-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៧ - Book 7
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20170101 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០០៧ - Tipitaka Book 007, for change log on ati.eu see here: រាយការណ៍ ភាគ ០០៧
គំរូ ឯកសារ ផ្សេងទៀត ៖
book_007.pdf
លេខសម្គាល់
លេខទំព៍រ
ទ. ១
ទុតិយភាគ
ភាគ ទី ២
វស្សូបនាយិកក្ខន្ធកៈ - បវារណក្ខន្ធកៈ - ចម្មក្ខន្ធកៈ - ភេសជ្ជក្ខន្ធកៈ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(១០៧)
[១] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ការនៅចាំវស្សា ព្រះមានព្រះភាគមិនទាន់បានបញ្ញត្តដល់ភិក្ខុទាំងឡាយនៅឡើយ។ ភិក្ខុទាំងនោះក៏ចេញដើរទៅកាន់ចារិក អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើនឹងដើរទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុដែលមានជីវិត មានឥន្ទ្រិយតែ១ ញុំាងសត្វតូចៗជាច្រើនឲ្យដល់នូវសេចក្តីវិនាសសោះ សូម្បីពួកបរិព្វាជក មានលទ្ធិដទៃទាំងនេះ ដែលជាអ្នកពោលធម៌អាក្រក់ ម្តេចគង់នឹងសម្ងំឈប់សម្រាកនៅចាំវស្សា សូម្បីទាំងពួកសត្វស្លាបនេះទៀតសោត ក៏គង់ធ្វើសំបុកលើចុងឈើទាំងឡាយ ហើយនឹងសម្ងំឈប់សម្រាកនៅចាំវស្សាដែរ ចំឡែកតែពួកសមណៈ ជាសក្យបុត្តិយ៍នេះ នៅតែដើរទៅកាន់ចារិក អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀននូវវត្ថុដែលមានជីវិត មានឥន្ទ្រិយតែ១ ញុំាងសត្វតូចៗជាច្រើនឲ្យដល់នូវសេចក្តីវិនាស។ កាលមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ គ្រានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ក្នុងវេលានោះឯង រួចហើយទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សា។1)
[២] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីតិ្រះរិះយ៉ាងនេះថា យើងគួរចូលវស្សាក្នុងកាលណាហ្ន៎។ ភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សាក្នុងវស្សានរដូវ។ លំដាប់នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ថ្ងៃចូលវស្សា តើមានប៉ុន្មានហ្ន៎។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សានេះមានពីរ គឺថ្ងៃបុរិមិកា2) វស្សា១ ថ្ងៃបច្ឆិមិកា3) វស្សា១ ភិក្ខុគួរចូលបុរិមិកាវស្សា ក្នុងថ្ងៃបន្ទាប់នៃថ្ងៃពេញបូណ៌មីខែអាសាធ (គឺថ្ងៃ១រោចខែអាសាធ) ភិក្ខុគួរចូលបច្ឆិមិកាវស្សាក្នុងថ្ងៃដែលកន្លងហួស១ខែអំពីថ្ងៃពេញបូណ៌មីខែអាសាធ (គឺថ្ងៃ១រោច ខែស្រាពណ៌) ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សាមានតែពីរយ៉ាងនេះឯង។
(១០៨)
[៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបានចូលវស្សាហើយ ក៏ចេញដើរទៅកាន់ចារិកក្នុងកណ្តាលវស្សា។ មនុស្សទាំងឡាយពោលទោស តិះដៀស បន្តុះបង្អាប់ដូចក្នុងគ្រាមុននោះទៀតថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើនឹងដើរទៅកាន់ចារិកអស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀនវត្ថុដែលមានជីវិត មានឥន្ទ្រិយតែមួយ ញុំាងពួកសត្វតូចៗជាច្រើនឲ្យដល់នូវសេចក្តីវិនាសសោះ យ៉ាងដូចជាពួកតិរ្ថិយដទៃនេះ ដែលពោលធម៌អាក្រក់ ម្តេចគង់នឹងសម្ងំឈប់សម្រាកនៅចាំវស្សា អស់ទាំងពួកសត្វស្លាបនេះទៀតសោត ក៏ធ្វើសំបុកទាំងឡាយទុកនៅលើចុងឈើទាំងឡាយ ហើយនឹងសម្ងំនៅចាំវស្សាដូចគ្នាដែរ ចំឡែកតែពួកសមណៈ ជាសក្យបុត្តិយ៍នេះ ម្តេចឡើយក៏នៅតែដើរទៅកាន់ចារិក អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ ដើរជាន់ស្មៅស្រស់ទាំងឡាយ បៀតបៀនវត្ថុដែលមានជីវិត មានឥន្ទ្រិយតែមួយ ញុំាងពួកសត្វតូចៗជាច្រើនឲ្យដល់នូវសេចក្តីវិនាស។ កាលមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុចូលវស្សាហើយ មិនសមបើនឹងចេញដើរទៅកាន់ចារិកក្នុងកណ្តាលវស្សាសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថារួចហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកបញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលវស្សាហើយ មិននៅចាំបុរិមិកាវស្សាអស់ខែ៣ ឬបច្ឆិមិកាវស្សាអស់ខែ៣ទេ មិនត្រូវចៀសចេញទៅកាន់ចារិកឡើយ ភិក្ខុណាចៀសចេញទៅ ត្រូវអាបត្តិទុក្កដ។
[៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមិនប្រាថ្នានឹងចូលវស្សា។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំមិនចូលវស្សាឡើយ (គឺត្រូវតែចូលវស្សា) ភិក្ខុណាមិនចូលវស្សា ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមិនប្រាថ្នានឹងចូលវស្សាក្នុងថ្ងៃចូលវស្សានោះ ក៏ក្លែងដើរចេញពីទីអាវាស។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនប្រាថ្នានឹងចូលវស្សា ក៏ក្លែងដើរចេញពីអាវាសទៅក្នុងថ្ងៃចូលវស្សានោះមិនបានទេ ភិក្ខុណាចេញដើរទៅ ត្រូវអាបត្តិទុក្កដ។
[៥] សម័យនោះឯង ព្រះបាទមាគធសេនិយពិម្ពិសារទ្រង់មានសេចក្តីប្រាថ្នាដើម្បីនឹងលើកខែ4) ក៏បញ្ជូនរាជបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា លោកម្ចាស់ទាំងឡាយគួរតែចូលវស្សាក្នុងខែខាងមុខ (ខែអាសាធក្រោយ)។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រព្រឹត្តទៅតាមសេ្តចទាំងឡាយចុះ។
(១០៩)
[៦] គ្រានោះឯង ព្រះមានព្រះភាគគង់ក្នុងក្រុងរាជគ្រឹះគួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់យាងសំដៅទៅឯក្រុងសាវត្ថី ទ្រង់យាងទៅកាន់ចារិកដោយលំដាប់ស្រុក ទើបបានដល់ទៅក្រុងសាវត្ថី។ បានឮថា ព្រះមានព្រះភាគគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថីនោះឯង។ សម័យនោះឯង ក្នុងកោសលជនបទ មានឧបាសកឈ្មោះឧទេន បានឲ្យគេធ្វើវិហារចំពោះសង្ឃ។ ឧបាសកនោះក៏បានបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក ដ្បិតខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផង ស្តាប់ធម៌ផង នឹងបានឃើញភិក្ខុទាំងឡាយផង។ ភិក្ខុទាំងឡាយនិយាយយ៉ាងនេះវិញថា នែអាវុសោ ព្រះមានព្រះភាគបានបញ្ញត្តហើយថា ភិក្ខុទាំងឡាយចូលវស្សាហើយមិនបាននៅចាំបុរិមិកាវស្សាអស់៣ខែ ឬបច្ឆិមិកាវស្សាអស់៣ខែទេ មិនត្រូវចេញដើរទៅកាន់ចារិកឡើយ សូមឲ្យឧទេនឧបាសកបង្អង់ចាំសិន ទំរាំតែភិក្ខុទាំងឡាយនៅចាំវស្សារួច លុះចាំវស្សារួចហើយ មុខជានឹងទៅ បើឧបាសកនោះ មានការត្រូវធ្វើជាប្រញាប់ សូមឲ្យផ្ញើវិហារទុកក្នុងសំណាក់ភិក្ខុទាំងឡាយ ដែលនៅក្នុងអាវាសក្នុងទីនោះសិនចុះ។ ឯឧទេនឧបាសក ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ កាលបើអញបានបញ្ជូនពាក្យបណ្តាំទៅហើយ មិនសមបើនឹងមិននិមន្តមកសោះ ដ្បិតអញជាទាយក ជាកប្បិយការកៈ ជាឧបដ្ឋាករបស់សង្ឃ។ កាលឧទេនឧបាសកកំពុងតែពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះ ភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះឯង រួចហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ កាលបើជនទាំង៧ពួក គឺភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ឧបាសក១ ឧបាសិកា១ បានបញ្ជូនបម្រើមកហើយ តថាគតអនុញ្ញាតឲ្យភិក្ខុទៅដោយសត្តាហករណីយ (កិច្ចដែលគួរធ្វើបាន៧ថ្ងៃ) កាលបើគេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ម្នាលភិក្ខុទាំងឡាយ កាលបើជនទាំង៧ពួកនេះ បានបញ្ជូនបម្រើមកហើយ តថាគតអនុញ្ញាតឲ្យភិក្ខុទៅបាន កាលបើគេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់ក្នុងរវាង៧ថ្ងៃ។5) ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសកបានឲ្យគេធ្វើវិហារចំពោះសង្ឃហើយ។ បើឧបាសកនោះបញ្ជូនបម្រើមកក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផង នឹងស្តាប់ធម៌ផង នឹងឃើញភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបានបញ្ជូនបម្រើមកហើយ ភិក្ខុត្រូវទៅដោយសត្តាហករណីយបាន កាលបើឥតមានគេបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសកបានឲ្យគេធ្វើរោងអឌ្ឍយោគចំពោះសង្ឃ។បេ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើប្រាសាទដម្បូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់។ ឲ្យគេធ្វើសាលាសម្រាប់ឆាន់។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើកប្បិយកុដិ។ ឲ្យគេធ្វើវច្ចកុដិ (បង្គន់)។ ឲ្យគេធ្វើទីចង្រ្កម។ ឲ្យគេធ្វើរោងចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើសាលានៅនាអណ្តូងទឹក។ ឲ្យគេធ្វើផ្ទះជាទីរក្សាកាយ។ ឲ្យគេធ្វើសាលាសម្រាប់ប្រើប្រាស់នៅនាផ្ទះជាទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីអារាម។ បើឧបាសកនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផង នឹងស្តាប់ធម៌ផង នឹងឃើញភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបញ្ជូនបម្រើមកហើយ ភិក្ខុត្រូវទៅដោយសត្តាហករណីយបាន កាលបើឥតមានគេបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសកចំពោះភិក្ខុច្រើនរូប។បេ។ បានឲ្យគេធ្វើវិហារចំពោះភិក្ខុ១រូប។ ឲ្យគេធ្វើអឌ្ឍយោគ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើប្រាសាទដម្បូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោងសម្រាប់ឆាន់។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើកប្បិយកុដិ។ ឲ្យគេធ្វើវច្ចកុដិ។ ឲ្យគេធ្វើទីចង្រ្កម។ ឲ្យគេធ្វើរោងសម្រាប់ចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើសាលាសម្រាប់ប្រើប្រាស់នៅនាអណ្តូងទឹក។ ឲ្យគេធ្វើផ្ទះជាទីរក្សាកាយ។ ឲ្យគេធ្វើសាលាក្បែរផ្ទះជាទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ បើឧបាសកនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នានឹងឲ្យទានផង នឹងស្តាប់ធម៌ផង នឹងឃើញភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបញ្ជូនបម្រើមក ភិក្ខុគប្បីទៅដោយសត្តាហករណីយបាន កាលបើគេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុគប្បីធ្វើការត្រឡប់វិលមកវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសកបានឲ្យគេធ្វើវិហារចំពោះភិក្ខុនីសង្ឃ ចំពោះភិក្ខុនីច្រើនរូប ចំពោះភិក្ខុនីមួយរូប ចំពោះសិក្ខមានាច្រើនរូប ចំពោះសិក្ខមានា១រូប ចំពោះសាមណេរច្រើនរូប ចំពោះសាមណេរ១រូប ចំពោះសាមណេរីច្រើនរូប ចំពោះសាមណេរី១រូប។ បានឲ្យគេធ្វើអឌ្ឍយោគ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើប្រាសាទដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោងសម្រាប់ឆាន់។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើកប្បិយកុដិ។ ឲ្យគេធ្វើវច្ចកុដិ។ ឲ្យគេធ្វើទីចង្រ្កម។ ឲ្យគេធ្វើរោងចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើរោងសម្រាប់ប្រើប្រាស់នៅនាអណ្តូងទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ បើឧបាសកនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមដ៏ចំរើនទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផង នឹងស្តាប់ធម៌ផង នឹងឃើញភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបញ្ជូនបម្រើមកហើយ ភិក្ខុគប្បីទៅដោយសត្តាហករណីយបាន កាលបើគេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុគប្បីធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសកបានឲ្យគេធ្វើទីនៅចំពោះខ្លួនឯងវិញ។ ឲ្យគេធ្វើផ្ទះសម្រាប់ដេក។ ឲ្យគេធ្វើឃ្លាំង។ ឲ្យគេធ្វើប៉ម (បញ្ចា)។ ឲ្យគេធ្វើប្រាសាទបួនជ្រុង។ ឲ្យគេធ្វើរានផ្សារ។ ឲ្យគេធ្វើរោងរានផ្សារ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើប្រាសាទដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោងសម្រាប់បរិភោគ។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើផ្ទះសម្រាប់ចំអិនអាហារ។ ឲ្យគេធ្វើវច្ចកុដិ។ ឲ្យគេធ្វើទីចង្រ្កម។ ឲ្យគេធ្វើរោងចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើរោងសម្រាប់ប្រើប្រាស់នៅនាអណ្តូងទឹក។ ឲ្យគេធ្វើផ្ទះជាទីរក្សាកាយ។ ឲ្យគេធ្វើសាលាក្បែរផ្ទះជាទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ មានការដណ្តឹង(កូនស្រី) ដើម្បីកូនប្រុសក្តី មានការដណ្តឹង(កូនប្រុស) ដើម្បីកូនស្រីក្តី គេមានជម្ងឺក្តី គេប្រាប់ព្រះសូត្រដែលគេដឹងប្រាកដក្តី។ បើឧបាសកនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកដ៏ចំរើនទាំងឡាយនិមន្តមករៀនយកព្រះសូត្រនេះ កុំឲ្យព្រះសូត្រនេះសាបសូន្យទៅឡើយ។ ម្យ៉ាងទៀត ឧបាសកនោះ មានកិច្ចឯណានីមួយក្តី មានកិច្ចត្រូវធ្វើ (ខានមិនបាន)ក្តី។ បើឧបាសកនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកដ៏ចំរើនទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផង នឹងស្តាប់ធម៌ផង នឹងឃើញភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបញ្ជូនបម្រើមក ភិក្ខុគប្បីទៅដោយសត្តាហករណីយបាន កាលបើគេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសិកាបានឲ្យគេធ្វើវិហារចំពោះសង្ឃ។ បើឧបាសិកានោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផង នឹងស្តាប់ធម៌ផង នឹងឃើញភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបញ្ជូនបម្រើមកហើយ ភិក្ខុគប្បីទៅដោយសត្តាហករណីយបាន កាលបើគេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសិកាបានឲ្យគេធ្វើអឌ្ឍយោគចំពោះសង្ឃ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើប្រាសាទដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោងសម្រាប់ឆាន់។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើកប្បិយកុដិ។ ឲ្យគេធ្វើវច្ចកុដិ។ ឲ្យគេធ្វើទីចង្ក្រម។ ឲ្យគេធ្វើរោងចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើរោងសម្រាប់ប្រើប្រាស់នៅនាអណ្តូងទឹក។ ឲ្យគេធ្វើផ្ទះជាទីរក្សាកាយ។ ឲ្យគេធ្វើសាលាក្បែរផ្ទះជាទីរក្សាកាយ។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ បើឧបាសិកានោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផង នឹងស្តាប់ធម៌ផង នឹងឃើញភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបញ្ជូនបម្រើមក ភិក្ខុគប្បីទៅដោយសត្តាហករណីយបាន កាលបើគេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានឧបាសិកាគេបានធ្វើវិហារចំពោះភិក្ខុច្រើនរូប។បេ។ ចំពោះភិក្ខុ១រូប ចំពោះភិក្ខុនីសង្ឃ ចំពោះភិក្ខុនីច្រើនរូប ចំពោះភិក្ខុនី១រូប ចំពោះសិក្ខមានាច្រើនរូប ចំពោះសិក្ខមានា១រូប ចំពោះសាមណេរច្រើនរូប ចំពោះសាមណេរ១រូប ចំពោះសាមណេរីច្រើនរូប ចំពោះសាមណេរី១រូប។បេ។ បានឲ្យគេធ្វើលំនៅចំពោះខ្លួនឯង។ ឲ្យគេធ្វើផ្ទះសម្រាប់ដេក។ ឲ្យគេធ្វើឃ្លាំង។ ឲ្យគេធ្វើប៉ម (បញ្ចា)។ ឲ្យគេធ្វើប្រាសាទបួនជ្រុង។ ឲ្យគេធ្វើរានផ្សារ។ ឲ្យគេធ្វើរោងរានផ្សារ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើប្រាសាទដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោងសម្រាប់បរិភោគអាហារ។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើផ្ទះសម្រាប់ចំអិនអាហារ។ ឲ្យគេធ្វើវច្ចកុដិ។ ឲ្យគេធ្វើទីចង្ក្រម។ ឲ្យគេធ្វើរោងចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើរោងសម្រាប់ប្រើប្រាស់នៅនាអណ្តូងទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ មានការដណ្តឹង (កូនស្រី) ដើម្បីកូនប្រុសក្តី មានការដណ្តឹង(កូនប្រុស) ដើម្បីកូនស្រីក្តី គេមានជម្ងឺក្តី គេប្រាប់ព្រះសូត្រដែលគេដឹងប្រាកដក្តី។ បើឧបាសិកានោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកម្ចាស់ទាំងឡាយនិមន្តមករៀនយកនូវព្រះសូត្រនេះ កុំឲ្យព្រះសូត្រនេះសាបសូន្យទៅឡើយ។ ម្យ៉ាងទៀត ឧបាសិកានោះ មានកិច្ចឯណានីមួយក្តី មានកិច្ចត្រូវធ្វើ (ខានមិនបាន) ក្តី។ បើឧបាសិកានោះ បញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផង នឹងស្តាប់ធម៌ផង នឹងឃើញភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើគេបញ្ជូនបម្រើមកហើយ ភិក្ខុគប្បីទៅដោយសត្តាហករណីយបាន កាលបើគេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុឲ្យគេធ្វើវិហារចំពោះសង្ឃ ភិក្ខុនីឲ្យគេធ្វើវិហារចំពោះសង្ឃ សិក្ខមានាឲ្យគេធ្វើវិហារចំពោះសង្ឃ សាមណេរឲ្យគេធ្វើវិហារចំពោះសង្ឃ សាមណេរីឲ្យគេធ្វើវិហារចំពោះសង្ឃ ចំពោះភិក្ខុច្រើនរូប ចំពោះភិក្ខុ១រូប ចំពោះភិក្ខុនីសង្ឃ ចំពោះភិក្ខុនីច្រើនរូប ចំពោះភិក្ខុនី១រូប ចំពោះសិក្ខមានាច្រើនរូប ចំពោះសិក្ខមានា១រូប ចំពោះសាមណេរច្រើនរូប ចំពោះសាមណេរ១រូប ចំពោះសាមណេរីច្រើនរូប ចំពោះសាមណេរី១រូប។បេ។ បានឲ្យគេធ្វើវិហារចំពោះខ្លួនឯង។ ឲ្យគេធ្វើអឌ្ឍយោគ។ ឲ្យគេធ្វើប្រាសាទវែង។ ឲ្យគេធ្វើប្រាសាទដំបូលត្រងិល។ ឲ្យគេធ្វើគុហា។ ឲ្យគេធ្វើបរិវេណ។ ឲ្យគេធ្វើបន្ទប់ទឹក។ ឲ្យគេធ្វើរោងសម្រាប់បរិភោគអាហារ។ ឲ្យគេធ្វើរោងភ្លើង។ ឲ្យគេធ្វើកប្បិយកុដិ។ ឲ្យគេធ្វើវច្ចកុដិ។ ឲ្យគេធ្វើទីចង្ក្រម។ ឲ្យគេធ្វើរោងចង្ក្រម។ ឲ្យគេធ្វើអណ្តូងទឹក។ ឲ្យគេធ្វើរោងសម្រាប់ប្រើប្រាស់នៅនាអណ្តូងទឹក។ ឲ្យគេធ្វើស្រះ។ ឲ្យគេធ្វើមណ្ឌប។ ឲ្យគេធ្វើអារាម។ ឲ្យគេធ្វើទីដីអារាម។ បើសាមណេរីនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នានឹងថ្វាយទានផង នឹងស្តាប់ធម៌ផង នឹងឃើញភិក្ខុទាំងឡាយផង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានគេបញ្ជូនបម្រើមកហើយ ភិក្ខុគប្បីទៅដោយសត្តាហករណីយបាន កាលបើគេមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ។
(១១០)
[៧] សម័យនោះឯង មានភិក្ឋុ១រូបមានជម្ងឺ។ ភិក្ខុនោះ បានបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំមានជម្ងឺ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នានឹងឲ្យភិក្ខុទាំងឡាយនិមន្តមក។ ភិក្ខុទាំងឡាយក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ កាលបើសហធម្មិកបុគ្គលទាំង៥ពួក គឺភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ មិនបានបញ្ជូនបម្រើមក ក៏តថាគតអនុញ្ញាតឲ្យភិក្ខុទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលគេបានបញ្ជូនបម្រើមកហើយនោះ ម្នាលភិក្ខុទាំងឡាយ ពួកសហធម្មិកបុគ្គលទាំង៥ពួកនេះ ទុកជាមិនបានបញ្ជូនបម្រើមក ក៏តថាគតអនុញ្ញាតឲ្យភិក្ខុទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលគេបានបញ្ជូនបម្រើមកនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុឈឺ។ បើភិក្ខុនោះ បញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំមានជម្ងឺ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នានឹងឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុឈឺនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលគេបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងស្វែងរកភត្តសម្រាប់ភិក្ខុឈឺក្តី នឹងស្វែងរកភត្តសម្រាប់ភិក្ខុបម្រើជម្ងឺក្តី នឹងស្វែងរកថ្នាំសម្រាប់ភិក្ខុឈឺក្តី នឹងសាកសួរជម្ងឺក្តី នឹងបម្រើជម្ងឺក្តី។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុក (ចង់សឹក) កើតឡើងដល់ភិក្ខុ។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សេចក្តីអផ្សុកកើតឡើងដល់ខ្ញុំហើយ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញដោយគិតថា អាត្មាអញនឹងបំបាត់សេចក្តីអផ្សុកដោយខ្លួនឯង ឬនឹងឲ្យអ្នកដទៃបំបាត់ ឬនឹងធ្វើនូវធម្មកថាចំពោះភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីរង្កៀសកើតឡើងដល់ភិក្ខុហើយ។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សេចក្តីរង្កៀសកើតឡើងដល់ខ្ញុំហើយ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងបន្ទោបង់នូវសេចក្តីរង្កៀសដោយខ្លួនឯង ឬឲ្យអ្នកដទៃបន្ទោបង់ ឬនឹងធ្វើនូវធម្មកថាដល់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ទិដ្ឋិខុសកើតឡើងដល់ភិក្ខុហើយ។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ទិដ្ឋិខុសកើតឡើងដល់ខ្ញុំហើយ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំចង់ឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ បើទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបានបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងដោះ ឬនឹងឲ្យអ្នកដទៃដោះនូវទិដ្ឋិខុស ឬនឹងធ្វើនូវធម្មកថាដល់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុត្រូវគរុធម៌ហើយ គួរដល់បរិវាស។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំត្រូវគរុធម៌ហើយ គួរដល់បរិវាស សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបានបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើសេចក្តីខ្វល់ខ្វាយ ឬនឹងសូត្រ (កម្មវាចា) ឬនឹងជាគណបូរកៈ (គឺជាអ្នកបំពេញគណៈសង្ឃ) ក្នុងការឲ្យបរិវាស។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុគួរនឹងទាញអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិ។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំគួរនឹងទាញអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើសេចក្តីខ្វល់ខ្វាយ ឬនឹងសូត្រ (កម្មវាចា) ឬជាគណបូរកៈក្នុងការទាញនូវអន្តរាបត្តិមកដាក់ក្នុងមូលាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុគួរដល់មានត្ត។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំគួរដល់មានត្តហើយ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំចង់ឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមកទេ ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបានបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើសេចក្តីខ្វល់ខ្វាយ ឬនឹងសូត្រ (កម្មវាចា) ឬនឹងជាគណបូរកៈក្នុងការឲ្យមានត្ត។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានភិក្ខុគួរដល់អព្ភានកម្ម។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ខ្ញុំគួរដល់អព្ភានហើយ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើសេចក្តីខ្វល់ខ្វាយ ឬនឹងសូត្រ (កម្មវាចា) ឬនឹងជាគណបូរកៈក្នុងអព្ភានកម្ម។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សង្ឃមានសេចក្តីប្រាថ្នាដើម្បីធ្វើនូវកម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ចំពោះភិក្ខុហើយ។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ឥឡូវសង្ឃមានសេចក្តីប្រាថ្នាដើម្បីធ្វើនូវកម្មដល់ខ្ញុំហើយ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា សង្ឃមិនគួរធ្វើនូវកម្ម ឬគួរបង្អោនទៅរកដើម្បីកម្មស្រាល ដោយឧបាយដូចម្តេចហ្ន៎។ ម្យ៉ាងវិញទៀត កម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃបានធ្វើដល់ភិក្ខុនោះហើយ។ បើភិក្ខុនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ឥឡូវសង្ឃបានធ្វើនូវកម្មដល់ខ្ញុំហើយ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា ភិក្ខុនោះគួរប្រព្រឹត្តវត្តដោយប្រពៃ គួរសម្របរោម គួរប្រព្រឹត្តវត្តសមគួរដល់កិរិយារលាស់ខ្លួនចេញចាកទោស សង្ឃគប្បីរម្ងាប់នូវកម្មនោះចេញ ដោយឧបាយដូចម្តេចហ្ន៎។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុនីឈឺ។ បើភិក្ខុនីនោះ បញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំមានជម្ងឺ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនីនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ច ដែលភិក្ខុនីបានបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងស្វែងរកគិលានភត្តក្តី ស្វែងរកគិលានុបដ្ឋាកភត្តក្តី ស្វែងរកគិលានភេសជ្ជៈក្តី នឹងសួរជម្ងឺក្តី នឹងបម្រើជម្ងឺក្តី។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុក កើតឡើងដល់ភិក្ខុនីហើយ។ បើភិក្ខុនីនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សេចក្តីអផ្សុកកើតឡើងដល់ខ្ញុំហើយ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនីនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុនីបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងបំបាត់សេចក្តីអផ្សុករបស់ភិក្ខុនី ឬនឹងឲ្យអ្នកដទៃបំបាត់ ឬនឹងធ្វើនូវធម្មកថាដល់ភិក្ខុនីនោះ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីរង្កៀសកើតឡើងដល់ភិក្ខុនីហើយ។ បើភិក្ខុនីនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សេចក្តីរង្កៀសកើតឡើងដល់ខ្ញុំហើយ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនីនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុនីបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងបន្ទោបង់ ឬនឹងឲ្យអ្នកដទៃបន្ទោបង់នូវសេចក្តីរង្កៀស ឬនឹងធ្វើនូវធម្មកថាដល់ភិក្ខុនីនោះ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ទិដ្ឋិខុសកើតឡើងដល់ភិក្ខុនីហើយ។ បើភិក្ខុនីនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ទិដ្ឋិខុសកើតឡើងដល់ខ្ញុំហើយ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនីនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុនីបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងដោះ ឬនឹងឲ្យអ្នកដទៃជួយដោះនូវទិដ្ឋិខុស ឬនឹងធ្វើនូវធម្មកថាដល់ភិក្ខុនីនោះ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុនីត្រូវគរុធម៌ គួរដល់មានត្តហើយ។ បើភិក្ខុនីនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំត្រូវគរុធម៌ គួរដល់មានត្តហើយ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនីនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុនីបានបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើសេចក្តីខ្វល់ខ្វាយក្នុងកាឲ្យនូវមានត្ត។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានភិក្ខុនីគួរនឹងទាញអន្តរាបត្តិមកចូលក្នុងមូលាបត្តិ។ បើភិក្ខុនីនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំករុណាគួរនឹងទាញអន្តរាបត្តិមកចូលក្នុងមូលាបត្តិ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនីនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុនីបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើសេចក្តីខ្វល់ខ្វាយក្នុងការទាញអន្តរាបត្តិមកចូលក្នុងមូលាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានភិក្ឋុនីគួរដល់អព្ភានកម្មហើយ។ បើភិក្ខុនីនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំករុណាគួរដល់អព្ភានកម្មហើយ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនីនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុនីបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើសេចក្តីខ្វល់ខ្វាយក្នុងអព្ភានកម្ម។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សង្ឃចង់ធ្វើកម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់ភិក្ខុនី។ បើភិក្ខុនីនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ឥឡូវសង្ឃចង់ធ្វើកម្មដល់ខ្ញុំករុណាហើយ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនីនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុនីបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា សង្ឃមិនគួរធ្វើកម្ម ឬគួរតែបង្អោនទៅដើម្បីកម្មស្រាល ដោយឧបាយដូចម្តេចហ្ន៎។ មួយទៀត សង្ឃបានធ្វើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់ភិក្ខុនីនោះហើយ។ បើភិក្ខុនីនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា សង្ឃបានធ្វើកម្មដល់ខ្ញុំករុណាហើយ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាភិក្ខុនីនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលភិក្ខុនីបានបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា ភិក្ខុនីនោះគួរប្រព្រឹត្តដោយប្រពៃ គួរសម្របរោម គួរប្រព្រឹត្តវត្ត សមគួរដល់កិរិយារលាស់ខ្លួនចេញចាកទោស សង្ឃគប្បីរម្ងាប់កម្មនោះ ដោយឧបាយដូចម្តេចហ្ន៎។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សិក្ខមានាមានជម្ងឺ។ បើសិក្ខមានានោះ បញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំមានជម្ងឺ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាសិក្ខមានានោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលសិក្ខមានាបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងស្វែងរកគិលានភត្ត ឬនឹងស្វែងរកគិលានុបដ្ឋាកភត្ត ឬនឹងស្វែងរកគិលានភេសជ្ជៈ ឬនឹងសួរជម្ងឺ ឬនឹងបម្រើជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុកកើតឡើងដល់សិក្ខមានាហើយ។បេ។ សេចក្តីរង្កៀសកើតឡើងហើយ។ ទិដ្ឋិខុសកើតឡើងហើយ។ សិក្ខាកម្រើក (គឺដាច់សិក្ខាសម្មតិ)ហើយ។ បើសិក្ខមានានោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ឥឡូវសិក្ខារបស់ខ្ញុំករុណាកម្រើកហើយ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាសិក្ខមានានោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលសិក្ខមានាបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើសេចក្តីខ្វល់ខ្វាយក្នុងការសមាទានសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានសិក្ខមានាប្រាថ្នានឹងឧបសម្បទា។ បើសិក្ខមានានោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំប្រាថ្នានឹងឧបសម្បទា សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាសិក្ខមានានោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលសិក្ខមានាបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើសេចក្តីខ្វល់ខ្វាយ ឬនឹងសូត្រ (កម្មវាចា) ឬនឹងជាគណបូរកៈ ក្នុងឧបសម្បទាកម្ម ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានសាមណេរឈឺ។ បើសាមណេរនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំករុណាឈឺ សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាសាមណេរនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលសាមណេរបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងជួយស្វែងរកគិលានភត្តក្តី ស្វែងរកគិលានុបដ្ឋាកភត្តក្តី ស្វែងរកគិលានភេសជ្ជៈក្តី សាកសួរជម្ងឺក្តី បម្រើជម្ងឺក្តី។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុកកើតឡើងដល់សាមណេរ។បេ។ សេចក្តីរង្កៀសកើតឡើងដល់សាមណេរ។ ទិដ្ឋិខុសកើតឡើងដល់សាមណេរ។ សាមណេរមានការប្រាថ្នាដើម្បីសួរនូវវស្សា។ បើសាមណេរនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំករុណាមានការប្រាថ្នាដើម្បីសួរនូវវស្សា សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាសាមណេរនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលសាមណេរបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងសាកសួរវស្សា ឬនឹងប្រាប់វស្សា។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានសាមណេរចង់ឧបសម្បទា។ បើសាមណេរនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំករុណាចង់ឧបសម្បទា សូមភិក្ខុទាំងឡាយនិមន្តមក ខ្ញុំករុណាប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាសាមណេរនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលសាមណេរបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើសេចក្តីខ្វល់ខ្វាយ ឬនឹងសូត្រ (កម្មវាចា) ឬនឹងជាគណបូរកៈ ក្នុងឧបសម្បទាកម្ម។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានសាមណេរីឈឺ។ បើសាមណេរីនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំមានជម្ងឺ សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាសាមណេរីនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលសាមណេរីបានបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងស្វែងរកគិលានភត្ត ឬស្វែងរកគិលានុបដ្ឋាកភត្ត ឬស្វែងរកគិលានភេសជ្ជៈ ឬសួរជម្ងឺ ឬបម្រើជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ សេចក្តីអផ្សុកកើតឡើងដល់សាមណេរី។ សេចក្តីរង្កៀសកើតឡើងដល់សាមណេរី។ ទិដ្ឋិខុសកើតឡើងដល់សាមណេរី។ សាមណេរីមានសេចក្តីប្រាថ្នាដើម្បីនឹងសួរនូវវស្សា។ មានសេចក្តីប្រាថ្នាដើម្បីសមាទាននូវសិក្ខា។ បើសាមណេរីនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា ដ្បិតខ្ញុំមានសេចក្តីប្រាថ្នាដើម្បីសមាទាននូវសិក្ខា សូមលោកម្ចាស់ទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកម្ចាស់ទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាសាមណេរីនោះមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលសាមណេរីបានបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងធ្វើនូវសេចក្តីខ្វល់ខ្វាយក្នុងការសមាទាននូវសិក្ខា។
(១១១)
[៨] សម័យនោះឯង មាតារបស់ភិក្ខុ១រូបមានជម្ងឺ។ មាតានោះក៏បានបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុជាកូនថា ដ្បិតខ្ញុំមានជម្ងឺ ខ្ញុំចង់ឲ្យលោកកូននិមន្តមក។ ក្នុងវេលានោះ ភិក្ខុនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគបានបញ្ញត្តហើយថា កាលបើជនទាំង៧ពួកបានបញ្ជូនបម្រើមកហើយ ភិក្ខុគួរទៅដោយសត្តាហករណីយបាន កាលបើជនទាំង៧ពួកមិនបញ្ជូនបម្រើមកទេ ភិក្ខុមិនគួរទៅទេ ចំណែកឯពួកសហធម្មិកបុគ្គលទាំង៥វិញ មិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគួរទៅដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលគេបញ្ជូនបម្រើមកហើយនោះ ក៏ឥឡូវ មានតារបស់អញនេះមានជម្ងឺ តែមាតានោះមិនមែនជាឧបាសិកា តើអាត្មាអញត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ ទុកជាពួកជនទាំង៧ គឺភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី មាតា បិតា មិនបានបញ្ជូនបម្រើមក ក៏តថាគតអនុញ្ញាតឲ្យភិក្ខុទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលគេបានបញ្ជូនបម្រើមកហើយនោះ ម្នាលភិក្ខុទាំងឡាយ ទុកជាពួកជនទាំង៧នេះ មិនបានបញ្ជូនបម្រើមក ក៏តថាគតអនុញ្ញាតឲ្យភិក្ខុទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលគេបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មាតារបស់ភិក្ខុមានជម្ងឺ។ បើមាតានោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុជាកូនថា ដ្បិតខ្ញុំមានជម្ងឺ សូមលោកកូនរបស់ខ្ញុំនិមន្តមក ខ្ញុំចង់ឲ្យលោកកូននិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាមាតាមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលមាតាបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងស្វែងរកគិលានភត្ត នឹងស្វែងរកគិលានុបដ្ឋាកភត្ត នឹងស្វែងរកគិលានភេសជ្ជៈ ឬនឹងសួរជម្ងឺ ឬនឹងបម្រើជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បិតារបស់ភិក្ខុមានជម្ងឺ។ បើបិតានោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុជាកូនថា ដ្បិតខ្ញុំមានជម្ងឺ សូមឲ្យលោកកូនរបស់ខ្ញុំនិមន្តមក ខ្ញុំចង់ឲ្យលោកកូននិមន្តមក។ ម្នាលភិក្ខុទាំងឡាយ ទុកជាបិតាមិនបានបញ្ជូនបម្រើមក ក៏ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន នឹងនិយាយទៅថ្វីដល់កិច្ចដែលបិតាបញ្ជូនបម្រើមកហើយនោះ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ ដោយគិតថា អាត្មាអញនឹងស្វែងរកគិលានភត្ត នឹងស្វែងរកគិលានុបដ្ឋាកភត្ត នឹងស្វែងរកគិលានភេសជ្ជៈ ឬនឹងសួរជម្ងឺ ឬនឹងបម្រើជម្ងឺ។
(១១២)
ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បងប្អូនប្រុសរបស់ភិក្ខុមានជម្ងឺ។ បើបងប្អូនប្រុសនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុជាបងប្អូនថា ដ្បិតខ្ញុំមានជម្ងឺ សូមឲ្យលោកជាបងប្អូនរបស់ខ្ញុំនិមន្តមក ខ្ញុំចង់ឲ្យលោកជាបងប្អូននិមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើបងប្អូនប្រុសបញ្ជូនបម្រើមកហើយ ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន បើបងប្អូនប្រុសមិនបានបញ្ជូនបម្រើមកទេ ភិក្ខុមិនគួរទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បងប្អូនស្រីរបស់ភិក្ខុមានជម្ងឺ។ បើបងប្អូនស្រីនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុថា ដ្បិតខ្ញុំមានជម្ងឺ សូមឲ្យលោកជាបងប្អូនប្រុសរបស់ខ្ញុំនិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកជាបងប្អូនប្រុសនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើបងប្អូនស្រីបានបញ្ជូនបម្រើមកហើយ ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន កាលបើបងប្អូនស្រីមិនបានបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ញាតិរបស់ភិក្ខុមានជម្ងឺ។ បើញាតិនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុថា ដ្បិតខ្ញុំមានជម្ងឺ សូមឲ្យលោកដ៏ចំរើននិមន្តមក ខ្ញុំប្រាថ្នាឲ្យលោកដ៏ចំរើននិមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើញាតិបញ្ជូនបម្រើមកហើយ ភិក្ខុគប្បីទៅដោយសត្តាហករណីយបាន កាលបើញាតិមិនបានបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ អ្នកធ្វើការឈ្នួលរបស់ភិក្ខុមានជម្ងឺ។ បើអ្នកធ្វើការឈ្នួលនោះបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទំាងឡាយថា ដ្បិតខ្ញុំករុណាមានជម្ងឺ សូមឲ្យភិក្ខុទាំងឡាយនិមន្តមក ខ្ញុំប្រាថ្នាឲ្យភិក្ខុទាំងឡាយនិមន្តមក។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកធ្វើការឈ្នួលបញ្ជូនបម្រើមកហើយ ភិក្ខុគប្បីទៅ ដោយសត្តាហករណីយបាន កាលបើអ្នកធ្វើការឈ្នួលមិនបានបញ្ជូនបម្រើមកទេ ភិក្ខុមិនត្រូវទៅទេ ភិក្ខុត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ។
[៩] សម័យនោះឯង មហាវិហាររបស់សង្ឃបាក់បែកទ្រុតទ្រោមទៅ មានឧបាសកម្នាក់បានឲ្យគេកាប់យកគ្រឿងឈើនៅក្នុងព្រៃ។ ឧបាសកនោះក៏បានបញ្ជូនបម្រើទៅក្នុងសំណាក់ភិក្ខុទាំងឡាយថា បើលោកដ៏ចំរើនទាំងឡាយអាចឲ្យគេនាំយកគ្រឿងឈើនោះទៅបាន ខ្ញុំករុណានឹងប្រគេនគ្រឿងឈើនោះ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទៅ ដោយសង្ឃករណីយ (កិច្ចដែលសង្ឃគួរធ្វើ)បាន ហើយត្រូវធ្វើការត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃ។
ចប់ ភាណវារៈ សំដែងអំពីភិក្ខុនៅចាំវស្សាជាបឋម។
(១១៣)
[១០] សម័យនោះឯង ភិក្ខុទាំងឡាយបានចាំវស្សាក្នុងអាវាស១ ក្នុងកោសលជនបទ ពួកសត្វសាហាវតែងទៅបៀតបៀន។ ពួកសត្វសាហាវនោះមកចាប់ភិក្ខុទាំងនោះខ្លះ មកចោមព័ទ្ធបង្អើលភិក្ខុទាំងនោះខ្លះ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយបានចូលវស្សាហើយមានពួកសត្វសាហាវមកបៀតបៀន។ ចាប់យកភិក្ខុទាំងនោះក្តី មកចោមព័ទ្ធបង្អើលភិក្ខុទាំងនោះក្តី។ ភិក្ខុទាំងឡាយត្រូវធ្វើទុកក្នុងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយបានចូលវស្សាហើយ ពួកសត្វមានពិស6) មកបៀតបៀន។ សត្វទីឃជាតិទាំងនោះខាំភិក្ខុខ្លះ មកចោមព័ទ្ធបង្អើលភិក្ខុទាំងនោះខ្លះ។ ភិក្ខុទាំងនោះត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ បើភិក្ខុទាំងឡាយចូលវស្សាហើយ មានពួកចោរមកបៀតបៀន។ ចោរទាំងនោះប្លន់ភិក្ខុទាំងឡាយខ្លះ វាយសំពងភិក្ខុទាំងឡាយខ្លះ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយចូលវស្សាហើយ មានពួកបិសាចបៀតបៀន។ បិសាចទាំងនោះចូលទៅ (ក្នុងសរីរៈរបស់ភិក្ខុទាំងឡាយនោះ)ខ្លះ នាំយក (ភិក្ខុទាំងឡាយនោះ)ទៅខ្លះ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយចូលវស្សាហើយ ស្រាប់តែភ្លើងឆេះស្រុកជាទីគោចរ។ ភិក្ខុទាំងឡាយក៏លំបាកដោយអាហារបិណ្ឌបាត ភិក្ខុទាំងនោះ ត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយចូលវស្សាហើយ ស្រាប់តែភ្លើងឆេះទីសេនាសនៈ។ ភិក្ខុទំាងឡាយក៏លំបាកដោយទីសេនាសនៈ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយចូលវស្សាហើយ ស្រាប់តែមានទឹកជន់មកលិចស្រុកជាទីគោចរ។ ភិក្ខុទាំងឡាយក៏លំបាកដោយអាហារបិណ្ឌបាត។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានទឹកជន់លិចទីសេនាសនៈរបស់ពួកភិក្ខុដែលចូលវស្សាហើយ។ ភិក្ខុទាំងឡាយក៏លំបាកដោយទីសេនាសនៈ។ ភិក្ខុទាំងនោះ ត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។
[១១] សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាហើយក្នុងអាវាស១ ស្រាប់តែមានពួកចោរមកនៅក្នុងស្រុកជាទីគោចរ។ ភិក្ខុទាំងនោះ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ ស្រុកជាទីគោចរ មានក្នុងទីណា តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយទៅនៅក្នុងទីនោះចុះ។ ចំណែកអ្នកស្រុកក៏បែកគ្នាទៅជាពីរផ្នែក។ ភិក្ខុទាំងឡាយ បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ អ្នកស្រុកទាំងឡាយមានចំនួនច្រើនជាង នៅក្នុងទីណា តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយទៅនៅក្នុងទីនោះបាន។ (ចំណែក) អ្នកស្រុកដែលឥតមានសទ្ធា ឥតមានសេចក្តីជ្រះថ្លា ច្រើនជាង។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកស្រុកដែលមានសទ្ធាជ្រះថ្លា មាននៅក្នុងទីណា តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយទៅនៅក្នុងទីនោះឯង។
[១២] សម័យនោះឯង ក្នុងកោសលជនបទ មានពួកភិក្ខុចូលវស្សាក្នុងអាវាស១ ក៏មិនដែលបានភោជនសៅហ្មង ឬឧត្តមឲ្យបានឆ្អែតពេញលេញម្តងសោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកភិក្ខុដែលចូលវស្សាហើយ មិនបានភោជនសៅហ្មង ឬឧត្តមល្មមឆ្អែតពេញលេញទេ។ ភិក្ខុទាំងនោះត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកភិក្ខុដែលចូលវស្សាហើយ បានភោជនសៅហ្មង ឬឧត្តមល្មមឆ្អែតពេញលេញហើយ តែមិនបានភោជនទាំងឡាយឲ្យជាទីសប្បាយសោះ។ ភិក្ខុទាំងនោះត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកភិក្ខុដែលចូលវស្សាហើយ បានភោជនសៅហ្មង ឬឧត្តមល្មមឆ្អែតពេញលេញហើយ បានភោជនទាំងឡាយក៏ជាទីសប្បាយ តែមិនបានភេសជ្ជៈទាំងឡាយជាទីសប្បាយសោះ។ ភិក្ខុទាំងនោះត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកភិក្ខុដែលចូលវស្សាហើយ បានភោជនសៅហ្មង ឬឧត្តមល្មមឆ្អែតពេញលេញបានភោជនទាំងឡាយក៏ជាទីសប្បាយ បានភេសជ្ជៈទាំងឡាយក៏ជាទីសប្បាយ តែមិនបានអ្នកឧបដ្ឋាកឲ្យសមគួរសោះ។ ភិក្ខុទាំងនោះត្រូវតាំងចិត្តថា អាវាសនេះឯង មានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានស្រីមកប្រលោមភិក្ខុដែលចូលវស្សាហើយថា លោកម្ចាស់ចូរនិមន្តមក ខ្ញុំករុណាប្រគេនប្រាក់លោកក្តី ខ្ញុំករុណាប្រគេនមាសលោកក្តី ខ្ញុំករុណាប្រគេនស្រែលោកក្តី ខ្ញុំករុណាប្រគេនចំការលោកក្តី ខ្ញុំករុណាប្រគេនគោឈ្មោលលោកក្តី ខ្ញុំករុណាប្រគេនគោញីលោកក្តី ខ្ញុំករុណាប្រគេនខ្ញុំប្រុសលោកក្តី ខ្ញុំករុណាប្រគេនខ្ញុំស្រីលោកក្តី ខ្ញុំករុណាប្រគេនកូនស្រី ដើម្បីឲ្យជាភរិយាលោកក្តី ខ្ញុំករុណាជាភរិយាលោកក្តី ខ្ញុំករុណានំាយកស្រីដទៃមកឲ្យជាភរិយាលោកក្តី។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ចិត្តជាធម្មជាត តែងប្រែត្រឡប់រហ័សដោយពិត ក្រែងព្រហ្មចរិយធម៌របស់អាត្មាអញនឹងមានសេចក្តីអន្តរាយ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានស្រីផ្កាមាសមកប្រលោមភិក្ខុដែលចូលវស្សាហើយ។បេ។ ថុល្លកុមារី (ស្រីចាស់ក្រមុំ) មកប្រលោម ខ្ទើយមកប្រលោម ពួកញាតិមកប្រលោម ពួកស្តេចមកប្រលោម ពួកចោរមកប្រលោម ពួកអ្នកលេងមកប្រលោមថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមក យើងខ្ញុំប្រគេនប្រាក់លោកក្តី យើងខ្ញុំប្រគេនមាសលោកក្តី យើងខ្ញុំប្រគេនស្រែលោកក្តី យើងខ្ញុំប្រគេនចំការលោកក្តី យើងខ្ញុំប្រគេនគោឈ្មោលលោកក្តី យើងខ្ញុំប្រគេនគោញីលោកក្តី យើងខ្ញុំប្រគេនខ្ញុំប្រុសលោកក្តី យើងខ្ញុំប្រគេនខ្ញុំស្រីលោកក្តី យើងខ្ញុំប្រគេនកូនស្រី ដើម្បីឲ្យជាភរិយាលោកក្តី យើងខ្ញុំនំាយកស្រីដទៃមកឲ្យជាភរិយាលោកក្តី។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត តែងប្រែត្រឡប់រហ័សដោយពិត ក្រែងមានសេចក្តីអន្តរាយដល់ព្រហ្មចរិយធម៌របស់អាត្មាអញ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ ឃើញកំណប់ទ្រព្យឥតមានម្ចាស់។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ចិត្តជាធម្មជាត តែងប្រែត្រឡប់រហ័សដោយពិត ក្រែងមានសេចក្តីអន្តរាយ ដល់ព្រហ្មចរិយធម៌របស់អញ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។
(១១៤)
ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ ឃើញភិក្ខុច្រើនរូបកំពុងព្យាយាមដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា សង្ឃភេទ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ សូមកុំឲ្យសង្ឃបែកគ្នាក្នុងទីចំពោះមុខអញឡើយ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ពួកភិក្ខុច្រើនរូបព្យាយាមដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ សូមកុំឲ្យសង្ឃបែកគ្នាក្នុងទីចំពោះមុខអញឡើយ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ មានភិក្ខុច្រើនរូបព្យាយាមដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុទាំងនោះ ជាមិត្តរបស់អាត្មាអញ អាត្មាអញនឹងនិយាយនឹងភិក្ខុទាំងនោះថា នែអាវុសោ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់លោកដ៏មានអាយុ កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ភិក្ខុទាំងនោះ មុខជានឹងធ្វើតាម មុខជានឹងប្រាថ្នាដើម្បីស្តាប់ពាក្យអាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ មានភិក្ខុច្រើនរូបព្យាយាមដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុទាំងនោះ មិនមែនជាមិត្តរបស់អាត្មាអញមែន ប៉ុន្តែថា ភិក្ខុទាំងឡាយណាដែលជាមិត្តរបស់ភិក្ខុទាំងឡាយនោះ ភិក្ខុទាំងនោះ ក៏គង់ជាមិត្តរបស់អាត្មាអញដែរ អញនឹងនិយាយប្រាប់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ លុះអាត្មាអញបាននិយាយទៅហើយ មុខជានឹងនិយាយប្រាប់ភិក្ខុទាំងនោះថា នែអាវុសោ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់លោកដ៏មានអាយុ កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ភិក្ខុទាំងនោះ មុខជានឹងធ្វើតាម មុខជានឹងប្រាថ្នាដើម្បីស្តាប់ពាក្យអាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុច្រើនរូប។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុទាំងនោះ ជាមិត្តរបស់អញ ៗនឹងនិយាយប្រាប់ភិក្ខុទាំងនោះថា នែអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ការបំបែកសង្ឃមានទោសធ្ងន់ លោកដ៏មានអាយុទាំងឡាយ កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ភិក្ខុទាំងនោះ នឹងធ្វើតាម នឹងប្រាថ្នាដើម្បីស្តាប់ពាក្យរបស់អញ នឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុច្រើនរូប។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុទាំងឡាយនោះឯង មិនមែនជាមិត្តរបស់អាត្មាទេ ប៉ុន្តែថា ភិក្ខុទាំងឡាយណាដែលជាមិត្តរបស់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏ជាមិត្តរបស់អាត្មាអញដែរ អាត្មាអញនឹងនិយាយប្រាប់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ លុះអាត្មាអញនិយាយទៅហើយ មុខជានឹងនិយាយប្រាប់ភិក្ខុទាំងនោះថា នែអាវុសោ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់លោកដ៏មានអាយុ កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ភិក្ខុទាំងនោះ មុខជានឹងធ្វើតាម មុខជានឹងប្រាថ្នាដើម្បីស្តាប់ពាក្យអាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ មានភិក្ខុនីច្រើនរូប ព្យាយាមដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុនីទាំងនោះ ជាមិត្តរបស់អាត្មាអញពិត អាត្មាអញនឹងនិយាយប្រាប់ភិក្ខុនីទាំងនោះថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់នាង កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ពួកភិក្ខុនីនោះ មុខជានឹងធ្វើតាម មុខជានឹងប្រាថ្នាដើម្បីស្តាប់ពាក្យអាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ មានភិក្ខុនីច្រើនរូប ព្យាយាមដើម្បីបំបែកសង្ឃ។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុនីទាំងនោះ មិនមែនជាមិត្តរបស់អាត្មាអញមែន ប៉ុន្តែថា ភិក្ខុនីណា ដែលជាមិត្តរបស់ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងនោះ ក៏ជាមិត្តរបស់អាត្មាអញដែរ អាត្មាអញនឹងនិយាយប្រាប់ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងនោះ លុះអាត្មាអញបាននិយាយទៅហើយ មុខជានិយាយប្រាប់ភិក្ខុនីទាំងនោះថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ ពួកនាង កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ពួកភិក្ខុនីនោះ មុខជានឹងធ្វើតាម មុខជានឹងប្រាថ្នាដើម្បីស្តាប់ពាក្យអាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅចុះ។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុនីច្រើនរូប។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុនីទាំងនោះ ជាមិត្តរបស់អាត្មាអញដោយពិត អាត្មាអញនឹងនិយាយប្រាប់ភិក្ខុនីទាំងនោះថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ អស់ទាំងនាង កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ភិក្ខុនីទាំងនោះ មុខជានឹងធ្វើតាម មុខជានឹងប្រាថ្នាដើម្បីស្តាប់ពាក្យរបស់អាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុចូលវស្សាហើយ បានឮដំណឹងថា ក្នុងអាវាសឯណោះ សង្ឃមុខជានឹងបែក ព្រោះភិក្ខុនីច្រើនរូប។ ក្នុងវេលានោះ បើភិក្ខុមានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុនីទាំងនោះ មិនមែនជាមិត្តរបស់អាត្មាអញពិតមែន ប៉ុន្តែថា ភិក្ខុនីទាំងឡាយណា ដែលជាមិត្តរបស់ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងឡាយនោះ ក៏ជាមិត្តរបស់អាត្មាអញដែរ អាត្មាអញនឹងនិយាយប្រាប់ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងនោះ លុះអាត្មាអញនិយាយទៅហើយ នឹងនិយាយប្រាប់ភិក្ខុនីទាំងនោះថា នែនាងទាំងឡាយ ការបំបែកសង្ឃ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មានទោសធ្ងន់ ពួកនាង កុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ភិក្ខុនីទាំងនោះ មុខជានឹងធ្វើតាម មុខជាប្រាថ្នាដើម្បីស្តាប់ពាក្យអាត្មាអញ មុខជានឹងផ្អៀងត្រចៀកស្តាប់ ដូច្នេះហើយ ត្រូវចៀសចេញទៅបាន។ ភិក្ខុនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ។
(១១៥)
[១៣] សម័យនោះឯង ភិក្ខុ១រូបមានសេចក្តីប្រាថ្នាដើម្បីចូលវស្សាក្នុងលំនៅរបស់គង្វាលគោ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សា ក្នុងលំនៅរបស់គង្វាលគោបាន។ ឯលំនៅរបស់គង្វាលគោក៏រើចេញទៅ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ លំនៅគង្វាលគោទៅក្នុងទីណា តថាគតអនុញ្ញាតឲ្យភិក្ខុទៅក្នុងទីនោះបាន។ សម័យនោះឯង មានភិក្ខុ១រូប កាលថ្ងៃចូលវស្សាកាន់តែជិតហើយ ក៏ប្រាថ្នាដើម្បីទៅដោយពួកឈ្មួញរទេះ។7) ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សាក្នុងពួកឈ្មួញរទេះបាន។ សម័យនោះឯង មានភិក្ខុ១រូប កាលថ្ងៃចូលវស្សាកាន់តែជិតហើយ ក៏ប្រាថ្នាដើម្បីទៅដោយទូក។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សាក្នុងទូកបាន។
(១១៦)
[១៤] សម័យនោះឯង មានភិក្ខុ១រូប ចូលវស្សាក្នុងរោងឈើ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះដូចជាពួកបិសាច។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ភិក្ខុមិនត្រូវចូលវស្សាក្នុងរូងឈើទេ ភិក្ខុណាចូល ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាលើប្រគាបឈើ។ ពួកមនុស្ស ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះដូចជាពួកព្រានម្រឹគ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចូលវស្សាលើប្រគាបឈើទេ ភិក្ខុណាចូល ត្រូវអាបត្តិទុក្កដ។
[១៥] សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាក្នុងទីវាល។ ដល់វេលាភ្លៀងធ្លាក់មក ភិក្ខុទាំងនោះក៏ស្ទុះចូលទៅរកម្លប់ឈើខ្លះ យុរស្បូវខ្លះ (សំយាប ឬរងស្បូវ)។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចូលវស្សាក្នុងទីវាលទេ ភិក្ខុណាចូល ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាឥតមានទីសេនាសនៈឡើយ ក៏លំបាកដោយត្រជាក់ខ្លះ ដោយកំដៅខ្លះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គបញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចូលវស្សាដោយឥតមានទីសេនាសនៈទេ ភិក្ខុណាចូល ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាក្នុងខ្ទមខ្មោច។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះ ដូចជាពួកជនដុតខ្មោច។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គបញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចូលវស្សាក្នុងខ្ទមខ្មោចទេ ភិក្ខុណាចូល ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាក្នុងឆត្ត។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះដូចជាពួកគង្វាលគោ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គបញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចូលវស្សាក្នុងឆត្តទេ ភិក្ខុណាចូល ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុទាំងឡាយចូលវស្សាក្នុងពាងទឹក។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងនោះ ដូចជាពួកតិរ្ថិយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចូលវស្សាក្នុងពាងទឹកទេ ភិក្ខុណាចូល ត្រូវអាបត្តិទុក្កដ។
(១១៧)
[១៦] សម័យនោះឯង ក្នុងក្រុងសាវត្ថី សង្ឃបានធ្វើកតិកា (ប្តេជ្ញា)ថា ភិក្ខុមិនត្រូវបំបួសកុលបុត្តក្នុងកណ្តាលវស្សាឡើយ។ ស្រាប់តែចៅរបស់នាងវិសាខា ជាមាតាមិគារសេដ្ឋី បានចូលទៅរកពួកភិក្ខុហើយ សូមនូវផ្នួស។ ភិក្ខុទាំងឡាយក៏បាននិយាយទៅវិញយ៉ាងនេះថា នែអ្នកដ៏មានអាយុ សង្ឃបានធ្វើកតិកាថា មិនត្រូវឲ្យភិក្ខុណាបំបួសកុលបុត្តក្នុងកណ្តាលវស្សាឡើយ នែអ្នកដ៏មានអាយុ អ្នកឯងចូរបង្អង់សិន ទំរាំតែភិក្ខុទាំងឡាយនៅចាំវស្សា លុះចាំវស្សារួចហើយ នឹងបំបួស។ គ្រានោះ ភិក្ខុទាំងនោះ លុះចាំវស្សារួចហើយ ក៏បាននិយាយពាក្យនេះនឹងចៅរបស់នាងវិសាខា ជាមាតាមិគារសេដ្ឋីថា នែអ្នកដ៏មានអាយុ អ្នកឯងចូរមកបួសក្នុងកាលឥឡូវនេះចុះ។ បុរសនោះ ពោលតបយ៉ាងនេះវិញថា បពិត្រលោកដ៏ចំរើន ប្រសិនបើខ្ញុំករុណាបានបួសរួចស្រឡះហើយ ខ្ញុំករុណាគួរត្រេកអរពេកណាស់ បពិត្រលោកដ៏ចំរើន ឥឡូវនេះ ខ្ញុំករុណាខានបួសហើយ។ នាងវិសាខា ជាមាតាមិគារសេដ្ឋី ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយមិនសមបើនឹងធ្វើកតិកាបែបយ៉ាងនេះថា ភិក្ខុមិនត្រូវបំបួសកុលបុត្ត ក្នុងកណ្តាលវស្សាសោះ ឯភិក្ខុមិនត្រូវប្រព្រឹត្តធម៌មានកំណត់កាលដូច្នោះទេ។ កាលនាងវិសាខា ជាមាតាមិគារសេដ្ឋី កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើកតិកាបែបនេះថា ភិក្ខុមិនត្រូវបំបួសកុលបុត្តក្នុងកណ្តាលវស្សាទេ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។
(១១៨)
[១៧] សម័យនោះឯង ឧបនន្ទ ជាសក្យបុត្តដ៏មានអាយុ បានទទួលប្តេជ្ញាស្តេចបសេនទិកោសលថា នឹងនៅចាំវស្សាដោយបុរិមិកាវស្សា។ ឧបនន្ទនោះកាលដើរទៅកាន់អាវាសនោះ ក៏បានឃើញអាវាសពីរ ក្នុងពាក់កណ្តាលផ្លូវ ជាអាវាសមានចីវរច្រើន។ ឧបនន្ទនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរអាត្មាអញនៅចាំវស្សាក្នុងអាវាសទាំងពីរនេះចុះ ចីវរមុខជានឹងកើតដល់អាត្មាអញជាច្រើន ដោយអាការយ៉ាងនេះ។ ឧបនន្ទនោះ ក៏បាននៅចាំវស្សាក្នុងអាវាសទាំងពីរនោះ។ ស្តេចបសេនទិកោសល ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ឧបនន្ទ ជាសក្យបុត្ត បានទទួលប្តេជ្ញាថា អញនៅចាំវស្សាហើយ មិនសមបើនឹងធ្វើឲ្យខុសពាក្យប្តេជ្ញាទៅវិញសោះ ព្រះមានព្រះភាគ ទ្រង់តិះដៀលមុសាវាទ ទ្រង់សរសើរតែការវៀរចាកពាក្យមុសាវាទ ដោយអនេកបរិយាយ។ កាលស្តេចបសេនទិកោសល កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ ក៏បានឮច្បាស់។ ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបនន្ទ ជាសក្យបុត្ត ដ៏មានអាយុ បានទទួលប្តេជ្ញាស្តេចបសេនទិកោសលថា នឹងនៅចាំវស្សាហើយ មិនសមបើនឹងធ្វើឲ្យខុសពាក្យប្តេជ្ញាទៅវិញសោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលឲពាក្យមុសាវាទ ទ្រង់សរសើរតែការវៀរចាកពាក្យមុសាវាទ ដោយអនេកបរិយាយ។ វេលានោះ ភិក្ខុទាំងនោះ ក៏ក្រាបទូលនូវសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ក្នុងវេលានោះ ហើយទ្រង់សួរចំពោះឧបនន្ទ ជាសក្យបុត្តដ៏មានអាយុថា ឧបនន្ទ ឮថា អ្នកឯងបានទទួលប្តេជ្ញាស្តេចបសេនទិកោសលថា នឹងនៅចាំវស្សា ហើយធ្វើឲ្យខុសពាក្យប្តេជ្ញាទៅវិញ ពិតមែនឬ។ ឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អ្នកឯងបានទទួលប្តេជ្ញាស្តេចបសេនទិកោសលថានឹងនៅចាំវស្សាហើយ មិនសមបើនឹងធ្វើឲ្យខុសពាក្យប្តេជ្ញាទៅវិញសោះ ម្នាលមោឃបុរស តថាគតបានតិះដៀលពាក្យមុសាវាទ បានសរសើរតែការវៀរចាកពាក្យមុសាវាទ ដោយអនេកបរិយាយ ម្នាលមោឃបុរស អំពើនេះ នឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើងក៏ទេ។បេ។ ទ្រង់បន្ទោសហើយ ធ្វើនូវធម្មីកថា រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាថា នៅចាំវស្សា ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះកំពុងតែដើរទៅកាន់អាវាសនោះ ក៏បានឃើញអាវាសពីរក្នុងពាក់កណ្តាលផ្លូវ ជាអាវាសមានចីវរច្រើន។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរអាត្មាអញនឹងនៅចាំវស្សាក្នុងអាវាសទាំងពីរនេះចុះ ចីវរមុខជានឹងកើតដល់អាត្មាអញជាច្រើន ដោយអាការយ៉ាងនេះ។ ភិក្ខុនោះ ក៏នៅចាំវស្សាក្នុងអាវាសទាំងពីរនោះ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សារបស់ភិក្ខុនោះ មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាថានៅចាំវស្សា ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសដខាងក្រៅ លុះដល់ថ្ងៃ១រោច ទើបចូលទៅវិហារ ក្រាលសេនាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេន។ ក្នុងថ្ងៃនោះឯង ភិក្ខុនោះឥតមានកិច្ចនឹងត្រូវធ្វើឡើយ ហើយក៏ដើរចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ឯបុរិមិកាវស្សា របស់ភិក្ខុនោះ មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។
ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាថា នឹងនៅចាំវស្សា ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះ កាលដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ១រោច ទើបចូលទៅវិហារ ក្រាលអាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេន។ ក្នុងថ្ងៃនោះ ភិក្ខុនោះប្រកបដោយកិច្ចត្រូវធ្វើ ហើយក៏ដើរចេញទៅ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាថា នៅចាំវស្សា ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ១រោច ទើបចូលទៅវិហារ ក្រាលសេនាសនៈ រួចដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេន។ ភិក្ខុនោះនៅអស់ពីរបីថ្ងៃ ឥតមានកិច្ចអ្វីនឹងគួរធ្វើឡើយ ហើយក៏ដើរចេញទៅ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាថា នៅចាំវស្សា ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ ក្រាលសេនាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេន។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃហើយ ប្រកបដោយកិច្ចគួរនឹងធ្វើ ក៏ដើរចេញទៅ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាថា នៅចាំវស្សា ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសដខាងក្រៅ លុះដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេន។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ក៏ដើរចេញទៅដោយសត្តាហករណីយ។ ភិក្ខុនោះនៅខាងក្រៅ(អាវាស)ហួស៧ថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សា ដោយបុរិមិកាវស្សាហើយ។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ក៏ថយចេញទៅ ដោយសត្តាហករណីយ។ ភិក្ខុនោះ វិលត្រឡប់មកវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សា ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ១រោច ចូលទៅឯវិហារ ក្រាលសេនាសនៈ រួចដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះ កាលបើនៅខ្វះ៧ថ្ងៃទៀត នឹងដល់ថ្ងៃបវារណា ក៏ប្រកបកិច្ចដែលត្រូវធ្វើ ហើយថយចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បានមកកាន់អាវាសនោះក្តី មិនបានមកកាន់អាវាសនោះក្តី។ ម្នាលភិក្ខុទាំងឡាយ ឯបុរិមិកាវស្សារបស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សា ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះ ទៅកាន់អាវាសនោះ ក៏ធ្វើឧបោសថ លុះដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ក្នុងថ្ងៃនោះឯង ភិក្ខុនោះឥតមានកិច្ចរវល់នឹងធ្វើឡើយ ហើយក៏ថយចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ឯបុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សា ដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះ ទៅកាន់អាវាសនោះ ក៏ធ្វើឧបោសថ លុះដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ក្នុងថ្ងៃនោះឯង ភិក្ខុនោះក៏ប្រកបដោយកិច្ចដែលត្រូវធ្វើ ទើបថយចេញទៅ។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ឥតមានកិច្ចអ្វី ក៏ថយចេញទៅ។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ប្រកបដោយកិច្ចការ ក៏ថយចេញទៅ។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ក៏ថយចេញទៅ ដោយសត្តាហករណីយ។ ភិក្ខុនោះ នៅខាងក្រៅ (អាវាស) ឲ្យហួសពី៧ថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ក៏ថយចេញទៅដោយសត្តាហករណីយ។ ភិក្ខុនោះ ត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សារបស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សាដោយបុរិមិកាវស្សាហើយ។ ភិក្ខុនោះទៅកាន់អាវាសនោះ ក៏ធ្វើឧបោសថ លុះដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ និងទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះ កាលបើនៅខ្វះ៧ថ្ងៃទៀត នឹងដល់ថ្ងៃបវារណា ក៏ប្រកបដោយកិច្ច ហើយថយចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មកកាន់អាវាសនោះក្តី មិនបានមកក្តី។ ម្នាលភិក្ខុទាំងឡាយ បុរិមិកាវស្សារបស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះទទួលពាក្យប្តេជ្ញាផង។
[១៨] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សា ដោយបច្ឆិមិកាវស្សាហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសដខាងក្រៅ លុះដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះឥតមានកិច្ចអ្វី ក៏ចៀសចេញទៅ ក្នុងថ្ងៃនោះឯង។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។
ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សា ដោយបច្ឆិមិកាវស្សាហើយ។ ភិក្ខុនោះ កាលនឹងដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះមានកិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅក្នុងថ្ងៃនោះឯង។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ឥតមានកិច្ចអ្វី ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ មានកិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ក៏ចៀសចេញដោយសត្តាហករណីយ។ ភិក្ខុនោះនៅខាងក្រៅហួសកំណត់៧ថ្ងៃនោះទៅ។ បច្ឆិមិកាវស្សារបស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សា ដោយបច្ឆិមិកាវស្សាហើយ។ ភិក្ខុនោះ កាលនឹងចេញដើរទៅកាន់អាវាសនោះ ក៏ធ្វើឧបោសថខាងក្រៅ លុះដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃហើយ ក៏ចៀសចេញទៅដោយសត្តាហករណីយ។ ភិក្ខុនោះ ត្រឡប់វិលវិញ ក្នុងរវាង៧ថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលពាក្យប្តេជ្ញាគេថា នៅចាំវស្សា ដោយបច្ឆិមិកាវស្សាហើយ។បេ។ ភិក្ខុនោះ កាលបើនៅខ្វះ៧ថ្ងៃទៀត នឹងដល់ថ្ងៃជាទីរីកឡើងនៃផ្កាកុមុទ គឺថ្ងៃជាគំរប់៤ខែ នៃរដូវភ្លៀង (១៥កើត ខែកត្តិក) មានកិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បានមកកាន់អាវាសនោះក្តី មិនបានមកក្តី។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សារបស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សា ដោយបច្ឆិមិកាវស្សាហើយ។ ភិក្ខុនោះ ទៅកាន់អាវាសនោះហើយ ក៏ធ្វើឧបោសថ ដល់ថ្ងៃ១រោច ទើបចូលទៅកាន់វិហារ រៀបក្រាលសេនាសនៈ ដំកល់ទឹកឆាន់ និងទឹកប្រើប្រាស់ បោសច្រាសទីបរិវេណ។ ភិក្ខុនោះឥតមានកិច្ចអ្វី ក៏ចៀសចេញទៅក្នុងថ្ងៃនោះឯង។បេ។ ភិក្ខុនោះ មានកិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅក្នុងថ្ងៃនោះឯង។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ឥតមានកិច្ចអ្វី ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ មានកិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅ។បេ។ ភិក្ខុនោះនៅអស់ពីរបីថ្ងៃ ក៏ចៀសចេញទៅ ដោយសត្តាហករណីយ។ ភិក្ខុនោះនៅខាងក្រៅហួសកំណត់៧ថ្ងៃទៅ។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏មិនប្រាកដផង ភិក្ខុនោះត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញាផង។បេ។ ភិក្ខុនោះ នៅអស់ពីរបីថ្ងៃ ក៏ចៀសចេញទៅ ដោយសត្តាហករណីយ។ ភិក្ខុនោះត្រឡប់វិលវិញក្នុងរវាង៧ថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សា របស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះទទួលពាក្យប្តេជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុបានទទួលប្តេជ្ញាគេថា នៅចាំវស្សាដោយបច្ឆិមិកាវស្សាហើយ។បេ។ ភិក្ខុនោះ កាលបើនៅខ្វះ៧ថ្ងៃទៀត នឹងដល់ថ្ងៃជាទីរីកនៃផ្កាកុមុទ គឺថ្ងៃជាគំរប់៤ខែ នៃរដូវភ្លៀង (១៥កើត ខែកត្តិក) មានកិច្ចដែលត្រូវធ្វើ ក៏ចៀសចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មកកាន់អាវាសនោះក្តី មិនបានមកក្តី។ ម្នាលភិក្ខុទាំងឡាយ បច្ឆិមិកាវស្សារបស់ភិក្ខុនោះ ក៏ប្រាកដផង ភិក្ខុនោះមិនត្រូវអាបត្តិ ព្រោះទទួលពាក្យប្តេជ្ញាផង។
ចប់ វស្សូបនាយិកក្ខន្ធកៈទី៣។
ឧទាននៃវស្សូបនាយិកក្ខន្ធកៈនោះ គឺ
(១១៩)
[១៩] រឿងព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យភិក្ខុចូលវស្សា១ ពួកភិក្ខុគិតថា យើងត្រូវចូលវស្សាក្នុងកាលណាហ្ន៎១ ពួកភិក្ខុគិតថា ថ្ងៃចូលវស្សា តើមានប៉ុន្មានយ៉ាង១ ពួកឆព្វគ្គិយភិក្ខុបានចូលវស្សាហើយ ចេញដើរទៅកាន់ចារិកក្នុងកណ្តាលវស្សា១ មិនប្រាថ្នានឹងចូលវស្សា១ វេលាជិតចូលវស្សាហើយ ក្លែងដើរចេញទៅកាន់អាវាសដទៃ១ ស្តេចពិម្ពិសារប្រាថ្នានឹងលើកខែ១ ឧបាសកបានឲ្យគេកសាងវិហារចំពោះសង្ឃ១ ភិក្ខុមានជម្ងឺ១ មាតានិងបិតារបស់ភិក្ខុមានជម្ងឺ១ បងប្អូនរបស់ភិក្ខុមានជម្ងឺ១ ញាតិរបស់ភិក្ខុមានជម្ងឺ១ អ្នកធ្វើការឈ្នួលរបស់ភិក្ខុមានជម្ងឺ១ វិហារទ្រុឌទ្រោម១ សត្វសាហាវបៀតបៀនពួកភិក្ខុ១ សត្វមានពិសបៀតបៀនពួកភិក្ខុ១ ពួកចោរបៀតបៀនពួកភិក្ខុ១ ពួកបិសាចបៀតបៀនពួកភិក្ខុ១ ភ្លើងឆេះស្រុក និងឆេះទីសេនាសនៈទាំងពីររឿង១ ទឹកជន់លិចស្រុក១ ចោរមកតាំងនៅក្នុងស្រុក១ ពួកទាយកជាច្រើនឥតមានសទ្ធាជ្រះថ្លា១ ភិក្ខុនៅចាំវស្សាក្នុងអាវាសដទៃ ហើយមិនដែលបានភោជនសៅហ្មង ឬឧត្តមឆាន់ឲ្យឆ្អែតពេញលេញ១ ភិក្ខុនៅចាំវស្សាហើយមិនដែលបានភោជនឆាន់ឲ្យសប្បាយ១ ភិក្ខុបានភេសជ្ជៈជាទីសប្បាយហើយ តែមិនបានឧបដ្ឋាកដ៏សមគួរ១ ស្រីប្រលោមភិក្ខុ១ ស្រីផ្កាមាសប្រលោមភិក្ខុ១ នាងថុល្លកុមារីប្រលោមភិក្ខុ១ មនុស្សខ្ទើយប្រលោមភិក្ខុ១ ញាតិប្រលោមភិក្ខុ១ ស្តេចប្រលោមភិក្ខុ១ ពួកចោរប្រលោមភិក្ខុ១ ពួកអ្នកលេងប្រលោមភិក្ខុ១ ភិក្ខុឃើញកំណប់ទ្រព្យ១ ភិក្ខុឃើញភិក្ខុច្រើនរូបព្យាយាមបំបែកសង្ឃ១ ភិក្ខុ៨ពួកបានឮដំណឹងថា ភិក្ខុនិងភិក្ខុនីព្យាយាមបំបែកសង្ឃ១ ភិក្ខុចូលវស្សាក្នុងលំនៅរបស់គង្វាលគោ១ ភិក្ខុចូលវស្សាក្នុងពួកឈ្មួញរទេះ១ ភិក្ខុចូលវស្សាក្នុងទូក១ ភិក្ខុចូលវស្សាក្នុងរូងឈើ១ ភិក្ខុចូលវស្សាលើប្រគាបឈើ១ ភិក្ខុចូលវស្សាក្នុងទីវាល១ ភិក្ខុចាំវស្សាឥតមានទីសេនាសនៈ១ ភិក្ខុចូលវស្សាក្នុងខ្ទមខ្មោច១ ក្រោមឆត្ត១ ក្នុងពាងទឹក១ សង្ឃធ្វើប្តេជ្ញាគ្នាថា កុំឲ្យបំបួសបុលបុត្រក្នុងវស្សា១ ភិក្ខុទទួលប្តេជ្ញាថានៅចាំបុរិមិកាវស្សា ឬបច្ឆិមិកាវស្សា ហើយធ្វើឧបោសថខាងក្រៅ បណ្ឌិតគួរប្រកបតាមសមគួរដល់ន័យ១ ភិក្ខុឥតមានកិច្ចអ្វីហើយចៀសចេញទៅ១ ភិក្ខុមានកិច្ច ហើយចៀសចេញទៅ១ ភិក្ខុនៅអស់ពីរបីថ្ងៃ ក៏ទៅដោយសត្តាហករណីយ ហើយត្រឡប់វិលវិញ១ នៅខ្វះ៧ថ្ងៃទៀត នឹងដល់ថ្ងៃបវារណា ភិក្ខុនោះទៅដោយសត្តាហករណី ហើយត្រឡប់មកកាន់អាវាសនោះក្តី មិនបានត្រឡប់មកកាន់អាវាសនោះក្តី១ បណ្ឌិតគប្បីពិចារណានូវទំនងដែលមានបែបផែនរៀបរយក្នុងឧទ្ទាននៃរឿងទាំងអម្បាលណេះហោង។
ក្នុងខន្ធកៈនេះមានរឿង៥២។
(១២០)
[២០] សម័យនោះឯង ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានភិក្ខុច្រើនរូប ជាមិត្រ ទើបនឹងបានជួបប្រទះគ្នាថ្មី ជាមិត្រស្និទ្ធិស្នាលមាំមួន បានចូលវស្សានៅក្នុងអាវាស១ ក្នុងកោសលជនបទ។ គ្រានោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ដោយឧបាយដូចម្តេចហ្ន៎ យើងនឹងបានព្រមព្រៀងគ្នា ស្មោះសរ មិនវិវាទគ្នា នៅចាំវស្សាឲ្យបានស្រួលផង មិនលំបាកដោយអាហារបិណ្ឌបាតផង។ លំដាប់នោះឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនោះថា បើយើងមិននិយាយគ្នា មិនចរចារគ្នាទៅវិញទៅមក ភិក្ខុណាត្រឡប់មកពីបិណ្ឌបាតអំពីស្រុកមុនគេ ភិក្ខុនោះ គប្បីក្រាលអាសនៈ ដំកល់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើងដែលលាងរួចហើយ និងគ្រឿងសម្រាប់ជូតជើងដែលមិនទាន់លាង គប្បីលាងភាជន៍សម្រាប់ផ្ទេរបាយ ហើយយកទៅដំកល់ទុក គប្បីដំកល់ទឹកឆាន់ និងទឹកប្រើប្រាស់ ភិក្ខុណាត្រឡប់មកពីបិណ្ឌបាតអំពីស្រុកក្រោយគេ បើមានបិណ្ឌបាតសល់អំពីភិក្ខុនោះឆាន់ បើភិក្ខុនោះប្រាថ្នា គប្បីឆាន់ចុះ បើមិនប្រាថ្នាទេ គួរចាក់ចោលទៅលើទីដែលគ្មានស្មៅស្រស់ ឬជះចោលទៅក្នុងទឹកដែលគ្មានសត្វ(ក៏បាន) ភិក្ខុនោះគប្បីរើអាសនៈ ទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងគ្រឿងសម្រាប់ជូតជើង គប្បីលាងភាជន៍សម្រាប់ផ្ទេរបាយ ហើយរៀបចំទុកដាក់ គប្បីទុកដាក់ទឹកឆាន់ ទឹកប្រើប្រាស់ គប្បីបោសច្រាសរោងភត្ត ភិក្ខុណាឃើញក្អមដាក់ទឹកឆាន់ក្តី ក្អមដាក់ទឹកប្រើប្រាស់ក្តី ក្អមលាងវច្ចៈក្តី ដែលរលីងទទេ ភិក្ខុនោះគួរដំកល់ទុក បើភិក្ខុនោះមិនអាច ព្រោះវិការដៃ (ឈឺដៃ) គួរហៅគ្នីគ្នា ដោយអាការបោយដៃ មកឲ្យដំកល់ទុក តែកុំឲ្យបញ្ចេញវាចាព្រោះបច្ច័យនោះឡើយ យ៉ាងនេះឯង ទើបយើងទាំងអស់គ្នាព្រមព្រៀង ស្មោះសរ មិនវិវាទគ្នា នៅចាំវស្សាក៏ស្រួលផង មិនបានលំបាកដោយអាហារបិណ្ឌបាតផង។ គ្រានោះឯង ភិក្ខុទាំងនោះក៏លែងស្តីហៅរកឆ្លើយឆ្លងគ្នានឹងគ្នាទៅវិញទៅមក ភិក្ខុណាត្រឡប់មកពីបិណ្ឌបាតអំពីស្រុកមុនគេ ភិក្ខុនោះ ក៏ក្រាលអាសនៈ ដំកល់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងគ្រឿងសម្រាប់ជូតជើង លាងភាជន៍សម្រាប់ផ្ទេរបាយ រួចដំកល់ទុក ដំកល់ទឹកឆាន់ និងទឹកប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាតអំពីស្រុកក្រោយគេ បើមានអាហារសេសសល់អំពីភិក្ខុនោះឆាន់ បើភិក្ខុនោះប្រាថ្នា ក៏ឆាន់ទៅ បើមិនប្រាថ្នាទេ ចាក់ចោលទៅលើទីគ្មានស្មៅស្រស់ ឬជះចោលទៅក្នុងទឹកដែលគ្មានសត្វក្តី ភិក្ខុនោះរើអាសនៈចេញ ទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង គ្រឿងសម្រាប់ជូតជើង លាងភាជន៍សម្រាប់ផ្ទេរបាយ ហើយរៀបទុកដាក់ ទុកដាក់ទឹកឆាន់ និងទឹកប្រើប្រាស់ បោសច្រាសរោងភត្ត ភិក្ខុណាឃើញក្អមសម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់ទឹកប្រើប្រាស់ក្តី ក្អមដាក់ទឹកសម្រាប់វច្ចៈក្តី ដែលរលីងទទេ ភិក្ខុនោះក៏ដំកល់ទុក បើភិក្ខុនោះមិនអាច ព្រោះវិការដៃ ក៏ហៅគ្នីគ្នា ដោយអាការបោយដៃ មកឲ្យដំកល់ទុក តែមិនបានបញ្ចេញវាចាព្រោះបច្ច័យនោះឡើយ។
[២១] ការដែលចូលទៅគាល់ព្រះមានព្រះភាគនុ៎ះ ជាទំនៀមរបស់ភិក្ខុទាំងឡាយ ដែលចាំវស្សារួចហើយ។ វេលានោះឯង ភិក្ខុទាំងនោះ លុះនៅចាំវស្សាកន្លង៣ខែទៅហើយ ក៏រៀបចំទុកដាក់សេនាសនៈ រួចកាន់យកបាត្រ និងចីវរ ចេញដើរសំដៅទៅក្រុងសាវត្ថី លុះដើរទៅដោយលំដាប់ហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ ការរីករាយជាមួយនឹងពួកភិក្ខុជាអាគន្តុកនុ៎ះឯង ជាទំនៀមរបស់ព្រះពុទ្ធមានព្រះភាគទាំងឡាយ (គ្រប់ព្រះអង្គ)។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវព្រះពុទ្ធដីកានេះនឹងពួកភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយល្មមអត់ធន់សេចក្តីទុក្ខបានឬទេ ល្មមឲ្យឥរិយាបថប្រព្រឹត្តទៅស្រួលបានឬទេ អ្នកទាំងឡាយជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាដោយសប្បាយហើយឬ មួយទៀត អ្នកទាំងឡាយ មិនលំបាកដោយបិណ្ឌបាតទេឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំល្មមអត់ទ្រាំសេចក្តីទុក្ខបាន បពិត្រព្រះដ៏មានព្រះភាគ យើងខ្ញុំល្មមឲ្យឥរិយាបថប្រព្រឹត្តទៅស្រួលបាន បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំក៏ព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាតាមសប្បាយ មួយទៀត យើងខ្ញុំមិនលំបាកដោយបិណ្ឌបាតទេ។ ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាបហើយត្រាស់សួរក៏មាន ទ្រង់ជ្រាបហើយ មិនត្រាស់សួរ (ក៏មាន) ទ្រង់ជ្រាបកាលគួរហើយ ត្រាស់សួរ(ក៏មាន) ទ្រង់ជ្រាបកាលគួរហើយមិនត្រាស់សួរ (ក៏មាន) ព្រះតថាគតទាំងឡាយ ត្រាស់សួរចំពោះតែហេតុដែលប្រកបដោយប្រយោជន៍ មិនទ្រង់ត្រាស់សួរហេតុដែលឥតប្រយោជន៍ឡើយ (ព្រោះ) ហេតុដែលឥតប្រយោជន៍ ព្រះតថាគតទាំងឡាយទ្រង់ផ្តាច់ផ្តិលដោយអរិយមគ្គហើយ។ ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគត្រាស់សួរចំពោះភិក្ខុទាំងឡាយ ដោយអាការពីរយ៉ាង គឺទ្រង់ត្រាស់សួរ ដោយទ្រង់គិតថា តថាគតនឹងសំដែងធម៌ម្យ៉ាង និងបញ្ញត្តសិក្ខាបទដល់សាវកទាំងឡាយម្យ៉ាង។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះនឹងពួកភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាដោយសប្បាយយ៉ាងណាទៅ មួយទៀត អ្នកទាំងឡាយមិនលំបាកដោយអាហារបិណ្ឌបាតទេឬ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះភិក្ខុច្រើនរូបជាមិត្រ បានជួបប្រទះគ្នាជាមិត្រ សេពគប់គ្នាមាំមួន ចូលទៅចាំវស្សាក្នុងអាវាសមួយនាកោសលជនបទនេះ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះមានសេចក្តីត្រិះរិះដូច្នេះថា យើងគប្បីជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា កុំទាស់ទែងគ្នា នៅចាំវស្សាដោយសប្បាយ មួយទៀត យើងមិនគប្បីលំបាកដោយបិណ្ឌបាត ដោយឧបាយដូចម្តេចហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះមានសេចក្តីត្រិះរិះដូច្នេះទៀតថា ប្រសិនបើយើងកុំគប្បីហៅរកគ្នា កុំគប្បីចរចារកគ្នាទៅវិញទៅមក ភិក្ខុណាត្រឡប់មកពីបិណ្ឌបាតក្នុងស្រុកមុនគេ ភិក្ខុនោះ ត្រូវរៀបចំអាសនៈ ដំកល់ទឹកលាងជើង តាំងរងជើង ទ្រនាប់សម្រាប់ជូតជើង លាងភាជន៍សម្រាប់ផ្ទេរភត្ត រួចហើយដំកល់ទុក ហើយដំកល់ទឹកផឹក ទឹកប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាតក្នុងស្រុកក្រោយគេ បើមានអាហារសេសសល់អំពីភិក្ខុឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ចុះ បើមិនចង់ឆាន់ទេ ក៏គប្បីចាក់ចោលលើទីដែលគ្មានស្មៅស្រស់ ឬបាចចោលក្នុងទឹកដែលគ្មានសត្វ ភិក្ខុនោះត្រូវសាអាសនៈ ត្រូវទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង និងទ្រនាប់សម្រាប់ជូតជើង ត្រូវលាងភាជន៍សម្រាប់ផ្ទេរភត្ត ហើយយកទៅទុកដាក់ រួចត្រូវទុកដាក់ទឹកផឹក ទឹកប្រើប្រាស់ ត្រូវបោសរោងភត្ត ភិក្ខុណាឃើញក្អមទឹកផឹកក្តី ក្អមទឹកប្រើប្រាស់ក្តី ក្អមដាក់ទឹកសម្រាប់លាងវច្ចៈក្តី ដែលរលីងទទេ ត្រូវភិក្ខុនោះដំកល់ទុក បើភិក្ខុនោះមិនអាច (នឹងធ្វើការនោះបាន) ព្រោះវិការនៃដៃ (គឺឈឺដៃជាដើម) ត្រូវបោយដៃហៅភិក្ខុទីពីរ ឲ្យដំកល់ទុក មិនត្រូវបញ្ចេញវាចាព្រោះហេតុនោះឡើយ កាលបើធ្វើយ៉ាងនេះហើយ ទើបបានយើងទាំងឡាយ ជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាដោយសប្បាយ មួយវិញទៀត យើងទាំងឡាយមិនលំបាកដោយបិណ្ឌបាតទេ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះឯង យើងខ្ញុំមិនហៅរកគ្នា មិនចរចារកគ្នាទៅវិញទៅមកទេ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាតក្នុងស្រុកមុនគេ ភិក្ខុនោះ ក៏ក្រាលអាសនៈ ដំកល់ទុកនូវទឹកលាងជើង តាំងរងជើង និងទ្រនាប់សម្រាប់ជូតជើង លាងភាជន៍សម្រាប់ផ្ទេរភត្ត ហើយដំកល់ទុក រួចដំកល់ទឹកផឹក ទឹកប្រើប្រាស់ ភិក្ខុណាត្រឡប់មកអំពីបិណ្ឌបាតក្នុងស្រុកក្រោយគេ បើមានអាហារសេសសល់អំពីភិក្ខុឆាន់ បើភិក្ខុនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ភិក្ខុនោះក៏ចាក់ចោលលើទីដែលគ្មានស្មៅស្រស់ក៏បាន បាចចោលក្នុងទឹកដែលគ្មានសត្វក៏បាន ភិក្ខុនោះសាអាសនៈចេញ ហើយទុកដាក់ទឹកលាងជើង តាំងរងជើង និងទ្រនាប់សម្រាប់ជូតជើង លាងភាជន៍សម្រាប់ផ្ទេរភត្ត ហើយយកទៅទុក រួចដាក់ទឹកផឹក ទឹកប្រើប្រាស់ បោសរោងភត្ត ភិក្ខុណាឃើញក្អមដាក់ទឹកផឹកក្តី ក្អមដាក់ទឹកប្រើប្រាស់ក្តី ក្អមទឹកសម្រាប់លាងវច្ចៈក្តី ដែលរលីងទទេ ភិក្ខុនោះក៏ដងយកមកដំកល់ទុក បើភិក្ខុនោះមិនអាច (នឹងធ្វើការនោះបាន) ព្រោះវិការនៃដៃ (ឈឺដៃជាដើម) ភិក្ខុនោះបក់ដៃហៅភិក្ខុទីពីរ ឲ្យដងយកមកដំកល់ទុក មិនបាច់បញ្ចេញវាចាព្រោះហេតុនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើធ្វើយ៉ាងនេះហើយ យើងខ្ញុំក៏ព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នា នៅចាំវស្សាជាសប្បាយ មួយវិញទៀត យើងខ្ញុំមិនលំបាក ដោយបិណ្ឌបាតឡើយ។
[២២] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយមកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរសទាំងឡាយនេះ នៅ(ចាំវស្សា) មិនសប្បាយទេ (តែ) ប្តេជ្ញាថាខ្លួនជាអ្នកនៅដោយសប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរសទាំងឡាយនេះនៅដូចជាការនៅរួមរបស់បសុសត្វ (សត្វចិញ្ចឹម) ហើយប្តេជ្ញាថា ខ្លួនជាអ្នកនៅសប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរសទាំងឡាយនេះ នៅដូចជាការនៅរួមរបស់សត្វពពែ (តែ) ប្តេជ្ញាថាខ្លួនជាអ្នកនៅសប្បាយ ម្នាលភិក្ខុទាំងឡាយ ឮថាមោឃបុរសទាំងឡាយនេះនៅដូចជាការនៅរបស់បុគ្គលប្រមាទ (តែ) ប្តេជ្ញាថាខ្លួនជាអ្នកនៅដោយសប្បាយ ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងឡាយនេះ មិនសមបើនឹងសមាទានមូគវត្ត (វត្តរបស់មនុស្សគ) ដែលជាតិត្ថិយសមាទាន (សមាទានរបស់តិរ្ថិយ) ទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុសមាទានមូគវត្ត ដែលជាតិត្ថិយសមាទានទេ ភិក្ខុណាសមាទានត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយ បវារណាដោយស្ថាន៣យ៉ាង គឺដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី។ បវារណានោះជាការអនុលោមដើម្បីពោលប្រដៅនូវគ្នានឹងគ្នា ជាការចេញចាកអាបត្តិ ជាការធ្វើវិន័យឲ្យជាប្រធាន នឹងប្រាកដដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ត្រូវអ្នកទាំងឡាយបវារណាយ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ថ្ងៃនេះជាថ្ងៃបវារណា។ បើបវារណាកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃបវារណា។ ត្រូវភិក្ខុជាថេរៈធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះនឹងសង្ឃថា នែអាវុសោ ខ្ញុំសូមបវារណានឹងសង្ឃ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណានឹងសង្ឃ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណានឹងសង្ឃជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម ត្រូវភិក្ខុខ្ចីវស្សាធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះនឹងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំសូមបវារណានឹងសង្ឃ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំសូមបវារណានឹងសង្ឃជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំសូមបវារណានឹងសង្ឃជាគំរប់បីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម។
[២៣] សម័យនោះឯង កាលដែលភិក្ខុទាំងឡាយជាថេរៈកំពុងតែអង្គុយច្រហោង បវារណា ពួកឆព្វគ្គិយភិក្ខុក៏នៅលើអាសនៈទាំងឡាយ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀលបន្តុះបង្អាប់ថា កាលដែលភិក្ខុទាំងឡាយជាថេរៈកំពុងអង្គុយច្រហោង បវារណា មិនសមបើពួកឆព្វគ្គិយភិក្ខុហ៊ាននៅលើអាសនៈទាំងឡាយសោះ។ ទើបភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថាកាលដែលភិក្ខុទាំងឡាយជាថេរៈ កំពុងអង្គុយច្រហោងបវារណា ពួកឆព្វគ្គិយភិក្ខុនៅលើអាសនៈ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះមានព្រះភាគ ការនោះពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុទាំងឡាយជាថេរៈកំពុងអង្គុយច្រហោង បវារណា មោឃបុរសទាំងឡាយនោះមិនសមបើនឹងហ៊ាននៅលើអាសនៈទាំងឡាយទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុជាថេរៈទាំងឡាយកំពុងអង្គុយច្រហោង បវារណា ភិក្ខុមិនត្រូវនៅលើអាសនៈទាំងឡាយទេ ភិក្ខុណានៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងអស់នោះ អង្គុយច្រហោង ហើយបវារណា។ ក៏សម័យនោះឯង ព្រះថេរៈមួយអង្គ ថយកំឡាំងដោយជរា កាលបើអង្គុយច្រហោង រង់ចាំទំរាំភិក្ខុទាំងឡាយបវារណាគ្រប់គ្នា ក៏ជ្រុលជ្រប់ដួលទៅ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអង្គុយច្រហោង ក្នុងពេលដែលខ្លួនកំពុងបវារណា លុះបវារណារួចហើយ ទើបអង្គុយលើអាសនៈបាន។
(១២១)
[២៤] លំដាប់នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា បវារណាមានប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បវារណាមានពីរយ៉ាង គឺចាតុទ្ទសិកាបវារណា8) ១ បណ្ណរសិកាបវារណា9) ១ ម្នាលភិក្ខុទាំងឡាយ បវារណាមានតែពីរយ៉ាងប៉ុណ្ណេះឯង។ លំដាប់នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា បវារណាកម្មមានប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ បវារណាកម្មទាំងនេះមាន៤ គឺបវារណាកម្មជាពួក មិនត្រូវតាមធម៌១ បវារណាកម្មព្រមព្រៀងគ្នា តែមិនត្រូវតាមធម៌១ បវារណាកម្មជាពួក តែត្រូវតាមធម៌១ បវារណាកម្មព្រមព្រៀងគ្នាត្រូវតាមធម៌១។ ម្នាលភិក្ខុទាំងឡាយ បវារណាកម្មទាំង៤នោះ បវារណាកម្មណាជាពួក តែមិនត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវធ្វើបវារណាកម្មបែបនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាតបវារណាកម្មបែបនេះទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបវារណាកម្មទាំង៤នោះ បវារណាកម្មណាព្រមព្រៀងគ្នា តែមិនត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវធ្វើបវារណាកម្មបែបនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាតបវារណាកម្មបែបនេះទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបវារណាកម្មទាំង៤នោះ បវារណាកម្មណាជាពួកតែត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវធ្វើបវារណាកម្មបែបនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាតបវារណាកម្មបែបនេះទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបវារណាកម្មទាំង៤នោះ បវារណាកម្មណា ព្រមព្រៀងគ្នា ត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវធ្វើបវារណាកម្មបែបនេះចុះ តថាគតអនុញ្ញាតបវារណាកម្មបែបនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាដូច្នេះថា បវារណាកម្មណាព្រមព្រៀងគ្នាត្រូវតាមធម៌ យើងទាំងឡាយនឹងធ្វើបវារណាកម្មបែបនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយត្រូវតែសិក្សាយ៉ាងនេះឯង។
(១២២)
[២៥] គ្រានោះឯង ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយប្រជុំគ្នាចុះ (ព្រោះ) សង្ឃនឹងបវារណា។ កាលបើព្រះមានព្រះភាគទ្រង់មានបន្ទូលយ៉ាងនេះហើយ ភិក្ខុមួយរូប បានក្រាបទូលព្រះមានព្រះភាគដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន នៅមានភិក្ខុឈឺ ភិក្ខុនោះមិនបានមក។ ព្រះមានព្រះភាគទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឈឺឲ្យនូវបវារណាបាន។ ម្នាលភិក្ខុទាំងឡាយ ក៏ឯបវារណានោះត្រូវឲ្យយ៉ាងនេះ។ ត្រូវភិក្ខុឈឺនោះចូលទៅរកភិក្ខុមួយរូបធ្វើឧត្តរាសង្គឆៀងស្មាម្ខាង អង្គុយច្រហោងផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះនឹងភិក្ខុនោះថា ខ្ញុំសូមឲ្យបវារណា ចូរលោកនាំបវារណារបស់ខ្ញុំទៅ ចូរលោកបវារណាដើម្បីប្រយោជន៍ដល់ខ្ញុំផង។ ភិក្ខុនោះបញ្ជាក់ (សេចក្តី) ដោយកាយ (ក្តី) បញ្ជាក់ដោយវាចា(ក្តី) បញ្ជាក់ដោយកាយ និងវាចា(ក្តី) ក៏ឈ្មោះថា ភិក្ខុនោះឲ្យបវារណាហើយ។ (បើ) ភិក្ខុឈឺមិនបញ្ជាក់ដោយកាយ មិនបញ្ជាក់ដោយវាចា មិនបញ្ជាក់ដោយកាយ និងវាចាទេ មិនឈ្មោះថា ភិក្ខុឈឺនោះ ឲ្យបវារណាឡើយ។ បើសង្ឃបាននូវការឲ្យបវារណានុ៎ះយ៉ាងនេះហើយ ការបាននុ៎ះ ជាការល្អ បើសង្ឃមិនបានទេ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវនាំភិក្ខុឈឺនោះដោយគ្រែ ឬតាំងមកក្នុងទីជាកណ្តាលសង្ឃ ហើយសឹមបវារណា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកភិក្ខុអ្នកបម្រើភិក្ខុឈឺមានសេចក្តីត្រិះរិះយ៉ាងនេះថា បើយើងទាំងឡាយ ឲ្យភិក្ខុឈឺឃ្លាតចាកទី អាពាធនឹងរឹតតែចំរើន ឬនឹងធ្វើកាលកិរិយា (មិនខាន)។ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវឲ្យភិក្ខុឈឺឃ្លាតចាកទីទេ ត្រូវសង្ឃទៅបវារណាក្នុងទីនោះ មិនត្រូវសង្ឃបវារណាជាពួកឡើយ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាចៀសចេញចាកទីនោះទៅ ត្រូវភិក្ខុនោះ ឲ្យបវារណាដល់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាសឹកក្នុងថ្ងៃនោះឯង។បេ។ ស្លាប់ (ឬ) ប្តេជ្ញាខ្លួនជាសាមណេរ ប្តេជ្ញាខ្លួនជាអ្នកលាសិក្ខា ប្តេជ្ញាខ្លួនជាអ្នកត្រូវអន្តិមវត្ថុ ប្តេជ្ញាខ្លួនជាមនុស្សឆ្កួត ប្តេជ្ញាខ្លួនជាអ្នកមានចិត្តរវើរវាយ ប្តេជ្ញាខ្លួនជាអ្នកមានវេទនាគ្របសង្កត់ ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្តព្រោះមិនធ្វើតបអាបត្តិ (មិនសំដែងអាបត្តិ) ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ប្តេជ្ញាខ្លួនជាបណ្ឌក ប្តេជ្ញាខ្លួនជាថេយ្យសំវាសក ប្តេជ្ញាខ្លួនជាអ្នកចូលទៅកាន់ពួកតិរ្ថិយ ប្តេជ្ញាខ្លួនជាតិរច្ឆាន ប្តេជ្ញាខ្លួនជាអ្នកសំឡាប់មាតា ប្តេជ្ញាខ្លួនជាអ្នកសម្លាប់បិតា ប្តេជ្ញាខ្លួនជាអ្នកសំឡាប់ព្រះអរហន្ត ប្តេជ្ញាខ្លួនជាអ្នកទ្រុស្តភិក្ខុនី ប្តេជ្ញាខ្លួនជាអ្នកបំបែកសង្ឃ ប្តេជ្ញាខ្លួនជាអ្នកធ្វើព្រះលោហិតឲ្យពុរពងឡើង ប្តេជ្ញាខ្លួនជាមនុស្សមានភេទពីរ ត្រូវភិក្ខុនោះឲ្យបវារណាដល់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលដែលភិក្ខុឈឺ ឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាចៀសចេញទៅ ក្នុងពាក់កណ្តាលផ្លូវ មិនហៅថា បាននាំបវារណាមកដល់ឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ ឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណា សឹកត្រង់ពាក់កណ្តាលផ្លូវទៅ (ក្តី) ស្លាប់ទៅ(ក្តី)។បេ។ ប្តេជ្ញាខ្លួនជាមនុស្សមានភេទពីរ (ក្តី) មិនហៅថា បាននាំបវារណាមកដល់ទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណា ទៅដល់សង្ឃហើយ ទើបបានចៀសចេញទៅ បវារណាឈ្មោះថា បាននាំមកដល់ហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាទៅដល់សង្ឃហើយ ទើបបានសឹក (ក្តី) ស្លាប់(ក្តី)។បេ។ ប្តេជ្ញាខ្លួនជាមនុស្សមានភេទពីរ (ក្តី) បវារណាឈ្មោះថា បាននាំមកដល់ហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ ឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាទៅដល់សង្ឃហើយ ដេកលក់មិនបានប្រាប់ បវារណាឈ្មោះថា បាននាំមកដល់ហើយ ភិក្ខុអ្នកនាំបវារណាមិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណា ទៅដល់សង្ឃហើយ ក៏ចូលសមាបត្តិទៅ មិនបានប្រាប់ បវារណាឈ្មោះថា បាននាំមកដល់ហើយ ភិក្ខុអ្នកនាំបវារណា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាទៅដល់សង្ឃហើយ ភ្លេចមិនបានប្រាប់ បវារណាឈ្មោះថា បាននាំមកដល់ហើយ ភិក្ខុអ្នកនាំបវារណា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបវារណាហើយ បើភិក្ខុអ្នកនាំបវារណាទៅដល់សង្ឃហើយ ក្លែងមិនប្រាប់ បវារណាឈ្មោះថា បាននាំមកដល់ហើយ (តែ) ភិក្ខុអ្នកនាំបវារណាត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ (បើ) សង្ឃមានកិច្ចត្រូវធ្វើ តថាគតអនុញ្ញាតឲ្យភិក្ខុកាលដែលឲ្យបវារណាហើយ ត្រូវឲ្យឆន្ទៈផង។
(១២៣)
[២៦] ក៏សម័យនោះឯង ពួកញាតិចាប់ភិក្ខុមួយអង្គក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនោះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកជនជាញាតិចាប់ភិក្ខុក្នុងថ្ងៃបវារណានោះ។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងពួកជនជាញាតិនោះយ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ សូមអ្នកទាំងឡាយលែងភិក្ខុនេះមួយរំពេចសិន ទំរាំភិក្ខុនេះបវារណារួច។ បើសង្ឃបានសេចក្តីយល់ព្រមនុ៎ះដូច្នេះហើយ ការដែលបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយនិយាយនឹងពួកជនជាញាតិនោះយ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ សូមអ្នកទាំងឡាយនៅក្នុងទីដ៏សមគួរមួយរំពេចសិន ទំរាំភិក្ខុនេះឲ្យបវារណារួច។ បើសង្ឃបានសេចក្តីយល់ព្រមនុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយនិយាយនឹងពួកជនជាញាតិនោះយ៉ាងនេះថា នែអ្នកដ៏មានអាយុទាំងឡាយ សូមអ្នកទាំងឡាយនាំភិក្ខុនេះ ទៅកាន់ទីក្រៅសីមាមួយរំពេចសិន ទំរាំសង្ឃបវារណារួច។ បើសង្ឃបានសេចក្តីយល់ព្រមនុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃបវារណាដោយពួកឡើយ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើស្តេចទាំងឡាយចាប់ភិក្ខុ(ក្តី) ពួកចោរចាប់ភិក្ខុ(ក្តី) ពួកអ្នកលេងចាប់ភិក្ខុ(ក្តី) ពួកភិក្ខុជាសត្រូវចាប់ភិក្ខុ (ក្តី) ក្នុងថ្ងៃបវារណានោះ។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងពួកភិក្ខុជាសត្រូវទាំងនោះយ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូមអស់លោកទាំងឡាយលែងភិក្ខុនេះមួយរំពេចសិន ទំរាំភិក្ខុនេះបវារណារួច។ បើសង្ឃបានសេចក្តីយល់ព្រមនុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយនិយាយនឹងភិក្ខុជាសត្រូវទាំងនោះយ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូមលោកទាំងឡាយនៅក្នុងទីដ៏សមគួរមួយរំពេចសិន ទំរាំភិក្ខុនេះឲ្យបវារណារួច។ បើសង្ឃបានសេចក្តីយល់ព្រមនុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយនិយាយនឹងពួកភិក្ខុជាសត្រូវទាំងនោះយ៉ាងនេះថា នែលោកដ៏មានអាយុទាំងឡាយ សូមអស់លោកនាំភិក្ខុនេះទៅកាន់ទីក្រៅសីមាមួយរំពេចសិន ទំរាំសង្ឃបវារណារួច។ បើសង្ឃបានសេចក្តីយល់ព្រមនុ៎ះដូច្នេះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ មិនត្រូវសង្ឃបវារណាដោយពួកឡើយ បើបវារណា ត្រូវអាបត្តិទុក្កដ។
(១២៤)
