(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 17 បាលី cs-km: abh.vb.17 អដ្ឋកថា: abh.vb.17_att PTS: ?
ខុទ្ទកវត្ថុវិភង្គ (ទី១៧)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(មាតិកា)
(១. ឯកកមាតិកា)
[៨៣] សេចក្តីស្រវឹងព្រោះជាតិ សេចក្តីស្រវឹងព្រោះគោត្រ សេចក្តីស្រវឹងព្រោះការមិនមានរោគ សេចក្តីស្រវឹងព្រោះវ័យ សេចក្តីស្រវឹងព្រោះជីវិត សេចក្តីស្រវឹងព្រោះលាភ សេចក្តីស្រវឹងព្រោះសក្ការៈ សេចក្តីស្រវឹងព្រោះការគោរព សេចក្តីស្រវឹងព្រោះខ្លួនជាប្រធាន សេចក្តីស្រវឹងព្រោះបរិវារ សេចក្តីស្រវឹងព្រោះភោគៈ សេចក្តីស្រវឹងព្រោះវណ្ណៈ សេចក្តីស្រវឹងព្រោះការចេះដឹង សេចក្តីស្រវឹងព្រោះបញ្ញា សេចក្តីស្រវឹងព្រោះដឹងរាត្រី សេចក្តីស្រវឹងព្រោះប្រព្រឹត្តបិណ្ឌបាត សេចក្តីស្រវឹងព្រោះការណ៍គេមើលងាយមិនបាន សេចក្តីស្រវឹងព្រោះឥរិយាបថ សេចក្តីស្រវឹងព្រោះឫទ្ធិ សេចក្តីស្រវឹងព្រោះយស សេចក្តីស្រវឹងព្រោះសីល សេចក្តីស្រវឹងព្រោះឈាន សេចក្តីស្រវឹងព្រោះសិល្បសាស្រ្ត សេចក្តីស្រវឹងព្រោះកំពស់ សេចក្តីស្រវឹងព្រោះទំហំ សេចក្តីស្រវឹងព្រោះទ្រង់ទ្រាយ សេចក្តីស្រវឹងព្រោះសរីរៈពេញលេញ សេចក្តីស្រវឹង សេចក្តីប្រមាទ សេចក្តីចចេស សេចក្តីប្រណាំងវាស្នា សេចក្តីប្រាថ្នាក្រៃពេក សេចក្តីប្រាថ្នាធំ សេចក្តីប្រាថ្នាលាមក កិលេសជាតដូចស្នែង សេចក្តីតិះដៀល ការឃ្លេងឃ្លោង (ហឺហា) សេចក្តីប្រព្រឹត្តិមិនស្មោះស្មើ សេចក្តីមិនត្រេកអរ សេចក្តីខ្ជិលច្រអូស សេចក្តីមិតពត់ សេចក្តីស្រវឹងព្រោះភត្ត ភាពនៃចិត្តរួញរា ការកុហក ការរួសរាយ ការធ្វើនូវនិមិត្ត ការធ្វើនូវសេចក្តីគម្រាម ការទាក់លាភដោយលាភ សេចក្តីប្រកាន់ថា អញប្រសើរជាងគេ សេចក្តីប្រកាន់ថា អញស្មើនឹងគេ សេចក្តីប្រកាន់ថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញប្រសើរជាងគេ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញស្មើនឹងគេ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញស្មើនឹងគេ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញថោកទាបជាងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញប្រសើរជាងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ សេចក្តីប្រកាន់ សេចក្តីមើលងាយគេ សេចក្តីប្រកាន់ក្រៃលែង សេចក្តីប្រកាន់ថោកថយ សេចក្តីប្រកាន់លើសលុប សេចក្តីប្រកាន់ថា អញមាន សេចក្តីប្រកាន់ខុស សេចក្តីនឹកដល់ញាតិ សេចក្តីនឹកដល់ជនបទ សេចក្តីនឹកដល់ការមិនស្លាប់ សេចក្តីនឹកប្រកបដោយសេចក្តីអាណិតអាសូរដល់អ្នកដទៃ សេចក្តីនឹក ប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរ សេចក្តីនឹកប្រកបដោយការណ៍ ដែលគេមើលងាយមិនបាន។
(២. ទុកមាតិកា)
[៨៤] សេចក្តីក្រោធ ១ ការចងសេចក្តីក្រោធទុក ១ សេចក្តីលុបគុណ ១ ការវាយឫកស្មើ ១ សេចក្តីច្រណែន ១ សេចក្តីកំណាញ់ ១ សេចក្តីបិទបាំងទោសរបស់ខ្លួន ១ សេចក្តីអួតអាង ១ អវិជ្ជា ១ ភវតណ្ហា ១ ភវទិដ្ឋិ ១ វិភវទិដ្ឋិ ១ សស្សតទិដ្ឋិ ១ ឧច្ឆេទទិដ្ឋិ ១ អន្តវាទិដ្ឋិ ១ អនន្តវាទិដ្ឋិ ១ បុព្វន្តានុទិដ្ឋិ ១ អបរន្តានុទិដ្ឋិ ១ សេចក្តីមិនខ្មាសបាប ១ សេចក្តីមិនក្តៅនឹងបាប ១ ការប្រដៅក្រ ១ ភាពអ្នកមានមិត្តអាក្រក់ ១ អាការមិនត្រង់ ១ សេចក្តីមិនទន់ភ្លន់ ១ សេចក្តីមិនអត់សង្កត់ ១ សេចក្តីមិនស្លូតបូត ១ សំដីមិនពីរោះ ១ ការមិនទទួលរាក់ទាក់ ១ ភាពអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយ ១ ភាពអ្នកមិនដឹងប្រមាណក្នុងភោជន ១ ភាពអ្នកភ្លេចស្មារតី ១ ភាពអ្នកមិនដឹងខ្លួន ១ វិបត្តិនៃសីល ១ វិបត្តិនៃទិដ្ឋិ ១ សញ្ញោជនៈខាងក្នុង ១ សញ្ញោជនៈខាងក្រៅ ១។
(៣. តិកមាតិកា)
[៨៥] អកុសលមូល ៣ អកុសលវិតក្កៈ ៣ អកុសលសញ្ញា ៣ អកុសលធាតុ ៣ ទុច្ចរិត ៣ អាសវៈ ៣ សញ្ញោជនៈ ៣ តណ្ហា ៣ តណ្ហាដទៃទៀត ៣ តណ្ហាដទៃទៀត ៣ ការស្វែងរក ៣ ការឆ្មើងឆ្មៃ ៣ ភ័យ ៣ ងងឹត ៣ លទ្ធិដូចជាកំពង់ ៣ កង្វល់ ៣ ទីទួល ៣ មន្ទិល ៣ ធម្មជាតមិនរាបស្មើ ៣ ធម្មជាតមិនរាបស្មើដទៃទៀត ៣ ភ្លើង ៣ ទឹកចត់ ៣ ទឹកចត់ដទៃទៀត ៣ សេចក្តីយល់ឃើញថាគួរត្រេកអរ សេចក្តីយល់ឃើញថាជាខ្លួន សេចក្តីយល់ឃើញខុស សេចក្តីមិនត្រេកអរ សេចក្តីបៀតបៀន ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការប្រដៅក្រ ភាពអ្នកមានមិត្តអាក្រក់ សញ្ញាផ្សេងៗ សេចក្តីរាយមាយ សេចក្តីខ្ជិល សេចក្តីប្រមាទ សេចក្តីមិនសន្តោស សេចក្តីមិនដឹងខ្លួន សេចក្តីប្រាថ្នាធំ សេចក្តីមិនខ្មាសបាប សេចក្តីមិនក្តៅនឹងបាប សេចក្តីប្រមាទ សេចក្តីមិនអើពើ ការប្រដៅក្រ ភាពនៃបុគ្គលមានមិត្តអាក្រក់ សេចក្តីមិនជឿ ការមិនធ្វើដឹងឮពាក្យ (ស្មូម) សេចក្តីខ្ជិល សេចក្តីរាយមាយ សេចក្តីមិនសង្រួម សេចក្តីទ្រុស្តសីល សេចក្តីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ សេចក្តីមិនប្រាថ្នាដើម្បីស្តាប់ព្រះសទ្ធម្ម ភាពនៃបុគ្គលមានចិត្តប្រណាំងប្រជែង សេចក្តីភ្លេចស្មារតី សេចក្តីមិនដឹងខ្លួន សេចក្តីរាយមាយនៃចិត្ត ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ការសេពផ្លូវខុស ភាពនៃចិត្តរួញរា។
(៤. ចតុក្កមាតិកា)
[៨៦] អាសវៈ ៤ គន្ថៈ ៤ ឱឃៈ ៤ យោគៈ ៤ ឧបាទាន ៤ តណ្ហុបាទា ៤ ការលុះក្នុងអគតិ ៤ ការស្វែងរកខុស ៤ វោហារមិនប្រសើរ ៤ វោហារមិនប្រសើរដទៃទៀត ៤ ទុច្ចរិត ៤ ទុច្ចរិតដទៃទៀត ៤ ភ័យ ៤ ភ័យដទៃទៀត ៤ ភ័យដទៃទៀត ៤ ភ័យដទៃទៀត ៤ ទិដ្ឋិ ៤។
(៥. បញ្ចកមាតិកា)
[៨៧] សញ្ញោជនៈជាចំណែកខាងក្រោម ៥ សញ្ញោជនៈជាចំណែកខាងលើ ៥ មច្ឆរិយៈ ៥ កិលេសជាគ្រឿងចំពាក់ ៥ សរ ៥ បង្គោលចិត្ត ៥ ចំណងរបស់ចិត្ត ៥ នីវរណៈ ៥ អនន្តរិយកម្ម ៥ ទិដ្ឋិ ៥ ពៀរ ៥ សេចក្តីវិនាស ៥ ទោសនៃសេចក្តីមិនអត់ធន់ ៥ ភ័យ ៥ ទិដ្ឋធម្មនិព្វានវាទ ៥។
(៦. ឆក្កមាតិកា)
[៨៨] មូលនៃវិវាទ ៦ ឆន្ទរាគ ៦ ជាធម៌អាស្រ័យនូវផ្ទះ គឺកាមគុណ វិរោធវត្ថុ (ហេតុនៃសេចក្តីក្រោធ) ៦ ពួកនៃតណ្ហា ៦ អគារវៈ (សេចក្តីមិនគោរព) ៦ បរិហានិយធម៌ (ធម៌ដែលនាំឲ្យសាបសូន្យ) ៦ បរិហានិយធម៌ដទៃទៀត ៦ ធម៌ជាទីពិចារណាដោយសោមនស្ស ៦ ធម៌ជាទីពិចារណាដោយទោមនស្ស ៦ ធម៌ជាទីពិចារណាដោយឧបេក្ខា ៦ សោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ទោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ឧបេក្ខា ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ទិដ្ឋិ ៦។
(៧. សត្តកមាតិកា)
[៨៩] អនុសយក្កិលេស ៧ បរិយុដ្ឋានក្កិលេស ៧ សញ្ញោជនៈ ៧ អសទ្ធម្ម ៧ ទុច្ចរិត ៧ មានះ ៧ ទិដ្ឋិ ៧។
(៨. អដ្ឋកមាតិកា)
[៩០] កិលេសវត្ថុ ៨ កុសីតវត្ថុ ៨ សេចក្តីចង្អៀតចង្អល់ចិត្តព្រោះលោកធម៌ ៨ វោហារមិនប្រសើរ ៨ មិច្ឆត្តធម៌ ៨ ទោសរបស់បុរស ៨ អសញ្ញិវាទ ៨ នេវសញ្ញិនាសញ្ញិវាទ ៨។
(៩. នវកមាតិកា)
[៩១] អាឃាតវត្ថុ (ហេតុនៃគំនុំ) ៩ មន្ទិលរបស់បុរស ៩ មានះ ៩ ធម៌មានតណ្ហាជាមូល ៩ សេចក្តីញាប់ញ័រ ៩ សេចក្តីសំគាល់ ៩ សេចក្តីឃ្លេងឃ្លោង ៩ សេចក្តីយឺតយូរ ៩ សង្ខតធម៌ ៩។
(១០. ទសកមាតិកា)
[៩២] កិលេសវត្ថុ ១០ អាឃាតវត្ថុ ១០ អកុសលកម្មបថ ១០ សញ្ញោជនៈ ១០ មិច្ឆត្តធម៌ ១០ មិច្ឆាទិដ្ឋិមានវត្ថុ ១០ អន្តគ្គាហិកទិដ្ឋិមានវត្ថុ ១០។
[៩៣] តណ្ហាវិចរិត (ការប្រព្រឹត្តិនៃតណ្ហា) ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្នុង តណ្ហាវិចរិត ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្រៅ ត្រូវជាតណ្ហាវិចរិត ៣៦ ព្រោះប្រមូលរួបរួមតណ្ហាវិចរិតទាំងពីរពួកនោះ ក្នុងទីជាមួយគ្នា តណ្ហាវិចរិតជាអតីត ៣៦ តណ្ហាវិចរិតជាអនាគត ៣៦ តណ្ហាវិចរិតជាបច្ចុប្បន្ន ៣៦ ត្រូវជាតណ្ហាវិចរិត ១០៨ ព្រោះប្រមូលរួបរួមតណ្ហាវិចរិតទាំងអស់នោះ ក្នុងទីជាមួយគ្នា ដោយប្រការដូច្នេះ មួយវិញទៀត ទិដ្ឋិទាំង ៦២ ណា ទិដ្ឋិទាំង ៦២ នោះ ព្រះមានព្រះភាគបានសំដែងហើយ ក្នុងវេយ្យាករណ៍ ក្នុងព្រហ្មជាលសូត្រ។
ចប់ មាតិកា។
(១. ឯកកនិទ្ទេសោ)
( (១) ជាតិមទោ)
[៩៤] បណ្តាសេចក្តីស្រវឹងទាំងនោះ សេចក្តីស្រវឹងព្រោះជាតិ តើដូចម្តេច។ ការស្រវឹង អាការស្រវឹង ភាពនៃសេចក្តីស្រវឹង ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ ព្រោះអាស្រ័យជាតិ នេះហៅថា សេចក្តីស្រវឹងព្រោះជាតិ។
( (២-២៧) គោត្តមទាទី)
[៩៥] បណ្តាសេចក្តីស្រវឹងទាំងនោះ សេចក្តីស្រវឹងព្រោះគោត្រ តើដូចម្តេច។ ព្រោះអាស្រ័យគោត្រ។ បេ។ ព្រោះអាស្រ័យភាពមិនមានរោគ។ បេ។ ព្រោះអាស្រ័យវ័យ។ បេ។ ព្រោះអាស្រ័យជីវិត។ បេ។ ព្រោះអាស្រ័យលាភ។ បេ។ ព្រោះអាស្រ័យសក្ការៈ។ បេ។ ព្រោះអាស្រ័យការគោរព។ បេ។ ព្រោះអាស្រ័យការប្រកាន់ខ្លួនថាជាប្រធាន។ បេ។ ព្រោះអាស្រ័យបរិវារ។ បេ។ ព្រោះអាស្រ័យភោគៈ។ បេ។ ព្រោះអាស្រ័យវណ្ណៈ។ បេ។ ព្រោះអាស្រ័យការចេះដឹង។ បេ។ ព្រោះអាស្រ័យបញ្ញា។ បេ។ ព្រោះអាស្រ័យការដឹងរាត្រី។ បេ។ ព្រោះអាស្រ័យភាពអ្នកប្រព្រឹត្តបិណ្ឌបាត។ បេ។ ព្រោះអាស្រ័យការមិនមានគេមើលងាយ។ បេ។ ព្រោះអាស្រ័យឥរិយាបថ។ បេ។ ព្រោះអាស្រ័យឫទ្ធិ។ បេ។ ព្រោះអាស្រ័យយស។ បេ។ ព្រោះអាស្រ័យសីល។ បេ។ ព្រោះអាស្រ័យឈាន។ បេ។ ព្រោះអាស្រ័យសិល្បសាស្រ្ត។ បេ។ ព្រោះអាស្រ័យកំពស់។ បេ។ ព្រោះអាស្រ័យទំហំ។ បេ។ ព្រោះអាស្រ័យទ្រង់ទ្រាយ។ បេ។ ការស្រវឹង អាការស្រវឹង ភាពនៃសេចក្តីស្រវឹង ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ ព្រោះអាស្រ័យការពេញលេញ នេះហៅថា សេចក្តីស្រវឹងព្រោះការពេញលេញ។
( (២៨) មទោ)
[៩៦] បណ្តាធម៌ទាំងនោះ សេចក្តីស្រវឹង តើដូចម្តេច។ ការស្រវឹង អាការស្រវឹង ភាពនៃសេចក្តីស្រវឹង ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ណា នេះហៅថា សេចក្តីស្រវឹង។
( (២៩) បមាទោ)
[៩៧] បណ្តាធម៌ទាំងនោះ សេចក្តីប្រមាទ តើដូចម្តេច។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្តោយចិត្ត ក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតក្តី ក្នុងកាមគុណ ៥ ក្តី ឬការធ្វើដោយមិនគោរព ការធ្វើមិនឲ្យរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រកការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែស ក្នុងការចំរើននូវពួកធម៌ជាកុសល ការធ្វេសប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្តីធ្វេសប្រហែស មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រមាទ។
( (៣០) ថម្ភោ)
[៩៨] បណ្តាធម៌ទាំងនោះ សេចក្តីចចេស តើដូចម្តេច។ ការចចេស អាការចចេស ភាពនៃសេចក្តីចចេស សេចក្តីរឹងរូស សេចក្តីអាក្រក់ ភាពនៃចិត្តរឹងកំព្រឹស ភាពនៃចិត្តមិនទន់ភ្លន់ណា នេះហៅថា សេចក្តីចចេស។
( (៣១) សារម្ភោ)
[៩៩] បណ្តាធម៌ទាំងនោះ សេចក្តីប្រណាំងវាស្នា តើដូចម្តេច។ ការប្រណាំងប្រជែង ការប្រណាំងប្រជែងតប អាការប្រណាំងប្រជែង អាការប្រណាំងប្រជែងតប ភាពនៃសេចក្តីប្រណាំងប្រជែងតបណា នេះហៅថា សេចក្តីប្រណាំងវាស្នា។
( (៣២) អត្រិច្ឆតា)
[១០០] បណ្តាធម៌ទាំងនោះ សេចក្តីប្រាថ្នាដ៏ក្រៃលែង តើដូចម្តេច។ សេចក្តីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្តោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្តីប្រាថ្នា សេចក្តីប្រាថ្នាដ៏ក្រៃលែង តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រាថ្នាដ៏ក្រៃលែង។
( (៣៣) មហិច្ឆតា)
[១០១] បណ្តាធម៌ទាំងនោះ សេចក្តីប្រាថ្នាធំ តើដូចម្តេច។ សេចក្តីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្តោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្តីប្រាថ្នា សេចក្តីប្រាថ្នាធំ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រាថ្នាធំ។
( (៣៤) បាបិច្ឆតា)
[១០២] បណ្តាធម៌ទាំងនោះ សេចក្តីប្រាថ្នាដ៏លាមក តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមានសទ្ធា ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានសទ្ធា ជាអ្នកទ្រុស្តសីល ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានសីល ជាអ្នកចេះដឹងតិច ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកចេះដឹងច្រើន ជាអ្នកត្រេកអរក្នុងការច្របូកច្របល់ដោយពួក ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកស្ងប់ស្ងាត់ ជាអ្នកខ្ជិលច្រអូស ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានព្យាយាម ប្រឹងប្រែង ជាអ្នកភ្លេចស្មារតី ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានស្មារតីតម្កល់ខ្ជាប់ ជាអ្នកមានចិត្តមិនតម្កល់មាំ ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានចិត្តតម្កល់មាំ ជាអ្នកឥតបញ្ញា ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកមានបញ្ញា ជាអ្នកមិនទាន់អស់អាសវៈ ប្រាថ្នាថា ជនចូរដឹងនូវអញ ថាជាអ្នកអស់អាសវៈ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្តីប្រាថ្នា សេចក្តីប្រាថ្នាដ៏លាមក តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រាថ្នាដ៏លាមក។
( (៣៥) សិង្គំ)
[១០៣] បណ្តាធម៌ទាំងនោះ កិលេសជាតដូចស្នែង តើដូចម្តេច។ កិលេសជាតដូចស្នែង សេចក្តីស្រឡាញ់ ការឈ្លាសវៃ សេចក្តីឆ្លៀវឆ្លាស អាការប៉ិនប្រសប់ សេចក្តីប៉ិនប្រសប់ណា នេះហៅថា កិលេសជាតដូចស្នែង។
( (៣៦) តិន្តិណំ)
[១០៤] បណ្តាធម៌ទាំងនោះ សេចក្តីតិះដៀល តើដូចម្តេច។ ការតិះដៀល អាការតិះដៀល ភាពនៃសេចក្តីតិះដៀល ការលោភ អាការលោភ ភាពនៃសេចក្តីលោភ ការស្វិតស្វាញ សេចក្តីប្រាថ្នាល្អ ណា នេះហៅថា សេចក្តីតិះដៀល។
( (៣៧) ចាបល្យំ)
[១០៥] បណ្តាធម៌ទាំងនោះ ការឃ្លេងឃ្លោង (ហ៊ឺហា) តើដូចម្តេច។ ការតាក់តែងចីវរ ការតាក់តែងបាត្រ ការតាក់តែងសេនាសនៈ ការតាក់តែង ការស្អិតស្អាង នូវកាយដ៏ស្អុយនេះក្តី នូវបរិក្ខារទាំងឡាយខាងក្រៅក្តី ការលេង ការប្រឡែង ការជាប់ចំពាក់ សេចក្តីជាប់ចំពាក់ ការឃ្លេងឃ្លោង សេចក្តីឃ្លេងឃ្លោង នេះហៅថា ការឃ្លេងឃ្លោង។
( (៣៨) អសភាគវុត្តិ)
[១០៦] បណ្តាធម៌ទាំងនោះ សេចក្តីប្រព្រឹត្តិមិនស្មោះស្មើ តើដូចម្តេច។ ការកាន់យកដោយមិនអនុលោម ការញ៉ាំងសុខឲ្យប្រព្រឹត្តទៅដោយកិរិយាធ្វើឲ្យជាសត្រូវ ការមិនអើពើ សេចក្តីមិនអើពើ សេចក្តីមិនគោរព សេចក្តីមិនកោតក្រែង ក្នុងមាតាក្តី ក្នុងបិតាក្តី ក្នុងបុគ្គលច្បងក្តី ក្នុងបងប្អូនក្តី ក្នុងអាចារ្យទាំងឡាយក្តី ក្នុងឧបជ្ឈាយ៍ក្តី ក្នុងព្រះពុទ្ធក្តី ក្នុងសាវ័កទាំងឡាយក្តី ក្នុងបុគ្គលដែលគួរគោរពទាំងឡាយណាមួយក្តី នេះហៅថា សេចក្តីប្រព្រឹត្តិមិនស្មោះស្មើ។
( (៣៩) អរតិ)
[១០៧] បណ្តាធម៌ទាំងនោះ សេចក្តីមិនត្រេកអរ តើដូចម្តេច។ ការមិនត្រេកអរ អាការមិនត្រេកអរ សេចក្តីមិនត្រេកអរចំពោះ អាការមិនត្រេកអរចំពោះ ការអផ្សុក សេចក្តីរសាប់រសល់ក្នុងសេនាសនៈដ៏ស្ងាត់ក្តី ក្នុងធម៌ទាំងឡាយ ជាកុសលដ៏លើសលុបណាមួយក្តី នេះហៅថា សេចក្តីមិនត្រេកអរ។
( (៤០) តន្ទី)
[១០៨] បណ្តាធម៌ទាំងនោះ សេចក្តីខ្ជិលច្រអូស តើដូចម្តេច។ ការច្រអូស អាការច្រអូស សេចក្តីច្រអូសនៃចិត្ត ការខ្ជិល អាការខ្ជិល ភាពនៃសេចក្តីខ្ជិលណា នេះហៅថា សេចក្តីខ្ជិលច្រអូស។
( (៤១) វិជម្ភិតា)
[១០៩] បណ្តាធម៌ទាំងនោះ សេចក្តីមិតពត់ តើដូចម្តេច។ ការមិតពត់ ការមិតពត់រឿយៗ ការមិតពត់ទៅមុខ ការមិតពត់ទៅក្រោយ ការមិតពត់ជុំវិញ ការមិតពត់ឲ្យត្រង់ ការឈឺចាប់នៃកាយណា នេះហៅថា សេចក្តីមិតពត់។
( (៤២) ភត្តសម្មទោ)
[១១០] បណ្តាធម៌ទាំងនោះ សេចក្តីស្រវឹងព្រោះភត្ត តើដូចម្តេច។ បុគ្គលអ្នកបរិភោគ មានសេចក្តីជ្រប់ព្រោះភត្ត មានសេចក្តីលំបាកព្រោះភត្ត មានសេចក្តីហេលហល់ព្រោះភត្ត មានភាពនៃកាយមិនគួរដល់ការងារ (ព្រោះអាស្រ័យភត្ត) ណា នេះហៅថា សេចក្តីស្រវឹងព្រោះភត្ត។
( (៤៣) ចេតសោ ច លីនត្តំ)
[១១១] បណ្តាធម៌ទាំងនោះ ភាពនៃចិត្តរួញរា តើដូចម្តេច។ ភាពនៃចិត្តមិនគួរ ភាពនៃចិត្តមិនគួរដល់ការងារ ការរួញថយ ការរួញចូល ការលឹបល អាការលឹបល ភាពនៃសេចក្តីលឹបល ការក្រាញនៅ អាការក្រាញនៅ ភាពនៃសេចក្តីក្រាញនៅនៃចិត្តណា នេះហៅថា ភាពនៃចិត្តរួញរា។
( (៤៤) កុហនាំ)
[១១២] បណ្តាធម៌ទាំងនោះ ការកុហក តើដូចម្តេច។ ការប្រុងប្រៀបខាងដើម អាការប្រុងប្រៀប ការរៀបចំនូវឥរិយាបថ ការធ្វើមុខស្រពោន ការមានមុខស្រពោន ការធ្វើគេឲ្យស្ងើច អាការធ្វើគេឲ្យស្ងើច ភាពនៃសេចក្តីធ្វើគេឲ្យស្ងើច ដោយការសេពនូវបច្ច័យក្តី ដោយការខ្សឹបខ្សៀវក្តី របស់ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងការសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នេះហៅថា ការកុហក។
( (៤៥) លបនា)
[១១៣] បណ្តាធម៌ទាំងនោះ ការរួសរាយ តើដូចម្តេច។ ការរាក់ទាក់រក ការនិយាយរាក់ទាក់ ចំពោះជនដទៃ ការនិយាយល្បួង ការនិយាយលើក ការនិយាយបញ្ជោរ ការនិយាយចងចិត្តត្រកូល ការបញ្ចើច ការបញ្ជោរត្រកូល ការបញ្ចើចបញ្ជោរត្រកូលរឿយៗ ការនិយាយចាក់បណ្តោយ ការប្រព្រឹត្តិបន្ទោរបន្ទន់កាយ ការប្រើវាចាដូចសម្លសណ្តែកបាយ ការបីពទារករបស់ត្រកូលណា នៃភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងសេចក្តីសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នេះហៅថា ការរួសរាយ។
( (៤៦) នេមិត្តិកតា)
[១១៤] បណ្តាធម៌ទាំងនោះ ការធ្វើនូវនិមិត្ត តើដូចម្តេច។ និមិត្ត ការធ្វើនូវនិមិត្ត ការនិយាយបំភ្លឺ ការធ្វើនូវសេចក្តីបញ្ឆិតបញ្ឆៀង ការនិយាយខ្សឹបខ្សៀវ ការនិយាយវាសវាង ចំពោះពួកជនដទៃណា របស់ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងការសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នេះហៅថា ការធ្វើនូវនិមិត្ត។
( (៤៧) និប្បេសិកតា)
[១១៥] បណ្តាធម៌ទាំងនោះ ការធ្វើនូវសេចក្តីគម្រាម តើដូចម្តេច។ ការជេរ (ដោយអក្កោសវត្ថុ ១០) ការបន្តុះបង្អាប់ ការតិះដៀល ការនិយាយឃាត់ ការនិយាយឃាត់រឿយៗ ការនិយាយចំអកឡកឡឺយ ការនិយាយចំអកឡកឡឺយរឿយៗ ចំពោះជនដទៃ ការញ៉ាំងទាយកឲ្យដល់នូវទោស ការញ៉ាំងទាយកឲ្យដល់នូវទោសរឿយៗ ការដឹកនាំនូវទោស ការពោលពាក្យដូចជាស៊ីសាច់ខ្នងនៃជនដទៃ ណា របស់ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងសេចក្តីសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នេះហៅថា ការធ្វើនូវសេចក្តីគម្រាម។
