-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ១៧ - Book 17
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20170101 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០១៧ - Tipitaka Book 017, for change log on ati.eu see here: រាយការណ៍ ភាគ ០១៧
គំរូ ឯកសារ ផ្សេងទៀត ៖
book_017.pdf
លេខសម្គាល់
លេខទំព៍រ
ទ. 1
(មហាវគ្គ)
ចតុត្ថភាគ
ភាគទី ១៧
មហាសុទស្សនសូត្រ ទី៤ | ជនវសភសូត្រ ទី៥ | មហាគោវិន្ទសូត្រ ទី៦ | មហាសមយសូត្រ ទី៧ | សក្កបញ្ហសូត្រ ទី៨ | មហាសតិប្បដ្ឋានសូត្រ ទី៩ | បាយាសិរាជញ្ញសូត្រ ទី១០
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(៤. មហាសុទស្សនសុត្តំ)
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសាលវ័ន ដែលជាផ្លូវបត់ចូល (ទៅកាន់ក្រុង) របស់ពួកមល្លក្សត្រ នាចន្លោះនៃដើមសាលព្រឹក្សទាំងគូ ជិតក្រុងកុសិនារា ក្នុងកាលទៀបបរិនិព្វាន។ គ្រានោះឯង ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ គង់ស៊ប់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូល ចំពោះព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ កុំបរិនិព្វាន ក្នុងនគរកុសិនារានេះ ដែលជានគរតូច នគរទួល ជាសាខានគរឡើយ បពិត្រព្រះអង្គដ៏ចំរើន នគរធំៗ ឯទៀតក៏មាន ដូចយ៉ាងនគរចម្បា រាជគ្រឹះ សាវត្ថី សាកេត កោសម្ពី និងពារាណសី សូមព្រះមានព្រះភាគ ទ្រង់បរិនិព្វានក្នុងនគរទាំងនុ៎ះវិញ (ព្រោះ) ក្នុងនគរទាំងនុ៎ះ មានខត្តិយមហាសាល ព្រាហ្មណមហាសាល និងគហបតិមហាសាល ជាច្រើននាក់ ដែលជ្រះថ្លាស៊ប់ ក្នុងព្រះតថាគត ពួកជនទាំងនោះ នឹងធ្វើការបូជាព្រះសរីរៈ របស់ព្រះតថាគត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកកុំពោលថា នគរនេះ ជានគរតូច នគរទួល ជាសាខានគរយ៉ាងនេះឡើយ។ ម្នាលអានន្ទ កាលពីព្រេងនាយមក មានព្រះរាជាទ្រង់ព្រះនាម មហាសុទស្សនៈ ជាក្សត្របានមុទ្ទាភិសេក (ឥស្សរៈលើផែនដី) មានមហាសមុទ្រទាំង៤ ជាទីបំផុត ព្រះអង្គជាស្តេចឈ្នះសង្គ្រាម ទ្រង់មានជនបទ ដល់នូវសេចក្តីមាំមួន។ ម្នាលអានន្ទ នគរកុសិនារានេះ ជារាជធានីឈ្មោះកុសាវតី របស់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ កុសាវតីរាជធានី បណ្តោយពីបុរត្ថិមទិស ទៅបច្ឆិមទិស១២យោជន៍ ទទឹងពីឧត្តរទិស ទៅទក្ខិណទិស៧យោជន៍ ជានគរស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានមនុស្សកុះករ ជាស្រុកមានភិក្ខាហារបរិបូណ៌។ ម្នាលអានន្ទ រាជធានីឈ្មោះអាលកមន្ទា របស់ពួកទេវតា ជារាជធានីដ៏ស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានទេវតាកុះករ ជាស្រុកមានភិក្ខាហារបរិបូណ៌ យ៉ាងណាមិញ ម្នាលអានន្ទ កុសាវតីរាជធានី ជារាជធានីដ៏ស្តុកស្តម្ភ ធំទូលាយ មានជនច្រើន មានមនុស្សកុះករ ជាស្រុកមានភិក្ខាហារបរិបូណ៌ យ៉ាងនោះដែរ។ ម្នាលអានន្ទ កុសាវតីរាជធានី ជាក្រុងកងរំពងដោយសូរសព្ទ១០យ៉ាង ទាំងថ្ងៃ ទាំងយប់ គឺសូរសព្ទដំរី សូរសព្ទសេះ សូរសព្ទរថ សូរសព្ទស្គរ សូរសព្ទសម្ភោរ សូរសព្ទពិណ សូរសព្ទចម្រៀង សូរសព្ទមហោស្រព សូរសព្ទប្រគំ សូរសព្ទមនុស្សនិយាយគ្នាថា អ្នកទាំងឡាយ ចូរបរិភោគទៅ ចូរផឹកទៅ ចូរស៊ីទៅ រួមជាគំរប់១០យ៉ាង។ ម្នាលអានន្ទ កុសាវតីរាជធានី មានកំពែងព័ទ្ធជុំវិញ ៧ជាន់ គឺកំពែងមាស១ជាន់ កំពែងប្រាក់១ជាន់ កំពែងកែវពៃទូរ្យ១ជាន់ កំពែងកែវផលិក១ជាន់ កំពែងកែវទទឹម១ជាន់ កំពែងកែវមរកត១ជាន់ កំពែងកែវគ្រប់យ៉ាង១ជាន់។ ម្នាលអានន្ទ កុសាវតីរាជធានី មានទ្វារ៤បែប គឺទ្វារមាស១ ទ្វារប្រាក់១ ទ្វារកែវពៃទូរ្យ១ ទ្វារកែវផលិក១។ ក្នុងទ្វារមួយៗ គេដាំសសរគោលប្រាំពីរៗដើម ជាសសរមានទំហំ៣ជួរបុរស1) គេដាំចុះទៅក្នុងដីជម្រៅ៣ជួរបុរស កំពស់ពីដីឡើង១២ជួរបុរស។ គឺសសរមាស១ដើម សសរប្រាក់១ដើម សសរកែវពៃទូរ្យ១ដើម សសរកែវផលិក១ដើម សសរកែវទទឹម១ដើម សសរកែវមរកត១ដើម សសរកែវគ្រប់យ៉ាង១ដើម។ ម្នាលអានន្ទ កុសាវតីរាជធានី មានជួរដើមត្នោតព័ទ្ធជុំវិញ៧ជាន់ គឺជួរដើមត្នោតមាស១ជាន់ ដើមត្នោតប្រាក់១ជាន់ ដើមត្នោតកែវពៃទូរ្យ១ជាន់ ដើមត្នោតកែវផលិក១ជាន់ ដើមត្នោតកែវទទឹម១ជាន់ ដើមត្នោតកែវមរកត១ជាន់ ដើមត្នោតកែវគ្រប់យ៉ាង១ជាន់។ ត្នោតមាស ដើមជាមាស ឯស្លឹក និងផ្លែជាប្រាក់។ ត្នោតប្រាក់ ដើមជាប្រាក់ ឯស្លឹក និងផ្លែជាមាស។ ត្នោតកែវពៃទូរ្យ ដើមជាកែវពៃទូរ្យ ឯស្លឹក និងផ្លែជាកែវផលិក។ ត្នោតកែវផលិក ដើមជាកែវផលិក ឯស្លឹក និងផ្លែជាកែវពៃទូរ្យ។ ត្នោតកែវទទឹម ដើមជាកែវទទឹម ឯស្លឹក និងផ្លែជាកែវមរកត។ ត្នោតកែវមរកត ដើមជាកែវមរកត ឯស្លឹក និងផ្លែជាកែវទទឹម។ ត្នោតកែវគ្រប់យ៉ាង ដើមជាកែវគ្រប់យ៉ាង ឯស្លឹក និងផ្លែជាកែវគ្រប់យ៉ាង។ ម្នាលអានន្ទ ជួរដើមត្នោតទាំងនោះ ត្រូវខ្យល់បក់មក ក៏មានសូរសព្ទពីរោះ គួរត្រេកអរ គួរផ្ទៀងស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តូរ្យតន្ត្រីប្រកបដោយអង្គប្រាំ2) ដែលពួកអ្នកឈ្លាសវៃផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំ ឲ្យមានសូរសព្ទពីរោះ គួរត្រេកអរ គួរផ្ទៀងស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ ឯជួរដើមត្នោតទាំងនោះ កាលត្រូវខ្យល់បក់មក ក៏មានសូរសព្ទពីរោះ គួរត្រេកអរ គួរផ្ទៀងស្តាប់ គួរជក់ចិត្ត ក៏មានឧបមេយ្យដូច្នោះឯង។ ម្នាលអានន្ទ សម័យនោះ ក្នុងកុសាវតីរាជធានី មានអ្នកលេងបាស្កា អ្នកលេងស៊ីផឹក ពួកអ្នកលេងទាំងនោះ ក៏នាំគ្នារាំរែកលេង តាមសូរសព្ទនៃជួរដើមត្នោត ដែលខ្យល់បក់មកត្រូវនោះ។
[២] ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់បរិបូណ៌ដោយរតន៍៧ប្រការ និងដោយឫទ្ធិ៤យ៉ាង។ រតន៍៧ប្រការតើដូចម្តេច។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់កក់ព្រះសីរ្សក្នុងថ្ងៃ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករ័តន៍ ជាទិព្វមានកាំ១ពាន់ ព្រមទាំងខ្នងកង់ និងដុំ បរិបូណ៌ដោយអាការទាំងពួង ក៏កើតប្រាកដឡើង លុះព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ ទើបត្រិះរិះដូច្នេះថា អើ អាត្មាអញក៏ធ្លាប់ឮរឿងនេះ មកហើយថា ស្តេចអង្គណាជាក្សត្រ បានមុទ្ធាភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទ ដ៏ប្រសើរ ចក្ករ័តន៍ជាទិព្វ មានកាំ១ពាន់ ព្រមទាំងខ្នងកង់ទាំងដុំ បរិបូណ៌ដោយអាការទាំងពួង ក៏កើតប្រាកដឡើង ព្រះរាជាអង្គនោះ ជាស្តេចចក្រពត្តិ ឱហ្ន៎ អាត្មាអញ បានជាស្តេចចក្រពត្តិហើយតើ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់ក្រោកចាកអាសនៈ ហើយធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ទើបយកព្រះហស្តខាងឆ្វេង ចាប់ព្រះសុវណ្ណភិង្គារ (កុណ្ឌីមាស) យកព្រះហស្តខាងស្តាំ ប្រស់ព្រំចក្ករ័តន៍ ហើយត្រាស់ថា ចក្ករ័តន៍ដ៏ចំរើន ចូរអណ្តែតទៅ ចក្ករ័តន៍ដ៏ចំរើន ចូរមានជ័យជំនះ។ ម្នាលអានន្ទ លំដាប់នោះ ចក្ករ័តន៍នោះឯង ក៏អណ្តែតទៅខាងបុរត្ថិមទិស។ ព្រះបាទមហាសុទស្សនៈ ទ្រង់ស្តេចទៅតាមក្រោយ ជាមួយនឹងសេនាប្រកបដោយអង្គ៤។ ម្នាលអានន្ទ ចក្ករ័តន៍ទៅប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទមហាសុទស្សនៈ ព្រមទាំងចតុរង្គសេនា ក៏ទ្រង់ប្រថាប់ក្នុងប្រទេសនោះ។ ម្នាលអានន្ទ ពួកស្តេចណា ដែលត្រូវជាសត្រូវ គង់នៅក្នុងបុរត្ថិមទិស ពួកស្តេចនោះ ក៏ស្តេចចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ស្តេចមកចុះ បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជារបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គទ្រង់ប្រៀនប្រដៅ។ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការយ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវលួចរបស់ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវនិយាយពាក្យកុហក មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគវត្ថុតាមសមគួរចុះ។ ម្នាលអានន្ទ មួយទៀត ពួកស្តេចណា ដែលជាសត្រូវ នៅក្នុងបុរត្ថិមទិស ពួកស្តេចនោះ ក៏ទៅជាចុះចូលព្រះបាទមហាសុទស្សនៈវិញ។ ម្នាលអានន្ទ វេលានោះ ចក្ករ័តន៍នោះ ក៏ចុះទៅកាន់សមុទ្រខាងបុរត្ថិមទិស ហើយឆ្លងឡើង ត្រឡប់វិលទៅខាងទក្ខិណទិស ចុះកាន់សមុទ្រខាងទក្ខិណទិស ហើយឆ្លងឡើង វិលទៅខាងបច្ឆិមទិស ចុះកាន់សមុទ្រខាងបច្ឆិមទិស ហើយឆ្លងឡើង វិលទៅខាងឧត្តរទិសវិញ។ ព្រះបាទមហាសុទស្សនៈ ក៏ទ្រង់ស្តេចទៅតាមក្រោយ ជាមួយនឹងចតុរង្គសេនា។ ម្នាលអានន្ទ ចក្ករ័តន៍ ប្រតិស្ឋាននៅក្នុងប្រទេសណា ព្រះបាទមហាសុទស្សនៈ ក៏ទ្រង់ប្រថាប់នៅក្នុងប្រទេសនោះ ព្រមទាំងចតុរង្គសេនា។ ម្នាលអានន្ទ មួយទៀត ពួកស្តេចណា ជាសឹកសត្រូវ នៅក្នុងឧត្តរទិស ពួកស្តេចនោះ ក៏ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចមក បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជាព្រះរាជទ្រព្យរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គទ្រង់ប្រៀនប្រដៅ។ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការយ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវលួចរបស់ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវនិយាយពាក្យកុហក មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគវត្ថុតាមសមគួរចុះ។ ម្នាលអានន្ទ មួយវិញទៀត ពួកស្តេចណា ដែលជាសឹកសត្រូវ ក្នុងឧត្តរទិស ពួកស្តេចនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទមហាសុទស្សនៈវិញ។ ម្នាលអានន្ទ តពីនោះមក ចក្ករ័តន៍នោះ បានបង្ក្រាបផែនដី ដែលមានសមុទ្រជាទីបំផុត រួចហើយត្រឡប់មកកាន់កុសាវតីរាជធានីវិញ ហើយឋិតនៅក្នុងរបៀងសាលាសម្រាប់វិនិច្ឆ័យ ទៀបទ្វារព្រះបរមរាជវាំង របស់ព្រះបាទមហាសុទស្សនៈ នៅនឹងថ្កល់ ហាក់ដូចជាបាក់ភ្លៅ ហើយបំភ្លឺក្នុងព្រះរាជវាំង របស់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ចក្ករ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដឡើង ដល់ព្រះបាទមហាសុទស្សនៈ។
[៣] ម្នាលអានន្ទ តទៅទៀត ហត្ថិរ័តន៍ (ដំរីកែវ) ជាស្តេចដំរី ឈ្មោះឧបោសថ មានសម្បុរសសុទ្ធ មានអវយវៈ តូចធំសមរម្យទាំងអស់ ជាដំរីមានឫទ្ធិ អាចហោះទៅលើអាកាសបាន កើតប្រាកដឡើងដល់ព្រះបាទមហាសុទស្សនៈ។ លុះព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានដំរីល្អណាស់តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលអានន្ទ ឯហត្ថិរ័តន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាដំរីអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានបទល្អយូរអង្វែងហើយ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល ហត្ថិរ័តន៍នោះឯង មុនដម្បូង ទ្រង់ឡើងគង់ (លើហត្ថិរ័តន៍) ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រានូវផែនដី មានសមុទ្រជាទីបំផុត រួចហើយ ស្តេចត្រឡប់មកសោយព្រះក្រយាហារ ក្នុងវេលាព្រឹកឯកុសាវតីរាជធានីវិញទាន់។ ម្នាលអានន្ទ ហត្ថិរ័តន៍ មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៤] ម្នាលអានន្ទ តទៅទៀត អស្សរ័តន៍ (សេះកែវ) ជាស្តេចសេះឈ្មោះវលាហកៈ មានសម្បុរសសុទ្ធ មានសម្បុរត្រង់ក្បាលខ្មៅ (រលើប) ដូចជាសម្បុរនៃកក្អែក មានសក់ (សក្បុស) ដូចបណ្តូលស្មៅយាប្លង ជាសេះមានឫទ្ធិអាចហោះទៅលើអាកាសបាន កើតប្រាកដដល់ព្រះបាទមហាសុទស្សនៈ។ លុះព្រះបាទមហាសុទស្សនៈ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានសេះល្អណាស់តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលអានន្ទ លំដាប់នោះ អស្សរ័តន៍ ក៏ដល់នូវការបង្ហាត់បាន ដូចជាសេះអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អ យូរអង្វែងហើយ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល អស្សរ័តន៍នោះឯង មុនដម្បូង ទ្រង់ឡើងគង់លើអស្សរ័តន៍ ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រាផែនដី ដែលមានសមុទ្រជាទីបំផុត រួចហើយស្តេចត្រឡប់មកសោយព្រះស្ងោយ ក្នុងវេលាព្រឹកឯកុសាវតីរាជធានីវិញទាន់។ ម្នាលអានន្ទ អស្សរ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៥] ម្នាលអានន្ទ តទៅទៀត មណិរ័តន៍ ជាកែវពៃទូរ្យ មានជាតិដ៏ល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ មានពណ៌ថ្លាស្អាត បរិបូណ៌ ដោយអាការគ្រប់យ៉ាង បានកើតឡើងដល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ មណិរ័តន៍នោះឯង មានពន្លឺផ្សាយទៅ បានមួយយោជន៍ជុំវិញ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល នូវមណិរ័តន៍នោះឯង មុនដម្បូង ទ្រង់ប្រជុំអស់ពួកចតុរង្គសេនាមក ហើយទ្រង់ស្ទួយកែវមណី ឡើងទៅកាន់ចុងដងទង់ ហើយទ្រង់គ្រវីទៅ ក្នុងទីងងឹតអ័ព្ទក្នុងរាត្រី។ ម្នាលអានន្ទ ចំណែកអ្នកស្រុកទាំងឡាយណា ដែលនៅជិតខាង អ្នកស្រុកទាំងនោះ សំគាល់ថាជាវេលាថ្ងៃ ក៏នាំគ្នាប្រកបការងារដោយសារពន្លឺ (នៃកែវនោះឯង)។ ម្នាលអានន្ទ កែវមណី មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៦] ម្នាលអានន្ទ តទៅទៀត ឥត្ថីរ័តន៍3) (ស្រីកែវ) មានរូបឆោមល្អ គួរឲ្យអ្នកផងពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក លើសលែងកន្លងហួសសម្បុរស្រីមនុស្ស តែមិនដល់សម្បុរទិព្វទេ បានកើតប្រាកដ ដល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ឥត្ថីរ័តន៍នោះឯង មានកាយសម្ផ័ស្ស (ទន់ល្មឿយ) ដូចជាសំឡីគរ ឬសំឡីកប្បាស។ ម្នាលអានន្ទ មួយទៀត ឥត្ថីរ័តន៍នោះឯង កាលរដូវត្រជាក់ មានខ្លួនក្តៅ កាលរដូវក្តៅ មានខ្លួនត្រជាក់។ ម្នាលអានន្ទ មិនតែប៉ុណ្ណោះ ឥត្ថីរ័តន៍នោះឯង មានក្លិនខ្លឹមចន្ទន៍ ផ្សាយចេញអំពីកាយ មានក្លិនផ្កាឧប្បលផ្សាយចេញអំពីមាត់។ ម្នាលអានន្ទ ឥត្ថីរ័តន៍នោះឯង ជាស្រីតែងក្រោកឡើងមុន តែងអង្គុយក្រោយ4) យកចិត្តទុកដាក់ធ្វើអ្វីៗ ប្រព្រឹត្តត្រូវព្រះហឫទ័យ ពោលតែពាក្យជាទីពេញព្រះហឫទ័យ របស់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ឥត្ថីរ័តន៍នោះឯង សូម្បីតែចិត្ត ក៏មិនប្រព្រឹត្តកន្លង ព្រះបាទមហាសុទស្សនៈទៅហើយ ម្តេចឡើយនឹងប្រព្រឹត្តកន្លងដោយកាយបាន។ ម្នាលអានន្ទ ឥត្ថីរ័តន៍ មានសភាពយ៉ាងនេះ បានកើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៧] ម្នាលអានន្ទ តទៅទៀត គហបតិរ័តន៍5) (គហបតីកែវ) បានកើតប្រាកដ ដល់ព្រះបាទមហាសុទស្សនៈ។ ឯគហបតិរ័តន៍នោះ មានទិព្វចក្ខុ កើតអំពីផលនៃកុសលកម្ម អាចមើលឃើញកំណប់ទ្រព្យ ដែលមានម្ចាស់ និងមិនមានម្ចាស់បាន។ គហបតីនោះ ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក៏ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គនឹងចាត់ចែងការ ដែលគួរធ្វើដោយទ្រព្យថ្វាយ ដោយព្រះរាជទ្រព្យព្រះអង្គ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលទ្រង់នឹងល្បងមើល គហបតិរ័តន៍នោះឯង មុនដម្បូង ទ្រង់ប្រថាប់លើព្រះទីនាំងនាវា សំដៅទៅកាន់ខ្សែទឹក ក្នុងកណ្តាលទន្លេគង្គា ទើបទ្រង់ត្រាស់នឹងគហបតិរ័តន៍យ៉ាងនេះថា ម្នាលគហបតី យើងមានសេចក្តីត្រូវការ ដោយប្រាក់និងមាស។ គហបតីនោះ ក្រាបបង្គំទូលថា បពិត្រមហារាជ បើដូច្នោះ សូមទ្រង់អែបនាវាទៅខាងត្រើយច្រាំងម្ខាង។ ទ្រង់មានព្រះរាជឱង្ការថា ឱ គហបតី យើងមានសេចក្តីត្រូវការ តែប្រាក់ និងមាសត្រង់ទីនេះឯង។ ម្នាលអានន្ទ លំដាប់នោះ គហបតិរ័តន៍នោះឯង យកដៃទាំងពីរ លូកចុះទៅក្នុងទឹក លើកយកឆ្នាំង ដែលពេញដោយប្រាក់ និងមាស ហើយក្រាបទូលព្រះបាទមហាសុទស្សនៈថា បពិត្រមហារាជ ល្មមហើយ ដោយប្រាក់ និងមាសប៉ុណ្ណេះ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើព្រះរាជកិច្ចបានហើយ។ ព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះល្មមហើយ ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើកិច្ចបានហើយ ម្នាលគហបតី ប្រាក់និងមាសទាំងប៉ុណ្ណេះ យើងបូជាអ្នកឯង។ ម្នាលអានន្ទ គហបតិរ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។
[៨] ម្នាលអានន្ទ តទៅទៀត បរិនាយករ័តន៍6) (បរិនាយកកែវ) ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាច ដើម្បីញុំាងព្រះបាទមហាសុទស្សនៈ ដែលខ្លួនឲ្យស្តេចចូលទៅ ឲ្យចូលទៅបាន ដើម្បីញុំាងព្រះបាទមហាសុទស្សនៈ ដែលខ្លួនគួរឲ្យស្តេចចេញ ឲ្យចេញទៅបាន ដើម្បីញុំាងព្រះបាទមហាសុទស្សនៈ ឲ្យតាំងងារបុគ្គល ដែលគួរតាំងបានកើតប្រាកដ ដល់ព្រះបាទមហាសុទស្សនៈ។ បរិនាយករ័តន៍នោះ ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ហើយទើបក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គនឹងប្រៀនប្រដៅថ្វាយ។ ម្នាលអានន្ទ បរិនាយករ័តន៍ មានសភាពយ៉ាងនេះ កើតប្រាកដហើយ ដល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយរ័តន៍៧ប្រការនេះឯង។
[៩] ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិ៤យ៉ាង។ ឫទ្ធិ៤យ៉ាង ដូចម្តេចខ្លះ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរូបល្អ គួរឲ្យអ្នកផងពិតពិលរមើល គួរឲ្យជ្រះថ្លា ទ្រង់ប្រកបដោយព្រះឆវិវណ្ណដ៏ល្អក្រៃលែង ជាងមនុស្សទាំងឡាយឯទៀតក្នុងលោកនេះ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី១។
[១០] ម្នាលអានន្ទ តទៅទៀត ព្រះបាទមហាសុទស្សនៈ មានព្រះជន្មាយុវែង ទ្រង់ឋិតនៅអស់កាលជាយូរអង្វែងក្រៃលែង ជាងមនុស្សទាំងឡាយឯទៀត។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី២។
[១១] ម្នាលអានន្ទ តទៅទៀត ព្រះបាទមហាសុទស្សនៈ ទ្រង់មិនមានអាពាធ មិនមានទុក្ខ ប្រកបដោយភ្លើងធាតុ ដែលកើតអំពីកម្ម មានវិបាកស្មើគ្នា មិនត្រជាក់ពេក មិនក្តៅពេក លើសជាងមនុស្សដទៃ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី៣។
[១២] ម្នាលអានន្ទ តទៅទៀត ព្រះបាទមហាសុទស្សនៈ ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ។ ម្នាលអានន្ទ បិតាជាទីស្រឡាញ់ ពេញចិត្តនៃបុត្រទាំងឡាយ យ៉ាងណាមិញ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ជាទីស្រឡាញ់ពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ យ៉ាងនោះដែរ។ ម្នាលអានន្ទ ចំណែកខាងព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យនៃព្រះបាទមហាសុទស្សនៈដែរ។ ម្នាលអានន្ទ កូនទាំងឡាយ ជាទីស្រឡាញ់ ពេញចិត្តនៃបិតា យ៉ាងណាមិញ ម្នាលអានន្ទ ចំណែកខាងព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យនៃព្រះបាទមហាសុទស្សនៈ យ៉ាងនោះដែរ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលមុនដម្បូង ទ្រង់ស្តេចទៅកាន់ឱទ្យាន ដោយចតុរង្គសេនា។ ម្នាលអានន្ទ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំស្តេចទៅ ដោយរហ័សរួសរាន់ ដូចខ្ញុំព្រះអង្គទាំងឡាយ ធ្លាប់ឃើញព្រះអង្គមកអស់កាលយូរនោះឡើយ។ ម្នាលអានន្ទ ឯព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់នឹងសារថីថា ម្នាលសារថី អ្នកកុំបររថទៅ ដោយរហ័សរួសរាន់ ដូចយើងធ្លាប់ឃើញព្រាហ្មណ៍ និងគហបតីទាំងឡាយ មកអស់កាលយូរយារនោះឡើយ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី៤។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិទាំង៤នេះឯង។
[១៣] ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញកសាងស្រះបោក្ខរណីទាំងឡាយ សុទ្ធតែ១រយជួរធ្នូៗ ក្បែរចន្លោះដើមត្នោតទាំងឡាយនេះ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់កសាងស្រះបោក្ខរណីទាំងឡាយ7) សុទ្ធតែ១រយជួរធ្នូៗ ក្បែរចន្លោះដើមត្នោតទាំងនោះ។ ម្នាលអានន្ទ ឯស្រះបោក្ខរណីទាំងនោះឯង វិចិត្រដោយឥដ្ឋ៤យ៉ាង គឺឥដ្ឋមាសមួយយ៉ាង ឥដ្ឋប្រាក់មួយយ៉ាង ឥដ្ឋកែវពៃទូរ្យមួយយ៉ាង ឥដ្ឋកែវផលិកមួយយ៉ាង។ ម្នាលអានន្ទ ក្នុងស្រះបោក្ខរណីទាំងនោះ មានជណ្តើរ៤បែប គឺជណ្តើរមាសមួយបែប ជណ្តើរប្រាក់មួយបែប ជណ្តើរកែវពៃទូរ្យមួយបែប ជណ្តើរកែវផលិកមួយបែប។ ជណ្តើរមាស មានមេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរប្រាក់ មានមេជាប្រាក់ តែកាំនិងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មានមេជាកែវពៃទូរ្យ តែកាំនិងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរកែវផលិក មានមេជាកែវផលិក តែកាំនិងក្បាលជណ្តើរជាកែវពៃទូរ្យ។ ម្នាលអានន្ទ មួយទៀត ស្រះបោក្ខរណីទាំងនោះឯង បិទបាំងដោយរបង២ជាន់ គឺរបងមាស១ របងប្រាក់១។ របងមាស មានសសរបង្គោលជាមាស តែរបាររបង និងក្បាលបង្គោលរបងជាប្រាក់។ របងប្រាក់ មានសសរបង្គោលជាប្រាក់ តែរបាររបង និងក្បាលបង្គោលរបងជាមាស។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា ក្នុងស្រះបោក្ខរណីទាំងនេះ គួរតែអាត្មាអញ នឹងដាំដើមផ្កាទាំងនេះគឺ ឧប្បល ឈូកក្រហម កុមុទ ឈូកស ដែលមានផ្ការីករាល់រដូវ មិនបានឃាត់ខាំងដល់ជនទាំងពួង។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ដាំដើមផ្កាទាំងនេះ ក្នុងស្រះបោក្ខរណីទាំងនោះគឺ ឧប្បល ឈូកក្រហម កុមុទ ឈូកស ដែលមានផ្ការីករាល់រដូវ មិនបានឃាត់ខាំងដល់ជនទាំងពួង។ ម្នាលអានន្ទ គ្រានោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ តាំងនហាបកបុរស (អ្នកផ្ងូតទឹក) ទុកទៀបឆ្នេរស្រះបោក្ខរណីទាំងនេះ សម្រាប់ផ្ងូតទឹកជនដែលមកហើយៗ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ក៏ទ្រង់តាំងនូវនហាបកបុរស ទុកទៀបឆ្នេរស្រះបោក្ខរណីទាំងនោះ សម្រាប់ផ្ងូតទឹកជនដែលមកហើយៗ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ តាំងទានវត្ថុ (រោងទាន) មានសភាពយ៉ាងនេះ ក្បែរឆ្នេរស្រះបោក្ខរណីទាំងនេះ គឺ បាយសម្រាប់អ្នកត្រូវការបាយ ទឹកសម្រាប់អ្នកត្រូវការទឹក សំពត់សម្រាប់អ្នកត្រូវការសំពត់ យានសម្រាប់អ្នកត្រូវការយាន ទីដេកសម្រាប់អ្នកត្រូវការទីដេក ស្រីសម្រាប់អ្នកត្រូវការស្រី ប្រាក់សម្រាប់អ្នកត្រូវការប្រាក់ មាសសម្រាប់អ្នកត្រូវការមាស។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់បានតាំងទានវត្ថុនេះ ក្បែរឆ្នេរស្រះបោក្ខរណីទាំងនោះ គឺបាយសម្រាប់អ្នកត្រូវការបាយ ទឹកសម្រាប់អ្នកត្រូវការទឹក សំពត់សម្រាប់អ្នកត្រូវការសំពត់ យានសម្រាប់អ្នកត្រូវការយាន ទីដេកសម្រាប់អ្នកត្រូវការទីដេក ស្រីសម្រាប់អ្នកត្រូវការស្រី ប្រាក់សម្រាប់អ្នកត្រូវការប្រាក់ មាសសម្រាប់អ្នកត្រូវការមាស។
[១៤] ម្នាលអានន្ទ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ នាំយកសម្បត្តិដ៏ច្រើន ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សម្បត្តិដ៏ច្រើននេះ យើងខ្ញុំព្រះអង្គនាំមកថ្វាយចំពោះព្រះអង្គ សូមព្រះអង្គ ទ្រង់ទទួលសម្បត្តិទាំងនោះ។ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ណ្ហើយកុំ សម្បត្តិដ៏ច្រើននេះ ដែលអ្នកនាំមកដើម្បីយើង ដោយពលិកម្មប្រកបដោយធម៌ហើយ តែទ្រព្យសម្បត្តិទាំងនោះ ចូរនៅជារបស់អ្នកទាំងឡាយវិញចុះ ចូរអ្នកទាំងឡាយ នាំយកពីរនេះថែមទៅទៀតចុះ។ ពួកព្រាហ្មណ៍ និងគហបតីទាំងនោះ លុះស្តេចឃាត់យ៉ាងនេះហើយ ក៏ថយចេញទៅនៅក្នុងទីដ៏សមគួរ ហើយគិតព្រមគ្នាយ៉ាងនេះថា ការដែលពួកយើងនាំយកសម្បត្តិទាំងនេះត្រឡប់ទៅទុកក្នុងផ្ទះរបស់យើងវិញយ៉ាងនេះ មិនសមគួរដល់ពួកយើងឡើយ បើដូច្នេះ ពួកយើងគួរនាំគ្នាសាងនិវេសនដ្ឋាន ថ្វាយព្រះបាទមហាសុទស្សនៈវិញ។ ពួកព្រាហ្មណ៍ និងគហបតីទាំងនោះ ក៏នាំគ្នាចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ពួកខ្ញុំព្រះអង្គ នឹងនាំគ្នាសាងនិវេសន៍ថ្វាយព្រះអង្គ។ ម្នាលអានន្ទ ឯព្រះបាទមហាសុទស្សនៈ ទ្រង់បានទទួលដោយតុណ្ហីភាព។
[១៥] ម្នាលអានន្ទ លំដាប់នោះឯង សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ បានជ្រាបបរិវិតក្កៈ ក្នុងព្រះហឫទ័យនៃព្រះបាទមហាសុទស្សនៈ ដោយព្រះហឫទ័យនៃព្រះអង្គ ក៏ត្រាស់ហៅវិស្សកម្មទេវបុត្តមកថា ហៃវិស្សកម្មទេវបុត្តជាសំឡាញ់ អ្នកចូរមកនេះ អ្នកចូរទៅនិម្មិតព្រះរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ វិស្សកម្មទេវបុត្ត បានទទួលបង្គាប់របស់សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ ដោយពាក្យថា អំពើយ៉ាងនេះ ជាការចំរើន ដល់ព្រះអង្គហើយ ដូច្នេះហើយ ក៏បាត់អំពីឋានទេវតាឈ្មោះតាវត្តិង្ស មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ នៃព្រះបាទមហាសុទស្សនៈ ដូចបុរសដែលមានកំឡាំងលាដៃ ដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃ ដែលខ្លួនលាចេញ ដូច្នោះឯង។ ម្នាលអានន្ទ គ្រានោះឯង វិស្សកម្មទេវបុត្ត បានក្រាបបង្គំទូលព្រះបាទមហាសុទស្សនៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គ នឹងនិម្មិតរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះអង្គ។ ម្នាលអានន្ទ ឯព្រះបាទមហាសុទស្សនៈ ទ្រង់ទទួលដោយតុណ្ហីភាព។ ម្នាលអានន្ទ វិស្សកម្មទេវបុត្ត ក៏បាននិម្មិតព្រះរាជនិវេសន៍ ឈ្មោះធម្មប្រាសាទ ថ្វាយព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ធម្មប្រាសាទ បណ្តោយអំពីទិសខាងកើត ទៅទិសខាងលិច១យោជន៍ ទទឹងអំពីទិសខាងជើង ទៅទិសខាងត្បូងកន្លះយោជន៍។ ម្នាលអានន្ទ ធម្មប្រាសាទ មានវត្ថុដែលវិចិត្រដោយឥដ្ឋមានបែប៤យ៉ាង ដោយកំពត់៣ជួរបុរស គឺឥដ្ឋមាស១យ៉ាង ឥដ្ឋប្រាក់១យ៉ាង ឥដ្ឋកែវពៃទូរ្យ១យ៉ាង ឥដ្ឋកែវផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ មានសសរ៨៤០០០ មានបែប៤យ៉ាងគឺ សសរមាស១យ៉ាង សសរប្រាក់១យ៉ាង សសរកែវពៃទូរ្យ១យ៉ាង សសរកែវផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ ក្រាលដោយផែនក្តារមានបែប៤យ៉ាង គឺផែនក្តារមាស១យ៉ាង ផែនក្តារប្រាក់១យ៉ាង ផែនក្តារកែវពៃទូរ្យ១យ៉ាង ផែនក្តារកែវផលិក១យ៉ាង។ ម្នាលអានន្ទ ធម្មប្រាសាទ មានជណ្តើរ២៤ មានបែប៤យ៉ាងគឺ ជណ្តើរមាស១យ៉ាង ជណ្តើរប្រាក់១យ៉ាង ជណ្តើរកែវពៃទូរ្យ១យ៉ាង ជណ្តើរកែវផលិក១យ៉ាង។ ជណ្តើរមាស មេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរប្រាក់ មេជាប្រាក់ តែកាំ និងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មេជាកែវពៃទូរ្យ តែកាំ និងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរកែវផលិក មេជាកែវផលិក តែកាំ និងក្បាលជណ្តើរជាកែវពៃទូរ្យ។ ម្នាលអានន្ទ ធម្មប្រាសាទ មានផ្ទះកំពូល ៨៤០០០ មានបែប៤យ៉ាងគឺ ផ្ទះកំពូលដែលធ្វើដោយមាស១យ៉ាង ធ្វើដោយប្រាក់១យ៉ាង ធ្វើដោយកែវពៃទូរ្យ១យ៉ាង ធ្វើដោយកែវផលិក១យ៉ាង។ ក្នុងផ្ទះកំពូល ដែលធ្វើដោយមាស មានតែងតាំងបល្លង្កប្រាក់។ ក្នុងផ្ទះកំពូល ដែលធ្វើដោយប្រាក់ មានតែងតាំងបល្លង្កមាស។ ក្នុងផ្ទះកំពូល ដែលធ្វើដោយកែវពៃទូរ្យ មានតែងតាំងបល្លង្កភ្លុក។ ក្នុងផ្ទះកំពូល ដែលធ្វើដោយកែវផលិក មានតែងតាំងបល្លង្កកែវមរកត។ មានដើមត្នោតប្រាក់ ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយមាស ឯត្នោតនោះ មានដើមជាប្រាក់ តែស្លឹក និងផ្លែជាមាស។ មានដើមត្នោតមាស ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយប្រាក់ ឯត្នោតនោះ មានដើមជាមាស តែស្លឹក និងផ្លែជាប្រាក់។ មានដើមត្នោតកែវផលិក ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយកែវពៃទូរ្យ ឯត្នោតនោះ មានដើមជាកែវផលិក តែស្លឹក និងផ្លែជាកែវពៃទូរ្យ។ មានដើមត្នោតកែវពៃទូរ្យ ឋិតនៅជិតទ្វារផ្ទះកំពូល ដែលធ្វើដោយកែវផលិក ឯត្នោតនោះ មានដើមជាកែវពៃទូរ្យ តែស្លឹក និងផ្លែជាកែវផលិក។
[១៦] ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ សាងច្បារត្នោតមាសសុទ្ធ ជិតទ្វារនៃផ្ទះកំពូល ដែលធ្វើដោយប្រាក់ ត្រង់កន្លែងដែលអាត្មាអញនឹងអង្គុយក្នុងវេលាថ្ងៃ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់បានសាងច្បារត្នោតមាសសុទ្ធ ជិតទ្វារនៃផ្ទះកំពូល ដែលធ្វើដោយប្រាក់ ត្រង់កន្លែងដែលស្តេចគង់ក្នុងវេលាថ្ងៃ។ ម្នាលអានន្ទ ធម្មប្រាសាទ បិទបាំងដោយរបង២ជាន់ គឺរបងមាស១ជាន់ របងប្រាក់១ជាន់។ របងមាស មានសសរបង្គោលជាមាស តែរបាររបង និងក្បាលបង្គោលរបងជាប្រាក់។ របងប្រាក់ មានសសរបង្គោលជាប្រាក់ តែរបាររបង និងក្បាលបង្គោលរបងជាមាស។ ម្នាលអានន្ទ ធម្មប្រាសាទ បិទបាំងដោយបណ្តាញនៃកណ្តឹង២យ៉ាង គឺបណ្តាញមាស១យ៉ាង បណ្តាញប្រាក់១យ៉ាង។ បណ្តាញមាស កណ្តឹងជាប្រាក់។ បណ្តាញប្រាក់ កណ្តឹងជាមាស។ ម្នាលអានន្ទ បណ្តាញកណ្តឹងទាំងនោះ កាលបើត្រូវខ្យល់បក់មក ក៏មានសំឡេងពីរោះ គួរត្រេកអរ គួរផ្ទៀងត្រចៀកស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តន្ត្រីប្រកបដោយអង្គ៥ ដែលមនុស្សអ្នកឈ្លាសវៃផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំដ៏មានសំឡេងពីរោះ គួរត្រេកអរ គួរផ្ទៀងត្រចៀកស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ បណ្តាញកណ្តឹងទាំងនោះ ដែលខ្យល់បក់មកត្រូវ ក៏មានសំឡេងនោះពីរោះ គួរត្រេកអរ គួរផ្ទៀងត្រចៀកស្តាប់ គួរជក់ចិត្ត ដូច្នោះឯង។ ម្នាលអានន្ទ ក្នុងសម័យនោះឯង កុសាវតីរាជធានី មានអ្នកលេងល្បែងបាស្កា និងអ្នកលេងស៊ីផឹក ពួកអ្នកលេងទាំងនោះ ក៏នាំគ្នាលេងរាំរែក តាមសំឡេងបណ្តាញកណ្តឹង ដែលខ្យល់បក់មកត្រូវទាំងនោះ។ ម្នាលអានន្ទ លុះធម្មប្រាសាទ សម្រេចហើយ លំបាកនឹងមើលបាន អ្នកមើល រមែងពិលភ្នែក។ ម្នាលអានន្ទ កាលដល់សរទសម័យ8) ខែខាងចុងនៃវស្សានរដូវ មេឃភ្លឺត្រចះចូលមកស៊ប់ពេញទី អាកាសផាត់ភ្លៀងស្រឡះហើយ ព្រះអាទិត្យក៏ភ្លឺចាំងច្បាស់ឰដ៏អាកាស លំបាកនឹងមើលបាន អ្នកមើលរមែងពិលភ្នែក យ៉ាងណាមិញ ម្នាលអានន្ទ ធម្មប្រាសាទ ដែលលំបាកនឹងមើលបាន អ្នកមើលតែងពិលភ្នែក ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញសាងស្រះ ឈ្មោះធម្មបោក្ខរណី ខាងមុខធម្មប្រាសាទ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ក៏ទ្រង់សាងស្រះឈ្មោះធម្មបោក្ខរណី ខាងមុខធម្មប្រាសាទ។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បណ្តោយពីខាងកើត ទៅខាងលិច១យោជន៍ ទទឹងពីខាងជើង ទៅខាងត្បូងកន្លះយោជន៍។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី វិចិត្រដោយឥដ្ឋ មានបែប៤យ៉ាង គឺឥដ្ឋមាស១យ៉ាង ប្រាក់១យ៉ាង កែវពៃទូរ្យ១យ៉ាង កែវផលិក១យ៉ាង។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី មានជណ្តើរ២៤ មានបែប៤យ៉ាងគឺ ជណ្តើរមាស១យ៉ាង ប្រាក់១យ៉ាង កែវពៃទូរ្យ១យ៉ាង កែវផលិក១យ៉ាង។ ជណ្តើរមាស មេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរប្រាក់ មេជាប្រាក់ តែកាំ និងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មេជាកែវពៃទូរ្យ តែកាំ និងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរកែវផលិក មេជាកែវផលិក តែកាំ និងក្បាលជណ្តើរជាកែវពៃទូរ្យ។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បិទបាំងដោយរបងពីរជាន់ គឺរបងមាស១ជាន់ របងប្រាក់១ជាន់។ របងមាស មានសសរបង្គោលជាមាស តែរបាររបង និងក្បាលបង្គោលនៃរបងជាប្រាក់។ របងប្រាក់ មានសសរបង្គោលជាប្រាក់ តែរបាររបង និងក្បាលបង្គោលរបងជាមាស។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បិទបាំងដោយជួរដើមត្នោត៧ជាន់ ជួរដើមត្នោតមាស១ជាន់ ជួរដើមត្នោតប្រាក់១ជាន់ ជួរដើមត្នោតកែវពៃទូរ្យ១ជាន់ ជួរដើមត្នោតកែវផលិក១ជាន់ ជួរដើមត្នោតកែវទទឹម១ជាន់ ជួរដើមត្នោតកែវមរកត១ជាន់ ជួរដើមត្នោតកែវគ្រប់យ៉ាង១ជាន់។ ត្នោតមាស ដើមជាមាស តែស្លឹកនិងផ្លែជាប្រាក់។ ត្នោតប្រាក់ ដើមជាប្រាក់ តែស្លឹកនិងផ្លែជាមាស។ ត្នោតកែវពៃទូរ្យ ដើមជាកែវពៃទូរ្យ តែស្លឹកនិងផ្លែជាកែវផលិក។ ត្នោតកែវផលិក ដើមជាកែវផលិក តែស្លឹកនិងផ្លែជាកែវពៃទូរ្យ។ ត្នោតកែវទទឹម ដើមជាកែវទទឹម តែស្លឹកនិងផ្លែជាកែវមរកត។ ត្នោតកែវមរកត ដើមជាកែវមរកត តែស្លឹកនិងផ្លែជាកែវទទឹម។ ត្នោតកែវគ្រប់យ៉ាង ដើមជាកែវគ្រប់យ៉ាង ឯស្លឹកនិងផ្លែជាកែវគ្រប់យ៉ាង។ ម្នាលអានន្ទ ជួរត្នោតទាំងនោះឯង កាលបើមានខ្យល់បក់មកត្រូវ មានសំឡេងពីរោះ គួរត្រេកអរ គួរផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តន្រ្តីប្រកបដោយអង្គ៥ ដែលមនុស្សឈ្លាសវៃបានផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំ មានសំឡេងពីរោះ គួរត្រេកអរ គួរផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ ជួរត្នោតទាំងនោះឯង កាលបើមានខ្យល់បក់មកត្រូវ ក៏មានសំឡេងពីរោះ គួរត្រេកអរ គួរផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត យ៉ាងនោះដែរ។ ម្នាលអានន្ទ ក្នុងសម័យនោះឯង កុសាវតីរាជធានី មានអ្នកលេងបាស្កា និងអ្នកលេងស៊ីផឹក ឯពួកអ្នកលេងទាំងនោះ នាំគ្នារាំរែកតាមសំឡេងនៃជួរដើមត្នោត ដែលមានខ្យល់បក់មកត្រូវទាំងនោះ។ ម្នាលអានន្ទ លុះដល់ធម្មប្រាសាទ និងស្រះធម្មបោក្ខរណីសម្រេចហើយ ព្រះបាទមហាសុទស្សនៈ ទ្រង់និមន្តពួកសមណព្រាហ្មណ៍ ដែលសន្មតថា ជាសមណៈ ថាជាព្រាហ្មណ៍ ក្នុងសម័យនោះឯង ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយពេញចំណង់ ហើយស្តេចឡើងកាន់ធម្មប្រាសាទ។
បឋមភាណវារៈ។
[១៧] ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាផលនៃកម្មរបស់អាត្មាអញ ដូចម្តេចហ្ន៎ ជាវិបាកនៃកម្មរបស់អាត្មាអញ ដូចម្តេចហ្ន៎ បានជាឥឡូវនេះ អាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា នេះជាផលនៃកម្ម៣យ៉ាង ជាវិបាកនៃកម្ម៣យ៉ាងរបស់អាត្មាអញ បានជាឥឡូវនេះ អាត្មាអញមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ កម្ម៣យ៉ាងនោះ គឺទានៈ (ការឲ្យ)១ ទមៈ (ការទូន្មានខ្លួន)១ សញ្ញមៈ (ការសង្រួមក្នុងសីល)១។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់ស្តេចចូលទៅកាន់កូដាគារដ្ឋាន (ផ្ទះមានកំពូល) ប្រាក់ លុះស្តេចទៅដល់ហើយ ទ្រង់ប្រថាប់ទៀបទ្វារ នៃកូនដាគារដ្ឋានប្រាក់ ទ្រង់បន្លឺឧទានវាចាថា នែកាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹសាវិតក្កៈ អ្នកចូរឈប់ចុះ នែកាមវិតក្កៈ ព្យាបាទវិតក្កៈ និងវិហឹសាវិតក្កៈ ល្មមប៉ុណ្ណឹងហើយ។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់ស្តេចចូលទៅកាន់កូដាគារដ្ឋានប្រាក់ ទ្រង់គង់លើបល្លង្កមាស លុះស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ទ្រង់ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក លុះទ្រង់រម្ងាប់វិតក្កៈ វិចារៈហើយ ទ្រង់ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតជាក់ច្បាស់ក្នុងខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈឡើយ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះប្រាសចាកបីតិផង មានឧបេក្ខា មានសតិសម្បជញ្ញៈផង ទទួលសេចក្តីសុខ ដោយនាមកាយផង ទើបទ្រង់ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ ពោលទុកថា បុគ្គលអ្នកមានឧបេក្ខា មានសតិ មានប្រក្រតីនៅជាសុខ ទ្រង់ចូលកាន់ចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែឧបេក្ខា និងសតិដ៏បរិសុទ្ធ ព្រោះកិរិយាលះបង់នូវទុក្ខ និងសុខ ព្រោះកិរិយាវិនាសទៅ នៃសោមនស្ស និងទោមនស្សក្នុងកាលមុន។
[១៨] ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់ស្តេចចេញពីកូដាគារដ្ឋានប្រាក់ ហើយស្តេចចូលទៅកាន់កូដាគារដ្ឋានមាស ទ្រង់គង់លើបល្លង្កប្រាក់ មានព្រះហឫទ័យប្រកបដោយមេត្តាផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចៗគ្នា។ ទ្រង់មានព្រះហឫទ័យ ប្រកបដោយមេត្តាធំទូលាយ ជាមហគ្គតៈ គឺរូបាវចរៈ និងអរូបាវចរៈ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយប្រការដូច្នេះ។ ទ្រង់មានព្រះហឫទ័យប្រកបដោយករុណា។ ទ្រង់មានព្រះហឫទ័យប្រកបដោយមុទិតា។ ទ្រង់មានព្រះហឫទ័យប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចៗគ្នា។ ទ្រង់មានព្រះហឫទ័យប្រកបដោយឧបេក្ខា ជាធម្មជាតធំទូលាយ ជាមហគ្គតៈ មានប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយប្រការដូច្នេះ។
[១៩] ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់មាននគរ៨៤០០០ មានកុសាវតីរាជធានីជាប្រធាន ទ្រង់មានប្រាសាទ៨៤០០០ មានធម្មប្រាសាទជាប្រធាន ទ្រង់មានប្រាសាទកំពូល៨៤០០០ មានកូដាការដ្ឋានប្រាសាទជាប្រធាន ទ្រង់មានបល្លង្ក៨៤០០០ សុទ្ធសឹងជាមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ធ្វើពីរោមសត្វ មានរូបសត្វសាហាវ ក្រាលដោយសំពត់ធ្វើពីរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើពីរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលស្បែកប្រើសយ៉ាងល្អ មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងមានពិតានក៏ពណ៌ក្រហមទាំងសងខាង ទ្រង់មានដំរី៨៤០០០ មានដំរីឈ្មោះឧបោសថនាគរាជជាប្រធាន សឹងមានគ្រឿងអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស ទ្រង់មានសេះ ៨៤០០០ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានគ្រឿងអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស ទ្រង់មានរថ ៨៤០០០ មានវេជយន្តរថជាប្រធាន ដែលពាសដោយស្បែកសីហៈ ស្បែកខ្លាធំ ស្បែកខ្លាដម្បង ពាសដោយសំពត់កម្ពល មានពណ៌លឿង មានគ្រឿងអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស ទ្រង់មានកែវមណី ៨៤០០០ មានមណិរ័តន៍ជាប្រធាន ទ្រង់មានស្ត្រី៨៤០០០ មាននាងសុភទ្ទាទេវីជាប្រធាន ទ្រង់មានគហបតី ៨៤០០០ មានគហបតីរ័តន៍ ជាប្រធាន ទ្រង់មានក្សត្រិយ៍ ៨៤០០០ ជាអ្នកចុះចូល មានបរិនាយករ័តន៍ជាប្រធាន ទ្រង់មានមេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មានភាជន៍សំរិទ្ធិសម្រាប់ត្រង ទ្រង់មានសំពត់៨៤០០០កោដិ សុទ្ធតែជាសំពត់ ដែលត្បាញដោយសម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់ត្បាញដោយរោមសត្វ មានសាច់ដ៏ល្អិត។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់មានភាជន៍ ក្រយាស្ងោយ៨៤០០០ ដែលពួកពិសេស នាំយកមកថ្វាយ ទាំងល្ងាច ទាំងព្រឹក។
[២០] ម្នាលអានន្ទ សម័យនោះឯង ដំរី៨៤០០០ តែងនាំគ្នាទៅកាន់ទីបម្រើព្រះបាទមហាសុទស្សនៈ ទាំងល្ងាច ទាំងព្រឹក។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់បរិវិតក្កៈយ៉ាងនេះថា ដំរីទាំង៨៤០០០នេះឯង តែងនាំគ្នាមកកាន់ទីបម្រើអញ ទាំងល្ងាច ទាំងព្រឹក បើដូច្នោះ លុះកាលកន្លងទៅបាន១០០ឆ្នាំៗ សឹមឲ្យដំរី៤២០០០ៗ មកកាន់ទីបម្រើ (អាត្មាអញ)ម្តងៗ។ ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់ហៅបរិនាយករ័តន៍មកថា ម្នាលបរិនាយករ័តន៍ សំឡាញ់ដំរី៨៤០០០ នេះឯង តែងនាំគ្នាមកកាន់ទីបម្រើយើងទាំងល្ងាច ទាំងព្រឹក ម្នាលបរិនាយករ័តន៍ សំឡាញ់ បើដូច្នោះ លុះកាលកន្លងទៅបាន១០០ឆ្នាំៗ សឹមឲ្យដំរី៤២០០០ៗ មកកាន់ទីបម្រើយើងម្តងៗចុះ។ ម្នាលអានន្ទ បរិនាយករ័តន៍ បានទទួលព្រះរាជឱង្ការ នៃព្រះបាទមហាសុទស្សនៈថា ព្រះករុណាថ្លៃវិសេស។ ម្នាលអានន្ទ សម័យខាងក្រោយមក លុះកាលកន្លងទៅ១០០ឆ្នាំៗ ដំរី៤២០០០ៗ ក៏នាំគ្នាមកកាន់ទីបម្រើព្រះបាទមហាសុទស្សនៈម្តងៗ។ ម្នាលអានន្ទ លុះកាលកន្លងទៅច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ព្រះនាងសុភទ្ទាទេវី ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ខានឃើញព្រះបាទមហាសុទស្សនៈ អស់កាលយូរមកហើយ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់ត្រាស់ហៅ (ពួក) ស្រីស្នំថា នាងទាំងឡាយ ចូរមក ចូរកក់ក្បាល ចូរដណ្តប់សំពត់ពណ៌លឿង យើងខានបានឃើញព្រះបាទមហាសុទស្សនៈ អស់កាលយូរមកហើយ យើងគួរនឹងចូលទៅគាល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ពួកស្រីស្នំ ក៏បានទទួលព្រះរាជសវនីយ នៃព្រះនាងសុភទ្ទាទេវីថា ព្រះនាងម្ចាស់ យ៉ាងនោះមែនហើយ ដូច្នេះហើយ ក៏កក់ក្បាល ដណ្តប់សំពត់ពណ៌លឿង ដើរចូលទៅត្រង់ទី ដែលព្រះនាងសុភទ្ទាទេវីគង់នៅ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់ត្រាស់ហៅបរិនាយករ័តន៍មកថា ម្នាលបរិនាយករ័តន៍សំឡាញ់ អ្នកចូរទៅរៀបចំចតុរង្គសេនា (ឲ្យយើង) ដ្បិតយើងខានបានជួបព្រះបាទមហាសុទស្សនៈ អស់កាលយូរមកហើយ យើងនឹងចូលទៅគាល់ ដើម្បីនឹងឲ្យបានជួបព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ បរិនាយករ័តន៍ ទទួលព្រះរាជសវនីយរបស់ព្រះនាងសុភទ្ទាទេវីថា បពិត្រព្រះរាជទេវី យ៉ាងនេះហើយ ក៏រៀបចំចតុរង្គសេនា ហើយក្រាបទូលព្រះនាងសុភទ្ទាទេវីថា បពិត្រព្រះទេវី ចតុរង្គសេនារបស់ព្រះនាង ខ្ញុំព្រះអង្គរៀបចំស្រេចហើយ ឥឡូវនេះ សូមព្រះនាងសំគាល់នូវកាលដែលគួរនឹងស្តេចចុះ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី មួយអន្លើដោយចតុរង្គសេនា និង(ពួក)ស្រីស្នំ ស្តេចសំដៅទៅរកធម្មប្រាសាទ លុះស្តេចចូលទៅដល់ហើយ ក៏ឡើងទៅកាន់ធម្មប្រាសាទ ហើយស្តេចចូលសំដៅទៅរកកូដាគារដ្ឋានប្រាក់ លុះចូលទៅដល់ហើយ ក៏ទ្រង់ព្រះសណ្ឋិតតោងមេទ្វារ នៃកូដាគារដ្ឋានប្រាក់។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់ឮសូរស័ព្ទនោះហើយ ទើបទ្រង់ត្រាស់ថា សំឡេងនោះ ដូចជាសំឡេងពួកជនច្រើននាក់ឬហ្ន៎ ហើយទ្រង់ស្តេចចេញពីកូដាគារដ្ឋានប្រាក់ ទ្រង់ទតទៅឃើញព្រះនាងសុភទ្ទាទេវី កំពុងតែទ្រង់ព្រះសណ្ឋិតតោងមេទ្វារ លុះទតឃើញហើយ ទ្រង់មានព្រះរាជឱង្ការ នឹងព្រះនាងសុភទ្ទាទេវីថា នែនាងទេវី ចូរនាងបង្អង់នៅទីនុ៎ះសិន នាងកុំអាលចូលមក។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់ហៅបុរសម្នាក់មកថា ម្នាលបុរស អ្នកចូរមកនេះ ចូរទៅនាំយកបល្លង្កមាស អំពីកូដាគារដ្ឋានប្រាក់ ទៅតាំងក្នុងតាលវ័ន (ព្រៃត្នោត) សុទ្ទតែមាស។ ម្នាលអានន្ទ បុរសនោះ បានទទួលព្រះរាជឱង្ការនៃព្រះបាទមហាសុទស្សនៈថា ព្រះករុណាស្លៃវិសេស ដូច្នេះហើយ ក៏នាំយកបល្លង្កមាស ចេញចាកកូដាគារដ្ឋានប្រាក់ ទៅតាំងក្នុងតាលវ័ន សុទ្ធតែមាស។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់សម្រេចសីហសេយ្យា ដោយខាងស្តាំ ទ្រង់តម្រួតព្រះបាទលើគ្នា ទ្រង់មានព្រះសតិ សម្បជញ្ញៈ។