[២៧] ក្នុងសម័យនោះឯង ភិក្ខុ៥រូបនៅក្នុងអាវាសមួយក្នុងថ្ងៃបវារណានោះ។ គ្រានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគទ្រង់បញ្ញត្តហើយថា ត្រូវភិក្ខុបវារណាដោយសង្ឃបវារណា ក៏ឥឡូវនេះ យើងទាំងឡាយជាជន៥រូប តើត្រូវយើងទាំងឡាយបវារណាដូចម្តេច។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ៥រូបបវារណា ដោយសង្ឃបវារណា។ សម័យនោះឯង ភិក្ខុ៤រូប នៅក្នុងអាវាសមួយ ក្នុងថ្ងៃបវារណានោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យភិក្ខុ៥រូបបវារណា ដោយសង្ឃបវារណា ក៏ឥឡូវនេះ យើងទាំងឡាយជាជន៤រូប តើត្រូវយើងទាំងឡាយបវារណាដូចម្តេច ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុ៤រូប បវារណា ដល់គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវបវារណាយ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យភិក្ខុទាំងឡាយនោះ យល់ថា សូមលោកដ៏មានអាយុទាំងឡាយស្តាប់ខ្ញុំ ថ្ងៃនេះជាថ្ងៃបវារណា។ បើបវារណាកម្ម មានកាលគួរ ដល់លោកដ៏មានអាយុទាំងឡាយហើយ ត្រូវយើងទាំងឡាយបវារណាដល់គ្នានឹងគ្នា។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ហើយផ្គងអញ្ជលីឡើង រួចនិយាយនឹងភិក្ខុទាំងឡាយនោះយ៉ាងនេះថា នែអាវុសោ ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុទាំងឡាយ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(រំលឹក) ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុទាំងឡាយ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ (ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុទាំងឡាយ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ (រំលឹក)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម។ ត្រូវភិក្ខុខ្ចី ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយយ៉ាងនេះ នឹងភិក្ខុទាំងឡាយនោះថា បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុទាំងឡាយ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ (ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុទាំងឡាយ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ (ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុទាំងឡាយ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ (ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម។ ក៏សម័យនោះឯង ភិក្ខុ៣រូប នៅក្នុងអាវាសមួយ ក្នុងថ្ងៃបវារណានោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត ឲ្យភិក្ខុ៥រូបបវារណា ដោយសង្ឃបវារណា ឲ្យភិក្ខុ៤រូប បវារណាដល់គ្នានឹងគ្នា ឥឡូវនេះ យើងទាំងឡាយជាជន៣រូប តើយើងទាំងឡាយត្រូវបវារណាដូចម្តេច។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ៣រូប បវារណាដល់គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយ បវារណាយ៉ាងនេះ។ ត្រូវភិក្ខុដែលឆ្លាសប្រតិពលឲ្យភិក្ខុទាំងឡាយនោះដឹងថា សូមលោកដ៏មានអាយុទាំងឡាយស្តាប់ខ្ញុំ ថ្ងៃនេះជាថ្ងៃបវារណា។ បើបវារណាកម្មមានកាលគួរដល់លោកដ៏មានអាយុទាំងឡាយហើយ ត្រូវយើងទាំងឡាយបវារណាដល់គ្នានឹងគ្នា។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយនឹងភិក្ខុទាំងឡាយនោះយ៉ាងនេះថា នែអាវុសោ ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុទាំងឡាយ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន) ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុទាំងឡាយ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុទាំងឡាយ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម។ ត្រូវភិក្ខុខ្ចី ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយយ៉ាងនេះនឹងភិក្ខុទាំងឡាយនោះថា បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុទាំងឡាយ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុទាំងឡាយ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុទាំងឡាយ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម។ ក៏សម័យនោះឯង ភិក្ខុពីររូប នៅក្នុងអាវាសមួយ ក្នុងថ្ងៃបវារណានោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យភិក្ខុ៥រូប បវារណា ដោយសង្ឃបវារណា ឲ្យភិក្ខុ៤រូប បវារណាដល់គ្នានឹងគ្នា ឲ្យភិក្ខុ៣រូប បវារណាដល់គ្នានឹងគ្នា ឥឡូវនេះ យើងទាំងឡាយជាជនពីររូប តើយើងត្រូវបវារណាដូចម្តេច។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុពីររូប បវារណាដល់គ្នានឹងគ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុបវារណាយ៉ាងនេះ។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយយ៉ាងនេះ នឹងភិក្ខុខ្ចីថា នែអាវុសោ ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម នែអាវុសោ ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម។ ត្រូវភិក្ខុខ្ចី ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង រួចនិយាយយ៉ាងនេះនឹងភិក្ខុជាថេរៈថា បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុ ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណា នឹងលោកដ៏មានអាយុ ជាគំរប់ពីរដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ(ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម បពិត្រលោកដ៏ចំរើន ខ្ញុំសូមបវារណានឹងលោកដ៏មានអាយុ ជាគំរប់បីដងផង ដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ និយាយ (ដាស់តឿន)ខ្ញុំ កាលបើខ្ញុំឃើញ នឹងធ្វើតាម។ ក៏សម័យនោះឯង ភិក្ខុមួយរូបនៅក្នុងអាវាសមួយ ក្នុងថ្ងៃបវារណានោះ។ ឯភិក្ខុនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត ឲ្យភិក្ខុ៥រូបបវារណា ដោយសង្ឃបវារណាឲ្យភិក្ខុ៤រូបបវារណា ដល់គ្នានឹងគ្នា ឲ្យភិក្ខុ៣រូប បវារណាដល់គ្នានឹងគ្នា ឲ្យភិក្ខុពីររូប បវារណាដល់គ្នានឹងគ្នា ឥឡូវនេះ អាត្មាអញតែម្នាក់ឯង គួរអាត្មាអញបវារណាដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុមួយរូប នៅក្នុងអាវាសមួយ ក្នុងថ្ងៃបវារណានោះ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុចៀសចេញទៅ អំពីប្រទេសណា គឺឧបដ្ឋានសាលា10) ក្តី មណ្ឌបក្តី គល់ឈើក្តី ត្រូវភិក្ខុនោះ បោសប្រទេសនោះ ហើយដំកល់ទុកនូវទឹកឆាន់ ទឹកប្រើប្រាស់ ត្រូវក្រាលអាសនៈរួច អុជប្រទីប ហើយត្រូវអង្គុយចាំ។ បើមានភិក្ខុទាំងឡាយដទៃមក ត្រូវភិក្ខុនោះ បវារណាជាមួយនឹងភិក្ខុទាំងឡាយនោះចុះ បើគ្មានភិក្ខុទាំងឡាយមកទេ ត្រូវភិក្ខុនោះអធិដ្ឋានថា ថ្ងៃនេះជាថ្ងៃបវារណារបស់អញ បើមិនអធិដ្ឋានទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែលមានភិក្ខុនៅ៥រូប ភិក្ខុ៤រូប មិនត្រូវនាំបវារណារបស់ភិក្ខុ១រូប ហើយបវារណាដោយសង្ឃបវារណាក្នុងអាវាសនោះទេ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែលមានភិក្ខុនៅ៤រូប ភិក្ខុ៣រូប មិនត្រូវនាំបវារណារបស់ភិក្ខុ១រូបមក ហើយបវារណាដល់គ្នានឹងគ្នា ក្នុងអាវាសនោះទេ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែលមានភិក្ខុនៅ៣រូប ភិក្ខុ២រូប មិនត្រូវនាំបវារណារបស់ភិក្ខុ១រូបមក ហើយបវារណាដល់គ្នានឹងគ្នា ក្នុងអាវាសនោះទេ បើបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងអាវាសណា១ ដែលមានភិក្ខុនៅ២រូប ភិក្ខុ១រូប មិនត្រូវនាំបវារណារបស់ភិក្ខុ១រូបមក ហើយអធិដ្ឋានក្នុងអាវាសនោះទេ។ បើអធិដ្ឋាន ត្រូវអាបត្តិទុក្កដ។
(១២៥)
[២៨] ក៏សម័យនោះឯង ភិក្ខុ១រូបត្រូវអាបត្តិក្នុងថ្ងៃបវារណានោះ។ ក៏ភិក្ខុនោះមានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុដែលមានអាបត្តិ មិនត្រូវបវារណាណាទេ ឥឡូវអាត្មាអញ ត្រូវអាបត្តិហើយ តើអាត្មាអញត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវអាបត្តិ ក្នុងថ្ងៃបវារណានោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះចូលទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលី រួចនិយាយយ៉ាងនេះនឹងភិក្ខុនោះថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិឈ្មោះនេះហើយ ខ្ញុំសូមសំដែងអាបត្តិនោះចេញ។ ត្រូវភិក្ខុអ្នកទទួលអាបត្តិនោះនិយាយថា លោកឃើញឬទេ។ ភិក្ខុអ្នកសំដែងនោះឆ្លើយថា អើខ្ញុំឃើញ។ ភិក្ខុអ្នកទទួលអាបត្តិត្រូវប្រាប់ថា ត្រូវលោកសង្រួមតទៅ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុសង្ស័យ នឹងអាបត្តិ ក្នុងថ្ងៃបវារណានោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូលទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលី រួចនិយាយយ៉ាងនេះ នឹងភិក្ខុនោះថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យនឹងអាបត្តិឈ្មោះនេះ កាលណាខ្ញុំអស់សេចក្តីសង្ស័យ ខ្ញុំនឹងធ្វើតប (សំដែង) នូវអាបត្តិនោះ ក្នុងកាលនោះ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវភិក្ខុ ធ្វើនូវសេចក្តីអន្តរាយដល់បវារណា ព្រោះហេតុប៉ុណ្ណោះទេ។
(១២៦)
ក៏សម័យនោះឯង ភិក្ខុ១រូប កំពុងតែបវារណា ក៏រលឹកឃើញអាបត្តិ។ ទើបភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុដែលមានអាបត្តិ មិនត្រូវបវារណាទេ ឥឡូវ អាត្មាអញ ត្រូវអាបត្តិហើយ តើអាត្មាអញ ត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុកំពុងតែបវារណា ក៏រលឹកឃើញអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ និយាយយ៉ាងនេះ នឹងភិក្ខុជិតខាងថា នែអាវុសោ ខ្ញុំត្រូវអាបត្តិឈ្មោះនេះហើយ ខ្ញុំចេញពីទីនេះហើយ នឹងសំដែងអាបត្តិនោះចេញ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវភិក្ខុធ្វើនូវសេចក្តីអន្តរាយដល់បវារណាព្រោះហេតុប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុកំពុងតែបវារណា ហើយមានសេចក្តីសង្ស័យនឹងអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ និយាយយ៉ាងនេះ នឹងភិក្ខុជិតខាងថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យ នឹងអាបត្តិឈ្មោះនេះ កាលណា ខ្ញុំអស់សេចក្តីសង្ស័យ ខ្ញុំនឹងសំដែងអាបត្តិនោះចេញ ក្នុងកាលនោះ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវភិក្ខុធ្វើសេចក្តីអន្តរាយដល់បវារណាព្រោះហេតុប៉ុណ្ណោះទេ។
(១២៧)
ក៏សម័យនោះឯង សង្ឃទាំងអស់ក្នុងអាវាស១ ត្រូវសភាគាបត្តិ (អាបត្តិដូចគ្នា) ក្នុងថ្ងៃបវារណានោះ។ ក៏ភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តហើយថា ភិក្ខុមិនត្រូវសំដែងសភាគបត្តិ មិនត្រូវទទួលសភាគាបត្តិ (នឹងគ្នាទេ) ឥឡូវសង្ឃនេះ សុទ្ធតែត្រូវសភាគាបត្តិហើយ តើយើងទាំងឡាយត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើសង្ឃទាំងអស់ក្នុងអាវាសមួយ ត្រូវសភាគាបត្តិ ក្នុងថ្ងៃបវារណានោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរលោកទៅសំដែងអាបត្តិនោះ ហើយមកវិញ យើងទាំងឡាយនឹងសំដែងអាបត្តិនោះ ក្នុងសំណាក់លោក។ បើសង្ឃបានការសំដែងអាបត្តិនុ៎ះដូច្នេះហើយ ការបាននុ៎ះជាការល្អ បើមិនបានទេ ត្រូវភិក្ខុដែលឆ្លាសប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) សង្ឃទាំងអស់នេះត្រូវសភាគាបត្តិហើយ កាលបើសង្ឃឃើញភិក្ខុដទៃបរិសុទ្ធ មិនមានអាបត្តិ សង្ឃនឹងសំដែងអាបត្តិនោះ ក្នុងសំណាក់ភិក្ខុនោះកាលនោះ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវសង្ឃធ្វើសេចក្តីអន្តរាយដល់បវារណាព្រោះហេតុប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើសង្ឃទាំងអស់ក្នុងអាវាសមួយ មានសេចក្តីសង្ស័យនឹងសភាគាបត្តិ ក្នុងថ្ងៃបវារណានោះ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃទាំងអស់នេះ មានសេចក្តីសង្ស័យ ក្នុងសភាគាបត្តិ កាលណាសង្ឃអស់សេចក្តីសង្ស័យ សង្ឃនឹងសំដែងអាបត្តិនោះចេញ កាលនោះ លុះពោលដូច្នេះហើយ ត្រូវបវារណាចុះ។ មិនត្រូវសង្ឃធ្វើសេចក្តីអន្តរាយដល់បវារណា ព្រោះហេតុប៉ុណ្ណោះទេ។
ចប់ បឋមភាណវារៈ។
(១២៨)
[២៩] ក៏សម័យនោះឯង ពួកអាវាសិកភិក្ខុ (អ្នកនៅក្នុងអាវាស) ជាច្រើនប្រមាណ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងអាវាសមួយ ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងថាមានពួកអាវាសិកភិក្ខុរូបឯទៀតមិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងគ្នា ហើយបវារណា។ កាលដែលភិក្ខុទាំងឡាយនោះ កំពុងបវារណា ស្រាប់តែមានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសមួយ មានពួកអាវាសិកភិក្ខុជាច្រើនគឺ ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុដទៃ មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងហើយ ក៏នាំគ្នាបវារណា។ កាលដែលភិក្ខុទាំងនោះ កំពុងបវារណា ស្រាប់តែមានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត។ ភិក្ខុទាំងឡាយ ដែលបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើនគឺ ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ សំគាល់ថាជាធម៌ ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង ក៏នាំគ្នាបវារណាទៅ។ កាលដែលភិក្ខុទាំងនោះ កំពុងបវារណា ស្រាប់តែមានពួកអាវាសិកភិក្ខុឯទៀត ស្មើៗគ្នាមកដល់។ ភិក្ខុទាំងឡាយ ដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវតែភិក្ខុទាំងឡាយ ដែលនៅសល់អំពីនោះ បវារណា ពួកភិក្ខុ ដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើនគឺ ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងថាមានពួកអាវាសិកភិក្ខុដឯទៀតមិនទាន់មកដល់។ ភិក្ខុទាំងនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថាព្រមព្រៀងហើយ ក៏បវារណាទៅ។ កាលដែលភិក្ខុទាំងនោះ កំពុងបវារណា ស្រាប់តែមានពួកអាវាសិកភិក្ខុឯទៀត តិចជាងមកដល់។ ភិក្ខុដែលបានបវារណាហើយ ក៏ឈ្មោះថា បវារណាល្អហើយ ត្រូវពួកភិក្ខុ ដែលនៅសល់អំពីនោះ បវារណា ភិក្ខុទាំងឡាយដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងថាមានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះ ក៏សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង ហើយបវារណាទៅ។ កាលដែលភិក្ខុទាំងនោះ ទើបតែនឹងបវារណារួច ក៏មានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ បវារណាម្តងទៀត ភិក្ខុដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុចំនួនស្មើៗគ្នាមកដល់។ ភិក្ខុទាំងឡាយ ដែលបានបវារណាហើយ ក៏ឈ្មោះថា បវារណាដោយល្អ ត្រូវពួកអាវាសិកភិក្ខុឯទៀត បវារណាក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ភិក្ខុដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀតតិចជាងមកដល់។ ពួកភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវ (ពួកភិក្ខុដែលមកក្រោយ) បវារណាក្នុងសំណាក់ភិក្ខុទាំងឡាយ (ដែលបវារណាហើយ) នោះចុះ ភិក្ខុដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ ក៏សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង ហើយបវារណាទៅ។ កាលដែលភិក្ខុទាំងឡាយនោះ ទើបតែនឹងបវារណារួច ភិក្ខុបរិសទ្យមិនទាន់ក្រោយចេញនៅឡើយ ក៏ពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត។ ពួកភិក្ខុ ដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ចំនួនស្មើៗគ្នាមកដល់។បេ។ តិចជាង។ ភិក្ខុទាំងឡាយ ដែលបានបវារណាហើយ ឈ្មោះថា បវារណាល្អហើយ (ពួកភិក្ខុដែលមិនទាន់បវារណា) ត្រូវបវារណា ក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ពួកភិក្ខុ ដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងជាមានពួកអាវាសិកភិក្ខុឯទៀតមិនទាន់មកដល់។ ភិក្ខុទាំងនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងហើយ ក៏បវារណាទៅ។ កាលដែលភិក្ខុទាំងឡាយនោះ ទើបតែនឹងបវារណារួច ភិក្ខុបរិសទ្យពួកខ្លះ ក្រោកចេញទៅហើយ ក៏មានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត ពួកភិក្ខុដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ភិក្ខុ(ដែលមិនទាន់បវារណា) ត្រូវបវារណាក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ភិក្ខុទាំងឡាយ ដែលបានបវារណាហើយ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ មិនដឹងថា មានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀងហើយ ក៏បវារណាទៅ។ កាលដែលភិក្ខុទាំងនោះ ទើបតែនឹងបវារណារួច ភិក្ខុបរិសទ្យទាំងអស់ ក្រោកចេញហើយ ក៏មានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀតចុះ ភិក្ខុទាំងឡាយដែលបវារណាហើយ មិនត្រូវអាបត្តិទេ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ភិក្ខុ(ដែលមិនទាន់បវារណា) ត្រូវបវារណា ក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ភិក្ខុដែលបវារណាហើយ មិនត្រូវអាបត្តិទេ។
ចប់ រឿងភិក្ខុបវារណាមិនត្រូវអាបត្តិ មាន១៥យ៉ាង។
(១២៩)
[៣០] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុ ជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះ ដឹងថាមានពួកអាវាសិកភិក្ខុឯទៀត មកមិនទាន់ដល់។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកទេ តែសំគាល់ថាព្រមព្រៀងគ្នា ហើយក៏បវារណាទៅ។ កាលភិក្ខុទាំងឡាយនោះកំពុងបវារណា ក៏មានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត។ ភិក្ខុដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ភិក្ខុទាំងឡាយដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណា ដោយល្អហើយ ត្រូវភិក្ខុដែលនៅសល់អំពីនោះ បវារណាចុះ ពួកភិក្ខុដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះដឹងថា មានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះសំគាល់ថា ជាធម៌ សំគាល់ថា ជាវិន័យ ជាពួកទេ តែសំគាល់ថា ព្រមព្រៀង ហើយក៏បវារណាទៅ។ កាលដែលភិក្ខុទាំងនោះ ទើបតែនឹងបវារណារួច។បេ។ ភិក្ខុបរិសទ្យមិនទាន់ក្រោក ភិក្ខុបរិសទ្យពួកខ្លះក្រោកហើយ ភិក្ខុបរិសទ្យទាំងអស់ ក្រោកចេញហើយ ទើបមានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាង មកដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ពួកភិក្ខុ(ដែលមិនទាន់បវារណា) ត្រូវបវារណាក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ពួកភិក្ខុ ដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។
ចប់ រឿងពួកភិក្ខុជាពួក តែសំគាល់ថា ព្រមព្រៀងគ្នា មាន១៥យ៉ាង។
(១៣០)
[៣១] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នាក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះដឹងថា មានពួកអាវាសិកភិក្ខុឯទៀតមិនទាន់មកដល់។ ពួកភិក្ខុទាំងឡាយនោះមានសេចក្តីសង្ស័យដូច្នេះថា គួរយើងទាំងឡាយបវារណា ឬមិនគួរទេ (ហើយក៏នាំគ្នា) បវារណាទៅ។ កាលដែលភិក្ខុទាំងឡាយនោះ កំពុងតែបវារណា ក៏មានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត ពួកភិក្ខុ ដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។បេ។ ក៏មានពួកអាវាសិកភិក្ខុឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវពួកភិក្ខុ ដែលនៅសល់អំពីនោះ បវារណាចុះ ពួកភិក្ខុដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ ដឹងថាមានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ តែពួកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យថា គួរយើងទាំងឡាយបវារណា ឬមិនគួរទេ (ហើយក៏នាំគ្នា) បវារណាទៅ។ កាលដែលពួកភិក្ខុទាំងនោះ ទើបតែនឹងបវារណាហើយ។បេ។ ភិក្ខុបរិសទ្យមិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យពួកខ្លះក្រោកចេញហើយ ភិក្ខុបរិសទ្យទាំងអស់ក្រោកចេញហើយ ទើបមានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ឈ្មោះថា បានបវារណាល្អហើយ ពួកភិក្ខុ (ដែលមិនទាន់បវារណា) ត្រូវបវារណា ក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ពួកភិក្ខុ ដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។
ចប់ រឿងពួកភិក្ខុមានសេចក្តីសង្ស័យ មាន១៥យ៉ាង។
(១៣១)
[៣២] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ ដឹងថា មានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីរង្កៀសថា យើងទាំងឡាយ គួរតែបវារណា មិនមែនថា យើងមិនគួរបវារណាទេ ដូច្នេះហើយ ក៏បវារណាទៅ។ កាលដែលភិក្ខុទាំងឡាយនោះកំពុងតែបវារណា ទើបមានអាវាសិកភិក្ខុឯទៀតច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុទាំងនោះបវារណាម្តងទៀត ឯពួកភិក្ខុដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។បេ។ ទើបមានពួកអាវាសិកភិក្ខុឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួកភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវតែពួកភិក្ខុ ដែលនៅសល់អំពីនោះ បវារណាចុះ ពួកភិក្ខុ ដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងនោះ ដឹងថាមានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីរង្កៀសថា យើងទាំងឡាយ គួរតែបវារណា មិនមែនថាយើងទាំងឡាយ មិនគួរបវារណាទេដូច្នេះ ហើយក៏បវារណាទៅ។ កាលដែលភិក្ខុទាំងឡាយនោះ ទើបតែនឹងបវារណាហើយ។បេ។ ភិក្ខុបរិសទ្យមិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យពួកខ្លះក្រោកចេញទៅហើយ ភិក្ខុបរិសទ្យទាំងអស់ ក្រោកចេញទៅហើយ ទើបមានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។បេ។ ស្មើៗគ្នា។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ក៏ ឈ្មោះថាបានបវារណាល្អហើយ ពួកភិក្ខុ (ដែលមិនទាន់បានបវារណា) ត្រូវបវារណា ក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ភិក្ខុដែលបវារណាហើយ ត្រូវអាបត្តិទុក្កដ។
ចប់ រឿងពួកភិក្ខុមានសេចក្តីរង្កៀស មាន១៥យ៉ាង។
(១៣២)
[៣៣] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានអាវាសិកភិក្ខុទាំងឡាយជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះ ដឹងថាមានពួកអាវាសិកភិក្ខុឯទៀត មិនទាន់មកដល់។ ភិក្ខុទាំងឡាយនោះមានបំណងនឹងបំបែកសង្ឃថា ភិក្ខុទាំងឡាយនុ៎ះ ចូរបាត់ទៅចុះ ភិក្ខុទាំងឡាយនុ៎ះ ចូរវិនាសទៅចុះ ប្រយោជន៍អ្វី ដោយភិក្ខុទាំងឡាយនោះ ដូច្នេះហើយ ក៏បវារណាទៅ។ កាលបើភិក្ខុទាំងនោះ កំពុងបវារណា ទើបមានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត ពួកភិក្ខុ ដែលបានបវារណាហើយ ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ទើបមានពួកអាវាសិកភិក្ខុឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួកភិក្ខុ ដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវតែពួកភិក្ខុ ដែលនៅសល់អំពីនោះ បវារណាចុះ ពួកភិក្ខុ ដែលបានបវារណាហើយ ត្រូវអាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះ ដឹងថាមានពួកអាវាសិកភិក្ខុឯទៀតមិនទាន់មកដល់។ (តែ) ពួកភិក្ខុទាំងនោះមានបំណងនឹងបំបែកសង្ឃថា ភិក្ខុទាំងឡាយនុ៎ះ ចូរបាត់ទៅចុះ ភិក្ខុទាំងឡាយនុ៎ះ ចូរវិនាសទៅចុះ ត្រូវការអ្វីដោយភិក្ខុទាំងឡាយនោះ ដូច្នេះហើយ ក៏បវារណាទៅ។ កាលបើភិក្ខុទាំងឡាយនោះ ទើបតែនឹងបវារណាហើយ។បេ។ ភិក្ខុបរិសទ្យ មិនទាន់ក្រោកចេញ ភិក្ខុបរិសទ្យពួកខ្លះ ក្រោកចេញហើយ ភិក្ខុបរិសទ្យទាំងអស់ ក្រោកចេញហើយ ទើបមានពួកអាវាសិកភិក្ខុឯទៀត ច្រើនជាងមកដល់។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះ បវារណាម្តងទៀត ពួកភិក្ខុ ដែលបានបវារណាហើយ ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ទើបមានពួកអាវាសិកភិក្ខុឯទៀត ស្មើៗគ្នាមកដល់។បេ។ តិចជាង។ ពួកភិក្ខុដែលបវារណាហើយ ក៏ឈ្មោះថា បានបវារណាល្អហើយ ត្រូវភិក្ខុទាំងឡាយនោះ បវារណា ក្នុងសំណាក់ភិក្ខុទាំងឡាយនោះចុះ ពួកភិក្ខុដែលបានបវារណាហើយ ត្រូវអាបត្តិថុល្លច្ច័យ។
ចប់ រឿងពួកភិក្ខុមានបំណងនឹងបំបែកសង្ឃ មាន១៥យ៉ាង។
(១៣៣)
[៣៤] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកអាវាសិកភិក្ខុជាច្រើន គឺ៥រូប ឬជាង៥រូបឡើងទៅ ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយនោះមិនដឹងជា មានពួកអាវាសិកភិក្ខុឯទៀត កំពុងដើរចូលមកដល់ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយនោះមិនដឹងថា មានពួកអាវាសិកភិក្ខុឯទៀត ដើរចូលមកដល់ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយនោះ មិនឃើញពួកអាវាសិកភិក្ខុឯទៀត កំពុងដើរចូលមកដល់ខាងក្នុងសីមា។បេ។ ភិក្ខុទាំងឡាយនោះ មិនឃើញពួកអាវាសិកភិក្ខុឯទៀត បានដើរចូលមកដល់ ខាងក្នុងសីមា។បេ។ ពួកភិក្ខុទាំងនោះ មិនឮថា ពួកអាវាសិកភិក្ខុឯទៀត កំពុងដើរចូលមកខាងក្នុងសីមា។បេ។ ពួកភិក្ខុទាំងនោះ មិនឮថា ពួកអាវាសិកភិក្ខុឯទៀត បានដើរចូលមកខាងក្នុងសីមា។ ពួកអាវាសិកភិក្ខុ និងអាវាសិកភិក្ខុមានន័យ១៧៥តិក ពួកអាគន្តុកភិក្ខុ និងអាវាសិកភិក្ខុមានន័យ១៧៥តិក ពួកអាវាសិកភិក្ខុ និងអាគន្តុកភិក្ខុមានន័យ១៧៥តិក ពួកអាគន្តុកភិក្ខុ និងអាគន្តុកភិក្ខុមានន័យ១៧៥តិក ត្រូវជា៧០០តិក តាមរបៀបបេយ្យាលមុខ។
(១៣៤)
[៣៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុ ប្រកាន់ថា ថ្ងៃ១៤ ពួកអាគន្តុកភិក្ខុ ប្រកាន់ថា ថ្ងៃ១៥។ បើពួកអាវាសិកភិក្ខុច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ប្រព្រឹត្តតាមអាវាសិកភិក្ខុ។ បើមានចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ប្រព្រឹត្តតាមពួកអាវាសិកភិក្ខុវិញ។ បើពួកអាគន្តុកភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាវាសិកភិក្ខុប្រព្រឹត្តតាមពួកអាគន្តុកភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុ យល់ថាថ្ងៃ១៥ ពួកអាគន្តុកភិក្ខុយល់ថា ថ្ងៃ១៤។ បើពួកអាវាសិកភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ប្រព្រឹត្តតាមពួកអាវាសិកភិក្ខុ។ បើចំនួនស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ប្រព្រឹត្តតាមពួកអាវាសិកភិក្ខុវិញ។ បើពួកអាគន្តុកភិក្ខុ មានចំនួនច្រើនជាង ត្រូវពួកអាវាសិកភិក្ខុ ប្រព្រឹត្តតាមពួកអាគន្តុកភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ យល់ថាថ្ងៃ១កើត ឬ១រោច ពួកអាគន្តុកភិក្ខុយល់ថា ថ្ងៃ១៥។ បើពួកអាវាសិកភិក្ខុ មានចំនួនច្រើនជាង មិនត្រូវពួកអាវាសិកភិក្ខុ ឲ្យសាមគ្គីដល់ពួកអាគន្តុកភិក្ខុទេ ត្រូវពួកអាគន្តុកភិក្ខុ ទៅកាន់ទីក្រៅសីមា ហើយបវារណាចុះ។ បើស្មើៗគ្នាទេ មិនត្រូវពួកអាវាសិកភិក្ខុ ឲ្យសាមគ្គី ដល់ពួកអាគន្តុកភិក្ខុឡើយ ត្រូវពួកអាគន្តុកភិក្ខុ ទៅកាន់ទីក្រៅសីមា ហើយបវារណាចុះ។ បើពួកអាគន្តុកភិក្ខុច្រើនជាង ត្រូវពួកអាវាសិកភិក្ខុ ឲ្យសាមគ្គីដល់ពួកអាគន្តុកភិក្ខុ ឬត្រូវទៅកាន់ទីក្រៅសីមា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ យល់ថាថ្ងៃ១៥ ពួកអាគន្តុកភិក្ខុ យល់ថាថ្ងៃ១កើត ឬ១រោច។ បើពួកអាវាសិកភិក្ខុច្រើនជាង ត្រូវពួកអាគន្តុកភិក្ខុ ឲ្យសាមគ្គី ដល់អាវាសិកភិក្ខុ ឬត្រូវទៅកាន់ទីក្រៅសីមា។ បើពួកភិក្ខុទាំងនោះ ស្មើៗគ្នាទេ ត្រូវពួកអាគន្តុកភិក្ខុ ឲ្យសាមគ្គីដល់ពួកអាវាសិកភិក្ខុ ឬត្រូវទៅកាន់ទីក្រៅសីមា។ បើពួកអាគន្តុកភិក្ខុច្រើនជាង មិនត្រូវពួកអាគន្តុកភិក្ខុ ឲ្យសាមគ្គីដល់ពួកអាវាសិកភិក្ខុឡើយ ត្រូវពួកអាវាសិកភិក្ខុ ទៅកាន់ទីក្រៅសីមា ហើយបវារណាចុះ។
(១៣៥)
[៣៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឃើញអាការរបស់អាវាសិកភិក្ខុ ភេទរបស់អាវាសិកភិក្ខុ និមិត្តរបស់អាវាសិកភិក្ខុ ឧទ្ទេស របស់អាវាសិកភិក្ខុ គ្រែ និងតាំង ពូក និងខ្នើយ ដែលពួកអាវាសិកភិក្ខុ លាតក្រាលដោយល្អហើយ ទឹកឆាន់ ទឹកប្រើដែលពួកអាវាសិកភិក្ខុ ដម្កល់ល្អហើយ បរិវេណ ដែលពួកអាវាសិកភិក្ខុ បោសស្អាតហើយ។ លុះឃើញហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាវាសិកភិក្ខុ ឬគ្មានទេ។ ពួកអាគន្តុកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ មិនពិនិត្យ គយគន់មើល លុះមិនពិនិត្យហើយ ក៏បវារណា ត្រូវអាបត្តិទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះសង្ស័យ ហើយក៏ពិនិត្យ លុះពិនិត្យហើយ មិនឃើញ លុះមិនឃើញហើយ ក៏បវារណា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុទាំងនោះសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុទាំងនោះសង្ស័យ ហើយក៏ពិនិត្យ លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏បវារណាផ្សេងៗគ្នា ត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើល ក៏ឃើញ លុះឃើញហើយ ក៏មានបំណងនឹងបំបែកសង្ឃដោយគិតថា ពួកភិក្ខុទាំងនុ៎ះ ចូរបាត់ទៅ ពួកភិក្ខុទាំងនុ៎ះ ចូរវិនាសទៅ ត្រូវការអ្វី ដោយពួកភិក្ខុទាំងនោះ ហើយក៏បវារណា ត្រូវអាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាគន្តុកភិក្ខុ ឮអាការរបស់អាវាសិកភិក្ខុ ភេទរបស់អាវាសិកភិក្ខុ និមិត្តរបស់អាវាសិកភិក្ខុ ឧទ្ទេសរបស់អាវាសិកភិក្ខុ សូរជើងរបស់ពួកអាវាសិកភិក្ខុ កំពុងចង្ក្រម សំឡេងស្វាធ្យាយ (សូត្រធម៌) សំឡេងក្អក សំឡេងកណ្តាស់ របស់ពួកអាវាសិកភិក្ខុ។ លុះឮហើយ មានសេចក្តីសង្ស័យថា មានពួកអាវាសិកភិក្ខុ ឬគ្មានទេ។ ពួកអាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យហើយ ក៏បវារណាទៅ ត្រូវអាបត្តិទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យហើយមិនឃើញ លុះមិនឃើញហើយ ក៏បវារណាទៅ មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើលហើយ ក៏ឃើញ លុះឃើញហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យមើលហើយ ក៏ឃើញ លុះឃើញហើយ ក៏បវារណាផ្សេងៗគ្នា ត្រូវអាបត្តិទុក្កដ។ ពួកអាគន្តុកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើល ហើយឃើញ លុះឃើញហើយ មានបំណងនឹងបំបែកសង្ឃ ដោយគិតថា ពួកលោកទាំងនុ៎ះ បាត់ទៅចុះ ចូរលោកទាំងនុ៎ះ វិនាសទៅចុះ ត្រូវការអ្វី ដោយភិក្ខុទាំងនោះ ដូច្នេះហើយ ក៏បវារណា ត្រូវអាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ ឃើញអាការ របស់អាគន្តុកភិក្ខុ ភេទរបស់អាគន្តុកភិក្ខុ និមិត្តរបស់អាគន្តុកភិក្ខុ ឧទ្ទេសរបស់អាគន្តុកភិក្ខុ បាត្រដែលខ្លួនមិនស្គាល់ ចីវរដែលខ្លួនមិនស្គាល់ សំពត់និសីទនៈដែលខ្លួនមិនស្គាល់ ស្នាមដែលស្រោចទឹកលាងជើងរបស់ពួកអាគន្តុកភិក្ខុ។ លុះឃើញហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាគន្តុកភិក្ខុ ឬគ្មានទេ។ ពួកអាវាសិកទាំងនោះ មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យមើលហើយ ក៏បវារណា ត្រូវអាបត្តិទុក្កដ។បេ។ ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យមើលហើយមិនឃើញ លុះមិនឃើញហើយ ក៏បវារណា មិនត្រូវអាបត្តិទេ។ ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ បវារណាជាមួយគ្នា មិនត្រូវអាបត្តិទេ។ ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ទើបពិនិត្យមើល លុះពិនិត្យហើយឃើញ លុះឃើញហើយ ក៏បវារណាញែកគ្នា ត្រូវអាបត្តិទុក្កដ។ ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយក៏ពិនិត្យមើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ មានបំណងនឹងបំបែកសង្ឃដោយគិតថា ចូរភិក្ខុទាំងនុ៎ះ បាត់ទៅចុះ ចូរភិក្ខុទាំងនុ៎ះ វិនាសទៅចុះ ត្រូវការអ្វី ដោយពួកភិក្ខុទាំងនោះ ដូច្នេះហើយ ក៏បវារណាទៅ ត្រូវអាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ បានឮអាការ របស់អាគន្តុកភិក្ខុ ភេទរបស់អាគន្តុកភិក្ខុ និមិត្តរបស់អាគន្តុកភិក្ខុ ឧទ្ទេសរបស់អាគន្តុកភិក្ខុ សូរជើងរបស់ពួកអាគន្តុកភិក្ខុ កំពុងដើរមក សូរគោះស្បែកជើង សូរក្អក សូរកណ្តាស់ របស់ពួកអាគន្តុកភិក្ខុ។ លុះឮហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាគន្តុកភិក្ខុ ឬគ្មានទេ។ ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយមិនពិនិត្យមើល លុះមិនពិនិត្យមើលហើយ ក៏បវារណា ត្រូវអាបត្តិទុក្កដ។បេ។ ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យហើយមិនឃើញ លុះមិនឃើញហើយ ក៏បវារណាទៅ មិនត្រូវអាបត្តិទេ។ ពួកអាអាវាសិកទាំងនោះ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិទេ។ ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ ក៏បវារណាញែកគ្នា ត្រូវអាបត្តិទុក្កដ។ ពួកអាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ហើយពិនិត្យមើល លុះពិនិត្យមើលហើយឃើញ លុះឃើញហើយ ក៏មានបំណងនឹងបំបែកសង្ឃដោយគិតថា ចូរភិក្ខុទាំងនុ៎ះ បាត់ទៅចុះ ពួកភិក្ខុទាំងនុ៎ះ វិនាសទៅចុះ ត្រូវការអ្វីដោយភិក្ខុទាំងនោះ ដូច្នេះហើយ ក៏បវារណាទៅ ត្រូវអាបត្តិថុល្លច្ច័យ។
(១៣៦)
[៣៧] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិនជាពួកអាគន្តុកភិក្ខុ បានឃើញពួកអាវាសិកភិក្ខុ មានសំវាសផ្សេងគ្នា។ ពួកអាគន្តុកភិក្ខុទាំងនោះ ត្រឡប់បានសេចក្តីយល់ថា មានសំវាសស្មើគ្នាទៅវិញ លុះត្រឡប់បានសេចក្តីយល់ថា មានសំវាសស្មើគ្នាហើយ មិនសួរ (លទ្ធិ) លុះមិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិទេ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះ សួរ លុះសួរហើយ ក៏មិនអាចគ្របសង្កត់បាន គឺមិនអាចឲ្យភិក្ខុទាំងអស់នោះ លះបង់ទិដ្ឋិខុសបាន លុះគ្របសង្កត់មិនបានហើយ ក៏បវារណាជាមួយគ្នាទៅ ត្រូវអាបត្តិទុក្កដ។ ពួកអាគន្តុកភិក្ខុទាំងនោះសួរ លុះសួរហើយ ក៏មិនអាចគ្របសង្កត់បាន លុះគ្របសង្កត់មិនបានហើយ ក៏បវារណាញែកគ្នា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិនជាពួកអាគន្តុកភិក្ខុ ឃើញពួកអាវាសិកភិក្ខុ មានសំវាសស្មើគ្នា។ ពួកអាគន្តុកភិក្ខុទាំងនោះ ត្រឡប់បានសេចក្តីយល់ថា ពួកអាវាសិកភិក្ខុមានសំវាសផ្សេងគ្នាទៅវិញ លុះត្រឡប់បានសេចក្តីយល់ថា មានសំវាសផ្សេងគ្នាហើយ មិនសួរ (លទ្ធិ) លុះមិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ ត្រូវអាបត្តិទុក្កដ។បេ។ ពួកអាគន្តុកភិក្ខុទាំងនោះសួរ លុះសួរហើយ ក៏គ្របសង្កត់បាន គឺឲ្យពួកអាវាសិកភិក្ខុ លះបង់ទិដ្ឋិខុសបាន លុះគ្របសង្កត់បានហើយ ក៏បវារណាញែកគ្នា ត្រូវអាបត្តិទុក្កដ។ ពួកអាគន្តុកភិក្ខុទាំងនោះសួរ លុះសួរហើយ ក៏គ្របសង្កត់បាន លុះគ្របសង្កត់បានហើយ ក៏បវារណាជាមួយគ្នា មិនត្រូវអាបត្តិទេ។ ពួកអាគន្តុកភិក្ខុទាំងនោះសួរ លុះសួរហើយ គ្របសង្កត់មិនបាន លុះគ្របសង្កត់មិនបានហើយ ក៏បវារណាញែកគ្នាទៅ មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ បានឃើញពួកអាគន្តុកភិក្ខុ មានសំវាសផ្សេងគ្នា។ (តែ) ពួកអាវាសិកភិក្ខុទាំងនោះ ត្រឡប់បានសេចក្តីយល់ថា ពួកអាគន្តុកភិក្ខុ មានសំវាសស្មើគ្នាទៅវិញ លុះត្រឡប់បានសេចក្តីយល់ថា ពួកអាគន្តុកភិក្ខុមានសំវាសស្មើគ្នាហើយ មិនសួរ លុះមិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិទេ។បេ។ ពួកអាវាសិកភិក្ខុទាំងនោះសួរ លុះសួរហើយ គ្របសង្កត់មិនបាន លុះគ្របសង្កត់មិនបានហើយ ក៏បវារណាជាមួយគ្នាទៅ ត្រូវអាបត្តិទុក្កដ។ ពួកអាវាសិកភិក្ខុទាំងនោះសួរ លុះសួរហើយ គ្របសង្កត់មិនបាន លុះគ្របសង្កត់មិនបានហើយ ក៏បវារណាញែកគ្នា មិនត្រូវអាបត្តិទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុបានឃើញពួកអាគន្តុកភិក្ខុមានសំវាសស្មើគ្នា។ (តែ) ពួកអាវាសិកភិក្ខុទាំងនោះ ត្រឡប់បានសេចក្តីយល់ថា ពួកអាគន្តុកភិក្ខុមានសំវាសផ្សេងគ្នាទៅវិញ លុះត្រឡប់បានសេចក្តីយល់ថា មានសំវាសផ្សេងគ្នាហើយ មិនសួរ លុះមិនសួរហើយ ក៏បវារណាជាមួយគ្នាទៅ ត្រូវអាបត្តិទុក្កដ។បេ។ ពួកអាវាសិកភិក្ខុទាំងនោះសួរ លុះសួរហើយ គ្របសង្កត់បាន លុះគ្របសង្កត់បានហើយ ក៏បវារណាញែកគ្នា ត្រូវអាបត្តិទុក្កដ។ ពួកអាវាសិកភិក្ខុទាំងនោះសួរ លុះសួរហើយ គ្របសង្កត់បាន លុះគ្របសង្កត់បានហើយ ក៏បវារណាជាមួយគ្នាទៅ មិនត្រូវអាបត្តិទេ។
(១៣៧)
[៣៨] ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុទាំងឡាយចេញពីអាវាសដែលមានភិក្ខុ ទៅកាន់អាវាសដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុទាំងឡាយចេញពីអាវាសដែលមានភិក្ខុ ទៅកាន់អនាវាស (ទីមិនមែនអាវាស) ដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអាវាសដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអនាវាសដែលមានភិក្ខុ ទៅកាន់អាវាសដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអនាវាសដែលមានភិក្ខុ ទៅកាន់អនាវាសដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអនាវាសដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាសដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអាវាស ឬពីអនាវាសដែលមានភិក្ខុ ទៅកាន់អាវាសដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអាវាស ឬពីអនាវាសដែលមានភិក្ខុ ទៅកាន់អនាវាសដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអាវាស ឬអនាវាសដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាសដែលគ្មានភិក្ខុទេ វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អាវាសដែលមានភិក្ខុនោះទេ គឺអាវាសណា ដែលមានពួកភិក្ខុ មានសំវាសផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុនោះទេ គឺអនាវាសណា ដែលមានពួកភិក្ខុ មានសំវាសផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុ មានសំវាសផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់អនាវាស។បេ។ ទៅកាន់អាវាស ឬអនាវាសទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ មិនត្រូវភិក្ខុចេញពីអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុទេ។បេ។ ទៅកាន់អនាវាសទេ។បេ។ ទៅកាន់អាវាស ឬអនាវាសទេ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសផ្សេងគ្នា វៀរលែងតែសង្ឃ វៀរលែងតែភិក្ខុមានការអន្តរាយ។
(១៣៨)
ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ ភិក្ខុគួរចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស។បេ។ ទៅកាន់អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណាដែលមានពួកភិក្ខុ មានសំវាសស្មើគ្នាបាន ហើយភិក្ខុក៏ដឹងថា អាវាសណា អាត្មាអញ អាចទៅទាន់ក្នុងថ្ងៃនេះជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ ភិក្ខុគួរចេញពីអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស ឬទៅកាន់អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសស្មើគ្នា ហើយភិក្ខុក៏ដឹងថា អាវាសណាអាត្មាអញ អាចទៅទាន់ ក្នុងថ្ងៃនេះជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបវារណានោះ ភិក្ខុគួរចេញពីអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុបាន។បេ។ ទៅកាន់អនាវាស។បេ។ ទៅកាន់អាវាស ឬអនាវាស គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសស្មើគ្នាបាន ហើយភិក្ខុក៏ដឹងថា អាវាសណា អាត្មាអញ អាចទៅទាន់ ក្នុងថ្ងៃនេះជាប្រាកដ។
(១៣៩)
[៣៩] ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណាក្នុងបរិសទ្យដែលមានភិក្ខុនីអង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណាក្នុងបរិសទ្យ ដែលមាននាងសិក្ខមានា សាមណេរ សាមណេរី បុគ្គលអ្នកលាសិក្ខា បុគ្គលអ្នកត្រូវអន្តិមវត្ថុ អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណាក្នុងបរិសទ្យ ដែលមានភិក្ខុត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវវិនយធរឲ្យភិក្ខុនោះ ធ្វើតាមធម៌ (គឺឲ្យសំដែងអាបត្តិចេញ)។ មិនត្រូវភិក្ខុបវារណា ក្នុងបរិសទ្យ ដែលមានភិក្ខុត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ភិក្ខុត្រូវសង្ឃលើកវត្ត ព្រោះមិនលះទិដ្ឋិអាក្រក់ អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវវិនយធរឲ្យភិក្ខុនោះ ធ្វើតាមធម៌។ មិនត្រូវភិក្ខុបវារណាក្នុងបរិសទ្យ ដែលមានបណ្ឌក (ខ្ទើយ) អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ មិនត្រូវភិក្ខុបវារណា ក្នុងបរិសទ្យដែលមានបុគ្គល ជាថេយ្យសំវាសក11) បុគ្គលគេចទៅចូលសាសន៍តិរ្ថិយ តិរច្ឆាន បុគ្គលអ្នកសម្លាប់មាតា អ្នកសម្លាប់បិតា អ្នកសម្លាប់ព្រះអរហន្ត អ្នកទ្រុស្តភិក្ខុនី អ្នកបំបែកសង្ឃ អ្នកធ្វើលោហិតុប្បាទ (ធ្វើព្រះលោហិតព្រះពុទ្ធឲ្យពងឡើង) បុគ្គលជាឧភតោព្យញ្ជនកៈ (មនុស្សមានភេទពីរ) អង្គុយជាមួយផងទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណា ដោយឲ្យបវារណា ឈ្មោះថាបរិវាសិក (មានបរិសទ្យក្រោកចេញទៅហើយ) វៀរលែងតែបរិសទ្យមិនទាន់ក្រោកចេញ។ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុបវារណា ក្នុងថ្ងៃមិនមែនថ្ងៃបវារណាទេ វៀរលែងតែសង្ឃសាមគ្គី បវារណាចេញ។
ចប់ ទុតិយភាណវារៈ។
(១៤០)
[៤០] ក៏សម័យនោះឯង មានអាវាសមួយក្នុងកោសលជនបទ កើតសញ្ចរភ័យ12) ក្នុងថ្ងៃបវារណានោះ។ ភិក្ខុទាំងឡាយ មិនអាចនឹងបវារណាជាតេវាចិកាបវារណា (បវារណា ជាគំរប់៣ដង) បាន។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបវារណា ជាទ្វេវាចិកាបវារណា (បវារណា ជាគំរប់ពីរដង) បាន។ (កាលនោះ) សញ្ចរភ័យដ៏ក្លាខ្លាំងជាងមុនកើតឡើងទៀត។ ពួកភិក្ខុ មិនអាចនឹងបវារណា ជាទ្វេវាចិកាបវារណាបាន។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុបវារណា ជាឯកវាចិកាបវារណា (បវារណាតែម្ដងៗ) បាន។ សញ្ចរភ័យដ៏ក្លាខ្លាំងជាងមុនកើតឡើងទៀត។ (កាលនោះ) ពួកភិក្ខុមិនអាចបវារណាជាឯកវាចិកាបវារណាបាន។ ពួកភិក្ខុ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុបវារណាជាសមានវស្សិកាបវារណា (ឲ្យភិក្ខុដែលមានវស្សាស្មើៗគ្នា បវារណាព្រមគ្នា)បាន។ ក៏សម័យនោះឯង ក្នុងអាវាសមួយ មានពួកមនុស្ស(មក) ឲ្យទានក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន (ជិតភ្លឺ)។ ទើបភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះដូច្នេះថា ពួកមនុស្សទាំងនេះ ឲ្យទានអស់រាត្រីជាច្រើន បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ដ្បិតរាត្រីនេះ ជិតភ្លឺហើយ តើយើងទាំងឡាយ ត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកមនុស្ស ឲ្យទានក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន។ បើពួកភិក្ខុក្នុងទីនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកមនុស្សដែលឲ្យទាន អស់រាត្រីជាច្រើន បើសង្ឃនឹងបវារណាជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ដ្បិតរាត្រីជិតភ្លឺហើយ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិតមាន) ពួកមនុស្សអ្នកឲ្យទាន អស់រាត្រីជាច្រើន។ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ទេ ដ្បិតរាត្រីជិតភ្លឺហើយ។ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃបវារណា ជាទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានពួកភិក្ខុនិយាយធម៌ ពួកភិក្ខុរៀនព្រះសូត្រសង្គាយនា (ផ្ទៀងផ្ទាត់) ព្រះសូត្រ ពួកភិក្ខុជាវិនយធរ វិនិច្ឆ័យវិន័យ ពួកភិក្ខុធម្មកថិកសាកច្ឆាធម៌ ពួកភិក្ខុធ្វើសេចក្តីឈ្លោះគ្នា ក្នុងថ្ងៃបវារណានោះ អស់រាត្រីជាច្រើន។ បើពួកភិក្ខុក្នុងអាវាសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកភិក្ខុធ្វើសេចក្តីឈ្លោះគ្នា អស់រាត្រីជាច្រើន បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ព្រោះរាត្រីទៀបភ្លឺហើយ។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពួកភិក្ខុធ្វើសេចក្តីឈ្លោះគ្នា អស់រាត្រីជាច្រើន។ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនទាន់ ព្រោះរាត្រីទៀបភ្លឺហើយ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃបវារណា ជាទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ក្នុងអាវាសមួយ ក្នុងកោសលជនបទ មានភិក្ខុសង្ឃច្រើន ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ ទីដែលគត់ភ្លៀងក៏តិច មហាមេឃក៏តាំងឡើង (គឺនឹងធ្លាក់ភ្លៀង)។ ទើបភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនម្ល៉េះ ទីដែលគត់ភ្លៀងក៏តិច មហាមេឃ ក៏តាំងឡើងហើយ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនហើយ ជាប្រាកដ ភ្លៀងនេះនឹងធ្លាក់ចុះមិនខាន គួរពួកយើងប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានភិក្ខុសង្ឃច្រើន ប្រជុំគ្នា ក្នុងថ្ងៃបវារណានោះ។ ទីគត់ភ្លៀងក៏តិច ភ្លៀងធំក៏តាំងឡើងហើយ។ បើពួកភិក្ខុក្នុងអាវាសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនដល់ម្ល៉េះ ទីដែលគត់ភ្លៀងក៏តិច ភ្លៀងធំ ក៏តាំងឡើងហើយ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនហើយ ជាប្រាកដ ភ្លៀងនឹងធ្លាក់ចុះមិនខាន។ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុសង្ឃនេះ ប្រជុំគ្នាច្រើនណាស់។ ទីគត់ភ្លៀងក៏តិច ភ្លៀងធំ ក៏តាំងឡើយហើយ។ បើសង្ឃនឹងបវារណាជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនហើយជាប្រាកដ ភ្លៀងនេះធ្លាក់ចុះមិនខាន។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីបវារណា ជាទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងអាវាសណាមួយ មានការអន្តរាយអំពីស្តេច ក្នុងថ្ងៃបវារណានោះ។បេ។ មានការអន្តរាយអំពីចោរ។ មានការអន្តរាយអំពីភ្លើង។ មានការអន្តរាយអំពីទឹក។ មានការអន្តរាយអំពីមនុស្ស។ មានការអន្តរាយអំពីអមនុស្ស (មានខ្មោចបិសាចជាដើម)។ មានការអន្តរាយអំពីសត្វសាហាវ។ មានការអន្តរាយអំពីសត្វលូនវារ (ពស់តូចពស់ធំ)។ មានការអន្តរាយដល់ជីវិត។ មានការអន្តរាយដល់ព្រហ្មចារ្យ។ បើពួកភិក្ខុក្នុងអាវាសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះឯងជាសេចក្តីអន្តរាយដល់ព្រហ្មចារ្យ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនហើយជាប្រាកដ នឹងមានការអន្តរាយដល់ព្រហ្មចារ្យនេះមិនខាន។ ត្រូវភិក្ខុឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ នេះជាការអន្តរាយដល់ព្រហ្មចារ្យ បើសង្ឃនឹងបវារណា ជាតេវាចិកាបវារណា សង្ឃនឹងបវារណាមិនហើយ ជាប្រាកដ ការអន្តរាយ ដល់ព្រហ្មចារ្យនេះ មុខជានឹងកើតឡើងមិនខាន។ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃបវារណា ជាទ្វេវាចិកាបវារណា ជាឯកវាចិកាបវារណា ជាសមានវស្សិកាបវារណា។
(១៤១)
[៤១] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមានអាបត្តិ (ថាត្រូវអាបត្តិ) ហើយបវារណា។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានអាបត្តិ មិនត្រូវបវារណាទេ ភិក្ខុណាបវារណា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមានអាបត្តិហើយ បវារណា តថាគតអនុញ្ញាត ឲ្យភិក្ខុសុំធ្វើឱកាស ហើយចោទអាបត្តិ ដល់ភិក្ខុនោះ។ ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលដែលភិក្ខុឯទៀតសូមឱកាស មិនប្រាថ្នានឹងបើកឱកាសឲ្យ។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យឃាត់នូវបវារណា ដល់ភិក្ខុដែលមិនធ្វើឱកាស (មិនបើកឲ្យ) ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវឃាត់បវារណាយ៉ាងនេះ ត្រូវភិក្ខុសូត្រ ក្នុងកណ្តាលសង្ឃ ចំពោះបុគ្គលនោះ ដែលមានក្នុងទីចំពោះមុខ ក្នុងថ្ងៃបវារណានោះ គឺថ្ងៃទី១៤ ឬថ្ងៃទី១៥ ថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ប្រកបដោយអាបត្តិហើយ បវារណា ខ្ញុំសូមឃាត់ នូវបវារណា របស់បុគ្គលនោះ មិនគួរសង្ឃបវារណានឹងបុគ្គលនោះ ដែលមានក្នុងទីចំពោះមុខទេ។ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា ពួកភិក្ខុមានសីលជាទីស្រឡាញ់ មុខជានឹងឃាត់បវារណា របស់ពួកយើងជាមុនហើយ ក៏តាំងរូតរះឃាត់បវារណា ដល់ពួកភិក្ខុដែលបរិសុទ្ធមិនត្រូវអាបត្តិ ដោយឥតមានរឿង ឥតមានហេតុអ្វី ថែមទាំងឃាត់បវារណា ដល់ពួកភិក្ខុដែលបានបវារណាហើយផង។ ភិក្ខុទាំងឡាយ ក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុឃាត់បវារណា ដល់ពួកភិក្ខុដែលបរិសុទ្ធ ដែលមិនត្រូវអាបត្តិ ដោយឥតមានរឿង ឥតមានហេតុអ្វីទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឃាត់បវារណា ដល់ពួកភិក្ខុ ដែលបានបវារណាហើយទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិទុក្កដ។
[៤២] ម្នាលភិក្ខុទាំងឡាយ បវារណាដែលភិក្ខុបានឃាត់ហើយ ដោយប្រការដូច្នេះឯង។ បវារណា ដែលភិក្ខុឃាត់មិនបាន ដូចមានសេចក្តីតទៅនេះ។ ម្នាលភិក្ខុទាំងឡាយ បវារណា ដែលភិក្ខុឃាត់មិនបាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់បវារណា ចំពោះតេវាចិកាបវារណា ដែលសង្ឃបានសូត្រហើយ បានពោលហើយ បានបញ្ចប់ស្រេចហើយ បវារណាឈ្មោះថា ភិក្ខុឃាត់មិនបាន ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់បវារណា ចំពោះទ្វេវាចិកាបវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់បវារណា ចំពោះឯកវាចិកាបវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់បវារណា ចំពោះសមានវស្សិកាបវារណា ដែលសង្ឃបានសូត្រហើយ បានពោលហើយ បានបញ្ចប់ស្រេចហើយ បវារណាឈ្មោះថា ភិក្ខុឃាត់មិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បវារណា ដែលភិក្ខុមិនត្រូវឃាត់ ដូចបានសំដែងមកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បវារណា ដែលឈ្មោះថា ភិក្ខុឃាត់បាននោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់បវារណា ចំពោះតេវាចិកាបវារណា ដែលសង្ឃបានសូត្រហើយ បានពោលហើយ តែមិនទាន់ចប់ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់បវារណា ចំពោះទ្វេវាចិកាបវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់បវារណា ចំពោះឯកវាចិកាបវារណា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុឃាត់បវារណា ចំពោះសមានវស្សិកាបវារណាដែលសង្ឃបានសូត្រហើយ បានពោលហើយ តែមិនទាន់ចប់ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ។ ម្នាលភិក្ខុទាំងឡាយ បវារណាឈ្មោះថា ភិក្ខុបានឃាត់ហើយ ដូចពោលមកនេះឯង។
