(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 17 05 15 បាលី cs-km: abh.vb.17.05.15 អដ្ឋកថា: abh.vb.17.05.15_att PTS: ?
(បញ្ច ទិដ្ឋធម្មនិព្ពានវាទា ទី១៥)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
( (១៥) បញ្ច ទិដ្ឋធម្មនិព្ពានវាទា)
[២២៤] បណ្ដាធម៌ទាំងនោះ ការពោលនូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ៥ តើដូចម្ដេច។ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ ឆ្អែតស្កប់ស្កល់ ឲ្យគេបម្រើដោយកាមគុណ ៥ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា ជាអត្តភាពដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា នែអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ នែអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាដូច្នោះ តើព្រោះហេតុអ្វី ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុថា កាមទាំងឡាយមិនទៀងជាទុក្ខ មានសេចក្ដីប្រែប្រួលជាធម្មតា មានសេចក្ដីសោកខ្សឹកខ្សួល ទុក្ខទោមនស្ស និងសេចក្ដីចង្អៀតចង្អល់ចិត្ត រមែងកើតឡើងព្រោះកាមទាំងឡាយនោះ ប្រែប្រួលទៅ ប្រព្រឹត្តទៅដោយប្រការដទៃ ម្នាលអ្នកដ៏ចម្រើន ខ្លួននេះឯង កាលណាបានស្ងប់ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់បឋមជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ជាគុណយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ជាគុណយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាដូច្នោះ តើព្រោះហេតុអ្វី ព្រោះហេតុថា ចិត្តដែលប្រកបដោយវិតក្កៈ និងវិចារៈមាននៅក្នុងបឋមជ្ឈាននោះ បឋមជ្ឈាននុ៎ះនៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមានវិតក្កៈ និងវិចារៈនុ៎ះនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ បានរម្ងាប់វិតក្កៈ និងវិចារៈអស់ហើយ។ បេ។ បានដល់ទុតិយជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្នថា ជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ខ្ញុំមិននិយាយថា ខ្លួននុ៎ះមិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំថាយ៉ាងនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា បីតិជាទីកើតឡើងនៃចិត្ត មានក្នុងទុតិយជ្ឈាននុ៎ះ នៅប្រាកដ ជាឈានគ្រោតគ្រាត ព្រោះមានបីតិនុ៎ះនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ ព្រោះអស់ទៅនៃបីតិ។ បេ។ ក៏បានដល់នូវតតិយជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះ ឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ មានបុគ្គលដទៃ ក្រៅអំពីបុគ្គលពួកនោះ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន អ្នកនិយាយថា ខ្លួនមាននុ៎ះ ក៏មានមែន ឯខ្ញុំមិននិយាយថា ខ្លួននុ៎ះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន តែថាខ្លួននេះ មិនមែនបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង ព្រោះហេតុមានប្រមាណប៉ុណ្ណេះទេ ពាក្យដែលខ្ញុំនិយាយនោះ តើព្រោះហេតុអ្វី ព្រោះហេតុថា សេចក្ដីអើពើ ឬសេចក្ដីកួចកាន់នៃចិត្តថា សុខ រមែងមានក្នុងតតិយជ្ឈាននោះ ឯតតិយជ្ឈាននុ៎ះ នៅប្រាកដជាឈានគ្រោតគ្រាត ព្រោះមានសុខនៅឡើយ ម្នាលអ្នកដ៏ចម្រើន កាលណាបើខ្លួននេះ បានលះបង់នូវសុខផង។ បេ។ ហើយបានដល់នូវចតុត្ថជ្ឈាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួនឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្ន ដែលជាគុណជាតយ៉ាងក្រៃលែង សមណៈ ឬព្រាហ្មណ៍ពួកមួយ បញ្ញត្តនូវព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយប្រការដូច្នេះ ១។ នេះ ទិដ្ឋធម្មនិព្វានវាទ ៥។
ចប់ ពួកធម៌ ៥។