User Tools

Site Tools


Translations of this page?:
km:tipitaka:book_021

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ២១ - Book 21

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០២១ - Tipitaka Book 021, for change log on ati.eu see here: រាយការណ៍ ភាគ ០២១



book_021.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_021.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ២១

ទ. ១

សុត្តន្តបិដក

មជ្ឈិមនិកាយ

មូលបណ្ណាសក

ទុតិយភាគ

ភាគទី ២១

ឱបម្មវគ្គ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

ឱបម្មវគ្គ

(៣. ឱបម្មវគ្គោ)

កកចូបមសូត្រ ទី១

(១. កកចូបមសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក៏សម័យនោះឯង ព្រះមោលិយផគ្គុន មានអាយុ នៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីហួសវេលា។ ព្រះមោលិយផគ្គុន ​មាន​អាយុ តែងនៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីយ៉ាងនេះ។ បើមានភិក្ខុណា​មួយ ពោល​ទោស​ពួកភិក្ខុនីទាំងនោះ ក្នុងទីចំពោះមុខព្រះមោលិយផគ្គុនមានអាយុ ព្រះមោលិយផគ្គុន​​មាន​អាយុ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍​ដោយ​ហេតុ​នោះ​ផង។ បើមានភិក្ខុ​ណាមួយ ​ពោលទោសព្រះមោលិយផគ្គុនមានអាយុ ក្នុងទីចំពោះមុខ​ពួកភិក្ខុនី​ទាំងនោះ ពួកភិក្ខុនី ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើ​អធិករណ៍​ដោយ​ហេតុ​នោះផង។ ព្រះ​មោលិយផគ្គុន​​មានអាយុ តែងនៅច្រឡូកច្រឡំ ដោយពួកភិក្ខុនីយ៉ាងនេះ។ គ្រានោះ​ មាន​ភិក្ខុ១រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប​ថ្វាយ​បង្គំ ព្រះ​មាន​ព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុង​ទីដ៏​សម​គួរ​ហើយ បាន​ក្រាបបង្គំទូលព្រះមានបុណ្យ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន មោលិយផគ្គុន​​មាន​អាយុ នៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីហួសវេលា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន មោលិយផគ្គុន​មានអាយុ តែងនៅច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនីយ៉ាងនេះ បើ​មាន​ភិក្ខុណាមួយ ពោល​ទោស​ភិក្ខុនីទាំងនោះ ក្នុងទីចំពោះមុខមោលិយផគ្គុនមានអាយុ មោលិយផគ្គុន​មានអាយុ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ ដោយហេតុនោះផង បើមានភិក្ខុណាមួយ ពោល​ទោសមោលិយផគ្គុនមានអាយុ ក្នុង​ទីចំពោះមុខ​ភិក្ខុនី​ទាំង​នោះ ភិក្ខុនី​ទាំង​អម្បាល​នោះ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ ដោយ​ហេតុ​នោះ​ផង បពិត្រព្រះអង្គ​ដ៏ចម្រើន មោលិយផគ្គុនមានអាយុ តែងនៅច្រឡូកច្រឡំ ជាមួយ​នឹង​ពួក​ភិក្ខុនីយ៉ាង​នេះឯង។

[២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ១រូបមកថា ម្នាលភិក្ខុ ចូរ​អ្នក​មកអាយ អ្នកចូលទៅហៅ មោលិយផគ្គុនភិក្ខុ តាមពាក្យតថាគតថា ម្នាល​អាវុសោ​មោលិយផគ្គុន ព្រះសាស្តា ទ្រង់ត្រាស់ហៅអ្នក។ ភិក្ខុនោះទទួលព្រះពុទ្ធដីកា នៃព្រះមាន​ព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅរកមោលិយផគ្គុនមានអាយុ លុះចូល​ទៅ​ដល់ហើយ បាននិយាយពាក្យនេះ នឹងព្រះមោលិយផគ្គុនមានអាយុថា ម្នាលអាវុសោ​មោលិយផគ្គុន ព្រះសាស្តាទ្រង់ត្រាស់ហៅលោក។ ព្រះមោលិយផគ្គុនមានអាយុ ទទួល​ពាក្យ​ភិក្ខុនោះថា អើអាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមោលិយផគ្គុន​មាន​អាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ មានព្រះពុទ្ធតម្រាស់នេះថា ម្នាលផគ្គុន អ្នកនៅច្រឡូកច្រឡំ ជាមួយនឹងួកភិក្ខុនីហួសវេលា ពិតមែនឬ ម្នាលផគ្គុន អ្នក​នៅ​ច្រឡូកច្រឡំ ជាមួយពួកភិក្ខុនីយ៉ាងនេះ បើមានភិក្ខុណាមួយ ពោល​ទោស​ពួក​ភិក្ខុនី​នោះ ក្នុងទីចំពោះមុខអ្នក ៗក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ដោយហេតុនោះផង ពុំនោះសោត បើមានភិក្ខុណាមួយ ពោលទោសអ្នក ក្នុងទីចំពោះមុខពួកភិក្ខុនី ៗនោះ​ ក៏​ខឹង​អាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ ដោយហេតុនោះផង ម្នាលផគ្គុន បានឮថា អ្នក​តែង​នៅ​ច្រឡូកច្រឡំ ជាមួយនឹងពួកភិក្ខុនី យ៉ាងនេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលផគ្គុន ចុះ​ក្រែងអ្នកជាកុលបុត្រចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធាឬ។ ព្រះ​ករុណា​ព្រះអង្គ។ ម្នាលផគ្គុន អ្នកនៅច្រឡូកច្រឡំជាមួយពួកភិក្ខុនីហួសវេលា ដោយអំពើណា អំពើនុ៎ះមិនសមគួរដល់អ្នក ដែលជាកុលបុត្រចេញចាកផ្ទះ ចូល​មក​កាន់​ផ្នួស​ដោយ​សទ្ធា​ឡើយ។ ម្នាលផគ្គុន ព្រោះហេតុនោះ បើប្រសិនជាមានភិក្ខុណាមួយ ពោល​ទោសពួក​ភិក្ខុនី​នោះ ចំពោះមុខអ្នក ម្នាលផគ្គុន ឆន្ទៈណា ដែលអាស្រ័យនូវ​ផ្ទះ គឺ​បញ្ចកាមគុណ វិតក្កៈ​ណា ដែលអាស្រ័យនូវផ្ទះគឺ បញ្ចកាមគុណ អ្នកគប្បីលះបង់ឆន្ទៈ និងវិតក្កៈ​ទាំង​នោះ ក្នុង​ការ​ពោលទោសនោះចេញ ម្នាលផគ្គុន មួយទៀត ក្នុងការ​ពោល​ទោស​នោះ អ្នកត្រូវ​សិក្សា​យ៉ាងនេះថា ចិត្តរបស់អាត្មាអញ នឹងមិនប្រែប្រួលផង អាត្មាអញ នឹងមិន​បញ្ចេញ​វាចា​អាក្រក់ផង អាត្មាអញ នឹងជាអ្នកមានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ជាអ្នក​មាន​មេត្តា​ចិត្ត មិនមានទោសចិត្តផង ម្នាលផគ្គុន អ្នកត្រូវសិក្សា យ៉ាងនេះចុះ។ ម្នាលផគ្គុន ព្រោះ​ហេតុនោះ បើប្រសិនជាមានភិក្ខុណាមួយ ឲ្យនូវការ​ប្រហារ​ដោយដៃ ឲ្យនូវ​ការ​ប្រហារ ដោយដុំដី ឲ្យនូវការប្រហារ ដោយដំបង ឲ្យនូវការប្រហារ ដោយគ្រឿងសាស្ត្រា ដល់​ពួកភិក្ខុនីនោះ ក្នុងទីចំពោះមុខអ្នក ម្នាលផគ្គុន ឆន្ទៈណា ដែលអាស្រ័យនូវផ្ទះគឺ បញ្ចកាមគុណ វិតក្កៈណា ដែលអាស្រ័យ​នូវផ្ទះគឺ បញ្ចកាមគុណ អ្នកគប្បីលះបង់នូវឆន្ទៈ និងវិតក្កៈទាំងនោះ ក្នុងការឲ្យ​នូវ​ប្រហារ​នោះ​ចេញ ម្នាលផគ្គុន មួយទៀត ក្នុងការ​ឲ្យនូវ​ប្រហារ​នោះ អ្នកត្រូវសិក្សាយ៉ាងនេះថា ចិត្តរបស់អាត្មាអញ នឹង​មិន​ប្រែប្រួលផង អាត្មា​អញ នឹងមិនបញ្ចេញវាចាអាក្រក់ផង អាត្មាអញ នឹងជាអ្នក​អនុគ្រោះ​ដោយប្រយោជន៍ ជាអ្នកមានមេត្តាចិត្ត មិនមានទោស​ចិត្ត​ផង ម្នាលផគ្គុន អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាល​ផគ្គុន ព្រោះហេតុនោះ បើប្រសិន​ជា​មាន​ភិក្ខុណាមួយ ពោលទោសចំពោះមុខអ្នក ម្នាល​ផគ្គុន ឆន្ទៈណា ដែល​អាស្រ័យ​នូវ​ផ្ទះគឺ បញ្ចកាមគុណ វិតក្កៈណា ដែលអាស្រ័យ​នូវផ្ទះគឺបញ្ចកាមគុណ អ្នកគប្បី​លះបង់​នូវ​ឆន្ទៈ និងវិតក្កៈទាំងនោះ ក្នុងការពោល​ទោស​នោះ​ចេញ ម្នាលផគ្គុន មួយទៀត ក្នុង​ការ​ពោល​ទោសនោះ អ្នកត្រូវសិក្សាយ៉ាងនេះថា ចិត្តរបស់អាត្មាអញនឹងមិនប្រែប្រួលផង អាត្មាអញ នឹងមិនបញ្ចេញវាចាអាក្រក់ផង អាត្មាអញ នឹងជាអ្នកអនុគ្រោះ​ដោយ​ប្រយោជន៍ ជាអ្នកមានមេត្តាចិត្ត មិនមាន​ទោស​ចិត្ត​ផង ម្នាលផគ្គុន អ្នកត្រូវសិក្សា​យ៉ាង​នេះ​ចុះ។ ម្នាលផគ្គុន ព្រោះហេតុនោះ បើប្រសិនជា​មាន​ភិក្ខុណាមួយ ឲ្យនូវការ​ប្រហារ​ដោយ​ដៃ ឲ្យនូវការប្រហារដោយដុំដី ឲ្យនូវ​ការ​ប្រហារ​ដោយដំបង ឲ្យនូវការ​ប្រហារ​ដោយ​គ្រឿងសាស្ត្រា ចំពោះអ្នក ម្នាលផគ្គុន ឆន្ទៈណា ដែល​អាស្រ័យនូវផ្ទះគឺ បញ្ចកាមគុណ វិតក្កៈណា ដែលអាស្រ័យនូវផ្ទះ គឺបញ្ចកាមគុណ អ្នក​គប្បី​លះបង់ឆន្ទៈ និងវិតក្កៈ​ទាំងនោះ ក្នុងការឲ្យនូវប្រហារនោះចេញ ម្នាលផគ្គុន មួយ​ទៀត ក្នុងការឲ្យ​នូវ​ប្រហារ​នោះ អ្នកត្រូវសិក្សា យ៉ាងនេះថា ចិត្តរបស់​អាត្មាអញ នឹង​មិន​ប្រែប្រួល​ផង អាត្មាអញ នឹងមិន​បញ្ចេញ​វាចាអាក្រក់ផង ជាអ្នកអនុគ្រោះ ដោយ​ប្រយោជន៍ មានចិត្ត​មេត្តា មិនមានទោសចិត្តផង ម្នាលផគ្គុន អ្នកត្រូវសិក្សាយ៉ាងនេះចុះ។

[៣] លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ទៅនឹងភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួកភិក្ខុបានញ៉ាំងចិត្តតថាគតឲ្យត្រេកអរ ក្នុងសម័យមួយហើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតបានប្រាប់ភិក្ខុទាំងឡាយ ក្នុងទីនេះថា ម្នាលភិក្ខុទាំងឡាយ តថាគតឆាន់ភោជនតែក្នុងអាសនៈមួយ ម្នាលភិក្ខុទាំងឡាយ កាលតថាគតឆាន់ភោជន​តែក្នុងអាសនៈមួយ តថាគត ក៏បានប្រសព្វនូវការមិនមានអាពាធផង មិនមានរោគផង ក្រោកទៅមកបានរហ័សរហួនផង កំឡាំងកាយផង ការនៅជាសុខសប្បាយផង។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ អ្នកទាំងឡាយ ចូរបរិភោគ​ភោជន​តែ​ក្នុង​អាសនៈ​មួយ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិភោគភោជន ក្នុងអាសនៈមួយ អ្នកទាំងឡាយ នឹងបានប្រសព្វនូវការមិនមានអាពាធផង មិនមានរោគផង ក្រោកទៅមក​បាន​ហ័សរហួនផង កំឡាំងកាយផង ការនៅជាសុខសប្បាយផង មិនខាន។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតមិនបានធ្វើ នូវការប្រៀបប្រដៅភិក្ខុទាំងនោះទេ ម្នាលភិក្ខុទាំងឡាយ តថាគត​​ គ្រាន់តែដាស់​ស្មារតី​ភិក្ខុទាំងឡាយនោះ ប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ដូចជា​រថ​ទឹម​សេះអាជានេយ្យ មានទាំងសេះដែលគេបង្វឹកល្អហើយ មានជន្លួញប្រុងប្រៀប ទឹម​បញ្ឈរ​ទុកត្រង់ផ្លូវធំបំបែកជា៤ មានផែនដីដ៏រាបស្មើ បង្វឹកទូន្មាន គ្រូអ្នកបង្ហាត់ បាន​ឡើង​ជិះរថនោះ កាន់ខ្សែបរដោយដៃឆ្វេង កាន់ជន្លួញដោយដៃស្តាំ បរទៅមុខខ្លះ បរវិល​ត្រឡប់​​ថយក្រោយខ្លះ តម្រង់ទៅរកផ្លូវដែលខ្លួនប្រាថ្នា និងដំណើរដែលខ្លួនប្រាថ្នា សេចក្តី​​នេះមានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនគួរធ្វើនូវ​ការ​ប្រៀន​ប្រដៅភិក្ខុទាំងឡាយនោះទេ ម្នាលភិក្ខុទាំងឡាយ តថាគត ​គួធ្វើ​តែ​ត្រឹម​ការ​ដាស់​ស្មារតី​ភិក្ខុ​ទាំងឡាយនោះប៉ុណ្ណោះ មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុនោះ អ្នកទាំងឡាយ ចូរលះអកុសលចេញ ចូរធ្វើនូវសេចក្តីព្យាយាម ក្នុង​កុសលធម៌​ទាំងឡាយ ព្រោះថា កាលបើអ្នកទាំងឡាយ បានធ្វើយ៉ាងនេះ នឹងបានដល់នូវ​សេចក្តី​ចម្រើន ដុះដាល ធំទូលាយ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ដូចជាព្រៃឈើធំ​នៅជិត​ស្រុក ឬនិគម ព្រៃឈើនោះ សឹងតែដេរដាស ដោយវល្លិឯលណ្ឌៈ(អដ្ឋកថា ថា បានដល់​វល្លិ៍ ដែលប្រទូស្តដើមឈើ គឺរួបរឹតឲ្យវិនាស) បុរសណាមួយ ប្រាថ្នានូវ​សេចក្តី​ចម្រើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីក្សេមក្សាន្ត ចាកគ្រឿងរួបរឹត ដល់ព្រៃឈើ​នោះ បុរសនោះ ឆ្កាកូនឈើដែលវៀចៗ មានឱជារសផែនដីជ្រួតជ្រាបទៅដល់ ហើយនាំ​យក​ចេញ​ទៅខាងក្រៅ ជម្រះទីខាងក្នុងព្រៃឲ្យស្អាតបាត រួចថែរក្សាកូនឈើ ដែលដុះ​ឡើង​ត្រង់ៗ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើបុរសនោះ បានធ្វើយ៉ាងនេះ ព្រៃឈើនោះឯង មុខជានឹងដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយ ក្នុងសម័យខាងក្រោយមកពុំខាន សេចក្តី​នេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់​អកុសល​ចេញ ចូរធ្វើនូវសេចក្តីព្យាយាម ក្នុង​កុសលធម៌​ទាំង​ឡាយ ព្រោះថា កាលបើ​អ្នក​ទាំង​ឡាយ​បានធ្វើយ៉ាងនេះ នឹងដល់នូវសេចក្តីចម្រើន ដុះដាល ធំទូលាយ ក្នុងធម្មវិន័យ​នេះ​ពុំ​ខាន មានឧបមេយ្យយ៉ាងនោះឯង។