[២១] ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា ឥន្ទ្រិយរបស់ព្រះបាទមហាសុទស្សនៈ ថ្លាស្អាតណាស់តើ ព្រះឆវិវណ្ណផូរផង់ សូមព្រះបាទមហាសុទស្សនៈ កុំទិវង្គតឡើយ។ ទើបព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូលសេចក្តីនុ៎ះ នឹងព្រះបាទមហាសុទស្សនៈថា បពិត្រព្រះសម្មតិទេព នគរទាំង៨៤០០០ របស់ព្រះអង្គនេះ មានមគរកុសាវតីរាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះនគរទាំងនុ៎ះ សូមព្រះអង្គធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ប្រាសាទ៨៤០០០ របស់ព្រះអង្គនេះ មានធម្មប្រាសាទ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះប្រាសាទទាំងនុ៎ះ សូមព្រះអង្គធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព កូដាគារប្រាសាទ៨៤០០០របស់ព្រះអង្គ មានប្រាសាទឈ្មោះកូដាគារដ្ឋានប្រាក់ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះកូដាគារដ្ឋានប្រាក់ទាំងនុ៎ះ សូមព្រះអង្គ ទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព បល្លង្ក៨៤០០០ របស់ព្រះអង្គនេះ ជាបល្លង្កមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ធ្វើពីរោមសត្វ មានរូបសត្វសាហាវ ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលស្បែកប្រើសយ៉ាងល្អ មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងមានពិតានក៏ពណ៌ក្រហមដូចគ្នា បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះបល្លង្កទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ដំរី៨៤០០០របស់ព្រះអង្គនេះ មានដំរីឈ្មោះឧបោសថនាគរាជជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះដំរីទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព សេះ ៨៤០០០របស់ព្រះអង្គនេះ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះសេះទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព រថ ៨៤០០០របស់ព្រះអង្គនេះ មានវេជយន្តរថជាប្រធាន ដែលពាសដោយស្បែកសីហៈ ស្បែកខ្លាធំ ស្បែកខ្លាដម្បង ពាសដោយសំពត់កម្ពល មានពណ៌លឿង មានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះរាជរថទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព កែវមណី ៨៤០០០របស់ព្រះអង្គនេះ មានមណិរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះមណិរ័តន៍ទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ស្ត្រី៨៤០០០ របស់ព្រះអង្គនេះ មានឥត្ថីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះស្រ្តីទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព គហបតី ៨៤០០០របស់ព្រះអង្គនេះ មានគហបតីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះគហបតីទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ពួកក្សត្រិយ៍ ៨៤០០០ សុទ្ធតែជាអ្នកចុះចូលព្រះអង្គ មានបរិនាយករ័តន៍ជាប្រធាន បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះពួកក្សត្រិយ៍ទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព មេគោ៨៤០០០ សម្រាប់រូតបង្ហូរយកទឹកដោះ របស់ព្រះអង្គនេះ មានភាជន៍សំរិទ្ធិសម្រាប់ត្រង បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គទាំងនេះ ជាសំពត់ដែលត្បាញដោយសម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់ដែលត្បាញដោយរោមសត្វ មានសាច់ដ៏ល្អិត បពិត្រព្រះសម្មតិទេព សូមទ្រង់បង្កើតនូវសេចក្តីស្រឡាញ់ ចំពោះសំពត់ទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គទាំងនេះ ដែលពួកពិសេស នាំយកមកថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រព្រះសម្មតិទេព សូមព្រះអង្គបង្កើតនូវសេចក្តីស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះ សូមទ្រង់ធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិត។ ម្នាលអានន្ទ កាលបើព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូល យ៉ាងនេះហើយ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការ នឹងព្រះនាងសុភទ្ទាទេវីថា ម្នាលនាងទេវី នាងថ្លែងរៀបរាប់ដោយវត្ថុទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ចំពោះយើងអស់រាត្រីយូរហើយ តទៅខាងក្រោយ នាងនឹងថ្លែងរៀបរាប់ ដោយវត្ថុទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តចំពោះយើងវិញ។ ព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ចុះឲ្យខ្ញុំម្ចាស់រៀបរាប់ចំពោះព្រះអង្គ ដោយប្រការដូចម្តេចវិញ។ ព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់ថា ម្នាលនាងទេវី ចូរនាងថ្លែងរៀបរាប់នឹងយើង យ៉ាងនេះវិញថា សេចក្តីវិនាស សេចក្តីព្រាត់ប្រាស និងសេចក្តីឃ្លៀងឃ្លាតចាកសត្វ និងសង្ខារទាំងពួង ដែលជាទីស្រឡាញ់ ជាទីពេញចិត្ត (រមែងមានដល់ព្រះអង្គ) បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំទិវង្គត ប្រកបដោយសេចក្តីអាល័យឡើយ (ព្រោះថា) កាលកិរិយារបស់បុគ្គល ដែលមានសេចក្តីអាល័យ តែងនាំមកនូវសេចក្តីទុក្ខ មួយទៀត កាលកិរិយារបស់បុគ្គលដែលមានសេចក្តីអាល័យ អ្នកប្រាជ្ញតែងតិះដៀល បពិត្រព្រះសម្មតិទេព ឯនគរ៨៤០០០ របស់ព្រះអង្គទាំងនេះ មាននគរកុសាវតីរាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូមទ្រង់លះបង់នូវសេចក្តីស្រឡាញ់ ចំពោះនគរទាំងនុ៎ះ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ប្រាសាទ៨៤០០០ របស់ព្រះអង្គនេះ។បេ។ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កូដាគារដ្ឋាន៨៤០០០របស់ព្រះអង្គ។បេ។ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព បល្លង្ក៨៤០០០ របស់ព្រះអង្គនេះ សុទ្ធសឹងតែមាស ប្រាក់ ភ្លុក កែវមរកត ក្រាលដោយសំពត់ធ្វើដោយរោមសត្វសាហាវ ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយស្បែកប្រើស មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងពិតាន ពណ៌ក្រហមទាំងសងខាង បពិត្រព្រះសម្មតិទេព សូមទ្រង់លះបង់នូវសេចក្តីស្រឡាញ់ ចំពោះបល្លង្កទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ដំរី៨៤០០០របស់ព្រះអង្គនេះ មានដំរីឈ្មោះឧបោសថនាគរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ក្នុងដំរីទាំងនុ៎ះចេញ សូមទ្រង់ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សេះ ៨៤០០០របស់ព្រះអង្គនេះ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមទ្រង់លះបង់នូវសេចក្តីស្រឡាញ់ ចំពោះសេះទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព រាជរថ៨៤០០០របស់ព្រះអង្គនេះ មានវេជយន្តរថ ជាប្រធាន ដែលពាសដោយស្បែកសីហៈ ស្បែកខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់កម្ពល មានពណ៌លឿង សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមទ្រង់លះបង់នូវសេចក្តីស្រឡាញ់ ចំពោះរាជរថទាំងនុ៎ះ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កែវមណី ៨៤០០០របស់ព្រះអង្គនេះ មានមណិរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមទ្រង់លះបង់នូវសេចក្តីស្រឡាញ់ ចំពោះកែវមណិទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ស្ត្រី៨៤០០០ របស់ព្រះអង្គនេះ មានព្រះនាងសុភទ្ទាទេវី ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គលះបង់នូវសេចក្តីស្រឡាញ់ ចំពោះស្រ្តីទាំងនុ៎ះចេញ សូមព្រះអង្គកុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព គហបតី ៨៤០០០របស់ព្រះអង្គនេះ មានគហបតីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះគហបតីទាំងនុ៎ះ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកក្សត្រិយ៍ ៨៤០០០របស់ព្រះអង្គនេះ មានបរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូល បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះក្សត្រិយ៍ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព មេគោ៨៤០០០របស់ព្រះអង្គនេះ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មានភាជន៍សំរិទ្ធិសម្រាប់ត្រង បពិត្រព្រះសម្មតិទេព សូមព្រះអង្គលះបង់នូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គនេះ ជាសំពត់ដែលត្បាញដោយសម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់ត្បាញដោយរោមសត្វ មានសាច់ដ៏ល្អិត បពិត្រព្រះសម្មតិទេព សូមព្រះអង្គលះបង់នូវសេចក្តីស្រឡាញ់ ចំពោះសំពត់ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គនេះ ដែលពួកពិសេស តែងនាំយកភត្តមកថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ។ ម្នាលអានន្ទ កាលបើព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការបង្គាប់ឲ្យនាងទេវី រៀបរាប់យ៉ាងនេះហើយ ព្រះនាងសុភទ្ទាទេវី ក៏ទ្រង់ព្រះកន្សែង សោយសោក ស្រក់ទឹកព្រះនេត្រ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់ជូតទឹកព្រះនេត្រហើយ ក្រាបបង្គំទូលព្រះបាទមហាសុទស្សនៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សេចក្តីវិនាស ព្រាត់ប្រាស ឃ្លៀងឃ្លាតចាកសត្វ និងសង្ខារទាំងពួង ដែលជាទីស្រឡាញ់ ជាទីពេញចិត្ត (រមែងមានដល់ព្រះអង្គ) បពិត្រព្រះសម្មតិទេព សូមទ្រង់កុំទិវង្គត ប្រកបដោយសេចក្តីអាល័យឡើយ (ព្រោះថា) កាលកិរិយារបស់បុគ្គល ដែលមានសេចក្តីអាល័យ តែងនាំមកនូវសេចក្តីទុក្ខ មួយទៀត កាលកិរិយារបស់បុគ្គលដែលមានសេចក្តីអាល័យ អ្នកប្រាជ្ញតែងតិះដៀល បពិត្រព្រះសម្មតិទេព ឯនគរ៨៤០០០ របស់ព្រះអង្គទាំងនេះ មាននគរកុសាវតីរាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីអាល័យ ចំពោះនគរទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ប្រាសាទ៨៤០០០ របស់ព្រះអង្គនេះ មានធម្មប្រាសាទ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះប្រាសាទទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កូដាគារដ្ឋាន៨៤០០០របស់ព្រះអង្គនេះ មានកូដាគារដ្ឋានប្រាក់ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះកូដាគារដ្ឋានទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព បល្លង្ក៨៤០០០ របស់ព្រះអង្គនេះ សុទ្ធតែមាស ប្រាក់ ភ្លុក កែវមរកត ដែលក្រាលដោយសំពត់ ធ្វើដោយរោមសត្វសាហាវ ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយស្បែកប្រើស មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងពិតាន ពណ៌ក្រហមទាំងសងខាង បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះបល្លង្កទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ដំរី៨៤០០០ មានដំរីឈ្មោះឧបោសថនាគរាជ ជាប្រធាន របស់ព្រះអង្គនេះ សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ក្នុងដំរីទាំងនុ៎ះចេញ សូមទ្រង់ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សេះ ៨៤០០០របស់ព្រះអង្គនេះ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះសេះទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព រថ៨៤០០០របស់ព្រះអង្គនេះ មានវេជយន្តរថ ជាប្រធាន ដែលពាសដោយស្បែកសីហៈ ដោយស្បែកខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់កម្ពល មានពណ៌លឿង មានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាស បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះរាជរថទាំងនុ៎ះចេញ សូមទ្រង់កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កែវមណី ៨៤០០០ មានមណិរ័តន៍ ជាប្រធាន របស់ព្រះអង្គនេះ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះកែវមណីទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកស្ត្រី៨៤០០០ របស់ព្រះអង្គនេះ មានឥត្ថីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះស្រ្តីទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកគហបតី ៨៤០០០របស់ព្រះអង្គនេះ មានគហបតីរ័តន៍ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះគហបតីទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ពួកក្សត្រិយ៍ ៨៤០០០របស់ព្រះអង្គនេះ មានបរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូលព្រះអង្គ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះពួកក្សត្រិយ៍ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព មេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មានភាជន៍សំរិទ្ធិសម្រាប់ត្រង របស់ព្រះអង្គនេះ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គនេះ ជាសំពត់ដែលធ្វើដោយសម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់ធ្វើដោយរោមសត្វ មានសាច់ដ៏ល្អិត បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះសំពត់ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គនេះ ដែលពួកពិសេស នាំយកភត្តមកថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ។
[២២] ម្នាលអានន្ទ គ្រានោះឯង មិនយូរប៉ុន្មាន ព្រះបាទមហាសុទស្សនៈ ស្តេចក៏ទ្រង់ទិវង្គតទៅ។ ម្នាលអានន្ទ គហបតីក្តី កូនគហបតីក្តី កាលបើបរិភោគភោជន ជាទីពេញចិត្តហើយ រមែងកើតសេចក្តីពុលបាយ ងងុយដេក យ៉ាងណាមិញ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ព្រះអង្គក៏សោយទុក្ខវេទនា មានមរណៈជាទីបំផុត ប្រហែលប៉ុណ្ណោះឯង។ ម្នាលអានន្ទ លុះដល់ព្រះបាទមហាសុទស្សនៈ ទ្រង់ទិវង្គតផុតទៅហើយ ទ្រង់បានទៅកើតឯសុគតិព្រហ្មលោក។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ក្រសាលល្បែង ដោយសភាពជាកុមារ អស់៨៤០០០ឆ្នាំ ទ្រង់ទទួលទីជាឧបរាជ្យ អស់៨៤០០០ឆ្នាំ ទ្រង់សោយរាជ្យ អស់៨៤០០០ឆ្នាំ ទ្រង់ភេទជាឃរាវាស ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មប្រាសាទ អស់៨៤០០០ឆ្នាំ។ ព្រះអង្គចម្រើនព្រហ្មវិហារធម៌ទាំង៤ លុះរំលាងរាងកាយ ខាងមុខអំពីមរណភាព ក៏ទៅកើតក្នុងព្រហ្មលោក។
[២៣] ម្នាលអានន្ទ បើមានពាក្យងឿងឆ្ងល់ យ៉ាងនេះថា ក្នុងសម័យនោះ ព្រះបាទមហាសុទស្សនៈ ជាបុគ្គលដទៃ (ក្រៅពីពោធិសត្វ) ឬ ម្នាលអានន្ទ ដំណើរនេះ បុគ្គលមិនគប្បីយល់ឃើញ យ៉ាងនោះឡើយ តថាគត បានកើតជាព្រះបាទមហាសុទស្សនៈ ក្នុងសម័យនោះ នគរ៨៤០០០ មានកុសាវតីរាជធានី ជាប្រធាននោះ ជារបស់តថាគត ប្រាសាទ៨៤០០០ មានធម្មប្រាសាទ ជាប្រធាននោះ ជារបស់តថាគត កូដាគារដ្ឋាន៨៤០០០ មានកូដាគារដ្ឋានប្រាក់ ជាប្រធាននោះ ជារបស់តថាគត បល្លង្ក៨៤០០០ ដែលជាមាស ប្រាក់ ភ្លុក កែវមរកត ក្រាលដោយសំពត់ ធ្វើដោយរោមសត្វសាហាវ ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានពណ៌ស ក្រាលដោយសំពត់ធ្វើដោយរោមសត្វមានផ្កាចង្កោម ក្រាលដោយកម្រាលដ៏ល្អ ដែលធ្វើដោយស្បែកប្រើស មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងពិតាន ក៏ពណ៌ក្រហមទាំងសងខាងនោះ ជារបស់តថាគត ដំរី៨៤០០០ មានដំរីឈ្មោះឧបោសថនាគរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត សេះ ៨៤០០០ មានសេះឈ្មោះវលាហកអស្សរាជ ជាប្រធាន សឹងមានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត រាជរថ៨៤០០០ មានវេជយន្តរថ ជាប្រធាន ដែលពាសដោយស្បែកសីហៈ ដោយស្បែកខ្លាធំ ដោយស្បែកខ្លាដំបង ដោយសំពត់កម្ពល មានពណ៌លឿង មានអលង្ការមាស មានទង់មាស បិទបាំងដោយបណ្តាញមាសនោះ ជារបស់តថាគត កែវមណី ៨៤០០០ មានមណិរ័តន៍ ជាប្រធាននោះ ជារបស់តថាគត ស្ត្រី៨៤០០០ មាននាងសុភទ្ទាទេវី ជាប្រធាននោះ ជារបស់តថាគត គហបតី ៨៤០០០ មានគហបតីរ័តន៍ ជាប្រធាននោះ ជារបស់តថាគត ពួកក្សត្រិយ៍ ៨៤០០០ មានបរិនាយករ័តន៍ ជាប្រធាន ជាអ្នកចុះចូលនោះ ជារបស់តថាគត មេគោ៨៤០០០ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មានភាជន៍សំរិទ្ធិ សម្រាប់ត្រងនោះ ជារបស់តថាគត សំពត់៨៤០០០កោដិ ជាសំពត់ធ្វើដោយសម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយរោមសត្វ មានសាច់ដ៏ល្អិតនោះ ជារបស់តថាគត ភាជន៍ក្រយាស្ងោយ ៨៤០០០ ដែលពួកពិសេស នាំយកភត្តមកថ្វាយ ទាំងល្ងាច ទាំងព្រឹកនោះ ជារបស់តថាគត ម្នាលអានន្ទ បណ្តានគរទាំង៨៤០០០នោះឯង នគរទាំងនោះ ទុកដូចជានគរមួយ សម័យនោះ តថាគតគ្រប់គ្រងកុសាវតីរាជធានី ម្នាលអានន្ទ ប្រាសាទទាំង៨៤០០០នោះឯង មានប្រាសាទទាំងនោះ ទុកដូចជាប្រាសាទមួយ សម័យនោះ តថាគត គ្រប់គ្រងធម្មប្រាសាទ ម្នាលអានន្ទ បណ្តាកូដាគារដ្ឋានទាំង៨៤០០០នោះឯង មានកូដាគារដ្ឋានទាំងនោះ ទុកដូចជាកូដាគារដ្ឋានមួយ សម័យនោះ តថាគត គ្រប់គ្រងកូដាគារដ្ឋានប្រាក់ ម្នាលអានន្ទ បណ្តាបល្លង្កទាំង៨៤០០០នោះឯង បល្លង្កទាំងនោះ ទុកដូចជាបល្លង្កមួយ សម័យនោះ តថាគត គ្រប់គ្រងបល្លង្កមាសផង ប្រាក់ផង ភ្លុកផង កែវមរកតផង ម្នាលអានន្ទ បណ្តាដំរីទាំង៨៤០០០នោះឯង ដំរីទាំងនោះ ទុកដូចជាដំរីមួយ សម័យនោះ តថាគត ជិះតែដំរីឧបោសថនាគរាជ ម្នាលអានន្ទ បណ្តាសេះទាំង៨៤០០០នោះឯង សេះទាំងនោះ ទុកដូចជាសេះមួយ សម័យនោះ តថាគត ជិះតែសេះវលាហកអស្សរាជ ម្នាលអានន្ទ បណ្តារាជរថទាំង៨៤០០០នោះឯង រាជរថទាំងនោះ ទុកដូចជារាជរថមួយ សម័យនោះ តថាគត ជិះតែវេជយន្តរាជរថ ម្នាលអានន្ទ បណ្តាស្ត្រីទាំង៨៤០០០នោះឯង ស្ត្រីទាំងនោះ ទុកដូចជាស្ត្រីម្នាក់ សម័យនោះ មានស្ត្រីខត្តិយាយិនី (ស្ត្រីក្សត្រិយ៍) ផង ស្ត្រីវេស្សាយិនី (ស្រី្តរាស្ត្រ)ផង តែងនៅចាំគាល់បម្រើ ម្នាលអានន្ទ បណ្តាសំពត់ទាំង៨៤០០០កោដិនោះឯង គូសំពត់ទាំងនោះ ទុកដូចជាសំពត់១គូ សម័យនោះ តថាគតស្លៀកពាក់តែសំពត់ដែលធ្វើដោយសម្បកឈើ មានសាច់ដ៏ល្អិត ឬសំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត ឬសំពត់ធ្វើដោយរោមសត្វ មានសាច់ដ៏ល្អិត ម្នាលអានន្ទ ភាជន៍ក្រយាស្ងោយទាំង ៨៤០០០នោះឯង ភាជន៍ក្រយាស្ងោយទាំងនោះ ទុកដូចជាភាជន៍មួយ ក្នុងវេលាដែលតថាគតបរិភោគនូវបាយ ចំនួនអង្ករមួយនាឡិ ជាយ៉ាងក្រៃលែងផង សម្លដ៏សមគួរដល់បាយនោះផង ម្នាលអានន្ទ អ្នកចូរមើលចុះ សង្ខារទាំងពួងនោះកន្លងទៅហើយ រលាយរលត់ទៅហើយ ប្រែប្រួលទៅហើយ ម្នាលអានន្ទ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះឯង មិនឋិតថេរយ៉ាងនេះឯង មិនស្តាប់បង្គាប់យ៉ាងនេះឯង ម្នាលអានន្ទ សេចក្តីនេះ មានដរាបមក គួរដើម្បីនឿយណាយ គួរដើម្បីប្រាសចាកសេចក្តីត្រេកអរ គួរដើម្បីរួចស្រឡះចាកសង្ខារទាំងពួង ម្នាលអានន្ទ មួយទៀត កាលតថាគត ជាស្តេចចក្រពត្តិ ប្រកបដោយធម៌ សោយរាជ្យដោយធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ជាទីបំផុត ជាស្តេចឈ្នះសង្គ្រាម មានជនបទដ៏មាំមួន ប្រកបដោយរ័តន៍៧ប្រការ ដឹងច្បាស់នូវសរីរៈ ដែលគេកប់ទុកក្នុងប្រទេសនោះ ជាគំរប់៦ដង ការដាក់ចុះនូវសរីរៈ (របស់តថាគត) ជាគំរប់៧ដងនេះហើយ ម្នាលអានន្ទ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក៏តថាគត មិនបានឃើញនូវប្រទេស ដែលជាទីដាក់ចុះនូវសរីរៈជាគំរប់៨ឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ កាលខាងក្រោយមក ព្រះសុគត ជាសាស្តា បានត្រាស់ពាក្យនេះទៀតថា
[២៤] អនិច្ចា វត សង្ខារា ឧប្បាទវយធម្មិនោ
ឧប្បជ្ជិត្វា និរុជ្ឈន្តិ
តេសំ វូបសមោ សុខោតិ។
[២៤] ឱហ្ន៎ សង្ខារទាំងឡាយមិនទៀង មានសភាពកើតឡើងហើយ តែងវិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ តែងរលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ។
ចប់ មហាសុទស្សនសូត្រ ទី៤។
(៥. ជនវសភសុត្តំ)
[២៥] ខ្ញុំបានស្តាប់ហើយយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងលំនៅដែលធ្វើដោយឥដ្ឋ ជិតនាទិកគ្រាម។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យចំពោះជនដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាល កន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសីជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុងទីឯណោះ ជនឯណោះ ទៅកើតក្នុងទីឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មានសភាពជាឱបបាតិកសត្វ បរិនិព្វានក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈទាំង៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៩០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ តែនៅមានរាគៈ ទោសៈ មោហៈ ដែលស្រាលស្តើង9) ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣។
[២៦] ពួកជនជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលនៅក្នុងនាទិកគ្រាម បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជនដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសីជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុងទីឯណោះ ជនឯណោះ ទៅកើតក្នុងទីឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មានសភាពជាឱបបាតិកសត្វ បរិនិព្វានក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៩០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ តែនៅមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣។ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយដំណើរនៃអនាគាមិបុគ្គលជាដើមនោះ។
[២៧] ព្រះអានន្ទមានអាយុ បានឮថា ព្រះមានព្រះភាគ ទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសីជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុងទីឯណោះ ជនឯណោះ ទៅកើតក្នុងទីឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មានសភាពជាឱបបាតិកសត្វ បរិនិព្វានក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៩០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ៣ តែនៅមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយដំណើរ នៃអនាគាមិបុគ្គលជាដើមនោះ។ គ្រានោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះថា ពួកជនអ្នកនៅក្នុងមគធជនបទទាំងនេះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានចំនួនច្រើននាក់ផង ជាអ្នកដឹងរាត្រីយូរផង ធ្វើមរណកាលកន្លងទៅយូរហើយ ដែនអង្គៈ និងដែនមគធៈ ហាក់ដូចជាសូន្យចាកមនុស្ស អ្នកមគធៈ ដែលជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជនទាំងនោះ សុទ្ធតែជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំងធ្វើនូវការបំពេញកិច្ចក្នុងសីល ជនទាំងនោះ ធ្វើមរណកាលកន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនបានព្យាករឡើយ ប្រសិនបើទ្រង់ព្យាករនូវជនទាំងនោះ ដោយប្រពៃហើយ ជនច្រើននាក់គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ ចំណែកខាងព្រះបាទមាគធសេនិយពិម្ពិសារនេះ ព្រះអង្គជាធម្មិកធម្មរាជ ទ្រង់បានធ្វើប្រយោជន៍ឲ្យដល់ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងនិគមជនបទ បានឮថា ពួកមនុស្សនិយាយសរសើរព្រះរាជានោះថា ព្រះរាជានោះ ជាធម្មិកធម្មរាជ ទ្រង់ធ្វើសេចក្តីសុខដល់យើងទាំងឡាយ យ៉ាងនេះហើយ ទ្រង់ទិវង្គតទៅ យើងទាំងឡាយ ក៏នៅជាសុខសប្បាយ ក្នុងដែនរបស់ព្រះរាជានោះ ជាធម្មិកធម្មរាជយ៉ាងនេះ ព្រះរាជានោះ ទ្រង់ជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទ្រង់ធ្វើនូវការបំពេញកិច្ចក្នុងសីល បានឮថា ពួកមនុស្សនាំគ្នានិយាយយ៉ាងនេះថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រះអង្គ តែងមានព្រះរាជឱង្ការសរសើរព្រះមានព្រះភាគ ដរាបដល់មរណកាល ហើយទ្រង់ទិវង្គតទៅដូច្នេះ លុះព្រះរាជានោះ ទ្រង់ទិវង្គតកន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនទ្រង់ព្យាករសោះ ប្រសិនបើទ្រង់ព្យាករ នូវព្រះរាជានោះ ដោយប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ សម្ពោធិញ្ញាណរបស់ព្រះមានព្រះភាគ រមែងមាននៅក្នុងពួកជន ដែលនៅក្នុងដែនមគធៈ កាលបើសម្ពោធិញ្ញាណ របស់ព្រះមានព្រះភាគ មាននៅក្នុងពួកជន ដែលនៅក្នុងដែនមគធៈណាហើយ ហេតុអ្វី ព្រះមានព្រះភាគ មិនទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈនោះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ បើព្រះមានព្រះភាគ មិនទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយនោះទេ ពួកជនដែលនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក៏កើតមានសេចក្តីតូចចិត្ត ដោយហេតុនោះពុំខាន ពួកជនដែលមាននៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កើតមានសេចក្តីតូចចិត្ត ដោយហេតុណា ហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករ ចំពោះពួកជននោះ ដោយហេតុនោះសោះ។ ព្រះអានន្ទមានអាយុ ប្រារព្ធនូវពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយពិចារណានូវហេតុនេះ ក្នុងទីស្ងាត់តែម្នាក់ឯង លុះក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដូច្នេះថា ព្រះមានព្រះភាគ ទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺកាសីជនបទ១ កោសលជនបទ១ វជ្ជីជនបទ១ មល្លជនបទ១ ចេតិជនបទ១ វំសជនបទ១ កុរុជនបទ១ បញ្ចាលជនបទ១ មច្ឆជនបទ១ សុរសេនជនបទ១ថា ជនឯណោះ ទៅកើតក្នុងទីឯណោះ ជនឯណោះ ទៅកើតក្នុងទីឯណោះ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ មានសភាពជាឱបបាតិកសត្វ បរិនិព្វានក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ៥ ជាចំណែកខាងក្រោម ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៩០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះអស់ទៅនៃសំយោជនៈ៣ តែនៅមានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាង៥០០នាក់ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ពួកជនអ្នកនៅក្នុងនាទិកគ្រាម ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានស្តាប់បញ្ហាព្យាករណ៍ របស់ព្រះមានព្រះភាគហើយ ក៏មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្សឡើង ដោយដំណើរ នៃអនាគាមិបុគ្គលជាដើមនោះ បពិត្រព្រះអង្គដ៏ចំរើន ពួកជនអ្នកនៅក្នុងមគធជនបទទាំងនេះ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានចំនួនច្រើននាក់ផង ជាអ្នកដឹងរាត្រីយូរផង ធ្វើមរណកាលកន្លងទៅយូរហើយ ដែនអង្គៈ និងដែនមគធៈ ហាក់ដូចជាសូន្យចាកពួកជន អ្នកដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ បពិត្រព្រះអង្គដ៏ចំរើន ពួកជននោះ សុទ្ធតែជាអ្នកជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំងធ្វើនូវការបំពេញកិច្ចក្នុងសីល ពួកជននោះ ធ្វើមរណកាលកន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនទាន់បានទ្រង់ព្យាករសោះ ប្រសិនបើទ្រង់ព្យាករ នូវពួកជននោះ ដោយប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះ បពិត្រព្រះអង្គដ៏ចំរើន ចំណែកព្រះបាទមាគធសេនិយពិម្ពិសារនេះ ព្រះអង្គជាធម្មិកធម្មរាជ ទ្រង់ធ្វើនូវប្រយោជន៍ឲ្យដល់ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងនិគម និងជនបទដែរ បានឮថា ពួកមនុស្ស និយាយសរសើរព្រះរាជានោះថា ព្រះរាជានោះ ជាធម្មិកធម្មរាជ ទ្រង់ធ្វើនូវសេចក្តីសុខ ឲ្យដល់យើងទាំងឡាយ យ៉ាងនេះ ហើយទ្រង់ទិវង្គតទៅ យើងទាំងឡាយ ក៏នៅជាសុខសប្បាយ ក្នុងដែនរបស់ព្រះរាជានោះ ជាធម្មិកធម្មរាជយ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ព្រះរាជានោះ ក៏ជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទ្រង់ធ្វើនូវការបំពេញកិច្ចក្នុងសីលដែរ បានឮថា មនុស្សទាំងឡាយ នាំគ្នានិយាយយ៉ាងនេះថា ព្រះបាទមាគធសេនិយពិម្ពិសារ តែងមានព្រះរាជឱង្ការសរសើរព្រះមានព្រះភាគ ដរាបដល់មរណកាល ហើយទ្រង់ទិវង្គតទៅដូច្នេះ លុះព្រះរាជានោះ ទ្រង់ទិវង្គតកន្លងទៅយូរហើយ ព្រះមានព្រះភាគ មិនទាន់ទ្រង់ព្យាករឡើយ ប្រសិនបើទ្រង់ព្យាករព្រះរាជានោះ ដោយប្រពៃហើយ ជនច្រើននាក់ គប្បីជ្រះថ្លា គប្បីទៅកាន់សុគតិ ដោយសេចក្តីជ្រះថ្លានោះពុំខាន បពិត្រព្រះអង្គដ៏ចំរើន សម្ពោធិញ្ញាណ របស់ព្រះមានព្រះភាគ រមែងមាននៅក្នុងពួកជន អ្នកនៅក្នុងដែនមគធៈ បពិត្រព្រះអង្គដ៏ចំរើន កាលបើសម្ពោធិញ្ញាណ របស់ព្រះមានព្រះភាគ មាននៅក្នុងពួកជន អ្នកនៅក្នុងដែនមគធៈណាហើយ ហេតុអ្វី ក៏ព្រះមានព្រះភាគ មិនទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយនោះ បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ មិនទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយនោះទេ ពួកជនអ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក៏កើតមានសេចក្តីតូចចិត្ត ដោយហេតុនោះពុំខាន ពួកជនអ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កើតមានសេចក្តីតូចចិត្ត ដោយហេតុណា ហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករ ចំពោះពួកជននោះ ដោយហេតុនោះ។ ព្រះអានន្ទមានអាយុ ប្រារព្ធពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើនូវវាចារៀបរាប់នេះ ក្នុងទីចំពោះព្រះភក្ត្រ ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។
[២៨] កាលព្រះអានន្ទមានអាយុ ចេញទៅមិនយូរប៉ុន្មាន លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ទៅកាន់នាទិកគ្រាម ដើម្បីបិណ្ឌបាត លុះស្តេចទៅបិណ្ឌបាត ក្នុងនាទិកគ្រាមហើយ ទ្រង់ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលខាងក្រោយនៃភត្ត ទ្រង់លាងព្រះបាទ ហើយស្តេចចូលទៅកាន់លំនៅ ដែលធ្វើដោយឥដ្ឋ ទ្រង់ប្រារព្ធពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើឲ្យជាប្រយោជន៍ ទ្រង់ធ្វើទុកក្នុងព្រះហឫទ័យ ទ្រង់ពិចារណានូវហេតុទាំងអស់ដោយព្រះហឫទ័យ ហើយគង់លើអាសនៈ ដែលគេក្រាលថ្វាយ ទ្រង់ព្រះចិន្តាថា ពួកជនដ៏ចំរើននោះមានគតិយ៉ាងណា មានអភិសម្បរាយៈ (ភពខាងមុខ) យ៉ាងណា តថាគត ក៏ដឹងនូវញាណគតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ។ ពួកជនដ៏ចំរើននោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា ព្រះមានព្រះភាគ ទ្រង់បានឃើញនូវពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនោះដែរ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចេញអំពីលំនៅ ដែលធ្វើដោយឥដ្ឋ ទៅគង់លើអាសនៈ ដែលគេក្រាលថ្វាយ នៅត្រង់ម្លប់នៃវិហារ។
[២៩] លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ឃើញនូវសេចក្តីស្ងប់រម្ងាប់ សម្បុរព្រះភក្ត្រ នៃព្រះមានព្រះភាគ រុងរឿងហួសប្រៀប ឥន្ទ្រិយក៏ជ្រះថ្លា យ៉ាងវិសេស បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃនេះ ប្រហែលជាព្រះមានព្រះភាគ ទ្រង់គង់នៅ ដោយវិហារធម៌ដ៏ស្ងប់។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកប្រារព្ធពួកជន អ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើនូវវាចារៀបរាប់ ចំពោះមុខតថាគត រួចក្រោកអំពីអាសនៈ ចេញទៅក្នុងកាលណា កាលនោះ តថាគត ក៏ត្រាច់ទៅបិណ្ឌបាត ក្នុងនាទិកគ្រាម លុះត្រឡប់មកពីបិណ្ឌបាត ក្នុងកាលខាងក្រោយនៃភត្ត លាងបាទា ហើយចូលទៅកាន់លំនៅ ដែលធ្វើដោយឥដ្ឋ បានប្រារព្ធពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ពិចារណានូវហេតុទាំងអស់ ដោយចិត្តដែរ ហើយអង្គុយលើអាសនៈ ដែលគេក្រាលថ្វាយ គិតថា ពួកជនដ៏ចំរើននោះ មានគតិយ៉ាងណា មានអភិសម្បរាយៈ យ៉ាងណា តថាគត ក៏ដឹងគតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ ម្នាលអានន្ទ ពួកជនដ៏ចំរើននោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា តថាគត បានឃើញពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនោះដែរ ម្នាលអានន្ទ ស្រាប់តែមានយក្ស មានខ្លួនកំបាំងបាត់ មកស្រែកបន្លឺសំឡេងថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ ជនវសភៈ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះ ជនវសភៈ ម្នាលអានន្ទ ក្នុងកាលមុន អំពីកាលនេះ អ្នកធ្លាប់បានឮឈ្មោះថា ជនវសភៈ យ៉ាងនេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុន អំពីកាលនេះ ខ្ញុំព្រះអង្គ មិនធ្លាប់បានឮឈ្មោះថា ជនវសភៈ យ៉ាងនេះទេ បពិត្រព្រះអង្គដ៏ចំរើន រោមរបស់ខ្ញុំព្រះអង្គ ក៏ព្រឺព្រួចឡើង ព្រោះបានឮឈ្មោះថា ជនវសភៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ដូច្នេះថា យក្សនោះ មិនមែនជាយក្សថោកថយឡើយ មានឈ្មោះថា ជនវសភៈ មានសភាពយ៉ាងនេះ ជាឈ្មោះដែលគេបញ្ញត្តហើយដោយល្អ។ ម្នាលអានន្ទ សូរសព្ទសំឡេង កើតប្រាកដហើយក្នុងចន្លោះ យក្សមានសម្បុរដ៏លើសលុប មកប្រាកដក្នុងទីចំពោះមុខតថាគត ស្រែកបន្លឺនូវសំឡេងជាគំរប់ពីរដងថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ ពិម្ពិសារ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះ ពិម្ពិសារ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវខ្ញុំព្រះអង្គ បាននូវកំណើតជាគំរប់៧នេះ ជាមួយនឹងមហារាជឈ្មោះ វេស្សវ័ណ លុះខ្ញុំព្រះអង្គ ច្យុតអំពីអត្តភាពនេះទៅហើយ ទៅកើតជាស្តេចក្នុងពួកមនុស្ស។
[៣០] ខ្ញុំព្រះអង្គ ច្យុតចាកទេវលោកនេះ៧ដង ច្យុតចាកមនុស្សលោកនោះ៧ដង អន្ទោលទៅមក ត្រូវជា១៤ដង ពីដើម ខ្ញុំព្រះអង្គ ធ្លាប់នៅក្នុងលំនៅណា ខ្ញុំព្រះអង្គ ក៏ស្គាល់ច្បាស់នូវលំនៅនោះ។
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គលមិនធ្លាក់ចុះ ដឹងច្បាស់នូវដំណើរមិនធ្លាក់ចុះ អស់កាលជាអង្វែង ទាំងសេចក្តីប៉ុនប៉ងរបស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ។ ជនវសភយក្ស ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គលមិនធ្លាក់ចុះ ដឹងច្បាស់នូវដំណើរមិនធ្លាក់ចុះ អស់កាលជាអង្វែង ដូច្នេះក្តី10) ក្រាបទូលថា សេចក្តីប៉ុនប៉ងរបស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ ដូច្នេះក្តី11) ជនវសភយក្សមានអាយុ បានឈ្មោះថា ស្គាល់នូវកិរិយាត្រាស់ដឹង នូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ព្រោះហេតុណា ហេតុនេះជាអស្ចារ្យ របស់ជនវសភយក្សមានអាយុ ហេតុនេះ ជាហេតុចំឡែករបស់ជនវសភយក្សមានអាយុ។ ជនវសភយក្ស ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ មិនមែនជាខាងក្រៅសាសនា របស់ព្រះអង្គទេ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ មិនមែនជាខាងក្រៅសាសនា របស់ព្រះអង្គទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជ្រះថ្លា ចំពោះព្រះមានព្រះភាគដោយពិតជាដម្បូងក្នុងថ្ងៃណា បពិត្រព្រះអង្គដ៏ចំរើន តាំងអំពីថ្ងៃនោះជាដើម ខ្ញុំព្រះអង្គ ជាបុគ្គលមិនធ្លាក់ចុះ ដឹងច្បាស់នូវដំណើរមិនធ្លាក់ចុះ អស់កាលជាអង្វែង ទាំងសេចក្តីប៉ុនប៉ងរបស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ បពិត្រព្រះអង្គដ៏ចំរើន វេស្សវណមហារាជ ប្រើខ្ញុំព្រះអង្គទៅក្នុងសំណាក់វិរូឡ្ហកមហារាជ ដោយកិច្ចនីមួយក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ បានឃើញព្រះមានព្រះភាគ ទ្រង់ចូលទៅកាន់លំនៅ ដែលធ្វើដោយឥដ្ឋ ត្រង់ពាក់កណ្តាលផ្លូវ ទ្រង់ប្រារព្ធពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងព្រះហឫទ័យ ពិចារណានូវហេតុទាំងអស់ ដោយព្រះហឫទ័យ ហើយទ្រង់គង់នៅ ទ្រង់ព្រះចិន្តាថា អ្នកដ៏ចំរើនទាំងនោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា តថាគត ក៏ដឹងនូវគតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ពាក្យណា ដែលខ្ញុំព្រះអង្គបានទទួល គឺបានស្តាប់ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះវេស្សវណមហារាជ ទ្រង់មានព្រះបន្ទូលក្នុងពពួកបរិសទ្យនោះថា អ្នកដ៏ចំរើនទាំងនោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណាដូច្នេះ ពាក្យនេះ ជាអស្ចារ្យដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ នឹងបានឃើញព្រះមានព្រះភាគផង នឹងបានក្រាបទូលពាក្យនេះ ចំពោះព្រះមានព្រះភាគផង បពិត្រព្រះអង្គដ៏ចំរើន ហេតុទាំងពីរ12) នេះឯង ដែលជាហេតុនាំឲ្យខ្ញុំព្រះអង្គ បានចូលមកឃើញព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃពីមុនៗមក ពួកទេវតាទាំងអស់ ដែលឋិតនៅក្នុងឋានតាវត្តិង្ស អង្គុយប្រជុំគ្នាក្នុងរោងសុធម្មា ក្នុងរាត្រី មានព្រះចន្ទពេញវង់ ជាថ្ងៃជិតចូលវស្សា គឺថ្ងៃឧបោសថទី១៥ ទាំងទេវបរិសទ្យជាច្រើន អង្គុយត្រៀបត្រាជុំវិញ មហារាជទាំង៤ ក៏គង់នៅគ្រប់ទិសទាំង៤ គឺមហារាជឈ្មោះ ធតរដ្ឋៈ គង់ក្នុងទិសខាងកើត បែរព្រះភក្ត្រទៅទិសខាងលិច មានពួកទេវតាចោមរោមជាបរិវារ មហារាជឈ្មោះ វិរូឡ្ហកៈ គង់ក្នុងទិសខាងត្បូង បែរព្រះភក្ត្រទៅទិសខាងជើង មានពួកទេវតាចោមរោមជាបរិវារ មហារាជឈ្មោះ វិរូបក្ខៈ គង់ក្នុងទិសខាងលិច បែរព្រះភក្ត្រទៅទិសខាងកើត មានពួកទេវតា ចោមរោមជាបរិវារ មហារាជឈ្មោះ វេស្សវ័ណ គង់ក្នុងទិសខាងជើង បែរព្រះភក្ត្រទៅទិសខាងត្បូង មានពួកទេវតាចោមរោមជាបរិវារ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតា ដែលនៅក្នុងឋានតាវត្តិង្សទាំងអស់ អង្គុយប្រជុំគ្នាក្នុងរោងសុធម្មា ទាំងទេវបរិសទ្យជាច្រើន ក៏អង្គុយត្រៀបត្រាជុំវិញ មហារាជទាំង៤ ក៏គង់ក្នុងទិសទាំង៤នេះ ជាអាសនៈរបស់មហារាជទាំង៤នោះ ឯអាសនៈរបស់យើងទាំងឡាយ នៅខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគហើយ ទៅកើតក្នុងពួកទេវតា ដែលនៅក្នុងឋានតាវត្តិង្ស ក្នុងកាលឥឡូវនេះ ពួកទេវតានោះ រមែងរុងរឿងជាងពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានឮថា ពួកតាវត្តិង្សទេវតា មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សឡើងថា អើហ្ន៎ ពួកទិព្វកាយ នៅបរិបូណ៌ ពួកអសុរកាយ សាបសូន្យទៅ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ព្រះឥន្ទជាធំជាងទេវតាទាំងឡាយ ជ្រាបនូវសេចក្តីជ្រះថ្លា របស់ពួកតាវត្តិង្សទេវតាហើយ ក៏អនុមោទនា ដោយគាថា ទាំងឡាយនេះថា
[៣១] អើហ្ន៎ ទេវតាទាំងឡាយ ដែលនៅក្នុងឋានតាវត្តិង្ស ព្រមទាំងព្រះឥន្ទ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង តែងធ្វើចិត្តឲ្យរីករាយ។ ពួកតាវត្តិង្សទេវតា បានឃើញពួកទេវតាថ្មីៗ ដែលមានសម្បុរកាយ មានយស មកក្នុងទីនេះបាន ព្រោះប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះសុគត។ ពួកទេវតានោះ រុងរឿងជាងពួកទេវតាឯទៀត ដោយសម្បុរកាយ ដោយយស និងអាយុ ពួកសាវ័ករបស់ព្រះសម្ពុទ្ធ មានប្រាជ្ញាដូចជាផែនដី ជាសាវ័កវិសេស បានចូលមកហើយ ក្នុងទីនេះ។ ពួកទេវតា ព្រមទាំងព្រះឥន្ទ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង តែងធ្វើចិត្តឲ្យត្រេកអរ ព្រោះឃើញហេតុនេះ។
[៣២] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានឮថា ពួកតាវត្តិង្សទេវតា ក៏រឹងរឹតតែមានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សឡើងថា អើហ្ន៎ ពួកទិព្វកាយនៅបរិបូណ៌ ពួកអសុរកាយ សាបសូន្យទៅ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកតាវត្តិង្សទេវតា អង្គុយប្រជុំគ្នា ក្នុងរោងសុធម្មា ដោយប្រយោជន៍ណា ក៏គិតនូវប្រយោជន៍នោះ13) ប្រឹក្សានូវប្រយោជន៍នោះ (ជាមួយនឹងមហារាជទាំង៤) មហារាជទាំង៤ ដែលពួកតាវត្តិង្សទេវតា បាននិយាយដាស់តឿន ក្នុងប្រយោជន៍នោះផង មហារាជទាំង៤ ដែលពួកតាវត្តិង្សទេវតា បាននិយាយប្រៀនប្រដៅ ក្នុងប្រយោជន៍នោះផង ក៏ឋិតនៅលើអាសនៈទាំងឡាយរាល់ៗខ្លួន មិនចៀសចេញទៅឡើយ។
ស្តេចទាំងនោះ ដែលទេវបុត្តទាំងនោះ បាននិយាយដាស់តឿនហើយ ក៏មានចិត្តជ្រះថ្លា ទទួលយកនូវពាក្យប្រៀនប្រដៅ ហើយក៏ឋិតនៅលើអាសនៈរបស់ខ្លួន។
[៣៣] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពន្លឺដ៏ធំទូលាយ កើតឡើងក្នុងទិសខាងជើង រស្មីមានប្រាកដហើយ កន្លងនូវទេវានុភាព របស់ពួកទេវតា បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ព្រះឥន្ទ្រជាធំ ជាងពួកទេវតា ត្រាស់ហៅនូវពួកតាវត្តិង្សទេវតាមកថា ម្នាលគ្នាយើងទាំងឡាយ និមិត្តទាំងឡាយប្រាកដឡើង ពន្លឺកើតព្រម រស្មីមានប្រាកដដោយប្រការណា ព្រហ្មមុខជានឹងមានមកប្រាកដ ដោយប្រការនេះ ព្រោះថា ពន្លឺកើតព្រម រស្មីមានប្រាកដដោយហេតុណា ហេតុនុ៎ះ ជាបុព្វនិមិត្តរបស់ព្រហ្មនាំឲ្យមានប្រាកដ។
និមិត្តទាំងឡាយ ប្រាកដឡើង ដោយប្រការណា ព្រហ្មមុខជានឹងមានមកប្រាកដ ដោយប្រការនោះ រស្មីដ៏ធំទូលាយ មានប្រាកដ នេះជាបុព្វនិមិត្តរបស់ព្រហ្ម។
[៣៤] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកតាវត្តិង្សទេវតាអង្គុយលើអាសនៈទាំងឡាយរបស់ខ្លួន ហើយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយហេតុណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ។ ឯមហារាជទាំង៤ ក៏គង់លើអាសនៈទាំងឡាយរបស់ខ្លួន ដោយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយហេតុណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ។ ពួកតាវត្តិង្សទេវតា បានឮពាក្យនេះហើយ ក៏មូលគំនិតគ្នា នាំគ្នាឈប់ស្ងៀម ដោយគិតថា យើងទាំងឡាយ នឹងដឹងនូវរស្មីនេះ ផលនឹងមានដោយហេតុណា យើងទាំងឡាយ ស្គាល់ច្បាស់នូវហេតុនោះ ហើយសឹមទៅ បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មឈ្មោះសនង្កុមារ មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ក៏និម្មិត្តអត្តភាព ដ៏លើសលុប មានមកប្រាកដក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន សម្បុរជាប្រក្រតីណា របស់ព្រហ្ម ដែលពួកទេវតាមិនដែលឃើញ សម្បុរជាប្រក្រតីនោះ រមែងប្រាកដមក ក្នុងគន្លងចក្ខុ របស់ពួកតាវត្តិង្សទេវតា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មឈ្មោះសនង្កុមារ មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ព្រហ្មនោះរុងរឿងជាងទេវតាដទៃ ដោយសម្បុរផង ដោយយសផង ក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន រូបដែលធ្វើពីមាស រមែងរុងរឿងជាងរាងកាយ របស់មនុស្សធម្មតាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ព្រហ្មនោះរុងរឿងជាងទេវតាដទៃ ដោយសម្បុរផង ដោយយសផង ក្នុងកាលនោះ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ឥតមានទេវតាណាមួយ ក្នុងបរិសទ្យនោះសំពះ ឬក្រោកទទួល ឬអញ្ជើញដោយអាសនៈ ក្នុងកាលនោះឡើយ ពួកទេវតាទាំងអស់ ស្ងៀមព្រងើយ នាំគ្នាផ្គងអញ្ជលី អង្គុយលើបល្លង្ក សនង្កុមារព្រហ្ម ប្រាថ្នាចង់អង្គុយលើបល្លង្ករបស់ទេវតាណា ក៏អង្គុយលើបល្លង្ករបស់ទេវតានោះភ្លាម បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម អង្គុយលើបល្លង្ករបស់ទេវតាណា ទេវតានោះ រមែងបាននូវសេចក្តីត្រេកអរលើសលុប ទេវតានោះ រមែងបាននូវសេចក្តីសោមនស្សដ៏លើសលុប បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេចដែលបានមុទ្ធាភិសេកហើយ ទើបនឹងអភិសេកហើយថ្មីៗ ស្តេចនោះ រមែងបាននូវសេចក្តីត្រេកអរដ៏លើសលុប ដោយរាជសម្បត្តិ ស្តេចនោះ រមែងបាននូវសេចក្តីសោមនស្សដ៏លើសលុប មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម អង្គុយលើបល្លង្ក របស់ទេវតាណា ទេវតានោះ រមែងបាននូវសេចក្តីត្រេកអរ ដ៏លើសលុប ទេវតានោះ រមែងបាននូវសេចក្តីសោមនស្សដ៏លើសលុប មានឧបមេយ្យ ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ សនង្កុមារព្រហ្ម បាននិមិ្មតអត្តភាពដ៏លើសលុប ជាភេទនៃកុមារប្រហែលគ្នា នឹងបញ្ចសិខទេវបុត្ត14) មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ព្រហ្មនោះ ហោះឡើងទៅកាន់អាកាស អង្គុយពែនភ្នែនក្នុងអាកាសវាលធេង។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង អង្គុយពែនភ្នែនលើបល្លង្ក ដែលគេក្រាលល្អហើយ ឬលើភូមិភាគដ៏ស្មើ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ហោះទៅកាន់អាកាស អង្គុយពែនភ្នែន ក្នុងអាកាស វាលធេង មានឧបមេយ្យដូច្នោះ ហើយជ្រាបនូវសេចក្តីជ្រះថ្លា របស់ពួកតាវត្តិង្សទេវតា ក៏អនុមោទនា ដោយគាថា ទាំងឡាយនេះថា
[៣៥] អើហ្ន៎ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ នមស្ការចំពោះព្រះតថាគតផង ចំពោះព្រះធម៌ផង ជាធម៌ដ៏ល្អផង ហើយធ្វើនូវចិត្តឲ្យរីករាយ។ ពួកតាវត្តិង្សទេវតា បានឃើញពួកទេវតាថ្មីៗ ដែលមានសម្បុរកាយ មានយស មកក្នុងទីនេះបាន ព្រោះប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសុគត។ ពួកទេវតាថ្មីទាំងនោះ រមែងរុងរឿងជាងពួកទេវតាឯទៀត ដោយសម្បុរកាយ ដោយយស និងអាយុ ពួកទេវតាថ្មីទាំងនោះ ជាសាវ័ករបស់ព្រះសម្ពុទ្ធ មានប្រាជ្ញាដូចផែនដី ជាសាវ័កវិសេស បានចូលមកហើយ ក្នុងទីនេះ។ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ នមស្ការចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង ហើយធ្វើចិត្តឲ្យរីករាយ ព្រោះឃើញនូវហេតុនេះ។
[៣៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ មានសំឡេងប្រកបដោយអង្គ៨ គឺសំឡេងក្បោះក្បាយ១ សំឡេងងាយយល់១ សំឡេងទន់ពីរោះ១ សំឡេងគួរស្តាប់១ សំឡេងគ្រលួច១ សំឡេងមិនគ្រាវ១ សំឡេងក្រអួន15) ១ សំឡេងរំពង16) ១។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ញុំាងបរិសទ្យចំនួនប៉ុន្មានក៏ដោយ ឲ្យដឹងច្បាស់ដោយសំឡេងបាន ឯសំឡេងរបស់ព្រហ្មនោះ មិនលាន់ឮចេញទៅខាងក្រៅបរិសទ្យឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមានសំឡេង ប្រកបដោយអង្គ៨យ៉ាងនេះ បុគ្គលនោះហៅថា មានសំឡេងដូចសំឡេងព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម និម្មិតអត្តភាពចំនួន៣៣ គង់លើបល្លង្កមួយៗរបស់ពួកតាវត្តិង្សទេវតា ហើយហៅពួកតាវត្តិង្សទេវតាមកថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកតាវត្តិង្សទេវតា សំគាល់ហេតុនោះដូចម្តេច ព្រះមានព្រះភាគអង្គនុ៎ះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអ្នកទាំងឡាយដ៏ចំរើន បើពួកជនឯណានីមួយ ដល់នូវព្រះពុទ្ធ ជាទីពឹង ដល់នូវព្រះធម៌ ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង ធ្វើនូវការបំពេញក្នុងសីលទាំងឡាយ ហើយពួកជននោះ លុះទម្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់បរនិម្មិតវសវត្តី ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់និម្មានរតី ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់តុសិត ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់យាមៈ ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិកា ពួកជនណា ញុំាងកាយទេវតា ដែលទន់ទាបជាងគេទាំងអស់ ឲ្យបរិបូណ៌ ពួកជនទាំងនោះ ក៏ញុំាងពួកគន្ធព្វ17) ឲ្យបរិបូណ៌។
[៣៧] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ មានសំឡេងគឹកកង ពួកទេវតាសំគាល់ថា ព្រហ្មណា អង្គុយលើបល្លង្ករបស់អាត្មាអញ ព្រហ្មនោះ និយាយតែម្នាក់ឯង។
កាលបើសនង្កុមារព្រហ្ម និយាយតែម្នាក់ឯង ព្រហ្មនិម្មិត18) ទាំងអស់ ក៏និយាយដែរ កាលបើសនង្កុមារព្រហ្ម អង្គុយស្ងៀមតែម្នាក់ឯង ព្រហ្មនិម្មិតទាំងអស់នោះ ក៏ស្ងៀមដែរ។ ពួកតាវត្តិង្សទេវតា ព្រមទាំងព្រះឥន្ទ្រ សំគាល់សេចក្តីនោះថា ព្រហ្មណា អង្គុយលើបល្លង្ករបស់អាត្មាអញ ព្រហ្មនោះ និយាយតែម្នាក់ឯង។
[៣៨] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម ប្រមូលនូវខ្លួនដែលច្រើន ឲ្យមកជាខ្លួនតែមួយវិញ លុះប្រមូលនូវខ្លួនដែលច្រើន ឲ្យមកជាខ្លួនតែមួយវិញហើយ ក៏អង្គុយលើបល្លង្ក របស់ព្រះឥន្ទ្រ ជាធំជាងពួកទេវតា ហើយត្រាស់ហៅពួកតាវត្តិង្សទេវតា មកថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះ ដូចម្តេច ឥទ្ធិបាទទាំង៤នេះ ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឫទ្ធិឲ្យច្រើន ដើម្បីធ្វើឫទ្ធិឲ្យវិសេសឡើង ដើម្បីធ្វើឫទ្ធិឲ្យប្លែកៗ ឥទ្ធិបាទទាំង៤ នោះ តើដូចម្តេច ម្នាលអ្នកដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ19) និងបធានសង្ខារ20) ចំរើននូវឥទ្ធិបាទ ប្រកបដោយវិរិយសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ម្នាលអ្នកដ៏ចំរើន ឥទ្ធិបាទទាំង៤នេះឯង ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឫទ្ធិឲ្យច្រើន ដើម្បីធ្វើឫទ្ធិឲ្យវិសេសឡើង ដើម្បីធ្វើឫទ្ធិឲ្យប្លែកៗ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបីជាសមណៈ ឬព្រាហ្មណ៍ បានហើយនូវឥទ្ធិវិធៈ21) មានច្រើនប្រការ ក្នុងអតីតកាល ពួកជនទាំងអស់នោះ បានហើយ ព្រោះបានចំរើននូវឥទ្ធិបាទទាំង៤នេះឯង ព្រោះបានធ្វើនូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបីជាសមណៈ ឬព្រាហ្មណ៍ ដែលនឹងបាននូវឥទ្ធិវិធៈ មានច្រើនប្រការ ក្នុងអនាគតកាល ពួកជនទាំងអស់នោះ ក៏នឹងបាន ព្រោះបានចំរើននូវឥទ្ធិបាទទាំង៤នេះឯង ព្រោះបានធ្វើនូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកជនណានីមួយ ទោះបីជាសមណៈ ឬព្រាហ្មណ៍ បានហើយនូវឥទ្ធិវិធៈ មានច្រើនប្រការ ក្នុងបច្ចុប្បន្ននេះ ពួកជនទាំងអស់នោះ ក៏រមែងបាន ព្រោះបានចំរើននូវឥទ្ធិបាទទាំង៤នេះឯង ព្រោះបានធ្វើនូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា ឃើញឫទ្ធានុភាព មានសភាពដូច្នេះនេះ របស់យើងដែរឬទេ។ ពួកទេវតាឆ្លើយតបថា បពិត្រមហាព្រហ្ម អើ ឃើញដែរ។ សនង្កុមារព្រហ្ម និយាយថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ឯខ្លួនខ្ញុំ បានជាមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះបានចម្រើននូវឥទ្ធិបាទទាំង៤នេះឯង ព្រោះបានធ្វើនូវឥទ្ធិបាទទាំង៤នេះឯង ឲ្យច្រើន។
[៣៩] ជនវសភយក្ស ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះហើយ ក៏ពោលនឹងពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះដូចម្តេច ត្រង់ដែលថា ការបាននូវឱកាស៣យ៉ាង ដើម្បីបាននូវសេចក្តីសុខ22) ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។ ការបាននូវឱកាស៣យ៉ាង តើដូចម្តេច។
[៤០] ម្នាលអ្នកដ៏ចំរើនទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាប់ជំពាក់ដោយកាមទាំងឡាយ ជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយ។ សម័យជាខាងក្រោយមក បុគ្គលនោះ បានស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ លុះបុគ្គលនោះ អាស្រ័យការស្តាប់អរិយធម៌ អាស្រ័យការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ ក៏ជាបុគ្គលលែងជាប់ជំពាក់ ដោយកាមទាំងឡាយ លែងជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយ។ កាលដែលបុគ្គលនោះ លែងជាប់ជំពាក់ ដោយកាមទាំងឡាយហើយ លែងជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយហើយ សេចក្តីសុខ ក៏កើតឡើង សោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខជាបច្ច័យ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយ មានកម្លាំងខ្លាំងកើតឡើង ព្រោះសេចក្តីរីករាយមានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ កាលដែលបុគ្គលលែងជាប់ជំពាក់ ដោយកាមទាំងឡាយហើយ លែងជាប់ជំពាក់ដោយអកុសលធម៌ទាំងឡាយហើយ សេចក្តីសុខ ក៏កើតឡើង សោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (ជាបច្ច័យ) ដូច្នោះដែរ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ នេះឯងជាការបាននូវឱកាសជាបឋម ដើម្បីបាននូវសេចក្តីសុខ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។
