User Tools

Site Tools


Translations of this page?:
km:tipitaka:abh:vb:abh.vb.17.02

មាតិកា

(ទុកនិទ្ទេស ទី២)

សង្ខេប

ការ​លាតត្រដាង​នៃអកុសល​នៅ​ក្នុង​សំណុំ​ពីរ។ (ល្​អសម្រាប់​ការ​ស៊ើបអង្កេត ចិត្តខ្លួនឯង គឺសតិបដ្ឋាន។)

abh vb 17 02 បាលី cs-km: abh.vb.17.02 អដ្ឋកថា: abh.vb.17.02_att PTS: ?

(ទុកនិទ្ទេស ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. ទុកនិទ្ទេសោ)

(កោធោ ច ឧបនាហោ ច ទី១)

( (១) កោធោ ច ឧបនាហោ ច)

[១៤២] បណ្តាធម៌ទាំងនោះ សេចក្តីក្រោធ តើដូចម្តេច។ ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តី​ប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ សេចក្តីខឹង សេចក្តី​ខឹងខ្លាំង សេចក្តីកាច ការខឹង សេចក្តីអាក់អន់ចិត្ត ណា នេះហៅថា សេចក្តី​ក្រោធ។ បណ្តាធម៌ទាំងនោះ ការចងសេចក្តីក្រោធទុក តើដូចម្តេច។ សេចក្តី​ក្រោធក្នុងកាលជាខាងដើម ការចងសេចក្តីក្រោធទុក ក្នុងកាលជាខាង​ក្រោយ ការចងសេចក្តីក្រោធទុក អាការចងសេចក្តីក្រោធទុក ភាពនៃការចង​សេចក្តីក្រោធទុក ការតម្កល់សេចក្តីក្រោធទុកជាលំដាប់ ការតម្កល់សេចក្តី​ក្រោធទុកជាប្រក្រតី ការតម្កល់សេចក្តីក្រោធទុករឿយៗ ការប្រៀមផ្ទឹម1) រឿយៗ ការចងទុក2) រឿយៗ ការធ្វើសេចក្តីក្រោធឲ្យមាំ ណា នេះហៅថា ការ​ចងសេចក្តីក្រោធទុក។

(មក្ខោ ច បឡាសោ ច ទី២)

( (២) មក្ខោ ច បឡាសោ ច)

[១៤៣] បណ្តាធម៌ទាំងនោះ សេចក្តីលុបគុណ តើដូចម្តេច។ ការលុប​គុណ អាការលុបគុណ ភាពនៃសេចក្តីលុបគុណ សេចក្តីវេឃ្នើគុណ ការធ្វើ​នូវសេចក្តីវេឃ្នើគុណណា នេះហៅថា សេចក្តីលុបគុណ។ បណ្តាធម៌ទាំង​នោះ ការវាយឫកស្មើ តើដូចម្តេច។ ការលើកខ្លួនផ្ទឹម អាការលើកខ្លួនផ្ទឹម ភាព​នៃសេចក្តីលើកខ្លួនផ្ទឹម ការប្រណាំងវាសនា ហេតុនៃសេចក្តីវិវាទ ការប្រកាន់​ជាគូ ការមិនលះបង់ណា នេះហៅថា ការវាយឫកស្មើ។

(ឥស្សា ច មច្ឆរិយញ្ច ទី៣)

( (៣) ឥស្សា ច មច្ឆរិយញ្ច)

