(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 17 05 បាលី cs-km: abh.vb.17.05 អដ្ឋកថា: abh.vb.17.05_att PTS: ?
(បញ្ចកនិទ្ទេស ទី៥)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥. បញ្ចកនិទ្ទេសោ)
( (១) បញ្ចោរម្ភាគិយានិ សំយោជនានិ)
[២១០] បណ្ដាធម៌ទាំងនោះ សំយោជនៈជាចំណែកខាងក្រោម ៥ តើដូចម្ដេច។ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ នេះ សំយោជនៈជាចំណែកខាងក្រោម ៥។
( (២) បញ្ចុទ្ធម្ភាគិយានិ សំយោជនានិ)
[២១១] បណ្ដាធម៌ទាំងនោះ សំយោជនៈជាចំណែកខាងលើ ៥ តើដូចម្ដេច។ រូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១ នេះ សំយោជនៈជាចំណែកខាងលើ ៥។
( (៣) បញ្ច មច្ឆរិយានិ)
[២១២] បណ្ដាធម៌ទាំងនោះ មច្ឆរិយៈ ៥ តើដូចម្ដេច។ អាវាសមច្ឆរិយៈ ១ កុលមច្ឆរិយៈ ១ លាភមច្ឆរិយៈ ១ វណ្ណមច្ឆរិយៈ ១ ធម្មច្ឆរិយៈ ១ នេះ មច្ឆរិយៈ ៥។
( (៤) បញ្ច សង្គា)
[២១៣] បណ្ដាធម៌ទាំងនោះ កិលេសជាគ្រឿងចំពាក់ ៥ តើដូចម្ដេច។ កិលេសជាគ្រឿងចំពាក់គឺរាគៈ ១ កិលេសជាគ្រឿងចំពាក់គឺទោសៈ ១ កិលេសជាគ្រឿងចំពាក់គឺមោហៈ ១ កិលេសជាគ្រឿងចំពាក់គឺមានះ ១ កិលេសជាគ្រឿងចំពាក់គឺទិដ្ឋិ ១ នេះ កិលេសជាគ្រឿងចំពាក់ ៥។
( (៥) បញ្ច សល្លា)
[២១៤] បណ្ដាធម៌ទាំងនោះ សរ ៥ តើដូចម្ដេច។ សរគឺរាគៈ ១ សរគឺទោសៈ ១ សរគឺមោហៈ ១ សរគឺមានះ ១ សរគឺទិដ្ឋិ ១ នេះ សរ ៥។
( (៦) បញ្ច ចេតោខិលា)
[២១៥] បណ្ដាធម៌ទាំងនោះ បង្គោលចិត្ត ៥ តើដូចម្ដេច។ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្ដា ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះធម៌ ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្ដស៊ប់ មិនជ្រះថ្លា ក្នុងព្រះសង្ឃ ១ បុគ្គល សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងសិក្ខា ១ បុគ្គល ក្រោធ អាក់អន់ចិត្ដ មានចិត្ដចងគំនុំ មានចិត្តរឹងត្អឹង ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ១ នេះ បង្គោលចិត្ត ៥។
( (៧) បញ្ច ចេតសោ វិនិពន្ធា)
[២១៦] បណ្ដាធម៌ទាំងនោះ ចំណងរបស់ចិត្ត ៥ តើដូចម្ដេច។ បុគ្គលមិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្ដីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងកាម ១ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្ដីប្រាថ្នាក្នុងកាយ ១ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកចំណង់ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្ដីក្រវល់ក្រវាយ មិនទាន់ប្រាសចាកសេចក្តីប្រាថ្នាក្នុងរូប ១ បរិភោគត្រាតែឆ្អែតពេញពោះ ហើយប្រកបរឿយៗ នូវសេចក្ដីសុខក្នុងទីដេក នូវសេចក្ដីសុខ (ក្នុងការដេកប្រែប្រួល) ទៅខាងស្ដាំខាងឆ្វេង នូវសេចក្ដីសុខក្នុងការដេកលក់ស៊ប់ ១ ប្រព្រឹត្តព្រហ្មចរិយៈ ព្រោះប្រាថ្នានូវពួកទេវតាណាមួយ ថាអាត្មាអញនឹងបានជាទេវតា (មានស័ក្តិធំ) ឬទេវតា (មានស័ក្តិតូច) ណាមួយ ដោយសីលនេះក្ដី ដោយវ័តនេះក្ដី ដោយតបៈនេះក្ដី ដោយព្រហ្មចរិយៈនេះក្ដី នេះ ចំណងរបស់ចិត្ត ៥។
( (៨) បញ្ច នីវរណានិ)
[២១៧] បណ្ដាធម៌ទាំងនោះ នីវរណៈ ៥ តើដូចម្ដេច។ កាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធិនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១ នេះ នីវរណៈ ៥។
( (៩) បញ្ច កម្មានិ អានន្តរិកានិ)
[២១៨] បណ្ដាធម៌ទាំងនោះ អនន្តរិយកម្ម ៥ តើដូចម្ដេច។ បុគ្គល ផ្ដាច់បង់មាតាចាកជីវិត ១ ផ្ដាច់បង់បិតាចាកជីវិត ១ ផ្ដាច់បង់ព្រះអរហន្តចាកជីវិត ១ បុគ្គលមានចិត្តប្រទូស្ត ញ៉ាំងព្រះលោហិតរបស់ព្រះតថាគត ឲ្យកើតឡើង ១ បំបែកសង្ឃ ១ នេះ អនន្តរិយកម្ម ៥។
( (១០) បញ្ច ទិដ្ឋិយោ)
[២១៩] បណ្ដាធម៌ទាំងនោះ ទិដ្ឋិ ៥ តើដូចម្ដេច។ បុគ្គលមួយពួក ប្រកាសយ៉ាងនេះថា ខ្លួនមានសញ្ញា មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ១ បុគ្គលមួយពួក ប្រកាសយ៉ាងនេះថា ខ្លួនមិនមានសញ្ញា មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ១ បុគ្គលមួយពួកប្រកាសយ៉ាងនេះថា ខ្លួនមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន មិនមានរោគ ខាងមុខអំពីសេចក្តីស្លាប់ ១ បុគ្គលមួយពួក បញ្ញត្តនូវសេចក្ដីដាច់សូន្យ សេចក្ដីវិនាស សេចក្ដីមិនចំរើនរបស់សត្វដែលកើតមាន ១ បុគ្គលមួយពួក ប្រកាសនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ១ នេះ ទិដ្ឋិ ៥។