[៤១] ម្នាលអ្នកដ៏ចំរើនទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មានកាយសង្ខារ23) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់ មានវចីសង្ខារ24) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់ មានចិត្តសង្ខារ25) ដ៏គ្រោតគ្រាត មិនទាន់ស្ងប់រម្ងាប់។ សម័យខាងក្រោយមក បុគ្គលនោះ ស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយឧបាយ ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ លុះបុគ្គលនោះ អាស្រ័យការស្តាប់អរិយធម៌ អាស្រ័យការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ហើយ កាយសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ វចីសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ ចិត្តសង្ខារគ្រោតគ្រាត ក៏ស្ងប់រម្ងាប់ទៅ។ សេចក្តីសុខ រមែងកើតឡើងដល់បុគ្គលនោះ ព្រោះការស្ងប់រម្ងាប់នៃកាយសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់នៃវចីសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃចិត្តសង្ខារគ្រោតគ្រាត ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (នោះជាបច្ច័យ)។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយមានកម្លាំងខ្លាំង កើតឡើង ព្រោះសេចក្តីរីករាយមានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីសុខ រមែងកើតឡើង ព្រោះការស្ងប់រម្ងាប់ នៃកាយសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃវចីសង្ខារគ្រោតគ្រាត ព្រោះការស្ងប់រម្ងាប់ នៃចិត្តសង្ខារគ្រោតគ្រាត ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (នោះជាបច្ច័យ) ក៏ដូច្នោះដែរ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ នេះឯងជាការបាននូវឱកាស ជាគំរប់ពីរ ដើម្បីបាននូវសេចក្តីសុខ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។
[៤២] ម្នាលអ្នកដ៏ចំរើនទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិតថា នេះជាកុសល មិនដឹងច្បាស់តាមពិតថា នេះជាអកុសល មិនដឹងច្បាស់តាមពិតថា នេះជាអំពីប្រកបដោយទោស មិនដឹងច្បាស់តាមពិតថា នេះជាអំពើមិនមានទោស មិនដឹងច្បាស់តាមពិតថា នេះជាអំពើគួរសេព មិនដឹងច្បាស់តាមពិតថា នេះជាអំពើមិនគួរសេព មិនដឹងច្បាស់តាមពិតថា នេះជាអំពើថោកទាប មិនដឹងច្បាស់តាមពិតថា នេះជាអំពើខ្ពង់ខ្ពស់ មិនដឹងច្បាស់តាមពិតថា នេះជាអំពើខ្មៅ នេះអំពើស ជាអំពើមានចំណែកប្រៀបផ្ទឹមគ្នា។ សម័យជាខាងក្រោយមក បុគ្គលនោះ ស្តាប់នូវអរិយធម៌ ធ្វើទុកក្នុងចិត្តដោយឧបាយ ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌។ បុគ្គលនោះ លុះអាស្រ័យការស្តាប់អរិយធម៌ អាស្រ័យការធ្វើទុកក្នុងចិត្ត ដោយឧបាយ ប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ ក៏ដឹងច្បាស់តាមពិតថា នេះជាកុសល ដឹងច្បាស់តាមពិតថា នេះជាអកុសល ដឹងច្បាស់តាមពិតថា នេះជាអំពីប្រកបដោយទោស ដឹងច្បាស់តាមពិតថា នេះជាអំពើមិនមានទោស ដឹងច្បាស់តាមពិតថា នេះជាអំពើគួរសេព ដឹងច្បាស់តាមពិតថា នេះជាអំពើមិនគួរសេព ដឹងច្បាស់តាមពិតថា នេះជាអំពើថោកទាប ដឹងច្បាស់តាមពិតថា នេះជាអំពើខ្ពង់ខ្ពស់ ដឹងច្បាស់តាមពិតថា នេះជាអំពើខ្មៅ ជាអំពើស ជាអំពើមានចំណែកប្រៀបផ្ទឹមគ្នា។ កាលដែលបុគ្គលនោះ ដឹងច្បាស់យ៉ាងនេះ ឃើញច្បាស់យ៉ាងនេះហើយ អវិជ្ជា ក៏សាបសូន្យទៅ វិជ្ជាក៏កើតឡើង។ សេចក្តីសុខ រមែងកើតឡើង ដល់បុគ្គលនោះ ព្រោះការសាបសូន្យទៅនៃអវិជ្ជា ព្រោះការកើតឡើងនៃវិជ្ជា ឯសោមនស្ស ក៏កើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (នោះជាបច្ច័យ)។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីរីករាយមានកម្លាំងខ្លាំង រមែងកើតឡើង ព្រោះសេចក្តីរីករាយមានកម្លាំងទន់ ដូចម្តេចមិញ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សេចក្តីសុខ រមែងកើតឡើង ព្រោះការសាបសូន្យទៅនៃអវិជ្ចា ព្រោះការកើតឡើងនៃវិជ្ជា ឯសោមនស្ស ក៏រមែងកើតឡើង ដោយក្រៃលែង ព្រោះសេចក្តីសុខ (នោះជាបច្ច័យ) ដូច្នោះដែរ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ នេះឯងជាការបាននូវឱកាស ជាគំរប់៣ ដើម្បីបាននូវសេចក្តីសុខ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ការបាននូវឱកាស ដើម្បីបាននូវសេចក្តីសុខ៣ប្រការនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់ដឹងហើយ។
[៤៣] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះហើយ ទើបពោលនឹងពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះដូចម្តេច ត្រង់ដែលថា សតិបដ្ឋានទាំង៤នេះ ដើម្បីបាននូវកុសល26) ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាប់ច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ។ សតិបដ្ឋានទាំង៤ តើដូចម្តេច។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក27) ភិក្ខុកាលពិចារណាឃើញរឿយៗ នូវកាយជាខាងក្នុងហើយ ក៏រមែងតាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងកាយជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមានចិត្តតាំងខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងកាយជាខាងក្នុងនោះហើយ រមែងញុំាងញាណទស្សនៈ (ការដឹង និងការឃើញ) ឲ្យកើតក្នុងកាយ របស់បុគ្គលដទៃ ជាខាងក្រៅបាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ ជាខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុកាលពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាខាងក្នុងហើយ ក៏រមែងតាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងវេទនា ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមានចិត្តតាំងខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងវេទនា ជាខាងក្នុងនោះហើយ រមែងញុំាងញាណទស្សនៈ ឲ្យកើតក្នុងវេទនាទាំងឡាយ របស់បុគ្គលដទៃ ជាខាងក្រៅបាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្តជាខាងក្នុង មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុកាលពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាខាងក្នុងហើយ ក៏រមែងតាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងចិត្ត ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមានចិត្តតាំងខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងចិត្តជាខាងក្នុងនោះហើយ រមែងញុំាងញាណទស្សនៈ ឲ្យកើតក្នុងចិត្ត របស់បុគ្គលដទៃ ជាខាងក្រៅបាន។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយជាខាងក្នុង មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ភិក្ខុកាលពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុងហើយ ក៏រមែងតាំងចិត្តខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងធម៌ជាខាងក្នុងនោះ។ ភិក្ខុនោះ លុះមានចិត្តតាំងខ្ជាប់ ដោយប្រពៃ ជ្រះថ្លាដោយប្រពៃ ក្នុងធម៌ជាខាងក្នុងនោះហើយ ក៏រមែងញុំាងញាណទស្សនៈ ឲ្យកើតក្នុងធម៌ទាំងឡាយ របស់បុគ្គលដទៃ ជាខាងក្រៅបាន។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សតិបដ្ឋានទាំង៤នេះឯង ដើម្បីបាននូវកុសល ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយ។
[៤៤] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន លុះសនង្កុមារព្រហ្ម ពោលសេចក្តីនេះហើយ ទើបពោលនឹងពួកតាវត្តិង្សទេវតាថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកតាវត្តិង្សទេវតា សំគាល់សេចក្តីនោះដូចម្តេច ត្រង់ដែលថា ធម៌ជាបរិវារនៃសមាធិ៧យ៉ាងនេះ ដើម្បីចំរើននៃសម្មាសមាធិ ដើម្បីបរិបូណ៌ នៃសម្មាសមាធិ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់បញ្ញត្តហើយដោយល្អ។ ធម៌ជាបរិវារ នៃសមាធិ៧យ៉ាង តើដូចម្តេច។ សម្មាទិដ្ឋិ (សេចក្តីយល់ត្រូវ)១ សម្មាសង្កប្បៈ (សេចក្តីត្រិះរិះត្រូវ)១ សម្មាវាចា (សំដីត្រូវ)១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (សេចក្តីព្យាយាមត្រូវ)១ សម្មាសតិ (សេចក្តីរលឹកត្រូវ)១។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សភាវៈនៃចិត្ត មានអារម្មណ៍មូលតែមួយណា ដែលអង្គទាំង៧នេះ ចោមរោមហើយ ម្នាលអ្នកដ៏ចំរើនទាំងឡាយ សភាវៈនៃចិត្ត មានអារម្មណ៍តែមួយនេះ លោកហៅថា សម្មាសមាធិ ដ៏ប្រសើរ ប្រកបដោយឧបនិស្ស័យផង ថា ប្រកបដោយធម៌ជាបរិវារផង ម្នាលអ្នកដ៏ចំរើនទាំងឡាយ សម្មាសង្កប្បៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាទិដ្ឋិ សម្មាវាចា រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសង្កប្បៈ សម្មាកម្មន្តៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាវាចា សម្មាអាជីវៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាកម្មន្តៈ សម្មាវាយាមៈ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាអាជីវៈ សម្មាសតិ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាវាយាមៈ សម្មាសមាធិ រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសតិ សម្មាញាណៈ28) រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាសមាធិ សម្មាវិមុត្តិ29) រមែងមានដល់បុគ្គល ដែលឋិតនៅក្នុងសម្មាញាណៈ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ បុគ្គលកាលបើពោលដោយប្រពៃ គប្បីពោលនូវពាក្យថា ព្រះបរិយត្តិធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយល្អ ព្រះនពលោកុត្តរធម៌ ដែលព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តនៃខ្លួន ទ្វារនៃព្រះនិព្វាននោះរបើកហើយ។ បុគ្គល កាលពោលដោយប្រពៃ គប្បីពោលនូវពាក្យដែលប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះសម្មាសម្ពុទ្ធថា មែនពិត ព្រះបរិយត្តិធម៌ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយល្អ ព្រះនពលោកុត្តរធម៌ ដែលព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌ គួរដល់ឯហិបស្សវិធី ជាធម៌ ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្តនៃខ្លួន ទ្វារនៃព្រះនិព្វាននោះរបើកហើយ។ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ព្រោះថា ជនទាំងឡាយណានីមួយ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ចំពោះព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ជាទីស្រឡាញ់របស់ព្រះអរិយៈ មួយទៀត ជនទាំងឡាយណា ជាឱបបាតិកៈ ជាជនទៀងក្នុងធម៌ ខ្ញុំខ្លាចអំពើមុសាវាទ មិនអាចនឹងរាប់ជនទាំងអម្បាលនោះ ដូច្នេះថា ពួកជននៅក្នុងដែនមគធៈ ច្រើនជាង២លាន ៤សែន ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣។ ពួកសកទាគាមិបុគ្គល ក៏មានក្នុងទីនុ៎ះដែរ ឯពួកសត្វក្រៅពីនេះ30) ជាអ្នកមានចំណែកបុណ្យ (ក៏មានច្រើនដែរ)។
[៤៥] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលសនង្កុមារព្រហ្ម ពោលសេចក្តីនេះហើយ វេស្សវណមហារាជ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកពេកណាស់ ព្រះសាស្តាដ៏ប្រសើរ មានសភាពយ៉ាងនេះ មុខជានឹងមានតទៅមិនខាន ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាពយ៉ាងនេះ នឹងប្រាកដឡើង ការត្រាស់ដឹងនូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក៏នឹងប្រាកដឡើង។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម ដឹងសេចក្តីត្រិះរិះក្នុងចិត្ត របស់វេស្សវណមហារាជ ដោយចិត្ត (របស់ខ្លួន)ហើយ ទើបពោលពាក្យនេះ នឹងវេស្សវណមហារាជថា វេស្សវណមហារាជដ៏ចំរើន សំគាល់សេចក្តីនោះ ដូចម្តេច ព្រះសាស្តាដ៏ប្រសើរ មានសភាពយ៉ាងនេះ ក៏មានមកហើយ ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាពយ៉ាងនេះ ក៏ប្រាកដហើយ ការត្រាស់ដឹងនូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក៏ប្រាកដហើយក្នុងអតីតកាល ព្រះសាស្តាដ៏ប្រសើរ មានសភាពយ៉ាងនេះ មុខជានឹងមានតទៅ ការសំដែងនូវធម៌ដ៏ថ្លៃថ្លា មានសភាពយ៉ាងនេះ នឹងប្រាកដឡើង ការត្រាស់ដឹងនូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក៏នឹងប្រាកដឡើង ក្នុងអនាគតកាល។
[៤៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះ នឹងពួកតាវត្តិង្សទេវតាហើយ។ កាលសនង្កុមារព្រហ្ម ពោលសេចក្តីនោះ នឹងតាវត្តិង្សទេវតា វេស្សវណមហារាជ បានប្រាប់សេចក្តីនេះ ដែលខ្លួនបានឮហើយ ក្នុងទីចំពោះមុខដែលខ្លួនបានទទួលហើយ ក្នុងទីចំពោះមុខ ក្នុងបរិសទ្យរបស់ខ្លួន។ កាលវេស្សវណមហារាជ ពោលសេចក្តីនេះ ក្នុងបរិសទ្យរបស់ខ្លួន ជនវសភយក្ស ក៏ក្រាបទូលសេចក្តី ដែលខ្លួនបានឮហើយ ក្នុងទីចំពោះមុខ ដែលខ្លួនបានទទួលហើយ ក្នុងទីចំពោះមុខ ដល់ព្រះមានព្រះភាគ។ ព្រះមានព្រះភាគ បានទ្រង់ព្រះសណ្តាប់សេចក្តីនេះ ទទួលសេចក្តីនេះ ក្នុងទីចំពោះមុខនៃជនវសភយក្ស ជ្រាបច្បាស់ដោយព្រះអង្គឯងហើយ ទើបត្រាស់ប្រាប់ដល់ព្រះអានន្ទមានអាយុ។ លុះព្រះអានន្ទមានអាយុ បានឮ បានទទួលក្នុងទីចំពោះព្រះភក្ត្រ ព្រះមានព្រះភាគហើយ ទើបប្រាប់សេចក្តីនេះ ដល់ពួកភិក្ខុ ភិក្ខុនី ពួកឧបាសក ឧបាសិកា។ សាសនព្រហ្មចរិយធម៌នេះមាំមួន ដល់នូវសេចក្តីចំរើន ផ្សាយទៅសព្វទិស អ្នកផងបានដឹងច្រើនគ្នាហើយ កើតមានក្រាស់ក្រែល ត្រាតែពួកទេវតា និងមនុស្សចេះសំដែងដោយស្រួលបាន។
ចប់ ជនវសភសូត្រ ទី៥។
(៦. មហាគោវិន្ទសុត្តំ)
[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង បញ្ចសិខគន្ធព្វបុត្រ កាលរាត្រីកន្លងទៅហើយ (កន្លងបឋមយាម) បញ្ចេញរស្មីភ្លឺច្រាល ញុំាងភ្នំគិជ្ឈកូដទាំងអស់ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះបញ្ចសិខគន្ធព្វបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងក្រាបទូល ព្រះមានព្រះភាគ នូវសេចក្តីដែលខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះមុខ បានទទួលក្នុងទីចំពោះមុខ នៃពួកទេវតាជាន់តាវត្តិង្ស។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាលបញ្ចសិខៈ អ្នកចូរប្រាប់តថាគតចុះ។ បញ្ចសិខគន្ធព្វបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃមុនៗ ក្នុងតិថីទី១៥ ដែលជាថ្ងៃឧបោសថ ត្រូវនឹងថ្ងៃបវារណា ក្នុងរាត្រីមានព្រះចន្ទ្រពេញវង់ ពួកទេវតា ជាន់តាវត្តិង្សទាំងអស់ កំពុងអង្គុយប្រជុំក្នុងទេវសភា31) ឈ្មោះសុធម្មា ទាំងទេពបរិសទ្យជាច្រើន ក៏អង្គុយនៅជុំវិញ ឯមហារាជទាំង៤ អង្គក៏គង់ក្នុងទិសទាំង៤ គឺធតរដ្ឋមហារាជ គង់ក្នុងទិសខាងកើត បែរព្រះភក្ត្រទៅទិសខាងលិច មានពួកទេវតា ចោមរោមត្រៀបត្រា វិរូឡ្ហកមហារាជ គង់ក្នុងទិសខាងត្បូង បែរព្រះភក្ត្រទៅទិសខាងជើង មានពួកទេវតាចោមរោមត្រៀបត្រា វិរូបក្ខមហារាជ គង់ក្នុងទិសខាងលិច បែរព្រះភក្ត្រទៅទិសខាងកើត មានពួកទេវតា ចោមរោមត្រៀបត្រា វេស្សវណមហារាជ គង់ក្នុងទិសខាងជើង បែរព្រះភក្ត្រទៅទិសខាងត្បូង មានពួកទេវតាចោមរោមត្រៀបត្រា បពិត្រព្រះអង្គដ៏ចំរើន កាលណាពួកទេវតា ជាន់តាវត្តិង្សទាំងអស់គ្នា អង្គុយប្រជុំ ក្នុងទេវសភាឈ្មោះសុធម្មា ទាំងទេវបរិសទ្យជាច្រើន អង្គុយនៅជុំវិញ ឯមហារាជទាំង៤ ក៏គង់ក្នុងទិសទាំង៤ នេះជាអាសនៈ របស់មហារាជទាំង៤នោះ ក្នុងកាលនោះ អាសនៈរបស់ពួកយើងខ្ញុំ នៅជាខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ ហើយមកកើតថ្មី ក្នុងជាន់តាវត្តិង្ស ពួកទេវតាទាំងនោះ ក៏រុងរឿង កន្លងនូវពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សថា អើហ្ន៎ ពួកកាយទិព្វនៅពេញត្រៀបត្រា ពួកអសុរកាយ បាត់ទៅអស់ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបនូវសេចក្តីជ្រះថ្លា របស់ពួកទេវតាជាន់តាវត្តិង្សហើយ ក៏បានអនុមោទនា ដោយគាថា ទាំងឡាយនេះថា
[៤៨] អើហ្ន៎ ពួកទេវតាជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្ររីករាយ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង។ ពួកទេវតាជាន់តាវត្តិង្ស ក៏បានឃើញពួកទេវតាថ្មីៗ មានសម្បុរ មានយស ដែលបានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសុគត ហើយមកកើតក្នុងទេវលោកនេះ។ ពួកទេវតាទាំងនោះ រុងរឿងកន្លង នូវពួកទេវតាឯទៀតដោយសម្បុរ ដោយយស និងអាយុ ពួកសាវ័ក របស់ព្រះសម្ពុទ្ធ ព្រះអង្គមានព្រះប្រាជ្ញាដូចផែនដី ជាសាវ័កដល់នូវសេចក្តីវិសេស ក្នុងទេវលោកនេះ។ ពួកទេវតាជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្រ លុះឃើញហេតុនេះហើយ ក៏ត្រេកអរ បាននមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ដែលជាធម៌ដ៏ល្អផង។
[៤៩] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្ស ដោយក្រៃលែង លើសប្រមាណថា អើហ្ន៎ ពួកកាយទិព្វ នៅពេញត្រៀបត្រា ពួកអសុរកាយ បាត់ទៅអស់។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា ជ្រាបនូវសេចក្តីជ្រះថ្លា របស់ពួកទេវតា ជាន់តាវត្តិង្សហើយ ទើបមានព្រះបន្ទូលនឹងពួកទេវតា ជាន់តាវត្តិង្សថា ម្នាលគ្នាយើង អ្នកទាំងឡាយ ចង់ស្តាប់គុណ ជារបស់ពិត៨ប្រការ របស់ព្រះមានព្រះភាគនោះដែរឬ។ ពួកទេវតាក្រាបទូលថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ យើងខ្ញុំចង់ស្តាប់គុណ ជារបស់ពិត៨ប្រការ របស់ព្រះមានព្រះភាគនោះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងទេវតា បានសំដែងគុណ ជារបស់ពិត៨ប្រការ របស់ព្រះមានព្រះភាគ ដល់ពួកទេវតា ជាន់តាវត្តិង្ស ម្នាលអ្នកដ៏ចំរើនទាំងឡាយ ពួកទេវតាជាន់តាវត្តិង្ស សំគាល់ហេតុនោះដូចម្តេច ព្រះមានព្រះភាគអង្គនោះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយរហូតមក។ យើងពិចារណារកមើលនូវគ្រូ ដែលជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ជាអ្នកប្រកបដោយគុណ នេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមានក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី១)។ ធម៌ដែលព្រះមានព្រះភាគអង្គនោះ ត្រាស់សំដែងហើយដោយល្អ ជាធម៌ដែលអរិយបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌ដែលអរិយបុគ្គល គួរហៅបុគ្គលដទៃឲ្យចូលមកមើលបាន ជាធម៌ដែលអរិយបុគ្គល គួរបង្អោនចូលមកទុកក្នុងចិត្តបាន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្តរបស់ខ្លួន។ យើងពិចារណារកមើលនូវគ្រូ ដែលជាអ្នកសំដែងនូវធម៌ គួរបង្អោនចូលមកទុកក្នុងចិត្តបាន យ៉ាងនេះ ជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមានក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី២)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តដោយប្រពៃហើយថា នេះជាកុសល ទ្រង់បញ្ញត្តហើយ ដោយប្រពៃថា នេះ ជាអកុសល។ នេះប្រកបដោយទោស។ នេះ មិនប្រកបដោយទោស។ នេះគួរសេព។ នេះមិនគួរសេព។ នេះជាអំពើថោកទាប។ នេះជាអំពើថ្លៃថ្លា។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តដោយប្រពៃហើយថា នេះ ធម៌ខ្មៅ ធម៌ស និងធម៌ជាសប្បដិភាគ (លាយខ្មៅ លាយស)។ យើងពិចារណារកមើលនូវគ្រូ ដែលជាអ្នកបញ្ញត្តនូវធម៌ទាំងឡាយ ដែលជាកុសល ជាអកុសល ប្រកបដោយទោស មិនប្រកបដោយទោស គួរសេព និងមិនគួរសេព ថោកទាប និងថ្លៃថ្លា ធម៌ខ្មៅ ធម៌ស និងសប្បដិភាគ យ៉ាងនេះ ជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៣)។ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា ក៏ប្រៀបធៀបគ្នាបាន។ ទឹកក្នុងទន្លេគង្គា ប្រៀបស្មើនឹងទឹកក្នុងទន្លេយមុនា ដូចម្តេចមិញ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា ក៏ប្រៀបធៀបគ្នាបានដូច្នោះដែរ។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកបញ្ញត្ត នូវបដិបទា ជាទីទៅកាន់ព្រះនិព្វានយ៉ាងនេះ ជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៤)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បានពួកសេក្ខបុគ្គល ដែលឋិតនៅក្នុងបដិបទាហើយ និងពួកព្រះខីណាស្រព ដែលមានព្រហ្មចរិយធម៌ អប់រំស្រេចហើយជាគ្នីគ្នា តែព្រះមានព្រះភាគ ទ្រង់មិនជាប់ព្រះទ័យនឹងគ្នីគ្នានោះទេ ទ្រង់ប្រកបនូវសេចក្តីត្រេកអរ តែមួយព្រះអង្គឯង។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកប្រកបនូវសេចក្តីត្រេកអរ តែម្នាក់ឯងយ៉ាងនេះ ដែលជាអ្នកប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៥)។ លាភសម្រេចហើយ សេចក្តីសរសើរ ក៏សម្រេចហើយ ដល់ព្រះមានព្រះភាគអង្គនោះ ទាំងពួកក្សត្រ ក៏មានសភាពជាអ្នកស្រឡាញ់ រាប់រក (ព្រះអង្គ) ប៉ុន្តែព្រះមានព្រះភាគអង្គនោះ ប្រាសចាកសេចក្តីស្រវឹង (ក្នុងលាភជាដើមនោះ) ហើយ រមែងសោយនូវអាហារ (តាមធម្មតា)។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកប្រាសចាកសេចក្តីស្រវឹង បរិភោគនូវអាហារយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៦)។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ដោយប្រការយ៉ាងនេះឯង។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៧)។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ទ្រង់មានព្រះតម្រិះដល់ទីបំផុត32) ហើយ ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យដ៏ឧត្តម។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ មានតម្រិះដល់ទីបំផុត ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យដ៏ឧត្តម យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ ក៏មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគនោះចេញហើយ ក៏មិនឃើញមានដែរ (នេះជាគុណទី៨)។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា បានសំដែងគុណ ជារបស់ពិតទាំង៨ប្រការរបស់ព្រះមានព្រះភាគនេះឯង ដល់ពួកទេវតាជាន់តាវត្តិង្ស។
[៥០] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាពួកទេវតាជាន់តាវត្តិង្ស ជាអ្នកមានចិត្តត្រេកអរ មានចិត្តទន់ កើតបីតិសោមនស្សដ៏ក្រៃលែងលើសប្រមាណ ព្រោះបានស្តាប់គុណ ជារបស់ពិតទាំង៨ប្រការ របស់ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាទេវតាទាំងនោះ ទេវតាពួកខ្លះ នាំគ្នាពោលយ៉ាងនេះថា ម្នាលគ្នាយើង ធ្វើម្តេចហ្ន៎ បានព្រះសម្មាសម្ពុទ្ធ៤ ព្រះអង្គត្រាស់ឡើងក្នុងលោក សំដែងធម៌ឲ្យដូចព្រះមានព្រះភាគ ការសំដែងធម៌នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ទេវតាពួកខ្លះ នាំគ្នាពោលយ៉ាងនេះថា នែពួកយើង ព្រះសម្មាសម្ពុទ្ធ៤ព្រះអង្គ លើកទុកសិនចុះ នែពួកយើង ធ្វើម្តេចហ្ន៎ ឲ្យតែព្រះសម្មាសម្ពុទ្ធ៣ព្រះអង្គត្រាស់ឡើងក្នុងលោក សំដែងធម៌ឲ្យដូចព្រះមានព្រះភាគ ការណ៍នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ទេវតាពួកខ្លះ នាំគ្នាពោលយ៉ាងនេះថា នែគ្នាយើង ព្រះសម្មាសម្ពុទ្ធ៣ព្រះអង្គ លើកទុកសិនចុះ នែគ្នាយើង ធ្វើម្តេចហ្ន៎ ឲ្យតែព្រះសម្មាសម្ពុទ្ធ ២ព្រះអង្គ ត្រាស់ឡើងក្នុងលោក សំដែងធម៌ ឲ្យដូចព្រះមានព្រះភាគ ការណ៍នោះ សមជាប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន កាលពួកទេវតាពោលយ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងពួកទេវតា បានពោលពាក្យនេះ នឹងពួកទេវតាជាន់តាវត្តិង្សថា ម្នាលគ្នាយើង ដំណើរនេះ មិនមែនជាហេតុ មិនមែនជាឱកាសឡើយ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ២ព្រះអង្គ បានត្រាស់ក្នុងលោកធាតុតែមួយ ដំណាលគ្នា ដោយហេតុណា ហេតុនុ៎ះមិនដែលមានទេ ម្នាលគ្នាយើង សូមឲ្យតែព្រះមានព្រះភាគអង្គនោះ កុំឲ្យមានអាពាធ កុំឲ្យមានទុក្ខ គង់នៅអស់កាលដ៏យូរអង្វែង ការណ៍នោះ គង់តែប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយដែរហើយ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ពួកទេវតាជាន់តាវត្តិង្ស អង្គុយប្រជុំគ្នា ក្នុងទេវសភា ឈ្មោះសុធម្មា ដោយប្រយោជន៍ណា មហារាជទាំង៤អង្គនោះ ក៏គិតនូវប្រយោជន៍នោះ ប្រឹក្សានូវប្រយោជន៍នោះ ហើយតាំងនៅក្នុងប្រយោជន៍នោះ តាមពាក្យដែលតាវត្តិង្សទេវតាប្រាប់ហើយផង មហារាជទាំង៤អង្គនោះ តំកល់នៅក្នុងប្រយោជន៍នោះ តាមពាក្យដែលតាវត្តិង្សទេវតា ប្រៀនប្រដៅហើយផង ឋិតនៅលើអាសនៈរបស់ខ្លួនៗ មិនចៀសចេញទៅឡើយ។
[៥១] ព្រះរាជាទាំងនោះ ទទួលពាក្យប្រៀនប្រដៅតាមពាក្យដែលតាវត្តិង្សទេវតា ប្រាប់ហើយ ក៏មានចិត្តជ្រះថ្លា មានចិត្តស្ងប់រម្ងាប់ ឋិតនៅលើអាសនៈរបស់ខ្លួន។
[៥២] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ពន្លឺដ៏លើសលុបក៏កើតឡើង រស្មីដ៏រុងរឿងលើសលែងនូវទេវានុភាព របស់ពួកទេវតា ក៏កើតប្រាកដឡើងក្នុងទិសខាងជើង។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា មានព្រះបន្ទូលនឹងពួកទេវតាជាន់តាវត្តិង្សថា ម្នាលពួកយើង និមិត្តទាំងឡាយប្រាកដឡើង ពន្លឺកើតឡើង រស្មីដ៏រុងរឿងកើតប្រាកដ ក្នុងកាលណា ព្រហ្មនឹងមានប្រាកដ ក្នុងកាលនោះ នេះជាបុព្វនិមិត្តដែលព្រហ្មមានប្រាកដ បានជាពន្លឺកើតឡើង រស្មីកើតឡើងជាក់ស្តែង។
[៥៣] និមិត្តទាំងឡាយប្រាកដឡើង ក្នុងកាលណា ព្រហ្មគង់មានប្រាកដ (ក្នុងកាលនោះ) រស្មីដ៏រុងរឿងធំទូលាយនេះឯង ជាបុព្វនិមិត្តរបស់ព្រហ្ម។
[៥៤] បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកទេវតាជាន់តាវត្តិង្ស អង្គុយលើអាសនៈទាំងឡាយ តាមសមគួរដល់ខ្លួន ហើយគិតគ្នាថា វិបាកនឹងមានប្រាកដ ព្រោះអាស្រ័យពន្លឺណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុ៎ះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ ចំណែកមហារាជទាំង៤អង្គ គង់លើអាសនៈទាំងឡាយ តាមសមគួរដល់ខ្លួនគិតគ្នាថា វិបាកនឹងមានប្រាកដ ព្រោះអាស្រ័យពន្លឺណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ ពួកទេវតាជាន់តាវត្តិង្ស លុះឮពាក្យនេះហើយ ក៏មានចិត្តមូលតែមួយ ប្រជុំគ្នាគិតថា វិបាកនឹងមានប្រាកដ ព្រោះអាស្រ័យពន្លឺណា យើងទាំងឡាយ ចាំដឹងនូវពន្លឺនុ៎ះ ចាំធ្វើឲ្យច្បាស់នូវពន្លឺនោះសិន ហើយសឹមទៅ។ បពិត្រព្រះអង្គដ៏ចំរើន កាលណា សនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់តាវត្តិង្សហើយ និម្មិតអត្តភាពដ៏លើសលុបឲ្យកើតប្រាកដ។ បពិត្រព្រះអង្គដ៏ចំរើន សម្បុរជាប្រក្រតីរបស់ព្រហ្មណា ដែលពួកទេវតាមិនទាន់ឃើញ សម្បុរជាប្រក្រតីនោះ (ក៏ប្រាកដ) ក្នុងគន្លងចក្ខុរបស់ទេវតាជាន់តាវត្តិង្ស។ បពិត្រព្រះអង្គដ៏ចំរើន កាលណាសនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតាជាន់តាវត្តិង្ស ព្រហ្មនោះ ក៏រុងរឿងកន្លងនូវពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង។ បពិត្រព្រះអង្គដ៏ចំរើន រូបដែលធ្វើដោយមាស រមែងរុងរឿងកន្លងនូវរាងកាយ របស់មនុស្សដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន កាលណាសនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់តាវត្តិង្ស ព្រហ្មនោះ ក៏រុងរឿងកន្លងនូវពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង ដូច្នោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន កាលណាសនង្កុមារព្រហ្ម មានប្រាកដដល់ពួកទេវតា ជាន់តាវត្តិង្ស មិនមានទេវតាណាមួយក្នុងបរិសទ្យនោះសំពះ ឬក្រោកទទួល ឬក៏អញ្ជើញដោយអាសនៈឡើយ។ ពួកទេវតាទាំងអស់ស្ងៀមព្រងើយ នាំគ្នាអង្គុយផ្គងអញ្ជលី លើបល្លង្កគិតគ្នាថា ឥឡូវនេះ សនង្កុមារព្រហ្ម ប្រាថ្នានឹងគង់លើបល្លង្ករបស់ទេវតាណា ក៏គង់លើបល្លង្ក របស់ទេវតានោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម គង់លើបល្លង្ករបស់ទេវតាណា ទេវតានោះ ក៏បាននូវសេចក្តីត្រេកអរដ៏លើសលុប ទេវតានោះ ក៏បាននូវសេចក្តីរីករាយចិត្តដ៏លើសលុប។ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេចដែលបានមុទ្ធាភិសេកហើយ អភិសេកហើយថ្មីៗ ដោយរាជសម្បត្តិ ព្រះរាជានោះ តែងបាននូវសេចក្តីត្រេកអរដ៏លើសលុប ព្រះរាជានោះ តែងបាននូវសេចក្តីរីករាយព្រះទ័យដ៏លើសលុប ដោយរាជសម្បត្តិ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម គង់លើបល្លង្ករបស់ទេវតាណា ទេវតានោះ ក៏បាននូវសេចក្តីត្រេកអរដ៏លើសលុប ទេវតានោះ ក៏បាននូវសេចក្តីរីករាយចិត្តដ៏លើសលុប មានឧបមេយ្យដូច្នោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលនោះ សនង្កុមារព្រហ្ម ដឹងនូវសេចក្តីជ្រះថ្លារបស់ពួកទេវតា ជាន់តាវត្តិង្សហើយ ក៏អនុមោទនាដោយគាថាទាំងនេះ ហើយក៏បាត់ទៅ
[៥៥] អើហ្ន៎ ពួកទេវតាជាន់តាវត្តិង្សព្រមទាំងព្រះឥន្ទ្រ រមែងរីករាយ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ជាធម៌ដ៏ល្អផង។ ពួកទេវតាជាន់តាវត្តិង្ស បានឃើញពួកទេវតាថ្មីៗ មានសម្បុរ មានយស ដែលបានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសុគត ហើយមកកើតក្នុងទេវលោកនេះ។ ពួកទេវតាទាំងនោះ រុងរឿងកន្លងនូវពួកទេវតាឯទៀត ដោយសម្បុរ ដោយយស និងអាយុ ពួកសាវ័ក របស់ព្រះសម្ពុទ្ធ ព្រះអង្គមានព្រះប្រាជ្ញាដូចផែនដី ជាសាវ័ក ដល់នូវសេចក្តីវិសេស ក្នុងទេវលោកនេះ។ លុះពួកទេវតាជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្រ ឃើញហេតុនេះហើយ ទើបរីករាយ នមស្ការ ចំពោះព្រះតថាគតផង ចំពោះព្រះធម៌ ជាធម៌ដ៏ល្អផង។
[៥៦] បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម បានពោលនូវសេចក្តីនេះហើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលសនង្កុមារព្រហ្ម ពោលនូវសេចក្តីនេះ ក៏មានសំឡេងប្រកបដោយអង្គ៨ គឺសំឡេងក្បោះក្បាយ១ ងាយយល់១ ទន់ពីរោះ១ គួរស្តាប់១ មូល១ មិនគ្រាវ១ ក្រអួន១ លាន់រំពង១។ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ញុំាងបរិសទ្យទាំងអស់ ឲ្យដឹងច្បាស់ដោយសំឡេងផង សំឡេងក្រាងក្រអៅរបស់ព្រហ្មនោះ មិនបានផ្សាយចេញទៅខាងក្រៅបរិសទ្យផង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា មានសំឡេងប្រកបដោយអង្គ៨យ៉ាងនេះ បុគ្គលនោះ គេហៅថា អ្នកមានសំឡេងដូចសំឡេងព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកទេវតាជាន់តាវត្តិង្ស បានពោលពាក្យនេះ នឹងសនង្កុមារព្រហ្មថា បពិត្រមហាព្រហ្ម ប្រពៃហើយ ពួកយើងក៏រីករាយ ព្រោះបានដឹងសេចក្តីនុ៎ះឯង មួយទៀត សក្កទេវរាជ ជាធំជាងពួកទេវតា បានសំដែងគុណ ជារបស់ពិត ទាំង៨ប្រការ របស់ព្រះមានព្រះភាគនោះហើយដែរ ពួកយើងក៏រីករាយ ព្រោះបានដឹងនូវគុណទាំងនោះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង សនង្កុមារព្រហ្ម បានពោលសេចក្តីនេះ នឹងសក្កទេវរាជ ជាធំជាងពួកទេវតាថា បពិត្រទេវានមិន្ទៈ ប្រពៃហើយ ពួកយើងគួរស្តាប់នូវគុណ ជារបស់ពិត ទាំង៨ប្រការ របស់ព្រះមានព្រះភាគនោះ។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ទទួលតបពាក្យរបស់សនង្កុមារព្រហ្មថា បពិត្រមហាព្រហ្ម យ៉ាងហ្នឹងហើយ ទើបថ្លែងនូវគុណ ជារបស់ពិត ទាំង៨ប្រការរបស់ព្រះមានព្រះភាគថា មហាព្រហ្មដ៏ចំរើន សំគាល់នូវហេតុនោះដូចម្តេច ព្រះមានព្រះភាគនោះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយរហូតមក។ យើងពិចារណារកមើល នូវសាស្តាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ធម៌ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់សំដែងហើយដោយល្អ ជាធម៌ដែលអរិយបុគ្គល គប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌ដែលអរិយបុគ្គល គួរហៅបុគ្គលដទៃឲ្យចូលមកមើលបាន ជាធម៌ដែលអរិយបុគ្គល គួរបង្អោនចូលមកទុកក្នុងចិត្តបាន ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្តរបស់ខ្លួន។ យើងពិចារណារកមើលនូវគ្រូ ជាអ្នកសំដែងធម៌ ដែលគួរបង្អោនចូលមកទុកក្នុងចិត្តបានយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាលដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តហើយថា នេះ ជាកុសល ទ្រង់បញ្ញត្តប្រពៃហើយថា នេះជាអកុសល។ នេះប្រកបដោយទោស។ នេះមិនប្រកបដោយទោស។ នេះគួរសេព។ នេះមិនគួរសេព។ នេះជាអំពើថោកទាប។ នេះជាអំពើថ្លៃថ្លា។ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តប្រពៃហើយថា នេះធម៌ខ្មៅ ធម៌ស និងជាសប្បដិភាគ។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកបញ្ញត្តនូវធម៌ទាំងឡាយ ដែលជាកុសល ជាអកុសល ប្រកបដោយទោស មិនប្រកបដោយទោស គួរសេព មិនគួរសេព ថោកទាប និងថ្លៃថ្លា ធម៌ខ្មៅ ធម៌ស និងជាសប្បដិភាគ យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ បដិបទា ជាទីទៅកាន់ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា រមែងប្រៀបធៀបគ្នាបាន។ ទឹកក្នុងទន្លេគង្គា ប្រៀបស្មើនឹងទឹកក្នុងទន្លេយមុនា ដូចម្តេចមិញ បដិបទាជាទីទៅកាន់ព្រះនិព្វាន ដែលព្រះមានព្រះភាគអង្គនោះ បញ្ញត្តល្អហើយ ដល់សាវ័កទាំងឡាយ ទាំងព្រះនិព្វាន ទាំងបដិបទា រមែងប្រៀបធៀបស្មើគ្នាបាន ដូច្នោះដែរ។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកបញ្ញត្តនូវបដិបទា ជាទីទៅកាន់ព្រះនិព្វានយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគ ទ្រង់បានពួកសេក្ខបុគ្គល ដែលឋិតនៅក្នុងបដិបទា ហើយនឹងព្រះខីណាស្រព ដែលមានព្រហ្មចរិយធម៌អប់រំស្រេចហើយជាគ្នីគ្នា តែព្រះមានព្រះភាគ ទ្រង់មិនជាប់ព្រះទ័យនឹងគ្នីគ្នានោះទេ ទ្រង់ប្រកបសេចក្តីត្រេកអរ តែមួយអង្គឯង។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកប្រកបនូវសេចក្តីត្រេកអរតែម្នាក់ឯងយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមាន ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ លាភសម្រេចហើយ សេចក្តីសរសើរក៏សម្រេចហើយ ដល់ព្រះមានព្រះភាគអង្គនោះ ទាំងពួកក្សត្រ ក៏មានសភាពជាអ្នកស្រឡាញ់រាប់រកព្រះអង្គ ព្រះមានព្រះភាគ អង្គនោះ ប្រាសចាកសេចក្តីស្រវឹងហើយ រមែងសោយនូវអាហារ (តាមធម្មតា)។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកប្រាសចាកសេចក្តីស្រវឹង ហើយបរិភោគនូវអាហារយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងណា ទ្រង់ធ្វើយ៉ាងនោះ ទ្រង់ធ្វើយ៉ាងណា ទ្រង់ត្រាស់យ៉ាងនោះ ដោយប្រការយ៉ាងនេះ។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកប្រតិបត្តិ នូវធម៌ដ៏សមគួរដល់ធម៌យ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគអង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្លងផុតសេចក្តីសង្ស័យអស់ហើយ ព្រះអង្គប្រាសចាកសេចក្តីងឿងឆ្ងល់អស់ហើយ ទ្រង់មានព្រះតម្រិះ ដល់ទីបំផុតហើយ ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យដ៏ឧត្តម។ យើងពិចារណារកមើលនូវសាស្តា ជាអ្នកឆ្លងផុតសេចក្តីសង្ស័យ ប្រាសចាកសេចក្តីងឿងឆ្ងល់ មានព្រះតម្រិះ ដល់នូវទីបំផុត ដោយព្រហ្មចរិយធម៌ខាងដើម ជានិស្ស័យដ៏ឧត្តមយ៉ាងនេះ ដែលប្រកបដោយគុណនេះ ក្នុងចំណែកកាល ដែលកន្លងទៅហើយ មិនឃើញមានទេ ក្នុងកាលឥឡូវនេះ ក្រៅអំពីព្រះមានព្រះភាគ អង្គនោះចេញហើយ ក៏មិនឃើញមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា បានសំដែងគុណជារបស់ពិតទាំង៨ប្រការ របស់ព្រះមានព្រះភាគនេះឯង ដល់សនង្កុមារព្រហ្ម។
[៥៧] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានជាសនង្កុមារព្រហ្ម មានចិត្តត្រេកអរ រីករាយ កើតបីតិ សោមនស្ស ព្រោះបានស្តាប់គុណជារបស់ពិតទាំង៨ប្រការ របស់ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម និម្មិតអត្តភាពដ៏លើសលុប ដូចជាភេទកុមារ មានផ្នួង៥ប្រាកដហើយ ដល់ពួកទេវតាជានតាវត្តិង្ស។ ព្រហ្មនោះ ក៏ហោះឡើងទៅកាន់អាកាស អង្គុយពែនភ្នែន លើផ្ទៃអាកាសវាលធេង។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកម្លាំង អង្គុយពែនភ្នែនលើបល្លង្ក ដែលគេក្រាលល្អហើយ ឬលើភូមិភាគដ៏រាបស្មើ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម ហោះឡើងទៅកាន់អាកាស អង្គុយពែនភ្នែន លើផ្ទៃអាកាស វាលធេង ក៏មានឧបមេយ្យដូច្នោះដែរ ហើយនិយាយនឹងពួកទេវតាជាន់តាវត្តិង្សថា នែអ្នកដ៏ចំរើនទាំងឡាយ ពួកទេវតាជាន់តាវត្តិង្ស សំគាល់សេចក្តីនោះដូចម្តេច ព្រះមានព្រះភាគនោះ ជាបុគ្គលមានបញ្ញាច្រើន អស់កាលអង្វែងមកហើយ។ ម្នាលអ្នកដ៏ចំរើន រឿងធ្លាប់មានមកហើយថា មានស្តេចមួយព្រះអង្គ ទ្រង់ព្រះនាមទិសម្បតិ។ មានព្រាហ្មណ៍ឈ្មោះគោវិន្ទៈ ជាបុរោហិត របស់ព្រះបាទទិសម្បតិ។ ព្រះបាទទិសម្បតិ មានព្រះរាជបុត្រ១ព្រះអង្គ ទ្រង់ព្រះនាមរេណុកុមារ។ គោវិន្ទព្រាហ្មណ៍ មានកូនប្រុសម្នាក់ ឈ្មោះជោតិបាលមាណព។ ជនទាំង៨នាក់នេះ គឺរេណុរាជបុត្រ១ ជោតិបាលមាណព១ និងក្សត្រ33) ៦ព្រះអង្គទៀត សុទ្ធតែជាសំឡាញ់នឹងគ្នា។ ម្នាលអ្នកដ៏ចំរើន លុះថ្ងៃ និងយប់កន្លងទៅហើយ គោវិន្ទព្រាហ្មណ៍ ក៏ធ្វើមរណកាលទៅ។ ម្នាលអ្នកដ៏ចំរើន កាលដែលគោវិន្ទព្រាហ្មណ៍ ធ្វើមរណកាលទៅហើយ ព្រះបាទទិសម្បតិ ទ្រង់ព្រះកន្សែងសោកស្តាយថា ឱហ្ន៎ ក្នុងសម័យណា យើងបានប្រគល់រាជកិច្ចទាំងពួងដោយស្រួលបួល ដល់គោវិន្ទព្រាហ្មណ៍ហើយ កំពុងតែស្កប់ស្កល់ មូលមិត ផ្តេកផ្តិតដោយកាមគុណទាំង៥ សម័យនោះឯង គោវិន្ទព្រាហ្មណ៍ ក៏ធ្វើមរណកាលទៅ។ ម្នាលអ្នកដ៏ចំរើន កាលព្រះបាទទិសម្បតិ ទ្រង់ព្រះកន្សែងសោកស្តាយយ៉ាងនោះហើយ រេណុរាជបុត្ត ក៏ក្រាបបង្គំទូលព្រះបាទទិសម្បតិ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំទ្រង់ព្រះកន្សែង នឹងគោវិន្ទព្រាហ្មណ៍ ដែលធ្វើមរណកាលទៅនោះ ខ្លាំងពេកឡើយ បពិត្រព្រះសម្មតិទេព គោវិន្ទព្រាហ្មណ៍ មានកូនប្រុសម្នាក់ ឈ្មោះ ជោតិបាលមាណព ជាបណ្ឌិតវិសេសជាងបិតាផង ជាអ្នកមុះមុត អាចកាត់សេចក្តីបានជាងបិតាផង បិតារបស់ជោតិបាលមាណពនោះ ប្រៀនប្រដៅនូវសេចក្តីទាំងឡាយណា សេចក្តីទាំងឡាយនោះ សុទ្ធតែជាពាក្យប្រៀនប្រដៅ របស់ជោតិបាលមាណព។ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការថា ម្នាលកុមារ យ៉ាងហ្នឹងមែនឬ។ ព្រះរេណុរាជកុមារ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព យ៉ាងហ្នឹងមែន។ ម្នាលអ្នកដ៏ចំរើន គ្រានោះ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការឲ្យហៅបុរសម្នាក់ថា នែបុរសដ៏ចំរើន ឯងចូរមកនេះ ឯចូរចូលទៅរកជោតិបាលមាណព លុះចូលទៅដល់ហើយ ចូរនិយាយនឹងជោតិបាលមាណពយ៉ាងនេះថា សូមសេចក្តីចំរើន មានដល់ជោតិបាលមាណពដ៏ចំរើនចុះ ព្រះបាទទិសម្បតិ មានព្រះរាជឱង្ការ ឲ្យហៅជោតិបាលមាណពដ៏ចំរើន ព្រះបាទទិសម្បតិ ចង់ជួបនឹងជោតិបាលមាណពដ៏ចំរើន។ ម្នាលអ្នកដ៏ចំរើន រាជបុរសនោះទទួលព្រះរាជឱងការព្រះបាទទិសម្បតិថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយចូលទៅរកជោតិបាលមាណព លុះចូលទៅដល់ហើយ បានថ្លែងព្រះឱង្ការនេះ នឹងជោតិបាលមាណពថា សូមសេចក្តីចំរើនមានដល់ជោតិបាលមាណពដ៏ចំរើនចុះ ព្រះបាទទិសម្បតិ មានព្រះឱង្ការឲ្យហៅជោតិបាលមាណពដ៏ចំរើន ព្រះបាទទិសម្បតិ ចង់ជួបនឹងជោតិបាលមាណពដ៏ចំរើន។ ម្នាលអ្នកដ៏ចំរើន ជោតិបាលមាណព ទទួលតបពាក្យរាជបុរសនោះថា អើអ្នកដ៏ចំរើន យ៉ាងនេះហើយ ទើបចូលទៅគាល់ព្រះបាទទិសម្បតិ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះបាទទិសម្បតិ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាលអ្នកដ៏ចំរើន លុះជោតិបាលមាណព អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះបាទទិសម្បតិ មានព្រះបន្ទូលយ៉ាងនេះថា ជោតិបាលមាណពដ៏ចំរើន ចូរអ្នកប្រៀនប្រដៅយើងចុះ ជោតិបាលមាណពដ៏ចំរើន កុំលះបង់យើងអំពីការប្រៀនប្រដៅឡើយ យើងនឹងតាំងអ្នកក្នុងតំណែងងារជាដំណែលបិតាអ្នក យើងនឹងស្រោចទឹកអ្នក ក្នុងទីជារបស់គោវិន្ទព្រាហ្មណ៍។ ជោតិបាលមាណព ទទួលព្រះបន្ទូលព្រះបាទទិសម្បតិថា ព្រះករុណាវិសេស។ ម្នាលអ្នកដ៏ចំរើន លុះព្រះបាទទិសម្បតិ ទ្រង់ស្រោចទឹកជោតិបាលមាណព ក្នុងតំណែងងារគោវិន្ទព្រាហ្មណ៍ ទ្រង់តាំងជោតិបាលមាណព ក្នុងដំណែងជាដំណែលបិតា។ ជោតិបាលមាណព ដែលព្រះរាជាទ្រង់ស្រោចទឹក ក្នុងទីជារបស់គោវិន្ទព្រាហ្មណ៍ ទ្រង់តាំងងារជាដំណែលបិតាហើយ តែងប្រៀនប្រដៅនូវសេចក្តីទាំងឡាយ ដែលបិតាបានប្រៀនប្រដៅហើយ ដល់ព្រះរាជានោះផង មិនបានប្រៀនប្រដៅ នូវសេចក្តីទាំងឡាយ ដែលបិតាមិនបានប្រៀនប្រដៅ ដល់ព្រះរាជានោះផង បានចាត់ចែងការងារទាំងឡាយ ដែលបិតាបានចាត់ចែងហើយ ដល់ព្រះរាជានោះផង មិនបានចាត់ចែងនូវការងារទាំងឡាយ ដែលបិតាមិនបានចាត់ចែងហើយ ដល់ព្រះរាជានោះផង។ មនុស្សទាំងឡាយ ក៏នាំគ្នានិយាយពីដំណើរនោះថា អើហ្ន៎ មើលចុះគោវិន្ទព្រាហ្មណ៍ អើហ្ន៎ មើលចុះមហាគោវិន្ទព្រាហ្មណ៍។ ម្នាលអ្នកដ៏ចំរើ់ន ជោតិបាលមាណព ក៏បានឈ្មោះថា មហាគោវិន្ទព្រាហ្មណ៍ ដោយបរិយាយនេះ យ៉ាងនេះឯង។
[៥៨] ម្នាលអ្នកដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរាចាស់គ្រាំគ្រា ទ្រង់ព្រះជន្មមកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅ ពួកអ្នករាជការ គប្បីអភិសេករេណុរាជបុត្រ ក្នុងរាជសម្បត្តិ ហេតុនេះ រមែងមាន សូមព្រះអង្គម្ចាស់ទាំងឡាយដ៏ចំរើន ស្តេចមក សូមព្រះអង្គម្ចាស់ទាំងឡាយ ទៅគាល់ព្រះរេណុរាជបុត្រ លុះចូលទៅដល់ហើយ ត្រូវថ្លែងសេចក្តីចំពោះព្រះរេណុរាជបុត្រ យ៉ាងនេះថា ពួកយើងជាសំឡាញ់ ជាទីស្រឡាញ់ ជាទីពេញចិត្ត មិនជាទីខ្ពើមរអើម នៃព្រះរេណុរាជបុត្រដ៏ចំរើន ព្រះអង្គដ៏ចំរើន មានសុខយ៉ាងណា ពួកយើងមានសុខយ៉ាងនោះ ព្រះអង្គដ៏ចំរើនមានទុក្ខ យ៉ាងណា ពួកយើងមានទុក្ខយ៉ាងនោះ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរា ចាស់គ្រាំគ្រា ទ្រង់ព្រះជន្មមកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅ ពួកអ្នករាជការ គប្បីអភិសេកព្រះរេណុរាជបុត្រដ៏ចំរើន ក្នុងរាជសម្បត្តិ ហេតុនេះរមែងមាន បើព្រះរេណុរាជបុត្រដ៏ចំរើន ត្រូវបានរាជសម្បត្តិ សូមព្រះអង្គចែករាជសម្បត្តិដល់យើងខ្ញុំទាំងឡាយផង។ ក្សត្រទាំង៦អង្គនោះ ទទួលពាក្យរបស់មហាគោវិន្ទព្រាហ្មណ៍ថា ម្នាលអ្នកដ៏ចំរើន មែនហើយ ទើបចូលទៅគាល់រេណុរាជបុត្រ លុះចូលទៅដល់ហើយ ក្រាបទូលរេណុរាជបុត្រ យ៉ាងនេះថា យើងទាំងឡាយ ជាសំឡាញ ជាទីស្រឡាញ់ ជាទីពេញចិត្ត មិនជាទីខ្ពើមរអើម នៃព្រះរេណុរាជកុមារដ៏ចំរើនឡើយ ព្រះអង្គដ៏ចំរើន មានសុខយ៉ាងណា ពួកយើងមានសុខយ៉ាងនោះ ព្រះអង្គដ៏ចំរើនមានទុក្ខ យ៉ាងណា ពួកយើងមានទុក្ខយ៉ាងនោះ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរា ចាស់គ្រាំគ្រា ទ្រង់ព្រះជន្មមកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ពួកអ្នករាជការ គប្បីអភិសេកព្រះរេណុរាជបុត្រដ៏ចំរើន ក្នុងរាជសម្បត្តិ ហេតុនេះរមែងមាន បើព្រះរេណុរាជបុត្រដ៏ចំរើន ត្រូវបានរាជសម្បត្តិហើយ សូមព្រះអង្គចែករាជសម្បត្តិដល់យើងខ្ញុំទាំងឡាយផង។ រេណុរាជបុត្រ ទ្រង់តបថា ម្នាលអ្នកដ៏ចំរើន បើក្រៅអំពីអ្នកដ៏ចំរើនទាំងឡាយហើយ អ្នកដទៃណា នឹងផ្តល់សេចក្តីសុខឲ្យកើតឡើង ក្នុងដែនរបស់យើងបាន ម្នាលអ្នកដ៏ចំរើន បើយើងនឹងបានរាជសម្បត្តិ យើងនឹងចែករាជសម្បត្តិ ដល់អ្នកទាំងឡាយផងដែរ។ ម្នាលអ្នកដ៏ចំរើន លុះថ្ងៃ និងយប់ទាំងឡាយកន្លងទៅហើយ ព្រះបាទទិសម្បតិ ក៏ទ្រង់ទិវង្គតទៅ។ កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅហើយ ពួកអ្នករាជការ ក៏បានអភិសេកព្រះរេណុរាជបុត្រ ក្នុងរាជសម្បត្តិ។ លុះព្រះរេណុរាជបុត្រ បានអភិសេកដោយរាជសម្បត្តិហើយ ទ្រង់ស្កប់ស្កល់ មូលមិត្រផ្តេកផ្តិត ដោយកាមគុណទាំង៥។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅហើយ ព្រះបាទរេណុ ដែលបានអភិសេកដោយរាជសម្បត្តិហើយ ព្រះអង្គក៏ស្កប់ស្កល់ មូលមិត្រផ្តេកផ្តិត ដោយកាមគុណទាំង៥ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន នរណាហ្ន៎ហ នឹងដឹង (រឿងនេះបាន ព្រោះ) កាមារម្មណ៍ទាំងឡាយ សុទ្ធតែជាសភាវៈ នាំឲ្យស្រវឹង សូមឲ្យព្រះអង្គម្ចាស់ដ៏ចំរើនទាំងឡាយ ស្តេចមក និងចូលទៅគាល់ព្រះបាទរុណុ លុះចូលទៅដល់ហើយ ចូរក្រាបទូលព្រះបាទរេណុយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ព្រះបាទរេណុដ៏ចំរើន បានទទួលអភិសេក ដោយរាជសម្បត្តិហើយ ព្រះអង្គដ៏ចំរើន រលឹកឃើញពាក្យនោះដែរឬ។ ពួកក្សត្រទាំង៦ អង្គនោះ ទទួលពាក្យរបស់មហាគោវិន្ទព្រាហ្មណ៍ថា ម្នាលអ្នកដ៏ចំរើន មែនហើយ រួចក៏ចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទរេណុ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ទិវង្គតហើយ ព្រះបាទរេណុដ៏ចំរើន បានទទួលអភិសេក ដោយរាជសម្បត្តិហើយ តើព្រះអង្គដ៏ចំរើន រលឹកឃើញពាក្យនោះដែរឬ។ ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលអ្នកដ៏ចំរើន យើងរលឹកឃើញពាក្យនោះដែរ។ ពួកក្សត្រទាំង៦អង្គ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ ល្មមនឹងចែកមហាប្រឹថពីនេះ ដែលមានបណ្តោយទៅខាងទិសឧត្តរ មានមុខដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែកស្មើគ្នា ជា៧ភាគបាន។ ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលអ្នកដ៏ចំរើន វៀរលែងតែមហាគោវិន្ទព្រាហ្មណ៍ចេញ អ្នកដទៃណាហ្ន៎ ល្មមនឹងចែកបាន។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ព្រះបាទរេណុ មានព្រះរាជឱង្ការហៅបុរសម្នាក់មកថា ម្នាលអ្នកដ៏ចំរើន ឯងចូរមកនេះ ឯងចូរទៅរកមហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ ចូរជំរាបមហាគោវិន្ទព្រាហ្មណ៍ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះបាទរេណុ មានព្រះរាជឱង្ការឲ្យហៅលោក។ ម្នាលអ្នកដ៏ចំរើន បុរសនោះ ទទួលព្រះរាជឱង្ការ នៃព្រះបាទរេណុថា បពិត្រព្រះសម្មតិទេព ព្រះកុរណាវិសេស ហើយចូលទៅរកមហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ បានជំរាបមហាគោវិន្ទព្រាហ្មណ៍ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះបាទរេណុ មានព្រះរាជឱង្ការឲ្យហៅលោក។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលពាក្យរបស់បុរសនោះថា អើអ្នកដ៏ចំរើន ហើយចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះបាទរេណុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាលអ្នកដ៏ចំរើន លុះមហាគោវិន្ទព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះបាទរេណុ មានព្រះរាជឱង្ការយ៉ាងនេះថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ចូរអញ្ជើញមកចែកមហាប្រឹថពីនេះ ដែលមានបណ្តោយទៅខាងទិសឧត្តរ មានមុខដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែកស្មើគ្នាជា៧ភាគ។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលព្រះបន្ទូលព្រះបាទរេណុថា បពិត្រព្រះសម្មតិទេព ព្រះករុណាវិសេស ហើយក៏ចែកមហាប្រឹថពីនេះ ដែលមានបណ្តោយទៅខាងទិសឧត្តរ មានមុខដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែកស្មើគ្នាជា៧ភាគ ហើយតំកល់ទុកនូវដែនទាំងអស់ ឲ្យមានមុខដូចជាមុខរទេះ។ មានសេចក្តីដំណាល ក្នុងរឿងនោះថា ជនបទ របស់ព្រះបាទរេណុ នៅត្រង់កណ្តាល។
[៥៩] គោវិន្ទព្រាហ្មណ៍ បានសាងទីក្រុងទាំង៧នេះ គឺក្រុងទន្តបូរៈ សម្រាប់ពួកអ្នកដែនកាលិង្គៈ១ ក្រុងបោតនៈ សម្រាប់ពួកអ្នកដែនអស្សកៈ១ ក្រុងមាហិស្សតិ សម្រាប់ពួកអ្នកដែនអវន្តិ១ ក្រុងរោរុកៈ សម្រាប់ពួកអ្នកដែនសោចិរៈ១ ក្រុងមិថិលា សម្រាប់ពួកអ្នកដែនវិទេហៈ១ ក្រុងចម្បាដែលកសាង ក្នុងដែនឈ្មោះអង្គៈ១ ក្រុងពារាណសី សម្រាប់ពួកអ្នកដែនកាសី១។
[៦០] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ទ្រង់សព្វព្រះទ័យ មានសេចក្តីប្រាថ្នាពេញបរិបូណ៌ហើយ ដោយលាភគួរដល់ព្រះអង្គថា ឱហ្ន៎ របស់ណា ដែលពួកយើងប្រាថ្នាហើយ របស់ណា ដែលពួកយើងប៉ុនប៉ងសំដៅយកហើយ របស់ណា ដែលពួកយើងកត់សំគាល់ទុកហើយ របស់នោះៗ ក៏ពួកយើងបានអស់ហើយ។
[៦១] ព្រះបាទសត្តភូ អង្គ១ ព្រះបាទព្រហ្មទត្តអង្គ១ ព្រះបាទវេស្សភូអង្គ១ ព្រមទាំងព្រះបាទភរតៈអង្គ១ ព្រះបាទរេណុអង្គ១ ព្រះបាទធតរដ្ឋ២ព្រះអង្គទៀត រួមបានជាស្តេចគ្រប់គ្រងផែនដី មាន៧ព្រះអង្គ ក្នុងគ្រានោះ។
