ មានអធ្យាស្រ័យអាក្រក់ មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយទន់ ពួកសត្វនោះឯងឈ្មោះថា មានអាការអាក្រក់។ ពួកសត្វមានអាការល្អនោះ តើដូចម្តេច។ ពួកសត្វណា មានអាសយៈល្អ មានចរិតល្អ មានអធ្យាស្រ័យល្អ មានធូលីតិចក្នុងភ្នែក មានឥន្រ្ទិយចាស់ក្លា ពួកសត្វនោះឯង ឈ្មោះថា មានអាការល្អ។ ពួកសត្វដែលឲ្យត្រាស់ដឹងក្រនោះ តើដូចម្តេច។ ពួកសត្វណា មានអាការអាក្រក់ ពួកសត្វនោះ ឈ្មោះថា ឲ្យត្រាស់ដឹងក្រ ពួកសត្វណា មានអាការល្អ ពួកសត្វនោះ ឈ្មោះថា ឲ្យត្រាស់ដឹងងាយ។ ពួកសត្វឥតភ័ព្វនោះ តើដូចម្តេច។ ពួកសត្វណា ប្រកបដោយការរារាំង គឺអនន្តរិយកម្ម ប្រកបដោយការរារាំង គឺនិយតមិច្ឆាទិដ្ឋិ ប្រកបដោយការរារាំង គឺអហេតុកបដិសន្ធិ ជាអ្នកមិនមានសទ្ធា មិនមានសេចក្តីប្រាថ្នា ឥតប្រាជ្ញា មិនគួរចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកសត្វនោះឯង ឈ្មោះថា ឥតភ័ព្វ។ ពួកសត្វមានភ័ព្វនោះ តើដូចម្តេច។ ពួកសត្វណា ជាអ្នកមិនប្រកបដោយការរារាំង គឺអនន្តរិយកម្ម មិនប្រកបដោយការរារាំង គឺនិយតមិច្ឆាទិដ្ឋិ មិនប្រកបដោយការរារាំង គឺអហេតុកបដិសន្ធិ ជាអ្នកមានសទ្ធា មានសេចក្តីប្រាថ្នា មានប្រាជ្ញា គួរចុះកាន់សម្មត្តនិយាម ក្នុងកុសលធម៌ទាំងឡាយ ពួកសត្វនោះឯង ឈ្មោះថា មានភ័ព្វ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណានូវធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវឥន្រ្ទិយចាស់ក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ។
[៧៩] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិ តើដូចម្តេច។ ពាក្យថា បុគ្គលមានឈាន បានដល់បុគ្គលមានឈាន ៤ ពួក គឺបុគ្គលមានឈានពួកមួយ សំគាល់នូវសម្បត្តិ ថាជាវិបត្តិក៏មាន បុគ្គលមានឈានពួកមួយ សំគាល់នូវវិបត្តិ ថាជាសម្បត្តិក៏មាន បុគ្គលមានឈានពួកមួយ សំគាល់នូវសម្បត្តិ ថាជាសម្បត្តិក៏មាន បុគ្គលមានឈានពួកមួយ សំគាល់នូវវិបត្តិ ថាជាវិបត្តិក៏មាន នេះឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ បុគ្គលមានឈាន ៤ ពួក ដទៃទៀត គឺបុគ្គលមានឈានពួកមួយ ចូលឈានយឺតយូរ តែចេញរហ័សក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានរហ័ស តែចេញយឺតយូរក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានយឺតយូរ ចេញក៏យឺតយូរក៏មាន បុគ្គលមានឈានពួកមួយ ចូលឈានរហ័ស ចេញក៏រហ័សក៏មាន នេះឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ បុគ្គលមានឈាន ៤ ពួក ដទៃទៀត គឺបុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិ តែមិនឈ្លាសក្នុងការចូលក្នុងសមាធិក៏មាន បុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាសក្នុងការចូលក្នុងសមាធិ តែមិនឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិក៏មាន បុគ្គលមានឈានពួកមួយ ជាអ្នកឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិផង ជាអ្នកឈ្លាសក្នុងការចូលក្នុងសមាធិផងក៏មាន បុគ្គលមានឈានពួកមួយ ជាអ្នកមិនឈ្លាសក្នុងការធ្វើចិត្តឲ្យនឹងធឹងក្នុងសមាធិ ទាំងមិនឈ្លាសក្នុងការចូលក្នុងសមាធិក៏មាន នេះឈ្មោះថា បុគ្គលមានឈាន ៤ ពួក។ ពាក្យថា ឈាន បានដល់ឈាន ៤ គឺ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ពាក្យថា វិមោក្ខ បានដល់វិមោក្ខ ៨ គឺបុគ្គលមានរូប ឃើញនូវរូប នេះវិមោក្ខទី ១ បុគ្គលមានសេចក្តីសំគាល់ថា មិនមានរូបខាងក្នុង ឃើញនូវរូបខាងក្រៅ នេះវិមោក្ខទី ២ បុគ្គលមានអធ្យាស្រ័យ (សំគាល់) ថារូបល្អ នេះវិមោក្ខទី ៣ បុគ្គលកន្លងបង់នូវរូបសញ្ញា ដល់នូវការរលត់បដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូលអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត នេះវិមោក្ខទី ៤ បុគ្គលកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត នេះវិមោក្ខទី ៥ បុគ្គលកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីតិចតួច មិនមាន នេះវិមោក្ខទី ៦ បុគ្គលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះវិមោក្ខទី ៧ បុគ្គលកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលសញ្ញាវេទយិតនិរោធ នេះវិមោក្ខទី ៨។ ពាក្យថា សមាធិ បានដល់សមាធិ ៣ គឺ សមាធិប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ សមាធិមិនមានទាំងវិតក្កៈ មិនមានទាំងវិចារៈ។ ពាក្យថា សមាបត្តិ បានដល់អនុបុព្វវិហារសមាបត្តិ ៩ គឺបឋមជ្ឈានសមាបត្តិ ទុតិយជ្ឈានសមាបត្តិ តតិយជ្ឈានសមាបត្តិ ចតុត្ថជ្ឈានសមាបត្តិ អាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ សញ្ញាវេទយិតនិរោធសមាបត្តិ។ ពាក្យថា សេចក្តីសៅហ្មង បានដល់ធម៌ជាចំណែកនៃសេចក្តីសាបសូន្យ។ ពាក្យថា សេចក្តីផូរផង់ បានដល់ធម៌ជាចំណែកនៃគុណវិសេស។ ពាក្យថា ការចេញ គឺសេចក្តីផូរផង់ ឈ្មោះថា ការចេញ ទាំងការចេញចាកសមាធិនោះៗ ក៏ឈ្មោះថាការចេញដែរ ព្រោះហេតុនោះ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវសេចក្តីសៅហ្មង នូវសេចក្តីផូរផង់ នូវការចេញនៃឈានវិមោក្ខ សមាធិ និងសមាបត្តិ។
[៨០] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលនៅអាស្រ័យក្នុងភពមុន តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ រលឹកជាតិដែលបាននៅអាស្រ័យក្នុងភពមុន ជាអនេកជាតិ គឺរលឹកបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកបានច្រើនសំវដ្ដកប្បៈ ច្រើនវិវដ្តកប្បៈ ច្រើនសំវដ្ដវិវដ្ដកប្បៈក៏បាន ដូច្នេះថា តថាគត បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគត លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរសយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគតនោះ លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ ព្រះតថាគត រលឹកតាមនូវជាតិ ដែលនៅអាស្រ័យក្នុងភពមុន បានច្រើនជាតិ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការរលឹកជាតិដែលនៅអាស្រ័យក្នុងភពមុន។
[៨១] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការច្យុតិ និងការកើតរបស់ពួកសត្វ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់ ក៏ដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវពួកព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានចូលទៅកាន់កំណើតអបាយ ទុគ្គតិ វិនិបាតនរក មួយទៀត អើហ្ន៎ សត្វទាំងឡាយអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀលនូវពួកព្រះអរិយៈ មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានចូលទៅកាន់លោក គឺមនុស្សសុគតិ និងស្ថានសួគ៌ ព្រះតថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់ ក៏ដឹងច្បាស់នូវពួកសត្វដែលប្រព្រឹត្តទៅតាមកម្ម (របស់ខ្លួន) ដោយប្រការដូច្នេះ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការច្យុតិ និងការកើត របស់ពួកសត្វ។
[៨២] បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការអស់ទៅនៃអាសវៈទាំងឡាយ តើដូចម្តេច។ ព្រះតថាគតក្នុងលោកនេះ ព្រោះការអស់ទៅនៃអាសវៈ ក៏ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយប្រាជ្ញាដ៏ឧត្តមរបស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ។ បញ្ញា ការដឹងច្បាស់។ បេ។ ការមិនវង្វេង ការពិចារណាធម៌ ការឃើញត្រូវណា ក្នុងធម៌ទាំងឡាយនោះ នេះឈ្មោះថា ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវការអស់ទៅនៃអាសវៈទាំងឡាយ។
ចប់ ញាណវិភង្គ។