User Tools

Site Tools


Translations of this page?:
km:tipitaka:book_011

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ១១ - Book 011

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០១១ - Tipitaka Book 011, for change log on ati.eu see here: រាយការណ៍ ភាគ ០១១



book_011.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_011.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី១១

ទ. ១

វិន័យបិដក

ភាគ ទី១១

ចុល្លវគ្គ

(ចូឡវគ្គោ)

តតិយភាគ
ភាគ ទី៣

សង្ឃភេទក្ខន្ធកៈ | វត្តក្ខន្ធកៈ | បាតិមោក្ខដ្ឋបនក្ខន្ធកៈ | ភិក្ខុនីខន្ធកៈ | បញ្ចសតិកក្ខន្ធកៈ | សត្តសតិកក្ខន្ធកៈ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

សង្ឃភេទក្ខន្ធកៈ (ទី៧)

(៧. សង្ឃភេទកក្ខន្ធកំ)

(បឋមភាណវារៈ ទី១)

(១. បឋមភាណវារោ)

(ឆសក្យបព្ពជ្ជាកថា)

(ឆសក្យបព្ពជ្ជាកថា)

[១] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅក្នុងនិគម ឈ្មោះអនុបិយា ជានិគមរបស់មល្លក្សត្រ ទៀបព្រៃអនុបិយា។ ក៏សម័យនោះឯង ពួកសក្យកុមារ សុទ្ធតែជាអ្នកមាននាមល្បីល្បាញ ចេញបួសតាមព្រះមានព្រះភាគ ដែលទ្រង់ព្រះផ្នួសហើយ។

[២] សម័យនោះ មានសក្យៈជាបងប្អូន២អង្គ ឈ្មោះមហានាមសក្កៈ១ ឈ្មោះអនុរុទ្ធសក្កៈ១។ ឯអនុរុទ្ធសក្កៈ ជាស្តេចសុខុមាលជាតិ។1) អនុរុទ្ធសក្កៈនោះ មានប្រាសាទ៣ខ្នង ប្រាសាទមួយ សម្រាប់រដូវរងា ប្រាសាទមួយសម្រាប់រដូវក្តៅ ប្រាសាទមួយសម្រាប់រដូវភ្លៀង។ អនុរុទ្ធសក្កៈនោះ (គង់នៅ) លើប្រាសាទសម្រាប់រដូវភ្លៀងអស់បួនខែ មានតន្ត្រី នៅចាំគាល់បម្រើ មិនមានមនុស្សបុ្រស (នៅលាយ) មិនដែលយាងចុះអំពីប្រាសាទ មកខាងក្រោមឡើយ។ គ្រានោះឯង មហានាមសក្កៈ មានសេចក្តីត្រិះរិះដូច្នេះថា ឥឡូវនេះ ពួកសក្យកុមារ សុទ្ធតែជាអ្នកមាននាមល្បីល្បាញ បានចេញបួសតាមព្រះមានព្រះភាគ ដែលទ្រង់ព្រះផ្នួសហើយ ចំណែកខាងត្រកូលរបស់យើង គ្មាននរណាមួយ ចេញចាកផ្ទះ ទៅបួសក្នុងសាសនាសោះ បើដូច្នោះ គួរតែអាត្មាអញ ឬអនុរុទ្ធ បួសកុំខានចុះ។ ទើបមហានាមសក្កៈ ចូលទៅរកអនុរុទ្ធសក្កៈ លុះចូលទៅដល់ហើយ បាននិយាយរឿងនុ៎ះ ចំពោះអនុរុទ្ធសក្កៈថា ម្នាលអនុរុទ្ធ ជាអនុជ ឥឡូវនេះ ពួកសក្យកុមារ សុទ្ធតែជាអ្នកមាននាមល្បីល្បាញ បានចេញបួស តាមព្រះមានព្រះភាគ ដែលទ្រង់ព្រះផ្នួសហើយ ចំណែកខាងត្រកូលរបស់យើង គ្មាននរណាមួយ ចេញចាកផ្ទះ ទៅបួសក្នុងសាសនាសោះ បើដូច្នោះ ចូរឯងបួស ឬអញនឹងបួសក៏បាន។ អនុរុទ្ធឆ្លើយថា ខ្ញុំជាមនុស្សសុខុមាលជាតិ ខ្ញុំមិនអាចនឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនាបានទេ សូមទ្រង់ស្តេចបួសចុះ។ មហានាមសក្កៈ និយាយថា ម្នាលអនុរុទ្ធ ជាអនុជ ចូរប្អូនមកអាយ បងនឹងពន្យល់ប្រយោជន៍របស់ឃរាវាសដល់ប្អូនថា ការធ្វើស្រែនោះ មុនដំបូងត្រូវភ្ជួរ ភ្ជួររួចហើយ ត្រូវព្រោះ ព្រោះរួចហើយ ត្រូវបញ្ចូលទឹក បញ្ចូលទឹករួចហើយ ត្រូវបញ្ចេញទឹក បញ្ចេញទឹករួចហើយ ត្រូវជំរះស្មៅ ជំរះស្មៅរួចហើយ ត្រូវច្រូតស្រូវ ច្រូតស្រូវហើយ ត្រូវចងកណ្តាប់ ចងជាកណ្តាប់ហើយ ត្រូវធ្វើឲ្យជាគំនរ ធ្វើឲ្យជាគំនរហើយ ត្រូវបោក ឬបញ្ជាន់ បញ្ជាន់ហើយ ត្រូវជជុះយកចំបើង ជជុះយកចំបើងហើយ ត្រូវជជុះយកកំទេចចេញ ជជុះយកកំទេចចេញហើយ ត្រូវរោយ រោយហើយ ត្រូវជញ្ជូនយកមកទុក ជញ្ជូនយកមកទុកហើយ ត្រូវចាប់ធ្វើតែយ៉ាងនេះតទៅទៀត រាល់ៗឆ្នាំ ត្រូវចាប់ធ្វើ (សាពីដើម) តាមទំនងនេះទៀត តែរាល់ៗឆ្នាំ។ អនុរុទ្ធសក្កៈ និយាយថា ការងារមិនចេះអស់ទេ ទីបំផុតនៃការងារមិនប្រាកដទេ កាលណានឹងអស់ការងារ កាលណានឹងប្រាកដថា ផុតការងារបាន កាលណាយើងនឹងថយខ្វល់ខ្វាយឆ្អែតឆ្អន់ នឹងស្កប់ស្កល់បម្រើដោយកាមគុណ៥។ ម្នាលអនុរុទ្ធ ជាអនុជ ការងារមិនចេះអស់ទេ ទីបំផុតការងារក៏មិនប្រាកដ មាតាបិតាក្តី ជីតាក្តី ធ្វើមរណភាព (ទៅអស់) ឯការងារ មិនចេះអស់ទេ។ បើដូច្នោះ អនុជឯង ចូរជ្រាបអំពីប្រយោជន៍ របស់ឃរាវាសចុះ បងមុខជានឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា (មិនខាន)។

[៣] ក្នុងគ្រានោះ អនុរុទ្ធសក្កៈ ចូលទៅរកព្រះមាតា លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រះមាតាយ៉ាងនេះថា បពិត្រព្រះមាតា ខ្ញុំចង់ចេញចាកផ្ទះ ទៅបួសក្នុងសាសនា បពិត្រព្រះមាតា សូមព្រះមាតាអនុញ្ញាតឲ្យខ្ញុំចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ កាលបើអនុរុទ្ធសក្កៈ និយាយយ៉ាងនេះហើយ ព្រះមាតានៃអនុរុទ្ធសក្កៈ និយាយយ៉ាងនេះថា ម្នាលអនុរុទ្ធកូន អ្នកជាបុត្រប្រុសទាំងពីររបស់យើង រមែងជាទីស្រឡាញ់ពេញចិត្ត ឥតមានស្អប់ខ្ពើមទេ សូម្បីដល់មរណភាព យើងក៏ពុំចង់ព្រាត់ប្រាស និរាសចាកអ្នកឡើយ កាលបើអ្នករស់នៅៗឡើយ យើងធ្វើម្តេចនឹងយល់ព្រមឲ្យអ្នកចេញចាកផ្ទះ ទៅបួសក្នុងសាសនាបាន។ អនុរុទ្ធសក្កៈនិយាយនឹងព្រះមាតា យ៉ាងនេះ អស់វារៈពីរដងផង។បេ។ អស់វារៈបីដងផងថា បពិត្រព្រះមាតា ខ្ញុំចង់ចេញចាកផ្ទះ ទៅបួសក្នុងសាសនា បពិត្រព្រះមាតា សូមព្រះមាតា អនុញ្ញាត ឲ្យខ្ញុំចេញចាកផ្ទះ ទៅបួសក្នុងសាសនា។

[៤] សម័យនោះឯង ភទ្ទិយសក្យរាជ សោយរាជ្យជាស្តេចរបស់សក្យៈទាំងឡាយ។ ឯភទ្ទិយសក្យរាជនោះ ត្រូវជាសំឡាញ់នឹងអនុរុទ្ធសក្កៈ។ គ្រានោះឯង ព្រះមាតារបស់អនុរុទ្ធសក្កៈ ទ្រង់ព្រះចិន្តាថា ព្រះភទ្ទិយសក្យរាជនេះ ទ្រង់សោយរាជ្យ ជាស្តេចរបស់ពួកសក្យៈ ស្តេចនោះ ជាសំឡាញ់នឹងអនុរុទ្ធសក្កៈ គង់មិនអាចចេញចាកអគារដ្ឋាន ទៅបួសក្នុងសាសនាទេ (លុះទ្រង់ព្រះចិន្តាដូច្នេះហើយ) ទើបមានព្រះសវនីយទៅនឹងអនុរុទ្ធសក្កៈទៀតថា ម្នាលអនុរុទ្ធកូន ប្រសិនបើ ភទ្ទិយសក្យរាជ ចេញចាកផ្ទះ ទៅបួសក្នុងសាសនា កាលបើដូច្នេះ សឹមកូនឯងទៅបួសចុះ។ លំដាប់នោះ អនុរុទ្ធសក្កៈ ចូលទៅរកព្រះភទ្ទិយសក្យរាជ លុះចូលទៅដល់ហើយ ទើបថ្លែងសេចក្តីនុ៎ះ ទៅនឹងភទ្ទិយសក្យរាជថា ម្នាលសំឡាញ់ ការបួសរបស់ខ្ញុំជាប់ទាក់ទងគ្នានឹងអ្នក។ ភទ្ទិយសក្យរាជ ក៏ឆ្លើយតបថា ម្នាលសំឡាញ់ បើបព្វជ្ជារបស់អ្នក ជាប់ទាក់ទងគ្នានឹងខ្ញុំក្តី មិនជាប់ក្តី បព្វជ្ជានោះ ចូលលើកទុកចុះ យើងគង់តែនឹងបួសជាមួយអ្នកតាមសប្បាយដែរ។ អនុរុទ្ធសក្កៈ បបួលទៀតថា ម្នាលសំឡាញ់ អ្នកចូរមក យើងទាំងពីរនាក់នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ ព្រះភទ្ទិយសក្យរាជតបថា ម្នាលសំឡាញ់ ខ្ញុំមិនអាចចេញចាកផ្ទះ ទៅបួសក្នុងសាសនាបានទេ កិច្ចឯទៀត ដែលខ្ញុំល្មមធ្វើជំនួសអ្នកបាន ខ្ញុំនឹងធ្វើជំនួសអ្នក អ្នកចូរបួសចុះ។ អនុរុទ្ធសក្កៈ និយាយថា ម្នាលសំឡាញ់ ព្រះមាតានិយាយនឹងខ្ញុំយ៉ាងនេះថា ម្នាលអនុរុទ្ធ បើភទ្ទិយសក្យរាជ ចេញចាកផ្ទះ ទៅបួសក្នុងសាសនា កាលបើដូច្នោះ អ្នកឯងចូរបួសចុះ។ ភទ្ទិយសក្យរាជឆ្លើយថា ម្នាលសំឡាញ់ ខ្ញុំបាននិយាយវាចានុ៎ះ ចំពោះអ្នកមែនថា ម្នាលសំឡាញ់ បើបព្វជ្ជារបស់អ្នកជាប់ទាក់ទងនឹងខ្ញុំក្តី មិនជាប់ក្តី បព្វជ្ជានោះ លើកទុកទៅចុះ ខ្ញុំគង់តែនឹងបួសជាមួយនឹងអ្នកតាមសប្បាយដែរ។ អនុរុទ្ធបបួលថា ម្នាលសំឡាញ់ អ្នកចូរមក យើងទាំងពីរនាក់ នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ ក្នុងសម័យនោះ ពួកមនុស្ស ច្រើននិយាយពាក្យសច្ចៈ ប្តេជ្ញាគ្នាដោយពាក្យសច្ចៈ។ លំដាប់នោះ ព្រះភទ្ទិយសក្យរាជ តបនឹងអនុរុទ្ធសក្កៈយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកចូរបង្អង់៧ឆ្នាំសិន លុះអំណឹះ៧ឆ្នាំទៅ យើងទាំងពីរនាក់ នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈឆ្លើយតបថា ម្នាលសំឡាញ់ ៧ឆ្នាំនោះយូរណាស់ ខ្ញុំមិនអាចនឹងបង្អង់ចាំដល់៧ឆ្នាំទេ។ ព្រះភទ្ទិយសក្យរាជ ឆ្លើយថា ម្នាលសំឡាញ់ អ្នកចូររង់ចាំ៦ឆ្នាំចុះ។បេ។ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំចុះ លុះអំណឹះ១ឆ្នាំទៅ យើងទាំងពីរនាក់ នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈបបួលទៀតថា ម្នាលសំឡាញ់ ១ឆ្នាំនោះយូរពេកណាស់ ខ្ញុំមិនអាចនឹងរង់ចាំទៅដល់១ឆ្នាំបានទេ។ ព្រះភទ្ទិយសក្យរាជ អង្វរទៀតថា ម្នាលសំឡាញ់ អ្នកចូរបង្អង់៧ខែចុះ លុះអំណឹះ៧ខែទៅ យើងទាំងពីរនាក់ នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈតបថា ម្នាលសំឡាញ់ ៧ខែនោះយូរណាស់ ខ្ញុំមិនអាចនឹងរង់ចាំដល់ទៅ៧ខែបានទេ។ ព្រះភទ្ទិយសក្យរាជ អង្វរថា ម្នាលសំឡាញ់ អ្នកចូរបង្អង់ដល់៦ខែ។បេ។ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះខែចុះ លុះអំណឹះកន្លះខែទៅ សឹមយើងទាំងពីរនាក់ ចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈតបថា ម្នាលសំឡាញ់ កន្លះខែយូរពេកណាស់ ខ្ញុំមិនអាចនឹងរង់ចាំដល់កន្លះខែបានទេ។ ព្រះភទ្ទិយសក្យរាជ អង្វរចុះមកទៀតថា ម្នាលសំឡាញ់ អ្នកចូរបង្អង់៧ថ្ងៃសិន ទម្រាំតែខ្ញុំនឹងប្រគល់រាជ្យសម្បត្តិឲ្យកូន ឬបងប្អូន។ អនុរុទ្ធសក្កៈទទួលព្រមថា ម្នាលសំឡាញ់ ៧ថ្ងៃនោះ មិនជាយូរប៉ុន្មានទេ ខ្ញុំនឹងរង់ចាំបាន។

[៥] គ្រានោះឯង (ពួកសក្យៈទាំង៦អង្គ) គឺភទ្ទិយសក្យរាជ១ អនុរុទ្ធ១ អានន្ទ១ ភគ្គុ១ កិមិល១ ទេវទត្ត១ ជាគំរប់៧នាក់នឹងខ្មាន់ព្រះកេស ឈ្មោះឧបាលិ ចេញទៅកាន់ឱទ្យាន មួយអន្លើដោយសេនាមានអង្គ៤ ក្នុងកាលពីដើមយ៉ាងណា សក្យរាជទាំងនោះ យាងចេញទៅ (ដើម្បីបព្វជ្ជាមួយអន្លើ) ដោយសេនាមានអង្គ៤ ក៏យ៉ាងនោះដែរ។ សក្យៈទាំងនោះ លុះយាងទៅដល់ទីឆ្ងាយ ទើបឲ្យសេនាវិលមកវិញ លុះចូលទៅដល់ដែនដទៃហើយ ទើបដោះគ្រឿងប្រដាប់ វេចជាបង្វេចដោយព្រះពស្ត្រសម្រាប់ពានា រួចហើយទើបមានព្រះបន្ទូលទៅនឹងខ្មាន់ព្រះកេស ឈ្មោះឧបាលិថា នែនាយឧបាលិ ណ្ហើយនាយឧបាលិ ចូរអ្នកឯងវិលទៅវិញចុះ ទ្រព្យប៉ុណ្ណេះ ក៏ល្មមនឹងចិញ្ចឹមជីវិតរបស់អ្នកបានហើយ។

[៦] គ្រានោះឯង កាលឧបាលិកប្បកៈ កំពុងតែដើរវិលមកវិញ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួសក្យៈសុទ្ធតែជាអ្នកាចៗ នឹងសម្លាប់អញក៏បាន ព្រោះគិតថា ឧបាលិកប្បកៈនេះហើយ សម្លាប់ព្រះរាជកុមារ អម្បាលសក្យកុមារទាំងឡាយ ម្តេចគង់ចេញចាកអគារដ្ឋាន ទៅបួសក្នុងសាសនាបាន ចំណង់បើអញ នឹងបាច់និយាយទៅថ្វី។ ឧបាលិកប្បកៈនោះ ក៏ស្រាយបង្វេចចេញ ហើយព្យួររបស់នោះ លើដើមឈើ ទើបនិយាយថា បើអ្នកណាឃើញ ចូររើសយករបស់ដែលអញឲ្យហើយចុះ ហើយដើរចូលទៅរកពួកសក្យកុមារវិញ។ ពួកសក្យកុមារទាំងនោះ បានឃើញឧបាលិកប្បកៈ កំពុងដើរមកអំពីចម្ងាយហើយ ទើបនិយាយទៅនឹងឧបាលិកប្បកៈយ៉ាងនេះថា នែនាយឧបាលិ ហេតុដូចម្តេច បានជាអ្នកវិលមកវិញ។ ឧបាលិកប្បកៈ ក៏ក្រាបទូលថា បពិត្រព្រះអយ្យបុត្ត កាលដែលខ្ញុំព្រះអង្គវិលអំពីទីនេះទៅ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ពួសក្យរាជ សុទ្ធតែកាចៗ នឹងសម្លាប់ខ្ញុំព្រះអង្គចោលក៏បាន ព្រោះគិតថា ខ្ញុំព្រះអង្គនេះហើយ ដែលសម្លាប់ព្រះរាជកុមារ អម្បាលពួកសក្យកុមារនេះ (ម្តេចក៏) ចេញចាកអគារដ្ឋាន ទៅបួសក្នុងសាសនា ចុះនឹងចាំស្តីទៅថ្វី ដល់ខ្លួនខ្ញុំព្រះអង្គ បពិត្រព្រះអយ្យបុត្ត ខ្ញុំព្រះអង្គ ស្រាយបង្វេចចេញ ហើយព្យួររបស់នោះ លើដើមឈើ ហើយនិយាយថា បើអ្នកណាឃើញ ចូររើសយករបស់ដែលអញឲ្យហើយចុះ ខ្ញុំព្រះអង្គ ក៏វិលអំពីទីនោះមកវិញ។ ពួកសក្យកុមារនិយាយថា នែនាយឧបាលិ ដែលអ្នកត្រឡប់មកវិញនោះ ឈ្មោះថាបានធ្វើប្រពៃហើយ ដ្បិតពួកសក្យៈកាចៗណាស់ នឹងសម្លាប់អ្នកចោល ក៏បាន ព្រោះគិតថា អ្នកនេះហើយ ជាអ្នកសម្លាប់ព្រះរាជកុមារទាំងឡាយ។

[៧] គ្រានោះ ពួកសក្យកុមារទាំងនោះ នាំឧបាលិកប្បកៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ពួកសក្យកុមារទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំជាសក្យរាជ តែងមានមានះ បពិត្រព្រះអង្គដ៏ចំរើន ឧបាលិកប្បកៈនេះ ជាអ្នកធ្លាប់បម្រើយើងខ្ញុំ អស់កាលជាអង្វែងមកហើយ សូមព្រះមានព្រះភាគ បំបួសឧបាលិកប្បកៈនេះមុន យើងខ្ញុំនឹងធ្វើនូវអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលីកម្ម និងសាមីចិកម្ម ចំពោះឧបាលិកប្បកៈនេះ កាលបើយើងខ្ញុំបានធ្វើយ៉ាងនេះហើយ សេចក្តីប្រកាន់ថា ខ្លួនយើងខ្ញុំ ជាសក្យៈនោះ នឹងថយចុះទៅ។ លំដាប់នោះឯង ព្រះមានព្រះភាគ បានបំបួសឧបាលិកប្បកៈមុន ហើយទើបបំបួសពួកសក្យកុមារទាំងនោះក្រោយ។

[៨] គ្រានោះ ព្រះភទ្ទិយៈដ៏មានអាយុ បានសម្រេចនូវវិជ្ជា៣យ៉ាង ខាងក្នុងនៃវស្សានោះឯង។ ព្រះអនុរុទ្ធដ៏មានអាយុ បានសម្រេចទិព្វចក្ខុ។ ព្រះអានន្ទដ៏មានអាយុ បានសម្រេចសោតាបត្តិផល។ ឯទេវទត្ត បានសម្រេចនូវឫទ្ធិ ជារបស់បុថុជ្ជន។

[៩] សម័យនោះឯង ព្រះភទ្ទិយដ៏មានអាយុ ទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី បន្លឺនូវឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ។ លំដាប់នោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ពួកភិក្ខុទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះភទ្ទិយៈដ៏មានអាយុ ទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺនូវឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ បពិត្រព្រះអង្គដ៏ចំរើន ព្រះភទ្ទិយៈដ៏មានអាយុ ប្រាកដជាអផ្សុកនឹងប្រព្រឹត្តព្រហ្មចរិយធម៌ដោយពិត ពុំនោះសោត លោករលឹកនូវសេចក្តីសុខ ក្នុងរាជសម្បត្តិពីមុននោះឯង បានជាទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺនូវឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ១រូបមក ហើយបង្គាប់ថា ម្នាលភិក្ខុ អ្នកចូរមក ចូរអ្នកទៅហៅភទ្ទិយភិក្ខុ តាមពាក្យតថាគតថា ម្នាលអាវុសោភទ្ទិយៈ ព្រះសាស្តាទ្រង់ឲ្យហៅអ្នក។ ភិក្ខុនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះហើយ ក៏ចូលទៅរកភទ្ទិយភិក្ខុដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះ នឹងភទ្ទិយភិក្ខុដ៏មានអាយុថា ម្នាលអាវុសោភទ្ទិយៈ ព្រះសាស្តាត្រាស់ហៅអ្នក។

[១០] ព្រះភទ្ទិយៈដ៏មានអាយុ ទទួលស្តាប់ពាក្យរបស់ភិក្ខុនោះថា ម្នាលអាវុសោ ដូច្នេះហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះ នឹងព្រះភទ្ទិយៈដ៏មានអាយុ ដែលអង្គុយក្នុងទីដ៏សមគួរថា ម្នាលភទ្ទិយៈ បានឮថា អ្នកទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ ពិតមែនឬ។ ភទ្ទិយភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពិតមែន។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភទ្ទិយៈ ចុះអ្នកពិចារណាឃើញអំណាចប្រយោជន៍យ៉ាងណា បានជាអ្នកទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងបន្លឺឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ ដូច្នេះ។ ភទ្ទិយភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលពីដើម ខ្ញុំព្រះអង្គនៅជាស្តេច ការរក្សាខាងក្នុងព្រះរាជវាំង គេបានចាត់ចែងល្អ ការរក្សាខាងក្រៅព្រះរាជវាំង គេបានចាត់ចែងល្អ ការរក្សាខាងក្នុងនគរ គេបានចាត់ចែងល្អ ការរក្សាខាងក្រៅនគរ គេបានចាត់ចែងល្អ ការរក្សាខាងក្នុងជនបទ គេបានចាត់ចែងល្អ ការរក្សាខាងក្រៅជនបទ គេក៏បានចាត់ចែងល្អ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះឯង ជាមនុស្សដែលគេរក្សាមកយ៉ាងនេះផង គ្រប់គ្រងយ៉ាងនេះផង គង់នៅមានខ្លាច ញាប់ញ័រ រន្ធត់ តក់ស្លុត បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គតែម្នាក់ឯង ទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី ក៏ឥតខ្លាច ឥតញាប់ញ័រ ឥតរន្ធត់តក់ស្លុតឡើយ ជាអ្នកមានសេចក្តីខ្វល់ខ្វាយតិច ជាមនុស្សសម្លបរោម ចិញ្ចឹមជីវិតដោយចតុប្បច្ច័យ ដែលបុគ្គលដទៃឲ្យ មានចិត្តដូចជាពួកសត្វម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណាឃើញនូវអំណាចប្រយោជន៍យ៉ាងនេះហើយ ទើបបានទៅក្នុងព្រៃក្តី។បេ។ តែងបន្លឺឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ ដូច្នេះ។ លំដាប់នោះ ព្រះមានព្រះភាគជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

[១១]

សេចក្តីក្រោធ មិនមានក្នុងចិត្តរបស់អ្នកណា អ្នកនោះឈ្មោះថា កន្លងផុតនូវសេចក្តីចំរើន និងសេចក្តីវិនាសច្រើនប្រការ ទេវតាទាំងឡាយ ក៏កម្រនឹងបានឃើញនូវអ្នក ដែលមានភ័យកន្លងផុតហើយ បានប្រកបដោយសេចក្តីសុខ ឥតមានសេចក្តីសោកនោះឡើយ។

(ទេវទត្តវត្ថុ)

(ទេវទត្តវត្ថុ)

[១២] គ្រានោះឯង ព្រះមានព្រះភាគ ព្រះអង្គគង់នៅក្នុងព្រៃអនុបិយា គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់យាងសំដៅ ទៅកាន់ចារិកនគរកោសម្ពី ត្រាច់ទៅកាន់ចារិកតាមលំដាប់ ឆ្ពោះទៅនគរកោសម្ពី។ បានឮថា ព្រះមានព្រះភាគ ទ្រង់សម្រេចឥរិយាបថ ក្នុងឃោសិតារាម ទៀបនគរកោសម្ពីនោះ។

[១៣] គ្រានោះ ទេវទត្តទៅក្នុងទីស្ងាត់ សម្ងំនៅក្នុងទីស្ងាត់ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា អញនឹងឲ្យអ្នកណាជ្រះថ្លាហ្ន៎ កាលបើអ្នកណាកើតចិត្តជ្រះថ្លាចំពោះអញ លាភសក្ការៈច្រើន មុខជានឹងកើតដល់អញពុំខាន។ គ្រានោះ ទេវទត្តមានសេចក្តីត្រិះរិះដូច្នេះថា អជាតសត្តុកុមារនេះ នៅក្មេងផង មានសេចក្តីចម្រើនតទៅទៀតផង បើដូច្នោះ គួរអញឲ្យអជាតសត្តុកុមារជ្រះថ្លា កាលបើអជាតសត្តុកុមារនោះ មានចិត្តជ្រះថ្លាចំពោះអញហើយ លាភសក្ការៈច្រើន មុខជានឹងកើតឡើងដល់អញ។ លំដាប់នោះ ទេវទត្ត រៀបចំអាសនៈ ប្រដាប់បាត្រ និងចីវរ សំដៅទៅនគររាជគ្រឹះតាមលំដាប់លំដោយ ឆ្ពោះទៅនគររាជគ្រឹះនោះ។ គ្រានោះ ទេវទត្តដំណែងភេទខ្លួន និម្មិតធ្វើជាក្មេងតូច ពាក់សង្វារពស់ ស្រាប់តែទៅអង្គុយលើភ្លៅអជាតសត្តុកុមារភ្លាម។ គ្រានោះ អជាតសត្តុកុមារ ក៏ខ្លាច ញាប់ញ័រ រន្ធត់តក់ស្លុត។ លំដាប់នោះ ទេវទត្ត បាននិយាយពាក្យនេះ នឹងអជាតសត្តុកុមារថា បពិត្រកុមារ ព្រះអង្គខ្លាចអាត្មាឬ។ អជាតសត្តុកុមារឆ្លើយថា អើខ្ញុំខ្លាច ចុះអ្នកជាអ្វី។ ទេវទត្តថា អាត្មានេះ ជាភិក្ខុ ឈ្មោះទេវទត្ត។ អជាតសត្តុកុមារថា បពិត្រលោកម្ចាស់ បើលោកម្ចាស់ឈ្មោះទេវទត្តមែន សូមផ្លាស់មកជាភេទរបស់ខ្លួនវិញមើល។ គ្រានោះ ទេវទត្ត ផ្លាស់ភេទក្មេងតូចចេញហើយ ត្រឡប់មកជាភិក្ខុ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ ឈរពីខាងមុខអជាតសត្តុកុមារ។ លំដាប់នោះ អជាតសត្តុកុមារ មានចិត្តជ្រះថ្លាពេក ដោយឥទ្ធិប្បាដិហារ្យនេះ របស់ទេវទត្ត ហើយតែងទៅដោយរថប្រាំរយ បម្រើទាំងល្ងាច ទាំងព្រឹក ទាំងឲ្យអ្នកនាំសម្រាប់ យកសម្រាប់ប្រាំរយថាសទៅផង។ គ្រានោះ ទេវទត្ត ដែលលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ហើយ ក៏មានចិត្តប្រែប្រួល កើតមានសេចក្តីប្រាថ្នា មានសភាពយ៉ាងនេះថា អញនឹងគ្រប់គ្រងនូវភិក្ខុសង្ឃ ដូច្នេះ ទេវទត្ត ក៏សាបសូន្យចាកឫទ្ធិនោះ ក្នុងពេលជាមួយនឹងអកុសលចិត្តកើតឡើង។

[១៤] សម័យនោះឯង មានកូនអ្នកស្រុក កោឡិយៈ ម្នាក់ ឈ្មោះកក្កុធៈ ជាឧបដ្ឋាករបស់ព្រះមហាមោគ្គល្លានដ៏មានអាយុ ទើបនឹងស្លាប់ភ្លាម ហើយបានទៅកើតជាទេវកាយ ដែលសម្រេចដោយចិត្តមួយអង្គ។ ទេវបុត្តនោះ បាននូវអត្តភាព មានសភាពយ៉ាងនេះ ដូចជាបានគាមក្ខេត្តរបស់អ្នកស្រុកមគធៈពីរឬបី។ លោកមិនដែលបៀតបៀនខ្លួនឯង និងអ្នកដទៃ ដោយអាងបានអត្តភាពនោះទេ។ គ្រានោះ កក្កុធទេវបុត្ត ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយទើបឈរក្នុងទីសមគួរ។ លុះកក្កុធទេវបុត្ត ឈរក្នុងទីសមគួរហើយ បានថ្លែងពាក្យនេះ នឹងព្រះមហាមោគ្គល្លានដ៏មានអាយុថា បពិត្រលោកម្ចាស់ (ឥឡូវ) ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ហើយ មានចិត្តប្រែប្រួល កើតមានសេចក្តីប្រាថ្នា មានសភាពយ៉ាងនេះថា អញនឹងរក្សានូវភិក្ខុសង្ឃ បពិត្រលោកម្ចាស់ ទេវទត្តសាបសូន្យចាកឫទ្ធិនោះ ក្នុងវេលាជាមួយនឹងអកុសលចិត្តកើតឡើង។ កក្កុធទេវបុត្ត បានថ្លែងពាក្យនេះ លុះថ្លែងពាក្យនេះហើយ ក៏ក្រាបថ្វាយបង្គំលាព្រះមហាមោគ្គល្លានដ៏មានអាយុ ធ្វើប្រទក្សិណ ហើយស្រាប់តែបាត់ពីទីនោះទៅ។

[១៥] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កូនអ្នកស្រុកកោឡិយៈម្នាក់ ឈ្មោះកក្កុធៈ ជាឧបដ្ឋាករបស់ខ្ញុំព្រះអង្គ ទើបនឹងស្លាប់អំបាញ់មិញ បានទៅកើតជាទេវកាយ ដែលសម្រេចដោយចិត្តមួយអង្គ ទេវបុត្តនោះ បានអត្តភាពយ៉ាងនេះ ដូចជាបានគាមក្ខេត្តរបស់អ្នកស្រុកមគធៈពីរឬបី ទេវបុត្តនោះ មិនដែលបៀតបៀនខ្លួនឯង និងអ្នកដទៃ ដោយអាងបានអត្តភាពនោះទេ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ កក្កុធទេវបុត្ត ចូលមករកខ្ញុំព្រះអង្គ លុះមកដល់ហើយ ថ្វាយបង្គំចំពោះខ្ញុំព្រះអង្គរួចស្រេច ក៏ឈរក្នុងទីដ៏សមគួរ បពិត្រព្រះអង្គដ៏ចំរើន កក្កុធទេវបុត្ត លុះឈរក្នុងទីដ៏សមគួរហើយ បានថ្លែងពាក្យនេះ នឹងខ្ញុំព្រះអង្គថា បពិត្រលោកម្ចាស់ (ឥឡូវនេះ) ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ហើយ មានចិត្តប្រែប្រួល កើតមានសេចក្តីប្រាថ្នា មានសភាពយ៉ាងនេះថា អញនឹងគ្រប់គ្រងនូវភិក្ខុសង្ឃ បពិត្រលោកម្ចាស់ ទេវទត្តសាបសូន្យចាកឫទ្ធិនោះ ក្នុងវេលាជាមួយនឹងអកុសលចិត្តកើតឡើង បពិត្រព្រះអង្គដ៏ចំរើន កក្កុធទេវបុត្ត បានថ្លែងពាក្យនេះ លុះថ្លែងពាក្យនេះហើយ ទើបក្រាបថ្វាយបង្គំលាខ្ញុំព្រះអង្គ ធ្វើប្រទក្សិណ ហើយក៏បាត់ពីទីនោះទៅ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលមោគ្គល្លាន កក្កុធទេវបុត្ត អ្នកបានកំណត់ដឹងចិត្ត ដោយចិត្តច្បាស់ហើយឬ កក្កុធទេវបុត្ត និយាយពាក្យណាមួយ ពាក្យនោះជាពាក្យពិត ឬជាពាក្យក្លែងទេ។ ព្រះមហាមោគ្គល្លាន ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កំណត់ដឹងចិត្ត ដោយចិត្តច្បាស់ថា កក្កុធទេវបុត្ត និយាយពាក្យណាមួយ ពាក្យទាំងនោះ ជាពាក្យពិតហើយ មិនមែនជាពាក្យក្លែងទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន ចូរអ្នករក្សាទុកនូវសំដីនេះចុះ ម្នាលមោគ្គល្លាន ចូរអ្នករក្សាទុកនូវសំដីនេះចុះ ដ្បិតឥឡូវនេះ មោឃបុរសនោះ ធ្វើខ្លួនឲ្យល្បីដោយខ្លួនឯង។

(បញ្ចសត្ថុកថា)

(បញ្ចសត្ថុកថា)

[១៦] ម្នាលមោគ្គល្លាន គ្រូក្នុងលោកនេះ មាន៥ពួក។ គ្រូទាំង៥ពួកនោះ គឺគ្រូណាខ្លះ។ ម្នាលមោគ្គល្លាន គ្រូពួកមួយក្នុងលោកនេះ មានសីលមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានសីលបរិសុទ្ធខ្លះ ថាសីលរបស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ សាវ័កទាំងឡាយ តែងដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានសីលមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានសីលបរិសុទ្ធខ្លះ ថាសីលរបស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ តែថា បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា លោកគង់នឹងប្រាកដ ដោយកម្មនោះមិនខាន។ ម្នាលមោគ្គល្លានសាវ័កទាំងឡាយ តែងរក្សាគ្រូបែបនេះដោយសីល។ ឯគ្រូមានសភាពយ៉ាងនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយសីល។

[១៧] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មានអាជីវៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានអាជីវៈបរិសុទ្ធខ្លះ ថាអាជីវៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ ពួកសាវ័ក ដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានអាជីវៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានអាជីវៈបរិសុទ្ធខ្លះ ថាអាជីវៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ តែថា បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដ ដោយកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន សាវ័កទាំងឡាយ តែងរក្សាគ្រូបែបនេះដោយអាជីវៈ។ ឯគ្រូមានសភាពយ៉ាងនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយអាជីវៈ។

[១៨] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មានធម្មទេសនាមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានធម្មទេសនាបរិសុទ្ធខ្លះ ថាធម្មទេសនារបស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ ពួកសាវ័ក តែងដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានធម្មទេសនាមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានធម្មទេសនាបរិសុទ្ធខ្លះ ថាធម្មទេសនារបស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ តែថា បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្ត ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដ ដោយកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន ពួកសាវ័ក តែងរក្សាគ្រូបែបនេះ ដោយធម្មទេសនា។ ឯគ្រូបែបនេះសោត តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយធម្មទេសនា។

[១៩] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មានវេយ្យាករណ៍មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានវេយ្យាករណ៍បរិសុទ្ធខ្លះ ថាវេយ្យាករណ៍ របស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ ពួកសាវ័ក តែងដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានវេយ្យាករណ៍មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានវេយ្យាករណ៍បរិសុទ្ធខ្លះ ថាវេយ្យាករណ៍របស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដឡើង ព្រោះកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន ពួកសាវ័ក តែងរក្សាគ្រូបែបនេះ ដោយវេយ្យាករណ៍។ ចំណែកខាងគ្រូនោះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយវេយ្យាករណ៍។

[២០] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូពួកមួយក្នុងលោកនេះ មានញាណទស្សនៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ សាវ័ក តែងដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានញាណទស្សនៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដឡើង ព្រោះកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន ពួកសាវ័ក តែងរក្សាគ្រូបែបនេះ ដោយញាណទស្សនៈ។ ក៏ឯគ្រូមានសភាពយ៉ាងនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយញាណទស្សនៈ។ ម្នាលមោគ្គល្លាន គ្រូ៥ពួកនេះឯង តែងមានក្នុងលោក។

[២១] ម្នាលមោគ្គល្លាន ចំណែកខាងតថាគត ជាបុគ្គលមានសីលបរិសុទ្ធ ប្តេជ្ញាថា តថាគតមានសីលបរិសុទ្ធខ្លះ ថាសីលរបស់តថាគត បរិសុទ្ធផូរផង់ ឥតមាសៅហ្មងខ្លះ ពួកសាវ័ក មិនបានរក្សាតថាគតដោយសីលឡើយ តថាគតសោត ក៏មិននឹកសង្ឃឹមនូវការរក្សាអំពីពួកសាវ័ក ដោយសីលទេ។ (តថាគត) មានអាជីវៈបរិសុទ្ធ។បេ។ មានធម្មទេសនាបរិសុទ្ធ។បេ។ មានវេយ្យាករណ៍បរិសុទ្ធ។បេ។ មានញាណទស្សនៈបរិសុទ្ធ ប្តេជ្ញាថា តថាគតមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់តថាគត បរិសុទ្ធផូរផង់ ឥតមាសៅហ្មងខ្លះ សាវ័ក មិនបានរក្សាតថាគត ដោយញាណទស្សនៈទេ តថាគតសោត មិននឹកសង្ឃឹមនូវការរក្សាអំពីពួកសាវ័ក ដោយញាណទស្សនៈឡើយ។

[២២] គ្រានោះ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងនគរកោសម្ពី គួរតាមពុទ្ធអធ្យាស្រ័យហើយ ស្តេចទៅកាន់ចារិកនគររាជគ្រឹះ ត្រាច់ទៅកាន់ចារិកតាមលំដាប់ ឆ្ពោះទៅនគររាជគ្រឹះ។ បានឮថា ព្រះមានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបនគររាជគ្រឹះ។

[២៣] លំដាប់នោះ ភិក្ខុច្រើនរូបនាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីដ៏សមគួរ។ ភិក្ខុទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អជាតសត្តុកុមារ តែងទៅដោយរថ៥រយ បម្រើទេវទត្ត ទាំងល្ងាច ទាំងព្រឹក ទាំងឲ្យអ្នកនាំសម្រាប់ យកសម្រាប់៥រយថាស ទៅប្រគេន (ទេវទត្តផង)។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលភិក្ខុទាំងឡាយ អ្នកកុំស្ងើចលាភសក្ការៈ និងសេចក្តីសរសើររបស់ទេវទត្តឡើយ ម្នាលភិក្ខុទាំងឡាយ អជាតសត្តុកុមារ ដែលទៅដោយរថ៥រយ ទៅបម្រើទេវទត្ត ទាំងល្ងាច ទាំងព្រឹក ទាំងឲ្យអ្នកនាំសម្រាប់ យកសម្រាប់៥រយថាស ទៅប្រគេន (ទេវទត្ត) ដរាបណា ម្នាលភិក្ខុទាំងឡាយ សេចក្តីសាបសូន្យ មុខជានឹងកើតមានដល់ទេវទត្ត (ដរាបនោះ) មិនខាន ឯការចំរើនក្នុងកុសលធម៌ មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចគេច្របាច់ទឹកប្រម៉ាត់ (ត្រី ឬខ្លាឃ្មុំ) ដាក់ក្នុងច្រមុះឆ្កែកាច ឆ្កែនោះ រឹតតែកាចឡើងជាងដើម យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក៏ដូចជាអជាតសត្តុកុមារ ទៅដោយរថ៥រយ បម្រើទេវទត្ត ទាំងល្ងាច ទាំងព្រឹក ទាំងឲ្យអ្នកនាំសម្រាប់ យកសម្រាប់៥រយថាស ទៅប្រគេន (ទេវទត្ត) ដរាបណា សេចក្តីសាបសូន្យ មុខជានឹងកើតមានដល់ទេវទត្ត (ដរាបនោះ) ពុំខាន ការចំរើនក្នុងកុសលធម៌ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ម្នាលភិក្ខុទាំងឡាយ ដើមចេកចេញផ្លែ ដើម្បីសម្លាប់ដើម ចេញផ្លែ ដើម្បីវិនាស យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសេចក្តីវិនាស ក៏ដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ ឫស្សីចេញផ្លែ ដើម្បីសម្លាប់ដើម ចេញផ្លែ ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីបំផ្លាញខ្លួន ក៏ដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ ដូចដើមបបុស ចេញផ្លែ ដើម្បីសម្លាប់ដើម ចេញផ្លែ ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីបំផ្លាញខ្លួន ក៏ដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ ដូចមេសេះអស្សតរ មានផ្ទៃដើម្បីសម្លាប់ខ្លួន មានផ្ទៃ ដើម្បីវិនាសខ្លួន យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីបំផ្លាញខ្លួន ក៏ដូច្នោះដែរ។

[២៤] ផ្លែចេក តែងសម្លាប់ដើមចេក ផ្លែឫស្សី តែងសម្លាប់ដើមឫស្សី ផ្លែបបុស តែងសម្លាប់ដើមបបុស សក្ការៈ តែងសម្លាប់បុរសអាក្រក់ ដូចជាគភ៌ តែងសម្លាប់មេសេះអស្សតរ។

ចប់ ភាណវារៈ ទី១។

(ទុតិយភាណវារ: ទី២)

(២. ទុតិយភាណវារោ)

(បកាសនីយកម្ម)

(បកាសនីយកម្មំ)

[២៥] សម័យនោះឯង ព្រះមានព្រះភាគមានបរិសទ្យច្រើន ព្រមទាំងស្តេចចោមរោមជុំវិញ ព្រះអង្គកំពុងគង់សំដែងធម៌។ គ្រានោះ ទេវទត្តក្រោកចាកទីអង្គុយ ធ្វើចីពរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ហើយក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគទ្រង់ព្រះជរា មានព្រះជន្មចម្រើនហើយ ចាស់ព្រះអង្គហើយ ទ្រង់ព្រះជន្មយូរឆ្នាំមកហើយ មានជ្រះជន្មជ្រុល ចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគកុំខ្វល់ខ្វាយពេក សូមសម្រាកព្រះអង្គឲ្យបានសុខស្រួល ក្នុងបច្ចុប្បន្ននេះចុះ សូមព្រះអង្គ ប្រគល់ភិក្ខុសង្ឃឲ្យមកខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងទទួលគ្រប់គ្រងភិក្ខុសង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលទេវទត្ត ណ្ហើយ អ្នកកុំពេញចិត្តនឹងការគ្រប់គ្រងភិក្ខុសង្ឃឡើយ។ ទេវទត្ត បានក្រាបទូលពាក្យនេះ នឹងព្រះមានព្រះភាគ អស់វារៈពីរដងផង។បេ។ អស់វារៈបីដងផងថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់ព្រះជរា មានព្រះជន្មចម្រើនហើយ ចាស់ព្រះអង្គហើយ ទ្រង់ព្រះជន្មយូរឆ្នាំមកហើយ មានជ្រះជន្មចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគកុំខ្វល់ខ្វាយពេក សូមសម្រាកព្រះអង្គឲ្យបានសុខស្រួល ក្នុងបច្ចុប្បន្ននេះចុះ សូមព្រះអង្គ ប្រគល់ភិក្ខុសង្ឃឲ្យមកខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងគ្រប់គ្រងភិក្ខុសង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលទេវទត្ត អម្បាលយ៉ាងសារីបុត្ត និងមោគ្គល្លាន ម្តេច តថាគតមិនប្រគល់ភិក្ខុសង្ឃឲ្យ ចំណង់បើអ្នក ជាមនុស្សជួជាតិ អាក្រក់ ជាមនុស្សបរិភោគចតុប្បច្ច័យ ដែលកើតអំពីអនេសនៈ ដូចជាដុំទឹកមាត់ តថាគត នឹងប្រគល់ឲ្យដូចម្តេចបាន។ លំដាប់នោះ ទេវទត្តមានសេចក្តីក្រោធ អាក់អន់ចិត្តថា ព្រះមានព្រះភាគ ធ្វើអញឲ្យអាប់មុខ ក្នុងកណ្តាលបរិសទ្យ ព្រមទាំងស្តេច ដោយពាក្យថា (ទេវទត្តនេះ) បរិភោគចតុប្បច្ច័យ ដែលកើតអំពីអនេសនៈ ដូចជាដុំទឹកមាត់ ហើយបែរទៅលើកតំកើងសារីបុត្ត និងមោគ្គល្លានវិញ ហើយក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ នេះជាគំនុំដម្បូង របស់ទេវទត្ត ចំពោះព្រះមានព្រះភាគ។

[២៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ត្រូវសង្ឃធ្វើបកាសនីយកម្ម ដល់ទេវទត្ត ក្នុងនគររាជគ្រឹះ (ដ្បិត) កាលពីដើម ទេវទត្តមានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្តធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញដោយកម្មនោះតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ បកាសនីយកម្ម សង្ឃគប្បីធ្វើយ៉ាងនេះ។ គប្បីឲ្យភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីធ្វើបកាសនីយកម្ម ដល់ទេវទត្ត ក្នុងនគររាជគ្រឹះ (ដ្បិត) ពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយកម្មនោះតែម្យ៉ាង។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃធ្វើបកាសនីយកម្ម ដល់ទេវទត្ត ក្នុងនគររាជគ្រឹះ (ដ្បិត) ពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយកម្មនោះតែម្យ៉ាង។ ការធ្វើបកាសនីយកម្ម ដល់ទេវទត្ត ក្នុងនគររាជគ្រឹះថា កាលពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយកម្មនោះតែម្យ៉ាង ដូច្នេះ គួរដល់លោកមានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីឆ្លើយឡើង។ សង្ឃបានធ្វើបកាសនីយកម្ម ដល់ទេវទត្ត ក្នុងនគររាជគ្រឹះថា ពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយកម្មនោះតែម្យ៉ាង ការធ្វើបកាសនីយកម្មនោះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[២៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះសារីបុត្តដ៏មានអាយុមកថា ម្នាលសារីបុត្ត បើដូច្នោះ ចូរអ្នកប្រកាស (ទោស) ទេវទត្ត ក្នុងនគររាជគ្រឹះ។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលពីមុន ខ្ញុំព្រះអង្គបានប្រកាសគុណទេវទត្ត ក្នុងនគររាជគ្រឹះថា ទេវទត្ត ជាគោធិបុត្ត មានឫទ្ធិច្រើន ជាគោធិបុត្ត មានអានុភាពច្រើន បពិត្រព្រះអង្គដ៏ចំរើន (ឥឡូវនេះ) ខ្ញុំព្រះអង្គ នឹងប្រកាស (ទោស) ទេវទត្តដូចម្តេចបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត អ្នកបានប្រកាសគុណពិតរបស់ទេវទត្ត ក្នុងនគររាជគ្រឹះថា ទេវទត្ត ជាគោធិបុត្ត មានឫទ្ធិច្រើន ជាគោធិបុត្ត មានអានុភាពច្រើន ដូច្នោះហើយឬ។ ព្រះសារីបុត្តក្រាបបង្គំទូលថា ករុណាព្រះអង្គ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ចូរអ្នកប្រកាស (ទោស) ទេវទត្តឲ្យពិតយ៉ាងនោះចុះ។ ព្រះសារីបុត្តដ៏មានអាយុ ក្រាបបង្គំទូលថា ករុណាព្រះអង្គ។

[២៨] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរសន្មតសារីបុត្ត ដើម្បីឲ្យប្រកាស (ទោស) ទេវទត្ត ក្នុងនគររាជគ្រឹះថា ពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយអំពើនោះតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវសូមសារីបុត្តជាដំបូងសិន។ លុះសូមរួចហើយ ត្រូវឲ្យភិក្ខុជាអ្នកឈ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតព្រះសារីបុត្តដ៏មានអាយុ ដើម្បីឲ្យប្រកាស (ទោស) ទេវទត្ត ក្នុងនគររាជគ្រឹះថា (ដ្បិត) ពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណា ដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយអំពើនោះតែម្យ៉ាង។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតព្រះសារីបុត្តដ៏មានអាយុ ឲ្យជាអ្នកប្រកាស (ទោស) ទេវទត្ត ក្នុងនគររាជគ្រឹះថា កាលពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយអំពើនោះតែម្យ៉ាង។ ការសន្មតិព្រះសារីបុត្តដ៏មានអាយុ ឲ្យជាអ្នកប្រកាស (ទោស) ទេវទត្ត ក្នុងនគររាជគ្រឹះថា កាលពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយអំពើនោះតែម្យ៉ាង ដូច្នេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីនិយាយឡើង។ សង្ឃបានសន្មតព្រះសារីបុត្តដ៏មានអាយុ ឲ្យជាអ្នកប្រកាស (ទោស) ទេវទត្ត ក្នុងនគររាជគ្រឹះថា ពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយអំពើនោះតែម្យ៉ាង ការសន្មតិនោះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[២៩] ព្រះសារីបុត្តដ៏មានអាយុដែលសង្ឃបានសន្មតរួចហើយ ក៏ចូលទៅនគររាជគ្រឹះ ជាមួយនឹងភិក្ខុច្រើនរូប បានប្រកាស (ទោស) ទេវទត្ត ក្នុងនគររាជគ្រឹះថា កាលពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយកម្មនោះតែម្យ៉ាង។ ក្នុងនគររាជគ្រឹះនោះ មនុស្សពួកណា ដែលមិនមានសទ្ធា មិនជ្រះថ្លា ជាអ្នកឥតប្រាជ្ញា មនុស្សពួកនោះ និយាយគ្នាយ៉ាងនេះថា សមណសក្យបុត្តិយ៍ទាំងនេះ ជាអ្នកច្រណែន ឈ្នានីសលាភសក្ការៈរបស់ទេវទត្ត។ ចំណែកមនុស្សពួកណា ដែលមានសទ្ធាជ្រះថ្លា មានប្រាជ្ញាវាងវៃ មនុស្សពួកនោះ និយាយគ្នាថា ព្រះមានព្រះភាគឲ្យភិក្ខុសង្ឃប្រកាស (ទោស) ទេវទត្ត ក្នុងនគររាជគ្រឹះ ដោយកិច្ចណា កិច្ចនេះ មិនមែនជាការថោកទាបទេ។

(អជាតសត្តុកុមារវត្ថុ)

(អជាតសត្តុកុមារវត្ថុ)

[៣០] លំដាប់នោះ ទេវទត្តចូលទៅរកអជាតសត្តុកុមារ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះនឹងអជាតសត្តុកុមារថា ម្នាលកុមារ កាលពីដើម មនុស្សមានអាយុវែងមែន ឥឡូវនេះ មានអាយុខ្លីណាស់ ព្រះអង្គនៅក្មេងក៏ពិត តែគង់ធ្វើមរណកាលដោយហេតុណា ហេតុនុ៎ះតែងតែមានជាប្រាកដ ម្នាលកុមារ បើដូច្នោះ ចូរព្រះអង្គសម្លាប់បិតា ហើយព្រះអង្គ នឹងបានជាស្តេចទ្រង់រាជ ឯអាត្មាក៏សម្លាប់ព្រះមានព្រះភាគ ហើយនឹងបានជាព្រះពុទ្ធដែរ។ គ្រានោះ អជាតសត្តុកុមារគិតថា លោកម្ចាស់ទេវទត្តមានឫទ្ធិច្រើនផង មានអានុភាពច្រើនផង លោកម្ចាស់ទេវទត្តដឹង (ការនេះ) លុះគិតដូច្នោះហើយ ក៏សៀតកាំបិតស្នៀតបណ្តោយភ្លៅ មានសេចក្តីខ្លាច ញាប់ញ័ររន្ធត់ តក់ស្លុត ចូលទៅកាន់ព្រះរាជវាំង ដោយរួសរាន់ទាំងថ្ងៃត្រង់។ ពួកមហាមាត្រ ជាអ្នករក្សាព្រះរាជវាំង បានឃើញអជាតសត្តុកុមារ មានសេចក្តីខ្លាច ញាប់ញ័រ រន្ធត់ តក់ស្លុត ចូលទៅព្រះរាជវាំង ដោយរួសរាន់ទាំងថ្ងៃត្រង់ ក៏នាំគ្នាចាប់។ ពួកមហាមាត្រទាំងនោះ ពិនិត្យមើលទៅ ឃើញមានសៀតកាំបិតស្នៀត បណ្តោយភ្លៅ ក៏ក្រាបទូលសួររឿងនុ៎ះ នឹងអជាតសត្តុកុមារថា បពិត្រព្រះរាជកុមារ ព្រះអង្គចង់ធ្វើការអ្វី។ អជាតសត្តុកុមារឆ្លើយថា យើងត្រូវការសម្លាប់បិតា។ មហាមាត្រ ក្រាបទូលសួរថា អ្នកណាបញ្ចេះព្រះអង្គ។ អជាតសត្តុកុមារឆ្លើយថា លោកម្ចាស់ទេវទត្ត (ពន្យល់យើង)។ មហាមាត្រពួកខ្លះ វិនិច្ឆ័យយ៉ាងនេះថា ព្រះរាជកុមារ យើងត្រូវសម្លាប់ ទាំងទេវទត្ត និងភិក្ខុទាំងពួង ក៏យើងត្រូវសម្លាប់។ មហាមាត្រពួកខ្លះ វិនិច្ឆ័យយ៉ាងនេះថា យើងមិនត្រូវសម្លាប់ពួកភិក្ខុឡើយ ដ្បិតភិក្ខុទាំងនោះ មិនបានប្រទូស្តអ្វីទេ យើងត្រូវសម្លាប់តែព្រះរាជកុមារ និងទេវទត្ត។ មហាមាត្រពួកខ្លះ វិនិច្ឆ័យថា កុមារក្តី ទេវទត្តក្តី ភិក្ខុទាំងឡាយក្តី យើងមិនត្រូវសម្លាប់ទេ (រឿងនេះ) គួរយើងក្រាបទូលដល់ព្រះរាជាសិន បើព្រះរាជាមានព្រះរាជឱង្ការយ៉ាងណា សឹមយើងធ្វើយ៉ាងនោះ។

[៣១] លំដាប់នោះ ពួកមហាមាត្រទាំងនោះ នាំអជាតសត្តុកុមារចូលទៅគាល់ព្រះបាទពិម្ពិសារមាគធសេនិយរាជ លុះចូលទៅដល់ហើយ ក៏ក្រាបទូលរឿងនុ៎ះ ចំពោះព្រះបាទពិម្ពិសារមាគធសេនិយរាជ។ ព្រះរាជា ទ្រង់ត្រាស់សួរថា ម្នាលនាយ ពួកមហាមាត្រវិនិច្ឆ័យដូចម្តេចខ្លះ។ ពួកមហាមាត្រក្រាបទូលថា បពិត្រព្រះសម្មតិទេព មហាមាត្រពួកខ្លះ វិនិច្ឆ័យយ៉ាងនេះថា យើងត្រូវសម្លាប់ព្រះរាជកុមារផង ត្រូវសម្លាប់ទេវទត្ត និងភិក្ខុទាំងអស់ផង មហាមាត្រពួកខ្លះ វិនិច្ឆ័យយ៉ាងនេះថា យើងមិនត្រូវសម្លាប់ពួកភិក្ខុឡើយ ព្រោះភិក្ខុទាំងនោះ មិនបានប្រទូស្តអ្វីទេ យើងត្រូវសម្លាប់តែព្រះរាជកុមារ និងទេវទត្ត មហាមាត្រពួកខ្លះ វិនិច្ឆ័យយ៉ាងនេះថា កុមារក្តី ទេវទត្តក្តី ពួកភិក្ខុក្តី យើងមិនត្រូវសម្លាប់ទេ (រឿងនេះ) គួរយើងក្រាបទូល ដល់ព្រះរាជាសិន បើព្រះរាជាមានព្រះរាជឱង្ការយ៉ាងណា សឹមយើងធ្វើយ៉ាងនោះ។ ព្រះរាជាទ្រង់មានព្រះឱង្ការថា ម្នាលនាយ ព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី នឹងធ្វើអ្វី ព្រះមានព្រះភាគ ទ្រង់ចាត់ឲ្យភិក្ខុសង្ឃប្រកាសទោសទេវទត្ត ក្នុងនគររាជគ្រឹះថា កាលពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយកម្មនោះតែម្យ៉ាង ជាមុនរួចហើយ មិនដូច្នោះឬ។ បណ្តាពួកមហាមាត្រទាំងនោះ មហាមាត្រពួកណា វិនិច្ឆ័យសេចក្តីថា យើងត្រូវសម្លាប់ទាំងកុមារ ទាំងទេវទត្ត ទាំងពួកភិក្ខុ (ព្រះរាជា) ទ្រង់ហូតងារមហាមាត្រទាំងនោះ។ មហាមាត្រពួកណាវិនិច្ឆ័យថា យើងមិនត្រូវសម្លាប់ពួកភិក្ខុ ព្រោះពួកភិក្ខុមិនបានប្រទូស្តអ្វីទេ យើងត្រូវសម្លាប់តែព្រះរាជកុមារ និងទេវទត្ត (ព្រះរាជា) ក៏បន្ថយឋានន្តរមហាមាត្រទាំងនោះ ក្នុងថ្នាក់ទាបវិញ។ មហាមាត្រពួកណាវិនិច្ឆ័យថា កុមារក្តី ទេវទត្តក្តី ភិក្ខុទាំងឡាយក្តី យើងមិនត្រូវសម្លាប់ គួរយើងក្រាបទូលដល់ព្រះរាជាសិន បើព្រះរាជាមានព្រះរាជឱង្ការយ៉ាងណា សឹមយើងធ្វើយ៉ាងនោះ (ព្រះរាជា) ក៏តាំងមហាមាត្រទាំងនោះ ឲ្យឡើងឋានន្តរខ្ពស់។ លំដាប់នោះ ព្រះបាទពិម្ពិសារមាគធសេនិយរាជ បានត្រាស់ព្រះតម្រាស់នេះ នឹងអជាតសត្តុកុមារថា ម្នាលកុមារ អ្នកចង់សម្លាប់យើងដើម្បីអ្វី។ អជាតសត្តុកុមារក្រាបទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គត្រូវការដោយរាជសម្បត្តិ។ ព្រះរាជាប្រគល់រាជសម្បត្តិ ដល់អជាតសត្តុកុមារថា ម្នាលកុមារ បើអ្នកត្រូវការដោយរាជសម្បត្តិ រាជសម្បត្តិនេះ ជារបស់អ្នកឯងហើយ។

(អភិមារបេសនៈ)

(អភិមារបេសនំ)

[៣២] គ្រានោះ ទេវទត្ត ចូលទៅរកអជាតសត្តុកុមារ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងអជាតសត្តុកុមារថា បពិត្រមហារាជ សូមព្រះអង្គប្រើបុរសឲ្យទៅសម្លាប់ព្រះសមណគោតម។ អជាតសត្តុកុមារបង្គាប់មនុស្សទាំងឡាយថា ម្នាលនាយ លោកម្ចាស់ទេវទត្ត មានថេរវាចាយ៉ាងណា ចូរអ្នកទាំងអស់គ្នា ធ្វើយ៉ាងនោះចុះ។ គ្រានោះ ទេវទត្តបង្គាប់បុរសម្នាក់ថា ម្នាលនាយ ចូរអ្នកទៅសម្លាប់ព្រះសមណគោតម ដែលគង់នៅក្នុងឱកាសឯណោះ ហើយសឹមមកតាមផ្លូវនេះ បង្គាប់បុរសពីរនាក់ ឲ្យឈរចាំទៀបផ្លូវនោះថា បុរសណាដែលមកតែម្នាក់ឯង តាមផ្លូវនេះ ចូរអ្នកទាំងពីរនាក់សម្លាប់បុរសនោះ ហើយសឹមដើរមកតាមផ្លូវនេះ បង្គាប់បុរស៤នាក់ ឲ្យឈរចាំទៀបផ្លូវនោះថា (បើ) បុរសពីរនាក់ណា មកតាមផ្លូវនេះ ចូរអ្នកសម្លាប់បុរសទាំងពីរនាក់នោះ ហើយសឹមដើរមកតាមផ្លូវនេះ បង្គាប់បុរស៨នាក់ ឲ្យឈរចាំទៀបផ្លូវនោះថា (បើ) បុរស៤នាក់ណា ដើរមកតាមផ្លូវនេះ ចូរអ្នកសម្លាប់បុរសទាំង៤នាក់នោះ ហើយសឹមដើរមកតាមផ្លូវនេះ បង្គាប់បុរស១៦នាក់ ឲ្យឈរចាំទៀបផ្លូវនោះថា (បើ) បុរស៨នាក់ណា ដើរមកតាមផ្លូវនេះ ចូរអ្នកសម្លាប់បុរសទាំង៨នាក់នោះ ហើយសឹមដើរមក (តាមផ្លូវនេះ)។

[៣៣] គ្រានោះ បុរសម្នាក់នោះ កាន់ដាវ និងខែល ស្ពាយធ្នូ និងបំពង់ព្រួញ ដើរសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ភ័យញាប់ញ័រ រន្ធត់ តក់ស្លុត ឈររឹងខ្លួន ជិតព្រះមានព្រះភាគ។ ព្រះមានព្រះភាគទតឃើញបុរសនោះ កំពុងភ័យ ញាប់ញ័រ រន្ធត់ តក់ស្លុត ឈរគាំងខ្លួនដូច្នោះ លុះទតឃើញហើយ ទើបត្រាស់ទៅនឹងបុរសនោះថា ម្នាលអ្នកដ៏មានអាយុ អ្នកឯងចូលមកចុះ កុំខ្លាចឡើយ។ លំដាប់នោះ បុរសនោះ ទុកដាវ និងខែល ក្នុងទីដ៏សមគួរ ហើយដាក់ធ្នូ និងបំពង់ព្រួញ ទើបដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបចុះទៀបព្រះបាទារបស់ព្រះមានព្រះភាគដោយត្បូង ហើយក្រាបបង្គំទូលរឿងនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កំហុសគ្របសង្កត់ហើយនូវខ្ញុំព្រះអង្គ តាមដោយខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ខ្ញុំព្រះអង្គដែលមានចិត្តប្រទូស្ត មានចិត្តចង់សម្លាប់ ហើយដើរចូលមកដល់ទីនេះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់នូវកំហុស តាមទោសរបស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួមតទៅទៀត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអ្នកដ៏មានអាយុ ណ្ហើយចុះ អ្នកមានកំហុសគ្របសង្កត់ហើយ ព្រោះអ្នកឯងជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស អ្នកមានចិត្តប្រទូស្ត មានចិត្តចង់សម្លាប់ (តថាគត) ហើយដើរចូលមកដល់ទីនេះ ម្នាលអ្នកដ៏មានអាយុ បើអ្នកបានឃើញកំហុស តាមទោសខុសណាហើយ ចូរធ្វើឲ្យសមគួរតាមធម៌ តថាគតនឹងទទួលអត់ទោសរបស់អ្នកនោះ ម្នាលអ្នកដ៏មានអាយុ (បើ) អ្នកណាមួយ បានឃើញកំហុស តាមទោសខុសពិត ហើយសំដែង (ទោសនោះ) តាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ នេះជាសេចក្តីចំរើនរបស់អ្នកនោះ ក្នុងអរិយវិន័យ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់សំដែងនូវអនុបុព្វីកថា ដល់បុរសនោះ អនុបុព្វីកថានោះ ដូចម្តេច ព្រះអង្គទ្រង់សំដែងទានកថា សីលកថា សគ្គកថា និងទោសនៃកាម ដែលថោកទាបសៅហ្មង អានិសង្ឃក្នុងការចេញបួស។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា បុរសនោះ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណធម៌ មានចិត្តរីករាយ មានចិត្តជ្រះថ្លាក្នុងកាលណាហើយ ធម្មទេសនាណា ជារបស់ព្រះពុទ្ធទាំងឡាយ ដែលទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង ព្រះអង្គ ក៏ប្រកាសនូវធម្មទេសនានោះ គឺទុក្ខ១ សមុទយ១ និរោធ១ មគ្គ១ ក្នុងកាលនោះ។ សំពត់ស្អាត ឥតមានពណ៌ខ្មៅ គួរទទួលនូវគ្រឿងជ្រលក់ដោយល្អ យ៉ាងណាមិញ បុរសនោះ អង្គុយលើអាសនៈនោះ កើតធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិលថា ធម្មជាតណាមួយ តែងកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ រមែងរលត់ទៅវិញជាធម្មតា ដូច្នោះដែរ។ លំដាប់នោះ បុរសនោះ ឃើញធម៌ច្បាស់ហើយ បានលុះធម៌ហើយ ដឹងធម៌ច្បាស់ហើយ មានចិត្តចុះកាន់ធម៌ស៊ប់ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា ក៏ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គបានសំដែងហើយ ដោយអនេកបរិយាយ (យ៉ាងនេះ) គួរនាដូចជាគេបើរបស់ដែលផ្កាប់ ឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើកបង្ហាញរបស់ដែលគេបិទបាំងទុក ពុំនោះសោត ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ឬក៏ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យមនុស្សដែលមានភ្នែក មើលឃើញរូបបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់ហើយនូវព្រះរតនត្រ័យ ជាទីពឹង ទីរលឹកស្មើដោយជីវិត តាំងអំពីថ្ងៃនេះទៅ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះ នឹងបុរសនោះថា ម្នាលអ្នកដ៏មានអាយុ អ្នកកុំទៅតាមផ្លូវនេះ ចូលទៅតាមផ្លូវនេះវិញ ហើយក៏បញ្ជូនបុរសនោះ ទៅតាមផ្លូវដទៃទៅ។

[៣៤] គ្រានោះ បុរសទាំងពីរនាក់នោះ គិតគ្នាថា បុរសម្នាក់នោះ ដូចម្តេចក៏ក្រមកម្ល៉េះ ហើយក៏នាំគ្នាទៅកាន់ផ្លូវជួបគ្នា ស្រាប់តែបានឃើញព្រះមានព្រះភាគ គង់ទៀបគល់ឈើមួយ លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះទៅដល់ហើយ ក៏ក្រាបអភិវាទចំពោះព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ ទ្រង់សំដែងនូវអនុបុព្វីកថា ដល់បុរសទាំងពីរនាក់នោះ។បេ។ បុរសទាំងពីនាក់នោះ ក៏មិនជឿបុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់។បេ។ សូមព្រះមានព្រះភាគ ចាំទុកនូវយើងខ្ញុំទាំងឡាយថា ជាឧបាសក អ្នកដល់ហើយនូវព្រះរតនត្រ័យ ជាទីពឹង ទីរលឹកស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះទៅ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ព្រះតម្រាស់នេះ នឹងបុរសនោះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ចូរអ្នកកុំដើរទៅតាមផ្លូវនេះ ចូរអ្នកដើរទៅតាមផ្លូវនេះវិញ ហើយក៏បញ្ជូនទៅតាមផ្លូវដទៃទៅ។

[៣៥] គ្រានោះ បុរស៤នាក់។បេ។ គ្រានោះ បុរស៨នាក់។បេ។ គ្រានោះ បុរស១៦នាក់ គិតគ្នាថា បុរស៨នាក់ ដូចម្តេចក៏ក្រមកម្ល៉េះ ហើយទៅកាន់ផ្លូវជួបគ្នា ស្រាប់តែបានឃើញព្រះមានព្រះភាគ គង់នៅទៀបគល់ឈើមួយ លុះឃើញហើយ ក៏ចូលទៅរកព្រះមានព្រះភាគ ក្រាបអភិវាទ ចំពោះព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា ដល់បុរសទាំង១៦នាក់នោះ អនុបុព្វីកថានោះ ដូចម្តេច គឺទានកថា សីលកថា។បេ។ បុរសទាំង១៦នាក់នោះ មិនជឿបុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា ហើយបានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់។បេ។ សូមព្រះមានព្រះភាគ ចាំទុកនូវយើងខ្ញុំថា ជាឧបាសក អ្នកដល់ហើយនូវព្រះរតនត្រ័យ ជាទីពឹង ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះទៅ។ លំដាប់នោះឯង មានបុរសម្នាក់ ចូលទៅរកទេវទត្ត លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងទេវទត្តថា បពិត្រលោកម្ចាស់ ខ្ញុំព្រះករុណា មិនអាចនឹងសម្លាប់ព្រះមានព្រះភាគនោះទេ ដ្បិតព្រះមានព្រះភាគនោះ មានឫទ្ធិច្រើន មានអានុភាពច្រើនណាស់។ ទេវទត្តនិយាយថា ណ្ហើយ អ្នកដ៏មានអាយុ បើអ្នកមិនអាចនឹងសម្លាប់ព្រះសមណគោតមបានទេ ទុកឲ្យយើងឯង នឹងសម្លាប់ព្រះសមណគោតមវិញ។

(លោហិតុប្បាទកកម្ម)

(លោហិតុប្បាទកកម្មំ)

[៣៦] សម័យនោះឯង ព្រះមានព្រះភាគទ្រង់ចង្ក្រម ក្នុងម្លប់ភ្នំគិជ្ឈកូដ។ លំដាប់នោះ ទេវទត្តឡើងទៅលើ (កំពូល)ភ្នំគិជ្ឈកូដ ហើយប្រមៀលដុំថ្មធំ ដោយបំណងថា អញនឹងសម្លាប់ព្រះសមណគោតម ដោយដុំថ្មនេះ។ ឯកំពូលភ្នំទាំងពីរ ក៏មកប្រជុំគ្នា រងដុំថ្មនោះ។ គ្រានោះ បំណែកថ្ម ក៏ខ្ទាតឡើង ទង្គិចធ្វើព្រះលោហិត ក្នុងព្រះបាទព្រះមានព្រះភាគ ឲ្យពុរពងឡើង។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ទតព្រះនេត្រទៅខាងលើ ហើយមានព្រះពុទ្ធដីកាទៅរកទេវទត្តថា នែមោឃបុរស អ្នកឯងមានចិត្តប្រទូស្ត មានចិត្តចង់សម្លាប់ ហើយធ្វើលោហិតរបស់តថាគតឲ្យពុរពងឡើង ដោយអំពើណា អំពើនោះ អ្នកនឹងរងអកុសលកម្មច្រើន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ទេវទត្តមានចិត្តប្រទូស្ត មានចិត្តចង់សម្លាប់ បានធ្វើលោហិតរបស់តថាគតឲ្យពុរពងឡើង ដោយអំពើណា អំពើនេះ ឈ្មោះថាអនន្តរិយកម្ម ដែលទេវទត្តសន្សំមកជាដម្បូង។ ភិក្ខុទាំងឡាយបានឮដំណឹងថា ទេវទត្តព្យាយាមសម្លាប់ព្រះមានព្រះភាគហើយ។ ពួកភិក្ខុទាំងនោះ ចង្ក្រមព័ទ្ធជុំវិញវិហារ របស់ព្រះមានព្រះភាគ នាំគ្នាស្រែកធ្វើសំឡេងគឹកកងខ្លាំង ធ្វើស្វាធ្យាយ ដើម្បីរក្សាការពារគ្រប់គ្រងព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានឮសំឡេងគឹកកង សំឡេងខ្លាំង សំឡេងស្វាធ្យាយ លុះទ្រង់ឮហើយ ត្រាស់ហៅព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ សំឡេងគឹកកង សំឡេងខ្លាំង សំឡេងស្វាធ្យាយនោះ តើជាសំឡេងអ្វី។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុទាំងឡាយបានឮដំណឹងថា ទេវទត្តព្យាយាមសម្លាប់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុទាំងនោះ ក៏ចង្ក្រមព័ទ្ធជុំវិញវិហារ របស់ព្រះមានព្រះភាគ នាំគ្នាស្រែកធ្វើសំឡេងគឹកកង សំឡេងខ្លាំង ធ្វើស្វាធ្យាយ ដើម្បីរក្សាការពារគ្រប់គ្រងព្រះមានព្រះភាគ បពិត្រព្រះមានព្រះភាគ សំឡេងគឹកកង សំឡេងខ្លាំង សំឡេងស្វាធ្យាយនោះ គឺជាសំឡេងនោះឯង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកហៅភិក្ខុទាំងនោះមកតាមពាក្យតថាគតថា ព្រះសាស្តាឲ្យហៅលោកដ៏មានអាយុទាំងឡាយ។ ព្រះអានន្ទដ៏មានអាយុ ទទួលពុទ្ធដីការបស់ព្រះមានព្រះភាគថា ករុណាព្រះអង្គ រួចហើយ ក៏ចូលសំដៅទៅរកភិក្ខុទាំងឡាយ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងភិក្ខុទាំងនោះថា ព្រះសាស្តាត្រាស់ឲ្យហៅលោកដ៏មានអាយុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ពាក្យអានន្ទដ៏មានអាយុថា យ៉ាងនេះហើយអាវុសោ រួចហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំ ចំពោះព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ បានត្រាស់តម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកណាព្យាយាមសម្លាប់តថាគត សេចក្តីព្យាយាមសម្លាប់របស់អ្នកនោះ មិនមែនជាហេតុ មិនមែនជាឱកាស (គួរធ្វើបានឡើយ) ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគតទាំងឡាយ មិនដែលបរិនិព្វាន ដោយសេចក្តីព្យាយាមរបស់អ្នកដទៃទេ។ ម្នាលភិក្ខុទាំងឡាយ គ្រូក្នុងលោកនេះ មាន៥ពួក គ្រូទាំង៥ពួកនោះ គឺគ្រូណាខ្លះ ម្នាលភិក្ខុទាំងឡាយ គ្រូ១ពួកក្នុងលោកនេះ មានសីលមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានសីលបរិសុទ្ធខ្លះ ថាសីលរបស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ ពួកសាវ័ក តែងដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានសីលមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានសីលបរិសុទ្ធខ្លះ ថាសីលរបស់អញបរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដឡើង ព្រោះកម្មនោះមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក តែងរក្សាគ្រូបែបនេះដោយសីល។ ឯគ្រូបែបនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយសីល។

[៣៧] ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃនៅមានទៀត គ្រូ១ពួកក្នុងលោកនេះ មានអាជីវៈមិនបរិសុទ្ធ តែប្តេជ្ញាខ្លួនថា អញមានអាជីវៈបរិសុទ្ធខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក តែងរក្សាគ្រូបែបនេះដោយអាជីវៈ។ ឯគ្រូបែបនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយអាជីវៈ។

[៣៨] ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃនៅមានទៀត គ្រូ១ពួកក្នុងលោកនេះ មានធម្មទេសនាមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានធម្មទេសនាបរិសុទ្ធខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ សាវ័ក តែងរក្សាគ្រូបែបនេះ ដោយធម្មទេសនា។ ឯគ្រូបែបនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយធម្មទេសនា។

[៣៩] ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃនៅមានទៀត គ្រូ១ពួកក្នុងលោកនេះ មានវេយ្យាករណ៍មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានវេយ្យាករណ៍បរិសុទ្ធខ្លះ។បេ។ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក តែងរក្សាគ្រូបែបនេះ ដោយវេយ្យាករណ៍។ ឯគ្រូបែបនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយវេយ្យាករណ៍។

[៤០] ម្នាលមោគ្គល្លាន ពាក្យដទៃនៅមានទៀត គ្រូ១ពួកក្នុងលោកនេះ មានញាណទស្សនៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ សាវ័កទាំងឡាយ តែងដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើននេះ មានញាណទស្សនៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់អញ បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ ដូច្នេះ បើយើងប្រាប់ (រឿងនោះ) ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណាមិនគាប់ចិត្តដល់លោក យើងនឹងសើរើរឿងលោកនោះ ដូចម្តេចបាន ព្រោះលោកកំពុងរាប់អានយើង ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងប្រាកដឡើង ព្រោះកម្មនោះមិនខាន។ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក រមែងរក្សាគ្រូបែបនេះ ដោយញាណទស្សនៈ។ ក៏គ្រូបែបនេះ តែងនឹកសង្ឃឹមនូវការរក្សា អំពីពួកសាវ័កដោយញាណទស្សនៈ។ ម្នាលភិក្ខុទាំងឡាយ គ្រូទាំង៥ពួកនេះឯង តែងមានក្នុងលោកនេះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ជាអ្នកមានសីលបរិសុទ្ធ ទើបប្តេជ្ញាថា តថាគតមានសីលបរិសុទ្ធខ្លះ ថាសីលរបស់តថាគត បរិសុទ្ធផូរផង់ ឥតមានសៅហ្មងខ្លះ។ ឯសាវ័កទាំងឡាយ មិនបានរក្សាតថាគតដោយសីលទេ។ ចំណែកតថាគត ក៏មិននឹកសង្ឃឹមនូវការរក្សាអំពីពួកសាវ័កទាំងឡាយ ដោយសីលឡើយ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត តថាគត ជាអ្នកមានអាជីវៈបរិសុទ្ធ។បេ។ មានធម្មទេសនាបរិសុទ្ធ។បេ។ មានវេយ្យាករណ៍បរិសុទ្ធ។បេ។ មានញាណទស្សនៈបរិសុទ្ធ ទើបប្តេជ្ញាថា តថាគតមានញាណទស្សនៈបរិសុទ្ធខ្លះ ថាញាណទស្សនៈរបស់តថាគត បរិសុទ្ធផូរផង់ ឥតមាសៅហ្មងខ្លះ។ ឯសាវ័កទាំងឡាយ មិនបានរក្សាតថាគត ដោយញាណទស្សនៈឡើយ។ ចំណែកតថាគត ក៏មិននឹកសង្ឃឹមនូវការរក្សាអំពីពួកសាវ័ក ដោយញាណទស្សនៈដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកណាព្យាយាមសម្លាប់តថាគត សេចក្តីព្យាយាមសម្លាប់របស់អ្នកនោះ មិនមែនជាហេតុ មិនមែនជាឱកាស (គួរឲ្យធ្វើបានឡើយ) ម្នាលភិក្ខុទាំងឡាយ ព្រោះព្រះតថាគតទាំងឡាយ មិនដែលបរិនិព្វាន ដោយសេចក្តីព្យាយាមរបស់បុគ្គលដទៃទេ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទៅកាន់វិហាររាល់ខ្លួនចុះ ម្នាលភិក្ខុទាំងឡាយ ព្រោះព្រះតថាគតទាំងឡាយ មិនបាច់មានបុគ្គលរក្សាទេ។

(នាឡាគិរិបេសនៈ)

(នាឡាគិរិបេសនំ)

[៤១] ក៏សម័យនោះឯង ក្នុងនគររាជគ្រឹះ មានដំរី១ ឈ្មោះ នាឡាគិរី ជាសត្វកាចសាហាវ តែងសម្លាប់មនុស្ស។ លំដាប់នោះ ទេវទត្តចូលទៅកាន់នគររាជគ្រឹះ ហួសទៅដល់រោងដំរី ហើយបាននិយាយពាក្យនេះនឹងពួកអ្នករក្សាដំរីថា នែនាយ យើងនេះ ជាព្រះញាតិនឹងស្តេច អាចតាំងអ្នកដែលនៅក្នុងតំណែងទាប ឲ្យនៅក្នុងតំណែងខ្ពស់ក៏បាន អាចបង្កើនភត្ត និងបៀវត្សក៏បាន ម្នាលនាយ បើដូច្នោះ ព្រះសមណគោតម ដើរមកកាន់ច្រកនេះពេលណា អ្នកចូរលែងដំរីនាឡាគិរីនេះ ឲ្យដើរទៅកាន់ច្រកនេះ ក្នុងពេលនោះ។ ពួកអ្នករក្សាដំរីទាំងនោះ ទទួលស្តាប់ពាក្យទេវទត្តថា កុរណាលោកម្ចាស់។ គ្រានោះ ព្រះមានព្រះភាគទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ចូលទៅកាន់នគររាជគ្រឹះ ជាមួយនឹងភិក្ខុទាំងឡាយជាច្រើនរូប។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចទៅកាន់ច្រកនោះ។ ឯពួកអ្នករក្សាដំរីទាំងនោះ បានឃើញព្រះមានព្រះភាគ ស្តេចទៅកាន់ច្រកនោះ លុះឃើញហើយ ក៏លែងដំរីនាឡាគិរី ឲ្យដើរទៅកាន់ច្រកនោះ។ ដំរីនាឡាគិរី បានឃើញព្រះមានព្រះភាគ ស្តេចមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏លើកប្រមោយ សម្រឹងត្រចៀក និងកន្ទុយ ស្ទុះទៅរកព្រះមានព្រះភាគ។ ពួកភិក្ខុទាំងនោះ បានឃើញដំរីនាឡាគិរីមកអំពីចម្ងាយលឹមៗ លុះឃើញហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ដំរីនាឡាគិរីនេះកាចអាក្រក់ ជាសត្វសម្លាប់មនុស្ស (ឥឡូវ) ដើរមកកាន់ច្រកនេះហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគថយចេញ សូមព្រះសុគតស្តេចថយចេញ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកមកចុះ កុំខ្លាចឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកណាព្យាយាមសម្លាប់តថាគត សេចក្តីព្យាយាមសម្លាប់របស់អ្នកនោះ មិនមែនជាហេតុ មិនមែនជាឱកាស (គួរធ្វើបានឡើយ) ម្នាលភិក្ខុទាំងឡាយ ព្រោះព្រះតថាគតទាំងឡាយ មិនដែលបរិនិព្វាន ដោយសេចក្តីព្យាយាមរបស់អ្នកដទៃទេ។ ពួកភិក្ខុទាំងនោះ បានក្រាបបង្គំទូលព្រះមានព្រះភាគអស់វារៈពីរដងផង។បេ។ ពួកភិក្ខុទាំងនោះ បានក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈបីដងផងថា បពិត្រព្រះអង្គដ៏ចំរើន ដំរីនាឡាគិរីនេះកាចអាក្រក់ ជាសត្វសម្លាប់មនុស្ស (ឥឡូវ) ដើរមកកាន់ច្រកនេះហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគថយចេញ សូមព្រះសុគតស្តេចថយចេញ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកមកចុះ កុំខ្លាចឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកណាព្យាយាមសម្លាប់តថាគត សេចក្តីព្យាយាមសម្លាប់របស់អ្នកនោះ មិនមែនជាហេតុ មិនមែនជាឱកាស ម្នាលភិក្ខុទាំងឡាយ ព្រោះព្រះតថាគតទាំងឡាយ មិនដែលបរិនិព្វាន ដោយសេចក្តីព្យាយាមរបស់អ្នកដទៃទេ។

[៤២] សម័យនោះឯង មនុស្សទាំងឡាយ នាំគ្នាឡើងទៅនៅលើប្រាសាទខ្លះ លើប្រាសាទដំបូលត្រងិលខ្លះ លើដំបូលផ្ទះខ្លះ។ បណ្តាពួកមនុស្សទាំងនោះ មនុស្សពួកណាមិនទាន់មានសទ្ធា មិនទាន់ជ្រះថ្លា ឥតប្រាជ្ញា មនុស្សពួកនោះ និយាយគ្នាយ៉ាងនេះថា ម្នាលគ្នាយើង មហាសមណៈ ឈ្មោះគោតម មានរូបល្អណាស់ ប៉ុន្តែមុខជាត្រូវដំរីបៀតបៀន។ ចំណែកខាងមនុស្សពួកណា មានសទ្ធាជ្រះថ្លា ជាបណ្ឌិត មានប្រាជ្ញា មនុស្សពួកនោះ និយាយគ្នាយ៉ាងនេះថា ម្នាលគ្នាយើង មិនយូរប៉ុន្មានឡើយ មុខជាព្រះពុទ្ធនាគ នឹងធ្វើសង្គ្រាមជាមួយនឹងហត្ថិនាគ (នេះ)។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ផ្សាយមេត្តាចិត្តទៅកាន់ដំរីនាឡាគិរី។ គ្រានោះ ដំរីនាឡាគិរី ដែលមេត្តាចិត្តរបស់ព្រះមានព្រះភាគពាល់ត្រូវហើយ ក៏ដាក់ប្រមោយចុះ ចូលទៅជិតព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានឈរនៅចំពោះព្រះភក្ត្រព្រះមានព្រះភាគ។ ព្រះមានព្រះភាគ យកព្រះហស្ថខាងស្តំា ស្ទាបពោងដំរីនាឡាគិរី ហើយសំដែងគាថា ចំពោះដំរីនាឡាគិរីនោះថា

[៤៣] ម្នាលកុញ្ជរ អ្នកកុំចូលមកប៉ុនប៉ងសម្លាប់ព្រះពុទ្ធនាគឡើយ ម្នាលកុញ្ជរ ព្រោះថា ការចូលមកប៉ុនប៉ងសម្លាប់ព្រះពុទ្ធនាគ ជាហេតុឲ្យកើតទុក្ខ។ ម្នាលកុញ្ជរ កាលបើអ្នកសម្លាប់ព្រះពុទ្ធនាគហើយ ទៅអំពីជាតិនេះ ទៅកាន់លោកខាងមុខ (អ្នក) មិនបានទៅកើតក្នុងសុគតិទេ។ ចូរអ្នកលែងស្រវឹង លែងប្រមាទទៅ ព្រោះថា សត្វទាំងឡាយ ដែលប្រមាទហើយ តែងមិនបានទៅកាន់សុគតិភូមិឡើយ។ អ្នកនឹងទៅកាន់សុគតិ ដោយប្រការដែលអ្នកធ្វើខ្លួនឯង។

[៤៤] លំដាប់នោះ ដំរីនាឡាគិរីចាប់ល្អងធូលី ដែលជាប់នឹងព្រះបាទព្រះមានព្រះភាគ ដោយប្រមោយ យកមករោយរាយលើក្បាល ហើយបែរមុខចំព្រះមានព្រះភាគ អង្កុញជើងមុខ ថយក្រោយ ដរាបទាល់តែលែងឃើញព្រះមានព្រះភាគ។ លំដាប់នោះ ដំរីនាឡាគិរី ដើរទៅកាន់រោងដំរី ក៏បានឈរនៅក្នុងកន្លែងរបស់ខ្លួនដដែល។ ព្រះមានព្រះភាគ បានទូន្មានដំរីនាឡាគិរី ដោយប្រការដូច្នេះឯង។

[៤៥] សម័យនោះឯង មនុស្សទាំងឡាយនាំគ្នាច្រៀងគាថានេះថា

ជនពួក១តែងទូន្មាន (ដំរី) ដោយដម្បងខ្លះ ដោយកង្វេរខ្លះ ដោយរំពាត់ខ្លះ (ចំណែក) ព្រះពុទ្ធ ដែលព្រះអង្គស្វែងរកនូវគុណធំ ឥតមានដម្បង ឥតមានគ្រឿងសស្ត្រាអ្វីទេ តែអាចទូន្មានហត្ថិនាគបាន។

មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តនេះ ជាមនុស្សអាក្រក់ ជាអ្នកឥតបុណ្យសោះ មិនសមបើនឹងព្យាយាមសម្លាប់ព្រះសមណគោតម ដែលមានឫទ្ធិច្រើន មានអានុភាពច្រើនយ៉ាងនេះឡើយ។ ទេវទត្តក៏សាបសូន្យលាភសក្ការៈទៅ។ ឯលាភសក្ការៈ ក៏រឹតតែចំរើនឡើង ដល់ព្រះមានព្រះភាគ។

(បញ្ចវត្ថុយាចនកថា)

(បញ្ចវត្ថុយាចនកថា)

[៤៦] សម័យនោះឯង ទេវទត្ត ព្រមទាំងបរិសទ្យសាបសូន្យលាភសក្ការៈ ហើយក៏នាំគ្នារៃអង្គាសគ្រប់ត្រកូល មកបរិភោគ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើសមណៈទាំងឡាយ ជាសក្យបុត្តិយ៍ នាំគ្នារៃអង្គាសគ្រប់ត្រកូល យកមកឆាន់សោះ អ្នកណា មិនពេញចិត្តនឹងរបស់សម្បូណ៌ អ្នកណា មិនគាប់ចិត្តនឹងរបស់ឆ្ងាញ់។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុណាដែល មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តព្រមទាំងបរិសទ្យ មិនសមបើនឹងរៃអង្គាសគ្រប់ត្រកូល យកមកឆាន់សោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលទេវទត្ត បានឮថា អ្នកព្រមទាំងបរិសទ្យ រៃអង្គាសគ្រប់ត្រកូល យកមកបរិភោគ ពិតមែនឬ។ ទេវទត្តក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសហើយ ធ្វើនូវធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត នឹងអនុញ្ញាតតិកភោជន2) គ្រប់ត្រកូល ដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍៣យ៉ាង (គឺ) ដើម្បីនឹងផ្ចាញ់ផ្ចាលនូវបុគ្គលទាំងឡាយ ដែលមិនមានអៀនខ្មាស១ ដើម្បីកិរិយានៅជាសុខស្រួល ដល់ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ថាកុំឲ្យពួកភិក្ខុ មានសេចក្តីប្រាថ្នាដ៏លាមក អាស្រ័យបក្ខពួក ហើយនាំគ្នាបំបែកសង្ឃ១ ដើម្បីសេចក្តីអាណិតដល់ត្រកូល១ (វិនយធរ) ត្រូវកាត់សេចក្តីតាមអាបត្តិ ក្នុងគណភោជនសិក្ខាបទចុះ។

[៤៧] គ្រានោះ ទេវទត្តដើរចូលទៅរកកោកាលិកភិក្ខុ កដមោរកតិស្សកភិក្ខុ ខណ្ឌទេវិយាបុត្តភិក្ខុ និងសមុទ្ទទត្តភិក្ខុ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ ទៅនឹងកោកាលិកភិក្ខុ កដមោរកតិស្សកភិក្ខុ ខណ្ឌទេវិយាបុត្តភិក្ខុ និងសមុទ្ទទត្តភិក្ខុថា ម្នាលអាវុសោទាំងឡាយ អ្នកចូរមក ពួកយើងនឹងធ្វើការបំបែកសង្ឃ និងទំលាយចក្ររបស់ព្រះសមណគោតម។ កាលបើទេវទត្តនិយាយយ៉ាងនេះហើយ កោកាលិកភិក្ខុ ក៏បាននិយាយពាក្យនេះ ទៅនឹងទេវទត្តថា ម្នាលអាវុសោ ព្រះសមណគោតម មានឫទ្ធិច្រើន មានអានុភាពច្រើនណាស់ ពួកយើងនឹងធ្វើការបំបែកសង្ឃ នឹងទំលាយចក្រ របស់ព្រះសមណគោតម ដូចម្តេចបាន។ ទេវទត្តឆ្លើយថា ម្នាលអាវុសោ ចូរអ្នកទាំងឡាយមក ពួកយើងនឹងនាំគ្នាចូលទៅគាល់ព្រះសមណគោតម ហើយទូលសុំវត្ថុ៥ប្រការថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ តែងសរសើរគុណ នៃបុគ្គលអ្នកមានសេចក្តីប្រាថ្នាតិច អ្នកសន្តោស ដុសខាត់ចិត្ត ទ្រទ្រង់ធុតង្គវត្ត គួរជាទីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន វត្ថុ៥ប្រការទាំងនេះ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសន្តោស ដើម្បីដុសខាត់ចិត្ត ដើម្បីធុតង្គវត្ត ដើម្បីសេចក្តីជ្រះថ្លា ដើម្បីមិនសន្សំកិលេសវដ្តៈ ដើម្បីប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមឲ្យភិក្ខុទាំងឡាយ នៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ កាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្តន៍ ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ ប្រើប្រាស់តែសំពត់បង្សុកូលអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហបតិចីវរ ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ នៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូលទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះនឹងត្រូវទោស សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស ព្រះសមណគោតម មុខជាមិនអនុញ្ញាតវត្ថុ៥ប្រការនេះឲ្យទេ ហើយពួកយើងឯង នឹងពន្យល់ជន (ឲ្យត្រកអរនឹងយើង) ដោយវត្ថុ៥ប្រការនេះ។ កោកាលិកភិក្ខុនិយាយថា ម្នាលអាវុសោ ពួកយើងអាចនឹងធ្វើការទំលាយសង្ឃ ទំលាយចក្ររបស់ព្រះសមណគោតម ដោយវត្ថុ៥ប្រការនេះបាន ម្នាលអាវុសោទាំងឡាយ ដ្បិតមនុស្សទាំងឡាយ ដែលជ្រះថ្លាដោយវត្ថុសៅហ្មង (មានច្រើន)។

