-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ១០ - Book 010
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20170101 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០១០ - Tipitaka Book 010, for change log on ati.eu see here: រាយការណ៍ ភាគ ០១០
គំរូ ឯកសារ ផ្សេងទៀត ៖
book_010.pdf
លេខសម្គាល់
លេខទំព៍រ
ទ. ១
(ចូឡវគ្គោ)
ទុតិយភាគ
ភាគ ទី២
សមថក្ខន្ធកៈ | ខុទ្ទកវត្ថុក្ខន្ធកៈ | និងសេនាសនក្ខន្ធកៈ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(១. សម្មុខាវិនយោ)
[១] សម័យនោះ ព្រះសម្មាសម្ពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ តែងធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដែលមិនមានក្នុងទីចំពោះមុខ។ ភិក្ខុទាំងឡាយណា ជាអ្នកប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដែលមិនមាន ក្នុងទីចំពោះមុខសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ តែងធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដែលមិនមានក្នុងទីចំពោះមុខ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែបផែន មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើទេ ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើ នឹងធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដែលមិនមានក្នុងទីចំពោះមុខទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លា។ បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដែលមិនមានក្នុងទីចំពោះមុខទេ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។
[២] (បទមាតិកាទាំង៦) គឺ បុគ្គល ជាអធម្មវាទី (អ្នកពោលមិនត្រូវធម៌)១ ភិក្ខុទាំងឡាយច្រើន1) ជាអធម្មវាទី១ សង្ឃជាអធម្មវាទី១ បុគ្គលជាធម្មវាទី (អ្នកពោលត្រូវធម៌)១ ភិក្ខុទាំងឡាយច្រើន ជាធម្មវាទី១ សង្ឃជាធម្មវាទី១។
(កណ្ហបក្ខនវកំ)
[៣] បុគ្គលជាអធម្មវាទី ញុំាងបុគ្គលជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅរបស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរគាប់ចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ ជាសម្មុខាវិន័យប្លម គឺគ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ បុគ្គលជាអធម្មវាទី ញុំាងភិក្ខុទាំងឡាយច្រើន ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ បុគ្គលជាអធម្មវាទី ញុំាងសង្ឃ ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គឺគ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ ភិក្ខុទាំងឡាយច្រើន ជាអធម្មវាទី ញុំាងបុគ្គលជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ ភិក្ខុទាំងឡាយច្រើន ជាអធម្មវាទី ញុំាងភិក្ខុទាំងឡាយច្រើន ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ ភិក្ខុទាំងឡាយច្រើន ជាអធម្មវាទី ញុំាងសង្ឃ ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ សង្ឃ ជាអធម្មវាទី ញុំាងបុគ្គលជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ សង្ឃ ជាអធម្មវាទី ញុំាងភិក្ខុច្រើន ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។ សង្ឃ ជាអធម្មវាទី ញុំាងសង្ឃ ជាធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយមិនត្រូវតាមធម៌ គ្រាន់តែប្រហែលគ្នា នឹងសម្មុខាវិន័យ។
ចប់ កណ្ហបក្ខ មានចំនួន៩។
(សុក្កបក្ខនវកំ)
[៤] បុគ្គលជាធម្មវាទី ញុំាងបុគ្គលជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យ។ បុគ្គលជាធម្មវាទី ញុំាងភិក្ខុទាំងឡាយច្រើន ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យ។ បុគ្គលជាធម្មវាទី ញុំាងសង្ឃ ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យ។ ភិក្ខុទាំងឡាយច្រើន ជាធម្មវាទី ញុំាងបុគ្គលជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យ។ ភិក្ខុទាំងឡាយច្រើន ជាធម្មវាទី ញុំាងភិក្ខុច្រើន ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យ។ ភិក្ខុទាំងឡាយច្រើន ជាធម្មវាទី ញុំាងសង្ឃ ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យ។ សង្ឃ ជាធម្មវាទី ញុំាងបុគ្គលជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យ។ សង្ឃ ជាធម្មវាទី ញុំាងភិក្ខុទាំងឡាយច្រើន ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកទាំងឡាយ ចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យ។ សង្ឃ ជាធម្មវាទី ញុំាងសង្ឃ ជាអធម្មវាទី ឲ្យកត់សំគាល់ ឲ្យពិចារណា ឲ្យពិនិត្យ ឲ្យពិនិត្យរឿយៗ ឲ្យឃើញ ឲ្យឃើញរឿយៗថា នេះធម៌ នេះវិន័យ នេះពាក្យប្រដៅ របស់ព្រះសាស្តា អ្នកចូរកាន់យកពាក្យនេះចុះ ចូរពេញចិត្តនឹងពាក្យនេះចុះ ដូច្នេះ បើអធិករណ៍នោះ រម្ងាប់យ៉ាងនេះ ឈ្មោះថា រម្ងាប់ដោយធម៌ ដោយសម្មុខាវិន័យដូច្នេះ។
ចប់ សុក្កបក្ខ មានចំនួន៩។
(២. សតិវិនយោ)
[៥] សម័យនោះ ព្រះសម្មាសម្ពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះទព្វមល្លបុត្តដ៏មានអាយុ បានធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល តាំងអំពីកើតមកបាន៧ឆ្នាំ ថែមទាំងគុណជាតណាមួយ ដែល សាវ័កត្រូវដល់ គុណជាតនោះ លោកក៏បានដល់ ដោយលំដាប់សព្វគ្រប់ហើយ កិច្ចអ្វីមួយ ដែលលោកគប្បីធ្វើតទៅទៀត ឬការសន្សំនូវកិច្ចដែលធ្វើរួចហើយ ក៏មិនមានដល់លោក។
[៦] លំដាប់នោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ ទៅកាន់ទីស្ងាត់ សម្ងំនៅស្ងប់ស្ងៀមតែម្នាក់ឯង ហើយមានចិត្តត្រិះរិះកើតឡើង យ៉ាងនេះថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល តាំងពីកើតមកបាន៧ឆ្នាំ គុណជាតណានីមួយ ដែលសាវ័កត្រូវដល់ អាត្មាអញ ក៏បានដល់ នូវគុណជាតនោះ ដោយលំដាប់សព្វគ្រប់ហើយ មួយទៀត កិច្ចអ្វីមួយ ដែលអាត្មាអញ ត្រូវធ្វើតទៅទៀត ឬការសន្សំនូវកិច្ចដែលធ្វើរួចហើយ ក៏មិនមានដល់អាត្មាអញ (បើដូច្នោះ) គួរអាត្មាអញ ធ្វើការខ្វល់ខ្វាយបម្រើដល់សង្ឃដូចម្តេចហ្ន៎។ គ្រានោះ ព្រះទព្វមល្លបុត្តមានអាយុ បានត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ត្រូវរៀបចំសេនាសនៈផង ត្រូវចាត់ចែងចង្ហាន់ដល់សង្ឃផងចុះ។
[៧] គ្រានោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ លុះសាយណ្ហសម័យ ក៏ចេញពីទីពួនសម្ងំនៅ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គទៅកាន់ទីស្ងាត់ ពួនសម្ងំនៅតែម្នាក់ឯង ក៏មានចិត្តត្រិះរិះ កើតឡើងយ៉ាងនេះថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល តាំងអំពីកើតមកបាន៧ឆ្នាំ ហើយគុណជាតណានីមួយ ដែលសាវ័កត្រូវដល់ អាត្មាអញ ក៏បានដល់ នូវគុណជាតនោះ ដោយលំដាប់សព្វគ្រប់ហើយ មួយទៀត កិច្ចអ្វីមួយ ដែលអាត្មាអញ គប្បីធ្វើតទៅទៀត ឬការសន្សំនូវកិច្ច ដែលបានធ្វើរួចហើយ មិនមានដល់អាត្មាអញទេ គួរអាត្មាអញ ធ្វើការខ្វល់ខ្វាយបម្រើ ដល់សង្ឃដូចម្តេចហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ត្រូវរៀបចំសេនាសនៈផង ត្រូវចាត់ចែងចង្ហាន់ ដល់សង្ឃផងចុះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចង់រៀបចំសេនាសនៈផង ចង់ចាត់ចែងចង្ហាន់ ដល់សង្ឃផង។ ព្រះបរមគ្រូ ទ្រង់ត្រាស់ថា ម្នាលទព្វៈ ប្រពៃហើយៗ ម្នាលទព្វៈ បើដូច្នោះ អ្នកចូររៀបចំសេនាសនៈ ហើយចាត់ចែងចង្ហាន់ ដល់សង្ឃចុះ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ។
[៨] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរសន្មតទព្វមល្លបុត្ត ឲ្យជាសេនាសនប្បញ្ញាបកៈ (អ្នកចាត់ចែងសេនាសនៈ)ផង ឲ្យជាភត្តុទ្ទេសកៈ (អ្នកចាត់ចែងចង្ហាន់)ផង។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ មុនដំបូង ត្រូវសង្ឃសូមទព្វភិក្ខុ លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាសវៃ ប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើការសន្មតិ មានកាលគួរ ដល់សង្ឃហើយ សូមសង្ឃសន្មតទព្វមល្លបុត្តមានអាយុ ឲ្យជាសេនាសនប្បញ្ញាបកៈផង ឲ្យជាភត្តុទ្ទេសកៈផង។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតទព្វមល្លបុត្តមានអាយុ ឲ្យជាសេនាសនប្បញ្ញាបកៈផង ឲ្យជាភត្តុទ្ទេសកៈផង។ ការសន្មតិព្រះទព្វមល្លបុត្តមានអាយុ ឲ្យជាសេនាសនប្បញ្ញាបកៈផង ឲ្យជាភត្តុទ្ទេសកៈផង គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានសន្មតព្រះទព្វមល្លបុត្តមានអាយុ ឲ្យជាសេនាសនប្បញ្ញាបកៈផង ឲ្យជាភត្តុទ្ទេសកៈផងហើយ ការសន្មតិនេះ គួរដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៩] ព្រះទព្វមល្លបុត្តដ៏មានអាយុ ដែលសង្ឃបានសន្មតរួចហើយ ក៏រៀបចំសេនាសនៈ ដើម្បីភិក្ខុទាំងឡាយ ដែលសុទ្ធតែជាសភាគៈនឹងគ្នា ក្នុងទីជាមួយគ្នា ពួកភិក្ខុណាជាអ្នករៀនព្រះសូត្រ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏រៀបចំសេនាសនៈ ដើម្បីពួកភិក្ខុនោះ ក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នាហាត់សមព្រះសូត្រ ពួកភិក្ខុណា ជាអ្នកទ្រទ្រង់វិន័យ ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីពួកភិក្ខុទាំងនោះ ក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នាវិនិច្ឆ័យវិន័យ ពួកភិក្ខុណា ជាធម្មកថិក ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីភិក្ខុទាំងនោះ ក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងនាំគ្នាធ្វើសាកច្ឆាធម៌ ពួកភិក្ខុណា ជាអ្នកចំរើនឈាន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីភិក្ខុទាំងនោះ ក្នុងទីជាមួយគ្នា ដោយគិតថា ភិក្ខុទាំងនោះ នឹងមិនបៀតបៀនគ្នាទៅវិញទៅមក ពួកភិក្ខុណា ជាអ្នកពោលនូវតិរច្ឆានកថា ច្រើនតែមានរាងកាយមាំមួន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនៈ ដើម្បីពួកភិក្ខុនោះ ក្នុងទីជាមួយគ្នា ដោយគិតថា លោកមានអាយុទាំងឡាយនេះ នឹងនៅទាល់ភ្លឺ ដោយពោលនូវតិរច្ឆានកថានេះ ភិក្ខុទាំងឡាយណា មកដល់ក្នុងវេលាវិកាល2) ព្រះទព្វមល្លបុត្ត ក៏ចូលកាន់តេជោធាតុ ហើយរៀបចំសេនាសនៈ ដើម្បីភិក្ខុទាំងនោះ ដោយពន្លឺនៃតេជោធាតុនោះឯង។ ចួនកាល មានភិក្ខុទាំងឡាយក្លែងមក ក្នុងវេលាវិកាល ដោយគិតថា យើងទាំងឡាយ នឹងបានឃើញឥទ្ធិប្បាដិហារ្យ របស់ព្រះទព្វមល្លបុត្តដ៏មានអាយុ។ ភិក្ខុទាំងឡាយនោះ ក៏ចូលទៅរកព្រះទព្វមល្លបុត្តដ៏មានអាយុ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោទព្វៈ ចូរលោករៀបចំសេនាសនៈ ដើម្បីយើងទាំងឡាយ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ និយាយយ៉ាងនេះ នឹងភិក្ខុទាំងនោះថា លោកទាំងឡាយដ៏មានអាយុ ចង់នៅក្នុងទីណា ឲ្យខ្ញុំរៀបចំក្នុងទីណា។ ភិក្ខុទាំងឡាយនោះ ក្លែងចង្អុរទៅរកទីឆ្ងាយ ដោយពាក្យថា ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈលើភ្នំគិជ្ឈកូដ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ជិតជ្រោះសម្រាប់ទម្លាក់ចោរ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ លើកាឡសិលាខាងភ្នំឥសិគិលិ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ក្នុងសត្តបណ្ណគូហា ខាងភ្នំវេភារៈ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ទៀបញកភ្នំ ឈ្មោះ សប្បសោណ្ឌិកៈ ក្នុងសីតវ័ន (ព្រៃត្រជាក់) ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ទៀបជ្រោះភ្នំ ឈ្មោះ គោមដៈ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ទៀបជ្រោះភ្នំ ឈ្មោះ តិណ្ឌុកៈ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ទៀបជ្រោះភ្នំ ឈ្មោះកបោតៈ ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ក្នុងវត្តតបោទា ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ក្នុងជីវកម្ពវ័ន ដើម្បីយើងទាំងឡាយចុះ។ ម្នាលអាវុសោទព្វៈ លោកចូររៀបចំសេនាសនៈ ក្នុងមិគទាយវ័ន ទៀបភ្នំមទ្ទកុច្ឆិ ដើម្បីយើងទាំងឡាយចុះ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ចូលកាន់តេជោធាតុ ហើយមានម្រាមភ្លឺរុងរឿង ដើរទៅអំពីខាងមុខៗ នៃភិក្ខុទាំងឡាយនោះ។ ភិក្ខុទាំងឡាយនោះ ក៏ដើរទៅអំពីខាងក្រោយៗ នៃព្រះទព្វមល្លបុត្តមានអាយុ ដោយពន្លឺនោះឯង។ ព្រះទព្វមល្លបុត្តមានអាយុ រៀបចំសេនាសនៈ ដល់ភិក្ខុទាំងឡាយនោះ យ៉ាងនេះថា នេះគ្រែ នេះតាំង នេះពូក នេះខ្នើយ នេះទីសម្រាប់បន្ទោបង់ឧច្ចារៈ នេះទីសម្រាប់បន្ទោបង់បស្សាវៈ នេះទឹកសម្រាប់ឆាន់ នេះទឹកសម្រាប់ប្រើប្រាស់ នេះឈើច្រត់ នេះទីកតិកាសញ្ញារបស់សង្ឃ ពេលនេះ ត្រូវលោកទាំងឡាយចូល ពេលនេះ ត្រូវលោកទាំងឡាយចេញ។ ព្រះទព្វមល្លបុត្តមានអាយុ រៀបចំសេនាសនៈ យ៉ាងនេះ ដល់ភិក្ខុទាំងឡាយនោះ ហើយនិមន្តត្រឡប់មកវត្តវេឡុវ័នវិញ។
[១០] សម័យនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយ ជាភិក្ខុថ្មីផង មានបុណ្យតិចផង។ លោកទាំងនោះ តែងបានសេនាសនៈទាំងឡាយ របស់សង្ឃ ដែលជារបស់ថោកទាប និងភត្តដ៏ថោកទាប។ សម័យនោះឯង មនុស្សទាំងឡាយ ក្នុងក្រុងរាជគ្រឹះ ចង់ប្រគេនសប្បិខ្លះ ប្រេងខ្លះ សម្លឧត្តរិភង្គខ្លះ3) ដែលគេតាក់តែងឡើង ដោយផ្ចិតផ្ចង់ ដល់ភិក្ខុទាំងឡាយជាថេរៈ ចំណែកខាងមេត្តិយភិក្ខុ និងភុម្មជកភិក្ខុវិញ គេប្រគេនតែត្រឹមបាយចុងអង្ករ មានទឹកជ្រក់ ជាគំរប់ពីរ ជាភោជនប្រក្រតី ដែលគេប្រារព្ធហើយយ៉ាងណា។4) ពួកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងនោះ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយក៏សួរភិក្ខុទាំងឡាយ ជាថេរៈថា ម្នាលអាវុសោទាំងឡាយ ក្នុងរោងភត្តរបស់លោក មានអ្វីខ្លះ មិនមានអ្វីខ្លះ។ ព្រះថេរៈទាំងឡាយពួកខ្លះ ប្រាប់យ៉ាងនេះថា ម្នាលអាវុសោ ក្នុងរោងឆាន់របស់យើង មានសប្បិ មានប្រេង មានសម្លឧត្តរិភង្គ។ ឯមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ និយាយប្រាប់យ៉ាងនេះថា ម្នាលអាវុសោ យើងគ្មានវត្ថុអ្វីទេ មានតែបាយចុងអង្ករ និងទឹកជ្រក់ ជាគំរប់ពីរ ជាភោជនប្រក្រតី ដែលគេប្រារព្ធហើយយ៉ាងណាប៉ុណ្ណោះ។
[១១] សម័យនោះឯង គហបតិ ឈ្មោះកល្យាណភត្តិកៈ តែងប្រគេនចតុក្កភត្ត5) ជានិច្ចភត្ត ដល់សង្ឃ។ គហបតិនោះ ព្រមទាំងកូនប្រពន្ធ តែងចូលទៅបម្រើ អង្គាស (ព្រះសង្ឃ) ក្នុងរោងភត្ត។ ភិក្ខុទាំងឡាយដទៃៗ ក៏សួររកបាយ សួររកសម្ល រកប្រេង រកសម្លឧត្តរិភង្គ។
[១២] សម័យនោះឯង ភត្តុទ្ទេសកភិក្ខុ ចាត់ពួកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ (ឲ្យទៅទទួល) ចង្ហាន់របស់កល្យាណភត្តិកគហបតិ ក្នុងថ្ងៃព្រឹកស្អែក។ គ្រានោះ កល្យាណភត្តិកគហបតិ បានទៅកាន់អារាម ដោយមានកិច្ចអ្វីមួយ ហើយក៏ចូលទៅរកព្រះទព្វមល្លបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះទព្វមល្លបុត្តដ៏មានអាយុ រួចអង្គុយក្នុងទីដ៏សមគួរ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ បាននិយាយពន្យល់ កល្យាណភត្តិកគហបតិ ដែលអង្គុយនៅក្នុងទីដ៏សមគួរ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ កល្យាណភត្តិកគហបតិ កាលព្រះទព្វមល្លបុត្តដ៏មានអាយុ និយាយពន្យល់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ និយាយពាក្យនេះ នឹងព្រះទព្វមល្លបុត្តដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ស្អែកនេះ លោកម្ចាស់ចាត់ភិក្ខុអង្គណា (ឲ្យទៅទទួល) ភត្តក្នុងផ្ទះរបស់ខ្ញុំ។ ព្រះទព្វមល្លបុត្តឆ្លើយថា ម្នាលគហបតី ស្អែកនេះ អាត្មានឹងចាត់មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយ (ឲ្យទៅទទួល) ភត្តក្នុងផ្ទះអ្នកក្នុងថ្ងៃស្អែក។ លំដាប់នោះ កល្យាណភត្តិកគហបតិ មានសេចក្តីអាក់អន់ចិត្ត ដោយគិតថា ចុះហេតុអ្វី បានជាភិក្ខុលាមកទាំងឡាយ ទៅឆាន់ក្នុងផ្ទះរបស់អាត្មាអញ (លុះគិតដូច្នេះហើយ) ក៏ទៅផ្ទះ បង្គាប់ទាសីថា នែហង ស្អែកត្រូវពួកលោកណាមកទទួលចង្ហាន់ ហងឯងចូរក្រាលអាសនៈ ក្នុងជង្រុក ហើយអង្គាសលោកទាំងនោះ ដោយបាយចុងអង្ករ មានទឹកជ្រក់ ជាគំរប់ពីរចុះ។ ទាសីនោះ ទទួលស្តាប់ពាក្យ កល្យាណភត្តិកគហបតិ ដោយពាក្យថា ច៎ាះ អ្នកម្ចាស់។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយគិតគ្នាថា ម្នាលអាវុសោ អំពីថ្ងៃម្សិលមិញ ភត្តុទ្ទេសកភិក្ខុ បានចាត់ឲ្យយើងទៅទទួលភត្ត របស់កល្យាណភត្តិកគហបតិ កល្យាណភត្តិកគហបតិ ព្រមទាំងកូនប្រពន្ធ នឹងចូលមកបម្រើ អង្គាសពួកយើងក្នុងថ្ងៃស្អែក ភិក្ខុទាំងឡាយដទៃៗ មុខជានឹងសួររកបាយ រកសម្ល រកប្រេង រកសម្លឧត្តរិភង្គ។ ដោយសេចក្តីសោមនស្សនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនោះ ក៏ដេកមិនលក់ តាមសេចក្តីគាប់ចិត្ត ក្នុងរាត្រី(នោះ)។ គ្រានោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់លំនៅ របស់កល្យាណភត្តិកគហបតិ អំពីព្រឹកព្រហាម។ ទាសីនោះ បានឃើញមេត្តិយភិក្ខុនិងភុម្មជកភិក្ខុកំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រាលអាសនៈ ក្នុងជង្រុក ហើយបាននិយាយពាក្យនេះ នឹងមេត្តិយភុម្មជកភិក្ខុថា បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយគង់ចុះ។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ត្រិះរិះដូច្នេះថា កុំសង្ស័យឡើយ ចង្ហាន់មិនទាន់ស្រេចទេ បានជាគេឲ្យយើងអង្គុយក្នុងជង្រុកសិន។ គ្រានោះ ទាសីនោះ ក៏ផ្គត់ផ្គង់ ដោយបាយចុងអង្ករ មានទឹកជ្រក់ ជាគំរប់ពីរ ហើយនិមន្តថា បពិត្រលោកដ៏ចំរើន សូមលោកទាំងឡាយឆាន់ចុះ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ឆ្លើយថា ម្នាលប្អូនស្រី យើងទាំងឡាយ សុទ្ធតែជាអ្នក ទទួលនិច្ចភត្ត។ ទាសីនោះ ឆ្លើយថា ខ្ញុំព្រះករុណាដឹងថា លោកម្ចាស់ទាំងឡាយ ជាអ្នកទទួលនិច្ចភត្តហើយ តែម្សិលមិញ គហបតិ បង្គាប់ខ្ញុំព្រះករុណាថា នែហង លោកទាំងឡាយណា ត្រូវការដោយចង្ហាន់ និមន្តមក ក្នុងថ្ងៃស្អែក ហងឯង ចូរក្រាលអាសនៈ ក្នុងជង្រុកចុះ ហើយអង្គាសលោកទាំងនោះ ដោយបាយចុងអង្ករ មានទឹកជ្រក់ ជាគំរប់ពីរចុះ បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយឆាន់ចុះ។ លំដាប់នោះ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ និយាយគ្នាថា ម្នាលអាវុសោ កាលថ្ងៃម្សិលមិញ កល្យាណភត្តិកគហបតិ បានទៅកាន់អារាមនៅ នាសំណាក់ទព្វមល្លបុត្ត ពួកយើង ប្រាកដជាទព្វមល្លបុត្ត ញុះញង់ ក្នុងសំណាក់នៃគហបតីពិតហើយ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងនោះ ក៏មិនបានឆាន់ដូចចិត្ត ដែលប៉ុនប៉ង ព្រោះតែសេចក្តីទោមនស្សនោះឯង។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាក្រោយភត្តហើយ ទៅកាន់អារាមក្នុងពេលនោះ ក៏រៀបទុកដាក់បាត្រ និងចីវរ ហើយអង្គុយ ត្របោមក្បាលជង្គង់ ទាំងសង្ឃាដិខាងក្រៅក្លោងទ្វារវត្តនៅស្ងៀម មានសេចក្តីអៀនអន់ ឱនកចុះ មានមុខជ្រប់ ស្រពាប់ស្រពោន ឥតមាននិយាយអ្វីសោះ។ គ្រានោះ ភិក្ខុនីឈ្មោះ មេត្តិយា ចូលទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះ នឹងមេត្តិយភិក្ខុ និងភុម្មជកភិក្ខុថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ។ កាលបើមេត្តិយាភិក្ខុនី និយាយយ៉ាងនេះហើយ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិននិយាយតបតសោះឡើយ។ មេត្តិយាភិក្ខុនី បាននិយាយពាក្យនេះ ចំពោះមេត្តិយភុម្មជកភិក្ខុ ជាគំរប់ពីរដងផង។ បេ។ ជាគំរប់បីដងផងថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុមិននិយាយតតប ជាគំរប់បីដងផង។ ទើបមេត្តិយាភិក្ខុនីសួរថា ខ្ញុំព្រះករុណា បានប្រទូស្តនឹងលោកម្ចាស់រាល់អង្គ ដូចម្តេចខ្លះ ហេតុអ្វី បានជាលោកម្ចាស់រាល់អង្គ មិននិយាយនឹងខ្ញុំព្រះករុណា។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ពិតដូច្នោះហើយ ទព្វមល្លបុត្ត កំពុងបៀតបៀនយើង នាងឯងក៏ធ្វើព្រងើយកន្តើយ។ មេត្តិយាភិក្ខុនីសួរថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំព្រះករុណា នឹងធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី បើនាងប្រាថ្នានឹង (ធ្វើ) ត្រូវក្រាបបង្គំទូល ព្រះមានព្រះភាគ ឲ្យញុំាងទព្វមល្លបុត្តមានអាយុ ឲ្យវិនាសចេញ ក្នុងថ្ងៃនេះឲ្យបាន។ មេត្តិយាភិក្ខុនីសួរថា បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំនឹងធ្វើដូចម្តេច ចុះអំពើអ្វី ដែលខ្ញុំនឹងអាចធ្វើបាន។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី នាងចូរមក នាងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរក្រាបបង្គំទូលព្រះមានព្រះភាគថាយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ការនេះ មិនមែនជាការកំបាំងទេ មិនមែនជាការសមគួរ បពិត្រព្រះអង្គដ៏ចំរើន ទិសណាដែលមិនមានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះ ត្រឡប់ជាប្រកបដោយភ័យ ប្រកបដោយចង្រៃ ប្រកបដោយឧបទ្រពទៅវិញ ទីណា ដែលមិនធ្លាប់មានខ្យល់ ទីនោះត្រឡប់ជាមានខ្យល់វិញ ដូចជាទឹកធ្លាប់ត្រជាក់ ប្រែខ្វែជាក្តៅ ឥឡូវព្រះទព្វមល្លបុត្តជាម្ចាស់ បានប្រទូស្ត នឹងខ្ញុំព្រះអង្គហើយ។ មេត្តិយាភិក្ខុនីទទួលស្តាប់ពាក្យមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ដោយពាក្យថា យ៉ាងហ្នឹងហើយ លោកម្ចាស់ រួចហើយចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតនៅ ក្នុងទីដ៏សមគួរ។ មេត្តិយាភិក្ខុនីនោះ លុះឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ការនេះមិនមែនជាការកំបាំងទេ មិនមែនជាការសមគួរទេ បពិត្រព្រះអង្គដ៏ចំរើន ទិសណាដែលមិនធ្លាប់មានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះត្រឡប់ទៅជាប្រកបដោយភ័យ ប្រកបដោយចង្រៃ ប្រកបដោយឧបទ្រពទៅវិញ ទីណាដែលមិនធ្លាប់មានខ្យល់ ទីនោះ ត្រឡប់ទៅជាមានខ្យល់វិញ ដូចជាទឹកធ្លាប់ត្រជាក់ ប្រែខ្វែជាក្តៅវិញ ឥឡូវព្រះទព្វមល្លបុត្តជាម្ចាស់ បានប្រទូស្តនឹងខ្ញុំព្រះអង្គហើយ។
[១៣] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ នូវព្រះទព្វមល្លបុត្តដ៏មានអាយុ ក្នុងវេលានោះថា ម្នាលទព្វៈ អ្នករលឹកឃើញថា អ្នកបានធ្វើអំពើ ដូចភិក្ខុនីនេះ បានពោលឬទេ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ដូចជាព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គស្រាប់ហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ព្រះទព្វមល្លបុត្ត ជាគំរប់ពីរដងផង។ បេ។ ជាគំរប់បីដងផងថា ម្នាលទព្វៈ អ្នករលឹកឃើញថា អ្នកបានធ្វើអំពើ ដូចជាភិក្ខុនីនេះ បានពោលឬទេ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ដូចជាព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គស្រាប់ហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលទព្វៈ អ្នកប្រាជ្ញទាំងឡាយ មិននិយាយបណ្តោះបណ្តៃយ៉ាងនេះទេ បើអំពើដែលអ្នកបានធ្វើហើយ អ្នកចូរនិយាយថា ខ្ញុំបានធ្វើហើយ បើអំពើដែលអ្នកមិនបានធ្វើទេ អ្នកចូរនិយាយថា ខ្ញុំមិនបានធ្វើទេ។ ព្រះទព្វមល្លបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន តាំងពីខ្ញុំព្រះអង្គកើតមក សូម្បីតែយល់សប្តិសេពមេថុនធម្ម ក៏មិនដែលស្គាល់សោះឡើយ នឹងបាច់និយាយទៅថ្វី ដល់ការភ្ញាក់រលឹកឡើង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរឲ្យមេត្តិយាភិក្ខុនីសឹកចេញ មួយទៀត អ្នកទាំងឡាយ ចូរសាកសួរពួកភិក្ខុទាំងនេះមើល។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ ទ្រង់ក្រោកចាកអាសនៈ ចូលទៅកាន់វិហារវិញ។ ភិក្ខុទាំងឡាយនោះ ក៏ឲ្យមេត្តិយាភិក្ខុនីសឹកចេញ ក្នុងពេលនោះ។ ទើបមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ និយាយពាក្យនេះ នឹងភិក្ខុទាំងឡាយនោះថា ម្នាលអាវុសោ ចូរលោកទាំងឡាយ កុំផ្សឹកមេត្តិយាភិក្ខុនីឡើយ នាងនោះ ឥតមានកំហុសអ្វីទេ (ហេតុដើមមកពី) យើងខឹង អាក់អន់ចិត្ត ចង់ឲ្យទព្វមល្លបុត្ត ឃ្លាតចាកសមណភេទ ទើបឲ្យមេត្តិយាភិក្ខុនីនោះ ខ្នាស់ខ្នែងឡើង។ ភិក្ខុទាំងឡាយសួរថា ម្នាលអាវុសោ អ្នកហ៊ានចោទ ព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូលដែរឬ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ចោទព្រះទព្វមល្លបុត្តមានអាយុ ដោយសីលវិបត្តិ មិនមានមូលសោះ។ ឯភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ចោទទព្វមល្លបុត្ត ដោយសីលវិបត្តិ មិនមានមូល ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតមែន។ បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យសតិវិន័យ ដល់ទព្វមល្លបុត្ត ជាអ្នកបរិបូណ៌ដោយសតិចុះ។ ម្នាលភិក្ខុទាំងឡាយ សតិវិន័យនោះ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ទព្វមល្លបុត្តនោះ ត្រូវចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទខ្ញុំដោយសីលវិបត្តិ មិនមានមូល បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ ទព្វមល្លបុត្ត គប្បីសូមជាគំរប់ពីរដងផង។ បេ។ គប្បីសូម ជាគំរប់បីដងផងថា បពិត្រព្រះសង្ឃដ៏ចំរើន មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទខ្ញុំដោយសីលវិបត្តិ មិនមានមូល បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ ជាគំរប់បីដងផង។
[១៤] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ បើការសូមសតិវិន័យ មានកាលគួរ ដល់សង្ឃហើយ សូមសង្ឃឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ សង្ឃបានឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ។ ការឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយនេះ ចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ មកសូមសតិវិន័យនឹងសង្ឃ។ សង្ឃបានឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ។ ការឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានឲ្យសតិវិន័យ ដល់ព្រះទព្វមល្លបុត្តដ៏មានអាយុ ជាអ្នកបរិបូណ៌ដោយសតិហើយ (ការឲ្យសតិវិន័យនេះ) សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[១៥] ម្នាលភិក្ខុទាំងឡាយ ការឲ្យសតិវិន័យ6) ដែលប្រកបដោយធម៌នេះ មាន៥យ៉ាង គឺឲ្យដល់ភិក្ខុបរិសុទ្ធ មិនមានអាបត្តិ១ ភិក្ខុឯទៀតចោទភិក្ខុនោះ១ ភិក្ខុនោះសូម១ សង្ឃឲ្យសតិវិន័យ ដល់ភិក្ខុនោះ១ សង្ឃព្រមព្រៀងឲ្យ ដោយធម៌១ ម្នាលភិក្ខុទាំងឡាយ ការឲ្យសតិវិន័យប្រកបដោយធម៌ ៥យ៉ាងនេះឯង។
(៣. អមូឡ្ហវិនយោ)
[១៦] សម័យនោះឯង គគ្គភិក្ខុ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល។ ភិក្ខុឆ្កួត ដែលមានចិត្តវិបល្លាស ប្រែប្រួលហើយនោះ រមែងតែប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន។ ភិក្ខុទាំងឡាយ ចោទគគ្គភិក្ខុ ដោយអាបត្តិ ព្រោះតែលោកជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល បានប្រព្រឹត្តអនាចារថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ គគ្គភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញ នូវអំពើនោះថា អំពើនេះ អាត្មាអញ បានធ្វើដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទគគ្គភិក្ខុនោះ យ៉ាងនេះទៀតថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយ មិនសមបើនឹងចោទគគ្គភិក្ខុ ដោយអាបត្តិ ព្រោះតែលោក ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល បានប្រព្រឹត្តអនាចារថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ គគ្គភិក្ខុនោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញ នូវអំពើនោះថា អំពើនេះ អាត្មាអញ បានធ្វើដោយសេចក្តីវង្វេង ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទគគ្គភិក្ខុនោះ យ៉ាងនេះទៀតថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ លំដាប់នោះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យអមូឡ្ហវិន័យ ដល់គគ្គភិក្ខុ ដែលបាត់វង្វេងចុះ។ ម្នាលភិក្ខុទាំងឡាយ អមូឡ្ហវិន័យនោះ សង្ឃគប្បីឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ គគ្គភិក្ខុនោះ គប្បីចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល កាលខ្ញុំឆ្កួត មានចិត្តវិបល្លាសប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តកន្លង បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ឯភិក្ខុទាំងឡាយ ក៏ចោទខ្ញុំដោយអាបត្តិ ព្រោះតែខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល បានប្រព្រឹត្តអនាចារថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ខ្ញុំបាននិយាយ នឹងភិក្ខុទាំងឡាយនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំកំពុងឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញ នូវអំពើនោះថា អំពើនេះ អាត្មាអញ បានធ្វើហើយ ដោយសេចក្តីវង្វេង ភិក្ខុទាំងឡាយ ក៏ពោលចោទខ្ញុំ យ៉ាងនេះទៀតថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ។ គគ្គភិក្ខុ ត្រូវសូមជាគំរប់ពីរដងផង។ បេ។ សូមជាគំរប់បីដងផងថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំកំពុងឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ឯភិក្ខុទាំងឡាយ ក៏ចោទខ្ញុំ ដោយអាបត្តិ ព្រោះតែខ្ញុំឆ្កួត មានចិត្តវិបល្លាសប្រែប្រួល បានប្រព្រឹត្តអនាចារថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ខ្ញុំក៏បាននិយាយនឹងភិក្ខុទាំងឡាយនោះវិញ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំកំពុងឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញ នូវអំពើនោះថា អំពើនេះ អាត្មាអញ បានធ្វើហើយ ដោយសេចក្តីវង្វេង ឯភិក្ខុទាំងឡាយ ពោលចោទខ្ញុំ យ៉ាងនេះទៀតថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ ជាគំរប់បីដងផង។
[១៧] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ គគ្គភិក្ខុនោះ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលលោកកំពុងឆ្កួត មានចិត្តវិបល្លាសប្រែប្រួលនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន។ ឯភិក្ខុទាំងឡាយ ចោទគគ្គភិក្ខុ ដោយអាបត្តិ ព្រោះតែលោកឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល បានប្រព្រឹត្តអនាចារថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ គគ្គភិក្ខុនោះ ឆ្លើយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំកំពុងឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលនោះ បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញ នូវអំពើនោះថា អំពើនេះ អាត្មាអញ បានធ្វើហើយ ដោយសេចក្តីវង្វេង។ ឯភិក្ខុទាំងឡាយ ក៏នៅតែពោលចោទគគ្គភិក្ខុនោះ យ៉ាងនេះទៀតថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ ឥឡូវ គគ្គភិក្ខុនោះ បាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ។ បើការសូមអមូឡ្ហវិន័យ មានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យអមូឡ្ហវិន័យ ដល់គគ្គភិក្ខុ ជាអ្នកបាត់វង្វេងហើយចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ គគ្គភិក្ខុនេះ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលលោកកំពុងឆ្កួត មានចិត្តវិបល្លាសប្រែប្រួល បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន។ ឯភិក្ខុទាំងឡាយ ក៏ចោទគគ្គភិក្ខុ ដោយអាបត្តិ ព្រោះតែលោកជាភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល បានប្រព្រឹត្តអនាចារថា ចូរលោកដ៏មានអាយុ រលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ គគ្គភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល កាលដែលខ្ញុំកំពុងឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលនោះ បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញ នូវអំពើនោះថា អំពើនេះ អាត្មាអញ បានធ្វើហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទគគ្គភិក្ខុនោះ យ៉ាងនេះទៀតថា លោកមានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ គគ្គភិក្ខុនោះ បាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ។ សង្ឃឲ្យអមូឡ្ហវិន័យ ដល់គគ្គភិក្ខុ ជាអ្នកបាត់វង្វេងហើយ។ ការឲ្យអមូឡ្ហវិន័យ ដល់គគ្គភិក្ខុ ជាអ្នកបាត់វង្វេង គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បេ។ សង្ឃបានឲ្យអមូឡ្ហវិន័យ ដល់គគ្គភិក្ខុ ជាអ្នកបាត់វង្វេងហើយ ការឲ្យអមូឡ្ហវិន័យនេះ គួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[១៨] ម្នាលភិក្ខុទាំងឡាយ ការឲ្យអមូឡ្ហវិន័យនេះ ដែលមិនប្រកបដោយធម៌ មាន៣យ៉ាង ដែលប្រកបដោយធម៌ មាន៣យ៉ាង។ ការឲ្យអមូឡ្ហវិន័យ មិនប្រកបដោយធម៌ មាន៣យ៉ាង (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គលមួយរូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ ភិក្ខុនោះ កាលរលឹកឃើញ ក៏និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះ ខ្ញុំរលឹកមិនឃើញទេ។ សង្ឃឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យអមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។
[១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ កាលភិក្ខុនោះ រលឹកឃើញ ក៏និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំរលឹកឃើញដែរ តែដូចជាយល់សប្តិ។ សង្ឃឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យអមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។
[២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ ភិក្ខុនោះ មិនមែនជាឆ្កួត តែក្លែងធ្វើជាឆ្កួត និយាយថា ខ្ញុំរមែងធ្វើយ៉ាងនេះ សូម្បីលោកទាំងឡាយ ក៏ធ្វើយ៉ាងនេះដែរ អំពើនេះ សមគួរដល់ខ្ញុំផង អំពើនេះ សមគួរដល់លោកទាំងឡាយផង។ សង្ឃក៏ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យអមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ការឲ្យអមូឡ្ហវិន័យ ដែលមិនប្រកបដោយធម៌ មាន៣យ៉ាង ប៉ុណ្ណេះឯង។
[២១] ការឲ្យអមូឡ្ហវិន័យ ដែលប្រកបដោយធម៌ មាន៣យ៉ាង (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល។ ភិក្ខុឆ្កួតនោះ មានចិត្តវិបល្លាស ប្រែប្រួល ហើយក៏ប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ ភិក្ខុឆ្កួតនោះ រលឹកមិនឃើញសោះ ក៏និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះ ខ្ញុំរលឹកមិនឃើញទេ។ សង្ឃឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យអមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា ប្រកបដោយធម៌។
[២២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល។ ភិក្ខុឆ្កួតនោះ មានចិត្តវិបល្លាស ប្រែប្រួល បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ ភិក្ខុនោះ រលឹកមិនឃើញសោះ តែនិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំរលឹកឃើញដែរ តែថា ដូចជាយល់សប្តិ។ សង្ឃក៏ឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យអមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា ប្រកបដោយធម៌។
[២៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាភិក្ខុឆ្កួត មានចិត្តវិបល្លាសប្រែប្រួល។ ភិក្ខុឆ្កួតនោះ មានចិត្តវិបល្លាស ប្រែប្រួលហើយ បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ចូររលឹកមើលចុះ លោកជាអ្នកត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ។ ភិក្ខុនោះឆ្កួតមែន ក៏ធ្វើអាការជាឆ្កួត ហើយនិយាយថា ខ្ញុំរមែងធ្វើយ៉ាងនេះ សូម្បីលោកទាំងឡាយ ក៏ធ្វើយ៉ាងនេះដែរ អំពើនេះ សមគួរដល់ខ្ញុំផង អំពើនេះ សមគួរ ដល់លោកទាំងឡាយផង។ សង្ឃឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ការឲ្យអមូឡ្ហវិន័យ (យ៉ាងនេះ) ឈ្មោះថា ប្រកបដោយធម៌។ ការឲ្យអមូឡ្ហវិន័យ ដែលប្រកបដោយធម៌ មាន៣យ៉ាងប៉ុណ្ណេះឯង។
(៤. បដិញ្ញាតករណំ)
[២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដោយមិនតាមពាក្យប្តេជ្ញា។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងធ្វើកម្មទាំងឡាយ គឺតជ្ជនីយកម្មខ្លះ និយស្សកម្មខ្លះ បព្វាជនីយកម្មខ្លះ បដិសារណីយកម្មខ្លះ ឧក្ខេបនីយកម្មខ្លះ ដល់ភិក្ខុទាំងឡាយ ដោយមិនតាមពាក្យប្តេជ្ញាសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់ភិក្ខុទាំងឡាយ ដោយមិនតាមពាក្យប្តេជ្ញាទេ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។
[២៥] ម្នាលភិក្ខុទាំងឡាយ ការធ្វើតាមពាក្យប្តេជ្ញា មិនប្រកបដោយធម៌ យ៉ាងនេះ ការធ្វើតាមពាក្យប្តេជ្ញា ប្រកបដោយធម៌ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯការធ្វើតាមពាក្យប្តេជ្ញា ដែលមិនប្រកបដោយធម៌នោះ ដូចម្តេច។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកមានអាយុ ត្រូវអាបត្តិបារាជិកហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនត្រូវអាបត្តិបារាជិកទេ ត្រូវអាបត្តិសង្ឃាទិសេសទេតើ។ សង្ឃក៏ឲ្យភិក្ខុនោះធ្វើ (វុដ្ឋានវិធី) ដោយអាបត្តិសង្ឃាទិសេស។ ការធ្វើតាមពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិបារាជិក។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិបារាជិកហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនត្រូវអាបត្តិបារាជិកទេ ត្រូវអាបត្តិថុល្លច្ច័យទេតើ។ សង្ឃឲ្យភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិថុល្លច្ច័យ។ ការធ្វើតាមពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិបារាជិកហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមិនត្រូវអាបត្តិបារាជិកទេ ត្រូវអាបត្តិបាចិត្តិយៈទេតើ។ សង្ឃឲ្យភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិបាចិត្តិយៈ។ ការធ្វើតាមពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិបារាជិកហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រូវអាបត្តិបារាជិកទេ ត្រូវអាបត្តិបាដិទេសនីយៈទេតើ។ សង្ឃឲ្យភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិបាដិទេសនីយៈ។ ការធ្វើតាមពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិបារាជិកហើយ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រូវអាបត្តិបារាជិកទេ ត្រូវអាបត្តិទុក្កដទេតើ។ សង្ឃឲ្យភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិទុក្កដ។ ការធ្វើតាមពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិបារាជិកហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រូវអាបត្តិបារាជិកទេ ត្រូវអាបត្តិទុព្ភាសិតទេតើ។ សង្ឃឲ្យភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិទុព្ភាសិត។ ការធ្វើតាមពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិសង្ឃាទិសេសហើយ។ បេ។ ថុល្លច្ច័យ។ បេ។ បាចិត្តិយៈ។ បេ។ បាដិទេសនីយៈ។ បេ។ ទុក្កដ។ បេ។ ត្រូវអាបត្តិទុព្ភាសិតហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិទុព្ភាសិតហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំមិនត្រូវអាបត្តិទុព្ភាសិតទេ ត្រូវអាបត្តិបារាជិកទេតើ។ សង្ឃឲ្យភិក្ខុនោះធ្វើ (ការប្តេជ្ញាខ្លួនជាគ្រហស្ថ) ដោយអាបត្តិបារាជិក។ ការធ្វើតាមពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិទុព្ភាសិតហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិទុព្ភាសិតហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ ខ្ញុំមិនត្រូវអាបត្តិទុព្ភាសិតទេ ត្រូវអាបត្តិសង្ឃាទិសេសទេតើ។ បេ។ ថុល្លច្ច័យ។ បេ។ បាចិត្តិយៈ។ បេ។ បាដិទេសនីយៈ។ បេ។ ត្រូវអាបត្តិទុក្កដ។ សង្ឃឲ្យភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិទុក្កដ។ ការធ្វើតាមពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា មិនប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ការធ្វើតាមពាក្យប្តេជ្ញា ដែលមិនប្រកបដោយធម៌ យ៉ាងនេះឯង។
[២៦] ម្នាលភិក្ខុទាំងឡាយ ចំណែកឯការធ្វើតាមពាក្យប្តេជ្ញា ដែលប្រកបដោយធម៌ (នោះ) ដូចម្តេច។ ភិក្ខុត្រូវអាបត្តិបារាជិកហើយ។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិបារាជិកហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អើខ្ញុំត្រូវអាបត្តិបារាជិកមែន។ សង្ឃឲ្យភិក្ខុនោះធ្វើ (ការប្តេជ្ញាខ្លួនជាគ្រហស្ថ) ដោយអាបត្តិបារាជិក។ ការធ្វើតាមពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា ប្រកបដោយធម៌។ ភិក្ខុត្រូវអាបត្តិ សង្ឃាទិសេស។ បេ។ ថុល្លច្ច័យ។ បេ។ បាចិត្តិយៈ។ បេ។ បាដិទេសនីយៈ។ បេ។ ទុក្កដ។ បេ។ ទុព្ភាសិត។ សង្ឃក្តី ភិក្ខុច្រើនរូបក្តី បុគ្គល១រូបក្តី ចោទភិក្ខុនោះថា លោកដ៏មានអាយុ ត្រូវអាបត្តិទុព្ភាសិតហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អើខ្ញុំត្រូវអាបត្តិទុព្ភាសិតមែន។ សង្ឃឲ្យភិក្ខុនោះធ្វើ (ទេសនាវិធី) ដោយអាបត្តិទុព្ភាសិត។ ការធ្វើតាមពាក្យប្តេជ្ញា (យ៉ាងនេះ) ឈ្មោះថា ប្រកបដោយធម៌។ ម្នាលភិក្ខុទាំងឡាយ ការធ្វើតាមពាក្យប្តេជ្ញា ដែលប្រកបដោយធម៌ យ៉ាងនេះឯង។
(៥. យេភុយ្យសិកា)
[២៧] សម័យនោះឯង ភិក្ខុទាំងឡាយ បង្កហេតុ ឈ្លោះទាស់ទែងគ្នា ក្នុងកណ្តាលជំនុំសង្ឃ ពោលពាក្យចាក់ដោតគ្នាទៅវិញទៅមក ដោយលំពែង គឺមាត់ ភិក្ខុទាំងឡាយ មិនអាចញុំាងអធិករណ៍នោះ ឲ្យរម្ងាប់បាន។ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរម្ងាប់អធិករណ៍ មានសភាពយ៉ាងនេះ ដោយយេភុយ្យសិកា។7) សង្ឃគប្បីសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុដែលមិនលុះនូវឆន្ទាគតិ១ មិនលុះនូវទោសាគតិ១ មិនលុះនូវមោហាគតិ១ មិនលុះនូវភយាគតិ១ ដឹងនូវស្លាកដែលបានចាប់ហើយ និងមិនទាន់បានចាប់១ឲ្យ (ធ្វើ) ជាសលាកគ្គាហាបកៈ (អ្នកចាត់ចែងឲ្យគេចាប់ស្លាក) ម្នាលភិក្ខុទាំងឡាយ ឯសលាកគ្គាហាបកៈនោះ សង្ឃត្រូវសន្មតយ៉ាងនេះ។ មុនដម្បូងត្រូវសង្ឃសូមភិក្ខុ (នោះ) លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើការសន្មតិ មានកាលគួរ ដល់សង្ឃហើយ សូមសង្ឃសន្មតិភិក្ខុ ឈ្មោះនេះ ឲ្យជាសលាកគ្គាហាបកៈចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសលាកគ្គាហាបកៈ។ ការសន្មតិភិក្ខុ ឈ្មោះនេះ ឲ្យជាសលាកគ្គាហាបកៈ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាសលាកគ្គាហាបកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២៨] ម្នាលភិក្ខុទាំងឡាយ ការឲ្យចាប់ស្លាកនេះ ដែលមិនប្រកបដោយធម៌ មាន១០យ៉ាង ដែលប្រកបដោយធម៌ មាន១០យ៉ាង។ ការឲ្យចាប់ស្លាក ដែលមិនប្រកបដោយធម៌ ១០យ៉ាង (នោះ) តើដូចម្តេច។ គឺមានអធិករណ៍បន្តិចបន្តួច8) ១ អធិករណ៍មិនទៅតាមគតិ១ អធិករណ៍ ដែលភិក្ខុមិនទាន់បានរលឹកឃើញខ្លួនឯង និងរំលឹកអ្នកដទៃ១ ភិក្ខុដឹងថា ពួកអធម្មវាទី មានចំនួនច្រើនជាង១ ភិក្ខុគិតថា ធ្វើម្តេចហ្ន៎ ទើបពួកអធម្មវាទី មានចំនួនច្រើនជាង១ ភិក្ខុដឹងថា សង្ឃនឹងបែកគ្នា១ ភិក្ខុគិតថា ធ្វើម្តេចហ្ន៎ ទើបសង្ឃបែកគ្នា១ ភិក្ខុទាំងឡាយ ចាប់ស្លាកដោយមិនតាមធម៌9) ១ ភិក្ខុទាំងឡាយ ចាប់ស្លាកជាពួកៗ១ ភិក្ខុទាំងឡាយ មិនចាប់ស្លាកតាមសមគួរ ដល់ទិដ្ឋិ10) ១ ការឲ្យចាប់ស្លាក ដែលមិនប្រកបដោយធម៌ មាន១០យ៉ាង ប៉ុណ្ណេះឯង។
[២៩] ការឲ្យចាប់ស្លាក ដែលប្រកបដោយធម៌ មាន១០យ៉ាង (នោះ) តើដូចម្តេច។ គឺមិនមានអធិករណ៍បន្តិចបន្តួច១ អធិករណ៍ប្រព្រឹត្តទៅតាមគតិ១ អធិករណ៍ ដែលភិក្ខុបានរលឹកឃើញខ្លួនឯង ឬបានរំលឹកអ្នកដទៃ១ ភិក្ខុដឹងថា ពួកធម្មវាទី មានចំនួនច្រើនជាង១ ភិក្ខុគិតថា ធ្វើម្តេចហ្ន៎ ទើបពួកធម្មវាទី មានចំនួនច្រើនជាង១ ភិក្ខុដឹងថា សង្ឃនឹងមិនបែកគ្នា១ ភិក្ខុគិតថា ធ្វើម្តេចហ្ន៎ ទើបសង្ឃមិនបែកគ្នា១ ភិក្ខុទាំងឡាយ ចាប់ស្លាកប្រកបដោយធម៌១ ព្រមព្រៀងគ្នាចាប់ស្លាក១ ចាប់ស្លាកដោយសមគួរ ដល់ទិដ្ឋិ១ ការឲ្យចាប់ស្លាក ដែលប្រកបដោយធម៌ មាន១០យ៉ាង ប៉ុណ្ណេះឯង។
(៦. តស្សបាបិយសិកា)
[៣០] សម័យនោះឯង ឧបវាឡភិក្ខុ កាលត្រូវគេសាកសួរដោយអាបត្តិក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដី ហើយទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃវិញ ពោលសម្បជានមុសាវាទ គឺពោលពាក្យកុហកដោយដឹងខ្លួន។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបវាឡភិក្ខុ កាលត្រូវគេសាកសួរ ដោយអាបត្តិក្នុងកណ្តាលជំនុំសង្ឃ មិនសមបើនឹងគេចកែសំដី ហើយបែរជាទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃពោលសម្បជានមុសាវាទសោះ។ គ្រានោះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើតស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្មនោះ សង្ឃគប្បីធ្វើយ៉ាងនេះ។ មុនដម្បូង សង្ឃគប្បីចោទ ឧបវាឡភិក្ខុ លុះចោទហើយ គប្បីរំលឹក លុះរំលឹកហើយ គប្បីលើកអាបត្តិឡើង លុះលើកអាបត្តិឡើងហើយ ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបវាឡភិក្ខុនេះ កាលត្រូវគេសាកសួរ ដោយអាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដី ហើយបែរជាទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ បើការធ្វើ តស្សបាបិយសិកាកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបវាឡភិក្ខុនេះ កាលត្រូវគេសាកសួរ ដោយអាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដី ហើយបែរជាទទួលដឹង ទទួលដឹងហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ សង្ឃធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ។ ការធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ខ្ញុំសូមប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បេ។ ខ្ញុំសូមប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បេ។ សង្ឃបានធ្វើ តស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុហើយ (ការធ្វើតស្សបាបិយសិកាកម្មនេះ) សមគួរ ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៣១] ម្នាលភិក្ខុទាំងឡាយ ការធ្វើតស្សបាបិយសិកាកម្មនេះ ប្រកបដោយធម៌ មាន៥យ៉ាង គឺភិក្ខុនោះ (មានកាយវាចា) មិនស្អាត១ ជាអ្នកមិនមានសេចក្តីអៀនខ្មាស១ ជាអ្នកប្រកបដោយពាក្យគេតិះដៀល១ សង្ឃធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុនោះ១ សង្ឃធ្វើដោយសេចក្តីព្រមព្រៀងគ្នា ត្រូវតាមធម៌១ ម្នាលភិក្ខុទាំងឡាយ ការធ្វើតស្សបាបិយសិកាកម្ម ដែលប្រកបដោយធម៌ មាន៥យ៉ាង ប៉ុណ្ណេះឯង។
