(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 17 08 បាលី cs-km: abh.vb.17.08 អដ្ឋកថា: abh.vb.17.08_att PTS: ?
(អដ្ឋកនិទ្ទេស ទី៨)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. អដ្ឋកនិទ្ទេសោ)
( (១) អដ្ឋ កិលេសវត្ថូនិ)
[២៤៦] បណ្ដាធម៌ទាំងនោះ កិលេសវត្ថុ ៨ តើដូចម្ដេច។ លោភៈ ១ ទោសៈ ១ មោហៈ ១ មានះ ១ ទិដ្ឋិ ១ វិចិកិច្ឆា ១ ថីនៈ ១ ឧទ្ធច្ចៈ ១ នេះ កិលេសវត្ថុ ៨។
( (២) អដ្ឋ កុសីតវត្ថូនិ)
[២៤៧] បណ្ដាធម៌ទាំងនោះ កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ តើដូចម្ដេច។ ការងារ (មានវាស់កាត់ចីវរជាដើម) ភិក្ខុក្នុងសាសនានេះត្រូវធ្វើ ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែកាលបើអញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។ មួយទៀត ការងារ ភិក្ខុធ្វើរួចហើយ ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែកាលដែលអញកំពុងធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ មួយទៀត ភិក្ខុត្រូវដើរផ្លូវ ភិក្ខុនោះមានសេចក្ដីត្រិះរិះ យ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តែបើអាត្មាអញដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ មួយទៀត ភិក្ខុដើរផ្លូវរួចហើយ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែលអាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ មួយទៀត ភិក្ខុត្រាច់ទៅកាន់ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែលដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លាបរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារមិនកើត ទំនងដូចជាសណ្តែកដែលត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៦។ មួយទៀត ភិក្ខុកើតអាពាធបន្តិចបន្តួច ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញកើតអាពាធបន្តិចបន្តួចនេះហើយ អាត្មាអញគួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៧។ មួយទៀត ភិក្ខុជាសះស្បើយអំពីជម្ងឺហើយ តែទើបនឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញសះស្បើយអំពីជម្ងឺហើយ តែសះស្បើយមិនទាន់យូរប៉ុន្មាន កាយរបស់អាត្មាអញនោះ នៅមិនទាន់មានកម្លាំង ធ្វើការងារមិនទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹងនូវធម៌ដែលខ្លួនមិនទាន់បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ នេះ កុសីតវត្ថុ ៨។
( (៣) អដ្ឋសុ លោកធម្មេសុ ចិត្តស្ស បដិឃាតោ)
[២៤៨] បណ្ដាធម៌ទាំងនោះ សេចក្ដីចង្អៀតចង្អល់ចិត្ត ព្រោះលោកធម៌ ៨ តើដូចម្ដេច។ សេចក្ដីត្រេកត្រអាលក្នុងលោក (ការបាន) ១ សេចក្ដីថ្នាំងថ្នាក់ក្នុងអលាភ (ការមិនបាន) ១ សេចក្ដីត្រេកត្រអាលក្នុងយស ១ សេចក្ដីថ្នាំងថ្នាក់ក្នុងអយស (ការមិនមានយស) ១ សេចក្ដីត្រេកត្រអាលក្នុងពាក្យសរសើរ ១ សេចក្ដីថ្នាំងថ្នាក់ក្នុងពាក្យតិះដៀល ១ សេចក្ដីត្រេកត្រអាលក្នុងសុខ ១ សេចក្ដីថ្នាំងថ្នាក់ក្នុងទុក្ខ ១ នេះសេចក្ដីចង្អៀតចង្អល់ចិត្ត ព្រោះលោកធម៌ ៨។
( (៤) អដ្ឋអនរិយវោហារា)
[២៤៩] បណ្ដាធម៌ទាំងនោះ វោហារមិនប្រសើរ ៨ តើដូចម្ដេច។ ការពោលថា ឃើញក្នុងហេតុដែលមិនបានឃើញ ១ ការពោលថា បានឮក្នុងហេតុដែលមិនបានឮ ១ ការពោលថា បានលិទ្ធភ្លក្សក្នុងហេតុដែលមិនបានលិទ្ធភ្លក្ស ១ ការពោលថា បានដឹងក្នុងហេតុដែលមិនបានដឹង ១ ការពោលថា មិនបានឃើញក្នុងហេតុដែលបានឃើញ ១ ការពោលថា មិនបានឮក្នុងហេតុដែលបានឮ ១ ការពោលថា មិនបានលិទ្ធិភ្លក្សក្នុងហេតុដែលបានលិទ្ធិភ្លក្ស ១ ការពោលថា មិនបានដឹងក្នុងហេតុដែលបានដឹង ១ នេះ វោហារមិនប្រសើរ ៨។
( (៥) អដ្ឋ មិច្ឆត្តា)
