-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៣ - Book 3
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20170101 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០០៣ - Tipitaka Book 003, for change log on ati.eu see here: រាយការណ៍ ភាគ ០០៣
គំរូ ឯកសារ ផ្សេងទៀត ៖
ព្រះត្រៃបិដក ភាគ ទី៣
លេខសម្គាល់
លេខទំព៍រ
ទ. ១
តតិយភាគ
ភាគទី ៣
និស្សគ្គិយកណ្ឌ | បាចិត្តិយកណ្ឌ
និស្សគ្គិយកណ្ឌ
ចីវរវគ្គ៖
និស្សគ្គិយ សិក្ខាបទ ទី ១ | ២ | ៣ | ៤ | ៥ | ៦ | ៧ | ៨ | ៩ | ១០
កោសិយវគ្គ៖
និស្សគ្គិយ សិក្ខាបទ ទី ១១ | ១២ | ១៣ | ១៤ | ១៥ | ១៦ | ១៧ | ១៨ | ១៩ | ២០
បត្ដវគ្គ៖
និស្សគ្គិយ សិក្ខាបទ ទី ២១ | ២២ | ២៣ | ២៤ | ២៥ | ២៦ | ២៧ | ២៨ | ២៩ | ៣០
បាចិត្តិយកណ្ឌ
មុសាវាទវគ្គ៖
បាចិត្តិយ សិក្ខាបទ ទី ១ | ២ | ៣ | ៤ | ៥ | ៦ | ៧ | ៨ | ៩ | ១០
ភូតគាមវគ្គ៖
និស្សគ្គិយ សិក្ខាបទ ទី ១១ | ១២ | ១៣ | ១៤ | ១៥ | ១៦-៩២ មើល ភាគ ទី៤
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
(៤. និស្សគ្គិយកណ្ឌំ)
បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិនិស្សគ្គិយបាចិត្តិយទាំង៣០នេះឯង មកកាន់ឧទ្ទេស (គឺព្រះបាតិមោក្ខដែលសង្ឃត្រូវសំដែងរាល់កន្លះខែ)។
(១. ចីវរវគ្គោ)
(១. បឋមកថិនសិក្ខាបទំ)
[១] សម័យនោះ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងគោតមកចេតិយ ទៀបក្រុងវេសាលី។ វេលានោះឯង ត្រៃចីវរដែលព្រះដ៏មានព្រះភាគ ទ្រង់បានអនុញ្ញាតដល់ភិក្ខុទាំងឡាយរួចស្រេចហើយ។ ពួកឆព្វគ្គិយភិក្ខុ (ភិក្ខុមានពួក៦) បានដឹងថា ត្រៃចីវរ ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតហើយ (ក៏ប្រើប្រាស់ចីវរហួសពុទ្ធានុញ្ញាត គឺប្រើប្រាស់ចីវរបីត្រៃ) ចូលទៅកាន់ស្រុក (ស្លៀកដណ្តប់) ចីវរមួយត្រៃ នៅក្នុងអារាម (ស្លៀកដណ្តប់) ចីវរមួយត្រៃ ចុះកាន់កំពង់ងូងទឹក (ស្លៀកដណ្តប់) ចីវរមួយត្រៃ។ ភិក្ខុទាំងឡាយណាដែលជាអ្នកប្រាថ្នាតិច ជាអ្នកសន្តោស ជាអ្នកមានសេចក្តីអៀនខ្មាស ជាអ្នកក្តៅក្រហាយនឹងបាប ជាអ្នកពេញចិត្តខាងការរៀនសូត្រ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបីបើនឹងប្រើប្រាស់អតិរេកចីវរ (ចីវរច្រើន) លើសកំណត់។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ រួចត្រាស់សួរបញ្ជាក់ទៅពួកឆព្វគ្គិយភិក្ខុក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយបានប្រើប្រាស់អតិរេកចីវរមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកឯងរាល់គ្នាធ្វើនេះ មិនទំនង មិនសមបែប មិនសមគួរ មិនមែនជារបស់សមណៈ ជាការមិនគប្បី មិនគួរបើនឹងធ្វើសោះ ម្នាលមោឃបុរសទាំងឡាយ គួរបើដែរ អ្នកឯងរាល់គ្នានឹងប្រើប្រាស់អតិរេកចីវរ (យ៉ាងនេះ) ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកឯងរាល់គ្នាធ្វើនេះ នឹងបាននាំមនុស្សដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬមនុស្សដែលបានជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀត (នោះ) ក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសម្ដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយប្រើប្រាស់ អតិរេកចីវរ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយ1) ឯសិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្ដដល់ភិក្ខុទាំងឡាយយ៉ាងនេះហើយ។
[២] គ្រានោះ អតិរេកចីវរ កើតឡើងដល់ព្រះអានន្ទដ៏មានអាយុ។ ព្រះអានន្ទដ៏មានអាយុចង់ប្រគេនចីវរនោះទៅព្រះសារីបុត្ដដ៏មានអាយុ។ តែព្រះសារីបុត្ដដ៏មានអាយុ លោកគង់នៅឯនគរសាកេត (មិនទាន់និមន្ដមកដល់)។ វេលានោះ ព្រះអានន្ទដ៏មានអាយុ ត្រិះរិះគិតថា ព្រះដ៏មានព្រះភាគបានបញ្ញត្ដសិក្ខាបទថា ភិក្ខុមិនត្រូវទ្រទ្រង់អតិរេកចីវរឡើយ ឥឡូវអតិរេកចីវរ កើតឡើងដល់អញហើយ អញមានបំណងនឹងប្រគេនចីវរនេះទៅព្រះសារីបុត្ដដ៏មានអាយុ តែព្រះសារីបុត្ដដ៏មានអាយុ លោកគង់នៅឯនគរសាកេត តើអញត្រូវប្រតិបត្ដិដូចម្ដេចអេះ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុបានក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលអានន្ទ ចុះសារីបុត្ដនៅយូរប៉ុន្មានថ្ងៃទៀតនឹងមកដល់។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ ប្រហែលជាប្រាំបួនថ្ងៃឬដប់ថ្ងៃទៀត (ទើបលោកនឹងនិមន្ដមកដល់)។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដើម្បីឱ្យអ្នករាល់គ្នាទុកអតិរេកចីវរ កំណត់ត្រឹមដប់ថ្ងៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសម្ដែងនូវសិក្ខាបទនេះយ៉ាងនេះថា
កាលបើចីវរសម្រេចហើយ (ក្ដី) កឋិនដោះហើយ (ក្ដី) ភិក្ខុត្រូវទុកអតិរេកចីវរ បានតែត្រឹមដប់ថ្ងៃ បើឱ្យកន្លងហួសពីដប់ថ្ងៃនោះទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។
[៣] ត្រង់ពាក្យថា ចីវរសម្រេចហើយ អធិប្បាយថា ចីវរដែលភិក្ខុបានធ្វើរួចហើយក្ដី ចីវរដែលបាត់ដោយចោរជាដើមលួចយកទៅក្ដី ចីវរវិនាសដោយសត្វកណ្ដៀរជាដើមកាត់ក្ដី ចីវរដែលភ្លើងឆេះក្ដី សេចក្ដីប្រាថ្នាក្នុងចីវរ (របស់ភិក្ខុនោះ) ដាច់ស្រឡះក្ដី។ ពាក្យថា កឋិនដោះហើយ គឺកឋិនដែលដោះដោយបណ្ដាមាតិកា៨យ៉ាង មាតិកាណាមួយ ឬសង្ឃបានប្រជុំគ្នាសូត្រដោះក្នុងកាលជាចន្លោះ។ ពាក្យថា កំណត់ត្រឹមដប់ថ្ងៃ គឺភិក្ខុត្រូវទុក (អតិរេកចីវរ) កំណត់យ៉ាងយូរបានត្រឹមតែដប់ថ្ងៃ។ ចីវរដែលភិក្ខុមិនបានអធិដ្ឋាន មិនបានវិកប្ប ឈ្មោះថាអតិរេកចីវរ។ បណ្ដាចីវរទាំង៦ ចីវរណាមួយដែលតូចបំផុត គួរល្មមភិក្ខុវិកប្បបាន ឈ្មោះថាចីវរ។ ពាក្យថា បើទុកឱ្យកន្លង ហួសពីដប់ថ្ងៃនោះទៅ ត្រូវនិស្សគ្គិយ អធិប្បាយថា ចីវរ កាលបើអរុណរះឡើងក្នុងថ្ងៃទី ១១ (ឡើងទៅ) ភិក្ខុត្រូវលះចេញ គឺត្រូវលះដល់ជំនុំសង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះ (ចីវរដល់ជំនុំសង្ឃ) បែបយ៉ាងនេះ។
[៤] ភិក្ខុនោះឯង ត្រូវ (យកចីវរដែលជានិស្សគ្គិយនោះ) ចូលទៅរកជំនុំសង្ឃ ហើយធ្វើឧត្ដរាសង្គ (ចីពរ) ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោងប្រណមអញ្ជលីឡើង ពោលនឹងសង្ឃយ៉ាងនេះថា បពិត្រព្រះគម្ដែងសង្ឃដ៏ចរើន នេះចីវររបស់ខ្ញុំកន្លងដប់ថ្ងៃ ត្រូវនិស្សគ្គិយហើយ ឥឡូវខ្ញុំសូមលះចីវរនេះដល់ជំនុំសង្ឃ។ លុះ (ភិក្ខុនោះ) លះរួចហើយ ត្រូវសម្ដែងអាបត្ដិចេញ។ ភិក្ខុអ្នកឆ្លាសអង់អាចត្រូវទទួលអាបត្ដិ ត្រូវប្រគល់ចីវរដែលលះបង់ឱ្យដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចរើន សូមព្រះសង្ឃស្ដាប់ពាក្យខ្ញុំ ដ្បិតភិក្ខុឈ្មោះនេះ2) បានលះចីវរនេះ ដែលត្រូវនិស្សគ្គិយដល់ជំនុំសង្ឃហើយ បើកម្មមាន កាលដ៏សមគួរដល់សង្ឃហើយ សង្ឃត្រូវប្រគល់ចីវរនេះឱ្យទៅភិក្ខុឈ្មោះនេះ3) វិញចុះ។
[៥] (បើលះចីវរដល់គណៈ) ភិក្ខុនោះត្រូវចូលទៅរកភិក្ខុច្រើនអង្គ (គឺភិក្ខុបីរូប ឬពីររូប) ហើយធ្វើឧត្ដរាសង្គឆៀងស្មាម្ខាងសំពះទៀបបាទា ភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោងប្រណមអញ្ជលីឡើង ពោលនឹងភិក្ខុទាំងនោះយ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន នេះចីវររបស់ខ្ញុំកន្លងដប់ថ្ងៃ ត្រូវនិស្សគ្គិយហើយ ឥឡូវខ្ញុំសូមលះចីវរនេះដល់លោកដ៏មានអាយុទាំងឡាយ។ ភិក្ខុនោះលះរួចហើយ ត្រូវសម្ដែងអាបត្ដិចេញ។ ភិក្ខុអ្នកឆ្លាសអង់អាចត្រូវទទួលអាបត្ដិ រួចត្រូវឱ្យចីវរដែលភិក្ខុលះនោះដោយពាក្យថា សូមលោកដ៏មានអាយុទាំងឡាយស្ដាប់ពាក្យខ្ញុំ ចីវរនេះ របស់ភិក្ខុឈ្មោះនេះ ជានិស្សគ្គិយ លោកបានលះបង់ដល់លោកដ៏មានអាយុទាំងឡាយហើយ។ បើកម្មមានកាលដ៏សមគួរដល់លោកដ៏មានអាយុទាំងឡាយហើយ អស់លោកដ៏មានអាយុត្រូវប្រគល់ចីវរនេះឱ្យទៅភិក្ខុឈ្មោះនេះវិញចុះ។
[៦] (បើលះដល់បុគ្គល) ភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុមួយរូប ហើយធ្វើឧត្ដរាសង្គឆៀងស្មាម្ខាង រួចអង្គុយច្រហោងប្រណមអញ្ជលីឡើង ហើយពោលនឹងភិក្ខុនោះយ៉ាងនេះថា ម្នាលអាវុសោ នេះចីវររបស់ខ្ញុំ កន្លងដប់ថ្ងៃហើយត្រូវតែលះបង់ ឥឡូវខ្ញុំសូមលះចីវរនេះដល់លោក
ដ៏មានអាយុ។ ភិក្ខុនោះ លុះលះរួចហើយត្រូវសម្ដែងអាបត្ដិចេញ។ ភិក្ខុនោះត្រូវទទួលអាបត្ដិ ហើយត្រូវប្រគល់ចីវរដែលលះបង់ដោយពាក្យថា ខ្ញុំឱ្យចីវរនេះទៅលោកដ៏មានអាយុវិញ។
[៧] (កាលបើចីវរ) កន្លងហួសដប់ថ្ងៃហើយ ភិក្ខុដឹងច្បាស់ថាកន្លង ត្រូវនិស្សគ្គិយបាចិត្ដិយ។ (កាលបើចីវរ) កន្លងហួសដប់ថ្ងៃហើយ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវនិស្សគ្គិយបាចិត្ដិយ។ (កាលបើចីវរ) ដែលកន្លងហួសដប់ថ្ងៃហើយ ភិក្ខុសំគាល់ថាមិនទាន់កន្លងទេ ត្រូវនិស្សគ្គិយបាចិត្ដិយ។ (កាលបើចីវរ) ដែលមិនទាន់បានអធិដ្ឋាន ហើយភិក្ខុសំគាល់ថាបានអធិដ្ឋានហើយ ត្រូវនិស្សគ្គិយបាចិត្ដិយ។ (កាលបើចីវរ) ដែលភិក្ខុមិនទាន់បានវិកប្ប ហើយភិក្ខុសំគាល់ថាបានវិកប្ប ត្រូវនិស្សគ្គិយបាចិត្ដិយ។ (កាលបើចីវរ) ដែលភិក្ខុមិនទាន់បានលះ ហើយភិក្ខុដឹងច្បាស់ថាបានលះ ត្រូវនិស្សគ្គិយបាចិត្ដិយ។ (កាលបើចីវរ) មិនបាត់ទេ ហើយភិក្ខុសំគាល់ថាបាត់ ត្រូវនិស្សគ្គិយបាចិត្ដិយ។ (កាលបើចីវរ) មិនខូចទេ ហើយភិក្ខុសំគាល់ថាខូច ត្រូវនិស្សគ្គិយបាចិត្ដិយ។ (កាលបើចីវរ) ភ្លើងមិនឆេះទេ ហើយភិក្ខុសំគាល់ថាភ្លើងឆេះ
ត្រូវនិស្សគ្គិយបាចិត្ដិយ។ (កាលបើចីវរ) ចោរឥតបានប្លន់យកទេ តែភិក្ខុសំគាល់ថាចោរប្លន់យក ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមិនបានលះចីវរដែលត្រូវនិស្សគ្គិយ ហើយយកមកប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ (កាលបើចីវរ) មិនទាន់កន្លងហួសដប់ថ្ងៃទេ ភិក្ខុសំគាល់ថាកន្លងហើយ ត្រូវអាបត្ដិទុក្កដ។ (កាលបើចីវរ) មិនទាន់កន្លងហួសដប់ថ្ងៃទេ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ (កាលបើចីវរ) មិនទាន់កន្លងហួស ដប់ថ្ងៃ ហើយភិក្ខុក៏សំគាល់ថាមិនទាន់កន្លងទេ មិនត្រូវអាបត្ដិឡើយ។
[៨] វារៈដែលមិនត្រូវអាបត្ដិនោះ គឺភិក្ខុបានអធិដ្ឋាន បានវិកប្បក្នុងខាងក្នុងដប់ថ្ងៃ១ ភិក្ខុបានលះ១ ចីវរបាត់១ ចីវរខូច១ ចីវរភ្លើងឆេះ១ ចីវរចោរដណ្ដើមយក១ ចីវរដែលភិក្ខុយកដោយសេចក្ដីស្និទ្ធស្នាល១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្ដិ១។
[៩] ក្នុងសម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមិនប្រគល់ចីវរដែលលះ ឱ្យទៅភិក្ខុ (ម្ចាស់ចីវរ) នោះវិញ។ ភិក្ខុទាំងឡាយណាដែលជាអ្នកមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏លើកទោស តិះដៀល បន្ទោសថា គួរបើដែរ ពួកឆព្វគ្គិយភិក្ខុមិនឱ្យចីវរដែលលះ (ទៅភិក្ខុម្ចាស់ចីវរ) វិញ។ ភិក្ខុទាំងអម្បាលនោះ ក៏ក្រាបទូលសេចក្ដីនុ៎ះ ដល់ព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរទៅពួកឆព្វគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយមិនបានឱ្យចីវរដែលលះ (ទៅភិក្ខុម្ចាស់ចីវរ) វិញ មែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា មែនព្រះអង្គ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោស។បេ។ រួចទ្រង់ធ្វើធម្មីកថាត្រាស់ហៅភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំមិនឱ្យចីវរដែលលះ (ទៅភិក្ខុម្ចាស់ចីវរ) វិញ ភិក្ខុណាមិនឱ្យ ភិក្ខុនោះត្រូវអាបត្ដិទុក្កដ។
សិក្ខាបទ ទី១ ចប់។
(២. ឧទោសិតសិក្ខាបទំ)
[១០] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ គង់នៅវត្ដព្រះជេតពន របស់អនាថណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានភិក្ខុច្រើនរូបបានផ្ញើចីវរទុកនៅដៃភិក្ខុទាំងឡាយ (រួចស្លៀកដណ្ដប់) តែស្បង់និងចីវរ ចេញទៅកាន់ជនបទចារិកទៅ។ ឯចីវរដែលភិក្ខុផ្ញើទុកនោះ យូរពេកក៏ដាមឆ្លកជាំអស់។ ភិក្ខុទាំងឡាយក៏យកចីវរទាំងអម្បាលនោះទៅ ហាលសំដិល។ ព្រះអានន្ទដ៏មានអាយុបាននិមន្ដទៅកាន់សេនាសនចារិក ក្រឡេកទៅឃើញភិក្ខុទាំងនោះកំពុងហាលសំដិលចីវរទាំងនោះ ក៏ដើរចូលទៅជិតភិក្ខុទាំងឡាយនោះ លុះចូលទៅជិតហើយ ក៏សួរភិក្ខុទាំងនោះថា ម្នាលអាវុសោទាំងឡាយ ចីវរទាំងនេះដាមឆ្លកជាំអស់ តើជារបស់លោកណា។ គ្រានោះឯង ភិក្ខុទាំងអម្បាលនោះក៏បានប្រាប់សេចក្ដីនុ៎ះដល់ព្រះអានន្ទដ៏មានអាយុ។ ព្រះអានន្ទដ៏មានអាយុក៏លើកទោស តិះដៀល បន្ទោសថា ភិក្ខុទាំងឡាយមិនគួរបើនឹងផ្ញើចីវរទុកដាក់ដៃរបស់ភិក្ខុទាំងឡាយ ហើយ (ស្លៀកដណ្ដប់) តែស្បង់នឹងចីពរចេញទៅកាន់ជនបទចារិកសោះ។ ទើបព្រះអានន្ទដ៏មានអាយុ ក្រាបទូលសេចក្ដីនុ៎ះដល់ព្រះដ៏មានព្រះភាគជាម្ចាស់។ លំដាប់នោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់សួរតបទៅពួកភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុទាំងឡាយបានផ្ញើចីវរ ទុកនៅដៃភិក្ខុទាំងឡាយ ហើយ (ស្លៀកដណ្ដប់) តែស្បង់និងចីពរ ចេញដើរទៅកាន់ជនបទចារិក មែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះ មេត្ដាប្រោស ហេតុនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ គួរបើដែរ មោឃបុរសទាំងនោះ ហ៊ានផ្ញើចីវរទុកនៅដៃភិក្ខុទាំងឡាយ (ហើយស្លៀកដណ្ដប់) តែស្បង់ និងចីពរ ចេញដើរទៅកាន់ជនបទចារិក ម្នាលភិក្ខុទាំងឡាយ អំពើដែល អ្នកធ្វើនេះ នឹងបាននាំមនុស្សដែលមិនទាន់ជ្រះថ្លា ឱ្យបានជ្រះថ្លាឡើង ឬមនុស្សដែលបានជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើង (នោះ) ក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងសិក្ខាបទនេះ យ៉ាងនេះថា
កាលបើចីវររបស់ភិក្ខុសម្រេចហើយ កឋិនដោះហើយ បើភិក្ខុនៅប្រាសចាកត្រៃចីវរ សូម្បីតែមួយយប់ ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្ដដល់ពួកភិក្ខុយ៉ាងនេះហើយ។
[១១] គ្រានោះឯង ក្នុងក្រុងកោសម្ពី មានភិក្ខុមួយរូបមានជំងឺ។ ពួកជនជាញាតិក៏បានចាត់ប្រើបម្រើទៅក្នុងសំណាក់ភិក្ខុនោះថា សូមឱ្យលោកម្ចាស់និមន្ដមក យើងនឹងផ្គត់ផ្គង់បម្រើ។ ទាំងភិក្ខុទាំងឡាយក៏ជួយនិយាយថា ម្នាលអាវុសោ លោកចូរនិមន្ដទៅចុះ ពួកញាតិគេនឹងបាន ផ្គត់ផ្គង់បម្រើលោក។ ភិក្ខុនោះនិយាយតបយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ព្រះដ៏មានព្រះភាគ ទ្រង់បានបញ្ញត្ដសិក្ខាបទដល់ភិក្ខុទាំងឡាយរួចហើយថា ភិក្ខុមិនត្រូវនៅប្រាសចាកត្រៃចីវរទេ ក៏ឥឡូវខ្លួនខ្ញុំមានជម្ងឺ មិនអាចនឹងយកត្រៃចីវរចេញដើរទៅបានឡើយ ខ្ញុំនឹងទៅមិនកើតទេ។ ភិក្ខុទាំងឡាយក៏បានទូលសេចក្ដីនុ៎ះ ដល់ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ក៏ធ្វើធម្មីកថា ក្នុងវេលានោះ ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យជំនុំសង្ឃ ឱ្យនូវសម្មតិ ដើម្បីឱ្យនៅប្រាសចាកត្រៃចីវរដល់ភិក្ខុដែលមានជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ (សង្ឃ) ត្រូវឱ្យសម្មតិយ៉ាងនេះ។ ភិក្ខុដែលមានជម្ងឺនោះ ត្រូវចូលទៅកាន់ជំនុំសង្ឃ ហើយធ្វើ ឧត្ដរាសង្គឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោងផ្គងអញ្ជលីឡើង ពោលនឹងសង្ឃយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចម្រើន ឥឡូវខ្ញុំមានជម្ងឺ មិនអាចនឹងយកត្រៃចីវរចេញដើរទៅបានទេ បពិត្រព្រះសង្ឃដ៏ចម្រើន ខ្ញុំនោះសូមសម្មតិ ដើម្បីនៅប្រាសចាកត្រៃចីវរនឹងសង្ឃ។ ភិក្ខុត្រូវសូមគំរប់ពីរដងផង សូមគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាសអង់អាចត្រូវញ៉ាំងសង្ឃឱ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន
សូមព្រះសង្ឃស្ដាប់ពាក្យខ្ញុំ (ដ្បិត) ភិក្ខុនេះ ឈ្មោះនេះ មានជម្ងឺមិនអាចនឹងយកត្រៃចីវរចេញដើរទៅបានទេ។ ភិក្ខុនោះ មកសូមសម្មតិដើម្បីនៅប្រាសចាកត្រៃចីវរនឹងជំនុំសង្ឃ។ បើកម្មមានកាលល្មមសមគួរដល់សង្ឃហើយ សង្ឃត្រូវឱ្យសម្មតិដើម្បីនៅប្រាសចាកត្រៃចីវរដល់ភិក្ខុឈ្មោះនេះចុះ។ វាចានេះ (ជាពាក្យផ្ដើម) ញ៉ាំងសង្ឃឱ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្ដាប់ពាក្យខ្ញុំ ភិក្ខុនេះឈ្មោះនេះមានជម្ងឺ មិនអាចនឹងយកត្រៃចីវរចេញដើរទៅបាន។ ភិក្ខុនោះសូមសម្មតិដើម្បីនៅប្រាសចាកត្រៃចីវរនឹងសង្ឃ។ សង្ឃឱ្យនូវសម្មតិដើម្បីនៅប្រាសចាកត្រៃចីវរដល់ភិក្ខុ ឈ្មោះនេះ។ ការឱ្យនូវសម្មតិដើម្បីនៅប្រាសចាកត្រៃចីវរដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា សូមលោកដ៏មានអាយុអង្គនោះស្ងៀម (បើ)មិនគួរដល់លោកដ៏មានអាយុអង្គណា សូមឱ្យលោកដ៏មានអាយុអង្គនោះនិយាយឡើង។ ការសម្មតិដើម្បីនៅប្រាសចាកត្រៃចីវរ សង្ឃបានឱ្យដល់ភិក្ខុឈ្មោះនេះហើយ។ ការឱ្យសម្មតិគួរដល់សង្ឃ ព្រោះហេតុនោះបានជាសង្ឃស្ងៀម។ ខ្ញុំចាំទុកនូវហេតុនេះដោយកិរិយាស្ងៀមយ៉ាងនេះ (ទុកជាការស្រេច)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា
កាលបើចីវររបស់ភិក្ខុសម្រេចហើយ កឋិនដោះហើយ បើភិក្ខុនៅប្រាសចាកត្រៃចីវរ សូម្បីតែមួយយប់ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានអវិប្បវាសសម្មតិអំពីសង្ឃ។
[១២] ត្រង់ពាក្យថា កាលបើចីវររបស់ភិក្ខុសម្រេចហើយ អធិប្បាយថា ចីវរដែលភិក្ខុបានធ្វើរួចជាស្រេចហើយក្ដី ចីវរបាត់ក្ដី ចីវរដែលខូចក្ដី ចីវរភ្លើងឆេះក្ដី បំណងក្នុងចីវរដាច់ស្រឡះក្ដី។ ពាក្យថា កឋិនដោះហើយ អធិប្បាយថា កឋិនដោះហើយ បណ្ដាមាតិកាទាំង៨យ៉ាង ដោយ មាតិកាណាមួយ ម្យ៉ាងទៀត កឋិនដែលសង្ឃបានដោះក្នុងចន្លោះ។ ពាក្យថា បើភិក្ខុនៅប្រាសចាកត្រៃចីវរ សូម្បីតែមួយប់ អធិប្បាយថា បើភិក្ខុនៅប្រាសចាកសង្ឃាដិក្ដី ឧត្ដរាសង្គក្ដី ស្បង់ក្ដី សូម្បីតែមួយយប់។ ពាក្យថា វៀរលែងតែភិក្ខុដែលបានអវិប្បវាសសម្មតិអំពីសង្ឃ អធិប្បាយថា លើកលែងតែភិក្ខុដែលបានអវិប្បវាសសម្មតិអំពីសង្ស។ ពាក្យថា និស្សគ្គិយ អធិប្បាយថា ចីវរជានិស្សគ្គិយដំណាលនឹងពេលដែលអរុណរះឡើង ភិក្ខុនោះឯង ត្រូវលះ (ចីវរនោះ) ដល់សង្ឃ ឬគណ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះ ភិក្ខុត្រូវលះបង់យ៉ាងនេះ។ ភិក្ខុ នោះត្រូវចូលទៅកាន់ជំនុំសង្ឃ។បេ។ ហើយពោលនឹងសង្ឃយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចម្រើន ចីវរនេះ ខ្ញុំនៅប្រាសឃ្លាតមួយរាត្រីហើយ ជានិស្សគ្គិយ ព្រោះឥតមានភិក្ខុសម្មតិទេ ខ្ញុំសូមលះចីវរនេះដល់សង្ឃ។បេ។ (ត្រង់បេយ្យាលទាំងបី មានអធិប្បាយត្រង់សិក្ខាបទទី១ ក្នុងវគ្គជាមួយគ្នានេះរួចហើយ)។
[១៣] ស្រុកមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ផ្ទះមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ឃ្លាំងមានឧបចារតែមួយ មានឧបចារផ្សេងគ្នា បញ្ចាមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ឃ្លាំងមានឧបចារតែមួយ មានឧបចារផ្សេងគ្នា បញ្ចាមានឧបចារតែមួយ មានឧបចារផ្សេងគ្នា រោងមានជ្រុងបួនមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ប្រាសាទមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ប្រាសាទមានដំបូលត្រងិលមានឧបចារតែមួយ មានឧបចារផ្សេងគ្នា នាវាមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ពួកឈ្មួញរទេះមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ស្រែមានឧបចារតែមួយ មានឧបចារផ្សេងគ្នា លានស្រូវមានឧបចារតែមួយ មានឧបចារផ្សេងគ្នា សួនច្បារមានឧបចារតែមួយ មានឧបចារផ្សេងគ្នា វិហារមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ទីជិតដើមឈើមានឧបចារតែមួយ មានឧបចារផ្សេងគ្នា ទីវាលមានឧបចារតែមួយ មានឧបចារផ្សេងគ្នា។
[១៤] ស្រុកដែលឈ្មោះថាមានឧបចារតែមួយ (នោះសំដៅយក) ស្រុករបស់ត្រកូលតែមួយ ដែលគេរាំងព័ទ្ធ (របង) ជុំវិញ ភិក្ខុត្រូវទុកចីវរក្នុងខាងក្នុងស្រុក ហើយនៅក្នុងខាងក្នុងស្រុក។ ស្រុកដែលគេមិនបានរាំងព័ទ្ធជុំវិញ ភិក្ខុទុកចីវរក្នុងផ្ទះណា ត្រូវនៅក្នុងផ្ទះនោះ ម្យ៉ាងទៀតមិនត្រូវលះហត្ថបាសឡើយ។ ស្រុកដែលឈ្មោះថា មានឧបចារផ្សេងគ្នា គឺស្រុករបស់ត្រកូលផ្សេងគ្នា គេបានរាំងព័ទ្ធជុំវិញ ភិក្ខុទុកចីវរក្នុងផ្ទះណា ត្រូវនៅក្នុងផ្ទះនោះ ឬនៅក្នុងរោងជាទីប្រជុំ ឬទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។ កាលបើភិក្ខុទៅក្នុងរោងជាទីប្រជុំ ត្រូវទុកចីវរក្នុងហត្ថបាស ហើយនៅក្នុងរោងជាទីប្រជុំ ឬទៀបទ្វារ មិនត្រូវលះហត្ថបាសឡើយ។ បើភិក្ខុទុកចីវរក្នុងរោងជាទីប្រជុំ ត្រូវឱ្យនៅក្នុងរោងជាទីប្រជុំ ឬទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។ បើស្រុកដែលគេមិនបានរាំងព័ទ្ធទេ ភិក្ខុទុកចីវរក្នុងផ្ទះណា ត្រូវនៅក្នុងផ្ទះនោះ ហើយមិនត្រូវ លះហត្ថបាសឡើយ។
[១៥] បើផ្ទះរបស់ត្រកូលតែមួយ ដែលគេបានរាំងព័ទ្ធជុំវិញ មានល្វែងផ្សេងៗគ្នា មានបន្ទប់ផ្សេងៗគ្នា ភិក្ខុត្រូវទុកចីវរខាងក្នុងផ្ទះ ហើយត្រូវនៅខាងក្នុងផ្ទះ។ ផ្ទះដែលគេមិនបានរាំងព័ទ្ធជុំវិញទេ (ភិក្ខុ) ទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ហើយមិនត្រូវលះហត្ថបាស ឡើយ។ ម្យ៉ាងទៀត ផ្ទះរបស់ត្រកូលផ្សេងៗគ្នា ដែលគេបានរាំងព័ទ្ធជុំវិញ មានល្វែងផ្សេងៗគ្នា មានបន្ទប់ផ្សេងៗគ្នា (ភិក្ខុ) ទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ឬត្រូវនៅទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។ ផ្ទះដែលគេមិនបានរាំងព័ទ្ធជុំវិញទេ (ភិក្ខុ) ទុកចីវរ ក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ហើយមិនត្រូវលះហត្ថបាសឡើយ។
[១៦] ឃ្លាំងរបស់ត្រកូលតែមួយ ដែលគេបានរាំងព័ទ្ធជុំវិញ មានល្វែងផ្សេងៗគ្នា មានបន្ទប់ផ្សេងៗគ្នា (ភិក្ខុ) ត្រូវទុកចីវរខាងក្នុងឃ្លាំង ហើយត្រូវនៅខាងក្នុងឃ្លាំង។ ឃ្លាំងដែលគេមិនបានរាំងព័ទ្ធជុំវិញទេ (ភិក្ខុ) ទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ហើយមិនត្រូវលះហត្ថបាសឡើយ។ ម្យ៉ាងទៀត ឃ្លាំងរបស់ត្រកូលផ្សេងៗគ្នាដែលគេបានរាំងព័ទ្ធជុំវិញ មានល្វែងផ្សេងៗគ្នា មានបន្ទប់ផ្សេងៗគ្នា (ភិក្ខុ) ទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ឬត្រូវនៅទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។ ឃ្លាំងដែលគេមិនបានរាំងព័ទ្ធជុំវិញទេ ភិក្ខុទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ហើយមិនត្រូវលះហត្ថបាសឡើយ។
[១៧] បញ្ចារបស់ត្រកូលតែមួយ ភិក្ខុទុកចីវរខាងក្នុងបញ្ចាហើយ ត្រូវនៅខាងក្នុងបញ្ចា។ បញ្ចារបស់ត្រកូលផ្សេងៗគ្នា មានល្វែងក៏ផ្សេងៗគ្នា មានបន្ទប់ក៏ផ្សេងៗគ្នា ភិក្ខុទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ឬត្រូវនៅទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។
[១៨] ប្រាសាទមានជ្រុង៤របស់ត្រកូលតែមួយ ភិក្ខុទុកចីវរខាងក្នុងប្រាសាទមានជ្រុង៤ ហើយត្រូវនៅខាងក្នុងប្រាសាទមានជ្រុង៤។ ប្រាសាទមានជ្រុង៤របស់ត្រកូលផ្សេងៗគ្នា មានល្វែងផ្សេងៗគ្នា មានបន្ទប់ផ្សេងៗគ្នា ភិក្ខុទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ឬត្រូវនៅទៀបទ្វារ មួយទៀតមិនត្រូវលះហត្ថបាសឡើយ។
[១៩] ប្រាសាទវែងរបស់ត្រកូលតែមួយ ភិក្ខុទុកចីវរខាងក្នុងប្រាសាទវែង ហើយត្រូវនៅខាងក្នុងប្រាសាទវែង។ ប្រាសាទវែងរបស់ត្រកូលផ្សេងគ្នា មានល្វែងផ្សេងៗគ្នា មានបន្ទប់ផ្សេងៗគ្នា (ភិក្ខុ)ទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ឬត្រូវនៅទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។
[២០] ប្រាសាទមានដំបូលត្រងិលរបស់ត្រកូលតែមួយ ភិក្ខុទុកចីវរខាងក្នុងប្រាសាទត្រងិល ហើយត្រូវនៅខាងក្នុងប្រាសាទត្រងិល។ ប្រាសាទមានដំបូលត្រងិលរបស់ត្រកូលផ្សេងៗគ្នា មានល្វែងផ្សេងៗគ្នា មានបន្ទប់ផ្សេងៗគ្នា ភិក្ខុទុកចីវរក្នុងល្វែងណា ត្រូវនៅក្នុងល្វែងនោះ ឬត្រូវនៅទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។
[២១] នាវារបស់ត្រកូលតែមួយ ភិក្ខុទុកចីវរខាងក្នុងនាវា ហើយត្រូវនៅខាងក្នុងនាវា។ នាវារបស់ត្រកូលផ្សេងៗគ្នា មានល្វែងផ្សេងៗគ្នា មានបន្ទប់ផ្សេងៗគ្នា ភិក្ខុទុកចីវរក្នុងបន្ទប់ណា ត្រូវនៅក្នុងបន្ទប់នោះ ឬត្រូវនៅទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។
[២២] ពួកឈ្មួញរទេះរបស់ត្រកូលតែមួយ ភិក្ខុផ្ញើចីវរទុកនឹងពួកឈ្មួញរទេះ (នោះ) ទោះបីដើរ ខាងមុខរទេះក្ដី ខាងក្រោយរទេះក្ដី មិនត្រូវលះបង់ចម្ងាយ៧អព្ភន្ដរ4) ឡើយ (ដើរឱ្យល្មមតែ) ក្រឡេក មើលទៅឃើញ (រទេះ) ទើបមិនត្រូវលះបង់អព្ភន្ដរ។ ពួកឈ្មួញរទេះរបស់ត្រកូលផ្សេងគ្នា ភិក្ខុផ្ញើចីវរទុកនឹងពួកឈ្មួញរទេះហើយ មិនត្រូវលះហត្ថបាសឡើយ។
[២៣] ស្រែរបស់ត្រកូលតែមួយ គេបានបិទរាំងជុំវិញ ភិក្ខុទុកចីវរក្នុងខាងក្នុងនៃស្រែ (នោះ) ត្រូវនៅក្នុងខាងក្នុងនៃស្រែ (នោះ)។ (បើ)ស្រែគេមិនបានរាំងព័ទ្ធជុំវិញទេ ភិក្ខុមិនត្រូវលះហត្ថបាសឡើយ។ បើស្រែរបស់ត្រកូលផ្សេងៗគ្នា គេបានរាំងព័ទ្ធជុំវិញ ភិក្ខុទុកចីវរក្នុងខាងក្នុងនៃស្រែ (នោះ) ហើយត្រូវនៅខាងក្នុងនៃស្រែ (នោះ) ឬ (ត្រូវនៅ) ទៀបទ្វារ មិនត្រូវលះហត្ថបាសឡើយ។ (បើស្រែ) គេមិនបានរាំងព័ទ្ធជុំវិញទេ ភិក្ខុមិនត្រូវលះហត្ថបាសឡើយ។
[២៤] លានស្រូវរបស់ត្រកូលតែមួយ គេរាំងព័ទ្ធជុំវិញ ភិក្ខុទុកចីវរក្នុងខាងក្នុងនៃលានហើយ ត្រូវនៅក្នុងខាងក្នុងនៃលាននោះ។ (បើលានស្រូវ) គេមិនបានរាំងព័ទ្ធជុំវិញទេ ភិក្ខុមិនត្រូវលះហត្ថបាសឡើយ។ លានស្រូវរបស់ត្រកូលផ្សេងៗគ្នា គេបិទរាំងជុំវិញ ភិក្ខុទុកចីវរក្នុងខាងក្នុងនៃលានហើយ ត្រូវនៅទៀបទ្វារ មិនត្រូវលះហត្ថបាសឡើយ។ (បើលានស្រូវ) គេមិនបានរាំងព័ទ្ធជុំវិញទេ ភិក្ខុមិនត្រូវ លះហត្ថបាសឡើយ។
[២៥] សួនច្បាររបស់ត្រកូលតែមួយ គេបានរាំងព័ទ្ធជុំវិញ ភិក្ខុទុកចីវរក្នុងសួនច្បារហើយ ត្រូវនៅខាងក្នុងនៃសួនច្បារ។ សួនច្បារ គេមិនបានរាំងព័ទ្ធជុំវិញទេ ភិក្ខុមិនត្រូវលះហត្ថបាសឡើយ។ សួនច្បាររបស់ត្រកូលផ្សេងៗគ្នា គេបានរាំងជុំវិញ ភិក្ខុទុកចីវរក្នុងខាងក្នុងសួនច្បារហើយ ត្រូវនៅទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។ សួនច្បារគេមិនបានរាំងព័ទ្ធជុំវិញទេ ភិក្ខុមិនត្រូវលះហត្ថបាសឡើយ។
[២៦] លំនៅរបស់ត្រកូលតែមួយ គេបានរាំងព័ទ្ធជុំវិញ ភិក្ខុ ទុកចីវរក្នុងខាងក្នុងលំនៅហើយ ត្រូវនៅខាងក្នុងលំនៅ។ លំនៅដែលគេមិនបានរាំងព័ទ្ធជុំវិញទេ ភិក្ខុទុកចីវរក្នុងលំនៅណា ត្រូវនៅក្នុងលំនៅនោះ ហើយមិនត្រូវលះហត្ថបាសឡើយ។ លំនៅរបស់ត្រកូលផ្សេងៗគ្នា គេបានរាំងព័ទ្ធជុំវិញ ភិក្ខុទុកចីវរក្នុងលំនៅណា ត្រូវនៅក្នុងលំនៅនោះ ឬត្រូវនៅទៀបទ្វារ ហើយមិនត្រូវលះហត្ថបាសឡើយ។ លំនៅដែលគេមិនបានរាំងព័ទ្ធជុំវិញទេ ភិក្ខុទុកចីវរក្នុងលំនៅណា ត្រូវនៅ ក្នុងលំនៅនោះ ហើយមិនត្រូវលះហត្ថបាសឡើយ។
[២៧] ម្លប់ឈើរបស់ត្រកូលតែមួយ ក្នុងពេលថ្ងៃត្រង់ម្លប់ឈើនោះផ្សាយទៅជុំវិញត្រឹមណា ភិក្ខុទុកចីវរក្នុងខាងក្នុងម្លប់ ហើយត្រូវនៅត្រឹមតែខាងក្នុងម្លប់ (នោះ)។ ម្លប់ឈើរបស់ត្រកូលផ្សេងៗគ្នា ភិក្ខុមិនត្រូវលះហត្ថបាសឡើយ។
[២៨] ដែលហៅថា ទីវាលមានឧបចារតែមួយ មានឧបចារផ្សេងៗគ្នា គឺទីក្នុងព្រៃដែលឥតមានស្រុក ចំនួន៧អព្ភន្ដរដោយជុំវិញ (ទីវាលនោះ) ហៅថាមានឧបចារតែមួយ លំដាប់តអំពីអព្ភន្ដរនោះទៅ ហៅថាមានឧបចារផ្សេងៗគ្នា។
[២៩] ភិក្ខុមានសេចក្ដីដឹងច្បាស់ថាចីវរដែលខ្លួននៅប្រាស ត្រង់ចីវរដែលខ្លួននៅប្រាសហើយ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែបានភិក្ខុសម្មតិ។ ភិក្ខុមានសេចក្ដីសង្ស័យ ត្រង់ចីវរដែលខ្លួននៅប្រាស ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែបានភិក្ខុសម្មតិ។ ភិក្ខុសំគាល់ថា ចីវរ គឺខ្លួនមិនបាននៅប្រាសទេ ត្រង់ចីវរដែលខ្លួននៅប្រាសហើយ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែបានភិក្ខុសម្មតិ។ ភិក្ខុសំគាល់ថា ចីវរ គឺខ្លួនបានដកអធិដ្ឋានហើយ ត្រង់ចីវរដែលខ្លួនមិនបានដកអធិដ្ឋានទេ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែបានភិក្ខុសម្មតិ។ ភិក្ខុសំគាល់ថា ចីវរ គឺខ្លួន បានលះបង់ហើយ ត្រង់ចីវរដែលខ្លួនមិនបានលះបង់ទេ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែបានភិក្ខុសម្មតិ។ ភិក្ខុសំគាល់ថា ចីវរបាត់ ត្រង់ចីវរដែលមិនមែនបាត់ទេ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែបានភិក្ខុសម្មតិ។ ភិក្ខុសំគាល់ថា ចីវរវិនាស ត្រង់ចីវរដែលមិនមែនវិនាសទេ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែបានភិក្ខុសម្មតិ។ ភិក្ខុសំគាល់ថា ចីវរភ្លើងឆេះ ត្រង់ចីវរដែលភ្លើងមិនមែនឆេះទេ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែបានភិក្ខុសម្មតិ។ ភិក្ខុសំគាល់ថា ចីវរចោរប្លន់យក ត្រង់ចីវរដែលចោរមិនមែនប្លន់យកទេ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែបានភិក្ខុសម្មតិ។
[៣០] ភិក្ខុមិនបានលះចីវរដែលជានិស្សគ្គិយ ហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ថា ចីវរ គឺខ្លួននៅប្រាសហើយ ត្រង់ចីវរ ដែលខ្លួនមិនមែននៅប្រាសទេ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យ ក្នុងចីវរដែលមិនបាននៅប្រាស ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ថា ចីវរ គឺខ្លួនមិនមែននៅប្រាសទេ ត្រង់ចីវរដែលខ្លួនមិនមែននៅប្រាសពិត មិនត្រូវអាបត្ដិឡើយ។
[៣១] ហេតុដែលមិនត្រូវអាបត្ដិនោះគឺ ភិក្ខុបានដកអធិដ្ឋានក្នុងខាងក្នុងនៃអរុណ១ ភិក្ខុបានលះចីវរ១ ចីវរបាត់១ ចីវរវិនាស១ ចីវរភ្លើងឆេះ១ ចីវរចោរដណ្ដើមយក១ អ្នកដទៃយកដោយស្និទ្ធស្នាល១ ភិក្ខុដែលបានអវិប្បវាសសម្មតិអំពីសង្ឃ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្ដិ១។
សិក្ខាបទ ទី២ ចប់។
(៣. តតិយកថិនសិក្ខាបទំ)
[៣២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅនាវត្ដព្រះជេតពន ជាអារាមរបស់អនាថបិណ្ឌិកមហាសេដ្ឋី ជិតក្រុងសាវត្ថី។ កាលនោះឯង អកាលចីវរ5) កើតឡើងដល់ភិក្ខុ១រូបមានឈ្មោះមិនប្រាកដ លុះភិក្ខុនោះធ្វើចីវរនោះមិនល្មមគ្រាន់។ គ្រានោះ ភិក្ខុនោះ ក៏លើកចីវរនោះឡើង ហើយទាញឱ្យតឹង ធ្វើឱ្យយឺតសាច់សំពត់នោះរឿយៗ។ ព្រះដ៏មានព្រះភាគបានយាងទៅកាន់សេនាសនចារិក ទ្រង់ទតទៅឃើញភិក្ខុនោះកំពុងតែលើកចីវរឡើងទាញរឿយៗ លុះទ្រង់ទតឃើញហើយ ទ្រង់យាងចូលទៅជិត ហើយត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានជាអ្នកលើកចីវរឡើង ហើយទាញរឿយៗនោះ តើព្រោះហេតុអ្វី។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគដ៏ចំរើន នេះជាអកាលចីវរកើតមានដល់ខ្ញុំព្រះអង្គៗ ធ្វើទៅមិនគ្រាន់ ព្រោះហេតុនោះ បានជាខ្ញុំព្រះអង្គលើកចីវរនេះឡើងហើយទាញរឿយៗ ដើម្បីឱ្យយឺតសាច់។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមានបំណងនឹងរកចីវរថែមទៀតដែរឬទេ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស មានបំណងដែរ។ ព្រោះនិទាននេះដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងកាលនោះថា
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដើម្បីឱ្យអ្នកទាំងឡាយទទួលនូវអកាលចីវរ ហើយទុកដាក់បាន ព្រោះមានសង្ឃឹមថា នឹងបានចីវរថែមទៀត។
[៣៣] សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគបានអនុញ្ញាតឱ្យទទួលអកាលចីវរទុកដាក់បាន ព្រោះមានសង្ឃឹមថានឹងបានចីវរថែមទៀត ហើយក៏ទទួលអកាលចីវរទុកដាក់ឱ្យលើសជាង១ខែឡើងទៅ។ ចីវរទាំងនោះក៏ជាប់គ្នាដូចជាបង្វេចនៅលើឈើស្បៀង។ ព្រះអានន្ទដ៏មានអាយុនិមន្ដទៅកាន់សេនាសនចារិក ជួនជាក្រឡេកមើលទៅឃើញ ចីវរទាំងឡាយនោះជាប់គ្នាដូចជាបង្វេចនៅលើឈើស្បៀង លុះឃើញហើយក៏ហៅភិក្ខុទាំងឡាយ (នោះ) មកសួរថា ម្នាលអាវុសោទាំងឡាយ នេះចីវររបស់លោកណាក៏ជាប់គ្នាដូចជាបង្វេចនៅលើឈើស្បៀង (ដូច្នេះ)។ ភិក្ខុទាំងឡាយប្រាប់ថា ម្នាលអាវុសោ នេះអកាលចីវររបស់យើង យើងទុក ដោយមានបំណងនឹងរកចីវរថែមទៀត។ ព្រះអានន្ទសួរថា ម្នាលអាវុសោទាំងឡាយ ចុះចីវរទាំងនេះ លោកទុកយូរប៉ុន្មានថ្ងៃហើយ។ ភិក្ខុទាំងឡាយប្រាប់ថា ចីវរទាំងនេះយើងទុកជាង១ខែហើយ។ ព្រះអានន្ទដ៏មានអាយុ ក៏បន្ទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបើ ពួកភិក្ខុហ៊ានទទួលអកាលចីវរយកមកទុកឱ្យលើសជាង១ខែឡើងទៅសោះ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូលសេចក្ដីនុះដល់ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ឱ្យប្រជុំភិក្ខុសង្ឃក្នុងកាលនោះ ហើយត្រាស់សួរទៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុបានទទួលអកាលចីវរទុកឱ្យលើសជាង១ខែ មែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស មែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ គួរបើដែរ ពួកមោឃបុរសទាំងនោះហ៊ានទទួលអកាលចីវរ ហើយទុកឱ្យលើសជាង១ខែ (ដូច្នេះ) ម្នាលភិក្ខុទាំងឡាយ អំពើដែលអ្នកទាំង ឡាយធ្វើនេះ នឹងបានដឹកនាំមនុស្សដែលមិនទាន់បានជ្រះថ្លាឱ្យជ្រះថ្លាឡើង ឬនាំមនុស្សដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងទៀតក៏ទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរសំដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា
កាលបើចីវររបស់ភិក្ខុសម្រេចហើយ កឋិនដោះហើយ បើអកាលចីវរកើតឡើងចំពោះភិក្ខុ ទាំងភិក្ខុសោតក៏ត្រូវការ (អកាលចីវរនោះ) ត្រូវទទួលចុះ លុះទទួលរួចហើយ ត្រូវរវៀសរវៃធ្វើឱ្យឆាប់ បើចីវរនោះខ្វះធ្វើមិនគ្រប់ទេ ភិក្ខុនោះមានបំណងថានឹងរកចីវរមកបំពេញនូវចីវរដែលខ្វះ (នោះ) ត្រូវទុកចីវរនោះបានយ៉ាងយូរបំផុតត្រឹម១ខែ បើទុកឱ្យលើសពី១ខែនោះទៅ បើទុកជាមានបំណងថានឹងរកចីវរមកបំពេញទៀតក៏ដោយ គង់ត្រូវនិស្សគ្គិយបាចិត្ដិយ។
[៣៤] ត្រង់ពាក្យថា កាលបើចីវររបស់ភិក្ខុសម្រេចហើយ អធិប្បាយថា ចីវរដែលភិក្ខុធ្វើរួចហើយក្ដី ចីវរបាត់ក្ដី ចីវរខូចក្ដី ចីវរភ្លើងឆេះក្ដី សេចក្ដីចង់បានចីវរដាច់ស្រឡះហើយក្ដី។ ពាក្យថា កឋិនដោះហើយ អធិប្បាយថា កឋិនដែលដោះហើយ បណ្ដាមាតិកាទាំង៨យ៉ាង ដោយមាតិកាណាមួយ ឬពុំនោះ ជំនុំសង្ឃបានដោះហើយក្នុងចន្លោះ (ខេត្ដកឋិន)។ (បើ) ភិក្ខុមិនបានក្រាលគ្រងកឋិនទេ ចីវរដែលកើតឡើងក្នុងឱកាស១១ខែ ហៅថា អកាលចីវរ (បើ) ភិក្ខុបានក្រាលគ្រងកឋិន ចីវរដែលកើតឡើងក្នុងឱកាស៧ខែ ហៅថា អកាលចីវរ បើទុកជា គេពោលថាជាកាលចីវរហើយក៏ដោយ គង់ហៅថា អកាលចីវរដូចគ្នា។ ពាក្យថា កើតឡើង អធិប្បាយថា គប្បីកើតឡើងអំពីសង្ឃក្ដី អំពីគណៈក្ដី អំពីញាតិក្ដី អំពីមិត្ដក្ដី អំពីបំសុកូលក្ដី អំពីទ្រព្យរបស់ខ្លួនក្ដី។
[៣៥] ពាក្យថា ត្រូវការ អធិប្បាយថា កាលបើចង់បាន ត្រូវទទួលចុះ។ ពាក្យថា លុះទទួលរួចហើយត្រូវរវៀសរវៃធ្វើឱ្យឆាប់ អធិប្បាយថា ត្រូវធ្វើឱ្យទាន់ក្នុងរវាង១០ថ្ងៃ។
[៣៦] ពាក្យថា បើចីវរនោះខ្វះ ធ្វើមិនគ្រាន់ទេ អធិប្បាយថា ចីវរដែលភិក្ខុធ្វើទៅហើយមិនគ្រាន់។ ពាក្យថា ភិក្ខុនោះត្រូវទុកចីវរនោះបានយ៉ាងយូរបំផុតត្រឹម១ខែ អធិប្បាយថា ភិក្ខុត្រូវទុក (ចីវរ) ជាយូរបំផុតត្រឹមតែ១ខែ។ ពាក្យថា ដើម្បីនឹងបំពេញនូវចីវរដែលខ្វះ អធិប្បាយថា ដើម្បីសេចក្ដីត្រូវការនឹងបំពេញនូវចីវរដែលខ្វះ។ ពាក្យថា បើទុកជាមានបំណង អធិប្បាយថា មានសេចក្ដីសង្ឃឹមថានឹងបានអំពីសង្ឃក្ដី អំពីគណៈក្ដី អំពីញាតិក្ដី អំពីមិត្ដក្ដី អំពីបង្សុកូលក្ដី អំពីទ្រព្យរបស់ខ្លួនក្ដី។
[៣៧] ពាក្យថា បើទុកឱ្យលើសពី១ខែនោះទៅ ទុកជា មានបំណងថានឹងរកចីវរមកបំពេញទៀតក៏ដោយ អធិប្បាយថា កាលបើមូលចីវរ6) កើតឡើងក្នុងថ្ងៃនោះហើយ បច្ចាសាចីវរ7) ក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង១០ថ្ងៃ។ កាលបើមូលចីវរកើតឡើងបាន ២ថ្ងៃ… ៣ថ្ងៃ… ៤ថ្ងៃ… ៥ថ្ងៃ… ៦ថ្ងៃ… ៧ថ្ងៃ… ៨ថ្ងៃ… ៩ថ្ងៃ… ១០ថ្ងៃ… បច្ចាសាចីវរ ក៏កើតឡើងក្នុងថ្ងៃទី ១០ ភិក្ខុគប្បីធ្វើចីវរឱ្យហើយ ក្នុងរវាង១០ថ្ងៃ។ កាលបើមូលចីវរកើតឡើងបាន ១១ថ្ងៃ… ១២ថ្ងៃ… ១៣ថ្ងៃ… ១៤ថ្ងៃ… ១៥ថ្ងៃ… ១៦ថ្ងៃ… ១៧ថ្ងៃ … ១៨ថ្ងៃ … ១៩ថ្ងៃ … ២០ថ្ងៃ … បច្ចាសាចីវរ ក៏កើតឡើងក្នុងថ្ងៃទី២០ ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង១០ថ្ងៃ។ កាលបើមូលចីវរកើតឡើងបាន ២១ថ្ងៃ បច្ចាសាចីវរក៏កើតឡើង (ក្នុងថ្ងៃនោះដែរ ) ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង៩ថ្ងៃ។ កាលបើ មូលចីវរកើតឡើងបាន២២ថ្ងៃ បច្ចាសាចីវរក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យទាន់ ក្នុងរវាង៨ថ្ងៃ។ កាលបើមូលចីវរ កើតឡើងបាន២៣ថ្ងៃ បច្ចាសាចីវរក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង៧ថ្ងៃ។ កាលបើមូលចីវរកើតឡើងបាន២៤ថ្ងៃ បច្ចាសាចីវរក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង៦ថ្ងៃ។ កាលបើមូលចីវរកើតឡើងបាន២៥ថ្ងៃ បច្ចាសាចីវរក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង៥ថ្ងៃ។ កាលបើមូលចីវរកើតឡើងបាន ២៦ថ្ងៃ បច្ចាសាចីវរក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង៤ថ្ងៃ។ កាលបើ មូលចីវរកើតឡើងបាន២៧ថ្ងៃ បច្ចាសាចីវរក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង៣ថ្ងៃ។ កាលបើមូលចីវរកើតឡើងបាន២៨ថ្ងៃ បច្ចាសាចីវរក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង២ថ្ងៃ។ កាលបើមូលចីវរកើតឡើងបាន២៩ថ្ងៃ បច្ចាសាចីវរក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុត្រូវធ្វើឱ្យទាន់ក្នុងរវាង១ថ្ងៃ។ កាលបើមូលចីវរកើតឡើងបាន៣០ថ្ងៃ បច្ចាសាចីវរក៏កើតឡើង (ក្នុងថ្ងៃនោះដែរ) ភិក្ខុនោះត្រូវអធិដ្ឋាន ត្រូវវិកប្ប ត្រូវលះបង់ក្នុងថ្ងៃនោះឯង។ បើភិក្ខុ មិនបានអធិដ្ឋានក្ដី មិនបានវិកប្បក្ដី មិនបានលះបង់ក្ដី តែអរុណរះឡើងក្នុងថ្ងៃទី៣១ (ចីវរនោះ) ត្រូវនិស្សគ្គិយ ភិក្ខុត្រូវលះបង់ដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះយ៉ាងនេះ។បេ។ ថាបពិត្រព្រះសង្ឃដ៏ចំរើន នេះជាអកាលចីវររបស់ខ្ញុំ ទុកកន្លងហួស១ខែ
ត្រូវនិស្សគ្គិយហើយ ឥឡូវនេះខ្ញុំសូមលះចីវរនេះដល់សង្ឃ។ (ត្រង់ បេយ្យាលទាំងបីមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ ក្នុងវគ្គជាមួយគ្នានេះ)។
[៣៨] កាលបើមូលចីវរដែលមានចំណែកមិនស្មើគ្នា8) កើតឡើងហើយ បច្ចាសាចីវរក៏កើតឡើងដែរ តែរាត្រីសល់នៅច្រើន (បើ) ភិក្ខុមិនចង់ធ្វើទេ ក៏មិនត្រូវធ្វើ (ចីវរនោះឡើយ)។
[៣៩] ចីវរកន្លងទៅ១ខែហើយ ភិក្ខុសម្គាល់ថាកន្លងទៅមែន ត្រូវនិស្សគ្គិយបាចិត្ដិយ។ ចីវរកន្លងទៅ១ខែហើយ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ចីវរកន្លងទៅ១ខែហើយ ភិក្ខុសំគាល់ថា មិនទាន់កន្លងទេ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ចីវរដែលមិនបានអធិដ្ឋាន ភិក្ខុសំគាល់ថាបានអធិដ្ឋានហើយ (ក្ដី) ចីវរដែលមិនបានវិកប្ប ភិក្ខុសំគាល់ថាបានវិកប្បហើយ (ក្ដី) ចីវរដែលមិនបានលះបង់ ភិក្ខុសំគាល់ថាបានលះបង់ហើយ (ក្ដី) ចីវរដែលមិនបាត់ ភិក្ខុសំគាល់ថាបាត់ (ក្ដី) ចីវរដែលមិនខូចទេ ភិក្ខុសំគាល់ថាខូច (ក្ដី) ចីវរភ្លើងមិនឆេះ ភិក្ខុ សំគាល់ថាភ្លើងឆេះ (ក្ដី) ចីវរចោរឥតបានយកទេ ភិក្ខុសំគាល់ថា ចោរយក (ក្ដី) ត្រូវនិស្សគ្គិយបាចិត្ដិយ (ដូចគ្នាទាំងអស់)។
[៤០] ភិក្ខុមិនបានលះចីវរដែលជានិស្សគ្គិយ ហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់កន្លងទៅ១ខែទេ ហើយភិក្ខុសំគាល់ថាកន្លងទៅហើយ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់កន្លងទៅ១ខែទេ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់កន្លង១ខែទេ ភិក្ខុសំគាល់ថា មិនទាន់កន្លងមែន មិនត្រូវអាបត្ដិឡើយ។
[៤១] វារៈសំដែងអំពីមិនមានអាបត្ដិ គឺភិក្ខុបានអធិដ្ឋានចីវរនោះក្នុងរវាងមួយខែ១ បានវិកប្បចីវរ១ បានលះ១ ចីវរបាត់១ ចីវរខូច១ ចីវរភ្លើងឆេះ១ ចីវរដែលចោរដណ្ដើមយកទៅ១ គេយកចីវរដោយសេចក្ដីស្និទ្ធស្នាល១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្ដិ១។
សិក្ខាបទ ទី៣ ចប់។
(៤. បុរាណចីវរសិក្ខាបទំ)
[៤២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅវត្ដព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានស្រីជាបុរាណទុតិយិការបស់ឧទាយិភិក្ខុដ៏មានអាយុ បួសក្នុងសំណាក់នាងភិក្ខុនី។ នាងភិក្ខុនីនោះតែងមកសំណាក់ឧទាយិភិក្ខុដ៏មានអាយុជារឿយៗ។ ចំណែកខាងឧទាយិភិក្ខុដ៏មានអាយុក៏តែងទៅកាន់សំណាក់ នាងភិក្ខុនីនោះជារឿយៗដែរ។ វេលានោះឯង ឧទាយិភិក្ខុដ៏មានអាយុបរិភោគភត្ដិក្នុងសំណាក់នាងភិក្ខុនីនោះ។ លំដាប់នោះ ឧទាយិភិក្ខុដ៏មានអាយុ ក៏ស្លៀកដណ្ដប់រួចក៏យកបាត្រនិងចីវរ ចូលសំដៅ ទៅរកទីដែលនាងភិក្ខុនីនោះនៅក្នុងវេលាព្រឹកព្រហាម លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈខាងមុខនាងភិក្ខុនីនោះ បើកអង្គជាតបង្ហាញ។ ឯនាងភិក្ខុនីនោះក៏អង្គុយលើអាសនៈខាងមុខឧទាយិដ៏មានអាយុ បើកអង្គជាតបង្ហាញដែរ។ វេលានោះ ឧទាយិភិក្ខុដ៏មានអាយុមានតម្រេក ក៏សំឡឹងមើលទៅអង្គជាតនាងភិក្ខុនីនោះ។ ទឹកអសុចិក៏ហូរធ្លាក់ពីអង្គជាតរបស់ឧទាយិភិក្ខុនោះ។ លំដាប់នោះ ឧទាយិភិក្ខុដ៏មានអាយុក៏និយាយទៅនឹងភិក្ខុនីនោះថា នែប្អូនស្រី ឯងចូរទៅនាំយកទឹកមក អញនឹងលាងស្បង់។ នាងភិក្ខុនីនោះតបវិញថា លោកម្ចាស់ សូមលោកម្ចាស់ឱ្យស្បង់មកខ្ញុំវិញ ខ្ញុំនឹងលាងប្រគេន។ វេលានោះឯង នាងភិក្ខុនីនោះ ក៏បានយកទឹកអសុចិ របស់ឧទាយិភិក្ខុនោះបន្ដិចដាក់ក្នុងមាត់ យកបន្ដិចដាក់ក្នុងអង្គជាត។ នាងភិក្ខុនីនោះក៏មានគភ៌ដោយសារទឹកអសុចិនោះ។ ពួកនាងភិក្ខុនីក៏បាននិយាយយ៉ាងនេះថា នាងភិក្ខុនីនេះមិនមែនប្រព្រឹត្ដធម៌ដ៏ប្រសើរទេ ទើបបាននាងភិក្ខុនីនេះមានគភ៌។ នាងភិក្ខុនីនោះតបវិញថា ម្នាលនាងទាំងឡាយ ខ្លួនខ្ញុំមិនបានប្រព្រឹត្ដធម៌ដ៏ប្រសើរទេ។ វេលានោះ នាងភិក្ខុនីនោះបានប្រាប់ សេចក្ដីនុ៎ះដល់នាងភិក្ខុនីផងគ្នា។ នាងភិក្ខុនីទាំងឡាយ ក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបើលោកម្ចាស់ឧទាយិ ប្រើនាងភិក្ខុនីឱ្យលាងចីវរចាស់ (របស់ខ្លួនសោះ)។ លំដាប់នោះ ពួកនាងភិក្ខុនីទាំងនោះបានប្រាប់សេចក្ដីនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណាដែលមានប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា គួរបើដែរ ឧទាយិដ៏មានអាយុ ប្រើនាងភិក្ខុនីឱ្យលាងចីវរចាស់។ គ្រានោះ ពួកភិក្ខុទាំងនោះ បានក្រាបទូលសេចក្ដីនុ៎ះដល់ព្រះដ៏មាន ព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ។បេ។ ទ្រង់សួរឧទាយិភិក្ខុដ៏មានអាយុថា ម្នាលឧទាយិ ឮថាអ្នកបានប្រើនាងភិក្ខុនីឱ្យលាងចីវរចាស់ មែនឬ។ ឧទាយិក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស មែន។ ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សួរថា ម្នាលឧទាយិ នាងភិក្ខុនីនោះ ត្រូវជាញាតិ ឬមិនមែនជាញាតិនឹងអ្នកទេ។ ឧទាយិក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស (នាងភិក្ខុនីនោះ) មិនត្រូវជាញាតិនឹងខ្ញុំព្រះអង្គទេ។ ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថា នែមោឃបុរស ជនមិនមែន ជាញាតិ មិនស្គាល់អំពើសមគួរ ឬមិនសមគួរ អំពើនាំមកនូវសេចក្ដីជ្រះថ្លា ឬមិននាំមកនូវសេចក្ដីជ្រះថ្លារបស់នាងភិក្ខុនីដែលមិនមែនជាញាតិ (នោះទេ) នែមោឃបុរស មិនសមបើអ្នកទៅប្រើនាងភិក្ខុនី ដែលមិនមែនជាញាតិ ឱ្យលាងចីវរចាស់សោះ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំពួកមនុស្សដែលមិនទាន់ជ្រះថ្លាឱ្យបានជ្រះថ្លាឡើង ឬមនុស្សដែលជ្រះថ្លាស្រាប់ហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងទៀត (នោះ) ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ ប្រើនាងភិក្ខុនីដែលមិនមែនជាញាតិឱ្យលាងក្ដី ឱ្យជ្រលក់ក្ដី ឱ្យគក់ឬបោកក្ដី នូវចីវរចាស់ ភិក្ខុនោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។
[៤៣] ត្រង់ពាក្យថា ភិក្ខុណាមួយ (ត្រង់បេយ្យាលទាំងពីរ)មានអធិប្បាយត្រង់សិក្ខាបទទី១ ក្នុងបារាជិកកណ្ឌ រួចហើយ។ នាងភិក្ខុនី ដែលឥតមានជាប់ទងគន្លងអំពីចំណែកខាងមាតាក្ដី អំពីចំណែកខាងបិតាក្ដី ដរាបដល់គូនៃជីដូនជីតាជាគំរប់៧ ហៅថាមិនមែនជាញាតិ។ ដែល ហៅថា នាងភិក្ខុនី (នោះសំដៅយក) ស្រីដែលបានឧបសម្បទាក្នុងសំណាក់សង្ឃទាំងពីរ (ភិក្ខុសង្ឃនិងភិក្ខុនីសង្ឃ)។ សម្ពត់ដែលភិក្ខុស្លៀកម្ដងក្ដី ដណ្ដប់ម្ដងក្ដី ហៅថា ចីវរចាស់។ ភិក្ខុប្រើនាងភិក្ខុនីថា នាងចូរលាងចីវរឱ្យអាត្មា (យ៉ាងនេះ) ត្រូវអាបត្ដិទុក្កដ។ ចីវរដែលនាងភិក្ខុនីលាងហើយនោះ ជានិស្សគ្គិយ។ ភិក្ខុបង្គាប់នាងភិក្ខុនីថា នាងចូរជ្រលក់ចីវរឱ្យអាត្មា ត្រូវអាបត្ដិទុក្កដ។ ចីវរដែលនាងភិក្ខុនីជ្រលក់ហើយនោះ ជានិស្សគ្គិយ។ ភិក្ខុប្រើនាងភិក្ខុនីថា នាងចូរបោកចីវរឱ្យអាត្មា ត្រូវ អាបត្ដិទុក្កដ។ កាលបើចីវរដែលនាងភិក្ខុនីយកមកបោកដោយដៃក្ដី ដោយដំបងក្ដី អស់វារៈតែម្ដង ចីវរនោះជានិស្សគ្គិយ ភិក្ខុត្រូវលះចីវរនោះដល់ជំនុំសង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវ លះចីវរយ៉ាងនេះ។បេ។ ថា បពិត្រព្រះសង្ឃដ៏ចំរើន ចីវរចាស់នេះ ខ្ញុំបានប្រើនាងភិក្ខុនីមិនមែនជាញាតិឱ្យលាង ជានិស្សគ្គិយហើយ ខ្ញុំសូមលះចីវរនេះដល់ជំនុំសង្ឃ។ (ត្រង់បេយ្យាលទាំងបី មានអធិប្បាយត្រង់សិក្ខាបទទី១ ក្នុងវគ្គជាមួយគ្នារួចហើយ)។
[៤៤] នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថា មិនមែនជាញាតិ ហើយប្រើ់ឱ្យលាងនូវចីវរចាស់ ត្រូវនិស្សគ្គិយបាចិត្ដិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ហើយប្រើឱ្យលាង ឱ្យជ្រលក់នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ ហើយប្រើឱ្យលាង ឱ្យបោក នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ ហើយប្រើឱ្យលាង ឱ្យជ្រលក់ ឱ្យបោក នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដពីរ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់ នូវចីវរចាស់ ត្រូវនិស្សគ្គិយបាចិត្ដិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់ ឱ្យបោក នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់ឱ្យលាងនូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ ហើយប្រើឱ្យជ្រលក់ ឱ្យបោក ឱ្យលាង នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដពីរ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថា មិនមែនញាតិ ហើយប្រើ់ឱ្យបោកនូវចីវរចាស់ ត្រូវនិស្សគ្គិយបាចិត្ដិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ ហើយប្រើឱ្យបោក ឱ្យលាងនូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ហើយប្រើឱ្យបោក ឱ្យជ្រលក់ នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ ហើយប្រើឱ្យបោក ឱ្យលាង ឱ្យជ្រលក់នូវចីវរចាស់ ត្រូវអាបត្ដិទុក្កដពីរ និងនិស្សគ្គិយ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ។បេ។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ។បេ។ ហើយប្រើឱ្យលាងនូវចីវរចាស់របស់ភិក្ខុឯទៀត ត្រូវអាបត្ដិទុក្កដ។ ភិក្ខុប្រើ (នាងភិក្ខុនីមិនមែនជាញាតិ) ឱ្យលាងសម្ពត់និសីទនៈ និងគ្រឿងកម្រាល ត្រូវអាបត្ដិទុក្កដ។ ភិក្ខុប្រើនាងភិក្ខុនីដែលជាឯកតោឧប្បសម្បន្នាឱ្យលាង ត្រូវអាបត្ដិទុក្កដ។ នាងភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ត្រូវអាបត្ដិទុក្កដ។ នាងភិក្ខុនីជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ នាងភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្ដិឡើយ។
[៤៥] អាបត្ដិ (មិនមានដល់ភិក្ខុមាន៨យ៉ាង) គឺនាងភិក្ខុនី ដែលជាញាតិរបស់ភិក្ខុកំពុងលាងចីវររបស់ភិក្ខុ ហើយស្រាប់តែមាននាងភិក្ខុនីទីពីរដែលមិនមែនជាញាតិ មកយកចីវរអំពីដៃនាងភិក្ខុនីនោះ ទៅលាងឱ្យ១ នាងភិក្ខុនីឃើញចីវររបស់ភិក្ខុមានមន្ទិលសៅហ្មង ហើយយកមកលាងឱ្យមិនបាច់ចាំប្រើ១ ភិក្ខុប្រើនាងភិក្ខុនីឱ្យលាងចីវរថ្មីដែលមិនទាន់បានប្រើប្រាស់១ ភិក្ខុប្រើនាងភិក្ខុនីឱ្យលាងគ្រឿងបរិក្ខារឯទៀតក្រៅពីចីវរ១ ភិក្ខុប្រើនាងសិក្ខមានាឱ្យលាងចីវរឱ្យ១ ភិក្ខុប្រើសាមណេរីឱ្យលាងចីវរឱ្យ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្ដិ១។
សិក្ខាបទ ទី៤ ចប់។
(៥. ចីវរបដិគ្គហណសិក្ខាបទំ)
[៤៦] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់គង់នៅវត្ដវេឡុវនកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង នាងឧប្បលវណ្ណាភិក្ខុនីនៅក្នុអន្ធវន ទៀបក្រុងសាវត្ថី។ វេលានោះឯង នាងឧប្បលវណ្ណាភិក្ខុនី លុះពេលព្រឹកឡើង ក៏បានស្លៀកដណ្ដប់រួចនាំយកបាត្រ និងចីវរចូលទៅឯក្រុងសាវត្ថីដើម្បីបិណ្ឌបាត លុះដើរទៅបិណ្ឌបាតក្នុង ក្រុងសាវត្ថី រួចត្រឡប់មកអំពីបិណ្ឌបាតក្នុងកាលជាខាងក្រោយនៃភត្ដ ហើយក៏ចូលសំដៅទៅក្នុងអន្ធវន (ព្រៃងងឹត) ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់ព្រៃអន្ធវនហើយ ក៏អង្គុយសម្រាកក្នុងវេលាថ្ងៃទៀបគល់ឈើនីមួយ។ សម័យនោះ មានពួកចោរអ្នកធ្វើនូវចោរកម្ម បានសម្លាប់មេគោ១ អារយកសាច់រួចនាំយកទៅកាន់ព្រៃអន្ធវន។ ឯមេចោរជាធំ បានក្រឡេកមើលទៅឃើញនាងឧប្បលវណ្ណាភិក្ខុនីកំពុងអង្គុយសម្រាកក្នុងវេលាថ្ងៃទៀបគល់ឈើនីមួយ។ លុះឃើញហើយ ចោរនោះក៏មានសេចក្ដីត្រិះរិះថា បើប្រសិនណាពួកចោរជាកូន និងបងប្អូនអញឃើញ នាងភិក្ខុនីនេះហើយ មុខជាបៀតបៀននាងភិក្ខុនីនេះមិនខាន (លុះគិតយ៉ាងនេះហើយ) មេចោរក៏នាំពួកចោរទាំងនោះដើរទៅតាមផ្លូវដទៃវិញ វេលានោះឯង មេចោរនោះកាលបើដុំសាច់គេចំអិនរួចស្រេចហើយ ក៏យកសាច់យ៉ាងល្អ ខ្ចប់នឹងស្លឹកឈើយកទៅព្យួរនឹងដើមឈើជិតនាងឧប្បលវណ្ណាភិក្ខុនី ហើយពោលថា នរណាមួយ ទោះបីជាសមណៈក្ដី ព្រាហ្មណ៍ក្ដី បានឃើញដុំសាច់ដែលអញទុកឱ្យនេះហើយ ចូរនាំយកទៅចុះ រួចហើយក៏ចេញដើរទៅ។ នាងឧប្បលវណ្ណាភិក្ខុនីចេញពីសមាធិ ហើយបានឮសំដីនេះរបស់មេចោរដែលកំពុងពោលនោះ។ លំដាប់នោះ នាងឧប្បលវណ្ណាភិក្ខុនីក៏បានយកសាច់នោះទៅឯកន្លែងនៅរបស់ខ្លួន។ វេលានោះឯង នាងឧប្បលវណ្ណាភិក្ខុនី លុះកន្លងរាត្រីនោះទៅហើយ នាងក៏ចាត់ចែងយកសាច់នោះមកវេចជាបង្វេចដោយចីពរ រួចហើយក៏ហោះទៅឯអាកាស ទៅចុះក្នុងវត្ដវេឡុវន។
[៤៧] សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់យាង ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត។ ឧទាយិភិក្ខុដ៏មានអាយុជាអ្នកនៅចាំរក្សាវត្ដ។ លំដាប់នោះ នាងឧប្បលវណ្ណាភិក្ខុនី បានចូលទៅរកឧទាយិភិក្ខុដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏សួរទៅឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រះដ៏មានព្រះភាគទ្រង់យាងទៅណា។ ឧទាយិប្រាប់ថា ម្នាលប្អូនស្រី ព្រះដ៏មានព្រះភាគទ្រង់យាងចូលទៅបិណ្ឌបាតឯស្រុកហើយ។ នាងឧប្បលវណ្ណាភិក្ខុនី និយាយថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់មេត្ដាថ្វាយសាច់នេះដល់ព្រះដ៏មានព្រះភាគឱ្យទានផង។ ឧទាយិនិយាយថា ម្នាលប្អូនស្រី នាងឱ្យព្រះដ៏មានព្រះភាគទ្រង់ឆ្អែតដោយសាច់ (យ៉ាងណា) ប្រសិនបើនាងឱ្យស្បង់ដល់អាត្មាៗក៏ឈ្មោះថា នាងឱ្យឆ្អែតដោយស្បង់ក៏យ៉ាងនោះដែរ។ នាងឧប្បលវណ្ណាភិក្ខុនីតបវិញថា បពិត្រលោកម្ចាស់ដ៏ចម្រើនយើងខ្ញុំជាមាតុគ្រាម មានលាភបានដោយកម្រណាស់។ មួយទៀតចីវររបស់ខ្ញុំនេះ ជាចីវរគំរប់៥ជាទីបំផុត ខ្ញុំមិនប្រគេនលោកម្ចាស់ទេ។ ឧទាយិនិយាយថា ម្នាលប្អូនស្រី ដូចជាបុរសដែលឱ្យដំរី (ទៅគេ) គួរលះខ្សែដង្គន់ផងយ៉ាងណាមិញ ម្នាលប្អូនស្រី បើនាងថ្វាយសាច់ដល់ព្រះដ៏មានព្រះភាគហើយ ចូរលះស្បង់របស់នាងដល់អាត្មា ក៏យ៉ាងនោះដែរ។ គ្រានោះ នាងឧប្បលវណ្ណាភិក្ខុនី កាលបើ ឧទាយិដ៏មានអាយុចេះតែទទូចសូម ក៏ប្រគេនស្បង់ហើយត្រឡប់ទៅឯលំនៅរបស់ខ្លួនវិញ។ ពួកនាងភិក្ខុនីកាលទទួលយកបាត្រនិងចីវរពីនាងឧប្បលវណ្ណាភិក្ខុនី ក៏សួរនាងឧប្បលវណ្ណាភិក្ខុនីថា បពិត្រនាងជាម្ចាស់ ស្បង់របស់នាងតើនៅឯណា។ នាងឧប្បលវណ្ណាភិក្ខុនីក៏បានប្រាប់សេចក្ដីនុ៎ះ ដល់នាងភិក្ខុនីទាំងឡាយ។ នាងភិក្ខុនីទាំងឡាយក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា លោកម្ចាស់ឧទាយិ មិនសមបើនឹងទទួលយកចីវរពីដៃនាងភិក្ខុនីសោះ មាតុគ្រាមសុទ្ធតែមានលាភបានដោយកម្រ។ គ្រានោះ នាងភិក្ខុនីទាំងនោះក៏ប្រាប់សេចក្ដីនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណាដែលមានប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា ឧទាយិដ៏មានអាយុ មិនគួរបើនឹងទទួលយកចីវរពីដៃនាងភិក្ខុនីសោះ។ ទើបភិក្ខុទាំងនោះ ក្រាបទូលសេចក្ដីនុ៎ះដល់ព្រះដ៏មានព្រះភាគជាម្ចាស់។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលឧទាយិ បានឮថា អ្នកឯងបាន ទទួលចីវរពីដៃនាងភិក្ខុនី មែនឬ។ឧទាយិភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស មែន។ ព្រះសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់សួរថា ម្នាលឧទាយិ នាងភិក្ខុនីនោះត្រូវជាញាតិនឹងអ្នកឯង ឬមិនមែនជាញាតិទេ។ ឧទាយិក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស (នាងភិក្ខុនីនោះ) មិនមែនជាញាតិទេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលមោឃបុរស បុរសដែលមិនមែនជាញាតិ មិនស្គាល់អំពើគួរ ឬមិនគួរ ល្អិតល្អ ឬមិនល្អិតល្អ របស់ស្ដ្រី ដែលមិនមែនជាញាតិ (នោះ) ទេ ម្នាលមោឃបុរស អ្នកឯង ហេតុអ្វីក៏ទទួលយកចីវរអំពីដៃនាងភិក្ខុនីដែលមិនមែនជាញាតិ (ដូច្នេះ) ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ នឹងបានដឹកនាំមនុស្សដែលមិនទាន់ជ្រះថ្លា ឱ្យបានជ្រះថ្លាឡើង ឬមនុស្សដែលជ្រះថ្លាហើយ ឱ្យកាន់តែជ្រះថ្លាឡើងក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា
ភិក្ខុណាមួយទទួលយកចីវរអំពីដៃនាង ភិក្ខុនីដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្ដហើយ ដល់ភិក្ខុទាំងឡាយ យ៉ាងនេះ។
[៤៨] សម័យនោះឯង មានពួកភិក្ខុសង្ស័យ មិនហ៊ានទទួលយកចីវរដែលត្រូវការផ្លាស់ប្ដូររបស់នាងភិក្ខុនីទាំងឡាយ។ នាងភិក្ខុនីទាំងឡាយ ក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ មិនគួរបើនឹងមិនទទួលយកចីវរដែលត្រូវការផ្លាស់ប្ដូររបស់យើងសោះ។ កាលពួកនាងភិក្ខុនីទាំងនោះកំពុងលើកទោស តិះដៀល បន្ដុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះ ភិក្ខុទាំងនោះ បានក្រាបទូលសេចក្ដីនុ៎ះ ដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឱ្យអ្នកទាំងឡាយទទួលយកចីវរដែលត្រូវការផ្លាស់ប្ដូរគ្នារបស់សហធម្មិកបុគ្គល៥ពួកគឺ ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យអ្នកទាំងឡាយ ទទួលយកចីវរដែលត្រូវការផ្លាស់ប្ដូរគ្នានឹងពួកសហធម្មិកទាំង៥ នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសម្ដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា
ភិក្ខុណាមួយទទួលយកចីវរអំពីដៃនាងភិក្ខុនី ដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែផ្លាស់ប្ដូរគ្នា។