[១៤៤] បណ្តាធម៌ទាំងនោះ សេចក្តីច្រណែន តើដូចម្តេច។ ការច្រណែន អាការច្រណែន ភាពនៃសេចក្តីច្រណែន ការឈ្នានីស អាការឈ្នានីស ភាពនៃ​សេចក្តីឈ្នានីសណា ក្នុងលាភសក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយ​បង្គំ និងការបូជារបស់ជនដទៃ នេះហៅថា សេចក្តីច្រណែន។ បណ្តាធម៌ទាំង​នោះ សេចក្តីកំណាញ់ តើដូចម្តេច។ សេចក្តីកំណាញ់ ៥ យ៉ាង គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់សេចក្តីសរសើរ ១ កំណាញ់ធម៌ ១ ការកំណាញ់ អាការកំណាញ់ ភាពនៃសេចក្តីកំណាញ់ សេចក្តី​ប្រាថ្នាផ្សេងៗ សេចក្តីកំណាញ់រឹង សេចក្តីកំណាញ់ស្វិត ភាពនៃចិត្តមិនយកចិត្ត​គេ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីកំណាញ់។

(មាយា ច សាឋេយ្យញ្ច ទី៤)

( (៤) មាយា ច សាឋេយ្យញ្ច)

[១៤៥] បណ្តាធម៌ទាំងនោះ សេចក្តីបិទបាំងទោសរបស់ខ្លួន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត តម្កល់ទុកនូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះបិទបាំង​នូវអំពើទុច្ចរិតនោះ ជាហេតុ ប្រាថ្នាថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ត្រិះរិះថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ពោលវាចាថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ខ្នះខ្នែងដោយកាយថា ពួកជននីមួយ កុំដឹងនូវអាត្មាអញឡើយ ការបិទបាំងទោសរបស់ខ្លួន ភាពនៃបុគ្គលបិទបាំងទោសរបស់ខ្លួន ការធ្វើនូវអំពើអាក្រក់ ហើយបិទបាំងទុកឲ្យកន្លងហួសទៅ ការបញ្ឆោត ការ​បោកប្រាស ការគេចកែ ការពង្វេះពង្វាង ការបិទបាំង ការលាក់បំពួន ការគ្រប​ទុក ការគ្របលុប ការមិនធ្វើឲ្យច្បាស់ ការមិនធ្វើឲ្យប្រាកដ ការបិទបាំងខ្លាំង ការធ្វើនូវអំពើអាក្រក់ មានសភាពយ៉ាងនេះ ណា នេះហៅថា សេចក្តីបិទបាំង​ទោសរបស់ខ្លួន។ បណ្តាធម៌ទាំងនោះ សេចក្តីអួតអាង តើដូចម្តេច។ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកអួតអាង ជាអ្នកអួតអាងខ្លាំង ការអួតអាង អាការអួតអាង សេចក្តីអួតអាង សេចក្តីរឹងរូស អាការរឹងរូស អាការប៉ិន​ប្រសប់ សេចក្តីប៉ិនប្រសប់ មានក្នុងបុគ្គលនោះ ណា នេះហៅថា សេចក្តី​អួតអាង។

(អវិជ្ជា ច ភវតណ្ហា ច ទី៥)

( (៥) អវិជ្ជា ច ភវតណ្ហា ច)

[១៤៦] បណ្តាធម៌ទាំងនោះ អវិជ្ជា តើដូចម្តេច។ ការមិនដឹង ការមិន​យល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសលណា នេះហៅថា អវិជ្ជា។ បណ្តាធម៌ទាំងនោះ ភវតណ្ហា តើដូចម្តេច។ សេចក្តីប្រាថ្នាភព ក្នុងភព​ទាំងឡាយ តម្រេកក្នុងភព សេចក្តីស្រើបស្រាលក្នុងភព សេចក្តីប្រាថ្នាក្នុងភព សេចក្តីស្នេហាក្នុងភព សេចក្តីអន្ទះអន្ទែងក្នុងភព សេចក្តីជ្រប់ក្នុងភព ការចុះ​ចិត្តស៊ប់ក្នុងភពទាំងឡាយណា នេះហៅថា ភវតណ្ហា។

(ភវទិដ្ឋិ ច វិភវទិដ្ឋិ ច ទី៦)

( (៦) ភវទិដ្ឋិ ច វិភវទិដ្ឋិ ច)