[៤] ​ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានគហបតានីម្នាក់ ឈ្មោះ​នាង វេទេហិកា នៅក្នុងក្រុងសាវត្ថីនេះឯង។ ម្នាលភិក្ខុទាំងឡាយ កិត្តិសព្ទ​ដ៏ពីរោះ របស់នាង វេទេហិកាគហបតានី ល្បីខ្ចរខ្ចាយ សុសសាយទៅ យ៉ាងនេះថា នាងវេទេហិកា​គហបតានី ជាស្ត្រីស្លូត នាងវេទេហិកាគហបតានី ជាស្ត្រីសភាពរាបទាប នាងវេទេហិកា​គហបតានី ជាស្ត្រីស្រគត់ស្រគំ។ ម្នាលភិក្ខុទាំងឡាយ ឯនាងវេទេហិកាគហបតានី មានទាសី១នាក់ ឈ្មោះ កាឡី ជាស្ត្រីឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកចាត់ចែងការងារល្អ។ ម្នាលភិក្ខុ​ទាំង​ឡាយ គ្រានោះឯង នាងកាឡីទាសី មានសេចក្តីត្រិះរិះដូច្នេះថា នាងម្ចាស់របស់​អាត្មាអញ មានកិត្តិសព្ទដ៏ពីរោះល្បីខ្ចរខ្ចាយ សុសសាយទៅយ៉ាងនេះថា នាងវេទេហិកា​គហបតានី ជាស្ត្រីស្លូត នាងវេទេហិកាគហបតានី ជាស្ត្រីសុភាពរាបទាប នាងវេទេហិកា​គហបតានី ជាស្ត្រីស្រគត់ស្រគំដូច្នេះ ចុះអ្នកស្រីជាម្ចាស់អញ មានកំហឹងខាងក្នុងដែរ តែមិនធ្វើ​ឲ្យ​ប្រាកដ​ឬ ឬមិនមានកំហឹងខាងក្នុងទេ ឬក៏ដោយសារការងារទាំងនុ៎ះ ដែលអញ​បាន​ចាត់​ចែង​ត្រឹមត្រូវ បានជាអ្នកស្រី​ជាម្ចាស់​អញមិនបញ្ចេញ​កំហឹង​ខាងក្នុង​ដែល​មានដែរ មិន​មែន​ជាមិនមានទេ បើដូច្នោះ មានតែអញល្បងអ្នកស្រី​ជាម្ចាស់​ល​មើល។ ម្នាល​ភិក្ខុ​ទាំងឡាយ គ្រានោះ នាងកាឡីទាសីក្រោកឡើង​(ពីដំណេក) ក្នុងវេលា​ថ្ងៃ​ពេក។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងពេលនោះ នាងវេទេហិកាគហបតានី បាននិយាយនឹង​នាង​ទាសីកាឡី ដូច្នេះ​ថា នែមេកាឡី។ នាងកាឡីទាសីឆ្លើយតបថា អ្នកស្ត្រីមាន​ប្រសាសន៍​ថាម៉េច។ ចុះហង ម្តេចក៏ក្រោកទាល់ថ្ងៃម៉្លេះ។ គ្មានអ្វីទេអ្នកស្រី។ នាងវេទេហិកា​គហបតានី ក៏​ខឹង​អាក់​អន់ចិត្ត ធ្វើមុខក្រញូវស្រដីថា យើមេចោរទាសីគំរក់ បើមិនមានអ្វីទេ ម្តេចក៏​ហង​ឯង​ក្រោក​ទាល់តែថ្ងៃម៉្លេះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ កាឡីទាសី​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា អ្នកស្ត្រីជាម្ចាស់អញ មានកំហឹងខាងក្នុងដែរ តែមិនធ្វើឲ្យប្រាកដ មិនមែនជា​មិន​មាន​ទេ ដោយសារការងារទាំងនុ៎ះ អាត្មាអញ បានចាត់ចែងត្រឹមត្រូវ បាន​ជា​អ្នក​ស្ត្រី​ជា​ម្ចាស់​អញ មិនបញ្ចេញកំហឹងខាងក្នុងដែលមានដែរ មិនមែន​ជា​មិន​មាន​ទេ បើដូច្នោះ​ គួរ​តែ​អញល្បងមើលម្ចាស់អញ ឲ្យលើសជាងនេះទៅទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ គ្រានោះ នាង​កាឡីទាសីក្រោកឡើង​(ពីដំណេក) រឹងរិតតែទាល់ថ្ងៃ​ជាងមុន​ទៅ​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ វេលានោះ នាងវេទេហិកាគហបតានី បាននិយាយនឹង​នាង​ទាសីកាឡីដូច្នេះថា នែ​មេកាឡី។ នាងកាឡីទាសីឆ្លើយតបថា អ្នកស្ត្រីមាន​ប្រសាសន៍​ថាម៉េច។ ចុះហងម្តេចក៏​ក្រោក​ទាល់ថ្ងៃម៉្លេះ។ គ្មានអ្វីទេអ្នកស្រី។ នាងវេទេហិកាគហបតានី ក៏ខឹងអាក់អន់ចិត្ត ក៏បញ្ចេញវាចា ដោយសេចក្តីអាក់អន់ចិត្តថា យើមេចោរទាសីគំរក់ បើមិនមានអ្វីទេ ម្តេចក៏ហងក្រោកទាល់ថ្ងៃម៉្លេះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ កាឡីទាសី​មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា អ្នកស្ត្រីជាម្ចាស់អញ មានកំហឹងខាងក្នុងដែរ តែមិនធ្វើឲ្យប្រាកដ មិនមែន​ជា​មិនមានទេ ដោយសារការងារទាំងនុ៎ះ ដែលអាត្មាអញបានចាត់ចែងត្រឹមត្រូវ បានជា​អ្នក​ស្ត្រីជាម្ចាស់អញ មិនបញ្ចេញកំហឹងខាងក្នុង មិនមែនជាមិនមានទេ បើដូច្នោះ គួរ​តែ​អញ​ល្បងមើលអ្នកស្ត្រីជាម្ចាស់ឲ្យលើសជាងនេះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ នាង​កាឡីទាសីក្រោកឡើង(ពីដំណេក)រឹងតិតតែទាល់ថ្ងៃជាងមុនទៅទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសម័យនោះ នាងវេទេហិកាគហបតានី បាន​និយាយនឹង​កាឡីទាសី ដូច្នេះ​ថា នែមេកាឡី។ កាឡីទាសីឆ្លើយតបថា អ្នកស្ត្រីមានប្រសាសន៍ថាម៉េច។ ចុះហងម្តេច​ក៏ក្រោក​ទាល់ថ្ងៃម៉្លេះ។ គ្មានអ្វីទេអ្នកស្រ្តី។ នាងវេទេហិកាគហបតានី ខឹងអាក់អន់ចិត្ត និយាយថា យើមេចោរទាសីគំរក់ បើមិនមានអ្វីទេ ម្តេចក៏ហងក្រោកទាល់ថ្ងៃម៉្លេះ ថា​ហើយ​ក៏ចាប់​រនុកទ្វារយារសំពងចំក្បាលថា អញនឹងវាយបំបែកក្បាលហង។ ម្នាលភិក្ខុ​ទាំង​ឡាយ គ្រានោះឯង នាងកាឡីទាសី បែកក្បាលហូរឈាមរហាម ក៏ពោល​ទោសប្រាប់ស្ត្រី​អ្នក​ស្និតស្នាលជិតខាងថា អ្នកស្ត្រីជាម្ចាស់ ចូរមើលអំពើរបស់ស្ត្រីដែលស្លូតចុះ អ្នកស្ត្រី​ជា​ម្ចាស់ ចូរមើលអំពើរបស់ស្ត្រីដែលសុភាពរាបទាបចុះ អ្នកស្រ្តីជាម្ចាស់ ចូរមើល​អំពើ​របស់​ស្ត្រី​ស្រគត់ស្រគំចុះ មិនសមបើអ្នកស្រ្តីជាម្ចាស់(នៃខ្ញុំ)ខឹងអាក់អន់ចិត្តនឹងទាសីម្នាក់ថា ហងឯងក្រោក(ពីដំណេក)ទាល់ថ្ងៃ ហើយចាប់រនុកទ្វារយារសំពងចំក្បាលថា អញ​នឹង​វាយ​បំបែកក្បាលហងឯងដូច្នេះសោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ នាង​វេទេហិកាគហបតានី ក៏មានកិត្តិសព្ទដ៏អាក្រក់លកបី​ខ្ចរខ្ចាយសុសសាយ ក្នុង​សម័យ​ខាង​ក្រោយ​មកយ៉ាងនេះថា នាងវេទេហិកាគហបតានី ជាស្ត្រីកាច នាងវេទេហិកាគហបតានី ជាស្ត្រីមិនសភាពរាបទាប នាងវេទេហិកាគហបតានី ជាស្ត្រីមិនស្រគត់ស្រគំ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុខ្លះក្នុងសាសនានេះ ក៏យ៉ាងនោះដែរ ជាអ្នកស្លូតណាស់ ជាអ្នក​សភាព​រាប​ទាប​ណាស់ ជាអ្នកស្រគត់ស្រគំណាស់ ត្រាតែគន្លងពាក្យមិនជាទីគាប់ចិត្ត មិនទាន់​មកប៉ះ​ពាល់ ម្នាលភិក្ខុទាំងឡាយ កាលណាបើគន្លងពាក្យមិនគាប់ចិត្ត មកប៉ះពាល់ភិក្ខុហើយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបគេដឹងថាជាអ្នកស្លូត ថាជាអ្នកសភាពរាបទាប ថាជា​អ្នក​ស្រគត់​ស្រគំ ក្នុងកាលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាអ្នកប្រដៅងាយ ដល់​នូវ​ភាព​ជាអ្នកប្រដៅងាយ ព្រោះតែចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគត មិនបានហៅភិក្ខុនោះថា ជាអ្នកប្រដៅងាយឡើយ ព្រោះហេតុដូចម្តេច ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថាភិក្ខុនោះ កាលបើមិនបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏មិនមែនជាអ្នកប្រដៅងាយ មិនដល់នូវភាពជាអ្នក​ប្រដៅ​ងាយ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណាមួយ ធ្វើសក្ការៈចំពោះធម៌ ធ្វើសេចក្តី​គោរព​ធម៌ ប្រព្រឹត្តកោតក្រែងធម៌មែន ទើបពេញជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ តថាគត ហៅភិក្ខុនោះថា ជាអ្នកប្រដៅងាយ។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រោះហេតុនោះ ពួកភិក្ខុក្នុងសាសនានេះ ត្រូវគិតគ្នាថា យើងទាំងឡាយ កាល​ធ្វើ​សក្ការៈ​ចំពោះធម៌ ធ្វើសេចក្តីគោរពធម៌ ប្រព្រឹត្តកោតក្រែងធម៌ និងជាអ្នកប្រដៅងាយ ដល់នូវភាពជាអ្នកប្រដៅងាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បី​សិក្សា​យ៉ាង​នេះ​ចុះ។

[៥] ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បី​និយាយ​ដោយគន្លង នៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះមាន៥ប្រការគឺ និយាយ​ក្នុងកាលគួរ ឬមិនគួរ១ និយាយដោយពាក្យពិត ឬមិនពិត១ និយាយដោយ​ពាក្យ​ល្អ ឬអាក្រក់១ និយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយ​ប្រយោជន៍​១ និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬទោសចិត្ត១។ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយក្នុងកាលគួរ ឬមិនគួរខ្លះ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យពិត ឬពាក្យមិនពិតខ្លះ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាដោយពាក្យល្អ ឬពាក្យអាក្រក់ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយ​ពាក្យ​ប្រកប​ដោយ​ប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាល​និយាយ គប្បីនិយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្តខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាក្នុងគន្លងនៃពាក្យនោះយ៉ាងនេះថា ចិត្ត​របស់​យើងនឹងមិនប្រែប្រួលផង យើងនឹងមិនបញ្ចេញវាចាអាក្រក់ផង និងជាអ្នក​អនុគ្រោះ ដោយ​ប្រយោជន៍ និងជាអ្នកមានមេត្តាចិត្ត មិនមានទោសចិត្តផង និងជាអ្នកមានចិត្ត ប្រកបដោយមេត្តា ផ្សាយទៅកាន់បុគ្គលនោះផង នឹងជាអ្នកមានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[៦] ម្នាលភិក្ខុទាំងឡាយ ដូចបុរសកាន់ចប និងល្អីដើរមក បុរសនោះ​និយាយ​យ៉ាង​នេះថា អញនឹងធ្វើផែនដីធំនេះ ឲ្យមិនមែនជាផែនដី។ បុរសនោះ ជីកដីត្រង់នោះៗ បាចសាចទៅក្នុងទីនោះៗ ស្តោះទឹកមាត់ទៅក្នុងទីនោះៗ បន្ទោបង់នូវមូត្រ ក្នុងទីនោះៗ ដោយ​គិតថា ទីនេះមិនមែនជាផែនដី ទីនេះមិនមែនជាផែនដី។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ អាចនឹងធ្វើផែនដីធំនេះ ឲ្យមិនមែន​ជាផែនដីបានឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះធ្វើមិនបានទេ ព្រោះ​ហេតុអ្វី បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ផែនដីធំនេះ ជ្រាលជ្រៅ​រកប្រមាណ​មិន​បាន ផែន​ដីធំនេះ មិនងាយនឹងធ្វើឲ្យទៅជាមិនមែនផែនដីបានឡើយ ក៏ឯបុរសនោះ គ្រាន់​តែ​បានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ យ៉ាងនោះឯងហើយ ដំណើរនោះ ដូចគ្នានឹងពួកជនដទៃ កាលនិយាយ ចំពោះ​អ្នក​ទាំង​ឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លងនៃពាក្យ​ទាំងឡាយ​នេះ មាន៥ប្រការគឺ និយាយក្នុងកាលគួរ ឬមិនគួរ១ និយាយដោយពាក្យពិត ឬមិនពិត១ និយាយដោយពាក្យល្អ ឬពាក្យអាក្រក់ និយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬ​មិន​ប្រកបដោយប្រយោជន៍១ និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកប​ដោយ​ទោស​ចិត្ត១។ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយ ក្នុងកាលគួរ ឬកាល​មិនគួរខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយ​ដោយ​ពាក្យ​ពិត ឬពាក្យមិនពិតខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បី​និយាយ​ដោយពាក្យល្អ ឬពាក្យអាក្រក់ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាល​និយាយ គប្បីនិយាយដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយ​ប្រយោជន៍​ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយ​ដោយពាក្យ​ប្រកប​ដោយ​មេត្តាចិត្ត ឬប្រកបដោយទោសចិត្តខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សាក្នុងគន្លងនៃពាក្យទាំងនោះ យ៉ាងនេះថា ចិត្តរបស់យើងនឹងមិនប្រែប្រួលផង យើង​នឹង​មិនបញ្ចេញវាចាអាក្រក់ផង និងជាអ្នកអនុគ្រោះដោយប្រយោជន៍ និងជា​អ្នក​មាន​មេត្តា​ចិត្ត មិនមានទោសចិត្តផង និងមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់​បុគ្គល​នោះ​ផង និងជាអ្នកមានចិត្តស្មើដោយផែនដី ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ហើយផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យ​ជា​អារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាង​នេះ​ចុះ។