(អធម្មកម្មទ្វាទសកំ)
[៣២] ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃធ្វើកំបាំងមុខ១ ធ្វើដោយមិនបានសាកសួរជាមុន១ ធ្វើដោយមិនតាមប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គទាំង៣ នេះឯង។ បេ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលសង្ឃមិនលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១ ធ្វើមិនត្រូវតាមធម៌១ ធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មមិនត្រូវតាមធម៌ផង ជាកម្មមិនត្រូវតាមវិន័យផង ជាកម្មរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គទាំង៣ នេះឯង។
(ធម្មកម្មទ្វាទសកំ)
[៣៣] ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលសង្ឃធ្វើក្នុងទីចំពោះមុខ១ ធ្វើដោយបានសាកសួរជាមុន១ ធ្វើតាមប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មរម្ងាប់ដោយល្អផង ប្រកបដោយអង្គទាំង៣ នេះឯង។ បេ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលសង្ឃលើកអាបត្តិឡើង ហើយទើបធ្វើ១ ធ្វើត្រូវតាមធម៌១ ធ្វើដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មរម្ងាប់ដោយល្អផង ប្រកបដោយអង្គទាំង៣ នេះឯង។
(អាកង្ខមានឆក្កំ)
[៣៤] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា (នឹងធ្វើ) ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៣បាន គឺភិក្ខុអ្នកធ្វើ នូវសេចក្តីបង្កហេតុ ធ្វើជម្លោះ ធ្វើសេចក្តីទាស់ទែង បង្កតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ១ ភិក្ខុល្ងង់ មិនឈ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ ភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំ មិនសមគួរ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គទាំង៣ នេះឯង។
[៣៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារ១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិ១។ បេ។
[៣៦] ម្នាលភិក្ខុទាំងឡាយ។ បេ។ អង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គទាំង៣នេះឯង។
[៣៧] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ៣ពួក គឺ ភិក្ខុអ្នកធ្វើការបង្កហេតុ ធ្វើជម្លោះ ធ្វើសេចក្តីទាស់ទែង បង្កតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃពួក១ ភិក្ខុល្ងង់ មិនឈ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិពួក១ ភិក្ខុនៅច្រឡូកច្រឡំដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុទាំង៣ពួកនេះឯង។
[៣៨] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុ ៣ពួកដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីលពួក១ ភិក្ខុមានអាចារវិបត្តិ ក្នុងអជ្ឈាចារពួក១ ភិក្ខុមានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១។ បេ។
[៣៩] ម្នាលភិក្ខុទាំងឡាយ។ បេ។ ភិក្ខុ ៣ពួកដទៃទៀត គឺ ភិក្ខុពោលតិះដៀលព្រះពុទ្ធពួក១ ពោលតិះដៀលព្រះធម៌ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុទាំង៣ពួកនេះឯង។
(អដ្ឋារសវត្តំ)
[៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃបានធ្វើតស្សបាបិយសិកាកម្មហើយនោះ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ឯការប្រព្រឹត្តវត្ត ដោយប្រពៃ ក្នុងតស្សបាបិយសិកាកម្មនោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើ មិនត្រូវត្រេកអរ ក្នុងការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី ទុកជាបានទទួលការសន្មតិហើយ ក៏មិនត្រូវប្រដៅភិក្ខុនី។ បេ។ មិនត្រូវប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា។ គ្រានោះ សង្ឃបានធ្វើតស្សបាបិយសិកាកម្ម ដល់ឧបវាឡភិក្ខុ។
(៧. តិណវត្ថារកំ)
[៤១] សម័យនោះឯង ពួកភិក្ខុនាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន។ គ្រានោះ ភិក្ខុទាំងនោះ មានសេចក្តីបរិវិតក្ក យ៉ាងនេះថា ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន ប្រសិនបើពួកយើង នឹងញុំាងគ្នានិងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ) តើពួកយើងគប្បីប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
[៤២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុក្នុងទីនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន ប្រសិនបើពួកយើង ញុំាងគ្នានិងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យសង្ឃរម្ងាប់អធិករណ៍ មានសភាពយ៉ាងនេះ ដោយតិណវត្ថារកសមថៈ។11)
[៤៣] ម្នាលភិក្ខុទាំងឡាយ អធិករណ៍នោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ភិក្ខុទាំងអស់ គប្បីប្រជុំក្នុងទីជាមួយគ្នា លុះប្រជុំគ្នាហើយ ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើយើងខ្ញុំទាំងឡាយ នឹងញុំាងគ្នានិងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ នឹងគប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់អធិករណ៍នេះ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិមានទោសធ្ងន់12) វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។13) បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងបក្ខពួករបស់ខ្លួនថា សូមលោកដ៏មានអាយុទាំងឡាយស្តាប់ខ្ញុំ ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើយើងទាំងឡាយ នឹងនាំគ្នាធ្វើ ដោយអាបត្តិទាំងនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំសូមសំដែងអាបត្តិ របស់លោកមានអាយុទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ និងវៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។
[៤៤] បណ្តាភិក្ខុទាំងឡាយ ដែលជាពួក ជាមួយគ្នាដទៃទៀត ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងពួករបស់ខ្លួន ក្នុងវេលានោះថា សូមលោកដ៏មានអាយុទាំងឡាយស្តាប់ខ្ញុំ ពួកយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើពួកយើង នឹងញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់លោកដ៏មានអាយុទាំងឡាយហើយ ខ្ញុំសូមសំដែងអាបត្តិ របស់លោកដ៏មានអាយុទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ មានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។
[៤៥] បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើពួកយើង នឹងញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ ខ្ញុំសូមសំដែងអាបត្តិ របស់លោកដ៏មានអាយុទាំងនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពួកយើង នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើយើងទាំងឡាយ នឹងនាំគ្នាធ្វើ ដោយអាបត្តិទាំងនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ ខ្ញុំសូមសំដែងអាបត្តិ របស់លោកមានអាយុទាំងនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។ ការសំដែងអាបត្តិទាំងឡាយនេះ របស់ពួកយើង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ ដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវនិយាយឡើង។ អាបត្តិទាំងឡាយនេះ យើងទាំងឡាយបានសំដែងហើយ ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត ការសំដែងនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៦] បណ្តាភិក្ខុ ដែលជាពួកជាមួយគ្នាដទៃទៀត ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃ ក្នុងវេលានោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន ប្រសិនបើយើងទាំងឡាយ ញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ បើកម្មមានកាលគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកដ៏មានអាយុទាំងនេះផង អាបត្តិរបស់ខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមល្មើស នូវកិច្ចមិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ ញ៉ាំងគ្នានឹងគ្នាឲ្យធ្វើ ដោយអាបត្តិទាំងនេះ អធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីទំលាយ (សង្ឃ)។ ខ្ញុំសូមសំដែងអាបត្តិ របស់លោកដ៏មានអាយុទាំងឡាយនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ ដើម្បីប្រយោជន៍ ដល់លោកដ៏មានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត។ ការសំដែងអាបត្តិទាំងឡាយនេះ របស់យើងទាំងឡាយ ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរ ដល់លោកមានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ អាបត្តិទាំងនេះ យើងទាំងឡាយ បានសំដែងហើយ ក្នុងកណ្តាលជំនុំសង្ឃ ដោយតិណវត្ថារកសមថៈ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត ការសំដែងអាបត្តិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថាបានចេញចាកអាបត្តិទាំងឡាយនោះ ដោយអាការយ៉ាងនេះហើយ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្ត វៀរលែងតែការធ្វើឲ្យច្បាស់នូវទិដ្ឋិ វៀរលែងតែភិក្ខុទាំងឡាយណា ដែលមិនមាននៅ14) ក្នុងទីនោះ។
(៨. អធិករណំ)
[៤៨] សម័យនោះឯង ភិក្ខុទាំងឡាយ ទាស់ទែងនឹងពួកភិក្ខុនី។ ពួកភិក្ខុនី ក៏ទាស់គ្នា នឹងពួកភិក្ខុ។ ចំណែកខាងឆន្នភិក្ខុ ក៏ចូលជ្រៀតជ្រក ទៅរកពួកភិក្ខុនី ហើយទាស់ទែងនឹងពួកភិក្ខុ ប្រកាន់ គឺចូលដៃខាងពួកភិក្ខុនី។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆន្នភិក្ខុ មិនសមបើនឹងចូលជ្រៀតជ្រក ទៅរកពួកភិក្ខុនី ហើយមកទាស់ទែងនឹងពួកភិក្ខុ ប្រកាន់ខាងពួកភិក្ខុនីសោះ។ លំដាប់នោះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ ពិតមែនឬ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ដំណើរនោះ ពិតមែន។ បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អធិករណ៍ទាំងឡាយ៤នេះ គឺវិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១។
[៤៩] បណ្តាអធិករណ៍៤យ៉ាងនោះ វិវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងសាសនានេះ ទាស់ទែងគ្នាថា នេះជាធម៌ ឬថា នេះមិនមែនជាធម៌ នេះជាវិន័យ ឬថា នេះមិនមែនជាវិន័យ នេះជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់សំដែងទុកមកហើយ ឬថា នេះជាពាក្យ ដែលព្រះតថាគត មិនបានទ្រង់ត្រាស់សំដែងទុកមកទេ នេះជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកហើយ ឬថា នេះជាកិច្ច ដែលព្រះតថាគត មិនបានទ្រង់ប្រព្រឹត្តសន្សំមកទេ នេះជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តទុកមកហើយ ឬថា នេះជាពាក្យ ដែលព្រះតថាគត មិនបានទ្រង់បញ្ញត្តទុកមកទេ នេះជាអាបត្តិ ឬថា នេះមិនមែនជាអាបត្តិ នេះជាអាបត្តិស្រាល ឬថា នេះជាអាបត្តិធ្ងន់ នេះជាអាបត្តិមានចំណែកសេសសល់ ឬថា នេះជាអាបត្តិ មិនមានចំណែកសេសសល់ នេះជាអាបត្តិអាក្រក់ ឬថា នេះមិនមែនជាអាបត្តិអាក្រក់ បណ្តាអធិករណ៍ទាំងឡាយនោះ ការបង្កហេតុ ការឈ្លោះ ការប្រកាន់ផ្សេងគ្នា ការទាស់ទែងគ្នា ការពោលផ្សេងៗគ្នា ការពោលដោយឡែកពីគ្នា ការពោល ដើម្បីសេចក្តីទុក្ខដល់ចិត្ត ការប្រកួតប្រកាន់ណា ការបង្កហេតុ ជាដើមនេះ តថាគតហៅថា វិវាទាធិករណ៍។
[៥០] បណ្តាអធិករណ៍ទាំង៤នោះ អនុវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី បណ្តាអធិករណ៍ទាំង៤នោះ ការចោទ ការតិះដៀល ការពោលរឿយៗ ការនិយាយរឿយៗ ការបង្អោនទៅ (កាន់អធិករណ៍) ការប្រឹងប្រែងឡើង ការបន្ថែមកំលាំងណា ការចោទ ជាដើមនោះ តថាគតហៅថា អនុវាទាធិករណ៍។
[៥១] បណ្តាអធិករណ៍ទាំង៤នោះ អាបត្តាធិករណ៍ តើដូចម្តេច។ អាបត្តិទាំង៥កង ជាអាបត្តាធិករណ៍ក៏មាន អាបត្តិទាំង៧កង ជាអាបត្តាធិករណ៍ក៏មាន នេះតថាគតហៅថា អាបត្តាធិករណ៍។
[៥២] បណ្តាអធិករណ៍ទាំង៤នោះ កិច្ចាធិករណ៍ តើដូចម្តេច។ កិច្ចរបស់សង្ឃ (ឬ) កម្មដែលសង្ឃត្រូវធ្វើបាន (ដូចយ៉ាង) អបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម និងញត្តិចតុត្ថកម្ម នេះ តថាគតហៅថា កិច្ចាធិករណ៍។
[៥៣] អ្វីជាមូលនៃ វិវាទាធិករណ៍។ ធម៌៦យ៉ាង ជាមូលនៃសេចក្តីវិវាទ ចាត់ជា មូលនៃវិវាទាធិករណ៍ គឺ អកុសលមូល ៣យ៉ាង ជាមូលនៃវិវាទាធិករណ៍ និងកុសលមូល ៣យ៉ាង ជាមូលនៃវិវាទាធិករណ៍ដែរ។ ធម៌៦យ៉ាង ជាមូលនៃវិវាទ ដែលចាត់ជា មូលនៃវិវាទាធិករណ៍ នោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីក្រោធច្រើន ជាអ្នកចងគំនុំទុក ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានសេចក្តីក្រោធច្រើន ជាអ្នកចងគំនុំទុក ភិក្ខុនោះ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង ឈ្មោះថា មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងសេចក្តីវិវាទ ដែលកំពុងកើត ឲ្យកើតឡើងក្នុងសង្ឃ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនបានសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីមិនចម្រើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃសេចក្តីវិវាទខាងក្នុងក្តី ខាងក្រៅក្តី មានសភាពយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីព្យាយាម ដើម្បីលះបង់ នូវមូលនៃសេចក្តីវិវាទ ដ៏លាមកនោះឯង ក្នុងអធិករណ៍នោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនបានពិចារណាឃើញ នូវមូលនៃសេចក្តីវិវាទខាងក្នុង និង ខាងក្រៅ មានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរប្រតិបត្តិ កុំឲ្យមូលនៃសេចក្តីវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍នោះទៀតឡើយ។ យ៉ាងនេះឯង ឈ្មោះថា ការលះបង់ នូវមូលនៃសេចក្តីវិវាទដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនឲ្យមូល នៃសេចក្តីវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខទៀតបាន។
[៥៤] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកប្រណាំងវាសនា។ បេ។ ជាអ្នកមានសេចក្តីឫស្យា ជាអ្នកមានសេចក្តីកំណាញ់។ បេ។ ជាអ្នកអួតអាង ជាអ្នកមានមាយា។ បេ។ ជាអ្នកមានសេចក្តីប្រាថ្នាលាមក ជាអ្នកមានសេចក្តីឃើញខុស។ បេ។ ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់ខ្ជាប់មាំ លះបង់បានដោយកម្រ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់ខ្ជាប់មាំ លះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុឯណា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។ បេ។ មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងវិវាទ ដែលកំពុងកើត ឲ្យកើតឡើងក្នុងសង្ឃ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនបានសេចក្តីសុខ ដល់ជនច្រើន ដើម្បីមិនមានសេចក្តីចម្រើន ដល់ជនច្រើន ដើម្បីមិនមានប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ នូវមូលនៃសេចក្តីវិវាទខាងក្នុងក្តី ខាងក្រៅក្តី មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវព្យាយាម ដើម្បីលះបង់ នូវមូលនៃសេចក្តីវិវាទ ដ៏លាមកនោះឯង ក្នុងអធិករណ៍នោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនពិចារណាឃើញមូល នៃវិវាទខាងក្នុងក្តី ខាងក្រៅក្តី ដែលមានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរប្រតិបត្តិ កុំឲ្យមូលនៃវិវាទដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍នោះទៀតឡើយ។ យ៉ាងនេះឯង ឈ្មោះថា ការលះបង់ នូវមូលនៃសេចក្តីវិវាទ ដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនឲ្យមូល នៃវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខទៀតបាន មូលនៃវិវាទ៦យ៉ាងនេះ ចាត់ជា មូលនៃវិវាទាធិករណ៍។
[៥៥] អកុសលមូល៣ ដែលចាត់ជា មូលនៃវិវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តលោភ ទាស់ទែងគ្នា មានចិត្តប្រទូស្តទាស់ទែងគ្នា មានចិត្តវង្វេងទាស់ទែងគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី នេះជាវិន័យក្តី នេះមិនមែនជាវិន័យក្តី នេះជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់សំដែងទុកមកហើយក្តី នេះមិនមែនជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់សំដែងទុកមកទេក្តី នេះជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកហើយក្តី នេះមិនមែនជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកក្តី នេះជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តក្តី នេះមិនមានជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តក្តី នេះជាអាបត្តិក្តី នេះមិនមែនជាអាបត្តិក្តី នេះជាអាបត្តិស្រាលក្តី នេះជាអាបត្តិធ្ងន់ក្តី នេះជាអាបត្តិ មានចំណែកសេសសល់ក្តី នេះជាអាបត្តិ មិនមានចំណែកសេសសល់ក្តី នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី អកុសលមូល ទាំង៣នេះឯង ចាត់ជា មូលនៃវិវាទាធិករណ៍។
[៥៦] កុសលមូល ៣យ៉ាង ដែលចាត់ជា មូលនៃវិវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តមិនលោភទាស់ទែងគ្នា មានចិត្តមិនប្រទូស្តទាស់ទែងគ្នា មានចិត្តមិនវង្វេងទាស់ទែងគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។ បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី កុសលមូល ទាំង៣យ៉ាងនេះឯង ចាត់ជា មូលនៃវិវាទាធិករណ៍។
[៥៧] មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ មូលនៃការចោទគ្នា មាន៦យ៉ាង ចាត់ជាមូលនៃអនុវាទាធិករណ៍ គឺអកុសលមូល ៣យ៉ាង ក៏ចាត់ជាមូលនៃអនុវាទាធិករណ៍ កុសលមូល ៣យ៉ាង ក៏ចាត់ជាមូលនៃអនុវាទាធិករណ៍ដែរ កាយ ក៏ចាត់ជាមូលនៃអនុវាទាធិករណ៍ ទាំងវាចា ក៏ចាត់ជាមូលនៃអនុវាទាធិករណ៍ដែរ។
[៥៨] មូលនៃការចោទគ្នា មាន៦យ៉ាង ចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីក្រោធ ជាអ្នកចងគំនុំទុក ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកមានសេចក្តីក្រោធ ជាអ្នកចងគំនុំទុក ភិក្ខុនោះ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងអនុវាទ គឺការចោទ ដែលកំពុងកើត ឲ្យកើតក្នុងសង្ឃ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនមានសេចក្តីសុខ ដល់ជនច្រើន ដើម្បីមិនមានសេចក្តីចំរើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីព្យាយាម ដើម្បីលះបង់ នូវមូលនៃអនុវាទ ដ៏លាមកនោះ ក្នុងអធិករណ៍នោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ មានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីប្រតិបត្តិ ដើម្បីកុំឲ្យមូលនៃអនុវិវាទ ដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍នោះទៀតឡើយ។ យ៉ាងនេះឯង ឈ្មោះថា ការលះបង់ នូវមូលនៃអនុវាទដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនឲ្យមូល នៃអនុវាទ ដ៏លាមកនុ៎ះ ចំរើនតទៅទៀតបាន។
[៥៩] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកប្រណាំងវាសនា។ បេ។ ជាអ្នកមានសេចក្តីឫស្យា ជាអ្នកមានសេចក្តីកំណាញ់។ បេ។ ជាអ្នកមានអំនួត ជាអ្នកមានមាយា។ បេ។ ជាអ្នកមានសេចក្តីប្រាថ្នាលាមក ជាអ្នកមានសេចក្តីឃើញខុស។ បេ។ ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់មាំ លះបង់បានដោយកម្រ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកបបោសអង្អែលទិដ្ឋិរបស់ខ្លួន ប្រកាន់មាំ លះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ក្នុងព្រះធម៌ផង។ បេ។ ឈ្មោះថា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង ឈ្មោះថា មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ឥតមានសេចក្តីគោរព ឥតមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង ក្នុងព្រះធម៌ផង។ បេ។ ក្នុងព្រះសង្ឃផង។ បេ។ មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា ញ៉ាំងអនុវាទ ដែលកំពុងកើត ឲ្យកើតឡើងក្នុងសង្ឃ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនមានសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីមិនចំរើន ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ មានសភាពយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីព្យាយាម ដើម្បីលះបង់ មូលនៃអនុវាទ ដ៏លាមកនោះ ក្នុងអធិករណ៍នោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនពិចារណាឃើញ មូលនៃអនុវាទ ទាំងខាងក្នុង និងខាងក្រៅ មានសភាពយ៉ាងនេះទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីប្រតិបត្តិ ដើម្បីកុំឲ្យមូលនៃអនុវាទដ៏លាមកនោះ ចំរើនតទៅខាងមុខ ក្នុងអធិករណ៍នោះទៀតបានឡើយ។ យ៉ាងនេះឯង ឈ្មោះថា លះបង់នូវ មូលនៃអនុវាទ ដ៏លាមកនុ៎ះ។ យ៉ាងនេះឯង ឈ្មោះថា មិនបានឲ្យមូល នៃអនុវាទ ដ៏លាមកនុ៎ះ ចំរើនតទៅទៀតបាន មូលនៃអនុវាទ ទាំង៦យ៉ាងនេះ ចាត់ជា មូលនៃអនុវាទាធិករណ៍។
[៦០] អកុសលមូល ៣យ៉ាង ដែលចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តលោភ ពោលចោទ មានចិត្តប្រទូស្តពោលចោទ មានចិត្តវង្វេងពោលចោទ នូវភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី អកុលមូល ទាំង៣យ៉ាងនេះ ជាមូលនៃអនុវាទាធិករណ៍។
[៦១] កុសលមូល ៣យ៉ាង ដែលចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តមិនលោភពោលចោទ មានចិត្តមិនប្រទូស្តពោលចោទ មានចិត្តមិនវង្វេងពោលចោទ នូវភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី កុសលមូល ទាំង៣យ៉ាងនេះ ជា មូលនៃអនុវាទាធិករណ៍។
[៦២] ឯកាយ ចាត់ជា មូលនៃអនុវាទាធិករណ៍ នោះ តើដូចម្តេច។ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ មានសម្បុរអាក្រក់ មានរូបអាក្រក់ ជាមនុស្សតឿ មានអាពាធច្រើន ខ្វាក់ ក្ងែង ខ្ចក ឬស្លាប់ខ្លួន១ចំហៀង15) ភិក្ខុទាំងឡាយចោទភិក្ខុនោះ ដោយកាយណា កាយនោះ ជាមូលនៃអនុវាទាធិករណ៍។
[៦៣] ចុះវាចា ដូចម្តេច ដែលជា មូលនៃអនុវាទាធិករណ៍។ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ជាអ្នកមានវាចាអាក្រក់ ជាអ្នកនិយាយជាប់ ជាអ្នកមានវាចាប៉ប៉ាច់ ប៉ប៉ោច ភិក្ខុទាំងឡាយ ចោទភិក្ខុនោះ ដោយវាចាណា វាចានោះ ឈ្មោះថាជា មូលនៃអនុវាទាធិករណ៍។
[៦៤] អ្វីដែលជា មូលនៃអាបត្តាធិករណ៍។ សមុដ្ឋាន នៃអាបត្តិ៦យ៉ាង ជាមូលនៃអាបត្តាធិករណ៍ (សមុដ្ឋាន នៃអាបត្តិ៦នោះ គឺ) អាបត្តិ កើតឡើងអំពីកាយ មិនកើតឡើងអំពីវាចា អំពីចិត្ត១ អាបត្តិ កើតឡើងអំពីវាចា មិនកើតឡើងអំពីកាយ អំពីចិត្ត១ អាបត្តិ កើតឡើងអំពីកាយ អំពីវាចា មិនកើតឡើងអំពីចិត្ត១ អាបត្តិ កើតឡើងអំពីកាយ អំពីចិត្ត មិនកើតឡើងអំពីវាចា១ អាបត្តិ កើតឡើងអំពីវាចា អំពីចិត្ត មិនកើតឡើងអំពីកាយ១ អាបត្តិ កើតឡើងអំពីកាយ អំពីវាចា អំពីចិត្ត១ សមុដ្ឋាន នៃអាបត្តិ៦យ៉ាងនេះ ជាមូលនៃអាបត្តាធិករណ៍។
[៦៥] អ្វីជា មូលនៃកិច្ចាធិករណ៍។ មានតែសង្ឃមួយ ជាមូលនៃកិច្ចាធិករណ៍។16)
[៦៦] (សំដែងអំពី) វិវាទាធិករណ៍ ជាកុសល ជាអកុសល ជាអព្យាកតៈ។ វិវាទាធិករណ៍ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈ ក៏មាន។
[៦៧] បណ្តាវិវាទាធិករណ៍ទាំង៣នោះ វិវាទាធិករណ៍ ជាអកុសល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាអកុសល ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។ បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ការបង្កហេតុ ជម្លោះ សេចក្តីប្រកាន់ខុស ទាស់ទែង ការពោលផ្សេងៗ ការពោលដោយឡែកពីគ្នា ការនិយាយដើម្បីឲ្យព្រួយចិត្ត សេចក្តីប្រកួតប្រកាន់ណា ក្នុងអធិករណ៍នោះ ការបង្កហេតុជាដើមនេះ តថាគត ហៅថា វិវាទាធិករណ៍ ជាអកុសល។
[៦៨] បណ្តាវិវាទាធិករណ៍ទាំង៣នោះ វិវាទាធិករណ៍ ជាកុសល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាកុសល ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។ បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ការបង្កហេតុ ជម្លោះ សេចក្តីប្រកាន់ខុស ការទាស់ទែង ការពោលផ្សេងៗ ការពោលដោយឡែកពីគ្នា ការនិយាយដើម្បីឲ្យព្រួយចិត្ត ការប្រកួតប្រកាន់ណា ក្នុងអធិករណ៍នោះ ការបង្កហេតុជាដើមនេះ តថាគត ហៅថា វិវាទាធិករណ៍ ជាកុសល។
[៦៩] បណ្តាវិវាទាធិករណ៍ទាំង៣នោះ វិវាទាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាអព្យាកតៈ ជជែកនឹងភិក្ខុផងគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។ បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ការបង្កហេតុ ជម្លោះ សេចក្តីប្រកាន់ខុស ការទាស់ទែងគ្នា ការពោលផ្សេងៗ ការពោលដោយឡែកពីគ្នា ការនិយាយដើម្បីឲ្យព្រួយចិត្ត ការប្រកួតប្រកាន់ណា ក្នុងវិវាទាធិករណ៍នោះ ការបង្កហេតុជាដើមនេះ តថាគត ហៅថា វិវាទាធិករណ៍ ជាអព្យាកតៈ។
[៧០] (សំដែងអំពី) អនុវាទាធិករណ៍ ជាកុសល ជាអកុសល ជាអព្យាកតៈ។ អនុវាទាធិករណ៍ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។
[៧១] បណ្តាអនុវាទាធិករណ៍ទាំង៣នោះ អនុវាទាធិករណ៍ ជាអកុសល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាអកុសល ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លំាងឲ្យណា ក្នុងអធិករណ៍នោះ ការចោទ ជាដើមនេះ តថាគត ហៅថា អនុវាទាធិករណ៍ ជាអកុសល។
[៧២] បណ្តាអនុវាទាធិករណ៍ទាំង៣នោះ អនុវាទាធិករណ៍ ជាកុសល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង មានចិត្តជាកុសល ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លំាងឲ្យណា ក្នុងអធិករណ៍នោះ ការចោទ ជាដើមនេះ តថាគត ហៅថា អនុវាទាធិករណ៍ ជាកុសល។
[៧៣] បណ្តាអនុវាទាធិករណ៍ទាំង៣នោះ អនុវាទាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ មានចិត្តជាអព្យាកតៈ ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លំាងឲ្យណា ក្នុងអធិករណ៍នោះ ការចោទ ជាដើមនេះ តថាគត ហៅថា អនុវាទាធិករណ៍ ជាអព្យាកតៈ។
[៧៤] (សំដែងអំពី) អាបត្តាធិករណ៍ ជាអកុសល ជាអព្យាកតៈ។ អាបត្តាធិករណ៍ ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន អាបត្តាធិករណ៍ ជាកុសល គ្មានទេ។
[៧៥] បណ្តាអាបត្តាធិករណ៍ ទាំង២នោះ អាបត្តាធិករណ៍ ជាអកុសល តើដូចម្តេច។ ភិក្ខុ កាលបើដឹង ស្គាល់ហើយ ក្លែងព្យាយាមកន្លង នូវអាបត្តិណា អាបត្តិនេះ តថាគត ហៅថា អាបត្តាធិករណ៍ ជាអកុសល។ បណ្តាអាបត្តាធិករណ៍ ទាំង២នោះ អាបត្តាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ ភិក្ខុ កាលមិនដឹង មិនស្គាល់ហើយ មិនក្លែង មិនព្យាយាមកន្លង នូវអាបត្តិណា អាបត្តិនេះ តថាគត ហៅថា អាបត្តាធិករណ៍ ជាអព្យាកតៈ។17)
[៧៦] ] (សំដែងអំពី) កិច្ចាធិករណ៍ ជាកុសល ជាអកុសល ជាអព្យាកតៈ។ កិច្ចាធិករណ៍ ជាកុសល ក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។
[៧៧] បណ្តាកិច្ចាធិករណ៍ ទាំង៣នេះ កិច្ចាធិករណ៍ ជាអកុសល តើដូចម្តេច។ សង្ឃមានចិត្ត ជាអកុសល ធ្វើកម្មណា គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កម្មនេះ តថាគត ហៅថា កិច្ចាធិករណ៍ ជាអកុសល។
[៧៨] បណ្តាកិច្ចាធិករណ៍ ទាំង៣នេះ កិច្ចាធិករណ៍ ជាកុសល តើដូចម្តេច។ សង្ឃមានចិត្ត ជាកុសល ធ្វើកម្មណា គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កម្មនេះ តថាគត ហៅថា កិច្ចាធិករណ៍ ជាកុសល។
[៧៩] បណ្តាកិច្ចាធិករណ៍ ទាំង៣នេះ កិច្ចាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ សង្ឃមានចិត្ត ជាអព្យាកតៈ ធ្វើកម្មណា គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កម្មនេះ តថាគត ហៅថា កិច្ចាធិករណ៍ ជាអព្យាកតៈ។
[៨០] (សំដែងអំពី) ការទាស់ទែងគ្នា ចាត់ជាវិវាទាធិករណ៍ ការទាស់ទែងគ្នា មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាការទាស់ទែងគ្នា ចាត់ជាអធិករណ៍ផង ជាការទាស់ទែងគ្នាផង។ ការទាស់ទែងគ្នា ចាត់ជាវិវាទាធិករណ៍ក៏មាន ការទាស់ទែងគ្នា មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាការទាស់ទែងគ្នាក៏មាន ចាត់ជាអធិករណ៍ផង ជាការទាស់ទែងគ្នាផងក៏មាន។
[៨១] បណ្តាអធិករណ៍ទាំងនោះ ការទាស់ទែងគ្នា ដែលចាត់ជាវិវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី។ បេ។ នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ការបង្កហេតុ ជម្លោះ ការប្រកាន់ខុស ការទាស់ទែង ការនិយាយផ្សេងៗ ការនិយាយផ្តេសផ្តាស ការនិយាយដើម្បីឲ្យព្រួយចិត្ត ការប្រកួតប្រកាន់ណា ក្នុងអធិករណ៍នោះ ការបង្កហេតុ ជាដើមនេះ ចាត់ជាការទាស់ទែងគ្នា ហៅថា វិវាទាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ ការទាស់ទែងគ្នា ដែលមិនមែនជាអធិករណ៍ តើដូចម្តេច។ មាតាទាស់នឹងបុត្រក្តី បុត្រទាស់នឹងមាតាក្តី បិតាទាស់នឹងបុត្រក្តី បុត្រទាស់នឹងបិតាក្តី បងប្អូនប្រុសទាស់នឹងបងប្អូនប្រុសក្តី បងប្អូនប្រុស ទាស់នឹងបងប្អូនស្រីក្តី បងប្អូនស្រី ទាស់នឹងបងប្អូនប្រុសក្តី សម្លាញ់ ទាស់នឹងសម្លាញ់ក្តី នេះហៅថា ការទាស់ទែងគ្នា មិនមែនជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលមិនចាត់ជាការទាស់ទែងគ្នា តើដូចម្តេច។ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ នេះហៅថា អធិករណ៍ ដែលមិនចាត់ជាការទាស់ទែងគ្នា។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ពេញថា ជាអធិករណ៍ផង ជាការទាស់ទែងគ្នាផង តើដូចម្តេច។ វិវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ជាការទាស់ទែងគ្នាផង។
[៨២] (សំដែងអំពី) ការចោទ ចាត់ជាអនុវាទាធិករណ៍ ការចោទ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាការចោទ ទាំងជាអធិករណ៍ផង ចាត់ជាការចោទផង។ ការចោទ ចាត់ជាអនុវាទាធិករណ៍ក៏មាន ការចោទ មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាការចោទក៏មាន ទាំងជាអធិករណ៍ផង ចាត់ជាការចោទផងក៏មាន។
[៨៣] បណ្តាអធិករណ៍ទាំងនោះ ការចោទ ចាត់ជាអនុវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង ចោទប្រកាន់ភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លាំងឲ្យណា ក្នុងអធិករណ៍នោះ ការចោទជាដើមនេះ ហៅថា អនុវាទាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ ការចោទ ដែលមិនចាត់ជាអធិករណ៍ តើដូចម្តេច។ មាតាចោទបុត្រក្តី បុត្រចោទមាតាក្តី បិតាចោទបុត្រក្តី បុត្រចោទបិតាក្តី បងប្អូនប្រុសចោទបងប្អូនប្រុសក្តី បងប្អូនប្រុស ចោទបងប្អូនស្រីក្តី បងប្អូនស្រី ចោទបងប្អូនប្រុសក្តី សម្លាញ់ ចោទសម្លាញ់ក្តី នេះឯងហៅថា ការចោទ ដែលមិនមែនជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ តែមិនចាត់ជាការចោទ តើដូចម្តេច។ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ វិវាទាធិករណ៍១ នេះហៅថា អធិករណ៍ តែមិនចាត់ជាការចោទទេ។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ពេញថា ជាអធិករណ៍ផង ចាត់ជាការចោទផង តើដូចម្តេច។ អនុវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ចាត់ជាការចោទផង។
[៨៤] (សំដែងអំពី) អាបត្តិ ចាត់ជាអាបត្តាធិករណ៍ អាបត្តិ មិនមែនជាអធិករណ៍ អធិករណ៍ មិនមែនជាអាបត្តិ ទាំងអធិករណ៍ ទាំងអាបត្តិ។ អាបត្តិ ចាត់ជាអាបត្តាធិករណ៍ក៏មាន អាបត្តិ មិនមែនជាអធិករណ៍ក៏មាន អធិករណ៍ មិនមែនជាអាបត្តិក៏មាន អធិករណ៍ផង អាបត្តិផងក៏មាន។
[៨៥] បណ្តាអធិករណ៍ទាំងនោះ អាបត្តិ ដែលចាត់ជាអាបត្តាធិករណ៍ តើដូចម្តេច។ អាបត្តិទាំង៥កង ក៏ចាត់ជាអាបត្តាធិករណ៍ អាបត្តិទាំង៧កង ក៏ចាត់ជាអាបត្តាធិករណ៍ នេះហៅថា អាបត្តិ ដែលចាត់ជាអាបត្តាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អាបត្តិដែលមិនចាត់ជាអធិករណ៍ តើដូចម្តេច។ សោតាបត្តិ និងសមាបត្តិ នេះហៅថា អាបត្តិ តែមិនចាត់ជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលមិនចាត់ជាអាបត្តិ តើដូចម្តេច។ កិច្ចាធិករណ៍១ វិវាទាធិករណ៍១ អនុវាទាធិករណ៍១ នេះហៅថា អធិករណ៍ មិនមែនជាអាបត្តិ។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ជាអធិករណ៍ផង ជាអាបត្តិផង តើដូចម្តេច។ អាបត្តាធិករណ៍ ចាត់ជាអធិករណ៍ផង ជាអាបត្តិផង។
[៨៦] (សំដែងអំពី) កិច្ចចាត់ជាកិច្ចាធិករណ៍ កិច្ចមិនមែនជាអធិករណ៍ អធិករណ៍ មិនមែនជាកិច្ច ជាអធិករណ៍ផង កិច្ចផង។ កិច្ច ចាត់ជាកិច្ចាធិករណ៍ក៏មាន កិច្ច មិនមែនជាអធិករណ៍ក៏មាន អធិករណ៍ មិនមែនជាកិច្ចក៏មាន ជាអធិករណ៍ផង កិច្ចផងក៏មាន។
[៨៧] បណ្តាអធិករណ៍ទាំងនោះ កិច្ច ដែលចាត់ជាកិច្ចាធិករណ៍ តើដូចម្តេច។ កិច្ច ឬកម្មណា ដែលសង្ឃគប្បីធ្វើ គឺ អបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម ទាំងនេះ ហៅថា កិច្ចដែលចាត់ជាកិច្ចាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ កិច្ច ដែលមិនមែនជាអធិករណ៍ តើដូចម្តេច។ អាចរិយកិច្ច ឧបជ្ឈាយកិច្ច សមានុបជ្ឈាយកិច្ច សមានាចរិយកិច្ច ទាំងនេះហៅថា កិច្ច មិនមែនជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលមិនមែនជាកិច្ច តើដូចម្តេច។ វិវាទាធិករណ៍ អនុវាទាធិករណ៍ អាបត្តាធិករណ៍ នេះហៅថា អធិករណ៍ មិនមែនជាកិច្ច។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ជា អធិករណ៍ផង ជាកិច្ចផង តើដូចម្តេច។ កិច្ចាធិករណ៍ ចាត់ជាអធិករណ៍ផង ជាកិច្ចផង។
(៩. អធិករណវូបសមនសមថោ)
(សម្មុខាវិនយោ)
[៨៨] វិវាទាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ វិវាទាធិករណ៍ រម្ងាប់ដោយសមថៈពីរយ៉ាងគឺ សម្មុខាវិន័យ១ យេភុយ្យសិកា១។ វិវាទាធិករណ៍ មិនអាស្រ័យសមថៈ១ គឺ យេភុយ្យសិកា គ្រាន់តែរម្ងាប់ដោយសមថៈតែ១ គឺសម្មុខាវិន័យក៏មាន។ ពាក្យដែលបណ្ឌិត គប្បីពោលថា ក៏មានដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុ ក្នុងសាសនានេះ ជជែកគ្នាថា នេះជាធម៌ក្តី នេះមិនមែនជាធម៌ក្តី នេះជាវិន័យក្តី នេះមិនមែនជាវិន័យក្តី នេះជាពាក្យ ដែលព្រះតថាគត បានទ្រង់ត្រាស់សំដែងទុកក្តី នេះមិនមែនជាពាក្យ ដែលព្រះតថាគត ទ្រង់ត្រាស់សំដែងទុកមកទេក្តី នេះជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំទុកក្តី នេះមិនមែនជាកិច្ច ដែលព្រះតថាគត ទ្រង់ប្រព្រឹត្តសន្សំមកទេក្តី នេះជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តក្តី នេះមិនមែនជាពាក្យ ដែលព្រះតថាគត ទ្រង់បញ្ញត្តទេក្តី នេះជាអាបត្តិក្តី នេះមិនមែនជាអាបត្តិក្តី នេះជាអាបត្តិស្រាលក្តី នេះជាអាបត្តិធ្ងន់ក្តី នេះជាអាបត្តិ មានចំណែកសេសសល់ក្តី នេះជាអាបត្តិ មិនមានចំណែកសេសសល់ក្តី នេះជាអាបត្តិអាក្រក់ក្តី នេះមិនមែនជាអាបត្តិអាក្រក់ក្តី ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ អាចរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះហើយ ដែលតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយអ្វី។ អធិករណ៍នោះ រម្ងាប់ដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គប៉ុន្មាន។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយមកប្រជុំចំពោះមុខ មិនឃាត់ហាម នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ចំពោះមុខធម៌ ចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ ឯការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលណា ទាស់ទែងគ្នា ទៅវិញទៅមក បុគ្គលទាំងពីរនេះ ជាសត្រូវនឹងគ្នា មាននៅក្នុងទីចំពោះមុខ នេះហៅថា ចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ មានភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ (ត្រូវអាបត្តិបាចិត្តិយៈ ព្រោះរើរុស)។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ (ត្រូវអាបត្តិបាចិត្តិយៈ ព្រោះតិះដៀល)។
[៨៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ មិនអាចរម្ងាប់អធិករណ៍នោះ ក្នុងអាវាសនោះបានទេ ម្នាលភិក្ខុទាំងឡាយ (បើ) អាវាសណា មានភិក្ខុច្រើនក្រាសក្រែល ត្រូវភិក្ខុទាំងនោះ ទៅរកអាវានោះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងទៅរកអាវាសនោះ អាចរម្ងាប់អធិករណ៍នោះ ក្នុងកណ្តាលផ្លូវបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគត ហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌ដូចម្តេច។ រម្ងាប់ដោយសម្មុខាវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គប៉ុន្មាន។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ ក៏ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ក៏បាននាំមក ភិក្ខុទាំងឡាយមានក្នុងទីចំពោះមុខ ក៏មិនបានហាមឃាត់ នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលណា ទាស់ទែងគ្នា ទៅវិញទៅមក បុគ្គលទាំងពីររូប ជាសត្រូវនឹងគ្នា មានក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ មានភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកធ្វើ ឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។
[៩០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងទៅកាន់អាវាសនោះ មិនអាចរម្ងាប់អធិករណ៍ ក្នុងកណ្តាលផ្លូវបានទេ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ ទៅកាន់អាវាសនោះហើយ ពោលយ៉ាងនេះ នឹងភិក្ខុទាំងឡាយ ជាម្ចាស់អាវាសថា ម្នាលលោកទាំងឡាយមានអាយុ អធិករណ៍នេះ កើតប្រាកដយ៉ាងនេះហើយ សូមលោកមានអាយុទាំងឡាយ រម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយប្រពៃ តាមទំនង ដែលអធិរកណ៍នេះ គប្បីរម្ងាប់ទៅដោយប្រពៃចុះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ ជាម្ចាស់អាវាស ចាស់ជាង ពួកភិក្ខុជាអាគន្តុកៈ ខ្ចីជាង ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុជាម្ចាស់អាវាសទាំងនោះ និយាយទៅនឹងពួកភិក្ខុ ជាអាគន្តុកៈ យ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយនៅរង់ចាំ ក្នុងទីសមគួរ មួយរំពេចសិន ទំរាំយើងទាំងឡាយ ប្រឹក្សាគ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកភិក្ខុជាម្ចាស់អាវាស ខ្ចីជាង ពួកភិក្ខុជាអាគន្តុកៈ ចាស់ជាង ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុជាម្ចាស់អាវាសទាំងនោះ និយាយទៅនឹងពួកភិក្ខុជាអាគន្តុកៈ យ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយ នៅរង់ចាំ ក្នុងទីនេះ មួយរំពេចសិន ទំរាំយើងទាំងឡាយ ប្រឹក្សាគ្នា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ពួកភិក្ខុជាម្ចាស់អាវាស កំពុងប្រឹក្សាគ្នា មានសេចក្តីត្រិះរិះយ៉ាងនេះថា យើងទាំងឡាយ មិនអាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាបានទេ អធិករណ៍នោះ ភិក្ខុជាម្ចាស់អាវាសទាំងឡាយ មិនត្រូវទទួលទេ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកភិក្ខុជាម្ចាស់អាវាស កំពុងប្រឹក្សាគ្នា មានសេចក្តីត្រិះរិះយ៉ាងនេះថា យើងទាំងឡាយ អាចនឹងរម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាបាន ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុជាម្ចាស់អាវាសនោះ ត្រូវនិយាយ នឹងពួកភិក្ខុជាអាគន្តុកៈ យ៉ាងនេះថា បពិត្រលោកមានអាយុទាំងឡាយ ប្រសិនបើលោកទាំងឡាយ ប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដហើយ ដល់យើងទាំងឡាយ យើងទាំងឡាយ នឹងរម្ងាប់អធិករណ៍នេះ ឲ្យសមគួរតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាបាន អធិករណ៍ មុខជានឹងរម្ងាប់បាន ដោយស្រួល បើយ៉ាងនេះ ទើបយើងទាំងឡាយ នឹងទទួលអធិករណ៍នេះ។ ម្នាលលោកមានអាយុ ប្រសិនបើលោកទាំងឡាយ មិនប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដ ដល់យើងទាំងឡាយទេ ចំណែកខាងយើងទាំងឡាយ នឹងរម្ងាប់អធិករណ៍នេះ ឲ្យសមគួរតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា អធិករណ៍នោះ មុខជាមិនបានរម្ងាប់ ដោយល្អឡើយ យើងទាំងឡាយ មិនព្រមទទួលអធិករណ៍នេះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុជាម្ចាស់អាវាស ធ្វើសេចក្តីកំណត់ ឲ្យស្រួលបួលយ៉ាងនេះ រួចហើយ ត្រូវទទួលអធិករណ៍នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុជាអាគន្តុកៈនោះ ត្រូវនិយាយទៅនឹងពួកភិក្ខុជាម្ចាស់អាវាសយ៉ាងនេះថា យើងទាំងឡាយ នឹងប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដ ដល់លោកមានអាយុទាំងឡាយ ប្រសិនបើលោកមានអាយុទាំងឡាយ អាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះក្តី ៗ អធិករណ៍នោះ មុខជានឹងរម្ងាប់បាន ដោយល្អ បើយ៉ាងនេះ ទើបយើងទាំងឡាយ នឹងប្រគល់អធិករណ៍នេះ ឲ្យលោកមានអាយុទាំងឡាយ បើលោកមានអាយុទាំងឡាយ មិនអាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះក្តី ៗ អធិករណ៍នោះ ក៏មុខជានឹងមិនរម្ងាប់ ដោយប្រពៃឡើយ យើងទាំងឡាយ នឹងមិនប្រគល់អធិករណ៍នេះ ឲ្យលោកមានអាយុទាំងឡាយទេ យើងទាំងឡាយ នឹងជាម្ចាស់អធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុ ជាអាគន្តុកៈ ធ្វើសេចក្តីកំណត់ ឲ្យស្រួលបួលយ៉ាងនេះ រួចហើយ សឹមប្រគល់អធិករណ៍នោះ ដល់ពួកភិក្ខុជាម្ចាស់វត្តចុះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនោះ អាចនឹងរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគត ហៅថា អធិករណ៍ រម្ងាប់បានដោយស្រួលល្អ។ អធិករណ៍នោះ រម្ងាប់បានដោយអ្វី។ រម្ងាប់បានដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេចខ្លះ។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គ ក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។
[៩១] ម្នាលភិក្ខុទាំងឡាយ កាលបើអធិករណ៍នោះ ភិក្ខុទាំងឡាយនោះ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុត គឺមិនចេះអស់ មិនចេះហើយ កើតឡើងផង ទាំងសេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់ផង ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យរម្ងាប់អធិករណ៍បែបនេះ ដោយឧព្វាហិ18) កាកម្មវាចា។ សង្ឃគប្បីសន្មតភិក្ខុ ដែលប្រកបដោយអង្គ១០ប្រការ ដោយឧព្វាហិកាកម្មវាចា (ឯអង្គ ១០ប្រការនោះ) គឺ ភិក្ខុជាអ្នកមានសីល១ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ១ ឃើញភ័យ ក្នុងទោសបន្តិចបន្តួច ហើយសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ១ ជាពហុស្សូត ទ្រង់ទ្រង់ពុទ្ធវចនៈ ជាអ្នកសន្សំនូវពុទ្ធវចនៈ១ ធម៌ណា ដែលមានពីរោះបទខាងដើម ពីរោះបទកណ្តាល ពីរោះបទចុង ពោលសរសើរព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ឲ្យបរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពយ៉ាងនេះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានចាំទុក បានសន្សំទុកដោយវាចា (ស្ទាត់ជំនាញ) ជាក់ច្បាស់ក្នុងចិត្ត ត្រាស់ដឹងល្អ ដោយទិដ្ឋិ១ មិនតែប៉ុណ្ណោះឡើយ បាតិមោក្ខ ទាំងពីរយ៉ាង ក៏ភិក្ខុនោះចាំបាន ដោយពិស្តារ ចេះចែក រលែកស្រួល ចេះស្ទាត់រត់មាត់ វិនិច្ឆ័យបានដោយល្អ តាមសុត្តៈ តាមអនុព្យញ្ជនៈ១ ជាអ្នកខ្ជាប់ខ្ជួន ឥតទើសទាល់ ក្នុងផ្លូវវិន័យ១ ជាអ្នកអង់អាច ដើម្បីធ្វើបុគ្គលទាំងពីរ ដែលជាសត្រូវនឹងគ្នា ឲ្យដឹងច្បាស់ ឲ្យពិនិត្យ ឲ្យពិចារណា ឲ្យឃើញ ឲ្យជ្រះថ្លាបាន១ ជាអ្នកឈ្លាស ដើម្បីរម្ងាប់អធិករណ៍ ដែលកើតឡើងហើយ១ ស្គាល់អធិករណ៍ ស្គាល់ហេតុ ដែលឲ្យកើតអធិករណ៍ ស្គាល់ធម៌សម្រាប់រំលត់អធិករណ៍ ទាំងស្គាល់ផ្លូវ ទៅកាន់ធម៌ សម្រាប់រំលត់អធិករណ៍១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យសន្មតភិក្ខុ ដែលប្រកបដោយអង្គទាំង១០ប្រការនេះ ដោយឧព្វាហិកាកម្ម។
(ឧព្ពាហិកាយវូបសមនំ)
[៩២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតភិក្ខុនោះយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុន លុះសូមរួចហើយ ភិក្ខុជាអ្នកឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ អធិករណ៍នេះ យើងទាំងឡាយ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុតកើតឡើង សេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវសន្មតភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ អធិករណ៍នេះ យើងទាំងឡាយ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុតកើតឡើង សេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់។ សង្ឃសន្មតភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យរម្ងាប់នូវអធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា។ ការសន្មតិ នូវភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីរម្ងាប់នូវអធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចា គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវពោលឡើង។ ភិក្ខុឈ្មោះនេះផង ឈ្មោះនេះផង សង្ឃបានសន្មត ដើម្បីឲ្យរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចាហើយ ការសន្មតិភិក្ខុ ដើម្បីឲ្យរម្ងាប់នូវអធិករណ៍នេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៩៣] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ អាចដើម្បីរម្ងាប់អធិករណ៍នោះ ដោយឧព្វាហិកាកម្មវាចាបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។
[៩៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងតែវិនិច្ឆ័យអធិករណ៍នោះ មានភិក្ខុជាធម្មកថិក នៅក្នុងបរិសទ្យនោះ មិនចាំសុត្តៈ (មាតិកា) មិនចាំសុត្តវិភង្គ (វិន័យ) ភិក្ខុនោះ មិនបានកំណត់សេចក្តី ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវនិយាយបញ្ជាក់ភិក្ខុទាំងនោះថា លោកមានអាយុទាំងឡាយ ចូរប្រុងស្តាប់ខ្ញុំ ភិក្ខុជាធម្មកថិកឈ្មោះនេះ ៗ មិនចាំសុត្តៈ មិនស្ទាត់សុត្តវិភង្គទេ ភិក្ខុជាធម្មកថិកនោះ កំណត់សេចក្តីមិនបានទេ ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ។ បើកម្មមានកាលគួរ ដល់លោកមានអាយុទាំងឡាយហើយ យើងទាំងឡាយដ៏សេស គប្បីឲ្យភិក្ខុឈ្មោះនេះ ក្រោកឡើង ហើយសឹមរម្ងាប់នូវអធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ ឲ្យភិក្ខុនោះក្រោកឡើងហើយ អាចដើម្បីរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។
[៩៥] ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍នោះ ភិក្ខុទាំងឡាយនោះ កំពុងតែវិនិច្ឆ័យ មានភិក្ខុជាធម្មកថិក ក្នុងបរិសទ្យនោះ ជាអ្នកចាំសុត្តៈ តែមិនចាំសុត្តវិភង្គ ភិក្ខុនោះ កំណត់សេចក្តីមិនបាន ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវនិយាយបញ្ជាក់ភិក្ខុទាំងនោះថា សូមលោកមានអាយុទាំងឡាយ ស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុជាធម្មកថិកឈ្មោះនេះ ៗ លោកជាអ្នកចាំសុត្តៈ តែមិនចាំសុត្តវិភង្គទេ លោកកំណត់សេចក្តីមិនបាន ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ។ បើកម្មមានកាលគួរ ដល់លោកដ៏មានអាយុទាំងឡាយហើយ យើងទាំងឡាយដ៏សេស គប្បីញុំាងភិក្ខុឈ្មោះនេះ ឲ្យក្រោកចេញ ហើយសឹមរម្ងាប់អធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ បានឲ្យភិក្ខុនោះក្រោកចេញហើយ អាចដើម្បីនឹងរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ។ ក៏ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។