[៤៣] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើប្រសិនជាមានភិក្ខុ ឃាត់បវារណាចំពោះភិក្ខុផងគ្នា ក្នុងថ្ងៃបវារណានោះ។ បើពួកភិក្ខុឯទៀត បានស្គាល់ភិក្ខុនោះថា លោកដ៏មានអាយុនេះឯង មានកាយសមាចារមិនបរិសុទ្ធ13) មានវចីសមាចារមិនបរិសុទ្ធ14) មានអាជីវៈមិនបរិសុទ្ធ15) ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃសង្រួបសង្រួមថា នែភិក្ខុ កុំឡើយ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំធ្វើការវិវាទគ្នាឡើយ ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុឃាត់បវារណា ចំពោះភិក្ខុផងគ្នា ក្នុងថ្ងៃបវារណានោះ។ បើពួកភិក្ខុដទៃបានស្គាល់ភិក្ខុនោះថា លោកដ៏មានអាយុនេះឯង មានកាយសមាចារបរិសុទ្ធ តែមានវចីសមាចារមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃសង្រួបសង្រួមថា នែភិក្ខុ កុំឡើយ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំវិវាទគ្នាឡើយ ដូច្នេះហើយ សឹមបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុឃាត់បវារណាចំពោះភិក្ខុផងគ្នា ក្នុងថ្ងៃបវារណានោះ។ បើពួកភិក្ខុឯទៀតបានស្គាល់ភិក្ខុនោះថា លោកដ៏មានអាយុនេះឯង មានកាយសមាចារបរិសុទ្ធ មានវចីសមាចារបរិសុទ្ធ តែមានអាជីវៈមិនបរិសុទ្ធ ល្ងង់ មិនឆ្លាស កាលបើមានគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃសង្រួបសង្រួមថា នែភិក្ខុ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំវិវាទគ្នា ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុឃាត់បវារណាចំពោះភិក្ខុផងគ្នា ក្នុងថ្ងៃបវារណានោះ។ បើពួកភិក្ខុដទៃស្គាល់ភិក្ខុនោះថា លោកដ៏មានអាយុនេះឯង មានកាយសមាចារបរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានអាជីវៈបរិសុទ្ធ តែល្ងង់ មិនឆ្លាស កាលគេចោទសួរ ក៏មិនអាចឲ្យគេចោទសួរបាន។ ត្រូវសង្ឃសង្រួបសង្រួមថា កុំឡើយភិក្ខុ លោកកុំធ្វើការបង្កហេតុ កុំឈ្លោះគ្នា កុំទាស់ទែងគ្នា កុំវិវាទគ្នា ដូច្នេះហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុឃាត់បវារណា ចំពោះភិក្ខុផងគ្នា ក្នុងថ្ងៃបវារណានោះ។ បើពួកភិក្ខុដទៃ ស្គាល់ភិក្ខុនោះថា លោកដ៏មានអាយុនេះឯង មានកាយសមាចារបរិសុទ្ធ មានវចីសមាចារបរិសុទ្ធ មានអាជីវៈបរិសុទ្ធ ជាបណ្ឌិត ឆ្លាស មានប្រាជ្ញា កាលមានគេចោទសួរ អាចឲ្យគេចោទសួរបាន។ ត្រូវភិក្ខុទាំងឡាយ និយាយនឹងភិក្ខុនោះថា នែអាវុសោ លោកនេះឯង ឃាត់បវារណា ចំពោះភិក្ខុនេះ លោកឃាត់បវារណានោះ ព្រោះហេតុអ្វី លោកឃាត់ព្រោះសីលវិបត្តិ ឬឃាត់ព្រោះអាចារវិបត្តិ ឬឃាត់ព្រោះទិដ្ឋិវិបត្តិ។ បើភិក្ខុអ្នកឃាត់នោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ព្រោះសីលវិបតិ្ត ខ្ញុំឃាត់ព្រោះអាចារវិបតិ្ត ខ្ញុំឃាត់ព្រោះទិដ្ឋិវិបតិ្ត។ ត្រូវភិក្ខុទាំងឡាយ និយាយនឹងភិក្ខុនោះ យ៉ាងនេះថា លោកដ៏មានអាយុ ស្គាល់សីលវិបត្តិ ស្គាល់អាចារវិបត្តិ ស្គាល់ទិដ្ឋិវិបត្តិដែរឬ។ បើភិក្ខុនោះនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំស្គាល់សីលវិបតិ្ត អាចារវិបត្តិ ទិដ្ឋិវិបត្តិ ជាប្រាកដ។ ត្រូវភិក្ខុទាំងឡាយ និយាយ នឹងភិក្ខុនោះ យ៉ាងនេះថា នែអាវុសោ ចុះដូចម្តេចហៅថា សីលវិបត្តិ ដូចម្តេចហៅថា អាចារវិបត្តិ ដូចម្តេចហៅថា ទិដ្ឋិវិបត្តិ។ បើភិក្ខុនោះ និយាយយ៉ាងនេះថា បារាជិក៤ សង្ឃាទិសេស១៣ នេះហៅថាសីលវិបតិ្ត ថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត នេះហៅថា អាចារវិបត្តិ មិច្ឆាទិដ្ឋិ និងអន្តគ្គាហិកាទិដ្ឋិ នេះហៅថា ទិដ្ឋិវិបត្តិ។ ត្រូវភិក្ខុទាំងឡាយ និយាយ នឹងភិក្ខុនោះ យ៉ាងនេះថា នែអាវុសោ លោកឃាត់បវារណា ចំពោះភិក្ខុនេះ អ្នកឃាត់ដោយឃើញ ឬឃាត់ដោយឮ ឬឃាត់ដោយរង្កៀស។ បើភិក្ខុនោះ និយាយយ៉ាងនេះថា ខ្ញុំឃាត់ដោយឃើញក្តី ខ្ញុំឃាត់ដោយឮក្តី ខ្ញុំឃាត់ដោយរង្កៀសក្តី។ ត្រូវភិក្ខុទាំងឡាយ និយាយនឹងភិក្ខុនោះ យ៉ាងនេះថា នែអាវុសោ លោកឃាត់បវារណា ចំពោះភិក្ខុនេះ ដោយឃើញ តើលោកឃើញហេតុដូចម្តេច លោកឃើញអ្វី ក្នុងបវារណានោះ លោកឃើញក្នុងកាលណា លោកឃើញក្នុងទីណា កាលភិក្ខុនោះ ត្រូវអាបត្តិបារាជិក លោកឃើញដែរឬ កាលភិក្ខុនេះត្រូវអាបត្តិសង្ឃាទិសេស លោកឃើញដែរឬ កាលភិក្ខុនេះ ត្រូវអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត លោកឃើញដែរឬ ចំណែកលោកនៅក្នុងទីណា ឯភិក្ខុនេះនៅក្នុងទីណា លោកកំពុងធ្វើអ្វីខ្លះ ភិក្ខុនេះកំពុងធ្វើអ្វីខ្លះ។ បើភិក្ខុនោះ និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំមិនមែនឃាត់បវារណា ចំពោះភិក្ខុនេះ ដោយឃើញទេ ខ្ញុំឃាត់បវារណា ដោយឮទេតើ។ ត្រូវភិក្ខុទាំងឡាយ និយាយនឹងភិក្ខុនោះ យ៉ាងនេះថា នែអាវុសោ លោកឃាត់បវារណាណា ចំពោះភិក្ខុនេះដោយឮ លោកឮហេតុដូចម្តេច ក្នុងបវារណានោះ លោកឮអ្វី លោកឮក្នុងកាលណា លោកឮក្នុងទីណា លោកឮថា ភិក្ខុនេះ ត្រូវអាបត្តិបារាជិកហើយឬ លោកឮថា ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេសហើយឬ លោកឮថា ភិក្ខុនេះ ត្រូវអាបត្តិថុល្លច្ច័យ អាបត្តិបាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិតហើយឬ លោកឮពីភិក្ខុឬ លោកឮពីភិក្ខុនីឬ ឮពីនាងសិក្ខមានាឬ ឮពីសាមណេរឬ ឮពីសាមណេរីឬ ឮពីឧបាសកឬ ឮពីឧបាសិកាឬ ឮពីស្តេចទាំងឡាយឬ ឮពីពួកមហាមាត្យស្តេចឬ ឮពីពួកតិរ្ថិយឬ ឮពីពួកសាវកតិរ្ថិយឬ។ បើភិក្ខុនោះ និយាយថា នែអាវុសោ ខ្ញុំមិនបានឃាត់បវារណា ចំពោះភិក្ខុនេះដោយឮទេ ខ្ញុំឃាត់បវារណា ដោយរង្កៀសទេតើ។ ត្រូវភិក្ខុទាំងឡាយ និយាយនឹងភិក្ខុនោះ យ៉ាងនេះថា នែអាវុសោ លោកឃាត់បវារណាណា ចំពោះភិក្ខុនេះដោយរង្កៀស លោករង្កៀសដូចម្តេច ក្នុងបវារណានោះ ហេតុអ្វីក៏លោករង្កៀស លោករង្កៀសក្នុងកាលណា លោករង្កៀសក្នុងទីណា លោករង្កៀសថា ភិក្ខុនេះ ត្រូវអាបត្តិបារាជិកហើយឬ លោករង្កៀសថា ភិក្ខុនេះ ត្រូវអាបត្តិសង្ឃាទិសេសហើយឬ លោករង្កៀសថា ភិក្ខុនេះ ត្រូវអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិតហើយឬ លោករង្កៀសព្រោះឮពីភិក្ខុឬ លោករង្កៀសព្រោះឮពីភិក្ខុនីឬ លោករង្កៀសព្រោះឮពីសិក្ខមានាឬ លោករង្កៀសព្រោះឮពីសាមណេរឬ លោករង្កៀសព្រោះឮពីសាមណេរីឬ លោករង្កៀសព្រោះឮពីឧបាសកឬ លោករង្កៀសព្រោះឮពីឧបាសិកាឬ លោករង្កៀសព្រោះឮពីពួកស្តេចឬ លោករង្កៀសព្រោះឮពីពួកមហាមាត្យស្តេចឬ លោករង្កៀសព្រោះឮពីពួកតិរ្ថិយឬ លោករង្កៀសព្រោះឮពីពួកសាវកតិរ្ថិយឬ។ បើភិក្ខុនោះ និយាយថា នែអាវុសោ ខ្ញុំមិនមែនឃាត់បវារណាចំពោះភិក្ខុនេះ ដោយរង្កៀសទេ មួយវិញទៀត ខ្ញុំក៏មិនដឹងថា ខ្ញុំឃាត់បវារណាចំពោះភិក្ខុនោះ ដោយហេតុអ្វីទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ មិនធ្វើចិត្ត របស់ពួកសព្រហ្មចារី ជាវិញ្ញូ ឲ្យត្រេកអរ តាមការសាកសួរទេ គួរនឹងពោលថា ភិក្ខុដែលត្រូវគេចោទ មិនគួរភិក្ខុដទៃតិះដៀលទេ គឺឥតទោសទេ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ធ្វើចិត្តរបស់សព្រហ្មចារី ជាវិញ្ញូឲ្យត្រេកអរតាមសេចក្តីសាកសួរ គួរពោលថា ភិក្ខុដែលត្រូវចោទ គួរភិក្ខុដទៃតិះដៀលបាន (មានទោស)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ប្តេជ្ញាចំពោះភិក្ខុ ដែលខ្លួនតាមកំចាត់(ចោទ) ដោយអាបត្តិបារាជិក រកមូលគ្មាន ត្រូវសង្ឃលើកអាបត្តិសង្ឃាទិសេស (ចំពោះភិក្ខុអ្នកចោទនោះ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ប្តេជ្ញាចំពោះភិក្ខុ ដែលខ្លួនតាមកំចាត់ (ចោទ) ដោយអាបត្តិសង្ឃាទិសេស មិនមានមូល ត្រូវសង្ឃឲ្យភិក្ខុនោះ ធ្វើតាមធម៌ (ត្រូវសំដែងអាបត្តិចេញ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអ្នកចោទនោះ ប្តេជ្ញាចំពោះភិក្ខុ ដែលខ្លួនតាមកំចាត់ ដោយអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត រកមូលគ្មាន ត្រូវសង្ឃឲ្យភិក្ខុនោះធ្វើតាមធម៌ (សំដែងអាបត្តិចេញ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុដែលត្រូវចោទ ប្តេជ្ញាខ្លួនថា ត្រូវអាបត្តិបារាជិក ត្រូវសង្ឃធ្វើនាសនកម្ម (ចំពោះភិក្ខុនោះ) ហើយសឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ ដែលត្រូវចោទនោះ ប្តេជ្ញាខ្លួនថា ត្រូវអាបត្តិសង្ឃាទិសេស ត្រូវសង្ឃលើកអាបត្តិសង្ឃាទិសេសហើយ សឹមបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ ដែលត្រូវចោទនោះ ប្តេជ្ញាខ្លួនថា ត្រូវអាបត្តិថុល្លច្ច័យ បាចិត្តិយ បាដិទេសនីយ ទុក្កដ ទុព្ភាសិត ត្រូវសង្ឃឲ្យភិក្ខុនោះ ធ្វើតាមធម៌ (សំដែងអាបត្តិ ហើយសឹមបវារណាចុះ)។
(១៤២)
[៤៤] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុត្រូវអាបត្តិថុល្លច្ច័យ ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា សង្ឃាទិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែលយល់ថា អាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុនោះ នាំភិក្ខុ (ត្រូវអាបត្តិ) នោះ ចេញទៅកាន់ទីគួរមួយ ហើយឲ្យភិក្ខុនោះ ធ្វើតាមធម៌ រួចត្រូវចូលទៅរកសង្ឃ ហើយនិយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុនោះត្រូវអាបត្តិណាហើយ ភិក្ខុនោះ បានសំដែងអាបត្តិនោះ តាមធម៌ហើយ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវអាបត្តិថុល្លច្ច័យ ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិបាចិត្តិយ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិបាដិទេសនីយ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិទុក្កដ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះ យល់ថា អាបត្តិទុព្ភាសិត។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែលយល់ថា អាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុពួកនោះ នាំភិក្ខុនោះចេញ ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ (សំដែងអាបត្តិ) ហើយសឹមចូលមករកសង្ឃ រួចត្រូវនិយាយ យ៉ាងនេះថា នែអាវុសោ ភិក្ខុនោះត្រូវអាបត្តិណា ភិក្ខុនោះ ក៏បានសំដែងអាបត្តិនោះ តាមធម៌ហើយ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីបវារណា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវអាបត្តិបាចិត្តិយ ត្រូវអាបត្តិបាដិទេសនីយ ត្រូវអាបត្តិទុក្កដ ត្រូវអាបត្តិទុព្ភាសិត ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុពួកខ្លះ យល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះ យល់ថា ត្រូវអាបត្តិសង្ឃាទិសេស។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែលយល់ថា ត្រូវអាបត្តិទុព្ភាសិត ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុនោះ នាំភិក្ខុនោះចេញ ទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ ហើយសឹមចូលទៅរកសង្ឃ រួចនិយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុនោះត្រូវអាបត្តិណា ភិក្ខុនោះក៏បានសំដែងអាបត្តិនោះ តាមធម៌ហើយ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីបវារណាចុះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុ ត្រូវអាបត្តិទុព្ភាសិត ក្នុងថ្ងៃបវារណានោះ។ មានភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះ យល់ថា ត្រូវអាបត្តិថុល្លច្ច័យ មានភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះ យល់ថា ត្រូវអាបត្តិបាចិត្តិយ ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិបាដិទេសនីយ មានភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុព្ភាសិត ភិក្ខុពួកខ្លះយល់ថា ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ដែលយល់ថា ត្រូវអាបត្តិទុព្ភាសិត ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុនោះ នាំភិក្ខុនោះចេញទៅកាន់ទីគួរមួយ ឲ្យធ្វើតាមធម៌ ហើយត្រូវចូលទៅរកសង្ឃ រួចនិយាយ យ៉ាងនេះថា នែអាវុសោ ភិក្ខុនោះ ត្រូវអាបត្តិណា ភិក្ខុនោះ បានសំដែងអាបត្តិនោះ តាមធម៌ហើយ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីបវារណាចុះ។
(១៤៣)
[៤៥] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើភិក្ខុសូត្រឡើងក្នុងកណ្តាលសង្ឃ ក្នុងថ្ងៃបវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុនេះប្រាកដ តែបុគ្គលមិនប្រាកដ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីឃាត់វត្ថុទុក ហើយសឹមបវារណា។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងភិក្ខុនោះយ៉ាងនេះថា នែអាវុសោ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យវត្ថុទាំងឡាយស្អាតវិសេស បើវត្ថុប្រាកដ តែបុគ្គលមិនប្រាកដទេ ចូរអ្នកប្រាប់វត្ថុនោះឥឡូវនេះកុំខាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុសូត្រឡើងកណ្តាលសង្ឃ ក្នុងថ្ងៃបវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គលនេះប្រាកដ តែវត្ថុមិនប្រាកដទេ បើកម្មមានកាលគួរដល់សង្ឃហើយ សូមសង្ឃឃាត់នូវបុគ្គល ហើយសឹមបវារណា។ ត្រូវភិក្ខុទាំងឡាយនិយាយនឹងភិក្ខុនោះយ៉ាងនេះថា នែអាវុសោ ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យពួកភិក្ខុព្រមព្រៀងគ្នា បើបុគ្គលប្រាកដ តែវត្ថុមិនប្រាកដទេ ចូរអ្នកប្រាប់បុគ្គលនោះឥឡូវនេះកុំខាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានភិក្ខុសូត្រឡើងកណ្តាលសង្ឃ ក្នុងថ្ងៃបវារណានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) វត្ថុនេះក្តី បុគ្គលក្តី ក៏ប្រាកដ បើកម្មមានកាលគួរដល់សង្ឃហើយ ត្រូវសង្ឃឃាត់ទាំងវត្ថុ ទាំងបុគ្គល ហើយសឹមបវារណា។ ត្រូវភិក្ខុទាំងឡាយនិយាយយ៉ាងនេះនឹងភិក្ខុនោះថា នែអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តបវារណា ដើម្បីឲ្យវត្ថុទាំងឡាយបរិសុទ្ធផង ដើម្បីឲ្យភិក្ខុទាំងឡាយព្រមព្រៀតគ្នាផង បើវត្ថុ និងបុគ្គលប្រាកដ ចូរលោកប្រាប់វត្ថុ និងបុគ្គលនោះក្នុងកាលឥឡូវនេះមក។ ម្នាលភិក្ខុទាំងឡាយ បើវត្ថុប្រាកដមុនបវារណា បុគ្គលប្រាកដក្រោយបវារណា គួរនឹងចោទបាន។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលប្រាកដមុនបវារណា វត្ថុប្រាកដក្រោយបវារណា គួរនឹងចោទបាន។ ម្នាលភិក្ខុទាំងឡាយ បើវត្ថុ និងបុគ្គលប្រាកដមុនបវារណា កាលបើសង្ឃបានធ្វើបវារណាហើយ បើភិក្ខុសើរើកម្មនោះឡើង ត្រូវឱក្កោដនកបាចិត្តិយ (ត្រូវបាចិត្តិយព្រោះការសើរើ)។
(១៤៤)
[៤៦] ក៏សម័យនោះឯង ពួកភិក្ខុច្រើនរូបដែលជាមិត្រគ្រាន់តែឃើញគ្នា និងជាមិត្របានគប់គ្នា (មិត្រស្និទ្ធស្នាលមាំមួន) ចូលទៅចាំវស្សាក្នុងអាវាសមួយក្នុងកោសលជនបទ។ ពួកភិក្ខុដទៃដែលនៅជិតខាងភិក្ខុទាំងឡាយនោះ ធ្វើសេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះគ្នា ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ជាអ្នកធ្វើអធិករណ៍ក្នុងសង្ឃចូលទៅចាំវស្សាដោយប៉ងថា កាលបើភិក្ខុទាំងនោះនៅចាំវស្សារួចហើយ ពួកយើងនឹងឃាត់បវារណាក្នុងថ្ងៃដែលបវារណា។ ពួកភិក្ខុទាំងនោះបានឮដំណឹងថា ពួកភិក្ខុដទៃដែលនៅជិតខាងយើង ជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះប្រកែក ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ជាអ្នកធ្វើអធិករណ៍ក្នុងសង្ឃចូលទៅចាំវស្សា ដោយគិតថា កាលបើភិក្ខុទាំងនោះនៅចាំវស្សារួចហើយ ពួកយើងនឹងឃាត់បវារណាក្នុងថ្ងៃដែលបវារណា គួរយើងទាំងឡាយប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុច្រើនរូប ជាមិត្រដែលធ្លាប់ឃើញគ្នា ជាមិត្រស្និទ្ធស្នាលមាំមួន ចូលទៅចាំវស្សាក្នុងអាវាសមួយ។ ពួកភិក្ខុដទៃដែលនៅជិតខាងពួកភិក្ខុទាំងនោះ ជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីឈ្លោះ ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា ជាអ្នកធ្វើអធិករណ៍ក្នុងសង្ឃ ចូលទៅចាំវស្សាដោយប៉ងថា កាលបើភិក្ខុទាំងនោះ នៅចាំវស្សារួចហើយ ពួកយើងនឹងឃាត់បវារណា ក្នុងថ្ងៃដែលបវារណា។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកភិក្ខុទាំងនោះ ធ្វើចាតុទ្ទសីឧបោសថពីរបីឧបោសថ16) ដោយគិតថា ធ្វើដូចម្តេចពួកយើងនឹងគប្បីបវារណាឲ្យបានមុនពួកភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះប្រកែកគ្នា ធ្វើសេចក្តីទាស់ទែងគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃទាំងនោះ មកកាន់អាវាស ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុអ្នកនៅក្នុងអាវាសទាំងនោះ ប្រជុំគ្នាបវារណាភ្លាមៗចុះ លុះបវារណាហើយ ត្រូវនិយាយថា នែអាវុសោ យើងទាំងឡាយបានបវារណារួចហើយ លោកដ៏មានអាយុទាំងឡាយសំគាល់យ៉ាងណា ក៏ចូរធ្វើយ៉ាងនោះចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុដែលជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់គ្នា ធ្វើសេចក្តីឈ្លោះគ្នា វិវាទគ្នា ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃទាំងនោះ មិនបានដឹងរឿងអ្វី ហើយមកកាន់អាវាសនោះ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុអ្នកនៅក្នុងអាវាសទាំងនោះ ក្រាលអាសនៈ ដំកល់ទឹកលាងជើង តាំងរងជើង ទ្រនាប់សម្រាប់ជូតជើង ត្រូវក្រោកឡើង ទទួលយកបាត្រ និងចីវរ ត្រូវសួរភិក្ខុទាំងនោះដោយទឹកឆាន់។ ត្រូវបំភាន់ភិក្ខុទាំងនោះ ហើយទៅកាន់ទីក្រៅសីមា ហើយសឹមបវារណាចុះ។ លុះបវារណាហើយ ត្រូវនិយាយថា នែអាវុសោ យើងទាំងឡាយបានបវារណារួចហើយ លោកដ៏មានអាយុទាំងឡាយសំគាល់យ៉ាងណា ចូរធ្វើយ៉ាងនោះចុះ។ បើភិក្ខុបានកិច្ចនោះ ដោយអាការដូច្នោះហើយ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុអ្នកនៅក្នុងអាវាសដែលឆ្លាស ប្រតិពល ឲ្យពួកភិក្ខុអ្នកនៅក្នុងអាវាសផងគ្នាដឹងថា សូមលោកដ៏មានអាយុទាំងឡាយដែលនៅក្នុងអាវាសស្តាប់ខ្ញុំ បើកម្មមានកាលគួរដល់លោកដ៏មានអាយុទាំងឡាយណាហើយ យើងត្រូវធ្វើឧបោសថ ត្រូវសំដែងបាតិមោក្ខ ត្រូវបវារណា ក្នុងកាឡបក្ខ គឺក្នុងរនោច ដែលមកដល់ឥឡូវនេះឯង។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីឈ្លោះប្រកែក ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃទាំងនោះ និយាយយ៉ាងនេះនឹងអាវាសិកភិក្ខុទាំងនោះថា នែអាវុសោ ខ្ញុំសូមអង្វរ ចូរលោកទាំងឡាយបវារណាចំពោះយើងក្នុងកាលឥឡូវនេះចុះ។ ត្រូវអាវាសិកភិក្ខុនិយាយនឹងភិក្ខុទាំងនោះយ៉ាងនេះថា នែអាវុសោ លោកទាំងឡាយមិនមែនជាធំក្នុងការបវារណារបស់យើងទេ យើងមិនទាន់បវារណានៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីឈ្លោះប្រកែក ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃទាំងនោះនៅទាល់តែអស់កាឡបក្ខនោះ ត្រូវអាវាសិកភិក្ខុដែលឆ្លាស ប្រតិពល ឲ្យពួកអាវាសិកភិក្ខុផងគ្នាដឹងដោយពាក្យដូច្នេះថា សូមលោកដ៏មានអាយុទាំងឡាយដែលនៅក្នុងអាវាសស្តាប់ខ្ញុំ បើកម្មមានកាលគួរដល់លោកដ៏មានអាយុទាំងឡាយហើយ យើងទាំងឡាយត្រូវធ្វើឧបោសថ ត្រូវសំដែងបាតិមោក្ខ ត្រូវបវារណា ក្នុងជុណ្ហបក្ខ ដែលមកដល់ក្នុងកាលឥឡូវនេះ គឺក្នុងខ្នើត។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីឈ្លោះ ធ្វើសេចក្តីវិវាទ ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃទាំងនោះ និយាយយ៉ាងនេះនឹងភិក្ខុទាំងនោះថា នែអាវុសោ ខ្ញុំសូមអង្វរ ចូរលោកទាំងឡាយបវារណាចំពោះយើងទាំងឡាយ ក្នុងកាលឥឡូវនេះចុះ។ ត្រូវអាវាសិកភិក្ខុទាំងឡាយ និយាយយ៉ាងនេះនឹងភិក្ខុទាំងឡាយនោះថា នែអាវុសោ លោកទាំងឡាយមិនមែនជាធំក្នុងការបវារណារបស់យើងទេ យើងមិនទាន់បវារណានៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីឈ្លោះ ធ្វើសេចក្តីទាស់ទែង ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃទាំងនោះនៅទាល់តែអស់ជុណ្ហបក្ខនោះទៀត ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះនាំគ្នាបវារណា ដោយខានមិនបានក្នុងតិថីជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុងជុណ្ហបក្ខ ដែលមកដល់ឥឡូវនេះ (ថ្ងៃពេញបូណ៌មី ខែកត្តិក)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះកំពុងតែបវារណា ហើយមានភិក្ខុឈឺឃាត់បវារណាដល់ភិក្ខុមិនឈឺ ត្រូវភិក្ខុដទៃនិយាយនឹងភិក្ខុឈឺនោះយ៉ាងនេះថា លោកដ៏មានអាយុជាអ្នកមានជម្ងឺ ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ជាបុគ្គលមិនគាប់ចិត្តនឹងការសាកសួរទេ នែអាវុសោ ចូរលោករង់ចាំ ទំរាំលោកជារោគសិន ដល់លោកជារោគហើយ កាលបើត្រូវការនឹងចោទ ក៏ចោទចុះ។ កាលបើភិក្ខុនិយាយយ៉ាងនេះហើយ ភិក្ខុដែលឈឺនោះ នៅតែចោទ ត្រូវអាបត្តិបាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះកំពុងតែបវារណា ហើយមានភិក្ខុមិនឈឺឃាត់បវារណាដល់ភិក្ខុឈឺ ត្រូវភិក្ខុដទៃនិយាយនឹងភិក្ខុមិនឈឺនោះយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះឯងឈឺ ក៏ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ជាបុគ្គលមិនគួរដល់ការសួរដេញដោលទេ នែអាវុសោ ចូរលោករង់ចាំ ទំរាំភិក្ខុនេះជារោគសិន ដល់លោកនេះជារោគហើយ កាលបើលោកប្រាថ្នានឹងចោទ ក៏ចោទចុះ។ កាលបើភិក្ខុដទៃនិយាយយ៉ាងនេះហើយ ភិក្ខុមិនឈឺនោះនៅតែចោទ ត្រូវអាបត្តិបាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ កំពុងតែបវារណា ហើយមានភិក្ខុឈឺឃាត់បវារណាដល់ភិក្ខុឈឺ ត្រូវភិក្ខុដទៃនិយាយយ៉ាងនេះនឹងភិក្ខុនោះថា លោកដ៏មានអាយុទាំងឡាយ ជាអ្នកឈឺ ក៏ធម្មតា ភិក្ខុឈឺ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា មិនគួរដល់ការសួរដេញដោលទេ នែអាវុសោ ចូរលោកបង្អង់សិន ទំរាំលោកទាំងឡាយជារោគ ដល់លោកដែលមានហេតុ (នោះ) ជាសះស្បើយហើយ កាលបើលោកត្រូវការនឹងចោទ ក៏ចោទភិក្ខុដែលឥតរោគ (នោះចុះ)។ កាលបើភិក្ខុដទៃនិយាយយ៉ាងនោះហើយ ភិក្ខុឈឺនោះនៅតែចោទ ត្រូវអាបត្តិបាចិត្តិយ ព្រោះមិនអើពើ (នឹងពាក្យឃាត់)។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុទាំងឡាយនោះ កំពុងតែបវារណា ហើយមានភិក្ខុមិនឈឺឃាត់បវារណាដល់ភិក្ខុមិនឈឺ។ ត្រូវសង្ឃដេញដោលភិក្ខុទាំងពីររូបដោយត្រឹមត្រូវ សាកសួរដោយត្រឹមត្រូវ ហើយឲ្យភិក្ខុទាំងនោះធ្វើតាមធម៌ (គឺសំដែងអាបត្តិ) ហើយសឹមបវារណាចុះ។
(១៤៥)
[៤៧] ក៏សម័យនោះឯង ពួកភិក្ខុច្រើនរូប ជាមិត្រធ្លាប់ឃើញគ្នា ជាមិត្រស្និទ្ធស្នាលមាំមួន ចូលទៅចាំវស្សាក្នុងអាវាសមួយ ក្នុងកោសលជនបទ។ កាលភិក្ខុទាំងនោះព្រមព្រៀង ស្មោះសររកគ្នា មិនវិវាទគ្នា ហើយក៏បានដល់នូវធម៌ម្យ៉ាង ដែលជាគ្រឿងនៅសប្បាយ។17) គ្រានោះឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា កាលយើងទាំងឡាយព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា ក៏បានដល់នូវធម៌ម្យ៉ាង ដែលជាគ្រឿងនៅសប្បាយហើយ ក្នុងពេលនេះ បើយើងទាំងឡាយនឹងបវារណា គង់នឹងមានពួកភិក្ខុដែលបវារណារួចហើយ ចៀសចេញទៅកាន់ចារិក យើងទាំងឡាយមុខជានឹងឃ្លាតចាកធម៌ ជាគ្រឿងនៅសប្បាយនេះដោយអាការដូច្នេះមិនខាន យើងទាំងឡាយត្រូវប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុជាច្រើន ជាមិត្រឃើញគ្នា ជាមិត្រស្និទ្ធស្នាលមាំមួន ចូលទៅចាំវស្សាក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយនោះ ជាអ្នកព្រមព្រៀង ស្មោះសររកគ្នា មិនទាស់ទែងគ្នា ហើយបានដល់នូវធម៌ម្យ៉ាង ដែលជាគ្រឿងនៅសប្បាយ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនៅក្នុងអាវាសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា យើងទាំងឡាយ ជាអ្នកព្រមព្រៀង រីករាយរកគ្នា មិនវិវាទគ្នា បានដល់នូវធម៌ម្យ៉ាង ដែលជាគ្រឿងនៅសប្បាយ ហើយក្នុងពេលនេះ បើប្រសិនជាយើងនឹងបវារណា គង់មានពួកភិក្ខុដែលបវារណារួចហើយ ចៀសចេញទៅកាន់ចារិក យើងទាំងឡាយមុខជានឹងឃ្លាតចាកធម៌ ជាគ្រឿងនៅសប្បាយនេះ ដោយអាការដូច្នេះមិនខាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយនោះ ធ្វើបវារណាសង្គហៈ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯបវារណាសង្គហៈនោះ ត្រូវភិក្ខុធ្វើយ៉ាងនេះ។ ត្រូវភិក្ខុទាំងអស់ប្រជុំក្នុងទីជាមួយគ្នា។ លុះប្រជុំគ្នាហើយ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា ស្មោះសររកគ្នា មិនវិវាទគ្នា បានដល់នូវធម៌ម្យ៉ាង ដែលជាគ្រឿងនៅសប្បាយហើយ។ ក្នុងពេលនេះ បើប្រសិនជាយើងទាំងឡាយនឹងបវារណា គង់មានពួកភិក្ខុដែលបានបវារណារួចហើយ ចេញទៅកាន់ចារិក យើងទាំងឡាយមុខជានឹងឃ្លាតចាកធម៌ ជាគ្រឿងនៅសប្បាយនេះ ដោយអាការដូច្នេះមិនខាន។ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃធ្វើបវារណាសង្គហៈ គួរធ្វើឧបោសថ គួរសំដែងបាតិមោក្ខ គួរបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង(ជុណ្ហបក្ខ) ដែលមកដល់ក្នុងកាលឥឡូវនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា បានដល់នូវធម៌ម្យ៉ាង ដែលជាគ្រឿងនៅសប្បាយហើយ។ ក្នុងពេលនេះ បើយើងទាំងឡាយនឹងបវារណាទៅ គង់មានពួកភិក្ខុដែលបានបវារណាហើយ ចៀសចេញទៅកាន់ចារិក យើងទាំងឡាយមុខជានឹងឃ្លាតចាកធម៌ ជាគ្រឿងនៅសប្បាយនេះ ដោយអាការដូច្នេះមិនខាន។ ឥឡូវសង្ឃធ្វើបវារណាសង្គហៈ ធ្វើឧបោសថ សំដែងបាតិមោក្ខ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែលមកដល់ក្នុងកាលឥឡូវនេះ។ ការធ្វើបវារណាសង្គហៈ គឺថាសង្ឃនឹងធ្វើឧបោសថ សំដែងបាតិមោក្ខ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែលមកដល់ក្នុងកាលឥឡូវនេះ គាប់ចិត្តដល់លោកម្ចាស់អង្គណា គួរលោកម្ចាស់អង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកម្ចាស់អង្គណា គួរលោកម្ចាស់អង្គនោះនិយាយឡើង។ បវារណាសង្គហៈ គឺថាសង្ឃនឹងធ្វើឧបោសថ សំដែងបាតិមោក្ខនេះ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែលមកដល់ក្នុងកាលឥឡូវនេះ សង្ឃបានធ្វើរួចហើយ។ បវារណាសង្គហៈនោះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ ធ្វើបវារណាសង្គហៈហើយ មានភិក្ខុណាមួយនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំប្រាថ្នានឹងចេញទៅកាន់ចារិកក្នុងជនបទ ព្រោះខ្ញុំមានកិច្ចត្រូវធ្វើក្នុងជនបទ។ ត្រូវភិក្ខុដទៃនិយាយនឹងភិក្ខុនោះយ៉ាងនេះថា នែអាវុសោ ខ្ញុំសូមអង្វរលោកសិន ចូរលោកបវារណាហើយសឹមទៅចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះកំពុងតែបវារណា ឃាត់បវារណាភិក្ខុរូបណាមួយ គួរភិក្ខុដែលត្រូវគេឃាត់នោះនិយាយយ៉ាងនេះនឹងភិក្ខុអ្នកឃាត់នោះថា នែអាវុសោ លោកមិនមែនជាធំ ក្នុងការបវារណារបស់ខ្ញុំទេ ខ្ញុំនឹងមិនទាន់បវារណា។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ កំពុងតែបវារណា បើមានភិក្ខុណាមួយ ឃាត់បវារណាភិក្ខុនោះ ត្រូវសង្ឃដេញដោលសួរភិក្ខុទាំងពីររូប លុះសាកសួរហើយ សឹមឲ្យភិក្ខុទាំងពីរធ្វើតាមធម៌ (គឺសំដែងអាបត្តិ)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ បានសម្រេចកិច្ចនោះក្នុងជនបទហើយ ត្រឡប់មកកាន់អាវាសនោះវិញ ខាងក្នុងថ្ងៃគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ កំពុងតែបវារណា ហើយមានភិក្ខុណាមួយឃាត់បវារណាដល់ភិក្ខុនោះ គួរភិក្ខុដែលត្រូវគេឃាត់នោះ និយាយនឹងភិក្ខុអ្នកឃាត់នោះយ៉ាងនេះថា នែអាវុសោ លោកមិនមែនជាឥស្សរៈ ក្នុងការបវារណារបស់ខ្ញុំទេ ខ្ញុំបានបវារណាហើយ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ កំពុងតែបវារណា ក៏ភិក្ខុនោះឃាត់បវារណារបស់ភិក្ខុណាមួយ។ ត្រូវសង្ឃដេញដោល សាកសួរភិក្ខុទាំងពីររូប លុះដេញដោល សាកសួរហើយ ឲ្យភិក្ខុទាំងពីររូបធ្វើតាមធម៌ ហើយសឹមបវារណា ដោយសង្ឃបវារណាចុះ។
ចប់ បវារណក្ខន្ធកៈ ទី៤។
រឿងក្នុងខន្ធកៈនេះមាន៤៦រឿង។
ឧទ្ទាននៃបវារណក្ខន្ធកៈនោះគឺ
(១៤៦)
[៤៨] រឿងពួកភិក្ខុនៅចាំវស្សាក្នុងកោសលជនបទ មកគាល់ព្រះសាស្តា១ រឿងភិក្ខុនៅរួមគ្នាដូចបសុសត្វ (គឺសត្វដែលគេចិញ្ចឹម) មិនជាទីសប្បាយ១ រឿងបវារណាជាការអនុលោមដល់គ្នានឹងគ្នា១ រឿងពួកឆព្វគ្គិយភិក្ខុអង្គុយលើអាសនៈ ក្នុងពេលដែលភិក្ខុជាថេរៈ កំពុងបវារណា១ រឿងបវារណាមានពីរយ៉ាង១ រឿងបវារណាកម្មបួនយ៉ាង១ រឿងព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុឈឺឲ្យបវារណា១ រឿងញាតិចាប់ភិក្ខុក្នុងថ្ងៃបវារណា១ រឿងស្តេចចាប់ភិក្ខុក្នុងថ្ងៃបវារណា១ រឿងពួកចោរចាប់ភិក្ខុក្នុងថ្ងៃបវារណា១ រឿងពួកអ្នកលេងចាប់ភិក្ខុក្នុងថ្ងៃបវារណា១ រឿងភិក្ខុជាសត្រូវចាប់ភិក្ខុក្នុងថ្ងៃបវារណា១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុប្រាំរូបធ្វើបវារណាដោយសង្ឃបវារណា១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុបួនរូបបវារណាដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុបីរូបបវារណាដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុពីររូបបវារណាដល់គ្នានឹងគ្នា១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុមួយរូបអធិដ្ឋានបវារណា១ រឿងភិក្ខុត្រូវអាបត្តិក្នុងថ្ងៃបវារណា១ រឿងភិក្ខុសង្ស័យអាបត្តិក្នុងថ្ងៃបវារណា១ រឿងភិក្ខុកំពុងតែបវារណា ហើយរលឹកឃើញអាបត្តិ១ រឿងសង្ឃទាំងអស់ត្រូវសភាគាបត្តិក្នុងថ្ងៃបវារណា១ រឿងសង្ឃទាំងអស់សង្ស័យសភាគាបត្តិ១ រឿងភិក្ខុនៅក្នុងអាវាសច្រើនជាង និងស្មើគ្នា និងតិចជាង១ រឿងពួកអាវាសិកភិក្ខុប្រកាន់ថាថ្ងៃដប់បួន តែពួកអាគន្តុកភិក្ខុប្រកាន់ថាថ្ងៃដប់ប្រាំ១ រឿងភេទ និងសំវាសទាំងពីររបស់អាវាសិកភិក្ខុនិងអាគន្តុកភិក្ខុ១ រឿងភិក្ខុគួរទៅកាន់អាវាសដែលមានភិក្ខុក្នុងថ្ងៃបវារណា១ រឿងភិក្ខុមិនត្រូវបវារណាក្នុងបរិសទ្យដែលភិក្ខុនីអង្គុយជាមួយ១ រឿងទ្រង់ហាមមិនឲ្យភិក្ខុបវារណាក្នុងការឲ្យឆន្ទៈ១ រឿងសញ្ចរភ័យ១ រឿងមនុស្សឲ្យទានក្នុងថ្ងៃបវារណាដរាបដល់ទៀបភ្លឺ១ រឿងមានភ្លៀងក្នុងថ្ងៃបវារណា១ រឿងការអន្តរាយដល់បវារណា១ រឿងព្រះអង្គទ្រង់ហាមមិនឲ្យភិក្ខុមានអាបត្តិធ្វើបវារណា១ រឿងពួកឆព្វគ្គិយភិក្ខុគិតថា ពួកបេសលភិក្ខុឃាត់បវារណាដល់ពួកយើង ហើយប្រញាប់ឃាត់បវារណាជាមុន១ រឿងភិក្ខុឃាត់បវារណាមិនបាន១ រឿងភិក្ខុឃាត់បវារណាដល់ភិក្ខុផងគ្នាក្នុងថ្ងៃបវារណា១ (សេចក្តីសួរថា លោកឃាត់បវារណា) ព្រោះហេតុអ្វី១ រឿងសួរថាវិបត្តិដូចម្តេចខ្លះ១ រឿងឃាត់បវារណាដោយឃើញ ដោយឮ ដោយរង្កៀស១ រឿងភិក្ខុអ្នកចោទ១ រឿងភិក្ខុដែលត្រូវចោទ១ រឿងភិក្ខុត្រូវអាបត្តិថុល្លច្ច័យ១ រឿងវត្ថុនិងបុគ្គល១ រឿងភិក្ខុអ្នកធ្វើការបង្កហេតុ១ រឿងបវារណាសង្គហៈ១ រឿងភិក្ខុមិនជាធំក្នុងការបវារណា១ រឿងសង្ឃគួរសាកសួរភិក្ខុទាំងពីររូប ហើយឲ្យភិក្ខុទាំងពីររូបធ្វើតាមធម៌ ហើយសឹមបវារណា១។
(១៤៧)
[៤៩] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះបាទមាគធសេនិយពិម្ពិសារ សោយរាជ្យជាឥស្សរាធិបតិលើអ្នកស្រុកទាំង៨ម៉ឺន។ សម័យនោះឯង ក្នុងក្រុងចម្បា មានកូនសេដ្ឋីម្នាក់ឈ្មោះសោណៈ ជាកោឡិវិសគោត្ត ហើយជាសុខុមាលជាតិ។ សេដ្ឋិបុត្តនោះ មានរោមជាច្រើនដុះត្រង់បាតជើងទាំងពីរ។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ប្រជុំពួកអ្នកស្រុកទាំង៨ម៉ឺន ហើយទ្រង់បញ្ជូនរាជបម្រើទៅក្នុងសំណាក់សោណកោឡិវិសដោយមានកិច្ចអ្វីនីមួយថា សោណៈចូរមក ដ្បិតយើងចង់ឲ្យសោណៈមក។ វេលានោះឯង ឯមាតាបិតានៃសោណកោឡិវិសបាននិយាយពាក្យនេះនឹងសោណកោឡិវិសថា នែសោណៈកូន ឥឡូវស្តេចចង់ទតមើលជើងរបស់អ្នក នែសោណៈកូន អ្នកឯងកុំចាំបាច់លាជើងបង្ហាញស្តេចឡើយ អ្នកឯងចូរអង្គុយពែនភ្នែនចំពោះព្រះភក្ត្រស្តេចចុះ កាលបើអ្នកអង្គុយនៅហើយ ស្តេចគង់នឹងទតឃើញជើងអ្នកហើយ។ គ្រានោះឯង ពួកជនក៏បាននាំសោណកោឡិវិសមកដោយគ្រែស្នែង (មកថ្វាយស្តេច)។ ខណៈនោះ សោណកោឡិវិស ក៏បានចូលទៅគាល់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះបាទមាគធសេនិយពិម្ពិសារ រួចហើយអង្គុយពែនភ្នែនចំពោះព្រះភក្ត្រស្តេច។ ឯព្រះបាទមាគធសេនិយពិម្ពិសារ ក៏បានទតទៅឃើញរោមទាំងឡាយដែលដុះពេញបាតជើងរបស់សោណកោឡិវិស។ គ្រានោះឯង ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់បានប្រដៅនូវប្រយោជន៍18) ទាំងឡាយជាបច្ចុប្បន្ន ចំពោះពួកអ្នកស្រុកទាំង៨ម៉ឺននោះស្រេចហើយ ក៏ទ្រង់បញ្ជូនទៅវិញថា នែនាយទាំងឡាយ យើងបានប្រដៅអ្នករាល់គ្នា ក្នុងប្រយោជន៍ជាបច្ចុប្បន្នហើយ អ្នកទាំងឡាយចូរនាំគ្នាទៅវិញចុះ តែអ្នកទាំងឡាយត្រូវនាំគ្នាទៅគាល់ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគនោះ មុខជានឹងប្រៀនប្រដៅនូវប្រយោជន៍ទាំងឡាយក្នុងបរលោកដល់យើងទាំងឡាយ។ វេលានោះឯង ពួកអ្នកស្រុកទាំង៨ម៉ឺននោះ បានទៅឯភ្នំគិជ្ឈកូដ។ សម័យនោះឯង ព្រះសាគតដ៏មានអាយុ ជាអ្នកបម្រើព្រះដ៏មានព្រះភាគ។ វេលានោះ ពួកអ្នកស្រុកទាំង៨ម៉ឺននោះ បានចូលទៅរកព្រះសាគតដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បាននិយាយពាក្យនេះនឹងព្រះសាគតដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ឥឡូវពួកអ្នកស្រុកទាំង៨ម៉ឺននេះ បានចូលមកក្នុងទីនេះ ដើម្បីឃើញព្រះដ៏មានព្រះភាគ បពិត្រលោកដ៏ចំរើន យើងខ្ញុំគួរបានឃើញព្រះដ៏មានព្រះភាគ ទើបជាការប្រពៃ។ ព្រះសាគតភិក្ខុតបវិញថា នែអ្នកដ៏មានអាយុទាំងឡាយ បើដូច្នោះ អ្នករាល់គ្នាឈប់បង្អង់ចាំអាត្មានៅទីនេះ១ស្របក់ចុះ ចាំអាត្មាក្រាបទូលព្រះដ៏មានព្រះភាគសិន។ គ្រានោះឯង កាលពួកអ្នកស្រុកទាំង៨ម៉ឺននោះកំពុងតែសំឡឹងមើលក្នុងទីចំពោះមុខ ព្រះសាគតដ៏មានអាយុ ក៏ជ្រែកចុះចំផែនថ្ម19) ហើយទៅផុសក្នុងទីចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ រួចក៏បានពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវមានពួកអ្នកស្រុកទាំង៨ម៉ឺននេះ បានចូលមកក្នុងទីនេះដើម្បីឃើញព្រះដ៏មានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគរមែងជ្រាបនូវកាលគួរ ជាប្រយោជន៍ក្នុងកាលឥឡូវនេះ។ ព្រះដ៏មានព្រះភាគតបថា នែសាគត បើដូច្នោះ អ្នកចូរទៅរៀបចំក្រាលអាសនៈ ត្រង់ម្លប់នៃវិហារចុះ។ ព្រះសាគតដ៏មានអាយុបានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏នាំយកតាំង ជ្រែកចុះក្នុងទីចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ កាលអ្នកស្រុកទាំង៨ម៉ឺននោះ កំពុងសំឡឹងមើលក្នុងទីចំពោះមុខ ក៏ស្រាប់តែទៅផុសចំផែនថ្ម ហើយក្រាលអាសនៈត្រង់ម្លប់នៃវិហារ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់យាងចេញពីវិហារ ទៅគង់នៅលើអាសនៈដែលព្រះសាគតត្ថេរៈបានក្រាលត្រង់ម្លប់នៃវិហារ។ លំដាប់នោះឯង ពួកអ្នកស្រុកទាំង៨ម៉ឺននោះ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ គ្រានោះ ពួកអ្នកស្រុកទាំង៨ម៉ឺននោះ ក៏អបអរ រាក់ទាក់នឹងព្រះសាគតដ៏មានអាយុទៅវិញ មិនបានអបអររាក់ទាក់នឹងព្រះដ៏មានព្រះភាគ ដូច្នោះឡើយ។ វេលានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបសេចក្តីបរិវិតក្ក ក្នុងចិត្តរបស់ពួកអ្នកស្រុកទាំង៨ម៉ឺន ដោយព្រះទ័យនោះហើយ ទើបទ្រង់ត្រាស់ហៅព្រះសាគតដ៏មានអាយុមកថា នែសាគត បើដូច្នោះ អ្នកចូរសំដែងឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់ខ្ពស់ ឲ្យក្រៃលែងឡើងទៅទៀត។ ព្រះសាគតដ៏មានអាយុបានទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ហោះទៅលើវេហាស៍ ចង្រ្កម គឺដើរខ្លះ ឈរខ្លះ គង់ខ្លះ សិងខ្លះ បណ្តាលឲ្យកើតផ្សែងខ្លះ បណ្តាលឲ្យកើតភ្លើងខ្លះ បាត់ខ្លួនទៅខ្លះ ក្នុងប្រទេសទំនេរ គឺអាកាស។ វេលានោះ ព្រះសាគតដ៏មានអាយុ លុះបានសំដែងឥទ្ធិប្បាដិហារ្យ ជាធម៌របស់មនុស្សជាន់ខ្ពស់ មានប្រការច្រើនយ៉ាង នៅលើប្រទេសទំនេរ គឺអាកាសរួចហើយ ក៏មកក្រាបសិរសា ទៀបព្រះបាទា នៃព្រះដ៏មានព្រះភាគ ហើយក៏បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាគ្រូរបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក។ ខណៈនោះ អ្នកស្រុកទាំង៨ម៉ឺននោះ ក៏ពោលថា នែគ្នាយើងដ៏ចំរើន គួរអស្ចារ្យពេកណាស់ នែគ្នាយើងដ៏ចំរើន ហេតុដែលមិនធ្លាប់កើត កើតឡើងហើយតើ អម្បាលសាវកមានឫទ្ធិខ្លាំង មានអានុភាពច្រើនម្ល៉ោះទៅហើយ ចំណង់បើគ្រូ គង់មានឫទ្ធានុភាពក្រៃលែង ជាងនេះពិតប្រាកដ ហើយបែរមកអបអរ រាក់ទាក់ នឹងព្រះដ៏មានព្រះភាគវិញ លែងអបអររាក់ទាក់ នឹងព្រះសាគតដ៏មានអាយុដូច្នោះទៀតឡើយ។ វេលានោះ ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ជ្រាបសេចក្តីបរិវិតក្ក ក្នុងចិត្តរបស់ពួកអ្នកស្រុក ទាំង៨ម៉ឺននោះ ដោយព្រះទ័យហើយ ទើបទ្រង់សំដែងនូវអនុបុព្វីកថា ឯអនុបុព្វីកថានោះ តើដូចម្តេចខ្លះ គឺព្រះអង្គទ្រង់សំដែងទានកថា សីលកថា សគ្គកថា សំដែងពីទោស របស់កាមគុណ ដែលជារបស់លាមកសៅហ្មង និងអានិសង្សក្នុងកិរិយាចេញបួស។ ព្រះដ៏មានព្រះភាគ ជាម្ចាស់ ទ្រង់បានជ្រាបថា ពួកជនទាំងនោះមានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លាក្នុងវេលាណាហើយ ក៏ទ្រង់សំដែងនូវធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ តែងលើកឡើងសំដែងដោយព្រះអង្គឯង គឺសំដែងពីកងទុក្ខ ហេតុដែលនាំឲ្យកើតកងទុក្ខ សេចក្តីរំលត់នូវកងទុក្ខ និងផ្លូវដែលដល់នូវសេចក្តីរំលត់កងទុក្ខ ក្នុងវេលានោះ។ សំពត់សស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរទទួលយកគ្រឿងជ្រលក់ដោយល្អ យ៉ាងណាមិញ ធម្មចក្ខុ (គឺសោតាបត្តិមគ្គ) ឥតមានធូលី ឥតមានមន្ទិល ក៏កើតឡើងដល់ពួកអ្នកស្រុកទាំង៨ម៉ឺននោះ លើអាសនៈនោះថា ធម្មជាតឯណានីមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងមានសេចក្តីរលត់ទៅវិញជាធម្មតា យ៉ាងនោះឯង។ ពួកជនទាំងនោះ ក៏បានយល់នូវអរិយសច្ចធម៌ហើយ បានដល់នូវអរិយសច្ចធម៌ហើយ បានដឹងច្បាស់ នូវអរិយសច្ចធម៌ហើយ បានចុះចិត្តស៊ប់ ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ ប្រាសចេញពីសេចក្តីងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា មិនបានជឿបុគ្គលដទៃ ក្នុងសាសនា នៃព្រះសាស្តា ក៏បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលផ្ងារឡើង នូវភាជន៍ដែលគេផ្កាប់ចុះ ឬបើកឡើង នូវវត្ថុដែលកំបាំង ឬប្រាប់ផ្លូវដល់អ្នកវង្វេងផ្លូវ ឬទ្រោលបំភ្លឺប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា ពួកជនដែលមានចក្ខុ នឹងបានឃើញនូវរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ បានសំដែងដោយអនេកបរិយាយ ក៏ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ សូមដល់នូវព្រះដ៏មានព្រះភាគ ជាម្ចាស់ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផងថា ជាទីរលឹក សូមព្រះដ៏មានព្រះភាគជាម្ចាស់ ចាំទុកនូវយើងខ្ញុំថា ជាឧបាសក បានដល់នូវព្រះរតនត្រ័យ ថាជាទីរលឹកស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះទៅ។
(សោណស្ស បព្វជ្ជា)
[៥០] គ្រានោះ សោណកោឡិវិស មានសេចក្តីត្រិះរិះដូច្នេះថា ធម៌ដែលព្រះដ៏មានព្រះភាគទ្រង់សំដែងហើយ យ៉ាងណាៗ អាត្មាអញក៏បានដឹងជាក់ បុគ្គលដែលនៅគ្រប់គ្រងរក្សាផ្ទះនេះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យពេញលេញ ឲ្យបរិសុទ្ធដោយចំណែក១ ដូចជាសង្ខ ដែលបុគ្គលដុសខាត់ហើយទេ បើដូច្នោះ មានតែអាត្មាអញនឹងកោរសក់ ពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយ ចេញចាកផ្ទះ ហើយបួសក្នុងភាព នៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ។ ខណៈនោះ ពួកអ្នកស្រុកទាំង៨ម៉ឺននោះ ក៏បានត្រេកអររីករាយនឹងធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ក៏ក្រោកចេញចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចធ្វើប្រទក្សិណ ហើយក៏ចៀសចេញទៅ។ វេលានោះឯង សោណកោឡិវិស កាលបើពួកអ្នកស្រុកទាំង៨ម៉ឺន ចៀសចេញទៅមិនយូរប៉ុន្មាន បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ សោណកោឡិវិស លុះអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គ ទ្រង់សំដែងហើយ យ៉ាងណាៗ ខ្ញុំព្រះអង្គក៏ដឹងបានទាំងអស់ បុគ្គលដែលនៅគ្រប់គ្រងរក្សាផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបានពេញលេញ ឲ្យបានបរិសុទ្ធដោយចំណែក១ ដូចជាសង្ខ ដែលបុគ្គលដុសខាត់ហើយទេ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវ ខ្ញុំព្រះអង្គចង់កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយ ចេញចាកផ្ទះ ហើយបួសក្នុងភាពនៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ព្រះមេត្តាបំបួសខ្ញុំព្រះអង្គ។ សោណកោឡិវិស បានបព្វជ្ជាឧបសម្បទាក្នុងសំណាក់ព្រះមានព្រះភាគ។ លុះព្រះសោណដ៏មានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ក៏បានទៅគង់នៅព្រៃសីតវន (ព្រៃត្រជាក់)។ កាលសោណភិក្ខុនោះ ខំព្យាយាមខ្លាំង ដើរចង្ក្រមទៅ បាទារបស់លោកក៏បែក (ចេញឈាម)។ ទីចង្ក្រមក៏ប្រឡាក់ដោយឈាម ដូចជាទីដែលសម្រាប់សម្លាប់គោ។ ខណៈនោះ កាលព្រះសោណៈដ៏មានអាយុ សម្ងំក្នុងទីស្ងាត់ ក៏កើតការត្រិះរិះក្នុងចិត្តយ៉ាងនេះថា ពួកសាវកឯណាមួយ នៃព្រះដ៏មានព្រះភាគ ដែលមានព្យាយាមប្រឹងប្រែង បណ្តាសាវកទាំងនោះ អាត្មាអញ ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្តរបស់អាត្មាអញ នៅមិនទាន់ផុតចាកអាសវៈ ដោយមិនមានឧបាទានឡើយ ឯត្រកូលរបស់អាត្មាអញ ក៏មានទ្រព្យសម្បត្តិបរិបូណ៌ដែរ អាត្មាអញ អាចនឹងបរិភោគទ្រព្យសម្បត្តិផង អាចនឹងធ្វើបុណ្យផង បើដូច្នោះ គួរអាត្មាអញ វិលត្រឡប់ទៅ ដើម្បីហីនភេទវិញ (គឺសឹក) ហើយនឹងបរិភោគទ្រព្យសម្បត្តិផង ធ្វើបុណ្យផង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់បានជ្រាបសេចក្តីត្រិះរិះ ក្នុងចិត្តរបស់ព្រះសោណៈដ៏មានអាយុ ដោយព្រះទ័យហើយ ក៏ស្រាប់តែបាត់ព្រះអង្គពីលើភ្នំគិជ្ឈកូដ ទៅប្រាកដព្រះអង្គនៅឯព្រៃសីតវន ប្រៀបដូចបុរសមានកំឡាំង លាចេញនូវដើមដៃ ដែលខ្លួនបត់ចូល ឬបត់ចូលនូវដើមដៃ ដែលខ្លួនលាចេញ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់សេនាសនចារិក ជាមួយនឹងពួកភិក្ខុជាច្រើនរូប បានយាងសំដៅទៅកាន់ទីចង្ក្រមរបស់ព្រះសោណៈដ៏មានអាយុនោះ។ ព្រះមានព្រះភាគ ក៏បានទតទៅឃើញទីចង្ក្រមរបស់ព្រះសោណៈដ៏មានអាយុប្រឡាក់ដោយឈាម លុះទតឃើញហើយ ក៏ត្រាស់ហៅភិក្ខុទាំងឡាយមកសួរថា ម្នាលភិក្ខុទាំងឡាយ ទីចង្ក្រមនេះ ជាទីចង្ក្រមរបស់អ្នកណា បានជាប្រឡាក់ដោយឈាម ដូចជាទីសម្រាប់សម្លាប់គោ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលព្រះសោណៈដ៏មានអាយុខំព្យាយាមដើរចង្ក្រមទៅ បាទារបស់លោកក៏បែក នេះជាទីចង្ក្រមរបស់លោកនោះ ដែលប្រឡាក់ដោយឈាម ដូចជាទីដែលសម្រាប់សម្លាប់គោ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់យាងចូលទៅកាន់វិហាររបស់ព្រះសោណៈដ៏មានអាយុ លុះយាងចូលទៅដល់ហើយ ក៏ទ្រង់គង់នៅលើអាសនៈ ដែលគេបានក្រាលទុក។ ចំណែកឯព្រះសោណៈដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះសោណៈដ៏មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលយ៉ាងនេះថា នែសោណៈ កាលអ្នកសម្ងំនៅក្នុងទីស្ងាត់ ក៏កើតការត្រិះរិះក្នុងចិត្តយ៉ាងនេះថា ពួកសាវកណាមួយ របស់ព្រះមានព្រះភាគ ដែលមានព្យាយាមប្រឹងប្រែង បណ្តាសាវកទាំងនោះ អាត្មាអញ ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្តរបស់អាត្មាអញនៅមិនទាន់ផុតចាកអាសវៈទាំងឡាយ ដោយមិនមានឧបាទានឡើយ ម្យ៉ាងទៀត ទ្រព្យសម្បត្តិក្នុងត្រកូលរបស់អាត្មាអញ ក៏មានបរិបូណ៌ អាត្មាអញអាចនឹងបរិភោគទ្រព្យសម្បត្តិផង ធ្វើបុណ្យផង បើដូច្នោះ គួរអាត្មាអញ វិលត្រឡប់ទៅ ដើម្បីហីនភេទ ហើយបរិភោគ នូវទ្រព្យសម្បត្តិផង ធ្វើបុណ្យផង។ សោណៈភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតមែន។ ព្រះមានព្រះភាគ ទ្រង់សួរថា នែសោណៈ អ្នកឯងសំគាល់ហេតុនោះដូចម្តេច កាលពីដើមអ្នកឯងនៅជាគ្រហស្ថនោះ ជាអ្នកឆ្លាសក្នុងសូរសំឡេងខ្សែពិណឬ។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតមែន។ ព្រះមានព្រះភាគ ទ្រង់សួរថា នែសោណៈ អ្នកឯងសំគាល់ហេតុនោះដូចម្តេច កាលណាខ្សែពិណ របស់អ្នកតឹងពេកទៅ តើពិណរបស់អ្នកឯង មានសំឡេងពីរោះឬ គួរដល់ការងារ ក្នុងកាលនោះដែរឬ។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ការនុ៎ះមិនដូច្នោះទេ។ ព្រះមានព្រះភាគទ្រង់សួរថា នែសោណៈ អ្នកឯងសំគាល់ហេតុនោះដូចម្តេច កាលណាបើខ្សែពិណ របស់អ្នកធូរពេក តើពិណរបស់អ្នកឯង មានសំឡេងពីរោះឬ គួរដល់ការងារ ក្នុងកាលនោះដែរឬ។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ការនុ៎ះមិនដូច្នោះទេ។ ព្រះមានព្រះភាគទ្រង់សួរថា នែសោណៈ អ្នកសំគាល់ហេតុនោះដូចម្តេច កាលណាបើខ្សែពិណ របស់អ្នក មិនតឹងពេក មិនធូរពេក តាំងនៅក្នុងគុណដ៏ល្មម តើពិណរបស់អ្នកឯង មានសំឡេងពីរោះឬ គួរដល់ការងារក្នុងកាលនោះដែរឬ។ ព្រះសោណៈនោះក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា នែសោណៈ សេចក្តីព្យាយាមដែលតឹងពេក នាំឲ្យកើតសេចក្តីរាយមាយ សេចក្តីព្យាយាមដែលធូរពេក នាំឲ្យកើតសេចក្តីខ្ជិលច្រអូស ដូចខ្សែពិណយ៉ាងនោះឯង ព្រោះហេតុនោះ នែសោណៈ ក្នុងវេលានេះ អ្នកចូរតាំងសេចក្តីព្យាយាមឲ្យស្មើ ក្នុងធម្មវិន័យនេះ ត្រូវប្រើឥន្ទ្រិយទាំងឡាយឲ្យស្មើគ្នាផង ត្រូវកាន់យកនូវនិមិត្តក្នុងសមថៈនោះផង។ ព្រះសោណៈដ៏មានអាយុ បានទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ វេលានោះឯង ព្រះមានព្រះភាគទ្រង់ទូន្មានព្រះសោណៈដ៏មានអាយុ ដោយឱវាទនេះរួចហើយ ទើបទ្រង់បាត់ព្រះអង្គ អំពីទីចំពោះមុខ នៃព្រះសោណៈដ៏មានអាយុ នៅនាព្រៃសីតវន ហើយទ្រង់ប្រាកដនៅលើភ្នំគិជ្ឈកូដវិញ ប្រៀបដូចជាបុរសដែលមានកំឡាំង លាដើមដៃ ដែលខ្លួនបត់ចូល ឬបត់ចូល នូវដើមដៃ ដែលខ្លួនលាចេញ។ លំដាប់នោះ លុះសម័យតមក ព្រះសោណៈដ៏មានអាយុ ក៏បានតាំងសេចក្តីព្យាយាមស្មើ បានប្រើឥន្ទ្រិយទាំង៥ក៏ស្មើគ្នាផង បានកាន់យកនូវនិមិត្តក្នុងសមថៈនោះឯង។ វេលានោះ ព្រះសោណៈដ៏មានអាយុ បានចៀសចេញ ទៅតែម្នាក់ឯង ឥតមានសេចក្តីប្រមាទឡើយ ខំព្យាយាម ដុតបង់នូវកិលេស បញ្ជូនចិត្តឲ្យបែរទៅ (កាន់ព្រះនិព្វាន) ពួកកុលបុត្រ ដែលចេញចាកផ្ទះហើយ ទៅបួសក្នុងភាពជាបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ ដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា (ព្រះសោណៈ) ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុត នៃមគ្គព្រហ្មចារ្យ ដោយបញ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ មិនយូរប៉ុន្មាន ក៏បានដឹងច្បាស់ថា ជាតិកំណើតរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌អញ ក៏បាននៅចប់ហើយ កិច្ចដែលត្រូវធ្វើ អញក៏បានធ្វើហើយ នឹងមានកិច្ចដទៃអំពីកិច្ចនេះតទៅទៀត គ្មានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះសោណៈដ៏មានអាយុ ក៏ជាព្រះអរហន្តអង្គមួយដែរ។
