(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
abh vb 18 06 បាលី cs-km: abh.vb.18.06 អដ្ឋកថា: abh.vb.18.06_att PTS: ?
(ឧប្បាទកកម្មអាយុប្បមាណវារោ ទី៦)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៦. ឧប្បាទកកម្មអាយុប្បមាណវារោ)
(១. ឧប្បាទកកម្មំ)
[៣៣៨] ទេវតា ៣ ពួក គឺ សម្មតិទេវតា ១ ឧបបត្តិទេវតា ១ វិសុទ្ធិទេវតា ១ ឈ្មោះថាទេវតា។ ពួកស្តេច ពួកព្រះរាជទេពី ពួករាជកុមារ ឈ្មោះថា សម្មតិទេវតា។ ពួកទេវតា រាប់តាំងអំពីទេវតាជាន់ចាតុម្មហារាជិកៈ ទៅទល់នឹងទេវតាជាន់លើនោះៗ ឈ្មោះថាឧបបត្តិទេវតា។ ពួកព្រះអរហន្ត ហៅថា វិសុទ្ធិទេវតា។
[៣៣៩] ចុះបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម តើកើតក្នុងទីណា។ បុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ពួកខ្លះ កើតជាមួយនឹងខត្តិយមហាសាល ពួកខ្លះកើតជាមួយនឹងពួកព្រាហ្មណមហាសាល ពួកខ្លះកើតជាមួយនឹងពួកគហបតិមហាសាល ពួកខ្លះកើតជាមួយនឹងទេវតាជាន់ចាតុម្មហារាជិកៈ ពួកខ្លះ កើតជាមួយនឹងទេវតាជាន់តាវត្តិង្ស ពួកខ្លះ កើតជាមួយនឹងពួកទេវតាជាន់យាមៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់តុសិតៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់និម្មានរតី ពួកខ្លះ កើតជាមួយនឹងពួកទេវតាជាន់បរនិម្មិតវសវត្តី។
(២. អាយុប្បមាណំ)
[៣៤០] ចុះប្រមាណនៃអាយុរបស់មនុស្ស តើប៉ុន្មាន។ កំណត់មួយរយឆ្នាំ ឬតិចជាង ឬក៏ច្រើនជាងមួយរយឆ្នាំ។ ប្រមាណនៃអាយុរបស់ទេវតា ជាន់ចាតុម្មហារាជិកៈ តើប៉ុន្មាន។ ៥០ ឆ្នាំ ណា ជារបស់នៃមនុស្ស ៥០ ឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃ នៃទេវតាជាន់ចាតុម្មហារាជិកៈ ៣០រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ៥ រយឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតា ជាន់ចាតុម្មហារាជិកៈ។ (ចុះបើ) រាប់ជាឆ្នាំរបស់មនុស្សវិញ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ៩ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់តាវត្តិង្ស តើប៉ុន្មាន។ មួយរយឆ្នាំណា ជារបស់នៃមនុស្ស មួយរយឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃ របស់ទេវតាជាន់តាវត្តិង្ស ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ មួយពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតាជាន់តាវត្តិវង្ស។ (ចុះបើ) រាប់ជាឆ្នាំមនុស្ស តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ៣ កោដិ ៦ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់យាមៈ តើប៉ុន្មាន។ ពីររយឆ្នាំណា ជារបស់នៃមនុស្ស ពីររយឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងនៃទេវតា ជាន់យាមៈ ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ពីរពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតាជាន់យាមៈ។ (ចុះបើ) រាប់ជាឆ្នាំមនុស្សវិញ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ១៤ កោដិ ៤ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់តុសិត តើប៉ុន្មាន។ បួនរយឆ្នាំណា ជារបស់នៃមនុស្ស បួនរយឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃនៃទេវតាជាន់តុសិត ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ បួនពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតាជាន់តុសិត។ (ចុះបើ) រាប់ជាឆ្នាំរបស់មនុស្សវិញ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ៥៧ កោដិ ៦ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់និម្មានរតី តើប៉ុន្មាន។ ៨ រយឆ្នាំណា ជារបស់នៃមនុស្ស ៨ រយឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃនៃទេវតាជាន់និម្មានរតី ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ៨ ពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតាជាន់និម្មានរតី។ (ចុះបើ) រាប់ជាឆ្នាំមនុស្សវិញ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ២៣០ កោដិ ៤ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់ទេវតា ជាន់បរនិម្មិតវសវត្តី តើប៉ុន្មាន។ ១៦ រយឆ្នាំ (១៦០០) ណា ជារបស់នៃមនុស្ស ១៦ រយឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃនៃទេវតាជាន់បរនិម្មិតវសវត្តី ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ១៦ ពាន់ឆ្នាំទិព្វ (១ ម៉ឺន ៦ ពាន់ឆ្នាំ) ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតាជាន់បរនិម្មិតវសវត្តី។ (ចុះបើ) រាប់ជាឆ្នាំមនុស្សវិញ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ៩០០ កោដិផង ២១ កោដិផង ៦ លានឆ្នាំផង។
ពួកទេវតា ដែលឋិតនៅក្នុងកាមាវចរសួគ៌ទាំង ៦ ជាន់នោះ ជាអ្នកសម្រេចនូវកាមទាំងពួង។ អាយុរបស់ពួកទេវតាទាំងអស់ ដែលបណ្ឌិត រាប់ដោយរួបរួម តើប៉ុន្មានឆ្នាំ ១២ រយកោដិផង ២៨ កោដិផង ៥ សែនឆ្នាំផង ជាអាយុរបស់ទេវតាទាំងនោះ ដែលបណ្ឌិត ប្រកាសហើយ ដោយទីបំផុតនៃឆ្នាំ។
[៣៤១] ចុះបុគ្គលចំរើនបឋមជ្ឈាន យ៉ាងឱនថយ តើកើតក្នុងទីណា។ បុគ្គលចំរើនបឋមមជ្ឈាន យ៉ាងឱនថយ កើតជាមួយនឹងពួកទេវតាជាន់ព្រហ្មបារិសជ្ជៈ។ ចុះប្រមាណនៃអាយុ របស់ទេវតាជាន់នោះ តើប៉ុន្មាន។ កប្ប ១ ចែកជា ៣ ភាគ ឬ ៤ ភាគ (យកមួយភាគ ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនបឋមជ្ឈាន យ៉ាងកណ្តាល តើកើតក្នុងទីណា។ បុគ្គលចំរើនបឋមជ្ឈាន យ៉ាងកណ្ដាល កើតជាមួយនឹងពួកទេវតាជាន់ព្រហ្មបរោហិត។ ចុះប្រមាណនៃអាយុ របស់ទេវតាជាន់នោះ តើប៉ុន្មាន។ ពាក់កណ្ដាលកប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនបឋមជ្ឈានជាន់ខ្ពស់ តើកើតក្នុងទីណា។ បុគ្គលចំរើនបឋមជ្ឈាន ជាន់ខ្ពស់ កើតជាមួយនឹងពួកទេវតាជាន់មហាព្រហ្ម។ ចុះប្រមាណនៃអាយុ របស់ទេវតា ជាន់នោះ តើប៉ុន្មាន។ មួយកប្ប (ជាអាយុនៃទេវតាជាន់នោះ)។ ចុះបុគ្គល ចំរើនទុតិយជ្ឈាន យ៉ាងឱនថយ តើកើតក្នុងទីណា។ បុគ្គលចំរើនទុតិយជ្ឈាន យ៉ាងឱនថយ កើតជាមួយនឹងពួកទេវតាជាន់បរិត្តាភៈ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់នោះ តើប៉ុន្មាន។ ពីរកប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនទុតិយជ្ឈាន យ៉ាងកណ្តាល តើកើតក្នុងទីណា។ បុគ្គលចំរើនទុតិយជ្ឈាន យ៉ាងកណ្តាល កើតជាមួយនឹងពួកទេវតាជាន់អប្បមាណាភៈ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់នោះ តើប៉ុន្មាន។ ៤ កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនទុតិយជ្ឈាន ជាន់ខ្ពស់ តើកើតក្នុងទីណា។ បុគ្គលចំរើនទុតិយជ្ឈាន ជាន់ខ្ពស់ កើតជាមួយនឹងពួកទេវតាជាន់អាភស្សរៈ។ ចុះប្រមាណនៃអាយុ របស់ទេវតាជាន់នោះ តើប៉ុន្មាន។ ៨ កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនតតិយជ្ឈាន យ៉ាងឱនថយ តើកើតក្នុងទីណា។ បុគ្គលចំរើនតតិយជ្ឈាន យ៉ាងឱនថយ កើតជាមួយនឹងពួកទេវតាជាន់បរិត្តសុភៈ។ ចុះប្រមាណនៃអាយុរបស់ទេវតា ជាន់នោះ តើប៉ុន្មាន។ ១៦ កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនតតិយជ្ឈាន