[៧] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសយកទឹកល័ខក្តី ទឹករមៀតក្តី វត្ថុមាន​ពណ៌​ខៀវ​ក្តី ពណ៌ហង្សបាទក្តី ដើរមក បុរសនោះនិយាយយ៉ាងនេះថា អាត្មាអញ នឹងគូររូប​ទាំង​ឡាយ ធ្វើឲ្យមានរូបភាពប្រាកដឡើងក្នុងអាកាសនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ សំគាល់សេចក្តីនោះថាដូចម្តេច បុរសនោះ អាចគូររូបទាំងឡាយ ធ្វើឲ្យ​មានរូប​ភាព ប្រាកដឡើងក្នុងអាកាសនេះបានឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះ ធ្វើមិន​បានទេ ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាអាកាសនេះមិនមានរូប មិនជាទីឃើញរូប មិនងាយនឹងគូររូប មិនងាយនឹងធ្វើរូបភាពឲ្យមានប្រាកដ ក្នុង​អាកាស​នេះ​បានឡើយ ក៏ឯបុរសនោះ គ្រាន់តែបានចំណែកសេចក្តីលំបាកកាយ និងសេចក្តី​ចង្អៀត​ចង្អល់ចិត្តប៉ុណ្ណោះ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះមែនហើយ សេចក្តីនោះ​ដូចគ្នា​នឹពួក​ជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយ​គន្លងនៃពាក្យ​ទាំង​ឡាយណា គន្លងនៃពាក្យទាំងឡាយនេះ មាន៥ប្រការ គឺ និយាយក្នុងកាលគួរ ឬកាល​មិន​គួរ១ ។បេ។ ជាអ្នកមានចិត្តស្មើដោយអាកាស ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជា​អារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាង​នេះចុះ។

[៨] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសកាន់គប់ភ្លើង ដែលឆេះរន្ទាលដើរមក បុរស​នោះនិយាយយ៉ាងនេះថា អាត្មាអញនឹងកំដៅទន្លេគង្គាឲ្យក្តៅសព្វ ដោយ​គប់ស្មៅ​ដែល​ឆេះ​រន្ទាលនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះថាដូចម្តេច បុរសនោះ​អាចកំដៅទន្លេគង្គាឲ្យក្តៅសព្វ ដោយគប់ស្មៅដែលឆេះរន្ទាលបានឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ធ្វើមិនបានទេ ព្រោះហេតុដូចម្តេច បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ព្រោះថាគង្គាមានជម្រៅរាប់​មិនបាន1) ទន្លេគង្គានោះ បុគ្គល​មិនងាយ​នឹងកំដៅឲ្យក្តៅសព្វ ដោយគប់ស្មៅដែលឆេះរន្ទាលបានឡើយ ក៏ឯបុរសនោះ​គ្រាន់តែ​បានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ។ ម្នាល​ភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមាដូចម្តេច មានឧបមេយ្យដូចពួកជនដទៃ កាល​និយាយ​ចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លង​នៃពាក្យ​ទាំងឡាយនេះមាន៥ប្រការ គឺ និយាយក្នុងកាលគួរ ឬកាលមិនគួរ១ ។បេ។ និងជា​អ្នក​មាន​ចិត្តស្មើដោយទន្លេគង្គា ជាចិត្តធំទូលាយ ដល់នូវសភាពធំ ប្រមាណមិន​បាន មិនមាន​ពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជា​អារម្មណ៍​របស់មេត្តា​ចិត្ត​នោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[៩] ម្នាលភិក្ខុទាំងឡាយដូចជាសំពៀតស្បែកខ្លាត្រី ដែលបុគ្គលដំច្របាច់ សម្លាប់​ឲ្យ​ទន់ ដូចជាសំឡី មិនមានសំឡេងស្រួយ មិនមានសំឡេងណែន បើបុរសកាន់យកឈើ ឬអំបែង​ក្បឿងដើរមក បុរសនោះនិយាយយ៉ាងនេះថា អាត្មាអញនឹងយកឈើ ឬអំបែង​ក្បឿង(នេះ)ទៅគោះសំពៀតស្បែកខ្លាត្រី ដែលបុគ្គលដំច្របាច់ សម្លាប់ឲ្យទន់ដូចជាសំឡី មិនមាន​សំឡេងស្រួយ មិនមានសំឡេងណែននេះ ធ្វើឲ្យមានសំឡេងស្រួយ ឲ្យមាន​សំឡេង​ណែនឡើងវិញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចក្តីនោះ ថាដូច​ម្តេច បុរសនោះ អាចយកកំណាត់ឈើ ឬអំបែងក្បឿង ទៅគោះសំពៀតស្បែកខ្លាត្រី ដែល​បុគ្គល​ដំច្របាច់សម្លាប់ឲ្យទន់ ដូចជាសំឡី មិនមានសំឡេងស្រួយ មិនមាន​សំឡេងណែន​នេះ ធ្វើឲ្យមានសំឡេងស្រួយ ឲ្យមានសំឡេងណែនឡើងវិញបានឬទេ។ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ហេតុនេះ ធ្វើមិនបានទេ ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា​សំពៀត​ស្បែកខ្លាត្រីនេះ ដែលបុគ្គលដំច្របាច់ សម្លាប់ឲ្យទន់ដូចជាសំឡី មិនមាន​សំឡេង​ស្រួយ មិនមានសំឡេងណែន សំពៀតស្បែកខ្លាត្រីនោះ បុគ្គលមិនងាយ​នឹងគោះឲ្យ​មាន​សម្លេង​ស្រួយ ឲ្យមានសម្លេងណែន ដោយឈើ ឬអំបែងក្បឿងបានឡើង ក៏ឯបុរសនោះ គ្រាន់តែបានចំណែកសេចក្តីលំបាកកាយ និងសេចក្តីចង្អៀតចង្អល់ចិត្តប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះមានឧបមាដូចម្តេច មានឧបមេយ្យដូចពួកជនដទៃ កាលនិយាយចំពោះអ្នកទាំងឡាយ គប្បីនិយាយដោយគន្លងនៃពាក្យទាំងឡាយណា គន្លងនៃពាក្យទាំងឡាយនេះ មាន៥ប្រការគឺ និយាយក្នុងកាលគួរ ឬកាលមិនគួរ១ និយាយដោយពាក្យពិត ឬពាក្យមិនពិត១ និយាយដោយពាក្យល្អ ឬពាក្យអាក្រក់១ និយាយ​ដោយពាក្យប្រកបដោយប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍១ និយាយ​ដោយ​ពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្ត១។ ម្នាលភិក្ខុទាំងឡាយ ពួកជន​ដទៃ កាលនិយាយ គប្បីនិយាយក្នុងកាលគួរ ឬកាលមិនគួរខ្លះ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យពិត ឬពាក្យមិនពិតខ្លះ ម្នាល​ភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យល្អ ឬពាក្យអាក្រក់ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាលនិយាយ គប្បីនិយាយដោយពាក្យ​ប្រកបដោយ​ប្រយោជន៍ ឬមិនប្រកបដោយប្រយោជន៍ខ្លះ ម្នាលភិក្ខុទាំងឡាយ ពួកជនដទៃ កាល​និយាយ គប្បី និយាយដោយពាក្យប្រកបដោយមេត្តាចិត្ត ឬប្រកបដោយទោសចិត្តខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាក្នុងគន្លងនៃពាក្យ​ទាំងឡាយនោះ​យ៉ាង​នេះ​ថា ចិត្តរបស់យើងនឹងបានប្រែប្រួលផង យើងនឹងមិនបញ្ចេញវាចាអាក្រក់ផង និងជា​អ្នក​អនុគ្រោះដោយប្រយោជន៍ ជាអ្នកប្រកបដោយមេត្តាចិត្ត មិនមានទោសចិត្តផង និង​ជាអ្នកមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់បុគ្គលនោះផង និងជាអ្នកមានចិត្តស្មើ ដោយសំពៀតស្បែកខ្លាត្រី ជាចិត្តធំទូលាយ ដល់នូវសភាពធំ មិនមានប្រមាណ មិន​មាន​ពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍ របស់​មេត្តា​ចិត្ត​នោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

[១០] ម្នាលភិក្ខុទាំងឡាយ បើពួកចោរ ដែលប្រព្រឹត្តអាក្រក់នាំគ្នា​អារ​អវយវៈ​តូចធំ​របស់​អ្នកទាំងឡាយ ដោយរណារដែលមានដងទាំងសងខាង ភិក្ខុណាមួយ ញ៉ាំងចិត្ត​ឲ្យប្រទូស្ត​ ចំពោះចោរទាំងអម្បាលនោះ ភិក្ខុនោះមិនឈ្មោះថា​ជាអ្នកធ្វើតាម​សាសនា​តថាគត ដោយការមិនអត់សង្កត់នោះឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​ក្នុងការបៀតបៀនរបស់ចោរនោះថា ចិត្តរបស់យើងនឹងមិនប្រែប្រួលផង យើង​នឹង​មិន​បញ្ចេញវាចាអាក្រក់ផង និងជាអ្នកអនុគ្រោះដោយប្រយោជន៍ និងជាអ្នក​មានមេត្តា​ចិត្ត មិនមានទោសចិត្តផង និងជាអ្នកមានចិត្តប្រកប​ដោយមេត្តា ផ្សាយ​ទៅកាន់​បុគ្គល​នោះ​ផង និងជាអ្នកមានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ដល់នូវសភាព​ធំ​ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ធ្វើឲ្យជាអារម្មណ៍របស់មេត្តាចិត្តនោះផង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាង​នេះចុះ។

[១១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីធ្វើទុកក្នុងចិត្តចំពោះ​ឱវាទដែល​ប្រៀប​ដោយរណារនេះឯង ឲ្យរឿយៗចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនឃើញ​គន្លង​នៃពាក្យតូច ឬធំនោះ ដែលនាំអ្នកទាំងឡាយអត់សង្កត់ មិនបានទេឬ។ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន យើងខ្ញុំមិនឃើញគន្លងពាក្យនោះទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ អ្នកទាំងឡាយ គប្បីធ្វើទុកក្នុងចិត្ត ចំពោះឱវាទដែលប្រៀបដោយរណារនោះឯង ឲ្យ​រឿយៗចុះ ការធ្វើទុកក្នុងចិត្តនោះ នឹងប្រព្រឹត្តដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នក​ទាំងឡាយអស់កាលជាយូរអង្វែង។ លុះព្រះមានព្រះភាគ ត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរចំពោះភាសិតរបស់ព្រះមានបុណ្យ។

ចប់កកចូបមសូត្រ ទី១

អលគទ្ទូបមសូត្រ ទី២

(២. អលគទ្ទូបមសុត្តំ)

[១២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅ ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុឈ្មោះអរិដ្ឋ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត2) មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើងថា អាត្មាអញដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។ ពួកភិក្ខុច្រើនរូបបានឮដំណឹងថា អរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើត​ឡើងថា អាត្មាអញដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌​ទាំង​ឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំង​ឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។ គ្រានោះឯង ភិក្ខុ​ទាំង​នោះ​ក៏ចូលទៅរកអរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាតនោះ លុះចូលទៅដល់ហើយ បានសួរដំណើនុ៎ះ នឹងអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ បានឮថាអ្នកមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើងថា អាត្មាអញដឹង​ច្បាស់​នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះ​មាន​ព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនគួរ​ធ្វើនូវ​សេចក្តី​អន្តរាយ ដល់បុគ្គលអ្នកសេពទេ មែនឬ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំដឹងច្បាស់​នូវធម៌ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែល​ព្រះមាន​ព្រះភាគ​ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនគួរ​ធ្វើនូវ​សេចក្តី​អន្តរាយដល់បុគ្គលអ្នកសេពទេ យ៉ាងហ្នឹងមែន។ គ្រានោះឯង ភិក្ខុទាំងនោះ​មាន​ប្រាថ្នា​ដើម្បីធ្វើអរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត ឲ្យបែរចាកទិដ្ឋិអាក្រក់នោះ ក៏សាកសួរដេញដោល សួររកហេតុថា នែអាវុសោអរិដ្ឋ អ្នកកុំពោលយ៉ាងហ្នឹងឡើយ អ្នកកុំពោលបង្កាច់ព្រះមានព្រះភាគឡើយ ការពោលបង្កាច់ព្រះមានព្រះភាគមិនល្អទេ ព្រោះថាព្រះមានព្រះភាគមិនបានត្រាស់យ៉ាងហ្នឹងឡើយ នែអាវុសោអរិដ្ឋ ធម៌ទាំង​ឡាយតែងធ្វើនូវសេចក្តីអន្តរាយដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយ​អនេកបរិយាយ ធម៌ទាំងឡាយនោះ អាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពមែន ព្រះមាន​ព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខ​ច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនោះមានច្រើន ព្រះ​មានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយមានឧបមាដូចរាងឆ្អឹង មានទុក្ខច្រើន មាន​សេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃលែង ព្រះ​មានព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយមានឧបមាដូចដុំសាច់…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយមានឧបមាដូចគប់ស្មៅ…។ ព្រះមានព្រះភាគ ទ្រង់​សំដែង​ថា កាមទាំងឡាយមានឧបមាដូចរណ្តៅរងើកភ្លើង…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយមានឧបមាដូចការយល់សុប្តិ…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាម​ទាំង​ឡាយមានឧបមាដូចរបស់ខ្ចីគេ…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាម​ទាំង​ឡាយមានឧបមាដូចផ្លែឈើ…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាម​ទាំង​ឡាយ មានឧបមាដូចកាំបិត និងជ្រុញ…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយ​មាន​ឧបមា​ដូច​លំពែង និងដែកស្រួច…។ ព្រះមានព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយ មាន​ឧបមាដូចក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ចិត្តច្រើន ទោសក្នុង​កាម​ទាំងឡាយនោះ មានច្រើនក្រៃលែង។ អរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត ទុកជា​ភិក្ខុទាំងឡាយនោះសាកសួរដេញដោលសួររកហេតុយ៉ាងនេះហើយ ក៏នៅ​តែ​និយាយប្រកាន់រឹង ព្រោះកំឡាំងនៃទិដ្ឋិ ព្រោះការស្ទាបអង្អែលដោយទិដ្ឋិថា ម្នាលអាវុសោ ខ្ញុំ​ដឹងច្បាស់នូវធម៌ដែលព្រះមានព្រះភាគទ្រង់សំដែងហើយយ៉ាងនេះឯង ធម៌ទាំង​ឡាយ​ណា ដែលព្រះមានព្រះភាគទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយ​នោះ មិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ។