(យេភុយ្យសិកាវិនយោ)
[៩៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ មិនអាចដើម្បីនឹងរម្ងាប់អធិករណ៍នោះ ដោយឧព្វាហិកាកម្មវាចាទេ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ ប្រគល់អធិករណ៍នោះ ដល់សង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន យើងទាំងឡាយ មិនអាចដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកាកម្មវាចាទេ សូមសង្ឃ រម្ងាប់អធិករណ៍នេះចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីរម្ងាប់អធិករណ៍បែបនេះ ដោយយេភុយ្យសិកាវិញ។ សង្ឃគប្បីសន្មតភិក្ខុប្រកបដោយអង្គ៥ប្រការ ឲ្យជាសលាកគ្គាហាបកៈ (អ្នកចែកស្លាក) គឺភិក្ខុណា មិនលំអៀងទៅខាងឆន្ទាគតិ១ មិនលំអៀងទៅខាងទោសាគតិ១ មិនលំអៀងទៅខាងមោហាគតិ១ មិនលំអៀងទៅខាងភយាគតិ១ ដឹងស្លាកដែលគេបានចាប់ និងមិនបានចាប់១។ បេ។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាសលាកគ្គាហាបកៈ ការសន្មតិ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ សលាកគ្គាហាបកភិក្ខុនោះ គប្បីឲ្យភិក្ខុទាំងឡាយចាប់ស្លាកចុះ។ (បើ) ភិក្ខុទាំងឡាយ ជាធម្មវាទី មានចំនួនច្រើនជាង ពោលឡើងយ៉ាងណា សង្ឃត្រូវរម្ងាប់អធិករណ៍នោះ យ៉ាងនោះចុះ ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងយេភុយ្យសិកា។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ) ក៏ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ពួកភិក្ខុ មានចំនួនប៉ុន្មានរូប ដែលគួរដល់កម្ម ភិក្ខុទាំងនោះ ក៏បានមក ទាំងឆន្ទៈរបស់ភិក្ខុទាំងឡាយ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយ ដែលមាននៅក្នុងទីចំពោះមុខ ក៏មិនបានហាមឃាត់ នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ឯការចំពោះមុខធម៌ និងការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ។ ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ភិក្ខុណា ទាស់ទែងគ្នា ទៅវិញទៅមក ភិក្ខុទាំងពីររូបនោះ ជាសត្រូវនឹងគ្នា ព្រោះការទាស់ទែងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ក្នុងយេភុយ្យសិកាកម្មនោះ មានវិធីធ្វើដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវយេភុយ្យសិកាកម្មណា នេះហៅថា វិធីធ្វើ ក្នុងយេភុយ្យសិកាកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។
(តិវិធសលាកគ្គាហោ)
[៩៧] សម័យនោះឯង ក្នុងក្រុងសាវត្ថី មានអធិករណ៍កើតប្រាកដយ៉ាងនេះឡើង។ គ្រានោះឯង ភិក្ខុទាំងនោះ ជាអ្នកមិនត្រេកអរ ដោយវិធីរម្ងាប់អធិករណ៍ របស់សង្ឃ ក្នុងក្រុងសាវត្ថីឡើយ ហើយបានឮដំណឹងថា មានព្រះថេរៈច្រើនអង្គ គង់នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាអ្នកប្រាជ្ញ វាងវៃ មានប្រាជ្ញា មានអៀនខ្មាស ជាអ្នកមានរង្កៀស ជាអ្នកប្រាថ្នាការសិក្សា បើព្រះថេរៈទាំងនោះ រម្ងាប់អធិករណ៍នេះតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា យ៉ាងនេះ ទើបអធិករណ៍នេះ រម្ងាប់បានដោយស្រួល។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ នាំគ្នាទៅកាន់អាវាសនោះ ហើយនិយាយពាក្យនុ៎ះ នឹងព្រះថេរៈទាំងនោះថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន អធិករណ៍នេះ កើតប្រាកដយ៉ាងនេះហើយ បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះថេរៈទាំងឡាយ រម្ងាប់នូវអធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយទំនងដែលអធិករណ៍នេះ គប្បីរម្ងាប់បានដោយស្រួល។ គ្រានោះឯង ព្រះថេរៈទាំងនោះ បានរម្ងាប់អធិករណ៍ទាំងនោះ តាមទំនង ដែលអធិករណ៍បានរម្ងាប់ដោយស្រួល ដូចជាអធិករណ៍ ដែលសង្ឃបានរម្ងាប់ហើយ ក្នុងក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ ក៏នៅតែមិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់សង្ឃ ក្នុងក្រុងសាវត្ថី ទាំងមិនត្រេកអរដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈទាំងឡាយច្រើនអង្គ បានឮដំណឹងថា ព្រះថេរៈទាំងឡាយបីអង្គ គង់នៅក្នុងអាវាសឯណោះ។ បេ។ ព្រះថេរៈទាំងឡាយពីរអង្គគង់នៅ។ បេ។ ព្រះថេរៈមួយអង្គ គង់នៅ (ក្នុងអាវាសឯណោះ) ជាពហុស្សូត ចេះចាំនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ មានប្រាជ្ញា មានអៀនខ្មាស មានសេចក្តីរង្កៀសប្រាថ្នាការសិក្សា ប្រសិនបើព្រះថេរៈអង្គនោះ គប្បីរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា យ៉ាងនេះ ទើបអធិករណ៍នេះ រម្ងាប់បានដោយស្រួល។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ បានទៅកាន់អាវាសនោះ ហើយនិយាយពាក្យនុ៎ះ នឹងព្រះថេរៈនោះថា បពិត្រលោកម្ចាស់ដ៏ចំរើន អធិករណ៍នេះ កើតប្រាកដយ៉ាងនេះ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះថេរៈរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយទំនងដែលអធិករណ៍នេះ គប្បីរម្ងាប់បានដោយស្រួល។ គ្រានោះឯង ព្រះថេរៈនោះ ក៏បានរម្ងាប់អធិករណ៍នោះ តាមទំនង ដែលអធិករណ៍រម្ងាប់ទៅដោយស្រួល ដូចជាអធិករណ៍ ដែលសង្ឃបានរម្ងាប់ហើយ ក្នុងក្រុងសាវត្ថី ដូចជាអធិករណ៍ ដែលព្រះថេរៈច្រើនអង្គ បានរម្ងាប់ហើយ ដូចជាអធិករណ៍ ដែលព្រះថេរៈទាំងឡាយបីអង្គ បានរម្ងាប់ហើយ ដូចជាអធិករណ៍ ដែលព្រះថេរៈទាំងឡាយពីរអង្គ បានរម្ងាប់ហើយ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ ក៏នៅតែមិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់សង្ឃ ក្នុងក្រុងសាវត្ថី មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរទាំងឡាយច្រើនអង្គ មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈទាំងឡាយបីអង្គ មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈទាំងឡាយពីរអង្គ មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈមួយអង្គ ហើយក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅជិតហើយ ក៏ក្រាបបង្គំទូល ដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អធិករណ៍នុ៎ះ សង្ឃបានកំចាត់បង់ឲ្យស្ងប់រម្ងាប់ហើយ ឈ្មោះថារម្ងាប់ដោយប្រពៃហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ការចាប់ស្លាកបីយ៉ាង គឺគូឡ្ហកៈ (បិទមុខ)១ សកណ្ណជប្បកៈ (ខ្សឹបប្រាប់)១ វិវដកៈ19) (បើកចំហ)១ ដើម្បីបញ្ជាក់ដល់ភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ចុះការចាប់ស្លាក ឈ្មោះគូឡ្ហកៈនោះដូចម្តេច។ ត្រូវសលាកគ្គាហាបកភិក្ខុនោះ ធ្វើស្លាកឲ្យមានពណ៌ផ្សេងគ្នា ហើយចូលទៅរកភិក្ខុ១រូបម្តងៗ ហើយនិយាយយ៉ាងនេះថា នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ លោកចង់ចាប់ស្លាកណា ចូរលោកចាប់ស្លាកនោះចុះ។ លុះភិក្ខុអ្នកចាប់នោះ ចាប់យកទៅហើយ សលាកគ្គាហាបកភិក្ខុ ត្រូវប្រាប់ថា លោកកុំបង្ហាញអ្នកណាឲ្យសោះ។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាអធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រាប់ថា ការចាប់នេះមិនល្អទេ ហើយសើរើជាថ្មីទៀត។20) បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រកាសថា ការចាប់នេះ ល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាកយ៉ាងនេះហើយ ដែលហៅថា គូឡ្ហកៈ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាក ឈ្មោះសកណ្ណជប្បកៈនោះ តើដូចម្តេច។ សលាកគ្គាហាបកភិក្ខុនោះ ត្រូវខ្សឹបជិតត្រចៀកភិក្ខុមួយរូបៗថា នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ លោកចង់ចាប់ស្លាកណា ចូរយកស្លាកនោះចុះ។ លុះភិក្ខុចាប់ស្លាកទៅហើយ ត្រូវសលាកគ្គាហាបកភិក្ខុ និយាយថា លោកកុំប្រាប់អ្នកណាឲ្យសោះ។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាអធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រាប់ថា ការចាប់នេះមិនល្អទេ ហើយសើរើជាថ្មីទៀត។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រកាសថា ការចាប់នេះ ល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ យ៉ាងនេះ ដែលហៅថា សកណ្ណជប្បកៈ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាក ឈ្មោះវិវដកៈនោះ ដូចម្តេច។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវបណ្តោយឲ្យចាប់ដោយវិធីចាប់ស្លាក ឈ្មោះវិវកដៈចុះ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាកយ៉ាងនេះហើយ ដែលហៅថា វិវដកៈ ម្នាលភិក្ខុទាំងឡាយ វិធីចាប់ស្លាកមាន៣យ៉ាង ប៉ុណ្ណេះឯង។
(សតិវិនយោ)
[៩៨] អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ ប៉ុន្មានយ៉ាង។ អនុវាទាធិករណ៍ រម្ងាប់ដោយសមថៈ៤យ៉ាង គឺសម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ១ តស្សបាបិយសិកា១។
[៩៩] អនុវាទាធិករណ៍ មិនបាច់អាស្រ័យសមថៈពីរយ៉ាង គឺអមូឡ្ហវិន័យ និងតស្សបាបិយសិកាទេ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ និងសតិវិន័យ (ប៉ុណ្ណោះ) ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយសីលវិបត្តិ ឥតមានមូល។ ម្នាលភិក្ខុទាំងឡាយ សតិវិន័យ សង្ឃត្រូវឲ្យដល់ភិក្ខុ ដែលមានសតិបរិបូណ៌នោះឯង។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យសតិវិន័យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ធ្វើចីវរឆៀងស្មាម្ខាង។ បេ។ ហើយនិយាយនឹងសង្ឃ យ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ភិក្ខុទាំងឡាយ ចោទខ្ញុំដោយសីលវិបត្តិ ឥតមានមូល បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាអ្នកមានសតិពេញបរិបូណ៌ហើយ មកសូមសតិវិន័យនឹងសង្ឃ។ ភិក្ខុនោះ ត្រូវសូមសតិវិន័យ ជាគំរប់ពីរដងផង។ ភិក្ខុនោះ ត្រូវសូមសតិវិន័យ ជាគំរប់បីដងផង។
[១០០] ភិក្ខុអ្នកឈ្លាស វាងវៃ ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុទាំងឡាយ ចោទភិក្ខុឈ្មោះនេះ ដោយសីលវិបត្តិ ឥតមានមូល។ ភិក្ខុនោះ ជាអ្នកមានសតិពេញបរិបូណ៌ ហើយមកសូមសតិវិន័យនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវឲ្យសតិវិន័យ ដល់ភិក្ខុឈ្មោះនេះ ជាអ្នកមានសតិពេញបរិបូណ៌ហើយ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុទាំងឡាយ ចោទភិក្ខុឈ្មោះនេះ ដោយសីលវិបត្តិ ឥតមានមូល។ ភិក្ខុនោះ ជាអ្នកមានសតិពេញបរិបូណ៌ ហើយមកសូមសតិវិន័យនឹងសង្ឃ។ សង្ឃបានឲ្យនូវសតិវិន័យ ដល់ភិក្ខុឈ្មោះនេះ ដែលជាអ្នកមានសតិពេញបរិបូណ៌ហើយ។ ការឲ្យនូវសតិវិន័យ ដល់ភិក្ខុឈ្មោះនេះ ដែលជាអ្នកមានសតិពេញបរិបូណ៌ហើយ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។ បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បេ។ សតិវិន័យ សង្ឃបានឲ្យដល់ភិក្ខុឈ្មោះនេះ ដែលជាអ្នកមានសតិពេញបរិបូណ៌ហើយ ការឲ្យសតិវិន័យនេះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍ រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងសតិវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ចុះការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលណា ចោទគ្នាទៅវិញទៅមក បុគ្គលទាំងពីរនាក់នោះ ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ចុះក្នុងសតិវិន័យនោះ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅឯបនែប ការទទួល និងកិរិយាមិនឃាត់ហាម នូវសតិវិន័យកម្មណា នេះជាកិច្ច ក្នុងសតិវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។
(អមូឡ្ហវិនយោ)
[១០១] អនុវាទាធិករណ៍ មិនបាច់អាស្រ័យសមថៈពីរយ៉ាង គឺសតិវិន័យ១ តស្សបាបិយសិកា១ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ១ អមូឡ្ហវិន័យ១ ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាមនុស្សឆ្កួត មានចិត្តវិបល្លាសប្រែប្រួល ភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន។ ព្រោះហេតុតែភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ហើយបានប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ ក៏នាំគ្នាចោទភិក្ខុនោះ ដោយអាបត្តិថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុឆ្កួតនោះ ឆ្លើយយ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំឯង ជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន ខ្ញុំនឹកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទភិក្ខុឆ្កួតនោះ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុឆ្កួតនោះបាត់វង្វេងហើយ សង្ឃគប្បីឲ្យអមូឡ្ហវិន័យចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីឲ្យអមូឡ្ហវិន័យ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង។ បេ។ ហើយពោលនឹងសង្ឃ យ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល កាលខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន ព្រោះតែខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល បានប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ ក៏នាំគ្នាចោទខ្ញុំ ដោយអាបត្តិថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល ខ្ញុំក៏បានឆ្លើយតបនឹងភិក្ខុទាំងឡាយនោះវិញ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលមែន ខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន ខ្ញុំនឹកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទខ្ញុំ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំបាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ។ ភិក្ខុនោះ ត្រូវសូមអមូឡ្ហវិន័យ អស់វារៈពីរដងផង។ ត្រូវសូមអមូឡ្ហវិន័យ អស់វារៈបីដងផង។
[១០២] ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ ជាមនុស្សឆ្កួត ជាអ្នកមានចិត្តវិបល្លាស ប្រែប្រួល ភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន។ ព្រោះតែភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ នាំគ្នាចោទភិក្ខុនោះ ដោយអាបត្តិថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ ក៏ឆ្លើយយ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលមែន ខ្ញុំឆ្លួត មានចិត្តវិបល្លាសប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន ខ្ញុំនឹករកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែចោទភិក្ខុនោះ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ បាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យនូវអមូឡ្ហវិន័យ ដល់ភិក្ខុឈ្មោះនេះ ជាអ្នកបាត់វង្វេង។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ ជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន។ ព្រោះតែភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ ក៏នាំគ្នាចោទភិក្ខុនោះ ដោយអាបត្តិថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាងនេះវិញថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលមែន កាលខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន ខ្ញុំនឹករកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទភិក្ខុនោះ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុនោះ បាត់វង្វេងហើយ មកសូមអមូឡ្ហវិន័យនឹងសង្ឃ។ សង្ឃបានឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុឈ្មោះនេះ ដែលបាត់វង្វេងហើយ។ ការឲ្យអមូឡ្ហវិន័យ ដល់ភិក្ខុឈ្មោះនេះ ជាអ្នកបាត់វង្វេងហើយ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនសមគួរ ដល់លោកមានអាយុអង្គណាទេ លោកមានអាយុអង្គនោះ គប្បីពោលឡើង។ ខ្ញុំពោលសេចក្តីនេះ អស់វារៈពីរដងផង។ បេ។ ខ្ញុំពោលសេចក្តីនេះ អស់វារៈបីដងផង។ បេ។ អមូឡ្ហវិន័យ សង្ឃបានឲ្យដល់ភិក្ខុឈ្មោះនេះ ដែលបាត់វង្វេងហើយ ការឲ្យអមូឡ្ហវិន័យនេះ គួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍ រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងអមូឡ្ហវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ក្នុងអមូឡ្ហវិន័យនោះ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវអមូឡ្ហវិន័យកម្មណា នេះជាកិច្ច ក្នុងអមូឡ្ហវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។
(តស្សបាបិយសិកាវិនយោ)
[១០៣] អនុវាទាធិករណ៍ មិនបាច់អាស្រ័យសមថៈពីរយ៉ាង គឺសតិវិន័យ១ អមូឡ្ហវិន័យ១ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ១ តស្សបាបិយសិកា១ ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចោទភិក្ខុផងគ្នា ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃថា លោកមានអាយុ ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិក21) ហើយ ចូរនឹកមើលទៅ។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកទេ។ ភិក្ខុនោះ ក៏នៅតែចោទប្រកាន់ភិក្ខុ ដែលប្រកែកនោះ ដោយពាក្យថា លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹងដោយស្រួលបួលចុះ បើលោកមានអាយុ ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបវិញថា ម្នាលលោកមានអាយុ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិកទេ ម្នាលលោកមានអាយុ ខ្ញុំនឹកឃើញត្រឹមតែថា ខ្ញុំត្រូវអាបត្តិបន្តិចបន្តួច មានសភាពយ៉ាងនេះ ប៉ុណ្ណោះ។ ភិក្ខុនោះ ក៏នៅតែចោទប្រកាន់ភិក្ខុ ដែលប្រកែកនោះ ដោយពាក្យថា លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹងដោយស្រួលបួលចុះ បើលោកមានអាយុ ត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបយ៉ាងនេះវិញថា ម្នាលលោកមានអាយុ ខ្ញុំត្រូវអាបត្តិឈ្មោះនេះបន្តិចបន្តួច ទោះបីឥតគេសួរនោះ ក៏គង់តែខ្ញុំប្តេជ្ញា ចំណង់បើខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិក គេសួរហើយ ខ្ញុំនឹងមិនប្តេជ្ញា ដូចម្តេចបាន។ ភិក្ខុនោះ ក៏ឆ្លើយតបវិញថា ម្នាលលោកមានអាយុ លោកត្រូវអាបត្តិ ឈ្មោះនេះបន្តិចបន្តួច ទោះបីឥតគេសួរនោះ ក៏គង់តែលោកមិនប្តេជ្ញា ចំណង់បើលោកត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិក គេមិនសួរហើយ លោកនឹងប្តេជ្ញា ដូចម្តេចបាន លោកមានអាយុ ខ្ញុំសូមដាស់តឿន លោកចូរដឹង ដោយស្រួលបួលចុះ បើលោកត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក ឬអាបត្តិរងបារាជិកហើយ នឹករកឃើញ។ ភិក្ខុនោះ ក៏ឆ្លើយតបវិញយ៉ាងនេះថា ម្នាលលោកមានអាយុ ខ្ញុំនឹកឃើញត្រឹមតែថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិក ពាក្យនេះ ខ្ញុំនិយាយលេងទេ ពាក្យនេះ ខ្ញុំនិយាយភ្លាត់ទេ ខ្ញុំនឹកមិនឃើញថា ខ្ញុំត្រូវគរុកាបត្តិ មានសភាពយ៉ាងនេះគឺ អាបត្តិបារាជិក ឬអាបត្តិរងបារាជិកទេ។ ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្មនេះ សង្ឃត្រូវតែធ្វើដល់ភិក្ខុនោះកុំខានឡើយ។
[១០៤] ម្នាលភិក្ខុទាំងឡាយ តស្សបាបិយសិកាកម្ម សង្ឃត្រូវធ្វើយ៉ាងនេះ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ កាលសង្ឃសាកសួរ ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ គេចកែសំដីហើយ បែរជាប្តេជ្ញា ប្តេជ្ញាហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ កាលសង្ឃសាកសួរ ដោយគរុកាបត្តិ ក្នុងកណ្តាលជំនុំសង្ឃ ក៏គេចកែសំដីហើយ បែរជាប្តេជ្ញា ប្តេជ្ញាហើយ បែរជាគេចកែសំដីវិញ បិទបាំងហេតុដទៃ ដោយហេតុដទៃ ពោលសម្បជានមុសាវាទ។ សង្ឃធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ។ ការធ្វើតស្សបាបិយសិកាកម្ម ដល់ភិក្ខុឈ្មោះនេះ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនសមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង ខ្ញុំពោលសេចក្តីនេះ អស់វារៈពីរដងផង។ បេ។ ខ្ញុំពោលសេចក្តីនេះ អស់វារៈបីដងផង។ បេ។ តស្សបាបិយសិកាកម្ម សង្ឃបានធ្វើហើយ ដល់ភិក្ខុឈ្មោះនេះ ការធ្វើនូវតស្សបាបិយសិកាកម្មនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងតស្សបាបិយសិកា។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ក្នុងតស្សបាបិយសិកាកម្មនោះ មានកិរិយាធ្វើដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនឃាត់ហាម នូវតស្សបាបិយសិកាកម្មណា នេះជាកិរិយាធ្វើ ក្នុងតស្សបាបិយសិកាកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើ ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀលវិញ ត្រូវខីយនកបាចិត្តិយៈ។
(បដិញ្ញាតករណំ)
[១០៥] អាបត្តាធិករណ៍ រម្ងាប់ដោយសមថៈ ប៉ុន្មានយ៉ាង។ អាបត្តាធិករណ៍ រម្ងាប់ដោយសមថៈបីយ៉ាងគឺ សម្មុខាវិន័យ១ បដិញ្ញាតករណៈ១ តិណវត្ថារកៈ១។
[១០៦] អាបត្តាធិករណ៍មិនបាច់អាស្រ័យសមថៈ១ គឺតិណវត្ថារកៈ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាង គឺសម្មុខាវិន័យ និងបដិញ្ញាតករណៈ១ ក៏មាន។ ពាក្យដែលបណ្ឌិតគប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ តើដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវលហុកាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចូលទៅរកភិក្ខុ១រូប ហើយធ្វើចីវរឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើងហើយ ពោលយ៉ាងនេះ នឹងភិក្ខុនោះថា ម្នាលលោកមានអាយុ ខ្ញុំត្រូវអាបត្តិ ឈ្មោះនេះហើយ សូមសំដែងអាបត្តិនោះចេញ។ ភិក្ខុអ្នកទទួលអាបត្តិនោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុអ្នកសំដែង ឆ្លើយថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវសង្រួមតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ឯការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែលសំដែងអាបត្តិដល់គ្នានឹងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ចុះក្នុងបដិញ្ញាតករណៈនោះ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនឃាត់ហាម នូវបដិញ្ញាតករណកម្មណា នេះជាកិច្ច ក្នុងបដិញ្ញាតករណកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ បើភិក្ខុនោះបានភិក្ខុអ្នកទទួលយ៉ាងនេះហើយ ការបានយ៉ាងនេះ នេះជាការស្រួល បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុច្រើនរូប ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី គប្បីពោលយ៉ាងនេះ នឹងភិក្ខុទាំងនោះថា បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណា ត្រូវអាបត្តិឈ្មោះនេះហើយ សូមសំដែងអាបត្តិនោះចេញ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងភិក្ខុទាំងនោះថា លោកមានអាយុទាំងឡាយ ចូរស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នេះនឹកឃើញអាបត្តិ បង្ហើបអាបត្តិ ធ្វើអាបត្តិឲ្យងាយ សំដែងអាបត្តិ។ បើកម្មមានកាលដ៏សមគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំគប្បីទទួលអាបត្តិ របស់ភិក្ខុឈ្មោះនេះ។ ភិក្ខុអ្នកទទួលនោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុនោះពោលថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវសង្រួមតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។ ក្នុងសម្មុខាវិន័យនោះ មានអង្គ ដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ចុះការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែលសំដែងអាបត្តិដល់គ្នានឹងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ក្នុងបដិញ្ញាតករណៈ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវបដិញ្ញាតករណកម្មណា នេះជាកិច្ច ក្នុងបដិញ្ញាតករណកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ បើភិក្ខុ បានភិក្ខុអ្នកទទួលនុ៎ះ យ៉ាងនេះហើយ ការបានយ៉ាងនេះ ជាការស្រួល បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយក្រាបសំពះបាទាភិក្ខុចាស់ទាំងឡាយ អង្គុយច្រហោង ផ្គងអញ្ជលី ពោលនឹងសង្ឃ យ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ ឈ្មោះនេះហើយ សូមសំដែង នូវអាបត្តិនោះចេញ។ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នឹកឃើញនូវអាបត្តិ បង្ហើបអាបត្តិ ធ្វើអាបត្តិឲ្យងាយ សំដែងអាបត្តិ។ បើកម្មមានកាលដ៏គួរ ដល់សង្ឃហើយ ខ្ញុំត្រូវទទួលនូវអាបត្តិ របស់ភិក្ខុឈ្មោះនេះ។ ភិក្ខុអ្នកទទួលនោះ ត្រូវពោលថា លោកឃើញឬទេ។ ភិក្ខុអ្នកសំដែង ឆ្លើយថា ករុណា ខ្ញុំឃើញហើយ។ ភិក្ខុអ្នកទទួល ត្រូវប្រាប់ថា លោកត្រូវសង្រួមតទៅទៀតចុះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគត ហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងបដិញ្ញាតករណៈ។ ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈ ហើយត្រឡប់តិះដៀលវិញ ត្រូវខីយនកបាចិត្តិយៈ។
(តិណវត្ថារកំ)
[១០៧] អាបត្តាធិករណ៍ មិនបាច់អាស្រ័យសមថៈ១ គឺបដិញ្ញាតករណៈ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាងគឺ សម្មុខាវិន័យ១ តិណវត្ថារកៈ១ ក៏មាន។ ពាក្យដែលបណ្ឌិត គប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ ដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ បង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយ ក្នុងទីនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើយើងទាំងឡាយ នាំបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន បើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនោះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក(សង្ឃ)។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ដើម្បីឲ្យរម្ងាប់អធិករណ៍ មានសភាពយ៉ាងនេះ ដោយតិណវត្ថារកៈ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់អធិករណ៍យ៉ាងនេះ។ ភិក្ខុទាំងឡាយរាល់គ្នា ត្រូវប្រជុំក្នុងទីជាមួយគ្នា លុះប្រជុំគ្នាហើយ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលបើយើងទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ បើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក(សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់នូវអធិករណ៍នេះ ដោយតិណវត្ថារកៈ វៀរលែងតែ អាបត្តិ ដែលមានទោសធំ វៀរលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងពួករបស់ខ្លួនថា លោកមានអាយុទាំងឡាយ ចូរស្តាប់ខ្ញុំ កាលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក(សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។
[១០៨] បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួក ជាមួយគ្នាម្ខាងទៀត ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងពួករបស់ខ្លួនថា លោកមានអាយុទាំងឡាយ ចូរស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់លោកមានអាយុទាំងឡាយហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកទាំងឡាយផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។
[១០៩] បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក (សង្ឃ)។ បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសំដែងអាបត្តិ របស់លោកមានអាយុទាំងឡាយនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ប្រសិនបើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើ ដោយអាបត្តិទាំងឡាយនេះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក (សង្ឃ)។ ខ្ញុំសូមសំដែងអាបត្តិ របស់លោកមានអាយុទាំងឡាយនេះផង អាបត្តិរបស់ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ដើម្បីប្រយោជន៍ ដល់លោកមានអាយុទាំងឡាយនេះផង ដើម្បីប្រយោជន៍ ដល់ខ្លួនខ្ញុំផង វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ ការសំដែងអាបត្តិទាំងឡាយនេះ របស់យើងទាំងឡាយ ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ វៀរលែងតែអាបត្តិ ដែលមានទោសធំ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ។ ការសំដែងអាបត្តិនេះ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនសមគួរ ដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ អាបត្តិទាំងឡាយនេះ យើងទាំងឡាយ បានសំដែងហើយ ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ វៀរលែងតែអាបត្តិ ដែលមានទោសធ្ងន់ វៀវលែងតែអាបត្តិ ដែលជាគិហិប្បដិសំយុត្តចេញ ការសំដែងនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ លំដាប់នោះ ភិក្ខុទាំងឡាយ១ពួកទៀត។ បេ។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិករណ៍រម្ងាប់ហើយ។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។ រម្ងាប់ដោយសម្មុខាវិន័យ និងតិណវត្ថារកៈ។ ក្នុងសម្មុខាវិន័យនោះ តើមានអង្គដូចម្តេច។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។ ចុះការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ ភិក្ខុទាំងឡាយ ដែលគួរដល់កម្ម មានចំនួនប៉ុន្មានរូប ភិក្ខុទាំងនោះ ក៏បានមកហើយ ទាំងឆន្ទៈរបស់ភិក្ខុ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយ មាននៅក្នុងទីចំពោះមុខ ក៏មិនបានហាមឃាត់ នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ចុះការចំពោះមុខធម៌ និងការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់តាមធម៌ណា តាមវិន័យណា តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ការចំពោះមុខធម៌ និងការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ។ ចុះការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលទាំងពីររូប ដែលសំដែងអាបត្តិ ដល់គ្នានឹងគ្នា ក៏មាននៅក្នុងទីចំពោះមុខ នេះហៅថា ការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ក្នុងតិណវត្ថារកៈ មានកិច្ចដូចម្តេច។ ការធ្វើ កិរិយាធ្វើ ការចូលទៅជិត ការចូលទៅអែបនែប ការទទួល និងការមិនហាមឃាត់ នូវតិណវត្ថារកកម្មណា នេះជាកិច្ច ក្នុងតិណវត្ថារកកម្មនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកទទួល ត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀលវិញ ត្រូវខីយនកបាចិត្តិយៈ។
[១១០] កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈប៉ុន្មានយ៉ាង។ កិច្ចាធិករណ៍ រម្ងាប់ដោយសមថៈតែមួយ គឺសម្មុខាវិន័យ។
ចប់ សមថក្ខន្ធកៈ ទី៤។
(ខុទ្ទកវត្ថូនិ)
[១១១] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ហើយត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងដើមឈើ។ មនុស្សទាំងឡាយ បានឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើនឹងមកងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងដើមឈើ ដូចអ្នកប្រដាល់ ឬដូចពួកមនុស្ស អ្នកនៅក្នុងក្រុង ដែលជាអ្នកខ្វល់ខ្វាយ នឹងការប្រដាប់កាយ ដូច្នេះសោះ។ ពួកភិក្ខុ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ គ្រានោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ពួកភិក្ខុ ក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងដើមឈើ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះ ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ នែភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើនឹងមកនាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងដើមឈើទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ក៏ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុងូតទឹក មិនត្រូវត្រដុសកាយ នឹងដើមឈើទេ ភិក្ខុណាត្រដុស ត្រូវអាបត្តិទុក្កដ។
[១១២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងសសរ។22) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើនឹងងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងសសរ ដូចអ្នកប្រដាល់ ឬដូចពួកមនុស្ស អ្នកនៅក្នុងក្រុង ដែលជាអ្នកខ្វល់ខ្វាយ នឹងការប្រដាប់កាយសោះ។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ វេលានោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពិតមែនឬ។ បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះមានព្រះភាគ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុងូតទឹក មិនត្រូវត្រដុសកាយ នឹងសសរទេ ភិក្ខុណាត្រដុស ត្រូវអាបត្តិទុក្កដ។
[១១៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងជញ្ជាំង។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនសមបើនឹង មកងូតទឹក ត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹងជញ្ជាំង ដូចអ្នកប្រដាល់ ឬដូចពួកមនុស្ស អ្នកនៅក្នុងក្រុង ដែលជាអ្នកខ្វល់ខ្វាយ នឹងការប្រដាប់កាយសោះ។ បេ។ ព្រះមានបុណ្យ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុងូតទឹក មិនត្រូវត្រដុសកាយ នឹងជញ្ជាំងទេ ភិក្ខុណាត្រដុស ត្រូវអាបត្តិទុក្កដ។
[១១៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលងូតទឹក ក៏នាំគ្នាទៅងូត ក្នុងទីមិនគួរ។23) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ គ្រានោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពិតមែនឬ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលងូតទឹក មិនត្រូវងូតក្នុងទីមិនគួរទេ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។
[១១៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុនាំគ្នាងូតទឹក ដោយឈើ ដែលគេធ្វើជាដៃគន្ធព្វ។24) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ គ្រានោះ ភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវងូតទឹក ដោយឈើដែលគេធ្វើជាដៃគន្ធព្វទេ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។
[១១៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាងូតទឹកដោយដុំលំអិតថ្ម ឈ្មោះកុរុវិន្ទកៈ។25) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវងូតទឹក ដោយដុំលំអិតថ្ម ឈ្មោះកុរុវិន្ទកៈឡើយ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។
[១១៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ញុំាងគ្នានឹងគ្នាឲ្យធ្វើបរិកម្ម26) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវញុំាងគ្នានឹងគ្នា ឲ្យធ្វើបរិកម្ម ទៅវិញទៅមកទេ ភិក្ខុណាឲ្យធ្វើ ត្រូវអាបត្តិទុក្កដ។
[១១៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ងូតទឹកដោយឈើ មានសណ្ឋានដូចជើងកន្ថោរ27) មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវងូតទឹក ដោយឈើ មានសណ្ឋានដូចជើងកន្ថោរទេ ភិក្ខុណាងូត ត្រូវអាបត្តិទុក្កដ។
[១១៩] សម័យនោះឯង មានភិក្ខុ១រូប កើតអាពាធកមរមាស់។ ភិក្ខុនោះ វៀរចាកឈើ មានសណ្ឋានដូចជើងកន្ថោរ ក៏មិនបានសេចក្តីសប្បាយ។ បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឈើ មានសណ្ឋានដូចជើងកន្ថោរ ដែលគេមិនបានឆ្លាក់ជាក្បាច់ធ្មេញមករ ដល់ភិក្ខុមានជម្ងឺ។
[១២០] សម័យនោះឯង មានភិក្ខុ១រូប ចាស់ជរាកំឡាំងថយ កាលបើងូតទឹក មិនអាចនឹងដុសកាយខ្លួនឯងបាន។ បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្មាញ់សំពត់28) (សម្រាប់ភិក្ខុចាស់ជរាងូតទឹកដុសខ្លួនបាន)។
[១២១] សម័យនោះឯង មានភិក្ខុ១រូប រង្កៀសនឹងការបរិកម្មខ្នង (ដុសខ្នង)។ បេ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការដុសខ្នង ដោយដៃបាន។
[១២២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ទ្រទ្រង់គ្រឿងប្រដាប់ត្រចៀក29)។ បេ។ ទ្រទ្រង់សង្វារ។ ទ្រទ្រង់គ្រឿងប្រដាប់ក។ ទ្រទ្រង់គ្រឿងប្រដាប់ចង្កេះ។ ពាក់កង។ ទ្រទ្រង់គ្រឿងប្រដាប់ដើមដៃ30) ទ្រទ្រង់គ្រឿងប្រដាប់ដៃ។ ពាក់ចិញ្ចៀន។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ទ្រទ្រង់គ្រឿងប្រដាប់ត្រចៀក។ ទ្រទ្រង់សង្វារ។ ទ្រទ្រង់គ្រឿងប្រដាប់ក។ ទ្រទ្រង់គ្រឿងប្រដាប់ចង្កេះ។ ពាក់កង។ ទ្រទ្រង់គ្រឿងប្រដាប់ដើមដៃ។ ទ្រទ្រង់គ្រឿងប្រដាប់ដៃ។ ពាក់ចិញ្ចៀន ពិតមែនឬ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ត្រចៀក មិនត្រូវទ្រទ្រង់សង្វារ មិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ក មិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ចង្កេះ មិនត្រូវពាក់កង មិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ដើមដៃ មិនត្រូវទ្រទ្រង់គ្រឿងប្រដាប់ដៃ មិនត្រូវពាក់ចិញ្ចៀន ភិក្ខុណាទ្រទ្រង់ ត្រូវអាបត្តិទុក្កដ។
[១២៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទុកសក់វែង។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកសក់វែងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យទុកសក់ កំណត់កាលត្រឹមពីរខែ ឬកំណត់ត្រឹមពីរធ្នាប់។31)
[១២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ សិតសក់ដោយស្និត។ សិតសក់ដោយក្រាស។ ជ្រងសក់ដោយក្រាស គឺដៃធ្វើជាក្រាស។ សិតសក់ដោយក្រមួន និងប្រេង។ សិតសក់ដោយប្រេង ដែលលាយដោយទឹក។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសិតសក់ដោយស្និត មិនត្រូវសិតសក់ដោយក្រាស មិនត្រូវជ្រងសក់ដោយដៃ ធ្វើជាក្រាស មិនត្រូវសិតសក់ ដោយក្រមួន និងប្រេង មិនត្រូវសិតសក់ដោយប្រេង ដែលលាយដោយទឹកទេ ភិក្ខុណាសិត ត្រូវអាបត្តិទុក្កដ។
[១២៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ មើលមុខនិមិត្ត គឺស្រមោលមុខ ក្នុងកញ្ចក់ខ្លះ ក្នុងភាជនៈទឹកខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវមើលមុខនិមិត្ត ក្នុងកញ្ចក់ ឬក្នុងភាជនៈទឹកទេ ភិក្ខុណាមើល ត្រូវអាបត្តិទុក្កដ។
[១២៦] សម័យនោះឯង មានភិក្ខុ១រូប កើតដម្បៅត្រង់មុខ។ ភិក្ខុនោះ សួរភិក្ខុទាំងឡាយថា ម្នាលលោកមានអាយុ ដម្បៅខ្ញុំ ដូចម្តេចទៅ។ ភិក្ខុទាំងឡាយ ប្រាប់យ៉ាងនេះថា ម្នាលលោកមានអាយុ ដម្បៅលោកដូច្នេះ។ ភិក្ខុនោះមិនជឿ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានអាពាធ ជាហេតុ តថាគតអនុញ្ញាត ឲ្យភិក្ខុមើលនិមិត្ត ក្នុងកញ្ចក់ ឬក្នុងភាជនៈទឹកបាន។
[១២៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំគ្នាផាត់មុខ។ ដុសខាត់មុខ។ ប្រស់មុខ។ ចុចមុខដោយថ្មមនោសិលា។ ធ្វើការលាបខ្លួន។ ធ្វើការលាបមុខ។ ធ្វើការលាបទាំងខ្លួន ទាំងមុខ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវផាត់មុខ មិនត្រូវដុសខាត់មុខ មិនត្រូវប្រស់មុខ មិនត្រូវចុចមុខ ដោយថ្មមនោសិលា មិនត្រូវធ្វើការលាបខ្លួន មិនត្រូវធ្វើការលាបមុខ មិនត្រូវធ្វើការលាបទាំងខ្លួន ទាំងមុខទេ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។
[១២៨] សម័យនោះឯង មានភិក្ខុ១រូប កើតអាពាធឈឺភ្នែក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានអាពាធ ជាហេតុ តថាគតអនុញ្ញាតឲ្យភិក្ខុផាត់មុខបាន។
[១២៩] សម័យនោះឯង មានល្បែងមហោស្រព លើកំពូលភ្នំ ទៀបក្រុងរាជគ្រឹះ។ ពួកឆព្វគ្គិយភិក្ខុ នាំគ្នាទៅមើលល្បែងមហោស្រព លើកំពូលភ្នំ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈសក្យបុត្តិយ៍ មិនសមបើនឹង ទៅមើលរាំ ឬស្តាប់ច្រៀង និងស្តាប់ភ្លេងប្រគំ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម ដូច្នេះសោះ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទៅមើលរាំ ស្តាប់ច្រៀង ឬភ្លេងប្រគំទេ ភិក្ខុណាទៅ ត្រូវអាបត្តិទុក្កដ។
[១៣០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ច្រៀងធម៌ ដោយសំលេងច្រៀងដ៏វែងៗ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា យើងច្រៀងយ៉ាងណាមិញ ពួកសមណៈ សក្យបុត្តិយ៍ទាំងនេះ ក៏ច្រៀងធម៌ ដោយសម្លេងច្រៀងដ៏វែងៗ យ៉ាងនោះដែរ។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹង ច្រៀងធម៌ ដោយសម្លេងច្រៀងដ៏វែងៗ ដូច្នេះសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពិតមែនឬ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ បេ។ ព្រះអង្គ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ទោសទាំង៥នេះ នឹងមានដល់ភិក្ខុអ្នកច្រៀងធម៌ ដោយសម្លេងច្រៀងវែងៗ គឺភិក្ខុនោះ ត្រេកអរក្នុងសម្លេងរបស់ខ្លួននោះ១ ជនទាំងឡាយដទៃ រមែងត្រេកអរ ក្នុងសម្លេងនោះ១ គហបតិទាំងឡាយ តែងពោលទោស១ បុគ្គល ដែលពេញចិត្តនឹងការសូត្ររលាក់រលែកសម្លេង រមែងខូចសមាធិ១ ពួកជនខាងក្រោយ នឹងដល់នូវទិដ្ឋានុគតិ (យកតម្រាប់តាម)១ ម្នាលភិក្ខុទាំងឡាយ ទោសទាំង៥នេះឯង នឹងមានដល់ភិក្ខុអ្នកច្រៀងធម៌ ដោយសម្លេងច្រៀងដ៏វែងៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវច្រៀងធម៌ ដោយសម្លេងច្រៀងដ៏វែងៗទេ ភិក្ខុណាច្រៀង ត្រូវអាបត្តិទុក្កដ។
[១៣១] សម័យនោះឯង ភិក្ខុទាំងឡាយរង្កៀសក្នុងសរភ័ញ្ញ គឺការសូត្រដោយប្រែសំឡេង។32) លំដាប់នោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសូត្រសរភ័ញ្ញបាន។
[១៣២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់សំពត់ ដែលគេធ្វើដោយរោមសត្វ មានរោមចេញមកខាងក្រៅ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់សំពត់ ដែលគេធ្វើដោយរោមសត្វ មានរោមចេញមកខាងក្រៅទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[១៣៣] សម័យនោះឯង ក្នុងសួនរបស់ព្រះរាជា ទ្រង់ព្រះនាមមាគធសេនិយពិម្ពិសារ មានស្វាយផ្លែជាច្រើន។ ព្រះរាជា ទ្រង់ព្រះនាមមាគធសេនិយពិម្ពិសារ ទ្រង់បវារណាថា សូមលោកម្ចាស់ទាំងឡាយ និមន្តឆាន់ផ្លែស្វាយ តាមសប្បាយចុះ។ ពួកឆព្វគ្គិយភិក្ខុ នាំគ្នាបេះផ្លែស្វាយខ្ចីៗឆាន់។ ក៏ជួនជា ព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់មានសេចក្តីត្រូវការ ដោយផ្លែស្វាយដែរ។ លំដាប់នោះ ព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់បង្គាប់មនុស្សទាំងឡាយថា ម្នាលនាយ អ្នកទាំងឡាយ ចូរទៅសួន ហើយបេះផ្លែស្វាយមក។ មនុស្សទាំងនោះ ទទួលព្រះរាជឱង្ការព្រះរាជាមាគធសេនិយពិម្ពិសារ ដោយពាក្យថា ព្រះករុណាពិសេស ហើយក៏ទៅកាន់សួន និយាយនឹងនាយអារាមបាល (អ្នករក្សាសួន) យ៉ាងនេះថា នែនាយ ព្រះសម្មតិទេព ទ្រង់ត្រូវការដោយផ្លែស្វាយ ចូរអ្នកទាំងឡាយ ថ្វាយផ្លែស្វាយកុំខាន។ នាយអារាមបាល ក៏ឆ្លើយថា បពិត្រលោកទាំងឡាយ ផ្លែស្វាយគ្មានទេ ព្រោះពួកភិក្ខុ បេះផ្លែស្វាយខ្ចីៗ យកទៅឆាន់អស់ហើយ។ លំដាប់នោះ មនុស្សទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះរាជាមាគធសេនិយពិម្ពិសារ។ ព្រះមហាក្សត្រ មានព្រះបន្ទូលថា ម្នាលនាយ លោកម្ចាស់ទាំងឡាយ បានឆាន់ផ្លែស្វាយ ក៏ជាការប្រពៃហើយ តែថា ព្រះមានព្រះភាគ ទ្រង់សរសើរការដឹងប្រមាណ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ សក្យបុត្តិយ៍ មិនសមបើ នឹងឆាន់ផ្លែស្វាយ របស់ព្រះរាជា មិនដឹងប្រមាណសោះ។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ផ្លែស្វាយ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។
[១៣៤] សម័យនោះ មានសង្ឃភត្តរបស់ប្រជុំជន១ពួក។ ប្រជុំជននោះ បានដាក់ចំណិតផ្លែស្វាយក្នុងសម្ល។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស មិនហ៊ានទទួល។ បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទទួលឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចំណិតផ្លែស្វាយ។
[១៣៥] សម័យនោះឯង មានសង្ឃភត្តរបស់ប្រជុំជន១ពួក។ មនុស្សទាំងនោះ មិនអាចនឹងធ្វើចំណិតផ្លែស្វាយបាន។ ជនទាំងនោះ ក៏នាំយកផ្លែស្វាយទាំងមូល ទៅក្នុងរោងភត្ត។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស មិនហ៊ានទទួល។ បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទទួលឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់ផ្លែឈើ ដោយសមណកប្ប33) ៥យ៉ាង គឺផ្លែឈើដែលគេអុជ ឬដុតកំដៅដោយភ្លើង១ ដែលគេចោះ ពុះ ចិត ដោយសស្ត្រា១ ដែលគេចុចដោយក្រចក១ ដែលគ្មានពូជដុះតទៅ១ មានពូជដែរ តែគួរបន្លេចគ្រាប់ចេញបាន១ ជាគំរប់ប្រាំ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឆាន់ផ្លែឈើ ដោយសមណកប្បទាំង៥នេះឯង។
[១៣៦] សម័យនោះឯង ភិក្ខុ១រូបពស់ចឹកហើយក៏ស្លាប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានជាដូច្នោះ ព្រោះភិក្ខុនោះ មិនផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុនោះ បានផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើទុកជាពស់ចឹក ក៏មិនបានស្លាប់ទេ។ ត្រកូលស្តេចពស់ទាំង៤ ដូចម្តេចខ្លះ។ ត្រកូលស្តេចពស់ទាំង៤នោះ គឺ ត្រកូលស្តេចពស់ ឈ្មោះវិរូបក្ខៈ ត្រកូលស្តេចពស់ ឈ្មោះឯរាបថៈ ត្រកូលស្តេចពស់ ឈ្មោះឆព្យាបុត្តៈ ត្រកូលស្តេចពស់ ឈ្មោះកណ្ហាគោតមក ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះបានជាដូច្នោះ ព្រោះភិក្ខុនោះ មិនផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤នេះឯង។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុនោះ បានផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើទុកជាពស់ចឹក ក៏មិនបានស្លាប់ទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្សាយមេត្តាចិត្ត ទៅកាន់ត្រកូលស្តេចពស់ទាំង៤នេះ ដើម្បីគ្រប់គ្រងខ្លួន ដើម្បីរក្សាខ្លួន ដើម្បីការពារខ្លួន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវធ្វើមេត្តាចិត្តយ៉ាងនេះឯង។