ចប់ បឋមភាណវារៈ។
[៦២] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ចូលទៅរកមហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏មានព្រះរាជឱង្ការទៅនឹងមហាគោវិន្ទព្រាហ្មណ៍ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ជាសំឡាញ់ ជាទីស្រឡាញ់ពេញព្រះទ័យ មិនជាទីខ្ពើមរអើម នៃព្រះបាទរេណុ យ៉ាងណាមិញ គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ក៏ជាសំឡាញ់ ជាទីស្រឡាញ់ ពេញចិត្ត មិនជាទីខ្ពើមនៃពួកយើងយ៉ាងនោះដែរ គោវិន្ទព្រាហ្មណ៍ដ៏ចំរើន ចូរប្រៀនប្រដៅពួកយើងចុះ គោវិន្ទព្រាហ្មណ៍ដ៏ចំរើន កុំលះបង់យើងអំពីការប្រៀនប្រដៅឡើយ។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលស្តាប់ព្រះឱង្ការក្សត្រទាំង៦ព្រះអង្គនោះ ដែលបានមុទ្ធាភិសេកហើយថា ព្រះករុណាវិសេស។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ក៏ប្រៀនប្រដៅពួកក្សត្រទាំង៧អង្គ ដែលបានមុទ្ធាភិសេក ដោយរាជសម្បត្តិ ដោយអនុសាសនីផង បានបង្រៀនមន្ត ដល់ព្រាហ្មណមហាសាល ៧នាក់ផង និងខ្មាន់ព្រះកេស៧០០នាក់ផង។ ម្នាលអ្នកដ៏ចំរើន កាលជាខាងក្រោយមក កិត្តិសព្ទដ៏ពីរោះ របស់មហាគោវិន្ទព្រាហ្មណ៍ ល្បីឮខ្ចរខ្ចាយថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្តាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មដោយផ្ទាល់ខ្លួនបាន។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា កិត្តិសព្ទដ៏ពីរោះ របស់អាត្មាអញ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្តាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មដោយផ្ទាល់ខ្លួនបាន តែអាត្មាអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ប៉ុន្តែអាត្មាអញ ធ្លាប់ឮពាក្យនេះ របស់ព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយគ្នាថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ហើយពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្ម នឹងសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បើដូច្នោះ គួរតែអាត្មាអញ សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន។ គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទរេណុ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំព្រះអង្គ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្តាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្ម ដោយផ្ទាល់ខ្លួនបាន បពិត្រព្រះអង្គដ៏ចំរើន តែខ្ញុំព្រះអង្គ មិនបានឃើញព្រហ្មសោះទេ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ប៉ុន្តែខ្ញុំព្រះអង្គ ធ្លាប់ឮពាក្យព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយគ្នាថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្មបាន សាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា នឹងសម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ដើម្បីពិចារណានូវករុណាឈាន មិនត្រូវឲ្យអ្នកណាមួយ ចូលទៅរកខ្ញុំព្រះអង្គឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ព្រះបាទរេណុ មានព្រះរាជឱង្ការថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ បានក្រាបទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំព្រះអង្គ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្ទាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្ម ដោយផ្ទាល់ខ្លួនបាន បពិត្រព្រះអង្គដ៏ចំរើន តែខ្ញុំព្រះអង្គ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ខ្ញុំព្រះអង្គ គ្រាន់តែឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញនូវព្រហ្មបាន សាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹងសម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន មិនត្រូវឲ្យអ្នកណាមួយ ចូលទៅរកខ្ញុំព្រះអង្គឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា គោវិនទ្ធព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកព្រាហ្មណមហាសាលទាំង៧នាក់ និងខ្មាន់ព្រះកេសទាំង៧០០នាក់ លុះចូលទៅដល់ហើយ បាននិយាយទៅនឹងព្រាហ្មណមហាសាល ទាំង៧នាក់ និងខ្មាន់ព្រះកេសទាំង៧០០នាក់ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្ទាល់ខ្លួន អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មដោយផ្ទាល់ខ្លួនបាន ម្នាលអ្នកដ៏ចំរើន តែខ្ញុំមិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ខ្ញុំគ្រាន់តែឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្មបាន នឹងសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ស្វាធ្យាយនូវមន្តទាំងឡាយ តាមដែលបានស្តាប់មកហើយ បានរៀនមកហើយ ដោយពិស្តារចុះ ចូរប្រាប់មន្តទាំងឡាយ ដល់គ្នានឹងគ្នាផងចុះ ម្នាលអ្នកដ៏ចំរើន ខ្ញុំប្រាថ្នា ដើម្បីនឹងសម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ដើម្បីនឹងពិចារណានូវករុណាឈាន មិនត្រូវឲ្យអ្នកណាមួយ ចូលទៅរកខ្ញុំឡើយ វៀរតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ព្រាហ្មណមហាសាល និងខ្មាន់ព្រះកេសទាំងនោះ និយាយតបថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកប្រពន្ធទាំង៤០នាក់ ដែលមានត្រកូល និងជាតិស្មើគ្នា លុះចូលទៅដល់ហើយ បាននិយាយទៅនឹងប្រពន្ធទាំង៤០នាក់ ដែលមានត្រកូល និងជាតិស្មើគ្នា យ៉ាងនេះថា នែនាងដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់អញ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្ទាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្ម ដោយផ្ទាល់ខ្លួនបាន នែនាងដ៏ចំរើន តែខ្លួនអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ខ្លួនអញ គ្រាន់តែឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញនូវព្រហ្ម នឹងសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន នែនាងដ៏ចំរើន ឥឡូវអញប្រាថ្នា ដើម្បីសម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន មិនត្រូវឲ្យអ្នកណាមួយ ចូលទៅរកអញឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ប្រពន្ធទាំង៤០នាក់ ទទួលតបថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ឲ្យសាងអាស្រមថ្មី នាទិសខាងកើតព្រះនគរ ហើយសម្ងំនៅក្នុងរដូវភ្លៀងអស់៤ខែ ពិចារណានូវករុណាឈាន។ មិនមានអ្នកណាចូលទៅរកគាត់ឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង កាលកន្លងទៅ៤ខែហើយ មហាគោវិន្ទព្រាហ្មណ៍ កើតសេចក្តីអផ្សុក អន្ទះអន្ទែងថា អាត្មាអញ ធ្លាប់ឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍ ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញព្រហ្ម នឹងសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន តែ (ឥឡូវនេះ) អាត្មាអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្ម។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង សនង្កុមារព្រហ្ម បានដឹងច្បាស់នូវសេចក្តីត្រិះរិះក្នុងចិត្ត របស់មហាគោវិន្ទព្រាហ្មណ៍ ដោយចិត្តរបស់ខ្លួនហើយ ក៏ស្រាប់តែបាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះមុខមហាគោវិន្ទព្រាហ្មណ៍ ប្រៀបដូចជាបុរសមានកំឡាំងលាដៃ ដែលខ្លួនបត់ចូល ឬបត់ដៃ ដែលខ្លួនលាចេញ។ ម្នាលអ្នកដ៏ចំរើន លំដាប់នោះឯង សេចក្តីភ័យ សេចក្តីតក់ស្លុត និងការព្រឺរោម ក៏កើតឡើង ដល់មហាគោវិន្ទព្រាហ្មណ៍ ព្រោះបានឃើញរូបដែលខ្លួនមិនធ្លាប់ឃើញសោះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ និយាយទៅនឹងសនង្កុមារព្រហ្ម ទាំងភិតភ័យ តក់ស្លុត ព្រឺរោមដោយគាថា ថា
[៦៣] បពិត្រលោកនិទ៌ុក្ខ លោកជាអ្វីហ្ន៎ ទើបមានសម្បុរ មានយស មានសិរី (យ៉ាងនេះ) យើងមិនស្គាល់ បានជាសូមសួរលោក ធ្វើដូចម្តេចហ្ន៎ យើងនឹងស្គាល់លោក។
សនង្កុមារព្រហ្មឆ្លើយថា ពួកជនតែងស្គាល់ខ្ញុំថាជាកុមារ ក្នុងព្រហ្មលោក មកអស់កាលយូរហើយ ពួកទេវតាទាំងពួងសោត ក៏ស្គាល់ខ្ញុំដែរ ម្នាលគោវិន្ទ អ្នកចូរដឹងយ៉ាងនេះចុះ។
មហាគោវិន្ទព្រាហ្មណ៍ និយាយថា អាសនៈ ទឹក ប្រេង សម្រាប់លាបជើង និងទឹកឃ្មុំ តែងមានដល់ព្រហ្ម យើងសូមទទួលលោកដ៏ចំរើន ដោយគ្រឿងទទួលភ្ញៀវ សូមលោកដ៏ចំរើន ទទួលគ្រឿងទទួលភ្ញៀវ របស់យើងចុះ។
សនង្កុមារព្រហ្មឆ្លើយថា ម្នាលគោវិន្ទ អ្នកពោលចំពោះគ្រឿងទទួលភ្ញៀវណា យើងព្រមទទួលគ្រឿងទទួលភ្ញៀវនោះរបស់អ្នក យើងបើកឱកាសឲ្យអ្នកសួរហើយ ដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តីសុខក្នុងបរលោកផង អ្នកប្រាថ្នាប្រយោជន៍ណាមួយ ចូរសួរប្រយោជន៍នោះចុះ។
[៦៤] ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា សនង្កុមារព្រហ្ម បានបើកឱកាសដល់អញហើយ អាត្មាអញ គួរសួរអ្វីនឹងសនង្កុមារព្រហ្មហ្ន៎ គួរសួរប្រយោជន៍ក្នុងបច្ចុប្បន្ន ឬប្រយោជន៍ក្នុងបរលោក។ ម្នាលអ្នកដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ ជាមនុស្សឈ្លាសវៃ ចំពោះប្រយោជន៍ក្នុងបច្ចុប្បន្នស្រាប់ហើយ ទាំងពួកជនដទៃ ក៏តែងសួររកប្រយោជន៍ ក្នុងបច្ចុប្បន្ន នឹងអាត្មាអញដែរ បើដូច្នោះ គួរតែអាត្មាអញ សួរសនង្កុមារព្រហ្ម ចំពោះប្រយោជន៍ ក្នុងបរលោក តែមួយយ៉ាងប៉ុណ្ណោះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ បាននិយាយនឹងសនង្កុមារព្រហ្ម ដោយគាថាថា
[៦៥] ខ្ញុំមានសេចក្តីសង្ស័យ សូមសួរសនង្កុមារព្រហ្ម ដែលជាអ្នកមិនមានសេចក្តីសង្ស័យ ក្នុងប្រស្នាទាំងឡាយ ដែលបុគ្គលដទៃគួរដឹងថា សត្វឋិតនៅក្នុងធម៌អ្វី សិក្សាក្នុងធម៌អ្វី ទើបដល់នូវព្រហ្មលោក ដែលមិនស្លាប់។
សនង្កុមារព្រហ្ម តបថា ម្នាលព្រាហ្មណ៍ សត្វលះបង់នូវសេចក្តីប្រកាន់ថា របស់អញ ក្នុងពួកសត្វចេញ ជាបុគ្គលប្រព្រឹត្តតែម្នាក់ឯង មានចិត្តឱនទៅរកករុណាឈាន ប្រាសចាកក្លិនពុល គឺកិលេស វៀរចាកមេថុនធម្ម ឋិតនៅក្នុងធម៌ទាំងនេះ លុះសិក្សាក្នុងធម៌ទាំងនេះហើយ ទើបដល់នូវព្រហ្មលោក ដែលមិនស្លាប់។
[៦៦] មហាគោវិន្ទព្រាហ្មណ៍ និយាយតបថា (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា លះបង់នូវសេចក្តីប្រកាន់ថា របស់អញចេញ ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់នូវគំនរទ្រព្យតិចក្តី លះបង់នូវគំនរទ្រព្យច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា លះបង់នូវសេចក្តីប្រកាន់ថា របស់អញចេញ ដូច្នេះ ខ្លួនខ្ញុំយល់ច្បាស់ហើយ ដោយប្រការដូច្នេះឯង។ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា ជាបុគ្គលប្រព្រឹត្តតែម្នាក់ឯង ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ អាស្រ័យសេនាសនៈស្ងាត់ ចៀសគេចទៅនៅតាមព្រៃ ម្លប់ឈើ ភ្នំ ជ្រោះ រអាងភ្នំ ទីស្មសាន ព្រៃស្រោង ទីវាល គំនរស្លឹកឈើ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា ជាបុគ្គលប្រព្រឹត្តតែម្នាក់ឯង ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ ដោយប្រការដូច្នេះឯង។ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា មានចិត្តឱនទៅរក នូវករុណាឈាន ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ។ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយករុណា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា មានចិត្តប្រកបដោយករុណាដ៏ធំទូលាយ ដល់នូវភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ទៅប្រៀបនឹងសត្វទាំងពួង គ្រប់ទិស គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ក៏ដូច្នោះដែរ (ត្រង់ពាក្យ) របស់លោកដ៏ចំរើនថា មានចិត្តឱនទៅរកករុណាឈាន ដូច្នេះ ខ្ញុំយល់ច្បាស់ហើយ ដោយប្រការដូច្នេះឯង។ តែថា ខ្ញុំមិនយល់សោះនូវពាក្យ របស់លោកដ៏ចំរើន ដែលនិយាយចំពោះពួកក្លិនពុល (នោះ)។
[៦៧] បពិត្រព្រហ្ម អ្វីជាពួកក្លិនពុលក្នុងពួកសត្វ ខ្ញុំមិនស្គាល់ នូវក្លិនពុលទាំងនុ៎ះឡើយ បពិត្រលោកជាអ្នកប្រាជ្ញ សូមលោកមេត្តាប្រាប់ឲ្យទាន ក្នុងទីនេះ កិលេសដូចម្តេច ដែលរួបរឹត បក់បោកពួកសត្វឲ្យមានក្លិនអាក្រក់ នាំចូលទៅកាន់អបាយ បិទបាំងផ្លូវទៅកាន់ព្រហ្មលោក។ សនង្កុមារព្រហ្មឆ្លើយតបថា សេចក្តីក្រោធ១ ការនិយាយកុហក១ ការបញ្ឆោតបន្លំ១ ការទ្រុស្តមិត្រ១ សេចក្តីកំណាញ់ស្វិតស្វាញ១ សេចក្តីមើលងាយគេ១ សេចក្តីច្រណែន១ សេចក្តីប្រាថ្នា១ សេចក្តីសង្ស័យ១ ការបៀតបៀនអ្នកដទៃ១ លោភៈ១ ទោសៈ១ សេចក្តីស្រវឹង១ សេចក្តីវង្វេង១ ពួកសត្វដែលប្រកបដោយកិលេសទាំង១៤នេះ ឈ្មោះថាជាអ្នកមានក្លិនពុល មិនទាន់អស់ រមែងទៅកាន់អបាយ ដែលបិទបាំងផ្លូវទៅកាន់ព្រហ្មលោក។
[៦៨] មហាគោវិន្ទព្រាហ្មណ៍ និយាយថា ខ្ញុំយល់ច្បាស់ហើយ នូវក្លិនពុលទាំងឡាយ ដែលលោកដ៏ចំរើននិយាយ តែក្លិនពុលទាំងនោះ បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រលោកដ៏ចំរើន ខ្ញុំនឹងចេញចាកផ្ទះ ទៅបួស។ សនង្កុមារព្រហ្ម និយាយតបថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ព្រះបាទរេណុ លុះចូលទៅដល់ហើយ បានក្រាបទូលព្រះបាទរេណុយ៉ាងនេះថា ឥឡូវនេះ សូមព្រះអង្គដ៏ចំរើន ស្វែងរកបុរោហិតឯទៀត សម្រាប់នឹងប្រឹក្សាការរាជការ របស់ព្រះអង្គដ៏ចំរើនចុះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹងចេញចាកផ្ទះ ទៅបួស ដ្បិតខ្ញុំព្រះអង្គឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ តែក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះ ទៅបួស។
[៦៩] មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា ខ្ញុំព្រះអង្គ សូមក្រាបទូលព្រះបាទរេណុ ជាម្ចាស់ផែនដី សូមព្រះអង្គ ទ្រង់ជ្រាបដោយកិច្ចរាជការចុះ ខ្ញុំព្រះអង្គ លែងត្រេកអរក្នុងតំណែងបុរោហិតហើយ។
ព្រះបាទរេណុ ត្រាស់ថា បើអ្នកខ្វះខាត ដោយវត្ថុទាំងឡាយ ដែលត្រូវការ យើងនឹងបំពេញឲ្យអ្នក បើបុគ្គលណាបៀតបៀនអ្នក យើងជាម្ចាស់ នៃសេនាលើផែនដី និងហាមប្រាមបុគ្គលនោះ អ្នកទុកដូចជាបិតា យើងទុកដូចជាបុត្រ ម្នាលគោវិន្ទ សូមអ្នកកុំលះបង់យើងឡើយ។
មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា ការខ្វះខាតដោយវត្ថុទាំងឡាយ ដែលត្រូវការ មិនមានទេ បុគ្គលអ្នកបៀតបៀនខ្ញុំព្រះអង្គ ក៏មិនមានដែរ ប៉ុន្តែខ្ញុំព្រះអង្គ បានស្តាប់ពាក្យរបស់អមនុស្សហើយ ហេតុនោះ បានជាខ្ញុំព្រះអង្គ មិនត្រេកអរក្នុងផ្ទះទេ។
ព្រះបាទរេណុ ទ្រង់ត្រាស់ថា អមនុស្សមានភេទដូចម្តេច បាននិយាយសេចក្តីដូចម្តេចនឹងអ្នក ដែលអ្នកបានស្តាប់ហើយ នឹងលះបង់នូវផ្ទះទាំងឡាយ របស់យើងផង នូវយើងផង នូវជនទាំងអស់ផង។
មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កាលពីដើម ខ្ញុំព្រះអង្គ ចូលទៅពួនសម្ងំនៅតែម្នាក់ឯង កាលដែលខ្ញុំព្រះអង្គប្រាថ្នា ដើម្បីបូជាយ័ញ្ញ ខ្ញុំព្រះអង្គ ក៏ប្រមូលស្បូវ និងស្លឹកឈើ មកគរបង្កាត់ភ្លើងឲ្យឆេះឡើង។ លំដាប់នោះ ស្រាប់តែសនង្កុមារព្រហ្ម មកអំពីព្រហ្មលោក ប្រាកដ (នៅមុខ) ខ្ញុំព្រះអង្គ ព្រហ្មនោះ បានដោះស្រាយប្រស្នានឹងខ្ញុំព្រះអង្គ ឯខ្ញុំព្រះអង្គ ក៏បានស្តាប់នូវសេចក្តីនោះហើយ ទើបលែងត្រេកអរក្នុងផ្ទះ។
ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលគោវិន្ទ អ្នកនិយាយពាក្យណា យើងក៏ជឿពាក្យនោះរបស់អ្នកដ៏ចំរើន អ្នកបានស្តាប់ពាក្យអមនុស្សហើយ នឹងប្រព្រឹត្តទៅដោយឡែកដូចម្តេច យើងនោះ នឹងប្រព្រឹត្តតាមអ្នកដែរ ម្នាលគោវិន្ទ (ព្រោះថា) អ្នកដ៏ចំរើន ជាគ្រូយើងស្រាប់ហើយ។ អ្នកប្រៀបដូចកែវមណី និងកែវពៃទូរ្យ មិនមានប្រេះឆារ ថ្លាស្អាត យើងបានឮយ៉ាងនេះហើយ នឹងប្រព្រឹត្តតាមពាក្យប្រដៅរបស់អ្នកគោវិន្ទ។
[៧០] ព្រះបាទរេណុ មានព្រះរាជឱង្ការថា ប្រសិនបើគោវិន្ទព្រាហ្មណ៍ដ៏ចំរើន នឹងចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស យើងនឹងចេញចាកផ្ទះទៅបួសដែរ បើគតិរបស់អ្នកយ៉ាងណា គតិរបស់យើងនឹងទៅជាយ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ បានក្រាបទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គ ឥឡូវនេះ សូមព្រះអង្គទាំងឡាយដ៏ចំរើន ស្វែងរកបុរោហិតដទៃទៀត សម្រាប់នឹងប្រឹក្សាកិច្ចការរដ្ឋ របស់ព្រះអង្គដ៏ចំរើនចុះ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹងចេញចាកផ្ទះ ទៅបួស ដ្បិតខ្ញុំព្រះអង្គបានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះ ទៅបួស។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ពួកក្សត្រទាំង៦អង្គនោះ ចៀសចេញទៅក្នុងទីដ៏សមគួរ ហើយគិតព្រមគ្នាថា ធម្មតាពួកព្រាហ្មណ៍ទាំងនេះ ជាបុគ្គលល្មោភនឹងទ្រព្យ បើដូច្នោះ គួរយើងល្បួងមហាគោវិន្ទព្រាហ្មណ៍ដោយទ្រព្យ។ ក្សត្រទាំង៦អង្គនោះ ក៏ចូលទៅរកមហាគោវិន្ទព្រាហ្មណ៍ ហើយថ្លែងសេចក្តីយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន សម្បត្តិក្នុងរាជ្យទាំង៧នេះ មានច្រើន ព្រោះហេតុនោះ អ្នកដ៏ចំរើនត្រូវការដោយសម្បត្តិប៉ុន្មាន ចូរយកសម្បត្តិប៉ុណ្ណោះចុះ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កុំឡើយព្រះអង្គ សម្បត្តិរបស់ខ្ញុំព្រះអង្គនេះ បរិបូណ៌ហើយ ជាសម្បត្តិដែលព្រះអង្គដ៏ចំរើនទាំងឡាយប្រទានឲ្យ ខ្ញុំព្រះអង្គ លះចោលសម្បត្តិទាំងអស់ ហើយនឹងចេញចាកផ្ទះទៅបួស តាមពាក្យដែលខ្ញុំព្រះអង្គបានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះទៅបួស។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ក្សត្រទាំង៦អង្គនោះ ចៀសចេញទៅក្នុងទីដ៏សមគួរ ហើយគិតព្រមគ្នា យ៉ាងនេះថា ធម្មតាពួកព្រាហ្មណ៍ទាំងនេះ ជាបុគ្គលល្មោភនឹងស្រ្តី បើដូច្នោះ គួរយើងលួងលោមមហាគោវិន្ទព្រាហ្មណ៍ដោយពួកស្ត្រី។ ក្សត្រទាំង៦អង្គនោះ ចូលទៅរកមហាគោវិន្ទព្រាហ្មណ៍ ហើយថ្លែងសេចក្តីយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ពួកស្ត្រីក្នុងរាជ្យទាំង៧នេះ មានច្រើន ព្រោះហេតុនោះ អ្នកដ៏ចំរើនត្រូវការដោយពួកស្ត្រីប៉ុន្មាននាក់ ចូរនាំយកពួកស្ត្រីប៉ុណ្ណោះចុះ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កុំឡើយព្រះអង្គ អម្បាលដូចជាភរិយាទាំង៤០នាក់ របស់ខ្ញុំព្រះអង្គនេះ សុទ្ធតែមានជាតិ និងត្រកូលស្មើគ្នា (ម្តេចក៏) ខ្ញុំព្រះអង្គ នឹងលះចោលភរិយាទាំងអស់នោះ ហើយចេញចាកផ្ទះទៅបួស តាមដែលខ្ញុំព្រះអង្គបានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ តែថាក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានទេ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គត្រាស់ថា បើគោវិន្ទព្រាហ្មណ៍ដ៏ចំរើន នឹងចេញចាកផ្ទះ ទៅបួស ពួកយើងក៏ចេញចាកផ្ទះ ទៅបួសដែរ បើគតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។
[៧១] មហាគោវិន្ទព្រាហ្មណ៍ ទូលថា បុថុជ្ជនតែងជាប់នៅក្នុងកាមទាំងឡាយណា បើព្រះអង្គទាំងឡាយ នឹងលះបង់នូវកាមទាំងឡាយនោះចេញ សូមព្រះអង្គប្រារព្ធនូវការព្យាយាមឲ្យមាំ ប្រកបដោយកម្លាំងនៃខន្តិធម៌ (ផង)។ នេះជាផ្លូវត្រង់ នេះជាផ្លូវប្រសើរ ដែលពួកសប្បុរ តែងរក្សាព្រះសទ្ធម្ម ដើម្បីទៅកើតក្នុងព្រហ្មលោក។
[៧២] ក្សត្រទាំង៦អង្គ ត្រាស់ថា បើដូច្នោះ សូមមហាគោវិន្ទដ៏ចំរើន រង់ចាំអស់៧ឆ្នាំ (សិន) លុះកន្លង៧ឆ្នាំហើយ ពួកយើងនឹងចេញចាកផ្ទះទៅបួស បើគតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ឆ្នាំយូរណាស់ ខ្ញុំព្រះអង្គមិនអាច នឹងរង់ចាំព្រះអង្គ ដល់៧ឆ្នាំបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាឡើយ នឹងអាចដឹងនូវជីវិតបាន ព្រោះបុគ្គល ត្រូវតែទៅកាន់បរលោក បុគ្គលត្រូវយល់ដោយប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតមកហើយ ឈ្មោះថា មិនស្លាប់ គ្មានទេ តាមដែលខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា បើដូច្នោះ សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន រង់ចាំអស់៦ឆ្នាំសិន។បេ។ រង់ចាំអស់៥ឆ្នាំសិន។ រង់ចាំអស់៤ឆ្នាំសិន។ រង់ចាំអស់៣ឆ្នាំសិន។ រង់ចាំអស់២ឆ្នាំសិន។ រង់ចាំអស់១ឆ្នាំសិន លុះដល់កន្លង១ឆ្នាំហើយ ពួកយើងនឹងចេញចាកផ្ទះ ទៅបួសដែរ បើគតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ១ឆ្នាំយូរណាស់ ខ្ញុំព្រះអង្គមិនអាច នឹងរង់ចាំព្រះអង្គ អស់១ឆ្នាំបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាចដឹងនូវជីវិតបាន ព្រោះបុគ្គលត្រូវតែទៅកាន់បរលោក បុគ្គលត្រូវយល់ដោយប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថា មិនស្លាប់ គ្មានទេ ព្រោះខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា បើដូច្នោះ សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន រង់ចាំអស់៧ខែសិន លុះកន្លង៧ខែហើយ ពួកយើងនឹងចេញចាកផ្ទះទៅបួស គតិរបស់អ្នកយ៉ាងណា គតិរបស់ពួកយើងក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ខែយូរណាស់ ខ្ញុំព្រះអង្គ មិនអាចនឹងរង់ចាំព្រះអង្គ អស់៧ខែបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាចដឹងនូវជីវិតបាន ព្រោះបុគ្គលត្រូវតែទៅកាន់បរលោក បុគ្គលត្រូវយល់ដោយប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថា មិនស្លាប់គ្មានទេ ព្រោះខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងចេញចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា បើដូច្នោះ សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន រង់ចាំអស់៦ខែសិន។ រង់ចាំអស់៥ខែសិន។ រង់ចាំអស់៤ខែសិន។ រង់ចាំអស់៣ខែសិន។ រង់ចាំអស់២ខែសិន។ រង់ចាំអស់១ខែសិន។ រង់ចាំអស់កន្លះខែសិន លុះកន្លងកន្លះខែទៅហើយ ពួកយើងនឹងចេញចាកផ្ទះទៅបួស គតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កន្លះខែ យូរណាស់ ខ្ញុំព្រះអង្គមិនអាច នឹងរង់ចាំព្រះអង្គ អស់កន្លះខែបានទេ បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ អាចដឹងនូវជីវិតបាន ព្រោះបុគ្គលត្រូវតែទៅកាន់បរលោក បុគ្គលត្រូវយល់ដោយប្រាជ្ញា ត្រូវធ្វើកុសល ត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតមកហើយ ឈ្មោះថា មិនស្លាប់គ្មានទេ ព្រោះខ្ញុំព្រះអង្គ បានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងចេញចាកផ្ទះទៅបួស។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា បើដូច្នោះ សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន រង់ចាំអស់៧ថ្ងៃសិន ទំរាំពួកយើងប្រៀនប្រដៅកូន និងបងប្អូនរបស់ខ្លួនក្នុងរាជសម្បត្តិ លុះកន្លង៧ថ្ងៃហើយ ពួកយើងនឹងចេញចាកផ្ទះទៅបួស គតិរបស់អ្នក យ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ៧ថ្ងៃមិនយូរប៉ុន្មានទេ ខ្ញុំព្រះអង្គនឹងរង់ចាំព្រះអង្គ អស់៧ថ្ងៃបាន។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកព្រាហ្មមហាសាលទាំង៧នាក់ និងនាយខ្មាន់ព្រះកេស ៧០០នាក់ លុះចូលទៅដល់ហើយ ក៏និយាយនឹងព្រាហ្មណមហាសាលទាំង៧នាក់ និងនាយខ្មាន់ព្រះកេស ទាំង៧០០នាក់ យ៉ាងនេះថា ឥឡូវនេះ សូមអ្នកដ៏ចំរើនទាំងឡាយ រកអាចារ្យឯទៀត ឲ្យបង្រៀនមន្តដល់អ្នកទាំងឡាយដ៏ចំរើនចុះ ម្នាលអ្នកដ៏ចំរើន យើងប្រាថ្នានឹងចេញចាកផ្ទះទៅបួស តាមដែលខ្ញុំបានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ ម្នាលអ្នកដ៏ចំរើន ខ្ញុំនឹងចេញចាកផ្ទះទៅបួស។ ព្រាហ្មណមហាសាល និងនាយខ្មានព្រះកេស និយាយតបថា សូមគោវិន្ទព្រាហ្មណ៍ដ៏ចំរើន កុំអាលចេញចាកផ្ទះទៅបួសឡើយ បពិត្រអ្នកដ៏ចំរើន ធម្មតាបព្វជ្ជាមានសក្តិ៍តូច មានលាភតិច ឯភាពជាព្រហ្ម មានសក្តិ៍ធំ មានលាភច្រើន។ មហាគោវិន្ទព្រាហ្មណ៍តបថា អ្នកដ៏ចំរើនទាំងឡាយ កុំនិយាយយ៉ាងនេះឡើយ អ្នកដ៏ចំរើនទាំងឡាយ កុំនិយាយយ៉ាងនេះថា បព្វជ្ជាមានសក្តិ៍តូច មានលាភតិច ឯភាពជាព្រហ្ម មានសក្តិ៍ធំ មានលាភច្រើន ម្នាលអ្នកដ៏ចំរើនទាំងឡាយ បុគ្គលណាហ្ន៎ វៀរលែងតែខ្ញុំចេញដែលមានសក្តិ៍ធំ មានលាភច្រើនជាង ម្នាលអ្នកទាំងឡាយ ឥឡូវនេះ ខ្ញុំដូចជាស្តេច របស់ស្តេចទាំងឡាយ ឬដូចជាព្រហ្ម របស់ព្រាហ្មណ៍ទាំងឡាយ ដូចជាទេវតា របស់គហបតីទាំងឡាយ ខ្ញុំនឹងលះបង់នូវភាវៈជាធំនោះទាំងអស់ ហើយចេញចាកផ្ទះទៅបួស តាមដែលខ្ញុំបានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ខ្ញុំនឹងចេញចាកផ្ទះ ទៅបួស។ ពួកព្រាហ្មណមហាសាលទាំងនោះ ឆ្លើយតបថា បើគោវិន្ទព្រាហ្មណ៍ ចេញចាកផ្ទះ ទៅបួស យើងទាំងឡាយ នឹងចេញចាកផ្ទះទៅបួសដែរ បើគតិរបស់អ្នកយ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នា លុះចូលទៅដល់ហើយ បាននិយាយនឹងភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នា យ៉ាងនេះថា ម្នាលនាងដ៏ចំរើន នាងណាចង់ទៅ នាងនោះ ចូរទៅកាន់ត្រកូលញាតិទាំងឡាយរបស់ខ្លួនចុះ ឬចូររកភស្តាដទៃទៀតចុះ នែនាងដ៏ចំរើន អញប្រាថ្នានឹងចេញចាកផ្ទះទៅបួស ព្រោះអញ បានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ ហៃនាងដ៏ចំរើន អញនឹងចេញចាកផ្ទះ ទៅបួស។ ពួកភរិយាជំរាបថា ខ្លួនលោកស្រាប់ហើយ ជាញាតិរបស់ពួកយើង ដែលជាអ្នកប្រាថ្នានូវញាតិ មួយទៀត ខ្លួនលោកស្រាប់ហើយ ជាភស្តារបស់ពួកយើង ដែលជាអ្នកប្រាថ្នានូវភស្តា បើលោកគោវិន្ទដ៏ចំរើន នឹងចេញចាកផ្ទះទៅបួស ពួកយើងនឹងចេញចាកផ្ទះ ទៅបួសដែរ បើគតិរបស់លោកយ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន លុះកន្លង៧ថ្ងៃទៅហើយ មហាគោវិន្ទព្រាហ្មណ៍ បានកោរសក់ និងពុកមាត់ ហើយស្លៀកពាក់សំពត់កាសាយៈរួច ចេញចាកផ្ទះទៅបួស ជាបុគ្គលគ្មានប្រយោជន៍ដោយកិច្ចក្នុងផ្ទះ។ ក្សត្រទាំង៧ព្រះអង្គ ដែលបានមុទ្ធាភិសេកហើយផង ព្រាហ្មណមហាសាលទាំង៧នាក់ផង នាយខ្មាន់ព្រះកេសទាំង៧០០នាក់ផង ភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នាផង ពួកក្សត្រច្រើនពាន់ផង ពួកព្រាហ្មណ៍ច្រើនពាន់ផង ពួកគហបតីច្រើនពាន់ផង ពួកស្រីស្នំជាច្រើនផង ស្ត្រីអ្នកស្រុកទាំងឡាយជាច្រើនផង (បានឃើញ) មហាគោវិន្ទព្រាហ្មណ៍បួសរួចហើយ ក៏នាំគ្នាកោរសក់ និងពុកមាត់ស្លៀកពាក់ សំពត់កាសាយៈ រួចចេញចាកផ្ទះ ទៅបួសតាមមហាគោវិន្ទព្រាហ្មណ៍ ដែលបួសជាបុគ្គលគ្មានប្រយោជន៍ដោយផ្ទះហើយដែរ។ ម្នាលអ្នកដ៏ចំរើន សេចក្តីដំណាលថា មហាគោវិន្ទព្រាហ្មណ៍ មានបរិសទ្យនោះហែរហម ចោមរោមត្រាច់ទៅកាន់ចារិក ក្នុងស្រុក និគម និងរាជធានីទាំងឡាយ។ ម្នាលអ្នកដ៏ចំរើន សម័យនោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅកាន់ស្រុកណា ឬនិគមណា ដូចជាស្តេចរបស់ស្តេចទាំងឡាយ ដូចជាព្រហ្មរបស់ព្រាហ្មណ៍ទាំងឡាយ ដូចជាទេវតារបស់គហបតីទាំងឡាយ ក្នុងស្រុកនោះ ឬនិគមនោះ។ ម្នាលអ្នកដ៏ចំរើន ក៏សម័យនោះ ពួកមនុស្សណាកណ្តាស់ ឬរអិលភ្លាត់ ពួកមនុស្សនោះ ក៏លាន់មាត់យ៉ាងនេះថា សូមនមស្ការ ចំពោះមហាគោវិន្ទព្រាហ្មណ៍ សូមនមស្ការចំពោះបុរោហិតទាំង៧។ មហាគោវិន្ទព្រាហ្មណ៍ មានចិត្តប្រកបដោយមេត្តា មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ដល់នូវភាវៈជាធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ទៅប្រៀបនឹងសត្វទាំងអស់ គ្រប់ទិស គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ក៏ដូច្នោះដែរ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា។បេ។ មិនតែប៉ុណ្ណោះ បានទាំងប្រាប់ផ្លូវ ដើម្បីឲ្យកើតជាមួយនឹងព្រហ្ម ក្នុងព្រហ្មលោក ដល់សាវ័កទាំងឡាយ។ ម្នាលអ្នកដ៏ចំរើន សម័យនោះឯង ពួកសាវ័កណា របស់មហាគោវិន្ទព្រាហ្មណ៍ ដឹងច្បាស់នូវពាក្យប្រៀនប្រដៅសព្វគ្រប់ហើយ ពួកសាវ័កនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើត ក្នុងសុគតិព្រហ្មលោក។34) ពួកសាវ័កណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅសព្វគ្រប់ទេ ពួកសាវ័កនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណភាពទៅ ពួកខ្លះ ទៅកើតជាមួយនឹងទេវតា ជាន់បរនិម្មិតវសវត្តី35) ពួកខ្លះទៅកើតជាមួយនឹងទេវតាជាន់និម្មានរតី ពួកខ្លះទៅកើតជាមួយនឹងទេវតា ជាន់តុសិត ពួកខ្លះ ទៅកើតជាមួយនឹងទេវតាជាន់យាមៈ ពួកខ្លះ ទៅកើតជាមួយនឹងទេវតា ជាន់តាវត្តិង្ស ពួកខ្លះ ទៅកើតជាមួយនឹងទេវតា ជាន់ចាតុម្មហារាជិកៈ។ ពួកជនណាបំពេញវត្តដ៏ថោកទាប ជាងគេទាំងអស់ ពួកជនទាំងនោះ ទៅកើតក្នុងពួកគន្ធព្វ។ ឯបព្វជ្ជារបស់កុលបុត្រទាំងអស់នោះ មិនសោះសូន្យ មិនប្រកបដោយទោសទេ ប្រកបតែដោយផល ប្រកបតែដោយសេចក្តីចំរើន (អាចកើតក្នុងព្រហ្មលោកបាន) ដោយប្រការដូច្នេះឯង។ បញ្ចសិខគន្ធព្វបុត្រ ក្រាបទូលថា ព្រះមានព្រះភាគ ទ្រង់រលឹកឃើញដំណើរនោះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបញ្ចសិខៈ តថាគត នឹកឃើញដែរថា សម័យនោះ តថាគតបានកើតជាមហាគោវិន្ទព្រាហ្មណ៍ តថាគតសំដែងប្រាប់ផ្លូវ ដើម្បីឲ្យកើតជាព្រហ្ម នាព្រហ្មលោកនោះ ដល់ពួកសាវ័កទាំងឡាយ ម្នាលបញ្ចសិខៈ ឯព្រហ្មចរិយធម៌នោះឯង មិនមែនប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ (កិលេស) ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន បានទេ (គ្រាន់តែឲ្យបានទៅ) កើតក្នុងព្រហ្មលោកប៉ុណ្ណោះ ម្នាលបញ្ចសិខៈ ព្រហ្មចរិយធម៌របស់តថាគតនេះឯង ទើបប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ (កិលេស) ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វានតែមួយយ៉ាង។ ម្នាលបញ្ចសិខៈ ព្រហ្មចរិយធម៌នោះ តើដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន តែមួយយ៉ាង គឺផ្លូវដ៏ប្រសើរប្រកបដោយអង្គ៨នេះឯង ឯផ្លូវដ៏ប្រសើរប្រកបដោយអង្គ៨នោះ គឺសេចក្តីយល់ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ ការព្យាយាមត្រូវ១ ការរលឹកត្រូវ១ ការតម្កល់ចិត្តត្រូវ១ ម្នាលបញ្ចសិខៈ នេះឯងជាព្រហ្មចរិយធម៌ ប្រព្រឹត្តទៅដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ (កិលេស) ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន តែមួយយ៉ាង។ ម្នាលបញ្ចសិខៈ ចំណែកពួកសាវ័កណា របស់តថាគត ដឹងនូវពាក្យប្រៀនប្រដៅសព្វគ្រប់ ពួកសាវ័កនោះ អស់អាសវៈហើយ ធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ។ ពួកសាវ័កណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅ ដោយសព្វគ្រប់36) ពួកសាវ័កនោះ គ្រាន់តែក្ស័យពួកសំយោជនៈ ជាចំណែកខាងក្រោម ៥ គង់ទៅកើតជាឱបបាតិកៈកំណើត តែងបរិនិព្វានក្នុងភពនោះ មិនត្រឡប់ចាកលោកនោះមកវិញ ជាធម្មតា។ ពួកសាវ័កណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅ ដោយសព្វគ្រប់ ពួកខ្លះ គ្រាន់តែក្ស័យសំយោជនៈទាំង៣ និងស្រាលស្តើងរាគៈ ទោសៈ មោហៈ ជាសកទាគាមិបុគ្គល ត្រូវត្រឡប់មកកាន់លោកនេះម្តងទៀត ទើបធ្វើនូវទីបំផុតទុក្ខបាន។ ពួកសាវ័កណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅដោយសព្វគ្រប់ ពួកខ្លះ គ្រាន់តែក្ស័យសំយោជនៈ៣ ជាសោតាបន្នបុគ្គល មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងតែនឹងបានត្រាស់ដឹង នូវធម៌តទៅមុខ។ ម្នាលបញ្ចសិខៈ បព្វជ្ជារបស់កុលបុត្រទាំងអស់គ្នានេះ មិនសោះសូន្យ មិនប្រកបដោយទោសទេ ប្រកបតែដោយផល ប្រកបតែដោយសេចក្តីចំរើន ដោយប្រការដូច្នេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងព្រះសូត្រនេះចប់ហើយ។ បញ្ចសិខគន្ធព្វបុត្រ ក៏ពេញចិត្ត ត្រេកអរ អនុមោទនា ចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយថ្វាយបង្គំលា ព្រះមានព្រះភាគ ដើរប្រទក្សិណ ក៏បាត់ចាកទីនោះទៅ។
ចប់ មហាគោវិន្ទសូត្រ ទី៦។
(៧. មហាសមយសុត្តំ)
[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាវ័ន37) ជិតក្រុងកបិលវត្ថុ ក្នុងសក្កជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន៥០០រូប សុទ្ធតែជាព្រះអរហន្តទាំងអស់។ ទេវតាទាំងឡាយ ក៏មកអំពីលោកធាតុទាំង១០ ប្រជុំគ្នាជាច្រើន ដើម្បីឃើញនូវព្រះមានព្រះភាគ និងភិក្ខុសង្ឃ។ គ្រានោះឯង ទេវតាទាំងលាយ ដែលនៅក្នុងជាន់សុទ្ធាវាស38) ៤អង្គ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគនេះ ព្រះអង្គគង់នៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ ក្នុងសក្កជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន៥០០រូប សុទ្ធតែជាព្រះអរហន្តទាំងអស់។ ទេវតាទាំងឡាយ ក៏មកអំពីលោកធាតុទាំង១០ ប្រជុំគ្នាជាច្រើន ដើម្បីឃើញនូវព្រះមានព្រះភាគ និងភិក្ខុសង្ឃ បើដូច្នោះ គួរយើងទាំងអស់គ្នា ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ គប្បីពោលនូវគាថាមួយម្នាក់ៗ ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លំដាប់នោះ ទេវតាទាំងនោះឯង ក៏បាត់អំពីសុទ្ធាវាសព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ39) នៃព្រះមានព្រះភាគ (ដោយឆាប់រហ័ស) គួរនាដូចជាបុរសមានកំឡាំងលាដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ គ្រានោះ ពួកទេវតានោះ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបទេវតា១អង្គ ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
[៧៤] ថ្ងៃនេះ ជាថ្ងៃប្រជុំធំ ក្នុងដងព្រៃ ពួកទេវតាក៏មកប្រជុំគ្នាហើយ យើងទាំងឡាយ (លុះឃើញពួកទេវតាប្រជុំគ្នាយ៉ាងនេះហើយ) ក៏នាំគ្នាមកកាន់ទីប្រជុំ ប្រកបដោយធម៌នេះ ដើម្បីឃើញនូវអបរាជិតសង្ឃ គឺសង្ឃដែលមារផ្ចាញ់មិនបាន។
[៧៥] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ពួកភិក្ខុក្នុងទីប្រជុំនោះ ប្រកបដោយសមាធិ ធ្វើចិត្តរបស់ខ្លួន (ដែលវៀចកោង) ឲ្យជាចិត្តស្លូតត្រង់ ភិក្ខុជាបណ្ឌិតទាំងឡាយ តែងរក្សានូវឥន្ទ្រិយ (ដោយល្អ) ដូចជានាយសារថី ដែលកាន់ទប់នូវខ្សែបរទុកដូច្នោះឯង។
[៧៦] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ពួកភិក្ខុទាំងនោះ កាត់បង់នូវដែកគោល (រាគៈ ទោសៈ មោហៈ) កាត់បង់នូវរនុកទ្វារ (រាគៈ ទោសៈ មោហៈ) គាស់រំលើងនូវសសរគោល (រាគៈ ទោសៈ មោហៈ) ជាអ្នកមិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ជាអ្នកបរិសុទ្ធស្អាត ប្រាសចាកមន្ទិល ជានាគកំឡោះ ដែលព្រះពុទ្ធជាម្ចាស់ ប្រកបដោយចក្ខុ៥ ទ្រង់ទូន្មានល្អហើយ តែងត្រាច់ទៅបានក្នុងទិសទាំង៤ មិនមានទើសទាល់។
[៧៧] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ពួកជនណាមួយ បានដល់នូវព្រះពុទ្ធជាទីពឹង ទីរលឹកហើយ ពួកជននោះឯង នឹងមិនទៅកាន់អបាយភូមិឡើយ លុះលះបង់រាងកាយជារបស់មនុស្សទៅហើយ នឹងទៅបំពេញពពួកនៃទេវតាមិនខាន។
[៧៨] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាច្រើនអង្គ ក្នុងលោកធាតុទាំង១០ មកប្រជុំគ្នា ដើម្បីឃើញនូវតថាគត និងភិក្ខុសង្ឃ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្ត សម្មាសម្ពុទ្ធ ដែលបានត្រាស់ដឹងហើយក្នុងអតីតកាល ពួកទេវតាមានប្រមាណប៉ុណ្ណោះដូចគ្នា មកប្រជុំគ្នា ដើម្បីឃើញនូវព្រះមានព្រះភាគទាំងនោះ ដូចជាពួកទេវតា ដែលមកប្រជុំគ្នា ដើម្បីឃើញតថាគត ក្នុងកាលឥឡូវនេះដែរ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងបានត្រាស់ដឹងក្នុងអនាគតកាល ពួកទេវតាមានប្រមាណប៉ុណ្ណេះដូចគ្នា នឹងមកប្រជុំគ្នា ដើម្បីឃើញនូវព្រះមានព្រះភាគទាំងនោះ ដូចពួកទេវតាដែលមកប្រជុំគ្នា ដើម្បីឃើញតថាគត ក្នុងកាលឥឡូវនេះដែរ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងប្រាប់នូវនាម និងគោត្រ របស់ពួកទេវតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងពោលនូវនាម និងគោត្ររបស់ពួកទេវតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវនាម និងគោត្រ របស់ពួកទេវតាទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់រឿងនោះចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់សំដែងនូវភាសិតនេះថា
[៧៩] តថាគតនឹងធ្វើនូវស្លោក40) ភូមទេវតា (ឋិតនៅ) ក្នុងទីណា ពួកភិក្ខុក៏អាស្រ័យនៅទីនោះ ពួកភិក្ខុណា ដែលនៅអាស្រ័យនឹងផ្ទៃភ្នំ បញ្ជូនចិត្តទៅកាន់អារម្មណ៍ល្អ មានចិត្តតម្កល់នឹង (តថាគត នឹងសំដែងគុណនៃភិក្ខុទាំងនោះ)។ ពួកភិក្ខុច្រើនរូប សម្ងំនៅក្នុងកម្មដ្ឋាន គ្របសង្កត់នូវការព្រឺរោម ព្រឺស្បែក (ឥតមានភ័យខ្លាច) ដូចសត្វសីហៈ មានចិត្តផូរផង់ បរិសុទ្ធជ្រះថ្លា ឥតមានល្អក់ឡើយ។ លំដាប់នោះ ព្រះសាស្តាទ្រង់ជ្រាបនូវពួកព្រះអរហន្តជាង៥០០រូប41) នៅក្នុងដងព្រៃ ជិតក្រុងកបិលវត្ថុ ទើបទ្រង់ត្រាស់នឹងពួកភិក្ខុជាសាវ័ក ដែលត្រេកអរក្នុងសាសនាថា ម្នាលភិក្ខុទាំងឡាយ ពួកនៃទេវតាមានពន្លឺរស្មីដ៏រុងរឿង (មកហើយ) អ្នករាល់គ្នា ចូរស្គាល់នូវពួកទេវតាទាំងនោះ (ដោយទិព្វចក្ខុញ្ញាណ) ចុះឯពួកភិក្ខុទាំងនោះ បានស្តាប់នូវពាក្យ ប្រដៅនៃព្រះពុទ្ធជាម្ចាស់ ហើយក៏ធ្វើនូវការព្យាយាម (ដើម្បីទិព្វចក្ខុញ្ញាណនោះ)។ ទិព្វចក្ខុញ្ញាណ សម្រាប់មើលឃើញនូវពួកអមនុស្ស (ទេវតា) ក៏កើតមានប្រាកដ ដល់ពួកភិក្ខុទាំងនោះ ពួកភិក្ខុខ្លះ បានឃើញនូវអមនុស្ស១០០ខ្លះ បានឃើញនូវអមនុស្ស១០០០ខ្លះ បានឃើញនូវអមនុស្ស៧០ពាន់។ ពួកភិក្ខុបានឃើញនូវអមនុស្ស១សែន (១០០០០០) ខ្លះ បានឃើញនូវអមនុស្សច្រើន (មិនមានកំណត់) អមនុស្សទាំងនោះ ក៏ផ្សាយនៅពាសពេញក្នុងទិសទាំងពួង។ លំដាប់នោះ ព្រះសាស្តាប្រកបដោយចក្ខុ៥ ទ្រង់ពិចារណាហើយ ជ្រាបនូវហេតុនោះទាំងអស់ ទើបទ្រង់ត្រាស់នឹងពួកភិក្ខុ ជាសាវ័ក អ្នកត្រេកអរក្នុងសាសនា ម្នាលភិក្ខុទាំងឡាយ ពួកទេវតាមានពន្លឺរស្មីរុងរឿង (មកហើយ) អ្នករាល់គ្នា ចូរស្តាប់នូវពួកទេវតាទាំងនោះចុះ តថាគតនឹងប្រាប់ (នូវទេវតាទាំងនោះ) ដល់អ្នករាល់គ្នា ដោយពាក្យតាមលំដាប់ហូរហែ។ យក្សទាំង៧ពាន់ ជាភូមិទេវតា អាស្រ័យនៅនាក្រុងកបិលវត្ថុ មានឫទ្ធិ មានអានុភាព មានសម្បុរកាយ មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស៦ពាន់ ដែលកើតនៅនាភ្នំហិមវន្ត មានសម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស៣ពាន់ ដែលនៅអាស្រ័យនឹងភ្នំសាតាគិរី មានសម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកយក្ស១៦ពាន់នេះ មានសម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ ដោយប្រការដូច្នេះ។ ពួកយក្ស ដែលកើតនៅនាវេស្សាមិត្តបព៌ត មានសម្បុរផ្សេងៗគ្នា មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ កុម្ភីរយក្ស ដែលកើតនៅនានគររាជគ្រឹះ ឯភ្នំឈ្មោះវេបុល្ល ជាទីនៅរបស់កុម្ភីរយក្សនោះ មានយក្សជាង១សែននាក់ តែងចូលទៅសេពគប់នឹងកុម្ភីរយក្សនោះ កុម្ភីរយក្សដែលកើតក្នុងនគររាជគ្រឹះនោះ (ព្រមទាំងបរិវារ) ក៏មកកាន់មហាវ័ន ជាទីប្រជុំ (នៃភិក្ខុទាំងឡាយដែរ)។
[៨០] ព្រះបាទធតរដ្ឋៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងកើត ទ្រង់ជាធំលើគន្ធព្វ42) ទាំងឡាយ ព្រះអង្គជាមហារាជ មានយសធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទធតរដ្ឋៈនោះ មានច្រើនរូប មាននាមថា ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទវិរូឡ្ហកៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងត្បូង ជាធំលើពួកកុម្ភណ្ឌ43) ព្រះអង្គជាមហារាជ មានយសធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទវិរូឡ្ហៈកៈនោះ មានច្រើនរូប មាននាមថា ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទវិរូបក្ខៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងលិច ទ្រង់ជាធំលើពួកនាគ ព្រះអង្គជាមហារាជ មានយសធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទវិរូបក្ខៈនោះ មានច្រើនរូប មាននាមថា ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទកុវេរៈ ទ្រង់ប្រៀនប្រដៅក្នុងទិសខាងជើងនោះ ទ្រង់ជាធំលើពួកយក្ស ព្រះអង្គជាមហារាជ មានយសធំ។ ព្រះរាជបុត្រទាំងឡាយ របស់ព្រះបាទកុវេរៈនោះ មានច្រើនរូប មាននាមថា ឥន្ទៈ មានកំឡាំងច្រើន មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ព្រះបាទធតរដ្ឋៈ ជាធំក្នុងទិសខាងកើត ព្រះបាទវិរូឡ្ហកៈ ជាធំក្នុងទិសខាងត្បូង ព្រះបាទវិរូបក្ខៈ ជាធំក្នុងទិសខាងលិច ព្រះបាទកុវេរៈ ជាធំក្នុងទិសខាងជើង មហារាជទាំង៤ ព្រះអង្គនោះ បានញុំាងទិសទាំង៤ ដោយជុំវិញឲ្យភ្លឺព្រោងព្រាត (ដោយរស្មីរបស់ខ្លួន) ឋិតនៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ។
[៨១] ពួកទាសៈនៃមហារាជទាំង៤ព្រះអង្គនោះ គឺកុដេណ្ឌុ១ វេដេណ្ឌុ១ វិដូ១ វិដូដៈ១ ចន្ទនៈ១ កាមសដ្ឋៈ១ កិន្នុឃណ្ឌុ១ និឃណ្ឌុ១ សុទ្ធតែជាអ្នកមានមាយា ជាអ្នកល្បួងបញ្ឆោត ជាអ្នកអួតអាង តែងធ្វើនូវមាយាមកជាមួយគ្នាដែរ។ ទាំងទេវរាជអម្បាលនេះ គឺបនាទៈ១ ឱបមញ្ញៈ១ ទេវសូត១ មាតលី១ ចិត្តគន្ធព្វ១ សេនគន្ធព្វ១ នឡោរាជៈ១ ជនោសភៈ១ បញ្ចសិខៈ១ តិម្ពរុ១ នាងសុរិយវច្ឆសា (ជាធីតារបស់តិម្ពរុនោះ)១ ក៏នាំគ្នាមកដែរ។ គន្ធព្វរាជទាំងឡាយនេះផង ពួកដទៃផង ព្រមទាំងទេវរាជទាំងឡាយ មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ មួយទៀត នាគទាំងឡាយនៅក្នុងស្រះឈ្មោះ នាភសៈ និងនាគនៅក្នុងក្រុងវេសាលី ក៏នាំគ្នាមកជាមួយនឹងនាគបរិសទ្យ ឈ្មោះតច្ឆកៈ កម្ពលនាគ និងអស្សតរនាគ (ដែលនៅនាជើងភ្នំសិនេរុ) ក៏នាំគ្នាមក នាគទាំងឡាយនៅក្នុងកំពង់បយាគៈ ព្រមដោយពពួកញាតិក៏បាននាំគ្នាមកដែរ ពួកនាគដែលនៅក្នុងទន្លេយមុនាក្តី ពួកនាគដែលកើតក្នុងត្រកូលស្តេចធតរដ្ឋៈ មានបរិវារដ៏ច្រើនក្តី ក៏បាននាំគ្នាមក សូម្បីតែឯរាវណទេវបុត្ត ជាដំរីធំនោះសោត ក៏បានមកកាន់មហាវ័ន ជាទីប្រជុំ (នៃភិក្ខុទាំងឡាយដែរ)។
[៨២] ពួកគ្រុឌណា ជាសត្វស្លាបមានកំណើតពីរដង មានអានុភាពជាទិព្វ មានភ្នែកដ៏បរិសុទ្ធ (អាចមើលឃើញនូវ) ពួកនាគអំពីចម្ងាយ ចំនួន១០០យោជន៍ ១០០០យោជន៍) តែងចាប់យកនូវស្តេចនាគ ទៅដោយឆាប់រហ័ស គ្រុឌទាំងនោះ ក៏ហើរមកតាមអាកាស បានមកដល់ពាក់កណ្តាលនៃមហាវ័ន គ្រុឌទាំងនោះ មានឈ្មោះថា ចិត្រសុបណ្ណៈ ដូច្នេះ គ្រានោះ ស្តេចនាគទាំងឡាយ ក៏មិនមានសេចក្តីភ័យខ្លាចឡើយ ព្រះសម្ពុទ្ធ ជាម្ចាស់ក៏បានធ្វើ (ស្តេចនាគ) ឲ្យក្សេមក្សាន្តអំពីគ្រុឌ នាគនិងគ្រុឌទាំងឡាយ ក៏ត្រឡប់និយាយរកគ្នាដោយសំដីដ៏ពីរោះ (ហាក់ដូចជាមិត្តសំឡាញ់នឹងគ្នា) បានធ្វើនូវព្រះពុទ្ធឲ្យជាទីពឹង ទីរលឹក។ ពួកអសុរ (ណា) ដែលព្រះឥន្ទឈ្នះហើយ អាស្រ័យនៅក្នុងសមុទ្រ ពួកអសុរទាំងនោះ ជាបងប្អូន (ជាប់ពន្ធ) នឹងព្រះឥន្ទ ជាអ្នកមានឫទ្ធិ មានយស។ កាលកញ្ជអសុរទាំងឡាយ មានកាយធំសំបើមក្តី ទានវេឃសអសុរទាំងឡាយក្តី វេបចិត្តិអសុរក្តី សុចិត្តិអសុរក្តី បហារាទអសុរក្តី នមុចិទេវបុត្តមារក្តី ក៏មកជាមួយគ្នាដែរ។ កូនរបស់ពលិអសុរទាំង១០០នាក់ មានឈ្មោះថា វេរោចៈ44) ទាំងអស់ ចងសៀតនូវគ្រឿងពលិសេនា ចូលមកគាល់រាហុអសុរិន្ទដ៏ចំរើន ដោយពាក្យថា ឥឡូវនេះ ជាសម័យគួរនឹងប្រជុំគ្នា សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ដូច្នេះហើយ ទេវតាទាំងនោះ ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។
[៨៣] អាបោទេវតា45) ក្តី បឋវិទេវតា46) ក្តី តេជោទេវតា47) ក្តី វាយោទេវតា48) ក្តី វរុណទេវតាក្តី វារុណទេវតាក្តី សោមទេវតា ព្រមទាំងយសទេវតាក្តី ក៏បាននាំគ្នាមក ក្នុងកាលនោះ។ ទេវតាទាំងឡាយ ដែលកើតដោយអំណាចមេត្តាឈាន និងករុណាឈាន ជាអ្នកមានយស ក៏បាននាំគ្នាមក ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកទេវតាឈ្មោះវេណ្ឌុក្តី ឈ្មោះសហលីក្តី ឈ្មោះអសមាក្តី និងឈ្មោះយមៈទាំងពីរពួកក្តី ពួកទេវតា ដែលអាស្រ័យនូវព្រះចន្ទក្តី បានហែហមព្រះចន្ទក៏មកដែរ។ ពួកទេវតាដែលអាស្រ័យនូវព្រះអាទិត្យ បានហែហមព្រះអាទិត្យមក ពួកទេវតាដែលអាស្រ័យនូវផ្កាយ ក៏ហែហមផ្កាយមក ទាំងមន្ទវលាហកទេវតា49) ទាំងឡាយ ក៏មក សូម្បីសក្កទេវរាជ ទ្រង់ព្រះនាមវាសវបុរិន្ទទៈ ដ៏ប្រសើរជាងពួកទេវតា ក៏មកដែរ។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ មួយទៀត ទេវតាទាំងឡាយ ឈ្មោះសហភូដ៏រុងរឿង បីដូចជាអណ្តាតភ្លើង ក៏បានមកពួកទេវតាឈ្មោះអរិដ្ឋៈក្តី រោជៈក្តី ឧម្មាបុប្ផនិភាសី50) ក្តី វរុណៈក្តី សហធម្មៈក្តី អច្ចុតៈក្តី អនេជកៈក្តី សុលេយ្យៈក្តី រុចិរៈក្តី ក៏បានមក ទាំងពួកទេវតាឈ្មោះវាសវនេសី ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ទេវតាទាំងឡាយ ឈ្មោះសមានៈក្តី មហាសមានៈក្តី មានុសៈក្តី មានុសុត្តមៈក្តី ខិឌ្ឌាបទូសិកៈក្តី ក៏បានមក ពួកទេវតាឈ្មោះមនោបទូសិកៈ ក៏បានមក ទាំងពួកទេវតាឈ្មោះហរិក្តី ឈ្មោះលោហិតវាសីក្តី ក៏បានមក ទេវតាទាំងឡាយ ឈ្មោះបារគៈក្តី ឈ្មោះមហាបារគៈក្តី ជាអ្នកមានយសក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាននាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ទេវតាទាំងឡាយ ឈ្មោះសុក្កៈក្តី ករុម្ហៈក្តី អរុណៈក្តី ក៏បានមកជាមួយនឹងវេឃនទេវតា។ ពួកទេវតាឈ្មោះឱទាតគយ្ហៈ ជាប្រធានក្តី ឈ្មោះវិចក្ខណៈក្តី ក៏បានមក ពួកទេវតា ឈ្មោះសទាមត្តៈក្តី ឈ្មោះហារគជៈក្តី ឈ្មោះមិស្សកៈក្តី សុទ្ធតែជាអ្នកមានយស (ក៏បានមក) បជុនទេវរាជ ដែលញុំាងមេឃឲ្យគ្រហឹម កំទរ ហើយបង្អុរភ្លៀង ឲ្យធ្លាក់ចុះគ្រប់ទិស ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាននាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកខេមិយទេវតា ដែលឋិតនៅក្នុងតុសិតបុរីក្តី ឋិតនៅក្នុងយាមទេវលោកក្តី ពួកកដ្ឋកទេវតា ដែលមានយសក្តី ពួកលម្ពិតកទេវតាក្តី ពួកលាមសេដ្ឋទេវតាក្តី ពួកទេវតាឈ្មោះជោតិក្តី ឈ្មោះអាសវៈក្តី ពួកនិម្មានរតីទេវតាក្តី ក៏បានមក ទាំងពួកបរនិម្មិតទេវតា ក៏បានមក។ ទេវតាទាំង១០ពួកនេះ ឋិតនៅដោយចំណែក១០ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មានឫទ្ធិ មានអានុភាព មានរស្មី មានយស មានចិត្តរីករាយ ក៏បាននាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ ពួកទេវតាទាំង៦០ មានអាបោទេវតាជាដើមនេះ សុទ្ធតែមានសម្បុរផ្សេងៗគ្នាទាំងអស់ មកហើយដោយចំណែកនាម សូម្បីពួកទេវតាណាក្រៅពីនោះ ដែលមានរស្មីប្រហែលគ្នា ក៏មកព្រមគ្នា ដោយគិតថា យើងទាំងឡាយ នឹងទៅមើលព្រះអរិយសង្ឃ ដែលប្រាសចាកជាតិ ឥតមានកិលេស ដូចជាដែកគោល លោកឆ្លងចាកអន្លង់ទាំង៤ហើយ មិនមានកិលេសជាគ្រឿងត្រាំ រួចស្រឡះចាកឱឃៈទាំង៤ហើយ លោកមិនបានធ្វើនូវបាប មួយទៀត យើងនឹងបានឃើញនូវព្រះទសពល ដែលរុងរឿងដោយសិរី ដូចព្រះចន្ទឆ្លងផុតអំពីពពក។