[៤៩] ត្រង់ពាក្យថា ភិក្ខុណាមួយ (ត្រង់បេយ្យាលទាំងពីរ មានអធិប្បាយក្នុងបឋមបារាជិកសិក្ខាបទរួចហើយ)។ នាងភិក្ខុនីដែលឥតមានជាប់ទងគន្លងអំពីចំណែកខាងមាតាក្ដី ចំណែកខាងបិតាក្ដី ដរាបដល់គូនៃជីដូនជីតាជាគំរប់៧ ហៅថាមិនមែនជាញាតិ។ ស្រីដែលបាន ឧបសម្បទាអំពីសំណាក់ឧភតោសង្ឃ ហៅថានាងភិក្ខុនី។ បណ្ដាចីវរទាំង៦ ចីវរណាមួយ ដែលតូចបំផុតគួរល្មមភិក្ខុនឹងវិកប្បបាន ហៅថា ចីវរ។ ពាក្យថា វៀរលែងតែផ្លាស់ប្ដូរគ្នា សេចក្ដីថា លើកលែងតែចីវរដែលផ្លាស់ប្ដូរគ្នា។ ភិក្ខុទទួលយកចីវរ ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលទទួល ចីវរនោះ ជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុត្រូវលះចីវរនោះដល់ជំនុំសង្ឃ ឬគណៈ ឬបុគ្គល ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះចីវរយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន
ចីវរនេះដែលខ្ញុំបានទទួលយកអំពីដៃនាងភិក្ខុនី ដែលមិនមែនជាញាតិ ជានិស្សគ្គិយហើយ វៀរលែងតែផ្លាស់ប្ដូរគ្នា ឥឡូវខ្ញុំសូមលះចីវរនេះដល់ជំនុំសង្ឃ។ (ត្រង់បេយ្យាលទាំងបី មានអធិប្បាយត្រង់សិក្ខាបទទី១ ក្នុងវគ្គជាមួយគ្នានេះរួចហើយ)។
[៥០] នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនជាញាតិ ទទួលយកចីវរអំពីដៃ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែផ្លាស់ប្ដូរគ្នា។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ទទួលយកចីវរអំពីដៃ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែផ្លាស់ប្ដូរគ្នា។ នាងភិក្ខុនីមិនមែនជាញាតិ ភិក្ខុសម្គាល់ថាជាញាតិ ទទួលចីវរអំពីដៃ ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែផ្លាស់ប្ដូរគ្នា។
[៥១] ភិក្ខុទទួលយកចីវរអំពីដៃនាងភិក្ខុនីដែលបានឧបសម្បទាអំពីសំណាក់ឯកតោសង្ឃ (គឺអំពីចំណែកខាងភិក្ខុនីសង្ឃតែម្យ៉ាង) ត្រូវ អាបត្ដិទុក្កដ វៀរលែងតែផ្លាស់ប្ដូរគ្នា។ នាងភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ត្រូវអាបត្ដិទុក្កដ។ នាងភិក្ខុនីជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ នាងភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្ដិឡើយ។
[៥២] អាបត្ដិមិនមានដល់ភិក្ខុក្នុងសិក្ខាបទនោះមាន៨យ៉ាងគឺ ភិក្ខុទទួលយកចីវរអំពីដៃនាងភិក្ខុនីដែលជាញាតិ១ ភិក្ខុទទួលយកចីវរ ដោយការផ្លាស់ប្ដូរគ្នា១ ភិក្ខុទទួលយកចីវរមានដម្លៃច្រើន ដោយចីវរមានដម្លៃតិច ឬភិក្ខុទទួលយកចីវរមានដម្លៃតិចដោយចីវរមានដម្លៃច្រើន១ ភិក្ខុយកចីវរដោយសេចក្ដីស្និទ្ធស្នាល គឺយកដោយអាងសេចក្ដីទុកចិត្ដគ្នា១ ភិក្ខុយកចីវរជារបស់ខ្ចីគ្នា១ ភិក្ខុទទួលយកគ្រឿងបរិក្ខារឯទៀតរបស់សិក្ខមានា និងសាមណេរី លើកលែងតែចីវរចេញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្ដិ១។
សិក្ខាបទ ទី៥ ចប់។
(៦. អញ្ញាតកវិញ្ញត្តិសិក្ខាបទំ)
[៥៣] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគគង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក៏សម័យនោះឯង ភិក្ខុឈ្មោះឧបនន្ទដ៏មានអាយុ ជាសក្យបុត្ដ ជាអ្នកឈ្លាសវៃក្នុងការសម្ដែងធម៌។ គ្រានោះ កូនសេដ្ឋីម្នាក់មាននាម និងគោត្រមិនប្រាកដ ចូលទៅឯកន្លែងដែលឧបនន្ទភិក្ខុដ៏មានអាយុ ជាសក្យបុត្ដលោកគង់នៅ លុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដ ហើយអង្គុយក្នុងទីសមគួរ។ ឧបនន្ទភិក្ខុដ៏មានអាយុ ជាសក្យបុត្ដបានញ៉ាំងសេដ្ឋីបុត្ដនោះដែលអង្គុយក្នុងទីសមគួរ ឱ្យឃើញច្បាស់លាស់ ឱ្យកាន់យកល្អ ឱ្យកើតសេចក្ដីប្រឹងប្រែងឡើង ឱ្យរីករាយស្រួល ដោយធម្មីកថា។ គ្រានោះ សេដ្ឋីបុត្ដនោះ កាលបើព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដ ឱ្យឃើញច្បាស់លាស់ ឱ្យកាន់យកល្អ ឱ្យក្លាហានឡើងព្រម ឱ្យរីករាយស្រួល ដោយធម្មីកថាហើយ ក៏បានបវារណាពាក្យនេះនឹងឧបនន្ទភិក្ខុដ៏មានអាយុជាសក្យបុត្ដថា បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់ត្រូវការដោយបច្ច័យណា ដែលយើងខ្ញុំអាចប្រគេនដល់លោកម្ចាស់បាន ដូចជាចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ច័យ ជាភេសជ្ជបរិក្ខារ លោកម្ចាស់ត្រូវប្រាប់បច្ច័យទាំងនោះមកចុះ។ ព្រះឧបនន្ទថា នែអ្នកដ៏មានអាយុ បើអ្នកប្រាថ្នានឹងប្រគេនអាត្មា ចូរអ្នកប្រគេនសាដកមួយអំពីពួកសាដកដែល អ្នកកំពុងប្រើអស់នេះចុះ។ សេដ្ឋីបុត្ដនិយាយថា ទានប្រោសយើងខ្ញុំជាកូនអ្នកមានត្រកូល នឹងមានតែសាដកមួយដើរទៅ ហាក់ដូចជាមិនសម (មុខគួរឱ្យអៀនខ្មាស) ទានប្រោស សូមលោកម្ចាស់បង្អង់ចាំសិន ទំរាំខ្ញុំទៅផ្ទះ ខ្ញុំដល់ទៅផ្ទះហើយ នឹងបញ្ជូននូវសាដកមួយអំពីពួកសាដកដែលខ្ញុំកំពុងប្រើអស់នេះ ឬសាដកដែលល្អគ្រាន់ជាងសាដកអស់នេះមកប្រគេនលោកម្ចាស់។ ឧបនន្ទភិក្ខុដ៏មានអាយុ ជាសក្យបុត្ដ បាននិយាយពាក្យនេះនឹងសេដ្ឋីបុត្ដនោះអស់វារៈពីរដងថា នែអ្នកដ៏មានអាយុ បើអ្នកមានប្រាថ្នានឹងប្រគេនអាត្មា ចូរអ្នកប្រគេនសាដកមួយអំពីពួកសាដកដែលអ្នកកំពុងប្រើអស់នេះ ចុះ។ សេដ្ឋីបុត្ដនិយាយថា បពិត្រលោកម្ចាស់ដ៏ចម្រើន យើងខ្ញុំជាកុលបុត្ដ មានតែសាដកមួយដើរទៅ ហាក់ដូចជាមិនសម (គួរឱ្យអៀនខ្លួនណាស់) ទានប្រោស លោកម្ចាស់សូមបង្អង់ចាំសិន ទំរាំខ្ញុំទៅផ្ទះ ខ្ញុំដល់ទៅផ្ទះហើយ នឹងបញ្ជូនសាដកមួយ អំពីសាដកអស់នេះ ឬសាដកដែលល្អគ្រាន់បើជាងសាដកអស់នេះ មកប្រគេនលោកម្ចាស់។ ឧបនន្ទភិក្ខុដ៏មានអាយុជាសក្យបុត្ដ បានពោលពាក្យនេះនឹងសេដ្ឋីបុត្ដនោះ អស់វារៈបីដងថា នែអ្នកដ៏មានអាយុ បើអ្នកចង់ប្រគេនអាត្មា ចូរអ្នកប្រគេនសាដកមួយអំពីសាដកអស់នេះចុះ។ សេដ្ឋីបុត្ដនិយាយថា បពិត្រលោកម្ចាស់ដ៏ចម្រើន យើងខ្ញុំជាកុលបុត្ដ មានសាដកតែមួយដើរទៅ ហាក់ដូចជាមិនសម ទានប្រោស លោកម្ចាស់សូមបង្អង់ចាំសិន ទំរាំខ្ញុំទៅផ្ទះ ខ្ញុំទៅដល់ផ្ទះហើយ នឹងបញ្ជូនសាដកមួយអំពីសាដកដែលខ្ញុំកំពុងប្រើអស់នេះ ឬសាដកដែលល្អ គ្រាន់បើជាងសាដកអស់នេះមកប្រគេនលោកម្ចាស់។ ឧបនន្ទភិក្ខុនិយាយថា នែអ្នកដ៏មានអាយុ អាត្មាមានប្រយោជន៍អ្វី ដោយអ្នកដែលមិនចង់ប្រគេនសោះ ហើយបវារណា (ព្រោះ) អ្នកបវារណានូវបច្ច័យណាហើយ មិនឱ្យបច្ច័យនោះ។ សេដ្ឋីបុត្ដនោះ កាលឧបនន្ទភិក្ខុដ៏មានអាយុ ជាសក្យបុត្ដបង្ខិតបង្ខំ (ញយៗ) ក៏ប្រគេនសំពត់សាដកមួយហើយ ទៅក្នុងកាលនោះឯង។ មនុស្សទាំងឡាយឃើញសេដ្ឋីបុត្ដនោះហើយ បាននិយាពាក្យនេះថា អ្នកម្ចាស់ ព្រោះហេតុអ្វីបានជាអ្នកមានសាដកតែមួយដើរមកដូច្នេះ។ គ្រានោះ សេដ្ឋីបុត្ដបានប្រាប់ដំណើរនោះ ដល់មនុស្សទាំងឡាយនោះ។ មនុស្សទាំងឡាយក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា សមណៈទាំងឡាយជាកូនចៅព្រះពុទ្ធ ជាសក្យបុត្ដនេះមានប្រាថ្នាច្រើន ឥតមានសន្ដោស សមណៈពួកនេះ គេមិនងាយនឹងនិមន្ដដោយធម៌បានទេ កាលបើសេដ្ឋីបុត្ដនិមន្ដដោយធម៌ មិនសមបីបើនឹងទទួលយកសាដកសោះ។ ភិក្ខុទាំងឡាយបានឮពាក្យ មនុស្សទាំងនោះលើកទោសតិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានប្រាថ្នាតិច ជាអ្នកសន្ដោស។បេ។ ភិក្ខុទាំងនោះ ក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា ព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដមិនសមបីបើនឹងសុំចីវរពីសេដ្ឋីបុត្ដសោះ។ ទើបភិក្ខុទាំងអម្បាលនោះ ក៏ក្រាបទូល ដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ទ្រង់ត្រាស់សួរថា នែឧបនន្ទ ឮថាអ្នកសុំចីវរពីសេដ្ឋីបុត្ដ មែនឬ។ ព្រះឧបនន្ទទូលថា បពិត្រព្រះដ៏មានព្រះភាគ ដំណើរនោះពិតមែន។ ព្រះអង្គត្រាស់សួរថា នែឧបនន្ទ គេត្រូវជាញាតិរបស់អ្នក ឬមិនមែនជាញាតិទេ។ ព្រះឧបនន្ទទូលថា បពិត្រព្រះដ៏មានព្រះភាគ គេមិនមែនជាញាតិទេ។ ទ្រង់ត្រាស់ថា នែមោឃបុរស មនុស្សមិនមែនជាញាតិ មិនដឹងការគួរ ឬមិនគួរ ល្អិតល្អ ឬមិនល្អិតល្អរបស់មនុស្សដែលមិនមែនជាញាតិនឹងគ្នា (នោះ) ទេ នែមោឃបុរស មិនគួរបើអ្នកឯងសុំចីវរពីសេដ្ឋីបុត្ដដែលមិនមែនជាញាតិ (ដូច្នេះ) សោះ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់មនុស្ស ដែលនៅមិនទាន់ជ្រះថ្លាទេ មិនមែននាំមនុស្សដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយសុំចីវរចំពោះគហបតីក្ដី គហបតានីក្ដី ដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយ។
សិក្ខាបទនេះព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ដដល់ភិក្ខុទាំងឡាយយ៉ាងនេះហើយ។
[៥៤] សម័យនោះឯង ពួកភិក្ខុជាច្រើនចេញអំពីក្រុងសាកេត ដើរតាមផ្លូវឆ្ងាយទៅកាន់ក្រុងសាវត្ថី។ ពួកចោរចេញមកដណ្ដើម (យកបាត្រនិងចីវរ) របស់ភិក្ខុទាំងនោះក្នុងពាក់កណ្ដាលផ្លូវ។ លំដាប់នោះ ភិក្ខុអម្បាលនោះរង្កៀសក្នុងចិត្ដថា ការសុំចីវរចំពោះគហបតីក្ដី គហបតានីក្ដី ដែលមិនមែនជាញាតិ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ហើយមិនហ៊ានសុំចីវរ ក៏ដើរទាំងអាក្រាត ធ្លាំងទៅកាន់ក្រុងសាវត្ថី ហើយថ្វាយបង្គំភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក៏ពោលពាក្យយ៉ាងនេះថា នែអាវុសោទាំងឡាយ អាជីវកអស់នេះល្អ ចេះសំពះភិក្ខុទាំងឡាយដែរ។ ភិក្ខុ អាក្រាតទាំងនោះនិយាយថា ម្នាលអាវុសោ យើងមិនមែនអាជីវកទេ យើងក៏ភិក្ខុដែរ។ ពួកភិក្ខុក៏និយាយពាក្យនេះនឹងព្រះឧបាលិដ៏មានអាយុថា នែឧបាលិដ៏មានអាយុ និមន្ដលោកសង្កេតសួរមនុស្សអាក្រាតអស់នេះមើល។ ភិក្ខុអាក្រាតទាំងឡាយនេះ លុះព្រះឧបាលិដ៏មានអាយុសង្កេតសួរ ក៏បានប្រាប់ដំណើរនុ៎ះ (ដោយសព្វគ្រប់)។ ព្រះឧបាលិដ៏មានអាយុ លុះបានសង្កេតសួរភិក្ខុ (អាក្រាត) ទាំងនោះហើយ ក៏ពោលពាក្យនេះនឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងនេះជាភិក្ខុហើយ លោកទាំងឡាយចូរឱ្យចីវរដល់ភិក្ខុ (អាក្រាត) ទាំងនោះផងចុះ។ ភិក្ខុទាំងឡាយណាដែលមានប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏លើកទោស តិះដៀល បន្ដុះបង្អាប់ថា ភិក្ខុទាំងឡាយមិនសមបីបើនឹងមានខ្លួនអាក្រាតដើរមកសោះ គួរតែភិក្ខុទាំងនោះបិទបាំង (រាងកាយ) ដោយស្មៅ ឬស្លឹកឈើហើយសឹមមកទៅអេះ។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលដំណើរនុ៎ះ ដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគក៏ទ្រង់សម្ដែងធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុដែលចោរដណ្ដើមយកចីវរទៅក្ដី ដែលមានចីវរបាត់ក្ដី សុំចីវរចំពោះគហបតី ឬគហបតានី ដែលមិនមែនជាញាតិបាន ភិក្ខុ (ដែលមានចីវរអន្ដរាយ)នោះ ចូលដល់អាវាសណាមុន បើចីវរក្នុងវត្ដក្ដី សម្ពត់កម្រាលគ្រែក្ដី សម្ពត់កម្រាលផែនដីក្ដី ស្រោមពូកក្ដី របស់សង្ឃមានក្នុងអាវាសនោះ ឱ្យយកសម្ពត់នោះស្លៀកដណ្ដប់ដោយគិតថា អញបានសម្ពត់នោះ (ស្លៀកដណ្ដប់សិន) ហើយនឹងទុកវិញ បើចីវរក្នុងវត្ដក្ដី សំពត់សម្រាប់ក្រាលគ្រែក្ដី សំពត់សម្រាប់ក្រាលផែនដីក្ដី ស្រោមពូកក្ដី របស់សង្ឃមិនមានទេ ភិក្ខុនោះ ត្រូវបិទបាំង (រាងកាយ) ដោយស្មៅ ឬស្លឹកឈើ ហើយសឹមមក មិនត្រូវដើរមកទាំងអាក្រាតឡើយ ភិក្ខុឯណាមក (ទាំងអាក្រាត) ភិក្ខុនោះ ត្រូវ អាបត្ដិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសម្ដែងសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ សុំចីវរចំពោះគហបតី ឬគហបតានីដែលមិនមែនជាញាតិ (ភិក្ខុនោះ) ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះ គឺភិក្ខុមានចីវរដែលចោរដណ្ដើមយកទៅ ឬភិក្ខុមានចីវរខូច នេះជាសម័យក្នុងសិក្ខាបទនោះ។
[៥៥] ត្រង់ពាក្យថា ភិក្ខុណាមួយ (ត្រង់បេយ្យាលទាំងពីរ មានអធិប្បាយដូចសេចក្ដីក្នុងបឋមបារាជិកសិក្ខាបទ)។ ជនដែលឥតមានជាប់ទងគន្លងអំពីចំណែកខាងមាតាក្ដី អំពីចំណែកខាងបិតាក្ដី ដរាបដល់គូនៃជីដូនជីតាទី៧ ហៅថា មិនមែនជាញាតិ។ បុរសណាមួយនៅគ្រប់គ្រងផ្ទះ (បុរសនោះ) ហៅថា គហបតី (ប្រុសមេផ្ទះ)។ ស្រីណាមួយនៅគ្រប់គ្រងផ្ទះ (ស្រីនោះ) ហៅថាគហបតានី (ស្រីមេផ្ទះ)។ ដែលហៅថា ចីវរ (នោះ) គឺបណ្ដាចីវរទាំង៦យ៉ាង តាមតែចីវរណាមួយក៏ដោយ ដែលមានខ្នាតបើយ៉ាងតូចណាស់ត្រឹមល្មមវិកប្បបាន។ ពាក្យថា វៀរលែងតែមានសម័យ គឺលើកនូវសម័យចេញ។ ចីវររបស់ភិក្ខុដែលស្ដេចទាំងឡាយរឹបយកទៅក្ដី ចោរទាំងឡាយដណ្ដើម យកទៅក្ដី អ្នកលេងទាំងឡាយដណ្ដើមយកទៅក្ដី អ្នកណាមួយដណ្ដើមយកទៅក្ដី (ភិក្ខុនោះ) ហៅថា មានចីវរគេដណ្ដើមយកហើយ។ ចីវររបស់ភិក្ខុដែលភ្លើងឆេះក្ដី ដែលទឹកបន្សាត់ទៅក្ដី ដែលកណ្ដុរកាត់ ឬកណ្ដៀរកោរកាត់ក្ដី ដែលចាស់ព្រោះប្រើប្រាស់ក្ដី (ភិក្ខុនោះ) ហៅថា មានចីវរខូចហើយ។ ឥតមានសម័យទេ ភិក្ខុសុំ (ចីវរ) ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលសុំចីវរ (នោះ) ជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុត្រូវលះចីវរនោះដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះចីវរ យ៉ាងនេះ។បេ។ ថា បពិត្រព្រះសង្ឃដ៏ចម្រើន ចីវរនេះខ្ញុំសុំចំពោះគហបតីមិនមែនជាញាតិដោយឥតមានសម័យទេ ជានិស្សគ្គិយហើយ ខ្ញុំសូមលះចីវរនេះដល់សង្ឃ។ (ត្រង់បេយ្យាលទាំងបី មានអធិប្បាយក្នុងសិក្ខាបទទី១ ក្នុងវគ្គជាមួយគ្នានេះរួចហើយ)។
[៥៦] គហបតិមិនមែនញាតិ ភិក្ខុដឹងច្បាស់ថា មិនមែនញាតិ ហើយសុំចីវរ ដោយឥតមានសម័យទេ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិ មិនមែនជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ហើយសុំចីវរដោយឥតមានសម័យទេ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនញាតិ ភិក្ខុដឹងច្បាស់ថាមិនមែនញាតិ សុំចីវរដោយឥតមានសម័យទេ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិជាញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ត្រូវអាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុដឹងច្បាស់ថាជាញាតិ មិនមានអាបត្ដិឡើយ។
[៥៧] អាបត្ដិមិនមានដល់ភិក្ខុកាលសុំចីវរក្នុងសម័យគួរ ក្នុងសំណាក់ជនទាំងឡាយជាញាតិ ក្នុងសំណាក់ជនទាំងឡាយដែលបវារណាហើយ សុំឱ្យអ្នកដទៃ (ដូរ) ដោយទ្រព្យខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាអាទិកម្មិកៈ។
សិក្ខាបទ ទី៦ ចប់។
(៧. តតុត្តរិសិក្ខាបទំ)
[៥៨] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគគង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ (ភិក្ខុមានពួក៦) ចូលទៅរកពួកភិក្ខុដែលមានចីវរចោរដណ្ដើមយកទៅ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតដល់ភិក្ខុមានចីវរ ដែលចោរដណ្ដើមយកទៅក្ដី ដែលមានចីវរវិនាសទៅក្ដី ឱ្យសុំចីវរនឹងគហបតិ ឬគហបតានី ដែលមិនមែនជាញាតិបាន ម្នាលអាវុសោ អ្នកទាំងឡាយចូរសុំចីវរទៅ។ ពួកភិក្ខុដែលចោរដណ្ដើមចីវរនោះឆ្លើយថា ណ្ហើយអាវុសោ យើងបានចីវរហើយ។ ពួកឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ យើងនឹងសុំចីវរឱ្យលោកដ៏មានអាយុទាំងឡាយ។ ភិក្ខុទាំងនោះឆ្លើយថា ម្នាលអាវុសោ អ្នកទាំងឡាយចូរសុំចុះ។ គ្រានោះ ពូកឆព្វគ្គិយភិក្ខុចូលទៅរកពួកគហបតិដែលមិនមែនជាញាតិ ហើយបានពោលពាក្យនេះថា ម្នាលអាវុសោ ភិក្ខុទាំងឡាយដែលមានចីវរចោរដណ្ដើមយកទៅ ឥឡូវនេះលោកនិមន្ដមក អ្នកទាំងឡាយចូរប្រគេនចីវរដល់លោកទាំងនោះផងចុះ ហើយក៏សុំចីវរមានចំនួនច្រើន។ ក៏ក្នុងសម័យនោះឯងមានបុរសម្នាក់អង្គុយក្នុងរោងសម្រាប់ប្រជុំ បានពោលពាក្យនេះនឹងបុរសម្នាក់ថា លោកម្ចាស់ទាំងឡាយដែលមានចីវរចោរដណ្ដើមយកទៅ ឥឡូវលោកនិមន្ដមក ខ្ញុំបានប្រគេនចីវរដល់លោកម្ចាស់ទាំងនោះហើយ។ បុរស នោះឯងពោលយ៉ាងនេះថា ខ្ញុំក៏បានប្រគេនចីវរដែរ។ បុរសឯទៀតនិយាយយ៉ាងនេះថា ខ្ញុំក៏បានប្រគេនដែរ។ ជនទាំងឡាយអម្បាលនោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដ មិនសមបើនឹងមិនដឹងប្រមាណ ហើយសុំចីវរមានចំនួនច្រើន (យ៉ាងនេះសោះ) ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដនឹងធ្វើជំនួញសំពត់ ឬថា នឹងតាំងរានផ្សារលក់សម្ពត់ (ទេដឹង)។ ពួកភិក្ខុបានឮពាក្យមនុស្សទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាមានប្រាថ្នាតិច ជាអ្នកសន្ដោស។បេ។ ភិក្ខុអម្បាលនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុឆព្វគ្គិយមិនសមបើនឹងមិនដឹងប្រមាណ ហើយសុំចីវរមានចំនួនច្រើន (យ៉ាងនេះ) សោះ។ ភិក្ខុទាំងនោះ ក៏ក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយមិនដឹងប្រមាណ ហើយសុំចីវរមានចំនួនច្រើន មែនឬ។ បពិត្រព្រះដ៏មានព្រះភាគ សេចក្ដីនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់ តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនសមបើនឹងមិនដឹងប្រមាណ សុំចីវរមានចំនួនច្រើន នែមោឃបុរសទាំងឡាយ អំពើនេះ មិនមែននាំឱ្យកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាហើយ ឬមិនមែននាំឱ្យរឹងរឹតតែកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយ ដែលជ្រះថ្លាហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្ដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា
បើគហបតិក្ដី គហបតានីក្ដី បវារណាដល់ភិក្ខុនោះ ដើម្បីឱ្យកាន់យកតាមត្រូវការដោយចីវរដ៏ច្រើន ភិក្ខុនោះគប្បីត្រេកអរចំពោះចីវរនោះតែត្រឹមអន្ដរវាសក និងឧត្ដរាសង្គ បើភិក្ខុត្រេកអរឱ្យលើសជាងកំណត់នោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។
[៥៩] ត្រង់ពាក្យថា ដល់ភិក្ខុនោះ គឺភិក្ខុមានចីវរដែលចោរដណ្ដើមយកទៅ។ ជនដែលមិនជាប់អំពីចំណែកមាតាក្ដី អំពីចំណែកបិតាក្ដី ដរាបដល់គូនៃជីដូនជីតាជាគំរប់៧ ហៅថា មិនមែនញាតិ។ មនុស្សប្រុសណាមួយនៅគ្រប់គ្រងផ្ទះ មនុស្សប្រុសនោះហៅថា គហបតិ។ មនុស្សស្រីណាមួយនៅគ្រប់គ្រងផ្ទះ មនុស្សស្រីនោះហៅថា គហបតានី។ ពាក្យថា ចីវរច្រើន គឺជាចីវរមានប្រមាណច្រើន។ ពាក្យថា នាំមកបវារណា គឺគ្រហស្ថពោលថា លោកម្ចាស់ត្រូវការចីវរប៉ុន្មានចូរទទួលយកប៉ុណ្ណោះចុះ។ ពាក្យថា ភិក្ខុនោះគប្បីត្រេកអរនឹងចីវរ ចំពោះចីវរដែលគេនាំមកនោះ កំណត់ត្រឹមអន្ដរវាសក និងឧត្ដរាសង្គ គឺថា បើចីវរទាំងបីវិនាសទៅហើយ ភិក្ខុគប្បីត្រេកអរត្រឹមតែចីវរពីរ (បើ) ចីវរពីរវិនាសទៅ ភិក្ខុគប្បីត្រេកអរត្រឹមតែចីវរមួយ (បើ) ចីវរវិនាសទៅតែមួយ ភិក្ខុកុំគប្បីត្រេកអរ (នឹងចីវរឯទៀត) ឡើយ។ ពាក្យថា បើភិក្ខុត្រេកអរឱ្យលើសជាងកំណត់នោះ គឺភិក្ខុសុំចីវរលើសជាងកំណត់នោះ ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលសុំ។ ចីវរដែលបានមកជានិស្សគ្គិយ ភិក្ខុត្រូវលះបង់ចីវរនោះដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះ ភិក្ខុគប្បីលះបង់យ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន ចីវរនេះ ខ្ញុំសូមពីគហបតិមិនមែនជាញាតិឱ្យលើសពីកំណត់នោះ ជានិស្សគ្គិយ ខ្ញុំសូមលះបង់ចីវរនេះដល់សង្ឃ។បេ។ គប្បីឱ្យ។បេ។ គប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៦០] គហបតិមិនមែនជាញាតិ ភិក្ខុសម្គាល់ថាមិនមែនជាញតិ ហើយសូមចីវរឱ្យលើសជាងកំណត់នោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ហើយសូមចីវរឱ្យលើសពីកំណត់នោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនជាញាតិ ភិក្ខុសម្គាល់ថាជាញាតិ ហើយសូមចីវរឱ្យលើសពីកំណត់នោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិជាញាតិ ភិក្ខុសម្គាល់ថាមិនមែនជាញាតិ ត្រូវអាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្ដិ។
[៦១] អាបត្ដិមិនមានដល់ភិក្ខុដែលនាំចីវរទៅដោយមិនគិតថា អញនឹងនាំចីវរដែលសល់មក ដល់ភិក្ខុដែលទាយកប្រគេនដោយពាក្យថា ចីវរដែលសល់ ចូរមានដល់លោកចុះ ដល់ភិក្ខុដែលទាយកប្រគេន ដោយឥតមានហេតុ គឺចោរដណ្ដើមយកចីវរ ដល់ភិក្ខុដែលទាយកប្រគេន ដែលឥតមានហេតុ គឺចីវរបាត់ ដល់ភិក្ខុត្រេកអរនឹងចីវររបស់ញាតិទាំងឡាយ ដល់ភិក្ខុត្រេកអរនឹងចីវររបស់ជនដែលគេបវារណាឱ្យ ដល់ភិក្ខុត្រេកអរនឹងចីវរដែលបានដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៧ ចប់។
(៨. ឧបក្ខដសិក្ខាបទំ)
[៦២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគគង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះ បុរសម្នាក់បាននិយាយពាក្យនេះនឹងប្រពន្ធថា អញនឹងឱ្យលោកម្ចាស់ឧបនន្ទស្លៀកដណ្ដប់ចីវរ។ កាលដែលបុរសនោះកំពុងនិយាយពាក្យយ៉ាងនេះ ភិក្ខុជាអ្នកប្រព្រឹត្ដបិណ្ឌបាតមួយអង្គបានឮ (ពាក្យនោះច្បាស់)។ ទើបភិក្ខុនោះចូលទៅរកព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដ លុះចូលទៅដល់ ហើយ ក៏និយាយពាក្យនេះនឹងព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នកមានបុណ្យច្រើន (ព្រោះ) ក្នុងឱកាសឯណោះ មានបុរសម្នាក់និយាយពាក្យនេះនឹងប្រពន្ធថា អញនឹងឱ្យលោកម្ចាស់ឧបនន្ទស្លៀកដណ្ដប់ចីវរ។ ព្រះឧបនន្ទនិយាយថា ម្នាលអាវុសោ បុរសនោះជាឧបដ្ឋាកខ្ញុំ។ ព្រះឧបនន្ទដ៏មានអាយុ ជាសក្យបុត្ដ ចូលទៅរកបុរសនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងបុរសនោះថា ម្នាលអ្នកដ៏មានអាយុ ឮថាអ្នកមានប្រាថ្នានឹងឱ្យអាត្មាស្លៀកដណ្ដប់ចីវរ មែនឬ។ បុរសនោះនិយាយថា មែន លោកម្ចាស់ ខ្ញុំគិតយ៉ាងនេះថា អញនឹងឱ្យលោកម្ចាស់ឧបនន្ទស្លៀកដណ្ដប់ចីវរ។ ព្រះឧបនន្ទនិយាយថា ម្នាលអាវុសោ បើអ្នកមានប្រាថ្នាឱ្យអាត្មាស្លៀកដណ្ដប់ចីវរ ចូរឱ្យអាត្មាស្លៀកដណ្ដប់ចីវរបែបយ៉ាងនេះចុះ (ព្រោះថា) បើអាត្មាមិនប្រើប្រាស់ចីវរណា អាត្មានឹងធ្វើខ្លួនឱ្យជាអ្នកស្លៀកដណ្ដប់នូវចីវរនោះ ដូចម្ដេចបាន។ ឯបុរសនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈ ជាកូនចៅព្រះពុទ្ធជាសក្យបុត្ដអស់នេះ មានសេចក្ដីប្រាថ្នាច្រើន មិនមានសន្ដោស ពួកសមណៈអស់នេះ ទាយកមិនងាយនឹងឱ្យស្លៀកដណ្ដប់ចីវរទេ មិនសមបើលោកម្ចាស់ឧបនន្ទដែលអញមិនទាន់បវារណាមុន ហើយមកកំណត់ចីវរ (យ៉ាងនេះ) ឡើយ។ ភិក្ខុទាំងឡាយបានឮពាក្យបុរសនោះកំពុងពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុទាំងឡាយណា មានប្រាថ្នាតិចជាអ្នកសន្ដោស។បេ។ ភិក្ខុអម្បាលនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបើព្រះឧបនន្ទដ៏មានអាយុ ជាសក្យបុត្ដ គេមិនទាន់បវារណាមុន ហើយចូលទៅរកគហបតិ ហើយកំណត់ចីវរ (យ៉ាងនេះ) ទេ។ គ្រានោះ ភិក្ខុអម្បាលនោះ ក្រាបទូលសេចក្ដីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯង គេមិនបានបវារណាមុន ហើយចូលទៅរកគហបតិ ហើយកំណត់ចីវរ មែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ម្នាលឧបនន្ទ គ្រហស្ថនោះជាញាតិរបស់អ្នក ឬមិនមែនជាញាតិទេ។ បពិត្រព្រះដ៏មានព្រះភាគ គ្រហស្ថនោះ មិនមែនជាញាតិទេ។ ទ្រង់ត្រាស់ថា ម្នាលមោឃបុរស ជនមិនមែនជាញាតិ រមែងមិនដឹងការសមគួរក្ដី មិនសមគួរក្ដី ការល្អិតល្អក្ដី មិនល្អិតល្អក្ដី របស់ជនដែលមិនមែនជាញាតិទេ ម្នាលមោឃបុរស អ្នកឯង ដែលគេមិនបានបវារណាមុន ហើយចូលទៅរកគហបតិមិនមែនជាញាតិ ហើយកំណត់ចីវរដូចម្ដេចបាន ម្នាលមោឃបុរសអំពើនេះ មិនមែននាំឱ្យកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ឬមិនមែននាំឱ្យរឹងរឹតតែកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយដែលជ្រះថ្លាហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្ដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ដម្លៃចីវរដែលគហបតិក្ដី គហបតានីក្ដី មិនមែនជាញាតិចំពោះភិក្ខុ ហើយតាំងទុកថា ខ្ញុំនឹងទិញចីវរដោយដម្លៃចីវរនេះ ហើយនឹងឱ្យភិក្ខុឈ្មោះនេះ ស្លៀកដណ្ដប់ចីវរ។ បើភិក្ខុនោះ ដែលគេមិនបានបវារណាមុន ហើយចូលទៅក្នុងទីនោះ ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ ហើយកំណត់ចីវរដោយពាក្យថា ល្អហើយអ្នកដ៏មានអាយុ អ្នកចូរទិញចីវរមានបែបយ៉ាងនេះក្ដីៗ ដោយដម្លៃចីវរនេះ ហើយឱ្យអាត្មាស្លៀកដណ្ដប់ចុះ ភិក្ខុនោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។
[៦៣] ត្រង់ពាក្យថា ចំពោះភិក្ខុ គឺដើម្បីប្រយោជន៍ដល់ភិក្ខុ ធ្វើភិក្ខុឱ្យជាអារម្មណ៍ មានប្រាថ្នាឱ្យភិក្ខុស្លៀកដណ្ដប់ចីវរ។ ជនដែលមិនជាប់អំពីចំណែកខាងមាតាក្ដី អំពីចំណែកខាងបិតាក្ដី ដរាបដល់គូនៃជីដូនជីតាទី៧ ហៅថា មិនមែនជាញាតិ។ បុរសណាមួយនៅគ្រប់គ្រងផ្ទះ បុរសនោះហៅថា គហបតិ។ ស្រីណាមួយនៅគ្រប់គ្រងផ្ទះ ស្រីនោះហៅថា គហបតានី។ ប្រាក់ក្ដី មាសក្ដី កែវមណីក្ដី កែវមុក្ដាក្ដី កែវមក៌តក្ដី កែវផលិកក្ដី សម្ពត់ ឬសក្លាតក្ដី អម្បោះក្ដី កប្បាសក្ដី ហៅថាតម្លៃចីវរ។ ពាក្យថា ដោយដម្លៃចីវរនេះ គឺដោយដម្លៃចីវរដែលតាំងឡើងចំពោះ។ ពាក្យថា ទិញ គឺប្ដូរគ្នា។ ពាក្យថា អញនឹងឱ្យស្លៀកដណ្ដប់ គឺថា អញនឹងប្រគេន។ ពាក្យថា បើភិក្ខុនោះ គឺដម្លៃចីវរដែលទាយកតម្កល់ទុកចំពោះភិក្ខុណា គឺភិក្ខុនោះឯង។ ពាក្យថា គេមិនបានបវារណាមុន គឺគេមិនទាន់និយាយមុនថា បពិត្រលោកដ៏ចម្រើន លោកត្រូវការដោយចីវរដូចម្ដេច ខ្ញុំនឹងទិញចីវរដូចម្ដេចប្រគេនលោក។ ពាក្យថា ចូលទៅ គឺទៅកាន់ផ្ទះ(គេ) ឬចូលទៅរកគេក្នុងទីណាមួយ។ ពាក្យថា កំណត់ចីវរ គឺចីវរវែងក្ដី ធំក្ដី សាច់ជិតក្ដី សាច់ម៉ត់ក្ដី។ ពាក្យថា ដោយដម្លៃចីវរនេះ គឺដោយដម្លៃចីវរដែលតាំងឡើងចំពោះ។ ពាក្យថា បែបយ៉ាងនេះក្ដីៗ គឺចីវរវែងក្ដី ធំក្ដី មានសាច់ជិតក្ដី មានសាច់ម៉ត់ក្ដី។ ពាក្យថា ទិញ គឺប្ដូរគ្នា។ ពាក្យថា ចូរឱ្យស្លៀកដណ្ដប់ គឺចូរឱ្យ។ ពាក្យថា ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ គឺជាអ្នកត្រូវការចីវរល្អ ជាអ្នកត្រូវការចីវរមានដម្លៃច្រើន។ ទាយកទិញចីវរវែងក្ដី ធំក្ដី មានសាច់ជិតក្ដី មានសាច់ ម៉ត់ក្ដី តាមសម្ដីភិក្ខុនោះ ភិក្ខុនោះត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលប្រើ ចីវរនោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុត្រូវលះដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ចីវរ ភិក្ខុត្រូវលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន ចីវរខ្ញុំនេះ គេមិនបានបវារណាមុន ខ្ញុំចូលទៅរកគហបតិមិនមែនជាញាតិ ហើយកំណត់ចីវរ ជានិស្សគ្គិយ ខ្ញុំសូមលះចីវរនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ ភិក្ខុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យចីវរដល់លោកដ៏មានអាយុ។
[៦៤] គហបតិមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ គេមិនបានបវារណាមុន ចូលទៅរកគហបតិ ហើយកំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនញាតិ ភិក្ខុមានសេចក្ដីសង្ស័យ គេមិនបានបវារណាមុន ចូលទៅរកគហបតិ ហើយកំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនញាតិ ភិក្ខុសំគាល់ថាជាញាតិ គេមិនបានបវារណាមុន ចូលទៅរកគហបតិ ហើយកំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិជាញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ត្រូវ អាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្ដិ។
[៦៥] អាបត្ដិ មិនមានដល់ភិក្ខុដែលកំណត់ចីវរក្នុងសំណាក់ជនជាញាតិ ជនដែលបានបវារណាហើយ ដល់ភិក្ខុដែលកំណត់ចីវរដើម្បីប្រយោជន៍ភិក្ខុដទៃ ដល់ភិក្ខុដែលកំណត់ចីវរដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុដែលទាយកមានប្រាថ្នានឹងទិញចីវរមានដម្លៃច្រើនប្រគេន ឱ្យទិញចីវរមានដម្លៃតិចវិញ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៨ ចប់។
(៩. ទុតិយឧបក្ខដសិក្ខាបទំ)
[៦៦] សម័យនោះព្រះពុទ្ធដ៏មានជោគ ទ្រង់គង់ក្នុងវត្ដព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះឯង បុរសម្នាក់បាននិយាយពាក្យនេះនឹងបុរសម្នាក់ថា ខ្ញុំនឹងឱ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្ដប់ចីវរ។ ឯបុរសនោះបានពោលយ៉ាងនេះថា ខ្ញុំឯងក៏នឹងឱ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្ដប់ចីវរដែរ។ ភិក្ខុមួយរូបជាអ្នកប្រព្រឹត្ដបិណ្ឌបាត បានឮពាក្យចរចារគ្នានៃបុរសទាំងឡាយនោះ។ ភិក្ខុនោះក៏ចូលទៅរកព្រះឧបនន្ទដ៏មានអាយុ ជាសក្យបុត្ដ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងព្រះឧបនន្ទដ៏មានអាយុ ជាសក្យបុត្ដថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នកមានបុណ្យច្រើន (ព្រោះ) ក្នុងឱកាសឯណោះ មានបុរសម្នាក់បាននិយាយពាក្យនេះនឹងបុរសម្នាក់ថា ខ្ញុំនឹងឱ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្ដប់ចីវរ ឯបុរសនោះក៏និយាយយ៉ាងនេះថា ខ្ញុំឯងក៏នឹងឱ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្ដប់ចីវរដែរ។ ព្រះឧបនន្ទបាននិយាយថា ម្នាលអាវុសោ បុរសទាំងនោះជាឧបដ្ឋាករបស់ខ្ញុំ។ លំដាប់នោះ ព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដចូលទៅរកបុរសទាំងនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងបុរសទាំងនោះថា ម្នាលអាវុសោ ឮថាអ្នកទាំងឡាយចង់ឱ្យអាត្មាស្លៀកដណ្ដប់ចីវរ មែនឬ។ បុរសទាំងនោះឆ្លើយថា មែនលោកម្ចាស់ យើងទាំងឡាយបានគិតយ៉ាងនេះថា យើងខ្ញុំនឹងឱ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្ដប់ចីវរទាំងឡាយ។ ព្រះឧបនន្ទនិយាយថា ម្នាលអាវុសោ បើអ្នកទាំងឡាយចង់ឱ្យអាត្មាស្លៀកដណ្ដប់ចីវរទាំងឡាយ អ្នកទាំងឡាយចូរឱ្យអាត្មាស្លៀកដណ្ដប់ដោយចីវរបែបយ៉ាងនេះចុះ បើអាត្មាមិនត្រូវប្រើប្រាស់ចីវរទាំងឡាយណា អាត្មានឹងស្លៀកដណ្ដប់ចីវរទាំងឡាយនោះ ដូចម្ដេចបាន។ គ្រានោះ បុរសទាំងនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ថា សមណៈទាំងឡាយ ជាកូនចៅព្រះពុទ្ធជាសក្យបុត្ដនេះមានប្រាថ្នាច្រើន មិនមានសន្ដោស សមណៈទាំងនេះ គេមិនងាយនឹងប្រគេនចីវរទេ មិនសមបីបើព្រះឧបនន្ទជាម្ចាស់ដែលយើងទាំងឡាយមិនបានបវារណាជាមុន ហើយចូលមកកំណត់ចីវរសោះ។ ភិក្ខុទាំងឡាយ បានឮពាក្យបុរសទាំងនោះកំពុងពោលទោស តិះដៀល បន្ដុះបង្អាប់។ ភិក្ខុទាំងឡាយណាមានប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបើព្រះឧបនន្ទដ៏មានអាយុ ជាសក្យបុត្ដ ដែលគេឥតបានបវារណាមុន ហើយចូលទៅរកគហបតិ ហើយកំណត់ចីវរសោះ។ ភិក្ខុទាំងនោះក៏ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯងគេមិនបានបវារណាជាមុន ហើយចូលទៅរកគហបតិ កំណត់ចីវរ មែនឬ។ បពិត្រព្រះដ៏មានព្រះភាគ សេចក្ដីនោះពិតមែន។ ម្នាលឧបនន្ទ ជនទាំងឡាយនោះជាញាតិ ឬមិនមែនជាញាតិទេ។ បពិត្រព្រះដ៏មានព្រះភាគ ជនទាំងនោះមិនមែនជាញាតិទេ។ ម្នាលមោឃបុរស ជនដែលមិនមែនជាញាតិ រមែងមិនដឹងការសមគួរ ឬមិនសមគួរ ការល្អិតល្អ ឬមិនល្អិតល្អ របស់ជនទាំងឡាយមែនមែនជាញាតិទេ ម្នាលមោឃបុរស អ្នកឯង គេមិនបានបវារណាជាមុន ហើយចូលទៅរកគហបតិមិនមែនជាញាតិ កំណត់ចីវរដូចម្ដេចបាន ម្នាលមោឃបុរស អំពើនេះ មិនមែននាំឱ្យកើតសេចក្ដីជ្រះថ្លា ដល់ជនទាំងឡាយមិនទាន់ ជ្រះថ្លាទេ ឬមិនមែននាំឱ្យរឹងរឹតតែកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយ ដែលជ្រះថ្លាហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្ដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា
ដម្លៃចីវរផ្សេងគ្នា ដែលគហបតិក្ដី គហបតានីក្ដី មិនមែនជាញាតិទាំងងពីរនាក់ចំពោះភិក្ខុមួយរូប ហើយដំកល់ទុកថា យើងទាំងឡាយនឹងទិញចីវរទាំងឡាយមួយម្នាក់ដោយដម្លៃចីវរផ្សេងគ្នាទាំងនេះ ហើយនឹងឱ្យភិក្ខុឈ្មោះនេះ ស្លៀកដណ្ដប់ចីវរទាំងឡាយ។ បើភិក្ខុនោះគេមិនបានបវារណាជាមុន ហើយចូលទៅក្នុងទីនោះ ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ ហើយកំណត់ចីវរដោយពាក្យថា ស្រួលហើយ អ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងពីរចូររួបរួមជាមួយគ្នា ទិញចីវរបែបយ៉ាងនេះផងៗ ដោយដម្លៃចីវរម្ចាស់ផ្សេងគ្នាយ៉ាងនេះ ហើយឱ្យអាត្មាស្លៀកដណ្ដប់ចុះ ភិក្ខុនោះ ត្រូវនិស្សគ្គិយបាចិត្ដិយ។
[៦៧] ត្រង់ពាក្យថា ចំពោះភិក្ខុមួយរូប គឺដើម្បីប្រយោជន៍ដល់ភិក្ខុ ធ្វើភិក្ខុឱ្យជាអារម្មណ៍ មានប្រាថ្នាឱ្យភិក្ខុស្លៀកដណ្ដប់។ ពាក្យថា ទាំងពីរនាក់ គឺជនទាំងពីរ។ ជនទាំងឡាយមិនបានជាប់អំពីចំណែកខាងមាតាក្ដី អំពីចំណែកខាងបិតាក្ដី ដរាបដល់គូនៃជីដូនជីតាទី៧ ហៅថា មិនមែនញាតិ។ ប្រុសទាំងឡាយឯណាមួយនៅគ្រប់គ្រងផ្ទះ ប្រុសទាំងនោះហៅថា គហបតិ។ ស្រីទាំងឡាយឯណាមួយនៅគ្រប់គ្រងផ្ទះ ស្រីទាំងនោះ ហៅថា គហបតានី។ ប្រាក់ក្ដី មាសក្ដី កែវមណីក្ដី កែវមុក្ដាក្ដី កែវមក៌តក្ដី ឬកែវពព្រុស ពេជ្រភ្នែកឆ្មារក្ដី កែវផលិកក្ដី សម្ពត់ ឬសក្លាតក្ដី អម្បោះក្ដី កប្បាសក្ដី ហៅថាដម្លៃចីវរ។ ពាក្យថា ដោយដម្លៃចីវរទាំងឡាយ គឺដោយដម្លៃចីវរដែលដំកល់ក្នុងទីចំពោះមុខ។ ពាក្យថា ទិញ គឺ ដូរ។ ពាក្យថា នឹងឱ្យស្លៀកដណ្ដប់ គឺនឹងឱ្យ។ ពាក្យថា បើភិក្ខុនោះ គឺដម្លៃចីវរដែលទាយកចំពោះភិក្ខុរូបណា ហើយដម្កល់ទុក គឺភិក្ខុរូបនោះឯង។ ពាក្យថា គេមិនបានបវារណាមុន គឺទាយកមិនបាននិយាយមុនថា ទានប្រោស លោកម្ចាស់ត្រូវការចីវរបែបដូចម្ដេច។ យើងទាំងឡាយនឹងទិញចីវរបែបដូចម្ដេចប្រគេនលោកម្ចាស់។ ពាក្យថា ចូលទៅ គឺទៅកាន់ផ្ទះ ឬចូលទៅរកគេក្នុងទីណាមួយ។ ពាក្យថា កំណត់ចីវរ គឺចីវរវែងក្ដី ធំក្ដី មាន សាច់ជិតក្ដី មានសាច់ម៉ត់ក្ដី។ ពាក្យថា ដោយដម្លៃចីវរទាំងនេះ គឺដម្លៃចីវរទាំងឡាយដែលដំកល់ក្នុងទីចំពោះមុខ។ ពាក្យថា បែបយ៉ាងនេះផងៗ គឺចីវរវែងក្ដី ធំក្ដី មានសាច់ជិតក្ដី មានសាច់ម៉ត់ក្ដី។ ពាក្យថា ទិញ គឺដូរ។ ពាក្យថា ចូរឱ្យស្លៀកដណ្ដប់ គឺចូរប្រគល់ឱ្យ។ ពាក្យថា អ្នកទាំងពីរចូររួបរួមជាមួយគ្នា គឺអ្នកទាំងពីរ ចូររួបរួមគ្នា។ ពាក្យថា ព្រោះអាស្រ័យសេចក្ដីចង់បានចីវរល្អ គឺភិក្ខុ មានសេចក្ដីត្រូវការដោយចីវរស្អាត ត្រូវការដោយចីវរមានដម្លៃច្រើន។ ទាយកទាំងឡាយទិញចីវរវែងក្ដី ធំក្ដី មានសាច់ជិតក្ដី មានសាច់ល្អិតក្ដី តាមពាក្យភិក្ខុនោះ ភិក្ខុនោះ ត្រូវទុក្កដក្នុងប្រយោគដែលប្រើ ចីវរនោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុត្រូវលះដល់សង្ឃក្ដី ដល់គណៈក្ដី ដល់បុគ្គលក្ដី។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះភិក្ខុត្រូវលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន ចីវរខ្ញុំនេះ គេមិនបានបវារណាជាមុន ខ្ញុំចូលទៅរកគហបតិមិនមែនជាញាតិ ហើយកំណត់ចីវរ ជានិស្សគ្គិយ ខ្ញុំសូមលះចីវរនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុ ទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៦៨] គហបតិមិនមែនជាញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ គេមិនបានបវារណាមុន ចូលទៅរកគហបតិទាំងឡាយ ហើយកំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ គេមិនបានបវារណាមុន ចូលទៅរកគហបតិទាំងឡាយ ហើយ កំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនជាញាតិ ភិក្ខុសំគាល់ថាជាញាតិ គេមិនបានបវារណាមុន ហើយចូលទៅរកគហបតិទាំងឡាយ ហើយកំណត់ចីវរ ត្រូវនិស្សគ្គិយបាចិត្ដិយ។ គហបតិជាញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ត្រូវអាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ គហបតិជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនជាអាបត្ដិ។
[៦៩] អាបត្ដិមិនមានដល់ភិក្ខុដែលកំណត់ចីវរក្នុងសំណាក់ជនជាញាតិទាំងឡាយ ដល់ភិក្ខុដែលជនបានបវារណាហើយ ដល់ភិក្ខុដែលកំណត់ចីវរដើម្បីភិក្ខុដទៃ ដល់ភិក្ខុដែលកំណត់ចីវរដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុដែលញ៉ាំងទាយកមានប្រាថ្នាទិញចីវរមានដម្លៃច្រើន ឱ្យទិញចីវរ មានដម្លៃតិចវិញ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៩ ចប់។
(១០. រាជសិក្ខាបទំ)
[៧០] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់ក្នុងវត្ដព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង អមាត្យធំជាឧបដ្ឋាករបស់ព្រះឧបនន្ទដ៏មានអាយុ ជាសក្យបុត្ដ បញ្ជូនដម្លៃចីវរទៅដោយបម្រើ ដើម្បីព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដដោយពាក្យថា អ្នកចូរទិញចីវរដោយដម្លៃចីវរនេះ ហើយចូរឱ្យព្រះឧបនន្ទជាម្ចាស់ស្លៀកដណ្ដប់ចីវរចុះ។ ឯបម្រើនោះក៏ចូលទៅរកព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងព្រះឧបនន្ទដ៏មានអាយុជាសក្យបុត្ដថា បពិត្រលោកម្ចាស់ដ៏ចម្រើន ដម្លៃចីវរនេះ ខ្ញុំនាំមកចំពោះលោកដ៏មានអាយុ សូមលោកដ៏មានអាយុ ទទួលយកដម្លៃចីវរ (នេះ)ចុះ។ កាលបើបម្រើនោះនិយាយយ៉ាងនេះហើយ ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ បានពោលពាក្យនេះនឹងបម្រើនេះថា ម្នាលអាវុសោ យើងទទួលដម្លៃចីវរមិនបានទេ យើងទទួលបានតែចីវរដ៏សមគួរដោយកាលគួរ។ កាលបើព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ ពោលយ៉ាងនេះហើយ បម្រើនោះបានពោលពាក្យនេះនឹងព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុថា អ្នកណាមួយជាវេយ្យាវច្ចករ9) របស់លោកដ៏មានអាយុ មានដែរឬ។ សម័យនោះ ឧបាសកម្នាក់បានទៅកាន់អារាមដោយមានកិច្ចការនីមួយ។ គ្រានោះ ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ បានពោលពាក្យនេះនឹងបម្រើនោះថា ម្នាលអាវុសោ ឧបាសកនេះឯង ជាវេយ្យាវច្ចកររបស់ភិក្ខុទាំងឡាយ។ ឯបម្រើនោះក៏ពន្យល់ឧបាសកនោះ ហើយចូលទៅរកព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុថា បពិត្រលោកដ៏ចម្រើន វេយ្យាវច្ចករដែលលោកដ៏មានអាយុចង្អុរប្រាប់នោះ ខ្ញុំបានពន្យល់ហើយ សូមលោកដ៏មានអាយុចូរទៅរកគេចុះ វេយ្យាវច្ចករនោះនឹងឱ្យលោកម្ចាស់ស្លៀកដណ្ដប់ចីវរ ដោយកាលដ៏គួរ។ សម័យនោះឯង ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុមិនបាននិយាយពាក្យអ្វីនីមួយនឹងឧបាសកឡើយ។ អាមាត្យធំនោះបញ្ជូនបម្រើទៅក្នុងសំណាក់ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ អស់វារៈជាគំរប់ពីរដងថា លោកម្ចាស់ចូរប្រើប្រាស់ចីវរនោះ យើងខ្ញុំចង់ឱ្យលោកម្ចាស់ប្រើប្រាស់ចីវរនោះ។ ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុក៏មិនបាននិយាយពាក្យអ្វីនីមួយនឹងឧបាសកនោះអស់វារៈពីរដង។ មហាមាត្យនោះបញ្ជូនបម្រើទៅក្នុងសំណាក់ព្រះឧបបន្ទសក្យបុត្ដដ៏មានអាយុអស់វារៈបីដងថា លោកម្ចាស់ចូរប្រើប្រាស់ចីវរនោះ យើងខ្ញុំចង់ឱ្យលោកម្ចាស់ប្រើប្រាស់ចីវរនោះ។ សម័យនោះឯង ជាសម័យនៃអ្នកនៅក្នុងនិគម។ ក៏អ្នកនិគមបានធ្វើកតិកា (ប្ដេជ្ញា) គ្នាថា អ្នកណាមកក្រោយគេ ត្រូវលក់អ្នកនោះហាសិបកហាបណៈ។ លំដាប់នោះ ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ ចូលទៅរកឧបាសកនោះ លុះចូលទៅជិតហើយ បានពោលពាក្យនេះនឹងឧបាសកនោះថា ម្នាលអាវុសោ អាត្មាត្រូវការចីវរ។ ឧបាសកនោះតបថា បពិត្រលោកដ៏ចម្រើន លោកម្ចាស់សូមបង្អង់ថ្ងៃនេះមួយថ្ងៃសិន (ព្រោះ) ថ្ងៃនេះជាសម័យ (ប្ដេជ្ញាគ្នា) នៃអ្នកនៅក្នុងនិគម អ្នកនិគមធ្វើប្ដេជ្ញាគ្នាថា អ្នកណាមកក្រោយគេ ត្រូវលក់អ្នកនោះហាសិបកហាបណៈ ព្រះឧបនន្ទក៏លូកចាប់ថ្នក់ថា ម្នាលអាវុសោ ចូរអ្នកឱ្យចីវរដល់អាត្មាក្នុងថ្ងៃនេះឯង។ ឯឧបាសកដែលព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុជំរឹតទារ ក៏ទិញចីវរប្រគេនឧបនន្ទសក្យបុត្ដដ៏មានអាយុ ហើយបានទៅដល់ (និគមនោះ) ជាខាងក្រោយគេ។ មនុស្សទាំងឡាយ បានពោលពាក្យនេះនឹងឧបាសកនោះថា អ្នកជាម្ចាស់ អ្នកមកក្នុងកាលជាខាងក្រោយគេ ព្រោះហេតុអ្វី យើងឈ្នះអ្នកហាសិបកហាបណៈហើយ។ ទើបឧបាសកនោះប្រាប់ដំណើរនុ៎ះដល់មនុស្សទាំងអម្បាលនោះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា សមណៈទាំងឡាយជាកូនចៅព្រះពុទ្ធ ជាសក្យបុត្ដអម្បាលនេះ មានសេចក្ដីប្រាថ្នាធំ ឥតមានសន្ដោស មិនងាយអ្នកណានឹងធ្វើការខ្វល់ខ្វាយបម្រើដល់សមណៈអម្បាលនេះទេ ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ កាលបើឧបាសកពោលថា លោកម្ចាស់ សូមលោកម្ចាស់បង្អង់ក្នុងថ្ងៃនេះមួយថ្ងៃសិន មិនគួរបើមិនព្រមបង្អង់ចាំសោះ។ ភិក្ខុទាំងឡាយ បានឮពាក្យមនុស្សទាំងឡាយពោលទោស តិះដៀលបន្ដុះបង្អាប់ហើយ ភិក្ខុទាំងឡាយណាមានប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ព្រះឧបនន្ទសក្យបុត្ដដ៏មានអាយុ កាលបើឧបាសកនិយាយថា លោកម្ចាស់ សូមលោកម្ចាស់បង្អង់ក្នុងថ្ងៃនេះមួយថ្ងៃសិន មិនគួរបើមិនព្រមបង្អង់ ឱ្យសោះ។ គ្រានោះ ភិក្ខុទាំងនោះក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកឯងកាលឧបាសកពោលថា លោកម្ចាស់ សូមលោកម្ចាស់បង្អង់ក្នុងថ្ងៃនេះមួយថ្ងៃសិន មិនព្រមបង្អង់ចាំ មែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងកាលដែលឧបាសកពោលថា លោកម្ចាស់ សូមលោកបង្អង់ក្នុងថ្ងៃនេះមួយថ្ងៃសិន មិនសមបើមិនបង្អង់ឱ្យគេទេ ម្នាលមោឃបុរស អំពើដែលអ្នកធ្វើនេះ មិនមែននាំឱ្យកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ឬមិនមែននាំឱ្យរឹងរឹតតែកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយដែលជ្រះថ្លាហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសម្ដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា
ស្ដេចក្ដី រាជអាមាត្យក្ដី ព្រាហ្មណ៍ក្ដី គហបតិក្ដី បញ្ជូនដម្លៃចីវរទៅ ដោយបម្រើចំពោះភិក្ខុមួយរូបថា អ្នកឯងចូរទិញចីវរដោយដម្លៃចីវរនេះ ហើយចូរឱ្យភិក្ខុឈ្មោះនេះស្លៀកដណ្ដប់ចីវរចុះ។ បើបម្រើនោះ ចូលទៅរកភិក្ខុនោះ ហើយពោលយ៉ាងនេះថា លោកម្ចាស់ដម្លៃចីវរនេះ ខ្ញុំនាំមកចំពោះលោកដ៏មានអាយុ លោកដ៏មានអាយុសូមទទួលយកដម្លៃចីវរចុះ ភិក្ខុនោះត្រូវនិយាយពាក្យយ៉ាងនេះនឹងបម្រើនោះថា ម្នាល អាវុសោ យើងទទួលយកដម្លៃចីវរមិនបានទេ យើងទទួលបានតែចីវរសមគួរដោយកាលដ៏គួរ។ បើបម្រើនោះពោលនឹងភិក្ខុនោះយ៉ាងនេះថា អ្នកណាមួយជាវេយ្យាវច្ចកររបស់លោកដ៏មានអាយុ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកត្រូវការចីវរ គប្បីបង្ហាញវេយ្យាវច្ចករ គឺញោមវត្ដ ឬឧបាសកថា ម្នាលអាវុសោ អ្នកនេះឯងជាវេយ្យាវច្ចករ របស់ភិក្ខុទាំងឡាយ។ បើបម្រើនោះពន្យល់វេយ្យាវច្ចករនោះហើយ ក៏ចូលទៅរកភិក្ខុនោះ ហើយពោលយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន លោកដ៏មានអាយុបង្ហាញនូវវេយ្យាវច្ចករណា វេយ្យាវច្ចករនោះខ្ញុំព្រះករុណាបានពន្យល់ហើយ សូមលោកដ៏មានអាយុចូលទៅរក (គេ)ចុះ គេនឹងឱ្យលោកម្ចាស់ស្លៀកដណ្ដប់ចីវរដោយកាលដ៏គួរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកត្រូវការចីវរ គប្បីចូលទៅតឹងទារ ដាស់តឿនវេយ្យាវច្ចករពីរ បីលើកថា ម្នាលអាវុសោ អាត្មាត្រូវការចីវរ។ កាលបើភិក្ខុទៅតឹងទារ ទៅដាស់តឿនអស់ពីរបីលើក ក៏ញ៉ាំងចីវរនោះឱ្យសម្រេចបាន ការនេះជាការល្អ បើញ៉ាំងចីវរនោះឱ្យសម្រេចមិនបានទេ ភិក្ខុគប្បីទៅឈរស្ងៀមចំពោះមុខបួនលើក ប្រាំលើក ប្រាំមួយលើកយ៉ាងច្រើន កាលបើភិក្ខុឈរស្លៀមនៅចំពោះមុខបួនលើក ប្រាំលើក ប្រាំមួយលើក យ៉ាងច្រើន ញ៉ាំងចីវរនោះឱ្យសម្រេចបាន ការនេះជាការល្អ បើធ្វើចីវរនោះឱ្យសម្រេចមិនបានទេ ហើយភិក្ខុនោះចេះតែព្យាយាមឱ្យលើសអំពីកំណត់នោះ ទាល់តែបានចីវរនោះមក ភិក្ខុនោះ ត្រូវនិស្សគ្គិយបាចិត្ដិយ បើភិក្ខុញ៉ាំងចីវរនោះឱ្យសម្រេចមិនបានទេ បម្រើនោះនាំដម្លៃចីវរមកដើម្បីភិក្ខុនោះ អំពីសំណាក់អ្នកណា ភិក្ខុគប្បីទៅខ្លួនឯង ឬប្រើបម្រើទៅក្នុងសំណាក់អ្នកនោះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយបញ្ជូនដម្លៃចីវរណាទៅចំពោះភិក្ខុរូបណា ដម្លៃចីវរនោះ មិនសម្រេចប្រយោជន៍បន្ដិចបន្ដួចដល់ភិក្ខុរូបនោះទេ អ្នកដ៏មានអាយុចូរទារយករបស់ខ្លួនវិញចុះ ទ្រព្យរបស់អ្នកទាំងឡាយចូរកុំឱ្យវិនាស ការនេះជាសាម៉ីចិកម្ម (សេចក្ដីប្រព្រឹត្ដគួរ) ក្នុងសិក្ខាបទនោះ។
[៧១] ត្រង់ពាក្យថា ចំពោះភិក្ខុមួយរូប សេចក្ដីថា ដើម្បីប្រយោជន៍ដល់ភិក្ខុ គឺធ្វើភិក្ខុឱ្យជាអារម្មណ៍ មានប្រាថ្នាឱ្យភិក្ខុស្លៀកដណ្ដប់ចីវរ។ អ្នកណាមួយសោយរាជសម្បត្ដិ អ្នកនោះឈ្មោះថា ស្ដេច។ អ្នកណាមួយ គួរទទួលបាយនឹងបៀរវត្ដរបស់ស្ដេច អ្នកនោះឈ្មោះថា រាជអមាត្យ។ ជនជាព្រាហ្មណ៍ដោយជាតិ ឈ្មោះថា ព្រាហ្មណ៍។ ដែលហៅថា គហបតិ គឺជនដ៏សេស វៀរលែងស្ដេច រាជអមាត្យ និងព្រាហ្មណ៍ចេញ ហៅថា គហបតិ។ ប្រាក់ក្ដី មាសក្ដី កែវមណីក្ដី កែវមុក្ដាក្ដី កែវមក៌តក្ដី កែវផលិកក្ដី ហៅថាថ្លៃចីវរ។ ពាក្យថា ដោយដម្លៃចីវរនេះ គឺដម្លៃចីវរដែល គេដំកល់ទុកចំពោះ។ ពាក្យថា ទិញ គឺដូរ។ ពាក្យថា ឱ្យស្លៀកដណ្ដប់ គឺឱ្យ។ ពាក្យថាបើបំរើនោះចូលទៅរកភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា លោកម្ចាស់ដម្លៃចីវរនេះ ខ្ញុំនាំមកចំពោះលោកដ៏មានអាយុ។ លោកដ៏មានអាយុ ចូរទទួលយកដម្លៃចីវរចុះ។ ភិក្ខុនោះគប្បីនិយាយយ៉ាងនេះនឹងបម្រើនោះថា ម្នាលអាវុសោ យើងទទួលយកដម្លៃចីវរមិនបានទេ យើងទទួលបានតែចីវរសមគួរដោយកាលដ៏គួរ។ បើបម្រើនោះនិយាយនឹងភិក្ខុនោះយ៉ាងនេះថា អ្នកណាមួយជាវេយ្យាវច្ចកររបស់ លោកដ៏មានអាយុ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកត្រូវការចីវរ គប្បីបង្ហាញវេយ្យាវច្ចករ គឺញោមវត្ដ ឬឧបាសក (ប្រាប់គេ) ថា ម្នាលអាវុសោ បុគ្គលនេះឯង ជាវេយ្យាវច្ចកររបស់ភិក្ខុទាំងឡាយ។ មិនគប្បីពោលនឹងបម្រើនោះថា អ្នកចូរឱ្យដល់បុគ្គលនោះក្ដី ថា បុគ្គលនោះនឹងទុកដាក់ក្ដី ថា បុគ្គលនោះនឹងដូរក្ដី ថា បុគ្គលនោះនឹងទិញក្ដី បើបម្រើនោះពន្យល់វេយ្យាវច្ចករនោះ ហើយចូលទៅរកភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន លោកដ៏មានអាយុ បង្ហាញនូវវេយ្យាវច្ចករណា វេយ្យាវច្ចករនោះខ្ញុំបានពន្យល់ហើយ សូមលោកដ៏មានអាយុ ចូលទៅរក (គេ) ចុះ វេយ្យាវច្ចករនោះនឹងឱ្យលោកស្លៀកដណ្ដប់ចីវរដោយកាលគួរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកត្រូវការចីវរ ត្រូវចូលទៅរកវេយ្យាវច្ចករ ហើយដាស់តឿនរំលឹកពីរ បីលើកថា ម្នាលអ្នកដ៏មានអាយុ អាត្មាត្រូវការចីវរ។ មិនគប្បីនិយាយថា អ្នកចូរឱ្យចីវរដល់អាត្មា ចូរនាំចីវរមកឱ្យអាត្មា ចូរដូរចីវរឱ្យអាត្មា ចូរចាត់ចែងចីវរឱ្យអាត្មា។ ភិក្ខុគប្បីនិយាយនឹងវេយ្យាវច្ចករនោះ អស់វារៈពីរដងផង គប្បីនិយាយអស់វារៈបីដងផង។ បើភិក្ខុញ៉ាំងចីវរនោះឱ្យសម្រេចបាន ការនេះជាការល្អ បើភិក្ខុញ៉ាំងចីវរនោះឱ្យសម្រេចមិនបានទេ ភិក្ខុគប្បីទៅក្នុងទីនោះ ហើយឈរនៅស្ងៀមក្នុងទីចំពោះមុខ មិនគប្បីអង្គុយលើអាសនៈ មិនគប្បីទទួលអាមិស មិនគប្បីនិយាយធម៌។ កាលបើវេយ្យាវច្ចករនោះសួរថា លោកមកព្រោះហេតុអ្វី ភិក្ខុគប្បីនិយាយថា ម្នាលអ្នកដ៏មានអាយុ អ្នកចូរដឹងចុះ ថាបើភិក្ខុអង្គុយលើអាសនៈក្ដី ទទួលអាមិសក្ដី និយាយធម៌ក្ដី ឈ្មោះថាកាច់កិរិយាឈរ។ ភិក្ខុគប្បីឈរអស់វារៈពីរដងផង គប្បីឈរអស់វារៈបីដងផង គប្បីទារបួនដងផង ហើយឈរបួនដងផង (បើ) ទារប្រាំដងហើយ គប្បីឈរពីរដង (បើ)ទារប្រាំមួយដងហើយ មិនគប្បីឈរ (ទៀត)ទេ។ កាលបើភិក្ខុព្យាយាមឱ្យលើសពីកំណត់នោះ ឱ្យចីវរនោះសម្រេចបាន ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលព្យាយាម ចីវរដែលបានមកជានិស្សគ្គិយ ចីវរនោះ ភិក្ខុត្រូវលះដល់សង្ឃក្ដី ដល់គណៈក្ដី ដល់បុគ្គលក្ដី។ ម្នាលភិក្ខុទាំងឡាយ ចីវរនោះ ភិក្ខុគប្បីលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន ចីវរនេះ ខ្ញុំឱ្យសម្រេចបានដោយទារលើសពី៣ដង ដោយឈរលើសពី៦ដង ជានិស្សគ្គិយ ខ្ញុំសូមលះចីវរនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យលោកដ៏មានអាយុ។ បើភិក្ខុឱ្យចីវរនោះសម្រេចមិនបានទេ ថ្លៃចីវរដែលគេនាំមកដើម្បីភិក្ខុនោះអំពីសំណាក់បុគ្គលណា ភិក្ខុគប្បីទៅក្នុងសំណាក់បុគ្គលនោះខ្លួនឯងក្ដី ប្រើបម្រើឱ្យទៅក្ដី ដោយពាក្យថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយបញ្ជូនដម្លៃចីវរណាទៅចំពោះភិក្ខុ ដម្លៃចីវរនោះមិនសម្រេចប្រយោជន៍បន្ដិចបន្ដួចដល់ភិក្ខុនោះទេ អ្នកដ៏មានអាយុទាំងឡាយ ចូរតឿនទារយករបស់ខ្លួនចុះ ទ្រព្យរបស់អ្នកទាំងឡាយ ចូរកុំឱ្យវិនាស។ ពាក្យថា ការនេះជាសាម៉ីចិកម្មក្នុងសិក្ខាបទនោះ គឺថាការនេះ ជាសភាពដ៏សមគួរតាមធម៌ក្នុងសិក្ខាបទនោះ។
[៧២] ភិក្ខុទារលើសពី៣ដង ឈរលើសពី៦ដង មានសេចក្ដីសម្គាល់ថាលើសមែន (ហើយ) ឱ្យចីវរនោះសម្រេចបាន ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុទារលើសពីបីដង ឈរលើសពីប្រាំមួយដង មានសេចក្ដីសង្ស័យ ហើយឱ្យចីវរនោះសម្រេចបាន ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុទារលើសពី៣ដង ឈរលើសពី៦ដង មានសេចក្ដីសំគាល់ថានៅខ្វះ ហើយឱ្យចីវរនោះសម្រេចបាន ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុទារថយពី៣ដង ឈរថយពី៦ដង មានសេចក្ដីសំគាល់ថាលើស ត្រូវអាបត្ដិទុក្កដ។ ភិក្ខុទារថយពី៣ដង ឈរថយពី៦ដង មានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុទារថយពី៣ដង ឈរថយពី៦ដង មានសេចក្ដីសំគាល់ថាថយ ជាអនាបត្ដិ។
[៧៣] អាបត្ដិមិនមានដល់ភិក្ខុញ៉ាំងចីវរឱ្យសម្រេចដោយទារ (ត្រឹម) ៣ដង ឈរ (ត្រឹម) ៦ដង ដល់ភិក្ខុញ៉ាំងចីវរឱ្យសម្រេចដោយទារខ្វះពី៣ដង ឈរខ្វះពី៦ដង ដល់ភិក្ខុដែលមិនបានតឹងទារ វេយ្យាវច្ចករគេឱ្យ (ឯង) ដល់ភិក្ខុដែលម្ចាស់របស់ទារឱ្យ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទ ទី១០ ចប់។
ចីវរវគ្គ ទី១ ចប់។
ឧទ្ទាន10) នៃចីវរវគ្គនោះ ដូច្នេះគឺ
សំពត់អតិរេកចីវរដែលភិក្ខុបានមកហើយ មិនបានវិកប្បអធិដ្ឋានក្នុងវេលា ដែលអស់អំណាចអានិសង្សកឋិន ហើយទុកឱ្យកន្លងដប់រាត្រី១ ក្នុងវេលា ដែលអស់អំណាចអានិសង្សកឋិនហើយ ភិក្ខុនៅប្រាសចាកត្រៃចីវរឱ្យកន្លងមួយរាត្រី១ ភិក្ខុទុកអកាលចីវរឱ្យហួសពីមួយខែ១ ភិក្ខុប្រើនាងភិក្ខុនីមិនមែនជាញាតិឱ្យលាងចីវរចាស់១ ភិក្ខុទទួលចីវរពីដៃនាងភិក្ខុនីមិនមែនជាញាតិ១ ភិក្ខុសូមចីវរពីគ្រហស្ថមិនមែនជាញាតិ១ ភិក្ខុសូមចីវរហួសពីអន្ដរវាសក (ស្បង់) និងឧត្ដរាសង្គ (ចីពរ)១ ភិក្ខុទៅនិយាយនឹងគ្រហស្ថ ដែលមិនមែនជាញាតិ មិនបានបវារណា ដែលគេបម្រុងនឹងប្រគេនចីវរ ឱ្យគេប្រគេនចីវរឱ្យល្អ១ ភិក្ខុទៅនិយាយនឹងគ្រហស្ថច្រើនរូបមិនមែនជាញាតិ មិនមែនជនដែលបានបវារណា ឱ្យគេរួបរួមថ្លៃជាមួយគ្នា ដើម្បីទិញចីវរល្អ១ ភិក្ខុទៅតឹងទារចីវរអំពីវេយ្យាវច្ចករហួសពីបីដង និងឈរហួសពីប្រាំមួយដង១។
(២. កោសិយវគ្គោ)
(១. កោសិយសិក្ខាបទំ)
[៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអគ្គាឡវចេតិយ ទៀបក្រុងអាឡវី។ ក៏ក្នុងសម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ចូលទៅរកពួកជនអ្នកធ្វើសូត្រ ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយចូរស្ងោរនាងទាំងឡាយឱ្យច្រើន នឹង ឱ្យយើងខ្លះ យើងក៏ចង់ធ្វើសន្ថ័តលាយដោយសូត្រដែរ។ ជនអ្នកធ្វើសូត្រទាំងឡាយនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ថា សមណៈទាំងឡាយ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្ដ មិនសមបើនឹងចូលទៅរកយើង ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយ ចូរស្ងោរនាងឱ្យច្រើន នឹងឱ្យយើងខ្លះ យើងចង់ធ្វើសន្ថ័តលាយដោយសូត្រដែរ ពួកយើងណាធ្វើសត្វមានជីវិតតូចៗ ជាច្រើនឱ្យដល់នូវសេចក្ដីវិនាស ព្រោះហេតុសេចក្ដីចិញ្ចឹមជីវិតខ្លួន និងកូនប្រពន្ធ ពួកយើងទាំងនោះ ឈ្មោះថាមិនមានញាតិផង ឈ្មោះថាបានទ្រព្យដោយអាក្រក់ផង។ ភិក្ខុទាំងឡាយបានឮពាក្យជនអម្បាលនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណាមានប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងចូលទៅរកជនអ្នកធ្វើសូត្រ ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុ អ្នកទាំងឡាយ ចូរស្ងោរនាងឱ្យច្រើន នឹងឱ្យយើងខ្លះ យើងចង់ធ្វើសន្ថ័តលាយដោយសូត្រដែរ។ ភិក្ខុទាំងឡាយនោះ ក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយចូលទៅរកពួកអ្នកធ្វើសូត្រ ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយ ចូរស្ងោរនាងឱ្យច្រើន នឹងឱ្យយើងខ្លះ យើងចង់ធ្វើសន្ថ័តលាយដោយសូត្រដែរ ពិតមែនឬ។ បពិត្រព្រះដ៏មានព្រះភាគ ដំណើរនោះពិតមែន។ ព្រះពុទ្ធដ៏មានជោគតិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយ មិនសមបើនឹងចូលទៅរកពួកអ្នកធ្វើសូត្រ ហើយនិយាយយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយចូរស្ងោរនាងឱ្យច្រើន នឹងឱ្យយើងខ្លះ យើងចង់ធ្វើសន្ថ័តលាយដោយសូត្រដែរ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាហើយផង មិនមែននាំឱ្យរឹងរឹតតែជ្រះថ្លាដល់ជនដែលជ្រះថ្លាហើយផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសម្ដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា
ភិក្ខុណាមួយ ឱ្យគេធ្វើសន្ថ័តលាយដោយសូត្រ សន្ថ័តនោះជានិស្សគ្គិយ11) ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[៧៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១ ក្នុងបារាជិកកណ្ឌ រួចហើយ។ គ្រឿងកម្រាលដែលមិនបានត្បាញ គេស្មាច់សម្រេចតែម្ដង ហៅថា សន្ថ័ត។ ពាក្យថា ឱ្យគេធ្វើ គឺភិក្ខុលាយដោយសរសៃសូត្រសូម្បីមួយសរសៃ ហើយធ្វើខ្លួនឯងក្ដី ប្រើគេឲ្យធ្វើក្តី ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលធ្វើ។ សន្ថ័តដែលបានមក ជានិស្សគ្គិយ ភិក្ខុត្រូវលះដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ សន្ថ័តនោះ ភិក្ខុត្រូវលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន សន្ថ័តលាយដោយសូត្រនេះ ខ្ញុំឱ្យគេធ្វើ ជានិស្សគ្គិយ ខ្ញុំសូមលះសន្ថ័តនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៧៦] សន្ថ័ត ភិក្ខុធ្វើខ្លួនឯងមិនទាន់ស្រេច ភិក្ខុឱ្យសម្រេចដោយខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័តដែលភិក្ខុធ្វើខ្លួនឯងមិនទាន់ស្រេច ឱ្យអ្នកដទៃសម្រេច សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័តដែលអ្នកដទៃធ្វើមិនទាន់ស្រេច ភិក្ខុឱ្យ សម្រេចដោយខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័តដែលអ្នកដទៃធ្វើមិនទាន់សម្រេច ភិក្ខុឱ្យអ្នកដទៃសម្រេច សន្ថ័តនោះ ជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុធ្វើខ្លួនឯងក្ដី ប្រើគេឱ្យធ្វើក្ដី ដើម្បីអ្នកដទៃ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុបានសន្ថ័តដែលអ្នកដទៃធ្វើ ហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។
[៧៧] អាបត្ដិ មិនមានដល់ភិក្ខុដែលធ្វើសម្ពត់ពិតានក្ដី សម្ពត់កម្រាលលើទីដែលគេបូកលាបក្ដី រនាំងក្ដី ពូកក្ដី ខ្នើយក្ដី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី១ ចប់។
(២. សុទ្ធកាឡកសិក្ខាបទំ)