( (៤៨) លាភេន លាភំ និជិគីសនតា)
[១១៦] បណ្តាធម៌ទាំងនោះ ការទាក់លាភដោយលាភ តើដូចម្តេច។ ភិក្ខុអ្នកអាស្រ័យលាភសក្ការៈ និងសេចក្តីសរសើរ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់ហើយ នាំយកនូវអាមិសៈដែលខ្លួនបានហើយ អំពីផ្ទះនេះ ទៅឲ្យផ្ទះឯណោះ ឬនាំយកនូវអាមិសៈដែលខ្លួនបានហើយ អំពីផ្ទះឯណោះ មកឲ្យផ្ទះនេះ ការប្រាថ្នា ការស្វែងរក ការស្វែងរករឿយៗ ការគន់រក ការរិះរក ការស្វែងរកញឹកញាប់ នូវអាមិសៈដោយអាមិសៈ មានសភាពយ៉ាងនេះ ណា នេះហៅថា ការទាក់លាភដោយលាភ។
( (៤៩) សេយ្យោហមស្មីតិ មានោ)
[១១៧] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញប្រសើរជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដំឡើងមានះឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការមើលងាយគេ អាការមើលងាយគេ ភាពនៃសេចក្តីមើលងាយគេ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់ថា អញប្រសើរជាងគេ។
( (៥០) សទិសោហមស្មីតិ មានោ)
[១១៨] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដំឡើងមានះឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការមើលងាយគេ អាការមើលងាយគេ ភាពនៃសេចក្តីមើលងាយគេ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាង នេះណា នេះហៅថា សេចក្តីប្រកាន់ថា អញស្មើនឹងគេ។
( (៥១) ហីនោហមស្មីតិ មានោ)
[១១៩] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញថោកទាបជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ញ៉ាំងមានះថោកថយឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការប្រកាន់ថោកថយ អាការប្រកាន់ថោកថយ ភាពនៃសេចក្តីប្រកាន់ថោកថយ ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់ថា អញថោកទាបជាងគេ។
( (៥២) សេយ្យស្ស សេយ្យោហមស្មីតិ មានោ)
[១២០] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញប្រសើរជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រសើរជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃ បុគ្គលនោះញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញប្រសើរជាងគេ។
( (៥៣) សេយ្យស្ស សទិសោហមស្មីតិ មានោ)
[១២១] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រសើរជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃ បុគ្គលនោះញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញស្មើនឹងគេ។
( (៥៤) សេយ្យស្ស ហីនោហមស្មីតិ មានោ)
[១២២] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញថោកទាបជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកប្រសើរជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃវិញ បុគ្គលនោះ ញ៉ាំងមានះថោកទាបឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃនោះ ការមើលងាយថោកទាប អាការមើលងាយថោកទាប ភាពនៃសេចក្តីមើលងាយថោកទាប ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលប្រសើរជាងគេថា អញថោកទាបជាងគេ។
( (៥៥) សទិសស្ស សេយ្យោហមស្មីតិ មានោ)
[១២៣] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើនឹងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃ បុគ្គលនោះញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ប្រសើរជាងគេនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ សេចក្តីឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ។
( (៥៦) សទិសស្ស សទិសោហមស្មីតិ មានោ)
[១២៤] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើនឹងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃ បុគ្គលនោះញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញស្មើនឹងគេ។
( (៥៧) សទិសស្ស ហីនោហមស្មីតិ មានោ)
[១២៥] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញថោកទាបជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើនឹងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃវិញ បុគ្គលនោះញ៉ាំងមានះថោកទាបឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃនោះ ការមើលងាយថោកទាប អាការមើលងាយថោកទាប ភាពនៃសេចក្តីមើលងាយថោកទាប ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលស្មើនឹងគេថា អញថោកទាបជាងគេ។
( (៥៨) ហីនស្ស សេយ្យោហមស្មីតិ មានោ)
[១២៦] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញប្រសើរជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកថោកទាបជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃ បុគ្គលនោះ ញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញប្រសើរជាងគេ។
( (៥៩) ហីនស្ស សទិសោហមស្មីតិ មានោ)
[១២៧] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកថោកទាបជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃ បុគ្គលនោះ ញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃនោះ ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ។
( (៦០) ហីនស្ស ហីនោហមស្មីតិ មានោ)
[១២៨] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកថោកទាបជាងគេ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី តម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃ បុគ្គលនោះ ញ៉ាំងមានះដ៏ថោកទាបឲ្យប្រព្រឹត្តទៅ ព្រោះអាស្រ័យនូវការតម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃនោះ ការមើលងាយថោកទាប អាការមើលងាយថោកទាប ភាពនៃសេចក្តីមើលងាយថោកទាប ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់នៃបុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ។
( (៦១) មានោ)
[១២៩] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ តើដូចម្តេច។ ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ណា នេះហៅថា សេចក្តីប្រកាន់។
( (៦២) អតិមានោ)
[១៣០] បណ្តាធម៌ទាំងនោះ សេចក្តីមើលងាយគេ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមើលងាយបុគ្គលទាំងឡាយដទៃ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី ការមើលងាយ អាការមើលងាយ ភាពនៃសេចក្តីមើលងាយ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីមើលងាយគេ។
( (៦៣) មានាតិមានោ)
[១៣១] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ក្រៃលែង តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ កាលមុន តម្កល់ខ្លួនទុកថា ស្មើនឹងជនដទៃ កាលជាខាងក្រោយមក តម្កល់ខ្លួនទុកថា ប្រសើរជាងជនដទៃវិញ មិនតម្កល់ខ្លួនទុកថា ថោកទាបជាងជនដទៃ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី។ បេ។ ដោយវត្ថុណាមួយក្តី ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់ក្រៃលែង។
( (៦៤) ឱមានោ)
[១៣២] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថោកថយ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ញ៉ាំងមានះឲ្យប្រព្រឹត្តទៅ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី ការប្រកាន់ដ៏ថោកថយ អាការប្រកាន់ដ៏ថោកថយ ភាពនៃសេចក្តីប្រកាន់ដ៏ថោកថយ ការអៀនអន់ អាការអៀនអន់ ភាពនៃសេចក្តីអៀនអន់ ការមើលងាយខ្លួន អាការមើលងាយខ្លួន ភាពនៃសេចក្តីមើលងាយខ្លួន មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់ថោកថយ។
( (៦៥) អធិមានោ)
[១៣៣] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់លើសលុប តើដូចម្តេច។ សេចក្តីសំគាល់ក្នុងសច្ចៈទាំង ៤ ដែលខ្លួនមិនទាន់ដល់ថា បានដល់ហើយ សេចក្តីសំគាល់ក្នុងកិច្ច ដែលខ្លួនមិនទាន់ធ្វើថា បានធ្វើហើយ សេចក្តីសំគាល់ក្នុងសច្ចៈ ទាំង ៤ ដែលខ្លួនមិនទាន់ត្រាស់ដឹងថា បានត្រាស់ដឹងហើយ សេចក្តីសំគាល់ក្នុងសច្ចៈទាំង ៤ ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ហើយថា បានធ្វើឲ្យជាក់ច្បាស់ហើយ ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់លើសលុប។
( (៦៦) អស្មិមានោ)
[១៣៤] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ថា អញមាន តើដូចម្តេច។ សេចក្តីប្រកាន់ក្នុងរូបថា អញមាន សេចក្តីពេញចិត្តក្នុងរូបថា អញមាន អនុស័យក្នុងរូបថា អញមាន សេចក្តីប្រកាន់ក្នុងវេទនា។ បេ។ ក្នុងសញ្ញា។ បេ។ ក្នុងសង្ខារទាំងឡាយ។ បេ។ ក្នុងវិញ្ញាណថា អញមាន សេចក្តីពេញចិត្តក្នុងវិញ្ញាណថា អញមាន អនុស័យក្នុងវិញ្ញាណថា អញមាន ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់ថា អញមាន។
( (៦៧) មិច្ឆាមានោ)
[១៣៥] បណ្តាធម៌ទាំងនោះ សេចក្តីប្រកាន់ខុស តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ញ៉ាំងមានះឲ្យប្រព្រឹត្តទៅដោយការងារដ៏លាមកក្តី ដោយសិល្បសាស្រ្តដ៏លាមកក្តី ដោយទីតាំងនៃវិជ្ជាដ៏លាមកក្តី ដោយការចេះដឹងដ៏លាមកក្តី ដោយបញ្ញាដ៏លាមកក្តី ដោយសីលដ៏លាមកក្តី ដោយវត្តដ៏លាមកក្តី ដោយសីល និងវត្តដ៏លាមកក្តី ដោយទិដ្ឋិដ៏លាមកក្តី ដោយវត្ថុណាមួយក្តី ការប្រកាន់ អាការប្រកាន់ ភាពនៃសេចក្តីប្រកាន់ ការឆ្មើងឆ្មៃ អាការព្រហើន ភាពដូចជាទង់ ការលើកកំពស់ សេចក្តីប្រាថ្នានៃចិត្តដូចជាទង់ មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រកាន់ខុស។
( (៦៨) ញាតិវិតក្កោ)
[១៣៦] បណ្តាធម៌ទាំងនោះ សេចក្តីនឹកដល់ញាតិ តើដូចម្តេច។ សេចក្តីនឹក សេចក្តីជញ្ជឹង។ បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ប្រារព្ធពួកញាតិ នេះហៅថា សេចក្តីនឹកដល់ញាតិ។
( (៦៩) ជនបទវិតក្កោ)
[១៣៧] បណ្តាធម៌ទាំងនោះ សេចក្តីនឹកដល់ជនបទ តើដូចម្តេច។ សេចក្តីនឹក សេចក្តីជញ្ជឹង។ បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ប្រារព្ធជនបទ នេះហៅថា សេចក្តីនឹកដល់ជនបទ។
( (៧០) អមរវិតក្កោ)
[១៣៨] បណ្តាធម៌ទាំងនោះ សេចក្តីនឹកដល់ការមិនស្លាប់ តើដូចម្តេច។ សេចក្តីនឹក សេចក្តីជញ្ជឹង។ បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ មិនប្រកបដោយអំពើដែលបុគ្គលធ្វើបានដោយកម្រក្តី ប្រកបដោយទិដ្ឋិក្តី នេះហៅថា សេចក្តីនឹកដល់ការមិនស្លាប់។
( (៧១) បរានុទ្ទយតាបដិសំយុត្តោ វិតក្កោ)
[១៣៩] បណ្តាធម៌ទាំងនោះ សេចក្តីនឹកប្រកបដោយសេចក្តីអាណិតអាសូរដល់អ្នកដទៃ តើដូចម្តេច។ ភិក្ខុពួកខ្លះ ក្នុងលោកនេះ នៅច្រឡូកច្រឡំដោយគ្រហស្ថ មានសេចក្តីត្រេកអរជាមួយគ្នា មានសេចក្តីសោកជាមួយគ្នា កាលបើគ្រហស្ថដល់នូវសេចក្តីសុខ ខ្លួនក៏ដល់នូវសេចក្តីសុខដែរ កាលបើគ្រហស្ថដល់នូវសេចក្តីទុក្ខ ខ្លួនក៏ដល់នូវសេចក្តីទុក្ខដែរ កាលបើគ្រហស្ថមានកិច្ចដែលគួរធ្វើកើតឡើងហើយ ក៏ដល់នូវការជួយប្រកបដោយខ្លួនឯងដែរ សេចក្តីនឹក សេចក្តីជញ្ជឹង។ បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ក្នុងកិច្ចអម្បាលនោះ ណា នេះហៅថា សេចក្តីនឹក ប្រកបដោយសេចក្តីអាណិតអាសូរដល់អ្នកដទៃ។
( (៧២) លាភាទិបដិសំយុត្តោ វិតក្កោ)
[១៤០] បណ្តាធម៌ទាំងនោះ សេចក្តីនឹក ប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរ តើដូចម្តេច។ សេចក្តីនឹក សេចក្តីជញ្ជឹង។ បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ប្រារព្ធលាភសក្ការៈ និងសេចក្តីសរសើរ នេះហៅថា សេចក្តីនឹក ប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរ។
( (៧៣) អនវញ្ញត្តិបដិសំយុត្តោ វិតក្កោ)
[១៤១] បណ្តាធម៌ទាំងនោះ សេចក្តីនឹក ប្រកបដោយការណ៍ ដែលគេមើលងាយមិនបាន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ គិតថា ជនដទៃកុំមើលងាយអញ ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកុលបុត្រក្តី ដោយភាពនៃខ្លួនមានសម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិល្បសាស្រ្តក្តី ដោយទីតាំងនៃវិជ្ជាក្តី ដោយការចេះដឹងក្តី ដោយបញ្ញាក្តី ដោយវត្ថុណាមួយក្តី សេចក្តីនឹក សេចក្តីជញ្ជឹង។ បេ។ សេចក្តីត្រិះរិះខុសអាស្រ័យនូវផ្ទះ គឺកាមគុណ ៥ ក្នុងគំនិតថា ជនដទៃកុំមើលងាយអញនោះ ណា នេះហៅថា សេចក្តីនឹកប្រកបដោយការណ៍ដែលគេមើលងាយមិនបាន។
ចប់ ធម៌ពួក១។
(២. ទុកនិទ្ទេសោ)
( (១) កោធោ ច ឧបនាហោ ច)
[១៤២] បណ្តាធម៌ទាំងនោះ សេចក្តីក្រោធ តើដូចម្តេច។ ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តីកាច ការខឹង សេចក្តីអាក់អន់ចិត្ត ណា នេះហៅថា សេចក្តីក្រោធ។ បណ្តាធម៌ទាំងនោះ ការចងសេចក្តីក្រោធទុក តើដូចម្តេច។ សេចក្តីក្រោធក្នុងកាលជាខាងដើម ការចងសេចក្តីក្រោធទុក ក្នុងកាលជាខាងក្រោយ ការចងសេចក្តីក្រោធទុក អាការចងសេចក្តីក្រោធទុក ភាពនៃការចងសេចក្តីក្រោធទុក ការតម្កល់សេចក្តីក្រោធទុកជាលំដាប់ ការតម្កល់សេចក្តីក្រោធទុកជាប្រក្រតី ការតម្កល់សេចក្តីក្រោធទុករឿយៗ ការប្រៀមផ្ទឹម1) រឿយៗ ការចងទុក2) រឿយៗ ការធ្វើសេចក្តីក្រោធឲ្យមាំ ណា នេះហៅថា ការចងសេចក្តីក្រោធទុក។
( (២) មក្ខោ ច បឡាសោ ច)
[១៤៣] បណ្តាធម៌ទាំងនោះ សេចក្តីលុបគុណ តើដូចម្តេច។ ការលុបគុណ អាការលុបគុណ ភាពនៃសេចក្តីលុបគុណ សេចក្តីវេឃ្នើគុណ ការធ្វើនូវសេចក្តីវេឃ្នើគុណណា នេះហៅថា សេចក្តីលុបគុណ។ បណ្តាធម៌ទាំងនោះ ការវាយឫកស្មើ តើដូចម្តេច។ ការលើកខ្លួនផ្ទឹម អាការលើកខ្លួនផ្ទឹម ភាពនៃសេចក្តីលើកខ្លួនផ្ទឹម ការប្រណាំងវាសនា ហេតុនៃសេចក្តីវិវាទ ការប្រកាន់ជាគូ ការមិនលះបង់ណា នេះហៅថា ការវាយឫកស្មើ។
( (៣) ឥស្សា ច មច្ឆរិយញ្ច)
[១៤៤] បណ្តាធម៌ទាំងនោះ សេចក្តីច្រណែន តើដូចម្តេច។ ការច្រណែន អាការច្រណែន ភាពនៃសេចក្តីច្រណែន ការឈ្នានីស អាការឈ្នានីស ភាពនៃសេចក្តីឈ្នានីសណា ក្នុងលាភសក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជារបស់ជនដទៃ នេះហៅថា សេចក្តីច្រណែន។ បណ្តាធម៌ទាំងនោះ សេចក្តីកំណាញ់ តើដូចម្តេច។ សេចក្តីកំណាញ់ ៥ យ៉ាង គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្តីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ ភាពនៃសេចក្តីកំណាញ់ សេចក្តីប្រាថ្នាផ្សេងៗ សេចក្តីកំណាញ់រឹង សេចក្តីកំណាញ់ស្វិត ភាពនៃចិត្តមិនយកចិត្តគេ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីកំណាញ់។
( (៤) មាយា ច សាឋេយ្យញ្ច)
[១៤៥] បណ្តាធម៌ទាំងនោះ សេចក្តីបិទបាំងទោសរបស់ខ្លួន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តម្កល់ទុកនូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះបិទបាំងនូវអំពើទុច្ចរិតនោះ ជាហេតុ ប្រាថ្នាថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ត្រិះរិះថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ពោលវាចាថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ខ្នះខ្នែងដោយកាយថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ការបិទបាំងទោសរបស់ខ្លួន ភាពនៃបុគ្គលបិទបាំងទោសរបស់ខ្លួន ការធ្វើនូវអំពើអាក្រក់ ហើយបិទបាំងទុកឲ្យកន្លងហួសទៅ ការបញ្ឆោត ការបោកប្រាស ការគេចកែ ការពង្វេះពង្វាង ការបិទបាំង ការលាក់បំពួន ការគ្របទុក ការគ្របលុប ការមិនធ្វើឲ្យច្បាស់ ការមិនធ្វើឲ្យប្រាកដ ការបិទបាំងខ្លាំង ការធ្វើនូវអំពើអាក្រក់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីបិទបាំងទោសរបស់ខ្លួន។ បណ្តាធម៌ទាំងនោះ សេចក្តីអួតអាង តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកអួតអាង ជាអ្នកអួតអាងខ្លាំង ការអួតអាង អាការអួតអាង សេចក្តីអួតអាង សេចក្តីរឹងរូស អាការរឹងរូស អាការប៉ិនប្រសប់ សេចក្តីប៉ិនប្រសប់ មានក្នុងបុគ្គលនោះ ណា នេះហៅថា សេចក្តីអួតអាង។
( (៥) អវិជ្ជា ច ភវតណ្ហា ច)
[១៤៦] បណ្តាធម៌ទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា អវិជ្ជា។ បណ្តាធម៌ទាំងនោះ ភវតណ្ហា តើដូចម្តេច។ សេចក្តីប្រាថ្នាភព ក្នុងភពទាំងឡាយ តម្រេកក្នុងភព សេចក្តីស្រើបស្រាលក្នុងភព សេចក្តីប្រាថ្នាក្នុងភព សេចក្តីស្នេហាក្នុងភព សេចក្តីអន្ទះអន្ទែងក្នុងភព សេចក្តីជ្រប់ក្នុងភព ការចុះចិត្តស៊ប់ក្នុងភពទាំងឡាយណា នេះហៅថា ភវតណ្ហា។
( (៦) ភវទិដ្ឋិ ច វិភវទិដ្ឋិ ច)
[១៤៧] បណ្តាធម៌ទាំងនោះ ភវទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី នឹងមាន នេះហៅថា ភវទិដ្ឋិ។ បណ្តាធម៌ទាំងនោះ វិភវទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះ ណា ថា ខ្លួនក្តី លោកក្តី នឹងមិនមាន នេះហៅថា វិភវទិដ្ឋិ។
( (៧) សស្សតទិដ្ឋិ ច ឧច្ឆេទទិដ្ឋិ ច)
[១៤៨] បណ្តាធម៌ទាំងនោះ សស្សតទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី ទៀង នេះហៅថា សស្សតទិដ្ឋិ។ បណ្តាធម៌ទាំងនោះ ឧច្ឆេទទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី នឹងសូន្យ នេះហៅថា ឧច្ឆេទទិដ្ឋិ។
( (៨) អន្តវាទិដ្ឋិ ច អនន្តវាទិដ្ឋិ ច)
[១៤៩] បណ្តាធម៌ទាំងនោះ អន្តវាទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី មានទីបំផុត នេះហៅថា អន្តវាទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អនន្តវាទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី មិនមានទីបំផុត នេះហៅថា អនន្តវាទិដ្ឋិ។
( (៩) បុព្ពន្តានុទិដ្ឋិ ច អបរន្តានុទិដ្ឋិ ច)
[១៥០] បណ្តាធម៌ទាំងនោះ បុព្វន្តានុទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើង ប្រារព្ធនូវទីបំផុតខាងដើម នេះហៅថា បុព្វន្តានុទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អបរន្តានុទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើង ប្រារព្ធនូវទីបំផុតខាងចុង នេះហៅថា អបរន្តានុទិដ្ឋិ។