[១៣] ភិក្ខុទាំងឡាយនោះ មិនអាចធ្វើភិក្ខុឈ្មោះអរិដ្ឋភិក្ខុ មាន​បុព្វបុរស ជា​អ្នក​សម្លាប់​ត្មាត ឲ្យបែរចាកទិដ្ឋិអាក្រក់នុ៎ះបាន ក្នុងកាលណា ភិក្ខុទាំងឡាយនោះ ក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ ក្នុងកាលនោះ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្អុយក្នុងទីដ៏សមគួរ។ ភិក្ខុទាំងឡាយនោះ លុះអង្គុយក្នុង​ទីដ៏​សម​គួរ​ហើយ ក៏ក្រាបទូលសេចក្តីនោះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុឈ្មោះ​អរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត មានទិដ្ឋិអាក្រក់ មានសភាព​យ៉ាង​នេះ​កើតឡើងថា អាត្មាអញដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌​ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពទេ បពិត្រព្រះអង្គ​ដ៏​ចម្រើន យើងខ្ញុំទាំងឡាយ បានឮដំណឹងថា ភិក្ខុឈ្មោះអរិដ្ឋភិក្ខុ មានបុព្វបុរស​ជាអ្នក​សម្លាប់​ត្មាត មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះកើតឡើងថា អាត្មាអញដឹងច្បាស់​នូវ​ធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តី​អន្តរាយ ដល់បុគ្គលអ្នកសេពទេ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះឯង យើងខ្ញុំទាំងឡាយ ក៏ចូលទៅ​រកអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត លុះចូលទៅដល់ហើយ ក៏បាន​សួរ​ដំណើរនោះ នឹងអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាតថា ម្នាលអាវុសោអរិដ្ឋ បានឮថា អ្នកមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា អាត្មាអញ ដឹងច្បាស់​នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមាន​ព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើ​នូវសេចក្តី​អន្តរាយ ដល់បុគ្គលអ្នកសេពទេ មែនឬ កាលដែលយើងខ្ញុំទាំងឡាយ សួរ​យ៉ាងនេះ​ហើយ អរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ក៏និយាយមកនឹងយើងខ្ញុំ​ទាំងឡាយ​វិញដូច្នេះថា នែអាវុសោទាំងឡាយ ខ្ញុំដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងនេះឯង ធម៌ទាំងឡាយណា ដែលព្រះមានព្រះភាគ ទ្រង់​សំដែង​ថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយ​ដល់បុគ្គល​អ្នកសេពទេ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះឯង យើងខ្ញុំទាំងឡាយ មានប្រាថ្នា​នឹងធ្វើអរិដ្ឋភិក្ខុ ឲ្យបែរចាកទិដ្ឋិអាក្រក់នុ៎ះ ទើបយើងខ្ញុំ​ទាំងឡាយ សាកសួរ​ដេញ​ដោលសួររកហេតុថា ម្នាលអាវុសោអរិដ្ឋ អ្នកកុំពោលយ៉ាងហ្នឹង អ្នកកុំពោល​បង្កាច់នូវ​ព្រះមានព្រះភាកឡើយ ការពោលបង្កាច់ព្រះមានព្រះភាគមិនល្អទេ ព្រោះ​ថា ព្រះមានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ នែអាវុសោអរិដ្ឋ ធម៌ទាំងឡាយនោះ តែង​ធ្វើនូវ​សេចក្តីអន្តរាយ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយដោយអនេកបរិយាយ​ធម៌ទាំងឡាយនោះ អាចធ្វើនូវសេចក្តីអន្តរាយដល់បុគ្គលអ្នកសេពពិតមែន ព្រះមានព្រះភាគ ទ្រង់សំដែងថាកាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោសក្នុងកាមទាំងឡាយនោះមានច្រើនក្រៃពេក ព្រះមានព្រះភាគ ទ្រង់សំដែង​ហើយថា កាមទាំងឡាយមានឧបមាដូចរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តី​ចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃលែងពេក ។បេ។ ព្រះ​មាន​ព្រះភាគ ទ្រង់សំដែងថា កាមទាំងឡាយមានឧបមាដូចក្បាលពស់ មានទុក្ខច្រើន មាន​សេចក្តីចង្អៀតចង្អល់ចិត្តច្រើន ទោសក្នុងកាមទាំងឡាយនោះ មានច្រើនក្រៃ​លែង​ពេក បពិត្រព្រះអង្គ​ដ៏​ចម្រើន អរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត ទុកជា​យើងខ្ញុំ​ទាំងឡាយ សាកសួរដេញដោល សួររកហេតុថា ក៏នៅតែនិយាយប្រកាន់​រឹង ព្រោះកំឡាំងនៃទិដ្ឋិ ព្រោះការស្ទាបអង្អែលដោយទិដ្ឋិថា ម្នាលអាវុសោទាំងឡាយ ខ្ញុំដឹងច្បាស់ នូវធម៌ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយយ៉ាងនេះឯង ធម៌ទាំងឡាយណា ដែលព្រះមាន​ព្រះភាគ ទ្រង់សំដែងហើយថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គល​អ្នកសេពទេ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះតែយើងខ្ញុំទាំងឡាយ មិនអាចធ្វើ​ភិក្ខុ​ឈ្មោះអរិដ្ឋ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត ឲ្យបែរចាកទិដ្ឋិអាក្រក់នុ៎ះ បានជាយើង​ខ្ញុំ​ទាំងឡាយ សូមក្រាបបង្គំទូលហេតុនុ៎ះចំពោះព្រះមានព្រះភាគ។

[១៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ១រូបថា ម្នាលភិក្ខុ ចូរអ្នក​មកអាយ អ្នកចូរទៅហៅអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត តាមពាក្យតថាគតថា ម្នាលអាវុសោអរិដ្ឋ ព្រះសាស្តាទ្រង់ត្រាស់ហៅលោក។ ភិក្ខុនោះទទួលព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅរកអរិដ្ឋភិក្ខុ មាន​បុព្វបុរស ជាអ្នក​សម្លាប់ត្មាត លុះចូលទៅដល់ហើយ ក៏និយាយនឹងអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត ដូច្នេះថា ម្នាលអាវុសោអរិដ្ឋ ព្រះសាស្តាទ្រង់ត្រាស់ហៅលោក។ អរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាត ក៏ទទួលពាក្យភិក្ខុនោះថា អើអាវុសោ ហើយក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមាន​ព្រះភាគ រួចអង្គុយ​ក្នុងទីដ៏សមគួរ។ លុះអរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាត អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលអរិដ្ឋ បានឮថា អ្នកមានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា អាត្មាអញ ដឹងច្បាស់​នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ធម៌ទាំងឡាយណា ដែលព្រះមាន​ព្រះភាគ ទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយនោះ មិនអាចនឹងធ្វើនូវ​សេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពទេ ដូច្នេះមែនឬ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំ​ព្រះអង្គ​ដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងនេះឯង ធម៌ទាំង​ឡាយ​ណា ដែលព្រះមានព្រះភាគទ្រង់សំដែងថា តែងធ្វើនូវសេចក្តីអន្តរាយ ធម៌ទាំងឡាយ​នោះ មិនអាចនឹងធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពទេ។ នែមោឃបុរស អ្នក​ដឹង​ច្បាស់នូវធម៌ដែលតថាគតសំដែងហើយយ៉ាងនេះ អំពីសំណាក់អ្នកណា។ ម្នាលមោឃ​បុរស ធម៌ធ្វើដូចសេចក្តីអន្តរាយ តថាគតសំដែងហើយ ដោយអនេកបរិយាយ ក៏ឯធម៌​ទាំងឡាយនោះ អាចធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពដោយពិត តថាគត សំដែង​ហើយថា កាមទាំងឡាយមានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដូចរាងឆ្អឹង…។ តថាគតសំដែងហើយថា កាមទាំងឡាយ មាន​ឧបមា​ដូចដុំសាច់…។ តថាគតសំដែងហើយថា កាមទាំងឡាយមានឧបមាដូចគប់ស្មៅ…។ តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមា ដូចរណ្តៅរងើកភ្លើង…។ តថាគត សំដែង​ហើយថា កាមទាំងឡាយ មានឧបមា ដូចការយល់សប្តិ…។ តថាគត សំដែង​ហើយ​ថា កាមទាំងឡាយ មានឧបមា ដូចរបស់ដែលខ្ចីគេ…។ តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមា ដូចផ្លែឈើ…។ តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមា ដូចកាំបិត និងជ្រុញ…។ តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមា ដូចលំពែង និងដែកស្រួច…។ តថាគត សំដែងហើយថា កាមទាំងឡាយមាន ឧបមា ដូចក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាម​ទាំងឡាយ​នេះ មានច្រើនក្រៃពេក នែមោឃបុរស កាលបើហេតុមានទំនងយ៉ាងនេះ អ្នកឈ្មោះថា ពោល​បង្កាច់តថាគតផង ឈ្មោះថាគាស់រំលើង នូវខ្លួនឯងផង ឈ្មោះថាទទួល​នូវបាប​ដ៏​ច្រើន​ផង ព្រោះអំពើដែលខ្លួនប្រកាន់អាក្រក់ ម្នាលមោឃបុរស ព្រោះថា អំពើអាក្រក់នោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខដល់អ្នក អស់កាលយូរអង្វែង។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់សួរភិក្ខុទាំងឡាយថា កម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយសំគាល់ហេតុនោះ ថាដូចម្តេច អរិដ្ឋភិក្ខុ មានបុព្វបុរសជាអ្នកសម្លាប់ត្មាតនេះ ឈ្មោះថា មានចំហាយកំដៅភ្លើង គឺញាណ ក្នុងធម្មវិន័យនេះ បានខ្លះដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ចំហាយកំដៅភ្លើងនោះ នឹងមានដូចម្តេចបាន បពិត្រព្រះអង្គដ៏ចម្រើន ចំហាយកំដៅភ្លើងនោះ មិនមានឡើយ។ កាលដែលពួកភិក្ខុក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះហើយ អរិដ្ឋភិក្ខុមានបុព្វបុរសជាអ្នកសម្លាប់ត្មាត ក៏អង្គុយស្ងៀមអៀនខ្មាស់ ដាក់កសំយ៉ុងចុះ ឱនមុខចុះ សញ្ជប់សញ្ជឹងមិនក្លៀវក្លា។

[១៥] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបថា អរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់​ត្មាត អង្គុយស្ងៀមអៀនខ្មាស់ ដាក់កសំយ៉ុងចុះ ឱនមុខចុះ សញ្ជប់សញ្ជឹង​មិន​ក្លៀវក្លាហើយ មានព្រះបន្ទូលទៅនឹងអរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នក​សម្លាប់ត្មាត ដូច្នេះថា ម្នាលមោឃបុរស អ្នកនឹងប្រាកដ ដោយទិដ្ឋិអាក្រក់ ជារបស់ខ្លួននេះ តែតថាគត​នឹងសាកសួរភិក្ខុទាំងឡាយ ក្នុងសេចក្តីនេះ។ គ្រានេះឯង ព្រះមានព្រះភាគ ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាតនេះ ពោល​បង្កាច់តថាគតផង ជីកគាស់រំលើង នូវខ្លួនឯងផង ទទួលនូវបាបដ៏ច្រើនផង ព្រោះ​អំពើដែលខ្លួនកាន់យកអាក្រក់ ដោយប្រការណា ព្រោះអ្នកទាំងឡាយ ដឹងច្បាស់​នូវធម៌ ដែល​តថាគតសំដែងហើយ ដោយប្រការដូច្នោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងឡាយ មិនបានដឹងច្បាស់នូវធម៌នុ៎ះទេ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ធម៌​ធ្វើនូវសេចក្តីអន្តរាយ ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដល់យើងខ្ញុំទាំងឡាយ ដោយ​អនេកបរិយាយ ធម៌ទាំងឡាយនោះ អាចធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នក​សេព​ពិតមែន ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើន ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដូចរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មាន​ច្រើន​ក្រៃពេក ។បេ។ ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមា​ដូច​ក្បាល​ពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មាន​ច្រើនក្រៃពេក។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ដឹងច្បាស់នូវធម៌ ដែលតថាគត​សំដែងហើយ យ៉ាងនេះប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម៌​ធ្វើ​នូវ​សេចក្តី​អន្តរាយ តថាគតសំដែងហើយ ដល់អ្នកទាំងឡាយ ដោយអនេកបរិយាយ ធម៌ទាំងឡាយនោះ អាចធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពពិតមែន តថាគតសំដែង​ហើយថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមា ដូចរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តី​ចង្អៀត​ចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក។ បេ។ តថាគត សំដែងហើយថា កាមទាំងឡាយ មានឧបមាដូចក្បាលពស់ មានទុក្ខច្រើន មានសេចក្តី​ចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក កាលបើ​ហេតុ​មានទំនងយ៉ាងនេះ អរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាតនេះ ឈ្មោះថា ពោលបង្កាច់តថាគតផង ឈ្មោះថា គាស់រំលើង នូវខ្លួនឯងផង តែងទទួលនូវបាប ដ៏ច្រើនផង ព្រោះអំពើដែលខ្លួន​ប្រកាន់​អាក្រក់ ព្រោះថាអំពើនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ជាទុក្ខ ដល់​មោឃបុរស​នោះ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ អរិដ្ឋភិក្ខុនោះ វៀរលែង​ចាក​កាម​ទាំងឡាយ វៀរលែងចាកសេចក្តី​សំគាល់ ក្នុងកាមទាំងឡាយ វៀរលែងចាក​កាមវិតក្កៈ​ទាំង​ឡាយហើយ ត្រឡប់សេពនូវ​កាម​ទាំងឡាយវិញ នេះមិនមែនជាឋានៈឡើយ។

[១៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានមោឃបុរសពួកខ្លះ រៀន​ធម៌​គឺ​សុត្តៈ3) គេយ្យៈ4) វេយ្យាករណៈ5) គាថា6) ឧទាន7) ឥតិវុត្តកៈ8) ជាតកៈ9) អព្ភូតធម្មៈ10) វេទល្លៈ11) លុះមោឃបុរស​ទាំងនោះ បានរៀន​ធម៌​នោះ​ហើយ ក៏មិនបានពិចារណា នូវសេចក្តីនៃធម៌ទាំងឡាយនោះ ដោយប្រាជ្ញា ធម៌ទាំងនោះ ដែល​មោឃបុរសទាំងនោះ មិនបានពិចារណា នូវសេចក្តីដោយប្រាជ្ញាហើយ ក៏មិន​ប្រាកដ​ច្បាស់​​ក្នុងចិត្ត មោឃបុរសទាំងនោះ រៀនធម៌ដោយមាន​បំណងតែខាង​លើកទោស​គេផង ដោយមាន​បំណងតែខាងដោះស្រាយវាទៈ ដូច្នោះផង កុលបុត្រទាំងឡាយ រៀន​ធម៌​​ដើម្បី​ប្រយោជន៍ណា12) ពួកមោឃបុរសនោះ មិនបាននូវ​ប្រយោជន៍​នោះ របស់​ធម៌នោះឡើយ ធម៌ទាំងឡាយនោះ ដែលមោឃបុរសទាំងនោះ រៀនមិនល្អហើយ ក៏ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង ដំណើរនោះ តើព្រោះ​ហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថាធម៌ទាំងឡាយ មោឃបុរសទាំងនោះ រៀន​មិន​ល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស អ្នកត្រូវការដោយពស់វែក ស្វែងរក​ពស់​វែក ក៏ត្រេចទៅស្វែងរកពស់វែក បុរសនោះ បានឃើញពស់វែក១យ៉ាងធំ ហើយក៏ចាប់​ពស់វែក​នោះ​ត្រង់ខ្លួន ឬកន្ទុយ ពស់វែកនោះ ក៏ងាកមកចឹកបុរសនោះ ត្រង់ដៃ ឬដើមដៃ ឬអវយវៈតូចធមណាមួយ បុរសនោះ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ​ជិត​តែ​នឹង​ស្លាប់ មានពស់វែក​នោះ​ជាហេតុ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថាពស់វែក បុរសនោះ ចាប់មិនស្រួល ម្នាលភិក្ខុទាំងឡាយ មានមោឃបុរសពួកខ្លះ ក្នុងសាសនានេះ រៀន​ធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ លុះមោឃបុរសទាំងនោះ រៀនធម៌នោះហើយ មិនបាន​ពិចារណា នូវ​សេចក្តី​នៃធម៌​ទាំងនោះ ដោយប្រាជ្ញា ធម៌ទាំងឡាយនោះ ដែល​មោឃបុរស​ទាំងនោះ មិន​បាន​ពិចារណា នូវសេចក្តីដោយប្រាជ្ញាហើយ ក៏មិនប្រាកដច្បាស់ក្នុងចិត្ត មោឃបុរស​ទាំងនោះ​ រៀនធម៌ ដោយមានបំណងតែខាងលើកទោសគេផង ដោយមានបំណង​តែខាង​ដោះ​ស្រាយ នូវវាទៈ ដូច្នេះ ដូច្នោះផង កុលបុត្រទាំងឡាយរៀនធម៌ ដើម្បីប្រយោជន៍ណា ពួកមោឃបុរសនោះ ក៏មិនបាននូវប្រយោជន៍នោះ របស់ធម៌នោះឡើយ ធម៌ទាំងឡាយ​នោះ ដែលមោឃបុរសទាំងនោះ រៀនមិនល្អហើយ ក៏ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរអង្វែង ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ​ធម៌ទាំងឡាយ ដែលមោឃបុរសរៀនមិនល្អហើយ យ៉ាងនេះឯង។