[៥១] លំដាប់នោះ កាលព្រះសោណៈដ៏មានអាយុ បានសម្រេចព្រះអរហត្តហើយ ក៏មានសេចក្តីរិះគិតដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ នឹងសំដែងគុណ គឺអរហត្តផល ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ វេលានោះ ព្រះសោណៈដ៏មានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះមានព្រះភាគ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ ព្រះសោណៈដ៏មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា ជាព្រះអរហន្តខីណាស្រព បានសិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ចសម្រេចហើយ មានភារៈដាក់ចុះហើយ20) បានសម្រេចប្រយោជន៍របស់ខ្លួនហើយ មានកិលេស ជាគ្រឿងប្រកបសត្វក្នុងភពអស់ហើយ មានចិត្តផុតស្រឡះហើយ (ចាកកិលេស) ព្រោះដឹងដោយប្រពៃ ភិក្ខុនោះមានអធ្យាស្រ័យបង្អោនទៅកាន់ហេតុទាំង៦យ៉ាង គឺមានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្ម21) (គឺអរហត្ត)១ មានអធ្យាស្រ័យបង្អោនទៅក្នុងទីស្ងាត់១ មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ១ មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃឧបាទាន១ មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃតណ្ហា១ មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេង១ បពិត្រព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុពួកខ្លះ មានសេចក្តីរិះគិតដូច្នេះថា លោកដ៏មានអាយុនេះ ឈ្មោះថាមានអធ្យាស្រ័យ បង្អោនទៅកាន់នេក្ខម្មៈ ព្រោះអាស្រ័យនូវគុណ គ្រាន់តែសេចក្តីជឿប៉ុណ្ណោះឯង បពិត្រព្រះអង្គដ៏ចំរើន បុគ្គលកុំគប្បីយល់ហេតុនេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏ចំរើន ឯភិក្ខុ ដែលជាព្រះខីណាស្រព បានសិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ចសម្រេចហើយ កាលមិនបានពិចារណាខ្លួន ដែលមានកិច្ចត្រូវធ្វើ ឬមិនបានពិចារណា នូវសេចក្តីចំរើននៃកិច្ច ដែលខ្លួនបានធ្វើហើយ បានឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្មៈ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្មៈ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្មៈ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ បពិត្រព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុពួកខ្លះ មានសេចក្តីរិះគិតយ៉ាងនេះថា លោកដ៏មានអាយុនេះ ជាអ្នកប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅក្នុងទីដ៏ស្ងាត់ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលកុំគប្បីយល់ហេតុនេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏ចំរើន ឯភិក្ខុជាព្រះខីណាស្រព សិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ចសម្រេចហើយ មិនបានពិចារណានូវខ្លួន ដែលមានកិច្ចត្រូវធ្វើ ឬមិនបានពិចារណានូវសេចក្តីចំរើននៃកិច្ច ដែលខ្លួនបានធ្វើហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ បពិត្រព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុពួកខ្លះ មានសេចក្តីរិះគិតយ៉ាងនេះថា លោកដ៏មានអាយុនេះ កាលត្រឡប់មកកាន់សេចក្តីប្រកាន់សីល ប្រកាន់វត្តដោយសភាវៈថ្លៃថ្លា ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលកុំគប្បីយល់ហេតុនេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាព្រះខីណាស្រព បានសិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ចសម្រេចហើយ មិនបានពិចារណានូវខ្លួន ដែលមានកិច្ចត្រូវធ្វើ ឬមិនបានពិចារណា នូវសេចក្តីចំរើន នៃកិច្ចដែលខ្លួនធ្វើហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ ឈ្មោះថាមានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃឧបាទាន ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃឧបាទាន ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅនៃឧបាទាន ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅ នៃតណ្ហា ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យ បង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅ នៃតណ្ហា ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ ជាគ្រឿងអស់ទៅ នៃតណ្ហា ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេង ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេង ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈហើយ ឈ្មោះថា មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេង ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈហើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុកាលបើមានចិត្តផុតស្រឡះប្រពៃយ៉ាងនេះហើយ បើទុកជារូបទាំងឡាយដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយភ្នែក មកកាន់គន្លងភ្នែក ក៏មិនបានគ្របសង្កត់ចិត្តរបស់ភិក្ខុនោះបានឡើយ ចិត្តរបស់ភិក្ខុនោះ ដែលអារម្មណ៍មិនបានធ្វើឲ្យច្រឡំ ដោយកិលេស ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើក ដោយតណ្ហាហើយ ពិចារណាឃើញនូវសេចក្តីកើតឡើង និងសេចក្តីរលត់ទៅនៃចិត្តនោះ បើសំឡេងទាំងឡាយដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយត្រចៀកបាន… ក្លិនទាំងឡាយដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយច្រមុះបាន… រសទាំងឡាយ ដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយអណ្តាតបាន… ផោដ្ឋព្វៈ (គឺអារម្មណ៍ដែលមកប៉ះត្រូវកាយ) ទាំងឡាយ ដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយកាយបាន… ធម្មារម្មណ៍ (គឺអារម្មណ៍ដែលកើតក្នុងចិត្ត) ទាំងឡាយ ដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយចិត្តបាន មកកាន់ផ្លូវនៃចិត្ត ក៏គ្របសង្កត់ចិត្តរបស់លោកនោះមិនបានឡើយ ចិត្តរបស់លោកនោះ ដែលអារម្មណ៍មិនបានធ្វើឲ្យច្រឡំដោយកិលេស ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើកដោយតណ្ហាហើយ លោកបានពិចារណាឃើញ នូវសេចក្តីកើតឡើង និងសេចក្តីរលត់ទៅ នៃចិត្តនោះ បពិត្រព្រះអង្គដ៏ចំរើន ឧបមាដូចជាភ្នំថ្ម ឥតធ្លុះ ឥតប្រហោង ជាភ្នំតាន់សុទ្ធ បើមានសំណុំខ្យល់ ដែលមានកំឡាំងខ្លាំង បក់បោកមកពីទិសខាងកើតក្តី ក៏ញុំាងភ្នំនោះ ឲ្យកម្រើកមិនបាន ឲ្យរំជួយមិនបាន ឲ្យញាប់ញ័រមិនបានឡើយ បើមានសំណុំខ្យល់ ដែលមានកំឡាំងខ្លាំង បក់បោកមកពីទិសខាងលិចក្តី។បេ។ បើមានសំណុំខ្យល់ ដែលមានកំឡាំងខ្លាំង បក់បោកមកពីទិសខាងជើងក្តី។បេ។ បើមានសំណុំខ្យល់ ដែលមានកំឡាំងខ្លាំង បក់បោកមកពីទិសខាងត្បូងក្តី ក៏ញុំាងភ្នំនោះ ឲ្យកម្រើកមិនបាន ឲ្យរំជួយមិនបាន ឲ្យញាប់ញ័រមិនបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុកាលមានចិត្តផុតស្រឡះ ដោយប្រពៃយ៉ាងនេះហើយ បើរូបទាំងឡាយ ដែលមានកំឡាំង គួរនឹងដឹងច្បាស់ដោយភ្នែក មកកាន់គន្លងភ្នែកក្តី ក៏គ្របសង្កត់ចិត្ត របស់លោកនោះមិនបានឡើយ ចិត្តរបស់លោកនោះ ដែលអារម្មណ៍មិនបានធ្វើឲ្យច្រឡំដោយកិលេស ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើក ដោយតណ្ហា លោកពិចារណានូវសេចក្តីកើតឡើង និងសេចក្តីរលត់ទៅនៃចិត្តនោះ បើសំឡេងទាំងឡាយ ដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយត្រចៀកក្តី… ក្លិនទាំងឡាយ ដែលមានកំឡាំង គួរនឹងដឹងច្បាស់ដោយច្រមុះក្តី… រសទាំងឡាយដែលមានកំឡាំង គួរនឹងដឹងច្បាស់ដោយអណ្តាតក្តី… ផោដ្ឋព្វៈទាំងឡាយដែលមានកំឡាំងគួរនឹងដឹងច្បាស់ដោយកាយក្តី… ធម្មារម្មណ៍ទាំងឡាយ ដែលមានកំឡាំង គួរនឹងដឹងច្បាស់ដោយចិត្ត មកកាន់ផ្លូវចិត្តក្តី ក៏គ្របសង្កត់នូវចិត្ត របស់លោកនោះមិនបានឡើយ ចិត្តរបស់លោកនោះ ដែលអារម្មណ៍មិនបានធ្វើឲ្យច្រឡំដោយកិលេស ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើកដោយតណ្ហា លោករមែងពិចារណា នូវសេចក្តីកើតឡើង និងសេចក្តីរលត់នៃចិត្តនោះ ក៏មានឧបមេយ្យដូច្នោះឯង។
[៥២] ភិក្ខុកាលបើមានអធ្យាស្រ័យបង្អោនទៅកាន់នេក្ខម្មៈ (គឺអរហត្ត)ផង មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីស្ងប់ស្ងាត់នៃចិត្តផង មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនព្យាបាទផង មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ជាគ្រឿងអស់ទៅនៃឧបាទានផង មានអធ្យាស្រ័យបង្អោនទៅកាន់ធម៌ជាគ្រឿងអស់ទៅនៃតណ្ហាផង មានអធ្យាស្រ័យបង្អោនទៅកាន់សេចក្តីមិនវង្វេងនៃចិត្តផង ចិត្តក៏ផុតស្រឡះដោយប្រពៃ ព្រោះបានឃើញនូវសេចក្តីកើត និងសេចក្តីវិនាសនៃអាយតនៈ កាលភិក្ខុនោះមានចិត្តផុតស្រឡះហើយដោយប្រពៃ មានចិត្តរម្ងាប់ហើយ សេចក្តីចំរើននៃកិច្ច ដែលភិក្ខុនោះបានធ្វើហើយក៏គ្មាន កិច្ចដែលគួរនឹងធ្វើក៏គ្មាន។ ថ្មដែលតាន់សុទ្ធ មិនបានរំជួយដោយខ្យល់ យ៉ាងណាមិញ រូប សំឡេង ក្លិន រស ផស្សៈ និងធម្មារម្មណ៍ទាំងអស់ ដែលជាទីគាប់ចិត្តក្តី មិនជាទីគាប់ចិត្តក្តី ក៏ញុំាងចិត្តរបស់ភិក្ខុជាតាទិបុគ្គល22) ឲ្យញាប់ញ័រមិនបាន យ៉ាងនោះដែរ ចិត្តរបស់ភិក្ខុនោះ ជាចិត្តឋិតនៅខ្ជាប់ខ្ជួន ជាចិត្តផុតស្រឡះចាកកិលេសហើយ លោកពិចារណានូវសេចក្តីកើត និងសេចក្តីរលត់នៃចិត្តនោះ។
(១៤៨)
[៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា នែភិក្ខុទាំងឡាយ ពួកកុលបុត្ត តែងប្រកាសគុណ គឺអរហត្តផលយ៉ាងនេះឯង ពួកកុលបុត្តទាំងនោះ បានប្រកាសសេចក្តីនៃបុគ្គលជាអរហន្តផង មិនបានបង្អោនខ្លួនទៅដោយអំនួតថា ខ្លួនជាព្រះអរហន្តផង ម្យ៉ាងទៀត ក្នុងលោកនេះ មានពួកមោឃបុរសខ្លះ ប្រកាសព្រះអរហត្តផល ទំនងធ្វើដូចជាសើចលេង មោឃបុរសទាំងនោះ តែងដល់នូវសេចក្តីចង្អៀតចង្អល់ ក្នុងកាលជាខាងក្រោយ (មិនខានឡើយ)។ វេលានោះ ព្រះមានព្រះភាគទ្រង់ត្រាស់ហៅព្រះសោណៈដ៏មានអាយុថា នែសោណៈ អ្នកឯងធ្លាប់ចំរើនដោយសេចក្តីសុខ នែសោណៈ ឥឡូវនេះ តថាគតអនុញ្ញាតស្បែកជើង១ជាន់ឲ្យអ្នក។ ព្រះសោណៈនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានលះបង់ប្រាក់ចំនួន៨០រទេះធំ (គឺ១រទេះធំកំណត់ពីររទេះតូច) ផង បានលះបង់នូវពួកសេនាប្រកបដោយដំរី៧ផង ហើយបានចេញពីផ្ទះមកបួសក្នុងភាព នៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ ជនទាំងឡាយមុខជានឹងពោល (តិះដៀល) ដល់ខ្ញុំព្រះអង្គថា សោណកោឡិវិស បានលះបង់ប្រាក់ចំនួន៨០រទេះយ៉ាងធំផង បានលះបង់ នូវពួកសេនា ប្រកបដោយដំរី៧ផង ហើយបានចេញចាកផ្ទះ មកបួសក្នុងភាព នៃបុគ្គលមិនមានប្រយោជន៍ដោយផ្ទះ ឥឡូវនេះ សោណកោឡិវិសនេះ នៅជាប់ចំពាក់នឹងស្បែកជើង១ជាន់ បើព្រះដ៏មានព្រះភាគ នឹងទ្រង់អនុញ្ញាតដល់ភិក្ខុសង្ឃ ទើបខ្ញុំព្រះអង្គហ៊ានប្រើប្រាស់ បើព្រះដ៏មានព្រះភាគ មិនទ្រង់អនុញ្ញាតដល់ភិក្ខុសង្ឃទេ ខ្ញុំព្រះអង្គមិនហ៊ានប្រើប្រាស់ទេ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ក្នុងវេលានោះហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវស្បែកជើង១ជាន់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើង២ជាន់ មិនត្រូវពាក់ស្បែកជើង៣ជាន់ មិនត្រូវពាក់ស្បែកជើង៤ជាន់ឡើងទៅទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
(១៤៩)
[៥៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើងពណ៌ខៀវសុទ្ធ (ដូចពណ៌ផ្កាត្រកៀត)។បេ។ ពាក់ស្បែកជើងពណ៌លឿងសុទ្ធ (ដូចពណ៌ផ្កាកណ្ណិការ)។ ពាក់ស្បែកជើងពណ៌ក្រហមសុទ្ធ (ដូចពណ៌ផ្កាច្បារ)។ ពាក់ស្បែកជើងពណ៌ហង្សបាទសុទ្ធ (ដូចពណ៌ស្បែង)។ ពាក់ស្បែកជើងពណ៌ខ្មៅសុទ្ធ (ដូចពណ៌ផ្លែផ្គាំ)។ ពាក់ស្បែកជើងពណ៌ក្រហមក្រមៅសុទ្ធ (ដូចពណ៌ខ្នងក្អែប)។ ពាក់ស្បែកជើងពណ៌លឿងទុំសុទ្ធ (ដូចពណ៌ស្លឹកឈើទុំ ឬដូចផ្កាឈូក)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថដែលបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុះ ចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើងពណ៌ខៀវសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌លឿងសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌ក្រហមសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌ហង្សបាទសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌ខ្មៅសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌ក្រហមក្រមៅសុទ្ធ មិនត្រូវពាក់ស្បែកជើងពណ៌លឿងទុំសុទ្ធឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើងមានខ្សែខៀវ។ ពាក់ស្បែកជើងមានខ្សែលឿង។ ពាក់ស្បែកជើងមានខ្សែក្រហម។ ពាក់ស្បែកជើងមានខ្សែហង្សបាទ។ ពាក់ស្បែកជើងមានខ្សែខ្មៅ។ ពាក់ស្បែកជើងមានខ្សែក្រហមក្រមៅ។ ពាក់ស្បែកជើងមានខ្សែលឿងទុំ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថដែលបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុះចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើងមានខ្សែខៀវទេ មិនត្រូវពាក់ស្បែកជើងមានខ្សែលឿង មិនត្រូវពាក់ស្បែកជើងមានខ្សែក្រហម មិនត្រូវពាក់ស្បែកជើងមានខ្សែហង្សបាទ មិនត្រូវពាក់ស្បែកជើងមានខ្សែខ្មៅ មិនត្រូវពាក់ស្បែកជើងមានខ្សែក្រហមក្រមៅ មិនត្រូវពាក់ស្បែកជើងមានខ្សែលឿងទុំទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើងបិទកែង។ ពាក់ស្បែកជើងស្រោបជើងទាំងអស់រហូតដល់ស្មងជើង (ដូចជាស្បែកជើងអ្នកស្រុកយោនកៈ)។ ពាក់ស្បែកជើងដែលគេក្រង ជារបៀបបិទខ្នងជើង។ ពាក់ស្បែកជើងដែលញាត់ដោយគរ។ ពាក់ស្បែកជើង មានខ្សែវិចិត្រដូចស្លាបទទា។ ពាក់ស្បែកជើងមានខ្សែមានសណ្ឋានដូចស្នែងកែះ។ ពាក់ស្បែកជើងមានខ្សែមានសណ្ឋានដូចស្នែងពពែ។ ពាក់ស្បែកជើងមានខ្សែ មានសណ្ឋានដូចកន្ទុយសត្វខ្ទួយ។ ពាក់ស្បែកជើងដែលចាក់ស្រែះដោយព្រុយកន្ទុយក្ងោក។ ពាក់ស្បែកជើងដែលវិចិត្រ (ផ្សេងៗ)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើងបិទកែង មិនត្រូវពាក់ស្បែកជើងដែលស្រោបជើងទាំងអស់រហូតស្មងជើង មិនត្រូវពាក់ស្បែកជើងដែលគេក្រងជារបៀបបិទខ្នងជើង មិនត្រូវពាក់ស្បែកជើងដែលញាត់ដោយគរ មិនត្រូវពាក់ស្បែកជើងដែលមានខ្សែវិចិត្រដូចស្លាបទទា មិនត្រូវពាក់ស្បែកជើងមានខ្សែមានសណ្ឋានដូចស្នែងកែះ មិនត្រូវពាក់ស្បែកជើងមានខ្សែមានសណ្ឋានដូចស្នែងពពែមិនត្រូវពាក់ស្បែកជើងមានខ្សែមានសណ្ឋានដូចកន្ទុយសត្វខ្ទួយ មិនត្រូវពាក់ស្បែកជើងដែលគេស្រេះដោយព្រុយកន្ទុយក្ងោក មិនត្រូវពាក់ស្បែកជើងដែលវិចិត្រ(ផ្សេងៗ)ឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើង ដែលចំជាយដោយស្បែកសត្វសីហៈ។ ពាក់ស្បែកជើងដែលចំជាយដោយស្បែកខ្លាធំ។ ពាក់ស្បែកជើងដែលចំជាយដោយស្បែកខ្លាដំបង។ ពាក់ស្បែកជើង ដែលចំជាយដោយស្បែកខ្លារខិន។ ពាក់ស្បែកជើង ដែលចំជាយដោយស្បែកភេ។ ពាក់ស្បែកជើង ដែលចំជាយដោយស្បែកឆ្មា។ ពាក់ស្បែកជើង ដែលចំជាយដោយស្បែកសត្វកង្ហែន។ ពាក់ស្បែកជើង ដែលចំជាយដោយស្បែកមៀម។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយបានក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវពាក់ស្បែកជើង ដែលចំជាយដោយស្បែកសត្វសីហៈ មិនត្រូវពាក់ស្បែកជើង ដែលចំជាយដោយស្បែកខ្លាធំ មិនត្រូវពាក់ស្បែកជើងដែលចំជាយដោយស្បែកខ្លាដំបង មិនត្រូវពាក់ស្បែកជើងដែលចំជាយដោយស្បែកខ្លារខិន មិនត្រូវពាក់ស្បែកជើងដែលចំជាយដោយស្បែកភេ មិនត្រូវពាក់ស្បែកជើងដែលចំជាយដោយស្បែកឆ្មា មិនត្រូវពាក់ស្បែកជើងដែលចំជាយដោយស្បែកសត្វកង្ហែន មិនត្រូវពាក់ស្បែកជើងដែលចំជាយដោយស្បែកមៀម ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
(១៥០)
[៥៥] គ្រានោះឯង ព្រះមានព្រះភាគទ្រង់ស្លៀកស្បង់ក្នុងវេលាព្រឹកព្រហាម ហើយប្រដាប់បាត្រនិងចីវរ យាងចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត មានភិក្ខុ១រូបជាបច្ឆាសមណៈ (គឺសមណៈតាមក្រោយ)។ ភិក្ខុនោះខ្ចកជើង ដើរតាមក្រោយៗ ព្រះដ៏មានព្រះភាគ ក្នុងវេលានោះ។ មានឧបាសកម្នាក់ ពាក់ស្បែកជើង៤ជាន់ឡើងទៅ បានឃើញព្រះដ៏មានព្រះភាគ ទ្រង់យាងមកពីចម្ងាយ លុះឃើញហើយ ក៏ដោះស្បែកជើងចេញ ហើយចូលសំដៅទៅព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំភិក្ខុនោះហើយ ក៏បាននិយាយពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ហេតុអ្វីបានជាខ្ចក។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ បាទារបស់អាត្មាបែក។ ឧបាសកនោះនិយាយថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ ទទួលយកស្បែកជើងចុះ។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ ណ្ហើយកុំ ព្រោះស្បែកជើង៤ជាន់ឡើងទៅ ព្រះដ៏មានព្រះភាគបានទ្រង់ហាមរួចជាស្រេចហើយ។ ព្រះអង្គមានបន្ទូលថា នែភិក្ខុ ចូរអ្នកទទួលយកស្បែកជើងនេះចុះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគបានធ្វើនូវធម្មីកថា ក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវស្បែកជើង៤ជាន់ឡើងទៅ ដែលគេពាក់ហើយដោះមកប្រគេន (គឺជាស្បែកជើងចាស់) ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើង៤ជាន់ឡើងទៅ ដែលជាស្បែកជើងថ្មីទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
(១៥១)
[៥៦] សម័យនោះឯង ព្រះដ៏មានព្រះភាគមិនបានទ្រង់ឆ្លងព្រះបាទ (ហើយ) ទ្រង់ចង្ក្រមនៅក្នុងទីវាល។ ឯពួកភិក្ខុចាស់ក៏មិនហ៊ានពាក់ស្បែកជើងដើរចង្ក្រម ដោយគិតឃើញថា ព្រះជាគ្រូមិនទ្រង់ឆ្លងព្រះបាទ ហើយទ្រង់ចង្ក្រម។ កាលបើព្រះបរមសាស្តាមិនទ្រង់ឆ្លងព្រះបាទ ហើយទ្រង់ចង្ក្រម ពួកភិក្ខុចាស់ ក៏មិនពាក់ស្បែកជើង ហើយចង្ក្រម (គឺដើរតាមធម្មតា) ឯពួកឆព្វគ្គិយភិក្ខុ ក៏ពាក់ស្បែកជើង ហើយចង្ក្រម។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា កាលបើព្រះបរមសាស្តា មិនបានទ្រង់ឆ្លងព្រះបាទ កំពុងចង្ក្រមក្តី ពួកភិក្ខុចាស់ មិនបានពាក់ស្បែកជើង កំពុងចង្ក្រមក្តី ពួកឆព្វគ្គិយភិក្ខុ មិនសមបើ នឹងហ៊ានពាក់ស្បែកជើងដើរចង្ក្រមសោះ។ វេលានោះឯង ភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា កាលព្រះបរមសាស្តា មិនបានទ្រង់ឆ្លងព្រះបាទ កំពុងចង្ក្រមក្តី ពួកភិក្ខុចាស់ មិនបានពាក់ស្បែកជើង កំពុងចង្ក្រមក្តី ពួកឆព្វគ្គិយភិក្ខុ ក៏ពាក់ស្បែកជើង ហើយដើរចង្ក្រម ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ កាលព្រះសាស្តា មិនបានទ្រង់ឆ្លងព្រះបាទ កំពុងចង្ក្រមក្តី ពួកភិក្ខុចាស់មិនបានពាក់ស្បែកជើង កំពុងចង្ក្រមក្តី មោឃបុរសទាំងនោះ មិនសមបើនឹងហ៊ានពាក់ស្បែកជើង ហើយដើរចង្ក្រមទេ ម្នាលភិក្ខុទាំងឡាយ ពួកគ្រហស្ថដែលស្លៀកស ម្តេចគង់មានសេចក្តីគោរព កោតក្រែងក្នុងអាចារ្យ មានការចិញ្ចឹមជីវិតស្មើគ្នា ព្រោះហេតុនៃសិល្បសាស្ត្រសម្រាប់ចិញ្ចឹមជីវិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ គួរតែប្រព្រឹត្តឲ្យល្អ ព្រោះថា អ្នកទាំងឡាយបានបួសមកក្នុងធម្មវិន័យ ដែលតថាគតបានសំដែង ដោយល្អយ៉ាងនេះហើយ គួរតែគោរពកោតក្រែង មានសេចក្តីចិញ្ចឹមជីវិតស្មើគ្នា ក្នុងអាចារ្យក្តី ក្នុងភិក្ខុល្មមធ្វើជាអាចារ្យក្តី ក្នុងឧបជ្ឈាយ៍ក្តី ក្នុងភិក្ខុល្មមធ្វើជាឧបជ្ឈាយ៍ក្តី ម្នាលភិក្ខុទាំងឡាយ អំពើនេះនឹងបានដឹកនាំពួកជនដែលមិនទាន់បានជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ កាលបើអាចារ្យ(ក្តី) ភិក្ខុល្មមធ្វើជាអាចារ្យ(ក្តី) ឧបជ្ឈាយ៍(ក្តី) ភិក្ខុល្មមធ្វើជាឧបជ្ឈាយ៍(ក្តី) មិនបានពាក់ស្បែកជើងដើរចង្ក្រមទេ ភិក្ខុមិនត្រូវពាក់ស្បែកជើង ហើយដើរចង្ក្រមទេ ភិក្ខុណាដើរចង្ក្រម ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើងខាងក្នុងវត្តទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
[៥៧] សម័យនោះឯង មានភិក្ខុ១រូប កើតរោគដំបៅលេចនៅបាតជើង។ ភិក្ខុទាំងឡាយក៏បានគ្រាហ៍យកភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង។ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់សេនាសនចារិក ក៏បានទតទៅឃើញភិក្ខុទាំងនោះ កំពុងគ្រាហ៍យកភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង លុះឃើញហើយ ក៏ទ្រង់យាងចូលទៅរកភិក្ខុនោះ លុះយាងចូលទៅដល់ហើយ ទើបទ្រង់មានបន្ទូលនេះ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះកើតរោគអ្វី។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន លោកដ៏មានអាយុនេះ កើតរោគដំបៅលេចនៅបាតជើង ពួកខ្ញុំព្រះអង្គក៏គ្រាហ៍យកលោកដ៏មានអាយុនេះមកឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង។
[៥៨] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ (បើ) ភិក្ខុណា មានជើងឈើក្តី មានជើងបែកក្តី មានរោគដំបៅលេចនៅបាតជើងក្តី តថាគតអនុញ្ញាតឲ្យភិក្ខុនោះពាក់ស្បែកជើងបាន។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានលាងជើង ហើយស្រាប់តែឡើងទៅកាន់គ្រែខ្លះ តាំងខ្លះ នាំឲ្យប្រឡាក់ចីវរ និងសេនាសនៈ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុពាក់ស្បែកជើងបាន ដោយគិតថា ក្នុងវេលានេះ អាត្មាអញ នឹងឡើងគ្រែ ឬតាំង។ សម័យនោះឯង ក្នុងវេលាយប់ មានពួកភិក្ខុដើរទៅកាន់រោងឧបោសថខ្លះ ទីប្រជុំអង្គុយខ្លះ ក៏ជាន់ទៅលើដង្គត់ឈើខ្លះ លើបន្លាខ្លះ ក្នុងទីងងឹត ជើងរបស់ភិក្ខុទាំងនោះក៏មានទុក្ខវេទនា។ ភិក្ខុទាំងឡាយ ក៏បានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុពាក់ស្បែកជើង កាន់គប់ភ្លើង ប្រទីប និងឈើច្រត់ខាងក្នុងអារាមបាន។
(១៥២)
សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី (ជិតភ្លឺ) ក៏ពាក់ទ្រនាប់ជើងឈើ ហើយចង្ក្រមក្នុងទីវាល មានសំឡេងហ៊ោ មានសំឡេងខ្លាំង មានសំឡេងថា ខដខដៈ ហើយនិយាយតិរច្ឆានកថាផ្សេងៗ គឺនិយាយពីស្តេច និយាយពីចោរ និយាយពីមហាមាត្យ និយាយពីសេនា និយាយពីភ័យ និយាយពីចម្បាំង និយាយពីគ្រឿងស៊ី និយាយពីគ្រឿងផឹក និយាយពីសំពត់ និយាយពីការដេក និយាយពីកម្រងផ្កា និយាយពីគ្រឿងក្រអូប និយាយពីញាតិ និយាយពីយាន និយាយពីស្រុក និយាយពីនិគម និយាយពីនគរ និយាយពីជនបទ និយាយពីស្រី និយាយពីប្រុស និយាយពីបុគ្គលដែលក្លៀវក្លា និយាយពីច្រកផ្លូវ និយាយពីកន្លែងក្អមទឹក (គឺកំពង់ទឹក) និយាយពីបុព្វប្រេត (គឺញាតិដែលស្លាប់ទៅហើយ) និយាយពីពាក្យឥតប្រយោជន៍ មានប្រការផ្សេងៗ និយាយពីរឿងកុហកក្នុងលោក (មានរឿងក្អែកស កុកក្រហមជាដើម) និយាយពីរឿងជីកសមុទ្រ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យ ហើយជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយឃ្លាតចាកសមាធិខ្លះ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រី ហើយពាក់ទ្រនាប់ជើងឈើ ដើរក្នុងទីវាល មានសំឡេងហ៊ោ សំឡេងខ្លាំង សំឡេងខដខដៈ ហើយនិយាយពីតិរច្ឆានកថាផ្សេងៗ គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យដូច្នេះៗ ហើយជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ ឃ្លាតចាកសមាធិខ្លះសោះ។ គ្រានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកឆព្វគ្គិយភិក្ខុ ក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រីហើយ ក៏ពាក់ទ្រនាប់ជើងឈើ ដើរទៅក្នុងទីវាល មានសំឡេងហ៊ោ សំឡេងខ្លាំង សំឡេងខដខដៈ ហើយនិយាយតិរច្ឆានកថាផ្សេងៗ គឺនិយាយពីស្តេច និយាយពីចោរ។បេ។ និយាយពីសេចក្តីចំរើន និងសេចក្តីសាបសូន្យដូច្នេះៗ ហើយដើរជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយឃ្លាតចាកសមាធិខ្លះ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ លុះព្រះមានព្រះភាគ ទ្រង់បន្ទោសរួច ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងឈើឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
[៥៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្រុងរាជគ្រឹះ ដោយសមគួរដល់ពុទ្ធអធ្យាស្រ័យ រួចហើយទ្រង់យាងសំដៅទៅក្រុងពារាណសី ទ្រង់យាងទៅកាន់ចារិកដោយលំដាប់ ក៏បានដល់ទៅក្រុងពារាណសីនោះ។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវន ទៀបក្រុងពារាណសី។ វេលានោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើងឈើ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ក៏ប្រើគេឲ្យកាត់ត្នោតខ្ចីទាំងឡាយ (យកមកធ្វើ) ជាទ្រនាប់ជើងស្លឹកត្នោត ហើយពាក់ ឯត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត មិនសមបើនឹងហ៊ានប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)ជាទ្រនាប់ជើងស្លឹកត្នោត ហើយពាក់សោះ ឯដើមត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន ពួកសមណៈ ជាសក្យបុត្ត ហ៊ានបៀតបៀនវត្ថុដែលមានជីវិត មានឥន្ទ្រិយតែ១។ កាលមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក៏ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកឆព្វគ្គិយភិក្ខុ ប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)ជាទ្រនាប់ជើងស្លឹកត្នោត ហើយពាក់ ត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើនឹងប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)ជាទ្រនាប់ជើងស្លឹកត្នោត ហើយពាក់ទេ ត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់ ម្នាលភិក្ខុទាំងឡាយ ដ្បិតពួកមនុស្សតែងសំគាល់ថា ដើមឈើមានជីវិត ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងស្លឹកត្នោតឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើងស្លឹកត្នោត ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ទើបប្រើគេឲ្យកាត់នូវឫស្សីខ្ចីទាំងឡាយវិញ (យកមកធ្វើ) ជាទ្រនាប់ជើងស្លឹកឫស្សី ហើយពាក់ ឯឫស្សីខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រ មិនគួរបើនឹងហ៊ានប្រើគេឲ្យកាត់ឫស្សីខ្ចីទាំងឡាយ (យកមកធ្វើ)ជាទ្រនាប់ជើងស្លឹកឫស្សី ហើយពាក់សោះ ឯឫស្សីខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនទៅ ពួកសមណៈ ជាសក្យបុត្រ ហ៊ានបៀតបៀនរបស់ដែលមានជីវិត មានឥន្ទ្រិយតែ១។ កាលមនុស្សទាំងនោះ កំពុងតែពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងស្លឹកឫស្សីឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។
[៦០] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងពារាណសី គួរតាមពុទ្ធអធ្យាស្រ័យ រួចទ្រង់យាងទៅកាន់ចារិក នៃក្រុងភទ្ទិយៈ កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងភទ្ទិយៈនោះ។ បានឮមកថា ព្រះអង្គគង់នៅក្នុងព្រៃជាតិយាវន ទៀបក្រុងភទ្ទិយៈនោះ។ សម័យនោះឯង ពួកភទ្ទិយៈភិក្ខុ (ភិក្ខុដែលនៅក្នុងក្រុងភទ្ទិយៈ) មានសេចក្តីខ្វល់ខ្វាយក្នុងការប្រដាប់ទ្រនាប់ជើង មានប្រការផ្សេងៗ គឺធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅយាប្ល៉ងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេកទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងសំពត់ដែលគេត្បាញដោយរោមសត្វខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ក៏លះបង់ចោលនូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា។23) ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភទ្ទិយភិក្ខុ មិនសមបើនឹងខ្វល់ខ្វាយក្នុងការតាក់តែងទ្រនាប់ជើងមានបការផ្សេងៗ គឺ ធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅយាប្ល៉ងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេកទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងដែលគេត្បាញដោយរោមសត្វខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយលះបង់នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញាសោះ។ វេលានោះ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភទ្ទិយភិក្ខុខ្វល់ខ្វាយក្នុងការតាក់តែងទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅយាប្ល៉ងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេកទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងសំពត់ដែលគេត្បាញដោយរោមសត្វខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយលះបង់បាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសទាំងនោះ មិនសមបើនឹងខ្វល់ខ្វាយក្នុងការតាក់តែងទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើងស្មៅខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅយាប្ល៉ងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅដំណេកទន្សាយខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្លឹកទន្សែខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើងសំពត់ដែលគេត្បាញដោយរោមសត្វខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ លះបង់នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជនដែលមិនទាន់ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់ធ្វើនូវធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងស្មៅ មិនត្រូវពាក់ទ្រនាប់ជើងស្មៅយាប្ល៉ង មិនត្រូវពាក់ទ្រនាប់ជើងស្មៅដំណេកទន្សាយ មិនត្រូវពាក់ទ្រនាប់ជើងស្លឹកទន្សែ មិនត្រូវពាក់ទ្រនាប់ជើងស្មៅមានពណ៌ដូចផ្កាឈូក មិនត្រូវពាក់ទ្រនាប់ជើងសំពត់ដែលគេត្បាញដោយរោមសត្វ មិនត្រូវពាក់ទ្រនាប់ជើងមាស មិនត្រូវពាក់ទ្រនាប់ជើងប្រាក់ មិនត្រូវពាក់ទ្រនាប់ជើងកែវមណី មិនត្រូវពាក់ទ្រនាប់ជើងកែវពិទូរ្យ មិនត្រូវពាក់ទ្រនាប់ជើងកែវផ្លេក មិនត្រូវពាក់ទ្រនាប់ជើងសម្រិត មិនត្រូវពាក់ទ្រនាប់ជើងកែវកញ្ចក់ មិនត្រូវពាក់ទ្រនាប់ជើងសំណប៉ាហាំង (សំណស) មិនត្រូវពាក់ទ្រនាប់ជើងសំណភក់ (សំណខ្មៅ) មិនត្រូវពាក់ទ្រនាប់ជើងទង់ដែងទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់ទ្រនាប់ជើង (គឺជ្រុញជើង) ណាមួយដែលគួរនឹងឲ្យកម្រើកទៅបាន ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់ជើង៣យ៉ាង ដែលគេដំកល់នៅជានិច្ច ដែលគេឲ្យកម្រើកទៅមិនបាន គឺទ្រនាប់ជើងសម្រាប់បន្ទោបង់នូវវច្ចៈ១ ទ្រនាប់ជើងសម្រាប់បន្ទោបង់នូវបស្សាវៈ១ ទ្រនាប់ជើងសម្រាប់លាងជម្រះ(លាមក)១។
[៦១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនគរភទ្ទិយៈ គួរដល់ពុទ្ធអធ្យាស្រ័យ រួចទ្រង់យាងទៅកាន់ចារិកក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់ចារិកដោយលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលមេគោទាំងឡាយ កំពុងតែហែលឆ្លងទឹកស្ទឹងអចិរវតី ក៏ចាប់ស្នែងខ្លះ ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើខ្នងខ្លះ មានចិត្តតម្រេក ក៏ស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោទៅក្នុងទឹកឲ្យស្លាប់ខ្លះ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត កាលមេគោទាំងឡាយ កំពុងឆ្លងទឹក មិនសមបើនឹងចាប់ស្នែងខ្លះ ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើខ្នងខ្លះ មានចិត្តតម្រេក ហើយស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោទៅក្នុងទឹកឲ្យស្លាប់ខ្លះ ដូចជាពួកគ្រហស្ថអ្នកបរិភោគនូវកាមគុណសោះ។ កាលមនុស្សទាំងនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយបានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវចាប់ស្នែងមេគោទាំងឡាយ មិនត្រូវចាប់ស្លឹកត្រចៀក មិនត្រូវចាប់ក មិនត្រូវចាប់កន្ទុយ មិនត្រូវឡើងជិះលើខ្នង ភិក្ខុណាឡើងជិះ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវមានចិត្តត្រេកអរ ពាល់អង្គជាត (មេគោ) ឡើយ ភិក្ខុណាពាល់ ត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុមិនត្រូវធ្វើកូនគោឲ្យស្លាប់ឡើយ ភិក្ខុណាធ្វើឲ្យស្លាប់ ភិក្ខុនោះ វិនយធរត្រូវឲ្យធ្វើតាមធម៌។24)
(១៥៣)
[៦២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទៅដោយយានដែលគេទឹមដោយគោញី មានបុរសជាអ្នកបរក៏មាន ទឹមដោយគោឈ្មោល មានស្រីជាអ្នកបរក៏មាន។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកជនដែលទៅលេងទឹកស្ទឹងគង្គា និងស្ទឹងមហី។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទៅដោយយានឡើយ ភិក្ខុណាទៅ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូបទៅកាន់ក្រុងសាវត្ថី ក្នុងកោសលជនបទ ដើម្បីគាល់ព្រះដ៏មានព្រះភាគ ដល់ពាក់កណ្តាលផ្លូវ ក៏មានជម្ងឺ។ វេលានោះឯង ភិក្ខុនោះក៏គេចចុះចេញអំពីផ្លូវ ទៅអង្គុយនៅក្រោមដើមឈើ១។ មនុស្សទាំងឡាយក្រឡេកឃើញភិក្ខុនោះហើយ ក៏បាននិយាយពាក្យនេះថា បពិត្រលោកដ៏ចំរើន លោកម្ចាស់នឹងនិមន្តទៅទីណា។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ អាត្មានឹងទៅក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ។ មនុស្សទាំងនោះទូលថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមក យើងនឹងទៅជាមួយគ្នា។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ អាត្មាទៅមិនរួចទេ ព្រោះអាត្មាមានជម្ងឺ។ មនុស្សទាំងនោះទូលថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមកឡើងជិះយានទៅ។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ មិនគួរទេ ព្រោះយាន ព្រះដ៏មានព្រះភាគទ្រង់ហាមឃាត់រួចទៅហើយ។ ភិក្ខុនោះរង្កៀសខ្លាចក្រែង ក៏មិនឡើងជិះយានឡើយ។ វេលានោះឯង ភិក្ខុនោះក៏ដើរទៅដល់ក្រុងសាវត្ថី បានដំណាលរឿងនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយានដល់ភិក្ខុដែលមានជម្ងឺ។ វេលានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា (ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត) យានដែលទឹមដោយសត្វញី ឬទឹមដោយសត្វឈ្មោលហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយានដែលគេទឹមដោយសត្វឈ្មោល និងយានដែលសម្រាប់អូស ឬរុញដោយដៃ។25) សម័យនោះឯង មានភិក្ខុ១រូប កើតសេចក្តីមិនសប្បាយខ្លាំង ព្រោះទង្គិច ទង្គុកដោយយាន(យានរលាក់)។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវគ្រែស្នែង និងអង្រឹងស្នែង។
(១៥៤)
[៦៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ឧច្ចាសយនៈ (គ្រែកន្លងហួសប្រមាណ) និងមហាសយនៈ (គ្រឿងកម្រាលមិនគួរ) អាសន្ទិ (អាសនៈដែលខ្ពស់ហួសប្រមាណ)១ បល្លង្ក (គ្រែដែលមានជើងវិចិត្រដោយរូបសត្វសាហាវ)១ គោណកៈ (ព្រំដែលមានរោមវែងជាង៤ធ្នាប់)១ ចិត្តកៈ (កម្រាលដែលគេធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវ)១ បដិកៈ (កម្រាលពណ៌ស ដែលគេធ្វើដោយរោមសត្វ)១ បដលិកៈ (កម្រាលដែលធ្វើដោយរោមសត្វជាផ្កាចង្កោម)១ តូលិកៈ (កម្រាលដែលញាត់ដោយគរ ជាប្រក្រតី)១ វិកតិកៈ (កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើម)១ ឧទ្ធលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងតែម្ខាង)១ ឯកន្តលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងទាំងសងខាង)១ កដិស្សៈ (កម្រាលដែលធ្វើដោយឌិនមាស និងសូត្រ ហើយចាក់ស្រេះដោយរតនៈ26) )១ កោសេយ្យៈ (កម្រាលដែលធ្វើដោយសរសៃសូត្រ ហើយចាក់ស្រេះដោយរតនៈ)១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ១៦នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងដំរី)១ អស្សត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងសេះ)១ រថត្ថរៈ (កម្រាលសម្រាប់ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាល ដែលគេធ្វើដោយស្បែកខ្លា)១ កម្រាលដ៏ឧត្តម ដែលគេធ្វើដោយស្បែកសត្វឈ្មុស១ ខ្នើយមានពណ៌ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយជើង) ព្រមទាំងពិតាន ដែលមានពណ៌ក្រហម១។ មនុស្សទាំងឡាយ កាលដើរទៅកាន់វិហារចារិក បានឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឧច្ចាសយនៈ និងមហាសយនៈឡើយ គឺអាសន្ទិ (អាសនៈដែលខ្ពស់ហួសប្រមាណ)១ បល្លង្ក (គ្រែដែលមានជើងវិចិត្រ ដោយរូបសត្វសាហាវ)១ គោណកៈ (ព្រំដែលមានរោមវែងជាង៤ធ្នាប់)១ ចិត្តកៈ (កម្រាល ដែលគេធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវ)១ បដិកៈ (កម្រាល ដែលមានពណ៌ស ធ្វើដោយរោមសត្វ)១ បដលិកៈ (កម្រាល ដែលធ្វើដោយរោមសត្វជាផ្កាចង្កោម)១ តូលិកៈ (កម្រាល ដែលញាត់ដោយគរ ជាប្រក្រតី)១ វិកតិកៈ (កម្រាល ដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើម)១ ឧទ្ធលោមិ (កម្រាល ដែលធ្វើដោយរោមសត្វ មានរោមច្រាងឡើងតែម្ខាង)១ ឯកន្តលោមិ (កម្រាល ដែលធ្វើដោយ រោមសត្វ មានរោមច្រាងឡើងទាំងសងខាង)១ កដិស្ស (កម្រាល ដែលធ្វើដោយឌិនមាស និងសូត្រ ហើយចាក់ស្រេះ ដោយរតនៈ)១ កោសេយ្យ (កម្រាលដែលធ្វើដោយសរសៃសូត្រ ហើយចាក់ស្រេះ ដោយរតនៈ)១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមពួកស្រីរបាំ១៦នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាល សម្រាប់ក្រាលលើខ្នងដំរី)១ អស្សត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងសេះ)១ រថត្ថរៈ (កម្រាលសម្រាប់ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាលដែលគេធ្វើដោយស្បែកខ្លា)១ កម្រាលដ៏ឧត្តមដែលគេធ្វើដោយស្បែកសត្វឈ្មុស១ ខ្នើយមានពណ៌ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយជើង) ព្រមទាំងពិតាន ដែលមានពណ៌ក្រហម១ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
(១៥៥)
[៦៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ឧច្ចាសយនៈ និងមហាសយនៈ ព្រះមានព្រះភាគ បានទ្រង់ហាមហើយ ក៏នាំគ្នាប្រើប្រាស់ស្បែកសត្វដ៏ធំ គឺស្បែកសត្វសីហៈ ស្បែកខ្លាធំ ស្បែកខ្លាដំបង។ ស្បែកទាំងនោះ ពួកឆព្វគ្គិយភិក្ខុ បានកាត់ឲ្យល្មមនឹងគ្រែខ្លះ កាត់ឲ្យល្មមនឹងតាំងខ្លះ ក្រាលលើគ្រែខាងក្នុងខ្លះ ក្រាលលើគ្រែខាងក្រៅខ្លះ ក្រាលខាងលើតាំងខាងក្នុងខ្លះ ក្រាលលើតាំងខាងក្រៅខ្លះ។ មនុស្សទាំងឡាយ ដើរទៅកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកគ្រហស្ថ អ្នកបរិភោគនូវកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនត្រូវប្រើប្រាស់ នូវស្បែកសត្វដ៏ធំ គឺស្បែកសត្វសីហៈ ស្បែកខ្លាធំ ស្បែកខ្លាដំបងឡើយ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[៦៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ស្បែកសត្វដ៏ធំទាំងឡាយ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ក៏នាំគ្នាប្រើប្រាស់ស្បែកគោទាំងឡាយវិញ។ ស្បែកគោទាំងនោះ ពួកឆព្វគ្គិយភិក្ខុ បានកាត់ឲ្យល្មមនឹងគ្រែខ្លះ កាត់ឲ្យល្មមនឹងតាំងខ្លះ ក្រាលលើគ្រែខាងក្នុងខ្លះ ក្រាលលើគ្រែខាងក្រៅខ្លះ ក្រាលលើតាំងខាងក្នុងខ្លះ ក្រាលលើតាំងខាងក្រៅខ្លះ។ មិនតែប៉ុណ្ណោះ មានភិក្ខុបាបមួយរូប ជាជីតុន របស់ឧបាសកបាបម្នាក់។ វេលានោះ ភិក្ខុបាបនោះ លុះវេលាព្រឹកព្រហាម ក៏ស្លៀកស្បង់ ហើយកាន់យកបាត្រនិងចីវរ ហើយចូលទៅកាន់ផ្ទះ របស់ឧបាសកបាបនោះ លុះចូលទៅដល់ហើយ ក៏អង្គុយនៅលើអាសនៈ ដែលគេក្រាលទុក។ លំដាប់នោះ ឧបាសកបាបនោះ បានចូលទៅរកភិក្ខុបាប លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំភិក្ខុបាបនោះ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ គ្រានោះឯង ឧបាសកបាបនោះ មានកូនគោ១ មានរូបល្អ គួរនឹងរមឹលមើល នាំឲ្យកើតសេចក្តីជ្រះថ្លាដ៏វិចិត្រ ប្រហែលនឹងកូនខ្លាដំបង។ វេលានោះ ភិក្ខុបាបនោះ ក៏សំឡឹងមើលទៅកូនគោនោះមិនដាក់ភ្នែកសោះ។ លំដាប់នោះ ឧបាសកបាបនោះ បាននិយាយពាក្យនេះនឹងភិក្ខុបាបនោះថា បពិត្រលោកដ៏ចំរើន ហេតុអ្វី បានជាលោកម្ចាស់ សំឡឹងមើលកូនគោនេះមិនដាក់ភ្នែកសោះ។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ ដ្បិតអាត្មាត្រូវការស្បែកកូនគោនេះ។ ខណៈនោះ ឧបាសកបាបនោះ ក៏សម្លាប់កូនគោនោះ ហើយពន្លះយកស្បែក ប្រគេនទៅភិក្ខុបាបនោះ។ គ្រានោះ ភិក្ខុបាបនោះ ក៏លាក់ស្បែកនោះ ក្នុងសង្ឃាដិ ហើយក៏ដើរទៅ។ វេលានោះ មេគោនោះអាល័យកូន ក៏ទៅតាមពីខាងក្រោយៗភិក្ខុបាបនោះ។ ភិក្ខុទាំងឡាយ ក៏បាននិយាយយ៉ាងនេះថា អាវុសោ ហេតុអ្វីបានជាមេគោនេះ មកតាមពីខាងក្រោយៗលោក។ ភិក្ខុនោះប្រាប់ថា អាវុសោ ខ្ញុំមិនដឹងជាមេគោនេះ មកតាមខ្ញុំពីខាងក្រោយៗ ដោយហេតុអ្វីទេ។ វេលានោះឯង សង្ឃាដិ របស់ភិក្ខុបាបនោះ ក៏ប្រឡាក់ទៅដោយឈាម។ ភិក្ខុទាំងឡាយ បាននិយាយយ៉ាងនេះថា អាវុសោ សង្ឃាដិនេះ តើអ្នកធ្វើដូចម្តេច (បានជាប្រឡាក់)។ ខណៈនោះ ភិក្ខុបាបនោះ បានប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ ក៏បានសួរថា អាវុសោ លោកបានបបួលគេធ្វើបាណាតិបាតទេដឹង។ ភិក្ខុនោះឆ្លើយថា អើអាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមបើនឹងបបួលគេឲ្យធ្វើបាណាតិបាតសោះ ក្រែងបាណាតិបាត ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលដោយអនេកបរិយាយ ព្រះអង្គ ទ្រង់សរសើរតែការវៀរចាកអំពើបាណាតិបាតដូច្នោះឬ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។
[៦៦] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃក្នុងវេលានោះហើយ ទ្រង់សួរចំពោះភិក្ខុបាបនោះថា ម្នាលភិក្ខុ ឮថាអ្នកឯងបានបបួលគេឲ្យធ្វើបាណាតិបាត ពិតមែនឬ។ ភិក្ខុបាបក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯងមិនសមនឹងបបួលគេឲ្យធ្វើបាណាតិបាតទេ នែមោឃបុរស ក្រែងអំពើបាណាតិបាត តថាគត បានតិះដៀលហើយ ដោយអនេកបរិយាយ តថាគតសរសើរតែការវៀរចាក អំពើបាណាតិបាត ដូច្នោះទេឬ នែមោឃបុរស អំពើនេះ នឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបបួលគេក្នុងបាណាតិបាតទេ ភិក្ខុណាបបួល ត្រូវឲ្យវិនយធរធ្វើតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់ស្បែកគោទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ស្បែកសត្វណាមួយទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានគ្រែ និងតាំង ដែលពួកមនុស្សបានដាសដោយស្បែក បានរួតរឹតដោយស្បែក។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ានអង្គុយលើ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអង្គុយលើទីសេនាសនៈ ដែលជាគិហិវិក័ត (របស់ដែលគ្រហស្ថធ្វើផ្សេងៗ) បាន កុំឲ្យតែដេក។
(១៥៦)
វេលានោះឯង មានវិហារ27) ដែលពួកជនបានរុំចងដោយខ្សែស្បែកទាំងឡាយ។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ានអង្គុយលើ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអង្គុយលើវិហារ ដែលគេគ្រាន់តែចងបាន។
[៦៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើង ហើយចូលទៅកាន់ស្រុក។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគកាមគុណ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើង ចូលទៅកាន់ស្រុកទេ ភិក្ខុណា(ពាក់)ចូលទៅ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូបមានជម្ងឺ តែវៀរចាកស្បែកជើង ក៏មិនអាចនឹងដើរចូលទៅកាន់ស្រុកបានឡើយ។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានជម្ងឺ ពាក់ស្បែកជើង ចូលទៅកាន់ស្រុកបាន។
(១៥៧)
[៦៨] សម័យនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅលើភ្នំឈ្មោះបបាត ទៀបក្រុងឈ្មោះកុររឃរៈ ក្នុងអវន្តីជនបទ។ សម័យនោះឯង ឧបាសកឈ្មោះសោណកុដិកណ្ណ 28) ជាឧបដ្ឋាករបស់ព្រះមហាកច្ចានៈដ៏មានអាយុ។ វេលានោះ ឧបាសកឈ្មោះសោណកុដិកណ្ណ បានចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះឧបាសកឈ្មោះសោណកុដិកណ្ណអង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏បានិយាយពាក្យនេះនឹងព្រះមហាកច្ចានៈដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ធម៌ដែលលោកម្ចាស់មហាកច្ចានៈបានសំដែងហើយយ៉ាងណាៗ ខ្ញុំករុណាក៏ដឹងច្បាស់ តែបុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះឲ្យបរិបូណ៌ ពេញលេញ ឲ្យស្អាតរលីង ដូចជាសង្ខដែលបុគ្គលដុសខាត់ហើយ បពិត្រលោកដ៏ចំរើន ឥឡូវខ្ញុំករុណាចង់កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយទាំងឡាយ ហើយចេញចាកផ្ទះ ទៅបួសក្នុងភេទរបស់បុគ្គលគ្មានផ្ទះ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់មហាកច្ចានៈបំបួសខ្ញុំផង។ កាលបើឧបាសកនោះនិយាយយ៉ាងនេះហើយ ព្រះមហាកច្ចានៈដ៏មានអាយុ ក៏បាននិយាយពាក្យនេះនឹងសោណកុដិកណ្ណឧបាសកថា នែសោណៈ ការប្រព្រឹត្តនូវការដេកតែម្នាក់ឯង បរិភោគនូវភត្តតែមួយពេល និងប្រព្រឹត្តព្រហ្មចរិយធម៌ ដរាបអស់មួយជីវិត មិនងាយនឹងធ្វើបានឡើយ នែសោណៈ ណ្ហើយចុះ អ្នកឯងគួរតែនៅជាគ្រហស្ថ ប្រកបតាមពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គឺការដេកតែម្នាក់ឯង ការបរិភោគភត្តតែម្តង និងការប្រព្រឹត្តព្រហ្មចរិយធម៌ សមគួរតាមកាល ក្នុងភេទជាគ្រហស្ថនោះចុះ។ ការប្រុងប្រៀបនឹងបួសរបស់សោណកុដិកណ្ណឧបាសកនោះ ក៏បានរម្ងាប់ស្ងប់ស្ងាត់ទៅក្នុងពេលនោះឯង។ សោណកុដិកណ្ណឧបាសក បានចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុជាគំរប់ពីរដងផង។បេ។ សោណកុដិកណ្ណឧបាសក បានចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុជាគំរប់បីដងផង លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ រួចអង្គុយនៅក្នុងទីដ៏សមគួរ។ លុះសោណកុដិកណ្ណឧបាសក អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏បានិយាយពាក្យនេះ នឹងព្រះមហាកច្ចានៈដ៏មានអាយុថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលលោកម្ចាស់មហាកច្ចានៈ បានសំដែងហើយយ៉ាងណាៗ ខ្ញុំករុណាក៏ដឹងច្បាស់ (តែថា) បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្ត នូវព្រហ្មចរិយធម៌នេះ ឲ្យបានពេញអស់ជើង ឲ្យបានស្អាតអស់ជើង ដូចជាសង្ខ ដែលគេដុសខាត់ហើយទេ បពិត្រលោកដ៏ចំរើន ឥឡូវខ្ញុំករុណាចង់កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់សំពត់កាសាយ ចេញចាកផ្ទះ ទៅបួសក្នុងភេទរបស់បុគ្គលគ្មានផ្ទះ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់មហាកច្ចានៈ បំបួសខ្ញុំផង។ ព្រះមហាកច្ចានៈដ៏មានអាយុ ក៏បានបំបួសសោណកុដិកណ្ណឧបាសក ក្នុងវេលានោះឯង។ សម័យនោះឯង អវន្តិទក្ខិណាបថជនបទ មានភិក្ខុតិចណាស់។ វេលានោះ ព្រះមហាកច្ចានៈដ៏មានអាយុ ឲ្យប្រជុំភិក្ខុសង្ឃមានពួក១០ ដែលមកពីទិសនោះៗ ហើយឲ្យឧបសម្បទាសោណៈដ៏មានអាយុ ដោយក្រ លំបាកពេកណាស់ លុះតែកន្លង៣ឆ្នាំទៅ (ទើបរកគណៈសង្ឃបានគ្រប់ដប់)។ លំដាប់នោះ កាលសោណៈដ៏មានអាយុ នៅចាំវស្សារួចហើយ នៅក្នុងទីស្ងាត់ លាក់ខ្លួនសម្ងំ ក៏កើតការត្រិះរិះ ក្នុងចិត្តយ៉ាងនេះថា អាត្មាអញគ្រាន់តែបានឮថា ព្រះមានព្រះភាគនោះ បែបយ៉ាងនេះៗ តែអាត្មាអញ មិនដែលឃើញព្រះមានព្រះភាគ ចំពោះមុខសោះ។ បើឧបជ្ឈាយ៍អនុញ្ញាតឲ្យអាត្មាអញទៅ អាត្មាអញគួរតែទៅ ឲ្យបានឃើញព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ។ គ្រានោះ ព្រះសោណៈដ៏មានអាយុ លុះវេលាថ្ងៃរសៀល ក៏ចេញអំពីទីលាក់ខ្លួនពួនសម្ងំហើយ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ រួចក៏អង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះសោណៈដ៏មានអាយុ អង្គុយនៅក្នុងទៅដ៏សមគួរហើយ បាននិយាយពាក្យនេះនឹងព្រះមហាកច្ចានៈដ៏មានអាយុថា បពិត្រលោកដ៏ចំរើន កាលខ្ញុំករុណានៅក្នុងទីស្ងាត់ លាក់ខ្លួន ពួនសម្ងំក្នុងទីនេះ ក៏កើតការត្រិះរិះក្នុងចិត្តយ៉ាងនេះថា អាត្មាអញគ្រាន់តែបានឮថា ព្រះមានព្រះភាគនោះ បែបយ៉ាងនេះៗ តែអាត្មាអញ មិនដែលឃើញព្រះមានព្រះភាគ ក្នុងទីចំពោះមុខបានម្តងសោះ បើឧបជ្ឈាយ៍អនុញ្ញាត ឲ្យអាត្មាអញទៅ គួរតែអាត្មាអញទៅ ឲ្យបានឃើញព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ បពិត្រលោកដ៏ចំរើន បើឧបជ្ឈាយ៍អនុញ្ញាតឲ្យខ្ញុំករុណាទៅ ខ្ញុំករុណាគួរនឹងទៅ ឲ្យបានឃើញព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ។ ព្រះមហាកច្ចានៈក៏និយាយតបវិញថា នែសោណៈ ប្រពៃពេកណាស់ហើយ នែសោណៈ លោកចូរទៅគាល់ព្រះមានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធនោះចុះ នែសោណៈ លោកមុខជានឹងបានឃើញព្រះមានព្រះភាគនោះ ជាទីនាំឲ្យកើតសេចក្តីជ្រះថ្លា គួរឲ្យជ្រះថ្លា មានឥន្ទ្រិយរម្ងាប់ហើយ មានព្រះទ័យរម្ងាប់ហើយ បានដល់នូវបញ្ញាសម្រាប់ទូន្មាន និងសមាធិសម្រាប់រម្ងាប់ដ៏ឧត្តម បានទូន្មានព្រះអង្គហើយ បានរក្សាព្រះអង្គហើយ បានឈ្នះឥន្ទ្រិយហើយ បានប្រាសចាកកិលេសហើយ នែសោណៈ បើដូច្នោះ លោកចូរថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយសិរសា តាមពាក្យខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន ឧបជ្ឈាយ៍ របស់ខ្ញុំព្រះអង្គ ឈ្មោះមហាកច្ចានៈដ៏មានអាយុ សូមក្រាបថ្វាយបង្គំ ចំពោះព្រះបាទទាំងគូ របស់ព្រះដ៏មានព្រះភាគដោយសិរសា រួចហើយចូរលោកក្រាបទូលយ៉ាងនេះ (ទៀត)ថា បពិត្រព្រះអង្គដ៏ចំរើន ដែនអវន្តិទក្ខិណាបថ មានភិក្ខុតិចណាស់ ខ្ញុំព្រះអង្គប្រជុំភិក្ខុសង្ឃមានពួក១០ អំពីប្រទេសនោះៗ ហើយបានឧបសម្បទា ដោយលំបាកពេកណាស់ លុះតែកន្លង៣ឆ្នាំទៅហើយ (ទើបស្រេច) ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់អនុញ្ញាត នូវឧបសម្បទា ក្នុងដែនអវន្តិទក្ខិណាបថ ដោយគណៈសង្ឃ ឲ្យតិចល្មមទៅ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មានផែនដីខ្មៅស្អិត គ្រោតគ្រាត រឹងរដិបរដុប ដោយស្នាមជើងគោ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់អនុញ្ញាត ស្បែកជើង៤ជាន់ឡើងទៅ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ ពួកមនុស្សរាប់អានការងូតទឹកណាស់ ប្រកបដោយសេចក្តីស្អាតព្រោះទឹក ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់អនុញ្ញាត ការងូតទឹកឲ្យបានជានិច្ច ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ដែនអវន្តិទក្ខិណាបថ មានកម្រាលស្បែកច្រើន គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមជ្ឈិមជនបទ មានស្មៅ ឈ្មោះឯរគុ29) ស្មៅឈ្មោះមោរគុ30) ស្មៅឈ្មោះមជ្ជារុ31) ស្មៅឈ្មោះជន្តុ32) យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ ក៏មានកម្រាលស្បែក គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគដូច្នោះដែរ ធ្វើម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់អនុញ្ញាតកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ មនុស្សទាំងឡាយ ប្រគេនចីវរ ដើម្បីភិក្ខុដែលនៅក្រៅសីមាថា យើងប្រគេនចីវរនេះ ដល់ភិក្ខុឈ្មោះនេះ ភិក្ខុទាំងនោះ មកប្រាប់ថា នែអាវុសោ ពួកមនុស្សឈ្មោះនេះ បានប្រគេនចីវរ ដើម្បីលោកហើយ ភិក្ខុទាំងនោះ ក៏រង្កៀស មិនត្រេកអរ ព្រោះយល់ឃើញថា កុំឲ្យត្រូវនិស្សគ្គិយ ដល់យើងឡើយ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់ប្រាប់របៀបប្រតិបត្តិក្នុងចីវរ។ ឯព្រះសោណៈដ៏មានអាយុទទួលស្តាប់ពាក្យព្រះមហាកច្ចានៈដ៏មានអាយុដោយពាក្យថា ករុណាលោកម្ចាស់ រួចហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមហាកច្ចានៈដ៏មានអាយុ ធ្វើប្រទក្សិណ ហើយទុកដាក់គ្រឿងសេនាសនៈ រួចកាន់យកបាត្រនិងចីវរ ចេញដើរដោយលំដាប់ទៅក្រុងសាវត្ថី ក៏ចូលទៅរកព្រះមានព្រះភាគ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា នែអានន្ទ អ្នកចូរទៅក្រាលសេនាសនៈឲ្យអាគន្តុកភិក្ខុនេះ (បន្តិច)។ គ្រានោះ ព្រះអានន្ទដ៏មានអាយុគិតថា ព្រះមានព្រះភាគទ្រង់បង្គាប់អញថា នែអានន្ទ អ្នកឯងចូរក្រាលសេនាសនៈ ឲ្យអាគន្តុកភិក្ខុនេះ (បន្តិច) ចំពោះភិក្ខុណា ព្រះមានព្រះភាគ ទ្រង់ប្រាថ្នា ដើម្បីគង់នៅក្នុងវិហារ១ ជាមួយនឹងភិក្ខុនោះ គឺថាព្រះមានព្រះភាគ ប្រាថ្នាដើម្បីគង់នៅក្នុងវិហារ១ ជាមួយនឹងព្រះសោណៈដ៏មានអាយុ លុះគិតដូច្នោះហើយ ក៏ក្រាលសេនាសនៈ ចំពោះព្រះសោណៈដ៏មានអាយុ ក្នុងវិហារ ដែលព្រះមានព្រះភាគគង់នៅ។