( (១០) អហិរិកញ្ច អនោត្តប្បញ្ច)
[១៥១] បណ្តាធម៌ទាំងនោះ សេចក្តីមិនខ្មាសបាប តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនខ្មាស ដោយហេតុដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្តីមិនខ្មាសបាប។ បណ្តាធម៌ទាំងនោះ សេចក្តីមិនក្តៅនឹងបាប តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុត ដោយហេតុដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្តីមិនក្តៅនឹងបាប។
( (១១) ទោវចស្សតា ច បាបមិត្តតា ច)
[១៥២] បណ្តាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្តេច។ ការប្រដៅក្រ អាការប្រដៅក្រ ភាពនៃសេចក្តីប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្តេសផ្តាស) ការពេញចិត្តក្នុងធម៌ជាសត្រូវ ការមិនអើពើ សេចក្តីមិនអើពើ សេចក្តីមិនគោរព សេចក្តីមិនស្តាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ដែលគេពោល នេះហៅថា ការប្រដៅក្រ។ បណ្តាធម៌ទាំងនោះ ភាពអ្នកមានមិត្រអាក្រក់ តើដូចម្តេច។ បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្តីកំណាញ់ ឥតបញ្ញា កាសេព ការសេពមិនដាច់ ការសេពរឿយៗ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វរឿយៗ ការបែររេទៅរកបុគ្គលទាំងឡាយនោះណា នេះហៅថា ភាពនៃអ្នកមានមិត្រអាក្រក់។
( (១២) អនជ្ជវោ ច អមទ្ទវោ ច)
[១៥៣] បណ្តាធម៌ទាំងនោះ អាការមិនត្រង់ តើដូចម្តេច។ អាការមិនត្រង់ ភាពនៃអាការមិនត្រង់ ភាពនៃសេចក្តីវៀចវេរ ភាពនៃសេចក្តីកោង ភាពនៃសេចក្តីក្ងិកក្ងក់ណា នេះហៅថា អាការមិនត្រង់។ បណ្តាធម៌ទាំងនោះ សេចក្តីមិនទន់ភ្លន់ តើដូចម្ដេច។ សេចក្តីមិនទន់ភ្លន់ អាការនៃសេចក្តីមិនទន់ភ្លន់ សេចក្តីរឹងរូស សេចក្តីអាក្រក់ ភាពនៃសេចក្តីរឹងរូស ភាពនៃបុគ្គលមានចិត្តគគ្រីសគគ្រូស ភាពនៃបុគ្គលមានចិត្តរឹងកំព្រឹស ភាពនៃបុគ្គលមានចិត្តមិនទោរទន់ណា នេះហៅថា សេចក្តីមិនទន់ភ្លន់។
( (១៣) អក្ខន្តិ ច អសោរច្ចញ្ច)
[១៥៤] បណ្តាធម៌ទាំងនោះ សេចក្តីមិនអត់សង្កត់ តើដូចម្តេច។ សេចក្តីមិនអត់សង្កត់ ភាពនៃសេចក្តីមិនអត់ធន់ ភាពនៃសេចក្តីមិនអត់ធ្មត់ សេចក្តីកាច ការពោលពាក្យមិនល្អ សេចក្តីមិនត្រេកអរនៃចិត្តណា នេះហៅថា សេចក្តីមិនអត់សង្កត់។ បណ្តាធម៌ទាំងនោះ សេចក្តីមិនស្លូតបូត តើដូចម្តេច។ ការប្រព្រឹត្តិកន្លងប្រកបដោយកាយ ការប្រព្រឹត្តិកន្លងប្រកបដោយវាចា ការប្រព្រឹត្តិកន្លងប្រកបដោយកាយ និងវាចា នេះហៅថា សេចក្តីមិនស្លូតបូត សូម្បីការទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា សេចក្តីមិនស្លូតបូតដែរ។
( (១៤) អសាខល្យញ្ច អប្បដិសន្ថារោ ច)
[១៥៥] បណ្តាធម៌ទាំងនោះ សំដីមិនពីរោះ តើដូចម្តេច។ វាចាណា ជាវាចារដិបរដុប គ្រោតគ្រាត ហឺរ ក្តៅដល់ជនដទៃ ខ្ទាំងខ្ទប់ដល់ជនដទៃ ជិតសេចក្តីក្រោធ មិនប្រព្រឹត្តទៅដើម្បីសមាធិ បុគ្គលពោលនូវវាចាមានសភាពដូច្នោះ ភាពនៃបុគ្គលមានវាចាមិនល្អិត ភាពនៃបុគ្គលមានវាចាមិនពីរោះ ភាពនៃបុគ្គលមានវាចាអាក្រក់ណា ក្នុងវាចានោះ នេះហៅថា សំដីមិនពីរោះ។ បណ្តាធម៌ទាំងនោះ ការមិនទទួលរាក់ទាក់ តើដូចម្តេច។ ការទទួលរាក់ទាក់មាន ២ យ៉ាង គឺការទទួលរាក់ទាក់ដោយអាមិសៈ ១ ការទទួលរាក់ទាក់ដោយធម៌ ១ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទទួលរាក់ទាក់ដោយអាមិសប្បដិសន្ថារៈក្តី ដោយធម្មប្បដិសន្ថារៈក្តី នេះហៅថា ការមិនទទួលរាក់ទាក់។
( (១៥) ឥន្ទ្រិយេសុ អគុត្តទ្វារតា ច ភោជនេ អមត្តញ្ញុតា ច)
[១៥៦] បណ្តាធម៌ទាំងនោះ ភាពនៃអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានឃើញនូវរូបដោយចក្ខុហើយ កាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្រ្ទិយ បានឮនូវសំឡេងដោយត្រចៀកហើយ។ បេ។ បានហិតក្លិនដោយច្រមុះហើយ។ បេ។ បានជញ្ជក់ជញ្ជាប់នូវរសដោយអណ្តាតហើយ។ បេ។ បានពាល់ត្រូវផ្សព្វដោយកាយហើយ។ បេ។ បានដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ កាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រព្រឹត្ត ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ មិនរក្សានូវមនិន្រ្ទិយ មិនដល់នូវសេចក្តីសង្រួមក្នុងមនិន្រ្ទិយ ការមិនបិទ ការមិនគ្រប់គ្រង ការមិនរក្សា ការមិនសង្រួមនូវឥន្រ្ទិយទាំង ៦ នេះណា នេះហៅថា ភាពនៃអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ។ បណ្តាធម៌ទាំងនោះ ភាពនៃអ្នកមិនដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនពិចារណាដោយឧបាយនៃបញ្ញា តែងលេបនូវអាហារ ដើម្បីលេង ដើម្បីស្រវឹង ដើម្បីតាក់តែង ដើម្បីស្អិតស្អាង ភាពនៃអ្នកមិនសន្តោស ភាពនៃអ្នកមិនដឹងប្រមាណ ការមិនពិចារណាភោជន ក្នុងសេចក្តីមិនដឹងប្រមាណ ក្នុងភោជននោះណា នេះហៅថា ភាពនៃអ្នកមិនដឹងប្រមាណក្នុងភោជន។
( (១៦) មុដ្ឋស្សច្ចញ្ច អសម្បជញ្ញញ្ច)
[១៥៧] បណ្តាធម៌ទាំងនោះ ភាពនៃអ្នកភ្លេចស្មារតី តើដូចម្តេច។ ការមិនមានស្មារតី ការមិនរឭកឃើញ ការមិននឹកឃើញ ការមិនរឭក សេចក្តីមិនរឭក សេចក្តីមិនចងចាំ សេចក្តីភ្លេចភ្លាំង សេចក្តីវង្វេងណា នេះហៅថា ភាពនៃអ្នកភ្លេចស្មារតី។ បណ្តាធម៌ទាំងនោះ ភាពនៃអ្នកមិនដឹងខ្លួន តើដូចម្តេច។ សេចក្តីមិនដឹង សេចក្តីមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា ភាពនៃអ្នកមិនដឹងខ្លួន។
( (១៧) សីលវិបត្តិ ច ទិដ្ឋិវិបត្តិ ច)
[១៥៨] បណ្តាធម៌ទាំងនោះ វិបត្តិនៃសីល តើដូចម្តេច។ ការប្រព្រឹត្តិកន្លងប្រកបដោយកាយ ការប្រព្រឹត្តកន្លងប្រកបដោយវាចា ការប្រព្រឹត្តិកន្លងប្រកបដោយកាយ និងវាចា នេះហៅថា វិបត្តិនៃសីល សូម្បីភាពនៃការទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា វិបត្តិនៃសីលដែរ។ បណ្តាធម៌ទាំងនោះ វិបត្តិនៃទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាមិនមានផល។ បេ។ ពួកសមណព្រាហ្មណ៍ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះផង នូវលោកដទៃផង ដោយបញ្ញារបស់ខ្លួន ហើយប្រកាស មិនមានទេ នេះហៅថា វិបត្តិនៃទិដ្ឋិ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ឈ្មោះថា វិបត្តិនៃទិដ្ឋិដែរ។
( (១៨) អជ្ឈត្តសំយោជនញ្ច ពហិទ្ធាសំយោជនញ្ច)
[១៥៩] បណ្តាធម៌ទាំងនោះ សញ្ញោជនៈខាងក្នុង តើដូចម្តេច។ សញ្ញោជនៈ ៥ ជាចំណែកខាងក្រោម ហៅថា សញ្ញោជនៈខាងក្នុង សញ្ញោជនៈ ៥ ជាចំណែកខាងលើ ហៅថា សញ្ញោជនៈខាងក្រៅ។
ចប់ ពួកធម៌ ២។
(៣. តិកនិទ្ទេសោ)
( (១) តីណិ អកុសលមូលានិ)
[១៦០] បណ្តាធម៌ទាំងនោះ អកុសលមូល ៣ តើដូចម្តេច។ លោភៈ ទោសៈ មោហៈ។
បណ្តាអកុសលមូល ៣ នោះ លោភៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង សេចក្តីត្រេកអរ សេចក្តីត្រេកត្រអាល សេចក្តីរីករាយ សេចក្តីស្រើបស្រាល តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា សេចក្តីងល់ងប់ សេចក្តីជ្រប់ សេចក្តីចង់បាន សេចក្តីចង់បានខ្លាំង សេចក្តីជាប់ចំពាក់គឺតណ្ហា ភក់គឺតណ្ហា សេចក្តីស្វែងរក សេចក្តីបិទបាំង តណ្ហាជាគ្រឿងញ៉ាំងសត្វឲ្យកើត តណ្ហាជាគ្រឿងញ៉ាំងសត្វឲ្យកើតព្រម តណ្ហាជាគ្រឿងចាក់ស្រែះ ធម្មជាតិមានបណ្តាញ ធម្មជាតិផ្សាយទៅ ធម្មជាតិដែលផ្សាយទៅផ្សេងៗ ធម្មជាតិជាគ្រឿងលក់ ធម្មជាតិដ៏ទូលាយ ធម្មជាតិជាគ្រឿងប្រមូល ធម្មជាតិជាគម្រប់ពីរ សេចក្តីតាំងទុក ធម្មជាតិជាគ្រឿងនាំសត្វទៅកាន់ភព ព្រៃធំគឺតណ្ហា ព្រៃតូចគឺតណ្ហា សេចក្តីស្និទ្ធស្នាល សេចក្តីស្នេហា សេចក្តីអាឡោះអាល័យ ផៅពង្សគឺតណ្ហា ការសង្ឃឹម អាការសង្ឃឹម ភាពនៃសេចក្តីសង្ឃឹម សេចក្តីប្រាថ្នារូប សេចក្តីប្រាថ្នាសំឡេង សេចក្តីប្រាថ្នាក្លិន សេចក្តីប្រាថ្នារស សេចក្តីប្រាថ្នាផ្សព្វ សេចក្តីប្រាថ្នាលាភ សេចក្តីប្រាថ្នាទ្រព្យ សេចក្តីប្រាថ្នាកូន សេចក្តីប្រាថ្នាជីវិត ការប៉ុនប៉ង អាការប៉ុនប៉ង សេចក្តីប៉ង បំណង អាការបំណង ភាពនៃសេចក្តីប៉ង ការចង់បាន អាការចង់បាន ភាពនៃសេចក្តីចង់បាន សេចក្តីស្វិតស្វាញ សេចក្តីប្រាថ្នាល្អ តម្រេកក្នុងអធម៌ សេចក្តីលោភហួសហេតុ សេចក្តីអាល័យ ការផ្តេកផ្តិត សេចក្តីប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាខ្លាំង សេចក្តីប្រាថ្នាកាម សេចក្តីប្រាថ្នាភព សេចក្តីប្រាថ្នាប្រាសចាកភព សេចក្តីប្រាថ្នារូបភព សេចក្តីប្រាថ្នាអរូបភព សេចក្តីប្រាថ្នាការរំលត់ សេចក្តីប្រាថ្នារូប សេចក្តីប្រាថ្នាសំឡេង សេចក្តីប្រាថ្នាក្លិន សេចក្តីប្រាថ្នារស សេចក្តីប្រាថ្នាផ្សព្វ សេចក្តីប្រាថ្នាធម៌ ឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់នៅក្នុងវដ្តៈ) យោគៈ (ធម៌ញ៉ាំងសត្វឲ្យជាប់នៅក្នុងវដ្តៈ) គន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈដោយអំណាចចុតិ និងបដិសន្ធិ) សេចក្តីប្រកាន់មាំ ធម្មជាតិជាគ្រឿងរាំង ធម្មជាតិជាគ្រឿងឃាត់ ធម្មជាតិជាគ្រឿងបិទ ធម្មជាតិជាគ្រឿងចង សភាពជាគ្រឿងចូលទៅធ្វើឲ្យសៅហ្មង កិលេសជាគ្រឿងដេកនៅរឿយៗ កិលេសជាតជាគ្រឿងគ្របសង្កត់នូវចិត្ត តណ្ហាដូចជាវល្លិ សេចក្តីស្វិតស្វាញ ឫសគល់នៃសេចក្តីទុក្ខ ធម្មជាតជាហេតុនៃទុក្ខ សភាពមានទុក្ខជាដែនកើតមុន អន្ទាក់គឺមារ សន្ទូចគឺមារ វិស័យគឺមារ ស្ទឹងគឺតណ្ហា សំណាញ់គឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្រគឺតណ្ហា សេចក្តីសំឡឹងរំពៃ សេចក្តីចង់បាន ឫសគល់នៃអកុសលណា នេះហៅថា សេចក្តីលោភ។ បណ្តាអកុសលមូលទាំងនោះ ទោសៈ តើដូចម្តេច។ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយនូវអំពើមិនជាប្រយោជន៍ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តរបស់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយនូវអំពើជាប្រយោជន៍ កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់អាត្មាអញ មួយវិញទៀត សេចក្តីគុំគួនតែងកើតឡើង ក្នុងទីមិនមែនជាហេតុ សេចក្តីគុំគួននៃចិត្ត សេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីថ្នាំងថ្នាក់ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តីខឹងក្រៃលែង សេចក្តីប្រទូស្ត សេចក្តីប្រទូស្តខ្លាំង សេចក្តីប្រទូស្តក្រៃលែង ការព្យាបាទនៃចិត្ត សេចក្តីប្រទូស្តក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ ការពិរោធ ការពិរោធផ្សេងៗ សេចក្តីកាច ការខឹង សេចក្តីអាក់អន់ចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា ទោសៈ។ បណ្តាអកុសលមូលទាំង ៣ នោះ មោហៈ តើដូចម្តេច។ សេចក្តីមិនដឹងក្នុងទុក្ខ សេចក្តីមិនដឹងក្នុងហេតុដែលនាំឲ្យកើតទុក្ខ សេចក្តីមិនដឹងក្នុងការរំលត់ទុក្ខ សេចក្តីមិនដឹងក្នុងបដិបទាជាដំណើរដល់នូវការរំលត់ទុក្ខ សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម សេចក្តីមិនដឹងក្នុងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម និងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងធម៌ទាំងឡាយ ដែលកើតឡើងព្រោះអាស្រ័យធម៌ នេះជាបច្ច័យ សេចក្តីមិនដឹង សេចក្តីមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសល មានសភាពយ៉ាងនេះណា នេះហៅថា មោហៈ។ នេះ អកុសលមូល ៣។
( (២) តយោ អកុសលវិតក្កា)
[១៦១] បណ្តាធម៌ទាំងនោះ អកុសលវិតក្កៈ ៣ តើដូចម្តេច។ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១។ បណ្តាអកុសលវិតក្កៈទាំង ៣ នោះ កាមវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយកាម។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា កាមវិតក្កៈ។ បណ្តាអកុសលវិតក្កៈទាំង ៣ នោះ ព្យាបាទវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយព្យាបាទ។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា ព្យាបាទវិតក្កៈ។ បណ្តាអកុសលវិតក្កៈទាំង ៣ នោះ វិហឹសាវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយការបៀតបៀន។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា វិហឹសាវិតក្កៈ។ នេះ អកុសលវិតក្កៈ ៣។
( (៣) តិស្សោ អកុសលសញ្ញា)
[១៦២] បណ្តាធម៌ទាំងនោះ អកុសលសញ្ញា ៣ តើដូចម្តេច។ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១។ បណ្តាអកុសលសញ្ញាទាំង ៣ នោះ កាមសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃសេចក្តីសំគាល់ ប្រកបដោយកាម នេះហៅថា កាមសញ្ញា។ បណ្តាអកុសលសញ្ញាទាំង ៣ នោះ ព្យាបាទសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃសេចក្តីសំគាល់ប្រកបដោយព្យាបាទ នេះហៅថា ព្យាបាទសញ្ញា។ បណ្តាអកុសលសញ្ញាទាំង ៣ នោះ វិហឹសាសញ្ញា តើដូចម្តេច។ ការសំគាល់ អាការសំគាល់ ភាពនៃសេចក្តីសំគាល់ ប្រកបដោយការបៀតបៀន នេះហៅថា វិហឹសាសញ្ញា។ នេះ អកុសលសញ្ញា ៣។
( (៤) តិស្សោ អកុសលធាតុយោ)
[១៦៣] បណ្តាធម៌ទាំងនោះ អកុសលធាតុ ៣ តើដូចម្តេច។ កាមធាតុ ១ ព្យាបាទធាតុ ១ វិហឹសាធាតុ ១។ បណ្តាអកុសលធាតុទាំង ៣ នោះ កាមធាតុ តើដូចម្តេច។ ការជញ្ជឹងក្នុងកាម ឈ្មោះថា កាមធាតុ។ ការជញ្ជឹងក្នុងព្យាបាទ ឈ្មោះថា ព្យាបាទធាតុ។ ការជញ្ជឹងក្នុងសេចក្តីបៀតបៀន ឈ្មោះថា វិហឹសាធាតុ។ បណ្តាវិតក្កៈទាំង ៣ នោះ កាមវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយកាម។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា កាមវិតក្កៈ។ បណ្តាវិតក្កៈទាំង ៣ នោះ ព្យាបាទវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយព្យាបាទ។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា ព្យាបាទវិតក្កៈ។ បណ្តាវិតក្កៈទាំង ៣ នោះ វិហឹសាវិតក្កៈ តើដូចម្តេច។ សេចក្តីត្រិះរិះ សេចក្តីជញ្ជឹងប្រកបដោយការបៀតបៀន។ បេ។ សេចក្តីត្រិះរិះខុស នេះហៅថា វិហឹសាវិតក្កៈ។ នេះ អកុសលធាតុ ៣។
( (៥) តីណិ ទុច្ចរិតានិ)
[១៦៤] បណ្តាធម៌ទាំងនោះ ទុច្ចរិត ៣ តើដូចម្តេច។ កាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយទុច្ចរិត តើដូចម្តេច។ ការសម្លាប់សត្វ ការកាន់យកទ្រព្យដែលគេមិនបានឲ្យ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ នេះហៅថា កាយទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ វចីទុច្ចរិត តើដូចម្តេច។ ការពោលពាក្យកុហក វាចាញុះញង់ វាចាអាក្រក់ ការពោលពាក្យរោយរាយ នេះហៅថា វចីទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ មនោទុច្ចរិត តើដូចម្តេច។ ការសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃ ការគុំគួនគេ សេចក្តីយល់ខុស នេះហៅថា មនោទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយទុច្ចរិត តើដូចម្តេច។ កាយកម្មជាអកុសល ឈ្មោះថា កាយទុច្ចរិត។ វចីកម្មជាអកុសល ឈ្មោះថា វចីទុច្ចរិត។ មនោកម្មជាអកុសល ឈ្មោះថា មនោទុច្ចរិត។ បណ្តាទុច្ចរិតទាំង ៣ នោះ កាយកម្មជាអកុសល តើដូចម្តេច។ អាការក្លែងដោយកាយ ជាអកុសល ឈ្មោះថា កាយកម្មជាអកុសល។ អាការក្លែងដោយវាចា ជាអកុសល ឈ្មោះថា វចីកម្មជាអកុសល។ អាការក្លែងដោយចិត្ត ជាអកុសល ឈ្មោះថា មនោកម្មជាអកុសល។ នេះ ទុច្ចរិត ៣។
( (៦) តយោ អាសវា)
[១៦៥] បណ្តាធម៌ទាំងនោះ អាសវៈ ៣ តើដូចម្តេច។ កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ បណ្តាអាសវៈទាំង ៣ នោះ កាមាសវៈ តើដូចម្តេច។ សេចក្តីពេញចិត្តនឹងកាម ក្នុងកាមទាំងឡាយ។ បេ។ សេចក្តីជ្រប់ក្នុងកាមណា នេះហៅថា កាមាសវៈ។ បណ្តាអាសវៈទាំង ៣ នោះ ភវាសវៈ តើដូចម្តេច។ សេចក្តីពេញចិត្តនឹងភព ក្នុងភពទាំងឡាយ។ បេ។ សេចក្តីជ្រប់ក្នុងភពណា នេះហៅថា ភវាសវៈ។ បណ្តាអាសវៈទាំង ៣ នោះ អវិជ្ជាសវៈ តើដូចម្តេច។ សេចក្តីមិនដឹងក្នុងទុក្ខ។ បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសល នេះហៅថា អវិជ្ជាសវៈ។ នេះ អាសវៈ ៣។
( (៧) តីណិ សំយោជនានិ)
[១៦៦] បណ្តាធម៌ទាំងនោះ សញ្ញោជនៈ ៣ តើដូចម្តេច។ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១។ បណ្តាសញ្ញោជនៈទាំង ៣ នោះ សក្កាយទិដ្ឋិ តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានជួបប្រទះនឹងពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូបថា ជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ រមែងពិចារណាឃើញនូវវេទនា។ បេ។ នូវសញ្ញា។ បេ។ នូវសង្ខារទាំងឡាយ។ បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា នេះហៅថា សក្កាយទិដ្ឋិ។ បណ្តាសញ្ញោជនៈទាំងនោះ វិចិកិច្ឆា តើដូចម្តេច។ បុគ្គលងឿងឆ្ងល់ សង្ស័យក្នុងព្រះសាស្តា ងឿងឆ្ងល់ សង្ស័យក្នុងព្រះធម៌ ងឿងឆ្ងល់ សង្ស័យក្នុងព្រះសង្ឃ ងឿងឆ្ងល់ សង្ស័យក្នុងសិក្ខា ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងដើម ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងចុង ងឿងឆ្ងល់ សង្ស័យក្នុងទីបំផុតខាងដើម និងខាងចុង ងឿងឆ្ងល់ សង្ស័យក្នុងធម៌ទាំងឡាយ ដែលកើតឡើងអាស្រ័យនូវគ្នានឹងគ្នា ព្រោះធម៌នេះជាបច្ច័យ ការងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់។ បេ។ ភាពនៃចិត្តរឹងត្អឹង គំនូសនៃចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា វិចិកិច្ឆា។ បណ្តាសញ្ញោជនៈទាំង ៣ នោះ សីលព្វតបរាមាសៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ខាងក្រៅសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា សេចក្តីបរិសុទ្ធិព្រោះសីល សេចក្តីបរិសុទ្ធិព្រោះវត្ត សេចក្តីបរិសុទ្ធិព្រោះសីល និងវត្ត នេះហៅថា សីលព្វតបរាមាសៈ។ នេះ សញ្ញោជនៈ ៣។
( (៨) តិស្សោ តណ្ហា)
