-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៤ - Book 4
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20170101 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០០៤ - Tipitaka Book 004, for change log on ati.eu see here: រាយការណ៍ ភាគ ០០៤
គំរូ ឯកសារ ផ្សេងទៀត ៖
book_004.pdf
លេខសម្គាល់
លេខទំព៍រ
ទ. ១
ចតុត្ថភាគ
ភាគ ទី៤
បាចិត្តិយកណ្ឌ
បាចិត្តិយ (សិក្ខាបទ ទី១-១៥ មើល ភាគ ទី៣)
ភូតគាមវគ្គ៖ សិក្ខាបទ ទី ១៦ | ១៧ | ១៨ | ១៩ | ២០
ឱវាទវគ្គ៖ សិក្ខាបទ ទី ២១ | ២២ | ២៣ | ២៤ | ២៥ | ២៦ | ២៧ | ២៨ | ២៩ | ៣០
ភោជនវគ្គ៖ សិក្ខាបទ ទី ៣១ | ៣២ | ៣៣ | ៣៤ | ៣៥ | ៣៦ | ៣៧ | ៣៨ | ៣៩ | ៤០
អចេលកវគ្គ៖ សិក្ខាបទ ទី ៤១ | ៤២ | ៤៣ | ៤៤ | ៤៥ | ៤៦ | ៤៧ | ៤៨ | ៤៩ | ៥០
សុរាបានវគ្គ៖ សិក្ខាបទ ទី ៥១ | ៥២ | ៥៣ | ៥៤ | ៥៥ | ៥៦ | ៥៧ | ៥៨ | ៥៩ | ៦០
សប្បាណកវគ្គ៖ សិក្ខាបទ ទី ៦១ | ៦២ | ៦៣ | ៦៤ | ៦៥ | ៦៦ | ៦៧ | ៦៨ | ៦៩ | ៧០
សហធម្មិកវគ្គ៖ សិក្ខាបទ ទី ៧១ | ៧២ | ៧៣ | ៧៤ | ៧៥ | ៧៦ | ៧៧ | ៧៨ | ៧៩ | ៨០ | ៨១ | ៨២
រតនវគ្គ៖ សិក្ខាបទ ទី ៨៣ | ៨៤ | ៨៥ | ៨៦ | ៨៧ | ៨៨ | ៨៩ | ៩០ | ៩១ | ៩២
បាដិទេសនីយកណ្ឌ
សិក្ខាបទ ទី ១ | ២ | ៣ | ៤
សេក្ខិយកណ្ឌ
បរិមណ្ឌលវគ្គ | ឧជ្ជគ្ឃិកវគ្គ | ខម្ភកតវគ្គ | សក្កច្ចវគ្គ | កពឡវគ្គ | សុរុសុរុវគ្គ | បាទុកាវគ្គ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
សូមនមស្ការថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
(៥. បាចិត្តិយកណ្ឌំ)
(២. ភូតគាមវគ្គោ)
(៦. អនុបខជ្ជសិក្ខាបទំ)
[១] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ បៀតបៀនយកទីដេកល្អៗ ញុំាងភិក្ខុចាស់ទាំងឡាយឲ្យក្រោកចេញទៅ។ លំដាប់នោះ ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា យើងទាំងឡាយនៅចាំវស្សាក្នុងទីនេះដោយឧបាយដូចម្តេចហ្ន៎។ លំដាប់នោះ ពួកឆព្វគ្គិយភិក្ខុចូលទៅដេកច្រៀតបៀតភិក្ខុចាស់ទាំងឡាយដោយគិតថា ភិក្ខុណាមានសេចក្តីចង្អៀតចង្អល់ ភិក្ខុនោះនឹងចៀសចេញទៅ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបីនឹងចូលទៅដេកច្រៀតបៀតពួកភិក្ខុចាស់សោះ។ ទើបភិក្ខុទាំងនោះនាំគ្នាក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នករាល់គ្នាចូលទៅដេកច្រៀតបៀតភិក្ខុចាស់ទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ការនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងចូលទៅដេកច្រៀតបៀតពួកភិក្ខុចាស់សោះឡើយ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកទាំងឡាយធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់ពួកបុគ្គលដែលមិនទាន់ជ្រះថ្លានោះទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយដឹងហើយ ចូលទៅច្រៀតបៀតនូវភិក្ខុដែលចូលទៅនៅមុន ហើយសម្រេចនូវទីដេកក្នុងវិហាររបស់សង្ឃដោយគិតថា ភិក្ខុណាមានសេចក្តីចង្អៀតចង្អល់ ភិក្ខុនោះនឹងចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើនូវសេចក្តីច្រៀតបៀតនោះឯងឲ្យជាបច្ច័យ មិនមែនហេតុដទៃទេ។
[២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ វិហារដែលគេលះប្រគេនដល់សង្ឃ ហៅថាវិហាររបស់សង្ឃ។ ដែលហៅថា ដឹង គឺភិក្ខុដឹងថា ភិក្ខុនេះចាស់ ដឹងថាភិក្ខុនេះឈឺ ដឹងថា វិហារនេះសង្ឃបានឲ្យហើយ។ ពាក្យថា ចូលទៅច្រៀតបៀត គឺចូលទៅច្រៀតជ្រែក។ ពាក្យថា សម្រេចនូវទីដេក សេចក្តីថា ភិក្ខុក្រាលឯងក្តី ប្រើគេឲ្យក្រាលក្តី នូវទីដេកក្នុងឧបចារ1) នៃគ្រែក្តី នៃតាំងក្តី នៃភិក្ខុចូលទៅក្តី ចេញមកក្តី ត្រូវអាបត្តិទុក្កដ ភិក្ខុអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី (លើទីដេកនោះ) ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ព្រោះធ្វើនូវសេចក្តីច្រៀតបៀតនេះឯងឲ្យជាបច្ច័យ មិនមែនហេតុដទៃទេ សេចក្តីថា គ្មានហេតុដទៃនីមួយដែលក្រៅពីការចូលទៅដេកច្រៀតបៀតនោះឡើយ។
[៣] វិហាររបស់សង្ឃ ភិក្ខុសំគាល់ថា វិហាររបស់សង្ឃមែន ហើយចូលទៅដេកច្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុមានសេចក្តីសង្ស័យ ហើយចូលទៅដេកច្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុសំគាល់ថារបស់បុគ្គលវិញ ហើយចូលទៅដេកច្រៀតបៀត ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុក្រាលឯងក្តី ប្រើគេឲ្យក្រាលក្តី នូវទីដេក វៀរលែងតែឧបចារនៃគ្រែក្តី នៃតាំងក្តី នៃភិក្ខុចូលទៅក្តី ចេញមកក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុក្រាលឯងក្តី ប្រើគេឲ្យក្រាលក្តី នូវទីដេក ក្នុងឧបចារនៃវិហារក្តី ក្នុងឧបដ្ឋានសាលាក្តី2) ក្នុងមណ្ឌបក្តី ទៀបគល់ឈើក្តី ក្នុងទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថារបស់សង្ឃ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថារបស់បុគ្គលដដែល ត្រូវអាបត្តិទុក្កដ ព្រោះវិហារនោះជារបស់បុគ្គល គឺវិហារនៃភិក្ខុដទៃ។ ភិក្ខុមិនត្រូវអាបត្តិ ព្រោះវិហារជារបស់បុគ្គល គឺវិហាររបស់ខ្លួនឯង។
[៤] អាបត្តិមិនមានដល់ភិក្ខុដែលមានជម្ងឺចូលទៅដេក ដល់ភិក្ខុដែលត្រូវត្រជាក់ ឬក្តៅបៀតបៀនហើយចូលទៅក្តី ដល់ភិក្ខុមានសេចក្តីអន្តរាយក្តី ដល់ភិក្ខុឆ្កួតក្តី ដល់ភិក្ខុដើមបញ្ញត្តិក្តី។
សិក្ខាបទ ទី ៦ ចប់។
(៧. និក្កឌ្ឍនសិក្ខាបទំ)
[៥] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកសត្តរសវគ្គិយភិក្ខុ (ភិក្ខុមានពួក១៧រូប) នាំគ្នាជួសជុលវិហារធំ១ មាននៅក្នុងបច្ចន្តប្រទេស ដោយគិតគ្នាថា យើងទាំងឡាយនឹងនៅចាំវស្សាក្នុងទីនេះ។ ពួកឆព្វគ្គិយភិក្ខុ (ភិក្ខុមានពួក៦រូប) បានឃើញពួកសត្តរសវគ្គិយភិក្ខុនាំគ្នាជួសជុលវិហារ លុះឃើញហើយបាននិយាយគ្នាយ៉ាងនេះថា ម្នាលអាវុសោ ពួកសត្តរសវគ្គិយភិក្ខុនេះនាំគ្នាជួសជុលវិហារ បើដូច្នោះ យើងទាំងឡាយនឹងធ្វើឲ្យភិក្ខុទាំងនោះចៀសចេញទៅ។ ឆព្វគ្គិយភិក្ខុពួកខ្លះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ សូមលោកទាំងឡាយបង្អង់ចាំឲ្យសត្តរសវគ្គិយភិក្ខុទាំងឡាយជួសជុលវិហាររួចសិន លុះជួសជុលស្រេចហើយ យើងទាំងឡាយនឹងធ្វើភិក្ខុទាំងនោះឲ្យចៀសចេញទៅ។ គ្រានោះ ពួកឆព្វគ្គិយភិក្ខុបាននិយាយពាក្យនេះនឹងពួកសត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ ពួកលោកចូរនាំគ្នាចៀសចេញទៅ វិហារត្រូវបានពួកយើងទេ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ ហេតុដូចម្តេច ក៏ពួកលោកមិនប្រាប់យើងជាមុនសិន យើងទាំងឡាយនឹងបានជួសជុលវិហារឯទៀតវិញ។ ពួកឆព្វគ្គិយភិក្ខុសួរថា ម្នាលអាវុសោ ក្រែងវិហារនោះជារបស់សង្ឃទេដឹង។ ពួកសត្តរសវគ្គិយភិក្ខុនិយាយតបថា អើអាវុសោ វិហារជារបស់សង្ឃ។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ពួកលោកចូរនាំគ្នាចៀសចេញទៅ វិហារត្រូវបានពួកយើងទេ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារជាវិហារធំ ពួកលោកក៏នៅបាន ពួកយើងក៏នៅបាន។ ពួកឆព្វគ្គិយភិក្ខុនិយាយដដែលទៀតថា ម្នាលអាវុសោ ពួកលោកចូរនាំគ្នាចៀសចេញទៅ វិហារត្រូវបានពួកយើងទេ ហើយមានចិត្តកម្រើកខឹងឡើង នាំគ្នាចាប់កកន្ត្រាក់ទាញចេញទៅ។ ពួកសត្តរសវគ្គិយភិក្ខុនោះ កាលត្រូវពួកឆព្វគ្គិយភិក្ខុកន្ត្រាក់កទាញចេញ ក៏នាំគ្នាយំ។ ទើបភិក្ខុទាំងឡាយ (ភិក្ខុដទៃចាកភិក្ខុពីរពួកនោះ) បាននាំគ្នាសួរយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជាពួកលោកយំ។ ពួកសត្តរសវគ្គិយភិក្ខុនិយាយតបថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុទាំងនេះមានចិត្តកម្រើកខឹង នាំគ្នាបណ្តេញពួកយើងចេញចាកវិហាររបស់សង្ឃ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបីនឹងមានចិត្តក្រោធខឹង ទង់ទាញភិក្ខុទាំងឡាយចេញចាកវិហាររបស់សង្ឃសោះ។ ទើបភិក្ខុទាំងនោះនាំគ្នាក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់សួរពួកឆព្វគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយមានចិត្តក្រោធខឹង ទង់ទាញភិក្ខុទាំងឡាយចេញចាកវិហាររបស់សង្ឃ មែនឬទេ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនសមបីនឹងមានចិត្តក្រោធខឹង ទង់ទាញភិក្ខុទាំងឡាយចេញចាកវិហាររបស់សង្ឃសោះ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកទាំងឡាយធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លានោះទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយមានចិត្តក្រោធខឹងនឹងភិក្ខុផងគ្នា ហើយទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ចេញចាកវិហាររបស់សង្ឃ ត្រូវអាបត្តិបាចិត្តយ។
[៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា នឹងភិក្ខុ គឺនឹងភិក្ខុដទៃ។ ពាក្យថា មានចិត្តក្រោធខឹង សេចក្តីថា មានចិត្តមិនត្រេកអរ មានចិត្តដែលទោសកំចាត់បង់ មានចិត្តរឹងរូស។
[៧] វិហារដែលគេបរិច្ចាគប្រគេនដល់សង្ឃ ឈ្មោះថា វិហាររបស់សង្ឃ។ ពាក្យថា ទង់ទាញឯង គឺភិក្ខុចាប់យកពីក្នុងបន្ទប់ ហើយទង់ទាញទៅឯរបៀងវិហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុចាប់យកពីក្នុងរបៀង ហើយទង់ទាញទៅខាងក្រៅ ក៏ត្រូវអាបត្តិបាចិត្តិយ។ ទុកជាភិក្ខុទង់ទាញភិក្ខុឲ្យកន្លងទ្វារទាំងឡាយជាច្រើន តែដោយប្រយោគមួយ ក៏ត្រូវអាបត្តិបាចិត្តិយតែមួយ។ ពាក្យថា ប្រើគេឲ្យទង់ទាញនោះ គឺបង្គាប់អ្នកដទៃ (ភិក្ខុអ្នកបង្គាប់នោះ) ក៏ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបង្គាប់តែវារៈម្តង អ្នកទទួលបង្គាប់ ទៅទង់ទាញភិក្ខុដទៃឲ្យកន្លងទ្វារសូម្បីច្រើន ក៏ត្រូវអាបត្តិបាចិត្តិយតែមួយ។
[៨] វិហាររបស់សង្ឃ ភិក្ខុសម្គាល់ថាជារបស់សង្ឃដដែល ហើយមានចិត្តក្រោធខឹង ទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុមានសេចក្តីសង្ស័យ ហើយមានចិត្តក្រោធខឹង ទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុសំគាល់ថាជារបស់បុគ្គលទៅវិញ ហើយមានចិត្តក្រោធខឹង ទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវបរិក្ខាររបស់ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវភិក្ខុឲ្យចាកឧបចារនៃវិហារក្តី ចាកឧបដ្ឋានសាលាក្តី ចាកមណ្ឌបក្តី ចាកម្លប់ឈើក្តី ចាកទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវបរិក្ខារនៃភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវអនុបសម្បន្នឲ្យចាកវិហារក្តី ចាកឧបចារនៃវិហារក្តី ចាកឧបដ្ឋានសាលាក្តី ចាកមណ្ឌបក្តី ចាកម្លប់ឈើក្តី ចាកទីវាលក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុទង់ទាញឯងក្តី ប្រើគេឲ្យទង់ទាញក្តី នូវបរិក្ខាររបស់អនុបសម្បន្ននោះ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់សង្ឃ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់បុគ្គល ត្រូវអាបត្តិទុក្កដ ព្រោះវិហារជារបស់បុគ្គលនៃភិក្ខុដទៃ គឺវិហាររបស់គេ ភិក្ខុមិនត្រូវអាបត្តិ ព្រោះវិហារជារបស់បុគ្គលនៃខ្លួន គឺវិហាររបស់ខ្លួនឯង។
[៩] អាបត្តិមិនមានដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវភិក្ខុអលជ្ជី ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់ភិក្ខុអលជ្ជីនោះ ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវភិក្ខុឆ្កួត ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់ភិក្ខុឆ្កួតនោះ ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវភិក្ខុជាអ្នកធ្វើនូវសេចក្តីបង្ករហេតុក្តី អ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ក្តី អ្នកធ្វើនូវសេចក្តីទាស់ទែងក្តី អ្នកធ្វើនូវពាក្យឡេះឡោះតាមតែរួចពីមាត់ក្តី3) អ្នកធ្វើនូវអធិករណ៍ក្នុងសង្ឃក្តី ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់ភិក្ខុនោះចេញ ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវអន្តេវាសិក ឬសទ្ធិវិហារិក ដែលប្រព្រឹត្តមិនត្រឹមត្រូវ ដល់ភិក្ខុដែលទង់ទាញឯង ឬប្រើគេឲ្យទង់ទាញនូវបរិក្ខាររបស់អន្តេវាសិក ឬសទ្ធិវិហារិកដែលប្រព្រឹត្តមិនត្រឹមត្រូវនោះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៧ ចប់។
(៨. វេហាសកុដិសិក្ខាបទំ)
[១០] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុ២រូប ១រូបនៅថ្នាក់ខាងក្រោម ១រូបនៅថ្នាក់ខាងលើ ក្នុងវិហាររបស់សង្ឃ។ ភិក្ខុដែលនៅខាងលើ អង្គុយចុះដោយរហ័ស សង្កត់គ្រែដែលមានជើងគ្រាន់តែស៊កទុក (ដោយបណ្តោះអាសន្ន)។ ជើងគ្រែ (នោះ) ក៏របូតធ្លាក់ចុះមកទង្គិចក្បាលភិក្ខុអ្នកនៅខាងក្រោម។ ភិក្ខុនោះបានស្រែកសំឡេងឮប្លែក។ ភិក្ខុទាំងឡាយបានស្ទុះទៅសួរភិក្ខុនោះយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីក៏លោកស្រែក។ ភិក្ខុនោះបានប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមបីនឹងមកអង្គុយចុះ ដោយរហ័សសង្កត់គ្រែដែលមានជើងគ្រាន់តែស៊កទុក (ដោយបណ្តោះអាសន្ន) លើថ្នាក់ក្នុងវិហាររបស់សង្ឃសោះ។ ទើបភិក្ខុទាំងឡាយនោះនាំគ្នាក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ ឮថាអ្នកឯងអង្គុយចុះដោយរហ័សសង្កត់គ្រែដែលមានជើងគ្រាន់តែស៊កទុក (ដោយបណ្តោះអាសន្ន) លើថ្នាក់ក្នុងវិហាររបស់សង្ឃ ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងមិនសមបើនឹងមកអង្គុយចុះ ដោយរហ័សសង្កត់គ្រែដែលមានជើងគ្រាន់តែស៊កទុក (ដោយបណ្តោះអាសន្ន) លើថ្នាក់ក្នុងវិហាររបស់សង្ឃទេ ម្នាលមោឃបុរស អំពើដែលអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលអ្នកមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយអង្គុយចុះ ដោយរហ័សសង្កត់ ឬដេកសង្កត់នូវគ្រែក្តី នូវតាំងក្តី ដែលមានជើងគ្រាន់តែស៊កទុក (ដោយបណ្តោះអាសន្ន) លើថ្នាក់ក្នុងវិហាររបស់សង្ឃ ត្រូវអាបត្តិបាចិត្តិយ។
[១១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ វិហារដែលគេបរិច្ចាគប្រគេនដល់សង្ឃ ហៅថា វិហាររបស់សង្ឃ។
[១២] ធ្នើរ (ដែលគេធ្វើខ្ពស់) មិនទង្គិចក្បាលមជ្ឈិមបុរស ហៅថាថ្នាក់។ គ្រែដែលមានជើងគ្រាន់តែស៊កចូលក្នុងមេ ហើយតំាងទុក ហៅថា គ្រែដែលមានជើងគ្រាន់តែស៊កទុក។ តាំងដែលមានជើងគ្រាន់តែស៊កចូលក្នុងមេ ហៅថា តាំងដែលមានជើងគ្រាន់តែស៊កទុក។ ពាក្យថា អង្គុយសង្កត់ គឺភិក្ខុអង្គុយសង្កត់លើគ្រែ ឬតាំងនោះ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ដេកសង្កត់ គឺភិក្ខុដេកសង្កត់លើគ្រែ ឬតាំងនោះ ត្រូវអាបត្តិបាចិត្តិយ។
[១៣] វិហាររបស់សង្ឃ ភិក្ខុសម្គាល់ថាជារបស់សង្ឃមែន ហើយអង្គុយសង្កត់ ឬដេកសង្កត់លើគ្រែក្តី លើតាំងក្តី ដែលមានជើងគ្រាន់តែស៊កទុកក្នុងមេ (ដែលគេតាំងទុក) លើថ្នាក់ ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុមានសេចក្តីសង្ស័យ ហើយអង្គុយសង្កត់ ឬដេកសង្កត់លើគ្រែក្តី លើតាំងក្តី ដែលមានជើងគ្រាន់តែស៊កទុកក្នុងមេ (ដែលគេតាំងទុក) លើថ្នាក់ ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់សង្ឃ ភិក្ខុសំគាល់ថាជារបស់បុគ្គលវិញ ហើយអង្គុយសង្កត់ ឬដេកសង្កត់លើគ្រែក្តី លើតាំងក្តី ដែលមានជើងគ្រាន់តែស៊កទុកក្នុងមេ (ដែលគេតាំងទុក) លើថ្នាក់ ត្រូវអាបត្តិបាចិត្តិយ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់សង្ឃវិញ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហាររបស់បុគ្គល ភិក្ខុសំគាល់ថាជារបស់បុគ្គលដដែល ត្រូវអាបត្តិទុក្កដ ព្រោះវិហារនោះ ជារបស់បុគ្គលនៃភិក្ខុដទៃ គឺវិហាររបស់គេ។ ភិក្ខុមិនត្រូវអាបត្តិ ព្រោះវិហារជារបស់ខ្លួន គឺវិហាររបស់ខ្លួនឯង។
[១៤] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយ ឬដេកសង្កត់លើគ្រែក្តី តាំងក្តី ដែលគេតម្កល់ទុកលើទីដែលមិនមែនថ្នាក់ លើទីទាបដែលដើរទង្គិចក្បាល ទីដែលមិនបានប្រើប្រាស់ខាងក្រោមឲ្យជាទីនៅ ទីដែលគេក្រាលជិតដោយរនាប លើគ្រែ ឬតាំងនោះ ដែលគេដាក់គន្លឹះហើយ ដល់ភិក្ខុដែលឈរនៅលើគ្រែ ឬតាំងនោះ ហើយកាន់យក ឬព្យួរនូវបរិក្ខារ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៨ ចប់។
(៩. មហល្លកវិហារសិក្ខាបទំ)
[១៥] សម័នោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះឯង មហាមាត្យជាឧបដ្ឋាករបស់ឆន្នភិក្ខុដ៏មានអាយុ បានឲ្យគេធ្វើវិហារប្រគេនឆន្នភិក្ខុដ៏មានអាយុ។ លំដាប់នោះ ឆន្នភិក្ខុដ៏មានអាយុ បានឲ្យគេប្រក់ និងបូកលាបវិហារដែលគេធ្វើស្រេចហើយនោះញយៗ វិហារនោះធ្ងន់ហួសកំណត់ ក៏បាក់រលំចុះមក។ គ្រានោះ ឆន្នភិក្ខុដ៏មានអាយុ ក៏ជញ្ជូនយកស្មៅ និងឈើទៅធ្វើ (វិហារទៀត) ប្រៀតបៀនស្រែស្រូវរបស់ព្រាហ្មណ៍ម្នាក់ឲ្យខូចខាតទៅ។ ទើបព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ មិនសមបើនឹងមកបៀតបៀនស្រែស្រូវរបស់យើងឲ្យខូចខាតទៅសោះ។ ភិក្ខុទាំងឡាយបានឮពាក្យរបស់ព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុដ៏មានអាយុ មិនគួរនឹងឲ្យគេប្រក់រឿយៗ បូកលាបរឿយៗ នូវវិហារដែលគេធ្វើស្រេចហើយ ទាល់តែវិហារនោះធ្ងន់ហួសកំណត់ បាក់រលំចុះមកសោះ។ ភិក្ខុអម្បាលនោះនាំគ្នាក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលឆន្ន ឮថាអ្នកឯងឲ្យគេប្រក់រឿយៗ និងបូកលាបរឿយៗ នូវវិហារដែលគេធ្វើស្រេចហើយ ទាល់តែវិហារនោះធ្ងន់ហួសកំណត់ បាក់រលំចុះមក ពិតមែនឬ។ ឆន្នភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរស អ្នកឯងមិនសមបើនឹងឲ្យគេប្រក់រឿយៗ និងបូកលាបរឿយៗ នូវវិហារដែលគេធ្វើស្រេចហើយ ទាល់តែវិហារនោះធ្ងន់ហួសកំណត់ បាក់រលំចុះមកទេ ម្នាលមោឃបុរស អំពើដែលអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុកាលឲ្យគេធ្វើវិហារធំ គប្បីឈរ (លាបបូកញយៗបាន) កំណត់ទីមានឱកាសត្រឹមតែសន្លឹកទ្វារ4) (និងសន្លឹកបង្អួច) ដើម្បីទុកប្រើប្រាស់នូវទ្វារ និងដើម្បីបរិកម្មនូវសន្លឹកបង្អួច ឯដំបូល ភិក្ខុត្រូវឈរក្នុងទីដែលគ្មានដំណាំ (នោះទើប) ប្រក់បានត្រឹមពីរ ឬបីជាន់ បើភិក្ខុប្រក់ឲ្យច្រើនលើសជាងកំណត់នោះទៅ ទុកជាឈរនៅក្នុងទីដែលគ្មានដំណាំ ក៏គង់ត្រូវអាបត្តិបាចិត្តយ។
[១៦] ដែលហៅថាវិហារធំ សំដៅយកវិហារដែលមានទាយកជាម្ចាស់របស់។ ដែលហៅថាវិហារ គឺវិហារដែលគេបូកខាងក្នុងក្តី បូកខាងក្រៅក្តី បូកទាំងខាងក្នុង ខាងក្រៅក្តី។ ពាក្យថា ឲ្យគេធ្វើ គឺធ្វើខ្លួនឯងក្តី ប្រើគេឲ្យធ្វើក្តី។ ពាក្យថា កំណត់ទីមានឱកាសត្រឹមតែសន្លឹកទ្វារ គឺកំណត់ត្រឹមហត្ថបាសដោយជុំវិញនៃក្របទ្វារ។ ពាក្យថា ដើម្បីទុកប្រើប្រាស់នូវទ្វារ គឺដើម្បីបើកបិទនូវទ្វារ។ ពាក្យថា ដើម្បីបរិកម្មនូវសន្លឹកបង្អួច សេចក្តីថា (តថាគតអនុញ្ញាត) នូវវត្ថុមានពណ៌ស ពណ៌ខ្មៅ ពណ៌រង់ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ និងក្បាច់ឈ្មោះបញ្ចបដ្ឋិក5) ដើម្បីបរិកម្មនូវសន្លឹកបង្អួច។ ពាក្យថា ឯដំបូល ភិក្ខុត្រូវឈរក្នុងទីដែលគ្មានដំណាំ (នោះទើប) ប្រក់បានត្រឹមពីរបីជាន់ ឯដំណាំនោះ បានដល់វត្ថុដែលត្រូវស៊ីមុន (គឺស្រូវ៧ប្រការ មានស្រូវស ស្រូវក្រហមជាដើម) និងវត្ថុដែលត្រូវស៊ីក្រោយ (បានដល់សណ្តែកបាយ សណ្តែករាជមាសជាដើម)។ បើភិក្ខុឈរធ្វើការប្រក់ក្នុងទីមានដំណាំ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុប្រើឲ្យគេប្រក់ម្តងរួចទៅហើយ ត្រូវប្រក់ខ្លួនឯងបានត្រឹមពីរដង ដល់គ្រាទីបី ត្រូវបង្គាប់គេហើយ ចៀសចេញទៅ។ កាលភិក្ខុប្រើឲ្យគេប្រក់មួយជាន់រួចហើយ ត្រូវប្រក់ខ្លួនឯងបានត្រឹមពីរជាន់ ដល់ជាន់ទីបី ត្រូវបង្គាប់គេហើយចៀសចេញទៅ។
[១៧] ត្រង់ពាក្យថា បើភិក្ខុប្រក់ឲ្យច្រើន លើសជាងកំណត់នោះទៅ ទុកជាឈរនៅក្នុងទីដែលគ្មានដំណាំ សេចក្តីថា កាលភិក្ខុប្រើគេឲ្យប្រក់ដោយក្បឿង ត្រូវអាបត្តិបាចិត្តិយគ្រប់ៗផែនក្បឿង។ កាលភិក្ខុប្រើគេឲ្យប្រក់ដោយថ្ម ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗផែនថ្ម។ កាលភិក្ខុប្រើគេឲ្យប្រក់ដោយកំបោ ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗដុំកំបោ។ កាលភិក្ខុប្រើគេឲ្យប្រក់ដោយស្មៅ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗកណ្តប។ កាលភិក្ខុប្រើគេឲ្យប្រក់ដោយស្លឹកឈើ ត្រូវអាបត្តិបាចិត្តិយគ្រប់ៗសន្លឹក។
[១៨] វិហារបូកប្រក់លើសកំណត់ពីរបីជាន់ ភិក្ខុសម្គាល់ថាលើសមែន ហើយនៅតែធ្វើថែម ត្រូវអាបត្តិបាចិត្តិយ។ វិហារបូកប្រក់លើសកំណត់ពីរបីជាន់ ភិក្ខុសង្ស័យ ហើយនៅតែធ្វើថែម ត្រូវអាបត្តិបាចិត្តិយ។ វិហារបូកប្រក់លើសកំណត់ពីរបីជាន់ ភិក្ខុសម្គាល់ថាខ្វះវិញ ហើយធ្វើថែម ត្រូវអាបត្តិបាចិត្តិយ។ វិហារបូកប្រក់មិនទាន់ដល់ពីរបីជាន់ ភិក្ខុសំគាល់ថាលើស ហើយ (ធ្វើថែម) ត្រូវអាបត្តិទុក្កដ។ វិហារបូកប្រក់មិនទាន់ដល់ពីរបីជាន់ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ វិហារបូកប្រក់មិនទាន់ដល់ពីរបីជាន់ ភិក្ខុសំគាល់ថាមិនទាន់ដល់មែន មិនត្រូវអាបត្តិ។
[១៩] អាបត្តិមិនមានដល់ភិក្ខុដែលបូកប្រក់វិហារត្រឹមពីរបីជាន់ ដល់ភិក្ខុដែលបូកប្រក់វិហារមិនដល់ពីរបីជាន់ ដល់ភិក្ខុដែលបូកប្រក់លេណ (ទីពួន) គុហា កុដិប្រក់ដោយស្មៅ ធ្វើដើម្បីប្រយោជន៍ដល់អ្នកដទៃ ធ្វើដោយទ្រព្យរបស់ខ្លួន ទីសេនាសនៈទាំងពួង វៀរលែងតែកុដិសម្រាប់នៅរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៩ ចប់។
(១០. សប្បាណកសិក្ខាបទំ)
[២០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងអគ្គាលវចេតិយ ទៀបស្រុកអាឡវី។ គ្រានោះឯង ភិក្ខុស្រុកអាឡវីទាំងឡាយកាលធ្វើនូវនវកម្ម (កម្មទើបតែកសាងថ្មី) ដឹងថាទឹកមានសត្វ ក៏ស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុស្រុកអាឡវីដឹងថាទឹកមានសត្វហើយ មិនសមបីនឹងយកមកស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះសោះឡើយ។ ទើបភិក្ខុទាំងនោះនាំគ្នាក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយដឹងថាទឹកមានសត្វហើយ ស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះ ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងដឹងថាទឹកមានសត្វហើយ មិនសមបើនឹងយកមកស្រោចឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ នូវស្មៅខ្លះ នូវដីខ្លះទេ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ឬមួយញុំាងបុគ្គលដែលជ្រះថ្លាហើយ ឲ្យរឹងរិតតែជ្រះថ្លាឡើងមិនបានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយដឹងថាទឹកមានសត្វហើយស្រោចឯងក្តី ប្រើគេឲ្យស្រោចក្តី នូវស្មៅឬដី ត្រូវអាបត្តិបាចិត្តិយ។
[២១] ត្រង់ពាក្យថា ភិក្ខុណាមួយមានសេចក្តីដូចគ្នាក្នុងសិក្ខាបទ ទី ១ នៃបារាជិកកណ្ឌ។ ភិក្ខុដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃប្រាប់ដល់ភិក្ខុនោះក្តី ឈ្មោះថា ភិក្ខុដឹង។
[២២] ត្រង់ពាក្យថា ស្រោចឯង គឺភិក្ខុស្រោចដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើគេឲ្យស្រោច គឺភិក្ខុបង្គាប់អ្នកដទៃឲ្យស្រោច ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុប្រើតែម្តង ហើយអ្នកទទួលបង្គាប់ទៅស្រោចច្រើនដង ភិក្ខុអ្នកប្រើត្រូវអាបត្តិបាចិត្តិយ។ (ទឹក) មានសត្វ ភិក្ខុសំគាល់ថា (ទឹក) មានសត្វមែន ហើយស្រោចឯងក្តី ប្រើគេឲ្យស្រោចក្តី នូវស្មៅ ឬដី ត្រូវអាបត្តិបាចិត្តិយ។ (ទឹក) មានសត្វ ភិក្ខុមានសចក្តីសង្ស័យ ហើយស្រោចឯងក្តី ប្រើគេឲ្យស្រោចក្តី នូវស្មៅឬដី ត្រូវអាបត្តិទុក្កដ។ (ទឹក) មានសត្វ ភិក្ខុសំគាល់ថាគ្មានសត្វវិញ ហើយស្រោចឯងក្តី ប្រើគេឲ្យស្រោចក្តី នូវស្មៅឬដី មិនត្រូវអាបត្តិអ្វីឡើយ។ (ទឹក) មិនមានសត្វ ភិក្ខុសំគាល់ថា មានសត្វ ត្រូវអាបត្តិទុក្កដ។ (ទឹក) មិនមានសត្វ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ (ទឹក) មិនមានសត្វ ភិក្ខុសំគាល់ថា មិនមានសត្វ មិនត្រូវអាបត្តិអ្វីឡើយ។
[២៣] អាបត្តិមិនមានដល់ភិក្ខុមិនក្លែង ដល់ភិក្ខុមិនមានស្មារតី ដល់ភិក្ខុមិនដឹង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ១០ ចប់។
ភូតគាមវគ្គ ទី ២ ចប់។
ចំនួនសិក្ខាបទក្នុងភូតគាមវគ្គនោះគឺ
ភិក្ខុធ្វើភូតគាមឲ្យដាច់ចាកទី១ ភិក្ខុយករឿងដទៃមកបន្លប់ដើម្បីបិទបាំងទោសខ្លួន១ ភិក្ខុលើកទោសភិក្ខុអ្នកធ្វើការសង្ឃ១ ភិក្ខុយកគ្រែតាំង ពូកកៅអីរបស់សង្ឃទៅចោលក្នុងទីវាល ហើយចៀសចេញទៅ១ ភិក្ខុយកកម្រាលរបស់សង្ឃទៅក្រាលចោល ហើយចៀសចេញទៅ១ ភិក្ខុដេកបៀតច្រៀតភិក្ខុអ្នកនៅមុនក្នុងកុដិសង្ឃ១ ភិក្ខុខឹងនឹងភិក្ខុឯទៀត ហើយបណ្តេញចាកវិហាររបស់សង្ឃ១ ភិក្ខុអង្គុយ ឬដេកលើគ្រែមានជើងស៊កទុក១ ភិក្ខុលាបបូកវិហារញយៗ បានកំណត់ត្រឹមសន្លឹកទ្វារ ឬសន្លឹកបង្អួចដោយជុំវិញ១ ភិក្ខុយកទឹកមានសត្វស្រោចស្មៅ ឬដី១។
(៣. ឱវាទវគ្គោ)
(១. ឱវាទសិក្ខាបទំ)
[២៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយទូន្មានភិក្ខុនីទាំងឡាយ ក៏បាននូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ។ លំដាប់នោះ ពួកឆព្វគ្គិយភិក្ខុបានគិតគ្នាយ៉ាងនេះថា ម្នាលអាវុសោ ឥឡូវនេះ ភិក្ខុជាថេរៈទាំងឡាយទូន្មានពួកភិក្ខុនី បាននូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើងទាំងឡាយក៏ទូន្មានពួកភិក្ខុនីដែរ។ វេលានោះ ពួកឆព្វគ្គិយភិក្ខុនាំគ្នាចូលទៅរកភិក្ខុនីទាំងឡាយ ហើយបាននិយាយយ៉ាងនេះថា ម្នាលប្អូនស្រីទាំងឡាយ ពួកនាងចូរមករកពួកយើង ៗនឹងទូន្មាន។ គ្រានោះ ភិក្ខុនីទាំងឡាយនោះក៏ចូលទៅរកឆព្វគ្គិយភិក្ខុទាំងឡាយ លុះចូលទៅដល់ហើយ បានថ្វាយបង្គំឆព្វគ្គិយភិក្ខុទាំងឡាយ ហើយអង្គុយក្នុងទីគួរមួយ។ ពួកឆព្វគ្គិយភិក្ខុធ្វើធម្មីកថាបន្តិចបន្តួចដល់ពួកភិក្ខុនី ហើយក៏ពោលតិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃ រួចបញ្ជូនពួកភិក្ខុនីឲ្យត្រឡប់ទៅវិញ ដោយពាក្យថា ម្នាលប្អូនស្រីទាំងឡាយ ពួកនាងចូរទៅវិញចុះ។ គ្រានោះ ភិក្ខុនីទាំងឡាយនោះចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរពួកភិក្ខុនីនោះដែលឈរក្នុងទីដ៏សមគួរដោយពុទ្ធដីកាយ៉ាងនេះថា ម្នាលភិក្ខុនីទាំងឡាយ ឱវាទ (នោះ) បានបរិបូណ៌សម្រេចហើយឬ។ ភិក្ខុនីទាំងឡាយទូលថា បពិត្រព្រះអង្គដ៏ចំរើន ឱវាទ (នោះ) នឹងបរិបូណ៌សម្រេចមកពីណា ព្រោះលោកម្ចាស់ឆព្វគ្គិយទាំងឡាយធ្វើធម្មីកថាតែបន្តិចបន្តួចប៉ុណ្ណោះ ហើយពោលតិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃ រួចក៏បញ្ជូនខ្ញុំព្រះអង្គទាំងឡាយឲ្យត្រឡប់មកវិញ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ភិក្ខុនីទាំងឡាយនោះឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា។ លំដាប់នោះ ភិក្ខុនីទាំងឡាយនោះ លុះព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ឆព្វគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយធ្វើធម្មីកថាដល់ភិក្ខុនីទាំងឡាយតិចណាស់ ពោលតែតិរច្ឆានកថា ឲ្យកន្លងអស់១ថ្ងៃ ហើយក៏បញ្ជូនភិក្ខុនីទាំងនោះឲ្យត្រឡប់ទៅវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនសមបើនឹងធ្វើធម្មីកថាដល់ភិក្ខុនីទាំងឡាយតិចពេក ពោលតែតិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃ ហើយបញ្ជូនភិក្ខុនីទាំងឡាយឲ្យត្រឡប់ទៅវិញសោះ នែមោឃបុរសទាំងឡាយ អំពើដែលអ្នករាល់គ្នាធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ ឬមួយនាំបុគ្គលអ្នកដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាមិនបាន។បេ។ លុះព្រះដ៏មានព្រះភាគទ្រង់តិះដៀលហើយ ក៏ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតភិក្ខុ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតភិក្ខុឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនីយ៉ាងនេះ សង្ឃត្រូវអារាធនាភិក្ខុ (នោះ) ជាមុនសិន។ លុះអារាធនារួចហើយ ភិក្ខុអ្នកឈ្លាសអង់អាច គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បើសម្មតិកម្មនេះមានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី។ នេះជាវាចាប្រកាសសង្ឃឲ្យដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី។ ការសម្មតិភិក្ខុឈ្មោះនេះឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ មិនសមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី។ ការសម្មតិភិក្ខុឈ្មោះនេះឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនីហើយ។ សម្មតិកម្មនេះគួរដល់សង្ឃ ហេតុនោះបានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលនូវឆព្វគ្គិយភិក្ខុទាំងឡាយដោយបរិយាយជាច្រើន។បេ។ ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយដែលសង្ឃមិនបានសន្មត ហើយទៅប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយដោយប្រការយ៉ាងនេះ។
[២៥] សម័យនោះឯង ភិក្ខុជាថេរៈទាំងឡាយដែលសង្ឃបានសន្មតរួចហើយ ក៏ទៅប្រដៅភិក្ខុនីទាំងឡាយ ក៏បានចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់ភិក្ខុឈឺយ៉ាងនោះដដែល។ គ្រានោះ ឆព្វគ្គិយភិក្ខុទាំងឡាយ បានគិតគ្នាថា អាវុសោ ឥឡូវនេះ ភិក្ខុជាថេរៈទាំងឡាយដែលសង្ឃបានសន្មតហើយ ក៏ទៅប្រដៅភិក្ខុនីទាំងឡាយ បានចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់ភិក្ខុឈឺយ៉ាងនោះដដែល អាវុសោ បើដូច្នោះ មានតែពួកយើងទៅកាន់ទីគ្មានសីមា ហើយសន្មតគ្នាទៅវិញទៅមកឲ្យជាអ្នកប្រដៅភិក្ខុនី រួចប្រដៅពួកភិក្ខុនី។ គ្រានោះ ពួកឆព្វគ្គិយភិក្ខុនាំគ្នាទៅកាន់ទីគ្មានសីមា ហើយសន្មតគ្នាទៅវិញទៅមកឲ្យជាអ្នកប្រដៅភិក្ខុនី ហើយចូលទៅរកភិក្ខុនីទាំងឡាយ ពោលយ៉ាងនេះថា ម្នាលប្អូស្រីទាំងឡាយ សង្ឃបានសន្មតពួកយើងហើយ នាងទាំងឡាយចូរមករកពួកយើងចុះ យើងនឹងប្រដៅទូន្មាន។ ទើបភិក្ខុនីទាំងឡាយនោះចូលទៅរកឆព្វគ្គិយភិក្ខុទាំងឡាយ លុះចូលទៅដល់ហើយ ថ្វាយបង្គំឆព្វគ្គិយភិក្ខុទាំងឡាយ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ គ្រានោះ ឆព្វគ្គិយភិក្ខុទាំងឡាយធ្វើធម្មីកថាបន្តិចបន្តួចដល់ភិក្ខុនីទាំងឡាយ ហើយពោលតិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃទៅ រួចក៏បញ្ជូនភិក្ខុនីទាំងឡាយនោះឲ្យត្រឡប់ទៅវិញដោយពាក្យថា ម្នាលប្អូនស្រីទាំងឡាយ ពួកនាងចូរទៅវិញចុះ។ ទើបភិក្ខុនីទាំងនោះនាំគ្នាចូលទៅកាន់ទីគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរភិក្ខុនីទាំងឡាយ ដែលឈរនៅក្នុងទីដ៏សមគួរនោះថា ម្នាលភិក្ខុនីទាំងឡាយ ឱវាទបានសម្រេចបរិបូណ៌ឬទេ។ ភិក្ខុនីទាំងឡាយទូលថា បពិត្រព្រះអង្គដ៏ចំរើន ឱវាទនឹងបានសម្រេចបរិបូណ៌មកពីឯណា លោកម្ចាស់ឆព្វគ្គិយទាំងឡាយធ្វើធម្មីកថាបន្តិចបន្តួច ហើយពោលតែតិរច្ឆានកថាឲ្យកន្លងអស់១ថ្ងៃ រួចក៏បញ្ជូនយើងខ្ញុំឲ្យត្រឡប់មកវិញ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ភិក្ខុនីទាំងឡាយនោះឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា។ ភិក្ខុនីអម្បាលនោះ លុះព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយព្រះធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយធ្វើប្រទក្សិណចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ រួចសួរបញ្ជាក់ពួកឆព្វគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយធ្វើធម្មីកថាដល់ភិក្ខុនីទាំងឡាយបន្តិចបន្តួច ហើយពោលតិរច្ឆានកថាឲ្យកន្លងអស់មួយថ្ងៃ រួចក៏បញ្ជូនភិក្ខុនីទាំងនោះឲ្យត្រឡប់ទៅវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកមិនសមបីនឹងធ្វើ ធម្មីកថាបន្តិចបន្តួចដល់ភិក្ខុនី ហើយពោលតិរច្ឆានកថាឲ្យកន្លងអស់មួយថ្ងៃ រួចបញ្ជូនភិក្ខុនីទាំងនោះឲ្យត្រឡប់ទៅវិញសោះ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ ឬមួយញុំាងបុគ្គលដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងមិនបានទេ។បេ។ ទ្រង់តិះដៀលហើយ ក៏ធ្វើនូវធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតភិក្ខុដែលប្រកបដោយអង្គ៨ ឲ្យជាអ្នកប្រដៅភិក្ខុនី គឺ
ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃសន្មតនូវភិក្ខុដែលប្រកបដោយអង្គទាំងឡាយ៨នេះ ឲ្យជាអ្នកប្រដៅភិក្ខុនី។
[២៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុដែលឈ្មោះថាសង្ឃមិនបានសន្មតនោះ គឺសង្ឃមិនបានសន្មតដោយញត្តិចតុត្ថកម្មវាចា។ ពួកស្រីដែលឈ្មោះថាភិក្ខុនីនោះ បានដល់ស្រីដែលបានឧបសម្បទាហើយក្នុងឧភតោសង្ឃ។
[២៧] ត្រង់ពាក្យថា ប្រដៅ គឺភិក្ខុទូន្មានដោយគរុធម៌៨ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុប្រដៅដោយធម៌ដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុប្រដៅភិក្ខុនីដែលបានឧបសម្បទាក្នុងសំណាក់សង្ឃតែមួយចំណែក ត្រូវអាបត្តិទុក្កដ។
[២៨] ភិក្ខុដែលសង្ឃសន្មតនោះ គប្បីបោសច្រាសនូវទីបរិវេណ រួចត្រូវតាំងទឹកឆាន់ និងទឹកប្រើប្រាស់ តែងតាំងនូវអាសនៈទុក ហើយនាំយកភិក្ខុជាគំរប់ពីរទៅអង្គុយនៅចុះ។ ភិក្ខុនីទាំងឡាយគប្បីទៅក្នុងទីនោះ ហើយថ្វាយបង្គំនូវភិក្ខុនោះ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ ភិក្ខុដែលសង្ឃសន្មតនោះ គប្បីសួរភិក្ខុនីទាំងឡាយថា ម្នាលនាងទាំងឡាយ ពួកនាងព្រមព្រៀងគ្នាហើយឬ។ បើភិក្ខុនីទាំងឡាយពោលថា លោកម្ចាស់ យើងខ្ញុំទាំងឡាយព្រមព្រៀងគ្នាហើយ ភិក្ខុគប្បីសួរថា ម្នាលនាងទាំងឡាយ គរុធម៌៨ចាំស្ទាត់រត់មាត់ហើយឬ។ បើភិក្ខុនីទាំងឡាយពោលតបថា បពិត្រលោកម្ចាស់ ចាំស្ទាត់រត់មាត់ហើយ ភិក្ខុគប្បីប្រគល់ឱវាទដោយពាក្យថា ម្នាលនាងទាំងឡាយ នេះហើយជាឱវាទ។ បើភិក្ខុនីទាំងឡាយពោលថា គរុធម៌មិនទាន់ស្ទាត់ទេលោកម្ចាស់ ភិក្ខុគប្បីសូត្រប្រាប់ភិក្ខុនីថា ភិក្ខុនីឧបសម្បទាហើយបានមួយរយវស្សា ត្រូវធ្វើអភិវាទនកម្ម បច្ចុបដ្ឋានកម្ម អញ្ជលីកម្ម និងសាមីចិកម្មដល់ភិក្ខុ (សូម្បី) ឧបសម្បទាហើយក្នុងថ្ងៃនោះ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីមិនត្រូវនៅចាំវស្សាក្នុងអាវាសដែលគ្មានភិក្ខុ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីត្រូវប្រាថ្នាធម៌ពីរប្រការ គឺការសាកសួរនូវឧបោសថ១ ការចូលទៅទទួលឱវាទ១ អំពីភិក្ខុសង្ឃគ្រប់ៗកន្លះខែ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីនៅចាំវស្សារួចហើយ ត្រូវបវារណាក្នុងឧភតោសង្ឃ ដោយហេតុ៣យ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីត្រូវគរុកាបត្តិ (ជាសតេកិច្ឆា) ហើយត្រូវប្រព្រឹត្តបក្ខមានត្តក្នុងឧភតោសង្ឃ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជា កុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីត្រូវស្វែងរកឧបសម្បទាក្នុងឧភតោសង្ឃដល់សិក្ខមានាដែលមានសិក្ខាសិក្សាក្នុងធម៌ទាំងឡាយ៦ អស់ពីរវស្សាហើយ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ភិក្ខុនីមិនត្រូវជេរ មិនត្រូវប្រទេចផ្តាសាភិក្ខុដោយបរិយាយណាមួយឡើយ នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ ពួកភិក្ខុនីមិនត្រូវស្តីប្រដៅពួកភិក្ខុឡើយ ពួកភិក្ខុត្រូវស្តីប្រដៅដល់ពួកភិក្ខុនីបាន តាំងអំពីថ្ងៃនេះជាដើម នេះជាធម៌ដែលភិក្ខុនីត្រូវធ្វើឲ្យល្អ គោរពរាប់អានបូជាកុំប្រព្រឹត្តកន្លងដរាបអស់មួយជីវិត១។ បើភិក្ខុនីទាំងឡាយពោលថា បពិត្រលោកម្ចាស់ យើងខ្ញុំទាំងឡាយព្រមព្រៀងគ្នាហើយ ភិក្ខុពោលធម៌ដទៃវិញ ត្រូវអាបត្តិទុក្កដ។ បើភិក្ខុនីទាំងឡាយពោលថា បពិត្រលោកម្ចាស់ យើងខ្ញុំទាំងឡាយបែកគ្នាជាពួកៗ ភិក្ខុចេះតែពោលនូវគរុធម៌៨ដដែល ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនបានប្រគល់ឱវាទឲ្យដល់ភិក្ខុនី ត្រឡប់ពោលធម៌ដទៃវិញ ត្រូវអាបត្តិទុក្កដ។
[២៩] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសង្ស័យ ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។
[៣០] ភិក្ខុសង្ស័យក្នុងកម្មមិនជាធម៌ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។
[៣១] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មជាធម៌ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។
[៣២] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។
[៣៣] កម្មមិនមែនជាធម៌ ភិក្ខុសង្ស័យ ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។
[៣៤] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថា កម្មជាធម៌ ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ។
[៣៥] កម្មជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌វិញ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មមិនជាធម៌វិញ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសង្ស័យ ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជាធម៌ ភិក្ខុសំគាល់ថា កម្មមិនជាធម៌វិញ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។
[៣៦] កម្មជាធម៌ ភិក្ខុសង្ស័យ ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។
[៣៧] កម្មជាធម៌ ភិក្ខុសំគាល់ថា កម្មជាធម៌មែន ភិក្ខុនីសង្ឃបែកគ្នាជាពួក ភិក្ខុសំគាល់ថាជាពួកមែន ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។
[៣៨] កម្មជាធម៌ ភិក្ខុសំគាល់ថា កម្មមិនមែនជាធម៌វិញ ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។
[៣៩] កម្មជាធម៌ ភិក្ខុមានសេចក្តីសង្ស័យ ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ។បេ។ ភិក្ខុសង្ស័យ ហើយប្រដៅ។បេ។ ភិក្ខុសំគាល់ថាព្រមព្រៀងគ្នា ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។
[៤០] កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាបែកគ្នាជាពួកវិញ ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសង្ស័យ ហើយប្រដៅ ត្រូវអាបត្តិទុក្កដ។ កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ភិក្ខុនីសង្ឃព្រមព្រៀងគ្នា ភិក្ខុសំគាល់ថាព្រមព្រៀងគ្នាមែន ហើយប្រដៅ មិនត្រូវអាបត្តិអ្វីឡើយ។
[៤១] អាបត្តិមិនមានដល់ភិក្ខុដែលសំដែងនូវបាឡីនៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលសំដែងនូវអដ្ឋកថានៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលភិក្ខុនីពោលថា លោកម្ចាស់ ចូរសូត្រទៅ ភិក្ខុក៏សូត្រ ដល់ភិក្ខុដែលភិក្ខុនីសួរប្រស្នា ហើយឆ្លើយដោះ ដល់ភិក្ខុដែលសំដែងធម៌ឲ្យអ្នកដទៃស្តាប់ ហើយភិក្ខុនីចូលស្តាប់ផង ដល់ភិក្ខុប្រដៅធម៌ដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ១ ចប់។
(២. អត្ថង្គតសិក្ខាបទំ)
[៤២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនីដោយវេនជាលំដាប់ៗ។ សម័យនោះឯង ព្រះចូឡបន្ថកដ៏មានអាយុត្រូវវេនប្រដៅភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីនិយាយគ្នាថា ថ្ងៃនេះឱវាទគង់នឹងមិនសម្រេចបរិបូណ៌ទេ លោកម្ចាស់ចូឡបន្ថកគង់នឹងពោលនូវឧទាននោះឯងដដែលៗ ឥឡូវហ្នឹង។ ភិក្ខុនីទាំងនោះនាំគ្នាចូលទៅរកព្រះចូឡបន្ថកដ៏មានអាយុ លុះទៅដល់ហើយ ក៏ថ្វាយបង្គំព្រះចូឡបន្ថកដ៏មានអាយុ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ឯព្រះចូឡបន្ថកដ៏មានអាយុ បាននិយាយនឹងភិក្ខុនីទាំងនោះ ដែលអង្គុយនៅហើយក្នុងទីដ៏សមគួរ ដោយពាក្យយ៉ាងនេះថា ម្នាលនាងទាំងឡាយ ពួកនាងព្រមព្រៀងគ្នាហើយឬ។ ពួកភិក្ខុនីតបថា ព្រមព្រៀងគ្នាហើយលោកម្ចាស់។ ព្រះចូឡបន្ថកសួរថា ម្នាលនាងទាំងឡាយ គរុធម៌៨ចាំស្ទាត់ហើយឬ។ ពួកភិក្ខុនីតបថា ចាំស្ទាត់ហើយលោកម្ចាស់។ ព្រះចូឡបន្ថកប្រាប់ថា ម្នាលនាងទាំងឡាយ នេះហើយជាឱវាទ ហើយបានពោលនូវឧទាននេះដដែលថា សេចក្តីសោកទាំងឡាយ រមែងមិនមានដល់មុនីដែលមានអធិចិត្តមិនប្រមាទ សិក្សានៅក្នុងផ្លូវនៃមោនធម៌ (គឺអរហត្តញាណ) មិនញាប់ញ័រ (ដោយលោកធម៌) មានចិត្តស្ងប់ (ចាកកិលេស) តែងមានស្មារតីជានិច្ច។
[៤៣] ភិក្ខុនីទាំងឡាយ បាននិយាយគ្នាយ៉ាងនេះថា យើងទាំងឡាយបាននិយាយគ្នាទុកមកហើយថា វេលាថ្ងៃនេះឱវាទគង់នឹងមិនសម្រេចបរិបូណ៌ទេ លោកម្ចាស់ចូឡបន្ថកគង់នឹងពោលនូវឧទាននោះឯងដដែលក្នុងកាលឥឡូវហ្នឹង។ ព្រះចូឡបន្ថកដ៏មានអាយុបានស្តាប់ពាក្យនិយាយចរចានេះរបស់ភិក្ខុនីទាំងឡាយនោះហើយ។ គ្រានោះ ព្រះចូឡបន្ថកដ៏មានអាយុហោះទៅកាន់វិហារស្ថានហើយចង្ក្រមខ្លះ ឈរខ្លះ អង្គុយខ្លះ ដេកខ្លះ បង្ហុយផ្សែងខ្លះ បញ្ចេញពន្លឺភ្លើងខ្លះ បំបាត់ខ្លួនទៅខ្លះ ហើយពោលឧទាននោះទៀតផង និងពុទ្ធវចនៈដទៃជាច្រើនផង ឰដ៏អាកាសវាលទទេ។ ភិក្ខុនីទាំងឡាយបាននិយាយគ្នាយ៉ាងនេះថា ម្នាលគ្នាយើងទាំងឡាយ សេចក្តីអស្ចារ្យ(នេះ) ចំឡែកពេកណាស់ ម្នាលគ្នាយើងទាំងឡាយ ហេតុមិនធ្លាប់កើត ៗហើយ ឱវាទដែលសម្រេចបរិបូណ៌ដូចជាឱវាទរបស់លោកម្ចាស់ចូឡបន្ថកយ៉ាងនេះ កាលពីដើម យើងមិនធ្លាប់បាន(ស្តាប់)ទេ។ លំដាប់នោះ ព្រះចូឡបន្ថកដ៏មានអាយុប្រដៅភិក្ខុនីអម្បាលនោះដរាបដល់យប់ ហើយបញ្ជូនទៅវិញថា ម្នាលនាងទាំងឡាយ ពួកនាងចូរទៅចុះ។ វេលានោះ ទ្វារនគរគេបិទហើយ ភិក្ខុនីទាំងនោះក៏នៅខាងក្រៅនគរ លុះព្រឹកឡើងទើបចូលទៅកាន់នគរ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងឡាយនេះ មិនមែនជាព្រហ្មចារិនី (មិនមែនជាអ្នកប្រព្រឹត្តល្អ)ទេ នៅជាមួយនឹងភិក្ខុទាំងឡាយក្នុងអារាម ហើយទើបតែចូលមកកាន់នគរក្នុងកាលឥឡូវនេះ។ ភិក្ខុទាំងឡាយបានឮមនុស្សអម្បាលនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ចូឡបន្ថកដ៏មានអាយុ កាលព្រះអាទិត្យអស្តង្គតហើយ មិនគួរនឹងទៅប្រដៅភិក្ខុនីទាំងឡាយទេ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលចូឡបន្ថកៈ ឮថា កាលព្រះអាទិត្យអស្តង្គតហើយ អ្នកឯងទៅប្រដៅភិក្ខុនីទាំងឡាយ ពិតមែនឬ។ ព្រះចូឡបន្ថកដ៏មានអាយុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលចូឡបន្ថកៈ កាលព្រះអាទិត្យអស្តង្គតទៅហើយ អ្នកឯងមិនគួរនឹងទៅប្រដៅភិក្ខុនីទាំងឡាយទេ ម្នាលចូឡបន្ថៈ អំពើដែលអ្នកធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុបើទុកជាសង្ឃបានសន្មតហើយ កាលបើព្រះអាទិត្យអស្តង្គតហើយ ទៅប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ។
[៤៤] ដែលហៅថា សង្ឃបានសន្មតនោះ គឺសង្ឃសន្មតដោយញត្តិចតុត្ថកម្មវាចា។ ត្រង់ពាក្យថា ព្រះអាទិត្យអស្តង្គតហើយ សេចក្តីថា ព្រះអាទិត្យលិចចុះហើយ។ ពួកស្រីដែលបានឧបសម្បទាក្នុងជំនុំសង្ឃពីរចំណែក ហៅថាភិក្ខុនី។ ពាក្យថា ប្រដៅ សេចក្តីថា ភិក្ខុប្រដៅភិក្ខុនីដោយគរុធម៌៨ក្តី ដោយធម៌ដទៃក្តី ត្រូវអាបត្តិបាចិត្តិយ។
[៤៥] ព្រះអាទិត្យអស្តង្គតហើយ ភិក្ខុសំគាល់ថា អស្តង្គតមែន ហើយទៅប្រដៅ (ភិក្ខុនី) ត្រូវអាបត្តិបាចិត្តិយ។ ព្រះអាទិត្យអស្តង្គតហើយ ភិក្ខុមានសេចក្តីសង្ស័យ ហើយទៅប្រដៅ ត្រូវអាបត្តិបាចិត្តិយ។ ព្រះអាទិត្យអស្តង្គតហើយ ភិក្ខុសំគាល់ថាមិនទាន់អស្តង្គត ហើយទៅប្រដៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុប្រដៅភិក្ខុនីដែលឧបសម្បទាហើយក្នុងជំនុំសង្ឃមួយចំណែក ត្រូវអាបត្តិទុក្កដ។ ព្រះអាទិត្យមិនទាន់អស្តង្គត ភិក្ខុសំគាល់ថាអស្តង្គតហើយ ត្រូវអាបត្តិទុក្កដ។ ព្រះអាទិត្យមិនទាន់អស្តង្គត ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ព្រះអាទិត្យមិនទាន់អស្តង្គត ភិក្ខុសំគាល់ថាមិនទាន់អស្តង្គត មិនត្រូវអាបត្តិអ្វីឡើយ។
[៤៦] អាបត្តិមិនមានដល់ភិក្ខុដែលសំដែងនូវបាលីនៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលសំដែងនូវអដ្ឋកថានៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលភិក្ខុនីពោលថា លោកម្ចាស់ចូរសូត្រទៅ ភិក្ខុក៏សូត្រ ដល់ភិក្ខុដែលភិក្ខុនីសួរប្រស្នា ហើយឆ្លើយដោះ ដល់ភិក្ខុដែលសំដែងធម៌ឲ្យអ្នកដទៃស្តាប់ ហើយភិក្ខុនីចូលស្តាប់ផង ដល់ភិក្ខុប្រដៅធម៌ដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ២ ចប់។
(៣. ភិក្ខុនុបស្សយសិក្ខាបទំ)
[៤៧] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនឈ្មោះសក្កៈ។ គ្រានោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ ចូលទៅកាន់លំនៅរបស់ភិក្ខុនី ហើយប្រដៅឆព្វគ្គិយភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយបាននិយាយបបួលឆព្វគ្គិយភិក្ខុនីយ៉ាងនេះថា ម្នាលនាងទាំងឡាយ ពួកនាងចូរមក យើងនឹងទៅទទួលឱវាទ (ជាមួយគ្នា)។ ឆព្វគ្គិយភិក្ខុនីនិយាយថា ម្នាលនាងទាំងឡាយ យើងទាំងឡាយនាំគ្នាទៅព្រោះហេតុនៃឱវាទធ្វើអ្វី ដ្បិតឆព្វគ្គិយភិក្ខុជាម្ចាស់ទាំងឡាយមកប្រដៅពួកយើងក្នុងលំនៅនេះហើយ។ ភិក្ខុនីទាំងឡាយនាំគ្នា ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងចូលដល់លំនៅភិក្ខុនី ហើយប្រដៅភិក្ខុនីទាំងឡាយទេ។ លំដាប់នោះ ភិក្ខុនីអម្បាលនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅភិក្ខុនី។បេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយប្រដៅភិក្ខុនីទាំងឡាយចូលដល់លំនៅភិក្ខុនី ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងទៅប្រដៅភិក្ខុនីទាំងឡាយ ចូលដល់លំនៅភិក្ខុនីទេ នែមោឃបុរសទាំងឡាយ អំពើដែលអ្នកឯងធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅភិក្ខុនីទាំងឡាយ ត្រូវអាបត្តិបាចិត្តិយ។
ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទនេះដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៤៨] សម័យនោះឯង ព្រះមហាបជាបតិគោតមីភិក្ខុនីមានជម្ងឺ។ ភិក្ខុជាថេរៈទាំងឡាយ ចូលទៅកាន់លំនៅព្រះមហាបជាបតិគោតមីភិក្ខុនី លុះចូលទៅដល់ហើយ បាននិយាយសួរព្រះមហាបជាបតិគោតមីភិក្ខុនីយ៉ាងនេះថា ម្នាលព្រះនាងគោតមី សរីរយន្តព្រះនាងល្មមអត់ទ្រាំបានដែរឬទេ ល្មមប្រព្រឹត្តទៅបានស្រួលដែរឬទេ។ ព្រះមហាបជាបតិគោតមីភិក្ខុនីតបថា លោកម្ចាស់ សរីរយន្តខ្ញុំមិនអាចអត់ទ្រាំបានទេ ខ្ញុំមិនអាចប្រព្រឹត្តទៅបានស្រួលទេ បពិត្រលោកម្ចាស់ទាំងឡាយ ណ្ហើយចុះ សូមពួកលោកម្ចាស់សំដែងធម៌ឲ្យទាន។ ភិក្ខុទាំងនោះនិយាយថា ម្នាលនាង កិរិយាដែលភិក្ខុចូលមកកាន់លំនៅរបស់ភិក្ខុនី ហើយសំដែងធម៌ដល់ភិក្ខុនី មិនគួរឡើយ ហើយមានសេចក្តីសង្ស័យ (យ៉ាងនេះ) ក៏មិនហ៊ានសំដែងធម៌ឡើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរក្នុងវេលាព្រឹក ហើយទ្រង់ពុទ្ធដំណើរទៅកាន់លំនៅរបស់ព្រះមហាបជាបតិគោតមី លុះដល់ហើយ ទ្រង់គង់លើអាសនៈដែលតែងតាំងទុក។ ព្រះដ៏មានព្រះភាគទ្រង់គង់ហើយ ទ្រង់ត្រាស់សួរព្រះមហាបជាបតិគោតមីយ៉ាងនេះថា ព្រះនាងគោតមី សរីរយន្តព្រះនាងល្មមអត់ទ្រាំបានដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានស្រួលដែរឬ។ ព្រះនាងទូលតបថា បពិត្រព្រះអង្គដ៏ចំរើន កាលមុនភិក្ខុជាថេរៈទាំងឡាយ មកសំដែងធម៌ដល់ខ្ញុំព្រះអង្គ ហេតុនោះ ខ្ញុំព្រះអង្គមានសេចក្តីសប្បាយ ក៏ឥឡូវនេះ ព្រះដ៏មានព្រះភាគទ្រង់ហាមឃាត់ហើយ ព្រោះហេតុនោះ ភិក្ខុជាថេរៈទាំងឡាយមានសេចក្តីខ្លាចក្រែង ទើបមិនហ៊ានសំដែង សេចក្តីមិនសប្បាយមានដល់ខ្ញុំព្រះអង្គ ព្រោះហេតុនោះឯង។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ព្រះមហាបជាបតិគោតមីឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់សំដែងធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅភិក្ខុនីដែលមានជម្ងឺបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយចូលដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅពួកភិក្ខុនី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ ឯសម័យក្នុងសិក្ខាបទនេះ គឺភិក្ខុនីមានជម្ងឺ នេះជាសម័យក្នុងសិក្ខាបទនោះ។
[៤៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុនីទាំងឡាយនៅក្នុងទីណា សូម្បីអស់រាត្រី១ ទៅនោះហៅថាទីនៅរបស់ភិក្ខុនី។ ពាក្យថា ចូលដល់ គឺទៅក្នុងទីនោះ។ ពួកស្រីដែលបានឧបសម្បទាក្នុងសង្ឃពីរចំណែក ហៅថាភិក្ខុនី។ ពាក្យថា ប្រដៅ គឺភិក្ខុប្រដៅដោយគរុធម៌៨ ត្រូវអាបត្តិអាចិត្តិយ។ ពាក្យថា វៀរលែងតែមានសម័យ គឺលើកលែងតែមានសម័យ។ ភិក្ខុនីមិនអាចទៅទទួលឱវាទ ឬទៅនៅរួមសង្ឃកម្មបាន ហៅថាមានជម្ងឺ។
[៥០] ភិក្ខុសំគាល់ភិក្ខុនីដែលបានឧបសម្បទាហើយ ថាបានឧបសម្បទាមែន ហើយចូលទៅដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសង្ស័យក្នុងភិក្ខុនីដែលបានឧបសម្បទាហើយ ចូលទៅដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុនីឧបសម្បទាហើយ ភិក្ខុសំគាល់ថា មិនទាន់បានឧបសម្បទាទេ ហើយចូលទៅដល់លំនៅរបស់ភិក្ខុនី ហើយប្រដៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុប្រដៅភិក្ខុនីដោយធម៌ដទៃ (ក្រៅពីគរុធម៌) ត្រូវអាបត្តិទុក្កដ។ ភិក្ខុប្រដៅភិក្ខុនីដែលបានឧបសម្បទាក្នុងសង្ឃតែមួយចំណែក ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងស្រីមិនទាន់បានឧបសម្បទា ថាបានឧបសម្បទាហើយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងស្រីដែលមិនទាន់បានឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងស្រីដែលមិនទាន់បានឧបសម្បទា ថាមិនទាន់ឧបសម្បទាមែន មិនត្រូវអាបត្តិអ្វីឡើយ។
[៥១] អាបត្តិមិនមានដល់ភិក្ខុដែលប្រដៅភិក្ខុនីក្នុងសម័យ ដល់ភិក្ខុដែលសំដែងបាឡីនៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលសំដែងអដ្ឋកថានៃគរុធម៌ប្រាំបី ដល់ភិក្ខុដែលភិក្ខុនីពោលថា លោកម្ចាស់ចូរសូត្រទៅ ភិក្ខុក៏សូត្រ ដល់ភិក្ខុដែលភិក្ខុនីសួរប្រស្នា ហើយឆ្លើយដោះ ដល់ភិក្ខុដែលសំដែងធម៌ដើម្បីអ្នកដទៃ ហើយភិក្ខុនីចូលស្តាប់ផង ដល់ភិក្ខុដែលប្រដៅធម៌ដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៣ ចប់។
(៤. អាមិសសិក្ខាបទំ)
[៥២] សម័យនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ គង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី តែងបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ។ ពួកឆព្វគ្គិយភិក្ខុ និយាយគ្នាយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយ មិនសូវយកចិត្តទុកដាក់នឹងប្រៀនប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ថ្វីឡើយ ពួកឆព្វគ្គិយភិក្ខុមកនិយាយយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយ មិនសូវយកចិត្តទុកដាក់នឹងប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយនិយាយគ្នាយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយមិនសូវយកចិត្តទុកដាក់នឹងប្រៀនប្រដៅពួកភិក្ខុនីប៉ុន្មានទេ ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ ក៏ថ្វីឡើយ ពួកអ្នកឯងមកពោលយ៉ាងនេះថា ភិក្ខុជាថេរៈទាំងឡាយមិនសូវយកចិត្តទុកដាក់នឹងប្រៀនប្រដៅពួកភិក្ខុនីឡើយ ភិក្ខុជាថេរៈទាំងឡាយប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស នែមោឃបុរសទាំងឡាយ អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់បុគ្គលទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយពោលយ៉ាងនេះថា ភិក្ខុទាំងឡាយ ប្រដៅពួកភិក្ខុនី ព្រោះហេតុតែអាមិស ត្រូវអាបត្តិបាចិត្តិយ។
[៥៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ព្រោះហេតុតែអាមិស សេចក្តីថា ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តីគោរព សេចក្តីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា។
[៥៤] ពាក្យថា ពោលយ៉ាងនេះ សេចក្តីថា ភិក្ខុណាប្រាថ្នាដើម្បីនឹងធ្វើនូវពាក្យដំនៀល ប្រាថ្នាដើម្បីនឹងធ្វើបង្អាប់យស ប្រាថ្នាដើម្បីនឹងធ្វើនូវសេចក្តីបង្អាប់បង្អោន ចំពោះឧបសម្បន្នដែលសង្ឃសន្មត ឲ្យជាអ្នកប្រដៅភិក្ខុនី ហើយពោលយ៉ាងនេះ គឺនិយាយថា ភិក្ខុប្រដៅភិក្ខុនី ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារ ជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តីគោរព សេចក្តីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
[៥៥] កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌មែន ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ។ កម្មជាធម៌ ភិក្ខុសង្ស័យ ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តយ។ កម្មជាធម៌ ភិក្ខុសំគាល់ថាកម្មមិនមែនជាធម៌វិញ ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ។
[៥៦] ភិក្ខុណាប្រាថ្នាដើម្បីធ្វើនូវពាក្យដំនៀល ប្រាថ្នាដើម្បីធ្វើបង្អាប់យស ប្រាថ្នាដើម្បីធ្វើនូវសេចក្តីបង្អាប់បង្អោនចំពោះឧបសម្បន្នដែលសង្ឃមិនបានសន្មតឲ្យជាអ្នកប្រដៅភិក្ខុនី ហើយពោលយ៉ាងនេះ គឺនិយាយថា ភិក្ខុប្រដៅភិក្ខុនី ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តីគោរព សេចក្តីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។
[៥៧] ភិក្ខុណា ប្រាថ្នាដើម្បីធ្វើនូវពាក្យដំនៀល ប្រាថ្នាដើម្បីធ្វើបង្អាប់យស ប្រាថ្នាដើម្បីធ្វើនូវសេចក្តីបង្អាប់បង្អោន ចំពោះអនុបសម្បន្នបុគ្គល ដែលសង្ឃសន្មតក្តី មិនបានសន្មតក្តី ឲ្យជាអ្នកប្រដៅភិក្ខុនី ហើយពោលយ៉ាងនេះ គឺពោលថា ភិក្ខុប្រដៅភិក្ខុនី ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តីគោរព សេចក្តីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជា (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។
[៥៨] កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថាកម្មជាធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនមែនជាធម៌ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនមែនជាធម៌ ភិក្ខុសំគាល់ថាកម្មមិនមែនជាធម៌ ត្រូវអាបត្តិទុក្កដ។
[៥៩] អាបត្តិមិនមានដល់ភិក្ខុដែលពោលចំពោះភិក្ខុផងគ្នាដែលជាអ្នកប្រដៅភិក្ខុនី ព្រោះហេតុតែចីវរ បិណ្ឌបាត សេនាសនៈ ភេសជ្ជបរិក្ខារ ជាបច្ច័យដល់មនុស្សឈឺ គ្រឿងសក្ការៈ សេចក្តីគោរព សេចក្តីរាប់អាន កិរិយាថ្វាយបង្គំ និងកិរិយាបូជាដោយប្រក្រតី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៤ ចប់។
(៥. ចីវរទានសិក្ខាបទំ)
[៦០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូបត្រាច់ទៅបិណ្ឌបាតតាមផ្លូវ ឬច្រកមួយ ក្នុងក្រុងសាវត្ថី។ មានភិក្ខុនីមួយរូបទៀតក៏ត្រាច់ទៅបិណ្ឌបាតតាមផ្លូវ ឬច្រកនោះដែរ។ ទើបភិក្ខុនោះនិយាយនឹងភិក្ខុនីនោះយ៉ាងនេះថា ម្នាលនាង នាងចូរទៅក្នុងឱកាសឯណោះ គេប្រគេនភិក្ខា។ ឯភិក្ខុនីនោះ ក៏និយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់ចូរទៅក្នុងឱកាសឯណោះចុះ គេប្រគេនចង្ហាន់។ ភិក្ខុ និងភិក្ខុនីនោះបានស្គាល់គ្នា ព្រោះបានឃើញគ្នាញឹកញយ។ គ្រានោះឯង សង្ឃកំពុងចែកចីវរគ្នា។ លំដាប់នោះ ភិក្ខុនីនោះកាលទៅទទួលឱវាទ ក៏ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ថ្វាយបង្គំភិក្ខុនោះហើយ បានឋិតនៅក្នុងទីដ៏សមគួរ។ ភិក្ខុនោះបាននិយាយនឹងភិក្ខុនីដែលឋិតនៅក្នុងទីដ៏សមគួរនោះយ៉ាងនេះថា ម្នាលនាង ចំណែកចីវរនេះរបស់យើង នាងនឹងត្រូវការដែរឬទេ។ ភិក្ខុនីនោះឆ្លើយថា ករុណាលោកម្ចាស់ ខ្ញុំករុណាមានចីវរចាស់ហើយ។ ភិក្ខុនោះឲ្យចីវរដល់ភិក្ខុនីនោះ។ ចំណែកភិក្ខុនោះជាអ្នកមានចីវរទុព្វលភាព។ ភិក្ខុទាំងឡាយបាននិយាយនឹងភិក្ខុនោះយ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរធ្វើចីវររបស់អ្នកក្នុងកាលឥឡូវនេះចុះ។ ភិក្ខុនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមគួរនឹងឲ្យចីវរដល់ភិក្ខុនីទេ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងបានឲ្យចីវរដល់ភិក្ខុនី ពិតមែនឬ។ ភិក្ខុនោះក្រាបទូលតបថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ភិក្ខុនីនោះជាញាតិរបស់អ្នកឯង ឬមិនមែនញាតិទេ។ ភិក្ខុនោះទូលថា សូមទ្រង់មេត្តាប្រោស ភិក្ខុនីនោះមិនជាញាតិទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា នែមោឃបុរស ប្រុសមិនមែនជាញាតិ រមែងមិនដឹងនូវកម្មដ៏សមគួរ ឬមិនសមគួរ ល្អិតល្អ ឬមិនល្អិតល្អរបស់ស្រីដែលមិនមែនជាញាតិទេ នែមោឃបុរស អ្នកឯងមិនគួរនឹងឲ្យចីវរដល់ភិក្ខុនីមិនមែនញាតិទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកបុគ្គល ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយឲ្យចីវរដល់ភិក្ខុនីដែលមិនមែនជាញាតិ ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៦១] សម័យនោះឯង ភិក្ខុទាំងឡាយសង្ស័យ មិនហ៊ានផ្លាស់ប្តូរចីវរនឹងភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីនាំគ្នាពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយមិនសមបីនឹងមិនហ៊ានផ្លាស់ប្តូរចីវរនឹងពួកយើងសោះ។ ភិក្ខុទាំងឡាយបានឮពួកភិក្ខុនីនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងនោះនាំគ្នាក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្លាស់ប្តូរចីវរនឹងសហធម្មិកទាំង៥ គឺ ភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្លាស់ប្តូរចីវរនឹងសហធម្មិកទាំង៥ នេះបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយឲ្យចីវរដល់ភិក្ខុនីមិនមែនជាញាតិ ត្រូវអាបត្តិបាចិត្តិយ វៀរតែផ្លាស់ប្តូរគ្នា។
[៦២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុនីដែលមិនបានសម្ពន្ធជាប់វង្សគ្នាមកអំពីចំណែកខាងមាតាក្តី អំពីចំណែកខាងបិតាក្តី ដរាបអំពីគូនៃជីដូនជីតាជាគំរប់៧ ហៅថាមិនមែនជាញាតិ។ ស្រីដែលបានឧបសម្បទាហើយក្នុងសង្ឃពីរចំណែក ហៅថា ភិក្ខុនី។ បណ្តាចីវរ៦យ៉ាងចីវរណាមួយ យ៉ាងតូចបំផុតដ៏គួរដល់វិកប្បបាន ហៅថា ចីវរ។ ពាក្យថា វៀរលែងតែផ្លាស់ប្តូរគ្នា សេចក្តីថា ភិក្ខុឲ្យ (ចីវរដល់ភិក្ខុនីមិនមែនញាតិ) ត្រូវអាបត្តិបាចិត្តិយ លើកលែងតែផ្លាស់ប្តូរគ្នា។
[៦៣] ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ហើយឲ្យចីវរ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែផ្លាស់ប្តូរគ្នា។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសង្ស័យ ហើយឲ្យចីវរ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែផ្លាស់ប្តូរគ្នា។ ភិក្ខុនីមិនមែនជាញាតិ ភិក្ខុសំគាល់ថាជាញាតិ ហើយឲ្យចីវរ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែផ្លាស់ប្តូរគ្នា។ ភិក្ខុឲ្យចីវរដល់ភិក្ខុនីដែលបានឧបសម្បទាអំពីសង្ឃមួយចំណែក ត្រូវអាបត្តិទុក្កដ វៀរលែងតែផ្លាស់ប្តូរគ្នា។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិ មិនត្រូវអាបត្តិអ្វីឡើយ។
[៦៤] អាបត្តិមិនមានដល់ភិក្ខុដែលឲ្យចីវរដល់ភិក្ខុនីជាញាតិ ដល់ភិក្ខុដែលផ្លាស់ប្តូរចីវរគ្នា ដល់ភិក្ខុដែលប្តូរយកចីវរមានដំឡៃច្រើនដោយចីវរមានដំឡៃតិច ឬចីវរមានដំឡៃតិចដោយចីវរមានដំឡៃច្រើន ដល់ភិក្ខុដែលភិក្ខុនីកាន់យកចីវររបស់ខ្លួនដោយសេចក្តីស្និទ្ធស្នាល ដល់ភិក្ខុដែលភិក្ខុនីកាន់យកចីវរជារបស់ខ្ចីគ្នា ដល់ភិក្ខុដែលឲ្យបរិក្ខារដទៃ វៀរលែងតែចីវរ ដល់ភិក្ខុដែលឲ្យចីវរដល់សិក្ខមានា ឬដល់សាមណេរី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៥ ចប់។
(៦. ចីវរសិព្ពនសិក្ខាបទំ)
[៦៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ឧទាយិដ៏មានអាយុ ជាអ្នកប្រសប់ធ្វើចីវរកម្ម។ មានភិក្ខុនី១រូបចូលទៅកាន់ទីដែលឧទាយិដ៏មានអាយុនៅ លុះចូលទៅដល់ហើយ បាននិយាយនឹងឧទាយិដ៏មានអាយុយ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ដេរចីវរឲ្យខ្ញុំផង។ គ្រានោះ ឧទាយិដ៏មានអាយុក៏ដេរចីវរ ហើយធ្វើកិច្ចជ្រលក់ គក់ បោកដ៏ល្អ រួចធ្វើរូបគំនូរ6) ត្រង់កណ្តាលចីវរ ស្រេចហើយ បត់ទុកឲ្យភិក្ខុនីនោះ។ គ្រានោះ ភិក្ខុនីនោះទៅកាន់លំនៅឧទាយិដ៏មានអាយុ លុះទៅដល់ហើយ បាននិយាយនឹងឧទាយិដ៏មានអាយុយ៉ាងនេះថា បពិត្រលោកម្ចាស់ ចីវររបស់លោកម្ចាស់នោះ ដូចម្តេចទៅ។ ឧទាយិឆ្លើយថា ម្នាលប្អូនស្រី ហ៏ នាងចូរនាំយកចីវរនេះទៅទាំងផ្នត់ហើយទុក កាលណាភិក្ខុនីសង្ឃមកទទួលឱវាទ ចូរដណ្តប់ចីវរនេះដើរទៅតាមក្រោយៗភិក្ខុនីសង្ឃក្នុងកាលណោះ។ លំដាប់នោះ ភិក្ខុនីនោះនាំយកចីវរនោះទៅទាំងផ្នត់ហើយទុក កាលណាភិក្ខុនីសង្ឃមកទទួលឱវាទ នាងក៏ដណ្តប់ចីវរនោះដើរទៅតាមក្រោយៗភិក្ខុនីសង្ឃក្នុងកាលណោះ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីអម្បាលនេះជាស្រីគ្មានកោតញញើត ជាស្រីអ្នកលេង គ្មានអៀនខ្មាស មិនសមបើនឹងគូរគំនូរក្នុងចីវរសោះ។ ភិក្ខុនីទាំងឡាយបាននិយាយសួរគ្នាយ៉ាងនេះថា នេះជាការងាររបស់អ្នកណា។ ភិក្ខុនីទាំងឡាយឆ្លើយថា នេះជាការងាររបស់លោកម្ចាស់ឧទាយិ។ ពួកភិក្ខុនីនិយាយគ្នាថា ជនទាំងឡាយណាជាអ្នកគ្មានសេចក្តីកោតញញើត ជាអ្នកលេង ជាអ្នកគ្មានសេចក្តីអៀនខ្មាស កម្មមានសភាពយ៉ាងនេះ ក៏គង់មិនល្អដល់ជនទាំងឡាយនោះ នឹងពោលទៅថ្វីដល់លោកម្ចាស់ឧទាយិ។ ពួកភិក្ខុនីនោះនាំគ្នាប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧទាយិដ៏មានអាយុ មិនគួរនឹងដេរចីវរដល់ភិក្ខុនីសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលឧទាយិ ឮថាអ្នកឯងដេរចីវរឲ្យភិក្ខុនី ពិតមែនឬ។ ឧទាយិភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះដ៏មានព្រះភាគត្រាស់សួរថា នែឧទាយិ ភិក្ខុនីនោះជាញាតិរបស់អ្នកឯង ឬមិនមែនជាញាតិទេ។ ឧទាយិភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស មិនមែនជាញាតិទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា នែមោឃបុរស ប្រុសដែលមិនមែនជាញាតិ រមែងមិនស្គាល់កម្មដ៏សមគួរក្តី មិនសមគួរក្តី កម្មជាទីជ្រះថ្លាក្តី មិនជាទីជ្រះថ្លាក្តី របស់ស្ត្រីដែលមិនមែនជាញាតិទេ នែមោឃបុរស អ្នកឯងមិនសមគួរនឹងដេចីវរឲ្យភិក្ខុនីមិនមែនញាតិទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់បុគ្គលដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ ដេរឯង ឬប្រើគេឲ្យដេរនូវចីវរឲ្យភិក្ខុនីមិនមែនញាតិ (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
[៦៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ភិក្ខុនីដែលមិនបានជាប់តវង្សគ្នាមកអំពីចំណែកខាងមាតាក្តី អំពីចំណែកខាងបិតាក្តី ដរាបអំពីគូនៃជីដូនជីតាជាគំរប់៧ ហៅថាមិនមែនញាតិ។ ស្រីដែលបានឧបសម្បទាហើយក្នុងសង្ឃពីរចំណែក ហៅថា ភិក្ខុនី។ បណ្តាចីវរ៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុតល្មមវិកប្បបាន ហៅថា ចីវរ។ ពាក្យថា ដេរឯង គឺភិក្ខុដេរដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយរាល់ៗផ្លូវម្ជុល។ ពាក្យថា ប្រើគេឲ្យដេរ គឺភិក្ខុបង្គាប់អ្នកដទៃឲ្យដេរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបង្គាប់តែម្តង អ្នកទទួលបង្គាប់ ដេរច្រើនដង ត្រូវអាបត្តិបាចិត្តិយ (តែមួយ)។
[៦៧] ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិមែន ហើយដេរឯងក្តី ប្រើគេឲ្យដេរក្តីនូវចីវរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុមានសេចក្តីសង្ស័យ ហើយដេរឯងក្តី ប្រើគេឲ្យដេរក្តីនូវចីវរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនីមិនមែនញាតិ ភិក្ខុសំគាល់ថាជាញាតិ ហើយដេរឯងក្តី ប្រើគេឲ្យដេរក្តីនូវចីវរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដេរឯងក្តី ប្រើគេឲ្យដេរក្តីនូវចីវរដើម្បីភិក្ខុនីដែលបានឧបសម្បទាអំពីសង្ឃតែមួយចំណែក ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាមិនមែនញាតិ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីជាញាតិ ភិក្ខុសំគាល់ថាជាញាតិមែន មិនត្រូវអាបត្តិអ្វីឡើយ។
[៦៨] អាបត្តិមិនមានដល់ភិក្ខុដែលដេរចីវរដល់ភិក្ខុនីជាញាតិ ដល់ភិក្ខុដែលដេរឯង ឬប្រើគេឲ្យដេរនូវបរិក្ខារដទៃក្រៅពីចីវរ (ឲ្យភិក្ខុនី) ឲ្យសិក្ខមានា ឬឲ្យសាមណេរី ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៦ ចប់។
(៧. សំវិធានសិក្ខាបទំ)
[៦៩] សម័យនោះឯង ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ បបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងទាំងឡាយមានប្តីប្រពន្ធ ដើរទៅយ៉ាងណា សមណៈទាំងឡាយនេះ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ ដើរទៅមួយអន្លើដោយភិក្ខុនីទាំងឡាយ យ៉ាងនោះឯង។ ភិក្ខុទាំងឡាយបានឮពាក្យមនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបីបើឆព្វគ្គិយភិក្ខុទាំងឡាយ បបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នាទេ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយ បបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ពិតមែនឬ។ ឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នាទេ ម្នាលមោឃបុរសទាំងឡាយ ការនេះ មិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ បបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ដោយហោចទៅ សូម្បីកាន់ទីជាលង្វែកនៃស្រុក១ (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៧០] សម័យនោះឯង ភិក្ខុ និងភិក្ខុនីទាំងឡាយច្រើនរូប ដើរទៅកាន់ផ្លូវឆ្ងាយអំពីក្រុងសាកេត ទៅកាន់ក្រុងសាវត្ថី។ កាលនោះ ភិក្ខុនីទាំងឡាយនោះ ឃើញពួកភិក្ខុនោះហើយ បានពោលពាក្យនេះថា យើងទាំងឡាយនឹងទៅជាមួយនឹងលោកម្ចាស់ទាំងឡាយ។ ភិក្ខុទាំងនោះឆ្លើយថា ម្នាលនាង ការដែលភិក្ខុបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា មិនគួរទេ នាងទាំងឡាយទៅមុនឬ ៗយើងទាំងឡាយនឹងទៅមុន។ ភិក្ខុនីទាំងនោះឆ្លើយថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ទាំងឡាយជាបុរសដ៏ប្រសើរ គួរតែលោកម្ចាស់ទាំងឡាយនិមន្តទៅមុន។ កាលភិក្ខុនីទាំងនោះដើរទៅជាខាងក្រោយនៃភិក្ខុទាំងឡាយដល់ពាក់កណ្តាលផ្លូវ ចោរទាំងឡាយក៏ដណ្តើមយក (បាត្រ និងចីវរ) ផង ប្រទុស្តផង (កំហែងធ្វើសេវនកិច្ច) ក្នុងកាលនោះឯង។ ទើបភិក្ខុនីទាំងនោះទៅដល់ក្រុងសាវត្ថី ក៏ប្រាប់សេចក្តីនុ៎ះដល់ពួកភិក្ខុនី។ ពួកភិក្ខុនីប្រាប់សេចក្តីនុ៎ះដល់ពួកភិក្ខុ។ ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយជាមួយគ្នា ក្នុងផ្លូវដែលគួរនឹងទៅ ដោយមានគ្នីគ្នាជាពួកដែលគេសន្មតថា ប្រកបដោយសេចក្តីរង្កៀស ប្រកបដោយភ័យចំពោះមុខ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយបបួលភិក្ខុនីដើរទៅកាន់ផ្លូវឆ្ងាយមួយជាមួយគ្នា ដោយហោចទៅ សូម្បីទៅកាន់ទីជាលង្វែកនៃស្រុក១ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ ផ្លូវដែលគួរនឹងទៅដោយមានគ្នីគ្នាជាពួក១ ដែលគេសន្មតថាប្រកបដោយសេចក្តីរង្កៀស១ ដែលប្រកបដោយភ័យចំពោះមុខ១ នេះជាសម័យក្នុងសិក្ខាបទនោះ។
[៧១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថាភិក្ខុនី គឺស្ត្រីដែលបានឧបសម្បទាក្នុងឧភតោសង្ឃ។ ពាក្យថា ជាមួយគ្នា សេចក្តីថា ពួកជាមួយគ្នា។ ពាក្យថា បបួល គឺបបួលគ្នាថា ម្នាលនាង យើងទាំងឡាយនឹងទៅ បពិត្រលោកម្ចាស់ យើងទាំងឡាយនឹងទៅ បពិត្រលោកម្ចាស់ យើងទាំងឡាយនឹងទៅ ម្នាលនាង យើងទាំងឡាយនឹងទៅ យើងទាំងឡាយនឹងទៅក្នុងថ្ងៃនេះ ឬក្នុងថ្ងៃស្អែក ក្នុងថ្ងៃខានស្អែក ត្រូវអាបត្តិទុក្កដ។ ពាក្យថា ដោយហោចទៅ សូម្បីទៅកាន់ទីជាលង្វែកនៃស្រុក១ សេចក្តីថា (ភិក្ខុបបួលភិក្ខុនីដើរជាមួយគ្នាទៅ) ក្នុងទីជាចន្លោះនៃស្រុក ក្នុងស្រុកមានចម្ងាយល្មមមាន់ហើរទៅដល់ (គឺ១រយៈមាន់ហើរ) ត្រូវអាបត្តិបាចិត្តិយ។ (ភិក្ខុបបួលភិក្ខុនីដើរជាមួយគ្នាទៅ) ក្នុងព្រៃដែលមិនមែនស្រុក ត្រូវអាបត្តិបាចិត្តិយគ្រប់ៗកន្លះយោជន៍។ ពាក្យថា វៀរលែងតែមានសម័យ សេចក្តីថា លើកទុកតែមានសម័យ។ ដែលហៅថា ផ្លូវដែលគួរនឹងទៅ ដោយមានគ្នីគ្នាជាពួក គឺផ្លូវដែលបុគ្គលឥតមានគ្នីគ្នា មិនអាចដើរទៅបាន។ ដែលហៅថា ផ្លូវប្រកបដោយសេចក្តីរង្កៀស គឺកន្លែងដែលចោរអាស្រ័យនៅក៏ប្រាកដ កន្លែងដែលចោរបរិភោគអាហារក៏ប្រាកដ កន្លែងដែលចោរឈរនៅក៏ប្រាកដ កន្លែងដែលចោរអង្គុយក៏ប្រាកដ កន្លែងដែលចោរដេកក៏ប្រាកដ ក្នុងផ្លូវនោះ។ ដែលហៅថា ផ្លូវប្រកបដោយភ័យចំពោះមុខ គឺផ្លូវនោះដែលចោរទាំងឡាយសម្លាប់មនុស្សក៏ប្រាកដ ប្លន់មនុស្សក៏ប្រាកដ វាយដំមនុស្សក៏ប្រាកដ។ ភិក្ខុដើរទៅកាន់ផ្លូវដែលប្រកបដោយភ័យចំពោះមុខ ហើយ ឃើញផ្លូវមិនប្រកបដោយភ័យចំពោះមុខវិញ ត្រូវបញ្ជូនភិក្ខុនីទៅ ដោយពាក្យថា ម្នាលនាងទាំងឡាយ នាងទាំងឡាយចូរទៅចុះ។
[៧២] ភិក្ខុបបួលគ្នាហើយ សំគាល់ថាបបួលមែន ដើរទៅកាន់ផ្លូវឆ្ងាយមួយ ដោយហោចទៅ សូម្បីទៅកាន់ទីជាលង្វែកនៃស្រុក១ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសង្ស័យក្នុងការដែលបានបបួលគ្នា ហើយដើរទៅកាន់ផ្លូវឆ្ងាយមួយ ដោយហោចទៅ សូម្បីទៅកាន់ទីជាចន្លោះនៃស្រុក១ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុបបួលគ្នា ហើយសំគាល់ថាមិនបានបបួល ដើរទៅកាន់ផ្លូវឆ្ងាយមួយ ដោយហោចទៅ សូម្បីទៅកាន់ទីជាចន្លោះនៃស្រុក១ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុបបួល តែភិក្ខុនីមិនបបួល (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនបានបបួលគ្នា ហើយសំគាល់ថាបានបបួល ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងការដែលមិនបានបបួល ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ថា មិនបានបបួលក្នុងការដែលមិនបានបបួល មិនត្រូវអាបត្តិឡើយ។
[៧៣] អាបត្តិមិនមានដល់ភិក្ខុដែលមានសម័យ ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនីហើយដើរទៅ ដល់ភិក្ខុដែលភិក្ខុនីបបួល តែភិក្ខុមិនបានបបួល ដល់ភិក្ខុនិងភិក្ខុនីដែលទៅដោយខុសសង្កេត ដល់ភិក្ខុដែលទៅ (ជាមួយនឹងភិក្ខុនី) ដោយមានសេចក្តីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទ ទី ៧ ចប់។
(៨. នាវាភិរុហនសិក្ខាបទំ)
[៧៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយបបួលពួកភិក្ខុនីឡើងជិះទូក១ជាមួយគ្នា។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងទាំងឡាយមានប្តីប្រពន្ធ ជិះលេងលើទូក១យ៉ាងណា សមណៈទាំងឡាយនេះជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ បបួលពួកភិក្ខុនីជិះលេងលើទូក១ជាមួយគ្នា យ៉ាងនោះឯង។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុទាំងឡាយមិនគួរបើនឹង បបួលពួកភិក្ខុនីឡើងជិះទូក១ជាមួយគ្នាទេ។ ទើបភិក្ខុទាំងឡាយនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់សួរចំពោះឆព្វគ្គិយភិក្ខុទាំងឡាយក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយបបួលភិក្ខុនីឡើងជិះទូកជាមួយគ្នា ពិតមែនឬ។ ឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងបបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នាទេ ម្នាលមោឃបុរសទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ បបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៧៥] សម័យនោះឯង ភិក្ខុ និងភិក្ខុនីទាំងឡាយច្រើនរូប ដើរទៅកាន់ផ្លូវឆ្ងាយអំពីក្រុងសាកេត ទៅកាន់ក្រុងសាវត្ថី។ ក្នុងទីកណ្តាលផ្លូវមានស្ទឹង១ដែលគេតែងតែឆ្លង។ ទើបភិក្ខុនីទាំងឡាយនោះបានពោពាក្យនេះនឹងភិក្ខុទាំងឡាយនោះថា យើងទាំងឡាយនឹងឆ្លងមួយអន្លើដោយលោកម្ចាស់ទាំងឡាយដែរ។ ភិក្ខុទាំងឡាយនោះឆ្លើយថា ម្នាលនាង ការដែលភិក្ខុបបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នា មិនគួរទេ (បើដូច្នោះ) នាងទាំងឡាយឆ្លងទៅមុនឬ ៗយើងទាំងឡាយនឹងឆ្លងទៅមុន។ ភិក្ខុនីទាំងឡាយឆ្លើយថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ទាំងឡាយជាបុរសដ៏ប្រសើរ លោកម្ចាស់ទាំងឡាយចូរឆ្លងទៅមុនចុះ។ កាលភិក្ខុនីទាំងឡាយនោះឆ្លងទៅជាខាងក្រោយ ចោរទាំងឡាយក៏ដណ្តើមយក (បាត្រ និងចីវរ) ផង ប្រទុស្តផង ក្នុងកាលណោះ។ លុះភិក្ខុនីទាំងឡាយនោះទៅដល់ក្រុងសាវត្ថីហើយ ក៏ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុនីទាំងឡាយ។ ពួកភិក្ខុនីក៏ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នាដើម្បីឆ្លងទទឹង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយបបួលភិក្ខុនីឡើងជិះទូក១ជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែការឆ្លងទទឹង។
[៧៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។បេ។ ដែលហៅថាភិក្ខុនី គឺស្ត្រីដែលបានឧបសម្បទាក្នុងសំណាក់នៃឧភតោសង្ឃ។7) ពាក្យថា ជាមួយគ្នា គឺពួកជាមួយគ្នា។ ពាក្យថា បបួល គឺបបួលគ្នាថា ម្នាលនាង យើងទាំងឡាយនឹងឡើងជិះទូក បពិត្រលោកម្ចាស់ យើងទាំងឡាយនឹងឡើងជិះទូក បពិត្រលោកម្ចាស់ យើងទាំងឡាយនឹងឡើងជិះទូក ម្នាលនាង យើងទាំងឡាយនឹងឡើងជិះទូក យើងទាំងឡាយនឹងឡើងជិះទូកក្នុងថ្ងៃនេះ ឬក្នុងថ្ងៃស្អែក ក្នុងថ្ងៃខានស្អែក ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុនីឡើងជិះទូក ភិក្ខុក៏ឡើងជិះដែរ ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុឡើងជិះទូក ភិក្ខុនីក៏ឡើងជិះដែរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនិងភិក្ខុនីឡើងជិះទូកស្មើគ្នា ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ទៅច្រាសទឹក សេចក្តីថា នាវាទៅទីខាងលើទឹក។ ពាក្យថា ទៅបណ្តោយទឹក សេចក្តីថា នាវាទៅទីខាងក្រោមទឹក។ ពាក្យថា វៀរលែងតែការឆ្លងទទឹង សេចក្តីថា លើកទុកតែការឆ្លងទទឹង។ (ភិក្ខុបបួលភិក្ខុនីឡើងជិះទូក) ទៅក្នុងស្រុកចម្ងាយមាន់ល្មមហើរទៅដល់ ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗចន្លោះស្រុក។ (ភិក្ខុបបួលភិក្ខុនីឡើងជិះទូក) ទៅក្នុងព្រៃមិនមែនជាស្រុក ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗកន្លះយោជន៍។
[៧៧] ការដែលបានបបួលហើយ ភិក្ខុសំគាល់ថាបានបបួលគ្នាមែន ហើយឡើងជិះទូកជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែការឆ្លងទទឹង។ ភិក្ខុមានសចក្តីសង្ស័យក្នុងការដែលបានបបួលគ្នា ហើយឡើងជិះទូកជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែឆ្លងទទឹង។ ការដែលបានបបួលគ្នា ភិក្ខុសំគាល់ថាមិនបានបបួលគ្នា ហើយឡើងជិះទូកជាមួយគ្នា ទៅច្រាសទឹកក្តី ទៅបណ្តោយទឹកក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែឆ្លងទទឹង។ ភិក្ខុបបួល ភិក្ខុនីមិនបានបបួល ត្រូវអាបត្តិទុក្កដ។ មិនបានបបួលគ្នាទេ តែភិក្ខុសំគាល់ថាបានបបួលគ្នាហើយ ត្រូវអាបត្តិទុក្កដ។ មិនបានបបួលគ្នាទេ តែភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនបានបបួលគ្នាទេ ភិក្ខុសំគាល់ថា មិនបានបបួលគ្នាមែន មិនត្រូវអាបត្តិ។
[៧៨] អាបត្តិមិនមានដល់ភិក្ខុដែលឆ្លងទទឹង ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនីហើយឡើងជិះទូក ដល់ភិក្ខុដែលមិនបានបបួលភិក្ខុនី តែភិក្ខុនីបបួល ដល់ភិក្ខុដែលឡើងជិះទូកជាមួយនឹងភិក្ខុនីដោយខុសសង្កេតគ្នា ដល់ភិក្ខុដែលមានសេចក្តីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទ ទី ៨ ចប់។
(៩. បរិបាចិតសិក្ខាបទំ)
[៧៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ភិក្ខុនីឈ្មោះថុល្លនន្ទា ជាជីតុនរបស់ត្រកូល១ ជាភិក្ខុនីប្រកបដោយនិច្ចភត្ត។ ចំណែកគហបតីនោះ ក៏បាននិមន្តពួកភិក្ខុជាថេរៈទៅផង។ គ្រានោះឯង ភិក្ខុនីឈ្មោះថុល្លនន្ទាស្លៀកស្បង់ ប្រដាប់ដោយបាត្រនិងចីវរក្នុងវេលាព្រឹក ហើយចូលទៅកាន់ត្រកូលនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងគហបតីនោះថា ម្នាលគហបតី ខាទនីយភោជនីយាហារមានប្រមាណច្រើននេះ គេចាត់ចែងដើម្បីអ្វី។ គហបតីឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំបាននិមន្តព្រះថេរៈទាំងឡាយមកឆាន់។ ភិក្ខុនីឈ្មោះថុល្លនន្ទាសួរថា ម្នាលគហបតី ព្រះថេរៈទាំងនោះ គឺព្រះថេរៈណាខ្លះ។ គហបតីឆ្លើយថា ព្រះសារីបុត្តជាម្ចាស់ ព្រះមោគ្គល្លានជាម្ចាស់ ព្រះមហាកច្ចានៈជាម្ចាស់ ព្រះមហាកោដ្ឋិតៈជាម្ចាស់ ព្រះមហាកប្បិនជាម្ចាស់ ព្រះមហាចុន្ទជាម្ចាស់ ព្រះអនុរុទ្ធជាម្ចាស់ ព្រះរេវត្តជាម្ចាស់ ព្រះឧបាលិជាម្ចាស់ ព្រះអានន្ទជាម្ចាស់ ព្រះរាហុលជាម្ចាស់។ ភិក្ខុនីឈ្មោះថុល្លនន្ទាឆ្លើយថា ម្នាលគហបតី កាលព្រះថេរៈមហានាគដ៏ប្រសើរមាននៅទេតើ ហេតុដូចម្តេចក៏អ្នកទៅនិមន្តពួកកូនក្មេងមកវិញ។ គហបតីសួរថា បពិត្រលោកម្ចាស់ ព្រះថេរៈមហានាគដ៏ប្រសើរទាំងនោះ មានព្រះនាមដូចម្តេចខ្លះ។ ភិក្ខុនីឈ្មោះថុល្លនន្ទាឆ្លើយថា លោកម្ចាស់ទេវទត្ត លោកម្ចាស់កោកាលិក លោកម្ចាស់កតមោរកតិស្សកៈ លោកម្ចាស់ខណ្ឌទេវីបុត្រ លោកម្ចាស់សមុទ្ទទត្ត។ កាលភិក្ខុនីឈ្មោះថុល្លនន្ទាកំពុងតែនិយាយពាក្យនេះមិនទាន់អស់នៅឡើយ។ ស្រាប់តែភិក្ខុជាថេរៈទាំងឡាយចូលមកក្នុងពេលនោះ។ ភិក្ខុនីឈ្មោះថុល្លនន្ទាសួរថា ម្នាលគហបតី ព្រះថេរៈមហានាគដ៏ប្រសើរទាំងឡាយ អ្នកបាននិមន្តហើយ ពិតមែនឬ។ គហបតីឆ្លើយថា បពិត្រលោកម្ចាស់ ឥឡូវនេះ លោកម្ចាស់បានធ្វើនូវព្រះថេរៈមហានាគដ៏ប្រសើរទាំងឡាយថាជាកូនក្មេង លោកម្ចាស់ត្រឡប់ធ្វើពួកភិក្ខុជាកូនក្មេងថាជាមហានាគដ៏ប្រសើរទៅវិញ (ថាដូច្នោះហើយ) ក៏ចាប់ទាញភិក្ខុនីឈ្មោះថុល្លនន្ទាចេញពីផ្ទះផង និច្ចភត្ត (គឺចង្ហាន់ដែលផ្គត់ផ្គង់ជានិច្ច) ក៏ផ្តាច់បង់ចេញ គឺឈប់ឲ្យតទៅទៀតផង។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តបានដឹងហើយ មិនគួរនឹងឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែងទេ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលទេវទត្ត ឮថាអ្នកដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ពិតមែនឬ។ ទេវទត្តក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរស អ្នកឯងដឹងហើយ មិនគួរនឹងឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែងទេ ម្នាលមោឃបុរស ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ កាលដឹងហើយឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៨០] សម័យនោះឯង មានភិក្ខុ១រូបចេញពីក្រុងរាជគ្រិះទៅបួស ហើយទៅកាន់ត្រកូលញាតិ។ មនុស្សទាំងឡាយនិយាយគ្នាថា លោកម្ចាស់ដ៏ចំរើនខាននិមន្តមកយូរហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាធ្វើចង្ហាន់ប្រគេនដោយគោរព។ មានភិក្ខុនីម្នាក់ជាជីតុនរបស់ត្រកូលនោះ បាននិយាយពាក្យនេះនឹងមនុស្សទាំងឡាយនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចូរឲ្យចង្ហាន់ដល់លោកម្ចាស់ចុះ។ ភិក្ខុនោះមានសេចក្តីសង្ស័យថា កាលដឹងហើយបរិភោគបិណ្ឌបាតដែលភិក្ខុនីចាត់ចែង ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ (សង្ស័យដូច្នោះហើយ) ក៏មិនទទួល (បិណ្ឌបាតនោះ) ហើយមិនអាចនឹងត្រាច់ទៅដើម្បីបិណ្ឌបាតទៀតផង ក៏អត់ចង្ហាន់ក្នុងពេលនោះឯង។ ទើបភិក្ខុនោះទៅអារាម ហើយប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលចង្ហាន់មានគ្រហស្ថប្រារព្ធជាមុនហើយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលដឹងឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែងបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយកាលដឹងហើយ ឆាន់បិណ្ឌបាតដែលភិក្ខុនីចាត់ចែង ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែចង្ហាន់ដែលគ្រហស្ថបានប្រារព្ធជាមុន។
[៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុដឹងឯងក្តី ជនទាំងឡាយដទៃដឹងហើយប្រាប់ដល់ភិក្ខុនោះក្តី ភិក្ខុនីនោះប្រាប់ក្តី។ ដែលហៅថា ភិក្ខុនី គឺស្រ្តីដែលបានឧបសម្បទាក្នុងសំណាក់ឧភតោសង្ឃ។ ដែលហៅថា ចាត់ចែង (គឺភិក្ខុនីនិយាយប្រាប់ដល់ជន) ដែលមិនចង់ឲ្យ មិនចង់ធ្វើទានក្នុងកាលមុនថា លោកម្ចាស់នេះជាអ្នកពោល លោកម្ចាស់នេះជាពហុស្សូត លោកម្ចាស់នេះជាអ្នកចេះព្រះសូត្រ លោកម្ចាស់នេះទ្រទ្រង់វិន័យ លោកម្ចាស់នេះជាធម្មកថិក អ្នកទាំងឡាយចូរឲ្យ (ចង្ហាន់) ដល់លោកម្ចាស់អង្គនេះ ចូរធ្វើ(ចង្ហាន់) ដល់លោកម្ចាស់នេះ ភិក្ខុនីនេះ ហៅថា ចាត់ចែង។ ដែលហៅថា បិណ្ឌបាត បានដល់ភោជនទាំង៥ ភោជនណាមួយ។ ពាក្យថា វៀរលែងតែចង្ហាន់ដែលគ្រហស្ថប្រារព្ធជាមុន សេចក្តីថា លើកទុកតែចង្ហាន់ដែលគ្រហស្ថគេផ្តើមជាមុន។ ដែលហៅថាគ្រហស្ថប្រារព្ធ គឺជនទាំងឡាយជាញាតិក្តី បិណ្ឌបាតដែលគេបវារណាក្តី ចង្ហាន់ដែលគេតាក់តែងជាប្រក្រតីក្តី។ ភិក្ខុទទួលបិណ្ឌបាតដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែងតែបិណ្ឌបាត ដែលគ្រហស្ថប្រារព្ធជាមុន។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូល។
[៨២] ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុសំគាល់ថាភិក្ខុនីចាត់ចែង ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែចង្ហាន់ដែលគ្រហស្ថប្រារព្ធជាមុន។ ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុមានសេចក្តីសង្ស័យ ហើយឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែងតែចង្ហាន់ដែលគ្រហស្ថប្រារព្ធជាមុន។ ចង្ហាន់ដែលភិក្ខុនីចាត់ចែង ភិក្ខុសំគាល់ថាមិនបានចាត់ចែងទេ នឹងចង្ហាន់ដែលគ្រហស្ថប្រារព្ធជាមុន ហើយឆាន់ មិនត្រូវអាបត្តិឡើយ។ ភិក្ខុឆាន់ភោជន ដែលភិក្ខុនីបានឧបសម្បទាក្នុងឯកតោសង្ឃបានចាត់ចែង ត្រូវអាបត្តិទុក្កដ វៀរលែងតែភោជនដែលគ្រហស្ថគេប្រារព្ធឡើងជាមុន។ ភិក្ខុសំគាល់ភោជនដែលភិក្ខុនីមិនបានចាត់ចែងថា បានចាត់ចែងទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងភោជនដែលភិក្ខុនីមិនបានចាត់ចែង ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ភោជនដែលភិក្ខុនីមិនបានចាត់ចែងថា មិនបានចាត់ចែង មិនត្រូវអាបត្តិ។
[៨៣] អាបត្តិមិនមានដល់ភិក្ខុដែលឆាន់ភោជនដែលគ្រហស្ថប្រារព្ធឡើងជាមុន ដល់ភិក្ខុដែលឆាន់ភោជនដែលសិក្ខមានាចាត់ចែង ដល់ភិក្ខុដែលឆាន់ភោជនដែលសាមណេរីចាត់ចែង អាបត្តិមិនមានដល់ភិក្ខុដែលឆាន់ភោជនទាំងពួងក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទ ទី ៩ ចប់។
(១០. រហោនិសជ្ជសិក្ខាបទំ)
[៨៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ស្រ្តីជាគូពីដើមរបស់ឧទាយិដ៏មានអាយុ បួសក្នុងសំណាក់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីនោះតែងមកក្នុងសំណាក់ឧទាយិដ៏មានអាយុរឿយៗ។ ចំណែកខាងឧទាយិដ៏មានអាយុ តែងទៅក្នុងសំណាក់ភិក្ខុនីនោះរឿយៗ។ គ្រានោះ ឧទាយិដ៏មានអាយុម្នាក់ឯង អង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីនោះតែម្នាក់ឯង។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ចុះហេតុអ្វី បានជាឧទាយិដ៏មានអាយុម្នាក់ឯងសម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីតែម្នាក់ឯង។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលឧទាយិភិក្ខុ ឮថាអ្នកឯងតែម្នាក់ឯង សម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីម្នាក់ឯង ពិតមែនឬ។ ឧទាយិភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងតែម្នាក់ឯងមិនគួរនឹងសម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីតែម្នាក់ឯងទេ នែមោឃបុរស ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំជនទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាក្រៃលែងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ សម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីតែម្នាក់នឹងម្នាក់ (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
[៨៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា ភិក្ខុនី គឺស្រីដែលបានឧបសម្បទាក្នុងសំណាក់ឧភតោសង្ឃ។ ពាក្យថា ជាមួយ គឺក្នុងទីជាមួយ។ ពាក្យថា តែម្នាក់នឹងម្នាក់ គឺភិក្ខុនិងភិក្ខុនី។ ដែលហៅថា ទីស្ងាត់ គឺទីកំបាំងភ្នែក១ ទីកំបាំងត្រចៀក១។ ដែលហៅថាទីកំបាំងភ្នែក គឺទីដែលគេមិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី ក៏មិនអាចមើលឃើញបាន។ ដែលហៅថា ទីកំបាំងត្រចៀក គឺទីដែលគេមិនអាចដើម្បីស្តាប់ពាក្យពោលជាប្រក្រតីបាន។ ពាក្យថា សម្រេចការអង្គុយ សេចក្តីថា កាលភិក្ខុនីអង្គុយ ភិក្ខុអង្គុយជិតក្តី ដេកជិតក្តី ត្រូវអាបត្តិបាចិត្តិយ។ កាលភិក្ខុអង្គុយ ភិក្ខុនីអង្គុយជិតក្តី ដេកជិតក្តី ត្រូវអាបត្តិបាចិត្តិយ។ ជនទាំងពីររូប (គឺភិក្ខុនិងភិក្ខុនី) អង្គុយក្តី ជនទាំងពីររូប (គឺភិក្ខុនិងភិក្ខុនី) ដេកក្តី ត្រូវអាបត្តិបាចិត្តិយ។
[៨៦] ទីស្ងាត់ ភិក្ខុក៏សំគាល់ថាទីស្ងាត់ ហើយអង្គុយជាមួយនឹងភិក្ខុនីតែមួយនឹងមួយ ត្រូវអាបត្តិបាចិត្តិយ។ ទីស្ងាត់ តែភិក្ខុសង្ស័យ ហើយអង្គុយជាមួយនឹងភិក្ខុនីតែម្នាក់និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ ទីស្ងាត់ ភិក្ខុសំគាល់ថាមិនស្ងាត់ ហើយអង្គុយជាមួយនឹងភិក្ខុនីតែម្នាក់និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ ទីមិនស្ងាត់ ភិក្ខុសំគាល់ថាទីស្ងាត់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងទីមិនស្ងាត់ ត្រូវអាបត្តិទុក្កដ។ ទីមិនស្ងាត់ ភិក្ខុក៏សំគាល់ថាមិនស្ងាត់ មិនត្រូវអាបត្តិឡើយ។
[៨៧] អាបត្តិមិនមានដល់ភិក្ខុដែលមានបុរសណានីមួយដែលដឹងសេចក្តីនៅជាពីរនាក់នឹងខ្លួន ដល់ភិក្ខុដែលឈរ មិនអង្គុយ ដល់ភិក្ខុដែលមានបំណងនូវទីមិនស្ងាត់ ហើយ(អង្គុយ) ដល់ភិក្ខុដែលមានចិត្តបញ្ជូនទៅកាន់អារម្មណ៍ដទៃអង្គុយនៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទ ទី ១០ ចប់។
ឱវាទវគ្គ ជាគំរប់៣ ចប់។
ចំនួនសិក្ខាបទនៃឱវាទវគ្គនោះមាន១០គឺ
អសម្មតសិក្ខាបទ (ភិក្ខុនោវាទសិក្ខាបទ)១ អដ្ឋង្គតសិក្ខាបទ១ ឧបស្សយសិក្ខាបទ (ភិក្ខុនូបស្សយ)១ អាមិសសិក្ខាបទ១ ទានសិក្ខាបទ (ចីវរទានសិក្ខាបទ)១ សិព្វនសិក្ខាបទ (ចីវរសិព្វនសិក្ខាបទ)១ អទ្ធានសិក្ខាបទ (សំវិធានសិក្ខាបទ)១ នាវាភិរុហនសិក្ខាបទ១ ភុញ្ជនសិក្ខាបទ (បរិបាចនសិក្ខាបទ)១ ឯកោឯកាយសិក្ខាបទ (រហោនិសជ្ជសិក្ខាបទ)១។
(៤. ភោជនវគ្គោ)
(១. អាវសថបិណ្ឌសិក្ខាបទំ)
[៨៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានពួកជន១ពួកនៅជិតក្រុងសាវត្ថីបាននាំគ្នាតាក់តែងបិណ្ឌបាតក្នុងផ្ទះសំណាក់ ឬរោងទាន។ ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរអំពីព្រឹក ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ដល់មិនបានបិណ្ឌបាត ក៏នាំគ្នាទៅកាន់ផ្ទះសំណាក់ ឬរោងទាន (នោះ)។ មនុស្សទាំងឡាយនិយាយគ្នាថា លោកម្ចាស់ទាំងឡាយខាននិមន្តមកយូរណាស់ហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាអង្គាសដោយគោរព។ កាលនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ នាំគ្នាស្លៀកស្បង់ហើយប្រដាប់ដោយបាត្រនិងចីវរអំពីព្រឹក ចូលទៅកាន់ក្រុងសាវត្ថីដើម្បីបិណ្ឌបាត ដល់មិនបាន ក៏នាំគ្នាទៅកាន់ផ្ទះសំណាក់ ឬរោងទាន (នោះ) ហើយឆាន់ ក្នុងថ្ងៃជាគំរប់ពីរផង ក្នុងថ្ងៃជាគំរប់បីផង។ ទើបឆព្វគ្គិយភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា យើងទាំងឡាយទៅអារាមធ្វើអ្វី យើងគួរតែមកក្នុងផ្ទះសំណាក់ ឬរោងទាននេះប៉ុណ្ណោះបានហើយ។ ឆព្វគ្គិយភិក្ខុទាំងឡាយនៅហើយនៅទៀតក្នុងផ្ទះសំណាក់នោះឯង នាំគ្នាឆាន់នូវអាវសថបិណ្ឌបាត (គឺបិណ្ឌបាតក្នុងផ្ទះសំណាក់ ឬរោងទាននោះ)។ តិរ្ថីយទាំងឡាយក៏ចៀសចេញទៅ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយជាកូនចៅព្រះពុទ្ធជាសក្យបុត្រ មិនគួរនឹងនៅត្រាំត្រែងឆាន់អាវសថបិណ្ឌបាត អាវសថបិណ្ឌបាត មិនមែនជនតាក់តែងដើម្បីតែពួកសមណៈនេះទេ អាវសថបិណ្ឌបាត ជនតាក់តែងដើម្បីជនទាំងឡាយទាំងពួងរាល់គ្នា។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុទាំងឡាយ មិនគួរនឹងនៅត្រាំត្រែងឆាន់អាវសថបិណ្ឌបាតសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយនៅត្រាំត្រែងឆាន់អាវសថបិណ្ឌបាត ពិតមែនឬ។ ឆព្វគ្គិយភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងនៅត្រាំត្រែងឆាន់អាវសថបិណ្ឌបាតទេ ម្នាលមោឃបុរសទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិននាំជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
អាហារក្នុងផ្ទះសំណាក់ ឬរោងទាន ភិក្ខុត្រូវឆាន់បានតែម្តង បើឆាន់ឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៨៩] សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុនិមន្តទៅក្រុងសាវត្ថីក្នុងកោសលជនបទ បានចូលទៅកាន់ផ្ទះសំណាក់ ឬរោងទាន១។ មនុស្សទាំងឡាយនិយាយគ្នាថា ព្រះថេរៈខាននិមន្តមកយូរណាស់ហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាអង្គាសដោយគោរព។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុឆាន់រួចហើយ ក៏មានអាពាធជាទម្ងន់។ លោកមិនអាចនឹងចៀសចេញពីផ្ទះសំណាក់ ឬរោងទាននោះទៅបាន។ ទើបមនុស្សទាំងឡាយនោះ បានពោលពាក្យនេះនឹងព្រះសារីបុត្តដ៏មានអាយុក្នុងថ្ងៃជាគំរប់ពីរថា បពិត្រព្រះថេរដ៏ចំរើន សូមលោកនិមន្តឆាន់ចុះ។ ព្រះសារីបុត្តដ៏មានអាយុមានសេចក្តីសង្ស័យថា ការដែលនៅត្រាំត្រែងឆាន់បិណ្ឌបាតក្នុងផ្ទះសំណាក់ ឬរោងទាន ព្រះដ៏មានព្រះភាគបានហាមហើយ ហើយមិនទទួលបិណ្ឌបាត ក៏អត់ចង្ហាន់ក្នុងពេលនោះ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុនិមន្តទៅកាន់ក្រុងសាវត្ថី ហើយដំណាលសេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ ៗក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមានជម្ងឺអាស្រ័យនៅរឿយៗ ឆាន់ភោជនក្នុងរោងទានបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