[៨៤] អរិយព្រហ្មទាំងឡាយ គឺសុព្រហ្ម និងបរមត្តព្រហ្ម ជាបុត្តរបស់ព្រះសម្មាសម្ពុទ្ធ ទ្រង់មានឫទ្ធិ ក៏មកជាមួយគ្នា សនង្កុមារមហាព្រហ្មក្តី តិស្សមហាព្រហ្មក្តី ក៏នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។ មហាព្រហ្មទាំង១ពាន់ ក៏មកហើយ មហាព្រហ្ម១អង្គ គ្របសង្កត់នូវព្រហ្មឯទៀតបាន មហាព្រហ្មនោះ កើតក្នុងព្រហ្មលោក មានអានុភាព មានកាយសំបើម មានយស ក៏មកដែរ។ មហាព្រហ្មទាំង១០ ជាឥស្សរៈលើព្រហ្មទាំង១ពាន់នេះ តែងផ្សាយអំណាចផ្សេងៗ ក៏បានមក ហារិតមហាព្រហ្ម (ដែលមានព្រហ្មទាំង១សែន) ហែហមក្នុងកណ្តាលនៃពួកព្រហ្មទាំងនោះ ក៏បានមក។ សេនារបស់មារ បានឃើញនូវពួកទេវតា ព្រមទាំងព្រះឥន្ទ ព្រមទាំងព្រះព្រហ្មទាំងអស់នោះ មកដូច្នោះហើយ ក៏បានមក ហើយពោលថា អ្នកទាំងឡាយ ចូរមើលនូវសេចក្តីល្ងង់របស់មារ។ (ឯសេនារបស់មារ ក៏ពោលថា) អ្នកទាំងឡាយ ចូរមក ចូរចាប់ចងពួកទេវតាទាំងនេះទុក ការចងដោយរាគៈ ចូរមានដល់អ្នកទាំងឡាយ51) អ្នកទាំងឡាយ ចូរព័ទ្ធឲ្យជុំវិញ បណ្តាអ្នកទាំងអស់គ្នា អ្នកណាមួយ ក៏កុំបណ្តោយឲ្យទេវតា១អង្គ រួចទៅបានឡើយ។ មារជាសេនាធំក្នុងទីប្រជុំធំនោះ ក៏ទះនូវផ្ទៃនៃផែនដី ដោយបាតដៃ ធ្វើនូវសំឡេងគម្រាមមុខគួរខ្លាច ដូចជាមហាមេឃ គ្រហឹម បង្អុរភ្លៀង មានទាំងផ្លេកបន្ទោរ ក្នុងកាលនោះ មារនោះមិនអាចនឹងធ្វើ (ទេវតាណាមួយ) ឲ្យប្រព្រឹត្តទៅក្នុងអំណាចខ្លួនបាន ក៏ក្រេវក្រោធថយចេញបាត់ទៅ។ លំដាប់នោះ ព្រះសាស្តា ទ្រង់មានចក្ខុពិចារណាហើយ ជ្រាបហេតុនោះទាំងអស់ ទើបទ្រង់ត្រាស់នឹងភិក្ខុជាសាវ័កទាំងឡាយ ដែលត្រេកអរក្នុងសាសនាថា ម្នាលភិក្ខុទាំងឡាយ មារសេនាមកដល់ហើយ អ្នកទាំងឡាយ ចូរស្គាល់នូវមារសេនាទាំងនោះចុះ ឯពួកភិក្ខុទាំងនោះ លុះបានស្តាប់ពាក្យប្រដៅព្រះពុទ្ធជាម្ចាស់ហើយ ក៏ធ្វើព្យាយាម (ដើម្បីចូលកាន់ផលសមាបត្តិ)។ មារ ព្រមទាំងពួកសេនារបស់មារ ក៏ចៀសចេញឆ្ងាយទៅ អំពីពួកអរិយសាវ័ក ដែលប្រាសចាករាគៈ សូម្បីតែរោមរបស់ព្រះអរិយៈទាំងនោះ ក៏មិនបានព្រឺព្រួចឡើយ (ទើបមារពោលសរសើរភិក្ខុសង្ឃថា) ពួកសាវ័កទាំងនោះ លោកឈ្នះសឹកសង្គ្រាមហើយ កន្លងបង់នូវសេចក្តីភ័យខ្លាចបានហើយ មានយសល្បីទូរទ័រ ទៅក្នុងប្រជុំជន តែងរីករាយ ជាមួយនឹងព្រះអរិយៈ ដែលកើតហើយ (ក្នុងសាសនាព្រះទសពល)។
ចប់ មហាសមយសូត្រ ទី៧។
(៨. សក្កបញ្ហសុត្តំ)
[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា52) ជិតភ្នំវេទិយក: (តាំងនៅ) ជា ខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ។ ក៏សម័យនោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា មានសេចក្តីខ្វល់ខ្វាយកើតឡើង ដើម្បីនឹងទៅគាល់ព្រះមានព្រះភាគ។ វេលានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់បរិវិតក្កៈដូច្នេះថា ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុងទីណាហ្ន៎។ សក្កទេវរាជ ជាធំជាងពួកទេវតា បានទតឃើញនូវព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ លុះឃើញហើយ ក៏ត្រាស់ហៅពួកទេវតា ដែលនៅក្នុងឋានតាវត្តិង្សមកប្រាប់ថា ម្នាលគ្នាយើងទាំងឡាយ ឥឡូវនេះ ព្រះមានព្រះភាគជាម្ចាស់អង្គនេះ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ ម្នាលគ្នាយើងទាំងឡាយ បើដូច្នោះ គួរយើងទាំងអស់គ្នា ចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។ ពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស ក៏ទទួលព្រះរាជឱង្ការ នៃសក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរមានដល់ព្រះអង្គ។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រាស់ហៅបញ្ចសិខគន្ធព្វបុត្តថា ម្នាលអ្នកបញ្ចសិខៈ ឥឡូវនេះ ព្រះមានព្រះភាគអង្គនេះ ទ្រង់គង់នៅក្នុងឥន្ទសាលគុហា ជិតភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើង នៃព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ ម្នាលអ្នកបញ្ចសិខៈ បើដូច្នោះ គួរយើងចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ។ បញ្ចសិខគន្ធព្វបុត្ត ក៏ទទួលព្រះរាជឱង្ការ នៃសក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ហើយក៏កាន់ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ដើរតាមក្រោយនៃសក្កទេវរាជ ជាធំជាងពួកទេវតា។ ក្នុងខណៈនោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា មានពួកទេវតា ដែលឋិតនៅក្នុងជាន់តាវត្តិង្សចោមរោមហែហម មានបញ្ចសិខគន្ធព្វបុត្ត ជាអ្នកនំាមុខ ក៏បាត់អំពីពពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស មកប្រតិស្ឋាននៅលើភ្នំវេទិយកៈ ជាខាងកើតនៃក្រុងរាជគ្រឹះ ជាខាងជើងនៃ ព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក្នុងដែនមគធៈ(ដោយឆាប់រហ័ស) ប្រៀបដូចបុរសមានកម្លាំង លាដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃដែលលាចេញដូច្នោះឯង។ ក្នុងសម័យនោះឯង ភ្នំវេទិយកៈ និងព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ក៏មានពន្លឺព្រោងព្រាត ដោយទេវានុ ភាព នៃពួកទេវតា។ បានឮថា ពួកមនុស្សក្នុងស្រុកជិតខាងនិយាយគ្នា យ៉ាងនេះថា ថ្ងៃនេះ ភ្នំវេទិយកៈ រុងរឿង ថ្ងៃនេះ ភ្លើងឆេះភ្នំវេទិយកៈ ថ្ងៃនេះ ភ្នំវេទិយកៈ ភ្លឺច្រាលរន្ទាល ភ្នំវេទិយកៈ និងព្រាហ្មណគ្រាម ឈ្មោះអម្ពសណ្ឌៈ ហេតុអ្វីបានជាមានពន្លឺភ្លឺក្រៃពេកក្នុងថ្ងៃនេះ។ ពួកមនុស្សទាំងនោះ ក៏មានសេចក្តីតក់ស្លត់ព្រឺរោម។ គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រាស់ហៅបញ្ចសិខគន្ធព្វបុត្តមកថា នែអ្នកបញ្ចសិខៈ ព្រះតថាគតទាំងឡាយ ព្រះអង្គមានឈាន ត្រេកអរក្នុងឈាន ព្រះអង្គសម្ងំនៅ ដោយកម្មដ្ឋានបានភ្លាមៗ (ព្រោះហេតុនោះ) បុគ្គលដូចយ៉ាងយើង ដែលជាអ្នកមានរាគៈ ទោសៈ មោហៈ នឹងចូលទៅគាល់បានដោយលំបាក នែអ្នកបញ្ចសិខៈ បើដូច្នោះ គួរអ្នកធ្វើឲ្យព្រះមានព្រះភាគ ពេញព្រះហឫទ័យ (បើកឱកាសឲ្យ) ជាមុនសិន ម្នាលអ្នក បើអ្នកបានធ្វើឲ្យព្រះអង្គពេញព្រះហឫទ័យជាមុនហើយ សិមយើងទាំងឡាយ ចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ក្នុងកាលជាខាងក្រោយ។ បញ្ចសិខគន្ធព្វបុត្ត ទទួលព្រះរាជឱង្ការ របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ហើយក៏កាន់នូវពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ចូលសំដៅទៅត្រង់ឥន្ទសាលគុហា លុះចូលទៅដល់ហើយ ក៏ឋិតនៅក្នុងទីសមគួរ ដោយគិតថា ទីត្រឹមប៉ុណ្ណេះ ព្រះមានព្រះភាគគង់នៅ មិនឆ្ងាយពេក មិនជិតពេកអំពីអញ ទាំងព្រះអង្គ ក៏ទ្រង់ឮសំឡេងអញបានផង។ លុះបញ្ចសិខគន្ធព្វបុត្ត ឋិតនៅក្នុង ទីសមគួរហើយ ក៏ចាប់ដេញពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ហើយច្រៀងនូវគាថាទាំងនេះ ដែលប្រកបដោយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ព្រមទាំងប្រកបដោយកាម ថា
៨៦>[៨៦]</span> ម្នាលនាងសុរិយវច្ឆសា53) ដ៏ចំរើន បងសូមថ្វាយបង្គំ នូវទេវរាជព្រះនាមតិម្ពរុ ជាបិតារបស់នាង ដោយហេតុ ដែលនាងកើតមកហើយ មានលំអជាទីញុំាងសេចក្តីត្រេកអរឲ្យកើតដល់បង។ ដូចខ្យល់ជាទីត្រេកអរ របស់បុគ្គលអ្នកមានញើស ពុំនោះសោត ដូចទឹកសម្រាប់ផឹក ជាទីត្រេកអរ របស់បុគ្គលអ្នកស្រេកទឹក នាងមានពន្លឺរស្មីនៃអវយវៈ ជាទីស្រឡាញ់ពេញចិត្តនៃបង ដូចនវលោកុត្តរធម៌ ជាទីស្រឡាញ់ របស់ពួកព្រះអរហន្តដូច្នោះ។ ម្នាលនាងដ៏ចម្រើន ចូរនាងជួយលត់ (សេចក្តីក្រហល់ក្រហាយរបស់បង) ចេញ ដូចគេដាក់ថ្នាំ ដល់អ្នកជម្ងឺ ពុំនោះ ដូចគេឲ្យភោជន ដល់អ្នកកំពុងឃ្លាន ពុំនោះសោត ដូចគេលត់ភ្លើងកំពុងឆេះដោយទឹក។ សូមឲ្យបងបានអែបនែបត្រង់ចន្លោះស្តន និង ឧទរ របស់នាង ដូចជាដំរីមានសេចក្តីក្រហល់ក្រហាយ ក្នុងរដូវប្រាំង បានចុះកាន់ស្រះឈូក មានទឹកដ៏ត្រជាក់ ប្រកបដោយលំអង នៃកេសរផ្កាឈូក ដូច្នោះឯង។ បងងោងងប់ ព្រោះភ្លៅរបស់នាង ដែលបរិបូរដោយលក្ខណៈ ក៏លែងស្គាល់ហេតុ (ដែលនាំឲ្យប្រាសចាករាគៈ) ដូចជាដំរី (ចុះប្រេង) ហួសវិស័យកង្វេរ គិតថា អញឈ្នះផ្លែកង្វេរ និងលំពែង។ បងមានចិត្តស្លុងចុះហើយក្នុងនាង បងមិនអាចនឹងទាញចិត្ត ដែលងប់ស៊ប់ហើយ ឲ្យត្រឡប់វិញបានឡើយ ដូចជាត្រីលេបសន្ទូច។ ម្នាលនាងមានភ្លៅដូចបណ្តូលចេកដ៏ចម្រើន ចូរនាងឱបបង ម្នាលនាងមានភ្នែកស្រទន់ ចូរនាងមកកៀកបង ម្នាលនាងមានរូបឆោមដ៏ល្អ ចូរនាងមកឱបរឹតបង ការឱបរឹតនេះ បងត្រូវការណាស់។ កាមរបស់បងមានតិចដែរទេ តែព្រោះនាងមានសក់ត្រសាយ ងឡើង សេចក្តីប្រាថ្នានៃបង ក៏កើតមានជាអនេក ដូចទក្ខិណាទាន ដែលគេថ្វាយ ចំពោះព្រះអរហន្ត។ ម្នាលនាងមានលំអសព្វសព៌ាង្គ បុណ្យណា ដែលបងបានធ្វើហើយ ចំពោះព្រះអរហន្តទាំងឡាយ ជាអ្នកនឹងធឹង បុណ្យរបស់បងនោះ សូមជួយបង ឲ្យបានភប់ប្រសព្វនឹងនាង។ ម្នាលនាង មានលំអអស់អង្គ បុណ្យណាដែលបងបានធ្វើហើយ ក្នុងមណ្ឌលនៃប្រឹថពីនេះ បុណ្យរបស់បងនោះ សូមជួយបងឲ្យបានភប់ប្រសព្វនឹងនាង។ ព្រះមុនី ជាសក្យបុត្រ ទ្រង់ប្រកបដោយឈាន គង់នៅតែមួយព្រះអង្គឯង មានព្រះប្រាជ្ញាស្មារតី ព្រះអង្គខំស្វែងរកព្រះនិព្វាន យ៉ាងណា ម្នាលនាងសុរិយវច្ឆសា បងក៏ខំស្វែងរកនាង យ៉ាងនោះដែរ។ មួយទៀត សម្តេចព្រះមុនី ព្រះអង្គបានសម្រេចនូវសម្ពោធិញ្ញាណ ដ៏ឧត្តមហើយ ទ្រង់រីករាយព្រះហឫទ័យ យ៉ាងណាមិញ ម្នាលនាងកល្យាណី ខ្លួនបង បើបានមូលមិត្តនឹងនាងហើយ ក៏នឹង រីករាយក្នុងចិត្ត យ៉ាងនោះដែរ។ ម្នាលនាងដ៏ចំរើនអើយ បើសក្កទេវរាជ ជាធំជាងពួកទេវតា ក្នុងជាន់តាវត្តិង្ស ទ្រង់ប្រទានពរដល់បង បងគប្បីប្រាថ្នានាង សេចក្តីប្រាថ្នា ដែលមាំមួន (ក្នុងចិត្ត) របស់បងយ៉ាងនេះ។ ម្នាលនាងទេវធីតា មានប្រាជ្ញាឈ្លាសវៃ នាងមានរូបប្រាកដដូច្នេះ ជាធីតារបស់អ្នកណា បងសូមថ្វាយបង្គំ ចំពោះអ្នកនោះ ជាបិតារបស់នាង ដូចឈើ ដែលទើបនឹងមានផ្កា។
[៨៧] កាលបើបញ្ចសិខគន្ធព្វបុត្ត ច្រៀងគាថាទាំងនោះយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរបញ្ចសិខគន្ធព្វបុត្ត យ៉ាងនេះថា ម្នាលបញ្ចសិខៈ សំឡេងខ្សែពិណរបស់អ្នក សមល្មមគ្នា នឹងសំឡេងច្រៀង ទាំងសំឡេងច្រៀង ក៏សមល្មមគ្នានឹងសំឡេងខ្សែពិណ ម្នាលបញ្ចសិខៈ មួយទៀត សំឡេងខ្សែពិណរបស់អ្នក មិនប្រព្រឹត្តកន្លងសំឡេងច្រៀង ទាំងសំឡេងច្រៀង ក៏មិនប្រព្រឹត្តកន្លងសំឡេងខ្សែពិណឡើយ ម្នាលបញ្ចសិខៈ គាថាទាំងនេះ ដែលប្រកបដោយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ទាំងប្រកបដោយកាម តើអ្នកចងក្រងទុកតាំងពីកាលណាមក។ បញ្ចសិខគន្ធព្វបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានចងក្រងទុក តាំងពីសម័យ ដែលព្រះមានព្រះភាគ ទ្រង់បានត្រាស់ដឹងជាដំបូង ហើយទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ឯណោះ។ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះ ខ្ញុំព្រះអង្គប្រាថ្នាចង់បាននូវនាងសុរិយវច្ឆសាដ៏ល្អ ដែលជាធីតា នៃព្រះបាទតិម្ពរុគន្ធព្វរាជ។ បពិត្រព្រះអង្គដ៏ចំរើន តែនាងនោះឯង មានសេចក្តីស្រឡាញ់ ចំពោះបុរសដទៃវិញ គឺចង់បានសិខណ្ឌិទេវបុត្រ ជាបុត្តរបស់មាតលីសង្គហកទេវបុត្ត។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលដែលខ្ញុំព្រះអង្គ មិនបាននាងនោះ ដោយបរិយាយណាមួយហើយ ទើបខ្ញុំព្រះអង្គកាន់ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ចូលសំដៅទៅត្រង់លំនៅ របស់ព្រះបាទតិម្ពរុគន្ធព្វរាជ លុះចូលទៅដល់ហើយ ក៏ដេញពិណមានសម្បុរលឿង ដូចផ្លែព្នៅទុំ ហើយច្រៀងនូវគាថាទាំងនេះ ដែលប្រកបដោយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ទាំងប្រកបដោយកាមថា
ម្នាលនាងទេវធីតា ឈ្មោះសុរិយវច្ឆសាដ៏ចំរើន នាងកើតមកហើយ មានរូបល្អ បងសូមថ្វាយបង្គំនូវទេវរាជ ព្រះនាមតិម្ពរុ ជាបិតារបស់នាង ដោយហេតុដែលនាងកើតមកហើយ មានលំអជាទីញុំាងសេចក្តីត្រេកអរ ឲ្យកើតដល់បង។បេ។ ម្នាលនាងទេវធីតា មានប្រាជ្ញាឈ្លាសវៃ នាងមានរូបប្រាកដដូច្នេះ ជាធីតារបស់អ្នកណា បងសូមថ្វាយបង្គំ ចំពោះអ្នកនោះ ជាបិតារបស់នាង ដូចឈើដែលទើបនឹងមានផ្កា។
[៨៨] បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំច្រៀងគាថាយ៉ាងនេះហើយ នាងសុរិយវច្ឆសាដ៏ចំរើន បាននិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំមិនដែលបានឃើញព្រះមានព្រះភាគអង្គនោះ ក្នុងទីចំពោះព្រះភក្ត្រសោះឡើយ ប៉ុន្តែ កាលខ្ញុំចូលទៅរាំក្នុងរោងឈ្មោះសុធម្មា របស់ទេវតាទាំងឡាយ នៅក្នុងឋានតាវត្តិង្ស ក៏បានឮកិត្តិគុណរបស់ព្រះមានព្រះភាគនោះ ម្នាលអ្នកនិទ៌ុក្ខ កាលណាបើអ្នកនិយាយសរសើរព្រះមានព្រះភាគអង្គនោះ ការជួបគ្នាក្នុងថ្ងៃនេះ ចូរមានដល់យើងទាំងពីរនាក់។ បពិត្រព្រះអង្គដ៏ចំរើន ការស្ម័គ្រសមាគម ជាមួយនឹងនាងនោះ ក៏មានដល់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គក៏លែងច្រៀង (ទំនុកនេះ) តាំងពីក្រោយនោះមក។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រិះរិះយ៉ាងនេះថា បញ្ចសិខគន្ធព្វបុត្ត សាទរជាមួយនឹងព្រះមានព្រះភាគ ទាំងព្រះមានព្រះភាគ ក៏ទ្រង់សាទរជាមួយនឹងបញ្ចសិខគន្ធព្វបុត្ត។ ទើបសក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅបញ្ចសិខគន្ធព្វបុត្តមកថា នែអ្នកបញ្ចសិខៈ អ្នកចូរទៅថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យរបស់យើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមក្រាបថ្វាយបង្គំ នូវព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បញ្ចសិខគន្ធព្វបុត្ត ក៏ទទួលព្រះបន្ទូលសក្កទេវរាជ ជាធំជាងពួកទេវតា ដោយពាក្យថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ហើយថ្វាយបង្គំព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមក្រាបថ្វាយបង្គំ នូវព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបញ្ចសិខៈ សូមឲ្យសក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ បានសេចក្តីសុខ តាមសេចក្តីប្រាថ្នាចុះ ព្រោះពួកទេវតា និងមនុស្ស អសុរ នាគ គន្ធព្វ និងសត្វដទៃៗ ជាច្រើនពួក តែងប្រាថ្នាសេចក្តីសុខ។
[៨៩] ធម្មតា ព្រះតថាគតរាល់ព្រះអង្គ តែងមានព្រះបន្ទូលដោយស្មោះ ចំពោះទៅរកពួកយក្ស ដែលមានសក្តិធំ មានសភាពយ៉ាងនេះ ដូច្នេះឯង។ ឯសក្កទេវរាជ ជាធំជាងពួកទេវតា លុះព្រះមានព្រះភាគ មានព្រះបន្ទូលដោយស្មោះ ចំពោះហើយ ក៏ចូលទៅកាន់ឥន្ទសាលគុហា ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ទាំងពួកទេវតានៅក្នុងជាន់តាវត្តិង្ស ក៏ចូលទៅកាន់ឥន្ទសាលគុហា ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ឯបញ្ចសិខគន្ធព្វបុត្ត ក៏ចូលទៅកាន់ឥន្ទសាលគុហា ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ក្នុងសម័យនោះឯង ឥន្ទសាលគុហា ដែលមានផ្ទៃមិនរាបស្មើ ក៏ប្រែជាមានផ្ទៃរាបស្មើវិញ មានទីចង្អៀត ក៏ប្រែជាមានទីធំទូលាយវិញ ទាំងងងឹតក្នុងគុហាក៏បាត់ទៅ មានពន្លឺភ្លឺព្រោងព្រាតឡើង ដោយទេវានុភាព របស់ពួកទេវតានោះឯង។
[៩០] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងសក្កទេវរាជ ជាធំជាងពួកទេវតា ដូច្នេះថា នេះជាហេតុគួរអស្ចារ្យ របស់កោសិយៈមានអាយុ នេះជាហេតុមិនធ្លាប់កើតមាន របស់កោសិយៈមានអាយុ នេះជាដំណើរស្តេចមកក្នុងទីនេះ របស់ទេវរាជ ដែលមានកិច្ចច្រើន មានការងារច្រើន។ សក្កទេវរាជក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានបំណងនឹងចូលមកគាល់ព្រះមានព្រះភាគ ជាយូរណាស់ហើយ តែខ្ញុំព្រះអង្គ មានសេចក្តីខ្វល់ខ្វាយដោយកិច្ចការងារនីមួយ54) របស់ពួកទេវតា នៅក្នុងជាន់តាវត្តិង្ស ព្រោះហេតុនោះ ខ្ញុំព្រះអង្គ ក៏មិនអាចនឹងចូលមកគាល់ព្រះមានព្រះភាគបាន។ បពិត្រព្រះអង្គដ៏ចំរើន សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសលឡគន្ធកុដិ ជិតក្រុងសាវត្ថី។ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះឯង ខ្ញុំព្រះអង្គ បានមកកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន តែជួនជាវេលានោះ ព្រះមានព្រះភាគ កំពុងគង់សម្ងំ ដោយសមាធិឯណាមួយ។ ឯនាងទេវធីតា ឈ្មោះភុជគី ជាបរិចារិការបស់វេស្សវណមហារាជ កំពុងតែឈរប្រណម្យអញ្ជលី នមស្សការ គោរពព្រះមានព្រះភាគ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ខ្ញុំព្រះអង្គផ្តាំផ្ញើនឹងនាងទេវធីតា ឈ្មោះភុជគី ដូច្នេះថា ម្នាលប្អូនស្រី នាងចូរថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យយើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គផ្តាំផ្ញើ យ៉ាងនេះហើយ នាងទេវធីតាឈ្មោះ ភុជគី នោះ ឆ្លើយតបមកនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ វេលានេះ ជាកាលមិនគួរនឹងចូលទៅគាល់ព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ កំពុងសម្ងំនៅដោយព្រះកម្មដ្ឋាន។ ខ្ញុំព្រះអង្គ បាននិយាយថា បើដូច្នោះ កាលណាបើព្រះមានព្រះភាគ ទ្រង់ចេញចាកសមាធិនោះហើយ ចូរនាងថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យរបស់យើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បពិត្រព្រះអង្គដ៏ចំរើន នាងនោះបានថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យរបស់ខ្ញុំដែរឬ ព្រះមានព្រះភាគ ទ្រង់រលឹកឃើញពាក្យនាងនោះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រទេវានមិន្ទ នាងនោះបានថ្វាយបង្គំតថាគតហើយ តថាគត ក៏រលឹកឃើញពាក្យនោះបាន តែតថាគត ចេញចាកសមាធិនោះ ព្រោះសូរនៃខ្នងកង់ (រាជរថ) របស់ទេវរាជដ៏មានអាយុ។ សក្កទេវរាជ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានទៅកើតក្នុងពពួកទេវតា នៅក្នុងជាន់តាវត្តិង្ស មុនជាងខ្ញុំព្រះអង្គ ៗ បានឮចំពោះមុខ បានទទួល (ដំណឹងនោះ) ចំពោះមុខ នៃទេវតាទាំងនោះថា កាលណាព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ទ្រង់កើតឡើងក្នុងលោក កាលនោះ ពួកទេវតាក៏កុះករ ពួកអសុរក៏សាបសូន្យទៅ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះឯង ខ្ញុំព្រះអង្គ បានឃើញជាក់ហើយ តាំងពីដួច ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងហើយក្នុងលោក ពួកទេវតាក៏កុះករ ពួកអសុរក៏សាបសូន្យទៅ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងកបិលវត្ថុនេះឯង មានសក្យធីតាម្នាក់ ឈ្មោះ គោបិកា ជាស្ត្រីជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តែងធ្វើនូវការបំពេញកិច្ច ក្នុងសីលទាំងឡាយ នាងនឿយណាយចិត្ត ក្នុងភេទនៃខ្លួនជាស្ដ្រី កើតសេចក្តីពេញចិត្ត ក្នុងភេទនៃខ្លួនជាបុរស លុះដល់បែកទំលាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ជាមួយនឹងទេវតា ដែលឋិតនៅក្នុងជាន់តាវត្តិង្ស បានមកជាឱរសរបស់ខ្ញុំព្រះអង្គ ពួកទេវតា ដែលនៅក្នុងជាន់តាវត្តិង្សនោះ ស្គាល់ទេវបុត្តនោះយ៉ាងនេះថា គោបកទេវបុត្ត គោបកទេវបុត្ត ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ៣រូបដទៃទៀត ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ (លុះទំលាយរាងកាយ) ក៏ទៅកើតក្នុងពួកគន្ធព្វដ៏ថោកទាប គន្ធព្វទាំង៣រូបនោះ ឲ្យគេបំរើឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ តែងមកកាន់ទីបំរើរបស់ខ្ញុំព្រះអង្គ មកកាន់ទីគោរពប្រណិបត្តន៍ខ្ញុំព្រះអង្គ លុះគន្ធព្វទាំង៣នោះ មកកាន់ទីបំរើរបស់ខ្ញុំព្រះអង្គ មកកាន់ទីគោរពប្រណិបត្តន៍ខ្ញុំព្រះអង្គ គោបកទេវបុត្ត ក៏និយាយដាស់តឿន រំឭកថា ម្នាលអ្នកនិទ៌ុក្ខទាំងឡាយ អ្នកទាំងឡាយយកមុខទៅទុកក្នុងទីណា បានជាឃ្វាងនឹងធម៌របស់ព្រះមានព្រះភាគអង្គនោះ អម្បាលយ៉ាងខ្លួនខ្ញុំជាស្ត្រីសោះទេ ម្តេចគង់ជាអ្នកជ្រះថ្លា ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បានធ្វើនូវការបំពេញកិច្ចក្នុងសីលទាំងឡាយទៅកើត (មិនតែប៉ុណ្ណោះ) ក៏នឿយណាយចិត្តក្នុងភេទនៃស្ត្រី កើតសេចក្តីពេញចិត្ត ក្នុងភេទនៃបុរស លុះដល់បែកទំលាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏មកកើតក្នុងសុគតិសួគ៌ទេវលោក ជាមួយនឹងទេវតា ដែលឋិតនៅក្នុងជាន់តាវត្តិង្ស បានមកជាបុត្តរបស់សក្កទេវរាជ ជាធំជាងពួកទេវតា ឯពួកទេវតា ដែលនៅក្នុងជាន់តាវត្តិង្សនេះ នាំគ្នាហៅខ្ញុំយ៉ាងនេះថា គោបកទេវបុត្ត គោបកទេវបុត្ត ដូច្នេះ ម្នាលអ្នកនិទ៌ុក្ខទាំងឡាយ ចំណែកអ្នកទាំងឡាយ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ តែបែរជាមកកើតក្នុងពួកគន្ធព្វ ដ៏ថោកទាបវិញ ឱហ្ន៎ យើងទាំងឡាយណា បានឃើញពួកសហធម្មិក55) ដែលកើតក្នុងគន្ធព្វដ៏ថោកទាប យើងទាំងឡាយនោះ ឈ្មោះថា បានឃើញរូបដែលមិនគួរឃើញ។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាទេវតាទាំង៣នាក់ ដែលគោបកទេវបុត្ត និយាយរំលឹកដាស់តឿននោះ ទេវតាពីរនាក់ ក៏ត្រឡប់បានស្មារតី ប្រកបដោយឈាន ក្នុងបច្ចុប្បន្ន (លុះច្យុតចាកអត្តភាពនោះហើយ) ក៏បាននូវកាយជាព្រហ្មបុរោហិត។ ឯទេវតា១នាក់ទៀត អាស្រ័យនៅក្នុងកាមភព។
[៩១] ខ្ញុំបានជាឧបាសិកា របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់មានចក្ខុ ឯឈ្មោះរបស់ខ្ញុំ ប្រាកដថា គោបិកា ជាស្ត្រីមានចិត្តជ្រះថ្លាស៊ប់ ក្នុងព្រះពុទ្ធ និងព្រះធម៌ លុះមានចិត្តជ្រះថ្លាហើយ បានទាំងបំរើព្រះសង្ឃផង។ ដោយអំណាចនៃព្រះពុទ្ធជាម្ចាស់នោះ និងព្រះធម៌ដ៏ប្រពៃ ខ្ញុំក៏បានមកកើតក្នុងបុរីនៃទេវតា បានជាបុត្ររបស់សក្កទេវរាជ ជាអ្នកមានអានុភាពច្រើន មានពន្លឺច្រើន ពួកទេវតាដែលនៅក្នុងទេវលោកនេះ តែងស្គាល់ខ្ញុំថា គោបកទេវបុត្ត ដូច្នេះ។ ខ្ញុំបានឃើញនូវពួកភិក្ខុដែលធ្លាប់ឃើញហើយ មកកើតក្នុងពួកគន្ធព្វ នៅក្នុងពួកគន្ធព្វនោះ ឯភិក្ខុទាំងនោះ សុទ្ធតែជាសាវ័ករបស់ព្រះគោតម មួយទៀត យើងទាំងឡាយណា បានកើតជាមនុស្សក្នុងកាលមុន យើងទាំងឡាយនោះ បានចាត់ចែងកិច្ច គឺលាង លាបបាទាហើយ បានទំនុកបំរុងដោយម្ហូបចំណី និងទឹក ក្នុងលំនៅរបស់ខ្លួន អ្នកទាំងឡាយដ៏ចំរើនទាំងនេះ យកមុខទៅទុកក្នុងទីណា បានជាមិនទទួលយកព្រះធម៌ របស់ព្រះពុទ្ធជាម្ចាស់។ ឯធម៌ដែលវិញ្ញូជន គប្បីត្រាស់ដឹងដោយខ្លួនឯង ក៏ព្រះសម្មាសម្ពុទ្ធ ទ្រង់មានចក្ខុ ទ្រង់ត្រាស់ដឹងហើយ សំដែងដោយប្រពៃហើយ ឯខ្ញុំបានចូលទៅអង្គុយស្តាប់សុភាសិត របស់ព្រះអរិយៈទាំងឡាយ ដូចអ្នកទាំងឡាយដែរ។ ខ្ញុំបានមកកើតក្នុងបុរីនៃទេវតា បានជាបុត្តរបស់សក្កទេវរាជ ជាអ្នកមានអានុភាពច្រើន មានពន្លឺច្រើន ឯអ្នកទាំងឡាយ បានចូលទៅអង្គុយជិតព្រះពុទ្ធដ៏ប្រសើរ ទាំងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងព្រះពុទ្ធសាសនាដ៏ប្រសើរ។ អ្នកទាំងឡាយដ៏ចំរើន បានមកកើតក្នុងពួកគន្ធព្វ ជាអ្នកថោកទាប ការកើតរបស់អ្នកទាំងឡាយដ៏ចំរើន (នេះ) មិនសមគួរសោះឡើយ យើងបានឃើញពួកសហធម្មិកៈ ដែលមកកើតក្នុងពួកគន្ធព្វ អ្នកថោកទាប (នេះ) ឱហ្ន៎ ឈ្មោះថា បានឃើញរូបដែលមិនគួរឃើញ។ ម្នាលអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ កើតក្នុងពួកគន្ធព្វ មកកាន់ទីបំរើនៃទេវតាទាំងឡាយ ចូរមើលនូវគុណវិសេសនេះ របស់ខ្ញុំដែលនៅក្នុងផ្ទះ។ ពីដើម ខ្ញុំជាស្ត្រី ឥឡូវនេះ ខ្ញុំបានជាទេវបុត្ត បរិបូណ៌ដោយកាមជាទិព្វទាំងឡាយ ឯទេវបុត្តទាំងនោះ លុះគោបកទេវបុត្ត ជាសាវ័ករបស់ព្រះគោតម បានរំលឹកដាស់តឿនហើយ ក៏ដល់នូវសេចក្តីសង្វេគថា យើងទាំងឡាយ បានមកជួបនឹងគោបកទេវបុត្ត បើដូច្នោះ យើងចូរនាំគ្នាខំប្រឹងប្រែងព្យាយាមទៅ កុំឲ្យបានមកជាអ្នកបំរើគេទៀតឡើយ បណ្តាទេវបុត្តទាំង៣នោះ ទេវបុត្ត២អង្គ បានរលឹកនូវសាសនា56) នៃព្រះគោតមហើយ ប្រារព្ធនូវសេចក្តីព្យាយាមជានិច្ច ធ្វើចិត្តឲ្យនឿយណាយ ក្នុងទេវលោកនេះ បានឃើញទោសក្នុងកាមហើយ ទេវបុត្តទាំង២អង្គនោះ បានកាត់នូវកាមសំយោជនៈ និងកាមពន្ធនៈ ជាចំណងរបស់មារ ដែលសត្វប្រព្រឹត្តកន្លងបានដោយកម្រ។ ទេវបុត្តទាំងពីរអង្គនោះ បានកាត់នូវចំណងដ៏ល្អិត ដូចដំរី (ផ្តាច់ទន្លីង) ហើយប្រព្រឹត្តកន្លងនូវពួកទេវតា ដែលនៅក្នុងជាន់តាវត្តិង្ស ពួកទេវតាទាំងអស់ ព្រមទាំងព្រះឥន្ទ្រាធិរាជ និង បជាបតិទេវរាជ បានចូលទៅក្នុងរោង ឈ្មោះសុធម្មា។ ទេវតាទាំងនោះ លុះប្រជុំគ្នាហើយ ក៏មិនប្រព្រឹត្តកន្លងនូវទេវបុត្រទាំងពីរនោះបានឡើយ ទេវបុត្រទាំងពីរនោះ ជាអ្នកក្លៀវក្លា ប្រាសចាករាគៈ ធ្វើនូវអនាគាមិមគ្គ ដែលប្រាសចាកធូលី វាសវទេវរាជ ជាធំជាងពួកទេវតា បានឃើញនូវទេវបុត្រទាំងពីរនោះហើយ ក៏ធ្វើនូវសេចក្តីសង្វេគ ក្នុងកណ្តាលនៃពួកទេវតាថា ទេវបុត្រទាំងនេះ គឺទេវបុត្រ ដែលកើតក្នុងពួកគន្ធព្វ ជាអ្នកថោកទាបនោះឯង ប្រព្រឹត្តកន្លងនូវពួកទេវតា ដែលនៅក្នុងជាន់តាវត្តិង្ស ឯគោបកទេវបុត្រ លុះបានស្តាប់ព្រះបន្ទូល នៃវាសវទេវរាជ ដែលទ្រង់កើតសេចក្តីសង្វេគហើយ ក៏ក្រាបទូលវាសវទេវរាជថា បពិត្រព្រះអង្គ ជាធំជាងជន ព្រះពុទ្ធទ្រង់កើតក្នុងមនុស្សលោក ទ្រង់គ្របសង្កត់នូវកាមបាន អ្នកផងតែងស្គាល់ព្រះនាមថា សក្យមុនី ទេវបុត្តទាំងពីរនោះ ជាបុត្ររបស់ព្រះអង្គ សាបសូន្យចាកឈានសតិ លុះខ្ញុំព្រះអង្គ រំលឹកដាស់តឿនហើយ ទេវបុត្រទាំងពីរអង្គនោះ ក៏ត្រឡប់បាននូវឈានសតិវិញ។ បណ្តាជនទាំង៣នាក់នោះ ជនម្នាក់ អាស្រ័យនៅក្នុងពួកដ៏ថោកទាបនេះ បានចូលទៅរួមក្នុងពួកគន្ធព្វ នៅក្នុងពួកគន្ធព្វនោះ ជនពីរនាក់ទៀត រលឹកឃើញនូវផ្លូវនៃសម្ពោធិញ្ញាណ គឺអនាគាមិមគ្គ ក៏ធុញទ្រាន់នឹងទេវលោក ព្រោះខ្លួនមានចិត្តប្រកបដោយសមាធិ។ កិរិយាប្រកាសនូវធម៌ ក្នុងសាសនានេះ មានសភាពដូច្នេះ បណ្តាសាវ័កទាំងនោះ សូម្បីសាវ័កណាមួយ ក៏មិនសង្ស័យនឹងអ្វីឡើយ យើងទាំងឡាយ សូមនមស្ការ នូវព្រះពុទ្ធ ព្រះអង្គឈ្នះមារ ព្រះអង្គជាធំជាងជន ទ្រង់ឆ្លងនូវឱឃៈបានហើយ កាត់បង់នូវសេចក្តីសង្ស័យបានហើយ។ ទេវបុត្រទាំងនោះ បានដឹងច្បាស់នូវធម៌ណា របស់ព្រះអង្គ ក្នុងសាសនានេះហើយ បាននូវគុណវិសេស បណ្តាគន្ធព្វទាំង៣នាក់នោះ គន្ធព្វពីរនាក់ បាននូវកាយជាព្រហ្មបុរោហិត បានដល់នូវគុណវិសេស គឺមគ្គ និងផល។ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ យើងខ្ញុំព្រះអង្គ នាំគ្នាមក ដើម្បីដល់នូវធម៌នោះ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ បើព្រះមានព្រះភាគ ទ្រង់បើកឱកាសហើយ យើងខ្ញុំព្រះអង្គ សូមក្រាបបង្គំទូលសួរនូវប្រស្នា។
[៩២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់រិះគិតយ៉ាងនេះថា សក្កទេវរាជនេះ ទ្រង់មានព្រះទ័យដ៏បរិសុទ្ធស្អាត57) មកអស់កាលយូរហើយ នឹងសួរនូវប្រស្នាណានីមួយ ចំពោះតថាគត ក៏សួរតែប្រស្នាដែលមានប្រយោជន៍ទាំងអស់ មិនមែនសួរប្រស្នាដែលមិនមានប្រយោជន៍ឡើយ មួយទៀត សក្កទេវរាជ បានសួរតថាគត ៗនឹងដោះស្រាយចំពោះប្រស្នាណា សក្កទេវរាជ ក៏នឹងយល់ច្បាស់នូវប្រស្នានោះ ឆាប់រហ័សបាន។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងសក្កទេវរាជ ជាធំជាងពួកទេវតា ដោយបទគាថា ថា
បពិត្រ វាសវៈ មហារាជមានព្រះហឫទ័យ ប្រាថ្នានឹងសួរនូវប្រស្នាណា ចូរសួរនូវប្រស្នានោះ ចំពោះតថាគតចុះ តថាគត នឹងធ្វើនូវទីបំផុត នៃប្រស្នាទាំងនោះៗ ថ្វាយមហាបពិត្របាន។
ចប់ បឋមភាណវារៈ។
[៩៣] លុះព្រះមានព្រះភាគ ទ្រង់ប្រទានឱកាសហើយ សក្កទេវរាជ ជាធំជាងពួកទេវតា ក្រាបបង្គំទូលសួរប្រស្នាជាដំបូងនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ពួកទេវតា មនុស្ស អសុរ នាគ និងគន្ធព្វ ទាំងពួកជនច្រើនដទៃៗ មានធម៌អ្វីជាគ្រឿងចងរួបរឹតទុក បានជាពួកសត្វទាំងនោះ សូម្បីប្រាថ្នាថា សូមឲ្យយើងទាំងឡាយ ជាអ្នកមិនមានពៀរ មិនមានអាជ្ញា មិនមានសត្រូវ មិនមានព្យាបាទ នៅដោយមិនមានពៀរនឹងគ្នា ពួកសត្វទាំងនោះ តែងមានសេចក្តីប្រាថ្នាយ៉ាងនេះឯង ទោះបីមានសេចក្តីប្រាថ្នាដូច្នោះ ក៏គង់សត្វទាំងនោះ នៅតែជាអ្នកមានពៀរ មានអាជ្ញា មានសត្រូវ មានព្យាបាទ នៅដោយមានពៀរនឹងគ្នាដដែល។ សក្កទេវរាជ ជាធំជាងពួកទេវតា បានទូលសួរប្រស្នា ចំពោះព្រះមានព្រះភាគហើយ ដោយប្រការដូច្នេះ។ លុះសក្កទេវរាជនោះ បានទូលសួរប្រស្នាហើយ ព្រះមានព្រះភាគ ក៏ទ្រង់ព្យាករថា បពិត្រ ទេវានមិន្ទ ពួកទេវតា មនុស្ស អសុរ នាគ និងគន្ធព្វ ទាំងពួកជនច្រើនដទៃៗ មានឥស្សា (សេចក្តីច្រណែន) និងមច្ឆរិយៈ (សេចក្តីកំណាញ់) ជាគ្រឿងចងរួបរឹតទុក បានជាពួកសត្វទាំងនោះ សូម្បីប្រាថ្នាថា សូមឲ្យយើងទាំងឡាយ ជាអ្នកមិនមានពៀរ មិនមានអាជ្ញា មិនមានសត្រូវ មិនមានព្យាបាទ នៅដោយមិនមានពៀរនឹងគ្នា ពួកសត្វទាំងនោះ តែងមានសេចក្តីប្រាថ្នាដូច្នេះឯង ទោះបីមានសេចក្តីប្រាថ្នាដូច្នោះ ក៏គង់សត្វទាំងនោះ នៅតែជាអ្នកមានពៀរ មានអាជ្ញា មានសត្រូវ មានព្យាបាទ នៅដោយមានពៀរនឹងគ្នាដដែល។ លុះព្រះមានព្រះភាគ ទ្រង់ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាងពួកទេវតា ក្រាបទូលសួរដោយប្រការដូច្នេះហើយ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏មានព្រះរាជហឫទ័យត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹងហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាវេយ្យាករណ៍ របស់ព្រះមានព្រះភាគ។
[៩៤] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់ត្រេកអររីករាយនឹងភាសិត របស់ព្រះមានព្រះភាគ ដូច្នេះហើយ ទើបសួរនូវប្រស្នាចំពោះព្រះមានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ សេចក្តីច្រណែន និងសេចក្តីកំណាញ់ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើអ្វីមានហើយ ទើបសេចក្តីច្រណែននឹងសេចក្តីកំណាញ់ កើតមាន កាលបើអ្វីមិនមានហើយ ទើបសេចក្តីច្រណែន និងសេចក្តីកំណាញ់ ក៏មិនមានដែរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា បពិត្រទេវានមិន្ទ សេចក្តីច្រណែន និងសេចក្តីកំណាញ់ មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ជាដើមហេតុ មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់នាំឲ្យកើត មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ជាកំណើត មានសេចក្តីស្រឡាញ់ និងសេចក្តីស្អប់បណ្តាលឲ្យកើត កាលបើសេចក្តីស្រឡាញ់ និងសេចក្តីស្អប់មានហើយ ទើបសេចក្តីច្រណែន និងសេចក្តីកំណាញ់ ក៏មានដែរ កាលបើសេចក្តីស្រឡាញ់ និងសេចក្តីស្អប់មិនមានហើយ សេចក្តីច្រណែន និងសេចក្តីកំណាញ់ក៏មិនមានដែរ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើអ្វីមានហើយ ទើបសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មានដែរ កាលបើអ្វីមិនមានហើយ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មិនមានដែរ។ បពិត្រទេវានមិន្ទ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ មានឆន្ទៈ (សេចក្តីពេញចិត្ត) ជាដើមហេតុ មានឆន្ទៈនាំឲ្យកើត មានឆន្ទៈជាកំណើត មានឆន្ទៈបណ្តាលឲ្យកើត កាលបើឆន្ទៈមានហើយ ទើបសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មានដែរ កាលបើឆន្ទៈមិនមានហើយ សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ក៏មិនមានដែរ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះឆន្ទៈ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើអ្វីមានហើយ ឆន្ទៈក៏មានដែរ កាលបើអ្វីមិនមានហើយ ឆន្ទៈ ក៏មិនមានដែរ។ បពិត្រទេវានមិន្ទ ឆន្ទៈ មានវិតក្កៈ (សេចក្តីត្រិះរិះ) ជាដើមហេតុ មានវិតក្កៈនាំឲ្យកើត មានវិតក្កៈជាកំណើត មានវិតក្កៈបណ្តាលឲ្យកើត កាលបើវិតក្កៈមានហើយ ឆន្ទៈក៏មានដែរ កាលបើវិតក្កៈមិនមានហើយ ឆន្ទៈ ក៏មិនមានដែរ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះវិតក្កៈ មានអ្វីជាដើមហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីបណ្តាលឲ្យកើត កាលបើអ្វីមានហើយ វិតក្កៈក៏មានដែរ កាលបើអ្វីមិនមានហើយ វិតក្កៈក៏មិនមានដែរ។ បពិត្រទេវានមិន្ទ វិតក្កៈមានចំណែកនៃបបញ្ចសញ្ញា (សេចក្តីសំគាល់ប្រកបដោយធម៌ ជាគ្រឿងយឺតយូរ58) ) ជាដើមហេតុ មានចំណែកនៃបបញ្ចសញ្ញានាំឲ្យកើត មានចំណែកនៃបបញ្ចសញ្ញាជាកំណើត មានចំណែកនៃបបញ្ចសញ្ញាបណ្តាលឲ្យកើត កាលបើចំណែកនៃបបញ្ចសញ្ញាមានហើយ វិតក្កៈ ក៏មានដែរ កាលបើចំណែកនៃបបញ្ចសញ្ញាមិនមានហើយ វិតក្កៈ ក៏មិនមានដែរ។
[៩៥] បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិយ៉ាងណា ទើបឈ្មោះថា ជាអ្នកប្រតិបត្តិនូវបដិបទា ជាដំណើរដ៏សមគួរ ដល់សេចក្តីរំលត់នូវចំណែកនៃបបញ្ចសញ្ញា។ បពិត្រទេវានមិន្ទ តថាគតសំដែងថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខាគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មាន។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេពគប់ ក៏មាន មិនគួរសេពគប់ ក៏មានដូច្នេះនេះ តថាគតបានពោលហើយ ពាក្យដែលតថាគតពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តាសោមនស្សទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់ នូវសោមនស្សណាថា កាលបើអាត្មាអញសេពគប់នូវសោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅដូច្នេះ សោមនស្សបែបនេះ59) ភិក្ខុមិនគួរសេពគប់។ បណ្តាសោមនស្សទាំងពីរប្រការនោះ ភិក្ខុដឹងច្បាស់នូវសោមនស្សណាថា កាលបើអាត្មាអញសេពគប់នូវសោមនស្សនេះហើយ អកុសលធម៌ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ដូច្នេះ សោមនស្សបែបនេះ60) ភិក្ខុគួរសេពគប់។ ក្នុងសោមនស្សគួរសេពគប់នោះ សោមនស្សដែលមានវិតក្កៈ វិចារៈក៏មាន61) សោមនស្សដែលមិនមានវិតក្កៈ មិនមានវិចារៈក៏មាន62) សោមនស្សណា ដែលមិនមានវិតក្កៈ មិនមានវិចារៈ សោមនស្សនោះ ប្រសើរជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា សោមនស្សមាន២យ៉ាង គឺសោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគតបានពោលហើយ ពាក្យនោះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគតបានពោលហើយ ពាក្យដែលតថាគតពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តាទោមនស្សទាំង២នោះ ភិក្ខុដឹងច្បាស់ នូវទោមនស្សណាថា កាលបើអាត្មាអញសេពនូវទោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅដូច្នេះ ទោមនស្សបែបនេះ63) ភិក្ខុមិនគួរសេព។ បណ្តាទោមនស្សទាំងពីរប្រការនោះ ភិក្ខុដឹងច្បាស់នូវទោមនស្សណាថា កាលបើអាត្មាអញសេពនូវទោមនស្សនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ ទោមនស្សបែបនេះ64) ភិក្ខុគួរសេព។ ក្នុងទោមនស្សគួរសេពនោះ ទោមនស្សដែលមានវិតក្កៈ វិចារៈ65) ក៏មាន ទោមនស្ស ដែលមិនមានវិតក្កៈ វិចារៈ66) ក៏មាន ទោមនស្សណា ដែលមានវិតក្កៈ វិចារៈ ទោមនស្សនោះ ប្រសើរជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ទោមនស្សមាន២យ៉ាង គឺទោមនស្សគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគតបានពោលហើយ ពាក្យនោះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខាគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគតបានពោលហើយ ពាក្យដែលតថាគតពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តាឧបេក្ខាទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់ នូវឧបេក្ខាណាថា កាលបើអាត្មាអញសេពនូវឧបេក្ខានេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅដូច្នេះ ឧបេក្ខាបែបនេះ ភិក្ខុមិនគួរសេព។67) បណ្តាឧបេក្ខាទាំងពីរប្រការនោះ ភិក្ខុដឹងច្បាស់នូវឧបេក្ខាណាថា កាលបើអាត្មាអញសេពនូវឧបេក្ខានេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ ឧបេក្ខាបែបនេះ ភិក្ខុគួរសេព។68) ក្នុងឧបេក្ខា ដែលគួរសេពនោះ ឧបេក្ខាដែលមានវិតក្កៈ វិចារៈ69) ក៏មាន ឧបេក្ខាដែលមិនមានវិតក្កៈ វិចារៈ70) ក៏មាន ឧបេក្ខាណា ដែលមិនមានវិតក្កៈ វិចារៈ ឧបេក្ខានោះ ប្រសើរជាង។ ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគត សំដែងថា ឧបេក្ខាមាន២យ៉ាង គឺឧបេក្ខាគួរសេព ក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគតបានពោលហើយ ពាក្យនោះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ បពិត្រទេវានមិន្ទ ភិក្ខុលុះតែប្រតិបត្តិ យ៉ាងនេះឯង ទើបឈ្មោះថា ជាអ្នកប្រតិបត្តិនូវបដិបទា ជាដំណើរដ៏សមគួរ ដល់សេចក្តីរំលត់ នូវចំណែកនៃបបញ្ចសញ្ញា។ ព្រះមានព្រះភាគ ទ្រង់ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាងពួកទេវតា ទូលសួរហើយ ដោយប្រការដូច្នេះ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏មានព្រះរាជហឫទ័យត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹងហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាព្យាករណ៍ របស់ព្រះមានព្រះភាគ។
[៩៦] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអរ រីករាយនឹងភាសិត របស់ព្រះមានព្រះភាគ ដូច្នេះហើយ ទើបក្រាបទូលសួរនូវប្រស្នាតទៅទៀត ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិដូចម្តេច ឈ្មោះថាអ្នកប្រតិបត្តិ ដើម្បីសង្រួមក្នុងបាតិមោក្ខ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ (មារយាទផ្លូវកាយ) មាន២យ៉ាង គឺកាយសមាចារ គួរសេពក៏មាន មិនគួរសេពក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ (មារយាទផ្លូវវាចា) មាន២យ៉ាង គឺវចីសមាចារ ដែលគួរសេពក៏មាន មិនគួរសេពក៏មាន បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា (ការស្វែងរក) មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរសេពក៏មាន។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ មាន២យ៉ាង គឺកាយសមាចារ គួរសេពក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តាកាយសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវកាយសមាចារណាថា កាលបើអាត្មាអញ សេពនូវកាយសមាចារនេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ កាយសមាចារបែបនេះ ភិក្ខុមិនគួរសេព។71) បណ្តាកាយសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវកាយសមាចារណាថា កាលបើអាត្មាអញ សេពនូវកាយសមាចារនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ កាយសមាចារបែបនេះ ភិក្ខុគួរសេព។72) ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា កាយសមាចារ មាន២យ៉ាង គឺកាយសមាចារ គួរសេពក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យនោះ ដែលតថាគត ពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ មាន២យ៉ាង គឺវចីសមាចារ ដែលគួរសេពក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តាវចីសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវវចីសមាចារណាថា កាលបើអាត្មាអញ សេពនូវវចីសមាចារនេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ វចីសមាចារបែបនេះ ភិក្ខុមិនគួរសេព។73) បណ្តាវចីសមាចារ ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់ នូវវចីសមាចារណាថា កាលបើអាត្មាអញ សេពនូវវចីសមាចារនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ វចីសមាចារបែបនេះ ភិក្ខុគួរសេព។74) ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា វចីសមាចារ មាន២យ៉ាង គឺវចីសមាចារ គួរសេពក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគត ពោលហើយ ពាក្យនោះ ដែលតថាគត ពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ ចុះត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យដែលតថាគត ពោលមកយ៉ាងនុ៎ះ តើព្រោះអាស្រ័យហេតុអ្វី។ ព្រោះថា បណ្តាបរិយេសនា ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវបរិយេសនាណាថា កាលបើអាត្មាអញ សេពនូវបរិយេសនានេះ អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ដូច្នេះ បរិយេសនាបែបនេះ ភិក្ខុមិនគួរសេព។75) បណ្តាបរិយេសនា ទាំង២ប្រការនោះ ភិក្ខុដឹងច្បាស់នូវបរិយេសនាណាថា កាលបើអាត្មាអញ សេពនូវបរិយេសនានេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ដូច្នេះ បរិយេសនាបែបនេះ ភិក្ខុគួរសេព។76) ក៏ត្រង់ពាក្យថា បពិត្រទេវានមិន្ទ តថាគតសំដែងថា បរិយេសនា មាន២យ៉ាង គឺបរិយេសនា គួរសេពក៏មាន មិនគួរសេពក៏មាន ដូច្នេះនេះ តថាគត បានពោលហើយ ពាក្យនោះ ដែលតថាគត ពោលហើយ ព្រោះអាស្រ័យហេតុនេះឯង។ បពិត្រទេវានមិន្ទ ភិក្ខុអ្នកប្រតិបត្តិយ៉ាងនេះ ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីសង្រួមក្នុងបាតិមោក្ខ។
[៩៧] បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះភិក្ខុប្រតិបត្តិដូចម្តេច ទើបឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីសង្រួមក្នុងឥន្ទ្រិយ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែក មាន២យ៉ាង គឺរូបារម្មណ៍ ដែលគួរសេពក៏មាន មិនគួរសេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា សទ្ទារម្មណ៍ ដែលគួរដឹងច្បាស់ ដោយត្រចៀក មាន២យ៉ាង គឺសទ្ទារម្មណ៍ ដែលគួរសេពក៏មាន មិនគួរសេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា គន្ធារម្មណ៍ ដែលគួរដឹងច្បាស់ ដោយច្រមុះ មាន២យ៉ាង គឺគន្ធារម្មណ៍ ដែលគួរសេពក៏មាន មិនគួរសេពក៏មាន។ បពិត្រទេវានមិន្ទ តថាគតសំដែងថា រសារម្មណ៍ ដែលគួរដឹងច្បាស់ ដោយអណ្តាត។បេ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា ផោដ្ឋព្វារម្មណ៍ ដែលគួរដឹងច្បាស់ ដោយកាយ។បេ។ បពិត្រទេវានមិន្ទ តថាគតសំដែងថា ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្ត មាន២យ៉ាង គឺធម្មារម្មណ៍ ដែលគួរសេពក៏មាន មិនគួរសេពក៏មាន។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងពួកទេវតា បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេបនេះ ខ្ញុំព្រះអង្គអាចដឹងសេចក្តីច្បាស់ ដោយពិសារយ៉ាងនេះបាន បពិត្រព្រះអង្គដ៏ចំរើន កាលបើភិក្ខុសេពនូវរូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែបណា អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែបនេះ ភិក្ខុមិនគួរសេពទេ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាលបើភិក្ខុសេពនូវរូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែបណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង រូបារម្មណ៍ ដែលគួរដឹងច្បាស់ ដោយភ្នែកបែបនេះ ភិក្ខុគួរសេព។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាលបើភិក្ខុសេពនូវសទ្ទារម្មណ៍ ដែលគួរដឹងច្បាស់ ដោយត្រចៀកបែបណា។បេ។ កាលបើភិក្ខុសេពនូវគន្ធារម្មណ៍ ដែលគួរដឹងច្បាស់ ដោយច្រមុះ។បេ។ កាលបើភិក្ខុសេពនូវរសារម្មណ៍ ដែលគួរដឹងច្បាស់ ដោយអណ្តាត។បេ។ កាលបើភិក្ខុសេពនូវផដ្ឋព្វារម្មណ៍ ដែលគួរដឹងច្បាស់ ដោយកាយ។បេ។ កាលបើភិក្ខុសេពនូវធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្ត អកុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែបនេះ ភិក្ខុមិនគួរសេពទេ។ បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត កាលបើភិក្ខុសេពនូវធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែបណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនដុះដាលឡើង ធម្មារម្មណ៍ ដែលគួរដឹងច្បាស់ ដោយចិត្តបែបនេះ ភិក្ខុគួរសេព។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយសង្ខេបនេះ ខ្ញុំព្រះអង្គ អាចដឹងសេចក្តីច្បាស់ដោយពិស្តារ យ៉ាងនេះបាន សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គ បានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាវេយ្យាករណ៍ របស់ព្រះមានព្រះភាគ។
[៩៨] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ យ៉ាងនេះហើយ ក៏ក្រាបបង្គំទូលសួរនូវប្រស្នាតទៅ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែជាអ្នកមានវាទៈដូចគ្នា មានមារយាទដូចគ្នា មានឆន្ទៈ គឺលទ្ធិដូចគ្នា មានសេចក្តីចូលចិត្តដូចគ្នាឬ។ បពិត្រទេវានមិន្ទ ពួកសមណព្រាហ្មណ៍ទាំងអស់ មិនមែនមានវាទៈដូចគ្នា មិនមែនមានមារយាទដូចគ្នា មិនមែនមានឆន្ទៈ គឺលទ្ធិដូចគ្នា មិនមែនមានសេចក្តីចូលចិត្តដូចគ្នាទេ។ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះហេតុអ្វី បានជាពួកសមណព្រាហ្មណ៍ទាំងអស់ មានវាទៈមិនដូចគ្នា មានមារយាទមិនដូចគ្នា មានឆន្ទៈ គឺលទ្ធិមិនដូចគ្នា មានសេចក្តីចូលចិត្តមិនដូចគ្នា។ បពិត្រទេវានមិន្ទ លោក គឺពួកសត្វមានធាតុ គឺអធ្យាស្រ័យច្រើនពន់ពេក មានធាតុផ្សេងៗគ្នា ក្នុងលោកដែលមានច្រើន មានធាតុផ្សេងនោះ សត្វទាំងឡាយ ប្រកាន់មាំនូវធាតុ គឺអធ្យាស្រ័យណាៗ ក៏ប្រកាន់មាំនូវធាតុ គឺអធ្យាស្រ័យនោះៗ ដោយកំឡាំងចិត្ត និងការស្ទាបអង្អែល តែងពោលនូវពាក្យនេះថា ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ឥតប្រយោជន៍ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ទាំងអស់ មានវាទៈមិនដូចគ្នា មានមារយាទមិនដូចគ្នា មានឆន្ទៈ គឺលទ្ធិមិនដូចគ្នា មានសេចក្តីចូលចិត្តមិនដូចគ្នា។បេ។
[៩៩] បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែមានសេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដ មានធម៌ជាគ្រឿងអស់ទៅនៃយោគៈពិតប្រាកដ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដ ជាអ្នកមានទីបំផុត គឺព្រះនិព្វានទៀងប្រាកដឬ។ បពិត្រទេវានមិន្ទ សមណព្រាហ្មណ៍ទាំងអស់ មិនមែនសុទ្ធតែមានសេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដទេ មិនមែនមានធម៌ជាគ្រឿងអស់ទៅនៃយោគៈទៀងប្រាកដទេ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដទេ មិនមែនជាអ្នកមានទីបំផុត គឺព្រះនិព្វានទៀងប្រាកដទេ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ ចុះពួកសមណព្រាហ្មណ៍ទាំងអស់ មិនមែនសុទ្ធតែជាអ្នកមានសេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដ មិនមែនជាអ្នកមានធម៌ជាគ្រឿងអស់ទៅនៃយោគៈទៀងប្រាកដ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដ មិនមែនជាអ្នកមានទីបំផុត គឺព្រះនិព្វានទៀងប្រាកដ ទាំងអស់គ្នា តើព្រោះហេតុអ្វី។ បពិត្រទេវានមិន្ទ ភិក្ខុទាំងឡាយណា ដែលមានចិត្តចុះស៊ប់ ក្នុងព្រះនិព្វាន ជាទីអស់ទៅនៃតណ្ហាហើយ ភិក្ខុទាំងឡាយនោះ ឈ្មោះថា ជាអ្នកមានសេចក្តីសម្រេច គឺព្រះនិព្វានទៀងប្រាកដ ជាអ្នកមានធម៌ជាគ្រឿងអស់ទៅ នៃយោគៈទៀងប្រាកដ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ គឺអរិយមគ្គទៀងប្រាកដ ជាអ្នកមានទីបំផុត គឺព្រះនិព្វានទៀងប្រាកដ ព្រោះហេតុនោះឯង បានជាថា ពួកសមណព្រាហ្មណ៍ទាំងអស់ មិនមែនសុទ្ធតែមានសេចក្តីសម្រេច គឺព្រះនិព្វាន ទៀងប្រាកដទេ មិនមែនមានធម៌ជាគ្រឿងអស់ទៅនៃយោគៈទៀងប្រាកដទេ មិនមែនជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ទៀងប្រាកដ មិនមែនជាអ្នកមានទីបំផុត គឺព្រះនិព្វានទៀងប្រាកដ ទាំងអស់គ្នាឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ព្យាករនូវប្រស្នា ដែលសក្កទេវរាជ ជាធំជាងពួកទេវតាទូលសួរហើយ ដោយប្រការដូច្នេះ។ សក្កទេវរាជ ជាធំជាងពួកទេវតា ក៏ពេញព្រះហឫទ័យ ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះយ៉ាងហ្នឹងហើយ សេចក្តីសង្ស័យក្នុងប្រស្នានុ៎ះ ខ្ញុំព្រះអង្គបានឆ្លងផុតហើយ សេចក្តីងឿងឆ្ងល់ ក៏អស់ហើយ ព្រោះបានស្តាប់នូវបញ្ហាវេយ្យាករណ៍ របស់ព្រះមានព្រះភាគ។