[១៣៧] មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះវិរូបក្ខៈផង34) មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះឯរាបថៈផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះឆព្យាបុត្តៈផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកត្រកូលស្តេចពស់ ឈ្មោះកណ្ហាគោតមកៈផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមិនមានជើងផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមានជើងពីរផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមានជើងបួនផង មេត្តារបស់យើង (ចូរប្រព្រឹត្តទៅ) ជាមួយនឹងពួកសត្វមានជើងច្រើនផង សត្វគ្មានជើង កុំបៀតបៀនយើង សត្វមានជើងពីរ កុំបៀតបៀនយើងឡើយ។ សត្វមានជើងបួន កុំបៀតបៀនយើង សត្វមានជើងច្រើន កុំបៀតបៀនយើងឡើយ។ ពួកសត្វ35) ទាំងអស់ផង ពួកបាណៈ36) ទាំងអស់ផង ពួកភូត37) ទាំងអស់ផង គ្រប់យ៉ាង សត្វទាំងអស់ (នោះ) ចូរឃើញ នូវអារម្មណ៍ ដ៏ចំរើន អំពើដ៏អាក្រក់តិចតួច កុំបីមកឡើយ។ ព្រះពុទ្ធ មានគុណប្រមាណមិនបាន ព្រះធម៌ មានគុណប្រមាណមិនបាន ព្រះសង្ឃ មានគុណប្រមាណមិនបាន ពួកសត្វទីឃជាតិ គឺពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ និងកណ្តុរ ជាសត្វប្រកបដោយគុណសម្បត្តិ (តិច) ការរក្សា យើងបានធ្វើហើយ សេចក្តីការពារ យើងបានធ្វើហើយ សត្វទាំងឡាយ ចូរចៀសចេញទៅ យើងធ្វើកិរិយានមស្ការ ចំពោះព្រះមានព្រះភាគ ធ្វើកិរិយានមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធទាំង៧ព្រះអង្គ (មានព្រះពុទ្ធ ទ្រង់ព្រះនាមវិបស្សីជាដើម)។
[១៣៨] សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីអផ្សុកបៀតបៀន ហើយក៏កាត់នូវអង្គជាតរបស់ខ្លួន។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ វត្ថុដទៃ38) ដែលខ្លួនគួរកាត់ ក៏មាន តែមោឃបុរសនោះ ទៅកាត់ឯវត្ថុដទៃ (អង្គជាត)វិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវកាត់អង្គជាតរបស់ខ្លួនទេ ភិក្ខុណាកាត់ ត្រូវអាបត្តិថុល្លច្ច័យ។
[១៣៩] សម័យនោះឯង រាជគហសេដ្ឋី (ជាសេដ្ឋីនៅក្នុងក្រុងរាជគ្រឹះ) បានពកចន្ទន៍ នៃខ្លឹមចន្ទន៍ មានតម្លៃច្រើន។ លំដាប់នោះ រាជគហសេដ្ឋី មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ឲ្យជាងក្រឡឹងបាត្រ ដោយពកចន្ទន៍នេះ លំអិតដែលបានពីការក្រឡឹង ក៏ជាគ្រឿងប្រើប្រាស់របស់អាត្មាអញផង ហើយអាត្មាអញ នឹងបានឲ្យបាត្រ ទៅជាទានផង។ គ្រានោះ រាជគហសេដ្ឋី ក៏ឲ្យជាងក្រឡឹងបាត្រ ដោយពកចន្ទន៍នោះ ហើយច្រកក្នុងសង្រែក ព្យួរលើចុងឫស្សី ហើយលើកឫស្សីតៗគ្នា (ឲ្យខ្ពស់)ឡើង រួចនិយាយយ៉ាងនេះថា លោកណា ទោះបីជាសមណៈក្តី ព្រាហ្មណ៍ក្តី ដែលជាព្រះអរហន្ត មានឫទ្ធិ លោកនោះ ចូរដាក់យកបាត្រ ដែលយើងឲ្យហើយទៅចុះ។
[១៤០] គ្រានោះ គ្រូឈ្មោះ បូរណកស្សបៈ ចូលទៅរករាជគហសេដ្ឋី លុះចូលទៅដល់ហើយ ក៏និយាយយ៉ាងនេះ នឹងរាជគហសេដ្ឋីថា នែគហបតិ អាត្មាជាព្រះអរហន្ត ទាំងមានឫទ្ធិផង សូមអ្នកឲ្យបាត្រមកអាត្មាចុះ។ សេដ្ឋីនិយាយថា បពិត្រលោកដ៏ចំរើន បើលោកមានអាយុ ជាព្រះអរហន្ត ទាំងមានឫទ្ធិផងមែន ចូរលោកដាក់យកបាត្រ ដែលយើងឲ្យហើយទៅចុះ។ លំដាប់នោះ គ្រូឈ្មោះ មក្ខលិគោសាល គ្រូឈ្មោះ អជិតកេសកម្ពល គ្រូឈ្មោះបកុធកច្ចាយនៈ គ្រូឈ្មោះ សញ្ជយវេឡដ្ឋបុត្ត គ្រូឈ្មោះ និគ្គណ្ឋនាដបុត្ត បានចូលទៅរករាជគហសេដ្ឋី លុះចូលទៅដល់ហើយ ក៏និយាយយ៉ាងនេះ នឹងរាជគហសេដ្ឋីថា នែគហបតិ អាត្មាជាព្រះអរហន្ត ទាំងមានឫទ្ធិផង សូមអ្នកឲ្យបាត្រមកអាត្មាចុះ។ សេដ្ឋីនិយាយថា បពិត្រលោកដ៏ចំរើន បើលោកមានអាយុ ជាព្រះអរហន្ត ទាំងមានឫទ្ធិមែន ចូរលោកដាក់យកបាត្រ ដែលយើងឲ្យហើយទៅចុះ។
[១៤១] សម័យនោះឯង ព្រះមហាមោគ្គល្លានមានអាយុ និងព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ស្លៀកដណ្តប់ក្នុងបុព្វណ្ហសម័យ ហើយទ្រង់បាត្រ និងចីវរ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ចំណែកខាងព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ជាព្រះអរហន្ត ទាំងមានឫទ្ធិផង។ ព្រះមហាមោគ្គល្លានមានអាយុ ជាព្រះអរហន្ត ទាំងមានឫទ្ធិផងដែរ។ គ្រានោះ ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ និយាយនឹងព្រះមហាមោគ្គល្លានមានអាយុ យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ចូរលោកនិមន្តទៅដាក់យកបាត្រនុ៎ះមក បាត្រនុ៎ះ ជាបាត្ររបស់លោកហើយ។ ឯព្រះមហាមោគ្គល្លានមានអាយុ ក៏និយាយទៅនឹងព្រះបិណ្ឌោលភារទ្វាជៈមានអាយុ យ៉ាងនេះវិញថា ម្នាលអាវុសោភារទ្វាជៈ ចូរលោកនិមន្តទៅដាក់យកបាត្រនុ៎ះមក បាត្រនុ៎ះ ជាបាត្ររបស់លោកហើយ។ លំដាប់នោះ ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ក៏ហោះទៅឯអាកាស កាន់យកបាត្រនោះ ហើយហោះក្រឡឹងក្រុងរាជគ្រឹះបីជុំ។
[១៤២] សម័យនោះឯង រាជគហសេដ្ឋី ព្រមទាំងកូន និងប្រពន្ធ ឈរនៅទីផ្ទះរបស់ខ្លួន ផ្គងអញ្ជលីនមស្ការនិយាយថា បពិត្រលោកដ៏ចំរើន សូមព្រះភារទ្វាជៈជាម្ចាស់ មកប្រតិស្ឋាន ក្នុងផ្ទះរបស់យើងឯនេះ។ លំដាប់នោះ ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ក៏មកប្រតិស្ឋាន ក្នុងទីផ្ទះរបស់រាជគហសេដ្ឋី។ លំដាប់នោះ រាជគហសេដ្ឋី ទទួលបាត្រ អំពីព្រះហស្តព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ហើយដាក់ខាទនីយៈ ដែលមានថ្លៃច្រើនឲ្យពេញ រួចប្រគេនដល់ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ។ ឯព្រះបិណ្ឌោលភារទ្វាជៈមានអាយុ ក៏ទទួលយកបាត្រនោះ ហើយដើរទៅកាន់អារាម។ មនុស្សទាំងឡាយ បានឮច្បាស់ថា ឥឡូវ បាត្ររបស់រាជគហសេដ្ឋី ព្រះបិណ្ឌោលភារទ្វាជៈជាម្ចាស់ បានដាក់យកទៅហើយ។ មនុស្សទាំងនោះ ក៏ហ៊ោ កញ្ជ្រៀវ ដើរទៅតាមក្រោយៗព្រះបិណ្ឌោលភារទ្វាជៈមានអាយុ។ ព្រះមានព្រះភាគ ទ្រង់បានឮសំឡេងហ៊ោកញ្ជ្រៀវ លុះឮហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកសួរថា ម្នាលអានន្ទ សំឡេងហ៊ោកញ្ជ្រៀវនោះ ជាសំឡេងអ្វី។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវ បាត្ររបស់រាជគហសេដ្ឋី ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ បានដាក់យកទៅហើយ បពិត្រព្រះអង្គដ៏ចំរើន មនុស្សទាំងឡាយ បានឮដំណឹងថា បាត្ររបស់រាជគហសេដ្ឋី លោកម្ចាស់បិណ្ឌោលភារទ្វាជៈ បានដាក់យកទៅហើយ បពិត្រព្រះអង្គដ៏ចំរើន មនុស្សទាំងនោះ ក៏ហ៊ោកញ្ជ្រៀវឡើង ដើរទៅតាមក្រោយៗ ព្រះបិណ្ឌោលភារទ្វាជៈមានអាយុ បពិត្រព្រះមានព្រះភាគ សំឡេងហ៊ោកញ្ជ្រៀវនោះ គឺជាសំឡេងនុ៎ះឯង។
[១៤៣] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរព្រះបិណ្ឌោលភារទ្វាជៈមានអាយុថា ម្នាលភារទ្វាជៈ ឮថា អ្នកបានដាក់យកបាត្រ របស់រាជគហសេដ្ឋី ពិតមែនឬ។ ព្រះបិណ្ឌោលភារទ្វាជៈ ក្រាបបង្គំទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភារទ្វាជៈ (អំពើនេះ) មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនត្រូវធ្វើ ម្នាលភារទ្វាជៈ អ្នកមិនសមបើនឹងសំដែងឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់ខ្ពស់ ដល់ពួកគ្រហស្ថ ព្រោះតែបាត្រឈើ ជារបស់ថោកទាបទេ ម្នាលភារទ្វាជៈ មាតុគ្រាមបង្ហាញកេរ្តិ៍ខ្មាស ព្រោះតែរូបមាសក39) ដូចជាសាកសព ជារបស់ថោកទាប យ៉ាងណាមិញ ម្នាលភារទ្វាជៈ អ្នកឯងសំដែងឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់ខ្ពស់ ដល់ពួកគ្រហស្ថ ព្រោះតែបាត្រឈើ ជារបស់ថោកទាប ក៏យ៉ាងនោះដែរ ម្នាលភារទ្វាជៈ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងឥទ្ធិប្បាដិហារ្យ ដែលជាធម៌របស់មនុស្សជាន់ខ្ពស់ ដល់ពួកគ្រហស្ថទេ ភិក្ខុណាសំដែង ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបំបែកបាត្រឈើនុ៎ះចេញ ហើយធ្វើឲ្យជាចំណែកៗ ហើយឲ្យដល់ភិក្ខុទាំងឡាយ សម្រាប់កិន ធ្វើជាថ្នាំលាបភ្នែក ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់បាត្រឈើទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[១៤៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់បាត្រខ្ពស់ និងទាប គឺល្អអាក្រក់ គឺបាត្រធ្វើអំពីមាសខ្លះ ធ្វើអំពីប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់បាត្រធ្វើដោយមាស មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយប្រាក់ មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយកែវមណី មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយកែវពិទូរ្យ មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយកែវផលិក មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយសំរឹទ្ធិ មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយកែវកញ្ចក់ មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយសំណប៉ាហាំង មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយសំណភក់ មិនត្រូវប្រើប្រាស់បាត្រ ធ្វើដោយស្ពាន់ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបាត្រពីរយ៉ាង គឺ បាត្រដែកម្យ៉ាង បាត្រដីម្យ៉ាង។
[១៤៥] សម័យនោះឯង ផ្ទៃបាត្រខាងក្រោម ក៏សឹករិលរេចទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ជើងបាត្រ។
[១៤៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ជើងបាត្រខ្ពស់ និងទាប គឺល្អអាក្រក់ គឺ ធ្វើដោយមាសខ្លះ ធ្វើដោយប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ជើងបាត្រខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជើងបាត្រពីរយ៉ាង គឺ ធ្វើដោយសំណប៉ាហាំងម្យ៉ាង ធ្វើដោយសំណភក់ម្យ៉ាង។ ជើងបាត្រក្រាសពេក ភិក្ខុចាប់កាន់មិនស្និទ្ធិ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រឡឹងបាន40) លួសក៏កើតមាន (ដល់ពួកភិក្ខុក្នុងសម័យនោះ)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកាត់លួសនោះ ធ្វើជាក្បាច់ធ្មេញមករ។
[១៤៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ជើងបាត្រទាំងឡាយ ដ៏វិចិត្រ ឆ្លាក់ ដេរដាស ដោយរូបស្រី និងប្រុសជាដើម ហើយលាប ឲ្យមានពណ៌ផ្សេងៗ ក៏ដើរបង្ហាញជើងបាត្រទាំងនោះ (ដល់មនុស្សទាំងពួង) តាមផ្លូវថ្នល់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ជើងបាត្រ ដ៏វិចិត្រ ឆ្លាក់ ដេរដាស ដោយរូបស្រី និងប្រុសជាដើម និងលាបឲ្យមានពណ៌ផ្សេងៗទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជើងបាត្រជាប្រក្រតី។41)
[១៤៨] សម័យនោះឯង ភិក្ខុទាំងឡាយ ទុកដាក់បាត្រទាំងទទឹក។ បាត្រក៏វិនាសខូចទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកដាក់បាត្រទាំងទទឹកទេ ភិក្ខុណាទុកដាក់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុហាលបាត្រសិន ហើយសឹមទុកដាក់។
[១៤៩] សម័យនោះឯង ភិក្ខុទាំងឡាយ ហាលបាត្រទាំងទទឹក។ បាត្រក៏មានក្លិនអាក្រក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវហាលបាត្រទាំងទទឹកទេ ភិក្ខុណាហាល ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជូតបាត្រឲ្យស្ងួតទឹកសិន ហើយសឹមហាលទុកដាក់ចុះ។
[១៥០] សម័យនោះឯង ភិក្ខុទាំងឡាយ ទុកបាត្រក្នុងទីក្តៅ។ បាត្រក៏ខូចពណ៌។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកបាត្រក្នុងទីក្តៅទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យហាលបាត្រក្នុងទីក្តៅមួយរំពេច ហើយសឹមទុកដាក់ចុះ។
[១៥១] សម័យនោះឯង មានបាត្រជាច្រើន តែមិនទាន់មានគ្រឿងរងដំកល់ ភិក្ខុទុកដាក់ក្នុងទីវាលស្រឡះ។ បាត្រទាំងនោះ ក៏រមៀលបែកខូចទៅ ដោយខ្យល់កំបុតត្បូង។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រឿងរង ដំកល់បាត្រ។42)
[១៥២] សម័យនោះឯង ពួកភិក្ខុដាក់បាត្រលើទីបំផុតផែនក្តារតាំង។43) បាត្រក៏រមៀល ទង្គិចបែក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រលើទីបំផុត នៃផែនក្តារតាំងទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។
[១៥៣] សម័យនោះឯង ពួកភិក្ខុដាក់បាត្រក្នុងទីបំផុតនៃថ្នាក់។44) បាត្រក៏រមៀល ធ្លាក់បែក។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រក្នុងទីបំផុត នៃថ្នាក់ទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។
[១៥៤] សម័យនោះឯង ភិក្ខុទាំងឡាយ ផ្កាប់បាត្រលើផែនដី។ រឹមមាត់បាត្រ ក៏សឹករិលរេចទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកម្រាលស្មៅ។ ពួកកណ្តៀរ ក៏កាត់កម្រាលស្មៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកំណាត់សំពត់។ ពួកកណ្តៀរ ក៏កាត់កំណាត់សំពត់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរោងសម្រាប់ទុកបាត្រ។ បាត្រក៏រមៀល ធ្លាក់អំពីរោងសម្រាប់ទុកបាត្របែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតភាជន៍ដី មានមាត់ធំ (ថ្លាង) សម្រាប់ទុកបាត្រ។ បាត្រក៏សឹកដោយភាជនៈដី មានមាត់ធំ សម្រាប់ទុកបាត្រ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថង់បាត្រ។ យោគបាត្រមិនទាន់មាននៅឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយោគបាត្រ និងខ្សែសម្រាប់ចង។
[១៥៥] សម័យនោះឯង ភិក្ខុទាំងឡាយព្យួរបាត្រនឹងមេជញ្ជាំងខ្លះ នឹងដែកែវខ្លះ។ បាត្រ ក៏រមៀល ធ្លាក់បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវព្យួរបាត្រទេ ភិក្ខុណាព្យួរ ត្រូវអាបត្តិទុក្កដ។
[១៥៦] សម័យនោះឯង ភិក្ខុទាំងឡាយទុកបាត្រលើគ្រែ។ ភិក្ខុទាំងឡាយ ភ្លេចស្មារតី ក៏អង្គុយសង្កត់បាត្របែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកបាត្រលើគ្រែទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។
[១៥៧] សម័យនោះឯង ភិក្ខុទាំងឡាយទុកបាត្រលើតាំង។ ភិក្ខុទាំងឡាយ ភ្លេចស្មារតី អង្គុយសង្កត់បាត្របែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកបាត្រលើតាំងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។
[១៥៨] សម័យនោះឯង ភិក្ខុទាំងឡាយដាក់បាត្រលើភ្លៅទាំងភ្នែន។ ក្រោកឡើងដោយភ្លេចស្មារតី។ បាត្រ ក៏រមៀលធ្លាក់បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រលើភ្លៅទាំងភ្នែនទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។
[១៥៩] សម័យនោះឯង ភិក្ខុទាំងឡាយដាក់បាត្រក្នុងឆត្រ។ ខ្យល់កំបុតត្បូង ក៏បក់ផើយ ប៉ើងឆត្រឡើង។ បាត្រក៏ធ្លាក់បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដាក់បាត្រក្នុងឆត្រទេ ភិក្ខុណាដាក់ ត្រូវអាបត្តិទុក្កដ។
[១៦០] សម័យនោះឯង ភិក្ខុទាំងឡាយមានបាត្រនៅដៃ ច្រានសន្ទះទ្វារ។ បាត្រ ក៏ទង្គិច នឹងសន្ទះទ្វារ បែកទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានបាត្រនៅដៃ មិនត្រូវច្រានសន្ទះទ្វារទេ ភិក្ខុណាច្រាន ត្រូវអាបត្តិទុក្កដ។
[១៦១] សម័យនោះឯង ភិក្ខុទាំងឡាយ ដើរទៅបិណ្ឌបាត ដោយសំបកឃ្លោក (កាន់សំបកឃ្លោក)។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកតិរ្ថីយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដើរទៅបិណ្ឌបាត ដោយសំបកឃ្លោកទេ ភិក្ខុណាដើរទៅ ត្រូវអាបត្តិទុក្កដ។
[១៦២] សម័យនោះឯង ពួកភិក្ខុដើរទៅបិណ្ឌបាត ដោយអម្បែងឆ្នាំង។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកតិរ្ថីយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដើរទៅបិណ្ឌបាត ដោយអម្បែងឆ្នាំងទេ ភិក្ខុណាដើរទៅ ត្រូវអាបត្តិទុក្កដ។
[១៦៣] សម័យនោះឯង ភិក្ខុ១រូប ជាអ្នកប្រព្រឹត្តយកវត្ថុបំសុកូលគ្រប់មុខ។45) ភិក្ខុនោះ ប្រើប្រាស់បាត្រក្បាលខ្មោច។ មានស្រីម្នាក់ ឃើញហើយខ្លាច ស្រែកភ្លាត់សំឡេងថា ឱនេះជាបិសាច ធ្វើសេចក្តីវិនាសដល់អញតើ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ ពួកសមណៈ សក្យបុត្តិយ៍ ប្រើប្រាស់បាត្រក្បាលខ្មោច ដូចពួកបិសាចសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់បាត្រក្បាលខ្មោចទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវជាអ្នកប្រព្រឹត្តយកវត្ថុបំសុកូលគ្រប់មុខទេ ភិក្ខុណាប្រព្រឹត្តយក ត្រូវអាបត្តិទុក្កដ។
[១៦៤] សម័យនោះឯង ភិក្ខុទាំងឡាយ យកបាត្រដាក់កាកអាមិសៈ ដែលគេចោលខ្លះ ឆ្អឹងខ្លះ ទឹកជាដែលខ្លះ ហើយនាំយកទៅចោល។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ សក្យបុត្តិយ៍ទាំងនេះ ឆាន់ក្នុងបាត្រណា បាត្រនោះឯង ជាកន្ថោររបស់លោក។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវយកបាត្រ ដាក់កាកអាមិសៈ ដែលគេចោលក្តី ឆ្អឹងក្តី ទឹកជាដែលក្តី នាំយកទៅចោលទេ ភិក្ខុណានាំយកទៅចោល ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកន្ថោរ។
[១៦៥] សម័យនោះឯង ភិក្ខុទាំងឡាយ ហែកចីវរដោយដៃ ហើយដេរចីវរ។ ចីវរក៏មិនស្មើគ្នា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាំបិត និងកំណាត់សំពត់ សម្រាប់រុំកាំបិត។
[១៦៦] សម័យនោះឯង កាំបិតមានដង កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាំបិតមានដង។
[១៦៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ដងកាំបិត ដ៏ខ្ពស់ និងទាប46) គឺធ្វើដោយមាស និងធ្វើដោយប្រាក់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ដងកាំបិតខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដងកាំបិត ធ្វើដោយឆ្អឹង ធ្វើដោយភ្លុក ធ្វើដោយស្នែង ធ្វើដោយបបុស ធ្វើដោយឫស្សី ធ្វើដោយឈើ ធ្វើដោយជ័រ ធ្វើដោយផ្លែ ធ្វើដោយលោហធាតុ47) ធ្វើដោយគូថស័ង្ខ។
[១៦៨] សម័យនោះឯង ភិក្ខុទាំងឡាយដេរចីវរដោយស្លាបមាន់ខ្លះ ដោយចំរៀកឫស្សីខ្លះ។ ចីវរមានថ្នេរមិនល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតម្ជុល។ ម្ជុលទាំងឡាយ ក៏មានច្រែះចាប់។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត បំពង់ម្ជុល។ ច្រែះក៏ចាប់ក្នុងបំពង់ម្ជុលទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យដាក់លំអិតបំពេញ (ក្នុងបំពង់ម្ជុល)។ ច្រែះ ក៏កើតឡើងក្នុងលំអិតទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យបំពេញបំពង់ម្ជុល ដោយលំអិតម្សៅ ដ៏លាយដោយរមៀត។ ច្រែះក៏កើតឡើងក្នុងលំអិតម្សៅដ៏លាយដោយរមៀតទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត លំអិតថ្ម។ ច្រែះក៏កើតឡើង ក្នុងលំអិតថ្មទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យលាបដោយក្រមួនឃ្មុំ។ ក្រមួនឃ្មុំដែលភិក្ខុលាបហើយ ក៏បែករាត់រាយទៅ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត កំណាត់សំពត់សម្រាប់រុំក្រមួនឃ្មុំ។
[១៦៩] សម័យនោះឯង ភិក្ខុទាំងឡាយ ជីកដាំបង្គោលក្នុងទីនោះៗ ហើយចងដេរចីវរ។ ចីវរក៏ស្ទោក មិនស្មើល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចងឈើស្តឹង48) និងខ្សែស្តឹង49) ដើម្បីឲ្យភិក្ខុចងចីវរ ហើយដេរក្នុងទីនោះៗ។ ភិក្ខុទាំងឡាយ លាតឈើស្តឹងក្នុងទីមិនស្មើ។ ឈើស្តឹងក៏បែកបាក់ទៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវលាតឈើស្តឹង ក្នុងទីមិនស្មើទេ ភិក្ខុណាលាត ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយ លាតឈើស្តឹង លើផែនដី។ ឈើស្តឹង ក៏ប្រឡាក់ដោយធូលី។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត កម្រាលស្មៅ។ ជាយចីវរ ដែលចងនឹងឈើស្តឹង ក៏ទក់ទីអស់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលើក (ថែម) អនុវាតបណ្តោយ និអនុវាតទទឹងរបស់ចីវរ។ ឈើស្តឹងមិនល្មមគ្នានឹងចីវរ50)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដងឈើស្តឹង51) នឹងការបត់ទ្រនាប់ឈើស្តឹង ឲ្យជាពីរជាន់52) ស្លាកសម្រាប់បញ្ចូលក្នុងចន្លោះនៃចីវរមានជាន់ពីរ ខ្សែសម្រាប់រឹតឈើស្តឹងតូច ជាមួយនឹងឈើស្តឹងធំ និងខ្សែសម្រាប់រឹតចីវរភ្ជាប់នឹងឈើស្តឹងតូច ដើម្បីចងចីវរដេរ។ ចន្លោះថ្នេរចីវរមិនស្មើគ្នា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ខ្នាតសម្រាប់វាស់។ ថ្នេរចីវរក៏វៀច មិនត្រង់ល្អ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែបន្ទាត់។
[១៧០] សម័យនោះឯង ភិក្ខុទាំងឡាយ មានជើងមិនស្អាត ហើយដើរជាន់ឈើស្តឹង។ ឈើស្តឹងក៏ប្រឡាក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានជើងមិនស្អាត មិនត្រូវដើរជាន់ឈើស្តឹងទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[១៧១] សម័យនោះឯង ភិក្ខុទាំងឡាយ មានជើងទទឹក ដើរជាន់លើឈើស្តឹង។ ឈើស្តឹងក៏ប្រឡាក់។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានជើងទទឹក មិនត្រូវជាន់ឈើស្តឹងទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[១៧២] សម័យនោះឯង ភិក្ខុទាំងឡាយ ពាក់ស្បែកជើង ដើរជាន់ឈើស្តឹង។ ឈើស្តឹងក៏សៅហ្មង។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់ស្បែកជើង ជាន់ឈើស្តឹងទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[១៧៣] សម័យនោះឯង ភិក្ខុទាំងឡាយ ដេរចីវរ កាន់ដោយម្រាមដៃ។ ម្រាមដៃក៏ឈឺ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នាប់ម្រាមដៃ។53)
[១៧៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ស្នាប់ម្រាមដៃ ដ៏ខ្ពស់និងទាប គឺធ្វើដោយមាស និងធ្វើដោយប្រាក់។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចជាពួកគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ស្នាប់ម្រាមដៃខ្ពស់និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នាប់ម្រាមដៃ ធ្វើដោយឆ្អឹង។ បេ។ ធ្វើដោយគូថស័ង្ខ។
[១៧៥] សម័យនោះឯង ម្ជុល កាំបិត នឹងស្នាប់ម្រាមដៃបាត់ទៅ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតវត្ថុសម្រាប់ដាក់។54) (លុះដាក់) ក្នុងវត្ថុសម្រាប់ដាក់ក៏នៅតែរាត់រាយ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថង់សម្រាប់ដាក់ស្នាប់ម្រាមដៃ។ ខ្សែយោគ មិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ខ្សែយោគ និងខ្សែសម្រាប់ចង។
[១៧៦] សម័យនោះឯង ភិក្ខុទាំងឡាយ ដេរចីវរក្នុងទីវាល លំបាកដោយត្រជាក់ និងក្តៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរោងសម្រាប់ដាក់ឈើស្តឹង បារាំងសម្រាប់ដាក់ឈើស្តឹង។ រោងសម្រាប់ដាក់ឈើស្តឹងមានទីដ៏ទាប។ ទឹកក៏លិច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនក៏របេះ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យកពូនខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ភិក្ខុទាំងឡាយ ក៏លំបាកនឹងឡើង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺ ជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ កាលភិក្ខុទាំងឡាយឡើងទៅ ក៏ធ្លាក់មកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។
[១៧៧] សម័យនោះឯង កំទេចស្មៅ ជ្រុះក្នុងរោងឈើស្តឹង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកទាំងខាងក្នុងខាងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ និងបរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥យ៉ាង ស្នួរចីវរ និងខ្សែស្បៀងចីវរ។
[១៧៨] សម័យនោះឯង ភិក្ខុទាំងឡាយដេរចីវររួចហើយ ទុកឈើស្តឹងចោល ក្នុងទីនោះ ហើយចៀសចេញទៅ។ ពួកកណ្តុរខ្លះ កណ្តៀរខ្លះ កាត់កោរ (ឈើស្តឹង)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសាឈើស្តឹងទុក។ ឈើស្តឹងក៏បាក់បែក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមូរឈើស្តឹងដោយឈើស្នូល។ ឈើស្តឹងក៏រលាចេញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែសម្រាប់ចង។
[១៧៩] សម័យនោះឯង ភិក្ខុទាំងឡាយផ្អែកឈើស្តឹងទុកនឹងជញ្ជាំងខ្លះ នឹងសសរខ្លះ ហើយចៀសចេញទៅ។ ឈើស្តឹង ក៏រលំបាក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពាក់ (ឈើស្តឹង) នឹងមេជញ្ជាំង ឬដៃកែវ។
[១៨០] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងរាជគ្រឹះ តាមសមគួរ ដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់យាងទៅកាន់ចារិក ក្រុងវេសាលី។ សម័យនោះឯង ភិក្ខុទាំងឡាយ យកម្ជុលខ្លះ កាំបិតខ្លះ ភេសជ្ជៈខ្លះ ដាក់ក្នុងបាត្រ ដើរទៅ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថង់សម្រាប់ដាក់ភេសជ្ជៈ។ ខ្សែយោគ មិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែយោគ និងខ្សែសម្រាប់ចង។
[១៨១] សម័យនោះឯង ភិក្ខុ១រូប ចងស្បែកជើងនឹងវត្ថពន្ធចង្កេះ ហើយចូលទៅបិណ្ឌបាតក្នុងស្រុក។ មានឧបាសកម្នាក់ ថ្វាយបង្គំភិក្ខុនោះ ក៏ទង្គិចក្បាលនឹងស្បែកជើង។ ភិក្ខុនោះ មានសេចក្តីអៀនខ្មាស។ ចំណែកខាងភិក្ខុនោះ ទៅកាន់អារាម ហើយក៏បានប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុ បានយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតថង់សម្រាប់ដាក់ស្បែកជើង។ ខ្សែយោគ មិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែយោគ និងខ្សែសម្រាប់ចង។
[១៨២] សម័យនោះឯង មានទឹកជាអកប្បិយៈ ក្នុងចន្លោះផ្លូវ។ សំពត់តម្រងទឹក មិនទាន់មាននៅឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់តម្រងទឹក។ កំណាត់សំពត់ មិនគ្រាន់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតម្រងទឹក ដែលគេរឹតភ្ជាប់នឹងឈើបីកំណាត់។ កំណាត់សំពត់មិនគ្រាន់។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតធម្មក្រក។
[១៨៣] សម័យនោះឯង ក្នុងកោសលជនបទ មានភិក្ខុពីររូប នាំគ្នាដើរទៅកាន់ផ្លូវឆ្ងាយ។ ភិក្ខុមួយរូបប្រព្រឹត្តអនាចារ។ ភិក្ខុទីពីរ បាននិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ អ្នកកុំធ្វើអំពើយ៉ាងនេះឡើយ អំពើនេះ មិនគួរទេ។ ភិក្ខុដែលប្រព្រឹត្តអនាចារនោះ ក៏ចងគំនុំ នឹងភិក្ខុនោះ។ ចំណែកខាងភិក្ខុ អ្នកប្រព្រឹត្តអនាចារនោះ ស្រេកទឹក ក៏និយាយទៅនឹងភិក្ខុ ដែលខ្លួនចងគំនុំយ៉ាងនេះថា ម្នាលអាវុសោ ចូរលោកឲ្យតម្រងទឹកមកខ្ញុំ ៗនឹងឆាន់ទឹក។ ភិក្ខុ ដែលគេចងគំនុំមិនព្រមឲ្យ។ ភិក្ខុ ដែលប្រព្រឹត្តអនាចារនោះ ស្រេកទឹកខ្លាំង ក៏ធ្វើមរណកាលទៅ។ កាលភិក្ខុ ដែលគេចងគំនុំនោះទៅអារាម ក៏បានប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏និយាយថា ម្នាលអាវុសោ កាលគេសុំសំពត់តម្រងទឹក លោកមិនឲ្យគេ មែនឬ។ ភិក្ខុនោះឆ្លើយថា មែនហើយ អាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា កាលបើគេខ្ចីសំពត់តម្រងទឹក ភិក្ខុមិនសមបើ មិនឲ្យគេទេ។ លំដាប់នោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
[១៨៤] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ក្នុងវេលានោះ ហើយត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា គេខ្ចីសំពត់តម្រងទឹក អ្នកមិនឲ្យគេ ពិតមែនឬ។ ភិក្ខុនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលមោឃបុរស អំពើរបស់អ្នក ជាអំពើមិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនត្រូវធ្វើ ម្នាលមោឃបុរស កាលបើគេខ្ចីសំពត់តម្រងទឹក អ្នកមិនសមបើនឹងមិនឲ្យគេទេ ម្នាលមោឃបុរស អំពើនេះ មិនមែននាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដើរទៅតាមផ្លូវឆ្ងាយ កាលបើគេខ្ចីតម្រងទឹក កុំគប្បីមិនឲ្យ ភិក្ខុណាមិនឲ្យ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុគ្មានសំពត់តម្រងទឹក មិនត្រូវដើរផ្លូវឆ្ងាយទេ ភិក្ខុណាដើរ ត្រូវអាបត្តិទុក្កដ បើមិនមានសំពត់តម្រងទឹកក្តី ធម្មក្រកក្តី ទុកជាជាយសង្ឃាដិ ក៏ត្រូវអធិដ្ឋានបានថា អាត្មាអញនឹងត្រងទឹក ដោយជាយសង្ឃាដិនេះឆាន់។
[១៨៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ ទៅកាន់ចារិក ដោយលំដាប់ ទ្រង់សំដៅទៅកាន់ក្រុងវេសាលី។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ព្រៃមហាវ័ន ទៀបក្រុងវេសាលីនោះ។
[១៨៦] សម័យនោះឯង ភិក្ខុទាំងឡាយធ្វើនវកម្ម (ការងារថ្មី)ៗ ភិក្ខុទាំងនោះ មិនបានសន្មតសំពត់តម្រងទឹកនៅឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់តម្រងទឹកមានដង។ ភិក្ខុមិនទាន់សន្មតសំពត់តម្រងទឹកមានដងនៅឡើយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់តម្រងត្រាំ។55)
[១៨៧] សម័យនោះឯង មូសបៀតបៀនភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតមុង។
[១៨៨] សម័យនោះឯង ក្រុងវេសាលី ពួកជនបានចាត់ចែងភត្តដ៏ឧត្តម (ប្រគេនពួកភិក្ខុ)។ ពួកភិក្ខុ បានឆាន់ភោជនទាំងឡាយដ៏ឧត្តម មានកាយច្រើនទៅដោយទោស (រោគទល់) មានអាពាធច្រើន។ គ្រានោះឯង ជីវកកោមារភត្យ បានទៅក្រុងវេសាលី ដោយកិច្ចនីមួយ។ ជីវកកោមារភត្យ បានឃើញភិក្ខុទាំងឡាយ មានកាយច្រើនទៅដោយរោគ មានអាពាធច្រើន លុះបានឃើញហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះជីវកកោមារភត្យ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ភិក្ខុទាំងឡាយ មានកាយច្រើនទៅដោយទោស មានអាពាធច្រើន បពិត្រព្រះមានព្រះភាគដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះអង្គ អនុញ្ញាតទីចង្ក្រម និងរោងភ្លើង ដល់ភិក្ខុទាំងឡាយ ជាការប្រពៃ កាលបើយ៉ាងនេះ ភិក្ខុទាំងឡាយ នឹងមិនសូវមានអាពាធ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ជីវកកោមារភត្យ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ វេលានោះ ជីវកកោមារភត្យ កាលដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ ឲ្យឃើញ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថារួចហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។
[១៨៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ក្នុងវេលានោះ ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទីចង្ក្រម និងរោងភ្លើង។
[១៩០] សម័យនោះឯង ភិក្ខុទាំងឡាយចង្ក្រមក្នុងទីចង្ក្រមមិនរាបស្មើ។ ជើងទាំងឡាយក៏ឈឺ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីចង្ក្រម ឲ្យរាបស្មើ។
[១៩១] សម័យនោះឯង ទីចង្ក្រមជាទីទាប។ ទឹកក៏លិច ក្នុងទីចង្ក្រមនោះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីចង្ក្រមឲ្យខ្ពស់ឡើង។ ខឿនក៏របេះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកពូនខឿន៣យ៉ាង ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ភិក្ខុទាំងឡាយនាំគ្នាឡើងទៅ ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ភិក្ខុទាំងឡាយនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។
[១៩២] សម័យនោះឯង ពួកភិក្ខុកំពុងចង្ក្រម លើទីចង្ក្រម ក៏ធ្លាក់ចុះមក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ56) ក្នុងទីចង្ក្រម។
[១៩៣] សម័យនោះឯង ភិក្ខុទាំងឡាយកំពុងចង្ក្រមក្នុងទីវាល ក៏លំបាកដោយត្រជាក់ខ្លះ ក្តៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរោងចង្រ្កម។ កំទេចស្មៅក៏ជ្រុះមក ក្នុងរោងចង្រ្កម។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកទាំងខាងក្នុង ខាងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។
[១៩៤] សម័យនោះឯង រោងភ្លើងមានទីដីទាប។ ទឹក (ជោរជន់មក) ក៏លិច រោងភ្លើងនោះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីដីឲ្យខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចុះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកពូនខឿន៣យ៉ាង ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។ រោងភ្លើង មិនទាន់មានទ្វារ បង្អួចនៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ត្បាល់ ឬដំណាប់ក្រោម ឈើអន្ទាក់លើ (ដំណាប់លើ) សសររបស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ (បិទបើក)។ ជើងជញ្ជាំងរោងភ្លើងក៏ពុក។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីដីឲ្យទាបជុំវិញ57) ប្រហោងសម្រាប់បង្ហុយផ្សែង របស់រោងភ្លើង មិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រហោង សម្រាប់បង្ហុយផ្សែង។
[១៩៥] សម័យនោះឯង ពួកភិក្ខុធ្វើចង្ក្រានកណ្តាលរោងភ្លើងតូច។ ទីឱកាសសម្រាប់ចេញចូលមិនមាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើរោងភ្លើងតូច តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើចង្ក្រាន ក្នុងទីដ៏សមគួរមួយ កាលបើរោងភ្លើងធំ ឲ្យធ្វើចង្ក្រាន ក្នុងទីពាក់កណ្តាលចុះ។ ភ្លើងក្នុងរោងភ្លើង ក៏ជះចំហាយក្តៅមកត្រូវមុខ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកដីមកលាបមុខ។ ពួកភិក្ខុ ធ្វើដីឲ្យទទឹកដោយដៃ (របស់ខ្លួន)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ស្នូកសម្រាប់ដាក់ដីស្អិត។ ដីស្អិតក៏ធុំក្លិនស្អុយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអប់ដោយគ្រឿងក្រអូប។
[១៩៦] សម័យនោះឯង ភ្លើងក្នុងរោងភ្លើងក៏ជះចំហាយក្តៅមកត្រូវកាយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យដងទឹកទុក។ ពួកភិក្ខុ ដងទឹកដោយចានខ្លះ ដោយបាត្រខ្លះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសៀន និងផ្តិល។ រោងភ្លើង ដែលប្រក់ដោយស្មៅ ក៏គ្មានចំហាយញើស។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកលាបដីស្អិតទាំងខាងក្នុង ខាងក្រៅ។ រោងភ្លើង ក៏មានភក់ជ្រាំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាល៣យ៉ាង គឺកម្រាលឥដ្ឋ១ កម្រាលថ្ម១ កម្រាលឈើ១។ រោងភ្លើង ក៏នៅតែមានភក់ជ្រាំដដែល។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុលាងចេញ។ ទឹកក៏ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក។
[១៩៧] សម័យនោះឯង ពួកភិក្ខុអង្គុយផ្ទាល់លើផែនដី ក្នុងរោងភ្លើង យកដៃអេះខ្លួន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងសម្រាប់រោងភ្លើង។
[១៩៨] សម័យនោះឯង រោងភ្លើង មិនមានវត្ថុអ្វីបិទបាំងនៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំងកំពែង៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ បន្ទប់មិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបន្ទប់។ បន្ទប់មានទីដ៏ទាប។ ទឹកក៏ជោរជន់លិចមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចេញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកពូនខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ភិក្ខុទាំងឡាយ ក៏នាំគ្នាឡើងទៅ បានដោយលំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងទៅ ក៏ធ្លាក់ចុះមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។ បន្ទប់មិនទាន់មានទ្វារ បង្អួចនៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ត្បាល់ ឬដំណាប់ក្រោមឈើ អន្ទាក់លើ (ដំណាប់លើ) សសរ របស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ (បិទបើក)។
[១៩៩] សម័យនោះឯង កំទេចស្មៅ ក៏ធ្លាក់ចុះមកក្នុងបន្ទប់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកលាប ទាំងខាងក្នុង ខាងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ និងលាបដោយរង់ ធ្វើភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។ ទីបរិវេណក៏មានភក់ជ្រាំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកខ្សាច់ចាក់រោយរាយចុះ។ ដីខ្សាច់មិនរាបស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលថ្ម។ ទឹកក៏ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយសម្រាប់បង្ហូរទឹក។
[២០០] សម័យនោះឯង ពួកភិក្ខុអាក្រាត សំពះភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាត សំពះភិក្ខុមិនអាក្រាត។ ពួកភិក្ខុអាក្រាត ឲ្យគេសំពះភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាត ឲ្យគេសំពះភិក្ខុមិនអាក្រាត។ ពួកភិក្ខុអាក្រាត ធ្វើបរិកម្ម ដល់ភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាត ឲ្យគេធ្វើបរិកម្ម ដល់ភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាតឲ្យ (របស់) ដល់ភិក្ខុអាក្រាត។ ពួកភិក្ខុអាក្រាតទទួល (របស់)។ ពួកភិក្ខុអាក្រាតទំពាស៊ី។ ពួកភិក្ខុអាក្រាតបរិភោគ។ ពួកភិក្ខុអាក្រាតលិតភ្លក្ស។ ពួកភិក្ខុអាក្រាតផឹក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រាត មិនត្រូវសំពះភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវសំពះ (គេ) ភិក្ខុអាក្រាត មិនត្រូវឲ្យគេសំពះភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវឲ្យគេសំពះខ្លួន ភិក្ខុអាក្រាត មិនត្រូវធ្វើបរិកម្ម ដល់ភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវឲ្យគេធ្វើបរិកម្មដល់ខ្លួន ភិក្ខុអាក្រាត មិនត្រូវឲ្យរបស់ ដល់ភិក្ខុអាក្រាត ភិក្ខុអាក្រាត មិនត្រូវទទួលរបស់ ភិក្ខុអាក្រាតមិនត្រូវទំពាស៊ី ភិក្ខុអាក្រាតមិនត្រូវបរិភោគ ភិក្ខុអាក្រាត មិនត្រូវលិតភ្លក្ស ភិក្ខុអាក្រាត មិនត្រូវផឹកទេ ភិក្ខុណាផឹក ត្រូវអាបត្តិទុក្កដ។
[២០១] សម័យនោះឯង ពួកភិក្ខុដាក់ចីវរលើផែនដី ក្នុងរោងភ្លើង។ ចីវរក៏ប្រឡាក់ទៅដោយអាចម៍ដី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែស្នួរចីវរ និងខ្សែស្បៀងចីវរ ក្នុងរោងភ្លើង។ កាលដែលភ្លៀងបង្អោរចុះមក ចីវរក៏ទទឹក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសាលាជិតរោងភ្លើង។ សាលាជិតរោងភ្លើង មានទីទាប។ ទឹកក៏ជោរជន់មកលិចចុះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចេញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកពូន។ បេ។ ពួកភិក្ខុ នាំគ្នាឡើងទៅ ក៏លំបាក។ បេ។ ពួកភិក្ខុឡើងទៅ ក៏ធ្លាក់ចុះមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) បង្កាន់ដៃ។
[២០២] សម័យនោះឯង កំទេចស្មៅ ក៏ធ្លាក់ចុះមកក្នុងរោងភ្លើង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយបូកលាប ដោយដី ទាំងខាងក្នុង ខាងក្រៅ។ បេ។ (តថាគតអនុញ្ញាតឲ្យធ្វើ) ស្បៀងស្នួរចីវរ និងខ្សែស្បៀងចីវរ។
[២០៣] សម័យនោះឯង ពួកភិក្ខុមានសេចក្តីរង្កៀស នឹងធ្វើបរិកម្មខ្នង (ដុសខ្នង) ក្នុងរោងភ្លើងខ្លះ ក្នុងទឹកខ្លះ។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទីបិទបាំង៣យ៉ាង គឺទីបិទបាំងដោយរោងភ្លើង១ ទីបិទបាំងដោយទឹក១ ទីបិទបាំងដោយសំពត់១។
[២០៤] សម័យនោះឯង រោងភ្លើងមិនទាន់មានទឹកនៅឡើយ។ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើអណ្តូងទឹក។ ច្រាំងអណ្តូង ក៏បាក់ចុះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យក) ខឿន៣យ៉ាងគឺ ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ អណ្តូងទឹកមានទីទាប។ ទឹកក៏ជោរជន់លិច។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីដី ឲ្យខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចេញ។ បេ។ ពួកភិក្ខុនាំគ្នាឡើង ក៏លំបាក។ បេ។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) បង្កាន់ដៃ។
[២០៥] សម័យនោះឯង ពួកភិក្ខុយោងទឹកឡើងដោយវល្លិ៍ខ្លះ ដោយវត្ថពន្ធចង្កេះខ្លះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ខ្សែសម្រាប់យោងទឹកអណ្តូង។ ដៃក៏ឈឺ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ឈើថ្លឹងយន្ត សម្រាប់យោង (ទឹក) ព្រ័ត្រវែង និងរ៉ត (សម្រាប់យោង)។ ភាជន៍ ក៏បែកបាក់ជាច្រើន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបំពង់៣យ៉ាង គឺបំពង់លោហជាតិ១ បំពង់ឈើ១ បំពង់ស្បែក១។
[២០៦] សម័យនោះឯង ពួកភិក្ខុយោងទឹកក្នុងទីវាល ក៏លំបាក ដោយរងាខ្លះ ដោយក្តៅខ្លះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងអណ្តូងទឹក។ កំទេចស្មៅ ក៏ធ្លាក់ចុះក្នុងរោងអណ្តូងទឹក។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យគាបដម្បូល ហើយបូកលាបដីស្អិត ទាំងខាងក្នុង ខាងក្រៅ ឲ្យមានពណ៌ស ឲ្យមានពណ៌ខ្មៅ លាបដោយរង់ ធ្វើភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ធ្វើក្បាច់មានស្រទាប់៥ ស្បៀងស្នួរចីវរ ខ្សែស្បៀងចីវរ។
[២០៧] សម័យនោះឯង អណ្តូងទឹក មិនទាន់មានគំរបនៅឡើយ។ កំទេចស្មៅខ្លះ អាចម៍ដីខ្លះ ក៏រោយរាយចុះ (ក្នុងអណ្តូងនោះ)។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើគំរប។
[២០៨] សម័យនោះឯង ភាជន៍សម្រាប់ដងទឹកមិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នូកសម្រាប់ដាក់ទឹក និងផើងសម្រាប់ដាក់ទឹក។
[២០៩] សម័យនោះឯង ពួកភិក្ខុងូតទឹក ក្នុងទីពីសពាស ក្នុងអារាម។ អារាម ក៏មានភក់ជ្រាំ។ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអណ្តូងសម្រាប់ដាក់ទឹកជ្រាំ។ អណ្តូងសម្រាប់ដាក់ទឹកជ្រាំ តាំងនៅក្នុងទីវាល មិនទាន់បានបិទបាំងនៅឡើយ។ ពួកភិក្ខុក៏អៀនខ្មាស មិនហ៊ានងូតទឹក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំង ដោយកំពែង៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ អណ្តូងសម្រាប់ដាក់ទឹកជ្រាំក៏មានភក់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាល ៣យ៉ាងគឺ កម្រាលឥដ្ឋ១ កម្រាលថ្ម១ កម្រាលឈើ១។ ទឹកក៏ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក។
[២១០] សម័យនោះឯង ពួកភិក្ខុមានខ្លួនត្រជាក់ (ដោយដំណក់ទឹក)។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើវត្ថុសម្រាប់ជូតទឹក (មានភ្លុកជាដើម) ឬនឹងជូតដោយកំណាត់សំពត់ ក៏បាន។
[២១១] សម័យនោះឯង មានឧបាសកម្នាក់ មានចំណង់នឹងធ្វើស្រះ ជាប្រយោជន៍ដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើស្រះបាន។ (វេលានោះ) ភ្លឺស្រះ ក៏របេះចេញ។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើខឿន៣យ៉ាងគឺ ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើង ក៏លំបាក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ភិក្ខុទាំងនោះ នាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃ។ (វេលានោះ) ក្នុងស្រះ មានទឹកចាស់ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក និងទបង្ហូរទឹក។
[២១២] សម័យនោះឯង មានឧបាសកម្នាក់ មានចំណង់នឹងធ្វើរោងភ្លើង ជាទីរក្សាកាយ (ប្រកបដោយ) ជហ្វ៊ាដងក្តារ ដើម្បីជាប្រយោជន៍ដល់ភិក្ខុសង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងភ្លើង ជាទីរក្សាកាយ មានជហ្វ៊ាដងក្តារ។
[២១៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នៅប្រាសចាកនិសីទនៈ អស់៤ខែ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវនៅប្រាសចាកនិសីទនៈ អស់៤ខែទេ ភិក្ខុណានៅប្រាស ត្រូវអាបត្តិទុក្កដ។
[២១៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ដេកលើដំណេក ដែលគេរោយរាយ ដោយផ្កា។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដេកលើដំណេក ដែលគេរោយរាយដោយផ្កាទេ ភិក្ខុណាដេក ត្រូវអាបត្តិទុក្កដ។
[២១៥] សម័យនោះឯង មនុស្សទាំងឡាយ នាំយកគ្រឿងក្រអូបខ្លះ ផ្កាកម្រងខ្លះ មកកាន់អារាម។ ពួកភិក្ខុ មានសេចក្តីរង្កៀស មិនហ៊ានទទួល។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យទទួលគ្រឿងក្រអូប ហើយឲ្យប្រស់ព្រំដោយម្រាមដៃ ៥ ត្រង់ទ្វារ និងបង្អួច ព្រមទាំងទទួលយកផ្កា ទៅទុកក្នុងទីដ៏សមគួរ ក្នុងវិហារបាន។
[២១៦] សម័យនោះឯង កម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀម កើតឡើងដល់សង្ឃ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀម។ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះថា កម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀមនេះ យើងគួរអធិដ្ឋាន ឬគួរវិកប្ប។ បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបាច់អធិដ្ឋាន មិនបាច់វិកប្ប នូវកម្រាលស្មាច់ ដែលគេធ្វើដោយរោមចៀមទេ។
[២១៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឆាន់ភោជនក្នុងភាជន៍ពិសេស58) សម្រាប់រងចង្ហាន់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ភោជន ក្នុងភាជន៍ពិសេស សម្រាប់រងចង្ហាន់ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។
[២១៨] សម័យនោះឯង ភិក្ខុ១រូប មានជម្ងឺ។ កាលដែលភិក្ខុនោះឆាន់ មិនអាចនឹងទប់បាត្រដោយដៃបាន។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតភាជន៍ សម្រាប់រង ដែលធ្វើដោយឈើ។
[២១៩] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឆាន់ (ភោជន) ក្នុងភាជន៍ជាមួយគ្នាខ្លះ។ ផឹកទឹកក្នុងផ្តិលជាមួយគ្នាខ្លះ។ ដេកលើគ្រែ ជាមួយគ្នាខ្លះ។ ដេកលើកម្រាលជាមួយគ្នាខ្លះ។ ដេកដណ្តប់ជាមួយគ្នាខ្លះ។ ដេកលើកម្រាល និងដណ្តប់ជាមួយគ្នាខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ (ភោជន) រួមភាជន៍ជាមួយគ្នា មិនត្រូវផឹកទឹករួមផ្តិលជាមួយគ្នា មិនត្រូវដេកលើគ្រែជាមួយគ្នា មិនត្រូវដេកលើកម្រាលជាមួយគ្នា មិនត្រូវដេកដណ្តប់ជាមួយគ្នា មិនត្រូវដេកលើកម្រាល និងដណ្តប់ជាមួយគ្នាទេ ភិក្ខុណាដេក ត្រូវអាបត្តិទុក្កដ។
[២២០] សម័យនោះឯង វឌ្ឍលិច្ឆវិ ជាសំឡាញ់ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ។ លំដាប់នោះ វឌ្ឍលិច្ឆវិ ចូលទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ លុះចូលទៅដល់ហើយ ក៏និយាយទៅនឹងមេត្តិយភិក្ខុ និងភុម្មជកភិក្ខុថា លោកម្ចាស់ ខ្ញុំព្រះករុណាថ្វាយបង្គំ។ កាលវឌ្ឍលិច្ឆវិ និយាយយ៉ាងនេះហើយ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ មិនបាននិយាយរាក់ទាក់មកវិញឡើយ។ វឌ្ឍលិច្ឆវិ ក៏និយាយទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ជាគំរប់ពីរដងទៀតថា លោកម្ចាស់ ខ្ញុំព្រះករុណាថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ក៏មិនបាននិយាយរាក់ទាក់ ជាគំរប់ពីរដងទៀត។ វឌ្ឍលិច្ឆវិ និយាយទៅរកមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ជាគំរប់បីដងទៀតថា លោកម្ចាស់ ខ្ញុំព្រះករុណា ថ្វាយបង្គំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ក៏មិនបាននិយាយរាក់ទាក់ ជាគំរប់បីដងទៀត។ វឌ្ឍលិច្ឆវិ និយាយថា ខ្ញុំធ្វើខុសនឹងលោកម្ចាស់ដូចម្តេច ហេតុអ្វី ក៏បានជាលោកម្ចាស់ មិននិយាយរាក់ទាក់នឹងខ្ញុំ។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយថា នែអាវុសោវឌ្ឍៈ បានជាយើងមិននិយាយរាក់ទាក់ទៅរកអ្នក ព្រោះព្រះទព្វមល្លបុត្រ បៀតបៀនយើង អ្នកមិនអើពើសោះ។ វឌ្ឍលិច្ឆវិនិយាយថា លោកម្ចាស់ ខ្ញុំនឹងធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយថា នែអាវុសោវឌ្ឍៈ ប្រសិនបើអ្នកចង់ដែរ (ចូលដៃផង) ព្រះមានព្រះភាគ គប្បីឲ្យព្រះទព្វមល្លបុត្តមានអាយុវិនាស ក្នុងថ្ងៃនេះឯង។ វឌ្ឍលិច្ឆវិនិយាយថា លោកម្ចាស់ ខ្ញុំនឹងធ្វើដូចម្តេច ខ្ញុំនឹងអាចដើម្បីធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុ និយាយបង្គាប់ថា នែអាវុសោវឌ្ឍៈ អ្នកឯងចូរមក អ្នកចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ត្រូវក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទីនេះមិនកំបាំង មិនសមគួរ បពិត្រព្រះអង្គដ៏ចំរើន ទិសណា ដែលមិនមានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះ ក៏ត្រឡប់ទៅជាមានភ័យ មានចង្រៃ មានឧបទ្រពវិញ ខ្យល់ចេញអំពីទិសណា ទិសនោះ ត្រឡប់ទៅជាមានខ្យល់ចូលវិញ ទឹក (ត្រជាក់) ត្រឡប់ទៅជាក្តៅវិញ ឥឡូវនេះ លោកម្ចាស់ទព្វមល្លបុត្ត បានប្រទូស្តនឹងប្រពន្ធខ្ញុំ។ វឌ្ឍលិច្ឆវិ ទទួលស្តាប់ពាក្យរបស់មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងនោះថា ករុណា លោកម្ចាស់ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះវឌ្ឍលិច្ឆវិ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទីនេះមិនកំបាំង មិនសមគួរ បពិត្រព្រះអង្គដ៏ចំរើន ទិសណា ដែលមិនមានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះ ក៏ត្រឡប់ទៅជាមានភ័យ មានចង្រៃ មានឧបទ្រព ខ្យល់ចេញអំពីទិសណា ទិសនោះ ត្រឡប់ទៅជាមានខ្យល់ចូលវិញ ទឹក (ត្រជាក់) ត្រឡប់ទៅជាក្តៅវិញ ឥឡូវនេះ លោកម្ចាស់ទព្វមល្លបុត្ត ប្រទូស្តនឹងភរិយារបស់ខ្ញុំ។