[៤៨] គ្រានោះ ទេវទត្តព្រមទាំងបរិសទ្យ ចូលទៅគាល់ព្រះមានព្រះភាគជាម្ចាស់ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះទេវទត្តអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះទ្រង់យស តែងសរសើរគុណ នៃបុគ្គលអ្នកមានសេចក្តីប្រាថ្នាតិច ជាអ្នកសន្តោស ដុសខាត់ចិត្ត ទ្រទ្រង់ធុតង្គវត្ត គួរជាទីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន វត្ថុ៥ប្រការទាំងនេះ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសន្តោស ដើម្បីដុសខាត់ចិត្ត ដើម្បីធុតង្គវត្ត ដើម្បីសេចក្តីជ្រះថ្លា ដើម្បីមិនសន្សំកិលេសវដ្តៈ ដើម្បីប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមឲ្យភិក្ខុទាំងឡាយ នៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ កាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្តន៍ ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ ទ្រទ្រង់សំពត់បង្សុកូលអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហបតិចីវរ ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ នៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូលទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះនឹងត្រូវទោស សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស។ ព្រះអង្គ ទ្រង់ត្រាស់ថា កុំទេវទត្ត ភិក្ខុណាចង់នៅក្នុងព្រៃ ចូរឲ្យភិក្ខុនោះនៅចុះ ភិក្ខុណាចង់នៅក្នុងស្រុក ចូរឲ្យភិក្ខុនោះនៅចុះ ភិក្ខុណាចង់ប្រព្រឹត្តបិណ្ឌបាតជាវត្ត ចូរឲ្យភិក្ខុនោះប្រព្រឹត្តចុះ ភិក្ខុណាចង់ត្រេកអរដោយការនិមន្តន៍ ចូរឲ្យភិក្ខុនោះត្រេកអរចុះ ភិក្ខុណាចង់ត្រេកអរនឹងគហបតិចីវរ ចូរឲ្យភិក្ខុនោះត្រេកអរចុះ ម្នាលទេវទត្ត ដ្បិតតថាគតអនុញ្ញាតសេនាសនៈទៀបគល់ឈើអស់កាល៨ខែហើយ ទាំងបានអនុញ្ញាតត្រីសាច់ ដែលបរិសុទ្ធ ដោយទីបំផុត៣ប្រការ គឺមិនបានឃើញ១ មិនបានឮ១ មិនបានរង្កៀស១ (ឲ្យភិក្ខុទាំងឡាយឆាន់បាន)។ លំដាប់នោះ ទេវទត្តត្រេកអររីករាយថា ព្រះមានព្រះភាគ មិនព្រមអនុញ្ញាតវត្ថុ៥ប្រការនេះទេ បានក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ព្រមទាំងបរិសទ្យ ក្រោកចាកអាសនៈ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។

[៤៩] គ្រានោះ ទេវទត្តព្រមទាំងបរិសទ្យ ចូលទៅកាន់ក្រុងរាជគ្រឹះ ពន្យល់អ្នកផងឲ្យយល់ ដោយវត្ថុ៥ប្រការ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ ពួកយើងបានចូលទៅគាល់ព្រះសមណគោតម ហើយទូលសុំវត្ថុ៥ប្រការថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ តែងសរសើរគុណ របស់បុគ្គលជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន វត្ថុ៥ប្រការទាំងនេះ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច។បេ។ ដើម្បីប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមឲ្យភិក្ខុទាំងឡាយ នៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស។បេ។ សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស (ឥឡូវ) វត្ថុ៥ប្រការទាំងនេះ ព្រះសមណគោតមមិនព្រមអនុញ្ញាតឲ្យទេ ពួកយើងទាំងអស់គ្នានោះ នឹងសមាទានប្រព្រឹត្តវត្ថុទាំង៥ប្រការនេះ។

[៥០] បណ្តាមនុស្សទាំងនោះ មនុស្សពួកណាដែលឥតសទ្ធា មិនជ្រះថ្លា ឥតប្រាជ្ញា មនុស្សពួកនោះ និយាយគ្នាយ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តទាំងនោះ ជាអ្នកកំចាត់បង់នូវកិលេស ជាអ្នកប្រព្រឹត្តដុសខាត់ចិត្ត ចំណែកព្រះសមណគោតម ជាអ្នកល្មោភ (ដោយបច្ច័យ មានចីវរជាដើម) តែងត្រិះរិះដើម្បីសេចក្តីល្មោភ (ចីវរជាដើម)។ ចំណែកពួកមនុស្សណា ដែលមានសទ្ធាជ្រះថ្លា ជាបណ្ឌិត មានប្រាជ្ញា មនុស្សពួកនោះ នាំគ្នាពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្ត មិនសមបើនឹងខំប្រឹងទំលាយសង្ឃ និងទំលាយចក្រសោះ។ ភិក្ខុទាំងឡាយ បានឮដំណឹងមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ពួកភិក្ខុណា ដែលមានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើទេវទត្ត ខំប្រឹងទំលាយសង្ឃ និងទំលាយចក្រសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលទេវទត្ត ឮថា អ្នកខំប្រឹងបំបែកសង្ឃ និងបំបែកចក្រ មែនឬ។ ទេវទត្តឆ្លើយថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះអង្គ ទ្រង់ត្រាស់ថា កុំទេវទត្ត អ្នកកុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ម្នាលទេវទត្ត ដ្បិតការបំបែកសង្ឃ មានទោសជាទម្ងន់ណាស់ ម្នាលទេវទត្ត ប្រសិនបើអ្នកណាមួយបំបែកសង្ឃ ដែលកំពុងព្រមព្រៀងគ្នា (អ្នកនោះ) រមែងទទួលទោសលាមកអាក្រក់ តាំងនៅអស់១កប្ប ឆេះនៅក្នុងនរកអស់១កប្ប ម្នាលទេវទត្ត បើអ្នកណាមួយធ្វើសង្ឃ ដែលបែកគ្នាហើយ ឲ្យព្រមព្រៀងគ្នាទៅវិញ (អ្នកនោះ) តែងទទួលនូវបុណ្យដ៏ប្រសើរ ហើយនឹងរីករាយក្នុងឋានសួគ៌អស់១កប្ប ណ្ហើយទេវទត្ត អ្នកកុំចូលចិត្តនឹងការបំបែកសង្ឃឡើយ ម្នាលទេវទត្ត ដ្បិតការបំបែកសង្ឃ មានទោសធ្ងន់ណាស់។

[៥១] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ។ ទេវទត្តបានឃើញព្រះអានន្ទដ៏មានអាយុ កំពុងត្រាច់ទៅបិណ្ឌបាត ក្នុងនគររាជគ្រឹះ លុះឃើញហើយ ក៏ចូលទៅជិតព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទដ៏មានអាយុ ឥឡូវនេះ ខ្ញុំនឹងធ្វើឧបោសថកម្ម និងធ្វើសង្ឃកម្ម បែកចេញចាកព្រះមានព្រះភាគ បែកចេញចាកភិក្ខុសង្ឃ ចាប់ដើមពីថ្ងៃនេះរៀងទៅ។ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅបិណ្ឌបាត ក្នុងនគររាជគ្រឹះ បានត្រឡប់មកពីបិណ្ឌបាត ក្នុងខាងក្រោយភត្តហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអង្គុយក្នុងទីដ៏សមគួរហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងបុព្វណ្ហសម័យថ្ងៃនេះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ ទេវទត្តបានឃើញខ្ញុំព្រះអង្គ កំពុងត្រាច់បិណ្ឌបាត ក្នុងនគររាជគ្រឹះ លុះឃើញហើយ ចូលមករកខ្ញុំព្រះអង្គ លុះមកដល់ហើយ បាននិយាយពាក្យនេះ នឹងខ្ញុំព្រះអង្គថា នែអាវុសោអានន្ទ ឥឡូវនេះ ខ្ញុំនឹងធ្វើឧបោសថកម្ម និងធ្វើសង្ឃកម្ម បែកចេញចាកព្រះមានព្រះភាគ បែកចេញចាកភិក្ខុសង្ឃ ចាប់ដើមពីថ្ងៃនេះរៀងទៅហើយ បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃនេះទំនងជាទេវទត្តបំបែកសង្ឃហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវដំណើរនេះហើយ ទើបទ្រង់បន្លឺនូវឧទានវាចានេះ ក្នុងវេលានោះថា

[៥២]

អំពើល្អ មនុស្សសប្បុរសធ្វើបានដោយងាយ អំពើល្អ មនុស្សបាប ធ្វើបានដោយក្រ។ អំពើបាប មនុស្សបាប ធ្វើបានដោយងាយ អំពើបាប ព្រះអរិយៈទាំងឡាយ ធ្វើបានដោយក្រ។

ចប់ ភាណវារៈ ទី២។

(តតិយភាណវារៈ ទី៣)

(៣. តតិយភាណវារោ)

(សង្ឃភេទកថា)

(សង្ឃភេទកថា)

[៥៣] គ្រានោះ ទេវទត្តក្រោកចាកអាសនៈក្នុងថ្ងៃឧបោសថនោះ ហើយបង្គាប់ភិក្ខុឲ្យចាប់ស្លាក ដោយពាក្យថា ម្នាលអាវុសោ ពួកយើងបាននាំគ្នាចូលទៅគាល់ព្រះសមណគោតម ទូលសុំវត្ថុ៥ប្រការថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគទ្រង់សរសើរគុណ របស់បុគ្គលអ្នកប្រាថ្នាតិច។បេ។ ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយច្រើន បពិត្រព្រះអង្គដ៏ចំរើន វត្ថុ៥ប្រការទាំងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នាតិច។បេ។ ដើម្បីប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមឲ្យភិក្ខុទាំងឡាយ នៅតែក្នុងព្រៃជាវត្តអស់១ជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស។បេ។ សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់១ជីវិត ភិក្ខុណាឆានត្រីនិងសាច់ ភិក្ខុនោះនឹងត្រូវទោស ព្រះសមណគោតម មិនទ្រង់អនុញ្ញាតវត្ថុ៥ប្រការនេះទេ តែពួកយើងទាំងនោះ នឹងនាំគ្នាសមាទាន ប្រព្រឹត្តវត្ថុ៥ប្រការនេះវិញ វត្ថុ៥ប្រការនេះ គួរដល់លោកដ៏មានអាយុអង្គណា សូមលោកដ៏មានអាយុអង្គនោះចាប់ស្លាកចុះ។

[៥៤] សម័យនោះឯង វជ្ជីបុត្តកភិក្ខុ នៅក្នុងនគរវេសាលី ប្រមាណ៥០០រូប ជាអ្នកទើបនឹងបួសថ្មីផង ជាអ្នកមិនដឹងប្រក្រតី (មិនចេះវិន័យ)ផង។ ភិក្ខុទាំងនោះ គិតគ្នាថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា ហើយក៏នាំគ្នាចាប់ស្លាក។ លំដាប់នោះ ទេវទត្តបំបែកសង្ឃ ហើយនាំភិក្ខុទាំង៥០០រូប (នោះ) ឆ្ពោះទៅកាន់គយាសីសប្រទេស។

[៥៥] គ្រានោះ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបអភិវាទ ចំពោះព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទេវទត្តបំបែកសង្ឃ ហើយនាំភិក្ខុប្រមាណ៥០០រូប ឆ្ពោះទៅកាន់គយាសីសប្រទេសទៅហើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត និងមោគ្គល្លាន អ្នកទាំងឡាយ ទំនងជាមានសេចក្តីអាណិតភិក្ខុ ដែលទើបនឹងបួសថ្មីទាំងនោះទេដឹង ម្នាលសារីបុត្ត និងមោគ្គល្លាន ចូរអ្នកទាំងឡាយនាំគ្នាទៅចុះ ភិក្ខុទាំងនោះ គង់ដល់នូវសេចក្តីវិនាស ក្នុងកាលជាអនាគត។ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ករុណាព្រះអង្គ ហើយក្រោកចាកអាសនៈ ក្រាបបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរសំដៅទៅគយាសីសប្រទេស។

[៥៦] សម័យនោះ មានភិក្ខុមួយរូបឈរយំ នៅជិតព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់តម្រាស់នេះ នឹងភិក្ខុនោះថា ម្នាលភិក្ខុ ហេតុអ្វីក៏អ្នកយំ។ ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អគ្គសាវ័ករបស់ព្រះមានព្រះភាគ គឺព្រះសារីបុត្ត និងព្រះមោគ្គល្លានទាំងនោះ ពេញចិត្តនឹងធម៌ទេវទត្តហើយ បានជាទៅកាន់សំណាក់ទេវទត្ត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ សារីបុត្ត និងមោគ្គល្លាន ពេញចិត្តនឹងធម៌ទេវទត្ត ដោយឧបាយណា ឧបាយនោះ មិនមែនជាហេតុ មិនមែនជាឱកាសឡើយ ឯសារីបុត្ត និងមោគ្គល្លានទៅនោះ ដើម្បីពន្យល់ភិក្ខុផងគ្នាទេតើ។

[៥៧] ចួនសម័យនោះឯង ទេវទត្តមានបរិសទ្យជាច្រើនចោមរោមត្រៀបត្រា កំពុងអង្គុយសំដែងធម៌។ ទេវទត្តបានឃើញព្រះសារីបុត្ត និងព្រះមោគ្គល្លាន ដើរមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកមើលចុះ ធម៌យើងសំដែងហើយដោយល្អទាល់តែអគ្គសាវ័ករបស់ព្រះសមណគោតម គឺសារីបុត្ត និងមោគ្គល្លាន (ពេញចិត្តនឹងធម៌យើងហើយ បានជា) មកកាន់សំណាក់យើង។ កាលបើទេវទត្តនិយាយយ៉ាងនេះហើយ កោកាលិកភិក្ខុ ក៏បាននិយាយពាក្យនេះនឹងទេវទត្តថា នែអាវុសោទេវទត្ត អ្នកកុំទុកចិត្តសារីបុត្ត និងមោគ្គល្លានឡើយ (ដ្បិត) សារីបុត្ត និងមោគ្គល្លាន(នេះ) ជាអ្នកប្រាថ្នាលាមក លុះក្នុងអំណាចសេចក្តីប្រាថ្នាអាក្រក់។ ទេវទត្តឆ្លើយថា មិនអ្វីទេ អាវុសោ សារីបុត្ត និងមោគ្គល្លាននោះ មកដោយស្រួលទេ ព្រោះហេតុតែពេញចិត្តនឹងធម៌របស់យើងហើយ។ ទេវទត្តនិមន្តព្រះសារីបុត្តដ៏មានអាយុ ដោយអាសនៈពាក់កណ្តាលថា នែអាវុសោសារីបុត្ត សូមលោកនិមន្តមកគង់លើអាសនៈនេះចុះ។ ព្រះសារីបុត្តដ៏មានអាយុនិយាយថា ណ្ហើយអាវុសោ ដូច្នេះ រួចកាន់យកអាសនៈមួយ ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏កាន់យកអាសនៈមួយ ហើយអង្គុយក្នុងទីសមគួរ។ គ្រានោះ ទេវទត្តបានពន្យល់ភិក្ខុទាំងឡាយច្រើន ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យត្រេកអររីករាយ ដោយធម្មីកថា ទាល់តែយប់ជ្រៅ ទើបនិមន្តព្រះសារីបុត្តដ៏មានអាយុថា នែអាវុសោសារីបុត្ត ភិក្ខុសង្ឃប្រាសចាកថីនមិទ្ធហើយ ម្នាលអាវុសោសារីបុត្ត ចូរអ្នកជួយបំភ្លឺធម្មីកថា ដល់ភិក្ខុទាំងឡាយផងចុះ ដ្បិតខ្ញុំឈឺខ្នងណាស់ ខ្ញុំនឹងសម្រាកបន្តិច។ ព្រះសារីបុត្តដ៏មានអាយុ ទទួលពាក្យទេវទត្តថា អើអាវុសោ។ ទេវទត្តក៏ក្រាលសង្ឃាដិ៤ជាន់ សម្រេចនូវសេយ្យា (សិង) ផ្អៀងទៅខាងស្តាំ។ ទេវទត្តនោះ ក៏ចួនជាអស់កំឡាំង ភ្លេចភ្លាំងស្មារតី មិនដឹងខ្លួនប្រាណ ក៏ដេកលក់មួយរំពេចទៅ។

[៥៨] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ បានទូន្មានប្រៀនប្រដៅភិក្ខុទាំងឡាយ ដោយធម្មីកថា ជាអាទេសនាបាដិហារ្យ3) និងអនុសាសនីបាដិហារ្យ4) ចំណែកខាងព្រះមោគ្គល្លានដ៏មានអាយុ ក៏ទូន្មានប្រៀនប្រដៅភិក្ខុទាំងឡាយ ដោយធម្មីកថា ជាឥទ្ធិប្បាដិហារ្យ5) និងអនុសាសនីបាដិហារ្យ។ លំដាប់នោះ ពួកភិក្ខុទាំងនោះ ដែលព្រះសារីបុត្តដ៏មានអាយុ ទូន្មានប្រៀនប្រដៅ (ដោយធម្មីកថា) ជាអាទេសនាបាដិហារ្យ និងអនុសាសនីបាដិហារ្យ ដែលព្រះមោគ្គល្លានដ៏មានអាយុ ទូន្មានប្រៀនប្រដៅ (ដោយធម្មីកថា) ជាឥទ្ធិប្បាដិហារ្យ និងអនុសាសនីបាដិហារ្យ ក៏កើតធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល (ដោយបញ្ញាថា) ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ រមែងរលត់ទៅវិញជាធម្មតា។ ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោ ពួកយើងនាំគ្នាទៅកាន់សំណាក់ព្រះមានព្រះភាគ លោកអង្គណា ចូលចិត្តនឹងធម៌របស់ព្រះមានព្រះភាគនោះ ចូរលោកអង្គនោះនិមន្តមក។ ទើបព្រះសារីបុត្ត និងព្រះមោគ្គល្លាននាំភិក្ខុទាំង៥០០រូបនោះ ចូលសំដៅទៅវត្តវេឡុវន។ លំដាប់នោះ កោកាលិកភិក្ខុ ដាស់ទេវទត្តឲ្យក្រោកឡើងថា នែអាវុសោទេវទត្ត ចូរអ្នកក្រោកឡើង ដ្បិតសារីបុត្ត និងមោគ្គល្លាន នាំភិក្ខុទាំងនោះទៅហើយ ម្នាលអាវុសោទេវទត្ត យើងបាននិយាយប្រាប់អ្នកថា នែទេវទត្តដ៏មានអាយុ អ្នកកុំទុកចិត្តសារីបុត្ត និងមោគ្គល្លានឡើយ ដ្បិតសារីបុត្ត និងមោគ្គល្លាន (នោះ) ជាមនុស្សប្រាថ្នាលាមក លុះក្នុងអំណាចសេចក្តីប្រាថ្នាអាក្រក់ ឥឡូវឃើញទេហ៍។ លំដាប់នោះ ទេវទត្តក៏ស្រាប់តែក្អួតឈាមក្តៅ ចេញមកពីមាត់ក្នុងទីនោះ។

[៥៩] គ្រានោះ ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះសារីបុត្តដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមឲ្យភិក្ខុទាំងឡាយ ដែលជាអ្នកប្រព្រឹត្តតាមភិក្ខុ ដែលបំបែកសង្ឃ ឧបសម្បទាជាថ្មីទៀត។ ព្រះអង្គ ទ្រង់ត្រាស់ថា ណ្ហើយសារីបុត្ត អ្នកកុំចូលចិត្តនឹងការឲ្យពួកភិក្ខុជាអ្នកប្រព្រឹត្តតាមភិក្ខុ ដែលបំបែកសង្ឃ ទទួលឧបសម្បទាជាថ្មីទៀតឡើយ ម្នាលសារីបុត្ត បើដូច្នោះ ចូរអ្នកឲ្យភិក្ខុដែលប្រព្រឹត្តតាមភិក្ខុ ដែលបំបែកសង្ឃ (នោះ) សំដែងអាបត្តិថុល្លច្ច័យចេញចុះ ម្នាលសារីបុត្ត ចុះទេវទត្ត ប្រតិបត្តិចំពោះអ្នកដូចម្តេច។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ប្រយោជន៍ ឲ្យកាន់យកព្រម ឲ្យអាចហាន ឲ្យត្រេកអរ ឲ្យរីករាយដោយធម្មីកថា ទាល់តែយប់ជ្រៅ ទើបបានអារាធនាខ្ញុំព្រះអង្គថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាកសេចក្តីងុយងោកអស់ហើយ ម្នាលសារីបុត្ត ចូរអ្នកបំភ្លឺធម្មីកថា ចំពោះភិក្ខុទាំងឡាយនោះផងចុះ ដ្បិតតថាគតឈឺខ្នង តថាគតនឹងឈប់សម្រាកបន្តិច រឿងនេះយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ទេវទត្ត ក៏ប្រតិបត្តិយ៉ាងនោះដែរ។

[៦០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយ មានដំរីច្រើន នៅអាស្រ័យនឹងស្រះធំ១ ជិតព្រៃរំលោង។ ដំរីទាំងនោះ ចុះកាន់ស្រះនោះ ដកយកក្រអៅឈូកដោយប្រមោយ លាងសម្អាត ហើយទំពាលេបរបស់ដែលគ្មានភក់នោះទៅ។ ក្រអៅឈូកនោះ ក៏នាំឲ្យមានពណ៌សម្បុរ និងកំឡាំងដល់ដំរីទាំងនោះ។ ដំរីទាំងនោះ ក៏មិនបានដល់នូវសេចក្តីស្លាប់ផង នូវសេចក្តីទុក្ខ ជិតនឹងស្លាប់ផង ព្រោះការទំពាស៊ីក្រអៅឈូកនោះទេ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងពួកដំរីក្មេង គឺដំរីស្ទាវ និងកូនដំរី តែងយកតម្រាប់ដំរីធំទាំងនោះ ក៏នាំគ្នាចុះកាន់ស្រះនោះ ហើយដកយកក្រអៅឈូកដោយប្រមោយ តែមិនបានលាងទឹកឲ្យស្អាត ហើយក៏ទំពាលេបទាំងភក់ទៅ។ ក្រអៅឈូកនោះ ក៏មិននាំឲ្យកើតសម្បុរ និងកំឡាំងដល់ដំរីទាំងនោះឡើយ។ (ដំរីស្ទាវ និងកូនដំរីទាំងឡាយ) តែងដល់នូវសេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះការទំពាស៊ីរបស់មិនស្អាតនោះជាហេតុ (យ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ដែលធ្វើតាមតថាគត នឹងដល់សេចក្តីលំបាក ស្លាប់អសារឥតការ យ៉ាងនោះដែរ។

[៦១]

កាលដំរីធំរក្សាហ្វូង គាស់រំលើងផែនដី ទំពាស៊ីក្រអៅឈូក្នុងស្រះ កូនដំរីធ្វើតាមដំរីធំនោះ ក៏ទំពាស៊ីក្រអៅឈូកទាំងភក់ ដល់នូវសេចក្តីស្លាប់ យ៉ាងណាមិញ ទេវទត្ត ដែលធ្វើតាមតថាគត ក៏ដល់សេចក្តីលំបាក ហើយនិងស្លាប់ យ៉ាងនោះដែរ។

[៦២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយអង្គ៨ប្រការ ទើបគួរដល់នូវទូតកម្មបាន។ អង្គ៨ប្រការនោះ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្តាប់បានដោយខ្លួនឯង១ ញុំាងបុគ្គលដទៃឲ្យស្តាប់បាន១ បានរៀនយក១ ចេះចាំទុកស្ទាត់១ ដឹងសេចក្តីដោយខ្លួនឯង១ ញុំាងបុគ្គលដទៃឲ្យដឹងសេចក្តីនោះ១ ឈ្លាសវៃក្នុងហេតុដែលគួរ និងមិនគួរ១ ជាអ្នកមិនធ្វើនូវជំលោះ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ៨ប្រការនេះឯង ទើបគួរដល់នូវ ទូតកម្ម បាន។

[៦៣] ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយអង្គ៨ប្រការ ទើបគួរដល់នូវទូតកម្មបាន។ អង្គ៨ប្រការនោះគឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្ត ជាអ្នកស្តាប់បានដោយខ្លួនឯង១ ញុំាងបុគ្គលដទៃឲ្យស្តាប់បាន១ បានរៀនយក១ ចេះចាំទុកស្ទាត់១ ដឹងសេចក្តីដោយខ្លួនឯង១ ញុំាងបុគ្គលដទៃឲ្យដឹងសេចក្តី១ ឈ្លាសវាងវៃក្នុងហេតុដែលគួរ និងមិនគួរ១ ជាអ្នកមិនធ្វើនូវជំលោះ១ ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយអង្គ៨ប្រការនេះឯង ទើបគួរដល់នូវ ទូតកម្មបាន។

[៦៤]

ភិក្ខុណា ទៅដល់បរិសទ្យដែលពោលពាក្យបង្គ្រប ហើយមិនញាប់ញ័រ១ មិនបំភ្លេចពាក្យ១ មិនលាក់ពាក្យបណ្តាំគេ១ ប្រាប់មិនឲ្យច្រឡំពាក្យ១ គេសួរមកហើយ មិនខឹង១ ភិក្ខុប្រាកដដូច្នោះ នោះឯង ទើបគួរដល់ទូតកម្មបាន។

[៦៥] ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្ម (លោកធម៌) ទាំង៨ប្រការ គ្របសង្កត់ មានចិត្តប្រែប្រួល ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ អសទ្ធម្ម៨ប្រការតើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភគ្របសង្កត់ មានចិត្តប្រែប្រួល ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន ម្នាលភិក្ខុទាំងឡាយ ព្រោះមិនមានលាភ។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះយស។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះមិនមានយស។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះសក្ការៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះមិនមានសក្ការៈ។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះខ្លួនមានសេចក្តីប្រាថ្នាអាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រូវភាវៈជាបាបមិត្តគ្របសង្កត់ មានចិត្តប្រែប្រួល ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្មទាំង៨ប្រការនេះ គ្របសង្កត់ មានចិត្តប្រែប្រួល ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់មួយកប្ប កែខ្លួនលែងបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសង្កត់សង្កិនញាំញី នូវលាភដែលកើតឡើងហើយ នូវអលាភដែលកើតឡើងហើយ។បេ។ នូវយសដែលកើតឡើងហើយ នូវអយសដែលកើតឡើងហើយ នូវសក្ការៈដែលកើតឡើងហើយ នូវអសក្ការៈដែលកើតឡើងហើយ នូវសេចក្តីប្រាថ្នាអាក្រក់ដែលកើតឡើងហើយ។បេ។ គ្របសង្កត់នូវភាវៈជាបាបមិត្តដែលកើតឡើងហើយ ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសង្កត់សង្កិន នូវលាភដែលកើតឡើងហើយ នូវអលាភដែលកើតឡើងហើយ។បេ។ នូវយសដែលកើតឡើងហើយ នូវអយសដែលកើតឡើងហើយ នូវសក្ការៈដែលកើតឡើងហើយ នូវអសក្ការៈដែលកើតឡើងហើយ នូវសេចក្តីប្រាថ្នាអាក្រក់ដែលកើតឡើងហើយ។បេ។ គ្របសង្កត់នូវភាវៈជាបាបមិត្តដែលកើតឡើងហើយ ព្រោះអាស្រ័យប្រយោជន៍ដូចម្តេច ម្នាលភិក្ខុទាំងឡាយ ព្រោះថា បើភិក្ខុមិនបានសង្កត់សង្កិននូវលាភណា ដែលកើតឡើងហើយ អាសវក្កិលេសទាំងឡាយ គឺសេចក្តីចង្អៀតចង្អល់ និងសេចក្តីក្តៅក្រហាយ គប្បីកើតឡើង (ដល់ភិក្ខុនោះ) កាលបើភិក្ខុបានសង្កត់សង្កិនញំាញីនូវលាភដែលកើតឡើងហើយយ៉ាងនេះ អាសវក្កិលេសទាំងនោះ គឺសេចក្តីចង្អៀតចង្អល់ និងសេចក្តីក្តៅក្រហាយ រមែងមិនមាន (ដល់ភិក្ខុនោះ) ម្នាលភិក្ខុទាំងឡាយ ព្រោះថា បើភិក្ខុនោះ មិនសង្កត់សង្កិន នូវអលាភណា ដែលកើតឡើងហើយ។បេ។ នូវយស ដែលកើតឡើងហើយ នូវអយសដែលកើតឡើងហើយ នូវសក្ការៈដែលកើតឡើងហើយ នូវអសក្ការៈដែលកើតឡើងហើយ សេចក្តីប្រាថ្នាអាក្រក់ ដែលកើតឡើងហើយ។បេ។ កាលភិក្ខុមិនសង្កត់សង្កិននូវភាវៈជាបាបមិត្ត ដែលកើតឡើងហើយទេ អាសវក្កិលេសទាំងឡាយ គឺសេចក្តីចង្អៀតចង្អល់ និងសេចក្តីក្តៅក្រហាយ គប្បីកើតឡើង ដល់ភិក្ខុនោះ កាលបើភិក្ខុបានសង្កត់សង្កិនញាំញី នូវអលាភដែលកើតឡើងហើយ នូវភាវៈជាបាបមិត្តដែលកើតឡើងហើយ អាសវក្កិលេសទាំងនោះ គឺសេចក្តីចង្អៀតចង្អល់ និងសេចក្តីក្តៅក្រហាយ រមែងមិនមាន (ដល់ភិក្ខុនោះ) យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសង្កត់សង្កិន នូវលាភដែលកើតឡើងហើយ នូវអលាភដែលកើតឡើងហើយ។បេ។ នូវយសដែលកើតឡើងហើយ នូវអយសដែលកើតឡើងហើយ នូវសក្ការៈដែលកើតឡើងហើយ នូវអសក្ការៈដែលកើតឡើងហើយ នូវសេចក្តីប្រាថ្នាអាក្រក់ដែលកើតឡើងហើយ។បេ។ គ្របសង្កត់នូវភាវៈជាបាបមិត្តដែលកើតឡើងហើយ ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូច្នេះ ក្នុងសាសនានេះ គួរយើងទាំងឡាយសង្កត់សង្កិន ញាំញី នូវលាភដែលកើតឡើងហើយ។ គួរយើងទាំងឡាយ សង្កត់សង្កិន ញាំញី នូវអលាភដែលកើតឡើងហើយ។បេ។ នូវយសដែលកើតឡើងហើយ នូវអយសដែលកើតឡើងហើយ នូវសក្ការៈដែលកើតឡើងហើយ នូវអសក្ការៈដែលកើតឡើងហើយ នូវសេចក្តីប្រាថ្នាអាក្រក់ដែលកើតឡើងហើយ។បេ។ គ្របសង្កត់នូវភាវៈជាបាបមិត្ត ដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[៦៦] ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្ម៣ប្រការ គ្របសង្កត់ មានចិត្តប្រែប្រួល ជាបុគ្គលទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាន។ អសទ្ធម្ម៣ប្រការតើដូចម្តេចខ្លះ។ (អសទ្ធម្ម៣ប្រការនោះគឺ) សេចក្តីប្រាថ្នាអាក្រក់១ ភាវៈជាបាបមិត្ត១ ដល់នូវសេចក្តីរាយមាយ ក្នុងពាក់កណ្តាល ដោយកិរិយាបាននូវគុណវិសេស គឺត្រឹមតែឈានដ៏ថោកទាប១ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្មទាំង៣ប្រការនេះ គ្របសង្កត់ហើយ មានចិត្តប្រែប្រួល ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប។

[៦៧]

បុគ្គលណាមួយ ជាអ្នកប្រាថ្នាលាមក សូមកុំកើតក្នុងលោកឡើយ ដំណើរនៃបុគ្គលមានសេចក្តីប្រាថ្នាលាមកទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ ចូរដឹងដំណើរនោះ ដោយហេតុនេះចុះ។ តថាគតបានឮថា ទេវទត្ត អ្នកផងឲ្យឈ្មោះថា ជាបណ្ឌិត អ្នកផងសន្មតថា ជាអ្នកមានចិត្តអប់រំហើយ ទេវទត្តហាក់ដូចជាកាលរុងរឿង ដោយយសឋិតនៅ។ ទេវទត្តនោះឯង តែងសន្សំសេចក្តីប្រមាទរឿយៗ ហើយបៀតបៀនតថាគតនោះ ក៏ធ្លាក់ទៅរងទុក្ខក្នុងនរកអវិចី មានទ្វារ៤ ដែលគួរខ្លាច។ សេចក្តីពិតថា នរណាប្រទូស្តចំពោះបុគ្គលដែលមិនបានប្រទូស្ត មិនបានធ្វើអំពើអាក្រក់ បាប តែងពាល់ត្រូវនូវបុគ្គល ដែលមានចិត្តប្រទូស្តអ្នកមិនអើពើនោះវិញ។ អ្នកណាប៉ងប្រទូស្តនូវសមុទ្រ ដោយថ្នាំពិស១ក្អម អ្នកនោះឯង មិនអាចនឹងប្រទូស្តដោយថ្នាំពិស១ក្អមនោះបានឡើយ ព្រោះថា សមុទ្រធំទូលាយ គួរឲ្យស្ញប់ស្ញែង (សេចក្តីនេះ) មានឧបមាយ៉ាងណា មានឧបមេយ្យ ដូចជានរណាប្រទូស្តនឹងតថាគត ដែលមានចិត្តស្មើ មានចិត្តស្ងប់ ដោយពាក្យពោលទោស ពាក្យជាទោសនោះ មិនបានលូតលាស់ ចំរើនឡើងក្នុងតថាគតនោះឡើយ។ ភិក្ខុដើរទៅតាមតម្រាយនៃមិត្តណា គប្បីដល់នូវកិរិយាក្ស័យទៅនៃទុក្ខបាន ភិក្ខុជាបណ្ឌិត គប្បីធ្វើនូវសេចក្តីស្និទ្ធស្នាលនឹងមិត្តដូច្នោះផង គប្បីសេពគប់នឹងមិត្តនោះផង។

(ឧបាលិបញ្ហា)

(ឧបាលិបញ្ហា)

[៦៨] គ្រានោះ ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីប្រេះឆានៃសង្ឃ ដែលហៅថា សង្ឃរាជិ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីប្រេះឆានៃសង្ឃ ដែលមិនមែនជាសង្ឃភេទ ដោយហេតុប៉ុន្មានយ៉ាង សេចក្តីប្រេះឆានៃសង្ឃផង សង្ឃភេទផង ដោយហេតុប៉ុន្មានយ៉ាង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង6) មួយរូប ភិក្ខុប៉ែកម្ខាង7) ពីររូប ឯភិក្ខុគំរប់៤8)) សូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទទេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាងពីររូប ភិក្ខុប៉ែកម្ខាងពីររូប ឯភិក្ខុជាគំរប់៥ សូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទ។បេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាងពីររូប ភិក្ខុប៉ែកម្ខាងបីរូប ឯភិក្ខុជាគំរប់៦ សូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទទេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង៣រូប ភិក្ខុប៉ែកម្ខាង៣រូប ឯភិក្ខុជាគំរប់៧ សូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទទេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង៣រូប ភិក្ខុប៉ែកម្ខាង៤រូប ឯភិក្ខុជាគំរប់៨ សូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទទេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង៤រូប ភិក្ខុប៉ែកម្ខាង៤រូប ឯភិក្ខុជាគំរប់៩ សូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃផង ហៅថា សង្ឃភេទផង។ ម្នាលឧបាលិ សេចក្តីប្រេះឆានៃសង្ឃ និងសង្ឃភេទ រមែងមានដល់ភិក្ខុ៩រូបក៏មាន ដល់ភិក្ខុច្រើនជាង៩រូបទៅក៏មាន។ ម្នាលឧបាលិ ភិក្ខុនី មិនឈ្មោះថាបំបែកសង្ឃទេ តែបានឈ្មោះថា ព្យាយាមដើម្បីបំបែក(សង្ឃ) សិក្ខមានា ក៏មិនឈ្មោះថា បំបែកសង្ឃ សាមណេរ ក៏មិនឈ្មោះថា បំបែកសង្ឃ សាមណេរី ក៏មិនឈ្មោះថា បំបែកសង្ឃ ឧបាសក ក៏មិនឈ្មោះថា បំបែកសង្ឃ ឧបាសិកា ក៏មិនឈ្មោះថា បំបែកសង្ឃ តែបានឈ្មោះថា ព្យាយាមដើម្បីបំបែកសង្ឃ។ ម្នាលឧបាលិ លុះតែភិក្ខុ ដែលមានខ្លួនជាប្រក្រតី9) មានសំវាសស្មើគ្នា ឋិតនៅក្នុងសីមាជាមួយគ្នា ទើបឈ្មោះថា បំបែកសង្ឃ។

[៦៩] ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការបំបែកសង្ឃ ព្រះអង្គត្រាស់ថា សង្ឃភេទ បពិត្រព្រះអង្គដ៏ចំរើន ចុះសង្ឃដែលបែកធ្លាយ ដោយហេតុប៉ុន្មានយ៉ាង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុទាំងឡាយក្នុងសាសនានេះ សំដែងសភាពមិនមែនធម៌ ថាជាធម៌ សំដែងធម៌ ថាមិនមែនជាធម៌ សំដែងសភាពមិនមែនវិន័យ ថាជាវិន័យ សំដែងវិន័យ ថាមិនមែនជាវិន័យ សំដែងធម៌វិន័យ ដែលតថាគតមិនបានសំដែង មិនបានពោល ថាតថាគតបានសំដែង បានពោល សំដែងធម៌វិន័យ ដែលតថាគតបានសំដែង បានពោល ថាតថាគតមិនបានសំដែង មិនបានពោលវិញ សំដែងវត្ត ដែលតថាគតមិនបានសន្សំមកហើយ ថាជាវត្ត ដែលតថាគតសន្សំមកហើយ សំដែងវត្ត ដែលតថាគតបានសន្សំមកហើយ ថាជាវត្ត ដែលតថាគតមិនបានសន្សំមកទេ សំដែងសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ថាតថាគតបានបញ្ញត្ត សំដែងសិក្ខាបទ ដែលតថាគតបានបញ្ញត្តហើយ ថាតថាគតមិនបានបញ្ញត្តទេ សំដែងអនាបត្តិ ថាជាអាបត្តិ សំដែងអាបត្តិ ថាជាអនាបត្តិ សំដែងលហុកាបត្តិ ថាជាគរុកាបត្តិ សំដែងគរុកាបត្តិ ថាជាលហុកាបត្តិ សំដែងសាវសេសាបត្តិ10) ថាជាអនវសេសាបត្តិ11) សំដែងអនវសេសាបត្តិ ថាជាសាវសេសាបត្តិ សំដែងទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ភិក្ខុទាំងនោះ ក៏ទង់ទាញ កៀរគរ (បរិសទ្យ) ហើយធ្វើឧបោសថផ្សេងពីគ្នា ធ្វើបវារណាផ្សេងពីគ្នា ធ្វើសង្ឃកម្មផ្សេងពីគ្នា ដោយវត្ថុ១៨ប្រការនេះឯង ម្នាលឧបាលិ សង្ឃដែលបែកធ្លាយ ដោយហេតុប៉ុណ្ណេះឯង។

[៧០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីព្រមព្រៀងនៃសង្ឃ ព្រះអង្គត្រាស់ថា សង្ឃសាមគ្គី បពិត្រព្រះអង្គដ៏ចំរើន សង្ឃដែលព្រមព្រៀងគ្នា ដោយហេតុប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុទាំងឡាយក្នុងសាសនានេះ សំដែងសភាពមិនមែនធម៌ ថាមិនមែនធម៌ សំដែងធម៌ ថាជាធម៌ សំដែងសភាពមិនមែនវិន័យ ថាមិនមែនជាវិន័យ សំដែងវិន័យ ថាជាវិន័យ សំដែងធម៌វិន័យ ដែលតថាគតមិនបានសំដែង មិនបានពោល ថាតថាគតមិនបានសំដែង មិនបានពោលទេ សំដែងធម៌វិន័យ ដែលតថាគតបានសំដែង បានពោល ថាតថាគតបានសំដែង បានពោល សំដែងវត្ត ដែលតថាគតមិនធ្លាប់សន្សំមក ថាជាវត្ត ដែលតថាគតមិនធ្លាប់សន្សំមកទេ សំដែងវត្ត ដែលតថាគតធ្លាប់សន្សំមក ថាជាវត្ត ដែលតថាគតធ្លាប់សន្សំមក សំដែងសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ថាតថាគតមិនបានបញ្ញត្តទេ សំដែងសិក្ខាបទ ដែលតថាគតបានបញ្ញត្ត ថាតថាគតបានបញ្ញត្ត សំដែងអនាបត្តិ ថាជាអនាបត្តិ សំដែងអាបត្តិ ថាជាអាបត្តិ សំដែងលហុកាបត្តិ ថាជាលហុកាបត្តិ សំដែងគរុកាបត្តិ ថាជាគរុកាបត្តិ សំដែងសាវសេសាបត្តិ ថាជាសាវសេសាបត្តិ សំដែងអនវសេសាបត្តិ ថាជាអនវសេសាបត្តិ សំដែងទុដ្ឋុល្លាបត្តិ (អាបត្តិបារាជិក ឬសង្ឃាទិសេស) ថាជាទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ (អាបត្តិ៥កង) ថាជាអទុដ្ឋុល្លាបត្តិ ភិក្ខុទាំងនោះ មិនទង់ទាញ មិនកៀរគរយក (បរិសទ្យ) ហើយមិនធ្វើឧបោសថផ្សេងគ្នា មិនធ្វើបវារណាផ្សេងគ្នា មិនធ្វើសង្ឃកម្មផ្សេងគ្នា ដោយវត្ថុ១៨នេះ ម្នាលឧបាលិ សង្ឃឈ្មោះថា ព្រមព្រៀងគ្នា ដោយហេតុប៉ុណ្ណេះឯង។

[៧១] ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុបំបែកសង្ឃ ដែលកំពុងព្រមព្រៀងគ្នា ភិក្ខុនោះ រមែងបាននូវផលដូចម្តេចខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុបំបែកសង្ឃ ដែលកំពុងព្រមព្រៀងគ្នា រមែងបាននូវផលដ៏ខ្លោចផ្សា តាំងនៅអស់១កប្ប ឆេះនៅក្នុងនរកអស់១កប្ប។

[៧២]

ភិក្ខុបំបែកសង្ឃ ត្រេកអរក្នុងពួក មិនដំកល់ខ្លួននៅក្នុងធម៌ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក តាំងនៅអស់១កប្ប រមែងឃ្លាតចាកធម៌ ជាគ្រឿងក្សេមចាកយោគៈ។ ភិក្ខុបំបែកសង្ឃ ដែលកំពុងព្រមព្រៀងគ្នា រមែងឆេះនៅក្នុងនរកអស់១កប្ប។

[៧៣] ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុ ជាអ្នកសង្រួបសង្រួមសង្ឃ ដែលបែកគ្នាហើយ ឲ្យបានព្រមព្រៀងគ្នាទៅវិញ រមែងបាននូវផលដូចម្តេចខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ដែលបែកគ្នាហើយ ឲ្យបានព្រមព្រៀងគ្នាទៅវិញ រមែងបាននូវបុណ្យដ៏ប្រសើរ រីករាយក្នុងឋានសួគ៌អស់១កប្ប។

[៧៤]

សេចក្តីព្រមព្រៀងនៃពួក តែងនាំសេចក្តីសុខមកឲ្យ ភិក្ខុអ្នកអនុគ្រោះ ដល់បុគ្គលមានសេចក្តីព្រមព្រៀងគ្នាទាំងឡាយក្តី ជាអ្នកត្រេកអរក្នុងសេចក្តីព្រមព្រៀងក្តី បានដំកល់ខ្លួនក្នុងធម៌ក្តី (ភិក្ខុនោះ) មិនឃ្លាតចាកធម៌ ជាគ្រឿងក្សេមចាកយោគៈឡើយ។ ភិក្ខុអ្នកសង្រួបសង្រួមសង្ឃ ឲ្យបានព្រមព្រៀងគ្នា តែងរីករាយក្នុងឋានសួគ៌ អស់១កប្ប។

[៧៥] ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកបំបែកសង្ឃ ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាន មានឬទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាននោះ មាន។ ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុអ្នកបំបែកសង្ឃ មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនឋិតនៅអស់១កប្ប នៅកែខ្លួនបាន មានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃ មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនឋិតនៅអស់១កប្ប នៅកែខ្លួនបាន ក៏មានដែរ។ ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុអ្នកបំបែកសង្ឃ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប លែងកែខ្លួនបាន ដូចម្តេចខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងសភាពមិនមែនជាធម៌ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាមិនមែនជាធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាមិនមែនជាធម៌ បិទបាំងទិដ្ឋិ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង តែងកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ពាក្យដទៃនៅមានទៀត ភិក្ខុសំដែងសភាពមិនមែនធម៌ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាមិនមែនជាធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែកសង្ឃ ថាជាធម៌ បិទបាំងទិដ្ឋិ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ពាក្យដទៃនៅមានទៀត ភិក្ខុសំដែងសភាពមិនមែនធម៌ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាមិនមែនជាធម៌ មានសេចក្តីសង្ស័យក្នុងការបំបែក ហើយបិទបាំងទិដ្ឋិ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា លោកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ពាក្យដទៃនៅមានទៀត ភិក្ខុសំដែងសភាពមិនមែនធម៌ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាមិនមែនជាធម៌។បេ។ មានសេចក្តីយល់ឃើញក្នុងធម៌នោះ មានសេចក្តីសង្ស័យក្នុងការបំបែក។បេ។ មានសេចក្តីសង្ស័យក្នុងធម៌នោះ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាមិនមែនជាធម៌ មានសេចក្តីសង្ស័យក្នុងធម៌នោះ មានសេចក្តីយល់ឃើញក្នុងការបំបែកថាជាធម៌ មានសេចក្តីសង្ស័យក្នុងធម៌នោះ មានសេចក្តីសង្ស័យក្នុងការបំបែក ហើយបិទបាំងទិដ្ឋិ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា លោកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាន។ ម្នាលឧបាលិ ពាក្យដទៃនៅមានទៀត ភិក្ខុសំដែងធម៌ ថាមិនមែនធម៌។បេ។ សំដែងសភាវៈមិនមែនវិន័យ ថាជាវិន័យ សំដែងវិន័យ ថាមិនមែនវិន័យ សំដែងធម៌វិន័យ ដែលតថាគតមិនបានសំដែង មិនបានពោល ថាតថាគតបានសំដែង បានពោល សំដែងធម៌វិន័យ ដែលតថាគតបានសំដែង បានពោល ថាតថាគតមិនបានសំដែង មិនបានពោលទេ សំដែងវត្ត ដែលតថាគតមិនបានសន្សំមក ថាជាវត្តដែលតថាគតបានសន្សំមក សំដែងវត្តដែលតថាគតបានសន្សំមក ថាជាវត្ត ដែលតថាគតមិនបានសន្សំមកទេ សំដែងសិក្ខាបទ ដែលតថាគតមិនបានបញ្ញត្ត ថាតថាគតបានបញ្ញត្ត សំដែងសិក្ខាបទ ដែលតថាគតបានបញ្ញត្ត ថាតថាគតមិនបានបញ្ញត្តទេ សំដែងអនាបត្តិ ថាជាអាបត្តិ សំដែងអាបត្តិ ថាជាអនាបត្តិ សំដែងលហុកាបត្តិ ថាជាគរុកាបត្តិ សំដែងគរុកាបត្តិ ថាជាលហុកាបត្តិ សំដែងសាវសេសាបត្តិ ថាជាអនវសេសាបត្តិ សំដែងអនវសេសាបត្តិ ថាជាសាវសេសាបត្តិ សំដែងទុដ្ឋុល្លាបត្តិ ថាមិនមែនជាទុដ្ឋុល្លាបត្តិ សំដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ មានសេចក្តីយល់ឃើញធម៌នោះ ថាមិនមែនធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាមិនមែនធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាមិនមែនធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាមិនមែនធម៌ មានសេចក្តីសង្ស័យក្នុងការបំបែក មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាមិនមែនធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាជាធម៌ មានសេចក្តីសង្ស័យ ក្នុងការបំបែក មានសេចក្តីសង្ស័យក្នុងធម៌នោះ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាមិនមែនធម៌ មានសេចក្តីសង្ស័យក្នុងធម៌នោះ មានសេចក្តីយល់ឃើញក្នុងការបំបែកថាជាធម៌ មានសេចក្តីសង្ស័យក្នុងធម៌នោះ មានសេចក្តីសង្ស័យក្នុងការបំបែក ហើយបិទបាំងទិដ្ឋិ បិទបាំងសេចក្តីគាប់ចិត្ត បិទបាំងសេចក្តីពេញចិត្ត បិទបាំងសេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា លោកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ឋិតនៅអស់១កប្ប កែខ្លួនលែងបាន។

[៧៦] ព្រះឧបាលិត្ថេរក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុអ្នកបំបែកសង្ឃ មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនឋិតនៅអស់១កប្ប នៅកែខ្លួនបាននោះ ដូចម្តេចខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ ភិក្ខុក្នុងសាសនានេះ សំដែងសភាពមិនមែនធម៌ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងធម៌នោះ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាជាធម៌ ហើយមិនបិទបាំងទិដ្ឋិ មិនបិទបាំងសេចក្តីគាប់ចិត្ត មិនបិទបាំងសេចក្តីពេញចិត្ត មិនបិទបាំងសេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា លោកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនឋិតនៅអស់១កប្ប គួរដល់កិរិយារក្សាបាន។ ម្នាលឧបាលិ ពាក្យខាងមុខនៅមានទៀត ភិក្ខុសំដែងធម៌ ថាមិនមែនធម៌។បេ។ សំដែងទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ មានសេចក្តីយល់ឃើញក្នុងអធម៌នោះ ថាជាធម៌ មានសេចក្តីយល់ឃើញក្នុងការបំបែក ថាជាធម៌ ហើយមិនបិទបាំងទិដ្ឋិ មិនបិទបាំងសេចក្តីគាប់ចិត្ត មិនបិទបាំងសេចក្តីពេញចិត្ត មិនបិទបាំងសេចក្តីពិតត្រង់ ហើយសូត្រឲ្យភិក្ខុចាប់ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា លោកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ភិក្ខុអ្នកបំបែកសង្ឃនេះឯង មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក មិនឋិតនៅអស់១កប្ប ជាបុគ្គលនៅកែខ្លួនបាន។

ចប់ ភាណវារៈ ទី៣។

ចប់ សង្ឃភេទក្ខន្ធកៈ ទី៧ តែប៉ុណ្ណេះ។

ឧទ្ទាន

(បញ្ជីរឿងនៃសង្ឃភេទក្ខន្ធកៈ គឺ)

[៧៧]

រឿងព្រះសម្មាសម្ពុទ្ធ គង់ក្នុងអនុបិយនិគម១ រឿងពួកសក្យកុមារមានឈ្មោះល្បីល្បាញ១ រឿងអនុរុទ្ធសក្យៈ ជាសុខុមាលជាតិ មិនចង់ចេញសាងផ្នួស១ រឿងមហានាមពន្យល់អនុរុទ្ធថា ការធ្វើស្រែ មុនដម្បូងត្រូវភ្ជួររាស់ ៗរួចសាបព្រោះ ៗរួចបញ្ចូលទឹក ៗរួចជំរះស្មៅ ៗរួចច្រូត ៗរួចចងជាកណ្តាប់ ៗរួច គរកណ្តាប់ជាគំនរ ៗរួចបញ្ជាន់ ឬបែនបោក ៗរួចជជុះចំបើង ៗរួចជជុះកំទេច ៗរួចរោយស្រូវ ៗរួចជញ្ជូនមកទុក ទាំងពន្យល់ថា ស្រែត្រូវតែធ្វើយ៉ាងនេះរាល់ឆ្នាំតទៅ ថាមាតាបិតា និងជីដូនជីតា ទោះបីអនិច្ចកម្មទៅអស់ ឯការងារក៏នៅតែមិនចេះអស់១ រឿងភទ្ទិយៈ អនុរុទ្ធ អានន្ទ ភគ្គុ និងកិមិលៈ ចេញបួស១ រឿងពួកសក្យរាជកុមារបន្ថយនូវមានះ១ រឿងព្រះអង្គគង់នៅ (ក្នុងឃោសិតារាម) ទៀបក្រុងកោសម្ពី១ រឿងទេវទត្តសាបសូន្យ (លាភសក្ការៈ)១ រឿងកក្កុធទេវបុត្ត១ រឿងព្រះសារីបុត្តត្ថេរប្រកាសនូវ (ទោសទេវទត្ត)១ រឿងទេវទត្តដឹកនាំអជាតសត្តុកុមារឲ្យសម្លាប់បិតា១ បញ្ជូនបុរសទាំងឡាយ ឲ្យទៅសម្លាប់ព្រះពុទ្ធអង្គ១ ប្រមៀលថ្ម១ លែងដំរីនាឡាគិរី១ រឿងព្រះពុទ្ធអង្គអនុញ្ញាត តិកភោជន១ រឿងទេវទត្តសូមវត្ថុ៥ប្រការ១ រឿងព្រះពុទ្ធអង្គសំដែងថា បុគ្គលដែលបំបែកសង្ឃ មានទោសជាទម្ងន់១ រឿងទេវទត្តបំបែកសង្ឃ១ រឿងព្រះពុទ្ធអង្គ ទ្រង់បង្គាប់ឲ្យ ភេទានុវត្តកភិក្ខុ សំដែងថុល្លច្ចយាបត្តិចេញ១ រឿងព្រះពុទ្ធអង្គ ទ្រង់សំដែងពីភិក្ខុដែលគួរធ្វើទូតបាន លុះតែប្រកបដោយអង្គ៨ប្រការបីលើក១ រឿងព្រះពុទ្ធអង្គ ទ្រង់សំដែងអសទ្ធម្ម៣ប្រការ១ រឿងព្រះឧបាលិត្ថេរ ទូលសួរព្រះពុទ្ធអង្គ ពីសេចក្តីប្រេះឆានៃសង្ឃ និងការបែកធ្លាយនៃសង្ឃ១ ពីភិក្ខុអ្នកបំបែកសង្ឃ ដែលទៅកើតក្នុងអបាយមានឬទេ១។

វត្តក្ខន្ធកៈ (ទី៨)

(៨. វត្តក្ខន្ធកំ)

(អាគន្តុកវត្តកថា ទី១)

(១. អាគន្តុកវត្តកថា)

[៧៨] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតិ ទៀបក្រុងសាវត្ថី។ សម័យនោះឯង អាគន្តុកភិក្ខុទាំងឡាយ ពាក់ស្បែកជើងដើរចូលទៅកាន់អារាមខ្លះ បាំងឆត្រដើរចូលទៅកាន់អារាមខ្លះ ទទូរក្បាលដើរចូលទៅកាន់អារាមខ្លះ ទូលចីវរលើក្បាលដើរចូលទៅកាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់ផឹកខ្លះ មិនថ្វាយបង្គំអាវាសិកភិក្ខុ12) ទាំងឡាយ ដែលចាស់ជាងខ្លួនខ្លះ មិនសួររកសេនាសនៈខ្លះ។ មានអាគន្តុកភិក្ខុមួយរូបទៀត បើកគន្លឹះ ច្រានសន្ទះទ្វារ ហើយចូលទៅកាន់វិហារ ដែលមិនមានអ្នកណានៅ ដោយប្រញាប់ប្រញាល់។ មានពស់ធ្លាក់ពីខាងលើក្របទ្វារ មកត្រូវត្រង់កភិក្ខុនោះ។ ភិក្ខុនោះខ្លាច ក៏ស្រែកភ្លាត់សម្លេង។ ភិក្ខុទាំងឡាយ ស្ទុះចូលទៅសួរភិក្ខុនោះថា ម្នាលអាវុសោ ហេតុអ្វីបានជាលោកស្រែកភ្លាត់សម្លេងម្ល៉េះ។ លំដាប់នោះ ភិក្ខុនោះ បានប្រាប់ដំណើរនោះ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនគួរបើអាគន្តុកភិក្ខុទាំងឡាយ ពាក់ស្បែកជើងដើរចូលទៅកាន់អារាមខ្លះ បាំងឆត្រដើរចូលទៅកាន់អារាមខ្លះ ទទូរក្បាលដើរចូលទៅកាន់អារាមខ្លះ ទូលចីវរលើក្បាលដើរចូលទៅកាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់ផឹកខ្លះ មិនថ្វាយបង្គំអាវាសិកភិក្ខុទាំងឡាយ ដែលចាស់ជាងខ្លួនខ្លះ មិនសួររកសេនាសនៈខ្លះសោះ។ គ្រានោះឯង ភិក្ខុទាំងនោះ បានក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អាគន្តុកភិក្ខុទាំងឡាយ ពាក់ស្បែកជើងដើរចូលទៅកាន់អារាមខ្លះ បាំងឆត្រដើរចូលទៅកាន់អារាមខ្លះ ទទូរក្បាលដើរចូលទៅកាន់អារាមខ្លះ ទូលចីវរលើក្បាលដើរចូលទៅកាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់ផឹកខ្លះ មិនថ្វាយបង្គំអាវាសិកភិក្ខុទាំងឡាយ ដែលចាស់ជាងខ្លួនខ្លះ មិនសួររកសេនាសនៈខ្លះ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មិនសមបើអាគន្តុកភិក្ខុទាំងឡាយ ហ៊ានពាក់ស្បែកជើងដើរចូលទៅកាន់អារាមខ្លះ បាំងឆត្រដើរចូលទៅកាន់អារាមខ្លះ ទទូរក្បាលដើរចូលទៅកាន់អារាមខ្លះ ទូលចីវរលើក្បាលដើរចូលទៅកាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់ផឹកខ្លះ មិនថ្វាយបង្គំអាវាសិកភិក្ខុទាំងឡាយ ដែលចាស់ជាងខ្លួនខ្លះ មិនសួររកសេនាសនៈខ្លះ (ដូច្នោះ)សោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទើបទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ដល់អាគន្តុកភិក្ខុទាំងឡាយ តាមទំនងដែលអាគន្តុកភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ។

[៧៩] ម្នាលភិក្ខុទាំងឡាយ អាគន្តុកភិក្ខុគិតថា អាត្មាអញនឹងចូលទៅកាន់អារាមក្នុងកាលឥឡូវនេះ ហើយត្រូវដោះស្បែកជើង ធ្វើឲ្យទាប ហើយគោះចេញ កាន់យកទៅ ហើយដម្លោះឆត្រ បើកក្បាល ដាក់ចីវរពីលើក្បាល មកលើ-កវិញ ហើយត្រូវដើរសន្សឹមៗ ចូលទៅកាន់អារាមដោយស្រួល កាលនឹងដើរចូលទៅកាន់អារាម ត្រូវកំណត់ទុកក្នុងចិត្តថា អាវាសិកភិក្ខុទាំងឡាយ ប្រជុំគ្នាក្នុងទីណា (បើ) អាវាសិកភិក្ខុទាំងឡាយប្រជុំគ្នាក្នុងទីណា ត្រូវទៅក្នុងទីនោះ គឺក្នុងឧបដ្ឋានសាលាក្តី ក្នុងមណ្ឌបក្តី ទៀបគល់ឈើក្តី ហើយទុកដាក់បាត្រ ក្នុងទីដ៏សមគួរ ទុកដាក់ចីវរក្នុងទីដ៏សមគួរ កាន់យកអាសនៈដ៏សមគួរ ហើយអង្គុយ គប្បីសួររកទឹកសម្រាប់ឆាន់ គប្បីសួររកទឹកសម្រាប់ប្រើប្រាស់ថា ណាទឹកសម្រាប់ឆាន់ ណាទឹកសម្រាប់ប្រើប្រាស់ បើមានសេចក្តីត្រូវការដោយទឹកសម្រាប់ឆាន់ ត្រូវយកទឹកសម្រាប់ឆាន់ ហើយឆាន់ចុះ បើមានសេចក្តីត្រូវការដោយទឹកសម្រាប់ប្រើប្រាស់ ត្រូវយកទឹកសម្រាប់ប្រើប្រាស់លាងជើងចុះ កាលនឹងលាងជើង ត្រូវស្រោចទឹកដោយដៃម្ខាង លាងជើងដោយដៃម្ខាង បើស្រោចទឹកដោយដៃណា មិនត្រូវលាងជើងដោយដៃនោះទេ ត្រូវសួររកកំណាត់សម្ពត់សម្រាប់ជូតស្បែកជើង រួចជូតស្បែកទាំងឡាយចុះ កាលដែលនឹងជូតស្បែកជើង (នោះ) មុនដម្បូង ជូតដោយកំណាត់ស្ងួត ខាងក្រោយមក ត្រូវជូតដោយកំណាត់សម្ពត់ទទឹក ត្រូវលាងកំណាត់សម្ពត់សម្រាប់ជូតស្បែកជើង ហើយពូតហាលទុកក្នុងទីដ៏សមគួរ បើអាវាសិកភិក្ខុចាស់វស្សាជាង អាគន្តុកភិក្ខុត្រូវថ្វាយបង្គំ បើខ្ចីវស្សា អាគន្តុកភិក្ខុត្រូវឲ្យថ្វាយបង្គំខ្លួនវិញ អាគន្តុកភិក្ខុ ត្រូវសួររកសេនាសនៈថា សេនាសនៈដូចម្តេច សម្រាប់ខ្ញុំព្រះករុណា ត្រូវសួរអំពីសេនាសនៈ ដែលគេនៅហើយឬ ៗគ្មានគេនៅទេ ត្រូវសួររកគោចរគ្រាម13) ត្រូវសួររកអគោចរគ្រាម14) ត្រូវសួររកសេក្ខសម្មតិត្រកូល ត្រូវសួររកទីសម្រាប់បន្ទោបង់វច្ចៈ ត្រូវសួររកទីសម្រាប់បន្ទោបង់បស្សាវៈ ត្រូវសួររកទឹកសម្រាប់ឆាន់ ត្រូវសួររកឈើច្រត់ ត្រូវសួររករបៀបនៃកតិកា គឺសេចក្តីប្តេជ្ញារបស់សង្ឃថា គួរចូលទៅក្នុងពេលណា គួរចេញមកវិញក្នុងពេលណា បើវិហារគ្មានភិក្ខុណានៅទេ អាគន្តុកភិក្ខុ ត្រូវគោះសន្ទះទ្វារ ហើយរង់ចាំមួយស្របក់ ដកគន្លឹះ ហើយច្រានសន្ទះទ្វារ ហើយឈរខាងក្រៅ ពិនិត្យឲ្យគ្រប់សព្វ បើវិហារមានសម្រាមក្តី គេតម្រួតគ្រែលើគ្រែក្តី គេតម្រួតតាំងលើតាំងក្តី គេបានតម្រួតសេនាសនៈគរទុកលើគ្នាក្តី បើអាគន្តុកភិក្ខុអាច (ដើម្បីសំអាតបាន) ត្រូវសំអាតចេញ កាលសំអាតវិហារ មុនដម្បូង ត្រូវជញ្ជូនកម្រាលផ្ទាល់ផែនដី ទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវយកទ្រនាប់គ្រែទាំងឡាយទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវជញ្ជូនយកពូក និងខ្នើយទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវជញ្ជូនយកកម្រាលសម្រាប់អង្គុយទៅទុកដាក់ក្នុងទីដ៏សមគួរ អាគន្តុកភិក្ខុ ត្រូវលើកគ្រែបន្ទាបកុំឲ្យទង្គិច កុំឲ្យប៉ះនឹងសន្ទះទ្វារ នឹងក្របទ្វារ ហើយជញ្ជូនឲ្យស្រួល យកទៅទុកក្នុងទីដ៏សមគួរ ត្រូវលើកតាំងបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះនឹងសន្ទះទ្វារ នឹងក្របទ្វារ ហើយជញ្ជូនឲ្យស្រួលយកទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកន្ថោរសម្រាប់ស្តោះទឹកមាត់ទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកផែនក្តារសម្រាប់ផ្អែក ទៅទុកក្នុងទីដ៏សមគួរ បើគ្រឿងស្មុកស្មាញ (មានសំបុកកណ្តូប និងសរសៃពីងពាងជាដើម) មាននៅក្នុងវិហារ អាគន្តុកភិក្ខុ ត្រូវបោសតាំងពីពិតានមកជាមុន ចំណែកជ្រុងសន្ទះបង្អួច ត្រូវជូតសំអាត បើជញ្ជាំងដែលគេលាបដោយរង់ មានសៅហ្មងពណ៌សម្បុរ ត្រូវជ្រលក់កំណាត់សម្ពត់ពូតហើយសឹមជូត បើផ្ទៃគេធ្វើដោយវត្ថុមានពណ៌ខ្មៅ មានសៅហ្មងពណ៌សម្បុរ ត្រូវជ្រលក់កំណាត់សម្ពត់ពូតហើយសឹមជូត បើទីផ្ទៃគេមិនបានធ្វើទេ ត្រូវប្រស់ដោយទឹក រួចហើយសឹមជូត ដោយគិតថា កុំឲ្យវិហាររាយខ្ជាំ ដោយធូលីឡើយ គប្បីប្រមូលសម្រាមយកទៅចោល ក្នុងទីដ៏សមគួរ លុះហាលកម្រាលផ្ទាល់ផែនដីហើយ ត្រូវបោសឲ្យស្អាត គោះឲ្យល្អ រួចនាំយកមកក្រាលដូចដើមវិញ លុះហាលទ្រនាប់គ្រែហើយ ត្រូវបោសឲ្យស្អាត នាំយកមកទុកដូចដើមវិញ លុះហាលគ្រែហើយ ត្រូវបោសឲ្យស្អាត គោះឲ្យល្អ លើកបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ នឹងក្របទ្វារ ហើយនាំឲ្យស្រួល យកទៅទុកដូចដែលវិញ លុះហាលតាំងហើយ ត្រូវបោសឲ្យស្អាត គោះឲ្យល្អ លើកបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ នឹងក្របទ្វារ ហើយនាំឲ្យស្រួល យកទៅទុកដូចដែលវិញ លុះហាលពូកខ្នើយហើយ ត្រូវបោសឲ្យស្អាត គោះឲ្យល្អ រួចយកទៅរៀបចំទុកដូចដែលវិញ លុះហាលកម្រាលសម្រាប់អង្គុយហើយ ត្រូវបោសឲ្យស្អាត គោះឲ្យល្អ យកទៅក្រាលទុកដូចដើមវិញ លុះហាលកន្ថោរសម្រាប់ស្តោះទឹកមាត់ហើយ ត្រូវជូតឲ្យស្អាត រួចយកទៅទុកដូចដែលវិញ លុះហាលផែនក្តារ សម្រាប់ផ្អែកហើយ ត្រូវជូតឲ្យស្អាត រួចយកទៅទុកដូចដែលវិញ ត្រូវរៀបចំទុកដាក់បាត្រ និងចីវរ កាលនឹងទុកដាក់បាត្រ ត្រូវកាន់បាត្រដៃម្ខាង ស្ទាបក្រោមគ្រែ ឬក្រោមតាំងដៃម្ខាង ហើយទុកដាក់បាត្រចុះ តែមិនត្រូវទុកដាក់បាត្រ លើផ្ទៃដែលមិនស្អាតទេ កាលនឹងទុកចីវរ ត្រូវចាប់ចីវរដៃម្ខាង ជូតស្នួរចីវរ ឬខ្សែស្បៀងដៃម្ខាង ធ្វើជាយខាងនាយ ឲ្យជាផ្នត់មកខាងអាយ ហើយទុកចីវរចុះ បើខ្យល់ប្រកបដោយធូលី បក់មកអំពីទិសខាងកើត អាគន្តុកភិក្ខុ ត្រូវបិទបង្អួចទិសខាងកើត បើខ្យល់ប្រកបដោយធូលី បក់មកអំពីទិសខាងលិច ត្រូវបិទបង្អួចទិសខាងលិច បើខ្យល់ប្រកបដោយធូលី បក់មកពីទិសខាងជើង ត្រូវបិទបង្អួចទិសខាងជើង បើខ្យល់ប្រកបដោយធូលី បក់មកអំពីទិសខាងត្បូង ត្រូវបិទបង្អួចទិសខាងត្បូង បើរដូវត្រជាក់ ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ ត្រូវបិទបង្អួចក្នុងវេលាយប់ បើរដូវក្តៅ ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ ត្រូវបើកក្នុងវេលាយប់ បើបរិវេណមានសម្រាម ត្រូវបោសបរិវេណចេញ បើបន្ទប់ទឹកមានសម្រាម ត្រូវបោសបន្ទប់ទឹកចេញ បើឧបដ្ឋានសាលា (រោងឆាន់) មានសម្រាម ត្រូវបោសឧបដ្ឋានសាលាចេញ បើរោងភ្លើងមានសម្រាម ត្រូវបោសរោងភ្លើងចេញ បើបង្គន់មានសម្រាម ត្រូវបោសបង្គន់ចេញ បើទឹកឆាន់មិនមាន ត្រូវដម្កល់ទឹកឆាន់ទុក បើទឹកសម្រាប់ប្រើប្រាស់មិនមាន ត្រូវដម្កល់ទុកនូវទឹកសម្រាប់ប្រើប្រាស់ បើទឹកក្នុងឆ្នាំងសម្រាប់ជម្រះមិនមាន ត្រូវចាក់ទឹកដាក់ទៅក្នុងឆ្នាំងសម្រាប់ជម្រះ ម្នាលភិក្ខុទាំងឡាយ នេះជាវត្តរបស់អាគន្តុកភិក្ខុទាំងឡាយ ដែលអាគន្តុកភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ។

(អាវាសិកវត្តកថា ទី២)

(២. អាវាសិកវត្តកថា)

[៨០] សម័យនោះឯង ពួកអាវាសិកភិក្ខុ ឃើញអាគន្តុកភិក្ខុទាំងឡាយហើយ មិននាំគ្នាក្រាលអាសនៈ មិនបានដម្កល់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រាប់ជើង ដែលលាងហើយ ទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់លាង មិនក្រោកទៅទទួលបាត្រ និងចីវរ មិនសួរទឹកសម្រាប់ផឹក មិនសួរទឹកសម្រាប់ប្រើប្រាស់ មិនថ្វាយបង្គំពួកអាគន្តុកភិក្ខុដែលចាស់ជាងខ្លួន មិនរៀបចំសេនាសនៈ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនគួរបើពួកអាវាសិកភិក្ខុ ឃើញអាគន្តុកភិក្ខុទាំងឡាយហើយ មិននាំគ្នាក្រាលអាសនៈទទួល មិនដម្កល់ទឹកលាងជើង តាំងសម្រាប់ទ្រាប់ជើង ដែលលាងហើយ ទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង មិនក្រោកទៅទទួលបាត្រ និងចីវរ មិនសួរទឹកសម្រាប់ផឹក មិនសួរទឹកសម្រាប់ប្រើប្រាស់ មិនថ្វាយបង្គំពួកអាគន្តុកភិក្ខុ ដែលចាស់ជាងខ្លួន មិនរៀបចំសេនាសនៈសោះ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ដំណើរនោះ ពិតមែនឬ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ដល់អាវាសិកភិក្ខុទាំងឡាយ តាមទំនងដែលអាវាសិកភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ។

[៨១] ម្នាលភិក្ខុទាំងឡាយ អាវាសិកភិក្ខុ ឃើញអាគន្តុកភិក្ខុ ដែលចាស់ជាងខ្លួនហើយ ត្រូវក្រាលអាសនៈ ត្រូវដម្កល់ទុកនូវទឹកលាងជើង តាំងសម្រាប់ទ្រាប់ជើង ដែលលាងហើយ ទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង ត្រូវក្រោកទទួលយកបាត្រ និងចីវរ ត្រូវសួរទឹកសម្រាប់ផឹក ត្រូវសួរទឹកសម្រាប់ប្រើប្រាស់ បើអាវាសិកភិក្ខុមានសេចក្តីឧស្សាហ៍ ត្រូវជូតស្បែកជើង កាលនឹងជូតស្បែកជើង មុនដម្បូង ត្រូវជូតដោយសំពត់ស្ងួត បន្ទាប់មក ត្រូវជូតដោយសម្ពត់ទទឹក ត្រូវលាងកំណាត់សម្ពត់សម្រាប់ជូតស្បែកជើង ហើយពូតហាលទុកក្នុងទីដ៏សមគួរ (បើ) អាគន្តុកភិក្ខុចាស់វស្សាជាង អាវាសិកភិក្ខុត្រូវថ្វាយបង្គំ ត្រូវរៀបសេនាសនៈ ដោយពាក្យថា សេនាសនៈនេះសម្រាប់លោកម្ចាស់ ត្រូវប្រាប់សេនាសនៈ ដែលមានគេនៅក្តី ឥតមានគេនៅក្តី ត្រូវប្រាប់គោចរគ្រាម ត្រូវប្រាប់អគោចរគ្រាម ត្រូវប្រាប់ត្រកូលទាំងឡាយ ដែលសង្ឃសន្មតថាជាសេក្ខៈ ត្រូវប្រាប់ទីសម្រាប់បន្ទោបង់វច្ចៈ ត្រូវប្រាប់ទីសម្រាប់បន្ទោបង់បស្សាវៈ ត្រូវប្រាប់ទឹកសម្រាប់ឆាន់ ត្រូវប្រាប់ទឹកសម្រាប់ប្រើប្រាស់ ត្រូវប្រាប់ឈើច្រត់ ត្រូវប្រាប់របៀបកតិការបស់សង្ឃថា លោកម្ចាស់ត្រូវចូលមកក្នុងពេលនេះ ត្រូវចេញទៅក្នុងពេលនេះ បើអាគន្តុកភិក្ខុខ្ចីវស្សាជាង អាវាសិកភិក្ខុ ត្រូវអង្គុយប្រាប់វិញថា ចូរលោកទុកបាត្រត្រង់ទីនេះ ចូរទុកចីវរត្រង់នេះចុះ ចូរអង្គុយលើអាសនៈនេះចុះ អាវាសិកភិក្ខុ ត្រូវប្រាប់ទឹកសម្រាប់ឆាន់ ត្រូវប្រាប់ទឹកសម្រាប់ប្រើប្រាស់ ត្រូវប្រាប់សម្ពត់សម្រាប់ជូតស្បែកជើង បើអាគន្តុកភិក្ខុខ្ចីវស្សាជាង អាវាសិកភិក្ខុ ត្រូវបង្គាប់ឲ្យថ្វាយបង្គំខ្លួន ត្រូវប្រាប់សេនាសនៈថា សេនាសនៈនុ៎ះសម្រាប់លោក ត្រូវប្រាប់សេនាសនៈដែលមានគេនៅក្តី ឥតមានគេនៅក្តី ត្រូវប្រាប់គោចរគ្រាម ត្រូវប្រាប់អគោចរគ្រាម ត្រូវប្រាប់ត្រកូលទាំងឡាយ ដែលសង្ឃសន្មតជាសេក្ខៈ ត្រូវប្រាប់ទីសម្រាប់បន្ទោបង់វច្ចៈ ត្រូវប្រាប់ទីសម្រាប់បន្ទោបង់បស្សាវៈ ត្រូវប្រាប់ទឹកសម្រាប់ឆាន់ ត្រូវប្រាប់ទឹកសម្រាប់ប្រើប្រាស់ ត្រូវប្រាប់ឈើច្រត់ ត្រូវប្រាប់របៀបកតិការបស់សង្ឃថា លោកត្រូវចូលមកក្នុងពេលនេះ ត្រូវចេញទៅវិញក្នុងពេលនេះ ម្នាលភិក្ខុទាំងឡាយ នេះហើយ ជាវត្តរបស់អាវាសិកភិក្ខុទាំងឡាយ តាមបែបបទ ដែលអាវាសិកភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ។

(គមិកវត្តកថា ទី៣)

(៣. គមិកវត្តកថា)

[៨២] សម័យនោះឯង ពួកគមិកភិក្ខុ (ភិក្ខុអ្នកដំណើរ) មិនរៀបចំទុកដាក់គ្រឿងឈើ15) និងគ្រឿងដី16) បើកទ្វារ និងបង្អួចចោល មិនអើពើនឹងសេនាសនៈ ហើយចៀសចេញទៅ។ គ្រឿងឈើ គ្រឿងដី ក៏វិនាសអស់ទៅ។ ឯសេនាសនៈ ក៏រកអ្នកណាគ្រប់គ្រងគ្មាន។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនគួរបើពួកគមិកភិក្ខុ មិនរៀបចំទុកដាក់គ្រឿងឈើ គ្រឿងដី បើកទ្វារ និងបង្អួចចោល មិនអើពើនឹងសេនាសនៈ ហើយចៀសចេញទៅសោះ ឯគ្រឿងឈើ គ្រឿងដី ក៏វិនាសអស់ទៅ សេនាសនៈ ក៏រកអ្នកណាគ្រប់គ្រងគ្មាន។ លំដាប់នោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា រឿងនោះពិតមែនឬ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ដល់ពួកគមិកភិក្ខុ តាមបែបបទ ដែលពួកគមិកភិក្ខុត្រូវប្រព្រឹត្តដោយប្រពៃ។

[៨៣] ម្នាលភិក្ខុទាំងឡាយ គមិកភិក្ខុត្រូវរៀបចំទុកដាក់គ្រឿងឈើ និងគ្រឿងដី ហើយបិទទ្វារ និងបង្អួច អើពើនឹងសេនាសនៈ17) បើមិនមានភិក្ខុទេ ត្រូវលាសាមណេរ បើមិនមានសាមណេរ ត្រូវលាអារាមិកជន បើមិនមានអារាមិកជន ត្រូវលាឧបាសក បើភិក្ខុក្តី សាមណេរក្តី អារាមិកជនក្តី ឧបាសកក្តី មិនមានទេ ត្រូវរៀបចំគ្រែលើថ្មតូច៤ដុំ ហើយតម្រួតគ្រែលើគ្រែ តម្រួតតាំងលើតាំង ធ្វើសេនាសនៈឲ្យគរលើគ្នា ហើយរៀបចំទុកដាក់គ្រឿងឈើ និងគ្រឿងដី ហើយបិទទ្វារ និងបង្អួច រួចដើរចេញទៅចុះ ប្រសិនបើវិហារលេច បើគមិកភិក្ខុអាច (ប្រក់បាន) ក៏គប្បីប្រក់ ម្យ៉ាងទៀត គប្បីធ្វើសេចក្តីខ្វល់ខ្វាយថា អាត្មាអញប្រក់វិហារដោយឧបាយដូចម្តេចហ្ន៎ បើគមិកភិក្ខុបានធ្វើសេចក្តីខ្វល់ខ្វាយយ៉ាងនេះ ការបានដូច្នេះនេះ ក៏ជាការគាប់ប្រពៃ បើមិនបានទេ ទីណាជាទីមិនលេច គមិកភិក្ខុ ត្រូវរៀបចំគ្រែលើថ្មតូច៤ដុំ ក្នុងប្រទេសនោះ ហើយតម្រួតគ្រែលើគ្រែ តម្រួតតាំងលើតាំង ហើយធ្វើសេនាសនៈឲ្យគរលើគ្នា រៀបចំទុកដាក់គ្រឿងឈើ និងគ្រឿងដី បិទទ្វារ និងបង្អួច រួចដើរចេញទៅចុះ ប្រសិនបើវិហារលេចគ្មានសល់ បើគមិកភិក្ខុអាច (នាំយកទៅបាន) ត្រូវនាំសេនាសនៈទៅកាន់ស្រុក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អាត្មាអញ នឹងនាំយកសេនាសនៈទៅកាន់ស្រុក ដោយឧបាយដូចម្តេចហ្ន៎ បើគមិកភិក្ខុបានធ្វើសេចក្តីខ្វល់ខ្វាយយ៉ាងនេះ ការបានដូច្នេះ នេះជាការល្អ បើមិនបានទេ គមិកភិក្ខុត្រូវរៀបចំគ្រែលើថ្មតូច៤ដុំ ក្នុងទីវាល ហើយតម្រួតគ្រែលើគ្រែ តម្រួតតាំងលើតាំង ធ្វើសេនាសនៈឲ្យគរលើគ្នា ហើយរៀបចំទុកដាក់គ្រឿងឈើ និងគ្រឿងដី បិទបាំងដោយស្មៅ ឬដោយស្លឹកឈើ រួចសឹមដើរចេញទៅ ដោយធ្វើទុកក្នុងចិត្តថា ធ្វើដូចម្តេច នឹងឲ្យអវយវៈ (របស់គ្រែ និងតាំង) ទាំងឡាយសល់នៅបាន ម្នាលភិក្ខុទាំងឡាយ នេះហើយជាវត្តរបស់ពួកគមិកភិក្ខុ តាមបែបបទ ដែលពួកគមិកភិក្ខុត្រូវប្រព្រឹត្តដោយប្រពៃ។

(អនុមោទនវត្តកថា ទី៤)

(៤. អនុមោទនវត្តកថា)

[៨៤] សម័យនោះឯង ភិក្ខុទាំងឡាយមិនអនុមោទនាក្នុងរោងភត្ត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនគួរបើមិនអនុមោទនា ក្នុងរោងភត្តសោះ។ កាលដែលមនុស្សទាំងឡាយ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ពួកភិក្ខុក៏បានឮ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុធ្វើអនុមោទនាក្នុងរោងភត្ត។

[៨៥] លំដាប់នោះ ពួកភិក្ខុមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុដូចម្តេចហ្ន៎ ដែលគួរអនុមោទនាក្នុងរោងភត្តបាន។ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈ អនុមោទនាក្នុងរោងភត្ត។

[៨៦] សម័យនោះឯង មានសង្ឃភត្តរបស់គណៈជនមួយពួក។ ព្រះសារីបុត្តដ៏មានអាយុជាសង្ឃត្ថេរ។ ភិក្ខុទាំងឡាយគិតគ្នាថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យភិក្ខុជាថេរៈអនុមោទនាក្នុងរោងភត្ត ហើយក៏ដើរចៀសចេញទៅ ចោលព្រះសារីបុត្តដ៏មានអាយុ ឲ្យគង់នៅតែមួយអង្គ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ (និយាយ) សំណេះសំណាលនឹងមនុស្សទាំងនោះហើយ ក៏បាននិមន្តទៅតែមួយអង្គ ក្នុងកាលជាខាងក្រោយ។ ព្រះមានព្រះភាគ ទ្រង់បានទតទៅឃើញព្រះសារីបុត្តដ៏មានអាយុ កំពុងតែដើរមកតែមួយអង្គ អំពីចម្ងាយ លុះទ្រង់ទតឃើញហើយ ក៏ត្រាស់សួរសេចក្តីនុ៎ះ នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ចុះភត្តមានបរិបូណ៌ទេឬ។ ព្រះសារីបុត្តដ៏មានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ភត្តមានបរិបូណ៌ទេ ប៉ុន្តែភិក្ខុទាំងឡាយ ដើរចោលខ្ញុំព្រះអង្គ ឲ្យនៅតែម្នាក់ឯង។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតភិក្ខុទាំងឡាយជាថេរៈ និងអនុត្ថេរបួនប្រាំរូប រង់ចាំក្នុងរោងភត្ត។

[៨៧] សម័យនោះ មានព្រះថេរៈមួយរូប ឈឺបន្ទោបង់ឧច្ចារៈ ហើយរង់ចាំក្នុងរោងភត្ត កាលបើព្រះថេរៈនោះ ខំអត់ទ្រាំឧច្ចារៈ លោកក៏ជ្រប់ដួលទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានកិច្ចគួរធ្វើ តថាគតអនុញ្ញាតឲ្យលាភិក្ខុ ដែលអង្គុយនៅលើអាសនៈ ជាលំដាប់ ហើយទៅបាន។

(ភត្តគ្គវត្តកថា ទី៥)

(៥. ភត្តគ្គវត្តកថា)

[៨៨] សម័យនោះ ពួកឆព្វគ្គិយភិក្ខុ ស្លៀកមិនល្អ ដណ្តប់មិនល្អ ប្រកបដោយមារយាទមិនសមគួរ ដើរទៅកាន់រោងភត្ត ជែងទៅខាងមុខៗ នៃពួកភិក្ខុជាថេរៈខ្លះ ចូលទៅអង្គុយជ្រៀតបៀតពួកភិក្ខុជាថេរៈខ្លះ ឃាត់ពួកភិក្ខុខ្ចីដោយអាសនៈខ្លះ អង្គុយសង្កត់សង្ឃាដិ ក្នុងចន្លោះផ្ទះខ្លះ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនគួរបើស្លៀកមិនល្អ ដណ្តប់មិនល្អ ប្រកបដោយមារយាទមិនសមគួរ ដើរទៅកាន់រោងភត្តសោះ ឆព្វគ្គិយភិក្ខុទាំងនោះ ដើរជែងទៅខាងមុខៗ នៃពួកភិក្ខុជាថេរៈខ្លះ ចូលទៅអង្គុយជ្រៀតបៀតពួកភិក្ខុជាថេរៈខ្លះ ឃាត់ពួកភិក្ខុខ្ចីដោយអាសនៈខ្លះ អង្គុយសង្កត់សង្ឃាដិ ក្នុងចន្លោះផ្ទះខ្លះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ស្លៀកមិនល្អ ដណ្តប់មិនល្អ ប្រកបដោយមារយាទមិនសមគួរ ដើរទៅកាន់រោងភត្ត ដើរជែងទៅខាងមុខៗ នៃពួកភិក្ខុជាថេរៈខ្លះ អង្គុយជ្រៀតបៀតភិក្ខុជាថេរៈខ្លះ ឃាត់ពួកភិក្ខុខ្ចីដោយអាសនៈខ្លះ អង្គុយសង្កត់សង្ឃាដិ ក្នុងចន្លោះផ្ទះ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គ ពិតមែន។បេ។ ព្រះមានព្រះភាគ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ក្នុងរោងភត្តដល់ភិក្ខុទាំងឡាយ តាមទំនង ដែលភិក្ខុទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃក្នុងរោងភត្ត។

[៨៩] បើគេប្រាប់ភត្តកាលក្នុងអារាមហើយ ភិក្ខុត្រូវបិទបាំងមណ្ឌល៣ គឺស្លៀកឲ្យជាបរិមណ្ឌល ក្រវាត់សម្ពត់កាយពន្ធន៍ (វត្ថពន្ធចង្កេះ) តម្រួតឧត្តរាសង្គ និងសង្ឃាដិ ហើយឃ្លុំពាក់ក្ឌុំ ហើយជូតបាត្រឲ្យស្អាត ហើយកាន់យកទៅ ដើរតាមសម្រួល មិនរលះរលាំង ចូលទៅកាន់ស្រុក មិនត្រូវដើរជែងទៅខាងមុខៗ នៃពួកភិក្ខុជាថេរៈទេ ត្រូវបិទបាំងកាយដោយល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវសង្រួមប្រយ័ត្នឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានភ្នែកសម្លឹងចុះក្រោម គឺក្រឡេកមើលប្រមាណមួយជួរនឹម ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើយចីវរ ដើរចូលទៅក្នុងចន្លោះផ្ទះ មិនត្រូវសើចខ្លាំងដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានសំឡេងតិច ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវដើរគ្រលែងកាយទៅក្នុងចន្លោះផ្ទះ មិនត្រូវបង់បោយដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវងេកងោកក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវស្ទឹមចង្កេះដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវទទូរក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវចំអើតជើងដើរទៅក្នុងចន្លោះផ្ទះ ត្រូវបិទបាំងកាយឲ្យល្អ អង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវសង្រួមប្រយ័ត្នដោយល្អ អង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវមានភ្នែកសម្លឹងចុះក្រោម គឺក្រឡេកមើលប្រមាណមួយជួរនឹម អង្គុយនៅក្នុងចន្លោះផ្ទះ មិនត្រូវសើយចីវរអង្គុយនៅក្នុងចន្លោះផ្ទះ មិនត្រូវសើចខ្លាំងអង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវមានសំឡេងតិចអង្គុយនៅក្នុងចន្លោះផ្ទះ មិនត្រូវគ្រលែងកាយអង្គុយនៅក្នុងចន្លោះផ្ទះ មិនត្រូវឆ្ការដៃ អង្គុយនៅក្នុងចន្លោះផ្ទះ មិនត្រូវងេកងោកក្បាល អង្គុយនៅក្នុងចន្លោះផ្ទះ មិនត្រូវស្ទឹមចង្កេះអង្គុយនៅក្នុងចន្លោះផ្ទះ មិនត្រូវទទូរក្បាលអង្គុយនៅក្នុងចន្លោះផ្ទះ មិនត្រូវត្របោមក្បាលជង្គង់អង្គុយនៅក្នុងចន្លោះផ្ទះ មិនត្រូវអង្គុយច្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវបៀតបៀនភិក្ខុខ្ចីទាំងឡាយ ដោយអាសនៈ មិនត្រូវអង្គុយសង្កត់សង្ឃាដិ ក្នុងចន្លោះផ្ទះ កាលបើទាយកប្រគេនទឹក ត្រូវកាន់បាត្រដោយដៃទាំងពីរ ហើយទទួលយកទឹក ត្រូវបន្ទាបបាត្រឲ្យស្រួល កុំឲ្យទង្គិច (អ្វីៗ) ឡើយ ហើយលាងឲ្យស្អាត បើមានកន្ថោរដាក់ទឹក ត្រូវធ្វើឲ្យទាប ហើយចាក់ទឹកទៅក្នុងកន្ថោរដាក់ទឹក ដោយតាំងចិត្តថា កុំឲ្យកន្ថោរដាក់ទឹកខ្ចាត់ខ្ចាយទឹកឡើយ កុំឲ្យភិក្ខុទាំងឡាយជិតខាងទទឹកដោយទឹកឡើយ កុំឲ្យសង្ឃាដិទទឹកដោយទឹកឡើយ បើគ្មានកន្ថោរដាក់ទឹកទេ ភិក្ខុត្រូវធ្វើទឹក (នោះ) ឲ្យទាប ហើយស្រោចលើផែនដី ដោយតាំងចិត្តថា កុំឲ្យភិក្ខុជិតខាងទាំងឡាយ ទទឹកដោយទឹកឡើយ កុំឲ្យសង្ឃាដិ ទទឹកដោយទឹកឡើយ បើមានទាយកប្រគេនបាយ ត្រូវកាន់បាត្រដោយដៃទាំងពីរ ហើយទទួលយកបាយ តែត្រូវធ្វើទីឱកាសឲ្យដាក់សម្លបានផង បើមានទឹកដោះថ្លាក្តី ប្រេងក្តី សម្លឧត្តរិភង្គក្តី ភិក្ខុជាថេរៈត្រូវពោលថា ចូរអ្នកចាត់ចែងដល់ភិក្ខុគ្រប់រូបឲ្យបានស្មើៗគ្នា ត្រូវទទួលបិណ្ឌបាតដោយគោរព ត្រូវមានសេចក្តីសំគាល់តែក្នុងបាត្រ ទទួលបិណ្ឌបាត ត្រូវទទួលបិណ្ឌបាតឲ្យមានសម្លស្មើគ្នា ត្រូវទទួលបិណ្ឌបាតឲ្យស្មើតែត្រឹមកណ្តាប់មាត់បាត្រ ភិក្ខុគ្រប់រូបមិនទាន់បានបាយទុកគ្រប់គ្រាន់ត្រឹមណា ភិក្ខុជាថេរៈ មិនគប្បីឆាន់ត្រឹមនោះ ត្រូវឆាន់ចង្ហាន់បិណ្ឌបាតដោយគោរព ត្រូវឆាន់ចង្ហាន់បិណ្ឌបាតសំគាល់តែក្នុងបាត្រ ត្រូវឆាន់ចង្ហាន់បិណ្ឌបាតវាចឲ្យស្មើ ត្រូវឆាន់ចង្ហាន់បិណ្ឌបាតមានសម្លស្មើគ្នា មិនត្រូវច្រមចុះអំពីកំពូលបាយ ឆាន់ចង្ហាន់បិណ្ឌបាតមិនត្រូវកកាយបាយលុបសម្ល ឬម្ហូបក្រៀម ដើម្បីឲ្យបានច្រើនជាងគេ បើគ្មានជម្ងឺ មិនត្រូវសូមសម្ល ឬបាយដើម្បីជាប្រយោជន៍ដល់ខ្លួន ហើយឆាន់ទេ មិនត្រូវសំឡឹងរំពៃមើលបាត្រភិក្ខុទាំងឡាយដទៃ ដោយគិតនឹងលើកទោសទេ មិនត្រូវធ្វើពំនូតបាយ ឲ្យធំហួសប្រមាណ ត្រូវធ្វើពំនូតបាយឲ្យជាបរិមណ្ឌល គឺធ្វើឲ្យមូល កាលបើពំនូតបាយ មិនទាន់ដល់មាត់ មិនត្រូវហារមាត់ចាំឡើយ កាលនឹងឆាន់ មិនត្រូវញាត់ម្រាមដៃទាំងអស់ ទៅក្នុងមាត់ មិនត្រូវនិយាយទាំងពំនូតបាយនៅក្នុងមាត់ មិនត្រូវបោះដុំបាយ (ទៅក្នុងមាត់) ហើយឆាន់ទេ មិនត្រូវឆាន់ខាំកាត់ពំនូតបាយ (មួយកំណាត់ម្តង) មិនត្រូវឆាន់បៀមពំនូតបាយ ឲ្យទុលថ្ពាល់ឡើង (ដូចជាស្វា) មិនត្រូវឆាន់រលាស់ដៃបណ្តើរ មិនត្រូវឆាន់បាយឲ្យរោយរាយគ្រាប់បាយ មិនត្រូវឆាន់លៀនអណ្តាតចេញមកក្រៅ (ទទួលអាហារ) មិនត្រូវឆាន់ឲ្យឮផ្ចប់ៗ មិនត្រូវឆាន់ឲ្យឮគ្រូកៗ មិនត្រូវឆាន់លិទ្ធដៃ មិនត្រូវឆាន់លិទ្ធបាត្រ មិនត្រូវឆាន់លិទ្ធបបូរមាត់ មិនត្រូវទទួលភាជន៍ទឹកទាំងដៃប្រឡាក់អាមិសៈ ភិក្ខុទាំងពួង មិនទាន់ឆាន់ហើយត្រឹមណា ភិក្ខុជាថេរៈ មិនគប្បីទទួលយកទឹកត្រឹមនោះ កាលបើទាយកប្រគេនទឹក ត្រូវកាន់បាត្រដោយដៃទាំងពីរ ហើយទទួលយកទឹក ត្រូវធ្វើបាត្រឲ្យទាប កុំឲ្យទង្គិច (អ្វីៗ) ហើយលាងឲ្យស្អាត បើមានកន្ថោរទឹក ត្រូវធ្វើឲ្យទាប ហើយចាក់ទឹកទៅក្នុងកន្ថោរដាក់ទឹក ដោយតាំងចិត្តថា កុំឲ្យកន្ថោរដាក់ទឹកខ្ចាត់ខ្ចាយទឹកឡើយ កុំឲ្យពួកភិក្ខុជិតខាងទទឹកដោយទឹកឡើយ កុំឲ្យសង្ឃាដិទទឹកដោយទឹកឡើយ បើមិនមានកន្ថោរទឹកទេ ត្រូវធ្វើទឹកឲ្យទាប ហើយចាក់លើផែនដី ដោយតាំងចិត្តថា កុំឲ្យពួកភិក្ខុជិតខាង ទទឹកដោយទឹកឡើយ កុំឲ្យសង្ឃាដិ ទទឹកដោយទឹកឡើយ មិនត្រូវចាក់ទឹកលាងបាត្រមានទាំងគ្រាប់បាយក្នុងចន្លោះផ្ទះ កាលបើត្រឡប់វិញ ត្រូវត្រឡប់ឲ្យបានមុនពួកភិក្ខុខ្ចី ត្រូវបិទបាំងកាយឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះក្រោយភិក្ខុជាថេរៈទាំងឡាយ ត្រូវសង្រួមប្រយ័ត្នឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានភ្នែកសម្លឹងចុះក្រោម គឺក្រឡេកមើលប្រមាណមួយជួរនឹម ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើចខ្លាំងដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានសំឡេងតិចៗ ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវដើរគ្រលែងកាយទៅក្នុងចន្លោះផ្ទះ មិនត្រូវបង់បោយដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវងេកងោកក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវស្ទឹមចង្កេះដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវទទូរក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវដើរចំអើតជើងដើរទៅក្នុងចន្លោះផ្ទះ ម្នាលភិក្ខុទាំងឡាយ នេះហើយជាវត្តរបស់ភិក្ខុទាំងឡាយ តាមទំនងដែលភិក្ខុទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃក្នុងរោងភត្ត។