[៧៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់ក្នុងកូដាគារសាលា ក្នុងមហាវន ទៀបក្រុងវេសាលី។ ក៏ក្នុងសម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ។ មនុស្សទាំងឡាយ ដើរទៅកាន់ចារិកវិហារ ឃើញហើយពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈទាំងនេះ ជាកូនចៅព្រះពុទ្ធជាសក្យបុត្ដ មិនសមបើនឹងឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ ដូចជាពួកគ្រហស្ថ ជាអ្នកបរិភោគកាមសោះ។ ភិក្ខុទាំងឡាយបានឮពាក្យពួកមនុស្សពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាមានប្រាថ្នាតិច។បេ។ ភិក្ខុអម្បាល នោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹង ឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធសោះ។ ភិក្ខុអម្បាលនោះក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយ មិនសមបើនឹងឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធទេ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នករាល់គ្នាធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាហើយផង មិនមែននាំឱ្យរឹងរឹតតែជ្រះថ្លាដល់ជនដែលជ្រះថ្លាហើយផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្ដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ ឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវ អាបត្ដិបាចិត្ដិយ។
[៧៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី ១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា រោមចៀមខ្មៅ ( នោះសំដៅយក) រោមចៀមខ្មៅទាំង ២យ៉ាង គឺ រោមចៀមខ្មៅពីកំណើត១ រោមចៀមខ្មៅពីគ្រឿងជ្រលក់១។ គ្រឿងកម្រាលដែលគេមិនត្បាញ គ្រាន់តែគេស្មាច់ ហើយធ្វើឱ្យសម្រេច ហៅថា សន្ថ័ត។ ពាក្យថា ឱ្យគេធ្វើ គឺភិក្ខុធ្វើខ្លួនឯងក្ដី ឱ្យគេធ្វើក្ដី ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលធ្វើ សន្ថ័ត ដែលបានមកជានិស្សគ្គិយ ភិក្ខុត្រូវលះដល់សង្ឃក៏បាន ដល់គណៈក៏បាន ដល់បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន សន្ថ័តនេះ ខ្ញុំឱ្យគេធ្វើដោយរោមចៀមខ្មៅសុទ្ធ ជានិស្សគ្គិយ ខ្ញុំសូមលះសន្ថ័តនេះដល់សង្ឃ។បេ។ សង្ឃត្រូវឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយត្រូវឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៨០] សន្ថ័តដែលភិក្ខុធ្វើខ្លួនឯងមិនទាន់ស្រេច ឱ្យសម្រេចដោយ ខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័តដែល ភិក្ខុធ្វើខ្លួនឯងមិនទាន់ស្រេច ឱ្យអ្នកដទៃសម្រេច សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័តដែលអ្នកដទៃធ្វើមិនទាន់ស្រេច ភិក្ខុឱ្យសម្រេចដោយខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ សន្ថ័តដែលអ្នកដទៃធ្វើមិនទាន់ស្រេច ភិក្ខុឱ្យអ្នកដទៃសម្រេច សន្ថ័តនោះ ជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុធ្វើសន្ថ័តខ្លួនឯងក្ដី ប្រើគេឱ្យធ្វើក្ដី ដើម្បីប្រយោជន៍បុគ្គលដទៃ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុបានសន្ថ័តដែលបុគ្គលដទៃធ្វើ ហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។
[៨១] អាបត្ដិមិនមានដល់ភិក្ខុធ្វើសម្ពត់ពិតានក្ដី គ្រឿងកម្រាលផែនដីក្ដី រនាំងក្ដី ពូកក្ដី ខ្នើយក្ដី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី២ ចប់។
(៣. ទ្វេភាគសិក្ខាបទំ)
[៨២] សម័យនោះ ព្រះសម្ពុទ្ធដ៏មានបុញ្ញសិរី ព្រះអង្គគង់ក្នុងវត្ដព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ព្រះដ៏មានព្រះភាគទ្រង់ឃាត់ហាមមិនឱ្យភិក្ខុប្រើគេឲ្យធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ ក៏នាំគ្នាប្រើឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធដូច្នោះ តែលាយដោយរោមចៀមសបន្ដិចត្រង់ជាយ។ ភិក្ខុទាំងឡាយណា អ្នកមានប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបើ នឹងទៅឱ្យគេធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធដូច្នោះ ហើយយករោម ចៀមសលាយបន្ដិចត្រង់ជាយប៉ុណ្ណោះទេ។ គ្រានោះ ភិក្ខុទាំងឡាយ នោះក្រាបទូលសេចក្ដីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ មានព្រះបន្ទូលសួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកប្រើឱ្យគេធ្វើ សន្ថ័តដោយរោមចៀមខ្មៅសុទ្ធដូច្នោះ ហើយលាយរោមចៀមសបន្ដិច ត្រង់ជាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលបុរសសោះសូន្យ ហេតុដូចម្ដេច បានជាពួកអ្នកឱ្យគេធ្វើសន្ថ័តដោយ រោមចៀមខ្មៅសុទ្ធដូច្នោះ ហើយលាយរោមចៀមសបន្ដិចត្រង់ជាយដូច្នោះ ម្នាលបុរសសោះសូន្យ អំពើនេះ មិនមែននាំឱ្យកើតសេចក្ដីជ្រះថ្លាដល់អ្នក ដែលមិនទាន់ជ្រះថ្លាទេ ឬនាំអ្នកដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្ដែងឡើងនូវសិក្ខាបទ នេះយ៉ាងនេះថា
ភិក្ខុកាលឱ្យគេធ្វើសន្ថ័តថ្មី គប្បីកាន់យករោមចៀមខ្មៅសុទ្ធពីរភាគ រោមចៀមសភាគទីបី (១ ភាគ) រោមចៀមក្រហមភាគទី៤ (១ ភាគ)។ បើភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី មិនកាន់យករោមចៀមខ្មៅសុទ្ធពីរភាគ រោមចៀមសភាគទីបី រោមចៀមក្រហមភាគទីបួនទេ សន្ថ័តនោះ ជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[៨៣] សន្ថ័តដែលធ្វើជាដំបូង ហៅថា សន្ថ័តថ្មី។ គ្រឿងកម្រាល ដែលមិនបានត្បាញ គេស្មាច់សម្រេចតែម្ដង ហៅថា សន្ថ័ត។ ត្រង់ពាក្យថា កាលឱ្យគេធ្វើ គឺធ្វើឯងក្ដី ប្រើឱ្យគេធ្វើក្ដី។ ពាក្យថា គប្បីកាន់យករោមចៀមខ្មៅសុទ្ធពីរភាគនោះ គឺភិក្ខុត្រូវថ្លឹងរោមចៀមខ្មៅសុទ្ធពីរ ជញ្ជីង ហើយសឹមកាន់យក។ ពាក្យថា រោមចៀមសភាគទីបីនោះ គឺរោមចៀមសមួយជញ្ជីង។ ពាក្យថា រោមចៀមក្រហមភាគទីបួននោះ គឺរោមចៀមក្រហមមួយជញ្ជីង។ ពាក្យថា បើភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី មិនកាន់យករោមចៀមខ្មៅសុទ្ធពីរភាគ រោមចៀមសភាគទី ៣ រោមចៀម ក្រហមភាគទីបួន គឺថាភិក្ខុធ្វើឯងក្ដី ប្រើឱ្យគេធ្វើក្ដី នូវសន្ថ័តថ្មីមិនលាយរោមចៀមសមួយជញ្ជីង រោមចៀមក្រហមមួយជញ្ជីងទេ ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលធ្វើ វេលាបានមក សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវលះ ដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះយ៉ាងនេះថា។បេ។ បពិត្រព្រះសង្ឃដ៏ចម្រើន សន្ថ័តនេះ ខ្ញុំឱ្យគេធ្វើមិនបានលាយ ដោយរោមចៀមសមួយជញ្ជីង រោមចៀមក្រហមមួយជញ្ជីង ជានិស្សគ្គិយ ខ្ញុំសូមលះសន្ថ័តនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បីឱ្យ។ បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៨៤] ភិក្ខុធ្វើសន្ថ័តដោយខ្លួនឯងមិនទាន់ស្រេច ( គ្រាក្រោយ ) ឱ្យសម្រេចដោយខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុធ្វើសន្ថ័តដោយខ្លួនឯងមិនទាន់ស្រេច ឱ្យអ្នកដទៃសម្រេច សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ អ្នកដទៃធ្វើសន្ថ័តមិនទាន់ស្រេច ភិក្ខុឱ្យសម្រេចដោយខ្លួនឯង សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ អ្នកដទៃធ្វើសន្ថ័តមិនទាន់ស្រេច ភិក្ខុឱ្យអ្នកដទៃសម្រេច សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុធ្វើឯងក្ដី ឱ្យអ្នកដទៃធ្វើក្ដី ដើម្បីប្រយោជន៍ដល់អ្នកដទៃ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ បានសន្ថ័តដែលអ្នកដទៃគេធ្វើហើយយកមកប្រើប្រាស់ក៏ត្រូវអាបត្ដិទុក្កដ។
[៨៥] អាបត្ដិមិនមានដល់ភិក្ខុធ្វើសន្ថ័តយករោមចៀមសមួយជញ្ជីង (១ភាគ) រោមចៀមក្រហមមួយជញ្ជីង (១ភាគ) មិនមានដល់ភិក្ខុធ្វើសន្ថ័ត យករោមចៀមសច្រើន យករោមចៀមក្រហមច្រើនជាងកំណត់នោះ មិន មានដល់ភិក្ខុធ្វើសន្ថ័តយករោមចៀមសសុទ្ធ ក្រហមសុទ្ធ មិនមានដល់ភិក្ខុយករោមចៀមធ្វើពិតានក្ដី ជាកម្រាលផ្ទៃដែលគេបូកលាបក្ដី ជា រនាំងបាំងក្ដី ជាពូកក្ដី ជាខ្នើយក្ដី មិនមានដល់ភិក្ខុឆ្កួត មិនមានដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៣ ចប់។
(៤. ឆព្ពស្សសិក្ខាបទំ)
[៨៦] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្ដព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏គ្រានោះឯង ភិក្ខុទាំងឡាយឱ្យគេធ្វើសន្ថ័តរាល់ឆ្នាំ។ ភិក្ខុទាំងនោះជាអ្នកអង្វរច្រើន ជាអ្នកសូមច្រើនដោយពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នក ទាំងឡាយចូរឱ្យរោមចៀមដល់អាត្មា។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដ មិនគួរបើនឹងឱ្យគេធ្វើសន្ថ័តរាល់ឆ្នាំយ៉ាងនេះ ពួកសមណៈជាកូនចៅព្រះពុទ្ធជា សក្យបុត្ដជាអ្នកអង្វរច្រើន ជាអ្នកសូមច្រើនដោយពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយចូរឱ្យរោមចៀមដល់អាត្មា ក៏ពួកយើងធ្វើ សន្ថ័តម្ដងប្រើបាន៥ឆ្នាំខ្លះ ៦ឆ្នាំខ្លះ ក្មេងរបស់យើងទាំងឡាយជុះដាក់ខ្លះ នោមដាក់ខ្លះ កណ្ដុរកាត់ខ្លះ (ក៏គង់ប្រើបានយូរដល់ត្រឹមនោះ) ចំណែកពួក សមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដទាំងនេះ ឱ្យគេធ្វើសន្ថ័តរាល់ៗឆ្នាំ សមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដនេះ ជាអ្នកអង្វរច្រើន ជាអ្នកសូមច្រើនដោយពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយចូរឱ្យរោមចៀមដល់អាត្មា។ ភិក្ខុទាំងឡាយបានឮ ពាក្យមនុស្សទាំងនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណា អ្នកមានប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា ភិក្ខុទាំងឡាយមិនគួរបើនឹងឱ្យគេធ្វើសន្ថ័តរាល់ឆ្នាំឡើយ ពួកភិក្ខុទាំងនេះជាអ្នកអង្វរច្រើន ជាអ្នកសូមច្រើនដោយពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយចូរឱ្យរោមចៀមដល់អាត្មា។ គ្រានោះ ភិក្ខុទាំងនោះក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុទាំងឡាយ ឱ្យគេធ្វើសន្ថ័តរាល់ឆ្នាំ ភិក្ខុទាំងឡាយជាអ្នកអង្វរច្រើន ជាអ្នកសូមច្រើន ដោយពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយចូរឱ្យរោមចៀមដល់អាត្មាដូច្នេះ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ ព្រះដ៏មានព្រះភាគ ដំណើរនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ ឯបុរសសោះសូន្យទាំងនោះមិនគួរបើនឹងឱ្យគេធ្វើសន្ថ័តរាល់ឆ្នាំឡើយ ជាអ្នកអង្វរច្រើន ជាអ្នកសូមច្រើនដោយ ពាក្យថា អាត្មាត្រូវការដោយរោមចៀម អ្នកទាំងឡាយចូរឱ្យរោមចៀម ដល់អាត្មាដូច្នេះ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឱ្យកើត សេចក្ដីជ្រះថ្លាដល់អ្នកដែលមិនទាន់ជ្រះថ្លាទេ ឬនាំអ្នកដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសម្ដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី គប្បី ប្រើប្រាស់ឱ្យដល់ប្រាំមួយឆ្នាំ។ បើប្រើប្រាស់មិនទាន់ដល់ប្រាំមួយឆ្នាំទេ លះចោលក្ដី មិនបានលះចោលក្ដីនូវសន្ថ័តនោះ ហើយឱ្យគេធ្វើសន្ថ័តថ្មី ដទៃទៀត សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ដសិក្ខាបទនេះ ដល់ភិក្ខុទាំងឡាយហើយ ដោយប្រការដូច្នេះ។
[៨៧] សម័យនោះឯង ភិក្ខុមួយរូបមានជម្ងឺឈឺ នៅក្នុងនគរកោសម្ពី។ ពួកញាតិបានប្រើបម្រើទៅក្នុងសំណាក់ភិក្ខុនោះ ដោយពាក្យថា សូមលោកដ៏ចម្រើននិមន្ដមក យើងខ្ញុំទាំងឡាយនឹងបានទំនុកបម្រុង។ ភិក្ខុទាំងឡាយក៏បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ លោកចូរទៅចុះ ពួកញាតិនឹងបានថែរទាំលោក។ ភិក្ខុនោះនិយាយតបយ៉ាងនេះថា អាវុសោ ព្រះដ៏មានព្រះភាគទ្រង់បញ្ញតសិក្ខាបទហើយថា ភិក្ខុឱ្យគេធ្វើសន្ថ័តថ្មី គប្បីប្រើប្រាស់ឱ្យដល់ ៦ឆ្នាំ ក៏ខ្លួនខ្ញុំមានជំងឺ មិនអាចនឹងនាំយកសន្ថ័តទៅបាន ខ្លួនខ្ញុំលះសន្ថ័តចេញហើយមិនសប្បាយទេ (ហេតុនេះ) ខ្ញុំមិនទៅទេ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ព្រោះដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយក្នុងខណៈនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យសង្ឃឲ្យសន្ថ័តសម្មតិដល់ភិក្ខុឈឺ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីឱ្យដោយសន្ថ័តសម្មតិយ៉ាងនេះ ភិក្ខុឈឺនោះគប្បីចូលទៅរកសង្ឃ គ្រងចីវរឆៀងស្មាម្ខាងហើយថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ ហើយ អង្គុយច្រហោងផ្គងអញ្ជលីពោលយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំព្រះករុណាមានជម្ងឺ មិនអាចនឹងនាំយកសន្ថ័តទៅផងបានទេ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំព្រះករុណា នោះសូមសន្ថ័តសម្មតិនឹងសង្ឃ។ ភិក្ខុឈឺនោះគប្បីសូមសម្មតិអស់វារៈពីរដងផង គប្បីសូមសម្មតិអស់វារៈបី ដងផង។ ភិក្ខុអ្នកឆ្លាសអង់អាចគប្បីញុំាងសង្ឃឱ្យដឹងថា បពិត្រព្រះសង្ឃ ដ៏ចំរើន សូមព្រះសង្ឃស្ដាប់ខ្ញុំ ភិក្ខុនេះឈ្មោះនេះមានជម្ងឺ មិនអាចកាន់យក សន្ថ័តទៅផងបានទេ។ ភិក្ខុនោះសូមសន្ថ័តសម្មតិនឹងសង្ឃ។ បើការសម្មតិ សន្ថ័តនេះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីឱ្យសន្ថ័តសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ នេះជាវាចាប្រកាសឱ្យសង្ឃដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនេះឈ្មោះនេះមានជម្ងឺ មិនអាចកាន់ យកសន្ថ័តទៅផងបាន។ ភិក្ខុឈឺនោះសូមសន្ថ័តសម្មតិនឹងសង្ឃ។ សង្ឃឱ្យការសម្មតិសន្ថ័តដល់ភិក្ខុឈ្មោះនេះ។ ការឱ្យសម្មតិសន្ថ័តដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ សង្ឃបានឱ្យការសន្មតិសន្ថ័ត ដល់ភិក្ខុឈ្មោះនេះហើយ។ ការសន្មតិសន្ថ័តនេះគួរដល់សង្ឃ ហេតុនោះ សង្ឃស្ងៀមនៅ។ ខ្ញុំចាំទុកនូវរឿងនេះដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា
ភិក្ខុឱ្យគេធ្វើសន្ថ័តថ្មីគប្បីប្រើប្រាស់់់ឱ្យអស់៦ឆ្នាំ។ បើមិន ទាន់ដល់៦ឆ្នាំទេ លះចោលសន្ថ័តនោះក្ដី មិនលះចោលក្ដី ហើយឱ្យគេ ធ្វើសន្ថ័តថ្មីដទៃទៀត វៀរលែងតែភិក្ខុបានសម្មតិ (អំពីសង្ឃ) សន្ថ័តនោះ ជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[៨៨] សន្ថ័តដែលទើបនឹងធ្វើ ហៅថា សន្ថ័តថ្មី។ គ្រឿង កម្រាលដែលគេគ្រាន់តែស្មាច់មិនបានត្បាញ ហៅថា សន្ថ័ត។ ត្រង់ពាក្យថា ឱ្យគេធ្វើនោះ គឺធ្វើឯង ឬឱ្យគេធ្វើ។ ពាក្យថា គប្បីប្រើប្រាស់ ឱ្យអស់៦ឆ្នាំ គឺគប្បីប្រើប្រាស់យ៉ាងច្រើនត្រឹម៦ឆ្នាំ។ ពាក្យថា បើមិន ទាន់ដល់៦ឆ្នាំទេ គឺថយពី៦ឆ្នាំចុះមក។ ពាក្យថា លះចោលសន្ថ័តនោះក្ដី គឺបានឱ្យសន្ថ័តនោះទៅអ្នកដទៃ។ ពាក្យថា មិនលះចោលក្ដី គឺ មិនបានឱ្យដល់អ្នកណានីមួយ។ ពាក្យថា វៀរលែងតែភិក្ខុដែលបាន សម្មតិ (អំពីសង្ឃ) គឺលើកលែងនូវភិក្ខុដែលបានសម្មតិ (អំពីសង្ឃ)។ (កាលប្រើប្រាស់សន្ថ័តចាស់មិនទាន់គ្រប់៦ឆ្នាំ) ភិក្ខុធ្វើឯងក្ដី ឱ្យគេធ្វើក្ដី នូវសន្ថ័តដទៃថ្មីទៀត ត្រូវអាបត្ដិទុក្កដក្នុងប្រយោគដែលធ្វើ សន្ថ័តនោះជា និស្សគ្គិយក្នុងខណៈដែលបានមកភិក្ខុត្រូវលះដល់សង្ឃ ឬគណៈឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះយ៉ាងនេះថា។ បេ។ បពិត្រព្រះសង្ឃ ដ៏ចំរើន សន្ថ័តនេះខ្ញុំឱ្យគេធ្វើថ្មី (តែខ្ញុំប្រើប្រាស់សន្ថ័តចាស់) មិនទាន់ ដល់៦ឆ្នាំនៅឡើយ (សន្ថ័តថ្មី) ជានិស្សគ្គិយ ព្រោះគ្មានភិក្ខុសម្មតិ ខ្ញុំសូមលះនូវសន្ថ័តនេះដល់សង្ឃ។ បេ។ សង្ឃគប្បីឱ្យ។ បេ។ លោក ដ៏មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៨៩] ភិក្ខុធ្វើសន្ថ័តដោយខ្លួនឯងមិនទាន់ហើយ (គ្រាក្រោយ) ទើបបង្ហើយដោយខ្លួនឯង ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុធ្វើសន្ថ័ត ដោយខ្លួនឯងមិនទាន់ហើយ ឱ្យអ្នកដទៃធ្វើបង្ហើយ ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។ អ្នកដទៃធ្វើមិនទាន់ហើយ ភិក្ខុធ្វើបង្ហើយដោយខ្លួនឯង ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។ អ្នកដទៃធ្វើមិនទាន់ហើយ ភិក្ខុឱ្យអ្នកដទៃធ្វើបង្ហើយ ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។
[៩០] អាបត្ដិមិនមានដល់ភិក្ខុប្រើប្រាស់សន្ថ័តចាស់ដល់៦ឆ្នាំ ហើយធ្វើសន្ថ័តថ្មីទៀត មិនមានដល់ភិក្ខុប្រើប្រាស់សន្ថ័តចាស់លើសពី៦ឆ្នាំ ហើយធ្វើសន្ថ័តថ្មី មិនមានដល់ភិក្ខុធ្វើដោយខ្លួនឯង ឬឱ្យអ្នកដទៃធ្វើ ដើម្បីប្រយោជន៍ដល់អ្នកដទៃ មិនមានដល់ភិក្ខុបានសន្ថ័តដែលអ្នកដទៃធ្វើ យកមកប្រើប្រាស់ មិនមានដល់ភិក្ខុយកសន្ថ័តធ្វើជាពិតានក្ដី ជាកម្រាលផ្ទៃដែលគេបូកលាបក្ដី ជារនាំងបាំងក្ដី ជាពូកក្ដី ជាខ្នើយក្ដី មិនមានដល់ភិក្ខុដែលបានសម្មតិ មិនមានដល់ភិក្ខុឆ្កួត មិនមានដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៤ ចប់។
(៥. និសីទនសន្ថតសិក្ខាបទំ)
[៩១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដើម្បីនឹងលាក់ខ្លួនសម្ងំបានបីខែ អ្នកណាមូយកុំគប្បីចូល ទៅរកតថាគត លើកលែងតែភិក្ខុ១រូប ដែលជាអ្នកនាំយកនូវបិណ្ឌបាតទៅឱ្យ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកាថា ព្រះករុណា ព្រះអង្គ ភិក្ខុនីមួយមិនបានចូលមករកព្រះដ៏មានព្រះភាគក្នុងទីនេះជាប្រាកដ លើកលែងតែភិក្ខុ១ រូបដែលជាអ្នកនាំយកបិណ្ឌបាតទៅថ្វាយ។ ក៏វេលានោះឯង សង្ឃក្នុងក្រុងសាវត្ថីបានប្ដេជ្ញាគ្នាថា ម្នាលអាវុសោ ព្រះដ៏មានព្រះ ភាគ ប្រាថ្នាដើម្បីនឹងសម្រាកព្រះអង្គនៅបានបីខែ ភិក្ខុណាមួយកុំគប្បីចូលទៅគាល់ព្រះអង្គ លើកលែងតែភិក្ខុ១ រូប ដែលជាអ្នកនាំយកបិណ្ឌបាត ទៅថ្វាយនោះ ភិក្ខុណាចូលទៅគាល់ព្រះអង្គ ភិក្ខុដទៃត្រូវឱ្យភិក្ខុនោះសំដែងអាបត្ដិបាចិត្ដិយចេញ។
[៩២] គ្រានោះ ភិក្ខុឧបសេនវង្គន្ដបុត្រដ៏មានអាយុព្រមដោយបរិសទ្យ បានចូលទៅគាល់សម្ដេចព្រះដ៏មានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយបានថ្វាយបង្គំគាល់ព្រះអង្គក្នុងទីដ៏សមគួរ។ សេចក្ដីស្រុះស្រួលរាក់ទាក់មួយអន្លើដោយពួកអាគន្ដុកភិក្ខុនេះ ជាកិច្ចដែលព្រះពុទ្ធដ៏មានព្រះភាគទាំងឡាយ ទ្រង់ប្រព្រឹត្ដសន្សំទុកមកហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរពាក្យនេះនឹងឧបសេនភិក្ខុវង្គន្ដបុត្រដ៏មានអាយុថា ម្នាលឧបសេន អ្នករាល់គ្នាល្មមធន់ទ្រាំបានដែរឬ អ្នករាល់គ្នាល្មមប្រព្រឹត្ដទៅបានស្រួលដែរឬ អ្នករាល់គ្នាដើរផ្លូវឆ្ងាយមក មិនលំបាកទេឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មាន ព្រះភាគ យើងខ្ញុំទាំងឡាយល្មមធន់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំទាំងឡាយល្មមប្រព្រឹត្ដទៅបានស្រួល ម្យ៉ាងទៀត បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយដើរផ្លូវឆ្ងាយមកមិនបានលំបាកទេ។ ក៏សម័យនោះឯង ភិក្ខុជាសទ្ធិវិហារិករបស់ឧបសេនវង្គន្ដបុត្រដ៏មានអាយុអង្គុយជិតព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរ ភិក្ខុនោះយ៉ាងនេះថា ម្នាលភិក្ខុ បំសុកូលទាំងឡាយជាទីគាប់ចិត្ដរបស់អ្នក ដែរឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន បំសុកូលទាំងឡាយ មិនជាទីគាប់ចិត្ដរបស់ខ្ញុំព្រះអង្គទេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ក៏អ្នកប្រព្រឹត្ដបំសុកូល(នោះ) ដើម្បីអ្វី។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន (ព្រោះ) ឧបជ្ឈាយ៍របស់ខ្ញុំព្រះអង្គប្រព្រឹត្ដបំសុកូល ខ្ញុំព្រះអង្គក៏ត្រូវប្រព្រឹត្ដបំសុកូលយ៉ាងនោះដែរ។ គ្រានោះព្រះដ៏មាន ព្រះភាគទ្រង់ត្រាស់សួរភិក្ខុឧបសេនវង្គន្ដបុត្រដ៏មានអាយុយ៉ាងនេះថា ម្នាលឧបសេន បរិសទ្យរបស់អ្នកនេះប្រកបដោយសេចក្ដីជ្រះថ្លា ម្នាលឧបសេន អ្នកទូន្មានបរិសទ្យដូចម្ដេច។ ឧបសេនភិក្ខុដ៏មានអាយុក្រាប ទូលថា បពិត្រព្រះអង្គដ៏ចំរើន កុលបុត្រណាមកសូមឧបសម្បទានឹងខ្ញុំព្រះអង្គ ៗរមែងប្រាប់កុលបុត្រនោះយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបំសុកូល បើអ្នកនឹងជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបំសុកូលដែរ ខ្ញុំនឹងឱ្យអ្នកបានឧបសម្បទា បើអ្នកណាទទួលស្ដាប់ខ្ញុំព្រះអង្គ ៗនឹងឱ្យអ្នកនោះបានឧបសម្បទា បើអ្នកណាមិនទទួលស្ដាប់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គមិនឱ្យអ្នកនោះបានឧបសម្បទាទេ អ្នកណាសូមនិស្ស័យនឹងខ្ញុំព្រះអង្គ ៗនឹងប្រាប់អ្នកនោះយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំជាអ្នក ប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបំសុកូល បើអ្នកឯងនឹងជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នកប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបំសុកូលដែរ ខ្ញុំនឹងឱ្យនិស្ស័យដល់អ្នក បើអ្នកណាទទួលស្ដាប់ ខ្ញុំព្រះអង្គ ៗនឹងឱ្យនិស្ស័យដល់អ្នកនោះ បើមិនទទួលស្ដាប់ខ្ញុំព្រះអង្គទេ ខ្ញុំព្រះអង្គមិនឱ្យនិស្ស័យដល់អ្នកនោះទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ រមែងណែនាំបរិសទ្យដោយអាការយ៉ាងនេះឯង។ ព្រះដ៏មានព្រះភាគ ត្រាស់ប្រទានពរសាធុការថា ឧបសេន ល្អហើយៗ ឧបសេន អ្នកណែនាំបរិសទ្យល្អពិតហើយ ឧបសេន អ្នកដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃ ក្នុងក្រុងសាវត្ថីដែរឬទេ។ ឧបសេនភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីទេ។ ព្រះដ៏ មានព្រះភាគទ្រង់ត្រាស់ថាម្នាលឧបសេន សង្ឃបានប្ដេជ្ញាហើយក្នុងក្រុងសាវត្ថីថា អាវុសោ ព្រះដ៏មានព្រះភាគទ្រង់ប្រាថ្នាដើម្បីនឹងសម្ងំសម្រាកព្រះអង្គនៅអស់បីខែ ភិក្ខុណាមួយកុំគប្បីចូលទៅគាល់ព្រះអង្គ លើកលែងតែភិក្ខុ១ រូប អ្នកនាំយកបិណ្ឌបាតទៅថ្វាយ ភិក្ខុណាចូលទៅគាល់ព្រះអង្គ ភិក្ខុដទៃគប្បីឱ្យភិក្ខុនោះសំដែងអាបត្ដិបាចិត្ដិយចេញ។ ភិក្ខុឧបសេន ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃក្នុងក្រុងសាវត្ថីបានបញ្ញត្ដដោយ សេចក្ដីប្ដេជ្ញារបស់ខ្លួន ខ្ញុំព្រះអង្គទាំងឡាយនឹងមិនបញ្ញត្ដនូវហេតុដែល ព្រះអង្គមិនទាន់បានបញ្ញត្ដទេ ម្យ៉ាងទៀត នឹងមិនដកចេញនូវសិក្ខាបទ ដែលទ្រង់បានបញ្ញត្ដទុកហើយទេ នឹងប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែល ទ្រង់បញ្ញត្ដទុកមកហើយ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ល្អណាស់ហើយឧបសេន ភិក្ខុមិនត្រូវបញ្ញត្ដនូវសិក្ខាបទដែលតថាគតមិនទាន់បានបញ្ញត្ដហើយ ម្យ៉ាងទៀតមិនត្រូវដកនូវសិក្ខាបទដែលតថាគតបញ្ញត្ដហើយ ត្រូវប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលតថាគតបានបញ្ញត្ដទុកហើយ ឧបសេន តថាគតអនុញ្ញាតឱ្យភិក្ខុអ្នកប្រព្រឹត្ដនៅព្រៃ អ្នកប្រព្រឹត្ដបិណ្ឌបាត នឹងប្រព្រឹត្ដបំសុកូលចូលទៅរកតថាគតតាមសប្បាយចុះ។ ក៏គ្រានោះឯង ភិក្ខុច្រើនរូបឈរនៅជិតក្លោងទ្វារខាងក្រៅបាននិយាយគ្នាថា យើងទាំងឡាយ ត្រូវឱ្យលោកឧបសេនវង្គន្ដបុត្រដ៏មានអាយុសំដែងអាបត្ដិបាចិត្ដិយចេញ។ វេលានោះ ឧបសេនភិក្ខុវង្គន្ដបុត្រដ៏មានអាយុព្រមទាំងបរិសទ្យ ក្រោកចេញចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគធ្វើប្រទក្សិណហើយចៀសចេញទៅ។ ភិក្ខុទាំងនោះបាននិយាយពាក្យនេះនឹងឧបសេនវង្គន្ដបុត្រដ៏មានអាយុក្នុងវេលានោះថា អាវុសោឧបសេន អ្នកដឹង សេចក្ដីប្ដេជ្ញា របស់សង្ឃក្នុងក្រុងសាវត្ថីដែរឬ។ ឧបសេនភិក្ខុបាននិយាយតបថា អាវុសោ ព្រះដ៏មានព្រះភាគក៏បានត្រាស់សួរខ្ញុំយ៉ាងនេះថា ម្នាលឧបសេន អ្នកបានដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីទេ ខ្ញុំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានដឹងសេចក្ដីប្ដេជ្ញារបស់សង្ឃក្នុងក្រុងសាវត្ថីទេ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបសេន សេចក្ដីប្ដេជ្ញាសង្ឃបានធ្វើហើយក្នុងក្រុងសាវត្ថីថា ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់ប្រាថ្នានឹងសម្ងំសម្រាកព្រះអង្គនៅអស់បីខែ ភិក្ខុ ណាមួយកុំគប្បីចូលទៅគាល់ព្រះដ៏មានព្រះភាគ លើកលែងតែភិក្ខុ១ រូប អ្នកនាំយកបិណ្ឌបាតទៅថ្វាយប៉ុណ្ណោះ ភិក្ខុណាចូលទៅគាល់ព្រះដ៏មានព្រះភាគ ភិក្ខុដទៃត្រូវឱ្យភិក្ខុនោះសំដែងអាបត្ដិបាចិត្ដិយចេញ ខ្ញុំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃក្នុងក្រុងសាវត្ថីបានបញ្ញត្ដដោយសេចក្ដីប្ដេជ្ញារបស់ខ្លួន ខ្ញុំព្រះអង្គទាំងឡាយ នឹងមិនបញ្ញត្ដនូវហេតុដែលព្រះអង្គមិនទាន់បានបញ្ញត្ដ ម្យ៉ាងទៀត នឹងមិនដកនូវពុទ្ធប្បញ្ញត្ដិដែលព្រះអង្គ បានបញ្ញត្ដទុកស្រេចហើយ នឹងប្រព្រឹត្ដកាន់យកតាមសិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតហើយថា ភិក្ខុទាំងឡាយណាជាអ្នកប្រព្រឹត្ដនៅព្រៃ ជាអ្នក ប្រព្រឹត្ដបិណ្ឌបាត ជាអ្នកប្រព្រឹត្ដបង្សុកូល ភិក្ខុទាំងឡាយនោះចូលមករក តថាគតតាមសប្បាយចុះ។ គ្រានោះ ភិក្ខុទាំងនោះបានពោលថា ឧបសេនភិក្ខុ វង្គន្ដបុត្រដ៏មានអាយុ បានពោលពាក្យពិតមែន ភិក្ខុមិនត្រូវបញ្ញត្ដ នូវសិក្ខាបទដែលព្រះអង្គមិនទាន់បានបញ្ញត្ដ ម្យ៉ាងទៀត មិនត្រូវដកនូវ សិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយ ត្រូវប្រព្រឹត្ដកាន់យកតាម សិក្ខាបទដែលព្រះអង្គទ្រង់បញ្ញត្ដទុកមកហើយ។
[៩៣] ភិក្ខុទាំងឡាយបានឮ (ដំណឹង)ថា ឮថាព្រះដ៏មាន ព្រះភាគទ្រង់អនុញ្ញាតឱ្យភិក្ខុអ្នកប្រព្រឹត្ដនៅព្រៃ អ្នកប្រព្រឹត្ដបិណ្ឌបាត អ្នកប្រព្រឹត្ដបំសុកូល ចូលទៅរកតថាគតតាមសប្បាយចុះ។ ភិក្ខុទាំងនោះកាលប្រាថ្នានឹងឃើញព្រះដ៏មានព្រះភាគ ទើបលះចោលនូវសន្ថ័តទាំងឡាយ ហើយសមាទានអារញ្ញកង្គធុតង្គ បិណ្ឌបាតិកង្គធុតង្គ និងបំសុកូលិកង្គធុតង្ដ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់យាងទៅកាន់ ចារិកសេនាសនៈ ព្រមដោយភិក្ខុទាំងឡាយច្រើនរូប បានទតព្រះនេត្រឃើញនូវសន្ថ័តទាំងឡាយ ដែលពួកភិក្ខុចោលរាត់រាយក្នុងទីនោះ ៗ លុះ ទតឃើញហើយទើបត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ហេតុអ្វី ពួកអ្នកក៏លះចោលសន្ថ័តទាំងឡាយនេះក្នុងទីនោះៗ។ ទើបភិក្ខុ ទាំងនោះក្រាបទូលព្រះដ៏មានព្រះភាគតាមដំណើរនុ៎ះ។ ព្រោះនិទាននេះ ព្រោះដំណើរនេះ ព្រះដ៏មានព្រះភាគទើបទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះតថាគតនឹងបញ្ញត្ដសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ដប់យ៉ាង គឺ ដើម្បីសេចក្ដីប្រពៃដល់សង្ឃ១ ដើម្បីសេចក្ដីសប្បាយដល់សង្ឃ ១ ដើម្បីនឹងសង្កត់សង្កិននូវបុគ្គលទាំងឡាយអ្នកមានគំនិតអាក្រក់ ១ ដើម្បី នៅសប្បាយនៃភិក្ខុទាំងឡាយអ្នកមានសីលជាទីស្រឡាញ់១ ដើម្បីឃាត់ ហាមនូវអាសវៈទាំងឡាយជាបច្ចុប្បន្ន១ ដើម្បីឃាត់ហាមនូវអាសវៈទាំង ឡាយដែលនឹងមានទៅខាងមុខ១ដើម្បីសេចក្ដីជ្រះថ្លានៃបុគ្គលទាំងឡាយអ្នកមិនទាន់ជ្រះថ្លា១ ដើម្បីញុំាងបុគ្គលអ្នកជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លា ឡើង១ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម ១ ដើម្បីសេចក្ដីអនុគ្រោះដល់ព្រះ វិន័យ១ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុកាលឱ្យគេធ្វើសន្ថ័តសម្រាប់ទ្រាប់អង្គុយ គប្បីយកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញ (មកផ្សំលាយនឹងសន្ថ័តថ្មី) ដើម្បីនឹងធ្វើសន្ថ័តថ្មីនោះឱ្យខូចពណ៌។ បើភិក្ខុឱ្យគេធ្វើនិសីទនសន្ថ័តថ្មី មិនយកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញ (មកផ្សំលាយនឹង សន្ថ័តថ្មីទេ) សន្ថ័តនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។
[៩៤] ដែលហៅថា និសីទនៈនោះ គឺកម្រាលដែលប្រកបដោយជាយ។ ដែលហៅថា សន្ថ័តនោះ គឺកម្រាលដែលគេគ្រាន់តែស្មាច់ មិនបានត្បាញ។ ត្រង់ពាក្យថា ឱ្យគេធ្វើគឺធ្វើឯងឬឱ្យគេធ្វើ។ សន្ថ័តសូម្បីស្លៀកម្ដង សូម្បីដណ្ដប់ម្ដង12) ហៅថាសន្ថ័តចាស់។ ពាក្យថា គប្បីយកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញ (មកលាយនឹងសន្ថ័តថ្មី) ដើម្បីធ្វើសន្ថ័តថ្មីនោះឱ្យខូចពណ៌ គឺថា ភិក្ខុត្រូវកាត់ (សន្ថ័តចាស់) ជាវង់មូលក្ដី ជាបួនជ្រុងក្ដី ហើយយកមកលាតក្រាលលាយចុះក្នុងទីមួយ ឬសិតហើយលាតក្រាលក្ដី ដើម្បីធ្វើឱ្យជារបស់ខ្ជាប់ខ្ជួន។ ពាក្យថា បើភិក្ខុមិនយកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញ (មកលាយនឹងសន្ថ័តថ្មីទេ ) គឺថា ភិក្ខុធ្វើឯងក្ដី ឱ្យគេធ្វើក្ដី នូវសន្ថ័តសម្រាប់ទ្រាប់អង្គុយថ្មី មិនយកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញមកលាយ ត្រូវអាបត្ដិ ទុក្កដក្នុងប្រយោគដែលធ្វើ សន្ថ័តនោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុគប្បីលះដល់សង្ឃ ឬគណៈ ឬបុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះយ៉ាងនេះ។ បេ។ បពិត្រព្រះសង្ឃដ៏ចំរើន សន្ថ័តសម្រាប់ទ្រាប់អង្គុយនេះ ខ្ញុំឱ្យគេធ្វើមិនបានកាត់យកសន្ថ័តចាស់១ ចំអាមព្រះសុគតដោយជុំវិញមកលាយ ជានិស្សគ្គិយ ខ្ញុំសូមលះសន្ថ័តនេះដល់សង្ឃ។ បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៩៥] ភិក្ខុធ្វើសន្ថ័តដោយខ្លួនឯងនៅមិនទាន់ហើយ (គ្រាក្រោយ) ធ្វើឱ្យហើយដោយខ្លួនឯងម្ដងទៀត ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុធ្វើខ្លួនឯងមិនទាន់ហើយ ឱ្យអ្នកដទៃបង្ហើយ ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។ អ្នកដទៃធ្វើមិនទាន់ហើយ ភិក្ខុធ្វើឱ្យហើយដោយខ្លួនឯង ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។ អ្នកដទៃធ្វើមិនទាន់ហើយ ភិក្ខុឱ្យអ្នកដទៃធ្វើបង្ហើយ ក៏ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុធ្វើខ្លួនឯងក្ដី ឱ្យអ្នកដទៃធ្វើក្ដី ដើម្បី ប្រយោជន៍អ្នកដទៃ ត្រូវអាបត្ដិទុក្កដ។
[៩៦] អាបត្ដិមិនមានដល់ភិក្ខុធ្វើសន្ថ័តថ្មីយកសន្ថ័តចាស់១ចំអាម ព្រះសុគតដោយជុំវិញមកលាយ មិនមានដល់ភិក្ខុកាលរកសន្ថ័តចាស់មិនបាន១ ចំអាមធ្វើលាយតែបន្ដិច មិនមានដល់ភិក្ខុកាលរកសន្ថ័តចាស់បន្ដិច មិនបានធ្វើ មិនបានលាយ មិនមានដល់ភិក្ខុបានសន្ថ័តដែលអ្នកដទៃធ្វើយកមកប្រើប្រាស់ មិនមានដល់ភិក្ខុធ្វើជាពិតានក្ដី ជាកម្រាលផ្ទៃដែលគេ បូកលាបក្ដី ជារនាំងបាំងក្ដី ជាពូកក្ដី ជាខ្នើយក្ដី មិនមានដល់ភិក្ខុឆ្កួត មិនមានដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៥ ចប់។
(៦. ឯឡកលោមសិក្ខាបទំ)
[៩៧] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក៏គ្រានោះឯង កាលភិក្ខុមួយរូបទៅកាន់ក្រុងសាវត្ថី ក្នុងកោសលជនបទ ក៏បានរោមចៀមជាច្រើនក្នុងពាក់កណ្ដាលផ្លូវ (ដោយទាយកប្រគេន)។ ភិក្ខុនោះក៏ចង់វេចរោមចៀមទាំងឡាយនោះជាបង្វេចដោយឧត្ដរាសង្គ (ចីពរ) ហើយទៅ។ មនុស្សទាំងឡាយឃើញភិក្ខុនោះហើយនាំគា្ននិយាយចំអកថា ព្រះករុណារោមចៀមព្រះករុណាទិញមកថ្លៃប៉ុន្មាន នឹងបានចំណេញប៉ុន្មាន។ កាលមនុស្សទាំងឡាយនោះ និយាយចំអកដូច្នោះហើយ ភិក្ខុនោះក៏មានសេចក្ដីអៀនខ្មាស។ លុះភិក្ខុនោះទៅដល់ក្រុងសាវត្ថី ក៏ឈរទំលាក់រោមចៀមទាំងនោះ។ ភិក្ខុទាំងឡាយបាននិយាយនឹងភិក្ខុនោះយ៉ាងនេះថា ម្នាលអាវុសោ អ្នកឈរទំលាក់ចោលនូវរោមចៀមទាំងនេះដើម្បីអ្វី។ ភិក្ខុនោះនិយាយតបថា អាវុសោ ព្រោះហេតុតែរោមចៀមទាំងនេះ បានជាមនុស្សទាំងឡាយនាំគ្នានិយាយចំអកខ្ញុំ ហេតុនេះឯង (ទើបខ្ញុំទំលាក់ចោលចេញ)។ ភិក្ខុទាំងឡាយនោះសួរថា ម្នាលអាវុសោ ក៏លោកនាំយករោមចៀមទាំងនេះមកអំពីទីមានចម្ងាយប៉ុន្មាន។ ភិក្ខុនោះឆ្លើយថា អាវុសោ ខ្ញុំនាំរោមចៀមទាំងនេះមកអស់ទីឆ្ងាយជាងបីយោជន៍។ ភិក្ខុទាំងឡាយណា មានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា ភិក្ខុមិនសមបើនឹងនាំយករោមចៀមមកឆ្ងាយជាងបីយោជន៍ដូច្នេះឡើយ។ គ្រានោះ ភិក្ខុទាំងនោះ ក៏ក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងនាំយករោមចៀមមកឆ្ងាយជាងបីយោជន៍ ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ដំណើរនោះពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរស ហេតុដូចម្ដេចបានជាអ្នកឯងនាំយករោមចៀមមកកាន់ចម្ងាយផ្លូវជាងបីយោជន៍ដូច្នេះ ម្នាលមោឃបុរស អំពើដែលអ្នកធ្វើនេះ មិនមែននាំឱ្យកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ មិនមែនញុំាងអ្នកដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
រោមចៀមទាំងឡាយកើតឡើងដល់ភិក្ខុអ្នកដើរផ្លូវឆ្ងាយ កាលបើភិក្ខុប្រាថ្នា គប្បីទទួលយកបាន លុះទទួលហើយ បើមិនមានអ្នកនាំយកទៅឱ្យទេ គប្បីនាំយកទៅដោយដៃខ្លួនឯងកាន់ចម្ងាយផ្លូវយ៉ាងច្រើនត្រឹមបីយោជន៍ កាលបើមិនមានអ្នកនាំយកទៅឱ្យទេ ភិក្ខុនាំយករោមចៀមទៅដោយខ្លួនឯងលើសពីកំណត់នោះទៅ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[៩៨] ត្រង់ពាក្យថា ភិក្ខុអ្នកដើរផ្លូវឆ្ងាយ គឺភិក្ខុអ្នកដើរទៅតាមផ្លូវ។ ពាក្យថា រោមចៀមទាំងឡាយកើតឡើង គឺថារោមចៀមទាំងឡាយកើតឡើងអំពីសង្ឃក្ដី អំពីគណៈក្ដី អំពីញាតិក្ដី អំពីមិត្រក្ដី អំពីបង្សុកូលក្ដី ដោយទ្រព្យរបស់ខ្លួនក្ដី។ ពាក្យថា កាលបើភិក្ខុប្រាថ្នា គឺថា កាលបើភិក្ខុចង់បាន ត្រូវទទួលយកបាន។ ពាក្យថាលុះទទួលហើយ គប្បីនាំទៅដោយដៃខ្លួន ឯងកាន់ចម្ងាយផ្លូវយ៉ាងច្រើនត្រឹមបីយោជន៍ គឺថាភិក្ខុគប្បីនាំទៅដោយដៃខ្លួនឯងត្រឹមបីយោជន៍យ៉ាងច្រើន។ ពាក្យថា បើមិនមានអ្នកនាំយកទៅឱ្យ គឺគ្មានអ្នកដទៃនីមួយ ស្រីក្ដី ប្រុសក្ដី គ្រហស្ថក្ដី បព្វជិតក្ដី នាំយកទៅឱ្យ។ ពាក្យថា កាលបើមិនមានអ្នកនាំយកទៅឱ្យទេ ភិក្ខុនាំយករោមចៀមទៅ ដោយខ្លួនឯងលើសពីកំណត់នោះទៅ គឺថា ភិក្ខុឈានជំហ៊ានទី១ ឱ្យលើសអំពីបីយោជន៍ទៅ ត្រូវអាបត្ដិទុក្កដ ឈានជំហ៊ានទី២ ឱ្យលើសទៅ រោមចៀមទាំងនោះជានិស្សគ្គិយ កាលភិក្ខុឋិតនៅក្នុងខាងក្នុងបីយោជន៍ តែចោលរោមចៀមឱ្យធ្លាក់ចុះខាងក្រៅបីយោជន៍ រោមចៀមទាំងនោះ ក៏ជានិស្សគ្គិយ ភិក្ខុដាក់ចុះនូវរោមចៀមក្នុងយានក្ដី ក្នុងបង្វេចក្ដី នៃអ្នកដទៃគេមិនដឹង ឱ្យកន្លងបីយោជន៍ទៅ រោមចៀមទាំងនោះ ក៏ជានិស្សគ្គិយ ភិក្ខុគប្បីលះដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន រោមចៀមទាំងឡាយនេះ ខ្ញុំបាននាំមកឱ្យលើសអំពីបីយោជន៍ទៅហើយ ជានិស្សគ្គិយ ខ្ញុំសូមលះនូវរោមចៀមទាំងឡាយនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[៩៩] ទីលើសអំពីបីយោជន៍ ភិក្ខុសំគាល់ថាលើសមែន ហើយនាំ រោមចៀមឱ្យលើសអំពីបីយោជន៍ទៅ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុ នោះត្រូវអាបត្ដិបាចិត្ដិយ។ ទីលើសអំពីបីយោជន៍ ភិក្ខុសង្ស័យហើយនាំ រោមចៀមឱ្យលើសអំពីបីយោជន៍ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ ទីលើសអំពីបីយោជន៍ ភិក្ខុសំគាល់ថាមិនទាន់លើស ហើយនាំរោមចៀមឱ្យលើសអំពីបីយោជន៍ទៅ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ ទីខ្វះអំពីបីយោជន៍ ភិក្ខុសំគាល់ថាលើស ត្រូវអាបត្ដិទុក្កដ។ ទីខ្វះអំពីបីយោជន៍ ភិក្ខុសង្ស័យត្រូវអាបត្ដិទុក្កដ។ ទីខ្វះអំពីបីយោជន៍ ភិក្ខុសំគាល់ថាខ្វះមែន មិនត្រូវអាបត្ដិ។
[១០០] អាបត្ដិមិនមានដល់ភិក្ខុនាំយករោមចៀមទៅត្រឹមបីយោជន៍ មិនមានដល់ភិក្ខុនាំយកទៅថយអំពីបីយោជន៍ មិនមានដល់ភិក្ខុនាំយកទៅក្ដី នាំត្រឡប់មកក្ដី ត្រឹមបីយោជន៍ មិនមានដល់ភិក្ខុប្រាថ្នាដើម្បីនឹងនៅ តែត្រូវទៅកាន់ទីមានចម្ងាយផ្លូវបីយោជន៍ ហើយនាំយករោមចៀមទៅកាន់ទី ដទៃចាកទីនោះ13) មិនមានដល់ភិក្ខុត្រឡប់បានរោមចៀមដែលចោរលួចយកទៅហើយនាំយកទៅ មិនមានដល់ភិក្ខុត្រឡប់បានរោមចៀមដែលលះបង់ដោយវិនយកម្មហើយនាំយកទៅ មិនមានដល់ភិក្ខុឱ្យអ្នកដទៃនាំយកទៅ មិនមានដល់ភិក្ខុនាំយករបស់ដែលធ្វើហើយ (ធ្វើសម្រេចជាសម្ពត់កម្ពល និងព្រំ និងសន្ថ័តជាដើម) មិនមានដល់ភិក្ខុឆ្កួត មិនមានដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៦ ចប់។
(៧. ឯឡកលោមធោវាបនសិក្ខាបទំ)
[១០១] សម័យនោះ សម្ដេចព្រះសម្ពុទ្ធដ៏ទ្រង់យស ទ្រង់គង់ ក្នុងនិគ្រោធារាម ជិតក្រុងកបិលពស្ដុ ក្នុងសក្កជនបទ។ គ្រានោះឯង ពួកភិក្ខុឆព្វគ្គិយប្រើនាងភិក្ខុនីទាំងឡាយឱ្យលាងខ្លះ ឱ្យជ្រលក់ខ្លះ ឱ្យសិត ឬត្រដោះខ្លះ នូវរោមចៀមទាំងឡាយ។ ភិក្ខុនីទាំងឡាយ កាល (ធ្វើកិច្ច) លាង ជ្រលក់ សិត នូវរោមចៀម (ដូច្នោះ) ទើប លះចោលនូវការរៀនសូត្របាលី អដ្ឋកថា និងអធិសីលសិក្ខា អធិចិត្ដ សិក្ខា អធិបញា្ញសិក្ខា។ គ្រានោះ នាងមហាបជាបតិគោតមីភិក្ខុនីចូល ទៅគាល់សម្ដេចព្រះដ៏មានព្រះភាគ លុះចូលទៅហើយថ្វាយបង្គំព្រះដ៏ មានព្រះភាគ ហើយបានឋិតក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ មានបន្ទូលនឹងនាងមហាបជាបតិគោតមី ដែលកំពុងឋិតនៅក្នុងទីដ៏សមគួរ យ៉ាងនេះថា នែព្រះនាងគោតមី នាងភិក្ខុនីទាំងឡាយជាអ្នកមិនប្រមាទ ជា អ្នកមានព្យាយាមដុតកំដៅបាប ជាអ្នកមានចិត្ដបញ្ជូនទៅកាន់ព្រះនិព្វាន ដែរឬទេ។ ព្រះនាងមហាបជាបតិគោតមីទូលថា បពិត្រព្រះអង្គ ពួក នាងភិក្ខុនីមិនប្រមាទឯណាបាន លោកម្ចាស់ឆព្វគ្គិយទាំងឡាយប្រើពួក នាងភិក្ខុនីឱ្យលាងខ្លះ ឱ្យជ្រលក់ខ្លះ ឱ្យសិតខ្លះ នូវរោមចៀមទាំងឡាយ កាលបើភិក្ខុនីទាំងឡាយមានរវល់ លាង ជ្រលក់ សិត នូវរោមចៀមទាំងឡាយ (ដូច្នោះហើយ) ទើបលះចោលការរៀនសូត្របាលី អដ្ឋកថា និងអធិសីលសិក្ខា អធិចិត្ដសិក្ខា អធិប្បញ្ញាសិក្ខា។ លំដាប់នោះ ព្រះដ៏មាន ព្រះភាគទ្រង់ពន្យល់ព្រះនាងមហាបជាបតិគោតមីឱ្យឃើញ ឱ្យកាន់យក ឱ្យក្លាហាន ឱ្យរីករាយ ដោយធម្មីកថា។ គ្រានោះ ព្រះនាងមហាបជាបតិគោតមី កាលបើព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឱ្យឃើញ ឱ្យកាន់យក ឱ្យក្លាហាន ឱ្យរីករាយ ដោយធម្មីកថាហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណចៀសចេញទៅ។ ព្រោះនិទាននេះ ព្រោះដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឱ្យប្រជុំនូវភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ពួក ភិក្ខុឆព្វគ្គិយថា នែភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយប្រើពួកនាងភិក្ខុនីឱ្យលាងខ្លះ ឱ្យជ្រលក់ខ្លះ ឱ្យសិតខ្លះ នូវរោមចៀមទាំងឡាយ ពិតមែន ឬទេ។ ពួកភិក្ខុឆព្វគ្គិយទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះ ពិតមែន។ ព្រះដ៏មានព្រះភាគ ត្រាស់សួរថា នែភិក្ខុទាំងឡាយ ពួកនាងភិក្ខុនីទាំងនោះ ជាញាតិរបស់អ្នកទាំងឡាយ ឬមិនមែន ជាញាតិ ទេ។ ពួកភិក្ខុឆព្វគ្គិយទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ភិក្ខុនីទាំងនោះ មិនមែនជាញាតិទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា នែមោឃបុរសទាំងឡាយ ជនទាំងឡាយ ដែលមិនមែនជាញាតិ រមែងមិនដឹងនូវកម្មដ៏សមគួរ ឬមិនសមគួរ និងកម្មជាទីជ្រះថ្លា ឬមិនជាទីជ្រះថ្លានៃស្ដ្រីទាំងឡាយដែល មិនមែនជាញាតិទេ នែមោឃបុរសទាំងឡាយ កាលបើអំពើដែលប្រកបដោយទោសយ៉ាងនេះ ពួកអ្នកក៏ហ៊ានប្រើភិក្ខុនីទាំងឡាយដែលមិនមែនជាញាតិឱ្យលាងខ្លះ ឱ្យជ្រលក់ខ្លះ ឱ្យសិតខ្លះ នូវរោមចៀមទាំងឡាយ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ មិនមែននាំឱ្យកើត សេចក្ដីជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ឬមួយនាំបុគ្គលដែល ជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ ប្រើនាងភិក្ខុនីមិនមែនជាញាតិឱ្យលាងក្ដី ឱ្យជ្រលក់ក្ដី ឱ្យសិតឬត្រដោះក្ដី នូវរោមចៀមទាំងឡាយ រោមចៀមនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[១០២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ភិក្ខុនីដែលមិនជាប់សាច់ញាតិអំពីចំណែកខាងមាតាក្ដី អំពីចំណែកខាងបិតាក្ដី ដរាបអំពីគូនៃជីដូនជីតាជាគំរប់៧ត ឈ្មោះថា មិនមែនជាញាតិ។ ស្រីបានឧបសម្បទាក្នុងឧភតោសង្ឃ14) ឈ្មោះថា នាងភិក្ខុនី។ ភិក្ខុបង្គាប់ថា នាងចូរលាង ដូច្នេះត្រូវអាបត្ដិទុក្កដ រោមចៀមដែលលាងហើយនោះ ជានិស្សគ្គិយ។ ភិក្ខុបង្គាប់ថា នាងចូរជ្រលក់ដូច្នេះ ត្រូវអាបត្ដិទុក្កដ រោមចៀមដែល ជ្រលក់ហើយនោះ ជានិស្សគ្គិយ។ ភិក្ខុបង្គាប់ថា នាងចូរសិត ឬត្រដោះ ដូច្នេះ ត្រូវអាបត្ដិទុក្កដ រោមចៀមដែលសិតឬត្រដោះហើយ ជានិស្សគ្គិយ រោមចៀមដែលជានិស្សគ្គិយនោះ ភិក្ខុគប្បីលះដល់សង្ឃ ឬគណៈ ឬបុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីលះយ៉ាងនេះ។ បេ។ បពិត្រព្រះសង្ឃដ៏ចំរើន រោមចៀមទាំងនេះ ខ្ញុំបានប្រើនាងភិក្ខុនីមិនមែនជាញាតិ ឱ្យលាងហើយ ជានិស្សគ្គិយ ខ្ញុំសូមលះរោមចៀមទាំងនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។ បេ។ លោកដ៏មានអាយុទាំងឡាយ គប្បីឱ្យ។ បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[១០៣] ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យលាងនូវរោមចៀមទាំងឡាយ រោមចៀមនោះ ជានិស្សគ្គិយ ភិក្ខុនោះ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសំគាល់ថា មិនមែនជាញាតិ ហើយប្រើឱ្យលាង ឱ្យជ្រលក់ នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដនឹងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុ សំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យលាង ឱ្យសិត នូវរោមចៀម ទាំងឡាយ ត្រូវអាបត្ដិទុក្កដនិងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យលាង ឱ្យជ្រលក់ ឱ្យសិតនូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដពីរ និងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់នូវរោមចៀមទាំងឡាយ រោមចៀមនោះ ជានិស្សគ្គិយ ភិក្ខុនោះ ត្រូវ អាបត្ដិបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់ ឱ្យសិត នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដ និងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់ ឱ្យលាងនូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដនិងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យជ្រលក់ ឱ្យសិត ឱ្យលាង នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិ ទុក្កដពីរនឹងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថា មិនមែនជាញាតិ ហើយប្រើឱ្យសិត នូវរោមចៀមទាំងឡាយ រោមចៀមនោះ ជានិស្សគ្គិយ ភិក្ខុនោះ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យសិត ឱ្យលាង នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដនឹងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យសិត ឱ្យជ្រលក់នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដនឹងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ហើយប្រើឱ្យសិត ឱ្យលាង ឱ្យជ្រលក់ នូវរោមចៀមទាំងឡាយ ត្រូវអាបត្ដិទុក្កដពីរ និងនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុនី មិនមែនជាញាតិ ភិក្ខុសង្ស័យ។ បេ។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសំគាល់ថាជាញាតិ។ បេ។ ភិក្ខុប្រើភិក្ខុនីឱ្យលាងនូវរោមចៀមភិក្ខុដទៃ ត្រូវអាបត្ដិ ទុក្កដ។ ភិក្ខុប្រើភិក្ខុនីដែលបានឧបសម្បទាអំពីឯកតោសង្ឃឱ្យលាង ត្រូវ អាបត្ដិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនជាញាតិ ត្រូវអាបត្ដិ ទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្ដិអ្វីឡើយ។
[១០៤] អាបត្ដិមិនមានដល់ភិក្ខុដែលឱ្យភិក្ខុនីជាញាតិលាងរោមចៀម ស្រាប់តែមានភិក្ខុនីឯទៀតមិនមែនជាញាតិ (មកកាន់យករោមចៀមអំពីដៃ ភិក្ខុនីនោះទៅលាងឱ្យ) មិនមានដល់ភិក្ខុដែលមិនប្រើ ស្រាប់តែភិក្ខុនីមិនមែនជាញាតិ យករោមចៀមទៅលាងឱ្យ មិនមានដល់ភិក្ខុដែលប្រើភិក្ខុនី មិនមែនជាញាតិឱ្យលាងភណ្ឌដទៃ ដែលធ្វើហើយនៅមិនទាន់ប្រើប្រាស់ មិនមានដល់ភិក្ខុដែលប្រើនាងសិក្ខមានាឱ្យលាង មិនមានដល់ភិក្ខុដែល ប្រើនាងសាមណេរីឱ្យលាង (នូវរោមចៀមទាំងឡាយ) មិនមានដល់ភិក្ខុ ឆ្កួត មិនមានដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទ ទី៧ ចប់។
(៨. រូបិយសិក្ខាបទំ)
[១០៥] សម័យនោះ សម្ដេចព្រះសម្ពុទ្ធដ៏មានបុញ្ញសិរី ទ្រង់គង់ក្នុងអារាមវេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ឧបនន្ទភិក្ខុដ៏មានអាយុ ជាសក្យបុត្ដជាជីតុនរបស់ត្រកូលមួយ ជាអ្នកទទួលភត្ដជានិច្ច។ ខាទនីយក្ដី ភោជនីយក្ដី ឯណាមួយ កើតឡើងក្នុង ត្រកូលនោះ ត្រកូលនោះតោងបែងចំណែកអំពីនោះទុកឱ្យឧបនន្ទភិក្ខុសក្យបុត្ដ។ ក៏វេលានោះឯង ត្រកូលនោះបានសាច់មកក្នុងវេលាល្ងាច។ ត្រកូលនោះ បានបែងចំណែកសាច់នោះទុកប្រគេនឧបនន្ទសក្យបុត្ដដ៏មានអាយុ។ ក្មេងតូចនៃត្រកូលនោះភ្ញាក់ពីព្រលឹមហើយស្រែកយំទារសាច់ថា ឱ្យសាច់មកខ្ញុំ។ បុរសប្ដីនោះ ទើបនិយាយនឹងប្រពន្ធយ៉ាងនេះថា នាងចូរឱ្យចំណែកសាច់របស់លោកម្ចាស់ដល់ក្មេងនេះទៅ យើងចំាទិញ សាច់ដទៃប្រគេនលោកវិញ។ វេលានោះ ឧបនន្ទសក្យបុត្ដដ៏មាន អាយុ ស្លៀកស្បង់ប្រដាប់ដោយបាត្រចីវរ ក្នុងសម័យព្រឹកព្រហាម ហើយដើរចូលទៅកាន់ត្រកូលនោះ លុះទៅដល់ហើយ បានអង្គុយលើអាសនៈដែលគេតាក់តែងបម្រុងទុក។ បុរសនោះទើបចូលទៅរកឧបនន្ទសក្យបុត្ដដ៏មានអាយុ លុះចូលទៅដល់ហើយ បានថ្វាយបង្គំឧបនន្ទសក្យបុត្ដដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ កាលបុរសនោះអង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយនឹងឧបនន្ទសក្យបុត្ដដ៏មានអាយុយ៉ាងនេះថា ព្រះករុណា ខ្ញុំករុណាបានសាច់ក្នុងពេលល្ងាចម្សិលមិញ ខ្ញុំបានបែង ចំណែកសាច់នោះទុកប្រគេនលោកម្ចាស់ បពិត្រលោកម្ចាស់ ក្មេងតូចនេះ ភ្ញាក់ពីព្រលឹមឡើងស្រែកយំទារថា ឱ្យសាច់មកខ្ញុំ ខ្ញុំករុណាបានយក សាច់ចំណែករបស់លោកម្ចាស់ឱ្យក្មេងតូចទៅហើយ ព្រះករុណា លោកម្ចាស់នឹងឱ្យខ្ញុំទិញអ្វីមកដោយកហាបណៈ(នេះ)។ ឧបនន្ទដ៏មានអាយុ សួរថា អាវុសោ អ្នកបរិច្ចាគកហាបណៈដល់អាត្មាឬ។ បុរសនោះ តបថា ព្រះករុណាលោកម្ចាស់ ខ្ញុំករុណាបរិច្ចាគដល់លោកម្ចាស់។ ឧបនន្ទភិក្ខុ និយាយថា អាវុសោ អ្នកចូរប្រគេនកហាបណៈនោះដល់អាត្មាចុះ។ បុរស នោះទើបប្រគេនកហាបណៈទៅឧបនន្ទសក្យបុត្ដដ៏មានអាយុ ហើយពោលទោស តិះដៀល បន្ថោកបន្ទាបថា យើងទាំងឡាយទទួលរូបិយ15) បានយ៉ាងណា ពួកសមណសក្យបុត្ដអម្បាលនេះ ក៏ទទួលរូបិយបានយ៉ាងនោះដែរ។ ភិក្ខុទាំងឡាយ បានឮបុរសនោះពោលទោស តិះដៀល បន្ថោកបន្ទាបហើយ។ ភិក្ខុទាំងឡាយណាជាអ្នកប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ រមែងពោលទោស តិះដៀល បន្ដុះបង្អាប់ថា ហេតុដូចម្ដេចក៏ឧបនន្ទសក្យបុត្ដដ៏មានអាយុទទួលយករូបិយ។ ភិក្ខុទាំងនោះ នាំគ្នាក្រាបទូលដំណើរនេះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់ថា នែឧបនន្ទ ឮថាអ្នកទទួលរូបិយ ពិតមែនឬទេ។ ឧបនន្ទភិក្ខុ ក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទើបទ្រង់តិះដៀលថា នែមោឃបុរស អ្នកឯងមិន សមបើនឹងទទួលរូបិយទេ នែមោឃបុរស អំពើដែលអ្នកធ្វើនេះ មិនមែននំាឱ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លានោះទេ ឬធ្វើបុគ្គលដែល ជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ ទទួលខ្លួនឯងក្ដី ប្រើគេឱ្យទទួលក្ដី នូវមាសប្រាក់ ឬមួយត្រេកអរនូវមាសប្រាក់ដែលគេទុកដាក់ឱ្យ មាសប្រាក់នោះ ជានិស្សគ្គិយ ភិក្ខុនោះ ត្រូវអាបត្ដិបាចិត្ដិយ។
[១០៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទ ទី១នៃបារាជិកកណ្ឌរួចហើយ។ (លោហវិសេសមានពណ៌លឿង) បីដូចជាពណ៌នៃព្រះសាស្ដា ឈ្មោះថា មាស។ កហាបណៈក្ដី មាសក ដែលធ្វើដោយជាតិលោហៈក្ដី មាសកធ្វើដោយឈើក្ដី មាសកធ្វើដោយជ័រក្ដី រមែងដល់នូវវោហារ (គេចាយវាយបាន)ហៅថា ប្រាក់។ ពាក្យថា ទទួល ដោយខ្លួនឯង គឺកាន់យកដោយខ្លួនឯង មាសប្រាក់ដែលកាន់យកដោយខ្លួនឯងនោះជានិស្សគ្គិយ។ ពាក្យថា ប្រើគេឱ្យទទួល គឺញុំាងអ្នកដទៃ ឱ្យកាន់យក មាសប្រាក់នោះជានិស្សគ្គិយ។ ពាក្យថា ឬត្រេកអរនូវមាស ប្រាក់ដែលគេទុកដាក់ឱ្យនោះ សេចក្ដីថា ភិក្ខុត្រេកអរនូវមាសប្រាក់ដែល គេទុកដាក់ឱ្យដោយវាចាថា មាសប្រាក់នេះ ចូរជារបស់លោកម្ចាស់ចុះ មាសប្រាក់នោះជានិស្សគ្គិយ។ មាសប្រាក់នោះភិក្ខុគប្បីលះក្នុងកណ្ដាលនៃសង្ឃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះយ៉ាងនេះ។ ភិក្ខុនោះត្រូវចូល ទៅរកសង្ឃហើយធ្វើឧត្ដរាសង្គឆៀងស្មាម្ខាង ថ្វាយបង្គំបាទានៃភិក្ខុចាស់ ទាំងឡាយ ហើយអង្គុយច្រហោងផ្គងអញ្ជលីពោលយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបានទទួលនូវរូបិយ រូបិយនេះខ្ញុំត្រូវលះបង់ ខ្ញុំសូមលះបង់នូវរូបិយនេះដល់សង្ឃ។ ភិក្ខុលះហើយគប្បីសំដែងអាបត្ដិចេញ។ ភិក្ខុដែលឆ្លាសអង់អាចគប្បីទទួលដឹងនូវអាបត្ដិ។ បើញោមវត្ដក្ដី ឧបាសកក្ដីមកក្នុងទីនោះ ភិក្ខុគប្បីពោលនឹងគេថា អាវុសោ អ្នកចូរដឹង នូវរូបិយនេះចុះ។ បើគេពោលថា លោកម្ចាស់ឱ្យនាំយកនូវវត្ថុអ្វីមកដោយរូបិយនេះ។ ភិក្ខុកុំគប្បីពោលថា អ្នកចូរនាំយកនូវវត្ថុនេះឬរបស់នេះមក។ ភិក្ខុគប្បីប្រាប់វត្ថុដែលគួរ គឺ សប្បិ ឬប្រេង ឬទឹកឃ្មុំ ឬស្ករអំពៅ។ បើញោមវត្ដ ឬឧបាសកអ្នកចាត់ការនោះ ផ្លាស់ប្ដូរដោយរូបិយនោះហើយ នាំយកវត្ថុដ៏គួរមក ភិក្ខុទាំងពួង គប្បីបរិភោគបានទាំងអស់ លើក លែងតែភិក្ខុអ្នកទទួលរូបិយមួយចេញ បើអ្នកចាត់ការនោះបានវត្ថុដែលគួរយ៉ាងនោះមក នេះជាការល្អ បើមិនបានទេ ភិក្ខុគប្បីពោលនឹងគេថា នែអ្នកដ៏មានអាយុ អ្នកចូរចោលរូបិយនេះទៅ។ បើគេចោលរូបិយនោះទៅ នេះជាការល្អ បើគេមិនចោលទេ ភិក្ខុទាំងឡាយគប្បីសន្មតភិក្ខុ (មួយរូប) ប្រកបដោយអង្គ ៥ ឱ្យជាអ្នកចោលនូវរូបិយ គឺភិក្ខុដែលមិនដល់នូវ ឆន្ទាគតិ ១ មិនដល់នូវទោសាគតិ១ មិនដល់នូវមោហាគតិ១ មិនដល់នូវ ភយាគតិ១ ស្គាល់រូបិយដែលចោលហើយ ឬនៅមិនទាន់ចោល១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសន្មតភិក្ខុជាអ្នកចោលរូបិយយ៉ាងនេះ។ ភិក្ខុអ្នកឆ្លាសត្រូវអង្វរភិក្ខុ(អ្នកចោលរូបិយ) ជាមុន។ ភិក្ខុអ្នកឆ្លាសអង់អាចលុះអង្វររួចហើយត្រូវផ្ដៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្ដាប់ខ្ញុំ បើសម្មតិកម្មនេះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតិភិក្ខុ ឈ្មោះនេះឱ្យជាអ្នកចោលនូវរូបិយ។ នេះជាវាចាដែលប្រកាសឱ្យសង្ឃជ្រាប។ បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្ដាប់ខ្ញុំ សង្ឃសន្មតិនូវភិក្ខុឈ្មោះនេះ ឱ្យជាអ្នកចោលនូវរូបិយ។ ការសន្មតិភិក្ខុឈ្មោះនេះឱ្យជាអ្នកចោលនូវរូបិយគួរដល់លោកដ៏មានអាយុអង្គណា សូមលោកដ៏មានអាយុ អង្គនោះស្ងៀមនៅ មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មាន អាយុអង្គនោះគប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតិឱ្យជា អ្នកចោលនូវរូបិយហើយ។ ការសន្មតិគួរដល់សង្ឃ ហេតុនោះទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវកម្មនេះដោយអាការស្ងៀមនៅយ៉ាងនេះ។ ភិក្ខុដែលសង្ឃសន្មតិហើយនោះ មិនត្រូវកំណត់ទីហើយទើបចោលរូបិយនោះទេ។ បើភិក្ខុនោះកំណត់ទីហើយទើបទម្លាក់ចោល ត្រូវអាបត្ដិទុក្កដ។
[១០៧] រូបិយ ភិក្ខុសំគាល់ថារូបិយមែន ហើយទទួលនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ រូបិយ ភិក្ខុសង្ស័យ ហើយទទួលនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ រូបិយ ភិក្ខុសំគាល់ថាមិនមែនរូបិយ ហើយទទួលនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ របស់មិនមែនរូបិយ ភិក្ខុសំគាល់ថាជារូបិយ ត្រូវអាបត្ដិទុក្កដ។ របស់មិនមែនរូបិយ ភិក្ខុសង្ស័យ ត្រូវអាបត្ដិទុក្កដ។ របស់មិនមែនរូបិយ ភិក្ខុសំគាល់ថា មិនមែនរូបិយ មិនត្រូវអាបត្ដិ។
[១០៨] អាបត្ដិមិនមានដល់ភិក្ខុដែលរើសយក ដោយខ្លួនឯងឬ ប្រើគេឱ្យរើសយកនូវរូបិយដែលធ្លាក់ចុះក្នុងអារាមក្ដី ក្នុងលំនៅរបស់ខ្លួនក្ដី ដោយគិតថា រូបិយនេះរបស់អ្នកណា អ្នកនោះនឹងនាំយកទៅចុះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៨ ចប់។
(៩. រូបិយសំវោហារសិក្ខាបទំ)
[១០៩] សម័យនោះ ព្រះសម្ពុទ្ធដ៏ទ្រង់យស ទ្រង់គង់ក្នុងអារាមជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកភិក្ខុឆព្វគ្គិយប្រព្រឹត្ដទិញដូរដោយរូបិយមានប្រការផ្សេងៗ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្ដ មិនសមបើនឹងប្រព្រឹត្ដទិញដូរដោយរូបិយមានប្រការផ្សេងៗ ដូចជាពួកគ្រហស្ថអ្នកបរិភោគនូវកាមទេ។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះរមែងពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុឆព្វគ្គិយមិនសមនឹងប្រព្រឹត្ដទិញដូរដោយរូបិយមានប្រការផ្សេងៗទេ។ ទើបភិក្ខុទាំងនោះនាំគ្នា ក្រាបទូល ដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គមានបន្ទូលសួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកប្រព្រឹត្ដទិញដូរដោយរូបិយមានប្រការផ្សេងៗ ពិតមែនឬទេ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ សម្ដេចព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ ពួកអ្នកមិនសមបើនឹងប្រព្រឹត្ដទិញដូរដោយរូបិយមានប្រការផ្សេងៗ ដូច្នោះទេ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់ពួកបុគ្គលដែលមិនទាន់ជ្រះថ្លា នោះទេ ឬមួយនាំពួកអ្នកដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងមិន បានទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវ សិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយប្រព្រឹត្ដទិញដូរដោយរូបិយ មានប្រការផ្សេងៗ វត្ថុដែលទិញមកនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[១១០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ មាសប្រាក់ដែលធ្វើសំរេចជារូបហើយក្ដី មិនទាន់បានធ្វើជារូបក្ដី ធ្វើខ្លះ មិនបានធ្វើខ្លះក្ដី ហៅថា រូបិយមានប្រការផ្សេងៗ។ រូបិយដែលគេធ្វើសម្រាប់ពាក់លើក្បាលក្ដី ពាក់ឰដ៏កក្ដី ពាក់នឹងដៃក្ដី ពាក់នឹងជើងក្ដី ពាក់នឹងចង្កេះក្ដី ហៅថា រូបិយធ្វើសំរេចហើយ។ រូបិយដែលនៅជាដុំ ហៅថា រូបិយគេមិនទាន់ធ្វើសំរេច។ រូបិយដែលធ្វើសំរេច ជារូបនឹងមិនទាន់ធ្វើសំរេចជារូបទាំងពីរយ៉ាងនេះ ហៅថា រូបិយគេបានធ្វើខ្លះ មិនបានធ្វើខ្លះ។ មាសក្ដី កហាបណៈក្ដី មាសកធ្វើដោយជាតិ លោហៈក្ដី មាសកធ្វើដោយឈើក្ដី មាសកធ្វើដោយជ័រក្ដីនៅចាយវាយបាន ហៅថា រូបិយ។ ពាក្យថា ប្រព្រឹត្ដ សេចក្ដីថា ភិក្ខុទិញដូរនូវរូបិយ ដែលធ្វើសំរេចហើយ ដោយរូបិយដែលធ្វើសំរេចហើយ រូបិយនោះជា និស្សគ្គិយ។ ភិក្ខុទិញដូរនូវរូបិយដែលគេមិនទាន់ធ្វើសំរេចហើយ ដោយ រូបិយដែលគេធ្វើសំរេចហើយ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវ រូបិយដែលធ្វើសំរេចហើយខ្លះមិន ទាន់ធ្វើសំរេចហើយខ្លះដោយរូបិយដែល ធ្វើសំរេចហើយ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវរូបិយដែលធ្វើ សំរេចហើយ ដោយរូបិយដែលមិនទាន់ធ្វើសំរេចហើយ រូបិយនោះជា និស្សគ្គិយ។ ភិក្ខុទិញដូរនូវរូបិយដែលមិនទាន់ធ្វើសំរេចហើយ ដោយរូបិយ ដែលមិនទាន់ធ្វើសំរេចហើយ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវ រូបិយដែលធ្វើសំរេចហើយខ្លះ មិនទាន់ធ្វើសំរេចខ្លះ ដោយរូបិយដែលមិនទាន់ធ្វើសំរេចហើយ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវរូបិយដែល គេធ្វើសំរេចហើយ ដោយរូបិយដែលគេធ្វើសំរេចហើយខ្លះ មិនទាន់ធ្វើសំរេចហើយខ្លះ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវរូបិយដែលមិនទាន់ធ្វើសំរេច ដោយរូបិយដែលធ្វើសំរេចហើយខ្លះ នឹងមិនទាន់ធ្វើសំរេចខ្លះ រូបិយនោះជានិស្សគ្គិយ។ ភិក្ខុទិញដូរនូវរូបិយដែលធ្វើសំរេចហើយខ្លះ មិនទាន់ធ្វើសំរេចហើយខ្លះ ដោយរូបិយដែលធ្វើសំរេចហើយខ្លះ មិនទាន់ធ្វើសំរេចហើយខ្លះ រូបិយនោះជានិស្សគ្គិយ។ រូបិយដែលជានិស្សគ្គិយនោះ ភិក្ខុគប្បីលះក្នុងទីកណ្ដាលនៃសង្ឃ។ ម្នាលភិក្ខុទំាងឡាយ