[២២១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរព្រះទព្វមល្លបុត្តមានអាយុថា ម្នាលទព្វៈ អ្នករលឹកមើល អ្នកបានធ្វើអំពើយ៉ាងនេះ ដូចជាវឌ្ឍៈនេះពោលមែនឬ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបខ្ញុំព្រះអង្គស្រាប់ហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ទៅនឹងព្រះទព្វមល្លបុត្ត ដ៏មានអាយុ ជាគំរប់ពីរដងផង។ បេ។ ជាគំរប់បីដងផងថា ម្នាលទព្វៈ អ្នករលឹកមើល អ្នកបានធ្វើអំពើយ៉ាងនេះ ដូចជាវឌ្ឍៈនេះពោលមែនឬ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ជ្រាបខ្ញុំព្រះអង្គស្រាប់ហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលទព្វៈ អ្នកប្រាជ្ញទាំងឡាយ មិនពោលបណ្តោះបណ្តៃយ៉ាងនេះទេ បើអំពើអ្វី ដែលអ្នកបានធ្វើហើយ អ្នកចូរឆ្លើយថា ធ្វើហើយ បើអំពើ ដែលអ្នកមិនបានធ្វើទេ អ្នកចូរឆ្លើយថា មិនបានធ្វើទេ។ ព្រះទព្វមល្លបុត្ត ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ តាំងអំពីកើតមក វេលាណា មិនដែលស្គាល់សេពមេថុនធម្មទេ សូម្បីតែយល់សប្តិ ក៏មិនដែលឃើញឡើយ បាច់និយាយទៅថ្វី ដល់ការភ្ញាក់រលឹក។
[២២២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃត្រូវផ្កាប់បាត្រដល់វឌ្ឍលិច្ឆវិ គឺធ្វើមិនឲ្យសង្ឃសេពគប់រក។
[២២៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្កាប់បាត្រ ដល់ឧបាសកប្រកបដោយអង្គ៨ប្រការ គឺឧបាសកព្យាយាម ដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបានលាភ១ ព្យាយាម ដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបានប្រយោជន៍១ ព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយបានទីលំនៅ១ ជេរប្រទេចពួកភិក្ខុ១ បំបែកពួកភិក្ខុឲ្យបែកចាកពួកភិក្ខុ១ ពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្កាប់បាត្រ ដល់ឧបាសក ដែលប្រកបដោយអង្គ៨ប្រការនេះឯង។
[២២៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្កាប់បាត្រយ៉ាងនេះ។ ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) វឌ្ឍលិច្ឆវិ (ឧបាសក) ចោទព្រះទព្វមល្លបុត្រមានអាយុ ដោយសីលវិបត្តិ មិនមានមូល បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អាន។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វឌ្ឍលិច្ឆវិ ចោទព្រះទព្វមល្លបុត្រដ៏មានអាយុ ដោយសីលវិបត្តិ មិនមានមូល។ សង្ឃផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អាន។ ការផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អាន គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណាទេ លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ មិនឲ្យសង្ឃរាប់អានហើយ ការផ្កាប់បាត្រនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២២៥] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ កាន់យកបាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ផ្ទះវឌ្ឍលិច្ឆវិ លុះចូលទៅដល់ហើយ ក៏ពោលនឹងវឌ្ឍលិច្ឆវិយ៉ាងនេះថា ម្នាលអាវុសោវឌ្ឍៈ សង្ឃបានផ្កាប់បាត្រ ដល់អ្នកហើយ ខ្លួនអ្នក សង្ឃលែងរាប់អានហើយ។ ឯវឌ្ឍលិច្ឆវិ ឮដំណឹងថា សង្ឃផ្កាប់បាត្រ ដល់អាត្មាអញហើយ អាត្មាអញ សង្ឃលែងរាប់អានហើយ ក៏ជ្រប់ដួល នៅក្នុងទីនោះឯង។ គ្រានោះ ពួកមិត្តអមាត្យ ញាតិសាលោហិត របស់វឌ្ឍលិច្ឆវិ ក៏បាននិយាយទៅនឹងវឌ្ឍលិច្ឆវិ យ៉ាងនេះថា ណ្ហើយ អាវុសោ វឌ្ឍៈ អ្នកកុំសោយសោក កុំខ្សឹកខ្សួលឡើយ យើងនឹងធ្វើព្រះមានព្រះភាគ និងព្រះសង្ឃ ឲ្យជ្រះថ្លាឡើងវិញ។ លំដាប់នោះ វឌ្ឍលិច្ឆវិ ព្រមទាំងបុត្រ ភរិយា មិត្តអមាត្យ និងញាតិសាលោហិត មានសំពត់ទទឹក មានសក់ទទឹក នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឱនសិរ្សៈ ទៀបព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ហើយពោលនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីឆ្គាំឆ្គង មានដល់ខ្ញុំព្រះអង្គហើយ តាមដោយខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះថាខ្ញុំព្រះអង្គ បានចោទលោកម្ចាស់ទព្វមល្លបុត្រ ដោយសីលវិបត្តិ មិនមានមូលហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់សេចក្តីឆ្គាំឆ្គង តាមដោយសេចក្តីឆ្គាំឆ្គងរបស់ខ្ញុំព្រះអង្គ ដើម្បីនឹងសម្រួមតទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអាវុសោវឌ្ឍៈ អើ សេចក្តីឆ្គាំឆ្គង មានដល់អ្នកហើយ តាមដោយអ្នក ជាមនុស្សល្ងង់ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះថាអ្នកបានចោទទព្វមល្លបុត្រ ដោយសីលវិបត្តិ មិនមានមូលហើយ ម្នាលអាវុសោវឌ្ឍៈ (ឥឡូវនេះ) អ្នកឃើញសេចក្តីឆ្គាំឆ្គង តាមដោយសេចក្តីឆ្គាំឆ្គង ហើយសំដែងទោស សមគួរតាមដំណើរទោស យើងក៏អត់ទោសនោះដល់អ្នក ម្នាលអាវុសោ វឌ្ឍៈ អ្នកណា បានឃើញសេចក្តីឆ្គាំឆ្គង តាមដោយសេចក្តីឆ្គាំឆ្គង ហើយសំដែងទោស សមគួរតាមដំណើរទោស ដល់នូវសេចក្តីសង្រួមតទៅ នេះជាសេចក្តីចំរើន របស់អ្នកនោះ ក្នុងអរិយវិន័យ។
[២២៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើវឌ្ឍលិច្ឆវិ ឲ្យសង្ឃរាប់អានវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្ងារបាត្រ ដល់ឧបាសក ដែលប្រកបដោយអង្គ៨ប្រការ គឺឧបាសកមិនព្យាយាម ដើម្បីនឹងឲ្យសាបសូន្យលាភ របស់ភិក្ខុទាំងឡាយ១ មិនព្យាយាម ដើម្បីឲ្យខូចប្រយោជន៍ របស់ភិក្ខុទាំងឡាយ១ មិនព្យាយាម ដើម្បីឲ្យភិក្ខុទាំងឡាយខានបានទីលំនៅ១ មិនជេរប្រទេចភិក្ខុទាំងឡាយ១ មិនញុះញង់ភិក្ខុទាំងឡាយ ឲ្យបែកចាកភិក្ខុទាំងឡាយ១ មិនពោលតិះដៀលព្រះពុទ្ធ១ មិនពោលតិះដៀលព្រះធម៌១ មិនពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្ងារបាត្រ ដល់ឧបាសក ដែលប្រកបដោយអង្គទាំង៨នេះ។
[២២៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្ងារបាត្រយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវវឌ្ឍលិច្ឆវិនោះ ចូលទៅរកសង្ឃ ធ្វើសំពត់បង់ក ឆៀងស្មាម្ខាង សំពះបាទាភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃបានផ្កាប់បាត្រ ដល់ខ្ញុំហើយ សង្ឃលែងរាប់អានខ្ញុំហើយ បពិត្រព្រះសង្ឃដ៏ចំរើន (ឥឡូវ) ខ្ញុំបានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកទោស ខ្ញុំមកសូមឲ្យព្រះសង្ឃ ផ្ងារបាត្រឡើងវិញ។ វឌ្ឍលិច្ឆវិនោះ ត្រូវសូមជាគំរប់ពីរដងផង ជាគំរប់បីដងផង។
[២២៨] ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃបានផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើមិនឲ្យសង្ឃរាប់អាន។ វឌ្ឍលិច្ឆវិនោះ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកទោស មកសូមឲ្យសង្ឃផ្ងារបាត្រឡើងវិញ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់រកឡើងវិញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃបានផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើមិនឲ្យសង្ឃរាប់រក។ (ឥឡូវនេះ) វឌ្ឍលិច្ឆវិនោះ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកទោស មកសូមឲ្យសង្ឃផ្ងារបាត្រឡើងវិញ។ សង្ឃក៏ផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់អានឡើងវិញ។ ការផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់អានឡើងវិញ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់រកវិញហើយ ការផ្ងារបាត្រនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២២៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងវេសាលី គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងភគ្គជនបទ យាងទៅតាមលំដាប់ ក៏បានទៅដល់ភគ្គជនបទនោះ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវ័ន59) ជាទីឲ្យអភ័យ ដល់សត្វម្រឹគ ទៀបក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទនោះ។
[២៣០] សម័យនោះឯង ពោធិរាជកុមារ ចាត់ការកសាងប្រាសាទ ឈ្មោះកោកនុទ60) ទើបតែនឹងហើយថ្មីៗ ដែលសមណៈ និងព្រាហ្មណ៍ ឬបុគ្គលណានីមួយ ជាតិជាមនុស្ស មិនដែលធ្លាប់បាននៅអាស្រ័យ។ លំដាប់នោះ ពោធិរាជកុមារ ទ្រង់ហៅសញ្ជិកាបុត្តមាណពមកប្រាប់ថា នែសញ្ជិកាបុត្តសំឡាញ់ អ្នកចូរមក អ្នកចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំបាទាព្រះមានព្រះភាគដោយត្បូង ទូលសួរអាពាធតិចតួច សេចក្តីលំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លំាងកាយ និងធម៌ជាគ្រឿងនៅសប្បាយ តាមពាក្យអញថា បពិត្រព្រះអង្គដ៏ចំរើន ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទាព្រះអង្គ ដោយត្បូង ទូលសួរអាពាធតិចតួច សេចក្តីលំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លាំងកាយ និងធម៌ ជាគ្រឿងនៅសប្បាយ ហើយទូលយ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ព្រមទាំងភិក្ខុសង្ឃទទួលភត្តរបស់ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ សញ្ជិកាបុត្តមាណព ទទួលព្រះបន្ទូលពោធិរាជកុមារថា ព្រះករុណាវិសេស ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួរជាទីរីករាយ និងពាក្យដែលគួររឭកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះសញ្ជិកាបុត្តមាណព អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យយ៉ាងនេះថា ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទាព្រះគោតមជាម្ចាស់ ដោយត្បូង ទូលសួរអាពាធតិចតួច សេចក្តីលំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លាំងកាយ និងធម៌ ជាគ្រឿងនៅសប្បាយ មួយទៀត ពោធិរាជកុមារ ឲ្យក្រាបទូលព្រះអង្គ យ៉ាងនេះថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះ សញ្ជិកាបុត្តមាណព ដឹងថា ព្រះមានព្រះភាគទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ចូលទៅរកពោធិរាជកុមារ លុះចូលទៅដល់ហើយ ក៏ក្រាបទូលពោធិរាជកុមារ យ៉ាងនេះថា ខ្ញុំព្រះអង្គ បានក្រាបបង្គំទូលព្រះគោតមមានព្រះភាគ តាមបន្ទូលរបស់ទ្រង់ហើយថា ពោធិរាជកុមារ សូមថ្វាយបង្គំព្រះបាទាព្រះគោតមដ៏ចំរើន ដោយត្បូង ទូលសួរអាពាធតិចតួច សេចក្តីលំបាកតិចតួច សេចក្តីព្យាយាមស្រួល កម្លាំងកាយ និងធម៌ ជាគ្រឿងនៅសប្បាយ មួយទៀត ពោធិរាជកុមារ ឲ្យក្រាបទូលព្រះអង្គយ៉ាងនេះថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្ត របស់ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ព្រះសមណគោតមជាម្ចាស់ បានទទួលនិមន្តហើយ។
[២៣១] លុះព្រឹកឡើង ពោធិរាជកុមារ ក៏ចាត់ចែងខាទនីយភោជនីយាហារដ៏ឧត្តម ហើយឲ្យក្រាលកោកនុទប្រាសាទ ដោយសំពត់សទាំងឡាយ ដរាបដល់កាំជណ្តើរជាន់ខាងក្រោមបំផុត ហើយត្រាស់ហៅសញ្ជិកាបុត្តមាណពមកថា ម្នាលសញ្ជិកាបុត្ត សំឡាញ់ អ្នកចូរមក អ្នកចូរទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេចហើយ។ សញ្ជិកាបុត្តមាណព ទទួលព្រះបន្ទូល របស់ពោធិរាជកុមារថា ព្រះករុណាវិសេស ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេចហើយ។
[២៣២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្លៀកស្បង់ ទ្រង់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ពុទ្ធដំណើរទៅកាន់និវេសនស្ថាន របស់ពោធិរាជកុមារ។ សម័យនោះឯង ពោធិរាជកុមារ ឈរនៅខាងក្រៅខ្លោងទ្វារ រង់ចាំព្រះមានព្រះភាគ។ ពោធិរាជកុមារ បានឃើញព្រះមានព្រះភាគ ទ្រង់ស្តេចយាងមកអំពីចំងាយលិមៗ លុះឃើញហើយ ក៏ក្រោកទៅទទួលក្នុងទីនោះ ហើយក្រាបថ្វាយបង្គំព្រះមានព្រះភាគ និមន្តព្រះអង្គ ឲ្យស្តេចយាងទៅខាងមុខ ហើយចូលទៅកាន់កោកនុទប្រាសាទ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ឈប់អាស្រ័យនៅកាំជណ្តើរជាន់ខាងក្រោមបំផុត។ លំដាប់នោះ ពោធិរាជកុមារ ក្រាបថ្វាយបង្គំ ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ជាន់សំពត់ទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះសុគត ទ្រង់ជាន់សំពត់ទាំងឡាយ ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ កាលពោធិរាជកុមារ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះអង្គទ្រង់នៅស្ងៀម។ ពោធិរាជកុមារ ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងផង។ បេ។ ជាគំរប់បីដងផងថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ជាន់សំពត់ទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះសុគត ទ្រង់ស្តេចយាងជាន់សំពត់ទាំងឡាយ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់បែរព្រះភក្ត្រ ទៅរកព្រះអានន្ទមានអាយុ។ ព្រះអានន្ទមានអាយុ ក៏មានថេរវាចាទៅនឹងពោធិរាជកុមារ យ៉ាងនេះថា បពិត្ររាជកុមារ សូមទ្រង់សារសំពត់ចេញ ព្រះមានព្រះភាគ ព្រះអង្គ មិនទ្រង់ជាន់កម្រាលសំពត់ទេ ព្រះតថាគត ទ្រង់អនុគ្រោះដល់ប្រជុំជនជាខាងក្រោយ។ គ្រានោះ ពោធិរាជកុមារ ទ្រង់ឲ្យសារសំពត់ទាំងឡាយចេញ ហើយទ្រង់ឲ្យក្រាលអាសនៈខាងលើកោកនុទប្រាសាទវិញ។ ព្រះមានព្រះភាគ ស្តេចយាងឡើងកាន់កោកនុទប្រាសាទ ហើយគង់លើអាសនៈ ដែលគេក្រាលស្រេចហើយ ព្រមទាំងភិក្ខុសង្ឃ។ លំដាប់នោះ ពោធិរាជកុមារ បានអង្គាសខាទនីយភោជនីយាហារ (បង្អែមចំអាប) ដ៏ឆ្ងាញ់ពីសារ ថ្វាយដោយព្រះហស្តព្រះអង្គឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែដល់ទ្រង់ហាមឃាត់ លុះកំណត់ជ្រាបថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ត ទៅក្នុងបាត្រហើយ ក៏គង់ក្នុងទីសមគួរ។ លុះពោធិរាជកុមារ គង់ក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ពន្យល់ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ ស្តេចចេញទៅ។
[២៣៣] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវជាន់កម្រាលសំពត់ទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[២៣៤] សម័យនោះឯង មានស្រីម្នាក់ សម្រាលកូនរួចហើយ និមន្តភិក្ខុទាំងឡាយ ហើយក្រាលសំពត់ និយាយយ៉ាងនេះថា បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយ ជាន់សំពត់ចុះ។ ភិក្ខុទាំងឡាយ មានសេចក្តីរង្កៀស មិនហ៊ានជាន់។ ស្រីនោះនិយាយថា បពិត្រលោកទាំងឡាយដ៏ចំរើន សូមលោកទាំងឡាយ ជាន់សំពត់ ដើម្បីប្រយោជន៍ជាមង្គល។ ភិក្ខុទាំងឡាយ ក៏នៅតែរង្កៀស មិនហ៊ានជាន់សំពត់ (ទៀត)។ លំដាប់នោះ ស្រីនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ទាំងឡាយ កាលបើគេអង្វរ ដើម្បីប្រយោជន៍ជាមង្គល មិនសមបើនឹងមិនហ៊ានជាន់កម្រាលសំពត់សោះ។ ភិក្ខុទាំងឡាយ បានឮស្រីនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) គ្រហស្ថត្រូវការមង្គល ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ដែលគ្រហស្ថអង្វរ ដើម្បីប្រយោជន៍ជាមង្គល ជាន់កម្រាលសំពត់បាន។
[២៣៥] សម័យនោះឯង ភិក្ខុទាំងឡាយរង្កៀសនឹងជាន់កម្រាលសម្រាប់ភិក្ខុ ដែលមានជើងស្អាតបាត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាន់លើកម្រាល សម្រាប់ភិក្ខុ ដែលមានជើងស្អាតបាត។
ចប់ ភាណវារៈ ជាគំរប់ពីរ។
[២៣៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភគ្គជនបទ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយយាងទៅកាន់ចារិក ក្នុងក្រុងសាវត្ថី ទ្រង់ពុទ្ធដំណើរ ទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថីនោះ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ លំដាប់នោះ នាងវិសាខាមិគារមាតា នាំយកក្អម និងទ្រនាប់សម្រាប់ជូតជើង មានរចនាដូចពកផ្លែឈូក61) និងអម្បោស ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលក្អមទ្រនាប់ជូតជើង និងអម្បោស ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំម្ចាស់ អស់កាលជាអង្វែងទៅ។ ព្រះមានព្រះភាគ ទ្រង់ទទួលតែក្អម និងអម្បោស។ ព្រះអង្គ មិនទ្រង់ទទួលទ្រនាប់ជូតជើងឡើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់នាងវិសាខាមិគារមាតា ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ នាងវិសាខាមិគារមាតា កាលដែលព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។
[២៣៧] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្អម និងអម្បោស ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ទ្រនាប់សម្រាប់ជូតជើង មានរចនាដូចពកផ្លែឈូក62) ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់សម្រាប់ជូតជើង៣យ៉ាង គឺគ្រួស ឬដុំថ្ម១ អម្បែងក្បឿង ឬឥដ្ឋ១ ផ្សិត ដែលកើតពីពពុះទឹកសមុទ្រ១។
[២៣៨] គ្រាខាងក្រោយ នាងវិសាខាមិគារមាតា នាំយកផ្លិត៤ជ្រុង និងផ្លិតមូល63) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលផ្លិត៤ជ្រុង និងផ្លិតមូល (ស្លឹកត្នោត) ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ខ្ញុំម្ចាស់ អស់កាលជាអង្វែង។ ព្រះមានព្រះភាគ ទ្រង់ទទួលយកផ្លិត៤ជ្រុង ផ្លិតមូល (ស្លឹកត្នោត) រួចហើយ។ ទើបព្រះមានព្រះភាគ ទ្រង់ពន្យល់នាងវិសាខាមិគារមាតា ឲ្យយល់ (ប្រយោជន៍) ដោយធម្មីកថា។ បេ។ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។
[២៣៩] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្លិត៤ជ្រុង និងផ្លិតមូល (ស្លឹកត្នោត)។
[២៤០] សម័យនោះឯង ផ្លិតសម្រាប់បក់មូស កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្លិតសម្រាប់បក់មូស។ (សម័យខាងក្រោយមក) ផ្លិតដែលគេធ្វើដោយរោមចាមរី កើតឡើង (ដល់សង្ឃ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ផ្លិត ដែលគេធ្វើដោយរោមចាមរីទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្លិត៣យ៉ាង គឺ ផ្លិតដែលគេធ្វើដោយសម្បកឈើ១ ផ្លិតដែលគេក្រងដោយស្បូវភ្លំាង១ ផ្លិតដែលគេធ្វើដោយរោមកន្ទុយក្ងោក១។
[២៤១] សម័យនោះឯង មានឆត្រកើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆត្រ។
[២៤២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបាំងឆត្រដើរទៅ។ សម័យនោះឯង មានឧបាសកម្នាក់ដើរទៅកាន់ឱទ្យាន ជាមួយនឹងពួកសាវ័ក របស់អាជីវកជាច្រើននាក់។ សាវ័ករបស់អាជីវកទាំងឡាយនោះ បានឃើញពួកឆព្វគ្គិយភិក្ខុបាំងឆត្រ ដើរមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏និយាយនឹងឧបាសកនោះយ៉ាងនេះថា លោកទាំងអម្បាលនេះ ជាជីតុនរបស់អ្នក លោកបាំងឆត្រដើរមក ដូចជាពួកមហាមាត្យត្រួតពល។ ឧបាសកនោះក៏តបថា លោកទាំងអម្បាលនេះ មិនមែនជាភិក្ខុទេ គឺជាបរិព្វាជក។ ពួកសាវ័កអាជីវក និងឧបាសក ក៏ភ្នាល់គ្នាដោយពាក្យថា ភិក្ខុ (ឬ) មិនមែនជាភិក្ខុ។ ទើបឧបាសកនោះ ដើរចូលទៅជិត មើលស្គាល់ច្បាស់ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ហេតុអ្វីក៏លោកម្ចាស់ដ៏ចំរើន បាំងឆត្រដើរ។ ភិក្ខុទាំងឡាយ បានឮឧបាសកនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (អំពើនោះ) ពិតមែនឬ។ បេ។ ភិក្ខុទាំងអម្បាលនោះ ក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ ព្រះអង្គ ទ្រង់បន្ទោស រួចហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឆត្រទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[២៤៣] សម័យនោះឯង ភិក្ខុ១រូបទៀតមានជម្ងឺ។ ភិក្ខុនោះ បើខានបាំងឆត្រ មិនបានសេចក្តីសប្បាយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆត្រ ដល់ភិក្ខុមានជម្ងឺ។
[២៤៤] សម័យនោះឯង ភិក្ខុទាំងឡាយដឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឆត្រ ដល់ភិក្ខុមានជម្ងឺតែម្យ៉ាង មិនបានទ្រង់អនុញ្ញាត ដល់ភិក្ខុគ្មានជម្ងឺទេ ហើយរង្កៀសនឹងការបាំងឆត្រក្នុងអារាម និងឧបចាររបស់អារាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុមិនមានជម្ងឺបាំងឆត្រក្នុងអារាម និងឧបចារនៃអារាមបាន។
[២៤៥] សម័យនោះឯង ភិក្ខុ១រូបច្រកបាត្រក្នុងសង្រែក ហើយពាក់លើឈើច្រត់ ដើរទៅតាមទ្វារស្រុកមួយ ក្នុងវេលាវិកាល។ មនុស្សទាំងឡាយនាំគ្នានិយាយថា បពិត្រអ្នកម្ចាស់ទាំងឡាយ បុរសនេះជាចោរដើរទៅ ដាវរបស់វា (មានមុខ) ភ្លឺស្ងាច ហើយក៏ដេញតាមចាប់ លុះចាប់បានហើយ ស្គាល់ថា (ជាភិក្ខុ) ក៏លែងទៅវិញ។ ទើបភិក្ខុនោះទៅកាន់អារាម ប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុផងគ្នា។ ភិក្ខុទាំងអម្បាលនោះ សួរថា ម្នាលអាវុសោ អ្នកទ្រទ្រង់ឈើច្រត់ទាំងសង្រែក ឬអ្វី។ ភិក្ខុនោះប្រាប់ថា អើអាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងឡាយនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមបើនឹងទ្រទ្រង់ឈើច្រត់ ទាំងសង្រែកសោះ។ ទើបភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់បន្ទោស ហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឈើច្រត់ទាំងសង្រែកទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[២៤៦] សម័យនោះឯង ភិក្ខុ១រូបមានជម្ងឺ តែវៀរលែងឈើច្រត់ចេញហើយ មិនអាចនឹងដើរទៅមកបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសង្ឃ ឲ្យទណ្ឌសម្មតិ ដល់ភិក្ខុមានជម្ងឺ។
[២៤៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុមានជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទារបស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមានជម្ងឺ បើវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមកបាន បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំសូមទណ្ឌសម្មតិនឹងសង្ឃ។ ភិក្ខុនោះគប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។
[២៤៨] ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ នេះមានជម្ងឺ តែវៀរលែងឈើច្រត់ចេញហើយ ក៏មិនអាចនឹងដើរទៅមកបាន ភិក្ខុនោះមកសូមទណ្ឌសម្មតិនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមកបាន ភិក្ខុនោះ មកសូមទណ្ឌសម្មតិនឹងសង្ឃ។ សង្ឃឲ្យទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ ការឲ្យទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវពោលឡើង។ សង្ឃបានឲ្យទណ្ឌសម្មតិ ដល់ភិក្ខុឈ្មោះនេះហើយ ការឲ្យនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២៤៩] សម័យនោះឯង ភិក្ខុ១រូប មានជម្ងឺ តែវៀរលែងសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃឲ្យសិក្កាសម្មតិ ដល់ភិក្ខុមានជម្ងឺ។
[២៥០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុដែលមានជម្ងឺ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទារបស់ភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមានជម្ងឺ បើវៀរលែងសង្រែកចេញ ក៏មិនអាចនាំយកបាត្រទៅបាន បពិត្រព្រះសង្ឃដ៏ចំរើន (ឥឡូវនេះ) ខ្ញុំមកសូមសិក្កាសម្មតិនឹងសង្ឃ។ ភិក្ខុនោះ គប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។
[២៥១] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងសង្រែកចេញហើយ ក៏មិនអាចនាំយកបាត្រទៅបាន (ឥឡូវនេះ) ភិក្ខុនោះមកសូមសិក្កាសម្មតិនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងសង្រែកចេញ ក៏មិនអាចនាំយកបាត្រទៅបាន (ឥឡូវនេះ) ភិក្ខុនោះ មកសូមសិក្កាសម្មតិនឹងសង្ឃ។ សង្ឃក៏ឲ្យសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ ការឲ្យសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវពោលឡើង។ សង្ឃឲ្យសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះហើយ ការឲ្យនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២៥២] សម័យនោះឯង ភិក្ខុ១រូប មានជម្ងឺ តែវៀរលែងឈើច្រត់ ចេញ ក៏មិនអាចនឹងដើរទៅមក បើវៀរលែងសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុមានជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុដែលមានជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទានៃភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមក តែវៀរលែងសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមកសូមទណ្ឌសិក្កាសម្មតិនឹងសង្ឃ។ ភិក្ខុនោះ គប្បីសូម ជាគំរប់ពីរដងផង គប្បីសូម ជាគំរប់បីដងផង។
[២៥៣] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមក វៀរលែងតែសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន (ឥឡូវនេះ) ភិក្ខុនោះ សូមទណ្ឌសិក្កាសម្មតិនឹងសង្ឃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមក វៀរលែងសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន (ឥឡូវនេះ) ភិក្ខុនោះ មកសូមទណ្ឌសិក្កាសម្មតិនឹងសង្ឃ។ សង្ឃឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ។ ការឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវពោលឡើង។ សង្ឃបានឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុឈ្មោះនេះហើយ ការឲ្យនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២៥៤] សម័យនោះឯង ភិក្ខុ១រូបទំពាអៀងជាប្រក្រតី។ ភិក្ខុនោះទំពាអៀងៗ ហើយលេបចូលទៅ។ ភិក្ខុទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនេះឆាន់ភោជន ក្នុងវេលាវិកាល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះទើបតែច្យុតមកអំពីកំណើតនៃគោ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទំពាអៀង ដល់ភិក្ខុអ្នកទំពាអៀង ជាប្រក្រតី ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែភិក្ខុកុំខ្ជាក់អាហារចេញមកខាងក្រៅទ្វារមាត់ ហើយលេបចូលទៅវិញ បើភិក្ខុណា លេបចូលទៅវិញ វិនយធរគប្បីឲ្យភិក្ខុនោះធ្វើតាមធម៌ (សំដែងអាបត្តិចេញ)។
[២៥៥] សម័យនោះឯង មានសង្ឃភត្តរបស់ប្រជុំជន១ពួក។ គ្រាប់បាយដ៏ច្រើន ក៏ជ្រុសរោយរាយ ក្នុងរោងភត្ត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណសក្យបុត្តិយ៍ កាលបើគេកំពុងប្រគេនបាយ មិនសមបើ មិនទទួលដោយសេចក្តីគោរពសោះ ធម្មតា គ្រាប់បាយមួយគ្រាប់ៗ រមែងញុំាងការងារច្រើន ឲ្យសម្រេចបាន។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ (ដូច្នោះ)។ ទើបភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ គ្រាប់បាយណា ដែលគេកំពុងឲ្យ ហើយធ្លាក់ចុះ តថាគតអនុញ្ញាតឲ្យភិក្ខុរើសគ្រាប់បាយនោះខ្លួនឯង ហើយឆាន់ចុះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា គ្រាប់បាយនោះ ទាយកគេលះ គឺប្រគេនរួចស្រេចហើយ។
[២៥៦] សម័យនោះឯង ភិក្ខុ១រូបមានក្រចកវែង ដើរទៅបិណ្ឌបាត។ ស្រីម្នាក់ឃើញហើយ និយាយនឹងភិក្ខុនោះដូច្នេះថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមកសេពមេថុនធម្ម (នឹងខ្ញុំចុះ)។ ភិក្ខុនោះឃាត់ថា នែប្អូនស្រី កុំឡើយ ការនុ៎ះ មិនគួរទេ។ ស្រីនោះ និយាយទៀតថា បពិត្រលោកដ៏ចំរើន បើលោកម្ចាស់មិនសេពទេ ខ្ញុំនឹងខ្វារក្រចៅខ្លួន ដោយក្រចករបស់ខ្លួន ហើយនឹងស្រែកឥឡូវនេះថា ភិក្ខុនេះ ធ្វើវិប្បការនឹងខ្ញុំ។ ភិក្ខុនោះ ក៏បណ្តោយថា ប្អូនស្រី នាងឯងចូរដឹងចុះ។ ទើបស្រីនោះ ខ្វារក្រចៅរាងកាយ ដោយក្រចករបស់ខ្លួន ហើយស្រែកថា ភិក្ខុនេះធ្វើវិប្បការនឹងខ្ញុំ។ មនុស្សទាំងឡាយ ក៏ស្ទុះទៅចាប់ភិក្ខុនោះ។ មនុស្សទាំងអម្បាលនោះ បានឃើញស្បែក និងឈាមក្នុងក្រចកស្រីនោះ លុះឃើញហើយ ក៏ជឿជាក់ថា ភិក្ខុនេះ មិនបានធ្វើកម្មនេះ ដល់ស្រីនេះទេ ហើយក៏លែងភិក្ខុនោះទៅ។ ទើបភិក្ខុនោះ ទៅកាន់អារាមប្រាប់ដំណើរនុ៎ះ ដល់ភិក្ខុផងគ្នា។ ភិក្ខុទាំងឡាយសួរថា ម្នាលលោកមានអាយុ ចុះលោកទុកក្រចកវែងឬ។ ភិក្ខុនោះប្រាប់ថា អើអាវុសោ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។ បេ។ ពួកភិក្ខុនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមបើនឹងទុកក្រចកវែងសោះ។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុកក្រចកវែងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។
[២៥៧] សម័យនោះឯង ភិក្ខុទាំងឡាយ កាត់ក្រចកដោយក្រចកខ្លះ។ កាត់ក្រចកដោយមាត់ខ្លះ។ ត្រដុសក្រចកនឹងជញ្ជាំងខ្លះ។ ម្រាមដៃទាំងឡាយ ក៏ឈឺចាប់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវកាំបិតកាត់ក្រចក។ ភិក្ខុទាំងនោះ កាត់ក្រចកត្រាតែដល់ឈាម។ ម្រាមដៃទាំងឡាយ ក៏ឈើចាប់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុកាត់ក្រចកត្រឹមនឹងសាច់។
[២៥៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឲ្យគេខាត់ក្រចកទាំង២០។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេខាត់ក្រចកទាំង២០ទេ ភិក្ខុណាឲ្យគេខាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគ្រាន់តែជម្រះក្អែលប៉ុណ្ណោះ។
[២៥៩] សម័យនោះឯង ភិក្ខុទាំងឡាយមានសក់វែង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នែភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ អាចនឹងកោរសក់គ្នាទៅវិញទៅមកបានឬទេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ អាចនឹងកោរបាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ឲ្យប្រជុំភិក្ខុសង្ឃ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាំបិតកោរ ថ្មសំលៀងកាំបិតកោរ ស្រោមកាំបិតកោរ គ្រឿងស្មាច់ដែលគេធ្វើដោយរោមចៀម និងគ្រឿងប្រដាប់កាំបិតកោរទាំងពួង។
[២៦០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឲ្យគេកាត់ពុកមាត់ (ដោយកន្ត្រៃខ្លះ)។ ទុកពុកមាត់ (ឲ្យវែង)ខ្លះ។ ឲ្យគេធ្វើពុកចង្កាឲ្យវែង ដូចជាពុកចង្កាពពែខ្លះ។ ឲ្យគេធ្វើពុកមាត់ជា៤ជ្រុងខ្លះ។ ប្រមូលជួររោមត្រង់ទ្រូងខ្លះ។ ទុកជួររោមត្រង់ពោះខ្លះ។ ទុកពុកមាត់ឲ្យដូចជាចង្កូមខ្លះ។ ឲ្យគេដករោមក្នុងទីចង្អៀតខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេកាត់ពុកមាត់ (ដោយកន្ត្រៃ) មិនត្រូវទុកពុកមាត់ ឲ្យវែង មិនត្រូវឲ្យគេធ្វើពុកចង្កាឲ្យវែង (ដូចជាពុកចង្កាពពែ) មិនត្រូវឲ្យគេធ្វើពុកមាត់៤ជ្រុង មិនត្រូវប្រមូលជួររោមត្រង់ទ្រូង មិនត្រូវទុកជួររោមត្រង់ពោះ មិនត្រូវទុកពុកមាត់ឲ្យដូចជាចង្កូម មិនត្រូវឲ្យគេដករោមក្នុងទីចង្អៀត ភិក្ខុណាឲ្យគេដក ត្រូវអាបត្តិទុក្កដ។
[២៦១] សម័យនោះឯង ភិក្ខុមួយរូបកើតដំបៅក្នុងទីចង្អៀត។ លាបថ្នាំមិនជាប់។ បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មានអាពាធជាហេតុ តថាគតអនុញ្ញាតឲ្យភិក្ខុ ឲ្យគេដករោមក្នុងទីចង្អៀតបាន។
[២៦២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើគេឲ្យកាត់សក់ ដោយកន្ត្រៃ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេកាត់សក់ ដោយកន្ត្រៃទេ។ ភិក្ខុណាឲ្យគេកាត់ ត្រូវអាបត្តិទុក្កដ។
[២៦៣] សម័យនោះឯង ភិក្ខុ១រូប កើតដំបៅត្រង់ក្បាល។ ភិក្ខុនោះ មិនអាចនឹងកោរសក់ ដោយកាំបិតកោរបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មានអាពាធជាហេតុ តថាគតអនុញ្ញាតឲ្យភិក្ខុ ឲ្យគេកាត់សក់ដោយកន្ត្រៃបាន។
[២៦៤] សម័យនោះឯង ភិក្ខុទាំងឡាយ ទុករោមច្រមុះវែង។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចបិសាច។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទុករោមច្រមុះឲ្យវែងទេ ភិក្ខុណាទុក ត្រូវអាបត្តិទុក្កដ។
[២៦៥] សម័យនោះឯង ភិក្ខុទាំងឡាយ ឲ្យគេដករោមច្រមុះ ដោយដុំក្រួសខ្លះ ដោយក្រមួនឃ្មុំខ្លះ។ ច្រមុះក៏ឈឺចាប់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសណ្ឌាស។
[២៦៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យគេដកសក់ស្កូវ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេដកសក់ស្កូវទេ ភិក្ខុណាឲ្យគេដក ត្រូវអាបត្តិទុក្កដ។
[២៦៧] សម័យនោះឯង ភិក្ខុមួយរូបមានត្រចៀកថ្លង់ ដោយអាចម៍ត្រចៀក។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចង្កៀលអាចម៍ត្រចៀក។
[២៦៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ចង្កៀលអាចម៍ត្រចៀកខ្ពស់និងទាប (មិនរាបសា) គឺធ្វើដោយមាសខ្លះ ដោយប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ចង្កៀលអាចម៍ត្រចៀកខ្ពស់ និងទាប (មិនរាបសា)ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតចង្កៀលអាចម៍ត្រចៀក ដែលធ្វើដោយឆ្អឹង ភ្លុក ស្នែង បបុស ឫស្សី ឈើ ជ័រឈើ ផ្លែឈើ លោហជាតិ គូថស័ង្ខ។
[២៦៩] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុសន្សំទុកដាក់គ្រឿងលោហជាតិ និងសំរិទ្ធជាច្រើន។ មនុស្សទាំងឡាយ ដើរទៅកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើពួកសមណសក្យបុត្តិយ៍ សន្សំទុកដាក់គ្រឿងលោហជាតិ និងគ្រឿងសំរិទ្ធ ដូចពួកអ្នកជួញសំរិទ្ធសោះ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសន្សំទុកដាក់គ្រឿងលោហជាតិ និងសំរិទ្ធទេ ភិក្ខុណាសន្សំទុកដាក់ ត្រូវអាបត្តិទុក្កដ។
[២៧០] សម័យនោះឯង ពួកភិក្ខុរង្កៀសនឹងកិច្ចសព្វបើគ្រាន់តែចងបំពង់ថ្នាំភ្នែកខ្លះ (គឺចងចង្កំ) ចង្កឹះបំពង់ថ្នាំភ្នែកខ្លះ ចង្កៀលអាចម៍ត្រចៀកខ្លះ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតត្រឹមតែការចងបំពង់ថ្នាំភ្នែក ចង្កឹះបំពង់ថ្នាំភ្នែក ចង្កៀលអាចម៍ត្រចៀកបាន។
[២៧១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុអង្គុយត្របោមក្បាលជង្គង់ទាំងសង្ឃាដិ។ ផ្នត់សង្ឃាដិក៏ទក់ខូចអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវអង្គុយត្របោមក្បាលជង្គង់ទាំងសង្ឃាដិទេ ភិក្ខុណាអង្គុយ ត្រូវអាបត្តិទុក្កដ។
[២៧២] សម័យនោះឯង ភិក្ខុ១រូបមានជម្ងឺ។ ភិក្ខុនោះ តែវៀរលែងសំពត់អាយោគចេញ ក៏មិនបានសេចក្តីសប្បាយកាយ។ បេ។ ទើបពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសំពត់អាយោគ។ ទើបភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា សំពត់អាយោគ យើងរាល់គ្នា គប្បីដឹងដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្តារមូរ ធ្មេញឈើ ខ្សែសម្រាប់រឹត ចន្ទាល់ និងប្រដាប់តម្បាញទាំងអស់។
[២៧៣] សម័យនោះឯង ភិក្ខុ១រូប មិនមានកាយពន្ធ គឺវត្ថពន្ធចង្កេះ ចូលទៅបិណ្ឌបាត ក្នុងស្រុក។ ស្បង់របស់ភិក្ខុនោះ របូតចុះក្នុងច្រកផ្លូវ។ មនុស្សទាំងឡាយ ឃើញហើយ ក៏ស្រែកហ៊ោឡើង។ ភិក្ខុនោះមានសេចក្តីអៀនខ្មាស។ ទើបភិក្ខុនោះ ទៅកាន់អារាម ប្រាប់ដំណើរនុ៎ះ ដល់ពួកភិក្ខុផងគ្នា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានកាយពន្ធ64) មិនត្រូវចូលទៅកាន់ស្រុកទេ ភិក្ខុណាចូលទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាយពន្ធ។
[២៧៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់កាយពន្ធខ្ពស់ និងទាប (មិនរាបសា) គឺកាយពន្ធមានខ្សែច្រើន កាយពន្ធមានសណ្ឋានដូចក្បាលពស់ទឹក កាយពន្ធមានសណ្ឋានដូចខ្សែរឹតសំភោរ និងកាយពន្ធ មានសណ្ឋានដូចសង្វារ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់កាយពន្ធខ្ពស់ និងទាប (មិនរាបសា) គឺកាយពន្ធមានខ្សែច្រើន កាយពន្ធមានសណ្ឋានដូចក្បាលពស់ទឹក កាយពន្ធដូចខ្សែរឹតសំភោរ និងកាយពន្ធ មានសណ្ឋានដូចសង្វារទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាយពន្ធពីរយ៉ាង គឺកាយពន្ធធ្វើជាផ្ទាំង១ កាយពន្ធមានសណ្ឋានដូចពោះវៀនជ្រូក១។ បេ។ លុះដល់កាយពន្ធ មានជាយរេច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជាយកាយពន្ធ មានសណ្ឋានដូចខ្សែរឹតសំភោរ និងជាយកាយពន្ធ មានសណ្ឋានដូចសង្វារ។ (ក្រោយមកទៀត) រិមកាយពន្ធក៏រេច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដេរ លិន និដេរឲ្យមានអាការដូចកួផ្លែស្កួយ។ (យូរមកទៀត) ចុងអន្ទាក់កាយពន្ធក៏រេច។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្រវិលកាយពន្ធ។
[២៧៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ក្រវិលកាយពន្ធខ្ពស់ និងទាប (មិនរាបសា) គឺធ្វើដោយមាសខ្លះ ប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ក្រវិលកាយពន្ធខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្រវិលកាយពន្ធ ដែលធ្វើដោយឆ្អឹង ដោយភ្លុក ដោយស្នែង ដោយបបុះ ដោយឫស្សី។ បេ។ ធ្វើដោយគូថស័ង្ខ ធ្វើដោយសូត្រ ឬអំបោះ។
[២៧៦] សម័យនោះឯង ព្រះអានន្ទមានអាយុ ឃ្លុំសង្ឃាដិ និងឧត្តរាសង្គៈដែលស្រាល ហើយចូលទៅបិណ្ឌបាតក្នុងស្រុក។ ខ្យល់កំបុតត្បូង ក៏ប៉ើងសង្ឃាដិ និងឧត្តរាសង្គៈ របស់ព្រះអានន្ទនោះ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ទៅកាន់អារាម ហើយប្រាប់រឿងនុ៎ះ ដល់ពួកភិក្ខុផងគ្នា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឡេវ និងអន្ទាក់ឡេវ។
[២៧៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ឡេវខ្ពស់ និងទាប គឺធ្វើដោយមាសខ្លះ ប្រាក់ខ្លះ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ឡេវខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឡេវ ដែលធ្វើដោយឆ្អឹង ដោយភ្លុក ដោយស្នែង ដោយបបុះ ដោយឫស្សី ដោយឈើ ដោយជ័រឈើ ដោយផ្លែឈើ ដោយលោហជាតិ ដោយគូថស័ង្ខ ដោយសូត្រ ឬអំបោះ។
[២៧៨] សម័យនោះឯង ពួកភិក្ខុដេរភ្ជាប់ឡេវ និងអន្ទាក់ក្នុងផ្ទៃចីវរ។ ចីវរក៏គ្រាំគ្រា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់ឡេវ និងទ្រនាប់អន្ទាក់ឡេវ។ ពួកភិក្ខុទាំងនោះ ដេរភ្ជាប់ទ្រនាប់ឡេវ និងទ្រនាប់អន្ទាក់ឡេវក្នុងទីបំផុត (ចីវរ)។ មុំចីវរក៏របើក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដេរភ្ជាប់ទ្រនាប់ឡេវក្នុងទីបំផុតចីវរ ដេរទ្រនាប់អន្ទាក់ បន្ថយចូលមកខាងក្នុងត្រឹម៧ធ្នាប់ ឬ៨ធ្នាប់។
[២៧៩] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកស្បង់ ដូចសំលៀករបស់គ្រហស្ថ គឺស្លៀកឲ្យស្លុយមុខ ដូចប្រមោយដំរី (ដូចសំលៀកមនុស្សស្រីក្នុងចោឡកប្រទេស) ស្លៀកមានសណ្ឋានដូចកន្ទុយត្រី65) ស្លៀកឲ្យមានជ្រុង៤ (ស្លៀកបន្លេចជ្រុងស្បង់ទាំង៤ឲ្យប្រាកដ) ស្លៀកដោយអាការដូចធាងត្នោត (ស្លៀកសំឡុយសាដកឲ្យស្លុយចុះ) ស្លៀកអង្កាញ់ ឲ្យមានផ្នត់ច្រើន។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្លៀកស្បង់ ដូចសំលៀកគ្រហស្ថ គឺស្លៀកឲ្យស្លុយមុខ ដូចប្រមោយដំរី មានសណ្ឋានដូចកន្ទុយត្រី ស្លៀកឲ្យមានជ្រុង៤ ស្លៀកមានអាការដូចធាងត្នោត ស្លៀកអង្កាញ់ ឲ្យមានផ្នត់ច្រើនទេ ភិក្ខុណាស្លៀក ត្រូវអាបត្តិទុក្កដ។
[២៨០] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ដណ្តប់ដូចគ្រហស្ថ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដណ្តប់ដូចពួកគ្រហស្ថទេ ភិក្ខុណាដណ្តប់ ត្រូវអាបត្តិទុក្កដ។
[២៨១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុស្លៀកចងក្បិន។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកមនុស្ស អ្នកនាំគ្រឿងបរិក្ខារ របស់ព្រះរាជា ដែលយាងទៅកាន់ទីណាមួយ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្លៀកចងក្បិនទេ ភិក្ខុណាស្លៀក ត្រូវអាបត្តិទុក្កដ។
[២៨២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ នាំយកអម្រែកទាំងសងខាង គឺរែក។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកមនុស្ស នាំគ្រឿងបរិក្ខារ របស់ព្រះរាជា ដែលយាងទៅកាន់ទីណាមួយ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវនាំអម្រែកទេ ភិក្ខុណានាំទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុពុន សែង ទូល លី កណ្តៀត និងយួរបាន។
[២៨៣] សម័យនោះឯង ពួកភិក្ខុមិនទំពាឈើស្ទន់។ មាត់ក៏មានក្លិនស្អុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិនទំពាឈើស្ទន់នេះ មាន៥ប្រការ គឺនាំឲ្យថយកំលាំងភ្នែក១ មាត់មានក្លិនស្អុយ១ សរសៃសម្រាប់នាំរសមិនបរិសុទ្ធ១ ប្រមាត់ និងស្លេស្មរួបរឹតបាយ១ ភិក្ខុនោះឆាន់ចង្ហាន់មិនឆ្ងាញ់១ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិនទំពាឈើស្ទន់ មាន៥ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការទំពាឈើស្ទន់នេះ មាន៥ប្រការ គឺនាំឲ្យមានកំលាំងភ្នែក១ មាត់មិនមានក្លិនស្អុយ១ សរសៃសម្រាប់នាំរសបរិសុទ្ធ១ ប្រមាត់ និងស្លេស្ម មិនរួបរឹតបាយ១ ភិក្ខុនោះឆ្ងាញ់បាយ១ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការទំពាឈើស្ទន់ មាន៥ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឈើស្ទន់។
[២៨៤] សម័យនោះ ពួកឆព្វគ្គិយភិក្ខុទំពាឈើស្ទន់វែង ហើយគោះ វាយសាមណេរ ដោយឈើស្ទន់នោះឯង។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទំពាឈើស្ទន់វែងទេ ភិក្ខុណាទំពា ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឈើស្ទន់យ៉ាងវែង ត្រឹម៨66) ធ្នាប់ តែថា កុំគោះវាយសាមណេរ ដោយឈើស្ទន់នោះឡើយ ភិក្ខុណាគោះ ត្រូវអាបត្តិទុក្កដ។
[២៨៥] សម័យនោះឯង ភិក្ខុមួយរូប មានឈើស្ទន់ខ្លីពេក ឈើស្ទន់ ក៏របូតចូលទៅក្នុងបំពង់ក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទំពាឈើស្ទន់ខ្លីពេកទេ ភិក្ខុណាទំពា ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឈើស្ទន់យ៉ាងខ្លីបំផុតត្រឹម៤ធ្នាប់។
[២៨៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដុតព្រៃ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចអ្នកដុតព្រៃ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដុតព្រៃទេ ភិក្ខុណាដុតព្រៃ ត្រូវអាបត្តិទុក្កដ។
[២៨៧] សម័យនោះឯង វិហារទាំងឡាយ ក៏ស្មុកស្មាញដោយស្មៅ។ កាលដែលភ្លើងឆេះព្រៃ (រាលមក) ក៏ឆេះទាំងវិហារផង។ ភិក្ខុទាំងឡាយរង្កៀសនឹងការដុតភ្លើងតទល់គ្នា ដើម្បីនឹងធ្វើសេចក្តីការពារ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើភ្លើងព្រៃឆេះមក តថាគតអនុញ្ញាត ឲ្យដុតភ្លើងតទល់ ដើម្បីនឹងធ្វើសេចក្តីការពារបាន។
[២៨៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឡើងដើមឈើ ឆ្លងពីដើមឈើមួយ ទៅដើមឈើមួយ។ ពួកមនុស្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកស្វា។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឡើងដើមឈើទេ ភិក្ខុណាឡើង ត្រូវអាបត្តិទុក្កដ។
[២៨៩] សម័យនោះឯង ភិក្ខុមួយរូប ដើរសំដៅទៅក្រុងសាវត្ថី ក្នុងកោសលជនបទ ក៏មានដំរីដេញព្រេច ពាក់កណ្តាលផ្លូវ។ ទើបភិក្ខុនោះស្ទុះចូលទៅរកដើមឈើ ក៏មានសេចក្តីរង្កៀស មិនហ៊ានឡើងដើមឈើ។ ដំរីនោះ ក៏ហួសទៅទីដទៃ។ គ្រានោះឯង ភិក្ខុនោះទៅដល់ក្រុងសាវត្ថី ប្រាប់ដំណើរនុ៎ះ ដល់ពួកភិក្ខុផងគ្នា។ ពួកភិក្ខុ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានកិច្ចគួរធ្វើ តថាគតអនុញ្ញាតឲ្យឡើងដើមឈើបានត្រឹមមួយជួរបុរស បើមានអន្តរាយ67) ឲ្យឡើងកំណត់ត្រឹមណាក៏បាន។
[២៩០] សម័យនោះឯង មានភិក្ខុពីររូប ជាបងប្អូននឹងគ្នា ឈ្មោះមេដ្ឋកៈ១ ឱកុដ្ឋៈ១ ជាជាតិព្រាហ្មណ៍ មានសំដីពីរោះ មានសំឡេងក៏ពីរោះ។ ភិក្ខុទាំងពីររូបនោះ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សព្វថ្ងៃនេះ ពួកភិក្ខុមានឈ្មោះផ្សេងគ្នា មានគោត្រផ្សេងគ្នា មានជាតិផ្សេងគ្នា ចេញអំពីត្រកូលទីទៃៗ មកបួស ភិក្ខុទាំងនោះ ធ្វើពុទ្ធវចនៈឲ្យខូច ដោយភាសារបស់ខ្លួន បពិត្រព្រះមានព្រះភាគ បើដូច្នោះ ខ្ញុំព្រះអង្គទាំងអម្បាលនេះ សូមលើកពុទ្ធវចនៈតាមឆន្ទ។68) ព្រះពុទ្ធ ទ្រង់ព្រះភាគជាម្ចាស់ ព្រះអង្គ ទ្រង់បន្ទោសថា នែមោឃបុរសទាំងឡាយ មិនសមបើអ្នករាល់គ្នាពោលថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះអង្គរាល់គ្នា សូមលើកពុទ្ធវចនៈ តាមឆន្ទ ដូច្នេះទេ នែមោឃបុរស អំពើដែលអ្នករាល់គ្នាធ្វើនេះ មិននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ក៏ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវលើកពុទ្ធវចនៈតាមឆន្ទទេ ភិក្ខុណាលើក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរៀនពុទ្ធវចនៈ តាមសកភាសា69) គឺមគធភាសា។
[២៩១] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុរៀនគម្ពីរលោកាយតៈ។70) មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ ពួកភិក្ខុ បានឮមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់។ បេ។ ទើបភិក្ខុទាំងអម្បាលនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្លាប់ឃើញថា មានខ្លឹមក្នុងគម្ពីរលោកាយតៈហើយ គួរដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយក្នុងធម្មវិន័យនេះដែរឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ សេចក្តីនេះមិនមែនទេ។ ទ្រង់ត្រាស់សួរទៀតថា ចុះភិក្ខុដែលឃើញថា មានខ្លឹមក្នុងធម្មវិន័យនេះហើយ គួររៀនគម្ពីរលោកាយតៈដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ សេចក្តីនេះ មិនមែនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនគម្ពីរលោកាយតៈទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ។
[២៩២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ បង្រៀនគម្ពីរលោកាយតៈ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបង្រៀនគម្ពីរលោកាយតៈទេ ភិក្ខុណាបង្រៀន ត្រូវអាបត្តិទុក្កដ។
[២៩៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុរៀនតិរច្ឆានវិជ្ជា។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវរៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណារៀន ត្រូវអាបត្តិទុក្កដ។
[២៩៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុបង្រៀនតិរច្ឆានវិជ្ជា។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបង្រៀនតិរច្ឆានវិជ្ជាទេ ភិក្ខុណាបង្រៀន ត្រូវអាបត្តិទុក្កដ។