ភាណវារៈ ទី១ ចប់។

(បិណ្ឌចារិកវត្តកថា ទី៦)

(៦. បិណ្ឌចារិកវត្តកថា)

[៩០] សម័យនោះឯង ពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត ស្លៀកមិនល្អ ដណ្តប់មិនល្អ ប្រកបដោយមារយាទមិនសមគួរ ត្រាច់ទៅបិណ្ឌបាត មិនបានសង្កេត ហើយចូលទៅកាន់លំនៅ (ផ្ទះគេ) ខ្លះ មិនបានសង្កេត ហើយចេញមកខ្លះ ចូលទៅដោយរហ័សពេកខ្លះ ចេញមកដោយរហ័សពេកខ្លះ ឈរក្នុងទីឆ្ងាយពេកខ្លះ ឈរក្នុងទីជិតពេកខ្លះ ឈរយូរពេកខ្លះ ត្រឡប់មកវិញដោយរហ័សពេកខ្លះ។ មានភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតមួយរូប មិនបានសង្កេត ហើយដើរចូលទៅកាន់លំនៅ (គេ)។ ភិក្ខុនោះ កាលសំគាល់នូវទ្វារ ដើរចូលទៅកាន់បន្ទប់តូចមួយ។ ក្នុងបន្ទប់តូចនោះសោត មានស្រីអាក្រាតដេកផ្ងារ។ ភិក្ខុនោះ ក៏បានឃើញស្រីអាក្រាតដេកផ្ងារនោះ លុះឃើញហើយ គិតថា នេះមិនមែនជាទ្វារទេ នេះជាបន្ទប់តូចទេតើ ហើយក៏ចេញចាកបន្ទប់តូចនោះមក។ ស្វាមីរបស់ស្រីនោះ ក៏បានឃើញស្រីជាប្រពន្ធនោះអាក្រាតដេកផ្ងារ លុះឃើញហើយ ក៏គិតថា ភិក្ខុនេះប្រទូស្តនឹងប្រពន្ធរបស់អញហើយតើ ហើយចាប់ទះតប់ភិក្ខុនោះ។ លំដាប់នោះ ស្រីនោះ ក៏ភ្ញាក់ឡើង ដោយសារឮសូរសន្ធឹកនោះ ហើយបានសួរបុរសនោះថា នែអ្នក ហេតុអ្វីបានជាអ្នកទះតប់ភិក្ខុនេះ។ ស្វាមីឆ្លើយថា ភិក្ខុនេះប្រទូស្តហងឯងហើយ។ ប្រពន្ធប្រាប់ថា នែអ្នក ភិក្ខុនេះ មិនបានប្រទូស្តខ្ញុំទេ ភិក្ខុនោះ ឥតបានធ្វើ (អំពើដូច្នោះទេ) ថាហើយ ក៏ឲ្យប្តីលែងភិក្ខុនោះទៅ។ ខណៈនោះ ភិក្ខុនោះបានទៅកាន់អារាម ហើយប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយណា ដែលមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត មិនសមបើនឹងស្លៀកមិនល្អ ដណ្តប់មិនល្អ ប្រកបដោយមារយាទមិនសមគួរ ត្រាច់ទៅបិណ្ឌបាត មិនបានសង្កេត ហើយចូលទៅកាន់លំនៅ (គេ) ខ្លះ មិនបានសង្កេត ហើយចេញមកខ្លះ ចូលទៅដោយរហ័សពេកខ្លះ ចេញមកដោយរហ័សពេកខ្លះ ឈរក្នុងទីឆ្ងាយពេកខ្លះ ឈរក្នុងទីជិតពេកខ្លះ ឈរយូរពេកខ្លះ ត្រឡប់មកដោយរហ័សពេកខ្លះ (ដូច្នេះ)សោះ។ គ្រានោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថារឿងនោះពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ដល់ពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត តាមទំនង ដែលពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត គប្បីប្រព្រឹត្តដោយប្រពៃបាន។

[៩១] ម្នាលភិក្ខុទាំងឡាយ បិណ្ឌចារិកភិក្ខុ (ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត) គិតថា អាត្មាអញនឹងចូលទៅកាន់ស្រុក ក្នុងកាលឥឡូវនេះ ហើយគប្បីបិទបាំងមណ្ឌលបី គឺស្លៀកឲ្យជាបរិមណ្ឌល ក្រវាត់សម្ពត់កាយពន្ធន៍ (វត្ថពន្ធចង្កេះ) ហើយតម្រួតឧត្តរាសង្គ និងសង្ឃាដិ ពាក់ក្ឌុំហើយឃ្លុំ ជូតបាត្រឲ្យស្អាត កាន់ដើរចូលទៅកាន់ស្រុកដោយស្រួល មិនរលះរលាំង ត្រូវបិទបាំងកាយឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវសង្រួមប្រយ័ត្នឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានភ្នែកសម្លឹងចុះក្រោម ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើចខ្លាំងដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានសំឡេងតិចៗ ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវគ្រលែងកាយដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវបង់បោយដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវងេកងោកក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវស្ទឹមចង្កេះដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវទទូរក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវចំអើតជើងដើរទៅក្នុងចន្លោះផ្ទះ កាលដែលនឹងចូលទៅកាន់លំនៅគេ ត្រូវកំណត់ថា អាត្មាអញនឹងចូលទៅតាមផ្លូវនេះ នឹងចេញមកវិញតាមផ្លូវនេះ មិនត្រូវដើរចូលទៅដោយរហ័សពេក មិនត្រូវចេញមកដោយរហ័សពេក មិនត្រូវឈរក្នុងទីឆ្ងាយពេក មិនត្រូវឈរក្នុងទីជិតពេក មិនត្រូវឈរយូរពេក មិនត្រូវត្រឡប់រហ័សពេក ត្រូវឈរសង្កេតថា គេមានបំណងនឹងឲ្យចង្ហាន់ ឬឥតមានបំណងនឹងឲ្យទេ បើប្រសិនជាគេបញ្ឈប់ការងារ ឬគេក្រោកចាកអាសនៈ ឬចាប់វែក ឬចាប់ភាជន៍ ឬគេមានបំណងនឹងឲ្យ ហើយនិមន្តឲ្យរង់ចាំក្តី ដឹងដូច្នេះហើយ ត្រូវឈររង់ចាំ កាលបើគេប្រគេនចង្ហាន់ បិណ្ឌចារិកភិក្ខុ ត្រូវវែកសង្ឃាដិដោយដៃឆ្វេង បង្អោនបាត្រដោយដៃស្តាំ ហើយទ្របាត្រដោយដៃទាំងពីរ ទទួលយកចង្ហាន់ តែកុំសំឡឹងមើលមុខស្រីដែលប្រគេន18) ចង្ហាន់នោះឡើយ ត្រូវសង្កេតថា គេមានបំណងនឹងឲ្យសម្ល ឬមិនមានបំណងនឹងឲ្យទេ បើប្រសិនជាគេចាប់វែកក្តី ចាប់ភាជន៍ក្តី ឬគេមានបំណងនឹងឲ្យ ហើយនិមន្តឲ្យរង់ចាំក្តី បិណ្ឌចារិកភិក្ខុដឹងដូច្នេះហើយ ត្រូវឈររង់ចាំ កាលបើគេបានប្រគេនចង្ហាន់ហើយ ត្រូវបិទបាំងបាត្រដោយសង្ឃាដិ ដើរត្រឡប់មកដោយស្រួល មិនរលះរលាំង ត្រូវបិទបាំងកាយឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវសង្រួមប្រយ័ត្នដោយល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានភ្នែកសម្លឹងចុះក្រោម ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើចខ្លាំងដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានសំឡេងតិចៗ ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវគ្រលែងកាយដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវបង់បោយដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវងេកងោកក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវស្ទឹមចង្កេះដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវទទូរក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវចំអើតជើងដើរទៅក្នុងចន្លោះផ្ទះ ភិក្ខុណាត្រឡប់មកពីបិណ្ឌបាតក្នុងស្រុកមុនគេ ភិក្ខុនោះត្រូវក្រាលអាសនៈ (ទុកចាំ) ត្រូវដម្កល់ទុកនូវទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រាប់ជើង ដែលលាងហើយ ទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់លាង ត្រូវលាងភាជន៍សម្រាប់ផ្ទេរភោជន ហើយដម្កល់ទុក ត្រូវដម្កល់ទុកនូវទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ភិក្ខុណាត្រឡប់មកពីបិណ្ឌបាតក្នុងស្រុកក្រោយគេ បើមានអាហារ ដែលសល់អំពីបរិភោគ បើចង់ឆាន់ គប្បីឆាន់ចុះ បើមិនចង់ឆាន់ទេ ត្រូវយកទៅចោលក្នុងទីដែលគ្មានវត្ថុខៀវ (មានស្មៅជាដើម) ឬយកទៅចាក់ក្នុងទឹកដែលគ្មានសត្វ ភិក្ខុនោះគប្បីសារអាសនៈទុក ត្រូវទុកដាក់នូវទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រាប់ជើងដែលលាងហើយ ទ្រនាប់សម្រាប់ជូតជើងដែលមិនទាន់លាង ត្រូវលាងភាជន៍សម្រាប់ផ្ទេរភោជន ហើយរៀបចំទុកដាក់ ត្រូវទុកដាក់ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ត្រូវបោសរោងភត្ត ភិក្ខុណាឃើញក្អមសម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់ទឹកប្រើប្រាស់ក្តី ក្អមសម្រាប់ដាក់ទឹកលាងវច្ចៈក្តី ដែលទទេគ្មានទឹក ភិក្ខុនោះត្រូវរកទឹកមកដម្កល់ទុក បើភិក្ខុនោះ មិនអាចនឹងលើក(ដោយដៃខ្លួន) រួចទេ ត្រូវហៅរកគេ ជាគំរប់ពីរនាក់ ដោយហត្ថវិការ (បោយដៃ) ហើយឲ្យគេជួយលើកដម្កល់ទុក តែកុំបញ្ចេញវាចា ព្រោះហេតុតែកិច្ចប៉ុណ្ណោះឡើយ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជាវត្តរបស់បិណ្ឌចារិកភិក្ខុទាំងឡាយ តាមទំនងដែលបិណ្ឌចារិកភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ។

(អារញ្ញិកវត្តកថា ទី៧)

(៧. អារញ្ញិកវត្តកថា)

[៩២] សម័យនោះឯង មានភិក្ខុច្រើនរូបនៅក្នុងព្រៃ។ ភិក្ខុទាំងនោះ មិនដងទឹកសម្រាប់ឆាន់ទុក មិនដងទឹកសម្រាប់ប្រើប្រាស់ទុក មិនបានដម្កល់ទុកនូវភ្លើង មិនបានដម្កល់ទុកនូវពំនួតភ្លើង មិនដឹងផ្កាយនក្ខត្តឫក្ស មិនដឹងចំណែកនៃទិស។ មានពួកចោរទៅក្នុងទីនោះ បានសួរភិក្ខុទាំងនោះថា មានទឹកផឹកឬទេ លោកម្ចាស់។ ភិក្ខុទាំងឡាយប្រាប់ថា គ្មានទេ អាវុសោ។ ចោរសួរថា ចុះទឹកសម្រាប់ប្រើប្រាស់ មានឬទេ លោកម្ចាស់។ ភិក្ខុទាំងឡាយប្រាប់ថា គ្មានទេ អាវុសោ។ ពួកចោរសួរថា ចុះភ្លើងមានឬទេ លោកម្ចាស់។ ភិក្ខុទាំងឡាយប្រាប់ថា គ្មានទេអាវុសោ។ ពួកចោរសួរថា ចុះឈើពំនួតភ្លើង មានឬទេ លោកម្ចាស់។ ភិក្ខុទាំងឡាយប្រាប់ថា គ្មានទេ អាវុសោ។ ពួកចោរសួរថា ចុះក្នុងថ្ងៃនេះ ប្រកបដោយផ្កាយនក្ខត្តឫក្សអ្វី។ ភិក្ខុទាំងឡាយប្រាប់ថា ម្នាលអាវុសោ យើងទាំងឡាយមិនដឹងទេ។ ពួកចោរសួរថា នេះហៅថាទិសអ្វី លោកម្ចាស់។ ភិក្ខុទាំងឡាយប្រាប់ថា យើងទាំងឡាយមិនដឹងទេ អាវុសោ។ លំដាប់នោះ ចោរទាំងនោះនិយាយថា ទឹកសម្រាប់ផឹករបស់ភិក្ខុទាំងនេះក៏គ្មាន ទឹកសម្រាប់ប្រើប្រាស់ក៏គ្មាន ភ្លើងក៏គ្មាន ឈើពំនួតភ្លើងក៏គ្មាន ផ្កាយនក្ខត្តឫក្សក៏មិនដឹង ចំណែកនៃទិសក៏មិនស្គាល់ ពួកនេះ ជាចោរទេតើ ពួកនេះ មិនមែនជាភិក្ខុឡើយ ថាហើយ ក៏នាំគ្នាវាយ ហើយដើរចេញទៅ។ លំដាប់នោះ ភិក្ខុទាំងនោះ បានប្រាប់ដំណើរនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ បានយកសេចក្តីនុ៎ះ ក្រាបបង្គំទូល ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ដល់អារញ្ញកភិក្ខុទាំងឡាយ (ភិក្ខុអ្នកនៅក្នុងព្រៃ) តាមទំនងដែលអារញ្ញកភិក្ខុទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃបាន។

[៩៣] ម្នាលភិក្ខុទាំងឡាយ (អារញ្ញកភិក្ខុ) ត្រូវក្រោកឡើងអំពីព្រឹកព្រហាម ហើយច្រកបាត្រក្នុងស្លោក រួចស្ពាយលើស្មា ធ្វើចីពរឲ្យនៅលើ-ក ពាក់ស្បែកជើង ហើយរៀបចំទុកដាក់គ្រឿងឈើ និងគ្រឿងដី បិទទ្វារ និងបង្អួច រួចហើយចុះពីទីសេនាសនៈ ដោយគិតថា អាត្មាអញ នឹងចូលទៅកាន់ស្រុកក្នុងកាលឥឡូវនេះ ត្រូវដោះស្បែកជើង ហើយបន្ទាបគោះ ច្រកដាក់ក្នុងស្លោកបាត្រ ហើយស្ពាយលើស្មា បិទបាំងកាយឲ្យមានមណ្ឌលបី ស្លៀកស្បង់ឲ្យជាបរិមណ្ឌល ក្រវាត់សម្ពត់កាយពន្ធន៍ តម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ហើយឃ្លុំពាក់ក្ឌុំ ហើយជូតបាត្រ កាន់ដើរចូលទៅក្នុងស្រុកដោយស្រួល មិនរលះរលាំង អារញ្ញកភិក្ខុ ត្រូវបិទបាំងកាយឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវសង្រួមប្រយ័ត្នដោយល្អ ដើរទៅក្នុងចន្លោះផ្ទះ។បេ។ មិនត្រូវចំអើតជើង ដើរទៅក្នុងចន្លោះផ្ទះ កាលបើនឹងចូលទៅកាន់លំនៅគេ ត្រូវកំណត់ទុកក្នុងចិត្តថា អាត្មាអញនឹងចូលទៅ តាមផ្លូវនេះ នឹងចេញមកវិញតាមផ្លូវនេះ មិនត្រូវចូលទៅដោយរហ័សពេក មិនត្រូវចេញមកវិញដោយរហ័សពេក មិនត្រូវឈរក្នុងទីឆ្ងាយពេក មិនត្រូវឈរក្នុងទីជិតពេក មិនត្រូវឈរយូរពេក មិនត្រូវត្រឡប់មករហ័សពេក ត្រូវឈរសង្កេតមើលថា គេចង់ឲ្យចង្ហាន់ ឬមិនចង់ឲ្យទេ បើគេបញ្ឈប់ការងារក្តី ក្រោកអំពីអាសនៈក្តី ចាប់កាន់វែកក្តី ចាប់កាន់ភាជន៍ក្តី គេចង់ប្រគេនចង្ហាន់ ហើយនិមន្តឲ្យរង់ចាំក្តី ភិក្ខុដឹងដូច្នេះហើយ ត្រូវរង់ចាំ កាលបើគេប្រគេនចង្ហាន់ ត្រូវយកដៃឆ្វេងវែកសង្ឃាដិ យកដៃស្តាំបង្អោនបាត្រ ហើយទ្របាត្រដោយដៃទាំងពីរ ទទួលយកចង្ហាន់ តែកុំសំឡឹងមើលមុខស្រី្តដែលប្រគេនចង្ហាន់ឡើយ ត្រូវសង្កេតពិនិត្យមើលថា គេចង់ប្រគេនសម្ល ឬមិនចង់ប្រគេនទេ បើគេចាប់កាន់វែកក្តី ចាប់កាន់ភាជន៍ក្តី គេចង់ប្រគេន ហើយនិមន្តឲ្យរង់ចាំក្តី ភិក្ខុដឹងដូច្នេះហើយ ត្រូវរង់ចាំ កាលបើគេប្រគេនចង្ហាន់ហើយ ត្រូវយកសង្ឃាដិបិទបាំងបាត្រ ដើរត្រឡប់ចេញមកដោយស្រួល មិនរលះរលាំង ត្រូវបិទបាំងកាយឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ។បេ។ មិនត្រូវចំអើតជើងដើរទៅក្នុងចន្លោះផ្ទះ កាលបើត្រឡប់ចេញមកពីស្រុកវិញហើយ ត្រូវច្រកបាត្រក្នុងស្លោក ហើយស្ពាយលើស្មា ហើយប្រមូលចីពរទូល លើក្បាល ហើយពាក់ស្បែកជើងដើរទៅ ម្នាលភិក្ខុទាំងឡាយ អារញ្ញកភិក្ខុ ត្រូវដងទឹកសម្រាប់ឆាន់ទុក ត្រូវដងទឹកសម្រាប់ប្រើប្រាស់ទុក ត្រូវកម្កល់ទុកនូវភ្លើង ត្រូវដម្កល់ទុកនូវឈើពំនួតភ្លើង ត្រូវដម្កល់ទុកនូវឈើច្រត់ ត្រូវរៀននូវផ្កាយនក្ខត្តឫក្សទាំងអស់ ឬដោយឯកទេស គួរជាអ្នកឈ្លាសវៃក្នុងទិស ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជាវត្តរបស់អារញ្ញកភិក្ខុទាំងឡាយ តាមទំនងដែលអារញ្ញកភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ។

(សេនាសនវត្តកថា ទី៨)

(៨. សេនាសនវត្តកថា)

[៩៤] សម័យនោះឯង មានភិក្ខុច្រើនរូបធ្វើចីវរកម្មក្នុងទីវាល។ ពួកឆព្វគ្គិយភិក្ខុ គោះគ្រឿងសេនាសនៈ ក្នុងទីធ្លាដែលជាទីច្រាសខ្យល់។ ភិក្ខុទាំងឡាយប្រឡាក់ដោយធូលី។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងគោះគ្រឿងសេនាសនៈ ក្នុងទីធ្លាដែលជាទីច្រាសខ្យល់ ឲ្យភិក្ខុទាំងឡាយប្រឡាក់ដោយធូលីសោះឡើយ។ ភិក្ខុទាំងឡាយនោះ បានយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកឆព្វគ្គិយភិក្ខុ គោះគ្រឿងសេនាសនៈ ក្នុងទីធ្លាដែលជាទីច្រាសខ្យល់ ឲ្យភិក្ខុទាំងឡាយប្រឡាក់ដោយធូលី ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តសេនាសនវត្ត ដល់ភិក្ខុទាំងឡាយ តាមទំនងដែលភិក្ខុទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃ។

[៩៥] ភិក្ខុនៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើអាច (សំអាតបាន) ក៏ត្រូវសំអាត កាលដែលនឹងសំអាតវិហារ ត្រូវយកបាត្រ និងចីវរទៅទុកក្នុងទីដ៏សមគួរជាមុន ហើយត្រូវយកនិសីទនៈ និងកម្រាល ទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកពូក និងខ្នើយទៅទុកក្នុងទីដ៏សមគួរ ត្រូវលើកបន្ទាបគ្រែឲ្យស្រួល កុំឲ្យទង្គិចទង្គុក កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកទៅទុកក្នុងទីដ៏សមគួរ ត្រូវលើកបន្ទាបតាំងឲ្យស្រួល កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកទ្រនាប់ជើងគ្រែទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកន្ថោរសម្រាប់ស្តោះទឹកមាត់ទៅទុកក្នុងទីដ៏សមគួរ ត្រូវនាំយកក្តារសម្រាប់ផ្អែក ទៅទុកក្នុងទីដ៏សមគួរ ត្រូវកំណត់ទីដែលគេក្រាលកម្រាលផែនដីយ៉ាងណា ហើយនាំយកទៅទុកក្នុងទីដ៏សមគួរ បើក្នុងវិហារស្មុកស្មាញ (មិនស្អាតដោយសរសៃពីងពាងជាដើម) ភិក្ខុត្រូវបោសតាំងពីពិតានជាមុន ចំណែកជ្រុងសន្ទះបង្អួច ត្រូវជូតសំអាត បើជញ្ជាំងដែលគេលាបដោយថ្នាំ មានសៅហ្មងពណ៌សម្បុរ ត្រូវជ្រលក់កំណាត់សម្ពត់ពូត ហើយសឹមជូត បើទីផ្ទៃដែលគេធ្វើដោយវត្ថុមានពណ៌ខ្មៅ មានសៅហ្មងពណ៌សម្បុរ ត្រូវជ្រលក់កំណាត់សម្ពត់ពូត រួចសឹមជូត បើទីផ្ទៃគេមិនធ្វើទេ ភិក្ខុត្រូវប្រស់ដោយទឹក ហើយសឹមជូត ដោយគិតថា កុំឲ្យវិហារប្រឡាក់ដោយធូលីឡើយ ត្រូវប្រមូលសម្រាមទៅចោល ក្នុងទីដ៏សមគួរ មិនត្រូវគោះគ្រឿងសេនាសនៈជិតភិក្ខុផងគ្នា មិនត្រូវគោះគ្រឿងសេនាសនៈជិតវិហារ មិនត្រូវគោះគ្រឿងសេនាសនៈជិតទឹកសម្រាប់ឆាន់ មិនត្រូវគោះគ្រឿងសេនាសនៈជិតទឹកសម្រាប់ប្រើប្រាស់ មិនត្រូវគោះគ្រឿងសេនាសនៈ ក្នុងធ្លាដែលជាទីច្រាសខ្យល់ ត្រូវគោះគ្រឿងសេនាសនៈ ក្នុងទីក្រោមខ្យល់ ត្រូវហាលកម្រាលផែនដីហើយ ជម្រះគោះក្នុងទីដ៏សមគួរ រួចសារយកមកក្រាលដូចដើមវិញ ត្រូវហាលទ្រនាប់ជើងគ្រែហើយជូតសំអាតក្នុងទីដ៏សមគួរ រួចនាំយកមកដម្កល់ទុកដូចដែលវិញ ត្រូវហាលគ្រែ ហើយជម្រះគោះក្នុងទីដ៏សមគួរ ហើយលើកបន្ទាបឲ្យស្រួល កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ រួចនាំយកទៅទុកដូចដើមវិញ ត្រូវហាលតាំង ហើយជម្រះគោះក្នុងទីដ៏សមគួរ ហើយលើកបន្ទាបឲ្យស្រួល កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ រួចនាំយកមកទុកដូចដើមវិញ ត្រូវហាលពូកខ្នើយ ហើយជម្រះគោះ ក្នុងទីដ៏សមគួរ រួចនាំយកមករៀបចំទុកដូចដើមវិញ ត្រូវហាលកម្រាលសម្រាប់អង្គុយ ហើយជម្រះគោះ ក្នុងទីដ៏សមគួរ រួចសារយកមកក្រាលទុកដូចដើមវិញ ត្រូវហាលកន្ថោរសម្រាប់ស្តោះទឹកមាត់ក្នុងទីដ៏សមគួរ ហើយជូត រួចនាំយកមកទុកដូចដែលវិញ ត្រូវហាលផែនក្តារសម្រាប់ផ្អែក ក្នុងទីដ៏សមគួរ ហើយជូត រួចនាំយកមកទុកដូចដែលវិញ ត្រូវទុកដាក់បាត្រ និងចីវរ កាលដែលទុកដាក់បាត្រ ត្រូវកាន់បាត្រដោយដៃម្ខាង ហើយស្ទាបខាងក្រោមគ្រែ ឬខាងក្រោមតាំង ដោយដៃម្ខាងសិន សឹមទុកដាក់បាត្រចុះ តែថាមិនត្រូវទុកដាក់បាត្រ ក្នុងទីដែលមិនស្អាតឡើយ កាលដែលនឹងទុកចីវរ ត្រូវកាន់ចីវរដោយដៃម្ខាង ហើយជូតស្នួរចីវរ ឬខ្សែស្បៀងដោយដៃម្ខាង ហើយធ្វើជាយខាងនាយ ឲ្យជាផ្នត់មកខាងអាយសិន សឹមទុកចីវរចុះ បើមានខ្យល់ប្រកបដោយធូលី បក់មកអំពីទិសខាងកើត ភិក្ខុត្រូវបិទបង្អួចទិសខាងកើត បើមានខ្យល់ប្រកបដោយធូលី បក់មកពីទិសខាងលិច ត្រូវបិទបង្អួចទិសខាងលិច បើមានខ្យល់ប្រកបដោយធូលី បក់មកពីទិសខាងជើង ត្រូវបិទបង្អួចទិសខាងជើង បើមានខ្យល់ប្រកបដោយធូលី បក់មកពីទិសខាងត្បូង ត្រូវបិទបង្អួចទិសខាងត្បូង បើរដូវត្រជាក់ ភិក្ខុត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទក្នុងវេលាយប់ បើរដូវក្តៅ ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកបង្អួចក្នុងវេលាយប់ បើបរិវេណមានសម្រាម ត្រូវបោសបរិវេណចេញ បើបន្ទប់ទឹកមានសម្រាម ត្រូវបោសបន្ទប់ទឹកចេញ បើឧបដ្ឋានសាលាមានសម្រាម ត្រូវបោសឧបដ្ឋានសាលាចេញ បើរោងភ្លើងមានសម្រាម ត្រូវបោសរោងភ្លើងចេញ បើបង្គន់មានសម្រាម ត្រូវបោសបង្គន់ចេញ បើមិនមានទឹកសម្រាប់ឆាន់ ត្រូវដងទឹកសម្រាប់ឆាន់ទុក បើមិនមានទឹកសម្រាប់ប្រើប្រាស់ ភិក្ខុត្រូវដងទឹកសម្រាប់ប្រើប្រាស់ទុក បើមិនមានទឹកក្នុងឆ្នាំងសម្រាប់ជម្រះ ត្រូវចាក់ទឹកក្នុងឆ្នាំងសម្រាប់ជម្រះទុក បើភិក្ខុខ្ចីនៅក្នុងវិហារមួយ ជាមួយនឹងភិក្ខុចាស់ មិនទាន់បានអនុញ្ញាតពីភិក្ខុចាស់ទេ មិនត្រូវបង្រៀនបាលី មិនត្រូវបង្រៀនអដ្ឋកថា មិនត្រូវធ្វើស្វាធ្យាយ មិនត្រូវសំដែងធម៌ មិនត្រូវអុជចង្កៀង មិនត្រូវលត់ចង្កៀង មិនត្រូវបើកបង្អួច មិនត្រូវបិទបង្អួចឡើយ បើភិក្ខុខ្ចីដើរចង្ក្រម ក្នុងទីចង្ក្រមមួយជាមួយនឹងភិក្ខុចាស់ ភិក្ខុចាស់ ចង្ក្រមតាមផ្លូវណា ភិក្ខុខ្ចីត្រូវដើរចៀសពីផ្លូវនោះ តែកុំឲ្យជាយសង្ឃាដិប៉ះភិក្ខុចាស់ឡើយ ម្នាលភិក្ខុទាំងឡាយ ទាំងនេះជាសេនាសនវត្តរបស់ភិក្ខុទាំងឡាយ តាមទំនង ដែលភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងសេនាសនៈ។

(ជន្តាឃរវត្តកថា ទី៩)

(៩. ជន្តាឃរវត្តកថា)

[៩៦] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ កាលដែលភិក្ខុទាំងឡាយជាថេរៈ ហាមប្រាមក្នុងផ្ទះជាទីរក្សាកាយ ក៏នៅតែមិនអើពើ នាំគ្នាគរឧសច្រើនបង្កាត់ភ្លើង ហើយបិទទ្វារ អង្គុយនៅត្រង់ទ្វារ។ ជួនជាភិក្ខុទាំងឡាយជាថេរៈ ត្រូវកំដៅបៀតបៀនខ្លាំងណាស់ ហើយរកទ្វារចេញមកមិនបាន ក៏ជ្រប់ដួលទៅ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ ពួកឆព្វគ្គិយភិក្ខុ កាលដែលភិក្ខុទាំងឡាយជាថេរៈ ហាមឃាត់ក្នុងផ្ទះជាទីរក្សាកាយ ក៏នៅតែមិនអើពើ នាំគ្នាគរឧសជាច្រើន បង្កាត់ភ្លើង ហើយបិទទ្វារ អង្គុយនៅត្រង់ទ្វារសោះ ជួនជាភិក្ខុទាំងឡាយជាថេរៈ ត្រូវកំដៅបៀតបៀនខ្លាំងណាស់ ហើយរកទ្វារចេញមកមិនបាន ក៏ជ្រប់ដួលទៅ។ គ្រានោះ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកឆព្វគ្គិយភិក្ខុ កាលដែលភិក្ខុទាំងឡាយជាថេរៈ ហាមឃាត់ក្នុងផ្ទះជាទីរក្សាកាយ ក៏នៅតែមិនអើពើ នាំគ្នាមកគរឧសជាច្រើនបង្កាត់ភ្លើង ហើយបិទទ្វារ អង្គុយនៅត្រង់ទ្វារ ភិក្ខុទាំងឡាយជាថេរៈ ត្រូវកំដៅបៀតបៀនខ្លាំងណាស់ រកទ្វារចេញមកមិនបាន ក៏ជ្រប់ដួលទៅ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។បេ។ លុះទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ (បើ) ភិក្ខុជាថេរៈហាមឃាត់ក្នុងផ្ទះ ជាទីរក្សាកាយហើយ មិនត្រូវនាំគ្នាគរឧសជាច្រើន បង្កាត់ភ្លើង ព្រោះអាស្រ័យសេចក្តីមិនអើពើទេ ភិក្ខុណាបង្កាត់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវបិទទ្វារ ហើយអង្គុយនៅត្រង់ទ្វារឡើយ ភិក្ខុណាអង្គុយ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តជន្តាឃរវត្ត ដល់ភិក្ខុទាំងឡាយ តាមទំនងដែលភិក្ខុទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃ ក្នុងផ្ទះជាទីរក្សាកាយ។

[៩៧] ភិក្ខុណាទៅកាន់ផ្ទះ ជាទីរក្សាកាយមុនគេ បើមានផេះនៅកកកុញ ភិក្ខុនោះ ត្រូវកើបផេះចោលចេញ បើផ្ទះជាទីរក្សាកាយមានសម្រាម ត្រូវបោសផ្ទះជាទីរក្សាកាយចេញ បើលានខាងក្រៅ (ផ្ទះជាទីរក្សាកាយ) មានសម្រាម ត្រូវបោសលានខាងក្រៅចេញ បើបរិវេណមានសម្រាម ត្រូវបោសបរិវេណចេញ បើបន្ទប់មានសម្រាម ត្រូវបោសបន្ទប់ចេញ បើរោងនៃផ្ទះជាទីរក្សាកាយមានសម្រាម ត្រូវបោសរោងនៃផ្ទះជាទីរក្សាកាយចេញ ត្រូវសូន្យគ្រឿងលំអិតទុក ត្រូវលាយដីស្អិតទុក ត្រូវចាក់ទឹកទុកក្នុងស្នូកទឹក កាលនឹងចូលទៅកាន់ផ្ទះជាទីរក្សាកាយ ត្រូវលាបមុខដោយដីស្អិត ហើយបិទបាំងទាំងខាងមុខ ទាំងខាងក្រោយ ហើយសឹមចូលទៅកាន់ផ្ទះជាទីរក្សាកាយ មិនត្រូវអង្គុយជ្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវហាមឃាត់ពួកភិក្ខុថ្មីដោយអាសនៈ បើអាច (ធ្វើបរិកម្មបាន) ត្រូវធ្វើបរិកម្មដល់ភិក្ខុទាំងឡាយជាថេរៈ ក្នុងផ្ទះជាទីរក្សាកាយ កាលភិក្ខុនឹងចេញពីផ្ទះជាទីរក្សាកាយទៅ ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយ ហើយបិទបាំងទាំងខាងមុខ ទាំងខាងក្រោយ ហើយសឹមចេញពីផ្ទះជាទីរក្សាកាយ បើភិក្ខុអាច (ធ្វើបរិកម្មបាន) សូម្បីក្នុងទឹក ក៏ត្រូវធ្វើបរិកម្ម ដល់ភិក្ខុទាំងឡាយជាថេរៈបានដែរ មិនត្រូវងូតទឹកពីខាងមុខពួកភិក្ខុជាថេរៈ មិនត្រូវងូតទឹកពីខាងលើខ្សែទឹក កាលភិក្ខុងូតរួចហើយ ឡើងមកវិញ ត្រូវបើកផ្លូវឲ្យដល់ភិក្ខុទាំងឡាយដែលកំពុងចុះទៅ ភិក្ខុណា ចេញពីផ្ទះជាទីរក្សាកាយខាងក្រោយគេ បើផ្ទះជាទីរក្សាកាយមានភក់ ភិក្ខុនោះត្រូវលាងចេញ ត្រូវលាងស្នូកសម្រាប់ដាក់ដីស្អិត ហើយរៀបចំទុកដាក់តាំងសម្រាប់ផ្ទះជាទីរក្សាកាយ រួចលត់ភ្លើង ហើយបិទទ្វារសឹមចេញមក ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជាជន្តាឃរវត្តរបស់ភិក្ខុទាំងឡាយ តាមទំនងដែលភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងផ្ទះជាទីរក្សាកាយ។

(វច្ចកុដិវត្តកថា ទី១០)

(១០. វច្ចកុដិវត្តកថា)

[៩៨] សម័យនោះឯង ភិក្ខុ១រូប ជាតិជាព្រាហ្មណ៍ បន្ទោបង់វច្ចៈហើយ មិនប្រាថ្នាដើម្បីនឹងជម្រះចេញ ដោយគិតថា នរណានឹងហ៊ានប៉ះពាល់នូវរបស់អាក្រក់ មានក្លិនស្អុយនេះ។ ដង្កូវក៏តាំងនៅក្នុងវច្ចមគ្គ របស់ភិក្ខុនោះ។ ភិក្ខុនោះ ក៏ប្រាប់សេចក្តីនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយសួរថា ម្នាលលោកដ៏មានអាយុ លោកបន្ទោបង់វច្ចៈ ហើយមិនជម្រះចេញទេដឹង។ ភិក្ខុនោះប្រាប់ថា ម្នាលលោកមានអាយុ យ៉ាងហ្នឹងហើយ។ ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើភិក្ខុបន្ទោបង់វច្ចៈ ហើយមិនជម្រះចេញសោះ។ ភិក្ខុទាំងឡាយនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកបន្ទោបង់វច្ចៈហើយ មិនជម្រះចេញ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ ព្រះមានព្រះភាគ ទ្រង់តិះដៀល ហើយធ្វើធម្មីកថា រួចត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុបន្ទោបង់វច្ចៈហើយ បើទឹកមាន19) ភិក្ខុកុំគប្បីមិនជម្រះចេញ ភិក្ខុណាមិនជម្រះចេញ ត្រូវអាបត្តិទុក្កដ។

[៩៩] សម័យនោះ ភិក្ខុទាំងឡាយបន្ទោបង់វច្ចៈក្នុងវច្ចកុដិ តាមលំដាប់ចាស់ខ្ចី។ ភិក្ខុថ្មីទាំងឡាយ ដែលឈឺវច្ចៈមកដល់មុនហើយរង់ចាំ។ ភិក្ខុទាំងនោះខំអត់ទ្រាំវច្ចៈ ក៏ជ្រប់ដួលទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ភិក្ខុទាំងឡាយបន្ទោបង់វច្ចៈក្នុងវច្ចកុដិ តាមលំដាប់ចាស់ខ្ចី ភិក្ខុខ្ចីទាំងឡាយ ដែលឈឺវច្ចៈមកដល់មុនហើយរង់ចាំ ភិក្ខុទាំងនោះខំអត់ទ្រាំវច្ចៈ ក៏ជ្រប់ដួលទៅ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបន្ទោបង់វច្ចៈ ក្នុងវច្ចកុដិ តាមលំដាប់ចាស់ខ្ចីទេ ភិក្ខុណាបន្ទោបង់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបន្ទោបង់វច្ចៈ តាមលំដាប់ដែលមកដល់20)

[១០០] សម័យនោះ ពួកឆព្វគ្គិយភិក្ខុ ចូលទៅកាន់វច្ចកុដិដោយរហ័សពេកខ្លះ សើយស្បង់ចូលទៅខ្លះ បន្ទោបង់វច្ចៈប្រឹងរមាត់ខ្លះ បន្ទោបង់វច្ចៈទាំងទំពាឈើស្ទន់ខ្លះ បន្ទោបង់វច្ចៈខាងក្រៅទវច្ចៈខ្លះ បន្ទោបង់បស្សាវៈខាងក្រៅទបស្សាវៈខ្លះ ស្តោះទឹកមាត់ក្នុងទបស្សាវៈខ្លះ កិតដោយឈើដ៏គ្រោតគ្រាតខ្លះ ចោលឈើសម្រាប់កិតក្នុងរណ្តៅវច្ចខ្លះ ចេញមកដោយរហ័សពេកខ្លះ សើយស្បង់ចេញមកខ្លះ ជម្រះធ្វើសំឡេងឮចបុចបុខ្លះ ទុកទឹកឲ្យសល់នៅក្នុងភាជន៍សម្រាប់ជម្រះខ្លះ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើពួកឆព្វគ្គិយភិក្ខុ នឹងចូលទៅកាន់វច្ចកុដិដោយរហ័សពេកខ្លះ សើយស្បង់ចូលទៅកាន់ខ្លះ ខំប្រឹងរមាត់បន្ទោបង់វច្ចៈខ្លះ បន្ទោបង់វច្ចៈទាំងទំពាឈើស្ទន់ខ្លះ បន្ទោបង់វច្ចៈខាងក្រៅទវច្ចៈខ្លះ បន្ទោបង់បស្សាវៈខាងក្រៅទបស្សាវៈខ្លះ ស្តោះទឹកមាត់ក្នុងទបស្សាវៈខ្លះ កិតដោយឈើដ៏គ្រោតគ្រាតខ្លះ ចោលឈើសម្រាប់កិតក្នុងរណ្តៅវច្ចៈខ្លះ ចេញមកដោយរហ័សពេកខ្លះ សើយស្បង់ចេញមកខ្លះ ជម្រះធ្វើឲ្យឮសំឡេងចបុចបុខ្លះ ទុកទឹកឲ្យសល់នៅក្នុងភាជន៍សម្រាប់ជម្រះខ្លះ ដូច្នេះសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ រឿងនុ៎ះពិតមែនឬ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ ព្រះមានព្រះភាគ ទ្រង់តិះដៀលហើយ ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តនូវវច្ចកុដិវត្ត ដល់ភិក្ខុទាំងឡាយ តាមទំនងដែលភិក្ខុទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃ ក្នុងវច្ចកុដិចុះ។

[១០១] ភិក្ខុណាទៅកាន់វច្ចកុដិ ភិក្ខុនោះត្រូវឈរខាងក្រៅ ហើយគ្រហែម ទោះបីភិក្ខុដែលអង្គុយនៅខាងក្នុង ក៏ត្រូវគ្រហែមតប ភិក្ខុនោះត្រូវពាក់ចីវរលើស្នួរចីវរ ឬខ្សែស្បៀង រួចកុំប្រញាប់ប្រញាល់ ចូលទៅកាន់វច្ចកុដិដោយស្រួល កុំចូលទៅដោយប្រញាប់ពេក មិនត្រូវសើយស្បង់ចូលទៅ ត្រូវឈរលើទ្រនាប់ជើងសម្រាប់បន្ទោបង់វច្ចៈ ហើយសឹមសើយស្បង់ មិនត្រូវខំប្រឹងរមាត់បន្ទោបង់វច្ចៈ មិនត្រូវបន្ទោបង់វច្ចៈទាំងទំពាឈើស្ទន់ មិនត្រូវបន្ទោបង់វច្ចៈខាងក្រៅទវច្ចៈ មិនត្រូវបន្ទោបង់បស្សាវៈខាងក្រៅទបស្សាវៈ មិនត្រូវស្តោះទឹកមាត់ក្នុងទបស្សាវៈ មិនត្រូវកិតដោយឈើគ្រោតគ្រាត មិនត្រូវចោលឈើសម្រាប់កិតក្នុងរណ្តៅវច្ចៈ ត្រូវឈរលើទ្រនាប់សម្រាប់បន្ទោបង់វច្ចៈ ហើយសឹមបិទបាំង (ស្បង់) មិនត្រូវចេញមកដោយរួសរាន់ពេក មិនត្រូវចេញមកទាំងសើយស្បង់ ត្រូវឈរលើទ្រនាប់សម្រាប់ជម្រះ ហើយសឹមសើយស្បង់ មិនត្រូវជម្រះធ្វើសំឡេងឲ្យឮចបុចបុ មិនត្រូវទុកទឹកឲ្យសល់នៅក្នុងភាជន៍សម្រាប់ជម្រះ ត្រូវឈរលើទ្រនាប់សម្រាប់ជម្រះ ហើយសឹមបិទបាំង បើវច្ចកុដិប្រឡាក់ ត្រូវលាងចេញ បើកញ្ជើសម្រាប់ដាក់ឈើសម្រាប់កិតពេញ ត្រូវចាក់ឈើសម្រាប់កិតចោលចេញ បើវច្ចកុដិមានសម្រាម ត្រូវបោសវច្ចកុដិចេញ បើលានវច្ចកុដិមានសម្រាម ត្រូវបោសលានវច្ចកុដិចេញ បើបរិវេណមានសម្រាម ត្រូវបោសបរិវេណចេញ បើបន្ទប់មានសម្រាម ត្រូវបោសបន្ទប់ចេញ បើទឹកក្នុងក្អមសម្រាប់ជម្រះគ្មានទេ ត្រូវចាក់ទឹកដាក់ក្នុងក្អមសម្រាប់ជម្រះ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជា វច្ចកុដិវត្ត របស់ភិក្ខុទាំងឡាយ តាមទំនងដែលភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្ត ដោយប្រពៃក្នុងវច្ចកុដិចុះ។

(ឧបជ្ឈាយវត្តកថា ទី១១)

(១១. ឧបជ្ឈាយវត្តកថា)

[១០២] សម័យនោះឯង ពួកសទ្ធិវិហារិក មិនប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍ទាំងឡាយ។ ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើពួកសទ្ធិវិហារិក មិនប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍ទាំងឡាយសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកសទ្ធិវិហារិក មិនប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍ទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។ ព្រះពុទ្ធជាម្ចាស់ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មិនសមបើសទ្ធិវិហារិក មិនប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍ទាំងឡាយសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តនូវ ឧបជ្ឈាយវត្ត ដល់សទ្ធិវិហារិកទាំងឡាយ តាមទំនងដែលសទ្ធិវិហារិកទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍ទាំងឡាយ។

[១០៣] ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍។ ឯសេចក្តីប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍នោះ ដូច្នេះ សទ្ធិវិហារិក ត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើង រួចធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេនទឹកសម្រាប់លុបមុខ ក្រាលអាសនៈ បើមានបបរ សទ្ធិវិហារិក ត្រូវលាងភាជន៍ ហើយបង្អោនបបរចូលទៅប្រគេន កាលបើឧបជ្ឈាយ៍ហុតបបររួចហើយ សទ្ធិវិហារិក ត្រូវប្រគេនទឹក ហើយទទួលយកភាជន៍ លើកបន្ទាបឲ្យស្រួល កុំឲ្យទង្គិច (អ្វីៗ) ហើយលាងឲ្យស្អាត រួចរៀបចំទុកដាក់ កាលបើឧបជ្ឈាយ៍ក្រោកចេញហើយ សទ្ធិវិហារិកត្រូវសារអាសនៈចេញ បើប្រទេសនោះមានសម្រាម សទ្ធិវិហារិកត្រូវបោសប្រទេសនោះចេញ បើឧបជ្ឈាយ៍ចង់ចូលទៅកាន់ស្រុក សទ្ធិវិហារិកត្រូវប្រគេនស្បង់ ហើយទទួលស្បង់បន្លាស់មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ ត្រូវតម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ហើយប្រគេន ត្រូវជូតបាត្រដែលទទឹក រួចហើយសឹមប្រគេន បើឧបជ្ឈាយ៍ចង់បានសទ្ធិវិហារិកជាបច្ឆាសមណៈ (តាមក្រោយឧបជ្ឈាយ៍) សទ្ធិវិហារិក ត្រូវបិទបាំងមណ្ឌល៣ គឺស្លៀកស្បង់ឲ្យជាបរិមណ្ឌល ក្រវាត់វត្ថពន្ធចង្កេះ ហើយតម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ហើយឃ្លុំពាក់ក្ឌុំ ហើយជូតបាត្រ ហើយកាន់យកទៅ ធ្វើជាបច្ឆាសមណៈ មិនត្រូវដើរឆ្ងាយពេក មិនត្រូវដើរជិតពេក ត្រូវចាំទទួលយកវត្ថុ ដែលគេដាក់ក្នុងបាត្រ កាលបើឧបជ្ឈាយ៍កំពុងនិយាយ សទ្ធិវិហារិកមិនត្រូវនិយាយស្កាត់ក្នុងចន្លោះៗឡើយ បើឧបជ្ឈាយ៍ កំពុងនិយាយពាក្យដែលជិតនឹងត្រូវអាបត្តិ សទ្ធិវិហារិកត្រូវឃាត់ កាលវិលត្រឡប់មកវិញ សទ្ធិវិហារិកត្រូវមកឲ្យបានមុន ហើយក្រាលអាសនៈចាំ រួចដម្កល់ទុកនូវទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើងដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើងដែលមិនទាន់បានលាង ហើយត្រូវក្រោកទៅទទួលបាត្រ និងចីវរ ត្រូវប្រគេនស្បង់បន្លាស់ ទទួលយកស្បង់ដែលស្លៀកមកវិញ បើចីវរទទឹក សទ្ធិវិហារិក ត្រូវសំដិលក្នុងកំដៅថ្ងៃមួយស្របក់ តែមិនត្រូវទុកចីវរក្នុងកំដៅថ្ងៃ (ឲ្យយូរពេក) ត្រូវបត់ចីវរទុក កាលនឹងបត់ចីវរ ត្រូវលើកជាយឲ្យហួសពីគ្នាមានប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យបាក់ផ្នត់ចីវរពាក់កណ្តាលឡើយ ត្រូវដាក់វត្ថពន្ធចង្កេះក្នុងផ្នត់ចីវរ បើមានអាហារបិណ្ឌបាត ហើយឧបជ្ឈាយ៍ចង់ឆាន់ សទ្ធិវិហារិកត្រូវប្រគេនទឹក ហើយបង្អោនអាហារបិណ្ឌបាតចូលទៅប្រគេន ត្រូវសួរឧបជ្ឈាយ៍ដោយទឹកសម្រាប់ឆាន់ កាលបើឧបជ្ឈាយ៍ឆាន់រួចហើយ សទ្ធិវិហារិក ត្រូវប្រគេនទឹក រួចទទួលយកបាត្រមកវិញ កាន់បន្ទាប កុំឲ្យទង្គិច (អ្វីៗ) លាងឲ្យស្អាត ជូតឲ្យស្ងួតទឹកចេញ ហើយហាលក្នុងកំដៅថ្ងៃមួយស្របក់ តែកុំទុកបាត្រក្នុងកំដៅថ្ងៃ (យូរពេក) សទ្ធិវិហារិក ត្រូវទុកបាត្រ និងចីវរ កាលដែលទុកបាត្រ ត្រូវយកដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំងសិន ហើយសឹមទុកបាត្រ តែមិនត្រូវទុកក្នុងទីដែលមិនស្អាតឡើយ កាលនឹងទុកចីវរ ត្រូវយកដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្នួរចីវរ ឬខ្សែស្បៀង រួចធ្វើជាយចីវរខាងនាយ ឲ្យជាផ្នត់មកខាងអាយ ហើយសឹមទុកចីវរចុះ កាលបើឧបជ្ឈាយ៍ក្រោកចេញហើយ សទ្ធិវិហារិកត្រូវសារអាសនៈចេញ ត្រូវទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើងដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើងដែលមិនទាន់បានលាង បើប្រទេសនោះមានសម្រាម សទ្ធិវិហារិកត្រូវបោសប្រទេសនោះចេញ បើឧបជ្ឈាយ៍ចង់ស្រង់ទឹក សទ្ធិវិហារិកត្រូវចាត់ចែងទឹកសម្រាប់ស្រង់ប្រគេន បើឧបជ្ឈាយ៍ត្រូវការទឹកត្រជាក់ សទ្ធិវិហារិកត្រូវចាត់ចែងទឹកត្រជាក់ប្រគេន បើឧបជ្ឈាយ៍ត្រូវការទឹកក្តៅ សទ្ធិវិហារិកត្រូវចាត់ចែងទឹកក្តៅប្រគេន បើឧបជ្ឈាយ៍ចង់ចូលទៅកាន់ផ្ទះជាទីរក្សាកាយ សទ្ធិវិហារិក ត្រូវសូន្យគ្រឿងលំអិតត្រូវលាយដីស្អិត ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយ ហើយដើរតាមពីខាងក្រោយៗឧបជ្ឈាយ៍ ហើយប្រគេនតាំងសម្រាប់ផ្ទះជាទីរក្សាកាយ រួចទទួលចីវរមកទុកដាក់ ក្នុងទីដ៏សមគួរ ត្រូវប្រគេនគ្រឿងលំអិត ត្រូវប្រគេនដីស្អិត បើសទ្ធិវិហារិកអាចចូលទៅបាន ក៏គប្បីចូលទៅកាន់ផ្ទះជាទីរក្សាកាយ កាលនឹងចូលទៅកាន់ផ្ទះជាទីរក្សាកាយ ត្រូវលាបមុខដោយដីស្អិត ហើយបិទបាំង(កាយ) ពីខាងមុខ ខាងក្រោយ រួចសឹមចូលទៅកាន់ផ្ទះជាទីរក្សាកាយចុះ មិនត្រូវអង្គុយច្រៀតបៀតភិក្ខុជាថេរៈទាំងឡាយ មិនត្រូវហាមឃាត់ភិក្ខុខ្ចី ដោយអាសនៈ ត្រូវធ្វើបរិកម្ម ដល់ឧបជ្ឈាយ៍ក្នុងផ្ទះជាទីរក្សាកាយ កាលឧបជ្ឈាយ៍ដើរចេញពីផ្ទះជាទីរក្សាកាយទៅ សទ្ធិវិហារិក ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយ ហើយបិទបាំង (កាយ) ពីខាងមុខ ខាងក្រោយ រួចសឹមថយចេញពីផ្ទះជាទីរក្សាកាយ សូម្បីក្នុងទឹក សទ្ធិវិហារិក ក៏ត្រូវធ្វើបរិកម្មដល់ឧបជ្ឈាយ៍ លុះស្រង់ទឹករួចហើយ ត្រូវឡើងមកមុន ហើយជូតកាយរបស់ខ្លួនឲ្យស្ងួតទឹកចេញ រួចស្លៀកស្បង់ ហើយត្រូវជូតទឹកពីកាយរបស់ឧបជ្ឈាយ៍ ត្រូវប្រគេនស្បង់ ប្រគេនសង្ឃាដិ (ទៅឧបជ្ឈាយ៍) សទ្ធិវិហារិក ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយដើរចេញមកមុន ហើយរៀបចំអាសនៈចាំ ត្រូវដំកល់ទុកនូវទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើងដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើងដែលមិនទាន់បានលាង ត្រូវសួរឧបជ្ឈាយ៍ដោយទឹកសម្រាប់ឆាន់ បើសទ្ធិវិហារិកចង់រៀនបាលី គប្បីឲ្យឧបជ្ឈាយ៍បង្រៀនចុះ បើសទ្ធិវិហារិក ចង់រៀនអដ្ឋកថា គប្បីរៀនអដ្ឋកថា (នឹងឧបជ្ឈាយ៍)ចុះ ឧបជ្ឈាយ៍នៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើសទ្ធិវិហារិកអាច (នឹងបោសសំអាតបាន) ត្រូវបោសសំអាតចេញ កាលនឹងបោសសំអាតវិហារ ត្រូវនាំយកបាត្រ និងចីវរចេញមកមុន ទៅកម្កល់ទុកក្នុងទីដ៏សមគួរត្រូវនាំយកកម្រាលសម្រាប់អង្គុយ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកពូកនិងខ្នើយ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវលើកគ្រែបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកដោយស្រួល ទៅទុកក្នុងទីដ៏សមគួរ ត្រូវលើកតាំងបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកឲ្យស្រួល ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកទ្រនាប់ជើងគ្រែ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកន្ថោរសម្រាប់ស្តោះទឹកមាត់ ទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវនាំយកក្តារសម្រាប់ផ្អែក ទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវចំណាំទុកនូវកម្រាលផែនដី ដែលគេក្រាលទុកនៅកន្លែងណា ហើយនាំយកទៅទុកក្នុងទីដ៏សមគួរ បើគ្រឿងស្មុកស្មាញ (មានសរសៃពីងពាងជាដើម) មាននៅក្នុងវិហារ សទ្ធិវិហារិកត្រូវបោសចេញពីពិតានជាមុន ត្រូវបោសចំណែកជ្រុងសន្លឹកបង្អួច បើជញ្ជាំងគេលាបដោយថ្នាំរួចហើយ ត្រឡប់ជាមានប្រឡាក់ដោយធូលីជាដើម សទ្ធិវិហារិក ត្រូវជ្រលក់កំណាត់សំពត់ពូត ហើយសឹមជូត បើផ្ទៃ (ផែនដី) ដែលគេបរិកម្មដោយវត្ថុមានពណ៌ខ្មៅរួចហើយ ត្រឡប់ជាមានប្រឡាក់ សទ្ធិវិហារិក ត្រូវជ្រលក់កំណាត់សំពត់ពូត ហើយសឹមជូត បើផ្ទៃ (ផែនដី) គេមិនបានធ្វើបរិកម្មទេ សទ្ធិវិហារិក ត្រូវប្រស់ទឹករួច សឹមជូត ដោយគិតថា វិហារកុំប្រឡាក់ដោយធូលីឡើយ ត្រូវប្រមូលសម្រាមយកទៅចាក់ចោល ក្នុងទីដ៏សមគួរ ត្រូវហាលកម្រាលផែនដី រួចហើយបោកជម្រះ គោះ (ដីចេញឲ្យស្អាត) រួចហើយ សឹមនាំយកទៅក្រាលទុកដូចដែលវិញ ត្រូវហាលទ្រនាប់ជើងគ្រែ ហើយជូត (ឲ្យស្អាត) ហើយនាំយកទៅដម្កល់ទុកក្នុងទីដូចដែលវិញ ត្រូវហាលគ្រែ រួចហើយបោសជម្រះ គោះ (ឲ្យស្អាត) រួចលើកបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកចេញដោយស្រួល ហើយតាំងទុកដូចដែលវិញ ត្រូវសំដិលហាលតាំង ហើយបោសជម្រះ គោះ (ឲ្យស្អាត) ហើយលើកបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកដោយស្រួល ហើយរៀបចំទុកដាក់ដូចដែលវិញ ត្រូវសំដិលពូកនិងខ្នើយ រួចហើយបោសគោះហើ (ឲ្យស្អាត) រួចនាំយកទៅក្រាលទុកដូចដែលវិញ ត្រូវសំដិលកម្រាលសម្រាប់ទ្រាប់អង្គុយ ហើយបោសជម្រះគោះ (ឲ្យស្អាត) រួចនាំយកទៅក្រាលទុកដូចដែលវិញ ត្រូវហាលកន្ថោរសម្រាប់ស្តោះទឹកមាត់ រួចជូត (ឲ្យស្អាត) ហើយនាំយកទៅដម្កល់ទុកក្នុងទីដូចដែលវិញ ត្រូវហាលក្តារសម្រាប់ផ្អែក រួចជូត ហើយនាំយកទៅទុក ក្នុងទីដូចដែលវិញ ត្រូវទុកបាត្រ និងចីវរ (ឲ្យល្អ) កាលដែលនឹងទុកបាត្រ ត្រូវយកដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំង ហើយសឹមទុកបាត្រ តែមិនត្រូវទុកបាត្រលើទីដែលមិនស្អាតឡើយ កាលដែលនឹងទុកចីវរ ត្រូវយកដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្នួរចីវរ ឬខ្សែស្បៀង ហើយបត់ជាយខាងនាយ ឲ្យជាផ្នត់មកខាងអាយ រួចសឹមទុកចីវរចុះ បើខ្យល់មានទាំងធូលី បក់មកអំពីទិសខាងកើត សទ្ធិវិហារិក ត្រូវបិទបង្អួចទិសខាងកើត បើខ្យល់មានទាំងធូលីបក់មកពីទិសខាងលិច សទ្ធិវិហារិក ត្រូវបិទបង្អួចទិសខាងលិច បើខ្យល់មានទាំងធូលីបក់មកពីទិសខាងជើង សទ្ធិវិហារិក ត្រូវបិទបង្អួចទិសខាងជើង បើខ្យល់មានទាំងធូលីបក់មកពីទិសខាងត្បូង សទ្ធិវិហារិក ត្រូវបិទបង្អួចទិសខាងត្បូង បើរដូវត្រជាក់ សទ្ធិវិហារិក ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទបង្អួចក្នុងវេលាយប់ បើរដូវក្តៅ សទ្ធិវិហារិក ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកបង្អួចក្នុងវេលាយប់ បើទីបរិវេណមានសម្រាម ត្រូវបោសបរិវេណចេញ បើបន្ទប់មានសម្រាម ត្រូវបោសបន្ទប់ចេញ បើរោងឆាន់មានសម្រាម ត្រូវបោសរោងឆាន់ចេញ បើរោងភ្លើងមានសម្រាម ត្រូវបោសរោងភ្លើង បើបង្គន់មានសម្រាម ត្រូវបោសបង្គន់ចេញ បើគ្មានទឹកសម្រាប់ឆាន់ទេ ត្រូវដងទឹកសម្រាប់ឆាន់ទុក បើគ្មានទឹកសម្រាប់ប្រើប្រាស់ទេ ត្រូវដងទឹកសម្រាប់ប្រើប្រាស់ទុក បើទឹកក្នុងក្អមសម្រាប់ជម្រះមិនមាន សទ្ធិវិហារិក ត្រូវចាក់ទឹកទៅក្នុងក្អមសម្រាប់ជម្រះ បើសេចក្តីអផ្សុកកើតឡើងដល់ឧបជ្ឈាយ៍ សទ្ធិវិហារិក ត្រូវរម្ងាប់ដោយខ្លួនឯង ឬត្រូវឲ្យគេជួយរម្ងាប់ ឬនិយាយធម្មកថា ដល់ឧបជ្ឈាយ៍នោះ បើសេចក្តីសង្ស័យកើតឡើង ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវបន្ទោបង់ដោយខ្លួនឯង ឬត្រូវរកគេឲ្យជួយបន្ទោបង់ ឬនិយាយធម្មកថា ដល់ឧបជ្ឈាយ៍នោះ បើទិដ្ឋិអាក្រក់ កើតឡើងដល់ឧបជ្ឈាយ៍ សទ្ធិវិហារិក ត្រូវជួយដោះស្រាយដោយខ្លួនឯង ឬត្រូវឲ្យគេជួយដោះស្រាយ ឬនិយាយធម្មកថា ដល់ឧបជ្ឈាយ៍នោះ បើឧបជ្ឈាយ៍ត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគួរឲ្យបរិវាសដល់ ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់មូលាយបដិកស្សនៈ គឺទាញមកដាក់ក្នុងមូលាបត្តិ សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញឧបជ្ឈាយ៍ មកដាក់ក្នុងមូលាបត្តិ ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់មានត្ត សទ្ធិវិហារិក ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្ត ដល់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់អព្ភានកម្ម សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យអព្ភានកម្ម ដល់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើសង្ឃប្រាថ្នានឹងធ្វើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិក ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃមិនគប្បីធ្វើកម្ម ឬគប្បីបន្អោនទៅដើម្បីកម្មស្រាល ដល់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ ប្រសិនបើសង្ឃបានធ្វើកម្ម គឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់ឧបជ្ឈាយ៍នោះរួចហើយ សទ្ធិវិហារិក ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ឧបជ្ឈាយ៍ គប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្លបរោម គប្បីប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម សង្ឃគប្បីរម្ងាប់កម្មនោះ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់ឧបជ្ឈាយ៍គួរនឹងលាង សទ្ធិវិហារិកត្រូវលាង ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គួរនឹងលាងចីវររបស់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់ឧបជ្ឈាយ៍ ជាសំពត់គួរធ្វើ សទ្ធិវិហារិកត្រូវធ្វើ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គួរនឹងធ្វើចីវរដល់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់ឧបជ្ឈាយ៍គួរស្ងោរ សទ្ធិវិហារិក ត្រូវស្ងោរ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា នឹងគប្បីស្ងោរគ្រឿងជ្រលក់ របស់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់ឧបជ្ឈាយ៍គួរជ្រលក់ សទ្ធិវិហារិក ត្រូវជ្រលក់ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា នឹងគប្បីជ្រលក់ចីវររបស់ឧបជ្ឈាយ៍ ដោយឧបាយដូចម្តេចហ្ន៎ កាលនឹងជ្រលក់ចីវរ ត្រូវជ្រលក់ ប្រែត្រឡប់ឲ្យសព្វល្អ បើដំណក់ទឹកមិនទាន់ដាច់ទេ សទ្ធិវិហារិក មិនត្រូវចៀសចេញទៅឡើយ សទ្ធិវិហារិកមិនទាន់ប្រាប់ឧបជ្ឈាយ៍ មិនត្រូវឲ្យបាត្រដល់ភិក្ខុណាមួយ មិនត្រូវទទួលយកបាត្ររបស់ភិក្ខុណាមួយ មិនត្រូវឲ្យចីវរ ដល់ភិក្ខុណាមួយ មិនត្រូវទទួលចីវររបស់ភិក្ខុណាមួយ មិនត្រូវឲ្យគ្រឿងបរិក្ខារ ដល់ភិក្ខុណាមួយ មិនត្រូវទទួលបរិក្ខាររបស់ភិក្ខុណាមួយ មិនត្រូវកោរសក់ ដល់ភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយកោរសក់ឲ្យ មិនត្រូវធ្វើបរិកម្ម ដល់ភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយ ធ្វើបរិកម្ម (ដល់ខ្លួន) មិនត្រូវធ្វើសេចក្តីខ្វាល់ខ្វាយ ដល់ភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយ ធ្វើសេចក្តីខ្វល់ខ្វាយ (ដល់ខ្លួន) មិនត្រូវធ្វើជាបច្ឆាសមណៈរបស់ភិក្ខុណាមួយ មិនត្រូវយកភិក្ខុណាមួយ ជាបច្ឆាសមណៈ (របស់ខ្លួន) មិនត្រូវនាំចង្ហាន់បិណ្ឌបាត ទៅឲ្យភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយ នាំបិណ្ឌបាតមកឲ្យ (ខ្លួន) សទ្ធិវិហារិកមិនបានលាឧបជ្ឈាយ៍ មិនត្រូវចូលទៅកាន់ស្រុក មិនត្រូវទៅកាន់ព្រៃស្មសាន មិនត្រូវចៀសចេញទៅកាន់ទិស បើឧបជ្ឈាយ៍មានជម្ងឺ សទ្ធិវិហារិក ត្រូវនៅបម្រើអស់កាល ដែលលោកមានជីវិតរស់នៅ ត្រូវរង់ចាំលោកទាល់តែសះជារោគ ម្នាលភិក្ខុទាំងឡាយ ទាំងនេះជា ឧបជ្ឈាយវត្ត របស់សទ្ធិវិហារិកទាំងឡាយ តាមទំនងដែលសទ្ធិវិហារិក ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍ទាំងឡាយ។

(សទ្ធិវិហារិកវត្តកថា ទី១២)

(១២. សទ្ធិវិហារិកវត្តកថា)

[១០៤] សម័យនោះឯង ឧបជ្ឈាយ៍ទាំងឡាយ ពុំបានប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិកទាំងឡាយឡើយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើឧបជ្ឈាយ៍ទាំងឡាយ មិនប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិកទាំងឡាយសោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ឧបជ្ឈាយ៍ទាំងឡាយ មិនប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិកទាំងឡាយ ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត សទ្ធិវិហារិកវត្ត ដល់ឧបជ្ឈាយ៍ទាំងឡាយ តាមទំនងដែលឧបជ្ឈាយ៍ទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងពួកភិក្ខុជាសទ្ធិវិហារិក។

[១០៥] ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិក។ ឯការដែលប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិកនោះ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវសង្គ្រោះ និងអនុគ្រោះសទ្ធិវិហារិក ដោយបាលី ដោយអដ្ឋកថា ដោយដម្បូន្មាន ដោយការប្រៀនប្រដៅ បើឧបជ្ឈាយ៍មានបាត្រ សទ្ធិវិហារិកគ្មានបាត្រ ឧបជ្ឈាយ៍ត្រូវឲ្យបាត្រទៅសទ្ធិវិហារិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា បាត្រគប្បីកើតដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍មានចីវរ សទ្ធិវិហារិកគ្មានចីវរ ឧបជ្ឈាយ៍ត្រូវឲ្យចីវរទៅសទ្ធិវិហារិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវរគប្បីកើតដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍មានគ្រឿងបរិក្ខារ សទ្ធិវិហារិកគ្មានគ្រឿងបរិក្ខារ ឧបជ្ឈាយ៍ត្រូវឲ្យគ្រឿងបរិក្ខារទៅសទ្ធិវិហារិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងបរិក្ខារ គប្បីកើតឡើងដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកមានជម្ងឺ ឧបជ្ឈាយ៍ត្រូវក្រោកឡើងពីព្រឹក ហើយឲ្យឈើស្ទន់ ឲ្យទឹកលុបមុខ ក្រាលអាសនៈ បើមានបបរ ត្រូវឧបជ្ឈាយ៍លាងភាជន៍ ហើយបង្អោនបបរទៅឲ្យ កាលសទ្ធិវិហារិកហុតបបររួចហើយ ឧបជ្ឈាយ៍ត្រូវឲ្យទឹក រួចទទួលភាជន៍យកមកវិញ កាន់បន្ទាប កុំឲ្យទង្គិច (នឹងអ្វីៗ) លាងរួចហើយ ទុកដាក់ឲ្យល្អ កាលបើសទ្ធិវិហារិកក្រោកចេញហើយ ឧបជ្ឈាយ៍ត្រូវសារអាសនៈទុក បើប្រទេសនោះមានសម្រាម ឧបជ្ឈាយ៍ត្រូវបោសប្រទេសនោះចេញ បើសទ្ធិវិហារិក មានប្រាថ្នានឹងចូលទៅកាន់ស្រុក ឧបជ្ឈាយ៍ត្រូវឲ្យស្បង់សម្រាប់ស្លៀក ត្រូវទទួលយកស្បង់បន្លាស់មកវិញ ត្រូវឲ្យវត្ថពន្ធចង្កេះ ត្រូវដម្រួតឧត្តរាសង្គៈ និងសង្ឃាដិហើយឲ្យ ត្រូវជូតបាត្រដែលទទឹក ហើយសឹមឲ្យ ឧបជ្ឈាយ៍ត្រូវក្រាលអាសនៈទុក ដោយគិតថា ពេលថ្មើនេះ សទ្ធិវិហារិក មុខជានឹងត្រឡប់មកវិញ ត្រូវដំកល់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង ត្រូវក្រោកឡើង ទៅទទួលបាត្រ និងចីវរ ត្រូវឲ្យស្បង់បន្លាស់ ហើយទទួលយកស្បង់ ដែលស្លៀកមកវិញ បើចីវរសើម ឬជាំដាម (ដោយញើសក្អែល) ត្រូវសំដិលចីវរក្នុងកំដៅថ្ងៃ១ស្របក់ តែកុំទុកចីវរក្នុងកំដៅថ្ងៃ (ឲ្យយូរពេក) ត្រូវបត់ចីវរ (យកមកទុក) កាលនឹងបត់ចីវរ ត្រូវលើកជាយចីវរឲ្យហួសពីគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យបាក់ផ្នត់ពាក់កណ្តាលឡើយ ត្រូវធ្វើវត្ថពន្ធចង្កេះក្នុងផ្នត់ចីវរ បើមានអាហារបិណ្ឌបាត សទ្ធិវិហារិកត្រូវការនឹងឆាន់ ឧបជ្ឈាយ៍ត្រូវឲ្យទឹក ហើយបង្អោនអាហារបិណ្ឌបាតចូលទៅឲ្យ ត្រូវសួរសទ្ធិវិហារិកដោយទឹកឆាន់ លុះសទ្ធិវិហារិកឆាន់រួចហើយ ឧបជ្ឈាយ៍ត្រូវឲ្យទឹក ហើយទទួលយកបាត្រមកវិញ កាន់បន្ទាប កុំឲ្យទង្គិច (នឹងអ្វីៗ) លាងឲ្យស្អាត ហើយជូតទឹកឲ្យស្ងួត ហើយហាលថ្ងៃ១ស្របក់ តែមិនត្រូវទុកបាត្រក្នុងកំដៅថ្ងៃ (ឲ្យយូរពេកឡើយ) ត្រូវទុកដាក់បាត្រ និងចីវរ កាលនឹងរៀបទុកដាក់បាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំង ហើយសឹមទុកដាក់បាត្រ តែមិនត្រូវទុកដាក់បាត្រលើទីដែលមិនស្អាតឡើយ កាលនឹងរៀបចំទុកដាក់ចីវរ ដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្នួរចីវរ ឬខ្សែស្បៀង ហើយធ្វើជាយខាងនាយ ឲ្យជាផ្នត់មកខាងអាយ រួចសឹមទុកដាក់ចីវរ កាលសទ្ធិវិហារិកក្រោកឡើង ឧបជ្ឈាយ៍ត្រូវសារអាសនៈ រៀបចំទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង បើប្រទេសនោះមានសម្រាម ឧបជ្ឈាយ៍ត្រូវបោសប្រទេសនោះចេញ បើសទ្ធិវិហារិកចង់ងូតទឹក ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកសម្រាប់ងូតឲ្យ បើសទ្ធិវិហារិកត្រូវការទឹកត្រជាក់ ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកត្រជាក់ឲ្យ បើសទ្ធិវិហារិកត្រូវការទឹកក្តៅ ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកក្តៅឲ្យ បើសទ្ធិវិហារិកចង់ចូលទៅកាន់ផ្ទះជាទីរក្សាកាយ ឧបជ្ឈាយ៍ត្រូវសូន្យគ្រឿងលំអិត ត្រូវលាយដីស្អិត ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយទៅ ហើយប្រគល់តាំងសម្រាប់ផ្ទះជាទីរក្សាកាយ ដល់(សទ្ធិវិហារិក) ហើយទទួលយកចីវរមកទុកដាក់ក្នុងទីដ៏សមគួរ ឧបជ្ឈាយ៍ត្រូវឲ្យគ្រឿងលំអិត ត្រូវឲ្យដីស្អិតដល់ (សទ្ធិវិហារិក) បើឧបជ្ឈាយ៍អាចនឹងចូលទៅកាន់ (ផ្ទះជាទីរក្សាកាយបាន) ត្រូវចូលទៅកាន់ផ្ទះជាទីរក្សាកាយចុះ កាលនឹងចូលទៅកាន់ផ្ទះជាទីរក្សាកាយ ត្រូវយកដីស្អិតលាបមុខ រួចបិទបាំង (កាយ) ទាំងខាងមុខ ទាំងខាងក្រោយ ហើយសឹមចូលទៅកាន់ផ្ទះជាទីរក្សាកាយ មិនត្រូវអង្គុយជ្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវហាមពួកភិក្ខុខ្ចីដោយអាសនៈ ត្រូវធ្វើបរិកម្ម ដល់សទ្ធិវិហារិកក្នុងផ្ទះជាទីរក្សាកាយ កាលនឹងចេញពីផ្ទះជាទីរក្សាកាយ ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយចេញ ហើយបិទបាំង (កាយ) ទាំងខាងមុខ ខាងក្រោយ រួចសឹមចេញពីផ្ទះជាទីរក្សាកាយ សូម្បីក្នុងទឹក ឧបជ្ឈាយ៍ ក៏ត្រូវតែធ្វើបរិកម្ម ដល់សទ្ធិវិហារិកដែរ ងូតរួចហើយ ឧបជ្ឈាយ៍ ត្រូវឡើងមកមុន ជូតកាយរបស់ខ្លួនឲ្យស្ងួតទឹក ហើយស្លៀកស្បង់ រួចត្រូវជូតទឹកអំពីកាយរបស់សទ្ធិវិហារិក ហុចស្បង់សម្រាប់ស្លៀក ហុចសង្ឃាដិទៅឲ្យ (សទ្ធិវិហារិក) ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយចេញមកមុន ហើយក្រាលអាសនៈចាំ ត្រូវដម្កល់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង ត្រូវសួរសទ្ធិវិហារិកដោយទឹកសម្រាប់ឆាន់ សទ្ធិវិហារិកនៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើឧបជ្ឈាយ៍អាចនឹង (បោសសំអាតបាន) ត្រូវសំអាតចេញ កាលនឹងសំអាតវិហារ ត្រូវនាំយកបាត្រ និងចីវរចេញជាមុន ទៅទុកក្នុងទីដ៏សមគួរ។បេ។ បើទឹកក្នុងក្អមសម្រាប់ជម្រះគ្មាន ឧបជ្ឈាយ៍ ត្រូវចាក់ទឹកទៅក្នុងក្អមសម្រាប់ជម្រះ បើសេចក្តីអផ្សុក កើតឡើងដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវរម្ងាប់ ដោយខ្លួនឯង ឬត្រូវឲ្យគេជួយរម្ងាប់ ឬធ្វើធម្មកថា ដល់សទ្ធិវិហារិកនោះ បើសេចក្តីសង្ស័យកើតឡើង ដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវបន្ទោបង់ដោយខ្លួនឯង ឬឲ្យគេជួយបន្ទោបង់ ឬធ្វើធម្មកថា ដល់សទ្ធិវិហារិកនោះ បើទិដ្ឋិ (អាក្រក់) កើតឡើងដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវដោះស្រាយ ដោយខ្លួនឯង ឬឲ្យគេជួយដោះស្រាយ ឬធ្វើធម្មកថា ដល់សទ្ធិវិហារិកនោះ បើសទ្ធិវិហារិកត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគួរឲ្យបរិវាស ដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់មូលាយបដិកស្សនៈ គឺទាញមកដាក់ក្នុងមូលាបត្តិ ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញសទ្ធិវិហារិក មកដាក់ក្នុងមូលាបត្តិ ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់មានត្ត ឧបជ្ឈាយ៍ ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្ត ដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិក គួរដល់អព្ភានកម្ម ឧបជ្ឈាយ៍ត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យអព្ភានកម្ម ដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើសង្ឃចង់ធ្វើកម្ម គឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សូមកុំឲ្យសង្ឃធ្វើកម្ម ឬបង្អោនទៅ ដើម្បីកម្មស្រាល ដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ ម្យ៉ាងទៀត តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃបានធ្វើ ដល់សទ្ធិវិហារិកនោះរួចហើយ ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សទ្ធិវិហារិក គប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្លបរោម គប្បីប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម សង្ឃគប្បីរម្ងាប់នូវកម្មនោះ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិកគួរនឹងលាង ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកគប្បីលាងយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគួរនឹងលាង ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិកគួរនឹងធ្វើ ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកគប្បីធ្វើចីវរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិកគួរនឹងធ្វើដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់សទ្ធិវិហារិក គួរនឹងស្ងោរ ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកត្រូវស្ងោរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់សទ្ធិវិហារិក គួរនឹងស្ងោរដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិកគួរនឹងជ្រលក់ ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកត្រូវជ្រលក់ចីវរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិក គួរនឹងជ្រលក់ដោយឧបាយដូចម្តេចហ្ន៎ កាលនឹងជ្រលក់ចីវរ ត្រូវជ្រលក់ប្រែត្រឡប់ឲ្យសព្វស្មើល្អ បើដំណក់ទឹកស្រក់មិនទាន់អស់ ឧបជ្ឈាយ៍កុំអាលដើរចេញ បើសទ្ធិវិហារិក មានជម្ងឺ ឧបជ្ឈាយ៍ត្រូវថែទាំដរាបអស់កាលដែលមានជីវិតរស់នៅ ត្រូវរង់ចាំដរាបសទ្ធិវិហារិកសះជាជម្ងឺ ម្នាលភិក្ខុទាំងឡាយ ទាំងនេះជា សទ្ធិវិហារិកវត្ត របស់ឧបជ្ឈាយ៍ តាមទំនងដែលឧបជ្ឈាយ៍ទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិកទាំងឡាយ។

ចប់ ភាណវារៈជាគំរប់ពីរ។

(អាចរិយវត្តកថា ទី១៣)

(១៣. អាចរិយវត្តកថា)

[១០៦] សម័យនោះឯង ពួកអន្តេវាសិក មិនបានប្រព្រឹត្តដោយប្រពៃក្នុងអាចារ្យទាំងឡាយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ ពួកអន្តេវាសិក មិនប្រព្រឹត្តដោយប្រពៃ ក្នុងអាចារ្យទាំងឡាយសោះ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកអន្តេវាសិក មិនបានប្រព្រឹត្តដោយប្រពៃ ក្នុងអាចារ្យទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ ទ្រង់បន្ទោស ហើយធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត អាចរិយវត្ត ដល់ពួកភិក្ខុជាអន្តេវាសិក តាមទំនងដែលពួកភិក្ខុជាអន្តេវាសិក ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងអាចារ្យទាំងឡាយ។