ភិក្ខុគប្បីលះយ៉ាងនេះឯង។ ភិក្ខុនោះគប្បីចូលទៅរកសង្ឃហើយពាក់ចីពរឆៀងស្មាម្ខាង ថ្វាយបង្គំបាទានៃភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីពោលយ៉ាងនេះ(នឹងសង្ឃ) ថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកប្រព្រឹត្ដទិញដូរដោយរូបិយមានប្រការផ្សេង ៗ រូបិយវត្ថុរបស់ខ្ញុំនេះជា និស្សគ្គិយ ខ្ញុំសូមលះនូវរូបិយវត្ថុនេះដល់សង្ឃ។ លុះលះស្រេចហើយគប្បី សំដែងអាបត្ដិចេញ។ ភិក្ខុអ្នកឆ្លាសអង់អាចគប្បីទទួលសំដែងអាបត្ដិ។ បើញោមវត្ដឬឧបាសកមកក្នុងទីនោះ ភិក្ខុទំាងឡាយគប្បីពោលនឹងគេថា អាវុសោ អ្នកចូរដឹងនូវរូបិយវត្ថុនេះចុះ។ បើគេពោលថា ពួកលោកម្ចាស់ ត្រូវការឱ្យខ្ញុំនាំយកវត្ថុអ្វីមកដោយរូបិយវត្ថុនេះ។ ភិក្ខុទាំងឡាយមិនគប្បី ពោលថា អ្នកចូរនាំយកនូវវត្ថុនេះ ឬរបស់នេះមកឡើយ។ គប្បីប្រាប់តែរបស់ដែលគួរ គឺជាសប្បិ ឬប្រេង ឬទឹកឃ្មុំ ឬស្ករអំពៅក៏បាន។ បើគេផ្លាស់ប្ដូរដោយរូបិយវត្ថុនោះ ហើយនាំយករបស់ដែលគួរមក ភិក្ខុទាំងពួងគប្បីបរិភោគបាន វៀរលែងតែភិក្ខុអ្នកទិញដូរដោយរូបិយចេញ។ បើភិក្ខុបានរបស់គួរយ៉ាងនេះ នេះជាការល្អ បើមិនបានទេ គប្បីពោលនឹងគេថា អាវុសោ អ្នកចូរចោលនូវរូបិយវត្ថុនេះទៅ។ បើគេចោលទៅ នេះជាការល្អ បើគេមិនចោលទេ ភិក្ខុទាំងឡាយគប្បីសន្មតភិក្ខុ (មួយរូប) ដែលប្រកប ដោយអង្គ៥ ឱ្យជាអ្នកចោលនូវរូបិយ គឺភិក្ខុមិនដល់នូវឆន្ទាគតិ១ មិនដល់នូវទោសាគតិ១ មិនដល់នូវមោហាគតិ១ មិនដល់នូវភយាគតិ១ ដឹងនូវរូបិយ ដែលខ្លួនបានចោល និងមិនទាន់ចោល១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បី សន្មតយ៉ាងនេះ។ ភិក្ខុអ្នកឆ្លាសត្រូវអង្វរភិក្ខុ (ជាអ្នកចោលនូវរូបិយ) ជាមុន។ ភិក្ខុអ្នកឆ្លាសអង់អាចលុះអង្វររួចហើយ ត្រូវប្រកាសសង្ឃឱ្យដឹង ដោយពាក្យថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃចូរស្ដាប់ខ្ញុំ បើសម្មតិកម្មនេះ មានកាលដ៏គួរដល់សង្ឃហើយសោត សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះឱ្យជាអ្នកចោលនូវរូបិយ។ នេះជាវាចាដែលប្រកាសឱ្យសង្ឃជ្រាប។ បពិត្រព្រះ សង្ឃដ៏ចំរើន សង្ឃចូរស្ដាប់ខ្ញុំ សង្ឃសន្មតនូវភិក្ខុឈ្មោះនេះ ឱ្យជាអ្នក ចោលនូវរូបិយ។ ការសន្មតិភិក្ខុឈ្មោះនេះឱ្យជាអ្នកចោលនូវរូបិយ គួរ ដល់លោកដ៏មានអាយុអង្គណា សូមលោកដ៏មានអាយុអង្គនោះស្ងៀមនៅ មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង ភិក្ខុឈ្មោះនេះសង្ឃបានសន្មតឱ្យជាអ្នកចោលនូវរូបិយហើយ។ សម្មតិកម្មនេះគួរដល់សង្ឃ ហេតុនោះសង្ឃទើបស្ងៀម នៅ។ ខ្ញុំសូមចាំទុកនូវសម្មតិកម្មនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ ភិក្ខុដែលសង្ឃសន្មតនោះ កុំគប្បីកំណត់ទី ហើយចោលនូវរូបិយនោះ។ បើភិក្ខុនោះកំណត់ទីហើយចោល ត្រូវអាបត្ដិទុក្កដ។
[១១១] រូបិយ ភិក្ខុសំគាល់ថារូបិយមែន ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ រូបិយ ភិក្ខុសង្ស័យ ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ រូបិយ ភិក្ខុសំគាល់ថាមិនមែនរូបិយ ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ មិនមែនរូបិយ ភិក្ខុសំគាល់ថារូបិយ ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ មិនមែនរូបិយ ភិក្ខុសង្ស័យ ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ មិន មែនរូបិយ ភិក្ខុសំគាល់ថាមិនមែនរូបិយ ហើយទិញដូរនូវរូបិយ រូបិយនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ មិនមែនរូបិយ ភិក្ខុសំគាល់ថារូបិយ ត្រូវអាបត្ដិទុក្កដ។ មិនមែនរូបិយ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ មិនមែនរូបិយ ភិក្ខុសំគាល់ថាមិនមែនរូបិយ មិនត្រូវអាបត្ដិ។
[១១២] អាបត្ដិមិនមានដល់ភិក្ខុឆ្កួត និងភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៩ ចប់។
(១០. កយវិក្កយសិក្ខាបទំ)
[១១៣] សម័យនោះ ព្រះសម្ពុទ្ធដ៏មានយស ទ្រង់គង់ក្នុងអារាម ជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯងព្រះឧបនន្ទដ៏មានអាយុជាបុត្ដនៃសក្យ ប្រសប់ធ្វើចីវរកម្ម។ ឧបនន្ទភិក្ខុនោះយកកំណាត់សម្ពត់ចាស់ៗទៅធ្វើជាសង្ឃាដិ ធ្វើកិច្ចជ្រលក់គក់បោកល្អហើយ យកមកដណ្ដប់។ គ្រានោះឯង បរិព្វាជកម្នាក់ដណ្ដប់សម្ពត់ដ៏មានដម្លៃ ច្រើនហើយចូលទៅរកឧបនន្ទសក្យបុត្ដដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងឧបនន្ទសក្យបុត្ដដ៏មានអាយុយ៉ាងនេះថា ម្នាលអាវុសោ សង្ឃាដិរបស់លោកនេះល្អមែន លោកចូរប្ដូរនឹងសម្ពត់របស់យើងចុះ។ ឧបនន្ទភិក្ខុនិយាយតបថា ម្នាលអាវុសោ អ្នកចូរដឹងចុះ (អ្នកមើលសិន)។ បរិព្វាជកនិយាយថា អើអាវុសោ យើងដឹង។ ឧបនន្ទភិក្ខុបានឱ្យនូវសង្ឃាដិនោះដោយវាចាថា ហ៍អាវុសោ។ បរិព្វាជកនោះទើបដណ្ដប់នូវសង្ឃាដិនោះ ហើយបានទៅកាន់អារាមរបស់បរិព្វាជក។ បរិព្វាជកទាំងឡាយបាននិយាយពាក្យនេះនឹងបរិព្វាជកនោះថា ម្នាលអាវុសោ សង្ឃាដិរបស់អ្នកនេះល្អមែន អ្នកបានមកអំពីណា។ បរិព្វាជកនោះតបថា ម្នាលអាវុសោ យើងបានប្ដូរដោយសម្ពត់របស់យើងនោះមក។ ពួកបរិព្វាជកសួរថា ម្នាលអាវុសោ សង្ឃាដិរបស់អ្នកនេះនឹងធន់នៅបានប៉ុន្មានថ្ងៃ ឯសម្ពត់របស់អ្នកពីមុននោះប្រសើរជាង។ បរិព្វាជកនោះទើប គិតថា បរិព្វាជកទាំងឡាយបានពោលនូវពាក្យនោះ ជាពាក្យពិតមែន សង្ឃាដិរបស់អញនេះនឹងធន់នៅបានប៉ុន្មានថ្ងៃ សម្ពត់របស់អញនោះឯងប្រសើរ ទើបចូលទៅរកឧបនន្ទសក្យបុត្ដដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧបនន្ទដ៏មានអាយុជាសក្យបុត្ដថា ណ្ហើយចុះ អ្នកចូរយកសង្ឃាដិរបស់អ្នកទៅវិញចុះ ចូរឱ្យសម្ពត់មកយើងវិញ។ ឧបនន្ទភិក្ខុបាននិយាយថា ម្នាលអាវុសោ យើងបានប្រាប់អ្នកហើយថា អ្នកចូរដឹង (ចូរមើលសិន) ដូច្នេះ មិនមែនទេឬ យើងមិនឱ្យទេ។ ឯបរិព្វាជកនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា សូម្បីគ្រហស្ថ ក៏រមែងឱ្យនូវវត្ថុនោះដល់គ្រហស្ថ ដែលមានសេចក្ដីក្ដៅក្រហាយដែរ ចុះហេតុអ្វី បព្វជិតត្រឡាំង ក៏មិនឱ្យដល់បព្វជិតដូចគ្នា។ ភិក្ខុទាំងឡាយបានឮបរិព្វាជកនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ឧបនន្ទសក្យបុត្ដដ៏មានអាយុ មិនគួរនឹងប្រព្រឹត្ដ ទិញដូររបស់មួយអន្លើដោយបរិញ្វជកទេ។ ភិក្ខុទាំងនោះក៏នាំគ្នាក្រាបទូលដំណើរនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ឧបនន្ទ ឮថាអ្នកឯងប្រព្រឹត្ដទិញដូររបស់មួយអន្លើដោយបរិព្វាជក ពិតមែនឬ។ ឧបនន្ទភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ សម្ដេចព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា នែមោឃបុរស អ្នកឯងមិនគួរនឹងប្រព្រឹត្ដទិញដូររបស់មួយអន្លើដោយបរិព្វាជកទេ នែមោឃបុរស អំពើដែលអ្នកធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ឬមួយនាំបុគ្គលដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងមិនបានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយប្រព្រឹត្ដទិញដូររបស់មានប្រការផ្សេងៗ របស់នោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[១១៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ បរិក្ខារទាំងឡាយ គឺចីវរបិណ្ឌបាត សេនាសនៈនិងគិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ដោយហោចទៅ សូម្បីតែដុំនៃលំអិត16) សូម្បីឈើស្ទន់ សូម្បីអម្បោះរងជើង ហៅថា វត្ថុមានប្រការផ្សេងៗ។ ពាក្យថា ប្រព្រឹត្ដទិញដូរ សេចក្ដីថា ភិក្ខុពោលពាក្យមិនសមគួរថា អ្នកចូរឱ្យនូវវត្ថុនេះ17) ដោយរបស់នេះចុះ អ្នកចូរនាំយកវត្ថុនេះដោយរបស់នេះចុះ អ្នកចូរប្ដូរវត្ថុនេះ ដោយរបស់នេះចុះ អ្នកចូរទិញនូវវត្ថុនេះដោយរបស់នេះចុះ ត្រូវអាបត្ដិទុក្កដ កាលណាបើភិក្ខុធ្វើទ្រព្យរបស់ខ្លួនឱ្យតាំងនៅក្នុងដៃនៃអ្នកដទៃ ធ្វើទ្រព្យរបស់អ្នកដទៃឱ្យមក តាំងនៅក្នុងដៃរបស់ខ្លួនវិញ ហៅថា ទិញ ហៅថា លក់ ទ្រព្យដែលភិក្ខុទិញលក់នោះជានិស្សគ្គិយ ភិក្ខុគប្បីលះដល់សង្ឃ ឬដល់គណៈ ឬដល់បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះយ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំប្រព្រឹត្ដទិញដូរនូវទ្រព្យមានប្រការផ្សេងៗ ទ្រព្យរបស់ខ្ញុំនេះជានិស្សគ្គិយ ខ្ញុំសូមលះទ្រព្យនេះដល់សង្ឃ។បេ។ សង្ឃគប្បីឱ្យ។បេ។ លោកដ៏មានអាយុទាំងឡាយគប្បីឱ្យ។បេ។ ខ្ញុំឱ្យដល់លោកដ៏មានអាយុ។
[១១៥] ទ្រព្យដែលខ្លួនទិញដូរ ភិក្ខុសំគាល់ថាទិញដូរ ទ្រព្យនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុសង្ស័យក្នុងទ្រព្យ ដែលខ្លួនទិញដូរ ទ្រព្យនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ ទ្រព្យដែលខ្លួនទិញដូរ ភិក្ខុសំគាល់ថាមិនមែនទ្រព្យទិញដូរវិញ ទ្រព្យនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ ទ្រព្យដែលខ្លួនមិនបានទិញដូរ ភិក្ខុសំគាល់ថាទ្រព្យទិញដូរវិញ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសង្ស័យក្នុងទ្រព្យដែលខ្លួនមិនបានទិញដូរ ត្រូវអាបត្ដិទុក្កដ។ ទ្រព្យដែលខ្លួនមិនបានទិញដូរ ភិក្ខុសំគាល់ថាទ្រព្យមិនបានទិញដូរ មិនត្រូវអាបត្ដិ។
[១១៦] អាបត្ដិមិនមាន ដល់ភិក្ខុដែលគ្រាន់តែសួរដម្លៃ ដល់ភិក្ខុដែលប្រាប់ដល់កប្បិយការក ដល់ភិក្ខុដែលពោលថា ទ្រព្យនេះរបស់យើងមាន យើងត្រូវការដោយទ្រព្យនេះផងនេះផង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី១០ ចប់។
កោសិយវគ្គ ទី២ ចប់។
ចំនួននៃសិក្ខាបទក្នុងកោសិយវគ្គនោះ គឺ
ភិក្ខុធ្វើសន្ថ័តដោយរោមចៀមលាយសូត្រ១ ភិក្ខុធ្វើសន្ថ័តដោយរោមចៀមខ្មៅសុទ្ធ១ ភិក្ខុធ្វើសន្ថ័តត្រូវយករោមចៀមខ្មៅពីរភាគមកលាយ១ ភិក្ខុធ្វើសន្ថ័តថ្មីហើយត្រូវប្រើប្រាស់ឱ្យបាន៦ឆ្នាំ១ ភិក្ខុធ្វើសន្ថ័តសម្រាប់ទ្រាប់អង្គុយត្រូវកាត់យកសន្ថ័តចាស់មកលាយ១ ភិក្ខុកាន់យករោមចៀមដែល កើតឡើងពាក់កណ្ដាលផ្លូវ បានតែត្រឹមបីយោជន៍១ ភិក្ខុប្រើនាងភិក្ខុនីឱ្យលាងជ្រលក់គក់រោមចៀម១ ភិក្ខុទទួលរូបិយ១ ភិក្ខុលក់ទិញដោយរូបិយ១ ភិក្ខុលក់ទិញផ្លាស់ប្ដូរដោយកប្បិយវត្ថុ១។
(៣. បត្តវគ្គោ)
(១. បត្តសិក្ខាបទំ)
[១១៧] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានយស ទ្រង់សម្រេចឥរិយាបថក្នុងវត្ដជេតវន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសន្សំបាត្រទុកជាច្រើន។ មនុស្សទាំងឡាយដើរទៅវិហារបានឃើញ នាំគ្នាពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅរបស់ព្រះពុទ្ធជាសក្យបុត្ដ មិនសមបីបើ នឹងសន្សំបាត្រទុកជាច្រើនទេ សមណៈទាំងឡាយជាកូនចៅរបស់ព្រះពុទ្ធ ជាសក្យបុត្ដនឹងធ្វើនូវជំនួញបាត្រ ឬនឹងតាំងរានផ្សារលក់ភាជន៍ដី។ ភិក្ខុទាំងឡាយបានឮពាក្យមនុស្សទាំងឡាយនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ (ដូច្នោះ)។ ពួកភិក្ខុណាដែលមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបើនឹងប្រើប្រាស់អតិរេកបាត្រ18) ឡើយ។ ខណៈនោះភិក្ខុទាំងនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយប្រើប្រាស់អតិរេកបាត្រ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលតបថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធដ៏ទ្រង់ឥស្សរិយយស ត្រាស់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងប្រើប្រាស់អតិរេកបាត្រទេ ម្នាលមោឃបុរស អំពើនេះមិនមែននាំឱ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬថានាំឱ្យជ្រះថ្លាក្រៃលែង ដល់ពួកជនដែល មានសេចក្ដីជ្រះថ្លារួចហើយទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយទ្រទ្រង់នូវអតិរេកបាត្រ អតិរេកបាត្រនោះជានិស្សគ្គិយ ភិក្ខុនោះត្រូវ អាបត្ដិបាចិត្ដិយ។ សិក្ខាបទនេះព្រះដ៏មានព្រះភាគបញ្ញត្ដដល់ភិក្ខុទាំងឡាយដោយប្រការដូច្នេះ។
[១១៨] សម័យនោះឯង អតិរេកបាត្រកើតឡើងដល់ព្រះអានន្ទដ៏មានអាយុ ឯព្រះអានន្ទដ៏មានអាយុប្រាថ្នានឹងប្រគេនបាត្រនោះដល់ព្រះសារីបុត្ដដ៏មានអាយុ។ ចំណែកព្រះសារីបុត្ដដ៏មានអាយុនៅក្រុងសាកេត។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក៏មានបរិវិតក្កថា សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ដរួចហើយថា អតិរេកបាត្រ ភិក្ខុមិនគប្បីទ្រទ្រង់ ក៏អតិរេកបាត្រនេះកើតឡើងដល់អញ ហើយអញក៏ចង់ប្រគេនបាត្រនេះដល់ព្រះសារីបុត្ដដ៏មានអាយុ ឯព្រះសារីបុត្ដដ៏មានអាយុគង់នៅក្រុងសាកេត (កិច្ចនេះ) ខ្លួនអញត្រូវប្រតិបត្ដិដូចម្ដេចហ្ន៎។ ខណៈនោះ អានន្ទដ៏មានអាយុបានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលអានន្ទ ប៉ុន្មានថ្ងៃទៀតសារីបុត្ដនឹងមក។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ប្រហែលជា៩ ថ្ងៃ ឬ១០ថ្ងៃទៀត ទើបលោកនិមន្ដមក។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុ ទ្រទ្រង់នូវអតិរេកបាត្របាន១០ថ្ងៃជាកំណត់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
អតិរេកបាត្រ ភិក្ខុទ្រទ្រង់ទុកបានត្រឹមកំណត់១០ថ្ងៃ កន្លងហួសអំពីនោះទៅ អតិរេកបាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។
[១១៩] ត្រង់ពាក្យថា ត្រឹមកំណត់១០ថ្ងៃនោះ គឺភិក្ខុគប្បីរក្សាទុកបានត្រឹម១០ថ្ងៃជាយ៉ាងច្រើន។ បាត្រដែលភិក្ខុមិនបានអធិដ្ឋាន មិនបានវិកប្បហៅថា អតិរេកបាត្រ។ ដែលហៅថាបាត្រៗនោះ មានពីរយ៉ាង គឺបាត្រដែក១ បាត្រដី១។ ខ្នាតនៃបាត្រមាន៣យ៉ាង គឺបាត្រយ៉ាងធំ បាត្រយ៉ាងកណ្ដាល បាត្រយ៉ាងតូច។ បាត្រចំណុះបាយនៃអង្ករកន្លះអាឡ្ហក (គឺ២នាឡិមគធ) ចំណុះខាទនីយស្មើចំណែកបាយជាគំរប់៤ និងចំណុះម្ហូបល្មមសមគួរនឹងបាយនោះ ហៅថាបាត្រយ៉ាងធំ។ បាត្រចំណុះបាយនៃអង្ករ១នាឡិមគធៈ ចំណុះខាទនីយស្មើចំណែកបាយជាគំរប់៤ និងចំណុះម្ហូបល្មមសមគួរដល់បាយនោះ ហៅថា បាត្រយ៉ាងកណ្ដាល។ បាត្រចំណុះបាយនៃអង្ករ១បត្ថ គឺកន្លះនាឡិមគធៈចំណុះ ខាទនីយស្មើចំណែកបាយជាគំរប់៤ និងចំណុះម្ហូបល្មមសមគួរដល់បាយនោះ ហៅថាបាត្រយ៉ាងតូច។ បាត្រដែលធំហួស ឬតូចហួសជាងប្រមាណនោះ មិនហៅថាបាត្រទេ។
[១២០] កាលភិក្ខុទុកបាត្រឱ្យកន្លងហួសអំពីកំណត់នោះទៅ បាត្រនោះជានិស្សគ្គិយ គឺជានិស្សគ្គិយក្នុងពេលអរុណទី១១ រះឡើងហើយ ភិក្ខុត្រូវលះបង់ដល់សង្ឃ ឬគណៈ ឬបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះបង់បាត្រយ៉ាងនេះឯង។
[១២១] ភិក្ខុនោះគប្បីចូលទៅរកសង្ឃ ហើយធ្វើចីពរឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុទាំងឡាយដែលជាចាស់ រួចហើយអង្គុយច្រហោង ប្រណម្យអញ្ជលី ហើយត្រូវពោលពាក្យយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន បាត្ររបស់ខ្ញុំនេះកន្លងហួស១០ថ្ងៃ ជានិស្សគ្គិយ ខ្ញុំសូមលះបង់បាត្រនេះដល់សង្ឃ។ ភិក្ខុនោះលុះលះបង់ហើយ ត្រូវសំដែងអាបត្ដិចេញ។ ភិក្ខុដែលឆ្លាសប្រតិពលគប្បីទទួលដឹងអាបត្ដិ (របស់ភិក្ខុនោះ) បាត្រដែលភិក្ខុនោះលះបង់ហើយ សង្ឃត្រូវឲ្យ (ដល់លោកជាម្ចាស់ដើមវិញ) ដោយពោលពាក្យប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្ដាប់ខ្ញុំ បាត្រនេះជារបស់ភិក្ខុឈ្មោះនេះ ជានិស្សគ្គិយ លោកបានលះបង់ហើយដល់សង្ឃ។ បើកម្មនេះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីឱ្យនូវបាត្រនេះដល់ភិក្ខុឈ្មោះនេះវិញ។
[១២២] ភិក្ខុអង្គនោះគប្បីចូលទៅរកពួកភិក្ខុច្រើន ហើយធ្វើចីពរឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោងប្រណម្យអញ្ជលី ហើយត្រូវពោលពាក្យយ៉ាងនេះនឹងគណភិក្ខុថា បពិត្រលោកទាំងឡាយដ៏ចំរើន បាត្ររបស់ខ្ញុំនេះកន្លងហួស១០ថ្ងៃ ជានិស្សគ្គិយ ខ្ញុំសូមលះបង់បាត្រនេះដល់លោកដ៏មានអាយុទាំងឡាយ។ ភិក្ខុនោះលុះលះបង់ហើយ ត្រូវសំដែងអាបត្ដិចេញ។ ភិក្ខុអ្នកឆ្លាសប្រតិពល គប្បីទទួលដឹងអាបត្ដិ (របស់ភិក្ខុនោះ)។ បាត្រដែលភិក្ខុលះបង់ហើយ គណភិក្ខុត្រូវឱ្យ(ដល់លោកវិញ) ដោយពោលពាក្យយ៉ាងនេះថា សូមលោកដ៏មានអាយុទាំងឡាយស្ដាប់ខ្ញុំ បាត្រនេះជារបស់ភិក្ខុឈ្មោះនេះ ជានិស្សគ្គិយ លោកបានលះបង់ហើយដល់លោកដ៏មានអាយុទាំងឡាយ។ បើកម្មនេះមានកាលដ៏សមគួរដល់លោកដ៏មានអាយុទាំងឡាយ លោកដ៏មានអាយុទាំងឡាយ គប្បីឱ្យបាត្រនេះដល់ភិក្ខុឈ្មោះនេះវិញ។
[១២៣] ភិក្ខុនោះគប្បីចូលទៅរកភិក្ខុមួយអង្គ ហើយធ្វើចីពរឆៀងស្មាម្ខាង ហើយអង្គុយច្រហោងប្រណម្យអញ្ជលី ហើយត្រូវពោលពាក្យយ៉ាងនេះ នឹងភិក្ខុមួយអង្គថា ម្នាលអ្នកដ៏មានអាយុ បាត្ររបស់ខ្ញុំនេះ កន្លងហួស១០ថ្ងៃ ជានិស្សគ្គិយ ខ្ញុំសូមលះបង់បាត្រនេះ ដល់លោកដ៏មានអាយុ។ លុះភិក្ខុនោះលះបង់ហើយត្រូវសំដែងអាបត្ដិចេញ។ ភិក្ខុមួយអង្គនោះត្រូវទទួលដឹងអាបត្ដិ (របស់ភិក្ខុនោះ)។ បាត្រដែលភិក្ខុនោះលះបង់ហើយត្រូវបុគ្គលនោះឱ្យវិញដោយពោលថា ខ្ញុំឱ្យបាត្រនេះដល់លោកដ៏មានអាយុវិញ។
[១២៤] បាត្រដែលកន្លងហួស១០ថ្ងៃហើយ ភិក្ខុសំគាល់ថាកន្លងហើយមែន បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលកន្លងហួស១០ថ្ងៃ តែភិក្ខុមានសេចក្ដីសង្ស័យ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលកន្លងហួស១០ថ្ងៃហើយ តែភិក្ខុសំគាល់ថាមិនទាន់កន្លង បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលមិនទាន់បានអធិដ្ឋាន ភិក្ខុសំគាល់ថាបានអធិដ្ឋានហើយ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលមិនទាន់បានវិកប្ប ភិក្ខុសំគាល់ថា បានវិកប្បហើយ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលមិនទាន់បានលះបង់ ភិក្ខុសំគាល់ថាបានលះបង់ហើយ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលមិនទាន់បាត់ ភិក្ខុសំគាល់ថាបាត់ហើយ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលមិនទាន់ខូចទេ តែភិក្ខុសំគាល់ថាខូចហើយបាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលមិនទាន់បែក ភិក្ខុសំគាល់ថាបែកហើយ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ បាត្រដែលចោរមិនទាន់ដណ្ដើម ភិក្ខុសំគាល់ថាចោរដណ្ដើមយកទៅហើយ បាត្រនោះជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។
[១២៥] ភិក្ខុមិនលះបង់បាត្រដែលជានិស្សគ្គិយ ហើយប្រើប្រាស់ (បាត្រនោះ) ត្រូវអាបត្ដិទុក្កដ។ បាត្រដែលមិនទាន់កន្លងហួស១០ថ្ងៃភិក្ខុ សំគាល់ថាកន្លងហើយ ត្រូវអាបត្ដិទុក្កដ។ បាត្រដែលមិនទាន់កន្លងហួស១០ ថ្ងៃ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ បាត្រដែលមិនទាន់កន្លងហួស១០ថ្ងៃ ភិក្ខុសំគាល់ថាមិនទាន់កន្លង ជាអនាបត្ដិ។
[១២៦] អាបត្ដិមិនមានដល់ភិក្ខុដែលបានអធិដ្ឋាន បានវិកប្ប បានលះបង់ឱ្យទៅគេ ដល់ភិក្ខុដែលមានបាត្របាត់វិនាសបែកទៅ ចោរដណ្ដើមយកទៅ ភិក្ខុដទៃកាន់យកដោយវិស្សាសៈ ក្នុងរវាង១០ថ្ងៃ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
[១២៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ មិនបានឱ្យនូវបាត្រ ដែលភិក្ខុលះបង់ហើយទៅម្ចាស់បាត្រវិញ។ ភិក្ខុទាំងឡាយបានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បាត្រដែលគេលះបង់ហើយ ភិក្ខុមិនឱ្យវិញ មិនគួរទេ ភិក្ខុណាមិនឱ្យវិញ ភិក្ខុនោះត្រូវអាបត្ដិទុក្កដ។
សិក្ខាបទ ទី១ ចប់។
(២. ឩនបញ្ចពន្ធនសិក្ខាបទំ)
[១២៨] សម័យនោះ ព្រះពុទ្ធដ៏ទ្រង់យស កាលសំរេចឥរិយាបថក្នុងនិគ្រោធារាម ជិតក្រុងកបិលវត្ថុ នាដែនសក្កៈ។ សម័យនោះឯង ស្មូនឆ្នាំងម្នាក់បវារណាភិក្ខុទាំងឡាយដោយពាក្យថា លោកម្ចាស់ទាំងឡាយណាមានសេចក្ដីត្រូវការដោយបាត្រ ខ្ញុំព្រះករុណានឹងប្រគេនបាត្រដល់លោកម្ចាស់នោះៗ។ ខណៈនោះឯង ភិក្ខុទាំងឡាយមិនដឹងប្រមាណ សូមបាត្រទាំងឡាយជាច្រើន។ ពួកភិក្ខុណាមានបាត្រតូចៗ ភិក្ខុទាំងនោះក៏សូមបាត្រធំៗ។ ពួកភិក្ខុណាដែលមានបាត្រធំៗ ភិក្ខុ ទាំងនោះក៏សូមបាត្រតូចៗ។ គ្រានោះឯង ស្មូនឆ្នាំងនោះរវល់ធ្វើបាត្រជាច្រើនប្រគេនពួកភិក្ខុ ក៏មិនអាចដើម្បីនឹងធ្វើភាជន៍សម្រាប់ចំណាយឯទៀតបាន សូម្បីនឹងរកចិញ្ចឹមខ្លួនក៏មិនបាន កូននឹងប្រពន្ធទាំងឡាយរបស់ស្មូនឆ្នាំងនោះសោតក៏ព្រួយលំបាក។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា គួរបើដែរ ពួកសមណៈជាកូនចៅរបស់ព្រះពុទ្ធជាសក្យបុត្ដមិនដឹងប្រមាណហើយសូមបាត្រជាច្រើន ស្មូនឆ្នាំងនេះរវល់តែធ្វើបាត្រជាច្រើនប្រគេនភិក្ខុទាំងនេះ ក៏មិនអាចដើម្បីនឹងធ្វើនូវភាជន៍ សម្រាប់ចំណាយឯទៀតបាន សូម្បីនឹងរកចិញ្ចឹមជីវិតខ្លួនក៏មិនបាន កូននឹងប្រពន្ធទាំងឡាយរបស់ស្មូនឆ្នាំងនោះសោតក៏ព្រួយលំបាក។ ភិក្ខុ ទាំងឡាយបានស្ដាប់ច្បាស់ពាក្យដែលមនុស្សទាំងឡាយនោះ កំពុងពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្ដី ប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា គួរបើដែរ ភិក្ខុទាំងឡាយមិនដឹងប្រមាណហើយសូមបាត្រជាច្រើន។ ខណៈនោះ ពួកភិក្ខុនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុទាំងឡាយមិនដឹងប្រមាណហើយសូមបាត្រជាច្រើន ពិតមែនឬ។ ភិក្ខុទាំងឡាយទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះ ភាគទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ គួរបើដែរ មោឃបុរសទាំងនោះមិនដឹងប្រមាណហើយសូមបាត្រជាច្រើន ម្នាលភិក្ខុទាំងឡាយ អំពើ នេះមិនមែននាំឱ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនឹងបាននាំឱ្យ រឹងរឹតតែជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាហើយក៏ទេ។ បេ។ លុះត្រាស់តិះដៀលហើយ ក៏ធ្វើនូវធម្មីកថា ត្រាស់ហៅពួកភិក្ខុមក ទើបទ្រង់បញ្ញត្ដថា
ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសូមបាត្រឡើយ ភិក្ខុណាសូម ភិក្ខុនោះត្រូវអាបត្ដិទុក្កដ។
[១២៩] សម័យនោះឯង ភិក្ខុ១រូបមានបាត្របែក។ ឯភិក្ខុនោះសង្ស័យថា ការសូមបាត្រព្រះដ៏មានព្រះភាគទ្រង់ហាមហើយ មិនហ៊ានសូមបាត្រ ក៏ប្រព្រឹត្ដបិណ្ឌបាតដោយដៃទទេ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅរបស់ព្រះ ពុទ្ធជាសក្យបុត្ដ មិនសមបីបើនឹងចរទៅបិណ្ឌបាតដោយដៃទទេ ដូចជាពួកតិរ្ថិយសោះ។ ភិក្ខុទាំងឡាយបានស្ដាប់ច្បាស់នូវពាក្យដែលមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្ដុះបង្អាប់(ដូច្នោះ)។ ទើបភិក្ខុទាំងនោះ ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះ និទាននេះដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើ ធម្មីកថា ត្រាស់ហៅពួកភិក្ខុមកហើយទ្រង់អនុញ្ញាតថា
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុដែលមានបាត្របាត់ ឬមានបាត្របែក ត្រូវសូមបាត្របាន។
[១៣០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា ព្រះដ៏មានព្រះភាគ បានទ្រង់អនុញ្ញាតឱ្យភិក្ខុដែលមានបាត្របាត់ ឬមានបាត្របែក គួរសូមបាត្របានដូច្នេះ សូម្បីមានបាត្របែក ឬធ្លុះ ឬដាច់ ឬស្នាមប្រេះគ្រាន់តែបន្ដិចបន្ដួច ក៏គ្មានដឹងប្រមាណ ចេះតែសូមបាត្រគេជាច្រើន គ្រានោះ ស្មូនឆ្នាំងនោះរវល់ធ្វើបាត្រជាច្រើនប្រគេនភិក្ខុទាំងឡាយដូចកាលជាន់មុន ក៏មិនអាចនឹងធ្វើភាជន៍សម្រាប់ចំណាយឯទៀតបាន សូម្បីរកចិញ្ចឹមជីវិតខ្លួនក៏មិនកើត កូននឹងប្រពន្ធទាំងឡាយ របស់ស្មូនឆ្នាំងនោះក៏ព្រួយលំបាក។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់ ដូចកាលជាន់មុនទៀតថា ហេតុអ្វីបានជាសមណៈទាំងឡាយ ជាកូនចៅរបស់ព្រះពុទ្ធជាសក្យបុត្ដ មិនដឹងប្រមាណ សូមបាត្រគេជាច្រើន ស្មូនឆ្នាំងនេះរវល់តែធ្វើបាត្រជាច្រើនប្រគេនភិក្ខុទាំងនេះ ក៏មិនអាចដើម្បីនឹងធ្វើភាជន៍ដទៃសម្រាប់ចំណាយបាន សូម្បីនឹងរកចិញ្ចឹមជីវិតខ្លួនក៏មិនកើត កូននិងប្រពន្ធទាំងឡាយរបស់ស្មូនឆ្នាំងនោះសោត ក៏ព្រួយលំបាក។ ភិក្ខុទាំងឡាយ បានឮពាក្យដែលពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ (ដូច្នោះ)។ ពួកភិក្ខុណា ដែលមានសេចក្ដីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ហេតុអ្វីបានជាពួកឆព្វគ្គិយភិក្ខុ មានបាត្របែក ឬធ្លុះ ឬដាច់ ឬស្នាមប្រេះ គ្រាន់តែបន្ដិចបន្ដួច មិនដឹងប្រមាណ ចេះតែសូមបាត្រគេជាច្រើន។ ទើបភិក្ខុទំាងនោះ ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយមានបាត្របែក ឬធ្លុះ ឬដាច់ ឬស្នាមប្រេះគ្រាន់តែបន្ដិចបន្ដួច ក៏មិនដឹងប្រមាណ ចេះតែសូមបាត្រគេជាច្រើន ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ហេតុអ្វីបានជាអ្នកទាំងឡាយមានបាត្របែកតែបន្ដិចបន្ដួចខ្លះ ធ្លុះតែបន្ដិចបន្ដួចខ្លះ ដាច់តែបន្ដិចបន្ដួចខ្លះ ស្នាមប្រេះតែបន្ដិចបន្ដួចខ្លះ ក៏មិនដឹងប្រមាណហើយនាំគ្នាសូមបាត្រជាច្រើន ម្នាលមោឃបុរសទាំងឡាយ កម្មដែលអ្នកធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនឹងបាននាំឱ្យរឹងរឹតតែជ្រះថ្លាដល់ជនទាំងឡាយ ដែលជ្រះថ្លាហើយក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយមានបាត្រមិនទាន់មានចំណងគ្រប់៥អន្លើ ឱ្យគេរកបាត្រថ្មីទៀត (បាត្រនោះ) ជានិស្សគ្គិយ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនោះត្រូវលះបង់បាត្រនោះក្នុងភិក្ខុបរិសទ្យ។ បាត្រណាជាទីបំផុតរបស់ភិក្ខុបរិសទ្យនោះ បាត្រនោះភិក្ខុដែលបានសន្មត ត្រូវប្រគល់បាត្រនោះ ឱ្យដល់ភិក្ខុនោះដោយពាក្យថា ម្នាលភិក្ខុ នេះបាត្ររបស់លោកៗ គប្បីប្រើប្រាស់ត្រាតែបែក។ នេះជាសាមីចិកម្ម(គឺការប្រពៃ) ក្នុងការលះបង់បាត្រនោះ។
[១៣១] ត្រង់ពាក្យថា ភិក្ខុណាមួយមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ បាត្រដែលគ្មានចំណង ឬមានចំណងតែមួយអន្លើ ឬពីរអន្លើ បីអន្លើ បួនអន្លើ ហៅថាបាត្រមានចំណងមិនទាន់ដល់៥អន្លើ។ បាត្រដែលមានស្នាមប្រេះបែកមិនទាន់ដល់ពីរធ្នាប់ ហៅថាបាត្រមិនទាន់មានឱកាសនៃចំណង។ បាត្រដែលមានស្នាមប្រេះបែកប្រមាណដល់ពីរធ្នាប់ ហៅថាបាត្រមានឱកាសនៃចំណង (មួយអន្លើ)។ ដែលហៅថាបាត្រថ្មី សំដៅយកការសូមបាត្រជាប្រមាណ។ ពាក្យថា ឱ្យគេរក សេចក្ដីថា ភិក្ខុសូមបាត្រ ត្រូវអាបត្ដិទុក្កដតាមប្រយោគ បាត្រនោះជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុត្រូវលះបង់ក្នុងកណ្ដាលសង្ឃ។ ភិក្ខុទាំងពួងត្រូវយកបាត្រដែលភិក្ខុបានអធិដ្ឋានហើយទៅប្រជុំគ្នា។ ភិក្ខុមិនត្រូវអធិដ្ឋានបាត្រអាក្រក់ទុកដោយគិតថា អញនឹងយកបាត្រថ្លៃច្រើន។ បើភិក្ខុអធិដ្ឋានបាត្រអាក្រក់ទុកដោយគិតថា អញនឹងយកបាត្រថ្លៃច្រើន ត្រូវអាបត្ដិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះបង់បាត្រយ៉ាងនេះ
[១៣២] ភិក្ខុនោះត្រូវចូលទៅរកសង្ឃ ធ្វើចីពរឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោងប្រណម្យ អញ្ជលី ហើយពោលនឹងសង្ឃយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើនបាត្រ(ថ្មី) របស់ខ្ញុំនេះ គឺខ្ញុំមានបាត្រ (ចាស់) មិនទាន់មានចំណងគ្រប់៥អន្លើ ខ្ញុំឱ្យគេរកបាត្រទៀត បាត្រនេះជានិស្សគ្គិយ ខ្ញុំសូមលះបង់បាត្រនេះដល់សង្ឃ។ លុះភិក្ខុលះបង់បាត្ររួចហើយ ត្រូវសំដែងអាបត្ដិចេញ។ ភិក្ខុអ្នកឈ្លាសអង់អាចត្រូវទទួលអាបត្ដិ។ សង្ឃត្រូវសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឱ្យជាអ្នកប្រគល់បាត្រ គឺភិក្ខុណាមួយដែលមិនបានប្រព្រឹត្ដទៅដោយឆន្ទាគតិ១ ទោសាគតិ១ មោហាគតិ១ ភយាគតិ១ ដឹងនូវបាត្រដែលគេបានទទួល និងមិនទាន់បានទទួល១។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ ភិក្ខុឈ្លាសត្រូវអង្វរភិក្ខុ (នោះ) ជាមុន។ លុះភិក្ខុឈ្លាសប្រតិពលអង្វររួចហើយ គប្បីប្រកាសឱ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្ដាប់ខ្ញុំ បើកម្មនេះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះឱ្យជាអ្នកប្រគល់បាត្រ។ នេះវាចាប្រកាសសង្ឃឱ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្ដាប់ខ្ញុំ ព្រះសង្ឃសន្មតភិក្ខុឈ្មោះនេះ ឱ្យជាអ្នកប្រគល់បាត្រ។ ការសន្មតិភិក្ខុឈ្មោះនេះ ឱ្យជាអ្នកប្រគល់បាត្រ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវពោលឡើង។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះឱ្យជាអ្នកប្រគល់បាត្រហើយ។ ការសន្មតិនេះសមគួរដល់សង្ឃ ហេតុនោះបានជាព្រះសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។ ភិក្ខុដែលសង្ឃសន្មតហើយនោះ ត្រូវប្រគល់បាត្រ (ឱ្យព្រះថេរៈ)។ ភិក្ខុនោះត្រូវប្រាប់ព្រះថេរៈថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះថេរៈទទួលយកបាត្រចុះ។ បើព្រះថេរៈទទួល (បាត្រនោះ ) ភិក្ខុនោះត្រូវយកបាត្ររបស់ព្រះថេរៈប្រគល់ឱ្យភិក្ខុទីពីរ ព្រះថេរៈមិនត្រូវខានទទួលយកបាត្រនោះទេ ដោយសេចក្ដីអាណិតភិក្ខុនោះ ភិក្ខុណាមួយមិនទទួល ភិក្ខុនោះត្រូវអាបត្ដិទុក្កដ។ ភិក្ខុនោះមិនត្រូវប្រគល់បាត្រដល់ភិក្ខុដែលគ្មានបាត្រទេ។ ភិក្ខុនោះត្រូវប្រគល់បាត្រដោយឧបាយនេះ ត្រាតែដល់ភិក្ខុខ្ចីក្នុងសង្ឃ។ បាត្រណាមួយដែលជាទីបំផុតរបស់ភិក្ខុបរិសទ្យនោះ ភិក្ខុដែលសង្ឃបានសន្មតនោះត្រូវប្រគល់បាត្រឱ្យទៅភិក្ខុនោះដោយពាក្យថា នែភិក្ខុ បាត្ររបស់លោកនេះ លោកចូរប្រើប្រាស់ត្រាតែបែក។ ភិក្ខុនោះមិនត្រូវទុកបាត្រនោះក្នុងទីមិនគួរ មិនត្រូវប្រើប្រាស់បាត្រនោះ ដោយការប្រើប្រាស់មិនសមគួរ មិនត្រូវចោលបាត្រនោះឡើយ ដោយពាក្យថា បាត្រនេះអប្រិយណាស់ បាត់ទៅចុះ ខូចទៅចុះ ឬបែកទៅចុះ បើភិក្ខុទុកដាក់ក្នុងទីមិនគួរក្ដី ប្រើប្រាស់ដោយការប្រើប្រាស់មិនសមគួរក្ដី លះបង់ចោលទៅក្ដី ត្រូវអាបត្ដិទុក្កដ។ ពាក្យថា នេះជាសាមីចិកម្ម (គឺការប្រពៃ) ក្នុងការលះបង់បាត្រនោះ គឺថាពាក្យនេះជាពាក្យសមគួរតាមធម៌ក្នុងរឿងលះបង់បាត្រនោះ។
[១៣៣] ភិក្ខុមានបាត្រមិនទាន់មានចំណង (បើ) សុំបាត្រគ្មានចំណងត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមិនទាន់មានចំណង(បើ) សុំបាត្រមានចំណងតែមួយអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមិនទាន់មានចំណង (បើ) សុំបាត្រមានចំណងតែពីរអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមិនទាន់មានចំណង (បើ) សុំបាត្រមានចំណងបីអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមិនទាន់មានចំណង (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងតែមួយអន្លើ (បើ) សុំបាត្រគ្មានចំណង ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងតែមួយអន្លើ (បើ) សុំបាត្រមានចំណងតែមួយអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងតែមួយអន្លើ (បើ) សុំបាត្រមានចំណងពីរអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងតែមួយអន្លើ (បើ) សុំបាត្រមានចំណងបីអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងតែមួយអន្លើ (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ) សុំបាត្រគ្មានចំណង ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ)សុំបាត្រមានចំណងតែមួយអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ) សុំបាត្រមានចំណងពីរអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ) សុំបាត្រមានចំណងបីអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រឥតចំណង ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រមានចំណងតែមួយអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ(បើ)សុំបាត្រមានចំណងពីរអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រមានចំណងបីអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបួនអន្លើ (បើ) សុំបាត្រឥតចំណង ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបួនអន្លើ (បើ) សុំបាត្រមានចំណងតែមួយអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបួនអន្លើ (បើ) សុំបាត្រមានចំណងពីរអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបួនអន្លើ (បើ) សុំបាត្រមានចំណងបីអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបួនអន្លើ (បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។
[១៣៤] ភិក្ខុមានបាត្រគ្មានចំណង (បើ) សុំបាត្រគ្មានឱកាសនៃចំណង… (បើ) សុំបាត្រមានឱកាសនៃចំណងតែមួយអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងពីរអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងបីអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងតែមួយអន្លើ (បើ) សុំបាត្រគ្មានឱកាសនៃចំណង… (បើ) សុំបាត្រមានឱកាសនៃចំណងតែមួយអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងពីរអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងបីអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងពីរអន្លើ (បើ) សុំបាត្រគ្មានឱកាសនៃចំណង… (បើ) សុំបាត្រមានឱកាសនៃចំណងតែមួយអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងពីរអន្លើ… (បើ)សុំបាត្រមានឱកាសនៃចំណងបីអន្លើ…(បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបីអន្លើ (បើ) សុំបាត្រគ្មានឱកាសនៃចំណង…(បើ) សុំបាត្រមានឱកាសនៃចំណងតែមួយអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងពីរអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងបីអន្លើ…(បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានចំណងបួនអន្លើ (បើ) សុំបាត្រគ្មានឱកាសនៃចំណង…(បើ) សុំបាត្រមានឱកាសនៃចំណងតែមួយអន្លើ…(បើ) សុំបាត្រមានឱកាសនៃចំណងពីរអន្លើ…(បើ) សុំបាត្រមានឱកាសនៃចំណងបីអន្លើ…(បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។
[១៣៥] ភិក្ខុមានបាត្រគ្មានឱកាសនៃចំណង (បើ)សុំបាត្រឥតចំណង…បាត្រមានចំណងតែមួយអន្លើ… បាត្រមានចំណងពីរអន្លើ…បាត្រមានចំណងបីអន្លើ…(បើ)សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានឱកាសនៃចំណងតែមួយអន្លើ (បើ)សុំបាត្រគ្មានចំណង…បាត្រមានចំណងតែមួយអន្លើ…បាត្រមានចំណងពីរអន្លើ…បាត្រមានចំណងបីអន្លើ… (បើ)សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានឱកាសនៃចំណងពីរអន្លើ (បើ) សុំបាត្រឥតចំណង…បាត្រមានចំណងតែមួយអន្លើ… បាត្រមានចំណងពីរអន្លើ…បាត្រមានចំណងបីអន្លើ… (បើ)សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានឱកាសនៃចំណងបីអន្លើ(បើ) សុំបាត្រឥតចំណង…បាត្រមានចំណងតែមួយអន្លើ… បាត្រមានចំណងពីរអន្លើ…បាត្រមានចំណងបីអន្លើ…(បើ)សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានឱកាសនៃចំណងបួនអន្លើ (បើ) សុំបាត្រឥតចំណង…បាត្រមានចំណងតែមួយអន្លើ… បាត្រមានចំណងពីរអន្លើ…បាត្រមានចំណងបីអន្លើ…(បើ) សុំបាត្រមានចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។
[១៣៦] ភិក្ខុមានបាត្រឥតឱកាសនៃចំណង(បើ) សុំបាត្រឥតឱកាសនៃចំណង…បាត្រមានឱកាសនៃចំណងតែមួយអន្លើ… បាត្រមានឱកាសនៃចំណងពីរអន្លើ…បាត្រមានឱកាសនៃចំណងបីអន្លើ… (បើ)សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានឱកាសនៃចំណងតែមួយអន្លើ (បើ) សុំបាត្រឥតឱកាសនៃចំណង…បាត្រមានឱកាសនៃចំណងតែមួយអន្លើ… បាត្រមានឱកាសនៃចំណងពីរអន្លើ… បាត្រមានឱកាសនៃចំណងបីអន្លើ…(បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រ មានឱកាសនៃចំណងពីរអន្លើ (បើ) សុំបាត្រឥតឱកាសនៃចំណង. . .។ មានឱកាសនៃចំណងមួយអន្លើ … បាត្រមានឱកាសនៃចំណងពីរអន្លើ… បាត្រមានឱកាសនៃចំណងបីអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានបាត្រមានឱកាសនៃចំណងបីអន្លើ(បើ) សុំបាត្រឥតឱកាសនៃចំណង… បាត្រមានឱកាសនៃចំណងតែមួយអន្លើ… បាត្រមានឱកាសនៃចំណងពីរអន្លើ… បាត្រមានឱកាសនៃចំណងបីអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវនិស្សគ្គិបាចិត្ដិយ។ ភិក្ខុមានបាត្រមានឱកាសនៃចំណងបួនអន្លើ (បើ) សុំបាត្រឥតឱកាសនៃចំណង… បាត្រមានឱកាសនៃចំណងតែមួយអន្លើ…បាត្រមានឱកាសនៃចំណងពីរអន្លើ… បាត្រមានឱកាសនៃចំណងបីអន្លើ… (បើ) សុំបាត្រមានឱកាសនៃចំណងបួនអន្លើ ត្រូវនិស្សគ្គិយបាចិត្ដិយ។
[១៣៧] អាបត្ដិមិនត្រូវដល់ភិក្ខុដែលមានបាត្របាត់ ដល់ភិក្ខុមានបាត្របែក ដល់ភិក្ខុសុំបាត្រអំពីសំណាក់ពួកញាតិ ដល់ភិក្ខុសុំបាត្រអំពីសំណាក់ពួកជនដែលបវារណា ដល់ភិក្ខុសុំបាត្រដើម្បីឱ្យអ្នកដទៃ ដល់ភិក្ខុបានបាត្រមកដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី២ ចប់។
(៣. ភេសជ្ជសិក្ខាបទំ)
[១៣៨] សម័យនោះ ព្រះពុទ្ធដ៏ទ្រង់យស កាលគង់ក្នុងវិហារជេតពន ដែលជារបស់អនាថបិណ្ឌិកមហាសេដ្ឋី ក្បែរក្រុងសាវត្ថី។ គ្រានោះឯង បិលិន្ទវច្ឆត្ថេរដ៏មានអាយុប្រាថ្នានឹងធ្វើទីជ្រកកោន ទើបឱ្យគេជម្រះសំអាតញកភ្នំក្បែរក្រុងរាជគ្រឹះ។ លំដាប់នោះ ព្រះបាទពិម្ពិសារ សេនិយរាជ19) ជាធំក្នុងដែនមគធៈ ទ្រង់យាងចូលទៅរកបិលិន្ទវច្ឆត្ថេរដ៏មានអាយុ លុះព្រះរាជដំណើរទៅដល់ហើយ ក៏បង្គំបិលិន្ទវច្ឆត្ថេរដ៏មានអាយុ ហើយគង់នៅក្នុងទីសមគួរ។ ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈ ទ្រង់គង់នៅក្នុងទីសមគួរហើយ ទើបមានព្រះរាជឱង្ការនឹងបិលិន្ទវច្ឆត្ថេរដ៏មានអាយុថា លោកម្ចាស់ លោកឱ្យគេធ្វើអ្វី។ បិលិន្ទវច្ឆត្ថេរថ្វាយព្រះពរថា បពិត្រមហារាជ អាត្មាភាពចង់ធ្វើកន្លែងជ្រកកោន បានជាឱ្យគេជម្រះសំអាតញកភ្នំ។ ទ្រង់ក៏សួរថា លោកម្ចាស់ដ៏ចំរើន លោកម្ចាស់ត្រូវការអារាមិកជន (មនុស្សថែទាំរក្សាអារាម) ឬទេ។ ព្រះថេរថ្វាយព្រះពរថា បពិត្រមហារាជ អារាមិកជន ព្រះដ៏ទ្រង់ព្រះភាគ មិនទាន់ទ្រង់អនុញ្ញាតនៅឡើយទេ។ ទ្រង់ត្រាស់ថា លោកម្ចាស់ បើដូច្នោះ លោកម្ចាស់គួរទូលសួរព្រះដ៏ទ្រង់ព្រះភាគ ហើយសិមមកប្រាប់ញោម។ បិលិន្ទវច្ឆត្ថេរដ៏មានអាយុក៏ទទួលព្រះរាជឱង្ការព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈថា ថ្វាយព្រះពរមហារាជ។ ខណៈនោះឯង បិលិន្ទវច្ឆត្ថេរដ៏មានអាយុបានពន្យល់ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈឱ្យទ្រង់ឃើញច្បាស់ ឱ្យទ្រង់សមាទាន ឱ្យទ្រង់ក្លៀវក្លាឱ្យ ទ្រង់រីករាយដោយធម្មីកថា។ ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈ ដែលបិលិន្ទវច្ឆត្ថេរដ៏មានអាយុបានឱ្យទ្រង់ឃើញជាក់ស្ដែង ឱ្យទ្រង់សមាទាន ឱ្យទ្រង់ក្លៀវក្លា ឱ្យទ្រង់រីករាយ ដោយធម្មីកថាហើយ ទ្រង់ក៏ក្រោកចាកអាសនៈបង្គំបិលិន្ទវច្ឆត្ថេរដ៏មានអាយុ ហើយទ្រង់ធ្វើប្រទក្សិណយាត្រាចេញទៅ។ លំដាប់នោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុប្រើបម្រើទៅកាន់សំណាក់ព្រះដ៏មានព្រះភាគម្ចាស់ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទពិម្ពិសារ សេនិយរាជ ជាធំក្នុងដែនមគធៈទ្រង់ចង់ប្រទានអារាមិកជនឱ្យបពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គគួរបដិបត្ដិដូចម្ដេច។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគម្ចាស់ឱ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សំដែងធម្មីកថាត្រាស់ហៅភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតអារាមិកជន។ ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈ ទ្រង់យាងចូលទៅរកបិលិន្ទវច្ឆត្ថេរដ៏មានអាយុជាគំរប់ពីរដង លុះយាងចូលទៅហើយ ទើបទ្រង់បង្គំបិលិន្ទវច្ឆត្ថេរដ៏មានអាយុ ហើយគង់នៅក្នុងទីសមគួរមួយ។ លុះព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈគង់ស្រួលបួលហើយ មានព្រះបន្ទូលនឹងបិលិន្ទវច្ឆត្ថេរដ៏មានអាយុថា បពិត្រលោកម្ចាស់ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់អនុញ្ញាតអារាមិកជនហើយឬ។ បិលិន្ទវច្ឆត្ថេរថ្វាយព្រះពរថា បពិត្រមហារាជ ព្រះអង្គបានអនុញ្ញាតហើយ។ ទ្រង់ត្រាស់ថា បពិត្រលោកដ៏ចំរើន បើដូច្នោះញោមប្រគេនអារាមិកជនម្នាក់ដល់លោកម្ចាស់។ គ្រានោះ ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈទ្រង់ប្ដេជ្ញាថាប្រគេនអារាមិកជនដល់បិលិន្ទវច្ឆត្ថេរដ៏មានអាយុ ហើយក៏ភ្លេចព្រះស្មារតី យូរបន្ដិចទៅ ទ្រង់រលឹកឃើញវិញ ទើបទ្រង់ត្រាស់ហៅមហាអាមាត្យម្នាក់ជាអ្នកសម្រេចរាជការទាំងពួងថា នែមហាអាមាត្យ អារាមិកជនណាដែលយើងបម្រុងនឹងប្រគេនលោកម្ចាស់ អារាមិកជននោះ យើងបានប្រគេនលោកហើយឬ។ មហាអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព អារាមិកជន ទ្រង់មិនទាន់ប្រគេនដល់លោកម្ចាស់នៅឡើយទេ។ ស្ដេចត្រាស់សួរថា នែមហាអាមាត្យ រាប់ពីរាត្រីនេះទៅ បានប៉ុន្មានរាត្រីហើយ។ លំដាប់នោះ មហាអាមាត្យនោះបានរាប់រាត្រីសព្វគ្រប់ហើយ ក្រាបទូលព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព បាន៥០០ រាត្រីហើយ។ ស្ដេចត្រាស់ថា នែមហាអមាត្យ បើដូច្នេះ អ្នកចូរប្រគេនអារាមិកជន៥០០នាក់ទៅលោកម្ចាស់ចុះ។ មហាអមាត្យនោះទទួលព្រះរាជឱង្ការព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈថា សូមទ្រង់មេត្ដាប្រោសយ៉ាងហ្នឹងហើយ ៗបានប្រគេនអារាមិកជន៥០០នាក់ ដល់បិលិន្ទវច្ឆត្ថេរដ៏មានអាយុ។ ទីនោះបានជាស្រុកមួយផ្សេងដោយឡែក។ ជនទាំងឡាយហៅស្រុកនោះថា អារាមិកគ្រាមខ្លះ ហៅថាបិលិន្ទវច្ឆគ្រាមខ្លះ។
[១៣៩] សម័យនោះឯង បិលិន្ទវច្ឆត្ថេរដ៏មានអាយុជាជីតុនក្នុងស្រុកនោះ។ គ្រានោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរចូលទៅបិណ្ឌបាតក្នុងបិលិន្ទវច្ឆគ្រាម នាវេលាព្រឹកព្រហាម។ សម័យនោះឯង មានល្បែងមហោរស្រពក្នុងស្រុកនោះ។ ពួកក្មេងៗបានប្រដាប់តាក់តែងដោយផ្កាកម្រងលេងមហោរស្រព។ លំដាប់នោះបិលិន្ទវច្ឆត្ថេរដ៏មានអាយុ កំពុងត្រេចទៅបិណ្ឌបាត តាមលំដាប់ច្រកក្នុងបិលិន្ទវច្ឆគ្រាម បានចូលទៅកាន់លំនៅរបស់អារាមិកជនម្នាក់ លុះចូលទៅហើយ ទើបអង្គុយលើអាសនៈដែលគេរៀបចំប្រគេន។ សម័យនោះឯង ធីតារបស់ស្រីរក្សាអារាមនោះឃើញទារកឯទៀតៗ ប្រដាប់តាក់តែងដោយផ្កាកម្រង ហើយក៏យំសុំថា ម៉ែចូរឱ្យផ្កាកម្រងមកខ្ញុំ ម៉ែចូរឱ្យគ្រឿងប្រដាប់ មកខ្ញុំ។ គ្រានោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុ បាននិយាយពាក្យនេះនឹងស្រីរក្សាអារាមនោះថា នាងទារិកានេះយំទារអ្វី។ ស្រីរក្សាអារាម ទូលថាលោកម្ចាស់ នាងទារិកានេះឃើញទារកឯទៀត ៗប្រដាប់តាក់តែង ដោយផ្កាកម្រង បានជាយំទារថា ម៉ែចូរឱ្យផ្កាកម្រងមកខ្ញុំ ម៉ែចូរឱ្យគ្រឿងប្រដាប់មកខ្ញុំ យើងខ្ញុំជាអ្នកក្រលំបាក នឹងបានផ្កាកម្រងមកពីណា នឹងបានគ្រឿងប្រដាប់មកពីណា។ ខណៈនោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុចាប់រង្វេលស្មៅ១ ហើយនិយាយពាក្យនេះនឹងស្រីរក្សាអារាមនោះថា ហ៏! នាងចូរបំពាក់រង្វេលស្មៅនេះលើក្បាលរបស់ក្មេងស្រីនោះចុះ។ ពេលនោះ ស្រីរក្សាអារាមនោះ យករង្វេលស្មៅនោះបំពាក់លើក្បាលរបស់នាងទារិកានោះ។ រង្វេលស្មៅនោះក៏ក្លាយជាកម្រងមាសល្អល្អះ មុខគួរពិតពិលរមិលមើល ជារបស់គួរស្រឡាញ់។ កម្រងមាសបែបនោះ សូម្បីក្នុងព្រះរាជវាំងស្ដេច ក៏រកគ្មានដែរ។ មនុស្សទាំងឡាយទៅក្រាបទូលព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈថា បពិត្រសម្មតិទេព កម្រងមាសក្នុងផ្ទះរបស់អារាមិកជនឯណោះល្អល្អះ មុខគួរពិតពិលរមិលមើល ជារបស់គួរស្រឡាញ់ សូម្បីក្នុងព្រះរាជវាំងរបស់ព្រះអង្គក៏ពុំមានកម្រងមាសដូច្នេះដែរមនុស្សខ្សត់ទុរគតនោះនឹងបានកម្រងមាសមកពីណា ច្បាស់ជាវាលួចយករបស់គេ ជាប្រាកដ។ គ្រានោះ ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែលមគធៈទ្រង់ឱ្យរាជបុរស ទៅកោះពួកត្រកូលអារាមិកជននោះមក។ វេលាព្រឹកព្រហាម បិលិន្ទវច្ឆត្ថេរដ៏មានអាយុ ស្លៀកស្បង់ប្រដាប់ដោយបាត្រ នឹងចីវរចូលទៅបិណ្ឌបាតនាបិលិន្ទវច្ឆគ្រាមជាគំរប់ពីរដង កាលដើរទៅបិណ្ឌបាត ក្នុង បិលិន្ទវច្ឆគ្រាមជាលំដាប់ៗទៅ ទើបចូលទៅកាន់លំនៅរបស់អារាមិកជននោះ លុះចូលទៅដល់ហើយ សួរពួកជនដែលជាទីស្និទ្ធស្នាលថា ត្រកូលអារាមិកជននេះទៅណាទៅ។ ពួកជនពិតថា លោកម្ចាស់ស្ដេចឱ្យរាជបុរស មកចាប់ចងយកទៅហើយ ព្រោះហេតុតែកម្រងមាសនោះឯង។ លំដាប់នោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុ ក៏ចូលទៅកាន់ព្រះរាជនិវេសន៍របស់ព្រះបាទពិម្ពិសារសេនិយរាជធំក្នុងដែនមគធៈ លុះទៅដល់ហើយគង់លើអាសនៈដែលគេតាក់តែងប្រគេន។ គ្រានោះព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈ ទ្រង់យាងចូលទៅរកបិលិន្ទវច្ឆត្ថេរដ៏មានអាយុ លុះដល់ហើយក៏ថ្វាយបង្គំបិលិន្ទវច្ឆត្ថេរដ៏មានអាយុហើយគង់នៅក្នុងទីសមគួរ។ លុះព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈ ទ្រង់គង់ស្រួលបួលហើយ ទើបបិលិន្ទវច្ឆត្ថេរដ៏មានអាយុថ្វាយព្រះពរថា បពិត្រមហារាជ ហេតុអ្វីបានជាព្រះអង្គឱ្យរាជបុរសទៅចាប់ត្រកូលអារាមិកជនមកឃុំ។ ព្រះបាទពិម្ពិសារត្រាស់ថា លោកម្ចាស់ នាផ្ទះរបស់ អារាមិកជននោះ មានកម្រងមាសល្អល្អះ មុខគួរពិតពិលរមិលមើលជារបស់មានដំឡៃ សូម្បីក្នុងវាំងរបស់ញោម ក៏មិនមានកម្រងមាសដូច្នោះដែរ អ្នកខ្សត់ទុរគតនោះ នឹងបានកម្រងមាសមកពីណា ច្បាស់ជាវាលួចយករបស់គេហើយ។ ខណៈនោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុក៏អធិដ្ឋាន ប្រាសាទរបស់ព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈ ឱ្យក្លាយជាមាសទៅ។ ប្រាសាទទាំងនោះក៏ក្លាយទៅជាមាសទាំងអស់។ បិលិន្ទវច្ឆត្ថេរថ្វាយព្រះពរថា បពិត្រមហារាជ មាសនេះច្រើនដល់ម្ល៉េះ ព្រះអង្គបានមកពីណា។ ស្ដេចត្រាស់ថាខ្ញុំមិនដឹងទេ លោកម្ចាស់ របស់ទាំងនេះប្រហែលជាសម្រេចដោយឥទ្ធានុភាព20) របស់លោកម្ចាស់ទេដឹង ហើយត្រាស់ឱ្យដោះលែងត្រកូលអារាមិកជននោះទៅ។
[១៤០] មនុសទាំងឡាយឮដំណឹងថា បិលិន្ទវច្ឆត្ថេរជាម្ចាស់ បានសំដែងឥទ្ធិបាដិហារិយៈ (ឥទ្ធិឫទ្ធិដ៏អស្ចារ្យចំឡែក) ជាមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ដល់បរិស័ទ្យ ព្រមទាំងព្រះរាជា ហើយក៏មានចិត្ដត្រេកអរជ្រះថ្លា នាំយកនូវភេសជ្ជៈ៥ យ៉ាងមកបូជាបិលិន្ទវច្ឆត្ថេរដ៏មានអាយុ ភេសជ្ជៈ ៥ នោះគឺ សប្បិ(ទឹកដោះរាវ) នវនីតៈ(ទឹកដោះខាប់) តេលៈ(ប្រេង) មធុ(ទឹកឃ្មុំ) ផាណិតៈ(ទឹកអំពៅ ឬស្ករអំពៅ)។ ឯបិលិន្ទវច្ឆត្ថេរដ៏មានអាយុតែងបានភេសជ្ជៈ៥ ហើយរមែងចែករបស់ដែលលោកបានមកៗ ទៅដល់បរិស័ទ្យ (សិស្សរបស់លោក) ដោយប្រក្រតី។ ឯបរិស័ទ្យរបស់ លោកនោះតែងបានភេសជ្ជៈទាំងនោះច្រើនរឿយៗ បានដាក់ទុករបស់ដែលបានមកៗ ក្នុងថ្លាងផង ក្នុងក្អមផង ខ្ចប់នឹងសម្ពត់សម្រាប់ត្រងទឹកផង ទុកក្នុងថង់យាមផង ត្រាតែពេញ ហើយព្យូរទុកតាមបង្អួចដេរដាស។ ភេសជ្ជៈទាំងនោះក៏សើមលេចហៀរចេញពាសពេញ។ វិហារទាំងឡាយក៏ដេរដាសពាសពេញដោយសត្វកណ្ដុរទាំងឡាយ។ មនុស្សទាំងឡាយ កាលដើរទៅកាន់វិហារចារិក បានឃើញហើយទើបពោលទោស តិះដៀល បន្ដុះបង្អាប់ថា សមណៈពួកនេះជាកូនចៅព្រះពុទ្ធសក្យបុត្រមានភណ្ឌៈដំកល់ទុកក្នុងឃ្លាំងដូចជាព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈដែរ។ ភិក្ខុទាំងឡាយបានឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាជាអ្នកមានសេចក្ដីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបើពួកភិក្ខុមកព្យាយាមដើម្បីសេចក្ដីល្មោភច្រើនមានសភាពដូច្នេះឡើយ។ ទើបពួកភិក្ខុទាំងនោះនាំសេចក្ដីនុ៎ះទៅក្រាបទូលដល់ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុព្យាយាមដើម្បីសេចក្ដីល្មោភច្រើនមានសភាពដូច្នេះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគជាម្ចាស់ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មិនសមបីបើពួកមោឃបុរសទាំងនោះមកព្យាយាមដើម្បីសេចក្ដីល្មោភច្រើនមានសភាពដូច្នេះឡើយ ម្នាលភិក្ខុទាំងឡាយ អំពើដែលអ្នកបានធ្វើមកនេះ មិនមែននាំឱ្យកើតជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬថែមសេចក្ដីជ្រះ ថ្លាដល់ជនទាំងឡាយដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភេសជ្ជៈណាមួយ ដែលពួកភិក្ខុមានជម្ងឺគប្បីឆាន់បាន ភេសជ្ជៈនេះគឺ ទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ។ ភិក្ខុទទួលភេសជ្ជៈទាំងនោះហើយ គួរទុកឆាន់បានយ៉ាងយូរត្រឹម៧ថ្ងៃ បើភិក្ខុទុកឱ្យកន្លងកំណត់នោះទៅ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។
[១៤១] ត្រង់ពាក្យថា ភេសជ្ជៈណាមួយដែលពួកភិក្ខុមានជម្ងឺគប្បីឆាន់បាន គឺ សប្បិ21) របស់គោក្ដី សប្បិរបស់ពពែក្ដី សប្បិរបស់ក្របីក្ដី ឈ្មោះថាសប្បិ (ទឹកដោះរាវ)។ សាច់របស់សត្វទាំងឡាយណាដែលសមគួរដល់ពុទ្ធានុញ្ញាត សប្បិរបស់សត្វទាំងឡាយនោះ ក៏សមគួរដែរ។ ដែលហៅថា ទឹកដោះខាប់ គឺទឹកដោះខាប់របស់សត្វទាំងនោះឯង។ ប្រេងល្ង ប្រេងស្ពៃ ប្រេងស្រគំ ប្រេងល្ហុងខ្ញែរ ប្រេងធ្វើពីខ្លាញ់រាវ ឈ្មោះថា ប្រេង។ ទឹកផ្អែមកើតពីមេឃ្មុំជាដើម ឈ្មោះថាទឹកឃ្មុំ។ ទឹកកើតពីដើមអំពៅ ឈ្មោះថាទឹកអំពៅ។ ពាក្យថា ភិក្ខុទទួលភេសជ្ជៈនោះហើយ គួរទុកឆាន់បានយ៉ាងយូរត្រឹម៧ថ្ងៃ មានអធិប្បាយថា ភេសជ្ជៈទាំងនោះគប្បីទុកឆាន់បានយ៉ាងយូរត្រឹម៧ថ្ងៃ។ បើទុកឱ្យកន្លងកំណត់នោះទៅ ភេសជ្ជៈនោះជានិស្សគ្គិយ គឺថា ជានិស្សិគ្គិយក្នុងកាលអរុណរះឡើងក្នុងថ្ងៃទី៨ ភេសជ្ជៈដែលជានិស្សគ្គិយ ភិក្ខុត្រូវលះបង់ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះបង់យ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ភេសជ្ជៈរបស់ខ្ញុំនេះកន្លងហួស៧ថ្ងៃហើយ ជានិស្សគ្គិយវត្ថុ ខ្ញុំសូមលះបង់ភេសជ្ជៈនេះដល់សង្ឃ។ សេចក្ដីអំពីនេះទៅមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃចីវរវគ្គ។
[១៤២] កាលភេសជ្ជៈកន្លងហួស៧ថ្ងៃទៅហើយ ភិក្ខុសំគាល់ថា កន្លងហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ កាលភេសជ្ជៈកន្លង៧ថ្ងៃ ហួសទៅហើយ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ កាលភេសជ្ជៈកន្លងហួស៧ថ្ងៃទៅហើយ ភិក្ខុសំគាល់ថាមិនទាន់កន្លង ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ (ភេសជ្ជៈនោះ) ភិក្ខុមិនទាន់បានតាំងចិត្ដទុកទេ ភិក្ខុសំគាល់ថាបានតាំងចិត្ដទុកហើយ ត្រូវអាបត្ដិនិស្សគ្គិយ បាចិត្ដិយ។ ភេសជ្ជៈមិនទាន់បានលះបង់ទេ តែភិក្ខុសំគាល់ថាបានលះបង់ហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភេសជ្ជៈមិនទាន់បាត់ទៅទេ ភិក្ខុសំគាល់ថាបាត់ទៅហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភេសជ្ជៈ មិនទាន់វិនាសទៅទេ តែភិក្ខុសំគាល់ថាវិនាសហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភេសជ្ជៈភ្លើងមិនទាន់ឆេះទេ តែភិក្ខុសំគាល់ថាភ្លើងឆេះហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភេសជ្ជៈចោរមិនទាន់លួចយកទៅទេ តែ ភិក្ខុសំគាល់ថាចោរលួចយកទៅហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។
[១៤៣] ភិក្ខុត្រឡប់បានភេសជ្ជៈដែលខ្លួនលះបង់ហើយ មិនត្រូវយក មកបរិភោគប្រើប្រាស់ដោយកាយ មិនត្រូវយកមកឆាន់។ (ភេសជ្ជៈនោះ) ភិក្ខុគប្បីបង្អោនចូលទៅក្នុងប្រទីប ឬក្នុងវត្ដមានពណ៌ខ្មៅ។22) ភិក្ខុដទៃគប្បីបរិភោគប្រើប្រាស់ដោយកាយបាន តែមិនត្រូវយកមកឆាន់។ ភេសជ្ជៈ មិនទាន់កន្លង៧ ថ្ងៃទេ ភិក្ខុសំគាល់ថាកន្លងហើយ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុ មានសេចក្ដីសង្ស័យក្នុងភេសជ្ជៈដែលមិនទាន់កន្លង៧ថ្ងៃ ត្រូវអាបត្ដិទុក្កដ។ ភេសជ្ជៈមិនទាន់កន្លង៧ ថ្ងៃ ភិក្ខុសំគាល់ថាមិនទាន់កន្លង មិនត្រូវអាបត្ដិឡើយ។
[១៤៤] អាបត្ដិមិនមានដល់ភិក្ខុដែលតាំងចិត្ដទុក23) (ក្ដី) លះបង់ចោល(ក្ដី) នូវភេសជ្ជៈដល់ភិក្ខុដែលមានភេសជ្ជៈបាត់ទៅ(ក្ដី) វិនាសទៅ(ក្ដី) ភ្លើងឆេះ(ក្ដី) ចោរលួចយកទៅ(ក្ដី) គេយកទៅដោយសេចក្ដីស្និទ្ធស្នាល (ក្ដី) ដល់ភិក្ខុដែលបរិច្ចាគលះបង់ដាច់ស្រឡះឥតអាល័យឱ្យអនុបសម្បន្ន ហើយទទួលយកមកបរិភោគវិញ ក្នុងរវាង៧ថ្ងៃ ដល់ភិក្ខុខូចចរិត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៣ ចប់។
(៤. វស្សិកសាដិកសិក្ខាបទំ)
[១៤៥] សម័យនោះ ព្រះពុទ្ធដ៏ទ្រង់យស កាលទ្រង់គង់នៅវត្ដជេតវនមហាវិហារ ជារបស់អនាថបិណ្ឌិកមហាសេដ្ឋី ទៀបក្រុងសាវត្ថី។ ពេលនោះឯង ព្រះទ្រង់យសជាម្ចាស់ទ្រង់អនុញ្ញាតវស្សិកសាដិក (សម្ពត់ងូតទឹកភ្លៀង) ដល់ភិក្ខុទាំងឡាយហើយ។ ពួកភិក្ខុឆព្វគ្គិយបានដំណឹងថា ព្រះទ្រង់យសជាម្ចាស់ទ្រង់អនុញ្ញាតវស្សិកសាដិកហើយ ក៏នាំគ្នាស្វែងរកចីវរ សម្រាប់ងូតទឹកភ្លៀងមុនគេ ហើយ ធ្វើប្រើប្រាស់ក៏មុនគេដែរ កាលសម្ពត់ងូតទឹកភ្លៀង ចាស់ខូចខាតហើយ (ឆព្វគ្គិយភិក្ខុ) ក៏ងូតទឹកភ្លៀងដោយខ្លួនទទេ។ ភិក្ខុទាំងឡាយណា មានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុឆព្វគ្គិយមិនសមបីបើនឹងប្រញាប់ស្វែងរកចីវរ សម្រាប់ងូតទឹកភ្លៀង ហើយប្រញាប់ធ្វើប្រើប្រាស់សោះ កាលសម្ពត់វស្សិកសាដិកចាស់ខូចខាតហើយ ក៏ត្រឡប់ងូតទឹកភ្លៀងដោយខ្លួនទទេទៅវិញ។ គ្រានោះ ពួកភិក្ខុទាំងនោះ ក៏នាំសេចក្ដីនុ៎ះក្រាប ទូលចំពោះព្រះទ្រង់ជោគ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ គេថាពួកអ្នកឯងប្រញាប់ស្វែងរកចីវរសម្រាប់ងូតទឹកភ្លៀងមុនគេ ប្រញាប់ធ្វើប្រើប្រាស់មុនគេ លុះសម្ពត់វស្សិកសាដិក ចាស់ខូចហើយ ត្រឡប់ជាងូតទឹកភ្លៀងដោយខ្លួនទទេទៅវិញ ពិតមែនឬ។ ឆព្វគ្គិយភិក្ខុ ក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះសម្ពុទ្ធ ដ៏មានជោគជាម្ចាស់ទ្រង់តិះដៀលថា ម្នាលពួកមោឃបុរស មិនសមបីបើ ពួកអ្នកឯង ប្រញាប់ស្វែងរកចីវរសម្រាប់ងូតទឹកភ្លៀងមុនគេ ប្រញាប់ធ្វើ ប្រើប្រាស់មុនគេ លុះសម្ពត់ងូតទឹកភ្លៀងចាស់គ្រាំគ្រា ត្រឡប់ជានាំគ្នាងូតទឹកភ្លៀងដោយខ្លួនទទេសោះ ម្នាលមោឃបុរសទាំងឡាយអំពើនេះមិននាំឱ្យកើតសេចក្ដីជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំជនទាំងឡាយដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាង នេះថា
ភិក្ខុកំណត់ដឹងថាខែមួយជាខាងចុងនៃគិម្ហរដូវ24) គប្បីស្វែងរកសាដិកចីវរ សម្រាប់ងូតទឹកភ្លៀង ភិក្ខុកំណត់ដឹងថានៅកន្លះខែជាខាងចុងនៃគិម្ហរដូវទៀត គប្បីធ្វើឱ្យស្រេចហើយប្រើប្រាស់ចុះ។ បើមិនទាន់ដល់ខែមួយជាខាងចុងនៃគិម្ហរដូវទេ ភិក្ខុស្វែងរកសាដិកចីវរសម្រាប់ងូតទឹកភ្លៀង និងមិនទាន់ដល់កន្លះខែជាខាងចុងគិម្ហរដូវទេ ភិក្ខុធ្វើឱ្យស្រេច ហើយប្រើប្រាស់ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។