បិណ្ឌបាតក្នុងរោងទាន ភិក្ខុមិនមានជម្ងឺត្រូវឆាន់បានតែម្តង បើឆាន់ឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។
[៩០] ភិក្ខុដែលអាចដើម្បីចៀសចេញពីរោងទាននោះទៅបាន ហៅថា មិនមានជម្ងឺ។ ភិក្ខុដែលមិនអាចដើម្បីចៀសចេញពីរោងទាននោះទៅបាន ហៅថា មានជម្ងឺ។ ដែលហៅថា បិណ្ឌបាតក្នុងរោងទាន បានដល់ភោជនទាំង៥យ៉ាង ភោជនណាមួយដែលគេតាក់តែងក្នុងសាលាក្តី ក្នុងមណ្ឌបក្តី ទៀបគល់ឈើក្តី ក្នុងទីវាលក្តី មិនចំពោះបុគ្គលណា គេតាក់តែងកំណត់ល្មមមួយឆ្អែត (គ្រប់ៗគ្នា)។ ភិក្ខុមិនមានជម្ងឺត្រូវឆាន់បានតែម្តង បើទទួលឲ្យហួសពីកំណត់នោះទៅ ដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូលទៅ។
[៩១] ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ ហើយបរិភោគអាវសថបិណ្ឌបាតឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនមិនមានជម្ងឺ ភិក្ខុមានសេចក្តីសង្ស័យ ហើយបរិភោគអាវសថបិណ្ឌបាតឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ ហើយឆាន់អាវសថបិណ្ឌបាតឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ មិនត្រូវអាបត្តិឡើយ។
[៩២] អាបត្តិមិនមានដល់ភិក្ខុមានជម្ងឺ ដល់ភិក្ខុមិនមានជម្ងឺឆាន់តែម្តង ដល់ភិក្ខុដែលដើរទៅក្តី ដើរមកក្តី ហើយឆាន់8) ដល់ភិក្ខុដែលជនជាម្ចាស់ទានគេនិមន្តឲ្យឆាន់ ដល់ភិក្ខុដែលឆាន់បិណ្ឌបាតដែលគេតាក់តែងចំពោះ ដល់ភិក្ខុដែលឆាន់បិណ្ឌបាតដែលគេតាក់តែងមិនដល់មួយចំអែត អាបត្តិមិនមានដល់ភិក្ខុព្រោះឆាន់ភោជនទាំងពួងក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទ ទី ១ ចប់។
(២. គណភោជនសិក្ខាបទំ)
[៩៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ទេវទត្តមានលាភសក្ការៈសាបសូន្យហើយ ព្រមទាំងបរិស័ទក៏នាំគ្នាដើរសូមរឿយៗក្នុងពួកត្រកូលហើយឆាន់។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយជាកូនចៅព្រះពុទ្ធបុត្រសក្យរាជ មិនគួរនឹងនាំគ្នាដើរសូមរឿយៗក្នុងពួកត្រកូលហើយឆាន់សោះ (ធម្មតាមនុស្ស) អ្នកណាមួយដែលមិនគាប់ចិត្តនឹងភោជនល្អ អ្នកណាមួយដែលមិនពេញចិត្តនឹងភោជនដ៏ឆ្ងាញ់ពីសារ។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តព្រមទាំងបរិសទ្យ មិនគួរនឹងនាំគ្នាដើរសូមរឿយៗក្នុងត្រកូលទាំងឡាយហើយឆាន់សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលទេវទត្ត ឮថាអ្នកឯងព្រមទាំងបរិសទ្យនាំគ្នាដើរសូមរឿយៗក្នុងត្រកូលទាំងឡាយ ហើយឆាន់ ពិតមែនឬ។ ទេវទត្តក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងព្រមទាំងបរិសទ្យ មិនគួរនឹងដើរសូមរឿយៗក្នុងត្រកូលទាំងឡាយ ហើយឆាន់ទេ ម្នាលមោឃបុរស ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិននាំជនទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាក្រៃលែងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុឆាន់គណភោជន ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៩៤] សម័យនោះឯង មនុស្សទាំងឡាយនិមន្តពួកភិក្ខុដែលមានជម្ងឺដោយភត្ត។ ពួកភិក្ខុសង្ស័យ មិនទទួល ដោយគិតថា គណភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ទើបពួកភិក្ខុ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមានជម្ងឺឆាន់គណភោជនបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៩៥] សម័យនោះឯង មនុស្សទាំងឡាយតាក់តែងចង្ហាន់ព្រមទាំងចីវរ ក្នុងសម័យចីវរទាន ហើយនិមន្តភិក្ខុទាំងឡាយថា យើងទាំងឡាយនឹងនិមន្តលោកម្ចាស់ទាំងឡាយឲ្យឆាន់ រួចហើយនឹងប្រគេនចីវរឲ្យស្លៀកដណ្តប់។ ភិក្ខុទាំងឡាយ សង្ស័យមិនទទួលដោយគិតថា គណភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ចីវរក៏កើតឡើងដល់ភិក្ខុដោយស្តួចស្តើង។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយឆាន់គណភោជនបានក្នុងសម័យនៃចីវរទាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេឲ្យចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៩៦] សម័យនោះឯង មនុស្សទាំងឡាយ និមន្តពួកភិក្ខុដែលជាអ្នកធ្វើចីវរ ដោយចង្ហាន់។ ភិក្ខុទាំងឡាយសង្ស័យ មិនទទួលដោយគិតថា គណភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់គណភោជនបានក្នុងសម័យដែលធ្វើចីវរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេប្រគេនចីវរ១ សម័យដែលធ្វើចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៩៧] សម័យនោះឯង ភិក្ខុទាំងឡាយទៅកាន់ផ្លូវឆ្ងាយ មួយអន្លើដោយមនុស្សទាំងឡាយ។ ឯភិក្ខុទាំងនោះ និយាយពាក្យនេះនឹងមនុស្សទាំងនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចូរបង្អង់ចាំ១រំពេច យើងទាំងឡាយនឹងត្រាច់ទៅដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយនោះ និយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ទាំងឡាយនិមន្តឆាន់ក្នុងទីនេះចុះ។ ភិក្ខុទាំងឡាយ សង្ស័យ មិនទទួលដោយគិតថា គណភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន ក្នុងសម័យដែលដើរផ្លូវឆ្ងាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេប្រគេនចីវរ១ សម័យដែលធ្វើនូវចីវរ១ សម័យដែលទៅកាន់ផ្លូវឆ្ងាយ១ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៩៨] សម័យនោះឯង ភិក្ខុទាំងឡាយទៅដោយទូក មួយអន្លើដោយមនុស្សទាំងឡាយ។ ឯភិក្ខុទាំងនោះ និយាយពាក្យនេះនឹងមនុស្សទាំងនោះថា ម្នាលអាវុសោ អ្នកទាំងឡាយចូរអែបទូកទៀបឆ្នេរមួយរំពេចសិន យើងទាំងឡាយនឹងត្រាច់ទៅដើម្បីបិណ្ឌបាត។ មនុស្សទាំងឡាយនោះ និយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ទាំងឡាយឆាន់ចង្ហាន់ក្នុងទីនេះចុះ។ ភិក្ខុទាំងឡាយ សង្ស័យ មិនហ៊ានទទួលដោយគិតថា គណភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន ក្នុងសម័យឡើងជិះទូកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេប្រគេនចីវរ១ សម័យដែលធ្វើចីវរ១ សម័យដែលទៅកាន់ផ្លូវឆ្ងាយ១ សម័យដែលឡើងជិះទូក១ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[៩៩] សម័យនោះឯង ភិក្ខុទាំងឡាយនៅចាំវស្សាក្នុងទិសទាំងឡាយ លុះចេញវស្សារួចហើយ ក៏នាំគ្នាមកឯក្រុងរាជគ្រឹះដើម្បីគាល់ព្រះដ៏មានព្រះភាគ។ ពួកមនុស្សឃើញភិក្ខុទាំងឡាយមកពីរជ្ជសីមា9) ផ្សេងៗគ្នា ហើយក៏និមន្តឆាន់។ ភិក្ខុទាំងឡាយ សង្ស័យ មិនទទួលដោយគិតថា គណភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអ្នកទាំងឡាយឆាន់គណភោជន ក្នុងមហាសម័យបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេប្រគេនចីវរ១ សម័យដែលធ្វើនូវចីវរ១ សម័យដែលទៅកាន់ផ្លូវឆ្ងាយ១ សម័យដែលឡើងជិះទូក១ សម័យដែលមានភិក្ខុច្រើន១ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១០០] សម័យនោះឯង (មានបុរសម្នាក់) ត្រូវជាញាតិសាលោហិតរបស់ព្រះបាទមាគធសេនិយពិម្ពិសាររាជ បានបួសក្នុងសំណាក់អាជីវកទាំងឡាយ។ លំដាប់នោះ អាជីវកនោះចូលទៅគាល់ព្រះបាទមាគធសេនិយពិម្ពិសាររាជ ហើយបានទូលពាក្យនេះចំពោះព្រះបាទមាគធសេនិយពិម្ពិសាររាជថា បពិត្រមហារាជ អាត្មាប្រាថ្នាដើម្បីធ្វើនូវភត្តជារបៀបបាសណ្ឌសុទ្ធ។10) ព្រះបាទមាគធសេនិយពិម្ពិសាររាជត្រាស់ថា បពិត្រលោកដ៏ចំរើន បើលោកនិមន្តភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានឆាន់មុនសិន (ទើប) យើងត្រូវធ្វើយ៉ាងនេះ (បាន)។ អាជីវកនោះក៏ប្រើបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយក្នុងពេលនោះថា ភិក្ខុទាំងឡាយសូមទទួលចង្ហាន់របស់ខ្ញុំដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ភិក្ខុទាំងឡាយសង្ស័យ មិនទទួលដោយគិតថា គណភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ គ្រានោះ អាជីវកនោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ ដល់ហើយ ក៏ពោលពាក្យជាទីរាក់ទាក់ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលបុគ្គលគប្បីរីករាយ ដែលបុគ្គលគប្បីរលឹកស្រេចហើយ ក៏ស្ថិតនៅក្នុងទីដ៏សមគួរ។ អាជីវកនោះ លុះស្ថិតនៅក្នុងទីដ៏សមគួរហើយ ក៏បានក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា ព្រះគោតមដ៏ចំរើនជាអ្នកបួស ខ្ញុំព្រះអង្គក៏ជាអ្នកបួសដែរ អ្នកបួសគួរទទួលដុំបាយរបស់អ្នកបួសផងគ្នា ព្រះគោតមដ៏ចំរើន សូមទទួលចង្ហាន់របស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក មួយអន្លើដោយភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគទ្រង់ទទួលដោយតណ្ហីភាព។ អាជីវកនោះដឹងច្បាស់ជាព្រះដ៏មានព្រះភាគទទួលនិមន្តហើយ ក៏ចៀសចេញទៅក្នុងពេលនោះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកជួបជុំក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់គណភោជន ក្នុងសម័យនៃសមណភត្តបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់គណភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលមានជម្ងឺ១ សម័យដែលគេប្រគេនចីវរ១ សម័យដែលធ្វើនូវចីវរ១ សម័យដែលដើរផ្លូវឆ្ងាយ១ សម័យដែលឡើងជិះទូក១ សម័យដែលមានភិក្ខុច្រើនអង្គ១ សម័យនៃសមណភត្ត១ នេះជាសម័យក្នុងសិក្ខាបទនោះ។
[១០១] ដែលហៅថា គណភោជន គឺភិក្ខុ៤រូបដែលគេនិមន្តចេញ ឈ្មោះភោជនទាំង៥ ដោយភោជនណាមួយ ហើយឆាន់ភោជនណា ភោជននុ៎ះហៅថា គណភោជន។ ពាក្យថា វៀរលែងតែមានសម័យ គឺលើកទុកតែមានសម័យ (គឺហេតុដែលគួរនឹងឆាន់បាន)។ ដែលហៅថា សម័យមានជម្ងឺ ដោយហោចទៅ សូម្បីតែជើងទាំងឡាយដែលបែក (បាក់ផ្តៅក៏ហៅថាមានជម្ងឺ)។ ភិក្ខុដឹងថាខ្លួនមានសម័យឈឺថ្កាត់ហើយ គប្បីឆាន់គណភោជនបាន។ ដែលហៅថា សម័យដែលគេប្រគេនចីវរ គឺថាកាលបើភិក្ខុមិនបានក្រាលកឋិនទេ (សម័យនៃចីវរទាន) បានត្រឹមតែ១ខែ គឺខែជាខាងចុងនៃវស្សានរដូវ11) បើភិក្ខុបានក្រាលកឋិន (សម័យនៃចីវរទាន) បាន៥ខែ។12) ភិក្ខុដឹងថាមានសម័យនៃចីវរទានហើយ គប្បីឆាន់គណភោជនបាន។ ដែលហៅថា សម័យដែលធ្វើនូវចីវរ គឺកាលដែលភិក្ខុកំពុងធ្វើចីវរ។ ភិក្ខុដឹងថាមានសម័យជាទីធ្វើនូវចីវរហើយ គប្បីឆាន់គណភោជនបាន។ ដែលហៅថា សម័យដែលដើរផ្លូវឆ្ងាយ គឺភិក្ខុដឹងថា អញនឹងដើរផ្លូវឆ្ងាយប្រមាណកន្លះយោជន៍ហើយ គប្បីឆាន់គណភោជនបាន។ កាលភិក្ខុកំពុងដើរទៅ ក៏គប្បីឆាន់គណភោជនបាន។ កាលភិក្ខុមកវិញ ក៏គប្បីឆាន់គណភោជនបាន។ ដែលហៅថា សម័យឡើងជិះទូក គឺភិក្ខុដឹងថា អញនឹងឡើងជិះទូក ហើយគប្បីឆាន់គណភោជនបាន។ ភិក្ខុឡើងជិះទូកហើយគប្បីឆាន់គណភោជនបាន។ កាលភិក្ខុចុះអំពីទូកហើយគប្បីឆាន់គណភោជនបាន។ ដែលហៅថា សម័យមានភិក្ខុច្រើនអង្គ គឺសម័យដែលភិក្ខុទាំងឡាយពីរ ឬបីអង្គត្រាច់ទៅដើម្បីបិណ្ឌបាត ហើយបានឆាន់ឆ្អែតក្នុងទីណា ដល់ភិក្ខុមួយអង្គមកទៀត ត្រូវជាបួនអង្គ ឆាន់មិនឆ្អែត។ ភិក្ខុដឹងថា សម័យមានភិក្ខុច្រើនអង្គដូច្នេះ ហើយគប្បីឆាន់គណភោជនបាន។ ដែលហៅថា សម័យនៃសមណភត្ត គឺអ្នកណាមួយដែលរាប់បញ្ចូលក្នុងពួកអ្នកបួស (ក្រៅព្រះពុទ្ធសាសនា) ធ្វើភត្ត។ ភិក្ខុដឹងថា សម័យនៃសមណភត្ត ហើយគប្បីឆាន់គណភោជនបាន។ ភិក្ខុទទួលគណភោជនដោយគិតថា អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ វៀរលែងតែមានសម័យ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូលក្នុងក។
[១០២] គណភោជន ភិក្ខុសំគាល់ថាគណភោជនមែន ហើយបរិភោគ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសង្ស័យក្នុងគណភោជនហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសំគាល់ក្នុងគណភោជនថា មិនមែនគណភោជន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មិនមែនគណភោជន ភិក្ខុសំគាល់ថាគណភោជន ត្រូវអាបត្តិទុក្កដ។ មិនមែនគណភោជន ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនគណភោជន ភិក្ខុសំគាល់ថា មិនមែនគណភោជន មិនត្រូវអាបត្តិ។
[១០៣] អាបត្តិមិនមានដល់ភិក្ខុមានសម័យ ដល់ភិក្ខុទាំងឡាយពីរឬបីអង្គដែលឆាន់ជាមួយគ្នា ដល់ភិក្ខុទាំងឡាយដែលត្រាច់ទៅដើម្បីបិណ្ឌបាត ហើយប្រជុំគ្នាឆាន់ក្នុងទីជាមួយគ្នា ដល់ភិក្ខុដែលឆាន់និច្ចភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត បាដិបទិកភត្ត អាបត្តិមិនមានដល់ភិក្ខុដែលឆាន់ភោជនទាំងពួងក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទ ទី ២ ចប់។
(៣. បរម្បរភោជនសិក្ខាបទំ)
[១០៤] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅកូដាគារសាលា ក្នុងមហាវន ក្បែរក្រុងវេសាលី។ សម័យនោះឯង ក្រុងវេសាលី គេបានចាត់ចែងភត្តដ៏ឧត្តមទាំងឡាយតាំងនៅជានិច្ច។ គ្រានោះ អ្នកធ្វើការម្នាក់ជាមនុស្សទាល់ក្រ មានសេចក្តីត្រិះរិះដូច្នេះថា មនុស្សទាំងឡាយនេះធ្វើភត្តដោយគោរព តាមទំនងយ៉ាងណា (ទំនង) នេះមិនមែនជាថោកទាបឡើយ បើដូច្នោះ មានតែអញត្រូវធ្វើភត្តនឹងគេដែរ។ ឯអ្នកធ្វើការងារដែលជាមនុស្សទាល់ក្រនោះ ចូលទៅរកបុរសឈ្មោះកិរបតិក លុះចូលទៅហើយ ក៏បាននិយាយពាក្យនេះនឹងបុរសឈ្មោះកិរបតិកនោះថា បពិត្រអយ្យបុត្រ ខ្ញុំប្រាថ្នាដើម្បីធ្វើភត្តដល់ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន សូមអ្នកឲ្យថ្លៃឈ្នួលមកខ្ញុំចុះ។ បុរសឈ្មោះកិរបតិកនោះឯង ក៏ជាមនុស្សមានសទ្ធាជ្រះថ្លាដែរ។ ឯបុរសឈ្មោះកិរបតិកនោះ បានឲ្យថ្លៃឈ្នួលច្រើនគ្រាន់បើដល់អ្នកធ្វើការងារដែលជាមនុស្សទាល់ក្រនោះ។ គ្រានោះ អ្នកធ្វើការងារដែលជាមនុស្សទាល់ក្រនោះចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ បុរសអ្នកធ្វើការងារដែលជាមនុស្សទ័លក្រនោះ លុះអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគសូមទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែកមួយអន្លើដោយភិក្ខុសង្ឃ។ ព្រះអង្គត្រាស់សួរថា ម្នាលអាវុសោ ភិក្ខុសង្ឃច្រើនណាស់ អ្នកចូរដឹងចុះ។ បុរសកំសត់ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃច្រើនក៏ច្រើនចុះ (ព្រោះ) ផ្លែពទ្រាមានប្រមាណច្រើន ខ្ញុំព្រះអង្គបានចាត់ចែងហើយ គ្រឿងផឹកទាំងឡាយនឹងបរិបូណ៌ដោយបបរលាយដោយផ្លែពទ្រា។ ព្រះដ៏មានព្រះភាគទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ គ្រានោះ បុរសអ្នកធ្វើការងារដ៏កំសត់នោះដឹងច្បាស់ថា ព្រះដ៏មានព្រះភាគទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ភិក្ខុទាំងឡាយបានដំណឹងថា ឮថា ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន អ្នកធ្វើការងារដ៏កំសត់បាននិមន្តហើយដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក គ្រឿងផឹកទាំងឡាយនឹងបរិបូណ៌ដោយបបរលាយដោយផ្លែពទ្រា។ ភិក្ខុទាំងនោះត្រាច់ទៅ ដើម្បីបិណ្ឌបាត ហើយឆាន់តាំងអំពីព្រឹក។ មនុស្សទាំងឡាយបានដំណឹងថា ឮថា ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន អ្នកធ្វើការងារដ៏កំសត់បាននិមន្តហើយ។ មនុស្សទាំងនោះនាំយកខាទនីយភោជនីយមានប្រមាណច្រើន ទៅដើម្បីអ្នកធ្វើការងារដ៏កំសត់ (នោះ)។ លុះព្រឹកឡើង ទើបអ្នកធ្វើការងារដ៏កំសត់នោះឲ្យមនុស្សតាក់តែងខាទនីយភោជនីយដ៏ឧត្តម ហើយឲ្យគេក្រាបទូលនូវភត្តកាលចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រនិងចីវរអំពីព្រឹក រួចហើយយាងចូលទៅកាន់លំនៅអ្នកធ្វើការងារដ៏កំសត់នោះ លុះចូលទៅដល់ហើយក៏គង់លើអាសនៈដែលគេតាក់តែងថ្វាយ មួយអន្លើដោយភិក្ខុសង្ឃ។ ទើបអ្នកធ្វើការងារដ៏កំសត់នោះក៏អង្គាសភិក្ខុទាំងឡាយក្នុងរោងភត្ត។ ពួកភិក្ខុពោលយ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចហើយ ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចហើយ។ អ្នកធ្វើការងារដ៏កំសត់នោះឆ្លើយថា បពិត្រលោកទាំងឡាយដ៏ចំរើន លោកទាំងឡាយសូមកុំទទួលនូវវត្ថុបន្តិចៗ ដោយគិតថា អ្នកធ្វើការងារនេះជាមនុស្សកំសត់ឡើយ (ព្រោះ) ខាទនីយភោជនីយមានប្រមាណច្រើន ខ្ញុំព្រះករុណាឲ្យគេតាក់តែងហើយ បពិត្រលោកម្ចាស់ទាំងឡាយ សូមលោកទាំងឡាយទទួល (ឆាន់) ត្រាតែឆ្អែត។ ពួកភិក្ខុឆ្លើយថា ម្នាលអាវុសោ យើងទាំងឡាយទទួលវត្ថុបន្តិចៗ ព្រោះតែហេតុនេះ ក៏មិនមែនទេ មកពីយើងទាំងឡាយត្រាច់ទៅដើម្បីបិណ្ឌបាតឆាន់តាំងអំពីព្រឹកហើយ ហេតុនោះ បានជាយើងទាំងឡាយទទួលតែបន្តិចៗម្នាក់។ លំដាប់នោះ អ្នកធ្វើការងារដ៏កំសត់នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើលោកទាំងឡាយដ៏ចំរើន ខ្ញុំបាននិមន្តហើយ មិនគួរនឹងឆាន់ក្នុងទីដទៃសោះ ឬខ្ញុំមិនអាចដើម្បីប្រគេនឲ្យឆាន់ឆ្អែតទេដឹង។ ភិក្ខុទាំងឡាយឮអ្នកធ្វើការងារដ៏កំសត់នោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ) ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុដែលគេបាននិមន្តក្នុងទីដទៃហើយ មិនគួរនឹងឆាន់ក្នុងទីដទៃសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុ ជនគេបាននិមន្តក្នុងទីដទៃហើយ ត្រឡប់ឆាន់ក្នុងទីដទៃវិញ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ គេបាននិមន្តក្នុងទីដទៃហើយ មិនគួរនឹងឆាន់ក្នុងទីដទៃ ម្នាលភិក្ខុទាំងឡាយ ការនេះនឹងនាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំជនទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់បរម្បរភោជន13) (គឺភោជនដែលគេនិមន្តខាងក្រោយ)
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១០៥] សម័យនោះឯង មានភិក្ខុ១រូបមានជម្ងឺ។ ភិក្ខុ១រូបទៀតកាន់យកចង្ហាន់បិណ្ឌបាតចូលទៅរកភិក្ខុនោះ លុះចូលទៅហើយ បាននិយាយពាក្យនេះនឹងភិក្ខុនោះថា ម្នាលអាវុសោ លោកចូរឆាន់។ ភិក្ខុមានជម្ងឺឆ្លើយថា ម្នាលអាវុសោ កុំឡើយ ចង្ហាន់ដែលគេបម្រុងឲ្យខ្ញុំមានហើយ។ បិណ្ឌបាតដែលគេនាំយកមកប្រគេនភិក្ខុនោះក្នុងពេលថ្ងៃពេក។ ភិក្ខុមានជម្ងឺនោះឆាន់មិនបានដោយស្រួលសោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមានជម្ងឺឆាន់បរម្បរភោជនបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់បរម្បរភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលភិក្ខុមានជម្ងឺ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១០៦] សម័យនោះឯង មនុស្សទាំងឡាយតាក់តែងភត្តព្រមទាំងចីវរ ក្នុងសម័យនៃចីវរទាន ហើយនិមន្តភិក្ខុទាំងឡាយថា ពួកយើងនឹងនិមន្តលោកម្ចាស់ទាំងឡាយឆាន់ រួច(នឹងប្រគេន)ចីវរឲ្យស្លៀកដណ្តប់។ ភិក្ខុទាំងឡាយសង្ស័យ មិនទទួលដោយគិតថា បរម្បរភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ចីវរក៏កើតឡើងដល់ភិក្ខុដោយស្តួចស្តើង។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់បរម្បរភោជនក្នុងសម័យនៃចីវរទានបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់បរម្បរភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលភិក្ខុមានជម្ងឺ១ សម័យនៃចីវរទាន១ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១០៧] សម័យនោះឯង មនុស្សទាំងឡាយ និមន្តពួកភិក្ខុជាអ្នកធ្វើចីវរ ឲ្យឆាន់ចង្ហាន់។ ភិក្ខុទាំងឡាយសង្ស័យ មិនទទួលដោយគិតថា បរម្បរភោជន ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់បរម្បរភោជនក្នុងសម័យជាទីធ្វើនូវចីវរបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុត្រូវអាបត្តិបាចិត្តិយ ព្រោះឆាន់បរម្បរភោជន វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ សម័យដែលភិក្ខុមានជម្ងឺ១ សម័យនៃចីវរទាន១ សម័យជាទីធ្វើនូវចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១០៨] គ្រានោះ ពេលបុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ ទ្រង់ស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រនិងចីវរ មានព្រះអានន្ទដ៏មានអាយុជាបច្ឆាសមណៈ ព្រះអង្គទ្រង់យាងចូលទៅកាន់ត្រកូល១ លុះចូលទៅហើយ ក៏ទ្រង់គង់លើអាសនៈដែលគេតាក់តែងថ្វាយ។ ទើបមនុស្សទាំងឡាយនោះបានថ្វាយភោជនដល់ព្រះដ៏មានព្រះភាគផង ដល់ព្រះអានន្ទដ៏មានអាយុផង។ ព្រះអានន្ទដ៏មានអាយុសង្ស័យ មិនហ៊ានទទួល ព្រះអង្គត្រាស់ថា ម្នាលអានន្ទ អ្នកទទួលចុះ។ ព្រះអានន្ទក្រាបទូលថា សូមទ្រង់មេត្តាប្រោស ក្រែងមិនគួរ ព្រោះខ្ញុំព្រះអង្គមានចង្ហាន់គេបម្រុងនឹងប្រគេនហើយ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរកំណត់ (ចង្ហាន់នោះដល់ភិក្ខុឯទៀត) ហើយទទួលយក (ចង្ហាន់នេះ) ចុះ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកំណត់នូវចង្ហាន់ដែលគេបម្រុងដើម្បីខ្លួនដល់ភិក្ខុឯទៀត ហើយឆាន់បរម្បរភោជនបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីកំណត់ដោយពាក្យយ៉ាងនេះថា ខ្ញុំឲ្យនូវភត្តដែលគេបម្រុងទុកដើម្បីខ្ញុំដល់ភិក្ខុឈ្មោះនេះ។
[១០៩] ដែលហៅថា បរម្បរភោជន គឺ(ភិក្ខុ)ដែលគេនិមន្តដោយភោជន៥យ៉ាង ភោជនណាមួយ ហើយវៀរភោជននោះ បែរទៅឆាន់ភោជន៥យ៉ាង ភោជនណាមួយនៅទីដទៃ ភោជននុ៎ះហៅថា បរម្បរភោជន។ ពាក្យថា វៀរតែមានសម័យ គឺលើកទុកតែមានសម័យ (គឺហេតុដែលគួរនឹងឆាន់បាន)។ ដែលហៅថា សម័យដែលភិក្ខុមានជម្ងឺ គឺភិក្ខុមិនអាចនឹងអង្គុយឆាន់ដរាបទាល់ឆ្អែតលើអាសនៈមួយ។ ភិក្ខុដឹងថាខ្លួនមានសម័យឈឺថ្កាត់ហើយ គប្បីឆាន់(បរម្បរភោជនបាន)។ ដែលហៅថាសម័យនៃចីវរទាន គឺបើភិក្ខុមិនបានក្រាលកឋិនទេ សម័យចីវរទាន មានតែ១ខែ គឺខែជាទីបំផុតនៃវស្សានរដូវ បើភិក្ខុបានក្រាលកឋិន សម័យនៃចីវរទាន មាន៥ខែ។ ភិក្ខុដឹងថាសម័យនៃចីវរទាន គប្បីឆាន់(បរម្បរភោជនបាន)។ ដែលហៅថា សម័យជាទីធ្វើនូវចីវរ គឺកាលដែលភិក្ខុកំពុងធ្វើចីវរ។ ភិក្ខុដឹងថាសម័យជាទីធ្វើនូវចីវរ គប្បីឆាន់(បរម្បរភោជនបាន)។ ភិក្ខុទទួល(បរម្បរភោជន)ដោយគិតថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដ វៀរលែងតែមានសម័យ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេប។
[១១០] ភិក្ខុសំគាល់ក្នុងបរម្បរភោជនថាបរម្បរភោជនមែន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងបរម្បរភោជន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ភិក្ខុសំគាល់ក្នុងបរម្បរភោជនថា មិនមែនបរម្បរភោជន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មិនមែនបរម្បរភោជន ភិក្ខុសំគាល់ថាបរម្បរភោជន ត្រូវអាបត្តិទុក្កដ។ មិនមែនបរម្បរភោជន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនបរម្បរភោជន ភិក្ខុសំគាល់ថា មិនមែនជាបរម្បរភោជន មិនត្រូវអាបត្តិឡើយ។
[១១១] អាបត្តិមិនមានដល់(ភិក្ខុដែលឆាន់បរម្បរភោជន)ក្នុងសម័យ ដល់ភិក្ខុដែលបានកំណត់ (បរម្បរភោជនដល់ភិក្ខុឯទៀត) ហើយឆាន់ ដល់ភិក្ខុពីរបីអង្គឆាន់ជាមួយគ្នាក្នុងទីដែលគេនិមន្ត ដល់ភិក្ខុឆាន់តាមលំដាប់លំដោយដែលគេនិមន្ត ដល់ភិក្ខុដែលអ្នកស្រុកទាំងអស់និមន្ត ហើយឆាន់ក្នុងទីណាមួយក្នុងស្រុកនោះ ដល់ភិក្ខុដែលប្រជុំជនទាំងអស់និមន្ត ហើយឆាន់ក្នុងទីណាមួយក្នុងប្រជុំជននោះ ដល់ភិក្ខុដែលគេនិមន្តហើយពោលថា អាត្មានឹងទទួលតែចង្ហាន់ (ដែលបានមកដោយត្រាច់បិណ្ឌបាត) ដល់ភិក្ខុដែលឆាន់និច្ចភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត បាដិបទិកភត្ត អាបត្តិមិនមានដល់ភិក្ខុដែលឆាន់ភោជនទាំងពួងក្រៅពីភោជន៥យ៉ាង ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទ ទី ៣ ចប់។
(៤. កាណមាតុសិក្ខាបទំ)
[១១២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះឯង ឧបាសិកាជាមាតារបស់នាងកាណា ជាស្រ្តីមានសទ្ធាជ្រះថ្លា។ (ឧបាសិកានោះ) បានឲ្យនាងកាណាជាកូនទៅបុរស១នាក់នៅក្នុងស្រុកតូច១។ គ្រានោះ នាងកាណាបានទៅផ្ទះមាតាដោយកិច្ចអ្វីនីមួយដែលខ្លួនត្រូវធ្វើ។ ទើបប្តីនាងកាណាប្រើបម្រើទៅក្នុងសំណាក់នាងកាណាថា នាងកាណាចូរមក អញចង់ឲ្យនាងកាណាត្រឡប់មកវិញ។ កាលនោះ ឧបាសិកាជាមាតារបស់នាងកាណាគិតថា ការទៅដោយដៃទទេដូចម្តេចនឹងកើត (គិតដូច្នោះហើយ) នាងក៏ចំអិននំ។ ដល់នំឆ្អិន មានភិក្ខុអ្នកត្រាច់បិណ្ឌបាត១អង្គចូលទៅកាន់លំនៅរបស់ឧបាសិកាជាមាតានាងកាណា។ ទើបឧបាសិកាជាមាតារបស់នាងកាណាឲ្យគេប្រគេននំដល់ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំដល់ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុដទៃ។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំដល់ភិក្ខុនោះទៀត។ នំដែលមាតារបស់នាងកាណាបានចាត់ចែងហើយយ៉ាងណា ក៏អស់គ្មានសល់។ ស្វាមីរបស់នាងកាណាប្រើបម្រើទៅក្នុងសំណាក់នាងកាណាជាគំរប់ពីរដងថា នាងកាណាចូរមកវិញ អញចង់ឲ្យនាងកាណាត្រឡប់មកវិញ។ ឧបាសិកាជាមាតារបស់នាងកាណាគិតថា ការទៅដោយដៃទទេដូចម្តេចនឹងកើត (គិតដូច្នោះហើយ) ក៏ចំអិននំអស់វារៈជាគំរប់ពីរដង។ កាលនំឆ្អិន មានភិក្ខុ១អង្គ អ្នកត្រាច់ទៅដើម្បីបិណ្ឌបាត ចូលទៅកាន់លំនៅរបស់ឧបាសិកាជាមាតានាងកាណា។ ទើបឧបាសិកាជាមាតារបស់នាងកាណាឲ្យគេប្រគេននំដល់ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (ឧបាសិកា) ឲ្យគេប្រគេននំដល់ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (ឧបាសិកា) ឲ្យគេប្រគេននំដល់ភិក្ខុនោះទៀត។ នំដែលឧបាសិកាបានចាត់ចែងហើយទាំងប៉ុន្មាន ក៏អស់គ្មានសល់។ ស្វាមីរបស់នាងកាណាក៏ប្រើបម្រើទៅក្នុងសំណាក់នាងកាណា ជាគំរប់បីដងថា នាងកាណាចូរមកវិញ អញចង់ឲ្យនាងកាណាត្រឡប់មកវិញ ថាបើនាងកាណាមិនត្រឡប់មកវិញទេ អញនឹងយកប្រពន្ធឯទៀតហើយ។ ឧបាសិកាជាមាតារបស់នាងកាណាគិតថា ការទៅដោយដៃទទេដូចម្តេចនឹងកើត (គិតដូច្នោះហើយ) ក៏ចំអិននំអស់វារៈជាគំរប់បីដង។ កាលនំឆ្អិន មានភិក្ខុអ្នកត្រាច់ទៅដើម្បីបិណ្ឌបាត១អង្គ ចូលទៅកាន់លំនៅរបស់ឧបាសិកាជាមាតារបស់នាងកាណា។ ទើបឧបាសិកាជាមាតារបស់នាងកាណាឲ្យគេប្រគេននំដល់ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំដល់ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ (មាតារបស់នាងកាណា) ឲ្យគេប្រគេននំដល់ភិក្ខុនោះទៀត។ នំដែលមាតារបស់នាងកាណាបានចាត់ចែងហើយទាំងប៉ុន្មាន ក៏អស់គ្មានសល់។ កាលនោះ ស្វាមីរបស់នាងកាណាក៏យកប្រពន្ធ១ទៀត។ នាងកាណាបានដឹងច្បាស់ថា ឮថាបុរសនោះយកប្រពន្ធទៀតហើយ។ នាងកាណានោះក៏ឈរយំ។ គ្រានោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រនិងចីវរអំពីព្រឹក យាងទៅកាន់លំនៅរបស់ឧបាសិកាជាមាតានាងកាណា លុះយាងទៅដល់ហើយ ក៏គង់លើអាសនៈដែលគេបានចាត់ចែងថ្វាយ។ ទើបឧបាសិកាជាមាតារបស់នាងកាណា ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគហើយ អង្គុយនៅក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីកានេះនឹងឧបាសិកាជាមាតារបស់នាងកាណាដែលបានអង្គុយនៅក្នុងទីដ៏សមគួរថា នាងកាណានេះ ហេតុអ្វីបានជាយំ។ ឧបាសិកាជាមាតារបស់នាងកាណាក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគក្នុងពេលនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឧបាសិកាជាមាតារបស់នាងកាណាឲ្យឃើញព្រម ឲ្យកាន់យកព្រម ឲ្យឧស្សាហ៍ ឲ្យរីករាយ ដោយពុទ្ធដីកាដ៏ប្រកបដោយធម៌ ហើយក្រោកចាកអាសនៈយាងទៅវិញ។
[១១៣] សម័យនោះឯង មានពួករទេះ១ពួក មានសេចក្តីប្រាថ្នាដើម្បីចេញអំពីក្រុងរាជគ្រឹះ ទៅកាន់ប្រទេសឈ្មោះបដិយាលោក14) មានភិក្ខុអ្នកត្រាច់ទៅដើម្បីបិណ្ឌបាតមួយអង្គចូលទៅរកពួករទេះនោះដើម្បីបិណ្ឌបាត។ មានឧបាសកម្នាក់បានឲ្យគេប្រគេនសដូវដល់ភិក្ខុនោះ។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ ឧបាសកនោះឲ្យគេប្រគេនសដូវដល់ភិក្ខុនោះទៀត។ ភិក្ខុនោះចេញទៅ ប្រាប់ដល់ភិក្ខុឯទៀត។ ឧបាសកនោះឲ្យគេប្រគេនសដូវដល់ភិក្ខុនោះទៀត។ ស្បៀងដែលឧបាសកនោះបានចាត់ចែងហើយទាំងប៉ុន្មាន ក៏អស់គ្មានសល់។ ទើបឧបាសកនោះបាននិយាយពាក្យនេះនឹងមនុស្សទាំងនោះថា បពិត្រអ្នកម្ចាស់ទាំងឡាយ សូមអ្នកម្ចាស់រង់ចាំក្នុងថ្ងៃនេះ១ថ្ងៃសិន (ព្រោះ) ស្បៀងដែលខ្ញុំបានចាត់ចែងហើយទាំងប៉ុន្មាន ខ្ញុំប្រគេនដល់លោកម្ចាស់ទាំងឡាយអស់ទៅហើយ ខ្ញុំនឹងចាត់ចែងស្បៀង(ថ្មីទៀត)។ មនុស្សទាំងនោះឆ្លើយថា បពិត្រអ្នកម្ចាស់ យើងមិនអាចនឹងរង់ចាំបានទេ (ព្រោះ) ពួករទេះចេញទៅហើយ (ថាដូច្នោះហើយ) ក៏នាំគ្នាទៅ។ កាលឧបាសកនោះចាត់ចែងស្បៀងហើយ ក៏ទៅក្រោយគេ ចោរទាំងឡាយក៏ដណ្តើមយក (របស់ទ្រព្យ) ក្នុងពេលនោះ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយជាសក្យបុត្រ មិនសមបើនឹងមិនដឹងប្រមាណ ហើយទទួលសោះ ឧបាសកនេះប្រគេនសដូវដល់សមណៈទាំងនេះ ហើយទៅកាលជាខាងក្រោយ ចោរទាំងឡាយក៏ដណ្តើមយក (របស់ទ្រព្យ)។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ទើបភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺដើម្បីការប្រពៃដល់សង្ឃ ដើម្បីនៅសប្បាយដល់សង្ឃ។បេ។ ដើម្បីសេចក្តីអនុគ្រោះដល់ព្រះវិន័យ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ជនបវារណានូវភិក្ខុដែលចូលទៅកាន់ត្រកូលដោយនំទាំងឡាយក្តី ដោយសដូវទាំងឡាយក្តី ដើម្បីនាំទៅបានតាមប្រាថ្នា។ ភិក្ខុមានសេចក្តីប្រាថ្នា ត្រូវទទួលបានត្រឹមពេញពីរបីបាត្រ។ បើទទួលឲ្យលើសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលបានទទួលនំ ឬសត្តូវកំណត់ពេញត្រឹមពីរបីបាត្រហើយ ត្រូវនាំចេញអំពីទីនោះមកចែកមួយអន្លើដោយភិក្ខុទាំងឡាយ ការចែកនំ ឬសដូវនេះជាសាមីចិកម្មក្នុង សិក្ខាបទនេះ។
[១១៤] ត្រង់ពាក្យថា ភិក្ខុដែលចូរទៅកាន់ត្រកូល សេចក្តីថា ដែលហៅថាត្រកូល បានដល់ត្រកូលមាន៤យ៉ាង គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលអ្នកជំនួញ១ ត្រកូលអ្នកគ្រួ១។ ពាក្យថាចូលទៅ គឺចូលទៅក្នុងត្រកូលទាំងនោះ។ ដែលហៅថានំ បានដល់វត្ថុអ្វីនីមួយដែលគេចាត់ចែងដើម្បីបញ្ជូនទៅ។ ដែលហៅថាសដូវ បានដល់វត្ថុអ្វីនីមួយដែលគេចាត់ចែងដើម្បីជាស្បៀង។ ពាក្យថា បវារណាដើម្បីនាំទៅតាមប្រាថ្នា សេចក្តីថា (ទាយកនាំមកបវារណាដោយពាក្យថា) លោកប្រាថ្នានូវវត្ថុប៉ុន្មាន លោកយកវត្ថុប៉ុណ្ណោះចុះ។ ពាក្យថា មានសេចក្តីប្រាថ្នា គឺមានបំណង។ ពាក្យថា ត្រូវទទួលបានត្រឹមពេញពីរបីបាត្រ សេចក្តីថា គប្បីទទួលយកបានត្រឹមពេញពីរបីបាត្រ។ ពាក្យថា បើទទួលឲ្យហួសពីកំណត់នោះទៅ សេចក្តីថា ភិក្ខុទទួលឲ្យលើសលុបពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។ (បើ) ភិក្ខុទទួល (នំ ឬសដូវ) កំណត់ពេញពីរបីបាត្រហើយ ចេញពីទីនោះមក ឃើញភិក្ខុ (ឯទៀត) ត្រូវប្រាប់ថា ក្នុងទីឯណោះ ខ្ញុំទទួល (នំឬសដូវ) ពេញពីរបីបាត្រមកហើយ លោកកុំទៅទទួលក្នុងទីនោះឡើយ។ បើភិក្ខុឃើញហើយមិនប្រាប់ ត្រូវអាបត្តិទុក្កដ។ បើប្រាប់ហើយ ភិក្ខុនៅតែទទួល ត្រូវអាបត្តិទុក្កដ។
[១១៥] ត្រង់ពាក្យថា ត្រូវនាំចេញអំពីទីនោះហើយ ចែកមួយអន្លើដោយភិក្ខុទាំងឡាយ សេចក្តីថា ក្នុងពេលដែលត្រឡប់មក ត្រូវនាំយក (នំឬសដូវ)នោះមកចែកគ្នា។ ពាក្យថា ការចែកនំឬសដូវនេះ ជាសាមីចិកម្មក្នុងសិក្ខាបទនោះ សេចក្តីថា ការចែកនំឬសដូវនេះ ជាទំនៀមដ៏សមគួរក្នុងសិក្ខាបទនោះ។ ភិក្ខុសំគាល់ក្នុងនំឬសដូវដ៏ច្រើនជាងកំណត់ពេញពីរបីបាត្រ ថាច្រើនជាងមែន ហើយទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសង្ស័យក្នុងនំ ឬសដូវដ៏ច្រើនជាងកំណត់ពេញពីរបីបាត្រ ហើយទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសំគាល់នំ ឬសដូវដ៏ច្រើនជាងកំណត់ពេញពីរបីបាត្រ ថាខ្វះទៅវិញ ហើយទទួល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសំគាល់ក្នុងនំ ឬសដូវដែលមិនពេញកំណត់ពីរបីបាត្រ ថាលើសទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសង្ស័យក្នុងនំ ឬសដូវដែលមិនពេញពីរបីបាត្រ ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងនំ ឬសដូវដែលមិនពេញពីរបីបាត្រ ថាមិនពេញមែន មិនត្រូវអាបត្តិ។
[១១៦] អាបត្តិមិនមានដល់ភិក្ខុដែលទទួលនំ ឬសដូវកំណត់ពេញត្រឹមតែពីរបីបាត្រ ដល់ភិក្ខុដែលទទួលនំ ឬសដូវមិនពេញពីរបីបាត្រ ដល់ភិក្ខុដែលទទួលវត្ថុ (ឯណានីមួយ) ដែលជនមិនតាក់តែង ដើម្បីបញ្ជូនទៅ (ញាតិ) មិនតាក់តែង ដើម្បីជាស្បៀង ដល់ភិក្ខុដែលទទួលវត្ថុដ៏សេសសល់អំពីនំ ឬសដូវដែលគេចាត់ចែងដើម្បីបញ្ជូនទៅ (ញាតិ)ក្តី ដើម្បីជាស្បៀងក្តី ដល់ភិក្ខុដែលទទួលនំ ឬសដូវអំពីជនដែលគេមានដំណើរប្រុងនឹងទៅហើយខានវិញ ដល់ភិក្ខុដែលទទួលនំ ឬសដូវរបស់ញាតិ ដល់ភិក្ខុដែលទទួលនំ ឬសដូវរបស់ជនដែលបវារណា ដល់ភិក្ខុដែលទទួលនំ ឬសដូវដើម្បីអ្នកដទៃ ដល់ភិក្ខុដែលទទួលនំ ឬសដូវដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទ ទី ៤ ចប់។
(៥. បឋមបវារណាសិក្ខាបទំ)
[១១៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍ម្នាក់និមន្តភិក្ខុទាំងឡាយឲ្យឆាន់។ ពួកភិក្ខុឆាន់ហើយ បានហាមភត្តហើយ ក៏ទៅកាន់ត្រកូលញាតិទាំងឡាយ ភិក្ខុពួកខ្លះក៏ឆាន់ ភិក្ខុពួកខ្លះកាន់យកបិណ្ឌបាតទៅ។ គ្រានោះ ព្រាហ្មណ៍នោះបានពោលពាក្យនេះនឹងពួកជនជាអ្នកស្និទ្ធស្នាលថា បពិត្រអ្នកម្ចាស់ទាំងឡាយ ភិក្ខុទាំងឡាយ ខ្ញុំបានប្រគេនចង្ហាន់ឆាន់បរិបូណ៌ហើយ សូមអ្នកទាំងឡាយអញ្ជើញមក ខ្ញុំនឹងអង្គាសអ្នករាល់គ្នាទៀត។ អ្នកស្និទ្ធស្នាលទាំងនោះពោលយ៉ាងនេះថា បពិត្រអ្នកម្ចាស់ អ្នកនឹងអង្គាសយើងទាំងឡាយឲ្យឆ្អែតដូចម្តេចបាន អម្បាលភិក្ខុទាំងឡាយណាដែលអ្នកនិមន្តមកហើយ ភិក្ខុទាំងនោះមកកាន់ផ្ទះពួកយើង ខ្លះឆាន់ ខ្លះកាន់យកបិណ្ឌបាតហើយទៅ។ ទើបព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចំរើនទាំងឡាយ មិនសមនឹងឆាន់ក្នុងផ្ទះយើងទាំងឡាយហើយ ទៅឆាន់ក្នុងទីដទៃទៀតសោះ ហាក់ដូចជាខ្ញុំមិនអាចដើម្បីប្រគេនលោកឆាន់ឲ្យឆ្អែតបាន។ ពួកភិក្ខុឮព្រាហ្មណ៍នោះពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយឆាន់ហើយ ហាមភត្តរួចហើយ មិនគួរនឹងទៅឆាន់ក្នុងទីដទៃទៀតសោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុទាំងឡាយឆាន់ហើយ ហាមភត្តហើយ រួចទៅឆាន់ក្នុងទីដទៃទៀត ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ ឆាន់ហើយ ហាមភត្តរួចហើយ ហេតុអ្វីក៏ទៅឆាន់ក្នុងទីដទៃទៀត ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយឆាន់ហើយ ហាមភត្តហើយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១១៨] សម័យនោះឯង ភិក្ខុទាំងឡាយនាំយកបិណ្ឌបាតដ៏ឧត្តមទៅឲ្យពួកភិក្ខុឈឺ។ ពួកភិក្ខុឈឺឆាន់មិនបានដោយស្រួល។ ពួកភិក្ខុនាំគ្នាចោលបិណ្ឌបាតដ៏ឧត្តមទាំងនោះ។ ព្រះដ៏មានព្រះភាគបានឮសំឡេងខ្លាំង សំឡេងធំ សំឡេងកញ្ជ្រៀវនៃក្អែក លុះឮហើយ ទ្រង់ហៅព្រះអានន្ទដ៏មានអាយុ ហើយត្រាស់សួរថា ម្នាលអានន្ទ សំឡេងខ្លាំង សំឡេងធំ សំឡេងកញ្ជ្រៀវនៃក្អែក សំឡេងនោះ ជាសំឡេងអ្វីហ្ន៎។ គ្រានោះ ព្រះអានន្ទដ៏មានអាយុក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់សួរថា ម្នាលអានន្ទ ពួកភិក្ខុឆាន់ភោជនដ៏សល់អំពីភិក្ខុឈឺ ពិតមែនឬ។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពួកភិក្ខុមិនឆាន់ទេ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់ភោជនដ៏សល់អំពីភិក្ខុឈឺក្តី ភិក្ខុមិនឈឺក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវធ្វើភោជនដ៏សល់ (អំពីភិក្ខុឈឺ) ដោយពាក្យយ៉ាងនេះថា ភោជនទាំងអស់នេះសមគួរហើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយឆាន់ហើយ បានហាមភោជនហើយ ទំពាស៊ីក្តី ឆាន់ក្តី នូវខាទនីយាហារ ឬភោជនីយាហារដែលជាអនតិរិត្ត គឺជាវត្ថុដែលមិនបានធ្វើវិនយកម្ម និងមិនមែនសល់អំពីភិក្ខុឈឺ ត្រូវអាបត្តិបាចិត្តិយ។
[១១៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។បេ។ ដែលហៅថាឆាន់ហើយ គឺឆាន់ភោជន៥យ៉ាង ភោជនណាមួយ ដោយហោចទៅ សូម្បីតែភោជនប្រមាណប៉ុនចុងស្បូវ។ ដែលហៅថា ហាមភោជន (គឺហាមប្រកបដោយអង្គ៥យ៉ាង) គឺភិក្ខុកំពុងឆាន់១ គេយកភោជនមកប្រគេនទៀត១ គេនៅក្នុងហត្ថបាស១ គេបង្អោនភោជនមកចំពោះ១ ភិក្ខុហាមភោជន១។ ដែលហៅថា អនតិរិត្ត15) បានដល់វត្ថុដែលមិនបានធ្វើវិនយកម្ម (ដោយអាការ៧យ៉ាង) គឺ របស់ដែលគេមិនបានធ្វើឲ្យជាវត្ថុគួរ១ របស់ដែលភិក្ខុមិនបានទទួល ហើយធ្វើឲ្យជារបស់គួរ១ របស់ដែលភិក្ខុមិនបានលើកឡើង (ឬ) មិនបានបង្អោនចូលទៅជិតដើម្បីឲ្យភិក្ខុធ្វើឲ្យជារបស់គួរ១ ភិក្ខុមិនឋិតនៅខាងក្នុងហត្ថបាសហើយធ្វើ១ ភិក្ខុមិនទាន់បានឆាន់ហើយធ្វើ១ ភិក្ខុឆាន់ហើយ បានហាមភោជនហើយ ក្រោកចាកអាសនៈហើយធ្វើ១ របស់ដែលភិក្ខុមិនពោលថា របស់ទាំងអស់នេះគួរហើយ១ និងវត្ថុដែលមិនមែនជារបស់សល់អំពីភិក្ខុឈឺ វត្ថុទាំងពីរយ៉ាងនេះហៅថា អនតិរិត្ត។ ដែលហៅថា អតិរិត្តនោះ បានដល់វត្ថុដែលបានធ្វើវិនយកម្ម (ដោយអាការ៧យ៉ាង) គឺ របស់ដែលគេធ្វើឲ្យជាវត្ថុគួរ១ របស់ដែលភិក្ខុបានទទួល ហើយធ្វើឲ្យជារបស់គួរ១ របស់ដែលភិក្ខុលើកឡើង ឬបានបង្អោនទៅជិត ដើម្បីធ្វើឲ្យជារបស់គួរ១ ភិក្ខុនៅក្នុងហត្ថបាសហើយធ្វើ១ ភិក្ខុឆាន់រួចហើយទើបធ្វើ១ របស់ដែលភិក្ខុឆាន់ហើយ ហាមភោជនហើយ មិនទាន់ក្រោកចាកអាសនៈហើយធ្វើ១ របស់ដែលភិក្ខុពោលថា របស់អស់ទាំងនេះគួរហើយ១ និងរបស់ដែលសល់អំពីភិក្ខុឈឺ វត្ថុទាំងពីរយ៉ាងនេះហៅថា អតិរិត្ត។ ដែលហៅថា ខាទនីយាហារនោះ បានដល់របស់ទាំងអស់ វៀរលែងតែភោជន៥យ៉ាង និងរបស់ជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយាហារ។ ដែលហៅថា ភោជនីយាហារនោះបានដល់ ភោជន៥យ៉ាង គឺបាយ នំស្រស់ នំក្រៀម ត្រី សាច់។ ភិក្ខុទទួលដោយគិតថា អញនឹងទំពាស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ គ្រប់ៗវារៈដែលលេបចូល។
[១២០] ខាទនីយភោជនីយាហារ ជាអនតិរិត្ត ភិក្ខុសំគាល់ថាជាអនតិរិត្តពិតមែន ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសង្ស័យក្នុងខាទនីយភោជនីយាហារ ជាអនតិរិត្ត ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសំគាល់ក្នុងខាទនីយភោជនីយាហារ ជាអនតិរិត្ត ថាជាអតិរិត្តទៅវិញ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយាហារ ឬភោជនីយាហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទទួលរបស់ជាយាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បីប្រយោជន៍ជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិទុក្កដគ្រប់ៗវារៈដែលលេបចូលទៅ។ ភិក្ខុសំគាល់ក្នុងខាទនីយភោជនីយាហារដែលជាអតិរិត្ត ថាជាអនតិរិត្តទៅវិញ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមានសេចក្តីសង្ស័យក្នុងខាទនីយភោជនីយាហារដែលជាអតិរិត្ត ត្រូវអាបត្តិទុក្កដ។ ភិក្ខុសំគាល់ក្នុងខាទនីយភោជនីយាហារដែលជាអតិរិត្ត ថាជាអតិរិត្តពិតមែន មិនត្រូវអាបត្តិ។
[១២១] អាបត្តិមិនមានដល់ភិក្ខុដែលឲ្យគេធ្វើវិនយកម្មហើយឆាន់ ដល់ភិក្ខុដែលទទួលរបស់ដោយគិតថា អញនឹងឲ្យគេធ្វើវិនយកម្មហើយឆាន់ ដល់ភិក្ខុដែលនាំយករបស់ទៅដើម្បីភិក្ខុដទៃ ដល់ភិក្ខុដែលឆាន់របស់ដ៏សេសសល់អំពីភិក្ខុឈឺ ដល់ភិក្ខុដែលឆាន់របស់ជាយាមកាលិក សត្តាហកាលិក យាវជីវិកដោយមានហេតុ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទ ទី ៥ ចប់។
(៦. ទុតិយបវារណាសិក្ខាបទំ)
[១២២] កាលណោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង មានភិក្ខុពីររូបដើរផ្លូវឆ្ងាយទៅក្រុងសាវត្ថីក្នុងកោសលជនបទ។ ភិក្ខុ១រូបប្រព្រឹត្តអនាចារ។ ភិក្ខុជាគំរប់ពីរបាននិយាយពាក្យនេះ (ឃាត់) ភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកកុំធ្វើអំពើយ៉ាងនេះ អំពើដែលលោកធ្វើនេះ មិនគួរទេ។ ភិក្ខុដែលប្រព្រឹត្តអនាចារនោះក៏ចងពៀរនឹងភិក្ខុអ្នកឃាត់នោះ។ គ្រានោះ ភិក្ខុទាំងនោះបានទៅកាន់ក្រុងសាវត្ថី។ សម័យនោះឯង ក្នុងក្រុងសាវត្ថីមានប្រជុំជនមួយពួក (ធ្វើ) សង្ឃភត្ត។ ភិក្ខុជាគំរប់ពីរបានឆាន់សង្ឃភត្តរួចហើយ ហាមភត្តហើយ។ ភិក្ខុដែលចងពៀរ ទៅកាន់ត្រកូលជាញាតិ ហើយទទួលបិណ្ឌបាត រួចហើយក៏ចូលទៅរកភិក្ខុដែលហាមភត្តនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងភិក្ខុអ្នកហាមភត្តនោះថា ម្នាលលោកដ៏មានអាយុ លោកចូរឆាន់ (ចង្ហាន់នេះ) ចុះ។ ភិក្ខុអ្នកហាមភត្តក៏ប្រកែកថា កុំអាវុសោ ខ្ញុំឆាន់បរិបូណ៌ហើយ។ ភិក្ខុដែលចងពៀរក៏អង្វរថា ម្នាលអាវុសោ បិណ្ឌបាត (នេះ) ល្អ លោកចូរឆាន់ទៅ។ កាលបើភិក្ខុអ្នកចងពៀរនោះជម្រុលខ្លាំងពេក ភិក្ខុអ្នកហាមភត្តនោះ (ទ្រាំមិនបាន) ក៏ឆាន់បិណ្ឌបាតនោះទៅ។ ភិក្ខុដែលចងពៀរក៏ពោលពាក្យនេះនឹងភិក្ខុអ្នកហាមភត្តនោះថា ម្នាលអាវុសោ លោកសំគាល់មកខ្ញុំថាជាបុគ្គលដែលគេត្រូវតែស្តីថា ឬអ្វី ក៏រូបលោកឆាន់រួចហើយ ហាមភត្តហើយ ម្តេចឡើយក៏នៅតែឆាន់អនតិរិត្តភោជន។ ភិក្ខុអ្នកហាមភត្តនោះតបថា ម្នាលអាវុសោ ហេតុម្តេច លោកមិនប្រាប់(ខ្ញុំ)ផង។ ភិក្ខុអ្នកចងពៀរក៏ឆ្លើយថា ហេតុម្តេច លោកមិនសួរ(ខ្ញុំជាមុន)។ ភិក្ខុអ្នកហាមភត្តនោះក៏ដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយក្នុងខណៈនោះ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរនឹងនាំភត្តទៅ ហើយបវារណា បង្ខំភិក្ខុដែលឆាន់ហើយ ហាមភត្តហើយ ឲ្យឆាន់នូវអនតិរិត្តភោជន (ដូច្នេះ) សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងបាននាំភត្តទៅបវារណា បង្ខំភិក្ខុដែលឆាន់ហើយ ហាមភោជនហើយ ឲ្យឆាន់អនតិរិត្តភោជន ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងនាំភត្តទៅបវារណា បង្ខំភិក្ខុដែលឆាន់ហើយ ហាមភត្តហើយ ឲ្យឆាន់អនតិរិត្តភោជនទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ កាលដឹងហើយ រំពៃរកទោស នាំភត្តទៅបវារណា បង្ខំភិក្ខុដែលឆាន់ហើយ ហាមភត្តហើយ ឲ្យទំពាស៊ីក្តី បរិភោគក្តី នូវអនតិរិត្តភោជន ដោយពាក្យថា នែភិក្ខុ អ្នកចូរទំពាស៊ីក្តី បរិភោគក្តី ដូច្នេះ និមិត្តតែភិក្ខុនោះឆាន់ហើយ ត្រូវអាបត្តិបាចិត្តិយ។
[១២៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ភិក្ខុ គឺភិក្ខុដទៃ។ ដែលហៅថាឆាន់ហើយ គឺភិក្ខុបានឆាន់នូវភោជនទាំង៥យ៉ាង ភោជនណាមួយ ដោយហោចទៅ សូម្បីតែប៉ុនចុងស្បូវភ្លាំង។ ដែលហៅថា ហាមភត្ត (គឺហាមប្រកបដោយអង្គ៥យ៉ាង) គឺភិក្ខុកំពុងឆាន់១ គេយកភោជនមកប្រគេនទៀត១ គេឋិតនៅក្នុងហត្ថបាស១ គេបង្អោនភោជនមកចំពោះ១ ភិក្ខុហាមភោជន១។ ដែលហៅថា អនតិរិត្ត បានដល់វត្ថុដែលមិនបានធ្វើវិនយកម្មដោយ(អាការ៧យ៉ាង) គឺរបស់ដែលគេមិនបានធ្វើឲ្យជាវត្ថុគួរ១ របស់ដែលភិក្ខុមិនបានទទួល ហើយធ្វើឲ្យជារបស់គួរ១ របស់ដែលភិក្ខុមិនបានលើកឡើង (ឬមិនបានបង្អោនចូលទៅជិតដើម្បីធ្វើឲ្យជារបស់គួរ)១ ភិក្ខុមិនស្ថិតនៅខាងក្នុងហត្ថបាសហើយធ្វើ១ ភិក្ខុមិនទាន់ឆាន់ហើយធ្វើ១ ភិក្ខុឆាន់ហើយ ហាមភោជនហើយ ក្រោកចាកអាសនៈហើយធ្វើ១ របស់ដែលភិក្ខុមិនពោលថា របស់ទាំងអស់នេះគួរហើយ១ និងវត្ថុដែលមិនមែនជារបស់សល់អំពីភិក្ខុឈឺ វត្ថុទាំងពីរយ៉ាងនេះហៅថា អនតិរិត្ត។ ដែលហៅថា ខាទនីយ(នោះ) បានដល់វត្ថុទាំងអស់ លើកលែងភោជនទាំង៥យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិកចេញ ហៅថា ខាទនីយ។ ដែលហៅថា ភោជនីយ បានដល់ ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ពាក្យថា នាំភត្តទៅបវារណា (នោះ) គឺភិក្ខុនិយាយថា លោកចង់បានប៉ុន្មាន និមន្តយកប៉ុណ្ណោះចុះ។ ដែលហៅថា ដឹង(នោះ) គឺភិក្ខុដឹងខ្លួនឯង ឬពួកជនដទៃប្រាប់ដល់ភិក្ខុអ្នកចោទនោះ ឬក៏ភិក្ខុអ្នកហាមភោជននោះប្រាប់។ ពាក្យថា រំពៃរកទោស (នោះ) គឺភិក្ខុនាំយក (ខាទនីយ ឬភោជនីយ) ទៅដោយគិតថា អញនឹងចោទ នឹងរំលឹកភិក្ខុនេះដោយវត្ថុនេះ អញនឹងចោទចំពោះ នឹងរំលឹកចំពោះភិក្ខុនេះ ដោយវត្ថុនេះ អញនឹងធ្វើភិក្ខុនេះឲ្យអាប់មុខដោយវត្ថុនេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកហាមភោជន ទទួលដោយគិតថា អញនឹងទំពាស៊ី នឹងឆាន់តាមពាក្យរបស់លោកអ្នកចោទ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិទុក្កដ គ្រប់ៗខណៈដែលលេប។ លុះភិក្ខុនោះឆាន់រួចស្រេច ភិក្ខុអ្នកបង្ខំ ត្រូវអាបត្តិបាចិត្តិយ។
[១២៤] ភិក្ខុហាមភោជនហើយ ភិក្ខុអ្នកចោទសំគាល់ថាហាមហើយ ក៏នាំខាទនីយ ឬភោជនីយដែលជាអនតិរិត្តទៅបង្ខំ (ភិក្ខុនោះ) ឲ្យឆាន់ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុហាមភោជនហើយ ភិក្ខុអ្នកចោទមានសេចក្តីសង្ស័យ ក៏នាំខាទនីយ ឬភោជនីយដែលជាអនតិរិត្តទៅបង្ខំ ឲ្យឆាន់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុហាមភោជនហើយ ភិក្ខុអ្នកចោទសំគាល់ថាមិនទាន់ហាម ក៏នាំខាទនីយ ឬភោជនីយដែលជាអនតិរិត្តទៅបង្ខំឲ្យឆាន់ មិនត្រូវអាបត្តិ។ ភិក្ខុអ្នកចោទបង្អោនរបស់ដែលជាយាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បីជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកហាមភោជន ទទួលវត្ថុទាំងនោះ ដោយគិតថា អញនឹងទំពាស៊ី នឹងឆាន់ តាមពាក្យរបស់លោកអ្នកចោទនោះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិទុក្កដរាល់ៗខណៈដែលលេប។ ភិក្ខុមិនហាមភោជនទេ តែភិក្ខុអ្នកចោទសំគាល់ថាហាម ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនហាមភោជនទេ ភិក្ខុអ្នកចោទសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុមិនទាន់ហាមភោជន ភិក្ខុអ្នកចោទសំគាល់ថាមិនទាន់ហាមមែន មិនត្រូវអាបត្តិ។