[១៦៧] បណ្តាធម៌ទាំងនោះ តណ្ហា ៣ តើដូចម្តេច។ កាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ ភវតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយភវទិដ្ឋិ នេះហៅថា ភវតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ វិភវតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះហៅថា វិភវតណ្ហា។ តណ្ហាដ៏សេស ឈ្មោះថា កាមតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ កាមតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយកាមធាតុ នេះហៅថា កាមតណ្ហា។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ និងអរូបធាតុ នេះហៅថា ភវតណ្ហា។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះហៅថា វិភវតណ្ហា។ នេះ តណ្ហា ៣។
( (៩) អបរាបិ តិស្សោ តណ្ហា)
[១៦៨] បណ្តាធម៌ទាំងនោះ តណ្ហា ៣ ដទៃទៀត តើដូចម្តេច។ កាមតណ្ហា ១ រូបតណ្ហា ១ អរូបតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ កាមតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយកាមធាតុ នេះហៅថា កាមតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ រូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ នេះហៅថា រូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ អរូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយអរូបធាតុ នេះហៅថា អរូបតណ្ហា។ នេះ តណ្ហា ៣។
( (១០) អបរាបិ តិស្សោ តណ្ហា)
[១៦៩] បណ្តាធម៌ទាំងនោះ តណ្ហា ៣ ដទៃទៀត តើដូចម្តេច។ រូបតណ្ហា ១ អរូបតណ្ហា ១ និរោធតណ្ហា ១។ បណ្តាតណ្ហាទាំង ៣ នោះ រូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយរូបធាតុ នេះហៅថា រូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ អរូបតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រកបដោយអរូបធាតុ នេះហៅថា អរូបតណ្ហា។ បណ្តាតណ្ហាទាំង ៣ នោះ និរោធតណ្ហា តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ប្រព្រឹត្តទៅមួយអន្លើដោយឧច្ឆេទទិដ្ឋិ នេះហៅថា និរោធតណ្ហា។ នេះតណ្ហា ៣។
( (១១) តិស្សោ ឯសនា)
[១៧០] បណ្តាធម៌ទាំងនោះ ការស្វែងរក ៣ តើដូចម្តេច។ ការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកកាម តើដូចម្តេច។ សេចក្តីពេញចិត្តនឹងកាម ក្នុងកាមទាំងឡាយ។ បេ។ សេចក្តីជ្រប់ក្នុងកាមណា នេះហៅថា ការស្វែងរកកាម។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកភព តើដូចម្តេច។ សេចក្តីពេញចិត្តនឹងភព ក្នុងភពទាំងឡាយ។ បេ។ សេចក្តីជ្រប់ក្នុងភពណា នេះហៅថា ការស្វែងរកភព។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកព្រហ្មចរិយៈ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា លោកទៀងខ្លះ ថា លោកមិនទៀងខ្លះ។ បេ។ ថាសត្វខាងមុខអំពីសេចក្តីស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែនខ្លះ នេះហៅថា ការស្វែងរកព្រហ្មចរិយៈ។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកកាម តើដូចម្តេច។ សេចក្តីត្រេកអរក្នុងកាម កាយកម្ម វចីកម្ម មនោកម្ម ជាអកុសលដែលតាំងនៅក្នុងទីជាមួយគ្នានឹងសេចក្តីត្រេកអរក្នុងកាមនោះ នេះហៅថា ការស្វែងរកកាម។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកភព តើដូចម្តេច។ សេចក្តីត្រេកអរក្នុងភព កាយកម្ម វចីកម្ម មនោកម្មជាអកុសល ដែលតាំងនៅក្នុងទីជាមួយគ្នានឹងសេចក្តីត្រេកអរក្នុងភពនោះ នេះហៅថា ការស្វែងរកភព។ បណ្តាការស្វែងរកទាំង ៣ នោះ ការស្វែងរកព្រហ្មចរិយៈ តើដូចម្តេច។ អន្តគ្គាហិកទិដ្ឋិ (ទិដ្ឋិដែលកាន់យកនូវទីបំផុត) កាយកម្ម វចីកម្ម មនោកម្មជាអកុសល ដែលតាំងនៅក្នុងទីជាមួយគ្នានឹងអន្តគ្គាហិកទិដ្ឋិនោះ នេះហៅថា ការស្វែងរកព្រហ្មចរិយៈ។ នេះ ការស្វែងរក ៣។
( (១២) តិស្សោ វិធា)
[១៧១] បណ្តាធម៌ទាំងនោះ ការឆ្មើងឆ្មៃ ៣ តើដូចម្តេច។ ការឆ្មើងឆ្មៃ ព្រោះតាំងខ្លួនថា អញប្រសើរជាងគេ ១ ការឆ្មើងឆ្មៃព្រោះតាំងខ្លួនថា អញស្មើនឹងគេ ១ ការឆ្មើងឆ្មៃព្រោះតាំងខ្លួនថា អញថោកទាបជាងគេ ១។ នេះ ការឆ្មើងឆ្មៃ ៣។
( (១៣) តីណិ ភយានិ)
[១៧២] បណ្តាធម៌ទាំងនោះ ភ័យ ៣ តើដូចម្តេច។ ភ័យព្រោះជាតិ ១ ភ័យព្រោះជរា ១ ភ័យព្រោះមរណៈ ១។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះជាតិ តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យជាតិ នេះហៅថា ភ័យព្រោះជាតិ។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះជរា តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យជរា នេះហៅថា ភ័យព្រោះជរា។ បណ្តាភ័យទាំង ៣ នោះ ភ័យព្រោះមរណៈ តើដូចម្តេច។ ភ័យ ហេតុដែលគួរភ័យ សេចក្តីខ្លាច សេចក្តីព្រឺរោម សេចក្តីតក់ស្លុតនៃចិត្ត ព្រោះអាស្រ័យមរណៈ នេះហៅថា ភ័យព្រោះមរណៈ។ នេះ ភ័យ ៣។
( (១៤) តីណិ តមានិ)
[១៧៣] បណ្តាធម៌ទាំងនោះ ងងឹត ៣ តើដូចម្តេច។ បុគ្គលងឿងឆ្ងល់ សង្ស័យ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ព្រោះប្រារព្ធនូវកាលជាអតីត ១ បុគ្គលងឿងឆ្ងល់ សង្ស័យ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ព្រោះប្រារព្ធនូវកាលជាអនាគត ១ បុគ្គលងឿងឆ្ងល់ សង្ស័យ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ព្រោះប្រារព្ធនូវកាលជាបច្ចុប្បន្ន ១ នេះ ងងឹត ៣។
( (១៥) តីណិ តិត្ថាយតនានិ)
[១៧៤] បណ្តាធម៌ទាំងនោះ លទ្ធិដូចជាកំពង់ ៣ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរសបុគ្គលនេះរមែងទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មានអំពើដែលខ្លួនធ្វើទុកក្នុងកាលមុនជាហេតុ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ ឃើញយ៉ាងនេះថា បុរសបុគ្គលនេះ រមែងទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មានការតាក់តែងរបស់ព្រះឥសូរជាហេតុ មួយវិញទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរសបុគ្គលនេះ រមែងទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ មិនមានហេតុ មិនមានបច្ច័យ នេះ លទ្ធិដូចជាកំពង់ ៣។
( (១៦) តយោ កិញ្ចនា)
[១៧៥] បណ្តាធម៌ទាំងនោះ កង្វល់ ៣ តើដូចម្តេច។ រាគៈជាកង្វល់ ១ ទោសៈជាកង្វល់ ១ មោហៈជាកង្វល់ ១ នេះ កង្វល់ ៣។
( (១៧) តីណិ អង្គណានិ)
[១៧៦] បណ្តាធម៌ទាំងនោះ ទីទួល ៣ តើដូចម្តេច។ រាគៈជាទីទួល ១ ទោសៈជាទីទួល ១ មោហៈជាទីទួល ១ នេះ ទីទួល ៣។
( (១៨) តីណិ មលានិ)
[១៧៧] បណ្តាធម៌ទាំងនោះ មន្ទិល ៣ តើដូចម្តេច។ រាគៈជាមន្ទិល ១ ទោសៈជាមន្ទិល ១ មោហៈជាមន្ទិល ១ នេះ មន្ទិល ៣។
( (១៩) តីណិ វិសមានិ)
[១៧៨] បណ្តាធម៌ទាំងនោះ ធម្មជាតមិនរាបស្មើ ៣ តើដូចម្តេច។ រាគៈជាធម្មជាតមិនរាបស្មើ ១ ទោសៈជាធម្មជាតមិនរាបស្មើ ១ មោហៈជាធម្មជាតមិនរាបស្មើ ១ នេះ ធម្មជាតមិនរាបស្មើ ៣។
( (២០) អបរានិបិ តីណិ វិសមានិ)
[១៧៩] បណ្តាធម៌ទាំងនោះ ធម្មជាតមិនរាបស្មើ ៣ ដទៃទៀត តើដូចម្តេច។ ធម្មជាតមិនរាបស្មើគឺកាយ ១ ធម្មជាតមិនរាបស្មើគឺវាចា ១ ធម្មជាតមិនរាបស្មើគឺចិត្ត ១ នេះ ធម្មជាតមិនរាបស្មើ ៣។
( (២១) តយោ អគ្គី)
[១៨០] បណ្តាធម៌ទាំងនោះ ភ្លើង ៣ តើដូចម្តេច។ ភ្លើងគឺរាគៈ ១ ភ្លើងគឺទោសៈ ១ ភ្លើងគឺមោហៈ ១ នេះ ភ្លើង ៣។
( (២២) តយោ កសាវា)
[១៨១] បណ្តាធម៌ទាំងនោះ ទឹកចត់ ៣ តើដូចម្តេច។ ទឹកចត់គឺរាគៈ ១ ទឹកចត់គឺទោសៈ ១ ទឹកចត់គឺមោហៈ ១ នេះ ទឹកចត់ ៣។
( (២៣) អបរេបិ តយោ កសាវា)
[១៨២] បណ្តាធម៌ទាំងនោះ ទឹកចត់ ៣ ដទៃទៀត តើដូចម្តេច។ ទឹកចត់គឺកាយ ១ ទឹកចត់គឺវាចា ១ ទឹកចត់គឺចិត្ត ១ នេះ ទឹកចត់ ៣។
( (២៤. ក) អស្សាទទិដ្ឋិ)
[១៨៣] បណ្តាធម៌ទាំងនោះ សេចក្តីយល់ឃើញថា គួរត្រេកអរ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈក្តី ជាព្រាហ្មណ៍ក្តី រមែងពោលយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ទោសក្នុងកាមទាំងឡាយមិនមាន បុគ្គលនោះ តែងដល់នូវភាពជាអ្នកធ្លាក់ចុះក្នុងកាមទាំងឡាយ នេះហៅថា សេចក្តីយល់ឃើញថា គួរត្រេកអរ។
( (ខ) អត្តានុទិដ្ឋិ)
បណ្តាធម៌ទាំងនោះ សេចក្តីយល់ឃើញថាជាខ្លួន តើដូចម្តេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនជួបប្រទះនឹងពួកព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានជួបប្រទះនឹងពួកសប្បុរស មិនឈ្លាសវៃក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញនូវរូប ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ រមែងពិចារណាឃើញនូវវេទនា។ បេ។ នូវសញ្ញា។ បេ។ នូវសង្ខារទាំងឡាយ។ បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ រមែងពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីយល់ឃើញ ថាជាខ្លួន។
( (គ) មិច្ឆាទិដ្ឋិ)
បណ្តាធម៌ទាំងនោះ សេចក្តីយល់ឃើញខុស តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជា មិនមានផល។ បេ។ ពួកសមណព្រាហ្មណ៍ ដែលបានធ្វើឲ្យជាក់ច្បាស់នូវលោកនេះផង នូវលោកដទៃផង ដោយបញ្ញារបស់ខ្លួនហើយសំដែង មិនមានទេ នេះហៅថា សេចក្តីយល់ឃើញខុស។ សស្សតទិដ្ឋិ ឈ្មោះថា អស្សាទទិដ្ឋិ។ សក្កាយទិដ្ឋិ ឈ្មោះថា អត្តានុទិដ្ឋិ។ ឧច្ឆេទទិដ្ឋិ ឈ្មោះថា មិច្ឆាទិដ្ឋិ។
( (២៥. ក) អរតិ)
[១៨៤] បណ្តាធម៌ទាំងនោះ សេចក្តីមិនត្រេកអរ តើដូចម្តេច។ ការមិនត្រេកអរ សេចក្តីមិនត្រេកអរ ការមិនរីករាយ សេចក្តីមិនរីករាយ សេចក្តីអផ្សុក សេចក្តីរសាប់រសល់ក្នុងសេនាសនៈដ៏ស្ងាត់ក្តី ក្នុងធម៌ជាកុសលដ៏លើសលុបដទៃទៀតក្តី នេះហៅថា សេចក្តីមិនត្រេកអរ។
( (ខ) វិហេសា)
បណ្តាធម៌ទាំងនោះ សេចក្តីបៀតបៀន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ តែងបៀតបៀននូវសត្វទាំងឡាយដោយវត្ថុណាមួយ គឺដៃក្តី ដុំដីក្តី ដំបងក្តី គ្រឿងសស្រ្តាក្តី ខ្សែក្តី ការធ្វើឲ្យលំបាក ការធ្វើឲ្យលំបាកខ្លាំង ការបៀតបៀន ការបៀតបៀនខ្លាំង ការប្រទូស្ត ការប្រទូស្តខ្លាំង ការបៀតបៀននូវសត្វដទៃ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីបៀតបៀន។
( (គ) អធម្មចរិយា)
បណ្តាធម៌ទាំងនោះ ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ តើដូចម្តេច។ ការប្រព្រឹត្តមិនស្មើដោយកាយ ឈ្មោះថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការប្រព្រឹត្តិមិនស្មើដោយវាចា ឈ្មោះថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ ការប្រព្រឹត្តិមិនស្មើដោយចិត្ត ឈ្មោះថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌ នេះហៅថា ការប្រព្រឹត្តិនូវអំពើមិនមែនធម៌។
( (២៦. ក) ទោវចស្សតា)
[១៨៥] បណ្តាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្តេច។ ការប្រដៅក្រ អាការប្រដៅក្រ ភាពនៃសេចក្តីប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្តេសផ្តាស) ការពេញចិត្តក្នុងធម៌ជាសត្រូវ ការមិនអើពើ សេចក្តីមិនអើពើ សេចក្តីមិនគោរព សេចក្តីមិនស្តាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ដែលគេពោល នេះហៅថា ការប្រដៅក្រ។
( (ខ) បាបមិត្តតា)
បណ្តាធម៌ទាំងនោះ ភាពជាអ្នកមានមិត្តអាក្រក់ តើដូចម្តេច។ បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្តីកំណាញ់ ឥតបា្រជ្ញា ការសេព ការសេពមិនដាច់ ការសេពរឿយៗ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វរឿយៗ នូវបុគ្គលទាំងឡាយនោះ ការបែររេទៅរកបុគ្គលនោះណា នេះហៅថា ភាពជាអ្នកមានមិត្តអាក្រក់។
( (គ) នានត្តសញ្ញា)
បណ្តាធម៌ទាំងនោះ សញ្ញាផ្សេងៗ តើដូចម្តេច។ សេចក្តីសំគាល់ក្នុងកាម សេចក្តីសំគាល់ក្នុងព្យាបាទ សេចក្តីសំគាល់ក្នុងការបៀតបៀន នេះហៅថា សញ្ញាផ្សេងៗ សូម្បីសេចក្តីសំគាល់ក្នុងអកុសលទាំងអស់ ក៏ឈ្មោះថា សញ្ញាផ្សេងៗដែរ។
( (២៧. ក) ឧទ្ធច្ចំ)
[១៨៦] បណ្តាធម៌ទាំងនោះ សេចក្តីរាយមាយ តើដូចម្តេច។ សេចក្តីរាយមាយនៃចិត្ត ការមិនស្ងប់នៃចិត្ត ការរវើរវាយនៃចិត្ត សេចក្តីប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្តីរាយមាយ។
( (ខ) កោសជ្ជំ)
បណ្តាធម៌ទាំងនោះ សេចក្តីខ្ជិល តើដូចម្តេច។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្តោយចិត្តទៅក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្តី ក្នុងមនោទុច្ចរិតក្តី ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជាកុសល នេះហៅថា សេចក្តីខ្ជិល។
( (គ) បមាទោ)
បណ្តាធម៌ទាំងនោះ សេចក្តីប្រមាទ តើដូចម្តេច។ ការបណ្ដោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្តទៅក្នុងកាយទុច្ចរិតក្តី ក្នុងវចីទុច្ចរិតក្ដី ក្នុងមនោទុច្ចរិតក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជាកុសល ការធ្វេសប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្តីធ្វេសប្រហែស មានសភាពយ៉ាងនេះណា នេះហៅថា សេចក្តីប្រមាទ។
( (២៨. ក) អសន្តុដ្ឋិតា)
[១៨៧] បណ្តាធម៌ទាំងនោះ សេចក្ដីមិនសន្ដោស តើដូចម្ដេច។ សេចក្ដីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្ដោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្តីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្ដីប្រាថ្នា សេចក្ដីមិនសន្ដោស តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីមិនសន្ដោស។
( (ខ) អសម្បជញ្ញតា)
បណ្ដាធម៌ទាំងនោះ សេចក្ដីមិនដឹងខ្លួន តើដូចម្ដេច។ សេចក្តីមិនដឹង សេចក្តីមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា សេចក្ដីមិនដឹងខ្លួន។
( (គ) មហិច្ឆតា)
បណ្ដាធម៌ទាំងនោះ សេចក្ដីប្រាថ្នាធំ តើដូចម្ដេច។ សេចក្ដីប្រាថ្នាដ៏ក្រៃលែង នៃបុគ្គលមិនសន្ដោស ដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ឬដោយកាមគុណទាំង ៥ សេចក្ដីប្រាថ្នា ការប្រព្រឹត្តិទៅដោយសេចក្ដីប្រាថ្នា សេចក្ដីប្រាថ្នាធំ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីប្រាថ្នាធំ។
( (២៩. ក) អហិរិកំ)
[១៨៨] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនខ្មាសបាប តើដូចម្ដេច។ ត្រង់ដែលបុគ្គលមិនខ្មាសដោយវត្ថុដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្ដីមិនខ្មាសបាប។
( (ខ) អនោត្តប្បំ)
បណ្ដាធម៌ទាំងនោះ សេចក្តីមិនក្តៅនឹងបាប តើដូចម្ដេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុតដោយវត្ថុដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្តីមិនក្តៅនឹងបាប។
( (គ) បមាទោ)
បណ្ដាធម៌ទាំងនោះ សេចក្ដីប្រមាទ តើដូចម្ដេច។ ការបណ្ដោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្ដទៅក្នុងកាយទុច្ចរិតក្ដី ក្នុងវចីទុច្ចរិតក្ដី ក្នុងមនោទុច្ចក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬការធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជាកុសល ការធ្វេសប្រហែស អាការធ្វេសប្រហែស ភាពនៃសេចក្ដីធ្វេសប្រហែស មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីប្រមាទ។
( (៣០. ក) អនាទរិយំ)
[១៨៩] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនអើពើ តើដូចម្ដេច។ ការមិនអើពើ សេចក្ដីមិនអើពើ សេចក្ដីមិនគោរព ការមិនស្ដាប់បង្គាប់ ការមិនកាន់យក អាការមិនកាន់យក ភាពនៃសេចក្ដីមិនកាន់យក ការមិនមានប្រក្រតី ការមិនធ្វើនូវសេចក្ដីឱនលំទោនណា នេះហៅថា សេចក្ដីមិនអើពើ។
( (ខ) ទោវចស្សតា)
បណ្ដាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្ដេច។ ការប្រដៅក្រ អាការប្រដៅក្រ ភាពនៃសេចក្ដីប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្ដេសផ្ដាស) ការពេញចិត្តក្នុងធម៌ជាសត្រូវ ការមិនអើពើ សេចក្ដីមិនអើពើ សេចក្ដីមិនគោរព សេចក្ដីមិនស្ដាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ ដែលគេពោល នេះហៅថា ការប្រដៅក្រ។
( (គ) បាបមិត្តតា)
បណ្ដាធម៌ទាំងនោះ ភាពជាអ្នកមានមិត្រអាក្រក់ តើដូចម្ដេច។ បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្ដីកំណាញ់ ឥតបញ្ញា ការសេព ការសេពមិនដាច់ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វរឿយៗ នូវបុគ្គលទាំងឡាយនោះ ការបែររេទៅរកបុគ្គលនោះណា នេះហៅថា ភាពជាអ្នកមានមិត្តអាក្រក់។
( (៣១. ក) អស្សទ្ធិយំ)
[១៩០] បណ្តាធម៌ទាំងនោះ សេចក្ដីមិនជឿ តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមានសទ្ធា មិនជឿព្រះពុទ្ធក្ដី ព្រះធម៌ក្ដី ព្រះសង្ឃក្ដី សេចក្ដីមិនជឿ ការមិនជឿ ការមិនចុះចិត្តស៊ប់ ការមិនជ្រះថ្លាខ្លាំង មានសភាពយ៉ាងនេះណា នេះហៅថា សេចក្ដីមិនជឿ។
( (ខ) អវទញ្ញុតា)
បណ្ដាធម៌ទាំងនោះ ការមិនធ្វើដឹងឮពាក្យ (ស្មូម) តើដូចម្ដេច។ សេចក្ដីកំណាញ់ ៥ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្ដីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ សេចក្ដីកំណាញ់ សេចក្ដីប្រាថ្នាផ្សេងៗ សេចក្ដីកំណាញ់រឹង សេចក្ដីស្វិតស្វាញ ភាពនៃចិត្តមិនយកចិត្តគេ មានសភាពយ៉ាងនេះណា នេះហៅថា ការមិនធ្វើដឹងឮពាក្យ (ស្មូម)។
( (គ) កោសជ្ជំ)
បណ្ដាធម៌ទាំងនោះ សេចក្ដីខ្ជិល តើដូចម្ដេច។ ការបណ្តោយចិត្ត ការឲ្យកម្លាំងដល់ការបណ្ដោយចិត្តទៅក្នុងកាយទុច្ចរិតក្ដី វចីទុច្ចរិតក្ដី មនោទុច្ចរិតក្ដី ក្នុងកាមគុណទាំង ៥ ក្ដី ឬ ការធ្វើដោយមិនគោរព ការធ្វើមិនរឿយៗ ការធ្វើមិនខ្ជាប់ខ្ជួន ការប្រព្រឹត្តិទំរន់ ការដាក់ចុះនូវឆន្ទៈ ការដាក់ចុះនូវធុរៈ ការមិនគប់រក ការមិនអប់រំ ការមិនធ្វើឲ្យច្រើន ការមិនតាំងមាំ ការមិនប្រកបរឿយៗ ការធ្វេសប្រហែសក្នុងការចំរើននូវធម៌ជាកុសល នេះហៅថា សេចក្ដីខ្ជិល។
( (៣២. ក) ឧទ្ធច្ចំ)
[១៩១] បណ្តាធម៌ទាំងនោះ សេចក្តីរាយមាយ តើដូចម្តេច។ សេចក្តីរាយមាយនៃចិត្ត ការមិនស្ងប់រម្ងាប់នៃចិត្ត ការរវើរវាយនៃចិត្ត សេចក្ដីប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្ដីរាយមាយ។
( (ខ) អសំវរោ)
បណ្តាធម៌ទាំងនោះ សេចក្ដីមិនសង្រួម តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឃើញនូវរូបដោយចក្ខុ ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវសេចក្ដីសង្រួមក្នុងចក្ខុន្រ្ទិយ ឮសម្លេងដោយត្រចៀក។ បេ។ ធុំក្លិនដោយច្រមុះ។ បេ។ ជញ្ជក់រសដោយអណ្ដាត។ បេ។ ពាល់ត្រូវផ្សព្វដោយកាយ។ បេ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រតិបត្តិ ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ មិនរក្សានូវមនិន្រ្ទិយ មិនដល់នូវសេចក្ដីសង្រួមក្នុងមនិន្រ្ទិយ នេះហៅថា សេចក្ដីមិនសង្រួម។
