(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 17 04 បាលី cs-km: abh.vb.17.04 អដ្ឋកថា: abh.vb.17.04_att PTS: ?
(ចតុក្កនិទ្ទេស ទី៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. ចតុក្កនិទ្ទេសោ)
( (១) ចត្តារោ អាសវា)
[១៩៥] បណ្ដាធម៌ទាំងនោះ អាសវៈ ៤ តើដូចម្តេច។ កាមាសវៈ ១ ភវាសវៈ ១ ទិដ្ឋាសវៈ ១ អវិជ្ជាសវៈ ១។
( (ក) កាមាសវោ)
បណ្ដាអាសវៈទាំង ៤ នោះ កាមាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាកាម ក្នុងកាមទាំងឡាយ។ បេ។ ការងុលងប់ក្នុងកាមណា នេះហៅថា កាមាសវៈ។
( (ខ) ភវាសវោ)
បណ្ដាអាសវៈទាំង ៤ នោះ ភវាសវៈ តើដូចម្តេច។ សេចក្តីប្រាថ្នាភព ក្នុងភពទាំងឡាយ។ បេ។ ការងុលងប់ក្នុងភពណា នេះហៅថា ភវាសវៈ។
( (គ) ទិដ្ឋាសវោ)
បណ្ដាអាសវៈទាំង ៤ នោះ ទិដ្ឋាសវៈ តើដូចម្ដេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ ការប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា លោកទៀងក្តី។ បេ។ ថាសត្វខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី នេះហៅថា ទិដ្ឋាសវៈ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ ក៏ឈ្មោះថា ទិដ្ឋាសវៈ។
( (ឃ) អវិជ្ជាសវោ)
បណ្ដាអាសវៈទាំង ៤ នោះ អវិជ្ជាសវៈ តើដូចម្ដេច។ ការមិនដឹងក្នុងទុក្ខ។ បេ។ គន្លឹះគឺអវិជ្ជា សេចក្ដីវង្វេង ឫសគល់នៃអកុសល នេះហៅថា អវិជ្ជាសវៈ។ នេះ អាសវៈ ៤។
( (២-៥) ចត្តារោ គន្ថាទី)
[១៩៦] បណ្ដាធម៌ទាំងនោះ គន្ថៈ (ធម៌ជាគ្រឿងចាក់ស្រែះ) ៤ តើដូចម្ដេច។ អភិជ្ឈាកាយគន្ថៈ ១ ព្យាបាទកាយគន្ថៈ ១ សីលព្វតបរាមាសកាយគន្ថៈ ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ ១។
បណ្តាគន្ថៈទាំង ៤ នោះ អភិជ្ឈាកាយគន្ថៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង។ បេ។ សេចក្ដីសំឡឹងរំពៃ សេចក្តីលោភ ឫសគល់នៃអកុសលណា នេះហៅថា អភិជ្ឈាកាយគន្ថៈ។
បណ្ដាគន្ថៈទាំង ៤ នោះ ព្យាបាទកាយគន្ថៈ តើដូចម្ដេច។ គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនជាប្រយោជន៍ដល់អាត្មាអញ។ បេ។ សេចក្ដីកាច ការខឹង សេចក្ដីមិនត្រេកអរនៃចិត្ត នេះហៅថា ព្យាបាទកាយគន្ថៈ។
បណ្តាគន្ថៈទាំង ៤ នោះ សីលព្វតបរាមាសកាយគន្ថៈ តើដូចម្តេច។ ពួកសមណព្រាហ្មណ៍ខាងក្រៅសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះ ថាសេចក្ដីបរិសុទ្ធិព្រោះសីល សេចក្ដីបរិសុទ្ធិព្រោះវត្ត សេចក្ដីបរិសុទ្ធិព្រោះសីល និងវត្ត នេះហៅថា សីលព្វតបរាមាសកាយគន្ថៈ។
បណ្ដាគន្ថៈទាំង ៤ នោះ ឥទំសច្ចាភិនិវេសកាយគន្ថៈ តើដូចម្ដេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្ដីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះ ថាលោកទៀង សេចក្ដីយល់នេះពិត សេចក្ដីយល់ដទៃជាមោឃៈក្តី ថាលោកមិនទៀង សេចក្ដីយល់នេះពិត សេចក្ដីយល់ដទៃជាមោឃៈក្ដី។ បេ។ ថាសត្វខាងមុខអំពីសេចក្ដីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន សេចក្ដីយល់នេះពិត សេចក្ដីយល់ដទៃជាមោឃៈក្ដី នេះហៅថា ឥទំសច្ចាភិនិវេសកាយគន្ថៈ។ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ លើកលែងតែសីលព្វតបរាមាសកាយគន្ថៈចេញ ក៏ឈ្មោះថា ឥទំសច្ចាភិនិវេសកាយគន្ថៈដែរ។ នេះគន្ថៈ ៤។