[២៩៥] សម័យនោះឯង ព្រះពុទ្ធទ្រង់ព្រះភាគ មានបរិសទ្យជាច្រើនចោមរោម ទ្រង់សំដែងធម៌ ហើយទ្រង់កណ្តាស។ ពួកភិក្ខុក៏ធ្វើសំឡេងគឹកកងយ៉ាងខ្លាំងថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគចំរើនព្រះជន្មាយុរស់នៅ សូមព្រះសុគតចំរើនព្រះជន្មាយុរស់នៅ។71) ធម្មកថា ក៏ដាច់ពាក់កណ្តាល ដោយសំឡេងនោះ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកសួរថា ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេនិយាយថា អ្នកចូររស់នៅដូច្នេះ ក្នុងវេលាដែលកណ្តាស បុគ្គលនោះ គួររស់នៅ ឬគួរស្លាប់ ព្រោះហេតុប៉ុណ្ណោះដែរឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនមែនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកដទៃ ភិក្ខុមិនត្រូវពោលថា អ្នកចូររស់នៅ ក្នុងវេលាកណ្តាស (ប៉ុណ្ណោះ)ទេ ភិក្ខុណាពោល ត្រូវអាបត្តិទុក្កដ។
[២៩៦] សម័យនោះឯង មនុស្សទាំងឡាយ ទៅនិយាយនឹងពួកភិក្ខុ ក្នុងវេលាដែលកណ្តាសថា បពិត្រលោកទាំងឡាយដ៏ចំរើន ចូរលោករស់នៅ។ ពួកភិក្ខុមានសេចក្តីរង្កៀស មិនហ៊ានពោលតបវិញ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ សមណសក្យបុត្តិយ៍ទាំងនេះ កាលបើពួកយើងនិយាយថា បពិត្រលោកទាំងឡាយដ៏ចំរើន ចូរលោករស់នៅដូច្នេះ ហើយលោកមិនពោលតបនឹងយើងសោះ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មតា គ្រហស្ថទាំងឡាយ តែងត្រូវការដោយមង្គល ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ដែលគ្រហស្ថទាំងឡាយនិយាយថា បពិត្រលោកដ៏ចំរើន លោកចូររស់នៅ ដូច្នេះ ឲ្យនិយាយតបទៅវិញថា អ្នកចូររស់នៅអស់កាលយូរ ដូច្នេះបាន។
[២៩៧] សម័យនោះឯង ព្រះមានព្រះភាគ មានបរិសទ្យច្រើនចោមរោម ទ្រង់គង់សំដែងធម៌។ ភិក្ខុមួយរូបឆាន់ខ្ទឹម។ ភិក្ខុនោះ អង្គុយក្នុងទីបំផុតដោយគិតថា ពួកភិក្ខុកុំធុំក្លិនឡើយ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញភិក្ខុនោះ អង្គុយក្នុងទីបំផុត លុះឃើញហើយ ទើបត្រាស់ហៅពួកភិក្ខុមកសួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអង្គុយក្នុងទីបំផុតនោះ ដោយហេតុអ្វី។ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគដ៏ចំរើន (ព្រោះ) ភិក្ខុនោះឆាន់ខ្ទឹម បានជាភិក្ខុនោះ អង្គុយក្នុងទីបំផុត ដោយគិតថា ពួកភិក្ខុកុំធុំក្លិនឡើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលនៅឆ្ងាយពីធម្មកថា មានសភាពយ៉ាងនេះ ព្រោះតែឆាន់ខ្ទឹមណា ខ្ទឹមនោះ ភិក្ខុគួរឆាន់ដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ មិនគួរទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ខ្ទឹមទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។
[២៩៨] សម័យនោះឯង ព្រះសារីបុត្តមានអាយុ មានអាពាធ កើតអំពីខ្យល់ក្នុងផ្ទៃ។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ មានថេរវាចាសួរព្រះសារីបុត្តមានអាយុដូច្នេះថា នែអាវុសោសារីបុត្ត អាពាធ ដែលកើតអំពីខ្យល់ ក្នុងផ្ទៃរបស់លោកពីមុន តែងជាសះស្បើយ ដោយថ្នាំអ្វី។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ ខ្ញុំតែងជាសះស្បើយដោយខ្ទឹម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានអាពាធជាហេតុ តថាគតអនុញ្ញាត ឲ្យឆាន់ខ្ទឹមបាន។
[២៩៩] សម័យនោះឯង ពួកភិក្ខុ បន្ទោបង់បស្សាវៈ ក្នុងទីពីសពាស។ អារាមមិនស្អាត។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបន្ទោបង់បស្សាវៈ តែក្នុងកន្លែងមួយ។ អារាមមានក្លិនអាក្រក់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆ្នាំងសម្រាប់រងបស្សាវៈ។ ពួកភិក្ខុលំបាកនឹងអង្គុយបន្ទោបង់បស្សាវៈ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ទ្រនាប់ជើងសម្រាប់បន្ទោបង់បស្សាវៈ។ ទ្រនាប់ជើងសម្រាប់បន្ទោបង់បស្សាវៈ នៅទីវាល មិនបិទបាំង។ ពួកភិក្ខុអៀននឹងបន្ទោបង់បស្សាវៈ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបិទបាំងដោយកំពែង ៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ ឆ្នាំងសម្រាប់រងបស្សាវៈ មិនទាន់មានគ្រប ក៏ធុំក្លិនស្អុយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគម្រប។
[៣០០] សម័យនោះឯង ពួកភិក្ខុបន្ទោបង់វច្ចៈ ក្នុងទីពីសពាស ក្នុងអារាម។ អារាមក៏មិនស្អាត។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបន្ទោបង់វច្ចៈ តែក្នុងកន្លែងមួយ។ អារាមក៏ធុំក្លិនស្អុយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរណ្តៅវច្ចៈ។ មាត់រណ្តៅវច្ចៈ ក៏បាក់រលុះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុកខឿន ៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ រណ្តៅវច្ចៈ មានទីដីទាប។ ទឹកក៏លិចកន្លែងនោះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើទីដីឲ្យខ្ពស់ឡើង។ ខឿនក៏បាក់រលុះហូរចេញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន ៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុឡើង ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងទៅ ក៏ដួល។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។ ពួកភិក្ខុអង្គុយក្នុងទីបំផុត កំពុងបន្ទោបង់វច្ចៈ ក៏ធ្លាក់ចុះមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុក្រាលក្តារ ហើយចោះប្រហោងកណ្តាល ហើយបន្ទោបង់វច្ចៈ។ ពួកភិក្ខុក៏លំបាកនឹងអង្គុយបន្ទោបង់វច្ចៈ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់ជើង សម្រាប់បន្ទោបង់វច្ចៈ។ ពួកភិក្ខុបន្ទោបង់បស្សាវៈខាងក្រៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ សម្រាប់រងបស្សាវៈ។ ឈើខ្នៀសមិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឈើខ្នៀស។ ត្រកសម្រាប់ដាក់ឈើខ្នៀស មិនទាន់មាននៅឡើយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតត្រកសម្រាប់ដាក់ឈើខ្នៀស។ រណ្តៅវច្ចៈ មិនទាន់មានគ្រប ក៏ធុំក្លិនស្អុយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគម្រប។
[៣០១] សម័យនោះឯង ពួកភិក្ខុបន្ទោបង់វច្ចៈក្នុងទីកណ្តាលវាល ក៏លំបាកដោយត្រជាក់ខ្លះ ក្តៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតវច្ចកុដិ។ សន្ទះទ្វារវច្ចកុដិ មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់លើ (ដំណាប់លើ) សសររបស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ។ កំទេចស្មៅធ្លាក់ចុះក្នុងវច្ចកុដិ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគាបដំបូល ហើយបូកលាបទាំងខាងក្នុង ខាងក្រៅ72) និងថ្នាំមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរសំរាប់ពាក់ចីវរ និងខ្សែសំរាប់ពាក់ចីវរ។
[៣០២] សម័យនោះឯង ភិក្ខុមួយរូប ជរាទុព្វល កាលនឹងបន្ទោបង់វច្ចៈ ហើយក្រោកឡើង ក៏ដួលទៅវិញ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរបស់សម្រាប់តោង។
[៣០៣] សម័យនោះឯង វច្ចកុដិ មិនទាន់មានរបង ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបិទបាំងដោយកំពែង៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។
[៣០៤] បន្ទប់មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទប់។ បន្ទប់មានទីដីដ៏ទាប។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើទីដីឲ្យខ្ពស់ឡើង។ ខឿនក៏បាក់រលុះរលាយ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុលំបាកនឹងឡើង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ កាលពួកភិក្ខុ នាំគ្នាឡើង ក៏ធ្លាក់មកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។ សន្ទះទ្វាររបស់បន្ទប់មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់លើ (ដំណាប់លើ) សសរ របស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ ខ្សែសម្រាប់ទាញ។ កំទេចស្មៅ ក៏ធ្លាក់ចុះក្នុងបន្ទប់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគាបដំបូល ហើយបូកលាបទាំងខាងក្នុង ទាំងខាងក្រៅ និងថ្នាំមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។ ទីលានក៏ភក់ជ្រាំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរោយរាយដោយក្រួសរវាន។ ទីលានមិនរាបស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលថ្ម។ បេ។ ទឹកក៏ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ-ទឹក។ ឆ្នាំងទឹកសម្រាប់ជម្រះមិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឆ្នាំងទឹកសម្រាប់ជ្រះ។ ផ្តិលសម្រាប់ជម្រះមិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្តិលសម្រាប់ជម្រះ។ ពួកភិក្ខុលំបាកនឹងអង្គុយជម្រះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់ជើងសម្រាប់ជម្រះ។ ទ្រនាប់ជើងសម្រាប់ជម្រះ នៅកណ្តាលវាល។ ពួកភិក្ខុអៀនខ្មាសនឹងជម្រះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបិទបាំងដោយកំពែង៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ ឆ្នាំងទឹកសម្រាប់ជម្រះមិនទាន់មានគម្រប។ ឆ្នាំងទឹកសម្រាប់ជម្រះ ស្មោកគ្រោកដោយកំទេចស្មៅខ្លះ អាចម៍ដីខ្លះ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគម្រប។
[៣០៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះ គឺដាំកូនផ្កាខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើកម្រងផ្កា ឲ្យមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើ ចាក់រំលេចទងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើ ដោត73) ជាចង្កោម ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រង សម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រង សម្រាប់ប្រដាប់ត្រចៀក ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រង សម្រាប់ប្រដាប់ទ្រូង ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ពួកភិក្ខុទាំងអម្បាលនោះ នាំផ្កាកម្រង មានទងតែម្ខាងទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រង មានទងទាំងពីរខាង ទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាឈើចាក់រំលេចទង ទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាឈើ ដែលដោតជាចង្កោម ទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅឲ្យខ្លះ នាំផ្កាកម្រង សម្រាប់ប្រដាប់ក្បាល ទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រង សម្រាប់ប្រដាប់ត្រចៀក ទៅខ្លួនឯងខ្លះ ប្រើគេឲ្យនាំទៅខ្លះ នាំផ្កាកម្រង សម្រាប់ប្រដាប់ទ្រូង ទៅខ្លួនឯងខ្លះ ប្រើគេនាំទៅឲ្យខ្លះ ដើម្បីពួកស្រីក្រមុំនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូល។ ពួកភិក្ខុទាំងអម្បាលនោះ ឆាន់ (ភោជន) ក្នុងភាជន៍មួយ ជាមួយនឹងស្រីនៃត្រកូល ធីតានៃត្រកូល កុមារីនៃត្រកូល ស្រីជាកូនប្រសានៃត្រកូល ទាសីនៃត្រកូលទាំងឡាយខ្លះ ផឹកទឹកក្នុងផ្តិលជាមួយគ្នាខ្លះ អង្គុយលើអាសនៈជាមួយគ្នាខ្លះ ដេកលើគ្រែជាមួយគ្នាខ្លះ ដេកលើកម្រាលជាមួយគ្នាខ្លះ ដេកដណ្តប់សំពត់ជាមួយគ្នាខ្លះ ដេកលើកម្រាល ទាំងដណ្តប់សំពត់ជាមួយគ្នាខ្លះ ស៊ីខុសពេលខ្លះ ផឹកទឹកស្រវឹងខ្លះ ទ្រទ្រង់ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបខ្លះ រាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ កែក្រាយខ្លះ រាំជាមួយនឹងស្រីដែលរាំខ្លះ ច្រៀងជាមួយនឹងស្រីដែលរាំខ្លះ ប្រគំជាមួយនឹងស្រីដែលរាំខ្លះ កែក្រាយជាមួយនឹងស្រីដែលរាំខ្លះ។ បេ។ រាំជាមួយនឹងស្រីដែលកែក្រាយខ្លះ ច្រៀងជាមួយនឹងស្រីដែលកែក្រាយខ្លះ ប្រគំជាមួយនឹងស្រី ដែលកែក្រាយខ្លះ កែក្រាយជាមួយនឹងស្រី ដែលកែក្រាយខ្លះ លេងបាស្កាមានក្រឡាប្រាំបីខ្លះ លេងបាស្កាមានក្រឡាដប់ខ្លះ លេងបាស្កាក្នុងអាកាសខ្លះ លេងវាងផ្លូវដែលគួរវាង (លេងពួន)ខ្លះ លេងផ្ទាត់គ្រាប់ មានគ្រាប់ក្រួសជាដើមខ្លះ លេងបាស្កា ក្នុងលានសម្រាប់លេងខ្លះ លេងហ៊ឹងខ្លះ លេងរលាស់ទឹកល័ក្ត ឲ្យទាយរូបខ្លះ លេងអង្គញ់ខ្លះ លេងផ្លុំប៉ីស្លឹកខ្លះ លេងនង្គ័លតូចខ្លះ លេងដាំដូងខ្លះ លេងកង្ហារខ្លះ លេងវាល់ដីខ្សាច់ (បាយឡុកបាយឡ) ខ្លះ លេងរថតូចខ្លះ លេងធ្នូតូចខ្លះ លេងសរសេរខ្យល់ ឲ្យទាយខ្លះ លេងទាយចិត្ត (ស្តេចចង់) ខ្លះ លេងកំប្លែងត្រាប់គេខ្លះ ហាត់វិជ្ជាដំរីខ្លះ ហាត់វិជ្ជាសេះខ្លះ ហាត់វិជ្ជារថខ្លះ ហាត់វិជ្ជាធ្នូខ្លះ ហាត់វិជ្ជាដង មានដងដាវជាដើមខ្លះ ស្ទុះរត់ពីមុខដំរីខ្លះ ស្ទុះរត់ពីមុខសេះខ្លះ ស្ទុះរត់ពីមុខរថខ្លះ ស្ទុះរត់ទៅខ្លះ ស្ទុះរត់មកខ្លះ ស្រែកហ៊ោខ្លះ ទះដៃខ្លះ ចំបាប់គ្នាខ្លះ ដាល់គ្នាខ្លះ ក្រាលសង្ឃាដិ ក្នុងកណ្តាលរោងរាំ ហើយនិយាយនឹងស្រីដែលរាំ យ៉ាងនេះថា ម្នាលប្អូនស្រី នាងចូររាំ ក្នុងទីនេះខ្លះ ដាក់ម្រាមដៃ លើថ្ងាសខ្លួន និងលើថ្ងាសស្រី ដែលរាំខ្លះ ប្រព្រឹត្តអនាចារផ្សេងៗខ្លះ (ក្រៅអំពីនេះទៅទៀត)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រព្រឹត្តអនាចារផ្សេងៗទេ ភិក្ខុណាប្រព្រឹត្ត វិន័យធរ គប្បីឲ្យភិក្ខុនោះ ធ្វើតាមធម៌។
[៣០៦] សម័យនោះឯង កាលព្រះឧរុវេឡកស្សបមានអាយុ ចូលមកបួសហើយ ក៏មានគ្រឿងលោហៈ គ្រឿងឈើ គ្រឿងដី ជាច្រើន កើតឡើងដល់សង្ឃ។ ពួកភិក្ខុគិតយ៉ាងនេះថា គ្រឿងលោហៈ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតហើយ ឬមិនទាន់អនុញ្ញាតទេ គ្រឿងឈើ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតហើយ ឬមិនទាន់អនុញ្ញាតទេ គ្រឿងដី ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតហើយ ឬមិនទាន់អនុញ្ញាតទេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រឿងលោហៈទាំងពួង វៀរលែងតែ លោហៈ ដែលជាគ្រឿងសម្រាប់ប្រហារ អនុញ្ញាតគ្រែទាំងពួង វៀវលែងតែ អាសនៈកន្លងហួសប្រមាណ ដែលហៅថាអាសន្ទិ អនុញ្ញាតគ្រឿងឈើទាំងពួង វៀវលែងតែបាត្រឈើ និងទ្រនាប់ជើងឈើ អនុញ្ញាតគ្រឿងដីទាំងពួង វៀវលែងតែ គ្រឿងជូតជើង ដែលគេធ្វើជាពក ឲ្យស្រួចៗឡើង មានអាការដូចពកគ្រាប់ផ្លែឈូក និងកុដិធ្វើដោយដីសុទ្ធ (ដូចកុដិធនិយភិក្ខុ)។
ចប់ខុទ្ទកវត្ថុក្ខន្ធកៈ ជាគំរប់៥។
ឧទ្ទាន គឺបញ្ជីរឿងនៃ ខុទ្ទកវត្ថុក្ខន្ធកៈ នោះដូច្នេះ
[៣០៧]
រឿងភិក្ខុងូតទឹក ត្រដុសកាយនឹងដើមឈើ នឹងសសរ នឹងជញ្ជាំង ទាំងងូតទឹក ក្នុងទីមិនសមគួរ ងូតទឹកដុសខ្លួន ដោយឈើដែលគេធ្វើជាដៃគន្ធព្វ ងូតទឹក ដុសដោយលំអិតថ្ម ឈ្មោះករុវិន្ទកសុត្តិ ងូតទឹកត្រដុសគ្នាទៅវិញទៅមក ងូតទឹកដោយឈើ មានសណ្ឋានដូចជើងកន្ថោរ១ រឿងភិក្ខុកើតកមរមាស់ និងភិក្ខុជរា ទ្រង់អនុញ្ញាតឲ្យដុសខ្នងដោយបាតដៃបាន១ រឿងទ្រង់ហាមមិនឲ្យភិក្ខុទ្រទ្រង់ប្រដាប់ត្រចៀក សង្វារប្រដាប់ក ប្រដាប់ចង្កេះ កងប្រដាប់ដើមដៃ ប្រដាប់ដៃ និងចិញ្ចៀន១ រឿងភិក្ខុទុកសក់វែង សិតសក់ដោយស្និត សិតសក់ដោយក្រាស សិតសក់ដោយដៃ សិតសក់ដោយក្រមួន លាបសក់ដោយប្រេង លាយដោយទឹក១ រឿងភិក្ខុឆ្លុះមុខក្នុងកញ្ចក់ ក្នុងភាជន៍ទឹក១ រឿងភិក្ខុកើតដំបៅមុខ លាបមុខ ផាត់មុខ ប្រស់មុខ ចុចមុខ លាបអវយវៈ លាបមុខ និងលាបទាំងអវយវៈទាំងមុខ១ រឿងភិក្ខុកើតរោគភ្នែក១ រឿងមហោស្រពលើកំពូលភ្នំ១ រឿងភិក្ខុច្រៀងធម៌ ដោយសំឡេងវែង១ រឿងភិក្ខុមានសេចក្តីរង្កៀសនឹងសូត្រជាបទសរភ័ញ្ញ១ រឿងភិក្ខុទ្រទ្រង់សំពត់ដែលធ្វើដោយរោមសត្វ មានរោមចេញមកខាងក្រៅ១ រឿងអនុញ្ញាតចំណិតស្វាយ១ រឿងពួកជន នាំយកផ្លែស្វាយទាំងមូលទៅក្នុងរោងភត្ត១ រឿងភិក្ខុពស់ចឹក១ រឿងភិក្ខុកាត់អង្គជាតរបស់ខ្លួន១ រឿងបាត្រខ្លឹមចន្ទន៍១ រឿងភិក្ខុប្រើបាត្រខ្ពស់ និងទាប១ រឿងផ្ទៃបាត្រសឹករិល ព្រោះគ្មានជើង១ រឿងបញ្ញត្តជើងបាត្រ ធ្វើដោយមាស និងប្រាក់១ រឿងជើងបាត្រក្រាសពេក១ រឿងលួសកើតឡើងដល់ភិក្ខុ១ រឿងភិក្ខុប្រើជើងបាត្រ វិចិត្រផ្សេងៗ១ រឿងភិក្ខុទុកបាត្រទាំងទទឹក បាត្រក៏ខូចទៅ១ រឿងបាត្រធុំក្លិនអាក្រក់១ រឿងភិក្ខុទុកបាត្រក្នុងទីក្តៅ បាត្ររមៀលធ្លាក់បែក១ រឿងភិក្ខុទុកបាត្រក្នុងទីបំផុតនៃក្តារតាំង ទុកបាត្រក្នុងទីបំផុតនៃថ្នាក់១ រឿងអនុញ្ញាតកម្រាលស្មៅ អនុញ្ញាតកំណាត់សំពត់ អនុញ្ញាតរោងទុកបាត្រ អនុញ្ញាតថ្លាងសម្រាប់ទុកបាត្រ អនុញ្ញាតស្លោកបាត្រ យោគបាត្រ និងខ្សែសម្រាប់ចងបាត្រ១ រឿងភិក្ខុព្យួរបាត្រនឹងចំរឹងជញ្ជាំង ទុកបាត្រលើគ្រែ និងតាំង ដាក់បាត្រលើភ្លៅ ទុកបាត្រក្នុងឆត្រ និងមានបាត្រក្នុងដៃ ច្រានសន្ទះទ្វារ១ រឿងភិក្ខុត្រាច់ទៅបិណ្ឌបាត ដោយសំបកឃ្លោក ដោយអំបែងឆ្នាំង១ រឿងភិក្ខុប្រើបាត្រក្បាលខ្មោច១ រឿងភិក្ខុយកបាត្រទៅដាក់កាកអាមិសៈ ហើយយកទៅចាក់ចោល ទ្រង់អនុញ្ញាតកន្ថោរ១ រឿងភិក្ខុហែកចីវរដោយដៃ១ រឿងកាំបិតមានដង កើតឡើងដល់សង្ឃ ភិក្ខុប្រើដងកាំបិត ធ្វើដោយមាស (ជាដើម)១ រឿងភិក្ខុដេរចីវរ ដោយស្លាបមាន់ និងចំរៀកឫស្សី ទ្រង់អនុញ្ញាតបំពង់ម្ជុល អនុញ្ញាតឲ្យយកលំអិតពូជសុរា (ដំបែ) ច្រកក្នុងបំពង់ម្ជុល អនុញ្ញាតឲ្យយកលំអិតម្សៅលាយដោយរមៀត ឲ្យយកលំអិតថ្ម ច្រកក្នុងបំពង់ម្ជុល ក្រមួនឃ្មុំ និងស្រោមលំអិតថ្ម១ រឿងដេរចីវរមានមុំមិនស្មើគ្នា ទ្រង់អនុញ្ញាតឈើស្តឹង និងខ្សែស្តឹងឲ្យភិក្ខុចងដេរចីវរ១ រឿងភិក្ខុលាឈើស្តឹង ក្នុងទីមិនរាបទាប ភិក្ខុក្រាល ឬលាឈើស្តឹងលើផែនដី ឈើស្តឹងរេចរិលត្រង់ដោយជាយជុំវិញ១ រឿងអនុញ្ញាតខ្នាតសម្រាប់វាស់ចីវរ និងខ្សែបន្ទាត់១ រឿងភិក្ខុមិនលាងជើង ហើយជាន់លើឈើស្តឹង ភិក្ខុពាក់ស្បែកជើង ជាន់លើឈើស្តឹង១ រឿងភិក្ខុឈឺម្រាមដៃ ព្រោះដេរចីវរ ទ្រង់អនុញ្ញាតស្នាប់ម្រាមដៃដេរ ប្រអប់សម្រាប់ដាក់ម្ជុលកាំបិត ស្នាប់ម្រាមដៃដេរ ថង់សម្រាប់ដាក់ស្នាប់ម្រាមដៃដេរ ខ្សែយោគ និងខ្សែចង១ រឿងភិក្ខុដេរចីវរក្នុងទីវាល រោងសម្រាប់ដាក់ឈើស្តឹង មានទីដីទាប១ រឿងខឿនបាក់រលុះរលើងទៅ ភិក្ខុលំបាកឡើងខឿន ដែលគ្មានជណ្តើរ ភិក្ខុដួលធ្លាក់ដោយឡើងជណ្តើរ កំទេចស្មៅធ្លាក់ចុះ ក្នុងរោងឈើស្តឹង ទ្រង់អនុញ្ញាតឲ្យបូក លាបដំបូលទាំងក្នុង ទាំងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ និងបរិកម្មដោយរង់ ទ្រង់អនុញ្ញាតឲ្យធ្វើក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់ប្រាំ ទាំងអនុញ្ញាតស្នួរចីវរ និងខ្សែស្បៀង១។ រឿងភិក្ខុចោលឈើស្តឹង ហើយចៀសចេញទៅ ឈើស្តឹងវិនាសខូចទៅ ភិក្ខុមូរឈើស្តឹង ៗ ចេះតែរលាចេញ ភិក្ខុផ្អែកឈើស្តឹងនឹងជញ្ជាំង ភិក្ខុយកបាត្រដាក់ម្ជុល កាំបិត និងថ្នាំហើយដើរទៅ អនុញ្ញាតថង់សម្រាប់ដាក់ថ្នាំ និងខ្សែចង១ រឿងភិក្ខុចងស្បែកជើងនឹងវត្ថពន្ធចង្កេះ អនុញ្ញាតថង់សម្រាប់ដាក់ស្បែកជើង ខ្សែយោគ និងខ្សែចង១ រឿងទឹកជាអកប្បិយៈ មានកណ្តាលផ្លូវ អនុញ្ញាតសំពត់តម្រងទឹក និងធម្មក្រក១ រឿងភិក្ខុពីររូបដើរផ្លូវឆ្ងាយ១ រឿងព្រះមហាមុនី យាងទៅកាន់ក្រុងវេសាលី អនុញ្ញាតសំពត់តម្រងទឹក ដែលមានដង និងសំពត់តម្រងត្រាំ ក្នុងក្រុងវេសាលីនោះ១។ រឿងភិក្ខុមានមូសខាំ ភិក្ខុមានអាពាធច្រើន ព្រោះឆាន់បណីតភោជន១ រឿងជីវកកោមារភត្យ១ រឿងអនុញ្ញាតទីចង្ក្រម និងរោងភ្លើង១ រឿងភិក្ខុចង្ក្រម ក្នុងទីចង្ក្រមមិនស្មើ ទីចង្ក្រមមានទីដីទាប ទ្រង់អនុញ្ញាតខឿន៣យ៉ាង ពួកភិក្ខុលំបាកនឹងឡើង ព្រោះគ្មានជណ្តើរ ទ្រង់អនុញ្ញាតជណ្តើរ និងបង្កាន់ដៃ និងដៃរបៃនៃទីចង្ក្រម១ រឿងភិក្ខុចង្ក្រមក្នុងទីវាល កំទេចស្មៅធ្លាក់ចុះក្នុងរោងចង្ក្រម ទ្រង់អនុញ្ញាតឲ្យបូក លាបទាំងក្នុង ទាំងក្រៅ ទ្រង់អនុញ្ញាតថ្នាំមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ធ្វើក្បាច់ភ្ញីផ្កា ភ្ញីវល្លិ៍ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់ប្រាំ ស្នួរចីវរ និងខ្សែស្បៀង១។ រឿងអនុញ្ញាតឲ្យធ្វើទីដីរោងភ្លើងឲ្យខ្ពស់ឡើង ខឿន ជណ្តើរ និងបង្កាន់ដៃជណ្តើរ សន្ទះទ្វាររោងភ្លើង ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់ខាងលើ (ដំណាប់លើ ឬច្បោះ) សសរនៃសន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់បិទបើក ខ្សែទាញបិទបើក និងអនុញ្ញាតឲ្យធ្វើមណ្ឌល គឺដីឲ្យទាបជុំវិញរោងភ្លើង បំពង់ផ្សែង (បំពង់ភ្លើង)១ រឿងភិក្ខុធ្វើចង្ក្រាន ពាក់កណ្តាលរោងភ្លើងតូច អនុញ្ញាតដីលាបមុខ ទាំងអនុញ្ញាតស្នូកសម្រាប់លាយដីស្អិត ដីធុំក្លិនអាក្រក់១ រឿងភ្លើងរលាកភិក្ខុ១ រឿងអនុញ្ញាតអាងទឹក និងផ្តិលទឹក១ រឿងដំបូលស្មៅ មិនមានចំហាយញើស១ រឿងរោងភ្លើងមានភក់ជ្រាំ១ រឿងអនុញ្ញាតឲ្យលាងកម្រាលរោងភ្លើង និងធ្វើឲ្យទទឹក១ រឿងអនុញ្ញាតតាំងសម្រាប់រោងភ្លើង១ រឿងអនុញ្ញាតបន្ទប់ទឹក និងកិច្ចការក្នុងរោងភ្លើង១ រឿងអនុញ្ញាតឲ្យរោយក្រួសរវាន អនុញ្ញាតកម្រាលថ្ម និងទទឹក១ រឿងភិក្ខុអាក្រាត សំពះគ្នា១ រឿងភិក្ខុដាក់ចីវរលើផែនដី ភ្លៀងទទឹកចីវរ១ រឿងអនុញ្ញាតគ្រឿងបិទបាំងកាយបីយ៉ាង១ រឿងទឹកមិនមានក្នុងរោងភ្លើងនោះ អនុញ្ញាតអណ្តូងទឹក មាត់អណ្តូងទឹក បាក់រលុះរលាយ ភិក្ខុយោងទឹកដោយវល្លិខ្លះ ដោយវត្ថពន្ធចង្កេះខ្លះ អនុញ្ញាតថ្លឹងសម្រាប់យោងទឹក យន្តសម្រាប់ទាញទឹក និងរហាត់ទឹក១ រឿងភាជន៍បែកជាច្រើន បំពង់លោហៈ បំពង់ឈើ និងចម្មខណ្ឌ១ រឿងអនុញ្ញាតសាលាជិតអណ្តូងទឹក កំទេចស្មៅធ្លាក់ចុះក្នុងសាលា អនុញ្ញាតគ្របអណ្តូងទឹក ស្នូកទឹក អណ្តូងជ្រាំ និងកំពែង ៣យ៉ាង១ រឿងអណ្តូងជ្រាំ មានភក់ អនុញ្ញាតទ បង្ហូរទឹក១ រឿងភិក្ខុមានកាយរងារ១ រឿងឧបាសកជីកស្រះបោក្ខរណី ទឹកដក់នៅយូរក្នុងស្រះបោក្ខរណី១ រឿងឧបាសក សង់រោងភ្លើង មានជហ្វាដងក្តារ១ រឿងភិក្ខុនៅប្រាសចាកសំពត់និសីទនៈ៤ខែ១ រឿងភិក្ខុដេកនៅលើទីដំណេក ដែលរោយរាយដោយផ្កា ពួកមនុស្សនាំយកគ្រឿងក្រអូប និងផ្កាកម្រងមកកាន់អារាម១ រឿងទ្រង់ហាមមិនឲ្យអធិដ្ឋានសំពត់ស្មាច់ ដោយរោមចៀម១ រឿងភិក្ខុឆាន់លើតុ ឬថាស អនុញ្ញាតភាជន៍ឈើសម្រាប់ដម្កល់បាត្រ១ រឿងភិក្ខុឆាន់ក្នុងភាជន៍ជាមួយគ្នា ដេកលើគ្រែជាមួយគ្នា លើកម្រាលជាមួយគ្នា១ រឿងវឌ្ឍលិច្ឆវិ១ រឿងពោធិរាជកុមារ១ រឿងមិនទ្រង់ជាន់លើកម្រាលសំពត់១ រឿងនាងវិសាខានាំយកក្អម និងទ្រនាប់សម្រាប់ជូតជើង ដែលមានពក និងអំបោស ទ្រង់អនុញ្ញាតទ្រនាប់សម្រាប់ជូតជើង ៣យ៉ាងគឺ ទ្រនាប់ថ្ម ក្បឿង ឬអំបែង និងទ្រនាប់ផ្សិតសមុទ្រ រឿងនាងវិសាខា នាំយកផ្លិតបួនជ្រុង និងផ្លិតមូល ទៅថ្វាយព្រះមានព្រះភាគ១ រឿងផ្លិតបក់មូស កើតឡើងដល់សង្ឃ ទ្រង់ហាមមិនឲ្យភិក្ខុប្រើប្រាស់ផ្លិតចាមរី១ រឿងភិក្ខុឈឺ តែខានបាំងឆត្រ មិនសប្បាយ និងភិក្ខុរង្កៀសនឹងបាំងឆត្រ ក្នុងអារាម១ រឿងអនុញ្ញាតសិក្កាសម្មតិ ដល់ភិក្ខុ៣រូប រឿងភិក្ខុទំពាអៀង១ រឿងគ្រាប់បាយធ្លាក់រាត់រាយ ក្នុងរោងភត្ត រឿងភិក្ខុមានក្រចកវែង ភិក្ខុកាត់ក្រចកដោយក្រចក ភិក្ខុត្រដុសក្រចកនឹងជញ្ជាំង ម្រាមដៃឈឺចាប់ ភិក្ខុកាត់ក្រចក ត្រាតែចេញឈាម ទ្រង់អនុញ្ញាតឲ្យកាត់ក្រចកស្មើនឹងសាច់១ រឿងភិក្ខុដុសខាត់ក្រចកទាំងម្ភៃ១ រឿងភិក្ខុទុកសក់វែង អនុញ្ញាតកាំបិតកោរ ថ្មសំលៀងកាំបិតកោរ ស្រោមកាំបិតកោរ គ្រឿងស្មាច់ ធ្វើដោយរោមចៀម និងគ្រឿងប្រដាប់កាំបិតកោរទាំងអស់១ រឿងភិក្ខុកោរពុកមាត់ ទុកពុកមាត់ ទុកពុកចង្កាឲ្យវែង ដូចជាពុកចង្កាពពែ ទុកពុកមាត់ឲ្យមានជ្រុង៤ ប្រមូលជួររោមត្រង់ដើមទ្រូង ទុកជួររោមត្រង់ពោះ ទុកពុកមាត់ដូចចង្កូម១ រឿងទ្រង់អនុញ្ញាតឲ្យដករោមក្នុងទីចង្អៀត ដោយមានអាពាធជាហេតុ១ រឿងភិក្ខុកាត់សក់ដោយកន្ត្រៃ រឿងភិក្ខុកើតដំបៅក្បាល១ រឿងភិក្ខុទុករោមច្រមុះវែង ភិក្ខុឲ្យគេដករោមច្រមុះ ដោយក្រួស ភិក្ខុឲ្យគេដកសក់ស្កូវ១ រឿងភិក្ខុថ្លង់ ឆព្វគ្គិយភិក្ខុប្រើចង្កៀលត្រចៀកខ្ពស់ និងទាប ភិក្ខុសន្សំទុកគ្រឿងលោហៈជាច្រើន១ រឿងភិក្ខុរង្កៀសនឹងចងចង្កំក្លាក់ដាក់ថ្នាំ សម្រាប់លាបភ្នែក១ រឿងភិក្ខុអង្គុយត្របោមក្បាលជង្គង់ទាំងសង្ឃាដិ១ រឿងភិក្ខុសង្ស័យនឹងសំពត់អាយោគ ទ្រង់អនុញ្ញាតក្តារមូរសម្រាប់ធ្វើសំពត់អាយោគ១ ទ្រង់អនុញ្ញាតកាយពន្ធ ភិក្ខុប្រើកាយពន្ធ មានខ្សែច្រើន មានសណ្ឋានដូចក្បាលពស់ទឹក មានសណ្ឋានដូចខ្សែសម្ភោរ និងមានសណ្ឋានដូចសង្វារ ទ្រង់អនុញ្ញាតកាយពន្ធពីរយ៉ាង គឺសំពត់ផ្ទាំងមួយ សំពត់ដូចពោះវៀនជ្រូកមួយ រឿងជាយកាយពន្ធរេច ទ្រង់អនុញ្ញាតកាយពន្ធ មានសណ្ឋានដូចខ្សែរិតសម្ភោរ និងមានសណ្ឋានដូចសង្វារ រឿងរឹមកាយពន្ធរេច ទ្រង់អនុញ្ញាតឲ្យដេរលិន និងដេរឲ្យមានអាការដូចកួផ្លែស្កួច រឿងអន្ទាក់កាយពន្ធរេច និងរឿងភិក្ខុប្រើឡេវក្ឌុំខ្ពស់ និងទាប១ រឿងភិក្ខុដេរទ្រនាប់ឡេវ ទ្រនាប់អន្ទាក់ ក្នុងទីបំផុតនៃចីវរ ទ្រង់អនុញ្ញាតឲ្យដាក់ទ្រនាប់អន្ទាក់លូកចូលទៅខាងក្នុង១ រឿងភិក្ខុស្លៀកស្បង់ដូចគ្រហស្ថ ស្លៀកស្បង់ស្លុយមុខ ដូចប្រមោយដំរី ស្លៀកមានសណ្ឋានដូចកន្ទុយត្រី ស្លៀកបន្លិចជ្រុងស្បង់ទាំង៤ ឲ្យប្រាកដ ស្លៀកដោយអាការដូចកំពូលត្នោត ស្លៀកអង្កាញ់ឲ្យមានផ្នត់ច្រើន ដណ្តប់ដូចគ្រហស្ថ និងស្លៀកចងក្បិន១ រឿងភិក្ខុរែក១ រឿងភិក្ខុមិនទំពាឈើស្ទន់ ភិក្ខុគោះសាមណេរដោយឈើស្ទន់ ភិក្ខុទំពាឈើស្ទន់ខ្លីពេក ឈើស្ទន់ក៏របូតចូលក្នុងបំពង់ក១ រឿងភិក្ខុដុតព្រៃ ភិក្ខុរង្កៀសនឹងការដុតភ្លើងតទល់ ភិក្ខុរត់ឡើងដើមឈើ ព្រោះដំរីដេញ១ រឿងភិក្ខុទូលសូមសូត្រពុទ្ធវចនៈ ជាភាសាសំស្ក្រឹត ភិក្ខុរៀនទាំងបង្រៀនគម្ពីរលោកាយតៈ និងភិក្ខុរៀនតិរច្ឆានវិជ្ជា១ រឿងព្រះអង្គកណ្តាស រឿងអនុញ្ញាតឲ្យភិក្ខុឆ្លើយតបដើម្បីមង្គល រឿងភិក្ខុឆាន់ខ្ទឹម១ រឿងព្រះសារីបុត្រអាពាធដោយខ្យល់១ រឿងភិក្ខុបន្ទោបង់បស្សាវៈ ក្នុងអារាមៗ ក៏មិនស្អាត អារាមមានក្លិនអាក្រក់ ភិក្ខុលំបាកនឹងអង្គុយបន្ទោបង់បស្សាវៈ ទ្រង់អនុញ្ញាតទ្រនាប់ជើង សម្រាប់បន្ទោបង់បស្សាវៈ ភិក្ខុអៀនខ្មាសនឹងបន្ទោបង់បស្សាវៈ ឆ្នាំងបស្សាវៈមិនមានគ្រប មានក្លិនអាក្រក់ ភិក្ខុបន្ទោបង់វច្ចៈ ក្នុងទីពីសពាស អារាមមានក្លិនអាក្រក់ អនុញ្ញាតឲ្យធ្វើរណ្តៅវច្ចៈ១ រឿងមាត់រណ្តៅបាក់រលុះ ទ្រង់អនុញ្ញាតឲ្យធ្វើទីដីឲ្យខ្ពស់ឡើង មួយអន្លើដោយខឿន៣យ៉ាង និងជណ្តើរ បង្កាន់ដៃជណ្តើរ ពួកភិក្ខុអង្គុយបន្ទោបង់វច្ចៈ ក្នុងទីបំផុត ក៏ធ្លាក់ចុះ ភិក្ខុលំបាកនឹងអង្គុយបន្ទោបង់វច្ចៈ ទ្រង់អនុញ្ញាតទ្រនាប់ជើង សម្រាប់បន្ទោបង់វច្ចៈ ពួកភិក្ខុបន្ទោបង់បស្សាវៈខាងក្រៅ ទ្រង់អនុញ្ញាតស្នូកបស្សាវៈ ទ្រង់អនុញ្ញាតឈើខ្នៀស និងត្រកសម្រាប់ដាក់ឈើខ្នៀស រណ្តៅវច្ចៈមិនមានគ្រប១ រឿងអនុញ្ញាតវច្ចកុដិ និងសន្ទះទ្វារ ក្របទ្វារ ក្បាល (ដំណាប់ក្រោម) អន្ទាក់លើ (ដំណាប់លើ) សសរទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ ទ្រង់អនុញ្ញាតឲ្យបូក លាបវច្ចកុដិ ទាំងខាងក្នុង ទាំងខាងក្រៅ និងថ្នាំមានពណ៌ស ពណ៌ខ្មៅ ក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់ប្រាំ ស្នួរចីវរ ខ្សែស្បៀង១ រឿងភិក្ខុមានកំលាំងថយដោយជរា អនុញ្ញាតកំពែង៣យ៉ាង អនុញ្ញាតបន្ទប់ទឹក និងកំពែងដូច្នោះ អនុញ្ញាតឲ្យរោយក្រួសរវាន អនុញ្ញាតឲ្យក្រាលកម្រាលថ្ម១ រឿងទឹកដក់នៅក្នុងបន្ទប់នោះ ទ្រង់អនុញ្ញាតទទឹក អនុញ្ញាតឆ្នាំងសម្រាប់ដាក់ទឹកជម្រះ អនុញ្ញាតផ្តិលសម្រាប់ជម្រះ ភិក្ខុលំបាកនឹងអង្គុយជម្រះ ភិក្ខុអៀនខ្មាសនឹងជម្រះ ទ្រង់អនុញ្ញាតគ្រប១ រឿងភិក្ខុប្រព្រឹត្តអនាចារ១។ រឿងអនុញ្ញាតលោហភណ្ឌ លើកលែងតែលោហភណ្ឌ ដែលជាគ្រឿងប្រហារទាំងពួង១។ រឿងព្រះមហាមុនី ទ្រង់អនុញ្ញាតគ្រែ វៀរលែងតែអាសន្ទិ ព្រះមហាមុនី ទ្រង់អនុញ្ញាតគ្រឿងឈើទាំងអស់ វៀរលែងតែបាត្រឈើ និងទ្រនាប់ជើងឈើ១។ រឿងព្រះតថាគត មានសេចក្តីអនុគ្រោះ ទ្រង់អនុញ្ញាតគ្រឿងដីទាំងពួង វៀរលែងតែទ្រនាប់សម្រាប់ជូតជើង ដែលគេធ្វើមានពកឡើង និងកុដិធ្វើដោយដីសុទ្ធ១។ កិរិយាសំដែងចេញនូវវត្ថុណា វត្ថុនោះដូចគ្នានឹងវត្ថុមុនដដែល យើងបានពោលទុកដោយសង្ខេបក្នុងឧទ្ទាន អ្នកប្រាជ្ញគប្បីដឹងនូវវត្ថុនោះ តាមន័យ (សមគួរចុះ)។ អ្នកប្រាជ្ញ ជាវិន័យធរ មានចិត្តប្រកបដោយប្រយោជន៍ មានសីលជាទីស្រឡាញ់ដោយប្រពៃ អ្នកធ្វើនូវប្រទីប គឺព្រះសទ្ធម្ម គួរដល់ការបូជា ជាពហុស្សូត ជាអ្នកញុំាងព្រះសទ្ធម្ម ឲ្យតាំងនៅមាំផង ជាអ្នកអនុគ្រោះ ដល់ភិក្ខុមានសីលជាទីស្រឡាញ់ទាំងឡាយផង បានសិក្សាហើយដោយប្រពៃ នូវវត្ថុមានចំនួន១១០ ក្នុងខុទ្ទកវត្ថុក្ខន្ធកៈ ក្នុងព្រះវិន័យ ដោយប្រការដូច្នេះហោង។
(១. បឋមភាណវារោ)
(វិហារានុជាននំ)
[៣០៨] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ មិនទាន់បានបញ្ញត្តសេនាសនៈ ដល់ពួកភិក្ខុនៅឡើយ។ ភិក្ខុទាំងនោះ ក៏នៅក្នុងទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើង។ លុះព្រលឹមឡើង ភិក្ខុទាំងនោះ ដើរចេញអំពីទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើង សឹងមានចក្ខុសំឡឹងចុះ បរិបូណ៌ដោយឥរិយាបថ គឺឈានទៅមុខ ថយក្រោយ ក្រឡេកស្តាំ ក្រឡេកឆ្វេង បត់ចូល លាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា។
[៣០៩] គ្រានោះឯង រាជគហសេដ្ឋី បានទៅឱទ្យានអំពីព្រលឹម។ រាជគហសេដ្ឋី ក៏បានឃើញភិក្ខុទាំងនោះ កំពុងនិមន្តចេញពីទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គូហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចម្បើងអំពីព្រលឹមដែរ សឹងមានចក្ខុសំឡឹងចុះ បរិបូណ៌ដោយឥរិយាបថ គឺឈានទៅមុខ ថយក្រោយ ក្រឡេកស្តាំ ក្រឡេកឆ្វេង បត់ចូល លាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា។ លុះរាជគហសេដ្ឋីនោះឃើញហើយ ក៏មានចិត្តជ្រះថ្លា។ លំដាប់នោះ រាជគហសេដ្ឋី ក៏ដើរចូលទៅរកពួកភិក្ខុនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងភិក្ខុទាំងនោះថា បពិត្រលោកទាំងឡាយដ៏ចំរើន ប្រសិនបើខ្ញុំព្រះករុណាឲ្យគេធ្វើវិហារ74) (ប្រគេន) តើលោកម្ចាស់ទាំងឡាយ នឹងនៅក្នុងវិហាររបស់ខ្ញុំព្រះករុណាឬទេ។ ភិក្ខុទាំងនោះឆ្លើយថា ម្នាលគហបតិ ព្រះមានព្រះភាគមិនទាន់បានអនុញ្ញាតវិហារទេ។ រាជគហសេដ្ឋីឆ្លើយថា បពិត្រលោកទាំងឡាយដ៏ចំរើន បើដូច្នោះ សូមលោកម្ចាស់ ក្រាបបង្គំទូលសួរ ចំពោះព្រះមានព្រះភាគ (អំពីរឿងវិហារនោះ) ហើយមេត្តាប្រាប់ដល់ខ្ញុំព្រះករុណាផង។ ភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យរាជគហសេដ្ឋី ដោយពាក្យថា យ៉ាងហ្នឹងហើយ គហបតិ រួចក៏ចូលទៅកាន់ទី ដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន រាជគហសេដ្ឋី មានសេចក្តីប្រាថ្នានឹងឲ្យគេធ្វើវិហារ បពិត្រព្រះអង្គដ៏ចំរើន តើយើងខ្ញុំគប្បីប្រតិបត្តិដូចម្តេច។
[៣១០] ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសេនាសនៈ៥យ៉ាង គឺវិហារ75) ១ អឌ្ឍយោគ76) ១ ប្រាសាទ77) ១ ហម្មិយៈ78) ១ គុហា79) ១។
[៣១១] គ្រានោះ ពួកភិក្ខុនោះ ចូលទៅរករាជគហសេដ្ឋី លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងរាជគហសេដ្ឋីថា ម្នាលគហបតិ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតវិហារហើយ ឥឡូវនេះ អ្នកយល់ថាកាលណាគួរ (ក៏គប្បីធ្វើចុះ)។ គ្រានោះ រាជគហសេដ្ឋី ឲ្យគេសាងវិហារចំនួន៦០ តែមួយថ្ងៃគត់ ក៏ហើយជាស្រេច។ រាជគហសេដ្ឋី ឲ្យគេសាងវិហារ៦០ រួចស្រេចហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ រាជគហសេដ្ឋី លុះអង្គុយក្នុងទីសមគួរហើយ បានក្រាបទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីធ្វើភត្តកិច្ច ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាណ។ គ្រានោះ រាជគហសេដ្ឋី ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ គ្រាកាលកន្លងរាត្រីនោះទៅ រាជគហសេដ្ឋី ក៏ឲ្យតាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម ហើយឲ្យទៅក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលាគួរហើយ ភត្តសម្រេចហើយ។
[៣១២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយទ្រង់យាងទៅកាន់លំនៅនៃរាជគហសេដ្ឋី លុះយាងទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាល (បម្រុងទុក) មួយអន្លើ ដោយភិក្ខុសង្ឃ។ ឯរាជគហសេដ្ឋី បានអង្គាសខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសារដោយដៃខ្លួនឯង ថ្វាយចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ (សេដ្ឋីនោះ) ក៏អង្គុយក្នុងទីសមគួរ។ រាជគហសេដ្ឋី លុះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយបុណ្យ និងឋានសួគ៌ បានសាងវិហារទាំង៦០នុ៎ះស្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងប្រតិបត្តិក្នុងវិហារទាំងនោះដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ អ្នកចូរប្រតិស្ឋានវិហារទាំង៦០នោះ សម្រាប់សង្ឃ ដែលមកហើយ និងមិនទាន់មក អំពីទិសទាំង៤ចុះ។ រាជគហសេដ្ឋី ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ប្រតិស្ឋានវិហារទាំង៦០នោះ ដើម្បីសង្ឃ ដែលមកហើយ ទាំងមិនទាន់មក អំពីទិសទាំង៤។ ទើបព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះរាជគហសេដ្ឋី ដោយគាថាទាំងឡាយនេះថា
[៣១៣] (វិហារ គឺទីអាវាស ឬសេនាសនៈ ជាទីនៅនៃសង្ឃទាំងឡាយ) រមែងការពាររងាផង ក្តៅផង ម្រឹគសាហាវទាំងឡាយផង ពស់តូច និងពស់ធំទាំងឡាយផង មូសទាំងឡាយផង ត្រជាក់ទាំងឡាយផង គ្រាប់ភ្លៀងទាំងឡាយផង ខ្យល់ និងកំដៅថ្ងៃដ៏ក្លាខ្លំាង ដែលកើតឡើងហើយ រមែងបាត់ទៅវិញ ព្រោះវិហារនោះៗ។ វិហារទាន គឺការឲ្យលំនៅ (ដែលបុគ្គលបានឲ្យហើយ) ដល់សង្ឃ ដើម្បីជាទីជ្រកកោនផង ដើម្បីនៅជាសុខផង ដើម្បីដុតបាបធម៌ផង ដើម្បីចំរើនវិបស្សនាផង ព្រះពុទ្ធទាំងឡាយ តែងសរសើរ ថាជាទានដ៏ប្រសើរ។ ព្រោះហេតុនោះឯង បុរស (ស្ត្រី) ជាបណ្ឌិត កាលបើបានឃើញច្បាស់ នូវប្រយោជន៍របស់ខ្លួន ក៏គួរកសាងព្រះវិហារ គឺអាវាស ឬសេនាសនៈទាំងឡាយ ដ៏ជាទីគួររីករាយ ហើយគួរនិមន្តលោក ដែលជាពហុស្សូត80) គឺលោកអ្នកចេះដឹងច្រើនទាំងឡាយ ឲ្យនៅក្នុងទីនោះ។ គួរមានចិត្តជ្រះថ្លាចំពោះលោកទាំងឡាយ ដែលមានចិត្តត្រង់ ហើយប្រគេនបាយ ទឹក សំពត់ និងសេនាសនៈទាំងឡាយ ដល់លោកទាំងនោះចុះ។ លោកទាំងនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់ ឲ្យឃ្លាតចាកទុក្ខគ្រប់ប្រការ ដល់អ្នកនោះ លុះអ្នកនោះបានដឹងធម៌ណា ក្នុងព្រះពុទ្ធសាសនានេះហើយ ក៏ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។ កាលដែលព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះរាជគហសេដ្ឋី ដោយគាថាទាំងឡាយនេះហើយ ទើបទ្រង់ក្រោកចាកអាសនៈ យាងចៀសចេញទៅ។
[៣១៤] មនុស្សទាំងឡាយបានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតវិហារហើយ។ មនុស្សទាំងនោះ ក៏យកចិត្តទុកដាក់ នាំគ្នាកសាងវិហារ។ វិហារទាំងនោះ មិនទាន់មានសន្ទះទ្វារនៅឡើយ។ ពស់ និងខ្ទួយខ្លះ ក្អែបខ្លះ ក៏តែងចូលទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមានសន្ទះទ្វារ។ ពួកភិក្ខុធ្វើប្រហោងជញ្ជាំង ហើយចងសន្ទះទ្វារដោយវល្លិខ្លះ ដោយខ្សែខ្លះ។ កណ្តុរខ្លះ កណ្តៀរខ្លះ ក៏ចេះតែកោរកាត់។ ចំណងដែលសត្វកាត់ហើយ សន្ទះទ្វារ ក៏ធ្លាក់ចុះមក។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ក្របទ្វារ ដំណាប់ក្រោម និងដំណាប់លើ។ សន្ទះទ្វារទាំងឡាយ មិនជិតស្និទ្ធល្អ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ប្រហោងសម្រាប់ដាក់ខ្សែទាញ និងខ្សែសម្រាប់ទាញ។ ភិក្ខុបិទសន្ទះទ្វារ មិនកើត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) មេទ្វារ ត្រដោកទ្វារ រនុកទ្វារ និងគន្លឹះទ្វារខាងលើ។
[៣១៥] សម័យនោះ ពួកភិក្ខុបិទសន្ទះទ្វារមិនកើត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ប្រហោងសោ និងសោ៣យ៉ាង គឺ សោធ្វើដោយលោហជាតិ១ សោធ្វើដោយឈើ១ សោធ្វើដោយស្នែង១។ ភិក្ខុទាំងឡាយណាបើកទ្វារចូលទៅ។ (ភិក្ខុទាំងនោះ) មិនបានបិទវិហារទៅវិញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) គ្រឿងយន្ត និងគន្លឹះ។
[៣១៦] សម័យនោះឯង វិហារប្រក់ស្មៅ រដូវរងាក៏រងាណាស់ រដូវក្តៅ ក៏ក្តៅណាស់។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអប ឬឲ្យគាបដម្បូល ហើយបូកលាបខាងក្នុង និងខាងក្រៅ។
[៣១៧] សម័យនោះឯង វិហារមិនទាន់មានបង្អួចនៅឡើយ ទៅជាងងឹត មើលអ្វីមិនឃើញ ទាំងធំក្លិនស្អុយ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត បង្អួច៣យ៉ាង គឺបង្អួចមានវេទី81) (ដូចវេទីចេតិយ)១ បង្អួចដែលគេចង ឲ្យមានសណ្ឋានដូចក្រឡាសំណាញ់១ បង្អួចមានឈើចំរឹង១។ សត្វកង្ហែនខ្លះ ប្រចៀវខ្លះ ចូលទៅតាមចន្លោះបង្អួចបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរនាំងបង្អួច។ សត្វកង្ហែនខ្លះ ប្រចៀវខ្លះ ក៏ចូលទៅតាមចន្លោះរនាំង (នោះទៀត)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះបង្អួច ឬរនាំងពូកបង្អួច។
[៣១៨] សម័យនោះឯង ពួកភិក្ខុដេកផ្ទាល់នឹងផែនដី។ ខ្លួន និងចីវររបស់ភិក្ខុប្រឡាក់ដោយអាចម៍ដី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកម្រាលធ្វើដោយស្មៅ។ សត្វកណ្តុរ និងកណ្តៀរ តែងកាត់កម្រាលស្មៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទះក្តារសម្រាប់ដេក។ ពួកភិក្ខុឈឺខ្លួន ព្រោះដេកលើបន្ទះក្តារ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែផ្តៅ។
(មញ្ចបីឋាទិអនុជាននំ)
[៣១៩] សម័យនោះឯង គ្រែដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ ដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង។ (តមកទៀត) មានតាំងដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង កើតឡើង(ដល់សង្ឃ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលមានមេ គេបញ្ចូលទៅក្នុងដំណាប់ជើង។
[៣២០] សម័យនោះឯង គ្រែដែលគេបង្ខាំជើង ដោយមេគ្រែ ចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ ដែលគេបង្ខាំជើងដោយមេគ្រែ។ (តមកទៀត) តាំងដែលគេបង្ខាំជើង ដោយមេតាំង កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលគេបង្ខាំជើងជាប់នឹងមេតាំង។
[៣២១] សម័យនោះឯង គ្រែមានជើងដូចជើងក្តាម82) ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត គ្រែមានជើងដូចជើងក្តាម។ (តមកទៀត) តាំងមានជើងដូចជើងក្តាម83) កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត តាំងមានជើងដូចជើងក្តាម។
[៣២២] សម័យនោះឯង គ្រែមានជើងទល់នឹងមេ ឬគ្រែដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ ដែលគេចោលក្នុងព្រៃស្មសាន កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមានជើងទល់នឹងមេ ឬគ្រែដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ។ (តមកទៀត) តាំងមានជើងទល់នឹងមេ ឬតាំងដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង មានជើងទល់នឹងមេ ឬតាំងដែលគេបញ្ចូលជើង ទៅក្នុងដំណាប់មេ។
[៣២៣] សម័យនោះឯង តាំង៤ជ្រុងកើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង៤ជ្រុង។ (តមកទៀត) តាំង៤ជ្រុង មានជើងខ្ពស់ កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង៤ជ្រុង សូម្បីមានជើងខ្ពស់84)។ (តមកទៀត) គ្រែមានអង្គ៧ កើតឡើង(ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែ មានអង្គ៧។85) (តមកទៀត) គ្រែមានអង្គ៧ មានជើងខ្ពស់កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមានអង្គ៧ សូម្បីមានជើងខ្ពស់ក៏បាន។ (តមកទៀត) មានតាំងចាក់ផ្តៅ86) កើតឡើង(ដល់សង្ឃ)។ បេ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងចាក់ផ្តៅ។ (តមកទៀត) មានតាំងសំពត់ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងសំពត់។ (តមកទៀត) តាំងមានជើងដូចជើងពពែ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំងមានជើងដូចជើងពពែ។ (តមកទៀត) ក៏មានតាំង (មានជើងច្រើន ដែលគេប្រកបដោយ) អាការដូចជាផ្លែកន្ទួតព្រៃ កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង (មានជើងច្រើន ដែលគេប្រកបដោយ) អាការដូចជាផ្លែកន្ទួតព្រៃ។ (តមកទៀត) ផែនក្តារ ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផែនក្តារ។ (តមកទៀត) កៅអី ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកៅអី។ (តមកទៀត) តាំង ដែលធ្វើពីចំបើង ក៏កើតឡើង។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតតាំង ដែលធ្វើពីចំបើង។
[៣២៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុដេកលើគ្រែខ្ពស់។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិកបានឃើញ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំដេកលើគ្រែខ្ពស់ ភិក្ខុណាដេក ត្រូវអាបត្តិទុក្កដ។
[៣២៥] សម័យនោះឯង ភិក្ខុ១រូបដេកលើគ្រែទាប ពស់ក៏ចឹក (ភិក្ខុនោះ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់គ្រែ។
[៣២៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ទ្រនាប់គ្រែខ្ពស់។ ភិក្ខុធ្វើគ្រែឲ្យរញ្ជួយទាំងទ្រនាប់គ្រែ។ មនុស្សទាំងឡាយដើរមកកាន់វិហារចារិក បានឃើញ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ទ្រនាប់គ្រែខ្ពស់ទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទ្រនាប់គ្រែយ៉ាងខ្ពស់ត្រឹម៨ធ្នាប់។
[៣២៧] សម័យនោះឯង អម្បោះកើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកអម្បោះចងប្រទាក់គ្រែ។ ភិក្ខុចងប្រទាក់រាងគ្រែ (ទាំងនោះ) ក៏អស់អម្បោះប្រើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចោះត្រង់រាងគ្រែ ហើយចងឆ្វាក់ ជាក្រឡាចត្រង្គ។ (តមកទៀត) កំណាត់សំពត់ ក៏កើតឡើង (ដល់សង្ឃ)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទ្រនាប់។ (តមកទៀត) គ្រឿងសេនាសនៈ ដែលញាត់ដោយប៉ុយ ក៏កើតឡើង (ដល់សង្ឃ)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជជុះចេញ ហើយធ្វើជាខ្នើយបាន ឯប៉ុយមាន៣យ៉ាង គឺប៉ុយដើមឈើ១ ប៉ុយវល្លិ១ ប៉ុយស្មៅ១។
[៣២៨] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ខ្នើយពាក់កណ្តាលកាយ។ មនុស្សទាំងឡាយ ដើរទៅកាន់វិហារចារិកឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ខ្នើយពាក់កណ្តាលកាយទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើខ្នើយ ឲ្យល្មមប៉ុនក្បាល។
[៣២៩] សម័យនោះឯង មានមហោស្រពលេងលើកំពូលភ្នំ ជិតក្រុងរាជគ្រឹះ។ មនុស្សទាំងឡាយ នាំគ្នាតាក់តែងពូកជាច្រើន គឺពូកញាត់រោមកែះ ញាត់សំពត់ ញាត់សម្បកឈើ ញាត់ស្មៅ ញាត់ស្លឹកឈើ ដើម្បីប្រយោជន៍ដល់ពួកមហាមាត្យ។ លុះមហោស្រពស្ងប់ស្ងាត់ ឈប់លេងហើយ មនុស្សទាំងនោះ ក៏បកតែស្រោមពូក យកទៅ។ ពួកភិក្ខុ ក៏បានឃើញពូកទាំងឡាយ ញាត់រោមកែះខ្លះ ញាត់សំពត់ខ្លះ ញាត់សម្បកឈើខ្លះ ញាត់ស្មៅខ្លះ ញាត់ស្លឹកឈើខ្លះ ជាច្រើន ដែលគេចោលនៅទីមហោស្រព។ លុះឃើញហើយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតពូក៥យ៉ាង គឺពូកញាត់រោមកែះ១ ពូកញាត់សំពត់១ ពូកញាត់សម្បកឈើ១ ពូកញាត់ស្មៅ១ ពូកញាត់ស្លឹកឈើ១។
[៣៣០] សម័យនោះឯង មានសំពត់ជារបស់គួរប្រើប្រាស់ ក្នុងសេនាសនៈ កើតឡើងដល់សង្ឃ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុញាត់ពូកដោយសំពត់។
[៣៣១] សម័យនោះឯង ពួកភិក្ខុយកពូកសម្រាប់គ្រែ ទៅក្រាលលើតាំង យកពូកសម្រាប់តាំង ទៅក្រាលគ្រែវិញ។ ពូកទាំងឡាយ ក៏រហែកអស់។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែដែលញាត់ភ្ជាប់ និងតាំងដែលញាត់ភ្ជាប់ (ដោយគ្រឿងញាត់)។ ពួកភិក្ខុ មិនបានទ្រាប់ទ្រនាប់ពីក្រោម ហើយក៏ក្រាល។ គ្រឿងញាត់ទាំងនោះ ក៏លៀនចេញទៅខាងក្រៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទ្រាប់ នូវទ្រនាប់ រួចក្រាល ហើយសឹមញាត់ពូក។ ពួកចោរ ក៏បកតែស្រោមពូកយកទៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រស់ព្រំ។87) ពួកចោរក៏នៅតែលួចទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុគូសដោយគំនូសផ្សេងៗ។ ពួកចោរក៏នៅតែលួចយកទៀត។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុផ្តិតនឹងម្រាមដៃ។
(សេតវណ្ណាទិអនុជាននំ)
[៣៣២] សម័យនោះឯង ទីដេករបស់ពួកតិរ្ថីយ មានពណ៌ស។ ផ្ទៃលាបពណ៌ខ្មៅ។ ជញ្ជាំងលាបដោយរង់។ មនុស្សទាំងឡាយជាច្រើន (ដែលទៅដល់ទីនោះ) មៀងមើលទីដេកហើយ ទើបដើរទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបូកលាបវិហារ ឲ្យមានពណ៌ស ពណ៌ខ្មៅ និងលាបដោយរង់។
[៣៣៣] សម័យនោះឯង ពណ៌ស ដិតមិនស្មើ ព្រោះផ្ទៃជញ្ជាំងមិនស្អាត។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យពណ៌សដិតស្មើ។ ពណ៌ស ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយដីស្អិតដ៏មដ្ឋ ហើយកៀសដោយខ្នៀស ឲ្យពណ៌សដិតស្មើ។ ពណ៌ស ក៏នៅតែមិនស្អិតជាប់គ្នា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើ ឬបាយម៉ានក៏បាន។
[៣៣៤] សម័យនោះឯង ផ្ទៃជញ្ជាំងអាក្រក់ ជ័ររង់ដិតមិនស្មើ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យជ័ររង់ដិតស្មើ។ ជ័ររង់ ក៏នៅតែដិតមិនស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកដីដែលលាយដោយកុណ្ឌក ហើយកៀសដោយខ្នៀស ឲ្យជ័ររង់ដិតស្មើ។ ជ័ររង់ ក៏នៅតែដិតមិនស្មើ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យយកម្សៅគ្រាប់ស្ពៃ ឬប្រេងលាយក្រមួន។ ដំណក់ថ្នាំលាប ក៏ជោរឡើង (ហូរចៀរចេញ)។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យជូតដោយកំណាត់សំពត់ចេញ។
[៣៣៥] សម័យនោះឯង ផ្ទៃជញ្ជាំងអាក្រក់ ពណ៌ខ្មៅដិតមិនសព្វ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយអង្កាម ហើយកៀសដោយខ្នៀស ឲ្យពណ៌ខ្មៅដិតស្មើ។ ពណ៌ខ្មៅ ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលាយដីអាចម៍ជន្លេន ហើយកៀសដោយខ្នៀស ឲ្យពណ៌ខ្មៅដិតស្មើ។ ពណ៌ខ្មៅ ក៏នៅតែមិនស្អិតជាប់គ្នា។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជ័រឈើ និងទឹកចត់។88)
(បដិភានចិត្តបដិក្ខេបំ)
[៣៣៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុឲ្យគេគូរគំនូរជារូបស្រី និងរូបបុរស ក្នុងវិហារ។ មនុស្សទាំងឡាយ ដើរមកកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។ បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។ បេ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យគេគូរគំនូរ ជារូបស្រី និងរូបបុរសទេ ភិក្ខុណាឲ្យគេគូរ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគំនូរភ្ញីផ្កា និងគំនូរភ្ញីវល្លិ និងក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។
(ឥដ្ឋកាចយាទិអនុជាននំ)
[៣៣៧] សម័យនោះឯង វិហារមានទីទាប។ ទឹកក៏លិច។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនវិហារក៏រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺ ជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃ។