[១៤៦] ត្រង់ពាក្យថា ភិក្ខុកំណត់ដឹងថា ខែមួយជាខាងចុងនៃគិម្ហរដូវ ត្រូវស្វែងរកសាដិកចីវរសម្រាប់ងូតទឹកភ្លៀង មានអធិប្បាយ ថា អំពីដើមមកមនុស្សទាំងឡាយណាធ្លាប់ប្រគេនសាដិកចីវរសម្រាប់ងូតទឹកភ្លៀង ពួកភិក្ខុគប្បីចូលទៅរកមនុស្សទាំងឡាយនោះ ហើយពោលយ៉ាងនេះថា ពេលនេះជាកាលនៃវស្សិកសាដិក ពេលនេះជាសម័យនៃ វស្សិកសាដិក សូម្បីពួកមនុស្សឯទៀតគេតែងប្រគេនសាដិកចីវរសម្រាប់ ងូតទឹកភ្លៀងដែរ។ ពួកភិក្ខុមិនត្រូវនិយាយថា អ្នកទាំងឡាយចូរឱ្យ សាដិកចីវរសម្រាប់ងូតទឹកភ្លៀងដល់អាត្មា ចូរនាំយកសាដិកចីវរសម្រាប់ ងូតទឹកភ្លៀងមកឱ្យអាត្មា ចូរផ្លាស់ប្ដូរសាដិកចីវរសម្រាប់ងូតទឹកភ្លៀងឱ្យអាត្មា ចូរទិញសាដិកចីវរសម្រាប់ងូតទឹកភ្លៀងឱ្យអាត្មា។ ពាក្យថាភិក្ខុកំណត់ដឹង ថា នៅកន្លះខែជាខាងចុងគិម្ហរដូវទៀត គប្បីធ្វើឱ្យស្រេចហើយប្រើប្រាស់ ចុះ គឺភិក្ខុគប្បីធ្វើឱ្យស្រេចហើយប្រើប្រាស់ក្នុងកន្លះខែជាខាងចុងគិម្ហរដូវ។ ពាក្យថា បើមិនទាន់ដល់ខែ១ ជាខាងចុងនៃគិម្ហរដូវទេ គឺថ្ងៃមុនពីមួយ ខែជាខាងចុងគិម្ហរដូវ ភិក្ខុស្វែងរកសាដិកចីវរសម្រាប់ងូតទឹកភ្លៀង ចីវរ នោះជានិស្សគ្គិយ។ ពាក្យថា មិនទាន់ដល់កន្លះខែជាខាងចុងគិម្ហរដូវទេ គឺថ្ងៃមុនពីកន្លះខែជាខាងចុងគិម្ហរដូវ ភិក្ខុធ្វើស្រេចហើយប្រើប្រាស់ សម្ពត់នោះ ជានិស្សគ្គិយ ភិក្ខុត្រូវលះបង់ឱ្យស្រឡះដល់សង្ឃក៏បាន គណៈ ក៏បាន បុគ្គលដ៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះបង់យ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន វស្សិកសាដិកចីវររបស់ខ្ញុំនេះ ខ្ញុំស្វែងរកបានមកក្នុងមុនពីមួយខែជាខាងចុងគិម្ហរដូវ ធ្វើស្រេចហើយប្រើ ប្រាស់ក្នុងកាលមុនពីកន្លះខែជាខាងចុងគិម្ហរដូវ សម្ពត់នេះជានិស្សគ្គិយ ខ្ញុំសូមលះបង់នូវវស្សិកសាដិកចីវរនេះដល់សង្ឃ។ បេ។ ពាក្យតពីនេះទៅ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី ១ នៃចីវរវគ្គ។
[១៤៧] ខាងចុងគិម្ហរដូវនៅលើសមួយខែ ភិក្ខុសំគាល់ថាលើស មែន ហើយស្វែងរកសាដិកចីវរសម្រាប់ងូតទឹកភ្លៀង ត្រូវអាបត្ដិនិស្សគ្គិយ បាចិត្ដិយ។ ខាងចុងគិម្ហរដូវនៅលើសមួយខែ តែភិក្ខុមានសេចក្ដីសង្ស័យ ហើយស្វែងរកវស្សិកសាដិកចីវរ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ខាងចុង គិម្ហរដូវនៅលើសមួយខែ ភិក្ខុសំគាល់ថានៅខ្វះ ហើយស្វែងរកវស្សិកសាដិកចីវរ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ខាងចុងគិម្ហរដូវនៅលើស កន្លះខែទៀត ភិក្ខុសំគាល់ថាលើសមែន ហើយធ្វើឱ្យស្រេចប្រើប្រាស់ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ខាងចុងគិម្ហរដូវនៅលើសកន្លះខែទៀត ភិក្ខុមានសេចក្ដីសង្ស័យ ហើយធ្វើឱ្យស្រេចប្រើប្រាស់ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ខាងចុងគិម្ហរដូវនៅលើសកន្លះខែទៀត ភិក្ខុសំគាល់ថានៅខ្វះ ហើយធ្វើឱ្យស្រេចប្រើប្រាស់ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ វស្សិកសាដិកចីវររបស់ភិក្ខុមាន តែភិក្ខុស្រាតងូតទឹកភ្លៀង ត្រូវអាបត្ដិទុក្កដ។ ខាងចុងគិម្ហរដូវនៅខ្វះមិនដល់មួយខែ ភិក្ខុសំគាល់ថា លើសទៅវិញ ត្រូវអាបត្ដិទុក្កដ។ ខាងចុងគិម្ហរដូវនៅខ្វះមិនដល់មួយខែ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ខាងចុងគិម្ហរដូវនៅខ្វះមិនដល់មួយខែ ភិក្ខុសំគាល់ថានៅខ្វះមិនដល់មួយខែមែន មិនត្រូវអាបត្ដិ។ ខាងចុងគិម្ហរដូវនៅខ្វះមិនដល់កន្លះខែ ភិក្ខុសំគាល់ថាលើសទៅវិញ ត្រូវអាបត្ដិទុក្កដ។ ខាងចុងគិម្ហរដូវនៅខ្វះមិនដល់កន្លះខែ ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ខាងចុងគិម្ហរដូវនៅខ្វះមិនដល់កន្លះខែ ភិក្ខុសំគាល់ថាមិនដល់កន្លះខែមែន មិនត្រូវអាបត្ដិឡើយ។
[១៤៨] អាបត្ដិមិនមានដល់ភិក្ខុដែលដឹងថា ខាងចុងគិម្ហរដូវនៅសល់មួយខែ ហើយស្វែងរកសាដិកចីវរសម្រាប់ងូតទឹកភ្លៀង ដល់ភិក្ខុដែលដឹងថា ខាងចុងគិម្ហរដូវនៅសល់កន្លះខែទៀត ហើយធ្វើឱ្យស្រេចប្រើប្រាស់ ដល់ភិក្ខុដែលដឹងថា ខាងចុងគិម្ហរដូវនៅខ្វះមិនដល់មួយខែ ហើយស្វែងរកសាដិកចីវរសម្រាប់ងូតទឹកភ្លៀង ដល់ភិក្ខុដែលដឹងថាខាងចុងគិម្ហរដូវនៅខ្វះមិនដល់កន្លះខែ ហើយធ្វើឱ្យស្រេចប្រើប្រាស់ ដល់ភិក្ខុដែលស្វែងរកវស្សិកសាដិកចីវរបានស្រេចហើយ (ស្រាប់តែដឹងជាខាងក្រោយថា) គេលើកខែមួយជាខាងដើមនៃវស្សានរដូវ (ឆ្នាំមានខែអធិកមាស) ដល់ភិក្ខុដែលស្លៀកវស្សិកសាដិកនោះហើយ (ទើបដឹងថា) គេលើកខែមួយជាខាងដើមនៃវស្សានរដូវដល់ភិក្ខុដែលលាងវស្សិកសាដិក ហើយដម្កល់ទុក ដល់ភិក្ខុដែលប្រើប្រាស់វស្សិកសាដិកក្នុងកាលដ៏គួរ ដល់ភិក្ខុមានចីវរ25) ដែលចោរដណ្ដើមយកទៅ ដល់ភិក្ខុមានចីវរបាត់26) ដល់ភិក្ខុដែលមានសេចក្ដីអន្ដរាយ27) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៤ ចប់។
(៥. ចីវរអច្ឆិន្ទនសិក្ខាបទំ)
[១៤៩] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់ក្នុងវត្ដជេតពន ជារបស់អនាថបិណ្ឌិកមហាសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឧបនន្ទសក្យបុត្រដ៏មានអាយុ បាននិយាយពាក្យនេះនឹងភិក្ខុដែលជាសទ្ធិវិហារិករបស់ព្រះថេរជាបងថា នែអាវុសោ អ្នកចូរមក យើងនឹងចៀសទៅកាន់ចារិកក្នុងជនបទ។ ភិក្ខុនោះឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាទៅមិនបានទេ (ដ្បិត)ខ្ញុំករុណាមានចីវរចាស់គ្រាំគ្រាហើយ។ ឧបនន្ទភិក្ខុនិយាយថា មកចុះអាវុសោ ខ្ញុំនឹងឱ្យចីវរលោក ហើយបានឱ្យចីវរទៅភិក្ខុនោះ។ ភិក្ខុនោះបានឮថា ព្រះដ៏មានព្រះភាគម្ចាស់នឹងទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងជនបទ។ ទើបភិក្ខុនោះត្រិះរិះយ៉ាងនេះថា ឥឡូវនេះ អញមិនចៀសទៅកាន់ចារិកក្នុងជនបទជាមួយនឹងឧបនន្ទសក្យបុត្រដ៏មានអាយុទេ អញមុខជានឹងទៅកាន់ចារិកក្នុងជនបទជាមួយនឹងព្រះដ៏មានព្រះភាគវិញ។ លំដាប់នោះ ឧបនន្ទសក្យបុត្រដ៏មានអាយុនិយាយពាក្យនេះនឹងភិក្ខុនោះថា ឥឡូវនេះ អាវុសោ លោកចូរមក យើងនឹងនាំគ្នាទៅកាន់ចារិកក្នុងជនបទ។ ភិក្ខុនោះឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំករុណាមិនទៅកាន់ចារិកក្នុងជនបទជាមួយនឹងលោកទេ ខ្ញុំករុណាមុខជាទៅកាន់ចារិកក្នុងជនបទជាមួយនឹងព្រះដ៏មានព្រះភាគវិញ។ ឧបនន្ទខឹងអន់ចិត្ដហើយពោលថា អាវុសោ ខ្ញុំបានឱ្យចីវរណាដល់លោក(ព្រោះ) លោកថានឹងទៅកាន់ចារិកជាមួយនឹងខ្ញុំ(ថាដូច្នោះហើយ) ក៏ដណ្ដើមយកចីវរមកវិញ។ គ្រានោះ ភិក្ខុនោះប្រាប់សេចក្ដីនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ទើបភិក្ខុទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនទំនងសោះ ឧបនន្ទសក្យបុត្រដ៏មានអាយុឱ្យចីវរទៅដោយខ្លួនឯងហើយ ត្រឡប់ជាខឹងអន់ចិត្ដ ដណ្ដើមយកមកវិញ។ លំដាប់នោះ ភិក្ខុទាំងនោះនាំសេចក្ដីនុ៎ះក្រាបទូល ចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯងបានឱ្យចីវរទៅភិក្ខុដោយខ្លួនឯងហើយ ត្រឡប់ក្រោធខឹងអន់ចិត្ដដណ្ដើមយកពីគេមកវិញ មែនឬ។ ឧបនន្ទសក្យបុត្រក្រាបទូល ថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះសម្ពុទ្ធដ៏ទ្រង់យសជាម្ចាស់ទ្រង់តិះដៀលថា ម្នាលមោឃបុរស មិនសមបីបើអ្នកឯងបានឱ្យចីវរទៅភិក្ខុដោយខ្លួនឯងហើយ ត្រឡប់ក្រោធខឹងអន់ចិត្ដដណ្ដើមយកចីវរពីគេមកវិញសោះ ម្នាលមោឃបុរស អំពើដែលអ្នកធ្វើនេះ មិនមែននាំ ឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំឱ្យជនទាំងឡាយ ដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយឱ្យចីវរដល់ភិក្ខុ(ដទៃ)ដោយខ្លួនឯងហើយ ខឹងអន់ចិត្ដដណ្ដើមយក(ចីវរ) មកវិញក្ដី ប្រើឱ្យគេដណ្ដើមយកមកវិញក្ដី ភិក្ខុនោះត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។
[១៥០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ពាក្យថា ដល់ភិក្ខុ គឺដល់ភិក្ខុដទៃ។ ពាក្យថា ខ្លួនឯង គឺបានឱ្យទៅខ្លួនឯង។ ដែលហៅថា ចីវរនោះ បានដល់ចីវរ៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុតល្មមសម្រេចកិច្ចវិកប្បបាន។ ពាក្យថា ខឹងអន់ចិត្ដ គឺមិនត្រេកអរ មានចិត្ដក្ដួលក្ដៅ រឹងរូស។ ពាក្យថា ដណ្ដើមយកមកវិញ គឺដណ្ដើមយកមកដោយខ្លួនឯងវិញ ចីវរនោះជានិស្សគ្គិយ។ ពាក្យថា ប្រើឱ្យគេដណ្ដើម យកមកវិញ គឺភិក្ខុបង្គាប់អ្នកដទៃ (ឱ្យដណ្ដើមយកមកវិញ) ត្រូវអាបត្ដិទុក្កដ។ ភិក្ខុបង្គាប់ទៅតែម្ដងទេ អ្នកទទួលបង្គាប់ទៅដណ្ដើមយកច្រើនដង ចីវរទំាងនោះជានិស្សគ្គិយ ភិក្ខុត្រូវលះបង់ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះបង់យ៉ាងនេះ។បេ។ ថាបពិត្រព្រះសង្ឃដ៏ចំរើន ចីវររបស់ខ្ញុំនេះ ខ្ញុំបានឱ្យទៅភិក្ខុ (ដទៃ) ដោយខ្លួនឯងហើយ ខ្ញុំត្រឡប់ដណ្ដើមយកមកវិញ ជានិស្សគ្គិយ ខ្ញុំសូមលះបង់ចីវរនេះដល់សង្ឃ។ ពាក្យតអំពីនេះទៅមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ ក្នុងចីវរវគ្គ។
[១៥១] ភិក្ខុសំគាល់បុគ្គលដែលជាឧបសម្បន្ន28) ថាឧបសម្បន្នពិតមែន ហើយឱ្យចីវរទៅដោយខ្លួនឯង ក៏ត្រឡប់ក្រោធខឹងអន់ចិត្ដដណ្ដើមយកវិញក្ដី ប្រើឱ្យអ្នកដទៃដណ្ដើមយកមកវិញក្ដី ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងបុគ្គលដែលជាឧបសម្បន្ន ហើយឱ្យចីវរទៅដោយខ្លួនឯង ក៏ត្រឡប់ជាក្រោធខឹងអន់ចិត្ដ ដណ្ដើមយកមកខ្លួនឯងវិញក្ដី ប្រើឱ្យអ្នកដទៃដណ្ដើមមកវិញក្ដី ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់បុគ្គលដែលជាឧបសម្បន្នថា អនុបសម្បន្ន29) ទៅវិញហើយឱ្យចីវរទៅដោយខ្លួនឯង ក៏ត្រឡប់ក្រោធខឹងអន់ចិត្ដ ដណ្ដើមយកមកខ្លួនឯងវិញក្ដី ប្រើឱ្យអ្នកដទៃដណ្ដើមយកមកវិញក្ដី ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុឱ្យបរិក្ខារដទៃហើយ ត្រឡប់ក្រោធខឹងអន់ចិត្ដ ដណ្ដើមយកមកខ្លួនឯងវិញក្ដី ប្រើឱ្យអ្នកដទៃដណ្ដើមយកមកវិញក្ដី ត្រូវអាបត្ដិទុក្កដ។ ភិក្ខុឱ្យចីវរក្ដី បរិក្ខារដទៃក្ដី ទៅអនុបសម្បន្ន ហើយក្រោធខឹងអន់ចិត្ដ ដណ្ដើមយកមកខ្លួនឯងវិញក្ដី ប្រើឱ្យអ្នកដទៃដណ្ដើមយកមកវិញក្ដី ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់អនុបសម្បន្នថាជាឧបសម្បន្នទៅវិញ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងបុគ្គលដែលជាអនុបសម្បន្ន ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់អនុបសម្បន្នថា អនុបសម្បន្នពិតមែន ត្រូវអាបត្ដិទុក្កដ។
[១៥២] អាបត្ដិមិនមានដល់ភិក្ខុដែលភិក្ខុអ្នកទទួលចីវរនោះគេឱ្យត្រឡប់វិញ ឬភិក្ខុដែលមានសេចក្ដីស្និទ្ធស្នាលនឹងភិក្ខុអ្នកទទួលចីវរនោះហើយកាន់យកមកវិញ ដល់ភិក្ខុដែលខូចចរិត ដល់ភិក្ខុដែលជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៥ ចប់។
(៦. សុត្តវិញ្ញត្តិសិក្ខាបទំ)
[១៥៣] សម័យនោះ ព្រះសម្ពុទ្ធដ៏ទ្រង់យស កាលគង់ក្នុងវិហារវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុបានសូមអម្បោះមកជាច្រើន ក្នុងសម័យធ្វើចីវរកម្ម។ លុះធ្វើចីវរសម្រេចហើយ មានអម្បោះសេសសល់ជាច្រើន។ ទើបពួកឆព្វគ្គិយភិក្ខុបានជំនុំគ្នាដូច្នេះថា ម្នាលអាវុសោ បើដូច្នេះ មានតែពួកយើងនឹងសូមអម្បោះដទៃ មកថែមទៀត ហើយឱ្យពួកជាងដម្បាញត្បាញចីវរ។ លំដាប់នោះ ពួកឆព្វគ្គិយភិក្ខុទៅសូមអម្បោះឯទៀតមក ហើយក៏ឱ្យជាងដម្បាញត្បាញចីវរ។ កាលត្បាញចីវររួចហើយ អម្បោះនៅសេសសល់ ជាច្រើន ពួកឆព្វគ្គិយភិក្ខុក៏ទៅសូមអម្បោះដទៃ ៗមកថែមទៀត ហើយ ឱ្យពួកជាងដម្បាញចីវរជាគំរប់ពីរដង។ កាលគេត្បាញរួចហើយ អម្បោះនៅសល់ជាច្រើន។ ពួកឆព្វគ្គិយភិក្ខុទៅសូមអម្បោះដទៃៗ មក ថែមទៀត ហើយឱ្យពួកជាងដម្បាញត្បាញចីវរជាគំរប់បីដង។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រ មិនសមនឹងទៅសូមអម្បោះមកដោយខ្លួនឯង ហើយឱ្យពួកជាងដម្បាញត្បាញចីវរឱ្យសោះ។ ភិក្ខុទាំងឡាយបានឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់(ដូច្នោះ) ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោល ទោស តិះដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបើនឹងទៅសូម អម្បោះមកដោយខ្លួនឯង ហើយឱ្យពួកជាងដម្បាញត្បាញចីវរឱ្យ(ដូច្នេះ) សោះ។ ទើបភិក្ខុទាំងនោះនាំសេចក្ដីនុ៎ះក្រាបទូលចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកឯងទៅសូមអម្បោះមកនឹងខ្លួនឯង ហើយឱ្យពួកជាងដម្បាញត្បាញចីវរឱ្យ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាល មោឃបុរស ពួកអ្នកឯង មិនសមបើហ៊ានទៅសូមអម្បោះមកនឹងខ្លួនឯង ហើយឱ្យពួកជាងដម្បាញត្បាញចីវរឱ្យ(ដូច្នេះ) សោះ ម្នាលមោឃបុរស អំពើដែលអ្នកធ្វើមកនេះ មិននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា នឹងមិននាំពួកជនដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទ នេះយ៉ាងនេះថា
ភិក្ខុណាមួយសូមអម្បោះមកដោយខ្លួនឯង ហើយឱ្យពួក ជាងដម្បាញត្បាញចីវរឱ្យ ភិក្ខុនោះត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។
[១៥៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌឯនោះ។ ពាក្យថា ដោយខ្លួនឯង គឺសូមមកខ្លួនឯង។ ដែលហៅថា អម្បោះ បានដល់អម្បោះ៦យ៉ាងគឺ អម្បោះដែលកើតពីសម្បកឈើ១ អម្បោះដែលកើតពីកប្បាស១ សូត្រ១ អម្បោះដែលកើតពីរោមសត្វ១ អម្បោះដែលកើតឡើងពីធ្មៃ១ អម្បោះកើត ពីភង្គ (គឺយករបស់ខាងដើមទាំង ៥ មកធ្វើជាអម្បោះ) ១។ ពាក្យថា ឱ្យពួកជាងដម្បាញត្បាញ គឺប្រើពួកជាងដម្បាញឱ្យត្បាញ ត្រូវអាបត្ដិទុក្កដតាមប្រយោគ។ ចីវរនោះ ជានិស្សគ្គិយក្នុងខណៈដែលបានមក ភិក្ខុគប្បីលះបង់ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុគប្បីលះបង់យ៉ាងនេះ។បេ។ ថា បពិត្រព្រះសង្ឃដ៏ចំរើន ចីវររបស់ខ្ញុំនេះ ខ្ញុំបានសូមអម្បោះមកដោយខ្លួនឯង ហើយឱ្យពួកជាងដម្បាញត្បាញ ចីវរនោះជានិស្សគ្គិយ ខ្ញុំសូមលះបង់ចីវរនេះដល់សង្ឃ។ពាក្យតពីនេះទៅមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃចីវរវគ្គ។
[១៥៥] ភិក្ខុសំគាល់ចីវរដែលឱ្យគេត្បាញរួចហើយថា ឱ្យគេត្បាញរួចហើយពិតមែន ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងចីវរដែលឱ្យគេត្បាញរួចហើយ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់ចីវរដែលឱ្យគេត្បាញរួចហើយថា មិនមែនចីវរ ដែលឱ្យគេត្បាញទេ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់ចីវរដែលមិនមែនឱ្យគេត្បាញថា ចីវរដែលឱ្យគេត្បាញហើយ ត្រូវអាបត្ដិទុក្កដ។ មិនមែនចីវរដែលឱ្យគេត្បាញទេ តែភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ចីវរដែលមិនមែនឱ្យគេត្បាញថា មិនមែន ចីវរដែលឱ្យគេត្បាញពិតមែន មិនត្រូវអាបត្ដិឡើយ។
[១៥៦] អាបត្ដិមិនមានដល់ភិក្ខុដែលសូមអម្បោះមកដើម្បីដេរចីវរ ដើម្បីធ្វើសម្ពត់អាយោគ ដើម្បីធ្វើវត្ថពន្ធចង្កេះ ដើម្បីធ្វើយោគបាត្រ ដើម្បីធ្វើស្លោកបាត្រ ដើម្បីធ្វើសម្ពត់ត្រងទឹក ដល់ភិក្ខុដែលសូមអម្បោះ អំពីពួកញាតិ ដល់ភិក្ខុដែលសូមអម្បោះពីពួកជនដែលបានបវារណាទុក ដល់ភិក្ខុដែលសូមអម្បោះដើម្បីជាប្រយោជន៍ដល់ភិក្ខុដទៃ ដល់ភិក្ខុដែល បានមកដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុដែលខូចចរិត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៦ ចប់។
(៧. មហាបេសការសិក្ខាបទំ)
[១៥៧] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលទ្រង់គង់នៅវត្ដជេតវន ជារបស់អនាថបិណ្ឌិកមហាសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានបុរសម្នាក់ កាលចេញទៅកាន់និវាសស្ថាន បាននិយាយពាក្យនេះនឹងប្រពន្ធថា ចូរនាងថ្លឹងអម្បោះយកទៅឱ្យជាងដម្បាញ ឯណោះ ហើយប្រាប់ឱ្យគេត្បាញចីវរទុកទៅ ចំាអញត្រឡប់មកវិញ នឹងប្រគេនចីវរ (នោះ) ឱ្យព្រះឧបនន្ទជាម្ចាស់គ្រង។ ភិក្ខុមួយរូបជាអ្នកកាន់បិណ្ឌចារិកវត្ដ បានឮពាក្យដែលបុរសនោះនិយាយហើយ។ ទើបភិក្ខុនោះចូលទៅរកឧបនន្ទសក្យបុត្រដ៏មានអាយុ លុះដល់ហើយបាន និយាយពាក្យនេះនឹងឧបនន្ទសក្យបុត្រដ៏មានអាយុថា ម្នាលអាវុសោឧបនន្ទ លោកជាអ្នកមានបុណ្យធំ ព្រោះបុរសម្នាក់នៅទីឯណោះ កាលគាត់ចេញទៅកាន់និវាសស្ថាន បាននិយាយនឹងប្រពន្ធគាត់ថា ចូរនាងថ្លឹងអម្បោះ(សម្រាប់ត្បាញចីវរ) ហើយយកទៅឱ្យជាងដម្បាញឯណោះ ឱ្យគេត្បាញចីវរទុកឱ្យ(អញ) ចាំអញត្រឡប់មកវិញ នឹងប្រគេនចីវរឱ្យព្រះឧបនន្ទជាម្ចាស់គ្រង។ ឧបនន្ទដ៏មានអាយុឆ្លើយថា ម្នាលអាវុសោ ការនោះពិតមែនហើយ ព្រោះបុរសនោះជាញោមឧបដ្ឋាករបស់ខ្ញុំ។ ឯជាងដម្បាញនោះជាញោមឧបដ្ឋាករបស់ឧបនន្ទសក្យបុត្រដ៏មានអាយុ មែន។ លំដាប់នោះ ឧបនន្ទសក្យបុត្រដ៏មានអាយុ ចូលទៅរកជាងដម្បាញនោះ លុះចូលទៅដល់ហើយបាននិយាយពាក្យនេះនឹងជាងដម្បាញនោះថា ម្នាលអ្នកដ៏មានអាយុ ចីវរនេះគេត្បាញចំពោះអាត្មា អ្នកចូរធ្វើឱ្យវែង ឱ្យទូលាយ ឱ្យណែន ត្បាញឱ្យស្មើល្អ រឹតដំបាញ ឱ្យតឹង កួតឱ្យល្អ សិតឱ្យស្អាត។ ជាងដម្បាញឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន គេថ្លឹងអម្បោះទាំងនេះមកឱ្យខ្ញុំករុណាថា អ្នកឯងចូរត្បាញចីវរដោយអម្បោះនេះ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាមិនអាចធ្វើឱ្យវែង ឱ្យទូលាយ ឱ្យណែនបានទេ បពិត្រលោកម្ចាស់ ប៉ុន្ដែខ្ញុំករុណាអាចត្បាញឱ្យស្មើល្អ រឹតដំបាញឱ្យតឹង កួតឱ្យល្អ សិត ឱ្យស្អាតបាន។ ឧបនន្ទដ៏មានអាយុពោលថា ណ្ហើយចុះ ម្នាលអ្នកដ៏មានអាយុ អ្នកចូរធ្វើឱ្យវែង ឱ្យទូលាយ ឱ្យណែនល្អចុះ អម្បោះនោះមិនខ្វះទេ។ លំដាប់នោះ ជាងដម្បាញនោះបញ្ចូលអម្បោះដែលបានមកទាំងប៉ុន្មានទៅក្នុងដម្បាញអស់ហើយ ទើបចូលទៅរកស្រីនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងស្រីនោះថា នែនាងដ៏ចំរើន ឥឡូវត្រូវការអម្បោះ ( ថែមទៀត )។ នាងនោះត្រឡប់សួរថា នែអ្នកខ្ញុំបានប្រាប់អ្នកហើយថា អ្នកចូរត្បាញចីវរដោយអម្បោះប៉ុណ្ណេះឱ្យគ្រាន់។ ជាងដម្បាញឆ្លើយថា នែនាងដ៏ចំរើន នាងបានប្រាប់ខ្ញុំថា អ្នកចូរត្បាញ ចីវរដោយអម្បោះប៉ុណ្ណោះក៏ពិតមែនហើយ តែព្រះឧបនន្ទជាម្ចាស់លោកនិយាយយ៉ាងនេះនឹងខ្ញុំថា ណ្ហើយចុះ ម្នាលអ្នកដ៏មានអាយុ អ្នកចូរធ្វើ ឱ្យវែងឱ្យទូលាយ ឱ្យណែនល្អ អម្បោះនោះមិនខ្វះទេ។ ស្រីនោះក៏ឱ្យអម្បោះទៅជាងដម្បាញក្នុងជាន់ក្រោយនេះ ប្រហែលអម្បោះដែលបានឱ្យ ជាន់មុនដែរ។ ឯឧបនន្ទសក្យបុត្រដ៏មានអាយុបានដំណឹងថា បុរសនោះ ត្រឡប់មកពីនិវាសស្ថានហើយ។ ឧបនន្ទសក្យបុត្រដ៏មានអាយុចូលទៅកាន់លំនៅរបស់បុរសនោះ លុះចូលទៅហើយ ក៏អង្គុយលើអាសនៈ ដែលគេចាត់ចែងស្រាប់។ ឯបុរសនោះក៏ចូលទៅរកឧបនន្ទសក្យបុត្រដ៏មានអាយុ លុះចូលទៅដល់ហើយថ្វាយបង្គំឧបនន្ទសក្យបុត្រដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះអង្គុយស្រួលបួលហើយ ក៏និយាយពាក្យនឹងប្រពន្ធថា នាងឯងបានឱ្យជាងដម្បាញត្បាញចីវររួចហើយឬ។ ប្រពន្ធឆ្លើយថា ច៎ាះ អ្នកជាម្ចាស់ ខ្ញុំបានឱ្យគេត្បាញចីវររួចហើយ។ ប្ដីទាររកថា ចូរនាងយកមក អញនឹងប្រគេនចីវរឱ្យព្រះឧបនន្ទជាម្ចាស់គ្រង។ លំដាប់នោះ ស្រីនោះបាននាំយកចីវរនោះទៅឱ្យស្វាមី ហើយក៏ប្រាប់សេចក្ដីនុ៎ះឱ្យដឹង។ ទើបបុរសនោះប្រគេនចីវរនោះដល់ ឧបនន្ទសក្យបុត្រដ៏មានអាយុ ហើយក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រទាំងនេះ ជាអ្នកប្រាថ្នាច្រើន មិនសន្ដោស យើងមិនងាយនឹងឱ្យសមណៈពួកនេះស្លៀកដណ្ដប់ចីវរបានទេ អញមិនបានបវារណាព្រះឧបនន្ទជាម្ចាស់មកពីមុនទេ មិនសមបើនឹងហ៊ានចូលទៅរកជាងដម្បាញ ហើយដល់នូវកិរិយាកំណត់ ក្នុងចីវរ (គឺរិះគន់ចង់បានហួសហេតុ)។ ភិក្ខុទាំងឡាយបានឮបុរសនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ឧបនន្ទសក្យបុត្រដ៏មានអាយុ គេមិនបានបវារណាមក ពីមុនសោះ មិនសមបើនឹងហ៊ានចូលទៅរកពួកជាងដម្បាញរបស់គហបតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ( គឺរិះគន់ចង់បានហួសហេតុ )។ លំដាប់នោះ ភិក្ខុទាំងនោះនាំសេចក្ដីនុ៎ះក្រាបទូលចំពោះព្រះដ៏មានព្រះភាគ ជាម្ចាស់។ ព្រះអង្គត្រាស់ថា ឧបនន្ទ គេថាអ្នកឯង ជនជាម្ចាស់ចីវរគេមិនបានបវារណាមកពីមុនសោះ ហ៊ានចូលទៅរកពួកជាងដម្បាញរបស់គហបតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (គឺរិះគន់ចង់បានហួសហេតុ) ពិតមែនឬ។ ឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះអង្គត្រាស់សួរថា នែឧបនន្ទ បុរសនោះ ជាញាតិរបស់អ្នកឯង ឬមិនមែនជាញាតិទេ។ ឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគជាម្ចាស់ បុរសនោះមិនមែនជាញាតិទេ។ ម្នាលមោឃបុរស បុគ្គលមិនមែនជាញាតិតែងមិនទទួលដឹងនូវការសមគួរ និងមិនសមគួរ ការល្អិតល្អ និងមិនល្អិតល្អ របស់បុគ្គលដែលមិនមែនជា ញាតិទេ នែមោឃបុរស ក្នុងរឿងចីវរនោះ (បើ) ម្ចាស់ចីវរគេមិនបានបវារណាមកពីដើមទេ អ្នកឯងមិនសមបើនឹងហ៊ានចូលទៅរកពួកជាងដម្បាញ របស់គហបតិដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (គឺរិះគន់ចង់បានល្អឱ្យហួសហេតុដូច្នេះសោះ) នែមោឃបុរស អំពើដែល អ្នកឯងធ្វើមកនេះ មិនមែននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា និងមិនមែននាំឱ្យជនដែលជ្រះថ្លាស្រាប់ហើយ ឱ្យរឹងរឹតតែ ជ្រះថ្លាឡើងទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី សំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
គហបតិ (គឺបុរសជាម្ចាស់ផ្ទះ)ក្ដី គហបតានី (គឺស្រីជាម្ចាស់ផ្ទះ) ក្ដីដែលមិនមែនជាញាតិ ឱ្យជាងដម្បាញត្បាញចីវរចំពោះភិក្ខុណាមួយ។ បើភិក្ខុនោះ ដែលអ្នកម្ចាស់ចីវរគេមិនបានបវារណាមកពីមុនក្នុងរឿងចីវរនោះ អាចហ៊ានចូលទៅរកជាងដម្បាញ ហើយដល់នៅកិរិយាកំណត់ក្នុងចីវរ (គឺរិះគន់ចង់បានល្អឱ្យហួសហេតុ) គឺពោលថានែអ្នកដ៏មានអាយុ ចីវរនេះគេឱ្យត្បាញចំពោះអាត្មា អ្នកទាំង ឡាយចូរធ្វើឱ្យវែង ឱ្យទូលាយ ឱ្យមានសាច់ញឹក ឱ្យស្មើល្អ រឹតឱ្យ តឹងល្អ ចូរត្រដោះកួតហើយសិតឱ្យល្អ សឹមអាត្មាថែមរង្វាន់ឱ្យអ្នកបន្ដិចបន្ដួច។ ភិក្ខុនោះលុះនិយាយយ៉ាងនេះហើយ ក៏ថែមរង្វាន់បន្ដិចបន្ដួចឱ្យដោយហោចទៅ ទុកជាគ្រាន់តែចង្ហាន់បិណ្ឌបាត(១ឆ្អែត) ក៏ត្រូវអាបត្ដិ និស្សគ្គិយបាចិត្ដិយ។
[១៥៨] ត្រង់ពាក្យថា ចំពោះភិក្ខុណាមួយ គឺដើម្បីជាប្រយោជន៍ដល់ភិក្ខុ គឺធ្វើភិក្ខុឱ្យជាអារម្មណ៍ ហើយចង់ឱ្យភិក្ខុស្លៀកដណ្ដប់ចីវរ។ គហបតិដែលមិនជាប់ចំពាក់ (ជាសាច់ញាតិ) ពីចំណែកខាងមាតាក្ដី បិតាក្ដី រៀងរាល់ដល់គូជីដូនជីតាទី៧ ហៅថា មិនមែនជាញាតិ។ បុគ្គលណា មួយដែលគ្រប់គ្រងគេហស្ថាន បុគ្គលនោះហៅថា គហបតិ។ ស្រីណាមួយដែលគ្រប់គ្រងគេហស្ថាន ស្រីនោះហៅថា គហបតានី។ ពាក្យថា ជាងដម្បាញ បានដល់ពួកអ្នកធ្វើការត្បាញ។ បណ្ដាចីវរ ៦ យ៉ាង ចីវរយ៉ាងណានីមួយយ៉ាងតូចបំផុតល្មមសម្រេចកិច្ចវិកប្បបាន ហៅថា ចីវរ។ ពាក្យថា ឱ្យត្បាញ គឺថាឱ្យចាក់អម្បោះឬសូត្រធ្វើសម្ពត់។ ពាក្យថា បើភិក្ខុនោះ សេចក្ដីថាម្ចាស់ចីវរឱ្យត្បាញចីវរចំពោះភិក្ខុអង្គណា សំដៅយកភិក្ខុនោះ។ ពាក្យថា គេមិនបានបវារណាមកពីមុន គឺមិនបាននិយាយគ្នាទុកមកពីមុនថា បពិត្រលោកម្ចាស់ លោកត្រូវការចីវរយ៉ាងណា ខ្ញុំករុណានឹងឱ្យជាងដម្បាញត្បាញចីវរយ៉ាងណា ប្រគេនលោក។ ពាក្យថា ចូលទៅរកជាងដម្បាញ គឺទៅផ្ទះជាងដម្បាញ ឬចូលទៅរកគេក្នុងកន្លែងណាមួយ។ ពាក្យថា ដល់នូវកិរិយាកំណត់ក្នុងចីវរ គឺនិយាយថា នែអ្នកដ៏មានអាយុ ចីវរនេះគេឱ្យត្បាញចំពោះអាត្មាហើយ អ្នកទាំងឡាយចូរធ្វើឱ្យវែង ឱ្យទូលាយ ឱ្យសាច់ញឹក ធ្វើឱ្យស្មើល្អ រឹតឱ្យ តឹងល្អ ត្រដោះកួតឱ្យល្អ និងសិតឱ្យល្អ សឹមអាត្មាឯងនឹងថែមរបស់អ្វី ៗ ឱ្យពួកអ្នកដ៏មានអាយុខ្លះមិនខាន។ ពាក្យថា ភិក្ខុនោះ លុះនិយាយយ៉ាងនេះហើយ ក៏ថែមរង្វាន់បន្ដិចបន្ដួចឱ្យ ដោយហោចទៅទុកជាគ្រាន់តែចង្ហាន់បិណ្ឌបាត អធិប្បាយថាបបរក្ដី បាយក្ដីរបស់គួរទំពារស៊ីក្ដី ហៅថា បិណ្ឌបាត ដោយហោចទៅ សូម្បីដុំលំអិតសម្រាប់ងូតក្ដី ឈើស្ទន់ក្ដី អម្បោះរងជើងក្ដី ភិក្ខុសំដែងធម៌ឱ្យស្ដាប់(ក៏ហៅថាបិណ្ឌបាតក្នុងសិក្ខាបទ នេះដែរ) បើជាងដម្បាញត្បាញចីវរឱ្យវែងក្ដី ឱ្យទូលាយក្ដី ឱ្យមានសាច់ញឹកក្ដី តាមពាក្យ(បង្គាប់) របស់ភិក្ខុនោះ ត្រូវអាបត្ដិទុក្កដតាមប្រយោគ។ ចីវរនោះជានិស្សគ្គិយ ក្នុងខណៈដែលបានមក ភិក្ខុត្រូវលះបង់ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវ លះបង់យ៉ាងនេះថា។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ចីវររបស់ខ្ញុំករុណានេះ ម្ចាស់ចីវរមិនបានបវារណាមកពីមុនទេ ខ្ញុំករុណាបានចូលទៅរកពួកជាងដម្បាញរបស់គហបតីដែលមិនមែនជាញាតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ (គឺចង់បានល្អហួសហេតុ) ចីវរនេះជានិស្សគ្គិយ ខ្ញុំករុណា សូមលះបង់ចីវរនេះដល់សង្ឃ។ ពាក្យថាអំពីនេះទៅមានសេចក្ដី ដូចគ្នានឹងសិក្ខាបទទី១ នៃចីវរវគ្គខាងដើមនោះហើយ។
[១៥៩] ភិក្ខុសំគាល់គហបតិមិនមែនជាញាតិ ថាមិនមែនជាញាតិពិតមែន គេមិនបានបវារណាមកពីដើមទេ ចូលទៅរកជាងដម្បាញរបស់គហបតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ គហបតិមិនមែនជាញាតិ ភិក្ខុមានសេចក្ដីសង្ស័យ គេមិន បានបវារណាមកពីមុន ចូលទៅរកជាងដម្បាញរបស់គហបតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់គហបតិដែលមិនមែនជាញាតិ ថាជាញាតិ គេមិនបានបវារណាទុកមុន ចូលទៅរកពួកជាងដម្បាញរបស់គហបតិ ហើយដល់នូវកិរិយាកំណត់ក្នុងចីវរ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់គហបតិដែលជាញាតិ ថាមិនមែនជាញាតិ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យនឹងគហបតិ ដែលជាញាតិ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់គហបតិដែលជាញាតិ ថាជាញាតិពិតមែន មិនត្រូវអាបត្ដិអ្វីឡើយ។
[១៦០] អាបត្ដិមិនមានដល់ភិក្ខុដែលកំណត់ចីវរ ក្នុងសំណាក់នៃពួកគហបតិដែលជាញាតិ ដល់ភិក្ខុដែលកំណត់ចីវរក្នុងសំណាក់នៃពួកគហបតិដែលបានបវារណា ដល់ភិក្ខុដែលកំណត់ចីវរដើម្បីជាប្រយោជន៍ដល់ភិក្ខុឯទៀត ដល់ភិក្ខុដែលធ្វើចីវរដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុដែល ម្ចាស់ចីវរគេចង់ឱ្យត្បាញចីវរមានដំឡៃច្រើន តែភិក្ខុឱ្យគេត្បាញចីវរមានដំឡៃតិចវិញ ដល់ភិក្ខុដែលខូចចរិត ដល់ភិក្ខុដែលជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៧ ចប់។
(៨. អច្ចេកចីវរសិក្ខាបទំ)
[១៦១] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងវត្ដជេតវន របស់អនាថបិណ្ឌិកមហាសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មហាអាមាត្យម្នាក់ កាលចេញទៅកាន់ទីនិវាស្ថានជាទីព្រាត់ប្រាស បានប្រើបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយដោយពាក្យថា លោកម្ចាស់ទាំងឡាយចូរនិមន្ដខ្ញុំនឹងថ្វាយសម្ពត់ចំណាំវស្សា។ ឯពួកភិក្ខុសង្ស័យថា ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់អនុញ្ញាតសម្ពត់ចំណាំវស្សាដល់ពួកភិក្ខុដែលចាំវស្សាហើយ ទើបមិននាំគ្នាមក (ព្រោះវេលានៅមិនទាន់ចេញវស្សា)។ លំដាប់នោះ មហាអាមាត្យនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា អញបានប្រើបម្រើទៅហើយ មិនសមបីបើលោកម្ចាស់ទាំងឡាយមិននិមន្ដមក ខ្លួនអញចេញទៅក្នុងកងទ័ព ការរស់នៅ ឬស្លាប់ទៅមិនងាយដឹងទេ។ ភិក្ខុទាំងឡាយបានឮមហាអាមាត្យនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ទើបពួកភិក្ខុ ទាំងនោះក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់សំដែងធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយក្នុងខណៈនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយទទួលអច្ចេកចីវរទុកដាក់បាន។ សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់អនុញ្ញាតឱ្យភិក្ខុទាំងឡាយទទួលអច្ចេកចីវរទុកដាក់បាន ហើយក៏ទទួលអច្ចេកចីវរទុកឱ្យកន្លងហួសចីវរកាលទៅ។ ភិក្ខុទាំងឡាយបានវេចខ្ចប់នូវចីវរទាំងនោះ ព្យួរទុកនឹងខ្សែស្បៀង។ អានន្ទត្ថេរដ៏មានអាយុដើរទៅកាន់ចារិកនៃសេនាសនៈ ក៏បានឃើញចីវរទាំងនោះដែលភិក្ខុខ្ចប់ព្យួរទុកនឹងខ្សែស្បៀង លុះឃើញហើយទើបហៅភិក្ខុទាំងឡាយមកសួរថា ម្នាលអាវុសោទាំងឡាយ ចីវរទាំងនេះដែលគេព្យួរទុកនឹងខ្សែស្បៀង តើជារបស់អ្នកណា។ ពួកភិក្ខុឆ្លើយថា អាវុសោ អច្ចេកចីវររបស់យើងខ្ញុំទាំងឡាយ។ អានន្ទត្ថេរសួរទៀតថា ម្នាលអាវុសោ ចីវរទាំងនេះលោករាល់គ្នាបានដាក់ទុកមកយូរអស់កាលប៉ុន្មានហើយ។ ទើបភិក្ខុទាំងនោះ បានប្រាប់កាលដែលខ្លួនបានដាក់ទុកចីវរនោះ ដល់ព្រះអានន្ទត្ថេដ៏មានអាយុ។ អានន្ទត្ថេរដ៏មានអាយុក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុមិនសមបើនឹងទទួលអច្ចេកចីវរ ហើយទុកឱ្យកន្លងហួសចីវរកាលទៅ។ លំដាប់នោះ អានន្ទត្ថេដ៏មានអាយុក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុទទួលអច្ចេកចីវរ ហើយបណ្ដោយឱ្យកន្លងហួសចីវរកាលទៅ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្ដាប្រោសការនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មិនសមបី បើពួកមោឃបុរសនោះ ទទួលអច្ចេកចីវរ ហើយបណ្ដោយឱ្យកន្លងហួសចីវរកាលទៅទេ ម្នាលភិក្ខុទាំងឡាយ អំពើដែលអ្នកទាំងឡាយធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាផង មិននាំឱ្យជនដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ថ្ងៃពេញបូណ៌មីខែកត្ដិក30) ដែលជាខែទី ៣ នៃវស្សានរដូវនៅខ្វះ១០ថ្ងៃ31) ទៀតនឹងគ្រប់ (គឺថ្ងៃ៥កើតខែអស្សុជ) បើអច្ចេកចីវរកើតឡើងដល់ភិក្ខុៗសំគាល់ថាជាអច្ចេកចីវរ គប្បីទទួលទុក លុះទទួលហើយគប្បីទុកដាក់ដរាបអស់សម័យចីវរកាល បើភិក្ខុទុកយូរឱ្យហួសកំណត់នោះទៅ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។
[១៦២] ត្រង់ពាក្យថា ខ្វះ១០ថ្ងៃទៀត គឺនៅខ្វះ១០ថ្ងៃទៀតនឹងដល់ថ្ងៃបវារណា។ ថ្ងៃបវារណាក្នុងខែកត្ដិក តថាគតត្រាស់ហៅថា ថ្ងៃពេញបូណ៌មីនៃខែកត្ដិកដែលជាខែទី ៣ នៃវស្សានរដូវ។ ដែលហៅថា អច្ចេកចីវរនោះ គឺសម្ពត់ដែលបុគ្គលណាមួយត្រូវការនឹងចេញទៅក្នុងកងទ័ពក្ដី ត្រូវការនឹងចេញទៅកាន់និវាស្ថានក្ដី មនុស្សមានជម្ងឺក្ដី ស្រីមានគភ៌ក្ដី បុគ្គលឥតសទ្ធាត្រឡប់មានសទ្ធាក្លាកើតឡើងក្ដី បុគ្គលគ្មានសេចក្ដីជ្រះថ្លាត្រឡប់ជាមានសេចក្ដីជ្រះថ្លាកើតឡើងក្ដី។ បើបុគ្គលនោះប្រើបម្រើទៅកាន់សំណាក់ភិក្ខុទាំងឡាយ (ចំពោះចីវរណា) ដោយពាក្យ ថាលោកម្ចាស់ទាំងឡាយសូមនិមន្ដមក ខ្ញុំព្រះករុណានឹងប្រគេនសម្ពត់ វស្សាវាសិក (សម្ពត់ចំណាំវស្សា)។ ចីវរនេះឈ្មោះថា អច្ចេកចីវរ (គឺចីវរដែលបុគ្គលធ្វើដោយរួសរាន់)។ ពាក្យថា ភិក្ខុសំគាល់ថាជាអច្ចេកចីវរ គប្បីទទួលទុក លុះទទួលរួចហើយ គប្បីទុកដរាបអស់សម័យចីវរកាល សេចក្ដីថា ភិក្ខុត្រូវធ្វើសេចក្ដីសំគាល់ថានេះជាអច្ចេកចីវរ ហើយទុកដាក់ចុះ។ ដែលហៅថា សម័យចីវរកាលនោះ គឺថា បើភិក្ខុមិនបានក្រាលកឋិនទេ នោះត្រូវកំណត់យកខែចុង32) នៃវស្សានរដូវ១ ខែ បើបានក្រាលកឋិនត្រូវកំណត់យក៥ខែ។ ពាក្យថា ថាបើភិក្ខុទុកដាក់ឱ្យហួសកំណត់នោះទៅ គឺថាបើមិនបានក្រាលកឋិន ភិក្ខុបណ្ដោយឱ្យអច្ចេកចីវរកន្លងថ្ងៃខាងចុងនៃវស្សានរដូវ គឺថ្ងៃពេញបូណ៌មីខែកត្ដិកទៅ អច្ចេកចីវរនោះជានិស្សគ្គិយ។ បើភិក្ខុក្រាលកឋិនរួចហើយ បណ្ដោយឱ្យ អច្ចេកចីវរកន្លងហួសថ្ងៃដែលភិក្ខុដោះកឋិនទៅ អច្ចេកចីវរនោះជានិស្សគ្គិយដែរ ភិក្ខុត្រូវលះបង់ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីលះបង់យ៉ាងនេះថា។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន អច្ចេកចីវររបស់ខ្ញុំនេះ ខ្ញុំទុកឱ្យកន្លងសម័យចីវរកាលទៅហើយ ចីវរនេះជានិស្សគ្គិយ ខ្ញុំករុណាសូមលះបង់អច្ចេកចីវរនេះ ដល់សង្ឃ សេចក្ដីអំពីនេះទៅ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី ១នៃចីវរវគ្គខាងដើមហើយ។
[១៦៣] អច្ចេកចីវរពិតមែន ភិក្ខុក៏សំគាល់ថាជាអច្ចេកចីវរ បើភិក្ខុទុកឱ្យកន្លងសម័យចីវរកាលទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងអច្ចេកចីវរ ហើយទុកឱ្យកន្លងសម័យចីវរកាលទៅ ត្រូវនិស្សគ្គិយបាចិត្ដិយ។ អច្ចេកចីវរមែន ភិក្ខុសំគាល់ថាមិនមែនជាអច្ចេកចីវរ ទុកឱ្យកន្លងហួសសម័យចីវរកាលទៅត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុសំគាល់អច្ចេកចីវរដែលមិនបានអធិដ្ឋាន ថាបានអធិដ្ឋានហើយក្តី សំគាល់អច្ចេកចីវរដែលមិនបានវិកប្ប ថាបានវិកប្បរួចហើយក្ដី សំគាល់អច្ចេកចីវរដែលមិនបានលះបង់ថាបានលះបង់ហើយក្ដី សំគាល់អច្ចេកចីវរដែលមិនបាត់ ថាបាត់បង់ទៅហើយក្ដី សំគាល់អច្ចេកចីវរដែលមិនវិនាស ថាវិនាសហើយក្ដី សំគាល់អច្ចេកចីវរដែលភ្លើងមិនឆេះ ថាភ្លើងឆេះហើយក្ដី សំគាល់អច្ចេកចីវរ ដែលចោរមិនបានប្លន់ ថាចោរប្លន់យកទៅហើយក្ដី ហើយទុកឱ្យកន្លងហួសចីវរកាលទៅ ត្រូវអាបត្ដិនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមិនលះបង់ចីវរដែលជានិស្សគ្គិយហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់សម្ពត់ដែលមិនមែនអច្ចេកចីវរ ថាជាអច្ចេកចីវរ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងសម្ពត់ដែលមិនមែនអច្ចេកចីវរ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់សម្ពត់ ដែលមិនមែនជាអច្ចេកចីវរ ថាមិនមែនអច្ចេកចីវរ មិនត្រូវអាបត្ដិឡើយ។
[១៦៤] អាបត្ដិមិនមានដល់ភិក្ខុដែលបានអធិដ្ឋានអច្ចេកចីវរ(ក្ដី) វិកប្បទុក(ក្ដី) លះបង់ឱ្យគេ(ក្ដី) ដល់ភិក្ខុដែលមានអច្ចេកចីវរបាត់ទៅ(ក្ដី) វិនាសទៅ(ក្ដី) ភ្លើងឆេះ(ក្ដី) ចោរដណ្ដើមយកទៅ(ក្ដី) សហធម្មិកកាន់យកទៅដោយសេចក្ដីស្និទ្ធស្នាល(ក្ដី) ខាងក្នុងសម័យចីវរកាល ដល់ភិក្ខុឆ្កួត ដល់ភិក្ខុខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៨ ចប់។
(៩. សាសង្កសិក្ខាបទំ)
[១៦៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគកាលគង់នៅក្នុងវត្ដជេតវន របស់អនាថបិណ្ឌិកមហាសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយនៅចាំវស្សាហើយ ទៅនៅក្នុងសេនាសនៈដែលឋិតនៅក្នុងព្រៃ។ ពួកចោរខែកត្ដិក33) គិតគ្នាថា ពួកភិក្ខុបានលាភ(ច្រើន) ហើយក៏នាំគ្នាមកបៀតបៀន។ ភិក្ខុទាំងឡាយក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់សំដែងធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអាស្រ័យនៅសេនាសនៈក្នុងព្រៃ តថាគតអនុញ្ញាតឱ្យទុក បណ្ដាចីវរទាំង ៣ ចីវរណាមួយ ក្នុងចន្លោះផ្ទះបាន។ សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់អនុញ្ញាតឱ្យភិក្ខុដែលអាស្រ័យនៅសេនាសនៈក្នុងព្រៃទុកដាក់បណ្ដាចីវរទាំង៣ ចីវរណាមួយ ក្នុងចន្លោះផ្ទះបាន។ ពួកភិក្ខុនោះក៏បានទុកដាក់បណ្ដាចីវរទាំង ៣ ចីវរណាមួយក្នុងចន្លោះផ្ទះហើយនៅប្រាសចាកហួស៦រាត្រី។ ចីវរទាំងនោះបាត់ទៅខ្លះ ខូចខាតទៅខ្លះ ភ្លើងឆេះខ្លះ កណ្ដុរកាត់ខ្លះ។ ភិក្ខុទាំងឡាយមានសម្ពត់អាក្រក់មានចីវរសៅហ្មង។ ពួកភិក្ខុ(ឯទៀត) សួរយ៉ាងនេះថា នែអាវុសោ ហេតុម្ដេចបានជាអ្នកទាំងឡាយមានសម្ពត់អាក្រក់ មានចីវរសៅហ្មង។ ភិក្ខុទាំងនោះក៏ប្រាប់សេចក្ដីនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណា មានសេចក្ដីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ចុះហេតុអ្វីបានជាភិក្ខុទាំងឡាយទុក បណ្ដាចីវរទាំង៣ ចីវរណាមួយក្នុងចន្លោះផ្ទះ(គឺក្នុងភូមិ ឬក្នុងស្រុក) ហើយនៅប្រាសចាក(ត្រៃចីវរ)នោះហួស៦រាត្រី។ ខណៈនោះ ភិក្ខុទាំងនោះក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុទុក បណ្ដាចីវរទាំង៣ ចីវរណាមួយក្នុងចន្លោះផ្ទះ ហើយនៅប្រាសចាកហួស៦រាត្រី ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធដ៏មានយសជាម្ចាស់ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ចុះហេតុអ្វី បានជាពួកមោឃបុរសទាំងនោះទុក បណ្ដាចីវរទាំង៣ ចីវរណាមួយក្នុងចន្លោះផ្ទះ ហើយនៅប្រាសចាកហួស៦រាត្រីទៅ នែភិក្ខុទាំងឡាយ អំពើដែលអ្នកទាំងឡាយធ្វើនេះ មិនមែននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាផង មិនមែននាំពួកជនដែលជ្រះ ថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទៀតផង។បេ។ ម្នាលភិក្ខុទំាងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា
កាលបើភិក្ខុទាំងឡាយចំាវស្សារួចហើយ លុះដល់មកពេញបូណ៌មីខែកត្ដិក។ សេនាសនៈទាំងឡាយណាដែលតាំងនៅក្នុងព្រៃ ដែលគេសម្មតិថាជាទីមានសេចក្ដីរង្កៀស មានភ័យចំពោះមុខ កាលភិក្ខុនៅក្នុងសេនាសនៈទាំងឡាយមានសភាពដូច្នោះ បើមានចំណង់នឹងទុកចីវរ គប្បីទុកបណ្ដាចីវរទាំង៣ចីវរណាមួយក្នុងចន្លោះផ្ទះ។ តែបើភិក្ខុនោះមានហេតុអ្វីនីមួយល្មមឱ្យនៅប្រាសចាកចីវរនោះបាន ភិក្ខុនោះគប្បីនៅ ប្រាសចាកចីវរនោះយ៉ាងយូរត្រឹម៦រាត្រី។ បើនៅប្រាសចាកឱ្យហួសពីកំណត់នោះទៅ ត្រូវអាបត្ដិ និស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសេចក្ដីសម្មតិអំពីសង្ឃ។
[១៦៦] ត្រង់ពាក្យថា ចាំវស្សារួចហើយ គឺចេញវស្សាហើយ។ ពាក្យថា ពេញបូណ៌មីខែកត្ដិក គឺថាព្រះដ៏មានព្រះភាគត្រាស់សំដៅយកខែទី៤ (ខែវស្សានរដូវ) ឈ្មោះថា កត្ដិក។34) ពាក្យថាសេនាសនៈ ទំាងឡាយណាដែលតាំងនៅក្នុងព្រៃ គឺសេនាសនដែលតាំងនៅក្នុងព្រៃ មានចម្ងាយពីស្រុក៥០០ ជួរធ្នូកំណត់យ៉ាងជិតបំផុត។ ដែលហៅថា ទីមានសេចក្ដីរង្កៀសនោះ បានដល់ឱកាសដែលពួកចោរអាស្រ័យនៅ បរិភោគ ឈរ អង្គុយ ដេក មានប្រាកដក្នុងអារាម ឬឧបចារនៃអារាម។ ដែលហៅថា ទីមានភ័យចំពោះមុខនោះ គឺ ក្នុងអារាមឬ ឧបចារនៃអារាម ប្រាកដថាមានពួកចោរសម្លាប់មនុស្សទាំងឡាយ ប្រាកដថាមានពួកចោរប្លន់ ប្រាកដថាមានពួកចោរវាយដំ។ ពាក្យថា កាលភិក្ខុនៅក្នុងសេនាសនៈ ទាំងឡាយមានសភាពដូច្នោះ គឺថាកាលភិក្ខុនៅក្នុងសេនាសនៈទាំងឡាយមានសភាពយ៉ាងនេះ។ ពាក្យថា បើមានចំណង់ គឺកាលប្រាថ្នា (នឹងទុកចីវរ)។ ពាក្យថា បណ្ដាចីវរទាំង៣ ចីវរណាមួយ គឺភិក្ខុទុកសង្ឃាដិ ឬឧត្ដរាសង្គ (ចីពរ) ឬអន្ដរវាសក (ស្បង់)។ ពាក្យថា គប្បីទុកក្នុងចន្លោះផ្ទះ គឺគប្បីទុកក្នុងស្រុកជាទីគោចរដោយជុំវិញបាន។ ពាក្យថា តែបើភិក្ខុនោះមានហេតុអ្វីល្មមឱ្យនៅប្រាសចាកចីវរនោះបានគឺ មានហេតុមានកិច្ចដែលត្រូវធ្វើ។ ពាក្យថា ភិក្ខុនោះគប្បីនៅប្រាសចាកចីវរនោះយ៉ាងយូរត្រឹម ៦រាត្រី គឺភិក្ខុគប្បីនៅប្រាសចាកត្រឹម៦រាត្រីយ៉ាងយូរ។ ពាក្យថា វៀរលែងតែភិក្ខុដែលបានសេចក្ដីសម្មតិ អំពីសង្ឃ គឺលើកទុកតែភិក្ខុដែលបានសេចក្ដីសម្មតិអំពីសង្ឃ។ ពាក្យថា បើនៅប្រាសចាកឱ្យហួសពីកំណត់នោះទៅ មានអធិប្បាយថា កាលអរុណរះឡើងក្នុងថ្ងៃទី៧ ចីវរនោះជានិស្សគ្គិយ ភិក្ខុម្ចាស់ចីវរត្រូវលះបង់ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុម្ចាស់ចីវរត្រូវលះបង់យ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ចីវររបស់ខ្ញុំនេះដែលខ្ញុំនៅប្រាសហើយអស់កាលជាង៦រាត្រី ជានិស្សគ្គិយ ព្រោះមិនមានភិក្ខុសម្មតិ ខ្ញុំសូមលះបង់ចីវរនេះដល់សង្ឃ។បេ។ ពាក្យត អំពីនេះទៅមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃចីវរវគ្គខាងដើមហើយ។
[១៦៧] ចីវរកន្លងហួសជាង៦រាត្រី ភិក្ខុសំគាល់ថាហួសជាង ហើយនៅប្រាសចាកចោល ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសម្មតិអំពីសង្ឃ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងចីវរដែល កន្លងហួស៦ រាត្រី ហើយនៅប្រាសចាកចោល ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសម្មតិអំពីសង្ឃ។ ចីវរកន្លងហួស ៦ រាត្រី ភិក្ខុសំគាល់ថានៅខ្វះ ហើយនៅប្រាសចាកចោល ត្រូវនិស្សិគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសម្មតិអំពីសង្ឃ។ ចីវរដែលភិក្ខុមិនទាន់បានដកអធិដ្ឋាន ភិក្ខុសំគាល់ថាបានដកអធិដ្ឋានហើយ (ក្ដី) ចីវរដែលភិក្ខុមិនទាន់លះបង់ទេ សំគាល់ថាបានលះបង់ហើយ (ក្ដី) ចីវរមិនបាត់ទេ ភិក្ខុសំគាល់ថាបាត់ទៅហើយ (ក្ដី) ចីវរមិនវិនាសទេ សំគាល់ថាវិនាសទៅហើយ (ក្ដី) ចីវរភ្លើងមិនឆេះទេ ភិក្ខុសំគាល់ថាភ្លើងឆេះហើយ (ក្ដី) ចីវរដែលចោរមិនបានលួចយកទេ ភិក្ខុសំគាល់ថាចោរលួចយកទៅ ហើយ(ក្ដី) បើនៅប្រាសចាក ត្រូវនិស្សគ្គិយបាចិត្ដិយ វៀរលែងតែភិក្ខុដែលបានសម្មតិអំពីសង្ឃ។ ភិក្ខុមិនលះបង់ចីវរដែលជានិស្សគ្គិយ ហើយប្រើប្រាស់ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់ដល់៦រាត្រី តែភិក្ខុសំគាល់ថាលើសហើយ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់ដល់៦រាត្រី តែភិក្ខុសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ចីវរមិនទាន់ដល់ ៦រាត្រី ភិក្ខុសំគាល់ថាមិនទាន់ដល់៦រាត្រី មិនត្រូវអាបត្ដិ។
[១៦៨] អាបត្ដិមិនមានដល់ភិក្ខុដែលនៅប្រាសចាកចីវរត្រឹម៦រាត្រី ដល់ភិក្ខុដែលនៅប្រាសចាកខ្វះពី ៦ រាត្រីចុះមក ដល់ភិក្ខុដែលនៅប្រាសចាក៦រាត្រី ហើយត្រឡប់មកកាន់ដែននៃស្រុកនោះវិញឈប់នៅកន្លែងណាមួយ ហើយចៀសចេញទៅ ដល់ភិក្ខុដកអធិដ្ឋាន(ក្ដី) លះបង់(ក្ដី) ក្នុង៦រាត្រីចុះមក ចីវរបាត់ទៅ(ក្ដី) វិនាសទៅ(ក្ដី) ភ្លើងឆេះ(ក្ដី) ចោរដណ្ដើមយកទៅ(ក្ដី) សហធម្មិកកាន់យកទៅដោយស្និទ្ធស្នាល(ក្ដី) ក្នុង៦រាត្រីចុះមក ដល់ភិក្ខុដែលបានសម្មតិ (អំពីសង្ឃ) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទ ទី៩ ចប់។
(១០. បរិណតសិក្ខាបទំ)
[១៦៩] សម័យនោះ ព្រះពុទ្ធដ៏មានយសជាម្ចាស់ កាលគង់នៅ ក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកមហាសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានប្រជុំជនមួយពួកក្នុងក្រុងសាវត្ថីតាក់តែងភត្ដ ព្រមទាំងចីវរប្រគេនដល់សង្ឃដោយសេចក្ដីព្រមព្រៀងគ្នាថា ពួកយើងនឹងនិមន្ដឱ្យសង្ឃឆាន់ ហើយប្រគេនចីវរឱ្យគ្រង។ លំដាប់នោះ ពួកភិក្ខុឆព្វគ្គិយចូលទៅ រកប្រជុំជនពួកនោះ លុះចូលទៅដល់បាននិយាយពាក្យនេះនឹងប្រជុំជនពួកនោះថា នែអ្នកមានអាយុទាំងឡាយ ពួកអ្នកឯងចូរប្រគេនចីវរទាំងនេះមកពួកអាត្មាចុះ។ ជនពួកនោះនិយាយថា លោកម្ចាស់ ពួកខ្ញុំករុណាមិនបានប្រគេនទេ ឯចង្ហាន់ព្រមទាំងចីវរ ពួកខ្ញុំករុណាធ្លាប់ចាត់ចែងទុកប្រគេនដល់សង្ឃតែរាល់ឆ្នាំ។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា នែអាវុសោ ពួកទាយករបស់សង្ឃក៏មានច្រើន ចង្ហាន់របស់សង្ឃក៏មានច្រើន ពួកយើងអាស្រ័យពឹងពាក់នឹងអ្នកទាំងឡាយ ទើបនៅក្នុងទីនេះបាន បើអ្នកទាំងឡាយមិនឱ្យមកពួកអាត្មា អ្នកណាហ្ន៎គេនឹងឱ្យដល់ពួកអាត្មា ម្នាលអ្នកដ៏មាន អាយុទាំងឡាយ ពួកអ្នកចូរឱ្យចីវរទាំងនេះមកពួកអាត្មាចុះ។ លំដាប់នោះ ប្រជុំជនពួកនោះ កាលបើពួកឆព្វគ្គិយភិក្ខុនិយាយឆ្កឹះឆ្កៀលណាស់ទៅ ទើបប្រគេនចីវរដែលខ្លួនតាក់តែងទាំងប៉ុន្មានទៅពួកឆព្វគ្គិយភិក្ខុ ហើយ អង្គាសសង្ឃដោយចង្ហាន់ (តែម្យ៉ាង)។ ពួកភិក្ខុណាដឹងថាចង្ហាន់ព្រមទាំងចីវរដែលគេតាក់តែងទុកសម្រាប់ប្រគេនសង្ឃ តែមិនដឹងថាចីវរគេប្រគេនដល់ពួកភិក្ខុឆព្វគ្គិយទៅហើយ ភិក្ខុទាំងនោះទើបពោលយ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ ពួកអ្នកចូរវេរប្រគេនចីវរដល់សង្ឃទៅ។ ឯប្រជុំជនពួកនោះឆ្លើយថា បពិត្រលោកម្ចាស់ទាំងឡាយ ចីវរដែលតាក់តែងទុកប្រគេនសង្ឃគ្មានទេ (ព្រោះ) ពួកភិក្ខុឆព្វគ្គិយបង្អោនទៅដើម្បីខ្លួន លោកអស់ហើយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុឆព្វគ្គិយដឹងថាលាភគេបង្អោនទៅដើម្បីសង្ឃហើយ ហេតុអ្វីបានជាត្រឡប់បង្អោនមកដើម្បីខ្លួនវិញ។ លំដាប់នោះ ពួកភិក្ខុទាំងនោះក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ឮថាពួកអ្នកឯងដឹងថាលាភគេបង្អោនទៅ ដើម្បីសង្ឃហើយ ត្រឡប់បង្អោនមកដើម្បីខ្លួនវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្ដាប្រោស ការនោះពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគជាម្ចាស់ទ្រង់បន្ទោសថា នែពួកមោឃបុរស ពួកអ្នកឯងដឹងថាលាភគេបង្អោនទៅដើម្បីរបស់សង្ឃហើយ ចុះហេតុអ្វីបានជាបង្អោនមកដើម្បីខ្លួនវិញ នែពួកមោឃបុរស ដំណើរនេះមិននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាឡើងទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយកាលដឹង ហើយបង្អោននូវលាភរបស់សង្ឃ ដែលគេនឹងបង្អោនទៅ (ដើម្បីសង្ឃ) មកដើម្បីខ្លួនវិញ ភិក្ខុនោះត្រូវនិស្សគ្គិយបាចិត្ដិយ។
[១៧០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយក្នុងសិក្ខាបទបឋមបារាជិករួចហើយ។ ដែលហៅថា ដឹង (ក្នុងសិក្ខាបទនេះ) គឺដឹងខ្លួនឯងក្ដី អ្នកដទៃមកប្រាប់ភិក្ខុនោះក្ដី អ្នកម្ចាស់ទាននោះមកប្រាប់ (ដល់ភិក្ខុនោះ)ក្ដី។ ដែលហៅថារបស់សង្ឃនោះ គឺទាយកបានវេរ ប្រគេនបរិច្ចាគដល់សង្ឃហើយ។ ដែលហៅថា លាភនោះ បានដល់ ចីវរ បិណ្ឌបាត សេនាសនៈនិងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់មនុស្ស ជម្ងឺ ដោយហោចទៅ ដុំនៃលំអិតក្ដី ឈើស្ទន់ក្ដី អម្បោះរងជើងក្ដី ក៏ហៅថាលាភដែរ។ ដែលហៅថា បង្អោននោះ គឺម្ចាស់ទានបញ្ចេញ វាចាថា ពួកយើងនឹងឱ្យ ពួកយើងនឹងធ្វើ។ ភិក្ខុបង្អោន (លាភ)មកដើម្បីខ្លួន ត្រូវអាបត្ដិទុក្កដតាមប្រយោគ។ លាភនោះជានិស្សគ្គិយ ក្នុងខណៈដែលបានមក ភិក្ខុត្រូវលះបង់ដល់់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះបង់យ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំដឹងថាលាភនេះ ទាយកបង្អោនទៅដើម្បីរបស់ សង្ឃហើយ ខ្ញុំត្រឡប់បង្អោនមកដើម្បីខ្លួនវិញ (លាភនេះ) ជានិស្សគ្គិយ ខ្ញុំសូមលះបង់លាភនេះដល់សង្ឃ។ បេ។ ពាក្យតអំពីនេះទៅមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃចីវរវគ្គខាងដើមហើយ។ ភិក្ខុសំគាល់ក្នុងលាភ ដែលទាយកបានបង្អោនហើយថា ទាយកបានបង្អោនមកមែន ហើយបង្អោនមកដើម្បីខ្លួនវិញ ត្រូវនិស្សគ្គិយបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងលាភដែលទាយកបានបង្អោនទៅហើយ ត្រឡប់បង្អោនមកដើម្បីខ្លួនវិញ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ក្នុងលាភដែលទាយកបានបង្អោនទៅហើយ ថាមិនទាន់បង្អោនទៅទេ ត្រឡប់បង្អោនមកដើម្បីខ្លួន មិនត្រូវអាបត្ដិ។ លាភដែលទាយកបង្អោនទៅដើម្បីសង្ឃហើយ ភិក្ខុបង្អោនទៅដើម្បីសង្ឃដទៃក្ដី ដើម្បីចេតិយក្ដី ត្រូវអាបត្ដិទុក្កដ។ លាភដែលទាយកបង្អោនទៅដើម្បី ចេតិយហើយ ភិក្ខុត្រឡប់បង្អោនទៅដើម្បីចេតិយដទៃក្ដី សង្ឃក្ដី គណៈក្ដី បុគ្គលក្ដី ត្រូវអាបត្ដិទុក្កដ។ លាភដែលទាយកបង្អោនទៅដើម្បីបុគ្គល ភិក្ខុត្រឡប់បង្អោនទៅដើម្បីបុគ្គលឯទៀតក្ដី សង្ឃក្ដី គណៈក្ដី ចេតិយក្ដី ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ក្នុងលាភដែលទាយកមិនបានបង្អោនទៅ ថាបានបង្អោនទៅហើយ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងលាភដែលទាយកមិនបានបង្អោនទៅ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុសំគាល់ ក្នុងលាភដែលគេមិនបានបង្អោនទៅ ថាគេមិនបានបង្អោនទៅ មិនត្រូវអាបត្ដិឡើយ។
[១៧១] អាបត្ដិមិនមានដល់ភិក្ខុដែលទាយកគេសួរថា យើងទាំងឡាយនឹងវេរប្រគេនក្នុងទីណា ហើយប្រាប់គេថា ទេយ្យធម៌របស់អ្នកទាំងឡាយគួរបាននូវការបរិភោគក្ដី គួរបាននូវការជួសជុលក្ដី គួរតាំងនៅអស់កាលដ៏យូរក្ដីក្នុងទីណា ម្យ៉ាងទៀត បើចិត្ដរបស់អ្នកទាំងឡាយជ្រះថ្លាក្នុងទីណា អ្នកទាំងឡាយចូរវេរប្រគេនក្នុងទីនោះៗចុះ ដល់ភិក្ខុខូចចរិត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី១០ ចប់។
បត្ដវគ្គ ទី៣ ចប់។
ចំនួនសិក្ខាបទក្នុងបត្ដវគ្គនោះ គឺ
សិក្ខាបទទី១ ២ និយាយអំពីបាត្រ សិក្ខាបទទី ៣ និយាយអំពីថ្នាំសិក្ខាបទទី ៤ និយាយអំពីសម្ពត់ងូតទឹកភ្លៀង សិក្ខាបទទី ៥ និយាយអំពីការឱ្យចីវរ សិក្ខាបទទី ៦ និយាយអំពីការសូមអម្បោះគេមកខ្លួនឯង សិក្ខាបទទី៧ និយាយអំពីការប្រើឱ្យគេត្បាញ សិក្ខាបទទី៨ និយាយអំពីអច្ចេកចីវរ សិក្ខាបទទី៩ និយាយអំពីទីមានសេចក្ដីរង្កៀស សិក្ខាបទទី១០ និយាយអំពីការបង្អោនលាភរបស់សង្ឃ។
[១៧២] បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្ដិនិស្សគ្គិយបាចិត្ដិយទាំង ៣០ ខ្ញុំសំដែងឡើងហើយ។ ខ្ញុំសូមសួរលោកដ៏មានអាយុទាំងឡាយក្នុងអាបត្ដិទាំងនោះ លោកទាំងឡាយ បរិសុទ្ធហើយឬ ខ្ញុំសួរជាគំរប់ពីរដងផង លោកទាំងឡាយ បរិសុទ្ធហើយឬ ខ្ញុំសួរជា គំរប់បីដងផង លោកទាំងឡាយ បរិសុទ្ធហើយឬ លោកដ៏មានអាយុទាំងឡាយ សុទ្ធតែជាអ្នកបរិសុទ្ធក្នុងអាបត្ដិទាំងនេះហើយ ហេតុនោះបានជាស្ងៀមនៅ ខ្ញុំចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។
និស្សគ្គិយកណ្ឌ ចប់។
(៥. បាចិត្តិយកណ្ឌំ)
បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិបាចិត្តិយ៩២ទាំងនេះឯងតែងមកកាន់ឧទ្ទេស។
(១. មុសាវាទវគ្គោ)
(១. មុសាវាទសិក្ខាបទំ)
[១៧៣] សម័យនោះ ព្រះសព្វញ្ញូពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ព្រះអង្គគង់នៅវត្ដជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ហត្ថកភិក្ខុជាសក្យបុត្រជាអ្នកហុចពាក្យសំដី។ ហត្ថកភិក្ខុនោះចរចាជាមួយនឹងតិរ្ថិយទាំងឡាយ គេចកែសំដី35) ហើយទទួលដឹង36) ទទួលដឹងហើយត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុ ដទៃ ពោលពាក្យកុហកដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោល ឱ្យខុសពីកំណត់នោះវិញ។ តិរ្ថិយទាំងឡាយពោលទោស តិះដៀល បន្ដុះបង្អាប់ថា ចុះហេតុអ្វីបានជាហត្ថកភិក្ខុ ជាសក្យបុត្រពោលចរចាជា មួយនឹងយើងទាំងឡាយ គេចកែសំដីទទួលដឹង ទទួលដឹងហើយ ត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃដោយហេតុដទៃ ពោលពាក្យកុហកដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោលឱ្យខុសពីកំណត់នោះវិញ។ ភិក្ខុទាំងឡាយបានឮតិរ្ថិយទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ទើបភិក្ខុទាំងនោះចូលទៅរកហត្ថកភិក្ខុជាសក្យបុត្រ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះនឹងហត្ថកភិក្ខុ ជាសក្យបុត្រថា ម្នាលអាវុសោហត្ថក បានឮថា អ្នកពោលចរចាមួយអន្លើដោយតិរ្ថិយទាំងឡាយ គេចកែសំដីហើយទទួលដឹង ទទួលដឹង ហើយត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលពាក្យកុហកដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោលឱ្យខុសពីកំណត់នោះវិញ មែនឬដូចម្ដេច។ ហត្ថកភិក្ខុឆ្លើយថា ម្នាលអាវុសោ ធម្មតាតិរ្ថិយទាំងឡាយនុ៎ះ ត្រូវតែបុគ្គលឯណានីមួយផ្ចាញ់ផ្ចាលចេញ មិន ត្រូវឱ្យការឈ្នះទៅតិរ្ថិយទាំងឡាយនោះទេ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះពោលទោសតិះដៀល បន្ដុះបង្អាប់ថា ចុះហេតុអ្វីបានជាហត្ថកភិក្ខុជាសក្យបុត្រ ពោលចរចាមួយអន្លើដោយតិរ្ថិយទាំងឡាយ គេចកែសំដីហើយទទួលដឹង ទទួលដឹងហើយត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ និយាយពាក្យកុហកដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោលឱ្យខុសពីកំណត់នោះវិញ។ ទើបភិក្ខុទាំងឡាយនោះយកសេចក្ដីនុ៎ះក្រាបទូលចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មាន ព្រះភាគជាម្ចាស់ទ្រង់ឱ្យប្រជុំភិក្ខុសង្ឃ ហើយសួរចំពោះហត្ថកភិក្ខុជាសក្យបុត្រក្នុងពេលនោះថា ម្នាលហត្ថកភិក្ខុ បានឮថា អ្នកពោលចរចាមួយអន្លើ ដោយតិរ្ថិយទាំងឡាយ គេចកែសំដីហើយទទួលដឹង ទទួលដឹងហើយ ត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃដោយហេតុដទៃ ពោលពាក្យកុហកដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោលឱ្យខុសពីកំណត់នោះវិញ តើពិតមែនឬ។ ហត្ថកភិក្ខុឆ្លើយថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា នែបុរសទទេ ចុះហេតុអ្វី បានជាអ្នកឯងពោលចរចាមួយអន្លើដោយតិរ្ថិយទាំងឡាយ គេចកែសំដីហើយទទួលដឹងហើយ ទទួលដឹងហើយត្រឡប់គេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលពាក្យកុហក ដោយដឹងខ្លួន ធ្វើនូវសេចក្ដីកំណត់ហើយពោលឱ្យខុសពីកំណត់នោះវិញ នែមោឃបុរស ការនេះមិនមែននាំឱ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លា ឬថានឹងនាំជនដែលជ្រះថ្លាហើយឱ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាង នេះថា
ភិក្ខុពោលពាក្យកុហកដោយដឹងខ្លួន ត្រូវអាបត្ដិបាចិត្ដិយ។
[១៧៤] ដែលហៅថា ពោលពាក្យកុហក ដោយដឹងខ្លួននោះ បានដល់វាចា សំដីគន្លងពាក្យវចីភេទ វិញ្ញត្ដិប្រព្រឹត្ដទៅក្នុងវាចារបស់បុគ្គល ដែលធ្វើគំនិតនឹងពោលឱ្យខុសជាប្រធាន នឹងវោហារមិនមែនរបស់ព្រះអរិ យ៨យ៉ាងគឺ ការដែលមិនឃើញនិយាយថាអញឃើញ១ មិនឮនិយាយ ថាអញឮ ១ មិនបានពាល់ត្រូវនិយាយថាអញបានពាល់ត្រូវ ១ មិនដឹងច្បាស់និយាយថាអញដឹងច្បាស់ ១ ឃើញនិយាយថាអញមិនឃើញ ១ ឮនិយាយថាអញមិនឮ១ បានពាល់ត្រូវនិយាយថាអញមិនបានពាល់ត្រូវ ១ ដឹងច្បាស់និយាយថាអញមិនដឹងច្បាស់ ១។
[១៧៥] ដែលហៅថា មិនឃើញ គឺមិនឃើញដោយភ្នែក។ ដែលហៅថា មិនឮគឺមិនឮដោយត្រចៀក។ ដែលហៅថា មិនពាល់ត្រូវ គឺមិនហិតដោយច្រមុះ មិនលិតដោយអណ្ដាត មិនប៉ះពាល់ដោយកាយ។ ដែលហៅថា មិនដឹងច្បាស់ គឺមិនដឹងច្បាស់ដោយចិត្ដ។ ដែលហៅថា ឃើញ គឺឃើញដោយភ្នែក។ ដែលហៅថាឮ គឺឮដោយត្រចៀក។ ដែលហៅថា ពាល់ត្រូវ គឺហិតដោយច្រមុះលិតដោយអណ្ដាត ប៉ះពាល់ ដោយកាយ។ ដែលហៅថា ដឹងច្បាស់ គឺដឹងច្បាស់ដោយចិត្ដ។
[១៧៦] ភិក្ខុនិយាយកុហក ដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញដូច្នេះ ដោយអាការ ៣ យ៉ាងគឺ មុននឹងពោល គិតថាអញនឹងពោលកុហក ១ កំពុងពោលដឹងថា អញពោលកុហក១ ពោលរួចហើយដឹងថាអញពោលកុហកហើយ ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញដោយអាការ៤យ៉ាងគឺ មុននឹងពោលគិតថាអញនឹងពោលកុហក១ កំពុងពោលដឹងថាអញពោលកុហក១ ពោលរួចហើយ ដឹងថា អញពោលកុហកហើយ ១ បិទបាំងនូវទិដ្ឋិ37) ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញ ដោយអាការ ៥ យ៉ាងគឺ មុននឹងពោលដឹងថាអញនឹងពោលកុហក ១ កំពុងពោលដឹងថាអញពោលកុហក១ ពោលរួចហើយ ដឹងថាអញពោលកុហកហើយ ១ បិទបាំងនូវទិដ្ឋិ ១ បិទបាំងនូវសេចក្ដីគាប់ចិត្ដ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញ ដោយអាការ ៦យ៉ាង គឺមុននឹងពោល គិតថាអញនឹងពោលកុហក១ កំពុងពោលដឹងថា អញពោលកុហក១ ពោលរួចហើយដឹងថាអញពោលកុហកហើយ ១ បិទបាំងនូវទិដ្ឋិ ១ បិទបាំងនូវសេចក្ដីគាប់ចិត្ដ ១ បិទបាំងនូវសេចក្ដីពេញចិត្ដ ១ ត្រូវអាបត្ដិ បាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញ ថាអាត្មាឃើញ ដោយអាការ៧យ៉ាង គឺមុននឹងពោលគិតថាអញនឹងពោលកុហក១ កំពុងពោលដឹងថាអញពោលកុហក១ ពោលរួចហើយដឹងថាអញពោលកុហកហើយ១ បិទបាំងនូវទិដ្ឋិ១ បិទបាំងនូវសេចក្ដីគាប់ចិត្ដ១ បិទបាំងនូវសេចក្ដីចូលចិត្ដ ១ បិទបាំងនូវសេចក្ដីពិតត្រង់១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះពាក្យដែលមិនឮថា អាត្មាឮ។ បេ។ វត្ថុដែលមិនបានពាល់ត្រូវថា អាត្មាបានពាល់ត្រូវ។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះហេតុដែលខ្លួនមិនដឹងច្បាស់ថា អាត្មាដឹងច្បាស់ ដោយអាការ ៣ យ៉ាង គឺ មុននឹងពោលគិត ថាអញនឹងពោលកុហក១ កំពុងពោលដឹងថាអញពោលកុហក១ ពោល រួចហើយ ដឹងថាអញពោលកុហកហើយ ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះហេតុដែលខ្លួនមិនដឹងច្បាស់ថា អាត្មា ដឹងច្បាស់ ដោយអាការ ៤យ៉ាង។ បេ។ អាការ ៥យ៉ាង។ បេ។ អាការ ៦ យ៉ាង។ បេ។ អាការ៧ យ៉ាង គឺ មុននឹងពោលគិតថា អញនឹងពោលកុហក១ កំពុងពោលដឹងថាអញពោលកុហក១ ពោលរួច ហើយដឹងថាអញពោលកុហកហើយ ១ បិទបាំងនូវទិដ្ឋិ ១ បិទបាំងនូវ សេចក្ដីគាប់ចិត្ដ ១ បិទបាំងនូវសេចក្ដីចូលចិត្ដ ១ បិទបាំងនូវសេចក្ដីពិតត្រង់១ ត្រូវអាបត្ដិបាចិត្ដិយ។