( (គ) ទុស្សីល្យំ)
បណ្តាធម៌ទាំងនោះ សេចក្តីទ្រុស្តសីល តើដូចម្តេច។ ការប្រព្រឹត្តកន្លងប្រកបដោយកាយ ការប្រព្រឹត្តិកន្លងប្រកបដោយវាចា ការប្រព្រឹត្តកន្លងប្រកបដោយកាយ និងប្រកបដោយវាចា នេះហៅថា សេចក្ដីទ្រុស្តសីល។
( (៣៣. ក) អរិយានំ អទស្សនកម្យតា)
[១៩២] បណ្ដាធម៌ទាំងនោះ សេចក្ដីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ តើដូចម្តេច។ បណ្ដាបុគ្គលទាំងនោះ ព្រះអរិយៈ តើដូចម្ដេច។ ព្រះពុទ្ធទាំងឡាយក្ដី សាវ័ករបស់ព្រះពុទ្ធក្ដី ហៅថា ព្រះអរិយៈ ការមិនប្រាថ្នាដើម្បីឃើញ ការមិនប្រាថ្នាដើម្បីជួប ការមិនប្រាថ្នាដើម្បីទៅកាន់ទីជិត ការមិនប្រាថ្នាដើម្បីទៅជាមួយនឹងព្រះអរិយៈទាំងឡាយនេះណា នេះហៅថា សេចក្ដីមិនប្រាថ្នាដើម្បីឃើញព្រះអរិយៈ។
( (ខ) សទ្ធម្មំ អសោតុកម្យតា)
បណ្តាធម៌ទាំងនោះ សេចក្ដីមិនប្រាថ្នាដើម្បីស្ដាប់នូវព្រះសទ្ធម្ម តើដូចម្តេច។ បណ្តាធម៌ទាំងនោះ ព្រះសទ្ធម្ម តើដូចម្ដេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ នេះហៅថា ព្រះសទ្ធម្ម សេចក្ដីមិនប្រាថ្នាដើម្បីស្ដាប់ សេចក្ដីមិនប្រាថ្នាដើម្បីឮ សេចក្ដីមិនប្រាថ្នាដើម្បីរៀន សេចក្តីមិនប្រាថ្នាដើម្បីទ្រទ្រង់ នូវព្រះសទ្ធម្មនេះណា នេះហៅថា សេចក្តីមិនប្រាថ្នាដើម្បីស្ដាប់នូវព្រះសទ្ធម្ម។
( (គ) ឧបារម្ភចិត្តតា)
បណ្ដាធម៌ទាំងនោះ ភាពនៃបុគ្គលមានចិត្តប្រណាំងប្រជែង តើដូចម្ដេច។ បណ្តាធម៌ទាំងនោះ សេចក្ដីប្រណាំងប្រជែង តើដូចម្ដេច។ ការប្រណាំងប្រជែង ការប្រណាំងប្រជែងរឿយៗ អាការប្រណាំងប្រជែង អាការប្រណាំងប្រជែងរឿយៗ ភាពនៃសេចក្ដីប្រណាំងប្រជែងរឿយៗ ការឆ្មើងឆ្មៃ ការមើលងាយ ការពេបជ្រាយ ការស្វែងរកទោសណា នេះហៅថា ភាពនៃបុគ្គលមានចិត្តប្រណាំងប្រជែង។
( (៣៤. ក) មុដ្ឋស្សច្ចំ)
[១៩៣] បណ្ដាធម៌ទាំងនោះ ការភ្លេចស្មារតី តើដូចម្ដេច។ ការមិនមានស្មារតី ការមិនរលឹកឃើញ ការមិននឹកឃើញ ការមិនរលឹក សេចក្តីមិនរលឹក សេចក្តីមិនចងចាំ សេចក្តីភ្លេចភ្លាំង សេចក្តីវង្វេងណា នេះហៅថា ការភ្លេចស្មារតី។
( (ខ) អសម្បជញ្ញំ)
បណ្ដាធម៌ទាំងនោះ សេចក្ដីមិនដឹងខ្លួន តើដូចម្តេច។ សេចក្ដីមិនដឹង សេចក្ដីមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា សេចក្តីមិនដឹងខ្លួន។
( (គ) ចេតសោ វិក្ខេបោ)
បណ្ដាធម៌ទាំងនោះ សេចក្ដីរាយមាយនៃចិត្ត តើដូចម្ដេច។ សេចក្ដីអណ្ដែតអណ្ដូងនៃចិត្ត ការមិនស្ងប់រម្ងាប់នៃចិត្ត សេចក្ដីរាយមាយនៃចិត្ត ការប្រែប្រួលនៃចិត្តណា នេះហៅថា សេចក្ដីរាយមាយនៃចិត្ត។
( (៣៥. ក) អយោនិសោ មនសិការោ)
[១៩៤] បណ្ដាធម៌ទាំងនោះ ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ តើដូចម្ដេច។ ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលមិនទៀង ថាទៀង ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលជាទុក្ខ ថាសុខ ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់ដែលមិនមែនខ្លួន ថាខ្លួន ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ ក្នុងរបស់មិនស្អាត ថាស្អាត មួយទៀត ការរំពឹង ការរំពឹងរឿយៗ ការផ្គងចិត្តទុក ការតម្រង់ចិត្តទុក ការធ្វើទុកក្នុងចិត្តដោយខុសចាកសច្ចៈ នេះហៅថា ការធ្វើទុកក្នុងចិត្តដោយខុសឧបាយ។
( (ខ) កុម្មគ្គសេវនា)
បណ្តាធម៌ទាំងនោះ ការសេពផ្លូវខុស តើដូចម្ដេច។ បណ្ដាធម៌ទាំងនោះ ផ្លូវខុស តើដូចម្ដេច។ សេចក្ដីយល់ខុស តម្រិះខុស វាចាខុស ការងារខុស ការចិញ្ចឹមជីវិតខុស ការព្យាយាមខុស សេចក្ដីរលឹកខុស ការតម្កល់ចិត្តខុស នេះហៅថា ផ្លូវខុស ការសេព ការសេពមិនដាច់ ការសេពព្រម ការគប់រក ការគប់រករឿយៗ សេចក្ដីគប់រក សេចក្ដីគប់រករឿយៗ នូវផ្លូវខុសនេះ ការបែររេទៅរកនូវផ្លូវខុសនេះណា នេះហៅថា ការសេពផ្លូវខុស។
( (គ) ចេតសោ ច លីនត្តំ)
បណ្ដាធម៌ទាំងនោះ ភាពនៃចិត្តរួញរា តើដូចម្ដេច។ ភាពមិនគួរ ភាពមិនគួរដល់ការងារ ការរួញថយ ការរួញចូល ការលឹបល អាការលឹបល ភាពនៃសេចក្ដីលឹបល ការក្រាញនៅ អាការក្រាញនៅ ភាពនៃសេចក្ដីក្រាញនៅនៃចិត្តណា នេះហៅថា ភាពនៃចិត្តរួញរា។
ចប់ ពួកធម៌ ៣។
(៤. ចតុក្កនិទ្ទេសោ)
( (១) ចត្តារោ អាសវា)
[១៩៥] បណ្ដាធម៌ទាំងនោះ អាសវៈ ៤ តើដូចម្តេច។ កាមាសវៈ ១ ភវាសវៈ ១ ទិដ្ឋាសវៈ ១ អវិជ្ជាសវៈ ១។
( (ក) កាមាសវោ)
បណ្ដាអាសវៈទាំង ៤ នោះ កាមាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាកាម ក្នុងកាមទាំងឡាយ។ បេ។ ការងុលងប់ក្នុងកាមណា នេះហៅថា កាមាសវៈ។
( (ខ) ភវាសវោ)
បណ្ដាអាសវៈទាំង ៤ នោះ ភវាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាភព ក្នុងភពទាំងឡាយ។ បេ។ ការងុលងប់ក្នុងភពណា នេះហៅថា ភវាសវៈ។
( (គ) ទិដ្ឋាសវោ)
បណ្ដាអាសវៈទាំង ៤ នោះ ទិដ្ឋាសវៈ តើដូចម្ដេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ ការប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា លោកទៀងក្តី។ បេ។ ថាសត្វខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី នេះហៅថា ទិដ្ឋាសវៈ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ឈ្មោះថា ទិដ្ឋាសវៈ។
( (ឃ) អវិជ្ជាសវោ)
បណ្ដាអាសវៈទាំង ៤ នោះ អវិជ្ជាសវៈ តើដូចម្ដេច។ ការមិនដឹងក្នុងទុក្ខ។ បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃអកុសល នេះហៅថា អវិជ្ជាសវៈ។ នេះ អាសវៈ ៤។
( (២-៥) ចត្តារោ គន្ថាទី)
[១៩៦] បណ្ដាធម៌ទាំងនោះ គន្ថៈ (ធម៌ជាគ្រឿងចាក់ស្រែះ) ៤ តើដូចម្ដេច។ អភិជ្ឈាកាយគន្ថៈ ១ ព្យាបាទកាយគន្ថៈ ១ សីលព្វតបរាមាសកាយគន្ថៈ ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ ១។
បណ្តាគន្ថៈទាំង ៤ នោះ អភិជ្ឈាកាយគន្ថៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ សេចក្ដីសំឡឹងរំពៃ សេចក្តីលោភ ឫសគល់នៃអកុសលណា នេះហៅថា អភិជ្ឈាកាយគន្ថៈ។
បណ្ដាគន្ថៈទាំង ៤ នោះ ព្យាបាទកាយគន្ថៈ តើដូចម្ដេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ។ បេ។ សេចក្ដីកាច ការខឹង សេចក្ដីមិនត្រេកអរនៃចិត្ត នេះហៅថា ព្យាបាទកាយគន្ថៈ។
បណ្តាគន្ថៈទាំង ៤ នោះ សីលព្វតបរាមាសកាយគន្ថៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ខាងក្រៅសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះ ថាសេចក្ដីបរិសុទ្ធិព្រោះសីល សេចក្ដីបរិសុទ្ធិព្រោះវត្ត សេចក្ដីបរិសុទ្ធិព្រោះសីល និងវត្ត នេះហៅថា សីលព្វតបរាមាសកាយគន្ថៈ។
បណ្ដាគន្ថៈទាំង ៤ នោះ ឥទំសច្ចាភិនិវេសកាយគន្ថៈ តើដូចម្ដេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្ដីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះ ថាលោកទៀង សេចក្ដីយល់នេះពិត សេចក្ដីយល់ដទៃជាមោឃៈក្តី ថាលោកមិនទៀង សេចក្ដីយល់នេះពិត សេចក្ដីយល់ដទៃជាមោឃៈក្ដី។ បេ។ ថាសត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន សេចក្ដីយល់នេះពិត សេចក្ដីយល់ដទៃជាមោឃៈក្ដី នេះហៅថា ឥទំសច្ចាភិនិវេសកាយគន្ថៈ។ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ លើកលែងតែសីលព្វតបរាមាសកាយគន្ថៈចេញ ក៏ឈ្មោះថា ឥទំសច្ចាភិនិវេសកាយគន្ថៈដែរ។ នេះគន្ថៈ ៤។
[១៩៧] បណ្ដាធម៌ទាំងនោះ ឱឃៈ ៤ តើដូចម្ដេច។ បេ។ យោគៈ។ បេ។
ឧបាទាន ៤ គឺ កាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។
( (ក) កាមុបាទានំ)
បណ្ដាឧបាទានទាំង ៤ នោះ កាមុបាទាន តើដូចម្ដេច។ សេចក្ដីប្រាថ្នានូវកាម ក្នុងកាមទាំងឡាយ។ បេ។ ការងុលងប់ក្នុងកាមណា នេះហៅថា កាមុបាទាន។
( (ខ) ទិដ្ឋុបាទានំ)
បណ្ដាឧបាទានទាំង ៤ នោះ ទិដ្ឋុបាទាន តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្ដីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជា មិនមានផល។ បេ។ សមណព្រាហ្មណ៍ទាំងឡាយ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ហើយសំដែង មិនមានទេ នេះហៅថា ទិដ្ឋុបាទាន។ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ លើកតែសីលព្វតុបាទាន និងអត្តវាទុបាទានចេញ ក៏ឈ្មោះថា ទិដ្ឋុបាទានដែរ។
( (គ) សីលព្ពតុបាទានំ)
បណ្តាឧបាទានទាំង ៤ នោះ សីលព្វតុបាទាន តើដូចម្ដេច។ សមណព្រាហ្មណ៍ទាំងឡាយខាងក្រៅសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្ដីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា សេចក្ដីបរិសុទ្ធិព្រោះសីល សេចក្ដីបរិសុទ្ធព្រោះវ័ត សេចក្ដីបរិសុទ្ធិព្រោះសីល និងវ័ត នេះហៅថា សីលព្វតុបាទាន។
( (ឃ) អត្តវាទុបាទានំ)
បណ្ដាឧបាទានទាំង ៤ នោះ អត្តវាទុបាទាន តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានឃើញពួកសប្បុរស មិនឈ្លាសក្នុងធម៌របស់ពួកសប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់ពួកសប្បុរស រមែងពិចារណាឃើញនូវរូប ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ ពិចារណាឃើញនូវវេទនា។ បេ។ នូវសញ្ញា។ បេ។ នូវសង្ខារទាំងឡាយ។ បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា នេះហៅថា អត្តវាទុបាទាន។ នេះ ឧបាទាន ៤។
( (៦) ចត្តារោ តណ្ហុប្បាទា)
[១៩៨] បណ្ដាធម៌ទាំងនោះ តណ្ហុបាទា ៤ តើដូចម្ដេច។ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃចីវរខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃបិណ្ឌបាតខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃសេនាសនៈខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃសេចក្ដីចំរើន និងសេចក្ដីវិនាសដូច្នេះៗខ្លះ នេះ តុណ្ហុបាទា ៤។
( (៧) ចត្តារិ អគតិគមនានិ)
[១៩៩] បណ្ដាធម៌ទាំងនោះ ការលុះក្នុងអគតិ ៤ តើដូចម្ដេច។ បុគ្គលដល់នូវការលំអៀងព្រោះស្រឡាញ់ ១ ដល់នូវការលំអៀងព្រោះស្អប់ ១ ដល់នូវការលំអៀងព្រោះវង្វេង ១ ដល់នូវការលំអៀងព្រោះខ្លាច ១ សេចក្ដីលំអៀង ការលុះក្នុងសេចក្តីលំអៀង ការលុះដោយឆន្ទៈ ការលុះដោយពួក ការលុះដូចជាទឹក មានសភាពយ៉ាងនេះណា នេះ ការលុះក្នុងអគតិ ៤។
( (៨) ចត្តារោ វិបរិយាសា)
[២០០] បណ្ដាធម៌ទាំងនោះ ការស្វែងរកខុស ៤ តើដូចម្ដេច។ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងវត្ថុមិនទៀងថា ទៀង ១ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងវត្ថុជាទុក្ខថា សុខ ១ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងសភាវៈមិនមែនខ្លួនថា ជាខ្លួន ១ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងវត្ថុមិនស្អាតថា ស្អាត ១ នេះ ការស្វែងរកខុស ៤។
( (៩) ចត្តារោ អនរិយវោហារា)
[២០១] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៤ តើដូចម្ដេច។ ការពោលថា ឃើញ ក្នុងហេតុដែលមិនបានឃើញ ១ ការពោលថា ឮ ក្នុងហេតុដែលមិនបានឮ ១ ការពោលថា លិទ្ធភ្លក្ស ក្នុងហេតុដែលមិនបានលិទ្ធភ្លក្ស ១ ការពោលថា ដឹង ក្នុងហេតុដែលមិនបានដឹង ១ នេះ វោហារមិនប្រសើរ ៤។
( (១០) អបរេបិ ចត្តារោ អនរិយវោហារា)
[២០២] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៤ ដទៃទៀត តើដូចម្ដេច។ ការពោលថា មិនឃើញ ក្នុងហេតុដែលបានឃើញ ១ ការពោលថា មិនឮ ក្នុងហេតុដែលបានឮ ១ ការពោលថា មិនបានលិទ្ធភ្លក្ស ក្នុងហេតុដែលបានលិទ្ធភ្លក្ស ១ ការពោលថា មិនបានដឹង ក្នុងហេតុដែលបានដឹង ១ នេះ វោហារមិនប្រសើរ ៤។
( (១១) ចត្តារិ ទុច្ចរិតានិ)
[២០៣] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៤ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ នេះ ទុច្ចរិត ៤។
( (១២) អបរានិបិ ចត្តារិ ទុច្ចរិតានិ)
[២០៤] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៤ ដទៃទៀត តើដូចម្ដេច។ មុសាវាទ ១ បិសុណាវាចា ១ ផរុសាវាចា ១ សម្ផប្បលាបៈ ១ នេះ ទុច្ចរិត ៤។
( (១៣) ចត្តារិ ភយានិ)
[២០៥] បណ្ដាធម៌ទាំងនោះ ភ័យ ៤ តើដូចម្ដេច។ ជាតិភ័យ ១ ជរាភ័យ ១ ព្យាធិភ័យ ១ មរណភ័យ ១ នេះ ភ័យ ៤។
( (១៤) អបរានិបិ ចត្តារិ ភយានិ)
[២០៦] បណ្ដាធម៌ទាំងនោះ ភ័យ ៤ ដទៃទៀត តើដូចម្ដេច។ រាជភ័យ ១ ចោរភ័យ ១ អគ្គិភ័យ ១ ឧទកភ័យ ១ នេះ ភ័យ ៤។
[២០៧] បណ្ដាធម៌ទាំងនោះ ភ័យ ៤ ដទៃទៀត តើដូចម្ដេច។ ភ័យអំពីរលក ១ ភ័យអំពីក្រពើ ១ ភ័យអំពីអន្លង់ទឹក ១ ភ័យអំពីត្រីសាហាវ ១ នេះ ភ័យ ៤។
[២០៨] បណ្ដាធម៌ទាំងនោះ ភ័យ ៤ ដទៃទៀត តើដូចម្ដេច។ ភ័យអំពីសេចក្ដីតិះដៀលខ្លួនឯង ១ ភ័យអំពីសេចក្ដីតិះដៀលរបស់បុគ្គលដទៃ ១ ភ័យអំពីអាជ្ញា ១ ភ័យអំពីទុគ្គតិ ១ នេះ ភ័យ ៤។
( (១៥) ចតស្សោ ទិដ្ឋិយោ)
[២០៩] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៤ តើដូចម្ដេច។ ទិដ្ឋិតែងកើតឡើងដោយទៀងទាត់មាំមួនថា សុខ និងទុក្ខ គឺខ្លួនឯងធ្វើ ១ ទិដ្ឋិតែងកើតឡើងដោយទៀងទាត់មាំមួនថា សុខ និងទុក្ខ គឺអ្នកដទៃធ្វើ ១ ទិដ្ឋិតែងកើតឡើងដោយទៀងទាត់មាំមួនថា សុខ និងទុក្ខ គឺខ្លួនឯងធ្វើផង អ្នកដទៃធ្វើផង ១ ទិដ្ឋិតែងកើតឡើងដោយទៀងទាត់មាំមួនថា សុខ និងទុក្ខ មិនមែនខ្លួនឯងធ្វើ មិនមែនអ្នកដទៃធ្វើ គឺកើតឡើងដោយអាស្រ័យហេតុ ១ នេះ ទិដ្ឋិ ៤។
ចប់ ពួកធម៌ ៤។
(៥. បញ្ចកនិទ្ទេសោ)
( (១) បញ្ចោរម្ភាគិយានិ សំយោជនានិ)
[២១០] បណ្ដាធម៌ទាំងនោះ សំយោជនៈជាចំណែកខាងក្រោម ៥ តើដូចម្ដេច។ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ នេះ សំយោជនៈជាចំណែកខាងក្រោម ៥។
( (២) បញ្ចុទ្ធម្ភាគិយានិ សំយោជនានិ)
[២១១] បណ្ដាធម៌ទាំងនោះ សំយោជនៈជាចំណែកខាងលើ ៥ តើដូចម្ដេច។ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ នេះ សំយោជនៈជាចំណែកខាងលើ ៥។
( (៣) បញ្ច មច្ឆរិយានិ)
[២១២] បណ្ដាធម៌ទាំងនោះ មច្ឆរិយៈ ៥ តើដូចម្ដេច។ អាវាសមច្ឆរិយៈ ១ កុលមច្ឆរិយៈ ១ លាភមច្ឆរិយៈ ១ វណ្ណមច្ឆរិយៈ ១ ធម្មច្ឆរិយៈ ១ នេះ មច្ឆរិយៈ ៥។
( (៤) បញ្ច សង្គា)
[២១៣] បណ្ដាធម៌ទាំងនោះ កិលេសជាគ្រឿងចំពាក់ ៥ តើដូចម្ដេច។ កិលេសជាគ្រឿងចំពាក់គឺរាគៈ ១ កិលេសជាគ្រឿងចំពាក់គឺទោសៈ ១ កិលេសជាគ្រឿងចំពាក់គឺមោហៈ ១ កិលេសជាគ្រឿងចំពាក់គឺមានះ ១ កិលេសជាគ្រឿងចំពាក់គឺទិដ្ឋិ ១ នេះ កិលេសជាគ្រឿងចំពាក់ ៥។
( (៥) បញ្ច សល្លា)
[២១៤] បណ្ដាធម៌ទាំងនោះ សរ ៥ តើដូចម្ដេច។ សរគឺរាគៈ ១ សរគឺទោសៈ ១ សរគឺមោហៈ ១ សរគឺមានះ ១ សរគឺទិដ្ឋិ ១ នេះ សរ ៥។
( (៦) បញ្ច ចេតោខិលា)
[២១៥] បណ្ដាធម៌ទាំងនោះ បង្គោលចិត្ត ៥ តើដូចម្ដេច។ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្ដា ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះធម៌ ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្ដស៊ប់ មិនជ្រះថ្លា ក្នុងព្រះសង្ឃ ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងសិក្ខា ១ បុគ្គល ក្រោធ អាក់អន់ចិត្ដ មានចិត្ដចងគំនុំ មានចិត្តរឹងត្អឹង ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ១ នេះ បង្គោលចិត្ត ៥។
( (៧) បញ្ច ចេតសោ វិនិពន្ធា)
[២១៦] បណ្ដាធម៌ទាំងនោះ ចំណងរបស់ចិត្ត ៥ តើដូចម្ដេច។ បុគ្គលមិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្ដីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាម ១ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្ដីប្រាថ្នាក្នុងកាយ ១ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងរូប ១ បរិភោគត្រាតែឆ្អែតពេញពោះ ហើយប្រកបរឿយៗ នូវសេចក្ដីសុខក្នុងទីដេក នូវសេចក្ដីសុខ (ក្នុងការដេកប្រែប្រួល) ទៅខាងស្ដាំខាងឆ្វេង នូវសេចក្ដីសុខក្នុងការដេកលក់ស៊ប់ ១ ប្រព្រឹត្តព្រហ្មចរិយៈ ព្រោះប្រាថ្នានូវពួកទេវតាណាមួយ ថាអាត្មាអញនឹងបានជាទេវតា (មានស័ក្តិធំ) ឬទេវតា (មានស័ក្តិតូច) ណាមួយ ដោយសីលនេះក្ដី ដោយវ័តនេះក្ដី ដោយតបៈនេះក្ដី ដោយព្រហ្មចរិយៈនេះក្ដី នេះ ចំណងរបស់ចិត្ត ៥។
( (៨) បញ្ច នីវរណានិ)
[២១៧] បណ្ដាធម៌ទាំងនោះ នីវរណៈ ៥ តើដូចម្ដេច។ កាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធិនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១ នេះ នីវរណៈ ៥។
( (៩) បញ្ច កម្មានិ អានន្តរិកានិ)
[២១៨] បណ្ដាធម៌ទាំងនោះ អនន្តរិយកម្ម ៥ តើដូចម្ដេច។ បុគ្គល ផ្ដាច់បង់មាតាចាកជីវិត ១ ផ្ដាច់បង់បិតាចាកជីវិត ១ ផ្ដាច់បង់ព្រះអរហន្តចាកជីវិត ១ បុគ្គលមានចិត្តប្រទូស្ត ញ៉ាំងព្រះលោហិតរបស់ព្រះតថាគត ឲ្យកើតឡើង ១ បំបែកសង្ឃ ១ នេះ អនន្តរិយកម្ម ៥។
( (១០) បញ្ច ទិដ្ឋិយោ)
[២១៩] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៥ តើដូចម្ដេច។ បុគ្គលមួយពួក ប្រកាសយ៉ាងនេះថា ខ្លួនមានសញ្ញា មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ១ បុគ្គលមួយពួក ប្រកាសយ៉ាងនេះថា ខ្លួនមិនមានសញ្ញា មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ១ បុគ្គលមួយពួកប្រកាសយ៉ាងនេះថា ខ្លួនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន មិនមានរោគ ខាងមុខអំពីសេចក្តីស្លាប់ ១ បុគ្គលមួយពួក បញ្ញត្តនូវសេចក្ដីដាច់សូន្យ សេចក្ដីវិនាស សេចក្ដីមិនចំរើនរបស់សត្វដែលកើតមាន ១ បុគ្គលមួយពួក ប្រកាសនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ១ នេះ ទិដ្ឋិ ៥។
( (១១) បញ្ច វេរា)
[២២០] បណ្ដាធម៌ទាំងនោះ ពៀរ ៥ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុ មិច្ឆាចារ ១ មុសាវាទ ១ សុរាមេរយមជ្ជប្បមាទដ្ឋាន ១ នេះ ពៀរ ៥។
( (១២) បញ្ច ព្យសនា)
[២២១] បណ្ដាធម៌ទាំងនោះ សេចក្ដីវិនាស ៥ តើដូចម្ដេច។ សេចក្ដីវិនាសញាតិ ១ សេចក្ដីវិនាសភោគៈ ១ សេចក្ដីវិនាសគឺរោគ ១ សេចក្ដីវិនាសសីល ១ សេចក្ដីវិនាសគឺទិដ្ឋិ ១ នេះ សេចក្ដីវិនាស ៥។
( (១៣) បញ្ច អក្ខន្តិយា អាទីនវា)