[៦៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីកណ្តាលវាល អស់រាត្រីជាច្រើន ទើបយាងចូលទៅកាន់វិហារ។ ចំណែកខាងព្រះសោណៈដ៏មានអាយុ ក៏នៅក្នុងទីកណ្តាលវាល អស់រាត្រីជាច្រើន ទើបចូលទៅកាន់វិហារដែរ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី បានត្រាស់បង្គាប់ព្រះសោណៈដ៏មានអាយុថា នែភិក្ខុ អ្នកគួរនឹងសំដែងធម៌បន្តិចទៅ។ ព្រះសោណៈដ៏មានអាយុ បានទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏សំដែងនូវសូត្រទាំងឡាយ មាននៅក្នុងអដ្ឋកវគ្គទាំងអស់ ដោយសរភញ្ញ។ លុះចប់សរភញ្ញ របស់ព្រះសោណៈដ៏មានអាយុហើយ ព្រះមានព្រះភាគ ក៏បានអនុមោទនា ក្នុងខណៈនោះថា នែភិក្ខុ ពីរោះហើយៗ នែភិក្ខុ សូត្រទាំងឡាយ ដែលមានក្នុងអដ្ឋកវគ្គ អ្នកបានរៀនមកត្រឹមត្រូវហើយ អ្នកបានធ្វើទុកក្នុងចិត្តល្អហើយ បានពិចារណាល្អហើយ អ្នកប្រកបដោយសំដីដ៏ពីរោះ ក្បោះក្បាយ ប្រាសចាកទោស គួរនឹងញុំាងជនឲ្យបានដឹងច្បាស់នូវសេចក្តី នែភិក្ខុ អ្នកមានវស្សាប៉ុន្មានហើយ។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទើបបានតែ១វស្សាទេ។ ព្រះមានព្រះភាគ ទ្រង់សួរថា នែភិក្ខុ ហេតុអ្វីបានជាអ្នកធ្វើការឲ្យយឺតយូរយ៉ាងនេះ (ក្របួសម្ល៉េះ)។ ព្រះសោណៈក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ឯទោសក្នុងកាមទាំងឡាយ ខ្ញុំព្រះអង្គបានឃើញមកជាយូរហើយ តែថាធម្មតា ឃរាវាស មានសេចក្តីចង្អៀតចង្អល់ច្រើន មានកិច្ចច្រើន មានការងារច្រើន។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺឡើងនូវឧទាននេះ ក្នុងវេលានោះថា
បុគ្គលបានឃើញទោសក្នុងលោកហើយ
ដឹងនូវធម៌ដែលប្រាសចាកឧបធិក្កិលេស
ជាព្រះអរិយៈ រមែងមិនត្រេកអរក្នុងបាប
ជាបុគ្គលស្អាត រមែងមិនត្រេកអរក្នុងបាប។
(១៥៨)
[៧០] គ្រានោះ ព្រះសោណៈដ៏មានអាយុគិតថា ព្រះមានព្រះភាគ ទ្រង់ស្មោះសរនឹងអាត្មាអញដោយពិត ព្រះឧបជ្ឈាយ៍របស់អាត្មាអញ បានផ្ញើពាក្យបណ្តាំណា កាលនេះ ជាកាលគួរនឹងក្រាបទូល តាមពាក្យបណ្តាំនោះ ទើបក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គ លើស្មាម្ខាង ហើយក្រាបទៀបព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយសិរសា ហើយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះឧបជ្ឈាយ៍ របស់ខ្ញុំព្រះអង្គ ឈ្មោះមហាកច្ចានៈដ៏មានអាយុ សូមឱនសិរសា ក្រាបថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះដ៏មានព្រះភាគជាម្ចាស់ ម្យ៉ាងទៀត លោកឲ្យខ្ញុំព្រះអង្គក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ដែនអវន្តិទក្ខិណាបថ មានភិក្ខុតិច (ចាប់ដើមតាំងពីខ្ញុំព្រះអង្គបានបួសជាសាមណេរ) កន្លងទៅ៣ឆ្នាំហើយ ទំរាំប្រជុំភិក្ខុសង្ឃបាន១០រូប ដែលមកពីទិសនោះៗ ហើយទើបបានឧបសម្បទា ដោយលំបាកពន់ពេកណាស់ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់អនុញ្ញាត នូវឧបសម្បទា ក្នុងដែនអវន្តិទក្ខិណាបថ ដោយគណៈសង្ឃ តិចជាងមុន បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មានផែនដីខ្មៅស្អិត គ្រោតគ្រាត រឹងរដិបរដុប ដោយស្នាមជើងគោ ធ្វើម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់អនុញ្ញាត ស្បែកជើង៤ជាន់ឡើងទៅ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ ពួកមនុស្ស រាប់អានការងូតទឹកណាស់ ប្រកបដោយសេចក្តីស្អាតព្រោះទឹក ធ្វើម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់អនុញ្ញាត ការងូតទឹក ឲ្យបានជានិច្ច ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មានកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមជ្ឈិមជនបទ មានស្មៅឈ្មោះឯរគុ ស្មៅឈ្មោះមោរគុ ស្មៅឈ្មោះមជ្ជារុ ស្មៅឈ្មោះជន្តុ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មានកម្រាលគេធ្វើដោយស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក៏ដូច្នោះដែរ ធ្វើម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់អនុញ្ញាតកម្រាលទាំងឡាយ ដែលគេធ្វើដោយស្បែក គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលឥឡូវនេះ មនុស្សទាំងឡាយ គេប្រគេនចីវរ ដើម្បីពួកភិក្ខុ ដែលនៅក្រៅសីមាថា យើងនឹងប្រគេនចីវរនេះ ដើម្បីភិក្ខុឈ្មោះនេះ ភិក្ខុទាំងនោះមកហើយ ប្រាប់ថា នែអាវុសោ ពួកមនុស្សឈ្មោះនេះ បានប្រគេនចីវរចំពោះលោក ភិក្ខុទាំងនោះក៏រង្កៀស មិនត្រេកអរ ដោយគិតថា កុំឲ្យមាននិស្សគ្គិយ ដល់យើងឡើយ ធ្វើដូចម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់ប្រាប់របៀបប្រតិបត្តិក្នុងចីវរ។
[៧១] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ ដែនអវន្តិទក្ខិណាបថ មានភិក្ខុតិច ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទ 33) ទាំងអស់ តថាគតអនុញ្ញាតនូវឧបសម្បទាដោយគណៈសង្ឃ មានវិនយធរ34) ជាគំរប់ប្រាំបាន។ បណ្តាជនបទទាំងនោះ ជនបទទាំងឡាយនេះ ដែលជាបច្ចន្តិមជនបទ គឺក្នុងទិសខាងកើត មាននិគមឈ្មោះកជង្គល ខាងនាយកជង្គលនិគមនោះ មាននិគមឈ្មោះមហាសាលា ខាងនាយនិគមឈ្មោះមហាសាលានោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសអាគ្នេយ៍ មានស្ទឹងឈ្មោះសល្លវតី ខាងនាយស្ទឹងសល្លវតីនោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងត្បូង មាននិគមឈ្មោះសេតកណ្ណិក ខាងនាយសេតកណ្ណិកនិគមនោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងលិច មានស្រុកព្រាហ្មណ៍ ឈ្មោះថូនគ្រាម ខាងនាយស្រុកថូនគ្រាមនោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងជើង មានភ្នំឈ្មោះឧសីរធជ ខាងនាយភ្នំនោះ ហៅថាបច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងឡាយបែបនេះ តថាគតអនុញ្ញាតនូវឧបសម្បទាដោយគណៈសង្ឃ មានវិនយធរជាគំរប់៥បាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែនអវន្តិទក្ខិណាបថ មានផែនដីខ្មៅស្អិត រឹងគ្រោតគ្រាត រដិបរដុបដោយស្នាមជើងគោ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគតអនុញ្ញាតស្បែកជើង៤ជាន់ឡើងទៅ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែនអវន្តិទក្ខិណាបថ ពួកមនុស្សច្រើនរាប់អានការងូតទឹក ប្រកបដោយសេចក្តីស្អាតព្រោះទឹក ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគតអនុញ្ញាតនូវការងូតទឹកបានជានិច្ច។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែនអវន្តិទក្ខិណាបថ មានកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ម្នាលភិក្ខុទាំងឡាយ ក្នុងមជ្ឈិមជនបទទាំងឡាយ មានស្មៅឈ្មោះឯរគុ ស្មៅឈ្មោះមោរគុ ស្មៅឈ្មោះមជ្ជារុ ស្មៅឈ្មោះជន្តុ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងដែនអវន្តិទក្ខិណាបថ មានកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគតអនុញ្ញាតកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកមនុស្សប្រគេនចីវរដើម្បីភិក្ខុទាំងឡាយ ដែលនៅក្រៅសីមាថា យើងប្រគេនចីវរនេះ ចំពោះភិក្ខុឈ្មោះនេះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុត្រេកអរបាន ចីវរមិនទាន់មកដល់ដៃដរាបណា ចីវរនោះ ភិក្ខុមិនត្រូវរាប់តាមកំណត់ថ្ងៃ 35) ដរាបនោះ។
ចប់ ចម្មក្ខន្ធកៈ ទី៥។
ក្នុងខន្ធកៈនេះ មាននិទាន៦៣។
ឧទ្ទាននៃចម្មក្ខន្ធកៈនោះ គឺ
(១៥៩)
[៧២] រឿងព្រះបាទមាគធៈ ជាធំលើអ្នកស្រុក៨ម៉ឺន១ រឿងសោណសេដ្ឋីបុត្រ១ រឿងសាគតភិក្ខុសំដែងឥទ្ធិបាដិហារ្យ ជាឧត្តរិមនុស្សធម៌ច្រើន លើភ្នំគិជ្ឈកូដ១។ រឿងសោណភិក្ខុបួសហើយ ប្រារព្ធព្យាយាមក្រៃពេក បាទាក៏បែក១ រឿងព្រះដ៏មានព្រះភាគ ទ្រង់ទូន្មានឲ្យសោណភិក្ខុតាំងព្យាយាមតាមខ្សែពិណ១ រឿងព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតស្បែកជើងមួយជាន់១ រឿងព្រះដ៏មានព្រះភាគ ទ្រង់ហាមស្បែកជើងពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌ហង្សបាទ ពណ៌ខ្មៅ។ ស្បែកជើងពណ៌ក្រហមក្រមៅ (ដូចខ្នងក្អែប) និងពណ៌លឿងទុំ (ដូចផ្កាឈូក)១ រឿងទ្រង់ហាមខ្សែស្បែកជើង មានពណ៌ខៀវជាដើម១ រឿងទ្រង់ហាមស្បែកជើងបិទកែងជើង១ រឿងទ្រង់ហាមស្បែកជើង ស្រោបជើងទាំងអស់ រហូតស្មងជើង១ រឿងទ្រង់ហាមស្បែកជើង ដែលគេក្រង ជារបៀបបិទខ្នងជើង១ រឿងទ្រង់ហាមស្បែកជើងញាត់ដោយគរ១ រឿងទ្រង់ហាមស្បែកជើងមានពណ៌វិចិត្រ ដូចស្លាបសត្វទទា១ រឿងទ្រង់ហាមស្បែកជើងមានខ្សែមានសណ្ឋានដូចស្នែងកែះ១ រឿងទ្រង់ហាមស្បែកជើង មានខ្សែមានសណ្ឋាន ដូចស្នែងពពែ១។ រឿងទ្រង់ហាមស្បែកជើង មានខ្សែងរ មានសណ្ឋាន ដូចកន្ទុយសត្វខ្ទួយ១ រឿងទ្រង់ហាមស្បែកជើង ដែលចាក់ស្រេះ ដោយព្រុយកន្ទុយសត្វក្ងោក១ រឿងទ្រង់ហាមស្បែកជើងដ៏វិចិត្រផ្សេងៗ១ រឿងទ្រង់ហាមស្បែកជើង ដែលចំជាយដោយស្បែកសត្វសីហៈ សត្វខ្លាធំ សត្វខ្លាដំបង សត្វខ្លារខិន១ ស្បែកភេ ស្បែកឆ្មា ស្បែកកង្ហែន ស្បែកមៀម១។ រឿងទ្រង់អនុញ្ញាតស្បែកជើង៤ជាន់ឡើងទៅ ដល់ភិក្ខុមានបាតជើងបែក១ រឿងភិក្ខុមានដំបៅលេចនៅបាតជើង១ រឿងភិក្ខុមិនលាងជើង ហើយជាន់លើគ្រែតាំង១ រឿងភិក្ខុជាន់លើដង្គត់ឈើ១ រឿងឆព្វគ្គិយភិក្ខុ ពាក់ទ្រនាប់ជើងឈើ ឮសំឡេងខដខដ១ រឿងឆព្វគ្គិយភិក្ខុប្រើប្រាស់ទ្រនាប់ជើងស្លឹកត្នោត១ រឿងឆព្វគ្គិយភិក្ខុ ប្រើប្រាស់ទ្រនាប់ជើងស្លឹកឫស្សី១ រឿងឆព្វគ្គិយភិក្ខុ ធ្វើទ្រនាប់ជើងស្មៅ១… ស្មៅយាប្ល៉ង១… ស្មៅដំណេកទន្សាយ១… ទន្សែ១។ …ស្មៅមានពណ៌ដូចផ្កាឈូក១ …សំពត់រោមសត្វ១ មាស១ ប្រាក់១ កែវមណី១ កែវពិទូរ្យ១ កែវផ្លេក១ សំរឹទ្ធ១ កែវកញ្ចក់១ សំណប៉ាហំាង១ សំណភក់១ ទង់ដែងមួយ។ រឿងឆព្វគ្គិយភិក្ខុចាប់អាវយវៈមេគោ មានស្នែងជាដើម១ រឿងឆព្វគ្គិយភិក្ខុជិះយាន១ រឿងភិក្ខុឈឺ១ រឿងព្រះសម្ពុទ្ធទ្រង់អនុញ្ញាតយានទឹមដោយបុរស ឬសត្វឈ្មោល១ រឿងព្រះសម្ពុទ្ធ ទ្រង់អនុញ្ញាតគ្រែស្នែង១ រឿងឆព្វគ្គិយភិក្ខុ ប្រើប្រាស់ឧច្ចាសយនៈ និងមហាសយនៈ១ រឿងឆព្វគ្គិយភិក្ខុ ប្រើប្រាស់ស្បែកសត្វធំ១ រឿងឆព្វគ្គិយភិក្ខុ ប្រើប្រាស់ស្បែកគោ១ រឿងភិក្ខុលាមក ជាជីតុន របស់ឧបាសកលាមក១។ រឿងព្រះមានព្រះភាគ ទ្រង់អនុញ្ញាត ឲ្យភិក្ខុអង្គុយលើស្បែក ដែលគ្រហស្ថធ្វើប្លែក១ រឿងវិហារដែលគេរុំចង ដោយខ្សែស្បែក១ រឿងឆព្វគ្គិយភិក្ខុ ពាក់ស្បែកជើងចូលទៅកាន់ស្រុក១ រឿងព្រះសម្ពុទ្ធទ្រង់អនុញ្ញាត ឲ្យភិក្ខុឈឺពាក់ស្បែកជើង ចូលទៅកាន់ស្រុកបាន១ រឿងព្រះមហាកច្ចានៈ១ រឿងព្រះសោណត្ថេរ សំដែងសូត្រប្រកបដោយវគ្គ៨ ដោយសរគឺសម្លេង១។ រឿងព្រះសម្ពុទ្ធ ទ្រង់អនុញ្ញាត នូវឧបសម្បទាកម្ម ដោយភិក្ខុ៥រូប១ ស្បែកជើង៤ជាន់ឡើងទៅ១ ការងូតទឹកជានិច្ច១ កម្រាលស្បែក១ ទ្រង់អនុញ្ញាត ឲ្យភិក្ខុត្រេកអរនឹងចីវរ បើមិនទាន់ដល់ដៃទេ មិនត្រូវឲ្យរាប់រាត្រីឡើយ១ ព្រះមានព្រះភាគ ជានាយក ទ្រង់ប្រទានពរទាំង៥នេះដល់ព្រះសោណត្ថេរហើយ។
(១៦០)
[៧៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់នៅវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួកភិក្ខុកើតអាពាធ (ប្រមាត់) ក្នុងសរទកាល36) បបរដែលហុតទៅ ក៏ចង្អោរចេញមកវិញ បាយដែលឆាន់ទៅ ក៏ចង្អោរចេញមកវិញ។ ព្រោះហេតុនោះ ពួកភិក្ខុទាំងនោះក៏មានខ្លួនស្គាំងស្គមសៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ព្រះដ៏មានព្រះភាគបានទតឃើញភិក្ខុទាំងនោះស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ លុះទតឃើញហើយ ក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ ក្នុងពេលនេះ ហេតុដូចម្តេចបានជាពួកភិក្ខុស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុកើតអាពាធ (ប្រមាត់) ក្នុងសរទកាល បបរដែលហុតទៅ ក៏ចង្អោរចេញមកវិញ បាយដែលឆាន់ទៅ ក៏ចង្អោរចេញមកវិញ ព្រោះអាពាធនោះ បានជាភិក្ខុទាំងនោះស្គំាងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់សម្ងំនៅក្នុងទីស្ងាត់ ក៏មានព្រះហឫទ័យត្រិះរិះដូច្នេះថា ឥឡូវនេះ ពួកភិក្ខុកើតអាពាធ (ប្រមាត់) ក្នុងសរទកាល បបរដែលហុតទៅ ក៏ចង្អោរចេញមកវិញ បាយដែលឆាន់ទៅ ក៏ចង្អោរចេញមកវិញ ព្រោះអាពាធនោះហើយ បានជាភិក្ខុទាំងនោះ ទៅជាស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ (ឥឡូវ) វត្ថុដែលជាភេសជ្ជៈក៏មាន វត្ថុដែលគេសន្មតថាជាភេសជ្ជៈក៏មាន វត្ថុដែលផ្សាយទៅសម្រាប់ជាអាហាររបស់មនុស្សលោក ក៏មាន វត្ថុដែលជាអាហារមិនបានគ្រោតគ្រាត ក៏មាន តើគួរតថាគតអនុញ្ញាតវត្ថុដូចម្តេច ទើបសមគួរជាភេសជ្ជៈដល់ភិក្ខុទាំងឡាយហ្ន៎។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រិះរិះដូច្នេះថា ភេសជ្ជៈទាំង៥នេះគឺ ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ វត្ថុទាំងនេះ ជាភេសជ្ជៈផង ដែលគេសន្មតថាជាភេសជ្ជៈផង ផ្សាយទៅសម្រាប់ជាអាហាររបស់មនុស្សលោកផង ជាអាហារមិនបានគ្រោតគ្រាតផង បើដូច្នោះ មានតែតថាគតអនុញ្ញាតភេសជ្ជៈទាំង៥នេះដល់ពួកភិក្ខុ ដើម្បីឲ្យភិក្ខុទទួលក្នុងកាលគួរ ឆាន់ក្នុងកាលគួរ37) បាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងទីស្ងាត់ នៅវេលាសាយណ្ហសម័យ ហើយទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងវេលានេះ តថាគតសម្ងំនៅក្នុងទីស្ងាត់ មានចិត្តត្រិះរិះដូច្នេះថា ឥឡូវនេះ ពួកភិក្ខុកើតអាពាធ (ប្រមាត់) ក្នុងសរទកាលហើយ បបរដែលហុតទៅ ក៏ចង្អោរចេញមកវិញ បាយដែលឆាន់ទៅ ក៏ចង្អោរចេញមកវិញ ព្រោះអាពាធនោះ ទើបបានជាភិក្ខុទាំងនោះស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ វត្ថុខ្លះជាភេសជ្ជៈ វត្ថុខ្លះដែលគេសន្មតថាជាភេសជ្ជៈ វត្ថុខ្លះផ្សាយទៅសម្រាប់ជាអាហាររបស់មនុស្សលោក វត្ថុខ្លះជាអាហារមិនបានគ្រោតគ្រាត តើគួរតថាគតអនុញ្ញាតវត្ថុដូចម្តេច ទើបសមគួរជាភេសជ្ជៈដល់ភិក្ខុទាំងឡាយហ្ន៎ ម្នាលភិក្ខុទាំងឡាយ តថាគតឯង មានសេចក្តីត្រិះរិះដូច្នេះថា ភេសជ្ជៈទាំង៥នេះគឺ ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ របស់ទាំងនេះ ជាភេសជ្ជៈផង ដែលគេសន្មតថាជាភេសជ្ជៈផង ផ្សាយទៅសម្រាប់ជាអាហាររបស់មនុស្សលោកផង ជាអាហារមិនបានគ្រោតគ្រាតផង បើដូច្នោះ មានតែតថាគតអនុញ្ញាតភេសជ្ជៈទាំង៥នេះ ដល់ភិក្ខុទាំងឡាយ ដើម្បីឲ្យភិក្ខុទទួលក្នុងកាលគួរ បរិភោគក្នុងកាលគួរ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទទួលភេសជ្ជៈទាំង៥នោះ ក្នុងកាលគួរ បរិភោគក្នុងកាលគួរ។
[៧៤] សម័យនោះឯង ពួកភិក្ខុទទួលភេសជ្ជៈទាំង៥នោះ ក្នុងកាលគួរ ឆាន់ក្នុងកាលគួរ។ សូម្បីភោជនដ៏ស្និទ្ធ ក៏មិនត្រូវមាត់38) របស់ភិក្ខុទាំងនោះទៅហើយ កុំចាំបាច់និយាយឡើយដល់ភោជនប្រក្រតី ដែលជាវត្ថុសៅហ្មង។ ដោយអាពាធ (ប្រមាត់) កើតឡើងក្នុងសរទកាលនោះផង ដោយភត្តដែលមិនរលួយនេះផង ភិក្ខុទាំងនោះ ក៏រឹងរឹតតែមានខ្លួនស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ព្រោះហេតុទាំងពីរនោះ។ ព្រះមានព្រះភាគ ទ្រង់បានទតឃើញភិក្ខុទាំងនោះ រឹងរឹតតែមានខ្លួនស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ លុះទតឃើញហើយ ក៏ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ ឥឡូវនេះ ហេតុដូចម្តេច បានជាពួកភិក្ខុរឹងរឹតតែមានខ្លួនស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុទទួលភេសជ្ជៈទាំង៥នោះ ក្នុងកាលគួរ ឆាន់ក្នុងកាលគួរ សូម្បីភោជនដ៏ស្និទ្ធ ក៏មិនត្រូវមាត់របស់ភិក្ខុទាំងនោះទៅហើយ កុំចាំបាច់និយាយឡើយដល់ភោជនប្រក្រតី ដែលជាវត្ថុសៅហ្មង ដោយអាពាធ (ប្រមាត់) ដែលកើតឡើងក្នុងសរទកាលនោះផង ដោយភត្តដែលមិនរលួយនេះផង ភិក្ខុទាំងនោះ ក៏រឹងរឹតតែមានខ្លួនស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ ព្រោះហេតុទាំងពីរនោះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទទួលភេសជ្ជៈទាំង៥នោះ ឆាន់ក្នុងកាលគួរក៏បាន ក្នុងកាលមិនគួរក៏បាន។39)
[៧៥] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ ត្រូវការដោយខ្លាញ់ជាថ្នាំ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្លាញ់ ជាភេសជ្ជៈ គឺខ្លាញ់ខ្លាឃ្មុំ ខ្លាញ់ត្រី ខ្លាញ់ក្រពើ ខ្លាច់ជ្រូក ខ្លាញ់លា ដែលភិក្ខុទទួលក្នុងកាលគួរ ចំអិនក្នុងកាលគួរ លាយគ្នាក្នុងកាលគួរ សម្រាប់ឲ្យភិក្ខុប្រើប្រាស់ដោយវិធីប្រើប្រាស់ដូចប្រេង (ជាសត្តាហកាលិក)បាន។40) ម្នាលភិក្ខុទាំងឡាយ បើខ្លាញ់ដែលភិក្ខុបានទទួលក្នុងកាលមិនគួរ ចំអិនក្នុងកាលមិនគួរ លាយគ្នាក្នុងកាលមិនគួរ បើភិក្ខុប្រើប្រាស់ខ្លាញ់នោះ ត្រូវអាបត្តិទុក្កដបី។ ម្នាលភិក្ខុទាំងឡាយ បើខ្លាញ់ដែលភិក្ខុទទួលក្នុងកាលគួរ តែចំអិនក្នុងកាលមិនគួរ លាយគ្នាក្នុងកាលមិនគួរ បើភិក្ខុប្រើប្រាស់ខ្លាញ់នោះ ត្រូវអាបត្តិទុក្កដពីរ។ ម្នាលភិក្ខុទាំងឡាយ បើខ្លាញ់ដែលភិក្ខុទទួលក្នុងកាលគួរ ចំអិនក្នុងកាលគួរ តែលាយគ្នាក្នុងកាលមិនគួរ បើភិក្ខុប្រើប្រាស់ខ្លាញ់នោះ ត្រូវអាបត្តិទុក្កដមួយ។ ម្នាលភិក្ខុទាំងឡាយ បើខ្លាញ់ដែលភិក្ខុទទួលក្នុងកាលគួរ ចំអិនក្នុងកាលគួរ លាយគ្នាក្នុងកាលគួរ បើភិក្ខុប្រើប្រាស់ខ្លាញ់នោះ មិនត្រូវអាបត្តិឡើយ។
(១៦១)
[៧៦] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយឫស ឬមើមជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវឫស ឬមើមជាភេសជ្ជៈ គឺមើមរមៀត មើមខ្ញី មើមលំពាន់ មើមប្រស់ មើមអាច់ឆ្ពឹស មើមរំដេង មើមស្បូវភ្លាំង មើមស្មៅក្រវាញជ្រូក ម្យ៉ាងទៀត មើមដទៃណា ជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលមើមទាំងឡាយនោះ ហើយរក្សាទុក ដរាបទាល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការ ដោយម្សៅជាភេសជ្ជៈ ដែលកើតអំពីឫស ឬមើម។ ពួកភិក្ខុ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថ្មកិន និងកូនថ្មកិន។
[៧៧] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយទឹកចត់ជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកចត់ ជាភេសជ្ជៈ គឺទឹកចត់ កើតអំពីដើមស្តៅ ទឹកចត់កើតអំពីដើមខ្លែងគង់ ទឹកចត់កើតអំពីដើមអម្បែងថ្ងៃ ទឹកចត់កើតអំពីវល្លិ៍បណ្តូលពេជ្រ ទឹកចត់កើតអំពីដើមទន្លា ឬថ្ងាន់ ម្យ៉ាងទៀត ទឹកចត់ដទៃណាជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលទឹកចត់ទាំងនោះ ហើយរក្សាទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៧៨] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយស្លឹកឈើ ជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្លឹកឈើ ជាភេសជ្ជៈ គឺស្លឹកស្តៅ ស្លឹកខ្លែងគង់ ស្លឹកអម្បែងថ្ងៃ ស្លឹកម្រះព្រៅ ឬជីរលីងលាក់ ស្លឹកកប្បាស ម្យ៉ាងទៀត ស្លឹកដទៃណាជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលស្លឹកទាំងនោះ ហើយទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៧៩] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយផ្លែឈើ ជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្លែឈើជាភេសជ្ជៈ គឺផ្លែពិលង្គ ផ្លែដីប្លី ផ្លែម្រេច ផ្លែសម៉ ផ្លែសម៉ពីភេក ផ្លែកន្ទួតព្រៃ ផ្លែក្រវ៉ាញ ម្យ៉ាងទៀត ផ្លែឈើដទៃណាជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលផ្លែឈើទាំងឡាយនោះ ហើយរក្សាទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៨០] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយជ័រឈើជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើជាភេសជ្ជៈ គឺជ័រដែលហូរចេញអំពីដើមហិង្គុ១ ជ័រដែលគេយកស្លឹក និងមែកហិង្គុមករំងាស់១ ជ័រដែលគេយកតែស្លឹកហិង្គុតែម្យ៉ាងមករំងាស់១ (ជ័រទាំង៣យ៉ាងនេះ ជាជាតិហិង្គុទាំងអស់) ជ័រដែលហូរចេញអំពីត្រួយឈើ១ ជ័រដែលហូរចេញអំពីស្លឹកឈើ១ ជ័រដែលគេបេះស្លឹកឈើយកមកធ្វើ១ កំញាន១ ម្យ៉ាងទៀត ជ័រឈើដទៃណាដែលជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលជ័រឈើទាំងនោះ ហើយរក្សាទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៨១] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយអំបិល ជាភេសជ្ជៈ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអំបិលជាភេសជ្ជៈ គឺអំបិលកើតក្បែរឆ្នេរសមុទ្ទ មានបែបដូចដីខ្សាច់ អំបិលមានពណ៌ខ្មៅ (អំបិលប្រក្រតី) អំបិលមានពណ៌ស កើតលើភ្នំ អំបិលដែលមានពន្លកដុះអំពីផែនដី (អំបិលដែលកើតអំពីអាចម៍ដីមានរសប្រៃ) អំបិលមានពណ៌ក្រហមដែលគេចំអិនជាមួយនឹងគ្រឿងសម្ភារៈទាំងពួង ម្យ៉ាងទៀត អំបិលដទៃណាដែលជាភេសជ្ជៈ មិនផ្សាយទៅដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅដើម្បីភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួលអំបិលទាំងនោះ ហើយរក្សាទុកដរាបទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិទុក្កដ។
[៨២] សម័យនោះឯង ព្រះវេលដ្ឋសីសៈដ៏មានអាយុ ជាឧបជ្ឈាយ៍របស់ព្រះអានន្ទដ៏មានអាយុ កើតបូសធំ។ ចីវរដែលប្រឡាក់ដោយទឹករំអិល ក៏ជាប់ស្អិតនៅនឹងកាយរបស់ព្រះវេលដ្ឋសីសៈនោះ។ ពួកភិក្ខុក៏យកទឹកទៅលាបចីវរនោះឲ្យសើមៗ ហើយបកចេញ។ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់សេនាសនចារិក បានទតឃើញភិក្ខុទាំងនោះកំពុងយកទឹកទៅលាបចីវរទាំងនោះឲ្យសើមៗ ហើយបកចេញ លុះទតហើយ ទ្រង់ចូលទៅកាន់សំណាក់ភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មានពុទ្ធដម្រាស់នេះនឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះមានអាពាធដូចម្តេច។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះវេលដ្ឋសីសៈដ៏មានអាយុនេះ កើតបូសធំ ចីវរប្រឡាក់ដោយទឹករំអិល ជាប់ស្អិតនៅនឹងកាយ ខ្ញុំព្រះអង្គទាំងឡាយ យកទឹកមកលាបចីវរទាំងនោះឲ្យសើមៗ ហើយបកចេញ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី អាពាធទឹករងៃក្តី បូសធំក្តី និងកាយមានក្លិនអាក្រក់ តថាគតអនុញ្ញាតគ្រឿងលំអិត ជាភេសជ្ជៈដល់ភិក្ខុនោះ តថាគតអនុញ្ញាតអាចម៍គោ ដីស្អិត និងកាកនៃគ្រឿងជ្រលក់ ដល់ភិក្ខុដែលមានជម្ងឺ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតត្បាល់ និងអង្រែ។
[៨៣] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយគ្រឿងលំអិត ជាភេសជ្ជៈ ដែលគេរែងរួចស្រេចហើយ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកញ្ច្រែង សម្រាប់រែងគ្រឿងលំអិត។ (ពួកភិក្ខុមានជម្ងឺ) មានសេចក្តីត្រូវការដោយគ្រឿងលំអិតដ៏ល្អិតក្រៃលែង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកញ្ច្រែងសំពត់41)
[៨៤] សម័យនោះឯង មានភិក្ខុ១រូប មានអាពាធកើតអំពីអមនុស្ស ។42) អាចារ្យនិងឧបជ្ឈាយ៍ជាអ្នកបម្រើភិក្ខុនោះ ក៏មិនអាចនឹងធ្វើភិក្ខុនោះឲ្យស្បើយរោគបាន។ ភិក្ខុនោះទៅកាន់កន្លែងគេសម្លាប់ជ្រូក ហើយក៏ស៊ីសាច់ឆៅ 43) ផឹកឈាមស្រស់។44) អាពាធរបស់ភិក្ខុនោះ ដែលកើតអំពីអមនុស្សនោះ ក៏រម្ងាប់ទៅ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាច់ឆៅ ឈាមស្រស់ ដល់ភិក្ខុដែលមានអាពាធកើតអំពីអមនុស្ស។
[៨៥] សម័យនោះឯង ភិក្ខុ១រូប មានអាពាធ ឈឺភ្នែក។ ភិក្ខុទាំងឡាយ នាំគ្នាគ្រាហ៍ភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង។ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់សេនាសនចារិក បានទតឃើញភិក្ខុទាំងនោះកំពុងនាំគ្នាគ្រាហ៍ភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង លុះទតឃើញហើយ ក៏ទ្រង់ចូលទៅកាន់លំនៅភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មានពុទ្ធតម្រាស់នេះនឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះមានអាពាធដូចម្តេច។ ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន លោកដ៏មានអាយុនេះ មានអាពាធឈឺភ្នែក ខ្ញុំព្រះអង្គទាំងឡាយ នាំគ្នាគ្រាហ៍ភិក្ខុនោះទៅឲ្យបន្ទោបង់ឧច្ចារៈផង បស្សាវៈផង។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថ្នាំបន្តក់ភ្នែក គឺថ្នាំបន្តក់ភ្នែកមានពណ៌ខ្មៅ (ដែលគេស្លដោយគ្រឿងសម្ភារៈទាំងពួង) ថ្នាំបន្តក់ភ្នែកធ្វើពីបារទ (ដែលគេធ្វើដោយគ្រឿងសម្ភារៈផ្សេងៗ) ថ្នាំបន្តក់ភ្នែកដែលកើតក្នុងខ្សែទឹកជ័ររង់ និងធ្យូង (ដែលគេយកអំពីអណ្តាតបទីប)។ ពួកភិក្ខុមានសេចក្តីត្រូវការដោយដោយវត្ថុដែលយកមកកិនលាយជាមួយគ្នានឹងថ្នាំបន្តក់ភ្នែក។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ខ្លឹមក្លាំពាក់ កំញាន និងមើមស្មៅក្រវាញជ្រូក។ សម័យនោះឯង ពួកភិក្ខុទុកថ្នាំបន្តក់ភ្នែកទាំងឡាយ ដែលជាម្សៅក្នុងសៀនទាំងឡាយខ្លះ ក្នុងផ្តិលទាំងឡាយខ្លះ (ថ្នាំបន្តក់ទាំងឡាយនោះ) ច្រឡូកច្រឡំទៅដោយកំទេចស្មៅទាំងឡាយខ្លះ ដោយអាចម៍ដីទាំងឡាយខ្លះ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្លាក់ សម្រាប់ដាក់ថ្នាំបន្តក់ភ្នែក។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ក្លាក់សម្រាប់ដាក់ថ្នាំបន្តក់ភ្នែកខ្ពស់ និងទាប (គឺមានល្អ មានអាក្រក់) គឺក្លាក់ធ្វើដោយមាស និងក្លាក់ធ្វើដោយប្រាក់។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ក្លាក់ សម្រាប់ដាក់ថ្នាំបន្តក់ភ្នែកខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្លាក់ធ្វើដោយឆ្អឹង 45) ធ្វើដោយភ្លុក ធ្វើដោយស្នែង ធ្វើដោយដើមបបុស ធ្វើដោយដើមឫស្សី ធ្វើដោយឈើ ធ្វើដោយជ័រឈើ ធ្វើដោយផ្លែឈើ ធ្វើដោយលោហធាតុ46) ធ្វើដោយគូថសង្ខ។ សម័យនោះឯង ពួកភិក្ខុមិនបានបិទក្លាក់សម្រាប់ដាក់ថ្នាំបន្តក់ភ្នែក ថ្នាំទាំងនោះ ក៏ច្រឡូកច្រឡំដោយកំទេចស្មៅទាំងឡាយខ្លះ ដោយអាចម៍ដីទាំងឡាយខ្លះ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតគម្រប ឬឆ្នុក។ គម្របចេះតែធ្លាក់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យភិក្ខុរុំ ឬចងក្លាក់ដោយខ្សែ។ ក្លាក់ក៏ចេះតែបែក។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុស្រេះដោយខ្សែ។ សម័យនោះ ពួកភិក្ខុបន្តក់ភ្នែក ដោយម្រាមដៃ ភ្នែកទាំងឡាយ ក៏មិនស្រួល។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចង្កឹះក្លាក់។ សម័យនោះ ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ចង្កឹះក្លាក់ដ៏ខ្ពស់ និងទាប គឺចង្កឹះធ្វើដោយមាសខ្លះ ធ្វើដោយប្រាក់ខ្លះ។ ពួកមនុស្សពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ចង្កឹះក្លាក់ដ៏ខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ចង្កឹះដែលធ្វើដោយឆ្អឹង ធ្វើដោយភ្លុក ធ្វើដោយស្នែង។បេ។ ធ្វើដោយគូថសង្ខ។ សម័យនោះ ចង្កឹះក្លាក់ ក៏ធ្លាក់ទៅលើផែនដី ចង្កឹះក្លាក់នោះក៏អាក្រក់ មិនស្អាត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត បំពង់សម្រាប់ដាក់ចង្កឹះ។ សម័យនោះឯង ពួកភិក្ខុរក្សាក្លាក់សម្រាប់ដាក់ថ្នាំបន្តក់ភ្នែកខ្លះ ចង្កឹះក្លាក់ខ្លះនៅតែនឹងដៃ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ថង់សម្រាប់ដាក់ក្លាក់។ ខ្សែយោគរបស់ថង់នោះ ក៏មិនទាន់មាន។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតនូវខ្សែយោគ និងខ្សែសម្រាប់ចង។
[៨៦] សម័យនោះឯង ព្រះបិលិន្ទវច្ឆត្ថេរដ៏មានអាយុ កើតជម្ងឺក្តៅក្បាល។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ប្រេងសម្រាប់លាបក្បាល។ ព្រះបិលិន្ទវច្ឆត្ថេរ ក៏នៅតែអត់ទ្រាំរោគនោះមិនបាន។ ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនត្ថុកម្ម (គឺការហិត ឬបញ្ច្រក ទៅតាមច្រមុះ)។ ឯថ្នាំសម្រាប់ហិត ឬបញ្ច្រក ទៅតាមច្រមុះ ក៏កំពប់ខ្ចាយទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបំពង់សម្រាប់បញ្ច្រកទៅតាមច្រមុះ (គឺបំពង់នត្ថុ)។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់បំពង់នត្ថុដ៏ខ្ពស់និងទាប គឺបំពង់នត្ថុធ្វើដោយមាសខ្លះ ធ្វើដោយប្រាក់ខ្លះ។ ពួកមនុស្សពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ដែលបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់បំពង់នត្ថុដ៏ខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបំពង់នត្ថុ ដែលធ្វើដោយឆ្អឹង។បេ។ ធ្វើដោយគូថសង្ខ។ ភិក្ខុទាំងឡាយបន្តក់ថ្នាំសម្រាប់នត្ថុទៅមិនស្មើគ្នា ។47) ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបំពង់សម្រាប់នត្ថុជាគូ 48) ភិក្ខុទាំងនោះ ក៏នៅតែអត់ទ្រាំមិនបាន។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យជក់យកផ្សែង។ ពួកភិក្ខុក៏យកថ្នាំនោះមកមូរ ធ្វើជាបារី ហើយជក់ទៅ (ក៏ត្រឡប់ទៅជា) ក្តៅក។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវខ្សៀរ។ សម័យនោះឯង ឆព្វគ្គិយភិក្ខុប្រើប្រាស់ខ្សៀរដ៏ខ្ពស់និងទាប គឺខ្សៀរធ្វើដោយមាសខ្លះ ធ្វើដោយប្រាក់ខ្លះ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថដែលបរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ខ្សៀរទាំងឡាយដ៏ខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សៀរ ដែលធ្វើដោយឆ្អឹង។បេ។ ដែលធ្វើដោយគូថសង្ខ។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានបិទគ្របខ្សៀរទុក សត្វតូចៗ ក៏ចូលទៅក្នុងខ្សៀរនោះ។ ពួកភិក្ខុក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវគម្រប។ សម័យនោះឯង ពួកភិក្ខុរក្សាខ្សៀរនៅតែនឹងដៃ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវថង់សម្រាប់ដាក់ខ្សៀរ។ ឯខ្សៀរ និងគម្របក៏ទង្គិចគ្នា។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវថង់ជាគូ។ ខ្សែយោគរបស់ថង់ ក៏មិនទាន់មាននៅឡើយ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវខ្សែយោគ និងខ្សែសម្រាប់ចង។
[៨៧] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ មានអាពាធ កើតអំពីខ្សល់។ ពេទ្យទាំងឡាយនិយាយយ៉ាងនេះថា ភិក្ខុត្រូវស្លប្រេង។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុស្លប្រេងបាន។ ភិក្ខុទាំងឡាយក៏លាយទឹកស្រវឹងក្នុងប្រេងដែលស្លនោះ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលាយទឹកស្រវឹងក្នុងប្រេងដែលស្លបាន។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លប្រេង លាយទឹកស្រវឹងច្រើនពេក ដល់នាំគ្នាផឹកប្រេងនោះទៅ ក៏ស្រវឹង។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវផឹកប្រេងដែលគេលាយទឹកស្រវឹងច្រើនពេកទេ ភិក្ខុណាផឹក ត្រូវវិនយធរឲ្យភិក្ខុនោះធ្វើតាមធម៌ 49) ម្នាលភិក្ខុទាំងឡាយ ប្រេងស្លណាដែលគ្មានពណ៌ គ្មានក្លិន និងគ្មានរសរបស់ទឹកស្រវឹងប្រាកដឡើងទេ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកប្រេង ដែលគេលាយទឹកស្រវឹងមានសភាពយ៉ាងនោះបាន។ សម័យនោះឯង ពួកភិក្ខុស្លប្រេង លាយទឹកស្រវឹងច្រើនពេក។ ក្នុងពេលនោះ ភិក្ខុទាំងឡាយក៏មានសេចក្តីត្រិះរិះដូច្នេះថា ប្រេងដែលគេលាយនឹងទឹកស្រវឹងច្រើនពេក តើយើងត្រូវប្រតិបត្តិដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទុកដាក់ប្រេង ដែលគេលាយទឹកស្រវឹងច្រើនពេកនោះ ជាថ្នាំរឹត ឬលាបទៅវិញ។ សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ មានប្រេងដែលស្លហើយជាច្រើន។ តែគ្មានភាជន៍សម្រាប់ដាក់ប្រេង។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវតុម្ព (គឺកុណ្ឌីទឹក) ទាំង៣យ៉ាង គឺតុម្ពធ្វើដោយទង់ដែង១ តុម្ពធ្វើដោយឈើ១ តុម្ពធ្វើដោយផ្លែឈើ១។ សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុកើតរោគខ្យល់ក្នុងអវយវៈ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសេទកម្ម (ការធ្វើឲ្យចេញញើស)។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆ្ពង់ដោយស្លឹកឈើ និងមែកឈើផ្សេងៗ។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឆ្ពុងធំ 50) ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកដែលគេស្ងោរលាយនឹងស្លឹកឈើ មែកឈើផ្សេងៗ។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទប់ទឹក51)
[៨៨] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ កើតរោគខ្សល់ ចុកសៀតក្នុងសន្លាក់ដៃជើងជាដើម។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើឈាមឲ្យហូរចេញបាន។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជប់យកឈាម ដោយ(បំពង់)ស្នែងបាន។
[៨៩] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ មានបាទាបែក។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថ្នាំសម្រាប់លាបជើង។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅតែអត់ទ្រាំមិនបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុតាក់តែងទឹកស្រវឹង (សម្រាប់លាបជើងឲ្យស្រួល)។
[៩០] សម័យនោះឯង ភិក្ខុមួយរូប មានអាពាធកើតពក។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសត្ថកម្ម (វះដោយកាំបិត)។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយទឹកចត់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកចត់។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយម្សៅល្ង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតម្សៅល្ង។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយដុំសត្តូវ (សម្រាប់បិទមុខដំបៅ)។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដុំសត្តូវ។ ភិក្ខុទាំងឡាយ មានសេចក្តីត្រូវការដោយសំពត់សម្រាប់រុំដម្បៅ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកំណាត់សំពត់សម្រាប់រុំដម្បៅ។ ដម្បៅក៏រមាស់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលាងដោយម្សៅគ្រាប់ស្ពៃ។ ដម្បៅក៏រីកឡើង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចំហុយដម្បៅនោះ។ (លុះចំហុយទៅហើយ) សាច់ក៏ដុះលានចេញមក។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុយកទឹកលាយនឹងអម្បិលក្រួសមកបង្កាត់ (ដម្បៅនោះចេញ)។ (លុះបង្កាត់ទៅហើយ) ដម្បៅក៏មិនបានដុះសាច់ឡើង។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រេងសម្រាប់លាបដម្បៅ។ ប្រេងក៏ហៀរហូរចេញ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់សម្រាប់បិទប្រេង និងថ្នាំរក្សាដម្បៅទាំងអស់។
[៩១] សម័យនោះឯង មានភិក្ខុ១រូបពស់ចឹក។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យថ្នាំមហាវិក័ដ៤យ៉ាង គឺគូថ (អាចម៍)១ ទឹមូត្រ(ទឹកនោម)១ ផេះ១ ដី១។ ក្នុងពេលនោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា យើងមិនបាច់ទទួលប្រគេនថ្នាំទាំងនេះទេឬ ឬត្រូវតែទទួលប្រគេនទើបបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានកប្បិយ52) ការកៈ តថាគតអនុញ្ញាតឲ្យភិក្ខុប្រើកប្បិយការកៈនោះទទួលជំនួសបាន កាលបើគ្មានកប្បិយការកៈទេ តថាគតអនុញ្ញាតឲ្យភិក្ខុកាន់យកខ្លួនឯង ហើយឆាន់ចុះ។ សម័យនោះឯង ភិក្ខុ១រូបផឹកថ្នាំពិស។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកគូថ (អាចម៍ដែលលាយដោយទឹក)។ ក្នុងពេលនោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា យើងមិនបាច់ទទួលប្រគេន (នូវគូថនោះ) ទេឬ ឬថាគួរតែទទួលប្រគេនទើបបាន ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដូច្នេះ កាលបើភិក្ខុបន្ទោបង់គូថណាហើយ បានទទួលទុក (អំពីថ្ងៃមុន) លុះដល់ទៅថ្ងៃស្អែក គូថនោះ ឈ្មោះថាភិក្ខុបានទទួលរួចហើយ មិនបាច់ទទួលប្រគេនទៀតទេ។
[៩២] សម័យនោះឯង ភិក្ខុ១រូបមានអាពាធ ព្រោះត្រូវថ្នាំស្នេហ៍។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកទឹកលាយដោយអាច់បំណាស់ ។53) សម័យនោះឯង ភិក្ខុ១រូបមានអាពាធ ខូចធាតុភ្លើង (កើតរោគមួល)។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកទឹកក្បុង54) សម័យនោះឯង ភិក្ខុ១រូប កើតរោគស្គមលឿង។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់សម៉ ដែលត្រាំដោយទឹកនោម។55) សម័យនោះឯង ភិក្ខុ១រូបមានអាពាធ គឺខូចសម្បុរ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើការលាបដោយគ្រឿងក្រអូបបាន។ សម័យនោះឯង ភិក្ខុ១រូប មានកាយប្រកបដោយរោគទល់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផឹកថ្នាំបញ្ចុះ។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយទឹកអង្ករថ្លា។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវទឹកអង្ករថ្លា។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយទឹកសណ្តែកបាយស្ងោរ ដែលគេមិនបានធ្វើស្និទ្ធ (គឺគេមិនបានត្រងឲ្យស្អាតបាត)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកសណ្តែកបាយស្ងោរ ដែលគេមិនបានធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយទឹកសណ្តែកបាយស្ងោរ ដែលគេធ្វើឲ្យស្និទ្ធ (គេបានត្រងឲ្យស្អាតបាត)។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកសណ្តែកបាយស្ងោរ ដែលគេធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តីត្រូវការដោយសាច់ដែលមានឱជារស។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាច់ដែលមានឱជារស។
(១៦២)
[៩៣] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ ឲ្យគេជម្រះញកភ្នំក្បែរក្រុងរាជគ្រឹះ ប្រាថ្នានឹងធ្វើទីពួន ឬទីជ្រកកោន។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ យាងចូលទៅកាន់លំនៅព្រះបិលិន្ទវច្ឆដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះបិលិន្ទវច្ឆដ៏មានអាយុ រួចគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះបាទមាគធសេនិយពិម្ពិសារគង់ក្នុងទីដ៏សមគួរហើយ ក៏ទ្រង់មានព្រះឱង្ការនេះ នឹងព្រះបិលិន្ទវច្ឆដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ព្រះថេរៈប្រើឲ្យគេធ្វើអ្វី។ ព្រះបិលិន្ទវច្ឆឆ្លើយថា បពិត្រមហារាជ អាត្មាភាព ឲ្យគេជម្រះញកភ្នំ ប្រាថ្នានឹងធ្វើទីពួន ឬទីជ្រកកោន។ ស្តេចសួរថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ មានសេចក្តីត្រូវការ ដោយអារាមិកជន56) ដែរឬ។ ព្រះបិលិន្ទវច្ឆឆ្លើយថា បពិត្រមហារាជ ព្រះដ៏មានបុណ្យមិនទាន់អនុញ្ញាតអារាមិកជននៅឡើយទេ។ ស្តេចទ្រង់មានព្រះឱង្ការថា បពិត្រលោកដ៏ចំរើន បើដូច្នោះ គួរលោកក្រាបទូលសួរព្រះដ៏មានព្រះភាគ ហើយមកប្រាប់ខ្ញុំវិញ។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ទទួលស្តាប់ព្រះឱង្ការនៃព្រះបាទមាគធសេនិយពិម្ពិសារដោយពាក្យថា សូមថ្វាយព្រះពរមហារាជ។ ព្រះបិលិន្ទវច្ឆដ៏មានអាយុក៏បានពន្យល់ព្រះបាទមាគធសេនិយពិម្ពិសារឲ្យទ្រង់ឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យត្រេកអរ ដោយពាក្យដ៏ប្រកបដោយធម៌។ លំដាប់នោះ ព្រះបាទមាគធសេនិយពិម្ពិសារ កាលដែលព្រះបិលិន្ទវច្ឆដ៏មានអាយុបានពន្យល់ឲ្យទ្រង់ឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យត្រេកអរ ដោយពាក្យប្រកបដោយធម៌ រួចហើយក៏ទ្រង់ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះបិលិន្ទវច្ឆដ៏មានអាយុ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ក្រោយពីនោះមក ព្រះបិលិន្ទវច្ឆដ៏មានអាយុ បានប្រើបម្រើឲ្យទៅកាន់សំណាក់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់មានសេចក្តីប្រាថ្នានឹងប្រគេននូវអារាមិកជន បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គត្រូវប្រតិបត្តិដូចម្តេចទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុទទួល) អារាមិកជន។ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ចូលទៅកាន់លំនៅព្រះបិលិន្ទវច្ឆដ៏មានអាយុ ជាគំរប់ពីរដង លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះបិលិន្ទវច្ឆដ៏មានអាយុ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់គង់ក្នុងទីដ៏សមគួរហើយ ក៏ទ្រង់មានព្រះឱង្ការដូច្នេះ នឹងព្រះបិលិន្ទវច្ឆដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ព្រះដ៏មានបុណ្យទ្រង់បានអនុញ្ញាតអារាមិកជនហើយឬ។ ព្រះបិលិន្ទវច្ឆឆ្លើយថា ថ្វាយព្រះពរ មហារាជ។ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់មានព្រះឱង្ការថា បពិត្រលោកដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះករុណានឹងប្រគេនអារាមិកជនដល់លោកម្ចាស់។ គ្រានោះឯង ព្រះបាទមាគធសេនិយពិម្ពិសារ ទទួលថា នឹងប្រគេនអារាមិកជនដល់ព្រះបិលិន្ទវច្ឆដ៏មានអាយុ ហើយក៏ទ្រង់ភ្លេចទៅ លុះយូរមក ទើបបានទ្រង់រឭកឃើញ ក៏មានព្រះឱង្ការហៅមហាមាត្យម្នាក់ ជាអ្នកសម្រេចរាជការទាំងពួងថា ម្នាលនាយ អារាមិកជនណា ដែលអញទទួលថានឹងប្រគេនដល់លោកម្ចាស់ អារាមិកជននោះ តើអញបានប្រគេនហើយឬ។ មហាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គមិនទាន់បានប្រគេនអារាមិកជនដល់លោកម្ចាស់នៅឡើយទេ។ ព្រះបាទពិម្ពិសារទ្រង់សួរថា ម្នាលនាយ តាំងពីថ្ងៃនោះ មកដល់ឥឡូវនេះ តើយូរប៉ុន្មានរាត្រីហើយ។ មហាមា្យនោះ បានរាប់រាត្រីទាំងឡាយ (ឃើញ) ហើយក៏ក្រាបបង្គំទូលព្រះបាទមាគធសេនិយពិម្ពិសារក្នុងពេលនោះដូច្នេះថា បពិត្រព្រះសម្មតិទេព (បើគិតតាំងពីថ្ងៃនោះ ដល់មកថ្ងៃនេះ) ចំនួនប្រាំរយរាត្រីហើយ។ ស្តេចទ្រង់មានព្រះឱង្ការថា ម្នាលនាយ បើដូច្នោះ ចូរអ្នកឯងប្រគេនអារាមិកជនប្រាំរយនាក់ ដល់លោកម្ចាស់ចុះ។ មហាមាត្យនោះ ទទួលស្តាប់ព្រះឱង្ការព្រះបាទមាគធសេនិយពិម្ពិសារដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយក៏ប្រគេនអារាមិកជនប្រាំរយនាក់ដល់ព្រះបិលិន្ទវច្ឆដ៏មានអាយុ។ (ចាប់ដើមពីនោះមក) ស្រុក (នោះ) ក៏តាំងនៅជាស្រុកមួយដោយឡែក។ ពួកជនក៏ហៅស្រុកនោះថា អារាមិកគ្រាមខ្លះ បិលិន្ទវច្ឆគ្រាមខ្លះ។