[១២៥] អាបត្តិមិនមានដល់ភិក្ខុដែលឲ្យភិក្ខុផងគ្នាធ្វើវិនយកម្មហើយឲ្យ ដល់ភិក្ខុដែលឲ្យដោយ ពាក្យថា លោកចូរឲ្យគេធ្វើឲ្យជាវិនយកម្ម ហើយនិមន្តឆាន់ចុះ ដល់ភិក្ខុដែលឲ្យ ដោយពាក្យថា លោកចូរនាំ (ខាទនីយភោជនីយាហារនេះ) ទៅដើម្បីប្រយោជន៍ដល់អ្នកដទៃចុះ ដល់ភិក្ខុដែលឲ្យរបស់ដ៏សល់អំពីភិក្ខុឈឺ ដល់ភិក្ខុដែលឲ្យរបស់ជាយាមកាលិក សត្តាហកាលិក យាវជីវិក ដោយពាក្យថា កាលបើមានហេតុ ចូរលោកឆាន់ចុះ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៦ ចប់។
(៧. វិកាលភោជនសិក្ខាបទំ)
[១២៦] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ក្រុងរាជគ្រឹះលេងមហោស្រពលើកំពូលភ្នំ។ ពួកសត្តរសវគ្គិយភិក្ខុ ក៏បានទៅដើម្បីមើលមហោស្រពដែលគេលេងលើកំពូលភ្នំ(នោះ)។ មនុស្សទាំងឡាយបានឃើញពួកសត្តរសវគ្គិយភិក្ខុហើយ និមន្តឲ្យស្រង់ទឹក ឲ្យលាប ឲ្យឆាន់ស្រេចហើយ ក៏ប្រគេននូវខាទនីយ។ ពួកសត្តរសវគ្គិយភិក្ខុ កាន់យកខាទនីយទៅអារាម ហើយនិយាយពាក្យនេះប្រាប់ពួកឆព្វគ្គិយភិក្ខុថា ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយចូរទទួលយកខាទនីយទៅឆាន់ចុះ។ ពួកឆព្វគ្គិយភិក្ខុទាំងនោះសួរថា ម្នាលអាវុសោទាំងឡាយ ពួកលោកបានខាទនីយមកពីណា។ ពួកសត្តរសវគ្គិយភិក្ខុបានប្រាប់រឿងនុ៎ះដល់ឆព្វគ្គិយភិក្ខុទាំងឡាយ។ ពួកឆព្វគ្គិយភិក្ខុសួរថា ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយបានឆាន់ភោជនក្នុងពេលដែលមិនគួរ មែនឬ។ ពួកសត្តរសវគ្គិយភិក្ខុឆ្លើយថា មែនអាវុសោទាំងឡាយ។ ពួកឆព្វគ្គិយភិក្ខុពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសត្តរសវគ្គិយភិក្ខុ មិនគួរនឹងឆាន់ភោជនក្នុងពេលវិកាល (ដូច្នេះ) សោះ។ ខណៈនោះឯង ពួកឆព្វគ្គិយភិក្ខុបានប្រាប់រឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសត្តរសវគ្គិយភិក្ខុមិនគួរឆាន់ភោជនក្នុងពេលវិកាល (ដូច្នេះ) សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថាអ្នកទាំងឡាយឆាន់ភោជនក្នុងពេលវិកាល ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងឆាន់ភោជនក្នុងពេលវិកាលទេ នែមោឃបុរសទាំងឡាយ អំពើដែលពួកអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះដូច្នេះថា
ភិក្ខុណាមួយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយក្នុងពេលវិកាល ត្រូវអាបត្តិបាចិត្តិយ។
[១២៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងបឋមបារាជិកសិក្ខាបទ។ វេលាដែលព្រះអាទិត្យជ្រេពីត្រង់ទៅទល់នឹងអរុណរះឡើង ហៅថាពេលវិកាល។ ដែលហៅថា ខាទនីយ(នោះ) បានដល់របស់ទាំងអស់ វៀរលែងភោជនទាំង៥យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយ។ ដែលហៅថា ភោជនីយ បានដល់ ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ភិក្ខុទទួលវត្ថុទាំងនោះ ដោយគិតថា អញនឹងទំពាស៊ី នឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ គ្រប់ៗវារៈដែលលេបចូលទៅ។
[១២៨] ពេលវិកាល ភិក្ខុក៏សំគាល់ថា ពេលវិកាល ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ពេលវិកាល ភិក្ខុមានសេចក្តីសង្ស័យ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ពេលវិកាល ភិក្ខុសំគាល់ថា កាលគួរ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទទួលវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិក ទុកសម្រាប់ជាប្រយោជន៍ដល់អាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិទុក្កដគ្រប់ៗខណៈដែលលេបចូលទៅ។ ពេលជាកាលគួរ ភិក្ខុសំគាល់ថា ពេលវិកាល ត្រូវអាបត្តិទុក្កដ។ ពេលជាកាលគួរ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ ពេលជាកាលគួរ ភិក្ខុសំគាល់ថា កាលគួរមែន មិនត្រូវអាបត្តិឡើយ។
[១២៩] អាបត្តិមិនមានដល់ភិក្ខុដែលឆាន់តែវត្ថុជាយាមកាលិក សត្តាហកាលិក និងយាវជីវិកដោយមានហេតុដែលគួរឆាន់បាន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៧ ចប់។
(៨. សន្និធិការកសិក្ខាបទំ)
[១៣០] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះវេឡដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍របស់ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងព្រៃ។ ព្រះថេរៈនោះត្រាច់ទៅបិណ្ឌបាត លុះបានអាហារបិណ្ឌបាតជាច្រើនហើយ ក៏នាំយកបាយសុទ្ធ16) មកកាន់អារាម រួចហាលបាយនោះឲ្យស្ងួតក្រៀម ហើយទុកដាក់ កាលណាមានសេចក្តីត្រូវការដោយអាហារ ទើបយកបាយក្រៀមនោះមកត្រាំទឹក ហើយក៏ឆាន់ក្នុងកាលនោះ យូរៗបានលោកចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតម្តង។ ភិក្ខុទាំងឡាយបាននិយាយពាក្យនេះនឹងព្រះវេឡដ្ឋសីសៈដ៏មានអាយុថា ម្នាលអាវុសោ ចុះហេតុអ្វីបានជាយូរៗទើបលោកចូលទៅកាន់ក្រុងដើម្បីបិណ្ឌបាតម្តង។ ទើបព្រះវេឡដ្ឋសីសៈដ៏មានអាយុក៏ដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះក៏សួរថា ម្នាលអាវុសោ បើដូច្នោះ មានតែលោកឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រីឬអ្វី។ ព្រះវេឡដ្ឋសីសៈឆ្លើយថា យ៉ាងហ្នឹងហើយ អាវុសោ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះវេឡដ្ឋសីសៈដ៏មានអាយុ មិនសមបើនឹងឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី (ដូច្នេះ)ទេ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលវេឡដ្ឋសីសៈ ឮថាអ្នកឯងបានឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ពិតមែនឬ។ ព្រះវេឡដ្ឋសីសៈក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលវេឡដ្ឋសីសៈ អ្នកឯងមិនសមបើនឹងឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី (ដូច្នេះ)ទេ ម្នាលវេឡដ្ឋសីសៈ អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិនមែននាំពួកជនដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ ទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយជាសន្និធិការកៈ គឺវត្ថុដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ត្រូវអាបត្តិបាចិត្តិយ។
[១៣១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទ ទី ១ នៃបារាជិកកណ្ឌ។ ដែលហៅថាខ្លួនទុកដាក់ឲ្យកន្លងរាត្រី (បានដល់ខាទនីយ ឬភោជនីយ) ដែលខ្លួនទទួលទុកក្នុងថ្ងៃនេះ ហើយឆាន់ក្នុងថ្ងៃខាងក្រោយ។ ដែលហៅថា ខាទនីយ(នោះ) បានដល់វត្ថុទាំងអស់សម្រាប់ទំពាស៊ី វៀរលែងតែភោជនទាំង៥យ៉ាង និងវត្ថុជាយាមកាលិក សត្តាហកាលិក យាវជីវិកចេញ ហៅថា ខាទនីយ។ ដែលហៅថា ភោជនីយ បានដល់ភោជនទាំង៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ភិក្ខុទទួល ដោយគិតថា អញនឹងទំពាស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ គ្រប់ៗវារៈដែលលេបចូលទៅ។
[១៣២] របស់ដែលជាសន្និធិការកៈ ភិក្ខុក៏សំគាល់ថា ជាសន្និធិការកៈមែន ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ របស់ដែលជាសន្និធិការកៈ ភិក្ខុមានសេចក្តីសង្ស័យ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ របស់ដែលជាសន្និធិការកៈ ភិក្ខុសំគាល់ថា មិនមែនជាសន្និធិការកៈ ហើយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយ ឬភោជនីយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទទួលវត្ថុជាយាមកាលិក សត្តាហកាលិក យាវជីវិក ដើម្បីប្រយោជន៍ជាអាហារ ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិទុក្កដគ្រប់ៗខណៈដែលលេបចូលទៅ។ របស់ដែលមិនមែនជាសន្និធិការកៈ ភិក្ខុសំគាល់ថា ជាសន្និធិការកៈ ត្រូវអាបត្តិទុក្កដ។ របស់មិនមែនជាសន្និធិការកៈ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ របស់មិនមែនជាសន្និធិការកៈ ភិក្ខុក៏សំគាល់ថា មិនមែនជាសន្និធិការកៈ មិនត្រូវអាបត្តិឡើយ។
[១៣៣] អាបត្តិមិនមានដល់ភិក្ខុដែលទុកដាក់វត្ថុជាយាវកាលិក17) ហើយឆាន់ត្រូវតាមកំណត់កាល ដល់ភិក្ខុដែលទុកដាក់វត្ថុជាយាមកាលិក18) ហើយឆាន់ត្រូវតាមកំណត់យាម (គឺថ្ងៃ១យប់១) ដល់ភិក្ខុដែលទុកដាក់វត្ថុជាសត្តាហកាលិក19) ហើយឆាន់អស់ត្រឹម៧ថ្ងៃ ដល់ភិក្ខុដែលឆាន់វត្ថុជាយាវជីវិក20) ព្រោះមានហេតុដែលគួរឆាន់បាន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៨ ចប់។
(៩. បណីតភោជនសិក្ខាបទំ)
[១៣៤] កាលនោះ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសូមភោជនដ៏ឧត្តមទាំងឡាយមកដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់។ ពួកមនុស្សពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាកូនចៅព្រះពុទ្ធជាសក្យបុត្រ មិនសមនឹងសូមភោជនដ៏ឧត្តមទាំងឡាយ ដើម្បីប្រយោជន៍ដល់ខ្លួនហើយឆាន់សោះ អ្នកណាមួយមិនគាប់ចិត្តនឹងភោជនដែលសម្បូរ អ្នកណាមួយមិនចូលចិត្តនឹងភោជនដែលមានរសឆ្ងាញ់។ ភិក្ខុទាំងឡាយបានឮពួកមនុស្សទាំងនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមនឹងសូមភោជនដ៏ឧត្តមទាំងឡាយមក ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ដូច្នោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយសូមភោជនដ៏ឧត្តមទាំងឡាយមក ដើម្បីប្រយោជន៍ដល់ខ្លួន ហើយក៏នាំគ្នាឆាន់ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសព្វញ្ញូពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលពួកបុរសសោះសូន្យ អ្នកទាំងឡាយមិនសមនឹងសូមភោជនដ៏ឧត្តមទាំងឡាយមក ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ដូច្នេះទេ នែពួកបុរសសោះសូន្យ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភោជនដ៏ឧត្តមទាំងឡាយណាមួយ ភោជនដ៏ឧត្តមទាំងនោះ ដូចម្តេច ភោជនដ៏ឧត្តមទាំងនោះគឺទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ។ ភិក្ខុណាមួយសូមភោជនដ៏ឧត្តមទាំងឡាយមានសភាពយ៉ាងនេះ ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៣៥] សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ។ ពួកភិក្ខុអ្នកសួរជម្ងឺបាននិយាយពាក្យនេះនឹងភិក្ខុឈឺទាំងឡាយថា ម្នាលអាវុសោ លោកអាចអត់ទ្រាំបានឬទេ អាចប្រព្រឹត្តទៅបានឬទេ។ ពួកភិក្ខុឈឺឆ្លើយថា ម្នាលអាវុសោ ក្នុងកាលមុនយើងទាំងឡាយបានសូមភោជនដ៏ឧត្តមទាំងឡាយមកដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ ព្រោះហេតុនោះ ទើបយើងទាំងឡាយមានសេចក្តីសប្បាយ តែឥឡូវនេះ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ យើងទាំងឡាយខ្លាចក្រែង មិនហ៊ានសូមទៀត ទើបសេចក្តីមិនសប្បាយមានដល់យើងទាំងឡាយដោយហេតុនោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថា ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះ ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឈឺ សូមភោជនដ៏ឧត្តមទាំងឡាយ មកដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់បាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភោជនដ៏ឧត្តមទាំងឡាយណាមួយ ភោជនដ៏ឧត្តមទាំងនោះដូចម្តេច ភោជនដ៏ឧត្តមទាំងនោះគឺ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ស្ករអំពៅ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ។ ភិក្ខុណាមួយគ្មានជម្ងឺ សូមភោជនដ៏ឧត្តមទាំងឡាយមានសភាពយ៉ាងនេះ ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ។
[១៣៦] ត្រង់ពាក្យថា ភោជនដ៏ឧត្តមទាំងឡាយណាមួយ ភោជនដ៏ឧត្តមទាំងនោះ គឺទឹកដោះថ្លារបស់គោក្តី ទឹកដោះថ្លារបស់ពពែក្តី ទឹកដោះថ្លារបស់ក្របីក្តី ហៅថា ទឹកដោះថ្លា ឬសប្បិ និងសាច់របស់ពួកសត្វណាដ៏គួរ (ដល់វិនយបញ្ញត្តិ) ទឹកដោះថ្លារបស់ពួកសត្វនោះ ហៅថា ទឹកដោះថ្លា ឬសប្បិ។ ទឹកដោះខាប់របស់សត្វអម្បាលនោះឯង ហៅថា ទឹកដោះខាប់ ឬនវនីត។ ប្រេងល្ង ប្រេងស្ពៃ ប្រេងស្រគំ ប្រេងល្ហុងខ្ញែ និងប្រេង គឺខ្លាញ់រាវ ហៅថា ប្រេង។ ទឹកផ្អែមរបស់មេឃ្មុំ ហៅថា ទឹកឃ្មុំ។ ទឹកផ្អែមដែលកើតអំពីអំពៅ ហៅថា ទឹកអំពៅ ឬស្ករអំពៅ។ សត្វដែលត្រាច់ទៅក្នុងទឹក ហៅថា ត្រី ឬមច្ឆជាតិ។ សាច់នៃពួកសត្វណាក៏គួរ(ដល់វិនយបញ្ញត្តិ) សាច់នៃពួកសត្វទាំងនោះ ហៅថា សាច់ ឬមំសៈ។ ទឹកដោះស្រស់របស់គោក្តី ទឹកដោះស្រស់របស់ពពែក្តី ទឹកដោះស្រស់របស់ក្របីក្តី ហៅថា ទឹកដោះស្រស់ ឬខីរៈ សាច់របស់ពួកសត្វណាដ៏គួរ (ដល់វិនយបញ្ញត្តិ) ទឹកដោះស្រស់របស់ពួកសត្វទាំងនោះ ហៅថា ទឹកដោះស្រស់ ឬខីរៈ។ ទឹកដោះជូររបស់ពួកសត្វទាំងនោះ ហៅថា ទឹកដោះជូរ ឬទធិ។
[១៣៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិកសិក្ខាបទ។ ពាក្យថា ភោជនដ៏ឧត្តមទាំងឡាយមានសភាពយ៉ាងនេះ គឺភោជនដ៏ថ្លៃថ្លាទាំងឡាយមានសភាពដូច្នោះ។ ភិក្ខុណាវៀរភោជនដ៏ឧត្តមទាំងឡាយ ហើយនៅជាសប្បាយបាន ភិក្ខុនោះហៅថា គ្មានជម្ងឺ។ ភិក្ខុណាវៀរចាកភោជនដ៏ឧត្តមទាំងឡាយ ហើយនៅសប្បាយមិនបាន ភិក្ខុនោះហៅថា មានជម្ងឺ។ ភិក្ខុគ្មានជម្ងឺ សូមភោជនទាំងនោះ ដើម្បីប្រយោជន៍ដល់ខ្លួន ត្រូវអាបត្តិទុក្កដរាល់ប្រយោគ។ ភិក្ខុទទួលដោយតាំងចិត្តថា អញនឹងឆាន់ ត្រូវអាបត្តិទុក្កដក្នុងខណៈដែលបានមក។ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយគ្រប់ៗវារៈដែលលេបចូលទៅ។
[១៣៨] ខ្លួនមិនឈឺ ភិក្ខុសំគាល់ថាខ្លួនមិនឈឺ ហើយសូមភោជនដ៏ឧត្តមទាំងឡាយមកដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនមិនឈឺ ភិក្ខុមានសេចក្តីសង្ស័យ ហើយសូមភោជនដ៏ឧត្តមទាំងឡាយមក ដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនមិនឈឺ ភិក្ខុសំគាល់ថាខ្លួនឈឺ ហើយសូមភោជនដ៏ឧត្តមទាំងឡាយមកដើម្បីប្រយោជន៍ដល់ខ្លួន ហើយឆាន់ ត្រូវអាបត្តិបាចិត្តិយ។ ខ្លួនឈឺ ភិក្ខុសំគាល់ថាខ្លួនមិនឈឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនឈឺ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ខ្លួនឈឺ ភិក្ខុសំគាល់ថាខ្លួនឈឺ មិនត្រូវអាបត្តិ។
[១៣៩] អាបត្តិមិនមានដល់ភិក្ខុឈឺ ដល់ភិក្ខុដែលមានជម្ងឺ ហើយសូម លុះសូមបានមកក៏បាត់ជម្ងឺនោះ ហើយឆាន់ ដល់ភិក្ខុដែលឆាន់ភោជនដ៏សល់អំពីភិក្ខុឈឺ ដល់ភិក្ខុដែលឆាន់ភោជនរបស់ពួកញាតិ ដល់ភិក្ខុដែលឆាន់ភោជនរបស់ពួកជនដែលបានបវារណា ដល់ភិក្ខុដែលសូមដើម្បីប្រយោជន៍ដល់អ្នកឯទៀត ដល់ភិក្ខុដែលឆាន់ភោជនដែលកើតដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទ ទី ៩ ចប់។
(១០. ទន្តបោនសិក្ខាបទំ)
[១៤០] កាលនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅកូដាគារសាលា ក្នុងមហាវន ក្បែរក្រុងវេសាលី។ សម័យនោះឯង មានភិក្ខុ១រូបជាអ្នកប្រព្រឹត្តបំសុកូលនូវរបស់គ្រប់យ៉ាង21) នៅក្នុងព្រៃស្មសាន។ ភិក្ខុនោះមិនប្រាថ្នានឹងទទួលយកវត្ថុដែលមនុស្សទាំងឡាយឲ្យឡើយ។ ភិក្ខុនោះកាន់យកនូវសំណែនក្នុងព្រៃស្មសានខ្លះ ទៀបគល់ឈើខ្លះ ទៀបធរណីទ្វារខ្លះ ដោយខ្លួនឯង ហើយឆាន់។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនេះមិនគួរបើនឹងកាន់យកសំណែនរបស់យើងទាំងឡាយដោយខ្លួនឯង ហើយឆាន់ទេ ភិក្ខុជាថេរៈនេះមានកាយធាត់ ទំនងជាស៊ីសាច់មនុស្សទេដឹង។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរនឹងស៊ីលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេនសោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងស៊ីលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេន ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងស៊ីលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេន (ដូច្នេះ)ទេ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងតទៅទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេន ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៤១] សម័យនោះឯង ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យក្នុងទឹក និងឈើស្ទន់។ ពួកភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកាន់យកទឹក និងឈើស្ទន់ឆាន់ដោយខ្លួនឯងបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែទឹក និងឈើស្ទន់។
[១៤២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថាគេមិនបានប្រគេន គឺសំដៅយកវត្ថុដែលភិក្ខុមិនបានទទួលប្រគេន។ ដែលហៅថា របស់ដែលគេប្រគេន គឺកាលបើទាយកឲ្យរបស់ណាដោយកាយក្តី ដោយរបស់ដែលជាប់នឹងកាយក្តី ដោយបោះឲ្យក្តី ភិក្ខុក៏ស្ថិតនៅក្នុងហត្ថបាស បានទទួល22) ដោយកាយ ឬដោយរបស់ដែលជាប់នឹងកាយ របស់នេះហៅថា គេប្រគេន។ ដែលហៅថា អាហារ គឺរបស់ណាមួយដែលគួរលេបចូលទៅបាន វៀរលែងតែទឹក និងឈើស្ទន់ របស់នេះហៅថា អាហារ។ ពាក្យថា វៀរលែងតែទឹក និងឈើស្ទន់ គឺលើកលែងតែទឹក និងឈើស្ទន់។ ភិក្ខុទទួលយកដោយគិតថា អញនឹងទំពាស៊ី អញនឹងបរិភោគ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ គ្រប់ៗវារៈដែលលេបចូលទៅ។
[១៤៣] វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុក៏សំគាល់ថា មិនបានទទួលប្រគេន ហើយលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែទឹក និងឈើស្ទន់។ វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុសង្ស័យ ហើយលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែទឹក និងឈើស្ទន់។ វត្ថុដែលភិក្ខុមិនបានទទួលប្រគេន ភិក្ខុសំគាល់ថា បានទទួលប្រគេន ហើយលេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេន ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែទឹក និងឈើស្ទន់។ វត្ថុដែលភិក្ខុបានទទួលប្រគេន ភិក្ខុសំគាល់ថា មិនទាន់បានទទួលប្រគេន ត្រូវអាបត្តិទុក្កដ។ វត្ថុដែលភិក្ខុទទួលប្រគេន ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ វត្ថុដែលភិក្ខុទទួលប្រគេនហើយ ភិក្ខុក៏សំគាល់ថា បានទទួលប្រគេនហើយ មិនត្រូវអាបត្តិឡើយ។
[១៤៤] អាបត្តិមិនមានដល់ភិក្ខុដែលឆាន់ទឹក និងឈើស្ទន់ ដល់ភិក្ខុដែលកាន់យកថ្នាំមហាវិកត៤យ៉ាង23) ដោយខ្លួនឯង ហើយឆាន់ ព្រោះមានហេតុ ហើយគ្មានកប្បិយការក ដល់ភិក្ខុឆ្កួត ដល់ភិក្ខុជាខាងដើមបញ្ញត្តិ។
សិក្ខាបទ ទី ១០ ចប់។
ភោជនវគ្គ ទី ៤ ចប់។
ចំនួនសិក្ខាបទក្នុងភោជនវគ្គនោះមាន១០យ៉ាង គឺ
បិណ្ឌ (សិក្ខាបទ)១ គណ(សិក្ខាបទ)១ បរ(សិក្ខាបទ)១ បូវ(សិក្ខាបទ)១ បវារណា(សិក្ខាបទ)ពីរ ព្រះដ៏មានព្រះភាគពោលហើយ វិកាល(សិក្ខាបទ)១ សន្និធិការ(សិក្ខាបទ)១ បណីត(សិក្ខាបទ)១ ទ្វារក(សិក្ខាបទ)១។
(៥. អចេលកវគ្គោ)
(១. អចេលកសិក្ខាបទំ)
[១៤៥] កាលនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ គង់នៅកូដាគារសាលា ក្នុងព្រៃមហាវន ទៀបក្រុងវេសាលី។ សម័យនោះឯង របស់ដែលបុគ្គលគប្បីទំពាស៊ីកើតឡើងដល់សង្ឃ។ ព្រះអានន្ទដ៏មានអាយុក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរឲ្យនំដល់ពួកមនុស្សអ្នកស៊ីដែលចុះ។ ព្រះអានន្ទដ៏មានអាយុទទួលព្រះពុទ្ធដីកាថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយៗ ក៏ឲ្យពួកមនុស្សដែលជាអ្នកស៊ីដែលអង្គុយជាជួរ ហើយក៏ឲ្យនំមួយៗ (ដល់មនុស្សដែលជាអ្នកស៊ីដែល) រួចឲ្យនំពីរទៅនាងបរិព្វាជិកាម្នាក់ ដោយសំគាល់ថាឲ្យនំមួយដូចគេទាំងពួងដែរ។ ពួកនាងបរិព្វាជិកា(ដែលនៅ)ជុំវិញ បាននិយាយពាក្យនេះនឹងនាងបរិព្វាជិកានោះថា សមណនោះជាសហាយរបស់នាងឬ។ នាងបរិព្វាជិកានោះឆ្លើយថា សមណនុ៎ះមិនមែនជាសហាយរបស់ខ្ញុំទេ គឺលោកសំគាល់ថាឲ្យនំមួយដល់ខ្ញុំ តែត្រឡប់ទៅជាឲ្យនំពីរមកវិញ។ វារៈជាគំរប់ពីរដង ព្រះអានន្ទដ៏មានអាយុឲ្យនំមួយៗ (ដល់មនុស្សដែលជាអ្នកស៊ីដែល) រួចឲ្យនំពីរទៅនាងបរិព្វាជិកាដដែលនោះ ដោយសំគាល់ថាឲ្យនំមួយដូចគេទាំងពួងដែរ។ ពួកនាងបរិព្វាជិកា(ដែលនៅ)ជុំវិញ ក៏និយាយពាក្យនេះនឹងនាងបរិព្វាជិកានោះថា សមណនុ៎ះជាសហាយរបស់នាងឬ។ នាងបរិព្វាជិកានោះឆ្លើយថា សមណនុ៎ះមិនមែនជាសហាយរបស់ខ្ញុំទេ គឺលោកសំគាល់ថាឲ្យនំមួយដល់ខ្ញុំ តែត្រឡប់ទៅជាឲ្យនំពីរមកវិញ។ វារៈជាគំរប់បីដងទៀត ព្រះអានន្ទដ៏មានអាយុឲ្យនំមួយៗ (ដល់មនុស្សដែលជាអ្នកស៊ីដែល) រួចឲ្យនំពីរទៅនាងបរិព្វាជិកាដដែលនោះ ដោយសំគាល់ថាឲ្យនំមួយដូចគេទាំងពួងដែរ។ ពួកនាងបរិព្វាជិកា(ដែលនៅ)ជុំវិញ ក៏និយាយពាក្យនេះនឹងនាងបរិព្វាជិកានោះថា សមណនុ៎ះជាសហាយរបស់នាងឬ។ នាងបរិព្វាជិកានោះឆ្លើយថា សមណនុ៎ះមិនមែនជាសហាយរបស់ខ្ញុំទេ គឺលោកសំគាល់ថាឲ្យនំមួយដល់ខ្ញុំ តែត្រឡប់ទៅជាឲ្យនំពីរមកវិញ។ ពួកនាងបរិព្វាជិកាទាំងនោះ ក៏នាំគ្នានិយាយចម្អកថា (សមណនុ៎ះ) សហាយ ឬមិនមែនសហាយ។ (វេលានោះ) មានអាជីវកម្នាក់ដើរទៅកាន់ទីដែលគេអង្គាស ឬចែក(នំ)។ (ពេលនោះ) មានភិក្ខុ១រូបកំពុងច្របាច់បាយលាយដោយទឹកដោះថ្លាដ៏ច្រើន ហើយក៏ឲ្យដុំបាយ១ដុំធំដល់អាជីវកនោះ។ លំដាប់នោះ អាជីវកនោះក៏កាន់យកដុំបាយនោះ ហើយដើរទៅ។ (ពេលនោះ) មានអាជីវកម្នាក់ទៀតបានពោលពាក្យនេះនឹងអាជីវកនោះថា ម្នាលអាវុសោ អ្នកឯងបានដុំបាយមកពីទីណា។ អាជីវកដែលបានដុំបាយនោះឆ្លើយតបថា ម្នាលអាវុសោ ដុំបាយខ្ញុំបានមកអំពីទីដែលគេអង្គាសនៃមុណ្ឌកគហបតី (គហបតីត្រងោល) របស់ព្រះសមណគោតមនោះ។ ពួកឧបាសកបានឮពាក្យចរចារនេះ នៃពួកអាជីវកនោះច្បាស់លាស់ហើយ។ ទើបពួកឧបាសកទាំងនោះចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានបុណ្យ ហើយក៏អង្គុយក្នុងទី១ដ៏សមគួរ។ ឧបាសកទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពួកតិរ្ថិយអម្បាលនេះ ប្រាថ្នានឹងពោលទោសដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បពិត្រព្រះអង្គដ៏ចំរើន សូមកុំឲ្យលោកម្ចាស់ទាំងឡាយឲ្យ (វត្ថុអ្វីៗ) ដល់ពួកតិរ្ថិយដោយដៃរបស់ខ្លួនឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឧបាសកទាំងនោះ ឲ្យឃើញច្បាស់លាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ។ ឯពួកឧបាសកទាំងនោះ កាលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់លាស់ ទ្រង់ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ទ្រង់ធ្វើធម្មីកថាដ៏ល្មមសមគួរតាមហេតុនោះដល់ពួកភិក្ខុ ហើយទ្រង់ហៅភិក្ខុទាំងឡាយមក ត្រាស់ថា នែភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺ ដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីសេចក្តីសប្បាយដល់សង្ឃ១។បេ។ ដើម្បីញុំាងព្រះសទ្ធម្មឲ្យស្ថិតស្ថេរ១ ដើម្បីអនុគ្រោះដល់វិន័យ១ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយឲ្យវត្ថុដែលបុគ្គលគួរទំពាស៊ី ឬវត្ថុដែលបុគ្គលគួរបរិភោគដល់អចេលកក្តី បរិព្វាជកក្តី បរិព្វាជិកាក្តី ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។
[១៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថាអចេលក គឺបុគ្គលដែលបួសជាបរិព្វាជក មានកាយអាក្រាតទាំងអស់។ ដែលហៅថា បរិព្វាជក គឺបុរសដែលបួសជាបរិព្វាជកទាំងអស់ វៀរលែងតែភិក្ខុ និងសាមណេរចេញ។ ដែលហៅថា បរិព្វាជិកា គឺស្រីដែលបួសជាបរិព្វាជិកាទាំងអស់ វៀរលែងតែភិក្ខុនី សិក្ខមានា និងសាមណេរីចេញ។ ដែលហៅថា វត្ថុដែលបុគ្គលគួរទំពាស៊ី គឺលើកទុកតែភោជន៥យ៉ាង ព្រមទាំងទឹក និងឈើស្ទន់ចេញ ក្រៅពីនោះ ហៅថា វត្ថុដែលបុគ្គលគួរទំពាស៊ីទាំងអស់។ ដែលហៅថា វត្ថុដែលបុគ្គលគួរបរិភោគ បានដល់ភោជន៥យ៉ាង គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១។ ពាក្យថា ឲ្យ គឺភិក្ខុឲ្យដោយកាយក្តី ដោយវត្ថុដែលជាប់នឹងកាយក្តី ដោយបោះឲ្យក្តី ត្រូវអាបត្តិបាចិត្តិយ។
[១៤៧] ជនជាតិរ្ថិយ ភិក្ខុក៏សំគាល់ថា ជាតិរ្ថិយ ហើយឲ្យវត្ថុដែលគួរទំពាស៊ី ឬវត្ថុដែលគួរបរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ជនជាតិរ្ថិយ ភិក្ខុមានសេចក្តីសង្ស័យ ហើយឲ្យវត្ថុដែលគួរទំពាស៊ី ឬវត្ថុដែលគួរបរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ជនជាតិរ្ថិយ ភិក្ខុសំគាល់ថា មិនមែនជាតិរ្ថិយ ហើយឲ្យវត្ថុដែលគួរទំពាស៊ី ឬវត្ថុដែលគួរបរិភោគ ដោយដៃរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុឲ្យទឹក និងឈើស្ទន់ ត្រូវអាបត្តិទុក្កដ។ បុគ្គលមិនមែនជាតិរ្ថិយ ភិក្ខុសំគាល់ថាជាតិរ្ថិយ ត្រូវអាបត្តិទុក្កដ។ ជនមិនមែនជាតិរ្ថិយ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ ជនមិនមែនជាតិរ្ថិយ ភិក្ខុសំគាល់ថាមិនមែនជាតិរ្ថិយ មិនត្រូវអាបត្តិឡើយ។
[១៤៨] អាបត្តិមិនមានដល់ភិក្ខុដែលប្រើគេឲ្យឲ្យ មិនឲ្យដោយខ្លួនឯង ដល់ភិក្ខុដែលដាក់24) វត្ថុទុកឲ្យ ដល់ភិក្ខុដែលឲ្យរបស់ជាគ្រឿងលាបខាងក្រៅ25) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ១ ចប់។
(២. ឧយ្យោជនសិក្ខាបទំ)
[១៤៩] កាលនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ កាលគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បាននិយាយពាក្យនេះនឹងភិក្ខុជាសទ្ធិវិហារិករបស់ព្រះថេរៈជាបងប្អូនថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ថាដូច្នេះហើយ ក៏មិនឲ្យគេប្រគេន(អ្វីៗ) ដល់ភិក្ខុនោះឡើយ (បែរជា) ប្រើឲ្យត្រឡប់ទៅវិញថា ម្នាលអាវុសោ លោកចូរទៅចុះ ខ្ញុំនឹងនិយាយ ឬនឹងអង្គុយជាមួយនឹងលោកមិនសប្បាយទេ ខ្ញុំនឹងនិយាយ ឬនឹងអង្គុយតែម្នាក់ឯងស្រួលជាង។ គ្រានោះ កាលបើពេលដែលត្រូវឆាន់កាន់តែចូលមកជិតហើយ ភិក្ខុនោះមិនអាចនឹងត្រាច់ទៅបិណ្ឌបាតបាន សូម្បីគ្រាន់តែត្រឡប់មកធ្វើភត្តកិច្ចវិញ ក៏មិនទាន់ ជាអ្នកអត់ចង្ហាន់ (មួយពេលនោះឯង)។ ទើបភិក្ខុនោះទៅកាន់អារាម ហើយដំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ មិនសមបើមកបបួលភិក្ខុថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ហើយមិនឲ្យគេប្រគេនអ្វីៗដល់ភិក្ខុនោះ ស្រាប់តែបញ្ជូនឲ្យត្រឡប់ទៅវិញ (ដូច្នេះ)សោះ។បេ។ ព្រះអង្គត្រាស់សួរថា នែឧបនន្ទ បានឮថា អ្នកឯងបបួលភិក្ខុថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយនឹងចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ហើយមិនឲ្យគេ (ឲ្យអ្វីៗ)ដល់ភិក្ខុនោះ (បែរជា) បញ្ជូនឲ្យត្រឡប់ទៅវិញ ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនេះពិតមែន។ ព្រះសម្ពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរនឹងបបួលភិក្ខុផងគ្នាថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយនឹងទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ហើយមិនឲ្យគេឲ្យ(អ្វីៗ)ដល់ភិក្ខុនោះ (បែរជា) បញ្ជូនឲ្យត្រឡប់ទៅវិញ ដូច្នេះឡើយ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយនិយាយនឹងភិក្ខុយ៉ាងនេះថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយនឹងទៅកាន់ស្រុក ឬនិគមដើម្បីបិណ្ឌបាត ហើយឲ្យគេឲ្យ ឬមិនឲ្យគេឲ្យ (អ្វីៗ)ដល់ភិក្ខុនោះ ហើយបញ្ជូនឲ្យត្រឡប់ទៅវិញដោយពាក្យថា នែអាវុសោ លោកចូរទៅវិញចុះ ខ្ញុំនិយាយ ឬអង្គុយជាមួយនឹងលោកមិនសប្បាយទេ ខ្ញុំនិយាយ ឬអង្គុយតែម្នាក់ឯងស្រួលជាង ដូច្នេះ ត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើនូវហេតុនុ៎ះឯងឲ្យជាបច្ច័យ មិនមែនជាហេតុដទៃឡើយ។
[១៥០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា នឹងភិក្ខុ គឺនឹងភិក្ខុដទៃ។ ពាក្យថា ម្នាលអាវុសោ លោកចូរមក (យើងនឹងទៅ)កាន់ស្រុក ឬនិគម (ដើម្បីបិណ្ឌបាត) គឺស្រុកក្តី និគមក្តី នគរក្តី ក៏ហៅថាស្រុក និងនិគម (ក្នុងសិក្ខាបទនេះ)។ ពាក្យថា ឲ្យគេឲ្យ(អ្វីៗ) ដល់ភិក្ខុនោះ គឺប្រើគេឲ្យឲ្យយាគូក្តី ភត្តក្តី ខាទនីយក្តី ភោជនីយក្តី (ដល់ភិក្ខុនោះ)។ ពាក្យថា មិនឲ្យគេឲ្យ គឺមិនឲ្យនរណាឲ្យ(អ្វីៗ)សោះ។ ពាក្យថា បញ្ជូនឲ្យត្រឡប់ទៅវិញ សេចក្តីថា ភិក្ខុប្រាថ្នាដើម្បីសើច ប្រាថ្នាដើម្បីលេង ប្រាថ្នាដើម្បីអង្គុយក្នុងទីស្ងាត់ ប្រាថ្នាដើម្បីប្រព្រឹត្តអនាចារជាមួយនឹងមាតុគ្រាម ក៏និយាយយ៉ាងនេះថា ម្នាលអាវុសោ លោកចូរទៅវិញចុះ ខ្ញុំនិយាយ ឬអង្គុយជាមួយនឹងលោកមិនស្រួលទេ ខ្ញុំនិយាយ ឬអង្គុយតែម្នាក់ឯងស្រួលជាង ថាហើយ ក៏បញ្ជូនឲ្យត្រឡប់ទៅវិញ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុនោះកំពុងលះបង់ទីល្មមមើលគ្នាឃើញ ឬទីល្មមស្តាប់ឮ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុនោះលះបង់ផុត (នូវទីល្មមមើលឃើញ ឬទីល្មមស្តាប់ឮ) ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ព្រោះធ្វើនូវហេតុនុ៎ះឯងឲ្យជាបច្ច័យ មិនមែនជាហេតុដទៃឡើយ សេចក្តីថា មិនមានហេតុនីមួយដទៃជាបច្ច័យ ក្រៅអំពីហេតុដែលបញ្ជូនទៅនោះឡើយ។
[១៥១] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន តែភិក្ខុសង្ស័យ ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ហើយបញ្ជូនទៅ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុលើកឡើងនូវពាក្យបញ្ឈឺចិត្ត (ចំពោះឧបសម្បន្ន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុបញ្ជូនអនុបសម្បន្នទៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុលើកនូវពាក្យបញ្ឈឺចិត្ត (ចំពោះអនុបសម្បន្ន) ត្រូវអាបត្តិទុក្កដ។ មិនមែនជាឧបសម្បន្ន ភិក្ខុសំគាល់ថាជាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនជាឧបសម្បន្ន ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនជាឧបសម្បន្ន ភិក្ខុក័សំគាល់ថាមិនមែនជាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[១៥២] អាបត្តិមិនមានដល់ភិក្ខុដែលបញ្ជូនភិក្ខុផងគ្នាឲ្យត្រឡប់ទៅដោយគិតថា យើងទាំងពីររូបនឹងញុំាងជីវិតឲ្យប្រព្រឹត្តទៅក្នុងទីជាមួយគ្នាមិនបាន ដល់ភិក្ខុដែលបញ្ជូនភិក្ខុផងគ្នាឲ្យទៅដោយគិតថា ក្រែងភិក្ខុនោះបានឃើញរបស់មានដំឡៃច្រើនហើយ នឹងញុំាងលោកធម៌ឲ្យកើតឡើង ដល់ភិក្ខុបញ្ជូនភិក្ខុផងគ្នាឲ្យទៅដោយគិតថា ក្រែងភិក្ខុនោះបានឃើញមាតុគ្រាមហើយ នឹងញុំាងសេចក្តីអផ្សុកឲ្យកើតឡើង ដល់ភិក្ខុបញ្ជូនភិក្ខុផងគ្នាឲ្យទៅដោយពាក្យថា លោកចូរនាំយាគូក្តី ភត្តក្តី ខាទនីយក្តី ភោជនីយក្តី ទៅឲ្យដល់ភិក្ខុមានជម្ងឺ ឬភិក្ខុដែលនៅក្នុងវត្ត ឬអ្នកដែលរក្សាវត្ត ដល់ភិក្ខុមិនប្រាថ្នានឹងប្រព្រឹត្តអនាចារទេ (តែ) កាលបើមានកិច្ចហើយ ក៏បញ្ជូនភិក្ខុផងគ្នាទៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ២ ចប់។
(៣. សភោជនសិក្ខាបទំ)
[១៥៣] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេចឥរិយាបទក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បានដើរទៅផ្ទះរបស់សំឡាញ់ ហើយក៏អង្គុយនៅក្នុងផ្ទះសម្រាប់ដេកជាមួយនឹងប្រពន្ធរបស់សំឡាញ់នោះ។ ឯបុរសនោះក៏ចូលសំដៅទៅត្រង់ទីដែលព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុអង្គុយនោះ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះអង្គុយក្នុងទីដ៏សមគួរហើយ និយាយពាក្យនេះនឹងប្រពន្ធថា នាងចូរប្រគេនចង្ហាន់ដល់លោកម្ចាស់ចុះ។ ស្ត្រីនោះក៏ប្រគេនចង្ហាន់ដល់ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុក្នុងគ្រានោះ។ លំដាប់នោះ បុរសនោះក៏និយាយពាក្យនេះនឹងព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់និមន្តទៅចុះ ព្រោះយើងខ្ញុំបានប្រគេនចង្ហាន់ដល់លោកម្ចាស់ហើយ។ ឯស្ត្រីនោះកំណត់ដឹងថា បុរសនេះមានរាគៈគ្របសង្កត់ហើយ ក៏និយាយពាក្យនេះនឹងព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់គង់សិន កុំអាលនិមន្តទៅ។ បុរសនោះ(បាននិយាយ)ជាគំរប់ពីរដង។បេ។ បុរសនោះបាននិយាយពាក្យនេះ នឹងព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុជាគំរប់បីដងថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់និមន្តទៅវិញចុះ ព្រោះយើងខ្ញុំបានប្រគេនចង្ហាន់ដល់លោកម្ចាស់ហើយ។ ឯស្ត្រីនោះសោត ក៏និយាយពាក្យនេះនឹងព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុជាគំរប់បីដងថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់គង់សិន កុំអាលនិមន្តទៅឡើយ។ ឯបុរសនោះ ក៏ដើរចេញអំពីផ្ទះទៅ ហើយពោលទោសនឹងភិក្ខុទាំងឡាយថា បពិត្រលោកទាំងឡាយដ៏ចំរើន លោកម្ចាស់ឧបនន្ទនេះទៅអង្គុយក្នុងផ្ទះសម្រាប់ដេកជាមួយនឹងប្រពន្ធរបស់ខ្ញុំ ព្រះឧបនន្ទនោះ កាលខ្ញុំបញ្ជូនឲ្យទៅវិញ ក៏មិនចង់ទៅ យើងខ្ញុំទាំងឡាយជាអ្នកមានកិច្ចច្រើន មានរវល់ច្រើន។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុអម្បាលនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ មិនសមបើនឹងហ៊ានចូលទៅអង្គុយនៅក្នុងត្រកូលដែលមានជនតែពីរនាក់ (គឺតែប្រុស និងស្រី) (ដូច្នោះ) សោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកឯងបានចូលទៅអង្គុយនៅក្នុងត្រកូលដែលមានជនតែពីរនាក់ ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ដំណើរនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនសមបើនឹងហ៊ានចូលទៅអង្គុយនៅក្នុងត្រកូលដែលមានជនតែពីរនាក់ (ដូច្នោះ)ទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ បើដូច្នេះ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយចូលទៅសម្រេចការអង្គុយនៅក្នុងត្រកូលដែលមានជនតែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។
[១៥៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា ត្រកូលដែលមានជនតែពីរនាក់ គឺមានតែស្រីនិងប្រុសប៉ុណ្ណោះ។ ជនទាំងពីរនាក់មិនទាន់ចេញទៅ ហើយជនទាំងពីរនាក់នោះ ជាមនុស្សមានរាគៈនៅឡើយ។ ពាក្យថា ចូលទៅ គឺដើរចូលទៅ។ ពាក្យថា សម្រេចការអង្គុយ សេចក្តីថា ភិក្ខុលះហត្ថបាសនៃមេទ្វារ ឬធរណីក្នុងផ្ទះធំ ហើយអង្គុយនៅ ត្រូវអាបត្តិបាចិត្តិយ។ (បើ) ក្នុងផ្ទះតូច ភិក្ខុចូលហួសមេដំបូល26) ទៅ ហើយអង្គុយ ត្រូវអាបត្តិបាចិត្តិយ។
[១៥៥] ផ្ទះសម្រាប់ដេក ភិក្ខុក៏សំគាល់ថាផ្ទះសម្រាប់ដេក ហើយចូលទៅសម្រេចការអង្គុយក្នុងត្រកូលដែលមានជនតែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។ ផ្ទះសម្រាប់ដេក ភិក្ខុសង្ស័យ ហើយចូលទៅសម្រេចការអង្គុយក្នុងត្រកូលដែលមានជនតែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។ ផ្ទះសម្រាប់ដេក ភិក្ខុសំគាល់ថាមិនមែនផ្ទះសម្រាប់ដេក ហើយចូលទៅសម្រេចការអង្គុយក្នុងត្រកូលដែលមានជនតែពីរនាក់ ត្រូវអាបត្តិបាចិត្តិយ។ មិនមែនផ្ទះសម្រាប់ដេក ភិក្ខុសំគាល់ថាផ្ទះសម្រាប់ដេក ត្រូវអាបត្តិទុក្កដ។ មិនមែនផ្ទះសម្រាប់ដេក ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនផ្ទះសម្រាប់ដេក ភិក្ខុក៏សំគាល់ថាមិនមែនផ្ទះសម្រាប់ដេក មិនត្រូវអាបត្តិ។
[១៥៦] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយក្នុងផ្ទះធំ មិនលះហត្ថបាសនៃមេទ្វារ ឬធរណី ដល់ភិក្ខុអង្គុយក្នុងផ្ទះតូច មិនហួសមេដំបូល ដល់ភិក្ខុដែលមានភិក្ខុជាគំរប់ពីរអង្គុយនៅផង ដល់ភិក្ខុដែលអង្គុយនៅ តែជនទាំងពីរនាក់គេចេញទៅហើយ ដល់ភិក្ខុដែលអង្គុយនៅជាមួយនឹងជនទាំងពីរនាក់ជាបុគ្គលមិនមានរាគៈ ដល់ភិក្ខុអង្គុយនៅក្នុងផ្ទះ ដែលមិនមែនជាផ្ទះសម្រាប់ដេក ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៣ ចប់។
(៤. រហោបដិច្ឆន្នសិក្ខាបទំ)
[១៥៧] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេចឥរិយាបទនៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បានទៅកាន់ផ្ទះរបស់បុរសជាសំឡាញ់ ហើយក៏សម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងប្រពន្ធរបស់សំឡាញ់នោះ។ គ្រានោះ បុរសនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាម្ចាស់ មិនគួរបើនឹងហ៊ានមកសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងប្រពន្ធរបស់ខ្ញុំ (ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយបានឮសំដីនៃបុរសនោះ និយាយពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ មិនសមបើនឹងហ៊ានទៅសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងមាតុគ្រាម(ដូច្នេះ) ទេ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកឯងទៅសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងមាតុគ្រាម ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនសមបើនឹងហ៊ានទៅសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងមាតុគ្រាម (ដូច្នោះ)ទេ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង មួយអន្លើដោយមាតុគ្រាម ត្រូវអាបត្តិបាចិត្តិយ។
[១៥៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា មាតុគ្រាម គឺស្រីមនុស្ស មិនមែនជាយក្សស្រី មិនមែនជាប្រេតស្រី មិនមែនតិរច្ឆានញី ដោយហោចទៅ សូម្បីតែក្មេងស្រីដែលទើបនឹងកើតបាន១ថ្ងៃ មិនបាច់និយាយទៅថ្វីដល់ស្រីធំទេ។ ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ ដែលហៅថា ទីស្ងាត់ គឺទីដែលស្ងាត់ភ្នែក ស្ងាត់ត្រចៀក។ ដែលហៅថា ទីស្ងាត់ភ្នែក គឺកាលបើភិក្ខុមិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី បុគ្គលដទៃមិនអាចឃើញបាន។ ដែលហៅថា ទីស្ងាត់ត្រចៀក គឺទីដែលបុគ្គលដទៃមិនអាចស្តាប់ពាក្យជាប្រក្រតីបាន។ ដែលហៅថាអាសនៈជាទីកំបាំង គឺអាសនៈដែលគេបិទបាំងដោយជញ្ជំាងក្តី ដោយសន្ទះទ្វារក្តី ដោយកន្ទេលផែងក្តី ដោយរនាំង ឬវាំងននក្តី ដោយឈើក្តី ដោយសសរក្តី ដោយស៊ុំក្តី ឬដោយវត្ថុណាមួយ។ ពាក្យថា សម្រេចការអង្គុយ គឺកាលបើមាតុគ្រាមអង្គុយ ភិក្ខុអង្គុយជិត ឬដេកជិត ត្រូវអាបត្តិបាចិត្តិយ។ កាលបើភិក្ខុអង្គុយ មាតុគ្រាមអង្គុយជិត ឬដេកជិត ត្រូវអាបត្តិបាចិត្តិយ។ ជនទាំងពីរអង្គុយក្តី ជនទាំងពីរដេកក្តី (ឯភិក្ខុ) ត្រូវអាបត្តិបាចិត្តិយ។
[១៥៩] មាតុគ្រាម ភិក្ខុក៏សំគាល់ថាមាតុគ្រាម ហើយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសង្ស័យ ហើយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹងយក្សស្រីក្តី ប្រេតស្រីក្តី ខ្ទើយក្តី តិរច្ឆានញីដែលមានរាងកាយដូចមនុស្សក្តី ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម មិនត្រូវអាបត្តិឡើយ។
[១៦០] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយនៅ មានបុរសណាមួយដែលជាមនុស្សដឹងក្តី (នៅ) ជាគំរប់ពីរ ដល់ភិក្ខុឈរ មិនបានអង្គុយ ដល់ភិក្ខុបានក្រឡេកគយគន់រកទីមិនស្ងាត់ ហើយអង្គុយ ដល់ភិក្ខុមានចិត្តបញ្ជូនទៅកាន់អារម្មណ៍ដទៃ ហើយអង្គុយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៤ ចប់។
(៥. រហោនិសជ្ជសិក្ខាបទំ)
[១៦១] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេចឥរិយាបទក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ ដើរទៅកាន់ផ្ទះរបស់សំឡាញ់ ហើយក៏សម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងប្រពន្ធរបស់សំឡាញ់នោះតែម្នាក់និងម្នាក់។ គ្រានោះ បុរសនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាម្ចាស់ មិនសមបើនឹងហ៊ានមកសម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងប្រពន្ធរបស់ខ្ញុំតែម្នាក់និងម្នាក់ (ដូច្នេះ) សោះ។ ភិក្ខុទាំងឡាយបានឮពាក្យសំដីនៃបុរសនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)ហើយ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ មិនសមបើនឹងហ៊ានទៅសម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងមាតុគ្រាមតែម្នាក់និងម្នាក់ទេ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯងទៅសម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងមាតុគ្រាមតែម្នាក់និងម្នាក់ ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនសមបើនឹងហ៊ានទៅសម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងមាតុគ្រាមតែម្នាក់និងម្នាក់ (ដូច្នោះ)ទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះមិនមែននាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយសម្រេចការអង្គុយក្នុងទីស្ងាត់ មួយអន្លើដោយមាតុគ្រាមតែម្នាក់និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។
[១៦២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា មាតុគ្រាម គឺចំពោះតែស្រីមនុស្ស មិនមែនជាយក្សស្រី មិនមែនជាប្រេតស្រី មិនមែនជាតិរច្ឆានញី ជាអ្នកដឹងក្តី ជាអ្នកអាចដើម្បីស្គាល់ពាក្យសំដី ដែលបុគ្គលនិយាយល្អ ឬអាក្រក់ ពាក្យអាសគ្រាម ឬមិនមែនអាសគ្រាម។ ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ ពាក្យថា តែម្នាក់និងម្នាក់ គឺមានតែភិក្ខុ និងមាតុគ្រាមប៉ុណ្ណោះ។ ដែលហៅថា ទីស្ងាត់ គឺទីស្ងាត់ភ្នែក ស្ងាត់ត្រចៀក។ ដែលហៅថា ទីស្ងាត់ភ្នែក គឺកាលបើភិក្ខុមិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី ជនដទៃមិនអាចឃើញបាន។ ដែលហៅថា ទីស្ងាត់ត្រចៀក គឺទីដែលបុគ្គលមិនអាចស្តាប់ពាក្យជាប្រក្រតីបាន។ ពាក្យថា សម្រេចការអង្គុយ គឺកាលដែលមាតុគ្រាមអង្គុយហើយ ភិក្ខុអង្គុយជិត ឬដេកជិត ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុអង្គុយ មាតុគ្រាមអង្គុយជិត ឬដេកជិត (ភិក្ខុ) ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុនិងស្រីទាំងពីរនាក់អង្គុយក្តី ដេកក្តី (ភិក្ខុ) ត្រូវអាបត្តិបាចិត្តិយ។
[១៦៣] មាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ហើយសម្រេចការអង្គុយក្នុងទីស្ងាត់តែម្នាក់និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសង្ស័យ ហើយសម្រេចការអង្គុយក្នុងទីស្ងាត់តែម្នាក់និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយសម្រេចការអង្គុយក្នុងទីស្ងាត់តែម្នាក់និងម្នាក់ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសម្រេចការអង្គុយក្នុងទីស្ងាត់ ជាមួយនឹងយក្សស្រីក្តី ប្រេតស្រីក្តី ខ្ទើយក្តី តិរច្ឆានញីដែលមានរាងកាយដូចមនុស្សក្តីតែម្នាក់និងម្នាក់ ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម មិនមានអាបត្តិ។
[១៦៤] អាបត្តិមិនមានដល់ភិក្ខុដែលអង្គុយនៅ មានបុរសណាម្នាក់ជាអ្នកដឹងសេចក្តី នៅ ជាគំរប់ពីរ ដល់ភិក្ខុឈរ មិនបានអង្គុយ ដល់ភិក្ខុបានក្រឡេកគយគន់រកទីមិនស្ងាត់ ហើយអង្គុយនៅ ដល់ភិក្ខុមានចិត្តបញ្ជូនទៅកាន់អារម្មណ៍ដទៃ អង្គុយនៅ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៥ ចប់។
(៦. ចារិត្តសិក្ខាបទំ)