[៣៣៨] សម័យនោះឯង វិហារមានមនុស្សកុះករច្រើនពេក។ ពួកភិក្ខុក៏អៀនខ្មាស (មិនអាច) នឹងសិងបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) រនាំង។ ពួកមនុស្ស ក៏នៅតែបើករនាំងមើល។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជញ្ជាំងតឿ។ ពួកមនុស្ស ក៏នៅតែអើតមើលពីខាងលើជញ្ជាំងតឿទៀត។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបន្ទប់៣យ៉ាង គឺបន្ទប់មានជ្រុងបួន១ បន្ទប់មានបណ្តោយវែង១ បន្ទប់មានដម្បូលខ្ពស់១។
[៣៣៩] សម័យនោះឯង ពួកភិក្ខុធ្វើបន្ទប់ត្រង់កណ្តាលវិហារតូច។ ទីឧបចារៈមិនមាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបន្ទប់ក្នុងទីសមគួរ ក្នុងវិហារតូច ឲ្យធ្វើបន្ទប់ត្រង់កណ្តាលវិហារធំបាន។
[៣៤០] សម័យនោះឯង ជើងជញ្ជាំងវិហារ ក៏ពុកផុយទៅ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទ្រនាប់ជើងជញ្ជាំង។ ភ្លៀងក៏សាចមកត្រូវជញ្ជាំងវិហារ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រដឹសសម្រាប់ការពារភ្លៀង ហើយលាបដីស្អិត។89)
[៣៤១] សម័យនោះឯង មានពស់ធ្លាក់ពីដម្បូលស្មៅ មកលើ-ក-ភិក្ខុ១រូប។ ភិក្ខុនោះខ្លាច ក៏ស្រែកភ្លាត់សំឡេង។ ភិក្ខុទាំងឡាយ ក៏ស្ទុះទៅសួរភិក្ខុនោះដូច្នេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជាលោកស្រែកភ្លាត់សំឡេងដល់ម្ល៉េះ។ ទើបភិក្ខុនោះ បានប្រាប់សេចក្តីនុ៎ះ ដល់ពួកភិក្ខុ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ពិតានឡើង។
[៣៤២] សម័យនោះឯង ពួកភិក្ខុព្យួរថង់នឹងជើងគ្រែខ្លះ នឹងជើងតាំងខ្លះ។ អស់ទាំងសត្វកណ្តុរ និងកណ្តៀរ កាត់ដាច់ដាចអស់។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ចំរឹងជញ្ជាំង និងដៃកែវ។
[៣៤៣] សម័យនោះឯង ពួកភិក្ខុទុកចីវរលើគ្រែខ្លះ លើតាំងខ្លះ។ ចីវរក៏ធ្លុះធ្លាយអស់។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស្នួរចីវរ និងខ្សែស្បៀងទុកក្នុងវិហារ។
[៣៤៤] សម័យនោះឯង វិហារនៅមិនទាន់មានរបៀង ឥតមានទីញកជ្រកកោនបាន។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយ៉មុខ ជើងជញ្ជាំង ឬធរណីបាំងសាចជុំវិញ និងហោណាំង។ យ៉មុខ ក៏នៅវាល (ឥតមានវត្ថុអ្វីបិទបាំង)។ ពួកភិក្ខុ អ្នកមានអៀនខ្មាស (មិនអាច) នឹងសិងបាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតរនាំងព្រួល សម្រាប់រូតចុះឡើង នឹងឡប់ឡែ។
(ឧបដ្ឋានសាលាអនុជាននំ)
[៣៤៥] សម័យនោះឯង ពួកភិក្ខុធ្វើនូវការឆាន់អាហារ ក្នុងទីវាល លំបាកដោយត្រជាក់ខ្លះ ក្តៅខ្លះ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបដ្ឋានសាលា90) ឧបដ្ឋានសាលា ក៏មានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនសាលានោះ ក៏រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើងទៅតាមខឿននោះក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងតាមជណ្តើរនោះ ក៏ធ្លាក់មកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងឧបដ្ឋានសាលា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូលហើយលាប ទាំងខាងក្នុង ខាងក្រៅ ហើយបរិកម្មឲ្យមានពណ៌ស ពណ៌ខ្មៅ ពណ៌រង់ គូរគំនូរភ្ញីផ្កា គំនូរភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។
[៣៤៦] សម័យនោះឯង ពួកភិក្ខុហាលចីវរលើដីក្នុងទីវាល។ ចីវរក៏ប្រឡាក់អាចម៍ដី។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើស្នួរចីវរ និងខ្សែស្បៀងក្នុងទីវាល។ បេ។ ទឹកសម្រាប់ឆាន់ក៏ក្តៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងសម្រាប់ដាក់ទឹកឆាន់ និងបារាំងសម្រាប់ដាក់ទឹកឆាន់។ រោងសម្រាប់ដាក់ទឹកឆាន់នោះ ក៏មានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿនរោងនោះ ក៏រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើងទៅតាមខឿននោះ ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងតាមជណ្តើរនោះ ក៏ធ្លាក់មកវិញ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងរោងសម្រាប់ដាក់ទឹកឆាន់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយឲ្យលាប ទាំងខាងក្នុង ខាងក្រៅ បរិកម្មឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ គូរគំនូរភ្ញីផ្កា គំនូរភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។ (គ្រានោះ) ភាជន៍សម្រាប់ដាក់ទឹកឆាន់មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតស័ង្ខសម្រាប់ដាក់ទឹកឆាន់ និងផ្តឹលទឹក។
(បាការាទិអនុជាននំ អារាមបរិក្ខេបអនុជាននំ)
[៣៤៧] សម័យនោះឯង វិហារមិនមានគ្រឿងបិទបាំង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំង ដោយកំពែង៣យ៉ាង គឺ កំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ បន្ទប់ទឹកមិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបន្ទប់ទឹក។ បន្ទប់ទឹកមានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ សន្ទះទ្វារបន្ទប់ ក៏មិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ដំណាប់ក្រោម ដំណាប់លើ មេទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារខាងលើ ប្រហោងសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងបន្ទប់។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយធ្វើប្រដឹស ហើយលាប ទាំងខាងក្នុង ខាងក្រៅ លាបឲ្យមានពណ៌ស ពណ៌ខ្មៅ បរិកម្មដោយរង់ ធ្វើជាក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥។
[៣៤៨] សម័យនោះឯង ទីបរិវេណ មានភក់ជ្រាំ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យចាក់ក្រាលក្រួសរវាន (នៅទីនោះ)។ ក្រួសរវាន ក៏មិនបានរាបស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលថ្ម។ ទឹកក៏ដក់នៅ (លើថ្មនោះ)។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតប្រឡាយទឹក។
[៣៤៩] សម័យនោះឯង ភិក្ខុនាំគ្នាធ្វើចង្ក្រានត្រង់ទីនោះៗ ក្នុងបរិវេណ។ ទីបរិវេណ ក៏ខ្ជាំដោយសម្រាម។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងភ្លើង ក្នុងទីដ៏សមគួរ។ រោងភ្លើងមានទីទាប។ ទឹកក៏លិច។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីឲ្យខ្ពស់ឡើង។ ខឿន (រោងភ្លើងនោះ) រលំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកខឿន៣យ៉ាង គឺខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុ ឡើង (តាមខឿននោះទៅ) ក៏លំបាក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជណ្តើរ ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុឡើងទៅ (តាមជណ្តើរ) ក៏ធ្លាក់ចុះមក។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបង្កាន់ដៃឡើង។ សន្ទះទ្វារនៃរោងភ្លើង នៅមិនទាន់មាន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ដំណាប់ក្រោម ដំណាប់លើ មេទ្វារ ត្រដោកទ្វារ គន្លឹះទ្វារខាងលើ ប្រហោងសោ ប្រហោងសម្រាប់ដាក់ខ្សែទាញ និងខ្សែទាញ។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងរោងភ្លើង។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ហើយធ្វើប្រដឹស លាបទាំងខាងក្នុង ខាងក្រៅ ធ្វើឲ្យមានពណ៌ស ពណ៌ខ្មៅ លាបដោយរង្គ ធ្វើជាក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ ក្បាច់មានស្រទាប់៥ ស្នួរចីវរ និងខ្សែស្បៀង។ អារាម នៅមិនទាន់មានរបង។ ពួកសត្វពពែ និងសត្វចិញ្ចឹម (ឯទៀតៗ) តែងចូលទៅបៀតបៀនដំណាំ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបិទបាំងរបង៣យ៉ាង គឺរបងឫស្សី១ របងបន្លា១ និងស្នាមភ្លោះ១។ ខ្លោងទ្វារនៅមិនទាន់មាន។ ពួកសត្វពពែ និងសត្វចិញ្ចឹម (ឯទៀតៗ) នៅតែចូលទៅបៀតបៀនដំណាំបានដដែល។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្លោងទ្វារ ទ្វារគាបបន្លា91) សន្ទះទ្វារទាំងគូ របងសសរ និងទ្វារជើងគុល។ កំទេចស្មៅ ក៏ធ្លាក់រោយរាយចុះមក ក្នុងខ្លោងទ្វារ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យគាបដម្បូល ធ្វើប្រដឹស ហើយលាប ទាំងខាងក្នុង ខាងក្រៅ លាបឲ្យមានពណ៌ស ពណ៌ខ្មៅ លាបដោយរង្គ ធ្វើក្បាច់ភ្ញីផ្កា ក្បាច់ភ្ញីវល្លិ ក្បាច់ធ្មេញមករ និងក្បាច់មានស្រទាប់៥។ អារាម ក៏មានភក់ជ្រាំ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលក្រួសរវាន។ ក្រួសនោះ ក៏មិនបានរាបស្មើ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលថ្ម។ ទឹកក៏ដក់នៅ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក។
[៣៥០] សម័យនោះឯង ព្រះបាទពិម្ពិសារមាគធសេនិយរាជ ទ្រង់មានបំណងឲ្យគេសាងប្រាសាទ លាបដោយបាយអ ដើម្បីប្រយោជន៍ដល់សង្ឃ។ វេលានោះ ពួកភិក្ខុ មានសេចក្តីត្រិះរិះថា គ្រឿងសម្រាប់ប្រក់ ព្រះមានព្រះភាគ បានអនុញ្ញាតហើយឬ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រឿងប្រក់៥យ៉ាង គឺប្រក់ដោយឥដ្ឋ១ ប្រក់ដោយថ្ម១ ប្រក់ដោយបាយអ១ ប្រក់ដោយស្មៅ១ ប្រក់ដោយស្លឹកឈើ១។
ចប់ភាណវារៈ ជាបឋម។
(អនាថបិណ្ឌិកវត្ថុ)
[៣៥១] សម័យនោះឯង អនាថបិណ្ឌិកគហបតិ ជាប្តីប្អូនស្រីរបស់រាជគហសេដ្ឋី គឺជាប្អូនថ្លៃរាជគហសេដ្ឋី។ គ្រានោះ អនាថបិណ្ឌិកគហបតិ បានទៅកាន់ក្រុងរាជគ្រឹះ ដោយកិច្ចការនីមួយ។
[៣៥២] សម័យនោះឯង រាជគហសេដ្ឋី និមន្តព្រះសង្ឃ មានព្រះពុទ្ធអង្គ ជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ឯរាជគហសេដ្ឋី ក៏បានបង្គាប់ខ្ញុំប្រុសស្រីខ្លះ និងពួកអ្នកធ្វើការឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នោះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែងសម្ល និងតាក់តែងសម្លឧត្តរិភង្គៈ (ឲ្យល្អ)។
[៣៥៣] លំដាប់នោះ អនាថបិណ្ឌិកគហបតិ មានសេចក្តីត្រិះរិះថា កាលពីដើម បើអញបានមកដល់ហើយ គហបតិនេះ ក៏រមែងតែបញ្ឈប់កិច្ចការទាំងពួង ហើយនិយាយរាក់ទាក់មកនឹងអញ ក៏ឥឡូវគហបតិនេះ ជាអ្នកតោះតើយ (បែរទៅ) បង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នោះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែងសម្ល និងតាក់តែងសម្លឧត្តរិភង្គៈ (ឲ្យល្អ) ប្រហែលជាគហបតិនេះ មានអាវាហមង្គល ឬវិវាហមង្គល ឬក៏មហាយញ្ញពិធី ឬពុំនោះ គាត់អញ្ជើញព្រះបាទពិម្ពិសារមាគធសេនិយរាជ ព្រមទាំងពួកពល ឲ្យមកទទួលក្រយាហារ ក្នុងថ្ងៃស្អែកទេដឹង។
[៣៥៤] គ្រានោះ រាជគហសេដ្ឋី បង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះរួចហើយ ទើបចូលទៅរកអនាថបិណ្ឌិកគហបតិ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ ជាមួយនឹង អនាថបិណ្ឌិកគហបតិ ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ អនាថបិណ្ឌិកគហបតិ និយាយនឹងរាជគហសេដ្ឋី ដែលអង្គុយក្នុងទីដ៏សមគួរ ដោយពាក្យដូច្នេះថា នែគហបតិ កាលពីដើម បើខ្ញុំបានមកដល់ហើយ អ្នករមែងតែបញ្ឈប់កិច្ចការទាំងពួង ហើយនិយាយរាក់ទាក់មកជាមួយនឹងខ្ញុំ ក៏ឥឡូវនេះ អ្នកធ្វើតោះតើយ បែរជាបង្គាប់ខ្ញុំប្រុសស្រីខ្លះ ពួកអ្នកធ្វើការឈ្នួលខ្លះថា នែនាយរាល់គ្នា បើដូច្នេះ ចូរអ្នករាល់គ្នាក្រោមពីព្រលឹម ហើយចំអិនបបរ ចំអិនបាយ ចាត់ចែងសម្ល និងតាក់តែងសម្លឧត្តរិភង្គៈ (ឲ្យល្អ) នែគហបតិ អាវាហមង្គល និងវិវាហមង្គល ឬមហាយញ្ញពិធី នឹងកើតមានឡើងប្រាកដដល់អ្នកឬអ្វី ឬមួយអ្នកបានអញ្ជើញព្រះបាទពិម្ពិសាមាគធសេនិយរាជ ព្រមទាំងពួកពល ឲ្យមកទទួលក្រយាហារ ក្នុងថ្ងៃស្អែក។ រាជគហសេដ្ឋី និយាយថា នែគហបតិ អាវាហមង្គល និងវិវាហមង្គលរបស់ខ្ញុំ មិនមានទេ ឬមួយខ្ញុំអញ្ជើញព្រះបាទពិម្ពិសាមាគធសេនិយរាជ ព្រមទាំងពួកពល ឲ្យមកទទួលក្រយាហារ ក្នុងថ្ងៃស្អែកនេះក៏ទេដែរ ខ្ញុំមានតែមហាយញ្ញពិធីមែន គឺនិមន្តព្រះសង្ឃ មានព្រះពុទ្ធអង្គ ជាប្រធាន មកទទួលភត្តក្នុងថ្ងៃស្អែកនេះ។ អនាថបិណ្ឌិកគហបតិសួរថា នែគហបតិ អ្នកពោលថា ពុទ្ធោ ដូច្នេះឬ។ រាជគហសេដ្ឋីតបថា អើគហបតិ ខ្ញុំពោលថា ពុទ្ធោ ដូច្នេះមែន។ អនាថបិណ្ឌិកគហបតិ សួរទៀតថា នែគហបតិ អ្នកពោលថា ពុទ្ធោ ដូច្នេះឬ។ រាជគហសេដ្ឋីតបថា អើគហបតិ ខ្ញុំពោលថា ពុទ្ធោ ដូច្នេះមែន។ អនាថបិណ្ឌិកគហបតិ សួរទៀតថា នែគហបតិ អ្នកពោលថា ពុទ្ធោ ដូច្នេះឬ។ រាជគហសេដ្ឋីតបថា អើគហបតិ ខ្ញុំពោលថា ពុទ្ធោ ដូច្នេះមែន។ អនាថបិណ្ឌិកគហបតិ ពោលទៀតថា អើគហបតិ សម្លេងគឹកកងថា ពុទ្ធោ ដូច្នេះនេះ ជាសម្លេងដែលគេរកបានដោយកម្រក្នុងលោក ម្នាលគហបតិ តើខ្ញុំនឹងអាចចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទាន់ក្នុងពេលនេះបានដែរឬ។ រាជគហសេដ្ឋីតបថា ម្នាលគហបតិ កាលនេះ ជាកាលមិនគួរ ដើម្បីនឹងចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះទាន់ក្នុងពេលនេះទេ ចាំដល់វេលាថ្ងៃស្អែក សឹមអ្នកចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទើបគួរ។
[៣៥៥] គ្រានោះ អនាថបិណ្ឌិកគហបតិគិតថា ឥឡូវនេះ វេលាថ្ងៃ ស្អែកនេះ អញនឹងចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទើបគួរ គិតហើយ ក៏ដំកល់ស្មារតី ចំពោះទៅរកព្រះពុទ្ធជាអារម្មណ៍ ហើយក៏ដេកទៅ ក៏ក្នុងវេលាយប់ (នោះ) អនាថបិណ្ឌិកគហបតិ ស្មានថាភ្លឺហើយ ក៏ក្រោកឡើង៣ដង។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅកាន់ទ្វារសីតវន (ព្រៃត្រជាក់)។ ពួកអមនុស្ស92) ក៏នាំគ្នាបើកទ្វារឲ្យ។ កាលអនាថបិណ្ឌិកគហបតិ ចេញផុតអំពីនគរហើយ ពន្លឺក៏បាត់ទៅវិញ។ ស្រាប់តែមានងងឹតកើតឡើង។ ភ័យ សេចក្តីតក់ស្លុត និងព្រឺរោមក៏កើតឡើង។ អនាថបិណ្ឌិកគហបតិ ចង់ត្រឡប់អំពីទីនោះមកវិញ។
[៣៥៦] គ្រានោះ សីវកយក្ស ដែលបាត់ទៅ ក៏បញ្ចេញសម្លេងឡើងថា ដំរី១សែន សេះ១សែន រថទឹមដោយមេសេះអស្សតរ១សែន ស្រីជំទង់ ដែលប្រដាប់ដោយកុណ្ឌល ជាវិការៈ នៃកែវមណី១សែន ក៏មិនដល់មួយចំណិត នៃការឈានទៅ១ជំហាន ដែលបណ្ឌិតចែកឲ្យជាចំណែក១៦ អស់វារៈ១៦ដងទេ។ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ការឈានដើរទៅរបស់អ្នក ប្រសើរណាស់ ការត្រឡប់ទៅវិញ មិនប្រសើរទេ។
[៣៥៧] លំដាប់នោះ អនាថបិណ្ឌិកគហបតិ ក៏បាត់ងងឹតទៅវិញ។ ពន្លឺភ្លឺ ក៏កើតប្រាកដឡើង។ ភ័យ សេចក្តីតក់ស្លុត ព្រឺរោមនោះឯង ក៏រម្ងាប់បាត់ទៅ។ អនាថបិណ្ឌិកគហបតិ ក៏បាត់ពន្លឺអស់វារៈពីដងផង។ បេ។ អស់វារៈបីដងផង។ ងងឹតក៏កើតប្រាកដឡើង។ ភ័យ សេចក្តីតក់ស្លុត ព្រឺរោមក៏កើតឡើង។ អនាថបិណ្ឌិកគហបតិ ចង់ត្រឡប់អំពីទីនោះមកវិញ សីវកយក្ស ដែលបាត់ទៅហើយនោះ ស្រាប់តែបញ្ចេញសម្លេងអស់វារៈ ជាគំរប់បីដងថា ដំរី១សែន សេះ១សែន រថដែលទឹមដោយមេសេះអស្សតរ១សែន ស្រីជំទង់ ដែលពាក់ដោយកុណ្ឌល ជាវិការៈ នៃកែវមណី១សែន មិនដល់ចំណិត នៃការឈានទៅ១ជំហាន ដែលបណ្ឌិតចែក ឲ្យជាចំណែក១៦ អស់វារៈ១៦ដងទេ។ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ការឈានដើរទៅរបស់អ្នក ប្រសើរណាស់ ដំណើរត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។ អនាថបិណ្ឌិកគហបតិ ក៏បាត់ងងឹតទៅវិញ អស់វារៈបីដង។ ពន្លឺក៏កើតប្រាកដឡើង។ ភ័យសេចក្តីតក់ស្លុត ព្រឺរោមនោះឯង ក៏រម្ងាប់ទៅ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅកាន់សីតវន។
[៣៥៨] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយទ្រង់ចង្ក្រមក្នុងទីវាល។ ព្រះមានព្រះភាគ ទ្រង់ទតឃើញអនាថបិណ្ឌិកគហបតិ ដើរមកពីចម្ងាយលឹមៗ លុះទ្រង់ទតឃើញហើយ ក៏ថយចុះអំពីទីចង្ក្រម ទ្រង់គង់លើអាសនៈ ដែលគេតាក់តែងថ្វាយស្រាប់។ ព្រះមានព្រះភាគ ទ្រង់គង់ហើយ ទើបមានព្រះបន្ទូលនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា ម្នាលសុទត្ត អ្នកចូរមកនេះ។ ឯអនាថបិណ្ឌិកគហបតិ មានចិត្តត្រេកអរ រីករាយ ដោយគិតថា ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលត្រាស់ហៅអាត្មាអញចំឈ្មោះ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបទៀបព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ហើយក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គទ្រង់ផ្ទុំស្កល់ស្រួលទេឬ។
[៣៥៩]
ព្រះអង្គ ទ្រង់ត្រាស់ថា បុគ្គលណាមានសេចក្តីត្រជាក់ មិនមានកិលេសគ្រឿងសៅហ្មងមិនជាប់នៅក្នុងកាមទាំងឡាយ បុគ្គលនោះ ឈ្មោះថាព្រាហ្មណ៍ អ្នកមានទុក្ខរំលត់ហើយ រមែងដេកនៅជាសុខគ្រប់កាលទាំងពួង។ (មនុស្សណា) កាត់បង់នូវសេចក្តីប្រាថ្នា ក្នុងភពទាំងពួង ហើយនាំបង់នូវសេចក្តីក្រវល់ក្រវាយ ក្នុងហឫទ័យចេញ (មនុស្សនោះ) ឈ្មោះថា ជាអ្នកស្ងប់រម្ងាប់ ដល់ហើយនូវសេចក្តីរម្ងាប់នៃចិត្ត រមែងដេកនៅជាសុខ។
[៣៦០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា ដល់អនាថបិណ្ឌិកគហបតិ។ អនុបុព្វីកថា នោះគឺអ្វីខ្លះ។ អនុបុព្វីកថានោះគឺ ទ្រង់ប្រកាសនូវទានកថា១ សីលកថា១ សគ្គកថា១ កាមាទីនវៈ ដ៏លាមកសៅហ្មង១ និងអានិសង្ស ក្នុងការចេញសាងផ្នួស១។ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អនាថបិណ្ឌិកគហបតិ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លាក្នុងពេលណា ក៏ធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសម្តែងដោយព្រះអង្គឯង ព្រះអង្គ ទ្រង់ប្រកាសនូវធម្មទេសនានោះ គឺ ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងពេលនោះ។ សំពត់ដ៏ស្អាត ដែលមិនមានពណ៌ខ្មៅ តែងទទួលយកនូវទឹកជ្រលក់ដោយប្រពៃ យ៉ាងណាមិញ ក៏ដូចជាធម្មចក្ខុ គឺសោតាបត្តិផល មានធូលីទៅប្រាសហើយ មានមន្ទិលទៅប្រាសហើយ ក៏បានកើតឡើងដល់អនាថបិណ្ឌិកគហបតិ លើអាសនៈនោះដូច្នេះថា ធម្មជាតឯណានីមួយ មានសភាពកើតឡើងហើយជាធម្មតា ធម្មជាតទាំងអស់នោះ មានសភាពរលត់ទៅវិញជាធម្មតា។
[៣៦១] គ្រានោះ អនាថបិណ្ឌិកគហបតិ បានឃើញធម៌ហើយ បានលុះធម៌ហើយ បានជ្រាបច្បាស់ធម៌ហើយ មានចិត្តចុះកាន់ធម៌ស៊ប់ហើយ ឆ្លងចាកសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា លែងជឿនូវពាក្យបុគ្គលដទៃក្នុងសាសនា របស់ព្រះសាស្តា ហើយបានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គ ទ្រង់សម្តែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនាដូចជាមនុស្ស បើកវត្ថុដែលគេផ្កាប់ ឲ្យផ្ងាឡើង ឬដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំងទុក ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវ ដល់អ្នកវង្វេង ឬដូចមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក នឹងមើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ថាជាទីពឹងទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់ហើយនូវព្រះត្រៃសរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះ ជាដើមរៀងទៅ បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត សូមព្រះមានព្រះភាគ មួយអន្លើដោយព្រះភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ គ្រានោះ អនាថបិណ្ឌិកគហបតិ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។
[៣៦២] រាជគហសេដ្ឋីបានឮថា អនាថបិណ្ឌិកគហបតិនិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែកដូច្នេះហើយ។ ចំណែកខាងរាជគហសេដ្ឋី បាននិយាយពាក្យនេះ នឹងអនាថបិណ្ឌិកគហបតិថា ម្នាលគហបតិ បានឮថា អ្នកនិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធានដោយវត្ថុសម្រាប់ចាយវាយ (ស្បៀង) ឯណា ម្នាលគហបតិ ខ្ញុំនឹងឲ្យវត្ថុសម្រាប់ចាយវាយនោះដល់អ្នក។ អនាថបិណ្ឌិកគហបតិឆ្លើយថា ម្នាលគហបតិ កុំចុះ ខ្ញុំមានវត្ថុសម្រាប់ចាយវាយ ធ្វើភត្ត ដើម្បីសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។
[៣៦៣] អ្នកនិគមក្រុងរាជគ្រឹះ បានឮដំណឹងច្បាស់ថា អនាថបិណ្ឌិកគហបតិ បាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ វេលានោះ អ្នកនិគមក្រុងរាជគ្រឹះ និយាយពាក្យនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា បពិត្រគហបតិ ឮថា អ្នកបាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយវត្ថុសម្រាប់ចាយវាយឯណា ម្នាលគហបតិ ខ្ញុំឲ្យវត្ថុសម្រាប់ចាយវាយនោះដល់អ្នក។ អនាថបិណ្ឌិកឆ្លើយថា នែអ្នក កុំចុះ ខ្ញុំមានវត្ថុសម្រាប់ចាយវាយ ធ្វើភត្ត ដើម្បីសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។
[៣៦៤] ព្រះបាទពិម្ពិសារមាគធសេនិយរាជ ជ្រាបច្បាស់ថា ឮថា អនាថបិណ្ឌិកគហបតិ បាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក។ ឯព្រះបាទពិម្ពិសារមាគធសេនិយរាជ ទ្រង់មានបន្ទូលនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា ម្នាលគហបតិ ឮថា អ្នកបាននិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក តែអ្នកជាអាគន្តុកៈ នឹងធ្វើភត្តដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយវត្ថុសម្រាប់ចាយវាយឯណា យើងនឹងឲ្យនូវវត្ថុសម្រាប់ចាយវាយនោះដល់អ្នក។ អនាថបិណ្ឌិកគហបតិក្រាបទូលតបថា បពិត្រព្រះសម្មតិទេព ពុំបាច់ទេ ខ្ញុំព្រះអង្គ មានវត្ថុសម្រាប់ចាយវាយ ធ្វើភត្ត ដើម្បីព្រះសង្ឃ មានព្រះពុទ្ធជាប្រធានហើយ។
[៣៦៥] គ្រានោះ អនាថបិណ្ឌិកគហបតិ លុះកន្លងរាត្រីនោះទៅ ក៏ឲ្យជនតាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម ក្នុងលំនៅរបស់រាជគហសេដ្ឋី ហើយឲ្យជន ក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានបុណ្យថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរ ទៅកាន់លំនៅរបស់រាជគហសេដ្ឋី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលបុគ្គលក្រាលថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ បានអង្គាសថ្វាយខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពីសា ដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែដល់លោកប្រកែក លែងទទួលទៀត លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ អនាថបិណ្ឌិកគហបតិ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលនិមន្តគង់ចាំវស្សា ក្នុងក្រុងសាវត្ថីរបស់ខ្ញុំព្រះអង្គ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ ព្រះតថាគតទាំងឡាយ រមែងត្រេកអរចំពោះក្នុងលំនៅដ៏ស្ងាត់តែម្យ៉ាង។ អនាថបិណ្ឌិកគហបតិក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គដឹងច្បាស់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គដឹងច្បាស់ហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់អនាថបិណ្ឌិកគហបតិ ឲ្យឃើញព្រម ឲ្យកាន់យកព្រម ឲ្យឧស្សាហ៍ព្រម ឲ្យរីករាយព្រម ដោយធម្មីកថា ហើយព្រះអង្គ ក្រោកចាកអាសនៈ ទ្រង់ពុទ្ធដំណើរចៀសចេញទៅ។
[៣៦៦] សម័យនោះឯង អនាថបិណ្ឌិកគហបតិ ជាបុគ្គលមានមិត្តច្រើន មានសម្លាញ់ច្រើន មានវាចាគួរឲ្យអ្នកផងកាន់យក។ ទើបអនាថបិណ្ឌិកគហបតិពិចារណា នូវកិច្ចដែលគួរធ្វើនោះ ក្នុងក្រុងរាជគ្រឹះ រួចហើយក៏ត្រឡប់មកក្រុងសាវត្ថីវិញ។ លុះដល់ពាក់កណ្តាលផ្លូវ អនាថបិណ្ឌិកគហបតិ បង្គាប់មនុស្សទាំងឡាយថា ម្នាលអ្នកទាំងឡាយ ចូរអ្នករាល់គ្នាធ្វើអារាម សាងវិហារ ផ្តើមធ្វើនូវទាន ឥឡូវនេះ ព្រះពុទ្ធត្រាស់ហើយក្នុងលោក ឯព្រះអង្គនោះសោត ខ្ញុំក៏បាននិមន្តហើយ ព្រះអង្គនឹងទ្រង់ពុទ្ធដំណើរមកតាមផ្លូវនេះ។ គ្រានោះ ពួកមនុស្សដែលអនាថបិណ្ឌិកគហបតិបញ្ជូនទៅនោះ ក៏បានធ្វើអារាម សាងវិហារ និងផ្តើមធ្វើនូវទាន។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ទៅដល់ក្រុងសាវត្ថីហើយ ក៏គយគន់មើល (កន្លែង) ក្នុងក្រុងសាវត្ថីគ្រប់អន្លើ ដោយគិតថា ព្រះមានព្រះភាគ សមនឹងគង់នៅក្នុងទីណាហ្ន៎ ទីណាមិនជិតពេក មិនឆ្ងាយពេក អំពីស្រុក ល្មមទៅ ល្មមមកបាន ល្មមពួកមនុស្សដែលត្រូវការដោយប្រយោជន៍ ងាយនឹងទៅមក ជាទីមិនច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសម្លេងតិច ឥតមានសម្លេងគឹកកង ជាទីប្រាសចាកខ្យល់បក់មកអំពីសរីរៈ នៃជនគួរជាទីធ្វើការសម្ងាត់នៃមនុស្ស និងជាទីគួរដល់វិវេកក្នុងវេលាយប់។ អនាថបិណ្ឌិកគហបតិ បានឃើញឱទ្យានរបស់រាជកុមារឈ្មោះជេត ជាទីមិនឆ្ងាយពេក មិនជិតពេក អំពីស្រុក ល្មមទៅមកបាន ល្មមពួកមនុស្ស ដែលត្រូវការដោយប្រយោជន៍ ងាយទៅមក មិនច្រឡូកច្រឡំក្នុងវេលាថ្ងៃ មានសម្លេងតិច ឥតមានសម្លេងគឹកកង ជាទីប្រាសចាកខ្យល់បក់មកអំពីសរីរៈ នៃមនុស្សគួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរដល់វិវេកក្នុងវេលាយប់ លុះឃើញហើយ ក៏ចូលទៅរកព្រះរាជកុមារឈ្មោះជេត លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះរាជកុមារឈ្មោះជេតថា បពិត្រព្រះអយ្យបុត្រ សូមព្រះអង្គប្រទានឱទ្យានមកខ្ញុំព្រះអង្គ ដើម្បីនឹងធ្វើអារាម។ ជេតរាជកុមារឆ្លើយថា ម្នាលគហបតិ អារាមខ្ញុំឲ្យ (អ្នកទទេ) មិនបានទេ លុះតែ (អ្នកឲ្យថ្លៃ) គឺក្រាលដោយកោដិនៃកហាបណៈ (ទើបឲ្យបាន)។ អនាថបិណ្ឌិកគហបតិឆ្លើយថា បពិត្រព្រះអយ្យបុត្រ អារាម ខ្ញុំព្រះអង្គមុខជានឹងយកហើយ។ ជេតរាជកុមារឆ្លើយថា ម្នាលគហបតិ អ្នកកុំអាលយកអារាម (ចាំយើងសួរពួកមហាមាត្រ អ្នកវិនិច្ឆ័យសេចក្តីសិន)។ ជេតរាជកុមារ និងអនាថបិណ្ឌិកគហបតិ ក៏សួរពួកមហាមាត្រ អ្នកវិនិច្ឆ័យសេចក្តីថា អារាម គួរឲ្យអនាថបិណ្ឌិកគហបតិយក ឬមិនឲ្យយកទេ។ ពួកមហាមាត្រពោលយ៉ាងនេះថា បពិត្រព្រះអយ្យបុត្រ ព្រះអង្គបានកាត់ថ្លៃអារាមចំនួនប៉ុន្មាន ក៏ឲ្យអនាថបិណ្ឌិកគហបតិទទួលយក ដោយថ្លៃប៉ុណ្ណោះចុះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ បានឲ្យគេផ្ទុកប្រាក់ដោយរទេះទាំងឡាយ ហើយឲ្យក្រាលតំរៀប ដោយកោដិនៃកហាបណៈ ក្នុងព្រៃរបស់ជេតរាជកុមារ។ ប្រាក់ដែលជញ្ជូនយកមកតែម្តងប៉ុណ្ណោះ មិនគ្រាន់ត្រង់ទីឱកាសបន្តិចជុំវិញខ្លោងទ្វារ។ ឯអនាថបិណ្ឌិកគហបតិ ក៏បានបង្គាប់ពួកមនុស្សថា នែនាយរាល់គ្នា ចូរអ្នកទៅនាំយកប្រាក់មកទៀត យើងនឹងក្រាលត្រង់ទីឱកាសនេះ។ គ្រានោះ ជេតរាជកុមារ មានសេចក្តីត្រិះរិះដូច្នេះថា គហបតិនេះ ចំណាយប្រាក់ច្រើនដល់ម្ល៉ោះ ចំពោះកិច្ចណា កិច្ចនោះ មិនមែនជារបស់ថោកទាបទេ។ វេលានោះ ជេតរាជកុមារ ពោលនូវពាក្យនេះ នឹងអនាថបិណ្ឌិកគហបតិថា ណ្ហើយគហបតិ អ្នកកុំឲ្យក្រាលទីឱកាសនោះឡើយ អ្នកចូរឲ្យទីឱកាសនោះដល់ខ្ញុំ ទាននុ៎ះនឹងមានដល់ខ្ញុំ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ បានថ្វាយទីឱកាសនោះ ដល់ជេតរាជកុមារ ដោយគិតថា ជេតរាជកុមារនេះ ជាមនុស្សល្បីល្បាញ មានមនុស្សស្គាល់(ច្រើន) មានឫទ្ធិច្រើន ឯសេចក្តីជ្រះថ្លាក្នុងធម្មវិន័យនេះ (នឹងមាន) ដល់ពួកមនុស្សដែលគេស្គាល់ មានសភាពយ៉ាងនេះ។ គ្រានោះ ជេតរាជកុមារ បានកសាងខ្លោងទ្វារ ក្នុងទីឱកាសនោះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ឲ្យគេធ្វើវិហារ ឲ្យគេធ្វើបរិវេណ ឲ្យធ្វើបន្ទប់ ឲ្យធ្វើឧបដ្ឋានសាលា ឲ្យធ្វើរោងភ្លើង ឲ្យធ្វើកប្បិយកុដិ ឲ្យធ្វើវច្ចកុដិ ឲ្យធ្វើទីចង្ក្រម ឲ្យធ្វើសាលាសម្រាប់ចង្ក្រម ឲ្យធ្វើអណ្តូងទឹក ឲ្យធ្វើសាលាទៀបអណ្តូងទឹក ឲ្យធ្វើរោងភ្លើង ឲ្យធ្វើសាលាទៀបរោងភ្លើង ឲ្យធ្វើស្រះបោក្ខរណី ឲ្យធ្វើមណ្ឌបក្នុងជេតវន។
(នវកម្មទានំ)
[៣៦៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងរាជគ្រឹះ គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្រុងវេសាលី ព្រះអង្គទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ដោយលំដាប់ឆ្ពោះត្រង់ទៅក្រុងវេសាលី។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ គង់នៅក្នុងកូដាគារសាលា ក្នុងព្រៃមហាវ័ន ទៀបក្រុងវេសាលីនោះ។
[៣៦៨] សម័យនោះឯង មនុស្សទាំងឡាយ កំពុងយកចិត្តទុកដាក់ធ្វើនវកម្ម គឺការងារថ្មី ក៏បានផ្គត់ផ្គង់ពួកភិក្ខុ ដែលជាអ្នករ៉ាប់រងនូវនវកម្ម ដោយចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ថ្នាំជាបច្ច័យសម្រាប់អ្នកជម្ងឺដោយគោរព។
[៣៦៩] លំដាប់នោះ មានជាងជុល ឬដេរម្នាក់ ជាអ្នកកំសត់ មានសេចក្តីត្រិះរិះដូច្នេះថា ពួកមនុស្សទាំងនេះ កំពុងយកចិត្តទុកដាក់ធ្វើនវកម្មព្រោះអំពើណា អំពើនេះ មិនមែនជារបស់ថោកទាបទេ បើដូច្នោះ គួរតែអញធ្វើនវកម្មដែរ។ ឯជាងជុល ឬដេរជាអ្នកកំសត់នោះ ជាន់ដី បោះឥដ្ឋ ហើយធ្វើជញ្ជាំងដោយខ្លួនឯង។ ជាងជុលនោះ មិនឈ្លាសរៀប ជញ្ជាំងវៀច ជញ្ជាំងក៏រលំទៅ។ ជាងជុលកំសត់នោះ ជាន់ដីឥដ្ឋ ធ្វើជញ្ជាំងដោយខ្លួនឯង។ អស់វារៈ ជាគំរប់ពីរដងផង។ បេ។ អស់វារៈ ជាគំរប់បីដងផង។ ជាងជុល មិនឈ្លាសនោះ ធ្វើជញ្ជាំងវៀច ជញ្ជាំងក៏រលំទៅ។ លំដាប់នោះ ជាងជុលកំសត់នោះ ពោលទោសតិះដៀល បន្តុះបង្អាប់ថា ជនទាំងឡាយណា ឲ្យចីវរ បិណ្ឌបាតសេនាសនៈ និងភេសជ្ជបរិក្ខារថ្នាំ ជាបច្ច័យសម្រាប់អ្នកជម្ងឺ ដល់ពួកសមណៈ ជាសក្យបុត្តិយ៍នេះ ពួកសមណសក្យបុត្តិយ៍នេះ ទូន្មានប្រៀនប្រដៅនូវជនទាំងឡាយផង រ៉ាប់រងនូវនវកម្មរបស់ជនទាំងនោះផង ចំណែកខាងអញ ជាមនុស្សកំសត់ គ្មានអ្នកណាមួយជួយទូន្មាន ប្រៀនប្រដៅ ឬរ៉ាប់រង នូវនវកម្មរបស់អញសោះឡើយ។ ពួកភិក្ខុ ក៏បានឮជាងជុលកំសត់នោះ ពោលទោស តិះដៀល បន្តុះបង្អាប់។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុ) ឲ្យនវកម្ម93) ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយនវកម្ម នឹងដល់នូវសេចក្តីខ្វល់ខ្វាយថា គិតដូចម្តេច នឹងឲ្យវិហារហើយឆាប់ នឹងជួសជុលនូវទីដែលបាក់បែកឡើងវិញបាន។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ មុនដម្បូង ត្រូវសង្ឃសូមភិក្ខុ។ លុះសូមហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីឲ្យនូវនវកម្ម ដល់ភិក្ខុមានឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃឲ្យនូវនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ ការឲ្យនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃឲ្យនវកម្ម ដល់ភិក្ខុឈ្មោះនេះ ចំពោះវិហាររបស់គហបតិឈ្មោះនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយការស្ងៀមយ៉ាងនេះ។
(អគ្គាសនាទិអនុជាននំ)
[៣៧០] គ្រានោះ ព្រះមានព្រះភាគ គង់នៅក្នុងក្រុងវេសាលី គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុជាអន្តេវាសិក របស់ពួកឆព្វគ្គិយភិក្ខុ នាំគ្នាដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ក៏ហួងហែងវិហារ ហួងហែងទីដេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង។ កាលនោះ ព្រះសារីបុត្តមានអាយុ ទៅអំពីខាងក្រោយៗសង្ឃ មានព្រះពុទ្ធជាប្រធាន កាលបើពួកអន្តេវាសិករបស់ពួកឆព្វគ្គិយភិក្ខុហួងហែងវិហារ ហួងហែងទីដេកហើយ លោក៏រកទីសំណឹងមិនបាន ទើបទៅគង់ទៀបគល់ឈើ១។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងពេលបច្ចូសសម័យនៃរាត្រី ហើយទ្រង់ក្អកគ្រហែម។ ព្រះសារីបុត្តមានអាយុ ក៏ក្អកគ្រហែមដែរ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នរណានៅក្នុងទីនុ៎ះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះសារីបុត្ត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ហេតុអ្វីក៏អ្នកមកអង្គុយក្នុងទីនេះ។ ឯព្រះសារីបុត្តមានអាយុ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
[៣៧១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរបញ្ជាក់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុជាអន្តេវាសិក របស់ពួកឆព្វគ្គិយភិក្ខុ ដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងវិហារ ហួងហែងទីដំណេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរសនោះ មិនសមបើនឹង ដើរជែងទៅខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងវិហារ ហួងហែងទីដំណេកថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង ដូច្នេះទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែនដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។ បេ។ លុះទ្រង់បន្ទោសហើយ ក៏ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដូចម្តេច គួរនឹងទទួលអាសនៈប្រសើរ94) ទឹកប្រសើរ95) និងដុំបាយប្រសើរ96) បាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាចេញអំពីខត្តិយត្រកូលមកបួស ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាចេញអំពីព្រាហ្មណត្រកូលមកបួស ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាចេញអំពីគហបតិត្រកូលមកបួស ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា រៀនគម្ពីរព្រះសូត្រ ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា ទ្រទ្រង់វិន័យ។ បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាធម្មកថិក ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណា បានបឋមជ្ឈាន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានទុតិយជ្ឈាន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានតតិយជ្ឈាន។ បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានចតុត្ថជ្ឈាន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាសោតាបន្ន ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាសកទាគាមី។ បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណា ជាអនាគាមី។ បេ។ បពិត្រព្រះមានព្រះភាគ ភិក្ខុណាជាអរហន្ត ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានវិជ្ជា៣ ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។ ពួកភិក្ខុខ្លះ កា្របបង្គំទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភិក្ខុណាបានអភិញ្ញា៦ ភិក្ខុនោះ ទើបគួរទទួលអាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរបាន។
រឿងសត្វជាសម្លាញ់គ្នា៣តួ
[៣៧២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ហេតុ (នេះ) ធ្លាប់មានមកហើយ នៅខាងហិមវន្តប្បទេស មានដើមជ្រៃធំ១ដើម។ សត្វ៣តួ គឺ ទទា១ ស្វា១ ដំរី១ ជាសំឡាញ់គ្នា តែងនៅអាស្រ័យនឹងដើមជ្រៃធំនោះ។ សត្វទាំងនោះ មិនគោរព មិនកោតក្រែង មិនប្រព្រឹត្តស្មោះស្មើទៅវិញទៅមករកគ្នាឡើយ។ ម្នាលភិក្ខុទាំងឡាយ សត្វជាសម្លាញ់នឹងគ្នាទាំងនោះ មានសេចក្តីត្រិះរិះថា ឱពួកយើង ធ្វើម្តេចនឹងដឹងពិតថា នរណាជាធំពីកំណើតជាងយើង ៗត្រូវធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជាអ្នកនោះ ម្យ៉ាងទៀត យើងត្រូវឋិតនៅក្នុងឱវាទរបស់អ្នកនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទទា និងស្វាសួរដំរីថា ម្នាលសម្លាញ់ អ្នកបានរលឹកឃើញហេតុពីមុនដូចម្តេច។ ដំរីឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ កាលដែលខ្ញុំនៅតូច ខ្ញុំធ្វើដើមជ្រៃនេះ ក្នុងចន្លោះភ្លៅទាំងពីរហើយដើរទៅ ចុងត្រួយ (ជ្រៃនេះ) ទល់នឹងពោះខ្ញុំ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំរលឹកឃើញនូវហេតុពីមុនដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ទទា និងដំរីសួរស្វាថា ម្នាលសម្លាញ់ អ្នករលឹកឃើញហេតុពីមុនដូចម្តេចខ្លះ។ ស្វាឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ កាលដែលខ្ញុំនៅតូច ខ្ញុំអង្គុយលើផែនដី ហើយទំពាស៊ីត្រួយជ្រៃនេះ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំរលឹកឃើញហេតុពីមុនដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ស្វា និងដំរីសួរទៅទទាថា ម្នាលសម្លាញ់ អ្នករលឹកឃើញហេតុពីមុនដូចម្តេចខ្លះ។ ទទាឆ្លើយថា ម្នាលសម្លាញ់ទាំងឡាយ ក្នុងទីឯណោះ មានដើមជ្រៃធំ១ដើម ខ្ញុំស៊ីផ្លែរួចហើយ ហើរមកអំពីនោះ មកបន្ទោបង់វច្ចៈក្នុងឱកាសនេះ ជ្រៃនេះក៏កើតអំពីវច្ចៈរបស់ខ្ញុំ ម្នាលសម្លាញ់ទាំងឡាយ ខ្ញុំជាសត្វធំពីកំណើត តាំងអំពីកាលនោះមក។ ម្នាលភិក្ខុទាំងឡាយ ស្វា និងដំរីបានពោលពាក្យនេះ នឹងទទាថា ម្នាលសម្លាញ់ អ្នកជាធំពីកំណើតជាងយើង យើងនឹងធ្វើសក្ការៈ គោរព រាប់អាន បូជាអ្នក មួយទៀត យើងនឹងតាំងនៅក្នុងឱវាទរបស់អ្នក។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទទាឲ្យស្វា និងដំរីកាន់សីលទាំង៥ ហើយសមាទាន ប្រព្រឹត្តសីលទាំង៥ ដោយខ្លួនឯង។ សត្វទាំងឡាយនោះ គោរពកោតក្រែង ប្រព្រឹត្តស្មោះស្មើ ទៅវិញទៅមករកគ្នា លុះទំលាយខន្ធ ទៅកាន់លោកខាងមុខ ក៏បានទៅកើតក្នុងសុគតិ គឺឋានសួគ៌។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយធម៌នុ៎ះឯង ឈ្មោះតិត្តិរិយព្រហ្មចរិយៈ។
[៣៧៣] ព្រះអង្គ ទ្រង់ត្រាស់ថា ពួកជនដែលឈ្លាសក្នុងធម៌ កោតក្រែងចាស់ព្រឹទ្ធាចារ្យ រមែងបានសេចក្តីសរសើរក្នុងបច្ចុប្បន្នផង បានសុគតិក្នុងបរលោកផង។ ម្នាលភិក្ខុទាំងឡាយ អម្បាលពួកសត្វតិរច្ឆានទាំងនោះ ម្តេចក៏ចេះគោរព កោតក្រែង ប្រព្រឹត្តស្មោះស្មើ ដល់គ្នានឹងគ្នាទៅបាន ចំណង់បើអ្នកទាំងឡាយបួសក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយដោយប្រពៃយ៉ាងនេះ គួរណាស់តែគោរព កោតក្រែង ប្រព្រឹត្តស្មោះស្មើដល់គ្នានឹងគ្នា ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរធ្វើហេតុនុ៎ះឲ្យល្អ ក្នុងសាសនានេះចុះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម អាសនៈប្រសើរ ទឹកប្រសើរ និងដុំបាយប្រសើរ (ដល់ភិក្ខុ) តាមលំដាប់ចាស់ខ្ចី ម្នាលភិក្ខុទាំងឡាយ តែថា វត្ថុជារបស់សង្ឃ ភិក្ខុមិនត្រូវឃាត់ខាំងតាមលំដាប់ចាស់ខ្ចីទេ ភិក្ខុណាឃាត់ខាំង ត្រូវអាបត្តិទុក្កដ។
(អវន្ទិយាទិបុគ្គលា)
អវន្ទិយបុគ្គល វន្ទិយបុគ្គល
[៣៧៤] ម្នាលភិក្ខុទាំងឡាយ អវន្ទិយបុគ្គល (បុគ្គលដែលភិក្ខុមិនត្រូវសំពះ) នេះ មាន១០ពួក គឺ ភិក្ខុដែលបានឧបសម្បទាមុន មិនត្រូវសំពះភិក្ខុ ដែលបានឧបសម្បទាក្រោយ១ មិនត្រូវសំពះអនុបសម្បន្ន១ មិនត្រូវសំពះភិក្ខុចាស់ ដែលមានសំវាសផ្សេងគ្នា ជាអធម្មវាទី១ មិនត្រូវសំពះមាតុគ្រាម១ មិនត្រូវសំពះមនុស្សខ្ទើយ១ មិនត្រូវសំពះភិក្ខុ ដែលកំពុងនៅបរិវាស១ មិនត្រូវសំពះភិក្ខុ ដែលគួរទាញមកកាន់មូលាបត្តិ១ មិនត្រូវសំពះភិក្ខុ ដែលគួរដល់មានត្ត១ មិនត្រូវសំពះភិក្ខុ ដែលកំពុងប្រព្រឹត្តមានត្ត១ មិនត្រូវសំពះភិក្ខុ ដែលគួរដល់អព្ភានកម្ម១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលភិក្ខុមិនត្រូវសំពះ មាន១០ចំពូក ដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ វន្ទិយបុគ្គល (បុគ្គលដែលភិក្ខុត្រូវសំពះ) នេះ មាន៣ពួក គឺភិក្ខុដែលបានឧបសម្បទាក្រោយ ត្រូវសំពះភិក្ខុដែលបានឧបសម្បទាមុន១ ត្រូវសំពះភិក្ខុចាស់ជាង ដែលមានសំវាសផ្សេងគ្នា ជាធម្មវាទី១ ម្នាលភិក្ខុទាំងឡាយ ត្រូវថ្វាយបង្គំព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស១ ម្នាលភិក្ខុទាំងឡាយ បុគ្គល ដែលភិក្ខុត្រូវសំពះ មាន៣ចំពូក ដូច្នេះឯង។
(អាសនប្បដិពាហនបដិក្ខេបំ)
[៣៧៥] សម័យនោះឯង មនុស្សទាំងឡាយ តាក់តែងមណ្ឌប តាក់តែងកម្រាល តាក់តែងទីឱកាសចំពោះសង្ឃ។ ភិក្ខុទាំងឡាយជាសិស្សរបស់ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា វត្ថុជារបស់សង្ឃ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាត ទៅតាមលំដាប់ចាស់ខ្ចីពិតមែនហើយ តែវត្ថុដែលគេធ្វើឧទ្ទិស (ដល់សង្ឃ) ព្រះមានព្រះភាគ មិនទាន់ទ្រង់អនុញ្ញាតនៅឡើយ (លុះគិតដូច្នោះហើយ) ក៏នាំគ្នាដើរជែងទៅពីខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយហួងហែងមណ្ឌប ហួងហែងកម្រាល ហួងហែងទីឱកាសថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់ពួកយើង ទីនេះសម្រាប់អាចារ្យរបស់ពួកយើង ទីនេះសម្រាប់ពួកយើង។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ និមន្តទៅពីខាងក្រោយៗសង្ឃ មានព្រះពុទ្ធជាប្រធាន កាលបើពួកអន្តេវាសិក របស់ពួកឆព្វគ្គិយភិក្ខុ ហួងហែងមណ្ឌប ហួងហែងកម្រាល ហួងហែងទីឱកាស (ដូច្នោះ) លោកមិនបានទីឱកាស ក៏ទៅគង់ទៀបគល់ឈើ១។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចូសសម័យនៃរាត្រី ហើយទ្រង់ក្អកគ្រហែម។ ព្រះសារីបុត្តមានអាយុ ក៏ក្អកគ្រហែមដែរ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា នរណានៅក្នុងទីនុ៎ះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះសារីបុត្ត។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលសារីបុត្ត ហេតុអ្វីបានជាអ្នកមកអង្គុយក្នុងទីនេះ។ ព្រះសារីបុត្តមានអាយុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
[៣៧៦] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់សួរបញ្ជាក់ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា ភិក្ខុទាំងឡាយជាសិស្ស របស់ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា វត្ថុជារបស់សង្ឃ ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតតាមលំដាប់ចាស់ខ្ចី ពិតមែនហើយ តែវត្ថុដែលគេឧទ្ទិស (ដល់សង្ឃ) ព្រះមានព្រះភាគ មិនទាន់ទ្រង់អនុញ្ញាតនៅឡើយ (លុះគិតដូច្នោះហើយ) ក៏នាំគ្នាដើរជែងទៅពីខាងមុខៗសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយក៏នាំគ្នាហួងហែងមណ្ឌប ហួងហែងកម្រាល ហួងហែងទីឱកាសថា ទីនេះសម្រាប់ឧបជ្ឈាយ៍របស់យើង ទីនេះសម្រាប់អាចារ្យរបស់យើង ទីនេះសម្រាប់យើង ពិតមែនឬ។ ពួកភិក្ខុ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ទោះបីវត្ថុដែលគេធ្វើឧទ្ទិស (ដល់សង្ឃ) ពួកភិក្ខុមិនត្រូវឃាត់ខាំងទៅតាមលំដាប់ចាស់ខ្ចីទេ ភិក្ខុណាឃាត់ខាំង ត្រូវអាបត្តិទុក្កដ។
(គិហិវិកតអនុជាននំ)
[៣៧៧] សម័យនោះឯង មនុស្សទាំងឡាយនាំគ្នាក្រាលអាសនៈខ្ពស់ អាសនៈប្រសើរ ក្នុងរោងភត្ត និងចន្លោះផ្ទះ (ប្រគេនពួកភិក្ខុ) អាសនៈខ្ពស់ អាសនៈប្រសើរដូចម្តេចខ្លះ អាសនៈខ្ពស់ អាសនៈប្រសើរនោះគឺ អាសន្ទិ (អាសនៈខ្ពស់ហួសប្រមាណ) បល្លង្កៈ (គ្រែដែលមានជើងខ្ពស់វិចិត្រដោយរូបសត្វសាហាវ) គោណកៈ (ព្រំដែលមានរោមវែងជាង៤ធ្នាប់) ចិត្តកៈ (កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសត្វសាហាវ) បដិកៈ (កម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វ) បដលិកៈ (កម្រាលដែលធ្វើដោយរោមសត្វ ជាផ្កាចង្កោម) តូលិកៈ (កម្រាលដែលញាត់ដោយសំឡីគ) វិកតិកៈ (កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើម) ឧទ្ធលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងតែម្ខាង) ឯកន្តលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងទាំងពីរខាង) កដិស្សៈ (កម្រាលដែលធ្វើដោយឌិនមាស និងសូត្រ ហើយចាក់ស្រែះដោយរតនវត្ថុ) កោសេយ្យៈ (កម្រាលដែលធ្វើដោយសរសៃសូត្រ ហើយចាក់ស្រែះដោយរតនវត្ថុ) កម្ពលៈ (កម្រាលដែលធ្វើដោយរោមសត្វ) កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមពួកស្រីរបាំ១៦នាក់ឈររាំបាន) ហត្ថត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងដំរី) អស្សត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងសេះ) រថត្ថរៈ (កម្រាលសម្រាប់ក្រាលលើរថ) អជិនប្បវេណិ (កម្រាលដែលធ្វើដោយស្បែកខ្លា) កទលិមិគបវរប្បច្ចត្ថរណៈ (កម្រាលដ៏ឧត្តម ដែលធ្វើដោយស្បែកសត្វឈ្មុស) សឧត្តរច្ឆទៈ (ទីដេកដែលមានពិតានក្រហមពីខាងលើ) ឧភតោលោហិតកុបធានៈ (កម្រាលដែលមានខ្នើយ មានពណ៌ក្រហមទាំងពីរខាង គឺខ្នើយក្បាល និងខ្នើយជើង)។ ពួកភិក្ខុរង្កៀស មិនហ៊ានអង្គុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអង្គុយលើអាសនៈ ដ៏សេស ជាគិហិវិក័ដ គឺអាសនៈដែលប្លែកសម្រាប់គ្រហស្ថបាន តែដេកមិនបាន វៀរលែងតែសេនាសនៈ៣យ៉ាង គឺអាសន្ទិ១ បល្លង្កៈ១ តូលិកៈ១។
[៣៧៨] សម័យនោះឯង ពួកមនុស្សតាក់តែងគ្រែផង តាំងផង ដែលញាត់សំឡីគ ក្នុងរោងភត្ត និងចន្លោះផ្ទះ ពួកភិក្ខុរង្កៀស មិនហ៊ានអង្គុយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យអង្គុយលើអាសនៈជាគិហិវិក័ដ ដែលប្លែកសម្រាប់គ្រហស្ថបាន តែដេកមិនបាន។
(ជេតវនវិហារានុមោទនា)
[៣៧៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកតាមលំដាប់ សំដៅត្រង់ទៅកាន់ក្រុងសាវត្ថី។ មានរឿងដំណាលថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតិ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ទទួលភត្ត របស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ លុះអនាថបិណ្ឌិកគហបតិ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។
[៣៨០] លំដាប់នោះ អនាថបិណ្ឌិកគហបតិ ឲ្យតាក់តែងខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសា ក្នុងពេលដែលកន្លងរាត្រីនោះទៅហើយ ឲ្យទៅក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់លំនៅរបស់អនាថបិណ្ឌិកគហបតិ លុះយាងទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេតាក់តែងថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ អនាថបិណ្ឌិកគហបតិ ក៏បានអង្គាសខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពីសា ថ្វាយដោយដៃឯង ចំពោះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែទ្រង់ប្រកែក លែងទទួលទៀត (លុះដឹងថា) ព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ទើបអង្គុយក្នុងទីសមគួរ។ អនាថបិណ្ឌិកគហបតិ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ត្រូវប្រតិបត្តិក្នុងវត្តជេតវនដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលគហបតិ បើដូច្នោះ អ្នកចូរប្រតិស្ឋានវត្តជេតវន សម្រាប់សង្ឃ ដែលបានមកហើយ និងមិនទាន់បានមក អំពីទិសទាំង៤។ អនាថបិណ្ឌិកគហបតិ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ ហើយក៏ប្រតិស្ឋានវត្តជេតវ័ន សម្រាប់សង្ឃ ដែលបានមកហើយ និងមិនទាន់បានមកអំពីទិសទាំង៤។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះអនាថបិណ្ឌិកគហបតិ ដោយគាថាទាំងនេះថា
[៣៨១]
(វិហារ គឺទីអាវាស ឬសេនាសនៈ ជាទីនៅនៃសង្ឃទាំងឡាយ) រមែងការពាររងាផង ក្តៅផង ម្រឹគសាហាវទាំងឡាយផង ពស់តូច ពស់ធំទាំងឡាយផង មូសទាំងឡាយផង ត្រជាក់ទាំងឡាយផង គ្រាប់ភ្លៀងទាំងឡាយផង ខ្យល់ និងកំដៅថ្ងៃ ដ៏ក្លាខ្លាំង ដែលកើតឡើងហើយ រមែងបាត់ទៅវិញ ព្រោះវិហារនោះៗ។ វិហារទាន គឺ ការឲ្យលំនៅ (ដែលបុគ្គលបានឲ្យហើយ) ដល់សង្ឃ សម្រាប់ជ្រកកោនផង សម្រាប់នៅជាសុខផង ដើម្បីដុតបាបធម៌ផង ដើម្បីចំរើនវិបស្សនាផង ព្រះពុទ្ធជាម្ចាស់ទាំងឡាយ តែងត្រាស់សរសើរថា ជាអគ្គទាន (ទានដ៏ប្រសើរ)។ ព្រោះហេតុនោះឯង បុរស (ស្រ្តី) ជាបណ្ឌិត កាលបើបានឃើញច្បាស់នូវប្រយោជន៍របស់ខ្លួនហើយ គប្បីកសាងវិហារ គឺអាវាស ឬសេនាសនៈទាំងឡាយ ដ៏ជាទីគួររីករាយ ហើយគប្បីនិមន្តលោក ដែលជាពហុស្សូត គឺលោកអ្នកចេះដឹងច្រើនទាំងឡាយ ឲ្យនៅក្នុងទីនោះ។ គប្បីមានចិត្តជ្រះថ្លាចំពោះលោកទាំងឡាយ ដែលមានកាយ និងចិត្តត្រង់ ហើយឲ្យម្ហូបចំណីផង ទឹកផង សំពត់ និងសេនាសនៈទាំងឡាយផង ដល់លោកទាំងនោះចុះ។ លោកទាំងនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់សេចក្តីទុក្ខគ្រប់ប្រការ ដល់អ្នកនោះ លុះអ្នកនោះបានដឹងធម៌ណា ក្នុងព្រះពុទ្ធសាសនានេះហើយ ក៏ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។