[២៥០] បណ្ដាធម៌ទាំងនោះ មិច្ឆត្តធម៌ (សេចក្ដីខុស) ៨ តើដូចម្ដេច។ ការយល់ខុស ១ ត្រិះរិះខុស ១ វាចាខុស ១ ការងារខុស ១ ការចិញ្ចឹមជីវិតខុស ១ ព្យាយាមខុស ១ ការរលឹកខុស ១ ការតម្កល់ចិត្តខុស ១ នេះ មិច្ឆត្តធម៌ ៨។
( (៦) អដ្ឋ បុរិសទោសា)
[២៥១] បណ្ដាធម៌ទាំងនោះ ទោសរបស់បុរស ៨ តើដូចម្ដេច។ ពួកភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏ដោះស្រាយដោយអស្សតិ (ការគ្មានស្មារតី) ថា ខ្ញុំនឹកមិនឃើញ ខ្ញុំនឹកមិនឃើញ នេះ ទោសរបស់បុរសទី ១។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏និយាយគេចកែនឹងភិក្ខុអ្នកចោទវិញថា ប្រយោជន៍អ្វី អ្នកជាមនុស្សល្ងង់ មិនឈ្លាស មកស្តីថាឲ្យយើង អម្បាលយ៉ាងអ្នក ហ៊ានសម្គាល់យើងថា គួរនឹងស្ដីថាបាន នេះ ទោសរបស់បុរសទី ២។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏ត្រឡប់លើកពាក្យរបស់អ្នកចោទវិញថា លោកឯងត្រូវអាបត្តិឈ្មោះនេះ ចូរលោកសំដែងមុនសិនទៅ នេះ ទោសរបស់បុរសទី ៣។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុ ចោទដោយអាបត្តិ ក៏បិទបាំងនូវហេតុដទៃ ដោយហេតុដទៃ យកពាក្យខាងក្រៅ មកបញ្ចេញ ធ្វើនូវសេចក្ដីក្រោធខឹង មិនត្រេកអរឲ្យប្រាកដឡើង នេះ ទោសរបស់បុរសទី ៤។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏និយាយឆ្កាដៃក្នុងកណ្តាលសង្ឃ នេះ ទោសរបស់បុរសទី ៥។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏នៅស្ងៀម ធ្វើសង្ឃឲ្យលំបាក នេះ ទោសរបស់បុរសទី ៦។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏មិនអើពើនឹងសង្ឃ មិនអើពើនឹងភិក្ខុអ្នកចោទ ជាបុគ្គលមានអាបត្តិ ដើរចៀសចេញទៅតាមប្រាថ្នា នេះ ទោសរបស់បុរសទី ៧។ មួយទៀត ពួកភិក្ខុចោទភិក្ខុផងគ្នាដោយអាបត្តិ ភិក្ខុនោះ កាលបើត្រូវពួកភិក្ខុចោទដោយអាបត្តិ ក៏និយាយយ៉ាងនេះថា បពិត្រលោកមានអាយុទាំងឡាយ លោកខ្វល់ខ្វាយនឹងខ្ញុំហួសប្រមាណធ្វើអ្វី ឥឡូវនេះ ខ្ញុំនឹងលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ភិក្ខុនោះលុះលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបហើយ ក៏និយាយយ៉ាងនេះថា បពិត្រលោកមានអាយុទាំងឡាយ ឥឡូវនេះ លោកទាំងឡាយ ចូរជាអ្នកមានចិត្តត្រេកអរចុះ នេះ ទោសរបស់បុរសទី ៨ នេះ ទោសរបស់បុរស ៨។
( (៧) អដ្ឋ អសញ្ញីវាទា)
[២៥២] បណ្ដាធម៌ទាំងនោះ អសញ្ញីវាទ ៨ តើដូចម្ដេច។ ខ្លួនមានរូប1) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមិនមានរូប2) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានរូបខ្លះ មិនមានរូបខ្លះ3) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន4) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុត5) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមិនមានទីបំផុត6) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ7) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន8) មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មិនមានសញ្ញា ១ នេះ អសញ្ញីវាទ ៨។
( (៨) អដ្ឋ នេវសញ្ញីនាសញ្ញីវាទា)
[២៥៣] បណ្ដាធម៌ទាំងនោះ នេវសញ្ញីនាសញ្ញីវាទ ៨ តើដូចម្ដេច។ ខ្លួនមានរូប មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមិនមានរូប មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានរូបខ្លះ មិនមានរូបខ្លះ មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែន មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានទីបំផុត មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមិនមានទីបំផុត មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន មិនមានរោគ ខាងមុខអំពីសេចក្ដីស្លាប់ ព្រោះហេតុនោះ បុគ្គលទាំងឡាយ បញ្ញត្តនូវខ្លួននោះថា មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ១ នេះ នេវសញ្ញីនាសញ្ញីវាទ ៨។
ចប់ ពួកធម៌ ៨។