(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 17 03 01 បាលី cs-km: abh.vb.17.03.01 អដ្ឋកថា: abh.vb.17.03.01_att PTS: ?
(តីណិ អកុសលមូលានិ ទី១)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
( (១) តីណិ អកុសលមូលានិ)
[១៦០] បណ្តាធម៌ទាំងនោះ អកុសលមូល ៣ តើដូចម្តេច។ លោភៈ ទោសៈ មោហៈ។
បណ្តាអកុសលមូល ៣ នោះ លោភៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង សេចក្តីត្រេកអរ សេចក្តីត្រេកត្រអាល សេចក្តីរីករាយ សេចក្តីស្រើបស្រាល តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា សេចក្តីងល់ងប់ សេចក្តីជ្រប់ សេចក្តីចង់បាន សេចក្តីចង់បានខ្លាំង សេចក្តីជាប់ចំពាក់គឺតណ្ហា ភក់គឺតណ្ហា សេចក្តីស្វែងរក សេចក្តីបិទបាំង តណ្ហាជាគ្រឿងញ៉ាំងសត្វឲ្យកើត តណ្ហាជាគ្រឿងញ៉ាំងសត្វឲ្យកើតព្រម តណ្ហាជាគ្រឿងចាក់ស្រែះ ធម្មជាតិមានបណ្តាញ ធម្មជាតិផ្សាយទៅ ធម្មជាតិដែលផ្សាយទៅផ្សេងៗ ធម្មជាតិជាគ្រឿងលក់ ធម្មជាតិដ៏ទូលាយ ធម្មជាតិជាគ្រឿងប្រមូល ធម្មជាតិជាគម្រប់ពីរ សេចក្តីតាំងទុក ធម្មជាតិជាគ្រឿងនាំសត្វទៅកាន់ភព ព្រៃធំគឺតណ្ហា ព្រៃតូចគឺតណ្ហា សេចក្តីស្និទ្ធស្នាល សេចក្តីស្នេហា សេចក្តីអាឡោះអាល័យ ផៅពង្សគឺតណ្ហា ការសង្ឃឹម អាការសង្ឃឹម ភាពនៃសេចក្តីសង្ឃឹម សេចក្តីប្រាថ្នារូប សេចក្តីប្រាថ្នាសំឡេង សេចក្តីប្រាថ្នាក្លិន សេចក្តីប្រាថ្នារស សេចក្តីប្រាថ្នាផ្សព្វ សេចក្តីប្រាថ្នាលាភ សេចក្តីប្រាថ្នាទ្រព្យ សេចក្តីប្រាថ្នាកូន សេចក្តីប្រាថ្នាជីវិត ការប៉ុនប៉ង អាការប៉ុនប៉ង សេចក្តីប៉ង បំណង អាការបំណង ភាពនៃសេចក្តីប៉ង ការចង់បាន អាការចង់បាន ភាពនៃសេចក្តីចង់បាន សេចក្តីស្វិតស្វាញ សេចក្តីប្រាថ្នាល្អ តម្រេកក្នុងអធម៌ សេចក្តីលោភហួសហេតុ សេចក្តីអាល័យ ការផ្តេកផ្តិត សេចក្តីប្រាថ្នា សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នាខ្លាំង សេចក្តីប្រាថ្នាកាម សេចក្តីប្រាថ្នាភព សេចក្តីប្រាថ្នាប្រាសចាកភព សេចក្តីប្រាថ្នារូបភព សេចក្តីប្រាថ្នាអរូបភព សេចក្តីប្រាថ្នាការរំលត់ សេចក្តីប្រាថ្នារូប សេចក្តីប្រាថ្នាសំឡេង សេចក្តីប្រាថ្នាក្លិន សេចក្តីប្រាថ្នារស សេចក្តីប្រាថ្នាផ្សព្វ សេចក្តីប្រាថ្នាធម៌ ឱឃៈ (ធម៌ញ៉ាំងសត្វឲ្យលង់នៅក្នុងវដ្តៈ) យោគៈ (ធម៌ញ៉ាំងសត្វឲ្យជាប់នៅក្នុងវដ្តៈ) គន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្ដៈដោយអំណាចចុតិ និងបដិសន្ធិ) សេចក្តីប្រកាន់មាំ ធម្មជាតិជាគ្រឿងរាំង ធម្មជាតិជាគ្រឿងឃាត់ ធម្មជាតិជាគ្រឿងបិទ ធម្មជាតិជាគ្រឿងចង សភាពជាគ្រឿងចូលទៅធ្វើឲ្យសៅហ្មង កិលេសជាគ្រឿងដេកនៅរឿយៗ កិលេសជាតជាគ្រឿងគ្របសង្កត់នូវចិត្ត តណ្ហាដូចជាវល្លិ សេចក្តីស្វិតស្វាញ ឫសគល់នៃសេចក្តីទុក្ខ ធម្មជាតជាហេតុនៃទុក្ខ សភាពមានទុក្ខជាដែនកើតមុន អន្ទាក់គឺមារ សន្ទូចគឺមារ វិស័យគឺមារ ស្ទឹងគឺតណ្ហា សំណាញ់គឺតណ្ហា ខ្នោះគឺតណ្ហា សមុទ្រគឺតណ្ហា សេចក្តីសំឡឹងរំពៃ សេចក្តីចង់បាន ឫសគល់នៃអកុសលណា នេះហៅថា សេចក្តីលោភ។ បណ្តាអកុសលមូលទាំងនោះ ទោសៈ តើដូចម្តេច។ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយនូវអំពើមិនជាប្រយោជន៍ កំពុងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ នឹងប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីពេញចិត្តរបស់អាត្មាអញ សេចក្តីគុំគួនតែងកើតឡើងថា បុគ្គលឯណោះ បានប្រព្រឹត្តហើយនូវអំពើជាប្រយោជន៍ កំពុងប្រព្រឹត្តនូវអំពើជាប្រយោជន៍ នឹងប្រព្រឹត្តនូវអំពើជាប្រយោជន៍ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់អាត្មាអញ មួយវិញទៀត សេចក្តីគុំគួនតែងកើតឡើង ក្នុងទីមិនមែនជាហេតុ សេចក្តីគុំគួននៃចិត្ត សេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីថ្នាំងថ្នាក់ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តីខឹងក្រៃលែង សេចក្តីប្រទូស្ត សេចក្តីប្រទូស្តខ្លាំង សេចក្តីប្រទូស្តក្រៃលែង ការព្យាបាទនៃចិត្ត សេចក្តីប្រទូស្តក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃសេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃសេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃសេចក្តីព្យាបាទ ការពិរោធ ការពិរោធផ្សេងៗ សេចក្តីកាច ការខឹង សេចក្តីអាក់អន់ចិត្ត មានសភាពយ៉ាងនេះណា នេះហៅថា ទោសៈ។ បណ្តាអកុសលមូលទាំង ៣ នោះ មោហៈ តើដូចម្តេច។ សេចក្តីមិនដឹងក្នុងទុក្ខ សេចក្តីមិនដឹងក្នុងហេតុដែលនាំឲ្យកើតទុក្ខ សេចក្តីមិនដឹងក្នុងការរំលត់ទុក្ខ សេចក្តីមិនដឹងក្នុងបដិបទាជាដំណើរដល់នូវការរំលត់ទុក្ខ សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម សេចក្តីមិនដឹងក្នុងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងទីបំផុតខាងដើម និងទីបំផុតខាងចុង សេចក្តីមិនដឹងក្នុងធម៌ទាំងឡាយ ដែលកើតឡើងព្រោះអាស្រ័យធម៌ នេះជាបច្ច័យ សេចក្តីមិនដឹង សេចក្តីមិនយល់។ បេ។ គន្លឹះគឺអវិជ្ជា សេចក្តីវង្វេង ឫសគល់នៃអកុសល មានសភាពយ៉ាងនេះណា នេះហៅថា មោហៈ។ នេះ អកុសលមូល ៣។