[១០០] លុះសក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ដូច្នេះហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជារោគ សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជាបូស សេចក្តីញាប់ញ័រ គឺតណ្ហាទុកដូចជាកូនសរ សេចក្តីញាប់ញ័រ គឺតណ្ហាតែងដឹកទាញនូវបុរសនេះ ឲ្យកើតក្នុងភពនោះៗ ព្រោះហេតុនោះឯង បុរសនេះ រមែងដល់នូវសេចក្តីខ្ពស់ទាប។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបាននូវឱកាសកម្ម នៃប្រស្នាណា អំពីសមណព្រាហ្មណ៍ដទៃ ខាងក្រៅព្រះពុទ្ធសាសនានេះ ប្រស្នានោះ ព្រះមានព្រះភាគ អ្នកឃើញនូវកាលដ៏វែង បានព្យាករដល់ខ្ញុំព្រះអង្គហើយ មួយទៀត ព្រះមានព្រះភាគ បានទាំងដកនូវសរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ពីខ្ញុំព្រះអង្គចេញបានហើយ។ បពិត្រទេវានមិន្ទ មហាបពិត្រ ធ្លាប់យកប្រស្នានេះទៅសួរចំពោះពួកសមណព្រាហ្មណ៍ដទៃដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់នាំយកប្រស្នានេះ ទៅសួរចំពោះសមណព្រាហ្មណ៍ដទៃដែរ។ បពិត្រទេវានមិន្ទ ចុះសមណព្រាហ្មណ៍ទាំងនោះ បានព្យាករថ្វាយមហាបពិត្រ ដូចម្តេចខ្លះ បើមហាបពិត្រ មិនទើសទាល់ព្រះទ័យទេ សូមមហាបពិត្រមានព្រះបន្ទូលទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគក្តី បុគ្គលដែលមានរូបប្រហែលព្រះមានព្រះភាគក្តី អង្គុយក្នុងទីណា ទីនោះមិនទើសទាល់ចិត្ត នៃខ្ញុំព្រះអង្គឡើយ។ បពិត្រទេវានមិន្ទ បើដូច្នោះ សូមមហាបពិត្រ មានព្រះបន្ទូលទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សំគាល់ក្នុងពួកសមណព្រាហ្មណ៍ណាថា សមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកនៅក្នុងអរញ្ញប្រទេស មានសេនាសនៈដ៏ស្ងាត់ ដូច្នេះ ខ្ញុំព្រះអង្គ ក៏ចូលទៅរកសមណព្រាហ្មណ៍ទាំងឡាយនោះ ហើយសួរនូវប្រស្នាទាំងនេះ ពួកសមណព្រាហ្មណ៍នោះ លុះខ្ញុំព្រះអង្គសួរហើយ ក៏មិនអាចនឹងដោះស្រាយបាន កាលមិនអាចនឹងដោះស្រាយហើយ ក៏ត្រឡប់សួរមកខ្ញុំព្រះអង្គវិញថា អ្នកដ៏មានអាយុ ឈ្មោះអ្វី លុះពួកសមណព្រាហ្មណ៍នោះ សួរខ្ញុំព្រះអង្គហើយ ខ្ញុំព្រះអង្គបានប្រាប់ថា បពិត្រអ្នកនិទ៌ុក្ខ ខ្ញុំឯងជាសក្កទេវរាជ ជាធំជាងពួកទេវតា ពួកសមណព្រាហ្មណ៍នោះ ក៏ត្រឡប់សួរមកខ្ញុំព្រះអង្គតទៅទៀតថា បពិត្រទេវានមិន្ទមានអាយុ ចុះព្រះអង្គសាងនូវអំពើដូចម្តេច បានជាដល់នូវឋានៈនេះ ដូច្នេះ ខ្ញុំព្រះអង្គក៏សំដែងធម៌77) ប្រាប់ដល់ពួកសមណព្រាហ្មណ៍នោះ តាមដែលបានស្តាប់មក បានរៀនមក ពួកសមណព្រាហ្មណ៍នោះ ក៏មានសេចក្តីត្រេកអរ ដោយធម៌មានប្រមាណប៉ុណ្ណោះថា សក្កទេវរាជ ជាធំជាងពួកទេវតា យើងទាំងឡាយបានឃើញហើយផង យើងទាំងឡាយ បានសួរនូវប្រស្នាណា លោកក៏បានដោះស្រាយនូវប្រស្នានោះ ដល់យើងទាំងឡាយផង ពួកសមណព្រាហ្មណ៍នោះ ក៏ត្រឡប់ទៅជាសាវ័ក របស់ខ្ញុំព្រះអង្គវិញ ឯខ្ញុំព្រះអង្គមិនមែនជាសាវ័ក របស់ពួកសមណព្រាហ្មណ៍នោះទេ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ ជាសាវ័ករបស់ព្រះមានព្រះភាគ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀត មានប្រាជ្ញាជាគ្រឿងត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ បពិត្រទេវានមិន្ទ ក្នុងកាលពីមុនអំពីកាលនេះ មហាបពិត្រធ្លាប់ទទួលការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្សបែបនេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុនអំពីកាលនេះ ខ្ញុំព្រះអង្គធ្លាប់ទទួលការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្សបែបនេះដែរ។ បពិត្រទេវានមិន្ទ ចុះក្នុងកាលមុនអំពីកាលនេះ មហាបពិត្រ ធ្លាប់ទទួលការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្សបែបនេះ តើដូចម្តេច។
[១០១] បពិត្រព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ សង្គ្រាមនៃពួកទេវតា និងអសុរបានតទល់គ្នាហើយ។ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងសង្គ្រាមនោះ ពួកទេវតាឈ្នះ ឯពួកអសុរចាញ់។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គឈ្នះសង្គ្រាមនោះហើយ បានឈ្មោះថា មានសង្គ្រាមឈ្នះស្រេចហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ឥឡូវនេះ ពួកទេវតាទាំងឡាយ នឹងបរិភោគនូវឱជារសទាំងពីរ គឺឱជារសរបស់ទេវតា និងឱជារសរបស់អសុរ ក្នុងទេវលោកនេះ បពិត្រព្រះអង្គដ៏ចំរើន ការបាននូវសេចក្តីត្រេកអរ និងការបាននូវសេចក្តីសោមនស្ស របស់ខ្ញុំព្រះអង្គនោះ សឹងប្រកបដោយគ្រឿងវាយដំ ប្រកបដោយគ្រឿងកាប់ចាក់ មិនប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណា ដើម្បីការប្រាសចាករាគៈ ដើម្បីការរំលត់ទុក្ខ ដើម្បីការស្ងប់រម្ងាប់ ដើម្បីការដឹងចំពោះ ដើម្បីការត្រាស់ដឹង ដើម្បីព្រះនិព្វានឡើយ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាង ការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្សណា របស់ខ្ញុំព្រះអង្គ ព្រោះស្តាប់ធម៌របស់ព្រះមានព្រះភាគ ការបាននោះ មិនប្រកបដោយគ្រឿងវាយដំ មិនប្រកបដោយគ្រឿងកាប់ចាក់ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីការប្រាសចាករាគៈ ដើម្បីការរំលត់ទុក្ខ ដើម្បការស្ងប់រម្ងាប់ ដើម្បីការដឹងចំពោះ ដើម្បីការត្រាស់ដឹង ដើម្បីព្រះនិព្វានតែមួយយ៉ាង។ បពិត្រទេវានមិន្ទ ចុះមហាបពិត្រ ទ្រង់ឃើញនូវអំណាច នៃប្រយោជន៍ដូចម្តេច ទើបសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្សមានសភាពយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឃើញនូវអំណាចនៃប្រយោជន៍៦យ៉ាង ទើបសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
[១០២] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ជាដំបូងនេះថា កាលដែលអាត្មាអញកើតជាទេវតា ឋិតនៅក្នុងឱកាសនេះ អាត្មាអញបាននូវអាយុថ្មីទៀត ម្នាលគ្នាយើង អ្នកចូរដឹងយ៉ាងនេះចុះ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
[១០៣] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ជាគំរប់ពីរនេះថា ចិត្តរបស់ខ្ញុំព្រះអង្គ ត្រេកអរក្នុងត្រកូលណា ខ្ញុំព្រះអង្គច្យុតចាកកាយ ជារបស់នៃទេវតា លះបង់នូវអាយុមិនមែនជារបស់មនុស្ស ហើយជាអ្នកមិនវង្វេង ចូលទៅកាន់គភ៌ក្នុងត្រកូលនោះ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
[១០៤] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ជាគំរប់៣នេះថា ខ្ញុំព្រះអង្គ ជាអ្នកត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធជាម្ចាស់ ទ្រង់មានប្រស្នាមិនភាន់ច្រឡំ ហើយជាអ្នកមានសេចក្តីដឹងខ្លួន មានស្មារតីតំកល់ខ្ជាប់ នៅដោយសេចក្តីដឹងខុសត្រូវ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
[១០៥] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ជាគំរប់៤នេះថា បើសម្ពោធិញ្ញាណ78)) នឹងមានដល់ខ្ញុំព្រះអង្គ ក្នុងខាងមុខ ដោយសេចក្តីដឹងខុសត្រូវ ខ្ញុំព្រះអង្គ ជាអ្នកប្រាថ្នាដើម្បីដឹងខុសត្រូវ សេចក្តីដឹងខុសត្រូវនោះឯង ជាការសំខាន់របស់ខ្ញុំព្រះអង្គ ក្នុងមនុស្សលោក ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
[១០៦] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ជាគំរប់៥នេះថា ខ្ញុំព្រះអង្គ មុខជានឹងច្យុតចាកកាយ ជារបស់នៃមនុស្ស លះបង់នូវអាយុ ជារបស់នៃមនុស្ស ហើយបានទៅកើតជាទេវតាដ៏ឧត្តម ក្នុងទេវលោកវិញ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
[១០៧] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ជាគំរប់៦នេះថា ពួកទេវតានោះ ឧត្តមជាងទេវតាទាំងពួង ជាអ្នកមិនថោកថយ ជាអ្នកមានយស ឋិតនៅក្នុងលំនៅណា លំនៅនោះ មុខជានឹងមានដល់ខ្ញុំព្រះអង្គ ក្នុងភពជាទីបំផុតមិនខាន79) ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ទាំង៦ប្រការហ្នឹងឯង ទើបសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
[១០៨] ខ្ញុំព្រះអង្គ មានសេចក្តីប្រាថ្នាមិនទាន់សម្រេច នៅមានសេចក្តីសង្ស័យ ងឿងឆ្ងល់ តែងត្រាច់ស្វះស្វែងរកព្រះតថាគត អស់កាលជាយូរអង្វែងមកហើយ។ ខ្ញុំព្រះអង្គ សំគាល់នូវពួកសមណៈណា ដែលជាអ្នកនៅក្នុងទីស្ងាត់ ក៏នឹកស្មានថា ជាព្រះសម្ពុទ្ធ ដូច្នេះហើយ ចូលទៅអង្គុយជិតពួកសមណៈនោះ។ ពួកសមណៈនោះ លុះខ្ញុំព្រះអង្គសួរថា សេចក្តីជ្រះថ្លា តើដូចម្តេច សេចក្តីមិនជ្រះថ្លា តើដូចម្តេច ដូច្នេះហើយ មិនអាចនឹងដោះស្រាយ ក្នុងមគ្គ និងបដិបទាទាំងឡាយបានឡើយ។ កាលណាដែលពួកសមណៈទាំងនោះ ស្គាល់ខ្ញុំព្រះអង្គថាជាសក្កទេវរាជ មកពីឋានទេវតា ពួកសមណៈទាំងនោះ បានសួរខ្ញុំព្រះអង្គថា ទេវរាជ បានសាងកុសលដូចម្តេច ទើបបាននូវសម្បត្តិនេះ។ ខ្ញុំព្រះអង្គ ក៏សំដែងធម៌ តាមដែលបានស្តាប់មក ប្រាប់ដល់សមណៈទាំងនោះ ឲ្យប្រាកដក្នុងទីប្រជុំជន ពួកសមណៈទាំងនោះ នាំគ្នាពេញចិត្ត ដោយហេតុនោះថា យើងទាំងឡាយ បានឃើញវាសវទេវរាជហើយ។ មួយវិញទៀត កាលណាដែលខ្ញុំព្រះអង្គ បានឃើញនូវព្រះសម្ពុទ្ធ ទ្រង់ឆ្លងផុតចាកសេចក្តីសង្ស័យហើយ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ ជាអ្នករួចចាកភ័យហើយ បានចូលមកអង្គុយជិតព្រះសម្ពុទ្ធ។ ខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវព្រះសម្ពុទ្ធ ទ្រង់ដកចោលនូវសរ គឺតណ្ហាចេញបានហើយ រកបុគ្គលប្រៀបផ្ទឹមគ្មាន ទ្រង់មានព្យាយាមច្រើន ទ្រង់ត្រាស់ដឹង (នូវចតុរារិយសច្ច) ព្រះអង្គជាពូជពង្សនៃអាទិច្ចគោត្រ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ (ក្នុងកាលមុន) ខ្ញុំព្រះអង្គ ព្រមទាំងទេវតា បានធ្វើនូវការនមស្ការណា ចំពោះព្រហ្ម ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ សូមថ្វាយនមស្ការនោះ ចំពោះព្រះអង្គវិញ ខ្ញុំព្រះអង្គ សូមធ្វើនូវការថ្វាយបង្គំចំពោះព្រះអង្គដោយខ្លួនឯង។ ព្រះអង្គជាព្រះសម្ពុទ្ធពិតមែន ព្រះអង្គជាសាស្តាប្រសើរ ក្នុងលោកនេះ ព្រមទាំងទេវលោក នឹងរកបុគ្គលណាមួយ មកប្រៀបផ្ទឹមនឹងព្រះអង្គ គ្មានឡើយ។
[១០៩] លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅនូវបញ្ចសិខគន្ធព្វបុត្តថា នែអ្នកបញ្ចសិខៈ អ្នកជាបុគ្គលមានឧបការៈច្រើនដល់យើងពិត ដោយហេតុ អ្នកបានធ្វើព្រះមានព្រះភាគ ឲ្យប្រោសប្រាណជាមុន ម្នាលអ្នក លុះអ្នកបានធ្វើព្រះមានព្រះភាគ ឲ្យប្រោសប្រាណជាមុនហើយ ទើបយើងបានចូលមកគាល់ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ក្នុងកាលជាខាងក្រោយ យើងនឹងតាំងអ្នក ទុកក្នុងទីដូចជាបិតា អ្នកនឹងបានជាស្តេចនៃពួកគន្ធព្វ មួយវិញទៀត យើងនឹងឲ្យនាងភទ្ទាសុរិយវច្ឆសាដល់អ្នក ព្រោះថា នាងភទ្ទាសុរិយវច្ឆសានោះ អ្នកក៏ចង់បានមកជាយូរហើយ។ គ្រានោះ សក្កទេវរាជ ជាធំជាងពួកទេវតា ទ្រង់យកព្រះហស្តទះផែនដី ហើយបន្លឺនូវឧទាន អស់វារៈ៣ដងថា
សូមនមស្ការ ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។
សូមនមស្ការ ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។
សូមនមស្ការ ថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។
[១១០] ក៏កាលដែលព្រះមានព្រះភាគ កំពុងសំដែងនូវវេយ្យាករណ៍នេះ ធម្មចក្ខុ (សោតាបត្តិមគ្គ) ដ៏ប្រាសចាកធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល គឺទិដ្ឋិ និងវិចិកិច្ឆា ក៏បានកើតដល់សក្កទេវរាជ ជាធំជាងពួកទេវតាផង ដល់ពួកទេវតាទាំង៨ហ្មឺនឯទៀតផងថា ធម្មជាតណាមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញ ជាធម្មតា។ ប្រស្នាណា ដែលសក្កទេវរាជ ជាធំជាងពួកទេវតា បានអារាធនា បានទូលសួរហើយ ប្រស្នានោះ ព្រះមានព្រះភាគ ទ្រង់បានព្យាករហើយ ដោយប្រការដូច្នេះ។ ព្រោះហេតុនោះ ពាក្យថា សក្កបញ្ហៈដូច្នេះ ជាឈ្មោះនៃវេយ្យាករណ៍នេះឯង។
ចប់ សក្កប្បញ្ហសូត្រ ទី៨។
(៩. មហាសតិបដ្ឋានសុត្តំ)
[១១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគម របស់អ្នកកុរុ ក្នុងដែនកុរុ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគមនោះឯង បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំង៤នេះ ជាផ្លូវមូលតែមួយ80) (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ សតិប្បដ្ឋានទាំង៤ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក81) ចេញ១ ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១ ពិចារណាឃើញ នូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១។
ចប់ ឧទ្ទេសវារកថា។
[១១២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មានសតិដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ (អស្សាសបស្សាសៈ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញនឹង រម្ងាប់កាយសង្ខារ ដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹងក្តី កូនសិស្សនៃជាងក្រឡឹងក្តី ដែលប៉ិនប្រសប់ កាលទាញខ្សែក្រឡឹងវែង ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងវែង ឬកាលទាញខ្សែក្រឡឹងខ្លី ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងខ្លី មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូលសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចូល មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយជាខាងក្នុង (កាយរបស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ (កាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុង និងកាយខាងក្រៅ (កាយរបស់ខ្លួន និងកាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ82) គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយ83) គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ ទាំងធម៌ដែលសូន្យទៅក្នុងកាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន (មិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។
ចប់ អានាបានបព្វៈ។
[១១៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុកាលដើរក្តី ក៏ដឹងច្បាស់ថា អាត្មាអញដើរ កាលឈរក្តី ក៏ដឹងច្បាស់ថា អាត្មាអញឈរ កាលអង្គុយក្តី ក៏ដឹងច្បាស់ថា អាត្មាអញអង្គុយ កាលដេកក្តី ក៏ដឹងច្បាស់ថា អាត្មាអញដេក។ មួយទៀត ភិក្ខុនោះ បានតាំងនូវកាយ ដោយអាការៈយ៉ាងណាៗ ក៏ដឹងច្បាស់នូវកាយនោះ ដោយអាការៈយ៉ាងនោះ ៗ។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយខាងក្នុងយ៉ាងនេះ ជា ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង និងធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ចប់ ឥរិយាបថបព្វៈ។
[១១៤] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុធ្វើនូវសម្បជញ្ញៈ84) គឺសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅមុខ ឬថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបត់ដៃជើង ឬលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបរិភោគភោជន ផឹកទឹក ទំពាស៊ីខាទនីយៈ ជញ្ជាប់ (នូវភេសជ្ជៈ មានសប្បិជាដើម) ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបន្ទោបង់ នូវឧច្ចារៈ បស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ចប់ សម្បជញ្ញបព្វៈ។
[១១៥] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗដូច្នេះថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ទៃដែលមានមាត់ទាំងពីរខាង ពេញដោយធញ្ញជាត មានប្រការផ្សេងៗ ធញ្ញជាតទាំងនោះ គឺ ស្រូវខ្សាយ ស ស្រូវខ្សាយក្រហម សណ្តែកបាយ សណ្តែករាជមាស ល្ង អង្ករ បុរសដែលមានចក្ខុ គប្បីស្រាយនូវទៃនោះ ហើយពិនិត្យមើលដូច្នេះថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះសណ្តែកបាយ នេះសណ្តែករាជមាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ មានឧមេយ្យដូច្នោះឯង។ (ភិក្ខុ) ពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ចប់ បដិកូលមនសិការបព្វៈ។
[១១៦] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុថា ក្នុងកាយនេះមានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់។ ម្នាលភិក្ខុទាំងឡាយ បុរសអ្នកពិឃាតគោក្តី កូនសិស្សនៃបុរសអ្នកពិឃាតគោក្តី ដែលប៉ិនប្រសប់ គប្បីពិឃាតគោ ហើយរំលែកជាចំណែកៗ អង្គុយនៅទៀបផ្លូវធំ បែកជា៤ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុដូច្នេះថា ក្នុងកាយនេះមានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្សល់ មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់ថាជាធាតុ៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។បេ។
ចប់ ធាតុមនសិការបព្វៈ។
[១១៧] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុឃើញនូវសរីរៈស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ទោះស្លាប់អស់១ថ្ងៃក្តី ស្លាប់អស់២ថ្ងៃក្តី ស្លាប់អស់៣ថ្ងៃក្តី ដែលកំពុងហើម មានសម្បុរខៀវដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗ ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយ85) នេះសោត ក៏គង់នឹងមានសភាពដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវអសុភ មានអសុភកំពុងហើម ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។បេ។
[១១៨] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ដែលក្អែកទាំងឡាយ កំពុងចឹកស៊ីក្តី ត្រដក់គម្រង់ទាំងឡាយ កំពុងចឹកស៊ីក្តី ត្មាតទាំងឡាយ កំពុងចឹកស៊ីក្តី សត្វស្វានទាំងឡាយ កំពុងកកេរស៊ីក្តី ចចកទាំងឡាយ កំពុងកកេរស៊ីក្តី បាណកជាតិ (សត្វល្អិតៗ មានរុយជាដើម) ទាំងឡាយផ្សេងៗ កំពុងរូងជញ្ជក់ស៊ីក្តី ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី ដោយការកំណត់នូវអសុភ មានអសុភ ដែលពួកសត្វកំពុងចឹកស៊ីជាដើម គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
[១១៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុ គប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ និងឈាម មានសរសៃ ជាគ្រឿងចង ដូចម្តេចមិញ។បេ។
[១២០] សរីរៈនៅសល់តែរាងឆ្អឹង ឥតមានសាច់ ប្រឡាក់ដោយឈាម មានសរសៃជាគ្រឿងចង។បេ។
[១២១] សរីរៈនៅសល់តែរាងឆ្អឹង មិនមានសាច់ និងឈាម មានតែសរសៃជាគ្រឿងចង។បេ។
[១២២] សរីរៈនៅសល់តែរាងឆ្អឹងទទេ មិនមានសរសៃចងរួបរឹត ខ្ចាត់ខ្ចាយរាត់រាយទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹងទ្រនុងខ្នងទៅដោយឡែក ឆ្អឹងជំនីរទៅដោយឡែក ឆ្អឹងទ្រូងទៅដោយឡែក ឆ្អឹងស្មាទៅ ដោយឡែក ឆ្អឹងកំភួនដៃទៅដោយឡែក ឆ្អឹងកទៅដោយឡែក ឆ្អឹងចង្កាទៅដោយឡែក ធ្មេញទៅដោយឡែក រលាក្បាលទៅដោយឡែក (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវសរីរៈស្លាប់ ដែលសល់តែរាងឆ្អឹង ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
[១២៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មានសម្បុរស ដូចជាសម្បុរ នៃស័ង្ខ។បេ។
[១២៤] សរីរៈនៅសល់តែឆ្អឹងទទេ រោយរាយជាពំនូកៗ កន្លងហួសទៅមួយឆ្នាំហើយ។បេ។
[១២៥] សរីរៈសល់នៅតែឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាកម្ទេចតូច កម្ទេចធំផ្សេងៗ (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ចប់ នវសីវថិកាបព្វៈ។ ចប់ កាយានុបស្សនា។
[១២៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលទទួលសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា។ កាលទទួលទុក្ខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលទុក្ខវេទនា។ កាលទទួល អទុក្ខមសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលអទុក្ខមសុខវេទនា។ កាលទទួលសុខវេទនា ប្រកបដោយអាមិសៈក្តី86) ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា ដែលឥតអាមិសៈ87) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា ដែលឥតអាមិសៈ កាលទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ88) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា ដែលឥតអាមិសៈ89) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ដែលឥតអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ90) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ91) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ។ (ភិក្ខុ) ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវវេទនា មានសុខវេទនាជាដើម) យ៉ាងនេះ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវវេទនា) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា វេទនាទាំងឡាយ មានមែន គ្រាន់តែជាទីកំណត់ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ (ភិក្ខុ) មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ចប់ វេទនានុបស្សនា។
[១២៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះចិត្តប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះចិត្តប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ទោះចិត្តប្រកបដោយទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ទោះចិត្តប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ទោះចិត្តប្រកបដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ទោះចិត្តប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ទោះចិត្តរួញរា ក៏ដឹងច្បាស់ថា ចិត្តរួញរា ទោះចិត្តរាយមាយ ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ទោះចិត្តដល់នូវភាវៈជាធំ (គឺរូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាវៈជាធំ ទោះចិត្តមិនដល់នូវភាវៈជាធំ (គឺជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តមិនដល់នូវភាវៈជាធំ ទោះចិត្តនៅមានចិត្តដទៃប្រសើរជាង (គឺនៅជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តនៅមានចិត្តដទៃប្រសើរជាង ទោះចិត្តមិនមានចិត្តដទៃប្រសើរជាង (គឺជារូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃប្រសើរជាង ទោះចិត្តតាំងនៅមាំ (ជាអប្បនាសមាធិ និងឧបចារសមាធិ) ក៏ដឹងច្បាស់ថា ចិត្តតាំងនៅមាំ ទោះចិត្តមិនតាំងនៅមាំ (ប្រាសចាកសមាធិទាំង២) ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅមាំ ទោះចិត្តរួចស្រឡះ92) ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។ (ភិក្ខុ) ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្ត ក្នុងចិត្តខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្តក្នុងចិត្ត ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើងក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវចិត្ត) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ចិត្តមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ (ភិក្ខុមានចិត្តមិនអាស្រ័យ ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។
ចប់ ចិត្តានុបស្សនា។
[១២៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណៈទាំង៥យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គឺនីវរណៈទាំង៥យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះកាមច្ឆន្ទៈមាននៅ ក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះកាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ហើយកើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង93) កិរិយាលះបង់ នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង94) កាមច្ឆន្ទៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។95) ទោះព្យាបាទមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ ដែលមិនទាន់កើតឡើងហើយ កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង96) កិរិយាលះបង់នូវព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ97) ព្យាបាទ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។98) ទោះថីនមិទ្ធៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមាននៅក្នុងសន្តានចិត្តអាត្មាអញ ទោះថីនមិទ្ធៈមិនមានក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះថីនមិទ្ធៈដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង99) កិរិយាលះបង់នូវថីនមិទ្ធៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង100) ថីនមិទ្ធៈ ដែលលះបង់បានហើយ មិនកើតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។101) ទោះឧទ្ធច្ចកុក្កុច្ចៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧទ្ធច្ចកុក្កុច្ចៈមិនមាន នៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ102) ផង ការលះបង់នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ103) ផង ឧទ្ធច្ចកុក្កុច្ចៈដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ104) ផង។ ទោះវិចិកិច្ឆា មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆាមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆាមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ105) ផង កិរិយាលះបង់នូវវិចិកិច្ឆាដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ106) ផង វិចិកិច្ឆាដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ107) ផង។ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវនីវរណធម៌៥យ៉ាង) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណៈទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ចប់ នីវរណៈបព្វៈ។
[១២៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានតទៅទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ (ពិចារណាឃើញដូច្នេះថា) រូប មានប្រមាណប៉ុណ្ណេះ108) ធម៌ដែលជាទីកើតឡើងនៃរូប មានប្រមាណប៉ុណ្ណេះ109) ធម៌ដែលជាដែនវិនាសទៅនៃរូប មានប្រមាណប៉ុណ្ណេះ110) វេទនា មានប្រមាណប៉ុណ្ណេះ111) ធម៌ដែលជាដែនកើតឡើងនៃវេទនា មានប្រមាណប៉ុណ្ណេះ112) ធម៌ដែលជាដែនវិនាសទៅនៃវេទនា មានប្រមាណប៉ុណ្ណេះ113) សញ្ញា មានប្រមាណប៉ុណ្ណេះ114) ធម៌ដែលជាដែនកើតឡើងនៃសញ្ញា មានប្រមាណប៉ុណ្ណេះ115) ធម៌ដែលជាដែនវិនាសទៅនៃសញ្ញា មានប្រមាណប៉ុណ្ណេះ116) សង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ117) ធម៌ដែលជាដែនកើតឡើងនៃសង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ118) ធម៌ដែលជាដែនវិនាសទៅនៃសង្ខារ មានប្រមាណប៉ុណ្ណេះ119) វិញ្ញាណមានប្រមាណប៉ុណ្ណេះ120) ធម៌ដែលជាដែនកើតឡើងនៃវិញ្ញាណ មានប្រមាណប៉ុណ្ណេះ121) ធម៌ដែលជាដែនវិនាសទៅនៃវិញ្ញាណ មានប្រមាណប៉ុណ្ណេះ។122) ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ចប់ ខន្ធបព្វៈ។
[១៣០] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវភ្នែកផង ដឹងច្បាស់នូវរូបទាំងឡាយផង មួយវិញទៀត សញ្ញោជនៈណា ដែលអាស្រ័យនូវភ្នែក និងរូបទាំងពីរនោះ ហើយកើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះ123) ផង សញ្ញោជនៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែលកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង សញ្ញោជនៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវត្រចៀកផង ដឹងច្បាស់នូវសំឡេងទាំងឡាយផង។ ដឹងច្បាស់នូវច្រមុះផង ដឹងច្បាស់នូវក្លិនទាំងឡាយផង។ ដឹងច្បាស់នូវអណ្តាតផង ដឹងច្បាស់នូវរសទាំងឡាយផង។ ដឹងច្បាស់នូវកាយផង ដឹងច្បាស់នូវផោដ្ឋព្វៈទាំងឡាយផង។ ដឹងច្បាស់នូវចិត្តផង ដឹងច្បាស់នូវធម្មារម្មណ៍ទាំងឡាយផង សញ្ញោជនៈណា ដែលអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ កើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះផង សញ្ញោជនៈដែលមិនទាន់កើតឡើង ហើយកើតឡើងដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ124) ផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ125) ផង សញ្ញោជនៈ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ126) ផង។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង និងធម៌ដែល សូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែ ជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ចប់ អាយតនបព្វៈ។
[១៣១] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះសតិសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់ខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ127) ផង កិរិយាចម្រើនពេញ បរិបូណ៌ នៃសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ128) ផង។ ទោះធម្មវិចយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។129) ទោះវិរិយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។130) ទោះបីតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ 131) ទោះបស្សទ្ធិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។132) ទោះសមាធិសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ 133) ទោះឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង កិរិយាចម្រើនពេញបរិបូណ៌ នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ134) ផង។ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង។ ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត និងសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើង ចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គទាំង៧ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ចប់ ពោជ្ឈង្គបព្វៈ។ ចប់ បឋមភាណវារៈ។
[១៣២] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឱ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសភាវៈរំលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសភាវៈរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិ គឺកំណើត ដែលកើតជាដំបូង ក៏ជាទុក្ខ ជរា គឺសេចក្តីចាស់គ្រាំគ្រា ក៏ជាទុក្ខ មរណៈ គឺសេចក្តីស្លាប់ ក៏ជាទុក្ខ សោកៈ គឺសេចក្តីស្តាយស្រណោះ បរិទេវៈ គឺសេចក្តីខ្សឹកខ្សួល ទុក្ខៈ គឺសេចក្តីលំបាកកាយ ទោមនស្ស គឺសេចក្តីអាក់អន់តូចចិត្ត ឧបាយាសៈ គឺសេចក្តីចង្អៀតចង្អល់ចិត្ត ក៏សុទ្ធតែជាទុក្ខ អប្បិយេហិសម្បយោគៈ គឺដំណើរជួប ប្រសព្វ ដោយសត្វ និងសង្ខារទាំងឡាយ ដែលមិនជាទីស្រឡាញ់ ក៏ជាទុក្ខ បិយេហិវិប្បយោគៈ គឺសេចក្តីព្រាត់ប្រាស ចាកសត្វ និងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ យម្បិច្ឆំ ន លភតិ តម្បិ គឺបុគ្គលកាលចង់បាននូវរបស់ណា មិនបាន ឯការមិនបានរបស់នោះ ក៏ជាទុក្ខ បើដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធ៥ មានរូបក្ខន្ធជាដើម ក៏ជាទុក្ខ។
[១៣៣] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជាតិ។ កិរិយាកើតជាដំបូង កិរិយាកើតព្រម ការចុះចាប់ផ្ទៃ ការវិលត្រឡប់មកកើត ការកើតប្រាកដនៃខន្ធ ការបាននូវអាយតនៈណា របស់សត្វនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ជាតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជរា។ ជរា គឺសេចក្តីចាស់គ្រាំគ្រា ឬការប្រែប្រួល ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវយុរយារ ការរួញថយនៃអាយុ ការទ្រុឌទ្រោមឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថាជរា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាមរណៈ។ ភាវៈនៃចិត្តដែលឃ្លាតចេញ អាការៈនៃចិត្តដែលឃ្លាតទៅ សេចក្តីបែកធ្លាយទៅ សេចក្តីបាត់បង់ទៅ សេចក្តីវិនាសជីវិត សេចក្តីស្លាប់ កាលកិរិយា សេចក្តីបែកធ្លាយ នៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការផ្តាច់ផ្តិលនូវជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ សោកៈ គឺសេចក្តីស្តាយស្រណោះ សេចក្តីស្រងេះស្រងោច សេចក្តីសោកសៅ សេចក្តីរីងស្ងួតក្នុងចិត្ត សេចក្តីក្រៀមក្រំ ក្នុងចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ទួញរក (បិយជន មានកូនជាដើម) សភាវៈទួញរៀបរាប់ (សរសើរគុណ) កិរិយាយំអណ្តឺតអណ្តក កិរិយាយំបម្រះ ននៀល ភាវៈនៃការយំអណ្តឺតអណ្តក ភាវៈនៃការយំបម្រះននៀលណា របស់សត្វដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយ ពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកកាយ សេចក្តីមិនសប្បាយកាយ សេចក្តីលំបាកដែលកើតអំពីកាយសម្ផ័ស្ស ការទទួលរងសេចក្តីមិនស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកក្នុងចិត្ត សេចក្តីមិនសប្បាយក្នុងចិត្ត សេចក្តីលំបាកដែលកើតអំពីមនោសម្ផ័ស្ស ការទទួលអារម្មណ៍មិនស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតានតឹងក្នុងចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត ភាវៈនៃសេចក្តីតានតឹងក្នុងចិត្ត ភាវៈនៃសេចក្តីចង្អៀតចង្អល់ចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ណា ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជនទាំងឡាយណា ប្រាថ្នានូវសេចក្តីមិនចម្រើន ប្រាថ្នានូវអំពើឥតប្រយោជន៍ ប្រាថ្នានូវសេចក្តីមិនសប្បាយ ប្រាថ្នានូវអំពើ ដែលមិនក្សេមចាកយោគៈ ចំពោះបុគ្គលនោះ កិរិយាបានជួបគ្នា កិរិយាជួបជុំគ្នា កិរិយាប្រជុំគ្នា ការនៅច្រឡូកច្រឡំគ្នា នឹងអារម្មណ៍ទាំងឡាយនោះៗ នឹងជនទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បិយេហិវិប្បយោគទុក្ខ។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជនទាំងឡាយណា ទោះមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្រក្តី អាមាត្យក្តី ញាតិសាលោហិតក្តី ដែលជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសប្បាយ ប្រាថ្នានូវសេចក្តីក្សេមចាកយោគៈ ចំពោះបុគ្គលនោះ ការមិនបានជួបគ្នា មិនបានជួបជុំគ្នា កិរិយាមិនបានប្រជុំគ្នា ការមិននៅច្រឡូកច្រឡំ នឹងអារម្មណ៍ទាំងឡាយនោះៗ នឹងជនទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បិយេហិវិប្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានជាតិជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានជាតិជាធម្មតា ពុំនោះសោត ជាតិ កុំគប្បីមកដល់យើងទាំងឡាយ សេចក្តីនេះ ពួកសត្វ ក៏មិនបានសម្រេចតាមប្រាថ្នាឡើយ នេះឯង ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានសេចក្តីគ្រាំគ្រា ឬប្រែប្រួលជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានសេចក្តីឈឺថ្កាត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានសេចក្តីស្លាប់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ មានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា ពុំនោះសោត សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់ចិត្ត សេចក្តីខ្លោចផ្សាចិត្ត កុំគប្បីមកដល់យើងទាំងឡាយឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបានសម្រេចតាមប្រាថ្នា នេះឯង ក៏ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចឧបាទានក្ខន្ធទាំង៥ ដោយសេចក្តីបំប្រួញ ដែលថាជាទុក្ខ។ ឧបាទានក្ខន្ធទាំង៥នោះ គឺអ្វីខ្លះ គឺរូប ជាឧបាទានក្ខន្ធ១ វេទនា ជាឧបាទានក្ខន្ធ១ សញ្ញា ជាឧបាទានក្ខន្ធ១ សង្ខារ ជាឧបាទានក្ខន្ធ១ វិញ្ញាណ ជាឧបាទានក្ខន្ធ១ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ តថាគតហៅថា ឧបាទានក្ខន្ធទាំងឡាយ៥ ដោយសេចក្តីបំប្រួញថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខអរិយសច្ច។
[១៣៤] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខសមុទយអរិយសច្ច។ តណ្ហាណា ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយតម្រេករីករាយ ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាល នៅក្នុងភពនោះៗ ឬក្នុងអារម្មណ៍នោះៗ តណ្ហានោះ គឺអ្វីខ្លះ គឺកាមតណ្ហា (សេចក្តីប្រាថ្នាក្នុងកាមគុណ)១ ភវតណ្ហា135) (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព)១ វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ 136) ) ១។
[១៣៥] ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានុ៎ះ កាលដែលកើតឡើង តើកើតឡើងក្នុងទីណា កាលដែលជាប់នៅ តើជាប់នៅក្នុងទីណា។ អារម្មណ៍ណា ក្នុងលោកដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងអារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អ្វីមួយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ។ ចក្ខុក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងចក្ខុនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងចក្ខុនុ៎ះ។ សោតៈក្នុងលោក។ ឃានៈក្នុងលោក។ ជិវ្ហាក្នុងលោក។ កាយក្នុងលោក។ មនោក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងមនោនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោនុ៎ះ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក។ សទ្ទារម្មណ៍ទាំងឡាយ ក្នុងលោក។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក។ រសារម្មណ៍ទាំងឡាយ ក្នុងលោក។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ ចក្ខុវិញ្ញាណ ក្នុងលោក។ សោតវិញ្ញាណក្នុងលោក។ ឃានវិញ្ញាណ ក្នុងលោក។ ជិវ្ហាវិញ្ញាណ ក្នុងលោក។ កាយវិញ្ញាណ ក្នុងលោក។ មនោវិញ្ញាណ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងមនោវិញ្ញាណនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក។ សោតសម្ផ័ស្ស ក្នុងលោក។ ឃានសម្ផ័ស្ស ក្នុងលោក។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក។ កាយសម្ផ័ស្ស ក្នុងលោក។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីសោតសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីឃានសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីកាយសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីមនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងវេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុង វេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ។ សេចក្តីសម្គាល់នូវរូបារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវសទ្ទារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវរសារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ក្នុងលោក។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីសម្គាល់នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីសម្គាល់ នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវគន្ធារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងការគិតសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីប្រាថ្នា នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីប្រាថ្នា នូវធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីត្រិះរិះ នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីត្រិះរិះ នូវធម្មារម្មណ៍នុ៎ះ។ ការពិចារណានូវរូបារម្មណ៍ ក្នុងលោក។ ការពិចារណានូវសទ្ទារម្មណ៍ ក្នុងលោក។ ការពិចារណានូវគន្ធារម្មណ៍ ក្នុងលោក។ ការពិចារណានូវរសារម្មណ៍ ក្នុងលោក។ ការពិចារណានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ ការពិចារណានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងការពិចារណានូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងការពិចារណានូវ ធម្មារម្មណ៍នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ទុក្ខសមុទយអរិយសច្ច។
[១៣៦] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធអរិយសច្ច។ ការអស់ទៅ និងការរលត់ទៅ ដោយមិនមានសេសសល់ ការលះបង់ ការរលាស់ចោល ការជម្រុះចោល ការមិនមានអាល័យ ចំពោះតណ្ហានោះឯង (ហៅថា ទុក្ខនិរោធអរិយសច្ច)។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានោះឯង កាលដែលបុគ្គលលះបង់ តើលះបង់ក្នុងទីណា កាលដែលរលត់ទៅ តើរលត់ទៅក្នុងទីណា។ អារម្មណ៍ណា ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ តែងលះបង់ក្នុងអារម្មណ៍នុ៎ះ កាលដែលរលត់ទៅ តែងរលត់ទៅក្នុងអារម្មណ៍នុ៎ះ។ ចុះអារម្មណ៍អ្វី ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ។ ចក្ខុក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងចក្ខុនោះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងចក្ខុនុ៎ះ។ សោតៈ ក្នុងលោក។ ឃានៈ ក្នុងលោក។ ជិវ្ហា ក្នុងលោក។ កាយ ក្នុងលោក។ មនោ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ ក្នុងមនោនោះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោនោះ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក។ សទ្ទារម្មណ៍ទាំងឡាយ ក្នុងលោក។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក។ រសារម្មណ៍ទាំងឡាយ ក្នុងលោក។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងធម្មារម្មណ៍នុ៎ះ។ ចក្ខុវិញ្ញាណ ក្នុងលោក។ សោតវិញ្ញាណ ក្នុងលោក។ ឃានវិញ្ញាណ ក្នុងលោក។ ជិវ្ហាវិញ្ញាណ ក្នុងលោក។ កាយវិញ្ញាណ ក្នុងលោក។ មនោវិញ្ញាណ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោវិញ្ញាណនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក។ សោតសម្ផ័ស្ស ក្នុងលោក។ ឃានសម្ផ័ស្ស ក្នុងលោក។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក។ កាយសម្ផ័ស្ស ក្នុងលោក។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីសោតសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីឃានសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីកាយសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីមនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោសម្ផ័ស្សនុ៎ះ។ សេចក្តីសម្គាល់នូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវរសារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាល ដែលបុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តីសម្គាល់នូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តី សម្គាល់នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវគន្ធារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងការគិតសន្សំនូវ ធម្មារម្មណ៍នុ៎ះ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តីប្រាថ្នានូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តីប្រាថ្នានូវ ធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តីត្រិះរិះនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តីត្រិះរិះនូវ ធម្មារម្មណ៍នុ៎ះ។ ការពិចារណានូវរូបារម្មណ៍ ក្នុងលោក។ ការពិចារណានូវសទ្ទារម្មណ៍ ក្នុងលោក។ ការពិចារណានូវគន្ធារម្មណ៍ ក្នុងលោក។ ការពិចារណានូវរសារម្មណ៍ ក្នុងលោក។ ការពិចារណានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក។ ការពិចារណានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការពិចារណានូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងការពិចារណានូវ ធម្មារម្មណ៍នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធអរិយសច្ច។
[១៣៧] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ អរិយមគ្គដែលប្រកបដោយអង្គ៨ប្រការនេះឯង (ហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច)។ អរិយមគ្គ ដែលប្រកបដោយអង្គ៨ប្រការ តើដូចម្តេច គឺសម្មាទិដ្ឋិ (សេចក្តីយល់ឃើញត្រូវ)១ សម្មាសង្កប្បៈ (សេចក្តីត្រិះរិះត្រូវ)១ សម្មាវាចា (ការនិយាយពាក្យត្រូវ)១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (សេចក្តីព្យាយាមត្រូវ)១ សម្មាសតិ (សេចក្តីនឹករលឹកត្រូវ)១ សម្មាសមាធិ (ការតម្កល់ចិត្តឲ្យនឹងត្រូវ)១។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញាដឹងច្បាស់ ក្នុងកងទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីប្រជុំឲ្យកើតទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីរលត់ទៅនៃទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងបដិបទាទៅកាន់ធម៌ជា ទីរលត់នៃទុក្ខណា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាសង្កប្បៈ។ សេចក្តីត្រិះរិះ ដើម្បីចេញចាកកាម សេចក្តីត្រិះរិះ ដើម្បីការមិនព្យាបាទ សេចក្តីត្រិះរិះ ដើម្បីការមិនបៀតបៀន ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសង្កប្បៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាចា។ ចេតនាវៀរចាកកិរិយានិយាយពាក្យមិនពិត ១ ចេតនាវៀរចាកសម្តីញុះញង់ ស៊កសៀត ១ ចេតនាវៀរចាកសម្តីទ្រគោះបោះបោក ១ ចេតនាវៀរចាកការពោលពាក្យរោយរាយឥតប្រយោជន៍ ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាចា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាកម្មន្តៈ។ ចេតនាវៀរចាកកិរិយា ញុំាងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង១ ចេតនាវៀរចាកកិរិយាកាន់យករបស់ ដែលគេមិនបានឲ្យ១ ចេតនាវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាកម្មន្តៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ លះបង់នូវការចិញ្ចឹមជីវិតខុស ហើយរស់នៅ ដោយការចិញ្ចឹមជីវិតត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិនទាន់កើតឡើងហើយ ឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យ ចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតីជាគ្រឿងកំណត់ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតីជាគ្រឿងកំណត់ កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសល ក៏ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ លុះភិក្ខុចូលទៅជិតរម្ងាប់នូវវិតក្កៈ និងវិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតមានក្នុងសន្តាន ជាទីផូរផង់ មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ។បេ។ ចូលកាន់តតិយជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ ចូលកាន់ចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ឥតទុក្ខ ឥតសុខ ព្រោះលះបង់នូវសេចក្តីសុខផង ព្រោះលះបង់នូវសេចក្តីទុក្ខផង ព្រោះរលត់ទៅនៃសោមនស្ស និងទោមនស្ស អំពីមុនផង ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ដោយបការដូច្នេះឯង។ ម្យ៉ាងទៀត ស្មារតីជាគ្រឿងកំណត់នូវសច្ចៈ៤ របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន ក៏គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យដោយតណ្ហា និងទិដ្ឋិផង មិនប្រកៀកប្រកាន់ អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ចប់ សច្ចបព្វៈ។