[១៧៧] ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញផង ថាអាត្មាឮផង ដោយអាការ ៣យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញផង ថាអាត្មាពាល់ត្រូវផង ដោយអាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។បេ។ ភិក្ខុនិយាយកុហកដោយ ដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញផង ថាអាត្មាដឹងច្បាស់ផង ដោយអាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មាឃើញផង ឮផង ពាល់ត្រូវផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មា ឃើញផង ឮផង ដឹងច្បាស់ផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឃើញថា អាត្មា ឃើញផង ឮផង ពាល់ត្រូវផង ដឹងច្បាស់ផង ដោយអាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឮថា អាត្មាឮផង ពាល់ត្រូវផង ដោយអាការ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះពាក្យដែលខ្លួនមិនឮថា អាត្មាឮផង ដឹងច្បាស់ផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិ យាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនឮថា អាត្មាឮផង ឃើញ ផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹង ខ្លួនចំពោះវត្ថុដែលខ្លួនមិនឮថា អាត្មាឮផង ពាល់ត្រូវផង ដឹងច្បាស់ផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះ វត្ថុដែលខ្លួនមិនឮថា អាត្មាឮផង ពាល់ត្រូវផង ឃើញផង ដោយ អាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុ ដែលខ្លួនមិនឮថា អាត្មាឮផង ពាល់ត្រូវផង ដឹងច្បាស់ផង ឃើញផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះ វត្ថុដែលខ្លួនមិនបានពាល់ត្រូវថា អាត្មាបានពាល់ត្រូវផង ដឹងច្បាស់ផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនមិនបានពាល់ត្រូវថា អាត្មាពាល់ត្រូវផង ឃើញផង ដោយអាការ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនមិនបានពាល់ត្រូវថា អាត្មាពាល់ត្រូវផង ឮផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនមិនបានពាល់ត្រូវថា អាត្មាបានពាល់ត្រូវដឹងច្បាស់ផង ឃើញផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនមិនបានពាល់ត្រូវថា អាត្មាបានពាល់ត្រូវផង ដឹង ច្បាស់ផង ឮផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនមិនបានពាល់ត្រូវថា អាត្មាបានពាល់ត្រូវផង ដឹងច្បាស់ផង ឃើញផង ឮផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនមិនដឹងច្បាស់ថា អាត្មាដឹងច្បាស់ផង ឃើញផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនមិនដឹងច្បាស់ថា អាត្មាដឹងច្បាស់ផង ឮផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនមិនដឹងច្បាស់ថា អាត្មាដឹងច្បាស់ផង ពាល់ត្រូវផង ដោយអាការ ៣ យ៉ាង។បេ។ វត្ថុដែលខ្លួនមិនដឹងច្បាស់ថា អាត្មាដឹងច្បាស់ផង ឃើញផង ឮផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនមិនដឹងច្បាស់ថា អាត្មាដឹងច្បាស់ផង ឃើញផង ពាល់ ត្រូវផង ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនមិនដឹងច្បាស់ថា អាត្មាដឹងច្បាស់ផង ឃើញផង ឮផង ពាល់ត្រូវផង ដោយអាការ៣ យ៉ាងត្រូវអាបត្ដិបាចិត្ដិយ។បេ។
[១៧៨] ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនបានឃើញថា អាត្មាមិនឃើញ ដោយអាការ៣យ៉ាង គឺមុននឹងពោល គិតថាអញនឹងពោលកុហក ១ កំពុងពោលដឹងថាអញពោលកុហក ១ ពោលរួចហើយដឹងថាអញពោលកុហកហើយ ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនបានឃើញថា អាត្មា មិនឃើញ ដោយអាការ ៤ យ៉ាង។ បេ។ អាការ ៥យ៉ាង។ បេ។ អាការ ៦ យ៉ាង។ បេ។ អាការ ៧ យ៉ាងគឺ មុននឹងពោលគិតថា អញនឹងពោលកុហក១ កំពុងពោលដឹងថាអញពោលកុហក១ ពោល រួចហើយដឹងថាអញកុហកហើយ ១ បិទបាំងនូវទិដ្ឋិ ១ បិទបាំងនូវសេចក្ដីគាប់ចិត្ដ ១ បិទបាំងនូវសេចក្ដីចូលចិត្ដ ១ បិទបាំងនូវសេចក្ដីពិតត្រង់ ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះពាក្យដែលខ្លួនបានឮថា អាត្មាមិនបានឮ ដោយអាការ ៣ យ៉ាង។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនបាន ពាល់ត្រូវថា អាត្មាមិនបានពាល់ត្រូវ។ បេ។ ភិក្ខុនិយាយកុហកដោយ ដឹងខ្លួន ចំពោះហេតុដែលខ្លួនបានដឹងច្បាស់ថា អាត្មាមិនបានដឹងច្បាស់ ដោយអាការ ៣ យ៉ាងគឺ មុននឹងពោលគិតថាអញនឹងពោលកុហក ១ កំពុងពោលដឹងថាអញពោលកុហក១ ពោលរួចហើយដឹងថាអញពោលកុហកហើយ ១ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះហេតុដែលខ្លួនដឹងច្បាស់ថា អាត្មាមិនដឹងច្បាស់ ដោយអាការ ៤ យ៉ាង។ បេ។ អាការ ៥ យ៉ាង។ បេ។ អាការ ៦ យ៉ាង។ បេ។ អាការ ៧ យ៉ាង មុននឹងពោលគិតថា អញនឹងពោលកុហក ១ កំពុង ពោលដឹងថាអញពោលកុហក១ ពោលរួចហើយដឹងថាអញពោលកុហក ហើយ១ បិទបាំងនូវទិដ្ឋិ១ បិទបាំងនូវសេចក្ដីគាប់ចិត្ដ១ បិទបាំងនូវ សេចក្ដីចូលចិត្ដ ១ បិទបាំងនូវសេចក្ដីពិតត្រង់ ១ ត្រូវអាបត្ដិបាចិត្ដិយ។
[១៧៩] ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួន ឃើញថា អាត្មាឮវិញ ដោយអាការ ៣យ៉ាង។ បេ។ វត្ថុដែលខ្លួនឃើញ ថា អាត្មាបានពាល់ត្រូវវិញ ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួន ឃើញថា អាត្មាដឹងច្បាស់វិញ ដោយអាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនឃើញថា អាត្មាឮផង ពាល់ត្រូវផង ដោយអាការ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនឃើញ ថា អាត្មាឮផង ដឹងច្បាស់ផង ដោយអាការ៣ យ៉ាង។ បេ។ វត្ថុដែល ខ្លួនឃើញថា អាត្មាឮផង ពាល់ត្រូវផង ដឹងច្បាស់ផង ដោយអាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុនិយាយកុហកដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនឮថា អាត្មាពាល់ត្រូវ ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនឮថា អាត្មាដឹងច្បាស់។ បេ។ វត្ថុដែលខ្លួនឮថា អាត្មាឃើញ ដោយអាការ៣យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុនិយាយកុហក ដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនឮថា អាត្មាពាល់ត្រូវផង ដឹងច្បាស់ផង ដោយអាការ៣ យ៉ាង។បេ។ វត្ថុដែលខ្លួនឮថា អាត្មាពាល់ត្រូវផង ឃើញផង។ បេ។ វត្ថុដែលខ្លួនឮថា អាត្មាពាល់ត្រូវផង ដឹងច្បាស់ផង ឃើញផង ដោយអាការ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុនិយាយ កុហក ដោយដឹងខ្លួន ចំពោះវត្ថុដែលខ្លួនពាល់ត្រូវថា អាត្មាដឹងច្បាស់ ដោយអាការ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនពាល់ត្រូវថា អាត្មាឃើញ។ បេ។ វត្ថុដែលខ្លួនពាល់ត្រូវថា អាត្មាឮ។ បេ។ វត្ថុដែលខ្លួនពាល់ត្រូវថា អាត្មាដឹងច្បាស់ផង ឃើញផង ដោយអាការ៣ យ៉ាង។បេ។ វត្ថុដែល ខ្លួនពាល់ត្រូវថា អាត្មាដឹងច្បាស់ផង ឮផង។ បេ។ វត្ថុដែលខ្លួនពាល់ ត្រូវថា អាត្មាដឹងច្បាស់ផង ឃើញផង ឮផង។ បេ។ វត្ថុដែលខ្លួនដឹង ច្បាស់ថា អាត្មាឃើញ ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនដឹង ច្បាស់ថា អាត្មាឮ។ បេ។ វត្ថុដែលខ្លួនដឹងច្បាស់ថា អាត្មាពាល់ត្រូវវិញ។ បេ។ វត្ថុដែលខ្លួនដឹងច្បាស់ថា អាត្មាឃើញផង ឮផង ដោយអាការ ៣ យ៉ាង។ បេ។ វត្ថុដែលខ្លួនដឹងច្បាស់ថា អាត្មាឃើញផង ពាល់ត្រូវ ផង។ បេ។ វត្ថុដែលខ្លួួនដឹងច្បាស់ថា អាត្មាឃើញផង ឮផង ពាល់ត្រូវ ផង ដោយអាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។បេ។
[១៨០] ភិក្ខុមានសេចក្ដីសង្ស័យក្នុងវត្ថុដែលខ្លួនឃើញ (ក្ដី) មិន ជឿវត្ថុដែលខ្លួនបានឃើញ (ក្ដី) រលឹកមិនបាននូវវត្ថុដែលខ្លួនឃើញហើយ (ក្ដី) ភ្លេចនូវវត្ថុដែលខ្លួនបានឃើញ (ក្ដី) ហើយពោលពាក្យកុហកដោយ ដឹងខ្លួនថាអាត្មាឃើញផង ឮផង ដោយអាការ ៣ យ៉ាង ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុពោលពាក្យកុហកដោយដឹងខ្លួនថា អាត្មាឃើញផង ឮផង ពាល់ត្រូវផង ដឹងច្បាស់ផង ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ភិក្ខុមាន សេចក្ដីសង្ស័យក្នុងពាក្យដែលខ្លួនបានឮ (ក្ដី) មិនជឿពាក្យដែលខ្លួនបាន ឮ (ក្ដី) រលឹកមិនបាននូវពាក្យដែលខ្លួនបានឮ (ក្ដី) ភ្លេចពាក្យដែលខ្លួន ឮហើយ (ក្ដី)។ បេ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងវត្ថុដែលខ្លួនបាន ពាល់ត្រូវ (ក្ដី) មិនជឿវត្ថុដែលខ្លួនបានពាល់ត្រូវ (ក្ដី) រលឹកមិនបាននូវ វត្ថុដែលខ្លួនបានពាល់ត្រូវ (ក្ដី) ភ្លេចវត្ថុដែលខ្លួនបានពាល់ត្រូវ(ក្ដី)។ បេ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) មិនជឿ ហេតុដែលខ្លួនបានដឹងច្បាស់(ក្ដី) រលឹកមិនបាននូវហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) ភ្លេចហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) ហើយពោលពាក្យកុហកដោយ ដឹងខ្លួនថា អាត្មាដឹងច្បាស់ផង ឃើញផង ដោយអាការ ៣ យ៉ាង។ បេ។ ថាអាត្មាដឹងច្បាស់ផង ឮផង។ បេ។ ថាអាត្មាដឹងច្បាស់ផង ពាល់ត្រូវផង។ បេ។ ថាអាត្មាដឹងច្បាស់ផង ឃើញផង ឮផង។ បេ។ ថាអាត្មាដឹង ច្បាស់ផង ឃើញផង ពាល់ត្រូវផង។ បេ។ ភិក្ខុពោលពាក្យកុហក ដោយដឹងខ្លួនថា អាត្មាដឹងច្បាស់ផង ឃើញផង ឮផង ពាល់ត្រូវផង ដោយអាការ ៣ យ៉ាងគឺ មុននឹងពោលគិតថាអញនឹងពោលកុហក១កំពុង ពោលដឹងថាអញពោលកុហក១ ពោលរួចហើយដឹងថាអញពោលកុហកហើយ ១។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) មិនជឿហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) រលឹកមិនបាននូវហេតុដែលខ្លួនដឹង ច្បាស់(ក្ដី) ភ្លេចហេតុដែលខ្លួនដឹងច្បាស់ (ក្ដី) ហើយពោលពាក្យកុហកដោយដឹងខ្លួនថា អាត្មាដឹងច្បាស់ផង ឃើញផង ឮផង ពាល់ ត្រូវផង ដោយអាការ ៤យ៉ាង។ បេ។ អាការ ៥ យ៉ាង។ បេ។ អាការ ៦ យ៉ាង។ បេ។ អាការ ៧ យ៉ាង គឺ មុននឹងពោលដឹងថាអញ នឹងពោលកុហក១ កំពុងពោលដឹងថាអញពោលកុហក១ ពោលរួច ហើយដឹងថាអញពោលកុហកហើយ១ បិទបាំងនូវទិដ្ឋិ១ បិទបាំងនូវសេចក្ដីគាប់ចិត្ដ១ បិទបាំងនូវសេចក្ដីចូលចិត្ដ១ បិទបាំងនូវសេចក្ដីពិតត្រង់ ១ ត្រូវអាបត្ដិបាចិត្ដិយ។
[១៨១] អាបត្ដិមិនមានដល់ភិក្ខុពោលដោយញាប់មាត់ ដល់ភិក្ខុពោលដោយភ្លាត់មាត់ (ភិក្ខុពោលដោយរហ័សឈ្មោះថាពោលដោយញាប់មាត់។ ភិក្ខុគិតថា អញនឹងពោលពាក្យដទៃ ហើយត្រឡប់ពោលពាក្យដទៃក្រៅអំពីគំនិតនោះវិញ ឈ្មោះថា ពោលដោយភ្លាត់មាត់ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
បឋមសិក្ខាបទ ចប់។
(២. ឱមសវាទសិក្ខាបទំ)
[១៨២] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ កាលគង់នៅក្នុងវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ឈ្លោះនឹងពួកភិក្ខុដែលមានសីលជាទីស្រឡាញ់ ពោលចាក់ដោតភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ គឺជេរប្រទេចដោយជាតិខ្លះ ឈ្មោះខ្លះ គោត្ដខ្លះ ការងារខ្លះ សិល្បសាស្ដ្រខ្លះ អាពាធខ្លះ ភេទខ្លះ កិលេសខ្លះ អាបត្ដិខ្លះ ពាក្យជេរដ៏ថោកទាបខ្លះ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ហេតុដូចម្ដេច ក៏បានជាឆព្វគ្គិយភិក្ខុទាំងឡាយ ឈ្លោះនឹងភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ពោលចាក់ដោតភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ គឺជេរប្រទេចដោយជាតិខ្លះ ឈ្មោះខ្លះ គោត្ដខ្លះ ការងារខ្លះ សិល្បសាស្ដ្រខ្លះ អាពាធខ្លះ ភេទខ្លះ កិលេសខ្លះ អាបត្ដិខ្លះ ពាក្យជេរដ៏ថោក ទាបខ្លះ។ ភិក្ខុទាំងនោះយកសេចក្ដីនុ៎ះក្រាបទូលដល់ព្រះដ៏មានព្រះភាគ។ ព្រះបរមគ្រូត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថាអ្នកទាំងឡាយ ឈ្លោះនឹងភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ពោលចាក់ដោត ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ គឺជេរប្រទេចដោយជាតិខ្លះ ឈ្មោះខ្លះ គោត្ដខ្លះ ការងារខ្លះ សិល្បសាស្ដ្រខ្លះ អាពាធខ្លះ ភេទខ្លះ កិលេសខ្លះ អាបត្ដិខ្លះ ពាក្យជេរដ៏ថោកទាបខ្លះ ពិតមែនឬ។ ឆព្វគ្គិយភិក្ខុទាំងនោះក៏ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះ ពិតមែន។ ព្រះសព្វញ្ញូពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា នែ បុរសសាបសូន្យចាកមគ្គផលទាំងឡាយ ចុះហេតុអ្វីបានជាអ្នកទាំងឡាយ ឈ្លោះនឹងភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ ពោលចាក់ដោត ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់ គឺជេរប្រទេចដោយជាតិខ្លះ។ បេ។ ដោយពាក្យជេរដ៏ថោកទាបខ្លះ នែពួកមោឃបុរស ការនេះមិន មែននាំឱ្យកើតសេចក្ដីជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាទេ នឹងមិនមែននាំជនដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។ បេ។ លុះព្រះអង្គទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថាត្រាស់ហៅភិក្ខុទាំងឡាយ មកថា។
[១៨៣] ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានព្រាហ្មណ៍ម្នាក់ នៅក្នុងក្រុងតក្កសិលា (ព្រាហ្មណ៍នោះ) មានគោ១ឈ្មោះនន្ទិវិសាល។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ គោឈ្មោះនន្ទិវិសាលបាននិយាយពាក្យនេះនឹងព្រាហ្មណ៍នោះថា បពិត្រព្រាហ្មណ៍ ចូរអ្នកទៅនិយាយភ្នាល់នឹងសេដ្ឋីដាក់មួយពាន់កហាបណៈថា គោរបស់ខ្ញុំនឹងទាញរទេះមួយរយ ដែលចងភ្ជាប់គ្នាឱ្យរួចបាន។ ម្នាលភិក្ខុទាំងឡាយ ទើបព្រាហ្មណ៍នោះ បានភ្នាល់នឹងសេដ្ឋីដាក់មួយពាន់កហាបណៈថា គោរបស់ខ្ញុំនឹងទាញរទេះចំនួនមួយរយដែលចងភ្ជាប់គ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍នោះចងរទេះមួយរយភ្ជាប់គ្នា រួចក៏ទឹមគោឈ្មោះនន្ទិវិសាល ហើយនិយាយពាក្យនេះថា នែគោគៀច ឯងខំទាញទៅ នែគោគៀច ឯងខំអូសទៅ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ គោឈ្មោះនន្ទិវិសាល ក៏ឈរទ្រឹងក្នុងទី នោះឯង ម្នាលភិក្ខុទាំងឡាយ ឯព្រាហ្មណ៍នោះក៏ចាញ់សេដ្ឋីអស់មួយពាន់កហាបណៈ ហើយក៏សុបសៅក្នុងកាលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ទើបគោនន្ទិវិសាលបាននិយាយពាក្យនេះនឹងព្រាហ្មណ៍នោះថា បពិត្រព្រាហ្មណ៍ ហេតុអ្វីក៏អ្នកសុបសៅ។ ព្រាហ្មណ៍ឆ្លើយថា នែគោដ៏ចំរើន បានជាសុបសៅ ព្រោះអ្នកឯងឱ្យខ្ញុំចាញ់សេដ្ឋីអស់មួយពាន់កហាបណៈ។ គោនន្ទិវិសាលសួរថា ព្រាហ្មណ៍ ខ្ញុំមិនមែនជាសត្វគៀច ចុះហេតុអ្វី ក៏អ្នកឯងហៅខ្ញុំថាសត្វគៀច ព្រាហ្មណ៍ចូរអ្នកឯងទៅភ្នាល់នឹងសេដ្ឋីដាក់ពីរពាន់កហាបណៈថា គោរបស់ខ្ញុំទាញរទេះចំនួនមួយរយ ដែលគេចងភ្ជាប់គ្នាបាន តែថាអ្នកឯងកុំហៅខ្ញុំថាគោគៀចទៀត ព្រោះខ្ញុំ មិនមែនជាគោគៀចទេ។ ម្នាលភិក្ខុទាំងឡាយ ឯព្រាហ្មណ៍នោះភ្នាល់នឹងសេដ្ឋីដាក់ពីរពាន់កហាបណៈដោយពាក្យថា គោរបស់ខ្ញុំអាចទាញរទេះ ចំនួនមួយរយដែលគេចងភ្ជាប់គ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ នោះក៏ចងរទេះ ចំនួនមួយរយភ្ជាប់គ្នា រួចទឹមគោនន្ទិវិសាលហើយបាន និយាយពាក្យនេះក្នុងពេលនោះថា ម្នាលគោដ៏ចំរើន ចូរអ្នកឯងទាញទៅ ម្នាលគោដ៏ចំរើន ចូរអ្នកឯងអូសទៅ។ ម្នាលភិក្ខុទាំងឡាយ កាលនោះគោនន្ទិវិសាលក៏ទាញរទេះចំនួនមួយរយដែលគេចងភ្ជាប់គ្នាឱ្យវិលទៅបាន។
[១៨៤] បុគ្គលត្រូវពោលតែពាក្យដែលជាទីគាប់ចិត្ដម្យ៉ាង ពាក្យដែលមិនជាទីគាប់ចិត្ដ សូម្បីតែម្ដង ក៏មិនត្រូវពោលឡើយ (ព្រាហ្មណ៍)ពោលពាក្យជាទីគាប់ចិត្ដ (គោនន្ទិវិសាល) ក៏នាំទៅនូវភារៈជាទម្ងន់រួច ហើយញុំាងព្រាហ្មណ៍នោះឱ្យបានទ្រព្យផង មានសេចក្ដីពេញចិត្ដព្រោះព្រាហ្មណ៍នោះបានទ្រព្យផង ព្រោះការងាររបស់ខ្លួនផង។
[១៨៥] ម្នាលភិក្ខុទាំងឡាយ ពាក្យជេរប្រទេច មិនជាទីគាប់ចិត្ដដល់តថាគតក្នុងកាលនោះ សំដីជេរប្រទេចនឹងជាទីគាប់ចិត្ដក្នុងកាលឥឡូវនេះដូចម្ដេចបាន ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឱ្យជ្រះថ្លា ដល់អ្នកដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុពោលពាក្យចាក់ដោត ត្រូវអាបត្ដិបាចិត្ដិយ។
[១៨៦] ដែលហៅថា ពាក្យចាក់ដោតនោះ គឺភិក្ខុពោលចាក់ដោតដោយអាការ១០យ៉ាងគឺ ជាតិ១ ឈ្មោះ១ គោត្ដ ១ ការងារ១ សិល្បសាស្ដ្រ១ អាពាធ១ភេទ១ កិលេស១ អាបត្ដិ១ ពាក្យជេរដ៏ថោកទាប១។
[១៨៧] ដែលហៅថា ជាតិ គឺ ជាតិមានពីរយ៉ាង បានដល់ហីនជាតិ38) ១ ឧក្កដ្ឋជាតិ39) ១។ ដែលហៅថា ហីនជាតិ គឺជាតិមនុស្សចណ្ឌាល40) ជាតិជាងត្បាញផែង41) ជាតិអ្នកនេសាទ42) ជាតិអ្នកធ្វើរទេះ ជាតិអ្នកចោលសម្រាម ជាតិទាំងនេះហៅថា ហីនជាតិ។ ដែលហៅថា ឧក្កដ្ឋជាតិ គឺជាតិក្សត្រិយ៍ ជាតិព្រាហ្មណ៍ ជាតិទាំងនេះហៅថា ឧក្កដ្ឋជាតិ។
[១៨៨] ដែលហៅថា នាម គឺនាមមានពីរយ៉ាង បានខាងឯហីននាម១ ឧក្កដ្ឋនាម១។ ដែលហៅថា ហីននាម គឺ អវកណ្ណកនាម43) (១) ជវកណ្ណកនាម (២) ធនិដ្ឋកនាម (៣) សវិដ្ឋកនាម (៤) កុលវឌ្ឍកនាម (៥) ពុំនោះសោត នាមណាដែលគេមើលងាយ គេបន្ទាបបន្ថោក គេខ្ពើម គេពេបជ្រាយ គេមិនគោរព មានក្នុងជនបទនោះៗ នាមទាំងនេះហៅថា ហីននាម។ ដែលហៅថា ឧក្កដ្ឋនាម គឺ នាមដែលប្រកបព្រមចំពោះដោយព្រះពុទ្ធ ប្រកបព្រមចំពោះដោយព្រះធម៌ ប្រកបព្រមចំពោះដោយព្រះសង្ឃ ពុំនោះសោត នាមណាដែលគេមិនមើលងាយ គេមិនបន្ទាបបន្ថោក គេមិនខ្ពើម គេមិនពេបជ្រាយ គេគោរព មានក្នុងជនបទនោះ ៗ នាមទាំងនេះហៅថា ឧក្កដ្ឋនាម។
[១៨៩] ដែលហៅថា គោត្ដ គឺគោត្ដមានពីរយ៉ាង បានខាងហីនគោត្ដ ១ ឧក្កដ្ឋគោត្ដ ១។ ដែលហៅថា ហីនគោត្ដ គឺ ភារទ្វាជគោត្ដ ពុំនោះសោត គោត្ដណាដែលគេមើលងាយ គេបន្ទាបបន្ថោក គេខ្ពើម គេពេបជ្រាយ គេមិនគោរព មានក្នុងជនបទនោះៗ គោត្ដទាំងនេះហៅថា ហីនគោត្ដ។ ដែលហៅថា ឧក្កដ្ឋគោត្ដ គឺគោតមគោត្ដ មោគ្គល្លានគោត្ដ កច្ចាយនគោត្ដ វាសេដ្ឋគោត្ដ ពុំនោះសោត គោត្ដណា ដែលគេមិនមើលងាយ គេមិនបន្ទាបបន្ថោក គេមិនខ្ពើម គេមិនពេបជ្រាយ គេគោរព មានក្នុងជនបទនោះ។ គោត្ដទាំងនេះហៅថា ឧក្កដ្ឋគោត្ដ។
[១៩០] ដែលហៅថា ការងារ គឺការងារមានពីរយ៉ាង បានដល់ការងារដ៏ថោកទាប១ ការងារដ៏ខ្ពង់ខ្ពស់១។ ដែលហៅថា ការងារដ៏ថោកទាប គឺការងាររបស់អ្នកចាំងឈើ ការងាររបស់អ្នកចោលផ្កា (ចោលសម្រាម) ពុំនោះសោត ការងារណាដែលគេមើលងាយ គេបន្ទាប បន្ថោក គេខ្ពើម គេពេបជ្រាយ គេមិនគោរព មានក្នុងជនបទនោះៗ ការងារទាំងនេះហៅថា ការងារដ៏ថោកទាប។ ដែលហៅថាការងារដ៏ខ្ពង់ខ្ពស់ គឺការភ្ជួររាស់ ការជួញប្រែ ការរក្សាគោ ពុំនោះសោត ការងារណាដែលគេមិនមើលងាយ គេមិនបន្ទាបបន្ថោក គេមិនខ្ពើម គេមិនពេបជ្រាយ គេគោរព មានក្នុងជនបទនោះៗ ការងារទាំងនេះ ហៅថា ការងារដ៏ខ្ពង់ខ្ពស់។
[១៩១] ដែលហៅថា សិល្បសាស្ដ្រ គឺសិល្បសាស្ដ្រ មានពីរយ៉ាង បានដល់សិល្បសាស្ដ្រដ៏ថោកទាប១ សិល្បសាស្ដ្រដ៏ខ្ពង់ខ្ពស់១។ ដែលហៅថា សិល្បសាស្ដ្រដ៏ថោកទាប គឺសិល្បសាស្ដ្រ អ្នកត្បាញផែង សិល្បសាស្ដ្រអ្នកធ្វើឆ្នាំង សិល្បសាស្ដ្រអ្នកត្បាញសម្ពត់ សិល្បសាស្ដ្រអ្នកធ្វើស្បែក44) សិល្បសាស្ដ្រខ្មាន់ព្រះកេស ពុំនោះសោត សិល្បសាស្ដ្រណា ដែលគេមើលងាយ គេបន្ទាបបន្ថោក គេខ្ពើម គេពេបជ្រាយ គេមិនគោរព មានក្នុងជនបទនោះ ៗ សិល្បសាស្ដ្រទាំងនេះ ហៅថា សិល្បសាស្ដ្រដ៏ថោកទាប។ ដែលហៅថាសិល្បសាស្ដ្រដ៏ខ្ពង់ខ្ពស់គឺរាប់ដោយដៃទទេ រាប់ដោយវិធីនព្វន្ដ ការសរសេរអក្សរ ពុំនោះសោត សិល្បសាស្ដ្រណា ដែលគេមិនមើលងាយ គេមិនបន្ទាបបន្ថោក គេមិនខ្ពើម គេមិនពេបជ្រាយ គេគោរព មានក្នុងជនបទនោះៗ សិល្បសាស្ដ្រទាំងនេះ ហៅថា សិល្បសាស្ដ្រដ៏ខ្ពង់ខ្ពស់។
[១៩២] បណ្ដាអាពាធទាំងឡាយ សុទ្ធតែថោកទាបទាំងអស់ ចំណែកខាងអាពាធទឹកនោមផ្អែម (រោគប្រមេះ) ហៅថា អាពាធយ៉ាងស្រាល។
[១៩៣] ដែលហៅថា ភេទ គឺភេទមានពីរយ៉ាង បានដល់ភេទដ៏ថោកទាប១ ភេទដ៏ខ្ពង់ខ្ពស់១។ ដែលហៅថា ភេទថោកទាប គឺភេទខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក ភេទទំាងនេះ ហៅថា ភេទថោកទាប។ ដែលហៅថា ភេទខ្ពង់ខ្ពស់គឺ ភេទមិនខ្ពស់ពេក មិនទាបពេក មិនខ្មៅពេក មិនសពេក ភេទទាំងនេះ ហៅថា ភេទខ្ពង់ខ្ពស់។
[១៩៤] ឯកិលេសទាំងឡាយ សុទ្ធតែថោកទាបទាំងអស់។
[១៩៥] ឯអាបត្ដិទាំងឡាយសុទ្ធតែថោកទាបទាំងអស់ ចំណែកខាងសោតាបត្ដិ និងសមាបត្ដិ សុទ្ធតែខ្ពង់ខ្ពស់ទាំងអស់។
[១៩៦] ដែលហៅថាជេរ គឺជេរមានពីរយ៉ាង បានដល់ជេរយ៉ាងថោកទាប១ ជេរយ៉ាងខ្ពង់ខ្ពស់១។ ដែលហៅថា ជេរយ៉ាងថោកទាបគឺជេរថា លោកជាសត្វឱដ្ឋ លោកជាសត្វពពែ លោកជាសត្វគោ លោកជាសត្វលា លោកជាសត្វតិរច្ឆាន លោកជាសត្វនរក45) លោកគ្មានគតិល្អទេ លោកមានតែគតិអាក្រក់ម្យ៉ាង ជេរដោយយអក្ខរ46) (២)ក្ដី ដោយ ភអក្ខរ(៣)ក្ដី ដោយនិម្មិតបុរសនិងនិម្មិតស្រីក្ដី ជេរទាំងនេះហៅថា ជេរយ៉ាងថោកទាប។ ដែលហៅថា ជេរយ៉ាងខ្ពង់ខ្ពស់ គឺ ជេរថា លោកជាបណ្ឌិត លោកឆ្លៀវឆ្លាស លោកជាអ្នកប្រាជ្ញ លោកជាពហុស្សូត47) លោកជាធម្មកថិក48) លោកគ្មានគតិអាក្រក់ទេ លោកមានតែគតិល្អម្យ៉ាង ជេរទាំងនេះ ហៅថា ជេរយ៉ាងខ្ពង់ខ្ពស់។
[១៩៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យមានមុខចុះក្រោម49) ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលចំពោះបុគ្គលដែលមានជាតិថោកទាប ដោយពាក្យថោកទាប គឺថានិយាយចំពោះឧបសម្បន្នជាតិចណ្ឌាល ជាតិអ្នកធ្វើផែងឫស្សី ជាតិអ្នកនេសាទ ជាតិអ្នកធ្វើរថ ជាតិអ្នកចោលសម្រាម ដោយពាក្យថា លោកជាមនុស្សចណ្ឌាល ជាអ្នកធ្វើផែង ជាអ្នកនេសាទ ជាអ្នកធ្វើរថ ជាអ្នកចោលសម្រាម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[១៩៨] ឧបសម្បន្នភិក្ខុប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលចំពោះបុគ្គលដែលមានជាតិខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថានិយាយចំពោះឧបសម្បន្នជាតិក្សត្រិយ៍ ជាតិព្រាហ្មណ៍ ដោយពាក្យថា អ្នកឯងជា អ្នកចណ្ឌាល ជាជាងផែង ជាអ្នកនេសាទ ជាអ្នកធ្វើរថ ជាអ្នកចោលសម្រាម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ ៗ វាចា។
[១៩៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលចំពោះបុគ្គលដែលមានជាតិថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺនិយាយចំពោះឧបសម្បន្នជាតិអ្នកចណ្ឌាល ជាតិអ្នកជាងផែង ជាតិអ្នកនេសាទ ជាតិ អ្នកធ្វើរថ ជាតិអ្នកចោលសម្រាម ដោយពាក្យថា លោកជាក្សត្រិយ៍ លោកជាព្រាហ្មណ៍ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០០] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលចំពោះបុគ្គលដែលមានជាតិខ្ពង់ខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺនិយាយចំពោះឧបសម្បន្នដែលមានជាតិជាក្សត្រិយ៍ ជាតិព្រាហ្មណ៍ ដោយពាក្យថា លោកជាក្សត្រិយ៍ លោកជាព្រាហ្មណ៍ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០១] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលចំពោះនាមថោកទាប ដោយពាក្យថោកទាប គឺនិយាយចំពោះឧបសម្បន្នដែលមាននាមជាអវកណ្ណក ជាជវកណ្ណក ជាធនិដ្ឋក ជាសវិដ្ឋក ជាកុលវឌ្ឍក ដោយពាក្យថា លោកជាអវកណ្ណក លោកជាជវកណ្ណក លោកជាធនិដ្ឋក លោកជាសវិដ្ឋក លោកជាកុលវឌ្ឍក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០២] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលចំពោះនាមខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺនិយាយចំពោះឧបសម្បន្នដែលមាននាមជាពុទ្ធរក្ខិត ជាធម្មរក្ខិត ជាសង្ឃរក្ខិត ដោយពាក្យថា លោកជាអវកណ្ណក លោកជាជវកណ្ណក លោកជាធនិដ្ឋក លោកជាសវិដ្ឋក លោកជាកុលវឌ្ឍក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០៣] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នផងគ្នា ពោលចំពោះនាមថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺនិយាយចំពោះឧបសម្បន្នមាននាមជាអវកណ្ណក ជាជវកណ្ណក ជាធនិដ្ឋក ជាសវិដ្ឋក ជាកុលវឌ្ឍក ដោយពាក្យថា លោកឈ្មោះពុទ្ធរក្ខិត លោកឈ្មោះធម្មរក្ខិត លោកឈ្មោះសង្ឃរក្ខិត ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២០៤] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅនាមដ៏ខ្ពងខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នដែលមាននាមជាពុទ្ធរក្ខិត ជាធម្មរក្ខិត ជាសង្ឃរក្ខិត ដោយពាក្យថា លោកឈ្មោះ ពុទ្ធរក្ខិត ធម្មរក្ខិត សង្ឃរក្ខិត ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០៥] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅគោត្ដថោកទាប ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នជាកោសិយគោត្ដ ភារទ្វាជគោត្ដ ដោយពាក្យថា លោកជាកោសិយគោត្ដ លោកជាភារទ្វាជគោត្ដ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០៦] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅគោត្ដដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នជាគោតមគោត្ដ ជាមោគ្គល្លានគោត្ដ ជាកច្ចាយនគោត្ដ ជាវាសេដ្ឋគោត្ដ ដោយពាក្យថា លោកជាកោសិយគោត្ដ លោកជាភារទ្វាជគោត្ដ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅគោត្ដដ៏ថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នជាកោសិយគោត្ដ ជាភារទ្វាជគោត្ដ ដោយពាក្យថា លោកជាគោតមគោត្ដ លោកជាមោគ្គល្លានគោត្ដ លោកជាកច្ចាយនគោត្ដ លោកជាវាសេដ្ឋគោត្ដ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២០៨] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថា្នដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅគោត្ដដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នជាគោតមគោត្ត ជាមោគ្គល្លានគោត្ដ ជាកច្ចាយនគោត្ដ ជាវាសេដ្ឋគោត្ដ ដោយពាក្យថា លោកជាគោតមគោត្ដ លោកជាមោគ្គល្លានគោត្ដ លោកជាកច្ចាយនគោត្ដ លោកជាវាសេដ្ឋគោត្ដ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២០៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅការងារដ៏ថោកទាប ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្ន ថាអ្នកចាំងឈើ ជាអ្នកចោលសម្រាម ដោយពាក្យថា លោកជាជាង ចាំងឈើ លោកជាអ្នកចោលសម្រាម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២១០] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅការងារដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧសម្បន្នថាជាអ្នកភ្ជួររាស់ ជាអ្នកជួញប្រែ ជាអ្នករក្សាគោ ដោយពាក្យថា លោកជាជាងចាំងឈើ លោកជាអ្នកចោលសម្រាម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២១១] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីធ្វើឱ្យអៀនអន់ ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅការងារដ៏ថោកទាប ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្ន ថាជាជាងចាំងឈើ ជាអ្នកចោលសម្រាម ដោយពាក្យថា លោកជាអ្នកភ្ជួររាស់ លោកជាអ្នកជំនួញ លោកជាអ្នករក្សាគោ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២១២] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅការងារដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នថាជាអ្នកភ្ជួររាស់ អ្នកជំនួញ អ្នករក្សាគោ ដោយពាក្យថា លោកជាអ្នក ភ្ជួររាស់ លោកជាអ្នកជំនួញ លោកជាអ្នករក្សាគោ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២១៣] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅសិល្បសាស្ដ្រដ៏ថោកទាប ដោយពាក្យដ៏ថោកទាប គឺថាពោលសំដៅឧបសម្បន្នថាជាជាងត្បាញផែង ជាស្មូនឆ្នាំង ជាជាងដម្បាញ ជាជាង ស្បែក ជាខ្មាន់ព្រះកេស ដោយពាក្យថា លោកជាជាងត្បាញផែង លោកជាស្មូនឆ្នាំង លោកជាជាងដម្បាញ លោកជាជាងស្បែក លោកជាខ្មាន់ព្រះកេស ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២១៤] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅសិល្បសាស្ដ្រដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថា ពោលសំដៅឧបសម្បន្ន ជាអ្នករាប់ដៃទទេ អ្នករាប់ដោយវិធីនព្វន្ដ អ្នកសរសេអក្សរ (នាយស្មេរ) ដោយពាក្យថា លោកជាជាងត្បាញផែង លោកជាស្មូនឆ្នាំង លោកជាជាងដម្បាញ លោកជាអ្នកធ្វើស្បែក លោកជាខ្មាន់ព្រះកេស ត្រូវអាបត្ដិបាចិត្ដិយគ្រប់ ៗ វាចា។
[២១៥] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅសិល្បសាស្ដ្រថោកទាប ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្ន ជាជាងត្បាញផែង ស្មូនឆ្នាំង ជាងដម្បាញ អ្នកធ្វើស្បែក ខ្មាន់ព្រះកេស ដោយពាក្យថា លោកជាអ្នករាប់ដោយដៃទទេ លោកជាអ្នករាប់ដោយវិធីនព្វន្ដ លោកជាអ្នកសរសេរអក្សរ (នាយស្មេរ) ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២១៦] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគា្ន ពោលសំដៅសិល្បសាស្ដ្រដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្ន ជាអ្នករាប់ដោយដៃទទេ អ្នករាប់ដោយវិធីនព្វន្ដ អ្នកសរសេរ អក្សរ (នាយស្មេរ) ដោយពាក្យថា លោកជាអ្នករាប់ដោយដៃទទេ លោកជាអ្នករាប់ដោយវិធីនព្វន្ដ លោកជាអ្នកសរសេរអក្សរ (នាយស្មេរ) ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២១៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅអាពាធថោកទាប ដោយពាក្យដ៏ថោកទាប គឺថាពោលសំដៅឧបសម្បន្នបុគ្គលដែលកើតឃ្លង់ បូស ស្រែង រោគរីងរៃ ឆ្កួតជ្រូក ដោយពាក្យ ថា លោកជាមនុស្សឃ្លង់ លោកជាមនុស្សកើតបូស លោកជាមនុស្សសម្រែង លោកជាមនុស្សកើតរោគរីងរៃ លោកជាមនុស្សឆ្កួតជ្រូក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ ៗ វាចា។
[២១៨] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅអាពាធដ៏ខ្ពង់ខ្ពស់ (អាពាធស្រាល) ដោយពាក្យដ៏ថោកទាប គឺថាពោលសំដៅឧបសម្បន្នបុគ្គលដែលមានអាពាធទឹកនោមផ្អែម (កើតប្រមេះផ្អែមមាត់) ដោយពាក្យថា លោកជាមនុស្សឃ្លង់ លោកជាមនុស្សកើតបូស លោក ជាមនុស្សកើតស្រែង លោកជាមនុស្សកើតរោគរីងរៃ លោកជាមនុស្សឆ្កួតជ្រូក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២១៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅអាពាធថោកទាប ដោយពាក្យ ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុ ដែលជាមនុស្សឃ្លង់ មនុស្សកើតបូស មនុស្សកើតស្រែង មនុស្សកើតរោគរីងរៃ មនុស្សឆ្កួតជ្រូក ដោយពាក្យថា លោកជាមនុស្សមានអាពាធ ទឹកនោមផ្អែម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២០] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅអាពាធខ្ពង់ខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នបុគ្គលដែលជាអ្នកមានអាពាធទឹកនោមផ្អែម ដោយពាក្យថា លោកជាមនុស្សមានអាពាធទឹកនោមផ្អែម ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗវាចា។
[២២១] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅភេទថោកទាប ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក ដោយពាក្យថា លោក ខ្ពស់ពេក លោកទាបពេក លោកខ្មៅពេក លោកសពេក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២២] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថា្នដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ពោលសំដៅភេទដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលមិនខ្ពស់ពេក មិនទាបពេក មិនខ្មៅពេក មិនសពេក ដោយ ពាក្យថា លោកខ្ពស់ពេក លោកទាបពេក លោកខ្មៅពេក លោកសពេក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២៣] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភេទថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក ដោយពាក្យថា លោកមិនខ្ពស់ពេក លោកមិនទាបពេក លោកមិនខ្មៅពេក លោកមិនសពេក ត្រូវអាបត្ដិ បាចិត្ដិយគ្រប់ៗ វាចា។
[២២៤] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថា្នដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភេទដ៏ខ្ពងខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលមិនខ្ពស់ពេក មិនទាបពេក មិនខ្មៅពេក មិនសពេក ដោយពាក្យថា លោកមិនខ្ពស់ពេក លោកមិនទាបពេក លោកមិនខ្មៅពេក លោកមិន សពេក ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២៥] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅកិលេសដែលជាធម៌ដ៏ថោកទាប ដោយពាក្យដ៏ថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលរាគៈគ្របសង្កត់ហើយ ទោសៈគ្របសង្កត់ហើយ មោហៈគ្របសង្កត់ហើយ ដោយពាក្យថា លោកត្រូវរាគៈ គ្របសង្កត់ហើយ លោកត្រូវទោសៈគ្របសង្កត់ហើយ លោកត្រូវមោហៈគ្របសង្កត់ហើយ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២៦] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅកិលេសដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ ដោយពាក្យថា លោកត្រូវរាគៈគ្របសង្កត់ហើយ លោកត្រូវទោសៈគ្រប សង្កត់ហើយ លោកត្រូវមោហៈគ្របសង្កត់ហើយ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោនចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅកិលេសដែលជាធម៌ដ៏ថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុ ដែលត្រូវរាគៈ គ្របសង្កត់ហើយ ត្រូវទោសៈគ្របសង្កត់ហើយ ត្រូវមោហៈគ្របសង្កត់ហើយ ដោយពាក្យថា លោកប្រាសចាក រាគៈ លោកប្រាសចាកទោសៈ លោកប្រាសចាកមោហៈ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២៨] ឧបសម្បន្នភិក្ខ្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅធម៌ដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែល ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ ដោយពាក្យថា លោកប្រាសចាករាគៈ លោកប្រាសចាកទោសៈ លោកប្រាសចាកមោហៈ ត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២២៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ថោកទាប ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលត្រូវអាបត្ដិបារាជិក ត្រូវអាបត្ដិសង្ឃាទិសេស ត្រូវអាបត្ដិថុល្លច្ច័យ ត្រូវអាបត្ដិបាចិត្ដិយ ត្រូវអាបត្ដិបាដិទេសនីយ ត្រូវអាបត្ដិទុក្កដ ត្រូវអាបត្ដិទុញ្ភសិត ដោយពាក្យថា លោក ត្រូវអាបត្ដិបារាជិក លោកត្រូវអាបត្ដិសង្ឃាទិសេស លោកត្រូវអាបត្ដិថុល្លច្ច័យ លោក ត្រូវអាបត្ដិបាចិត្ដិយ លោកត្រូវអាបត្ដិបាដិទេសនីយ លោកត្រូវអាបត្ដិទុក្កដ លោក ត្រូវអាបត្ដិទុញ្ភសិត ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២៣០] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលជាសោតាបន្ន ដោយពាក្យថា លោក ត្រូវអាបត្ដិបារាជិក។ បេ។ លោកត្រូវអាបត្ដិទុញ្ភសិត ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២៣១] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ថោកទាប ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលត្រូវអាបត្ដិបារាជិក។បេ។ ត្រូវអាបត្ដិទុញ្ភសិត ដោយពាក្យថា លោកជាសោតាបន្នបុគ្គល ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២៣២] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ខ្ពង់ខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលជាសោតាបន្ន ដោយពាក្យថា លោកជាសោតាបន្នបុគ្គល ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២៣៣] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថា្នដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ថោកទាប ដោយពាក្យថោកទាប គឺថាពោលសំដៅសត្វឱដ្ឋ សត្វពពែ សត្វគោ សត្វលា សត្វតិរច្ឆាន សត្វនរក ដោយពាក្យថា លោកជាសត្វឱដ្ឋ លោកជាសត្វពពែ លោកជាសត្វគោ លោកជាសត្វលា លោកជាសត្វតិរច្ឆាន លោកជាសត្វនរក លោកមិនមានគតិល្អទេ លោកមានតែគតិអាក្រក់ម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២៣៤] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ខ្ពង់ខ្ពស់ ដោយពាក្យថោកទាប គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដោយពាក្យថា លោកជាសត្វឱដ្ឋ លោកជាសត្វពពែ លោកជាសត្វគោ លោកជាសត្វលា លោកជាសត្វតិរច្ឆាន លោកជាសត្វនរក លោកគ្មានគតិល្អទេ លោកមានតែគតិអាក្រក់ម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២៣៥] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅសត្វឱដ្ឋ សត្វពពែ សត្វគោ សត្វលា សត្វតិរច្ឆាន សត្វនរក ដោយពាក្យថា លោកជាបណ្ឌិត លោកជាមនុស្សឈ្លាស លោកជាអ្នកប្រាជ្ញ លោកជាពហុស្សូត លោកជាធម្មកថិក លោកគ្មានគតិអាក្រក់ទេ លោកមានគតិល្អតែម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២៣៦] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលសំដៅភិក្ខុដ៏ខ្ពង់ខ្ពស់ ដោយពាក្យខ្ពង់ខ្ពស់ គឺថាពោលសំដៅឧបសម្បន្នភិក្ខុដែលជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដោយពាក្យថា លោកជាបណ្ឌិត លោកជាមនុស្សឈ្លាស លោកជាអ្នកប្រាជ្ញ លោកជាពហុស្សូត លោកជាធម្មកថិក លោកគ្មានគតិអាក្រក់ទេ លោកមានតែគតិល្អម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយគ្រប់ៗ វាចា។
[២៣៧] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះ គឺនិយាយថា ក្នុងលោកនេះ មានមនុស្សពួកខ្លះជាចណ្ឌាល ជាជាងត្បាញផែង ជាអ្នកនេសាទ ជាជាងធ្វើរទេះ ជាអ្នកចោលសម្រាម ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។
[២៣៨] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាក្សត្រិយ៍ ជាព្រាហ្មណ៍ ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ ៗ វាចា។
[២៣៩] ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ឈ្មោះអវកណ្ណក ឈ្មោះជវកណ្ណក ឈ្មោះធនិដ្ឋក ឈ្មោះសវិដ្ឋក ឈ្មោះកុលវឌ្ឍក ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ឈ្មោះពុទ្ធរក្ខិត ធម្មរក្ខិត សង្ឃរក្ខិត ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗវាចា។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាកោសិយគោត្ដ ជាភារទ្វាជគោត្ដ។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាគោតមគោត្ដ ជាមោគ្គល្លានគោត្ដ ជាកច្ចាយនគោត្ដ ជាវាសេដ្ឋគោត្ដ។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាជាងចាំង ជាអ្នកចោលផ្កា។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាអ្នកភ្ជួររាស់ ជាឈ្មួញ ជាអ្នករក្សាគោ។ បេ។ ថាក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាជាងត្បាញផែងបបុស ជាស្មូនឆ្នាំង ជាជាងដម្បាញ ជាអ្នកធ្វើស្បែក ជាខ្មាន់ ព្រះកេស។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាអ្នករាប់ដៃទទេ ជាអ្នករាប់ដោយវិធីនព្វន្ដ ជាអ្នកសរសេរអក្សរ (ស្មេរ)។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាមនុស្សគំលង់ ជាមនុស្សកើតបូស ជាមនុស្សសម្រែង ជាមនុស្សកើត រោគរីងរៃ ជាមនុស្សឆ្កួតជ្រូក។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ កើតរោគប្រមេះទឹកនោមផ្អែម។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ មិនខ្ពស់ពេក មិនទាបពេក មិនខ្មៅ ពេក មិនសពេក។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ត្រូវរាគៈ គ្របសង្កត់ ត្រូវទោសៈគ្របសង្កត់ ត្រូវមោហៈគ្របសង្កត់។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ត្រូវអាបត្ដិបារាជិក។ បេ។ ត្រូវអាបត្ដិទុញ្ភសិត។ បេ។ ថាក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាសោតាបន្នបុគ្គល។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាសត្វឱដ្ឋ សត្វពពែ សត្វគោ សត្វលា សត្វតិរច្ឆាន សត្វនរក មនុស្សទាំងនោះគ្មានគតិល្អទេ មនុស្ស ទាំងនោះមានតែគតិអាក្រក់ម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។
[២៤០] ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ជនទាំងនោះគ្មានគតិអាក្រក់ទេ មនុស្សទាំងនោះមានតែគតិ ល្អម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។
[២៤១] ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា មនុស្សទាំងឡាយណាមួយ ជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗវាចា។ បេ។ ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា មនុស្សទំាងឡាយណាមួយជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក មនុស្សទាំងនោះគ្មានគតិអាក្រក់ មនុស្សទាំងនោះមានតែគតិល្អម្យ៉ាងទេ ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។
[២៤២] ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោនចំពោះឧបសម្បន្នភិក្ខុផងគ្នា ក៏ពោលយ៉ាងនេះថា យើងទាំងឡាយមិនមែនជាចណ្ឌាល មិនមែនជាងត្បាញផែងឫស្សី មិនមែនអ្នកនេសាទ មិនមែនជាជាងធ្វើរថ មិនមែនអ្នកចោលសម្រាម។ បេ។ ថា យើង ទាំងឡាយមិនមែនជាបណ្ឌិត មិនមែនជាអ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជាពហុស្សូត មិនមែនជាធម្មកថិក ដំណើរអាក្រក់មិនមានដល់ យើងទាំងឡាយទេ ដំណើរល្អតែម្យ៉ាង ប្រាកដដល់យើងទាំងឡាយ ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។
[២៤៣] ឧបសម្បន្នភិក្ខុចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោនចំពោះអនុបសម្បន្ន50) បុគ្គល ក៏ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យដ៏ថោកទាប។ បេ។ ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ថោកទាប។ បេ។ ពោលសំដៅបុគ្គលដ៏ថោកទាប ដោយ ពាក្យដ៏ខ្ពង់ខ្ពស់។ បេ។ ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺនិយាយសំដៅអនុបសម្បន្នបុគ្គល ជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដោយពាក្យថា អ្នកឯងជា បណ្ឌិត អ្នកឯងជាអ្នកឈ្លាស អ្នកឯងជាអ្នកប្រាជ្ញ អ្នកឯងជាពហុស្សូត អ្នកឯងជាធម្មកថិក ដំណើរអាក្រក់មិនមានដល់អ្នកឯងទេ ដំណើរល្អតែម្យ៉ាងប្រាកដដល់អ្នកឯង ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។
[២៤៤] ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោនចំពោះអនុបសម្បន្នបុគ្គល ក៏ពោលយ៉ាងនេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះ ជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម។ បេ។ ថា ក្នុងលោកនេះ មាន មនុស្សពួកខ្លះ ជាបណ្ឌិត ជាមនុស្សឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក មនុស្សទាំងនោះគ្មានគតិអាក្រក់ទេ មនុស្សទាំងនោះមានតែគតិល្អម្យ៉ាង ភិក្ខុនោះត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។
[២៤៥] ឧបសម្បន្នភិក្ខុ ចង់ជេរ ចង់ប្រទេច ចង់បង្អាប់បង្អោនចំពោះអនុបសម្បន្ន ហើយពោលយ៉ាងនេះ គឺនិយាយថា មនុស្សទាំងឡាយណាមួយ ជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម ត្រូវអាបត្ដិទុក្កដគ្រប់ ៗ វាចា។ បេ។ ថា មនុស្សទាំងឡាយណាមួយ ជាបណ្ឌិត ជាអ្នក ឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ត្រូវអាបត្ដិទុក្កដគ្រប់ៗវាចា។ ឧបសម្បន្នភិក្ខុ ប្រាថ្នាដើម្បីជេរ ប្រាថ្នាដើម្បីប្រទេច ប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះអនុបសម្បន្នបុគ្គល ក៏ពោលយ៉ាងនេះ ថា យើងទាំងឡាយមិនមែនជាចណ្ឌាល មិនមែនជាជាងត្បាញផែងឫស្សី មិនមែនជាអ្នកនេសាទ មិនមែនជាជាងធ្វើរថ មិនមែនជាអ្នកចោល សម្រាម។ បេ។ ថា យើងទាំងឡាយមិនមែនជាបណ្ឌិត មិនមែនជាអ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជាពហុស្សូត មិនមែនជាធម្មកថិក ដំណើរអាក្រក់មិនមានដល់យើងទាំងឡាយ ដំណើរល្អតែម្យ៉ាងប្រាកដដល់យើងទាំងឡាយ ត្រូវអាបត្ដិទុក្កដគ្រប់ៗ វាចា។
[២៤៦] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថា្នដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យដ៏ថោកទាប ក៏ពោលសំដៅបុគ្គលជាមនុស្សចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម ដោយពាក្យថា លោកជាចណ្ឌាល លោកជាជាងត្បាញផែងឫស្សី លោកជាអ្នកនេសាទ លោកជាជាងធ្វើរថ លោកជាអ្នកចោលសម្រាម ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។ ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្ន ភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ថោកទាប គឺនិយាយសំដៅឧបសម្បន្នភិក្ខុដែលជាជាតិក្សត្រ ជាតិព្រាហ្មណ៍ ដោយពាក្យថា លោកជាចណ្ឌាល លោកជាជាងត្បាញផែងឫស្សី លោកជាអ្នកនេសាទ លោកជាជាងធ្វើរថ លោកជាអ្នកចោលសម្រាម ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។ ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់ បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោល សំដៅបុគ្គលថោកទាប ដោយពាក្យខ្ពង់ខ្ពស់ គឺថានិយាយសំដៅឧបសម្បន្នភិក្ខុជាចណ្ឌាល ជាជាងត្បាញផែង ជាអ្នកនេសាទ ជាជាងធ្វើរថ អ្នកចោលសម្រាម ដោយពាក្យថា លោកជាក្សត្រ លោកជាព្រាហ្មណ៍ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។ ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលសំដៅបុគ្គលដ៏ខ្ពងខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺនិយាយសំដៅឧបសម្បន្នភិក្ខុដែលជាក្សត្រ ជាព្រាហ្មណ៍ ដោយពាក្យថា លោកជាក្សត្រ លោកជាព្រាហ្មណ៍ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។ បេ។ ឧបសម្បន្នភិក្ខុមិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថា្នដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យដ៏ថោកទាប។បេ។ ពោលសំដៅបុគ្គលដ៏ខ្ពងខ្ពស់ ដោយពាក្យដ៏ថោកទាប។ បេ។ ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យ ដ៏ខ្ពង់ខ្ពស់។ បេ។ ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺនិយាយសំដៅឧបសម្បន្នភិក្ខុដែលជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដោយពាក្យថា លោកជាបណ្ឌិត លោកជាអ្នកឈ្លាស លោកជាអ្នកប្រាជ្ញ លោកជាពហុស្សូត លោកជាធម្មកថិក ដំណើរអាក្រក់មិនមានដល់លោកទេ ដំណើរល្អតែម្យ៉ាងប្រាកដដល់លោក ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។
[២៤៧] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ានេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម។បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក មនុស្សទាំងនោះគ្មានគតិអាក្រក់ទេ មនុស្សទាំងនោះមានតែគតិល្អម្យ៉ាង ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។
[២៤៨] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ាងនេះថា មនុស្សទាំងឡាយណាមួយ ជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងធ្វើរថ ជាអ្នកចោលសម្រាម។ បេ។ ថា មនុស្សទាំងឡាយណាមួយជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។
[២៤៩] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះឧបសម្បន្នភិក្ខុផងគ្នា ប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ាងនេះថា យើងទាំងឡាយមិនមែនជាចណ្ឌាល មិនមែនជាជាងត្បាញផែងឫស្សី មិនមែនជាអ្នកនេសាទ មិនមែនជាជាងធ្វើរថ មិនមែនជាអ្នកចោលសម្រាម។ បេ។ ថា យើងទាំងឡាយមិនមែនជា បណ្ឌិត មិនមែនជាអ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជាពហុស្សូត មិនមែនជាធម្មកថិក ដំណើរអាក្រក់មិនមានដល់យើងទាំងឡាយទេដំណើរ ល្អតែម្យ៉ាងប្រាកដដល់យើងទាំងឡាយ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។
[២៥០] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះអនុបសម្បន្នបុគ្គល ប្រាថ្នាតែនិយាយលេង ក៏ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យដ៏ថោកទាប។ បេ។ ពោលសំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ថោកទាប។ បេ។ ពោលសំដៅបុគ្គលដ៏ថោកទាប ដោយពាក្យដ៏ខ្ពង់ខ្ពស់។ បេ។ ពោល សំដៅបុគ្គលដ៏ខ្ពង់ខ្ពស់ ដោយពាក្យដ៏ខ្ពង់ខ្ពស់ គឺនិយាយសំដៅអនុបសម្បន្នបុគ្គលដែលជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជា ធម្មកថិក ដោយពាក្យថា អ្នកឯងជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដំណើរអាក្រក់មិនមានដល់អ្នកឯងទេ ដំណើរល្អតែម្យ៉ាងប្រាកដដល់អ្នកឯង ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។
[២៥១] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះអនុបសម្បន្នបុគ្គលប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ាងនេះថា ក្នុងលោកនេះ មានមនុស្សពួកខ្លះជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាង រថ ជាអ្នកចោលសម្រាម។ បេ។ ថា ក្នុងលោកនេះ មានមនុស្សពួកខ្លះជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ដំណើរអាក្រក់មិនមានដល់មនុស្សទាំងឡាយនោះទេ ដំណើរល្អតែម្យ៉ាង ប្រាកដដល់មនុស្សទាំងឡាយនោះ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។
[២៥២] ឧបសម្បន្នភិក្ខុ មិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោន ចំពោះអនុបសម្បន្នបុគ្គល ប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ាងនេះថា មនុស្សទាំងឡាយណាមួយជាចណ្ឌាល ជាជាងត្បាញផែងឫស្សី ជាអ្នកនេសាទ ជាជាងរថ ជាអ្នក ចោលសម្រាម។បេ។ ថា មនុស្សទាំងឡាយណាមួយ ជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។
[២៥៣] ឧបសម្បន្នភិក្ខុមិនប្រាថ្នាដើម្បីជេរ មិនប្រាថ្នាដើម្បីប្រទេច មិនប្រាថ្នាដើម្បីបង្អាប់បង្អោនចំពោះអនុបសម្បន្នបុគ្គល ប្រាថ្នាតែនិយាយលេង ក៏ពោលយ៉ាងនេះថា យើងទាំងឡាយមិនមែនជាចណ្ឌាល មិនមែនជាជាងត្បាញផែងឫស្សី មិនមែនជាអ្នកនេសាទ មិនមែនជាជាងធ្វើរថ មិនមែនជាអ្នកចោលសម្រាម។បេ។ ថា យើងទាំងឡាយមិនមែនជាបណ្ឌិត មិនមែនជាអ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជាពហុស្សូត មិនមែនជាធម្មកថិក ដំណើរអាក្រក់មិនមាន ដល់យើងទាំងឡាយទេ ដំណើរល្អតែម្យ៉ាងប្រាកដដល់យើងទាំងឡាយ ត្រូវអាបត្ដិទុញ្ភសិតគ្រប់ៗ វាចា។
[២៥៤] អាបត្ដិមិនមានដល់ភិក្ខុធ្វើសេចក្ដីអធិប្បាយជាប្រធាន51) ដល់ភិក្ខុធ្វើធម៌ជាប្រធាន52) ដល់ភិក្ខុធ្វើពាក្យប្រៀនប្រដៅជាប្រធាន53) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុមានចិត្ដអណ្ដែតអណ្ដូង ដល់ភិក្ខុដែលវេទនាគ្របសង្កត់ ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី២ ចប់។
(៣. បេសុញ្ញសិក្ខាបទំ)
[២៥៥] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ដជេតវន ជារបស់អនាថបិណ្ឌិក ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុតែងពាំនាំពាក្យញុះញង់របស់ភិក្ខុទាំងឡាយដែលបង្កហេតុប្រកួតប្រកាន់ឈ្លោះវិវាទគ្នា ឮពាក្យភិក្ខុខាងណេះហើយយកទៅ និយាយប្រាប់ភិក្ខុខាងណោះ ដើម្បីបំបែកភិក្ខុខាងណេះ ឮពាក្យភិក្ខុខាងណោះហើយយកមកនិយាយប្រាប់ភិក្ខុខាងណេះ ដើម្បីបំបែកភិក្ខុខាងណោះ ព្រោះហេតុនោះ សេចក្ដីកហេតុទាំងឡាយដែលមិនទាន់កើត ក៏កើតឡើងផង សេចក្ដីកហេតុទាំងឡាយដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនដោយក្រៃលែងឡើងផង។ ពួកភិក្ខុណាមួយដែលជាអ្នកមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ហេតុអ្វីបានជាពួកឆព្វគ្គិយភិក្ខុតែងពាំនាំពាក្យញុះញង់របស់ភិក្ខុទាំងឡាយ ដែលបង្កហេតុប្រកួតប្រកាន់ឈ្លោះវិវាទគ្នា ឮពាក្យភិក្ខុខាងណេះ ហើយយកទៅនិយាយប្រាប់ភិក្ខុខាងណោះ ដើម្បីបំបែកភិក្ខុខាងណេះ ឮពាក្យភិក្ខុខាងណោះហើយយកមកនិយាយប្រាប់ភិក្ខុខាងណេះ ដើម្បីបំបែកភិក្ខុខាងណោះ ព្រោះហេតុនោះ សេចក្ដីបង្កហេតុទាំងឡាយ ដែលមិនទាន់កើត ក៏កើតឡើងផង សេចក្ដីបង្កហេតុទាំងឡាយដែលបាន កើតឡើងហើយ ក៏រឹងរឹតតែចំរើនដោយក្រៃលែងផង។ គ្រានោះ ពួកភិក្ខុទាំងនោះក៏បានក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថាអ្នកទាំងឡាយតែងពាំនាំពាក្យញុះញង់របស់ភិក្ខុទាំងឡាយដែលបង្កហេតុប្រកួតប្រកាន់ ឈ្លោះវិវាទគ្នា ឮពាក្យភិក្ខុខាងណេះហើយយកទៅនិយាយប្រាប់ភិក្ខុខាងណោះ ដើម្បីបំបែកភិក្ខុខាងណេះ ឮពាក្យភិក្ខុខាងណោះ ហើយយកមកនិយាយប្រាប់ភិក្ខុខាងណេះ ដើម្បបំបែកភិក្ខុខាងណោះ ព្រោះហេតុនោះ សេចក្ដីបង្កហេតុទាំងឡាយដែលមិនទាន់កើតក៏កើតឡើងផង សេចក្ដីបង្កហេតុទាំងឡាយដែលបានកើតឡើងហើយ ក៏រឹងរឹតតែចំរើន ដោយក្រៃលែងឡើងផង(រឿងនេះ) ពិតឬ។ ពួកឆព្វគ្គិយភិក្ខុក៏ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ មិនសមបើអ្នកទាំងឡាយនឹងពាំនាំពាក្យញុះញង់ របស់ពួកភិក្ខុដែលបង្កហេតុ ប្រកួតប្រកាន់ ឈ្លោះវិវាទគ្នា ឮពាក្យភិក្ខុខាងណេះហើយយកទៅនិយាយប្រាប់ភិក្ខុខាងណោះ ដើម្បីបំបែកភិក្ខុខាងណេះ ឮពាក្យភិក្ខុខាងណោះហើយយកមកនិយាយប្រាប់ភិក្ខុខាងណេះ ដើម្បីបំបែកភិក្ខុខាងណោះ ម្ល៉ោះហើយ សេចក្ដីបង្កហេតុទាំងឡាយដែលមិនទាន់កើត ក៏កើតឡើងផង សេចក្ដីបង្កហេតុទាំងឡាយដែលបានកើតឡើងហើយ ក៏រឹងរឹតតែចំរើនដោយក្រៃលែងឡើងផង ម្នាលមោឃបុរសទាំងឡាយ កម្មដែលអ្នករាល់គ្នាធ្វើនេះ មិននាំឱ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្ដិ បាចិត្ដិយ ព្រោះពោលពាក្យញុះញង់ភិក្ខុផងគ្នា។
[២៥៦] ដែលហៅថា ពាក្យញុះញង់ គឺញុះញង់ដោយអាការពីរយ៉ាង បានខាងឯបុគ្គលចង់ឱ្យគេស្រឡាញ់ខ្លួន១ ចង់បំបែកគេ១។ ភិក្ខុពាំនាំពាក្យញុះញង់ដោយអាការ ១០ យ៉ាង គឺដោយជាតិក្ដី ដោយ នាមក្ដី ដោយគោត្ដក្ដី ដោយការងារក្ដី ដោយសិល្បសាស្ដ្រក្ដី ដោយ អាពាធក្ដី ដោយភេទក្ដី ដោយធម៌ជាគ្រឿងសៅហ្មងក្ដី ដោយអាបត្ដិក្ដី ដោយពាក្យជេរក្ដី។ ដែលហៅថា ជាតិ គឺជាតិមានពីរយ៉ាង បានខាងជាតិថោកទាប១ ជាតិខ្ពង់ខ្ពស់ ១ ដែលហៅថា ជាតិថោកទាបនោះ គឺ ជាតិចណ្ឌាល ជាតិជាងផែង ជាតិអ្នកនេសាទ ជាតិជាងរថ ជាតិអ្នកចោលសម្រាម ប៉ុណ្ណេះឈ្មោះថា ជាតិថោកទាប។ ដែលហៅថា ជាតិខ្ពង់ខ្ពស់នោះ គឺ ជាតិក្សត្រ ជាតិព្រាហ្មណ៍ ប៉ុណ្ណេះ ឈ្មោះថា ជាតិខ្ពង់ខ្ពស់។ បេ។ ដែលហៅថា ពាក្យជេរនោះ គឺពាក្យ ជេរមានពីរយ៉ាង បានខាងពាក្យជេរដ៏ថោកទាប ១ ពាក្យជេរ ដ៏ខ្ពង់ខ្ពស់ ១។ ដែលហៅថា ពាក្យជេរដ៏ថោកទាបនោះ គឺ ជេរថា អ្នកឯងជាសត្វឱដ្ឋ អ្នកឯងជាពពែ អ្នកឯងជាគោ អ្នកឯងជាលា អ្នកឯងសត្វតិរច្ឆាន អ្នកឯងជាសត្វនរក សុគតិរបស់អ្នកឯងគ្មានទេ ទុគ្គតិតែម្យ៉ាងនឹងប្រាកដដល់អ្នកឯង ពុំនោះសោត ជេរដោយ យអក្ខរៈ54) ឬដោយ ភអក្ខរៈ ឬមួយដោយបុរិសនិមិត្ដ និងឥត្ថីនិមិត្ដ ប៉ុណ្ណេះឈ្មោះថា ពាក្យជេរដ៏ថោកទាប។ ដែលហៅថា ពាក្យជេរដ៏ខ្ពង់ខ្ពស់នោះ គឺជេរថា អ្នកឯងជាបណ្ឌិត អ្នកឯងជាមនុស្សឈ្លាស អ្នកឯងជាអ្នកប្រាជ្ញ អ្នកឯងជាពហុស្សូត អ្នកឯងជាធម្មកថិក ទុគ្គតិរបស់អ្នកឯងគ្មានទេ សុគតិតែម្យ៉ាងនឹងប្រាកដដល់អ្នកឯង ប៉ុណ្ណេះឈ្មោះថា ពាក្យជេរដ៏ខ្ពង់ខ្ពស់។
[២៥៧] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុហើយ នាំ ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយ ចំពោះលោកថា លោកជាជាតិចណ្ឌាល ជាតិជាងផែង ជាតិអ្នកនេសាទ ជាតិជាងរថ ជាតិអ្នកចោលសម្រាម (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗម៉ាត់។
[២៥៨] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាក្សត្រ ជាព្រាហ្មណ៍ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។
[២៥៩] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកឈ្មោះអវកណ្ណក55) ឈ្មោះជវកណ្ណក ឈ្មោះធនិដ្ឋក ឈ្មោះសវិដ្ឋក ឈ្មោះកុលវឌ្ឍក (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។