[១៦៥] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេចឥរិយាបទក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ត្រកូលជាឧបដ្ឋាករបស់ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ និមន្តព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុដោយភត្ត ហើយក៏និមន្តពួកភិក្ខុឯទៀតដោយភត្តដែរ។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ អាល័យតែចូលទៅរកត្រកូលទាំងឡាយ ក្នុងពេលមុនឆាន់។ ឯភិក្ខុទាំងឡាយនោះ ក៏បាននិយាយពាក្យនេះនឹងមនុស្សអម្បាលនោះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរប្រគេនចង្ហាន់(មក)។ ពួកមនុស្សអម្បាលនោះ ក៏និយាយឃាត់ថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន សូមលោកម្ចាស់ទាំងឡាយរង់ចាំសិន ទម្រាំព្រះឧបនន្ទជាម្ចាស់លោកនិមន្តមក។ ភិក្ខុទាំងឡាយនោះ បាននិយាយពាក្យនេះនឹងពួកមនុស្សអម្បាលនោះជាគំរប់ពីរដងថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរប្រគេនចង្ហាន់(មក)។ ពួកមនុស្សអម្បាលនោះ ក៏និយាយឃាត់ថា បពិត្រព្រះករុណាទាំងឡាយដ៏ចំរើន សូមព្រះករុណាទាំងឡាយរង់ចាំសិនចុះ ទម្រាំតែព្រះឧបនន្ទជាម្ចាស់និមន្តមក។ ពួកភិក្ខុអម្បាលនោះ ក៏និយាយពាក្យនេះនឹងមនុស្សទាំងឡាយនោះជាគំរប់បីដងថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរប្រគេនចង្ហាន់មក (នឹងបង្អង់នៅ) ក្រែងហួសពេលឆាន់។ មនុស្សទាំងឡាយ ក៏និយាយថា បពិត្រព្រះករុណាទាំងឡាយដ៏ចំរើន យើងខ្ញុំទាំងឡាយបានធ្វើភត្តទាំងប៉ុន្មាន ព្រោះតែព្រះឧបនន្ទជាម្ចាស់ (ទេតើ) បពិត្រព្រះករុណាទាំងឡាយដ៏ចំរើន សូមព្រះករុណាទាំងឡាយរង់ចាំ ទម្រាំតែព្រះឧបនន្ទជាម្ចាស់និមន្តមកសិន។ លំដាប់នោះ ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុអាល័យតែចូលទៅគួរសមនឹងត្រកូលទាំងឡាយក្នុងពេលមុនឆាន់ ហើយក៏មកក្នុងវេលាថ្ងៃពេក។ ភិក្ខុទាំងឡាយក៏ឆាន់ចង្ហាន់មិនល្មមដល់ចិត្ត។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បានទទួលនិមន្តគេជាអ្នកមានភត្តហើយ មិនគួរនឹងត្រាច់ទៅក្នុងត្រកូលទាំងឡាយ (ដទៃ) ក្នុងពេលមុនឆាន់ (ដូច្នេះ)សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯង បានទទួលនិមន្តគេជាអ្នកមានភត្តហើយ ៗត្រាច់ទៅក្នុងត្រកូលទាំងឡាយ (ដទៃ) ក្នុងពេលមុនឆាន់ ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស សេចក្តីនោះពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងបានទទួលនិមន្តគេជាអ្នកមានភត្តហើយ មិនគួរនឹងត្រាច់ទៅក្នុងត្រកូលទាំងឡាយ (ដទៃ) ក្នុងពេលមុនឆាន់ (ដូច្នេះ) ទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយបានទទួលនិមន្តគេជាអ្នកមានភត្តហើយ ដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនឆាន់ ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៦៦] កាលនោះ ត្រកូលឧបដ្ឋាករបស់ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ បានបញ្ជូនខាទនីយាហារទៅដើម្បីប្រគេនដល់សង្ឃដោយពាក្យថា ខាទនីយនេះ អ្នកឯងត្រូវបង្ហាញដល់ព្រះឧបនន្ទជាម្ចាស់ ហើយសិមប្រគេនដល់សង្ឃចុះ។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត។ ឯពួកមនុស្សអម្បាលនោះ ទៅកាន់អារាម ហើយសួរភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន ព្រះឧបនន្ទជាម្ចាស់និមន្តទៅឯណា។ ពួកភិក្ខុអម្បាលនោះប្រាប់ថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុនុ៎ះនិមន្តទៅកាន់ស្រុក ដើម្បីបិណ្ឌបាតហើយ។ មនុស្សទាំងឡាយក៏និយាយថា បពិត្រលោកម្ចាស់ដ៏ចំរើន ខាទនីយាហារនេះ សូមលោកម្ចាស់ទាំងឡាយបង្ហាញដល់ព្រះឧបនន្ទដ៏មានអាយុ ហើយសិមប្រគេនដល់សង្ឃចុះ។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយត្រូវទទួលហើយ ដម្កល់ទុក ទម្រាំឧបនន្ទត្រឡប់មកវិញ។ គ្រានោះ ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុគិតថា ព្រះដ៏មានព្រះភាគទ្រង់ហាមឃាត់មិនឲ្យត្រាច់ទៅក្នុងត្រកូលទាំងឡាយក្នុងវេលាមុនភត្ត (គិតដូច្នោះហើយ) ក៏ចូលទៅរកត្រកូលទាំងឡាយក្នុងវេលាក្រោយភត្ត ហើយត្រឡប់មកក្នុងវេលាហួសពេល។ ខាទនីយាហារគេក៏ផ្ញើរត្រឡប់ទៅវិញ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ មិនគួរបើនឹងត្រាច់ទៅក្នុងត្រកូលទាំងឡាយក្នុងវេលាក្រោយភត្ត (ដូច្នោះ) សោះ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលឧបនន្ទ ឮថាអ្នកឯងត្រាច់ទៅក្នុងត្រកូលទាំងឡាយក្នុងវេលាក្រោយភត្ត ពិតមែនឬ។ ព្រះឧបនន្ទក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស សេចក្តីនោះពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងត្រាច់ទៅក្នុងត្រកូលទាំងឡាយក្នុងពេលក្រោយភត្ត (ដូច្នេះ) ទេ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយបានទទួលនិមន្តគេជាអ្នកមានភត្តហើយ ដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៦៧] សម័យនោះឯង ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យក្នុងសម័យនៃចីវរទាន ហើយមិនបានចូលទៅរកត្រកូលទាំងឡាយ។ ចីវរក៏កើតឡើងតិចស្តួចស្តើង។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលទៅរកត្រកូលទាំងឡាយក្នុងសម័យនៃចីវរទាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយបានទទួលនិមន្តគេ ជាអ្នកមានភត្តហើយ ដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ កាលដែលទាយកប្រគេនចីវរ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៦៨] សម័យនោះឯង ភិក្ខុទាំងឡាយធ្វើចីវរកម្ម គឺការដេរចីវរ ក៏មានសេចក្តីត្រូវការដោយម្ជុលខ្លះ ដោយចេសខ្លះ ដោយកំាបិតខ្លះ។ ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យ មិនបានចូលទៅរកត្រកូលទាំងឡាយឡើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលទៅរកត្រកូលទាំងឡាយក្នុងសម័យធ្វើចីវរបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយបានទទួលនិមន្តគេ ជាអ្នកមានភត្តហើយ ដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ កាលដែលទាយកប្រគេនចីវរ១ កាលដែលភិក្ខុធ្វើចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៦៩] សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ ក៏មានសេចក្តីត្រូវការដោយភេសជ្ជៈទាំងឡាយ។ ភិក្ខុទាំងឡាយក៏សង្ស័យ មិនបានចូលទៅរកត្រកូលទាំងឡាយឡើយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលា ឬប្រាប់ភិក្ខុដែលមាននៅ ហើយសឹមចូលទៅរកត្រកូលទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយបានទទួលនិមន្តគេ ជាអ្នកមានភត្តហើយ មិនបានលា ឬប្រាប់ភិក្ខុដែលមាននៅ ហើយដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ ក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ កាលដែលទាយកប្រគេនចីវរ១ កាលដែលភិក្ខុធ្វើចីវរ១ នេះជាសម័យក្នុងសិក្ខាបទនោះ។
[១៧០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា គេនិមន្ត គឺជននិមន្តដោយភោជនទាំង៥យ៉ាង ភោជនណាមួយ។ ដែលហៅថា ជាអ្នកមានភត្ត គឺភិក្ខុដែលគេនិមន្តដោយភត្តណា ឈ្មោះថាជាអ្នកមានភត្ត ព្រោះភត្តនោះឯង។ ដែលហៅថា ភិក្ខុមាននៅនោះ គឺភិក្ខុអាចនឹងលាភិក្ខុផងគ្នា ហើយចូលទៅកាន់ (ត្រកូល)បាន។ ភិក្ខុដែលមិនមាននៅនោះ គឺភិក្ខុមិនអាចលាភិក្ខុផងគ្នា ហើយចូលទៅកាន់(ត្រកូល)ឡើយ។ ដែលហៅថា ក្នុងពេលមុនភត្ត គឺជននិមន្តដោយភត្តណា ហើយភិក្ខុមិនទាន់បានឆាន់ភត្តនោះ។ ដែលហៅថា ក្នុងពេលក្រោយភត្ត គឺជននិមន្តដោយភត្តណា ភិក្ខុបានឆាន់ភត្តនោះហើយ ដោយហោចទៅសូម្បីប៉ុនចុងនៃស្បូវ។ ដែលហៅថា ត្រកូល គឺត្រកូលទាំងឡាយ៤ គឺត្រកូលក្សត្រ១ ត្រកូលព្រាហ្មណ៍១ ត្រកូលវេស្សៈ (អ្នករកស៊ីជួញប្រែធ្វើស្រែចំការ)១ ត្រកូលសុទ្ធៈ (អ្នកធ្វើការស៊ីឈ្នួល)១។ ពាក្យថា ដល់នូវកិរិយាត្រាច់ទៅក្នុងត្រកូលទាំងឡាយ គឺកាលដែលភិក្ខុឈានចូលទៅដល់ឧបចារផ្ទះរបស់បុគ្គលដទៃទៅ ត្រូវអាបត្តិទុក្កដ។ ឈានជើងជាដម្បូងឲ្យកន្លងហួសធរណីទ្វារទៅ ត្រូវអាបត្តិទុក្កដ។ ឈានជើងជាគំរប់ពីរឲ្យកន្លងហួសទៅ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថាវៀរលែងតែមានសម័យ គឺលើកទុកតែមានសម័យ។ ដែលហៅថា កាលដែលទាយកប្រគេនចីវរនោះ គឺថា បើភិក្ខុមិនបានក្រាលកឋិន កំណត់កាលត្រឹម១ខែជាទីបំផុតនៃវស្សានរដូវ (គឺតាំងពី១រោចខែអស្សុជ ទៅដល់១៥កើត ខែកត្តិក) បើភិក្ខុបានក្រាលកឋិន កំណត់កាលត្រឹម៥ខែ (តាំងតែពី១រោចខែអស្សុជ ទៅដល់១៥កើតខែផល្គុន)។ ដែលហៅថា កាលដែលភិក្ខុធ្វើចីវរនោះ គឺភិក្ខុកំពុងធ្វើចីវរ។
[១៧១] មានគេនិមន្តហើយ ភិក្ខុសំគាល់ថាគេនិមន្តហើយ មិនបានលាភិក្ខុផងគ្នាដែលមាននៅ ហើយត្រាច់ទៅក្នុងត្រកូលទាំងឡាយក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មានគេនិមន្តហើយ ភិក្ខុសង្ស័យ មិនបានលាភិក្ខុផងគ្នាដែលមាននៅ ហើយត្រាច់ទៅក្នុងត្រកូលទាំងឡាយក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មានគេនិមន្តហើយ ភិក្ខុសំគាល់ថាមិនទាន់និមន្ត ហើយមិនបានលាភិក្ខុផងគ្នាដែលមាននៅ ហើយត្រាច់ទៅក្នុងត្រកូលទាំងឡាយក្នុងពេលមុនភត្តក្តី ក្រោយភត្តក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ គេមិនបាននិមន្ត ភិក្ខុសំគាល់ថានិមន្តហើយ ត្រូវអាបត្តិទុក្កដ។ គេមិនបាននិមន្ត ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ គេមិនបាននិមន្ត ភិក្ខុសំគាល់ថាមិនបាននិមន្ត មិនមានអាបត្តិ។
[១៧២] អាបត្តិមិនមានដល់ភិក្ខុដែលមានសម័យ ដល់ភិក្ខុដែលបានលាភិក្ខុផងគ្នាដែលមាននៅ ហើយចូលទៅ ដល់ភិក្ខុដែលមិនបានលាភិក្ខុផងគ្នា ព្រោះមិនមានភិក្ខុផងគ្នា ហើយចូលទៅ ដល់ភិក្ខុដែលដើរទៅតាមផ្លូវក្បែរផ្ទះនៃបុគ្គលដទៃ ដល់ភិក្ខុដែលដើរទៅដោយផ្លូវតាមឧបចារនៃផ្ទះ ដល់ភិក្ខុដែលទៅកាន់អារាមដែលមានក្នុងចន្លោះស្រុក ដល់ភិក្ខុដែលទៅកាន់លំនៅនៃនាងភិក្ខុនី ដល់ភិក្ខុដែលទៅកាន់លំនៅនៃតិរ្ថិយ ដល់ភិក្ខុដែលដើរត្រឡប់មកវិញ ដល់ភិក្ខុទៅកាន់ផ្ទះនៃទាយកជាម្ចាស់ភត្ត ដល់ភិក្ខុដែលមានសេចក្តីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៦ ចប់។
(៧. មហានាមសិក្ខាបទំ)
[១៧៣] កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងនិគ្រោធារាម ក្បែរក្រុងកបិលពស្តុ ក្នុងដែនសក្កៈ។ សម័យនោះឯង មហានាមសក្យៈ27) មានថ្នាំសម្រាប់កែរោគដ៏បរិបូណ៌។ លំដាប់នោះ មហានាមសក្យៈក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះមហានាមសក្យៈអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់បវារណាព្រះសង្ឃដោយថ្នាំសម្រាប់កែរោគកំណត់៤ខែ។ ព្រះអង្គត្រាស់ថា មហានាម ការនេះប្រពៃពេកហើយ មហានាម បើដូច្នោះ ចូរព្រះអង្គបវារណាសង្ឃ ដោយថ្នាំសម្រាប់កែរោគកំណត់៤ខែចុះ។ ពួកភិក្ខុមានសេចក្តីសង្ស័យ ក៏មិនហ៊ានទទួល។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុត្រេកអរចំពោះការបវារណាដោយបច្ច័យកំណត់ត្រឹម៤ខែ។ សម័យនោះឯង ភិក្ខុទាំងឡាយទៅសូមភេសជ្ជៈនឹងមហានាមសក្យៈតែបន្តិចៗ ភេសជ្ជៈរបស់មហានាមសក្យៈ ក៏ជារបស់នៅតែបរិបូណ៌ដដែល។ ឯមហានាមសក្យៈក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគជាគំរប់ពីរដងទៀត លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះមហានាមសក្យៈអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានព្រះភាគដ៏ចំរើន ខ្ញុំព្រះអង្គចង់បវារណាព្រះសង្ឃដោយភេសជ្ជៈកំណត់៤ខែតទៅទៀត។ ព្រះអង្គត្រាស់ថា មហានាម ការនេះប្រពៃហើយៗ មហានាម បើដូច្នោះ ចូរព្រះអង្គបវារណាសង្ឃ ដោយភេសជ្ជៈកំណត់៤ខែតទៅទៀតចុះ។ ពួកភិក្ខុមានសេចក្តីសង្ស័យ ក៏មិនហ៊ានទទួល។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុត្រេកអរនឹងការបវារណាថែមម្តងទៀត។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយទៅសូមភេសជ្ជៈនឹងមហានាមសក្យៈតែបន្តិចៗ។ ដោយហេតុនោះឯង ភេសជ្ជៈរបស់មហានាមសក្យៈក៏នៅតែបរិបូណ៌ដដែល។ មហានាមសក្យៈក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគជាគំរប់បីដងទៀត លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះមហានាមសក្យៈអង្គុយនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់បវារណាព្រះសង្ឃដោយភេសជ្ជៈដរាបដល់អស់ជីវិត។ ព្រះអង្គត្រាស់តបថា មហានាម ការនោះប្រពៃហើយៗ មហានាម បើដូច្នោះ ចូរមហារាជបវារណាសង្ឃ ដោយភេសជ្ជៈដរាបដល់អស់ជីវិតចុះ។ ពួកភិក្ខុមានសេចក្តីសង្ស័យ ក៏មិនហ៊ានទទួល។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុត្រេកអរនឹងការបវារណាអស់កាលជានិច្ចក៏បាន។
[១៧៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកដណ្តប់មិនត្រឹមត្រូវ មានអាកប្បកិរិយាមិនសមគួរ មហានាមសក្យៈក៏និយាយថា បពិត្រលោកម្ចាស់ដ៏ចំរើន ហេតុដូចម្តេច បានជាលោកម្ចាស់ទាំងឡាយស្លៀកដណ្តប់សំពត់មិនត្រឹមត្រូវ មានអាកប្បកិរិយាមិនសមគួរ (ដូច្នេះ) ធម្មតា អ្នកបួស គេត្រូវស្លៀកដណ្តប់សំពត់ឲ្យត្រឹមត្រូវល្អ ហើយមានអាកប្បកិរិយាដ៏សមគួរទេតើ។ ពួកឆព្វគ្គិយភិក្ខុក៏ចងទោសនឹងមហានាមសក្យៈ។ សេចក្តីត្រិះរិះនេះកើតមានដល់ពួកឆព្វគ្គិយភិក្ខុក្នុងវេលានោះថា យើងទាំងឡាយគួរធ្វើមហានាមសក្យៈឲ្យអាប់អោនដោយឧបាយដូចម្តេចអេះ។ គ្រានោះ ពួកឆព្វគ្គិយភិក្ខុក៏បានប្រឹក្សាគ្នាដូច្នេះថា ម្នាលលោកដ៏មានអាយុទាំងឡាយ មហានាមសក្យៈបានបវារណាសង្ឃដោយភេសជ្ជៈហើយ ណ្ហើយចុះ ម្នាលលោកដ៏មានអាយុទាំងឡាយ យើងទាំងឡាយទៅសូមសប្បិអំពីមហានាមសក្យៈចុះ។ ទើបពួកឆព្វគ្គិយភិក្ខុចូលទៅរកមហានាមសក្យៈ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងមហានាមសក្យៈថា ម្នាលអាវុសោ ពួកអាត្មាត្រូវការដោយសប្បិមួយទោណៈ។ ឯមហានាមសក្យៈឆ្លើយតបថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់បង្អង់ចាំក្នុងថ្ងៃនេះ១ថ្ងៃសិន មនុស្សទាំងឡាយ គេទៅឯក្រោលគោដើម្បីនាំសប្បិមក លោកម្ចាស់ទាំងឡាយនឹងយកសប្បិនោះទៅក្នុងកាលដ៏គួរ។ ពួកឆព្វគ្គិយភិក្ខុនិយាយសូមជាគំរប់ពីរដង។បេ។ ឆព្វគ្គិយភិក្ខុនិយាយពាក្យនេះនឹងមហានាមសក្យៈជាគំរប់បីដងថា ម្នាលអាវុសោ ពួកអាត្មាត្រូវការដោយសប្បិមួយទោណៈ។ មហានាមសក្យៈឆ្លើយតបថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់បង្អង់ចាំក្នុងថ្ងៃនេះ១ថ្ងៃសិន មនុស្សទាំងឡាយ គេទៅឯក្រោលគោដើម្បីនាំសប្បិមក លោកម្ចាស់នឹងយកសប្បិនោះទៅក្នុងកាលដ៏គួរ។ ពួកឆព្វគ្គិយភិក្ខុសួរថា ម្នាលអាវុសោ អ្នកបវារណាដោយភេសជ្ជៈណា ហើយមិនឲ្យវិញ ប្រយោជន៍អ្វីដោយភេសជ្ជៈដែលអ្នកបវារណា តែមិនចង់ឲ្យនោះ។ គ្រានោះ មហានាមសក្យៈក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចំរើនទាំងឡាយ ខ្ញុំបានអង្វរថា លោកម្ចាស់ដ៏ចំរើន សូមពួកលោកម្ចាស់បង្អង់ចាំក្នុងថ្ងៃនេះ១ថ្ងៃសិន ចុះហេតុដូចម្តេចបានជាមិនរង់ចាំ។ ភិក្ខុទាំងឡាយបានឮមហានាមសក្យៈពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ កាលដែលមហានាមសក្យៈបានអង្វរថា លោកម្ចាស់ដ៏ចំរើន សូមពួកលោកម្ចាស់បង្អង់ចាំក្នុងថ្ងៃនេះ១ថ្ងៃសិន មិនគួរនឹងមិនរង់ចាំសោះ។បេ។ ព្រះពុទ្ធជាម្ចាស់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយ កាលដែលមហានាមសក្យៈបានអង្វរថា លោកម្ចាស់ដ៏ចំរើន សូមពួកលោកម្ចាស់បង្អង់ចាំក្នុងថ្ងៃនេះ១ថ្ងៃសិនដូច្នេះ ហើយមិនរង់ចាំ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលពួកមោឃបុរស អ្នកទាំងឡាយ កាលដែលមហានាមសក្យៈបានអង្វរថា លោកម្ចាស់ដ៏ចំរើន សូមពួកលោកម្ចាស់បង្អង់ចាំក្នុងថ្ងៃនេះ១ថ្ងៃសិន ហើយមិនសមនឹងមិនរង់ចាំ (ដូច្នេះ) សោះ នែមោឃបុរសទាំងឡាយ អំពើដែលពួកអ្នកឯងធ្វើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិនមែននាំឲ្យរឹងរឹតតែជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាស្រាប់ហើយនោះទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុដែលគ្មានជម្ងឺ ត្រូវត្រេកអរនឹងការបវារណាដោយបច្ច័យកំណត់ត្រឹម៤ខែ បើភិក្ខុត្រេកអរក្រៃលែងជាងនោះទៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែគេបានបវារណាថែមទៀត វៀរលែងតែគេបានបវារណាជានិច្ច។
[១៧៥] ត្រង់ពាក្យថា ភិក្ខុដែលគ្មានជម្ងឺត្រូវត្រេកអរនឹងការបវារណាដោយបច្ច័យកំណត់ត្រឹម៤ខែ សេចក្តីថា ភិក្ខុគួរត្រេកអរនឹងការបវារណាដោយគិលានបច្ច័យ ម្យ៉ាងទៀត ភិក្ខុគួរត្រេកអរនឹងការបវារណាថែមទៀត ដោយគិតថា អញជាអ្នកមានជម្ងឺក្នុងកាលណា អញនឹងសូមក្នុងកាលណោះ ម្យ៉ាងទៀត ភិក្ខុគួរត្រេកអរនឹងការបវារណាជាប់ជានិច្ច ដោយគិតថា អញជាអ្នកមានជម្ងឺក្នុងកាលណា អញនឹងសូមក្នុងកាលណោះ។
[១៧៦] ត្រង់ពាក្យថា បើភិក្ខុត្រេកអរក្រៃលែងជាងនោះ សេចក្តីថា បវារណាកំណត់ភេសជ្ជៈ មិនកំណត់រាត្រី បវារណាកំណត់រាត្រី មិនកំណត់ភេសជ្ជៈ បវារណាកំណត់ទាំងភេសជ្ជៈ កំណត់ទាំងរាត្រី បវារណាមិនកំណត់ទាំងភេសជ្ជៈ មិនកំណត់ទាំងរាត្រី។ ដែលហៅថា បវារណាកំណត់ភេសជ្ជៈ (នោះ) គឺភេសជ្ជៈដែលគេកំណត់ដោយពាក្យថា ខ្ញុំព្រះករុណាសូមបវារណាដោយភេសជ្ជៈទាំងឡាយមានប្រមាណប៉ុណ្ណេះ។ ដែលហៅថា បវារណាកំណត់រាត្រី គឺរាត្រីដែលគេកំណត់ដោយពាក្យថា ខ្ញុំព្រះករុណាបវារណាអស់រាត្រីទាំងឡាយមានប្រមាណប៉ុណ្ណេះ។ ដែលហៅថា បវារណាកំណត់ទាំងភេសជ្ជៈ កំណត់ទាំងរាត្រីនោះ គឺគេកំណត់ភេសជ្ជៈទាំងឡាយផង កំណត់រាត្រីទាំងឡាយផង ដោយពាក្យថា ខ្ញុំព្រះករុណាសូមបវារណាដោយភេសជ្ជៈទាំងឡាយមានប្រមាណប៉ុណ្ណេះ អស់រាត្រីទាំងឡាយមានប្រមាណប៉ុណ្ណេះ។ ដែលហៅថា បវារណាមិនកំណត់ភេសជ្ជៈ មិនកំណត់រាត្រី (នោះ) គឺគេមិនកំណត់ភេសជ្ជៈទាំងឡាយ និងមិនកំណត់រាត្រីទាំងឡាយ ដោយពាក្យថា ខ្ញុំព្រះករុណាសូមបវារណាដោយភេសជ្ជៈទាំងឡាយមានប្រមាណប៉ុណ្ណេះ និងអស់រាត្រីទាំងឡាយមានប្រមាណប៉ុណ្ណេះ។
[១៧៧] ឯពាក្យដែលថា កំណត់ភេសជ្ជៈនោះ អធិប្បាយថា គេបវារណាភិក្ខុដោយភេសជ្ជៈណា ភិក្ខុត្រឡប់ទៅសូមភេសជ្ជៈទាំងឡាយដទៃវិញ ក្រៅពីភេសជ្ជៈដែលគេបវារណានោះ ត្រូវអាបត្តិបាចិត្តិយ។ ឯកំណត់រាត្រីនោះ គឺគេបវារណាភិក្ខុក្នុងរាត្រីទាំងឡាយណា ភិក្ខុត្រឡប់សូមក្នុងរាត្រីទាំងឡាយឯទៀតវិញ ក្រៅពីរាត្រីដែលគេបវារណានោះ ត្រូវអាបត្តិបាចិត្តិយ។ ឯកំណត់ទាំងភេសជ្ជៈ កំណត់ទាំងរាត្រីនោះ គឺគេបវារណាភិក្ខុដោយភេសជ្ជៈទាំងឡាយណា ភិក្ខុវៀរលែងភេសជ្ជៈទាំងនោះ គេបវារណាភិក្ខុក្នុងរាត្រីណា ភិក្ខុវៀរលែងរាត្រីទាំងនោះ ហើយត្រឡប់ទៅសូមភេសជ្ជៈទាំងឡាយដទៃ និងក្នុងរាត្រីទាំងឡាយឯទៀតវិញ ត្រូវអាបត្តិបាចិត្តិយ។ ឯមិនកំណត់ភេសជ្ជៈ និងមិនកំណត់រាត្រី មិនមានអាបត្តិឡើយ។
[១៧៨] កាលបើមិនមានកិច្ចដោយភេសជ្ជៈ ហើយភិក្ខុទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ កាលបើមានកិច្ចដោយភេសជ្ជៈឯទៀត ហើយភិក្ខុទៅសូមភេសជ្ជៈឯទៀតវិញ ត្រូវអាបត្តិបាចិត្តិយ។ ហួសកំណត់ដែលគេបវារណាហើយ ភិក្ខុសំគាល់ថា ហួសកំណត់ដែលគេបវារណាមែន ហើយទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ ហួសកំណត់ដែលគេបវារណាហើយ ភិក្ខុសង្ស័យ ហើយទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ ហួសកំណត់ដែលគេបវារណាហើយ ភិក្ខុសំគាល់ថា មិនហួសកំណត់បវារណាទេ ហើយទៅសូមភេសជ្ជៈ ត្រូវអាបត្តិបាចិត្តិយ។ មិនទាន់ហួសកំណត់ដែលគេបវារណាទេ ភិក្ខុសំគាល់ថា ហួសកំណត់ដែលគេបវារណាហើយ ត្រូវអាបត្តិទុក្កដ។ មិនទាន់ហួសកំណត់ដែលគេបវារណាទេ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនទាន់ហួសកំណត់ដែលគេបវារណាទេ ភិក្ខុសំគាល់ថា មិនទាន់ហួសកំណត់បវារណា មិនមានអាបត្តិ។
[១៧៩] អាបត្តិមិនមានដល់ភិក្ខុដែលគេបវារណាដោយភេសជ្ជៈទាំងឡាយណា ភិក្ខុសូមភេសជ្ជៈទាំងឡាយនោះ ដល់ភិក្ខុដែលគេបវារណាក្នុងរាត្រីទាំងឡាយណា ភិក្ខុសូមក្នុងរាត្រីទាំងឡាយនោះ ដល់ភិក្ខុដែលនិយាយប្រាប់គេថា យើងទាំងឡាយ គឺអ្នកបានបវារណាហើយ ដោយភេសជ្ជៈទាំងឡាយនេះ (ឥឡូវនេះ) យើងទាំងឡាយត្រូវការដោយភេសជ្ជៈនេះផង នេះផង ហើយសូម ដល់ភិក្ខុដែលនិយាយប្រាប់គេថា យើងទាំងឡាយគឺអ្នកបានបវារណាហើយក្នុងរាត្រីទាំងឡាយណា ឯរាត្រីទាំងឡាយនោះកន្លងហួសទៅហើយ (ឥឡូវនេះ) យើងទាំងឡាយត្រូវការដោយភេសជ្ជៈ ហើយសូម ដល់ភិក្ខុដែលសូមអំពីពួកញាតិ ដល់ភិក្ខុដែលសូមអំពីពួកទាយកដែលគេបានបវារណា ដល់ភិក្ខុដែលសូមដើម្បីជាប្រយោជន៍ដល់ភិក្ខុឯទៀត ដល់ភិក្ខុដែលបានមកដោយទ្រព្យរបស់ខ្លួន ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៧ ចប់។
(៨. ឧយ្យុត្តសេនាសិក្ខាបទំ)
[១៨០] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះបាទបសេនទិកោសលរាជ ទ្រង់លើកកងទ័ពចេញទៅ។ ពួកឆព្វគ្គិយភិក្ខុក៏បានទៅមើលកងទ័ពដែលស្តេចលើកចេញទៅហើយ។ ព្រះបាទបសេនទិកោសលរាជ បានទតឃើញពួកឆព្វគ្គិយដើរមកពីចម្ងាយ លុះទ្រង់ឃើញហើយ ក៏មានបន្ទូលឲ្យនិមន្តមក ហើយទ្រង់ត្រាស់សួរដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ពួកលោកនាំគ្នាមកធ្វើអ្វី។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា ពួកអាត្មាមានប្រាថ្នាដើម្បីនឹងមើលមហាបពិត្រ។ ស្តេចក៏ទ្រង់ត្រាស់ថា បពិត្រលោកម្ចាស់ ការមើលខ្ញុំព្រះករុណាជាអ្នកត្រេកអរក្នុងការច្បាំងនឹងមានប្រយោជន៍អ្វី ពួកលោកត្រូវតែរមិលមើលព្រះដ៏មានព្រះភាគទេតើ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្រ មិនគួរនឹងមកមើលកងទ័ព ដែលស្តេចលើកចេញទៅសោះ ពួកយើងឯណាមកក្នុងកងទ័ព ព្រោះហេតុតែការចិញ្ចឹមជីវិត និងបុត្រភរិយា យើងនោះឈ្មោះថាគ្មានលាភផង ឈ្មោះថាបានរបស់អាក្រក់ផង។ ភិក្ខុទាំងឡាយបានឮពួកមនុស្សនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងនាំគ្នាទៅមើលកងទ័ពដែលស្តេចលើកចេញទៅសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយ នាំគ្នាទៅមើលកងទ័ពដែលស្តេចលើកទៅ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា នែមោឃបុរសទាំងឡាយ អ្នកទាំងឡាយ មិនគួរនឹងទៅមើលកងទ័ពដែលស្តេចលើកចេញទៅទេ នែមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ ទៅដើម្បីមើលកងទ័ពដែលគេលើកចេញទៅ ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[១៨១] សម័យនោះឯង ឪពុកធំរបស់ភិក្ខុមួយរូបមានជម្ងឺក្នុងកងទ័ព។ អ្នកនោះក៏បញ្ជូនទូតទៅកាន់សំណាក់ភិក្ខុនោះថា ខ្ញុំព្រះករុណាមានជម្ងឺក្នុងកងទ័ព សូមលោកម្ចាស់និមន្តមក ខ្ញុំព្រះករុណាចង់ឲ្យលោកម្ចាស់និមន្តមកណាស់។ លំដាប់នោះ ភិក្ខុនោះមានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយថា ភិក្ខុមិនត្រូវទៅមើលកងទ័ពដែលគេលើកចេញទៅទេ តែឥឡូវឪពុកធំអញនេះមានជម្ងឺនៅក្នុងកងទ័ព អញត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ទើបភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគម្ចាស់។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគជាម្ចាស់ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដើម្បីឲ្យទៅកាន់កងទ័ពបាន ព្រោះហេតុមានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយទៅដើម្បីមើលកងទ័ពដែលគេលើកចេញទៅ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ។
[១៨២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថា កងទ័ពដែលគេលើកចេញទៅ គឺកងទ័ពលើកចេញពីស្រុក ទៅតាំងសំចតនៅក្តី ចេញទៅហើយ ចេះតែដើរទៅទៀតក្តី។ ដែលហៅថា កងទ័ព គឺពលដំរី ពលសេះ ពលរថ ពលថ្មើរជើង។ ពលដំរី (មួយៗ) មានបុរស១២នាក់។ ពលសេះ (មួយៗ)មានបុរសបីនាក់។ ពលរថ (មួយៗ)មានបុរសបួននាក់។ ពលថ្មើរជើង(មួយៗ)មានបុរសបួននាក់កាន់ធ្នូសរ។ ភិក្ខុដើរទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើល (កងទ័ពនោះ) នៅទីណា ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ (ក្នុងទីនោះ)។ ភិក្ខុលះបង់ឧបចារសម្រាប់មើលឃើញ ហើយមើលរឿយៗ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ គឺលើកលែងនូវហេតុមានសភាពយ៉ាងហ្នឹង។
[១៨៣] កងទ័ពលើកចេញទៅហើយ ភិក្ខុសំគាល់ថា កងទ័ពលើកចេញទៅមែន ហើយដើរទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ។ កងទ័ពលើកចេញទៅហើយ ភិក្ខុមានសេចក្តីសង្ស័យ ហើយនៅតែដើរទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ។ កងទ័ពលើកចេញទៅហើយ ភិក្ខុសំគាល់ថា កងទ័ពមិនទាន់លើកចេញទៅទេ ហើយដើរទៅដើម្បីមើល ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ។ ភិក្ខុដើរទៅដើម្បីមើលកងទ័ពមួយៗ (ក្នុងកងទ័ពទាំង៤) ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើលកងទ័ពនៅទីណា ត្រូវអាបត្តិទុក្កដនៅ (ទីនោះ)។ ភិក្ខុលះបង់នូវឧបចារសម្រាប់មើលឃើញ ហើយមើលរឿយៗ ត្រូវអាបត្តិទុក្កដ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុសំគាល់ថា លើកចេញទៅហើយ ត្រូវអាបត្តិទុក្កដ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កងទ័ពមិនទាន់លើកចេញទៅទេ ភិក្ខុសំគាល់ថា មិនទាន់លើកចេញទៅមែន មិនត្រូវអាបត្តិ។
[១៨៤] អាបត្តិមិនមានដល់ភិក្ខុដែលឈរនៅក្នុងអារាម ហើយមើលឃើញ ដល់ភិក្ខុដែលកងទ័ពនោះលើកមកកាន់ទីដែលភិក្ខុឈរនៅ (ក្តី) អង្គុយនៅ(ក្តី) ដេកនៅ (ក្តី) ដល់ភិក្ខុដែលដើរទៅជួបផ្លូវគ្នាបានឃើញកងទ័ព ដល់ភិក្ខុដែលមានហេតុមានសភាពយ៉ាងនោះ ដល់ភិក្ខុដែលមានសេចក្តីអន្តរាយកើតឡើង28) ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៨ ចប់។
(៩. សេនាវាសសិក្ខាបទំ)
[១៨៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមានកិច្ចធុរៈ ក៏នាំគ្នាទៅកាន់កងទ័ព ហើយឈប់នៅក្នុងកងទ័ពច្រើនជាងបីរាត្រីឡើងទៅ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈសក្យបុត្រ មិនគួរនឹងនៅក្នុងកងទ័ពទេ ពួកយើងឯណាមកអាស្រ័យនៅក្នុងកងទ័ព ក៏ព្រោះតែការចិញ្ចឹមជីវិតខ្លួន និងបុត្រភរិយា យើងទាំងនោះឈ្មោះថាគ្មានលាភផង ឈ្មោះថាបានរបស់អាក្រក់ផង។ ពួកភិក្ខុបានឮពួកមនុស្សនោះពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះហើយ។ ពួកភិក្ខុណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងនៅក្នុងកងទ័ពឲ្យច្រើនជាងបីរាត្រីទៅសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកឯងទៅនៅក្នុងកងទ័ពឲ្យច្រើនជាងបីរាត្រីទៅ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងនៅក្នុងកងទ័ពឲ្យច្រើនជាងបីរាត្រីទៅទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា (បើ)
ភិក្ខុនោះមានហេតុអ្វីៗ គួរនឹងទៅកាន់កងទ័ពនោះ ភិក្ខុនោះត្រូវនៅក្នុងកងទ័ពបានត្រឹមពីរបីរាត្រី។ បើនៅឲ្យហួសពីកំណត់នោះទៅ ត្រូវអាបត្តិបាចិត្តិយ។
[១៨៦] ត្រង់ពាក្យថា (បើ) ភិក្ខុនោះមានហេតុអ្វីៗគួរនឹងទៅកាន់កងទ័ព គឺថា ភិក្ខុមានហេតុ មានកិច្ចធុរៈ (ដែលគួរខានមិនបាន)។ ពាក្យថា ភិក្ខុនោះគប្បីនៅក្នុងកងទ័ពបានត្រឹមពីរបីរាត្រី គឺភិក្ខុត្រូវនៅបានត្រឹមពីរបីយប់។ ពាក្យថា បើនៅឲ្យហួសពីកំណត់នោះទៅ សេចក្តីថា កាលព្រះអាទិត្យ អស្តង្គតក្នុងថ្ងៃជាគំរប់៤ ភិក្ខុចេះតែនៅក្នុងកងទ័ពនោះ ត្រូវអាបត្តិបាចិត្តិយ។
[១៨៧] កាលហួសកំណត់បីរាត្រីហើយ ភិក្ខុសំគាល់ថាហួសមែន ហើយចេះតែនៅក្នុងកងទ័ព ត្រូវអាបត្តិបាចិត្តិយ។ កាលហួសកំណត់បីរាត្រីហើយ ភិក្ខុមានសេចក្តីសង្ស័យ ហើយចេះតែនៅក្នុងកងទ័ព ត្រូវអាបត្តិបាចិត្តិយ។ កាលហួសកំណត់បីរាត្រីហើយ ភិក្ខុសំគាល់ថានៅខ្វះ ហើយប្រឹងតែនៅក្នុងកងទ័ព ត្រូវអាបត្តិបាចិត្តិយ។ កាលមិនទាន់ដល់បីរាត្រី ភិក្ខុសំគាល់ថាហួសហើយ ត្រូវអាបត្តិទុក្កដ។ កាលមិនទាន់ដល់បីរាត្រីទេ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កាលមិនទាន់ដល់បីរាត្រីទេ ភិក្ខុក៏សំគាល់ថាមិនទាន់ដល់ មិនត្រូវអាបត្តិ។
[១៨៨] អាបត្តិមិនមានដល់ភិក្ខុដែលនៅត្រឹមពីរបីរាត្រី ដល់ភិក្ខុដែលនៅមិនទាន់ដល់ពីរបីរាត្រី ដល់ភិក្ខុដែលនៅត្រឹមពីររាត្រីហើយ ក្នុងរាត្រីជាគំរប់បី បានចេញទៅមុនអរុណរះ ហើយត្រឡប់ទៅនៅវិញទៀត ដល់ភិក្ខុដែលមានជម្ងឺនៅ (ក្នុងកងទ័ព) ដល់ភិក្ខុដែលនៅដោយកិច្ចរបស់ភិក្ខុមានជម្ងឺ ដល់ភិក្ខុដែលនៅក្នុងកងទ័ព ហើយមានកងទ័ពជាសត្រូវមកចោមព័ទ្ធកងទ័ព (នោះឯង) ដល់ភិក្ខុដែលជាប់ជំពាក់ (ដោយបុគ្គលមានពៀរ ឬឥស្សរជន) ណាមួយ ដល់ភិក្ខុដែលមានសេចក្តីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ៩ ចប់។
(១០. ឧយ្យោធិកសិក្ខាបទំ)
[១៨៩] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលនៅក្នុងកងទ័ពអស់ពីរបីរាត្រី បាននាំគ្នាទៅកាន់ទីដែលគេច្បាំងគ្នាខ្លះ ទីគេត្រួតពលខ្លះ ទីតាំងនៅនៃកងទ័ពខ្លះ ទីសម្រាប់មើលគេចាត់ក្បួនទ័ពខ្លះ។ មានឆព្វគ្គិយភិក្ខុមួយរូប ទៅកាន់ទីដែលគេច្បាំង ហើយភិក្ខុនោះត្រូវសរ។ មនុស្សទាំងឡាយក៏ឡកឡឺយឲ្យភិក្ខុនោះថា លោកម្ចាស់ លោកច្បាំងស្រួលឬទេ លោកបានខ្នាច់ប៉ុន្មានហើយ។ កាលមនុស្សទាំងឡាយនោះចំអកចំអន់ឲ្យ ភិក្ខុនោះក៏អៀនអន់។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្រមិនគួរនឹងនាំគ្នាមកមើលចម្បាំងសោះ ឯពួកយើងមកកាន់ចម្បាំងក៏ព្រោះតែការចិញ្ចឹមជីវិត និងបុត្រភរិយា អំពើនេះមិនមែនជាលាភរបស់យើងទេ គឺទ្រព្យដែលពួកយើងបានមក ឈ្មោះថាបានហើយដោយអាក្រក់ទេតើ។ ភិក្ខុទាំងឡាយបានឮពួកមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងទៅមើលចម្បាំងសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នកទាំងឡាយទៅមើលចម្បាំង ពិតមែនឬ។ ពួកភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នករាល់គ្នាមិនគួរនឹងទៅមើលចម្បាំងទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
កាលបើភិក្ខុនៅក្នុងកងទ័ពកំណត់ពីរបីរាត្រីហើយ ទៅកាន់ទីដែលគេច្បាំងគ្នាក្តី ទីដែលគេត្រួតពលក្តី ទីតាំងនៅនៃកងទ័ពក្តី ទីសម្រាប់គេចាត់ក្បួនទ័ពក្តី ត្រូវអាបត្តិបាចិត្តិយ។
[១៩០] ត្រង់ពាក្យថា បើភិក្ខុនៅក្នុងកងទ័ពកំណត់ពីរបីរាត្រីហើយ សេចក្តីថា ភិក្ខុនៅក្នុងកងទ័ពបានត្រឹមពីរបីយប់។ ដែលហៅថា ទីដែលគេច្បាំងគ្នានោះ គឺទីដែលគេប្រហារគ្នា។ ដែលហៅថា ទីដែលគេត្រួតពលនោះ គឺទីដែលគេរាប់ពលថា ពលដំរីមានប៉ុណ្ណេះ ពលសេះមានប៉ុណ្ណេះ ពលរថមានប៉ុណ្ណេះ ពលថ្មើរជើងមានប៉ុណ្ណេះ។ ដែលហៅថា ទីតាំងនៅនៃកងទ័ពនោះ គឺពលដំរីនៅត្រង់កន្លែងនេះ ពលសេះនៅត្រង់កន្លែងនេះ ពលរថនៅត្រង់កន្លែងនេះ ពលថ្មើរជើងនៅត្រង់កន្លែងនេះ។ ដែលហៅថា ក្បួនទ័ពនោះ គឺពួកសេនាដំរី១ ពួកសេនាសេះ១ ពួកសេនារថ១ ពួកសេនាថ្មើរជើង១។ ដំរីបី ហៅថា សេនាដំរីយ៉ាងតិចបំផុត។ សេះបី ហៅថា ពួកសេនាសេះយ៉ាងតិចបំផុត។ រថបី ហៅថា ពួកសេនារថយ៉ាងតិចបំផុត។ បុរសបួននាក់កាន់សរគ្រប់ដៃ ហៅថា ពួកសេនាថ្មើរជើងយ៉ាងតិចបំផុត។
[១៩១] ភិក្ខុទៅដើម្បីមើល ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើលឃើញក្នុងទីណា ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុលះបង់ឧបចារនៃទីមើល ហើយក៏នៅមើលឃើញរឿយៗ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុទៅដើម្បីមើលកងទ័ពមួយៗ ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរមើលឃើញក្នុងទីណា ត្រូវអាបត្តិទុក្កដ។ ភិក្ខុលះបង់ឧបចារនៃទីមើលហើយ ក៏នៅមើលឃើញរឿយៗ ត្រូវអាបត្តិទុក្កដ។
[១៩២] អាបត្តិមិនមានដល់ភិក្ខុដែលឈរមើលនៅក្នុងអារាម ដល់ភិក្ខុដែលឃើញចម្បាំងជាដើមដែលគេមកកាន់ទីដែលខ្លួនឈរក្តី អង្គុយក្តី ដេកក្តី ដល់ភិក្ខុដែលដើរទៅប្រទះឃើញតាមផ្លូវ ដល់ភិក្ខុដែលមានកិច្ច (ត្រូវទៅ) ហើយប្រទះឃើញ ដល់ភិក្ខុដែលមានសេចក្តីអន្តរាយ ដល់ភិក្ខុឆ្កួត ដល់ភិក្ខុដើមបញ្ញត្តិ។
សិក្ខាបទ ទី ១០ ចប់។
អចេលកវគ្គ ជាគំរប់៥ ចប់។
ឧទ្ទាននៃអចេលកវគ្គនោះមាន១០ សិក្ខាបទគឺ
បូវសិក្ខាបទ១ កថាសិក្ខាបទ១
ឧបនន្ទ ៣ សិក្ខាបទ ឧបដ្ឋាកសិក្ខាបទ១
មហានាមសិក្ខាបទ១ បសេនទិសិក្ខាបទ១
សេនាសិក្ខាបទ១ វិទ្ធសិក្ខាបទ១។
(៦. សុរាបានវគ្គោ)
(១. សុរាបានសិក្ខាបទំ)
[១៩៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងចេតិយជនបទ ហើយយាងទៅកាន់ស្រុកភទ្ទវតិកា។ ពួកអ្នកឃ្វាលគោ ពួកអ្នកឃ្វាលបសុសត្វ (សត្វសម្រាប់ចិញ្ចឹមជាអាហារ) ពួកអ្នកស្រែ ពួកអ្នកដើរផ្លូវ បានឃើញព្រះដ៏មានព្រះភាគយាងមកអំពីចម្ងាយ លុះឃើញហើយ ក៏នាំគ្នាក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគកុំយាងទៅកាន់កំពង់ឈ្មោះអម្ពៈឡើយ បពិត្រព្រះអង្គដ៏ចំរើន នាគមានរិទ្ធិជាសត្វអាសិរ្ពិស មានពិសដ៏ក្លៀវក្លាអាស្រ័យនៅក្នុងអាស្រមរបស់ជដិល ទៀបកំពង់ឈ្មោះអម្ពៈ កុំឲ្យនាគនោះបៀតបៀនព្រះដ៏មានព្រះភាគបានឡើយ។ កាលពួកជនទាំងនោះក្រាបទូលយ៉ាងនេះហើយ ព្រះទ្រង់ជោគជាម្ចាស់ក៏ស្ងៀម។ ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ អ្នកស្រែ អ្នកដើរផ្លូវ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគជាគំរប់ពីរដងផង។បេ។ បីដងផងថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គកុំយាងទៅកាន់កំពង់អម្ពៈឡើយ បពិត្រព្រះអង្គដ៏ចំរើន (ព្រោះមាន) នាគមានរិទ្ធិជាសត្វអាសិរ្ពិស មានពិសដ៏ក្លៀវក្លាអាស្រ័យនៅក្នុងអាស្រមរបស់ជដិល ទៀបកំពង់អម្ពៈ កុំឲ្យនាគនោះបៀតបៀនព្រះដ៏មានព្រះភាគបានឡើយ។ ព្រះដ៏មានព្រះភាគក៏ទ្រង់ស្ងៀម ជាគំរប់បីដង។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពុទ្ធដំណើរទៅកាន់ចារិកដោយលំដាប់ ក៏បានយាងទៅដល់ស្រុកភទ្ទវតិកា។ មានដំណឹងល្បីទៅថា ព្រះដ៏មានព្រះភាគគង់នៅក្នុងស្រុកភទ្ទវតិកានោះ។ គ្រានោះឯង ព្រះសាគតៈដ៏មានអាយុបានចូលទៅកាន់អាស្រមរបស់ជដិល ទៀបកំពង់អម្ពៈ លុះចូលទៅដល់ហើយ ក៏ដើរចូលទៅក្នុងរោងភ្លើង ក្រាលកម្រាលស្មៅ ហើយក៏អង្គុយពែនភ្នែន តាំងកាយដ៏ត្រង់ ដម្កល់សតិផ្ចិតផ្ចង់។ ឯនាគនោះបានឃើញព្រះសាគតៈដ៏មានអាយុចូលមកហើយ លុះឃើញហើយ ក៏កើតទុក្ខទោមនស្ស បង្ហុយផ្សែង (ពិសចំពោះសាគតត្ថេរ)។ ចំណែកខាងព្រះសាគតៈដ៏មានអាយុ ក៏បង្ហុយផ្សែងតបទៅវិញ។ លំដាប់នោះ នាគនោះខំអត់ទ្រាំនូវសេចក្តីរំលុបលើ (នោះ) មិនបាន ក៏បណ្តាលឲ្យកើតភ្លើងឡើង។ ឯព្រះសាគតៈដ៏មានអាយុ ក៏បានចូលតេជោធាតុ ហើយបណ្តាលភ្លើងតបទៅវិញ។ គ្រានោះឯង ព្រះសាគតៈដ៏មានអាយុ ក៏បានគ្របសង្កត់តេជះរបស់នាគនោះ ដោយតេជះ (របស់លោក) ហើយក៏ចូលទៅកាន់ស្រុកភទ្ទវតិកា។ កាលដែលព្រះដ៏មានព្រះភាគ គង់នៅក្នុងស្រុកភទ្ទវតិកាតាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ ក៏ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកឯក្រុងកោសម្ពី។ ពួកឧបាសកនៅក្នុងក្រុងកោសម្ពីបានឮគេនិយាយថា លោកម្ចាស់សាគតៈបានច្បាំងគ្នានឹងនាគឈ្មោះអម្ពតិត្ថកៈ។ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ពុទ្ធដំណើរទៅកាន់ចារិកដោយលំដាប់ ហើយទ្រង់សំដៅទៅឯក្រុងកោសម្ពីនោះ។ គ្រានោះឯង ពួកឧបាសកនៅក្នុងក្រុងកោសម្ពីនាំគ្នាទៅទទួលព្រះដ៏មានព្រះភាគ ហើយក៏ចូលទៅរកព្រះសាគតៈដ៏មានអាយុ លុះចូលទៅហើយ ក៏ថ្វាយបង្គំព្រះសាគតៈដ៏មានអាយុ ហើយក៏ឋិតនៅក្នុងទីដ៏សមគួរ។ ពួកឧបាសកនៅក្នុងក្រុងកោសម្ពី លុះឋិតនៅក្នុងទីដ៏សមគួរហើយ ទើបនិយាយពាក្យនេះនឹងព្រះសាគតៈដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន វត្ថុអ្វីដែលលោកម្ចាស់បានដោយកម្រផង ជាទីគាប់ចិត្តផង ពួកយើងខ្ញុំនឹងតាក់តែងវត្ថុអ្វីប្រគេន។ លុះឧបាសកទាំងនោះបានពោលពាក្យយ៉ាងនេះហើយ ពួកឆព្វគ្គិយភិក្ខុ បាននិយាយពាក្យនេះនឹងពួកឧបាសកដែលនៅក្រុងកោសម្ពីថា ម្នាលអ្នកទាំងឡាយ សុរាថ្លាឈ្មោះកាបោតិកា (មានពណ៌ក្រហមដូចជើងព្រាប) ដែលភិក្ខុទាំងឡាយរកបានដោយកម្រផង ជាទីគាប់ចិត្តរបស់ពួកភិក្ខុផង ពួកអ្នកឯងចូរតាក់តែងវត្ថុនោះប្រគេនលោកចុះ។ លំដាប់នោះឯង ពួកឧបាសកនៅក្រុងកោសម្ពីនាំគ្នាតាក់តែងសុរាថ្លាឈ្មោះកាបោតិកាគ្រប់ៗផ្ទះ បានឃើញព្រះសាគតៈដ៏មានអាយុកំពុងដើរទៅបិណ្ឌបាត ហើយបាននិយាយពាក្យនេះនឹងព្រះសាគតៈដ៏មានអាយុថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់សាគតៈនិមន្តឆាន់សុរាថ្លាឈ្មោះកាបោតិកាចុះ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់សាគតៈនិមន្តឆាន់សុរាថ្លាឈ្មោះកាបោតិកាចុះ។ លំដាប់នោះ ព្រះសាគតៈដ៏មានអាយុ លុះបានឆាន់សុរាថ្លាឈ្មោះកាបោតិកាគ្រប់ៗផ្ទះហើយចេញចាកនគរទៅ ក៏ដួលដេកទៀបទ្វារនគរ។ គ្រានោះ ព្រះដ៏មានព្រះភាគ កាលចេញចាកនគរជាមួយនឹងពួកភិក្ខុជាច្រើនអង្គ បានទតឃើញព្រះសាគតៈដ៏មានអាយុដួលដេកនៅទៀបទ្វារនគរ លុះទ្រង់ឃើញហើយក៏ត្រាស់បង្គាប់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកឯងចូរគ្រាហ៍សាគតភិក្ខុឡើង។ ភិក្ខុទាំងនោះក៏ទទួលព្រះពុទ្ធដីការបស់ព្រះដ៏មានព្រះភាគដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយៗ ក៏គ្រាហ៍ព្រះសាគតៈដ៏មានអាយុទៅកាន់អារាម ហើយផ្តេកបែរក្បាលទៅរកព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះសាគតៈដ៏មានអាយុប្រែត្រឡប់ដេកដាក់ជើងទៅរកព្រះដ៏មានព្រះភាគវិញ។ លំដាប់នោះ ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពីដើមមក សាគតភិក្ខុមានសេចក្តីគោរពកោតក្រែងដល់តថាគតមែនឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតយ៉ាងហ្នឹងហើយ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ចុះឥឡូវនេះ សាគតភិក្ខុមានសេចក្តីគោរពកោតក្រែងដល់តថាគតឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស មិនគោរពទេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ សាគតភិក្ខុបានច្បាំងនឹងអម្ពតិត្ថកនាគ ពិតមែនឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ចុះឥឡូវនេះ សាគតភិក្ខុ (ដែលដួលដេកមិនដឹងខ្លួនយ៉ាងនេះ) អាចច្បាំងនឹងពស់ទឹក29) បានឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស មិនបានទេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រាសចាកសញ្ញាព្រោះផឹកទឹកណា ទឹកនោះភិក្ខុគួរផឹកឬទេ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស មិនគួរផឹកទេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កម្មរបស់សាគតភិក្ខុមិនសមគួរ មិនទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើ ម្នាលភិក្ខុទាំងឡាយ សាគតភិក្ខុមិនគួរនឹងផឹកទឹកស្រវឹងសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុផឹកសុរានិងមេរ័យ ត្រូវអាបត្តិបាចិត្តិយ។
[១៩៤] ដែលហៅថាសុរា គឺសុរាធ្វើដោយម្សៅ១ សុរាធ្វើដោយនំ១ សុរាធ្វើដោយបាយ១ សុរាដែលគេដាក់ពូជសុរា១ សុរាដែលគេប្រកបព្រមដោយគ្រឿងផ្សំផ្សេងៗ១។ ដែលហៅថា មេរ័យនោះ គឺទឹកត្រាំដែលគេធ្វើដោយផ្កាឈើ១ ទឹកត្រាំដែលគេធ្វើដោយផ្លែឈើ១ ទឹកត្រាំដែលគេធ្វើដោយផ្លែចន្ទន៍ ឬគេធ្វើដោយទឹកឃ្មុំ១ ទឹកត្រាំដែលគេធ្វើដោយទឹកអំពៅ១ ទឹកត្រាំដែលគេប្រកបព្រមដោយគ្រឿងផ្សំផ្សេងៗ១។ ត្រង់ពាក្យថា ផឹក សេចក្តីថា ដោយហោចទៅ សូម្បីតែភិក្ខុផឹកប្រមាណប៉ុនចុងស្បូវ ក៏ត្រូវអាបត្តិបាចិត្តិយ។
[១៩៥] ទឹកស្រវឹង ភិក្ខុសំគាល់ថា ទឹកស្រវឹង ហើយផឹក ត្រូវអាបត្តិបាចិត្តិយ។ ទឹកស្រវឹង ភិក្ខុមានសេចក្តីសង្ស័យ ហើយផឹក ត្រូវអាបត្តិបាចិត្តិយ។ ទឹកស្រវឹង ភិក្ខុសំគាល់ថា មិនមែនទឹកស្រវឹង ហើយផឹក ត្រូវអាបត្តិបាចិត្តិយ។ មិនមែនទឹកស្រវឹង ភិក្ខុសំគាល់ថាទឹកស្រវឹង ត្រូវអាបត្តិទុក្កដ។ មិនមែនទឹកស្រវឹង ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនទឹកស្រវឹង ភិក្ខុសំគាល់ថាមិនមែនទឹកស្រវឹង មិនត្រូវអាបត្តិឡើយ។
[១៩៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុផឹកទឹកមិនស្រវឹង តែទឹកនោះមានពណ៌ដូចជាទឹកស្រវឹង មានក្លិនដូចជាទឹកស្រវឹង មានរសដូចជាទឹកស្រវឹង១ ទឹកស្រវឹងដែលគេចំអិនលាយនឹងសម្ល១ ទឹកស្រវឹងដែលគេចំអិនលាយនឹងសាច់១ ទឹកស្រវឹងដែលគេចំអិនលាយនឹងប្រេង១ ទឹកអំពៅដែលគេត្រាំនឹងផ្លែកន្ទួតព្រៃ១ ភិក្ខុផឹកថ្នាំអរិដ្ឋ30) មិនស្រវឹង១ ដល់ភិក្ខុឆ្កួត១ ដល់ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ១ ចប់។
(២. អង្គុលិបតោទកសិក្ខាបទំ)
[១៩៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើសត្តរសវគ្គិយភិក្ខុមួយរូបឲ្យសើចដោយជន្លួញ គឺម្រាមដៃ។31) ភិក្ខុនោះសើចគាំងដកដង្ហើមមិនរួច ក៏ធ្វើកាលកិរិយាទៅ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុមិនគួរនឹងធ្វើភិក្ខុផងគ្នាឲ្យសើចដោយជន្លួញគឺម្រាមដៃសោះ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកឯងធ្វើភិក្ខុផងគ្នាឲ្យសើចដោយជន្លួញគឺម្រាមដៃ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងធ្វើភិក្ខុផងគ្នាឲ្យសើចដោយជន្លួញគឺម្រាមដៃទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុចាក់ក្រលេកប្រលែងគ្នាដោយជន្លួញ គឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ។
[១៩៨] ដែលហៅថាជន្លួញ គឺម្រាមដៃនោះ គឺភិក្ខុចាក់ដោយម្រាមដៃ។ ឧបសម្បន្ន ប៉ងដើម្បីសើចលេង ហើយប៉ះត្រូវកាយរបស់ឧបសម្បន្នផងគ្នា ដោយកាយរបស់ខ្លួន ត្រូវអាបត្តិបាចិត្តិយ។
[១៩៩] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយធ្វើឲ្យសើចដោយជន្លួញគឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយធ្វើឲ្យសើចដោយជន្លួញគឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាជាអនុបសម្បន្នទៅវិញ ហើយធ្វើឲ្យសើចដោយជន្លួញគឺម្រាមដៃ ត្រូវអាបត្តិបាចិត្តិយ។
[២០០] ភិក្ខុពាល់ត្រូវនូវវត្ថុដែលជាប់ដោយកាយ (របស់ភិក្ខុផងគ្នា) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវកាយ (របស់ភិក្ខុផងគ្នា) ដោយវត្ថុដែលជាប់នឹងកាយ(របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុដែលជាប់នឹងកាយ (របស់ភិក្ខុផងគ្នា) ដោយវត្ថុដែលជាប់នឹងកាយ(របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវកាយ(របស់ភិក្ខុផងគ្នា) ដោយវត្ថុសម្រាប់បោះចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុដែលជាប់នឹងកាយ (របស់ភិក្ខុផងគ្នា) ដោយវត្ថុសម្រាប់បោះចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុសម្រាប់បោះចោល(របស់ភិក្ខុផងគ្នា) ដោយវត្ថុសម្រាប់បោះចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។
[២០១] ភិក្ខុពាល់ត្រូវកាយរបស់អនុបសម្បន្នដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុដែលជាប់នឹងកាយ (របស់អនុបសម្បន្ន) ដោយកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវកាយ(របស់អនុបសម្បន្ន) ដោយវត្ថុដែលជាប់នឹងកាយ (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុដែលជាប់ដោយកាយរបស់អនុបសម្បន្ន ដោយវត្ថុដែលជាប់ដោយកាយរបស់ខ្លួន ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវកាយ (របស់អនុបសម្បន្ន) ដោយវត្ថុសម្រាប់បោះចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុដែលជាប់នឹងកាយ (របស់អនុបសម្បន្ន) ដោយវត្ថុសម្រាប់បោះចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។ ភិក្ខុពាល់ត្រូវវត្ថុសម្រាប់បោះចោល(របស់អនុបសម្បន្ន) ដោយវត្ថុសម្រាប់បោះចោល (របស់ខ្លួន) ត្រូវអាបត្តិទុក្កដ។
[២០២] អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[២០៣] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុគ្មានបំណងនឹងសើចលេង១ ភិក្ខុមានកិច្ចហើយពាល់ត្រូវ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ២ ចប់។
(៣. ហសធម្មសិក្ខាបទំ)
[២០៤] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុលេងទឹកក្នុងស្ទឹងឈ្មោះអចិរវតី។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់គង់នៅលើប្រាសាទដ៏ប្រសើរ ជាមួយនឹងព្រះទេពីព្រះនាមមល្លិកា។ ព្រះបាទបសេនទិកោសលទ្រង់ទតឃើញពួកសត្តរសវគ្គិយភិក្ខុកំពុងលេងទឹក ក្នុងស្ទឹងអចិរវតី លុះទ្រង់ឃើញហើយក៏មានព្រះបន្ទូលនឹងនាងមល្លិកាទេវីយ៉ាងនេះថា នែនាងមល្លិកា ព្រះអរហន្តទាំងនេះលេងទឹកទេតើ។ នាងមល្លិកាទេវីក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គកុំសង្ស័យ ព្រះដ៏មានព្រះភាគមិនទាន់បញ្ញត្តសិក្ខាបទទេ ពុំនោះសោត ភិក្ខុទាំងនោះជាអ្នកមិនដឹងនូវសិក្ខាបទ ដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តរួចហើយ។ លំដាប់នោះ ព្រះបាទបសេនទិកោសលទ្រង់ត្រិះរិះយ៉ាងនេះថា ដោយឧបាយដូចម្តេចហ្ន៎ ដែលអញមិនបាច់ក្រាបទូលព្រះដ៏មានព្រះភាគផង ទាំងព្រះដ៏មានព្រះភាគ ក៏ទ្រង់ជ្រាបថា ភិក្ខុទាំងនេះលេងទឹកផង។ កាលនោះ ព្រះបាទបសេនទិកោសល ទ្រង់ឲ្យនិមន្តពួកសត្តរសវគ្គិយភិក្ខុមក ហើយប្រគេនដុំស្ករអំពៅមួយដុំធំដល់ពួកភិក្ខុទាំងនោះ ដោយព្រះតម្រាស់ថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទាំងឡាយថ្វាយដុំស្ករអំពៅនេះដល់ព្រះដ៏មានព្រះភាគផង។ ពួកសត្តរសវគ្គិយភិក្ខុយកដុំស្ករអំពៅនោះចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ស្តេចថ្វាយដុំស្ករអំពៅនេះចំពោះព្រះអង្គ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ស្តេចឃើញពួកអ្នកឯងនៅទីណា។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ស្តេចទតឃើ់ញពួកខ្ញុំព្រះអង្គកំពុងលេងទឹកក្នុងស្ទឹងអចិរវតី។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងនាំគ្នាលេងទឹកទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុលេងទឹក ត្រូវអាបត្តិបាចិត្តិយ។
[២០៥] ដែលហៅថាលេងទឹកនោះ គឺភិក្ខុមានបំណងនឹងលេងទឹកដែលជ្រៅជាងភ្នែកគោឡើងទៅ ទោះមុជចុះក្តី ងើបឡើងក្តី ហែលក្តី ត្រូវអាបត្តិបាចិត្តិយ។
[២០៦] លេងទឹក ភិក្ខុសំគាល់ថាលេងទឹក ត្រូវអាបត្តិបាចិត្តិយ។ លេងទឹក ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិបាចិត្តិយ។ លេងទឹក ភិក្ខុសំគាល់ថាមិនបានលេងវិញ ត្រូវអាបត្តិបាចិត្តិយ។
[២០៧] ភិក្ខុលេងទឹករាក់ជាងភ្នែកគោ ត្រូវអាបត្តិទុក្កដ។ ភិក្ខុលេងទឹកដោយទូក ត្រូវអាបត្តិទុក្កដ។ ភិក្ខុប្រហារទឹកដោយដៃក្តី ជើងក្តី កំណាត់ឈើក្តី អម្បែងក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុលេងទឹកដែលមានក្នុងភាជន៍ក្តី លេងទឹកបាយក្តី ទឹកដោះស្រស់ក្តី ទឹកដោះជូរក្តី ទឹកជ្រលក់ក្តី ទឹកនោមក្តី ភក់ក្តី ត្រូវអាបត្តិទុក្កដ។
[២០៨] មិនបានលេងទឹកទេ ភិក្ខុសំគាល់ថាលេង ត្រូវអាបត្តិទុក្កដ។ មិនបានលេងទឹកទេ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនបានលេងទឹកទេ ភិក្ខុសំគាល់ថាមិនបានលេង មិនត្រូវអាបត្តិឡើយ។
[២០៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺ ភិក្ខុគ្មានបំណងនឹងលេង១ ភិក្ខុមានកិច្ចហើយចុះទឹកមុជចុះក្តី ងើបក្តី ហែលក្តី១ ភិក្ខុឆ្លងទៅត្រើយនាយ មុជចុះក្តី ងើបក្តី ហែលក្តី១ ភិក្ខុមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៣ ចប់។