[១៧] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកុលបុត្រពួកខ្លះរៀនធម៌គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ កុលបុត្រ​ទាំង​នោះ លុះរៀនធម៌នោះហើយ ក៏ពិចារណា​ នូវសេចក្តី​នៃធម៌​ទាំងឡាយ​នោះ ដោយប្រាជ្ញា ធម៌​ទាំងនោះ លុះកុលបុត្រទាំងនោះ ពិចារណា នូវសេចក្តីដោយប្រាជ្ញាហើយ ក៏ប្រាកដ​ច្បាស់​ក្នុងចិត្ត កុលបុត្រទាំងនោះ មិនមែនរៀនធម៌ ដោយមានបំណង​តែខាង​លើកទោស​គេផង មិនមែនរៀនធម៌ដោយមានបំណងតែខាងដោះស្រាយវាទៈដូច្នេះ ដូច្នោះផង កុលបុត្រ​ឯ​ទៀតរៀនធម៌ ដើម្បីប្រយោជន៍ណា កុលបុត្រទាំងនោះ ក៏បាននូវប្រយោជន៍នោះ របស់​ធម៌​នោះ ធម៌ទាំងនោះ ដែលកុលបុត្រពួកនោះ​រៀនល្អហើយ រមែងប្រព្រឹត្ត​ទៅ​ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូអង្វែង ដំណើរនោះ ព្រោះហេតុអ្វី ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះហេតុតែធម៌ទាំងឡាយ ដែលកុលបុត្រទាំងនោះ បានរៀនដោយល្អ។ ម្នាល​ភិក្ខុទាំងឡាយ ដូចបុរសអ្នកត្រូវការដោយពស់វែក ស្វែងរកពស់វែក ត្រេចទៅ​ស្វែង​រក​ពស់វែក បុរសនោះ បានឃើញពស់វែក១យ៉ាងធំ ក៏សង្កត់ពស់វែកនោះ​ ដោយ​ដំបង​ដូចជា​ជើងពពែ ដោយស្រួលបួល លុះសង្កត់ដោយដំបងដូចជាជើងពពែ យ៉ាងស្រួលហើយ ក៏ចាប់ត្រង់កយ៉ាងមាំ ម្នាលភិក្ខុទាំងឡាយ ពស់វែកនោះរុំព័ទ្ធដៃ ឬដើមដៃ ឬ​អវយវៈ​តូច​ធំ​ណា​មួយ នៃបុរសនោះ ដោយរុំព័ទ្ធទាំងឡាយក៏មែនហើយ តែបើទុកជាដូច្នោះ បុរសនោះ ក៏មិនដល់នូវសេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ មានពស់វែកនោះ ជាហេតុ​ទេ​ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថាពស់វែក បុរសនោះ ចាប់​ត្រូវ​ទំនង ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកុលបុត្រពួកខ្លះ រៀនធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ កុលបុត្រ​ទាំងនោះ លុះបានរៀនធម៌នោះហើយ ក៏ពិចារណា នូវសេចក្តី​នៃធម៌ទាំងនោះ ដោយ​ប្រាជ្ញា ធម៌ទាំងនោះ លុះកុលបុត្រពួកនោះ បានពិចារណា នូវសេចក្តីដោយប្រាជ្ញា ក៏​ប្រាកដ​ច្បាស់ក្នុងចិត្ត កុលបុត្រទាំងនោះ មិនមែនរៀនធម៌ ដោយមានបំណង​តែខាង​លើក​ទោសគេផង មិនមែនរៀនធម៌ ដោយមានបំណង​តែខាងដោះ​ស្រាយ​វាទៈ ដូច្នេះ ដូច្នោះផង កុលបុត្រឯទៀត រៀនធម៌ដើម្បីប្រយោជន៍ណា កុលបុត្រទាំងនោះ ក៏បាននូវ​ប្រយោជន៍នោះ របស់ធម៌នោះ ធម៌ទាំងឡាយនោះ ដែលកុលបុត្រ​ទាំងនោះរៀន​ល្អ​ហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង ដំណើរ​នោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែធម៌​ទាំងឡាយ ដែលកុលបុត្រ​ទាំងនោះ រៀនដោយល្អយ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នក​ទាំង​ឡាយ អាចដឹងច្បាស់ នូវសេចក្តីនៃភាសិតណា របស់តថាគត គប្បីចាំទុកនូវសេចក្តី នៃ​ភាសិតនោះ យ៉ាងនោះចុះ មួយវិញទៀត អ្នកទាំងឡាយ មិនអាចដឹងច្បាស់ នូវសេចក្តី នៃ​ភាសិតណា របស់តថាគត អ្នកទាំងឡាយ គប្បីសាកសួរតថាគត ក្នុង​អត្ថ​នៃ​ភាសិត​នោះ​ចុះ ឬក៏គប្បីសួរចំពោះភិក្ខុណា ដែលឈ្លាសវៃចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​នឹង​សំដែងធម៌ មានឧបមាដូចក្បូន ដល់អ្នកទាំងឡាយ ដើម្បីឲ្យរលាស់ខ្លួនចេញ មិនមែន​ដើម្បីឲ្យនៅប្រកាន់ឡើយ អ្នកទាំងឡាយចូរប្រុងស្តាប់នូវសេចក្តីនោះ ចូរខំ​យក​ចិត្ត​ទុក​ដាក់​ឲ្យប្រពៃ តថាគត និងសំដែង។ ភិក្ខុទាំងនោះទទួលព្រះពុទ្ធដីកា នៃព្រះមាន​ព្រះភាគថា ព្រះករុណាព្រះអង្គ។

[១៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ បុរសនោះ ឃើញនូវអន្លង់ទឹកដ៏ធំ មានត្រើយខាងអាយ ប្រកប​ដោយ​សេចក្តី​រង្កៀស ប្រកបដោយភ័យ មានត្រើយខាងនាយដ៏ក្សេម ប្រាសចាកភ័យ តែថាទូក ក្បូន ឬស្ពានសម្រាប់ឆ្លងពីត្រើយអាយទៅត្រើយនាយ នៃបុរសនោះមិនមានឡើយ បុរស​នោះ​មាន​សេចក្តីត្រិះរិះយ៉ាងនេះថា អន្លង់ទឹកដ៏ធំនេះ មានត្រើយខាង​អាយ ប្រកប​ដោយ​សេចក្តី​រង្កៀស និងភ័យ មានត្រើយខាងនាយដ៏ក្សេម ប្រាសចាកភ័យ ទូក ក្បូន ឬស្ពាន​សម្រាប់​ឆ្លងពីត្រើយខាងអាយទៅត្រើយខាងនាយក៏គ្មាន បើដូច្នោះ មានតែអាត្មាអញ ប្រមូល​ស្មៅ កំណាត់ឈើ មែកឈើ និងចំបើង យកមកចងធ្វើជាក្បូន ហើយ អាស្រ័យ​នូវ​ក្បូននោះ ព្យាយាមដោយដៃនិងជើង ឆ្លងទៅកាន់ត្រើយខាងនាយ ដោយសួស្តីបាន។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង បុរសនោះក៏ប្រមូលស្មៅ កំណាត់ឈើ មែកឈើ និងចំបើង មកចងជាក្បូន ហើយបានអាស្រ័យក្បូននោះ ព្យាយាមដោយដៃ និងជើង ឆ្លងទៅកាន់ត្រើយខាងនាយ បានដោយសួស្តី កាលបុរសនោះ ឆ្លងទៅដល់​ត្រើយខាង​នាយ​ហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ក្បូននេះមានឧបការៈច្រើនដល់អាត្មាអញ ៗ បានអាស្រ័យក្បូននេះ ព្យាយាមដោយដៃ និងជើងឆ្លងមកដល់ត្រើយដោយសួស្តីបាន បើដូច្នោះមានតែអាត្មាអញលើកក្បូននេះទូលលើក្បាល ឬលីនឹងក ដើរចេញ​ទៅកាន់​ទីគួរ​តាមប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះធ្វើយ៉ាងនេះ បានឈ្មោះថាជាអ្នកធ្វើសេចក្តីសមគួរដល់ក្បូននោះឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះមិនមែនដូច្វោះទេ។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសនោះ ធ្វើដូចម្តេច ទើបបានឈ្មោះថា ធ្វើសេចក្តីសមគួរដល់ក្បូននោះ។ ម្នាលភិក្ខុទាំងឡាយ បុរសនោះ ឆ្លងដល់ត្រើយនាយ ក្នុងទីឯនោះ គួរតែត្រិះរិះយ៉ាងនេះថា ក្បូន​នេះមាន​ឧបការៈ​ច្រើន ដល់អាត្មាអញៗ បានអាស្រ័យនូវក្បូននេះហើយ ព្យាយាមដោយដៃ និងជើង ឆ្លងមកដល់ត្រើយនាយ បានដោយសួស្តី បើដូច្នោះមានតែអាត្មាអញ លើក​ក្បូន​នេះ​ដាក់លើគោក ឬពន្លិចក្នុងទឹក ហើយដើរចេញទៅកាន់ទីគួរតាមប្រាថ្នា។ ម្នាលភិក្ខុ​ទាំងឡាយ បុរសនោះ ដែលធ្វើយ៉ាងនេះ បានឈ្មោះថា ជាអ្នកធ្វើ​សេចក្តីសមគួរ ដល់ក្បូននោះ។ ម្នាលភិក្ខុទាំងឡាយ ធម៌មានឧបមាដូចជាក្បូន ដែលតថាគត​សំដែង​ហើយ ដើម្បីឲ្យរលាស់ខ្លួនចេញ មិនមែនដើម្បីឲ្យនៅប្រកាន់ឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយដឹងច្បាស់នូវធម៌ មានឧបមាដូចក្បូន ដែល​តថាគត​សំដែងហើយ គប្បីលះបង់ធម៌13) ទាំងឡាយ​ចេញ និងចាំបាច់ពោលទៅថ្វី ដល់អកុសលធម៌។

[១៩] ម្នាលភិក្ខុទាំងឡាយ ហេតុជាទីតាំងនៃទិដ្ឋិទាំងឡាយនេះ មាន៦។ ហេតុជា​ទី​តាំង​នៃទិដ្ឋិទាំង៦ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នក​មិន​ចេះ​ដឹង មិនឃើញនូវពួកអរិយបុគ្គល មិនឈ្លាសក្នុងអរិយធម៌ មិនសិក្សា ក្នុងអរិយធម៌​មិន​ឃើញ នូវពួកសប្បុរស មិនឈ្លាសក្នុងសប្បុរិសធម៌ មិនសិក្សាក្នុង សប្បុរិសធម៌ ពិចារណា​ឃើញនូវរូបថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លូន​របស់​អាត្មាអញ ដូច្នេះ១ ពិចារណាឃើញនូវវេទនាថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជា​ខ្លួន​របស់​អាត្មាអញដូច្នេះ១ ពិចារណាឃើញនូវសញ្ញាថា នុ៎ះរបស់អាត្មាអញ នុ៎ះជា​អាត្មា​អញ នុ៎ះជាខ្លូនរបស់អាត្មាអញដូច្នេះ១ ពិចារណាឃើញនូវសង្ខារទាំងឡាយថា នុ៎ះ​របស់​អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លូនរបស់អាត្មាអញដូច្នេះ១ អារម្មណ៍ណា ដែល​បាន​ឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ មកដល់ បានស្វែងរក បានពិចារណារឿយៗ ក៏​ពិចារណាឃើញអារម្មណ៍នោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លូនរបស់​អាត្មាអញ​ដូច្នេះ១ ហេតុជាទីតាំងនៃទិដ្ឋិណាថា នោះជាសត្វលោក នោះជាខ្លួនអាត្មាអញ អាត្មាអញនោះ ទៅកាន់បរលោកនឹងជាអ្នកទៀងទាត់ ឋិតថេរមិនប្រែប្រួល ឋិតនៅដូច​ជា​សស្សតវត្ថុ14) ដូច្នោះឯង ក៏ពិចារណាឃើញហេតុជាទីតាំងនៃទិដ្ឋិនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លូនរបស់អាត្មាអញដូច្នេះ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលចេះដឹង បានឃើញពួកអរិយៈ ជាអ្នកឈ្លាសក្នុងអរិយធម៌ បានសិក្សាដោយ ប្រពៃក្នុងអរិយធម៌ បានឃើញពួកសប្បុរស ជាអ្នកឈ្លាសក្នុងសប្បុរិសធម៌ បានសិក្សា ដោយប្រពៃ ក្នុងសប្បុរិសធម៌ ពិចារណាឃើញនូវរូបថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែន​ជា​អាត្មា​អញ នុ៎ះមិនមែនជាខ្លូនរបស់អាត្មាអញ ពិចារណាឃើញនូវវេទនាថា នុ៎ះមិនមែន​ជា​របស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លូនរបស់អាត្មាអញ ពិចារណា​ឃើញ នូវសញ្ញាថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែន​ជា​ខ្លូនរបស់អាត្មាអញ ពិចារណាឃើញនូវសង្ខារទាំងឡាយថា នុ៎ះមិនមែនជា​របស់​អាត្មា​អញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លូនរបស់អាត្មាអញ អារម្មណ៍​ណា​ ដែល​បាន​ឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណា​រឿយៗ ដោយចិត្ត ក៏ពិចារណាឃើញនូវអារម្មណ៍នោះថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែន​ជាអាត្មាអញ នុ៎ះមិនមែនជាខ្លូនរបស់អាត្មាអញ ហេតុជាទីតាំងនៃទិដ្ឋិណាថា នោះជាសត្វលោកនោះជាខ្លួន អាត្មាអញនោះទៅក្នុងបរលោក នឹងជាបុគ្គល​ទៀងទាត់​ឋិតថេរ មិនប្រែប្រួល ឋិតនៅដូចសស្សតិវត្ថុដូច្នោះឯង ក៏ពិចារណាឃើញ នូវហេតុ​ជាទីតាំង​នៃទិដ្ឋិនោះថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លូនរបស់អាត្មាអញ អរិយសាវ័កនោះ កាលពិចារណា​ឃើញច្បាស់​យ៉ាងនេះ កាលបើវត្ថុនោះមិនមាន គឺថា វិនាសទៅ ក៏មិនតក់ស្លុតឡើយ។