[១០៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអន្តេវាសិក ត្រូវប្រព្រឹត្តដោយប្រពៃក្នុងអាចារ្យ។ ឯការប្រព្រឹត្តដោយប្រពៃ ក្នុងអាចា្យនោះ ដូច្នេះ គឺអន្តេវាសិកត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើង ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេនទឹកសម្រាប់លាងមុខ ក្រាលអាសនៈទុក បើបបរមាន អន្តេវាសិកត្រូវលាងភាជន៍ ហើយបង្អោនបបរទៅប្រគេន កាលបើអាចារ្យហុតបបររួចហើយ អន្តេវាសិកត្រូវប្រគេនទឹក ហើយទទួលភាជន៍មកវិញ កាន់បន្ទាប កុំឲ្យទង្គិចនឹង (អ្វីៗ) ហើយលាងឲ្យស្អាត រួចរៀបចំទុកដាក់ កាលបើអាចារ្យក្រោកចេញហើយ អន្តេវាសិកត្រូវសារអាសនៈចេញ បើប្រទេសនោះមានសម្រាម អន្តេវាសិក ត្រូវបោសប្រទេសនោះចេញ បើអាចារ្យចង់ចូលទៅកាន់ស្រុក អន្តេវាសិក ត្រូវប្រគេនស្បង់សម្រាប់ស្លៀក ហើយទទួលយកស្បង់បន្លាស់មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ តម្រួតឧត្តរាសង្គៈ និងសង្ឃាដិហើយប្រគេន ត្រូវជូតបាត្រដែលទទឹក ហើយសឹមប្រគេន បើអាចារ្យចង់បានភិក្ខុជាបច្ឆាសមណៈ អន្តេវាសិកត្រូវបិទបាំងមណ្ឌលបី គឺស្លៀកស្បង់ឲ្យជាបរិមណ្ឌល ក្រវាត់វត្ថពន្ធចង្កេះ ហើយតម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ហើយឃ្លុំ ពាក់ឡេវក្ឌុំ លាងបាត្រ ហើយកាន់យកទៅធ្វើជាបច្ឆាសមណៈ នៃអាចារ្យ កុំដើរឆ្ងាយពេក កុំដើរជិតពេក ត្រូវចាំទទួលយកវត្ថុ ដែលគេដាក់ចុះក្នុងបាត្រ កាលបើអាចារ្យកំពុងនិយាយ អន្តេវាសិក មិនត្រូវនិយាយស្កាត់ពាក្យក្នុងចន្លោះៗឡើយ កាលបើអាចារ្យនិយាយពាក្យ ដែលជិតនឹងត្រូវអាបត្តិ អន្តេវាសិកត្រូវឃាត់ កាលនឹងត្រឡប់មក អន្តេវាសិក ត្រូវស្រូតមកមុន ហើយក្រាលអាសនៈចាំ ត្រូវដម្កល់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង រួចក្រោកទៅទទួលបាត្រ និងចីវរ ប្រគេនស្បង់បន្លាស់ ទទួលយកស្បង់ដែលស្លៀកមកវិញ បើចីវរសើម ឬជាំដាម (ដោយញើស) អន្តេវាសិក ត្រូវសំដិលក្នុងទីមានកំដៅថ្ងៃមួយស្របក់ តែកុំទុកចីវរក្នុងទីមានកំដៅថ្ងៃ (ឲ្យយូរពេក) ត្រូវបត់ចីវរទុក កាលនឹងបត់ចីវរ ត្រូវលើកជាយ ឲ្យហួសពីគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យចីវរបាក់ផ្នត់ត្រង់ពាក់កណ្តាលឡើយ ត្រូវធ្វើវត្ថពន្ធចង្កេះក្នុងផ្នត់ចីវរ បើមានចង្ហាន់បិណ្ឌបាត ហើយអាចារ្យចង់ឆាន់ អន្តេវាសិក ត្រូវប្រគេនទឹក ហើយបង្អោនបិណ្ឌបាតទៅប្រគេន ត្រូវសួរអាចារ្យដោយទឹកឆាន់ លុះអាចារ្យឆាន់រួចហើយ អន្តេវាសិកត្រូវប្រគេនទឹក ហើយទទួលយកបាត្រមកវិញ កាន់បន្ទាប កុំឲ្យទង្គិចទង្គុក (នឹងអ្វីៗ) ហើយលាងឲ្យស្អាត ជូតឲ្យស្ងួតទឹក រួចហាលក្នុងកំដៅថ្ងៃមួយស្របក់ តែកុំទុកបាត្រចោលក្នុងកំដៅថ្ងៃ (ឲ្យយូរពេក) អន្តេវាសិក ត្រូវទុកបាត្រ និងចីវរ កាលនឹងទុកបាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំង ហើយសឹមទុកបាត្រ តែមិនត្រូវទុកបាត្រ ក្នុងទីដែលមិនស្អាតឡើយ កាលនឹងទុកចីវរ ត្រូវយកដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្នួរចីវរ ឬខ្សែស្បៀង ធ្វើជាយខាងនាយ ឲ្យជាផ្នត់មកខាងអាយ ហើយសឹមទុកចីវរចុះ កាលបើអាចារ្យក្រោកចេញ អន្តេវាសិក ត្រូវសារអាសនៈចេញ ត្រូវទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង បើប្រទេសនោះមានសម្រាម អន្តេវាសិកត្រូវបោសប្រទេសនោះចេញ បើអាចារ្យចង់ស្រង់ទឹក អន្តេវាសិក ត្រូវចាត់ចែងទឹកសម្រាប់ស្រង់ប្រគេន បើអាចារ្យត្រូវការទឹកត្រជាក់ អន្តេវាសិកត្រូវចាត់ចែងទឹកត្រជាក់ប្រគេន បើអាចារ្យត្រូវការទឹកក្តៅ អន្តេវាសិកត្រូវចាត់ចែងទឹកក្តៅប្រគេន បើអាចារ្យចង់ចូលទៅកាន់ផ្ទះជាទីរក្សាកាយ អន្តេវាសិកត្រូវសូន្យគ្រឿងលំអិត ត្រូវលាយដីស្អិត ហើយកាន់យកតាំង សម្រាប់ផ្ទះជាទីរក្សាកាយ ដើរតាមក្រោយអាចារ្យ ហើយប្រគេនតាំងសម្រាប់ផ្ទះជាទីរក្សាកាយ រួចទទួលយកចីវរមកទុកដាក់ក្នុងទីដ៏សមគួរ ត្រូវប្រគេនគ្រឿងលំអិត ត្រូវប្រគេនដីស្អិត បើអន្តេវាសិកអាច (នឹងចូលទៅបាន) គប្បីចូលទៅកាន់ផ្ទះជាទីរក្សាកាយ កាលនឹងចូលទៅកាន់ផ្ទះជាទីរក្សាកាយ ត្រូវលាបមុខដោយដីស្អិត ហើយបិទបាំង (កាយ) ទាំងខាងមុខ ទាំងខាងក្រោយ រួចសឹមចូលទៅកាន់ផ្ទះជាទីរក្សាកាយ មិនត្រូវអង្គុយច្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវហាមឃាត់ពួកភិក្ខុខ្ចី ដោយអាសនៈ ត្រូវធ្វើបរិកម្ម ដល់អាចារ្យក្នុងផ្ទះជាទីរក្សាកាយ កាលនឹងចេញពីផ្ទះជាទីរក្សាកាយ អន្តេវាសិក ត្រូវកាន់យកតាំងសម្រាប់ផ្ទះជាទីរក្សាកាយ ហើយបិទបាំង (កាយ) ទាំងខាងមុខ ទាំងខាងក្រោយ រួចសឹមចេញពីផ្ទះជាទីរក្សាកាយ សូម្បីក្នុងទឹក អន្តេវាសិក ក៏ត្រូវតែធ្វើបរិកម្ម ដល់អាចារ្យដែរ កាលអន្តេវាសិកងូតរួចហើយ ត្រូវឡើងមកមុន ហើយជូតកាយរបស់ខ្លួនឲ្យស្ងួតទឹក ស្លៀកស្បង់ រួចត្រូវជូតទឹកពីកាយរបស់អាចារ្យ ត្រូវប្រគេនស្បង់ ប្រគេនសង្ឃាដិ ត្រូវកាន់យកតាំងសម្រាប់ផ្ទះជាទីរក្សាកាយ ដើរចេញមកមុន ហើយក្រាលអាសនៈចាំ ត្រូវដំកល់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង ត្រូវសួរអាចារ្យដោយទឹកសម្រាប់ឆាន់ បើអន្តេវាសិក ចង់ឲ្យអាចារ្យបង្រៀនបាលី ត្រូវឲ្យលោកបង្រៀនចុះ បើអន្តេវាសិក ចង់រៀនអដ្ឋកថា គប្បីរៀនអដ្ឋកថា(នឹងអាចារ្យចុះ) អាចារ្យនៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើអន្តេវាសិកអាច (នឹងបោសសំអាតបាន) ត្រូវបោសសំអាតចេញ កាលនឹងបោសសំអាតវិហារ ត្រូវនាំយកបាត្រ និងចីវរចេញមកមុន ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកម្រាលសម្រាប់អង្គុយ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកពូក និងខ្នើយ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវលើកគ្រែបន្ទាប កុំឲ្យទង្គិចទង្គុក កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកឲ្យស្រួល ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវលើកបន្ទាបតាំង កុំឲ្យទង្គិចទង្គុក កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកឲ្យស្រួល ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកទ្រនាប់ជើងគ្រែ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកន្ថោរ សម្រាប់ស្តោះទឹកមាត់ ទៅដំកល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកក្តារសម្រាប់ផ្អែកទៅដំកល់ទុកក្នុងទីដ៏សមគួរ ត្រូវកំណត់ចាំទុកនូវកម្រាលផែនដី ដែលគេក្រាលទុកនៅកន្លែងណា ហើយនាំយកទៅទុកក្នុងទីដ៏សមគួរ បើក្នុងវិហារមានគ្រឿងស្មុកស្មាញ (មានសរសៃពីងពាងជាដើម) អន្តេវាសិក ត្រូវបោសពីពិតានចុះមកជាមុន ត្រូវជូតចំណែកជ្រុងសន្លឹកបង្អួច បើជញ្ជាំង ដែលគេបរិកម្មដោយថ្នាំរួចហើយ ត្រឡប់ជាមានប្រឡាក់ អន្តេវាសិកត្រូវជ្រលក់កំណាត់សំពត់ ពូតហើយសឹមជូត បើផ្ទៃផែនដី ដែលគេបរិកម្មដោយវត្ថុមានពណ៌ខ្មៅរួចហើយ ត្រឡប់ជាមានប្រឡាក់ អន្តេវាសិក ត្រូវជ្រលក់កំណាត់សំពត់ ពូតចេញ រួចហើយសឹមជូត បើផ្ទៃគេមិនបានបរិកម្មទេ អន្តេវាសិក ត្រូវប្រស់ដោយទឹក រួចសឹមជូត ដោយគិតថា វិហារកុំប្រឡាក់ដោយធូលីឡើយ ត្រូវប្រមូលសម្រាមយកទៅចាក់ចោលក្នុងទីដ៏សមគួរ លុះអន្តេវាសិក ហាលកម្រាលផែនដី ហើយ ជម្រះគោះ (ដីចេញឲ្យស្អាត) រួចហើយសឹមនាំយកទៅក្រាលទុកដូចដែលវិញ ត្រូវហាលទ្រនាប់ជើងគ្រែ រួចហើយជូត (ឲ្យស្អាត) ហើយនាំយកទៅដម្កល់ទុកក្នុងទីដូចដែលវិញ ត្រូវហាលគ្រែ រួចហើយជម្រះគោះ (ឲ្យស្អាត) រួចលើកបន្ទាប កុំឲ្យទង្គិចទង្គុក កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកទៅដោយស្រួល ហើយតាំងទុកដូចដែលវិញ ត្រូវហាលតាំង រួចហើយត្រូវជម្រះគោះ (ឲ្យស្អាត) ហើយលើកបន្ទាប កុំឲ្យទង្គិចទង្គុក កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកទៅដោយស្រួល តាំងទុកដូចដែលវិញ ត្រូវហាលពូក និងខ្នើយ ហើយជម្រះគោះ (ឲ្យស្អាត) ហើយនាំយកទៅរៀបចំទុកដាក់ដូចដែលវិញ ត្រូវសំដិលកម្រាលសម្រាប់ទ្រាប់អង្គុយ ហើយជម្រះគោះ (ឲ្យស្អាត) រួចនាំយកទៅក្រាលទុកដូចដែលវិញ ត្រូវហាលកន្ថោរសម្រាប់ស្តោះទឹកមាត់ រួចហើយជូត (ឲ្យស្អាត) ហើយនាំយកទៅដម្កល់ទុកក្នុងទីដូចដែលវិញ ត្រូវហាលផែនក្តារសម្រាប់ផ្អែក រួចជូត (ឲ្យស្អាត) ហើយនាំយកទៅដម្កល់ទុកក្នុងទីដូចដែលវិញ អន្តេវាសិក ត្រូវទុកដាក់បាត្រ និងចីវរ កាលនឹងទុកបាត្រ ត្រូវយកដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំង រួចហើយសឹមទុកដាក់បាត្រ តែមិនត្រូវទុកបាត្រលើទីដែលមិនស្អាតឡើយ អន្តេវាសិក កាលនឹងទុកចីវរ ត្រូវយកដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្នួរចីវរ ឬខ្សែស្បៀង ហើយធ្វើជាយខាងនាយ ឲ្យជាផ្នត់មកខាងអាយ ហើយសឹមទុកចីវរ បើមានខ្យល់ទាំងធូលីបក់មកពីទិសខាងកើត អន្តេវាសិក ត្រូវបិទបង្អួចទិសខាងកើត បើខ្យល់មានទាំងធូលីបក់មកពីទិសខាងលិច អន្តេវាសិក ត្រូវបិទបង្អួចទិសខាងលិច បើខ្យល់មានទាំងធូលីបក់មកពីទិសខាងជើង អន្តេវាសិក ត្រូវបិទបង្អួចទិសខាងជើង បើខ្យល់មានទាំងធូលីបក់មកពីទិសខាងត្បូង អន្តេវាសិក ត្រូវបិទបង្អួចទិសខាងត្បូង បើរដូវត្រជាក់ អន្តេវាសិកត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទក្នុងវេលាយប់ បើរដូវក្តៅ អន្តេវាសិកត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកក្នុងវេលាយប់ បើទីបរិវេណមានសម្រាម អន្តេវាសិកត្រូវបោសបរិវេណចេញ បើបន្ទប់មានសម្រាម អន្តេវាសិកត្រូវបោសបន្ទប់ចេញ បើរោងឆាន់មានសម្រាម អន្តេវាសិកត្រូវបោសរោងឆាន់ចេញ បើរោងភ្លើងមានសម្រាម អន្តេវាសិកត្រូវបោសរោងភ្លើងចេញ បើវច្ចកុដិមានសម្រាម អន្តេវាសិកត្រូវបោសវច្ចកុដិចេញ បើគ្មានទឹកសម្រាប់ឆាន់ អន្តេវាសិក ត្រូវដំកល់ទឹកសម្រាប់ឆាន់ទុក បើគ្មានទឹកសម្រាប់ប្រើប្រាស់ អន្តេវាសិកត្រូវដំកល់ទឹកសម្រាប់ប្រើប្រាស់ បើទឹកក្នុងក្អមសម្រាប់ជម្រះគ្មាន អន្តេវាសិក ត្រូវចាក់ទឹកក្នុងក្អមសម្រាប់ជម្រះ បើសេចក្តីអផ្សុកកើតឡើងដល់អាចារ្យ អន្តេវាសិក ត្រូវបំបាត់ដោយខ្លួនឯង ឬត្រូវឲ្យគេជួយបំបាត់ ឬធ្វើធម្មកថា ដល់អាចារ្យនោះ បើសេចក្តីសង្ស័យកើតឡើងដល់អាចារ្យ អន្តេវាសិកត្រូវបន្ទោបង់ដោយខ្លួនឯង ឬត្រូវឲ្យគេជួយបន្ទោបង់ ឬធ្វើធម្មកថាដល់អាចារ្យនោះ បើទិដ្ឋិ (សេចក្តីយល់ខុស) កើតឡើងដល់អាចារ្យ អន្តេវាសិក ត្រូវដោះស្រាយដោយខ្លួនឯង ឬត្រូវឲ្យគេជួយដោះស្រាយ ឬធ្វើធម្មកថាដល់អាចារ្យនោះ បើអាចារ្យត្រូវគរុកាបត្តិ គួរដល់បរិវាសកម្ម អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យបរិវាសកម្មដល់អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរដល់មូលាយបដិកស្សនៈ (ទាញមកដាក់ក្នុងមូលាបត្តិ) អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអាចារ្យ មកដាក់ក្នុងមូលាបត្តិ ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរដល់មានត្ត អន្តេវាសិក ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យគួរដល់អព្ភានកម្ម អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ដល់អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ បើសង្ឃមានប្រាថ្នាដើម្បីធ្វើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់អាចារ្យហើយ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើកម្មដល់អាចារ្យ ឬសង្ឃបង្អោនទៅ ដើម្បីកម្មដ៏ស្រាល ដល់អាចារ្យ ដោយឧបាយដូចម្តេចហ្ន៎ មួយវិញទៀត បើកម្ម គឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដែលសង្ឃបានធ្វើដល់អាចារ្យរួចហើយ អន្តេវាសិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អាចារ្យគប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្លបរោម គប្បីប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកកម្ម សង្ឃគប្បីរម្ងាប់នូវកម្មនោះ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អាចារ្យគួរនឹងលាង អន្តេវាសិកត្រូវលាងប្រគេន ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អាចារ្យគួរនឹងលាងដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អាចារ្យគួរនឹងធ្វើ អន្តេវាសិកត្រូវធ្វើប្រគេន ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អាចារ្យគួរនឹងធ្វើ ដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់អាចារ្យគួរនឹងស្ងោរ អន្តេវាសិកត្រូវស្ងោរប្រគេន ឬធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់អាចារ្យគួរនឹងស្ងោរ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អាចារ្យគួរនឹងជ្រលក់ អន្តេវាសិកត្រូវជ្រលក់ប្រគេន ឬធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អាចារ្យគួរនឹងជ្រលក់ ដោយឧបាយដូចម្តេចហ្ន៎ អន្តេវាសិកកាលនឹងជ្រលក់ចីវរ ត្រូវជ្រលក់ប្រែត្រឡប់ឲ្យសព្វល្អ មួយទៀត កាលបើដំណក់ទឹកស្រក់ពុំទាន់អស់ អន្តេវាសិក កុំអាលចៀសចេញទៅឡើយ អន្តេវាសិកមិនទាន់ប្រាប់អាចារ្យ មិនត្រូវឲ្យបាត្រដល់ភិក្ខុណាមួយ មិនត្រូវទទួលបាត្ររបស់ភិក្ខុណាមួយ មិនត្រូវឲ្យចីវរដល់ភិក្ខុណាមួយ មិនត្រូវទទួលយកចីវររបស់ភិក្ខុណាមួយ មិនត្រូវឲ្យបរិក្ខារដល់ភិក្ខុណាមួយ មិនត្រូវទទួលបរិក្ខាររបស់ភិក្ខុណាមួយ មិនត្រូវកោរសក់ឲ្យភិក្ខុណាមួយ មិនត្រូវឲ្យអ្នកណាមួយ មកកោរសក់ឲ្យខ្លួនឡើយ មិនត្រូវធ្វើបរិកម្ម (គក់ច្របាច់) ដល់ភិក្ខុណាមួយ មិនត្រូវឲ្យអ្នកណាមួយ ធ្វើបរិកម្មដល់ខ្លួន មិនត្រូវធ្វើវេយ្យាវច្ចៈ ដល់ភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយ ធ្វើវេយ្យាវច្ចៈ ដល់ខ្លួន មិនត្រូវធ្វើជាបច្ឆាសមណៈរបស់ភិក្ខុណាមួយ មិនត្រូវកាន់យកភិក្ខុណាមួយ (ធ្វើជា) បច្ឆាសមណៈរបស់ខ្លួន មិនត្រូវនាំបិណ្ឌបាតទៅឲ្យភិក្ខុណាមួយ មិនត្រូវឲ្យភិក្ខុណាមួយ នាំបិណ្ឌបាតមកឲ្យខ្លួន អន្តេវាសិកមិនទាន់លាអាចារ្យ មិនត្រូវចូលទៅកាន់ស្រុក មិនត្រូវទៅកាន់ព្រៃស្មសាន មិនត្រូវចៀសទៅកាន់ទិស បើអាចារ្យមានជម្ងឺ អន្តេវាសិកត្រូវថែទាំអស់កាលដែលលោករស់នៅ អន្តេវាសិក ត្រូវរង់ចាំត្រាតែអាចារ្យសះជាជម្ងឺ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជា អាចារិយវត្ត របស់អន្តេវាសិកទាំងឡាយ តាមទំនងដែលអន្តេវាសិក ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងអាចារ្យទាំងឡាយ។

(អន្តេវាសិកវត្តកថា ទី១៤)

(១៤. អន្តេវាសិកវត្តកថា)

[១០៨] សម័យនោះឯង ពួកអាចារ្យពុំបានប្រព្រឹត្តដោយប្រពៃ ក្នុងអន្តេវាសិកទាំងឡាយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើពួកអាចារ្យមិនប្រព្រឹត្តដោយប្រពៃ ក្នុងអន្តេវាសិកទាំងឡាយសោះ។ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរចំពោះភិក្ខុទាំងឡាយ ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកអាចារ្យពុំបានប្រព្រឹត្តដោយប្រពៃ ក្នុងអន្តេវាសិកទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ពិតមែនព្រះអង្គ។បេ។ ព្រះសព្វញ្ញូជាម្ចាស់ ទ្រង់បន្ទោស ហើយធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត អន្តេវាសិកវត្ត ដល់អាចារ្យទាំងឡាយ តាមទំនងដែលអាចារ្យទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងអន្តេវាសិកទាំងឡាយ។

[១០៩] ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងអន្តេវាសិក។ ការដែលប្រព្រឹត្តដោយប្រពៃ ក្នុងអន្តេវាសិកនោះ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវសង្គ្រោះ ត្រូវអនុគ្រោះអន្តេវាសិកដោយបាលី ដោយអដ្ឋកថា ដោយដម្បូន្មាន ដោយការប្រៀនប្រដៅ បើអាចារ្យមានបាត្រ អន្តេវាសិកគ្មានបាត្រ ត្រូវអាចារ្យឲ្យបាត្រទៅអន្តេវាសិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា បាត្រគប្បីកើតឡើងដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យមានចីវរ អន្តេវាសិកគ្មានចីវរ ត្រូវអាចារ្យឲ្យចីវរទៅអន្តេវាសិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវរគប្បីកើតឡើងដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអាចារ្យមានគ្រឿងបរិក្ខារ អន្តេវាសិកគ្មានគ្រឿងបរិក្ខារ ត្រូវអាចារ្យឲ្យគ្រឿងបរិក្ខារទៅអន្តេវាសិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងបរិក្ខារ គប្បីកើតឡើងដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកមានជម្ងឺ អាចារ្យត្រូវក្រោកពីព្រឹក ហើយឲ្យឈើស្ទន់ ឲ្យទឹកសម្រាប់លាងមុខ ក្រាលអាសនៈ បើមានបបរ អាចារ្យ ត្រូវលាងភាជន៍ ហើយបង្អោនបបរឲ្យទៅ កាលអន្តេវាសិក ហុតបបររួចហើយ អាចារ្យត្រូវឲ្យទឹក រួចទទួលយកភាជន៍មកវិញ កាន់បន្ទាប កុំឲ្យទង្គិចទង្គុក (អ្វី) ហើយរៀបចំទុកដាក់ឲ្យល្អ កាលបើអន្តេវាសិកក្រោកចេញឡើង អាចារ្យត្រូវសារអាសនៈចេញ បើប្រទេសនោះមានសម្រាម អាចារ្យត្រូវបោសប្រទេសនោះចេញ បើអន្តេវាសិកមានប្រាថ្នា ដើម្បីនឹងចូលទៅកាន់ស្រុក អាចារ្យត្រូវឲ្យស្បង់សម្រាប់ស្លៀក ហើយទទួលយកស្បង់បន្លាស់មកវិញ ត្រូវឲ្យវត្ថពន្ធចង្កេះ ត្រូវតម្រួតឧត្តរាសង្គៈ និងសង្ឃាដិហើយឲ្យ ត្រូវជូតបាត្រដែលទទឹក ហើយសឹមឲ្យ អាចារ្យត្រូវក្រាលអាសនៈទុក ដោយគិតថា អន្តេវាសិកមុខជានឹងត្រឡប់មកវិញ ក្នុងវេលានេះ ត្រូវដំកល់ទឹកលាងជើង តាំងសម្រាប់រងជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង ត្រូវក្រោកទៅទទួលបាត្រ និងចីវរ ត្រូវឲ្យស្បង់បន្លាស់ ហើយទទួលយកស្បង់ដែលស្លៀកមកវិញ បើចីវរសើម ឬជាំដាម (ដោយញើសក្អែល) ត្រូវសំដិលចីវរក្នុងកំដៅថ្ងៃមួយស្របក់ តែកុំទុកចីវរក្នុងកំដៅថ្ងៃ (ឲ្យយូរពេក) អាចារ្យត្រូវបត់ចីវរ កាលនឹងបត់ចីវរ ត្រូវលើកជាយចីវរឲ្យហួសពីគ្នាប្រមាណ៤ធ្នាប់ ហើយសឹមបត់ចីវរ ដោយគិតថា កុំឲ្យបាក់ផ្នត់ពាក់កណ្តាលឡើយ ត្រូវធ្វើវត្ថពន្ធចង្កេះក្នុងផ្នត់ចីវរ បើអាហារបិណ្ឌបាតមាន ហើយអន្តេវាសិកត្រូវការចង់ឆាន់ អាចារ្យត្រូវឲ្យទឹក ហើយបង្អោនអាហារបិណ្ឌបាតចូលទៅ អាចារ្យត្រូវសួរអន្តេវាសិកដោយទឹកឆាន់ លុះអន្តេវាសិកឆាន់រួចហើយ អាចារ្យត្រូវឲ្យទឹក ហើយទទួលយកបាត្រមកវិញ កាន់បន្ទាបកុំឲ្យទង្គិចទង្គុក ហើយលាងឲ្យស្អាត ជូតឲ្យស្ងួតទឹកចេញ ហើយហាលថ្ងៃមួយស្របក់ តែមិនត្រូវទុកបាត្រក្នុងកំដៅថ្ងៃ (ឲ្យយូរពេក) អាចារ្យត្រូវទុកបាត្រ និងចីវរ កាលដែលរៀបចំទុកដាក់បាត្រ។បេ។ កាលដែលរៀបចំទុកចីវរ។បេ។ ត្រូវបត់ជាយចីវរខាងនាយ ឲ្យជាផ្នត់មកខាងអាយ ហើយសឹមទុកចីវរចុះ កាលអន្តេវាសិកក្រោកចេញហើយ អាចារ្យត្រូវសារអាសនៈចេញ ត្រូវរៀបចំទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង បើប្រទេសនោះមានសម្រាម អាចារ្យត្រូវបោសប្រទេសនោះចេញ បើអន្តេវាសិកចង់ងូតទឹក អាចារ្យត្រូវចាត់ចែងទឹកសម្រាប់ងូតឲ្យ បើអន្តេវាសិកត្រូវការដោយទឹកត្រជាក់ អាចារ្យត្រូវចាត់ចែងទឹកត្រជាក់ឲ្យ បើអន្តេវាសិកត្រូវការដោយទឹកក្តៅ អាចារ្យត្រូវចាត់ចែងទឹកក្តៅឲ្យ បើអន្តេវាសិកចង់ចូលទៅកាន់ផ្ទះជាទីរក្សាកាយ អាចារ្យត្រូវសូន្យគ្រឿងលំអិត ត្រូវលាយដីស្អិត ត្រូវកាន់យកតាំងសម្រាប់ផ្ទះជាទីរក្សាកាយហើយទៅ ឲ្យតាំងសម្រាប់ផ្ទះជាទីរក្សាកាយ រួចហើយទទួលយកចីវរមកទុកដាក់ក្នុងទីដ៏សមគួរ ត្រូវឲ្យគ្រឿងលំអិត ត្រូវឲ្យដីស្អិត បើអាចារ្យអាច (នឹងចូលទៅបាន) ត្រូវចូលទៅកាន់ផ្ទះជាទីរក្សាកាយចុះ កាលនឹងចូលទៅកាន់ផ្ទះជាទីរក្សាកាយ ត្រូវយកដីស្អិតលាបមុខ ហើយបិទបាំងទាំងខាងមុខ ទាំងខាងក្រោយ ហើយសឹមចូលទៅកាន់ផ្ទះជាទីរក្សាកាយ មិនត្រូវអង្គុយជ្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវហាមឃាត់ពួកភិក្ខុខ្ចីដោយអាសនៈ អាចារ្យត្រូវធ្វើបរិកម្ម ដល់អន្តេវាសិកក្នុងផ្ទះជាទីរក្សាកាយ កាលនឹងចេញពីផ្ទះជាទីរក្សាកាយ ត្រូវយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយ ហើយបិទបាំងទាំងខាងមុខ ទាំងខាងក្រោយ ហើយសឹមចេញពីផ្ទះជាទីរក្សាកាយ សូម្បីក្នុងទឹក អាចារ្យក៏ត្រូវតែធ្វើបរិកម្ម ដល់អន្តេវាសិកដែរ លុះអាចារ្យងូតទឹករួចហើយ ត្រូវឡើងមកមុន ហើយជូតខ្លួនឲ្យស្ងួតទឹក រួចសឹមស្លៀកស្បង់ ហើយជូតទឹកអំពីខ្លួនរបស់អន្តេវាសិក ត្រូវឲ្យស្បង់សម្រាប់ស្លៀក ត្រូវឲ្យសង្ឃាដិ ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយមកមុន ហើយក្រាលអាសនៈចាំ ត្រូវដំកល់ទឹកសម្រាប់លាងជើង តាំងសម្រាប់រងជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង ត្រូវសួរអន្តេវាសិក ដោយទឹកសម្រាប់ឆាន់ អន្តេវាសិកនៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើអាចារ្យអាច (នឹងសំអាតបាន) ត្រូវសំអាត កាលនឹងសំអាតវិហារ ត្រូវនាំយកបាត្រ និងចីវរចេញមុន ទៅទុកដាក់ក្នុងទីដ៏សមគួរ។បេ។ បើគ្មានទឹកក្នុងក្អមសម្រាប់ជម្រះ អាចារ្យត្រូវចាក់ទឹកទៅក្នុងក្អមសម្រាប់ជម្រះ បើសេចក្តីអផ្សុក កើតឡើងដល់អន្តេវាសិក អាចារ្យត្រូវរម្ងាប់ដោយខ្លួនឯង ឬត្រូវឲ្យគេជួយរម្ងាប់ ឬធ្វើធម្មកថាដល់អន្តេវាសិកនោះ បើសេចក្តីសង្ស័យ កើតឡើងដល់អន្តេវាសិក អាចារ្យត្រូវបន្ទោបង់ដោយខ្លួនឯង ឬត្រូវឲ្យគេជួយបន្ទោបង់ ឬធ្វើធម្មកថាដល់អន្តេវាសិកនោះ បើទិដ្ឋិ (អាក្រក់) កើតឡើង ដល់អន្តេវាសិក អាចារ្យត្រូវដោះស្រាយដោយខ្លួនឯង ឬត្រូវឲ្យគេជួយដោះស្រាយ ឬធ្វើធម្មកថាដល់អន្តេវាសិកនោះ បើអន្តេវាសិកត្រូវគរុកាបត្តិ គួរដល់បរិវាសកម្ម អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យបរិវាសដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់មូលាយបដិកស្សនៈ (ទាញមកដាក់ក្នុងមូលាបត្តិ) អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តេវាសិក មកដាក់ក្នុងមូលាបត្តិ ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់មានត្ត អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់អព្ភានកម្ម អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យអព្ភានកម្ម ដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើសង្ឃប្រាថ្នានឹងធ្វើកម្ម គឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់អន្តេវាសិក អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃកុំគប្បីធ្វើកម្ម ឬគប្បីបង្អោនទៅ ដើម្បីកម្មស្រាល ដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ ម្យ៉ាងទៀត បើកម្ម គឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃបានធ្វើដល់អន្តេវាសិកនោះរួចហើយ អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អន្តេវាសិក គប្បីប្រព្រឹត្តដោយប្រពៃ គប្បីសម្លបរោម គប្បីប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកកម្ម សង្ឃគប្បីរម្ងាប់កម្មនោះ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អន្តេវាសិក គួរនឹងលាង អាចារ្យត្រូវប្រាប់ថា អ្នកត្រូវលាងយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិកគួរនឹងលាងដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អន្តេវាសិក គួរនឹងធ្វើ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវធ្វើយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិក គួរនឹងធ្វើដោយឧបាយដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់របស់អន្តេវាសិក គួរនឹងស្ងោរ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវស្ងោរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់អន្តេវាសិកគួរនឹងស្ងោរ ដោយឧបាយដូចម្តេចហ្ន៎ បើចីវររបស់អន្តេវាសិក គួរនឹងជ្រលក់ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវជ្រលក់ចីវរយ៉ាងនេះ ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា បើចីវររបស់អន្តេវាសិកគួរនឹងជ្រលក់ ដោយឧបាយដូចម្តេចហ្ន៎ កាលនឹងជ្រលក់ចីវរ ត្រូវជ្រលក់ប្រែត្រឡប់ឲ្យសព្វល្អ បើដំណក់ទឹកស្រក់ពុំទាន់អស់ អាចារ្យកុំអាលចៀសចេញទៅ បើអន្តេវាសិកមានជម្ងឺ អាចារ្យត្រូវថែទាំ ដល់កាលដែលអន្តេវាសិកមានជីវិតរស់នៅ ត្រូវរង់ចាំត្រាតែសះជាជម្ងឺ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជាអន្តេវាសិកវត្ត របស់អាចារ្យ តាមទំនងដែលពួកអាចារ្យត្រូវប្រព្រឹត្ត ដោយប្រពៃ ក្នុងអន្តេវាសិកទាំងឡាយ។

ចប់ វត្តក្ខន្ធកៈ ជាគំរប់៨។

ក្នុងខន្ធកៈនេះ មានរឿង១៩ មានវត្ត១៤។

ឧទ្ទាននៃវត្តក្ខន្ធកៈនោះ

[១១០]

រឿងអាគន្តុកភិក្ខុពាក់ស្បែកជើង បាំងឆត្រ ទទូរក្បាល ដាក់ចីវរលើក្បាល លាងជើងដោយទឹកឆាន់ មិនសំពះអាវាសិកភិក្ខុ ដែលចាស់ជាងខ្លួន និងមិនសួររកទីសេនាសនៈ រឿងពស់ធ្លាក់លើភិក្ខុ ភិក្ខុទាំងឡាយមានសីលជាទីស្រឡាញ់ ក៏ពោលទោស (ក្នុងរឿងអម្បាលនេះ)។ រឿងព្រះអង្គទ្រង់អនុញ្ញាតថា អាគន្តុកភិក្ខុត្រូវដោះស្បែកជើង ដំឡោះឆត្រ ដាក់ចីវរឰដ៏ស្មា ហើយសន្សឹមៗចូលទៅកាន់អារាម អាគន្តុកភិក្ខុត្រូវចូលទៅកាន់ទីដែលអាវាសិកភិក្ខុប្រជុំគ្នា ត្រូវទុកបាត្រ និងចីវរក្នុងទីសមគួរ ត្រូវកាន់យកអាសនៈដ៏សមគួរមកអង្គុយ ត្រូវសួររកទឹកឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ត្រូវចាក់ទឹកដោយដៃម្ខាង លាងជើងដោយដៃម្ខាង ត្រូវជូតស្បែកជើង ដោយសំពត់ស្ងួតមុន រួចសឹមជូតដោយសំពត់ទទឹកជាខាងក្រោយ អាវាសិកភិក្ខុចាស់ជាង អាគន្តុកភិក្ខុត្រូវសំពះ បើក្មេងជាង អាគន្តុកភិក្ខុត្រូវឲ្យអាវាសិកភិក្ខុសំពះវិញ អាគន្តុកភិក្ខុត្រូវសួររកសេនាសនៈ ត្រូវសួររកសេនាសនៈ ដែលមានគេនៅ ឬឥតគេនៅ ត្រូវសួររកគោចរគ្រាម និងអគោចរគ្រាម ត្រូវសួររកសេក្ខត្រកូល ដែលសង្ឃសន្មត ត្រូវសួររកទីសម្រាប់បន្ទោបង់វច្ចៈ និងបស្សាវៈ ត្រូវសួររកទឹកសម្រាប់ឆាន់ ទឹកសម្រាប់ប្រើប្រាស់ ត្រូវសួររកឈើច្រត់ ត្រូវសួរអំពីរបៀបនៃកតិការបស់សង្ឃ បើវិហារគ្មានគេនៅ ត្រូវគោះសន្ទះទ្វារ រួចឈររង់ចាំមួយស្របក់សិន បើវិហារមានសម្រាម ត្រូវបោសជម្រះចេញ ត្រូវជញ្ជូនយកកម្រាលផែនដី ទ្រនាប់ជើងគ្រែ ពូក ខ្នើយ គ្រែ តាំង កន្ថោរ និងផែនក្តារសម្រាប់ផ្អែក ទៅទុកក្នុងទីដ៏សមគួរ បើវិហារមានគ្រឿងស្មុកស្មាញ ភិក្ខុត្រូវបោសអំពីពិតានចុះមកជាមុន ត្រូវជូតចំណែកជ្រុងបង្អួច បើជញ្ជាំងគេបរិកម្មដោយថ្នាំ មានសម្បុរសៅហ្មង បើផ្ទៃផែនដីដែលគេបរិកម្មដោយពណ៌ខ្មៅ ភិក្ខុត្រូវជ្រលក់សំពត់ រួចពូតចេញហើយសឹមជូត បើផ្ទៃដែលគេមិនបានធ្វើបរិកម្ម ភិក្ខុត្រូវប្រស់ហើយសឹមជូត ត្រូវជញ្ជូនសម្រាមទៅចាក់ចោល ក្នុងទីដ៏សមគួរ ត្រូវជញ្ជូនយកកម្រាលផែនដី ទ្រនាប់ជើងគ្រែ គ្រែ តាំង ពូក ខ្នើយ កម្រាលសម្រាប់អង្គុយ កន្ថោរ និងក្តារសម្រាប់ផ្អែក ទៅទុកក្នុងទីដដែលវិញ ត្រូវទុកដាក់បាត្រ និងចីវរ មិនត្រូវទុកបាត្រ ក្នុងទីដែលមិនស្អាត ត្រូវបត់ចីវរធ្វើជាយខាងនាយ ឲ្យមានផ្នត់មកខាងអាយ បើខ្យល់ប្រកបដោយធូលីបក់មកពីទិសខាងកើត ត្រូវបិទបង្អួចទិសខាងកើត បក់មកពីទិសខាងលិច ត្រូវបិទបង្អួចទិសខាងលិច បក់មកពីទិសខាងជើង ត្រូវបិទបង្អួចទិសខាងជើង បក់មកពីទិសខាងត្បូង ត្រូវបិទបង្អួចទិសខាងត្បូង បើរដូវត្រជាក់ ត្រូវបើកបង្អួចវេលាថ្ងៃ បិទវេលាយប់ បើរដូវក្តៅ ត្រូវបិទបង្អួចវេលាថ្ងៃ បើកវេលាយប់ បរិវេណ បន្ទប់ រោងឆាន់ រោងភ្លើង វច្ចកុដិ (បើមានសម្រាម ភិក្ខុត្រូវបោសចេញ) ត្រូវដម្កល់ទឹកសម្រាប់ឆាន់ ទឹកសម្រាប់ប្រើប្រាស់ ត្រូវចាក់ទឹកក្នុងក្អមសម្រាប់ជម្រះ ព្រះតថាគតមិនមានបុគ្គលប្រៀបផ្ទឹម បានទ្រង់បញ្ញត្តវត្ត ដែលអាគន្តុកភិក្ខុទាំងឡាយ (ត្រូវប្រព្រឹត្ត)។ រឿងភិក្ខុម្ចាស់អាវាសមិនក្រាលអាសនៈទទួលអាគន្តុកៈ មិនដំកល់ទឹកទុក មិនក្រោកទទួលបាត្រ និងចីវរ មិនសួរដោយទឹកសម្រាប់ឆាន់ ទឹកសម្រាប់ប្រើប្រាស់ មិនថ្វាយបង្គំអាគន្តុកភិក្ខុ ដែលមានវស្សាចាស់ជាង មិនរៀបចំសេនាសនៈឲ្យអាគន្តុកភិក្ខុ ភិក្ខុទាំងឡាយមានសីលជាទីស្រឡាញ់ ក៏ពោលទោសឡើង (ក្នុងរឿងនោះ)។ (ព្រះអង្គទ្រង់បញ្ញត្តថា) អាវាសិកភិក្ខុ ត្រូវក្រាលអាសនៈដល់អាគន្តុកភិក្ខុដែលចាស់ជាង ត្រូវដំកល់ទឹកសម្រាប់លាងជើង ត្រូវក្រោកទៅទទួល (បាត្រនិងចីវរ) ត្រូវសួររកទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ត្រូវជូតស្បែកជើង ដោយសំពត់ស្ងួតមុន រួចជូតដោយសំពត់ទទឹកជាខាងក្រោយ ត្រូវលាងកំណាត់សំពត់សម្រាប់ជូតស្បែកជើង ពូតហើយហាលទុកក្នុងទីដ៏សមគួរ ត្រូវថ្វាយបង្គំភិក្ខុអាគន្តុកៈ ដែលចាស់ជាង ត្រូវចាត់ចែងសេនាសនៈ ឲ្យភិក្ខុអាគន្តុកៈ ត្រូវប្រាប់សេនាសនៈដែលមានភិក្ខុនៅហើយ ឬមិនមានភិក្ខុនៅ ត្រូវប្រាប់គោចរគ្រាម និងអគោចរគ្រាម ត្រូវប្រាប់សេក្ខត្រកូល ដែលសង្ឃសន្មត ត្រូវប្រាប់ទីសម្រាប់បន្ទោបង់ឧច្ចារៈ និងបស្សាវៈ ត្រូវប្រាប់ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ត្រូវប្រាប់ឈើច្រត់ ត្រូវប្រាប់កតិការបស់សង្ឃថា កាលនេះត្រូវចូល កាលនេះត្រូវចេញ បើភិក្ខុជាអាគន្តុកៈខ្ចីវស្សាជាង អាវាសិកភិក្ខុគ្រាន់តែអង្គុយប្រាប់ក៏បាន ត្រូវឲ្យថ្វាយបង្គំ ត្រូវប្រាប់សេនាសនៈ (តអំពីនេះទៅ) បណ្ឌិតគប្បីដឹងតាមន័យដែលបានពោលរួចមកហើយចុះ។ ព្រះតថាគតជានាយកនៃពពួកសត្វ បានសំដែងវត្ត ដែលអាវាសិកភិក្ខុទាំងឡាយ (ត្រូវប្រព្រឹត្តដោយប្រពៃ)។ រឿងភិក្ខុជាអ្នកដំណើរមិនរៀបចំទុកដាក់គ្រឿងឈើ និងគ្រឿងដី បើកទ្វារ និងបង្អួចចំហចោល មិនអើពើនឹងសេនាសនៈ ហើយចៀសចេញទៅ ឯគ្រឿងឈើ គ្រឿងដី ក៏ខូចខាតអស់ទៅ សេនាសនៈ ក៏គ្មានអ្នករក្សា ទើបភិក្ខុមានសីលជាទីស្រឡាញ់ ក៏ពោលទោសឡើង។ រឿងភិក្ខុអ្នកដំណើរ ត្រូវរៀបចំទុកដាក់គ្រឿងឈើ និងគ្រឿងដី ហើយបិទទ្វារ បង្អួច អើពើនឹងសេនាសនៈ រួចហើយសឹមចៀសចេញទៅ។ បើគ្មានភិក្ខុ ឬសាមណេរ ឬអ្នករក្សាវត្ត ឬឧបាសកទេ ភិក្ខុអ្នកដំណើរ ត្រូវរៀបចំគ្រែ លើថ្ម៤ដុំ ហើយធ្វើសេនាសនៈឲ្យគរលើគ្នា រួចសឹមទុកដាក់គ្រឿងឈើ និងគ្រឿងដី បិទទ្វារបង្អួចរួចហើយ សឹមចៀសចេញទៅ បើវិហារលេច អាគន្តុកភិក្ខុអាចនឹងប្រក់បាន ត្រូវប្រក់ ឬធ្វើសេចក្តីខ្វល់ខ្វាយ ទីណាភ្លៀងមិនលេច អាគន្តុកភិក្ខុរៀបចំគ្រែ លើថ្ម៤ដុំ ដូចន័យមុន បើវិហារភ្លៀងលេចគ្មានសល់ ត្រូវនាំយកគ្រឿងសេនាសនៈទៅផ្ញើនឹងមនុស្សអ្នកស្រុក បើមិនដូច្នោះ ត្រូវរៀបចំគ្រែលើថ្ម៤ដុំក្នុងទីវាល ហើយត្រូវប្រតិបត្តិដូចន័យមុន ហើយចៀសចេញទៅ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ចំណែកផ្សេងៗនៃគ្រឿងឈើ និងគ្រឿងដីគប្បីសល់នៅខ្លះ នេះជាវត្តដែលភិក្ខុអ្នកដំណើរ (ត្រូវប្រព្រឹត្ត)។ រឿងភិក្ខុមិនអនុមោទនា ក្នុងរោងភត្ត ព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុជាថេរៈ ធ្វើអនុមោទនា រឿងភិក្ខុទាំងឡាយលះបង់ព្រះសារីបុត្ត ទ្រង់អនុញ្ញាតឲ្យភិក្ខុជាថេរៈបួនប្រាំរូបរង់ចាំក្នុងរោងភត្ត រឿងព្រះថេរៈមួយរូបឈឺបន្ទោបង់វច្ចៈ ខំអត់ទ្រាំទាល់តែជ្រប់ដួលទៅ នេះជាវត្តដែលព្រះតថាគត បានអនុញ្ញាតទុកក្នុងអនុមោទនាវិធី។ រឿងពួកឆព្វគ្គិយភិក្ខុស្លៀកមិនល្អ ដណ្តប់មិនល្អ មានមារយាទមិនសមគួរ ហើយដើរទៅខាងមុខភិក្ខុជាថេរៈ អង្គុយជ្រៀតបៀតភិក្ខុជាថេរៈ ហាមឃាត់ភិក្ខុថ្មី ដោយអាសនៈ អង្គុយសង្កត់សង្ឃាដិក្នុងចន្លោះផ្ទះ ភិក្ខុទាំងឡាយមានសីលជាទីស្រឡាញ់ ក៏ពោលទោសឡើង។ (រឿងព្រះអង្គទ្រង់បញ្ញត្តវត្តក្នុងរោងភត្តថា) ភិក្ខុត្រូវបិទបាំងមណ្ឌលបី គឺស្លៀកឲ្យជាបរិមណ្ឌល ក្រវាត់វត្ថពន្ធចង្កេះ ហើយតម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ហើយឃ្លុំ ពាក់ក្ឌុំហើយសឹមដើរចូលទៅកាន់ស្រុក មិនត្រូវដើរទៅអំពីខាងមុខភិក្ខុជាថេរៈ ត្រូវបិទបាំងកាយដោយល្អ ត្រូវសង្រួមដោយប្រពៃ ត្រូវមានភ្នែកសំឡឹងចុះក្រោម មិនត្រូវសើយចីវរ មិនត្រូវសើចឮខ្លាំង ត្រូវមានសំឡេងតិចៗ ការកំរើក៣យ៉ាង គឺ (ឃ្លោងកាយ បង់បោយ ងេកងោកក្បាល) មិនត្រូវស្ទឹមចង្កេះ មិនត្រូវទទូរក្បាល មិនត្រូវចំអើតជើង ភិក្ខុត្រូវបិទបាំងកាយដោយល្អ អង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវសង្រួមដោយល្អ ត្រូវមានភ្នែកសម្លឹងចុះក្រោម មិនត្រូវសើយចីវរ មិនត្រូវសើចខ្លាំង ត្រូវមានសំឡេងតិចៗ ការកំរើក៣យ៉ាង (ឃ្លោងកាយ បង់បោយ ងេកងោកក្បាល) មិនត្រូវស្ទឹមចង្កេះ មិនត្រូវទទូរក្បាល មិនត្រូវត្របោមក្បាលជង្គង់ មិនត្រូវអង្គុយជ្រៀតបៀតភិក្ខុជាថេរៈ មិនត្រូវហាមឃាត់ភិក្ខុថ្មីដោយអាសនៈ មិនត្រូវអង្គុយសង្កត់សង្ឃាដិ បើទាយកប្រគេនទឹក ត្រូវទ្របាត្រដោយដៃទាំងពីរ ហើយទទួលទឹក ត្រូវធ្វើឲ្យទាប ហើយលាងបាត្រឲ្យស្អាត ត្រូវចាក់ទៅក្នុងកន្ថោរទឹក ដោយគិតថា អ្នកជិតខាង កុំទទឹកដោយទឹកឡើយ សង្ឃាដិ កុំទទឹកដោយទឹកឡើយ។ បើទាយកប្រគេនបាយ ភិក្ខុត្រូវទ្របាត្រដោយដៃទាំងពីរ ហើយទទួលយកបាយ ត្រូវទុកឱកាសដល់សម្ល បើមានសម្លឧត្តរិភង្គជាដើម ព្រះថេរៈត្រូវប្រាប់ទាយកថា អ្នកចូរចាត់ចែងដល់ភិក្ខុគ្រប់រូបឲ្យស្មើៗគ្នា ត្រូវទទួលបិណ្ឌបាតដោយគោរព ត្រូវធ្វើសេចក្តីសំគាល់តែក្នុងបាត្រ ត្រូវទទួលបិណ្ឌបាត ឲ្យមានសម្លសមគួរដល់បាយ ត្រូវទទួលបិណ្ឌបាតស្មើត្រឹមកណ្តាប់មាត់បាត្រ បើបាយមិនទាន់គ្រប់គ្រាន់ទេ ព្រះថេរៈកុំអាលឆាន់មុន ត្រូវឆាន់បិណ្ឌបាតដោយគោរព ត្រូវមានសេចក្តីសំគាល់តែក្នុងបាត្រ ត្រូវឆាន់បិណ្ឌបាតវាចឲ្យស្មើ ត្រូវឆាន់បិណ្ឌបាតឲ្យមានសម្ល និងម្ហូបស្មើគ្នា មិនត្រូវឆាន់បិណ្ឌបាតច្រមចុះពីកំពូលបាយ មិនត្រូវកកាយបាយលុបសម្ល ឬម្ហូបដើម្បីឲ្យបានច្រើនជាងគេ ភិក្ខុមិនឈឺ មិនត្រូវសូមសម្ល ឬម្ហូប ឬបាយដើម្បីខ្លួន មិនត្រូវសំគាល់ក្នុងបាត្រភិក្ខុដទៃ ដើម្បីលើកទោស មិនត្រូវធ្វើពំនូតបាយឲ្យធំហួសប្រមាណ ត្រូវធ្វើពំនូតបាយឲ្យជាបរិមណ្ឌល កាលពំនូតបាយនៅមិនទាន់ដល់មាត់ កុំហាមាត់ចាំ កុំឆាន់ញាត់ម្រាមដៃទាំងអស់ទៅក្នុងមាត់ មិនត្រូវនិយាយទាំងបាយនៅក្នុងមាត់ មិនត្រូវឆាន់បោះដុំបាយទៅក្នុងមាត់ មិនត្រូវឆាន់ខាំកាត់ពំនូតបាយមួយកំណាត់ម្តង មិនត្រូវឆាន់បៀមពំនូតបាយទុលថ្ពាល់ឡើង មិនត្រូវឆាន់រលាស់ដៃបណ្តើរ មិនត្រូវឆាន់ឲ្យជ្រុះគ្រាប់បាយ មិនត្រូវឆាន់លៀនអណ្តាត មិនត្រូវឆាន់ឲ្យឮផ្ចប់ៗ មិនត្រូវឆាន់ឲ្យឮគ្រូកៗ មិនត្រូវឆាន់លិទ្ធដៃ លិទ្ធបាត្រ លិទ្ធបបូរមាត់ មិនត្រូវយកដៃប្រឡាក់អាមិសៈ ទទួលចាប់កាន់ភាជន៍ទឹក ភិក្ខុទាំងពួងឆាន់មិនទាន់រួច ព្រះថេរៈកុំអាលទទួលទឹក បើគេប្រគេនទឹក ត្រូវទទួលទឹកធ្វើឲ្យទាប កុំឲ្យទង្គិចទង្គុកអ្វី ហើយលាងបាត្រឲ្យស្អាត ត្រូវចាក់ទឹកទៅក្នុងកន្ថោរទឹក ដោយគិតថា ភិក្ខុជិតខាងកុំទទឹកដោយទឹកឡើយ សង្ឃាដិកុំទទឹកដោយទឹកឡើយ បើកន្ថោរទឹកមិនមាន ត្រូវបន្ទាបភាជន៍ទឹកឲ្យទាប ហើយសឹមចាក់ទៅលើផែនដី មិនត្រូវចាក់ទឹកលាងបាត្រទាំងគ្រាប់បាយក្នុងចន្លោះផ្ទះ ភិក្ខុថ្មីត្រូវត្រឡប់ស្រូតមកមុន ដើរក្នុងចន្លោះផ្ទះ ត្រូវបិទបាំងកាយដោយល្អ មិនត្រូវចំអើតជើងដើរទៅក្នុងចន្លោះផ្ទះ ភត្តគ្គវត្តនេះ ព្រះតថាគតជាធម្មរាជ បានបញ្ញត្តទុកហើយ។ រឿងបិណ្ឌចារិកភិក្ខុស្លៀកមិនល្អ មានកិរិយាមិនសមគួរ ត្រាច់ទៅបិណ្ឌបាត មិនបានពិនិត្យ ហើយចូលទៅកាន់ទីលំនៅគេខ្លះ ចេញមកខ្លះ ចូលដោយរហ័សពេកខ្លះ ចេញមកដោយរហ័សពេកខ្លះ ឈរឆ្ងាយពេកខ្លះ ឈរជិតពេកខ្លះ ឈរយូរពេកខ្លះ ត្រឡប់មករហ័សពេកខ្លះ រឿងបិណ្ឌចារិកភិក្ខុ១រូបទៀត បានប្រព្រឹត្តដូច្នោះដែរ (ព្រះអង្គទ្រង់បញ្ញត្តថា) បិណ្ឌចារិកភិក្ខុ ត្រូវបិទបាំងកាយដោយល្អ ហើយសឹមដើរទៅក្នុងចន្លោះផ្ទះ ត្រូវសង្រួមដោយល្អ ត្រូវមានភ្នែកសម្លឹងចុះក្រោម មិនត្រូវសើយចីវរ មិនត្រូវសើចខ្លាំង ត្រូវមានសំឡេងតិចៗ ការកម្រើក៣យ៉ាង (គឺគ្រលែងកាយ បង់បោយ ងេកងោកក្បាល) មិនត្រូវស្ទឹមចង្កេះ មិនត្រូវទទូរក្បាល មិនត្រូវដើរចំអើតជើង ត្រូវកំណត់ផ្លូវចេញផ្លូវចូល មិនត្រូវចូលទៅដោយរហ័សពេក មិនត្រូវចេញមកដោយរហ័សពេក មិនត្រូវឈរឆ្ងាយពេក ជិតពេក យូរពេក ឆាប់ពេក មិនត្រូវត្រឡប់រហ័សពេក ត្រូវកំណត់អាការរបស់ទាយក ដែលគេប្រគេនបាយ បើគេបញ្ឈប់ការងារក្តី ក្រោកចាកអាសនៈក្តី ចាប់វែកក្តី ចាប់ភាជន៍ក្តី និមន្តឲ្យរង់ចាំក្តី កាលគេប្រគេនបាយ ត្រូវវែកសង្ឃាដិដោយដៃឆ្វេង បង្អោនបាត្រដោយដៃស្តាំ ហើយទទួលយកបាយ មិនត្រូវមើលមុខទាយក ទុកជាសម្ល ឬម្ហូបក្រៀម ក៏ត្រូវកំណត់អាការរបស់ទាយកដូចគ្នាដែរ ភិក្ខុត្រូវបិទបាំងបាត្រដោយសង្ឃាដិ ត្រូវបិទបាំងកាយដោយល្អ ហើយសឹមដើរទៅក្នុងចន្លោះផ្ទះ ត្រូវសង្រួមដោយល្អ ត្រូវមានភ្នែកសំឡឹងចុះក្រោម មិនត្រូវសើយចីវរ មិនត្រូវសើចខ្លាំង ត្រូវមានសំឡេងតិចៗ ការកម្រើក៣យ៉ាង (គឺគ្រលែងកាយ បង់បោយ ងេកងោកក្បាល) មិនត្រូវស្ទឹមចង្កេះ មិនត្រូវទទូរក្បាល មិនត្រូវចំអើតជើង ភិក្ខុណាដែលត្រឡប់មកពីបិណ្ឌបាតមុនគេ ភិក្ខុនោះត្រូវក្រាលអាសនៈ ត្រូវលាងបាត្រសម្រាប់ផ្ទេរភោជន ហើយដំកល់ទុក ត្រូវដំកល់ទឹកសម្រាប់ឆាន់ សម្រាប់ប្រើប្រាស់ ភិក្ខុដែលត្រឡប់ពីបិណ្ឌបាតក្រោយគេ បើមានភោជនសល់នៅ ត្រូវការនឹងឆាន់ ក៏គប្បីឆាន់ចុះ បើមិនត្រូវការឆាន់ទេ ត្រូវយកទៅចាក់ចោលក្នុងទីដែលគ្មានវត្ថុខៀវស្រស់ ឬក្នុងទីដែលគ្មានសត្វ ត្រូវសារអាសនៈចេញ ត្រូវរៀបចំទុកដាក់ទឹកសម្រាប់លាងជើងជាដើម ត្រូវបោសច្រាសរោងភត្ត បើឃើញក្អមទឹកសម្រាប់ឆាន់ក្តី ក្អមទឹកសម្រាប់ប្រើប្រាស់ក្តី ក្អមវច្ចៈក្តី គ្មានទឹកទេ ត្រូវដងដំកល់ទុក ត្រូវបោយដៃហៅគ្នា ឲ្យមកជួយលើកទឹកទៅដំកល់ទុក តែមិនត្រូវបញ្ចេញវាចា នេះជា បិណ្ឌបាតិកវត្ត ។ រឿងភិក្ខុនៅព្រៃ មិនដំកល់ទុកនូវទឹកសម្រាប់ឆាន់ ទឹកសម្រាប់ប្រើប្រាស់ ភ្លើង ពំនួតភ្លើង មិនស្គាល់ផ្កាយនក្ខត្តឫក្ស មិនស្គាល់ទិស ចោរទាំងឡាយ ក៏ទះតប់នូវភិក្ខុទាំងឡាយ ដែលនៅព្រៃ ព្រោះឆ្លើយថា មិនមានរបស់ទាំងអម្បាលនេះ (ព្រះអង្គទ្រង់បញ្ញត្តថា) ភិក្ខុនៅព្រៃ ត្រូវក្រោកពីព្រឹក ច្រកបាត្រក្នុងស្លោក រួចស្ពាយ ពាក់ចីវរលើស្មា ពាក់ស្បែកជើង ទុកដាក់គ្រឿងឈើ គ្រឿងដី បិទទ្វារបង្អួច ហើយចុះពីសេនាសនៈទៅ ដោយគិតថា អាត្មាអញនឹងចូលទៅកាន់ស្រុកក្នុងកាលឥឡូវនេះ ត្រូវដោះស្បែកជើង ហើយច្រកក្នុងថង់ ស្ពាយ ហើយបិទបាំងមណ្ឌលបី ស្លៀកដណ្តប់ឲ្យជាបរិមណ្ឌល ក្នុងអារញ្ញកវត្តនេះ បណ្ឌិតគប្បីដឹងសេចក្តី ដូចជាបិណ្ឌចារិកវត្ត ដូច្នោះ ភិក្ខុអ្នកនៅក្នុងព្រៃ លុះចេញពីស្រុកហើយ ត្រូវច្រកបាត្រក្នុងស្លោក ហើយស្ពាយ បត់ចីវរដាក់លើក្បាល ពាក់ស្បែកជើង ហើយទើបដើរចេញទៅ ភិក្ខុអ្នកនៅព្រៃត្រូវដំកល់ទឹកសម្រាប់ឆាន់ ទឹកសម្រាប់ប្រើប្រាស់ ភ្លើង ឈើពំនួតភ្លើង ឈើច្រត់ ត្រូវរៀនផ្កាយនក្ខត្តឫក្សទាំងអស់ ឬដោយឯកទេស ត្រូវឈ្លាសក្នុងទិស។ អារញ្ញកវត្ត ព្រះតថាគត ជាបុគ្គលខ្ពង់ខ្ពស់ជាងសត្វ បានបញ្ញត្តទុកហើយ រឿងភិក្ខុច្រើនរូបធ្វើចីវរក្នុងទីវាល ពួកឆព្វគ្គិយភិក្ខុ គោះសេនាសនៈក្នុងទីធ្លា ជាទីច្រាសខ្យល់ ភិក្ខុទាំងឡាយ ក៏ប្រឡាក់ដោយធូលី ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ ក៏ពោលទោសឡើង។ (ព្រះអង្គទ្រង់បញ្ញត្តថា) បើវិហារមានសម្រាម ភិក្ខុត្រូវបោសជម្រះចេញ កាលនឹងបោសសំអាតវិហារ ត្រូវជញ្ជូនយកបាត្រ និងចីវរចេញជាមុន ទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវនាំយកពូក ខ្នើយ គ្រែ តាំង កន្ថោរសម្រាប់ស្តោះទឹកមាត់ ក្តារបង្អែក (ទៅដំកល់ទុកក្នុងទីដ៏សមគួរ) ត្រូវបោសអីពីពិតានជាមុន ហើយសឹមបោសជ្រុងបង្អួច បើជញ្ជាំងដែលគេបរិកម្មដោយថ្នាំ មានពណ៌សម្បុរសៅហ្មង បើផ្ទៃដែលគេធ្វើដោយវត្ថុមានពណ៌ខ្មៅសៅហ្មង ត្រូវជ្រលក់កំណាត់សំពត់ ហើយសឹមជូត បើផ្ទៃគេមិនបានធ្វើទេ ត្រូវប្រស់ ហើយសឹមជូត ត្រូវប្រមូលសម្រាមទៅចាក់ចោល មិនត្រូវគោះសេនាសនៈជិតភិក្ខុ ជិតវិហារ ជិតទឹកសម្រាប់ឆាន់ ជិតទឹកសម្រាប់ប្រើប្រាស់ ក្នុងទីធ្លាជាទីច្រាសខ្យល់ ត្រូវគោះសេនាសនៈក្នុងទីក្រោមខ្យល់ កម្រាលផែនដី ទ្រនាប់ជើងគ្រែ គ្រែ តាំង ពូក ខ្នើយ កម្រាលសម្រាប់អង្គុយ កន្ថោរសម្រាប់ស្តោះទឹកមាត់ និងក្តារបង្អែក (បើហាលរួចហើយ ត្រូវជញ្ជូនយកទៅទុកក្នុងទីដដែលវិញ) ត្រូវទុកដាក់បាត្រចីវរ តែមិនត្រូវទុកដាក់បាត្រក្នុងទីដែលមិនស្អាត ត្រូវបត់ចីវរ ធ្វើជាយខាងនាយ ឲ្យជាផ្នត់មកខាងអាយ បើខ្យល់ប្រកបដោយធូលី បក់មកពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង ពីទិសខាងត្បូង ត្រូវបិទបង្អួចការពារខ្យល់ បើរដូវត្រជាក់ ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទក្នុងវេលាយប់ បើរដូវក្តៅ ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកក្នុងវេលាយប់ បើបរិវេណ បន្ទប់ រោងឆាន់ រោងភ្លើង បង្គន់ (មានសម្រាម ត្រូវបោសចេញ) ត្រូវដំកល់ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ត្រូវចាក់ទឹកក្នុងក្អមសម្រាប់ជម្រះ បើនៅជាមួយនឹងភិក្ខុចាស់ជាង មិនទាន់ប្រាប់លោកជាមុន កុំបង្រៀនបាលី កុំបង្រៀនអដ្ឋកថា កុំស្វាធ្យាយធម៌ កុំសំដែងធម៌ កុំអុជប្រទីប កុំលត់ប្រទីប កុំបើកបង្អួច កុំបិទបង្អួច បើចង្ក្រមជាមួយនឹងភិក្ខុចាស់ ភិក្ខុចាស់ ចង្ក្រមក្នុងទីណា ភិក្ខុត្រូវផ្លាស់ទីចង្ក្រម កុំឲ្យប៉ះជាយសង្ឃាដិភិក្ខុចាស់ឡើយ ព្រះសម្មាសម្ពុទ្ធមានព្យាយាមធំ បានបញ្ញត្តវត្តនោះ ក្នុងសេនាសនៈទាំងឡាយ (យ៉ាងនេះ)។ រឿងឆព្វគ្គិយភិក្ខុទាំងឡាយ គរឧសជាច្រើន ក្នុងផ្ទះជាទីរក្សាកាយ ដុត ហើយអង្គុយរាំងមាត់ទ្វារ ព្រះថេរៈទាំងឡាយត្រូវកំដៅខ្លាំងណាស់ មិនបានទ្វារចេញមក ក៏ជ្រប់ដួលទៅ ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ ក៏ពោលទោសឡើង។ (ព្រះអង្គទ្រង់បញ្ញត្តថា) បើផេះកកកុញច្រើន ក្នុងផ្ទះជាទីរក្សាកាយ ភិក្ខុត្រូវចាក់ផេះចោល បើផ្ទះជាទីរក្សាកាយ ទីលានខាងក្រៅបរិវេណ បន្ទប់ និងរោងនៃផ្ទះជាទីរក្សាកាយ (មានសម្រាម ត្រូវបោសចេញ) ត្រូវសូន្យគ្រឿងលំអិត ត្រូវលាយដីស្អិត ត្រូវចាក់ទឹកក្នុងស្នូក ត្រូវលាបមុខដោយដីស្អិត ហើយបិទបាំងពីមុខពីក្រោយ ហើយសឹមចូលទៅកាន់ផ្ទះជាទីរក្សាកាយ មិនត្រូវអង្គុយជ្រៀតបៀតព្រះថេរៈ មិនត្រូវហាមឃាត់ភិក្ខុខ្ចីដោយអាសនៈ បើអាចធ្វើបរិកម្មបាន ត្រូវធ្វើបរិកម្មដល់ព្រះថេរៈ មិនត្រូវងូតទឹកពីខាងមុខព្រះថេរៈ មិនត្រូវងូតទឹកពីលើខ្សែទឹក ត្រូវបើកផ្លូវឲ្យភិក្ខុដែលចុះទៅងូតទឹក ត្រូវលាងផ្ទះជាទីរក្សាកាយ ដែលប្រឡាក់ដោយភក់ ត្រូវលាងស្នូកសម្រាប់ដាក់ដីស្អិត ហើយទុកដាក់តាំងសម្រាប់ផ្ទះជាទីរក្សាកាយ លត់ភ្លើង បិទទ្វារ ហើយសឹមដើរចៀសចេញទៅ នេះជាវត្តដែលព្រះតថាគតបានបញ្ញត្តទុកហើយ ក្នុងផ្ទះជាទីរក្សាកាយទាំងឡាយ។ រឿងភិក្ខុបន្ទោបង់ឧច្ចារៈ ហើយមិនជម្រះចេញ រឿងភិក្ខុបន្ទោបង់ឧច្ចារៈតាមលំដាប់ចាស់ខ្ចី ទើបព្រះអង្គទ្រង់អនុញ្ញាតឲ្យបន្ទោបង់ឧច្ចារៈតាមលំដាប់ដែលមកដល់ រឿងឆព្វគ្គិយភិក្ខុ ចូលទៅកាន់វច្ចកុដិដោយរហ័សពេកខ្លះ សើយស្បង់ចូលទៅខ្លះ បន្ទោបង់ឧច្ចារៈរមាត់ខ្លះ ទំពាឈើស្ទន់បន្ទោបង់ឧច្ចារៈខ្លះ បន្ទោបង់ឧច្ចារៈខាងក្រៅទឧច្ចារៈខ្លះ បន្ទោបង់បស្សាវៈខាងក្រៅទបស្សាវៈខ្លះ ស្តោះទឹកមាត់ក្នុងទបស្សាវៈខ្លះ កិតដោយឈើគគ្រាតខ្លះ ចោលឈើសម្រាប់កិត ក្នុងរណ្តៅឧច្ចារៈខ្លះ ចេញពីវច្ចកុដិដោយរហ័សពេកខ្លះ សើយស្បង់ចេញមកខ្លះ ជម្រះឲ្យឮចបុចបុខ្លះ ឲ្យសល់ទឹកនៅក្នុងបំពង់សម្រាប់ជម្រះខ្លះ (ទើបព្រះអង្គទ្រង់បញ្ញត្តថា) ភិក្ខុណាទៅកាន់វច្ចកុដិ ភិក្ខុនោះ ត្រូវឈរគ្រហែមពីខាងក្រៅ ឯភិក្ខុដែលអង្គុយនៅខាងក្នុង ត្រូវគ្រហែមតប រឿងពាក់ចីវរលើស្នួរចីវរ ឬខ្សែស្បៀងចីវរ ហើយសឹមចូលទៅដោយសន្សឹមៗ មិនត្រូវចូលទៅដោយរហ័សពេក មិនត្រូវសើយស្បង់ចូលទៅ ត្រូវឈរលើទ្រនាប់សម្រាប់បន្ទោបង់ឧច្ចារៈ ហើយសឹមសើយស្បង់ មិនត្រូវប្រឹងរមាត់បន្ទោបង់ឧច្ចារៈ មិនត្រូវទំពាឈើស្ទន់បន្ទោបង់ឧច្ចារៈ មិនត្រូវបន្ទោបង់ឧច្ចារៈខាងក្រៅទ មិនត្រូវបន្ទោបង់បស្សាវៈខាងក្រៅទបស្សាវៈ មិនត្រូវស្តោះទឹកមាត់ក្នុងទបស្សាវៈ មិនត្រូវកិតដោយឈើគគ្រាត មិនត្រូវចោលឈើសម្រាប់កិត ក្នុងរណ្តៅឧច្ចារៈ ត្រូវឈរលើទ្រនាប់សម្រាប់បន្ទោបង់ឧច្ចារៈ រួចសឹមបិទបាំងស្បង់ មិនត្រូវចេញមកដោយរហ័សពេក មិនត្រូវសើយស្បង់ចេញមក ត្រូវឈរលើទ្រនាប់សម្រាប់ជម្រះ ហើយសឹមសើយស្បង់ មិនត្រូវជម្រះឲ្យឮចបុចបុ មិនត្រូវទុកទឹកឲ្យសល់នៅក្នុងបំពង់សម្រាប់ជម្រះ ត្រូវឈរលើទ្រនាប់សម្រាប់ជម្រះ ហើយសឹមបិទបាំង ត្រូវលាងវច្ចកុដិដែលប្រឡាក់ បើកញ្ជើសម្រាប់ដាក់ឈើសម្រាប់កិតពេញហើយ ត្រូវនាំយកទៅចាក់ចោល បើវច្ចកុដិ លានវច្ចកុដិ បរិវេណ និងបន្ទប់ មានសម្រាម ត្រូវបោសសំអាតចេញ ត្រូវចាក់ទឹកក្នុងក្អមសម្រាប់ជម្រះ (នេះ) ជាវត្តដែលព្រះតថាគត បានបញ្ញត្តទុកក្នុងវច្ចកុដិទាំងឡាយ។ (រឿងព្រះអង្គទ្រង់បញ្ញត្តឧបជ្ឈាយវត្តថា) សទ្ធិវិហារិក ត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើង ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេនទឹកលាងមុខ ក្រាលអាសនៈ ប្រគេនបបរ ប្រគេនទឹក ហើយទទួលយកភាជន៍ ហើយលាងទុកដាក់ ត្រូវសារអាសនៈចេញ បើទីនោះមានសម្រាម ត្រូវបោសចេញ បើឧបជ្ឈាយ៍ចង់ចូលទៅកាន់ស្រុក សទ្ធិវិហារិកត្រូវប្រគេនស្បង់ទៅលោក ត្រូវប្រគេនវត្ថពន្ធចង្កេះ តម្រួតឧត្តរាសង្គៈ និងសង្ឃាដិប្រគេន ត្រូវជូតបាត្រដែលទទឹក រួចហើយសឹមប្រគេន បើឧបជ្ឈាយ៍ចង់បានជាបច្ឆាសមណៈ ត្រូវបិទបាំងមណ្ឌលបី គឺស្លៀកឲ្យជាបរិមណ្ឌល ក្រវាត់វត្ថពន្ធចង្កេះ ឃ្លុំតម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ពាក់ក្ឌុំ លាងបាត្រ ហើយកាន់យកទៅ ធ្វើជាបច្ឆាសមណៈចុះ មិនត្រូវដើរឆ្ងាយពេក មិនត្រូវដើរជិតពេក ត្រូវចាំទទួលរបស់ដែលគេដាក់ក្នុងបាត្ររបស់ឧបជ្ឈាយ៍ បើឧបជ្ឈាយ៍កំពុងនិយាយ មិនត្រូវនិយាយស្កាត់ បើឧបជ្ឈាយ៍និយាយពាក្យដែលជិតនឹងត្រូវអាបត្តិ ត្រូវហាម ត្រូវត្រឡប់ស្រូតមកមុន ហើយក្រាលអាសនៈចាំ ត្រូវដំកល់ទឹកសម្រាប់លាងជើង តាំងរងជើងដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង ត្រូវក្រោកទទួលបាត្រ និងចីវរ ត្រូវប្រគេនស្បង់បន្លាស់ ហើយទទួលយកស្បង់ដែលស្លៀកមកវិញ ត្រូវសំដិលចីវរក្នុងកំដៅថ្ងៃមួយស្របក់ តែកុំទុកចីវរយូរពេក ត្រូវបត់ចីវរកុំឲ្យបាក់ពាក់កណ្តាល ធ្វើវត្ថពន្ធក្នុងផ្នត់ចីវរ បើឧបជ្ឈាយ៍ចង់ឆាន់ ត្រូវបង្អោនបិណ្ឌបាតចូលទៅប្រគេន ត្រូវសួរទឹកឆាន់ ត្រូវប្រគេនទឹក ហើយទទួលបាត្រ កាន់ឲ្យទាបស្រួល លាង ហើយហាលក្នុងកំដៅថ្ងៃមួយស្របក់ តែកុំទុកយូរពេក ត្រូវទុកដាក់បាត្រ និងចីវរ មិនត្រូវទុកបាត្រក្នុងទីមិនស្អាត ត្រូវធ្វើជាយចីវរខាងនាយ ឲ្យជាផ្នត់មកខាងអាយ ហើយសឹមទុកដាក់ កាលឧបជ្ឈាយ៍ក្រោកឡើងហើយ ត្រូវសារអាសនៈចេញ ហើយរៀបទុកដាក់ទឹកត្រជាក់ ទឹកក្តៅ បើឧបជ្ឈាយ៍ចង់ស្រង់ទឹក ត្រូវចាត់ចែងទឹកស្រង់ បើឧបជ្ឈាយ៍ចង់ចូលទៅកាន់ផ្ទះជាទីរក្សាកាយ ត្រូវសូន្យគ្រឿងលំអិតទុក ត្រូវលាយដីស្អិត ត្រូវកាន់យកតាំងសម្រាប់ផ្ទះជាទីរក្សាកាយ ដើរទៅពីខាងក្រោយឧបជ្ឈាយ៍ ប្រគេនតាំងហើយ ទទួលយកចីវរមកដាក់ក្នុងទីសមគួរ ត្រូវប្រគេនគ្រឿងលំអិត ត្រូវប្រគេនដីស្អិត បើសទ្ធិវិហារិកអាចនឹងចូលទៅកាន់ផ្ទះជាទីរក្សាកាយ ត្រូវលាបមុខដោយដីស្អិត ហើយបិទបាំងពីមុខ ពីក្រោយ ហើយសឹមចូលទៅ មិនត្រូវអង្គុយជ្រៀតបៀតភិក្ខុជាថេរៈ មិនត្រូវហាមឃាត់ភិក្ខុខ្ចីដោយអាសនៈ ត្រូវធ្វើបរិកម្ម ដល់ឧបជ្ឈាយ៍ ក្នុងផ្ទះជាទីរក្សាកាយ កាលនឹងចេញមកវិញ ត្រូវបិទបាំងពីមុខ ពីក្រោយ រួចសឹមចេញមកពីផ្ទះជាទីរក្សាកាយ សូម្បីក្នុងទឹក ក៏ត្រូវធ្វើបរិកម្ម ដល់ឧបជ្ឈាយ៍ កាលសទ្ធិវិហារិកងូតរួចហើយ ត្រូវឡើងមកមុន ជូតខ្លួនឲ្យស្ងួតទឹក ហើយស្លៀកស្បង់ រួចសឹមជូតទឹកអំពីខ្លួនរបស់ឧបជ្ឈាយ៍ ត្រូវប្រគេនស្បង់សម្រាប់ស្លៀក ត្រូវប្រគេនសង្ឃាដិ ត្រូវនាំយកតាំងមកមុន ហើយក្រាលអាសនៈ ត្រូវដំកល់ទឹកលាងជើង តាំងរងជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង សទ្ធិវិហារិកត្រូវសួរឧបជ្ឈាយ៍ ដោយទឹកឆាន់ ត្រូវឲ្យឧបជ្ឈាយ៍បង្រៀនបាលី ត្រូវឲ្យឧបជ្ឈាយ៍បង្រៀនអដ្ឋកថា បើវិហារមានសម្រាម ត្រូវបោសសម្រាមចេញ កាលនឹងសំអាតវិហារ ត្រូវនាំយកបាត្រ និងចីវរចេញជាមុន ទៅទុកក្នុងទីដ៏សមគួរ កម្រាលសម្រាប់អង្គុយ ពូកនិងខ្នើយ គ្រែ តាំង ទ្រនាប់ជើងគ្រែ កន្ថោរសម្រាប់ស្តោះទឹកមាត់ ក្តារសម្រាប់ផ្អែក កម្រាលផែនដី សទ្ធិវិហារិក ត្រូវនាំយកទៅទុកក្នុងទីដ៏សមគួរ បើវិហារមានគ្រឿងស្មុកស្មាញ មានសរសៃពីងពាងជាដើម ត្រូវបោសអំពីពិតានមកមុន ត្រូវជូតជ្រុងបង្អួច បើជញ្ជាំងដែលគេបរិកម្មដោយថ្នាំរួចហើយ ត្រឡប់ជាមានសៅហ្មង ត្រូវជ្រលក់កំណាត់សំពត់ពូត ហើយសឹមជូត ត្រូវជូតផ្ទៃដែលគេធ្វើដោយវត្ថុមានពណ៌ខ្មៅ បើផ្ទៃដែលគេមិនបានធ្វើ ត្រូវប្រស់ទឹក ហើយសឹមជូត កម្រាលផែនដី ទ្រនាប់ជើងគ្រែ គ្រែ តាំង ពូក ខ្នើយ កម្រាលសម្រាប់អង្គុយ កន្ថោរសម្រាប់ស្តោះទឹកមាត់ និងក្តារសម្រាប់ផ្អែក លុះសទ្ធិវិហារិកហាលរួចហើយ ត្រូវនាំយកទៅទុក ក្នុងទីដដែលវិញ ត្រូវទុកដាក់បាត្រ និងចីវរ បើខ្យល់ប្រកបដោយធូលី បក់មកពីទិសខាងកើត ពីទិសខាងលិច ពីទិសខាងជើង ពីទិសខាងត្បូង (ត្រូវបិទបង្អួចការពារខ្យល់) បើរដូវត្រជាក់ ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទក្នុងវេលាយប់ បើរដូវក្តៅ ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកក្នុងវេលាយប់ បរិវេណ បន្ទប់ រោងឆាន់ រោងភ្លើង និងវច្ចកុដិ បើមានសម្រាម សទ្ធិវិហារិក ត្រូវបោសសម្រាមចេញ ត្រូវដំកល់ទឹកសម្រាប់ឆាន់ ដំកល់ទឹកសម្រាប់ប្រើប្រាស់ ត្រូវចាក់ទឹកក្នុងក្អមសម្រាប់ជម្រះ បើឧបជ្ឈាយ៍ កើតសេចក្តីអផ្សុក ត្រូវជួយរម្ងាប់សេចក្តីអផ្សុករបស់ឧបជ្ឈាយ៍ ត្រូវជួយបន្ទោបង់សេចក្តីសង្ស័យរបស់ឧបជ្ឈាយ៍ ត្រូវជួយដោះទិដ្ឋិរបស់ឧបជ្ឈាយ៍ ត្រូវធ្វើសេចក្តីខ្វល់ខ្វាយដល់ឧបជ្ឈាយ៍ ដែលត្រូវគរុកាបត្តិ ដែលគួរដល់មូលាយបដិកស្សនៈ ដែលគួរដល់មានត្ត ដែលគួរដល់អព្ភាន បើសង្ឃធ្វើតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សទ្ធិវិហារិក ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា ត្រូវលាងចីវររបស់ឧបជ្ឈាយ៍ ត្រូវធ្វើចីវររបស់ឧបជ្ឈាយ៍ ត្រូវស្ងោរគ្រឿងជ្រលក់ ត្រូវជ្រលក់ចីវរ ប្រែត្រឡប់ឲ្យសព្វល្អ មិនត្រូវទទួលបាត្រ ចីវរ បរិក្ខារ កោរសក់ ធ្វើបរិកម្ម ធ្វើវេយ្យាវច្ចៈ ធ្វើជាបច្ឆាសមណៈរបស់ភិក្ខុឯទៀត មិនត្រូវឲ្យបិណ្ឌបាត ដល់ភិក្ខុណានីមួយឡើយ មិនទាន់លាឧបជ្ឈាយ៍ មិនត្រូវចូលទៅកាន់ស្រុក មិនត្រូវចូលទៅកាន់ព្រៃស្មសាន មិនត្រូវចៀសចេញទៅកាន់ទិស បើឧបជ្ឈាយ៍អាពាធ ត្រូវបម្រើត្រាតែអស់ជីវិត នេះជា ឧបជ្ឈាយវត្ត ដែលព្រះតថាគតបានបញ្ញត្តទុក ចំពោះសទ្ធិវិហារិកទាំងឡាយ។ (រឿងព្រះអង្គទ្រង់បញ្ញត្តសទ្ធិវិហារិកវត្តថា) ឧបជ្ឈាយ៍ត្រូវសង្គ្រោះ អនុគ្រោះសទ្ធិវិហារិក ដោយដម្បូន្មាន ដោយពាក្យប្រដៅ ដោយបាលី ដោយអដ្ឋកថា ត្រូវឲ្យបាត្រ ឲ្យចីវរ ឲ្យបរិក្ខារ បើសទ្ធិវិហារិកមានជម្ងឺ ឧបជ្ឈាយ៍ត្រូវថែទាំ ឧបជ្ឈាយ៍មិនត្រូវធ្វើជាបច្ឆាសមណៈរបស់សទ្ធិវិហារិក ក្នុងឧបជ្ឈាយ៍វត្ត សទ្ធិវិហារិក ត្រូវប្រព្រឹត្តយ៉ាងណា សូម្បីក្នុងអាចរិយវត្ត អន្តេវាសិក ក៏ត្រូវប្រព្រឹត្តយ៉ាងនោះដែរ សទ្ធិវិហារិកវត្ត ឧបជ្ឈាយ៍ត្រូវប្រព្រឹត្តយ៉ាងណា អន្តេវាសិកវត្ត អាចារ្យត្រូវប្រព្រឹត្តយ៉ាងនោះដែរ។ ក្នុងខន្ធកៈនេះ មានរឿង១៩ មានវត្ត១៤ គឺ អាគន្តុកវត្ត១ អាវាសិកវត្ត១ គមិកវត្ត១ អនុមោទនាវត្ត១ ភត្តគ្គវត្ត១ បិណ្ឌបាតិកវត្ត១ អារញ្ញកវត្ត១ សេនាសនវត្ត១ ជន្តាឃរវត្ត១ វច្ចកុដិវត្ត១ ឧបជ្ឈាយវត្ត១ សទ្ធិវិហារិកវត្ត១ អាចរិយវត្ត១ អន្តេវាសិកវត្ត១ ភិក្ខុណាមិនបានញុំាងវត្តឲ្យពេញបរិបូណ៌ទេ សីលរបស់ភិក្ខុនោះក៏មិនពេញបរិបូណ៌ដែរ ភិក្ខុណាមានសីលមិនបរិសុទ្ធ ខ្សត់ប្រាជ្ញា ភិក្ខុនោះក៏មិនបាននូវឯកគ្គតាចិត្តឡើយ ភិក្ខុណាមានចិត្តរវើរវាយ មានអារម្មណ៍រាយមាយ ភិក្ខុនោះ នឹងមិនបានឃើញព្រះសទ្ធម្មដោយប្រពៃ កាលបើភិក្ខុណា មិនបានឃើញព្រះសទ្ធម្មហើយ ភិក្ខុនោះនឹងមិនបានរួចផុតចាកទុក្ខ។ ភិក្ខុណា បានញុំាងវត្តណានីមួយ ឲ្យពេញបរិបូណ៌ហើយ សីលរបស់ភិក្ខុនោះក៏ពេញបរិបូណ៌ ភិក្ខុណាមានសីលបរិសុទ្ធ ប្រកបដោយប្រាជ្ញា ភិក្ខុនោះរមែងបានឯកគ្គតាចិត្ត ភិក្ខុណាមានចិត្តមិនរវើរវាយ មានអារម្មណ៍តែមួយ ភិក្ខុនោះ នឹងបានឃើញច្បាស់នូវធម៌ដោយប្រពៃ កាលបើឃើញច្បាស់នូវព្រះសទ្ធម្ម (ដោយប្រពៃហើយ) ភិក្ខុនោះនឹងបានផុតចាកសេចក្តីទុក្ខ។ ព្រោះហេតុនោះ ភិក្ខុដែលជាបុត្តនៃព្រះជិនស្រី ជាអ្នកមានប្រាជ្ញា ពិចារណាឃើញច្បាស់នូវឱវាទ នៃព្រះពុទ្ធដ៏ប្រសើរ គប្បីបំពេញវត្តឲ្យពេញលេញ នឹងបានសម្រេចនូវព្រះនិព្វាន ក្នុងលំដាប់នោះឯង។

បាតិមោក្ខដ្ឋបនក្ខន្ធកៈ (ទី៩)

(៩. បាតិមោក្ខដ្ឋបនក្ខន្ធកំ)

(បាតិមោក្ខុទ្ទេសយាចនា ទី១)

(១. បាតិមោក្ខុទ្ទេសយាចនា)

[១១១] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទមិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង នាថ្ងៃបណ្ណរសីឧបោសថនោះ ព្រះមានព្រះភាគ ទ្រង់គង់ (ក្នុងរោងឧបោសថ) មានភិក្ខុសង្ឃចោមរោម។ លុះវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីបឋមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែង បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ។ កាលដែលព្រះអានន្ទដ៏មានអាយុក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏គង់ស្ងៀម។ កាលបើវេលារាត្រីមជ្ឈិមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យ ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ អស់វារៈ ជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីមជ្ឈិមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែង បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ។ ព្រះមានព្រះភាគ ទ្រង់គង់ស្ងៀម អស់វារៈ ជាគំរប់ពីរដង។ លុះវេលារាត្រីបច្ឆិមយាមកន្លងទៅហើយ រាត្រីក៏ប្រាកដដូចជាមានមុខស្រស់ (បំព្រង) ក្នុងពេលដែលអរុណរះឡើង ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ជាគំរប់បីដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ រាត្រីបច្ឆិមយាមកន្លងទៅហើយ អរុណក៏រះហើយ រាត្រីក៏ប្រាកដដូចជាមានមុខស្រស់ហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែង បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បរិសទ្យមិនបរិសុទ្ធទេ។

[១១២] គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដៅយកបុគ្គលណាហ្ន៎ បានជាទ្រង់ត្រាស់ថា ម្នាលអានន្ទ បរិសទ្យមិនបរិសុទ្ធទេយ៉ាងនេះ។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ស្ទង់មើលចិត្ត (របស់សង្ឃ) ដោយចិត្ត (របស់លោក) ហើយធ្វើទុកក្នុងចិត្តចំពោះភិក្ខុសង្ឃទាំងអស់នោះ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញបុគ្គលទ្រុស្តសីលនោះ មានធម៌លាមក មានមារយាទមិនល្អ គួរឲ្យគេរង្កៀស មានអំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈ តែប្តេជ្ញាថាខ្លួនជាសមណៈ មិនប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម អង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃ លុះឃើញហើយ ក៏ចូលទៅរកបុគ្គលនោះ លុះចូលទៅជិតហើយ ក៏ពោលពាក្យនេះ ចំពោះបុគ្គលនោះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះមានព្រះភាគ ទ្រង់បានឃើញអ្នកឯងច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ កាលដែលព្រះមហាមោគ្គល្លាន ពោលយ៉ាងនេះ បុគ្គលនោះក៏នៅស្ងៀម។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយពាក្យនេះ នឹងបុគ្គលនោះ ជាគំរប់ពីរដងទៀតថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះមានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ បុគ្គលនោះ ក៏នៅស្ងៀម អស់វារៈពីរដងទៀត។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយពាក្យនេះ នឹងបុគ្គលនោះ ជាគំរប់បីដងទៀតថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះមានព្រះភាគ ទ្រង់បានឃើញអ្នកឯងច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ ឯបុគ្គលនោះ ក៏នៅស្ងៀម អស់វារៈជាគំរប់បីដងទៀត។ តពីនោះមក ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ចាប់ដៃបុគ្គលនោះ ទាញចេញទៅខាងក្រៅស៊ុំទ្វារ ហើយស៊កខ្ទាស់គន្លឹះ និងរនុកទ្វារ រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គ បានបណ្តេញឲ្យដើរចេញទៅហើយ ឥឡូវនេះ បរិសទ្យបរិសុទ្ធហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់សំដែងបាតិមោក្ខ ដល់ភិក្ខុទាំងឡាយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន (ហេតុនេះ) អស្ចារ្យណាស់ មិនធ្លាប់កើតមានទេ ម្នាលមោគ្គល្លាន មោឃបុរសនោះ មិនសមបើនឹងមក ដរាបតែគេចាប់ទាញដៃ (បណ្តេញចេញដូច្នេះ) សោះ។

(មហាសមុទ្ទេអដ្ឋច្ឆរិយៈ ទី២)

(២. មហាសមុទ្ទេអដ្ឋច្ឆរិយំ)

[១១៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានធម្មតា មិនដែលកើតគួរអស្ចារ្យ៨យ៉ាងនេះ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ធម្មតាគួរអស្ចារ្យ៨យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានទំនាបដោយលំដាប់ មានទីជម្រាលដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅទៅតែម្តង ដូចជាអណ្តូងទេ ម្នាលភិក្ខុទាំងឡាយ ឯមហាសមុទ្រ ដែលមានទំនាបដោយលំដាប់ មានទីជម្រាលដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅទៅតែម្តង ដូចអណ្តូងទេ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតាមិនដែលកើត គួរអស្ចារ្យទី១ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

[១១៤] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត មហាសមុទ្រ មានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបានទេ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ តែងមានទឹកតាំងនៅនឹង ជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងបានឡើយ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតាមិនដែលកើតមាន គួរអស្ចារ្យទី២ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

[១១៥] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត មហាសមុទ្រ មិនដែលមានសាកសពស្លាប់នៅរួមបានទេ បើសាកសពស្លាប់ណាមាននៅក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះ ទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច ម្នាលភិក្ខុទាំងឡាយ ឯមហាសមុទ្រ មិនដែលមានសាកសពស្លាប់នៅរួមបាន បើសាកសពណា មានក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះ ទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតាមិនដែលកើត គួរអស្ចារ្យទី៣ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត ទន្លេធំៗទាំងឡាយណានីមួយ ដូចជាទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរទៅដល់មហាសមុទ្រហើយ តែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូលថា មហាសមុទ្រតែម្យ៉ាង ម្នាលភិក្ខុទាំងឡាយ ទន្លេធំទាំងឡាយណានីមួយ ដូចជាទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរទៅដល់មហាសមុទ្រហើយ តែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូលថា មហាសមុទ្រតែម្យ៉ាង ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតាមិនដែលកើត គួរអស្ចារ្យទី៤ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

[១១៧] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត ទឹកទន្លេទាំងឡាយណានីមួយក្នុងលោក ដែលហូរស្រោចទៅរកមហាសមុទ្រក្តី ទ-ទឹកភ្លៀងទាំងឡាយណា ដែលហូរធ្លាក់ចុះមកពីអាកាសក្តី មហាសមុទ្រ ក៏មិនប្រាកដជាស្រក ឬពេញដោយទឹកទន្លេ និងទ ទឹកភ្លៀងនោះឡើយ ម្នាលភិក្ខុទាំងឡាយ ទឹកទន្លេទាំងឡាយណានីមួយក្នុងលោក ដែលហូរទៅរកមហាសមុទ្រក្តី ទ-ទឹកភ្លៀងទាំងឡាយណា ដែលហូរធ្លាក់ចុះមកពីអាកាសក្តី មហាសមុទ្រ ក៏មិនប្រាកដជាស្រក ឬពេញដោយទឹកទន្លេ និងទ-ទឹកភ្លៀងទាំងនោះ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតាមិនដែលកើត គួរអស្ចារ្យទី៥ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

[១១៨] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត មហាសមុទ្រមានរសតែមួយ គឺរសប្រៃ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រតែងមានរសតែមួយ គឺរសប្រៃ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតាមិនដែលកើត គួរអស្ចារ្យទី៦ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

[១១៩] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត មហាសមុទ្រ មានរតនៈ (ទ្រព្យជាគ្រឿងពេញចិត្ត) ច្រើនយ៉ាង មិនមែនមានតែរតនៈម្យ៉ាងទេ ឯរតនៈទាំងនេះ ដែលមានក្នុងមហាសមុទ្រនោះ គឺកែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវមរកត ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានរតនៈច្រើនយ៉ាង មិនមែនមានតែរតនៈម្យ៉ាងទេ ឯរតនៈទាំងនេះ ដែលមាននៅក្នុងមហាសមុទ្រនោះ គឺកែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម និងកែវមរកត ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតាមិនដែលកើត គួរអស្ចារ្យទី៧ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

[១២០] ម្នាលភិក្ខុទាំងឡាយ ហេតុដទៃនៅមានតទៅទៀត មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំៗជាច្រើន ពួកសត្វធំៗទាំងនេះ (តែងនៅ) ក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គល ឈ្មោះតិមិតិមិង្គល ឈ្មោះមហាតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព១រយយោជន៍ខ្លះ មានអត្តភាព២រយយោជន៍ខ្លះ មានអត្តភាព៣រយយោជន៍ខ្លះ មានអត្តភាព៤រយយោជន៍ខ្លះ មានអត្តភាព៥រយយោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំៗជាច្រើន ពួកសត្វធំៗទាំងនេះ ក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គល ឈ្មោះតិមិតិមិង្គល ឈ្មោះមហាតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព១រយយោជន៍ខ្លះ។បេ។ មានអត្តភាព៥រយយោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតាមិនដែលកើត គួរអស្ចារ្យទី៨ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។

(ឥមស្មិំធម្មវិនយេអដ្ឋច្ឆរិយៈ ទី៣)

(៣. ឥមស្មិំធម្មវិនយេអដ្ឋច្ឆរិយំ)

[១២១] ម្នាលភិក្ខុទាំងឡាយ ក្នុងធម៌វិន័យនេះ មានសភាពមិនដែលកើត គួរអស្ចារ្យ៨ប្រការ ដែលភិក្ខុទាំងឡាយឃើញហើយ តែងត្រេកអរ ក្នុងធម៌វិន័យនេះ ដូចមហាសមុទ្រដែរ។ សភាពគួរអស្ចារ្យ៨ប្រការនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម៌វិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងព្រះអរហត្តផលតែម្តងទេ ដូចមហាសមុទ្រ ដែលមានទំនាបដោយលំដាប់ មានទីជម្រាលដោយលំដាប់ មានទីទេរដោយលំដាប់ មិនមែនចោតជ្រៅទៅតែម្តង ដូចអណ្តូងទេ ម្នាលភិក្ខុទាំងឡាយ ក្នុងធម៌វិន័យនេះ តែងមានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងព្រះអរហត្តផលតែម្តង ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពមិនដែលកើត គួរអស្ចារ្យទី១ ក្នុងធម៌វិន័យនេះ ដែលភិក្ខុទាំងឡាយឃើញហើយ តែងត្រេកអរក្នុងធម៌វិន័យនេះ។

[១២២] ម្នាលភិក្ខុទាំងឡាយ សិក្ខាបទណា ដែលតថាគតបានបញ្ញត្តដល់សាវ័កទាំងឡាយហើយ ពួកសាវ័កនៃតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទនោះឡើយ ដូចមហាសមុទ្រ ដែលមានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើង ឬជោរហួសច្រាំងទៅបាន ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ សិក្ខាបទណា ដែលតថាគតបានបញ្ញត្តដល់សាវ័កទាំងឡាយហើយ ពួកសាវ័កនៃតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទនោះ ដោយសភាពណា នេះជាសភាពមិនដែលកើត គួរអស្ចារ្យទី២ ក្នុងធម៌វិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរក្នុងធម៌វិន័យនេះ។

[១២៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទមិនល្អ គួរឲ្យគេរង្កៀស មានអំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈ តែប្តេជ្ញាខ្លួនថា ជាសមណៈ មិនមែនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម សង្ឃនៅរួមជាមួយនឹងបុគ្គលនោះមិនបាន សង្ឃប្រជុំគ្នា នាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ បើទុកជាអង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃពិតមែន បុគ្គលនោះ ក៏ឈ្មោះថានៅឆ្ងាយអំពីសង្ឃ ចំណែកខាងសង្ឃ ក៏ឈ្មោះថា នៅឆ្ងាយអំពីបុគ្គលនោះ ដូចមហាសមុទ្រ មិនដែលមានសាកសពស្លាប់នៅរួមបាន បើសាកសពស្លាប់ណានីមួយ ដែលមានក្នុងមហាសមុទ្រ មហាសមុទ្រតែងបន្សាត់សាកសពនោះទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទមិនល្អ គួរឲ្យគេរង្កៀស បិទបាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ តែប្តេជ្ញាខ្លួនថា ជាសមណៈ មិនមែនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ តែប្តេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ កខ្វក់ដូចសម្រាម សង្ឃនៅរួមជាមួយនឹងបុគ្គលនោះមិនបាន សង្ឃតែងប្រជុំគ្នា នាំយកបុគ្គលនោះចេញមួយរំពេច បុគ្គលនោះ បើទុកជាអង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃដោយពិត បុគ្គលនោះ ក៏ឈ្មោះថានៅឆ្ងាយអំពីសង្ឃ ចំណែកខាងសង្ឃ ក៏ឈ្មោះថា នៅឆ្ងាយអំពីបុគ្គលនោះ ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពមិនដែលកើត គួរអស្ចារ្យទី៣ ក្នុងធម៌វិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរក្នុងធម៌វិន័យនេះ។

[១២៤] ម្នាលភិក្ខុទាំងឡាយ វណ្ណៈ៤ពួកនេះ គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈទាំងនោះ ចេញចាកផ្ទះមកបួសក្នុងធម៌វិន័យ ដែលតថាគតសំដែងហើយ រមែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូល ថាជាសមណសក្យបុត្តិយ៍តែម្យ៉ាង ដូចទន្លធំៗទាំងឡាយ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី ទន្លេទាំងនោះ កាលបើហូរទៅដល់មហាសមុទ្រហើយ តែលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់ថា ជាមហាសមុទ្រតែម្យ៉ាង ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ វណ្ណៈ៤ពួកនេះ គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈទាំងនោះ ចេញចាកផ្ទះ មកបួសក្នុងធម៌វិន័យ ដែលតថាគតសំដែងហើយ ក៏រមែងលះបង់នាម និងគោត្រដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូល ថាជាសមណសក្យបុត្តិយ៍តែម្យ៉ាង ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពមិនដែលកើត គួរអស្ចារ្យទី៤ ក្នុងធម៌វិន័យនេះ ដែលពួកភិក្ខុឃើញហើយ រមែងត្រេកអរក្នុងធម៌វិន័យនេះ។

[១២៥] ម្នាលភិក្ខុទាំងឡាយ ទោះបីពួកភិក្ខុច្រើនរូប បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុ ក៏មិនប្រាកដថា ខ្វះ ឬពេញដោយភិក្ខុទាំងនោះឡើយ ម្នាលភិក្ខុទាំងឡាយ ដូចទឹកទន្លេទាំងឡាយណានីមួយក្នុងលោក ដែលហូរស្រោច ចុះទៅកាន់មហាសមុទ្រក្តី ទ-ទឹកភ្លៀងទាំងឡាយណា ដែលហូរចុះមកពីអាកាសក្តី មហាសមុទ្រ ក៏មិនប្រាកដថាស្រក ឬពេញដោយទឹកនោះ ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយទុកជាពួកភិក្ខុច្រើនរូប បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុ ក៏មិនប្រាកដថា ខ្វះ ឬពេញ ដោយភិក្ខុទាំងនោះ ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពមិនដែលកើត គួរអស្ចារ្យទី៥ ក្នុងធម៌វិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរក្នុងធម៌វិន័យនេះ។

[១២៦] ម្នាលភិក្ខុទាំងឡាយ ធម៌វិន័យនេះ មានរសតែមួយ គឺ វិមុត្តិរស ដូចមហាសមុទ្រ ដែលមានរសតែមួយ គឺរសប្រៃ ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ។បេ។ គឺវិមុត្តិរស ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពមិនដែលកើត គួរអស្ចារ្យទី៦ ក្នុងធម៌វិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរក្នុងធម៌វិន័យនេះ។

[១២៧] ម្នាលភិក្ខុទាំងឡាយ ធម៌វិន័យនេះ មានរតនៈ (ធម៌ជាទីរីករាយ) ច្រើនយ៉ាង មិនមែនមានត្រឹមតែមួយប៉ុណ្ណោះទេ រតនៈនេះ ក្នុងធម៌វិន័យនោះ គឺ សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ និងមគ្គប្រកបដោយអង្គ៨ ដែលជាផ្លូវដ៏ប្រសើរ ដូចមហាសមុទ្រ មានរតនៈ (ទ្រព្យជាគ្រឿងរីករាយ) ច្រើនយ៉ាង មិនមែនមានតែមួយទេ រតនៈទាំងនេះ ក្នុងមហាសមុទ្រនោះ គឺកែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវមរកត ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ ធម៌វិន័យនេះ មានរតនៈ ច្រើនយ៉ាង មិនមែនមានត្រឹមតែមួយប៉ុណ្ណោះទេ រតនៈទាំងនេះ ក្នុងធម៌វិន័យនោះ គឺ សតិប្បដ្ឋាន៤។បេ។ និងមគ្គប្រកបដោយអង្គ៨ ដែលជាផ្លូវដ៏ប្រសើរ ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពមិនដែលកើត គួរអស្ចារ្យទី៧ ក្នុងធម៌វិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរក្នុងធម៌វិន័យនេះ។