[៩៤] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ ជាជីតុន57) ក្នុងស្រុកនោះ។ គ្រានោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុស្លៀកស្បង់ អំពីព្រឹក ហើយប្រដាប់ដោយបាត្រ និងចីវរ ចូលទៅកាន់បិលិន្ទវច្ឆគ្រាម ដើម្បីបិណ្ឌបាត។ សម័យនោះឯង ក្នុងស្រុកនោះ មានល្បែងមហោស្រព។ ពួកទារក58) ក៏បានប្រដាប់ខ្លួន ស្អិតស្អាងដោយកម្រងផ្កា ហើយលេងមហោស្រព។ ក្នុងពេលនោះ ព្រះបិលិន្ទវច្ឆដ៏មានអាយុ បានត្រាច់ទៅបិណ្ឌបាតតាមលំដាប់ច្រកក្នុងបិលិន្ទវច្ឆគ្រាម ហើយចូលទៅកាន់ផ្ទះអារាមិកជនម្នាក់ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលប្រគេន។ សម័យនោះឯង ធីតា59) របស់ប្រពន្ធអារាមិកជននោះឃើញពួកទារកដទៃ ប្រដាប់ខ្លួន ស្អិតស្អាងដោយកម្រងផ្កា ក៏យំទារថា អ្នកម៉ែ ចូរឲ្យកម្រងផ្កាដល់ខ្ញុំ អ្នកម៉ែ ចូរឲ្យគ្រឿងប្រដាប់ដល់ខ្ញុំ។ ក្នុងពេលនោះ ព្រះបិលិន្ទវច្ឆដ៏មានអាយុ បានពោលពាក្យនេះ នឹងប្រពន្ធរបស់អារាមិកជននោះថា ព្រោះហេតុអ្វី បានជាទារិកា60) នេះយំ។ ប្រពន្ធរបស់អារាមិកជននោះឆ្លើយថា បពិត្រលោកដ៏ចំរើន ទារិកានេះ ឃើញពួកទារកដទៃប្រដាប់ខ្លួន ស្អិតស្អាងដោយកម្រងផ្កា ក៏យំទារថា អ្នកម៉ែ ចូរឲ្យកម្រងផ្កាដល់ខ្ញុំ អ្នកម៉ែ ចូរឲ្យគ្រឿងប្រដាប់ដល់ខ្ញុំ ដូច្នេះ ឯយើងខ្ញុំទាំងឡាយ ជាអ្នកកំសត់ នឹងបានកម្រងផ្កាមកពីណា នឹងបានគ្រឿងប្រដាប់មកពីណា។ គ្រានោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ ចាប់យករង្វេលស្មៅមួយ ហើយនិយាយដូច្នេះនឹងប្រពន្ធអារាមិកជននោះថា បើដូច្នោះ មានតែនាងចូរបំពាក់រង្វេលស្មៅនេះ លើក្បាលទារិកានោះចុះ។ ទើបប្រពន្ធអារាមិកជននោះ ក៏ចាប់យករង្វេលស្មៅនោះ ហើយបំពាក់លើក្បាលទារិកានោះ។ រង្វេលស្មៅនោះ ក៏ក្លាយទៅជាកម្រងផ្កាមាស ល្អល្អះ គួរពិតពិលរមិលមើល ជាទីនាំឲ្យកើតសេចក្តីជ្រះថ្លា។ ទុកជាខាងក្នុងព្រះរាជវាំង ក៏រកកម្រងផ្កាមាសបែបនេះគ្មាន។ ពួកមនុស្សក៏ក្រាបបង្គំទូលព្រះបាទមាគធសេនិយពិម្ពិសារថា បពិត្រព្រះសម្មតិទេព ក្នុងផ្ទះអារាមិកជនឯណោះ មានកម្រងផ្កាមាស ល្អល្អះ គួរពិតពិលរមិលមើល ជាទីនាំឲ្យកើតសេចក្តីជ្រះថ្លា ទុកជាខាងក្នុងវាំងរបស់ព្រះករុណា ក៏រកកម្រងផ្កាមាសបែបនោះគ្មានដែរ អារាមិកជននោះ ជាអ្នកកំសត់ទេ នឹងមានកម្រងផ្កាមាសពីណា ប្រាកដជាវាលួចគេមកមិនខានឡើយ។ ក្នុងវេលានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ប្រើឲ្យមនុស្សទៅចាប់ចងត្រកូលអារាមិកជននោះ។ លុះវេលាព្រឹកព្រហាមឡើង ជាថ្ងៃគំរប់ពីរ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ហើយចូលទៅបិណ្ឌបាតឯបិលិន្ទវច្ឆគ្រាម កាលបើត្រាច់ទៅបិណ្ឌបាត តាមលំដាប់ច្រក ក្នុងបិលិន្ទវច្ឆគ្រាមហើយ ក៏ចូលទៅរកផ្ទះអារាមិកជននោះ លុះចូលទៅដល់ហើយ ក៏សួរពួកមនុស្ស ដែលនៅជិតខាងថា ត្រកូលអារាមិកជននេះ តើទៅឯណា។ ពួកមនុស្ស ដែលនៅជិតខាងឆ្លើយថា បពិត្រលោកដ៏ចំរើន ត្រកូលអារាមិជន ស្តេចឲ្យចាប់ចងអស់ទៅហើយ ព្រោះហេតុតែកម្រងផ្កាមាស (ដែលលោកម្ចាស់ឲ្យទៅ)នុ៎ះ។ ឯព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏ចូលទៅកាន់ព្រះរាជនិវេស៍របស់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលប្រគេន។ គ្រានោះ ព្រះបាទមាគធសេនិយពិម្ពិសារ ចូលទៅរកព្រះបិលិន្ទវច្ឆដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ហើយគង់ក្នុងទីសមគួរ។ លុះព្រះបាទមាគធសេនិយពិម្ពិសារ គង់ក្នុងទីសមគួរហើយ ព្រះបិលិន្ទវច្ឆដ៏មានអាយុ បានថ្វាយព្រះពរដូច្នេះថា បពិត្រមហារាជ ហេតុអ្វី បានជាព្រះអង្គឲ្យគេចាប់ចងត្រកូលអារាមិកជនមក។ ព្រះបាទពិម្ពិសារឆ្លើយថា បពិត្រលោកម្ចាស់ ព្រោះក្នុងផ្ទះអារាមិកជននោះ មានកម្រងផ្កាមាស ល្អល្អះ គួរពិតពិលរមិលមើល ជាទីនាំឲ្យកើតសេចក្តីជ្រះថ្លា ទុកជាខាងក្នុងវាំងរបស់ខ្ញុំ ក៏រកកម្រងផ្កាបែបនេះគ្មានដែរ អារាមិកជននោះ ជាមនុស្សកំសត់ទេ នឹងមានកម្រងផ្កាមាសពីណា ប្រាកដជាវាលួចគេមកមិនខានឡើយ។ គ្រានោះ ព្រះបិលិន្ទវច្ឆដ៏មានអាយុ បានអធិដ្ឋានប្រាសាទ របស់ព្រះបាទមាគធសេនិយពិម្ពិសារឲ្យទៅជាមាស (មួយរំពេច)។ ប្រាសាទនោះ ក៏ក្លាយទៅជាមាសសុទ្ធ។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ថ្វាយព្រះពរសួរថា បពិត្រមហារាជ មាសច្រើនម្ល៉េះនេះ តើព្រះអង្គបានមកពីណា។ ព្រះបាទពិម្ពិសារឆ្លើយថា បពិត្រលោកដ៏ចំរើន មាសនេះខ្ញុំដឹងហើយ នេះជាឥទ្ធានុភាពរបស់លោកម្ចាស់ទេតើ មានបន្ទូលដូច្នោះហើយ ក៏ឲ្យគេដោះលែងត្រកូលអារាមិកជននោះទៅ។
[៩៥] ពួកមនុស្សបានឮដំណឹងថា ព្រះបិលិន្ទវច្ឆដ៏មានអាយុ សំដែងឥទ្ធិបាដិហារ្យ ជាឧត្តរិមនុស្សធម្ម ដល់បរិសទ្យ ព្រមទាំងស្តេចហើយ ក៏មានចិត្តត្រេកអរជ្រះថ្លា នាំគ្នាយកភេសជ្ជៈទាំង៥ គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ មកប្រគេនព្រះបិលិន្ទវច្ឆដ៏មានអាយុ។ ឯព្រះបិលិន្ទវច្ឆដ៏មានអាយុ បានលាភមកហើយ ក៏តែងចាត់ចែងបណ្តាភេសជ្ជៈទាំង៥ ភេសជ្ជៈណាមួយ ដែលលោកបានមកៗ (នោះ) ដល់បរិសទ្យជាធម្មតា។ ចំណែកខាងបរិសទ្យរបស់ព្រះបិលិន្ទវច្ឆដ៏មានអាយុនោះ ជាមនុស្សល្មោភច្រើន តែងយកភេសជ្ជៈទាំងអម្បាលម៉ាន ដែលខ្លួនបានមកៗ ទុកដាក់ពេញថ្លាងខ្លះ ពេញក្អមខ្លះ ពេញសម្ពត់តម្រងទឹកខ្លះ ពេញថង់ខ្លះ ហើយព្យួរទុករាល់ៗបង្អួច។ ភេសជ្ជៈទាំងនោះហៀរហូរកំពប់ខ្ចាយ។ កុដិក៏ដេរដាសដោយពួកកណ្តុរ។ ពួកមនុស្សដើរទៅកាន់វិហារចារិក បានឃើញហើយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រនេះ មានរបស់ទុកដាក់ក្នុងឃ្លាំង ដូចជាព្រះបាទមាគធសេនិយពិម្ពិសារដែរ។ ពួកភិក្ខុបានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុមិនគួរនឹងមកសន្សំ (ភេសជ្ជៈ) ដោយសេចក្តីល្មោភច្រើនបែបដូច្នេះសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកភិក្ខុសន្សំ (ភេសជ្ជៈ) ដោយសេចក្តីល្មោភច្រើនបែបដូច្នេះ ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះសម្ពុទ្ធទ្រង់តិះដៀល ហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ភេសជ្ជៈទាំងឡាយណា ដែលពួកភិក្ខុមានជម្ងឺ គប្បីលិទ្ធភ្លក់ (ឆាន់)បាន គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ ភិក្ខុទទួលភេសជ្ជៈទាំងនោះហើយ ត្រូវទុកដាក់ឆាន់បានកំណត់ត្រឹម៧ថ្ងៃ ជាយ៉ាងយូរបំផុត បើភិក្ខុទុកភេសជ្ជៈទាំងនោះឲ្យកន្លងហួសពីកំណត់នោះទៅ ត្រូវវិនយធរឲ្យភិក្ខុនោះធ្វើតាមធម៌។61)
ចប់ វារៈសំដែងអំពីភេសជ្ជៈ ដែលព្រះមានព្រះភាគអនុញ្ញាតជាបឋម។
(១៦៣)
[៩៦] គ្រានោះ ព្រះមានព្រះភាគ គង់ទៀបក្រុងសាវត្ថី គួរតាមព្រះអធ្យាស្រ័យហើយ ទ្រង់យាងទៅកាន់ចារិកក្រុងរាជគ្រឹះ។ ព្រះកង្ខារេវតដ៏មានអាយុ បានដើរចូលទៅកាន់កន្លែងធ្វើស្ករអំពៅ ក្នុងពាក់កណ្តាលផ្លូវ ហើយបានឃើញពួកជនកំពុងដាក់ម្សៅខ្លះ ផេះខ្លះ លាយក្នុងស្ករអំពៅ លុះឃើញហើយ ក៏មានសេចក្តីរង្កៀសថា ស្ករអំពៅលាយដោយអាមិសៈ ជាអកប្បិយៈ ប្រហែលជាស្ករអំពៅ មិនគួរភិក្ខុនឹងឆាន់ក្នុងវេលាវិកាលទេដឹង (កាលរង្កៀសដូច្នេះហើយ) ព្រមទាំងបរិសទ្យ ក៏មិនហ៊ានឆាន់ដុំស្ករអំពៅឡើយ។ ពួកភិក្ខុណាសំគាល់ពាក្យព្រះរេវតនោះ ថាជាពាក្យគួរស្តាប់បាន ភិក្ខុទាំងនោះ ក៏មិនហ៊ានឆាន់ស្ករអំពៅដែរ។ ភិក្ខុទាំងឡាយ បានក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកជនដាក់ម្សៅខ្លះ ផេះខ្លះ លាយក្នុងស្ករអំពៅដើម្បីប្រយោជន៍អ្វី។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ឲ្យស្អិត។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើគេដាក់ម្សៅខ្លះ ផេះខ្លះលាយក្នុងស្ករអំពៅ គ្រាន់តែឲ្យស្អិត (ប៉ុណ្ណោះទេ) ស្ករអំពៅនោះ នៅរាប់ថាជាស្ករអំពៅដដែល។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់ស្ករអំពៅ(នោះ) បានតាមសប្បាយ។ ព្រះកង្ខារេវតដ៏មានអាយុ បានឃើញសណ្តែកបាយ ដុះលើដុំលាមក ក្នុងទីពាក់កណ្តាលផ្លូវ លុះឃើញហើយ ក៏រង្កៀសថា សណ្តែកបាយ ជាអកប្បិយៈ ទុកជាចំអិនហើយ សណ្តែកបាយ ក៏គង់តែដុះឡើងខ្លះទៀត កាលរង្កៀសដូច្នេះហើយ ព្រមទាំងបរិសទ្យ ក៏មិនហ៊ានឆាន់សណ្តែកបាយឡើយ។ ពួកភិក្ខុណា សំគាល់ពាក្យព្រះកង្ខារេវតនោះ ថាជាពាក្យគួរស្តាប់បាន ភិក្ខុទាំងនោះ ក៏មិនហ៊ានឆាន់សណ្តែកបាយដែរ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើសណ្តែកបាយដែលគេចំអិនហើយ នៅតែដុះឡើងខ្លះទៀត ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុឆាន់សណ្តែកបាយ (នោះ) បានតាមសប្បាយ។ ក៏សម័យនោះឯង ភិក្ខុមួយរូប មានអាពាធកើតអំពីខ្យល់ក្នុងពោះ។ ភិក្ខុនោះបានផឹកថ្នាំ ឈ្មោះលោណសោចិរកៈ 62) ភិក្ខុនោះ ក៏បាត់អាពាធកើតអំពីខ្យល់ក្នុងពោះនោះទៅ។ ពួកភិក្ខុក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុឈឺ ឆាន់ថ្នាំឈ្មោះលោណសោចិរកៈ (នោះ) បានតាមសប្បាយ ឲ្យភិក្ខុមិនឈឺ ឆាន់ថ្នាំលាយទឹក ដោយវិធីប្រើប្រាស់ដូចទឹក (មានទឹកផ្លែស្វាយជាដើម) បាន។
(១៦៤)
[៩៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ចារិកដោយលំដាប់ បានដល់ទៅក្រុងរាជគ្រឹះ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវន កលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះនោះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់អាពាធកើតអំពីខ្យល់ក្នុងព្រះឧទរ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុគិតថា កាលអំពីមុន ព្រះដ៏មានព្រះភាគ ទ្រង់អាពាធកើតអំពីខ្យល់ក្នុងព្រះឧទរ ទ្រង់បានសះស្បើយទៅវិញ ព្រោះ(សោយ) បបរឈ្មោះតេកដុលា63) (លុះគិតដូច្នោះហើយ) ក៏សូមល្ងខ្លះ អង្ករខ្លះ សណ្តែកបាយខ្លះ (បានហើយ) ទុកខាងក្នុងអកប្បិយកុដិដោយខ្លួនឯង ចំអិនខាងក្នុងអកប្បិយកុដិដោយខ្លួនឯង ទើបបង្អោនទៅថ្វាយព្រះដ៏មានព្រះភាគ ហើយក្រាបបង្គំទូលថា សូមព្រះដ៏មានព្រះភាគ ទ្រង់សោយនូវបបរឈ្មោះតេកដុលា។ ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាបនូវហេតុហើយសួរក៏មាន ទ្រង់ជ្រាបហើយ មិនសួរក៏មាន ទ្រង់ជ្រាបច្បាស់នូវកាលគួរហើយសួរក៏មាន ទ្រង់ជ្រាបច្បាស់នូវកាលគួរហើយ មិនសួរក៏មាន ឯព្រះតថាគតទាំងឡាយ ព្រះអង្គតែងសួរតែការណាដែលប្រកបដោយប្រយោជន៍ ការដែលមិនប្រកបដោយប្រយោជន៍ ព្រះអង្គមិនសួរឡើយ ព្រោះព្រះតថាគតទាំងឡាយ ទ្រង់បានផ្តាច់បង់នូវកម្មមិនប្រកបដោយប្រយោជន៍ទាំងឡាយ ដោយអរិយមគ្គជ្រះស្រឡះហើយ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទាំងឡាយ រមែងទ្រង់សួរពួកភិក្ខុដោយអាការពីរយ៉ាង គឺសួរដើម្បីសំដែងធម៌ម្យ៉ាង ដើម្បីនឹងបញ្ញត្តសិក្ខាបទដល់សាវកទាំងឡាយម្យ៉ាង។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ហៅព្រះអានន្ទដ៏មានអាយុមកហើយ ទ្រង់ត្រាស់សួរថា ម្នាលអានន្ទ បបរនេះបានមកពីណា។ ទើបព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលអានន្ទ កម្មដែលអ្នកធ្វើនេះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ ម្នាលអានន្ទ អ្នកឯងមិនសមបើនឹងត្រិះរិះដើម្បីសេចក្តីប្រាថ្នាច្រើនមានសភាពយ៉ាងនេះទេ ម្នាលអានន្ទ អាមិសៈណា ដែលភិក្ខុទុកខាងក្នុង(អកប្បិយកុដិ) អាមិសៈនោះ ក៏ទៅជាអកប្បិយៈ (មិនគួរ) ដែរ អាមិសៈណាដែលភិក្ខុចំអិនខាងក្នុងអកប្បិយកុដិ អាមិសៈនោះ ក៏ទៅជាអកប្បិយៈដែរ អាមិសៈណា ដែលភិក្ខុចំអិនដោយខ្លួនឯង អាមិសៈនោះ ក៏ទៅជាអកប្បិយៈដែរ ម្នាលអានន្ទ អំពើដែលអ្នកធ្វើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគប្បីឆាន់អាមិសៈ ដែលជាអន្តោវុត្ថ (ភោជនដែលភិក្ខុទុកខាងក្នុងអកប្បិយកុដិ) អាមិសៈ ដែលជាអន្តោបក្ក (ភោជន ដែលភិក្ខុចំអិនក្នុងអកប្បិយកុដិ) អាមិសៈ ដែលជាសាមបក្ក (ភោជន ដែលភិក្ខុចំអិនដោយខ្លួនឯង)ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជន ខាងក្នុងអកប្បិយកុដិផង ចំអិនខាងក្នុងអកប្បិយកុដិផង ចំអិនដោយខ្លួនឯងផង បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដបី។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជន ខាងក្នុងអកប្បិយកុដិផង ចំអិនខាងក្នុងអកប្បិយកុដិផង តែប្រើពួកអ្នកដទៃចំអិនឲ្យ បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដពីរ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្នុងអកប្បិយកុដិ ចំអិនខាងក្រៅអកប្បិយកុដិ តែភិក្ខុចំអិនខ្លួនឯង បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដពីរ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្រៅអកប្បិយកុដិ ចំអិនខាងក្នុងអកប្បិយកុដិ តែភិក្ខុចំអិនខ្លួនឯង បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដពីរ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជន ខាងក្នុងអកប្បិយកុដិ ចំអិនខាងក្រៅអកប្បិយកុដិ តែប្រើពួកអ្នកដទៃចំអិនឲ្យ បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដមួយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្រៅអកប្បិយកុដិ ចំអិនខាងក្នុងអកប្បិយកុដិ តែប្រើពួកអ្នកដទៃចំអិនឲ្យ បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដមួយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជនខាងក្រៅអកប្បិយកុដិ ចំអិនខាងក្រៅអកប្បិយកុដិ តែភិក្ខុចំអិនខ្លួនឯង បើភិក្ខុឆាន់ភោជននោះ ត្រូវអាបត្តិទុក្កដមួយ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទុកភោជន ខាងក្រៅអកប្បិយកុដិ ចំអិនខាងក្រៅអកប្បិយកុដិ តែប្រើពួកអ្នកដទៃចំអិនឲ្យ បើភិក្ខុឆាន់ភោជននោះ មិនត្រូវអាបត្តិទេ។
[៩៨] សម័យនោះឯង ពួកភិក្ខុដឹងថា ការចំអិនខ្លួនឯង ព្រះដ៏មានព្រះភាគ ទ្រង់ហាមហើយ ក៏រង្កៀសក្នុងការចំអិនថែមទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុចំអិនថែមទៀតបាន។
[៩៩] សម័យនោះឯង ក្រុងរាជគ្រឹះកើតទុរភិក្ស (អត់បាយ)។ មនុស្សទាំងឡាយ បាននាំយកអំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈខ្លះ ទៅកាន់អារាម។ ភិក្ខុទាំងឡាយ ទុកវត្ថុទាំងនោះខាងក្រៅ(កុដិ) ពួកសត្វតូចៗ64) នាំគ្នាស៊ីខ្លះ ពួកចោរលួចយកទៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទុក (វត្ថុទាំងនោះ) ខាងក្នុងអកប្បិយកុដិបាន ភិក្ខុទាំងឡាយ ក៏ទុកវត្ថុទាំងនោះខាងក្នុងអកប្បិយកុដិ ហើយឲ្យគេចំអិនខាងក្រៅ ពួកជនអ្នកស៊ីដែល នាំគ្នាចោមរោមស៊ី។ ភិក្ខុទាំងឡាយ មិនស្និទ្ធចិត្ត (ប្រកបដោយសេចក្តីរង្កៀស) ក៏ចេះតែឆាន់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុចំអិនខាងក្នុងអកប្បិយកុដិបាន។ កាលដែលស្រុកអំណត់អត់បាយ ពួកកប្បិយការកជន ក៏នាំយកអាមិសៈអស់ទៅជាច្រើន ប្រគេនតែបន្តិចបន្តួច ដល់ពួកភិក្ខុ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុចំអិនខ្លួនឯងបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុទុកអាមិសៈក្នុងអកប្បិយកុដិបាន ឲ្យចំអិនអាមិសៈ ក្នុងអកប្បិយកុដិបាន ឲ្យចំអិនអាមិសៈខ្លួនឯងបាន។
(១៦៥)
[១០០] សម័យនោះឯង ពួកភិក្ខុច្រើនរូបនៅចាំវស្សាក្នុងដែនកាសី ហើយក៏នាំគ្នាទៅកាន់ក្រុងរាជគ្រឹះ ដើម្បីគាល់ព្រះមានព្រះភាគ លុះទៅដល់ពាក់កណ្តាលផ្លូវ ក៏រកភោជនសៅហ្មង ឬឧត្តមនឹងឆាន់ឲ្យឆ្អែតបរិបូណ៌មិនបាន (ឃើញ) មានតែផ្លែឈើ ដែលគួរនឹងឆាន់ជាច្រើន តែរកបុគ្គលជាកប្បិយការកគ្មាន។ ភិក្ខុទាំងនោះ មានរូបកាយលំបាក ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងវត្តវេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចក៏អង្គុយនៅក្នុងទៅសមគួរ។ ការដែលរីករាយជាមួយនឹងពួកភិក្ខុអាគន្តុកនេះឯង ជាប្រវេណីរបស់ព្រះពុទ្ធដ៏មានព្រះភាគទាំងឡាយ (គ្រប់ព្រះអង្គ)។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយល្មមអត់ទ្រាំសេចក្តីលំបាកបានដែរឬទេ ល្មមញុំាងឥរិយាបថ ឲ្យប្រព្រឹត្តទៅបានស្រួលដែរឬទេ អ្នក(រាល់គ្នា) ដើរមកតាមផ្លូវឆ្ងាយ មិនលំបាកទេឬ ម្យ៉ាងទៀត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មកអំពីទីណា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយល្មមធន់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ ល្មមញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅស្រួលបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ នៅចាំវស្សាក្នុងដែនកាសី ហើយមកកាន់ក្រុងរាជគ្រឹះ ដើម្បីគាល់ព្រះអង្គ ក្នុងទីនេះ លុះមកដល់ពាក់កណ្តាលផ្លូវ រកភោជនសៅហ្មង ឬឧត្តមនឹងឆាន់ឲ្យបានឆ្អែតបរិបូណ៌គ្មាន (ឃើញ)មានតែផ្លែឈើ ដែលគួរនឹងឆាន់ជាច្រើន តែរកបុគ្គល ជាកប្បិយការកៈគ្មាន ហេតុនោះ បានជាខ្ញុំព្រះអង្គទាំងឡាយ មានរូបកាយលំបាក មកតាមផ្លូវឆ្ងាយ។ ព្រោះនិទាននេះ ដំណើរនេះ ទើ់បព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុណា) បានឃើញផ្លែឈើ ដែលគួរនឹងឆាន់ក្នុងទីណា តែរកបុគ្គល ជាកប្បិយការកៈគ្មាន តថាគត អនុញ្ញាតឲ្យ (ភិក្ខុនោះ) រើសខ្លួនឯង ហើយនាំយកទៅ លុះឃើញបុគ្គល ជាកប្បិយការកៈហើយ ត្រូវដាក់ចុះលើផែនដី ឲ្យកប្បិយការកៈប្រគេន ហើយឆាន់ចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុទទួលរបស់ឧគ្គហិត គឺវត្ថុដែលភិក្ខុកាន់យកហើយបាន។
[១០១] សម័យនោះឯង ប្រេងល្ងថ្មី និងទឹកឃ្មុំថ្មីកើតឡើងដល់ព្រាហ្មណ៍ម្នាក់។ ឯព្រាហ្មណ៍នោះ ក៏ត្រិះរិះដូច្នេះថា បើដូច្នោះ មានតែគួរអាត្មាអញ ប្រគេនប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី ដល់ភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធាន។ ទើបព្រាហ្មណ៍នោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានស្មោះសរ រីករាយ ទៅនឹងព្រះដ៏មានព្រះភាគ លុះធ្វើពាក្យគួរជាទីរីករាយ គួរជាទីរលឹក ឲ្យសម្រេចហើយ ក៏ឈរនៅក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះ ឈរនៅក្នុងទីសមគួរហើយ បាននិមន្តព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលនិមន្ត ដោយភាវៈស្ងៀម។ ចំណែកព្រាហ្មណ៍នោះ ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគទ្រង់ទទួលនិមន្តហើយ ទើបចៀសចេញទៅ។ លុះកន្លងរាត្រីនោះទៅហើយ ព្រាហ្មណ៍នោះបានតាក់តែង នូវខាទនីយភោជនីយាហារយ៉ាងឧត្តម ស្រេចហើយ ទើបឲ្យក្រាបបង្គំទូលនូវកាលគួរ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ពេលនេះសមគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ហើយ ប្រដាប់ដោយបាត្រ និងចីវរអំពីព្រឹក យាងទៅកាន់ផ្ទះព្រាហ្មណ៍នោះ លុះយាងទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលព្រាហ្មណ៍តាក់តែងទុក ព្រមទាំងភិក្ខុសង្ឃ។ ឯព្រាហ្មណ៍នោះ បានអង្គាសថ្វាយខាទនីយភោជនីយាហារ (បង្អែមចំអាប) ដ៏ឆ្ងាញ់ពីសារ ដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធានឲ្យឆ្អែតស្កប់ស្កល់ ត្រាតែដល់លោកប្រកែក លែងទទួលទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថទៅក្នុងបាត្រ (ព្រាហ្មណ៍) ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះអង្គុយនៅក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ទ្រង់ក្រោកចាកអាសនៈ យាងចៀសចេញទៅ។ កាលព្រះដ៏មានព្រះភាគ យាងចេញទៅ មិនយូរប៉ុន្មាន ព្រាហ្មណ៍នោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញនិមន្តព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធានមក ដោយមានបំណងថា នឹងប្រគេនប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី ដើម្បីប្រយោជន៍ ដល់ប្រេងល្ង និងទឹកឃ្មុំណា ប្រេងល្ង និងទឹកឃ្មុំនោះ អាត្មាអញភ្លេចប្រគេនទៅហើយ បើដូច្នោះ មានតែអាត្មាអញឲ្យគេនាំយកនូវប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី ដោយក្រឡរ និងក្អមទៅកាន់អារាម។ ទើបព្រាហ្មណ៍នោះ ឲ្យគេនាំយកប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី ដោយក្រឡរ និងក្អម ទៅកាន់អារាម ហើយបានចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរនៅក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះ ឈរនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គបាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយមានបំណងថា នឹងប្រគេនប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី ដើម្បីប្រយោជន៍ ដល់ប្រេងល្ង និងទឹកឃ្មុំណា ប្រេងល្ង និងទឹកឃ្មុំនោះ ខ្ញុំព្រះអង្គក៏ភ្លេចប្រគេន សូមព្រះគោតមដ៏ចំរើន ទទួលយកប្រេងល្ងថ្មី និងទឹកឃ្មុំថ្មីរបស់ខ្ញុំព្រះអង្គ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកឯងចូរប្រគេន ដល់ភិក្ខុទាំងឡាយចុះ។ គ្រានោះឯង កាលស្រុកកើតទុរភិក្ស (អត់បាយ) ភិក្ខុទាំងឡាយ ក៏ហាមឃាត់វត្ថុបន្តិចបន្តួចខ្លះ 65) ពិចារណា ហើយហាមឃាត់ខ្លះ66) ម្យ៉ាងទៀត សង្ឃទាំងអស់ ក៏បានហាមភត្តរួចហើយ។ ពួកភិក្ខុក៏រង្កៀស ហើយមិនហ៊ានទទួល។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរទទួលចុះ ចូរឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលឆាន់ហើយ ហាមភត្តរួចហើយ ឆាន់ភោជនមិនមែនជារបស់ដែលអំពីភិក្ខុឈឺ ឬមិនបានធ្វើវិនយកម្ម ដែលគេនាំយកមកអំពីទីដែលគេនិមន្តនោះបាន។
(១៦៦)
[១០២] សម័យនោះឯង ត្រកូលឧបដ្ឋាករបស់ឧបនន្ទសក្យបុត្រដ៏មានអាយុ បានបញ្ជូនខាទនីយៈទៅ ដើម្បីប្រយោជន៍ដល់សង្ឃ ហើយផ្តាំថា ត្រូវពួកអ្នកឯងបង្ហាញដល់លោកម្ចាស់ឧបនន្ទរួចហើយ សឹមប្រគេនសង្ឃចុះ។ គ្រានោះឯង ឧបនន្ទសក្យបុត្រដ៏មានអាយុចូលទៅស្រុកដើម្បីបិណ្ឌបាត។ ឯមនុស្សទាំងនោះក៏ទៅកាន់អារាម ហើយសួរភិក្ខុទាំងឡាយថា បពិត្រលោកដ៏ចំរើន លោកម្ចាស់ឧបនន្ទទៅណាហើយ។ ពួកភិក្ខុប្រាប់ថា ម្នាលអាវុសោទាំងឡាយ ឧបនន្ទសក្យបុត្រដ៏មានអាយុនុ៎ះ ចូលទៅស្រុក ដើម្បីបិណ្ឌបាតហើយ។ មនុស្សទាំងនោះប្រាប់ពួកភិក្ខុថា បពិត្រលោកដ៏ចំរើន ខាទនីយៈនេះ ពួកយើងត្រូវបង្ហាញ ដល់លោកម្ចាស់ឧបនន្ទសិន ហើយសឹមប្រគេនដល់សង្ឃ។ ពួកភិក្ខុក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរទទួលទុក ទំរាំតែឧបនន្ទវិលមកដល់។ លំដាប់នោះ ឧបនន្ទសក្យបុត្រដ៏មានអាយុ ចូលទៅរកត្រកូលទាំងឡាយ ក្នុងវេលាមុនភត្ត ហើយវិលត្រឡប់មក ក្នុងវេលាថ្ងៃពេក។ សម័យនោះឯង កាលស្រុកកើតទុរភិក្ស (អត់បាយ) ភិក្ខុទាំងឡាយហាមឃាត់វត្ថុបន្តិចបន្តួចខ្លះ ពិចារណា ហើយក៏ហាមឃាត់ខ្លះ ម្យ៉ាងទៀត សង្ឃទាំងអស់ ក៏បានហាមភត្តរួចហើយ។ ពួកភិក្ខុក៏រង្កៀស មិនហ៊ានទទួល។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរទទួលចុះ ចូរឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុដែលបរិភោគហើយ ហាមភត្តរួចហើយ ឆាន់ភោជន មិនមែនជារបស់ដែល អំពីភិក្ខុឈឺ ឬមិនបានធ្វើវិនយកម្ម ដែលភិក្ខុបានទទួល ក្នុងវេលាមុនភត្ត (នោះ)បាន។
[១០៣] គ្រានោះ ព្រះមានព្រះភាគ គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរដល់ព្រះអធ្យាស្រ័យហើយ យាងចេញទៅកាន់ចារិក នៃក្រុងសាវត្ថី ទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ទើបបានទៅដល់ក្រុងសាវត្ថី។ បានឮថា ព្រះមានព្រះភាគ គង់ក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ មានអាពាធក្តៅរោលរាលក្នុងកាយ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ និយាយពាក្យនេះនឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោសារីបុត្ត កាលពីមុន លោកមានអាពាធក្តៅ ដុតរោលរាលក្នុងកាយ តើលោកបានជាសះស្បើយ ដោយថ្នាំអ្វី។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ ខ្ញុំបានជាសះស្បើយ ដោយមើមឈូក និងក្រអៅឈូក។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ បំបាត់ខ្លួន អំពីវត្តជេតវន ហើយទៅប្រាកដទៀបមាត់ស្រះបោក្ខរណី ឈ្មោះមន្ទាកិនី ដោយឆាប់រហ័យ ដូចជាបុរសមានកំលាំង លាចេញនូវដៃដែលខ្លួនបត់ចូល ឬបត់ចូល នូវដៃដែលខ្លួនលាចេញ។ មានដំរី១ បានឃើញព្រះមហាមោគ្គល្លានដ៏មានអាយុមកអំពីចម្ងាយ លុះឃើញហើយ បាននិយាយពាក្យនេះ នឹងព្រះមហាមោគ្គល្លានដ៏មានអាយុថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់មហាមោគ្គល្លានមកចុះ បពិត្រលោកដ៏ចំរើន លោកម្ចាស់មហាមោគ្គល្លានមកល្អហើយ បពិត្រលោកដ៏ចំរើន លោកម្ចាស់ ត្រូវការដោយវត្ថុអ្វី ខ្ញុំបានអ្វីប្រគេនលោកម្ចាស់។ ព្រះមហាមោគ្គល្លានតបថា ម្នាលអាវុសោ យើងត្រូវការដោយមើមឈូក និងក្រអៅឈូក។ ទើបដំរីនោះ បង្គាប់ទៅដំរីដទៃថា ម្នាលនាយ បើដូច្នោះ អ្នកចូរប្រគេនមើមឈូក និងក្រអៅឈូក ដល់លោកម្ចាស់ តាមសព្វព្រះហឫទ័យ។ ឯដំរីនោះ ចុះទៅកាន់ស្រះបោក្ខរណី ឈ្មោះមន្ទាកិនី ហើយដកយក នូវមើមឈូក និងក្រអៅឈូក ដោយប្រមោយ ហើយលាងស្អាត វេចចងជាសំណុំ រួចចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ បំបាត់ខ្លួនពីមាត់ស្រះបោក្ខរណី ឈ្មោះមន្ទាកិនី ទៅប្រាកដនៅក្នុងវត្តជេតវនវិញ ដោយឆាប់រហ័យ ដូចជាបុរសមានកំឡាំង លាដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃដែលខ្លួនលាចេញ។ ឯដំរីនោះ បំបាត់ខ្លួនអំពីមាត់ស្រះបោក្ខរណី ឈ្មោះមន្ទាកិនី ទៅប្រាកដនៅក្នុងវត្តជេតវនដែរ ទើបដំរីនោះ បានឲ្យព្រះមហាមោគ្គល្លានដ៏មានអាយុ ទទួលមើមឈូក និងក្រអៅឈូក ហើយក៏បំបាត់ខ្លួនអំពីវត្តជេតវន ទៅប្រាកដទៀបមាត់ស្រះបោក្ខរណី ឈ្មោះមន្ទាកិនីវិញ។ ចំណែកព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ហុចមើមឈូក និងក្រអៅឈូក ទៅព្រះសារីបុត្តដ៏មានអាយុ។ ឯព្រះសារីបុត្តមានអាយុ កាលបានឆាន់មើមឈូក និងក្រអៅឈូកហើយ ក៏បានសះ ជាអាពាធ ដែលដុតរោលរាលក្នុងកាយ។ មើមឈូក និងក្រអៅឈូក ក៏សល់នៅជាច្រើន។ សម័យនោះឯង កាលស្រុកកើតទុរភិក្ស (អត់បាយ) ភិក្ខុទាំងឡាយ ក៏ហាមឃាត់វត្ថុបន្តិចបន្តួចខ្លះ ពិចារណា ហើយក៏ហាមឃាត់ខ្លះ ម្យ៉ាងទៀត សង្ឃទាំងអស់ក៏បានហាមភត្តរួចហើយ។ ពួកភិក្ខុមានសេចក្តីរង្កៀស ក៏មិនហ៊ានទទួល។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរទទួលចុះ ចូរឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុដែលឆាន់ហើយ ហាមភត្តរួចហើយ ឆាន់ភោជន មិនមែនជារបស់ដែល អំពីភិក្ខុឈឺ ឬមិនបានធ្វើវិនយកម្ម ដែលតាំងនៅក្នុងព្រៃ តាំងនៅក្នុងគុម្ពឈូកបាន។
[១០៤] សម័យនោះឯង ក្នុងក្រុងសាវត្ថី មានវត្ថុសម្រាប់ទំពាស៊ី គឺផ្លែឈើកើតឡើងជាច្រើន តែរកបុគ្គលជាកប្បិយការកៈគ្មាន។ ពួកភិក្ខុមានសេចក្តីរង្កៀស ក៏មិនហ៊ានឆាន់ផ្លែឈើឡើយ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុឆាន់ផ្លែឈើ ដែលគ្មានពូជ (ផ្លែឈើខ្ចី) និងផ្លែឈើ ដែលគួរបន្លេចយកពូជចេញ (ដូចផ្លែខ្នុរជាដើម) សូម្បីគេមិនបានធ្វើឲ្យជាកប្បិយ ក៏គួរ (ឆាន់បាន)។
(១៦៧)
[១០៥] លំដាប់នោះ ព្រះដ៏មានព្រះភាគ គង់ទៀបក្រុងសាវត្ថី សមគួរដល់ព្រះអធ្យាស្រ័យហើយ ទ្រង់យាងទៅកាន់ចារិក ក្រុងរាជគ្រឹះ ទ្រង់យាងទៅ ដោយលំដាប់ ទើបបានដល់ទៅក្រុងរាជគ្រឹះ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះឯង។ សម័យនោះឯង ភិក្ខុ១រូប កើតអាពាធឫសដូងបាត។ ពេទ្យឈ្មោះ អាកាសគោត្រ បានធ្វើសត្ថកម្ម (កាត់ ឬវះឫសដូងបាតនោះ) ដោយកាំបិត។ ទទួលពេលនោះ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ចារិកសេនាសនៈ ក៏បានយាងទៅកាន់លំនៅ របស់ភិក្ខុនោះ។ ពេទ្យឈ្មោះអាកាសគោត្រ បានឃើញព្រះដ៏មានព្រះភាគ យាងមកអំពីចម្ងាយ លុះឃើញច្បាស់ហើយ ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា សូមព្រះគោតមដ៏ចំរើន ទ្រង់យាងមកទតវច្ចមគ្គរបស់ភិក្ខុនេះ ដូចជាមាត់សត្វទន្សង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះថា មោឃបុរសនេះ ចំអកឲ្យតថាគតទេតើ ដូច្នោះហើយ ក៏ទ្រង់យាងត្រឡប់ចាកទីនោះទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងវិហារឯណោះ មានភិក្ខុឈឺដែរឬទេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ មាន។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឈឺដូចម្តេច។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន លោកដ៏មានអាយុនោះ កើតឫសដូងបាត ពេទ្យឈ្មោះអាកាសគោត្រ ក៏បានធ្វើសត្ថកម្មឲ្យ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើនៃមោឃបុរសនោះ មិនសមគួរ មិនទំនង មិនសមបែប មិនជារបស់សមណៈ មិនគួរគប្បី មិនមែនជាកិច្ចត្រូវធ្វើទេ ម្នាលភិក្ខុទាំងឡាយ មោឃបុរសនោះ មិនគួរនឹងឲ្យគេធ្វើសត្ថកម្ម ក្នុងទីចង្អៀតទេ ម្នាលភិក្ខុទាំងឡាយ ស្បែកក្នុងទីចង្អៀត ជារបស់សុខុមល្អិត មានដំបៅសះបានដោយក្រ កម្របុគ្គល នឹងយកកាំបិតទៅវះ ក្នុងទីចង្អៀតបាន ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគួរឲ្យគេធ្វើសត្ថកម្ម ក្នុងទីចង្អៀតទេ ភិក្ខុណាឲ្យគេធ្វើ ត្រូវអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ឆព្វគ្គិយភិក្ខុគិតគ្នាថា ព្រះដ៏មានព្រះភាគ ទ្រង់ហាមការធ្វើសត្ថកម្មហើយ ទើបឲ្យគេធ្វើវត្ថិកម្មវិញ (ការចងរឹតក្បាលឫសដូងបាតនោះ ដោយខ្សែ)។ ពួកភិក្ខុណាមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើ នឹងឲ្យគេធ្វើវត្ថិកម្មសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ឲ្យគេធ្វើវត្ថិកម្ម ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។បេ។ ព្រះអង្គ ទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេធ្វើ សត្ថកម្ម ឬវត្ថិកម្ម ក្នុងទីជិត ដោយជុំវិញ នៃទីចង្អៀត ប្រមាណពីរធ្នាប់ទេ ភិក្ខុណាឲ្យគេធ្វើ ត្រូវអាបត្តិថុល្លច្ច័យ។
(១៦៨)
[១០៦] គ្រានោះ ព្រះមានព្រះភាគ គង់ក្នុងក្រុងរាជគ្រឹះ សមគួរតាមព្រះអធ្យាស្រ័យហើយ ទ្រង់យាងចេញទៅកាន់ចារិក ក្រុងពារាណសី កាលទ្រង់យាងទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងពារាណសីនោះ។ បានឮថា ព្រះដ៏មានព្រះភាគ គង់នៅព្រៃឥសិបតនមិគទាយវន ជិតក្រុងពារាណសីនោះ។ គ្រានោះឯង ក្នុងក្រុងពារាណសី មានជន២នាក់ គឺឧបាសកឈ្មោះសុប្បិយ១ ឧបាសិកា ឈ្មោះសុប្បិយា១ ជាអ្នកមានសេចក្តីជ្រះថ្លា ជាអ្នកឲ្យទាន ជាអ្នកធ្វើការបម្រើសង្ឃ។ លំដាប់នោះ សុប្បិយាឧបាសិកា បានទៅកាន់វត្ត ហើយដើរចូលទៅគ្រប់វិហារ គ្រប់ទីបរិវេណ ហើយសួរភិក្ខុទាំងឡាយថា បពិត្រលោកម្ចាស់ មានលោកម្ចាស់អង្គណាឈឺខ្លះដែរ លោកម្ចាស់អង្គណា ត្រូវការឲ្យខ្ញុំករុណា យករបស់អ្វីមកប្រគេនដែរឬ។ វេលានោះឯង ភិក្ខុ១រូបបានផឹកថ្នាំបញ្ចុះ។ ភិក្ខុនោះក៏និយាយនឹងសុប្បិយាឧបាសិកា ដូច្នេះថា ម្នាលនាង អាត្មាឆាន់ថ្នាំបញ្ចុះ អាត្មាត្រូវការដោយសាច់ ដែលមានឱជារស។ សុប្បិយាឧបាសិកានិយាយថា ល្អហើយ លោកម្ចាស់ នឹងឲ្យគេយកមកប្រគេន (និយាយដូច្នេះហើយ) បានទៅដល់ផ្ទះហើយ ក៏បង្គាប់កូនក្មួយថា ម្នាលនាយ អ្នកចូរទៅ អ្នកចូរដឹង (ចូរទិញ) នូវសាច់សត្វ ដែលស្លាប់ស្រាប់។ បុរសនោះបានទទួលពាក្យសុប្បិយាឧបាសិកាថា បាទអ្នកម្ចាស់ ហើយក៏ដើររកសាច់អស់ទាំងក្រុងពារាណសី មិនបានឃើញសាច់សត្វ ដែលស្លាប់ស្រាប់ឡើយ។ បុរសនោះបានចូលទៅរកសុប្បិយាឧបាសិកា លុះចូលទៅដល់ហើយ បាននិយាយដូច្នេះ នឹងសុប្បិយាឧបាសិកាថា បពិត្រអ្នកម្ចាស់ គ្មានសាច់សត្វ ដែលស្លាប់ស្រាប់ទេ ព្រោះថ្ងៃនេះ គ្មានគេសម្លាប់សត្វសោះ។ លំដាប់នោះ សុប្បិយាឧបាសិកា មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើភិក្ខុឈឺនេះឯង មិនបានសាច់ ដែលមានឱជារសទេ អាពាធ ក៏រឹងរឹតតែចំរើនឡើង ឬមួយ នឹងធ្វើកាលកិរិយាទៅមិនខាន (ឥឡូវ) អាត្មាអញ បានទទួលប្តេជ្ញាថា នឹងប្រគេនសាច់ ដល់ត្រឡប់ជាមិនឲ្យគេយកទៅប្រគេនវិញ កិច្ចនោះ មិនសមគួរដល់អញសោះ។ សុប្បិយាឧបាសិកា ក៏ចាប់យកកាំបិតសម្រាប់ហាន់សាច់ មកអារសាច់ភ្លៅ (របស់ខ្លួន) ហើយហុចឲ្យទៅទាសីថា ហ៏ ហងឯងចូរយកសាច់នេះទៅចាត់ចែង ហើយយកទៅប្រគេន ដល់ភិក្ខុឈឺ ក្នុងវិហារឯណោះចុះ ម្យ៉ាងទៀត (បើមាន) ភិក្ខុណាសួររកអញ នាងឯងចូរទូលលោកថា អញឈឺ (និយាយផ្តាំដូច្នេះហើយ) បានរុំភ្លៅដោយសម្ពត់សម្រាប់បង្ករ ហើយចូលទៅក្នុងបន្ទប់ ដេកលើគ្រែ។ លំដាប់នោះ សុប្បិយឧបាសក បានទៅកាន់ផ្ទះ ហើយសួរទាសីថា នាងសុប្បិយាទៅណា។ ទាសីនោះប្រាប់ថា បពិត្រអ្នកម្ចាស់ អ្នកម្ចាស់នោះសម្រាន្តក្នុងបន្ទប់។ លំដាប់នោះ សុប្បិយឧបាសកបានចូលទៅរកសុប្បិយាឧបាសិកា លុះចូលទៅដល់ហើយ សួរសុប្បិយាឧបាសិកាយ៉ាងនេះថា ព្រោះហេតុអ្វីបានជានាងដេក។ សុប្បិយាឧបាសិកាឆ្លើយថា ខ្ញុំឈឺ។ សុប្បិយឧបាសកសួរថា នាងឈឺអ្វី។ ទើបសុប្បិយាឧបាសិកា ប្រាប់សេចក្តីនុ៎ះ ដល់សុប្បិយឧបាសក (ដោយសព្វគ្រប់)។ លំដាប់នោះ សុប្បិយឧបាសកគិតថា អើហ្ន៎ អស្ចារ្យពេកណាស់ អើហ្ន៎ ចំឡែកពេកណាស់ សុប្បិយាឧបាសិកានេះ ជាស្រីមានសទ្ធាជ្រះថ្លាមែន អម្បាលសាច់របស់ខ្លួន គង់លះបង់បាន ចំណង់បើ វត្ថុតិចតួចឯទៀត ឧបាសិកានេះ នឹងមិនឲ្យដូចម្តេចបាន គិតដូច្នេះហើយ ក៏មានចិត្តរីករាយខ្ពស់ឡើង បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសុប្បិយឧបាសក អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ព្រមទាំងព្រះភិក្ខុសង្ឃ និមន្តទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយភាវៈស្ងៀម។ លំដាប់នោះ សុប្បិយឧបាសកបានដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លុះកន្លងរាត្រីនោះទៅហើយ សុប្បិយឧបាសក ក៏បានតាក់តែងខាទនីយភោជនីយាហារ ដ៏ឧត្តមហើយ ក៏ឲ្យមនុស្ស ទៅក្រាបបង្គំទូល កាលសមគួរចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពេលសមគួរហើយ ភត្តសម្រេចហើយ។ គ្រានោះ វេលាព្រឹក ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរ យាងទៅកាន់ផ្ទះសុប្បិយឧបាសក លុះយាងទៅដល់ហើយ គង់លើអាសនៈ ដែលគេរៀបចំថ្វាយ មួយអន្លើដោយភិក្ខុសង្ឃ។ វេលានោះ សុប្បិយឧបាសក បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរក្នុងទីសមគួរ។ លុះសុប្បិយឧបាសក ឈរនៅក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់មានបន្ទូលដូច្នោះថា នាងសុប្បិយានៅក្នុងទីណា។ សុប្បិយឧបាសក ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ នាងសុប្បិយាឈឺ។ ព្រះអង្គទ្រង់មានបន្ទូលថា បើដូច្នោះ (ឲ្យ) នាងសុប្បិយាចូលមក។ សុប្បិយឧបាសក ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ នាងសុប្បិយា មិនអាចនឹងមកបានទេ។ ព្រះអង្គទ្រង់ត្រាស់ថា បើដូច្នោះ អ្នកទាំងឡាយចូរគ្រាហ៍ នាំយកមក។ លំដាប់នោះ សុប្បិយឧបាសក បានគ្រាហ៍សុប្បិយាឧបាសិកា នាំមកថ្វាយ។ និម្មិត្ត តែព្រះមានព្រះភាគ ទ្រង់ទតឃើញ(កាលណា) ដំបៅរបស់នាង ដែលធំដល់ម្ល៉ោះ ក៏ដុះសាច់ សះជា មានសម្បុរល្អ មានរោមដុះពេញឡើងវិញមួយរំពេច។ លំដាប់នោះ សុប្បិយឧបាសក និងសុប្បិយាឧបាសិកាបាននិយាយគ្នាថា អើហ្ន៎ អស្ចារ្យពេកណាស់ អើហ្ន៎ ចំឡែកពេកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាពច្រើន គ្រាន់តែព្រះអង្គ ទ្រង់បានទតឃើញមួយរំពេច ដំបៅ ដែលធំដល់ម្ល៉ោះ ក៏ដុះសាច់សះជា មានសម្បុរល្អ មានរោមដុះពេញឡើងវិញ (អ្នកទាំងនោះ) មានចិត្តរីករាយខ្ពស់ឡើង ក៏អង្គាសខាទនីយភោជនីយាហារ (បង្អែបចំអាប) ដ៏ឆ្ងាញ់ពីសារ ដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែដល់លោកប្រកែក លែងទទួលទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថ ទៅក្នុងបាត្រហើយ ក៏នាំគ្នាអង្គុយក្នុងទីសមគួរ។ លំដាប់នោះ ព្រះមានព្រះភាគ បានញុំាងសុប្បិយឧបាសក និងសុប្បិយាឧបាសិកា ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ទ្រង់ក្រោកចាកអាសនៈ ចៀសចេញទៅ។
[១០៧] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា សូមសាច់អំពីសុប្បិយាឧបាសិកា។ កាលបើព្រះដ៏មានព្រះភាគ ត្រាស់សួរយ៉ាងនេះហើយ ភិក្ខុនោះក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានសូមសាច់ អំពីសុប្បិយាឧបាសិកា។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកបានឲ្យគេនាំយកសាច់មកហើយឬនៅ។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គបានឲ្យគេនាំយកសាច់នោះមកហើយ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកបានឆាន់ហើយឬនៅ។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គបានឆាន់ហើយ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ (មុនដែលនឹងឆាន់) អ្នកបានពិចារណាដែរឬទេ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ មិនបានពិចារណាទេ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា នែមោឃបុរស អ្នកឯង មិនសមបើនឹងមិនពិចារណា ហើយហ៊ានឆាន់សាច់ (ដូច្នេះ) សោះ ម្នាលមោឃបុរស អ្នកឯងឆាន់សាច់មនុស្សពិតហើយ ម្នាលមោឃបុរស អំពើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់តិះដៀលរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ពួកមនុស្ស ដែលមានសទ្ធា មានសេចក្តីជ្រះថ្លា មនុស្សទាំងនោះ សូម្បីតែសាច់របស់ខ្លួនឯង ក៏គង់លះប្រគេនបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់សាច់មនុស្សទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិថុល្លច្ច័យ។ ម្យ៉ាងទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបានពិចារណាជាមុនហើយ មិនត្រូវឆាន់សាច់ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។
(១៦៩)
[១០៨] សម័យនោះឯង មានដំរីរបស់ស្តេចស្លាប់ជាច្រើន។ ចួនជាវេលាស្រុកអត់បាយ មនុស្សទាំងឡាយ នាំគ្នាស៊ីសាច់ដំរី ក៏បានប្រគេនសាច់ដំរី ដល់ពួកភិក្ខុ ដែលត្រាច់ទៅបិណ្ឌបាត។ ភិក្ខុទាំងឡាយ ក៏នាំគ្នាឆាន់សាច់ដំរី។ ពួកមនុស្សពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណសក្យបុត្រ មិនសមបើនឹងហ៊ានឆាន់សាច់ដំរីសោះ ដំរីក៏ជាអង្គ (យាន) របស់ស្តេច បើស្តេចទ្រង់ជ្រាប មុខជាខ្ញាល់ នឹងភិក្ខុទាំងនោះមិនខាន។ ពួកភិក្ខុក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់សាច់ដំរីទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង (មាន) សេះរបស់ស្តេចស្លាប់ជាច្រើន។ ចួនជាវេលាស្រុកអត់បាយ មនុស្សទាំងឡាយ នាំគ្នាស៊ីសាច់សេះ ក៏បានប្រគេនសាច់សេះ ដល់ពួកភិក្ខុ ដែលត្រាច់ទៅបិណ្ឌបាត។ ភិក្ខុទាំងឡាយ ក៏នាំគ្នាឆាន់សាច់សេះ។ ពួកមនុស្សពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណសក្យបុត្រ មិនសមបើ នឹងហ៊ានឆាន់សាច់សេះទេ ព្រោះសេះជាអង្គ (យាន) របស់ស្តេចដែរ បើស្តេចទ្រង់ជ្រាប មុខជាខ្ញាល់ នឹងភិក្ខុទាំងនោះមិនខាន។ ពួកភិក្ខុក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់សាច់សេះទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង វេលាស្រុកអត់បាយ មនុស្សទាំងឡាយ នាំគ្នាស៊ីសាច់ឆ្កែ ក៏បានប្រគេនសាច់ឆ្កែ ដល់ពួកភិក្ខុ ដែលត្រាច់ទៅបិណ្ឌបាត។ ភិក្ខុទាំងឡាយ ក៏នាំគ្នាឆាន់សាច់ឆ្កែ។ ពួកមនុស្សពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណសក្យបុត្រ មិនសមបើ នឹងហ៊ានឆាន់សាច់ឆ្កែសោះ ព្រោះឆ្កែ ជាសត្វគួរខ្ពើមរអើម។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់សាច់ឆ្កែទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពេលស្រុកអត់បាយ មនុស្សទាំងឡាយ ស៊ីសាច់ពស់ ក៏បានប្រគេនសាច់ពស់ ដល់ពួកភិក្ខុដែលត្រាច់ទៅបិណ្ឌបាត។ ភិក្ខុទាំងឡាយក៏នាំគ្នាឆាន់សាច់ពស់។ ពួកមនុស្សពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណសក្យបុត្រ មិនសមបើ នឹងហ៊ានឆាន់សាច់ពស់សោះ ព្រោះពស់ជាសត្វគួរខ្ពើមរអើម។ ចំណែកខាងស្តេចនាគ ឈ្មោះសុបស្ស បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគហើយ ឋិតនៅក្នុងទីសមគួរ។ លុះសុបស្សនាគរាជ ឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូល ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន នាគទាំងឡាយ ជាសត្វគ្មានសទ្ធា គ្មានសេចក្តីជ្រះថ្លាទេ ក្រែងពួកនាគទាំងនោះ បៀតបៀនភិក្ខុទាំងឡាយខ្លះមិនខាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមកុំឲ្យលោកម្ចាស់ទាំងឡាយ ឆាន់សាច់ពស់ឡើយ។ លំដាប់នោះ ព្រះមានព្រះភាគ ញុំាងសុបស្សនាគរាជ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ។ លុះសុបស្សនាគរាជ ដែលព្រះដ៏មានព្រះភាគ ទ្រង់ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថាហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់សាច់ពស់ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកព្រានសម្លាប់សត្វសីហៈហើយ ស៊ីសាច់សីហៈ ក៏បានប្រគេនសាច់សីហៈ ដល់ពួកភិក្ខុ ដែលត្រាច់ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់សាច់សីហៈហើយ ក៏ទៅនៅក្នុងព្រៃ។ ពួកសត្វសីហៈ ធុំក្លិនសាច់សីហៈ ក៏សម្លាប់ភិក្ខុជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់សាច់សីហៈទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកព្រានសម្លាប់ខ្លាធំ ហើយស៊ីសាច់ខ្លាធំ ក៏បានប្រគេនសាច់ខ្លាធំ ដល់ពួកភិក្ខុ ដែលត្រាច់ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់សាច់ខ្លាធំហើយ ទៅនៅក្នុងព្រៃ។ ពួកខ្លាធំ បានធុំក្លិនសាច់ខ្លាធំ ក៏សម្លាប់ភិក្ខុជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់សាច់ខ្លាធំទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកព្រានសម្លាប់ខ្លាដំបង ហើយស៊ីសាច់ខ្លាដំបង ក៏បានប្រគេនសាច់ខ្លាដំបង ដល់ពួកភិក្ខុ ដែលត្រាច់ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់សាច់ខ្លាដំបងហើយ ក៏ទៅនៅក្នុងព្រៃ។ ពួកខ្លាដំបង បានធុំក្លិនសាច់ខ្លាដំបង ក៏សម្លាប់ភិក្ខុជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់សាច់ខ្លាដំបងទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកព្រានសម្លាប់ខ្លាឃ្មុំ ហើយស៊ីសាច់ខ្លាឃ្មុំ ក៏បានប្រគេនសាច់ខ្លាឃ្មុំ ដល់ពួកភិក្ខុ ដែលត្រាច់ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់សាច់ខ្លាឃ្មុំហើយ ក៏ទៅនៅក្នុងព្រៃ។ពួកខ្លាឃ្មុំ បានធុំក្លិនសាច់ខ្លាឃ្មុំហើយ ក៏សម្លាប់ភិក្ខុជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់សាច់ខ្លាឃ្មុំទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកព្រានសម្លាប់សត្វឆ្កែព្រៃ ហើយស៊ីសាច់ឆ្កែព្រៃ ក៏បានប្រគេនសាច់ឆ្កែព្រៃ ដល់ពួកភិក្ខុដែលត្រាច់ទៅបិណ្ឌបាត។ ភិក្ខុទាំងឡាយ ឆាន់សាច់ឆ្កែព្រៃហើយ ក៏ទៅនៅក្នុងព្រៃ។ ពួកឆ្កែព្រៃ បានធុំក្លិនសាច់ឆ្កែព្រៃហើយ ក៏សម្លាប់ភិក្ខុជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់សាច់ឆ្កែព្រៃទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។
ចប់ សុប្បិយភាណវារៈ ទី២។
(១៧០)
[១០៩] គ្រានោះ ព្រះដ៏មានព្រះភាគ គង់ទៀតក្រុងពារាណសី សមគួរតាមព្រះអធ្យាស្រ័យហើយ ក៏យាងចេញទៅកាន់ចារិកនៃអន្ធកវិន្ទប្រទេស ជាមួយនឹងភិក្ខុសង្ឃជាច្រើន ប្រមាណមួយពាន់ពីររយហាសិបរូប។ សម័យនោះឯង ពួកមនុស្សអ្នកជនបទ បានផ្ទុកអម្បិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈខ្លះ ក្នុងរទេះទាំងឡាយ ហើយក៏បរទៅតាមក្រោយៗភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ពួកមនុស្សអ្នកស៊ីដែលប្រមាណប្រាំរយនាក់ ក៏គិតគ្នាថា (បើ) ពួកយើងបានលំដាប់(វេន) នៃភត្តក្នុងកាលណា នឹងធ្វើភត្តក្នុងកាលនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ចារិកតាមលំដាប់ ក៏បានដល់ទៅអន្ធកវិន្ទប្រទេសនោះ។ លំដាប់នោះ កាលព្រាហ្មណ៍ម្នាក់មិនបានលំដាប់(វេន)នៃភត្ត ក៏មានសេចក្តីរិះគិតយ៉ាងនេះថា អាត្មាអញបានដើរតាមភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ជាង២ខែហើយ ដោយប៉ងថា បើអាត្មាអញបានលំដាប់(វេន) នៃភត្តក្នុងកាលណា នឹងធ្វើភត្តក្នុងកាលនោះ ឥឡូវលំដាប់(វេន)នៃភត្ត អាត្មាអញមិនទាន់បាននៅឡើយ ខ្លួនអញទៀតសោតក៏តែម្នាក់ឯង ទាំងប្រយោជន៍ខាងឃរាវាសរបស់អាត្មាអញទៀត ក៏សាបសូន្យទៅជាច្រើន បើដូច្នោះ មានតែគួរអាត្មាអញទៅត្រួតមើលរោងភត្ត វត្ថុណាគ្មានក្នុងរោងភត្ត អាត្មាអញក៏នឹងតាក់តែងនូវវត្ថុនោះ។ វេលាដែលព្រាហ្មណ៍នោះទៅមើលរោងភត្ត ក៏មិនឃើញវត្ថុពីរយ៉ាង គឺបបរនិងនំមានរសផ្អែមឡើយ។67) ទើបព្រាហ្មណ៍នោះចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ និយាយនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន កាលខ្ញុំករុណាមិនបានលំដាប់(វេន) នៃភត្តក្នុងទីនេះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញដើរតាមភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ជាង២ខែហើយ ដោយប៉ងថា (បើ)អាត្មាអញបានលំដាប់(វេន) នៃភត្តក្នុងពេលណា នឹងធ្វើភត្តក្នុងពេលនោះ ឥឡូវអាត្មាអញមិនទាន់បានលំដាប់(វេន)នៃភត្តនៅឡើយ ខ្លួនអញទៀតសោតក៏តែម្នាក់ឯង ទាំងប្រយោជន៍ខាងឃរាវាសរបស់អាត្មាអញទៀត ក៏សាបសូន្យទៅជាច្រើន បើដូច្នោះ មានតែគួរអាត្មាអញទៅត្រួតមើលរោងភត្ត វត្ថុណាគ្មានក្នុងរោងភត្ត អាត្មាអញនឹងតាក់តែងនូវវត្ថុនោះ (យ៉ាងនេះ) បពិត្រព្រះអានន្ទដ៏ចំរើន កាលខ្ញុំព្រះករុណាទៅមើលរោងភត្ត មិនបានឃើញវត្ថុពីរយ៉ាង គឺបបរនិងនំមានរសផ្អែមឡើយ បពិត្រព្រះអានន្ទដ៏ចំរើន បើខ្ញុំករុណាតាក់តែងបបរ និងនំមានរសផ្អែមមកថ្វាយ ព្រះគោតមដ៏ចំរើន ទ្រង់ទទួលរបស់ខ្ញុំករុណាដែរឬ។ ព្រះអានន្ទប្រាប់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ ចាំអាត្មាទូលសួរព្រះដ៏មានព្រះភាគសិន។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុបានក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ឲ្យព្រាហ្មណ៍នោះតាក់តែងចុះ។ ទើបព្រះអានន្ទទៅប្រាប់ពា្រហ្មណ៍ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរតាក់តែងចុះ។ លុះរាត្រីនោះកន្លងទៅហើយ ឯព្រាហ្មណ៍នោះតាក់តែងបបរ និងនំមានរសផ្អែមជាច្រើន ក៏បានបង្អោនថ្វាយចំពោះព្រះដ៏មានព្រះភាគ ហើយទូលថា សូមព្រះគោតមដ៏ចំរើន ទ្រង់ទទួលបបរ និងនំមានរសផ្អែមរបស់ខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរប្រគេនដល់ភិក្ខុទាំងឡាយចុះ។ ពួកភិក្ខុរង្កៀស មិនហ៊ានទទួល។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរទទួលចុះ ចូរឆាន់ចុះ។ ព្រាហ្មណ៍នោះ អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធអង្គ ជាប្រធាន ដោយបបរ និងនំមានរសផ្អែមជាច្រើន ដោយដៃរបស់ខ្លួន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែលោកប្រកែកលែងទទួលទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់លាងព្រះហស្ថស្រេច លែងលូកទៅក្នុងបាត្រហើយ (ព្រាហ្មណ៍) ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទៅសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់មានបន្ទូលដូច្នេះថា ម្នាលព្រាហ្មណ៍ អានិសង្សបបរនេះមាន១០យ៉ាង អានិសង្សបបរ១០យ៉ាងនោះ តើដូចម្តេច គឺបុគ្គលអ្នកឲ្យបបរ ឈ្មោះថា ឲ្យអាយុ១ ឲ្យពណ៌សម្បុរ១ ឲ្យសេចក្តីសុខ១ ឲ្យកំលាំងកាយ១ ឲ្យប្រាជ្ញា១ បបរដែលបុគ្គលហុតទៅហើយ រមែងហាមឃាត់សេចក្តីឃ្លាន១ បន្ទោបង់សេចក្តីស្រេក១ ញុំាងខ្យល់ឲ្យដើរទៅស្រួល១ ញុំាងសរសៃឲ្យស្អាត១ ញុំាងអាហារថ្មីដ៏សេសសល់ឲ្យរលួយ១ ម្នាលព្រាហ្មណ៍ អានិសង្សបបរមាន១០យ៉ាងនេះឯង។
[១១០] ជនណាបានឲ្យបបរដោយគោរព ដល់ពួកសមណៈ ដែលជាអ្នកសង្រួម អ្នកបរិភោគភោជនដែលអ្នកដទៃឲ្យ ក្នុងកាលដ៏គួរ (ជននោះ) ឈ្មោះថា ឲ្យនូវហេតុនៃអានិសង្សទាំង១០យ៉ាងគឺ អាយុ១ ពណ៌សម្បុរ១ សេចក្តីសុខ១ កំឡាំងកាយ១ ប្រាជ្ញារបស់បុគ្គលនោះតែងកើតឡើង១ បបរនោះតែងកំចាត់បង់សេចក្តីឃ្លាន១ សេចក្តីស្រេក១ និងញុំាងខ្យល់ (ឲ្យបានដើរស្រួល)១ ញុំាងសរសៃឲ្យស្អាត១ ញុំាងភត្តឲ្យរលួយ១។ នេះជាភេសជ្ជៈ ដែលព្រះសុគតទ្រង់សរសើរហើយ។ ព្រោះហេតុនោះ អ្នកមានសេចក្តីត្រូវការ ចង់បានសេចក្តីសុខជារបស់មនុស្សក្តី ប្រាថ្នាសេចក្តីសុខជារបស់ទិព្វក្តី ចង់បានសេចក្តីល្អរុងរឿងក្នុងមនុស្សក្តី គួរឲ្យបបរជានិច្ចចុះ។
[១១១] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់អនុមោទនាចំពោះព្រាហ្មណ៍នោះដោយគាថាទាំងនេះហើយ ទ្រង់ក្រោកចាកអាសនៈ យ៉ាងចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុឆាន់) បបរ និងនំមានរសផ្អែមបាន។
(១៧១)