[២០] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មានភិក្ខុ១រូប បាន​ក្រាបបង្គំ​ទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន បើបរិក្ខារខាងក្រៅមិនមាន គឺថាវិនាសទៅ សេចក្តីតក់ស្លុតមានឬទេ។ ព្រះមានព្រះទ្រង់តបថា ម្នាលភិក្ខុ មានហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកមួយក្នុងលោកនេះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ទ្រព្យរបស់អាត្មាអញមានហើយ តែឥឡូវទ្រព្យរបស់អាត្មាអញនោះ ត្រឡប់ទៅជាគ្មានវិញ15) ទ្រព្យណា ដែលអាត្មាអញគួរបាន ឥឡូវអាត្មាអញ មិនបានទ្រព្យនោះឡើយ បុគ្គលនោះក៏សោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច ម្នាលភិក្ខុ កាលបើបរិក្ខារខាងក្រៅមិនមានហើយ សេចក្តីតក់ស្លុត រមែងមានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះកាលបើបរិក្ខារខាងក្រៅមិនមានហើយ សេចក្តីមិនតក់ស្លុតមានដែរឬទេ។ ព្រះមានព្រះភាគតបថា ម្នាលភិក្ខុ មាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកមួយ ក្នុងលោកនេះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ទ្រព្យរបស់អាត្មាអញមានហើយ តែឥឡូវ ទ្រព្យរបស់អាត្មាអញនោះ ត្រឡប់ទៅជាគ្មានវិញ ទ្រព្យណា ដែលអាត្មាអញគួរបាន ឥឡូវអាត្មាអញមិនបានទ្រព្យនោះឡើយ បុគ្គលនោះមិនសោកសៅ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច ម្នាលភិក្ខុ កាលបើបរិក្ខារខាងក្រៅមិនមានហើយ សេចក្តីមិនតក់ស្លុត រមែងមាន យ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះកាលបើវត្ថុខាងក្នុងមិនមានហើយ សេចក្តីតក់ស្លុត មានឬទេ។ ព្រះមានព្រះភាគទ្រង់តបថា ម្នាលភិក្ខុ មាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកមួយ ក្នុងលោកនេះ មានសេចក្តីយល់ឃើញយ៉ាងនេះថា នោះជាសត្វលោក នោះជាខ្លួន អាត្មាអញនោះទៅក្នុងបរលោក និងជាបុគ្គលទៀងទាត់ឋិតថេរ មិនប្រែប្រួល ឋិតនៅបីដូចជាសស្សតិវត្ថុដូច្នោះឯង បុគ្គលនោះរមែងស្តាប់ពាក្យរបស់តថាគតក្តី របស់សាវ័កនៃតថាគតក្តី ដែលសំដែងធម៌ដើម្បីគាស់រំលើងនូវទិដ្ឋិ និងហេតុនៃទិដ្ឋិ16) និងទីតាំងអាស្រ័យនូវទិដ្ឋិ និងសេចក្តីគ្របសង្កត់នៃទិដ្ឋិ និងអនុស័យ ដែលតាំងនៅមាំក្នុងសន្តាន ដើម្បីរម្ងាប់ នូវសង្ខារទាំងពួង ដើម្បីលះបង់នូវឧបធិ17) ទាំងពួង ដើម្បីអស់ទៅនៃតណ្ហា ដើម្បីប្រាសចាករាគៈ ដើម្បីរលត់នៃកងទុក្ខ ដើម្បីព្រះនិព្វាន។ បុគ្គលនោះមានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងសូន្យទៅ មិនកើតទៀតឡើយ អាត្មាអញនឹងវិនាសទៅ មិនកើតទៀតឡើយ អាត្មាអញមុខជានឹងមិនកើតទៀតឡើយ បុគ្គលនោះ ក៏សោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច ម្នាលភិក្ខុ កាលបើវត្ថុខាងក្នុងមិនមានហើយ សេចក្តីតក់ស្លុត រមែងមានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះកាលបើវត្ថុខាងក្នុងមិនមានហើយ សេចក្តីមិនតក់ស្លុតគប្បីមានដែរឬទេ។ ព្រះមានព្រះភាគទ្រង់តបថា ម្នាលភិក្ខុ មាន ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកមួយក្នុងលោកនេះ មិនមានសេចក្តីយល់ឃើញយ៉ាងនេះថា នោះជាសត្វលោក នោះជាខ្លួន អាត្មាអញនោះ ទៅក្នុងបរលោក និងជាបុគ្គលទៀតទាត់ ឋិតថេរ មិនប្រែប្រួល ឋិតនៅបីដូចជា​សស្សតិវត្ថុដូច្នេះឯង បុគ្គលនោះរមែងស្តាប់ពាក្យរបស់តថាគតក្តី សាវ័កតថាគតក្តី ដែលសំដែងធម៌ ដើម្បីគាស់រំលើងនូវទិដ្ឋិ និងហេតុនៃទិដ្ឋិ និងទីតាំងអាស្រ័យនៃទិដ្ឋិ និងសេចក្តីគ្របសង្កត់នៃទិដ្ឋិ និងអនុស័យដែលតាំងនៅមាំក្នុងសន្តាន ដើម្បី​រម្ងាប់​នូវ​សង្ខារ​ទាំងពួង ដើម្បីលះបង់ នូវឧបធិទាំងពួង ដើម្បីអស់ទៅនៃតណ្ហា ដើម្បីប្រាសចាក​រាគៈ ដើម្បីរលត់នៃកងទុក្ខ ដើម្បីព្រះនិព្វាន។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះយ៉ាង​នេះថា អាត្មាអញនឹងសូន្យទៅ មិនកើតទៀតឡើយ អាត្មាអញនឹងវិនាសទៅ មិនកើតទៀតឡើយ អាត្មាអញមុខជានឹងមិនកើតទៀតឡើយ បុគ្គលនោះ មិនសោកសៅ មិនលំបាក មិនខ្សឹកខ្សួក មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច ម្នាល​ភិក្ខុ កាលបើវត្ថុខាងក្នុងមិនមានហើយ សេចក្តីមិនតក់ស្លុត រមែងមានយ៉ាងនេះ។

[២១] ម្នាលភិក្ខុទាំងឡាយ ទ្រព្យរបស់ណា ដែលទៀងទាត់ ឋិតថេរមិនប្រែប្រួល ឋិតនៅដូចសស្សតិវត្ថុដូច្នោះឯង អ្នកទាំងឡាយ គប្បីគន់មើល នូវទ្រព្យរបស់នោះចុះ ម្នាលភិក្ខុទាំងឡាយ ទ្រព្យរបស់ណា ដែលទៀងទាត់ឋិតថេរ មិនប្រែប្រួលឋិតនៅដូចសស្សតិវត្ថុដូច្នោះឯង តើអ្នកទាំងឡាយ ឃើញនូវទ្រព្យរបស់នោះទេ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គមិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ទ្រព្យរបស់ណាដែលទៀងទាត់ ឋិតថេរ មិនប្រែប្រូល ឋិតនៅដូចជាសស្សតិវត្ថុដូច្នោះឯង សូម្បី តថាគត ក៏មិនឃើញ នូវទ្រព្យរបស់​នោះដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតដល់បុគ្គលអ្នកប្រកាន់ នូវអត្តវាទុបាទានណា18) អ្នកទាំងឡាយប្រកាន់នូវអត្តវាទុបាទាននោះ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអ្នកប្រកាន់នូវអត្តវាទុបាទានណា អ្នកទាំងឡាយ បានឃើញ នូវអត្តវាទុបាទាននោះឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គមិនឃើញនូវអត្តវាទុបាទាននុ៎ះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអ្នកប្រកាន់ នូវអត្តវាទុបាទានណា សូម្បីតថាគត ក៏មិនឃើញ នូវអត្តវាទុបាទាននោះដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអាស្រ័យ នូវទិដ្ឋិនិស្ស័យណា អ្នកទាំងឡាយ អាស្រ័យនូវទិដ្ឋិនិស្ស័យនោះ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអាស្រ័យនូវទិដ្ឋិនិស្ស័យណា អ្នកទាំងឡាយ ឃើញនូវទិដ្ឋិនិស្ស័យនោះឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គមិនឃើញ នូវទិដ្ឋិនិស្ស័យនោះទេ។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត មិនគប្បីកើតឡើង ដល់បុគ្គលអាស្រ័យនូវទិដ្ឋិនិស្ស័យណា សូម្បីតថាគត ក៏មិនឃើញនូវទិដ្ឋិនិស្ស័យនោះដែរ។

[២២] ម្នាលភិក្ខុទាំងឡាយ កាលបើខ្លួនមានហើយ សេចក្តីត្រិះរិះថា នេះជាបរិក្ខារ របស់ខ្លួនអញដូច្នេះ មានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើបរិក្ខាររបស់ខ្លួនមានហើយ សេចក្តីត្រិះរិះថា នេះជាខ្លួនរបស់អញដូច្នេះ មានដែរឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើខ្លួនក្តី បរិក្ខារ របស់ខ្លួនក្តី ដែលបុគ្គលមិនបានដោយពិត ដោយឋិតថេរ ហេតុជាទីតាំងនៃទិដ្ឋិណាថា នោះជាសត្វលោក នោះជាខ្លួន អាត្មាអញនោះ ទៅក្នុងបរលោកនឹងជាបុគ្គលទៀងទាត់ ឋិតថេរ មិនប្រែប្រួល និងឋិតនៅដូចជាសស្សតិវត្ថុដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ នេះ ជាពាលធម៌បរិបូណ៌ទាំងអស់ មានពិត ឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចម្រើន ពាលធម៌មានបរិបូណ៌ទាំងអស់ ពិតមែន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច រូបជាធម្មជាតទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចម្រើន មិនទៀងទេ។ របស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជា​សុខ។ បពិត្រព្រះអង្គដ៏ចម្រើន ជាទុក្ខ។ របស់ណា ដែលមិនទៀង ដែលជាទុក្ខ មានសភាព​ប្រែប្រួលជាធម្មតា គួរនឹងពិចារណាឃើញ នូវរបស់នោះថា នុ៎ះរបស់​អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ ដូច្នេះឬ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះមិនគួរនឹងយល់ឃើញដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច វេទនា។បេ។ សញ្ញា… សង្ខារទាំងឡាយ វិញ្ញាណជារបស់ទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចម្រើន មិនទៀងទេ។ របស់ណា ដែលមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចម្រើន ជាទុក្ខ។ របស់ណា ដែលមិនទៀង ដែលជាទុក្ខ មានសភាពប្រែប្រួលជាធម្មតា គួរនឹងពិចារណា​ឃើញនូវ​របស់នុ៎ះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ ដូច្នេះឬ។ បពិត្រ​ព្រះអង្គដ៏ចម្រើន ហេតុនុ៎ះ មិនគួរនឹងយល់ឃើញដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ រូបណានីមួយ ជាអតីត ជាអនាគត ជាបច្ចុប្បន្ន ខាងក្នុង ឬខាងក្រៅ គ្រោតគ្រាត ឬល្អិត ថោកទាប ឬឧត្តម រូបណា ដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត អ្នកទាំងឡាយ គប្បីឃើញរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។ វេទនាណានីមួយ… សញ្ញាណានីមួយ សង្ខារទាំងឡាយណានីមួយ វិញ្ញាណណានីមួយ ជាអតីត ជាអនាគត ជាបច្ចុប្បន្ន ខាងក្នុង ឬខាងក្រៅ គ្រោតគ្រាត ឬល្អិត ថោកទាប ឬឧត្តម វិញ្ញាណណាដែលមានក្នុងទីឆ្ងាយ ឬក្នុងទីជិត អ្នកទាំងឡាយ គប្បីឃើញ​នូវវិញ្ញាណទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែន​របស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។

[២៣] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង កាលបើបានឃើញ​យ៉ាងនេះហើយ ក៏នឿយណាយក្នុងរូបផង នឿយណាយក្នុងវេទនាផង នឿយណាយ​ក្នុងសញ្ញាផង នឿយណាយក្នុងសង្ខារផង នឿយណាយក្នុងវិញ្ញាណផង កាលបើនឿយណាយ​ហើយ ក៏លែងត្រកអរ កាលបើលែងត្រកអរហើយ ចិត្តក៏ផុតស្រឡះ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងថា អាត្មាអញ ផុតស្រឡះហើយដូច្នេះ ក៏កើតមានឡើង ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ កិច្ចដែលគួរធ្វើ អាត្មាអញ បានធ្វើហើយ កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកមានសន្ទះទ្វារកង់19) លើកឡើងហើយផង​មានគូរំលុបរំលាយហើយផង មានសសរគោលដកឡើងហើយផង មិនមានសន្ទះទ្វារផង ជាអរិយៈមានទង់ជ័យ ដាក់ចុះហើយ មានភារៈដាក់ចុះហើយ ប្រាសចាកមានៈផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមាន​សន្ទះទ្វារកង់​លើកឡើង​ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវអវិជ្ជា ទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព ឲ្យ​លែង​កើតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសន្ទះទ្វារកង់ លើកឡើងហើយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​មាន​គូរំលុបរំលាយនោះ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវជាតិសង្ខារ20) ជាសភាវៈឲ្យនូវភពថ្មីទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព ឲ្យលែងកើតតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានគូរំលុបរំលាយហើយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអ្នកមាន​សសរគោលដកឡើងហើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ បានលះបង់នូវតណ្ហា ទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើម​ត្នោត​កំបុតក ធ្វើឲ្យលែងមានបែបភាព ឲ្យលែងកើតតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ ជាអ្នកមានសសរគោលដកឡើងហើយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកមិនមានសន្ទះទ្វារ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវសញ្ញោជនៈ ជាចំណែក​ខាងក្រោម​៥ ទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើមត្នោតកំបុតក លែងមានបែបភាព ឲ្យលែងកើតតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអ្នកមិនមានសន្ទះទ្វារ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអរិយៈ មានទង់ជ័យដាក់ចុះហើយ មានភារៈដាក់ចុះហើយ ប្រាសចាកមានៈ តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវអស្មិមានៈ ទាំងបានកាត់ផ្តាច់ឫសគល់ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ឲ្យលែងមានបែបភាព ឲ្យលែងកើតតទៅខាងមុខទៀត ជាធម្មតា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ជាអរិយៈ មានទង់ជ័យដាក់ចុះហើយ មានភារៈដាក់ចុះហើយ ប្រាសចាកមានៈ ដោយប្រការដូច្នេះឯង។