[១៩៧] បណ្ដាធម៌ទាំងនោះ ឱឃៈ ៤ តើដូចម្ដេច។ បេ។ យោគៈ។ បេ។
ឧបាទាន ៤ គឺ កាមុបាទាន ១ ទិដ្ឋុបាទាន ១ សីលព្វតុបាទាន ១ អត្តវាទុបាទាន ១។
( (ក) កាមុបាទានំ)
បណ្ដាឧបាទានទាំង ៤ នោះ កាមុបាទាន តើដូចម្ដេច។ សេចក្ដីប្រាថ្នានូវកាម ក្នុងកាមទាំងឡាយ។ បេ។ ការងុលងប់ក្នុងកាមណា នេះហៅថា កាមុបាទាន។
( (ខ) ទិដ្ឋុបាទានំ)
បណ្ដាឧបាទានទាំង ៤ នោះ ទិដ្ឋុបាទាន តើដូចម្តេច។ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្ដីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជា មិនមានផល។ បេ។ សមណព្រាហ្មណ៍ទាំងឡាយ ដែលធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ហើយសំដែង មិនមានទេ នេះហៅថា ទិដ្ឋុបាទាន។ សូម្បីមិច្ឆាទិដ្ឋិទាំងអស់ លើកតែសីលព្វតុបាទាន និងអត្តវាទុបាទានចេញ ក៏ឈ្មោះថា ទិដ្ឋុបាទានដែរ។
( (គ) សីលព្ពតុបាទានំ)
បណ្តាឧបាទានទាំង ៤ នោះ សីលព្វតុបាទាន តើដូចម្ដេច។ សមណព្រាហ្មណ៍ទាំងឡាយខាងក្រៅសាសនានេះ មានទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្ដីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា ដូច្នេះថា សេចក្ដីបរិសុទ្ធិព្រោះសីល សេចក្ដីបរិសុទ្ធព្រោះវ័ត សេចក្ដីបរិសុទ្ធិព្រោះសីល និងវ័ត នេះហៅថា សីលព្វតុបាទាន។
( (ឃ) អត្តវាទុបាទានំ)
បណ្ដាឧបាទានទាំង ៤ នោះ អត្តវាទុបាទាន តើដូចម្ដេច។ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ មិនឈ្លាសក្នុងធម៌របស់ព្រះអរិយៈ មិនទូន្មានខ្លួនក្នុងធម៌របស់ព្រះអរិយៈ មិនបានឃើញពួកសប្បុរស មិនឈ្លាសក្នុងធម៌របស់ពួកសប្បុរស មិនទូន្មានខ្លួនក្នុងធម៌របស់ពួកសប្បុរស រមែងពិចារណាឃើញនូវរូប ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានរូបខ្លះ ពិចារណាឃើញនូវរូប ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងរូបខ្លះ ពិចារណាឃើញនូវវេទនា។ បេ។ នូវសញ្ញា។ បេ។ នូវសង្ខារទាំងឡាយ។ បេ។ នូវវិញ្ញាណ ថាជាខ្លួន ពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញនូវវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ពិចារណាឃើញនូវខ្លួន ថាមានក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ។ បេ។ សេចក្តីប្រកាន់ក្នុងការស្វែងរកខុស មានសភាពយ៉ាងនេះណា នេះហៅថា អត្តវាទុបាទាន។ នេះ ឧបាទាន ៤។
( (៦) ចត្តារោ តណ្ហុប្បាទា)
[១៩៨] បណ្ដាធម៌ទាំងនោះ តណ្ហុបាទា ៤ តើដូចម្ដេច។ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃចីវរខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃបិណ្ឌបាតខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃសេនាសនៈខ្លះ តណ្ហានៃភិក្ខុ កាលនឹងកើត រមែងកើតឡើងព្រោះហេតុនៃសេចក្ដីចំរើន និងសេចក្ដីវិនាសដូច្នេះៗខ្លះ នេះ តុណ្ហុបាទា ៤។
( (៧) ចត្តារិ អគតិគមនានិ)
[១៩៩] បណ្ដាធម៌ទាំងនោះ ការលុះក្នុងអគតិ ៤ តើដូចម្ដេច។ បុគ្គលដល់នូវការលំអៀងព្រោះស្រឡាញ់ ១ ដល់នូវការលំអៀងព្រោះស្អប់ ១ ដល់នូវការលំអៀងព្រោះវង្វេង ១ ដល់នូវការលំអៀងព្រោះខ្លាច ១ សេចក្ដីលំអៀង ការលុះក្នុងសេចក្តីលំអៀង ការលុះដោយឆន្ទៈ ការលុះដោយពួក ការលុះដូចជាទឹក មានសភាពយ៉ាងនេះណា នេះ ការលុះក្នុងអគតិ ៤។