យ៉ាងកណ្ដាល តើកើតក្នុងទីណា។ បុគ្គលចំរើនតតិយជ្ឈាន យ៉ាងកណ្តាល កើតជាមួយនឹងពួកទេវតាជាន់អប្បមាណសុភៈ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់នោះ តើប៉ុន្មាន។ ៣២ កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះបុគ្គលចំរើនតតិយជ្ឈានជាន់ខ្ពស់ តើកើតក្នុងទីណា។ បុគ្គលចំរើនតតិយជ្ឈានជាន់ខ្ពស់ កើតជាមួយនឹងពួកទេវតាជាន់សុភកិណ្ណៈ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់នោះ តើប៉ុន្មាន។ ៦៤ កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ បុគ្គលចំរើនចតុត្ថជ្ឈាន ព្រោះមានអារម្មណ៍ផ្សេងគ្នា ព្រោះមានមនសិការផ្សេងគ្នា ព្រោះមានឆន្ទៈផ្សេងគ្នា ព្រោះមានបណិធិ (ការតម្កល់) ផ្សេងគ្នា ព្រោះមានអធិមោក្ខ (ការចុះចិត្ត) ផ្សេងគ្នា ព្រោះមានអភិនីហារ (ការកសាង) ផ្សេងគ្នា ព្រោះមានបញ្ញាផ្សេងគ្នា ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អសញ្ញសត្វ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់វេហប្ផលៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អវិហៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អតប្បៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់សុទស្សៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់សុទស្សី ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អកនិដ្ឋៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អាកាសានញ្ចាយតនៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់វិញ្ញាណញ្ចាយតនៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់អាកិញ្ចញ្ញាយតនៈ ពួកខ្លះកើតជាមួយនឹងពួកទេវតាជាន់នេវសញ្ញានាសញ្ញាយតនៈ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អសញ្ញសត្វក្ដី ជាន់វេហប្ផលៈក្តី តើប៉ុន្មាន។ ៥ រយកប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អវិហៈ តើប៉ុន្មាន។ មួយពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អតប្បៈ តើប៉ុន្មាន។ ពីរពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់សុទស្សៈ តើប៉ុន្មាន។ ៤ ពាន់កប្ប ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់សុទស្សី តើប៉ុន្មាន។ ៨ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អកនិដ្ឋៈ តើប៉ុន្មាន។ ១៦ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អាកាសានញ្ចាយតនៈ តើប៉ុន្មាន។ ២០ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់វិញ្ញាណញ្ចាយតនៈ តើប៉ុន្មាន។ ៤០ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អាកិញ្ចញ្ញាយតនៈ តើប៉ុន្មាន។ ៦០ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់នេវសញ្ញានាសញ្ញាយតនៈ តើប៉ុន្មាន។ ៨៤ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។
ពួកសត្វ ដែលតេជះគឺបុណ្យស្ទួយហើយ រមែងទៅកាន់ កាមគតិ និងរូបគតិ ឬឲ្យដល់ភវគ្គព្រហ្ម ក៏គង់ត្រឡប់មកកាន់ទុគ្គតិវិញ ពួកសត្វដែលមានអាយុវែងដល់ម្ល៉ោះ ក៏គង់ច្យុតដោយអស់អាយុ ព្រះមហេសីត្រាស់ថា គ្មានភពណានីមួយទៀងទេ ព្រោះហេតុនោះ អ្នកប្រាជ្ញមានប្រាជ្ញារក្សាខ្លួន មានប្រាជ្ញាល្អិត អ្នកគិតនូវអត្ថ តែងចំរើននូវមគ្គដ៏ប្រសើរ ដើម្បីដោះខ្លួនចាកជរា និងមរណៈ លុះចំរើននូវមគ្គដ៏ស្អាត សម្រាប់ធ្វើដំណើរទៅកាន់អមតនិព្វានហើយ រមែងជាអ្នកមិនមានអាសវៈ កំណត់នូវអាសវៈទាំងពួង ហើយបរិនិព្វាន។