[១៤៧] បណ្តាធម៌ទាំងនោះ ភវទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោក​ក្តី នឹងមាន នេះហៅថា ភវទិដ្ឋិ។ បណ្តាធម៌ទាំងនោះ វិភវទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះ ណា ថា ខ្លួនក្តី លោកក្តី នឹងមិនមាន នេះហៅថា វិភវទិដ្ឋិ។

(សស្សតទិដ្ឋិ ច ឧច្ឆេទទិដ្ឋិ ច ទី៧)

( (៧) សស្សតទិដ្ឋិ ច ឧច្ឆេទទិដ្ឋិ ច)

[១៤៨] បណ្តាធម៌ទាំងនោះ សស្សតទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី ទៀង នេះហៅថា សស្សតទិដ្ឋិ។ បណ្តាធម៌ទាំងនោះ ឧច្ឆេទទិដ្ឋិ តើ​ដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មាន​សភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី នឹងសូន្យ នេះហៅថា ឧច្ឆេទទិដ្ឋិ។

(អន្តវាទិដ្ឋិ ច អនន្តវាទិដ្ឋិ ច ទី៨)

( (៨) អន្តវាទិដ្ឋិ ច អនន្តវាទិដ្ឋិ ច)

[១៤៩] បណ្តាធម៌ទាំងនោះ អន្តវាទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី មានទីបំផុត នេះហៅថា អន្តវាទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អនន្តវាទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរក​ខុស មានសភាពយ៉ាងនេះណា ថា ខ្លួនក្តី លោកក្តី មិនមានទីបំផុត នេះហៅថា អនន្តវាទិដ្ឋិ។

(បុព្ពន្តានុទិដ្ឋិ ច អបរន្តានុទិដ្ឋិ ច ទី៩)

( (៩) បុព្ពន្តានុទិដ្ឋិ ច អបរន្តានុទិដ្ឋិ ច)

[១៥០] បណ្តាធម៌ទាំងនោះ បុព្វន្តានុទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើង ប្រារព្ធនូវទីបំផុត​ខាងដើម នេះហៅថា បុព្វន្តានុទិដ្ឋិ។ បណ្តាធម៌ទាំងនោះ អបរន្តានុទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុសណា កើតឡើង ប្រារព្ធនូវទីបំផុតខាងចុង នេះហៅថា អបរន្តានុទិដ្ឋិ។

(អហិរិកញ្ច អនោត្តប្បញ្ច ទី១០)

( (១០) អហិរិកញ្ច អនោត្តប្បញ្ច)

[១៥១] បណ្តាធម៌ទាំងនោះ សេចក្តីមិនខ្មាសបាប តើដូចម្តេច។ ត្រង់​ដែលបុគ្គលមិនខ្មាស ដោយហេតុដែលគួរខ្មាស មិនខ្មាសដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្តីមិនខ្មាសបាប។ បណ្តាធម៌​ទាំងនោះ សេចក្តីមិនក្តៅនឹងបាប តើដូចម្តេច។ ត្រង់ដែលបុគ្គលមិនតក់ស្លុត ដោយហេតុដែលគួរតក់ស្លុត មិនតក់ស្លុតដោយការជួបប្រទះនឹងពួកអកុសលធម៌ដ៏លាមក នេះហៅថា សេចក្តីមិនក្តៅនឹងបាប។

(ទោវចស្សតា ច បាបមិត្តតា ច ទី១១)

( (១១) ទោវចស្សតា ច បាបមិត្តតា ច)