[១២៨] ម្នាលភិក្ខុទាំងឡាយ ធម៌វិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំៗជាច្រើន បុគ្គលទាំងនេះ ក្នុងធម៌វិន័យនោះ គឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល សកទាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល អនាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល អរហន្ត និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បី (ធ្វើឲ្យជាក់ច្បាស់) នូវអរហត្តផល ដូចមហាសមុទ្រ ដែលជាទីនៅអាស្រ័យនៃពួកសត្វធំៗជាច្រើន ឯពួកសត្វទាំងនេះ ក្នុងមហាសមុទ្រនោះ គឺ ត្រីឈ្មោះតិមិ។បេ។ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព១រយយោជន៍ខ្លះ មានអត្តភាព២រយយោជន៍ខ្លះ មានអត្តភាព៣រយយោជន៍ខ្លះ មានអត្តភាព៤រយយោជន៍ខ្លះ មានអត្តភាព៥រយយោជន៍ខ្លះ ដែលមាននៅក្នុងមហាសមុទ្រដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ ធម៌វិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំៗជាច្រើន ពួកបុគ្គលទាំងនេះ ក្នុងធម៌វិន័យនោះ គឺ សោតាបន្នបុគ្គល។បេ។ និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បី (ធ្វើឲ្យជាក់ច្បាស់) នូវអរហត្តផល ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពមិនដែលកើត គួរអស្ចារ្យទី៨ ក្នុងធម៌វិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរក្នុងធម៌វិន័យនេះ ម្នាលភិក្ខុទាំងឡាយ នេះឯងហើយ ដែលហៅថា សភាពមិនដែលកើត គួរអស្ចារ្យ៨ប្រការ ក្នុងធម៌វិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម៌វិន័យនេះ។

[១២៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវឧទានវាចានេះ ក្នុងវេលានោះថា

ភិក្ខុត្រូវអាបត្តិហើយ បិទបាំងអាបត្តិទុក រមែងត្រូវអាបត្តិថ្មីដទៃទៀត ភិក្ខុត្រូវអាបត្តិហើយ បើកអាបត្តិ មិនត្រូវអាបត្តិដទៃទៀតទេ ព្រោះហេតុនោះ កាលបើភិក្ខុ (ណាមួយ) ត្រូវអាបត្តិហើយ បិទបាំងអាបត្តិទុក ភិក្ខុ (នោះ) ត្រូវបើកអាបត្តិចេញ ធ្វើយ៉ាងនេះ ទើបមិនត្រូវអាបត្តិនោះទៀតឡើយ។

(បាតិមោក្ខសវនារហៈ ទី៤)

(៤. បាតិមោក្ខសវនារហោ)

[១៣០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ តាំងអំពីថ្ងៃនេះតទៅមុខ តថាគតនឹងមិនធ្វើឧបោសថ មិនសំដែងបាតិមោក្ខទេ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ចាប់ដើមអំពីថ្ងៃនេះតទៅមុខ ចូរអ្នកទាំងឡាយ នាំគ្នាធ្វើឧបោសថ សំដែងបាតិមោក្ខចុះ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងធ្វើឧបោសថ សំដែងបាតិមោក្ខជាមួយនឹងបរិសទ្យមិនបរិសុទ្ធដោយហេតុណា ហេតុនុ៎ះមិនមែនជាទីតាំង មិនមែនជាឱកាស (ល្មមនឹងធ្វើបានទេ) ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុដែលមានអាបត្តិ មិនត្រូវស្តាប់បាតិមោក្ខទេ ភិក្ខុណាស្តាប់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបញ្ឈប់បាតិមោក្ខ ដល់ភិក្ខុដែលមានអាបត្តិហើយ មកស្តាប់បាតិមោក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវបញ្ឈប់ (បាតិមោក្ខ) យ៉ាងនេះឯង។ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះ កាលបើមានបុគ្គល គឺភិក្ខុនោះមក ក្នុងទីចំពោះមុខ ភិក្ខុគប្បីប្រកាសកណ្តាលជំនុំសង្ឃថា បពិត្រព្រះអង្គដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតបុគ្គលឈ្មោះនេះ ជាអ្នកមានអាបត្តិ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ដល់បុគ្គលនោះ កាលបើបុគ្គលនោះ នៅក្នុងទីចំពោះមុខ សង្ឃមិនគួរសំដែងបាតិមោក្ខទេ។ សង្ឃឈ្មោះថា បញ្ឈប់បាតិមោក្ខហើយ។

[១៣១] ក្នុងសម័យនោះ ពួកឆព្វគ្គិយភិក្ខុ សុទ្ធតែជាអ្នកមានអាបត្តិ នាំគ្នាមកស្តាប់បាតិមោក្ខ ដោយគិតថា មិនមាននរណាស្គាល់ពួកយើងទេ។ ពួកភិក្ខុជាថេរៈ ដែលជ្រាបច្បាស់នូវវារៈចិត្តនៃបុគ្គលដទៃ ក៏ប្រាប់ភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ឆព្វគ្គិយភិក្ខុឈ្មោះនេះមួយ ឈ្មោះនេះមួយ សុទ្ធតែជាអ្នកមានអាបត្តិ ហើយនាំគ្នាមកស្តាប់បាតិមោក្ខ ដោយគិតថា មិនមាននរណាស្គាល់ពួកយើងទេ។ ពួកឆព្វគ្គិយភិក្ខុ បានឮដំណឹងថា ពួកភិក្ខុជាថេរៈ ដែលលោកជ្រាបច្បាស់នូវវារៈចិត្ត នៃបុគ្គលដទៃប្រាប់ (រឿង) យើងដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ពួកឆព្វគ្គិយភិក្ខុឈ្មោះនេះមួយ ឈ្មោះនេះមួយ សុទ្ធតែជាអ្នកមានអាបត្តិ ហើយនាំគ្នាមកស្តាប់បាតិមោក្ខ ដោយគិតថា មិនមាននរណាស្គាល់ពួកយើងទេ។ ពួកឆព្វគ្គិយភិក្ខុទាំងនោះគិតគ្នាថា កាលពីមុន ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ បញ្ឈប់បាតិមោក្ខចំពោះពួកយើង ហើយប្រញាប់បញ្ឈប់បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ដែលបរិសុទ្ធ មិនមានអាបត្តិ ដោយឥតមានរឿង ឥតមានហេតុ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងបញ្ឈប់បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ដែលបរិសុទ្ធមិនមានអាបត្តិ ដោយឥតមានរឿង ឥតមានហេតុសោះឡើយ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកឆព្វគ្គិយបញ្ឈប់បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ដែលបរិសុទ្ធ មិនមានអាបត្តិ ដោយឥតមានរឿង ឥតមានហេតុ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះមានព្រះភាគ ទ្រង់បន្ទោស ហើយទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបញ្ឈប់បាតិមោក្ខ ដល់ពួកភិក្ខុ ដែលបរិសុទ្ធ មិនមានអាបត្តិ ដោយឥតមានរឿង ឥតមានហេតុទេ ភិក្ខុណាបញ្ឈប់ ត្រូវអាបត្តិទុក្កដ។

(ធម្មិកាធម្មិកបាតិមោក្ខដ្ឋបនៈ ទី៥)

(៥. ធម្មិកាធម្មិកបាតិមោក្ខដ្ឋបនំ)

[១៣២] ម្នាលភិក្ខុទាំងឡាយ ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌១ ប្រកបដោយធម៌១ ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌២យ៉ាង ប្រកបដោយធម៌២យ៉ាង។ ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៣យ៉ាង ប្រកបដោយធម៌៣យ៉ាង។ ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៤យ៉ាង ប្រកបដោយធម៌៤យ៉ាង។ ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៥យ៉ាង ប្រកបដោយធម៌៥យ៉ាង។ ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៦យ៉ាង ប្រកបដោយធម៌៦យ៉ាង។ ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៧យ៉ាង ប្រកបដោយធម៌៧យ៉ាង។ ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៨យ៉ាង ប្រកបដោយធម៌៨យ៉ាង។ ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៩យ៉ាង ប្រកបដោយធម៌៩យ៉ាង។ ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌១០យ៉ាង ប្រកបដោយធម៌១០យ៉ាង។

[១៣៣] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌១យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌១យ៉ាង។

[១៣៤] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌១យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌១យ៉ាង។

[១៣៥] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌២យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌២យ៉ាង។

[១៣៦] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌២យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌២យ៉ាង។

[១៣៧] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៣យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៣យ៉ាង។

[១៣៨] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៣យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៣យ៉ាង។

[១៣៩] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៤យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះអាជីវវិបត្តិមិនមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៤យ៉ាង។

[១៤០] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៤យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះអាជីវវិបត្តិមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៤យ៉ាង។

[១៤១] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៥យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះបារាជិកាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះសង្ឃាទិសេសាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាចិត្តិយាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាដិទេសនីយាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទុក្កដាបត្តិមិនមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៥យ៉ាង។

[១៤២] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៥យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះបារាជិកាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះសង្ឃាទិសេសាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាចិត្តិយាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាដិទេសនីយាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទុក្កដាបត្តិមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៥យ៉ាង។

[១៤៣] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៦យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៦យ៉ាង។

[១៤៤] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៦យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៦យ៉ាង។

[១៤៥] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៧យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះបារាជិកាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះសង្ឃាទិសេសាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះថុល្លច្ចយាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាចិត្តិយាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាដិទេសនីយាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទុក្កដាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទុព្ភាសិតាបត្តិមិនមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៧យ៉ាង។

[១៤៦] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៧យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះបារាជិកាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះសង្ឃាទិសេសាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះថុល្លច្ចយាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាចិត្តិយាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាដិទេសនីយាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទុក្កដាបត្តិមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទុព្ភាសិតាបត្តិមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៧យ៉ាង។

[១៤៧] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៨យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាជីវវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាជីវវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៨យ៉ាង។

[១៤៨] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៨យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាជីវវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាជីវវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៨យ៉ាង។

[១៤៩] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៩យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមិនមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៩យ៉ាង។

[១៥០] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៩យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ និងមិនធ្វើហើយ១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៩យ៉ាង។

[១៥១] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌១០យ៉ាង។ មិនមានភិក្ខុត្រូវបារាជិក អង្គុយក្នុងបរិសទ្យនោះ១ មិនមានពាក្យពណ៌នា អំពីភិក្ខុត្រូវបារាជិក ដែលសង្ឃធ្វើមិនទាន់ស្រេច១ មិនមានភិក្ខុអ្នកពោលលាសិក្ខា អង្គុយក្នុងបរិសទ្យនោះ១ មិនមានពាក្យពណ៌នា អំពីភិក្ខុអ្នកពោលលាសិក្ខា ដែលសង្ឃធ្វើមិនទាន់ស្រេច១ ភិក្ខុចូលមកព្រមព្រៀងគ្នា ប្រកបដោយធម៌១ ភិក្ខុមិនត្រឡប់សើរើសេចក្តីព្រមព្រៀង ដែលប្រកបដោយធម៌១ មានពាក្យពណ៌នា អំពីការត្រឡប់សើរើសេចក្តីព្រមព្រៀងប្រកបដោយធម៌ ដែលសង្ឃធ្វើស្រេចហើយ១ មិនមានភិក្ខុដែលសង្ឃឃើញ ឮ ឬរង្កៀសដោយសីលវិបត្តិ១ មិនមានភិក្ខុដែលសង្ឃឃើញ ឮ ឬរង្កៀសដោយអាចារវិបត្តិ១ មិនមានភិក្ខុដែលសង្ឃឃើញ ឮ ឬរង្កៀសដោយទិដ្ឋិវិបត្តិ១ នេះហៅថា ការបញ្ឈប់បាតិមោក្ខ មិនប្រកបដោយធម៌១០យ៉ាង។

[១៥២] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌១០យ៉ាង។ មានភិក្ខុត្រូវបារាជិក អង្គុយក្នុងបរិសទ្យនោះ១ មានពាក្យពណ៌នា អំពីភិក្ខុត្រូវបារាជិក ដែលសង្ឃធ្វើមិនទាន់ស្រេច១ មានភិក្ខុអ្នកពោលលាសិក្ខា អង្គុយក្នុងបរិសទ្យ១ មានពាក្យពណ៌នា អំពីភិក្ខុអ្នកពោលលាសិក្ខា ដែលសង្ឃធ្វើមិនទាន់ស្រេច១ ភិក្ខុមិនចូលមកព្រមព្រៀងគ្នាប្រកបដោយធម៌១ ភិក្ខុត្រឡប់សើរើសេចក្តីព្រមព្រៀង ដែលប្រកបដោយធម៌១ មានពាក្យពណ៌នា អំពីការត្រឡប់សើរើសេចក្តីព្រមព្រៀងប្រកបដោយធម៌ ដែលសង្ឃបានធ្វើស្រេចហើយ១ មានភិក្ខុដែលសង្ឃឃើញ ឮ ឬរង្កៀសដោយសីលវិបត្តិ១ មានភិក្ខុដែលសង្ឃឃើញ ឮ ឬរង្កៀសដោយអាចារវិបត្តិ១ មានភិក្ខុដែលសង្ឃឃើញ ឮ ឬរង្កៀសដោយទិដ្ឋិវិបត្តិ១ នេះហៅថា ការបញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌១០យ៉ាង។

(ធម្មិកបាតិមោក្ខដ្ឋបនៈ ទី៦)

(៦. ធម្មិកបាតិមោក្ខដ្ឋបនំ)

[១៥៣] ដូចម្តេចហៅថា ភិក្ខុត្រូវបារាជិក អង្គុយក្នុងបរិសទ្យនោះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ រមែងមានការត្រូវអាបត្តិបារាជិក ដោយអាការណា ដោយភេទណា ដោយនិមិត្តណា ឯភិក្ខុរមែងឃើញភិក្ខុដែលត្រូវអាបត្តិបារាជិក ដោយអាការនោះ ដោយភេទនោះ ដោយនិមិត្តនោះ បើភិក្ខុមិនបានឃើញភិក្ខុដែលត្រូវអាបត្តិបារាជិក (នោះ) ទេ ក៏គង់មានភិក្ខុឯទៀត ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ ប្រសិនបើភិក្ខុមិនឃើញភិក្ខុដែលត្រូវអាបត្តិបារាជិកនោះទេ ទាំងភិក្ខុឯទៀត ក៏មិនបានប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ ដូច្នេះទេ ក៏ភិក្ខុនោះឯង ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិបារាជិកហើយ ដូច្នេះ (មិនខាន) ម្នាលភិក្ខុទាំងឡាយ បើភិក្ខុមានប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាលសង្ឃ ចំពោះបុគ្គល គឺភិក្ខុត្រូវអាបត្តិបារាជិក ដែលនៅក្នុងទីចំពោះមុខនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះ ដោយការឃើញនោះ ដោយការឮនោះ ដោយការរង្កៀសនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតបុគ្គលឈ្មោះនេះ ត្រូវអាបត្តិបារាជិកហើយ ឥឡូវនេះ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខដល់បុគ្គលនោះ កាលបើបុគ្គលនោះមកនៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខទេ។ ការបញ្ឈប់បាតិមោក្ខនេះ ឈ្មោះថា ប្រកបដោយធម៌។

[១៥៤] កាលបើសង្ឃបញ្ឈប់បាតិមោក្ខដល់ភិក្ខុហើយ បរិសទ្យក្រោកឡើង ព្រោះបណ្តាអន្តរាយទាំង១០យ៉ាង អន្តរាយណាមួយ ទោះបីអន្តរាយអំពីព្រះរាជាក្តី អន្តរាយអំពីចោរក្តី អន្តរាយអំពីភ្លើងក្តី អន្តរាយអំពីទឹកក្តី អន្តរាយអំពីមនុស្សក្តី អន្តរាយអំពីអមនុស្សក្តី អន្តរាយអំពីសត្វសាហាវក្តី អន្តរាយអំពីសត្វពស់តូច និងពស់ធំក្តី អន្តរាយអំពីជីវិតក្តី អន្តរាយព្រហ្មចរិយធម៌ក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែលនៅក្នុងទីចំពោះមុខនោះ ក្នុងអាវាសនោះ ឬក្នុងអាវាសណាមួយបានថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីបារាជិក របស់បុគ្គលឈ្មោះនេះ សង្ឃធ្វើមិនទាន់ស្រេចនៅឡើយទេ (ព្រោះ) រឿងនោះ សង្ឃមិនទាន់វិនិច្ឆ័យដាច់ស្រេច បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីវិនិច្ឆ័យរឿងនោះចុះ។ បើសង្ឃបានវិនិច្ឆ័យរឿងនោះដាច់ស្រេច នេះជាការល្អ បើបែរជាវិនិច្ឆ័យមិនបានវិញ ភិក្ខុត្រូវសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គលដែលនៅក្នុងទីចំពោះមុខនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីបារាជិក របស់បុគ្គលឈ្មោះនេះ សង្ឃធ្វើមិនទាន់ស្រេចនៅឡើយ (ព្រោះ) រឿងនោះ សង្ឃមិនទាន់វិនិច្ឆ័យដាច់ស្រេច ឥឡូវ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ដល់បុគ្គលនោះ កាលបើបុគ្គលនោះ នៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខទេ។ ការបញ្ឈប់បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៥៥] ភិក្ខុអ្នកពោលលាសិក្ខា អង្គុយនៅក្នុងបរិសទ្យនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពោលលាសិក្ខា ដោយអាការណា ដោយភេទណា ដោយនិមិត្តណា ភិក្ខុឃើញភិក្ខុកំពុងពោលលាសិក្ខា ដោយអាការនោះ ដោយភេទនោះ ដោយនិមិត្តនោះ បើភិក្ខុមិនបានឃើញភិក្ខុកំពុងពោលលាសិក្ខា (នោះ) ទេ គង់មានភិក្ខុឯទៀត ប្រាប់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ពោលលាសិក្ខាហើយ បើភិក្ខុមិនឃើញភិក្ខុកំពុងពោលលាសិក្ខា ទាំងភិក្ខុឯទៀត ក៏មិនប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ពោលលាសិក្ខាហើយ ដូច្នេះទេ ក៏គង់ភិក្ខុនោះឯង ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំពោលលាសិក្ខាហើយ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែលនៅក្នុងទីចំពោះមុខ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះ ដោយការឃើញនោះ ដោយការឮនោះ ដោយការរង្កៀសនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ពោលលាសិក្ខាហើយ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខដល់បុគ្គលនោះ កាលបើបុគ្គលនោះនៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខទេ។ ការបញ្ឈប់បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៥៦] កាលបើសង្ឃបញ្ឈប់បាតិមោក្ខដល់ភិក្ខុហើយ បរិសទ្យក្រោកឡើង ព្រោះអន្តរាយទាំង១០យ៉ាង អន្តរាយណាមួយ ទោះបីអន្តរាយអំពីព្រះរាជាក្តី។បេ។ អន្តរាយព្រហ្មចរិយធម៌ក្តី ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែលនៅក្នុងទីចំពោះមុខនោះ ក្នុងអាវាសនោះ ឬក្នុងអាវាសណាមួយថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីភិក្ខុអ្នកពោលលាសិក្ខា នៃបុគ្គលឈ្មោះនេះ សង្ឃធ្វើមិនទាន់ស្រេចទេ (ព្រោះ) រឿងនោះ សង្ឃកាត់សេចក្តីមិនទាន់ដាច់ស្រេចនៅឡើយ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីវិនិច្ឆ័យរឿងនោះចុះ។ បើសង្ឃបានវិនិច្ឆ័យរឿងនោះដាច់ស្រេច នេះជាការល្អ បើបែរជាវិនិច្ឆ័យមិនបានវិញ ភិក្ខុត្រូវសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គលដែលនៅក្នុងទីចំពោះមុខនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីភិក្ខុអ្នកពោលលាសិក្ខា នៃបុគ្គលឈ្មោះនេះ សង្ឃធ្វើមិនទាន់ស្រេចទេ (ព្រោះ) រឿងនោះ សង្ឃកាត់សេចក្តីមិនទាន់ដាច់ស្រេចនៅឡើយ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ដល់បុគ្គលនោះ កាលបើបុគ្គលនោះ នៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខទេ។ ការបញ្ឈប់បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៥៧] ភិក្ខុមិនបានចូលមកព្រមព្រៀងគ្នា ប្រកបដោយធម៌ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកិរិយាមិនដល់សេចក្តីព្រមព្រៀង ប្រកបដោយធម៌ ដោយអាការណា ដោយភេទណា ដោយនិមិត្តណា ភិក្ខុឃើញភិក្ខុដែលមិនដល់សេចក្តីព្រមព្រៀងគ្នា ប្រកបដោយធម៌ ដោយអាការនោះ ដោយភេទនោះ ដោយនិមិត្តនោះ បើភិក្ខុមិនឃើញភិក្ខុដែលមិនដល់សេចក្តីព្រមព្រៀង ប្រកបដោយធម៌ (នោះ) ទេ គង់មានភិក្ខុឯទៀត ប្រាប់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មិនដល់សេចក្តីព្រមព្រៀង ប្រកបដោយធម៌ទេ ប្រសិនបើភិក្ខុ ក៏មិនបានឃើញភិក្ខុដែលមិនដល់សេចក្តីព្រមព្រៀង ប្រកបដោយធម៌ ទាំងភិក្ខុឯទៀត ក៏មិនបានប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មិនដល់សេចក្តីព្រមព្រៀង ប្រកបដោយធម៌ ដូច្នេះទេ ក៏គង់ភិក្ខុនោះឯង ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំមិនដល់សេចក្តីព្រមព្រៀង ប្រកបដោយធម៌ទេ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែលនៅក្នុងទីចំពោះមុខ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះ ដោយការឃើញនោះ ដោយការឮនោះ ដោយការរង្កៀសនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គល គឺភិក្ខុឈ្មោះនេះ មិនដល់សេចក្តីព្រមព្រៀង ប្រកបដោយធម៌ទេ ឥឡូវ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ដល់បុគ្គលនោះ កាលបើបុគ្គលនោះនៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខទេ។ ការបញ្ឈប់បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៥៨] ភិក្ខុត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ (នោះ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ រមែងមានការត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ ដោយអាការណា ដោយភេទណា ដោយនិមិត្តណា ភិក្ខុឃើញភិក្ខុដែលត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ ដោយអាការនោះ ដោយភេទនោះ ដោយនិមិត្តនោះ បើភិក្ខុមិនឃើញភិក្ខុដែលត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ទេ គង់មានភិក្ខុឯទៀត ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ហើយ ប្រសិនបើភិក្ខុ ក៏មិនឃើញភិក្ខុដែលត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ ទាំងភិក្ខុឯទៀត ក៏មិនបានប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ ត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ហើយ ដូច្នេះទេ ក៏គង់ភិក្ខុនោះ ប្រាប់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្ញុំត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ហើយ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុប្រាថ្នា គប្បីសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែលនៅក្នុងទីចំពោះមុខនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះ ដោយការឃើញនោះ ដោយការឮនោះ ដោយការរង្កៀសនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ហើយ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ដល់បុគ្គលនោះ កាលបើបុគ្គលនោះនៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខទេ។ ការបញ្ឈប់បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៥៩] កាលបើសង្ឃបានបញ្ឈប់បាតិមោក្ខដល់ភិក្ខុនោះហើយ បរិសទ្យក៏ក្រោកចេញ ព្រោះបណ្តាអន្តរាយទាំង១០យ៉ាង អន្តរាយណាមួយ ទោះបីអន្តរាយអំពីព្រះរាជាក្តី។បេ។ អន្តរាយព្រហ្មចរិយធម៌ក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែលនៅក្នុងទីចំពោះមុខនោះ ក្នុងអាវាសនោះ ឬក្នុងអាវាសណាមួយថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីការត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ នៃបុគ្គលឈ្មោះនេះ សង្ឃធ្វើមិនទាន់ស្រេចនៅឡើយ (ព្រោះ) រឿងនោះ សង្ឃវិនិច្ឆ័យមិនទាន់ដាច់ស្រេច បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីវិនិច្ឆ័យរឿងនោះចុះ។ បើសង្ឃបានវិនិច្ឆ័យរឿងនោះដាច់ស្រេច នេះក៏ជាការប្រពៃ បើបែរជាវិនិច្ឆ័យមិនបានវិញ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះ ភិក្ខុត្រូវសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គលដែលនៅក្នុងទីចំពោះមុខនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ពាក្យពណ៌នាអំពីការត្រឡប់សើរើសេចក្តីព្រមព្រៀង ប្រកបដោយធម៌ នៃបុគ្គលឈ្មោះនេះ សង្ឃធ្វើមិនទាន់ស្រេចនៅឡើយទេ (ព្រោះ) រឿងនោះ សង្ឃវិនិច្ឆ័យមិនទាន់ដាច់ស្រេច ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ដល់បុគ្គលនោះ កាលបើបុគ្គលនោះ នៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខទេ។ ការបញ្ឈប់បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៦០] ភិក្ខុដែលគេបានឃើញ ឮ រង្កៀសដោយសីលវិបត្តិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដែលគេបានឃើញ ឮ រង្កៀស ដោយសីលវិបត្តិ ដោយអាការណា ដោយភេទណា ដោយនិមិត្តណា ភិក្ខុក៏ឃើញភិក្ខុដែលគេបានឃើញ ឮ រង្កៀស ដោយសីលវិបត្តិ ដោយអាការនោះ ដោយភេទនោះ ដោយនិមិត្តនោះ បើភិក្ខុមិនឃើញភិក្ខុដែលគេឃើញ ឮ រង្កៀស ដោយសីលវិបត្តិនោះទេ គង់មានភិក្ខុឯទៀត ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មានគេឃើញ ឮ រង្កៀសដោយសីលវិបត្តិ (ប្រសិនបើ) ភិក្ខុមិនឃើញភិក្ខុដែលមានគេឃើញ ឮ រង្កៀស ដោយសីលវិបត្តិ ទាំងភិក្ខុឯទៀត ក៏មិនប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មានគេឃើញ ឮ រង្កៀស ដោយសីលវិបត្តិ ដូច្នេះទេ ក៏គង់ភិក្ខុនោះឯង ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្លួនខ្ញុំមានគេឃើញ ឮ ឬរង្កៀស ដោយសីលវិបត្តិដូច្នេះ (មិនលែង) ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុមានប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែលនៅក្នុងទីចំពោះមុខនោះ ដោយការឃើញនោះ ដោយការឮនោះ ដោយការរង្កៀសនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គលឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយសីលវិបត្តិ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ចំពោះបុគ្គលនោះ កាលបើបុគ្គលនោះនៅក្នុងទីចំពោះមុខសង្ឃ សង្ឃមិនត្រូវសំដែងបាតិមោក្ខឡើយ។ ការបញ្ឈប់បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៦១] ភិក្ខុដែលគេឃើញ ឮ រង្កៀសដោយអាចារវិបត្តិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងមានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិ ដោយអាការណា ដោយភេទណា ដោយនិមិត្តណា ភិក្ខុក៏ឃើញភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀសហើយ ដោយអាចារវិបត្តិ ដោយអាការនោះ ដោយភេទនោះ ដោយនិមិត្តនោះដែរ បើភិក្ខុមិនបានឃើញភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិនោះទេ គង់មានភិក្ខុឯទៀត ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិដូច្នេះដែរ (ប្រសិនបើ) ភិក្ខុក៏មិនបានឃើញភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិទេ ទាំងភិក្ខុឯទៀត ក៏មិនបានប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិ ដូច្នេះទេ ក៏គង់ភិក្ខុនោះឯង ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្លួនខ្ញុំមានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើប្រាថ្នា ក៏គប្បីសូត្រក្នុងកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែលនៅក្នុងទីចំពោះមុខនោះ ដោយការឃើញនោះ ដោយការឮនោះ ដោយការរង្កៀសនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថនោះថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គលឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយអាចារវិបត្តិហើយ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ចំពោះបុគ្គលនោះ កាលបើបុគ្គលនោះនៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខឡើយ។ ការបញ្ឈប់បាតិមោក្ខ (នេះ) ឈ្មោះថា ប្រកបដោយធម៌។

[១៦២] ភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀសដោយទិដ្ឋិវិបត្តិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងមានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិ ដោយអាការណា ដោយភេទណា ដោយនិមិត្តណា ភិក្ខុផងគ្នាក៏ឃើញភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិ ដោយអាការនោះ ដោយភេទនោះ ដោយនិមិត្តនោះដែរ បើភិក្ខុផងគ្នាមិនឃើញភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិទេ គង់មានភិក្ខុឯទៀត ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀសដោយទិដ្ឋិវិបត្តិដូច្នេះដែរ (ប្រសិនបើ) ភិក្ខុក៏មិនឃើញភិក្ខុដែលមានគេឃើញ ឮ ឬរង្កៀស ដោយសីលវិបត្តិទេ ទាំងភិក្ខុឯទៀត ក៏មិនប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ភិក្ខុឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀសហើយ ដោយទិដ្ឋិវិបត្តិ ដូច្នេះទេ ក៏គង់ភិក្ខុនោះឯង ប្រាប់ដល់ភិក្ខុផងគ្នាថា ម្នាលអាវុសោ ខ្លួនខ្ញុំមានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើប្រាថ្នា ក៏គប្បីសូត្រក្នុងទីកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែលនៅក្នុងទីចំពោះមុខនោះ ដោយការឃើញនោះ ដោយការឮនោះ ដោយការរង្កៀសនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គលឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិហើយ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ចំពោះបុគ្គលនោះ កាលបើបុគ្គលនោះ នៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខទេ។ (នេះ) ឈ្មោះថា ការបញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌។ ទាំង១០នេះ ឈ្មោះថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌។

ភាណវារៈ ជាបឋម។

(អត្តាទានអង្គៈ ទី៧)

(៧. អត្តាទានអង្គំ)

[១៦៣] គ្រានោះឯង ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះឧបាលិដ៏មានអាយុ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលមានប្រាថ្នានឹងកាន់យកនូវអត្តាទាន21) (ការទទួលរ៉ាងរងអធិករណ៍ដោយខ្លួនឯង) តើត្រូវកាន់យកនូវអត្តាទាន ប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ (បើ) ភិក្ខុមានសេចក្តីប៉ុនប៉ងនឹងកាន់យកនូវអត្តាទាន ត្រូវកាន់យកនូវអត្តាទាន ដែលប្រកបដោយអង្គ៥ ម្នាលឧបាលិ ឯភិក្ខុដែលមានសេចក្តីប៉ុនប៉ងនឹងកាន់យកនូវអត្តាទាន (នោះ) ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញមានបំណងនឹងកាន់យកនូវអត្តាទាននេះ ចុះកាលនេះ ជាកាលគួរនឹងកាន់យកនូវអត្តាទាននេះ ឬមិនគួរទេ។ ម្នាលឧបាលិ ប្រសិនបើភិក្ខុពិចារណាទៅ បានដឹងយ៉ាងនេះថា កាលនេះជាកាលមិនគួរ ជាកាលមិនទំនងនឹងកាន់យកនូវអត្តាទាននេះទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ប្រសិនជាភិក្ខុពិចារណាទៅបានដឹងយ៉ាងនេះថា កាលនេះជាកាលគួរ មិនមែនជាកាលមិនគួរនឹងកាន់យកនូវអត្តាទាននេះទេ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវពិចារណាតទៅទៀតថា អាត្មាអញ មានបំណងនឹងកាន់យកនូវអត្តាទាននេះ តើអត្តាទាននេះពិតឬទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណាទៅដឹងយ៉ាងនេះថា អត្តាទាននេះ មិនពិត មិនប្រាកដទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ប្រសិនជាភិក្ខុពិចារណាទៅ បានដឹងយ៉ាងនេះថា អត្តាទាននេះ ពិតប្រាកដហើយ មិនមែនមិនពិតទេ ម្នាលឧបាលិ ភិក្ខុនោះត្រូវពិចារណាតទៅទៀតថា អាត្មាអញ មានបំណងនឹងកាន់យកនូវអត្តាទាននេះ អត្តាទាននេះ តើប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ទេ។ ម្នាលឧបាលិ ប្រសិនបើភិក្ខុពិចារណាទៅ បានដឹងយ៉ាងនេះថា អត្តាទាននេះ មិនប្រកបដោយប្រយោជន៍ ជាអំពើឥតប្រយោជន៍ទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ប្រសិនជាភិក្ខុពិចារណាទៅ បានដឹងយ៉ាងនេះថា អត្តាទាននេះ ប្រកបដោយប្រយោជន៍ មិនមែនជាអំពើឥតប្រយោជន៍ទេ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវពិចារណាតទៅទៀតថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះទៅ តើនឹងបានពួកភិក្ខុជាមិត្តសម្លាញ់គ្រាន់តែជួបគ្នា ឬជាមិត្តសម្លាញ់ តែងនៅរួមជាមួយគ្នា ជាពួកខាងធម៌ ខាងវិន័យ ឬមិនបានទេ។ ម្នាលឧបាលិ ប្រសិនជាភិក្ខុពិចារណាទៅ បានដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះទៅហើយ នឹងមិនបានពួកភិក្ខុជាមិត្តសម្លាញ់គ្រាន់តែជួបគ្នា ឬជាមិត្តសម្លាញ់តែងនៅរួមជាមួយគ្នា ជាពួកខាងធម៌ ខាងវិន័យ (ទាំងនោះទេ) ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ប្រសិនជាភិក្ខុពិចារណាទៅ បានដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះទៅ នឹងបានពួកភិក្ខុ ជាមិត្តសម្លាញ់គ្រាន់តែជួបគ្នា ឬជាមិត្តសម្លាញ់តែងនៅរួមជាមួយគ្នា ដែលជាពួកខាងធម៌ ខាងវិន័យ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវពិចារណាតទៅទៀតថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះទៅ ក្រែងមានការប្រកួតប្រកាន់ ការឈ្លោះ ការប្រកាន់ខុស ការទាស់ទែង ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់ផ្សេងនៃសង្ឃ ការធ្វើផ្សេងៗនៃសង្ឃ នឹងកើតមានដល់សង្ឃ ព្រោះហេតុនៃអត្តាទាននោះ ឬមិនមានទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណាទៅ បានដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទានទៅហើយ ការប្រកួតប្រកាន់ ការឈ្លោះ ការប្រកាន់ខុស ការទាស់ទែង ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់ផ្សេងនៃសង្ឃ ការធ្វើផ្សេងៗនៃសង្ឃ នឹងកើតមានដល់សង្ឃ ព្រោះហេតុនៃអត្តាទាននោះ (ជាប្រាកដ) ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ បើភិក្ខុពិចារណាទៅ បានដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះទៅ ការប្រកួតប្រកាន់ ការឈ្លោះ ការប្រកាន់ខុស ការទាស់ទែង ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់ផ្សេងនៃសង្ឃ និងការធ្វើផ្សេងៗនៃសង្ឃ មិនកើតមានដល់សង្ឃ ព្រោះហេតុនៃអត្តាទាននោះឡើយ ម្នាលឧបាលិ ភិក្ខុត្រូវកាន់យកនូវអត្តាទាននោះចុះ ម្នាលឧបាលិ អត្តាទានប្រកបដោយអង្គ៥ប្រការ ដូចបានសំដែងមកនេះឯង កាលបើភិក្ខុកាន់យកហើយ នឹងមិនធ្វើឲ្យកើតសេចក្តីក្តៅក្រហាយចិត្ត ក្នុងកាលជាខាងក្រោយឡើយ។

(ចោទកេនបច្ចវេក្ខិតព្ពធម្ម ទី៨)

(៨. ចោទកេនបច្ចវេក្ខិតព្ពធម្មា)

[១៦៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ តើត្រូវពិចារណាធម៌ចំពោះខ្លួនឯង មានប៉ុន្មានសិន ទើបគួរនឹងចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ឯភិក្ខុអ្នកចោទមានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌៥ប្រការ ចំពោះខ្លួនឯងសិន រួចសឹមចោទភិក្ខុដទៃ ម្នាលឧបាលិ ភិក្ខុអ្នកចោទមានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ មានកាយសមាចារបរិសុទ្ធឬហ្ន៎ អាត្មាអញ ជាអ្នកប្រកបដោយកាយសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ធម៌នុ៎ះមានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមានកាយសមាចារមិនបរិសុទ្ធទេ (តែហាក់ដូច) ជាអ្នកប្រកបដោយកាយសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ភិក្ខុនោះឯងគង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោកសិក្សានូវសមាចារផ្លូវកាយជាមុនសិន ភិក្ខុនោះគង់មានអ្នកផងស្តីដាស់តឿន ដូចសំដែងមកនេះឯង។

[១៦៥] ម្នាលឧបាលិ ពាក្យខាងមុខនៅមានទៀត ភិក្ខុអ្នកចោទមានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ មានវចីសមាចារបរិសុទ្ធឬហ្ន៎ អាត្មាអញ ប្រកបដោយវចីសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ធម៌នោះ មានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមានវចីសមាចារមិនបរិសុទ្ធទេ (តែហាក់ដូច) ជាអ្នកប្រកបដោយវចីសមាចារបរិសុទ្ធ មិនធ្លុះធ្លាយ មិនមានទំនងគួរឲ្យគេចាប់ថ្នាក់បាន ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោកសិក្សានូវសមាចារផ្លូវវាចាជាមុនសិន ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ដូចសំដែងមកនេះឯង។

[១៦៦] ម្នាលឧបាលិ ពាក្យខាងមុខនៅមានទៀត ភិក្ខុអ្នកចោទមានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា ចិត្តរបស់អាត្មាអញ មានមេត្តាតាំងមាំ ទាំងមិនចង្អៀតចង្អល់ក្នុងសព្រហ្មចារីបុគ្គលទេឬហ្ន៎ ធម៌នោះ មានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមិនមានមេត្តាចិត្តតាំងមាំ មានចិត្តចង្អៀតចង្អល់ ក្នុងសព្រហ្មចារីបុគ្គល ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿនថា នែលោកដ៏មានអាយុ ចូរលោកតាំងមេត្តាចិត្តឲ្យ (មាំ) ក្នុងសព្រហ្មចារីបុគ្គលចុះ ភិក្ខុនោះ គង់មានអ្នកផងស្តីដាស់តឿន ដូចសំដែងមកនេះឯង។

[១៦៧] ម្នាលឧបាលិ ពាក្យខាងមុខនៅមានទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា អាត្មាអញ ជាពហុស្សូត ទ្រទ្រង់ព្រះសូត្រ សន្សំព្រះសូត្រឬហ្ន៎ (មួយទៀត) ធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងនោះ ជាធម៌ដែលអាត្មាអញបានស្តាប់ច្រើន បានទ្រទ្រង់ បានសន្សំដោយពាក្យ បានពិចារណា (មុតមាំ) ហើយក្នុងចិត្ត បានយល់ត្រឹមត្រូវហើយដោយទិដ្ឋិ ធម៌នោះមានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនទាន់មានទេ។ ម្នាលឧបាលិ ប្រសិនជាភិក្ខុមិនមែនជាពហុស្សូត មិនទ្រទ្រង់ព្រះសូត្រ មិនសន្សំព្រះសូត្រសោះទេ បើធម៌ទាំងឡាយណា មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ គឺភិក្ខុនោះមិនបានចេះដឹងច្រើន មិនបានទ្រទ្រង់ មិនបានសន្សំដោយពាក្យ មិនបានពិចារណា (មុតមាំ) ក្នុងចិត្ត មិនបានយល់ត្រឹមត្រូវដោយទិដ្ឋិទេ ភិក្ខុនោះឯង គង់មានអ្នកផងស្តីដាស់តឿនថា ម្នាលលោកដ៏មានអាយុ សូមនិមន្តលោករៀនព្រះបរិយត្តិធម៌សិនទៅ ភិក្ខុនោះគង់មានអ្នកផងស្តីដាស់តឿន ដូចសំដែងមកនេះឯង។

[១៦៨] ម្នាលឧបាលិ ពាក្យខាងមុខនៅមានទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា បាតិមោក្ខទាំងពីរ អញក៏ចេះចាំដោយសេចក្តីពិស្តារ ចែកចេញបានដោយប្រពៃ ចាំស្ទាត់រត់មាត់ កាត់សេចក្តីបានដោយល្អ តាមសូត្រ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈដែរឬ ធម៌នុ៎ះមានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ។ ម្នាលឧបាលិ ប្រសិនបើបាតិមោក្ខទាំងពីរ ភិក្ខុមិនបានចេះចាំដោយសេចក្តីពិស្តារ មិនបានចែកចេញដោយប្រពៃ មិនបានចាំស្ទាត់រត់មាត់ មិនបានកាត់សេចក្តីដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈទេ ភិក្ខុនោះឯង បើមានគេសួរថា ម្នាលោកដ៏មានអាយុ ចុះសិក្ខាបទនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងក្នុងនគរណា ភិក្ខុនោះមុខជាឆ្លើយប្រាប់ទៅវិញមិនរួច ភិក្ខុនោះឯង គង់មានអ្នកផងស្តីដាស់តឿនថា ម្នាលលោកដ៏មានអាយុ សូមនិមន្តលោករៀនវិន័យសិនទៅ ភិក្ខុនោះឯង គង់មានអ្នកផងស្តីដាស់តឿន ដូចសំដែងមកនេះឯង ម្នាលឧបាលិ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌៥ប្រការនេះ ក្នុងខ្លួនឯងសិន ហើយសឹមចោទភិក្ខុដទៃ។

(ចោទកេនឧបដ្ឋាបេតព្ពធម្ម ទី៩)

(៩. ចោទកេនឧបដ្ឋាបេតព្ពធម្មា)

[១៦៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន បើភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ តើត្រូវតាំងធម៌ប៉ុន្មានប្រការក្នុងខ្លួនឯង ហើយទើបគួរចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ បើមានប្រាថ្នានឹងចោទភិក្ខុដទៃ លុះតែតាំងធម៌៥ប្រការក្នុងខ្លួនឯង ទើបគួរចោទភិក្ខុដទៃបាន (ធម៌៥ប្រការនោះគឺ) អាត្មាអញ នឹងនិយាយត្រូវតាមកាលគួរ មិននិយាយខុសកាល១ អាត្មាអញ នឹងនិយាយពាក្យពិត មិននិយាយពាក្យមិនពិត១ អាត្មាអញនឹងនិយាយពាក្យផ្អែមល្ហែម មិននិយាយពាក្យអាក្រក់១ អាត្មាអញនឹងនិយាយពាក្យប្រកបដោយប្រយោជន៍ មិននិយាយពាក្យឥតប្រយោជន៍១ អាត្មាអញនឹងតាំងមេត្តាចិត្តហើយសឹមនិយាយ មិននិយាយទាំងទោសចិត្ត១ ម្នាលឧបាលិ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌៥ប្រការទុកក្នុងខ្លួនឯង ហើយសឹមចោទភិក្ខុដទៃ។

(ចោទកចុទិតកបដិសំយុត្តកថា ទី១០)

(១០. ចោទកចុទិតកបដិសំយុត្តកថា)

[១៧០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃត្រូវតាំងវិប្បដិសារៈ (សេចក្តីក្តៅក្រហាយស្តាយក្រោយ) ទុកចំពោះភិក្ខុអ្នកចោទ ដែលមិនប្រកបដោយធម៌ ដោយអាការប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ សង្ឃត្រូវតាំងវិប្បដិសារៈ ទុកចំពោះភិក្ខុអ្នកចោទដែលមិនប្រកបដោយធម៌ ដោយអាការ៥យ៉ាងដូច្នេះថា នែលោកដ៏មានអាយុ លោកចោទខុសកាល មិនមែនចោទត្រូវតាមកាលទេ លោកគួរដល់វិប្បដិសារៈហើយ១ នែលោកដ៏មានអាយុ លោកចោទដោយពាក្យមិនពិត មិនមែនចោទដោយពាក្យពិតទេ លោកគួរដល់វិប្បដិសារៈហើយ១ នែលោកដ៏មានអាយុ លោកចោទដោយពាក្យអាក្រក់ មិនមែនចោទដោយពាក្យពីរោះទេ លោកគួរដល់វិប្បដិសារៈហើយ១ នែលោកដ៏មានអាយុ លោកចោទប្រកបដោយកម្មឥតប្រយោជន៍ មិនមែនចោទប្រកបដោយកម្មមានប្រយោជន៍ទេ លោកគួរដល់វិប្បដិសារៈហើយ១ នែលោកដ៏មានអាយុ លោកជាអ្នកចោទ (គេ) ទាំងទោសចិត្ត មិនមែនចោទដោយមេត្តាចិត្តទេ លោកគួរដល់វិប្បដិសារៈហើយ១ ម្នាលឧបាលិ សង្ឃគប្បីតាំងវិប្បដិសារៈទុក ចំពោះភិក្ខុអ្នកចោទ ដែលមិនប្រកបដោយធម៌ ដោយអាការ៥យ៉ាងនេះឯង។ សេចក្តីនោះ ព្រោះហេតុអ្វី។ ព្រោះថា ភិក្ខុដទៃ មិនត្រូវសំគាល់ភិក្ខុផងគ្នា ដែលត្រូវគេចោទដោយពាក្យមិនពិត (នោះទេ)។

[១៧១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះសង្ឃគប្បីតាំងអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយ) ទុក ចំពោះភិក្ខុដែលគេចោទ មិនប្រកបដោយធម៌ ដោយអាការប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃគប្បីតាំងអវិប្បដិសារៈទុក ចំពោះភិក្ខុដែលគេចោទ មិនប្រកបដោយធម៌ ដោយអាការ៥យ៉ាងដូច្នេះថា នែលោកដ៏មានអាយុ គេចោទលោកខុសកាល មិនមែនត្រូវតាមកាលទេ លោកគួរដល់អវិប្បដិសារៈ១ នែលោកដ៏មានអាយុ គេចោទលោកដោយពាក្យមិនពិត មិនមែនតាមពិតទេ លោកគួរដល់អវិប្បដិសារៈ១ នែលោកដ៏មានអាយុ គេចោទលោក ដោយពាក្យអាក្រក់ មិនមែនដោយពាក្យពីរោះទេ លោកគួរដល់អវិប្បដិសារៈ១ នែលោកដ៏មានអាយុ គេចោទលោកដោយពាក្យមិនប្រកបដោយប្រយោជន៍ មិនមែនដោយពាក្យប្រកបដោយប្រយោជន៍ទេ លោកគួរដល់អវិប្បដិសារៈ១ នែលោកដ៏មានអាយុ គេចោទលោកដោយទោសចិត្ត មិនមែនដោយមេត្តាចិត្តទេ លោកគួរដល់អវិប្បដិសារៈ១ ម្នាលឧបាលិ សង្ឃគប្បីតាំងអវិប្បដិសារៈទុក ចំពោះភិក្ខុ ដែលគេចោទមិនប្រកបដោយធម៌ ដោយអាការ៥យ៉ាងនេះឯង។

[១៧២] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃគប្បីតាំងអវិប្បដិសារៈទុក ចំពោះភិក្ខុអ្នកចោទ ដែលប្រកបដោយធម៌ ដោយអាការប៉ុន្មានយ៉ាង។ ព្រះអង្គ ត្រាស់ថា ម្នាលឧបាលិ សង្ឃគប្បីតាំងអវិប្បដិសារៈទុក ចំពោះភិក្ខុអ្នកចោទ ដែលប្រកបដោយធម៌ ដោយអាការ៥យ៉ាងដូច្នេះថា នែលោកដ៏មានអាយុ លោកចោទគេត្រូវតាមកាលគួរហើយ មិនមែនចោទខុសកាលទេ លោកគួរដល់អវិប្បដិសារៈ១ នែលោកដ៏មានអាយុ លោកចោទគេដោយពាក្យពិតហើយ មិនមែនចោទដោយពាក្យមិនពិតទេ លោកគួរដល់អវិប្បដិសារៈ១ នែលោកដ៏មានអាយុ លោកចោទគេ ដោយពាក្យពីរោះហើយ មិនមែនចោទ ដោយពាក្យអាក្រក់ទេ លោកគួរដល់អវិប្បដិសារៈ១ នែលោកដ៏មានអាយុ លោកចោទគេដោយពាក្យប្រកបដោយប្រយោជន៍ មិនមែនចោទដោយពាក្យមិនប្រកបដោយប្រយោជន៍ទេ លោកគួរដល់អវិប្បដិសារៈ១ នែលោកដ៏មានអាយុ លោកជាអ្នកតាំងមេត្តាចិត្ត ហើយទើបចោទ មិនមែនចោទទាំងទោសចិត្តទេ លោកគួរដល់អវិប្បដិសារៈ១ ម្នាលឧបាលិ សង្ឃគប្បីតាំងអវិប្បដិសារៈទុក ចំពោះភិក្ខុ អ្នកចោទ ដែលប្រកបដោយធម៌ ដោយអាការ៥យ៉ាងនេះឯង។ សេចក្តីនោះ ព្រោះហេតុអ្វី។ ព្រោះថា ភិក្ខុដទៃ គប្បីសំគាល់ភិក្ខុផងគ្នា ដែលគេចោទដោយពាក្យពិត។

[១៧៣] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃគប្បីតាំងវិប្បដិសារៈទុក ចំពោះភិក្ខុដែលគេចោទ ប្រកបដោយធម៌ ដោយអាការប៉ុន្មានយ៉ាង។ ព្រះអង្គត្រាស់ថា ម្នាលឧបាលិ សង្ឃគប្បីតាំងវិប្បដិសារៈទុក ចំពោះភិក្ខុដែលគេចោទប្រកបដោយធម៌ ដោយអាការ៥យ៉ាងដូច្នេះថា ម្នាលលោកដ៏មានអាយុ គេចោទលោកត្រូវតាមកាលហើយ មិនមែនចោទដោយខុសកាលទេ លោកគួរដល់វិប្បដិសារៈហើយ១ នែលោកដ៏មានអាយុ គេចោទលោកដោយពាក្យពិតហើយ មិនមែនចោទដោយពាក្យមិនពិតទេ លោកគួរដល់វិប្បដិសារៈហើយ១ ម្នាលលោកដ៏មានអាយុ គេចោទលោកដោយពាក្យពីរោះហើយ មិនមែនចោទដោយពាក្យអាក្រក់ទេ លោកគួរដល់វិប្បដិសារៈហើយ១ ម្នាលលោកដ៏មានអាយុ គេចោទលោកដោយពាក្យប្រកបដោយប្រយោជន៍ហើយ មិនមែនចោទដោយពាក្យមិនប្រកបដោយប្រយោជន៍ទេ លោកគួរដល់វិប្បដិសារៈហើយ១ ម្នាលលោកដ៏មានអាយុ គេចោទលោកដោយមេត្តាចិត្តហើយ មិនមែនចោទដោយទោសចិត្តទេ លោកគួរដល់វិប្បដិសារៈហើយ១ ម្នាលឧបាលិ សង្ឃគប្បីតាំងវិប្បដិសារៈទុក ចំពោះភិក្ខុ ដែលគេចោទប្រកបដោយធម៌ ដោយអាការ៥យ៉ាងនេះឯង។

[១៧៤] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវធម៌មានប៉ុន្មានក្នុងខ្លួនឯងហើយ ទើបចោទភិក្ខុដទៃបាន។ ព្រះអង្គត្រាស់តបថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃត្រូវធ្វើទុកក្នុងចិត្តនូវធម៌៥យ៉ាងក្នុងខ្លួនឯងសិន ទើបចោទភិក្ខុដទៃបាន (ធម៌៥យ៉ាងនោះគឺ) ជាអ្នកមានចិត្តករុណា១ អ្នកស្វែងរកប្រយោជន៍១ អ្នកទំនុកបម្រុង (ដោយប្រយោជន៍នោះ)១ អ្នកប៉ងឲ្យភិក្ខុដទៃរួចចាកអាបត្តិ១ យកវិន័យជាប្រធាន១ ម្នាលឧបាលិ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវធ្វើទុកក្នុងចិត្តនូវធម៌៥យ៉ាងនេះឯង ក្នុងខ្លួនឯងសិន ទើបចោទភិក្ខុដទៃបាន។

[១៧៥] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុដែលគេចោទវិញ ត្រូវតាំងនៅក្នុងធម៌ប៉ុន្មានយ៉ាង។ ព្រះអង្គត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលគេចោទត្រូវតាំងនៅក្នុងធម៌២យ៉ាង គឺ សេចក្តីពិតត្រង់១ សេចក្តីមិនក្រោធ១។

ចប់ បាតិមោក្ខដ្ឋបនក្ខន្ធកៈ ទី៩។

ក្នុងខន្ធកៈនេះ មានរឿង៣។

ចប់ ភាណវារៈ២ប្រការ។

ឧទ្ទាននៃ បាតិមោក្ខដ្ឋបនក្ខន្ធកៈ នោះដូច្នេះ

[១៧៦]

រឿងព្រះមានព្រះភាគ គង់ក្នុងរោងឧបោសថ១ រឿងព្រះអានន្ទក្រាបបង្គំទូលអស់វារៈ៣ដង១ រឿងភិក្ខុបាបមិនចេញពីរោងឧបោសថ១ រឿងព្រះមោគ្គល្លានបណ្តេញភិក្ខុបាបចេញ១ រឿងក្នុងសាសនារបស់ព្រះជិនស្រី មាន អច្ឆរិយព្ភូតធម៌ (៨យ៉ាងគឺ) មានសិក្ខាជាលំដាប់ ដូចមហាសមុត្រមានទំនាបជាលំដាប់ ពួកសាវ័ក មិនប្រព្រឹត្តកន្លងសិក្ខាបទ ដូចមហាសមុទ្រ មានទឹកតាំងនៅនឹងជាធម្មតា សង្ឃរមែងលើកបុគ្គលអាក្រក់ចេញ ដូចរលកសមុទ្រ ដែលផាត់សាកសពស្លាប់ទៅលើគោក (វណ្ណៈ៤ពួក) ដែលចេញបួសហើយ តែងលះបង់នាម និងគោត្រដើម ដូចទន្លេធំៗ តែងលះបង់នាម និងគោត្រដើម ពួកភិក្ខុដែលបរិនិព្វាន ព្រះនិព្វាន ក៏មិនប្រាកដជាខ្វះ ឬពេញ ព្រះធម៌វិន័យមានរសតែមួយ គឺវិមុត្តិរស ដូចមហាសមុទ្រ មានរសតែមួយ គឺរសប្រៃ ព្រះធម៌វិន័យមានគុណសម្បត្តិជាគ្រឿងត្រេកអរច្រើន ដូចមហាសមុទ្រ មានរតនៈច្រើនយ៉ាង ព្រះធម៌វិន័យ ជាទីអាស្រ័យនៅនៃព្រះអរិយបុគ្គល៨ពួក ដូចមហាសមុទ្រជាទីអាស្រ័យនៃសត្វធំៗ១ រឿងព្រះមានព្រះភាគ ធ្វើសេចក្តីប្រៀបផ្ទឹមនឹងមហាសមុទ្រ ហើយទ្រង់តម្កល់គុណទុកក្នុងសាសនា១។ រឿងព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យសំដែងបាតិមោក្ខ ក្នុងថ្ងៃឧបោសថ១ រឿងព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យបញ្ឈប់បាតិមោក្ខ១ រឿងឆព្វគ្គិយភិក្ខុ ត្រូវអាបត្តិហើយ ចូលទៅស្តាប់បាតិមោក្ខ ដោយប្តេជ្ញាខ្លួនថា គ្មាននរណាមួយស្គាល់យើងឡើយ១ រឿងឆព្វគ្គិយភិក្ខុបញ្ឈប់បាតិមោក្ខ ដោយប្រញាប់ប្រញាល់១ រឿងពួកភិក្ខុពោលទោស (ព្រោះបញ្ឈប់បាតិមោក្ខ)១ រឿងបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌ និងប្រកបដោយធម៌ មាន១,២,៣,៤,៥,៦,៧,៨,៩,១០យ៉ាងក៏មាន១។ រឿងភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះវិបត្តិមានចំណែក៤ប្រការ គឺ សីលវិបត្តិ អាចារវិបត្តិ ទិដ្ឋិវិបត្តិ អាជីវវិបត្តិ១។ រឿងភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះវិបត្តិមានចំណែក៥ប្រការ គឺ បារាជិកាបត្តិ សង្ឃាទិសេសាបត្តិ បាចិត្តិយាបត្តិ បាដិទេសនីយាបត្តិ ទុក្កដាបត្តិ១ រឿងភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះវិបត្តិមានចំណែក៦ប្រការ គឺ សីលវិបត្តិ អាចារវិបត្តិ (ទិដ្ឋិវិបត្តិ) ក្នុងមួយៗ ចែកជាពីរ គឺចែកទៅជាភិក្ខុមិនធ្វើ និងធ្វើ១។ រឿងភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះអាបត្តិ (មានចំណែក៧យ៉ាង) គឺ បារាជិកាបត្តិ សង្ឃាទិសេសាបត្តិ ថុល្លច្ចយាបត្តិ បាចិត្តិយាបត្តិ បាដិទេសនីយាបត្តិ ទុក្កដាបត្តិ ទុព្ភាសិតាបត្តិ១ រឿងភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះវិបត្តិមានចំណែក៨យ៉ាង គឺ សីលវិបត្តិ អាចារវិបត្តិ (ទិដ្ឋិវិបត្តិ) អាជីវវិបត្តិ (ក្នុងមួយៗ ចែកជា២ គឺចែកជា) ភិក្ខុមិនធ្វើ និងធ្វើ១ រឿងភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះវិបត្តិ៩យ៉ាង ដែលព្រះមានព្រះភាគ ទ្រង់ជ្រាបពិតហើយ ទ្រង់ត្រាស់ដូច្នេះថា សីលវិបត្តិ អាចារវិបត្តិ ទិដ្ឋិវិបត្តិ (ក្នុងមួយៗ ចែកជា៣ គឺចែកជា) ភិក្ខុមិនធ្វើ និងធ្វើ ទាំងធ្វើនិងមិនធ្វើ១។ រឿងអ្នកប្រាជ្ញត្រូវដឹងថា ការបញ្ឈប់បាតិមោក្ខនោះ ដោយហេតុ១០យ៉ាងគឺ មានភិក្ខុត្រូវបារាជិក (អង្គុយក្នុងបរិសទ្យនោះ) បារាជិកកថា សង្ឃធ្វើមិនទាន់ស្រេច ភិក្ខុពោលលាសិក្ខា អង្គុយក្នុងបរិសទ្យនោះ បច្ចក្ខាតកថា សង្ឃធ្វើមិនទាន់ស្រេច ភិក្ខុព្រមព្រៀងគ្នា ភិក្ខុត្រឡប់សើរើសេចក្តីព្រមព្រៀងវិញ បច្ចាទានកថា សង្ឃធ្វើមិនទាន់ស្រេច ភិក្ខុមានគេឃើញ ឮ ឬរង្កៀសដោយសីលវិបត្តិ ដោយអាចារវិបត្តិ ដោយទិដ្ឋិវិបត្តិ១។ រឿង (ភិក្ខុត្រូវអាបត្តិបារាជិក អង្គុយក្នុងបរិសទ្យ) ថានឹងមានភិក្ខុផងគ្នាឃើញភិក្ខុត្រូវអាបត្តិបារាជិក (នោះ) បើមិនដូច្នោះ គង់មានភិក្ខុឯទៀតប្រាប់ដំណើរនោះ ដល់ភិក្ខុផងគ្នា ឬភិក្ខុនោះ ប្រាប់ដល់ភិក្ខុបរិសុទ្ធដោយខ្លួនឯង១ រឿងភិក្ខុបញ្ឈប់បាតិមោក្ខ ចំពោះភិក្ខុនោះ១។ រឿងបរិសទ្យក្រោកដើរចេញ ព្រោះអន្តរាយ១០យ៉ាង អន្តរាយណាមួយ គឺអន្តរាយអំពីព្រះរាជា ចោរ ភ្លើង ទឹក មនុស្ស អមនុស្ស សត្វសាហាវ ពស់តូចធំ ជីវិត និងព្រហ្មចរិយ១ ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌ និងមិនប្រកបដោយធម៌ (នេះ) ភិក្ខុគប្បីដឹងតាមសមគួរដល់ឧបាយចុះ។ រឿង (ព្រះមានព្រះភាគ ទ្រង់សំដែងថា បើមានភិក្ខុប៉ងនឹងកាន់យកនូវអត្តាទាន ត្រូវកាន់យកអត្តាទាន ដែលប្រកបដោយអង្គ៥ប្រការ) គឺ កាលគួរ អធិករណ៍ពិតប្រាកដ អធិករណ៍ប្រកបដោយប្រយោជន៍ បានភិក្ខុដែលជាប៉ែកខាងធម៌វិន័យមកជាមិត្តសម្លាញ់ មិនមានហេតុ មានសេចក្តីប្រកាន់ជាដើម១ រឿង (ព្រះមានព្រះភាគ ទ្រង់សំដែងថា ភិក្ខុអ្នកចោទ ប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌៥យ៉ាង ចំពោះខ្លួនឯងជាមុន) ថា អាត្មាអញមានកាយសមាចារបរិសុទ្ធដែរឬទេ មានវចីសមាចារបរិសុទ្ធដែរឬទេ មានមេត្តាចិត្តតាំងមាំដែរឬទេ ជាពហុស្សូតដែរឬទេ ជាអ្នកស្ទាត់ជំនាញក្នុងបាតិមោក្ខទាំងពីរដែរឬទេ១។ រឿង (ព្រះមានព្រះភាគ ទ្រង់សំដែងថា ភិក្ខុអ្នកចោទ ប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវតាំងខ្លួនឲ្យមាំក្នុងធម៌៥យ៉ាងគឺ ជាអ្នកនិយាយត្រូវតាមកាលគួរ និយាយពាក្យពិត និយាយពាក្យពីរោះ និយាយពាក្យប្រកបដោយប្រយោជន៍ ចោទដោយមេត្តាចិត្ត)១ រឿង (ព្រះមានព្រះភាគ ទ្រង់សំដែងថា ភិក្ខុគួរតាំងនៅវិប្បដិសារៈទុក ចំពោះភិក្ខុអ្នកចោទមិនប្រកបដោយធម៌៥យ៉ាង)១ រឿងសង្ឃគួរបន្ទោបង់វិប្បដិសារៈ ចំពោះភិក្ខុដែលចោទប្រកបដោយធម៌៥យ៉ាងដូចគ្នា១ រឿងព្រះមានព្រះភាគ ទ្រង់សំដែងថា ភិក្ខុគួរតាំងអវិប្បដិសារៈ ចំពោះភិក្ខុដែលគេចោទប្រកបដោយធម៌ ដោយអាការ៥យ៉ាង១ រឿងព្រះមានព្រះភាគ ទ្រង់សំដែងថា ភិក្ខុអ្នកចោទ ប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌៥យ៉ាងទុកក្នុងចិត្ត គឺ ជាអ្នកមានសេចក្តីករុណា ស្វែងរកប្រយោជន៍ មានសេចក្តីអនុគ្រោះ (ដោយប្រយោជន៍នោះ) ប៉ុនប៉ងឲ្យភិក្ខុដទៃរួចចាកអាបត្តិ យកវិន័យជាប្រធាន១ រឿងព្រះសម្ពុទ្ធ ទ្រង់សំដែងសេចក្តីប្រតិបត្តិ របស់ភិក្ខុអ្នកត្រូវចោទ តាំងខ្លួនក្នុងធម៌២យ៉ាងគឺ ពាក្យពិតត្រង់ និងសេចក្តីមិនក្រោធ១ នេះជាធម្មតា របស់ភិក្ខុដែលត្រូវគេចោទ។

ភិក្ខុនីខន្ធកៈ (ទី១០)

(១០. ភិក្ខុនិក្ខន្ធកំ)

(បឋមភាណវារៈ ទី១)

(១. បឋមភាណវារោ)

(មហាបជាបតិគោតមីវត្ថុ)

(មហាបជាបតិគោតមីវត្ថុ)

[១៧៧] សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាម ក្បែរក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ លំដាប់នោះឯង ព្រះនាងមហាបជាបតីគោតមី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះព្រះនាងមហាបជាបតីគោតមី ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាមគួរនឹងបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់ឃាត់ថា កុំឡើយ ព្រះនាងគោតមី ព្រះនាងកុំគាប់ព្រះទ័យ ឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលតថាគត ជ្រាបច្បាស់ហើយ (នោះ) ឡើយ។ ព្រះនាងមហាបជាបតីគោតមី បានក្រាបបង្គំទូលសូម អស់វារៈជាគំរប់ពីរដងផង។បេ។ ព្រះនាងមហាបជាបតីគោតមី បានក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈជាគំរប់បីដងផង យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ មាតុគ្រាមគួរនឹងបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់ឃាត់ថា កុំឡើយ ព្រះនាងគោតមី ព្រះនាងកុំគាប់ព្រះទ័យ ឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលតថាគត ជ្រាបច្បាស់ហើយ (នោះ) ឡើយ។ លំដាប់នោះឯង ព្រះនាងមហាបជាបតីគោតមី បាន(ជ្រាបថា) ព្រះមានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់ជ្រាបច្បាស់ហើយ (ដូច្នោះ) ក៏ជាទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ទ្រង់ព្រះកន្សែង ហើយក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។

[១៧៨] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុងក្រុងកបិលព័ស្តុ តាមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយយាងចេញទៅកាន់ចារិកនគរវេសាលី លុះយាងទៅកាន់ចារិកដោយលំដាប់ ក៏បានទៅដល់នគរវេសាលីនោះឯង។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀតក្រុងវេសាលីនោះ។ លំដាប់នោះឯង ព្រះនាងមហាបជាបតីគោតមី ឲ្យគេកោរព្រះកេសា ហើយស្លៀកសំពត់ជ្រលក់ដោយទឹកអម្ចត់ ក៏ទ្រង់យាងសំដៅទៅនគរវេសាលី ចូលទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលីនោះតាមលំដាប់ ជាមួយនឹងពួកនាងសាកិយានីជាច្រើន។ លំដាប់នោះឯង ព្រះនាងមហាបជាបតីគោតមី មានព្រះបាទទាំងពីរពុរពង មានព្រះអង្គប្រឡាក់ដោយធូលី ជាទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារខាងក្រៅ។ ព្រះអានន្ទដ៏មានអាយុបានឃើញព្រះនាងមហាបជាបតីគោតមី មានព្រះបាទទាំងគូពុរពង មានព្រះអង្គប្រឡាក់ដោយធូលី ជាទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ កំពុងតែឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារខាងក្រៅ លុះបានឃើញហើយ ក៏ពោលពាក្យនេះ នឹងព្រះនាងមហាបជាបតីគោតមីថា បពិត្រព្រះនាងគោតមី ហេតុអ្វីបានជាព្រះនាង មានព្រះបាទទាំងគូពុរពង មានព្រះអង្គប្រឡាក់ដោយធូលី ជាទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារខាងក្រៅដូច្នេះ។ ព្រះនាងមហាបជាបតីគោតមីឆ្លើយតបថា បពិត្រព្រះអានន្ទដ៏ចំរើន បានជាដូច្នោះ ព្រោះតែព្រះមានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាមចេញចាកផ្ទះ មកកាន់ផ្នួស ក្នុងធម្មវិន័យ ដែលព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ហើយផងសោះ។ ព្រះអានន្ទដ៏មានអាយុ មានវាចាថា បពិត្រព្រះនាងគោតមី បើដូច្នោះ សូមព្រះនាងទ្រង់ចាំអាត្មាភាព ក្នុងទីនេះមួយរំពេចសិនចុះ ទម្រាំអាត្មាភាព ទៅក្រាបបង្គំទូលសុំព្រះមានព្រះភាគ ឲ្យមាតុគ្រាមបានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ ដែលព្រះតថាគតជ្រាបច្បាស់ហើយ។

[១៧៩] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតីគោតមីនេះ មានព្រះបាទទាំងគូពុរពង មានព្រះអង្គប្រឡាក់ដោយធូលី ជាទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ឈរទ្រង់ព្រះកន្សែងទៀបក្លោងទ្វារខាងក្រៅ (ព្រោះជ្រាបថា) ព្រះមានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាម ចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមបានចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយផង។ ព្រះសម្មាសម្ពុទ្ធទ្រង់ឃាត់ថា កុំឡើយ អានន្ទ អ្នកកុំចូលចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលតថាគតជ្រាបច្បាស់ហើយ (នោះ) ឡើយ។ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគ ជាគំរប់ពីរដងផងថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមបានចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយផងចុះ។ ព្រះសម្មាសម្ពុទ្ធទ្រង់ឃាត់ថា កុំឡើយ អានន្ទ អ្នកកុំចូលចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលតថាគតជ្រាបច្បាស់ហើយ (នោះ) ឡើយ។ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគ ជាគំរប់បីដងផងថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមបានចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយផងចុះ។ ព្រះសម្មាសម្ពុទ្ធទ្រង់ឃាត់ថា កុំឡើយ អានន្ទ អ្នកកុំចូលចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលតថាគតជ្រាបច្បាស់ហើយ (នោះ) ឡើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុត្រិះរិះថា ឥឡូវនេះ ព្រះមានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយទេ បើដូច្នេះ គួរតែអាត្មាអញ ក្រាបបង្គំទូលសូមព្រះមានព្រះភាគ ដោយបរិយាយផ្សេងៗទៀត ដើម្បីឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់ជ្រាបច្បាស់ហើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន (បើ) មាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយ តើអាចដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលខ្លះ សកិទាគាមិផលខ្លះ អនាគាមិផលខ្លះ អរហត្តផលខ្លះ បានដែរឬទេ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលអានន្ទ (បើ) មាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលតថាគតជ្រាបច្បាស់ហើយ ក៏អាចដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលខ្លះ សកិទាគាមិផលខ្លះ អនាគាមិផលខ្លះ អរហត្តផលខ្លះបាន។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បើមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយ អាចដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលខ្លះ សកិទាគាមិផលខ្លះ អនាគាមិផលខ្លះ អរហត្តផលខ្លះ បានដែរ បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតីគោតមី មានឧបការៈច្រើន ជាព្រះមាតុច្ឆានៃព្រះមានព្រះភាគ ព្រះនាងបានទ្រាំទ្រថែរក្សា ថ្វាយទឹកក្សីរ កាលព្រះមាតាទ្រង់ទិវង្គតទៅ ព្រះនាងបានបំបៅព្រះអង្គ (តរៀងមក) បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមបានចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគតជ្រាបច្បាស់ហើយផងចុះ។

(អដ្ឋគរុធម្ម)

(អដ្ឋគរុធម្មា)

[១៨០] ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើព្រះនាងមហាបជាបតីគោតមី ទទួលប្រតិបត្តិតាម គរុធម៌ ទាំង៨បាន ឧបសម្បទានោះ ចូរសម្រេចដល់ព្រះនាងចុះ (ឯគរុធម៌៨នោះ) គឺភិក្ខុនីសូម្បីឧបសម្បទាបានមួយរយវស្សាហើយ ក៏ត្រូវតែថ្វាយបង្គំ ក្រោកទទួល ធ្វើអញ្ជលីកម្ម សាមីចិកម្ម ចំពោះភិក្ខុ ដែលទើបនឹងបានឧបសម្បទាក្នុងថ្ងៃនោះ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរពរាប់អានបូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនីមិនត្រូវនៅចាំវស្សា ក្នុងអាវាសដែលគ្មានភិក្ខុឡើយ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លងដរាបអស់ជីវិត១ ភិក្ខុនីត្រូវប្រាថ្នាធម៌ពីរប្រការ គឺសួរឧបោសថ ចូលទៅស្តាប់ឱវាទ អំពីសំណាក់ភិក្ខុសង្ឃរាល់កន្លះខែ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរពរាប់អានបូជា កុំប្រព្រឹត្តកន្លងដរាបអស់ជីវិត១ ភិក្ខុនី នៅចាំវស្សារួចហើយ ត្រូវបវារណា ក្នុងសំណាក់សង្ឃទាំង២ពួក ដោយស្ថានទាំង៣ គឺឃើញក្តី ឮក្តី រង្កៀសក្តី ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនីត្រូវគរុកាបត្តិហើយ គប្បីប្រព្រឹត្តបក្ខមានត្ត ក្នុងសំណាក់សង្ឃទាំង២ពួក ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនី ត្រូវជួយស្វែងរកឧបសម្បទា ក្នុងសំណាក់សង្ឃទាំង២ពួក ដល់សិក្ខមានា ដែលបានសិក្សាសិក្ខាក្នុងធម៌ទាំង៦ប្រការគ្រប់២ឆ្នាំហើយ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លងដរាបអស់ជីវិត១ ភិក្ខុនីមិនត្រូវជេរ មិនត្រូវប្រទេចភិក្ខុ ដោយបរិយាយណាមួយឡើយ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លងដរាបអស់ជីវិត១ តាំងពីថ្ងៃ (ដែលបានឧបសម្បទានេះទៅ) ភិក្ខុនី ត្រូវតែស្តាប់បង្គាប់ភិក្ខុ ឯភិក្ខុ មិនត្រូវស្តាប់បង្គាប់ភិក្ខុនីវិញទេ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លងដរាបអស់ជីវិត១ ម្នាលអានន្ទ បើព្រះនាងមហាបជាបតីគោតមី ទទួលប្រតិបត្តិតាម គរុធម៌ ទាំង៨នេះបាន ឧបសម្បទានោះ ចូរសម្រេចដល់ព្រះនាងចុះ។

[១៨១] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានរៀនគរុធម៌ទាំង៨ ក្នុងសំណាក់ព្រះមានព្រះភាគ (ចាំស្ទាត់ហើយ) ក៏ចូលទៅរកព្រះនាងមហាបជាបតីគោតមី លុះចូលទៅដល់ហើយ ពោលពាក្យនេះ នឹងព្រះនាងមហាបជាបតីគោតមីថា បពិត្រព្រះនាងគោតមី បើព្រះនាងទទួលប្រតិបត្តិតាមគរុធម៌ទាំង៨បាន ឧបសម្បទានោះ ទើបបានសម្រេចដល់ព្រះនាង (ឯគរុធម៌ទាំង៨នោះគឺ) ភិក្ខុនី សូម្បីបានឧបសម្បទាមួយរយវស្សាហើយ ក៏ត្រូវតែថ្វាយបង្គំ ក្រោកទទួល ធ្វើអញ្ជលីកម្ម សាមីចិកម្ម ចំពោះភិក្ខុ ដែលទើបនឹងបួសក្នុងថ្ងៃនោះ ធម៌នេះ ភិក្ខុនី ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនីមិនត្រូវនៅចាំវស្សា ក្នុងអាវាស ដែលគ្មានភិក្ខុទេ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លងដរាបអស់ជីវិត១ ភិក្ខុនី ត្រូវប្រាថ្នាធម៌ពីរប្រការ គឺសួរបាតិមោក្ខ ចូលទៅស្តាប់ឱវាទ អំពីសំណាក់ភិក្ខុសង្ឃ រាល់កន្លះខែ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនី នៅចាំវស្សារួចហើយ ត្រូវបវារណាក្នុងសំណាក់សង្ឃទាំង២ពួក ដោយស្ថានទាំង៣ គឺឃើញក្តី ឮក្តី រង្កៀសក្តី ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លងដរាបអស់ជីវិត១ ភិក្ខុនីត្រូវគរុកាបត្តិហើយ គប្បីប្រព្រឹត្តបក្ខមានត្ត ក្នុងសំណាក់សង្ឃទាំង២ពួក ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនី ត្រូវជួយស្វែងរកឧបសម្បទា ក្នុងសំណាក់សង្ឃទាំង២ពួក ដល់សិក្ខមានា ដែលបានសិក្សាសិក្ខាក្នុងធម៌ទាំង៦ប្រការ គ្រប់២ឆ្នាំហើយ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ ភិក្ខុនីមិនត្រូវជេរ មិនត្រូវប្រទេចភិក្ខុ ដោយបរិយាយណាមួយឡើយ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ តាំងពីថ្ងៃ (ដែលបានឧបសម្បទានេះទៅ) ភិក្ខុនីត្រូវស្តាប់បង្គាប់ភិក្ខុ ឯភិក្ខុ មិនត្រូវស្តាប់បង្គាប់ភិក្ខុនីវិញទេ ធម៌នេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំប្រព្រឹត្តកន្លង ដរាបអស់ជីវិត១ បពិត្រព្រះនាងគោតមី បើព្រះនាងទទួលប្រព្រឹត្តិគរុធម៌ ទាំង៨នេះបាន ឧបសម្បទានោះ នឹងសម្រេចដល់ព្រះនាងមិនខាន។ ព្រះនាងមហាបជាបតីគោតមីឆ្លើយតបថា បពិត្រព្រះអានន្ទដ៏ចំរើន ស្ត្រី ឬបុរសនៅក្រមុំកំឡោះ តែងចូលចិត្តស្អិតស្អាងខ្លួន សិតសក់ស្អាតហើយ បានកម្រងផ្កាឧប្បលក្តី ផ្កាម្លិះក្តី ផ្កាដែលមានក្លិនក្រអូបណាស់ក្តី ហើយទទួលយកដោយដៃទាំងពីរ តម្កល់ទុកលើអវយវៈដ៏ឧត្តម គឺត្បូង យ៉ាងណាមិញ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំនឹងទទួលប្រតិបត្តិតាមគរុធម៌ទាំង៨នេះ (ដោយសេចក្តីពេញចិត្ត) ហើយមិនប្រព្រឹត្តកន្លង ដរាបអស់ជីវិត ដូច្នោះដែរ។

[១៨២] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ ព្រះអានន្ទមានអាយុ លុះគង់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន គរុធម៌ទាំង៨យ៉ាង ព្រះនាងមហាបជាបតីគោតមី បានទទួលហើយ ព្រះមាតុច្ឆានៃព្រះមានព្រះភាគ បានឧបសម្បទារួចហើយ។ ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើប្រសិនណាជាមាតុគ្រាម មិនបានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ ដែលតថាគតជ្រាបច្បាស់ហើយទេ ម្នាលអានន្ទ ព្រហ្មចារ្យ នឹងបានតាំងនៅជាអង្វែង ព្រះសទ្ធម្ម គឺអរហត្តផល ក៏នឹងបានតាំងនៅអស់១ពាន់ឆ្នាំ ម្នាលអានន្ទ តែកាលណាមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ ដែលតថាគតជ្រាបច្បាស់ហើយ ម្នាលអានន្ទ ឥឡូវនេះ ព្រហ្មចារ្យ មិនបានតាំងនៅយូរអង្វែងទេ ម្នាលអានន្ទ ឥឡូវនេះ ព្រះសទ្ធម្ម នឹងឋិតនៅបានត្រឹមតែប្រាំរយឆ្នាំវិញ ម្នាលអានន្ទ មាតុគ្រាម បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ គឺព្រហ្មចារ្យណា ព្រហ្មចារ្យនោះ មិនបានតាំងនៅយូរអង្វែងទេ ម្នាលអានន្ទ ប្រៀបដូចត្រកូលទាំងឡាយណានីមួយ ដែលមានស្ត្រីច្រើន មានប្រុសតិច ត្រកូលទាំងនោះ ពួកចោរលួចក្អមឆ្នាំង ក៏អាចចូលមកបំផ្លាញបានដោយងាយ ម្នាលអានន្ទ មាតុគ្រាម បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ គឺព្រហ្មចារ្យណា ព្រហ្មចារ្យនោះ មិនតាំងនៅយូរអង្វែងទេ ម្នាលអានន្ទ ប្រៀបដូចជារោគជាតិ ឈ្មោះសេតដ្ឋិកា (ក្រារ) ធ្លាក់ចុះក្នុងស្រែស្រូវណា ដែលកំពុងតែលូតលាស់ល្អ ស្រែស្រូវនោះ មិនបានតាំងនៅយូរអង្វែង ដោយប្រការដូច្នេះ ម្នាលអានន្ទ មាតុគ្រាម បានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ គឺព្រហ្មចារ្យណា ព្រហ្មចារ្យនោះ មិនបានតាំងនៅយូរអង្វែងទេ ម្នាលអានន្ទ ប្រៀបដូចរោគជាតិ ឈ្មោះមញ្ជេដ្ឋិកា (ដង្កូវក្រារ) ធ្លាក់ចុះក្នុងច្បារអំពៅណា ដែលកំពុងតែលូតលាស់ល្អ ច្បារអំពៅនោះ មិនបានតាំងនៅអង្វែង ដោយប្រការដូច្នេះ ម្នាលអានន្ទ គរុធម៌៨ប្រការ ដែលតថាគតបានបញ្ញត្តហើយ ចំពោះភិក្ខុនីជាតម្បូង ដើម្បីមិនឲ្យ (ភិក្ខុនី) ប្រព្រឹត្តកន្លង ដរាបដល់អស់ជីវិត ម្នាលអានន្ទ ប្រៀបដូចជាបុរស ប្រញាប់លើកទំនប់ទប់ទឹកស្រះដ៏ធំ ដើម្បីនឹងទប់ទឹកមិនឲ្យហូរចេញទៅជាដរាប។

ចប់ គរុធម៌ ទាំង៨ របស់ពួកភិក្ខុនី។

(ភិក្ខុនីឧបសម្បទានុជាននៈ)

(ភិក្ខុនីឧបសម្បទានុជាននំ)

[១៨៣] លំដាប់នោះ ព្រះនាងមហាបជាបតីគោតមី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចក៏គង់ក្នុងទីសមគួរ។ លុះព្រះនាងមហាបជាបតីគោតមី គង់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងប្រតិបត្តិដូចម្តេច ក្នុងនាងសាកិយានីទាំងនេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ព្រះនាងមហាបជាបតីគោតមី ឲ្យឃើញតាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ឯព្រះនាងមហាបជាបតីគោតមី ដែលព្រះមានព្រះភាគ បានពន្យល់ ឲ្យឃើញតាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថារួច ក៏ក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយ ឲ្យឧបសម្បទា ដល់ពួកភិក្ខុនីបាន។

[១៨៤] លំដាប់នោះ ភិក្ខុនីទាំងនោះ បាននិយាយពាក្យនេះនឹងព្រះនាងមហាបជាបតីគោតមីថា ព្រះនាងជាម្ចាស់ ជាអនុបសម្បន្នា (មិនបានឧបសម្បទាទេ) យើងខ្ញុំទាំងឡាយ ទើបជាឧបសម្បន្នា (បានឧបសម្បទា) ដ្បិតព្រះមានព្រះភាគ បានទ្រង់បញ្ញត្តដូច្នេះថា ភិក្ខុទាំងឡាយ ត្រូវឲ្យឧបសម្បទា ដល់ភិក្ខុនីទាំងឡាយ។ គ្រានោះ ព្រះនាងមហាបជាបតីគោតមី ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទមានអាយុ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះនាងមហាបជាបតីគោតមី អង្គុយក្នុងទីសមគួរហើយ បាននិយាយពាក្យនេះនឹងព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទដ៏ចម្រើន ភិក្ខុនីទាំងនេះ នាំគ្នាមកនិយាយនឹងខ្ញុំ យ៉ាងនេះថា ព្រះនាងជាម្ចាស់ ជាអនុបសម្បន្នា យើងខ្ញុំទាំងឡាយ ទើបជាឧបសម្បន្នា ដ្បិតព្រះមានព្រះភាគ បានទ្រង់បញ្ញត្តិដូច្នេះថា ភិក្ខុទាំងឡាយ ត្រូវឲ្យឧបសម្បទាដល់ពួកភិក្ខុនី។ ព្រះអានន្ទមានអាយុ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ ព្រះអានន្ទមានអាយុ លុះគង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតីគោតមី បានមកនិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ភិក្ខុនីទាំងនេះ មកនិយាយនឹងខ្ញុំថា ព្រះនាងជាម្ចាស់ ជាអនុបសម្បន្នា យើងខ្ញុំទាំងឡាយ ទើបជាឧបសម្បន្នា ដ្បិតព្រះមានព្រះភាគ ទ្រង់បានបញ្ញត្តិដូច្នេះថា ភិក្ខុទាំងឡាយ ត្រូវឲ្យឧបសម្បទាដល់ពួកភិក្ខុនី។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលអានន្ទ គរុធម៌ទាំង៨យ៉ាង ដែលព្រះនាងមហាបជាបតីគោតមីបានទទួលហើយ ដោយចំណែកណា ចំណែកនោះឯង ជាឧបសម្បទារបស់ព្រះនាងមហាបជាបតីគោតមីនោះ។

[១៨៥] គ្រានោះ ព្រះនាងមហាបជាបតីគោតមី ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអានន្ទមានអាយុ ហើយគង់ក្នុងទីដ៏សមគួរ។ ព្រះនាងមហាបជាបតីគោតមី លុះគង់ក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទដ៏ចម្រើន ខ្ញុំម្ចាស់តែម្នាក់ឯង នឹងសូមពរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់អនុញ្ញាតការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលី និងសាមីចិកម្ម ដល់ពួកភិក្ខុផង ដល់ពួកភិក្ខុនីផង តាមលំដាប់វស្សាចាស់ខ្ចី។ លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំចំពោះព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ ព្រះអានន្ទមានអាយុ លុះគង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតីគោតមី ពោល (នឹងខ្ញុំព្រះអង្គ) យ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ខ្ញុំម្ចាស់តែម្នាក់ឯង នឹងសូមពរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់សូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់អនុញ្ញាត នូវការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលី និងសាមីចិកម្ម ដល់ពួកភិក្ខុផង ដល់ពួកភិក្ខុនីផង តាមលំដាប់វស្សាចាស់ខ្ចី។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ការសូមនេះ មិនមែនជាហេតុ ជាបច្ច័យទេ ត្រង់ពាក្យដែលថា ឲ្យតថាគតអនុញ្ញាត នូវការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលី និងសាមីចិកម្ម ដល់មាតុគ្រាម (នោះ) ម្នាលអានន្ទ អម្បាលដូចជាពួកតិរ្ថិយដទៃអស់នេះ ដែលជាអ្នកពោលធម៌អាក្រក់ ម្តេចគង់តែមិនធ្វើនូវការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលី និងសាមីចិកម្ម ចំពោះមាតុគ្រាមដែរ ចំណង់បើតថាគត នឹងអនុញ្ញាត នូវការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលី និងសាមីចិកម្ម ដល់មាតុគ្រាម ដូចម្តេចបាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើ នូវការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលី និងសាមីចិកម្ម ចំពោះមាតុគ្រាមឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ។

[១៨៦] គ្រានោះ ព្រះនាងមហាបជាបតីគោតមី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះនាងមហាបជាបតីគោតមី គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សិក្ខាបទទាំងឡាយណា ជារបស់ពួកភិក្ខុនី ដែលទួទៅដល់ពួកភិក្ខុផង តើខ្ញុំម្ចាស់នឹងប្រតិបត្តិក្នុងសិក្ខាបទទាំងនោះដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រះនាងគោតមី សិក្ខាបទទាំងឡាយណា ជារបស់ពួកភិក្ខុនី ដែលទួទៅដល់ពួកភិក្ខុផង ពួកភិក្ខុសិក្សាយ៉ាងណា ពួកភិក្ខុនី ក៏ត្រូវសិក្សាក្នុងសិក្ខាបទទាំងនោះ យ៉ាងនោះដែរ។ ព្រះនាងមហាបជាបតីគោតមី ក្រាបបង្គំទូលសួរទៀតថា បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត សិក្ខាបទទាំងឡាយណា សម្រាប់ពួកភិក្ខុនី មិនទួទៅដល់ពួកភិក្ខុផង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់នឹងប្រតិបត្តិក្នុងសិក្ខាបទទាំងនោះដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រះនាងគោតមី សិក្ខាបទទាំងឡាយណា សម្រាប់ភិក្ខុនី មិនទួទៅដល់ពួកភិក្ខុផង ពួកភិក្ខុនីត្រូវសិក្សាក្នុងសិក្ខាបទទាំងឡាយ ដូចតថាគតបានបញ្ញត្តទុកមកហើយចុះ។

[១៨៧] គ្រានោះ ព្រះនាងមហាបជាបតីគោតមី ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំចំពោះព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ។ ព្រះនាងមហាបជាបតីគោតមី លុះគង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ ខ្ញុំព្រះអង្គតែម្នាក់ឯង ចៀសចេញអំពីពួក (ហើយទៅនៅក្នុងទីស្ងាត់) មិនមានសេចក្តីប្រមាទ មានតែសេចក្តីព្យាយាមកម្តៅកិលេស (ឲ្យរីងស្ងួត) មានចិត្តបញ្ជូនទៅក្នុងកម្មដ្ឋាន ព្រោះស្តាប់ធម៌ណារបស់ព្រះមានព្រះភាគ សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ (នោះ) ដោយសង្ខេប (ដល់ខ្ញុំម្ចាស់)។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រះនាងគោតមី ព្រះនាងគប្បីដឹងនូវធម៌ទាំងឡាយណាថា ធម៌ទាំងនេះ ប្រព្រឹត្តទៅដើម្បីការប្រកបដោយតម្រេក មិនប្រព្រឹត្តទៅដើម្បីការប្រាសចាកតម្រេក ប្រព្រឹត្តទៅដើម្បីការប្រកបក្នុងវដ្តៈ មិនប្រព្រឹត្តទៅដើម្បីការប្រាសចាកការប្រកបក្នុងវដ្តៈ ប្រព្រឹត្តទៅដើម្បីការសន្សំកិលេសវដ្តៈ មិនប្រព្រឹត្តទៅដើម្បីប្រាសចាកការសន្សំកិលេសវដ្តៈ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាច្រើន មិនប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ប្រព្រឹត្តទៅដើម្បីសេចក្តីមិនសន្តោស មិនប្រព្រឹត្តទៅដើម្បីសេចក្តីសន្តោស ប្រព្រឹត្តទៅដើម្បីការច្រឡូកច្រឡំដោយពួក មិនប្រព្រឹត្តទៅដើម្បីការស្ងប់ស្ងាត់ចាកពួក ប្រព្រឹត្តទៅដើម្បីសេចក្តីខ្ជិលច្រអូស មិនប្រព្រឹត្តទៅដើម្បីប្រារព្ធសេចក្តីព្យាយាម ប្រព្រឹត្តទៅដើម្បីឲ្យគេចិញ្ចឹមបានដោយក្រ មិនប្រព្រឹត្តទៅដើម្បីឲ្យគេចិញ្ចឹមបានដោយងាយ ម្នាលព្រះនាងគោតមី ព្រះនាងគប្បីចាំទុកដោយចំណែកមួយថា នេះមិនមែនជាធម៌ នេះមិនមែនជាវិន័យ នេះមិនមែនជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តាទេ ម្នាលព្រះនាងគោតមី មួយវិញទៀត ព្រះនាងគប្បីដឹងនូវធម៌ណា ថា ធម៌ទាំងនេះ ប្រព្រឹត្តទៅដើម្បីការប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីការប្រកបដោយតម្រេក ប្រព្រឹត្តទៅដើម្បីការប្រាសចាកការប្រកបក្នុងវដ្តៈ មិនប្រព្រឹត្តទៅដើម្បីការប្រកបក្នុងវដ្តៈ ប្រព្រឹត្តទៅដើម្បីការមិនសន្សំកិលេសវដ្តៈ មិនប្រព្រឹត្តទៅដើម្បីការសន្សំកិលេសវដ្តៈ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច មិនប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាច្រើន ប្រព្រឹត្តទៅដើម្បីសេចក្តីសន្តោស មិនប្រព្រឹត្តទៅដើម្បីសេចក្តីមិនសន្តោស ប្រព្រឹត្តទៅដើម្បីការស្ងប់ស្ងាត់ចាកពួក មិនប្រព្រឹត្តទៅដើម្បីការច្រឡូកច្រឡំដោយពួក ប្រព្រឹត្តទៅដើម្បីការប្រារព្ធសេចក្តីព្យាយាម មិនប្រព្រឹត្តទៅដើម្បីសេចក្តីខ្ជិលច្រអូស ប្រព្រឹត្តទៅដើម្បីឲ្យគេចិញ្ចឹមបានដោយងាយ មិនប្រព្រឹត្តទៅដើម្បីឲ្យគេចិញ្ចឹមបានដោយក្រ ម្នាលព្រះនាងគោតមី ព្រះនាងគប្បីចាំទុក ដោយចំណែកមួយថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តាហើយ។

[១៨៨] សម័យនោះឯង ភិក្ខុទាំងឡាយមិនបានសម្តែងបាតិមោក្ខ ដល់ពួកភិក្ខុនី។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសម្តែងបាតិមោក្ខដល់ពួកភិក្ខុនី។ គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា អ្នកណាហ្ន៎ គួរសម្តែងបាតិមោក្ខដល់ពួកភិក្ខុនី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយសម្តែងបាតិមោក្ខ ដល់ពួកភិក្ខុនី។