(៤. អនាទរិយសិក្ខាបទំ)
[២១០] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង ឆន្នដ៏មានអាយុតែងតែប្រព្រឹត្តអនាចារ។ ភិក្ខុទាំងឡាយក៏និយាយយ៉ាងនេះថា ម្នាលឆន្នដ៏មានអាយុ លោកកុំធ្វើអំពើមានសភាពដូច្នេះឡើយ អំពើនេះមិនសមគួរទេ។ ឆន្នភិក្ខុនោះអាស្រ័យនូវសេចក្តីមិនអើពើ ហើយចេះតែធ្វើ(កម្មនោះ)ដដែល។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នដ៏មានអាយុ មិនគួរនឹងធ្វើនូវសេចក្តីមិនអើពើសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែឆន្ន ឮថាអ្នកឯងធ្វើនូវសេចក្តីមិនអើពើ ពិតមែនឬ។ ឆន្នភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងធ្វើនូវសេចក្តីមិនអើពើទេ ម្នាលមោឃបុរស អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុមិនអើពើ ត្រូវអាបត្តិបាចិត្តិយ។
[២១១] ដែលហៅថាមិនអើពើ បានដល់សេចក្តីមិនអើពើពីរយ៉ាង គឺមិនអើពើនឹងបុគ្គល១ មិនអើពើនឹងធម៌១។ ដែលហៅថាមិនអើពើនឹងបុគ្គលនោះ គឺឧបសម្បន្ន កាលបើមានឧបសម្បន្នផងគ្នាពោលដាស់តឿនតាមសិក្ខាបទដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយៗគិតថា ភិក្ខុនេះសង្ឃបានលើកវត្តហើយក្តី សង្ឃផ្តាសាហើយក្តី សង្ឃតិះដៀលហើយក្តី ពាក្យរបស់ភិក្ខុនេះ អញនឹងមិនធ្វើតាមទេ ហើយក៏ធ្វើសេចក្តីមិនអើពើ ត្រូវអាបត្តិបាចិត្តិយ។ ដែលហៅថា មិនអើពើនឹងធម៌នោះ គឺឧបសម្បន្ន កាលបើមានឧបសម្បន្នផងគ្នាពោលដាស់តឿនតាមសិក្ខាបទដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តទុកហើយៗគិតថា ធ្វើដូចម្តេចហ្ន៎ ធម៌នេះបាត់ទៅក្តី សាបសូន្យទៅក្តី អន្តរធានទៅក្តី ឬមិនចង់សិក្សាធម៌នោះ ហើយក៏ធ្វើសេចក្តីមិនអើពើ ត្រូវអាបត្តិបាចិត្តិយ។
[២១២] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយធ្វើសេចក្តីមិនអើពើ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយធ្វើសេចក្តីមិនអើពើ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នទៅវិញ ហើយធ្វើសេចក្តីមិនអើពើ ត្រូវអាបត្តិបាចិត្តិយ។
[២១៣] ឧបសម្បន្ន កាលបើមានឧបសម្បន្នផងគ្នាពោលដាស់តឿនដោយពាក្យឯទៀត ដែលមិនមែនជាវិនយប្បញ្ញត្តិ ហើយគិតថា ពាក្យនេះមិននាំឲ្យចិត្តផូរផង់ មិននាំឲ្យកំចាត់បង់កិលេសវដ្ត មិននាំឲ្យកើតសេចក្តីជ្រះថ្លា មិនមែននាំឲ្យកើតសេចក្តីមិនសន្សំនូវកិលេសវដ្ត មិននាំឲ្យប្រារព្ធសេចក្តីព្យាយាម ហើយធ្វើនូវសេចក្តីមិនអើពើ ត្រូវអាបត្តិទុក្កដ។ ឧបសម្បន្ន កាលបើមានអនុបសម្បន្នពោលដាស់តឿនតាមសិក្ខាបទដែលព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយក្តី មិនបញ្ញត្តហើយ32) ក្តី ហើយគិតថា ពាក្យនេះមិននាំឲ្យចិត្តផូរផង់ មិននាំឲ្យកំចាត់បង់កិលេសវដ្ត មិននាំឲ្យកើតសេចក្តីជ្រះថ្លា មិនមែននាំឲ្យកើតសេចក្តីមិនសន្សំនូវកិលេសវដ្ត មិននាំឲ្យប្រារព្ធសេចក្តីព្យាយាម ហើយធ្វើសេចក្តីមិនអើពើ ត្រូវអាបត្តិទុក្កដ។
[២១៤] អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[២១៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺ ភិក្ខុពោថា បាឡីអដ្ឋកថានៃអាចារ្យទាំងឡាយរបស់យើងយ៉ាងនេះ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៤ ចប់។
(៥. ភិំសាបនសិក្ខាបទំ)
[២១៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើសត្តរសវគ្គិយភិក្ខុឲ្យខ្លាច។ ពួកសត្តរសវគ្គិយភិក្ខុទាំងនោះ កាលបើគេធ្វើឲ្យខ្លាច ក៏ស្រែកយំ។ ភិក្ខុទាំងឡាយបានសួរយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជាអ្នកទាំងឡាយស្រែកយំ។ ពួកសត្តរសវគ្គិយភិក្ខុប្រាប់ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុទាំងនេះធ្វើយើងរាល់គ្នាឲ្យខ្លាច។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងធ្វើភិក្ខុផងគ្នាឲ្យខ្លាចសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាអ្នករាល់គ្នាធ្វើភិក្ខុផងគ្នាឲ្យខ្លាច ពិតមែនឬ។ ឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នករាល់គ្នាមិនគួរនឹងបន្លាចភិក្ខុផងគ្នាទេ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយធ្វើភិក្ខុផងគ្នាឲ្យខ្លាច ត្រូវអាបត្តិបាចិត្តិយ។
[២១៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិក។ ពាក្យថា ភិក្ខុផងគ្នា គឺភិក្ខុដទៃ (ក្រៅពីខ្លួន)។ ពាក្យថា ឲ្យខ្លាច គឺឧបសម្បន្នមានបំណងនឹងធ្វើឧបសម្បន្នឲ្យខ្លាច ហើយសំដែងរូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី ទោះបីឧបសម្បន្ននោះខ្លាចក្តី មិនខ្លាចក្តី ក៏ត្រូវអាបត្តិបាចិត្តិយ។ (ឧបសម្បន្ន មានសេចក្តីប្រាថ្នាដើម្បីបន្លាចឧបសម្បន្នផងគ្នា) ហើយប្រាប់ផ្លូវលំបាកដោយចោរក្តី ផ្លូវលំបាកដោយម្រឹគសាហាវក្តី ផ្លូវលំបាកដោយខ្មោចក្តី ទោះបីឧបសម្បន្ននោះខ្លាចក្តី មិនខ្លាចក្តី ត្រូវអាបត្តិបាចិត្តិយ។
[២១៨] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយបន្លាច ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសង្ស័យ ហើយបន្លាច ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នទៅវិញ ហើយបន្លាច ត្រូវអាបត្តិបាចិត្តិយ។
[២១៩] ឧបសម្បន្ន មានបំណងនឹងបន្លាចអនុបសម្បន្ន ហើយសំដែងរូបក្តី សំឡេងក្តី ក្លិនក្តី ផ្សព្វក្តី រសក្តី ទោះបីអនុបសម្បន្ននោះខ្លាចក្តី មិនខ្លាចក្តី ក៏ត្រូវអាបត្តិទុក្កដ។ (ឧបសម្បន្នមានសេចក្តីប្រាថ្នាដើម្បីបន្លាចអនុបសម្បន្ន) ហើយប្រាប់ផ្លូវលំបាកដោយចោរក្តី ផ្លូវលំបាកដោយម្រឹគសាហាវក្តី ផ្លូវលំបាកដោយខ្មោចក្តី ទោះបីអនុបសម្បន្ននោះខ្លាចក្តី មិនខ្លាចក្តី ត្រូវអាបត្តិទុក្កដ។
[២២០] អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[២២១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺ ភិក្ខុគ្មានបំណងនឹងបន្លាច ហើយសំដែងរូបក្តី សំឡេងក្តី ក្លិនក្តី រសក្តី ផ្សព្វក្តី១ ភិក្ខុ(គ្មានបំណងនឹងបន្លាចហើយ) ប្រាប់ផ្លូវលំបាកដោយចោរក្តី ផ្លូវលំបាកដោយម្រឹគសាហាវក្តី ផ្លូវលំបាកដោយខ្មោចក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៥ ចប់។
(៦. ជោតិកសិក្ខាបទំ)
[២២២] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅភេសកលាវន ជាទីឲ្យអភ័យដល់សត្វម្រឹគ ជិតក្រុងសុំសុមារគិរៈ ក្នុងភគ្គជេនបទ។ សម័យនោះឯង ភិក្ខុទាំងឡាយនាំគ្នាបង្កាត់ភ្លើងនឹងឈើដែលមានប្រហោង១ដុំធំ ហើយនាំគ្នាអាំងក្នុងខែរងា។ មានពស់ខ្មៅ១នៅក្នុងប្រហោងឈើនោះ លុះត្រូវកំដៅភ្លើង ក៏លូនចេញមក ហើយធ្វើភិក្ខុទាំងឡាយឲ្យដួលដាសពាស។ ភិក្ខុទាំងឡាយក៏ស្ទុះរត់ទៅក្នុងទីនោះៗ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយមិនគួរនឹងបង្កាត់ភ្លើងអាំងសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុទាំងឡាយបង្កាត់ភ្លើងអាំង ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា នែភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនគួរនឹងបង្កាត់ភ្លើងអាំងទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងក៏ទេដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយមានបំណងនឹងអាំងភ្លើង បង្កាត់ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តី នូវភ្លើង ត្រូវអាបត្តិបាចិត្តិយ។
ព្រះដ៏មានព្រះភាគបានទ្រង់បញ្ញត្តសិក្ខាបទនេះដល់ភិក្ខុទាំងឡាយយ៉ាងនេះហើយ។
[២២៣] សម័យនោះឯង ភិក្ខុទាំងឡាយមានជម្ងឺ។ ឯពួកភិក្ខុអ្នកសួរជម្ងឺក៏និយាយពាក្យនេះនឹងភិក្ខុដែលមានជម្ងឺថា ម្នាលអាវុសោ អ្នកទាំងឡាយល្មមអត់ធន់បានឬទេ ល្មមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបានឬទេ។ ពួកភិក្ខុមានជម្ងឺប្រាប់ថា ម្នាលអាវុសោ ពីដើមយើងរាល់គ្នាបង្កាត់ភ្លើងអាំង បានជាយើងបានសេចក្តីសុខសប្បាយរាល់គ្នា ដោយហេតុបានអាំងភ្លើងនោះ ទេឥឡូវនេះ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ហេតុនោះទើបយើងមានសេចក្តីខ្លាចក្រែង មិនហ៊ានអាំងភ្លើង បានជាយើងមិនមានសេចក្តីសុខសប្បាយដោយហេតុនោះឯង។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានជម្ងឺបង្កាត់ភ្លើងខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តី ហើយអាំងបាន ម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយមិនមានជម្ងឺ ប្រាថ្នានឹងអាំងភ្លើង ហើយបង្កាត់ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តីនូវភ្លើង ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយដល់ភិក្ខុទាំងឡាយយ៉ាងនេះ។
[២២៤] សម័យនោះឯង ភិក្ខុទាំងឡាយមានសេចក្តីសង្ស័យក្នុងការអុជប្រទីបខ្លះ បង្កាត់ភ្លើងដុតបាត្រជាដើមខ្លះ រោងភ្លើងខ្លះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានហេតុយ៉ាងនោះ តថាគតអនុញ្ញាតឲ្យភិក្ខុបង្កាត់ភ្លើងខ្លួនឯង ឬប្រើគេឲ្យបង្កាត់បាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយមិនមានជម្ងឺ មានបំណងនឹងអាំងភ្លើង ហើយបង្កាត់ខ្លួនឯងក្តី ប្រើគេឲ្យបង្កាត់ក្តីនូវភ្លើង ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុ មានសភាពយ៉ាងនោះ។
[២២៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិក។ ភិក្ខុណាវៀរចាកភ្លើង ហើយសប្បាយ ភិក្ខុនោះហៅថា ជាអ្នកមិនមានជម្ងឺ។ ភិក្ខុណាវៀវចាកភ្លើង ហើយមិនសប្បាយ ភិក្ខុនោះហៅថា អ្នកមានជម្ងឺ។ ពាក្យថាមានបំណងនឹងអាំងភ្លើង គឺចង់កំដៅកាយ។ ដែលហៅថាភ្លើង គឺភ្លើងធម្មតានោះឯង។ ពាក្យថា បង្កាត់ខ្លួនឯង គឺភិក្ខុបង្កាត់ខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើឲ្យគេបង្កាត់ គឺភិក្ខុបង្គាប់អ្នកដទៃ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបង្គាប់តែម្តង អ្នកទទួលបង្គាប់ទៅបង្កាត់ភ្លើងច្រើនដង (ភិក្ខុអ្នកបង្គាប់) ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា វៀរលែងតែមានហេតុ មានសភាពយ៉ាងនោះ គឺលើកទុកចំពោះហេតុមានសភាពយ៉ាងនោះ។
[២២៦] ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមិនមានជម្ងឺ មានបំណងនឹងអាំងភ្លើង ហើយបង្កាត់ភ្លើងឯងក្តី ប្រើអ្នកដទៃឲ្យបង្កាត់ក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ។ ខ្លួនមិនមានជម្ងឺ ភិក្ខុមានសេចក្តីសង្ស័យ មានបំណងនឹងអាំងភ្លើង ហើយបង្កាត់ភ្លើងឯងក្តី ប្រើអ្នកដទៃឲ្យបង្កាត់ក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ។ ខ្លួនមិនមានជម្ងឺ ភិក្ខុសំគាល់ថាមានជម្ងឺ មានបំណងនឹងអាំងភ្លើង ហើយបង្កាត់ភ្លើងឯងក្តី ប្រើអ្នកដទៃឲ្យបង្កាត់ក្តី ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានហេតុមានសភាពយ៉ាងនោះ។ ភិក្ខុចាប់អង្កត់ភ្លើងលើកឡើង ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថា មិនមានជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុមានសេចក្តីសង្ស័យ មិនមានជម្ងឺ ត្រូវអាបត្តិទុក្កដ។ ខ្លួនមានជម្ងឺ ភិក្ខុសំគាល់ថា មានជម្ងឺ មិនត្រូវអាបត្តិឡើយ។
[២២៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៧យ៉ាង) គឺ ភិក្ខុមានជម្ងឺ១ ភិក្ខុអាំងភ្លើងដែលអ្នកដទៃបង្កាត់១ ភិក្ខុអាំងរងើកភ្លើងដែលគ្មានអណ្តាត១ ភិក្ខុមានហេតុមានសភាពយ៉ាងនោះ គឺអុជប្រទីបក្តី បង្កាត់ភ្លើង (ដើម្បីដុតបាត្រជាដើម)ក្តី បង្កាត់ភ្លើងក្នុងរោងភ្លើងក្តី១ ភិក្ខុមានសេចក្តីអន្តរាយ33) ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៦ ចប់។
(៧. នហានសិក្ខាបទំ)
[២២៨] សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ពួកភិក្ខុនាំគ្នាទៅស្រង់ទឹកឯកំពង់ទឹកឈ្មោះតបោទ។ គ្រានោះ ព្រះបាទពិម្ពិសារសេនិយរាជ ជាឥស្សរក្នុងដែនមគធៈ ទ្រង់យាងទៅកាន់កំពង់ទឹកឈ្មោះតបោទ ដោយតាំងព្រះហ្ឫទ័យថានឹងស្រង់ជម្រះព្រះសិរ្ស ហើយក៏ទ្រង់ប្រថាប់ចាំ ក្នុងទីដ៏សមគួរ ដោយតាំងព្រះហ្ឫទ័យថា ចាំលោកម្ចាស់ទាំងឡាយស្រង់ទឹករួចសិន។ ភិក្ខុទាំងឡាយក៏ស្រង់ទឹកទាល់តែយប់ងងឹត។ គ្រានោះ ព្រះបាទពិម្ពិសារសេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈ ស្រង់ជម្រះព្រះសិរ្សក្នុងវេលាវិកាល ពួកជនបិទទ្វារនគរ (ហួស)ទៅ ស្តេចក៏ឋិតនៅខាងក្រៅនគរ លុះដល់ព្រឹកឡើង ស្តេចមានគ្រឿងលាបព្រះអង្គមិនទាន់បានសំអាត ហើយទ្រង់ព្រះដំណើរទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះបាទពិម្ពិសារសេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈ គង់ក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា បពិត្រមហារាជ ហេតុអ្វីបានជាព្រះអង្គមានគ្រឿងលាបមិនទាន់បានសំអាត ហើយស្តេចមកក្នុងវេលាព្រឹក (យ៉ាងនេះ)។ គ្រានោះ ព្រះបាទពិម្ពិសារសេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ពន្យល់ ព្រះបាទពិម្ពិសារសេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈឲ្យយល់ច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយក្នុងពេលនោះ ដោយធម្មីកថា។ លំដាប់នោះ ព្រះបាទពិម្ពិសារសេនិយរាជ ជាឥស្សរៈក្នុងដែនមគធៈ លុះព្រះដ៏មានព្រះភាគទ្រង់ពន្យល់ឲ្យយល់ច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថាហើយ ទ្រង់ក្រោកពីអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចៀសចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុបានឃើញស្តេចហើយ ងូតទឹកមិនដឹងប្រមាណកាល ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសទាំងនោះ បានឃើញស្តេចហើយ មិនគួរនឹងងូតទឹកមិនដឹងប្រមាណកាលសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ភិក្ខុទាំងឡាយយ៉ាងនេះរួចហើយ។
[២២៩] សម័យនោះឯង ភិក្ខុទាំងឡាយសង្ស័យក្នុងសម័យក្តៅ ក្នុងសម័យស្អុះស្អាប់ ក៏មិនហ៊ានងូតទឹកឡើយ មានខ្លួនប្រឡាក់ដោយញើសក្អែល ហើយក៏ចេះតែសឹងទៅ។ ចីវរក្តី សេនាសនៈក្តី ក៏ប្រឡាក់ប្រឡូស (ដោយហេតុនោះ)។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យក្តៅ សម័យស្អុះស្អាប់ ទុកជាមិនទាន់ដល់កន្លះខែ តថាគតអនុញ្ញាតឲ្យភិក្ខុងូតទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះ គឺមួយខែកន្លះដ៏សេស (ខាងចុង) នៃគិម្ហរដូវ មួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះ ត្រូវជា២ខែកន្លះ ហៅថាសម័យក្តៅ34) សម័យស្អុះស្អាប់35) នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ភិក្ខុទាំងឡាយយ៉ាងនេះរួចហើយ។
[២៣០] សម័យនោះឯង ភិក្ខុមានជម្ងឺជាច្រើនអង្គ។ ឯពួកភិក្ខុជាអ្នកសួរជម្ងឺបាននិយាយពាក្យនេះនឹងភិក្ខុដែលមានជម្ងឺថា ម្នាលអាវុសោ អ្នកទាំងឡាយល្មមអត់ធន់បានឬទេ ល្មមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបានឬទេ។ ពួកភិក្ខុមានជម្ងឺប្រាប់ថា ម្នាលអាវុសោ ពីដើម យើងទាំងឡាយមិនទាន់ដល់កំណត់កន្លះខែ ក៏តែងតែងូតទឹក ព្រោះហេតុនោះ ទើបពួកយើងមានសេចក្តីសប្បាយ តែឥឡូវនេះ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ហេតុនេះយើងទាំងឡាយមានសេចក្តីសង្ស័យ មិនហ៊ានងូតទឹកឡើយ បានជាយើងមិនបានសេចក្តីសប្បាយដោយហេតុនោះឯង។ ទើបភិក្ខុទាំងឡាយនាំសេចក្តីនុ៎ះក្រាបទូលចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានជម្ងឺ ទុកជាមិនទាន់ដល់កន្លះខែ តថាគតអនុញ្ញាតឲ្យងូតទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ មួយខែកន្លះដ៏សេស (ខាងចុង) នៃគិម្ហរដូវ មួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះ ត្រូវជា២ខែកន្លះ ហៅថាសម័យក្តៅ សម័យស្អុះស្អាប់ សម័យភិក្ខុមានជម្ងឺ នេះហៅថា សម័យក្នុងសិក្ខាបទនោះ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ភិក្ខុទាំងឡាយយ៉ាងនេះរួចហើយ។ [២៣១] សម័យនោះឯង ភិក្ខុទាំងឡាយ ធ្វើនវកម្ម ហើយមានសេចក្តីរង្កៀស (ខ្លាចក្រែងត្រូវទោស) មិនហ៊ានងូតទឹកឡើយ ហើយក៏សឹងទាំងខ្លួនប្រឡាក់ ដោយញើសក្អែល។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះក្រាបទូលចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យធ្វើការងារ ទោះមិនទាន់ដល់កំណត់កន្លះខែ តថាគតអនុញ្ញាតឲ្យភិក្ខុងូតទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ មួយខែកន្លះដ៏សេស (ខាងចុង) នៃគិម្ហរដូវ មួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះ ត្រូវជា២ខែកន្លះ ហៅថាសម័យក្តៅ សម័យស្អុះស្អាប់ សម័យភិក្ខុមានជម្ងឺ សម័យធ្វើការងារ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ពួកភិក្ខុយ៉ាងនេះហើយ។
[២៣២] សម័យនោះឯង ភិក្ខុទាំងឡាយ ដើរផ្លូវឆ្ងាយ មានសេចក្តីរង្កៀស (ខ្លាចក្រែងត្រូវទោស) ក៏មិនហ៊ានងូតទឹក ហើយសិងទាំងខ្លួនដែលសៅហ្មងដោយញើសក្អែល។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យដើរផ្លូវឆ្ងាយ ទោះមិនទាន់ដល់កំណត់កន្លះខែ តថាគតអនុញ្ញាតឲ្យភិក្ខុងូតទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ មួយខែកន្លះដ៏សេស (ខាងចុង) នៃគិម្ហរដូវ និងមួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះ ត្រូវជា២ខែកន្លះ ហៅថាសម័យក្តៅ សម័យស្អុះស្អាប់ សម័យមានជម្ងឺ សម័យធ្វើការងារ សម័យដើរផ្លូវឆ្ងាយ នេះជាសម័យក្នុងសិក្ខាបទនោះ។
សិក្ខាបទនេះ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តដល់ភិក្ខុទាំងឡាយយ៉ាងនេះរួចហើយ។
[២៣៣] សម័យនោះឯង ភិក្ខុជាច្រើនរូប ធ្វើចីវរកម្មក្នុងទីវាល ត្រូវខ្យល់បក់ដោយទាំងធូលីមក ទាំងភ្លៀងក៏ធ្លាក់ចុះមកត្រូវបន្តិចៗផង។ ភិក្ខុទាំងឡាយមានសេចក្តីរង្កៀស (ខ្លាចក្រែងត្រូវទោស) ក៏មិនហ៊ានងូតទឹក សឹងទាំងខ្លួនប្រឡាក់ប្រឡូស (នោះឯង)។ ចីវរក្តី សេនាសនៈក្តី ក៏សៅហ្មងទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យខ្យល់និងភ្លៀង ទុកជាមិនទាន់ដល់កំណត់កន្លះខែ តថាគតអនុញ្ញាតឲ្យភិក្ខុងូតទឹកបាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយមិនទាន់ដល់កំណត់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ ឯសម័យក្នុងសិក្ខាបទនោះគឺ មួយខែកន្លះដ៏សេស (ខាងចុង) នៃគិម្ហរដូវ និងមួយខែខាងដើមនៃវស្សានរដូវ រួមខែទាំងនេះ ត្រូវជា២ខែកន្លះ ហៅថាសម័យក្តៅ សម័យស្អុះស្អាប់ សម័យមានជម្ងឺ36) សម័យធ្វើការងារ37) សម័យដើរផ្លូវឆ្ងាយ38) សម័យខ្យល់និងភ្លៀង39) នេះជាសម័យក្នុងសិក្ខាបទនោះ។
[២៣៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិក។ ពាក្យថា មិនទាន់ដល់កំណត់កន្លះខែ គឺខ្វះកន្លះខែ។ ពាក្យថា ងូតទឹក គឺភិក្ខុកំពុងងូតទឹកដុសដោយផង់លំអិតក្តី ដោយដីស្អិតក្តី ត្រូវអាបត្តិទុក្កដគ្រប់ប្រយោគ។ លុះងូតរួចស្រេច ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា វៀរលែងតែមានសម័យ គឺលើកលែងចំពោះសម័យដែលគួរ។ មួយខែកន្លះដ៏សេស (ខាងចុង)នៃគិម្ហរដូវ ហៅថា សម័យក្តៅ។ មួយខែខាងដើមនៃវស្សានរដូវ ហៅថា សម័យស្អុះស្អាប់។ រួមខែទាំងនេះ ត្រូវជាពីរខែកន្លះ ហៅថា សម័យក្តៅ សម័យស្អុះស្អាប់ ភិក្ខុដឹងដូច្នេះហើយ គប្បីងូតទឹកចុះ។ ភិក្ខុណាវៀរចាកការងូតទឹកមានសេចក្តីមិនសប្បាយ ភិក្ខុនោះហៅថាមានសម័យមានជម្ងឺ ឬថាមានសម័យឈឺថ្កាត់។ ភិក្ខុដឹងខ្លួនថា មានសម័យឈឺថ្កាត់ហើយ គប្បីងូតទឹកចុះ។ ការងារដោយហោចទៅ សូម្បីតែបោសច្រាសសំអាតបរិវេណ ក៏ហៅថាសម័យធ្វើការងារ។ ភិក្ខុដឹងខ្លួនថា សម័យធ្វើការងារហើយ គប្បីងូតទឹកចុះ។ ដែលហៅថា សម័យដើរផ្លូវឆ្ងាយ គឺភិក្ខុគិតថា អញនឹងដើរផ្លូវប្រមាណកន្លះយោជន៍ ហើយគប្បីងូតទឹកបាន ភិក្ខុអ្នកដំណើរគប្បីងូតទឹកបាន ភិក្ខុដើរទៅហើយ គប្បីងូតទឹកបាន។ ដែលហៅថា សម័យខ្យល់និងភ្លៀង គឺពួកភិក្ខុត្រូវខ្យល់ប្រកបដោយធូលីហើយ មានដំណក់ទឹកពីរដំណក់ក្តី បីដំណក់ក្តី ធ្លាក់ត្រូវកាយ។ ភិក្ខុដឹងថា មានសម័យខ្យល់និងភ្លៀង គប្បីងូតទឹកបាន។
[២៣៥] មិនទាន់ដល់កន្លះខែ ភិក្ខុក៏សំគាល់ថាមិនទាន់ដល់កន្លះខែ ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មិនទាន់ដល់កន្លះខែ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ មិនទាន់ដល់កន្លះខែ ភិក្ខុក៏សំគាល់ថាលើស ហើយងូតទឹក ត្រូវអាបត្តិបាចិត្តិយ វៀរលែងតែមានសម័យ។ កាលលើសជាងកន្លះខែ ភិក្ខុសំគាល់ថាខ្វះវិញ ត្រូវអាបត្តិទុក្កដ។ កាលលើសជាងកន្លះខែ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កាលលើសជាងកន្លះខែ ភិក្ខុសំគាល់ថា លើសមែន មិនត្រូវអាបត្តិឡើយ។
[២៣៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមានសម័យ១ កន្លះខែភិក្ខុងូតទឹកម្តង១ លើសជាងកន្លះខែភិក្ខុងូតទឹក១ ភិក្ខុឆ្លងទៅត្រើយម្ខាងហើយងូត១ ភិក្ខុនៅក្នុងជនបទចុងដែនបង្អស់១ ភិក្ខុមានសេចក្តីអន្តរាយ40) ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៧ ចប់។
(៨. ទុព្ពណ្ណករណសិក្ខាបទំ)
[២៣៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ កាលនោះឯង ពួកភិក្ខុខ្លះ ពួកបរិព្វាជកខ្លះ ជាច្រើនរូបនាំគ្នាដើរផ្លូវឆ្ងាយ ពីក្រុងសាកេតទៅក្រុងសាវត្ថី។ លុះដល់ពាក់កណ្តាលផ្លូវ មានពួកចោរចេញមកប្លន់ពួកភិក្ខុ និងពួកបរិព្វាជកទាំងនោះ។ រាជអាមាត្យទាំងឡាយនាំគ្នាចេញពីក្រុងសាវត្ថី មកចាប់ចោរទាំងនោះបាន ព្រមទាំងទ្រព្យរបស់ ហើយប្រើបម្រើទៅក្នុងសំណាក់ពួកភិក្ខុថា លោកម្ចាស់ទាំងឡាយចូរនិមន្តមកយកចីវររបស់ខ្លួនៗតាមស្គាល់ចុះ។ ភិក្ខុទាំងឡាយក៏មិនស្គាល់ចីវរ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយមិនគួរនឹងមិនស្គាល់ចីវររបស់ខ្លួនៗសោះ។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ទើបភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះរឿងនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយធ្វើធម្មីកថាដ៏ល្មមសមគួរដល់រឿងនោះៗ ដល់ភិក្ខុទាំងឡាយ ហើយទ្រង់ត្រាស់ហៅពួកភិក្ខុដោយព្រះពុទ្ធដីកាថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសិក្ខាបទដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍១០យ៉ាង គឺដើម្បីប្រពៃដល់សង្ឃ១ ដើម្បីសប្បាយដល់សង្ឃ១។បេ។ ដើម្បីឋិតនៅនៃព្រះសទ្ធម្ម១ ដើម្បីអនុគ្រោះព្រះវិន័យ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុបានចីវរថ្មីមកហើយ គប្បីកាន់យកនូវវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌៣យ៉ាង គឺពណ៌ខៀវក្តី ពណ៌ភក់ក្តី ពណ៌ខ្មៅជាំក្តី វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ បើភិក្ខុមិនកាន់យកនូវវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌៣យ៉ាង វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ ហើយប្រើប្រាស់ចីវរថ្មី ត្រូវអាបត្តិបាចិត្តិយ។
[២៣៨] ដែលហៅថា ថ្មី គឺចីវរដែលមិនទាន់បានធ្វើកប្ប។ ដែលហៅថា ចីវរ គឺបណ្តាចីវរទាំង៦ ចីវរណាមួយ។ ត្រង់ពាក្យថា គប្បីកាន់យកនូវវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌៣យ៉ាង វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ សេចក្តីថា ភិក្ខុត្រូវធ្វើកប្បពិន្ទុដោយកំណត់យ៉ាងតូចបំផុតត្រឹមប៉ុនចុងស្បូវ។ ដែលហៅថា ពណ៌ខៀវ គឺវត្ថុមានពណ៌ខៀវពីរយ៉ាង បានដល់ពណ៌ខៀវដូចសម្រិត១ ពណ៌ខៀវដូចស្លឹកឈើ១។ ដែលហៅថា ពណ៌ភក់ គឺសំដៅយកភក់ដែលនៅក្នុងទឹក។ ដែលហៅថា ពណ៌ខ្មៅជាំ គឺវត្ថុមានពណ៌ខ្មៅណាមួយ។ ពាក្យថា បើភិក្ខុមិនកាន់យកនូវវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌៣យ៉ាង វត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ សេចក្តីថា ភិក្ខុមិនធ្វើកប្បពិន្ទុ បណ្តាវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌៣យ៉ាង ដោយវត្ថុសម្រាប់ធ្វើឲ្យខូចពណ៌ណាមួយ ដោយកំណត់ប្រមាណយ៉ាងតូចបំផុតត្រឹមប៉ុនចុងស្បូវ ហើយប្រើប្រាស់ចីវរថ្មី ត្រូវអាបត្តិបាចិត្តិយ។
[២៣៩] ចីវរដែលភិក្ខុមិនធ្វើកប្បពិន្ទុ ភិក្ខុសំគាល់ថាមិនទាន់ធ្វើកប្បពិន្ទុ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរមិនទាន់ធ្វើកប្បពិន្ទុ ភិក្ខុមានសេចក្តីសង្ស័យ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរមិនទាន់ធ្វើកប្បពិន្ទុ ភិក្ខុសំគាល់ថាធ្វើកប្បពិន្ទុហើយ ៗប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរបានធ្វើកប្បពិន្ទុហើយ ភិក្ខុសំគាល់ថាមិនទាន់បានធ្វើកប្បពិន្ទុ ត្រូវអាបត្តិទុក្កដ។ ចីវរបានធ្វើកប្បពិន្ទុហើយ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ចីវរបានធ្វើកប្បពិន្ទុហើយ ភិក្ខុសំគាល់ថាបានធ្វើកប្បពិន្ទុ មិនត្រូវអាបត្តិឡើយ។
[២៤០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុបានធ្វើកប្បពិន្ទុ ហើយប្រើប្រាស់១ កប្បពិន្ទុខូចខាតទៅ១ កន្លែងដែលធ្វើកប្បពិន្ទុគ្រាំគ្រាទៅ១ ភិក្ខុដេរចីវរដែលមិនបានធ្វើកប្បពិន្ទុភ្ជាប់ជាមួយនឹងចីវរដែលបានធ្វើកប្បពិន្ទុហើយ១ ចីវរដែលប៉ះដោយបំណះថ្មី១ ចីវរដែលដាក់អនុវាតថ្មី១ ចីវរចាស់ប្រក់ថែមថ្មី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៨ ចប់។
(៩. វិកប្បនសិក្ខាបទំ)
[២៤១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបនន្ទសក្យបុត្រដ៏មានអាយុបានវិកប្បចីវររបស់ខ្លួនដោយខ្លួនឯង រួចផ្ញើរនឹងភិក្ខុជាសទ្ធិវិហារិករបស់ព្រះថេរៈជាបងប្អូន ហើយមិនបានឲ្យដកវិកប្បចេញ ក៏ចេះតែប្រើប្រាស់ទៅ។ ទើបភិក្ខុនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ឧបនន្ទសក្យបុត្រដ៏មានអាយុនេះ បានវិកប្បចីវររបស់ខ្លួនដោយខ្លួនឯង ផ្ញើនឹងខ្ញុំ ហើយមិនឲ្យដកវិកប្ប (ជាមុន) ហើយចេះតែប្រើប្រាស់ទៅ។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបនន្ទសក្យបុត្រដ៏មានអាយុមិនគួរនឹងវិកប្បចីវររបស់ខ្លួនដោយខ្លួនឯង នឹងភិក្ខុផងគ្នា ហើយមិនបានឲ្យដកវិកប្បចេញសិន ចេះតែប្រើប្រាស់ទៅសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែឧបនន្ទ ឮថា អ្នកឯងបានវិកប្បចីវររបស់ខ្លួនដោយខ្លួនឯងនឹងភិក្ខុផងគ្នា ហើយមិនឲ្យដកវិកប្បចេញសិន ចេះតែប្រើប្រាស់ទៅ ពិតមែនឬ។ ឧបនន្ទដ៏មានអាយុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរនឹងវិកប្បចីវររបស់ខ្លួនដោយខ្លួនឯងនឹងភិក្ខុផងគ្នា ហើយប្រើប្រាស់ចីវរ ដែលមិនបានឲ្យគេដកវិកប្បចេញសិនទេ ម្នាលមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយបានវិកប្បចីវរដោយខ្លួនឯងចំពោះភិក្ខុផងគ្នាក្តី ភិក្ខុនីក្តី សិក្ខមានាក្តី សាមណេរក្តី សាមណេរីក្តី ហើយប្រើប្រាស់ចីវរដែលមិនទាន់ឲ្យគេដកវិកប្បចេញសិន ត្រូវអាបត្តិបាចិត្តិយ។
[២៤២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិកសិក្ខាបទ។ ពាក្យថា ភិក្ខុផងគ្នា គឺភិក្ខុឯទៀត។ ដែលហៅថាភិក្ខុនី គឺភិក្ខុនីដែលបានឧបសម្បទាក្នុងសង្ឃទាំងពីរពួក។ ដែលហៅថាសិក្ខមានា គឺស្រីដែលបានសិក្សាសិក្ខាក្នុងធម៌ទាំង៦ គ្រប់ពីរឆ្នាំហើយ។ ដែលហៅថា សាមណេរ គឺកុលបុត្រ (ដែលបានសម្រេចបព្វជ្ជាកម្មហើយ) ទ្រទ្រង់នូវសិក្ខាបទទាំង១០។ ដែលហៅថា សាមណេរី គឺស្រី(ដែលបានសម្រេចបព្វជ្ជាកម្មហើយ) ទ្រទ្រង់នូវសិក្ខាបទទាំង១០។ ពាក្យថា ដោយខ្លួនឯង គឺវិកប្បដោយខ្លួនឯង។ ដែលហៅថា ចីវរ គឺបណ្តាចីវរទាំង៦ ចីវរណាមួយ យ៉ាងតូចបំផុតល្មមសម្រេចកិច្ចវិកប្បបាន។ ដែលហៅថា វិកប្ប គឺវិកប្បមានពីរយ៉ាង បានដល់វិកប្បចំពោះមុខ១ វិកប្បកំបាំងមុខ១។ ដែលហៅថា វិកប្បចំពោះមុខ គឺភិក្ខុកំណត់ដោយពាក្យថា ខ្ញុំវិកប្បចីវរនេះចំពោះលោក ឬចំពោះភិក្ខុឈ្មោះនេះ។ ដែលហៅថា វិកប្បកំបាំងមុខ គឺភិក្ខុកំណត់ដោយពាក្យថា ខ្ញុំឲ្យចីវរនេះដល់លោក ដើម្បីវិកប្បទុក។ ភិក្ខុនោះត្រូវសួរភិក្ខុជាម្ចាស់ចីវរថា លោកណាជាមិត្ររបស់លោក ឬលោកស្គាល់លោកណា។ ភិក្ខុម្ចាស់ចីវរត្រូវប្រាប់ថា ភិក្ខុឈ្មោះនេះផង ភិក្ខុឈ្មោះនេះផង។ ភិក្ខុអ្នកទទួលវិកប្បនោះ ត្រូវនិយាយនឹងភិក្ខុម្ចាស់ចីវរថា ខ្ញុំឲ្យចីវរដល់ភិក្ខុទាំងនោះ លោកចូរប្រើប្រាស់ក្តី ឬលោកចូរលះបង់ក្តី លោកចូរធ្វើតាមសមគួរដល់បច្ច័យក្តី នូវចីវររបស់ភិក្ខុទាំងនោះចុះ។ ដែលហៅថា មិនបានឲ្យគេដកវិកប្ប គឺភិក្ខុជាម្ចាស់ចីវរប្រើប្រាស់ចីវរដែលភិក្ខុអ្នកទទួលវិកប្បនោះមិនបានប្រគល់ឲ្យក្តី មិនស្និទ្ធស្នាលនឹងភិក្ខុជាអ្នកទទួលវិកប្បនោះ ហើយប្រើប្រាស់ក្តី ត្រូវអាបត្តិបាចិត្តិយ។
[២៤៣] ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុសំគាល់ថាមិនបានឲ្យគេដកវិកប្ប ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុមានសេចក្តីសង្ស័យ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ចីវរដែលមិនបានឲ្យគេដកវិកប្ប ភិក្ខុសំគាល់ថាបានឲ្យគេដកវិកប្ប ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុអធិដ្ឋានក្តី លះបង់ចោលក្តី ត្រូវអាបត្តិទុក្កដ។ ចីវរដែលបានឲ្យគេដកវិកប្ប ភិក្ខុសំគាល់ថា មិនបានឲ្យគេដកវិកប្បវិញ ត្រូវអាបត្តិទុក្កដ។ ចីវរដែលបានឲ្យគេដកវិកប្បហើយ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ចីវរដែលបានឲ្យគេដកវិកប្បហើយ ភិក្ខុសំគាល់ថា បានឲ្យគេដកវិកប្បហើយ មិនត្រូវអាបត្តិឡើយ។
[២៤៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុប្រើប្រាស់ចីវរដែលភិក្ខុអ្នកទទួលវិកប្បនោះឲ្យក្តី ភិក្ខុម្ចាស់របស់ស្និទ្ធស្នាលនឹងភិក្ខុជាអ្នកទទួលវិកប្បនោះក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៩ ចប់។
(១០. ចីវរអបនិធានសិក្ខាបទំ)
[២៤៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុងអារាមជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុមិនបានទុកគ្រឿងបរិក្ខារដោយស្រួល។ ពួកឆព្វគ្គិយភិក្ខុលាក់ទុកបាត្រខ្លះ ចីវរខ្លះ របស់ពួកសត្តរសវគ្គិយភិក្ខុ។ ពួកសត្តរសវគ្គិយភិក្ខុក៏និយាយពាក្យនេះនឹងពួកឆព្វគ្គិយភិក្ខុថា ម្នាលអាវុសោ អ្នកទាំងឡាយចូរឲ្យបាត្រខ្លះ ចីវរខ្លះដល់យើង។ ពួកឆព្វគ្គិយភិក្ខុក៏នាំគ្នាសើច។ ពួកសត្តរសវគ្គិយភិក្ខុទាំងនោះក៏យំ។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជាអ្នកទាំងឡាយយំ។ ពួកសត្តរសវគ្គិយភិក្ខុប្រាប់ថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុទាំងនេះ លាក់ទុកនូវបាត្រខ្លះ ចីវរខ្លះ របស់យើង។ ភិក្ខុទាំងឡាយណាជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសម្បីបើពួកឆព្វគ្គិយភិក្ខុលាក់ទុកបាត្រខ្លះ ចីវរខ្លះ របស់ភិក្ខុផងគ្នាសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយលាក់ទុកនូវបាត្រខ្លះ ចីវរខ្លះ របស់ភិក្ខុផងគ្នា ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ មិនសម្បីបើអ្នកឯងរាល់គ្នាមកលាក់ទុកនូវបាត្រខ្លះ ចីវរខ្លះរបស់ភិក្ខុផងគ្នាសោះ ម្នាលមោឃបុរសទាំងឡាយ អំពើដែលពួកអ្នកឯងរាល់គ្នាធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុកនូវបាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធចង្កេះក្តី របស់ភិក្ខុផងគ្នា ដោយហោចទៅសូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិបាចិត្តិយ។
[២៤៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិកសិក្ខាបទ។ ពាក្យថា ភិក្ខុផងគ្នា គឺភិក្ខុឯទៀត។ ដែលហៅថាបាត្រ គឺបាត្រមានពីរយ៉ាង បានដល់បាត្រដែក១ បាត្រដី១។ ដែលហៅថាចីវរ គឺបណ្តាចីវរទាំង៦ ចីវរណាមួយ យ៉ាងតូចបំផុតល្មមវិកប្បបាន។ ដែលហៅថា និសីទនៈ សំដៅយកនិសីទនៈដែលមានជាយ។ ដែលហៅថា បំពង់ម្ជុល គឺបំពង់ម្ជុលដែលមានម្ជុលក្តី ឥតម្ជុលក្តី។ ដែលហៅថា វត្តពន្ធចង្កេះ គឺវត្តពន្ធចង្កេះមានពីរយ៉ាង បានដល់វត្ថពន្ធចង្កេះឈ្មោះបដ្តិកៈ (ចំរៀកសម្ពត់)១ វត្ថពន្ធឈ្មោះសូករន្តកៈ (គឺវត្ថពន្ធមានសណ្ឋានដូចពោះវៀនជ្រូក)១។ ពាក្យថាលាក់ទុកឯង គឺភិក្ខុលាក់ទុកដោយខ្លួនឯង ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ប្រើគេឲ្យលាក់ គឺភិក្ខុបង្គាប់អ្នកដទៃ (ឲ្យលាក់ទុក) ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបង្គាប់គេតែម្តង អ្នកទទួលបង្គាប់លាក់ទុកច្រើនដង ត្រូវអាបត្តិបាចិត្តិយ១។ ពាក្យថា ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង គឺភិក្ខុមានសេចក្តីប្រាថ្នានឹងលេង។
[២៤៧] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក នូវបាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធចង្កេះក្តី ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង ក៏ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក នូវបាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធចង្កេះក្តី ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិបាចិត្តិយ។។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នទៅវិញ ហើយលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក នូវបាត្រក្តី ចីវរក្តី និសីទនៈក្តី បំពង់ម្ជុលក្តី វត្ថពន្ធចង្កេះក្តី ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង ក៏ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក នូវបរិក្ខារដទៃ ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិទុក្កដ។ ភិក្ខុលាក់ទុកឯង ឬប្រើគេឲ្យលាក់ទុក នូវបាត្រក្តី ចីវរក្តី បរិក្ខារដទៃក្តី របស់អនុបសម្បន្ន ដោយហោចទៅ សូម្បីគ្រាន់តែមានបំណងនឹងសើចលេង ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នទៅវិញ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[២៤៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុមិនប្រាថ្នានឹងសើចលេង ហើយទុកដាក់បាត្រជាដើមដែលគេទុកដាក់មិនល្អ១ ភិក្ខុទុកដាក់ដោយគិតថា អញនឹងធ្វើធម្មីកថាហើយសឹមឲ្យវិញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ១០ ចប់។
សុរាបានវគ្គ ទី ៦ ចប់។
ឧទ្ទាននៃសុរាបានវគ្គនោះ (មាន១០សិក្ខាបទ) គឺ
សុរាសិក្ខាបទ១ អង្គុលិសិក្ខាបទ១ ហាសសិក្ខាបទ១ អនាទរិយសិក្ខាបទ១ ភឹសនសិក្ខាបទ១ ជោតិសិក្ខាបទ១ ន្ហានសិក្ខាបទ១ ទុព្វណ្ណសិក្ខាបទ១ សាមសិក្ខាបទ១ អបនិធសិក្ខាបទ១។
(៧. សប្បាណកវគ្គោ)
(១. សញ្ចិច្ចសិក្ខាបទំ)
[២៤៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧទាយិដ៏មានអាយុ (ធ្លាប់) ជានាយខ្មាន់ធ្នូ។ លោកនោះមិនពេញចិត្តនឹងសត្វក្អែកទាំងឡាយ។ ឧទាយិនោះក៏បាញ់សត្វក្អែកទាំងឡាយ កាត់ក្បាល ហើយដោតលើឈើអណ្តោត ដោយលំដាប់គ្នា។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ លោកណាសម្លាប់សត្វក្អែកទាំងនេះ។ ឧទាយិឆ្លើយថា ម្នាលអាវុសោ ខ្ញុំសម្លាប់ (ព្រោះ) សត្វក្អែក ខ្ញុំមិនចូលចិត្តសោះ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧទាយិដ៏មានអាយុ មិនគួរនឹងក្លែងផ្តាច់បង់សត្វចាកជីវិតសោះ។បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលឧទាយិ ឮថា អ្នកឯងក្លែងផ្តាច់បង់សត្វចាកជីវិត ពិតមែនឬ។ ឧទាយិក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរនឹងក្លែងផ្តាច់បង់សត្វចាកជីវិតទេ ម្នាលមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយក្លែងផ្តាច់បង់សត្វចាកជីវិត ត្រូវអាបត្តិបាចិត្តិយ។
[២៥០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិកសិក្ខាបទ។ ពាក្យថាក្លែង គឺដឹងស្គាល់ជាក់ ហើយក្លែងប្រព្រឹត្តល្មើស ប្រព្រឹត្តកន្លង។ ដែលហៅថាសត្វ គឺសំដៅយកសត្វតិរច្ឆាន។ ពាក្យថាផ្តាច់បង់នូវសត្វចាកជីវិត គឺផ្តាច់បង់ បំបាត់បង់នូវជីវិតិន្ទ្រិយ គឺធ្វើតំណជីវិតរបស់សត្វឲ្យកក្រើក ត្រូវអាបត្តិបាចិត្តិយ។
[២៥១] សត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាសត្វ(តិរច្ឆាន) ហើយដាក់ចុះចាកជីវិត (សម្លាប់) ត្រូវអាបត្តិបាចិត្តិយ។ សត្វ (តិរច្ឆាន) ភិក្ខុមានសេចក្តីសង្ស័យ ហើយដាក់ចុះចាកជីវិត ត្រូវអាបត្តិទុក្កដ។ សត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាមិនមែនសត្វ(តិរច្ឆាន) ហើយដាក់ចុះចាកជីវិត មិនត្រូវអាបត្តិឡើយ។ មិនមែនសត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាសត្វ(តិរច្ឆាន) ត្រូវអាបត្តិទុក្កដ។ មិនមែនសត្វ (តិរច្ឆាន) ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនសត្វ (តិរច្ឆាន) ភិក្ខុសំគាល់ថាមិនមែនសត្វ(តិរច្ឆាន) មិនត្រូវអាបត្តិឡើយ។
[២៥២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុមិនក្លែង១ មិនមានស្មារតី១ មិនដឹង១ មិនប៉ងនឹងសម្លាប់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ១ ចប់។
(២. សប្បាណកសិក្ខាបទំ)
[២៥៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថាទឹកមានសត្វហើយ យកទៅប្រើប្រាស់។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹងថាទឹកមានសត្វហើយ មិនគួរនឹងយកទៅប្រើប្រាស់សោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយដឹងថាទឹកមានសត្វហើយ យកទៅប្រើប្រាស់ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងដឹងថាទឹកមានសត្វហើយ មិនគួរនឹងយកទៅប្រើប្រាស់ទេ នែមោឃបុរសទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយដឹងហើយ បរិភោគទឹកដែលមានសត្វមានជីវិត (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
[២៥៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីអធិប្បាយក្នុងសិក្ខាបទ ទី ១ នៃបារាជិកកណ្ឌរួចហើយ។ ដែលហៅថាដឹង គឺភិក្ខុដឹងខ្លួនឯង ឬពួកអ្នកដទៃប្រាប់ដល់ភិក្ខុនោះ។ ភិក្ខុដឹងថាទឹកមានសត្វមានជីវិត (ឬ) ដឹងថាពួកសត្វនឹងស្លាប់ដោយការប្រើប្រាស់ ហើយប្រើប្រាស់ ត្រូវអាបត្តិបាចិត្តិយ។
[២៥៥] ទឹកមានសត្វមានជីវិត ភិក្ខុសំគាល់ថាទឹកមានសត្វមានជីវិត ហើយប្រើប្រាស់ទឹកនោះ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុសង្ស័យក្នុងទឹកដែលមានសត្វមានជីវិត ហើយប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ ទឹកមានសត្វមានជីវិត ភិក្ខុសំគាល់ថាទឹកគ្មានសត្វ ហើយប្រើប្រាស់ មិនត្រូវអាបត្តិ។ ទឹកគ្មានសត្វ ភិក្ខុសំគាល់ថាមានសត្វ ត្រូវអាបត្តិទុក្កដ។ ទឹកគ្មានសត្វ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ទឹកគ្មានសត្វ ភិក្ខុសំគាល់ថាគ្មានសត្វ មិនត្រូវអាបត្តិ។
[២៥៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុមិនដឹងថាទឹកមានសត្វ(ក្តី) ដឹងថាទឹកគ្មានសត្វរស់(ក្តី) ដឹងថាពួកសត្វនឹងមិនស្លាប់ដោយការប្រើប្រាស់ (ក្តី) ហើយប្រើប្រាស់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ២ ចប់។
(៣. ឧក្កោដនសិក្ខាបទំ)
[២៥៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថាអធិករណៈ41) ដែលសង្ឃរម្ងាប់សមគួរតាមធម៌ហើយ សើរើដើម្បីធ្វើជាថ្មីទៀតថា កម្ម(នោះ) គឺសង្ឃមិនបានធ្វើ កម្ម(នោះ) គឺសង្ឃធ្វើមិនត្រឹមត្រូវ ពួកយើងត្រូវធ្វើជាថ្មីទៀត កម្មឈ្មោះថា សង្ឃរម្ងាប់ហើយមិនស្រេច រម្ងាប់ហើយមិនល្អ ពួកយើងត្រូវរម្ងាប់ជាថ្មីទៀត។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹងថាអធិករណៈ ដែលសង្ឃរម្ងាប់សមគួរតាមធម៌ហើយ មិនគួរនឹងសើរើដើម្បីធ្វើជាថ្មីទៀតសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកអ្នកឯងដឹងថាអធិករណៈ ដែលសង្ឃរម្ងាប់សមគួរតាមធម៌ហើយ សើរើដើម្បីធ្វើជាថ្មីទៀត ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកដឹងថាអធិករណៈ ដែលសង្ឃរម្ងាប់សមគួរតាមធម៌ហើយ មិនគួរនឹងសើរើដើម្បីធ្វើជាថ្មីទៀតទេ នែមោឃបុរសទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយកាលដឹងថាអធិករណៈដែលសង្ឃរម្ងាប់សមគួរតាមធម៌ហើយ សើរើដើម្បីធ្វើជាថ្មីទៀត ភិក្ខុនោះ ត្រូវអាបត្តិបាចិត្តិយ។
[២៥៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទ ទី ១ នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុដឹងខ្លួនឯងក្តី ពួកអ្នកដទៃប្រាប់ដល់ភិក្ខុនោះក្តី ភិក្ខុដែលមានរឿងនោះប្រាប់ក្តី។ ដែលហៅថា សមគួរតាមធម៌ គឺអធិរណៈដែលសង្ឃធ្វើ (គឺរម្ងាប់) ហើយតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅព្រះសាស្តា នេះហៅថា សមគួរតាមធម៌។
[២៥៩] ដែលហៅថា អធិករណៈ គឺអធិករណៈមាន៤យ៉ាង គឺវិវាទាធិករណៈ១ អនុវាទាធិករណៈ១ អាបត្តាធិករណៈ១ កិច្ចាធិករណៈ១។ ពាក្យថា សើរើដើម្បីធ្វើជាថ្មីទៀត គឺភិក្ខុសើរើថា សង្ឃធ្វើកម្មមិនស្រេច សង្ឃធ្វើកម្មមិនល្អ យើងត្រូវធ្វើជាថ្មីទៀត សង្ឃរម្ងាប់កម្មមិនស្រេច សង្ឃរម្ងាប់កម្មមិនល្អ យើងត្រូវរម្ងាប់ជាថ្មីទៀត ដូច្នេះ ត្រូវអាបត្តិបាចិត្តិយ។
[២៦០] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយសើរើឡើង ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ហើយសើរើ ត្រូវអាបត្តិទុក្កដ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ហើយសើរើ មិនត្រូវអាបត្តិ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ មិនត្រូវអាបត្តិ។
[២៦១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដឹងថា កម្មដែលសង្ឃធ្វើហើយដោយកិច្ចដែលមិនមែនជាធម៌ក្តី42) ដោយពួកក្តី43) សង្ឃធ្វើកម្មដល់ភិក្ខុដែលមិនគួរដល់កម្មក្តី ហើយសើរើ ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៣ ចប់។
(៤. ទុដ្ឋុល្លសិក្ខាបទំ)
[២៦២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះឧបនន្ទសក្យបុត្រដ៏មានអាយុ ត្រូវអាបត្តិឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ44) ហើយប្រាប់ដល់ភិក្ខុជាសទ្ធិវិហារិក របស់ព្រះថេរៈជាបងប្អូនថា នែអាវុសោ ខ្ញុំត្រូវអាបត្តិសញ្ចេតនិកសុក្កវិសដ្ឋិហើយ លោកកុំប្រាប់ដល់អ្នកណាឡើយ។ សម័យនោះឯង ភិក្ខុ១រូបត្រូវអាបត្តិសញ្ចេតនិកសុក្កវិសដ្ឋិ ហើយសូមនៅបរិវាសដើម្បីអាបត្តិនោះនឹងសង្ឃ។ សង្ឃបានឲ្យបរិវាស ដើម្បីអាបត្តិនោះដល់ភិក្ខុនោះ។ ភិក្ខុនោះកំពុងនៅបរិវាស ក៏បានឃើញភិក្ខុដែលព្រះឧបនន្ទប្រាប់អាបត្តិនោះ ហើយបានពោលពាក្យនេះថា នែអាវុសោ ខ្ញុំត្រូវអាបត្តិសញ្ចេតនិកសុក្កវិសដ្ឋិ ហើយសុំបរិវាស ដើម្បីអាបត្តិនោះនឹងសង្ឃ សង្ឃបានឲ្យបរិវាស ដើម្បីអាបត្តិនោះដល់ខ្ញុំនោះឯង ខ្ញុំនោះកំពុងនៅបរិវាស នែអាវុសោ ខ្ញុំសូមប្រាប់ឲ្យដឹង លោកដ៏មានអាយុចូរចាំទុកនូវខ្ញុំថា ភិក្ខុនេះបានប្រាប់ឲ្យដឹង។ ភិក្ខុនោះសួរវិញថា នែអាវុសោ ទុកជាភិក្ខុដទៃណា តែត្រូវអាបត្តិនេះ ភិក្ខុនោះតែងធ្វើយ៉ាងហ្នឹងឬ។ ភិក្ខុដែលនៅបរិវាសតបថា យ៉ាងហ្នឹងហើយ អាវុសោ។ ភិក្ខុនោះនិយាយថា នែអាវុសោ លោកឧបនន្ទសក្យបុត្រដ៏មានអាយុនេះ ត្រូវអាបត្តិសញ្ចេតនិកសុក្កវិសដ្ឋិហើយ លោកឧបនន្ទនោះបានប្រាប់ខ្ញុំថា នែអាវុសោ ខ្ញុំត្រូវអាបត្តិសញ្ចេតនិកសុក្កវិសដ្ឋិហើយ លោកកុំប្រាប់ដល់អ្នកណាឡើយ។ ភិក្ខុដែលនៅបរិវាសនោះនិយាយថា នែអាវុសោ អ្នកបិទបាំងអាបត្តិនោះឬអ្វី។ ភិក្ខុនោះប្រាប់ថា យ៉ាងហ្នឹងហើយ អាវុសោ។ លំដាប់នោះឯង ភិក្ខុនោះប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុកាលដឹងហើយ មិនគួរនឹងបិទបាំងអាបត្តិអាក្រក់របស់ភិក្ខុផងគ្នាសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ឮថា អ្នកឯងកាលដឹងហើយ បិទបាំងអាបត្តិអាក្រក់របស់ភិក្ខុផងគ្នា ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងកាលបើដឹងហើយ មិនគួរនឹងបិទបាំងអាបត្តិអាក្រក់របស់ភិក្ខុផងគ្នាទេ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ កាលដឹងហើយ បិទបាំងទុកនូវអាបត្តិអាក្រក់របស់ភិក្ខុផងគ្នា (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
[២៦៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទ ទី ១ នៃបារាជិកកណ្ឌ។ ពាក្យថា ភិក្ខុផងគ្នា បានដល់ភិក្ខុដទៃ។ ដែលហៅថា ដឹងនោះ គឺភិក្ខុដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃប្រាប់ភិក្ខុនោះក្តី ភិក្ខុដែលត្រូវអាបត្តិនោះប្រាប់ក្តី។ ដែលហៅថា អាបត្តិអាក្រក់ បានដល់អាបត្តិបារាជិកទាំង៤ផង អាបត្តិសង្ឃាទិសេសទាំង១៣ផង។ ពាក្យថា បិទបាំងទុក សេចក្តីថា (ភិក្ខុណា) គ្រាន់តែដាក់ធុរៈថា ភិក្ខុទាំងឡាយដឹងនូវភិក្ខុនេះហើយ នឹងចោទ នឹងរលឹក នឹងជេរ នឹងប្រទេច នឹងបង្អាប់បង្អោន (ហេតុនោះ) អញមិនបាច់ប្រាប់ឡើយ (ភិក្ខុនោះ) ត្រូវអាបត្តិបាចិត្តិយ។