[១១២] ពួកមនុស្សបានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតបបរ និងនំមានរសផ្អែមដល់ភិក្ខុទាំងឡាយ (ដូច្នោះ) ហើយ។ មនុស្សទាំងនោះ ក៏នាំគ្នាតាក់តែងបបរភោជ្ជ 68) និងនំមានរសផ្អែម ពីព្រឹកព្រហាម (មកប្រគេនភិក្ខុទាំងឡាយ)។ ពួកភិក្ខុបានឆាន់បបរភោជ្ជ និងនំមានរសផ្អែម ឆ្អែតពីព្រឹកព្រហាមហើយ លុះទៅឆាន់ក្នុងរោងភត្តទៀត ក៏មិនបានឆ្ងាញ់ពីសា។ សម័យនោះឯង មានមហាមាត្យម្នាក់ ជាអ្នកមានសេចក្តីជ្រះថ្លាថ្មី (មិនទាន់មុតមាំ) បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានទុក ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ លំដាប់នោះ មហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែគួរអាត្មាអញតាក់តែងចង្ហាន់សាច់ ចំនួន១២៥០សម្រាប់ (ឲ្យល្មម) ដល់ភិក្ខុ១២៥០រូប ហើយប្រគេនចង្ហាន់សាច់មួយសម្រាប់ៗ ដល់ភិក្ខុមួយរូបៗ។ មហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ លុះកន្លងរាត្រីនោះទៅ ក៏បានតាក់តែងខាទនីយភោជនីយៈ ដ៏ឧត្តម និងចង្ហាន់សាច់១២៥០សម្រាប់ ហើយក៏ប្រើបម្រើឲ្យទៅក្រាបបង្គំទូលពេលឆាន់ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពេលនេះល្មមហើយ ភត្តសម្រេចហើយ។ គ្រានោះ ពេលព្រឹកព្រហាម ព្រះដ៏មានព្រះភាគទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរ យាងទៅកាន់ផ្ទះមហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ លុះយាងទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេរៀបចំថ្វាយ មួយអន្លើ ដោយភិក្ខុសង្ឃ។ ឯមហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ បានអង្គាសពួកភិក្ខុក្នុងរោងភត្ត។ ភិក្ខុទាំងឡាយ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរឲ្យ (ភត្ត) តែបន្តិចចុះ ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចបានហើយ។ មហាមាត្យនិយាយថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ទាំងឡាយ កុំទទួលភត្តបន្តិចបន្តួច ដោយគិតថា មហាមាត្យនេះ មានសេចក្តីជ្រះថ្លាថ្មី ខាទនីយភោជនីយៈ ខ្ញុំបានចាត់ចែងទុកហើយជាច្រើន ទាំងចង្ហាន់សាច់១២៥០សម្រាប់ផង ខ្ញុំនឹងប្រគេនចង្ហាន់សាច់មួយសម្រាប់ៗ ដល់ភិក្ខុមួយរូបៗ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ទាំងឡាយ ទទួល ដរាបដល់ឆ្អែត។ ពួកភិក្ខុនិយាយតបថា ម្នាលអាវុសោ យើងទាំងឡាយ ទទួលភត្តបន្តិចៗ ព្រោះហេតុប៉ុណ្ណេះ ក៏ទេ យើងទាំងឡាយ ឆាន់បបរភោជ្ជ និងនំមានរសផ្អែម ឆ្អែតអំពីព្រឹករួចហើយ ព្រោះហេតុនោះ បានជាយើងទទួលភត្តតែបន្តិចៗ។ លំដាប់នោះ មហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ខ្ញុំបាននិមន្តលោកម្ចាស់ទាំងឡាយរួចហើយ មិនសមបើនឹងទៅឆាន់បបរភោជ្ជរបស់ជនឯទៀតសោះ (លោកម្ចាស់ខ្លាចក្រែង) ខ្ញុំមិនអាចនឹងប្រគេនឲ្យឆាន់ឆ្អែតបានឬ។ មហាមាត្យនោះ មានសេចក្តីក្រោធ តូចចិត្ត ប្រាថ្នានឹងចោទ កាលដាក់បាត្រភិក្ខុទាំងឡាយពេញហើយ ក៏ដើរទៅនិយាយថា ពួកលោកណាចង់ឆាន់ក្តី នាំយកទៅក្តី (ក៏តាមចិត្តចុះ)។ លំដាប់នោះ មហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ បានអង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយភោជនីយៈ ដ៏ឧត្តម ដោយដៃនៃខ្លួន ឲ្យឆ្អែត ស្កប់ស្កល់ ត្រាតែលោកប្រកែក លែងទទួលទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថទៅក្នុងបាត្រហើយ (មហាមាត្យ) ក៏អង្គុយក្នុងទីសមគួរ។ លុះមហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ អង្គុយនៅក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ យាងចេញទៅ។ ឯមហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ កាលព្រះដ៏មានព្រះភាគ យាងចេញទៅ មិនយូរប៉ុន្មាន ក៏កើតសេចក្តីរង្កៀស និងសេចក្តីក្តៅក្រហាយថា អាត្មាអញ ឥតលាភទេតើ លាភរបស់អាត្មាអញ គ្មានសោះទេហ្ន៎ ទាំងអត្តភាពជាមនុស្សសោត ក៏អាត្មាអញបានដោយកម្រ មិនមែនអាត្មាអញបានដោយងាយទេ (ឥឡូវ) អាត្មាអញ ខឹង តូចចិត្ត ប្រាថ្នានឹងចោទ បានដាក់បាត្រភិក្ខុទាំងឡាយឲ្យពេញ ហើយដើរចៀសចេញទៅ និយាយថា លោកទាំងឡាយ ចូរឆាន់ក្តី នាំយកទៅក្តី (ក៏តាមចិត្តចុះ) កម្មដែលអាត្មាអញ សន្សំមកជាច្រើនហើយ (នេះ) នឹងជាបុណ្យ ឬជាបាបហ្ន៎។ ឯមហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះមហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះដ៏មានព្រះភាគ យាងចេញទៅមិនយូរប៉ុន្មាន ក្នុងវេលានេះ ខ្ញុំព្រះអង្គក៏មានសេចក្តីរង្កៀស និងសេចក្តីក្តៅក្រហាយថា អាត្មាអញ ឥតលាភទេតើ លាភរបស់អាត្មាអញ គ្មានសោះទេហ្ន៎ ទាំងអត្តភាពជាមនុស្សសោត ក៏អាត្មាអញបានដោយកម្រ មិនមែនអាត្មាអញបានដោយងាយទេ (ឥឡូវ) អាត្មាអញ ខឹង អន់ចិត្ត ប្រាថ្នានឹងចោទ បានដាក់បាត្រភិក្ខុទាំងឡាយឲ្យពេញហើយ ដើរចៀសចេញទៅ និយាយថា លោកទាំងឡាយ ចូរឆាន់ក្តី នាំយកទៅក្តី (ក៏តាមចិត្តចុះ) កម្មដែលអាត្មាអញ បានសន្សំមកជាច្រើនហើយ (នេះ) នឹងជាបុណ្យ ឬជាបាបហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន កម្មដែលខ្ញុំព្រះអង្គបានសន្សំមកជាច្រើនហើយ (នេះ) តើនឹងជាបុណ្យ ឬជាបាប។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអាវុសោ ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដែលអ្នកបាននិមន្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក ដោយចំណែកណា ចំណែកដែលអ្នកបានសន្សំហើយនោះ ក៏ជាបុណ្យយ៉ាងច្រើន គ្រាប់បាយមួយគ្រាប់ៗរបស់អ្នក ដែលភិក្ខុមួយរូបៗ ទទួលហើយ ដោយចំណែកណា ចំណែកដែលអ្នកបានសន្សំនោះ ក៏ជាបុណ្យយ៉ាងច្រើនហើយ ឈ្មោះថា អ្នកឯងប្រារព្ធយកឋានសួគ៌ហើយ។ ឯមហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ ក៏គិតថា ប្រហែលជាលាភរបស់អាត្មាអញហើយ ប្រហែលជាអាត្មាអញ បានអត្តភាព ជាមនុស្សល្អហើយ ប្រហែលជាអាត្មាអញ បានសន្សំបុណ្យជាច្រើនហើយ ប្រហែលជាឈ្មោះថា អាត្មាអញប្រារព្ធយកឋានសួគ៌ហើយ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើង ក្រោកចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរ ចំពោះពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា គេបាននិមន្តពួកភិក្ខុទៅក្នុងត្រកូលដទៃហើយ ភិក្ខុទាំងនោះ នៅឆាន់បបរភោជ្ជ របស់ត្រកូលឯទៀតវិញ ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ បាននិមន្តក្នុងត្រកូលដទៃហើយ មិនសមបើនឹងទៅឆាន់បបរភោជ្ជ របស់ត្រកូលឯទៀតសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុទទួលនិមន្តក្នុងត្រកូលដទៃហើយ មិនត្រូវឆាន់បបរភោជ្ជ របស់ត្រកូលឯទៀតទេ ភិក្ខុណាឆាន់ ត្រូវវិនយធរឲ្យភិក្ខុនោះធ្វើតាមធម៌ (គឺឲ្យសំដែងអាបត្តិចេញ)។
(១៧២)
[១១៣] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅក្នុងអន្ធកវិន្ទប្រទេស តាមសមគួរដល់ព្រះអធ្យាស្រ័យហើយ ទ្រង់យាងចេញទៅកាន់ចារិក ក្រុងរាជគ្រឹះ មួយអន្លើដោយភិក្ខុសង្ឃច្រើន ប្រមាណ១២៥០រូប។ សម័យនោះឯង បុរសឈ្មោះវេលដ្ឋកច្ចាន បានផ្ទុកសុទ្ធតែក្អមស្ករអំពៅ ពេញរទេះទាំង៥០០ហើយ ក៏ចេញចាកក្រុងរាជគ្រឹះ ទៅតាមផ្លូវឆ្ងាយ ចំពោះអន្ធកវិន្ទប្រទេស។ ព្រះដ៏មានព្រះភាគ បានទតឃើញវេលដ្ឋកច្ចានដើរមកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់យាងចៀសអំពីផ្លូវ ទៅគង់ក្រោមម្លប់ឈើមួយ។ លំដាប់នោះ វេលដ្ឋកច្ចាន បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចឈរនៅក្នុងទីសមគួរ។ លុះវេលដ្ឋកច្ចាន ឈរនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់ប្រគេនស្ករអំពៅមួយក្អមៗ ដល់ភិក្ខុមួយរូបៗ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ ចូរអ្នកឯងទៅយកស្ករអំពៅតែមួយក្អមមកមើលសិន។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយយកស្ករអំពៅមួយក្អម ដើរចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានយកក្អមស្ករអំពៅមកហើយ បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គ នឹងត្រូវប្រតិបត្តិដូចម្តេច។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯងចូរប្រគេនស្ករអំពៅ ដល់ភិក្ខុទាំងឡាយចុះ។ វេលដ្ឋកច្ចាន ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយប្រគេនស្ករអំពៅ ដល់ភិក្ខុទាំងឡាយ រួចក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានប្រគេនស្ករអំពៅ ដល់ពួកភិក្ខុរួចហើយ ឥឡូវ ស្ករអំពៅនេះ នៅសល់ជាច្រើន បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គនឹងត្រូវប្រតិបត្តិដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរប្រគេនស្ករអំពៅ ដល់ពួកភិក្ខុ ដរាបដល់អស់ចំណង់ចុះ។ វេលដ្ឋកច្ចាន ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយប្រគេនស្ករអំពៅ ដល់ពួកភិក្ខុ ដរាបដល់អស់ចំណង់ រួចក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានប្រគេនស្ករអំពៅ ដល់ពួកភិក្ខុ ដរាបដល់អស់ចំណង់ហើយ តែស្ករអំពៅនេះ នៅសល់ច្រើន បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គ ត្រូវប្រតិបត្តិដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យពួកភិក្ខុឆាន់ឆ្អែត ស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយចុះ។ វេលដ្ឋកច្ចាន ទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយបានញុំាងពួកភិក្ខុឲ្យឆ្អែត ស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយ។ ភិក្ខុពួកខ្លះ ដាក់ពេញបាត្រ ក៏មាន វេចនឹងសម្ពត់តម្រងទឹកក៏មាន ដាក់ពេញថង់យាមក៏មាន។ លុះវេលដ្ឋកច្ចាន បានឲ្យពួកភិក្ខុឆាន់ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យពួកភិក្ខុឆាន់ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយហើយ តែថា ស្ករអំពៅនេះ ក៏នៅសល់ច្រើន បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គនឹងត្រូវប្រតិបត្តិដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែលផងចុះ។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយឲ្យស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល រួចក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែលហើយ តែថា ស្ករអំពៅនេះ នៅសល់ច្រើន បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គនឹងត្រូវប្រតិបត្តិដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល ដរាបដល់អស់ចំណង់ចុះ។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ឲ្យស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល ដរាបដល់អស់ចំណង់ រួចក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល ដរាបដល់អស់ចំណង់ហើយ តែថា ស្ករអំពៅនេះ ក៏នៅសល់ច្រើន បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គត្រូវប្រតិបត្តិដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យពួកមនុស្ស អ្នកស៊ីដែលឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយចុះ។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយឲ្យពួកមនុស្ស អ្នកស៊ីដែល ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយ។ ពួកមនុស្ស អ្នកស៊ីដែលខ្លះ ដាក់ពេញក្រឡក៏មាន ដាក់ពេញក្អមក៏មាន វេចនឹងសម្ពត់កម្រាលក៏មាន ដាក់ពេញថ្នក់ក៏មាន។ លំដាប់នោះ វេលដ្ឋកច្ចាន បានឲ្យពួកមនុស្ស អ្នកស៊ីដែល ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយ រួចក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យពួកមនុស្ស អ្នកស៊ីដែល ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយហើយ តែថា ស្ករអំពៅនេះ នៅសល់ច្រើន បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំព្រះអង្គនឹងត្រូវប្រតិបត្តិដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន ក្នុងលោក ព្រមទាំងទេវតា ព្រមទាំងមារ ព្រមទាំងព្រហ្ម ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្ស តថាគត មិនដែលឃើញអ្នកណាមួយឆាន់ស្ករអំពៅហើយ ស្ករអំពៅនោះ រលួយទៅដោយស្រួលទេ វៀរលែងតែតថាគត ឬសាវករបស់តថាគតប៉ុណ្ណោះ ម្នាលកច្ចាន បើដូច្នោះ ចូរអ្នកឯង ចោលស្ករអំពៅនោះ ទៅក្នុងទីដែលគ្មានស្មៅស្រស់ ឬចាក់ចោលទៅក្នុងទឹក ដែលគ្មានសត្វក៏បាន។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចាក់ចោលស្ករអំពៅនោះ ទៅក្នុងទឹកដែលគ្មានសត្វ។ ឯស្ករអំពៅដែលវេលដ្ឋកច្ចានដាក់ចុះទៅក្នុងទឹកនោះ ក៏លាន់ឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែងឡើងដេរដាស គួរនាដូចជាផាលនង្គ័ល នៅហាលថ្ងៃអស់មួយថ្ងៃហើយ បុគ្គលដាក់ចុះទៅក្នុងទឹក រមែងឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែងឡើងដេរដាស យ៉ាងណាមិញ ស្ករអំពៅនោះ ដែលបុគ្គលដាក់ចុះទៅក្នុងទឹកហើយ រមែងឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែងឡើងដេរដាស ដូច្នោះដែរ។ លំដាប់នោះឯង វេលដ្ឋកច្ចាន មានសេចក្តីស្លុតចិត្ត កើតព្រឺព្រួចអស់ទាំងរោម ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីសមគួរ។ លុះវេលដ្ឋកច្ចាន អង្គុយនៅក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា គឺទ្រង់ប្រកាសអំពីទាន១ អំពីសីល១ អំពីស្ថានសួគ៌១ អំពីទោសដ៏លាមកសៅហ្មង របស់កាមទាំងឡាយ១ និងអានិសង្ស ក្នុងការចេញចាកកាម១។ វេលាណា ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា វេលដ្ឋកច្ចាន មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តស្រស់ស្រាយឡើង មានចិត្តជ្រះថ្លា វេលានោះ ក៏ទ្រង់ប្រកាសធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងប្រកាសចំពោះព្រះអង្គឯង គឺទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច។ គួរនាដូចជាសម្ពត់សស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់ដោយល្អ យ៉ាងណាមិញ ឯវេលដ្ឋកច្ចាន ក៏បានកើតធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកគ្រឿងសៅហ្មង លើអាសនៈនោះឯង ដូច្នេះថា ធម្មជាតិណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតិទាំងអស់នោះ ក៏តែងរលត់ទៅវិញ ជាធម្មតា យ៉ាងនោះដែរ។ គ្រាដែលវេលដ្ឋកច្ចាន បានឃើញសច្ចធម៌ហើយ បានដល់សច្ចធម៌ហើយ បានដឹងច្បាស់សច្ចធម៌ហើយ បានយាងចុះកាន់សច្ចធម៌ហើយ បានឆ្លងវិចិកិច្ឆា កំចាត់បង់នូវសេចក្តីងឿងឆ្ងល់ ដល់នូវភាវៈជាអ្នកក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន គួរនាដូចជាមនុស្សចាប់របស់ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើបង្ហាញរបស់ដែលគេលាក់បាំងទុក ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេង ឬក៏ដូចជាមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា ឲ្យមនុស្សដែលមានភ្នែកភ្លឺ មើលឃើញនូវរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ថាជាទីពឹង ទីរលឹក សូមព្រះដ៏មានព្រះភាគ ចាំទុកនូវខ្ញុំថាជាឧបាសក អ្នកដល់ (នូវព្រះរតនត្រ័យ) ថាជាទីពឹង ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។
[១១៤] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ចារិក តាមលំដាប់ បានដល់ទៅក្រុងរាជគ្រឹះនោះ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុងវត្តវេឡុវនកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះ។ សម័យនោះឯង ស្ករអំពៅកើតឡើងជាច្រើនក្នុងក្រុងរាជគ្រឹះ។ ពួកភិក្ខុក៏រង្កៀសថា ស្ករអំពៅ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតចំពោះតែភិក្ខុមានជម្ងឺប៉ុណ្ណោះ មិនបានទ្រង់អនុញ្ញាតដល់ភិក្ខុគ្មានជម្ងឺឡើយ ក៏មិនហ៊ានឆាន់ស្ករអំពៅ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្ករអំពៅដល់ភិក្ខុមានជម្ងឺ (អនុញ្ញាត) ទឹកស្ករអំពៅដល់ភិក្ខុគ្មានជម្ងឺ។
(១៧៣)
[១១៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរដល់ព្រះអធ្យាស្រ័យហើយ ទើបយាងចេញទៅកាន់ចារិកនៃបាដលិគ្រាម មួយអន្លើដោយភិក្ខុសង្ឃច្រើន ប្រមាណ១២៥០រូប។ គ្រាកាលព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ចារិកដោយលំដាប់ ក៏បានដល់ទៅបាដលិគ្រាមនោះ។ ពួកឧបាសកនៅក្នុងបាដលិគ្រាម បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់យាងមកដល់បាដលិគ្រាមហើយ។ គ្រានោះ ពួកឧបាសកនៅក្នុងបាដលិគ្រាម បាននាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះពួកឧបាសក អ្នកនៅក្នុងបាដលិគ្រាម អង្គុយក្នុងទីសមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ពួកឧបាសក អ្នកនៅក្នុងដែនបាដលិគ្រាម លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃទទួលយករោងសំណាក់របស់យើងខ្ញុំទាំងឡាយ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយភាវៈស្ងៀម។ លំដាប់នោះ ពួកឧបាសក អ្នកនៅក្នុងបាដលិគ្រាម បានដឹងថា ព្រះមានព្រះភាគទ្រង់ទទួលហើយ ក៏នាំគ្នាក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅកាន់រោងសំណាក់ លុះចូលទៅដល់ហើយ ក៏បានក្រាលរោងសំណាក់ដោយគ្រឿងកម្រាលសព្វគ្រប់ហើយ ក៏តែងតាំងអាសនៈទាំងឡាយ និងដម្កល់ក្អមទឹក តែងតាំងប្រទីបប្រេង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ ពួកឧបាសក អ្នកនៅក្នុងបាដលិគ្រាម បានឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឯរោងសំណាក់យើងខ្ញុំ បានក្រាលកម្រាលសព្វគ្រប់ហើយ អាសនៈទាំងឡាយ យើងខ្ញុំបានតែងតាំងស្រេចហើយ ក្អមទឹកយើងខ្ញុំ បានដម្កល់ទុកហើយ ប្រទីបប្រេង យើងខ្ញុំបានតែងតាំងស្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំគាល់កាលដ៏គួរ និងនិមន្តទៅក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរ យាងទៅកាន់រោងសំណាក់ជាមួយនឹងភិក្ខុសង្ឃ លុះយាងទៅដល់ហើយ ទ្រង់លាងព្រះបាទទាំងគូហើយ ក៏យាងចូលទៅកាន់រោងសំណាក់ ទ្រង់គង់ផ្អែកនឹងសសរកណ្តាល បែរព្រះភក្ត្រទៅទិសខាងកើត។ ពួកភិក្ខុក៏បានលាងជើង ហើយចូលទៅកាន់រោងសំណាក់ដែរ ហើយអង្គុយផ្ទាប់នឹងជញ្ជាំងទិសខាងលិច បែរមុខទៅទិសខាងកើត ឈមមុខត្រង់ទៅរកព្រះដ៏មានព្រះភាគ។ ចំណែកពួកឧបាសក អ្នកនៅក្នុងបាដលិគ្រាម ក៏បានលាងជើង ហើយនាំគ្នាចូលទៅកាន់រោងសំណាក់ ហើយអង្គុយផ្ទាប់នឹងជញ្ជាំងខាងកើត បែរមុខទៅទិសខាងលិច ឈមមុខត្រង់ទៅរកព្រះដ៏មានព្រះភាគដែរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកឧបាសក អ្នកនៅក្នុងបាដលិគ្រាមមក ហើយទ្រង់ត្រាស់ថា។
[១១៦] ម្នាលគហបតិទាំងឡាយ ទោសទាំង៥ប្រការនេះ ជាទោសនៃបុគ្គលទ្រុស្តសីល 69) ឬវិបត្តិចាកសីល។ ទោសទាំង៥ប្រការនោះ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល ក្នុងលោកនេះ តែងបាននូវសេចក្តីវិនាសនៃសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីប្រមាថ។ នេះជាទោសទី១ នៃបុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីលហើយ តែងមានកិត្តិសព្ទអាក្រក់ ឮខ្ចរខ្ចាយទៅ។ នេះជាទោសទី២ នៃបុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ជាព្រាហ្មណ៍បរិសទ្យក្តី ជាគហបតិបរិសទ្យក្តី ជាសមណបរិសទ្យក្តី ក៏គ្មានក្លៀវក្លា មានតែមុខឱនចុះ ហើយដើរចូលទៅ។ នេះជាទោសទី៣ នៃបុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីលហើយ វេលាទៀបស្លាប់ តែងវង្វេងស្មារតី។ នេះជាទោសទី៤ នៃបុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីលហើយ លុះរំលាងខន្ធបន្ទាប់អំពីមរណៈ រមែងទៅកាន់អបាយ70) (តិរច្ឆាន) ទុគ្គតិ71) (ប្រេត) វិនិបាត72) (អសុរកាយ) និរយ (នរក)។ នេះជាទោសទី៥ នៃបុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ទោសទាំង៥ប្រការនេះឯង ជាទោសនៃបុគ្គលទ្រុស្តសីល ឬវិបត្តិចាកសីល។
[១១៧] ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះ ជាអានិសង្សនៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ អានិសង្សទាំង៥ប្រការនោះ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលមានសីល ឬបរិបូណ៌ដោយសីល ក្នុងលោកនេះ តែងបាននូវគំនរ នៃសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីមិនប្រមាថ។ នេះជាអានិសង្សទី១ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ តែងមានកិត្តិសព្ទដ៏ពីរោះ ឮខ្ចរខ្ចាយទៅ។ នេះជាអានិសង្សទី២ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ជាព្រាហ្មណ៍បរិសទ្យក្តី ជាគហបតិបរិសទ្យក្តី ជាសមណបរិសទ្យក្តី ក៏ក្លៀវក្លា មិនឱនមុខចុះ គឺថា មិនក្រអឹមក្រអៀម ហើយដើរចូលទៅ។ នេះជាអានិសង្សទី៣ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ លុះវេលាទៀបស្លាប់ ក៏មិនវង្វេងស្មារតីឡើយ។ នេះជាអានិសង្សទី៤ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យដទៃមានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ លុះរំលាងខន្ធបន្ទាប់អំពីមរណៈ រមែងទៅកាន់មនុស្សលោក ឬទេវលោក។ នេះជាអានិសង្សទី៥ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះឯង ជាអានិសង្សនៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។
[១១៨] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឧបាសកទាំងឡាយ នៅក្នុងបាដលិគ្រាមឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា អស់រាត្រីជាច្រើន ហើយបញ្ជូនទៅដោយព្រះពុទ្ធដីកាថា ម្នាលគហបតិទាំងឡាយ រាត្រី (បឋមយាម) កន្លងទៅហើយ អ្នកទាំងឡាយ ចូរដឹងនូវកាលដ៏គួរ នឹងត្រឡប់ទៅវិញក្នុងកាលឥឡូវនេះចុះ។ ឧបាសកទាំងឡាយនៅក្នុងបាដលិគ្រាម បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកទីអង្គុយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ វេលាដែលឧបាសកទាំងឡាយ នៅក្នុងបាដលិគ្រាម ចៀសចេញទៅមិនយូរប៉ុន្មាន ព្រះអង្គក៏ទ្រង់យាងចូលទៅកាន់សុញ្ញាគារដ្ឋាន (គឺផ្ទះស្ងាត់)។
(១៧៤)
[១១៩] សម័យនោះឯង មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ១ វស្សការៈ១ នាំគ្នាកសាងក្រុងក្នុងបាដលិគ្រាម ដើម្បីនឹងការពារពួករាជត្រកូល ដែលនៅក្នុងដែនវជ្ជី។ ព្រះមានព្រះភាគ ទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយទ្រង់ទតដោយទិព្វចក្ខុ ដ៏ស្អាតកន្លងលើសចក្ខុរបស់មនុស្ស បានឃើញពួកទេវតាជាច្រើនកំពុងគយគន់មើលទៅកន្លែងសង់ផ្ទះ ក្នុងបាដលិគ្រាម។ ទេវតាមានសក្តិធំ គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្យ ដែលមានសក្តិធំទាំងឡាយ ក៏បង្អោនទៅដើម្បីនឹងកសាងលំនៅក្នុងប្រទេសនោះដែរ ទេវតាមានសក្តិជាកណ្តាល គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្យ ដែលមានសក្តិជាកណ្តាលទាំងឡាយ ក៏បង្អោនទៅដើម្បីនឹងកសាងលំនៅក្នុងប្រទេសនោះដែរ ទេវតាមានសក្តិទាប គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្យ ដែលមានសក្តិទាបទាំងឡាយ ក៏បង្អោនទៅដើម្បីនឹងកសាងលំនៅក្នុងប្រទេសនោះដែរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមក ហើយទ្រង់សួរថា ម្នាលអានន្ទ ជនពួកណាហ្ន៎ គេសាងក្រុងក្នុងបាដលិគ្រាម។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មហាមាត្យក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ សាងក្រុងក្នុងបាដលិគ្រាម ដើម្បីនឹងការពារនូវពួករាជត្រកូល ដែលនៅក្នុងដែនវជ្ជី។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ បានប្រឹក្សាគ្នានឹងពួកទេវតា ក្នុងស្ថានតាវត្តិង្ស73) ថាយ៉ាងណាមិញ ម្នាលអានន្ទ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ សាងក្រុងក្នុងបាដលិគ្រាម ដើម្បីនឹងការពារនូវពួករាជត្រកូលក្នុងដែនវជ្ជី យ៉ាងនោះដែរ ម្នាលអានន្ទ តថាគតក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រី ក្នុងសុញ្ញាគារដ្ឋាន (ផ្ទះស្ងាត់) នេះ ហើយមើលដោយទិព្វចក្ខុដ៏ស្អាត កន្លងលើសចក្ខុរបស់មនុស្ស បានឃើញពួកទេវតាជាច្រើន កំពុងគយគន់មើលទៅកន្លែងសង់ផ្ទះ ក្នុងបាដលិគ្រាម។ ពួកទេវតាមានសក្តិធំ គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្យ ដែលមានសក្តិធំ ក៏បង្អោនទៅដើម្បីនឹងកសាងលំនៅក្នុងប្រទេសនោះដែរ ទេវតាមានសក្តិជាកណ្តាល គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្យ ដែលមានសក្តិជាកណ្តាល ក៏បង្អោនទៅដើម្បីនឹងកសាងលំនៅក្នុងប្រទេសនោះដែរ ទេវតាមានសក្តិទាប គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្យ ដែលមានសក្តិទាប ក៏បង្អោនទៅដើម្បីនឹងកសាងលំនៅក្នុងប្រទេសនោះដែរ ម្នាលអានន្ទ ទីប្រជុំរបស់អរិយបុគ្គលទាំងឡាយ ដែលមានទាំងអម្បាលមាណ និងផ្លូវជំនួញ ដែលមានទាំងអម្បាលមាណ បាដលិបុត្រនេះ ក៏ជាក្រុងប្រសើរជាងទីប្រជុំព្រះអរិយបុគ្គល និងផ្លូវជំនួញអម្បាលនោះ ម្យ៉ាងទៀត ជាកន្លែងបែកធ្លាយ ឬរបូតបង្វេចទ្រព្យ ម្នាលអានន្ទ ក្រុងបាដលិបុត្រមុខជានឹងមានសេចក្តីអន្តរាយ៣យ៉ាង គឺអន្តរាយអំពីភ្លើង១ អន្តរាយអំពីទឹក១ អន្តរាយអំពីហេតុខាងក្នុង គឺបែកចាកគ្នានឹងគ្នា១។
[១២០] គ្រានោះ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ (នាំគ្នា) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួរជាទីរីករាយ និងពាក្យគួរជាទីរលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ទើបឋិតនៅក្នុងទីសមគួរ។ លុះមហាមាត្យ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលពាក្យដូច្នេះនឹងព្រះដ៏មានព្រះភាគថា សូមព្រះគោតមដ៏ចំរើនទទួលភត្តរបស់ខ្ញុំព្រះអង្គទាំងឡាយ ដើម្បីឆាន់ក្នុងថ្ងៃស្អែក មួយអន្លើដោយភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយភាវៈស្ងៀម។ គ្រានោះ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកទីអង្គុយ ហើយដើរចេញទៅ។ គ្រានោះ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ តាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម (រួចហើយ) ចាត់បម្រើឲ្យទៅក្រាបបង្គំទូលកាលដ៏គួរ ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាល (នេះជាកាលគួរហើយ) ភត្តក៏សម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរ ក្នុងវេលាព្រឹក យាងចូលទៅកាន់លំនៅមហាមាត្យ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេរៀបចំថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ក៏អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយភោជនីយហារ ដ៏ឆ្ងាញ់ពីសាដោយដៃនៃខ្លួន ត្រាតែភិក្ខុសង្ឃហាមឃាត់ លុះកំណត់ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយរួចហើយ ដាក់ព្រះហស្តចុះចាកបាត្រហើយ ក៏អង្គុយនៅក្នុងទីដ៏សមគួរ។ លុះមហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ អង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយព្រះគាថាទាំងឡាយនេះថា
[១២១] មនុស្ស ជាបណ្ឌិតជាតិ រមែងសម្រេចនូវការនៅក្នុងប្រទេសណាហើយ ក៏តែងឲ្យពួកបុគ្គលអ្នកមានសីល ដែលសង្រួមល្អ ប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគក្នុងលំនៅរបស់ខ្លួន ហើយបានទាំងឧទ្ទិសផលទក្ខិណាទាន (ឲ្យចំណែកបុណ្យ) ដល់ពួកទេវតាដែលនៅក្នុងប្រទេសនោះ (ថែមទៀត)។ ទេវតាទាំងនោះ តែងបូជាចំពោះមនុស្សដែលបានបូជាដល់ខ្លួន តែងរាប់អានចំពោះមនុស្សដែលរាប់អានដល់ខ្លួន តែងអនុគ្រោះមនុស្សនោះ ដូចជាមាតាអនុគ្រោះបុត្រ ដែលខ្លួនបីថ្នម ផ្ទាប់នឹងទ្រូងឲ្យចំរើនឡើង។ មនុស្សដែលទេវតា បានអនុគ្រោះហើយ ក៏តែងឃើញនូវសេចក្តីចំរើនសព្វៗកាល។
[១២២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនាដោយព្រះគាថាទាំងឡាយនេះ ចំពោះមហាមាត្យ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ (ចប់ហើយ) ក៏ទ្រង់ក្រោកចាកអាសនៈ យាងចេញទៅ។ សម័យនោះឯង មហាមាត្យ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដើរតាមព្រះមានព្រះភាគ អំពីក្រោយៗ ដោយគិតថា ក្នុងថ្ងៃនេះ ព្រះសមណគោតម នឹងយាងចេញទៅ តាមទ្វារណា ទ្វារនោះ នឹងបានឈ្មោះថា គោតមទ្វារ នឹងឆ្លងស្ទឹងគង្គា តាមកំពង់ណា កំពង់នោះ នឹងបានឈ្មោះថា គោតមតិត្ថ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងចេញ តាមទ្វារណា ទ្វារនោះក៏ឈ្មោះថា គោតមទ្វារ ជាប្រាកដ (ដល់សព្វថ្ងៃនេះ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងចូលទៅកាន់ស្ទឹងគង្គា។ ស្ទឹងគង្គាមានទឹកពេញប្រៀប ត្រឹមស្មើនឹងមាត់ច្រាំង ល្មមសត្វក្អែក ឱនផឹកបាន។ មនុស្សពួកខ្លះ រកទូក មនុស្សពួកខ្លះរកផែ មនុស្សពួកខ្លះ ចងក្បូន ប្រាថ្នានឹងឆ្លងអំពីត្រើយខាងអាយ ទៅកាន់ត្រើយខាងនាយ។ ព្រះដ៏មានព្រះភាគ ទ្រង់បានឃើញមនុស្សទាំងនោះ គឺមនុស្សពួកខ្លះ កំពុងរកទូក មនុស្សពួកខ្លះ កំពុងរកផែ មនុស្សពួកខ្លះ កំពុងចងក្បូន ប្រាថ្នានឹងឆ្លងអំពីត្រើយខាងអាយ ទៅត្រើយខាងនាយ លុះព្រះដ៏មានព្រះភាគ ទ្រង់ឃើញហើយ ក៏និម្មិតព្រះអង្គបាត់ (មួយរំពេច) អំពីត្រើយខាងអាយ នៃស្ទឹងគង្គា ទៅប្រាកដនៅត្រើយខាងនាយ ជាមួយនឹងភិក្ខុសង្ឃ គួរនាដូចជាបុរស មានកំឡាំង លាចេញនូវដើមដៃ ដែលបត់ចូល ឬបត់ចូលនូវដើមដៃ ដែលលាចេញ ឆាប់រហ័សដូច្នោះឯង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវសេចក្តីនោះហើយ ទើបបន្លឺឡើង នូវឧទានគាថានេះ ក្នុងវេលានោះថា ពួកជនណាឆ្លងស្ទឹង គឺតណ្ហាដ៏ជ្រៅឆ្ងាយទូលាយបាន (ពួកជននោះឯង) តែងធ្វើស្ពាន គឺអរិយមគ្គមិនឲ្យប៉ះពាល់ទីជាទំនាបទាំងឡាយ ហើយឆ្លងបាន សេចក្តីពិតថា ជនធម្មតា (ដែលប្រាថ្នានឹងឆ្លងទឹកបន្តិចបន្តួច) តែងចងក្បូន (ទើបឆ្លងទៅបាន) ឯជនជាអ្នកប្រាជ្ញទាំងឡាយ គឺព្រះពុទ្ធ និងសាវករបស់ព្រះពុទ្ធ លោកបានឆ្លងរួចស្រឡះហើយ។
(១៧៥)
[១២៣] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងចូលទៅកាន់កោដិគ្រាម74)។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកោដិគ្រាមនោះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងកោដិគ្រាមនោះមក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ និងត្រាច់រង្គាត់ទៅកាន់ផ្លូវឆ្ងាយយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង និងមិនបានចាក់ធ្លុះ នូវអរិយសច្ចទាំង៤ អរិយសច្ចទាំង៤ដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ តថាគត និងអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅកាន់ផ្លូវឆ្ងាយនេះ ដូច្នេះ ព្រោះមិនបានត្រាស់ដឹង និងមិនបានចាក់ធ្លុះ នូវទុក្ខអរិយសច្ច នូវទុក្ខសមុទយអរិយសច្ច។បេ។ នូវទុក្ខនិរោធអរិយសច្ច។បេ។ តថាគត និងអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅកាន់ផ្លូវឆ្ងាយនេះ ដូច្នេះ ព្រោះមិនបានត្រាស់ដឹង និងមិនបានចាក់ធ្លុះ នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ម្នាលភិក្ខុទាំងឡាយទុក្ខអរិយសច្ចនោះ តថាគត និងអ្នកទាំងឡាយបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ចនោះ តថាគត និងអ្នកទាំងឡាយ បានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ចនោះ តថាគត និងអ្នកទាំងឡាយបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនោះ តថាគត និងអ្នកទាំងឡាយបានត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា តថាគត និងអ្នកទាំងឡាយ ដកឡើងហើយ ខ្សែ គឺតណ្ហា សម្រាប់ដឹកនាំទៅក្នុងភព ក៏អស់ហើយ ឥឡូវនេះ គ្មានភពថ្មីទៀតទេ។
[១២៤] ការអន្ទោលទៅកាន់ផ្លូវឆ្ងាយក្នុងជាតិទាំងឡាយនោះៗឯង ព្រោះមិនបានឃើញនូវអរិយសច្ចទាំង៤ជាធម៌ពិត។ អរិយសច្ចទាំង៤នេះឯង តថាគត និងអ្នកទាំងឡាយ បានឃើញហើយ តណ្ហាជាអ្នកដឹកនាំទៅកាន់ភព ក៏តថាគត និងអ្នកទាំងឡាយគាស់រំលើងហើយ ឫសនៃសេចក្តីទុក្ខ ក៏តថាគត និងអ្នករាល់គ្នា ផ្តាច់ចោលហើយ ឥឡូវនេះ គ្មានភពថ្មីទៀតទេ។
(១៧៦)
[១២៥] នាងអម្ពបាលី ជាស្រីផ្កាមាស បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរមកកាន់កោដិគ្រាម។ លំដាប់នោះឯង នាងអម្ពបាលី ជាស្រីផ្កាមាស បានប្រើគេឲ្យទឹមយានដ៏ថ្លៃថ្លាហើយ ក៏ឡើងជិះយានដ៏ថ្លៃថ្លា ចេញទៅអំពីក្រុងវេសាលី ដោយយានដ៏ថ្លៃថ្លាទាំងអម្បាលនោះ ដើម្បីជួបនឹងព្រះដ៏មានព្រះភាគ ហើយដាក់យានទុកក្នុងទីមួយ រួចចុះអំពីយាន ដើរទៅដោយជើងទទេ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំចំពោះព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់នាងអម្ពបាលី ជាស្រីផ្កាមាស ដែលអង្គុយក្នុងទីសមគួរ (នោះ) ឯង ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថា។ លំដាប់នោះ នាងអម្ពបាលី ជាស្រីផ្កាមាស លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថាហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក មួយអន្លើ ដោយភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់បានទទួលនិមន្ត ដោយតុណ្ហីភាព។ គ្រានោះ នាងអម្ពបាលី ជាស្រីផ្កាមាស ដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ទើបក្រោកចាកទីអង្គុយ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។
(១៧៧)
ពួកស្តេចលិច្ឆវី ក្រុងវេសាលី បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរមកដល់កោដិគ្រាម។ ពួកស្តេចលិច្ឆវី ក្រុងវេសាលី ក៏ឲ្យពួកសារថី ទឹមយានដ៏ថ្លៃថ្លា ហើយឡើងគង់យានដ៏ថ្លៃថ្លា ចេញអំពីក្រុងវេសាលី ទៅដោយយានដ៏ថ្លៃថ្លាទាំងអម្បាលនោះ ដើម្បីជួបនឹងព្រះដ៏មានព្រះភាគ។ ស្តេចលិច្ឆវីពួកខ្លះ លាបពណ៌ខៀវ មានសម្បុរខៀវ75) ទ្រង់ព្រះពស្ត្រខៀវ76) មានគ្រឿងតែងខ្លួនក៏ខៀវ77) ស្តេចលិច្ឆវីពួកខ្លះ លាបពណ៌លឿង មានសម្បុរលឿង ទ្រង់ព្រះពស្ត្រលឿង មានគ្រឿងតែងខ្លួនក៏លឿង ស្តេចលិច្ឆវីពួកខ្លះ លាបពណ៌ក្រហម មានសម្បុរក្រហម ទ្រង់ព្រះពស្ត្រក្រហម មានគ្រឿងតែងខ្លួនក៏ក្រហម ស្តេចលិច្ឆវីពួកខ្លះ លាបពណ៌ស មានសម្បុរស ទ្រង់ព្រះពស្ត្រស មានគ្រឿងតែងខ្លួនក៏ស។ លំដាប់នោះ នាងអម្ពបាលី ជាស្រីផ្កាមាស ប្រជល់ចន្ទោលដោយចន្ទោល បំប៉ះនឹមដោយនឹម បំប៉ះកង់ដោយកង់ បំប៉ះភ្លៅដោយភ្លៅ (នៃយាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ និយាយនឹងនាងអម្ពបាលី ជាស្រីផ្កាមាសថា ម្នាលមេ អម្ពបាលី ព្រោះហេតុអ្វីបានជានាងមកប្រជល់ចន្ទោលដោយចន្ទោល បំប៉ះនឹមដោយនឹម បំប៉ះកង់ដោយកង់ បំប៉ះភ្លៅដោយភ្លៅ (នៃយាន) របស់យើងជាស្តេចលិច្ឆវីកំឡោះៗ។ នាងអម្ពបាលីតបថា បពិត្រអយ្យបុត្ត78) ទាំងឡាយ ព្រោះថា ខ្ញុំបាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីនឹងឆាន់ក្នុងថ្ងៃស្អែក។ ស្តេចលិច្ឆវីទាំងអម្បាលនោះ មានព្រះបន្ទូលថា ម្នាលមេអម្ពបាលី ចូរនាងឲ្យភត្តនេះមកយើងចុះ (យើងនឹងឲ្យដំឡៃនាង) ចំនួន១សែនកហាបណៈ។ នាងអម្ពបាលីតបថា បពិត្រអយ្យបុត្ត ទុកជាព្រះអង្គប្រទានក្រុងវេសាលី ព្រមទាំងសួយសារអាករ ដែលមាននៅក្នុងជនបទ មកខ្ញុំ ខ្ញុំក៏មិនព្រមថ្វាយភត្តនោះឡើយ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ទះម្រាមព្រះហស្ថ ហើយពោលថា ម្នាលអ្នកទាំងឡាយដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ ម្នាលគ្នាយើងដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ (ក៏នាំគ្នា) ចូលទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់នៅ។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញស្តេចលិច្ឆវីទាំងនោះ កំពុងយាងមកអំពីចម្ងាយ លុះឃើញហើយ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាដែលមិនធ្លាប់ឃើញទេវតា ក្នុងស្ថានតាវត្តិង្សទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររមិលមើលពួកលិច្ឆវីបរិសទ្យចុះ អ្នកទាំងឡាយ ចូររមិលមើលពួកលិច្ឆវីបរិសទ្យរឿយៗចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រៀបធៀបពួកលិច្ឆវីបរិសទ្យ ទៅនឹងពួកទេវតាក្នុងជាន់តាវត្តិង្សមើលចុះ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ក៏ដាក់យានទុកក្នុងទីមួយ ហើយចុះអំពីយាន ដើរទៅដោយជើងទទេ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ពួកស្តេចលិច្ឆវី ដែលអង្គុយក្នុងទីសមគួរនោះឯង ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថា។ ឯស្តេចលិច្ឆវីទាំងនោះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថាហើយ ក៏ពោលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តពួកខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលលិច្ឆវីទាំងឡាយ តថាគត បានទទួលភត្ត របស់នាងអម្ពបាលី ជាស្រីផ្កាមាស ក្នុងថ្ងៃស្អែករួចទៅហើយ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ទះម្រាមព្រះហស្ថ ហើយពោលថា ម្នាលគ្នាយើងដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ ម្នាលគ្នាយើងដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ត្រេកអររីករាយ តាមភាសិតរបស់ព្រះដ៏មានព្រះភាគហើយ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ គ្រានោះ ព្រះដ៏មានព្រះភាគ គង់ក្នុងកោដិគ្រាម គួរតាមព្រះអធ្យាស្រ័យ ហើយយាងទៅកាន់នាទិកាប្រទេស។ ព្រះអង្គ ទ្រង់គង់នៅក្នុងរោងឥដ្ឋ ក្នុងនាទិកាប្រទេសនោះឯង។ លុះព្រលឹមឡើង នាងអម្ពបាលី ជាស្រីផ្កាមាស ក៏តាក់តែងខាទនីយភោជនីយាហារ (បង្អែម ចំអាប) ក្នុងអារាម (ផ្ទះ) របស់ខ្លួន ហើយចាត់បម្រើឲ្យទៅក្រាបបង្គំទូលកាលគួរ ដល់ព្រះដ៏មានព្រះភាគថា ពេលគួរហើយព្រះអង្គ ភត្តសម្រេចហើយ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរអំពីព្រលឹម យាងតម្រង់ទៅកាន់ទីអង្គាស (ចង្ហាន់) របស់នាងអម្ពបាលី ជាស្រីផ្កាមាស លុះយាងទៅដល់ហើយ ទើបគង់លើអាសនៈ ដែលគេក្រាលថ្វាយ ព្រមទាំងភិក្ខុសង្ឃ។ គ្រានោះ នាងអម្ពបាលី ជាស្រីផ្កាមាស អង្គាសថ្វាយខាទនីយភោជនីយាហារ (បង្អែម ចំអាប) ដ៏ឆ្ងាញ់ពីសារ ដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឈប់ទទួល សោយស្រេចហើយ លែងលូកព្រះហស្ថទៅក្នុងបាត្រហើយ ទើប (នាង) អង្គុយនៅក្នុងទីសមគួរ។ កាលបើនាងអម្ពបាលី ជាស្រីផ្កាមាស អង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបពោលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមថ្វាយនូវអម្ពបាលិវននេះ ដល់ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលនូវអារាម (នោះ)។ គ្រានោះ ព្រះដ៏មានព្រះភាគ ពន្យល់នាងអម្ពបាលី ជាស្រីផ្កាមាស ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យត្រេកអរ ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ យាងទៅកាន់ព្រៃមហាវន។ បានឮថា ព្រះមានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលីនោះឯង។
ចប់ វារៈពោលអំពីស្តេចលិច្ឆវី។
(១៧៨)
[១២៦] សម័យនោះឯង ពួកស្តេចលិច្ឆវី ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ79) ពោលសរសើរគុណព្រះធម៌80) ពោលសរសើរគុណព្រះសង្ឃ81) ដោយបរិយាយជាច្រើន។ សម័យនោះ សីហសេនាបតិ ជាសាវកនិគ្រណ្ឋ ក៏អង្គុយនៅក្នុងកណ្តាលបរិសទ្យនោះដែរ។ ទើបសីហសេនាបតិ ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធប្រាកដ ឥតសង្ស័យឡើយ ព្រោះហេតុនោះ ពួកស្តេចលិច្ឆវីទាំងនោះ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោងសម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយបរិយាជាច្រើន បើដូច្នោះ មានតែអាត្មាអញចូលទៅ ដើម្បីឃើញព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ (លងមើល)។ លំដាប់នោះ សីហសេនាបតិ ចូលសំដៅទៅត្រង់ទីដែលនិគណ្ឋនាដបុត្តនៅ លុះចូលទៅដល់ហើយ ក៏សំពះនិគណ្ឋនាដបុត្ត ហើយអង្គុយនៅក្នុងទីសមគួរ។ លុះសីហសេនាបតិ អង្គុយនៅក្នុងទីសមគួរហើយ ទើបនិយាយទៅនឹងនិគណ្ឋនាដបុត្តថា បពិត្រលោកដ៏ចំរើន ខ្ញុំចង់ចូលទៅឃើញព្រះសមណគោតម (ម្តងមើល)។ និគណ្ឋនាដបុត្តពោលថា នែអ្នកសីហៈ អ្នកឯងជាអ្នកនិយាយចំពោះកិច្ចការថា ត្រូវធ្វើ និងចូលទៅមើលសមណគោត្តម ជាអ្នកពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើដូចម្តេចបាន ម្នាលអ្នកសីហៈ ព្រោះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការ ថាមិនត្រូវធ្វើ សំដែងធម៌ហាមកិច្ចការថា មិនត្រូវធ្វើ និងទូន្មានសាវកទាំងឡាយ ដោយពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើនោះដែរ។ ឯការរៀបចំដំណើររបស់សីហសេនាបតិ ដើម្បីនឹងទៅឃើញព្រះដ៏មានព្រះភាគ (នុ៎ះ) ក៏អាក់ខានទៅ។ ពួកស្តេចលិច្ឆវី ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោងសម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយបរិយាជាច្រើន អស់វារៈជាគំរប់ពីរដងផង។បេ។ អស់វារៈជាគំរប់បីដងផង។ ឯសីហសេនាបតិ ក៏មានសេចក្តីត្រិះរិះក្នុងវារៈជាគំរប់បីដងថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធប្រាកដ ឥតសង្ស័យឡើយ ព្រោះហេតុនោះហើយ បានជាពួកស្តេចលិច្ឆវីទាំងនេះ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោងសម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរគុណព្រះសង្ឃ ដោយបរិយាជាច្រើន និគ្រណ្ឋទាំង (នេះ) ទោះអញលាក្តី មិនលាក្តី នឹងធ្វើអ្វីអញ បើដូច្នោះ អាត្មាអញ មិនបាច់លានិគ្រណ្ឋទាំង (នេះ) ទេ គួរតែចូលទៅឃើញព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធនោះតែម្តង។ លំដាប់នោះ សីហសេនាបតិ ចេញទៅអំពីក្រុងវេសាលី ដោយរថ៥០០ ក្នុងវេលាថ្ងៃ ដើម្បីនឹងឃើញព្រះដ៏មានព្រះភាគ ហើយដាក់យានទុកក្នុងទីសមគួរ ទើបចុះអំពីយាន ដើរទៅដោយជើងទទេ ចូលតម្រង់ទៅកាន់ទីដែលព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ទើបអង្គុយក្នុងទីសមគួរ។ លុះសីហសេនាបតិអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឮថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មានសាវកទាំងឡាយ ដោយពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើ ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន គេទាំងឡាយតែងពោលយ៉ាងនេះថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មានសាវកទាំងឡាយ ដោយពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន គេទាំងនោះពោលត្រង់ តាមពាក្យរបស់ព្រះអង្គ មិនមែនពោលបង្កាច់ព្រះអង្គ ដោយពាក្យមិនពិតទេឬ ដ្បិតព្រះអង្គតែងពោលជាក់ច្បាស់ នូវធម៌ សមគួរដល់ធម៌ ប្រសិនបើមានសហធម្មិកណាមួយបាននិយាយត្រូវតាមព្រះពុទ្ធដីកាដែលព្រះអង្គបានពោល (នោះ) ក៏មិនបានដល់នូវហេតុដំណេះដំនៀលឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះហើយ បានជាយើងខ្ញុំព្រះអង្គមិនចង់ពោលបង្កាច់ព្រះដ៏មានព្រះភាគ។
[១២៧] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលសីហៈ មានហេតុជាទំនងគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនងគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលថា ត្រូវធ្វើកិច្ចការ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង គួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិលទេតើ សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិលនោះដែរ ដែលថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង គួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីខ្ពើមរអើម ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា គួរខ្ពើមរអើមនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង គួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញទេតើ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង គួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកដុតកំដៅទេតើ សំដែងធម៌ ដើម្បីដុតកំដៅ ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង គួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាមនុស្សឥតកំណើត សំដែងធម៌ ដើម្បីមិនឲ្យមានកំណើត ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យមិនមានកំណើតនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង គួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុង សំដែងធម៌ ដើម្បីទំនុកបំរុង ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យថា មិនត្រូវធ្វើ សំដែងធម៌ ហាមថា មិនត្រូវធ្វើ ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ តើដូចម្តេច ម្នាលសីហៈ ដ្បិតតថាគតពោលថា មិនត្រូវធ្វើចំពោះតែកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និងពោលឃាត់កិច្ចការថា មិនត្រូវធ្វើចំពោះតែអកុសលធម៌ដ៏អាក្រក់ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការថា មិនត្រូវធ្វើ សំដែងធម៌ហាមថា មិនត្រូវធ្វើ ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលថា ត្រូវធ្វើ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ដ្បិតតថាគតពោលថា ត្រូវធ្វើចំពោះតែកាយសុចរិត វចីសុចរិត មនោសុចរិត និងពោលថា ត្រូវធ្វើចំពោះតែកុសលធម៌ដែលមានប្រយោជន៍ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលថា ត្រូវធ្វើ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិល ដែលគេថានោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ដ្បិតតថាគតពោលថា ត្រូវកាត់ផ្តាច់ផ្តិលរាគៈ ទោសៈ មោហៈ និងពោលថា ត្រូវកាត់ផ្តាច់ផ្តិលនោះ ចំពោះតែអកុសលធម៌ដ៏អាក្រក់ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិល ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីការខ្ពើមរអើម ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវខ្ពើមរអើមនោះដែរ ដែលគេថានោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះតថាគតខ្ពើមចំពោះតែកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និងខ្ពើមចំពោះសេចក្តីប្រកបចិត្ត ផ្តេកផ្តិតទៅរកអកុសលធម៌ដ៏អាក្រក់ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីការខ្ពើមរអើម ទាំងទូន្មានសាវកទាំងឡាយ ដោយការខ្ពើមរអើមនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញនោះដែរ ដែលគេថានោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះតថាគត សំដែងធម៌ចំពោះផ្លូវប្រតិបត្តិ ដែលបំផ្លាញបង់នូវរាគៈ ទោសៈ មោហៈ និងសំដែងធម៌ចំពោះផ្លូវប្រតិបត្តិ បំផ្លាញបង់នូវអកុសលធម៌ដ៏អាក្រក់ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកដុតកំដៅ សំដែងធម៌ ដើម្បីដុតកំដៅ ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេថានោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះតថាគតពោលថា កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ជាទីតាំងនៃសេចក្តីក្តៅក្រហាយ ជាអកុសលធម៌ដ៏អាក្រក់ ម្នាលសីហៈ អកុសលធម៌ដ៏អាក្រក់ទាំងឡាយ ដែលជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ) បើអ្នកណាបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោតដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគត ហៅអ្នកនោះថា អ្នកដុតកំដៅ ម្នាលសីហៈ អកុសលធម៌ដ៏អាក្រក់ទាំងឡាយ ដែលជាទីតាំងនៃសេចក្តីក្តៅក្រហាយ (នោះ) តថាគតឯង បានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចដើមត្នោត ដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខហើយ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកដុតកំដៅ សំដែងធម៌ ដើម្បីដុតកំដៅ ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរឲ្យអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកឥតកំណើត សំដែងធម៌ ដើម្បីមិនឲ្យមានកំណើត ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា មិនឲ្យមានកំណើតនោះដែរ ដែលគេថានោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះកិរិយាដេកក្នុងគភ៌តទៅទៀត ដំណើរកើតក្នុងភព តទៅខាងមុខទៀត បើអ្នកណាបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចដើមត្នោតដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌ លែងមានកំណើតតទៅខាងមុខទៀតហើយ តថាគត ហៅអ្នកនោះថា អ្នកឥតកំណើត ម្នាលសីហៈ កិរិយាដេកក្នុងគភ៌ តទៅទៀត ដំណើរកើតក្នុងភព តទៅខាងមុខទៀត តថាគត បានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចដើមត្នោត ដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាពតទៅទៀតហើយ ឲ្យជាធម៌ លែងមានកំណើត តទៅខាងមុខទៀតហើយ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