[១៨៩] សម័យនោះឯង ភិក្ខុទាំងឡាយទៅកាន់លំនៅរបស់ភិក្ខុនី ហើយសំដែងបាតិមោក្ខ ដល់ពួកភិក្ខុនី។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងនេះ ជាប្រពន្ធរបស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ឥឡូវនេះ ភិក្ខុទាំងនោះ មុខជានឹងត្រេកអរជាមួយនឹងភិក្ខុនីទាំងនេះ (ទៀត)។ កាលដែលមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងនោះ ក៏បានឮច្បាស់។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមិនត្រូវសម្តែងបាតិមោក្ខ ដល់ពួកភិក្ខុនីឡើយ ភិក្ខុណាសម្តែង ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីសម្តែងបាតិមោក្ខ ដល់ភិក្ខុនីផងគ្នាចុះ។ ភិក្ខុនីទាំងឡាយ មិនបានដឹងថា ភិក្ខុនីត្រូវសម្តែងបាតិមោក្ខយ៉ាងនេះ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់ដល់ភិក្ខុនីថា នាងទាំងឡាយត្រូវសម្តែងបាតិមោក្ខយ៉ាងនេះ។

[១៩០] ក្នុងសម័យនោះឯង ភិក្ខុនីទាំងឡាយ មិនបានសម្តែងអាបត្តិចេញ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនមែនមិនត្រូវសម្តែងអាបត្តិចេញទេ ភិក្ខុនីណាមិនសម្តែង ត្រូវអាបត្តិទុក្កដ។ ភិក្ខុនីទាំងឡាយ មិនបានដឹងថា ភិក្ខុនីត្រូវសម្តែងអាបត្តិយ៉ាងនេះ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយប្រាប់ដល់ភិក្ខុនីថា នាងទាំងឡាយត្រូវសម្តែងអាបត្តិយ៉ាងនេះ។ លំដាប់នោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា អ្នកណាហ្ន៎ គួរនឹងទទួលអាបត្តិ របស់ពួកភិក្ខុនី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទទួលអាបត្តិរបស់ភិក្ខុនី។

[១៩១] សម័យនោះ ភិក្ខុនីទាំងឡាយបានឃើញភិក្ខុ (កំពុងដើរ) ក្នុងច្រករហូតខ្លះ ក្នុងច្រកទាល់ខ្លះ ក្នុងផ្លូវបែកជាបីខ្លះ ក៏ដាក់បាត្រលើផែនដី ហើយធ្វើចីពរ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលី សម្តែងអាបត្តិ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងនេះ ជាភរិយារបស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ក្នុងវេលាយប់ប្រទូស្តគ្នា គឺរួមដំណេកជាមួយគ្នា ឥឡូវនេះ មកខមាទោសនឹងគ្នា។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវទទួលអាបត្តិរបស់ភិក្ខុនីទេ ភិក្ខុណាទទួល ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យតែភិក្ខុនីទទួលអាបត្តិរបស់ពួកភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយ មិនបានដឹងថា ភិក្ខុនីត្រូវទទួលអាបត្តិយ៉ាងនេះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់ដល់ភិក្ខុនីទាំងឡាយថា នាងទាំងឡាយ ត្រូវទទួលអាបត្តិយ៉ាងនេះ។

[១៩២] សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានធ្វើកម្ម (មានតជ្ជនីយកម្ម ជាដើម) ដល់ភិក្ខុនី។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើកម្ម ដល់ភិក្ខុនីទាំងឡាយ។ លំដាប់នោះ ភិក្ខុទាំងឡាយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អ្នកណាហ្ន៎ គួរនឹងធ្វើកម្មដល់ភិក្ខុនី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុធ្វើកម្មដល់ពួកភិក្ខុនី។

[១៩៣] សម័យនោះឯង ពួកភិក្ខុនី ដែលភិក្ខុបានធ្វើកម្មរួចហើយ លុះឃើញភិក្ខុ (កំពុងដើរ) ក្នុងច្រករហូតខ្លះ ក្នុងច្រកទាល់ខ្លះ ក្នុងផ្លូវបែកជាបីខ្លះ ក៏ដាក់បាត្រលើផែនដី ហើយធ្វើចីពរ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីខមាទោសថា សូមលោកម្ចាស់ទាំងឡាយ សំគាល់ថា យើងលែងធ្វើយ៉ាងនេះទៀតហើយ។ មនុស្សទាំងឡាយ (បានឃើញ) ដូច្នោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងនេះ ជាប្រពន្ធរបស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ក្នុងពេលយប់ប្រទូស្តគ្នា គឺរួមដំណេកជាមួយគ្នា ឥឡូវនេះ មកខមាទោសនឹងគ្នា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើកម្ម ដល់ភិក្ខុនីឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ធ្វើកម្មដល់ភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយ មិនបានដឹងថា ភិក្ខុនីត្រូវធ្វើកម្មយ៉ាងនេះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុប្រាប់ដល់ភិក្ខុនីទាំងឡាយថា នាងទាំងឡាយ ត្រូវធ្វើកម្មយ៉ាងនេះ។

[១៩៤] សម័យនោះឯង ភិក្ខុនីទាំងឡាយ បង្កហេតុ ឈ្លោះទាស់ទែង ជជែកគ្នាកណ្តាលជំនុំសង្ឃ ពោលចាក់ដោតគ្នាដោយលំពែង គឺមាត់ មិនមានអ្នកណាអាចរម្ងាប់នូវអធិករណ៍នោះបានឡើយ។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរម្ងាប់អធិករណ៍របស់ពួកភិក្ខុនី។

[១៩៥] សម័យនោះឯង ភិក្ខុទាំងឡាយ តែងរម្ងាប់អធិករណ៍របស់ពួកភិក្ខុនី។ កាលបើភិក្ខុបានវិនិច្ឆ័យអធិករណ៍នោះហើយ ភិក្ខុនីទាំងឡាយ គួរដល់កម្មខ្លះ គួរដល់អាបត្តិខ្លះ។ ភិក្ខុនីទាំងឡាយ និយាយយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ សូមលោកម្ចាស់ទាំងឡាយ មេត្តាធ្វើកម្មដល់ភិក្ខុនីចុះ សូមលោកម្ចាស់ទទួលអាបត្តិរបស់ភិក្ខុនីចុះ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តយ៉ាងនេះថា ភិក្ខុត្រូវរម្ងាប់អធិករណ៍របស់ពួកភិក្ខុនី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ លើកកម្មរបស់ពួកភិក្ខុនី ហើយប្រគល់ឲ្យភិក្ខុនី ឲ្យភិក្ខុនីធ្វើកម្មដល់ភិក្ខុនីផងគ្នា ឲ្យភិក្ខុលើកអាបត្តិរបស់ភិក្ខុនី ហើយប្រគល់ឲ្យភិក្ខុនីទទួលអាបត្តិរបស់ភិក្ខុនីផងគ្នា។

[១៩៦] សម័យនោះឯង ភិក្ខុនីជាសិស្សរបស់ឧប្បលវណ្ណាភិក្ខុនី ទៅតាមព្រះមានព្រះភាគ រៀនវិន័យអស់៧ឆ្នាំ។ ភិក្ខុនីនោះច្រើនភ្លេចស្មារតី វិន័យដែលបានរៀនមកហើយ ក៏ចេះតែភ្លេចទៅវិញ។ ភិក្ខុនីនោះ ឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់មានបំណងនឹងស្តេចទៅកាន់នគរសាវត្ថី។ លំដាប់នោះ ភិក្ខុនីនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញនេះ បានទៅតាមព្រះមានព្រះភាគ រៀនវិន័យអស់៧ឆ្នាំហើយ អាត្មាអញនេះ ជាមនុស្សភ្លេចច្រើន វិន័យដែលបានរៀនហើយ ចេះតែភ្លេចទៅវិញ ធម្មតា មាតុគ្រាមនឹងដើរតាមព្រះសាស្តាអស់មួយជីវិត ក៏លំបាកពេកណាស់ បើដូច្នោះ អាត្មាអញនឹងប្រតិបត្តិយ៉ាងណា។ លំដាប់នោះ ភិក្ខុនីនោះ ប្រាប់រឿងនុ៎ះ ដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយ ដំណាលរឿងនុ៎ះប្រាប់ពួកភិក្ខុ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកភិក្ខុបង្ហាញវិន័យ ដល់ពួកភិក្ខុនីបាន។

ចប់ ភាណវារៈ ទី១។

(ទុតិយភាណវារៈ ទី២)

(២. ទុតិយភាណវារោ)

[១៩៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងវេសាលី គួរតាមពុទ្ធអធ្យាស្រ័យហើយ ក៏ស្តេចទៅកាន់ចារិកនគរសាវត្ថី កាលត្រាច់ទៅកាន់ចារិកតាមលំដាប់ ទ្រង់ឆ្ពោះទៅកាន់នគរសាវត្ថីនោះ។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបនគរសាវត្ថីនោះ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ សាចភក់ និងទឹកទៅលើពួកភិក្ខុនី ដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងបានពួកភិក្ខុនីត្រេកអរក្នុងពួកយើង។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសាចភក់ និងទឹកទៅលើពួកភិក្ខុនីទេ ភិក្ខុណាសាច ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុសង្ឃ) ធ្វើទណ្ឌកម្មដល់ភិក្ខុនោះ។ ភិក្ខុទាំងឡាយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុសង្ឃត្រូវធ្វើទណ្ឌកម្មដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីសង្ឃ គប្បីធ្វើភិក្ខុនោះឲ្យជាអវន្ទិយបុគ្គល (បុគ្គលដែលមិនគួរឲ្យភិក្ខុនីសំពះ)។

[១៩៨] សម័យនោះ ពួកឆព្វគ្គិយភិក្ខុ បើកកាយបង្ហាញពួកភិក្ខុនី លាត់ភ្លៅបង្ហាញពួកភិក្ខុនី បើកអង្គជាតបង្ហាញពួកភិក្ខុនី ចំអកចំអន់ពួកភិក្ខុនី (ដោយអសទ្ធម្ម) ផ្សំផ្គុំ (ពួកបុរសលេង) ជាមួយនឹងពួកភិក្ខុនី ដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងបានពួកភិក្ខុនីត្រេកអរក្នុងពួកយើង។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបើកកាយបង្ហាញពួកភិក្ខុនី មិនត្រូវលាត់ភ្លៅបង្ហាញពួកភិក្ខុនី មិនត្រូវបើកអង្គជាតបង្ហាញពួកភិក្ខុនី មិនត្រូវចំអកចំអន់ពួកភិក្ខុនី (ដោយអសទ្ធម្ម) មិនត្រូវផ្សំផ្គុំ (ពួកបុរសលេង) ជាមួយនឹងពួកភិក្ខុនីទេ ភិក្ខុណាផ្សំផ្គុំលេង ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុសង្ឃ) ធ្វើទណ្ឌកម្ម ដល់ភិក្ខុនោះ។ លំដាប់នោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុសង្ឃ ត្រូវធ្វើទណ្ឌកម្ម ដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីសង្ឃ គប្បីធ្វើភិក្ខុនោះ ឲ្យជាអវន្ទិយបុគ្គល។

[១៩៩] សម័យនោះឯង ឆព្វគ្គិយាភិក្ខុនី សាចភក់ និងទឹកទៅលើពួកភិក្ខុ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងបានពួកភិក្ខុត្រេកអរមករកពួកយើង។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវសាចភក់ និងទឹកទៅលើពួកភិក្ខុទេ ភិក្ខុនីណាសាច ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) ធ្វើទណ្ឌកម្ម ដល់ភិក្ខុនីនោះ។ គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុនីសង្ឃ ត្រូវធ្វើទណ្ឌកម្មដូចម្តេចហ្ន៎។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) ធ្វើអាវរណកម្ម គឺហាមប្រាម។ លុះហាមប្រាមហើយ ភិក្ខុនីទាំងឡាយ មិនទទួលយកដោយស្រុះស្រួល។ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) បញ្ឈប់ឱវាទ។

[២០០] សម័យនោះឯង ឆព្វគ្គិយាភិក្ខុនី បើកកាយបង្ហាញពួកភិក្ខុ បើកដោះបង្ហាញពួកភិក្ខុ បើកភ្លៅបង្ហាញពួកភិក្ខុ បើកអង្គជាតបង្ហាញពួកភិក្ខុ ចំអកចំអន់ពួកភិក្ខុ (ដោយអសទ្ធម្ម) ផ្សំផ្គុំ (ពួកភិក្ខុនីលេង) ជាមួយនឹងពួកភិក្ខុ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងបានពួកភិក្ខុត្រេកអរមករកពួកយើង។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវបើកកាយបង្ហាញពួកភិក្ខុ មិនត្រូវបើកដោះបង្ហាញពួកភិក្ខុ មិនត្រូវបើកភ្លៅបង្ហាញពួកភិក្ខុ មិនត្រូវបើកអង្គជាតបង្ហាញពួកភិក្ខុ មិនត្រូវចំអកចំអន់ពួកភិក្ខុ (ដោយអសទ្ធម្ម) មិនត្រូវផ្សំផ្គុំ (ពួកភិក្ខុនីលេង) ជាមួយនឹងពួកភិក្ខុទេ ភិក្ខុនីណាផ្សំផ្គុំលេង ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) ធ្វើទណ្ឌកម្ម ដល់ភិក្ខុនីនោះ។ គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុនីសង្ឃ ត្រូវធ្វើទណ្ឌកម្ម ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) ធ្វើអាវរណកម្ម (ដល់ភិក្ខុនីទាំងឡាយ)។ លុះធ្វើអាវរណកម្មហើយ ភិក្ខុនីទាំងឡាយ ក៏មិនទទួលដោយស្រុះស្រួល។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) បញ្ឈប់ឱវាទ។

[២០១] លំដាប់នោះ ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ការធ្វើឧបោសថកម្មជាមួយនឹងភិក្ខុនី ដែលភិក្ខុនីសង្ឃបញ្ឈប់ឱវាទហើយ គួរដែរ ឬមិនគួរទេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីសង្ឃ មិនត្រូវធ្វើឧបោសថកម្មជាមួយនឹងភិក្ខុនី ដែលភិក្ខុនីសង្ឃបញ្ឈប់ឱវាទទេ ដ្បិតអធិករណ៍នោះ មិនទាន់រម្ងាប់នៅឡើយ។

[២០២] សម័យនោះ ឧទាយីដ៏មានអាយុ បញ្ឈប់ឱវាទ ហើយចេញទៅកាន់ទីចារិក។ ភិក្ខុនីទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា លោកម្ចាស់ឧទាយី មិនសមបើនឹងបញ្ឈប់ឱវាទ ហើយចេញទៅកាន់ទីចារិកសោះ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបញ្ឈប់ឱវាទ ហើយចេញទៅកាន់ទីចារិកទេ ភិក្ខុណាចៀសចេញទៅ ត្រូវអាបត្តិទុក្កដ។

[២០៣] សម័យនោះ មានពួកភិក្ខុល្ងង់ មិនឈ្លាសបញ្ឈប់ឱវាទ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុល្ងង់ មិនឈ្លាស មិនត្រូវបញ្ឈប់ឱវាទទេ ភិក្ខុណាបញ្ឈប់ ត្រូវអាបត្តិទុក្កដ។

[២០៤] សម័យនោះ ពួកភិក្ខុបញ្ឈប់ឱវាទ ក្នុងទីដែលមិនមានរឿង មិនមានហេតុ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបញ្ឈប់ឱវាទ ក្នុងទីដែលឥតរឿង ឥតហេតុទេ ភិក្ខុណាបញ្ឈប់ ត្រូវអាបត្តិទុក្កដ។

[២០៥] សម័យនោះឯង ភិក្ខុទាំងឡាយ បញ្ឈប់ឱវាទហើយ មិនឲ្យវិនិច្ឆ័យ (មិនជំនុំជម្រះ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវបញ្ឈប់ឱវាទ ហើយមិនឲ្យវិនិច្ឆ័យទេ ភិក្ខុណាមិនឲ្យ ត្រូវអាបត្តិទុក្កដ។

[២០៦] សម័យនោះ ភិក្ខុនីទាំងឡាយមិនទៅទទួលឱវាទ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវមិនទៅទទួលឱវាទទេ ភិក្ខុនីណាមិនទៅទទួល វិន័យធរត្រូវវិនិច្ឆ័យតាមអាបត្តិ។

[២០៧] សម័យនោះឯង ភិក្ខុនីសង្ឃទាំងអស់ នាំគ្នាទៅទទួលឱវាទ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងនេះ ជាប្រពន្ធរបស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ឥឡូវនេះ ភិក្ខុទាំងនេះ នឹងត្រេកត្រអាល ជាមួយនឹងភិក្ខុនីទាំងនេះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីសង្ឃ មិនត្រូវទៅទទួលឱវាទ (ព្រមគ្នា) ទាំងអស់ទេ បើទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី បួន ឬប្រាំរូប ទៅទទួលឱវាទ (ម្តងៗបាន)។

[២០៨] សម័យនោះឯង ភិក្ខុនីបួនប្រាំរូប នាំគ្នាទៅទទួលឱវាទ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ដូច្នោះទៀតថា ភិក្ខុនីទាំងនេះ ជាប្រពន្ធរបស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ឥឡូវនេះ ភិក្ខុទាំងនេះមកត្រេកត្រអាល ជាមួយនឹងភិក្ខុនីទាំងឡាយនេះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីបួនប្រាំរូប មិនត្រូវទៅទទួលឱវាទទេ បើទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីពីរ ឬបីរូប ទៅទទួលឱវាទ។ ភិក្ខុនីសង្ឃ ត្រូវចូលទៅរកភិក្ខុ១រូប ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបថ្វាយបង្គំបាទា ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ ភិក្ខុនីសង្ឃ ថ្វាយបង្គំបាទានៃភិក្ខុសង្ឃផង សូមចូលមកទទួលយកឱវាទផង បពិត្រលោកម្ចាស់ ឮថាភិក្ខុនីសង្ឃ ត្រូវបានចូលមកទទួលយកឱវាទ។ ភិក្ខុនោះ គប្បីចូលទៅរកភិក្ខុអ្នកសម្តែងបាតិមោក្ខ ហើយពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ ភិក្ខុនីសង្ឃថ្វាយបង្គំបាទានៃភិក្ខុសង្ឃផង ចូលមកទទួលឱវាទផង បពិត្រលោកម្ចាស់ ឮថាភិក្ខុនីសង្ឃ ត្រូវបានចូលមកទទួលឱវាទ។ ភិក្ខុសម្តែងបាតិមោក្ខ គប្បីពោលថា មានភិក្ខុណាមួយ ដែលសង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទ ដល់ភិក្ខុដែរឬ។ បើមានភិក្ខុណាមួយ ដែលសង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី ត្រូវភិក្ខុអ្នកសម្តែងបាតិមោក្ខនិយាយថា ភិក្ខុឈ្មោះនេះ ដែលសង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី ភិក្ខុនីសង្ឃ ចូរចូលទៅរកភិក្ខុនោះចុះ។ បើមិនមានភិក្ខុណាមួយ ដែលសង្ឃសន្មតឲ្យជាអ្នកឲ្យឱវាទ ដល់ភិក្ខុនីទេ ត្រូវភិក្ខុអ្នកសម្តែងបាតិមោក្ខនិយាយថា លោកដ៏មានអាយុអង្គណា អាចទូន្មានភិក្ខុនីបាន។ បើភិក្ខុណាមួយអាចទូន្មានភិក្ខុនីបាន ទាំងភិក្ខុនោះ ក៏ប្រកបដោយអង្គ៨ប្រការផង ដែលសង្ឃត្រូវសន្មតថា ភិក្ខុឈ្មោះនេះ សង្ឃបានសន្មតឲ្យជាអ្នកឲ្យឱវាទ ដល់ភិក្ខុនីហើយ ភិក្ខុនីសង្ឃ ត្រូវចូលទៅរកភិក្ខុនោះចុះ។ បើមិនមានភិក្ខុណាមួយ អាចនឹងទូន្មានភិក្ខុនីបានទេ ភិក្ខុអ្នកសម្តែងបាតិមោក្ខ គប្បីប្រាប់ថា ភិក្ខុណាមួយដែលសង្ឃសន្មត ឲ្យជាអ្នកទូន្មានភិក្ខុនីនោះ មិនមានទេ ចូរភិក្ខុនីសង្ឃសម្រេចប្រយោជន៍ ដោយសេចក្តីជ្រះថ្លាចុះ។

[២០៩] សម័យនោះឯង ភិក្ខុទាំងឡាយ មិនព្រមទទួលឲ្យឱវាទ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រកែកមិនព្រមទទួលឲ្យឱវាទទេ ភិក្ខុណាមិនព្រមទទួល ត្រូវអាបត្តិទុក្កដ។

[២១០] សម័យនោះ មានភិក្ខុ១រូបល្ងង់។ ភិក្ខុនីទាំងឡាយនាំគ្នាចូលទៅរកភិក្ខុនោះ ហើយពោលពាក្យនេះថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទទួលឲ្យឱវាទចុះ។ ភិក្ខុនោះឆ្លើយថា ម្នាលនាង យើងជាមនុស្សល្ងង់ យើងទទួលឲ្យឱវាទដូចម្តេចបាន។ ពួកភិក្ខុនីពោលថា បពិត្រលោកម្ចាស់ សូមលោកទទួលឲ្យឱវាទចុះ ដ្បិតហេតុនេះ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា ត្រូវភិក្ខុទទួលឲ្យឱវាទ ដល់ភិក្ខុនី។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបញ្ឈប់ភិក្ខុល្ងង់ ឲ្យភិក្ខុក្រៅពីនេះ ទទួលឲ្យឱវាទបាន។

[២១១] សម័យនោះឯង មានភិក្ខុ១រូបមានជម្ងឺ។ ភិក្ខុនីទាំងឡាយ នាំគ្នាចូលទៅរកភិក្ខុនោះ ហើយនិយាយពាក្យនេះថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទទួលឲ្យឱវាទ។ ភិក្ខុនោះឆ្លើយថា ម្នាលនាង យើងជាមនុស្សមានជម្ងឺ យើងទទួលឲ្យឱវាទដូចម្តេចបាន។ ភិក្ខុនីទាំងឡាយនិយាយថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទទួលឲ្យឱវាទ ដ្បិតហេតុនេះ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា ឲ្យបញ្ឈប់ភិក្ខុល្ងង់ ឲ្យភិក្ខុក្រៅពីនេះទទួលឲ្យឱវាទបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យបញ្ឈប់ភិក្ខុល្ងង់ និងភិក្ខុឈឺ ឲ្យភិក្ខុក្រៅពីនេះ ទទួលឲ្យឱវាទបាន។

[២១២] សម័យនោះឯង មានភិក្ខុ១រូប ជាអ្នកដំណើរ។ ភិក្ខុនីទាំងឡាយ ចូលទៅរកភិក្ខុនោះ ហើយនិយាយពាក្យនេះថា បពិត្រលោកម្ចាស់ សូមមេត្តាទទួលឲ្យឱវាទ។ ភិក្ខុនោះឆ្លើយថា ម្នាលនាង យើងជាអ្នកដំណើរ យើងទទួលឲ្យឱវាទដូចម្តេចបាន។ ភិក្ខុនីទាំងឡាយពោលថា បពិត្រលោកម្ចាស់ សូមមេត្តាទទួលឲ្យឱវាទ ដ្បិតហេតុនេះ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា លើកលែងតែភិក្ខុល្ងង់ លើកលែងតែភិក្ខុឈឺចេញ ត្រូវឲ្យភិក្ខុក្រៅពីនេះទទួលឲ្យឱវាទបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យលើកលែងភិក្ខុល្ងង់ លើកលែងភិក្ខុឈឺ និងភិក្ខុអ្នកដំណើរ ឲ្យភិក្ខុដែលក្រៅពីនេះ ទទួលឲ្យឱវាទបាន។

[២១៣] សម័យនោះឯង មានភិក្ខុ១រូបជាអ្នកនៅក្នុងព្រៃ។ ភិក្ខុនីទាំងឡាយ ចូលទៅរកភិក្ខុនោះ ហើយនិយាយពាក្យនេះថា បពិត្រលោកម្ចាស់ សូមមេត្តាទទួលឲ្យឱវាទ។ ភិក្ខុនោះឆ្លើយថា ម្នាលនាង ដ្បិតយើងជាអ្នកនៅក្នុងព្រៃ យើងនឹងទទួលឲ្យឱវាទដូចម្តេចបាន។ ភិក្ខុនីទាំងឡាយនិយាយថា បពិត្រលោកម្ចាស់ សូមមេត្តាទទួលឲ្យឱវាទ ដ្បិតហេតុនេះ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តឲ្យលើកលែងតែភិក្ខុល្ងង់ លើកលែងតែភិក្ខុឈឺ និងលើកលែងតែភិក្ខុអ្នកដំណើរចេញ ឲ្យភិក្ខុក្រៅពីនេះទទួលឲ្យឱវាទបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកនៅក្នុងព្រៃ ទទួលឲ្យឱវាទផង ឲ្យធ្វើសង្កេត (សេចក្តីកំណត់)ផងថា អាត្មាអញ នឹងផ្លាស់ទៅក្នុងទីនោះ។

[២១៤] សម័យនោះឯង ភិក្ខុទាំងឡាយទទួលឲ្យឱវាទ ហើយមិនបានប្រាប់ដល់ (ភិក្ខុអ្នកសំដែងបាតិមោក្ខ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុមិនប្រាប់ឱវាទ (ដល់ភិក្ខុនី)ទេ ភិក្ខុណាមិនប្រាប់ ត្រូវអាបត្តិទុក្កដ។

[២១៥] សម័យនោះឯង ភិក្ខុទាំងឡាយ ទទួលឲ្យឱវាទហើយ មិនផ្លាស់ទី (តាមសង្កេត)។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវមិនផ្លាស់ទី (តាមសង្កេត)ទេ ភិក្ខុណាមិនផ្លាស់ ត្រូវអាបត្តិទុក្កដ។

[២១៦] សម័យនោះឯង ភិក្ខុនីទាំងឡាយ មិនទៅកាន់ទីដែលសង្ឃកំណត់ហើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវខានទៅកាន់ទីដែលសង្ឃកំណត់ហើយទេ ភិក្ខុនីណាមិនទៅ ត្រូវអាបត្តិទុក្កដ។

[២១៧] សម័យនោះឯង ភិក្ខុនីទាំងឡាយទ្រទ្រង់វត្ថពន្ធចង្កេះវែងៗ ចងរឹតឆ្អឹងជំនីរ ដោយវត្ថពន្ធចង្កេះនោះ។22) មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកស្រីគ្រហស្ថអ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវទ្រទ្រង់វត្ថពន្ធចង្កេះវែងទេ ភិក្ខុនីណាទ្រទ្រង់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតវត្ថពន្ធចង្កេះល្មមព័ទ្ធតែ១ជុំបាន មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយវត្ថពន្ធចង្កេះនោះទេ ភិក្ខុនីណាចងរឹត ត្រូវអាបត្តិទុក្កដ។

[២១៨] សម័យនោះឯង ភិក្ខុនីទាំងឡាយ ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងដែលធ្វើអំពីបន្ទោះឫស្សី ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងស្បែក ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងសំពត់ស ចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់ស ចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់ស ចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងសំពត់មានពណ៌ ចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់មានពណ៌ ចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់មានពណ៌ ចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់សូត្រ ចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់សូត្រ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថអ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវចងរឹតឆ្អឹងជំនីរ ដោយផ្ទាំង ដែលធ្វើដោយបន្ទោះឫស្សី មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងស្បែក មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងសំពត់ស មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់ស មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់ស មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងសំពត់មានពណ៌ មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់មានពណ៌ មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់មានពណ៌ មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់សូត្រទេ ភិក្ខុនីណាចងរឹត ត្រូវអាបត្តិទុក្កដ។

[២១៩] សម័យនោះឯង ភិក្ខុនីទាំងឡាយឲ្យគេដំត្រគាក ដោយឈើមានសណ្ឋានដូចឆ្អឹងស្មងគោ ឲ្យគេដំត្រគាក ឲ្យគេដំដៃ ឲ្យគេដំខ្នងដៃ ឲ្យគេដំជើង ឲ្យគេដំខ្នងជើង ឲ្យគេដំភ្លៅ ឲ្យគេដំមុខ ឲ្យគេដំសាច់ជើងធ្មេញ ដោយឈើមានសណ្ឋានដូចឆ្អឹងចង្កាគោ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវឲ្យគេដំត្រគាកដោយឈើមានសណ្ឋានដូចឆ្អឹងស្មងគោ មិនត្រូវឲ្យគេដំត្រគាក មិនត្រូវឲ្យគេដំដៃ មិនត្រូវឲ្យគេដំខ្នងដៃ មិនត្រូវឲ្យគេដំជើង មិនត្រូវឲ្យគេដំខ្នងជើង មិនត្រូវឲ្យគេដំភ្លៅ មិនត្រូវឲ្យគេដំមុខ មិនត្រូវឲ្យគេដំសាច់ជើងធ្មេញ ដោយឈើមានសណ្ឋានដូចឆ្អឹងចង្កាគោទេ ភិក្ខុនីណាឲ្យគេដំ ត្រូវអាបត្តិទុក្កដ។

[២២០] សម័យនោះឯង ពួកឆព្វគ្គិយាភិក្ខុនី លាបមុខ ប្រស់មុខ ខាត់មុខ ចឹមមុខ ស្រឡាបខ្លួន ស្រឡាបមុខ ស្រឡាបទាំងខ្លួន ទាំងមុខ ដោយគ្រឿងលាប លាយដោយមនោសិលា (ម្សៅលាម)។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវលាបមុខ មិនត្រូវប្រស់មុខ មិនត្រូវខាត់មុខ មិនត្រូវចឹមមុខ មិនត្រូវស្រឡាបខ្លួន មិនត្រូវស្រឡាបមុខ មិនត្រូវស្រឡាបទាំងខ្លួន ទាំងមុខ ដោយគ្រឿងលាបលាយដោយមនោសិលាទេ ភិក្ខុនីណាធ្វើ ត្រូវអាបត្តិទុក្កដ។

[២២១] សម័យនោះឯង ពួកឆព្វគ្គិយាភិក្ខុនី ធ្វើនូវគំនូសខាងក្រោមមាត់23) ធ្វើគំនូសប្លែកៗត្រង់ថ្ពាល់ ក្រឡេកមើលតាមបង្អួច ឈរត្រង់ទ្វារ បង្ហាញកាយពាក់កណ្តាល ប្រើឲ្យគេលេងមហោស្រព បំបួសស្រីផ្កាមាស តាំងរោងសុរោ តាំងរោងលក់សាច់ បើករានផ្សារ ដំឡើងថ្លៃ (ទំនិញ) ប្រកបជំនួញ ឲ្យខ្ញុំប្រុសបំរើ ឲ្យខ្ញុំស្រីបម្រើ ឲ្យកូនឈ្នួលប្រុសបំរើ ឲ្យកូនឈ្នួលស្រីបំរើ ឲ្យសត្វតិរច្ឆានបំរើ លក់វត្ថុខ្ចី និងវត្ថុទុំ (តាំងរានផ្សារលក់ដូររបស់រាយរង) ទ្រទ្រង់កំរាលស្មាច់ដោយរោមចៀម។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវធ្វើគំនូសក្រោមមាត់ មិនត្រូវធ្វើគំនូសប្លែកៗត្រង់ថ្ពាល់ មិនត្រូវក្រឡេកមើលតាមបង្អួច មិនត្រូវឈរត្រង់មាត់ទ្វារ បង្ហាញកាយពាក់កណ្តាល មិនត្រូវប្រើគេឲ្យលេងមហោស្រព មិនត្រូវបំបួសស្រីផ្កាមាស មិនត្រូវតាំងរោងសុរោ មិនត្រូវតាំងរោងលក់សាច់ មិនត្រូវបើករានផ្សារ មិនត្រូវដំឡើងថ្លៃ (ទំនិញ) មិនត្រូវប្រកបជំនួញ មិនត្រូវឲ្យខ្ញុំប្រុសបំរើ មិនត្រូវឲ្យខ្ញុំស្រីបម្រើ មិនត្រូវឲ្យកូនឈ្នួលប្រុសបំរើ មិនត្រូវឲ្យកូនឈ្នួលស្រីបំរើ មិនត្រូវឲ្យសត្វតិរច្ឆានបំរើ មិនត្រូវលក់វត្ថុខ្ចី និងវត្ថុទុំ (តាំងរានផ្សារលក់ដូររបស់រាយរង) មិនត្រូវទ្រទ្រង់កំរាលស្មាច់ដោយរោមចៀមទេ ភិក្ខុនីណាទ្រទ្រង់ ត្រូវអាបត្តិទុក្កដ។

[២២២] សម័យនោះឯង ពួកឆព្វគ្គិយាភិក្ខុនី ទ្រទ្រង់ចីវរខៀវសុទ្ធ ទ្រទ្រង់ចីវរលឿងខ្ចីសុទ្ធ ទ្រទ្រង់ចីវរក្រហមសុទ្ធ ទ្រទ្រង់ចីវរហង្សបាទសុទ្ធ ទ្រទ្រង់ចីវរខ្មៅសុទ្ធ ទ្រទ្រង់ចីវរក្រហមក្រមៅសុទ្ធ ទ្រទ្រង់ចីវរលឿងទុំសុទ្ធ ទ្រទ្រង់ចីវរមានជាយមិនបានកាត់ដាច់ ទ្រទ្រង់ចីវរមានជាយវែង ទ្រទ្រង់ចីវរមានជាយវិចិត្រដោយផ្កាឈើ ទ្រទ្រង់ចីវរមានជាយវិចិត្រដោយផ្លែឈើ ទ្រទ្រង់អាវបំពង់វែង ទ្រទ្រង់មួក។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវទ្រទ្រង់ចីវរខៀវសុទ្ធ មិនត្រូវទ្រទ្រង់ចីវរលឿងខ្ចីសុទ្ធ មិនត្រូវទ្រទ្រង់ចីវរក្រហមសុទ្ធ មិនត្រូវទ្រទ្រង់ចីវរហង្សបាទសុទ្ធ មិនត្រូវទ្រទ្រង់ចីវរខ្មៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរក្រហមក្រមៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរលឿងទុំសុទ្ធ មិនត្រូវទ្រទ្រង់ចីវរមានជាយមិនបានកាត់ដាច់ មិនត្រូវទ្រទ្រង់ចីវរមានជាយវែង មិនត្រូវទ្រទ្រង់ចីវរមានជាយវិចិត្រដោយផ្កាឈើ មិនត្រូវទ្រទ្រង់ចីវរមានជាយវិចិត្រដោយផ្លែឈើ មិនត្រូវទ្រទ្រង់អាវបំពង់វែង មិនត្រូវទ្រទ្រង់មួកទេ ភិក្ខុនីណាទ្រទ្រង់ ត្រូវអាបត្តិទុក្កដ។

[២២៣] សម័យនោះឯង មានភិក្ខុនី១រូប កាលដែលទៀបនឹងធ្វើមរណកាល បានផ្តាំយ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅជារបស់សង្ឃចុះ។ ភិក្ខុ និងភិក្ខុនីទាំងឡាយ ក្នុងទីនោះ ជជែកគ្នាថា បរិក្ខារនេះត្រូវបានយើង បរិក្ខារនេះ ត្រូវបានយើង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនី កាលដែលទៀបនឹងធ្វើមរណកាល បានផ្តាំយ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅជារបស់សង្ឃចុះ ដូច្នេះ ភិក្ខុសង្ឃមិនជាឥស្សរៈ លើបរិក្ខារនោះទេ បរិក្ខារនុ៎ះ ត្រូវបានជារបស់ភិក្ខុនីសង្ឃ។ ម្នាលភិក្ខុទាំងឡាយ បើសិក្ខមានា។បេ។ ម្នាលភិក្ខុទាំងឡាយ បើសាមណេរី កាលដែលទៀបនឹងមរណកាល បានផ្តាំយ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅជារបស់សង្ឃចុះ យ៉ាងនេះ ភិក្ខុសង្ឃមិនជាធំ ក្នុងបរិក្ខារនោះទេ បរិក្ខារនុ៎ះ ត្រូវបានជារបស់ភិក្ខុនីសង្ឃ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ កាលដែលទៀបនឹងមរណកាលហើយ បានផ្តាំយ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅជារបស់សង្ឃចុះ យ៉ាងនេះ ភិក្ខុនីសង្ឃមិនជាធំ លើបរិក្ខារនោះទេ បរិក្ខារនុ៎ះ ត្រូវបានជារបស់ភិក្ខុសង្ឃ។ ម្នាលភិក្ខុទាំងឡាយ បើសាមណេរ។បេ។ ម្នាលភិក្ខុទាំងឡាយ បើឧបាសក។បេ។ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកា។បេ។ ម្នាលភិក្ខុទាំងឡាយ បើនរណាៗដទៃ កាលដែលទៀបនឹងមរណកាលហើយ បានផ្តាំយ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅជារបស់សង្ឃចុះ យ៉ាងនេះ ភិក្ខុនីសង្ឃមិនជាធំ លើបរិក្ខារនោះទេ បរិក្ខារនុ៎ះ ត្រូវបានជារបស់ភិក្ខុសង្ឃ។

[២២៤] សម័យនោះឯង មានស្ត្រីម្នាក់ ជាភរិយាចាស់របស់ស្តេចមល្លៈ ចូលមកបួសក្នុងសំណាក់ភិក្ខុនី។ ភិក្ខុនី (បួសថ្មី) នោះបានឃើញភិក្ខុ១រូប មានកម្លាំងថយ ដើរទៅតាមច្រក ប៉ះដោយចង្កួយស្មា ភិក្ខុនោះក៏ដួលចុះទៅ។ ភិក្ខុទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើភិក្ខុនី នឹងដើរទៅប៉ះភិក្ខុទេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនត្រូវឲ្យប៉ះភិក្ខុឡើយ ភិក្ខុនីណាឲ្យប៉ះ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ដែលឃើញភិក្ខុហើយ ត្រូវចៀសចេញអំពីចម្ងាយ បើកផ្លូវឲ្យ។

[២២៥] សម័យនោះ មានស្ត្រីម្នាក់ ជាស្រីប្តីលែង ហើយមានផ្ទៃដោយសហាយ។ ស្រីនោះ រំលូតកូនចេញហើយ បាននិយាយពាក្យនេះ នឹងភិក្ខុនីជាកុលុបកីថា បពិត្រលោកម្ចាស់ លោកម្ចាស់សូមដាក់កូនខ្ចីនេះ ក្នុងបាត្រយកទៅចុះ។ ភិក្ខុនីនោះ ដាក់កូនខ្ចីនោះក្នុងបាត្រ ហើយបិទបាំងនឹងសង្ឃាដិដើរទៅ។ សម័យនោះឯង មានបិណ្ឌចារិកភិក្ខុ១រូប សមាទានថា បើអាត្មាអញបានចង្ហាន់ជាដម្បូងណា ហើយមិនទាន់បានឲ្យចង្ហាន់នោះដល់ភិក្ខុក្តី ភិក្ខុនីក្តី អាត្មាអញក៏មិនបរិភោគ។ លំដាប់នោះ ភិក្ខុនោះ បានឃើញភិក្ខុនីនោះហើយ និយាយពាក្យនេះថា ហ៏នាង នាងទទួលយកចង្ហាន់ចុះ។ ភិក្ខុនីឆ្លើយថា ណ្ហើយ លោកម្ចាស់។ ភិក្ខុនោះ និយាយពាក្យនេះនឹងភិក្ខុនីនោះ អស់វារៈពីរដងថា ហ៏នាង ចូរនាងទទួលយកចង្ហាន់ទៅចុះ។ ភិក្ខុនីឆ្លើយថា ណ្ហើយ លោកម្ចាស់។ ភិក្ខុនោះ និយាយពាក្យនេះនឹងភិក្ខុនីនោះ អស់វារៈបីដងថា ហ៏នាង ចូរនាងទទួលយកចង្ហាន់ទៅចុះ។ ភិក្ខុនីឆ្លើយថា ណ្ហើយ លោកម្ចាស់។ ភិក្ខុប្រាប់ថា ម្នាលនាង យើងបានសមាទានថា (បើ) អាត្មាអញបានចង្ហាន់ណាជាដម្បូង ហើយមិនទាន់បានឲ្យចង្ហាន់នោះ ដល់ភិក្ខុក្តី ដល់ភិក្ខុនីក្តី អាត្មាអញក៏មិនឆាន់ចង្ហាន់នោះទេ ម្នាលនាង ហ៏ចូរនាងទទួលយកចង្ហាន់នេះទៅចុះ។ គ្រានោះ ភិក្ខុនីនោះ កាលបើភិក្ខុនោះបង្ខំ (ឲ្យទទួល) ក៏បង្ហាញបាត្រថា បពិត្រលោកម្ចាស់ សូមនិមន្តមើលកូនខ្ចីក្នុងបាត្រ (តែ) សូមលោកម្ចាស់កុំប្រាប់នរណាឡើយ។ លំដាប់នោះ ភិក្ខុនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើភិក្ខុនីដាក់កូនខ្ចីក្នុងបាត្រសោះ។ ទើបភិក្ខុនោះ ប្រាប់រឿងនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើភិក្ខុនី ដាក់កូនខ្ចីក្នុងបាត្រសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនត្រូវដាក់កូនខ្ចីក្នុងបាត្រទេ ភិក្ខុនីណាដាក់យកទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ឃើញភិក្ខុហើយ ត្រូវបើកបាត្របង្ហាញ។

[២២៦] សម័យនោះឯង ពួកឆព្វគ្គិយាភិក្ខុនី បានឃើញភិក្ខុហើយ ផ្តូរបាត្រប្រាប់ថ្លៃបាត្រ។ ភិក្ខុទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើ ពួកឆព្វគ្គិយាភិក្ខុនី ឃើញភិក្ខុហើយផ្តូរបាត្រ រួចប្រាប់ថ្លៃបាត្រសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវឃើញភិក្ខុហើយផ្តូរបាត្រ រួចប្រាប់ថ្លៃបាត្រទេ ភិក្ខុនីណាប្រាប់ថ្លៃ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីឃើញភិក្ខុហើយបើកបាត្របង្ហាញ ប្រសិនបើមានអាមិសៈណានៅក្នុងបាត្រ ត្រូវនិមន្តភិក្ខុ ដោយអាមិសៈនោះចុះ។

[២២៧] សម័យនោះឯង មាននិមិត្តរបស់បុរសដែលគេចោលក្នុងច្រកក្នុងក្រុងសាវត្ថី។ ភិក្ខុនីទាំងឡាយ ចូលទៅគយគន់និមិត្តនោះដោយផ្ចិតផ្ចង់។ មនុស្សទាំងឡាយធ្វើសម្លេងហ៊ោ។ ភិក្ខុនីទាំងនោះ ក៏មានសេចក្តីអៀនខ្មាស។ ទើបភិក្ខុនីទាំងអម្បាលនោះ ចូលទៅកាន់លំនៅ (ភិក្ខុនី) ប្រាប់សេចក្តីនុ៎ះ ដល់ភិក្ខុនីផងគ្នា។ ភិក្ខុនីណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុនីទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើភិក្ខុនីទាំងឡាយ ចូលទៅគយគន់និមិត្ត របស់បុរសសោះ។ ភិក្ខុនីទាំងនោះ ក៏ប្រាប់រឿងនុ៎ះ ដល់ភិក្ខុទាំងឡាយ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវគយគន់មើលនិមិត្តរបស់បុរស ភិក្ខុនីណាចូលទៅគយគន់មើល ត្រូវអាបត្តិទុក្កដ។

[២២៨] សម័យនោះឯង មនុស្សទាំងឡាយឲ្យអាមិសៈ ដល់ភិក្ខុទាំងឡាយ។ ពួកភិក្ខុ ក៏ឲ្យអាមិសៈ (នោះ) ទៅពួកភិក្ខុនី។ មនុស្សទាំងឡាយនាំគ្នាពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើលោកម្ចាស់ទាំងនេះឲ្យ (អាមិសៈ) ដែលគេឲ្យសម្រាប់ឆាន់ខ្លួនឯង ទៅអ្នកឯទៀតទេ យើងទាំងឡាយមិនចេះឲ្យទានឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យ (អាមិសៈ) ដែលគេឲ្យសម្រាប់ឆាន់ ទៅអ្នកឯទៀតទេ ភិក្ខុណាឲ្យ ត្រូវអាបត្តិទុក្កដ។

[២២៩] សម័យនោះឯង អាមិសៈរបស់ពួកភិក្ខុ ក៏សម្បូណ៌ច្រើនឡើង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗ (អាមិសៈ) ដល់សង្ឃ។ អាមិសៈ ក៏កាន់តែសម្បូណ៌ច្រើនណាស់ទៅទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗអាមិសៈ ទៅជារបស់បុគ្គលក៏បាន។

[២៣០] សម័យនោះឯង ពួកភិក្ខុធ្វើការសន្សំអាមិសៈជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ឬភិក្ខុឲ្យគេទទួលការសន្សំរបស់ភិក្ខុទាំងឡាយបរិភោគចុះ។

[២៣១] សម័យនោះឯង មនុស្សទាំងឡាយឲ្យអាមិសៈ ដល់ពួកភិក្ខុនី។ ភិក្ខុនីទាំងឡាយ ឲ្យ(អាមិសៈ) នោះ ដល់ពួកភិក្ខុ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើភិក្ខុនីទាំងឡាយ ឲ្យអាមិសៈ ដែលគេឲ្យសម្រាប់បរិភោគខ្លួនឯង ដល់ភិក្ខុឯទៀតសោះ យើងរាល់គ្នាមិនចេះឲ្យទានឬ។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវឲ្យអាមិសៈ ដែលគេឲ្យសម្រាប់បរិភោគខ្លួនឯង ដល់ភិក្ខុឯទៀតទេ ភិក្ខុនីណាឲ្យ ត្រូវអាបត្តិទុក្កដ។

[២៣២] សម័យនោះឯង អាមិសៈរបស់ភិក្ខុនីសម្បូណ៌ច្រើនឡើង ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនី) ឲ្យអាមិសៈដល់សង្ឃ (អាមិសៈ) ក៏កាន់តែសម្បូណ៌ច្រើនឡើងទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យៗអាមិសៈទៅជារបស់បុគ្គលក៏បាន។

[២៣៣] សម័យនោះឯង ភិក្ខុនីធ្វើការសន្សំអាមិសៈ ដែលកាន់តែសម្បូណ៌ឡើង។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ឬភិក្ខុនី ឲ្យទទួលការសន្សំរបស់ភិក្ខុនីបរិភោគចុះ។

[២៣៤] សម័យនោះឯង សេនាសនៈសម្បូណ៌ឡើង ដល់ពួកភិក្ខុ។ សេនាសនៈ មិនកើតឡើងដល់ពួកភិក្ខុនី។ ភិក្ខុនីទាំងឡាយ ក៏បញ្ជូនទូតទៅកាន់សំណាក់ពួកភិក្ខុថា បពិត្រលោកម្ចាស់ទាំងឡាយ សូមលោកម្ចាស់ឲ្យសេនាសនៈ ដល់យើងឲ្យជារបស់ខ្ចី។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យនូវសេនាសនៈ ដល់ពួកភិក្ខុនី ជារបស់ខ្ចីបាន។

[២៣៥] សម័យនោះឯង ភិក្ខុនីទាំងឡាយមានរដូវ អង្គុយសង្កត់ខ្លះ ដេកសង្កត់ខ្លះ នូវគ្រែដែលគេញាត់ភ្ជាប់ និងតាំងដែលគេញាត់ភ្ជាប់។ សេនាសនៈ ក៏ប្រឡាក់ដោយឈាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវអង្គុយសង្កត់ ដេកសង្កត់ នូវគ្រែដែលគេញាត់ភ្ជាប់ នូវតាំងដែលគេញាត់ភ្ជាប់ទេ ភិក្ខុនីណាអង្គុយសង្កត់ក្តី ដេកសង្កត់ក្តី ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវចីវរក្នុងរោងទាន។ ចីវរក្នុងរោងទាន ក៏ប្រឡាក់ដោយឈាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត នូវសំពត់ទ្រនាប់។ សំពត់ទ្រនាប់ក៏របូតចុះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចង (សំពត់ទ្រនាប់) ដោយសរសៃអំបោះ ហើយចងភ្ជាប់នឹងភ្លៅចុះ។ សរសៃអំបោះក៏ដាច់ទៅ។ ពួកភិក្ខុ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ខ្សែក្រវាត់សម្រាប់ចងឆ្នុកក្បិន។

[២៣៦] សម័យនោះឯង ឆព្វគ្គិយាភិក្ខុនី ទ្រទ្រង់ខ្សែក្រវាត់សព្វកាល។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវប្រើខ្សែក្រវាត់សព្វកាលទេ ភិក្ខុនីណាប្រើ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្សែក្រវាត់ ដល់ភិក្ខុនីដែលមានរដូវ។

ចប់ ភាណវារៈ ទី២។

(តតិយភាណវារៈ ទី៣)

(៣. តតិយភាណវារោ)

[២៣៧] សម័យនោះឯង ឧបសម្បន្នាភិក្ខុនីទាំងឡាយ គ្មាននិមិត្តខ្លះ មានហេតុគ្រាន់តែជានិមិត្តខ្លះ មិនមានឈាមរដូវខ្លះ មានឈាមរដូវជានិច្ចខ្លះ មានសំពត់ទ្រនាប់ជានិច្ចខ្លះ មានឈាមរដូវហូរខ្លះ ជាសិខរិណីខ្លះ ជាស្រីខ្ទើយខ្លះ មានរូបដូចប្រុសខ្លះ ទ្វារមគ្គ (ទាំង២) រលាយចូលគ្នាខ្លះ ជាឧភតោព្យញ្ជនកាខ្លះ។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនី) សួរនូវអន្តរាយិកធម៌២៤ប្រការ ចំពោះស្ត្រីដែលមកសូមឧបសម្បទា។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុសួរភិក្ខុនីយ៉ាងនេះថា នាងមិនមែនឥតនិមិត្តទេឬ នាងមិនមែនមានហេតុគ្រាន់តែជានិមិត្តទេឬ នាងមិនមែនមិនមានឈាមទេឬ នាងមិនមានឈាមជានិច្ចទេឬ នាងមិនមែនមានសំពត់ទ្រនាប់ជានិច្ចទេឬ នាងមិនមែនមានឈាមរដូវហូរជានិច្ចទេឬ នាងមិនមែនជាសិខរិណីទេឬ នាងមិនមែនជាស្រី្តខ្ទើយទេឬ នាងមិនមែនជាស្រ្តីមានរូបដូចប្រុសទេឬ នាងឥតមានទ្វារមគ្គរលាយចូលគ្នាទេឬ នាងមិនមែនជាឧភតោព្យញ្ជនកាទេឬ (ម្យ៉ាងទៀត) អាពាធយ៉ាងនេះ គឺ ឃ្លង់ ពក ស្រែង ស្រកីអណ្តែង ឆ្កួតជ្រូក នាងមានឬទេ នាងជាមនុស្សឬ នាងជាស្ត្រីឬ នាងជាអ្នកជាឬ នាងមិនមានជំពាក់បំណុលគេទេឬ នាងមិនមែនជាអ្នកបំរើព្រះរាជាទេឬ មាតាបិតា និងប្តី (របស់នាង) បានអនុញ្ញាតហើយឬ នាងមានអាយុគ្រប់២០ឆ្នាំហើយឬ នាងមានបាត្រ និងចីវរគ្រប់គ្រាន់ហើយឬ នាងឈ្មោះអ្វី បវត្តិនី (ឧបជ្ឈាយ៍) របស់នាងឈ្មោះអ្វី។

[២៣៨] សម័យនោះឯង ភិក្ខុទាំងឡាយសួរ អន្តរាយិកធម៌ ចំពោះពួកភិក្ខុនី។ ឧបសម្បទាបេក្ខាទាំងឡាយអៀនខ្មាស មានមុខឱនចុះ មិនអាចនឹងឆ្លើយប្រាប់បាន។ ពួកភិក្ខុក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យឧបសម្បទា ក្នុងសំណាក់ភិក្ខុសង្ឃ ដល់ភិក្ខុនី ដែលបានឧបសម្បទា ដោយចំណែកម្ខាងដ៏បរិសុទ្ធ ក្នុងភិក្ខុនីសង្ឃរួច (ម្តង)ហើយ។

[២៣៩] សម័យនោះឯង ពួកភិក្ខុនី មិនបានប្រៀនប្រដៅឧបសម្បទាបេក្ខាសោះទេ គ្រាន់តែសាកសួរអន្តរាយិកធម៌។ ឧបសម្បទាបេក្ខា ក៏អៀនខ្មាស មានមុខឱនចុះ មិនអាចនឹងឆ្លើយប្រាប់បាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យប្រៀនប្រដៅជាមុនសិន ហើយសឹមសួរអន្តរាយិកធម៌ជាក្រោយ។ ពួកភិក្ខុក៏ប្រៀនប្រដៅ (ឧបសម្បទាបេក្ខា) ក្នុងកណ្តាលជំនុំសង្ឃនោះ។ ឧបសម្បទាបេក្ខា នៅតែអៀនខ្មាស មានមុខឱនចុះ មិនអាចឆ្លើយប្រាប់បានដូច្នោះទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលរឿងនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យប្រៀនប្រដៅក្នុងទីដ៏សមគួរ ហើយសឹមសួរអន្តរាយិកធម៌ ក្នុងកណ្តាលជំនុំសង្ឃ។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុនី) ត្រូវប្រៀនប្រដៅឧបសម្បទាបេក្ខាយ៉ាងនេះ។ មុនដំបូង ត្រូវភិក្ខុនីឲ្យឧបសម្បទាបេក្ខា កាន់យកឧបជ្ឈាយ៍ លុះឲ្យកាន់យកឧបជ្ឈាយ៍ហើយ គប្បីប្រាប់បាត្រ និងចីវរថា នេះជាបាត្រ នេះជាសង្ឃាដី នេះជាចីពរ នេះជាស្បង់ នេះជាសំពត់ពុង24) នេះជាសំពត់ងូតទឹករបស់នាង នាងចូរទៅឈរ ក្នុងទីឱកាសឯណោះ (វេលានោះ) ភិក្ខុនីល្ងង់ មិនឆ្លាសទៅប្រដៅ។ ឧបសម្បទាបេក្ខាទាំងឡាយ ដែលភិក្ខុនីមិនឆ្លាស ប្រដៅមិនស្រួល ក៏នៅតែរឹងខ្លួន អៀនខ្មាស មិនអាចនឹងឆ្លើយប្រាប់បាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីដែលល្ងង់ មិនឆ្លាស មិនត្រូវប្រដៅឧបសម្បទាបេក្ខាទេ ភិក្ខុនីណាប្រដៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ដែលឆ្លាសប្រតិពល ប្រដៅ (ឧបសម្បទាបេក្ខា)បាន។ ភិក្ខុនីដែលសង្ឃមិនបានសន្មត ក៏ទៅប្រៀនប្រដៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីដែលសង្ឃមិនបានសន្មត មិនត្រូវប្រៀនប្រដៅឧបសម្បទាបេក្ខាទេ ភិក្ខុនីណាប្រៀនប្រដៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ដែលសង្ឃសន្មតហើយ (នោះ) ប្រៀនប្រដៅបាន។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ ខ្លួនឯងគប្បីសន្មតខ្លួនឯងក៏បាន ភិក្ខុនីដទៃគប្បីសន្មតភិក្ខុនីដទៃក៏បាន។

[២៤០] ខ្លួនឯង គប្បីសន្មតខ្លួនឯងយ៉ាងណា។ ភិក្ខុនីដែលឆ្លាស ប្រតិពល ត្រូវប្រកាសសង្ឃថា បពិត្រព្រះនាងជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ (ដ្បិត) ឧបសម្បទាបេក្ខា (ជាសិស្ស) របស់នាងជាម្ចាស់ឈ្មោះនេះ។ បើកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំម្ចាស់គប្បីប្រៀនប្រដៅ ឧបសម្បទាបេក្ខាឈ្មោះនេះ។ ខ្លួនឯងគប្បីសន្មតខ្លួនឯងយ៉ាងនេះ។

[២៤១] ភិក្ខុនីដទៃគប្បីសន្មតភិក្ខុនីដទៃយ៉ាងណា។ ភិក្ខុនីដែលឆ្លាស ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះនាងជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ លោកម្ចាស់ឈ្មោះនេះ ជាឧបសម្បទាបេក្ខា របស់ភិក្ខុនីឈ្មោះនេះ។ បើកម្មមានកាលគួរដល់សង្ឃហើយ ភិក្ខុនីឈ្មោះនេះ គប្បីប្រៀនប្រដៅ ឧបសម្បទាបេក្ខាឈ្មោះនេះ។ ភិក្ខុនីដទៃ គប្បីសន្មតភិក្ខុនីដទៃ ដោយអាការយ៉ាងនេះ។

[២៤២] ភិក្ខុនីដែលសង្ឃសន្មតហើយនោះ គប្បីចូលទៅរកឧបសម្បទាបេក្ខា ហើយពោលយ៉ាងនេះថា នែនាងឈ្មោះនេះ នាងស្តាប់ហ្ន៏ កាលនេះជាកាលពិត ជាកាលមែនរបស់នាងហើយ របស់ណាដែលកើតហើយ ខ្ញុំសួររបស់នោះចំពោះនាងក្នុងកណ្តាលជំនុំសង្ឃ ហេតុដែលមាន នាងត្រូវនិយាយថាមាន ហេតុដែលមិនមាន នាងត្រូវនិយាយថាមិនមាន នាងកុំរឹងខ្លួនឡើយ កុំអៀនខ្មាសឡើយ ខ្ញុំនឹងសួរនាងយ៉ាងនេះថា នាងមិនមែនឥតនិមិត្តទេឬ នាងមិនមែនមានហេតុគ្រាន់តែជានិមិត្តទេឬ នាងមិនមែនឥតឈាមទេឬ នាងមិនមានឈាមជានិច្ចទេឬ នាងមិនមែនមានសំពត់ទ្រនាប់ជានិច្ចទេឬ នាងមិនមែនមានឈាមរដូវហូរជានិច្ចទេឬ នាងមិនមែនជាសិខរិណីទេឬ នាងមិនមែនជាស្រី្តខ្ទើយទេឬ នាងមិនមែនមានរូបដូចប្រុសទេឬ នាងមិនមានទ្វារមគ្គរលាយចូលគ្នាទេឬ នាងមិនមែនជាឧភតោព្យញ្ជនកាទេឬ នាងមានអាពាធយ៉ាងនេះ គឺ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូកដែរឬ នាងជាមនុស្សឬ នាងជាស្ត្រីឬ នាងជាអ្នកជាឬ នាងជាស្ត្រីឥតចំពាក់បំណុលគេទេឬ នាងមិនមែនជាអ្នកបំរើព្រះរាជាទេឬ មាតាបិតា និងប្តី របស់នាង បានអនុញ្ញាតហើយឬ នាងមានអាយុគ្រប់២០ឆ្នាំហើយឬ នាងមានបាត្រ និងចីវរគ្រប់គ្រាន់ហើយឬ នាងឈ្មោះអ្វី បវត្តិនីរបស់នាងឈ្មោះអ្វី។ ភិក្ខុនីជាអ្នកប្រៀនប្រដៅ និងឧបសម្បទាបេក្ខា មកជាមួយគ្នា។បេ។ មិនគប្បីមកជាមួយគ្នាទេ។ ភិក្ខុនីជាអ្នកប្រៀនប្រដៅ គប្បីមកមុនបង្អស់ ហើយផ្តៀងសង្ឃឲ្យដឹងថា បពិត្រព្រះនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ដ្បិតនាងសិក្ខមានា ឈ្មោះនេះ ជាឧបសម្បទាបេក្ខារបស់នាងជាម្ចាស់ឈ្មោះនេះ ខ្ញុំម្ចាស់បានប្រៀនប្រដៅហើយ។ បើកម្មមានកាលគួរដល់សង្ឃហើយ ឧបសម្បទាបេក្ខាឈ្មោះនេះ គប្បីមក។ ភិក្ខុនីអ្នកប្រៀនប្រដៅគប្បីពោលថា នាងចូរមក។ ត្រូវភិក្ខុនីអ្នកប្រៀនប្រដៅឲ្យឧបសម្បទាបេក្ខានោះ ធ្វើចីពរឆៀងស្មាម្ខាង ឲ្យថ្វាយបង្គំបាទាភិក្ខុនីទាំងឡាយ ឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើយ ហើយឲ្យសូមឧបសម្បទាថា បពិត្រនាងជាម្ចាស់ ខ្ញុំម្ចាស់សូមឧបសម្បទានឹងសង្ឃ បពិត្រនាងជាម្ចាស់ សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់ខ្ញុំផង បពិត្រនាងជាម្ចាស់ ខ្ញុំម្ចាស់សូមឧបសម្បទានឹងសង្ឃ អស់វារៈពីរដងផង បពិត្រនាងជាម្ចាស់ សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់ខ្ញុំផង បពិត្រនាងជាម្ចាស់ ខ្ញុំម្ចាស់សូមឧបសម្បទានឹងសង្ឃ អស់វារៈបីដងផង បពិត្រនាងជាម្ចាស់ សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់ខ្ញុំផង។ ភិក្ខុនីដែលឆ្លាស ប្រតិពល គប្បីផ្តៀងសង្ឃឲ្យដឹងថា បពិត្រនាងជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ ដ្បិតនាងឈ្មោះនេះ ជាឧបសម្បទាបេក្ខា របស់នាងជាម្ចាស់ឈ្មោះនេះ បើកម្មមានកាលគួរដល់សង្ឃហើយ ខ្ញុំគួរសួរអន្តរាយិកធម៌នឹងឧបសម្បទាបេក្ខាឈ្មោះនេះ។ នែនាងឈ្មោះនេះ នាងស្តាប់ហ្ន៏ កាលនេះ ជាកាលពិត ជាកាលមែនរបស់នាងហើយ ហេតុណាដែលកើតហើយ ខ្ញុំសួរចំពោះហេតុនោះ ហេតុដែលមាន នាងគប្បីឆ្លើយថាមាន ហេតុដែលគ្មាន នាងគប្បីឆ្លើយថាគ្មាន នាងមិនមែនឥតនិមិត្តទេឬ នាងមិនមែនមានហេតុគ្រាន់តែជានិមិត្តទេឬ។បេ។ នាងឈ្មោះអ្វី បវត្តិនីរបស់នាងឈ្មោះអ្វី។ ភិក្ខុនី ដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃឲ្យដឹងថា បពិត្រនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ដ្បិតនាងឈ្មោះនេះនេះ ជាឧបសម្បទាបេក្ខារបស់នាងជាម្ចាស់ឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ។ បាត្រ និងចីវររបស់នាងនេះ មានគ្រប់គ្រាន់ហើយ។ ឥឡូវ ឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះនេះ ជាបវត្តិនី មកសូមឧបសម្បទានឹងសង្ឃ។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីញុំាងឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះនេះ ជាបវត្តិនី ឲ្យបានឧបសម្បទា។ នេះជាញត្តិ។ បពិត្រនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ ដ្បិតនាងឈ្មោះនេះនេះ ជាឧបសម្បទាបេក្ខា របស់នាងជាម្ចាស់ឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ។ បាត្រនិងចីវររបស់នាងនេះ មានគ្រប់គ្រាន់ហើយ។ ឥឡូវឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះនេះ ជាបវត្តិនី មកសូមឧបសម្បទានឹងសង្ឃ។ ឥឡូវសង្ឃញុំាងឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះនេះ ជាបវត្តិនីឲ្យបានឧបសម្បទា។ ឧបសម្បទា របស់ឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះនេះ ជាបវត្តិនី គួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីស្ងៀម មិនគួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីឆ្លើយមក។ ខ្ញុំប្រកាសសេចក្តីនេះអស់វារៈពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះអស់វារៈបីដងផងថា បពិត្រនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ នាងឈ្មោះនេះនេះ ជាឧបសម្បទាបេក្ខា របស់នាងជាម្ចាស់ឈ្មោះនេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ។ បាត្រនិងចីវររបស់នាងនេះ មានគ្រប់គ្រាន់ហើយ។ ឥឡូវឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះនេះ ជាបវត្តិនី មកសូមឧបសម្បទានឹងសង្ឃ។ ឥឡូវសង្ឃញុំាងឧបសម្បទាបេក្ខាឈ្មោះនេះ របស់នាងជាម្ចាស់ឈ្មោះនេះ ជាបវត្តិនីឲ្យបានឧបសម្បទា។ ឧបសម្បទារបស់ឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះនេះ ជាបវត្តិនី គួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីស្ងៀម មិនគួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីឆ្លើយមក។ ឧបសម្បទាបេក្ខាឈ្មោះនេះ មាននាងជាម្ចាស់ឈ្មោះនេះ ជាបវត្តិនី សង្ឃបានឲ្យឧបសម្បទាហើយ។ ការឲ្យឧបសម្បទានេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំម្ចាស់សូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[២៤៣] ភិក្ខុនីអ្នកប្រៀនប្រដៅ គប្បីនាំយកឧបសម្បទាបេក្ខានោះ ចូលទៅរកភិក្ខុសង្ឃ ឲ្យធ្វើចីពរឆៀងស្មាម្ខាង ឲ្យក្រាបបង្គំបាទាភិក្ខុទាំងឡាយ ឲ្យអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយឲ្យសូមឧបសម្បទា ក្នុងខណៈនោះថា បពិត្រលោកជាម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់ឈ្មោះនេះ ជាឧបសម្បទាបេក្ខា របស់នាងជាម្ចាស់ឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់មកសូមឧបសម្បទា នឹងភិក្ខុសង្ឃ (ម្តងទៀត) បពិត្រលោកម្ចាស់ទាំងឡាយ សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ហើយស្រោចស្រង់ខ្ញុំផង។ បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់ឈ្មោះនេះ ជាឧបសម្បទាបេក្ខារបស់នាងជាម្ចាស់ឈ្មោះនេះ បានឧបសម្បទាដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់មកសូមឧបសម្បទានឹងភិក្ខុសង្ឃ (ម្តងទៀត) អស់វារៈពីរដងផង បពិត្រលោកម្ចាស់ទាំងឡាយ សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ហើយស្រោចស្រង់ខ្ញុំផង។ បពិត្រលោកម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់ឈ្មោះនេះ ជាឧបសម្បទាបេក្ខារបស់នាងជាម្ចាស់ឈ្មោះនេះ បានឧបសម្បទាដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ បពិត្រលោកជាម្ចាស់ទាំងឡាយ ខ្ញុំម្ចាស់មកសូមឧបសម្បទានឹងភិក្ខុសង្ឃ (ម្តងទៀត) អស់វារៈបីដងផង បពិត្រលោកម្ចាស់ទាំងឡាយ សូមសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់ខ្ញុំផង។

[២៤៤] ភិក្ខុដែលឆ្លាស ប្រតិពល គប្បីប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) ឧបសម្បទាបេក្ខាឈ្មោះនេះនេះ ជាឧបសម្បទាបេក្ខា របស់ភិក្ខុនីឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឥឡូវឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី (ឧបជ្ឈាយ៍) មកសូមឧបសម្បទា នឹងសង្ឃ (ម្តងទៀត)។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីញុំាងឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី ឲ្យបានឧបសម្បទា។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបសម្បទាបេក្ខាឈ្មោះនេះនេះ ជាឧបសម្បទាបេក្ខា របស់ភិក្ខុនីឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឥឡូវឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី មកសូមឧបសម្បទានឹងសង្ឃ (ម្តងទៀត)។ សង្ឃញុំាងឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី ឲ្យបានឧបសម្បទា។ ឧបសម្បទា របស់ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីឆ្លើយមក។ ខ្ញុំប្រកាសសេចក្តីនេះ អស់វារៈពីដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ អស់វារៈបីដងផងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧបសម្បទាបេក្ខាឈ្មោះនេះនេះ ជាឧបសម្បទាបេក្ខា របស់ភិក្ខុនីឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាងហើយ បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឥឡូវឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី មកសូមឧបសម្បទានឹងសង្ឃ (ម្តងទៀត)។ សង្ឃញុំាងឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី ឲ្យបានឧបសម្បទា។ ឧបសម្បទា របស់ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីឆ្លើយមក។ ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះ ជាបវត្តិនី សង្ឃបានឲ្យឧបសម្បទាហើយ។ កម្មនេះសមគួរដល់សង្ឃហើយ ហេតុនោះបានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[២៤៥] ឧបជ្ឈាយ៍ គប្បីវាស់ស្រមោល គប្បីប្រាប់ប្រមាណនៃរដូវ គប្បីប្រាប់ចំណែកថ្ងៃ គប្បីប្រាប់សង្គីតិ គប្បីប្រាប់ពួកភិក្ខុនីថា នាងទាំងឡាយ ចូរប្រាប់និស្ស័យ៣យ៉ាងផង ប្រាប់អករណីកិច្ច៨យ៉ាងផង ដល់ភិក្ខុនីថ្មីនេះ។

[២៤៦] សម័យនោះឯង ភិក្ខុនីទាំងឡាយរវល់រៀបចំអាសនៈ25) ក្នុងរោងភត្ត ធ្វើភត្តកាលឲ្យកន្លងហួសទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតលំដាប់ទីចាស់ខ្ចី ដល់ភិក្ខុនីទាំងឡាយ៨រូប និងទីសមគួរតាមដំណើរមុនក្រោយ ដល់ភិក្ខុនីទាំងឡាយក្រៅពីនោះ។

[២៤៧] សម័យនោះឯង ភិក្ខុនីទាំងឡាយដឹងថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតលំដាប់ទីចាស់ខ្ចី ដល់ភិក្ខុនី៨រូប និងទីសមគួរតាមដំណើរមុនក្រោយ ដល់ភិក្ខុនីទាំងឡាយក្រៅពីនោះ ដូច្នេះហើយ ក៏ឃាត់លំដាប់ទីចាស់ខ្ចីចំពោះភិក្ខុនី៨រូប ឃាត់នូវទីដ៏សមគួរតាមដំណើរមុនក្រោយ ចំពោះភិក្ខុនីទាំងឡាយក្រៅពីនោះគ្រប់កន្លែង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវលំដាប់ទីចាស់ខ្ចី ចំពោះភិក្ខុនី៨រូប និងទីតាមលំដាប់មុនក្រោយ ដល់ភិក្ខុនីទាំងឡាយក្រៅពីនោះ ក្នុងរោងឆាន់ កន្លែងដទៃទៀត ភិក្ខុនីមិនត្រូវឃាត់លំដាប់ទីចាស់ខ្ចីទេ ភិក្ខុនីណាឃាត់ ត្រូវអាបត្តិទុក្កដ។

[២៤៨] សម័យនោះឯង ពួកភិក្ខុនីមិនបានបវារណា។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនត្រូវមិនបវារណាទេ ភិក្ខុនីណាមិនបវារណា វិន័យធរ ត្រូវវិនិច្ឆ័យតាមអាបត្តិ។

[២៤៩] សម័យនោះឯង ភិក្ខុនីទាំងឡាយ បវារណាដោយខ្លួនឯង មិនបវារណានឹងភិក្ខុសង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនទាន់បវារណាដោយខ្លួនឯង មិនត្រូវបវារណានឹងភិក្ខុសង្ឃទេ ភិក្ខុនីណាមិនបវារណា វិន័យធរត្រូវវិនិច្ឆ័យតាមអាបត្តិ។

[២៥០] សម័យនោះឯង ភិក្ខុនីទាំងឡាយ បវារណាក្នុងទីមួយជាមួយនឹងពួកភិក្ខុ ហើយធ្វើកោលាហល។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវបវារណា ក្នុងទីមួយជាមួយនឹងពួកភិក្ខុទេ ភិក្ខុនីណាបវារណា ត្រូវអាបត្តិទុក្កដ។

[២៥១] សម័យនោះឯង ភិក្ខុនីទាំងឡាយ បវារណាមុនភត្ត ធ្វើភត្តកាលឲ្យកន្លងហួសទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីបវារណាក្រោយភត្តវិញ។ ភិក្ខុនីក៏បវារណាក្រោយភត្ត ក្នុងវេលាវិកាល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីបវារណានឹងភិក្ខុនីសង្ឃក្នុងថ្ងៃនេះ ហើយបវារណានឹងភិក្ខុសង្ឃ ក្នុងថ្ងៃស្អែកទៀត។

[២៥២] សម័យនោះឯង ភិក្ខុនីសង្ឃទាំងអស់ នាំគ្នាបវារណាហើយ ធ្វើឲ្យកើតកោលាហល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុនី១រូប ដែលឆ្លាស ប្រតិពល ឲ្យបវារណានឹងភិក្ខុសង្ឃ ដើម្បីប្រយោជន៍ដល់ភិក្ខុនីសង្ឃ (ជំនួសភិក្ខុនីសង្ឃ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីត្រូវសន្មតយ៉ាងនេះ គប្បីសូមភិក្ខុនីជាមុន លុះសូមរួចហើយ ត្រូវភិក្ខុនីដែលឆ្លាស ប្រតិពល ប្រកាសសង្ឃថា បពិត្រនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុនីឈ្មោះនេះ ឲ្យជាអ្នកបវារណានឹងភិក្ខុសង្ឃ ដើម្បីប្រយោជន៍ដល់ភិក្ខុនីសង្ឃ។ នេះជាញត្តិ។ បពិត្រនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ សង្ឃនឹងសន្មតភិក្ខុនីឈ្មោះនេះ ឲ្យជាអ្នកបវារណានឹងភិក្ខុសង្ឃ ដើម្បីប្រយោជន៍ដល់ភិក្ខុនីសង្ឃ។ ការសន្មតិភិក្ខុនីឈ្មោះនេះ ឲ្យជាអ្នកបវារណានឹងភិក្ខុសង្ឃ ដើម្បីប្រយោជន៍ដល់ភិក្ខុនីសង្ឃ សមគួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីស្ងៀម មិនសមគួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីឆ្លើយមក។ ភិក្ខុនីឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាអ្នកបវារណានឹងភិក្ខុសង្ឃ ដើម្បីប្រយោជន៍ដល់ភិក្ខុនីសង្ឃហើយ។ ការសន្មតិ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[២៥៣] ភិក្ខុនីដែលសង្ឃសន្មតហើយនោះ គប្បីនាំភិក្ខុនីសង្ឃចូលទៅរកភិក្ខុសង្ឃ ធ្វើចីពរ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទានៃភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើយ ពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ ឥឡូវនេះ ភិក្ខុនីសង្ឃបវារណានឹងភិក្ខុសង្ឃ ដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី បពិត្រលោកម្ចាស់ទាំងឡាយ សូមភិក្ខុសង្ឃ អាស្រ័យសេចក្តីអនុគ្រោះ ពោលដាស់តឿនភិក្ខុនីសង្ឃ កាលបើឃើញច្បាស់ហើយ នឹងសម្តែងចេញ។ បពិត្រលោកម្ចាស់ទាំងឡាយ។បេ។ បពិត្រលោកម្ចាស់ទាំងឡាយ ភិក្ខុនីសង្ឃ សូមបវារណានឹងភិក្ខុសង្ឃ ដោយឃើញក្តី ដោយឮក្តី ដោយរង្កៀសក្តី បពិត្រលោកម្ចាស់ទាំងឡាយ សូមភិក្ខុសង្ឃ អាស្រ័យសេចក្តីអនុគ្រោះ ពោលដាស់តឿនភិក្ខុនីសង្ឃ កាលបើឃើញច្បាស់ហើយ នឹងសម្តែងចេញ។

[២៥៤] សម័យនោះឯង ភិក្ខុនីទាំងឡាយឃាត់ឧបោសថ ឃាត់បវារណារបស់ពួកភិក្ខុ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិរណ៍) ផ្តើមអនុវាទាធិរណ៍ ឲ្យភិក្ខុធ្វើឱកាស (ដើម្បីចោទ) ចោទ (ភិក្ខុ) រំលឹក (ភិក្ខុ)។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវឃាត់ឧបោសថរបស់ភិក្ខុ សូម្បីឃាត់ហើយ ក៏ឈ្មោះថា មិនបានឃាត់ឡើយ កាលបើឃាត់ ត្រូវអាបត្តិទុក្កដ ភិក្ខុនីមិនត្រូវឃាត់បវារណា សូម្បីឃាត់ហើយ ក៏ឈ្មោះថា មិនបានឃាត់ កាលបើឃាត់ ត្រូវអាបត្តិទុក្កដ ភិក្ខុនីមិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍) សូម្បីធ្វើហើយ ក៏ឈ្មោះថា មិនបានធ្វើ កាលបើធ្វើ ត្រូវអាបត្តិទុក្កដ ភិក្ខុនីមិនត្រូវផ្តើមអនុវាទាធិករណ៌ សូម្បីផ្តើមហើ ក៏ឈ្មោះថា មិនបានផ្តើម កាលបើផ្តើម ត្រូវអាបត្តិទុក្កដ ភិក្ខុនី មិនត្រូវឲ្យគេធ្វើឱកាស (ដើម្បីចោទ) បើទុកជាឲ្យគេធ្វើហើយ ក៏ឈ្មោះថា មិនបានឲ្យធ្វើ កាលបើឲ្យធ្វើ ត្រូវអាបត្តិទុក្កដ ភិក្ខុនីមិនត្រូវចោទភិក្ខុទេ បើទុកជាចោទហើយ ក៏ឈ្មោះថាមិនបានចោទ កាលបើចោទ ត្រូវអាបត្តិទុក្កដ ភិក្ខុនីមិនត្រូវរំលឹកពួកភិក្ខុទេ ទោះបីរំលឹកហើយ ក៏ឈ្មោះថាមិនបានរំលឹក កាលបើរំលឹក ត្រូវអាបត្តិទុក្កដ។

[២៥៥] សម័យនោះឯង ភិក្ខុទាំងឡាយ ឃាត់ឧបោសថ ឃាត់បវារណារបស់ពួកភិក្ខុនី ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍) ផ្តើមអនុវាទាធិករណ៍ ឲ្យភិក្ខុនីធ្វើឱកាស (ដើម្បីចោទ) ចោទ (ភិក្ខុនី) រំលឹក (ភិក្ខុនី)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុឃាត់ឧបោសថដល់ភិក្ខុនី ឧបោសថដែលឃាត់ហើយ ក៏ឈ្មោះថាឃាត់ដោយប្រពៃ ភិក្ខុដែលឃាត់ មិនត្រូវអាបត្តិ ឲ្យភិក្ខុឃាត់បវារណា បវារណាដែលឃាត់ហើយ ក៏ឈ្មោះថាឃាត់ដោយប្រពៃ ភិក្ខុដែលឃាត់ មិនត្រូវអាបត្តិ ឲ្យភិក្ខុធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណ៍) ទោះបីភិក្ខុធ្វើហើយ ក៏ឈ្មោះថាធ្វើដោយប្រពៃ ភិក្ខុដែលធ្វើ មិនត្រូវអាបត្តិ ឲ្យភិក្ខុផ្តើមអនុវាទាធិករណ៍ ទោះបីភិក្ខុផ្តើមហើយ ក៏ឈ្មោះថាផ្តើមឡើងដោយប្រពៃ ភិក្ខុដែលផ្តើម មិនត្រូវអាបត្តិ ឲ្យភិក្ខុបើកឱកាស (ដើម្បីចោទ) ទោះបីភិក្ខុបើកហើយ ក៏ឈ្មោះថាបើកដោយប្រពៃ ភិក្ខុដែលបើក មិនត្រូវអាបត្តិ ឲ្យភិក្ខុចោទ(ភិក្ខុនី) ទោះបីភិក្ខុចោទហើយ ក៏ឈ្មោះថាចោទដោយប្រពៃ ភិក្ខុដែលចោទ មិនត្រូវអាបត្តិ ឲ្យភិក្ខុរំលឹក (ភិក្ខុនី) ទោះបីភិក្ខុរំលឹកហើយ ក៏ឈ្មោះថារំលឹកដោយប្រពៃ ភិក្ខុដែលរំលឹក មិនត្រូវអាបត្តិឡើយ។

[២៥៦] សម័យនោះឯង ឆព្វគ្គិយាភិក្ខុនីទៅដោយយានដែលទឹមគោញី មានប្រុសជាអ្នកបរខ្លះ ដែលទឹមគោឈ្មោល មានស្រីជាអ្នកបរខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាស្រីអ្នកលេងទឹកក្នុងទន្លេគង្គា និងទន្លេមហី។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវទៅដោយយានទេ ភិក្ខុនីណាទៅ វិន័យធរត្រូវវិនិច្ឆ័យតាមអាបត្តិ។

[២៥៧] សម័យនោះឯង ភិក្ខុនី១រូប មានជម្ងឺ មិនអាចនឹងដើរទៅដោយជើងបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ដែលមានជម្ងឺទៅដោយយានបាន។ លំដាប់នោះ ភិក្ខុនីទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា (ព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតយាន) ដែលទឹមគោញី ឬយានដែលទឹមគោឈ្មោលហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតយានដែលទឹមគោញី ដែលទឹមគោឈ្មោល និងយានដែលអូសដោយដៃ (មានស្រី ឬប្រុស ជាអ្នកអូស)។

[២៥៨] សម័យនោះឯង មានភិក្ខុនី១រូប កើតសេចក្តីមិនសប្បាយជាខ្លាំង ដោយសាររទេះទង្គិច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតគ្រែស្នែង និងអង្រឹងស្នែង។

[២៥៩] សម័យនោះឯង មានស្រីផ្កាមាសឈ្មោះអឌ្ឍកាសី មកបួសក្នុងសំណាក់ពួកភិក្ខុនី។ នាងអឌ្ឍកាសីនោះ ចង់ទៅនគរសាវត្ថី ដោយគិតថា អាត្មាអញនឹងបានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ពួកអ្នកលេងបានឮដំណឹងថា នាងអឌ្ឍកាសីស្រីផ្កាមាស ចង់ទៅនគរសាវត្ថី។ ពួកអ្នកលេងទាំងនោះ ក៏ចាំស្កាត់ត្រង់កណ្តាលផ្លូវ។ នាងអឌ្ឍកាសីស្រីផ្កាមាស បានឮដំណឹងថា ពួកអ្នកលេងចាំស្កាត់ត្រង់កណ្តាលផ្លូវដូច្នោះ ក៏បញ្ជូនទូតទៅក្រាបបង្គំទូលព្រះមានព្រះភាគថា ដ្បិតខ្ញុំម្ចាស់ចង់ឧបសម្បទា តើខ្ញុំម្ចាស់នឹងប្រតិបត្តិយ៉ាងណា។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឲ្យឧបសម្បទា សូម្បីដោយទូតក៏បាន។ ភិក្ខុទាំងឡាយ ក៏ឲ្យឧបសម្បទា (ដល់ភិក្ខុនី) ដោយភិក្ខុទូត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យឧបសម្បទា (ដល់ភិក្ខុនី) ដោយភិក្ខុទូតទេ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ។ ភិក្ខុទាំងឡាយ ក៏ឲ្យឧបសម្បទា (ដល់ភិក្ខុនី) ដោយសិក្ខមានាទូត។បេ។ ឲ្យឧបសម្បទា ដោយសាមណេរទូត។បេ។ ឲ្យឧបសម្បទា ដោយសាមណេរីទូត។បេ។ ឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខា ដែលល្ងង់ មិនឆ្លាសដោយទូត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខា ដែលល្ងង់ មិនឆ្លាសដោយទូតទេ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឲ្យឧបសម្បទាដល់ភិក្ខុនី ដែលឆ្លាស ប្រតិពល ដោយទូតបាន។ ភិក្ខុនីជាទូតនោះ គប្បីចូលទៅរកសង្ឃ ធ្វើចីពរ ឆៀងស្មាម្ខាង ក្រាបថ្វាយបង្គំបាទានៃភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ ឧបសម្បទាបេក្ខាឈ្មោះនេះ របស់ភិក្ខុនីឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាង បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះមានអន្តរាយណាមួយ បពិត្រលោកម្ចាស់ទាំងឡាយ ឥឡូវ ឧបសម្បទាបេក្ខាឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ (ម្តងទៀត) បពិត្រលោកម្ចាស់ទាំងឡាយ សូមព្រះសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់ឧបសម្បទាបេក្ខានោះ។ បពិត្រលោកម្ចាស់ទាំងឡាយ ឧបសម្បទាបេក្ខាឈ្មោះនេះ របស់នាងជាម្ចាស់ឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាង បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឥឡូវ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះមានអន្តរាយណាមួយ បពិត្រលោកម្ចាស់ទាំងឡាយ ឧបសម្បទាបេក្ខាឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ (ម្តងទៀត) បពិត្រលោកម្ចាស់ទាំងឡាយ សូមព្រះសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់នូវឧបសម្បទាបេក្ខានោះ អស់វារៈពីរដងផង។ បពិត្រលោកម្ចាស់ទាំងឡាយ ឧបសម្បទាបេក្ខាឈ្មោះនេះ របស់នាងជាម្ចាស់ឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាង បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឥឡូវ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះមានអន្តរាយណាមួយ បពិត្រលោកម្ចាស់ទាំងឡាយ ឧបសម្បទាបេក្ខាឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ (ម្តងទៀត) បពិត្រលោកម្ចាស់ទាំងឡាយ សូមព្រះសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់ឧបសម្បទាបេក្ខានោះ អស់វារៈបីដងផង។

[២៦០] ភិក្ខុដែលឆ្លាស ប្រតិពល គប្បីប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧបសម្បទាបេក្ខាឈ្មោះនេះ របស់ភិក្ខុនីឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាង បរិសុទ្ធក្នុងសំណាក់ភិក្ខុនីសង្ឃហើយ ឥឡូវ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះមានអន្តរាយណាមួយ ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី សូមឧបសម្បទានឹងសង្ឃ (ម្តងទៀត)។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីញុំាង ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី ឲ្យបានឧបសម្បទា។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបសម្បទាបេក្ខាឈ្មោះនេះ របស់ភិក្ខុនីឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាង បរិសុទ្ធក្នុងសំណាក់ភិក្ខុនីសង្ឃហើយ ឥឡូវ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះមានអន្តរាយណាមួយ ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី សូមឧបសម្បទានឹងសង្ឃ (ម្តងទៀត) ឥឡូវនេះ សង្ឃញុំាងឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី ឲ្យបានឧបសម្បទា។ ឧបសម្បទា នៃឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីឆ្លើយមក។ ខ្ញុំប្រកាសសេចក្តីនេះ អស់វារៈពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ អស់វារៈបីដងផងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ឧបសម្បទាបេក្ខាឈ្មោះនេះ របស់ភិក្ខុនីឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាង បរិសុទ្ធក្នុងសំណាក់នៃភិក្ខុនីសង្ឃហើយ ឥឡូវ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះមានអន្តរាយណាមួយ ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី សូមឧបសម្បទានឹងសង្ឃ (ម្តងទៀត)។ ឥឡូវនេះ សង្ឃញុំាងឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី ឲ្យបានឧបសម្បទា។ ឧបសម្បទា នៃឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី សមគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនសមគួរ ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីឆ្លើយមក។ ឧបសម្បទាបេក្ខាឈ្មោះនេះ មានភិក្ខុនីឈ្មោះនេះជាបវត្តិនី សង្ឃបានឲ្យឧបសម្បទាហើយ។ ឧបសម្បទាកម្មនេះ សមគួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ភិក្ខុត្រូវវាស់ស្រមោល ប្រាប់ប្រមាណរដូវ ប្រាប់ចំណែកថ្ងៃ ប្រាប់សង្គីតិ និងត្រូវប្រាប់ពួកភិក្ខុនីថា នាងទាំងឡាយត្រូវប្រាប់និស្ស័យ៣យ៉ាងផង អករណីយកិច្ច៨យ៉ាងផង ដល់ភិក្ខុនីថ្មីនោះ។

[២៦១] សម័យនោះឯង ភិក្ខុនីទាំងឡាយទៅនៅក្នុងព្រៃ។ ពួកអ្នកលេងតែងប្រទូស្ត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវនៅក្នុងព្រៃទេ ភិក្ខុនីណានៅ ត្រូវអាបត្តិទុក្កដ។

[២៦២] សម័យនោះឯង ឧបាសកម្នាក់ប្រគេនឃ្លាំង(សម្រាប់ដាក់របស់) ដល់ភិក្ខុនីសង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឃ្លាំង។ ឃ្លាំងក៏មិនគ្រប់គ្រាន់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតផ្ទះ។ ផ្ទះក៏នៅតែមិនគ្រប់គ្រាន់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវនវកម្ម (ការងារថ្មី)។ នវកម្មក៏នៅតែមិនគ្រប់គ្រាន់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើនវកម្មនោះទៅជារបស់បុគ្គលវិញ។

[២៦៣] សម័យនោះឯង មានស្ត្រី១នាក់ មានគភ៌នៅខ្ចី ចូលមកបួសក្នុងសំណាក់ភិក្ខុនី។ លុះស្រ្តីនោះបួសហើយ គភ៌ក៏ប្រសូតមក។ ភិក្ខុនីនោះមានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញនឹងថែរក្សាទារកនេះ ដោយប្រការដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចិញ្ចឹមដរាបតែទារកនោះបានដឹងក្តី។ ទើបភិក្ខុនីនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញម្នាក់ឯង នៅជាមួយនឹងក្មេងប្រុសមិនបាន ទាំងភិក្ខុនីឯទៀត ក៏នៅជាមួយនឹងក្មេងប្រុសមិនបាន តើអាត្មាអញ ត្រូវថែរក្សាដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុនី១រូប ឲ្យបានជាគំរប់ពីរនឹងភិក្ខុនីនោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវសន្មតយ៉ាងនេះ។ ត្រូវសូមភិក្ខុនីជាមុន លុះសូមរួចហើយ គប្បីឲ្យភិក្ខុនីដែលឈ្លាស ប្រតិពល ប្រកាសសង្ឃថា បពិត្រព្រះនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុនីឈ្មោះនេះ ឲ្យបានជាគំរប់ពីរនឹងភិក្ខុនីឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រព្រះនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ សង្ឃសន្មតភិក្ខុនីឈ្មោះនេះ ឲ្យបានជាគំរប់ពីរនឹងភិក្ខុនីឈ្មោះនេះ។ ការសន្មតិភិក្ខុនីឈ្មោះនេះ ឲ្យជាគំរប់ពីរ នឹងភិក្ខុនីឈ្មោះនេះ សមគួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីស្ងៀម មិនសមគួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីឆ្លើយមក។ ភិក្ខុនីឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាគំរប់ពីរ នឹងភិក្ខុនីឈ្មោះនេះហើយ។ ការសន្មតិនេះ សមគួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ ដោយអាការស្ងៀមយ៉ាងនេះ។ លំដាប់នោះ ភិក្ខុនីជាគំរប់ពីររបស់ភិក្ខុនីនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញត្រូវថែរក្សាក្នុងទារកនោះដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យថែរក្សាក្នុងទារកនោះដូចជាប្រតិបត្តិក្នុងបុរសដទៃដែរ វៀរលែងតែការដេកក្នុងផ្ទះជាមួយគ្នាចេញ។

[២៦៤] សម័យនោះឯង មានភិក្ខុនី១រូប ត្រូវគរុកាបត្តិហើយ នៅប្រព្រឹត្តមានត្ត។ ភិក្ខុនីនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញម្នាក់ឯង នៅមិនបាន ទាំងភិក្ខុនីឯទៀត ក៏នៅជាមួយអាត្មាអញមិនបាន អាត្មាអញគួរប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុនី១រូប ឲ្យជាគំរប់ពីរនឹងភិក្ខុនីនោះ។ ម្នាលភិក្ខុទាំងឡាយ គប្បីសន្មតយ៉ាងនេះ។ ត្រូវសូមភិក្ខុនីជាមុនសិន លុះសូមរួចហើយ ភិក្ខុនីដែលឆ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុនីឈ្មោះនេះ ឲ្យជាគំរប់ពីរនឹងភិក្ខុនីឈ្មោះនេះ។ នេះជាញត្តិ។ បពិត្រនាងជាម្ចាស់ សូមព្រះសង្ឃស្តាប់ខ្ញុំ ឥឡូវនេះ សង្ឃសន្មតភិក្ខុនីឈ្មោះនេះ ឲ្យជាគំរប់ពីរនឹងភិក្ខុនីឈ្មោះនេះ។ ការសន្មតិភិក្ខុនីឈ្មោះនេះ ឲ្យជាគំរប់ពីរនឹងភិក្ខុនីឈ្មោះនេះ គួរដល់នាងជាម្ចាស់ អង្គណា នាងជាម្ចាស់អង្គនោះ គប្បីស្ងៀម មិនគួរដល់នាងជាម្ចាស់អង្គណា នាងជាម្ចាស់អង្គនោះ គប្បីនិយាយឡើង។ ភិក្ខុនីឈ្មោះនេះ សង្ឃបានសន្មត ឲ្យជាគំរប់ពីរនឹងភិក្ខុនីឈ្មោះនេះហើយ។ ការសន្មតិនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំដំណើរនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។