ចប់ ធម្មានុបស្សនា។
[១៣៨] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណាមួយ បានចំរើន សតិប្បដ្ឋាន ទាំង៤ នេះ អស់៧ឆ្នាំ តាមលំដាប់នៃវិធីចំរើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រច ដល់បុគ្គលនោះ តាមសេចក្តីប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤នេះ អស់៦ឆ្នាំ តាមលំដាប់នៃវិធីចម្រើន ដែលតថាគតបាន ពោលមកហើយនេះ។ អស់៥ឆ្នាំ។ អស់៤ឆ្នាំ។ អស់៣ឆ្នាំ។ អស់២ឆ្នាំ។ អស់១ឆ្នាំ។បេ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅ អស់១ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង ៤ នេះ អស់៧ខែ តាមលំដាប់នៃវិធីចម្រើន ដែលតថាគត បានពោលមកហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រេច ដល់បុគ្គលនោះ តាមសេចក្តីប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង ៤ នេះអស់៦ខែ តាមលំដាប់នៃវិធីចម្រើន ដែលតថាគតបានពោលមកហើយយ៉ាងនេះ។ អស់៥ខែ។ អស់៤ខែ។ អស់៣ខែ។ អស់២ខែ។ អស់១ខែ។ អស់កន្លះខែ។បេ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់កន្លះខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បាន ចម្រើនសតិប្បដ្ឋានទាំង៤ នេះ អស់៧ថ្ងៃ តាមលំដាប់នៃវិធីចម្រើន ដែលតថាគត បានពោលមកហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានសម្រេច ដល់បុគ្គលនោះ តាមប្រាថ្នាដោយពិត គឺថា នឹងបាន សម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបាន សម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំងឡាយ៤នេះ ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធដោយវិសេស របស់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួលរំជួលចិត្តទាំងឡាយ ដើម្បីរលត់ទៅនៃទុក្ខ និងទោមនស្សទាំងឡាយ ដើម្បីដល់នូវអរិយមគ្គ ជាធម៌សម្រាប់ស្រោចស្រង់ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ ពាក្យណា ដែលតថាគតបានពោលហើយថា (សាសនារបស់តថាគត ជាគុណសម្រាប់ស្រោចស្រង់សត្វ) ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវផ្លូវដ៏ប្រសើរ គឺសតិប្បដ្ឋានទាំង៤នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសតិប្បដ្ឋានសូត្រនេះចប់ហើយ។ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ មហាសតិប្បដ្ឋានសូត្រ ទី៩។
(១០. បាយាសិសុត្តំ)
[១៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះកុមារកស្សបដ៏មានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន៥០០រូប បានទៅដល់សេតព្យនគរ របស់អ្នកកោសលទាំងឡាយ។ បានឮថា ព្រះកុមារកស្សបដ៏មានអាយុ គង់នៅក្នុងព្រៃធ្នង់ ជាខាងជើងក្រុងសេតព្យៈ ជិតក្រុងសេតព្យៈនោះ។ សម័យនោះឯង ព្រះបាទបាយាសិរាជញ្ញៈ137) គ្រប់គ្រងសេតព្យនគរ ដែលជានគរកុះករ ដោយសត្វ និងមនុស្ស បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយស្រូវ អង្ករ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ទ្រង់ប្រទាន ជារាជរង្វាន់ ជារង្វាន់ដ៏ប្រសើរ។ សម័យនោះឯង ព្រះបាទបាយាសិរាជញ្ញៈ កើតមានទិដ្ឋិអាក្រក់យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វ ជាឱបបាតិកៈ មិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មិនមាន ដោយហេតុនេះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ បានឮដំណឹងហើយ (ក៏និយាយគ្នា) ថា ម្នាលគ្នាយើង សមណៈ ឈ្មោះកុមារកស្សប ជាសាវ័ករបស់ព្រះសមណគោតម ត្រាច់ទៅកាន់ចារិកក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន៥០០រូប មកដល់ក្រុងសេតព្យៈ ហើយគង់នៅក្នុងព្រៃធ្នង់ ដែលឋិតនៅជាខាងជើង ក្រុងសេតព្យៈ ជិតក្រុងសេតព្យៈ។ កិត្តិស័ព្ទសរសើរព្រះកុមារកស្សបដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយទៅយ៉ាងនេះថា លោកជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា ជាពហុស្សូត មានសំដីដ៏វិចិត្រ មានបដិភាណដ៏ល្អ ជាអ្នកត្រាស់ដឹងផង ជាព្រះអរហន្តផង ក៏ការដែលបានជួបព្រះអរហន្តទាំងឡាយ មានសភាពដូច្នោះ ជាការប្រពៃណាស់។ លំដាប់នោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ចេញពីក្រុងសេតព្យៈ ទៅជាពួក ជាកង មានមុខត្រសង ទៅកាន់ទិសខាងជើង ដើរទៅកាន់ព្រៃធ្នង់។
[១៤០] សម័យនោះឯង ព្រះបាទបាយាសិរាជញ្ញៈ ទ្រង់ស្ដេចចូលទៅកាន់ក្រឡាបន្ទំ ក្នុងវេលាថ្ងៃ ខាងលើប្រាសាទ។ ព្រះបាទបាយាសិរាជញ្ញៈ បានទតឃើញពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ កំពុងចេញពីក្រុងសេតព្យៈជាពួក ជាកង មានមុខត្រសង ទៅកាន់ទិសខាងជើង លុះទតឃើញហើយ ទ្រង់ត្រាស់សួរខត្តាមាត្យ138) ថា ម្នាលខត្តៈដ៏ចំរើន ចុះពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ចេញទៅពីក្រុងសេតព្យៈ ជាពួក ជាកង មានមុខត្រសង ទៅទិសខាងជើង ដើរទៅកាន់ព្រៃធ្នង់ ធ្វើអ្វីហ្ន៎។ ខត្តាមាត្យក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ដ្បិតមានសមណៈ ឈ្មោះ កុមារកស្សបៈ ជាសាវ័កនៃព្រះសមណគោតម ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើន ចំនួន៥០០រូប មកដល់ក្រុងសេតព្យៈ ដោយលំដាប់ ហើយគង់នៅក្នុងព្រៃធ្នង់ ជាខាងជើងក្រុងសេតព្យៈ ជិតក្រុងសេតព្យៈ កិត្តិស័ព្ទសរសើរកុមារកស្សបដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយយ៉ាងនេះថា លោកជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា ជាពហុស្សូត មានសំដីដ៏វិចិត្រ មានបដិភាណដ៏ល្អ ជាអ្នកត្រាស់ដឹងផង ជាព្រះអរហន្តផង ឯពួកព្រាហ្មណ៍ និងគហបតីទាំងនុ៎ះ នឹងចូលទៅរកជួបព្រះកុមារកស្សបដ៏ចំរើននោះ។ ព្រះបាទបាយាសិរាជញ្ញៈ មានព្រះបន្ទូលថា ម្នាលខត្តៈដ៏ចំរើន បើដូច្នោះ ចូរអ្នកចូលទៅរកពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ លុះចូលទៅដល់ហើយ និយាយនឹងពួកព្រាហ្មណ៍ គហបតី អ្នកក្រុងសេតព្យៈ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ព្រះបាទបាយាសិរាជញ្ញៈ បានត្រាស់យ៉ាងនេះថា អ្នកដ៏ចំរើនទាំងឡាយ ចូររង់ចាំសិន ព្រះបាទបាយាសិរាជញ្ញៈ នឹងចូលទៅដើម្បីជួបសមណៈកុមារកស្សបៈដែរ ហើយត្រាស់ដូច្នេះថា ពីមុនមក សមណៈកុមារកស្សប តែងញុំាងពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ដែលល្ងង់ មិនវាងវៃ ឲ្យទាល់តែចូលចិត្តច្បាស់ថា លោកដទៃមាន សត្វជាឱបបាតិកៈមាន ផលនិងវិបាករបស់កម្មទាំងឡាយ ដែលពួកសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ម្នាលខត្តៈដ៏ចំរើន តែបើតាមពិតនោះ លោកដទៃមិនមាន សត្វជាឱបបាតិកៈមិនមាន ផលនិងវិបាករបស់កម្មទាំងឡាយ ដែលពួកសត្វធ្វើល្អ ធ្វើអាក្រក់មិនមានទេ។ ខត្តាមាត្យនោះ ទទួលព្រះឱង្ការរបស់ព្រះបាទបាយាសិរាជញ្ញៈថា ករុណាវិសេស ហើយក៏ចូលទៅរក ពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ លុះចូលទៅដល់ហើយ និយាយនឹងពួកព្រាហ្មណ៍ គហបតី អ្នកក្រុងសេតព្យៈ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ព្រះបាទបាយាសិរាជញ្ញៈ ត្រាស់យ៉ាងនេះថា អ្នកដ៏ចំរើនទាំងឡាយ ចូររង់ចាំសិន ដ្បិត ព្រះបាទបាយាសិរាជញ្ញៈ នឹងចូលទៅជួបសមណៈកុមារកស្សបៈដែរ។ លំដាប់នោះ ព្រះបាទបាយាសិរាជញ្ញៈ មានពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ហែហមអមអង្គ ក៏ចូលទៅរកព្រះកុមារកស្សបៈដ៏មានអាយុ ដែលនៅក្នុងព្រៃធ្នង់ លុះចូលទៅដល់ហើយ ក៏មានបន្ទូលរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះកុមារកស្សបដ៏មានអាយុ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យគួររលឹកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ ចំណែកពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ពួកខ្លះ ថ្វាយបង្គំព្រះកុមារកស្សបដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះនិយាយពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះកុមារកស្សបដ៏មានអាយុ លុះបញ្ចប់ពាក្យរាក់ទាក់ សំណេះសំណាល និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយក្នុងទីដ៏សមគួរ ប្រណម្យអញ្ជលី ចំពោះព្រះកុមារកស្សបដ៏មានអាយុ ពួកខ្លះ ប្រកាសនាម និងគោត្រ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយស្ងៀមក្នុងទីដ៏សមគួរ។ លុះព្រះបាទបាយាសិរាជញ្ញៈ គង់ក្នុងទីដ៏សមគួរហើយ ទើបមានព្រះឱង្ការ នឹងព្រះកុមារកស្សបដ៏មានអាយុ យ៉ាងនេះថា បពិត្រព្រះកស្សបៈដ៏ចំរើន ខ្ញុំតែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ព្រះកុមារកស្សប ថ្វាយព្រះពរថា បពិត្ររាជញ្ញៈ អាត្មាភាពបានឃើញ បានឮបុគ្គល ដែលធ្លាប់និយាយយ៉ាងនេះ យល់យ៉ាងនេះហើយ តែមិនសមបើបុគ្គលនោះ និយាយយ៉ាងនេះ យល់យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដូច្នេះសោះ បពិត្ររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងទូលសួរមហាបពិត្រ ក្នុងដំណើរនេះ ប្រស្នានេះ ពេញព្រះហឫទ័យ នៃមហាបពិត្រយ៉ាងណា សូមមហាបពិត្រ ព្យាករប្រស្នានោះ យ៉ាងនោះចុះ បពិត្ររាជញ្ញៈ ចុះទ្រង់សំគាល់ដំណើរនោះថាដូចម្តេច ព្រះច័ន្ទ និងព្រះអាទិត្យនេះ នៅក្នុងលោកនេះ ឬនៅក្នុងលោកដទៃ ជាទេវតា ឬជាមនុស្ស។ ព្រះបាទបាយាសិរាជញ្ញៈ តបថា បពិត្រព្រះកស្សបដ៏ចំរើន ព្រះច័ន្ទ និងព្រះអាទិត្យនេះ នៅក្នុងលោកដទៃ មិនមែននៅក្នុងលោកនេះទេ ជាទេវតា មិនមែនជាមនុស្សទេ។ ព្រះកុមារកស្សប ថ្វាយព្រះពរថា ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្របែរព្រះយោបល់ យល់យ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឧបបាតិកៈមាន ផលវិបាលរបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។
[១៤១] ព្រះបាទបាយាសិរាជញ្ញៈ ត្រាស់ថា ព្រះកស្សបៈដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំនៅតែមានសេចក្ដីយល់ឃើញក្នុងហេតុនុ៎ះ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមានទេ ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ ដែលនាំឲ្យមហាបពិត្រមានសេចក្តីយល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដូច្នេះ តើមានឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយ ដែលនាំឲ្យខ្ញុំមានសេចក្តីយល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ មានដែរ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួកមិត្ត អាមាត្យ និងញាតិសាលោហិត របស់ខ្ញុំក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក និយាយញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្តគុំគួន មានសេចក្តីយល់ខុស ពួកមិត្រអាមាត្យជាដើមនោះ លុះសម័យក្រោយមក ជាបុគ្គលមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ កាលដែលខ្ញុំដឹងថា ពួកមិត្តអាមាត្យទាំងនេះ មុខជានឹងមិនស្បើយ ចាកអាពាធនេះ ក្នុងកាលឥឡូវនេះទេ ខ្ញុំក៏បានចូលទៅរកមិត្តអាមាត្យទាំងនោះ ហើយនិយាយ យ៉ាងនេះថា នែអ្នកដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ និយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ពួកជនណា សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក និយាយញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្តគុំគួន មានសេចក្តីយល់ខុស ពួកជននោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ដូច្នេះ ឯអ្នកដ៏ចំរើនទាំងឡាយ សុទ្ធតែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក និយាយញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្តគុំគួន មានសេចក្តីយល់ខុសហើយ បើជាពាក្យរបស់សមណព្រាហ្មណ៍ទាំងនោះពិតមែន អ្នកដ៏ចំរើនទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ មុខជានឹងទៅកើត ក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកពុំខាន នែអ្នកដ៏ចំរើនទាំងឡាយ បើអ្នកទាំងឡាយ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកមែន អ្នកទាំងឡាយ ត្រូវមកប្រាប់យើងផងថា លោកដទៃមាន ពួកសត្វជាឧបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ព្រោះថា អ្នកទាំងឡាយដ៏ចំរើន ជាបុគ្គលដែលខ្ញុំគួរជឿ ខ្ញុំគួរទទួលស្តាប់ពាក្យបាន ហេតុណាដែលអ្នកដ៏ចំរើនទាំងឡាយ បានឃើញហើយ ហេតុនុ៎ះ នឹងទុកដូចជាខ្ញុំបានឃើញ ចំពោះខ្លួនឯងដែរ ពួកអាមាត្យទាំងនោះ ទទួលតបពាក្យរបស់ខ្ញុំថា ព្រះករុណាវិសេស ដូច្នេះហើយ (ស្លាប់ទៅ) តែមិនឃើញមកប្រាប់ ទាំងមិនបញ្ជូនបំរើមកឡើយ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំ មានគំនិតយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។
[១៤២] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងត្រឡប់សួរមហាបពិត្រ ក្នុងបរិយាយនុ៎ះវិញ ប្រស្នានេះ ពេញព្រះហឫទ័យមហាបពិត្រយ៉ាងណា សូមមហាបពិត្រ ព្យាករប្រស្នានោះ យ៉ាងនោះចុះ បពិត្ររាជញ្ញៈ មហាបពិត្រ សំគាល់ហេតុនេះដូចម្ដេច ពួកបុរសរបស់មហាបពិត្រ ក្នុងដែននេះ ចាប់បានចោរ ដែលប្រព្រឹត្តអាក្រក់មកថ្វាយមហាបពិត្រ រួចក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ទ្រង់សព្វព្រះហឫទ័យនឹង (ដាក់) អាជ្ញាណា ដល់ចោរនេះ សូមទ្រង់ដាក់អាជ្ញានោះមក ទើបមហាបពិត្រ មានបន្ទូលនឹងបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំគ្នាចងបុរសនេះ ឲ្យមានដើមដៃទៅខាងក្រោយ (ចងស្លាបសេក) ឲ្យខ្ជាប់ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីងចេញ ហើយ (ត្រូវទូង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវបំបែក រួចនាំចេញទៅតាមទ្វារខាងត្បូង កាត់ក្បាលត្រង់កន្លែងសម្រាប់ពិឃាត ជាខាងត្បូងនគរចុះ បុរសទាំងនោះ ទទួលព្រះឱង្ការ របស់មហាបពិត្រថា ព្រះកុរណាវិសេស ហើយក៏នាំគ្នាចងបុរសនោះ ឲ្យមានដើមដៃទៅខាងក្រោយ ឲ្យខ្ជាប់ដោយខ្សែដ៏មាំ កោរក្បាលឲ្យរលីងចេញ (ទូង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវបំបែក រួចនាំចេញទៅតាមទ្វារខាងត្បូង ហើយឲ្យចោរនោះអង្គុយ ត្រង់កន្លែងសម្រាប់ពិឃាត ជាខាងត្បូងនៃនគរ ចុះបើចោរនោះ (នឹងអង្វរ) ពួកពេជ្ឈឃាតថា សូមពួកពេជ្ឈឃាតដ៏ចំរើន បង្អង់សិន (ព្រោះ) ពួកមិត្រអាមាត្យ និងញាតិសាលោហិត (របស់ខ្ញុំមាន) ក្នុងស្រុក ឬនិគមឯណោះ ចាំខ្ញុំផ្តែផ្តាំ ដល់ពួកមិត្រអាមាត្យទាំងនោះ ហើយសឹមមកវិញ ដូច្នេះ តើបានឬទេ ឬក៏ពួកនាយពេជ្ឈឃាត (ទាំងនោះ) នឹងចេះតែកាត់ក្បាលចោរ ដែលកំពុងទួញយំ ដោយឥតយោគយល់ទេ។ បពិត្រព្រះកស្សបៈដ៏ចំរើន ចោរនោះ (នឹងអង្វរ)ពួកពេជ្ឈឃាតថា សូមពួកពេជ្ឈឃាតដ៏ចំរើន បង្អង់ឲ្យសិន (ព្រោះ) ពួកមិត្រអាមាត្យ និងញាតិសាលោហិត (របស់ខ្ញុំមាន) ក្នុងស្រុក ឬនិគមឯណោះ ចាំខ្ញុំផ្តែផ្តាំ ដល់ពួកមិត្រអាមាត្យទាំងនោះរួច សឹមមកវិញ ដូច្នេះ មិនបានឡើយ តាមដែលពិតនោះ ពួកពេជ្ឈឃាត នឹងចេះតែកាត់ក្បាលចោរ ដែលកំពុងទួញយំនោះ ឲ្យទាល់តែបាន។ ថ្វាយព្រះពររាជញ្ញៈ អម្បាលយ៉ាងចោរនោះ ជាមនុស្សជាតិដូចគ្នាត្រឡាំង ម្ដេចគង់(អង្វរ)ពួកពេជ្ឈឃាត ជាមនុស្សជាតិដូចគ្នា សូមពួកនាយពេជ្ឈឃាតដ៏ចំរើន បង្អង់ឲ្យសិន (ព្រោះ) ពួកមិត្រអាមាត្យ និងញាតិសាលោហិត (របស់ខ្ញុំមាន) ក្នុងស្រុក ឬនិគមឯណោះ ចាំខ្ញុំទៅផ្តែផ្តាំ ដល់ពួកមិត្រអាមាត្យទាំងនោះសិន រួចសឹមមកវិញ ដូច្នេះ មិនបានទៅហើយ ចំណង់បើពួកមិត្រអាមាត្យ ញាតិសាលោហិត របស់មហាបពិត្រ សុទ្ធតែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយកុហក និយាយពាក្យញុះញង់ និយាយពាក្យត្រគោះ និយាយពាក្យឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្តគុំគួន មានសេចក្តីយល់ខុស លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរកហើយ ធ្វើម្ដេចឡើយ នឹងអង្វរពួកនាយនិរយបាលថា សូមពួកនាយនិរយបាលដ៏ចំរើន បង្អង់ឲ្យសិន ចាំយើងទាំងឡាយ ទៅក្រាបទូល ដល់ព្រះបាទបាយាសិរាជញ្ញៈថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ដូច្នេះបាន ឱរាជញ្ញៈ បើតាមបរិយាយនេះឯង សូមមហាបពិត្រ បែរព្រះយោបល់ យល់មកយ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឧបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។
[១៤៣] ព្រះកស្សបៈដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរដែរហើយ ប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ឃើញ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ ដែលនាំឲ្យមហាបពិត្រ មានសេចក្តីយល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ ដូច្នេះ តើនៅមានឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយ ដែលនាំឲ្យខ្ញុំ មានសេចក្តីយល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ នៅមាន។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ ដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ព្រោះមិត្រអាមាត្យ និងញាតិសាលោហិត របស់ខ្ញុំក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ គ្មានអភិជ្ឈា គ្មានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះសម័យខាងក្រោយមក ពួកមិត្រអាមាត្យទាំងនោះ មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺចាប់ជាទម្ងន់ កាលដែលខ្ញុំដឹងថា ឥឡូវនេះ ពួកមិត្តអាមាត្យទាំងនេះ មុខជានឹងមិនស្បើយ ចាកអាពាធនេះទេ ខ្ញុំក៏ចូលទៅរកពួកមិត្តអាមាត្យទាំងនោះ ហើយនិយាយ យ៉ាងនេះថា នែអ្នកដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ និយាយយ៉ាងនេះ យល់យ៉ាងនេះថា ពួកជនណា វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ពួកជននោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ តែងទៅកើតឯឋានសុគតិសួគ៌ទេវលោក (ឥឡូវនេះ) អ្នកដ៏ចំរើនទាំងឡាយ សុទ្ធតែជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ហើយ បើជាពាក្យសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះពិតមែន អ្នកដ៏ចំរើនទាំងឡាយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ មុខជានឹងទៅកើតឯឋានសុគតិសួគ៌ ទេវលោកពុំខាន ម្នាលអ្នកដ៏ចំរើនទាំងឡាយ បើអ្នកទាំងឡាយ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតឯឋានសុគតិសួគ៌ទេវលោកមែន អ្នកទាំងឡាយ គប្បីមកប្រាប់យើងផងថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ព្រោះថា អ្នកទាំងឡាយដ៏ចំរើន ជាបុគ្គល គឺយើងគួរជឿ គួរទទួលស្តាប់ពាក្យបាន ហេតុណាដែលអ្នកដ៏ចំរើនទាំងឡាយ បានឃើញហើយ ហេតុនុ៎ះ នឹងទុកដូចជាយើងបានឃើញ ដោយខ្លួនឯងដែរ ពួកមិត្រអាមាត្យទាំងនោះ ទទួលតបពាក្យខ្ញុំថា ករុណាវិសេស ហើយមិនឃើញត្រឡប់មកប្រាប់ ទាំងមិនបញ្ជូនបំរើមកឡើយ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំ មានគំនិតយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។
[១៤៤] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្តីឧបមា ថ្វាយមហាបពិត្រ (ដ្បិត) ពួកបុរសខ្លះ ជាអ្នកចេះដឹង ក្នុងលោកនេះ គង់យល់សេចក្តីនៃភាសិត ដោយពាក្យឧបមាបាន បពិត្ររាជញ្ញៈ ប្រៀបដូចបុរសលិចចុះ ព្រមទាំងក្បាល ទៅក្នុងរណ្តៅលាមក គ្រានោះ មហាបពិត្រ បានត្រាស់បង្គាប់រាជបុរសទាំងឡាយថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ស្រង់បុរសនោះ អំពីរណ្តៅលាមកនោះឡើង រាជបុរសទាំងនោះ ទទួលព្រះឱង្ការ របស់មហាបពិត្រថា កុរណាវិសេស ហើយនាំគ្នាទៅស្រង់បុរសនោះ ពីរណ្តៅលាមកនោះមក ឯមហាបពិត្រ ក៏មានព្រះឱង្ការនឹងរាជបុរសទាំងនោះយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យកចម្រៀកឫស្សី មកកោសកៀរលាមក អំពីកាយបុរសនោះឲ្យស្អាតចេញ រាជបុរសទាំងនោះ ទទួលព្រះឱង្ការនៃមហាបពិត្រ ករុណាវិសេស ហើយក៏យកចម្រៀកឫស្សី មកកោសកៀរលាមក អំពីកាយបុរសនោះឲ្យស្អាត ទើបមហាបពិត្រ មានព្រះបន្ទូល នឹងរាជបុរសទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យកដីស្អិតពណ៌លឿង មកដុះលាងកាយបុរសនោះអស់បីដង រាជបុរសទាំងនោះ ទទួលព្រះឱង្ការរបស់មហាបពិត្រថា ករុណាវិសេស ហើយក៏យកដីស្អិតពណ៌លឿង មកដុះលាងកាយបុរសនោះ អស់បីដង មហាបពិត្រ មានព្រះបន្ទូល នឹងរាជបុរសទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យកប្រេង លាបបុរសនោះ ហើយយកគ្រឿងលំអិតដ៏ម៉ដ្ឋ ទៅខាត់ឲ្យស្អាតល្អអស់បីដង រាជបុរសទាំងនោះ ក៏បានយកប្រេងមកលាបបុរសនោះ ហើយយកគ្រឿងលំអិតដ៏ម៉ដ្ឋ ទៅខាត់ឲ្យស្អាតល្អអស់បីដង មហាបពិត្រ ត្រាស់ទៅនឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ កាត់សក់ និងពុកមាត់ របស់បុរសនោះចេញ រាជបុរសទាំងនោះ ក៏បានកាត់សក់ និងពុកមាត់របស់បុរសនោះ មហាបពិត្រ ត្រាស់យ៉ាងនេះថា បើដូច្នោះ ចូរអ្នកទាំងឡាយ យកផ្កាកម្រងថ្លៃច្រើន គ្រឿងលាបមានថ្លៃច្រើន និងសំពត់ទាំងឡាយ មានថ្លៃច្រើន ទៅប្រគល់ឲ្យបុរសនោះចុះ រាជបុរសទាំងនោះ ក៏យកផ្កាកម្រងថ្លៃច្រើន គ្រឿងលាបមានថ្លៃច្រើន និងសំពត់ទាំងឡាយ មានថ្លៃច្រើន ទៅប្រគល់ឲ្យបុរសនោះ មហាបពិត្រ ត្រាស់ទៅនឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ឲ្យបុរសនោះឡើងទៅលើប្រាសាទ ហើយចាត់ចែងនូវកាមគុណទាំង៥ចុះ ឯរាជបុរសទាំងនោះ ក៏ឲ្យបុរសនោះឡើងទៅលើប្រាសាទ ហើយចាត់ចែងនូវកាមគុណទាំង៥ បពិត្ររាជញ្ញៈ ចុះមហាបពិត្រ សំគាល់ហេតុនោះថាដូចម្តេច កាលបើបុរសនោះ បានងូតទឹកស្អាត ហើយលាបកាយស្រួលបួល កាត់សក់ កោរពុកមាត់ ស្រេចហើយ ពាក់គ្រឿងប្រដាប់កែវមណី ស្លៀកសំពត់ពណ៌សស្រេចហើយ ឡើងទៅលើប្រាសាទដ៏ប្រសើរ ឲ្យគេបំរើឲ្យឆ្អែតស្កប់ស្កល់ ដោយកាមគុណទាំង៥ហើយ តើវានៅតែមានសេចក្តីប្រាថ្នា នឹងមុជចុះទៅក្នុងរណ្តៅលាមកនោះទៀតឬ។ បពិត្រព្រះកស្សបៈដ៏ចំរើន មិនត្រូវការប្រាថ្នាទៀតទេ។ ចុះដំណើរនោះ តើព្រោះហេតុដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន (ព្រោះ) រណ្តៅលាមក មិនជាទីពេញចិត្ត ជារបស់មិនស្អាតផង ជាចំណែកនៃរបស់មិនស្អាតផង មានក្លិនស្អុយផង ជាចំណែក នៃរបស់មានក្លិនស្អុយផង ជារបស់គួរធុញទ្រាន់ផង ជាចំណែក នៃរបស់គួរធុញទ្រាន់ផង ជារបស់គួរខ្ពើមរអើមផង ជាចំណែកនៃរបស់គួរខ្ពើមរអើមផង។ ថ្វាយព្រះពររាជញ្ញៈ មនុស្សទាំងឡាយ ក៏យ៉ាងនោះដែរ គឺជាបុគ្គលមិនស្អាតផង ជាចំណែកនៃបុគ្គលមិនស្អាតផង មានក្លិនស្អុយផង ជាចំណែក នៃបុគ្គលមានក្លិនស្អុយផង គួរធុញទ្រាន់ផង ជាចំណែកនៃបុគ្គលគួរធុញទ្រាន់ផង គួរខ្ពើមរអើមផង ជាចំណែកនៃបុគ្គលគួរខ្ពើមរអើមផង នៃទេវតាទាំងឡាយ បពិត្ររាជញ្ញៈ ក្លិនមនុស្សធុំអាក្រក់ ផ្សាយឡើងទៅកាន់ស្ថានទេព្តា ចំនួន១០០យោជន៍ ពួកមិត្រអាមាត្យ និងញាតិសាលោហិតរបស់មហាបពិត្រ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ បានទៅកើតឯឋានសុគតិសួគ៌ទេវលោក ហើយនឹងមកប្រាប់ថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ដូចម្តេចបាន ឱរាជញ្ញៈ បើតាមបរិយាយនេះឯង សូមមហាបពិត្រ បែរព្រះយោបល់ យល់មកយ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។
[១៤៥] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរដែរហើយ ប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ឃើញ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមានទៀត។បេ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួកមិត្រអាមាត្យ និងញាតិសាលោហិត របស់ខ្ញុំក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ លុះសម័យខាងក្រោយមក ពួកមិត្រអាមាត្យជាដើមនោះ មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺចាប់ជាទម្ងន់ កាលបើខ្ញុំដឹងថា ឥឡូវនេះ ពួកមិត្រអាមាត្យទាំងនេះ មុខជាមិនសះស្បើយ ចាកអាពាធនេះទេ ខ្ញុំក៏ចូលទៅរកពួកមិត្រអាមាត្យទាំងនោះ ហើយនិយាយយ៉ាងនេះថា នែអ្នកដ៏ចំរើនទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ និយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ពួកជនណា ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ លុះពួកជនទាំងនោះ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ តែងទៅកើតឯឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតា ជាន់តាវត្តិង្ស (ឥឡូវនេះ) អ្នកដ៏ចំរើនទាំងឡាយសោត ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈហើយ បើជាពាក្យរបស់សមណព្រាហ្មណ៍ទាំងនោះពិតមែន អ្នកដ៏ចំរើនទាំងឡាយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ គង់នឹងទៅកើតឯឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្សពុំខាន នែអ្នកដ៏ចំរើនទាំងឡាយ បើអ្នកទាំងឡាយ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ បានទៅកើតឯឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្សមែន អ្នកទាំងឡាយ ត្រូវមកប្រាប់យើងផងថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ព្រោះថា អ្នកទាំងឡាយដ៏ចំរើន ជាបុគ្គលដែលយើងគួរជឿ យើងគួរទទួលស្តាប់ពាក្យបាន ហេតុណាដែលអ្នកដ៏ចំរើនទាំងឡាយ បានឃើញហើយ ហេតុនុ៎ះ នឹងទុកដូចជាយើងបានឃើញដោយខ្លួនឯងដែរ ពួកមិត្រអាមាត្យទាំងនោះ ទទួលពាក្យរបស់ខ្ញុំថា ករុណាវិសេស ហើយមិនឃើញមកប្រាប់សោះ ទាំងមិនបញ្ជូនបម្រើមកឡើយ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំមានគំនិតយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។
[១៤៦] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងត្រឡប់សួរមហាបពិត្រ ក្នុងបរិយាយនេះវិញ ប្រស្នានេះ ពេញព្រះហឫទ័យមហាបពិត្រយ៉ាងណា សូមមហាបពិត្រព្យាករប្រស្នានោះ យ៉ាងនោះចុះ បពិត្ររាជញ្ញៈ ១០០ឆ្នាំរបស់មនុស្ស ត្រូវជា១យប់ ១ថ្ងៃ របស់ទេវតាជាន់តាវតឹង្ស រាប់រាត្រីនោះបាន៣០រាត្រី ត្រូវជា១ខែ រាប់ខែនោះបាន១២ខែ ត្រូវជា១ឆ្នាំ រាប់ឆ្នាំនោះបាន មួយពាន់ឆ្នាំទិព្វ ជាប្រមាណនៃអាយុរបស់ពួកទេវតាជាន់តាវតឹង្ស ពួកមិត្រអាមាត្យ និងញាតិសាលោហិតណា ជាអ្នកបានវៀរបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈហើយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ បានទៅកើតឯឋានសុគតិសួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវតិង្ស ចុះបើពួកមិត្រអាមាត្យទាំងនោះ មានគំនិតយ៉ាងនេះថា ចាំយើងទាំងឡាយ ឲ្យគេបំរើឲ្យឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ ជាទិព្វអស់យប់ និងថ្ងៃពីរ ឬបីសិន រួចសិមយើងទៅប្រាប់ដល់ព្រះបាទបាយាសិរាជញ្ញៈថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ចុះពួកមិត្រអាមាត្យជាដើមនោះ គប្បីមកទូលមហាបពិត្រថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ តើទាន់ឬទេ។ បពិត្រព្រះកស្សបៈដ៏ចំរើន មកប្រាប់មិនទាន់ទេ បពិត្រព្រះកស្សបៈដ៏ចំរើន បានជាមកប្រាប់មិនទាន់ ព្រោះថា ខ្ញុំមុខជានឹងស្លាប់បាត់ទៅមុន យូរណាស់ហើយ ចុះអ្នកណាមកប្រាប់ដំណឹងនេះ ដល់ព្រះកស្សបដ៏ចំរើនថា ពួកទេវតាជាន់តាវត្តិង្សមាន ឬថាពួកទេវតាជាន់តាវត្តិង្ស មានអាយុវែង យ៉ាងនេះ យើងមិនទាន់ជឿព្រះកស្សបដ៏ចំរើនថា ពួកទេវតាជាន់តាវត្តិង្សមាន ឬថាពួកទេវតាជាន់តាវត្តិង្ស មានអាយុវែង យ៉ាងនេះទេ។ ថ្វាយព្រះពររាជញ្ញៈ ប្រៀបដូចជាបុរសខ្វាក់ អំពីកំណើត មិនដែលឃើញរូបខ្មៅ ឬស មិនដែលឃើញរូប ដែលមានសម្បុរខៀវ មិនដែលឃើញរូប ដែលមានសម្បុរលឿង មិនដែលឃើញរូប ដែលមានសម្បុរក្រហម មិនដែលឃើញរូប ដែលមានសម្បុរហង្សបាទ មិនដែលឃើញរបស់ស្មើ និងមិនស្មើ មិនដែលឃើញរូបផ្កាយទាំងឡាយ មិនដែលឃើញព្រះចន្ទ និងព្រះអាទិត្យទេ មនុស្សខ្វាក់នោះ មុខជានឹងនិយាយយ៉ាងនេះថា រូបខ្មៅ ឬ-សគ្មានទេ បុគ្គលអ្នកឃើញរូបខ្មៅ ឬស គ្មានទេ រូបខៀវគ្មានទេ បុគ្គលអ្នកឃើញរូបមានសម្បុរខៀវគ្មានទេ រូបសម្បុរលឿងគ្មានទេ បុគ្គលអ្នកឃើញរូបមានសម្បុរលឿងគ្មានទេ រូបសម្បុរក្រហមគ្នាទេ បុគ្គលអ្នកឃើញរូបមានសម្បុរក្រហមគ្មានទេ រូបសម្បុរហង្សបាទគ្មានទេ បុគ្គលអ្នកឃើញរូបមានសម្បុរហង្សបាទគ្មានទេ របស់ស្មើ និងមិនស្មើគ្មានទេ បុគ្គលអ្នកឃើញរបស់ស្មើ និងមិនស្មើគ្មានទេ រូបផ្កាយគ្មានទេ បុគ្គលអ្នកឃើញរូបផ្កាយគ្មានទេ ព្រះចន្ទ និងព្រះអាទិត្យគ្មានទេ បុគ្គលអ្នកឃើញនូវព្រះចន្ទ និងព្រះអាទិត្យគ្មានទេ អាត្មាអញមិនស្គាល់របស់នុ៎ះ អាត្មាអញមិនឃើញរបស់នុ៎ះ ហេតុដូច្នោះ របស់នោះគ្មានទេ បពិត្ររាជញ្ញៈដ៏ចំរើន កាលបើមនុស្សខ្វាក់អំពីកំណើត និយាយ(យ៉ាងនោះ) ឈ្មោះថា និយាយត្រូវឬទេ។ បពិត្រព្រះកស្សបៈដ៏ចំរើន មិនត្រូវទេ (ព្រោះ) រូបខ្មៅ ឬស មាន បុគ្គលអ្នកឃើញរូបខ្មៅ ឬ ស មាន រូបខៀវមាន បុគ្គលអ្នកឃើញរូបខៀវមាន។បេ។ របស់ស្មើ និងមិនស្មើមាន បុគ្គលអ្នកឃើញរបស់ស្មើ និងមិនស្មើមាន រូបផ្កាយមាន បុគ្គលអ្នកឃើញរូបផ្កាយមាន ព្រះចន្ទ ព្រះអាទិត្យមាន បុគ្គលអ្នកឃើញព្រះចន្ទ ព្រះអាទិត្យមាន បពិត្រព្រះកស្សបដ៏ចំរើន កាលបើបុរសខ្វាក់អំពីកំណើត និយាយថា អាត្មាអញ មិនស្គាល់របស់នុ៎ះ អាត្មាអញ មិនឃើញរបស់នុ៎ះ ព្រោះហេតុនោះ របស់នោះ មិនមានទេ ដូច្នេះឈ្មោះថា និយាយមិនត្រូវសោះឡើយ។ ថ្វាយព្រះពររាជញ្ញៈ យ៉ាងហ្នឹងមែនហើយ អង្គមហាបពិត្រ ទុកដូចមនុស្សខ្វាក់អំពីកំណើតប្រាកដ (បានជា) មហាបពិត្រ ត្រាស់យ៉ាងនេះថា ចុះមានអ្នកណាមកប្រាប់ដំណឹងនេះ ដល់ព្រះកស្សបដ៏ចំរើនថា ពួកទេវតាជាន់តាវត្តិង្សមាន ឬថា ពួកទេវតាជាន់តាវត្តិង្សមានអាយុវែង យ៉ាងនេះ យើងមិនជឿ (ពាក្យរបស់) ព្រះកស្សបដ៏ចំរើនថា ពួកទេវតាជាន់តាវត្តិង្សមាន ឬថា ពួកទេវតាជាន់តាវត្តិង្សមានអាយុវែង យ៉ាងនេះទេ បពិត្ររាជញ្ញៈ ព្រះអង្គសំគាល់យកដោយមំសចក្ខុនេះ យ៉ាងណា ឯលោកដទៃ បុគ្គលមិនគប្បីឃើញបានយ៉ាងនោះឡើយ បពិត្ររាជញ្ញៈ ពួកសមណព្រាហ្មណ៍ណា អាស្រ័យសេពសេនាសនៈទាំងឡាយ ដ៏ស្ងាត់ ដែលតាំងនៅក្នុងព្រៃតូច និងព្រៃធំ ពួកសមណព្រាហ្មណ៍ទាំងនោះ មិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តឆ្ពោះទៅកាន់ព្រះនិព្វាន ជម្រះនូវទិព្វចក្ខុ នៅក្នុងព្រៃស្ងាត់នោះ ពួកសមណព្រាហ្មណ៍ទាំងនោះឯង ទើបឃើញលោកនេះផង លោកដទៃផង ពួកសត្វជាឱបបាតិកៈផង ដោយចក្ខុ ដូចជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុជារបស់មនុស្សធម្មតា បពិត្ររាជញ្ញៈ ឯបុគ្គលគប្បីឃើញលោកដទៃយ៉ាងនោះឯង មិនមែនដូចជាមហាបពិត្រ សំគាល់ដោយមំសចក្ខុនេះទេ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ បែរព្រះយោបល់ យល់យ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។
[១៤៧] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ឃើញ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមាន(ទៀត)ឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ក្នុងលោកនេះ ខ្ញុំឃើញពួកសមណព្រាហ្មណ៍ មានសីល មានធម៌ល្អ ចង់តែរស់ មិនចង់ស្លាប់ ប្រាថ្នាតែសេចក្តីសុខ ស្អប់ខ្ពើមទុក្ខ បពិត្រព្រះកស្សបដ៏ចំរើន ខ្លួនខ្ញុំនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មានសីល មានធម៌ល្អ គប្បីដឹង យ៉ាងនេះថា យើងទាំងឡាយ កាលបើស្លាប់ពីលោកនេះទៅ មុខជានឹងបានសេចក្តីសុខប្រសើរ ឥឡូវនេះ ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនេះ មានសីល មានធម៌ដ៏ល្អហើយ គួរតែស៊ីថ្នាំពិសក្តី យកកាំបិតមក (អារកខ្លួន)ឯងក្តី ចងកសម្លាប់ក្តី លោតទំលាក់ទៅក្នុងជ្រោះក្តី តែពួកសមណព្រាហ្មណ៍ដ៏ចំរើននេះ មានសីល មានធម៌ល្អហើយ មិនដឹងយ៉ាងនេះថា យើងកាលបើស្លាប់ ពីលោកនេះទៅ នឹងបានសេចក្តីសុខប្រសើរដូច្នេះឡើយ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ដ៏ចំរើននេះ មានសីល មានធម៌ល្អហើយ នៅតែចង់រស់ មិនចង់ស្លាប់ ប្រាថ្នាតែសេចក្តីសុខ ស្អប់ខ្ពើមទុក្ខ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំមានសេចក្តីចូលចិត្ត យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។
[១៤៨] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្តីឧបមា ថ្វាយមហាបពិត្រ ព្រោះពួកបុរស ដែលជាអ្នកចេះដឹងខ្លះ ក្នុងលោកនេះ គង់យល់សេចក្តីនៃភាសិត ដោយពាក្យឧបមាបាន បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានព្រាហ្មណ៍ម្នាក់ មានប្រពន្ធពីរនាក់ គឺប្រពន្ធម្នាក់ មានកូនប្រុស១ មានអាយុ១០ឆ្នាំ ឬ១២ឆ្នាំ ប្រពន្ធម្នាក់ទៀត កំពុងតែមានគភ៌ ជិតនឹងសម្រាល ក្នុងពេលនោះ ព្រាហ្មណ៍ជា(ស្វាមី)នោះ ក៏ធ្វើមរណកាលទៅ លំដាប់នោះ មាណពជាកូននោះ បាននិយាយនឹងម្តាយចុង យ៉ាងនេះថា នែអ្នកម្តាយដ៏ចំរើន របស់ណាគឺទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី របស់ទាំងអស់នោះ ជារបស់ខ្ញុំ ឯអ្នក មិនត្រូវបានចំណែកតិចតួច ក្នុងសម្បត្តិនេះទេ នែអ្នកម្តាយដ៏ចំរើន សូមអ្នកម្តាយ ប្រគល់ទ្រព្យមត៌ក ជារបស់បិតាឲ្យមកខ្ញុំ។ កាលមាណពនោះ និយាយយ៉ាងនេះ នាងព្រាហ្មណីនោះ បាននិយាយនឹងមាណពនោះ យ៉ាងនេះថា នែកូន ចូរបាបង្អង់សិន ទំរាំអញសម្រាលកូនរួចសិន បើកូននោះ ជាកូនប្រុស កូនប្រុសនោះ នឹងត្រូវបានទ្រព្យបន្តិចបន្តួចដែរ បើកូននោះ ជាកូនស្រី កូនស្រីនោះ នឹងបានធ្វើជាភរិយារបស់អ្នក។ មាណពនោះ និយាយនឹងម្តាយចុង ជាគំរប់ពីរដង យ៉ាងនេះថា នែអ្នកម្តាយ របស់ណា គឺទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី របស់ទាំងអស់នោះ ជារបស់ខ្ញុំ អ្នក មិនត្រូវបានចំណែកតិចតួច ក្នុងសម្បត្តិនេះទេ នែអ្នកម្តាយដ៏ចំរើន ចូរអ្នកប្រគល់ទ្រព្យមត៌ក ជារបស់បិតាឲ្យមកខ្ញុំ។ នាងព្រាហ្មណីនោះ និយាយនឹងមាណពនោះ ជាគំរប់ពីរដងទៀត យ៉ាងនេះថា នែបា ចូរអ្នកបង្អង់សិន ទំរាំអញសម្រាលកូនរួច បើកូននោះ ជាកូនប្រុស កូនប្រុសនោះ នឹងត្រូវបានទ្រព្យបន្តិចបន្តួចដែរ បើកូននោះ ជាកូនស្រី កូនស្រីនោះ នឹងបានជាភរិយារបស់អ្នក។ មាណពនោះ និយាយនឹងម្តាយចុង ជាគំរប់បីដង យ៉ាងនេះថា នែអ្នកម្តាយដ៏ចំរើន របស់ណា គឺទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី របស់ទាំងអស់នោះ ជារបស់ខ្ញុំ អ្នកមិនត្រូវបានចំណែកតិចតួច ក្នុងសម្បត្តិនេះទេ នែអ្នកម្តាយ ចូរអ្នកប្រគល់ទ្រព្យមត៌ក ជារបស់បិតាឲ្យមកខ្ញុំ។ លំដាប់នោះ នាងព្រាហ្មណីនោះ កាន់កាំបិត ចូលទៅក្នុងបន្ទប់ ហើយវះពោះខ្លួនឯង គិតថា បើជាប្រុស ឬស្រី អាត្មាអញគង់ដឹងច្បាស់បាន នាងព្រាហ្មណីនោះ ហេតុតែល្ងង់ មិនឈ្លាសវៃ ស្វែងរកទ្រព្យមត៌ក ដោយមិនត្រូវទំនង ក៏ដល់នូវសេចក្តីវិនាស ទាំងខ្លួនផង ជីវិតផង កូនក្នុងគភ៌ផង សម្បត្តិផង ដោយពិត បពិត្ររាជញ្ញៈ ព្រះអង្គជាបុគ្គលល្ងង់ មិនឈ្លាសវៃ ស្វែងរកបរលោកដោយខុសទំនង គង់នឹងដល់នូវសេចក្តីវិនាស ដូចជាព្រាហ្មណី ដែលល្ងង់ មិនឈ្លាសវៃ ស្វែងរកសម្បត្តិដោយមិនត្រូវទំនង ក៏បានដល់នូវសេចក្តីវិនាស ដូច្នោះមិនខាន។ បពិត្ររាជញ្ញៈ សមណព្រាហ្មណ៍ទាំងឡាយ មានសីល មានធម៌ល្អ រមែងមិនផ្តាច់បង់នូវអាយុ ដែលមិនទាន់អស់ទេ មួយវិញទៀត អ្នកប្រាជ្ញទាំងឡាយ តែងរង់ចាំកាល ឲ្យអាយុដល់កំណត់។ បពិត្ររាជញ្ញៈ សមណព្រាហ្មណ៍ទាំងឡាយ មានសីល មានធម៌ល្អ មានជីវិតវិសេសជាងពួកជនដទៃ បពិត្ររាជញ្ញៈ ពួកសមណព្រាហ្មណ៍ មានសីល មានធម៌ល្អ ឋិតនៅអស់កាលយូរអង្វែង ដោយប្រការណា ពួកសមណព្រាហ្មណ៍ទាំងនោះ រមែងបាននូវបុណ្យច្រើន និងប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការដូច្នោះឯង។ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ បែរព្រះយោបល់ យល់មកយ៉ាងនេះវិញថា លោកដទៃមាន។បេ។ ផលវិបាកមាន ដោយហេតុនេះ។
[១៤៩] ព្រះកស្សបដ៏ចំរើន និយាយយ៉ាងនេះ ក៏គួរហើយ ប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោកដទៃមិនមាន។បេ។ ផលវិបាក មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយមានទៀតឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់ចោរដែលប្រព្រឹត្តអាក្រក់ យកមកបង្ហាញខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះ ជាចោរប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យ ដាក់អាជ្ញាណាដល់ចោរនេះ សូមព្រះអង្គដាក់អាជ្ញានោះមក ខ្ញុំក៏និយាយទៅនឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ចាប់បុរសនេះទាំងរស់ បោះទៅក្នុងខ្ទះ ហើយគ្របមាត់ខ្ទះ យកស្បែកស្រស់ពាសដាស រួចយកដីស្អិតសើម មកបូកឲ្យក្រាស់ ហើយលើកដាក់លើចង្ក្រាន រួចដុតភ្លើង ឯរាជបុរសទាំងនោះ ទទួលពាក្យរបស់ខ្ញុំថា ករុណាវិសេស ហើយក៏ចាប់បុរសនោះទាំងរស់ បោះទៅក្នុងខ្ទះ គ្របមាត់ខ្ទះ យកស្បែកស្រស់មកពាសដាស រួចយកដីស្អិតសើម មកបូកឲ្យក្រាស់ រួចដាក់លើចង្ក្រាន ហើយដុតភ្លើង។ កាលដែលយើងដឹងថា បុរសនោះស្លាប់ហើយ ទើបឲ្យពួករាជបុរស ដាក់ខ្ទះនោះចុះមក គាស់ដីស្អិត បង្ហើបមាត់សន្សឹមៗ ហើយពិនិត្យមើលដោយបំណងថា យើងនឹងចាំមើលជីវៈ (ព្រលឹង) របស់ចោរនោះ ដែលចេញទៅ តែយើងមិនឃើញជីវៈរបស់ចោរនោះចេញទៅសោះ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំមានគំនិត យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងត្រឡប់សួរមហាបពិត្រ ក្នុងបរិយាយនេះវិញ ប្រស្នានេះ ពេញព្រះហឫទ័យនៃមហាបពិត្រ យ៉ាងណា សូមមហាបពិត្រ ព្យាករប្រស្នានោះយ៉ាងនោះ។ បពិត្ររាជញ្ញៈ ទ្រង់ធ្លាប់ចូលទៅកាន់ទីព្រះបន្ទំ ក្នុងវេលាថ្ងៃ បានទ្រង់ព្រះសុបិនឃើញសួនច្បារ ជាទីសប្បាយ ព្រៃជាទីសប្បាយ (ទេសភាព) ផែនដីជាទីសប្បាយ ស្រះឈូកជាទីសប្បាយ ដែរឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន ខ្ញុំធ្លាប់ចូលទៅកាន់ដំណេក ក្នុងវេលាថ្ងៃ ធ្លាប់យល់សប្តិឃើញ សួនច្បារ ជាទីសប្បាយ ព្រៃជាទីសប្បាយ ផែនដីជាទីសប្បាយ ស្រះឈូកជាទីសប្បាយ ដែរ។ ចុះក្នុងសម័យនោះ មានពួកស្រីគមខ្លះ ស្រីតឿខ្លះ ក្មេងស្រីកំពុងពេញល្បែងខ្លះ ក្មេងស្រីតូចៗខ្លះ ចាំរក្សាព្រះអង្គដែរឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន អើក្នុងសម័យនោះ មានពួកស្រីគមខ្លះ ស្រីតឿខ្លះ ក្មេងស្រីកំពុងពេញល្បែងខ្លះ ក្មេងស្រីតូចៗខ្លះ ចាំរក្សាខ្ញុំដែរ។ ចុះពួកស្រីទាំងនោះ ឃើញព្រលឹងរបស់មហាបពិត្រ កំពុងចូលមក ឬកំពុងចេញទៅដែរឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន មិនឃើញទេ។ ឱរាជញ្ញៈ អម្បាលយ៉ាងពួកស្រីទាំងនោះនៅរស់ គង់មិនឃើញព្រលឹងរបស់មហាបពិត្រកំពុងរស់នៅ កាលចូលមក ឬចេញទៅ ចំណង់បើមនុស្សស្លាប់ទៅហើយ មហាបពិត្រ នឹងទតឃើញព្រលឹង កាលចូលមក ឬចេញទៅដូចម្តេចបាន។ ឱរាជញ្ញៈ បើតាមបរិយាយនេះឯង សូមមហាបពិត្រ យល់មកយ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។
[១៥០] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរដែរហើយ ប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតដែរឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់ចោរដែលប្រព្រឹត្តអាក្រក់ យកមកឲ្យខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យ ដាក់អាជ្ញាណា ដល់ចោរនេះ សូមដាក់អាជ្ញានោះចុះ ខ្ញុំក៏និយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យកជញ្ជីងថ្លឹងបុរសនេះទាំងរស់ ហើយយកខ្សែបន្លោះធ្នូ ចងរឹតរួត មិនឲ្យមានដង្ហើមចេញចូល ឲ្យស្លាប់ រួចយកជញ្ជីងមកថ្លឹងម្តងទៀត រាជបុរសទាំងនោះ ទទួលពាក្យរបស់ខ្ញុំថា ករុណាវិសេស ហើយក៏យកជញ្ជីងមកថ្លឹងបុរសនេះទាំងរស់ រួចយកខ្សែបន្លោះធ្នូ ចងរឹតរួត មិនឲ្យមានដង្ហើមចេញចូល ឲ្យស្លាប់ ហើយយកជញ្ជីងមកថ្លឹងម្តងទៀត។ កាលបុរសនោះនៅរស់ ជាបុគ្គលស្រាលជាងផង ទន់ជាងផង គួរដល់ការងារជាងផង លុះបុរសនោះស្លាប់ហើយ ក៏បែរជាធ្ងន់ជាងវិញផង រឹងជាងវិញផង មិនគួរដល់ការងារអ្វីផង។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំមានគំនិតយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។
[១៥១] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្តីឧបមាថ្វាយមហាបពិត្រ បុរសអ្នកចេះដឹងពួកខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិត ដោយឧបមាបាន។ បពិត្ររាជញ្ញៈ ដូចជាបុរសយកជញ្ជីងថ្លឹងដុំដែក ដែលភ្លើងឆេះរន្ទាលច្រាលឆ្អៅ មានអណ្តាតសន្ធោសន្ធៅ ក្តៅអស់មួយថ្ងៃ លុះសម័យខាងក្រោយមក គេក៏បានយកជញ្ជីងមកថ្លឹងដុំដែក ដែលរលត់ភ្លើង ត្រជាក់អស់ហើយនោះ (ម្តងទៀត) ចុះដុំដែកនោះ ដែលទៅជាស្រាលជាង ឬទន់ជាង ឬគួរដល់ការងារជាង តើក្នុងកាលណា ក្នុងកាលដែលកំពុងឆេះរន្ទាលច្រាលឆ្អៅ មានអណ្តាតសន្ធោសន្ធៅឬ ឬក្នុងកាលដែលរលត់ភ្លើង ត្រជាក់ហើយ។ បពិត្រព្រះកស្សបដ៏ចំរើន ក្នុងកាលណា ដែលដុំដែកនោះប្រកបដោយភ្លើង ទាំងប្រកបដោយខ្យល់ កំពុងឆេះរន្ទាលច្រាលឆ្អៅ មានអណ្តាតសន្ធោសន្ធៅ ក្នុងកាលនោះឯង ដុំដែកនោះ ស្រាលជាងផង ទន់ជាងផង គួរដល់ការងារជាងផង លុះតែកាលណា ដុំដែកនោះ មិនប្រកបដោយភ្លើង មិនប្រកបដោយខ្យល់ រលត់ភ្លើង ត្រជាក់អស់ហើយ ក្នុងកាលនោះ ដុំដែកនោះ ទៅជាធ្ងន់ជាងផង រឹងជាងផង មិនគួរដល់ការងារជាងផង។ ថ្វាយព្រះពររាជញ្ញៈ កាយនេះឯង ក៏យ៉ាងនោះដែរ កាលណាបើបានប្រកបដោយអាយុផង ប្រកបដោយភ្លើងធាតុផង ប្រកបដោយវិញ្ញាណផង ទើបកាយនេះ ទៅជាស្រាលជាងផង ទន់ជាងផង គួរដល់ការងារជាងផង តែបើកាលណា កាយនេះ មិនប្រកបដោយអាយុផង មិនប្រកបដោយភ្លើងធាតុផង មិនប្រកបដោយវិញ្ញាណផងទេ កាយនេះឯង ក៏ទៅជាធ្ងន់ជាងផង រឹងជាងផង មិនគួរដល់ការងារផង។ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ យល់យ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។
[១៥២] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរដែរហើយ តែខ្ញុំនៅតែមានសេចក្តីយល់ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតដែរឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់បានចោរ ដែលប្រព្រឹត្តអាក្រក់មកឲ្យខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន បុរសនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យ នឹងដាក់អាជ្ញាណា ដល់ចោរនេះ សូមដាក់អាជ្ញានោះចុះ ខ្ញុំក៏និយាយយ៉ាងនេះ នឹងរាជបុរសទាំងនោះថា នែអ្នកដ៏ចំរើនទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរសម្លាប់បុរសនេះចុះ តែកុំឲ្យខូចស្បែកក្រៅ ស្បែកក្នុង សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹង ក្រែងលោយើងនឹងបានឃើញជីវៈ (ព្រលឹង) របស់បុរសនោះចេញមក រាជបុរសទាំងនោះ ទទួលពាក្យរបស់ខ្ញុំថា ករុណាវិសេស ហើយក៏សម្លាប់បុរសនោះ មិនឲ្យមានស្នាមជាំដាំ ត្រង់ស្បែកក្រៅ ស្បែកក្នុង សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹងឡើយ។ ក្នុងកាលដែលគេកំពុងប្រុងប្រៀបនឹងសម្លាប់ចោរនោះ ខ្ញុំបាននិយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ឲ្យបុរសនេះដេកផ្ងារឡើង ក្រែងយើងនឹងបានឃើញជីវៈរបស់វាចេញមក រាជបុរសទាំងនោះ ក៏ឲ្យបុរសនោះដេកផ្ងារឡើង។ យើងក៏មិនឃើញជីវៈរបស់ចោរនោះចេញមកសោះ ខ្ញុំនិយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ឲ្យបុរសនេះដេកផ្កាប់ ដេកផ្អៀងទៅម្ខាងហើយ ឲ្យដេកផ្អៀងទៅម្ខាងទៀត ហើយលើកបញ្ឈរឡើង លើកសំយ៉ុងក្បាលចុះ យកដៃគោះមើល យកដុំដីគោះមើល យកដំបងគោះមើល យកគ្រឿងសស្ត្រាគោះមើល ទាញមក ច្រានត្រឡប់ទៅវិញ ទាញប្រែត្រឡប់ទៅ ត្រឡប់មក ក្រែងយើងនឹងបានឃើញជីវៈរបស់បុរសនេះចេញទៅ ឯរាជបុរសទាំងនោះ ក៏ទាញបុរសនោះមក ច្រានត្រឡប់ទៅវិញ ទាញប្រែត្រឡប់ទៅត្រឡប់មក។ យើងក៏មិនបានឃើញជីវៈរបស់បុរសនោះ ចេញមកសោះ។ ភ្នែកនោះឯងរបស់បុរសនោះ ក៏នៅជាភ្នែកដដែល រូបទាំងឡាយនោះ ក៏នៅជារូបដដែល ប៉ុន្តែបុរសនោះឯង មើលមិនឃើញនូវរូបាយតនៈនោះ (ដោយភ្នែកនោះ)សោះ។ ត្រចៀកនោះឯង ក៏នៅជាត្រចៀកដដែល សម្លេងទាំងឡាយនោះ ក៏នៅជាសម្លេងដដែល ទាស់តែបុរសនោះ ស្តាប់សទ្ទាយតនៈនោះមិនឮ (ដោយត្រចៀក)សោះ។ ច្រមុះនោះឯង ក៏នៅជាច្រមុះដដែល ក្លិនទាំងឡាយនោះ ក៏នៅជាក្លិនដដែល តែថាបុរសនោះ មិនធុំនូវគន្ធាយតនៈនោះ (ដោយច្រមុះនោះ)សោះ។ អណ្តាតនោះឯង ក៏នៅជាអណ្តាតដដែល រសទាំងឡាយនោះ ក៏នៅជារសដដែល តែថាបុរសនោះ មិនដឹងច្បាស់នូវរសាយតនៈនោះ (ដោយអណ្តាតនោះ)សោះ។ កាយនោះឯង ក៏នៅជាកាយដដែល ផោដ្ឋព្វៈទាំងឡាយនោះ ក៏នៅជាផោដ្ឋព្វៈដដែល ទាស់តែបុរសនោះ មិនដឹងច្បាស់នូវផោដ្ឋព្វាយតនៈនោះ (ដោយកាយនោះ)សោះ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំមានសេចក្តីចូលចិត្ត យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។
[១៥៣] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើសេចក្តីឧបមា ថ្វាយមហាបពិត្រ វិញ្ញូបុរសទាំងឡាយពួកខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិត ដោយឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានបុរសផ្លុំស័ង្ខម្នាក់ កាន់ស័ង្ខ ដើរទៅកាន់ជនបទ ដែលនៅចុងដែន។ បុរសនោះ ចូលទៅក្នុងស្រុកមួយ លុះចូលទៅដល់ហើយ ឈរកណ្តាលស្រុកផ្លុំស័ង្ខ៣ដង ហើយដាក់ស័ង្ខលើផែនដី រួចអង្គុយក្នុងទីដ៏សមគួរ។ បពិត្ររាជញ្ញៈ លំដាប់នោះ ពួកមនុស្សនៅក្នុងបច្ចន្តជនបទនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នែគ្នាយើងអើយ ចុះសំឡេងនោះ តើជាសំឡេងអ្វី បានជាគួរឲ្យយើ់ងត្រេកអរ អ្វីដល់ម្ល៉េះ គួរឲ្យចង់ស្តាប់អ្វីម្ល៉េះ គួរឲ្យភាន់ភាំងអ្វីម្ល៉េះ គួរឲ្យជាប់ចិត្តអ្វីម្ល៉ះ គួរឲ្យរសាយទុក្ខអ្វីម្ល៉េះ។ មនុស្សទាំងនោះ ប្រជុំគ្នា ហើយសួរទៅអ្នកផ្លុំស័ង្ខនោះ យ៉ាងនេះថា នែអ្នកដ៏ចំរើន ចុះសំឡេងនោះ ជាសំឡេងអ្វី បានជាគួរឲ្យយើ់ងត្រេកអរ អ្វីដល់ម្ល៉េះ គួរឲ្យចង់ស្តាប់អ្វីម្ល៉េះ គួរឲ្យភាន់ភាំងអ្វីម្ល៉េះ គួរឲ្យជាប់ចិត្តអ្វីម្ល៉ះ គួរឲ្យរសាយទុក្ខអ្វីម្ល៉េះ។ បុរសអ្នកផ្លុំស័ង្ខ និយាយថា ម្នាលអ្នកដ៏ចំរើន សំឡេងដែលគួរឲ្យអ្នកផងត្រេកអរយ៉ាងនេះ គួរឲ្យចង់ស្តាប់យ៉ាងនេះ គួរឲ្យភាន់ភាំងយ៉ាងនេះ គួរឲ្យជាប់ចិត្តយ៉ាងនេះ គួរឲ្យរសាយទុក្ខយ៉ាងនេះ សំឡេងនោះ គឺជាសំឡេងស័ង្ខនេះឯង។ មនុស្សទាំងនោះ ក៏ផ្តេកស័ង្ខនោះ ឲ្យផ្ងារឡើង ហើយនិយាយថា នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល។ ស័ង្ខនោះ ក៏មិនបន្លឺ (សំឡេង)សោះ។ មនុស្សទាំងនោះ ក៏ផ្កាប់ស័ង្ខនោះ ហើយផ្តេកទៅម្ខាង ផ្តេកទៅម្ខាងទៀត ហើយលើកបញ្ឈរឡើង សំយុងចុះ យកដៃគោះ យកដុំដីគោះ យកដំបងគោះ យកគ្រឿងសស្ត្រាគោះ ប្រមៀលមក ប្រមៀលទៅ ប្រមៀលចុះ ប្រមៀលឡើង ហើយនិយាយថា នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល។ ស័ង្ខនោះ ក៏នៅតែមិនបន្លឺ (សំឡេង)សោះ។ បពិត្ររាជញ្ញៈ លំដាប់នោះ អ្នកផ្លុំស័ង្ខនោះ មានសេចក្តីត្រិះរិះដូច្នេះថា ពួកមនុស្សអ្នកនៅក្នុងបច្ចន្តជនបទទាំងអស់នេះ ហៅពេញជាមនុស្សល្ងង់ មិនសមបើនឹងស្វែងរកសំឡេងស័ង្ខ ដោយខុសទំនងសោះ។ កាលពួកមនុស្សទាំងនោះ កំពុងមើល បុរសផ្លុំស័ង្ខនោះ ក៏ចាប់ស័ង្ខផ្លុំ៣ដង ហើយកាន់ស័ង្ខដើរចៀសចេញទៅ។ បពិត្ររាជញ្ញៈ លំដាប់នោះ មនុស្សនៅក្នុងបច្ចន្តជនបទទាំងអស់នោះ មានសេចក្តីត្រិះរិះដូច្នេះថា នែគ្នាយើងអើយ ធម្មតា ស័ង្ខនេះ លុះតែកាលណា បានផ្សំនឹងបុរសផង ផ្សំនឹងសេចក្តីព្យាយាមផង ផ្សំនឹងខ្យល់ផង ទើបស័ង្ខនេះ បន្លឺ (សំឡេង) ក្នុងកាលណោះបាន កាលណាបើស័ង្ខនេះ មិនបានផ្សំនឹងបុរស មិនបានផ្សំនឹងសេចក្តីព្យាយាម មិនបានផ្សំនឹងខ្យល់ទេ ស័ង្ខនេះ ក៏បន្លឺសំឡេងមិនបាន។ បពិត្ររាជញ្ញៈ កាយនេះក៏ដូច្នោះដែរ កាលណាប្រកបដោយអាយុផង ប្រកបដោយភ្លើងធាតុផង ប្រកបដោយវិញ្ញាណផង ក្នុងកាលនោះ ទើបកាយនោះ ឈានទៅក៏បាន ថយក្រោយក៏បាន ឈរក៏បាន អង្គុយក៏បាន សម្រេចឥរិយាបថដេកក៏បាន ឃើញរូបដោយភ្នែកក៏បាន ស្តាប់សំឡេងដោយត្រចៀកក៏បាន ធុំក្លិនដោយច្រមុះក៏បាន លិទ្ធភ្លក្សរសដោយអណ្តាតក៏បាន ពាល់ត្រូវផោដ្ឋព្វៈដោយកាយក៏បាន ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តក៏បាន តែកាលណាកាយនេះ មិនប្រកបដោយអាយុផង មិនប្រកបដោយភ្លើងធាតុផង មិនប្រកបដោយវិញ្ញាណផងទេ ក្នុងកាលនោះ កាយនេះ ឈានទៅមុខក៏មិនបាន ថយក្រោយក៏មិនបាន ឈរក៏មិនបាន អង្គុយក៏មិនបាន សម្រេចឥរិយាបថដេកក៏មិនបាន ឃើញរូបដោយចក្ខុក៏មិនបាន ស្តាប់សំឡេងដោយត្រចៀកក៏មិនបាន ធុំក្លិនដោយច្រមុះក៏មិនបាន លិទ្ធភ្លក្សរសដោយអណ្តាតក៏មិនបាន ប៉ះពាល់ត្រូវផោដ្ឋព្វៈដោយកាយក៏មិនបាន ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តក៏មិនបាន។ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ ទ្រង់យល់មក យ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។