[២៤] ម្នាលភិក្ខុទាំងឡាយ ពួកទេវតា ព្រមទាំងព្រះឥន្ទ្រ ព្រះព្រហ្ម និង​បជាបតិ​ទេវរាជ នាំគ្នាតាមស្វែងរកភិក្ខុ ដែលមានចិត្តរួចស្រឡះយ៉ាងនេះ ក៏មិនបានប្រទះថា វិញ្ញាណ​របស់សត្វអាស្រ័យហើយ នូវអារម្មណ៍នេះ សេចក្តីនោះព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវសត្វថា មិនមានក្នុងបច្ចុប្បន្ននេះ។ ម្នាលភិក្ខុទាំងឡាយ តែមានសមណព្រាហ្មណ៍មួយពួក បានពោលបង្កាច់តថាគត ដែលមានវាទៈយ៉ាងនេះ ដែលបានពោលយ៉ាងនេះ ដោយពាក្យមិនទៀង ដោយពាក្យទទេ ដោយពាក្យកុហក ដោយពាក្យមិនពិត ដូច្នេះថា ព្រះសមណគោតម ជាអ្នកបំផ្លាញសត្វ តែងបញ្ញត្ត នូវសេចក្តី​ដាច់សូន្យ សេចក្តីវិនាស សេចក្តីមិនកើតទៀត របស់សត្វដែលមាននៅ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានពោល ដោយប្រការណាផង ដោយប្រការណាផង សមណព្រាហ្មណ៍ដ៏ចម្រើននោះ ពោលបង្កាច់តថាគត ដោយប្រការដូច្នោះៗ ដោយពាក្យ​មិនទៀង ដោយពាក្យទទេ ដោយពាក្យកុហក ដោយពាក្យមិនពិត ដូច្នេះថា ព្រះសមណ​គោតម ជាអ្នកបំផ្លាញសត្វ តែងបញ្ញត្ត នូវសេចក្តីដាច់សូន្យ សេចក្តីវិនាស សេចក្តីមិនកើត​ទៀត របស់សត្វដែលមាននៅ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលពីដើមក្តី ក្នុងកាលឥឡូវក្តី តថាគតតែងបញ្ញត្តនូវទុក្ខ21) ផង នូវសេចក្តីរលត់នៃទុក្ខ22) ផង។ ម្នាលភិក្ខុទាំងឡាយ បើពួកជនដទៃ ជេរ គម្រាម ប្រទូស្តបៀតបៀន ធ្វើបាបតថាគត ក្នុងការប្រកាសសច្ចៈទាំង៤នោះ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិនមានសេចក្តីក្រោធ មិនមានសេចក្តីមិនត្រេកអរ គឺទោមនស្ស មិនមានសេចក្តីមិនរីករាយនៃចិត្ត ក្នុងហេតុមានជេរជាដើមនោះ។ ម្នាលភិក្ខុទាំងឡាយ បើពួកជនដទៃធ្វើសក្ការៈ គោរពរាប់អាន បូជាតថាគត ក្នុងការប្រកាសសច្ចៈនោះ ម្នាលភិក្ខុទាំងឡាយ តថាគត មិនមានសេចក្តីត្រេកអរ មិនមានសេចក្តីសោមនស្ស មិនមានសេចក្តីបានចិត្ត ក្នុងសក្ការៈជាដើមនោះទេ។ ម្នាលភិក្ខុទាំងឡាយ បើពួកជនដទៃ ធ្វើសក្ការៈ គោរពរាប់អាន បូជាតថាគត ក្នុងការប្រកាសសច្ចៈនោះ ម្នាលភិក្ខុទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ក្នុងសក្ការៈ ជាដើមនោះ យ៉ាងនេះថា ខន្ធបញ្ចកៈណា ដែលតថាគត បានកំណត់ដឹង ក្នុងកាលមុនរួចហើយ សក្ការៈមានសភាពយ៉ាងនេះ គឺពួកជនដទៃធ្វើដល់តថាគត ក៏ចំពោះខន្ធបញ្ចកៈនោះ។

[២៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បើពួកជនដទៃ ជេរគម្រាម ប្រទូស្ត បៀតបៀន ធ្វើបាបអ្នកទាំងឡាយ អ្នកទាំងឡាយ មិនត្រូវធ្វើសេចក្តីក្រោធ មិនត្រូវធ្វើសេចក្តី​មិនត្រេកអរ គឺទោមនស្ស មិនត្រូវធ្វើសេចក្តីមិនរីករាយនៃចិត្ត ក្នុងពាក្យជេរ ជាដើមនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បើពួកជន​ដទៃ ធ្វើសក្ការៈ គោរពរាប់អាន បូជាអ្នកទាំងឡាយ អ្នកទាំងឡាយ មិនត្រូវធ្វើសេចក្តីត្រេកអរ មិនត្រូវធ្វើសេចក្តីសោមនស្ស មិនត្រូវធ្វើសេចក្តីបានចិត្ត ក្នុងសក្ការៈ ជាដើមនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បើពួកជនដទៃធ្វើសក្ការៈ គោរពរាប់អាន បូជាអ្នកទាំងឡាយ អ្នកទាំងឡាយ ត្រូវត្រិះរិះ ក្នុងសក្ការៈ ជាដើមនោះ យ៉ាងនេះថា ខន្ធបញ្ចកៈណា ដែលអាត្មាអញ បានកំណត់រួចហើយ ក្នុងកាលមុន សក្ការៈមាន​សភាពបែបនេះ គឺពួកជនដទៃធ្វើដល់យើងទាំងឡាយ ក៏ចំពោះខន្ធបញ្ចកៈនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ វត្ថុណា ដែលមិនមែនរបស់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយលះបង់ នូវវត្ថុនោះចេញ វត្ថុដែលអ្នកទាំងឡាយ បានលះបង់ហើយ​នោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូអង្វែង។ ម្នាលភិក្ខុទាំងឡាយ ទោះអ្វីៗ មិនមែនរបស់អ្នកទាំងឡាយដែរ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់រូបនោះចេញ រូបដែលអ្នកទាំងឡាយ លះបង់ហើយនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តី​សុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់ នូវវេទនានោះចេញ វេទនាដែលអ្នកទាំងឡាយ បានលះបង់​ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ សញ្ញា មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់ នូវសញ្ញានោះចេញ សញ្ញា ដែលអ្នកទាំងឡាយ បានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់ នូវសង្ខារទាំងឡាយនោះចេញ សង្ខារទាំងឡាយដែលអ្នកទាំងឡាយបានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយចូរលះបង់នូវវិញ្ញាណនោះចេញ វិញ្ញាណដែលអ្នកទាំងឡាយបានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ស្មៅ កំណាត់ឈើ មែកឈើ និងស្លឹកឈើណា ដែលមានក្នុងវត្តជេតពននេះ បើអ្នកផងនាំយកទៅក្តី ដុតចោលក្តី ធ្វើឲ្យសមគួរតាម​បច្ច័យ​ក្តី នូវវត្ថុមានស្មៅជាដើមនោះ តើអ្នកទាំងឡាយ គួរមានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកផងនាំយកទៅក្តី ដុតចោលក្តី ធ្វើឲ្យសមគួរតាមបច្ច័យក្តី នូវយើងទាំងឡាយ ដូច្នេះ​ដែរ​ឬ។ បពិត្រព្រះអង្គដ៏ចម្រើន មិនគួរគិតយ៉ាងនេះទេ ដំណើរនោះ តើព្រោះហេតុអ្វី បពិត្រព្រះអង្គ​ដ៏ចម្រើន ព្រោះថា វត្ថុ មានស្មៅជាដើមនុ៎ះ មិនមែនជាខ្លួន ឬមិនមែនជាទ្រព្យ​របស់ខ្លួននៃយើងខ្ញុំទាំងឡាយទេ ម្នាលភិក្ខុទាំងឡាយ យ៉ាងហ្នឹងហើយ វត្ថុណា ដែលមិនមែន​របស់អ្នកទាំងឡាយទេ ចូរអ្នកទាំងឡាយ លះបង់នូវវត្ថុនោះចេញ វត្ថុដែលអ្នកទាំងឡាយ បានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និង​សេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ ទោះអ្វីៗ ក៏មិនមែន​របស់អ្នកទាំងឡាយ​ដែរ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនរបស់អ្នកទាំងឡាយទេ ចូរអ្នកទាំងឡាយ លះបង់នូវរូបនោះចេញ រូបដែលអ្នកទាំងឡាយលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាលយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ វេទនា ។បេ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ។បេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ ។បេ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណមិនមែនរបស់អ្នកទាំងឡាយទេ ចូរអ្នកទាំងឡាយលះបង់វិញ្ញាណនោះចេញ វិញ្ញាណដែលអ្នកទាំងឡាយ បានលះបង់ហើយនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខ អស់កាល​យូរអង្វែង។

[២៦] ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយយ៉ាងនេះ ម្នាលភិក្ខុ​ទាំងឡាយ កាលបើធម៌ ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយយ៉ាងនេះ ភិក្ខុទាំងឡាយណា ជាព្រះអរហន្ត ខីណាស្រព មានព្រហ្មចារ្យ នៅចប់ហើយ មានកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ23) បានសម្រេចប្រយោជន៍របស់ខ្លួនហើយ មានកិលេស ជាគ្រឿងប្រកប ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ វដ្តៈរបស់​ភិក្ខុទាំងនោះ មិនមាននាមប្បញ្ញត្តិ គឺថាវិនាសសាបសូន្យ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ភិក្ខុទាំងឡាយណា បានលះបង់នូវ​សំយោជនៈ ជាចំណែកខាងក្រោម​៥យ៉ាង ភិក្ខុទាំងអស់នោះ ជាឱបបាតិកទេវតា នឹងបរិនិព្វាន ក្នុងលោកនោះ មានសភាវៈមិនត្រឡប់ចាកលោកនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ភិក្ខុទាំងឡាយណា បានលះបង់ នូវសំយោជនៈ​ទាំង៣​យ៉ាង ស្រឡះហើយ តែនៅមានរាគៈ ទោសៈ មោហៈ ដែលស្រាលស្តើង ភិក្ខុទាំងអស់នោះ ជាសកទាគាមិបុគ្គល នឹងត្រឡប់មកកាន់លោកនេះម្តងទៀត ហើយធ្វើនូវ​ទីបំផុតទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ភិក្ខុទាំង​ឡាយ​ណា បានលះបង់នូវសំយោជនៈទាំង៣យ៉ាង ស្រឡះហើយ ភិក្ខុទាំងអស់នោះ ជាសោតាបន្នបុគ្គល មានសភាវៈមិនធ្លាក់ទៅក្នុងអបាយ24) ជាអ្នកទៀងតែនឹងបានត្រាស់ដឹងក្នុងខាងមុខ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ភិក្ខុទាំងឡាយណា ជាធម្មានុសារីបុគ្គល25) និង ជាសទ្ធានុសារីបុគ្គល26) ភិក្ខុទាំងអស់នោះ នឹងបានត្រាស់ដឹងក្នុងខាងមុខ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ ដែលផ្ងារហើយ របើកហើយ ភ្លឺច្បាស់ហើយ ដូចជាសំពត់ចាស់ ដែលដាច់ដាច តថាគត បានសំដែងល្អហើយ យ៉ាងនេះ ភិក្ខុទាំងឡាយ​ណា គ្រាន់តែមានសទ្ធា គ្រាន់តែមានសេចក្តីស្រឡាញ់ចំពោះតថាគត ភិក្ខុទាំងពួងនោះ ទៅខាងមុខ នឹងបានស្ថានសួគ៌។ ព្រះមានព្រះភាគ ទ្រង់បានសម្តែង នូវសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត នៃព្រះមានព្រះភាគ។

ចប់ អលគទ្ទូបមសូត្រទី២។

វិម្មិកសូត្រ ទី៣

(៣. វម្មិកសុត្តំ)

[២៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះកុមារកស្សបមានអាយុ នៅក្នុងអន្ធវ័ន។27) គ្រានោះឯង ទេវតាមួយអង្គ មានសម្បុរល្អ(មក)ក្នុងវេលារាត្រី គឺមជ្ឈិមយាម​កន្លងទៅ​ហើយ បញ្ចេញរស្មីឲ្យភ្លឺក្នុងអន្ធវ័នទាំងអស់ ក៏ចូលទៅរកព្រះកុមារកស្សបមានអាយុ លុះចូលទៅដល់​ហើយ ទើបឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតានោះ ឋិតនៅ​ក្នុងទីដ៏​សមគួរ​ហើយ ក៏ពោលពាក្យនេះ នឹងព្រះកុមារកស្សបមានអាយុថា ភិក្ខុ ភិក្ខុ ដំបូក​នេះ ហុយផ្សែង​ក្នុងពេលយប់ ឆេះក្នុងពេលថ្ងៃ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាល​សុមេធ ចូរអ្នកយកសស្ត្រា មកជីកដំបូកនេះមើល។ សុមេធ យកសស្ត្រាមកជីក ជីក​ទៅ​ក៏​បានឃើញសន្ទះទ្វារកង់ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន សន្ទះទ្វារកង់។ ព្រាហ្មណ៍​បាន​ពោលយ៉ាងនេះថា ម្នាលសុមេធ ចូរអ្នកលើកសន្ទះទ្វារកង់ចេញ ហើយយក​សស្ត្រា​ជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បានឃើញសត្វហីង ហើយប្រាប់ថា បពិត្រ​អ្នក​ដ៏ចម្រើន សត្វហីង។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ អ្នកចូរលើកសត្វ​ហីង​ចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បានឃើញ​ផ្លូវ​បែកជា២ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន ផ្លូវបែកជា២។ ព្រាហ្មណ៍បានពោលយ៉ាង​នេះថា ម្នាលសុមេធ អ្នកចូរលើកផ្លូវបែកជា២ចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បានឃើញសំពត់តម្រងក្បុង ហើយប្រាប់ថា បពិត្រអ្នក​ដ៏ចម្រើន សំពត់តម្រងក្បុង។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ អ្នកចូរលើក សំពត់តម្រងក្បុងចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បាន​ឃើញ​អណ្តើក ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន អណ្តើក។ ព្រាហ្មណ៍បានពោល​យ៉ាងនេះ​ថា ម្នាលសុមេធ អ្នកចូរលើកអណ្តើកចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បានឃើញកាំបិត និងជ្រញ់ ហើយប្រាប់ថា បពិត្រអ្នកដ៏​ចម្រើន កាំបិត និងជ្រញ់។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ អ្នកចូរលើក​កាំបិត និងជ្រញ់ ចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បាន​ឃើញ​ដុំសាច់ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន ដុំសាច់ ។ ព្រាហ្មណ៍បានពោល​យ៉ាងនេះ​ថា ម្នាលសុមេធ អ្នកចូរលើកដុំសាច់ចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏បានឃើញនាគ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន នាគ។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា នាគទុកឲ្យនៅចុះ អ្នកកុំបៀតបៀននាគឡើយ អ្នកចូរថ្វាយបង្គំនាគចុះ។ នែភិក្ខុ លោកចូរនាំយកប្រស្នាទាំង១៥នេះ ទៅក្រាបទូលសួរ​ព្រះមាន​ព្រះភាគ ព្រះមានព្រះភាគ ទ្រង់ព្យាករប្រាប់លោក យ៉ាងណា លោកត្រូវកំណត់​ចាំ​ទុកនូវសេចក្តីនោះ យ៉ាងនោះ។ នែភិក្ខុ ក្នុងលោក ព្រមទាំងទេវតា ព្រមទាំងមារ ព្រម​ទាំង​ព្រហ្ម ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្ស​ដ៏សេស យើងមិនដែលឃើញអ្នកណាមួយ ឆ្លើយប្រស្នាទាំងនេះ​ត្រូវចិត្ត​បានឡើយ វៀរលែងតែព្រះតថាគត ឬសាវ័ករបស់ព្រះតថាគត ឬក៏អ្នកដែលស្តាប់ អំពីសំណាក់ នៃព្រះតថាគតនេះ។ ទេវតានោះ បានពោលនូវពាក្យនេះ លុះពោលនូវ​ពាក្យ​នេះ​ហើយ ក៏បាត់អំពីទីនោះទៅ។