[២៦៥] សម័យនោះឯង មានភិក្ខុនី១រូប មិនបានពោលលាសិក្ខា ហើយស្រាប់តែសឹកចេញទៅ។ នាងនោះ ក៏ត្រឡប់មកសូមឧបសម្បទានឹងភិក្ខុនីទាំងឡាយវិញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) ភិក្ខុនីមិនបានពោលលាសិក្ខាទេ ភិក្ខុនីនោះសឹកចេញទៅ ព្រោះហេតុណា នាងនោះ មិនហៅថា ភិក្ខុនី ព្រោះតែហេតុនោះឯង។

[២៦៦] សម័យនោះឯង មានភិក្ខុនី១រូប ចូលទៅកាន់លទ្ធិតិរ្ថិយ ទាំងសំពត់កាសាវៈ នាងនោះក៏ត្រឡប់មកសូមឧបសម្បទានឹងភិក្ខុនីទាំងឡាយវិញ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីណា ចូលទៅកាន់តិរ្ថិយទាំងសំពត់កាសាវៈ ហើយនាងនោះត្រឡប់មកវិញ សង្ឃមិនត្រូវឲ្យឧបសម្បទាទេ។

[២៦៧] សម័យនោះឯង ភិក្ខុនីទាំងឡាយមានសេចក្តីរង្កៀស មិនត្រេកអរចំពោះកិរិយាថ្វាយបង្គំ ការកោរសក់ ការកាត់ក្រចក ចំពោះការរក្សាដំបៅមួយអន្លើដោយបុរសទាំងឡាយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីត្រេកអរបាន។

[២៦៨] សម័យនោះឯង ភិក្ខុនីទាំងឡាយ អង្គុយពែនភ្នែនហើយ ក៏ត្រេកអរនឹងសម្ផស្សកែងជើង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវអង្គុយពែនភ្នែនឡើយ ភិក្ខុនីណាអង្គុយ ត្រូវអាបត្តិទុក្កដ។

[២៦៩] សម័យនោះឯង មានភិក្ខុនី១រូបឈឺ។ ភិក្ខុនីនោះ បើវៀរពែនភ្នែន មិនមានសេចក្តីសប្បាយ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីអង្គុយពែនជើងម្ខាងបាន។

[២៧០] សម័យនោះឯង ភិក្ខុនីទាំងឡាយ បន្ទោបង់វច្ចៈក្នុងបង្គន់។ ឯពួកឆព្វគ្គិយាភិក្ខុនី ក៏ទៅរំលូតគភ៌ (កូន) ក្នុងបង្គន់នោះឯង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវបន្ទោបង់វច្ចៈក្នុងបង្គន់ ភិក្ខុនីណាបន្ទោបង់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីបន្ទោបង់វច្ចៈ ទៅក្នុងទីខាងក្រោម ដែលមិនមានបិទបាំង មានបិទបាំងតែខាងលើជុំវិញ។

[២៧១] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹកដោយគ្រឿងលំអិត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវងូតទឹកដោយគ្រឿងលំអិតទេ ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវកុណ្ឌកនឹងដីស្អិត។

[២៧២] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹកដោយដីស្អិតដែលគេអប់។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវងូតទឹកដោយដីស្អិតដែលគេអប់ទេ ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវដីស្អិតប្រក្រតី។

[២៧៣] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹកក្នុងរោងសម្រាប់រក្សាកាយ ហើយធ្វើនូវកោលាហល។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវងូតទឹកក្នុងរោងសម្រាប់រក្សាកាយទេ ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ។

[២៧៤] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹក (បែរមុខទៅ) ក្នុងទីច្រាសខ្សែទឹក ហើយត្រេកអរនឹងសម្ផស្សខ្សែទឹក។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវងូតទឹក (បែរមុខទៅ) កាន់ទីច្រាសខ្សែទឹក ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ។

[២៧៥] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹកក្នុងទីដែលមិនមែនជាកំពង់។ ពួកអ្នកលេងទៅប្រទូស្ត (ធ្វើអសទ្ធម្ម)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវងូតទឹកក្នុងទីមិនមែនជាកំពង់ ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ។

[២៧៦] សម័យនោះឯង ភិក្ខុនីទាំងឡាយ ងូតទឹកក្នុងកំពង់ទឹកសម្រាប់បុរស។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាស្រីគ្រហស្ថ អ្នកបរិភោគកាម។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវងូតទឹក ក្នុងកំពង់សម្រាប់បុរសទេ ភិក្ខុនីណាងូត ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនីងូតទឹក ក្នុងកំពង់សម្រាប់ស្រីដ៏ប្រសើរ គឺភិក្ខុនីផងគ្នា។

ភាណវារៈ ទី៣។

ចប់ ភិក្ខុនីខន្ធកៈ ទី១០។

ក្នុងខន្ធកៈនេះ មានរឿង១០៦។

ឧទ្ទានគឺបញ្ជីរឿង នៃភិក្ខុនីខន្ធកៈនោះគឺ

[២៧៧]

រឿងព្រះនាងបជាបតីគោតមីសូមបព្វជ្ជា ព្រះតថាគត ជាវិនាយក មិនទ្រង់អនុញ្ញាត ហើយស្តេចចេញចាកក្រុងកបិលព័ស្តុ ទៅកាន់ក្រុងវេសាលី១។ រឿងព្រះនាងបជាបតីគោតមី មានព្រះអង្គប្រឡាក់ដោយធូលី ទ្រង់ព្រះសណ្ឋិតទៀបក្លោងទ្វារ ហើយទូលសេចក្តីនុ៎ះ ចំពោះព្រះអានន្ទ១។ រឿងព្រះអានន្ទទូលសូមបព្វជ្ជា ឲ្យព្រះនាងគោតមី តាមន័យដែលព្រះអង្គថា គួរនឹងបានសម្រេចមគ្គផលដែរ ដោយពោលអាងថា ព្រះនាងគោតមី ជាព្រះមាតុច្ឆាផង ជាអ្នកចិញ្ចឹមព្រះអង្គផង។ រឿងព្រះសាស្តាទ្រង់សម្តែងគរុធម៌៨ប្រការ គឺភិក្ខុនីសូម្បីមានវស្សា១រយ ក៏ត្រូវគោរពភិក្ខុ ដែលទើបបានឧបសម្បទាក្នុងថ្ងៃនោះ១ ភិក្ខុនីមិនត្រូវនៅចាំវស្សាក្នុងអាវាសគ្មានភិក្ខុ១ ភិក្ខុនីត្រូវស្វែងរកធម៌ពីរប្រការ អំពីសំណាក់ភិក្ខុសង្ឃ១ ភិក្ខុនីត្រូវបវារណា ក្នុងឧភតោសង្ឃ១ ភិក្ខុនីត្រូវគរុកាបត្តិហើយ ត្រូវប្រព្រឹត្តបក្ខមានត្ត ក្នុងឧភតោសង្ឃ១ ភិក្ខុនីត្រូវស្វែងរកឧបសម្បទា ឲ្យនាងសិក្ខមានា ដែលបានសិក្សាធម៌៦ប្រការ អស់ពីរវស្សា ក្នុងសំណាក់ឧភតោសង្ឃ១ ភិក្ខុនីមិនត្រូវជេរប្រទេចភិក្ខុ១ ភិក្ខុនីមិនត្រូវឲ្យឱវាទ ដល់ភិក្ខុ១ ភិក្ខុនីត្រូវប្រព្រឹត្តតាម គរុធម៌ ៨ប្រការដរាបអស់ជីវិត១។ រឿងព្រះអានន្ទរៀនគរុធម៌៨ប្រការ ហើយប្រាប់ដល់ព្រះនាងបជាបតីគោតមីថា បើព្រះនាងទទួលប្រព្រឹត្តគរុធម៌៨ប្រការ នាងនឹងបានឧបសម្បទា១។ រឿងព្រះមានព្រះភាគត្រាស់ថា បើមិនមានស្រីបួសទេ ព្រះសទ្ធម្មនឹងឋិតនៅអស់១ពាន់ឆ្នាំ កាលបើមានស្រីបួស ព្រះសទ្ធម្មនឹងឋិតនៅបានត្រឹមតែប្រាំរយឆ្នាំ ប្រៀបដូចចោរលួចឆ្នាំង ឬប្រៀបដូចក្រាដែលស៊ីស្រូវ ពុំនោះសោត ដូចជាក្រាភ្លើង ដែលស៊ីអំពៅ ឯមាតុគ្រាម តែងបៀតបៀននូវព្រះសទ្ធម្ម យ៉ាងនោះដែរ មួយវិញទៀត បុរសទប់ទឹកឲ្យជាប់នៅយ៉ាងណា គរុធម៌ ៨ប្រការ ដែលព្រះអង្គបញ្ញត្តទុកមក ក៏ញុំាងព្រះសទ្ធម្មឲ្យឋិតឋេរ យ៉ាងនោះដែរ១ រឿងព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឧបសម្បទាដល់ភិក្ខុនី១ រឿងពួកភិក្ខុនីនិយាយនឹងព្រះនាងបជាបតីគោតមីថា ព្រះនាងជាម្ចាស់ មិនទាន់បានឧបសម្បទានៅឡើយ១ រឿងព្រះនាងបជាបតីគោតមី ទូលសូមឲ្យទ្រង់អនុញ្ញាត ការគោរពដល់ភិក្ខុ ភិក្ខុនី តាមលំដាប់ចាស់ខ្ចី ហើយព្រះអង្គ ទ្រង់ឃាត់ថា មិនបាច់តថាគតអនុញ្ញាតទេ១ រឿងព្រះនាងបជាបតីគោតមី ទូលសួរអំពីសាធារណៈ និងអសាធារណសិក្ខាបទ១ រឿងទ្រង់ប្រទានឱវាទ១ រឿងទ្រង់អនុញ្ញាតបាតិមោក្ខ១ រឿងពួកភិក្ខុសង្ស័យថា ត្រូវនរណា សម្តែងបាតិមោក្ខ១ រឿងភិក្ខុចូលទៅកាន់សំណាក់ភិក្ខុនី១ រឿងពួកភិក្ខុនីមិនចេះបាតិមោក្ខ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុប្រាប់បាតិមោក្ខុទ្ទេស១ រឿងភិក្ខុនីមិនសំដែងអាបត្តិ១ រឿងទ្រង់អនុញ្ញាតឲ្យពួកភិក្ខុទទួលអាបត្តិរបស់ពួកភិក្ខុនី១ រឿងទ្រង់អនុញ្ញាតឲ្យពួកភិក្ខុប្រាប់ដល់ការសំដែងអាបត្តិ ដល់ពួកភិក្ខុនី១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុនីផងគ្នា ទទួលអាបត្តិ១ រឿងទ្រង់អនុញ្ញាតឲ្យពួកភិក្ខុប្រាប់ការទទួលអាបត្តិ ដល់ពួកភិក្ខុនី១ រឿងទ្រង់អនុញ្ញាតឲ្យពួកភិក្ខុធ្វើកម្ម ដល់ពួកភិក្ខុនី១ រឿងមនុស្សទាំងឡាយពោលទោសថា ភិក្ខុនីទាំងនេះ ជាប្រពន្ធរបស់ភិក្ខុ១ រឿងទ្រង់អនុញ្ញាតឲ្យពួកភិក្ខុប្រាប់ការធ្វើកម្ម ដល់ពួកភិក្ខុនី១ រឿងភិក្ខុនីឈ្លោះគ្នាកណ្តាលសង្ឃ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុលើកកម្មរបស់ភិក្ខុនី ប្រគល់ឲ្យភិក្ខុនីផងគ្នា១ រឿងភិក្ខុនីជាកូនសិស្សនាងឧប្បលវណ្ណា១ រឿងទ្រង់គង់នៅក្នុងក្រុងសាវត្ថី១ រឿងពួកភិក្ខុ សាចពួកភិក្ខុនីដោយភក់ និងទឹក១ រឿងអវន្ទិយភិក្ខុ មិនគួរឲ្យពួកភិក្ខុនីថ្វាយបង្គំ១ រឿងពួកភិក្ខុសើយកាយ សើយភ្លៅ បញ្ចេញអង្គជាត ចំអកចំអន់ពួកភិក្ខុនី ផ្សំផ្គុំភិក្ខុជាមួយនឹងពួកភិក្ខុនី១ រឿងទ្រង់អនុញ្ញាតឲ្យធ្វើទណ្ឌកម្ម មិនឲ្យភិក្ខុនីសំពះពួកភិក្ខុ១ រឿងភិក្ខុនីសាចទឹក និងភក់លើពួកភិក្ខុ១ រឿងទ្រង់អនុញ្ញាតឲ្យធ្វើអាវរណកម្ម១ រឿងទ្រង់អនុញ្ញាតឲ្យបញ្ឈប់ឱវាទ១ រឿងពួកភិក្ខុគិតថា កាលធ្វើឧបោសថជាមួយនឹងភិក្ខុនី ដែលឃាត់ឱវាទហើយ គួរ ឬមិនគួរ១ រឿងឧទាយីឃាត់ឱវាទ ហើយចៀសចេញទៅកាន់ចារិក១ រឿងភិក្ខុល្ងង់ឃាត់ឱវាទ១ រឿងពួកភិក្ខុឃាត់ឱវាទដោយឥតរឿង១ រឿងពួកភិក្ខុឃាត់ឱវាទ ហើយមិនឲ្យវិនិច្ឆ័យ១ រឿងភិក្ខុនីសង្ឃទៅទទួលយកឱវាទ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុនី ៤-៥ រូប ទៅទទួលយកឱវាទ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុនី ២-៣រូប ទៅទទួលយកឱវាទ១ រឿងពួកភិក្ខុមិនទទួលឲ្យឱវាទ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុទទួលឲ្យឱវាទភិក្ខុនី វៀរលែងតែភិក្ខុល្ងង់ ភិក្ខុឈឺ និងភិក្ខុអ្នកដំណើរ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុដែលនៅក្នុងព្រៃ ឲ្យឱវាទ១ រឿងពួកភិក្ខុទទួលឲ្យឱវាទ ហើយមិនបានប្រាប់១ រឿងពួកភិក្ខុទទួលឲ្យឱវាទហើយ មិនប្រគល់មកវិញ១ រឿងពួកភិក្ខុនីប្រើវត្ថពន្ធចង្កេះវែង១ រឿងពួកភិក្ខុនីចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងដែលធ្វើពីបន្ទោះឫស្សីខ្លះ ដោយស្បែកខ្លះ ដោយសំពត់សខ្លះ ដោយសំណុំសំពត់សខ្លះ ដោយខ្មាញ់សំពត់សខ្លះ ដោយផ្ទាំងសំពត់មានពណ៌ផ្សេងៗខ្លះ ដោយសំណុំសំពត់មានពណ៌ខ្លះ ដោយខ្មាញ់សំពត់មានពណ៌ខ្លះ ដោយសំណុំសូត្រខ្លះ ដោយខ្មាញ់សំពត់សូត្រខ្លះ១ រឿងពួកភិក្ខុនីប្រើឲ្យគេដំត្រគាគ ដោយឈើដូចឆ្អឹងស្មងគោខ្លះ ដូចចង្កាគោខ្លះ ឲ្យគេដំដៃខ្លះ ខ្នងដៃខ្លះ ខ្នងជើងខ្លះ ភ្លៅខ្លះ មុខខ្លះ សាច់ធ្មេញខ្លះ ដោយឈើដូចគ្នា ពួកភិក្ខុនីលាបមុខខ្លះ ប្រស់មុខខ្លះ ខាត់មុខខ្លះ ផ្តិតមុខខ្លះ ស្រឡាបមុខខ្លះ ស្រឡាបទាំងខ្លួន ទាំងមុខខ្លះ១ រឿងភិក្ខុនីធ្វើគំនូសក្រោមមាត់ខ្លះ ធ្វើគំនូសប្លែកៗត្រង់ថ្ពាល់ខ្លះ ក្រឡេកមើលតាមបង្អួចខ្លះ ឈរត្រង់មាត់ទ្វារបង្ហាញកាយខ្លះ ប្រើគេឲ្យលេងមហោស្រពខ្លះ បំបួសស្រីពេស្យាខ្លះ តាំងរោងលក់សុរាខ្លះ តាំងរោងលក់សាច់ខ្លះ បើករានផ្សារខ្លះ ដំឡើងថ្ងៃរបស់ខ្លះ ប្រកបជំនួញផ្សេងៗខ្លះ ឲ្យខ្ញុំប្រុសបម្រើខ្លះ ឲ្យខ្ញុំស្រីបម្រើខ្លះ ឲ្យកូនឈ្នួលប្រុសបម្រើខ្លះ ឲ្យកូនឈ្នួលស្រីបម្រើខ្លះ ឲ្យសត្វតិរច្ឆានបម្រើខ្លះ តាំងរានលក់វត្ថុខ្ចី និងវត្ថុទុំខ្លះ ប្រើកម្រាលស្មាញ់ដោយរោមចៀមខ្លះ១ រឿងភិក្ខុនីប្រើចីវរពណ៌ខៀវសុទ្ធខ្លះ លឿងខ្ចីសុទ្ធខ្លះ ក្រហមសុទ្ធខ្លះ ហង្សបាទសុទ្ធខ្លះ ខ្មៅសុទ្ធខ្លះ ក្រហមក្រមៅសុទ្ធខ្លះ លឿងទុំសុទ្ធខ្លះ មានជាយមិនបានកាត់ដាច់ខ្លះ វែងខ្លះ រំលេចដោយផ្កាឈើខ្លះ រំលេចដោយផ្លែឈើខ្លះ ពាក់អាវបំពង់វែងខ្លះ ពាក់មួកខ្លះ១។ រឿងភិក្ខុនីនឹងសិក្ខមានា និងសាមណេរី ធ្វើមរណកាលទៅ ត្រូវភិក្ខុនីសង្ឃជាឥស្សរៈ លើគ្រឿងបរិក្ខារ ដែលភិក្ខុនីជាដើមនោះ ប្រគល់ឲ្យ១ រឿងភិក្ខុ សាមណេ ឧបាសក ឧបាសិកា និងជនឯទៀត ធ្វើមរណកាលទៅ ត្រូវពួកភិក្ខុ ជាឥស្សរៈ លើគ្រឿងបរិក្ខារ ដែលភិក្ខុជាដើមនោះ ប្រគល់ឲ្យ១។ រឿងមល្លីភិក្ខុនី ប្រហារភិក្ខុនី១ រឿងភិក្ខុនីមួយរូបដាក់កូនខ្ចីក្នុងបាត្រ១ រឿងពួកភិក្ខុនីផ្លាស់ប្តូរបាត្រ ហើយប្រាប់ថ្លៃឈ្នួលបាត្រ១ រឿងភិក្ខុនីគន់មើលនិមិត្តរបស់បុរស១ រឿងមនុស្សទាំងឡាយប្រគេនអាមិសៈ ដល់ពួកភិក្ខុ១ រឿងអាមិសៈ ក៏សម្បូណ៌ច្រើនឡើង១ រឿងពួកភិក្ខុសន្សំអាមិសៈទុក១ រឿងមនុស្សទាំងឡាយឲ្យអាមិសៈ ដល់ពួកភិក្ខុយ៉ាងណា ឲ្យដល់ភិក្ខុនីខាងក្រោយ ក៏ដូចគ្នា១។ រឿងសេនាសនៈរបស់ភិក្ខុ សម្បូណ៌ឡើង១ រឿងពួកភិក្ខុនីមានរដូវធ្លាក់ប្រឡាក់សំពត់១ រឿងភិក្ខុនីមានសំពត់ទ្រនាប់ដាច់ដាច១ រឿងភិក្ខុនីប្រើខ្សែក្រវាត់គ្រប់កាល១ រឿងភិក្ខុនីគ្មាននិមិត្តខ្លះ មានហេតុបន្តិចគ្រាន់តែជាស្នាមខ្លះ មិនមានរដូវខ្លះ មានឈាមរដូវធ្លាក់ជានិច្ចខ្លះ មានសំពត់ទ្រនាប់ជានិច្ចខ្លះ មានឈាមរដូវហូរខ្លះ ជាសិខរិណីខ្លះ ជាស្រីខ្ទើយខ្លះ ជាស្រីមានទ្រង់ដូចប្រុសខ្លះ មានទ្វារមគ្គរលាយចូលគ្នាខ្លះ ជាឧភតោព្យញ្ជនកាខ្លះ តាំងពីរឿងភិក្ខុនីគ្មាននិមិត្ត រហូតដល់ឧភតោព្យញ្ជនកា ពាក្យខាងក្រោមបេយ្យាលនុ៎ះ មានរឿងភិក្ខុសួរអន្តរាយិកធម៌២៤ប្រការ ចំពោះឧបសម្បទាបេក្ខាថា នាងមានរោគឃ្លង់ឬ នាងមានរោគពកឬ នាងមានរោគស្រែងឬ នាងមានរោគរីងរៃឬ នាងមានរោគឆ្កួតជ្រូកឬ នាងជាស្រីមនុស្សឬ នាងជាស្រីពិតឬ នាងជាអ្នកជាឬ នាងគ្មានចំពាក់បំណុលគេទេឬ នាងមិនមែនជាស្រីខ្ញុំរាជការទេឬ នាងមានមាតាមិតា និងស្វាមីអនុញ្ញាតហើយឬ នាងមានវស្សាគ្រប់២០ហើយឬ នាងមានបាត្រគ្រប់គ្រាន់ហើយឬ នាងឈ្មោះអ្វី បវត្តិនីរបស់នាងឈ្មោះអ្វី១។ រឿងឧបសម្បទាបេក្ខា ដែលមិនទាន់បានប្រៀនប្រដៅ ក្រអិមក្រអៀម មិនហ៊ានប្រាប់អន្តរាយិកធម៌១ រឿងទ្រង់អនុញ្ញាតឲ្យប្រៀនប្រដៅហើយ សឹមសួរអន្តរាយិកធម៌កណ្តាលជំនុំសង្ឃ១ រឿងទ្រង់អនុញ្ញាតថា មុនដម្បូង ត្រូវភិក្ខុនីឲ្យឧបសម្បទាបេក្ខាកាន់យកឧបជ្ឈាយ៍ ហើយត្រូវប្រាប់បាត្រ និងចីវរថា (នេះបាត្ររបស់នាង) នេះសង្ឃាដិ នេះចីពរ នេះស្បង់ នេះសំពត់ចោមពុង នេះសំពត់ងូតទឹក (របស់នាង) លុះប្រាប់ហើយ ត្រូវបង្គាប់ឲ្យឈរក្នុងឱកាសឯណោះ១ រឿងភិក្ខុនី១រូបល្ងង់ មិនឆ្លាស ទៅប្រៀនប្រដៅ១ រឿងភិក្ខុនីដែលសង្ឃមិនទានសន្មតឲ្យប្រៀនប្រដៅ ទៅប្រៀនប្រដៅ១ រឿងឧបសម្បទាបេក្ខា សូត្រសូមឧបសម្បទា១ រឿងសួរអន្តរាយិកធម៌១ រឿងឧបសម្បទាបេក្ខា បានឧបសម្បទាចំណែកមួយ ហើយត្រូវសូមឧបសម្បទាក្នុងសំណាក់ភិក្ខុសង្ឃម្តងទៀត១ រឿងភិក្ខុនីជាបវត្តិនី ត្រូវវាស់ស្រមោល ប្រាប់ប្រមាណនៃរដូវ ប្រាប់ចំណែកថ្ងៃ ប្រាប់សង្គីតិ ប្រាប់និស្ស័យ៣យ៉ាង ប្រាប់អករណីយកិច្ច៨យ៉ាង១ រឿងពួកភិក្ខុនីញុំាងភត្តកាលឲ្យកន្លងហួស១ រឿងពួកភិក្ខុនី៨រូប ឃាត់អាសនៈភិក្ខុនីចាស់ ក្នុងទីទាំងពួង១ រឿងពួកភិក្ខុនីមិនបានបវារណា១ រឿងពួកភិក្ខុនីបវារណាដោយខ្លួនឯង ហើយមិនបានបវារណាក្នុងភិក្ខុសង្ឃ១ រឿងពួកភិក្ខុនីបវារណានឹងភិក្ខុសង្ឃហើយ កើតកោលាហល១ រឿងពួកភិក្ខុនីបវារណាមុនភត្ត ហើយញុំាងភត្តកាលឲ្យកន្លងហួសទៅ និងបវារណាខាងក្រោយភត្ត ក្នុងវេលាវិកាល១ រឿងភិក្ខុនីសង្ឃបវារណាហើយ ក៏កើតកោលាហល១ រឿងពួកភិក្ខុនីឃាត់ឧបោសថ ឃាត់បវារណារបស់ភិក្ខុ ធ្វើឲ្យមានមាត់ពាក្យ ក្នុងអធិករណ៍ ផ្តើមអនុវាទាធិករណ៍ ឲ្យគេធ្វើឱកាស ចោទភិក្ខុ និងរំលឹកភិក្ខុ ព្រះសម្មាសម្ពុទ្ធ អ្នកស្វែងរកនូវគុណដ៏ធំ ទ្រង់ឃាត់ដោយទុក្កដាបត្តិ១ រឿងពួកភិក្ខុឃាត់កម្មដូច្នោះ ដែលជារបស់ពួកភិក្ខុនី ព្រះសម្មាសម្ពុទ្ធ ព្រះអង្គអ្នកស្វែងរកគុណដ៏ធំ ទ្រង់អនុញ្ញាត១។ រឿងពួកភិក្ខុនីជិះយាន១ រឿងភិក្ខុនីមានជម្ងឺ ទ្រង់អនុញ្ញាតឲ្យជិះយាន ដែលស្រី ឬបុរសអូសដោយដៃ១ រឿងភិក្ខុនី១រូបមិនសប្បាយដោយទង្គិចនឹងយាន១ រឿងនាងអឌ្ឍកាសីស្រីផ្កាមាស បួសក្នុងសំណាក់ភិក្ខុនី១ រឿងពួកភិក្ខុឲ្យឧបសម្បទា ដល់ភិក្ខុនីដែលល្ងង់ ដោយភិក្ខុទូត ដោយសិក្ខមានាទូត ដោយសាមណេរទូត ដោយសាមណេរីទូត១ រឿងពួកភិក្ខុនីនៅក្នុងព្រៃ១ រឿងឧបាសកម្នាក់ថ្វាយឃ្លាំង (សម្រាប់ដាក់របស់) និងអនុញ្ញាតផ្ទះលំនៅៗតែមិនគ្រប់គ្រាន់ ព្រះអង្គក៏អនុញ្ញាតឲ្យធ្វើនវកម្ម១ រឿងស្រីម្នាក់មានគភ៌មកបួស លុះទារកប្រសូតមក នាងមិនហ៊ាននៅម្នាក់ឯងជាមួយទារក ព្រះអង្គអនុញ្ញាតឲ្យរក្សាទារកនោះ ដូចជាប្រតិបត្តិក្នុងបុរសដទៃ វៀរលែងតែផ្ទះជាមួយគ្នា១ រឿងភិក្ខុនីមួយរូប ត្រូវគរុកាបត្តិ ហើយប្រព្រឹត្តមានត្ត១ រឿងភិក្ខុនីមួយរូប មិនលាសិក្ខា ហើយស្រាប់តែសឹកចេញ និងរឿងព្រះអង្គត្រាស់ថា ភិក្ខុនីដែលចូលទៅកាន់លទ្ធិតិរ្ថិយទាំងសំពត់កាសាវៈ ហើយមកបួសវិញ មិនបាន១ រឿងពួកភិក្ខុនីមានសេចក្តីរង្កៀស មិនត្រេកអរចំពោះការថ្វាយបង្គំ ការកោសក់ ការកាត់ក្រចក ការរក្សាដម្បៅ មួយអន្លើដោយបុរស១ រឿងពួកភិក្ខុនី អង្គុយពែនភ្នែន ត្រេកអរដោយសម្ផស្សនៃកែងជើង និងអនុញ្ញាតឲ្យភិក្ខុនីឈឺអង្គុយពែនមួយចំហៀងបាន១ រឿងភិក្ខុនីបន្ទោបង់នូវវច្ចៈក្នុងបង្គន់១ រឿងពួកភិក្ខុនីដុសខ្លួនដោយលំអិត និងដីដែលគេអប់១ រឿងភិក្ខុនីងូតទឹកក្នុងរោងសម្រាប់រក្សាកាយ១ រឿងភិក្ខុនីងូតទឹកឈរក្នុងទីច្រាស់ខ្សែទឹក ងូតទឹកក្នុងទីមិនមែនជាកំពង់ និងងូតទឹកក្នុងទីជាកំពង់សម្រាប់បុរស១ ព្រះនាងមហាបជាបតីគោតមី ក្រាបបង្គំទូលសូមបព្វជ្ជា ព្រះអានន្ទក៏ជួយសូម ដោយឧបាយ (ដោយប្រការដូច្នេះ)។ ឯពួកស្រ្តីបានបួសក្នុងសាសនានៃព្រះជិនស្រី ក៏រាប់ថាជាបរិសទ្យ៤ពួក (តាំងពីកាលនោះមក)។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានសម្តែង (ភិក្ខុនីខន្ធកៈ) ទុកមកដោយប្រការដូច្នេះ ដើម្បីប្រយោជន៍ និងបង្កើតសេចក្តីសង្វេគផង ដើម្បីឲ្យចំរើនព្រះសទ្ធម្មផង ដូចជាថ្នាំ (ដែលពេទ្យផ្សំឡើង) បម្រុងព្យាបាលជម្ងឺ។ សូម្បីមាតុគ្រាម ក្រៅអំពីព្រះនាងមហាបជាបតីគោតមី ព្រះមានព្រះភាគ ក៏បានទូន្មានឲ្យឋិតនៅក្នុងព្រះសទ្ធម្មយ៉ាងនេះឯង ហើយស្ត្រីទាំងនោះ បានដល់នូវឋាន គឺព្រះនិព្វាន ដែលជាឋានពួកជនដល់ហើយ មិនបានសោយសោក។

បញ្ចសតិកក្ខន្ធកៈ (ទី១១)

(១១. បញ្ចសតិកក្ខន្ធកំ)

(សង្គីតិនិទាន ទី១)

(១. សង្គីតិនិទានំ)

[២៧៨] លំដាប់នោះ ព្រះមហាកស្សបមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ សម័យមួយ ខ្ញុំគិតថានឹងត្រាច់ទៅបិណ្ឌបាតក្នុងក្រុងបាវានេះ រួចហើយនឹងទៅកាន់ក្រុងកុសិនារា ហើយក៏ដើរទៅតាមផ្លូវឆ្ងាយ ជាមួយនឹងភិក្ខុសង្ឃជាច្រើនចំនួន៥០០រូប ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ខ្ញុំគេចចៀសចេញពីផ្លូវ ហើយទៅអង្គុយទៀបគល់ឈើមួយដើម ក៏សម័យនោះឯង មានអាជីវកម្នាក់កាន់ផ្កាមន្ទារវៈ (មន្ទារវបុស្ស) ពីក្នុងនគរកុសិនារា ដើរតាមផ្លូវឆ្ងាយ សំដៅទៅកាន់ក្រុងបាវា ម្នាលអាវុសោទាំងឡាយ ខ្ញុំក៏បានឃើញអាជីវកនោះ កំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ខ្ញុំនិយាយសួរទៅអាជីវកនោះដូច្នេះថា នែអាវុសោ អ្នកបានដឹងដំណឹងព្រះជាគ្រូនៃយើងដែរឬ អាជីវកនោះឆ្លើយតបថា អើអាវុសោ ខ្ញុំដឹងដែរ ព្រះសមណគោតម ជាគ្រូអ្នក បរិនិព្វានកន្លងទៅ៧ថ្ងៃហើយ រាប់ពីថ្ងៃនេះទៅ ផ្កាមន្ទារវៈនេះ ខ្ញុំយកពីនគរកុសិនារានោះមក ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណា ដែលមិនទាន់ប្រាសចាករាគៈ26) ភិក្ខុទាំងនោះ ពួកខ្លះ ក៏លើកដៃឡើង ហើយយំកន្ទក់កន្ទេញ27) ដួលដេកទៅ ហាក់ដូចជាមានជើងដាច់ ហើយបម្រាស់ននៀលទៅមក ពោលពាក្យថា ព្រះមានព្រះភាគឆាប់បរិនិព្វានពេកណាស់ ព្រះសុគតជាម្ចាស់ឆាប់បរិនិព្វានអ្វីម្ល៉េះ ចក្ខុ ពោលគឺព្រះពុទ្ធក្នុងលោក (ពុទ្ធចក្ខុ) ឆាប់បាត់បង់ទៅអ្វីម្ល៉េះ ចំណែកភិក្ខុទាំងឡាយណា ដែលប្រាសចាករាគៈ28) ហើយ ភិក្ខុទាំងនោះ មានស្មារតីតាំងមាំ មានបញ្ញាដឹងច្បាស់ ក៏អត់សង្កត់បាន ដោយពិចារណាថា សង្ខារទាំងឡាយមិនទៀងទេ ព្រោះហេតុនោះ បុគ្គលគប្បីបាន (នូវសេចក្តីទៀងទាត់) ក្នុងខន្ធប្រវត្តិនេះអំពីណា ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ខ្ញុំបាននិយាយឃាត់ពួកភិក្ខុនោះដូច្នេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយកុំសោយសោកឡើយ កុំខ្សឹកខ្សួលឡើយ ម្នាលអាវុសោទាំងឡាយ ក្រែងព្រះមានព្រះភាគបានត្រាស់ប្រាប់សេចក្តីនេះមកពីមុនហើយថា សេចក្តីព្រាត់ប្រាស ស្លាប់និរាស ចាកចោលសត្វ និងសង្ខារជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងអស់ រមែងមាន នែអាវុសោទាំងឡាយ ព្រោះហេតុនោះ បុគ្គលគប្បីបាន (នូវសេចក្តីមិនព្រាត់ប្រាស) ក្នុងខន្ធប្រវត្តិនេះអំពីណា ធម្មជាតណា ដែលកើតឡើងហើយ ដែលមានហើយ ដែលសង្ខារតាក់តែងមកហើយ ជារបស់មានកិរិយាទ្រុឌទ្រោម វិនាសទៅវិញជាធម្មតា ធម្មជាតនោះ បុគ្គលឃាត់ថា កុំវិនាសទៅវិញដូច្នេះ ពុំបានឡើយ ម្នាលអាវុសោទាំងឡាយ សម័យនោះឯង មានភិក្ខុមួយរូបឈ្មោះ សុភទ្ទ បួសឯចាស់ អង្គុយនៅក្នុងចំណោមបរិសទ្យនោះ ម្នាលអាវុសោទាំងឡាយ គ្រានោះ ស្រាប់តែសុភទ្ទភិក្ខុបួសឯចាស់ និយាយទៅនឹងភិក្ខុទាំងឡាយនោះ យ៉ាងនេះថា នែអាវុសោទាំងឡាយ អ្នកទាំងឡាយ កុំសោយសោកឡើយ កុំខ្សឹកខ្សួលអណ្តឺតអណ្តកឡើយ យើងទាំងឡាយឈ្មោះថា ផុតស្រឡះហើយ អំពីមហាសមណៈនោះ ព្រោះថា យើងទាំងឡាយ មហាសមណៈនោះតែងបៀតបៀនថា អំពើនេះគួរដល់អ្នកទាំងឡាយ អំពើនេះ មិនគួរដល់អ្នកទាំងឡាយទេ ឥឡូវនេះស្រួលហើយ យើងរាល់គ្នាចង់ធ្វើនូវអំពើណា នឹងធ្វើនូវអំពើនោះក៏បាន មិនចង់ធ្វើនូវអំពើណា នឹងមិនធ្វើនូវអំពើនោះក៏បាន ម្នាលអាវុសោទាំងឡាយ ណ្ហើយចុះ យើងរាល់គ្នាសង្គាយនានូវធម៌ និងវិន័យ តំណទៅមុខ អកុសលធម៌ មុខជានឹងរុងរឿងឡើង កុសលធម៌មុខជានឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យ មុខជានឹងរុងរឿងឡើង វិន័យមុខជានឹងសាបសូន្យទៅ តំណទៅមុខ ពួកបុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ ពួកបុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។

[២៧៩] ភិក្ខុទាំងឡាយពោលថា បពិត្រព្រះថេរៈដ៏ចំរើន បើដូច្នោះ សូមព្រះថេរៈជ្រើរើនូវភិក្ខុទាំងឡាយចុះ។ ទើបព្រះមហាកស្សមានអាយុ ជ្រើរើនូវព្រះអរហន្តទាំងឡាយ បានចំនួន៤៩៩អង្គ។ ភិក្ខុទាំងឡាយ និយាយពាក្យនេះ នឹងព្រះមហាកស្សមានអាយុថា បពិត្រព្រះករុណាដ៏ចំរើន ព្រះអានន្ទមានអាយុនេះ នៅជាសេក្ខបុគ្គលពិតមែន តែលោកមិនអាចនឹងលុះដោយឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិទេ ធម៌ក្តី វិន័យក្តី ព្រះអានន្ទនេះ បានសិក្សារៀនសូត្រ ក្នុងសំណាក់ព្រះមានព្រះភាគជាច្រើន បពិត្រព្រះករុណាដ៏ចំរើន បើដូច្នោះ សូមព្រះថេរៈជ្រើសរើសយកព្រះអានន្ទមានអាយុផង។ ទើបព្រះមហាកស្សមានអាយុ ជ្រើសរើសយកព្រះអានន្ទមានអាយុបញ្ចូលផង (ជា៥០០អង្គ)។ លំដាប់នោះ ភិក្ខុទាំងឡាយ ដែលជាថេរៈ មានសេចក្តីរិះគិតដូច្នេះថា យើងទាំងឡាយគប្បីសង្គាយនាធម៌ និងវិន័យក្នុងទីណាហ្ន៎។ គ្រានោះឯង ភិក្ខុទាំងឡាយ ដែលជាថេរៈ មានសេចក្តីរិះគិតឃើញដូច្នេះថា នគររាជគ្រឹះ ជាស្រុកមានទីគោចរក៏ច្រើន មានសេនាសនៈក៏ច្រើន បើដូច្នោះ គួរតែយើងរាល់គ្នា ទៅនៅចាំវស្សាក្នុងនគររាជគ្រឹះ ទើបអាចនឹងសង្គាយនា នូវធម៌និងវិន័យបាន ឯភិក្ខុទាំងឡាយឯទៀត កុំគប្បីចូលទៅនៅចាំវស្សា ក្នុងនគររាជគ្រឹះឡើយ។ លំដាប់នោះឯង ព្រះមហាកស្សមានអាយុ ប្រកាសសង្ឃឲ្យដឹងថា ម្នាលលោកមានអាយុ សង្ឃចូរស្តាប់ខ្ញុំ បើសង្គីតិកម្ម មានកាលគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុទាំង៥០០រូបនេះ ឲ្យនៅចាំវស្សាក្នុងនគររាជគ្រឹះ ដើម្បីសង្គាយនា នូវធម៌ និងវិន័យ ឯភិក្ខុទាំងឡាយដទៃ មិនត្រូវនៅចាំវស្សាក្នុងនគររាជគ្រឹះឡើយ។ នេះជាញត្តិ។ ម្នាលលោកមានអាយុ សង្ឃចូរស្តាប់ខ្ញុំ ឥឡូវសង្ឃសន្មតភិក្ខុទាំង៥០០រូបនេះ ឲ្យនៅចាំវស្សា ក្នុងនគររាជគ្រឹះ ដើម្បីសង្គាយនា នូវធម៌ និងវិន័យ ឯភិក្ខុទាំងឡាយដទៃ មិនត្រូវនៅចាំវស្សាក្នុងនគររាជគ្រឹះឡើយ។ ការសន្មតិភិក្ខុទាំង៥០០រូបនេះ ឲ្យនៅចាំវស្សាក្នុងនគររាជគ្រឹះ ដើម្បីនឹងសង្គាយនា នូវធម៌ និងវិន័យ ឯភិក្ខុទាំងឡាយដទៃ មិនត្រូវឲ្យនៅចាំវស្សាក្នុងនគររាជគ្រឹះទេ គាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃបានសន្មតពួកភិក្ខុទាំង៥០០រូបនេះ ឲ្យនៅចាំវស្សាក្នុងនគររាជគ្រឹះ ដើម្បីសង្គាយនា នូវធម៌ និងវិន័យ ឯភិក្ខុទាំងឡាយដទៃ មិនត្រូវនៅចាំវស្សាក្នុងនគររាជគ្រឹះឡើយ។ ការសន្មតិនេះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[២៨០] គ្រានោះ ភិក្ខុជាថេរៈទាំងឡាយ បានទៅកាន់នគររាជគ្រឹះ ដើម្បីសង្គាយនានូវធម៌ និងវិន័យ។ ទើបភិក្ខុទាំងឡាយជាថេរៈ មានសេចក្តីរិះគិតដូច្នេះថា ម្នាលអាវុសោ បដិសង្ខរណកម្ម គឺការជួសជុលសេនាសនៈ ដែលដាច់ដាច ធ្លុះធ្លាយ ព្រះមានព្រះភាគ ទ្រង់សរសើរហើយ ម្នាលអាវុសោ បើដូច្នោះ គួរតែយើងរាល់គ្នា ជួសជុលសេនសាសនៈ ដែលដាច់ដាច ធ្លុះធ្លាយអស់ខែមួយជាដម្បូងសិន ដល់មកខែជាកណ្តាល យើងនឹងប្រជុំគ្នាសង្គាយនា នូវធម៌ និងវិន័យ។ លំដាប់នោះ ភិក្ខុជាថេរៈទាំងឡាយ ក៏នាំគ្នាជួសជុលសេនាសនៈ ដែលដាច់ដាច ធ្លុះធ្លាយ អស់ខែមួយជាដម្បូង។

[២៨១] គ្រានោះ ព្រះអានន្ទមានអាយុត្រិះរិះថា ថ្ងៃស្អែកនេះ នឹងប្រជុំសង្ឃ កិច្ចនោះ មិនសមគួរដល់អាត្មាអញឡើយ ព្រោះថាអាត្មាអញនៅជាសេក្ខបុគ្គលនៅឡើយ ហើយទៅកាន់ប្រជុំសង្ឃ គិតដូច្នេះហើយ ក៏ចំរើនកាយគតាសតិកម្មដ្ឋាន អស់រាត្រីជ្រៅ លុះដល់បច្ចូសម័យនៃរាត្រី (ជិតភ្លឺ) នោះហើយ ក៏ទំរេតកាយដោយគិតថានឹងសឹង។ ព្រះសិរពុំទាន់ដល់ខ្នើយ។ ព្រះបាទាទើបតែនឹងផុតអំពីផែនដី។ ព្រះទ័យ (របស់លោក) ក៏រួចស្រឡះចាកអាសវៈទាំងឡាយ ដោយមិនមានឧបាទាន ក្នុងចន្លោះនោះឯង។ ព្រះអានន្ទមានអាយុ បានជាព្រះអរហន្តហើយ ទើបបាននិមន្តទៅកាន់ប្រជុំសង្ឃ។

[២៨២] គ្រានោះឯង ព្រះមហាកស្សបមានអាយុ បានប្រកាសសង្ឃឲ្យដឹងថា ម្នាលអាវុសោ សង្ឃចូរស្តាប់ខ្ញុំ បើសង្គីតិកម្មនេះ មានកាលគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសួរវិន័យនឹងព្រះឧបាលិ។ ព្រះឧបាលិមានអាយុ បានប្រកាសសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើសង្គីតិកម្មនេះ មានកាលគួរ ដល់សង្ឃហើយ ព្រះមហាកស្សបមានអាយុ ត្រូវសួរព្រះវិន័យចំពោះខ្ញុំ ៗត្រូវដោះស្រាយ (ក្នុងកាលឥឡូវនេះ)។ ទើបព្រះមហាកស្សបមានអាយុ បានចោទសួរដូច្នេះ ចំពោះព្រះឧបាលិមានអាយុថា ម្នាលឧបាលិមានអាយុ បឋមបារាជិកសិក្ខាបទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តក្នុងទីណា។ ព្រះឧបាលិឆ្លើយថា ក្នុងនគរវេសាលី លោកម្ចាស់។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងសុទិន្នភិក្ខុ ជាកូននៃកលន្ទសេដ្ឋី។ ព្រោះវត្ថុអ្វី។ ព្រោះសេពមេថុនធម្ម។ លំដាប់នោះឯង ព្រះមហាកស្សបមានអាយុ សួរវត្ថុផង សួរនិទានផង សួរបុគ្គលផង សួរបញ្ញត្តិផង សួរអនុប្បញ្ញត្តិផង សួរអាបត្តិផង សួរអនាបត្តិផង នៃបឋមបារាជិកសិក្ខាបទ ចំពោះព្រះឧបាលិមានអាយុ ហើយសួរតទៅថា ម្នាលអាវុសោឧបាលិ ទុតិយបារាជិកសិក្ខាបទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តក្នុងទីណា។ ក្នុងនគររាជគ្រឹះ លោកម្ចាស់។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងធនិយភិក្ខុ ជាកូននៃនាយស្មូនឆ្នាំង។ ព្រោះវត្ថុអ្វី។ ព្រោះអទិន្នាទាន។ លំដាប់នោះឯង ព្រះមហាកស្សបមានអាយុ សួរវត្ថុផង សួរនិទានផង សួរបុគ្គលផង សួរបញ្ញត្តិផង សួរអនុប្បញ្ញត្តិផង សួរអាបត្តិផង សួរអនាបត្តិផង នៃទុតិយបារាជិកសិក្ខាបទ ចំពោះព្រះឧបាលិមានអាយុ ហើយសួរតទៅទៀតថា ម្នាលអាវុសោឧបាលិ តតិយបារាជិកសិក្ខាបទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តក្នុងទីណា។ ក្នុងនគរវេសាលី លោកម្ចាស់។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងពួកភិក្ខុច្រើនរូប។ ព្រោះវត្ថុអ្វី។ ព្រោះមនុស្សវិគ្គហៈ គឺធ្វើរាងកាយ នៃមនុស្សឲ្យធ្លាក់ចុះចាកជីវិត។ លំដាប់នោះឯង ព្រះមហាកស្សបមានអាយុ សួរវត្ថុផង សួរនិទានផង សួរបុគ្គលផង សួរបញ្ញត្តិផង សួរអនុប្បញ្ញត្តិផង សួរអាបត្តិផង សួរអនាបត្តិផង នៃតតិយបារាជិកសិក្ខាបទ ចំពោះព្រះឧបាលិមានអាយុ ហើយសួរតទៅទៀតថា ម្នាលអាវុសោឧបាលិ ចតុត្ថបារាជិកសិក្ខាបទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តក្នុងទីណា។ ក្នុងនគរវេសាលី លោកម្ចាស់។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងភិក្ខុទាំងឡាយ នៅនាឆ្នេរស្ទឹងវគ្គុមុទា។ ព្រោះវត្ថុអ្វី។ ព្រោះឧត្តរិមនុស្សធម្ម។ លំដាប់នោះឯង ព្រះមហាកស្សបមានអាយុ សួរវត្ថុផង សួរនិទានផង សួរបុគ្គលផង សួរបញ្ញត្តិផង សួរអនុប្បញ្ញត្តិផង សួរអាបត្តិផង សួរអនាបត្តិផង នៃចតុត្ថបារាជិកសិក្ខាបទ ចំពោះព្រះឧបាលិមានអាយុ ហើយសួរវិន័យទាំងពីរចំណែក គឺភិក្ខុវិន័យ និងភិក្ខុនីវិន័យ ដោយឧបាយនេះឯង។ ព្រះឧបាលិមានអាយុ កាលបើព្រះមហាកស្សប សួរសព្វគ្រប់ហើយ ក៏បានដោះស្រាយសព្វគ្រប់។

[២៨៣] ឰដ៏កាលនោះ ព្រះមហាកស្សបមានអាយុ បានប្រកាសសង្ឃឲ្យដឹងថា ម្នាលអាវុសោ សង្ឃចូរស្តាប់ខ្ញុំ បើសង្គីតិកម្មមានកាលគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសួរនូវធម៌ចំពោះព្រះអានន្ទ។ ព្រះអានន្ទមានអាយុ បានប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើសង្គីតិកម្មមានកាលគួរ ដល់សង្ឃហើយ ព្រះមហាកស្សបមានអាយុ នឹងសួរធម៌ចំពោះខ្ញុំ ៗគប្បីដោះស្រាយ ក្នុងកាលឥឡូវនេះ។ ទើបព្រះមហាកស្សបមានអាយុ បានសួរព្រះអានន្ទមានអាយុដូច្នេះថា ម្នាលអានន្ទមានអាយុ ព្រហ្មជាលសូត្រ ព្រះមានព្រះភាគ ទ្រង់សំដែងក្នុងទីណា។ ព្រះអានន្ទឆ្លើយថា បពិត្រព្រះថេរៈដ៏ចំរើន ទ្រង់សំដែងក្នុងព្រះដំណាក់នៃព្រះរាជា នៅនាអម្ពលដ្ឋិកាវ័ន ជាចន្លោះនៃក្រុងរាជគ្រឹះផង ជាចន្លោះនៃនាឡន្ទគ្រាមផង។ ទ្រង់ប្រារព្ធនឹងបុគ្គលណា។ ទ្រង់ប្រារព្ធនឹងសុប្បិយបរិព្វាជក និងព្រហ្មទត្តមាណព។ គ្រានោះ ព្រះមហាកស្សបមានអាយុ សួរនិទានផង សួរបុគ្គលផង នៃព្រហ្មជាលសូត្រ ចំពោះព្រះអានន្ទមានអាយុ ហើយសួរតទៅទៀតថា ម្នាលអាវុសោអានន្ទ សាមញ្ញផលសូត្រ ព្រះមានព្រះភាគ ទ្រង់សំដែងក្នុងទីណា។ ក្នុងជីវកម្ពវ័ន ក្បែរក្រុងរាជគ្រឹះ លោកម្ចាស់។ ទ្រង់សំដែងជាមួយនឹងបុគ្គលណា។ ទ្រង់សំដែងជាមួយនឹងព្រះបាទអជាតសត្តុរាជ វេទេហិបុត្ត។ គ្រានោះ ព្រះមហាកស្សបមានអាយុ សួរនិទានផង សួរបុគ្គលផង នៃសាមញ្ញសូត្រ ចំពោះព្រះអានន្ទមានអាយុ ហើយសួរនូវនិកាយទាំង៥ ដោយឧបាយនេះឯង។ ឯព្រះអានន្ទមានអាយុ កាលបើព្រះមហាកស្សប សួរសព្វគ្រប់ហើយ ក៏បានដោះស្រាយដោយសព្វគ្រប់។

(ខុទ្ទានុខុទ្ទកសិក្ខាបទកថា ទី២)

(២. ខុទ្ទានុខុទ្ទកសិក្ខាបទកថា)

[២៨៤] លំដាប់នោះឯង ព្រះអានន្ទមានអាយុ ពោលដូច្នេះនឹងភិក្ខុជាថេរៈទាំងឡាយថា បពិត្រព្រះករុណាទាំងឡាយដ៏ចំរើន ព្រះមានព្រះភាគ កាលដែលទៀបនឹងបរិនិព្វាន បានមានព្រះបន្ទូលយ៉ាងនេះនឹងខ្ញុំព្រះករុណាថា នែអានន្ទ លុះអំណឹះឥតអំពីតថាគតទៅហើយ បើសង្ឃមានប្រាថ្នានឹងដក ក៏គប្បីដកនូវសិក្ខាបទទាំងឡាយតូចៗ ដោយលំដាប់(ចេញខ្លះក៏បាន)។ ព្រះថេរៈទាំងឡាយ សួរព្រះអានន្ទថា ម្នាលអានន្ទមានអាយុ ចុះលោកម្ចាស់ បានទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឯសិក្ខាបទទាំងឡាយតូចៗដោយលំដាប់នោះ តើសិក្ខាបទណាខ្លះ ដូច្នេះដែរឬ។ ព្រះអានន្ទឆ្លើយថា បពិត្រព្រះករុណាទាំងឡាយដ៏ចំរើន ខ្ញុំព្រះករុណា មិនបានទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឯសិក្ខាបទទាំងឡាយតូចៗដោយលំដាប់នោះ តើសិក្ខាបទណាខ្លះ ដូច្នេះទេ។ ព្រះថេរៈទាំងឡាយពួកខ្លះពោលយ៉ាងនេះថា សិក្ខាបទទាំងឡាយដែលសល់នៅក្រៅអំពីបារាជិកទាំង៤ ឈ្មោះថា តូចៗ ដោយលំដាប់។ ព្រះថេរៈទាំងឡាយពួកខ្លះពោលយ៉ាងនេះថា សិក្ខាបទទាំងឡាយ ដែលសល់នៅក្រៅអំពីបារាជិក៤ និងសង្ឃាទិសេសេស១៣ ឈ្មោះថា តូចៗ ដោយលំដាប់។ ព្រះថេរៈទាំងឡាយពួកខ្លះពោលយ៉ាងនេះថា សិក្ខាបទទាំងឡាយ ដែលសល់នៅក្រៅអំពីបារាជិក៤ សង្ឃាទិសេសេស១៣ និងអនិយត២ ឈ្មោះថា តូចៗ ដោយលំដាប់។ ព្រះថេរៈទាំងឡាយពួកខ្លះពោលយ៉ាងនេះថា សិក្ខាបទទាំងឡាយ ដែលសល់នៅក្រៅអំពីបារាជិក៤ សង្ឃាទិសេសេស១៣ អនិយត២ និងនិស្សគ្គិយបាចិត្តិយៈ៣០ ឈ្មោះថា តូចៗ ដោយលំដាប់។ ព្រះថេរៈទាំងឡាយពួកខ្លះពោលយ៉ាងនេះថា សិក្ខាបទទាំងឡាយ ដែលសល់នៅក្រៅអំពីបារាជិក៤ សង្ឃាទិសេសេស១៣ អនិយត២ និស្សគ្គិយបាចិត្តិយៈ៣០ និងសុទ្ធិកបាចិត្តិយៈ៩២ ឈ្មោះថា តូចៗ ដោយលំដាប់។ ព្រះថេរៈទាំងឡាយពួកខ្លះពោលយ៉ាងនេះថា សិក្ខាបទទាំងឡាយ ដែលសល់នៅក្រៅអំពីបារាជិក៤ សង្ឃាទិសេសេស១៣ អនិយត២ និស្សគ្គិយបាចិត្តិយៈ៣០ សុទ្ធិកបាចិត្តិយៈ៩២ និងបាដិទេសនីយៈ៤ ឈ្មោះថា តូចៗ ដោយលំដាប់។

[២៨៥] គ្រានោះឯង ព្រះមហាកស្សបមានអាយុ ក៏ប្រកាសសង្ឃថា ម្នាលអាវុសោ សង្ឃចូរស្តាប់ខ្ញុំ សិក្ខាបទទាំងឡាយរបស់ពួកយើង ក៏មានតាំងនៅក្នុងពួកគ្រហស្ថ សូម្បីពួកគ្រហស្ថទាំងឡាយ ក៏តែងដឹងថា អំពើនេះ គួរដល់លោកទាំងឡាយជាសមណសក្យបុត្តិយ៍ អំពើនេះ មិនគួរដល់លោកទាំងឡាយទេ។ បើយើងទាំងឡាយ នឹងដកនូវសិក្ខាបទតូចៗ ដោយលំដាប់ចេញហើយ មុខជាជនទាំងឡាយ ជាអ្នកពោលតិះដៀល នឹងពោលថា សិក្ខាបទដែលព្រះសមណគោតម បញ្ញត្តហើយ ដល់សាវ័កទាំងឡាយ បានតែត្រឹមធូមកាលិក គឺកាលនៃផ្សែងភ្លើង គឺបរិនិព្វានប៉ុណ្ណោះ ព្រះសាស្តារបស់សាវ័កទាំងឡាយនេះ ឋិតនៅត្រឹមណា សាវ័កទាំងនេះ នាំគ្នាសិក្សាក្នុងសិក្ខាបទត្រឹមនោះ កាលណាបើព្រះសាស្តារបស់សាវ័កទាំងនេះបរិនិព្វានហើយ ឥឡូវនេះ សាវ័កទាំងនេះ ក៏លែងសិក្សាក្នុងសិក្ខាបទទាំងឡាយដែរ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃកុំគប្បីបញ្ញត្តថែមនូវសិក្ខាបទ ដែលព្រះជាគ្រូមិនបានបញ្ញត្តទេ កុំគប្បីដកចេញនូវសិក្ខាបទ ដែលព្រះជាគ្រូបញ្ញត្តមកហើយ ត្រូវសមាទានប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយ ដែលព្រះជាគ្រូ ទ្រង់បញ្ញត្តហើយ។ នេះជាញត្តិ។ ម្នាលអាវុសោ សង្ឃចូរស្តាប់ខ្ញុំ សិក្ខាបទទាំងឡាយរបស់ពួកយើង ក៏មានតាំងនៅក្នុងពួកគ្រហស្ថ សូម្បីពួកគ្រហស្ថទាំងឡាយ តែងដឹងថា អំពើនេះ គួរដល់លោកទាំងឡាយជាសមណសក្យបុត្តិយ៍ អំពើនេះ មិនគួរដល់លោកទាំងឡាយទេ។ បើយើងទាំងឡាយ នឹងដកនូវសិក្ខាបទតូចៗ ដោយលំដាប់ចេញហើយ មុខជាជនទាំងឡាយ ជាអ្នកពោលតិះដៀល នឹងពោលថា សិក្ខាបទដែលព្រះសមណគោតម បានបញ្ញត្តហើយ ដល់ពួកសាវ័ក បានតែត្រឹមធូមកាលិក គឺកាលនៃផ្សែងភ្លើងប៉ុណ្ណោះ ព្រះសាស្តារបស់សាវ័កទាំងនេះ ឋិតនៅត្រឹមណា សាវ័កទាំងនេះ ក៏នាំគ្នាសិក្សាក្នុងសិក្ខាបទត្រឹមនោះ កាលបើព្រះសាស្តារបស់សាវ័កទាំងនេះ បរិនិព្វានទៅហើយ ឥឡូវនេះ សាវ័កទាំងនេះ ក៏លែងសិក្សាក្នុងសិក្ខាបទទាំងឡាយដែរ។ សង្ឃមិនបញ្ញត្តថែមនូវសិក្ខាបទ ដែលព្រះជាគ្រូមិនបានបញ្ញត្តទេ មិនដកចេញនូវសិក្ខាបទ ដែលព្រះជាគ្រូបញ្ញត្តហើយ ត្រូវសមាទាន ប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយ ដែលគួរដល់ពុទ្ធបញ្ញត្ត។ ការមិនបញ្ញត្តថែមនូវសិក្ខាបទ ដែលព្រះអង្គមិនបានបញ្ញត្ត ការមិនដកចេញនូវសិក្ខាបទ ដែលព្រះអង្គទ្រង់បញ្ញត្ត ការសមាទាន ប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយ ដែលគួរដល់ពុទ្ធបញ្ញត្ត គាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃមិនបានបញ្ញត្តថែមនូវសិក្ខាបទ ដែលព្រះអង្គមិនបានបញ្ញត្ត មិនដកចេញនូវសិក្ខាបទ ដែលព្រះអង្គទ្រង់បញ្ញត្ត សមាទាន ប្រព្រឹត្តតែក្នុងសិក្ខាបទទាំងឡាយ ដែលគួរដល់ពុទ្ធប្បញ្ញត្តិ។ ការមិនបញ្ញត្ត និងការមិនដកចេញនូវសិក្ខាបទនេះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម ខ្ញុំចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[២៨៦] លំដាប់នោះឯង ភិក្ខុជាថេរៈទាំងឡាយ ពោលដូច្នេះនឹងព្រះអានន្ទមានអាយុថា នែអាវុសោ អានន្ទ នេះជាអំពើអាក្រក់របស់លោក ព្រោះលោកមិនបានទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឯសិក្ខាបទទាំងឡាយដែលតូចៗដោយលំដាប់ គឺសិក្ខាបទណាខ្លះ ចូរលោកសំដែងនូវអំពើអាក្រក់នោះចេញ។ ព្រះអានន្ទឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណាភ្លេច បានជាមិនបានទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឯសិក្ខាបទទាំងឡាយតូចៗដោយលំដាប់ គឺសិក្ខាបទណាខ្លះ ខ្ញុំព្រះករុណាមិនឃើញនូវអំពើអាក្រក់នោះទេ ប៉ុន្តែខ្ញុំព្រះករុណា សំដែងនូវអំពើអាក្រក់នោះចេញ ដោយសេចក្តីជឿលោកមានអាយុទាំងឡាយ។ នែអាវុសោអានន្ទ នេះជាអំពើអាក្រក់របស់លោកដែរ ព្រោះលោកជាន់ដេរសំពត់វស្សិកសាដក របស់ព្រះមានព្រះភាគ ចូរលោកសំដែងអំពើអាក្រក់នោះចេញ។ បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណាដែលជាន់ដេរសំពត់វស្សិកសាដក របស់ព្រះមានព្រះភាគ មិនមែនធ្វើដោយសេចក្តីមិនគោរពទេ ខ្ញុំព្រះករុណាមិនឃើញនូវអំពើអាក្រក់នោះឡើយ ប៉ុន្តែខ្ញុំព្រះករុណា សំដែងនូវអំពើអាក្រក់នោះចេញ ដោយសេចក្តីជឿលោកមានអាយុទាំងឡាយ។ ម្នាលអានន្ទមានអាយុ នេះជាអំពើអាក្រក់របស់លោកដែរ ព្រោះលោកឲ្យមាតុគ្រាមថ្វាយបង្គំព្រះសរីរៈ នៃព្រះមានព្រះភាគមុនគេ កាលដែលមាតុគ្រាមទាំងនោះ យំទួញសោក ធ្វើសរីរៈនៃព្រះមានព្រះភាគឲ្យប្រឡាក់ដោយទឹកភ្នែក ចូរលោកសំដែងនូវអំពើអាក្រក់នោះចេញ។ បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណាគិតថា កុំឲ្យពួកមាតុគ្រាមនេះនៅក្នុងវេលាវិកាល បានជាខ្ញុំព្រះករុណាឲ្យពួកមាតុគ្រាម ថ្វាយបង្គំព្រះសរីរៈនៃព្រះមានព្រះភាគមុនគេ ខ្ញុំព្រះករុណាមិនឃើញអំពើអាក្រក់នោះទេ ប៉ុន្តែខ្ញុំព្រះករុណា សំដែងអំពើអាក្រក់នោះចេញ ដោយសេចក្តីជឿលោកមានអាយុទាំងឡាយ។ ម្នាលអានន្ទមានអាយុ នេះជាអំពើអាក្រក់របស់លោកដែរ ព្រោះព្រះមានព្រះភាគ កំពុងធ្វើនិមិត្តជាឱឡារិក (បញ្ឆិតបញ្ឆៀង) និងធ្វើនូវឱកាស (បំភ្លឺហេតុ) ជាឱឡារិក លោកមិនបានអារាធនាព្រះមានព្រះភាគថា សូមព្រះមានព្រះភាគ គង់នៅអស់មួយកប្ប (កំណត់អាយុ)ទៅ សូមព្រះសុគត គង់នៅអស់មួយកប្បទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ចូរលោកសំដែងនូវអំពើអាក្រក់នោះចេញ។ បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណា មានមារគ្របដណ្តប់ចិត្ត បានជាមិនអារាធនា និមន្តព្រះមានព្រះភាគថា សូមព្រះមានព្រះភាគ គង់នៅអស់មួយអាយុកប្បទៅ សូមព្រះសុគត គង់នៅអស់មួយអាយុកប្បទៅ ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ខ្ញុំព្រះករុណាមិនឃើញនូវអំពើអាក្រក់នោះទេ ប៉ុន្តែខ្ញុំព្រះករុណា សំដែងនូវអំពើអាក្រក់នោះចេញ ដោយសេចក្តីជឿលោកមានអាយុទាំងឡាយ។ ម្នាលអានន្ទមានអាយុ នេះជាអំពើអាក្រក់របស់លោកដែរ ព្រោះលោកធ្វើសេចក្តីខ្វល់ខ្វាយឲ្យមាតុគ្រាមបានបព្វជ្ជាក្នុងធម្មវិន័យ ដែលព្រះតថាគតទ្រង់ប្រកាសហើយ ចូរលោកសំដែងនូវអំពើអាក្រក់នោះចេញ។ បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណា គិតថា ព្រះនាងមហាបជាបតីគោតមីនេះ ជាព្រះមាតុច្ឆា (ម្តាយមីង) នៃព្រះមានព្រះភាគ បានបីបាច់រក្សា ចិញ្ចឹមថ្វាយទឹកខ្សីរ កាលដែល (ព្រះនាងមាយាទេវី) ជាព្រះមាតាបង្កើត របស់ព្រះមានព្រះភាគ ធ្វើមរណកាលទៅហើយ បានបំបៅព្រះមានព្រះភាគផង បានជាខ្ញុំធ្វើនូវសេចក្តីខ្វល់ខ្វាយ ឲ្យមាតុគ្រាមបានបព្វជ្ជា ក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ប្រកាសហើយ ខ្ញុំព្រះករុណា មិនឃើញនូវអំពើអាក្រក់នោះទេ ប៉ុន្តែខ្ញុំព្រះករុណា សំដែងនូវអំពើអាក្រក់នោះចេញ ដោយសេចក្តីជឿលោកមានអាយុទាំងឡាយ។

[២៨៧] សម័យនោះឯង ព្រះថេរៈឈ្មោះបុរាណៈមានអាយុ បានត្រាច់ទៅកាន់ចារិក ក្នុងទក្ខិណាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃជាច្រើន ចំនួន៥០០រូប។ គ្រានោះឯង ព្រះបុរាណៈមានអាយុ កាលដែលភិក្ខុជាថេរៈទាំងឡាយ សង្គាយនានូវធម្មវិន័យ បាននៅអាស្រ័យក្នុងទក្ខិណាគិរិជនបទ តាមសមគួរដល់អធ្យាស្រ័យ ហើយក៏ចូលទៅរកពួកភិក្ខុជាថេរៈ ដែលនៅក្នុងវត្តវេឡុវ័ន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ រាក់ទាក់ជាមួយភិក្ខុជាថេរៈទាំងឡាយ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះបុរាណៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបភិក្ខុជាថេរៈទាំងឡាយ និយាយយ៉ាងនេះថា ម្នាលបុរាណៈដ៏មានអាយុ ធម៌ក្តី វិន័យក្តី ដែលព្រះថេរៈទាំងឡាយបានសង្គាយនាជាស្រេចហើយ លោកចូរប្រកបនូវការសង្គាយនានោះចុះ។ ព្រះបុរាណៈឆ្លើយថា ម្នាលអាវុសោទាំងឡាយ ធម៌ក្តី វិន័យក្តី ដែលភិក្ខុជាថេរៈទាំងឡាយ បានសង្គាយនាហើយ (ក៏ជាការស្រួល) ប៉ុន្តែចំណែកខាងខ្ញុំ លុះតែបានស្តាប់ បានទទួលក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ យ៉ាងណាមិញ ខ្ញុំនឹងទ្រទ្រង់ (ប្រតិបត្តិ) យ៉ាងនោះឯង។

(ព្រហ្មទណ្ឌកថា ទី៣)

(៣. ព្រហ្មទណ្ឌកថា)

[២៨៨] លំដាប់នោះ ព្រះអានន្ទមានអាយុ ពោលពាក្យដូច្នេះ នឹងភិក្ខុជាថេរៈទាំងឡាយថា បពិត្រលោកដ៏ចំរើន ព្រះមានព្រះភាគជាម្ចាស់ កាលទៀបបរិនិព្វាន ទ្រង់មានបន្ទូលយ៉ាងនេះ នឹងខ្ញុំព្រះករុណាថា ម្នាលអានន្ទ ណ្ហើយចុះ អំណឹះឥតអំពីតថាគតទៅហើយ សង្ឃចូរដាក់ព្រហ្មទណ្ឌដល់ឆន្នភិក្ខុផង។ ពួកភិក្ខុជាថេរៈសួរថា ម្នាលអានន្ទមានអាយុ ចុះលោកម្ចាស់ បានទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចុះព្រហ្មទណ្ឌនោះ តើដូចម្តេចទៅ ដែរឬ។ ព្រះអានន្ទឆ្លើយថា បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណាបានទូលសួរព្រះមានព្រះភាគដែរថា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មទណ្ឌនោះ តើដូចម្តេចទៅ។ ព្រះអង្គមានបន្ទូលថា ម្នាលអានន្ទ ឆន្នភិក្ខុ ចង់ពោលពាក្យណា គប្បីពោលពាក្យនោះចុះ (ប៉ុន្តែ) ភិក្ខុទាំងឡាយ កុំគប្បីនិយាយរក កុំគប្បីទូន្មាន កុំគប្បីប្រៀនប្រដៅឆន្នភិក្ខុឡើយ។ ពួកភិក្ខុជាថេរៈពោលថា ម្នាលអានន្ទដ៏មានអាយុ បើដូច្នោះ ចូរអ្នកដាក់ព្រហ្មទណ្ឌ ដល់ឆន្នភិក្ខុផងចុះ។ ព្រះអានន្ទសួរថា បពិត្រលោកដ៏ចំរើន ខ្ញុំព្រះករុណាដាក់ព្រហ្មទណ្ឌ ដល់ឆន្នភិក្ខុដូចម្តេចបាន (ដ្បិត) ភិក្ខុនោះកាច រឹងរូសណាស់។ ពួកភិក្ខុជាថេរៈ ពោលថា ម្នាលអានន្ទមានអាយុ បើដូច្នោះ ចូរអ្នកទៅជាមួយនឹងពួកភិក្ខុច្រើនរូបទៅចុះ។ ឯព្រះអានន្ទមានអាយុ ទទួលពាក្យភិក្ខុជាថេរៈទាំងឡាយដោយពាក្យថា អើលោកម្ចាស់ ហើយក៏ជិះទូកទៅកាន់ក្រុងកោសម្ពី ជាមួយនឹងភិក្ខុសង្ឃជាច្រើន ចំនួន៥០០រូប ទូកក៏លឿនទៅ ច្រាស់ខ្សែទឹក លុះចុះចាកទូកហើយ ក៏ទៅគង់ក្រោមម្លង់ឈើមួយដើម មិនឆ្ងាយពីឧទ្យាននៃព្រះរាជា ទ្រង់ព្រះនាមឧទេន។

[២៨៩] សម័យនោះឯង ព្រះរាជាទ្រង់ព្រះនាមឧទេន ទ្រង់គង់ក្រសាលក្នុងឧទ្យាន ជាមួយនឹងពួកព្រះមហេសី ព្រមទាំងពួករាជបរិវារ។ ពួកព្រះមហេសី របស់ព្រះរាជាទ្រង់ព្រះនាមឧទេន បានឮដំណឹងថា លោកម្ចាស់អានន្ទ ជាអាចារ្យរបស់យើងទាំងឡាយ គង់ក្រោមម្លប់ឈើមួយដើម មិនឆ្ងាយអំពីឧទ្យាន។ ទើបពួកព្រះមហេសីរបស់ព្រះបាទឧទេន បានក្រាបបង្គំទូលព្រះបាទឧទេនដូច្នេះថា បពិត្រព្រះសម្មតិទេព ឮថាលោកម្ចាស់អានន្ទ ជាអាចារ្យរបស់យើងទាំងឡាយ មកគង់នៅក្រោមម្លប់ឈើមួយដើម មិនឆ្ងាយអំពីឧទ្យាន បពិត្រព្រះសម្មតិទេព យើងខ្ញុំទាំងឡាយ ចង់ឃើញព្រះអានន្ទជាម្ចាស់។ ព្រះរាជាមានព្រះរាជឱង្ការថា បើដូច្នោះ ចូរអ្នកទាំងឡាយទៅមើលសមណៈឈ្មោះអានន្ទចុះ។ គ្រានោះឯង ពួកព្រះមហេសីរបស់ព្រះបាទឧទេន ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ កាលបើពួកព្រះមហេសីនៃព្រះបាទឧទេនអង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះអានន្ទដ៏មានអាយុ ឲ្យឃើញច្បាស់ ឲ្យប្រព្រឹត្តតាម ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថា។ គ្រានោះឯង ពួកព្រះមហេសីនៃព្រះបាទឧទេន កាលបើព្រះអានន្ទដ៏មានអាយុ ឲ្យឃើញច្បាស់ ឲ្យប្រព្រឹត្តតាម ឲ្យអាចហ៊ាន ឲ្យរីករាយដោយធម្មីកថាហើយ ក៏ប្រគេនសំពត់ឧត្តរាសង្គៈ៥០០ ដល់ព្រះអានន្ទមានអាយុ។ លំដាប់នោះឯង ពួកព្រះមហេសីនៃព្រះបាទឧទេន ត្រេកអររីករាយនឹងភាសិតរបស់ព្រះអានន្ទដ៏មានអាយុហើយ ទើបក្រោកចាកអាសនៈ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ធ្វើប្រទក្សិណ ហើយចូលទៅគាល់ព្រះបាទឧទេន។

[២៩០] ព្រះបាទឧទេន ទ្រង់ទតឃើញពួកព្រះមហេសីមកអំពីចម្ងាយ លុះឃើញហើយ មានព្រះបន្ទូល សួរពួកព្រះមហេសីដូច្នេះថា អ្នកទាំងឡាយបានឃើញសមណៈឈ្មោះអានន្ទដែរឬ។ ពួកព្រះមហេសីក្រាបទូលថា បពិត្រព្រះសម្មតិទេព យើងខ្ញុំទាំងឡាយ បានឃើញព្រះអានន្ទជាម្ចាស់ហើយ។ ចុះអ្នកទាំងឡាយបានប្រគេនវត្ថុអ្វីបន្តិចបន្តួច ដល់សមណៈឈ្មោះអានន្ទខ្លះដែរឬ។ បពិត្រព្រះសម្មតិទេព យើងខ្ញុំទាំងឡាយបានប្រគេនសំពត់ឧត្តរាសង្គៈ ៥០០ ដល់ព្រះអានន្ទជាម្ចាស់ហើយ។ ព្រះបាទឧទេន ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើសមណៈឈ្មោះអានន្ទ ទទួលយកចីវរច្រើនដល់ម្ល៉េះទេ សមណៈឈ្មោះអានន្ទ នឹងធ្វើជំនួញសំពត់ឬ ៗនឹងតាំងរោងលក់សំពត់។ គ្រានោះឯង ព្រះបាទឧទេន ស្តេចទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ សំណេះសំណាលនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យដែលរីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏គង់ក្នុងទីសមគួរ។ លុះព្រះបាទឧទេន គង់ក្នុងទីដ៏សមគួរហើយ ក៏មានព្រះបន្ទូលនឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចំរើន ពួកព្រះមហេសីរបស់យើង បានមក (ក្នុងទីនេះ)ដែរឬ។ ព្រះអានន្ទតបថា បពិត្រមហារាជ ពួកព្រះមហេសីនៃព្រះអង្គ បានមក (ក្នុងទីនេះដែរ)។ ចុះ (ពួកព្រះមហេសីនោះ) បានប្រគេនវត្ថុអ្វីបន្តិចបន្តួច ដល់ព្រះអានន្ទដ៏ចំរើនខ្លះដែរឬ។ បពិត្រមហារាជ ពួកព្រះមហេសីនោះ បានប្រគេនសំពត់ឧត្តរាសង្គៈ៥០០ ដល់អាត្មាភាព។ ព្រះអានន្ទដ៏ចំរើន នឹងយកចីវរច្រើនដល់ម្ល៉ោះទៅធ្វើជាអ្វីទៅ។ បពិត្រមហារាជ ភិក្ខុទាំងឡាយណា មានចីវរទុព្វលភាព អាត្មាភាពនឹងចែកឲ្យ ដល់ភិក្ខុទាំងឡាយនោះ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះចីវរទាំងឡាយណា ដែលចាស់ទុព្វលភាព លោកម្ចាស់នឹងយកចីវរទាំងនោះទៅធ្វើអ្វី។ បពិត្រមហារាជ យើងទាំងឡាយនឹងយកចីវរទាំងនោះ ទៅធ្វើជាកម្រាលគ្រែ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកម្រាលគ្រែណា ដែលជារបស់ចាស់ លោកម្ចាស់នឹងយកកម្រាលគ្រែទាំងនោះទៅធ្វើជាអ្វី។ បពិត្រមហារាជ យើងទាំងឡាយ នឹងយកកម្រាលគ្រែទាំងនោះ ទៅធ្វើជាស្រោមពូក។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះស្រោមពូកណា ដែលជារបស់ចាស់ លោកម្ចាស់នឹងយកស្រោមពូកទាំងនោះទៅធ្វើជាអ្វី។ បពិត្រមហារាជ យើងទាំងឡាយ នឹងយកស្រោមពូកទាំងនោះ ទៅធ្វើជាកម្រាលផែនដី។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកម្រាលផែនដីណា ដែលជារបស់ចាស់ លោកម្ចាស់នឹងយកកម្រាលផែនដីទាំងនោះទៅធ្វើជាអ្វី។ បពិត្រមហារាជ យើងទាំងឡាយ នឹងយកកម្រាលផែនដីទាំងនោះ ទៅធ្វើជាសំពត់ជូតជើង។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះសំពត់សម្រាប់ជូតជើងណា ដែលជារបស់ចាស់ លោកម្ចាស់នឹងយកសំពត់ជូតជើងទាំងនោះទៅធ្វើជាអ្វី។ បពិត្រមហារាជ យើងទាំងឡាយ នឹងយកសំពត់សម្រាប់ជូតជើងទាំងនោះ ទៅធ្វើជាសំពត់សម្រាប់ជូតធូលី។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះសំពត់សម្រាប់ជូតធូលីណា ដែលជារបស់ចាស់ លោកម្ចាស់នឹងយកសំពត់សម្រាប់ជូតធូលីទាំងនោះទៅធ្វើជាអ្វី។ បពិត្រមហារាជ យើងទាំងឡាយ នឹងចិញ្ច្រាំនូវសំពត់សម្រាប់ជូតធូលីទាំងនោះ ហើយច្របាច់លាយដោយភក់ ហើយយកទៅបូកលាបជញ្ជាំង។ គ្រានោះឯង ព្រះបាទឧទេន ទ្រង់សព្វព្រះរាជហឫទ័យថា សមណសក្យបុត្តិយ៍ទាំងអស់នេះ ប្រកបដោយឧបាយនៃប្រាជ្ញា មិនធ្វើសំពត់ ឲ្យដល់នូវសេចក្តីវិនាសឥតប្រយោជន៍ ហើយក៏ទ្រង់ប្រគេនសំពត់ចំនួន៥០០ដទៃទៀត ដល់ព្រះអានន្ទមានអាយុ។ បរិក្ខារ គឺចីវរចំនួន១ពាន់នោះឯង ទើបតែនឹងកើតឡើងជាដំបូង ដល់ព្រះអានន្ទមានអាយុ។

[២៩១] លំដាប់នោះឯង ព្រះអានន្ទមានអាយុ ក៏ចូលទៅកាន់ឃោសិតារាម លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ គ្រានោះឯង ឆន្នភិក្ខុដ៏មានអាយុ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទមានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះឆន្នមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះអានន្ទមានអាយុ ក៏និយាយយ៉ាងនេះថា នែអាវុសោ ឆន្នៈ សង្ឃដាក់ព្រហ្មទណ្ឌដល់លោកហើយ។ ឆន្នភិក្ខុសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រហ្មទណ្ឌនោះ តើដូចម្តេចទៅ។ ព្រះអានន្ទប្រាប់ថា ម្នាលឆន្នភិក្ខុមានអាយុ លោកចង់ពោលពាក្យណា គប្បីពោលពាក្យនោះចុះ ភិក្ខុទាំងឡាយ មិនត្រូវនិយាយរក មិនត្រូវទូន្មាន មិនត្រូវប្រៀនប្រដៅលោកឡើយ។ ឆន្នភិក្ខុពោលថា បពិត្រព្រះអានន្ទដ៏ចំរើន កាលណាបើភិក្ខុទាំងឡាយ មិនត្រូវនិយាយរក មិនត្រូវទូន្មាន មិនត្រូវប្រៀនប្រដៅខ្ញុំដោយហេតុប៉ុណ្ណេះ បើដូច្នោះ ភិក្ខុទាំងឡាយ មិនសម្លាប់ខ្ញុំហើយឬ ហើយក៏ដួលជ្រប់ក្នុងទីនោះ។ គ្រានោះឯង ឆន្នៈមានអាយុ ក៏លំបាក អៀនខ្មាស ខ្ពើមព្រហ្មទណ្ឌ ក៏ចៀសចេញទៅតែម្នាក់ឯង ហើយមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ក៏បានដល់នូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយធម៌ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ដោយមិនយូរ ហើយសម្រេចសម្រាន្តដោយឥរិយាបថទាំង៤ ហើយដឹងច្បាស់ថា ជាតិ គឺសេចក្តីកើតទៀត (របស់អាត្មាអញ) អស់ហើយ មគ្គព្រហ្មចរិយៈសម្រចហើយ កិច្ចត្រូវធ្វើ គឺសោឡសកិច្ច ក៏សម្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត គ្មានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះឆន្នៈមានអាយុ ក៏ជាអរហន្តមួយអង្គដែរ។ លំដាប់នោះ ព្រះឆន្នមានអាយុ បានដល់អរហត្តហើយ ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ពោលពាក្យនេះនឹងព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទដ៏ចំរើន ឥឡូវនេះ លោកចូររម្ងាប់ព្រហ្មទណ្ឌដល់ខ្ញុំ ព្រះអានន្ទពោលថា នែឆន្នៈមានអាយុ លោកបានធ្វើឲ្យជាក់ច្បាស់ហើយនូវអរហត្ត ក្នុងកាលជាទីបំផុតណា ឯព្រហ្មទណ្ឌរបស់លោក ក៏រម្ងាប់ក្នុងកាលជាទីបំផុតនោះដែរ។

[២៩២] ក្នុងការសង្គាយនាព្រះវិន័យនេះឯង មានភិក្ខុចំនួន៥០០រូប មិនខ្វះ មិនលើស។ ព្រោះហេតុនោះ ការសង្គាយនាព្រះវិន័យនេះ ព្រះសង្គីតិកាចារ្យ ហៅថា បញ្ចសតិកាសង្គាយនា គឺសង្គាយនារបស់ភិក្ខុមានចំនួន៥០០រូប។

ចប់ បញ្ចសតិកក្ខន្ធកៈ ទី១១។

ក្នុងខន្ធកៈនេះ មានរឿង២៣។

ឧទ្ទាននៃ បញ្ចសតិកក្ខន្ធកៈ នោះគឺ

[២៩៣]

រឿងកាលព្រះសម្ពុទ្ធជាម្ចាស់ បរិនិព្វានទៅហើយ ព្រះថេរៈឈ្មោះកស្សប ជាអ្នកគ្រប់គ្រងរក្សាព្រះសទ្ធម្ម ហៅពួកភិក្ខុមកថា យើងដើរតាមផ្លូវឆ្ងាយ ពីស្រុកបាវា បានឮពាក្យសុភទ្ទភិក្ខុសំដែងហើយ យើងនឹងសង្គាយនានូវព្រះសទ្ធម្ម តំណទៅមុខ ធម៌ជាអកុសល នឹងរុងរឿងឡើង១ រឿងព្រះមហាកស្សប ជ្រើសរើសព្រះអរហន្ត៤៩៩អង្គ និងព្រះអានន្ទមួយផង១ រឿងព្រះមហាកស្សប គង់នៅទៀបគូហាដ៏ឧត្តម ធ្វើសង្គាយនានូវធម៌និងវិន័យ១ រឿងព្រះកស្សបសួរព្រះវិន័យនឹងព្រះឧបាលិ១ រឿងព្រះកប្បប សួរព្រះសូត្រ នឹងព្រះអានន្ទជាបណ្ឌិត១ រឿងពួកជិនសាវ័កធ្វើសង្គាយនាបិដកទាំងបី១។ រឿងព្រះអានន្ទ ទូលព្រះថេរៈទាំងឡាយថា កាលព្រះមានព្រះភាគ ជិតចូលបរិនិព្វាន ទ្រង់មានបន្ទូលថា បើសង្ឃប្រាថ្នានឹងដកសិក្ខាបទ ក៏គប្បីដកសិក្ខាបទតូចៗដោយលំដាប់ផ្សេងៗបាន១ រឿងព្រះកស្សបបានសូត្រប្រកាសប្រាប់សង្ឃថា ត្រូវឲ្យភិក្ខុប្រព្រឹត្តតាមសិក្ខាបទ ដែលគួរដល់ពុទ្ធប្បញ្ញត្តិ១។ រឿងព្រះថេរៈទាំងឡាយ បន្ទោសព្រះអានន្ទថា មិនទូលសួរព្រះមានព្រះភាគក្នុងសិក្ខាបទតូចៗ ដោយលំដាប់នោះ១ រឿងព្រះថេរៈទាំងឡាយ បន្ទោសព្រះអានន្ទថា ជាន់សំពត់វស្សិកសាដករបស់ព្រះមានព្រះភាគ ហើយដេរ១ រឿងព្រះថេរៈទាំងឡាយ បន្ទោសព្រះអានន្ទថា ឲ្យមាតុគ្រាមថ្វាយបង្គំសរីរៈព្រះមានព្រះភាគមុនគេ១ រឿងព្រះថេរៈទាំងឡាយ បន្ទោសព្រះអានន្ទថា មិនអារាធនាព្រះមានព្រះភាគ ឲ្យគង់នៅអស់អាយុកប្ប១ រឿងព្រះថេរៈទាំងឡាយ បន្ទោសព្រះអានន្ទថា សូមបព្វជ្ជាដល់មាតុគ្រាម១ រឿងព្រះអានន្ទទទួលថា អំពើអាក្រក់របស់ខ្ញុំគ្មានទេ ខ្ញុំទទួលដោយសេចក្តីជឿលោកម្ចាស់ទាំងឡាយ១។ រឿងបុរាណត្ថេរ១ រឿងដាក់ព្រហ្មទណ្ឌដល់ឆន្នភិក្ខុ១ រឿងពួកព្រះមហេសីនៅក្នុងឧទ្យាន ជាមួយនឹងព្រះបាទឧទេន១ រឿងព្រះបាទឧទេន ពោលទោសព្រះអានន្ទថា ទទួលចីវរច្រើនដល់ម្ល៉ោះ១ រឿងព្រះបាទឧទេន សួរព្រះអានន្ទអំពីចីវរទុព្វភាព១ រឿងព្រះអានន្ទឆ្លើយថា ចីវរទុព្វភាពនោះ យកទៅធ្វើជាកម្រាលគ្រែ ជាស្រោមពូក ជាកម្រាលផែនដី ជាសំពត់ជូតជើង ជាសំពត់ជូតធូលី ទាំងលាយដោយភក់ បូកលាបជញ្ជាំង១ រឿងចីវរ១ពាន់កើតឡើងដល់ព្រះអានន្ទជាដំបូង១។ រឿងឆន្នភិក្ខុ ដែលសង្ឃដាក់ទោស ដោយព្រហ្មទណ្ឌហើយ បានត្រាស់ដឹងនូវសច្ចៈទាំងបួន១។ រឿងព្រះថេរៈ ជាអ្នកស្ទាត់ជំនាញចំនួន៥០០អង្គ ក្នុងការសង្គាយនាធម៌ និងវិន័យ ព្រោះហេតុនោះ ការសង្គាយនានោះឈ្មោះថា បញ្ចសតិកសង្គាយនា១។

សត្តសតិកក្ខន្ធកៈ (ទី១២)

(១២. សត្តសតិកក្ខន្ធកំ)

(បឋមភាណវារៈ ទី១)

(១. បឋមភាណវារោ)

[២៩៤] សម័យនោះឯង កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វានទៅបាន១០០ឆ្នាំ ពួកវជ្ជីបុត្តកភិក្ខុ29) នៅក្នុងក្រុងវេសាលី សំដែងវត្ថុ១០ប្រការ ក្នុងក្រុងវេសាលីថា ការកំណត់ដោយអម្បិលក្នុងក្លាក់ គួរ (ដល់សមណៈ)១ ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេទៅ ប្រមាណពីរធ្នាប់ គួរ១ ការកំណត់ដោយចន្លោះស្រុក គួរ១ ការកំណត់ដោយអាវាស គួរ១ ការកំណត់ដោយអនុមតិ30) គួរ១ ការកំណត់ដោយអាចិណ្ណកប្ប (ប្រពៃណី) គួរ១ ការកំណត់ដោយទឹកដោះ ដែលមិនទាន់ជូរ គួរ១ ការផឹកនូវសុរាឆៅ គួរ១ និសីទនៈ ដែលមិនមានជាយ គួរ១ មាស និងប្រាក់គួរ១។

[២៩៥] សម័យនោះឯង ព្រះយសកាកណ្ឌកបុត្ត31) មានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងដែនវជ្ជី ហើយក៏បានទៅដល់ក្រុងវេសាលី។ បានឮថា ព្រះយសកាកណ្ឌកបុត្តមានអាយុ នៅក្នុងកូដាគារសាលា ព្រៃមហាវ័ន ជិតក្រុងវេសាលីនោះ។

[២៩៦] សម័យនោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី បានដងទឹកដាក់ពេញភាជន៍សំរឹទ្ធ ហើយយកទៅតំកល់ទុក ក្នុងកណ្តាលភិក្ខុសង្ឃ ក្នុងថ្ងៃឧបោសថនោះ ហើយពោលពាក្យយ៉ាងនេះ ចំពោះពួកឧបាសកនៅក្នុងក្រុងវេសាលី ដែលមកទាំងអស់ថា ហៃអ្នកមានអាយុទាំងឡាយ ចូរអ្នកទាំងឡាយប្រគេនគហាបណៈមួយក្តី កន្លះកហាបណៈក្តី មួយបាទក្តី មាសករូបមួយក្តី ដល់សង្ឃចុះ សង្ឃមុខជានឹងមានកិច្ចដោយបរិក្ខារមិនខាន។ កាលដែលពួកវជ្ជីបុត្តកភិក្ខុពោលយ៉ាងនេះហើយ ទើបព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏ពោលដូច្នេះ នឹងពួកឧបាសកអ្នកនៅក្នុងក្រុងវេសាលីថា នែអ្នកមានអាយុទាំងឡាយ អ្នកទាំងឡាយ កុំប្រគេនកហាបណៈមួយក្តី កន្លះកហាបណៈក្តី បាទមួយក្តី មាសករូបមួយក្តី ដល់សង្ឃឡើយ ព្រោះមាស និងប្រាក់ មិនគួរដល់សមណៈ ជាសក្យបុត្តិយ៍ទេ ពួកសមណៈ ជាសក្យបុត្តិយ៍ មិនត្រេកអរ មិនកាន់មាស និងប្រាក់ទេ ពួកសមណៈ ជាសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញ ហើយប្រាសចាក គឺថាលែងរវល់ ដោយមាសនិងប្រាក់ហើយ។ ឯពួកឧបាសកដែលនៅក្នុងក្រុងវេសាលី ទុកជាព្រះយសកាកណ្ឌកបុត្តពោលយ៉ាងនេះហើយ ក៏នៅតែប្រគេនកហាបណៈមួយខ្លះ កន្លះកហាបណៈខ្លះ បាទមួយខ្លះ មាសករូបមួយខ្លះ ដល់សង្ឃ។ លំដាប់នោះឯង ពួកវជ្ជីបុត្តកភិក្ខុ អ្នកនៅក្នុងក្រុងវេសាលី លុះកន្លងរាត្រីនោះហើយ (ព្រឹកឡើង) ក៏ចែកប្រាក់នោះ ដាក់ចំណែកមួយៗ ដោយរាប់ចំនួនភិក្ខុ។ ទើបពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី ពោលនឹងព្រះយសកាកណ្ឌកបុត្តមានអាយុថា នែអាវុសោ យស នេះជាចំណែកប្រាក់របស់លោក។ ព្រះយសកាកណ្ឌបុត្តពោលថា ម្នាលអាវុសោទាំងឡាយ ខ្ញុំគ្មានចំណែកនៃប្រាក់ទេ ព្រោះខ្ញុំមិនត្រេកអរនឹងប្រាក់ទេ។

[២៩៧] គ្រានោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី ពោលថា នែអាវុសោទាំងឡាយ ព្រះយសកាកណ្ឌកបុត្តនេះ ជេរគម្រាម ធ្វើនូវការរុករាន បណ្តេញពួកឧបាសកដែលមានសទ្ធាជ្រះថ្លា បើដូច្នោះ យើងរាល់គ្នាធ្វើបដិសារណីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ។ ពួកវជ្ជីបុត្តកភិក្ខុនោះ បានធ្វើបដិសារណីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ។ គ្រានោះឯង ព្រះយសកាកណ្ឌកបុត្តមានអាយុ បានពោលពាក្យនេះ នឹងពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តថា សង្ឃត្រូវឲ្យអនុទូតដល់ភិក្ខុដែលសង្ឃធ្វើបដិសារណីយកម្មហើយ ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយឲ្យភិក្ខុជាអនុទូតដល់ខ្ញុំ។ លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីបានសន្មតភិក្ខុមួយរូប ឲ្យជាអនុទូត ដល់ព្រះយសកាកណ្ឌកបុត្តដ៏មានអាយុ។ ឯព្រះយសកាកណ្ឌកបុត្តមានអាយុ ចូលទៅក្នុងក្រុងវេសាលី ជាមួយនឹងភិក្ខុជាអនុទូត ហើយក៏ពោលពាក្យដូច្នេះនឹងឧបាសក ដែលនៅក្នុងក្រុងវេសាលីថា អាត្មាគ្រាន់តែពោលនូវសភាវៈ មិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាជាធម៌ ពោលនូវសភាវៈមិនមែនវិន័យ ថាមិនមែនវិន័យ ពោលនូវវិន័យ ថាជាវិន័យ ក៏ត្រឡប់ទៅជាឮពាក្យខ្ចរខ្ចាយថា អាត្មាជេរគម្រាម ធ្វើនូវការរុករាន បណ្តេញពួកឧបាសកដ៏មានអាយុ ដែលមានសទ្ធាជ្រះថ្លាវិញ។