[១៥២] បណ្តាធម៌ទាំងនោះ ការប្រដៅក្រ តើដូចម្តេច។ ការប្រដៅក្រ អាការប្រដៅក្រ ភាពនៃសេចក្តីប្រដៅក្រ ការកាន់យកនូវអំពើដែលគួរខ្ពើម (អំពើផ្តេសផ្តាស) ការពេញចិត្តក្នុងធម៌ជាសត្រូវ ការមិនអើពើ សេចក្តីមិនអើពើ សេចក្តីមិនគោរព សេចក្តីមិនស្តាប់បង្គាប់ ចំពោះពាក្យប្រកបដោយធម៌ដែលគេ​ពោល នេះហៅថា ការប្រដៅក្រ។ បណ្តាធម៌ទាំងនោះ ភាពអ្នកមានមិត្រ​អាក្រក់ តើដូចម្តេច។ បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ទ្រុស្តសីល ចេះដឹងតិច មានសេចក្តីកំណាញ់ ឥតបញ្ញា កាសេព ការសេពមិនដាច់ ការសេព​រឿយៗ ការគប់រក ការគប់រករឿយៗ ការភប់ប្រសព្វ ការភប់ប្រសព្វរឿយៗ ការបែររេទៅរកបុគ្គលទាំងឡាយនោះណា នេះហៅថា ភាពនៃអ្នកមានមិត្រ​អាក្រក់។

(អនជ្ជវោ ច អមទ្ទវោ ច ទី១២)

( (១២) អនជ្ជវោ ច អមទ្ទវោ ច)

[១៥៣] បណ្តាធម៌ទាំងនោះ អាការមិនត្រង់ តើដូចម្តេច។ អាការមិន​ត្រង់ ភាពនៃអាការមិនត្រង់ ភាពនៃសេចក្តីវៀចវេរ ភាពនៃសេចក្តីកោង ភាពនៃ​សេចក្តីក្ងិកក្ងក់ណា នេះហៅថា អាការមិនត្រង់។ បណ្តាធម៌ទាំងនោះ សេចក្តី​មិនទន់ភ្លន់ តើដូចម្ដេច។ សេចក្តី​មិនទន់ភ្លន់ អាការនៃសេចក្តីមិនទន់ភ្លន់ សេចក្តី​រឹងរូស សេចក្តីអាក្រក់ ភាពនៃ​សេចក្តីរឹងរូស ភាពនៃបុគ្គលមានចិត្តគគ្រីស​គគ្រូស ភាពនៃបុគ្គលមានចិត្តរឹង​កំព្រឹស ភាពនៃបុគ្គលមានចិត្តមិនទោរទន់ណា នេះហៅថា សេចក្តីមិនទន់ភ្លន់។

(អក្ខន្តិ ច អសោរច្ចញ្ច ទី១៣)

( (១៣) អក្ខន្តិ ច អសោរច្ចញ្ច)

[១៥៤] បណ្តាធម៌ទាំងនោះ សេចក្តីមិនអត់សង្កត់ តើដូចម្តេច។ សេចក្តី​មិនអត់សង្កត់ ភាពនៃសេចក្តីមិនអត់ធន់ ភាពនៃសេចក្តីមិនអត់ធ្មត់ សេចក្តីកាច ការពោលពាក្យមិនល្អ សេចក្តីមិនត្រេកអរនៃចិត្តណា នេះហៅថា សេចក្តីមិន​អត់សង្កត់។ បណ្តាធម៌ទាំងនោះ សេចក្តីមិនស្លូតបូត តើដូចម្តេច។ ការប្រព្រឹត្តិ​កន្លងប្រកបដោយកាយ ការប្រព្រឹត្តិកន្លងប្រកបដោយវាចា ការប្រព្រឹត្តិកន្លង​ប្រកបដោយកាយ និងវាចា នេះហៅថា សេចក្តីមិនស្លូតបូត សូម្បីការទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា សេចក្តីមិនស្លូតបូតដែរ។

(អសាខល្យញ្ច អប្បដិសន្ថារោ ច ទី១៤)

( (១៤) អសាខល្យញ្ច អប្បដិសន្ថារោ ច)