[២២២] បណ្ដាធម៌ទាំងនោះ ទោសនៃសេចក្ដីមិនអត់ធន់ ៥ តើដូចម្ដេច។ បុគ្គលអ្នកមិនអត់ធន់ រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃជនច្រើនគ្នា ១ ច្រើនដោយពៀរ ១ ច្រើនដោយទោស ១ វង្វេងធ្វើមរណកាល ១ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្ដីស្លាប់ រមែងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក ១ នេះ ទោសនៃការមិនអត់ធន់ ៥។
( (១៤) បញ្ច ភយានិ)
[២២៣] បណ្ដាធម៌ទាំងនោះ ភ័យ ៥ តើដូចម្ដេច។ ភ័យអំពីការចិញ្ចឹមជីវិត ១ ភ័យអំពីគេមិនសរសើរ ១ ភ័យអំពីសេចក្ដីកោតញញើតក្នុងបរិស័ទ ១ ភ័យអំពីសេចក្ដីស្លាប់ ១ ភ័យអំពីទុគ្គតិ ១ នេះ ភ័យ ៥។
( (១៥) បញ្ច ទិដ្ឋធម្មនិព្ពានវាទា)
[២២៤] បណ្ដាធម៌ទាំងនោះ ការពោលនូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ៥ តើដូចម្ដេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ ឆ្អែតស្កប់ស្កល់ ឲ្យគេបម្រើដោយកាមគុណ ៥ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា ជាអត្តភាពដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាដូច្នោះ តើព្រោះហេតុអ្វី ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុថា កាមទាំងឡាយមិនទៀងជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា មានសេចក្ដីសោកខ្សឹកខ្សួល ទុក្ខទោមនស្ស និងសេចក្ដីចង្អៀតចង្អល់ចិត្ត រមែងកើតឡើងព្រោះកាមទាំងឡាយនោះ ប្រែប្រួលទៅ ប្រព្រឹត្តទៅដោយប្រការដទៃ ម្នាលអ្នកដ៏ចម្រើន ខ្លួននេះឯង កាលណាបានស្ងប់ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ជាគុណយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ជាគុណយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាដូច្នោះ តើព្រោះហេតុអ្វី ព្រោះហេតុថា ចិត្តដែលប្រកបដោយវិតក្កៈ និងវិចារៈមាននៅក្នុងបឋមជ្ឈាននោះ បឋមជ្ឈាននុ៎ះនៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមានវិតក្កៈ និងវិចារៈនុ៎ះនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ បានរម្ងាប់វិតក្កៈ និងវិចារៈអស់ហើយ។ បេ។ បានដល់ទុតិយជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាយ៉ាងនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា បីតិជាទីកើតឡើងនៃចិត្ត មានក្នុងទុតិយជ្ឈាននុ៎ះ នៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមានបីតិនុ៎ះនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ ព្រោះអស់ទៅនៃបីតិ។ បេ។ ក៏បានដល់នូវតតិយជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំនិយាយនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា សេចក្ដីអើពើ ឬសេចក្ដីកួចកាន់នៃចិត្តថា សុខ រមែងមានក្នុងតតិយជ្ឈាននោះ ឯតតិយជ្ឈាននុ៎ះ នៅប្រាកដជាឈានគ្រោតគ្រាត ព្រោះមានសុខនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ បានលះបង់នូវសុខផង។ បេ។ ហើយបានដល់នូវចតុត្ថជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួនឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ នេះ ទិដ្ឋធម្មនិព្វានវាទ ៥។
ចប់ ពួកធម៌ ៥។
(៦. ឆក្កនិទ្ទេសោ)
( (១) ឆ វិវាទមូលានិ)
[២២៥] បណ្ដាធម៌ទាំងនោះ មូលនៃវិវាទ ៦ តើដូចម្ដេច។ សេចក្ដីក្រោធ ១ សេចក្ដីលុបគុណ ១ សេចក្ដីច្រណែន ១ សេចក្ដីអួតអាង ១ សេចក្ដីប្រាថ្នាដ៏លាមក ១ ការស្ទាបអង្អែលទិដ្ឋិរបស់ខ្លួន ១ នេះ មូលនៃវិវាទ ៦។
( (២) ឆ ឆន្ទរាគា)
[២២៦] បណ្ដាធម៌ទាំងនោះ ឆន្ទរាគ ៦ ជាធម៌អាស្រ័យនូវផ្ទះ គឺកាមគុណ តើដូចម្ដេច។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ក្នុងរូបទាំងឡាយ ជាទីគាប់ចិត្ត ១។ បេ។ ក្នុងសំឡេងទាំងឡាយ ជាទីគាប់ចិត្ត ១។ បេ។ ក្នុងក្លិនទាំងឡាយ ជាទីគាប់ចិត្ត ១។ បេ។ ក្នុងរសទាំងឡាយ ជាទីគាប់ចិត្ត ១។ បេ។ ក្នុងផោដ្ឋព្វៈទាំងឡាយ ជាទីគាប់ចិត្ត ១។ បេ។ តម្រេក តម្រេកខ្លាំង។ បេ។ តម្រេកខ្លាំងនៃចិត្ត ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ក្នុងធម៌ទាំងឡាយ ជាទីគាប់ចិត្ត ១ នេះ ឆន្ទរាគ ៦ ជាធម៌អាស្រ័យនូវផ្ទះ គឺកាមគុណ។
( (៣) ឆ វិរោធវត្ថូនិ)
[២២៧] បណ្ដាធម៌ទាំងនោះ វិរោធវត្ថុ (ហេតុនៃសេចក្ដីក្រោធ) ៦ តើដូចម្ដេច។ គំនុំ ការចងគំនុំតបនៃចិត្ដ។ បេ។ សេចក្ដីកាច ការខឹង ការអាក់អន់ចិត្ត ក្នុងរូបទាំងឡាយមិនជាទីគាប់ចិត្ត ១ ក្នុងសំឡេងទាំងឡាយ មិនជាទីគាប់ចិត្ដ ១។ បេ។ ក្នុងក្លិនទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ ក្នុងរសទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ ក្នុងផ្សព្វទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ គំនុំ ការចងគំនុំនៃចិត្ត។ បេ។ សេចក្ដីកាច ការពោលពាក្យអសុរោះ ការអាក់អន់ចិត្ត ក្នុងធម៌ទាំងឡាយ មិនជាទីគាប់ចិត្ត ១ នេះ វិរោធវត្ថុ ៦។
( (៤) ឆ តណ្ហាកាយា)
[២២៨] បណ្ដាធម៌ទាំងនោះ ពួកនៃតណ្ហា ៦ តើដូចម្ដេច។ រូបតណ្ហា ១ សទ្ទតណ្ហា ១ គន្ធតណ្ហា ១ រសតណ្ហា ១ ផោដ្ឋព្វតណ្ហា ១ ធម្មតណ្ហា ១ នេះ ពួកនៃតណ្ហា ៦។
( (៥) ឆ អគារវា)
[២២៩] បណ្តាធម៌ទាំងនោះ អគារវៈ (សេចក្ដីមិនគោរព) ៦ តើដូចម្ដេច។ បុគ្គល មិនមានសេចក្ដីគោរព កោតក្រែង ក្នុងព្រះសាស្តា ១។ បេ។ ក្នុងព្រះធម៌ ១។ បេ។ ក្នុងព្រះសង្ឃ ១។ បេ។ ក្នុងសិក្ខា ១។ បេ។ ក្នុងអប្បមាទ ១ មិនមានសេចក្ដីគោរពកោតក្រែងក្នុងបដិសណ្ឋារៈ ១ នេះ អគារវៈ ៦។
( (៦) ឆ បរិហានិយា ធម្មា)
[២៣០] បណ្ដាធម៌ទាំងនោះ បរិហានិយធម៌ (ធម៌ដែលនាំឲ្យសាបសូន្យ) ៦ តើដូចម្ដេច។ សេចក្ដីត្រេកអរក្នុងកាម ១ សេចក្ដីត្រេកអរក្នុងការនិយាយពាក្យរោយរាយ ១ សេចក្ដីត្រេកអរក្នុងការដេកលក់ ១ សេចក្ដីត្រេកអរក្នុងការច្រឡូកច្រឡំដោយពួក ១ សេចក្ដីត្រេកអរក្នុងការជាប់ចំពាក់ ១ សេចក្ដីត្រេកអរក្នុងបបញ្ចធម៌ ១ នេះ បរិហានិយធម៌ ៦។
( (៧) អបរេបិ ឆ បរិហានិយា ធម្មា)
[២៣១] បណ្ដាធម៌ទាំងនោះ បរិហានិយធម៌ ៦ ដទៃទៀត តើដូចម្ដេច។ សេចក្ដីត្រេកអរក្នុងការងារ ១ សេចក្ដីត្រេកអរក្នុងការនិយាយពាក្យរោយរាយ ១ សេចក្ដីត្រេកអរក្នុងការដេកលក់ ១ សេចក្ដីត្រេកអរក្នុងការច្រឡូកច្រឡំ (ដោយពួក) ១ សេចក្ដីប្រដៅក្រ ១ ភាពអ្នកមានមិត្តអាក្រក់ ១ នេះ បរិហានិយធម៌ ៦។
( (៨) ឆ សោមនស្សុបវិចារា)
[២៣២] បណ្ដាធម៌ទាំងនោះ ធម៌ជាទីពិចារណាដោយសោមនស្ស ៦ តើដូចម្ដេច។ បុគ្គលឃើញរូបដោយចក្ខុ ហើយពិចារណានូវរូប ជាទីតាំងនៃសោមនស្ស ១ ឮសំឡេងដោយត្រចៀក ១។ បេ។ ធុំក្លិនដោយច្រមុះ ១។ បេ។ លិទ្ធភ្លក្សរសដោយអណ្តាត ១។ បេ។ ប៉ះពាល់ផ្សព្វដោយកាយ ១។ បេ។ ដឹងនូវធម៌ដោយចិត្ត ហើយពិចារណានូវធម៌ ជាទីតាំងនៃសោមនស្ស ១ នេះធម៌ជាទីពិចារណាដោយសោមនស្ស ៦។
( (៩) ឆ ទោមនស្សុបវិចារា)
[២៣៣] បណ្ដាធម៌ទាំងនោះ ធម៌ជាទីពិចារណាដោយទោមនស្ស ៦ តើដូចម្ដេច។ បុគ្គលឃើញរូបដោយចក្ខុ ហើយពិចារណានូវរូប ជាទីតាំងនៃទោមនស្ស ១ ឮសំឡេងដោយត្រចៀក ១។ បេ។ ធុំក្លិនដោយច្រមុះ ១។ បេ។ លិទ្ធភ្លក្សរសដោយអណ្តាត ១។ បេ។ ប៉ះពាល់ផ្សព្វដោយកាយ ១។ បេ។ ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយពិចារណានូវធម៌ ជាទីតាំងនៃទោមនស្ស ១ នេះធម៌ជាទីពិចារណាដោយទោមនស្ស ៦។
( (១០) ឆ ឧបេក្ខុបវិចារា)
[២៣៤] បណ្ដាធម៌ទាំងនោះ ធម៌ជាទីពិចារណាដោយឧបេក្ខា ៦ តើដូចម្ដេច។ បុគ្គលឃើញរូបដោយចក្ខុ ហើយពិចារណានូវរូប ជាទីតាំងនៃឧបេក្ខា ១ ឮសំឡេងដោយត្រចៀក ១។ បេ។ ធុំក្លិនដោយច្រមុះ ១។ បេ។ លិទ្ធភ្លក្សរសដោយអណ្តាត ១។ បេ។ ប៉ះពាល់ផ្សព្វដោយកាយ ១។ បេ។ ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយពិចារណានូវធម៌ ជាទីតាំងនៃឧបេក្ខា ១ នេះធម៌ជាទីពិចារណាដោយឧបេក្ខា ៦។
( (១១) ឆ គេហសិតានិ សោមនស្សានិ)
[២៣៥] បណ្ដាធម៌ទាំងនោះ សោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ តើដូចម្ដេច។ សេចក្ដីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសា ជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសា ជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងរូបទាំងឡាយជាទីគាប់ចិត្ត ១ ក្នុងសំឡេងទាំងឡាយជាទីគាប់ចិត្ត ១។ បេ។ ក្នុងក្លិនទាំងឡាយជាទីគាប់ចិត្ត ១។ បេ។ ក្នុងរសទាំងឡាយជាទីគាប់ចិត្ត ១។ បេ។ ក្នុងផ្សព្វទាំងឡាយជាទីគាប់ចិត្ត ១។ បេ។ សេចក្ដីឆ្ងាញ់ពិសាប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍ដ៏ឆ្ងាញ់ពិសាជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាដ៏ឆ្ងាញ់ពិសាជាសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងធម៌ទាំងឡាយជាទីគាប់ចិត្ត ១ នេះ សោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះគឺកាមគុណ។
( (១២) ឆ គេហសិតានិ ទោមនស្សានិ)
[២៣៦] បណ្ដាធម៌ទាំងនោះ ទោមនស្ស ៦ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ តើដូចម្ដេច។ សេចក្ដីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីទុក្ខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងរូបទាំងឡាយមិនជាទីគាប់ចិត្ត ១ ក្នុងសំឡេងទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ ក្នុងក្លិនទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ ក្នុងរសទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ ក្នុងផ្សព្វទាំងឡាយមិនជាទីគាប់ចិត្ត ១។ បេ។ សេចក្ដីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្ដីទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនឆ្ងាញ់ពិសាជាទុក្ខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងធម៌ទាំងឡាយ មិនជាទីគាប់ចិត្ត ១ នេះ ទោមនស្ស ៦ អាស្រ័យនូវផ្ទះគឺកាមគុណ។
( (១៣) ឆ គេហសិតា ឧបេក្ខា)
[២៣៧] បណ្ដាធម៌ទាំងនោះ ឧបេក្ខា ៦ ដែលអាស្រ័យនូវផ្ទះគឺកាមគុណ តើដូចម្ដេច។ សេចក្ដីឆ្ងាញ់ពិសា ក៏មិនមែន សេចក្ដីមិនឆ្ងាញ់ពិសា ក៏មិនមែន ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនមែនទុក្ខ មិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនមែនទុក្ខ មិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងរូបទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១ ក្នុងសំឡេងទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។ បេ។ ក្នុងក្លិនទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។ បេ។ ក្នុងរសទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។ បេ។ ក្នុងផ្សព្វទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១។ បេ។ សេចក្ដីឆ្ងាញ់ពិសាក៏មិនមែន សេចក្ដីមិនឆ្ងាញ់ពិសាក៏មិនមែន ប្រព្រឹត្តទៅក្នុងចិត្ត ការទទួលអារម្មណ៍មិនមែនទុក្ខមិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត វេទនាមិនមែនទុក្ខ មិនមែនសុខ កើតអំពីសម្ផ័ស្សនៃចិត្ត ដែលអាស្រ័យនូវផ្ទះគឺកាមគុណ ក្នុងធម៌ទាំងឡាយដែលជាទីតាំងនៃឧបេក្ខា ១ នេះ ឧបេក្ខា ៦ ដែលអាស្រ័យនូវផ្ទះគឺកាមគុណ។
( (១៤) ឆ ទិដ្ឋិយោ)
[២៣៨] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៦ តើដូចម្ដេច។ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើង ដោយទៀងទាត់មាំមួនថា អញមានខ្លួន ១ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើងដោយទៀងទាត់មាំមួនថា អញមិនមានខ្លួន ១ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើងដោយទៀងទាត់មាំមួនថា អញស្គាល់ច្បាស់នូវខ្លួនដោយខ្លួន ១ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើងដោយទៀងទាត់មាំមួនថា អញស្គាល់ច្បាស់នូវសភាពមិនមែនខ្លួនដោយខ្លួន ១ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើងដោយទៀងទាត់មាំមួនថា អញស្គាល់ច្បាស់នូវខ្លួន ដោយសភាពមិនមែនខ្លួន ១ ទិដ្ឋិរបស់បុគ្គលនោះ តែងកើតឡើងដោយទៀងទាត់មាំមួនថា ខ្លួនរបស់អញនេះ ជាអ្នកពោល អ្នកទទួលផល រមែងទទួលនូវវិបាកនៃធម៌ល្អ និងអាក្រក់ អស់កាលដ៏វែង ក្នុងអារម្មណ៍នោះៗ ខ្លួននោះមិនកើតឡើងហើយ ក៏មិនមែន ខ្លួននោះនឹងមិនកើតឡើង ក៏មិនមែន ជាសភាវៈទៀង ឋិតថេរ មាំមួន មិនប្រែប្រួលជាធម្មតា ១ នេះ ទិដ្ឋិ ៦។
ចប់ ពួកធម៌ ៦។
(៧. សត្តកនិទ្ទេសោ)
( (១) សត្តានុសយា)
[២៣៩] បណ្ដាធម៌ទាំងនោះ អនុសយក្កិលេស ៧ តើដូចម្ដេច។ កាមរាគានុស័យ ១ បដិឃានុស័យ ១ មានានុស័យ ១ ទិដ្ឋានុស័យ ១ វិចិកិច្ឆានុស័យ ១ ភវរាគានុស័យ ១ អវិជ្ជានុស័យ ១ នេះ អនុស័យ ៧។
( (៣) សត្ត បរិយុដ្ឋានានិ)
[២៤០] បណ្ដាធម៌ទាំងនោះ បរិយុដ្ឋានក្កិលេស ៧ តើដូចម្ដេច។ កាមរាគបរិយុដ្ឋាន ១ បដិឃបរិយុដ្ឋាន ១ មានបរិយុដ្ឋាន ១ ទិដ្ឋិបរិយុដ្ឋាន ១ វិចិកិច្ឆាបរិយុដ្ឋាន ១ ភវរាគបរិយុដ្ឋាន ១ អវិជ្ជាបរិយុដ្ឋាន ១ នេះ បរិយុដ្ឋានកិ្កលេស ៧។
( (២) សត្ត សំយោជនានិ)
[២៤១] បណ្ដាធម៌ទាំងនោះ សញ្ញោជនៈ ៧ តើដូចម្ដេច។ កាមរាគសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១ ភវរាគសញ្ញោជនៈ ១ អវិជ្ជាសញ្ញោជនៈ ១ នេះ សញ្ញោជនៈ ៧។
( (៤) សត្ត អសទ្ធម្មា)
[២៤២] បណ្ដាធម៌ទាំងនោះ អសទ្ធម្ម (ធម៌របស់អសប្បុរស) ៧ តើដូចម្ដេច។ បុគ្គលមិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ចេះដឹងតិច ១ មានសេចក្ដីខ្ជិល ១ ភ្លេចស្មារតី ១ មិនមានបញ្ញា ១ នេះ អសទ្ធម្ម ៧។
( (៥) សត្ត ទុច្ចរិតានិ)
[២៤៣] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៧ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ បិសុណាវាចា ១ ផរុសវាចា ១ សម្ផប្បលាបៈ ១ នេះ ទុច្ចរិត ៧។
( (៦) សត្ត មានា)
[២៤៤] បណ្ដាធម៌ទាំងនោះ មានះ ៧ តើដូចម្ដេច។ មានះ ១ អតិមានះ ១ មានាតិមានះ ១ ឱមានះ ១ អធិមានះ ១ អស្មិមានះ ១ មិច្ឆាមានះ ១ នេះ មានះ ៧។
( (៧) សត្ត ទិដ្ឋិយោ)
[២៤៥] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៧ តើដូចម្ដេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ខ្លួននេះ មានរូបកើតអំពីមហាភូតរូប កកើតអំពីមាតាបិតា លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ រមែងមិនមាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឯង ឈ្មោះថា ដាច់សូន្យប្រាកដ។ សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃទៀត មានរូបជាទិព្វ ជាកាមាវចរទេវតា (ត្រេចទៅក្នុងភព) មានកវឡិង្ការាហារជាចំណី អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ នែអ្នកដ៏ចម្រើន មានខ្លួនដទៃទៀត មានរូបជាទិព្វ សម្រេចដោយឈានចិត្ត មានអវយវៈធំតូចគ្រប់សព្វ មានឥន្រ្ទិយមិនថោកទាប គឺមានឥន្រ្ទិយពេញលេញ អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញ នូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃ ដែលចូលទៅកាន់អាកាសានញ្ចាយតនភព មានអារម្មណ៍ថា អាកាសមិនមានទីបំផុត ដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា គឺសេចក្ដីសំគាល់ក្នុងរូប ព្រោះអស់ទៅនៃបដិឃសញ្ញា គឺសេចក្ដីសំគាល់ក្នុងអារម្មណ៍ដែលជាទីខ្ទាំងខ្ទប់ចិត្ត ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា គឺសេចក្ដីសំគាល់ ក្នុងអារម្មណ៍ផ្សេងៗ ដោយសព្វគ្រប់ អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ខ្ញុំទើបដឹង ទើបឃើញ នូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតទេ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះមិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃ ដែលកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនភព មានអារម្មណ៍ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួននោះឡើយ ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតឡើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យ ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃដែលកន្លងបង់នូវវិញ្ញាណញ្ចាយតនៈដោយសព្វគ្រប់ ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនភព មានអារម្មណ៍ថា អ្វីតិចតួច ក៏មិនមានដូច្នេះ អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ទៅ មិនកើតទៀតឡើយ ម្នាលអ្នកដ៏ចម្រើន ខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីសូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអ្នកដ៏ចម្រើន មានខ្លួនដទៃ ដែលកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់នេវសញ្ញានាសញ្ញាយតនភព អ្នកមិនដឹង មិនឃើញ នូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ ម្នាលអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្ដីស្លាប់ មិនកើតទៀតឡើយ ម្នាលអ្នកដ៏ចម្រើន ខ្លួននេះ ឈ្មោះថា ជាសភាវៈដាច់សូន្យដោយពិត ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង សមណព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវសេចក្ដីដាច់សូន្យ នូវសេចក្ដីវិនាស នូវសេចក្ដីមិនកើតទៀត នៃសត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ នេះ ទិដ្ឋិ ៧។
ចប់ ពួកធម៌ ៧។
(៨. អដ្ឋកនិទ្ទេសោ)
( (១) អដ្ឋ កិលេសវត្ថូនិ)
[២៤៦] បណ្ដាធម៌ទាំងនោះ កិលេសវត្ថុ ៨ តើដូចម្ដេច។ លោភៈ ១ ទោសៈ ១ មោហៈ ១ មានះ ១ ទិដ្ឋិ ១ វិចិកិច្ឆា ១ ថីនៈ ១ ឧទ្ធច្ចៈ ១ នេះ កិលេសវត្ថុ ៨។
( (២) អដ្ឋ កុសីតវត្ថូនិ)