( (១១) បញ្ច វេរា)
[២២០] បណ្ដាធម៌ទាំងនោះ ពៀរ ៥ តើដូចម្ដេច។ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុ មិច្ឆាចារ ១ មុសាវាទ ១ សុរាមេរយមជ្ជប្បមាទដ្ឋាន ១ នេះ ពៀរ ៥។
( (១២) បញ្ច ព្យសនា)
[២២១] បណ្ដាធម៌ទាំងនោះ សេចក្ដីវិនាស ៥ តើដូចម្ដេច។ សេចក្ដីវិនាសញាតិ ១ សេចក្ដីវិនាសភោគៈ ១ សេចក្ដីវិនាសគឺរោគ ១ សេចក្ដីវិនាសសីល ១ សេចក្ដីវិនាសគឺទិដ្ឋិ ១ នេះ សេចក្ដីវិនាស ៥។
( (១៣) បញ្ច អក្ខន្តិយា អាទីនវា)
[២២២] បណ្ដាធម៌ទាំងនោះ ទោសនៃសេចក្ដីមិនអត់ធន់ ៥ តើដូចម្ដេច។ បុគ្គលអ្នកមិនអត់ធន់ រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តនៃជនច្រើនគ្នា ១ ច្រើនដោយពៀរ ១ ច្រើនដោយទោស ១ វង្វេងធ្វើមរណកាល ១ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្ដីស្លាប់ រមែងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក ១ នេះ ទោសនៃការមិនអត់ធន់ ៥។
( (១៤) បញ្ច ភយានិ)
[២២៣] បណ្ដាធម៌ទាំងនោះ ភ័យ ៥ តើដូចម្ដេច។ ភ័យអំពីការចិញ្ចឹមជីវិត ១ ភ័យអំពីគេមិនសរសើរ ១ ភ័យអំពីសេចក្ដីកោតញញើតក្នុងបរិស័ទ ១ ភ័យអំពីសេចក្ដីស្លាប់ ១ ភ័យអំពីទុគ្គតិ ១ នេះ ភ័យ ៥។
( (១៥) បញ្ច ទិដ្ឋធម្មនិព្ពានវាទា)
[២២៤] បណ្ដាធម៌ទាំងនោះ ការពោលនូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ៥ តើដូចម្ដេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ ឆ្អែតស្កប់ស្កល់ ឲ្យគេបម្រើដោយកាមគុណ ៥ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា ជាអត្តភាពដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាដូច្នោះ តើព្រោះហេតុអ្វី ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុថា កាមទាំងឡាយមិនទៀងជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា មានសេចក្ដីសោកខ្សឹកខ្សួល ទុក្ខទោមនស្ស និងសេចក្ដីចង្អៀតចង្អល់ចិត្ត រមែងកើតឡើងព្រោះកាមទាំងឡាយនោះ ប្រែប្រួលទៅ ប្រព្រឹត្តទៅដោយប្រការដទៃ ម្នាលអ្នកដ៏ចម្រើន ខ្លួននេះឯង កាលណាបានស្ងប់ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ជាគុណយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ជាគុណយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាដូច្នោះ តើព្រោះហេតុអ្វី ព្រោះហេតុថា ចិត្តដែលប្រកបដោយវិតក្កៈ និងវិចារៈមាននៅក្នុងបឋមជ្ឈាននោះ បឋមជ្ឈាននុ៎ះនៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមានវិតក្កៈ និងវិចារៈនុ៎ះនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ បានរម្ងាប់វិតក្កៈ និងវិចារៈអស់ហើយ។ បេ។ បានដល់ទុតិយជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាយ៉ាងនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា បីតិជាទីកើតឡើងនៃចិត្ត មានក្នុងទុតិយជ្ឈាននុ៎ះ នៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមានបីតិនុ៎ះនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ ព្រោះអស់ទៅនៃបីតិ។ បេ។ ក៏បានដល់នូវតតិយជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំនិយាយនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា សេចក្ដីអើពើ ឬសេចក្ដីកួចកាន់នៃចិត្តថា សុខ រមែងមានក្នុងតតិយជ្ឈាននោះ ឯតតិយជ្ឈាននុ៎ះ នៅប្រាកដជាឈានគ្រោតគ្រាត ព្រោះមានសុខនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ បានលះបង់នូវសុខផង។ បេ។ ហើយបានដល់នូវចតុត្ថជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួនឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ នេះ ទិដ្ឋធម្មនិព្វានវាទ ៥។
ចប់ ពួកធម៌ ៥។