[១៥៥] បណ្តាធម៌ទាំងនោះ សំដីមិនពីរោះ តើដូចម្តេច។ វាចាណា ជា​វាចារដិបរដុប គ្រោតគ្រាត ហឺរ ក្តៅដល់ជនដទៃ ខ្ទាំងខ្ទប់ដល់ជនដទៃ ជិត​សេចក្តីក្រោធ មិនប្រព្រឹត្តទៅដើម្បីសមាធិ បុគ្គលពោលនូវវាចាមានសភាព​ដូច្នោះ ភាពនៃបុគ្គលមានវាចាមិនល្អិត ភាពនៃបុគ្គលមានវាចាមិនពីរោះ ភាពនៃបុគ្គលមានវាចាអាក្រក់ណា ក្នុងវាចានោះ នេះហៅថា សំដីមិនពីរោះ។ បណ្តាធម៌ទាំងនោះ ការមិនទទួលរាក់ទាក់ តើដូចម្តេច។ ការទទួលរាក់ទាក់​មាន ២ យ៉ាង គឺការ​ទទួលរាក់ទាក់ដោយអាមិសៈ ១ ការទទួលរាក់ទាក់ដោយ​ធម៌ ១ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនទទួលរាក់ទាក់ដោយអាមិសប្បដិសន្ថារៈក្តី ដោយ​ធម្មប្បដិសន្ថារៈក្តី នេះហៅថា ការមិនទទួលរាក់ទាក់។

(ឥន្ទ្រិយេសុ អគុត្តទ្វារតា ច ភោជនេ អមត្តញ្ញុតា ច ទី១៥)

( (១៥) ឥន្ទ្រិយេសុ អគុត្តទ្វារតា ច ភោជនេ អមត្តញ្ញុតា ច)

[១៥៦] បណ្តាធម៌ទាំងនោះ ភាពនៃអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំង​ឡាយ តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានឃើញនូវរូបដោយចក្ខុ​ហើយ កាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែល​ជាអកុសលធម៌ដ៏លាមក តែងគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្រ្ទិយណា ក៏មិនប្រតិបត្តិដើម្បីសង្រួមនូវ​ចក្ខុន្រ្ទិយនោះ មិនរក្សានូវចក្ខុន្រ្ទិយ មិនដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្រ្ទិយ បាន​ឮនូវសំឡេងដោយត្រចៀកហើយ។ បេ។ បានហិតក្លិនដោយច្រមុះហើយ។ បេ។ បានជញ្ជក់ជញ្ជាប់នូវរសដោយអណ្តាតហើយ។ បេ។ បានពាល់ត្រូវ​ផ្សព្វដោយកាយហើយ។ បេ។ បានដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ កាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជា​អកុសលធម៌ដ៏លាមក តែងគ្របសង្កត់នូវបុគ្គលដែលមិនបានសង្រួមនូវមនិន្រ្ទិយ​នុ៎ះ ព្រោះហេតុមិនបានសង្រួមនូវមនិន្រ្ទិយណា ក៏មិនប្រព្រឹត្ត ដើម្បីសង្រួមនូវ​មនិន្រ្ទិយ​នោះ មិនរក្សានូវមនិន្រ្ទិយ មិនដល់នូវសេចក្តីសង្រួមក្នុងមនិន្រ្ទិយ ការ​មិន​បិទ ការមិនគ្រប់គ្រង ការមិនរក្សា ការមិនសង្រួមនូវឥន្រ្ទិយទាំង ៦ នេះណា នេះហៅថា ភាពនៃអ្នកមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ។ បណ្តាធម៌ទាំង​នោះ ភាពនៃអ្នកមិនដឹងប្រមាណក្នុងភោជន តើដូចម្តេច។ បុគ្គលពួកខ្លះ ក្នុង​លោកនេះ មិនពិចារណាដោយឧបាយនៃបញ្ញា តែងលេបនូវអាហារ ដើម្បីលេង ដើម្បីស្រវឹង ដើម្បីតាក់តែង ដើម្បីស្អិតស្អាង ភាពនៃអ្នកមិនសន្តោស ភាពនៃអ្នក​មិនដឹងប្រមាណ ការមិនពិចារណាភោជន ក្នុងសេចក្តីមិនដឹងប្រមាណ ក្នុង​ភោជននោះណា នេះហៅថា ភាពនៃអ្នកមិនដឹងប្រមាណក្នុងភោជន។