[២៤៧] បណ្ដាធម៌ទាំងនោះ កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ តើដូចម្ដេច។ ការងារ (មានវាស់កាត់ចីវរជាដើម) ភិក្ខុក្នុងសាសនានេះត្រូវធ្វើ ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែកាលបើអញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។ មួយទៀត ការងារ ភិក្ខុធ្វើរួចហើយ ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែកាលដែលអញកំពុងធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ មួយទៀត ភិក្ខុត្រូវដើរផ្លូវ ភិក្ខុនោះមានសេចក្ដីត្រិះរិះ យ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តែបើអាត្មាអញដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ មួយទៀត ភិក្ខុដើរផ្លូវរួចហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែលអាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ មួយទៀត ភិក្ខុត្រាច់ទៅកាន់ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លាបរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារមិនកើត ទំនងដូចជាសណ្តែកដែលត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៦។ មួយទៀត ភិក្ខុកើតអាពាធបន្តិចបន្តួច ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញកើតអាពាធបន្តិចបន្តួចនេះហើយ អាត្មាអញគួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៧។ មួយទៀត ភិក្ខុជាសះស្បើយអំពីជម្ងឺហើយ តែទើបនឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញសះស្បើយអំពីជម្ងឺហើយ តែសះស្បើយមិនទាន់យូរប៉ុន្មាន កាយរបស់អាត្មាអញនោះ នៅមិនទាន់មានកម្លាំង ធ្វើការងារមិនទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ នេះ កុសីតវត្ថុ ៨។
( (៣) អដ្ឋសុ លោកធម្មេសុ ចិត្តស្ស បដិឃាតោ)
[២៤៨] បណ្ដាធម៌ទាំងនោះ សេចក្ដីចង្អៀតចង្អល់ចិត្ត ព្រោះលោកធម៌ ៨ តើដូចម្ដេច។ សេចក្ដីត្រេកត្រអាលក្នុងលោក (ការបាន) ១ សេចក្ដីថ្នាំងថ្នាក់ក្នុងអលាភ (ការមិនបាន) ១ សេចក្ដីត្រេកត្រអាលក្នុងយស ១ សេចក្ដីថ្នាំងថ្នាក់ក្នុងអយស (ការមិនមានយស) ១ សេចក្ដីត្រេកត្រអាលក្នុងពាក្យសរសើរ ១ សេចក្ដីថ្នាំងថ្នាក់ក្នុងពាក្យតិះដៀល ១ សេចក្ដីត្រេកត្រអាលក្នុងសុខ ១ សេចក្ដីថ្នាំងថ្នាក់ក្នុងទុក្ខ ១ នេះសេចក្ដីចង្អៀតចង្អល់ចិត្ត ព្រោះលោកធម៌ ៨។
( (៤) អដ្ឋអនរិយវោហារា)
[២៤៩] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៨ តើដូចម្ដេច។ ការពោលថា ឃើញក្នុងហេតុដែលមិនបានឃើញ ១ ការពោលថា បានឮក្នុងហេតុដែលមិនបានឮ ១ ការពោលថា បានលិទ្ធភ្លក្សក្នុងហេតុដែលមិនបានលិទ្ធភ្លក្ស ១ ការពោលថា បានដឹងក្នុងហេតុដែលមិនបានដឹង ១ ការពោលថា មិនបានឃើញក្នុងហេតុដែលបានឃើញ ១ ការពោលថា មិនបានឮក្នុងហេតុដែលបានឮ ១ ការពោលថា មិនបានលិទ្ធិភ្លក្សក្នុងហេតុដែលបានលិទ្ធិភ្លក្ស ១ ការពោលថា មិនបានដឹងក្នុងហេតុដែលបានដឹង ១ នេះ វោហារមិនប្រសើរ ៨។
( (៥) អដ្ឋ មិច្ឆត្តា)
[២៥០] បណ្ដាធម៌ទាំងនោះ មិច្ឆត្តធម៌ (សេចក្ដីខុស) ៨ តើដូចម្ដេច។ ការយល់ខុស ១ ត្រិះរិះខុស ១ វាចាខុស ១ ការងារខុស ១ ការចិញ្ចឹមជីវិតខុស ១ ព្យាយាមខុស ១ ការរលឹកខុស ១ ការតម្កល់ចិត្តខុស ១ នេះ មិច្ឆត្តធម៌ ៨។
( (៦) អដ្ឋ បុរិសទោសា)
[២៥១] បណ្ដាធម៌ទាំងនោះ ទោសរបស់បុរស ៨ តើដូចម្ដេច។ ពួកភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏ដោះស្រាយដោយអស្សតិ (ការគ្មានស្មារតី) ថា ខ្ញុំនឹកមិនឃើញ ខ្ញុំនឹកមិនឃើញ នេះ ទោសរបស់បុរសទី ១។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏និយាយគេចកែនឹងភិក្ខុអ្នកចោទវិញថា ប្រយោជន៍អ្វី អ្នកជាមនុស្សល្ងង់ មិនឈ្លាស មកស្តីថាឲ្យយើង អម្បាលយ៉ាងអ្នក ហ៊ានសម្គាល់យើងថា គួរនឹងស្ដីថាបាន នេះ ទោសរបស់បុរសទី ២។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏ត្រឡប់លើកពាក្យរបស់អ្នកចោទវិញថា លោកឯងត្រូវអាបត្តិឈ្មោះនេះ ចូរលោកសំដែងមុនសិនទៅ នេះ ទោសរបស់បុរសទី ៣។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុ ចោទដោយអាបត្តិ ក៏បិទបាំងនូវហេតុដទៃ ដោយហេតុដទៃ យកពាក្យខាងក្រៅ មកបញ្ចេញ ធ្វើនូវសេចក្ដីក្រោធខឹង មិនត្រេកអរឲ្យប្រាកដឡើង នេះ ទោសរបស់បុរសទី ៤។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏និយាយឆ្កាដៃក្នុងកណ្តាលសង្ឃ នេះ ទោសរបស់បុរសទី ៥។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏នៅស្ងៀម ធ្វើសង្ឃឲ្យលំបាក នេះ ទោសរបស់បុរសទី ៦។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏មិនអើពើនឹងសង្ឃ មិនអើពើនឹងភិក្ខុអ្នកចោទ ជាបុគ្គលមានអាបត្តិ ដើរចៀសចេញទៅតាមប្រាថ្នា នេះ ទោសរបស់បុរសទី ៧។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏និយាយយ៉ាងនេះថា បពិត្រលោកមានអាយុទាំងឡាយ លោកខ្វល់ខ្វាយនឹងខ្ញុំហួសប្រមាណធ្វើអ្វី ឥឡូវនេះ ខ្ញុំនឹងលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ភិក្ខុនោះលុះលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបហើយ ក៏និយាយយ៉ាងនេះថា បពិត្រលោកមានអាយុទាំងឡាយ ឥឡូវនេះ លោកទាំងឡាយ ចូរជាអ្នកមានចិត្តត្រេកអរចុះ នេះ ទោសរបស់បុរសទី ៨ នេះ ទោសរបស់បុរស ៨។
( (៧) អដ្ឋ អសញ្ញីវាទា)
[២៥២] បណ្ដាធម៌ទាំងនោះ អសញ្ញីវាទ ៨ តើដូចម្ដេច។ ខ្លួនមានរូប3) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមិនមានរូប4) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានរូបខ្លះ មិនមានរូបខ្លះ5) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន6) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុត7) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមិនមានទីបំផុត8) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ9) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន10) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ នេះ អសញ្ញីវាទ ៨។
( (៨) អដ្ឋ នេវសញ្ញីនាសញ្ញីវាទា)
[២៥៣] បណ្ដាធម៌ទាំងនោះ នេវសញ្ញីនាសញ្ញីវាទ ៨ តើដូចម្ដេច។ ខ្លួនមានរូប មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមិនមានរូប មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានរូបខ្លះ មិនមានរូបខ្លះ មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានទីបំផុត មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមិនមានទីបំផុត មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ នេះ នេវសញ្ញីនាសញ្ញីវាទ ៨។
ចប់ ពួកធម៌ ៨។
(៩. នវកនិទ្ទេសោ)
( (១) នវ អាឃាតវត្ថូនិ)
[២៥៤] បណ្ដាធម៌ទាំងនោះ អាឃាតវត្ថុ (ហេតុនៃគំនុំ) ៩ តើដូចម្ដេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ ១ ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ ១ នេះ អាឃាតវត្ថុ ៩។
( (២) នវ បុរិសមលានិ)
[២៥៥] បណ្ដាធម៌ទាំងនោះ មន្ទិលរបស់បុរស ៩ តើដូចម្ដេច។ សេចក្ដីក្រោធ ១ សេចក្ដីលុបគុណ ១ សេចក្ដីច្រណែន ១ សេចក្ដីកំណាញ់ ១ ការលាក់ពុតត្បុត ១ សេចក្ដីអួតអាង ១ ការពោលពាក្យមិនពិត ១ សេចក្ដីប្រាថ្នាដ៏លាមក ១ សេចក្ដីយល់ឃើញខុស ១ នេះ មន្ទិលរបស់បុរស ៩។
( (៣) នវវិធា មានា)
[២៥៦] បណ្ដាធម៌ទាំងនោះ មានះ ៩ យ៉ាង តើដូចម្ដេច។ សេចក្ដីប្រកាន់របស់បុគ្គលប្រសើរជាងគេថា អញប្រសើរជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលប្រសើរជាងគេថា អញស្មើនឹងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលប្រសើរជាងគេថា អញថោកទាបជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលស្មើនឹងគេថា អញប្រសើរជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលស្មើនឹងគេថា អញស្មើនឹងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលស្មើនឹងគេថា អញថោកទាបជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលថោកទាបជាងគេថា អញប្រសើរជាងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលថោកទាបជាងគេថា អញស្មើនឹងគេ ១ សេចក្ដីប្រកាន់របស់បុគ្គលថោកទាបជាងគេថា អញថោកទាបជាងគេ ១ នេះ មានះ ៩។
( (៤) នវ តណ្ហាមូលកា ធម្មា)
[២៥៧] បណ្ដាធម៌ទាំងនោះ ធម៌មានតណ្ហាជាមូល ៩ តើដូចម្ដេច។ ការស្វែងរក (កើតមាន) ព្រោះអាស្រ័យតណ្ហា ១ លាភ (កើតមាន) ព្រោះអាស្រ័យការស្វែងរក ១ សេចក្ដីត្រិះរិះ (កើតមាន) ព្រោះអាស្រ័យលាភ ១ ឆន្ទរាគ (កើតមាន) ព្រោះអាស្រ័យសេចក្ដីត្រិះរិះ ១ សេចក្ដីចូលចិត្តខ្លាំង (កើតមាន) ព្រោះអាស្រ័យឆន្ទរាគ ១ សេចក្ដីប្រកាន់ (កើតមាន) ព្រោះអាស្រ័យសេចក្ដីចូលចិត្តខ្លាំង ១ សេចក្ដីកំណាញ់ (កើតមាន) ព្រោះអាស្រ័យសេចក្ដីប្រកាន់ ១ ការរក្សា (កើតមាន) ព្រោះអាស្រ័យសេចក្ដីកំណាញ់ ១ ការកាន់ដម្បង កាន់សស្រ្តាវុធ ឈ្លោះទាស់ទែង ជជែកគ្នាថា ឯងៗ ការពោលពាក្យញុះញង់ ការពោលពាក្យកុហក អកុសលធម៌ដ៏លាមកដ៏ច្រើន (កើតមាន) ព្រោះការរក្សាជាហេតុ ១ នេះធម៌មានតណ្ហាជាមូល ៩។
( (៥) នវ ឥញ្ជិតានិ)
[២៥៨] បណ្ដាធម៌ទាំងនោះ សេចក្ដីញាប់ញ័រ11) ៩ តើដូចម្ដេច។ ពាក្យថា មាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញមាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនេះមាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមាន នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមានរូប នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមិនមានរូប នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមានសញ្ញា នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមិនមានសញ្ញា នេះជាសេចក្ដីញាប់ញ័រ ១ ពាក្យថា អញនឹងមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន នេះជាសេចក្ដីញាប់ញ័រ ១ នេះ សេចក្ដីញាប់ញ័រ ៩។
( (៦-៩) នវ មញ្ញិតាទីនិ)
[២៥៩] បណ្ដាធម៌ទាំងនោះ សេចក្ដីសំគាល់ ៩ សេចក្ដីឃ្លេងឃ្លោង ៩ ដំណើរយឺតយូរ ៩ សង្ខតធម៌ (ធម៌ដែលបច្ច័យប្រជុំតាក់តែង) ៩ តើដូចម្ដេច។ ពាក្យថា មាន នេះជាសង្ខតធម៌ ១ ពាក្យថា អញមាន នេះជាសង្ខតធម៌ ១ ពាក្យថា អញនេះមាន នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមាន នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមានរូប នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមិនមានរូប នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមានសញ្ញា នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមិនមានសញ្ញា នេះជាសង្ខតធម៌ ១ ពាក្យថា អញនឹងមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន នេះជាសង្ខតធម៌ ១ នេះ សង្ខតធម៌ ៩។
ចប់ ពួកធម៌ ៩។
(១០. ទសកនិទ្ទេសោ)
( (១) ទស កិលេសវត្ថូនិ)
[២៦០] បណ្ដាធម៌ទាំងនោះ កិលេសវត្ថុ ១០ តើដូចម្ដេច។ លោភៈ ១ ទោសៈ ១ មោហៈ ១ មានះ ១ ទិដ្ឋិ ១ វិចិកិច្ឆា ១ ថីនៈ ១ ឧទ្ធច្ចៈ ១ អហិរិកៈ ១ អនោត្តប្បៈ ១ នេះ កិលេសវត្ថុ ១០។
( (២) ទស អាឃាតវត្ថូនិ)
[២៦១] បណ្ដាធម៌ទាំងនោះ អាឃាតវត្ថុ ១០ យ៉ាង តើដូចម្ដេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ដល់អញ ១ គនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់បុគ្គលជាទីស្រឡាញ់ពេញចិត្តរបស់អញ ១ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមានប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់មិនជាទីពេញចិត្តរបស់អញ ១ ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើមានប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់មិនជាទីពេញចិត្តរបស់អញ ១ ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមានប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ ១ ឬថា គំនុំកើតឡើង ក្នុងទីមិនគួរ ១ នេះ អាឃាតវត្ថុ ១០។
( (៣) ទស អកុសលកម្មបថា)
[២៦២] បណ្ដាធម៌ទាំងនោះ អកុសលកម្មបថ ១០ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ បិសុណាវាចា ១ ផរុសវាចា ១ សម្ផប្បលាបៈ ១ អភិជ្ឈា ១ ព្យាបាទ ១ មិច្ឆាទិដ្ឋិ ១ នេះ អកុសលកម្មបថ ១០។
( (៤) ទស សំយោជនានិ)
[២៦៣] បណ្ដាធម៌ទាំងនោះ សញ្ញោជនៈ ១០ តើដូចម្ដេច។ កាមរាគសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១ សីលព្វតបរាមាសសញ្ញោជនៈ ១ ភវរាគសញ្ញោជនៈ ១ ឥស្សាសញ្ញោជនៈ ១ មច្ឆរិយសញ្ញោជនៈ ១ អវិជ្ជាសញ្ញោជនៈ ១ នេះ សញ្ញោជនៈ ១០។
( (៥) ទស មិច្ឆត្តា)
[២៦៤] បណ្ដាធម៌ទាំងនោះ មិច្ឆត្តធម៌ (សេចក្ដីខុស) ១០ តើដូចម្ដេច។ មិច្ឆាទិដ្ឋិ ១ មិច្ឆាសង្កប្បៈ ១ មិច្ឆាវាចា ១ មិច្ឆាកម្មន្តៈ ១ មិច្ឆាអាជីវៈ ១ មិច្ឆាវាយាមៈ ១ មិច្ឆាសតិ ១ មិច្ឆាសមាធិ ១ មិច្ឆាញាណ ១ មិច្ឆាវិមុត្តិ ១ នេះ មិច្ឆត្តធម៌ ១០។
( (៦) ទសវត្ថុកា មិច្ឆាទិដ្ឋិ)
[២៦៥] បណ្ដាធម៌ទាំងនោះ មិច្ឆាទិដ្ឋិ មានវត្ថុ ១០ តើដូចម្ដេច។ ទានដែលបុគ្គលឲ្យហើយ មិនមានផល ១ ការបូជាធំ មិនមានផល ១ ការបូជាតូច មិនមានផល ១ ផលវិបាកនៃកម្មដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មិនមាន ១ លោកនេះ មិនមាន ១ លោកដទៃ មិនមាន ១ មាតា មិនមានគុណ ១ បិតា មិនមានគុណ ១ សត្វជាឱបបាតិកៈកំណើត មិនមាន ១ សមណព្រាហ្មណ៍ទាំងឡាយក្នុងលោក អ្នកប្រព្រឹត្តល្អ ប្រតិបត្តិល្អ ដែលបានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង នូវលោកនេះ និងលោកខាងមុខ ហើយប្រកាស មិនមាន ១ នេះ មិច្ឆាទិដ្ឋិ មានវត្ថុ ១០។
( (៧) ទសវត្ថុកា អន្តគ្គាហិកា ទិដ្ឋិ)
[២៦៦] បណ្ដាធម៌ទាំងនោះ អន្ដគ្គាហិកទិដ្ឋិ (ទិដ្ឋិដែលប្រកាន់ថា លោកមានទីបំផុត) មានវត្ថុ ១០ តើដូចម្ដេច។ លោកទៀង ១ លោកមិនទៀង ១ លោកមានទីបំផុត ១ លោកមិនមានទីបំផុត ១ ជីវិតក៏គឺសរីរៈ ១ ជីវិតដទៃ សរីរៈដទៃ ១ សត្វខាងមុខអំពីសេចក្ដីស្លាប់កើតទៀត ១ សត្វខាងមុខអំពីសេចក្ដីស្លាប់មិនកើតទៀត ១ សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ១ សត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែន ១ នេះ អន្តគ្គាហិកទិដ្ឋិ មានវត្ថុ ១០។
ចប់ ពួកធម៌ ១០។
(១១. តណ្ហាវិចរិតនិទ្ទេសោ)
( (១) អជ្ឈត្តិកស្ស ឧបាទាយ)
[២៦៧] បណ្ដាធម៌ទាំងនោះ តណ្ហាវិចរិត (ការប្រព្រឹត្តិនៃតណ្ហា) ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្នុង តើដូចម្ដេច។ តណ្ហាវិចរិតថា អញមាន ១ តណ្ហាវិចរិតថា អញមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អញនឹងមាន ១ តណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អញទៀង ១ តណ្ហាវិចរិតថា អញសុខស្រួល ១ តណ្ហាវិចរិតថា អញគួរមាន ១ តណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ ១។
[២៦៨] ចុះតណ្ហាវិចរិតថា អញមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អញមាន បាននូវមានះថា អញមាន បាននូវទិដ្ឋិថា អញមាន កាលបើធម៌មានឆន្ទៈជាដើមនោះ មាន ដំណើរយឺតយូរនេះ ក៏មាន ថា អញមានដោយប្រការនេះខ្លះ ថាអញមានយ៉ាងនេះខ្លះ ថាអញមានដោយប្រការដទៃខ្លះ។
[២៦៩] ចុះតណ្ហាវិចរិតថា អញមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញជាក្ស័ត្រ ឬថា អញជាព្រាហ្មណ៍ ថាអញជាអ្នកជំនួញ ឬថា អញជាអ្នកគ្រួ ថាអញជាគ្រហស្ថ ឬថាអញជាបព្វជិត ថាអញជាទេវតា ឬថាអញជាមនុស្ស ថាអញមានរូប ឬថាអញមិនមានរូប ថាអញមានសញ្ញា ឬថា អញមិនមានសញ្ញា ថាអញមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានដោយប្រការនេះ។
[២៧០] ចុះតណ្ហាវិចរិតថា អញមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញក៏ជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញក៏ជាព្រាហ្មណ៍យ៉ាងនោះដែរ ថាបុគ្គលនោះ ជាអ្នកជំនួញយ៉ាងណា អញក៏ជាអ្នកជំនួញយ៉ាងនោះដែរ ឬថា បុគ្គលនោះជាអ្នកគ្រួយ៉ាងណា អញក៏ជាអ្នកគ្រួយ៉ាងនោះដែរ ថា បុគ្គលនោះ ជាគ្រហស្ថយ៉ាងណា អញក៏ជាគ្រហស្ថយ៉ាងនោះដែរ ឬថា បុគ្គលនោះ ជាបព្វជិតយ៉ាងណា អញក៏ជាបព្វជិតយ៉ាងនោះដែរ ថា បុគ្គលនោះជាទេវតាយ៉ាងណា អញក៏ជាទេវតាយ៉ាងនោះដែរ ឬថា បុគ្គលនោះ ជាមនុស្សយ៉ាងណា អញក៏ជាមនុស្សយ៉ាងនោះដែរ ថា បុគ្គលនោះ មានរូបយ៉ាងណា អញក៏មានរូបយ៉ាងនោះដែរ ឬថា បុគ្គលនោះមិនមានរូបយ៉ាងណា អញក៏មិនមានរូបយ៉ាងនោះដែរ ថា បុគ្គលនោះមានសញ្ញាយ៉ាងណា អញក៏មានសញ្ញាយ៉ាងនោះដែរ ឬថា បុគ្គលនោះមិនមានសញ្ញាយ៉ាងណា អញក៏មិនមានសញ្ញាយ៉ាងនោះដែរ ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានយ៉ាងនេះ។
[២៧១] ចុះតណ្ហាវិចរិតថា អញមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះ ជាក្ស័ត្រយ៉ាងណា អញមិនមែនជាក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញមិនមែនជាព្រាហ្មណ៍យ៉ាងនោះទេ ថាបុគ្គលនោះជាអ្នកជំនួញយ៉ាងណា អញមិនមែនជាអ្នកជំនួញយ៉ាងនោះទេ ឬថា បុគ្គលនោះជាអ្នកគ្រួយ៉ាងណា អញមិនមែនជាអ្នកគ្រួយ៉ាងនោះទេ ថាបុគ្គលនោះជាគ្រហស្ថយ៉ាងណា អញមិនមែនជាគ្រហស្ថយ៉ាងនោះទេ ឬថា បុគ្គលនោះជាបព្វជិតយ៉ាងណា អញមិនមែនជាបព្វជិតយ៉ាងនោះទេ ថាបុគ្គលនោះជាទេវតាយ៉ាងណា អញមិនមែនជាទេវតាយ៉ាងនោះទេ ឬថា បុគ្គលនោះជាមនុស្សយ៉ាងណា អញមិនមែនជាមនុស្សយ៉ាងនោះទេ ថាបុគ្គលនោះមានរូបយ៉ាងណា អញមិនមានរូបយ៉ាងនោះទេ ឬថា បុគ្គលនោះមិនមានរូបយ៉ាងណា អញមិនមែនមិនមានរូបយ៉ាងនោះទេ ថាបុគ្គលនោះមានសញ្ញាយ៉ាងណា អញមិនមានសញ្ញាយ៉ាងនោះទេ ឬថា បុគ្គលនោះមិនមានសញ្ញាយ៉ាងណា អញមិនមែនមិនមានសញ្ញាយ៉ាងនោះទេ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញមិនមែនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានដោយប្រការដទៃ។
[២៧២] ចុះតណ្ហាវិចរិតថា អញនឹងមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ហើយបាននូវឆន្ទៈថា អញនឹងមាន បាននូវមានះថា អញនឹងមាន បាននូវទិដ្ឋិថា អញនឹងមាន កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថា អញនឹងមាន ដោយប្រការនេះខ្លះ ថាអញនឹងមានយ៉ាងនេះខ្លះ ថាអញនឹងមាន ដោយប្រការដទៃខ្លះ។