( (៨) ចត្តារោ វិបរិយាសា)
[២០០] បណ្ដាធម៌ទាំងនោះ ការស្វែងរកខុស ៤ តើដូចម្ដេច។ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងវត្ថុមិនទៀងថា ទៀង ១ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងវត្ថុជាទុក្ខថា សុខ ១ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងសភាវៈមិនមែនខ្លួនថា ជាខ្លួន ១ ការស្វែងរកខុសដោយសញ្ញា ការស្វែងរកខុសដោយចិត្ត ការស្វែងរកខុសដោយទិដ្ឋិ ក្នុងវត្ថុមិនស្អាតថា ស្អាត ១ នេះ ការស្វែងរកខុស ៤។
( (៩) ចត្តារោ អនរិយវោហារា)
[២០១] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៤ តើដូចម្ដេច។ ការពោលថា ឃើញ ក្នុងហេតុដែលមិនបានឃើញ ១ ការពោលថា ឮ ក្នុងហេតុដែលមិនបានឮ ១ ការពោលថា លិទ្ធភ្លក្ស ក្នុងហេតុដែលមិនបានលិទ្ធភ្លក្ស ១ ការពោលថា ដឹង ក្នុងហេតុដែលមិនបានដឹង ១ នេះ វោហារមិនប្រសើរ ៤។
( (១០) អបរេបិ ចត្តារោ អនរិយវោហារា)
[២០២] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៤ ដទៃទៀត តើដូចម្ដេច។ ការពោលថា មិនឃើញ ក្នុងហេតុដែលបានឃើញ ១ ការពោលថា មិនឮ ក្នុងហេតុដែលបានឮ ១ ការពោលថា មិនបានលិទ្ធភ្លក្ស ក្នុងហេតុដែលបានលិទ្ធភ្លក្ស ១ ការពោលថា មិនបានដឹង ក្នុងហេតុដែលបានដឹង ១ នេះ វោហារមិនប្រសើរ ៤។
( (១១) ចត្តារិ ទុច្ចរិតានិ)
[២០៣] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៤ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ នេះ ទុច្ចរិត ៤។
( (១២) អបរានិបិ ចត្តារិ ទុច្ចរិតានិ)
[២០៤] បណ្ដាធម៌ទាំងនោះ ទុច្ចរិត ៤ ដទៃទៀត តើដូចម្ដេច។ មុសាវាទ ១ បិសុណាវាចា ១ ផរុសាវាចា ១ សម្ផប្បលាបៈ ១ នេះ ទុច្ចរិត ៤។
( (១៣) ចត្តារិ ភយានិ)
[២០៥] បណ្ដាធម៌ទាំងនោះ ភ័យ ៤ តើដូចម្ដេច។ ជាតិភ័យ ១ ជរាភ័យ ១ ព្យាធិភ័យ ១ មរណភ័យ ១ នេះ ភ័យ ៤។
( (១៤) អបរានិបិ ចត្តារិ ភយានិ)
[២០៦] បណ្ដាធម៌ទាំងនោះ ភ័យ ៤ ដទៃទៀត តើដូចម្ដេច។ រាជភ័យ ១ ចោរភ័យ ១ អគ្គិភ័យ ១ ឧទកភ័យ ១ នេះ ភ័យ ៤។
[២០៧] បណ្ដាធម៌ទាំងនោះ ភ័យ ៤ ដទៃទៀត តើដូចម្ដេច។ ភ័យអំពីរលក ១ ភ័យអំពីក្រពើ ១ ភ័យអំពីអន្លង់ទឹក ១ ភ័យអំពីត្រីសាហាវ ១ នេះ ភ័យ ៤។
[២០៨] បណ្ដាធម៌ទាំងនោះ ភ័យ ៤ ដទៃទៀត តើដូចម្ដេច។ ភ័យអំពីសេចក្ដីតិះដៀលខ្លួនឯង ១ ភ័យអំពីសេចក្ដីតិះដៀលរបស់បុគ្គលដទៃ ១ ភ័យអំពីអាជ្ញា ១ ភ័យអំពីទុគ្គតិ ១ នេះ ភ័យ ៤។
( (១៥) ចតស្សោ ទិដ្ឋិយោ)
[២០៩] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៤ តើដូចម្ដេច។ ទិដ្ឋិតែងកើតឡើងដោយទៀងទាត់មាំមួនថា សុខ និងទុក្ខ គឺខ្លួនឯងធ្វើ ១ ទិដ្ឋិតែងកើតឡើងដោយទៀងទាត់មាំមួនថា សុខ និងទុក្ខ គឺអ្នកដទៃធ្វើ ១ ទិដ្ឋិតែងកើតឡើងដោយទៀងទាត់មាំមួនថា សុខ និងទុក្ខ គឺខ្លួនឯងធ្វើផង អ្នកដទៃធ្វើផង ១ ទិដ្ឋិតែងកើតឡើងដោយទៀងទាត់មាំមួនថា សុខ និងទុក្ខ មិនមែនខ្លួនឯងធ្វើ មិនមែនអ្នកដទៃធ្វើ គឺកើតឡើងដោយអាស្រ័យហេតុ ១ នេះ ទិដ្ឋិ ៤។
ចប់ ពួកធម៌ ៤។