លុះព្រះមានព្រះភាគ ទ្រង់អនុមោទនា ចំពោះអនាថបិណ្ឌិកគហបតិ ដោយគាថាទាំងនេះហើយ ទ្រង់ក្រោកចាកអាសនៈ ទ្រង់ពុទ្ធដំណើរចៀសចេញទៅ។
(អាសនប្បដិពាហនាទិ)
[៣៨២] សម័យនោះ មានមហាមាត្រម្នាក់ ជាសាវ័ករបស់អាជីវក ធ្វើសង្ឃភត្ត។ ឧបនន្ទសក្យបុត្រមានអាយុមកដល់ក្រោយគេ ក៏បណ្តេញភិក្ខុដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញ។ រោងភត្តក៏កើតមានសេចក្តីជ្រួលជ្រើម។ មហាមាត្រនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មកដល់ក្រោយគេ មិនគួរនឹងបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម បើយ៉ាងហ្នឹង ភិក្ខុឯទៀត អាចឆានឆ្អែត ស្រួលបួលដែរ វៀរលែងតែភិក្ខុដែលអង្គុយស៊ប់ហើយ។ ពួកភិក្ខុបានឮមហាមាត្រនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបនន្ទសក្យបុត្តិយ៍មានអាយុ មកក្រោយគេ មិនគួរនឹងបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់ មិនទាន់លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលឧបនន្ទ ឮថា អ្នកមកដល់ក្រោយគេ ហើយបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ខ្លួន កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម ពិតមែនឬ។ ឧបនន្ទ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស មិនគួរបើអ្នកមកក្រោយគេ ហើយបណ្តេញភិក្ខុ ដែលមានវស្សាជាលំដាប់ កំពុងឆាន់មិនទាន់លែង ឲ្យក្រោកចេញសោះ (នាំឲ្យ) រោងភត្តកើតមានសេចក្តីជ្រួលជ្រើម នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញភិក្ខុ ដែលអង្គុយខាងក្រោយគេបង្អស់ ដែលកំពុងនៅឆាន់ មិនទាន់លែង ឲ្យក្រោកចេញទេ ភិក្ខុណាបណ្តេញ ត្រូវអាបត្តិទុក្កដ តែបើ (ភិក្ខុចាស់) បណ្តេញ (ភិក្ខុខ្ចីដែលកំពុងឆាន់) ឲ្យក្រោកចេញ ត្រូវភិក្ខុខ្ចីឃាត់ ហើយនិយាយថា ចូរលោកទៅយកទឹកមក បើបានទឹកនោះមក ដោយអាការដូច្នេះ ការនេះជាការឥតទោស បើមិនបានទឹកមកទេ ត្រូវភិក្ខុខ្ចី លេបគ្រាប់បាយឲ្យស្រួល ហើយឲ្យអាសនៈ ដល់ភិក្ខុចាស់ជាង (នោះ) ចុះ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលពោលថា ឲ្យភិក្ខុទាំងឡាយឃាត់អាសនៈ ចំពោះភិក្ខុចាស់ជាង ដោយបរិយាយឯណានីមួយទេ ភិក្ខុណាឃាត់ ត្រូវអាបត្តិទុក្កដ។
[៣៨៣] សម័យនោះ ពួកឆព្វគ្គិយភិក្ខុ នាំគ្នាបណ្តេញពួកភិក្ខុឈឺ ឲ្យក្រោកចេញ។ ភិក្ខុឈឺទាំងឡាយ ពោលយ៉ាងនេះថា ម្នាលអាវុសោ ពួកខ្ញុំករុណាសុទ្ធតែជាអ្នកឈឺ មិនអាចនឹងក្រោកចេញបានទេ។ ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា យើងនឹងបណ្តេញលោកមានអាយុទាំងឡាយឲ្យក្រោកចេញ ហើយក៏នាំគ្នាចាប់ភិក្ខុទាំងនោះ ឲ្យក្រោកឈរឡើង ហើយលែងចេញ។ ពួកភិក្ខុឈឺ ក៏ជ្រប់ដួលទៅ។ បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបណ្តេញភិក្ខុឈឺទេ ភិក្ខុណាបណ្តេញ ត្រូវអាបត្តិទុក្កដ។
[៣៨៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ គិតគ្នាថា យើងទាំងឡាយជាអ្នកឈឺ ទុកជាអ្នកណា ក៏មិនគប្បីបណ្តេញ ឲ្យក្រោកចេញបាន ហើយក៏ដេកជាប់នៅនឹងដំណេកដ៏ប្រសើរ។ បេ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗទីដំណេកដ៏សមគួរ ដល់ភិក្ខុឈឺបាន។
[៣៨៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ឃាត់អាសនៈដោយកលមាយាអាក្រក់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវហាមឃាត់អាសនៈ ដោយកលមាយាអាក្រក់ទេ97) ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ។
[៣៨៦] សម័យនោះឯង ពួកសត្តរសវគ្គិយភិក្ខុ ជួសជុលវិហារធំមួយ ដែលមាននៅក្នុងទីបំផុតដែន ដោយគិតគ្នាថា ពួកយើងនឹងនៅចាំវស្សាក្នុងវិហារធំនេះ។ ពួកឆព្វគ្គិយភិក្ខុ បានឃើញពួកសត្តរសវគ្គិយភិក្ខុ កំពុងតែជួសជុលវិហារ លុះឃើញហើយ ក៏បានពោលពាក្យយ៉ាងនេះថា ម្នាលអាវុសោ ពួកសត្តរសវគ្គិយភិក្ខុទាំងនេះ កំពុងតែជួសជុលវិហារ បើដូច្នោះ ពួកយើងនឹងនាំគ្នាបណ្តេញភិក្ខុទាំងនោះ ឲ្យដើរចេញ ភិក្ខុពួកខ្លះពោលយ៉ាងនេះថា លោកទាំងឡាយ ចូរបង្អង់សិន ដ្បិតសត្តរសវគ្គិយភិក្ខុ កំពុងតែជួសជុល ចាំដល់លោកទាំងនោះ ជួសជុលរួចស្រេច សឹមយើងនាំគ្នាបណ្តេញឲ្យដើរចេញ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុ ពោលពាក្យនេះ នឹងពួកសត្តរសវគ្គិយភិក្ខុថា ម្នាលអាវុសោ លោកចូរក្រោកចេញ វិហារ (នេះ) ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ លោកទាំងឡាយ គួរប្រាប់មក ឲ្យប្រាកដជាមុន ពួកយើងនឹងនាំគ្នាជួសជុលវិហារឯទៀត។ ឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារ (នេះ) ជារបស់សង្ឃ មិនមែនឬ។ សត្តរសវគ្គិយភិក្ខុនិយាយតបថា ម្នាលលោកដ៏មានអាយុ អើ វិហារ (នេះ) ជារបស់សង្ឃមែន។ ឆព្វគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ លោកត្រូវក្រោកចេញទៅ វិហារ (នេះ) ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុនិយាយថា ម្នាលអាវុសោ វិហារធំដែរ លោកទាំងឡាយនៅក៏បាន យើងនៅក៏បាន។ ឆព្វគ្គិយភិក្ខុ ខឹង អាក់អន់ចិត្ត ហើយច្បាមត្រង់ក ទាញចេញដោយពាក្យថា ម្នាលអាវុសោ លោកទាំងឡាយ ចូរក្រោកដើរចេញ វិហារ ត្រូវបានមកពួកយើងទេ។ សត្តរសវគ្គិយភិក្ខុនោះ កាលបើឆព្វគ្គិយភិក្ខុទាញចេញ ក៏នាំគ្នាស្រែកយំ។ ភិក្ខុទាំងឡាយសួរយ៉ាងនេះថា ម្នាលអាវុសោ ព្រោះហេតុអ្វី បានជាលោកយំ។ សត្តរសវគ្គិយភិក្ខុឆ្លើយថា ម្នាលអាវុសោ ឆព្វគ្គិយភិក្ខុទាំងនេះ ខឹងអាក់អន់ចិត្ត ហើយចាប់ទាញពួកយើង ឲ្យចេញចាកវិហាររបស់សង្ឃ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឆព្វគ្គិយភិក្ខុ មិនសមបើនឹងខឹង អាក់អន់ចិត្ត ហើយចាប់ទាញភិក្ខុទាំងឡាយ ឲ្យចេញចាកវិហារ ជារបស់សង្ឃសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ឆព្វគ្គិយភិក្ខុ ខឹងអាក់អន់ចិត្ត ហើយចាប់កន្ត្រាក់ភិក្ខុទាំងឡាយ ឲ្យចេញចាកវិហារជារបស់សង្ឃ ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ ព្រះមានព្រះភាគ ទ្រង់បន្ទោស ហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវខឹង អាក់អន់ចិត្ត ហើយចាប់កន្ត្រាក់ភិក្ខុទាំងឡាយ ឲ្យចេញចាកវិហារ ជារបស់សង្ឃទេ ភិក្ខុណាចាប់កន្ត្រាក់ទាញចេញ វិនយធរ គប្បីកាត់សម្រេចឲ្យសមគួរ តាមអាបត្តិ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យមានភិក្ខុប្រគល់សេនាសនៈ (ដល់ភិក្ខុណាមួយ)។
(សេនាសនគ្គាហាបកសម្មុតិ)
[៣៨៧] គ្រានោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដូចម្តេចហ្ន៎ ដែលគួរប្រគល់សេនាសនៈឲ្យបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុ ដែលប្រកបដោយអង្គ៥ ឲ្យជាសេនាសនគ្គាហាបកៈ (អ្នកប្រគល់សេនាសនៈ) គឺភិក្ខុមិនលុះក្នុងឆន្ទាគតិ១ មិនលុះក្នុងទោសាគតិ១ មិនលុះក្នុងមោហាគតិ១ មិនលុះក្នុងភយាគតិ១ ដឹងច្បាស់នូវសេនាសនៈ ដែលខ្លួនបានប្រគល់ និងមិនទាន់បានប្រគល់១។
[៣៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ (អ្នកប្រគល់សេនាសនៈ)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតសង្ឃនឹងសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាសេនាសនគ្គាហាបកៈ សមគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ ភិក្ខុឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាសេនាសនគ្គាហាបកៈ គួរដល់សង្ឃ ព្រោះហេតុដូច្នោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនុ៎ះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៣៨៩] គ្រានោះឯង ពួកភិក្ខុជាសេនាសនគ្គាហាបកៈ មានសេចក្តីត្រិះរិះដូច្នេះថា យើងគប្បីប្រគល់សេនាសនៈដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរាប់ភិក្ខុមុន លុះរាប់ភិក្ខុរួចហើយ ឲ្យរាប់ដំណេក លុះរាប់ដំណេករួចហើយ សឹមប្រគល់ឲ្យតាមកំណត់នៃដំណេក។ ភិក្ខុទាំងឡាយ ក៏ប្រគល់ឲ្យតាមកំណត់នៃដំណេក ដំណេក ក៏សល់នៅច្រើន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រគល់តាមកំណត់នៃវិហារ។ ភិក្ខុទាំងឡាយ ក៏ប្រគល់ឲ្យតាមកំណត់នៃវិហារ វិហារក៏សល់នៅច្រើន។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យប្រគល់តាមកំណត់នៃបរិវេណ។ ពួកភិក្ខុ ក៏ប្រគល់ឲ្យតាមកំណត់នៃបរិវេណ បរិវេណ ក៏សល់នៅច្រើន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗ នូវបរិវេណ តាមចំណែកជាលំដាប់ទៅចុះ កាលបើចំណែកនៃបរិវេណតាមលំដាប់ ពួកភិក្ខុបានទទួលយកហើយ ទើបមានភិក្ខុឯទៀតមកដល់ (តែបើភិក្ខុនោះ) មិនត្រូវការ មិនត្រូវឲ្យទេ។
[៣៩០] សម័យនោះឯង ភិក្ខុទាំងឡាយប្រគល់សេនាសនៈ ដល់ភិក្ខុដែលឋិតនៅក្នុងទីក្រៅសីមា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រគល់សេនាសនៈ ដល់ភិក្ខុដែលឋិតនៅក្នុងទីក្រៅសីមាទេ ភិក្ខុណាប្រគល់ឲ្យ ត្រូវអាបត្តិទុក្កដ។
[៣៩១] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកសេនាសនៈ98) ហើយឃាត់ខាំងទុកគ្រប់កាល។99) ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកសេនាសនៈ ហើយឃាត់ខាំងទុកគ្រប់កាលទេ ភិក្ខុណាឃាត់ខាំងទុក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឃាត់ខាំងបានតែត្រឹម៣ខែ ក្នុងវស្សានរដូវ (ប៉ុណ្ណោះ) មិនឲ្យឃាត់ខាំងគ្រប់រដូវទេ។
[៣៩២] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ការប្រគល់សេនាសនៈ មានប៉ុន្មានហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការប្រគល់សេនាសនៈនេះ មាន៣យ៉ាង គឺបុរិមកៈ១ បច្ឆិមកៈ១ អន្តរាមុត្តកៈ១ ដែលឈ្មោះថា បុរិមកៈ ត្រូវភិក្ខុប្រគល់ឲ្យតាំងអំពីថ្ងៃ១រោច ខែអាសាធទៅ ដែលឈ្មោះថា បច្ឆិមកៈ ត្រូវភិក្ខុប្រគល់ឲ្យ តាំងអំពីថ្ងៃ១រោច ខែស្រាពណ៍ទៅ ដែលឈ្មោះថា អន្តរាមុត្តកៈ ត្រូវភិក្ខុប្រគល់ឲ្យ តាំងអំពីថ្ងៃបវារណា ក្នុងខែអស្សុជទៅ ដើម្បីនៅចាំវស្សាតទៅ ម្នាលភិក្ខុទាំងឡាយ ការប្រគល់សេនាសនៈ មាន៣យ៉ាងដូច្នេះឯង។
ចប់ ភាណវារៈ ជាគំរប់ពីរ។
(៣. តតិយភាណវារោ)
(…)
[៣៩៣] សម័យនោះឯង ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្ត ទទួលយកសេនាសនៈ ទៀបក្រុងសាវត្ថី ហើយដើរទៅកាន់អាវាស ក្នុងស្រុកតូចមួយ ក៏ទទួលយកសេនាសនៈ ក្នុងទីនោះទៀត។ លំដាប់នោះ ភិក្ខុទាំងនោះ (ដែលនៅក្នុងទីអាវាសនោះ) គិតគ្នាដូច្នេះថា ម្នាលអាវុសោទាំងឡាយ ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្តនេះ ជាអ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវជំលោះ ធ្វើនូវការទាស់ទែង ធ្វើនូវតិរច្ឆានកថា ធ្វើនៅអធិករណ៍ក្នុងសង្ឃ ប្រសិនបើ ឧបនន្ទភិក្ខុនេះ នៅចាំវស្សាក្នុងទីនេះ យើងទាំងអស់គ្នា នឹងនៅពុំបានសប្បាយឡើយ បើដូច្នោះ មានតែយើងសួរលោកមើល។ ភិក្ខុទាំងនោះ ក៏សួរឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្តដូច្នេះថា ម្នាលអាវុសោឧបនន្ទ លោកបានទទួលយកសេនាសនៈ ទៀបក្រុងសាវត្ថី មែនឬ។ ឧបនន្ទភិក្ខុឆ្លើយថា ម្នាលអាវុសោទាំងឡាយ ខ្ញុំបានទទួលយកមែន។ ភិក្ខុទាំងនោះសួរថា ម្នាលអាវុសោឧបនន្ទ ចុះលោកតែម្នាក់ឯងទេ ម្តេចក៏ហួងហែងសេនាសនៈ ដល់ទៅពីរកន្លែង។ ឧបនន្ទភិក្ខុឆ្លើយថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ខ្ញុំលែងយកក្នុងទីនេះហើយ ខ្ញុំនឹងទៅទទួលយកក្នុងទីនោះវិញ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច មានសេចក្តីសន្តោស។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ឧបនន្ទភិក្ខុមានអាយុ ជាសក្យបុត្ត តែមួយរូប មិនសមបើនឹងហួងហែងសេនាសនៈ ដល់ទៅពីរកន្លែងសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបនន្ទ ឮថា អ្នកតែម្នាក់ឯង ហួងហែងសេនាសនៈ ដល់ទៅពីរកន្លែង មែនឬ។ ឧបនន្ទ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកតែម្នាក់ឯង មិនសមបើនឹងហួងហែងសេនាសនៈ ដល់ទៅពីរកន្លែងទេ ម្នាលមោឃបុរស (បើ) អ្នកទទួលយកសេនាសនៈ ក្នុងទីនោះហើយ មានតែលែងទទួលយកក្នុងទីនេះ (បើ) អ្នកទទួលយកក្នុងទីនេះហើយ មានតែលែងទទួលយកក្នុងទីនោះ នែមោឃបុរស បើយ៉ាងហ្នឹង អ្នកចាត់ថា ជាមនុស្សខាងក្រៅ គឺថា មិនត្រូវបានសេនាសនៈក្នុងទីទាំងពីរខាងទេ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុម្នាក់ឯង មិនត្រូវហួងហែងសេនាសនៈពីរកន្លែងទេ ភិក្ខុណាហួងហែងទុក ត្រូវអាបត្តិទុក្កដ។
[៣៩៤] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់សំដែងវិនយកថា សំដែងគុណរបស់វិន័យ សំដែងគុណរបស់ការសិក្សាវិន័យ សំដែងគុណរបស់ព្រះថេរៈឈ្មោះឧបាលិដ៏មានអាយុរឿយៗ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយជាច្រើន។ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងវិនយកថា សំដែងគុណរបស់វិន័យ សំដែងគុណរបស់ការសិក្សាវិន័យ សំដែងគុណរបស់ព្រះថេរៈ ឈ្មោះឧបាលិដ៏មានអាយុរឿយៗ ដល់ភិក្ខុទាំងឡាយ ដោយបរិយាយជាច្រើន ម្នាលអាវុសោ បើដូច្នោះ យើងនឹងរៀនវិន័យ ក្នុងសំណាក់ព្រះឧបាលិដ៏មានអាយុចុះ។ ភិក្ខុច្រើនអង្គទាំងនោះ ទោះជាថេរៈក្តី ខ្ចីក្តី កណ្តាលក្តី តែងនាំគ្នាមករៀនវិន័យ ក្នុងសំណាក់ព្រះឧបាលិដ៏មានអាយុ។ ព្រះថេរៈ ឈ្មោះឧបាលិដ៏មានអាយុ ក៏ចេះតែឈរ សំដែង (វិន័យ) ដោយសេចក្តីគោរព ចំពោះពួកភិក្ខុជាថេរៈ។ ឯពួកភិក្ខុជាថេរៈ ក៏ឈរឲ្យលោកសំដែង (វិន័យ) ដោយសេចក្តីគោរពក្នុងធម៌ដែរ។ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុជាថេរៈក្តី ព្រះឧបាលិដ៏មានអាយុក្តី ក៏លំបាក (ពេកណាស់)។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុខ្ចីដែលសំដែង (វិន័យ) អង្គុយលើអាសនៈស្មើគ្នាក៏បាន ខ្ពស់ជាងក៏បាន ដោយសេចក្តីគោរពក្នុងធម៌ និងអនុញ្ញាតឲ្យភិក្ខុជាថេរៈ ដែលនិមន្តភិក្ខុខ្ចីឲ្យសំដែងវិន័យ អង្គុយលើអាសនៈស្មើគ្នាក៏បាន ទាបជាងណាស់ទៅក៏បាន ដោយសេចក្តីគោរពក្នុងធម៌។
[៣៩៥] សម័យនោះឯង ភិក្ខុច្រើនរូប នាំគ្នាឈររៀនបាលី ក្នុងសំណាក់នៃព្រះឧបាលិដ៏មានអាយុ ក៏លំបាក។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកភិក្ខុដែលមានអាសនៈស្មើគ្នា អង្គុយជាមួយគ្នាបាន។
[៣៩៦] គ្រានោះឯង ពួកភិក្ខុមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដែលហៅថា មានអាសនៈស្មើគ្នា ដោយវស្សាប៉ុន្មានហ្ន៎។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដែលមានវស្សារវាង៣ អង្គុយជាមួយគ្នាបាន។100)
[៣៩៧] សម័យនោះឯង ភិក្ខុច្រើនរូបមានអាសនៈស្មើគ្នា នាំគ្នាទៅអង្គុយលើគ្រែមួយ ទាល់តែបាក់គ្រែ។ ទៅអង្គុយលើតាំងមួយ ក៏បាក់តាំងទៅទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមួយ ដល់ភិក្ខុ៣រូប តាំងមួយ ដល់ភិក្ខុ៣រូប។ ភិក្ខុ៣រូបអង្គុយលើគ្រែមួយ ក៏បាក់គ្រែទៅ។ អង្គុយលើតាំងមួយ ក៏បាក់តាំងទៀត។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែមួយ ដល់ភិក្ខុពីររូប តាំងមួយ ដល់ភិក្ខុពីររូប។101)
[៣៩៨] សម័យនោះឯង ពួកភិក្ខុមានសេចក្តីសង្ស័យនឹងការអង្គុយលើអាសនៈវែងជាមួយនឹងភិក្ខុដែលមានអាសនៈមិនស្មើគ្នា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យអង្គុយលើអាសនៈវែងជាមួយនឹងភិក្ខុ ដែលមានអាសនៈមិនស្មើគ្នាបាន វៀរលែងតែមនុស្សខ្ទើយ មាតុគ្រាម និងមនុស្សមានភេទពីរ។
[៣៩៩] គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា អាសនៈវែង តើមានទីបំផុតត្រឹមណា។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតអាសនៈវែង ដែលមានទីបំផុតល្មមភិក្ខុ៣រូប (អង្គុយបាន)។
[៤០០] សម័យនោះឯង នាងវិសាខា ជាមិគារមាតា ចង់ឲ្យជាងធ្វើបា្រសាទ ប្រកបដោយរបៀងឈ្មោះ ហត្ថិនខកៈ102) បំរុងប្រគេនព្រះសង្ឃ។ លំដាប់នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ បានទ្រង់អនុញ្ញាតការប្រើប្រាស់ប្រាសាទហើយឬ ៗមិនទាន់បានទ្រង់អនុញ្ញាតទេហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការប្រើប្រាស់ប្រាសាទគ្រប់យ៉ាងបាន។
[៤០១] សម័យនោះ ព្រះអយ្យិការបស់ព្រះបាទបសេនទិកោសលសុគត។ កាលដែលព្រះអយ្យិកានោះសុគតទៅ សង្ឃក៏បានអកប្បិយភណ្ឌជាច្រើន ឯអកប្បិយភណ្ឌនោះគឺ អាសនៈ ដែលកន្លងហួសប្រមាណ គ្រែមានជើងវិចិត្រដោយរូបសត្វសាហាវ ព្រំមានរោមវែងជាង៤ធ្នាប់ កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសត្វសាហាវ កម្រាលមានពណ៌ស ដែលធ្វើពីរោមសត្វ កម្រាលដែលធ្វើពីរោមសត្វជាផ្កាចង្កោម កម្រាលដែលញាត់គ កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសីហៈ និងខ្លាធំជាដើម កម្រាលដែលធ្វើពីរោមសត្វ មានរោមច្រាងតែម្ខាង កម្រាលដែលធ្វើពីរោមសត្វ មានរោមច្រាងទាំងពីរខាង កម្រាលដែលធ្វើពីឌិនមាស ឬខ្សែសយ ចាក់ស្រែះដោយរតនវត្ថុ កម្រាលដែលដែលធ្វើពីសរសៃសូត្រ ចាក់ស្រែះដោយរតនវត្ថុ កម្រាលដែលធ្វើពីរោមសត្វល្មមស្រីរបាំ១៦នាក់ឈររាំបាន កម្រាលសម្រាប់ក្រាលលើខ្នងដំរី កម្រាលសម្រាប់ក្រាលលើខ្នងសេះ កម្រាលសម្រាប់ក្រាលលើរថ កម្រាលដែលធ្វើដោយស្បែកខ្លា កម្រាលដ៏ឧត្តម ដែលធ្វើពីស្បែកឈ្មុស ខ្នើយពណ៌ក្រហមទាំងពីរខាង (គឺខ្នើយក្បាល និងខ្នើយជើង) ព្រមទាំងពិតាន ដែលមានពណ៌ក្រហម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យកាត់ជើងអាសនៈ ដែលកន្លងហួសប្រមាណ ហើយសឹមប្រើប្រាស់ ឲ្យទំលាយរូបសត្វសាហាវនៃគ្រែមានជើងវិចិត្រដោយរូបសត្វសាហាវ ហើយសឹមប្រើប្រាស់ ឲ្យកកាយកម្រាលដែលញាត់គ យកមកធ្វើជាខ្នើយ អាសនៈក្រៅអំពីនោះ យកមកធ្វើជាកម្រាលសម្រាប់ក្រាលលើផែនដីបាន។
(អវិស្សជ្ជិយវត្ថុ)
[៤០២] សម័យនោះឯង ពួកអាវាសិកភិក្ខុ នៅក្នុងអាវាសជិតស្រុកតូច១ មិនឆ្ងាយពីក្រុងសាវត្ថី មានសេចក្តីលំបាកនឹងរៀបចំក្រាលសេនាសនៈបម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុរៀបដំណើរទៅ។ ភិក្ខុទាំងនោះ ក៏គិតគ្នាថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ពួកយើងលំបាកនឹងក្រាលសេនាសនៈបម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុរៀបដំណើរទៅ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើងនឹងប្រគល់សេនាសនៈទាំងអស់ ជារបស់សង្ឃ ទៅភិក្ខុមួយរូប ឯយើងរាល់គ្នា ចាំប្រើប្រាស់ទ្រព្យរបស់ ដោយសារភិក្ខុនោះវិញ។ ភិក្ខុទាំងនោះ ក៏បានប្រគល់សេនាសនៈទាំងអស់ ជារបស់សង្ឃ ទៅភិក្ខុមួយរូប។ ពួកអាគន្តុកភិក្ខុនិយាយពាក្យនេះ នឹងអាវាសិកភិក្ខុនោះថា ម្នាលអាវុសោ ចូរលោករៀបចំសេនាសនៈបម្រុងយើង។ អាវាសិកភិក្ខុឆ្លើយថា ម្នាលអាវុសោ សេនាសនៈរបស់សង្ឃ មិនមានទេ (ព្រោះ) យើងបានប្រគល់ឲ្យភិក្ខុមួយរូបអស់ទៅហើយ។ អាគន្តុកភិក្ខុសួរថា ម្នាលអាវុសោ ពួកលោកហ៊ានលះសេនាសនៈរបស់សង្ឃឬ។ អាវាសិកភិក្ខុឆ្លើយថា យ៉ាងហ្នឹងហើយ អាវុសោ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុ មិនសមបើហ៊ានលះសេនាសនៈ ជារបស់សង្ឃសោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុ លះសេនាសនៈរបស់សង្ឃ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសម្ពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនសមបើនឹងលះសេនាសនៈរបស់សង្ឃសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនគួរលះចេញ៥យ៉ាងនេះ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ។ របស់ទាំង៥នោះ ដូចម្តេច។ គឺអារាម គឺសួនច្បារ103) ១ អារាមវត្ថុ គឺទីដីដាំសួនច្បារ១ នេះជារបស់មិនគួរលះចេញ ជាដំបូង ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ វិហារ គឺលំនៅ១ វិហារវត្ថុ គឺទីដីសម្រាប់សង់លំនៅ១ នេះជារបស់មិនគួរលះចេញ ជាគំរប់ពីរ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ មញ្ចៈ គឺគ្រែ១ បីឋៈ គឺតាំង ឬកៅអី១ ភិសី គឺពូក១ ពិម្ពោហនៈ គឺខ្នើយ១ នេះជារបស់មិនគួរលះចេញ ជាគំរប់បី ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ លោហកុម្ភី គឺឆ្នាំងដែលធ្វើពីលោហជាតិ១ លោហភាណកៈ គឺខ្ទះលោហៈ១ លោហវារកៈ គឺក្អមលោហៈ១ លោហកដាហៈ គឺផើងលោហៈ១ វាសី គឺកាំបិត១ ផរសុ គឺពូថៅ១ កុឋារី គឺដឹងចាំង១ កុទ្ទាលៈ គឺចប១ និខាទនៈ គឺពន្លាក១ នេះជារបស់មិនគួរលះចេញ ជាគំរប់៤ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ វល្លី គឺវល្លិ១ វេឡុ គឺឫស្សី១ មុញ្ជៈ គឺស្មៅដំណេកទន្សាយ១ បព្វជៈ គឺស្មៅយ៉ាផ្លង១ តិណៈ គឺស្មៅធម្មតា១ មត្តិកា គឺដីស្អិត១ ទារុភណ្ឌៈ គឺគ្រឿងឈើ១ មត្តិកាភណ្ឌៈ គឺគ្រឿងធ្វើពីដី១ នេះជារបស់មិនគួរលះចេញ ជាគំរប់៥ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ របស់ទាំង៥ពួកនេះឯង ជារបស់មិនគួរលះចេញ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវលះចេញ សូម្បីលះចេញហើយ ក៏មិនឈ្មោះថាលះ ភិក្ខុណាលះចេញ ត្រូវអាបត្តិថុល្លច្ច័យ។
(អវេភង្គិយវត្ថុ)
[៤០៣] គ្រានោះឯង ព្រះមានព្រះភាគទ្រង់គង់នៅក្នុងក្រុងសាវត្ថី សំរាន្តពុទ្ធឥរិយាបថ ហើយយាងទៅកាន់ចារិក ក្នុងកិដាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ពួកអស្សជិ និងបុនព្វសុកភិក្ខុ បានឮដំណឹងថា ព្រះមានព្រះភាគ យាងមកដល់កិដាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ក៏និយាយថា ម្នាលអាវុសោ បើដូច្នោះ មានតែយើងនាំគ្នាចែកសេនាសនៈ ជារបស់សង្ឃទាំងអស់ (ដ្បិត) សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាចសេចក្តីប្រាថ្នាលាមក យើងរាល់គ្នា កុំរៀបចំក្រាលសេនាសនៈប្រគេនលោកឡើយ។ ភិក្ខុទាំងនោះ ក៏នាំគ្នាចែកសេនាសនៈ ដែលជារបស់សង្ឃទាំងអស់។ គ្រានោះ ព្រះមានព្រះភាគ កំពុងស្តេចមកកាន់ចារិក តាមលំដាប់ ទ្រង់តម្រង់ទៅកាន់កិដាគិរិជនបទនោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុច្រើនរូបមកថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា ចូរដើរទៅរកពួកអស្សជិ និងបុនព្វសុកភិក្ខុ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ កំពុងតែស្តេចមក ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ម្នាលអាវុសោ លោករាល់គ្នា ចូររៀបចំក្រាលសេនាសនៈទុក បម្រុងព្រះមានព្រះភាគផង បម្រុងព្រះភិក្ខុសង្ឃផង បម្រុងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ភិក្ខុទាំងនោះ ទទួលស្តាប់ (ព្រះពុទ្ធដីកា) នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏នាំគ្នាចូលទៅរកពួកអស្សជិ និងបុនព្វសុកភិក្ខុ លុះចូលទៅដល់ហើយ ទើបថ្លែងបណ្តាំនេះ ប្រាប់ពួកអស្សជិ និងបុនព្វសុកភិក្ខុថា ម្នាលអាវុសោ ដ្បិតព្រះមានព្រះភាគ ស្តេចមក ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប ព្រមទាំងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង ម្នាលអាវុសោ លោកទាំងឡាយ ចូរនាំគ្នារៀបចំក្រាលសេនាសនៈទុក បម្រុងព្រះមានព្រះភាគផង បម្រុងព្រះភិក្ខុសង្ឃផង បម្រុងព្រះសារីបុត្ត និងព្រះមោគ្គល្លានផង។ ពួកអស្សជិ និងបុនព្វសុកភិក្ខុឆ្លើយថា ម្នាលអាវុសោ សេនាសនៈ ដែលជារបស់សង្ឃ មិនមានទេ (ព្រោះ) សេនាសនៈទាំងអស់ យើងចែកគ្នាអស់ហើយ ម្នាលអាវុសោ ព្រះមានព្រះភាគ ស្តេចមកល្អហើយ ព្រះអង្គសព្វព្រះហឫទ័យគង់ក្នុងវិហារណា ក៏នឹងគង់ក្នុងវិហារនោះទៅ ឯសារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះអំណាចនៃសេចក្តីប្រាថ្នាលាមក យើងរាល់គ្នា មិនបានរៀបចំក្រាលសេនាសនៈឲ្យលោកទាំងនោះទេ។ ភិក្ខុទាំងនោះសួរថា ម្នាលអាវុសោ លោកទាំងឡាយ នំាគ្នាចែកសេនាសនៈរបស់សង្ឃ មែនឬ។ ពួកអស្សជិ និងបុនព្វសុកភិក្ខុឆ្លើយថា ម្នាលអាវុសោ យើងចែកមែន។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកអស្សជិ និងបុនព្វសុកភិក្ខុ មិនសមបើមកនាំគ្នាចែកសេនាសនៈរបស់សង្ឃសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកអស្សជិ និងបុនព្វសុកភិក្ខុ នាំគ្នាចែកសេនាសនៈរបស់សង្ឃ មែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសទាំងនោះ មិនគួរនឹងហ៊ាននាំគ្នាចែកសេនាសនៈរបស់សង្ឃទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ របស់ដែលមិនគួរចែក៥ពួកនេះ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ។ របស់៥ពួក ដូចម្តេច។ (របស់៥ពួកនោះ គឺ) អារាម គឺសួនច្បារ១ អារាមវត្ថុ គឺទីដីដាំសួនច្បារ១ នេះជារបស់មិនគួរចែក ជាដំបូង ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ វិហារ គឺលំនៅ១ វិហារវត្ថុ គឺទីដីសម្រាប់សង់លំនៅ១ នេះជារបស់មិនគួរចែក ជាគំរប់ពីរ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ មញ្ចៈ គឺគ្រែ១ បីឋៈ គឺតាំង ឬកៅអី១ ភិសី គឺពូក១ ពិម្ពោហនៈ គឺខ្នើយ១ នេះជាវត្ថុមិនគួរចែក ជាគំរប់បី ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ លោហកុម្ភី គឺឆ្នាំងដែលធ្វើពីលោហជាតិ១ លោហភាណកៈ គឺខ្ទះលោហៈ១ លោហវារកៈ គឺក្អមលោហៈ១ លោហកដាហៈ គឺផើងលោហៈ១ វាសី គឺកាំបិត១ ផរសុ គឺពូថៅ១ កុឋារី គឺដឹងចាំង១ កុទ្ទាលៈ គឺចប១ និខាទនៈ គឺពន្លាក១ នេះជាវត្ថុមិនគួរចែក ជាគំរប់៤ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ វល្លី គឺវល្លិ១ វេឡុ គឺឫស្សី១ មុញ្ជៈ គឺស្មៅដំណេកទន្សាយ១ បព្វជៈ គឺស្មៅយ៉ាផ្លង១ តិណៈ គឺស្មៅធម្មតា១ មត្តិកា គឺដីស្អិត១ ទារុភណ្ឌៈ គឺគ្រឿងឈើ១ មត្តិកាភណ្ឌៈ គឺគ្រឿងធ្វើពីដី១ នេះជាវត្ថុមិនគួរចែក ជាគំរប់៥ ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែក ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ ម្នាលភិក្ខុទាំងឡាយ របស់ទាំង៥ពួកនេះឯង ជាវត្ថុមិនគួរចែក ទោះសង្ឃក្តី គណៈក្តី បុគ្គលក្តី ក៏មិនត្រូវចែក សូម្បីចែកហើយ ក៏មិនឈ្មោះថាចែកឡើយ ភិក្ខុណាចែក ត្រូវអាបត្តិថុល្លច្ច័យ។
(នវកម្មទានកថា)
[៤០៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកិដាគិរិជនបទ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយយាងទៅកាន់ចារិក ក្នុងដែនអាឡវី ទ្រង់ត្រាច់ទៅកាន់ចារិក តាមលំដាប់ សំដៅទៅកាន់ដែនអាឡវីនោះ។ ឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង អគ្គាឡវចេតិយ ទៀបដែនអាឡវីនោះ។
[៤០៥] សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនឡាឡវី ឲ្យនវកម្មមានសភាពយ៉ាងនេះ គឺឲ្យនវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំងខ្លះ ឲ្យនវកម្ម ដោយគ្រាន់តែដំកល់ទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារខ្លះ ឲ្យនវកម្ម ដោយគ្រាន់តែធ្វើបង្អួចខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌សខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌ខ្មៅខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្មដោយជ័ររង្គខ្លះ104) ឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំខ្លះ ឲ្យនវកម្មដោយគ្រាន់តែចងខ្លះ ឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្របខ្លះ ឲ្យនវកម្មដោយគ្រាន់តែជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំខ្លះ ឲ្យនវកម្មអស់២០ឆ្នាំខ្លះ ឲ្យនវកម្មអស់៣០ឆ្នាំខ្លះ ឲ្យនវកម្មអស់១ជីវិតខ្លះ ឲ្យនវកម្ម ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។ បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុនៅដែនអាឡវី មិនសមនឹងឲ្យនវកម្មមានសភាពយ៉ាងនេះទេ គឺឲ្យនវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំងខ្លះ ឲ្យនវកម្មដោយគ្រាន់តែដំកល់ទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបង្អួចខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌សខ្លះ ឲ្យនវកម្មដោយគ្រាន់តែលាបពណ៌ខ្មៅខ្លះ ឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្មដោយជ័ររង្គខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំខ្លះ ឲ្យនវកម្មដោយគ្រាន់តែចងខ្លះ ឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្របខ្លះ ឲ្យនវកម្មដោយគ្រាន់តែជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះខ្លះ ឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំខ្លះ ឲ្យនវកម្មអស់២០ឆ្នាំខ្លះ ឲ្យនវកម្មអស់៣០ឆ្នាំខ្លះ ឲ្យនវកម្មអស់១ជីវិតខ្លះ ឲ្យនវកម្ម ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែងខ្លះ។ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការនោះពិតមែនឬ។ បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្មដោយគ្រាន់តែទុកដាក់ដុំដី ឬដុំបាយអ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបជញ្ជាំង មិនត្រូវឲ្យនវកម្ម ដោយគ្រាន់តែដំកល់ទ្វារ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែធ្វើសសរមេទ្វារ មិនត្រូវឲ្យនវកម្ម ដោយគ្រាន់តែធ្វើបង្អួច មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបឲ្យមានពណ៌ស មិនត្រូវឲ្យនវកម្មដោយគ្រាន់តែលាបឲ្យមានពណ៌ខ្មៅ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែធ្វើបរិកម្មដោយជ័ររង្គ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែប្រក់ព្រំ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែចងទុក មិនត្រូវឲ្យនវកម្មដោយគ្រាន់តែបិទបាំងទីអាស្រ័យនៅ នៃសត្វពា្រប មិនត្រូវឲ្យនវកម្មដោយគ្រាន់តែជួសជុល ត្រង់កន្លែងដែលដាច់ និងធ្លុះ មិនត្រូវឲ្យនវកម្មដោយគ្រាន់តែប្រោះព្រំ មិនត្រូវឲ្យនវកម្មអស់២០ឆ្នាំ មិនត្រូវឲ្យនវកម្មអស់៣០ឆ្នាំ មិនត្រូវឲ្យនវកម្មអស់១ជីវិត មិនត្រូវឲ្យនវកម្មអស់ ចំពោះវិហារដែលធ្វើស្រេចហើយ ដែលខ្លួនបានអបលោកឲ្យ ក្នុងកាលមានផ្សែង ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យនវកម្ម ចំពោះតែវិហារ ដែលមិនទាន់ធ្វើ ឬធ្វើមិនទាន់ហើយ (បើ) វិហារតូច ឲ្យត្រួតមើលការងារហើយ សឹមឲ្យនវកម្មអស់ត្រឹម៦ឆ្នាំ ឬ៥ឆ្នាំ ឲ្យរួច (បើ) អឌ្ឍយោគ ឲ្យត្រួតមើលការងារ ហើយសឹមឲ្យនូវនវកម្ម អស់ត្រឹម៧ឆ្នាំ ឬ៨ឆ្នាំឲ្យរួច (បើ) វិហារធំ ឬប្រាសាទ ឲ្យត្រួតមើលការងារ ហើយសឹមឲ្យនវកម្មអស់ត្រឹម១០ឆ្នាំ ឬ១២ឆ្នាំឲ្យរួច។
[៤០៦] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្មចំពោះវិហារទាំងអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្ម ចំពោះវិហារទាំងអស់ទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។
[៤០៧] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្មពីរកន្លែង ដល់ភិក្ខុ១រូប។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យវនកម្មពីរកន្លែង ដល់ភិក្ខុ១រូបទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។
[៤០៨] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយឲ្យភិក្ខុដទៃនៅវិញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកវនកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយឲ្យភិក្ខុដទៃនៅទេ ភិក្ខុណាឲ្យភិក្ខុដទៃនៅ ត្រូវអាបត្តិទុក្កដ។
[៤០៩] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម (ក្នុងវិហាររបស់សង្ឃ) ហើយហាមឃាត់សេនាសនៈរបស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកវនកម្ម ហើយហាមឃាត់សេនាសនៈរបស់សង្ឃទេ ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យភិក្ខុដែលធ្វើការនោះ) ទទួលយកទីដេកដ៏ប្រសើរ១ (បន្ទប់បាន)។
[៤១០] សម័យនោះឯង ភិក្ខុទាំងឡាយឲ្យនវកម្ម ដល់ភិក្ខុនៅក្នុងទីឥតសីមា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យនវកម្ម ដល់ភិក្ខុនៅក្នុងទីឥតសីមាទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។
[៤១១] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្ម ហើយហាមឃាត់គ្រប់កាល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលយកនវកម្ម ហើយហាមឃាត់គ្រប់កាលទេ ភិក្ខុណាហាមឃាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យហាមឃាត់ត្រឹម៣ខែ នៃវស្សានរដូវ (ប៉ុណ្ណោះ) មិនមែនហាមឃាត់គ្រប់កាលនៃរដូវទេ។
[៤១២] សម័យនោះឯង ភិក្ខុទាំងឡាយទទួលយកនវកម្មហើយ ដើរចេញទៅខ្លះ សឹកខ្លះ ធ្វើមរណភាពខ្លះ ប្តេជ្ញាខ្លួនទៅជាសាមណេរខ្លះ ប្តេជ្ញាជាអ្នកលាសិក្ខាខ្លះ ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុខ្លះ ប្តេជ្ញាជាមនុស្សឆ្កួតខ្លះ ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយខ្លះ ប្តេជ្ញាជាអ្នកមានទុក្ខវេទនាគ្របសង្កត់ខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិខ្លះ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញខ្លះ ប្តេជ្ញាជាមនុស្សខ្ទើយខ្លះ ប្តេជ្ញាជាមនុស្សលួចសំវាសខ្លះ ប្តេជ្ញាជាមនុស្សស្ទុះទៅកាន់លទ្ធិតិរ្ថិយខ្លះ ប្តេជ្ញាជាសត្វតិរច្ឆានខ្លះ ប្តេជ្ញាជាអ្នកសម្លាប់មាតាខ្លះ ប្តេជ្ញាជាអ្នកសម្លាប់បិតាខ្លះ ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្តខ្លះ ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនីខ្លះ ប្តេជ្ញាជាអ្នកបំបែកសង្ឃខ្លះ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពងខ្លះ ប្តេជ្ញាជាអ្នកមានភេទពីរខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
[៤១៣] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ចៀរចេញទៅ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្ម ហើយសឹកចេញ ធ្វើមរណភាព ប្តេជ្ញាទៅជាសាមណេរ ប្តេជ្ញាជាអ្នកលាសិក្ខា ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុ ប្តេជ្ញាជាមនុស្សឆ្កួត ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយ ប្តេជ្ញាជាអ្នកមានទុក្ខវេទនាគ្របសង្កត់ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ប្តេជ្ញាជាមនុស្សខ្ទើយ ប្តេជ្ញាជាមនុស្សលួចសំវាស ប្តេជ្ញាជាមនុស្សស្ទុះទៅកាន់លទ្ធិតិរ្ថិយ ប្តេជ្ញាជាសត្វតិរច្ឆាន ប្តេជ្ញាជាអ្នកសម្លាប់មាតា ប្តេជ្ញាជាអ្នកសម្លាប់បិតា ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្ត ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនី ប្តេជ្ញាជាអ្នកបំបែកសង្ឃ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពង ប្តេជ្ញាជាអ្នកមានភេទពីរ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។
[៤១៤] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ចៀសចេញទៅក្នុងវេលាដែលធ្វើ (នវកម្ម) មិនទាន់ស្រេច។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុឯទៀត ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ សឹកចេញ ក្នុងវេលាដែលធ្វើនវកម្ម មិនទាន់ស្រេច។ ធ្វើមរណភាព។ បេ។ ប្តេជ្ញាជាអ្នកមានភេទពីរ។ ត្រូវភិក្ខុនោះឲ្យ (នវកម្មនោះ) ដល់ភិក្ខុដទៃ ដោយគិតថា សូមកុំឲ្យនវកម្មរបស់សង្ឃវិនាសឡើយ។
[៤១៥] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ចៀសចេញទៅ ក្នុងវេលាដែលធ្វើ (នវកម្ម) ហើយស្រេច (លុះត្រឡប់មកនៅវិញ) នវកម្មនុ៎ះ ជារបស់ភិក្ខុនោះឯង។
[៤១៦] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ សឹកចេញ ធ្វើមរណភាព ប្តេជ្ញាជាសាមណេរ ប្តេជ្ញាជាអ្នកលាសិក្ខា ប្តេជ្ញាជាអ្នកត្រូវអន្តិមវត្ថុ ក្នុងវេលាដែលធ្វើនវកម្មហើយស្រេច។ ត្រូវសង្ឃជាម្ចាស់។
[៤១៧] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ប្តេជ្ញាជាមនុស្សឆ្កួត ប្តេជ្ញាជាអ្នកមានចិត្តរវើរវាយ ប្តេជ្ញាជាអ្នកត្រូវទុក្ខវេទនាគ្របសង្កត់ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិចេញ ប្តេជ្ញាជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ក្នុងវេលាដែលធ្វើនវកម្មហើយស្រេច នវកម្មនុ៎ះ ជារបស់ភិក្ខុនោះឯង។
[៤១៨] ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុក្នុងសាសនានេះ ទទួលយកនវកម្មហើយ ប្តេជ្ញាជាមនុស្សខ្ទើយ ប្តេជ្ញាជាអ្នកលួចសំវាស ប្តេជ្ញាជាអ្នកស្ទុះទៅកាន់លទ្ធិតិរ្ថិយ ប្តេជ្ញាជាសត្វតិរច្ឆាន ប្តេជ្ញាជាអ្នកសម្លាប់មាតា ប្តេជ្ញាជាអ្នកសម្លាប់បិតា ប្តេជ្ញាជាអ្នកសម្លាប់ព្រះអរហន្ត ប្តេជ្ញាជាអ្នកប្រទូស្តភិក្ខុនី ប្តេជ្ញាជាអ្នកបំបែកសង្ឃ ប្តេជ្ញាជាអ្នកធ្វើព្រះលោហិត (របស់ព្រះសម្មាសម្ពុទ្ធ) ឲ្យពុរពង ប្តេជ្ញាជាអ្នកមានភេទពីរ ក្នុងវេលាដែលធ្វើ(នវកម្ម)ហើយស្រេច។ ត្រូវសង្ឃជាម្ចាស់។
(អញ្ញត្របរិភោគបដិក្ខេបាទិ)
[៤១៩] សម័យនោះឯង ភិក្ខុទាំងឡាយយកសេនាសនៈរបស់ឧបាសកម្នាក់ (ដែលគេឧទ្ទិស) ជាគ្រឿងសម្រាប់ប្រើប្រាស់ ក្នុងវិហារ ទៅប្រើប្រាស់ក្នុងទីឯទៀត។ គ្រានោះ ឧបាសកនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកដ៏ចំរើនទាំងឡាយ មិនសមបើនឹងយកគ្រឿងប្រើប្រាស់អំពីទីឯទៀត ទៅប្រើប្រាស់ក្នុងទីឯទៀតសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវយកគ្រឿងប្រើប្រាស់ ក្នុងទីឯទៀត ទៅប្រើប្រាស់ក្នុងទីឯទៀតទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។
[៤២០] សម័យនោះឯង ពួកភិក្ខុមានសេចក្តីសង្ស័យ (មិនហ៊ាន) នាំយក (គ្រឿងប្រើប្រាស់) ទៅកាន់រោងឧបោសថ កាន់រោងជាទីប្រជុំ ហើយក៏នាំគ្នាអង្គុយផ្ទាល់លើផែនដី។ ទាំងខ្លួន ទាំងចីវរ (របស់ភិក្ខុនោះ) ក៏ប្រឡាក់ប្រឡូស ដោយអាចម៍ដី។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យនាំយក (គ្រឿងប្រើប្រាស់នោះ) ឲ្យជារបស់ខ្ចីបាន។
[៤២១] សម័យនោះឯង វិហារធំរបស់សង្ឃទ្រុឌទ្រោម។ ពួកភិក្ខុសង្ស័យ មិនហ៊ាននាំយកសេនាសនៈចេញ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យនាំយក (សេនាសនៈ) ទៅទុកថែរក្សាបាន។
[៤២២] សម័យនោះឯង សំពត់កម្ពលមានតម្លៃច្រើន ជាសេនាសនបរិក្ខារ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្លាស់ប្តូរ ដើម្បីប្រយោជន៍ ជាផាតិកម្ម គឺការចំរើនបាន។
[៤២៣] សម័យនោះឯង សំពត់មានតម្លៃច្រើន ជាបរិក្ខារក្នុងសេនាសនៈ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្លាស់ប្តូរ ដើម្បីប្រយោជន៍ ជាផាតិកម្មបាន។
[៤២៤] សម័យនោះឯង ស្បែកខ្លាឃ្មុំ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជាទ្រនាប់សម្រាប់ជូតជើងបាន។
[៤២៥] សម័យនោះឯង វត្ថុមានសណ្ឋានដូចជាកង់ (ដែលគេវេញ ដោយសំពត់កម្ពលជាដើម) កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជារង្វេល ម្រាប់ជូតជើងបាន។
[៤២៦] សម័យនោះឯង មានកំណាត់សំពត់ កើតឡើងដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើជាសំពត់ សម្រាប់ជូតជើងបាន។
[៤២៧] សម័យនោះឯង ពួកភិក្ខុមិនទាន់លាងជើង105) ហើយដើរជាន់សេនាសនៈ។ សេនាសនៈក៏ប្រឡាក់អស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុឥតលាងជើង មិនត្រូវដើរជាន់សេនាសនៈទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[៤២៨] សម័យនោះឯង ពួកភិក្ខុដើរជាន់សេនាសនៈទាំងជើងទទឹក។ សេនាសនៈក៏សើមអស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវដើរជាន់សេនាសនៈទាំងជើងទទឹកទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[៤២៩] សម័យនោះឯង ពួកភិក្ខុពាក់ស្បែកជើង ដើរជាន់សេនាសនៈ។ សេនាសនៈក៏ប្រឡាក់អស់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុពាក់ស្បែកជើង មិនត្រូវដើរជាន់សេនាសនៈទេ ភិក្ខុណាជាន់ ត្រូវអាបត្តិទុក្កដ។
[៤៣០] សម័យនោះឯង ពួកភិក្ខុស្តោះទឹកមាត់ លើទីដែលគេតាក់តែងឲ្យស្អាត។ (ទីនោះ) ក៏អាប់អន់ពណ៌សម្បុរទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវស្តោះទឹកមាត់ លើទីដែលគេតាក់តែងទេ ភិក្ខុណាស្តោះ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យប្រើ) កន្ថោរទឹកមាត់។
[៤៣១] សម័យនោះឯង ជើងគ្រែខ្លះ ជើងតាំងខ្លះ ក៏កោសដាច់ទីកន្លែង ដែលគេតាក់តែងឲ្យល្អ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរុំ (ជើងគ្រែ ជើងតាំងនោះ) ដោយកំណាត់សំពត់។
[៤៣២] សម័យនោះឯង ពួកភិក្ខុផ្អែកនឹងជញ្ជាំងដែលគេលាប (ថ្នាំផ្សេងៗ)។ ពណ៌សម្បុរ (ជញ្ជាំង) ក៏អាប់អន់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវផ្អែកនឹងជញ្ជាំង ដែលគេលាប (ថ្នាំផ្សេងៗ) ទេ ភិក្ខុណាផ្អែក ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផែនក្តារសម្រាប់ផ្អែក។ ឯផែនក្តារសម្រាប់ផ្អែក ក៏កោសផ្ទៃទីខាងក្រោមនឹងជញ្ជាំងខាងលើ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យរុំសំពត់ទាំងខាងលើ ទាំងខាងក្រោម។
[៤៣៣] សម័យនោះឯង ភិក្ខុមានជើងលាងស្រេចហើយ តែនៅមានសង្ស័យ (មិនហ៊ាន) ដេក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាលរួចសឹមដេក។
(សង្ឃភត្តាទិអនុជាននំ)
[៤៣៤] គ្រានោះ ព្រះមានព្រះភាគគង់នៅក្នុងដែន អាឡវី គួរតាមព្រះអធ្យាស្រ័យ រួចហើយ ទ្រង់ស្តេចទៅកាន់ចារិក ក្រុងរាជគ្រឹះ ស្តេចទៅកាន់ចារិកតាមលំដាប់ សំដៅទៅកាន់ក្រុងរាជគ្រឹះនោះ។ បានឮថា ព្រះមានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។
[៤៣៥] សម័យនោះឯង ក្រុងរាជគ្រឹះក៏កើតទុរ្ភិក្ស (អត់បាយ) មនុស្សទាំងឡាយ មិនអាចនឹងធ្វើសង្ឃភត្តបាន ហើយក៏ប្រាថ្នានឹងធ្វើឧទ្ទេសភត្ត និមន្តភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត និងបាដិបទិកភត្ត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវសង្ឃភត្ត ឧទ្ទេសភត្ត និមន្តភត្ត សលាកភត្ត បក្ខិកភត្ត ឧបោសថិកភត្ត និងបាដិបទិកភត្ត។
(ភត្តុទ្ទេសកសម្មុតិ)
[៤៣៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទទួលយកភត្តប្រសើរ ចំពោះខ្លួនឯង ហើយឲ្យភត្តមិនថ្លៃថ្លា ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាភត្តុទ្ទេសកៈ គឺអ្នកសំដែងភត្ត (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់ភត្តដែលខ្លួនបានសំដែង និងមិនទាន់បានសំដែង១។
[៤៣៧] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវឲ្យភិក្ខុជាអ្នកឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាភត្តុទ្ទេសកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៣៨] លំដាប់នោះ ពួកភិក្ខុជាភត្តុទ្ទេសកៈ មានសេចក្តីត្រិះរិះដូច្នេះថា យើងគួរសំដែងភត្តដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចារិក ដោយសលាក ឬដំបា (មានបន្ទះឫស្សី និងស្លឹកត្នោតជាដើម) លា ឬបើកហើយ សឹមសំដែងភត្ត។
(សេនាសនបញ្ញាបកាទិសម្មុតិ)
[៤៣៩] សម័យនោះឯង មិនទាន់មានភិក្ខុជាសេនាសនប្បញ្ញាបកៈ (អ្នកក្រាលសេនាសនៈ) បម្រុងសង្ឃ។ បេ។ មិនទាន់មានភិក្ខុជាភណ្ឌាគារិកៈ (អ្នករក្សាឃ្លាំង)។ បេ។ មិនទាន់មានភិក្ខុជាចីវរប្បដិគ្គាហកៈ (អ្នកទទួលចីវរទុក)។ បេ។ មិនទាន់មានភិក្ខុជាចីវរភាជកៈ (អ្នកចែកចីវរ)។ បេ។ មិនទាន់មានភិក្ខុជាយាគុភាជកៈ (អ្នកចែកបបរ)។ បេ។ មិនទាន់មានភិក្ខុជាផលភាជកៈ (អ្នកចែកផ្លែឈើ)។ បេ។ មិនទាន់មានភិក្ខុជាខជ្ជកភាជកៈ (អ្នកចែកបង្អែម)នៅឡើយ។ បេ។ បង្អែមដែលមិនបានចែក ក៏ខូចអស់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាខជ្ជកភាជកៈ (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់វត្ថុដែលខ្លួនបានចែក និងមិនទាន់បានចែក១។
[៤៤០] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃគប្បីសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវឲ្យភិក្ខុជាអ្នកឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាខជ្ជកភាជកៈ (អ្នកចែកបង្អែម)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឥឡូវ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាខជ្ជកភាជកៈ។ ការសន្មតភិក្ខុឈ្មោះនេះ ឲ្យជាខជ្ជកភាជកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាខជ្ជកភាជកៈហើយ ការសន្មតិនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
(អប្បមត្តកវិស្សជ្ជកសម្មុតិ)
[៤៤១] សម័យនោះឯង បរិក្ខារតិចតួច មានក្រាស់ក្រែលឡើង ក្នុងឃ្លាំងរបស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ (អ្នកចែកចាយនូវបរិក្ខារតិចតួច) (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់បរិក្ខារ ដែលខ្លួនបានចែកចាយហើយ និងមិនទាន់បានចែកចាយហើយ១។
[៤៤២] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ (អ្នកចែកចាយបរិក្ខារតិចតួច)។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាអប្បមត្តកវិស្សជ្ជកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[៤៤៣] ភិក្ខុជាអប្បមត្តកវិស្សជ្ជកៈនោះ (បើមានភិក្ខុមកសូមម្ជុល) ត្រូវឲ្យម្ជុលមួយ (ម្តង)។ ត្រូវឲ្យកាំបិត។ ត្រូវឲ្យស្បែកជើង។ ត្រូវឲ្យវត្ថពន្ធចង្កេះ។ ត្រូវឲ្យយោគបាត្រ។ ត្រូវឲ្យសំពត់តម្រង់ទឹក។ ត្រូវឲ្យធម្មក្រក។ ត្រូវឲ្យសំពត់កុសិ (ខ្ទង់វែង)។ ត្រូវឲ្យសំពត់អឌ្ឍកុសិ (ខ្ទង់ខ្លី)។ ត្រូវឲ្យសំពត់មណ្ឌល (ផ្ទាំងធំ)។ ត្រូវឲ្យសំពត់អឌ្ឍមណ្ឌល (ផ្ទាំងតូច)។ ត្រូវឲ្យសំពត់អនុវាត។ ត្រូវឲ្យសំពត់សម្រាប់ថែម ឬសំពត់សម្រាប់ប៉ះ។ បើមានសប្បិក្តី ប្រេងក្តី ទឹកឃ្មុំក្តី ស្ករអំពៅក្តី (ភិក្ខុអ្នកចែកចាយបរិក្ខារនោះ) ត្រូវឲ្យដល់សង្ឃឆាន់ ក្នុងគ្រាម្តងៗ។ បើសង្ឃត្រូវការទៀត ត្រូវឲ្យទៀត។ បើសង្ឃត្រូវការម្តងទៀត ត្រូវឲ្យម្តងទៀត។
(សាដិយគ្គាហាបកាទិសម្មុតិ)
[៤៤៤] សម័យនោះឯង មិនទាន់មានភិក្ខុជាសាដិយគ្គាហាបកៈ (អ្នកប្រគល់សំពត់ដល់សង្ឃ)។ បេ។ មិនទាន់មានភិក្ខុជាបត្តគ្គាហាបកៈ (អ្នកប្រគល់បាត្រ)។ បេ។ មិនទាន់មានភិក្ខុជាអារាមិកបេសកៈ (អ្នកប្រើញោមវត្ត)។ បេ។ មិនទាន់មានសាមណេរបេសកៈ (អ្នកប្រើសាមណេរ)។ បេ។ សាមណេរទាំងឡាយ កាលបើភិក្ខុមិនប្រើ ក៏មិនធ្វើការងារ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុដែលប្រកបដោយអង្គ៥ ឲ្យជាសាមណេរបេសកៈ (អ្នកប្រើសាមណេរ) (អង្គ៥នោះគឺ) មិនលុះឆន្ទាគតិ១ មិនលុះទោសាគតិ១ មិនលុះមោហាគតិ១ មិនលុះភយាគតិ១ ស្គាល់សាមណេរ ដែលខ្លួនបានប្រើ និងមិនទាន់បានប្រើ១។
[៤៤៥] ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ សង្ឃគប្បីសូមភិក្ខុជាមុនសិន។ លុះសូមរួចហើយ ត្រូវភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈ។ ការសន្មតិភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវឆ្លើយមក។ សង្ឃបានសន្មតភិក្ខុឈ្មោះនេះ ឲ្យជាសាមណេរបេសកៈហើយ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។
ចប់ ភាណវារៈ ទី៣ ចប់ សេនាសនក្ខន្ធកៈ ទី៦។ ឧទ្ទាននៃសេនាសនក្ខន្ធកៈនោះ (ដូចតទៅនេះ)
[៤៤៦]
រឿងព្រះសម្មាសម្ពុទ្ធប្រសើរ មិនទាន់បានបញ្ញត្តវិហារក្នុងគ្រានោះ១ រឿងសាវ័កព្រះជិនស្រី ដើរចេញទៅ នៅក្នុងទីនោះៗ១ រឿងសេដ្ឋីគហបតិ បានឃើញព្រះសាវ័កទាំងនោះ ហើយដំណាលរឿងនេះ ប្រាប់ភិក្ខុទាំងឡាយថា ខ្ញ