[២៦៤] អាបត្តិអាក្រក់(ធ្ងន់) ភិក្ខុសំគាល់ថាអាបត្តិអាក្រក់ ហើយបិទបាំងទុក ត្រូវអាបត្តិបាចិត្តិយ។ អាបត្តិអាក្រក់ ភិក្ខុសង្ស័យ ហើយបិទបាំងទុក ត្រូវអាបត្តិទុក្កដ។ អាបត្តិអាក្រក់ ភិក្ខុសំគាល់ថាមិនមែនអាបត្តិអាក្រក់ (ស្រាល) ហើយបិទបាំងទុក ត្រូវអាបត្តិទុក្កដ។ ភិក្ខុបិទបាំងអាបត្តិមិនអាក្រក់ទុក ត្រូវអាបត្តិទុក្កដ។ ភិក្ខុបិទបាំងសេចក្តីប្រព្រឹត្តល្មើសអាក្រក់ (ធ្ងន់)ក្តី មិនអាក្រក់ (ស្រាល)ក្តី របស់អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អាបត្តិមិនអាក្រក់ ភិក្ខុសំគាល់ថាអាបត្តិអាក្រក់ ត្រូវអាបត្តិទុក្កដ។ អាបត្តិមិនអាក្រក់ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អាបត្តិមិនអាក្រក់ ភិក្ខុសំគាល់ថាអាបត្តិមិនអាក្រក់ ត្រូវអាបត្តិទុក្កដ។
[២៦៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៨យ៉ាង) គឺភិក្ខុមិនប្រាប់ដោយគិតថា សេចក្តីបង្កហេតុក្តី ជំលោះក្តី ប្រកួតប្រកាន់ក្តី វិវាទក្តី នឹងមានដល់សង្ឃ១ ភិក្ខុមិនប្រាប់ដោយគិតថា សង្ឃនឹងបែកបាក់ ឬសង្ឃនឹងប្រេះឆា១ ភិក្ខុមិនប្រាប់ដោយគិតថា ភិក្ខុនេះ កាចអាក្រក់ នឹងធ្វើនូវសេចក្តីអន្តរាយដល់ជីវិត ឬនូវសេចក្តីអន្តរាយដល់ព្រហ្មចារ្យ១ ភិក្ខុមិនឃើញភិក្ខុទាំងឡាយដទៃដ៏សមគួរ (នឹងប្រាប់) ហើយខានប្រាប់១ ភិក្ខុមិនប្រាថ្នានឹងបិទបាំង ហើយមិនទាន់បានប្រាប់១ ភិក្ខុមិនប្រាប់ដោយសង្ឃឹមថា ភិក្ខុដែលត្រូវអាបត្តិនោះ នឹងប្រាកដដោយកម្មជារបស់ខ្លួន១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៤ ចប់។
(៥. ឩនវីសតិវស្សសិក្ខាបទំ)
[២៦៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង កូនក្មេងទាំងឡាយមានពួក១៧នាក់ ជាសំឡាញ់នឹងគ្នានៅក្នុងក្រុងរាជគ្រឹះ។ ក្មេងឈ្មោះឧបាលិជាប្រធាននៃក្មេងទាំងនោះ។ លំដាប់នោះឯង មាតាបិតាឧបាលិកុមារបានគិតគ្នាដូច្នេះថា កាលបើឥតអំពីយើងទៅ ឧបាលិគប្បីរស់នៅសប្បាយផង មិនលំបាកផង ដោយឧបាយដូចម្តេចហ្ន៎។ មាតាបិតារបស់ឧបាលិកុមារបានគិតគ្នា ក្នុងរឿងនេះទៀតថា បើឧបាលិរៀនសរសេរអក្សរ ដល់ឥតអំពីយើងទៅ ឧបាលិគប្បីរស់នៅសប្បាយផង មិនលំបាកផង ដោយប្រការដូច្នេះ។ មាតាបិតារបស់ឧបាលិកុមារ បានគិតគ្នា (ថែម) ក្នុងរឿងនេះថា បើឧបាលិនឹងរៀនសរសេរអក្សរ ម្រាមដៃនឹងរួយ បើឧបាលិរៀនរាប់ ដល់ឥតអំពីយើងទៅ ឧបាលិគប្បីរស់នៅសប្បាយផង មិនលំបាកផង ដោយអាការយ៉ាងនេះឯង។ ទើបមាតាបិតារបស់ឧបាលិកុមារ បានគិតគ្នាទៅទៀតថា បើឧបាលិនឹងរៀនរាប់ នឹងលំបាកដល់ទ្រូង បើឧបាលិរៀនមើលរូបនិមិត្ត ដល់ឥតអំពីយើងទៅ ឧបាលិគប្បីរស់នៅជាសុខផង មិនលំបាកផង ដោយអាការយ៉ាងនេះឯង។ មាតាបិតាឧបាលិបានគិតគ្នាក្នុងរឿងនេះទៀតថា បើឧបាលិរៀនមើលរូបនិមិត្ត ភ្នែករបស់ឧបាលិនោះនឹងលំបាក ឃើញតែពួកសមណៈ ជាសក្យបុត្រនេះ មានសីលជាសុខ មានសេចក្តីប្រព្រឹត្តល្អជាសុខ ឆាន់ចង្ហាន់ល្អ សិងលើសំណិងដែលខ្យល់មិនបានចូលទៅ បើឧបាលិបួសក្នុងសំណាក់សមណៈទាំងឡាយ ជាសក្យបុត្រ ដល់ឥតអំពីយើងទៅ ឧបាលិគប្បីរស់នៅជាសុខផង មិនលំបាកផង ដោយអាការយ៉ាងនេះឯង។
[២៦៧] ទារកឈ្មោះឧបាលិ បានស្តាប់ពាក្យមាតាបិតាចរចាគ្នាយ៉ាងនេះហើយ។ ទើបឧបាលិទារក ចូលទៅរកពួកក្មេងទាំងនោះ លុះចូលទៅហើយ បាននិយាយពាក្យនេះនឹងពួកក្មេងទាំងនោះថា នែអ្នកទាំងឡាយ ពួកអ្នកចូរមក យើងនឹងទៅបួសក្នុងសំណាក់សមណៈទាំងឡាយ ជាសក្យបុត្រ។ ក្មេងទាំងនោះនិយាយថា នែអ្នក បើអ្នកនឹងបួស យើងនឹងបួសយ៉ាងហ្នឹងដែរ។ ទើបក្មេងទាំងនោះចូលទៅរកមាតាបិតារៀងរាល់ខ្លួន ហើយបាននិយាយពាក្យនេះថា សូមលោកម្តាយ លោកឪពុកអនុញ្ញាតឲ្យយើងខ្ញុំចេញពីផ្ទះទៅបួស ក្នុងព្រះពុទ្ធសាសនា។ ទើបមាតាបិតាក្មេងទាំងនោះក៏បានអនុញ្ញាតដោយគិតឃើញថា ក្មេងទាំងអស់នេះមានចំណង់ស្មើគ្មា មានសេចក្តីប្រាថ្នាល្អ។ ពួកក្មេងទាំងនោះចូលទៅរកភិក្ខុទាំងឡាយហើយសូមបព្វជ្ជា។ ភិក្ខុទាំងនោះក៏បានឲ្យបព្វជ្ជាឧបសម្បទា។ ពួកភិក្ខុ (បួសថ្មី) នោះ ក្រោកឡើងក្នុងរាត្រីសម័យជិតភ្លឺហើយយំទារថា អ្នកទាំងឡាយចូរឲ្យបបរ ចូរឲ្យបាយ ចូរឲ្យខាទនីយៈ (នំចំណី)។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះថា នែអាវុសោ អ្នកទាំងឡាយចូរបង្អង់ចាំភ្លឺសិន បើមានបបរ អ្នកទាំងឡាយនឹងបានហុតបបរ បើមានបាយ អ្នកទាំងឡាយនឹងបានឆាន់ បើខាទនីយៈមាន ពួកអ្នកនឹងបានទំពា បើបបរ ឬបាយ ឬខាទនីយៈគ្មានទេ ពួកអ្នកនឹងត្រាច់ទៅបិណ្ឌបាតហើយឆាន់។ ពួកភិក្ខុក្មេងទាំងនោះដែលភិក្ខុទាំងឡាយនិយាយយ៉ាងនេះក៏ដោយ នៅតែយំទារថា អ្នកទាំងឡាយចូរឲ្យបបរ ចូរឲ្យបាយ ចូរឲ្យខាទនីយៈ ជុះដាក់សេនាសនៈខ្លះ នោមដាក់ខ្លះ។
[២៦៨] ព្រះដ៏មានព្រះភាគទ្រង់ក្រោកក្នុងរាត្រីសម័យជិតភ្លឺបានឮសម្លេងក្មេង លុះឮហើយ ក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សម្លេងនោះជាសម្លេងក្មេងឬអ្វី។ ទើបព្រះអានន្ទដ៏មានអាយុក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរចំពោះភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថាភិក្ខុទាំងឡាយដឹងហើយ ឲ្យឧបសម្បទាដល់បុគ្គលមានអាយុខ្វះពី២០ឆ្នាំ ពិតមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា នែភិក្ខុទាំងឡាយ មោឃបុរសទាំងនោះដឹងហើយ មិនគួរនឹងឲ្យឧបសម្បទាដល់បុគ្គលមានអាយុខ្វះពី២០ឆ្នាំទេ ម្នាលភិក្ខុទាំងឡាយ (ធម្មតា) បុគ្គលមានអាយុមិនគ្រប់២០ឆ្នាំ តែងមិនធន់ទ្រាំ ត្រជាក់ក្តៅ ឃ្លានស្រេកសម្ផស្សរបោមមូសខ្យល់កំដៅថ្ងៃសត្វទីឃជាតិ45) ទាំងឡាយនឹងគន្លងពាក្យដែលបុគ្គលពោលអាក្រក់ នឹងគន្លងពាក្យអាក្រក់ដែលបុគ្គលនាំមកប្រាប់ និងទុក្ខវេទនាប្រជុំក្នុងសរីរៈដ៏ក្លៀវក្លា រឹង អាក្រក់ មិនស្រួល មិនជាទីគាប់ចិត្ត ជាទីនាំបង់នូវជីវិតដែលកើតឡើងហើយ ចាត់ជាអ្នកមានជាតិមិនអត់ទ្រាំ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងបុគ្គលមានវស្សាគ្រប់២០ ទើបទ្រាំត្រជាក់ ក្តៅ ឃ្លាន ស្រេក សម្ផស្សរបោមមូស ខ្យល់កំដៅថ្ងៃ សត្វទីឃជាតិទាំងឡាយ នឹងគន្លងពាក្យដែលបុគ្គលពោលអាក្រក់មានមក នឹងគន្លងពាក្យអាក្រក់ដែលបុគ្គលនាំមកប្រាប់ នឹងទុក្ខវេទនាប្រជុំក្នុងសរីរៈដ៏ក្លៀវក្លារឹងអាក្រក់ មិនស្រួល មិនជាទីគាប់ចិត្ត ជាទីនាំបង់នូវជីវិតដែលកើតឡើងហើយ ចាត់ជាអ្នកមានជាតិអត់ទ្រាំបាន ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ កាលដឹងហើយ ឲ្យឧបសម្បទាដល់បុគ្គលដែលមានអាយុមិនទាន់គ្រប់២០ឆ្នាំ46) បុគ្គលដែលមានអាយុមិនទាន់គ្រប់២០ឆ្នាំនោះ ក៏នៅជាអនុបសម្បន្នដដែល ចំណែកភិក្ខុទាំងឡាយនោះ អ្នកប្រាជ្ញគប្បីតិះដៀល នេះជាអាបត្តិបាចិត្តិយ ក្នុងរឿងនោះ។
[២៦៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទ ទី ១ នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុនោះដឹងដោយខ្លួនឯងក្តី ពួកភិក្ខុដទៃប្រាប់ដល់ភិក្ខុនោះក្តី កុលបុត្រដែលនឹងឧបសម្បទានោះប្រាប់ក្តី។ បុគ្គលដែលមានវស្សាមិនទាន់ដល់២០ឆ្នាំ ហៅថា មានវស្សាមិនទាន់គ្រប់២០ឆ្នាំ។ ភិក្ខុគិតថា អញនឹងឲ្យឧបសម្បទា ហើយស្វែងរកគណៈសង្ឃក្តី អាចារ្យក្តី បាត្រក្តី ចីវរក្តី សន្មតសីមា (ថ្មី)ក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុត្រូវអាបត្តិទុក្កដ ក្នុងខណៈចប់ញត្តិ។ ភិក្ខុត្រូវអាបត្តិទុក្កដទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរដង។ ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ គណៈសង្ឃនឹងអាចារ្យ ត្រូវអាបត្តិទុក្កដក្នុងខណៈចប់កម្មវាចាស្រេច។
[២៧០] កុលបុត្រមានវស្សាមិនគ្រប់២០ ភិក្ខុសំគាល់ថាមានវស្សាមិនគ្រប់២០ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិបាចិត្តិយ។ កុលបុត្រមានវស្សាមិនគ្រប់២០ ភិក្ខុមានសេចក្តីសង្ស័យ ហើយឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ កុលបុត្រមានវស្សាមិនគ្រប់២០ ភិក្ខុសំគាល់ថាមានវស្សាគ្រប់២០ ហើយឲ្យឧបសម្បទា មិនត្រូវអាបត្តិ។ កុលបុត្រមានវស្សាគ្រប់២០ ភិក្ខុសំគាល់ថា មានវស្សាមិនគ្រប់២០ ត្រូវអាបត្តិទុក្កដ។ កុលបុត្រមានវស្សាគ្រប់២០ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កុលបុត្រមានវស្សាគ្រប់២០ ភិក្ខុសំគាល់ថា មានវស្សាគ្រប់២០ មិនត្រូវអាបត្តិ។
[២៧១] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុសំគាល់បុគ្គលដែលមានវស្សាមិនទាន់គ្រប់២០ ថាមានវស្សាគ្រប់២០ ហើយឲ្យឧបសម្បទា១ ភិក្ខុសំគាល់បុគ្គលដែលមានវស្សាគ្រប់២០ថាមានវស្សាគ្រប់២០ ហើយឲ្យឧបសម្បទា១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៥ ចប់។
(៦. ថេយ្យសត្ថសិក្ខាបទំ)
[២៧២] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានពួកឈ្មួញរទេះ១ពួក មានសេចក្តីប្រាថ្នាចេញពីក្រុងរាជគ្រឹះ ហើយទៅកាន់ប្រទេសឈ្មោះបដិយាលោក។ ភិក្ខុ១រូបបាននិយាយពាក្យនេះនឹងមនុស្សទាំងនោះថា អាត្មានឹងទៅជាមួយនឹងអ្នកដ៏មានអាយុទាំងឡាយដែរ។ ពួកមនុស្សទាំងនោះនិយាយវិញថា សូមទាន ពួកយើងនឹងគេចវាងឲ្យរួចពន្ធទេតើ។ ភិក្ខុនោះនិយាយថា នែអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយចូរដឹងចុះ។ ពួកអ្នកធ្វើការគយបានឮគេនិយាយថា ពួកឈ្មួញនឹងគេចវាងឲ្យរួចពន្ធ ហើយចាំស្កាត់ពួកមនុស្សទាំងនោះក្នុងផ្លូវ។ ឯពួកអ្នកធ្វើការគយនោះ ក៏ចាប់រឹបយកពួកឈ្មួញរទេះនោះ ហើយបាននិយាយពាក្យនេះនឹងភិក្ខុនោះថា ទានប្រោស លោកដឹងហើយ ហេតុអ្វីបានជាទៅជាមួយនឹងពួកឈ្មួញរទេះដែលគេចវាងឲ្យរួចពន្ធ ថាដូច្នោះហើយ ក៏ចាប់ឃាត់ភិក្ខុនោះទុក ហើយលែងទៅ។ លំដាប់នោះឯង ភិក្ខុនោះទៅកាន់ក្រុងសាវត្ថី ហើយប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាមានសេចក្តី ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុដឹងហើយ មិនគួរនឹងបបួលគ្នាដើរទៅកាន់ផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយពួកឈ្មួញគេចវាងឲ្យរួចពន្ធសោះ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា នែភិក្ខុ ឮថា អ្នកដឹងហើយ បបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយពួកឈ្មួញដែលគេចវាងឲ្យរួចពន្ធ ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកដឹងហើយ មិនគួរនឹងបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយពួកឈ្មួញដែលគេចវាងឲ្យរួចពន្ធទេ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយដឹងហើយ បបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយពួកឈ្មួញជាចោរ ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។
[២៧៣] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទ ទី ១ នៃបារាជិកកណ្ឌ។ ដែលហៅថាដឹង គឺភិក្ខុដឹងដោយខ្លួនឯងក្តី ពួកអ្នកដទៃប្រាប់ភិក្ខុនោះក្តី ពួកឈ្មួញនោះប្រាប់ក្តី។ ដែលហៅថាពួកឈ្មួញជាចោរ គឺពួកចោរដែលធ្វើការ (លួច) ហើយក្តី មិនបានធ្វើការ(លួច)ហើយក្តី ដល់នូវកិរិយាលួច(របស់)ស្តេចក្តី គេចវាងឲ្យរួចពន្ធក្តី។ ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ ពាក្យថា បបួល គឺភិក្ខុនឹងឈ្មួញបបួលគ្នាថា នែអាវុសោ យើងនឹងទៅ បពិត្រលោកដ៏ចំរើន យើងនឹងទៅ បពិត្រលោកដ៏ចំរើន យើងនឹងទៅ នែអាវុសោ យើងនឹងទៅ យើងនឹងទៅក្នុងថ្ងៃនេះក្តី ស្អែកក្តី ខានស្អែកក្តី ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ពាក្យថា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ សេចក្តីថា ភិក្ខុដើរទៅក្នុងស្រុកមានចម្ងាយល្មមមាន់ហើរដល់ ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗចន្លោះស្រុក។ ភិក្ខុដើរទៅក្នុងព្រៃមិនមែនជាស្រុក ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗកន្លះយោជន៍។
[២៧៤] ពួកឈ្មួញដែលជាចោរ ភិក្ខុសំគាល់ថាពួកឈ្មួញជាចោរ ហើយបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។ ពួកឈ្មួញដែលជាចោរ ភិក្ខុមានសេចក្តីសង្ស័យ ហើយបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិទុក្កដ។ ពួកឈ្មួញដែលជាចោរ ភិក្ខុសំគាល់ថាមិនមែនពួកឈ្មួញជាចោរ ហើយបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ មិនត្រូវអាបត្តិ។ ភិក្ខុបបួល តែមនុស្សទាំងឡាយមិនបបួល (ភិក្ខុនោះ)ត្រូវអាបត្តិទុក្កដ។ ពួកឈ្មួញមិនមែនជាចោរ ភិក្ខុសំគាល់ថាពួកឈ្មួញជាចោរ ត្រូវអាបត្តិទុក្កដ។ ពួកឈ្មួញមិនមែនជាចោរ ភិក្ខុសង្ស័យ ត្រូវអាបត្តិទុក្កដ។ ពួកឈ្មួញមិនមែនជាចោរ ភិក្ខុសំគាល់ថាពួកឈ្មួញមិនមែនជាចោរ មិនត្រូវអាបត្តិ។
[២៧៥] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុមិនបបួល ហើយទៅ១ មនុស្សទាំងឡាយបបួល ភិក្ខុមិនបបួល១ ភិក្ខុទៅដោយខុសសង្កេត47) ១ ភិក្ខុទៅព្រោះមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៦ ចប់។
(៧. សំវិធានសិក្ខាបទំ)
[២៧៦] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុ១រូបទៅកាន់ក្រុងសាវត្ថីក្នុងកោសលជនបទ បានចេញទៅតាមទ្វារមួយ។ ស្រី១នាក់ឈ្លោះនឹងប្តី ហើយចេញពីស្រុកទៅ ឃើញភិក្ខុនោះហើយ បាននិយាយពាក្យនេះថា បពិត្រលោកម្ចាស់ លោកម្ចាស់នឹងទៅទីណា។ ភិក្ខុនោះនិយាយថា នែនាង អាត្មានឹងទៅក្រុងសាវត្ថី។ ស្រីនោះនិយាយថា ខ្ញុំម្ចាស់នឹងទៅជាមួយលោកម្ចាស់ដែរ។ ភិក្ខុនោះឆ្លើយថា មកចុះនាង។ ខណៈនោះឯង ប្តីនៃស្រីនោះចេញពីស្រុកទៅ ហើយសួរមនុស្សទាំងឡាយថា នែអ្នកទាំងឡាយ អ្នកទាំងឡាយបានឃើញស្រីមានរូបរាងយ៉ាងនេះទេ។ គេប្រាប់ថា នែអ្នក ស្រីនោះទៅជាមួយនឹងអ្នកបួសទៅហើយ។ ទើបបុរសនោះទៅតាមចាប់ភិក្ខុនោះ វាយ ហើយលែងទៅ។ ភិក្ខុនោះទ្រមគ្រាំគ្រាអង្គុយនៅក្បែរគល់ឈើ១ដើមក្នុងកាលនោះ។ ឯស្រីនោះ បាននិយាយពាក្យនេះនឹងបុរសនោះថា នែអ្នក ភិក្ខុនោះមិនមែនបបួលណែនាំខ្ញុំមកទេ តែថា ខ្ញុំឯងទៅជាមួយនឹងភិក្ខុនោះទេតើ ភិក្ខុនោះមិនមែនជាអ្នកធ្វើ (សេចក្តីខុស)ទេ អ្នកចូរទៅឲ្យភិក្ខុនោះអត់ទោសទៅ។ ទើបបុរសនោះសូមទោសនឹងភិក្ខុនោះ។ លំដាប់នោះ ភិក្ខុនោះទៅកាន់ក្រុងសាវត្ថី ហើយប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណាមានសេចក្តី ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរនឹងបបួលគ្នា ហើយដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយមាតុគ្រាមសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ឮថា អ្នកឯងបបួលគ្នា ហើយដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយមាតុគ្រាម ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនគួរនឹងបបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយមាតុគ្រាមទេ។ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ បបួលគ្នាដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយមាតុគ្រាម ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។
[២៧៧] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទ ទី ១ នៃបារាជិកកណ្ឌ។ ដែលហៅថាមាតុគ្រាម សំដៅយកមនុស្សស្រី មិនសំដៅយកយក្សស្រី ប្រេតស្រី តិរច្ឆានញីទេ មនុស្សស្រីនោះតោងជាអ្នកដឹងក្តីអាចដឹងសព្វ នូវពាក្យដែលគេពោល្អ ពោលអាក្រក់ ពាក្យទ្រគោះ មិនមែនពាក្យទ្រគោះ។ ពាក្យថា មួយអន្លើ គឺជាមួយគ្នា។ ពាក្យថា បបួលគ្នា គឺភិក្ខុ និងមាតុគ្រាមបបួលគ្នាថា នែនាង យើងនឹងទៅ លោកម្ចាស់ យើងនឹងទៅ លោកម្ចាស់ យើងនឹងទៅ នែនាង យើងនឹងទៅ យើងនឹងទៅថ្ងៃនេះ ថ្ងៃស្អែក ឬខានស្អែក ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ពាក្យថា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ គឺភិក្ខុទៅក្នុងស្រុកមានចម្ងាយល្មមមាន់ហើរដល់ ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗចន្លោះស្រុក។ ភិក្ខុដើរទៅក្នុងព្រៃមិនមែនជាស្រុក ត្រូវអាបត្តិបាចិត្តិយ គ្រប់ៗកន្លះយោជន៍។
[២៧៨] មាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ហើយបបួលដើរផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសង្ស័យ ហើយបបួលដើរផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។ មាតុគ្រាម ភិក្ខុសំគាល់ថាមិនមែនមាតុគ្រាម ហើយបបួលដើរផ្លូវឆ្ងាយជាមួយគ្នា ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុបបួល មាតុគ្រាមមិនបបួល ភិក្ខុត្រូវអាបត្តិទុក្កដ។ ភិក្ខុបបួលដើរផ្លូវឆ្ងាយជាមួយគ្នា មួយអន្លើដោយយក្សស្រី ប្រេតស្រី មនុស្សខ្ទើយ និងតិរច្ឆានញីមានរាងដូចមនុស្ស ដោយហោចទៅ សូម្បីចន្លោះស្រុកមួយ ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថាមាតុគ្រាម ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនមាតុគ្រាម ភិក្ខុសំគាល់ថា មិនមែនមាតុគ្រាម មិនត្រូវអាបត្តិ។
[២៧៩] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៦យ៉ាង) គឺភិក្ខុមិនបបួល ហើយទៅ១ មាតុគ្រាមបបួល ភិក្ខុមិនបបួល១ ភិក្ខុទៅដោយខុសសង្កេត១ ភិក្ខុទៅព្រោះមានសេចក្តីអន្តរាយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៧ ចប់។
(៨. អរិដ្ឋសិក្ខាបទំ)
[២៨០] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុឈ្មោះអរិដ្ឋជាកូននៃត្រកូលអ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើងដូច្នេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្តីអន្តរាយដល់អ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយដោយប្រការដូច្នោះ។ ភិក្ខុជាច្រើនរូបបានឮពាក្យនោះថា ឮថា ភិក្ខុឈ្មោះអរិដ្ឋជាកូននៃត្រកូលអ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើងដូច្នេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្តីអន្តរាយដល់អ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយដោយប្រការដូច្នោះ។ ទើបភិក្ខុទាំងនោះ ចូលទៅរកអរិដ្ឋភិក្ខុជាកូននៃត្រកូលអ្នកសម្លាប់ត្មាតនោះ លុះចូលទៅហើយ បាននិយាយពាក្យនេះនឹងអរិដ្ឋភិក្ខុជាកូននៃត្រកូលអ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ ឮថា អ្នកមានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើងដូច្នេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងហើយថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់អ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះ មែនឬ។ អរិដ្ឋភិក្ខុឆ្លើយថា នែអាវុសោ ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងហើយថា តែងធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះ។ ភិក្ខុទាំងឡាយនិយាយថា នែអាវុសោអរិដ្ឋ អ្នកចូរកុំនិយាយយ៉ាងហ្នឹង អ្នកកុំពោលបង្កាច់ព្រះដ៏មានព្រះភាគឡើយ ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រោះថា ព្រះដ៏មានព្រះភាគមិនបានត្រាស់ថាយ៉ាងនេះទេ នែអាវុសោអរិដ្ឋ ធម៌ទាំងឡាយដែលធ្វើសេចក្តីអន្តរាយ ព្រះដ៏មានព្រះភាគសំដែងហើយដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះសោត អាចធ្វើសេចក្តីអន្តរាយដល់អ្នកសេពពិតមែន ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានសេចក្តីរីករាយតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយដុំសាច់។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយគប់ភ្លើងធ្វើពីស្មៅ។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរណ្តៅរងើកភ្លើង។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយអ្នកយល់សប្តិ។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរបស់ដែលខ្ចីគេ។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយផ្លែឈើ។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយកាំបិតនិងជ្រញ់។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយលំពែងនិងដែកស្រួច។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន។ អរិដ្ឋភិក្ខុជាកូននៃត្រកូលអ្នកសម្លាប់ត្មាត ទុកជាភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ ក៏នៅតែប្រកាន់ទិដ្ឋិលាមកនោះដោយសេចក្តីប្រកាន់មាំដោយកំលាំង ហើយពោលយ៉ាងនោះដដែលថា នែអាវុសោ ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងហើយថាធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះ។ ភិក្ខុទាំងឡាយនោះ មិនអាចដោះភិក្ខុឈ្មោះអរិដ្ឋជាកូននៃត្រកូលអ្នកសម្លាប់ត្មាតចេញពីទិដ្ឋិអាក្រក់យ៉ាងនេះក្នុងកាលណា ភិក្ខុទាំងឡាយនោះក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគក្នុងកាលនោះឯង លុះចូលទៅហើយ ក៏ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរចំពោះអរិដ្ឋភិក្ខុជាកូននៃត្រកូលអ្នកសម្លាប់ត្មាតថា នែអរិដ្ឋ ឮថា អ្នកមានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើងដូច្នេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថាធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះ ពិតមែនឬ។ អរិដ្ឋភិក្ខុក្រាបទូលថា សូមទ្រង់មេត្តាប្រោស ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងហើយថា ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើនូវសេចក្តីអន្តរាយដល់អ្នកសេព ដោយប្រការណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះឯង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលមោឃបុរស អ្នកដឹងច្បាស់នូវធម៌ដែលតថាគតសំដែងហើយយ៉ាងនេះ មកពីអ្នកណា នែមោឃបុរស ធម៌ធ្វើសេចក្តីអន្តរាយ តថាគតសំដែងហើយដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះសោត អាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពបានពិតមែន តថាគតសំដែងហើយថា កាមទាំងឡាយមានសេចក្តីរីករាយតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរាងឆ្អឹង។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយដុះសាច់។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយគប់ភ្លើងធ្វើពីស្មៅ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរណ្តៅរងើកភ្លើង។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយអ្នកយល់សប្តិ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរបស់ដែលខ្ចីគេ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយផ្លែឈើ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយកាំបិតនិងជ្រញ់។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយលំពែងនិងដែកស្រួច។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន នែមោឃបុរស កាលបើហេតុមានទំនងយ៉ាងនេះ អ្នកឯងហៅថាពោលបង្កាច់យើងផង ជីកគាស់ខ្លួនឯងផង បានបាបជាច្រើនផង ដោយទិដ្ឋិដែលខ្លួនប្រកាន់ខុស នែមោឃបុរស ព្រោះថាទិដ្ឋិរបស់អ្នកឯងនោះ នឹងប្រព្រឹត្តទៅដើម្បីទោស មិនមែនជាប្រយោជន៍ និងទុក្ខអស់កាលជាអង្វែង នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ ពោលយ៉ាងនេះថា ធម៌ទាំងឡាយណាតែងធ្វើនូវសេចក្តីអន្តរាយដែលព្រះដ៏មានព្រះភាគសំដែងហើយ ធម៌ទាំងឡាយនោះមិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ ដោយប្រការយ៉ាងណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការយ៉ាងនោះ។ ភិក្ខុនោះ គឺភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះថា លោកដ៏មានអាយុ លោកចូរកុំពោលយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះដ៏មានព្រះភាគឡើយ ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ នែអាវុសោ ធម៌ទាំងឡាយតែងធ្វើនូវសេចក្តីអន្តរាយដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះអាចធ្វើនូវសេចក្តីអន្តរាយដល់អ្នកសេពមែន។ ឯភិក្ខុនោះ កាលដែលភិក្ខុទាំងឡាយពោលយ៉ាងនេះហើយ ក៏នៅតែប្រកាន់មាំយ៉ាងនោះដដែល ភិក្ខុនោះត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មអស់វារៈបីដង ដើម្បីឲ្យលះទិដ្ឋិនោះចេញ។ បើភិក្ខុនោះ កាលភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មអស់វារៈបីដង ហើយលះបង់នូវទិដ្ឋិនោះបាន។ ការលះបង់បាននេះ ជាការល្អ បើភិក្ខុនោះមិនលះបង់ទេ ត្រូវអាបត្តិបាចិត្តិយ។
[២៨១] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទ ទី ១ នៃបារាជិកកណ្ឌ។ ពាក្យថា ភិក្ខុនោះពោលយ៉ាងនេះ គឺភិក្ខុនោះពោលថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងហើយថា ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះ។
[២៨២] ពាក្យថា ភិក្ខុនោះ គឺភិក្ខុដែលនិយាយយ៉ាងនេះនោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ គឺភិក្ខុទាំងឡាយដទៃ។ ភិក្ខុទាំងឡាយណាឃើញ ភិក្ខុទាំងឡាយណាឮ ភិក្ខុទាំងឡាយនោះ ត្រូវនិយាយឲ្យភិក្ខុដែលមានទិដ្ឋិអាក្រក់នោះថា នែលោកដ៏មានអាយុ លោកកុំនិយាយយ៉ាងហ្នឹង កុំពោលបង្កាច់ព្រះដ៏មានព្រះភាគយ៉ាងហ្នឹង ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ ម្នាលអាវុសោ ធម៌ទាំងឡាយធ្វើនូវសេចក្តីអន្តរាយដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះ អាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពមែន។ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅឲ្យភិក្ខុមានទិដ្ឋិអាក្រក់នោះអស់វារៈពីរដងផង ត្រូវនិយាយប្រដៅឲ្យអស់វារៈបីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយឮហើយ មិននិយាយប្រដៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយត្រូវទាញភិក្ខុនោះមកកាន់ទីកណ្តាលសង្ឃ ហើយនិយាយប្រដៅថា លោកដ៏មានអាយុ លោកកុំពោលយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះដ៏មានព្រះភាគ ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រោះព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ នែអាវុសោ ធម៌ទាំងឡាយតែងធ្វើសេចក្តីអន្តរាយ ព្រះដ៏មានព្រះភាគសំដែងហើយ ដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះ អាចធ្វើសេចក្តីអន្តរាយដល់អ្នកសេពមែន។ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅភិក្ខុមានទិដ្ឋិអាក្រក់នោះអស់វារៈពីរដងផង ត្រូវនិយាយប្រដៅអស់វារៈបីដងផង។ បើភិក្ខុនោះលះបង់បាន ការលះបង់បាននេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ។
[២៨៣] ភិក្ខុនោះត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយត្រូវសូត្រសមនុភាសនកម្ម (ដល់ភិក្ខុមានទិដ្ឋិអាក្រក់) យ៉ាងនេះ។ ភិក្ខុដែលឈ្លាស អង់អាច ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើង (ដូច្នេះ)ថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះ។ ភិក្ខុនោះ មិនលះបង់ទិដ្ឋិនោះ។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីសូត្រសមនុភាសនកម្មចំពោះភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់ទិដ្ឋិនោះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើង (ដូច្នេះ)ថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះ។ ភិក្ខុនោះ មិនលះបង់ទិដ្ឋិនោះ។ (ឥឡូវនេះ) សង្ឃសូត្រសមនុភាសនកម្មចំពោះភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់ទិដ្ឋិនោះ។ ការសូត្រសមនុភាសនកម្មចំពោះភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់ទិដ្ឋិនោះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះអស់វារៈបីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើង (ដូច្នេះ)ថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងហើយថា ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះ។ ភិក្ខុនោះ មិនលះបង់ទិដ្ឋិនោះទេ។ (ឥឡូវនេះ) សង្ឃសូត្រសមនុភាសនកម្មចំពោះភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់ទិដ្ឋិនោះហើយ។ ការសូត្រសមនុភាសនកម្មចំពោះភិក្ខុឈ្មោះនេះ ដើម្បីឲ្យលះបង់ទិដ្ឋិនោះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ សង្ឃសូត្រសមនុភាសនកម្មចំពោះភិក្ខុឈ្មោះនេះដើម្បីឲ្យលះបង់ទិដ្ឋិនោះហើយ។ ការសូត្រសមនុភាសនកម្មនេះ គួរដល់សង្ឃ ហេតុនោះសង្ឃស្ងៀម។ ខ្ញុំចាំទុកនូវសង្ឃកម្មនេះដោយអាការស្ងៀមនៅយ៉ាងនេះ។
[២៨៤] ភិក្ខុត្រូវអាបត្តិទុក្កដ ក្នុងខណៈចប់ញត្តិ។ ភិក្ខុត្រូវអាបត្តិទុក្កដទាំងឡាយ ក្នុងខណៈចប់កម្មវាចាពីរ (លើក)។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ ក្នុងខណៈចប់កម្មវាចាស្រេច។
[២៨៥] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ តែមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ តែមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ តែមិនលះបង់ ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[២៨៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺសង្ឃមិនសូត្រសមនុភាសនកម្ម១ ភិក្ខុលះបង់១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៨ ចប់។
(៩. ឧក្ខិត្តសម្ភោគសិក្ខាបទំ)
[២៨៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងហើយ បរិភោគរួមខ្លះ នៅរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែពោលយ៉ាងនោះ មិនបានធ្វើតាមធម៌ មិនលះបង់ទិដ្ឋិនោះចេញ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹងហើយ មិនគួរនឹងបរិភោគរួមខ្លះ នៅរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែពោលយ៉ាងនោះ ជាអ្នកមិនធ្វើតាមធម៌ មិនលះបង់ទិដ្ឋិនោះសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយដឹងហើយ បរិភោគរួមខ្លះ នៅរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែពោលយ៉ាងនោះ ជាអ្នកមិនបានធ្វើតាមធម៌ ជាអ្នកមិនលះបង់ទិដ្ឋិនោះចេញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយដឹងហើយ មិនគួរនឹង បរិភោគរួមខ្លះ នៅរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះ ជាមួយនឹងអរិដ្ឋភិក្ខុដែលនៅតែពោលយ៉ាងនោះ មិនធ្វើតាមធម៌ មិនលះបង់ទិដ្ឋិនោះទេ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយដឹងហើយ បរិភោគរួមក្តី នៅរួមក្តី សម្រេចឥរិយាបថដេករួមក្តី ជាមួយនឹងភិក្ខុដែលមានប្រក្រតីពោលយ៉ាងនោះ ជាអ្នកមិនធ្វើតាមធម៌ ជាអ្នកមិនលះបង់ទិដ្ឋិនោះ ត្រូវអាបត្តិបាចិត្តិយ។
[២៨៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងបឋមបារាជិក។ ដែលហៅថា ដឹង គឺភិក្ខុដឹងដោយខ្លួនឯងក្តី ពួកភិក្ខុដទៃប្រាប់ភិក្ខុនោះក្តី ភិក្ខុមានទិដ្ឋិអាក្រក់នោះប្រាប់ក្តី។ ពាក្យថា មានប្រក្រតីពោលយ៉ាងនោះ គឺនៅតែនិយាយយ៉ាងនេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងហើយថា ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តី អន្តរាយដល់អ្នកសេព ដោយប្រការណា ខ្ញុំដឹងច្បាស់នូវធម៌នោះដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រការដូច្នោះ។ ភិក្ខុណាដែលសង្ឃលើកវត្ត48) ហើយសង្ឃមិនបានហៅចូលពួកទេ ភិក្ខុនោះ ហៅថាមិនធ្វើតាមធម៌។ ពាក្យថា ជាមួយនឹង (ភិក្ខុ) មិនលះបង់ទិដ្ឋិនោះ គឺជាមួយនឹង(ភិក្ខុ) ដែលមិនលះបង់នូវទិដ្ឋិនោះឲ្យដាច់ស្រឡះ។ ពាក្យថា បរិភោគរួមក្តី49) សេចក្តីថា ដែលហៅថា បរិភោគរួម គឺបរិភោគរួមមានពីរយ៉ាង បរិភោគរួមដោយអាមិសៈ១ បរិភោគរួមដោយធម៌១។ ដែលហៅថា បរិភោគរួមដោយអាមិសៈនោះគឺ ភិក្ខុឲ្យអាមិសៈ (ដល់ភិក្ខុនោះក្តី) ទទួលអាមិសៈអំពីភិក្ខុនោះក្តី ត្រូវអាបត្តិបាចិត្តិយ។ ដែលហៅថា បរិភោគរួមដោយធម៌ គឺភិក្ខុសំដែងធម៌ (ដល់ភិក្ខុនោះ)ក្តី ឲ្យ (ភិក្ខុនោះ)សំដែងធម៌ឲ្យស្តាប់ក្តី។ ភិក្ខុសំដែងធម៌ (ដល់ភិក្ខុនោះ)ក្តី ឲ្យ(ភិក្ខុនោះ)សំដែងធម៌ឲ្យស្តាប់ក្តី ដោយបទ ត្រូវអាបត្តិបាចិត្តិយ រាល់ៗបទ។ ភិក្ខុសំដែងធម៌ (ដល់ភិក្ខុនោះ)ក្តី ឲ្យ(ភិក្ខុនោះ)សំដែងធម៌ឲ្យស្តាប់ក្តី ដោយអក្ខរៈ ត្រូវអាបត្តិបាចិត្តិយ រាល់ៗអក្ខរៈ។ ពាក្យថា នៅរួមក្តី គឺភិក្ខុធ្វើឧបោសថក្តី បវារណាក្តី សង្ឃកម្មក្តី ជាមួយនឹងភិក្ខុដែលសង្ឃលើកវត្ត ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា សម្រេចឥរិយាបថដេករួមក្តី គឺកាលបើភិក្ខុដែលសង្ឃលើកវត្តបានដេកហើយ ភិក្ខុក៏ដេកក្នុងទីបិទបាំងជាមួយគ្នា ត្រូវអាបត្តិបាចិត្តិយ។ កាលបើភិក្ខុដេកហើយ ភិក្ខុដែលសង្ឃលើកវត្តក៏ដេកដែរ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។ ឬថាភិក្ខុទាំងពីររូបដេក (ជាមួយគ្នា) ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុក្រោកឡើង ហើយដេកវិញញយៗ ត្រូវអាបត្តិបាចិត្តិយ។
[២៨៩] ភិក្ខុដែលសង្ឃលើកវត្តហើយ ភិក្ខុសំគាល់ថាសង្ឃលើកវត្តហើយ ៗបរិភោគរួមក្តី នៅរួមក្តី សម្រេចឥរិយាបថដេករួមក្តី ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុដែលសង្ឃលើកវត្តហើយ ភិក្ខុមានសេចក្តីសង្ស័យ ហើយបរិភោគរួមក្តី នៅរួមក្តី សម្រេចឥរិយាបថដេករួមក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុដែលសង្ឃលើកវត្តហើយ ភិក្ខុសំគាល់ថាសង្ឃមិនបានលើកវត្តទេ ហើយបរិភោគរួមក្តី នៅរួមក្តី សម្រេចឥរិយាបថដេករួមក្តី មិនត្រូវអាបត្តិ។ ភិក្ខុដែលសង្ឃមិនបានលើកវត្ត ភិក្ខុសំគាល់ថាសង្ឃលើកវត្តហើយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុដែលសង្ឃមិនលើកវត្ត ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ ភិក្ខុដែលសង្ឃមិនលើកវត្ត ភិក្ខុសំគាល់ថាសង្ឃមិនលើកវត្ត មិនត្រូវអាបត្តិ។
[២៩០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុដឹងថា ភិក្ខុនោះសង្ឃមិនលើកវត្ត១ ភិក្ខុដឹងថា ភិក្ខុដែលសង្ឃលើកវត្តហើយ ដែលសង្ឃបានសូត្រហៅចូលពួកវិញ១ ភិក្ខុដឹងថា ភិក្ខុដែលសង្ឃលើកវត្តហើយ ៗបានលះបង់ទិដ្ឋិនោះចេញហើយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៩ ចប់។
(១០. កណ្ដកសិក្ខាបទំ)
[២៩១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង សមណុទ្ទេស50) ឈ្មោះកណ្ឌកៈ មានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើង(ដូច្នេះ)ថា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពនោះទេ។ ភិក្ខុជាច្រើនបានឮដំណឹងថា សមណុទ្ទេសឈ្មោះកណ្ឌកៈ មានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើង(ដូច្នេះ)ថា ខ្ញុំដឹងច្បាស់នូវធម៌ ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។ ទើបភិក្ខុទាំងឡាយនោះចូលទៅរកសមណុទ្ទេឈ្មោះកណ្ឌកៈ លុះចូលទៅហើយ បាននិយាយពាក្យនេះនឹងកណ្ឌកសមណុទ្ទេសថា នែអាវុសោកណ្ឌកៈ ឮថា អ្នកឯងមានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើង(ដូច្នេះ)ថា ខ្ញុំដឹងច្បាស់នូវធម៌ ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ ពិតមែនឬ។ កណ្ឌកៈសមណុទ្ទេសឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាដឹងច្បាស់នូវធម៌ ដែលព្រះដ៏មានព្រះភាគសំដែងយ៉ាងនេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព ពិតមែន។ ភិក្ខុទាំងឡាយនិយាយថា នែអាវុសោកណ្ឌកៈ អ្នកកុំនិយាយយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះដ៏មានព្រះភាគឡើយ ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រះដ៏មានព្រះភាគមិនបានត្រាស់ថាយ៉ាងនេះទេ នែអាវុសោកណ្ឌកៈ ធម៌ទាំងឡាយធ្វើសេចក្តីអន្តរាយដែលព្រះដ៏មានព្រះភាគសំដែងហើយដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះ អាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពមែន ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរាងឆ្អឹង។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយដុំសាច់។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយគប់ភ្លើងដែលធ្វើពីស្មៅ។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរណ្តៅរងើកភ្លើង។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយអ្នកយល់សប្តិ។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរបស់ដែលខ្ចីគេ។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយផ្លែឈើ។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយកាំបិតនិងជ្រញ់។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយលំពែងនិងដែកស្រួច។បេ។ ព្រះដ៏មានព្រះភាគសំដែងហើយថា កាមទាំងឡាយមានឧបមាដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន។ សមណុទ្ទេសកណ្ឌកៈ កាលដែលភិក្ខុទាំងឡាយពោលយ៉ាងនេះ ក៏នៅប្រកាន់ទិដ្ឋិអាក្រក់នោះដោយសេចក្តីប្រកាន់ដ៏មាំ ហើយពោលយ៉ាងនោះដដែលថា បពិត្រលោកដ៏ចំរើន ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយយ៉ាងនេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងហើយថាជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះមិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។ ភិក្ខុទាំងឡាយនោះ មិនអាចនឹងដោះសមណុទ្ទេសឈ្មោះកណ្ឌកៈចេញពីទិដ្ឋិអាក្រក់នោះក្នុងកាលណា ភិក្ខុទាំងឡាយនោះចូលទៅគាល់ព្រះដ៏មានព្រះភាគក្នុងកាលនោះ លុះចូលទៅហើយ ក្រាបទូលសេចក្តីនុ៎ះដល់ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរចំពោះកណ្ឌកសមណុទ្ទេសក្នុងពេលនោះថា នែកណ្ឌកៈ ឮថា អ្នកឯងមានទិដ្ឋិអាក្រក់មានសភាពយ៉ាងនេះកើតឡើង(ដូច្នេះ)ថា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ ពិតមែនឬ។ កណ្ឌកសមណុទ្ទេសនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយយ៉ាងនេះថា ធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងហើយថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពពិតមែន។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលមោឃបុរស អ្នកដឹងច្បាស់នូវធម៌ដែលតថាគតសំដែងហើយយ៉ាងនេះ អំពីបុគ្គលណាមក នែមោឃបុរស ធម៌ទាំងឡាយដែលធ្វើសេចក្តីអន្តរាយ តថាគតសំដែងហើយដោយបរិយាយជាច្រើន ក៏ធម៌ទាំងឡាយនោះ អាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព (មែន) តថាគតសំដែងហើយថា កាមទាំងឡាយមានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរាងឆ្អឹង។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយដុះសាច់។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយគប់ភ្លើងធ្វើដោយស្មៅ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរណ្តៅរងើកភ្លើង។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយអ្នកយល់សប្តិ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយរបស់ដែលខ្ចីគេ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយផ្លែឈើ។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយកាំបិតនិងជ្រញ់។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយលំពែងនិងដែកស្រួច។បេ។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដោយក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះមានច្រើន នែមោឃបុរស កាលបើដូច្នោះហើយ អ្នកឯងហៅថាពោលបង្កាច់យើងផង គាស់កកាយខ្លួនឯងផង សោយបាបជាច្រើនផង ព្រោះទិដ្ឋិដែលខ្លួនកាន់យកខុស នែមោឃបុរស ទិដ្ឋិដែលអ្នកឯងកាន់យកអាក្រក់នោះ នឹងបង្កទោសមិនជាប្រយោជន៍ ជាទុក្ខដល់អ្នកឯងអស់កាលជាអង្វែង នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ម្នាលមោឃបុរស ទិដ្ឋិអាក្រក់របស់អ្នកឯងនេះ មានតែនាំមិនឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងដើម្បីសេចក្តីរាយមាយដល់មនុស្សពួកខ្លះដែលជ្រះថ្លាហើយផង។ ព្រះដ៏មានព្រះភាគបន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរញុំាងកណ្ឌកសមណុទ្ទេសឲ្យវិនាសចុះ51) ម្នាលភិក្ខុទាំងឡាយ កណ្ឌកសមណុទ្ទេសនោះ ភិក្ខុទាំងឡាយត្រូវឲ្យវិនាសយ៉ាងនេះថា នែអាវុសោកណ្ឌកៈ កាលមានថ្ងៃនេះជាដើម អ្នកឯងមិនត្រូវអាងព្រះដ៏មានព្រះភាគអង្គនោះថាជាសាស្តារបស់អ្នកឡើយ សមណុទ្ទេសទាំងឡាយដទៃតែងបាននូវកិរិយាដេករួមឯណា អស់រាត្រីពីរនិងរាត្រីបីជាមួយនឹងភិក្ខុទាំងឡាយ កិរិយាដេកនៅរួមនោះមិនមានដល់អ្នកទេ នែមនុស្សក្រៅការ អ្នកឯងចូរចៀសចេញទៅ អ្នកចូរវិនាសទៅ។ ក្នុងកាលនោះឯង សង្ឃបានឲ្យកណ្ឌកសមណុទ្ទេសវិនាសហើយ។
[២៩២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដឹងថា កណ្ឌកសមណុទ្ទេស សង្ឃឲ្យវិនាសយ៉ាងនោះហើយ បញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុដឹងថា កណ្ឌកសមណុទ្ទេស ដែលសង្ឃឲ្យវិនាសយ៉ាងនោះហើយ មិនគួរនឹងបញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយដឹងថា កណ្ឌកសមណុទ្ទេស ដែលសង្ឃឲ្យវិនាសយ៉ាងនោះហើយ បញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយដឹងថា កណ្ឌកសមណុទ្ទេស ដែលសង្ឃឲ្យវិនាសយ៉ាងនោះហើយ មិនគួរនឹងបញ្ចុះបញ្ចូលខ្លះ ឲ្យបម្រើខ្លះ បរិភោគរួមខ្លះ សម្រេចឥរិយាបថដេករួមខ្លះទេ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
បើសមណុទ្ទេសពោលយ៉ាងនេះថា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណា ដែលព្រះដ៏មានព្រះភាគសំដែងហើយ ថាជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។ សមណុទ្ទេសនោះ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅយ៉ាងនេះថា នែអាវុសោសមណុទ្ទេស អ្នកឯងកុំនិយាយយ៉ាងនេះឡើយ អ្នកកុំពោលបង្កាច់ព្រះដ៏មានព្រះភាគឡើយ ការពោលបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ ព្រោះព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ នែអាវុសោសមណុទ្ទេស ធម៌ទាំងឡាយធ្វើសេចក្តីអន្តរាយដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព (មែន)។ សមណុទ្ទេសនោះ កាលដែលភិក្ខុទាំងឡាយពោលយ៉ាងនេះហើយ ក៏នៅតែប្រកាន់ដដែល សមណុទ្ទេសនោះ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅយ៉ាងនេះថា នែអាវុសោសមណុទ្ទេស កាលមានថ្ងៃនេះជាដើម អ្នកមិនត្រូវអាងព្រះដ៏មានព្រះភាគនោះថាជាសាស្តារបស់អ្នកឡើយ សាមណេរទាំងឡាយដទៃតែងបានកិរិយាដេករួមឯណា អស់រាត្រីពីរបីជាមួយនឹងភិក្ខុទាំងឡាយ ការដេកនៅរួមនោះមិនមានដល់អ្នកទេ នែមនុស្សក្រៅការ អ្នកចូរចៀសចេញទៅ ចូរវិនាសទៅ។ ភិក្ខុណាមួយដឹងថា សមណុទ្ទេសដែលសង្ឃឲ្យវិនាសយ៉ាងនោះហើយ បញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគក្តី សម្រេចឥរិយាបថដេករួមក្តី ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[២៩៣] ដែលហៅថា សមណុទ្ទេស គឺសំដៅយកសាមណេរ។ ពាក្យថា ពោលយ៉ាងនេះ គឺពោលថា ខ្ញុំដឹងច្បាស់នូវធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ គឺធម៌ទាំងឡាយណាដែលព្រះដ៏មានព្រះភាគសំដែងថា ជាធម៌ធ្វើសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។
[២៩៤] ពាក្យថា សមណុទ្ទេសនោះ គឺសមណុទ្ទេសដែលជាអ្នកពោលយ៉ាងនេះនោះឯង។ ពាក្យថា ភិក្ខុទាំងឡាយ គឺភិក្ខុទាំងឡាយឯទៀត។ ភិក្ខុទាំងឡាយណាឃើញ ភិក្ខុទាំងឡាយណាឮ ភិក្ខុទាំងឡាយនោះត្រូវពោលនឹងសមណុទ្ទេសនោះថា នែអាវុសោសមណុទ្ទេស អ្នកកុំពោលយ៉ាងនេះឡើយ កុំពោលបង្កាច់ព្រះដ៏មានព្រះភាគឡើយ ការពោលបង្កាច់ព្រះដ៏មានព្រះភាគមិនសម្រេចប្រយោជន៍ទេ ព្រោះព្រះដ៏មានព្រះភាគមិនពោលយ៉ាងនេះទេ នែអាវុសោសមណុទ្ទេស ធម៌ទាំងឡាយ ដែលធ្វើសេចក្តីអន្តរាយ ព្រះដ៏មានព្រះភាគសំដែងហើយ ដោយបរិយាយជាច្រើន ធម៌ទាំងឡាយនោះ អាចធ្វើសេចក្តីអន្តរាយដល់បុគ្គលអ្នកសេព(មែន)។ សមណុទ្ទេសនោះ ភិក្ខុទាំងឡាយត្រូវពោលអស់វារៈពីរដងផង ត្រូវពោលអស់វារៈបីដងផង។ បើសមណុទ្ទេសនោះលះបង់បាន ការលះបង់បាននេះជាការល្អ បើលះបង់មិនបានទេ សមណុទ្ទេសនោះ ភិក្ខុទាំងឡាយត្រូវនិយាយយ៉ាងនេះថា នែអាវុសោសមណុទ្ទេស កាលមានថ្ងៃនេះជាដើម អ្នកមិនត្រូវអាងព្រះដ៏មានព្រះភាគនោះថាជាសាស្តារបស់អ្នកឡើយ សមណុទ្ទេសទាំងឡាយដទៃ តែងបានការដេកនៅរួមឯណាអស់រាត្រីពីរនិងរាត្រីបីជាមួយនឹងភិក្ខុទាំងឡាយ ការដេកនៅរួមនោះមិនមានដល់អ្នកទេ នែមនុស្សឥតគេរាប់ អ្នកចូរចៀសចេញទៅ ចូរវិនាសទៅ។