[២៧៣] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញនឹងជាក្ស័ត្រ ឬថា អញនឹងជាព្រាហ្មណ៍ ថា អញនឹងជាអ្នកជំនួញ ឬថា អញនឹងជាអ្នកគ្រួ ថា អញនឹងជាគ្រហស្ថ ឬថា អញនឹងជាបព្វជិត ថា អញនឹងជាទេវតា ឬថា អញនឹងជាមនុស្ស ថា អញនឹងជាបុគ្គលមិនមានរូប ឬថា អញនឹងជាបុគ្គលមានរូប ថា អញនឹងជាបុគ្គលមានសញ្ញា ឬថា អញនឹងជាបុគ្គលមិនមានសញ្ញា ថា អញនឹងជាបុគ្គលមានសញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ។
[២៧៤] ចុះតណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រ យ៉ាងណា អញនឹងបានជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញនឹងបានជាព្រាហ្មណ៍យ៉ាងនោះដែរ។ បេ។ ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញនឹងមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ។
[២៧៥] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រយ៉ាងណា អញនឹងមិនមែនជាក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាងណា អញនឹងមិនមែនជាព្រាហ្មណ៍ យ៉ាងនោះទេ។ បេ។ ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញនឹងមិនមែនមានសញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ។
[២៧៦] ចុះតណ្ហាវិចរិតថា អញទៀង តើដូចម្ដេច។ ដំណើរនៃតណ្ហាព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ថា អញជាបុគ្គលទៀង មាំមួន ប្រាកដ មិនប្រែប្រួលជាធម្មតា យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញទៀង។
[២៧៧] ចុះតណ្ហាវិចរិតថា អញសុខស្រួល តើដូចម្ដេច។ ដំណើរនៃតណ្ហាព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ថា អញនឹងដាច់សូន្យ នឹងវិនាស នឹងមិនកើតទៀត យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញសុខស្រួល។
[២៧៨] ចុះតណ្ហាវិចរិតថា អញគួរមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ហើយបាននូវឆន្ទៈថា អញគួរមាន បាននូវមានះថា អញគួរមាន បាននូវទិដ្ឋិថា អញគួរមាន កាលបើធម៌មានឆន្ទៈជាដើមនោះ មានដំណើរយឺតយូរនេះក៏មាន ថា អញគួរមាន ដោយប្រការនេះខ្លះ ថា អញគួរមាន យ៉ាងនេះខ្លះ ថា អញគួរមាន ដោយប្រការដទៃខ្លះ។
[២៧៩] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ថាអញគួរតែជាក្ស័ត្រ ឬថា អញគួរតែជាព្រាហ្មណ៍ ថាអញគួរតែជាអ្នកជំនួញ ឬថា អញគួរតែជាអ្នកគ្រួ ថាអញគួរតែជាគ្រហស្ថ ឬថា អញគួរតែជាបព្វជិត ថាអញគួរតែជាទេវតា ឬថា អញគួរតែជាមនុស្ស ថាអញគួរតែជាបុគ្គលមានរូប ឬថា អញគួរតែជាបុគ្គលមិនមានរូប ថាអញគួរតែជាបុគ្គលមានសញ្ញា ឬថា អញគួរតែជាបុគ្គលមិនមានសញ្ញា ថាអញគួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន ដោយប្រការនេះ។
[២៨០] ចុះតណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថាបុគ្គលនោះជាក្ស័ត្រយ៉ាងណា អញគួរតែជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញគួរតែជាព្រាហ្មណ៍យ៉ាងនោះដែរ។ បេ។ ថា បុគ្គលនោះ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញគួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ។
[២៨១] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាងណា អញគួរតែមិនមែនជាក្ស័ត្រ យ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាងណា អញគួរតែមិនមែនជាព្រាហ្មណ៍យ៉ាងនោះទេ។ បេ។ ថា បុគ្គលនោះ មានសញ្ញា ក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញគួរតែមិនមែនជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ។
[២៨២] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនឲ្យបែកចេញពីគ្នា ហើយបាននូវឆន្ទៈថា អម្បាលយ៉ាងអញ គួរមាន បាននូវមានះថា អម្បាលយ៉ាងអញ គួរមាន បាននូវទិដ្ឋិថា អម្បាលយ៉ាងអញ គួរមាន កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថាអម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះខ្លះ ថា អម្បាលយ៉ាងអញគួរមាន យ៉ាងនេះខ្លះ ថាអម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃខ្លះ។
[២៨៣] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អម្បាលយ៉ាងអញ គួរតែជាក្ស័ត្រ ឬថា អម្បាលយ៉ាងអញ គួរតែជាព្រាហ្មណ៍ ថាអម្បាលយ៉ាងអញ គួរតែជាអ្នកជំនួញ ឬថា អម្បាលយ៉ាងអញ គួរតែជាអ្នកគ្រួ ថាអម្បាលយ៉ាងអញ គួរតែជាគ្រហស្ថ ឬថា អម្បាលយ៉ាងអញ គួរតែជាបព្វជិត ថាអម្បាលយ៉ាងអញ គួរតែជាទេវតា ឬថា អម្បាលយ៉ាងអញ គួរតែជាមនុស្ស ថាអម្បាលយ៉ាងអញ គួរតែជាបុគ្គលមានរូប ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមានរូប ថាអម្បាលយ៉ាងអញ គួរតែជាបុគ្គលមានសញ្ញា ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមានសញ្ញា ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមាន ដោយប្រការនេះ។
[២៨៤] ចុះតណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃ ថា បុគ្គលនោះ ជាក្ស័ត្រយ៉ាងណា អម្បាលយ៉ាងអញ ក៏គួរជាក្ស័ត្រយ៉ាងនោះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អម្បាលយ៉ាងអញក៏គួរជាព្រាហ្មណ៍យ៉ាងនោះដែរ។ បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អម្បាលយ៉ាងអញ ក៏គួរជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ។
[២៨៥] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជាក្ស័ត្រយ៉ាងនោះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជាព្រាហ្មណ៍ យ៉ាងនោះទេ។ បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ។
នេះតណ្ហាវិចរិត ១៨ អាស្រ័យខន្ធបពា្ចកៈខាងក្នុង។
( (២) ពាហិរស្ស ឧបាទាយ)
[២៨៦] បណ្ដាធម៌ទាំងនោះ តណ្ហាវិចរិត ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្រៅ តើដូចម្ដេច។ តណ្ហាវិចរិតថា អញមានដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញនឹងមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញទៀង ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញសុខស្រួល ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អញគួរមាន ដោយប្រការដទៃដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ ១ តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ ១។
[២៨៧] ចុះតណ្ហាវិចរិតថា អញមាន ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាហើយបាននូវឆន្ទៈថា អញមាន ដោយខន្ធបញ្ចកៈនេះ បាននូវមានះថា អញមាន ដោយខន្ធបញ្ចកៈនេះ បាននូវទិដ្ឋិថា អញមាន ដោយខន្ធបញ្ចកៈនេះ កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថាអញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។
[២៨៨] ចុះតណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញជាក្ស័ត្រ ដោយហេតុនេះ ឬថា អញជាព្រាហ្មណ៍ ដោយហេតុនេះ ថាអញជាអ្នកជំនួញ ដោយហេតុនេះ ឬថាអញជាអ្នកគ្រួ ដោយហេតុនេះ ថាអញជាគ្រហស្ថ ដោយហេតុនេះ ឬថាអញជាបព្វជិតដោយហេតុនេះ ថាអញជាទេវតាដោយហេតុនេះ ឬថាអញជាមនុស្សដោយហេតុនេះ ថាអញមានរូបដោយហេតុនេះ ឬថាអញមិនមានរូបដោយហេតុនេះ ថាអញមានសញ្ញា ដោយហេតុនេះ ឬថាអញមិនមានសញ្ញាដោយហេតុនេះ ថាអញមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ។
[២៨៩] ចុះតណ្ហាវិចរិតថា អញមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញក៏ជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះថាព្រាហ្មណ៍យ៉ាងណា អញក៏ជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះដែរ។ បេ។ ថា បុគ្គលនោះ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញក៏ជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។
[២៩០] ចុះតណ្ហាវិចរិតថា អញមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញមិនមែនជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះទេ ឬថាបុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញមិនមែនជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះទេ។ បេ។ ថា បុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញមិនមែនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។
[២៩១] ចុះតណ្ហាវិចរិតថា អញនឹងមាន ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អញនឹងមានដោយហេតុនេះ បាននូវមានះថា អញនឹងមាន ដោយហេតុនេះ បាននូវទិដ្ឋិថា អញនឹងមានដោយហេតុនេះ កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថាអញនឹងមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញនឹងមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញនឹងមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។
[២៩២] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អញនឹងបានជាក្ស័ត្រ ដោយហេតុនេះ ឬថា អញនឹងបានជាព្រាហ្មណ៍ដោយហេតុនេះ ថាអញនឹងបានជាអ្នកជំនួញ ដោយហេតុនេះ ឬថាអញនឹងបានជាអ្នកគ្រួ ដោយហេតុនេះ ថាអញនឹងបានជាគ្រហស្ថ ដោយហេតុនេះ ឬថាអញនឹងបានជាបព្វជិត ដោយហេតុនេះ ថាអញនឹងបានជាទេវតា ដោយហេតុនេះ ឬថាអញនឹងបានជាមនុស្ស ដោយហេតុនេះ ថាអញនឹងជាបុគ្គលមានរូប ដោយហេតុនេះ ឬថាអញ្ញនឹងជាបុគ្គលមិនមានរូប ដោយហេតុនេះ ថាអញនឹងជាបុគ្គលមានសញ្ញា ដោយហេតុនេះ ឬថាអញនឹងជាបុគ្គលមិនមានសញ្ញា ដោយហេតុនេះ ថាអញនឹងជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ។
[២៩៣] ចុះតណ្ហាវិចរិតថា អញនឹងមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញនឹងបានជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញនឹងបានជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះដែរ។ បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញនឹងបានជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។
[២៩៤] ចុះតណ្ហាវិចរិតថា អញនឹងមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញនឹងមិនមែនជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះទេ ឬថាបុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញនឹងមិនមែនជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះទេ។ បេ។ ថាបុគ្គលនោះមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងណា អញនឹងមិនមែនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែនយ៉ាងនោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញនឹងមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។
[២៩៥] ចុះតណ្ហាវិចរិតថា អញទៀង ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាថា អញជាបុគ្គលទៀងទាត់ មាំមួន ប្រាកដ មិនប្រែប្រួលជាធម្មតា ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញជាបុគ្គលទៀង ដោយខន្ធបញ្ចកៈនេះ។
[២៩៦] ចុះតណ្ហាវិចរិតថា អញសុខស្រួល ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាថា អញនឹងដាច់សូន្យ នឹងវិនាស នឹងមិនកើតទៀត ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញសុខស្រួល ដោយខន្ធបញ្ចកៈនេះ។
[២៩៧] ចុះតណ្ហាវិចរិតថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ បាននូវមានះថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ បាននូវទិដ្ឋិថា អញគួរមាន ដោយខន្ធបញ្ចកៈនេះ កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះ ក៏កើតមាន ថាអញគួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញគួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថាអញគួរមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។
[២៩៨] ចុះតណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ថាអញគួរជាក្ស័ត្រ ដោយហេតុនេះ ឬថាអញគួរជាព្រាហ្មណ៍ដោយហេតុនេះ ថាអញគួរជាអ្នកជំនួញ ដោយហេតុនេះ ឬថា អញគួរជាអ្នកគ្រួដោយហេតុនេះ ថាអញគួរជាគ្រហស្ថៈដោយហេតុនេះ ឬថា អញគួរជាបព្វជិត ដោយហេតុនេះ ថាអញគួរជាទេវតា ដោយហេតុនេះ ឬថា អញគួរជាមនុស្ស ដោយហេតុនេះ ថាអញគួរជាបុគ្គលមានរូប ដោយហេតុនេះ ឬថា អញគួរជាបុគ្គលមិនមានរូប ដោយហេតុនេះ ថាអញគួរជាបុគ្គលមានសញ្ញា ដោយហេតុនេះ ឬថា អញគួរជាបុគ្គលមិនមានសញ្ញា ដោយហេតុនេះ ថាអញគួរជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ។
[២៩៩] ចុះតណ្ហាវិចរិតថា អញគួរមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រយ៉ាងណា អញគួរតែជាក្ស័ត្រយ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះជាព្រាហ្មណ៍យ៉ាងណា អញគួរតែជាព្រាហ្មណ៍យ៉ាងនោះ ដោយហេតុនេះដែរ។ បេ។ ថា បុគ្គលនោះ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងណា អញគួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន យ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។
[៣០០] ចុះតណ្ហាវិចរិតថា អញគួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាងណា អញគួរតែមិនមែនជាក្ស័ត្រ យ៉ាងនោះ ដោយហេតុនេះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាងណា អញគួរតែមិនមែនជាព្រាហ្មណ៍ យ៉ាងនោះ ដោយហេតុនេះទេ។ បេ។ ថា បុគ្គលនោះមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងណា អញគួរតែមិនមែនមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងនោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អញគួរមានដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។
[៣០១] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ បុគ្គលធ្វើនូវធម៌ណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឲ្យបែកចេញពីគ្នាហើយ បាននូវឆន្ទៈថា អម្បាលយ៉ាងអញ គួរមាន ដោយហេតុនេះ បាននូវមានះ ថា អម្បាលយ៉ាងអញ គួរមាន ដោយហេតុនេះ បាននូវទិដ្ឋិថា អម្បាលយ៉ាងអញ គួរមាន ដោយហេតុនេះ កាលបើធម៌មានឆន្ទៈជាដើមនោះមាន ដំណើរយឺតយូរនេះក៏មាន ថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថា អម្បាលយ៉ាងអញ គួរមាន យ៉ាងនេះ ដោយខន្ធបញ្ចកៈនេះខ្លះ ថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះខ្លះ។
[៣០២] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហាថា អម្បាលយ៉ាងអញ គួរតែជាក្ស័ត្រ ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាព្រាហ្មណ៍ ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាអ្នកជំនួញ ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាអ្នកគ្រួ ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាគ្រហស្ថ ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាបព្វជិត ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាទេវតា ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាមនុស្ស ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមានរូប ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមានរូប ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមានសញ្ញា ដោយហេតុនេះ ឬថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមិនមានសញ្ញា ដោយហេតុនេះ ថា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ដោយហេតុនេះ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការនេះ ដោយខន្ធបញ្ចកៈនេះ។
[៣០៣] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាងណា អម្បាលយ៉ាងអញ គួរតែជាក្ស័ត្រ យ៉ាងនោះ ដោយហេតុនេះដែរ ឬថា បុគ្គលនោះ ជាព្រាហ្មណ៍ យ៉ាងណា អម្បាលយ៉ាងអញ គួរតែជាព្រាហ្មណ៍ យ៉ាងនោះ ដោយហេតុនេះដែរ។ បេ។ ថា បុគ្គលនោះ មានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងណា អម្បាលយ៉ាងអញ គួរតែជាបុគ្គលមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងនោះ ដោយហេតុនេះដែរ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមានយ៉ាងនេះ ដោយខន្ធបញ្ចកៈនេះ។
[៣០៤] ចុះតណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ តើដូចម្ដេច។ ដំណើរនៃតណ្ហា ព្រោះយកខ្លួនទៅប្រៀបនឹងបុគ្គលដទៃថា បុគ្គលនោះជាក្ស័ត្រ យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជាក្ស័ត្រ យ៉ាងនោះ ដោយហេតុនេះទេ ឬថា បុគ្គលនោះជាព្រាហ្មណ៍ យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនជាព្រាហ្មណ៍ យ៉ាងនោះ ដោយហេតុនេះទេ។ បេ។ ថា បុគ្គលនោះមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងណា អម្បាលយ៉ាងអញ គួរតែមិនមែនមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន យ៉ាងនោះ ដោយហេតុនេះទេ យ៉ាងនេះ ឈ្មោះថា តណ្ហាវិចរិតថា អម្បាលយ៉ាងអញ គួរមាន ដោយប្រការដទៃ ដោយខន្ធបញ្ចកៈនេះ។ នេះ តណ្ហាវិចរិត ១៨ អាស្រ័យខន្ធបញ្ចកៈខាងក្រៅ។
[៣០៥] តណ្ហាវិចរិត ១៨ នេះ អាស្រ័យនូវខន្ធបញ្ចកៈខាងក្នុង តណ្ហាវិចរិត ១៨ នេះ អាស្រ័យនូវខន្ធបញ្ចកៈខាងក្រៅ ត្រូវជាតណ្ហាវិចរិត ៣៦ ព្រោះប្រមូលរួបរួមតណ្ហាវិចរិតទាំងពីរពួកនោះ ក្នុងទីជាមួយគ្នា។ តណ្ហាវិចរិត ៣៦ ខាងអតីត តណ្ហាវិចរិត ៣៦ ខាងអនាគត តណ្ហាវិចរិត ៣៦ ខាងបច្ចុប្បន្ន មានសភាពយ៉ាងនេះ ត្រូវជាតណ្ហាវិចរិត ១០៨ ព្រោះប្រមូលរួបរួមតណ្ហាវិចរិតទាំងអស់នោះ ក្នុងទីជាមួយគ្នា ដូចបានរៀបរាប់មកនេះ។
[៣០៦] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៦២ តើដូចម្ដេច។ (ទិដ្ឋិ ៦២) ដែលព្រះមានព្រះភាគសំដែងហើយ ក្នុងវេយ្យាករណ៍ ឈ្មោះព្រហ្មជាលសូត្រ គឺសស្សតវាទ ៤ ឯកច្ចសស្សតិកវាទ ៤ អន្តានន្តិកវាទ ៤ អមរាវិក្ខេបិកវាទ ៤ អធិច្ចសមុប្បន្និកវាទ ២ សញ្ញិវាទ ១៦ អសញ្ញិវាទ ៨ នេវសញ្ញិនាសញ្ញិវាទ ៨ ឧច្ឆេទវាទ ៧ ទិដ្ឋធម្មនិព្វានវាទ ៥ នេះ ទិដ្ឋិ ៦២ ដែលព្រះមានព្រះភាគសំដែងហើយ ក្នុងវេយ្យាករណ៍ ឈ្មោះព្រហ្មជាលសូត្រ។
ចប់ ខុទ្ទកវត្ថុវិភង្គ។