[២៦០] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកឈ្មោះពុទ្ធរក្ខិត ធម្មរក្ខិត សង្ឃរក្ខិត(ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗម៉ាត់។
[២៦១] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាកោសិយគោត្ដ ភារទ្វាជគោត្ដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។
[២៦២] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាគោតមគោត្ដ មោគ្គល្លានគោត្ដ កច្ចាយនគោត្ដ វាសេដ្ឋគោត្ដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយៗម៉ាត់។
[២៦៣] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នំាពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាជាងចាំង ជាអ្នកចោលនូវផ្កា (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដយរាល់ៗម៉ាត់។
[២៦៤] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាអ្នកភ្ជូររាស់ ជាអ្នកជួញ ជាអ្នករក្សាគោ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗម៉ាត់។
[២៦៥] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាជាងផែងបបុស ជាស្មូនឆ្នាំង ជាជាងដម្បាញ ជាជាងស្បែក ជាខ្មាន់ព្រះកេស (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។
[២៦៦] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាអ្នករាប់ដៃទទេ ជាហោរ ជាស្មៀន (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។
[២៦៧] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះពោលចំពោះលោកថា លោកជាមនុស្សឃ្លង់ ជាមនុស្សដំបៅពក ជាមនុស្សស្រែង ជាមនុស្សកើតរោគរីងរៃ ជាមនុស្សឆ្កួតជ្រូក (ភិក្ខុអ្នកញុះញង់នោះ) ត្រូវ អាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។
[២៦៨] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាមនុស្សកើតរោគប្រមេះផ្អែម (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដ្ដិ បាចិត្ដិយរាល់ ៗ ម៉ាត់។
[២៦៩] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាបុគ្គលខ្ពស់ពេក ទាបពេក ខ្មៅពេក សពេក (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។
[២៧០] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាបុគ្គលមិនខ្ពស់ពេក មិនទាបពេក មិនខ្មៅពេក មិនសពេក (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។
[២៧១] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាបុគ្គលមានរាគៈរួបរឹតហើយ មានទោសៈរួបរឹតហើយ មានមោហៈរួបរឹតហើយ ( ភិក្ខុអ្នកញុះញង់នោះ ) ត្រូវអាបត្ដិបាចិត្ដិយ រាល់ៗ ម៉ាត់។
[២៧២] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាមនុស្សប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ ៗ ម៉ាត់។
[២៧៣] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យញុះញង់ទៅប្រាប់ ឧបសម្បន្នភិក្ខុថាភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកត្រូវអាបត្ដិបារាជិកហើយ ត្រូវអាបត្ដិសង្ឃាទិសេសហើយ ត្រូវអាបត្ដិថុល្លច្ច័យហើយ ត្រូវអាបត្ដិបាចិត្ដិយហើយ ត្រូវអាបត្ដិ បាដិទេសនីយហើយ ត្រូវអាបត្ដិទុក្កដហើយ ត្រូវអាបត្ដិទុញ្ភសិតហើយ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។
[២៧៤] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាបុគ្គលដល់ហើយនូវសោតាបត្ដិផល (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ ៗ ម៉ាត់។
[២៧៥] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុ នាំពាក្យ ញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាសត្វឱដ្ឋ ជាសត្វពពែ ជាសត្វគោ ជាសត្វលា ជាសត្វតិរច្ឆាន ជាសត្វនរក សុគតិរបស់លោកគ្មានទេ ទុគ្គតិតែម្យ៉ាងនឹងប្រាកដដល់លោក (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។
[២៧៦] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយចំពោះលោកថា លោកជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ទុគ្គតិរបស់លោកគ្មានទេ សុគតិតែម្យ៉ាងនឹងប្រាកដដល់លោក(ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ ម៉ាត់។
[២៧៧] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះ និយាយថា ក្នុងលោកនេះ ជនពួកខ្លះ ជាចណ្ឌាល ជាជាងផែង ជាអ្នកនេសាទ ជាជាងរថ ជាអ្នកចោលសម្រាម ក៏សឹងមាន ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ ) មិនមែនពោលឱ្យអ្នកដទៃទេ ពោលចំពោះលោកជាប្រាកដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗ ម៉ាត់។
[២៧៨] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា ក្នុងលោកនេះ ជនពួកខ្លះជាក្សត្រ ជាព្រាហ្មណ៍ ក៏សឹងមាន ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលចំពោះ លោកជាប្រាកដ (ភិក្ខុអ្នកញុះញង់នោះ)ត្រូវអាបត្ដិទុក្កដរាល់ៗ ម៉ាត់។ បេ។
[២៧៩] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា ក្នុងលោកនេះជនទាំងឡាយពួកខ្លះជាបណ្ឌិត ជាអ្នកឈ្លាសជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ក៏សឹងមាន ទុគ្គតិរបស់លោកទាំងនោះគ្មាទេ សុគតិតែម្យ៉ាង នឹងប្រាកដដល់លោកទាំងនោះ ឯភិក្ខុនោះ (ដែល ពោលពាក្យដូច្នេះ ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលចំពោះលោកជាប្រាកដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗម៉ាត់។
[២៨០] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានំា ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា ជនពួកណា ពិតជាចណ្ឌាល ជាជាងផែង ជាអ្នកនេសាទ ជាជាងរថ ជាអ្នកចោលសម្រាម ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលចំពោះលោកជាប្រាកដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗ ម៉ាត់។ បេ។ ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នា ហើយនាំពាក្យញុះញង់ទៅ ប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា ជនពួកណា ពិតជាបណ្ឌិត ជាអ្នកឈ្លាស ជាអ្នកប្រាជ្ញ ជាពហុស្សូត ជាធម្មកថិក ទុគ្គតិរបស់ជនទាំងនោះគ្មានទេ សុគតិតែម្យ៉ាងនឹងប្រាកដដល់ជនទាំងនោះ ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលចំពោះលោកជាប្រាកដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗម៉ាត់។
[២៨១] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា យើងទាំងឡាយ មិនមែនជាចណ្ឌាល មិនមែនជាជាងផែង មិនមែនជាអ្នកនេសាទ មិនមែនជាជាងរថ មិនមែនជាអ្នកចោលសម្រាម ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលសំដៅលោកជាប្រាកដ(ភិក្ខុអ្នកញុះញង់នោះ)ត្រូវអាបត្ដិទុក្កដរាល់ៗ ម៉ាត់។ បេ។ ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នាហើយនាំពាក្យញុះញង់ ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀតថា ភិក្ខុឈ្មោះនេះនិយាយថា យើងទាំង ឡាយមិនមែនជាបណ្ឌិត មិនមែនជាអ្នកឈ្លាស មិនមែនជាអ្នកប្រាជ្ញ មិនមែនជាពហុស្សូត មិនមែនជាធម្មកថិក ទុគ្គតិរបស់ពួកយើងគ្មានទេ សុគតិតែម្យ៉ាងនឹងប្រាកដដល់ពួកយើង ឯភិក្ខុនោះ (ដែលពោលពាក្យដូច្នេះ) មិនមែនពោលឱ្យអ្នកដទៃទេ គឺពោលសំដៅលោកជាប្រាកដ (ភិក្ខុអ្នកញុះញង់នោះ) ត្រូវអាបត្ដិទុក្កដរាល់ៗ ម៉ាត់។
[២៨២] ឧបសម្បន្នភិក្ខុ ឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នានាំ ពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុឯទៀត ត្រូវអាបត្ដិបាចិត្ដិយរាល់ៗម៉ាត់។ ឧបសម្បន្នភិក្ខុឮពាក្យរបស់ឧបសម្បន្នភិក្ខុផងគ្នា ហើយនាំពាក្យញុះ ញង់ទៅប្រាប់អនុបសម្បន្នបុគ្គល ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្នភិក្ខុឮពាក្យ របស់អនុបសម្បន្នបុគ្គលហើយ នាំពាក្យញុះញង់ទៅប្រាប់ឧបសម្បន្នភិក្ខុ ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្នភិក្ខុឮពាក្យរបស់អនុបសម្បន្នបុគ្គលហើយ នាំពាក្យញុះញង់ទៅប្រាប់អនុបសម្បន្នបុគ្គល ត្រូវអាបត្ដិទុក្កដ។
[២៨៣] អាបត្ដិមិនមានដល់ភិក្ខុអ្នកមិនចង់ឱ្យគេស្រឡាញ់ខ្លួន ដល់ភិក្ខុមិនប្រាថ្នាឱ្យគេបែកគ្នា ដល់ភិក្ខុឆ្កួត ដល់ភិក្ខុខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៣ ចប់។
(៤. បទសោធម្មសិក្ខាបទំ)
[២៨៤] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគកាលគង់នៅវត្ដជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបង្ហាញធម៌ជាបទចំពោះពួកឧបាសក។ ឧបាសកទាំងឡាយក៏ទៅជាមិនមានសេចក្ដីគោរព មិនកោតក្រែង ប្រព្រឹត្ដមិនសមគួរដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោសតិះដៀល បន្ដុះបង្អាប់ថា មិនសម្បីបើពួកឆព្វគ្គិយភិក្ខុបង្ហាញ ធម៌ជាបទចំពោះឧបាសកទាំងឡាយ ៗក៏ទៅជាមិនមានសេចក្ដីគោរព មិនកោតក្រែង ប្រព្រឹត្ដមិនសមគួរដល់ភិក្ខុទាំងឡាយ។ គ្រានោះឯង ពួកភិក្ខុទាំងនោះ ក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយបង្ហាញ ធម៌ជាបទចំពោះឧបាសកទាំងឡាយ ៗ ក៏ទៅជាមិនមានសេចក្ដីគោរព មិនកោតក្រែង ប្រព្រឹត្ដមិនសមគួរដល់ភិក្ខុទាំងឡាយ (រឿងនេះ) ពិតឬ។ ភិក្ខុទំាងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ មិនសម្បីអ្នកទាំងឡាយបង្ហាញធម៌ជាបទចំពោះ ពួកឧបាសកៗក៏ទៅជាមិនមានសេចក្ដីគោរព មិនកោតក្រែង ប្រព្រឹត្ដមិនសមគួរដល់ភិក្ខុទាំងឡាយ ម្នាលបុរសទទេទាំងឡាយ កម្មដែលអ្នកទាំងឡាយធ្វើនេះ មិននាំឱ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ បង្រៀនធម៌ជាបទចំពោះអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ។
[២៨៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថា អនុបសម្បន្ននោះ គឺជនទាំងអស់ លើកលែងតែភិក្ខុនឹងភិក្ខុនីចេញ ហៅថា អនុបសម្បន្ន។
[២៨៦] ដែលហៅថា បទនោះ គឺបទ១ អនុបទ១ អន្វក្ខរៈ១ អនុព្យញ្ជនៈ56) ១។ ដែលហៅថា ជាបទនោះ គឺឧបសម្បន្នទាំងអនុបសម្បន្នផ្ដើមតាំងព្រមគ្នា បញ្ចប់ព្រមគ្នា។ ដែលហៅថា ជាអនុបទនោះគឺ ឧបសម្បន្នទាំងអនុបសម្បន្នផ្ដើមតាំងផ្សេងគ្នា បញ្ចប់ព្រមគ្នា ដែលហៅថា អន្វក្ខរៈនោះ គឺឧបសម្បន្នប្រាប់អនុបសម្បន្នថា រូបំ អនិច្ចំ អនុបសម្បន្នទទួលថារូព្រមគ្នា។ ដែលហៅថា ជាអនុព្យញ្ជនៈនោះ គឺឧបសម្បន្នប្រាប់ អនុបសម្បន្នថា រូបំ អនិច្ចំ អនុបសម្បន្នបញ្ចេញសំឡេង (ដោយរហ័ស) ថា វេទនា អនិច្ចា57) ដូច្នេះ ឈ្មោះថា បង្រៀនជាអនុព្យញ្ជនៈ។ បទណាក្ដី អនុបទណាក្ដី អន្វក្ខរៈណាក្ដី អនុព្យញ្ជនៈណាក្ដី ទាំងអស់នុ៎ះ ឈ្មោះថាធម៌ជាបទ (គឺជាចំណែក)។ ពាក្យដែលជាពុទ្ធភាសិត សាវកភាសិត ឥសិភាសិត ទេវតាភាសិត ដែលអាស្រ័យនូវអដ្ឋកថា អាស្រ័យនូវបាលី ឈ្មោះថាធម៌។ ពាក្យថា បង្រៀន សេចក្ដីថា ភិក្ខុបង្រៀនដោយបទ ត្រូវអាបត្ដិបាចិត្ដិយរាល់ៗបទ។ ភិក្ខុបង្រៀនដោយអក្ខរៈ ត្រូវអាបត្ដិបាចិត្ដិយរាល់ៗ អក្ខរៈ។
[២៨៧] អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នពិតមែន ហើយបង្រៀនធម៌ជាបទ ត្រូវអាបត្ដិបាចិត្ដិយ។ អនុបសម្បន្នពិតមែន តែភិក្ខុមានសេចក្ដីសង្ស័យ ហើយបង្រៀនធម៌ជាបទ ត្រូវអាបត្ដិបាចិត្ដិយ។ អនុបសម្បន្ន តែភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ហើយបង្រៀនធម៌ជាបទ ត្រូវ អាបត្ដិបាចិត្ដិយ។ ឧបសម្បន្ន តែភិក្ខុសំគាល់ថាអនុបសម្បន្នទៅវិញ ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្ន តែភិក្ខុសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នពិតមែន មិនត្រូវអាបត្ដិ។
[២៨៨] អាបត្ដិមិនមានដល់ភិក្ខុរៀនបាលីជាមួយ58) (នឹងអនុបសម្បន្ន) ដល់ភិក្ខុស្វាធ្យាយជាមួយ59) (នឹងអនុបសម្បន្ន) ដល់ភិក្ខុ កំពុងសូត្រគម្ពីរដែលស្ទាត់ដោយច្រើន60) ដល់ភិក្ខុថាជាមួយនឹងអនុបសម្បន្នកំពុងសូត្រធម៌61) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុអ្នកដើមបញ្ញត្ដិ។
សិក្ខាបទ ទី៤ ចប់។
(៥. សហសេយ្យសិក្ខាបទំ)
[២៨៩] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគកាលគង់នៅ អគ្គាឡវចេតិយ ជិតក្រុងអាឡវី។ សម័យនោះឯង ពួកឧបាសកតែងមកកាន់អារាមដើម្បីនឹងស្ដាប់ធម៌។ កាលបើធម្មកថិកសំដែងធម៌ចប់ហើយ ពួកភិក្ខុជាថេរក៏ទៅកាន់ទីដែលខ្លួននៅ។ ភិក្ខុបួសថ្មីទាំងឡាយ ក៏ភ្លេចសតិ មិនដឹងខ្លួន ជាអ្នកអាក្រាតកាយថ្ងូរស្រមុកដេកលក់ជាមួយនឹងឧបាសក ទំាងឡាយក្នុងសាលាសម្រាប់ធ្វើបុណ្យនោះឯង។ ឧបាសកទាំងឡាយ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា លោកម្ចាស់ទាំងឡាយមិនទំនងជាមនុស្សភ្លេចសតិ មិនដឹងខ្លួន ជាអ្នកអាក្រាតកាយថ្ងូរស្រមុកសឹងលក់ឡើយ។ ភិក្ខុទាំងឡាយបានឮពាក្យរបស់ឧបាសកទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសម្បី ភិក្ខុទាំងឡាយសឹងជាមួយនឹងអនុបសម្បន្នឡើយ។ ខណៈនោះឯង ភិក្ខុទាំងនោះក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុទៅសឹងជាមួយ នឹងអនុបសម្បន្ន (រឿងនេះ)ពិតឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រ ព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះមិនទំនងដេកជាមួយនឹងអនុបសម្បន្នសោះ ម្នាលភិក្ខុទាំងឡាយ កម្មនេះមិននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ ដេកជាមួយនឹងអនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ។
សិក្ខាបទនេះព្រះ ដ៏មានព្រះភាគបានទ្រង់បញ្ញត្ដដល់ភិក្ខុទាំងឡាយយ៉ាងនេះឯង។
[២៩០] គ្រានោះឯង ព្រះដ៏មានព្រះភាគកាលគង់នៅក្រុងអាឡវី គួរដល់ពុទ្ធអធ្យាស្រ័យហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិកនាក្រុងកោសម្ពី ទ្រង់យាងដោយលំដាប់ទៅក៏បានដល់ក្រុងកោសម្ពីនោះឯង។ បានឮថា ព្រះដ៏មានព្រះភាគទ្រង់សម្រេចឥរិយាបថនៅពទរិការាមជិត ក្រុងកោសម្ពីនោះ។ ភិក្ខុទាំងឡាយបានពោលពាក្យនេះនឹងរាហុលដ៏មានអាយុថា ម្នាលរាហុលដ៏មានអាយុ សិក្ខាបទព្រះដ៏មានព្រះភាគទ្រង់ត្រាស់បញ្ញត្ដដូច្នេះថា
ភិក្ខុមិនត្រូវដេកជាមួយនឹងអនុបសម្បន្នទេ ម្នាលរាហុល (សាមណេរ) ដ៏មានអាយុ អ្នកចូរដឹងនូវទីសឹងចុះ។
គ្រានោះ រាហុលដ៏មានអាយុរកទីសឹងមិនបាន ក៏ទៅសឹងក្នុងវច្ចកុដិ(បង្គន់)។ ខណៈនោះ ព្រះដ៏មានព្រះភាគទ្រង់តើនអំពីយប់ក្នុងវេលា បច្ចូសសម័យនៃរាត្រី ហើយយាងចូលទៅទីវច្ចកុដិ លុះយាងចូលទៅដល់ហើយ ទ្រង់ឱ្យនូវព្រះសូរសៀង (គឺគ្រហែមតាមទំនៀមវច្ចកុដិវត្ដ)។ ឯរាហុលដ៏មានអាយុក៏គ្រហែមត។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ សួរថា នរណានៅក្នុងវច្ចកុដីនេះ។ រាហុលក៏ក្រាបទូលថា បពិត្រ ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះរាហុល។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលរាហុល ហេតុអ្វីបានជាអ្នកមកដេក ក្នុងវច្ចកុដិនេះ។ គ្រានោះ រាហុលដ៏មានអាយុក៏ក្រាបទូលរឿងនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏មាន ព្រះភាគទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកហើយសំដែង ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឱ្យអ្នកទាំងឡាយសម្រេចនូវទីដេកជាមួយនឹងអនុបសម្បន្នអស់ពីរយប់ ឬបីយប់បាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ សម្រេចនូវទីដេកជាមួយនឹងអនុបសម្បន្ន លើសជាងពីរយប់ ឬបីយប់ឡើងទៅ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[២៩១] ត្រង់ពាក្យថា ភិក្ខុណាមួយ បានអធិប្បាយក្នុងសិក្ខាបទទី១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា អនុបសម្បន្ននោះ គឺលើកលែងតែភិក្ខុចេញ ក្រៅអំពីនោះជាអនុបសម្បន្នទាំងអស់។ ពាក្យថា លើសជាងពីរយប់ឬបីយប់ឡើងទៅ គឺច្រើនជាងពីរយប់បីយប់។ ពាក្យថា ជាមួយ សេចក្ដីថា ជាមួយគ្នា។ ដែលហៅថាទីដេក គឺទីដែលគេប្រក់ទាំងអស់ ដែលគេបិទបាំងទាំងអស់ ដែលគេប្រក់ដោយច្រើន ដែលគេបិទបាំងដោយច្រើន។ ពាក្យថា សម្រេចនូវទីដេក សេចក្ដីថា កាលបើព្រះអាទិត្យក្នុងថ្ងៃជាគំរប់ ៤ អស្ដង្គតទៅហើយ កាល បើអនុបសម្បន្នដេក ភិក្ខុក៏នៅដេក ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ កាលបើភិក្ខុដេក អនុបសម្បន្នក៏នៅដេក ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ពុំនោះសោត នៅដេកទាំងពីរនាក់ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ អ្នកទាំងពីរនាក់ក្រោកឡើងហើយដេកទៅវិញរឿយៗ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។
[២៩២] អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន សម្រេចនូវទី ដេករួមគ្នាលើសជាងពីរយប់ ឬបីយប់ឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយ។ អនុបសម្បន្ន តែភិក្ខុមានសេចក្ដីសង្ស័យ ហើយសម្រេចនូវទីដេករួមគ្នាលើសជាងពីរយប់ ឬបីយប់ឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ហើយសម្រេចនូវទីដេករួមគ្នាលើស ជាងពីរយប់ ឬបីយប់ឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុត្រូវអាបត្ដិទុក្កដ ក្នុងទីដែលប្រក់បានពាក់កណ្ដាល បិទបាំងពាក់កណ្ដាល។ ឧបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្ន តែភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ពិតមែន ជាអនាបត្ដិ។
[២៩៣] អាបត្ដិមិនមានដល់ភិក្ខុនៅអស់ពីររាត្រី ឬបីរាត្រី (គឺដេក នៅជាមួយអនុបសម្បន្ន) ដល់ភិក្ខុដែលដេកនៅថយអំពីពីរ ឬបីរាត្រីចុះមក ដល់ភិក្ខុដែលដេកនៅបានពីររាត្រីរួច ហើយចេញទៅអំពីពេលមុនអរុណរះ នៃរាត្រីជាគំរប់បី ហើយទើបមកដេកនៅជាថ្មីទៀត ដល់ភិក្ខុដែលដេកនៅ ក្នុងទីដែលគេប្រក់ទាំងអស់ តែគេមិនបានបិទបាំងទាំងអស់ ដល់ភិក្ខុដែលដេកនៅក្នុងទីដែលគេបិទបាំងជិត តែគេប្រក់មិនពេញ ដល់ភិក្ខុដែលដេកនៅក្នុងទីដែលគេមិនបានប្រក់ដោយច្រើន (គឺប្រក់បានបន្ដិចបន្ដួច) ដល់ភិក្ខុដែលដេកនៅក្នុងទីដែលគេមិនបានបិទបាំងដោយច្រើន (គឺបិទបាំងបន្ដិចបន្ដួច) ដល់ភិក្ខុអ្នកអង្គុយ អនុបសម្បន្នដេក ដល់ភិក្ខុដេកអនុបសម្បន្នអង្គុយ ឬភិក្ខុដែលអង្គុយពីរនាក់នឹងអនុបសម្បន្ន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុអ្នកដើមបញ្ញត្ដិ។
សិក្ខាបទ ទី៥ ចប់។
(៦. ទុតិយសហសេយ្យសិក្ខាបទំ)
[២៩៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគកាលគង់នៅវត្ដជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះអនុរុទ្ធដ៏មានអាយុនិមន្ដទៅក្រុងសាវត្ថី ក្នុងកោសលជនបទ បានចូលទៅ កាន់ស្រុកមួយក្នុវេលាល្ងាច។ សម័យនោះឯង ក្នុងស្រុកនោះ មានផ្ទះ សម្រាប់សំណាក់ដែលស្រីម្នាក់បានសង់ទុកហើយ។ គ្រានោះឯង ព្រះ អនុរុទ្ធដ៏មានអាយុចូលទៅរកស្រីនោះ លុះចូលទៅដល់ហើយបានពោល ពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រីបើនាងមិនមានសេចក្ដីចង្អៀតចង្អល់ទេ អាត្មាសូមនៅក្នុងផ្ទះសំណាក់បានមួយយប់។ ស្រីនោះទូលតបថា និមន្ដគង់នៅចុះលោកម្ចាស់។ សូម្បីពួកជនអ្នកដំណើរដទៃទៀតក៏ចូលទៅរកស្រីនោះ លុះចូលទៅដល់ហើយ បានពោលពាក្យនេះនឹងស្រីនោះថា បពិត្រនាងជាម្ចាស់ បើនាងមិនមានសេចក្ដីចង្អៀតចិត្ដទេ យើងទាំងឡាយសូមនៅក្នុងផ្ទះសំណាក់បានមួយយប់។ ស្រីនោះប្រាប់ថា មានសមណៈជាម្ចាស់១អង្គនុ៎ះលោកចូលទៅមុនហើយ បើសមណៈនោះលោកព្រម អ្នកទាំងឡាយចូរនៅចុះ។ គ្រានោះឯង អ្នកដំណើរទាំងនោះ ក៏ចូលទៅ រកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ហើយ បានទូលពាក្យនេះនឹង ព្រះអនុរុទ្ធដ៏មានអាយុថា បពិត្រលោកដ៏ចំរើន បើលោកមិនមានសេចក្ដីចង្អៀតចិត្ដទេ ខ្ញុំករុណា ទាំងឡាយសូមនៅក្នុងផ្ទះសំណាក់(នេះ)បានមួយយប់ផង។ ព្រះអនុរុទ្ធប្រាប់ថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយនៅចុះ។ ឯស្រីនោះក៏មានចិត្ដប្រតិព័ទ្ធក្នុងព្រះអនុរុទ្ធដ៏មានអាយុតាំងអំពីបានឃើញ។ លំដាប់នោះ ស្រីនោះក៏ចូលទៅរកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះនឹងព្រះអនុរុទ្ធដ៏មានអាយុថា បពិត្រលោកដ៏ចំរើន លោកម្ចាស់នឹងគង់នៅច្រឡូកច្រឡំដោយមនុស្សទាំងឡាយនេះមិនស្រួលទេ បពិត្រលោកដ៏ចំរើន ចាំខ្ញុំករុណារៀបចំគ្រែតូចមួយខាងក្នុងដើម្បីលោកម្ចាស់។ ព្រះអនុរុទ្ធដ៏ មានអាយុក៏ទទួលព្រមដោយតុណ្ហីភាព។ ឯស្រីនោះក៏រៀបចំគ្រែតូច ខាងក្នុងដោយខ្លួនឯងដើម្បីព្រះអនុរុទ្ធដ៏មានអាយុ ហើយប្រដាប់តាក់តែង អាយុ លុះចូលទៅដល់ហើយ បានពិតពាក្យនេះនឹងព្រះអនុរុទ្ធដ៏មានអាយុថា បពិត្រលោកដ៏ចំរើន លោកម្ចាស់មានរូបល្អ គួរទស្សនាការ នាំមកនូវសេចក្ដីជ្រះថ្លា ឯខ្ញុំករុណាក៏ជាស្រីមានរូបល្អដែរ គួររមិលមើលនាំមកនូវសេចក្ដីជ្រះថ្លាដែរ បពិត្រលោកដ៏ចំរើន ខ្ញុំករុណាសូមធ្វើជាប្រពន្ធរបស់លោកម្ចាស់។ កាលដែលស្រីនោះនិយាយយ៉ាងនេះហើយ ព្រះ អនុរុទ្ធដ៏មានអាយុក៏ស្ងៀមនៅ។ ស្រីនោះបាននិយាយពាក្យនេះនឹងព្រះ អនុរុទ្ធដ៏មានអាយុជាគំរប់ពីរដងទៀត។ បេ។ ជាគំរប់បីដងទៀតថា បពិត្រលោកដ៏ចំរើន លោកម្ចាស់មានរូបល្អ គួរទស្សនាការ នាំមកនូវសេចក្ដីជ្រះថ្លា ឯខ្ញុំករុណាក៏ជាស្រីមានរូបល្អគួររមិលមើល នាំមកនូវសេចក្ដីជ្រះថ្លាដែរ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ព្រមទទួលយកនូវខ្ញុំករុណា នឹងសម្បត្ដិទាំងពួងចុះ។ ព្រះអនុរុទ្ធដ៏មានអាយុក៏ស្ងៀមនៅអស់វារៈជាគំរប់បីដង។ ឯស្រីនោះក៏ដាក់សម្ពត់សាដកទាំងអស់ផុតចេញ (ពីខ្លួន) ហើយដើរខ្លះ ឈរខ្លះ អង្គុយខ្លះ ដេកខ្លះ ខាងមុខនៃព្រះអនុរុទ្ធដ៏មាន អាយុ។ ខណៈនោះ ព្រះអនុរុទ្ធដ៏មានអាយុក៏សង្រួមនូវឥន្ទ្រិយទាំងឡាយ ហើយមិនបានក្រឡេកមើលមិនបានចរចានឹងស្រីនោះឡើយ។ ឯស្រីនោះ ក៏លាន់មាត់ថា អើហ្ន៎គួរឱ្យអស្ចារ្យពេកណាស់ អើហ្ន៎មិនដែលឃើញទេតើ មនុស្សទាំងឡាយជាច្រើនរមែងបញ្ជូនមក ដោយរយកហាបណៈខ្លះដោយពាន់កហាបណៈខ្លះ ដើម្បីរូបអញ ឯសមណៈនេះអញខំលួងលោមដល់ម្ល៉េះ ដោយខ្លួនឯង ក៏ឥតមានត្រូវការចំពោះខ្លួនអញ នឹងទ្រព្យសម្បត្ដិទាំងពួង ដល់តិចសោះ(ថាដូច្នេះ) ហើយក៏ស្លៀកសម្ពត់សាដក ហើយក្រាបចុះដោយត្បូងទៀបបាទានៃព្រះអនុរុទ្ធដ៏មានអាយុ ហើយសូមខមាទោសនឹងព្រះ អនុរុទ្ធដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណាជាស្រីមានកំហុស ហើយ ព្រោះខ្ញុំព្រះករុណាជាស្រីពាល ជាស្រីល្ងង់ ជាស្រីមិនឈ្លាស ខ្ញុំ ឯណាដែលបានធ្វើនូវកំហុសមានសភាពយ៉ាងនេះហើយ បពិត្រលោកដ៏ ចំរើន សូមលោកម្ចាស់ទទួលនូវកំហុសតាមទោសរបស់ខ្ញុំព្រះករុណានោះ ដើម្បីនឹងសង្រួមតទៅទៀត។ ព្រះអនុរុទ្ធក៏តបថា ម្នាលប្អូនស្រី ណ្ហើយចុះ នាងមានកំហុសហើយ ព្រោះនាងជាស្រីពាល ជាស្រីល្ងង់ ជាស្រីមិន ឈ្លាស នាងណាដែលបានធ្វើនូវកំហុស មានសភាពយ៉ាងនេះហើយ ម្នាលប្អូនស្រី តែនាងឯងបានឃើញនូវកំហុសដោយកំហុសពិត ហើយសំដែងដោយសមគួរតាមធម៌ យើងនឹងទទួលនូវកំហុសរបស់នាងឯងនោះបាន អ្នកណាមួយបានឃើញនូវកំហុស ដោយកំហុសពិត ហើយសំដែងដោយសមគួរតាមធម៌ ហើយតាំងនៅក្នុងសេចក្ដីសង្រួមតទៅ ម្នាលប្អូន ស្រី ការនេះជាសេចក្ដីចំរើនរបស់អ្នកនោះ ក្នុងអរិយវិន័យ។ ឯស្រីនោះ លុះកន្លងរាត្រីនោះទៅក៏បវារណា និមន្ដព្រះអនុរុទ្ធដ៏មានអាយុឱ្យឆាន់ បង្អែមនិងចំអាបដ៏ផ្ចិតផ្ចង់ដោយដៃខ្លួនឯង ហើយអង្គុយនៅក្នុងទីដ៏សមគួរ ជាមួយនឹងព្រះអនុរុទ្ធដ៏មានអាយុដែលឆាន់ហើយ និងលាងបាត្រលាងដៃ រួចហើយ។ ព្រះអនុរុទ្ធដ៏មានអាយុបានពន្យល់ស្រីដែលអង្គុយក្នុងទីដ៏សមគួរនោះឱ្យយល់ច្បាស់ ឱ្យទទួលយក ឱ្យអាចហ៊ាន ឱ្យរីករាយ ដោយវាចាប្រកបដោយធម៌។ ឯស្រីនោះ លុះព្រះអនុរុទ្ធដ៏មានអាយុបានពន្យល់ឱ្យយល់ច្បាស់ ឱ្យទទួលយក ឱ្យអាចហ៊ាន ឱ្យរីករាយ ដោយវាចា ប្រកបដោយធម៌ហើយ ក៏បាននិយាយពាក្យនេះនឹងព្រះអនុរុទ្ធដ៏មាន អាយុថា បពិត្រលោកដ៏ចំរើន ពាក្យនេះ ភ្លឺច្បាស់ណាស់ បពិត្រលោកដ៏ចំរើន ពាក្យនេះ ភ្លឺច្បាស់ណាស់ បពិត្រលោកដ៏ចំរើន បុគ្គលផ្ងាឡើងនូវភាជន៍ដែលគេផ្កាប់ចុះ ឬបើកចេញនូវវត្ថុដែលគេបិទបាំងទុក ពុំនោះសោតដូចបុគ្គលប្រាប់ផ្លូវដល់មនុស្សដែលវង្វេងផ្លូវ ឬដូចបុគ្គល កាន់ប្រទីបទ្រោលក្នុងទីងងឹត បំភ្លឺដល់មនុស្សដែលមានចក្ខុឱ្យឃើញរូប គ្នាបាន សេចក្ដីនេះមានឧបមាដូចម្ដេចមិញ ព្រះអនុរុទ្ធជាម្ចាស់បានប្រកាសធម៌ដោយបរិយាយដ៏ច្រើន ក៏មានឧបមេយ្យដូច្នោះដែរ បពិត្រលោក ដ៏ចំរើន ខ្ញុំព្រះករុណានេះសូមដល់នូវព្រះដ៏មាន ព្រះភាគនោះព្រមទាំងព្រះ ធម៌ និងព្រះភិក្ខុសង្ឃថាជាទីពឹងទីរលឹក សូមលោកម្ចាស់ចំាទុកនូវខ្ញុំព្រះករុណា ថាជាឧបាសិកាដល់នូវ(ត្រៃ) សរណៈស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះជាដើមទៅ។ គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុនិមន្ដទៅក្រុងសាវត្ថីហើយបានប្រាប់សេចក្ដីនេះដល់ភិក្ខុទាំងឡាយ។ ភិក្ខុ ទាំងឡាយណាដែលមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ ពោលទោសតិះដៀល បន្ដុះបង្អាប់ថា ព្រះអនុរុទ្ធដ៏មានអាយុមិនគួរនឹងទៅ អាស្រ័យទីដេកនៅជាមួយនឹងមាតុគ្រាមសោះ។ ខណៈនោះ ភិក្ខុទាំងនោះ ក៏បានទូលរឿងនុ៎ះចំព្រោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គទ្រង់ត្រាស់ សួរថា ម្នាលអនុរុទ្ធ បានឮថា អ្នកសម្រេចនូវទីដេកជាមួយនឹងមាតុគ្រាម ពិតមែនឬ។ ព្រះអនុរុទ្ធក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលអនុរុទ្ធ អ្នកមិនគួរនឹងសម្រេចនូវទីដេកជាមួយនឹងមាតុគ្រាមទេ ម្នាលអនុរុទ្ធ អំពើ ដែលអ្នកឯងធ្វើនេះមិននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយសម្រេចនូវទីដេកជាមួយនឹងមាតុគ្រាម ត្រូវអាបត្ដិបាចិត្ដិយ។
[២៩៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ បេ។ ដែលហៅថា មាតុគ្រាមនោះ គឺស្រីមនុស្ស ឯយក្សស្រី ប្រេតស្រី តិរច្ឆានញី មិនហៅថាមាតុគ្រាមទេ ដោយហោចទៅសូម្បីតែក្មេងស្រីដែលកើតក្នុងថ្ងៃនោះ (ក៏ហៅថាមាតុគ្រាមដែរ)
នឹងបាច់ពោលថ្វី ដល់មនុស្សស្រីដែលធំ។ ពាក្យថា ជាមួយ គឺក្នុងទីជាមួយគ្នា។ ដែលហៅថា ទីដេក គឺទីដេកដែលគេប្រក់ទាំងអស់ គេបិទបាំងទាំងអស់ គេប្រក់ដោយច្រើន គេបិទបាំងដោយច្រើន។ ពាក្យថា សម្រេចទីដេក សេចក្ដីថា វេលាព្រះអាទិត្យអស្ដង្គតហើយមាតុគ្រាមដេក ភិក្ខុក៏ដេកដែរ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ កាលភិក្ខុដេក មាតុគ្រាមក៏ដេក ដែរ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ពុំនោះសោតជនទាំងពីរគឺភិក្ខុនឹងមាតុគ្រាមដេកព្រមគ្នា ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។ ជនទាំងពីរនោះក្រោកឡើងហើយ ដេកទៅវិញរឿយ ៗ ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ។
[២៩៦] មាតុគ្រាម ភិក្ខុសំគាល់ថា មាតុគ្រាមពិតមែន ហើយសម្រេចទីដេកជាមួយគ្នា ត្រូវអាបត្ដិបាចិត្ដិយ។ មាតុគ្រាម តែភិក្ខុមានសេចក្ដីសង្ស័យ ហើយសម្រេចទីដេកជាមួយគ្នា ត្រូវអាបត្ដិបាចិត្ដិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយសម្រេចទីដេកជាមួយ គ្នា ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុត្រូវអាបត្ដិទុក្កដ (ព្រោះដេក) ក្នុងទីដេក ដែលគេប្រក់បានពាក់កណ្ដាល គេបិទបាំងបានពាក់កណ្ដាល។ ភិក្ខុ សម្រេចទីដេកជាមួយនឹងយក្សស្រីក្ដី ប្រេតស្រីក្ដី ជនខ្ទើយក្ដី តិរច្ឆានញីក្ដី ត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាមត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម តែភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម មិនត្រូវអាបត្ដិឡើយ។
[២៩៧] (អាបត្ដិមិនមានដល់ភិក្ខុសម្រេចទីដេកជាមួយនឹងមាតុគ្រាម) ក្នុងទីដែលគេប្រក់ទាំងអស់ តែមិនបានបិទបាំងជុំវិញ ដល់ភិក្ខុដែលដេកជាមួយនឹងមាតុគ្រាមក្នុងទីដែលគេបិទបាំងជុំវិញ តែគេមិនបានប្រក់សោះឡើយ ដល់ភិក្ខុដែលដេកជាមួយនឹងមាតុគ្រាមក្នុងទីដែលគេមិនបានប្រក់ ដោយច្រើន គឺប្រក់បានបន្ដិចបន្ដួច គេមិនបានបិទបាំងដោយច្រើន គឺបិទ បាំងបន្ដិចបន្ដួច ដល់ភិក្ខុដែលអង្គុយ មាតុគ្រាមដេក ដល់ភិក្ខុដេក មាតុគ្រាមអង្គុយ ដល់ភិក្ខុដែលអង្គុយ មាតុគ្រាមក៏អង្គុយទាំងពីរនាក់ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៦ ចប់។
(៧. ធម្មទេសនាសិក្ខាបទំ)
[២៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់គង់នៅវត្ដជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ កាលណោះឯង ឧទាយិដ៏មានអាយុ ជាអ្នកចូលទៅកាន់ត្រកូលក្នុងក្រុង សាវត្ថី តែងចូលទៅរកត្រកូលទាំងឡាយច្រើន។ លំដាប់នោះ ឧទាយិដ៏មានអាយុ វេលាព្រឹកព្រហាមក៏ស្លៀកស្បង់ហើយប្រដាប់ដោយ បាត្រចីវរចូលទៅរកត្រកូលមួយ។ គ្រានោះឯង ស្រីជាមេផ្ទះអង្គុយជិតទ្វារផ្ទះ។ ស្រីជាកូនប្រសានៃស្រីមេផ្ទះនោះ ក៏អង្គុយជិតទ្វារផ្ទះសំណាក់។ លំដាប់នោះ ឧទាយិដ៏មានអាយុ ចូលទៅរកស្រីជាមេផ្ទះ លុះចូលទៅហើយក៏សំដែងធម៌ជិតត្រចៀកស្រីជាមេផ្ទះ។ ទើបស្រីជាកូនប្រសានៃស្រីមេផ្ទះនោះ ក៏មានសេចក្ដីត្រិះរិះដូច្នេះ ថា សមណៈនោះជាសហាយរបស់ម្ដាយក្មេក ឬនិយាយចង់គ្នា។ ពេលនោះ ឧទាយិដ៏មានអាយុ លុះសំដែងធម៌ជិតត្រចៀកស្រីជាមេផ្ទះ ហើយ ក៏ចូលទៅរកស្រីជាកូនប្រសានៃស្រីមេផ្ទះ លុះចូលទៅហើយ ក៏សំដែងធម៌ជិតត្រចៀកស្រីជាកូនប្រសានៃស្រីមេផ្ទះ (នោះទៀត)។ ទើបស្រីជាមេផ្ទះមានសេចក្ដីត្រិះរិះដូច្នេះថា សមណៈនោះជាសហាយ របស់ស្រីជាកូនប្រសានៃអញជាមេផ្ទះ ឬថានិយាយចង់គ្នា។ លំដាប់នោះ ឧទាយិដ៏មានអាយុ លុះសំដែងធម៌ជិតត្រចៀកស្រីជាកូនប្រសានៃស្រី មេផ្ទះហើយ ក៏ចៀសចេញទៅ។ គ្រានោះឯង ស្រីជាមេផ្ទះបាននិយាយពាក្យនេះនឹងស្រីជាកូនប្រសានៃខ្លួនជាមេផ្ទះថា នែហង សមណៈនោះ បាននិយាយពាក្យអ្វីខ្លះនឹងហងឯង។ ស្រីជាកូនប្រសាតបថា បពិត្រអ្នកម៉ែ សមណៈនោះសំដែងធម៌ដល់ខ្ញុំចំណែកឯអ្នកម៉ែ សមណៈ នោះ បាននិយាយពាក្យអ្វីឱ្យខ្លះ។ ម្ដាយក្មេកប្រាប់ថា សមណៈនោះសំដែងធម៌ដល់អញដែរ។ ស្រីទាំងពីរនាក់នោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា លោកម្ចាស់ឧទាយិ មិនសម្បីបើនឹងសំដែង ធម៌(ខ្សិប) ជិតត្រចៀកមាតុគ្រាមសោះ ធម្មតាសមណៈគួរតែសំដែងធម៌ ដោយសំឡេងក្បស់ក្បាយ ដោយច្បាស់លាស់ទេតើ។ ភិក្ខុទាំង ឡាយបានឮពាក្យស្រីទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ឧទាយិដ៏មានអាយុមិនសម្បីបើនឹងសំដែងធម៌ដល់មាតុគ្រាមសោះ។ ឯភិក្ខុទាំងនោះ ក៏នាំគ្នាក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគម្ចាស់។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលឧទាយិ បានឮថាអ្នកឯងសំដែងធម៌ដល់មាតុគ្រាម ពិតមែនឬទេ។ ឧទាយិភិក្ខុក្រាបទូលថា សូមទ្រង់មេត្ដាប្រោស ពិតមែនហើយ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងមិនសមបើនឹងសំដែងធម៌ដល់មាតុគ្រាមទេ ម្នាលមោឃបុរស អំពើនេះមិននាំឱ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយសំដែងធម៌ដល់មាតុគ្រាម ត្រូវអាបត្ដិបាចិត្ដិយ។ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្ដសិក្ខាបទនេះដល់ភិក្ខុទាំងឡាយ ដោយប្រការដូច្នេះ។
[២៩៩] សម័យនោះឯង ពួកឧបាសិកាឃើញភិក្ខុទាំងឡាយ ក៏និយាយពាក្យនេះថា បពិត្រលោកម្ចាស់ទាំងឡាយ ពួកខ្ញុំករុណា សូមអារាធនា សូមលោកម្ចាស់ទាំងឡាយមេត្ដាសំដែងធម៌ឱ្យទាន។ ពួកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ការសំដែងធម៌ដល់មាតុគ្រាមមិនគួរទេ។ ពួកឧបាសិកាទូលថា បពិត្រលោកម្ចាស់ទាំងឡាយ ពួកខ្ញុំករុណាសូមអារាធនា សូមលោកម្ចាស់ទាំងឡាយមេត្ដាសំដែងធម៌ត្រឹមប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឱ្យ ទានចុះ ពួកខ្ញុំករុណា អាចចាំធម៌បានដោយពាក្យមានប្រមាណប៉ុណ្ណេះ។ ពួកភិក្ខុនិយាយថា ម្នាលប្អូនស្រី ការសំដែងធម៌ដល់មាតុគ្រាមមិនគួរទេ ថាដូច្នោះហើយ ក៏មានសេចក្ដីរង្កៀសខានសំដែងធម៌ទៅ។ ពួកឧបាសិកាក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសមបីបើ លោកម្ចាស់ទាំងឡាយ ពួកយើងខំអង្វរទាំងម្ល៉េះ ក៏មិនសំដែងធម៌ឱ្យទានសោះ។ ភិក្ខុទាំងឡាយបានឮពាក្យឧបាសិកាទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ទើបភិក្ខុទាំងនោះនាំគ្នាក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកា ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យភិក្ខុសំដែងធម៌ដល់មាតុគ្រាម បានតែត្រឹមប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ប៉ុណ្ណោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង ឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយសំដែង ធម៌ដល់មាតុគ្រាមលើសពីប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ ត្រូវអាបត្ដិបាចិត្ដិយ។ ព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្ដសិក្ខាបទនេះដល់ភិក្ខុទាំងឡាយ ដោយប្រការដូច្នេះ។
[៣០០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបានដឹងថា ព្រះដ៏មាន ព្រះភាគបានអនុញ្ញាតឱ្យភិក្ខុសំដែងធម៌ដល់មាតុគ្រាមបានត្រឹមប្រាំម៉ាត់ឬ ប្រាំមួយម៉ាត់ហើយ។ ពួកឆព្វគ្គិយភិក្ខុទាំងនោះក៏ឱ្យបុរសដែលមិនដឹងក្ដី អង្គុយជិត ហើយសំដែងធម៌ដល់មាតុគ្រាមលើសពីប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុ ទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា មិនសម្បីបើពួកឆព្វគ្គិយភិក្ខុឱ្យបុរសដែលមិនដឹងក្ដីអង្គុយជិត ហើយសំដែងធម៌ដល់មាតុគ្រាមលើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅសោះ។ ឯភិក្ខុទាំងនោះនាំគ្នាក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយឱ្យបុរស ដែលមិនដឹងក្ដីអង្គុយជិត ហើយសំដែងធម៌ដល់មាតុគ្រាមលើសពីប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគជាម្ចាស់ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ មិនសម្បីបើអ្នកទាំងឡាយឱ្យបុរសដែលមិនដឹងក្ដីអង្គុយជិត ហើយសំដែងធម៌ដល់មាតុគ្រាមលើសពីប្រាំ ម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅទេ។ ម្នាលមោឃបុរសទាំងឡាយ អំពើនេះ មិននាំឱ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាល ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ សំដែងធម៌ដល់មាតុគ្រាមលើសពីប្រាំម៉ាត់ ឬប្រាំមួយម៉ាត់ឡើងទៅ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ វៀរលែងតែមានបុរសដែលដឹងក្ដី (អង្គុយជិត)។
[៣០១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ ដែលហៅថា មាតុគ្រាម គឺមនុស្សស្រី ដែលដឹងក្ដីអាចដឹងពាក្យល្អពាក្យអាក្រក់ ពាក្យទ្រគោះពាក្យមិនទ្រគោះ ឯយក្សស្រី ប្រេតស្រី តិរច្ឆានញី មិនហៅថាមាតុគ្រាមទេ។ ពាក្យថា លើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅ គឺច្រើនជាងប្រាំម៉ាត់ឬប្រាំមួយ ម៉ាត់។ ដែលហៅថា ធម៌ គឺធម៌ដែល ព្រះពុទ្ធជាម្ចាស់ទ្រង់សំដែងទុកហើយ សាវកសំដែងទុកហើយ ឥសីសំដែងទុកហើយ ទេវតាសំដែងទុកហើយ ដែលអាស្រ័យនូវអដ្ឋកថា អាស្រ័យនូវបាលី។ ពាក្យថា សំដែង គឺភិក្ខុសំដែងដោយបទ ត្រូវអាបត្ដិបាចិត្ដិយ រាល់ៗបទ។ ភិក្ខុសំដែង ដោយអក្ខរៈ ត្រូវអាបត្ដិបាចិត្ដិយ រាល់ៗអក្ខរៈ។ ពាក្យថា វៀរលែងតែមានបុរសដែលដឹងក្ដី គឺលើកលែងតែបុរសដែលដឹងក្ដី។ ដែលហៅថា អ្នកដឹងក្ដី គឺបុរសដែលអាចដឹងនូវពាក្យល្អពាក្យអាក្រក់ ពាក្យទ្រគោះ ពាក្យមិនទ្រគោះ។
[៣០២] មាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ហើយសំដែងធម៌ ឱ្យលើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅ ដោយគ្មានបុរសដឹងក្ដី (នៅជិតខាង) ត្រូវអាបត្ដិបាចិត្ដិយ។ មាតុគ្រាម ភិក្ខុមានសេចក្ដីសង្ស័យ ហើយសំដែងធម៌ឱ្យលើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅ ដោយគ្មានបុរសដឹងក្ដី (នៅជិតខាង) ត្រូវអាបត្ដិបាចិត្ដិយ។ មាតុគ្រាម ភិក្ខុសំគាល់ ថា មិនមែនមាតុគ្រាម ហើយសំដែងធម៌ឱ្យលើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ ឡើងទៅដោយគ្មានបុរសដឹងក្ដី (នៅជិតខាង) ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុសំដែងធម៌ឱ្យលើសពីប្រាំម៉ាត់ឬប្រាំមួយម៉ាត់ឡើងទៅ ដល់យក្សស្រី ក្ដី ប្រេតស្រីក្ដី ជនខ្ទើយក្ដី តិរច្ឆានញីមានរាងកាយដូចមនុស្សស្រីក្ដី ដោយគ្មានបុរសដឹងក្ដី (នៅជិតខាង) ត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាជាមាតុគ្រាម ត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំ- គាល់ថាមិនមែនមាតុគ្រាម មិនត្រូវអាបត្ដិអ្វីឡើយ។
[៣០៣] អាបត្ដិមិនមានដល់ភិក្ខុដែលសំដែងធម៌(ដល់មាតុគ្រាម)មានបុរសដឹងក្ដី (នៅជិតខាង) ដល់ភិក្ខុសំដែងធម៌ត្រឹមប្រាំម៉ាត់ឬប្រាំមួយ ម៉ាត់ ដល់ភិក្ខុសំដែងធម៌តិចជាងប្រាំម៉ាត់ឬប្រាំមួយម៉ាត់ ដល់ភិក្ខុសំដែងធម៌ប្រាំម៉ាត់ឬប្រាំមួយម៉ាត់ក្រោកឡើង ហើយអង្គុយទៅវិញសំដែងទៀត ដល់ភិក្ខុសំដែងធម៌ដល់មាតុគ្រាមដែលក្រោកឡើងហើយ អង្គុយទៅវិញក្នុងខណៈនោះ ដល់ភិក្ខុសំដែងធម៌ដល់មាតុគ្រាមឯទៀត (ក្រៅពី មាតុគ្រាមដែលបានសំដែងឱ្យស្ដាប់ហើយ) ដល់ភិក្ខុដែលមាតុគ្រាមសួរ ប្រស្នាហើយឆ្លើយដោះប្រស្នា (នោះ) ដល់ភិក្ខុសំដែងធម៌ឱ្យអ្នកដទៃស្ដាប់ មាតុគ្រាមអង្គុយស្ដាប់ផង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្ដិ។
សិក្ខាបទ ទី៧ ចប់។
(៨. ភូតារោចនសិក្ខាបទំ)
[៣០៤] សម័យនោះ ព្រះភគវន្ដសម្ពុទ្ធជាម្ចាស់កាលគង់នៅកូដា គារសាលា ព្រៃមហាវន ទៀបក្រុងវេសាលី។ គ្រានោះឯងមានភិក្ខុ ច្រើនរូបជាមិត្របានជួបប្រទះគ្នាថ្មី និងមិត្រស្និទ្ធស្នាលមាំមួន បាននៅចាំវស្សាប្របឆ្នេរស្ទឹងវគ្គុមុទា។ វេលានោះឯង ដែនវជ្ជីកើតទុរ្ភិក្ស(អត់បាយ) មនុស្សទាំងឡាយ ចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក ក៏ដល់នូវសេចក្ដី ស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី) នឹងទិញដូរស្រូវអង្ករ លុះតែមាន ស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន មនុស្សទាំងអស់ក្នុងដែននោះ មិនងាយនឹងចិញ្ចឹមជីវិតដោយការព្យាយាមស្វែងរកអាហារ។ ខណៈនោះ ភិក្ខុទាំងនោះគិតគ្នាដូច្នេះថា ឥឡូវនេះ ដែនវជ្ជីកើតទុរ្ភិក្ស (អត់បាយ) មនុស្សទាំងឡាយ ចិញ្ចឹមជីវិតបានដោយកម្រក្រៃពេក ក៏ដល់នូវសេចក្ដី ស្លាប់មានឆ្អឹងស (ដេរដាសលើផែនដី) នឹងទិញដូរស្រូវអង្ករលុះតែមាន ស្លាកកាន់ជាសំគាល់ ទើបទិញដូរបាន មនុស្សទាំងអស់ក្នុងដែននោះ មិនងាយនឹងចិញ្ចឹមជីវិតដោយការព្យាយាមស្វែងរកអាហារឡើយ តើយើងនឹងគិតធ្វើឧបាយដូចម្ដេចហ្ន៎ ឱ្យបានសាមគ្គីស្មោះសរ កុំឱ្យមានវិវាទទាស់ទែងគ្នា នៅចាំវស្សាឱ្យបានស្រួលផង កុំឱ្យលំបាកដោយអាហារបិណ្ឌបាតផង។ ភិក្ខុពួកខ្លះឆ្លើយថា អាវុសោ បើដូច្នោះ យើងត្រូវទទួលរ៉ាប់រងការងាររបស់គ្រហស្ថចុះ កាលបើយើងធ្វើយ៉ាងនេះហើយ គ្រហស្ថទាំងនោះ គង់នឹងនឹកនាឱ្យអាហារដល់យើង មិនខាន កាលបើបានអាហារយ៉ាងនេះហើយ យើងក៏បានសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាក៏ស្រួលផង ហើយមិនលំបាកដោយអាហារបិណ្ឌបាតផង។ ភិក្ខុពួកខ្លះឆ្លើយថា អាវុសោ កុំឡើយ ប្រយោជន៍អ្វី នឹងទទួលរ៉ាប់រងការងាររបស់គ្រហស្ថនោះ អាវុសោ ណ្ហើយចុះ យើងត្រូវធ្វើជាអ្នកបម្រើ នាំដំណឹងដល់ពួកគ្រហស្ថវិញ កាលបើយើងធ្វើយ៉ាងនេះហើយ គ្រហស្ថទាំងនោះគង់នឹងនឹកនាឱ្យអាហារបិណ្ឌបាតដល់យើងមិនខាន កាលបើបានអាហារ យ៉ាងនេះហើយ យើងនឹងព្រមព្រៀងស្មោះសរ មិនវិវាទទាស់ទែងគ្នានៅចំាវស្សាក៏ស្រួលផង ហើយមិនលំបាក ដោយអាហារបិណ្ឌបាតផង។ ភិក្ខុពួកខ្លះឆ្លើយថា អាវុសោ កុំឡើយ ប្រយោជន៍អ្វីនឹងទទួលរ៉ាប់រងការងាររបស់គ្រហស្ថ ប្រយោជន៍អ្វីនឹងធ្វើជាអ្នកបម្រើ នាំ ដំណឹងដល់ពួកគ្រហស្ថ អាវុសោ ណ្ហើយចុះ យើងនឹងពោលសរសើរនូវឧត្ដរិមនុស្សធម៌របស់គ្នានឹងគ្នាដល់ពួកគ្រហស្ថវិញថា ភិក្ខុឯណោះ បានឈានទី ១ ភិក្ខុឯណោះបានឈានទី ២ ភិក្ខុឯណោះបានឈានទី ៣ ភិក្ខុឯណោះបានឈានទី ៤ ភិក្ខុឯណោះជាសោតាបន្ន ភិក្ខុឯណោះជាសកទាគាមី ភិក្ខុឯណោះជាអនាគាមី ភិក្ខុឯណោះជាព្រះអរហន្ដ ភិក្ខុឯណោះបានវិជ្ជា ៣ ភិក្ខុឯណោះបានអភិញ្ញា៦ កាលបើយើងពោលយ៉ាងនេះហើយ គ្រហស្ថទាំងនេះគង់នឹងនឹកនាឱ្យអាហារបិណ្ឌបាតដល់យើងមិនខាន បើបានអាហារយ៉ាងនេះហើយ យើងក៏នឹងមានសេចក្ដីសាមគ្គី ស្មោះសរ មិនវិវាទទាស់ទែងគ្នាទេ នៅចំាវស្សាក៏ស្រួលហើយមិនលំបាកដោយបិណ្ឌបាតផង។ ភិក្ខុទាំងនោះក៏យល់ព្រមថា អាវុសោ ពួកយើងពោលសរសើរគុណឧត្ដរិមនុស្សធម៌ណារបស់គ្នាយើង ទៅវិញទៅ មក ដល់ពួកគ្រហស្ថ ការពោលសរសើរគុណឧត្ដរិមនុស្សធម៌នេះស្រួល ហើយ។ លំដាប់នោះ ភិក្ខុទាំងនោះក៏បានពោលសរសើរគុណឧត្ដរិមនុស្សធម៌ទៅវិញទៅមកដល់ពួកគ្រហស្ថថា ភិក្ខុឯណោះបានឈានទី ១។ បេ។ ភិក្ខុឯណោះបានអភិញ្ញា ៦។ គ្រានោះ មនុស្សទាំងឡាយនោះក៏និយាយគ្នាថា អើហ្ន៎យើងរាល់គ្នាបានភិក្ខុបែបនេះមកនៅចាំវស្សា ហៅពេញ ជាលាភរបស់យើង ឈ្មោះថាយើងបានបុណ្យដោយងាយណាស់ហ្ន៎ តាំង ពីដើមមកដល់ឥឡូវនេះ យើងរាល់គ្នាមិនដែលបានពួកភិក្ខុមានសីលមានធម៌ជាកុសលដូចបែបនេះមកនៅចាំវស្សាសោះឡើយ។ មនុស្សទាំងនោះតែងប្រគេនភោជនាហារ62) យ៉ាងណាដល់ភិក្ខុទាំងឡាយ ភោជនាហារយ៉ាងនោះមិនហ៊ានបរិភោគមាត់ខ្លួនឡើយ ហើយមិនបានជូនទៅមាតាបិតា កូនប្រពន្ធ ខ្ញុំកំដរ កម្មករបុរស មិត្ដ អាមាត្យ និងញាតិសាលោហិតសោះឡើយ (ម្យ៉ាងទៀត) ធ្លាប់ប្រគេនខាទនីយ63) គ្រឿងសម្រាប់ភ្លក់64) និងទឹកបាន65) យ៉ាងណា ដល់ពួកភិក្ខុ ខាទនីយ និងគ្រឿងភ្លក់ ទឹកបានយ៉ាងនោះ ក៏មិនហ៊ានបរិភោគផឹកខ្លួនឯងឡើយ ហើយមិនបានជូនទៅមាតាបិតា កូនប្រពន្ធ ខ្ញុំកំដរ កម្មករបុរស មិត្ដ អាមាត្យ និងញាតិសាលោហិតសោះឡើយ។ គ្រានោះឯង ភិក្ខុ ទាំងនោះ (លុះបានអាហារឆាន់បរិបូណ៌) ក៏មានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានសម្បុរមុខស្រស់បស់ សម្បុរស្បែកក៏ផូរផង់។
[៣០៥] ភិក្ខុទាំងឡាយកាលបើចេញវស្សារួចហើយ តែងនាំគ្នា ចូលទៅគាល់ព្រះដ៏មានព្រះភាគជាទំនៀមមិនដែលខានឡើយ។ វេលានោះឯង ភិក្ខុទាំងនោះលុះបាននៅចំាវស្សាគ្រប់៣ ខែហើយ ក៏រៀបចំទុក ដាក់គ្រឿងសេនាសនៈ រួចនាំយកបាត្រនិងចីវរចូលទៅក្រុងវេសាលី ដើរទៅតាមលំដាប់ ចូលទៅគាល់ព្រះដ៏មានព្រះភាគដែលគង់នៅឯកូដាគារ សាលាក្នុងព្រៃមហាវនទៀបក្រុងវេសាលី លុះចូលទៅដល់ហើយ ក៏ក្រាប ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយអង្គុយនៅក្នុងទីដ៏សមគួរ។ សម័យនោះ ឯង ពួកភិក្ខុដែលនៅចាំវស្សាក្នុងទិសទាំងឡាយ សឹងមានកាយ ស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់កើតជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ចំណែកខាងពួកភិក្ខុដែលនៅទៀបត្រើយស្ទឹងវគ្គុមុទា មានសម្បុរល្អមានឥន្ទ្រិយពេញលេញ មានសម្បុរមុខក៏ស្រស់បស់ សម្បុរ ស្បែកក៏ផូរផង់។ ឯទំនៀមរបស់ព្រះភគវន្ដសម្ពុទ្ធទាំងឡាយ ព្រះអង្គតែង ស្មោះសរចំពោះជាមួយនឹងអាគន្ដុកភិក្ខុគឺភិក្ខុដែលទើបនឹងមកដល់ថ្មី។ គ្រា នោះ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ត្រាស់សួរទៅពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទាថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ធន់បានឬទេ អ្នករាល់គ្នាល្មមប្រព្រឹត្ដទៅបានស្រួលឬទេ អ្នកទាំងឡាយមានសេចក្ដីសាមគ្គីស្មោះសរមិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំរាល់គ្នាល្មមអត់ធន់បាន បពិត្រព្រះដ៏មានព្រះភាគយើងខ្ញុំ រាល់គ្នាល្មមប្រព្រឹត្ដទៅបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំរាល់គ្នាមាន នៅចាំវស្សាក៏ស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាតផង។ ព្រះតថាគតទាំងឡាយទ្រង់ជ្រាប នូវហេតុហើយត្រាស់សួរក៏មាន ជ្រាបហើយមិនត្រាស់សួរក៏មាន ជ្រាប ច្បាស់នូវកាលគួរហើយត្រាស់រួចក៏មាន ជ្រាបច្បាស់នូវកាលគួរហើយ មិនត្រាស់សួរក៏មាន ព្រះតថាគតទាំងឡាយទ្រង់ត្រាស់សួរតែកម្មដែលប្រកបព្រមដោយប្រយោជន៍ កម្មដែលមិនប្រកបព្រមដោយប្រយោជន៍ ព្រះអង្គមិនទ្រង់ត្រាស់សួរឡើយ ព្រះតថាគតទាំងឡាយ ព្រះអង្គផ្ដាច់បង់ នូវកម្មមិនប្រកបដោយប្រយោជន៍ដោយអរិយមគ្គជ្រះស្រលះអស់ហើយ។ ព្រះភគវន្ដសម្ពុទ្ធទាំងឡាយ ទ្រង់សួរបញ្ជាក់ពួកភិក្ខុដោយហេតុពីរប្រការ គឺសួរដោយទ្រង់ព្រះដំរិះថា តថាគតនឹងសំដែងធម៌១ នឹងបញ្ញត្ដនូវសិក្ខាបទដល់ពួកសាវក១។ កាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរទៅពួកភិក្ខុដែលនៅទៀបឆ្នេរស្ទឹងវគ្គុមុទាថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង ឡាយបានជាមានសេចក្ដីសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំ វស្សាក៏ស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាត តើដោយហេតុ អ្វី។ គ្រានោះ ភិក្ខុអម្បាលនោះ ក៏ក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ (ដោយសព្វគ្រប់)។ ទើបព្រះអង្គទ្រង់ត្រាស់ថា នែភិក្ខុទាំងឡាយ ពាក្យរបស់អ្នកទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ពិតមែន។ ព្រះភគវន្ដសម្ពុទ្ធ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាមិនសមបើនឹងហ៊ាន ពោលសរសើគុណឧត្ដរិមនុស្សធម៌របស់គ្នានឹងគ្នា ចំពោះពួកគ្រហស្ថព្រោះហេតុតែចង់ឆ្អែតផ្ទៃទេ ម្នាលភិក្ខុទាំងឡាយ អំពើដែលអ្នកធ្វើនេះមិនបាននាំឱ្យកើតសេចក្ដីជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយប្រាប់ឧត្ដរិមនុស្សធម៌ ដល់អនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ ព្រោះឧត្ដរិមនុស្សធម៌នោះភិក្ខុបានពិតមែន។
[៣០៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹង បារាជិកកណ្ឌសិក្ខាបទទី១ហើយ។ ដែលហៅថា អនុបសម្បន្ននោះ គឺលើកលែងតែភិក្ខុនិងភិក្ខុនីចេញ ក្រៅអំពីនោះហៅថា អនុបសម្បន្នទាំងអស់។
[៣០៧] ដែលហៅថា ឧត្ដរិមនុស្សធម្ម66) នោះ សំដៅយកឈាន១ វិមោក្ខ១ សមាធិ១ សមាបត្ដិ១ ញាណទស្សនៈ១ មគ្គភាវនា១ ផលសច្ឆិកិរិយា១ កិលេសប្បហាន១ ចិត្ដវិនីវរណៈ១ សុញ្ញាគារអភិរតិ១។
[៣០៨] បទថា ឈាន គឺសំដៅយកបឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ បទថា វិមោក្ខ គឺសំដៅយកសុញ្ញតវិមោក្ខ អនិមិត្ដវិមោក្ខ អប្បណិហិតវិមោក្ខ។ បទថា សមាធិ គឺសំដៅយកសុញ្ញតសមាធិ អនិមិត្ដសមាធិ អប្បណិហិតសមាធិ។ បទថា សមាបត្ដិ គឺសំដៅយក សុញ្ញតសមាបត្ដិ អនិមិត្ដសមាបត្ដិ អប្បណិហិតសមាបត្ដិ។ បទថា ញាណ គឺសំដៅយកវិជ្ជា៣។ បទថា មគ្គភាវនា គឺសំដៅយក សតិបដ្ឋាន ៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពល ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ បទថា ផលសច្ឆិកិរិយា គឺកិរិយាធ្វើឱ្យជាក់ច្បាស់នូវសោតាបត្ដិផល កិរិយាធ្វើឱ្យជាក់ច្បាស់នូវសកទាគាមិផល កិរិយាធ្វើឱ្យជាក់ច្បាស់នូវអនាគាមិផល កិរិយាធ្វើឱ្យជាក់ច្បាស់នូវអរហត្ដផល។ បទថា កិលេសប្បហាន គឺកិរិយាលះរាគៈ លះទោសៈ លះមោហៈ។ បទថា ចិត្ដវិនីវរណៈ គឺចិត្ដដែលប្រាសចាករាគៈ ចិត្ដដែលប្រាសចាកទោសៈ ចិត្ដដែលប្រាសចាកមោហៈ។ សុញ្ញាគារអភិរតិ គឺសេចក្ដីត្រេកអរក្នុងផ្ទះដ៏ស្ងាត់ដោយបឋមជ្ឈាន សេចក្ដីត្រេកអរក្នុងផ្ទះដ៏ស្ងាត់ដោយទុតិយជ្ឈាន សេចក្ដី ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ដោយតតិយជ្ឈាន សេចក្ដីត្រេកអរក្នុងផ្ទះដ៏ស្ងាត់ដោយចតុត្ថជ្ឈាន។
[៣០៩] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្ន ថា អាត្មាបានចូលបឋមជ្ឈានរួចហើយ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាកំពុងចូលបឋមជ្ឈាន ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាជាអ្នកចូលបឋមជ្ឈានហើយ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាជាអ្នក បានបឋមជ្ឈាន ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈាន ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់ អនុបសម្បន្នថា បឋមជ្ឈានអាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣១០] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន អាត្មាជាអ្នកបាននូវចតុត្ថជ្ឈាន អាត្មាជាអ្នកស្ទាត់ក្នុងចតុត្ថជ្ឈាន ចតុត្ថជ្ឈានអាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣១១] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ជាអ្នកដល់ នូវសុញ្ញតវិមោក្ខ អនិមិត្ដវិមោក្ខ អប្បណិហិតវិមោក្ខ សុញ្ញតសមាធិ អនិមិត្ដសមាធិ អប្បណិហិតសមាធិ អាត្មាជាអ្នកបាននូវអប្បណិហិតសមាធិ អាត្មាជាអ្នកស្ទាត់ក្នុងអប្បណិហិតសមាធិ អប្បណិហិតសមាធិ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣១២] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានចូល កំពុងចូល ជាអ្នកចូល នូវសុញ្ញតសមាបត្ដិ អនិមិត្ដសមាបត្ដិ អប្បណិហិតសមាបត្ដិ អាត្មាជាអ្នកបាននូវអប្បណិហិតសមាបត្ដិ អាត្មាជាអ្នកស្ទាត់ក្នុងអប្បណិហិតសមាបត្ដិ អប្បណិហិតសមាបត្ដិអាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣១៣] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជាអ្នកដល់នូវត្រៃវិជ្ជា អាត្មាជាអ្នកបាននូវត្រៃវិជ្ជា អាត្មាជាអ្នកស្ទាត់ក្នុងត្រៃវិជ្ជា ត្រៃវិជ្ជា អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣១៤] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជាអ្នកដល់ នូវសតិបដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ អាត្មាជាអ្នកបាននូវឥទ្ធិបាទទាំង៤ អាត្មាជាអ្នកស្ទាត់ក្នុងឥទ្ធិបាទទាំង៤ ឥទ្ធិបាទទាំង៤ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣១៥] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជាអ្នកដល់នូវឥន្ទ្រិយ៥ពលៈ៥ អាត្មាជាអ្នកបាននូវពលៈ៥ អាត្មាជាអ្នកស្ទាត់ក្នុងពលៈ៥ ពលៈ៥ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣១៦] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជាអ្នកដល់នូវពោជ្ឈង្គទាំង៧ អាត្មាជាអ្នកបាននូវពោជ្ឈង្គទាំង៧ អាត្មាជាអ្នកស្ទាត់ក្នុងពោជ្ឈង្គទាំង៧ ពោជ្ឈង្គទាំង៧ អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣១៧] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជាអ្នកដល់នូវមគ្គប្រកបដោយអង្គទាំង៨ដ៏ប្រសើរ អាត្មាជាអ្នកបាននូវមគ្គប្រកបដោយអង្គទាំង៨ ដ៏ប្រសើរ អាត្មាជាអ្នកស្ទាត់ក្នុងមគ្គប្រកបដោយអង្គទាំង៨ដ៏ប្រសើរ មគ្គប្រកបដោយអង្គទាំង៨ ដ៏ប្រសើរអាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣១៨] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានដល់ កំពុងដល់ ជាអ្នកដល់នូវសោតាបត្ដិផល សកទាគាមិផល អនាគាមិផល អរហត្ដផល អាត្មាជាអ្នកបាននូវអរហត្ដផល អាត្មាជាអ្នកស្ទាត់ក្នុងអរហត្ដផល អរហត្ដផលអាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣១៩] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា រាគៈអាត្មាបានលះបង់ហើយ ទោសៈអាត្មាបានលះបង់ហើយ មោហៈអាត្មាបានលះបង់ហើយ បានខ្ជាក់ចោលហើយ បានជម្រុះចោលហើយ បានបន្សាត់ចោលហើយ បានរលាស់ចោលហើយ បានរើឡើងហើយ បានគាស់រំលើងហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២០] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា ចិត្ដរបស់អាត្មាប្រាសចាករាគៈ ចិត្ដរបស់អាត្មាប្រាសចាកទោសៈ ចិត្ដរបស់អាត្មាប្រាសចាកមោហៈ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២១] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ក្នុងផ្ទះដ៏ស្ងាត់ អាត្មាជាអ្នកបាននូវចតុត្ថជ្ឈាន អាត្មាជាអ្នកស្ទាត់ក្នុងចតុត្ថជ្ឈាន ក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈាន អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ក្នុងផ្ទះដ៏ស្ងាត់ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២២] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង ទុតិយជ្ឈានផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ទុតិយជ្ឈានផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ទុតិយជ្ឈានផង បឋមជ្ឈានផង ទុតិយជ្ឈានផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង តតិយជ្ឈានផង។បេ។ បឋមជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ចតុត្ថជ្ឈានផង បឋមជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២៣] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង សុញ្ញតវិមោក្ខផង អនិមិត្ដវិមោក្ខផង អប្បណិហិតវិមោក្ខផង សុញ្ញតសមាធិផង អនិមិត្ដសមាធិផង អប្បណិហិតសមាធិផង អាត្មាជាអ្នកបាននូវបឋមជ្ឈាន ផង អប្បណិហិតសមាធិផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង អប្បណិហិតសមាធិផង បឋមជ្ឈានផង អប្បណិហិតសមាធិផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២៤] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង សុញ្ញតសមាបត្ដិផង អនិមិត្ដសមាបត្ដិផង អប្បណិហិតសមាបត្ដិផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង អប្បណិហិតសមាបត្ដិផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង អប្បណិហិតសមាបត្ដិផង បឋមជ្ឈានផង អប្បណិហិតសមាបត្ដិផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២៥] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង ត្រៃវិជ្ជាផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ត្រៃវិជ្ជាផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ត្រៃវិជ្ជាផង បឋមជ្ឈានផង ត្រៃវិជ្ជាផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២៦] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូលបឋមជ្ឈានផង សតិបដ្ឋាន៤ផង សម្មប្បធាន៤ផង ឥទ្ធិបាទ៤ផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ឥទ្ធិបាទ៤ផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ឥទ្ធិបាទ៤ផង បឋមជ្ឈានផង ឥទ្ធិបាទ៤ផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២៧] ពាក្យថា ប្រាប់ គឺភិក្ខុប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូលបឋមជ្ឈានផង ឥន្ទ្រិយ៥ផង ពលៈ៥ផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ពលៈ៥ផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ពលៈ៥ផង បឋមជ្ឈានផង ពលៈ៥ផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២៨] ពាក្យថាប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូលបឋមជ្ឈានផង ពោជ្ឈង្គ៧ផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង ពោជ្ឈង្គ៧ផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ពោជ្ឈង្គ៧ផង បឋមជ្ឈានផង ពោជ្ឈង្គ៧ផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣២៩] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង បឋមជ្ឈានផង មគ្គប្រកបដោយអង្គ៨ដ៏ប្រសើរផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣៣០] ពាក្យថា ប្រាប់គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូលបឋមជ្ឈានផង សោតាបត្ដិផលផង សកទាគាមិផលផង អនាគាមិផលផង អរហត្ដផលផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង អរហត្ដផលផង អាត្មាជាអ្នកស្ទាត់ ក្នុងបឋមជ្ឈានផង អរហត្ដផលផង បឋមជ្ឈានផង អរហត្ដផលផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣៣១] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង អាត្មាលះបង់រាគៈហើយផង អាត្មាលះបង់ទោសៈហើយផង អាត្មាលះបង់មោហៈហើយផង រាគៈ ទោសៈ មោហៈ អាត្មាបានខ្ជាក់ចោលហើយ បានជម្រុះហើយ បានបន្សាត់ចោលហើយ បានរលាស់ចោលហើយ បានរើឡើងហើយ បានគាស់រំលើងហើយ ត្រូវអាបត្ដិបាចិត្ដិយ។