[២៩៨] ម្នាលអ្នកមានអាយុទាំងឡាយ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ម្នាលអ្នកមានអាយុទាំងឡាយ កាលដែលព្រះមានព្រះភាគ គង់នៅៗទីនោះ ព្រះអង្គ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសទាំងឡាយណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ មាន៤យ៉ាង។ ឧបក្កិលេសទាំង៤យ៉ាងនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះ គឺពពក១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះគឺ ទឹកសន្សើមចុះអ័ព្ទ១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះគឺ ផ្សែង និងធូលី១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះគឺ រាហុអសុរិន្ទ្រ១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យនោះ មាន៤យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍ទាំងនេះ ក៏មាន៤យ៉ាងដូច្នោះដែរ។ ឧបក្កិលេសទាំង៤យ៉ាងនោះដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មានសមណៈ និងព្រាហ្មណ៍ពួក១ ផឹកសុរា និងមេរ័យ មិនវៀរចាកកិរិយាផឹកសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះជាដម្បូង ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃមានតទៅទៀត សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សេពមេថុនធម្ម មិនវៀរចាកមេថុនធម្ម ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះជាគំរប់ពីរ ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃមានតទៅទៀត សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ កាន់មាសនិងប្រាក់ មិនវៀរចាកកិរិយាទទួលមាសនិងប្រាក់ ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះជាគំរប់បី ម្នាលភិក្ខុទាំងឡាយ ពាក្យដទៃមានតទៅទៀត សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ មិនវៀរចាកមិច្ឆាជីវៈ ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍នេះ ជាគំរប់បួន ម្នាលភិក្ខុទាំងឡាយ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់សមណៈ និងព្រាហ្មណ៍ មាន៤យ៉ាងនេះឯង។ ម្នាលអ្នកមានអាយុទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ លុះព្រះសុគត ទ្រង់ត្រាស់នូវពាក្យនេះចប់ហើយ លំដាប់នោះ ព្រះសាស្តា ទ្រង់សំដែងដូច្នេះតទៅទៀតថា

[២៩៩]

សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងហើយ ដោយរាគៈ និងទោសៈជាបុរសដែលអវិជ្ជាបិទបាំងហើយ មានសេចក្តីត្រេកអរ ក្នុងរូបជាទីស្រឡាញ់ ផឹកសុរា និងមេរ័យ សេពមេថុនធម្ម មិនដឹងច្បាស់ (នូវទោស) ត្រេកអរចំពោះប្រាក់ និងមាស សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ សមណៈ និងព្រាហ្មណ៍ទាំងឡាយពួក១ សៅហ្មងដោយឧបក្កិលេសទាំងឡាយណា ក៏មិនបរិសុទ្ធ ប្រកបដោយធូលី គឺកិលេស រមែងមិនរុងរឿង មិនភ្លឺ ប្រៀបដូចសត្វម្រឹគ ឧបក្កិលេសទាំងឡាយនុ៎ះ ព្រះពុទ្ធមានផៅពង្សដ៏ខ្ពស់ខ្ពស់ ដូចជាព្រះអាទិត្យ ទ្រង់ត្រាស់សំដែងហើយ (សមណៈ និងព្រាហ្មណ៍ទាំងនោះ) ត្រូវងងឹត គឺអវិជ្ជារួបរឹតហើយ ជាទាសៈនៃតណ្ហា ប្រកបដោយតណ្ហា ដែលដឹកនាំសត្វទៅក្នុងភព តែងញុំាងរាងកាយ ជារបស់គ្រោតគ្រាត ឲ្យចំរើនឡើង ហើយកាន់យកនូវភពថ្មីទៀត។

[៣០០] អាត្មាគ្រាន់តែពោលនូវសភាវៈមិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាជាធម៌ ពោលនូវសភាវៈមិនមែនជាវិន័យ ថាមិនមែនជាវិន័យ ពោលនូវវិន័យ ថាជាវិន័យ អាត្មាគ្រាន់តែពោលយ៉ាងនេះ ក៏ត្រឡប់ជាឮពាក្យខ្ចរខ្ចាយទៅថា អាត្មាជេរគម្រាម ធ្វើនូវការរុករាន បណ្តេញពួកឧបាសកមានអាយុ ដែលមានសទ្ធាជ្រះថ្លាទៅវិញ។

[៣០១] ម្នាលអ្នកមានអាយុទាំងឡាយ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង អន្តរាកថានេះ32) កើតឡើងដល់ជន ដែលអង្គុយប្រជុំគ្នាក្នុងកណ្តាលរាជបរិសទ្យ ក្នុងព្រះបរមរាជវាំងថា មាសនិងប្រាក់គួរដល់ពួកសមណសក្យបុត្តិយ៍ដែរ ពួកសមណសក្យបុត្តិយ៍ត្រេកអរនឹងមាសប្រាក់ដែរ ពួកសមណសក្យបុត្តិយ៍ទទួលមាសប្រាក់ដែរ។ ម្នាលអ្នកមានអាយុទាំងឡាយ សម័យនោះឯង មានបុរសជាធំ គឺនាយចៅហ្វាយម្នាក់ ឈ្មោះមណិចូឡកៈ អង្គុយនៅក្នុងកណ្តាលបរិសទ្យនោះ។ ម្នាលអ្នកមានអាយុទាំងឡាយ លំដាប់នោះ បុរសជាធំ ឈ្មោះមណិចូឡកៈ ពោលពាក្យដូច្នេះ នឹងបរិសទ្យនោះថា បពិត្រអស់លោកទាំងឡាយ អ្នកទាំងឡាយ កុំពោលយ៉ាងនេះឡើយ មាសនិងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរដោយមាសនិងប្រាក់ទេ មិនទទួលមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញ ហើយប្រាសចាក គឺថា លែងរវល់ដោយមាសនិងប្រាក់ហើយ។ ម្នាលអ្នកមានអាយុទាំងឡាយ បុរសជាធំឈ្មោះមណិចូឡកៈ ក៏មិនអាចនឹងពន្យល់បរិសទ្យនោះបាន។ ម្នាលអ្នកមានអាយុទាំងឡាយ លំដាប់នោះឯង លុះបុរសជាធំឈ្មោះមណិចូឡកៈ ពន្យល់បរិសទ្យនោះរួចហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ម្នាលអាវុសោទាំងឡាយ លុះបុរសជាធំឈ្មោះមណិចូឡកៈ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អន្តរាកថានេះ កើតឡើងដល់ពួកជន ដែលអង្គុយប្រជុំគ្នា ក្នុងរាជបរិសទ្យ ក្នុងព្រះបរមរាជវាំងនេះថា មាសនិងប្រាក់គួរដល់ពួកសមណសក្យបុត្តិយ៍ដែរ ពួកសមណសក្យបុត្តិយ៍ ត្រេកអរនឹងមាសប្រាក់ដែរ ពួកសមណសក្យបុត្តិយ៍ ទទួលមាសនិងប្រាក់ដែរ បពិត្រព្រះអង្គដ៏ចំរើន កាលដែលពួកបរិសទ្យនោះពោលយ៉ាងនេះ ខ្ញុំព្រះអង្គ ក៏ពោលពាក្យដូច្នេះ នឹងបរិសទ្យនោះវិញថា បពិត្រអស់លោកទាំងឡាយ អ្នកទាំងឡាយ កុំពោលពាក្យយ៉ាងនេះឡើយ មាសនិងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរនឹងមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញហើយ ប្រាសចាក គឺថា លែងរវល់ដោយមាសនិងប្រាក់ហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនអាចនឹងពន្យល់បរិសទ្យនោះបានទេ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គព្យាករ (ដោះស្រាយ) យ៉ាងនេះ ឈ្មោះថា ជាអ្នកពោលត្រូវតាមបន្ទូល នៃព្រះមានព្រះភាគផង មិនពោលបង្កាច់នូវព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ពាក្យពោលតូចធំណាមួយ ដែលប្រកបដោយធម៌ មិនមកកាន់ស្ថានដែលបណ្ឌិតគប្បីតិះដៀលផង បានដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា អើ ម្នាលអ្នកជាធំ អ្នកព្យាករយ៉ាងនេះ ឈ្មោះថា ជាអ្នកពោលត្រូវតាមពាក្យតថាគតផង មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ពាក្យពោលតូចធំណាមួយ ដែលប្រកបដោយធម៌ មិនបានមកកាន់ស្ថាន ដែលបណ្ឌិតគប្បីតិះដៀលផង នែអ្នកជាធំ មាសនិងប្រាក់ មិនគួរដល់ពួកសមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរនឹងមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលមាសប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសចេញហើយ ប្រាសចាក គឺថា លែងរវល់ ដោយមាសនិងប្រាក់ហើយ នែអ្នកជាធំ មាសនិងប្រាក់ គួរដល់បុគ្គលណា កាមគុណទាំង៥ ក៏គួរដល់បុគ្គលនោះដែរ កាមគុណទាំង៥ គួរដល់បុគ្គលណា មាសនិងប្រាក់ ក៏គួរដល់បុគ្គលនោះដែរ នែអ្នកជាធំ អ្នកគប្បីចាំទុកនូវការសំរេចនៃកាមគុណទាំង៥នេះ ដោយពិតថា មិនមែនជាធម៌របស់សមណៈ មិនមែនជាធម៌របស់សក្យបុត្តិយ៍ទេ ម្នាលអ្នកជាធំ ម្យ៉ាងវិញទៀត តថាគតពោលយ៉ាងនេះថា បុគ្គលអ្នកត្រូវការដោយស្មៅ គប្បីស្វែងរកស្មៅ បុគ្គលអ្នកត្រូវការដោយឈើ គប្បីស្វែងរកឈើ បុគ្គលអ្នកត្រូវការដោយរទេះ គប្បីស្វែងរករទេះ បុរសត្រូវការដោយបុរស គប្បីស្វែងរកបុរស ម្នាលអ្នកជាធំ តថាគតមិនធ្លាប់បានពោលថា សមណៈ គប្បីត្រេកអរនឹងមាសប្រាក់ គប្បីស្វែងរកមាសប្រាក់ដូច្នេះ ដោយបរិយាយណាមួយឡើយ អាត្មាគ្រាន់តែពោលនូវសភាវៈ មិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាជាធម៌ ពោលនូវសភាវៈមិនមែនជាវិន័យ ថាមិនមែនជាវិន័យ ពោលនូវវិន័យ ថាវិន័យ អាត្មាគ្រាន់តែពោលយ៉ាងនេះ ក៏ត្រឡប់ជាឮពាក្យខ្ចរខ្ចាយទៅថា អាត្មាជេរគម្រាម ធ្វើការរុករាន បណ្តេញពួកឧបាសកមានអាយុ ដែលមានសទ្ធាជ្រះថ្លាទៅវិញ។

[៣០២] ម្នាលអាវុសោទាំងឡាយ សម័យមួយ ព្រះមានព្រះភាគទ្រង់ប្រារព្ធនឹងព្រះឧបនន្ទសក្យបុត្តដ៏មានអាយុ ទ្រង់ហាមមាសនិងប្រាក់ ហើយបញ្ញត្តិសិក្ខាបទ ក្នុងនគររាជគ្រឹះ។ អាត្មាគ្រាន់តែពោលនូវសភាវៈ មិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាធម៌ ពោលនូវសភាវៈមិនមែនជាវិន័យ ថាមិនមែនវិន័យ ពោលនូវវិន័យ ថាវិន័យ អាត្មាគ្រាន់តែពោលយ៉ាងនេះ ក៏ត្រឡប់ជាឮពាក្យខ្ចរខ្ចាយទៅថា អាត្មាជេរគម្រាម ធ្វើការរុករាន បណ្តេញពួកឧបាសកមានអាយុ ដែលមានសទ្ធាជ្រះថ្លាទៅវិញ។ កាលដែលព្រះយសកាកណ្ឌកបុត្តពោលយ៉ាងនេះហើយ ពួកឧបាសកដែលនៅក្នុងក្រុងវេសាលី ក៏នាំគ្នាពោលពាក្យដូច្នេះ នឹងព្រះយសកាកណ្ឌកបុត្តដ៏មានអាយុថា បពិត្រព្រះករុណាដ៏ចំរើន មានតែលោកម្ចាស់យសកាកណ្ឌកបុត្តមួយទេ ជាសមណសក្យបុត្តិយ៍ ឯភិក្ខុទាំងអស់នេះ សុទ្ធតែមិនមែនជាសមណៈ មិនមែនជាសក្យបុត្តិយ៍ឡើយ បពិត្រព្រះករុណាដ៏ចំរើន សូមព្រះយសកាកណ្ឌកបុត្តជាម្ចាស់ គង់នៅក្រុងវេសាលីចុះ យើងទាំងឡាយនឹងធ្វើសេចក្តីខ្វល់ខ្វាយដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានបច្ច័យភេសជ្ជបរិក្ខារ ដល់ព្រះយសកាកណ្ឌកបុត្តជាម្ចាស់។ គ្រានោះឯង ព្រះយសកាកណ្ឌកបុត្តមានអាយុ លុះពន្យល់ពួកឧបាសក ដែលនៅក្នុងក្រុងវេសាលីហើយ ក៏ទៅកាន់អារាមជាមួយនឹងភិក្ខុអនុទូតវិញ។

[៣០៣] លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី សួរភិក្ខុជាអនុទូតថា ម្នាលអាវុសោ ព្រះយសកាកណ្ឌកបុត្ត បានសូមខមាទោសនឹងពួកឧបាសក ដែលនៅក្នុងក្រុងវេសាលីហើយឬ។ ភិក្ខុជាអនុទូតនោះពោលថា ម្នាលអាវុសោទាំងឡាយ អំពើអាក្រក់ ពួកយើងបានធ្វើហើយ ពួកឧបាសកធ្វើ គឺថា គេជឿព្រះយសកាកណ្ឌកបុត្តតែមួយ ថាជាសមណសក្យបុត្តិយ៍ ឯពួកយើងទាំងអស់ ឧបាសកធ្វើ គឺគេទុកដាក់ថា មិនមែនជាសមណៈ មិនមែនជាសក្យបុត្តិយ៍ទៅវិញ។ លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី និយាយគ្នាថា ម្នាលអាវុសោទាំងឡាយ ព្រះយសកាកណ្ឌកបុត្តនេះ យើងទាំងឡាយមិនបានសន្មតឲ្យ ក៏ទៅប្រកាសប្រាប់ដល់ពួកគ្រហស្ថ បើដូច្នោះ គួរតែយើងធ្វើឧក្ខេបនីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ។ ពួកវជ្ជីបុត្តកភិក្ខុទាំងនោះ ប៉ងនឹងធ្វើឧក្ខេបនីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្តនោះ ក៏ប្រជុំគ្នា។ គ្រានោះឯង ព្រះយសកាកណ្ឌកបុត្តមានអាយុ ហោះឡើងទៅឰដ៏អាកាស ហើយទៅចុះត្រង់ក្រុងកោសម្ពី។ លំដាប់នោះ ព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏បញ្ជូនទូតឲ្យទៅកាន់សំណាក់ពួកបាឋេយ្យកភិក្ខុ (ភិក្ខុនៅក្នុងដែនបាឋេយ្យ)ផង និងពួកអវន្តិទក្ខិណាបថកភិក្ខុផងថា ចូរលោកមានអាយុទាំងឡាយនាំគ្នាមក យើងទាំងឡាយនឹងកាន់យក គឺថា នឹងជម្រះនូវអធិករណ៍នេះចេញ តំណទៅមុខ ធម៌ជាអកុសលនឹងរុងរឿងឡើង ធម៌ជាកុសល នឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យនឹងរុងរឿងឡើង វិន័យ នឹងសាបសូន្យទៅ តំណទៅមុខ ពួកបុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ ពួកបុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។

[៣០៤] សម័យនោះឯង ព្រះសម្ភូតសាណវាសីមានអាយុ នៅអាស្រ័យលើភ្នំឈ្មោះអហោគង្គ។ គ្រានោះ ព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏ចូលទៅរកព្រះសម្ភូតសាណវាសីមានអាយុ ឯភ្នំឈ្មោះអហោគង្គ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសម្ភូតសាណវាសីមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះយសកាកណ្ឌកបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ពោលពាក្យដូច្នេះ នឹងព្រះសម្ភូតសាណវាសីដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីនេះ សំដែងនូវវត្ថុ១០ប្រការ ក្នុងក្រុងវេសាលីថា ការកំណត់ដោយអម្បិលក្នុងក្លាក់ គួរ (ដល់សមណៈ) ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់ គួរ ការកំណត់ដោយចន្លោះស្រុក គួរ ការកំណត់ដោយអាវាស គួរ ការកំណត់ដោយអនុមតិ គួរ ការកំណត់ដោយអាចិណ្ណៈ (ប្រពៃណី) គួរ ការកំណត់ដោយទឹកដោះ ដែលមិនទាន់ជូរ គួរ ការផឹកនូវសុរាឆៅ គួរ និសីទនៈ ដែលមិនមានជាយ គួរ មាស និងប្រាក់គួរ បពិត្រលោកម្ចាស់ដ៏ចំរើន បើដូច្នោះ គួរយើងទាំងឡាយ ជម្រះអធិករណ៍នេះចេញ តំណទៅមុខ ធម៌ជាអកុសល នឹងរុងរឿងឡើង ធម៌ជាកុសល នឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យ នឹងរុងរឿងឡើង វិន័យ នឹងសាបសូន្យទៅ តំណទៅមុខ ពួកបុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ ពួកបុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។ ព្រះសម្ភូតសាណវាសីមានអាយុ ក៏ទទួលពាក្យនៃព្រះយសកាកណ្ឌកបុត្តមានអាយុថា យ៉ាងហ្នឹងហើយអាវុសោ។ គ្រានោះឯង ពួកបាឋេយ្យកភិក្ខុប្រមាណ៦០រូប សុទ្ធតែជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ សុទ្ធតែជាព្រះអហរន្ត ប្រជុំគ្នានៅលើភ្នំ ឈ្មោះអហោគង្គ។ ឯពួកអវន្តិទក្ខិណាបថកភិក្ខុ ប្រមាណ៨០រូប ពួកខ្លះ ជាអ្នកប្រព្រឹត្តអារញ្ញកធុតង្គ ពួកខ្លះជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ពួកខ្លះជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ ពួកខ្លះជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ សុទ្ធតែជាព្រះអហរន្ត ប្រជុំគ្នានៅលើភ្នំឈ្មោះអហោគង្គដែរ។

[៣០៥] គ្រាកាលដែលភិក្ខុជាថេរៈទាំងឡាយ កំពុងប្រឹក្សា មានសេចក្តីត្រិះរិះដូច្នេះថា អធិករណ៍នេះឯង រឹងរូសណាស់ សាហាវណាស់ យើងទាំងឡាយ គប្បីជាបុគ្គលមានកំឡាំងក្លៀវក្លាក្នុងអធិករណ៍នេះ ដោយបក្ខពួកណា ធ្វើដូចម្តេច យើងទាំងឡាយ គប្បីបានបក្ខពួកនោះឡើង។ សម័យនោះឯង ព្រះរេវតមានអាយុ នៅអាស្រ័យក្នុងនគរសោរេយ្យ លោកជាពហុសូត្រ ចេះចាំក្នុងគម្ពីរនិកាយ ហើយទ្រទ្រង់នូវធម៌ ទ្រទ្រង់នូវវិន័យ ទ្រទ្រង់នូវមាតិកា ជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នានូវសិក្ខា។ លំដាប់នោះ ភិក្ខុជាថេរៈទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះរេវតមានអាយុនេះឯង នៅអាស្រ័យក្នុងនគរសោរេយ្យ លោកជាពហុសូត្រ ចេះចាំក្នុងគម្ពីរនិកាយ ហើយទ្រទ្រង់នូវធម៌ ទ្រទ្រង់នូវវិន័យ ទ្រទ្រង់នូវមាតិកា ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នានូវសិក្ខា បើយើងទាំងឡាយបានព្រះរេវតមានអាយុ មកជាបក្ខពួក មុខជាយើងទាំងឡាយ មានកំឡាំងក្លៀវក្លា ក្នុងអធិករណ៍នេះ ដោយប្រការដូច្នេះ។ កាលដែលភិក្ខុជាថេរៈទាំងឡាយកំពុងប្រឹក្សាគ្នា ឯព្រះរេវតមានអាយុ ក៏បានឮច្បាស់ដោយសោតធាតុ ដូចជាទិព្វ ស្អាតបរិសុទ្ធ កន្លងបង់នូវសោតធាតុជារបស់នៃមនុស្សធម្មតា លុះឮហើយ លោកមានសេចក្តីរិះគិតដូច្នេះថា អធិករណ៍នេះ រឹងរូសណាស់ សាហាវណាស់ បើអាត្មាអញ ក្រាញនៅក្នុងអធិករណ៍ដូច្នេះ ហេតុនោះ មិនសមគួរដល់អាត្មាអញឡើយ មួយទៀត ភិក្ខុទាំងឡាយនោះ នឹងនាំគ្នាមកឥឡូវនេះមិនខាន អាត្មាអញសោត បើនៅច្រឡូកច្រឡំដោយភិក្ខុទាំងឡាយនោះ មុខជានៅមិនបានសេចក្តីសប្បាយឡើយ បើដូច្នោះ គួរអាត្មាអញទៅជាមុនឲ្យហើយ។ លំដាប់នោះ ព្រះរេវតមានអាយុ ក៏ចេញអំពីនគរសោរេយ្យ ទៅកាន់នគរសង្ក័ស្ស។ គ្រានោះឯង ភិក្ខុជាថេរៈទាំងឡាយ ក៏នាំគ្នាទៅកាន់នគរសោរេយ្យ ហើយសួររកថា ព្រះរេវតមានអាយុនៅក្នុងទីណា។ មនុស្សទាំងនោះពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ លោកទៅកាន់នគរសង្ក័ស្សហើយ។ គ្រានោះ ព្រះរេវតមានអាយុ ក៏ចេញអំពីនគរសង្ក័ស្ស ហើយទៅកាន់នគរកណ្ណកុជ្ជទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ ក៏នាំគ្នាទៅកាន់នគរសង្ក័ស្ស ហើយសួររកថា ព្រះរេវតមានអាយុ លោកនៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ លោកទៅកាន់នគរកណ្ណកុជ្ជហើយ។ គ្រានោះឯង ព្រះរេវតមានអាយុ ចេញអំពីនគរកណ្ណកុជ្ជ ហើយទៅកាន់នគរឧទុម្ពរទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ នាំគ្នាទៅកាន់នគរកណ្ណកុជ្ជ ហើយសួររកថា ព្រះរេវតមានអាយុ លោកនៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ លោកនិមន្តទៅកាន់នគរឧទុម្ពរហើយ។ គ្រានោះឯង ព្រះរេវតមានអាយុ ចេញអំពីនគរឧទុម្ពរ ហើយទៅកាន់នគរអគ្គឡបុរៈទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ នាំគ្នាទៅកាន់នគរឧទុម្ពរ ហើយសួររកថា ព្រះរេវតមានអាយុ នៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ ទៅកាន់នគរអគ្គឡបុរៈហើយ។ គ្រានោះ ព្រះរេវតមានអាយុ ចេញអំពីនគរអគ្គឡបុរៈ ហើយទៅកាន់នគរសហជាតិទៀត។ ទើបភិក្ខុជាថេរៈទាំងឡាយ នាំគ្នាទៅកាន់នគរអគ្គឡបុរៈ ហើយសួររកថា ព្រះរេវតដ៏មានអាយុ នៅក្នុងទីណា។ មនុស្សទាំងនោះ ពោលយ៉ាងនេះថា ព្រះរេវតមានអាយុនុ៎ះ ទៅកាន់នគរសហជាតិហើយ។ លំដាប់នោះ ភិក្ខុជាថេរៈទាំងឡាយ ក៏បានទៅជួបនឹងព្រះរេវតមានអាយុ ក្នុងនគរសហជាតិ។

[៣០៦] គ្រានោះឯង ព្រះសម្ភូតសាណវាសីមានអាយុ បានពោលពាក្យដូច្នេះ ទៅនឹងព្រះយសកាកណ្ឌកបុត្តមានអាយុថា ម្នាលអាវុសោ ព្រះរេវតមានអាយុនេះហើយ ដែលជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់នូវធម៌ ទ្រទ្រង់នូវវិន័យ ទ្រទ្រង់នូវមាតិកា ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នាក្នុងសិក្ខា បើយើងទាំងឡាយ សួរប្រស្នានឹងព្រះរេវតមានអាយុ ព្រះរេវតមានអាយុអាចធ្វើឲ្យរាត្រីទាំងអស់កន្លងទៅដោយប្រស្នាតែ១ប៉ុណ្ណោះបាន ប៉ុន្តែឥឡូវនេះ ព្រះរេវតមានអាយុ នឹងបង្គាប់ភិក្ខុជាកូនសិស្ស ឲ្យជាអ្នកពោលនូវសរភ័ញ្ញ (ពោលដោយសំឡេង) កាលបើចប់សរភ័ញ្ញ របស់ភិក្ខុនោះហើយ លោកគប្បីចូលទៅជិតព្រះរេវតមានអាយុ ហើយសួរនូវវត្ថុទាំង១០ប្រការនេះចុះ។ ឯព្រះយសកាកណ្ឌកបុត្តមានអាយុ ក៏ទទួលពាក្យនៃព្រះសម្ភូតសាណវាសីមានអាយុថា អើលោកម្ចាស់។ គ្រានោះ ព្រះរេវតមានអាយុ ក៏បង្គាប់ភិក្ខុជាកូនសិស្ស ឲ្យជាអ្នកពោលនូវសរភ័ញ្ញ។ លំដាប់នោះ ព្រះយសកាកណ្ឌកបុត្តមានអាយុ កាលបើចប់សរភ័ញ្ញរបស់ភិក្ខុនោះហើយ ក៏ចូលទៅរកព្រះរេវតមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះរេវតមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះយសកាកណ្ឌកបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួររួចហើយ ក៏និយាយពាក្យនេះ នឹងព្រះរេវតមានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអំបិលក្នុងក្លាក់ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអំបិលក្នុងក្លាក់នោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុរក្សានូវអំបិលដោយក្លាក់ ដោយគិតថា វត្ថុសាបនឹងមានកាលណា យើងនឹងឆាន់ក្នុងកាលនោះដូច្នេះ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយស្រមោលនៃព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់នោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ស្រមោលព្រះអាទិត្យ កន្លងទៅប្រមាណពីរធ្នាប់ ភិក្ខុឆាន់ភោជនក្នុងវេលាវិកាល គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយចន្លោះស្រុក គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយចន្លោះស្រុកនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុដែលឆាន់រួចហើយ ហាមភោជនហើយ គិតថា អញនឹងទៅកាន់ចន្លោះស្រុកឥឡូវនេះ ហើយឆាន់អនតិរិត្តភោជន គឺភោជនដែលមិនបានធ្វើវិនយកម្ម ឬភោជនមិនមែនសល់ដែលអំពីភិក្ខុឈឺ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាវាស គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអាវាសនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន អាវាសច្រើននៅក្នុងសីមាជាមួយគ្នា ភិក្ខុធ្វើឧបោសថកម្មផ្សេងៗគ្នា គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអនុមតិ33) គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអនុមតិនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន សង្ឃជាពួកធ្វើសង្ឃកម្ម ដោយគិតថា យើងទាំងឡាយ នឹងឲ្យពួកភិក្ខុដែលមកដល់ យល់ព្រម ឬត្រេកអរជាខាងក្រោយ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាចិណ្ណៈ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុប្រព្រឹត្ត ដោយគិតថា អំពើនេះ ព្រះឧបជ្ឈាយ៍របស់យើង ធ្លាប់ប្រព្រឹត្តមកហើយ អំពើនេះ អាចារ្យរបស់យើងធ្លាប់ប្រព្រឹត្តមកហើយ ដូច្នេះ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈ គួរខ្លះ មិនគួរខ្លះ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ទឹកដោះស្រស់ណា ដែលលះបង់ភាពជាទឹកដោះស្រស់ទៅហើយ តែនៅមិនទាន់ដល់នូវភាពជាទឹកដោះជូរនៅឡើយ ភិក្ខុឆាន់ហើយ ហាមភោជនហើយ ផឹកទឹកដោះដែលជាអនតិរិត្តនោះ គឺភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនជារបស់សល់ដែលអំពីភិក្ខុឈឺ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុផឹកសុរា គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ សុរាឆៅនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន សុរាណាដែលខ្សោយ34) មិនទាន់ដល់នូវភាពជាទឹកស្រវឹងនៅឡើយ ភិក្ខុផឹកសុរានោះ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន និសីទនៈ ដែលមិនមានជាយ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន មាសនិងប្រាក់ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ទើបព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីទាំងនេះ សំដែងវត្ថុទាំង១០ប្រការនេះ ក្នុងក្រុងវេសាលី បពិត្រលោកម្ចាស់ដ៏ចំរើន បើដូច្នោះ គួរតែយើងរាល់គ្នា ជម្រះនូវអធិករណ៍នេះចេញ តំណទៅមុខ ធម៌ជាអកុសលនឹងរុងរឿងឡើង ធម៌ជាកុសល នឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យ នឹងរុងរឿងឡើង វិន័យ នឹងសាបសូន្យទៅ តំណទៅមុខ បុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង បុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ បុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង បុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។ ឯព្រះរេវតមានអាយុ ទទួលពាក្យព្រះយសកាកណ្ឌកបុត្តមានអាយុថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ។

ចប់ ភាណវារៈ ទី១។

(ទុតិយភាណវារៈ ទី២)

(២. ទុតិយភាណវារោ)

[៣០៧] ឯពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី បានឮដំណឹងថា ព្រះយសកាកណ្ឌកបុត្ត ប្រាថ្នានឹងជម្រះនូវអធិករណ៍នេះ ខំស្វែងរកបក្ខពួក ក៏ឮថា ឥឡូវនេះ បានបក្ខពួកហើយ។ គ្រានោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី មានសេចក្តីរិះគិតដូច្នេះថា អធិករណ៍នេះរឹងរូសណាស់ សាហាវណាស់ យើងទាំងឡាយគប្បីជាបុគ្គលមានកំឡាំងក្លៀវក្លាក្នុងអធិករណ៍នេះ ដោយបក្ខពួកណា ធ្វើដូចម្តេច យើងទាំងឡាយគប្បីបាននូវបក្ខពួកនោះឡើង។ លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី មានសេចក្តីរិះគិតឃើញដូច្នេះថា ព្រះរេវតមានអាយុនេះឯង លោកជាពហុសូត្រ ចេះចាំក្នុងគម្ពីរនិកាយ ជាអ្នកទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នានូវសិក្ខា បើយើងទាំងឡាយបាននូវព្រះរេវតមានអាយុជាបក្ខពួកហើយ យើងទាំងឡាយនឹងមានកំឡាំងក្លៀវក្លា ក្នុងអធិករណ៍នេះ ដោយអាការយ៉ាងនេះមិនខាន។ ទើបពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី នាំគ្នាចាត់ចែងគ្រឿងបរិក្ខាររបស់សមណៈជាច្រើនគឺ បាត្រផង ចីវរផង សំពត់និសីទនៈផង បំពង់ម្ជុលផង វត្ថពន្ធចង្កេះផង សំពត់តម្រងទឹកផង ធម្មក្រកផង។ គ្រានោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី នាំគ្នាយកគ្រឿងបរិក្ខារជារបស់សមណៈនោះ ហើយជិះទូកឆ្លងឡើងទៅកាន់នគរសហជាតិ លុះចុះអំពីទុកហើយ ក៏ឈប់ ធ្វើភត្តកិច្ចក្រោមម្លប់ដើមឈើ១។

[៣០៨] គ្រានោះ ព្រះសាឡ្ហៈមានអាយុ ទៅកាន់ទីស្ងាត់សម្ងំ នៅក្នុងព្រះកម្មដ្ឋាន មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា ពួកភិក្ខុណាហ្ន៎ ដែលជាធម្មវាទី ពួកភិក្ខុអ្នកនៅខាងបាចីនទិស (ទិសខាងកើត) ឬថា ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ។ គ្រាកាលដែលព្រះសាឡ្ហៈមានអាយុ ពិចារណានូវធម៌ និងវិន័យ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ពួកភិក្ខុដែលនៅខាងបាចីនទិស ជាអធម្មវាទី ឯពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាធម្មវាទី។ លំដាប់នោះ ទេវតាមួយអង្គ នៅក្នុងពួកសុទ្ធាវាសព្រហ្ម បានដឹងនូវសេចក្តីត្រិះរិះក្នុងចិត្តរបស់ព្រះសាឡ្ហៈមានអាយុ ដោយចិត្តរបស់ខ្លួនហើយ ក៏ចុះអំពីឋានទេវលោកជាន់សុទ្ធាវាស មកប្រាកដក្នុងទីចំពោះមុខ នៃព្រះសាឡ្ហៈមានអាយុ ដោយរហ័សភ្លាម ប្រៀបដូចជាបុរស ដែលមានកំឡាំង លាចេញនូវដើមដៃ ដែលខ្លួនបត់ចូល ឬថា បត់ចូលនូវដើមដៃ ដែលខ្លួនលាចេញ។ ទើបទេវតានោះ ពោលពាក្យនេះ នឹងព្រះសាឡ្ហៈមានអាយុថា បពិត្រលោកម្ចាស់សាឡ្ហៈដ៏ចំរើន សេចក្តីត្រិះរិះរបស់លោកម្ចាស់ ប្រពៃណាស់ហើយ ពួកភិក្ខុដែលនៅខាងបាចីនទិស ជាអធម្មវាទី ឯពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាធម្មវាទី បពិត្រលោកម្ចាស់សាឡ្ហៈដ៏ចំរើន បើដូច្នោះ ធម៌យ៉ាងណា សូមលោកម្ចាស់ឋិតនៅយ៉ាងនោះចុះ។ ព្រះសាឡ្ហៈពោលថា ម្នាលទេវតា កាលពីដើមក្តី ឥឡូវនេះក្តី ធម៌យ៉ាងណា អាត្មាឋិតនៅយ៉ាងនោះ ប៉ុន្តែអាត្មាមិនទាន់ធ្វើឲ្យជាក់ច្បាស់នូវទិដ្ឋិ គឺសេចក្តីយល់ សេចក្តីចូលចិត្តនៅឡើយ ធ្វើដូចម្តេច គប្បីឲ្យសង្ឃសន្មតអាត្មាក្នុងអធិករណ៍នេះឯង។

[៣០៩] គ្រានោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី នាំគ្នាកាន់យកនូវគ្រឿងបរិក្ខារ ជារបស់សមណៈនោះ ហើយចូលទៅរកព្រះរេវតមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យដូច្នេះ នឹងព្រះរេវតមានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះថេរៈជាម្ចាស់ ទទួលយកនូវបរិក្ខារជារបស់សមណៈ គឺបាត្រផង ចីវរផង សំពត់និសីទនៈផង បំពង់ម្ជុលផង វត្ថពន្ធចង្កេះផង សំពត់តម្រងទឹកផង ធម្មក្រកផង។ ព្រះរេវតមិនប្រាថ្នានឹងទទួលដោយពាក្យថា ម្នាលអាវុសោទាំងឡាយ កុំឡើយ ខ្ញុំមានត្រៃចីវរគ្រប់គ្រាន់ហើយ។ សម័យនោះឯង មានភិក្ខុ១រូប ឈ្មោះឧត្តរៈ បួសបាន២០វស្សា ជាឧបដ្ឋាករបស់ព្រះរេវតមានអាយុ។ លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី ក៏ចូលទៅរកព្រះឧត្តរៈមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យដូច្នេះនឹងព្រះឧត្តរៈមានអាយុ ព្រះឧត្តរៈមានអាយុ ចូរទទួលយកគ្រឿងបរិក្ខារជារបស់សមណៈ គឺបាត្រផង ចីវរផង សំពត់និសីទនៈផង បំពង់ម្ជុលផង វត្ថពន្ធចង្កេះផង សំពត់តម្រងទឹកផង ធម្មក្រកផង។ ព្រះឧត្តរៈមិនប្រាថ្នានឹងទទួលដោយពាក្យថា ម្នាលអាវុសោទាំងឡាយ កុំឡើយ ខ្ញុំមានត្រៃចីវរគ្រប់គ្រាន់ហើយ។ ពួកវជ្ជីបុត្តកភិក្ខុ ពោលអង្វរថា ម្នាលព្រះឧត្តរៈមានអាយុ មនុស្សទាំងឡាយតែងបង្អោនគ្រឿងបរិក្ខារ ជារបស់សមណៈ ថ្វាយចំពោះព្រះមានព្រះភាគ បើព្រះមានព្រះភាគ ទ្រង់ទទួលយក មនុស្សទាំងនោះ រមែងមានចិត្តត្រេកអរ ដោយការទទួលរបស់ព្រះមានព្រះភាគនោះឯង បើព្រះមានព្រះភាគ មិនទ្រង់ទទួលទេ មនុស្សទាំងនោះ តែងបង្អោនទៅ ដើម្បីព្រះអានន្ទមានអាយុ ដោយពាក្យថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះថេរៈជាម្ចាស់ ទទួលយកគ្រឿងបរិក្ខាជារបស់សមណៈចុះ បរិក្ខារនោះ ក៏ដូចជាព្រះមានព្រះភាគទទួលយកដែរ សូមព្រះឧត្តរៈមានអាយុ ទទួលយកគ្រឿងបរិក្ខារជារបស់សមណៈចុះ បរិក្ខារនោះ ដូចជាព្រះថេរៈបានទទួលយកដែរ។ គ្រានោះ ព្រះឧត្តរៈមានអាយុ កាលបើពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី បង្ខិតបង្ខំ ហើយក៏ទទួលយកតែចីវរ១ ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយត្រូវការដោយពាក្យណា ក៏គប្បីពោលពាក្យនោះចុះ។ ឯពួកវជ្ជីបុត្តកភិក្ខុ ពោលតបវិញថា សូមព្រះឧត្តរៈមានអាយុ ទៅនិយាយពាក្យប៉ុណ្ណេះនឹងព្រះថេរៈថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះថេរៈទៅនិយាយពាក្យប៉ុណ្ណេះ ក្នុងកណ្តាលសង្ឃថា ព្រះពុទ្ធទ្រង់ព្រះភាគ កើតឡើងក្នុងជនបទទាំងឡាយ ដែលតាំងនៅក្នុងទិសខាងកើត ពួកភិក្ខុដែលនៅក្នុងទិសខាងកើត ជាធម្មវាទី ឯពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាអធម្មវាទី។ ព្រះឧត្តរៈមានអាយុ ទទួលពាក្យពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី អើអាវុសោ ហើយក៏ចូលទៅរកព្រះរេវតមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យដូច្នេះ នឹងព្រះរេវតមានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះថេរៈជាម្ចាស់ ទៅពោលពាក្យប៉ុណ្ណេះក្នុងកណ្តាលសង្ឃថា ព្រះពុទ្ធទ្រង់ព្រះភាគ កើតឡើងក្នុងជនបទទាំងឡាយ ដែលតាំងនៅក្នុងទិសខាងកើត ពួកភិក្ខុដែលនៅក្នុងទិសខាងកើត ជាធម្មវាទី ឯពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាអធម្មវាទី។ ព្រះថេរៈពោលតបវិញថា នែភិក្ខុ អ្នកឯងបញ្ចូលយើងទៅក្នុងធម៌ជាអកុសល ថាហើយក៏បណ្តេញព្រះឧត្តរៈមានអាយុចេញទៅ។ គ្រានោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី ពោលសួរដូច្នេះ នឹងព្រះឧត្តរៈមានអាយុថា ម្នាលឧត្តរៈមានអាយុ ព្រះថេរៈនិយាយថា ដូចម្តេចខ្លះ។ ព្រះឧត្តរៈប្រាប់ថា ម្នាលអាវុសោទាំងឡាយ យើងទាំងឡាយ ធ្វើអំពើអាក្រក់ហើយ ព្រះថេរៈពោលថា ម្នាលភិក្ខុ អ្នកឯងបញ្ចូលយើងទៅក្នុងធម៌ជាអកុសល ថាហើយក៏បណ្តេញខ្ញុំចេញមក។ ពួកវជ្ជីបុត្តកភិក្ខុ ពោលថា ម្នាលឧត្តរៈមានអាយុ ក្រែងលោកជាភិក្ខុចាស់ មានវស្សា២០ហើយឬ។ ព្រះឧត្តរៈឆ្លើយថា អើអាវុសោទាំងឡាយ មែនហើយ ប៉ុន្តែយើងទាំងឡាយ កាន់យកនិស្ស័យនឹងលោកជាគ្រូនៅឡើយ។

[៣១០] គ្រានោះ សង្ឃប្រាថ្នានឹងវិនិច្ឆ័យកាត់សេចក្តីអធិករណ៍ ក៏ប្រជុំគ្នា។ លំដាប់នោះ ព្រះរេវតមានអាយុ បានប្រកាសសង្ឃឲ្យដឹងថា ម្នាលអាវុសោ សូមសង្ឃស្តាប់ខ្ញុំ បើយើងទាំងឡាយនឹងរម្ងាប់អធិករណ៍នេះក្នុងទីនេះ មុខជានឹងមានពួកភិក្ខុ ដែលជាអ្នកកាន់យកវត្ថុទាំង១០ពីមុន ភិក្ខុទាំងនោះគប្បីសើរើ ដើម្បីកម្មថ្មីទៀតមិនខានឡើយ។ បើកម្មមានកាលគួរដល់សង្ឃហើយ អធិករណ៍នេះ កើតឡើងក្នុងទីណា សង្ឃត្រូវរម្ងាប់អធិករណ៍នេះ ក្នុងទីនោះវិញ។ គ្រានោះ ភិក្ខុជាថេរៈទាំងឡាយ ប្រាថ្នានឹងវិនិច្ឆ័យនូវអធិករណ៍នោះ ក៏នាំគ្នាទៅកាន់ក្រុងវេសាលី។ សម័យនោះឯង មានភិក្ខុ១រូបឈ្មោះសព្វកាមី35) មានវស្សា១២០តាំងអំពីឧបសម្បទាមក ជាសទ្ធិវិហារិករបស់ព្រះអានន្ទមានអាយុ លោកជាសង្ឃត្ថេរ (ធំ) លើផែនដី នៅអាស្រ័យក្នុងក្រុងវេសាលី។ លំដាប់នោះ ព្រះរេវតមានអាយុ ពោលពាក្យដូច្នេះ នឹងព្រះសម្ភូតសាណវាសីមានអាយុ ម្នាលអាវុសោ ព្រះសព្វកាមិត្ថេរនៅក្នុងវិហារណា ខ្ញុំនឹងទៅកាន់វិហារនោះដែរ លោកគប្បីចូលទៅរកព្រះសព្វកាមីមានអាយុអំពីព្រឹក ហើយសួរវត្ថុ១០ប្រការនេះ។ ព្រះសម្ភូតសាណវាសីមានអាយុ ទទួលពាក្យព្រះរេវតមានអាយុថា អើលោកម្ចាស់។ លំដាប់នោះ ព្រះសព្វកាមិត្ថេរ គង់នៅក្នុងវិហារណា ព្រះរេវតមានអាយុ ក៏ចូលទៅកាន់វិហារនោះដែរ។ សេនាសនៈគេក្រាលទុកសម្រាប់ព្រះសព្វកាមីមានអាយុ នៅក្នុងល្វែង។ សេនាសនៈដែលគេក្រាលទុក សម្រាប់ព្រះរេវតៈមានអាយុ ក្នុងល្បៀងនៃល្វែង។ លំដាប់នោះ ព្រះរេវតមានអាយុ លោកមិនបានសិង ដោយគិតថា ព្រះថេរៈនេះមានចំណាស់ហើយ លោកមិនទាន់សិងនៅឡើយ។ ឯព្រះសព្វកាមីមានអាយុ លោកក៏មិនសិង ដោយគិតថា ភិក្ខុនេះជាអាគន្តុកៈ មានសេចក្តីនឿយព្រួយ លោកក៏មិនសិងដែរ។

[៣១១] គ្រានោះ ព្រះសព្វកាមីមានអាយុ ក្រោកឡើងក្នុងសម័យភ្លឺស្វាងនៃរាត្រី ហើយក៏ពោលដូច្នេះ នឹងព្រះរេវតមានអាយុថា ម្នាលលោកដ៏ចំរើន ឥឡូវនេះ លោកច្រើននៅដោយធម៌ ជាគ្រឿងនៅដូចម្តេច។ ព្រះរេវតឆ្លើយថា បពិត្រព្រះករុណាដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះករុណាច្រើននៅដោយធម៌ ជាគ្រឿងនៅ គឺមេត្តា។ ព្រះសព្វកាមីពោលថា ម្នាលលោកដ៏ចំរើន ឮថា ឥឡូវនេះ លោកច្រើននៅដោយធម៌ជាគ្រឿងនៅបន្តិចបន្តួច36) ម្នាលលោកដ៏ចំរើន ក៏ឯធម៌ជាគ្រឿងនៅបន្តិចបន្តួចនេះ គឺមេត្តានេះឯង។ ព្រះរេវតពោលថា បពិត្រព្រះករុណាដ៏ចំរើន កាលពីដើមដែលខ្ញុំនៅជាគ្រហស្ថនៅឡើយ តែងសន្សំមេត្តាធម៌ ព្រោះហេតុនោះ បានជាក្នុងកាលឥឡូវនេះ ខ្ញុំច្រើននៅដោយធម៌ជាគ្រឿងនៅ គឺមេត្តា ម្យ៉ាងទៀត ខ្ញុំបានសម្រេចនូវព្រះអរហត្តជាយូរដែរហើយ បពិត្រព្រះថេរៈដ៏ចំរើន ចុះចំណែកខាងព្រះថេរៈជាម្ចាស់ ឥឡូវនេះ ច្រើននៅដោយធម៌ ជាគ្រឿងនៅដូចម្តេច។ ព្រះសព្វកាមីឆ្លើយថា ម្នាលលោកដ៏ចំរើន ឥឡូវនេះ ខ្ញុំច្រើននៅដោយធម៌ ជាគ្រឿងនៅដ៏ស្ងប់ស្ងាត់ ឬសូន្យ (ផលសមាបត្តិ)។ ព្រះរេវតពោលថា បពិត្រព្រះថេរៈដ៏ចំរើន ឮថាឥឡូវនេះ ព្រះថេរៈជាម្ចាស់ ច្រើននៅដោយធម៌ ជាគ្រឿងនៅ ជារបស់មហាបុរស បពិត្រព្រះថេរៈដ៏ចំរើន ក៏ឯធម៌ជាគ្រឿងនៅជារបស់មហាបុរសនេះ គឺសេចក្តីស្ងប់ស្ងាត់ ឬសូន្យនេះឯង។ ព្រះសព្វកាមីពោលថា ម្នាលលោកដ៏ចំរើន កាលពីដើមដែលខ្ញុំនៅជាគ្រហស្ថនៅឡើយ តែងសន្សំនូវសេចក្តីស្ងប់ស្ងាត់ ឬសូន្យ ព្រោះហេតុនោះ បានជាក្នុងកាលឥឡូវនេះ ខ្ញុំច្រើននៅដោយធម៌ជាគ្រឿងនៅស្ងប់ស្ងាត់ ឬសូន្យ ម្យ៉ាងទៀត ខ្ញុំបានសម្រេចនូវព្រះអរហត្តជាយូរដែរហើយ។

[៣១២] ពាក្យជាចន្លោះ របស់ភិក្ខុជាថេរៈនេះ នៅមិនទាន់ស្រេចនៅឡើយ។ ក៏ស្រាប់តែព្រះសម្ភូតសាណវាសីមានអាយុមកដល់។ ទើបព្រះសម្ភូតសាណវាសីមានអាយុ ចូលទៅរកព្រះសព្វកាមីមានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសព្វកាមីមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសម្ភូតសាណវាសីមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបពោលពាក្យនេះនឹងព្រះសព្វកាមីមានអាយុថា បពិត្រព្រះករុណាដ៏ចំរើន ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលីទាំងនេះ សំដែងវត្ថុទាំង១០ប្រការ ក្នុងក្រុងវេសាលីថា ការកំណត់ដោយអំបិលក្នុងក្លាក់ គួរ ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់ គួរ ការកំណត់ដោយចន្លោះស្រុក គួរ ការកំណត់ដោយអាវាស គួរ ការកំណត់ដោយអនុមតិ គួរ ការកំណត់ដោយអាចិណ្ណៈ គួរ ការកំណត់ដោយទឹកដោះ ដែលមិនទាន់ជូរ គួរ ការផឹកនូវសុរាឆៅ គួរ និសីទនៈមិនមានជាយ គួរ មាសនិងប្រាក់ គួរ បពិត្រព្រះថេរៈដ៏ចំរើន ធម៌ក្តី វិន័យក្តី ដែលព្រះថេរៈជាម្ចាស់ បានរៀនសូត្រមកច្រើនហើយ ក្នុងសំណាក់នៃព្រះឧបជ្ឈាយ៍ បពិត្រព្រះថេរៈដ៏ចំរើន កាលដែលព្រះថេរៈពិចារណានូវធម៌ និងវិន័យ មានសេចក្តីចូលចិត្តដូចម្តេច ពួកភិក្ខុណាដែលជាធម្មវាទី គឺពួកភិក្ខុដែលនៅក្នុងទិសខាងកើតឬ ៗពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ។ ព្រះសព្វកាមីពោលតបវិញថា ម្នាលអាវុសោ ធម៌ក្តី វិន័យក្តី ជាច្រើន ដែលលោកបានរៀនសូត្រមកហើយ ក្នុងសំនាក់នៃព្រះឧបជ្ឈាយ៍ ម្នាលអាវុសោ ចុះកាលលោកពិចារណានូវធម៌ និងវិន័យ មានសេចក្តីចូលចិត្តដូចម្តេច ពួកភិក្ខុណាដែលជាធម្មវាទី គឺពួកភិក្ខុដែលនៅក្នុងទិសខាងកើតឬ ៗពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ។ ព្រះសម្ភូតសាណវាសី ពោលថា បពិត្រព្រះថេរៈដ៏ចំរើន កាលដែលខ្ញុំពិចារណានូវធម៌និងវិន័យ មានសេចក្តីចូលចិត្តយ៉ាងនេះថា ពួកភិក្ខុដែលនៅក្នុងទិសខាងកើតជាអធម្មវាទី ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យជាធម្មវាទី ប៉ុន្តែខ្ញុំព្រះករុណានៅមិនទាន់ធ្វើឲ្យជាក់ច្បាស់នូវទិដ្ឋិ (សេចក្តីយល់) នៅឡើយ ធ្វើដូចម្តេច សង្ឃគប្បីសន្មតខ្ញុំព្រះករុណា ក្នុងអធិករណ៍នេះ។ ព្រះសព្វកាមីពោលថា ម្នាលអាវុសោ កាលដែលខ្ញុំពិចារណានូវធម៌ និងវិន័យ ក៏មានសេចក្តីចូលចិត្តយ៉ាងនេះដែរថា ពួកភិក្ខុដែលនៅក្នុងទិសខាងកើត ជាអធម្មវាទី ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាធម្មវាទី ប៉ុន្តែខ្ញុំក៏នៅមិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវទិដ្ឋិនៅឡើយ ធ្វើដូចម្តេច សង្ឃគប្បីសន្មតខ្ញុំ ក្នុងអធិករណ៍នេះផង។

[៣១៣] គ្រានោះ សង្ឃមានប្រាថ្នានឹងវិនិច្ឆ័យ កាត់សេចក្តីអធិករណ៍នោះ ក៏ប្រជុំគ្នា។ ក៏កាលដែលសង្ឃកំពុងវិនិច្ឆ័យអធិករណ៍នោះ កើតមានពាក្យជជែកគ្នា រកទីបំផុតគ្មានផង ទាំងសេចក្តីអធិប្បាយនៃភាសិតនីមួយ ក៏គ្មានអ្នកណាដឹងបានផង។ លំដាប់នោះ ព្រះរេវតមានអាយុ បានសូត្រប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលដែលយើងទាំងឡាយកំពុងវិនិច្ឆ័យអធិករណ៍នេះ កើតមានពាក្យជជែកគ្នា រកទីបំផុតគ្មានផង ទាំងសេចក្តីអធិប្បាយនៃភាសិតនីមួយ ក៏គ្មានអ្នកណាដឹងបានផង។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម។37) ជំនុំសង្ឃ ជ្រើសរើសយកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប យកពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ចំណែកខាងពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត គឺព្រះសព្វកាមីមានអាយុ១ ព្រះសាឡ្ហៈមានអាយុ១ ព្រះឧជ្ជសោភិតៈមានអាយុ១ ព្រះវាសភគាមិកៈមានអាយុ១ ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ គឺព្រះរេវតមានអាយុ១ ព្រះសម្ភូតសាណវាសីមានអាយុ១ ព្រះយសកាកណ្ឌកបុត្តមានអាយុ១ ព្រះសុមនៈមានអាយុ១។ លំដាប់នោះ ព្រះរេវតមានអាយុ បានសូត្រប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលបើយើងទាំងឡាយវិនិច្ឆ័យអធិករណ៍នេះទៅ កើតមានពាក្យជជែកគ្នា រកទីបំផុតគ្មានផង ទាំងសេចក្តីអធិប្បាយនៃភាសិតនីមួយ ក៏គ្មានអ្នកណាដឹងបានផង។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីសន្មតពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ដើម្បីនឹងរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ កាលបើយើងទាំងឡាយ កំពុងវិនិច្ឆ័យអធិករណ៍នេះ កើតមានពាក្យជជែកគ្នា រកទីបំផុតគ្មានផង ទាំងសេចក្តីអធិប្បាយនៃភាសិតនីមួយ ក៏គ្មានអ្នកណាដឹងបានផង។ សង្ឃបានសន្មតពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម។ ការសន្មតពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម គាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្តដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃបានសន្មតពួកភិក្ខុ ដែលនៅក្នុងទិសខាងកើត៤រូប និងពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ៤រូប ដើម្បីរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម។ ការសន្មតិនេះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។

[៣១៤] សម័យនោះឯង មានភិក្ខុ១រូប ឈ្មោះអជិត បួសបាន១០វស្សា ជាអ្នកសំដែងបាតិមោក្ខដល់សង្ឃ។ លំដាប់នោះ សង្ឃក៏សន្មតអជិតមានអាយុ ឲ្យជាអ្នកក្រាលអាសនៈ ដល់ពួកភិក្ខុជាថេរៈ។ គ្រានោះ ពួកភិក្ខុជាថេរៈ មានសេចក្តីត្រិះរិះដូច្នេះថា យើងទាំងឡាយ គប្បីរម្ងាប់អធិករណ៍នេះ ក្នុងទីណាហ្ន៎។ ទើបភិក្ខុជាថេរៈទាំងឡាយ មានសេចក្តីរិះគិតដូច្នេះតទៅទៀតថា វាលិការាមនេះឯង ជាទីគួរត្រេកអរ មានសំឡេងតិច មានសូរគឹកកងក៏តិច បើដូច្នោះ គួរយើងទាំងឡាយ ទៅរម្ងាប់អធិករណ៍នេះ ក្នុងវាលិការាមចុះ។ លំដាប់នោះ ភិក្ខុជាថេរៈទាំងឡាយ មានសេចក្តីប្រាថ្នានឹងរម្ងាប់អធិករណ៍នោះ ក៏នាំគ្នាទៅកាន់វាលិការាម។

[៣១៥] គ្រានោះឯង ព្រះរេវតមានអាយុ បានសូត្រប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើសង្គីតិកម្ម មានកាលគួរ ដល់សង្ឃហើយ ខ្ញុំគប្បីសួរវិន័យនឹងព្រះសព្វកាមីមានអាយុ។ ព្រះសព្វកាមីមានអាយុ ក៏សូត្រប្រកាសសង្ឃឲ្យដឹងថា ម្នាលអាវុសោ សង្ឃចូរស្តាប់ខ្ញុំ បើសង្គីតិកម្ម មានកាលគួរដល់សង្ឃហើយ ព្រះរេវត ត្រូវសួរវិន័យចំពោះខ្ញុំ ៗត្រូវដោះស្រាយក្នុងកាលឥឡូវនេះ។

[៣១៦] ទើបព្រះរេវតមានអាយុ ពោលដូច្នេះនឹងព្រះសព្វកាមីមានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអំបិលក្នុងក្លាក់ គួរដែរឬ។ ព្រះសព្វកាមីសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអំបិលក្នុងក្លាក់នោះ តើដូចម្តេច។ ព្រះវេរតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុរក្សាអំបិលដោយក្លាក់ ដោយគិតថា ភោជនដែលសាប មានក្នុងកាលណា អាត្មាអញ នឹងឆាន់ក្នុងកាលនោះ ដូច្នេះ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ចុះព្រះមានព្រះភាគ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ព្រះមានព្រះភាគ ទ្រង់ឃាត់ក្នុងសុត្តវិភង្គ38) ក្នុងក្រុងសាវត្ថី។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីប្រាប់ថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះឆាន់វត្ថុដែលសន្សំទុក។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុជាបឋមនេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកនេះជាបឋម។

[៣១៧] ព្រះរេវតសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់ គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេប្រមាណពីរធ្នាប់នោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន កាលបើស្រមោលព្រះអាទិត្យ កន្លងទៅប្រមាណពីរធ្នាប់ ភិក្ខុឆាន់ភោជនក្នុវេលាវិកាល គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ចុះព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងសុត្តវិភង្គ ក្នុងក្រុងរាជគ្រឹះ។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះបរិភោគក្នុងកាលខុស។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី២នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី២នេះ។

[៣១៨] ព្រះរេវតសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយចន្លោះស្រុក គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយចន្លោះស្រុកនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុគិតថា អញនឹងទៅកាន់ចន្លោះស្រុកឥឡូវនេះ ហើយឆាន់ភោជន ហាមភោជនរួចហើយ ក៏ឆាន់ភោជនដែលភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនជាវត្ថុសល់ដែលអំពីភិក្ខុឈឺ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ព្រះអង្គ ទ្រង់ហាមឃាត់ក្នុងសុត្តវិភង្គ ក្នុងក្រុងសាវត្ថី។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីប្រាប់ថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះឆាន់ភោជន ដែលភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនជាវត្ថុសល់ដែលអំពីភិក្ខុឈឺ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៣នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៣នេះ។

[៣១៩] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាវាស គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយអាវាសនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន អាវាសច្រើន មានសីមាស្មើគ្នា ភិក្ខុធ្វើឧបោសថកម្មផ្សេងៗគ្នា គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះមានព្រះភាគ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងឧបោសថសំយុត្ត (ឧបោសថក្ខន្ធកៈ) ក្នុងក្រុងរាជគ្រឹះ។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិទុក្កដ ព្រោះប្រព្រឹត្តល្មើសព្រះវិន័យ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៤នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៤នេះ។

[៣២០] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអនុមតិ គួរដែរឬ។ គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយអនុមតិនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន សង្ឃជាពួក ធ្វើសង្ឃកម្មដោយគិតថា យើងទាំងឡាយ នឹងឲ្យពួកភិក្ខុដែលមកដល់ យល់ព្រម ឬត្រេកអរជាខាងក្រោយ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងវិនយវត្ថុ ក្នុងចម្បេយ្យក្ខន្ធកៈ។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិទុក្កដ ព្រោះប្រព្រឹត្តល្មើសព្រះវិន័យ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៥នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៥នេះ។

[៣២១] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាចិណ្ណៈ គួរដែរឬ។ ព្រះសព្វការមីសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុប្រព្រឹត្ត ដោយគិតថា អំពើនេះ ព្រះឧបជ្ឈាយ៍របស់យើង ធ្លាប់សន្សំមកហើយ អំពើនេះ អាចារ្យរបស់យើងធ្លាប់សន្សំមកហើយ ដូច្នេះ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈ គួរខ្លះ មិនគួរខ្លះ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៦នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៦នេះ។

[៣២២] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរ គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ទឹកដោះស្រស់ណា ដែលលះបង់ភាវៈជាទឹកដោះស្រស់ហើយ តែនៅមិនទាន់ដល់នូវភាវៈជាទឹកដោះជូរនៅឡើយ ភិក្ខុឆាន់ភោជនរួចហើយ ហាមភោជនរួចហើយ ផឹកទឹកដោះជាអនតិរិត្តនោះ គឺភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនជារបស់សល់ដែលអំពីភិក្ខុឈឺ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងសុត្តវិភង្គ ក្នុងក្រុងសាវត្ថី។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះឆាន់អនតិរិត្តភោជន។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៧នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៧នេះ។

[៣២៣] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុផឹកសុរាឆៅ គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ សុរាឆៅនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន សុរាណាដែលខ្សោយ ឆៅ មិនទាន់ដល់ភាវៈជាទឹកស្រវឹងនៅឡើយ ភិក្ខុផឹកសុរានោះ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងសុត្តវិភង្គ ក្នុងក្រុងកោសម្ពី។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះផឹកសុរា និងមេរ័យ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៨នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៨នេះ។

[៣២៤] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន និសីទនៈ ដែលគ្មានជាយ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងសុត្តវិភង្គ ក្នុងក្រុងសាវត្ថី។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះវត្ថុមានកិរិយាកាត់ ជាវិនយកម្ម។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៩នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៩នេះ។

[៣២៥] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន មាសនិងប្រាក់ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះអង្គ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងសុត្តវិភង្គ ក្នុងក្រុងរាជគ្រឹះ។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះទទួលមាស និងប្រាក់។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី១០នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី១០នេះ។

[៣២៦] ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទាំង១០ប្រការនេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុទាំង១០ប្រការនេះ ខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។

[៣២៧] ព្រះសព្វកាមីពោលថា ម្នាលអាវុសោ អធិករណ៍នេះ សង្ឃបានជម្រះហើយ បានរម្ងាប់ស្ងប់ស្ងាត់ល្អហើយ ម្នាលអាវុសោ ម្យ៉ាងទៀត លោកគប្បីសួរវត្ថុទាំង១០ប្រការនេះ នឹងខ្ញុំ ក្នុងកណ្តាលសង្ឃម្តងទៀត ដើម្បីបញ្ជាក់ដល់ភិក្ខុទាំងនោះ។ លំដាប់នោះ ព្រះរេវតមានអាយុ ក៏សួរនូវវត្ថុទាំង១០ប្រការនេះ នឹងព្រះសព្វកាមីមានអាយុ ក្នុងកណ្តាលសង្ឃម្តងទៀត។ លុះព្រះរេវត បានសួរសព្វគ្រប់ហើយ ព្រះសព្វកាមីមានអាយុ ក៏ឆ្លើយដោះស្រាយ។ ក៏ក្នុងការសង្គាយនាព្រះវិន័យនេះ មានភិក្ខុ៧០០អង្គ មិនខ្វះ មិនលើស។ ព្រោះហេតុនោះ ការសង្គាយនាព្រះវិន័យនេះ បានឈ្មោះថា សត្តសតិកាសង្គាយនា។

ចប់ សត្តសតិកក្ខន្ធកៈ ទី១២តែប៉ុណ្ណេះ។

ក្នុងខន្ធកៈនេះ មានរឿង២៥។

ឧទ្ទាននៃ សត្តសតិកក្ខន្ធកៈ នោះ ដូច្នេះ

[៣២៨]

រឿងវជ្ជីបុត្តកភិក្ខុនៅក្នុងក្រុងវេសាលី សំដែងនូវវត្ថុ១០ប្រការ១ រឿងវជ្ជីបុត្តកភិក្ខុដងទឹកដាក់ពេញភាជន៍សំរិទ្ធ ក្នុងថ្ងៃឧបោសថនោះ១ រឿងពួកវជ្ជីបុត្តកភិក្ខុធ្វើបដិសារណីយកម្ម ដល់ព្រះយសកាកណ្ឌកបុត្ត១ រឿងព្រះយសកាកណ្ឌកបុត្តចូលទៅកាន់ក្រុងវេសាលី ជាមួយនឹងភិក្ខុជាអនុទូត១ រឿងឧបក្កិលេសរបស់ព្រះចន្ទ និងព្រះអាទិត្យមាន៤យ៉ាង និង ឧបក្កិលេសរបស់មសណៈមាន៤យ៉ាង១ រឿងពាក្យជជែកគ្នាថា មាសនិងប្រាក់គួរដល់ពួកសមណៈឬទេ១ រឿងព្រះយសកាកណ្ឌកបុត្ត ហោះតាមអាកាស ទៅចុះក្នុងក្រុងកោសម្ពី១ រឿងព្រះយសកាកណ្ឌកបុត្ត បញ្ជូនទូតឲ្យទៅកាន់សំណាក់នៃភិក្ខុដែលនៅក្នុងដែនបាថេយ្យ និងភិក្ខុដែលនៅក្នុងដែន អវន្តិទក្ខិណាបថ39) ១ រឿងព្រះរេវតគង់នៅក្នុងនគរសោរេយ្យ១ រឿងព្រះរេវតចេញពីនរគសោរេយ្យ ទៅកាន់នគរសង្ក័ស្ស១ រឿងព្រះរេវត ចេញពីនរគសង្ក័ស្ស ទៅកាន់នគរកណ្ណកុជ្ជ១ រឿងព្រះរេវត ចេញពីនរគកណ្ណកុជ្ជ ទៅកាន់នគរឧទុម្ពរ១ រឿងព្រះរេវត ចេញពីនរគអគ្គឡបុរៈ ទៅកាន់នគរសហជាតិ១ រឿងព្រះរេវត បង្គាប់ភិក្ខុជាកូនសិស្សឲ្យជាអ្នកពោលសរភ័ញ្ញ១ រឿងពួកវជ្ជីបុត្តកភិក្ខុឮដំណឹងថា ព្រះយសកាកណ្ឌកបុត្តប្រាថ្នានឹងជំរះអធិករណ៍១ រឿងវជ្ជីបុត្តកភិក្ខុ រិះគិតថា យើងបានភិក្ខុណាជាបក្ខពួក១ រឿងវជ្ជីបុត្តកភិក្ខុ ចាត់ចែងសមណបរិក្ខារ មានបាត្រជាដើម ហើយនាំគ្នាជិះទូកឆ្លងឡើងទៅកាន់សហជាតិនគរ១ រឿងព្រះសាឡ្ហៈមានអាយុ សម្ងំនៅក្នុងទីស្ងាត់១ រឿងព្រះឧត្តរៈមានអាយុដំណាលប្រាប់ពួកវជ្ជីបុត្តកភិក្ខុថា ពួកមនុស្សតែងបង្អោនសមណបរិក្ខារ ទៅថ្វាយព្រះមានព្រះភាគ១ រឿងព្រះឧត្តរៈមានអាយុ ដំណាលប្រាប់ពួកវជ្ជីបុត្តកភិក្ខុថា យើងទៅកាន់យកនិស្ស័យនឹងព្រះរេវតជាគ្រូ១ រឿងជំនុំសង្ឃប្រជុំគ្នា និងវិនិច្ឆ័យអធិករណ៍១ រឿងពួកភិក្ខុជាថេរៈ ប្រាថ្នានឹងវិនិច្ឆ័យអធិករណ៍ ហើយនាំគ្នាទៅកាន់ក្រុងវេសាលី១ រឿងព្រះសព្វកាមីសួរព្រះរេវតថា ឥឡូវនេះ លោកនៅដោយធម៌ជាគ្រឿងនៅដូចម្តេច ព្រះរេវតឆ្លើយថា ខ្ញុំនៅដោយអំណាចនៃមេត្តាធម៌១ រឿងជំនុំសង្ឃ ប្រជុំគ្នាវិនិច្ឆ័យអធិករណ៍នោះ១ រឿងព្រះរេវត សូត្រប្រកាសសង្ឃឲ្យដឹងថា ត្រូវឲ្យសង្ឃរម្ងាប់អធិករណ៍នេះ ដោយឧព្វាហិកកម្ម១។

ចប់ ចុល្លវគ្គ។

មាតិកា

ចុល្លវគ្គ លេខ ទំព៍រ
ភាគ ទី៣ តតិយភាគ
សង្ឃភេទក្ខន្ធកៈ
ព្រះមានព្រះភាគគង់នៅក្នុងអនុបិយានិគម ទៀបព្រៃអនុបិយា
រឿងអនុរទ្ធសក្កៈ និងភទ្ទិយសក្យរាជ
រឿងសក្យៈ ៦ អង្គ
រឿងឧបាលិកប្បកៈ
ពួកសក្យៈកុមារចូលទៅគាល់ព្រះមានព្រះភាគ
ព្រះភទ្ទិយៈ បានសម្រេចនូវវិជ្ជា ៣យ៉ាង ១០
ឧទ្ទានគាថា និងរឿងទេវទត្តភិក្ខុ ១៣
រឿងអជាតសតុកុមារ ១៤
រឿងកូនអ្នកស្រុកកោឡិយៈ ឈ្មោះកក្កុធៈ ១៥
រឿងព្រះមហាមោគ្គល្លាន ចូលទៅគាល់ព្រះមានព្រះភាគ ១៦
រឿងទេវបុត្រឈ្មោះកក្កុធៈ ១៨
និយាយអំពីគ្រូ ៥ ពួក ១៩
រឿងព្រះអង្គស្តេចទៅកាន់ក្រុងរាជគ្រឹះ ២១
និគមគាថា ២៥
រឿងទេវទត្តភិក្ខុ ទូលសូមត្រួតភិក្ខុសង្ឃជំនួស ២៦
ការធ្វើបកាសនីយកម្មដល់ទេវទត្ត ២៧
បកាសនីយកម្ម និងរឿងព្រះសារីបុត្ត ២៩
រឿងទេវទត្តភិក្ខុ និងរឿងអជាតសតុកុមារ ៣៣
សេចក្តីវិនិច្ឆ័យនៃពួកមហាមាត្យ ៣៤
ការបញ្ជូនបុរសទៅសម្លាប់ព្រះសាស្តា ៣៦
អនុបុព្វីកថា ព្រះអង្គសម្តែងចំពោះបុរសដែលទៅសម្លាប់ព្រះអង្គ ៣៩
ការធ្វើព្រះលោហិតនៃព្រះតថាគតឲ្យពុរពងឡើង ៤២
និយាយអំពីគ្រូ ៥ ពួក ៤៤
ការលែងដំរីនាឡាគិរីឲ្យព្រេចព្រះសាស្តា ៤៥
ព្រះសាស្តាសម្តែងគាថាចំពោះដំរីនាឡាគិរី ៥១
ពួកមនុស្សនាំគ្នាច្រៀងគាថាសរសើរព្រះបរមគ្រូ ៥២
រឿងតិកភោជន ៥៣
រឿងទេវទត្តភិក្ខុ សម្តែងអំពី វត្ថុ ៥ ប្រការ ៥៥
រឿងទេវទត្តភិក្ខុ ក្រាបបង្គំទូលសូមវត្ថុ ៥ប្រការ ៥៦
ការព្យាយាម ដើម្បីទម្លាយសង្ឃ និងទម្លាយចក្រ ៥៩
ឧទ្ទានគាថា ៦០
រឿងព្រះសារីបុត្ត និងព្រះមោគ្គល្លាន ៦៣
ការសម្តែងធម៌របស់ទេវទត្ត ៦៥
បាដិហារ្យរបស់ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ៦៦
អគ្គសាវ័កទាំង ២ អង្គ ចូលទៅគាល់ព្រះមានព្រះភាគ ៦៧
ព្រះបរមគ្រូត្រាស់សម្តែងអំពីរឿងដំរី ៦៨
និគមគាថា និងភិក្ខុប្រកបដោយអង្គ ៨ ប្រការ ៦៩
រឿងទេវទត្តភិក្ខុ និងអសទ្ធម្ម ៨ ប្រការ ៧០
រឿងទេវទត្តភិក្ខុ ត្រូវអសទ្ធម្ម ៣ ប្រការ គ្របសង្កត់ និងឧទ្ទានគាថា ៧៤
រឿងព្រះឧបាលិត្ថេរ ទូលសួរអំពីការប្រេះឆានៃសង្ឃ ៧៦
រឿងព្រះឧបាលិត្ថេរ ទូលសួរអំពីសង្ឃភេទ ៧៧
រឿងព្រះឧបាលិត្ថេរ និងសេចក្តីព្រមព្រៀងនៃសង្ឃ ៧៨
និគមគាថា ៨២
រឿងព្រះឧបាលិត្ថេរ និងភិក្ខុអ្នកបំបែកសង្ឃទៅកើតក្នុងអបាយ ៨៥
បញ្ជីរឿងនៃសង្ឃភេទក្ខន្ធកៈ ៩០
វត្តក្ខន្ធកៈ ៩៣
ហេតុនៃការទ្រង់បញ្ញត្តិអាគន្តុកវត្ត ៩៣
ហេតុនៃការទ្រង់បញ្ញត្តិអាវាសិកវត្ត ១០០
គមិកវត្ត ១០៣
គមិកវត្ត និងការអនុមោទនាក្នុងរោងភត្ត ១០៥
វត្តដែលភិក្ខុត្រូវធ្វើក្នុងរោងភត្ត ១០៧
វត្តរបស់ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត ១១៥
វត្តរបស់ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត និងវត្តរបស់ភិក្ខុអ្នកនៅក្នុងព្រៃ ១១៩
សេនាសនវត្ត ១២៣
ជន្តាឃរវត្ត ១២៩
និទាននៃវច្ចកុដិវត្ត ១៣១
ការទ្រង់បញ្ញត្តិវច្ចកុដិវត្ត ១៣៤
ឧបជ្ឈាយវត្ត ១៣៧
សទ្ធិវិហារិកវត្ត ១៤៨
អាចរិយវត្ត ១៥៦
អន្តេវាសិកវត្ត ១៥៧
ឧទ្ទាននៃវត្តក្ខន្ធកៈ ១៧៥
បាតិមោក្ខដ្ឋបនក្ខន្ធកៈ ២០០
ព្រះអានន្ទសូមអារាធនាឲ្យព្រះអង្គសំដែងបាតិមោក្ខ ២០០
រឿងព្រះមហាមោគ្គល្លាន ២០២
ធម្មតាមិនដែលកើតគួរអស្ចារ្យ ៨ យ៉ាង ក្នុងមហាសមុទ្រ ២០៥
សភាពមិនដែលកើតគួរអស្ចារ្យ ៨ យ៉ាង ក្នុងធម្មវិន័យ ២០៩
ឧទ្ទានវាចា ២១៦
រឿងឆព្វគ្គិយភិក្ខុ ២១៧
ការបញ្ឈប់បាតិមោក្ខ ២១៩
និយាយអំពីការបញ្ឈប់បាតិមោក្ខ ១ - ២ យ៉ាង ២២០
និយាយអំពីការបញ្ឈប់បាតិមោក្ខ ៣ - ៤ យ៉ាង ២២០
និយាយអំពីការបញ្ឈប់បាតិមោក្ខ ៤ - ៥ យ៉ាង ២២២
និយាយអំពីការបញ្ឈប់បាតិមោក្ខ ៦ យ៉ាង ២២៣
និយាយអំពីការបញ្ឈប់បាតិមោក្ខ ៧ យ៉ាង ២២៤
និយាយអំពីការបញ្ឈប់បាតិមោក្ខ ៨ យ៉ាង ២២៥
និយាយអំពីការបញ្ឈប់បាតិមោក្ខ ៨ - ៩ យ៉ាង ២២៦
និយាយអំពីការបញ្ឈប់បាតិមោក្ខ ១០ យ៉ាង ២២៧
និយាយអំពីការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌ ២៣១
ព្រះឧបាលិ ក្រាបទូលសួរការកាន់យកអត្តាទាន ២៤១
ព្រះឧបាលិ ក្រាបទូលសួរការចោទ ២៤៥
ព្រះឧបាលិ ក្រាបទូលសួរហេតុវិប្បដិសារៈ ចំពោះភិក្ខុអ្នកចោទ ២៤៩
ឧទ្ទាននៃបាតិមោក្ខដ្ឋបនក្ខន្ធកៈ ២៥៥
ភិក្ខុនីខន្ធកៈ ២៦០
ព្រះនាងមហាបជាបតីគោតមី ទូលសូមបព្វជ្ជា ២៦០
គរុធម៌ ៨ យ៉ាង ២៦៦
ព្រហ្មចរិយធម៌ មិនតាំងនៅយូរអង្វែង ២៧១
រឿងព្រះនាងមហាបជាបតីគោតមី និងការសូមពរ ២៧៣
លក្ខណៈនៃការវិនិច្ឆ័យធម្មវិន័យ ២៧៨
ភិក្ខុមិនសំដែងបាតិមោក្ខ ដល់ពួកភិក្ខុនី ២៨០
ការទទួលអាបត្តិ ២៨១
ការធ្វើកម្មដល់ពួកភិក្ខុនី ២៨៣
រឿងភិក្ខុនីជាសិស្សរបស់ឧប្បលវណ្ណា ២៨៥
ការបង្ហាញកាយជាដើម ទណ្ឌកម្ម និង អវន្ទិយបុគ្គល ២៨៧
ឆព្វគ្គិយាភិក្ខុនី សាចភក់ និងទឹកទៅលើពួកភិក្ខុ ២៨៨
ការបង្ហាញកាយជាដើម ទណ្ឌកម្ម និងការបញ្ឈប់ឱវាទ ២៨៩
ការបញ្ឈប់ឱវាទរបស់ភិក្ខុល្ងង់ជាដើម ២៩១
ការសន្មតិភិក្ខុឲ្យជាអ្នកឲ្យឱវាទដល់ភិក្ខុនី ២៩៣
ការទទួលឲ្យឱវាទនៃភិក្ខុទាំងឡាយ ២៩៥
ការទទួលឲ្យឱវាទហើយមិនមកប្រាប់ជាដើម ២៩៧
ការឲ្យដំត្រគាកដោយឈើមានសណ្ឋានដូចឆ្អឹងគោជាដើម ២៩៩
ការធ្វើគំនូសខាងក្រោមមាត់ជាដើម ៣០១
កាលកិរិយារបស់ភិក្ខុនី ១ រូប ៣០៣
ភិក្ខុនី ដាក់កូនខ្ចីក្នុងបាត្រ ៣០៥
ភិក្ខុនី នាំគ្នាគយគន់និមិត្តបុរស ៣០៧
ទ្រង់អនុញ្ញាតឲ្យទទួលការសន្សំ របស់ភិក្ខុទាំងឡាយ ៣០៩
ទ្រង់អនុញ្ញាតឲ្យនូវចីវរ ក្នុងរោងទានជាដើម ៣១១
អន្តរាយិកធម៌ ២៤ យ៉ាង ៣១៣
ការសន្មតិខ្លួនឯង និងសន្មតិភិក្ខុនីដទៃ ៣១៥
ញត្តិចតុត្ថកម្មឧបសម្បទា ៣១៧
ការហាមឃាត់នូវទីតាមលំដាប់ចាស់ខ្ចី និងការមិនបវារណា ៣២៥
ការបវារណារបស់ភិក្ខុនីសង្ឃ ៣២៧
ការឃាត់ឧបោសថ និងឃាត់បវារណា ៣២៨
ការទ្រង់អនុញ្ញាតគ្រែស្នែងជាដើម ៣៣១
ញត្តិចតុត្ថកម្មឧបសម្បទា ដោយទូត ៣៣៣
រឿងស្រីម្នាក់ និងការសន្មតិភិក្ខុនី ៣៣៧
ការសន្មតិភិក្ខុនី និងការមិនពោលលាសិក្ខារបស់ភិក្ខុនី ៣៣៩
រឿងពួកភិក្ខុនីអង្គុយពែនភ្នែន និងបន្ទោបង់វច្ចៈក្នុងបង្គន់ ៣៤១
ការងូតទឹករបស់ពួកភិក្ខុនី ៣៤២
ឧទ្ទានគឺបញ្ជីរឿងនៃភិក្ខុនីខន្ធកៈ ៣៤៤
បញ្ចសតិកក្ខន្ធកៈ ៣៥៧
ឱវាទរបស់ព្រះមហាកស្សបមានអាយុ ៣៥៧
ការសន្មតិភិក្ខុ ៥០០ រូប ៣៥៩
កិច្ចមានការជួសជុលទីដែលធ្លុះធ្លាយជាដើម ៣៦១
ព្រះមហាកស្សបមានអាយុ ប្រកាសជំនុំសង្ឃ ៣៦២
ការសង្គាយនាសិក្ខាបទ មានទុតិយបារាជិកជាដើម ៣៦៣
ពោលអំពីសិក្ខាបទតូច និងតូចដោយលំដាប់ ៣៦៥
ព្រះអានន្ទត្រូវមារគ្របដណ្តប់ចិត្ត ៣៧១
ការដាក់ព្រហ្មទណ្ឌដល់ឆន្នភិក្ខុ ៣៧៣
រឿងព្រះបាទឧទេន និងការថ្វាយសំពត់ឧត្តរាសង្គៈ ៣៧៥
រឿងឆន្នត្ថេរ និងការដាក់ព្រហ្មទណ្ឌដល់លោក ៣៧៩
ឧទ្ទាននៃបញ្ចសតិកក្ខន្ធកៈ ៣៨១
សត្តសតិកក្ខន្ធកៈ ៣៨៥
រឿងវជ្ជីបុត្តកភិក្ខុ និងរឿងព្រះយសត្ថេរ ៣៨៥
ឧបក្កិលេស ៤ យ៉ាង របស់ព្រះចន្រ្ទ និងព្រះអាទិត្យ ៣៨៧
ឧបក្កិលេស ៤ យ៉ាង របស់សមណព្រាហ្មណ៍ ៣៨៩
ឧបក្កិលេស ទាំង ៤ ៣៩១
រឿងអ្នកធំឈ្មោះមណិចូឡកៈ ៣៩៣
ពាក្យរបស់ព្រះថេរៈឈ្មោះ យសកាកណ្ឌកបុត្ត ៣៩៤
រឿងព្រះថេរៈឈ្មោះ សម្ភូតសាណវាសី ៣៩៧
សេចក្តីត្រិះរិះរបស់ពួកភិក្ខុជាថេរៈ ៣៩៩
រឿងព្រះរេវតត្ថេរ ៤០១
ការសួរ និងការដោះស្រាយនូវវត្ថុ ១០ ប្រការ ៤០៣
សេចក្តីត្រិះរិះរបស់ពួកវជ្ជីបុត្តកភិក្ខុ ៤០៧
រឿងវជ្ជីបុត្តកភិក្ខុ ៤០៩
សេចក្តីប្រាថ្នា ដើម្បីនឹងវិនិច្ឆ័យនូវអធិករណ៍ ៤១៣
ពាក្យជាចន្លោះរបស់ពួកភិក្ខុជាថេរៈ ៤១៥
សេចក្តីប្រាថ្នា ដើម្បីនឹងវិនិច្ឆ័យនូវអធិករណ៍ ៥១៧
រឿងអជិតភិក្ខុ ៤១៩
បុច្ឆាវិសជ្ជនានូវវត្ថុ ១០ ប្រការ ៤២១
ឧទ្ទាននៃសត្តសតិកក្ខន្ធកៈ ៤២៩

1)
ជាក្សត្រធ្លាប់បានសេចក្តីសុខ មិនដែលបានសេចក្តីលំបាក ដោយខ្យល់ និងកំដៅថ្ងៃជាដើម
2)
ភោជនដែលឆាន់បានត្រឹមបីរូប បើភិក្ខុតាំងពី៤រូបឡើងទៅ ឆាន់មិនបាន។
3)
សំដែងដឹងចិត្តរបស់បុគ្គលដទៃ ហៅថា អាទេសនាបាដិហារ្យ។
4)
ធម៌ទេសនាទាំងអស់ ហៅថា អនុសាសនីបាដិហារ្យ។
5)
ប្រៀនប្រដៅដោយឫទ្ធិជាអស្ចារ្យ ហៅថា ឥទ្ធិប្បាដិហារ្យ (ដីកា)។
6) , 7)
ប៉ែកខាងធម្មវាទី
8)
ជាអធម្មវាទី។ (អដ្ឋកថា
9)
ភិក្ខុដែលមានខ្លួនជាប្រក្រតី គឺភិក្ខុដែលសង្ឃមិនបានលើកវត្ត ឬភិក្ខុដែលបរិសុទ្ធ ឥតមានត្រូវគរុកាបត្តិណាមួយ។
10)
សំដៅយកអាបត្តិ៦កង គឺសង្ឃាទិសេស១ ថុល្លច្ច័យ១ បាចិត្តិយៈ១ បាដិទេសនីយៈ១ ទុក្កដ១ ទុព្ភាសិត១។
11)
សំដៅយកបារាជិកាបត្តិ (អដ្ឋកថា)។
12)
ភិក្ខុអ្នកនៅក្នុងអាវាស
13)
អដ្ឋកថា ថា អាគន្តុកភិក្ខុ ត្រូវសួររកទីភិក្ខាចារយ៉ាងនេះថា គោចរគ្រាមនោះ នៅជិត ឬនៅឆ្ងាយ ត្រូវចេញទៅបិណ្ឌបាតអំពីពេលព្រឹក ឬពេលថ្ងៃ។
14)
អគោចរគ្រាម បានដល់ភូមិ ឬស្រុករស់ពួកមិច្ឆាទិដ្ឋិ ឬទីដែលគេឈប់ដាក់បិណ្ឌបាតហើយ។
15)
អដ្ឋកថា ថា គ្រឿងឈើបានដល់គ្រែ និងតាំងជាដើម។
16)
គ្រឿងដីបានដល់ភាជន៍សម្រាប់ជ្រលក់ជាដើម។ ចូរមើលសេចក្តីពិស្តារក្នុងសេនាសនក្ខន្ធកៈ។
17)
សេនាសនៈ ដែលគេទើរលើខ្នងថ្មក្តី លើសសរថ្មក្តី ដែលពួកសត្វកណ្តៀរឡើងទៅបៀតបៀនមិនបាន ទុកជាភិក្ខុមិនអើពើ ក៏មិនត្រូវអាបត្តិឡើយ។
18)
អដ្ឋកថា ថា ប្រុសក្តី ស្រីក្តី បិណ្ឌចារិកភិក្ខុ មិនគប្បីមើលមុខគេ ក្នុងខណៈដែលគេប្រគេនចង្ហាន់។
19)
អដ្ឋកថា ថា បើមានទឹក តែគ្មានទីកំបាំង ភិក្ខុត្រូវដងទឹកដោយភាជន៍យកមកជម្រះ (ក្នុងទីកំបាំង)។ បើគ្មានភាជន៍សម្រាប់ដងទឹក ត្រូវដងដោយបាត្រ។ បើបាត្រក៏គ្មាន ទាំងវត្ថុឯទៀតក៏គ្មាន។ ភិក្ខុត្រូវតាំងចិត្តថា ទីនេះស្រឡះណាស់ ខាងមុខគង់មានទឹក លុះទៅរកទឹកមិនបាន ក៏ដល់ពេលភិក្ខាចារ ភិក្ខុនោះនឹងជូតដោយឈើ ឬវត្ថុអ្វីមួយក៏បាន។
20)
អដ្ឋកថា ថា វច្ចកុដិ១ ទីបន្ទោបង់បស្សាវៈ១ កំពង់សម្រាប់ងូតទឹក១ ទាំង៣កន្លែងនេះ គួរប្រកាន់តាមលំដាប់ភិក្ខុដែលទៅដល់ (មុនក្រោយ)។
21)
អដ្ឋកថា ពន្យល់ថា ភិក្ខុមានប្រាថ្នានឹងជម្រះនូវសាសនា ហើយកាន់យកអធិករណ៍ណា ដោយខ្លួនឯង អធិករណ៍នោះ ហៅថា អត្តាទាន គឺជាឈ្មោះនៃអធិករណ៍ម្យ៉ាង ដែលមានភិក្ខុរ៉ាប់រងដោយខ្លួនឯង។
22)
អដ្ឋកថាពន្យល់ថា ចងរឹងឆ្អឹងជំនីរឲ្យទន់ដោយវត្ថពន្ធចង្កេះ ហាក់ដូចជានាងទារិកា ជាគ្រហស្ថ រុំដោយសំពត់ចោមពុង គឺសំពត់បិទដោះ។
23)
អដ្ឋកថា ពន្យល់ថា ពួកភិក្ខុនីយកថ្នាំបន្តក់ភ្នែក ទៅធ្វើជាគំនូសខាងក្រោមមាត់ត្រង់កន្លែងណាដែលវៀចៗ ឬខូងៗ។
24)
តាមទំនងពាក្យខ្មែរខ្លះ គួរប្រែថា អៀម។
25)
ក្នុងអដ្ឋកថា ប្រាប់សេចក្តីថា រវល់រៀបចំអាសនៈ ត្រូវប្រាប់ឲ្យភិក្ខុនីដទៃក្រោកចេញ ហើយឲ្យភិក្ខុនីឯទៀតអង្គុយ ត្រង់កន្លែងនោះយ៉ាងនេះ ទាល់តែហួសពេលឆាន់។
26)
ក្នុងដីកាថា បុថុជ្ជន សោតាបន្នបុគ្គល និងសកទាគាមិបុគ្គល ហៅថា បុគ្គលមិនទាន់ប្រាសចាករាគៈក្នុងទីនេះ។
27)
លើកដៃទាំងពីរដាក់លើក្បាល ហើយទួញយំ។
28)
ក្នុងដីកាថា ព្រះអនាគាមី និងព្រះខីណាស្រព។
29)
ពួកភិក្ខុជាបុត្តនៃជនដែលនៅក្នុងដែនវជ្ជី បានជាហៅដោយរួបរួមថា វជ្ជីបុត្តកភិក្ខុ។
30)
ប្រែថា យល់ព្រម ថា ត្រេកអរ
31)
ព្រះយសត្ថេរ ជាបុត្តនៃព្រាហ្មណ៍ ឈ្មោះកាកណ្ឌកៈ ហៅដោយរួបរួមថា យសកាកណ្ឌកបុត្ត។
32)
អដ្ឋកថាព្រះសូត្រថា ពាក្យជាចន្លោះនៃគុណធម៌ មានកម្មដ្ឋានមនសិការ និងបាឡី និងអដ្ឋកថា ជាដើម ហៅថា អន្តរាកថា។
33)
ក្នុងសារត្ថទីបនីថា សង្ឃគិតថា ពួកភិក្ខុដែលមិនទាន់មកដល់ លុះមកដល់ហើយ សឹមយើងកាន់យកសេចក្តីយល់ព្រម លុះគិតដូច្នេះហើយ ពួកភិក្ខុទាំងនោះ មិនទាន់មកដល់នៅឡើយ សង្ឃក៏នាំគ្នាធ្វើសង្ឃកម្មជាពួក ហើយកាន់យកនូវការយល់ព្រមជាខាងក្រោយ គួរដែរ។ កម្មជាពួកមិនមានឡើយ។
34)
ក្នុងវិមតិវិនោទនីថា សុរាដែលគេផ្សំដោយគ្រឿងប្រុងរួចហើយ។
35)
ក្នុងវិមតិវិនោទនីថា ព្រះថេរៈនោះ ចាស់ជាងភិក្ខុទាំងអស់ក្នុងលោក ក្នុងគ្រានោះ។
36)
ក្នុងសារត្ថទីបនីថា ធម៌ជាគ្រឿងនៅដ៏តូច មិនជ្រៅ ឬរាក់។
37)
ក្នុងអដ្ឋកថាព្រះសូត្រថា ការជ្រើសរើសយកភិក្ខុអំពីគណៈសង្ឃ ដើម្បីរម្ងាប់អធិករណ៍ ដែលកើតមានឡើង ហៅថា ឧព្វាហិកា។
38)
ក្នុងយោជនាថា ពាក្យដែលព្រះមានព្រះភាគចែកបទមាតិកា ហៅថា សុត្តវិភង្គ ក្នុងសារត្ថទីបនីដីកាថា បទភាជនីយ ហៅថា សុត្តវិភង្គ។
39)
មានតែក្នុងបាលីខាងដើម ក្នុងឧទ្ទានគ្មាន មានតែ មគ្គោវិញ ប្រហែលជាមគ្គសព្ទនេះ លោកផ្លាស់ប្តូរជំនួសសព្ទ គឺអវន្តិទក្ខិណាបថ ទេដឹង។
km/tipitaka/book_011.txt · ពេលកែចុងក្រោយ: 2023/02/08 11:22 និពន្ឋដោយ Johann