(មុដ្ឋស្សច្ចញ្ច អសម្បជញ្ញញ្ច ទី១៦)

( (១៦) មុដ្ឋស្សច្ចញ្ច អសម្បជញ្ញញ្ច)

[១៥៧] បណ្តាធម៌ទាំងនោះ ភាពនៃអ្នកភ្លេចស្មារតី តើដូចម្តេច។ ការ​មិនមានស្មារតី ការមិនរឭកឃើញ ការមិននឹកឃើញ ការមិនរឭក សេចក្តីមិន​រឭក សេចក្តីមិនចងចាំ សេចក្តីភ្លេចភ្លាំង សេចក្តីវង្វេងណា នេះហៅថា ភាពនៃ​អ្នកភ្លេចស្មារតី។ បណ្តាធម៌ទាំងនោះ ភាពនៃអ្នកមិនដឹងខ្លួន តើដូចម្តេច។ សេចក្តីមិនដឹង សេចក្តីមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់​នៃអកុសលណា នេះហៅថា ភាពនៃអ្នកមិនដឹងខ្លួន។

(សីលវិបត្តិ ច ទិដ្ឋិវិបត្តិ ច ទី១៧)

( (១៧) សីលវិបត្តិ ច ទិដ្ឋិវិបត្តិ ច)

[១៥៨] បណ្តាធម៌ទាំងនោះ វិបត្តិនៃសីល តើដូចម្តេច។ ការប្រព្រឹត្តិ​កន្លងប្រកបដោយកាយ ការប្រព្រឹត្តកន្លងប្រកបដោយវាចា ការប្រព្រឹត្តិកន្លងប្រកប​ដោយ​កាយ និងវាចា នេះហៅថា វិបត្តិនៃសីល សូម្បីភាពនៃការទ្រុស្តសីលទាំងអស់ ក៏ឈ្មោះថា វិបត្តិនៃសីលដែរ។ បណ្តាធម៌ទាំងនោះ វិបត្តិនៃទិដ្ឋិ តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាមិនមានផល។ បេ។ ពួកសមណព្រាហ្មណ៍ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះ​ផង​ នូវលោកដទៃផង ដោយបញ្ញារបស់ខ្លួន ហើយប្រកាស មិនមានទេ នេះហៅថា​ វិបត្តិនៃទិដ្ឋិ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ឈ្មោះថា វិបត្តិនៃទិដ្ឋិដែរ។

(អជ្ឈត្តសំយោជនញ្ច ពហិទ្ធាសំយោជនញ្ច ទី១៨)

( (១៨) អជ្ឈត្តសំយោជនញ្ច ពហិទ្ធាសំយោជនញ្ច)

[១៥៩] បណ្តាធម៌ទាំងនោះ សញ្ញោជនៈខាងក្នុង តើដូចម្តេច។ សញ្ញោជនៈ ៥ ជាចំណែកខាងក្រោម ហៅថា សញ្ញោជនៈខាងក្នុង សញ្ញោជនៈ ៥ ជា​ចំណែកខាងលើ ហៅថា សញ្ញោជនៈខាងក្រៅ។

ចប់ ពួកធម៌ ២

 

លេខយោង

1)
ការមិនសំដែងទោសជាមួយនឹង​សេចក្តីក្រោធ ដែល​កើតឡើងជា​ដំបូង ហើយលបធ្វើ​ដោយការសម្ងាត់។
2)
ការតសេចក្តីក្រោធ​ខាងក្រោយ ជាមួយនឹង​សេចក្តី​ក្រោធខាងដើម។ អដ្ឋកថា។
km/tipitaka/abh/vb/abh.vb.17.02.txt · ពេលកែចុងក្រោយ: 2024/09/06 08:25 និពន្ឋដោយ Johann