[៣៣២] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង ចិត្ដរបស់អាត្មាប្រាសចាករាគៈផង ចិត្ដរបស់អាត្មាប្រាសចាកទោសៈផង ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង ត្រូវអាបត្ដិបាចិត្ដិយ។
[៣៣៣] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល ទុតិយជ្ឈានផង តតិយជ្ឈានផង។ បេ។ ទុតិយជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នកបាននូវទុតិយជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាជាអ្នកស្ទាត់ក្នុងទុតិយជ្ឈាន ផង ចតុត្ថជ្ឈានផង ទុតិយជ្ឈានផង ចតុត្ថជ្ឈានផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូលទុតិយជ្ឈានផង។ បេ។ ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូលទុតិយជ្ឈានផង បឋមជ្ឈានផង អាត្មាជាអ្នកបាននូវទុតិយជ្ឈានផង បឋមជ្ឈានផង អាត្មាជាអ្នកស្ទាត់ក្នុងទុតិយជ្ឈានផង បឋមជ្ឈានផង ទុតិយជ្ឈានផង បឋមជ្ឈានផង អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា ចិត្ដរបស់អាត្មា ប្រាសចាកមោហៈផង អាត្មាបានចូលហើយ កំពុងចូល ជាអ្នកចូល បឋមជ្ឈានផង ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង អាត្មាជាអ្នកបាននូវបឋមជ្ឈានផង អាត្មាជាអ្នកស្ទាត់ក្នុងបឋមជ្ឈានផង ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង បឋមជ្ឈាន អាត្មាបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិបាចិត្ដិយ។ បេ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង ចិត្ដរបស់អាត្មាប្រាសចាកទោសៈផង ត្រូវអាបត្ដិបាចិត្ដិយ។
[៣៣៤] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អាត្មាបានដល់ហើយនូវបឋមជ្ឈានផង ទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង សុញ្ញតវិមោក្ខផង អនិមិត្ដវិមោក្ខផង អប្បណិហិតវិមោក្ខផង សុញ្ញតសមាធិផង អនិមិត្ដសមាធិផង អប្បណិហិតសមាធិផង សុញ្ញតសមាបត្ដិផង អនិមិត្ដសមាបត្ដិផង អប្បណិហិតសមាបត្ដិផង វិជ្ជា៣ផង សតិបដ្ឋាន៤ផង សម្មប្បធាន៤ផង ឥទ្ធិបាទ ៤ផង ឥន្ទ្រិយ ៥ផង ពលៈ៥ផង ពោជ្ឈង្គ៧ផង មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរផង សោតាបត្ដិផលផង សកទាគាមិផលផង អនាគាមិផលផង អរហត្ដផលផង។ បេ។ រាគៈអាត្មាបានកំចាត់ចេញហើយផង ទោសៈអាត្មាបានកំចាត់ចេញហើយផង មោហៈអាត្មាបានកំចាត់ចេញហើយផង រាគៈទោសៈមោហៈអាត្មាបានខ្ជាក់ចោលហើយ បាន ជម្រុះចោលហើយ បានបន្សាត់ចោលហើយ បានរលាស់ចោលហើយ បានរើឡើងហើយ បានគាស់រំលើងហើយ ចិត្ដរបស់អាត្មាប្រាសចាក រាគៈផង ចិត្ដរបស់អាត្មាប្រាសចាកទោសៈផង ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង ត្រូវអាបត្ដិបាចិត្ដិយ។
[៣៣៥] ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងនិយាយប្រាប់ចំពោះ អនុបសម្បន្នថា អាត្មាបានចូលបឋមជ្ឈានហើយ តែត្រឡប់ជាពោល ថា អាត្មាបានចូលទុតិយជ្ឈានទៅវិញ បើអនុបសម្បន្នដឹងសេចក្ដីច្បាស់ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ បើអនុបសម្បន្ន មិនដឹងសេចក្ដីច្បាស់ ភិក្ខុនោះត្រូវត្រឹមអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងនិយាយប្រាប់អនុបសម្បន្នថា អាត្មាបានចូលបឋមជ្ឈានហើយ ត្រឡប់ ជាពោលថា អាត្មាបានចូលតតិយជ្ឈាន ចតុត្ថជ្ឈាន សុញ្ញតវិមោក្ខ អនិមិត្ដវិមោក្ខ អប្បណិហិតវិមោក្ខ សុញ្ញតសមាធិ អនិមិត្ដសមាធិ អប្បណិហិតសមាធិ សុញ្ញតសមាបត្ដិ អនិមិត្ដសមាបត្ដិ អប្បណិហិត សមាបត្ដិ ត្រៃវិជ្ជា សតិបដ្ឋាន ៤ សម្មប្បធាន៤ ឥទ្ទិបាទ ៤ ឥន្ទ្រិយ៥ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ សោតាបត្ដិផល សកទាគាមិផល អនាគាមិផល អរហត្ដផល រាគៈ អាត្មាបានលះបង់ហើយ ទោសៈអាត្មាបានលះបង់ហើយ មោហៈអាត្មា បានលះបង់ហើយ រាគៈទោសៈមោហៈអាត្មាបានខ្ជាក់ចោលហើយ បាន ជម្រុះចោលហើយ បានបន្សាត់ចោលហើយ បាលរលាស់ចោលហើយ បានរើឡើងហើយ បានគាស់រំលើងហើយ ចិត្ដរបស់អាត្មាប្រាសចាក រាគៈ ចិត្ដរបស់អាត្មាប្រាសចាកទោសៈ ចិត្ដរបស់អាត្មា ប្រាសចាកមោហៈ បើអនុបសម្បន្នដឹងសេចក្ដីច្បាស់ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ បើអនុប- សម្បន្នមិនដឹងសេចក្ដីច្បាស់ទេ ត្រូវត្រឹមអាបត្ដិទុក្កដ។
[៣៣៦] ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានចូលទុតិយជ្ឈានហើយ។បេ។ តែត្រឡប់ជាពោលថា ចិត្ដរបស់អាត្មាប្រាសចាកមោហៈទៅវិញ បើអនុបសម្បន្នដឹងសេចក្ដីច្បាស់ ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ បើអនុបសម្បន្នមិនដឹង សេចក្ដីច្បាស់ ត្រូវត្រឹមអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងពោលដល់អនុបសម្បន្នថា អាត្មាបានចូលទុតិយជ្ឈានហើយ តែត្រឡប់ជាពោលថា អាត្មាបានចូលបឋមជ្ឈានទៅវិញ បើអនុបសម្បន្នដឹងសេចក្ដីច្បាស់ ត្រូវអាបត្ដិបាចិត្ដិយ បើអនុបសម្បន្នមិនដឹងសេចក្ដីច្បាស់ ត្រូវត្រឹមអាបត្ដិទុក្កដ។ បេ។ ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងពោលដល់អនុបសម្បន្នថា ចិត្ដរបស់អាត្មាប្រាសចាកមោហៈ តែត្រឡប់ជាពោលថា អាត្មាបានចូលបឋមជ្ឈានហើយទៅវិញ បើអនុបសម្បន្នដឹងសេចក្ដីច្បាស់ ត្រូវអាបត្ដិបាចិត្ដិយ បើអនុបសម្បន្នមិនដឹងសេចក្ដីច្បាស់ទេ ត្រូវត្រឹមអាបត្ដិទុក្កដ។បេ។ ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងពោលដល់អនុបសម្បន្នថា ចិត្ដរបស់អាត្មាប្រាសចាកមោហៈ តែត្រឡប់ជាពោលថា ចិត្ដរបស់អាត្មា ប្រាសចាកទោសៈទៅវិញ បើអនុបសម្បន្នដឹងសេចក្ដីច្បាស់ ត្រូវអាបត្ដិ បាចិត្ដិយ បើអនុបសម្បន្នមិនដឹងសេចក្ដីច្បាស់ទេ ត្រូវត្រឹមអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងពោលដល់អនុបសម្បន្នថា អាត្មាបាន ចូលបឋមជ្ឈានផង ទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង។បេ។ ចិត្ដរបស់អាត្មាប្រាសចាកទោសៈ តែត្រឡប់ជាពោលថា ចិត្ដរបស់អាត្មាប្រាសចាកមោហៈទៅវិញ បើអនុបសម្បន្នដឹងសេចក្ដីច្បាស់ ត្រូវអាបត្ដិបាចិត្ដិយ បើអនុសម្បន្នមិនដឹងសេចក្ដីច្បាស់ ត្រូវត្រឹម អាបត្ដិទុក្កដ។
[៣៣៧] ពាក្យថា ប្រាប់ គឺភិក្ខុប្រាថ្នានឹងនិយាយប្រាប់ដល់អនុបសម្បន្នថា អាត្មាបានចូលទុតិយជ្ឈានផង តតិយជ្ឈានផង ចតុត្ថជ្ឈានផង។ បេ។ ចិត្ដរបស់អាត្មាប្រាសចាកមោហៈផង តែត្រឡប់ជានិយាយថា អាត្មាបានចូលបឋមជ្ឈានហើយទៅវិញ បើអនុបសម្បន្នដឹង សេចក្ដីច្បាស់ ត្រូវអាបត្ដិបាចិត្ដិយ បើអនុបសម្បន្នមិនដឹងសេចក្ដីច្បាស់ ត្រូវត្រឹមអាបត្ដិទុក្កដ។
[៣៣៨] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ដល់អនុបសម្បន្នថា ភិក្ខុអង្គណានៅក្នុងវិហាររបស់អ្នក ភិក្ខុអង្គនោះបានចូលហើយ កំពុងចូល ជាអ្នកចូលបឋមជ្ឈាន ភិក្ខុនោះជាអ្នកបាននូវបឋមជ្ឈាន ភិក្ខុនោះជាអ្នក ស្ទាត់ក្នុងបឋមជ្ឈានបឋមជ្ឈានភិក្ខុនោះបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយ ប្រាប់ចំពោះអនុបសម្បន្នថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល ជាអ្នកចូលទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ភិក្ខុនោះ ជាអ្នកបាននូវចតុត្ថជ្ឈាន ភិក្ខុនោះជាអ្នកស្ទាត់ក្នុងចតុត្ថជ្ឈាន ចតុត្ថជ្ឈាន ភិក្ខុនោះបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះបានដល់ហើយ កំពុងដល់ ជាអ្នកដល់នូវសុញ្ញតវិមោក្ខ អនិមិត្ដវិមោក្ខ អប្បណិហិតវិមោក្ខ សុញ្ញតសមាធិ អនិមិត្ដសមាធិ អប្បណិហិតសមាធិ ភិក្ខុនោះជាអ្នកបាននូវអប្បណិហិតសមាធិ ភិក្ខុនោះ ជាអ្នកស្ទាត់ក្នុងអប្បណិហិតសមាធិ អប្បណិហិតសមាធិ ភិក្ខុនោះ បានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា ភិក្ខុណានៅក្នុងវិហាររបស់អ្នក ភិក្ខុនោះបានដល់ហើយនូវសុញ្ញតសមាបត្ដិ អនិមិត្ដសមាបត្ដិ អប្បណិហិតសមាបត្ដិ ត្រៃវិជ្ជា សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ សោតាបត្ដិផល សកទាគាមិផល អនាគាមិផល អរហត្ដផល។បេ។ រាគៈភិក្ខុនោះ បានលះបង់ហើយ ទោសៈភិក្ខុនោះបានលះបង់ហើយ មោហៈភិក្ខុនោះបាន លះបង់ហើយ រាគៈទោសៈមោហៈភិក្ខុនោះបានខ្ជាក់ចោលហើយ បាន ជម្រះចោលហើយ បានបន្សាត់ចោលហើយ បានរលាស់ចោលហើយ បានរើឡើងហើយ បានគាស់រំលើងហើយ ចិត្ដរបស់ភិក្ខុនោះប្រាសចាករាគៈចិត្ដរបស់ភិក្ខុនោះប្រាសចាកទោសៈ ចិត្ដរបស់ភិក្ខុនោះប្រាស ចាកមោហៈ ត្រូវអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា ភិក្ខុណានៅក្នុងវិហារបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល ជាអ្នកចូលបឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះជាអ្នកបាននូវចតុត្ថជ្ឈាន ភិក្ខុនោះជា អ្នកស្ទាត់ក្នុងចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះ បានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិទុក្កដ។ ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា ភិក្ខុណានៅគ្រប់គ្រងវិហារបស់ អ្នក ភិក្ខុណាប្រើប្រាស់ចីវររបស់អ្នក ភិក្ខុណាបរិភោគបិណ្ឌបាតរបស់អ្នក ភិក្ខុណាប្រើប្រាស់សេនាសនៈរបស់អ្នក ភិក្ខុណាបរិភោគគិលានប្បច្ចយភេសជ្ជបរិក្ខាររបស់អ្នក ភិក្ខុនោះបានចូលហើយ កំពុងចូល ជាអ្នកចូល ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះជាអ្នកបាននូវចតុត្ថជ្ឈាន ភិក្ខុនោះជាអ្នកស្ទាត់ក្នុងចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិទុក្កដ។
[៣៣៩] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា វិហាររបស់អ្នក ភិក្ខុណាបាននៅគ្រប់គ្រងហើយ ចីវររបស់អ្នកភិក្ខុណា បានប្រើប្រាស់ហើយ បិណ្ឌបាតរបស់អ្នកភិក្ខុណា បានបរិភោគហើយ សេនាសនៈរបស់អ្នកភិក្ខុណា បានប្រើប្រាស់ហើយ គិលានប្បច្ចយភេសជ្ជបរិក្ខាររបស់អ្នកភិក្ខុណា បានបរិភោគហើយ ភិក្ខុនោះបានចូលហើយ កំពុង ចូល ជាអ្នកចូល ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះជាអ្នកបាននូវចតុត្ថជ្ឈាន ភិក្ខុនោះជាអ្នកស្ទាត់ក្នុងចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិទុក្កដ។
[៣៤០] ពាក្យថា ប្រាប់ គឺភិក្ខុនិយាយប្រាប់ចំពោះអនុបសម្បន្នថា អ្នកឯងបានឱ្យវិហារ អ្នកឯងបានឱ្យចីវរ អ្នកឯងបានឱ្យបិណ្ឌបាត អ្នកឯងបានឱ្យសេនាសនៈ អ្នកឯងបានឱ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រោះអាស្រ័យនូវភិក្ខុណា ភិក្ខុនោះបានចូលហើយនូវចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់។បេ។ ចតុត្ថជ្ឈានក្នុងផ្ទះដ៏ស្ងាត់ ភិក្ខុនោះបានធ្វើឱ្យច្បាស់លាស់ហើយ ត្រូវអាបត្ដិទុក្កដ។
[៣៤១] អាបត្ដិមិនមានដល់ភិក្ខុដែលប្រាប់ឧត្ដរិមនុស្សធម៌ដែលខ្លួនបានពិតប្រាកដ ដល់ឧបសម្បន្នបុគ្គល១ ដល់ភិក្ខុដើមបញ្ញត្ដិ១។
សិក្ខាបទ ទី៨ ចប់។
(៩. ទុដ្ឋុល្លារោចនសិក្ខាបទំ)
[៣៤២] សម័យនោះ ព្រះភគវន្ដសម្ពុទ្ធ កាលគង់នៅវត្ដជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ឧបនន្ទសក្យបុត្រដ៏មានអាយុបានឈ្លោះនឹងពួកឆព្វគ្គិយភិក្ខុ (គឺភិក្ខុមានពួក៦)។ ឧបនន្ទនោះ ត្រូវអាបត្ដិសញ្ចេតនិកៈ (សង្ឃាទិសេស) គឺធ្វើទឹកសុក្កឱ្យ ឃ្លាតចេញ ហើយបានសូមបរិវាសអំពីជំនុំសង្ឃ ដើម្បីអាបត្ដិនោះ។ ជំនុំ សង្ឃក៏បានឱ្យបរិវាសដល់ឧបនន្ទនោះ ដើម្បីអាបត្ដិនោះ។ វេលានោះឯង ក្រុងសាវត្ថីមានជនមួយពួក ( គេបានចាត់ចែង ) ភត្ដថ្វាយសង្ឃ។ ឯឧបនន្ទនោះ កំពុងនៅក្នុងបរិវាសបានអង្គុយចុងអាសនៈក្នុងរោងភត្ដ។ ពួកឆព្វគ្គិយភិក្ខុក៏បាននិយាយប្រាប់ឧបាសកទាំងនោះថា អាវុសោ ឧប នន្ទសក្យបុត្រដ៏មានអាយុនេះជាទីសរសើរ ជាជីតុនរបស់អ្នកទាំងឡាយ តែងឆាន់ភោជនដែលគេឱ្យ ដោយសទ្ធា ដោយដៃណា យកដៃនោះ ឯងព្យាយាមធ្វើឱ្យទឹកអសុចិហូរចេញ ឧបនន្ទនោះត្រូវអាបត្ដិសញ្ចេតនិកៈ ព្រោះធ្វើទឹកសុក្កឱ្យឃ្លាតចេញហើយបានសូមបរិវាសអំពីជំនុំសង្ឃ ដើម្បីអាបត្ដិនោះ ជំនុំសង្ឃក៏បានឱ្យបរិវាសដល់ឧបនន្ទនោះ ដើម្បីអាបត្ដិនោះ ឧបនន្ទនោះឥឡូវកំពុងនៅបរិវាស ហើយអង្គុយនៅក្នុងទីបំផុតអាសនៈ។ ពួកភិក្ខុណា មានសេចក្ដីប្រាថ្នាតិច។ បេ។ ពួកភិក្ខុនោះក៏ពោលទោសតិះ ដៀល បន្ដុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបើនឹងហ៊ាន ប្រាប់ទុដ្ឋុល្លាបត្ដិ របស់ភិក្ខុផងគ្នាដល់អនុបសម្បន្នបុគ្គលសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះដ៏មានព្រះ ភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយបាន ប្រាប់ទុដ្ឋុល្លាបត្ដិរបស់ភិក្ខុផងគ្នា ដល់អនុបសម្បន្នបុគ្គល ពិតមែនឬ។ ពួក ឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនសមបើនឹងហ៊ានប្រាប់ទុដ្ឋុល្លាបត្ដិរបស់ភិក្ខុផងគ្នា ដល់អនុបសម្បន្នបុគ្គលសោះ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះនឹងបានដឹកនាំពួកមនុស្សដែលមិនទាន់ជ្រះថ្លា ឱ្យបានជ្រះថ្លាឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយប្រាប់ទុដ្ឋុល្លាបត្ដិរបស់ភិក្ខុផងគ្នាដល់អនុបសម្បន្នបុគ្គល ត្រូវអាបត្ដិបាចិត្ដិយ វៀរលែងតែភិក្ខុដែលសង្ឃសន្មតឱ្យប្រាប់។
[៣៤៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងបារាជិកសិក្ខាបទទី១។ ពាក្យថា ភិក្ខុ គឺភិក្ខុដទៃ។ អាបត្ដិបារាជិក៤ និងអាបត្ដិសង្ឃាទិសេស ១៣ ឈ្មោះថា ទុដ្ឋុល្លាបត្ដិ។ ដែលហៅថា អនុបសម្បន្ននោះ គឺលើកលែងភិក្ខុនិងភិក្ខុនីចេញ ក្រៅអំពីនោះ ហៅថា អនុបសម្បន្នទាំងអស់។ ពាក្យថា ប្រាប់ គឺភិក្ខុប្រាប់ដល់ស្រីក្ដី ដល់ប្រុសក្ដី ដល់គ្រហស្ថក្ដី ដល់អ្នកបួសក្ដី។ ពាក្យថា វៀរលែងតែភិក្ខុដែលសង្ឃសម្មតឱ្យប្រាប់ គឺលើកលែងតែភិក្ខុដែលបាន សេចក្ដីសម្មតិអំពីសង្ឃ។
[៣៤៤] ឯសេចក្ដីសម្មតិរបស់ភិក្ខុដែលសង្ឃកំណត់ឱ្យមាន៤យ៉ាង គឺសម្មតិកំណត់អាបត្ដិ មិនកំណត់ត្រកូល១ សម្មតិកំណត់ត្រកូល មិនកំណត់អាបត្ដិ ១ សម្មតិកំណត់អាបត្ដិនិងត្រកូល១ សម្មតិមិនកំណត់អាបត្ដិ មិនកំណត់ត្រកូល១។ ដែលហៅថាកំណត់អាបត្ដិនោះ គឺអាបត្ដិ (ប៉ុន្មាន) ដែលសង្ឃកំណត់ឱ្យហើយ ភិក្ខុដែលសង្ឃសន្មតត្រូវ ប្រាប់អាបត្ដិប៉ុណ្ណោះ។ ដែលហៅថា កំណត់ត្រកូល (នោះ) គឺត្រកូល (ប៉ុន្មាន) ដែលសង្ឃកំណត់ឱ្យហើយ ភិក្ខុដែលសង្ឃសន្មត ត្រូវប្រាប់ (អាបត្ដិ)ដល់ត្រកូលប៉ុណ្ណោះ។ ដែលហៅថា កំណត់អាបត្ដិនិងកំណត់ ត្រកូល (នោះ) គឺអាបត្ដិ(ប៉ុន្មាន) ដែលសង្ឃកំណត់ឱ្យហើយ និងត្រកូល (ប៉ុន្មាន) ដែលសង្ឃកំណត់ឱ្យហើយ ភិក្ខុដែលសង្ឃសន្មតត្រូវប្រាប់ (អាបត្ដិប៉ុណ្ណោះ) ដល់ត្រកូលប៉ុណ្ណោះបាន។ ដែលហៅថា មិនកំណត់ អាបត្ដិមិនកំណត់ត្រកូល (នោះ) គឺអាបត្ដិ(ប៉ុន្មាន) ដែលសង្ឃមិនកំណត់ឱ្យ ហើយនិងត្រកូល (ប៉ុន្មាន) ដែលសង្ឃមិនកំណត់ឱ្យហើយ ភិក្ខុដែលសង្ឃ សន្មតត្រូវប្រាប់អាបត្ដិដែលសង្ឃមិនកំណត់ឱ្យប៉ុណ្ណោះ ដល់ត្រកូលដែល សង្ឃមិនកំណត់ឱ្យប៉ុណ្ណោះបាន។
[៣៤៥] (ម្យ៉ាងទៀត) ត្រង់ពាក្យថា កំណត់អាបត្ដិ គឺពួកអាបត្ដិ ណាដែលសង្ឃបានកំណត់ឱ្យហើយ ភិក្ខុមិនប្រាប់អាបត្ដិទាំងនោះ ទៅ ប្រាប់ពួកអាបត្ដិដទៃវិញ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា កំណត់ ត្រកូល គឺពួកត្រកូលណាដែលសង្ឃបានកំណត់ឱ្យហើយ ភិក្ខុមិនប្រាប់ពួកត្រកូលនោះ បែជាប្រាប់ត្រកូលទាំងឡាយដទៃវិញ ត្រូវអាបត្ដិ បាចិត្ដិយ។ ពាក្យថា កំណត់អាបត្ដិនិងកំណត់ត្រកូល គឺពួកអាបត្ដិណា ដែលសង្ឃបានកំណត់ឱ្យក្ដី ពួកត្រកូលណាដែលសង្ឃបានកំណត់ឱ្យក្ដី ភិក្ខុនោះមិនប្រាប់អាបត្ដិទាំងនោះ មិនប្រាប់ត្រកូលទាំងនោះ ទៅប្រាប់អាបត្ដិឯទៀត ត្រកូលឯទៀតវិញ ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា មិនកំណត់អាបត្ដិ មិនកំណត់ត្រកូល (នោះ) គឺភិក្ខុនោះប្រាប់អនុបសម្បន្នដោយអាបត្ដិណា ៗ ត្រកូលណាៗ ក៏ដោយ មិនត្រូវអាបត្ដិឡើយ។
[៣៤៦] ទុដ្ឋុល្លាបត្ដិ ភិក្ខុដឹងច្បាស់ថា ទុដ្ឋុល្លាបត្ដិ ហើយប្រាប់ដល់អនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ វៀរលែងតែភិក្ខុដែលសង្ឃសម្មតឱ្យប្រាប់។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងទុដ្ឋុល្លាបត្ដិ ហើយប្រាប់ដល់អនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ វៀរលែងតែភិក្ខុដែលសង្ឃសន្មតឱ្យ ប្រាប់។ ទុដ្ឋុល្លាបត្ដិ ភិក្ខុសំគាល់ថាអទុដ្ឋុល្លាបត្ដិ ហើយប្រាប់ដល់អនុបសម្បន្ន ត្រូវអាបត្ដិបាចិត្ដិយ វៀរលែងតែភិក្ខុដែលសង្ឃសន្មតឱ្យប្រាប់។
[៣៤៧] ភិក្ខុប្រាប់អទុដ្ឋុល្លាបត្ដិ (ដល់អនុបសម្បន្ន) ត្រូវអាបត្ដិទុក្កដ។ ភិក្ខុប្រាប់អជ្ឈាចារអាក្រក់ក្ដី67) មិនសូវអាក្រក់ក្ដី68) របស់អនុបសម្បន្ន គឺសាមណេរ (ដល់អនុបសម្បន្នដទៃ) ត្រូវអាបត្ដិទុក្កដ។ អទុដ្ឋុល្លាបត្ដិ ភិក្ខុសំគាល់ថា ទុដ្ឋុល្លាបត្ដិវិញ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យ ក្នុងអទុដ្ឋុល្លាបត្ដិ ត្រូវអាបត្ដិទុក្កដ។ អទុដ្ឋុល្លាបត្ដិ ភិក្ខុសំគាល់ថា អទុដ្ឋុល្លាបត្ដិ ត្រូវអាបត្ដិទុក្កដ។
[៣៤៨] អាបត្ដិមិនមានដល់ភិក្ខុដែលប្រាប់តែវត្ថុ69) មិនប្រាប់អាបត្ដិដល់ភិក្ខុដែលប្រាប់តែអាបត្ដិ70) មិនប្រាប់វត្ថុដល់ភិក្ខុដែលបានសេចក្ដីសម្មតិអំពីសង្ឃ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទទី ៩ ចប់។
(១០. បថវីខណនសិក្ខាបទំ)
[៣៤៩] សម័យនោះ ព្រះភគវន្ដសម្ពុទ្ធ កាលគង់នៅអគ្គាឡវចេតិយ ក្បែរក្រុងអាឡវី។ គ្រានោះឯង ពួកអាឡវិកភិក្ខុ កាលធ្វើនវកម្ម ក៏ជីកដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យជីកខ្លះ នូវផែនដី។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រមិនសមបើនឹងហ៊ានជីកដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យជីកខ្លះ នូវផែនដីសោះ ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រ ហ៊ានបៀតបៀនវត្ថុរស់ដែលមានឥន្ទ្រិយមួយ។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ពួកភិក្ខុនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកអាឡវិកភិក្ខុ មិនគួរបើនឹងហ៊ានជីកដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យជីកខ្លះ នូវផែនដីសោះ។ វេលានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយជីកដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យជីកខ្លះ នូវផែនដី ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលតបវិញថា សូមទ្រង់មេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរបើនឹងហ៊ានជីកដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យជីកខ្លះនូវផែនដីទេ នែមោឃបុរសទាំងឡាយ ព្រោះពួកមនុស្សមាន សេចក្ដីសំគាល់ថាផែនដីជាវត្ថុមានជីវិត នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ នឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លាឱ្យជ្រះថ្លាឡើង ឬពួកជនដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយជីកដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យជីកក្ដី នូវផែនដីត្រូវអាបត្ដិបាចិត្ដិយ។
[៣៥០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹង សិក្ខាបទទី ១ នៃបារាជិកកណ្ឌ។ ដែលហៅថា ផែនដី បានដល់ផែនដីមានពីរយ៉ាង គឺជាតបឋវី ផែនដីមានដីច្រើនជាងវត្ថុឯទៀត១ អជាតបឋវី ផែនដីមានដីតិចជាងវត្ថុឯទៀត១។ ដែលហៅថា ជាតបឋវី (នោះ) គឺអាចម៍ដីសុទ្ធ ដីស្អិតសុទ្ធ ដីមានថ្មតិច មានក្រួសតិច មាន បំណែកអម្បែងតិច មានក្រួសរវានតិច មានខ្សាច់តិច មានអាចម៍ដីច្រើន មានដីស្អិតច្រើន ឬជាផែនដីគេមិនដែលដុត តថាគតហៅថា ជាតបឋវី។ ម្យ៉ាងទៀតគំនរអាចម៍ដីណាក្ដី គំនរដីស្អិតណាក្ដី ដែលមានភ្លៀងធ្លាក់ត្រូវជាង៤ខែ គំនរនេះឯង តថាគតហៅថា ជាតបឋវីដែរ។ ដែលហៅថា អជាតបឋវី (នោះ) គឺផែនដីដែលមានថ្មសុទ្ធ មានក្រួសសុទ្ធ មានបំណែកអម្បែងសុទ្ធ មានក្រួសរវានសុទ្ធ មានខ្សាច់សុទ្ធ មានអាចម៍ដីតិច មានដីស្អិតតិច មានថ្មច្រើន មានក្រួសច្រើន មានបំណែកអម្បែងច្រើន មានក្រួសរវានច្រើន មានខ្សាច់ច្រើន ជាផែនដីដែលគេដុតហើយ តថាគតក៏ហៅថា អជាតបឋវី។ ម្យ៉ាងទៀតគំនរអាចម៍ដីណាក្ដី គំនរដីស្អិតណាក្ដី ដែលមានភ្លៀងធ្លាក់ចុះថយ ពី៤ ខែមក ផែនដីនេះតថាគតក៏ ហៅថា អជាតបឋវីដែរ។
[៣៥១] ត្រង់ពាក្យថា ជីកដោយខ្លួនឯង គឺភិក្ខុជីកដោយខ្លួនឯង ត្រូវអាបត្ដិបាចិត្ដិយ។ ពាក្យថា ប្រើអ្នកដទៃឱ្យជីក គឺភិក្ខុបង្គាប់អ្នកដទៃឱ្យជីក ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុបង្គាប់មនុស្សឱ្យជីកតែម្ដង មនុស្សនោះទៅជីកច្រើនផង ត្រូវអាបត្ដិបាចិត្ដិយ។
[៣៥២] ផែនដីមែន ភិក្ខុសំគាល់ថាផែនដី ហើយជីកដោយខ្លួនឯងក្តី ប្រើអ្នកដទៃឱ្យជីកក្ដី ទំលាយដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យទំលាយក្ដី ដុតដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យដុតក្ដី ត្រូវអាបត្ដិបាចិត្ដិយ។ ផែនដីមែន តែភិក្ខុមានសេចក្ដីសង្ស័យ ហើយជីកដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យជីកក្ដី ទំលាយដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យទំលាយក្ដី ដុតដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យដុតក្ដី ត្រូវអាបត្ដិទុក្កដ។ ផែនដីមែន ភិក្ខុមានសេចក្ដីសំគាល់ថាមិនមែនផែនដី ហើយជីកដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យជីកក្ដី ទំលាយដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យទំលាយក្ដី ដុតដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យដុតក្ដី មិនត្រូវអាបត្ដិឡើយ។ ទីដែលមិនមែនជាផែនដី ភិក្ខុមានសេចក្ដីសំគាល់ថាផែនដី ត្រូវអាបត្ដិទុក្កដ។ ទីមិនមែនជាផែនដី ភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ ទីមិនមែនជាផែនដី ភិក្ខុសំគាល់ថាមិនមែនផែនដី មិនត្រូវអាបត្ដិឡើយ។
[៣៥៣] អាបត្ដិមិនមានដល់ភិក្ខុដែលពោលថា អ្នកឯងចូរដឹងនូវវត្ថុនេះ អ្នកឯងចូរឱ្យនូវវត្ថុនេះ អ្នកឯងចូរនាំមកនូវវត្ថុនេះ អាត្មាត្រូវការដាយវត្ថុនេះ អ្នកឯងចូរធ្វើនូវវត្ថុនេះឱ្យជារបស់សមគួរ ដល់ភិក្ខុមិនបានក្លែង ដល់ភិក្ខុភ្លាត់ស្មារតី ដល់ភិក្ខុកាលមិនដឹង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទ ទី១០ ចប់។
ចំនួនសិក្ខាបទក្នុងមុសាវាទវគ្គនោះ គឺ
សម្បជានមុសាវាទ១ ឱមសវាទ១ បេសុញ្ញវាទ១ បទសោធម្ម១ បឋមសហសេយ្យ១ ទុតិយសហសេយ្យ១ ធម្មទេសនា១ ភូតារោចនៈ១ ទុដ្ឋុល្លាបត្ដិ១ បឋវីខណនៈ១។
មុសាវាទវគ្គជាដម្បូង។
(២. ភូតគាមវគ្គោ)
(១. ភូតគាមសិក្ខាបទំ)
[៣៥៤] សម័យនោះ ព្រះភគវន្ដសម្ពុទ្ធ កាលគង់នៅអគ្គាឡវចេតិយ ទៀបក្រុងអាឡវី។ គ្រានោះឯង ពួកភិក្ខុនៅក្នុងក្រុងអាឡវី កាលធ្វើនវកម្ម ក៏កាប់ដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យកាប់ខ្លះ នូវដើមឈើ។ មានភិក្ខុ១រូបនៅក្រុងអាឡវីកាប់ឈើមួយដើម។ មានទេវតា១អង្គអាស្រ័យនៅលើដើមឈើនោះបាននិយាយពាក្យនេះនឹងភិក្ខុនោះថា បពិត្រលោកម្ចាស់ លោកចង់ធ្វើទីនៅរបស់ខ្លួន មិនត្រូវកាប់ទីនៅរបស់ខ្ញុំទេ។ ភិក្ខុនោះមិនអើពើ (នឹងពាក្យទេវតានោះ) ក៏ចេះតែកាប់ឈើនោះទៅ ក៏ត្រូវដៃទារករបស់ទេវតានោះ។ វេលានោះឯង ទេវតានោះត្រិះរិះដូច្នេះថា បើដូច្នោះ ខ្លួនអញត្រូវសម្លាប់ភិក្ខុនេះក្នុងទីនេះ។ ខណៈនោះឯង ទេវតានោះត្រិះរិះដូច្នេះវិញថា ខ្លួនអញសម្លាប់ភិក្ខុនេះក្នុងទីនេះដោយអំពើណា អំពើនេះមិនសមគួរដល់ខ្លួនអញសោះឡើយ បើដូច្នោះ អញត្រូវក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគសិន។ គ្រានោះឯង ទេវតានោះក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ បានក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ (ដោយសព្វគ្រប់)។ ព្រះសាស្ដាជាម្ចាស់ទ្រង់ត្រាស់ថា ម្នាលទេវតា ពាក្យដែលអ្នកថាប្រពៃពេកណាស់ ម្នាលទេវតា អ្នកឯងមិនបានសម្លាប់ភិក្ខុនោះត្រូវពិតហើយ ម្នាលទេវតា បើអ្នកសម្លាប់ភិក្ខុនោះក្នុងថ្ងៃនេះហើយ ម្នាលទេវតា អ្នកឯងត្រូវបាននូវបាបជាច្រើន នែទេវតា អ្នកឯងចូរត្រឡប់ទៅវិញចុះ ក្នុងទីឯណោះមានឈើមួយដើមយ៉ាងស្ងាត់ អ្នកឯងចូរទៅនៅអាស្រ័យនូវឈើនោះចុះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្ដុះ បង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រ មិនគួរនឹងហ៊ានកាប់ដោយខ្លួនឯងផង ប្រើអ្នកដទៃឱ្យកាប់ផង នូវដើមឈើសោះ ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រ រមែងបៀតបៀននូវវត្ថុដែលមានជីវិតមានឥន្ទ្រិយតែ១។ ភិក្ខុទាំងឡាយបានឮពាក្យមនុស្សទាំងឡាយ នោះពោលទោស តិះដៀល បន្ដុះបង្អាប់ហើយ។ ពួកភិក្ខុណា មានសេចក្ដីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកភិក្ខុនៅក្នុងក្រុងអាឡវី មិនគួរនឹងហ៊ានកាប់ដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យកាប់ខ្លះ នូវដើមឈើសោះ។ គ្រានោះ ភិក្ខុទាំងនោះបានក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយកាប់ដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យកាប់ខ្លះនូវដើមឈើ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ការនោះមិនមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា នែពួកមោឃបុរស អ្នកទាំងឡាយមិនគួរបើនឹងហ៊ានកាប់ដោយខ្លួនឯងខ្លះ ប្រើអ្នកដទៃឱ្យកាប់ខ្លះ នូវដើមឈើទេ នែមោឃបុរស ទាំងឡាយ ព្រោះពួកមនុស្សមានសេចក្ដីសំគាល់ថាដើមឈើមានជីវិត នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះនឹងបានដឹកនាំពួកមនុស្ស ដែលមិនទាន់ជ្រះថ្លាឱ្យជ្រះថ្លាឡើង ឬពួកមនុស្សដែលជ្រះថ្លាហើយ ឱ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុធ្វើភូតតាម71) មានឈើ និងស្មៅជាដើមឱ្យវិនាស ត្រូវអាបត្ដិបាចិត្ដិយ។
[៣៥៥] ពូជមាន៥យ៉ាងគឺ ពូជកើតពីមើម ឬឫស១ ពូជកើតពីដើម១ ពូជកើតពីថ្នាំង១ ពូជកើតពីចុង ឬគល់១ ពូជកើតពីពូជ (គឺផ្លែ)១ ពូជទាំង៥នេះហៅថា ភូតគាម។ ដែលហៅថា ពូជកើតពីមើម ឬឫស (នោះសំដៅយក) រមៀត ខ្ញី លំពាន់ ប្រស់ អាច់ឆ្ពឹស រំដេង ស្បូវភ្លាំង និងក្រវាញជ្រូក មិនតែប៉ុណ្ណោះ សូម្បីវត្ថុទាំងឡាយដទៃណាកើតពីមើម ឬឫស ដុះពីមើម ឬឫស វត្ថុប៉ុណ្ណោះឈ្មោះថា ពូជកើតពីមើម ឬឫស (ដូចគ្នា)។ ដែលហៅថា ពូជកើតពីដើម (នោះសំដៅយក) ដើមពោធិ ដើមជ្រៃ ដើមលៀប ដើមល្វា ដើមជ្រៃក្រិម ដើមក្រសាំង មិនតែប៉ុណ្ណោះ សូម្បីវត្ថុទាំងឡាយដទៃណាកើតពីដើម ដុះពីដើម វត្ថុប៉ុណ្ណោះហៅថាពូជកើតពីដើម។ ដែលហៅថា ពូជកើតពីថ្នាំង (នោះសំដៅយក) អំពៅ ឫស្សី និងបបុស មិនតែប៉ុណ្ណោះ សូម្បីវត្ថុ ទាំងឡាយដទៃណាកើតពីថ្នាំង ដុះពីថ្នាំង វត្ថុប៉ុណ្ណោះហៅថាពូជកើតពីថ្នាំង។ ដែលហៅថា ពូជកើតពីចុង ឬគល់ (នោះសំដៅយក) ជីរលីងលាក់ ស្លឹកគ្រៃ វល្លិ៍អណ្ដាតត្រកួត ម្យ៉ាងទៀតសូម្បីវត្ថុទាំងឡាយណាកើតពីចុង ឬគល់ ដុះពីចុង ឬគល់ វត្ថុប៉ុណ្ណោះហៅថាពូជកើតពីចុង ឬគល់ (ដូចគ្នា)។ ដែលហៅថា ពូជកើតពីពូជ (នោះសំដៅយក) បុព្វណ្ណជាតិ បានដល់ស្រូវ៧ប្រការ មានស្រូវស ស្រូវក្រហម និងពោតជាដើម អបរណ្ណជាតិ បានដល់សណ្ដែកបាយ សណ្ដែករាជមាសជាដើម ម្យ៉ាងទៀត សូម្បីវត្ថុទាំងឡាយណាកើតពីពូជ ដុះពីពូជ វត្ថុប៉ុណ្ណោះហៅថា ពូជកើតពីពូជគំរប់៥។
[៣៥៦] វត្ថុជាពូជមែន ភិក្ខុសំគាល់ថាពូជ ហើយកាប់ដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យកាប់ក្ដី ទម្លាយដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យទម្លាយក្ដី ចំអិនដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យចំអិនក្ដី ត្រូវអាបត្ដិបាចិត្ដិយ។ពូជមែន ភិក្ខុមានសេចក្ដីសង្ស័យ ហើយកាប់ដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យកាប់ក្ដី ទម្លាយដោយខ្លួនឯងក្ដី ប្រើអ្នកដទៃទម្លាយក្ដី ចំអិនដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យចំអិនក្ដី ត្រូវអាបត្ដិទុក្កដ។ ពូជមែន ភិក្ខុសំគាល់ថាមិនមែនពូជ ហើយកាប់ដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យកាប់ក្ដី ទម្លាយដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យទម្លាយក្ដី ចំអិនដោយខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យចំអិនក្ដី មិនត្រូវអាបត្ដិឡើយ។ វត្ថុមិនមែនពូជ ភិក្ខុសំគាល់ថាពូជ ត្រូវអាបត្ដិទុក្កដ។ វត្ថុមិនមែនពូជ តែភិក្ខុមានសេចក្ដីសង្ស័យ ត្រូវអាបត្ដិទុក្កដ។ វត្ថុមិនមែនពូជ ភិក្ខុសំគាល់ថា មិនមែនពូជ មិនត្រូវអាបត្ដិឡើយ។
[៣៥៧] អាបត្ដិមិនមានដល់ភិក្ខុដែលនិយាយថា អ្នកចូរដឹងនូវវត្ថុនេះ អ្នកចូរឱ្យនូវវត្ថុនេះ អ្នកចូរនាំមកនូវវត្ថុនេះ អាត្មាត្រូវការដោយវត្ថុនេះ អ្នកចូរធ្វើនូវវត្ថុនេះឱ្យសមគួរ ដល់ភិក្ខុមិនបានក្លែង ដល់ភិក្ខុភ្លាត់ស្មារតី ដល់ភិក្ខុកាលមិនដឹង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទ ទី១ ចប់។
(២. អញ្ញវាទកសិក្ខាបទំ)
[៣៥៨] សម័យនោះ ព្រះដ៏ទ្រង់យសកាលគង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះឯង ឆន្នភិក្ខុដ៏មានអាយុប្រព្រឹត្ដអនាចារដោយខ្លួនឯង កាលភិក្ខុសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ក៏ពោលបិទបាំងនូវពាក្យដទៃដោយពាក្យដទៃ (គឺពោលពាក្យបន្លែបន្លប់) ទៅវិញដោយពាក្យថា នរណាត្រូវអាបត្ដិ ត្រូវអាបត្ដិអ្វី ត្រូវអាបត្ដិព្រោះវត្ថុអ្វី ត្រូវអាបត្ដិដោយប្រការដូចម្ដេច លោកទាំងឡាយពោលចំពោះបុគ្គលណា លោកទាំងឡាយពោលថាអ្វី។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ កាលភិក្ខុសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃហើយ មិនសមបើនឹងពោលបិទបាំងនូវពាក្យដទៃដោយពាក្យដទៃថា នរណាត្រូវអាបត្ដិ ត្រូវអាបត្ដិអ្វី ត្រូវអាបត្ដិព្រោះវត្ថុអ្វី ត្រូវអាបត្ដិដោយប្រការដូចម្ដេច លោកទាំងឡាយពោលចំពោះបុគ្គល ណា លោកទាំងឡាយពោលថាអ្វី។ គ្រានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ គ្រានោះឯង ព្រះដ៏មានព្រះភាគទ្រង់សួរបញ្ជាក់ទៅនឹងឆន្នភិក្ខុដ៏មានអាយុថា ម្នាលឆន្ន បានឮថាអ្នកឯងកាលដែលភិក្ខុសាកសួរដោយ អាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ហើយពោលបិទបាំងនូវពាក្យដទៃដោយពាក្យដទៃវិញថា នរណាត្រូវអាបត្ដិ។បេ។ លោកទាំងឡាយពោលថាដូចម្ដេច ពាក្យនេះពិតមែនឬ។ ឆន្នភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្ដាប្រោស ពាក្យនេះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯង កាលដែលភិក្ខុសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ហើយមិនគួរបើ នឹងពោលបិទបាំងនូវពាក្យដទៃដោយពាក្យដទៃថា នរណាត្រូវអាបត្ដិ។បេ។ លោកទាំងឡាយពោលដូចម្ដេច នែមោឃបុរស អំពើដែលអ្នកធ្វើ នេះនឹងបានដឹងនាំមនុស្សទាំងឡាយដែលមិនទាន់ជ្រះថ្លា ឱ្យបានជ្រះថ្លា ឡើងក៏ទេ។ បេ។ ព្រះដ៏មានព្រះភាគទ្រង់បន្ទោស រួចទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅថាភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរលើកនូវអញ្ញវាទកកម្ម72) ដល់ឆន្នភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវលើកនូវអញ្ញវាទកកម្មយ៉ាងនេះ ភិក្ខុដែលឈ្លាសអង់អាចត្រូវប្រកាសសង្ឃឱ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្ដាប់នូវពាក្យខ្ញុំ (ដ្បិត) ឆន្នភិក្ខុនេះ កាលភិក្ខុសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ក៏ពោលបិទបាំងនូវពាក្យដទៃដោយពាក្យដទៃវិញ។ បើកម្មមានកាលសមគួរដល់សង្ឃហើយ សង្ឃត្រូវលើកនូវអញ្ញវាទកកម្មដល់ឆន្នភិក្ខុ។ នេះជាវាចាសម្រាប់ផ្ដៀងសង្ឃឱ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្ដាប់នូវពាក្យខ្ញុំ (ដ្បិត) ឆន្នភិក្ខុនេះ កាលភិក្ខុសាកសួរដោយអាបត្ដិ ក្នុងកណ្ដាលជំនុំសង្ឃ ក៏ពោលបិទ បាំងនូវពាក្យដទៃដោយពាក្យដទៃវិញ។ ឥឡូវនេះ ព្រះសង្ឃលើកនូវអញ្ញវាទកកម្មដល់ឆន្នភិក្ខុ។ ការលើកនូវអញ្ញវាទកកម្មដល់ឆន្នភិក្ខុ សមគួរដល់លោកម្ចាស់អង្គណា លោកម្ចាស់អង្គនោះគួរស្ងៀម (បើ) មិនសមគួរដល់លោកម្ចាស់អង្គណាទេ លោកម្ចាស់អង្គនោះ ត្រូវពោលឡើង។ អញ្ញវាទកកម្ម សង្ឃបានលើកដល់ឆន្នភិក្ខុហើយ។ អញ្ញវាទកកម្មគួរដល់សង្ឃហើយ ព្រោះហេតុនោះបានជាព្រះសង្ឃស្ងៀមនៅ។ ខ្ញុំចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។
[៣៥៩] គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់បន្ទោសឆន្នភិក្ខុដ៏មានអាយុ ដោយអនេកបរិយាយ។ បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ ព្រោះពោលនូវពាក្យដទៃ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្ដដល់ភិក្ខុទាំងឡាយយ៉ាងនេះហើយ។
[៣៦០] សម័យនោះឯង ឆន្នភិក្ខុដ៏មានអាយុ កាលភិក្ខុកំពុង សាកសួរ ដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ក៏គិតដោយអាត្ដាអញកាល ពោលបិទបាំងនូវពាក្យដទៃដោយពាក្យដទៃ មុខជានឹងត្រូវអាបត្ដិ (មិនខានឡើយ) ហើយក៏ស្ងៀមនៅមិនស្ដី នាំឱ្យសង្ឃលំបាក។ ភិក្ខុទាំងឡាយណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ កាលភិក្ខុ សាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ មិនសមបើនឹងស្ងៀមនៅមិន ស្ដីនាំឱ្យសង្ឃលំបាកសោះ។ គ្រានោះ ភិក្ខុទាំងនោះក្រាបទូលសេចក្ដីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ បេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរឆន្នភិក្ខុដ៏មានអាយុថា នែឆន្ន បានឮថាអ្នកឯងកាលដែលភិក្ខុសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ហើយស្ងៀមនៅមិនស្ដី នាំឱ្យសង្ឃលំបាក ពិតមែនឬ។ ឆន្នភិក្ខុក្រាបទូលថា សូមទ្រង់មេត្ដាប្រោស ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯង កាលដែលភិក្ខុសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ មិនសមបើនឹងស្ងៀមនៅមិនស្ដីនាំឱ្យសង្ឃ លំបាកទេ នែមោឃបុរស អំពើដែលអ្នកធ្វើនេះ នឹងបានដឹកនាំមនុស្សទាំងឡាយដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើងក៏ទេដែរ។ បេ។ ព្រះដ៏មានព្រះភាគទ្រង់បន្ទោស រួចទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរលើកនូវវិហេសកកម្ម73) ដល់ឆន្នភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវលើកនូវវិហេសកកម្មយ៉ាងនេះ គឺភិក្ខុដែលវាងវៃអង់អាចគួរផ្ដៀងសង្ឃឱ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្ដាប់នូវពាក្យខ្ញុំ(ដ្បិត) ឆន្នភិក្ខុនេះ កាលដែលភិក្ខុសាកសួរ ដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ក៏ស្ងៀមនៅមិនស្ដី នាំឱ្យសង្ឃលំបាក។ បើកម្មមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃត្រូវលើកនូវវិហេសកកម្មដល់ឆន្នភិក្ខុ។ នេះជាពាក្យផ្ដៀងសង្ឃឱ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូម ព្រះសង្ឃស្ដាប់នូវពាក្យខ្ញុំ(ដ្បិត) ឆន្នភិក្ខុនេះ កាលដែលសង្ឃសាកសួរដោយអាបត្ដិក្នុងកណ្ដាលជំនុំសង្ឃ ក៏ស្ងៀមនៅមិនស្ដី នាំឱ្យសង្ឃលំបាក។ ឥឡូវសង្ឃលើកនូវវិហេសកកម្មដល់ឆន្នភិក្ខុ។ ការដែលលើកនូវវិហេសកកម្មដល់ឆន្នភិក្ខុ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀមនៅ (បើ) មិនសមគួរដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ ត្រូវពោលឡើង។
វិហេសកកម្ម សង្ឃបានលើកដល់ឆន្នភិក្ខុរួចហើយ។ ការដែលលើកនូវវិហេសកកម្ម សមគួរដល់សង្ឃហើយ ព្រោះហេតុនោះបានជាសង្ឃស្ងៀមនៅមិនស្ដី។ ខ្ញុំចាំទុកនូវរឿងនេះ ដោយភាវៈស្ងៀមនៅយ៉ាងនេះ។
[៣៦១] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់បន្ទោសឆន្នភិក្ខុដ៏មានអាយុដោយអនេកបរិយាយ។ បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្ដិបាចិត្ដិយ ព្រោះពោលនូវពាក្យដទៃ(ឬ)ព្រោះធ្វើឱ្យសង្ឃបានសេចក្ដីលំបាក។
[៣៦២] ដែលហៅថា ពោលនូវពាក្យដទៃ (នោះ) គឺភិក្ខុ (ណាមួយ) ដែលភិក្ខុកំពុងសាកសួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិ ក្នុងកណ្ដាលជំនុំសង្ឃ មិនប្រាថ្នានឹងពោលនូវវត្ថុនិងអាបត្ដិនោះ មិនប្រាថ្នានឹងបង្ហើប ឡើងនូវវត្ថុនិងអាបត្ដិនោះ ត្រឡប់ជាបិទបាំងនូវពាក្យដទៃដោយពាក្យ ដទៃវិញថា នរណាបានត្រូវអាបត្ដិ ត្រូវអាបត្ដិអ្វី ត្រូវអាបត្ដិព្រោះវត្ថុអ្វី ត្រូវអាបត្ដិដោយប្រការដូចម្ដេច លោកទាំងឡាយពោលនឹងនរណា លោកទាំងឡាយពោលដូចម្ដេច ភិក្ខុនេះឈ្មោះថាពោលនូវពាក្យដទៃ។
[៣៦៣] ដែលហៅថា ធ្វើឱ្យសង្ឃបានសេចក្ដីលំបាក (នោះ) គឺភិក្ខុ(ណាមួយ)ដែលភិក្ខុកំពុងសាកសួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដី ក្នុងកណ្ដាលជំនុំសង្ឃ មិនប្រាថ្នានឹងពោលនូវវត្ថុនិងអាបត្ដិនោះ មិនប្រាថ្នានឹងបង្ហើបនូវវត្ថុនិងអាបត្ដិនោះ ហើយស្ងៀមមិនស្ដី នាំឱ្យសង្ឃបានសេចក្ដីលំបាក ភិក្ខុនេះឈ្មោះថាធ្វើឱ្យសង្ឃបានសេចក្ដីលំបាក។
[៣៦៤] កាលបើអញ្ញវាទកកម្មសង្ឃមិនបានលើកឡើងទេ ភិក្ខុ (ណាមួយ) ដែលភិក្ខុកំពុងសាកសួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដី ក្នុងកណ្ដាលជំនុំសង្ឃ ហើយមិនប្រាថ្នានឹងពោលនូវវត្ថុនិងអាបត្ដិនោះ មិនប្រាថ្នានឹងបង្ហើបឡើងនូវវត្ថុនិងអាបត្ដិនោះ ត្រឡប់ជាពោលបិទបាំងនូវ ពាក្យដទៃដោយដទៃវិញថា នរណាបានត្រូវអាបត្ដិ ត្រូវអាបត្ដិអ្វី ត្រូវអាបត្ដិ ព្រាះវត្ថុអ្វី ត្រូវអាបត្ដិដោយប្រការដូចម្ដេច លោកទាំងឡាយពោលនឹងនរណា លោកទាំងឡាយពោលដូចម្ដេច ភិក្ខុនោះត្រូវអាបត្ដិទុក្កដ។ កាលបើវិហេសកកម្មដែលសង្ឃមិនបានកើតឡើងទេ ភិក្ខុណា ដែលភិក្ខុកំពុងសាកសួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដី ក្នុងកណ្ដាលជំនុំសង្ឃ ហើយមិនប្រាថ្នានឹងពោលនូវវត្ថុនិងអាបត្ដិនោះ មិនប្រាថ្នានឹងបង្ហើបឡើង នូវវត្ថុនិងអាបត្ដិនោះ ស្លៀមមិនស្ដី នាំឱ្យសង្ឃបានសេចក្ដីលំបាក ភិក្ខុ នោះត្រូវអាបត្ដិទុក្កដ។
[៣៦៥] កាលបើអញ្ញវាទកម្មដែលសង្ឃបានលើកឡើងហើយ ភិក្ខុ(ណាមួយ) ដែលភិក្ខុកំពុងសាកសួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដីក្នុងកណ្ដាលជំនុំសង្ឃ ហើយមិនប្រាថ្នានឹងពោលនូវវត្ថុនិងអាបត្ដិនោះ មិន ប្រាថ្នានឹងបើកឡើងនូវវត្ថុនិងអាបត្ដិនោះ ត្រឡប់ជាពោលបិទបាំងនូវពាក្យ ដទៃដោយពាក្យដទៃវិញថា នរណាត្រូវអាបត្ដិ។ បេ។ លោកទាំង ឡាយពោលដូចម្ដេច ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។ កាលបើវិហេសកកម្មដែលសង្ឃបានលើកឡើងហើយ ភិក្ខុ(ណាមួយ) ដែលភិក្ខុកំពុងសាកសួរចំពោះវត្ថុក្ដី ចំពោះអាបត្ដិក្ដី ក្នុងកណ្ដាលជំនុំសង្ឃ មិនប្រាថ្នានឹងពោលនូវវត្ថុនិងអាបត្ដិនោះ មិនប្រាថ្នានឹងបង្ហើបនូវវត្ថុនិងអាបត្ដិនោះស្ងៀម មិនស្ដី នាំឱ្យសង្ឃបានសេចក្ដីលំបាក ភិក្ខុនោះត្រូវអាបត្ដិបាចិត្ដិយ។
[៣៦៦] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ តែពោលនូវពាក្យដទៃ នាំឱ្យសង្ឃបានសេចក្ដីលំបាក ត្រូវអាបត្ដិ បាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងកម្មប្រកបដោយធម៌ ហើយ ពោលនូវពាក្យដទៃ នាំឱ្យសង្ឃបានសេចក្ដីលំបាក ត្រូវអាបត្ដិបាចិត្ដិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្ដីសំគាល់ថាកម្មមិនប្រកបដោយធម៌វិញ ហើយពោលនូវពាក្យដទៃ នាំឱ្យសង្ឃបានសេចក្ដីលំបាក ត្រូវអាបត្ដិ បាចិត្ដិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្ដីសំគាល់ថាកម្មប្រកបដោយធម៌ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងកម្មមិន ប្រកបដោយធម៌ ត្រូវអាបត្ដិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ ថាកម្មមិនប្រកបដោយធម៌ ត្រូវអាបត្ដិទុក្កដ។
[៣៦៧] អាបត្ដិមិនត្រូវដល់ភិក្ខុដែលមិនដឹងសេចក្ដីហើយសួរ ដល់ភិក្ខុដែលមានជម្ងឺហើយមិននិយាយ ដល់ភិក្ខុដែលមិននិយាយដោយគិតថា ការបង្កហេតុប្រកួតប្រកាន់ ជម្លោះ វិវាទនឹងនាំឱ្យរវល់ដល់សង្ឃ ដល់ភិក្ខុដែលមិននិយាយដោយគិតថា ក្រែងសង្ឃបែកគ្នា (ឬ)ក្រែងសង្ឃថ្នាំងថ្នាក់នឹងគ្នា ដល់ភិក្ខុដែលមិននិយាយដោយគិតថា សង្ឃមុខជានឹងធ្វើ កម្ម មិនត្រូវតាមធម៌ផង ជាពួកផង ចំពោះភិក្ខុដែលមិនគួរដល់កម្មផង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទ ទី២ ចប់។
(៣. ឧជ្ឈាបនកសិក្ខាបទំ)
[៣៦៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្ដវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះទព្វមល្លបុត្ដដ៏មានអាយុ តែងក្រាលនូវសេនាសនៈផង តែងឧទ្ទិសនូវភត្ដផងដល់សង្ឃ។ លំដាប់នោះ ពួកមេត្ដិយភុម្មជកភិក្ខុ ទើបនឹងបួសថ្មីផង ជាមនុស្សមានបុណ្យតិចផង អស់ទាំងសេនាសនៈណា ដ៏ថោកថយរបស់សង្ឃ សេនាសនៈទាំងនោះ ត្រូវបានមកពួកភិក្ខុទាំងនោះ មួយទៀតភត្ដទាំងឡាយណាដ៏ថោកថយ ក៏ត្រូវបានមកពួកភិក្ខុទាំងនោះដែរ។ ពួកមេត្ដិយភុម្មជកភិក្ខុនោះ ក៏បង្គាប់ភិក្ខុទាំងឡាយឱ្យពោលទោសព្រះ ទព្វមល្លបុត្ដដ៏មានអាយុថា ព្រះទព្វមល្លបុត្ដ ក្រាលសេនាសនៈតាមសេចក្ដីគាប់ចិត្ដរបស់ខ្លួន ម្យ៉ាងទៀត លោកឧទ្ទិសនូវភត្ដតាមសេចក្ដីគាប់ចិត្ដរបស់ខ្លួន។ ពួកភិក្ខុណាមានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោសតិះដៀល បន្ដុះបង្អាប់ថា មេត្ដិយភុម្មជកភិក្ខុទាំងឡាយមិនសមបើនឹងបង្គាប់ភិក្ខុទាំងឡាយឱ្យពោលទោស ព្រះទព្វមល្លបុត្ដដ៏មានអាយុសោះ។ គ្រានោះ ភិក្ខុទាំងនោះក្រាបទូលសេចក្ដីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ លំដាប់នោះ ព្រះដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់សួរចំពោះពួកមេត្ដិយភុម្មជកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ បានឮថាអ្នកទាំងឡាយ បង្គាប់ភិក្ខុទាំងឡាយឱ្យពោលទោសទព្វមល្លបុត្ដ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្ដាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនសមបើនឹងបង្គាប់ពួកភិក្ខុ (ដទៃ) ឱ្យពោលទោសទព្វមល្លបុត្ដសោះ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លា ឱ្យជ្រះថ្លាឡើងក៏ទេ។ បេ។ ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុបង្គាប់ភិក្ខុ ( ដទៃ ) ឱ្យពោលទោសភិក្ខុផងគ្នា ត្រូវអាបត្ដិបាចិត្ដិយ សិក្ខាបទនេះព្រះដ៏មានព្រះភាគបានបញ្ញត្ដដល់ពួកភិក្ខុយ៉ាងនេះ។
[៣៦៩] សម័យនោះឯង ពួកមេត្តិយភុម្មជកភិក្ខុគិតគ្នាថា ការដែលប្រើភិក្ខុ (ដទៃ) ឱ្យពោលទោស ព្រះដ៏មានព្រះភាគបានហាមរួចហើយ ព្រោះហេតុនោះភិក្ខុទាំងឡាយមុខជានឹងបានឮ ដោយពាក្យមានប្រមាណប៉ុណ្ណេះ ហើយក៏តិះដៀល ព្រះទព្វមល្លបុត្ដដ៏មានអាយុជិតពួកភិក្ខុ (ដទៃ) ថា ព្រះទព្វមល្លបុត្ដរៀបចំសេនាសនៈតាមសេចក្ដីគាប់ចិត្ដ (របស់ខ្លួន) ផង ចាត់ចែងភត្ដតាមសេចក្ដីគាប់ចិត្ដ (របស់ខ្លួន) ផង។ ភិក្ខុទាំងឡាយណា មានសេចក្ដីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ពួកមេត្ដិយភុម្មជកភិក្ខុមិនសមបើនឹងហ៊ានតិះដៀល ព្រះទព្វមល្លបុត្ដដ៏មានអាយុសោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះក្រាបទូលសេចក្ដី នុ៎ះចំពោះព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ។ បេ។ ទ្រង់ត្រាស់សួរចំពោះនឹងពួកមេត្ដិយភុម្មជកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយតិះដៀលទព្វមល្លបុត្ដ ពិតមែនឬ។ ភិក្ខុ ទាំងនោះក្រាបទូលថា សូមទ្រង់មេត្ដារប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ ដ៏មានព្រះភាគទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ អ្នកទាំង ឡាយ មិនសមបើនឹងតិះដៀលទព្វមល្លបុត្ដទេ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លា ឱ្យបាន ជ្រះថ្លាឡើងក៏ទេ។ បេ។ ម្លាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុបង្គាប់ភិក្ខុដទៃឱ្យពោលទោស ( ភិក្ខុផងគ្នាឬ ) តិះដៀល ( ភិក្ខុផងគ្នា ) ត្រូវអាបត្ដិបាចិត្ដិយ។
[៣៧០] ដែលហៅថា ភិក្ខុបង្គាប់ភិក្ខុដទៃឱ្យពោលទោស(នោះ) គឺភិក្ខុមានប្រាថ្នានឹងធ្វើនូវសេចក្ដីតិះដៀល មានប្រាថ្នានឹងធ្វើនូវសេចក្ដី បង្អាប់យស មានប្រាថ្នានឹងធ្វើនូវសេចក្ដីបង្អាប់បង្អោនចំពោះឧបសម្បន្នបុគ្គលដែលសង្ឃសន្មតឱ្យជាអ្នកក្រាលនូវសេនាសនៈក្ដី ឱ្យជាអ្នកចាត់ចែងនូវភត្ដក្ដី ឱ្យជាអ្នកចែកនូវបបរក្ដី ឱ្យជាអ្នកចែកនូវផ្លែឈើក្ដី ឱ្យជាអ្នកចែកនូវបង្អែមក្ដី ឱ្យជាអ្នកចែកចាយនូវវត្ថុមានប្រមាណតិចតួចក្ដី ហើយបង្កាប់ភិក្ខុដទៃឱ្យពោលទោស ឬតិះដៀលឧបសម្បន្នបុគ្គល (នោះ) ត្រូវអាបត្ដិបាចិត្ដិយ។
[៣៧១] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយបង្គាប់ភិក្ខុដទៃទៀតពោលទោស(ឬ) តិះដៀល(ភិក្ខុផងគ្នា) ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងកម្មប្រកបដោយធម៌ ហើយបង្គាប់ភិក្ខុដទៃឱ្យពោលទោស (ឬ) តិះដៀល (ភិក្ខុផងគ្នា) ត្រូវអាបត្ដិបាចិត្ដិយ។ កម្មប្រកបដោយធម៌ តែភិក្ខុសំគាល់ថាកម្មមិនប្រកបដោយ ធម៌វិញ ហើយបង្គាប់ភិក្ខុដទៃឱ្យពោលទោស (ឬ) តិះដៀល (ភិក្ខុផងគ្នា) ត្រូវអាបត្ដិបាចិត្ដិយ។
[៣៧២] ភិក្ខុបង្គាប់ភិក្ខុដទៃឱ្យពោលទោសក្ដី តិះដៀលដោយ ខ្លួនឯងក្ដី នូវអនុបសម្បន្នបុគ្គល ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានប្រាថ្នានឹងធ្វើនូវសេចក្ដីតិះដៀល មានប្រាថ្នានឹងធ្វើនូវសេចក្ដីបង្អាប់យស មាន ប្រាថ្នានឹងធ្វើនូវសេចក្ដីបង្អាប់បង្អោនចំពោះឧបសម្បន្នបុគ្គល ដែលសង្ឃ មិនបានសន្មតឱ្យជាអ្នកក្រាលសេនាសនៈក្ដី ឱ្យជាអ្នកចាត់ចែងនូវភត្ដក្ដី ឱ្យជាអ្នកចែកនូវបបរក្ដី ឱ្យជាអ្នកចែកនូវផ្លែឈើក្ដី ឱ្យជាអ្នកចែកនូវបង្អែមក្ដី ឱ្យជាអ្នកចែកចាយនូវវត្ថុមានប្រមាណតិចតួចក្ដី ហើយបង្គាប់ភិក្ខុដទៃឱ្យពោលទោសក្ដី តិះដៀលដោយខ្លួនឯងក្ដី នូវឧបសម្បន្នបុគ្គលក្ដី នូវអនុបសម្បន្នបុគ្គលក្ដី ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានប្រាថ្នានឹងធ្វើនូវសេចក្ដីតិះដៀល មានប្រាថ្នានឹងធ្វើនូវសេចក្ដីបង្អាប់ដោយ មានប្រាថ្នានឹងធ្វើនូវសេចក្ដីបង្អាប់បង្អោនចំពោះអនុបសម្បន្នបុគ្គល ដែលសង្ឃបានសន្មត ឬ មិនបានសន្មត ឱ្យជាអ្នកក្រាលនូវសេនាសនៈក្ដី ឱ្យជាអ្នកចាត់ចែងនូវភត្ដក្ដី ឱ្យជាអ្នកចែកនូវបបរក្ដី ឱ្យជាអ្នកចែកផ្លែឈើក្ដី ឱ្យជាអ្នកចែកនូវបង្អែមក្ដី ឱ្យជាអ្នកចែកចាយនូវវត្ថុមានប្រមាណតិចតួចក្ដី ហើយបង្គាប់ភិក្ខុដទៃឱ្យពោលទោស ឬតិះដៀលដោយខ្លួនឯង នូវឧបសម្បន្នបុគ្គលក្ដី អនុបសម្បន្នបុគ្គលក្ដី ត្រូវអាបត្ដិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុ មានសេចក្ដីសំគាល់ថា កម្មប្រកបដោយធម៌វិញ ត្រូវអាបត្ដិទុក្កដ។ ភិក្ខុមានសេចក្ដីសង្ស័យ ក្នុងកម្មមិនប្រកបដោយធម៌ ត្រូវអាបត្ដិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាស់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្ដិទុក្កដ។
[៣៧៣] អាបត្ដិមិនមានដល់ភិក្ខុដែលបង្គាប់ភិក្ខុដទៃ ឱ្យពោល ទោសក្ដី តិះដៀលដោយខ្លួនឯងក្ដី នូវភិក្ខុដែលជាអ្នកធ្វើការសង្ឃ ដោយ ឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិជាប្រក្រតី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្ដិ។
សិក្ខាបទ ទី៣ ចប់។
(៤. បឋមសេនាសនសិក្ខាបទំ)
[៣៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅ វត្ដព្រះជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ លំដាប់នោះ ភិក្ខុទាំងឡាយបានតែងតាំងគ្រឿងសេនាសនៈ នៅទីវាល ហើយកំដៅកាយ ក្នុងកាលហេមន្ដរដូវ (សម័យដែលមានទឹកសន្សើម) កាលបើគេប្រាប់ភត្ដកាលគឺនិមន្ដឆាន់ ហើយកាលនឹងដើរចេញទៅចាកទី នោះ មិនរើយកមកទុកដាក់ មិនបានប្រើគេឱ្យរើយកមកទុកដាក់ នូវសេនាសនៈនោះ ហើយឥតទាំងបានប្រាប់ (អ្នកដទៃ) ស្រាប់តែដើរចេញទៅ។ ឯគ្រឿងសេនាសនៈទទឹកដោយទឹកសន្សើមជោកអស់។ ពួកភិក្ខុណាដែល មានសេចក្ដីប្រាថ្នាតិច។ បេ។ ពួកភិក្ខុនោះ ក៏ពោលទោស តិះដៀល បន្ដុះបង្អាប់ថា ភិក្ខុទាំងឡាយមិនសមបើនឹងតែងតាំងគ្រឿងសេនាសនៈនៅ ទីវាល ហើយកាលនឹងដើរចេញទៅ មិនរើយកមកទុកដាក់មិនបានប្រើគេឱ្យរើយកមកទុកដាក់ នូវសេនាសនៈនោះ ហើយឥតទាំងបានប្រាប់ (អ្នកដទៃ) ស្រាប់តែដើរចេញទៅ គ្រឿងសេនាសនៈក៏ជោកជាំដោយទឹកសន្សើម គ្រានោះ ភិក្ខុទាំងនោះបានក្រាបទូលសេចក្ដីនុ៎ះចំពោះ ព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់បានត្រាស់សួរនូវភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុបានតែងតាំងគ្រឿងសេនាសនៈនៅទីវាល កាលនឹងដើរចេញទៅ មិនបានរើយកមកទុកដាក់ មិនបានប្រើគេឱ្យរើយកមកទុកដាក់ នូវសេនាសនៈនោះ ហើយឥតទាំងបានប្រាប់(អ្នកដទៃ) ស្រាប់តែដើរចេញទៅ គ្រឿងសេនាសនៈដ៏ជោកជាំដោយទឹកសន្សើម។ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្ដាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគទ្រង់បន្ទោសថា ម្នាលអ្នកទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើនឹងតែងតាំងគ្រឿងសេនាសនៈនៅទីវាល ហើយកាលនឹងដើរចេញទៅ មិនបានរើយកមកទុកដាក់ មិនបានប្រើ គេឱ្យរើយកមកទុកដាក់ នូវសេនាសនៈនោះ ហើយឥតទាំងបានប្រាប់ (អ្នកដទៃ) ស្រាប់តែដើរចេញទៅ ឯគ្រឿងសេនាសនៈ ក៏ជោកជាំដោយ ទឹកសន្សើម ម្នាលភិក្ខុទាំងឡាយ អំពើនេះនឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឱ្យបានជ្រះថ្លាឡើងក៏ទេ។ បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយលាតឬសន្ធឹងខ្លួនឯងក្ដី ឱ្យគេលាតក្ដី នូវគ្រែក្ដី តាំងក្ដី ពូកក្ដី កៅអីក្ដី ដែលជារបស់សង្ឃក្នុងទីវាល ហើយកាលនឹងដើរចេញទៅ មិនបានរើយកគ្រឿងសេនាសនៈ មានគ្រែជាដើមនោះ មកទុកដាក់ឯង មិនបានប្រើគេឱ្យរើយកមកទុកដាក់ ហើយឥតបានប្រាប់(អ្នកដទៃ)ស្រាប់ តែដើរចេញទៅ ត្រូវអាបត្ដិបាចិត្ដិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ ទ្រង់បានបញ្ញត្ដិហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៣៧៥] សម័យនោះ មានភិក្ខុច្រើនរូបនៅក្នុងទីវាល លុះព្រឹក ឡើងក៏នាំគ្នាជញ្ជូនយកគ្រឿងសេនាសនៈទៅ។ ព្រះដ៏មានព្រះភាគទ្រង់ បានទតឃើញភិក្ខុទាំងនោះ កំពុងតែជញ្ជូនយកគ្រឿងសេនាសនៈទៅ អពីព្រឹក។ លុះទ្រង់បានទតឃើញ ទើបទ្រង់ធ្វើនូវធម្មីកថា ព្រោះរឿង នេះ ដំណើរនេះ ហើយត្រាស់ហៅភិក្ខុទាំងឡាយដោយព្រះពុទ្ធដីកាថា
ម្នាលភិក្ខុទាំងឡាយ ពួកសត្វក្អែកក្ដី ពួកសត្វខ្លែងក្ដី មិនបានបន្ទោបង់ នូវឧច្ចារៈដាក់ក្នុងទីណា តថាគតអនុញ្ញាតឱ្យទុកដាក់គ្រឿងសេនាសនៈក្នុង ទីនោះ គឺដូចជាមណ្ឌល ឬ រុក្ខមូល (ម្លប់ឈើ) អស់កាល៨ខែ គឺកំណត់យកខែដែលគ្មានភ្លៀង។
[៣៧៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃបារាជិកកណ្ឌ។ សេនាសនៈដែលគេបានប្រគេន ឬបានលះដល់សង្ឃ ហៅថាសេនាសនៈរបស់សង្ឃ។ ដែលហៅថា គ្រែ បានដល់គ្រែ៤យ៉ាង គឺគ្រែដែលគេបញ្ចូលមេទៅក្នុងដំណាប់ជើង ១ គ្រែដែលមានមេជាប់នឹងជើង១ គ្រែដែលមានជើងដូចជាដើមក្ដាម74) ១ គ្រែដែលមានជើងចុច ឬគ្រែដែលគេបញ្ចូលជើងទៅក្នុងដំណាប់មេ១។ ដែលហៅថា តាំង បានដល់តាំងមាន ៤ យ៉ាង គឺតាំងដែលគេបញ្ចូល មេទៅក្នុងដំណាប់ជើង ១ តាំងដែលមានមេគេបង្ខាំជាប់នឹងជើង១ តាំងដែលមានជើងដូចជាជើងក្ដាម75) ១ តាំងដែលមានជើងចុច ឬតាំងដែលគេបញ្ចូលជើងទៅក្នុងដំណាប់មេ១។ ដែលហៅថា ពូក បានដល់ពូក៥យ៉ាង គឺពូកដែលគេញាត់ដោយរោមសត្វ១ ពូកដែលគេញាត់សម្បកឈើ ១ ពូកដែលគេញាត់កំណាត់សំពត់ ១ ពូកដែលគេញាត់ស្មៅ១ ពូកដែលគេញាត់ស្លឹកឈើ ១។ ដែលហៅថា កៅអី គឺកៅអីដែលគេធ្វើដោយសម្បកឈើក្ដី ធ្វើដោយស្បូវភ្លាំងក្ដី ធ្វើដោយស្មៅយ៉ាប្លងក្ដី ធ្វើដោយស្មៅដំណេកទន្សាយក្ដី ដែលគេរុំហើយចងភ្ជាប់គ្នាខាងក្នុង។ ពាក្យថា លាត គឺដម្កល់ទុកដោយខ្លួនឯង។ ពាក្យថា ប្រើគេឱ្យលាត គឺប្រើបុគ្គលដទៃឱ្យដម្កល់ទុក។ ភិក្ខុប្រើអនុបសម្បន្នបុគ្គលឱ្យដម្កល់ទុក សេចក្ដីខ្វល់នឹងមានដល់ភិក្ខុអ្នកប្រើនោះ។ ភិក្ខុប្រើឧបសម្បន្នបុគ្គលឱ្យដម្កល់ទុក សេចក្ដីខ្វល់នឹងមានដល់អ្នកដម្កល់ទុកនោះ។ ពាក្យថា កាលនឹងដើរចេញទៅ មិនបានរើយកមកទុកដាក់នូវគ្រឿងសេនាសនៈនោះ គឺមិនបានរើយកមកទុកដាក់ដោយខ្លួនឯង។ ពាក្យថា មិនបានប្រើគេឱ្យរើយកមកទុកដាក់ គឺមិនបានប្រើអ្នកដទៃឱ្យរើយកមកទុកដាក់។ ពាក្យថា ឥតបានប្រាប់ (អ្នកដទៃ) ហើយដើរចេញទៅ គឺកាលដែលភិក្ខុមិនបានប្រាប់ភិក្ខុផងគ្នាក្ដី សាមណេរក្ដី ញោមវត្ដក្ដី ហើយដើរកន្លង១ លេឌ្ឌុបាត76) របស់មជ្ឈិមបុរសទៅ ត្រូវអាបត្ដិបាចិត្ដិយ។
[៣៧៧] របស់សង្ឃ ភិក្ខុសំគាល់ថារបស់សង្ឃ ហើយដម្កល់ទុកដោយខ្លួនឯង ឬប្រើអ្នកដទៃឱ្យដម្កល់ទុកនៅក្នុងទីវាល កាលនឹងដើរចេញទៅ មិនបានរើយកមកទុកដាក់ដោយខ្លួនឯង។ មិនបានប្រើអ្នកដទៃឱ្យរើយកមកទុកដាក់នូវគ្រឿងសេនាសនៈនោះឬមិនបានប្រាប់ (អ្នកដទៃ) ហើយដើរចេញទៅ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុមានសេចក្ដីសង្ស័យក្នុងរបស់សង្ឃ ហើយដម្កល់ទុកដោយខ្លួនឯង ឬប្រើអ្នកដទៃឱ្យដម្កល់ទុកក្នុងទី វាល កាលនឹងដើរចេញទៅ មិនបានរើយកមកទុកដោយខ្លួនឯង មិនបានប្រើអ្នកដទៃឱ្យរើយកមកទុកដាក់ នូវគ្រឿងសេនាសនៈនោះ ឬមិនបានប្រាប់ (អ្នកដទៃ) ហើយចេញដើរទៅ ត្រូវអាបត្ដិបាចិត្ដិយ។ របស់សង្ឃ ភិក្ខុមានសេចក្ដីសំគាល់ថាជារបស់បុគ្គលទៅវិញ ហើយដម្កល់ទុកដោយ ខ្លួនឯងក្ដី ប្រើអ្នកដទៃឱ្យដម្កល់ទុកក្ដី នៅក្នុងទីវាល កាលនឹងចៀសចេញទៅ មិនបានរើយកមកទុកដាក់ដោយខ្លួនឯង មិនបានប្រើអ្នកដទៃឱ្យរើយកមកទុកដាក់ នូវគ្រឿងសេនាសនៈនោះ ឬមិនបានប្រាប់ (អ្នកដទៃ) ហើយចៀសចេញទៅ ត្រូវអាបត្ដិបាចិត្ដិយ។ ភិក្ខុដម្កល់ទុកដោយខ្លួនឯង ឬប្រើអ្នកដទៃឱ្យដម្កល់ទុក នូវគ្រឿងទ្រនាប់ក្ដី គ្រឿងកម្រាលគ្រែឬតាំងក្ដី គ្រឿងកម្រាលផែនដីក្ដី កន្ទេលទន់ក្ដី ច្រមខណ្ឌ គឺគ្រឿងកម្រាលដែលគេធ្វើដោយស្បែកខ្លាជាដើមក្ដី គ្រឿងសម្រាប់ជូតជើងក្ដី តាំងដែលគេ ធ្វើដោយផែនក្ដារក្ដី នៅក្នុងទីវាល កាលនឹងចៀសចេញទៅ មិនបានរើយកមកទុកដាក់ដោយខ្លួនឯង មិនបានប្រើអ្នកដទៃឱ្យរើយកមកទុកដាក់នូវគ្រឿងសេនាសនៈទាំងនោះ ឬមិនបានប្រាប់ (អ្នកដទៃ) ហើយចៀសចេញទៅ ត្រូវអាបត្ដិទុក្កដ។ រ