[២៩៥] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ដែលហៅថា ដឹង គឺភិក្ខុដឹងដោយខ្លួនឯងក្តី ភិក្ខុទាំងឡាយដទៃប្រាប់ភិក្ខុនោះក្តី ឬសមណុទ្ទេសនោះប្រាប់ក្តី។ ពាក្យថា ដែលសង្ឃឲ្យវិនាសយ៉ាងនោះហើយ គឺសង្ឃឲ្យខូចយ៉ាងនេះហើយ។ ដែលហៅថា សមណុទ្ទេស គឺសំដៅយកសាមណេរ។ ពាក្យថា បញ្ចុះបញ្ចូលក្តី គឺភិក្ខុបញ្ចុះបញ្ចូលដោយគិតថា អញនឹងឲ្យបាត្រក្តី ចីវរក្តី បាលីក្តី អដ្ឋកថាក្តី ដល់សមណុទ្ទេសនោះ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ឲ្យបម្រើក្តី គឺភិក្ខុត្រេកអរនឹងគ្រឿងលំអិតក្តី ដីស្អិតក្តី ឈើស្ទន់ក្តី ទឹកខ្ពុរមាត់ក្តី របស់សមណុទ្ទេសនោះ ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា បរិភោគរួមក្តី គឺបរិភោគរួមមានពីរយ៉ាង បានដល់បរិភោគរួមដោយអាមិសៈ១ បរិភោគរួមដោយធម៌១ ហៅថាបរិភោគរួម។ ដែលហៅថា បរិភោគរួមដោយអាមិសៈ គឺភិក្ខុឲ្យអាមិសៈក្តី ទទួលក្តី ត្រូវអាបត្តិបាចិត្តិយ។ ដែលហៅថា បរិភោគរួមដោយធម៌ គឺភិក្ខុសំដែងធម៌ដល់សមណុទ្ទេសនោះក្តី ឲ្យសមណុទ្ទេសនោះសំដែងឲ្យស្តាប់ក្តី។ ភិក្ខុសំដែងធម៌ដល់សមណុទ្ទេសនោះក្តី ឲ្យសមណុទ្ទេសនោះសំដែងឲ្យស្តាប់ក្តី ដោយបទ ត្រូវអាបត្តិបាចិត្តិយរាល់ៗបទ។ ភិក្ខុសំដែងធម៌ដល់សមណុទ្ទេសនោះក្តី ឲ្យសមណុទ្ទេសនោះសំដែងឲ្យស្តាប់ក្តី ដោយអក្ខរៈ ត្រូវអាបត្តិបាចិត្តិយរាល់ៗអក្ខរៈ។ ពាក្យថា សម្រេចកិរិយាដេកនៅរួមក្តី គឺកាលបើសមណុទ្ទេសដែលសង្ឃឲ្យវិនាសនោះបានដេកហើយ ភិក្ខុក៏ដេកក្នុងទីបិទបាំងជាមួយ ត្រូវអាបត្តិបាចិត្តិយ។ កាលបើភិក្ខុដេកហើយ សមណុទ្ទេសដែលសង្ឃឲ្យវិនាសក៏ដេកនៅ (ដែរ) ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។ ឬដេកទាំងពីរនាក់ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុក្រោកឡើងហើយ ដេកញយៗ ត្រូវអាបត្តិបាចិត្តិយ។
[២៩៦] សមណុទ្ទេសដែលសង្ឃឲ្យវិនាសហើយ ភិក្ខុសំគាល់ថាសង្ឃឲ្យវិនាសហើយ ៗបញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគរួមក្តី សម្រេចកិរិយាដេករួមក្តី ត្រូវអាបត្តិបាចិត្តិយ។ សមណុទ្ទេសដែលសង្ឃឲ្យវិនាសហើយ ភិក្ខុមានសេចក្តីសង្ស័យ ហើយបញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគរួមក្តី សម្រេចកិរិយាដេករួមក្តី ត្រូវអាបត្តិទុក្កដ។ សមណុទ្ទេសដែលសង្ឃឲ្យវិនាសហើយ ភិក្ខុសំគាល់ថាសង្ឃមិនបានឲ្យវិនាសទៅវិញ ហើយបញ្ចុះបញ្ចូលក្តី ឲ្យបម្រើក្តី បរិភោគរួមក្តី សម្រេចកិរិយាដេករួមក្តី មិនត្រូវអាបត្តិ។ សមណុទ្ទេសដែលសង្ឃមិនឲ្យវិនាស ភិក្ខុសំគាល់ថាសង្ឃឲ្យវិនាស ត្រូវអាបត្តិទុក្កដ។ សមណុទ្ទេសដែលសង្ឃមិនឲ្យវិនាស ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ សមណុទ្ទេសដែលសង្ឃមិនឲ្យវិនាស ភិក្ខុសំគាល់ថាសង្ឃមិនឲ្យវិនាស មិនត្រូវអាបត្តិ។
[២៩៧] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុដឹងថា សមណុទ្ទេសនោះ សង្ឃមិនបានឲ្យវិនាស១ ភិក្ខុដឹងថាសមណុទ្ទេសនោះ លះបង់ទិដ្ឋិនោះហើយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ១០ ចប់។
សប្បាណកវគ្គ ទី ៧ ចប់។
ឧទាននៃសប្បាណកវគ្គនោះ មាន១០សិក្ខាបទនេះគឺ
សញ្ចិច្ចវធសិក្ខាបទ១ សប្បាណសិក្ខាបទ១ ឧក្កោសិក្ខាបទ១ ទុដ្ឋុលឆាទនសិក្ខាបទ១ ឩនវីសតិសិក្ខាបទ១ សត្ថសិក្ខាបទ១ សំវិធានសិក្ខាបទ១ អរិដ្ឋកសិក្ខាបទ១ ឧក្ខិត្តសិក្ខាបទ១ កណ្ឌកសិក្ខាបទ១។
(៨. សហធម្មិកវគ្គោ)
(១. សហធម្មិកសិក្ខាបទំ)
[២៩៨] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅឃោសិតារាម ទៀបក្រុងកោសម្ពី។ សម័យនោះឯង ឆន្នៈដ៏មានអាយុតែងប្រព្រឹត្តអនាចារ។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះថា នែអាវុសោឆន្នៈ អ្នកកុំធ្វើកម្មមានសភាពយ៉ាងនេះ កម្មដែលអ្នកធ្វើនេះ មិនគួរទេ។ ឆន្នភិក្ខុនោះនិយាយយ៉ាងនេះថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សិក្សាសិក្ខាបទនេះទេ ព្រោះខ្ញុំមិនទាន់សាកសួរភិក្ខុដទៃដែលឈ្លាស ដែលទ្រទ្រង់វិន័យ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នៈដ៏មានអាយុ កាលបើភិក្ខុទាំងឡាយពោលពាក្យប្រកបដោយធម៌ មិនគួរនឹងពោលយ៉ាងនេះថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សិក្សាសិក្ខាបទនេះទេ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដទៃដែលឈ្លាស ដែលទ្រទ្រង់វិន័យនៅឡើយ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា នែឆន្នៈ ឮថា អ្នកឯង កាលបើភិក្ខុទាំងឡាយពោលពាក្យប្រកបដោយធម៌ និយាយ(នឹងភិក្ខុទាំងឡាយ) យ៉ាងនេះវិញថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សិក្សាសិក្ខាបទនេះទេ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដទៃដែលឈ្លាស ដែលទ្រទ្រង់វិន័យនៅឡើយ ពិតមែនឬ។ ឆន្នៈភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស កាលបើភិក្ខុទាំងឡាយនិយាយពាក្យប្រកបដោយធម៌ អ្នកឯងមិនគួរនឹងពោលយ៉ាងនេះថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សិក្សាសិក្ខាបទនេះទេ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដទៃដែលឈ្លាស ដែលទ្រទ្រង់វិន័យនៅឡើយ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ កាលភិក្ខុទាំងឡាយពោលពាក្យប្រកបដោយធម៌ ហើយពោលយ៉ាងនេះថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សាកសួរភិក្ខុដទៃ ដែលឈ្លាស ដែលទ្រទ្រង់វិន័យដរាបណា ខ្ញុំនឹងមិនសិក្សាសិក្ខាបទនេះដរាបនោះ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកសិក្សា គួរដឹងច្បាស់ គួរសាកសួរ គួរពិចារណា។ នេះជាសាមីចិកម្មក្នុងសិក្ខាបទនោះ។
[២៩៩] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ភិក្ខុទាំងឡាយ គឺភិក្ខុទាំងឡាយដទៃ។ ដែលហៅថា ពាក្យប្រកបដោយធម៌ គឺសិក្ខាបទណា ដែលព្រះដ៏មានព្រះភាគបញ្ញត្តហើយ សិក្ខាបទនោះហៅថា ពាក្យប្រកបដោយធម៌។ ភិក្ខុនោះ កាលភិក្ខុទាំងឡាយពោលតាមសិក្ខាបទនោះ ត្រឡប់ជាពោលយ៉ាងនេះ គឺពោលថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សិក្សាក្នុងសិក្ខាបទនេះទេ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដទៃដែលឈ្លាស ជាវិនយធរ ជាបណ្ឌិតមានប្រាជ្ញ ជាពហុស្សូត ជាធម្មកថិកនៅឡើយ ភិក្ខុនោះ ត្រូវអាបត្តិបាចិត្តិយ។
[៣០០] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្នពិតមែន ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ហើយពោលយ៉ាងនេះ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ កាលភិក្ខុទាំងឡាយពោលតាមពាក្យដែលមិនមែនជាវិនយបញ្ញត្តិ ហើយពោលយ៉ាងនេះថា ពាក្យនេះមិនប្រព្រឹត្តទៅដើម្បីសេចក្តីផូរផង់ចាកកិលេស មិនប្រព្រឹត្តទៅដើម្បីកំចាត់បង់កិលេស មិនប្រព្រឹត្តទៅដើម្បីនាំមកនូវសេចក្តីជ្រះថ្លា មិនប្រព្រឹត្តទៅដើម្បីមិនសន្សំនូវកិលេសវដ្ត មិនប្រព្រឹត្តទៅដើម្បីប្រារព្ធសេចក្តីព្យាយាមទេ (ម្យ៉ាងទៀត) ពោលថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សិក្សាសិក្ខាបទនោះទេ ព្រោះខ្ញុំមិនទាន់សាកសួរភិក្ខុដទៃ ដែលឈ្លាសទ្រទ្រង់វិន័យ ជាបណ្ឌិតមានប្រាជ្ញា ជាពហុស្សូត ជាធម្មកថិក នៅឡើយ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ កាលអនុបសម្បន្ន ពោលដោយវិនយបញ្ញត្តិក្តី ដោយពុទ្ធវចនៈដែលមិនមែនជាវិនយបញ្ញត្តិក្តី ត្រឡប់ពោលយ៉ាងនេះថា ពាក្យនេះមិនប្រព្រឹត្តទៅដើម្បីសេចក្តីផូរផង់ចាកកិលេស មិនប្រព្រឹត្តទៅដើម្បីកំចាត់កិលេស មិនប្រព្រឹត្តទៅដើម្បីនាំមកនូវសេចក្តីជ្រះថ្លា មិនប្រព្រឹត្តទៅដើម្បីមិនសន្សំនូវកិលេសវដ្ត មិនប្រព្រឹត្តទៅដើម្បីប្រារព្ធសេចក្តីព្យាយាមទេ (ម្យ៉ាងទៀត) ពោលថា នែអាវុសោទាំងឡាយ ខ្ញុំមិនទាន់សិក្សាសិក្ខាបទនេះទេ ព្រោះខ្ញុំមិនទាន់បានសាកសួរភិក្ខុដទៃ ដែលឈ្លាសទ្រទ្រង់វិន័យ ជាបណ្ឌិតមានប្រាជ្ញា ជាពហុស្សូត ជាធម្មកថិកនៅឡើយ ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[៣០១] ត្រង់ពាក្យថា អ្នកសិក្សា គឺអ្នកមានសេចក្តីប្រាថ្នាដើម្បីនឹងសិក្សា។ ពាក្យថា គួរដឹងច្បាស់ គឺគួរចេះ។ ពាក្យថា គួរសាកសួរ គឺគួរសាកសួរថា បពិត្រលោកដ៏ចំរើន ពាក្យនេះដូចម្តេច ពាក្យនេះមានសេចក្តីដូចម្តេច។ ពាក្យថា គួរពិចារណា គឺគួរគិត គួរថ្លឹង។ ពាក្យថា នេះជាសាមីចិកម្មក្នុងសិក្ខាបទនោះ គឺថានេះតាមទំនៀមក្នុងសិក្ខាបទនោះ។
[៣០២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុពោលថា ខ្ញុំនឹងដឹង ខ្ញុំនឹងសិក្សា១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ១ ចប់។
(២. វិលេខនសិក្ខាបទំ)
[៣០៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគទ្រង់សំដែងវិនយកថា សំដែងគុណនៃវិន័យ ទ្រង់សំដែងគុណនៃការរៀនវិន័យ ទ្រង់កំណត់រឿយៗ ហើយទ្រង់សំដែងគុណរបស់ព្រះឧបាលិដ៏មានអាយុដល់ភិក្ខុទាំងឡាយដោយបរិយាយជាច្រើន។ ភិក្ខុទាំងឡាយនិយាយថា ព្រះដ៏មានព្រះភាគទ្រង់សំដែងវិនយកថា ទ្រង់សំដែងគុណនៃវិន័យ ទ្រង់សំដែងគុណនៃការរៀនវិន័យ ទ្រង់កំណត់រឿយៗ ហើយទ្រង់សំដែងគុណរបស់ព្រះឧបាលិដ៏មានអាយុដោយបរិយាយជាច្រើន នែអាវុសោទាំងឡាយ បើដូច្នោះយើងនឹងរៀនវិន័យក្នុងសំណាក់ព្រះឧបាលិដ៏មានអាយុ។ ទើបភិក្ខុទាំងឡាយនោះ ជាថេរៈខ្លះ ជាភិក្ខុថ្មីខ្លះ ជាភិក្ខុកណ្តាលខ្លះច្រើនរូប វៀនវិន័យក្នុងសំណាក់ព្រះឧបាលិដ៏មានអាយុ។ លំដាប់នោះឯង ពួកឆព្វគ្គិយភិក្ខុមានគំនិតដូច្នេះថា នែអាវុសោទាំងឡាយច ឥឡូវនេះឯង ភិក្ខុច្រើនអង្គ ជាថេរៈខ្លះ ជាភិក្ខុថ្មីខ្លះ ជាភិក្ខុកណ្តាលខ្លះ វៀនវិន័យក្នុងសំណាក់ព្រះឧបាលិដ៏មានអាយុ បើភិក្ខុទាំងឡាយនេះជាអ្នកចេះស្ទាត់ក្នុងវិន័យ នឹងទាញមក នឹងច្រានទៅនូវយើងទាំងឡាយតាមគាប់ចិត្ត នែអាវុសោទាំងឡាយ ណ្ហើយចុះ យើងគួរពោលបង្អាប់វិន័យវិញ។ ទើបពួកឆព្វគ្គិយភិក្ខុចូលទៅជិតភិក្ខុទាំងឡាយ ហើយនិយាយយ៉ាងនេះថា ប្រយោជន៍អ្វីដោយសិក្ខាបទតូចៗទាំងនេះ ដែលបុគ្គលណាមួយសំដែងឡើងហើយ សិក្ខាបទទាំងឡាយនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីក្តៅក្រហាយចិត្ត ដើម្បីសេចក្តីលំបាកចិត្ត ដើម្បីសេចក្តីសាំញុំាចិត្ត។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរនឹងពោលបង្អាប់វិន័យសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយពោលបង្អាប់វិន័យ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងពោលបង្អាប់វិន័យទេ នែមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ កាលបើភិក្ខុសំដែងឡើងនូវបាតិមោក្ខ ហើយពោលយ៉ាងនេះថា ប្រយោជន៍អ្វីដោយសិក្ខាបទតូចៗទាំងនេះ ដែលភិក្ខុណាមួយសំដែងឡើងហើយ សិក្ខាបទទាំងឡាយនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីក្តៅក្រហាយចិត្ត ដើម្បីសេចក្តីលំបាកចិត្ត ដើម្បីសេចក្តីរសេមរសាមចិត្តប៉ុណ្ណោះឯង ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ព្រោះពោលបង្អាប់សិក្ខាបទ។
[៣០៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា កាលបើភិក្ខុសំដែងឡើងនូវបាតិមោក្ខ គឺកាលបើភិក្ខុសំដែងឡើងឯងក្តី ឲ្យគេសំដែងឡើងក្តី ធ្វើស្វាធ្យាយក្តី។ ពាក្យថា ពោលយ៉ាងនេះ គឺភិក្ខុណាពោលបង្អាប់វិន័យដល់ឧបសម្បន្នផងគ្នាថា ប្រយោជន៍អ្វីដោយសិក្ខាបទតូចៗទាំងនេះ ដែលភិក្ខុណាមួយសំដែងឡើងហើយ សិក្ខាបទទាំងនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីក្តៅក្រហាយចិត្ត សេចក្តីលំបាកចិត្ត សេចក្តីរសេមរសាមចិត្តប៉ុណ្ណោះឯង ភិក្ខុណារៀនសិក្ខាបទនេះ ភិក្ខុនោះមានសេចក្តីក្តៅក្រហាយចិត្ត សេចក្តីលំបាកចិត្ត សេចក្តីរសេមរសាមចិត្ត ភិក្ខុណាមិនរៀនសិក្ខាបទនេះ ភិក្ខុនោះមិនមានសេចក្តីក្តៅក្រហាយចិត្ត សេចក្តីលំបាកចិត្ត សេចក្តីរសេមរសាមចិត្តទេ សិក្ខាបទនេះ បើមិនមានអ្នកណាសំដែងឡើង ក៏ជាការល្អ សិក្ខាបទនេះ បើមិនមានអ្នកណាសិក្សា ក៏ជាការល្អ សិក្ខាបទនេះ បើមិនមានអ្នកណារៀន ក៏ជាការល្អ សិក្ខាបទនេះ បើមិនមានអ្នកណាទ្រទ្រង់ ក៏ជាការល្អ វិន័យចូរអន្តរធានទៅ ឬភិក្ខុទាំងឡាយនេះ ចូរកុំឲ្យចេះដឹងអ្វីសោះ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[៣០៥] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយពោលបង្អាប់វិន័យ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយពោលបង្អាប់វិន័យ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ហើយពោលបង្អាប់វិន័យ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុ ពោលបង្អាប់ធម៌ដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុពោលបង្អាប់វិន័យក្តី ធម៌ដទៃក្តី ចំពោះអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ មិនមែនឧបសម្បន្ន ភិក្ខុសំគាល់ថាមិនមែនឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[៣០៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៤យ៉ាង) គឺភិក្ខុមិនចង់ពោលបង្អាប់១ ភិក្ខុពោលថា ណ្ហើយចុះ អ្នកចូររៀនព្រះសូត្រទាំងឡាយក្តី គាថាទាំងឡាយក្តី អភិធម្មក្តី ជាមុនសិន ចាំរៀនវិន័យជាខាងក្រោយវិញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ២ ចប់។
(៣. មោហនសិក្ខាបទំ)
[៣០៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុនាំគ្នាប្រព្រឹត្តអនាចារ ហើយគិតថា ភិក្ខុទាំងឡាយចូរដឹងថា យើងទាំងឡាយត្រូវអាបត្តិដោយសេចក្តីល្ងង់ កាលភិក្ខុកំពុងសំដែងបាតិមោក្ខ ក៏នាំគ្នាពោលយ៉ាងនេះថា យើងទាំងឡាយទើបតែនឹងដឹងឥឡូវនេះថា ធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេស (ការសូត្រ) រាល់កន្លះខែ។ ភិក្ខុទាំងឡាយណាជាអ្នកមានប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ កាលភិក្ខុកំពុងសំដែងបាតិមោក្ខ ម្តេចក៏នាំគ្នាពោលយ៉ាងនេះថា យើងទាំងឡាយទើបតែនឹងដឹងក្នុងកាលឥឡូវនេះថា ធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេស រាល់កន្លះខែ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយ កាលភិក្ខុកុំពុងសំដែងបាតិមោក្ខ ក៏នាំគ្នាពោលយ៉ាងនេះថា យើងទាំងឡាយទើបតែនឹងដឹងឥឡូវនេះថា ធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេសរាល់កន្លះខែ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយ កាលភិក្ខុកំពុងសំដែងបាតិមោក្ខ មិនគួរនឹងមកពោលយ៉ាងនេះថា យើងទាំងឡាយទើបតែនឹងដឹងក្នុងកាលឥឡូវនេះថា ធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេសរាល់កន្លះខែ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំពួកជនដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ កាលភិក្ខុកំពុងសំដែងបាតិមោក្ខរាល់កន្លះខែ ហើយពោលយ៉ាងនេះថា ខ្ញុំទើបតែនឹងដឹងក្នុងកាលឥឡូវនេះថា ឮថា ធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេសរាល់កន្លះខែ។ បើភិក្ខុទាំងឡាយដទៃដឹងនូវភិក្ខុនោះថា ភិក្ខុនេះធ្លាប់អង្គុយស្តាប់បាតិមោក្ខ ដែលភិក្ខុសំដែងអស់វារៈពីរបីដងហើយ នឹងពោលទៅថ្វីទៀតដល់ការស្តាប់ច្រើនដង សេចក្តីរួច (ចាកអាបត្តិ) ដោយអាការដែលមិនដឹង មិនមានដល់ភិក្ខុនោះទេ ភិក្ខុនោះត្រូវអាបត្តិណា ក្នុងរឿងអនាចារនោះ សង្ឃគប្បីញុំាងភិក្ខុនោះឲ្យធ្វើនូវអាបត្តិនោះ ដោយគួរតាមធម៌ ម្យ៉ាងទៀត គប្បីលើកមោហារោបនកម្មដល់ភិក្ខុនោះថែមទៀតថា ម្នាលអាវុសោ (ការនេះ) មិនជាលាភរបស់អ្នកឯងទេ អ្នកឯងបាននូវរបស់អាក្រក់ ដោយហេតុថា កាលភិក្ខុកំពុងសំដែងបាតិមោក្ខ អ្នកមិនបានធ្វើទុកក្នុងចិត្តឲ្យសម្រេចប្រយោជន៍ដ៏ល្អឡើយ។ នេះជាអាបត្តិបាចិត្តិយ ព្រោះក្លែងធ្វើវង្វេងនោះ (ធ្វើពើរ)។
[៣០៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នានឹងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា រាល់កន្លះខែ គឺរាល់ថ្ងៃឧបោសថ។ ពាក្យថា ភិក្ខុកំពុងសំដែងបាតិមោក្ខ សេចក្តីថា កាលភិក្ខុកំពុងសូត្របាតិមោក្ខ។ ពាក្យថា ពោលយ៉ាងនេះ សេចក្តីថា ភិក្ខុណាប្រព្រឹត្តអនាចារ ហើយប្រាថ្នាថា ភិក្ខុទាំងឡាយចូរដឹងថា យើងត្រូវអាបត្តិដោយអាការមិនដឹង កាលភិក្ខុកំពុងសំដែងបាតិមោក្ខ ភិក្ខុនោះពោលយ៉ាងនេះថា ខ្ញុំទើបតែនឹងដឹងឥឡូវនេះថា ឮថាធម៌នេះមកហើយក្នុងសុត្តៈ រាប់ចូលហើយក្នុងសុត្តៈ មកកាន់ឧទ្ទេសរាល់កន្លះខែដូច្នេះ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។
[៣០៩] ពាក្យថា បើ(ភិក្ខុទាំងឡាយដទៃដឹង)នូវភិក្ខុនោះ សេចក្តីថា ភិក្ខុទាំងឡាយដទៃដឹងនូវភិក្ខុអ្នកប្រាថ្នានូវសេចក្តីវង្វេងថា ភិក្ខុនេះធ្លាប់អង្គុយ(ស្តាប់)បាតិមោក្ខដែលភិក្ខុសំដែងអស់វារៈពីរបីដងហើយ នឹងពោលទៅថ្វីទៀតដល់ការស្តាប់ច្រើនដង សេចក្តីរួច (ចាកអាបត្តិ) ដោយអាការដែលមិនដឹង មិនមានដល់ភិក្ខុនោះទេ ភិក្ខុនោះត្រូវអាបត្តិណាក្នុងរឿងអនាចារនោះ សង្ឃគប្បីញុំាងភិក្ខុនោះឲ្យធ្វើនូវអាបត្តិនោះ ដោយគួរតាមធម៌ ម្យ៉ាងទៀត គប្បីលើកសេចក្តីវង្វេង គឺមោហារោបនកម្មដល់ភិក្ខុនោះថែមទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីលើកមោហារោបនកម្មឡើងយ៉ាងនេះ។ ភិក្ខុដែលជាអ្នកឈ្លាស អង់អាច គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនេះឈ្មោះនេះ កាលភិក្ខុកំពុងសំដែងបាតិមោក្ខ មិនបានធ្វើទុកក្នុងចិត្តឲ្យសម្រេចប្រយោជន៍ដ៏ល្អឡើយ។ បើមោហារោបនកម្ម មានកាលដ៏សមគួរដល់សង្ឃហើយ សង្ឃគប្បីលើកមោហារោបនកម្មដល់ភិក្ខុឈ្មោះនេះ។ នេះជាវាចាប្រកាសឲ្យសង្ឃដឹង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុនេះឈ្មោះនេះ កាលភិក្ខុកំពុងសំដែងបាតិមោក្ខ មិនបានធ្វើទុកក្នុងចិត្តឲ្យសម្រេចប្រយោជន៍ដ៏ល្អទេ។ ឥឡូវនេះ សង្ឃលើកនូវមោហារោបនកម្ម ដល់ភិក្ខុឈ្មោះនេះ។ ការលើកមោហារោបនកម្មដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីស្ងៀមនៅ មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះគប្បីពោលឡើង។ មោហារោបនកម្ម សង្ឃបានលើកឡើងហើយដល់ភិក្ខុឈ្មោះនេះ។ ការលើកមោហារោបនកម្មនេះ សមគួរដល់សង្ឃ ហេតុនោះសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវមោហារោបនកម្មនេះ ដោយការស្ងៀមនៅយ៉ាងនេះ។
[៣១០] កាលមោហារោបនកម្ម សង្ឃមិនទាន់លើកឡើងទេ បើភិក្ខុក្លែងធ្វើវង្វេង ត្រូវអាបត្តិទុក្កដ។ កាលមោហារោបនកម្ម សង្ឃលើកឡើងហើយ ភិក្ខុនៅក្លែងធ្វើវង្វេងទៀត ត្រូវអាបត្តិបាចិត្តិយ។
[៣១១] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មប្រកបដោយធម៌ ហើយក្លែងធ្វើវង្វេង ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ហើយក្លែងធ្វើវង្វេង ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មមិនប្រកបដោយធម៌ ហើយក្លែងធ្វើវង្វេង ត្រូវអាបត្តិបាចិត្តិយ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មប្រកបដោយធម៌ ហើយ(ក្លែងធ្វើវង្វេង) ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថា កម្មមិនប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។
[៣១២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៥យ៉ាង) គឺភិក្ខុមិនទាន់បានស្តាប់បាតិមោក្ខដោយពិស្តារ១ ភិក្ខុស្តាប់បាតិមោក្ខដោយពិស្តារអស់វារៈមិនទាន់ដល់ពីរបីដង១ ភិក្ខុមិនប៉ងនឹងក្លែងធ្វើវង្វេង១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៣ ចប់។
(៤. បហារសិក្ខាបទំ)
[៣១៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុក្រោធខឹង ហើយឲ្យប្រហារដល់ពួកសត្តរសវគ្គិយភិក្ខុ (ភិក្ខុមានពួក១៧)។ សត្តរសវគ្គិយភិក្ខុទាំងនោះនាំគ្នាស្រែកយំ។ ភិក្ខុទាំងឡាយបានសួរយ៉ាងនេះថា ម្នាលអាវុសោ អ្នកទាំងឡាយ ហេតុអ្វីបានជាយំ។ ពួកសត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុទាំងនេះក្រោធខឹង បានឲ្យប្រហារដល់ពួកយើង។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរក្រោធខឹង ហើយទៅប្រហារភិក្ខុទាំងឡាយសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយក្រោធខឹង ហើយនាំគ្នាប្រហារភិក្ខុទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរក្រោធខឹង ហើយនាំគ្នាប្រហារភិក្ខុទាំងឡាយទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ ក្រោធខឹង ហើយឲ្យប្រហារដល់ភិក្ខុផងគ្នា ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[៣១៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ដល់ភិក្ខុផងគ្នា គឺដល់ភិក្ខុដទៃ។ ពាក្យថា ក្រោធខឹង សេចក្តីថា មានចិត្តមិនត្រេកអរ មានចិត្តគុំគួន មានចិត្តរឹងត្អឹង។ ពាក្យថា ឲ្យប្រហារ គឺឲ្យប្រហារដោយកាយក្តី ដោយវត្ថុជាប់នឹងកាយក្តី ដោយវត្ថុសម្រាប់ចោលក្តី ដោយហោចទៅ សូម្បីតែដោយស្លឹកព្រលិត ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[៣១៥] ឧបសម្បន្ន52) ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយក្រោធខឹង ឲ្យប្រហារ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយក្រោធខឹង ឲ្យប្រហារ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថា ជាអនុបសម្បន្ន53) ហើយក្រោធខឹង ឲ្យប្រហារ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុក្រោធខឹង ហើយឲ្យប្រហារដល់អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ (ហើយឲ្យប្រហារ) ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[៣១៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដែលជនណាមួយបៀតបៀន ហើយមានសេចក្តីប្រាថ្នាដើម្បីនឹងឲ្យរួចខ្លួន ក៏ឲ្យប្រហារទៅវិញ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៤ ចប់។
(៥. តលសត្តិកសិក្ខាបទំ)
[៣១៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុក្រោធខឹង ហើយងាលំពែង គឺបាតដៃឡើងសំដៅពួកសត្តរសវគ្គិយភិក្ខុ (ធ្វើអាការបីដូចជានឹងវាយ) សត្តរសវគ្គិយភិក្ខុទាំងនោះទើបតែនឹងរួចអំពីប្រហារមកហើយ (មានសេចក្តីភិតភ័យ) ក៏នាំគ្នាយំ។ ភិក្ខុទាំងឡាយបានសួរយ៉ាងនេះថា ម្នាលអាវុសោ ហេតុអ្វីបានជាពួកអ្នកយំ។ ពួកសត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ពួកឆព្វគ្គិយភិក្ខុទាំងនេះក្រោធខឹង ហើយងាបាតដៃឡើងដូចជាលំពែងសំដៅពួកយើង។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរក្រោធខឹង ហើយងាបាតដៃឡើងដូចជាលំពែងសំដៅភិក្ខុផងគ្នាសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយក្រោធខឹង ហើយងាបាតដៃឡើងដូចជាលំពែងសំដៅភិក្ខុទាំងឡាយ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងក្រោធខឹង ហើយងាបាតដៃឡើងដូចជាលំពែងសំដៅភិក្ខុទាំងឡាយទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយក្រោធខឹង ហើយងាឡើងនូវលំពែង គឺបាតដៃ សំដៅភិក្ខុផងគ្នា ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[៣១៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា សំដៅភិក្ខុផងគ្នា គឺសំដៅភិក្ខុដទៃ។ ពាក្យថា ក្រោធខឹង គឺមានចិត្តមិនត្រេកអរ មានចិត្តគុំគួន មានចិត្តរឹងត្អឹង។ ពាក្យថា ងាឡើងនូវលំពែងគឺបាតដៃ សេចក្តីថា ភិក្ខុលើកកាយក្តី លើកវត្ថុជាប់នឹងកាយក្តី ឡើងជន្ល ដោយហោចទៅ សូម្បីតែស្លឹកព្រលិត ត្រូវអាបត្តិបាចិត្តិយ។
[៣១៩] ឧបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយក្រោធខឹង ងាលំពែងគឺបាតដៃឡើង ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយក្រោធខឹង ងាលំពែងគឺបាតដៃឡើង ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយក្រោធខឹង ងាលំពែងគឺបាតដៃឡើង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុក្រោធខឹងដល់អនុបសម្បន្ន ហើយងាលំពែងគឺបាតដៃឡើង ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថា អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[៣២០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដែលជនណាមួយបៀតបៀន ហើយមានសេចក្តីប្រាថ្នាដើម្បីនឹងឲ្យរួចខ្លួន ក៏ងាលំពែងគឺបាតដៃឡើង១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៥ ចប់។
(៦. អមូលកសិក្ខាបទំ)
[៣២១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុនាំគ្នាកំចាត់ (គឺចោទ) ភិក្ខុផងគ្នាដោយអាបត្តិសង្ឃាទិសេសមិនមានមូល។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរនឹងចោទភិក្ខុផងគ្នាដោយអាបត្តិសង្ឃាទិសេសមិនមានមូលសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយចោទភិក្ខុផងគ្នាដោយអាបត្តិសង្ឃាទិសេសមិនមានមូល ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងចោទភិក្ខុផងគ្នាដោយអាបត្តិសង្ឃាទិសេសមិនមានមូលទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយចោទភិក្ខុផងគ្នាដោយអាបត្តិសង្ឃាទិសេសមិនមានមូល ត្រូវអាបត្តិបាចិត្តិយ។
[៣២២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ភិក្ខុផងគ្នា គឺភិក្ខុដទៃ។ ដែលហៅថា មិនមានមូល គឺអាបត្តិសង្ឃាទិសេសដែលខ្លួនមិនបានឃើញ មិនបានឮ មិនបានរង្កៀស។ ពាក្យថា ដោយអាបត្តិសង្ឃាទិសេស គឺបណ្តាសង្ឃាទិសេសទាំង១៣សិក្ខាបទ សិក្ខាបទណាមួយ។ ពាក្យថា ចោទ សេចក្តីថា ភិក្ខុចោទឯងក្តី ប្រើគេឲ្យចោទក្តី ត្រូវអាបត្តិបាចិត្តិយ។
[៣២៣] ឧបសម្បន្ន ភិក្ខុសំគាល់ថា ឧបសម្បន្ន ហើយចោទដោយអាបត្តិសង្ឃាទិសេសមិនមានមូល ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយចោទដោយអាបត្តិសង្ឃាទិសេសមិនមានមូល ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយចោទដោយអាបត្តិសង្ឃាទិសេសមិនមានមូល ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុចោទដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុចោទអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន (ហើយចោទ) ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[៣២៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុមានសេចក្តីសំគាល់ពិតមែន ហើយចោទឯងក្តី ប្រើគេឲ្យចោទក្តី១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៦ ចប់។
(៧. សញ្ចិច្ចសិក្ខាបទំ)
[៣២៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យកើតដល់ពួកសត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ សិក្ខាបទ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តទុកហើយថា បុគ្គលមានឆ្នាំថយពី២០ សង្ឃមិនគប្បីឲ្យឧបសម្បទាឡើយ ចំណែកពួកលោក មានអាយុមិនទាន់ដល់២០ឆ្នាំ មកទទួលឧបសម្បទា ពួកលោកមិនមែនជាឧបសមប្បន្នទេដឹង។ សត្តរសវគ្គិយភិក្ខុទាំងនោះក៏នាំគ្នាយំ។ ភិក្ខុទាំងឡាយបានសួរយ៉ាងនេះថា ម្នាលអាវុសោ ពួកលោកយំ ព្រោះអ្វី។ ពួកសត្តរសវគ្គិយភិក្ខុប្រាប់ថា អាវុសោ ឆព្វគ្គិយភិក្ខុទាំងនេះ ក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យដល់ពួកយើង។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរនឹងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ ដល់ភិក្ខុទាំងឡាយផងគ្នាសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកអ្នកឯងក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ ដល់ភិក្ខុទាំងឡាយផងគ្នា ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ ដល់ភិក្ខុទាំងឡាយផងគ្នាទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយក្លែងបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ ដល់ភិក្ខុផងគ្នាដោយគិតថា (សេចក្តីរង្កៀសសង្ស័យនេះ)កើតឡើង ការមិនសប្បាយចិត្តនឹងមានដល់ភិក្ខុនោះ១រំពេចមិនខាន ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើសេចក្តីរង្កៀសសង្ស័យនោះឯងជាហេតុពិត មិនមែនហេតុដទៃឡើយ។
[៣២៦] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា ដល់ភិក្ខុផងគ្នា គឺដល់ភិក្ខុដទៃ។ ពាក្យថា ក្លែង សេចក្តីថា ភិក្ខុដឹងគឺដឹងជាក់ ក្លែងល្មើសប្រព្រឹត្តកន្លង។ ពាក្យថា បង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យ សេចក្តីថា ភិក្ខុណាបង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យថា លោកទំនងជាមានឆ្នាំមិនទាន់គ្រប់២០ ហើយឧបសម្បទាទេដឹង លោកបរិភោគអាហារក្នុងវេលាវិកាលទេដឹង លោកផឹកទឹកស្រវឹងទេដឹង លោកអង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាមទេដឹង ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ព្រោះធ្វើសេចក្តីរង្កៀសសង្ស័យនោះឯងជាហេតុពិត មិនមែនហេតុដទៃឡើយ សេចក្តីថា ហេតុណាមួយដទៃគ្មាន ចំពោះត្រង់បង្កហេតុឲ្យមានសេចក្តីរង្កៀសសង្ស័យកើតឡើងប៉ុណ្ណោះឯង។
[៣២៧] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយក្លែងផ្តើមសេចក្តីរង្កៀសសង្ស័យឲ្យកើតឡើង ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយក្លែងផ្តើមសេចក្តីរង្កៀសសង្ស័យឲ្យកើតឡើង ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយក្លែងផ្តើមសេចក្តីរង្កៀសសង្ស័យឲ្យកើតឡើង ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុក្លែងផ្តើមសេចក្តីរង្កៀសសង្ស័យឲ្យកើតឡើងដល់អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។
[៣២៨] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុមិនមានបំណងនឹងផ្តើមសេចក្តីរង្កៀសសង្ស័យឲ្យកើតឡើង តែពោល(តាមសេចក្តីយល់)ថា លោកប្រហែលមានឆ្នំាមិនទាន់ដល់២០ ហើយឧបសម្បទាទេដឹង លោកបរិភោគអាហារក្នុងវេលាវិកាលទេដឹង លោកផឹកទឹកស្រវឹងទេដឹង លោកអង្គុយក្នុងទីស្ងាត់ជាមួយនឹងមាតុគ្រាមទេដឹង ណ្ហើយចុះ លោកចូរដឹងចុះ លោកកុំរង្កៀសសង្ស័យស្តាយក្រោយឡើយ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៧ ចប់។
(៨. ឧបស្សុតិសិក្ខាបទំ)
[៣២៩] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុឈ្លោះនឹងភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់។ ពួកភិក្ខុដែលមានសីលជាទីស្រឡាញ់ និយាយគ្នាយ៉ាងនេះថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុទាំងនេះជាពួកអលជ្ជីទេ ពួកយើងមិនអាចឈ្លោះនឹងពួកនេះទេ។ ពួកឆព្វគ្គិយភិក្ខុ(បានឮ) ក៏និយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី អ្នកទាំងឡាយញុំាងពួកយើងឲ្យដល់ដោយពាក្យថាអលជ្ជី។ ពួកភិក្ខុមានសីលជាទីស្រឡាញ់សួរថា ម្នាលអាវុសោ ចុះពួកអ្នកបានឮក្នុងទីណា។ ពួកឆព្វគ្គិយភិក្ខុឆ្លើយថា យើងទាំងឡាយឈរអែបស្តាប់ពួកលោកដ៏មានអាយុ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ កាលភិក្ខុទាំងឡាយបង្កហេតុប្រកួតប្រកាន់ទាស់ទែងគ្នា មិនគួរនឹងឈរអែបស្តាប់សោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា កាលភិក្ខុទាំងឡាយបង្កហេតុប្រកួតប្រកាន់ទាស់ទែងគ្នា ពួកអ្នកឯងឈរអែបស្តាប់ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ កាលភិក្ខុទាំងឡាយបង្កហេតុប្រកួតប្រកាន់ទាស់ទែងគ្នា ពួកអ្នកឯងមិនគួរនឹងឈរអែបស្តាប់ទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយកាលបើភិក្ខុទាំងឡាយ បង្កហេតុប្រកួតប្រកាន់ទាស់ទែងគ្នា ទៅឈរអែបស្តាប់ ដោយគិតថា ភិក្ខុទាំងនេះនឹងពោលពាក្យណា អញនឹងស្តាប់ពាក្យនោះ ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ ព្រោះធ្វើកិរិយាឈរអែបស្តាប់នោះជាហេតុពិត មិនមែនហេតុដទៃឡើយ។
[៣៣០] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ ពាក្យថា កាលបើភិក្ខុទាំងឡាយ គឺកាលបើភិក្ខុទាំងឡាយដទៃ។ ពាក្យថា បង្កហេតុប្រកួតប្រកាន់ទាស់ទែងគ្នា គឺភិក្ខុទាំងនោះមានអធិករណៈកើតឡើងហើយ។ ពាក្យថា ឈរអែបស្តាប់ គឺភិក្ខុដើរទៅដោយគិតថា អញស្តាប់ភិក្ខុទាំងនេះហើយ នឹងចោទ នឹងឲ្យរលឹក នឹងចោទចំពោះ នឹងឲ្យរលឹកចំពោះ នឹងធ្វើឲ្យអៀនខ្មាស ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះឈរស្តាប់ក្នុងទីណា ត្រូវអាបត្តិបាចិត្តិយ ក្នុងទីនោះ។ ភិក្ខុដើរទៅតាមក្រោយ បើដើរទៅដោយរហ័សដោយគិតថា អញនឹងស្តាប់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរស្តាប់ក្នុងទីណា ត្រូវអាបត្តិបាចិត្តិយក្នុងទីនោះ។ ភិក្ខុដើរទៅមុន ហើយឈប់ ដោយគិតថា អញនឹងស្តាប់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុឈរស្តាប់ក្នុងទីណា ត្រូវអាបត្តិបាចិត្តិយក្នុងទីនោះ។ ភិក្ខុណាមកកាន់ទីឈរក្តី ទីអង្គុយក្តី ទីដេកក្តី របស់ភិក្ខុផងគ្នា ភិក្ខុនោះគប្បីក្អក គប្បីញុំាងភិក្ខុដែលកំពុងប្រឹក្សាគ្នានោះឲ្យដឹង។ បើភិក្ខុនោះមិនក្អកក្រហែមក្តី មិនឲ្យគេដឹងក្តី ត្រូវអាបត្តិបាចិត្តិយ។ ពាក្យថា ព្រោះធ្វើកិរិយាឈរអែបស្តាប់នោះជាហេតុពិត មិនមែនហេតុដទៃឡើយ សេចក្តីថា ហេតុឯណានីមួយដទៃគ្មានទេ ចំពោះត្រង់ការឈរអែបស្តាប់ប៉ុណ្ណោះឯង។
[៣៣១] ឧបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ហើយឈរអែបស្តាប់ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ហើយឈរអែបស្តាប់ ត្រូវអាបត្តិបាចិត្តិយ។ ឧបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្ន ហើយឈរអែបស្តាប់ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុឈរអែបស្តាប់អនុបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាឧបសម្បន្ន ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ អនុបសម្បន្ន ភិក្ខុសំគាល់ថាអនុបសម្បន្នដដែល ត្រូវអាបត្តិទុក្កដ។
[៣៣២] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដើរទៅ ដោយគិតថា អញនឹងស្តាប់ភិក្ខុទាំងនេះហើយ នឹងថយចេញ នឹងវៀរ នឹងរម្ងាប់ (សេចក្តីប្រកួតប្រកាន់) នឹងដោះខ្លួន១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៨ ចប់។
(៩. កម្មបដិពាហនសិក្ខាបទំ)
[៣៣៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុបានប្រព្រឹត្តអនាចារ កាលសង្ឃធ្វើកម្ម (ដើម្បីដាក់ទោស) ដល់ភិក្ខុមួយរូបៗ ក៏នាំគ្នានិយាយខ្ទាស់។ គ្រានោះឯង សង្ឃបានប្រជុំគ្នាដោយសង្ឃកិច្ចនីមួយ។ ទើបពួកឆព្វគ្គិយភិក្ខុ កំពុងធ្វើចីវរកម្ម បានឲ្យឆន្ទៈ (សេចក្តីគាប់ចិត្តរបស់ខ្លួន) ដល់ភិក្ខុមួយរូប។ គ្រានោះឯង សង្ឃប្រឹក្សាគ្នាថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុនេះមកតែម្នាក់ឯង បើដូច្នោះ ពួកយើងត្រូវធ្វើកម្មដល់ភិក្ខុនោះចុះ ហើយបានធ្វើកម្មដល់ភិក្ខុនោះ។ ទើបភិក្ខុនោះចូលទៅរកពួកឆព្វគ្គិយភិក្ខុ។ ពួកឆព្វគ្គិយភិក្ខុបានសួរភិក្ខុនោះយ៉ាងនេះថា ម្នាលអាវុសោ សង្ឃបានធ្វើអ្វី។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ សង្ឃបានធ្វើកម្មដល់ខ្ញុំ។ ពួកឆព្វគ្គិយភិក្ខុបាននិយាយថា ម្នាលអាវុសោ យើងទាំងឡាយបានឲ្យឆន្ទៈ ដើម្បីជាប្រយោជន៍ដល់កម្មនេះ ដោយគិតថា សង្ឃនឹងធ្វើកម្មដល់លោក ក៏ទេ បើយើងទាំងឡាយដឹងថា សង្ឃនឹងធ្វើកម្មដល់លោកសោត យើងទាំងឡាយមិនឲ្យឆន្ទៈទេ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរនឹងឲ្យឆន្ទៈដល់សង្ឃកម្មទាំងឡាយដែលប្រកបដោយធម៌ ហើយត្រឡប់មកតិះដៀលជាខាងក្រោយវិញសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកអ្នកឯងរាល់គ្នាឲ្យឆន្ទៈ ដើម្បីសង្ឃកម្មដែលប្រកបដោយធម៌ ហើយត្រឡប់មកតិះដៀលជាខាងក្រោយវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ ពួកអ្នកឯងមិនគួរនឹងឲ្យឆន្ទៈ ដើម្បីសង្ឃកម្មដែលប្រកបដោយធម៌ ហើយត្រឡប់មកតិះដៀលជាខាងក្រោយវិញ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយឲ្យឆន្ទៈ ដើម្បីកម្មទាំងឡាយដែលប្រកបដោយធម៌ ហើយពោលតិះដៀលជាខាងក្រោយ (ភិក្ខុនោះ)ត្រូវអាបត្តិបាចិត្តិយ។
[៣៣៤] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ កម្មដែលហៅថា ប្រកបដោយធម៌នោះ គឺអបលោកនកម្ម១ ញត្តិកម្ម១ ញត្តិទុតិយកម្ម១ ញត្តិចតុត្ថកម្ម១ ដែលសង្ឃធ្វើតាមធម៌ តាមវិន័យ តាមពាក្យប្រដៅរបស់ព្រះសាស្តា កម្មនេះ ហៅថា កម្មប្រកបដោយធម៌។ ភិក្ខុព្រមឲ្យឆន្ទៈ ហើយត្រឡប់តិះដៀល (ជាខាងក្រោយវិញ) ត្រូវអាបត្តិបាចិត្តិយ។
[៣៣៥] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយឲ្យឆន្ទៈ ត្រឡប់តិះដៀលវិញ ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ហើយឲ្យឆន្ទៈ ត្រឡប់តិះដៀលវិញ ត្រូវអាបត្តិទុក្កដ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ហើយឲ្យឆន្ទៈ ត្រឡប់តិះដៀល មិនត្រូវអាបត្តិអ្វី។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ (ហើយឲ្យឆន្ទៈ ត្រឡប់តិះដៀល) ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ មិនត្រូវអាបត្តិអ្វី។
[៣៣៦] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុដឹងថាកម្មដែលសង្ឃធ្វើដោយមិនជាធម៌ក្តី ដោយពួកក្តី ដល់ភិក្ខុអ្នកមិនគួរដល់កម្មក្តី ហើយតិះដៀល១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ៩ ចប់។
(១០. ឆន្ទំអទត្វាគមនសិក្ខាបទំ)
[៣៣៧] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង សង្ឃបានប្រជុំគ្នាដោយសង្ឃកិច្ចឯណានីមួយ។ ពួកឆព្វគ្គិយភិក្ខុកំពុងធ្វើចីវរ ហើយបានឲ្យឆន្ទៈដល់ភិក្ខុមួយរូប។ គ្រានោះឯង សង្ឃប្រជុំគ្នាដើម្បីប្រយោជន៍ដល់កម្មណា ហើយតាំងញត្តិឡើងដោយប្រឹក្សាគ្នាថា យើងទាំងឡាយនឹងធ្វើនូវកម្មនោះ។ ខណៈនោះ ភិក្ខុនោះបាននិយាយថា ភិក្ខុទាំងនេះតែងធ្វើកម្មដល់ភិក្ខុមួយរូបៗ យ៉ាងនេះឯង (ឥឡូវ) លោកទាំងឡាយនឹងធ្វើកម្មដល់អ្នកណាបាន ហើយមិនឲ្យឆន្ទៈ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា កាលសង្ឃកំពុងប្រឹក្សាវិនិច្ឆ័យ ភិក្ខុមិនបានឲ្យឆន្ទៈ មិនគួរនឹងក្រោកចាកអាសនៈ ចៀសចេញទៅសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុ ឮថា កាលសង្ឃកំពុងប្រឹក្សាវិនិច្ឆ័យ (គឺសង្ឃកំពុងវិនិច្ឆ័យរឿងអ្វីមួយមិនទាន់ហើយ) អ្នកឯងមិនបានឲ្យឆន្ទៈ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស កាលសង្ឃកំពុងប្រឹក្សាវិនិច្ឆ័យ ហេតុអ្វីក៏អ្នកឯងមិនឲ្យឆន្ទៈ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ ម្នាលមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ កាលពាក្យវិនិច្ឆ័យកំពុងប្រព្រឹត្តទៅក្នុងសង្ឃ មិនឲ្យឆន្ទៈ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។
[៣៣៨] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ រឿងដែលសង្ឃប្រាប់ហើយ តែមិនទាន់បានវិនិច្ឆ័យក្តី ញត្តិសង្ឃតាំងទុកហើយក្តី កម្មវាចាសង្ឃធ្វើមិនទាន់ហើយក្តី ឈ្មោះថាពាក្យវិនិច្ឆ័យ (កំពុងប្រព្រឹត្តទៅ)ក្នុងសង្ឃ។ ពាក្យថា ភិក្ខុមិនឲ្យឆន្ទៈ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ សេចក្តីថា ភិក្ខុចេញទៅដោយគិតថា មិនដឹងជាការអ្វី កម្មនេះជាកម្មកំរើកទេ ជាពួកទេ សង្ឃមិនត្រូវធ្វើទេ ត្រូវអាបត្តិទុក្កដ។ កាលភិក្ខុកំពុងលះហត្ថបាសបរិសទ្យ ត្រូវអាបត្តិទុក្កដ។ កាលលះហត្ថបាសហើយ ត្រូវអាបត្តិបាចិត្តិយ។
[៣៣៩] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយមិនឲ្យឆន្ទៈ ក្រោកចាកអាសនៈចៀសចេញទៅ ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ហើយមិនឲ្យឆន្ទៈ ក្រោកចាកអាសនៈចៀសចេញទៅ ត្រូវអាបត្តិទុក្កដ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ហើយមិនឲ្យឆន្ទៈ ក្រោកចាកអាសនៈចៀសចេញទៅ មិនត្រូវអាបត្តិ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ (ហើយមិនឲ្យឆន្ទៈ ក្រោកចាកអាសនៈចៀសចេញទៅ) ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ មិនត្រូវអាបត្តិ។
[៣៤០] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៩យ៉ាង) គឺភិក្ខុទៅ ដោយគិតថា សេចក្តីបង្កហេតុក្តី សេចក្តីប្រកួតប្រកាន់ក្តី សេចក្តីប្រកាន់ខុសគ្នាក្តី សេចក្តីទាស់ទែងក្តី នឹងមានដល់សង្ឃ១ ភិក្ខុទៅដោយគិតថា ការបែកធ្លាយនៃសង្ឃក្តី ការប្រេះឆានៃសង្ឃក្តី នឹងមាន១ ភិក្ខុទៅដោយគិតថា សង្ឃនឹងធ្វើកម្មមិនប្រកបដោយធម៌ក្តី នឹងធ្វើកម្មជាពួកក្តី នឹងធ្វើកម្មដល់ភិក្ខុដែលមិនគួរដល់កម្មក្តី១ ភិក្ខុមានជម្ងឺចៀសចេញទៅ១ ភិក្ខុទៅដោយកិច្ចដែលគួរធ្វើដល់ភិក្ខុឈឺ១ ភិក្ខុដែលឧច្ចារៈក្តី បស្សាវៈក្តីបៀតបៀនហើយទៅ១ ភិក្ខុមិនប្រាថ្នាដើម្បីនឹងញុំាងកម្មឲ្យកម្រើក ហើយចេញទៅដោយគិតថា អញនឹងត្រឡប់មកវិញទៀត១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១។
សិក្ខាបទ ទី ១០ ចប់។
(១១. ទុព្ពលសិក្ខាបទំ)
[៣៤១] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ទព្វមល្លបុត្រដ៏មានអាយុ ចាត់ចែងសេនាសនៈ និងសំដែងភត្តដល់សង្ឃ។ ទព្វមល្លបុត្រដ៏មានអាយុនោះជាអ្នកមានចីវរទុព្វលភាព។ សម័យនោះឯង ចីវរ១បានកើតឡើងដល់សង្ឃ។ សង្ឃឲ្យចីវរនោះដល់ទព្វមល្លបុត្រដ៏មានអាយុ។ ពួកឆព្វគ្គិយភិក្ខុនាំគ្នាពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយបង្អោនលាភរបស់សង្ឃទៅតាមសេចក្តីគាប់ចិត្ត។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា កាលបើសង្ឃព្រមព្រៀងគ្នាឲ្យចីវរ (ដល់ភិក្ខុ) ហើយ ពួកឆព្វគ្គិយភិក្ខុ មិនគួរនឹងមកតិះដៀលជាខាងក្រោយសោះ។បេ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាសង្ឃព្រមព្រៀងគ្នាឲ្យចីវរ(ដល់ភិក្ខុ)ហើយ អ្នកទាំងឡាយត្រឡប់មកតិះដៀលជាខាងក្រោយវិញ ពិតមែនឬ។ ពួកឆព្វគ្គិយភិក្ខុទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរសទាំងឡាយ (កាលបើ) សង្ឃព្រមព្រៀងគ្នាឲ្យចីវរ (ដល់ភិក្ខុ) ហើយ មិនគួរនឹងពួកអ្នកឯងតិះដៀលជាខាងក្រោយវិញទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា
ភិក្ខុណាមួយ (កាលបើ)សង្ឃព្រមព្រៀងគ្នាឲ្យចីវរ(ដល់ភិក្ខុ)ហើយ ក៏ដល់នូវធម៌ គឺកិរិយាតិះដៀលជាខាងក្រោយវិញថា ភិក្ខុទាំងឡាយបង្អោនលាភរបស់សង្ឃ តាមសេចក្តីគាប់ចិត្ត ភិក្ខុនោះត្រូវអាបត្តិបាចិត្តិយ។
[៣៤២] ត្រង់ពាក្យថា ភិក្ខុណាមួយ មានសេចក្តីដូចគ្នាក្នុងសិក្ខាបទទី១នៃបារាជិកកណ្ឌ។ សង្ឃមានសំវាសស្មើគ្នា ឋិតនៅក្នុងសីមាស្មើគ្នា ហៅថា ព្រមព្រៀងគ្នា។ ដែលហៅថា ចីវរ គឺបណ្តាចីវរ៦យ៉ាង ចីវរណាមួយ យ៉ាងតូចបំផុតល្មមសម្រេចកិច្ចវិកប្បបាន54) ពាក្យថា ឲ្យ គឺឲ្យដោយខ្លួនឯង។ ដែលហៅថា តាមសេចក្តីគាប់ចិត្តនោះ គឺតាមបុគ្គលដែលជាមិត្ត តាមបុគ្គលដែលធ្លាប់ស្គាល់គ្នា តាមបុគ្គលដែលធ្លាប់គប់គ្នា តាមបុគ្គលដែលមានឧបជ្ឈាយ៍ស្មើគ្នា តាមបុគ្គលដែលមានអាចារ្យស្មើគ្នា។ ដែលហៅថា របស់សង្ឃនោះ បានខាងលាភដែលគេលះបង់ប្រគេនដល់សង្ឃ។ ដែលហៅថា លាភនោះ បានខាងចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យដល់មនុស្សឈឺ ដោយហោចទៅ សូម្បីតែដុំលំអិតក្តី ឈើស្ទន់ក្តី អម្បោះរងជើងក្តី (ក៏ហៅថាលាភ)។ ពាក្យថា ដល់នូវធម៌ គឺកិរិយាតិះដៀល ជាខាងក្រោយ សេចក្តីថា ភិក្ខុតិះដៀលសង្ឃដែលបានឲ្យចីវរដល់ឧបសម្បន្នដែលសង្ឃសន្មតឲ្យជាអ្នកក្រាលនូវសេនាសនៈក្តី ជាអ្នកសំដែងនូវភត្តក្តី ជាអ្នកចែកនូវបបរក្តី ជាអ្នកចែកនូវផ្លែឈើក្តី ជាអ្នកចែកនូវបង្អែមក្តី ជាអ្នកចាត់ចែងនូវវត្ថុបន្តិចបន្តួចក្តី ត្រូវអាបត្តិបាចិត្តិយ។
[៣៤៣] កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ហើយតិះដៀលសង្ឃដែលបានឲ្យចីវរ ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ហើយតិះដៀលសង្ឃដែលបានឲ្យចីវរ ត្រូវអាបត្តិបាចិត្តិយ។ កម្មប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ ហើយតិះដៀលសង្ឃដែលបានឲ្យចីវរ ត្រូវអាបត្តិបាចិត្តិយ។ ភិក្ខុតិះដៀលសង្ឃដែលបានឲ្យបរិក្ខារដទៃ ត្រូវអាបត្តិទុក្កដ។ ភិក្ខុតិះដៀលសង្ឃដែលបានឲ្យចីវរ ឬបរិក្ខារដទៃដល់ឧបសម្បន្នដែលសង្ឃមិនបានសន្មតឲ្យជាអ្នកក្រាលនូវសេនាសនៈក្តី ជាអ្នកសំដែងនូវភត្តក្តី ជាអ្នកចែកនូវបបរក្តី ជាអ្នកចែកនូវផ្លែឈើក្តី ជាអ្នកចែកនូវបង្អែមក្តី ជាអ្នកចាត់ចែងនូវវត្ថុបន្តិចបន្តួចក្តី ត្រូវអាបត្តិទុក្កដ។ ភិក្ខុតិះដៀលសង្ឃដែលបានឲ្យចីវរ ឬបរិក្ខារដទៃដល់អនុបសម្បន្នដែលសង្ឃសន្មត ឬមិនបានសន្មត ឲ្យជាអ្នកក្រាលនូវសេនាសនៈក្តី ជាអ្នកសំដែងនូវភត្តក្តី ជាអ្នកចែកនូវបបរក្តី ជាអ្នកចែកនូវផ្លែឈើក្តី ជាអ្នកចែកនូវបង្អែមក្តី ជាអ្នកចាត់ចែងនូវវត្ថុបន្តិចបន្តួចក្តី ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មប្រកបដោយធម៌ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុមានសេចក្តីសង្ស័យ ត្រូវអាបត្តិទុក្កដ។ កម្មមិនប្រកបដោយធម៌ ភិក្ខុសំគាល់ថាកម្មមិនប្រកបដោយធម៌ មិនត្រូវអាបត្តិ។
[៣៤៤] វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន៣យ៉ាង) គឺភិក្ខុតិះដៀលសង្ឃអ្នកធ្វើ ព្រោះឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិ ដោយប្រក្រតីថា ប្រយោជន៍អ្វីដោយលាភដែលសង្ឃឲ្យដល់ភិក្ខុនោះ ភិក្ខុនោះទុកជាបានហើយ ក៏គង់ធ្វើលាភនោះឲ្យវិនាសទៅដដែល នឹងមិនបាននាំយកទៅដោយប្រពៃទេ១ ភិក្ខុឆ្កួត