ចប់ បឋមភាណវារៈ។
[១៥៤] ព្រះកស្សដ៏ចំរើន និយាយយ៉ាងនេះ ក៏គួរដែរហើយ ប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ក្នុងហេតុនុ៎ះ យ៉ាងនេះទៀតថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតដែរឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់ចោរដែលប្រព្រឹត្តអាក្រក់ មកឲ្យដល់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះ ជាចោរប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យនឹងដាក់អាជ្ញាណា ដល់ចោរនេះ សូមព្រះអង្គដាក់អាជ្ញានោះចុះ ខ្ញុំនិយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះថា នែអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ឆូតស្បែកក្រៅ របស់បុរសនេះមើល ក្រែងលោយើងឃើញជីវៈរបស់បុរសនេះ ពួករាជបុរសទាំងនោះ ក៏ឆូតស្បែកក្រៅរបស់បុរសនោះ។ យើងក៏មិនបានឃើញជីវៈរបស់បុរសនោះសោះ។ ខ្ញុំនិយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ពន្លះស្បែកក្នុង អារសាច់ កាត់សរសៃ កាត់ឆ្អឹង ឆ្កៀលខួរក្នុងឆ្អឹង របស់បុរសនេះមើល ក្រែងលោយើងបានឃើញជីវៈរបស់វា រាជបុរសទាំងនោះ ក៏ឆ្កៀលខួរក្នុងឆ្អឹង របស់បុរសនោះ។ យើងក៏នៅតែមិនឃើញជីវៈរបស់បុរសនោះសោះ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំនៅមានគំនិត យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។
[១៥៥] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើឧបមា ថ្វាយមហាបពិត្រ វិញ្ញូបុរសពួកខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិតនេះ ដោយពាក្យឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានជដិលម្នាក់ ជាអ្នកបម្រើភ្លើង នៅក្នុងកុដិស្លឹក ក្នុងព្រៃរំលោង។ បពិត្ររាជញ្ញៈ ក្នុងកាលនោះឯង មានពួកឈ្មួញរទេះមួយពួក នៅក្នុងជនបទ បាននាំគ្នាចេញអំពីជនបទនោះ។ គ្រានោះ ពួកឈ្មួញរទេះនោះ នៅឈប់សំចត ជិតអាស្រមរបស់ជដិលអ្នកបម្រើភ្លើងនោះអស់១យប់ ទើបនាំគ្នាចៀសចេញទៅ។ បពិត្ររាជញ្ញៈ គ្រានោះឯង ជដិលអ្នកបម្រើភ្លើងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា គួរតែអាត្មាអញចូលទៅត្រង់កន្លែងជាទីសំណាក់របស់ពួកឈ្មួញរទេះនោះ ក្រែងជួនជាបានគ្រឿងឧបករណ៍អ្វីមួយក្នុងទីនុ៎ះ។ ទើបជដិលអ្នកបម្រើភ្លើងនោះ ក្រោកឡើងពីព្រលឹម ចូលទៅត្រង់កន្លែង ជាទីសំណាក់របស់ពួកឈ្មួញរទេះនោះ លុះចូលទៅដល់ហើយ ក៏បានឃើញក្មេងតូច ក្បាលត្រងោល ដេកផ្ងារ ដែលគេចោល ក្នុងទីសំណាក់ របស់ពួកឈ្មួញរទេះនោះ។ ជដិលនោះ លុះឃើញហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលបើអាត្មាអញមើលបំណាំ បណ្តោយឲ្យមនុស្សស្លាប់ ដោយហេតុណា ហេតុនុ៎ះ មិនសមគួរដល់អាត្មាអញឡើយ បើដូច្នោះ គួរតែអាត្មាអញ យកទារកនេះ ទៅឯអាស្រម ថែទាំ ចិញ្ចឹមឲ្យចំរើនឡើង។ ទើបជដិលអ្នកបម្រើភ្លើងនោះ នាំយកទារកនោះ ទៅអាស្រម ថែទាំ ចិញ្ចឹមឲ្យចំរើនឡើង។ ក្នុងកាលដែលទារកនោះ មានអាយុ១០ឆ្នាំ ឬ១២ឆ្នាំ ទើបជដិលអ្នកបម្រើភ្លើងនោះ មានករណីយកិច្ចមួយកើតឡើង ក្នុងជនបទ។ ទើបជដិលអ្នកបម្រើភ្លើងនោះ បានផ្តាំនឹងទារកនោះ យ៉ាងនេះថា នែបា អញប្រាថ្នានឹងទៅកាន់ជនបទ នែបា ត្រូវឯងបម្រើភ្លើង ប្រុង កុំឲ្យភ្លើងរបស់ឯងរលត់ឡើយ បើជួនជាភ្លើងរបស់ឯងរលត់ កាំបិតនេះ ឧសនេះ ឈើពំនួតភ្លើងនេះ មាន ត្រូវឯងយកទៅបង្កាត់ភ្លើង ហើយបម្រើភ្លើង (កុំខាន)។ លំដាប់នោះ ជដិលអ្នកបម្រើភ្លើងនោះ ផ្តែផ្តាំទារកយ៉ាងនេះហើយ ក៏ទៅកាន់ជនបទ។ ទារកនោះ កំពុងតែខ្វល់ខ្វាយដោយល្បែង ភ្លើងក៏រលត់អស់។ ទើបទារកនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បិតាបានផ្តាំអាត្មាអញ យ៉ាងនេះថា នែបា ចូរឯងបម្រើភ្លើង កុំឲ្យភ្លើងរបស់ឯងរលត់ឡើយ បើជួនជាភ្លើងរបស់ឯងរលត់ហើយ កាំបិតនេះ ឧសនេះ ឈើពំនួតភ្លើងនេះ មាន ត្រូវឯងយកទៅបង្កាត់ភ្លើង ហើយបម្រើភ្លើង (កុំខាន) បើដូច្នោះ គួរតែអាត្មាអញ បង្កាត់ភ្លើង ហើយបម្រើភ្លើងចុះ។ កាលនោះ ទារកនោះ យកកាំបិត ចាំឈើពំនួតមើល ដោយគិតថា ធ្វើម្តេចហ្ន៎ អាត្មាអញ នឹងបានភ្លើងនេះ។ ទារកនោះ ក៏មិនបានភ្លើងសោះ ហើយក៏ពុះឈើពំនួតជាពីរចំណែក បីចំណែក បួនចំណែក ប្រាំចំណែក ដប់ចំណែក ម្ភៃចំណែក ធ្វើឲ្យជាចំរៀកតូចៗ លុះធ្វើឲ្យជាចំរៀកល្អិតៗហើយ ក៏យកទៅបុកក្នុងត្បាល់ លុះបុកក្នុងត្បាល់រួចហើយ រោយទៅតាមខ្យល់ខ្លាំង ដោយបំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបានភ្លើងនេះ។ ទារកនោះ ក៏នៅតែមិនបានភ្លើងសោះ។ លំដាប់នោះ ជដិលអ្នកបម្រើភ្លើងនោះ សម្រេចកិច្ចដែលត្រូវធ្វើ ក្នុងជនបទនោះហើយ បានចូលទៅអាស្រមរបស់ខ្លួន លុះចូលទៅដល់ហើយ បាននិយាយនឹងទារកនោះ យ៉ាងនេះថា ហៃបា ហេតុដូចម្តេច ក៏ឯងឲ្យភ្លើងរលត់។ ទារកនោះនិយាយថា បពិត្របិតា ខ្ញុំកំពុងតែខ្វល់ខ្វាយ ដោយការលេងក្នុងទីនេះ ភ្លើងក៏រលត់ ខ្ញុំមានសេចក្តីត្រិះរិះ យ៉ាងនេះថា បិតាបានផ្តាំអាត្មាអញ យ៉ាងនេះថា នែបា ត្រូវឯងបម្រើភ្លើង នែបា ឯងកុំឲ្យភ្លើងរលត់ឡើយ បើជួនជាភ្លើងរបស់ឯងរលត់ កាំបិតនេះ ឧសនេះ ឈើពំនួតភ្លើងនេះ ត្រូវឯងយកទៅបង្កាត់ភ្លើង ហើយបម្រើភ្លើង (កុំខាន) បើដូច្នោះ គួរតែអាត្មាអញបង្កាត់ភ្លើង ហើយបម្រើភ្លើងចុះ បពិត្របិតា លំដាប់នោះឯង ខ្ញុំក៏យកកាំបិតច្រាសឈើពំនួត ដោយបំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបានភ្លើងអេះ។ ខ្ញុំក៏មិនបានភ្លើងសោះឡើយ ខ្ញុំក៏ពុះឈើពំនួតភ្លើង ជាពីរចំណែក បីចំណែក បួនចំណែក ប្រាំចំណែក ដប់ចំណែក ម្ភៃចំណែក ធ្វើឲ្យជាចំរៀកតូចៗ លុះធ្វើឲ្យជាចំរៀកតូចៗរួចហើយ ក៏យកទៅបុកក្នុងត្បាល់ លុះបុកក្នុងត្បាល់ហើយ ក៏រោយតាមខ្យល់ខ្លាំង ដោយបំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបានភ្លើង ខ្ញុំក៏មិនបានភ្លើងសោះ។ គ្រានោះឯង ជដិលអ្នកបម្រើភ្លើងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ទារកនេះ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃមែន មិនសមបើនឹងស្វែងរកភ្លើង ដោយខុសទំនងសោះ។ កាលដែលទារកនោះ កំពុងសំឡឹងមើល ជដិលនោះ ក៏ចាប់យកឈើពំនួតភ្លើង ហើយពួកឲ្យកើតភ្លើង រួចនិយាយនឹងទារកនោះ យ៉ាងនេះថា នែបា ភ្លើង គេត្រូវពួតឲ្យឆេះយ៉ាងនេះ មិនមែនដូចជាបាឯង ជាមនុស្សឆោត មិនវាងវៃ ស្វែងរកភ្លើង ដោយខុសទំនងដូច្នោះទេ។ បពិត្ររាជញ្ញៈ ឯមហាបពិត្រក៏យ៉ាងនោះដែរ គឺជាមនុស្សខ្លៅ មិនវាងវៃ ស្វែងរកបរលោក ដោយខុសទំនង បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នោះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិដ៏អាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលយូរ កុំបីមាន ដល់មហាបពិត្រឡើយ។
[១៥៦] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏សមម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេ ព្រោះថា ព្រះបាទបសេនទិកោសលក្តី ពួកព្រះរាជាខាងក្រៅក្តី ដឹងច្បាស់នូវខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ បពិត្រព្រះកស្សបដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញហើយ មុខជាអ្នកផង នឹងស្តីឲ្យខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែសេចក្តីខុស ដូច្នេះ ខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។
[១៥៧] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិត ដោយពាក្យឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានឈ្មួញរទេះច្រើន នាំរទេះប្រមាណ១ពាន់ បរចេញពីជនបទខាងកើត ទៅកាន់ជនបទខាងលិច។ ពួកឈ្មួញរទេះនោះ ទៅក្នុងទីណាៗ ស្មៅ ឧស ទឹក និងស្លឹកឈើខៀវខ្ចី ក្នុងទីនោះៗ ក៏ឆាប់អស់ទៅ។ ក្នុងពួកឈ្មួញរទេះនោះឯង មាននាយឈ្មួញរទេះពីរនាក់ ម្នាក់មានរទេះ៥០០ ម្នាក់ទៀតមានរទេះ៥០០។ លំដាប់នោះឯង នាយឈ្មួញរទេះទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកឈ្មួញរទេះនេះឯង មានរទេះ១ពាន់ យើងទាំងឡាយ ទៅនៅក្នុងទីណាៗ ស្មៅ ឧស ទឹក និងស្លឹកឈើខៀវខ្ចី ក្នុងទីនោះៗ ក៏ឆាប់អស់ទៅណាស់ បើដូច្នោះ មានតែយើងរាល់គ្នា ចែកពួកឈ្មួញរទេះនេះ ជាពីរចំណែក គឺ១ចំណែក ៥០០រទេះ ១ចំណែកទៀត ៥០០រទេះ។ នាយឈ្មួញទាំងនោះ ក៏បានចែកឈ្មួញរទេះនោះជាពីរចំណែក គឺ ១ចំណែក៥០០រទេះ ១ចំណែកទៀត ៥០០រទេះ។ នាយឈ្មួញរទេះម្នាក់ បានផ្ទុកស្មៅ ឧស ទឹកជាច្រើន ហើយនាំគ្នាបររទេះតទៅ។ កាលដែលពួកឈ្មួញរទេះនោះ បរចេញទៅ អស់ពីរបីថ្ងៃ ក៏បានឃើញបុរសមានសម្បុរខ្មៅ មានភ្នែកក្រហម ចងបាច់កូនសរ ប្រដាប់ដោយផ្កាកុមុទ មានសំពត់ទទឹក មានសក់ទទឹក បររថដ៏ល្អ មានកង់ប្រឡាក់ដោយភក់ មកជួបគ្នានៅពាក់កណ្តាលផ្លូវ លុះឃើញហើយ ក៏សួរដូច្នេះថា នែអ្នកដ៏ចំរើន អ្នកមកពីទីណា។ បុរសសម្បុរខ្មៅនោះ ឆ្លើយថា ខ្ញុំមកពីជនបទឯណោះ។ ពួកឈ្មួញរទេះក៏សួរទៀតថា អ្នកនឹងទៅក្នុងទីណា។ បុរសនោះប្រាប់ថា ខ្ញុំនឹងទៅជនបទឯណោះ។ ពួកឈ្មួញរទេះសួរថា នែអ្នកដ៏ចំរើន ផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរភ្លៀងជោកជាំខ្លះដែរឬ។ បុរសនោះ ឆ្លើយប្រាប់ថា អើអ្នកដ៏ចំរើន ផ្លូវលំបាកខាងមុខៗ មានមហាមេឃ បង្អោរភ្លៀងជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយ ចោលស្មៅ ឧស ទឹកចាស់ទាំងឡាយចេញទៅ ចូរបររទេះទាំងឡាយ ដែលមានបន្ទុកស្រាលៗ ទៅឆាប់ៗចុះ កុំឲ្យពួកគោលំបាកឡើយ។ លំដាប់នោះឯង នាយឈ្មួញរទេះនោះ ប្រាប់ពួកឈ្មួញរទេះថា នែអ្នកដ៏ចំរើន បុរសនេះ បាននិយាយ យ៉ាងនេះថា ផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរភ្លៀងជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយចោលស្មៅ ឧស ទឹកចាស់ចេញទៅ ចូរបររទេះទាំងឡាយ មានបន្ទុកស្រាលៗ ទៅឆាប់ៗចុះ កុំឲ្យពួកគោលំបាកឡើយ នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយ ចោលស្មៅ ឧស ទឹកចាស់ទាំងឡាយចេញទៅ ចូរនាំគ្នាបររទេះទាំងឡាយ មានបន្ទុកស្រាលៗ ទៅចុះ។ ពួកឈ្មួញរទេះទាំងនោះ ទទួលពាក្យនាយឈ្មួញរទេះនោះថា អើអ្នកដ៏ចំរើន ហើយក៏ចោលស្មៅ ឧស ទឹកចាស់ចេញ ហើយនាំគ្នីគ្នាបររទេះ ដែលមានបន្ទុកស្រាលៗ ទៅ។ ពួកឈ្មួញរទេះទាំងនោះ ក៏មិនបានឃើញស្មៅ ឧស ឬទឹកក្នុងដំណាក់ពួកឈ្មួញរទេះជាដំបូងផង ក្នុងដំណាក់ពួកឈ្មួញរទេះជាគំរប់ពីរផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទីបីផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៤ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៥ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៦ផង។ មិនបានឃើញស្មៅ ឧស ឬទឹកក្នុងដំណាក់ពួកឈ្មួញរទេះទី៧ផង ហើយក៏ដល់នូវសេចក្តីវិនាសទាំងអស់គ្នា។ ពួកមនុស្ស ឬពួកសត្វចិញ្ចឹម ក៏មានច្រើនក្នុងឈ្មួញរទេះនោះ។ បុរសមានសម្បុរខ្មៅនោះ គឺជាយក្ស ជាអមនុស្ស139) ក៏ស៊ីពួកមនុស្ស និងសត្វចិញ្ចឹមទាំងអស់នោះ នៅសល់តែឆ្អឹងទទេប៉ុណ្ណោះឯង។ កាលណានាយឈ្មួញរទេះទី២ បានដឹងថា ឥឡូវនេះ ពួកឈ្មួញរទេះនោះ ចេញទៅយូរថ្ងៃហើយ ក៏ផ្ទុកស្មៅ ឧស ទឹកជាច្រើន នាំគ្នាបររទេះចេញទៅទៀត។ លុះពួកឈ្មួញរទេះនោះ បរទៅអស់ពីរបីថ្ងៃ ក៏បានឃើញបុរសមានសម្បុរខ្មៅ មានភ្នែកក្រហម ចងបាច់កូនសរ ប្រដាប់ដោយផ្កាកុមុទ មានសំពត់ទទឹក មានសក់ទទឹក កំពុងបររទេះដ៏ល្អ មានកង់ប្រឡាក់ដោយភក់ មកជួបគ្នានៅពាក់កណ្តាលផ្លូវ លុះឃើញហើយ ក៏សួរយ៉ាងនេះថា នែអ្នកដ៏ចំរើន អ្នកមកពីទីណា។ បុរសសម្បុរខ្មៅនោះ ឆ្លើយថា ខ្ញុំមកពីជនបទឯណោះ។ ពួកឈ្មួញរទេះសួរថា អ្នកនឹងទៅក្នុងទីណា។ បុរសនោះប្រាប់ថា ខ្ញុំនឹងទៅជនបទឯណោះ។ ពួកឈ្មួញរទេះសួរថា នែអ្នកដ៏ចំរើន ផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរភ្លៀងជោកជាំខ្លះដែរឬ។ បុរសនោះ ឆ្លើយប្រាប់ថា អើអ្នកដ៏ចំរើន ក្នុងផ្លូវលំបាកខាងមុខៗ មានមហាមេឃ បង្អោរភ្លៀងជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយ ចោលស្មៅ ឧស ទឹកចាស់ចេញទៅ ចូរបរតែរទេះទាំងឡាយ ដែលមានបន្ទុកស្រាលៗ ទៅឆាប់ៗចុះ កុំឲ្យពួកគោលំបាកឡើយ។ លំដាប់នោះឯង នាយឈ្មួញរទេះនោះ ក៏បានប្រាប់ពួកឈ្មួញរទេះថា នែអ្នកដ៏ចំរើន បុរសនេះ បាននិយាយ យ៉ាងនេះថា ក្នុងផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរភ្លៀងជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយចោលស្មៅ ឧស ទឹកចាស់ចេញទៅ ចូរបរតែរទេះទាំងឡាយ មានបន្ទុកស្រាលៗ ទៅឲ្យឆាប់ៗចុះ កុំឲ្យពួកគោលំបាកឡើយ ដូច្នេះ ម្នាលអ្នកដ៏ចំរើន បុរសនេះ មិនមែនជាមិត្រ មិនមែនជាញាតិសាលោហិតរបស់យើងទេ យើងនឹងទៅដោយជឿពាក្យបុរសនេះ ដូចម្តេចបាន អ្នកទាំងឡាយ មិនត្រូវចោលស្មៅ ឧស ទឹកចាស់ឡើយ។ ចូរអ្នកទាំងឡាយ នាំគ្នាបររទេះទៅ យកទាំងរបស់ដែលបានផ្ទុកមកហើយ យើងកុំចោលរបស់ចាស់យើងឡើយ។ ពួកឈ្មួញរទេះទាំងនោះ ទទួលពាក្យនាយឈ្មួញរទេះនោះថា អើអ្នកដ៏ចំរើន ហើយក៏នាំគ្នាបររទេះទៅ យកទាំងរបស់ដែលបានផ្ទុកមកហើយនោះ។ ពួកឈ្មួញរទេះទាំងនោះ ក៏មិនបានឃើញស្មៅ ឧស ទឹកក្នុងដំណាក់ពួកឈ្មួញរទេះជាដំបូងផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី២ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទីបីផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៤ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៥ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៦ផង។ មិនបានឃើញស្មៅ ឧស ឬទឹកក្នុងដំណាក់ពួកឈ្មួញរទេះទី៧ផង បានឃើញតែពួកឈ្មួញរទេះទាំងនោះ ដែលដល់នូវសេចក្តីវិនាសប៉ុណ្ណោះ។ ពួកមនុស្ស ឬសត្វចិញ្ចឹម ក៏មានច្រើនក្នុងពួកឈ្មួញរទេះនោះ។ ពួកឈ្មួញរទេះទាំងនោះ បានឃើញតែឆ្អឹងមនុស្ស និងសត្វចិញ្ចឹមទាំងនោះ។ ឯបុរសមានសម្បុរខ្មៅនោះ គឺជាយក្ស ជាអមនុស្ស បានស៊ីមនុស្ស និងសត្វចិញ្ចឹមនោះ (អស់ទៅ)។ លំដាប់នោះឯង នាយឈ្មួញរទេះនោះ បានប្រាប់ពួកឈ្មួញរទេះថា នែអ្នកដ៏ចំរើន ពួកឈ្មួញរទេះនោះឯង ដែលដល់នូវសេចក្តីវិនាស ព្រោះតែនាយឈ្មួញរទេះ ជាបរិនាយក ជាមនុស្សល្ងង់នោះ។ ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ទ្រព្យរបស់ទាំងឡាយណា ក្នុងពួករទេះរបស់យើង ជារបស់មានថ្លៃតិច ចូរអ្នកទាំងឡាយ ចោលទ្រព្យរបស់ទាំងនោះចេញ ហើយយកតែរបស់ទាំងឡាយ ដែលមានថ្លៃច្រើន ក្នុងពួករទេះនេះចុះ។ ពួកឈ្មួញរទេះទាំងនោះ ទទួលពាក្យរបស់នាយឈ្មួញរទេះថា អើអ្នកដ៏ចំរើន ហើយក៏ចោលទ្រព្យរបស់ទាំងឡាយ ដែលមានថ្លៃតិច ក្នុងពួករទេះខ្លួន ហើយយកតែទ្រព្យរបស់ ដែលមានថ្លៃច្រើន ក្នុងពួករទេះនោះ រួចឆ្លងផុតអំពីផ្លូវលំបាកនោះ បានដោយសួស្តី ព្រោះតែនាយឈ្មួញរទេះ ជាបរិនាយកនោះឯង ជាបណ្ឌិត ឈ្លាសវៃ។ បពិត្ររាជញ្ញៈ មហាបពិត្រក៏យ៉ាងនោះឯង ជាបុគ្គលខ្លៅ មិនវាងវៃ ស្វែងរកបរលោក ដោយខុសទំនង គង់នឹងដល់នូវសេចក្តីវិនាស ដូចបុរស ជានាយឈ្មួញរទេះនោះ មួយទៀត ពួកជនណា សំគាល់នូវពាក្យរបស់មហាបពិត្រថា ជាពាក្យគួរស្តាប់ គួរជឿ ជនទាំងនោះ មុខជានឹងដល់នូវសេចក្តីវិនាស ដូចពួកឈ្មួញរទេះនោះ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិអាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង កុំបីមាន ដល់មហាបពិត្រឡើយ។
[១៥៨] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏សមម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេ ព្រោះថា ស្តេចបសេនទិកោសលក្តី ពួកស្តេចខាងក្រៅក្តី ដឹងច្បាស់នូវខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ បពិត្រព្រះកស្សបដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញ មុខជានឹងមានអ្នកផង ស្តីឲ្យខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែសេចក្តីខុស ដូច្នេះ ខ្ញុំមុខជានឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។
[១៥៩] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិត ដោយឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានបុរសម្នាក់ ជាអ្នកចិញ្ចឹមជ្រូក បានចេញពីស្រុករបស់ខ្លួន ទៅកាន់ស្រុកដទៃ ក៏បានឃើញលាមកក្រៀមច្រើន ដែលគេចោលក្នុងទីនោះ។ លុះបុរសនោះឃើញហើយ មានសេចក្តីត្រិះរិះដូច្នេះថា គេចោលលាមកក្រៀមនេះច្រើនណាស់ លាមកក្រៀមនេះ ត្រូវជាចំណីជ្រូកទាំងឡាយរបស់អាត្មាអញ គួរតែអាត្មាអញ យកលាមកក្រៀមពីទីនេះទៅ។ បុរសនោះ ក៏លាសំពត់បង់ក ហើយកើបលាមកក្រៀមជាច្រើន វេចជាបង្វេច លើកទូលលើក្បាល ហើយដើរទៅ។ កាលបុរសនោះ ដើរទៅដល់ពាក់កណ្តាលផ្លូវ មហាមេឃក៏បង្អោរភ្លៀងខុសកាល។ បុរសនោះ ប្រឡាក់លាមក ដរាបដល់ចុងក្រចក ក៏នៅតែទូលទ្រនូលលាមក ដែលកំពុងហូរហៀរ ធ្លាក់សស្រាក់ដើរទៅ។ មនុស្សទាំងឡាយ ឃើញបុរសនោះហើយ បាននិយាយយ៉ាងនេះថា នែវ៉ឺយ ឯងជាមនុស្សឆ្កួតទេឬអ្វី ឯងជាមនុស្សលលាឬអ្វី មិនសមបើឯងប្រឡាក់ ដោយលាមកដល់ចុងក្រចក ហើយនៅតែទូលទ្រនូលលាមក ដែលកំពុងហូរហៀរធ្លាក់សស្រាក់សោះឡើយ។ បុរសនោះឆ្លើយថា នែវ៉ឺយ បណ្តាយើងទាំងឡាយនុ៎ះ អ្នករាល់គ្នាទេតើ ជាមនុស្សឆ្កួត អ្នករាល់គ្នាទេតើ ជាមនុស្សលលា បានជាអញថា ដូច្នោះ ព្រោះថាលាមកនេះ ជាបាយជ្រូករបស់អញ។ បពិត្ររាជញ្ញៈ ឯមហាបពិត្រទុកដូចជាបុរសអ្នកទូលទ្រនូលលាមកយ៉ាងនោះដែរ បពិត្ររាជញ្ញៈ សូមមហាបព៌ត្រលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រលះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិដ៏លាមក (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបីមាន ដល់មហាបពិត្រឡើយ។
[១៦០] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះក៏សមដែរហើយ តែខ្ញុំនៅតែមិនអាចលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេ (ព្រោះ) ស្តេចបសេនទិកោសលក្តី ពួកស្តេចខាងក្រៅក្តី តែងជ្រាបនូវខ្ញុំថា ស្តេចបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ បពិត្រព្រះកស្សបដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញ មុខជានឹងមានអ្នកផង ស្តីឲ្យខ្ញុំថា ស្តេចបាយាសិរាជញ្ញៈនេះ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែសេចក្តីខុស ដូច្នេះ ខ្ញុំមុខជាត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។
[១៦១] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្តីឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិត ដោយឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានអ្នកលេងបាស្កាពីរនាក់ បានលេងល្បែងបាស្កា។ អ្នកលេងបាស្កាម្នាក់ តែងលេបកូនបាស្កាដែលចាញ់ ដែលបានមកដល់ខ្លួនៗ។ អ្នកលេងបាស្កា ជាគំរប់ពីរ បានឃើញនូវអ្នកលេងបាស្កានោះ កំពុងលេបកូនបាស្កាដែលចាញ់ ដែលបានមកដល់ខ្លួនៗ លុះឃើញហើយ ក៏និយាយនឹងអ្នកលេងបាស្កានោះ យ៉ាងនេះថា នែសំឡាញ់ អ្នកឯងចេះតែឈ្នះយើងជាដរាប នែសំឡាញ់ ចូរអ្នកឯងឲ្យបាស្កាមកយើងចុះ យើងនឹងធ្វើការបូជាសិន។ អ្នកលេងបាស្កានោះនិយាយថា អើសំឡាញ់ ហើយក៏បានប្រគល់បាស្កាទាំងឡាយ ដល់អ្នកលេងបាស្កា (ដែលសុំ)នោះ។ គ្រានោះ អ្នកលេងបាស្កា (ដែលចាញ់) នោះ យកថ្នាំពិស ប្រឡាក់កូនបាស្កាទាំងឡាយ ហើយនិយាយនឹងអ្នកលេងបាស្កា (វៀច)នោះ យ៉ាងនេះថា នែសំឡាញ់ អ្នកចូរមក យើងនឹងលេងបាស្កា (ទៀត)។ អ្នកលេងបាស្កា(វៀច)នោះ ទទួលពាក្យអ្នកលេងបាស្កានោះថា អើសំឡាញ់។ អ្នកលេងបាស្កាទាំងនោះ បានលេងបាស្កាលើកទីពីរទៀត។ អ្នកលេងបាស្កា(វៀច)នោះ នៅតែលេបកូនបាស្កាដែលចាញ់ ដែលបានមកដល់ខ្លួនៗ ក្នុងលើកទីពីរទៀត។ អ្នកលេងបាស្កាជាគំរប់ពីរ បានឃើញអ្នកលេងបាស្កា(វៀច) នោះ កំពុងលេបកូនបាស្កាដែលចាញ់ ដែលបានមកដល់ខ្លួនៗ ក្នុងលើកទីពីរទៀត លុះឃើញហើយ ក៏និយាយនឹងអ្នកលេងបាស្កានោះ យ៉ាងនេះថា
[១៦២] បុរសអ្នកលេបនូវកូនបាស្កា ដែលគេលាបដោយថ្នំពិស ដ៏ក្លៀវក្លាបំផុត ក៏នៅតែមិនដឹងខ្លួន ធម្មតា អ្នកលេងវៀចអាក្រក់ ជាអ្នកកំសត់ តែងលេប (កូនបាស្កា) សេចក្តីក្តៅក្រហាយ នឹងមានដល់អ្នកឯង។
[១៦៣] ថ្វាយព្រះពររាជញ្ញៈ មហាបពិត្រ ទុកដូចជាអ្នកលេងបាស្កា យ៉ាងនោះដែរ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិអាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបីមាន ដល់មហាបពិត្រឡើយ។
[១៦៤] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះក៏សមដែរហើយ តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញទេ (ព្រោះ) ស្តេចបសេនទិកោសលក្តី ពួកស្តេចខាងក្រៅក្តី សឹងតែជ្រាបនូវខ្ញុំថា ស្តេចបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ បពិត្រព្រះកស្សបដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញ មុខជានឹងមានអ្នកផង ស្តីឲ្យខ្ញុំថា ស្តេចបាយាសិរាជញ្ញៈនេះ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែសេចក្តីខុស ដូច្នេះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។
[១៦៥] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្តីឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ តែងយល់សេចក្តីនៃភាសិត ដោយឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានបុរសមួយនាក់នៅក្នុងជនបទ។ គ្រានោះឯង បុរសជាសំឡាញ់ បានបបួលបុរសជាសំឡាញ់ថា នែសំឡាញ់ មក យើងនឹងទៅកាន់ជនបទនោះ ក្រែងជួនជាយើងបានទ្រព្យបន្តិចបន្តួច ក្នុងជនបទនោះ។ បុរសជាសំឡាញ់ បានទទួលពាក្យបុរសជាសំឡាញ់ថា អើសំឡាញ់។ បុរសទាំងពីរនាក់នោះ បានចូលតម្រង់ទៅកាន់ស្រុកមួយ ដែលគេបោះបង់ចោល នៅក្នុងជនបទនោះ ក៏បានឃើញសម្បកធ្មៃជាច្រើន ដែលគេចោលក្នុងទីនោះ។ លុះបុរសជាសំឡាញ់ឃើញហើយ ក៏ប្រាប់បុរសជាសំឡាញ់ថា នែសំឡាញ់ សម្បកធ្មៃជាច្រើននេះ គេចោលហើយ នែសំឡាញ់ បើដូច្នោះ ចូរឯងចងសម្បកធ្មៃមួយបាច់ ឯអញក៏ចងសម្បកធ្មៃមួយបាច់ដែរ យើងទាំងពីរនាក់ នឹងនាំយកបាច់សម្បកធ្មៃទៅ។ បុរសជាសំឡាញ់ទទួលពាក្យបុរសជាសំឡាញ់ថា អើសំឡាញ់ ហើយក៏ចងសម្បកធ្មៃជាបាច់។ បុរសទាំងពីរនាក់នោះ បាននាំយកបាច់សម្បកធ្មៃ ដើរចូលទៅកាន់ស្រុកមួយ ដែលគេចេញចោល ក៏បានឃើញសរសៃធ្មៃជាច្រើន ដែលគេចោលក្នុងទីនោះ។ លុះបុរសជាសំឡាញ់ឃើញហើយ ប្រាប់បុរសជាសំឡាញ់ថា នែសំឡាញ់ យើងត្រូវការសម្បកធ្មៃ ដើម្បីប្រយោជន៍ដល់សរសៃធ្មៃណា ឥឡូវនេះ សរសៃធ្មៃនេះ គេចោលគរគោកស្រាប់ហើយ នែសំឡាញ់ បើដូច្នោះ អ្នកឯង ចូរចោលបាច់សម្បកធ្មៃទៅ ឯខ្ញុំក៏នឹងចោលបាច់សម្បធ្មៃដែរ យើងទាំងពីរនាក់ នឹងនាំយកបាច់សរសៃធ្មៃនេះទៅវិញ។ សំឡាញ់ម្នាក់ និយាយថា នែសំឡាញ់ បាច់សម្បកធ្មៃនេះឯង ខ្ញុំបាននាំយកមកពីទីឆ្ងាយផង បានទាំងចងត្រឹមត្រូវផង របស់នោះ គួរដល់ខ្ញុំហើយ អ្នកចូរដឹងចុះ។ លំដាប់នោះ បុរសជាសំឡាញ់នោះ ចោលបាច់សម្បកធ្មៃ ហើយកាន់យកបាច់សរសៃធ្មៃវិញ។ សំឡាញ់ទាំងពីរនាក់នោះ បានចូលទៅដល់ស្រុកមួយ ដែលគេចេញចោល ក៏បានឃើញសំពត់ដែលគេត្បាញពីសរសៃធ្មៃជាច្រើន ដែលគេចោល ក្នុងទីនោះ។ លុះបុរសជាសំឡាញ់ឃើញហើយ ប្រាប់បុរសជាសំឡាញ់ថា នែសំឡាញ់ យើងត្រូវការសម្បកធ្មៃក្តី សរសៃធ្មៃក្តី ដើម្បីប្រយោជន៍ដល់សំពត់ធ្មៃណា ឥឡូវនេះ សំពត់ដែលគេត្បាញ អំពីសរសៃធ្មៃនេះ គេចោលគរគោកស្រាប់ហើយ នែសំឡាញ់ បើដូច្នោះ អ្នកចូរចោលបាច់សម្បកធ្មៃទៅ ឯខ្ញុំនឹងចោលបាច់សរសៃធ្មៃដែរ យើងទាំងពីរនាក់ នឹងនាំយកផាប់សំពត់ធ្មៃនេះទៅវិញ។ សំឡាញ់ម្នាក់ និយាយថា នែសំឡាញ់ បាច់សម្បកធ្មៃនេះឯង ខ្ញុំបាននាំយកមកពីទីឆ្ងាយផង បានទាំងចងត្រឹមត្រូវផង របស់នោះ គួរដល់ខ្ញុំហើយ អ្នកចូរដឹងចុះ។ ឯបុរសជាសំឡាញ់នោះ ក៏ចោលបាច់សរសៃធ្មៃចេញ ហើយប្រមូលយកផាប់សំពត់ ដែលគេត្បាញពីសរសៃធ្មៃវិញ។ អ្នកទាំងពីរនោះ បានចូលទៅដល់ស្រុកមួយទៀត ដែលគេចេញចោល ហើយបានឃើញសម្បកឈើជាច្រើន ដែលគេចោលក្នុងទីនោះ។ ឃើញសរសៃសម្បកឈើជាច្រើន ដែលគេចោលហើយ។ ឃើញសំពត់សម្បកឈើជាច្រើន ដែលគេចោលហើយ។ ឃើញកប្បាសជាច្រើន ដែលគេចោលហើយ។ ឃើញសរសៃកប្បាសជាច្រើន ដែលគេចោលហើយ។ ឃើញសំពត់ធ្វើពីកប្បាសជាច្រើន ដែលគេចោលហើយ។ ឃើញដែកជាច្រើន ដែលគេចោលហើយ។ ឃើញឃើញទង់ដែងជាច្រើន ដែលគេចោលហើយ។ ឃើញសំណប៉ាហាំងជាច្រើន ដែលគេចោលហើយ។ ឃើញសំណភក់ជាច្រើន ដែលគេចោលហើយ។ ឃើញប្រាក់ជាច្រើន ដែលគេចោលហើយ។ ឃើញមាសជាច្រើន ដែលគេចោលហើយ។ លុះបុរសជាសំឡាញ់ម្នាក់ឃើញហើយ ក៏ប្រាប់បុរសជាសំឡាញ់ថា នែសំឡាញ់ យើងត្រូវការសម្បកធ្មៃក្តី សរសៃធ្មៃក្តី សំពត់ដែលគេត្បាញពីសរសៃធ្មៃក្តី សម្បកឈើក្តី សរសៃសម្បកឈើក្តី សំពត់សម្បកឈើក្តី កប្បាសក្តី សរសៃកប្បាសក្តី សំពត់ដែលគេត្បាញពីសរសៃកប្បាសក្តី ដែកក្តី ទង់ដែងក្តី សំណប៉ាហាំងក្តី សំណភក់ក្តី ប្រាក់ក្តី ដើម្បីប្រយោជន៍ដល់មាសណា ឥឡូវមាសនេះ គេចោលគរគោកស្រាប់ហើយ នែសំឡាញ់ បើដូច្នោះ អ្នកចូរចោលបាច់សម្បកធ្មៃទៅ ឯខ្ញុំនឹងចោលបង្វេចប្រាក់ដែរ យើងទាំងពីរនាក់ នឹងយកបង្វេចមាសទៅវិញ។ សំឡាញ់ម្នាក់ និយាយថា នែសំឡាញ់ បាច់សម្បកធ្មៃនេះឯង ខ្ញុំបានជានាំយកមកពីទីឆ្ងាយផង បានទាំងចងត្រឹមត្រូវផង របស់នេះ គួរដល់ខ្ញុំហើយ អ្នកឯងចូរដឹងចុះ។ លំដាប់នោះ បុរសជាសំឡាញ់នោះ ចោលបង្វេចប្រាក់ចេញ ហើយយកបង្វេចមាសទៅ។ បុរសទាំងពីរនាក់នោះ បានវិលចូលទៅដល់ស្រុករបស់ខ្លួនវិញ។ បណ្តាបុរសទាំងពីរនាក់នោះ បុរសជាសំឡាញ់ណា ដែលនាំយកបាច់សម្បកធ្មៃទៅ មាតាបិតារបស់បុរសជាសំឡាញ់នោះ មិនត្រេកអរសោះ ទាំងបុត្រភរិយាក៏មិនត្រេកអរ ទាំងពួកមិត្រអាមាត្យ ក៏មិនត្រេកអរ បុរសនោះ ត្រឡប់ជាមិនបានសេចក្តីសុខ សោមនស្ស ព្រោះតែសម្បកធ្មៃនោះជាហេតុ។ ចំណែកឯបុរសជាសំឡាញ់ណា បាននាំយកបង្វេចមាសទៅ មាតាបិតារបស់បុរសជាសំឡាញ់នោះ ក៏ត្រេកអរ ទាំងបុត្រភរិយាក៏ត្រេកអរ ទាំងពួកមិត្រអាមាត្យ ក៏ត្រេកអរ បុរសនោះ ក៏បានសេចក្តីសុខ សោមនស្ស ព្រោះមាសនោះជាហេតុ។ បពិត្ររាជញ្ញៈ មហាបពិត្រ ក៏ប្រហែលដូចជាបុរសអ្នកស្ពាយសម្បកធ្មៃ យ៉ាងនោះឯង បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិដ៏អាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបីមាន ដល់ព្រះអង្គឡើយ។
[១៦៦] ព្រះបាទបាយាសិរាជញ្ញៈ មានបន្ទូលថា ខ្ញុំមានចិត្តត្រេកអរជ្រះថ្លាហើយ ដោយសារសេចក្តីឧបមា របស់ព្រះកស្សបដ៏ចំរើន តាំងពីដម្បូងមកម្ល៉េះ ប៉ុន្តែខ្ញុំចង់ស្តាប់បញ្ហាបដិភាណដ៏វិចិត្រនេះទៀត បានជាខ្ញុំធ្វើជាប្រកាន់ឆ្វេង ឲ្យទាស់ខុសគ្នា នឹងព្រះកស្សបដ៏ចំរើនយ៉ាងនេះ បពិត្រព្រះកស្សបដ៏ចំរើន ភាសិតរបស់លោកម្ចាស់ពីរោះណាស់ បពិត្រព្រះកស្សបដ៏ចំរើន ភាសិតរបស់លោកម្ចាស់ពីរោះណាស់ បពិត្រព្រះកស្សបដ៏ចំរើន ធម៌ដែលព្រះកស្សប បានសំដែង ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនាដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ដែលកំបាំង ឬក៏ដូចជាមនុស្សប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានចក្ខុ នឹងមើលឃើញនូវរូបទាំងឡាយបាន បពិត្រព្រះកស្សបដ៏ចំរើន ខ្ញុំនេះ សូមដល់នូវព្រះគោតមដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹងទីរលឹក ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះកស្សបដ៏ចំរើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត បពិត្រព្រះកស្សបដ៏ចំរើន មិនតែប៉ុណ្ណោះទេ ខ្ញុំត្រូវការនឹងបូជាមហាយ័ញ្ញ សូមព្រះកស្សបដ៏ចំរើន ប្រៀនប្រដៅខ្ញុំផង ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាយូរអង្វែងដល់ខ្ញុំ។ ថ្វាយព្រះពររាជញ្ញៈ ពួកមនុស្សសម្លាប់គោទាំងឡាយក្តី សម្លាប់ពពែ និងចៀមទាំងឡាយក្តី សម្លាប់មាន់ និងជ្រូកទាំងឡាយក្តី ពួកសត្វមានជីវិតផ្សេងៗ ដល់នូវសេចក្តីវិនាសក្តី ទាំងបដិគ្គាហកៈ (អ្នកទទួល) ក៏ជាអ្នកយល់ឃើញខុស មានសេចក្តីត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានសេចក្តីព្យាយាមខុស មានសតិខុស មានសមាធិខុស ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង មិនមានផលច្រើនទេ មិនមានអានិសង្សច្រើនទេ មិនមានសេចក្តីរុងរឿងធំដុំទេ មិនមានគុណផ្សាយទៅច្រើនទេ។ បពិត្ររាជញ្ញៈ ប្រៀបដូចអ្នកភ្ជួរ នាំយកពូជ និងនង្គ័លចូលទៅព្រៃ អ្នកនោះយកពូជទាំងឡាយដែលបែកធ្លាយ ស្អុយ ត្រូវខ្យល់ និងកំដៅថ្ងៃបៀតបៀន ជាពូជមិនបានដាក់គ្រាប់ មិនបានហាលឲ្យស្ងួត ទៅព្រោះក្នុងស្រែមិនល្អនោះ មានទីមិនស្មើ មិនបានគាស់រំលើងនូវដង្គត់ និងបន្លាចេញ ទាំងភ្លៀងសោត ក៏មិនបង្អោរ នូវធារទឹកដោយល្អ តាមកាលដ៏គួរ ចុះពូជទាំងឡាយនោះ នឹងដល់នូវសេចក្តីចំរើន លូតលាស់ ដុះដាលល្អឡើងបានដែរឬទេ អ្នកភ្ជួរសោត ត្រូវបានផលបរិបូណ៌ដែរឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន ការនេះនឹងប្រព្រឹត្តទៅយ៉ាងនោះ មិនបានទេ។ ថ្វាយព្រះពររាជញ្ញៈ ពួកមនុស្សសម្លាប់គោទាំងឡាយក្តី សម្លាប់ពពែ និងចៀមទាំងឡាយក្តី សម្លាប់មាន់ និងជ្រូកទាំងឡាយក្តី ពួកសត្វមានជីវិតផ្សេងៗ ដល់នូវសេចក្តីវិនាសក្តី ទាំងបដិគ្គាហកៈ ក៏សុទ្ធតែជាអ្នកយល់ឃើញខុស មានសេចក្តីត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានសេចក្តីព្យាយាមខុស មានសតិខុស មានសមាធិខុស ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង មិនមានផលច្រើនទេ មិនមានអានិសង្សច្រើនទេ មិនមានសេចក្តីរុងរឿងធំដុំទេ មិនមានគុណផ្សាយទៅច្រើនទេ។ បពិត្ររាជញ្ញៈ (ប្រសិនបើ) ពួកជនពួកមិនសម្លាប់គោទាំងឡាយក្តី មិនសម្លាប់ពពែ និងចៀមទាំងឡាយក្តី មិនសម្លាប់មាន់ និងជ្រូកទាំងឡាយក្តី ពួកសត្វមានជីវិតផ្សេងៗ មិនដល់នូវសេចក្តីវិនាស ទាំងពួកបដិគ្គាហកៈសោត ក៏មានសេចក្តីយល់ឃើញត្រូវ មានសេចក្តីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានសេចក្តីព្យាយាមត្រូវ មានសតិត្រូវ មានសមាធិត្រូវ ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង ទើបមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងធំដុំ ជាយញ្ញវិធីមានគុណផ្សាយទៅច្រើន។ បពិត្ររាជញ្ញៈ ប្រៀបដូចអ្នកភ្ជួរ នាំយកពូជ និងនង្គ័លចូលទៅព្រៃ អ្នកនោះយកពូជទាំងឡាយ ដែលមិនបែកធ្លាយ មិនស្អុយ មិនត្រូវខ្យល់ និងកំដៅថ្ងៃបៀតបៀន ជាពូជដាក់គ្រាប់ គេហាលស្ងួត ទៅព្រោះក្នុងស្រែដ៏ល្អនោះ មានទីរាបស្មើ គេបានកាប់គាស់យកដង្គត់ និងបន្លាចេញដោយល្អ ទាំងភ្លៀងក៏មិនបង្អោរ នូវធារទឹកដោយល្អ តាមកាលគួរ ចុះពូជទាំងឡាយនោះ នឹងដល់នូវសេចក្តីចំរើនឡើង លូតលាស់ ដុះដាលបានឬទេ ទាំងអ្នកភ្ជួរសោត ត្រូវបានផលបរិបូណ៌ដែរឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន ការនេះប្រព្រឹត្តទៅយ៉ាងនោះបាន។ ថ្វាយព្រះពររាជញ្ញៈ សេចក្តីនេះ មានឧបមេយ្យដូចពួកជន មិនសម្លាប់គោទាំងឡាយ មិនសម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ ពួកសត្វមានជីវិតផ្សេងៗ មិនដល់នូវសេចក្តីវិនាស ទាំងពួកបដិគ្គាហកៈ ក៏មានសេចក្តីយល់ឃើញត្រូវ មានសេចក្តីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានសេចក្តីព្យាយាមត្រូវ មានសតិត្រូវ មានសមាធិត្រូវ ក្នុងយញ្ញវិធីមានសភាពយ៉ាងណា។ បពិត្ររាជញ្ញៈ យញ្ញវិធី មានសភាពយ៉ាងនោះឯង ទើបមានផលច្រើន មានអានិសង្សច្រើន មានសេចក្តីរុងរឿងធំដុំ ជាយញ្ញវិធីមានគុណផ្សាយទៅច្រើន។
[១៦៧] គ្រានោះឯង ស្តេចបាយាសិរាជញ្ញៈ បានផ្តើមដំកល់ទាន ចំពោះសមណព្រាហ្មណ៍ មនុស្សកំសត់ អ្នកដើរផ្លូវ អ្នកពណ៌នាគុណ និងយាចកទាំងឡាយ។ ក្នុងទាននោះឯង ស្តេចបាយាសិរាជញ្ញៈ តែងឲ្យភោជនមានសភាពយ៉ាងនេះ គឺបាយចុងអង្ករ មានជ្រក់ជាគំរប់ពីរ និងសំពត់សាច់គគ្រាត មានជាយដ៏ក្រាស់។ ឯក្នុងការឲ្យនោះ មានមាណពម្នាក់ ឈ្មោះឧត្តរៈ ជាអ្នកចាត់ចែងទាន ឧត្តរមាណពនោះ ឲ្យទាន ហើយឧទ្ទិសយ៉ាងនេះថា ដោយការឲ្យទាននេះ សូមឲ្យខ្ញុំបានជួបនឹងស្តេចបាយាសិរាជញ្ញៈតែក្នុងលោកនេះចុះ សូមកុំឲ្យជួបទៅក្នុងលោកខាងមុខទៀតឡើយ។ ស្តេចបាយាសិរាជញ្ញៈ បានឮដំណឹងថា ឧត្តរមាណពឲ្យទានហើយ ក៏ឧទ្ទិសយ៉ាងនេះថា ដោយការឲ្យទាននេះ សូមឲ្យខ្ញុំបានជួបនឹងស្តេចបាយាសិរាជញ្ញៈតែក្នុងលោកនេះចុះ សូមកុំឲ្យជួបក្នុងលោកខាងមុខឡើយ។ ទើបព្រះបាទបាយាសិរាជញ្ញៈ ត្រាស់ឲ្យហៅ ឧត្តរមាណពមក ហើយមានព្រះឱង្ការយ៉ាងនេះថា នែបាឧត្តរៈ ឮថា អ្នកឯងឲ្យទានទាំងពួងហើយ តែងឧទ្ទិសយ៉ាងនេះថា ដោយការឲ្យទាននេះ សូមឲ្យខ្ញុំបានជួបនឹងស្តេចបាយាសិរាជញ្ញៈតែក្នុងលោកនេះចុះ សូមកុំឲ្យជួបក្នុងលោកខាងមុខឡើយ ដូច្នេះមែនឬ។ ឧត្តរមាណពក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះករុណាវិសេស។ ព្រះបាទបាយាសិរាជញ្ញៈ មានព្រះឱង្ការសួរថា នែបាឧត្តរៈ ហេតុអ្វី ក៏អ្នកឲ្យទានហើយ ឧទ្ទិសយ៉ាងនេះថា ដោយការឲ្យទាននេះ។បេ។ សូមកុំឲ្យជួបទៅក្នុងលោកខាងមុខឡើយ ដូច្នេះ នែបាឧត្តរៈ យើងមានសេចក្តីត្រូវការដោយបុណ្យ មានសេចក្តីសង្ឃឹមយកផល របស់ទានប៉ុណ្ណោះ ដោយពិត។ ឧត្តរមាណព ក្រាបទូលថា ខ្ញុំព្រះអង្គ តែងឲ្យភោជន មានសភាពយ៉ាងនេះ ក្នុងទានរបស់ព្រះអង្គនោះឯង គឺបាយចុងអង្ករ មានជ្រក់ជាទំរប់ពីរ សូម្បីតែព្រះអង្គ ក៏មិនសព្វព្រះហឫទ័យប៉ះពាល់ ដោយព្រះបាទផង តើនឹងសោយដូចម្តេចកើត មួយទៀត សំពត់មានសាច់គគ្រាត មានជាយដ៏ក្រាស់ សូម្បីតែព្រះអង្គ ក៏មិនសព្វព្រះហឫទ័យប៉ះពាល់ ដោយព្រះបាទផង តើនឹងទ្រង់ដូចម្តេចកើត ចំណែកខាងព្រះអង្គ ជាទីស្រឡាញ់ ជាទីពេញចិត្ត របស់ខ្ញុំព្រះអង្គ តែខ្ញុំព្រះអង្គនឹងយករបស់ជាទីស្រឡាញ់ ជាទីពេញចិត្ត ទៅលាយចម្រុះ ដោយវត្ថុមិនជាទីគាប់ចិត្ត ដូចម្តេចបាន។ ព្រះបាទបាយាសិរាជញ្ញៈ មានព្រះឱង្ការថា ម្នាលបាឧត្តរៈ បើដូច្នោះ យើងធ្លាប់បរិភោគភោជនយ៉ាងណា ចូរអ្នកឯងតាក់តែងភោជនយ៉ាងនោះចុះ មួយទៀត យើងធ្លាប់ស្លៀកដណ្តប់សំពត់យ៉ាងណា ចូរអ្នកឯងតាក់តែងសំពត់ យ៉ាងនោះចុះ។ ឧត្តរមានណព ទទួលព្រះឱង្ការ នៃព្រះបាទបាយាសិរាជញ្ញៈថា ព្រះករុណាវិសេស ហើយក៏តាក់តែងភោជនដូចជាភោជន ដែលស្តេចបាយាសិរាជញ្ញៈតែងសោយ មួយទៀត តាក់តែងសំពត់ ដូចជាព្រះពស្ត្រ ដែលស្តេចបាយាសិរាជញ្ញៈតែងទ្រង់។ គ្រានោះឯង ព្រះបាទបាយាសិរាជញ្ញៈ ឲ្យទានដោយមិនគោរព ឲ្យទាន មិនបានឲ្យដោយព្រះហស្តព្រះអង្គឯង ឲ្យទាន ដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាព ក៏ចូលទៅកើតជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិកៈ ក្នុងសេរីសកវិមាន140) ជាវិមានស្ងាត់សូន្យតែឯង។ ចំណែកខាងឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទានរបស់ស្តេចបាយាសិរាជញ្ញៈនុ៎ះ បានឲ្យទានដោយគោរព ឲ្យទានដោយដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិនបានបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើតក្នុងឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស។
[១៦៨] ជួនសម័យនោះឯង ព្រះគវម្បតិដ៏មានអាយុ និមន្តទៅកាន់សេរីសកវិមាន ដែលជាវិមានស្ងាត់ ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ តែរឿយៗ។ គ្រានោះឯង បាយាសិទេវបុត្រ ក៏បានចូលទៅរកព្រះគវម្បតិដ៏មានអាយុ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះគវម្បតិដ៏មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះបាយាសិទេវបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ ព្រះគវម្បតិដ៏មានអាយុ បានសួរដូច្នេះថា ម្នាលអ្នកដ៏មានអាយុ អ្នកជាអ្វី។ បាយាសិទេវបុត្រតបថា បពិត្រលោកដ៏ចំរើន ខ្ញុំជាស្តេចបាយាសិរាជញ្ញៈ។ ព្រះគវម្បតិសួរថា ម្នាលអ្នកដ៏មានអាយុ ក្រែងអ្នកធ្លាប់យល់ឃើញ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ ដូច្នេះឬ។ បពិត្រលោកដ៏ចំរើន ខ្ញុំមានសេចក្តីយល់ឃើញយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះពិតមែន តែចួនគ្រោះល្អ បានលោកម្ចាស់ព្រះនាមកុមារកស្សប បានដោះខ្ញុំឲ្យរួចចាកទិដ្ឋិអាក្រក់នុ៎ះហើយ។ នែអ្នកដ៏មានអាយុ ចុះចំណែកឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទានរបស់អ្នកនោះ តើទៅកើតក្នុងទីណា។ បពិត្រលោកដ៏ចំរើន ឧត្តរមាណព ដែលជាអ្នកខ្វល់ខ្វាយ ក្នុងទានរបស់ខ្ញុំ បានឲ្យទានដោយគោរព ឲ្យទានដោយដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិនបានបោះឲ្យ លុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពទៅ ក៏បានទៅកើតក្នុងឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស បពិត្រលោកដ៏ចំរើន ចំណែកខាងខ្ញុំឲ្យទានដោយមិនគោរព ឲ្យទានមិនបានឲ្យដោយដៃខ្លួនឯង ឲ្យទានដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយរាងកាយបន្ទាប់អំពីមរណភាពមក ក៏បានមកកើតក្នុង សេរីសកវិមាន ជាវិមានស្ងាត់ ជាមួយនឹងពួកទេវតាក្នុងជាន់ចាតុម្មហារាជិកៈ បពិត្រព្រះគវម្បតិដ៏ចំរើន បើដូច្នោះ (ដល់)លោកម្ចាស់និមន្តទៅឯមនុស្សលោកវិញ សូមប្រាប់អស់ទាំងពួកមនុស្ស យ៉ាងនេះថា អ្នកទាំងឡាយ ចូរឲ្យទានដោយគោរព ចូរឲ្យទានដោយដៃខ្លួនឯង ចូរឲ្យទានដោយផ្ចិតផ្ចង់ ចូរឲ្យទានដោយមិនបោះឲ្យ (ដ្បិត) ស្តេចបាយាសិរាជញ្ញៈ ឲ្យទានដោយមិនគោរព ឲ្យទានមិនបានឲ្យដោយដៃខ្លួនឯង ឲ្យទានដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងសេរីសកវិមានស្ងាត់ ជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិកៈទៅហើយ ចំណែកឯឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទាន របស់ស្តេចបាយាសិរាជញ្ញៈនោះ បានឲ្យទានដោយគោរព ឲ្យទានដោយដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិនបានបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្សទៅហើយ។ គ្រានោះឯង ព្រះគវម្បតិដ៏មានអាយុ ត្រឡប់មកមនុស្សលោកវិញ ហើយបានប្រាប់ (អស់ទាំងពួកមនុស្ស) យ៉ាងនេះថា អ្នកទាំងឡាយ ចូរឲ្យទានដោយគោរព ចូរឲ្យទានដោយដៃខ្លួនឯង ចូរឲ្យទានដោយផ្ចិតផ្ចង់ ចូរឲ្យទានដោយមិនបោះឲ្យ (ដ្បិត) ស្តេចបាយាសិរាជញ្ញៈ ឲ្យទានដោយមិនគោរព ឲ្យទានមិនបានឲ្យដោយដៃខ្លួនឯង ឲ្យទានដោយមិនផ្ចិតផ្ចង់ ឲ្យទានដោយបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងសេរីសកវិមានស្ងាត់ ជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិកៈទៅហើយ ចំណែកខាងឧត្តរមាណព ជាអ្នកចាត់ចែងក្នុងទាន របស់ស្តេចបាយាសិរាជញ្ញៈនោះ បានឲ្យទានដោយគោរព ឲ្យទានដោយដៃខ្លួនឯង ឲ្យទានដោយផ្ចិតផ្ចង់ ឲ្យទានដោយមិនបានបោះឲ្យ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណភាពទៅ ក៏ទៅកើតក្នុងឋានសុគតិសួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្សទៅហើយ។
ចប់ បាយាសិរាជញ្ញសូត្រ ទី១០។
ឧទ្ទាននៃមហាវគ្គនោះគឺ
មហាបទានសូត្រ១ មហានិទានសូត្រ១ មហាបរិនិព្វានសូត្រ១ មហាសុទស្សនសូត្រ១ ជនវសភសូត្រ១ មហាគោវិន្ទសូត្រ១ មហាសមយសូត្រ១ សក្កបញ្ហសូត្រ១ មហាសតិប្បដ្ឋានសូត្រ១ បាយាសិរាជញ្ញសូត្រ១ (ទាំង១០សូត្រនេះ) លោកឲ្យឈ្មោះថា មហាវគ្គ។
ចប់ ភាគ១៧
ទ. ?
លេខ ទំព័រ | លេខសម្គាល់ | |
សុត្តន្តបិដក | sut | |
ទីឃនិកាយ | ១ | sut.dn |
---|---|---|
មហាវគ្គ ចតុត្ថភាគ | ១ | sut.dn.v2 |
មហាសុទស្សនសូត្រ ទី៤ | ? | sut.dn.17 |
មហាបទានសូត្រ ភាណវារៈ ទី១ | ? | |
ការពោលអំពីកុសាវតីរាជធានី | ? | |
ការពោលអំពីការកើតប្រាកដនៃចក្ករ័តន៍ | ? | |
ការពោលអំពីការកើតប្រាកដនៃហត្ថិរ័តន៍ | ? | |
ការពោលអំពីការកើតប្រាកដនៃមណិរ័តន៍ | ? | |
ការពោលអំពីការកើតប្រាកដនៃគហបតិរ័តន៍ | ? | |
ការពោលអំពី ឫទ្ធិ ៤ យ៉ាង | ? | |
ការពោលអំពីព្រះបរិវិតក្ករបស់ព្រះបាទមហាសុទស្សនៈ | ? | |
ការពោលអំពីព្រាហ្មណ៍ និងគហបតី | ? | |
ការពោលអំពីការសាងធម្មប្រាសាទ | ? | |
ការពោលអំពីការសាងស្រះធម្មបោក្ខរណី | ? | |
ការពោលអំពីដើមត្នោតវិចិត្រដោយកែវមរកត ជាដើម | ? | |
ទុតិយភាណវារៈ ៖ ការពោលអំពីឧទានរបស់ព្រះបាទមហាសុទស្សនៈ | ? | |
ការពោលអំពីសម្បត្តិវិចិត្រផ្សេងៗ នៃព្រះបាទមហាសុទស្សនៈ | ? | |
ការពោលអំពីព្រះបរិវិតក្ករបស់ព្រះបាទមហាសុទស្សនៈ | ? | |
ការពោលអំពីព្រះនាងសុភទ្ទាទេវី | ? | |
ការពោលអំពីបរិវិតក្ករបស់ព្រះនាងសុភទ្ទាទេវី | ? | |
ការពោលអំពីការក្រាបបង្គំទូលរបស់ព្រះនាងសុភទ្ទាទេវី | ? | |
ការពោលអំពីព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះបន្ទូលតប | ? | |
ការក្រាបបង្គំទូលអនុលោម តាមបន្ទូលព្រះបាទមហាសុទស្សនៈ | ? | |
បច្ឆិមជាតិរបស់ព្រះបាទមហាសុទស្សនៈ | ? | |
សំវេគកថា | ? | |
ជនវសភសូត្រ ទី៥ | ? | sut.dn.18 |
ការទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ | ? | |
សេចក្តីត្រិះរិះរបស់ព្រះអានន្ទមានអាយុ | ? | |
ការពោលរៀបរាប់ នៃព្រះអានន្ទមានអាយុ | ? | |
ការចូលទៅគាល់ព្រះមានព្រះភាគ នៃព្រះអានន្ទមានអាយុ | ? | |
កាពោលអំពីជនវសភយក្ស | ? | |
ពាក្យរបស់ជនវសភយក្ស | ? | |
អនុមោទនាគាថារបស់សក្កទេវរាជ | ? | |
ការពោលអំពីព្រហ្មឈ្មោះ សនង្កុមារ | ? | |
ការពោលអំពី សំឡេងមានអង្គ ៨ របស់សនង្កុមារព្រហ្ម | ? | |
សំឡេងគឹកកងរបស់សនង្កុមារព្រហ្ម | ? | |
ការពោលអំពីអានិសង្ស នៃការចម្រើន ឥទ្ធិបាទ | ? | |
ការពោលអំពីការបាននូវឱកាស ទី១ | ? | |
ការពោលអំពីការបាននូវឱកាស ទី២-៣ | ? | |
ការពោលអំពីសតិប្បដ្ឋាន ទាំង៤ | ? | |
ការពោលអំពីធម្មគុណ | ? | |
សេចក្តីត្រិះរិះរបស់វេស្សវណមហារាជ | ? | |
ការពោលអំពីការដំណាលប្រាប់តៗ គ្នា | ? | |
មហាគោវិន្ទសូត្រ ទី៦ | ? | sut.dn.19 |
មហារាជ ទាំង៤ | ? | |
ការពោលអំពីគុណជារបស់ពិត ៨ ប្រការ របស់ព្រះមានព្រះភាគ | ? | |
ការពោលចរចារបស់ទេវតាពួកខ្លះ | ? | |
បុព្វនិមិត្ត នៃការកើតប្រាកដរបស់ព្រហ្ម | ? | |
ការកើតប្រាកដ នៃសនង្កុមារព្រហ្ម | ? | |
សំឡេងមានអង្គ ៨ របស់សនង្កុមារព្រហ្ម | ? | |
ការពោលអំពីគុណ ដែលជារបស់ពិត ៨ ប្រការ របស់ព្រះមានព្រះភាគ | ? | |
ការនិមិត្តអត្តភាពដ៏លើសលុបនៃសនង្កុមារព្រហ្ម | ? | |
រឿងព្រះបាទទិសម្បតិ និងរឿងជោតិបាលមាណព | ? | |
ការពោលអំពីហេតុដែលបានឈ្មោះថា មហាគោវិន្ទព្រាហ្មណ៍ | ? | |
រឿងព្រះរេណុរាជបុត្រ | ? | |
រឿងព្រះបាទរេណុ | ? | |
កិត្តិសព្ទដ៏ពីរោះ របស់មហាគោវិន្ទព្រាហ្មណ៍ | ? | |
មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកព្រាហ្មណមហាសាល ជាដើម | ? | |
ការសាងអាស្រមថ្មី របស់មហាគោវិន្ទព្រាហ្មណ៍ | ? | |
ការនិយាយឆ្លើយឆ្លងជាមួយនឹងសនង្កុមារព្រហ្ម | ? | |
ការសួរអំពីដំណើរទៅកាន់ព្រហ្មលោក | ? | |
ការពោលអំពីក្លិនពុល | ? | |
ការពោលអំពីការក្រាបបង្គំទូលលាព្រះបាទរេណុ | ? | |
ការពោលអំពីការក្រាបទូលលាក្ស័ត្រិយ៍ ទាំង៦អង្គ | ? | |
ការអង្វរមហាគោវិន្ទព្រាហ្មណ៍ នៃក្ស័ត្រិយ៍ ទាំង៦អង្គ | ? | |
ការលាភរិយា ទាំង ៤០ នាក់ នៃមហាគោវិន្ទព្រាហ្មណ៍ | ? | |
ចិត្តប្រកបដោយមេត្តារបស់មហាគោវិន្ទព្រាហ្មណ៍ | ? | |
ការពោលអំពីព្រហ្មចរិយធម៌ របស់មហាគោវិន្ទព្រាហ្មណ៍ | ? | |
ការពោលអំពីព្រះសកទាគាមិ និងព្រះសោតាបន្ន | ? | |
មហាសមយសូត្រ ទី៧ | ? | sut.dn.20 |
ការចូលមកគាល់ព្រះមានព្រះភាគ នៃទេវតាជាន់សុទ្ធាវាស | ? | |
គាថានីមួយៗ នៃទេវតាជាន់សុទ្ធាវាស | ? | |
នាម និងគោត្ររបស់ពួកទេវតា | ? | |
នាម និងគោត្ររបស់ពួកទេវតា និងស្តេចចតុល្លោកបាល ទាំង៤ | ? | |
ពាក្យរបស់មារ | ? | |
សក្កបញ្ហសូត្រ ទី៨ | ? | sut.dn.21 |
សក្កបញ្ហសូត្រ ៖ រឿងបញ្ចសិខគន្ធព្វបុត្រ | ? | |
គាថារបស់បញ្ចសិខគន្ធព្វបុត្រ | ? | |
រឿងបញ្ចសិខគន្ធព្វបុត្រ | ? | |
សេចក្តីត្រិះរិះរបស់ទេវានមិន្ទៈ | ? | |
សេចក្តីក្រាបបង្គំទូលព្រះមានព្រះភាគ | ? | |
រឿងគោបិកាសក្យធីតា | ? | |
ព្រះមានព្រះភាគទ្រង់ព្រះតម្រិះ | ? | |
ប្រស្នាព្រះឥន្រ្ទ ព្រះមានព្រះភាគទ្រង់ព្យាករ | ? | |
ព្រះមានព្រះភាគទ្រង់ព្យាករប្រស្នា | ? | |
ការនិយាយអំពីសមណព្រាហ្មណ៍ដទៃ | ? | |
ការនិយាយអំពីសង្រ្គាមទេវតា និងអសុរ | ? | |
អំណាចនៃប្រយោជន៍ ៦ ប្រការ | ? | |
ការបាននូវសេចក្តីសោមនស្ស | ? | |
ពាក្យជាទីបំផុតនៃសូត្រ | ? | |
មហាសតិប្បដ្ឋានសូត្រ ទី៩ | ? | sut.dn.22 |
ឧទ្ទេសវារកថា | ? | |
អានាបានបព្វៈ | ? | |
ឥរិយាបថបព្វៈ | ? | |
សម្បជញ្ញបព្វៈ | ? | |
បដិកូលមនសិការបព្វៈ | ? | |
ធាតុមនសិការបព្វៈ | ? | |
សីវថិកាបព្វៈ | ? | |
ការពិចារណានូវវេទនា | ? | |
ការពិចារណានូវចិត្ត | ? | |
ការពិចារណានូវធម៌ | ? | |
នីវរណបព្វៈ | ? | |
ខន្ធបព្វៈ | ? | |
អាយតនបព្វៈ | ? | |
ពោជ្ឈង្គបព្វៈ | ? | |
សច្ចបព្វៈ | ? | |
ទុក្ខអរិយសច្ច | ? | |
សមុទយអរិយសច្ច | ? | |
និរោធអរិយសច្ច | ? | |
មគ្គអរិយសច្ច | ? | |
អានិសង្សនៃការចម្រើនសតិប្បដ្ឋាន | ? | |
បាយាសិរាជញ្ញសូត្រ ទី១០ | ? | sut.dn.23 |
កិត្តិសព្ទសរសើររបស់ព្រះកុមារកស្សប | ? | |
សារាណីយកថា | ? | |
ការនិយាយអំពីទោសរបស់អកុសលកម្មបថ | ? | |
ពាក្យឧបមាដោយចោរ | ? | |
ការនិយាយអំពីអានិសង្សកុសលកម្មបថ | ? | |
ពាក្យឧបមាដោយរណ្តៅលាមក | ? | |
ការនិយាយអំពីការវៀរចាកទោស មានបាណាតិបាត ជាដើម | ? | |
ប្រមាណនៃអាយុរបស់ទេវតាជាន់តាវត្តិង្ស | ? | |
ពាក្យឧបមាដោយបុគ្គលខ្វាក់អំពីកំណើត | ? | |
ការនិយាយអំពីសមណៈ និងព្រាហ្មណ៍ដែលមានសីល | ? | |
សេចក្តីប្រៀបដោយនាងព្រាហ្មណីដែលមានគភ៌ | ? | |
សេចក្តីប្រៀបដោយចោរដែលប្រព្រឹត្តអាក្រក់ | ? | |
សេចក្តីប្រៀបដោយការយល់សប្តិ | ? | |
សេចក្តីប្រៀបដោយដុំដែក | ? | |
ការពោលអំពីការស្វែងរកជីវៈ របស់ចោរដែលស្លាប់ទៅ | ? | |
សេចក្តីប្រៀបដោយបុរសផ្លុំស័ង្ខ | ? | |
ការពោលអំពីការស្វែងរកជីវៈរបស់ចោរដែលស្លាប់ទៅ | ? | |
សេចក្តីប្រៀបដោយជដិលអ្នកបម្រើភ្លើង | ? | |
សេចក្តីប្រៀបដោយពួកឈ្មួញរទេះដ៏ច្រើន | ? | |
សេចក្តីប្រៀបដោយបុរសចិញ្ចឹមជ្រូក | ? | |
សេចក្តីប្រៀបដោយអ្នកលេងបាស្កាពីរនាក់ | ? | |
សេចក្តីប្រៀបដោយបុរសអ្នកនាំយកបាច់សម្បកធ្មៃ | ? | |
ការសំដែងខ្លួនជាឧបាសកនៃព្រះបាទបាយាសិរាជញ្ញៈ | ? | |
សេចក្តីប្រៀបដោយអ្នកភ្ជួរ | ? | |
ការពោលអំពីទានរបស់ព្រះបាទបាយាសិរាជញ្ញៈ | ? | |
ការពោលអំពីគវម្បតិត្ថេរ និងបាយាសិទេវបុត្រ | ? | |
ឧទ្ទានគាថា | ? |