[២៨] លុះរាត្រីនោះកន្លងហើយ គ្រានោះឯង ព្រះកុមារកស្សបមានអាយុ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុង​ទីសម​គួរ។ លុះព្រះកុមារកស្សបមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូល​ដំណើរ​នុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន យប់មិញនេះ មានទេវតា​មួយអង្គ មានសម្បុរល្អ (មក) ក្នុងវេលារាត្រីមជ្ឈិមយាមកន្លងទៅហើយ បញ្ចេញរស្មីឲ្យភ្លឺ ក្នុងអន្ធវ័នទាំងអស់ ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ឋិតនៅក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចម្រើន លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បាននិយាយពាក្យ​នេះ នឹងខ្ញុំព្រះអង្គដូច្នេះថា ភិក្ខុ ភិក្ខុ ដំបូកនេះហុយផ្សែងក្នុងពេលយប់ ឆេះក្នុងពេលថ្ងៃ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ ចូរអ្នកយកសស្ត្រា​មកជីក​។ សុមេធ យកសស្ត្រាជីកទៅ ក៏បានឃើញសន្ទះទ្វារកង់ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន សន្ទះទ្វារ​កង់។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា ម្នាលសុមេធ ចូរអ្នកលើកសន្ទះទ្វារ​កង់ចេញ ហើយយកសស្ត្រាជីកទៀត។ សុមេធយកសស្ត្រាជីកទៅ ក៏ឃើញសត្វហីង ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន សត្វហីង។បេ។ បានឃើញនាគ ហើយប្រាប់ថា បពិត្រអ្នកដ៏ចម្រើន នាគ។ ព្រាហ្មណ៍បានពោលយ៉ាងនេះថា នាគទុកឲ្យនៅចុះ អ្នកកុំបៀតបៀននាគឡើយ ចូរធ្វើការនមស្តារនាគចុះ។ នែភិក្ខុ លោកគប្បីចូល​ទៅរក​ព្រះមានព្រះភាគ ហើយសួរប្រស្នា​ទាំង១៥​នេះឯង ព្រះមានព្រះភាគ ទ្រង់ព្យាករ​ប្រាប់លោក យ៉ាងណា លោកគប្បីចាំទុកនូវប្រស្នានោះ យ៉ាងនោះចុះ។ នែភិក្ខុ ក្នុងលោក ព្រមទាំងទេវតា ព្រមទាំងមារ ព្រមទាំងព្រហ្ម ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស យើងមិនដែលឃើញអ្នកណាមួយ ឆ្លើយប្រស្នាទាំងនេះឲ្យត្រូវចិត្តបានឡើយ វៀរលែងតែព្រះតថាគត ឬសាវ័ករបស់​ព្រះតថាគត ឬក៏អ្នកដែលស្តាប់អំពីសំណាក់ នៃព្រះតថាគតនេះ។ បពិត្រព្រះអង្គ​ដ៏ចម្រើន ទេវតានោះ បានពោលនូវពាក្យនេះ លុះពោលនូវពាក្យនេះហើយ ក៏បាត់​អំពីទី​នោះទៅ។ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ហៅថា ដំបូក អ្វីហុយផ្សែងក្នុងពេលយប់ អ្វីឆេះ​ក្នុងពេលថ្ងៃ អ្នកណាជាព្រាហ្មណ៍ អ្នកណាជាសុមេធ អ្វីជាសស្ត្រា អ្វីជាការជីក អ្វីជាសន្ទះទ្វារកង់ អ្វីជាសត្វហីង អ្វីជាផ្លូវបែកជាពីរ អ្វីជាសំពត់តម្រងក្បុង អ្វីជាអណ្តើក អ្វីជាកាំបិត ​និងជ្រញ់ អ្វីជាដុំសាច់ អ្វីជានាគ។

[២៩] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុ ត្រង់ពាក្យថា ដំបូក នេះជា​ឈ្មោះ​របស់កាយនេះ ដែលប្រកបដោយមហាភូតរូប៤ កើតព្រមព្រោះទឹកសុក្កៈរបស់មាតា និងបិតា ចម្រើនដោយសារបាយ និងនំ មានសភាវៈមិនទៀង មានការដុសខាត់ បំបាត់​ក្លិន​អាក្រក់ និងគក់ច្របាច់ និងកិរិយាបែកធ្លាយ ខ្ចាត់ខ្ចាយជាធម្មតា។ ម្នាលភិក្ខុ ត្រង់​ប្រស្នាថា អ្វីហុយផ្សែងក្នុងពេលយប់ សេចក្តីថា បុគ្គលប្រារព្ធការងារក្នុងពេលថ្ងៃ ហើយដល់ពេលយប់ ត្រិះរិះពិចារណារឿយៗ ដោយហេតុណា ហេតុនោះហៅថា ហុយផ្សែង ក្នុងពេលយប់។ ម្នាលភិក្ខុ ត្រង់ប្រស្នាថា អ្វីឆេះក្នុងពេលថ្ងៃ សេចក្តីថា បុគ្គល​ត្រិះរិះពិចារណារឿយៗ ក្នុងវេលាយប់ ហើយដល់វេលាថ្ងៃ ក៏ប្រកបការងារ ដោយ​កាយ​វាចា ដោយហេតុណា ហេតុនេះហៅថា ឆេះក្នុងវេលាថ្ងៃ។ ម្នាលភិក្ខុ ត្រង់ពាក្យថា ព្រាហ្មណ៍​នេះ ជាឈ្មោះរបស់ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុ ត្រង់ពាក្យ​ថា សុមេធ នេះ ជាឈ្មោះរបស់ភិក្ខុ ជាសេក្ខបុគ្គល។ ម្នាលភិក្ខុ ត្រង់ពាក្យថា សស្ត្រានេះ ជាឈ្មោះរបស់ប្រាជ្ញាដ៏ប្រសើរ។ ម្នាលភិក្ខុ ត្រង់ពាក្យថា ជីកនេះ ជាឈ្មោះ​របស់ការ​ប្រារព្ធព្យាយាម។ ម្នាលភិក្ខុ ត្រង់ពាក្យថា សន្ទះទ្វារកង់ នេះជាឈ្មោះរបស់អវិជ្ជា។ ម្នាលសុមេធ អ្នកចូរលើកសន្ទះទ្វារកង់ចេញ គឺថាអ្នកចូរលះបង់អវិជ្ជាចេញ ហើយ​យកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា សត្វហីង​ ជាឈ្មោះរបស់សេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់ចិត្ត ម្នាលសុមេធ អ្នកចូរលើកហីងចេញ គឺថា អ្នកចូរលះបង់សេចក្តីក្រោធ និងសេចក្តីចង្អៀតចង្អល់​ចិត្ត​ចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា ផ្លូវបែកជាពីរ នេះជាឈ្មោះរបស់វិចិកិច្ឆា។ ម្នាលសុមេធ អ្នកចូរលើកនូវ​ផ្លូវបែកជា​ពីរចេញ គឺថា អ្នកចូរលះបង់វិចិកិច្ឆាចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា សំពត់តម្រងក្បុង នេះជាឈ្មោះរបស់នីវរណធម៌ទាំង៥ គឺ កាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធ​នីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១។ ម្នាលសុមេធ អ្នកចូរ​លើក​សំពត់​តម្រង​ក្បុងចេញ គឺថា អ្នកចូរលះបង់នីវរណធម៌ទាំង៥ចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា អណ្តើកនេះ ជាឈ្មោះ​​របស់ឧបាទានក្ខន្ធទាំង៥ ឧបាទានក្ខន្ធទាំង៥ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលសុមេធ អ្នកចូរ​លើក​អណ្តើក​ចេញ គឺថា អ្នកចូរលះបង់ឧបាទានក្ខន្ធទាំង៥ចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា កាំបិត និងជ្រញ់ នេះជា​ឈ្មោះ​របស់កាមគុណទាំង៥ គឺរូប ដែលបុគ្គលគប្បីដឹងច្បាស់ ដោយចក្ខុ ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃតម្រេក១ សំឡេង ដែលបុគ្គលគប្បីដឹង ដោយត្រចៀក…១ ក្លិនដែលបុគ្គលគប្បីដឹង ដោយច្រមុះ…១ រសដែលគប្បីដឹង ដោយអណ្តាត…១ ផ្សព្វ ដែលបុគ្គលគប្បីដឹងច្បាស់ ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃតម្រេក១។ ម្នាលសុមេធ អ្នកចូរលើកកាំបិត និងជ្រញ់ចេញ គឺថា អ្នកចូរលះបង់​កាមគុណ​ទាំង៥ចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តី​អធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា ដុំសាច់ នេះជាឈ្មោះរបស់នន្ទិរាគ (សេចក្តី​ត្រេកត្រអាល)។ ម្នាលសុមេធ អ្នកចូរលើកដុំសាច់ចេញ គឺថា អ្នកចូរលះបង់​នន្ទិរាគចេញ ហើយយកសស្ត្រាជីកទៀត នេះជាសេចក្តីអធិប្បាយនៃពាក្យនុ៎ះ។ ម្នាលភិក្ខុ ត្រង់ពាក្យថា នាគ នេះជាឈ្មោះរបស់ភិក្ខុ ដែលជាព្រះខីណាស្រព។ នាគចូរឋិតនៅចុះ អ្នកកុំបៀតបៀននាគឡើយ អ្នកចូរធ្វើនូវការនមស្ការនាគចុះ នេះជាសេចក្តីអធិប្បាយ​នៃ​ពាក្យនុ៎ះ។ ព្រះមានព្រះភាគ ទ្រង់បានសំដែង នូវសូត្រនេះចប់ហើយ ព្រះកុមារកស្សប​មានអាយុ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត នៃព្រះមានព្រះភាគ។

ចប់ វម្មិកសូត្រ ទី៣។

រថវិនីតសូត្រ ទី៤

(៤. រថវិនីតសុត្តំ)

[៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប អ្នកនៅ​ក្នុង​ជាតិភូមិ28) នៅចាំវស្សា​ក្នុងជាតិភូមិហើយ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ​អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បណ្តាជាតិភូមិកភិក្ខុទាំងឡាយ ជាសព្រហ្មចារី ដែលនៅក្នុងជាតិភូមិ ភិក្ខុណាហ្ន៎ ដែលមាន​គេសរសើរយ៉ាងនេះថា ជាអ្នកមិនមានសេចក្តីប្រាថ្នាដោយខ្លួនឯងផង សំដែងអំពីការមិនមានសេចក្តីប្រាថ្នា29) ដល់ពួកភិក្ខុផង ជាអ្នកសន្តោស ដោយខ្លួនឯងផង សំដែងអំពីការសន្តោស30) ដល់ពួកភិក្ខុផង ជាអ្នកស្ងប់ស្ងាត់ ដោយខ្លួនឯងផង សំដែងអំពីការស្ងប់ស្ងាត់31) ដល់ពួកភិក្ខុផង ជាអ្នកមិនច្រឡូកច្រឡំដោយខ្លួនឯងផង សំដែងអំពីការមិនច្រឡូច្រឡំ32) ដល់ពួកភិក្ខុផង ជាអ្នកប្រារព្ធសេចក្តីព្យាយាម ដោយខ្លួនឯងផង សំដែងអំពីការប្រារព្ធព្យាយាម33) ដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ដោយសីល ចំពោះខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយសីល34) ដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ដោយសមាធិចំពោះខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយសមាធិ35) ដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ដោយបញ្ញា ចំពោះខ្លួនឯងផង សំដែងអំពីការបរិបូណ៌ដោយបញ្ញា ដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ដោយវិមុត្តិ គឺអរិយផល ចំពោះខ្លួនឯងផង សំដែងអំពីការបរិបូណ៌ ដោយវិមុត្តិ គឺអរិយផល ដល់ពួកភិក្ខុផង ជាអ្នកបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈ36) ដោយខ្លួនឯង សំដែងអំពីការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈ ដល់ពួកភិក្ខុផង ជាអ្នកឲ្យឱវាទ បំភ្លឺឲ្យដឹងច្បាស់ ពន្យល់ បបួល ធ្វើឲ្យក្លាហាន ធ្វើឲ្យរីករាយ ដល់ពួកសព្រហ្មចារីផង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន បណ្តាជាតិភូមិកភិក្ខុទាំងឡាយ ជាសព្រហ្មចារី ដែលនៅក្នុងជាតិភូមិ មានតែបុណ្ណត្ថេរមានអាយុ ជាមន្តាណីបុត្ត37) ទេ ទើបគេតែងសរសើរគុណ យ៉ាងនេះថា ជាអ្នកមិនប្រាថ្នា ដោយខ្លួនឯងផង សំដែងអំពីការមិនមានប្រាថ្នា ដល់ពួកភិក្ខុផង ជាអ្នកសន្តោស ដោយខ្លួនឯងផង។បេ។ ជាអ្នកស្ងប់ស្ងាត់ ដោយខ្លួនឯងផង… ជាអ្នក​មិនច្រឡូកច្រឡំ ដោយខ្លួនឯងផង… ជាអ្នកមានសេចក្តីព្យាយាម ដោយខ្លួនឯងផង… ជាអ្នកបរិបូណ៌ ដោយសីលចំពោះខ្លួនឯងផង… ជាអ្នកបរិបូណ៌ដោយសមាធិ ចំពោះខ្លួនឯងផង…ជាអ្នកបរិបូណ៌ ដោយបញ្ញា ចំពោះខ្លួនឯងផង…ជាអ្នកបរិបូណ៌ ដោយវិមុត្តិ ចំពោះខ្លួនឯងផង…ជាអ្នកបរិបូណ៌ដោយវិមុត្តិញាណទស្សនៈចំពោះខ្លួន​ឯងផង សំដែងអំពីការបរិបូណ៌ដោយវិមុត្តិញាណទស្សនៈ ដល់ពួកភិក្ខុផង ជាអ្នក​ឲ្យឱវាទ បំភ្លឺឲ្យដឹងច្បាស់ ពន្យល់ បបួល ធ្វើឲ្យក្លាហាន ធ្វើឲ្យរីករាយ ដល់ពួកសព្រហ្មចារី​ផង។

[៣១] សម័យនោះឯង ព្រះសារីបុត្តមានអាយុ អង្គុយក្បែរព្រះមានព្រះភាគ។ លំដាប់​នោះ ព្រះសារីបុត្តមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា បុណ្ណមុន្តាណីបុត្តមានអាយុ ហៅពេញជាមានលាភ ទាំងអត្តភាពជាមនុស្ស ក៏បុណ្ណមិន្តាណីបុត្ត​បានហើយដោយប្រពៃ (ព្រោះ) ពួកសព្រហ្មចារីភិក្ខុ ដែលជាអ្នកប្រាជ្ញ​ពិចារណារឿយៗ ហើយតែងពោលសរសើរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះសាស្តា ព្រះសាស្តា ក៏ទ្រង់អនុមោទនា ចំពោះបុណ្ណមុន្តាណីបុត្តនោះ ធ្វើដូចម្តេចហ្ន៎ យើងនឹងបាន​ទៅកាន់ទីប្រជុំ ជាមួយនឹងព្រះបុណ្ណមុន្តាណីបុត្តមានអាយុម្តងអេះ។ ធ្វើដូចម្តេចហ្ន៎ នឹងបាននិយាយចរចាបន្តិចបន្តួចផងអេះ។

[៣២] គ្រានោះឯង ព្រះភគវន្តមុនី ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមគួរដល់​អាធ្យា​ស្រ័យ​ហើយ ទ្រង់ស្តេចទៅកាន់ចារិក ឰដ៏ក្រុងសាវត្ថី លុះស្តេចទៅកាន់ចារិកតាមហូរហែ ក៏បានទៅដល់ក្រុងសាវត្ថីនោះ។ ព្រះមានព្រះភាគ គង់ក្នុងវត្តជេតពន ជារបស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថីនោះ។ ព្រះបុណ្ណមុន្តាណីបុត្តមានអាយុ បានឮដំណឹង ដូច្នេះថា ព្រះមានព្រះភាគ យាងមកដល់ក្រុងសាវត្ថីហើយ ទ្រង់គង់ក្នុង​វត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ លំដាប់នោះឯង ព្រះបុណ្ណមុន្តាណីបុត្ត​មានអាយុ រៀបចំសេនាសនៈហើយប្រដាប់បាត្រចីវរ ទៅកាន់ចារិក ក្នុងក្រុងសាវត្ថី​នោះដែរ លុះត្រាច់ទៅកាន់ចារិកតាមហូរហែ ក៏បានចូលទៅគាល់​ព្រះមានព្រះភាគ ដែលគង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះ លុះចូលទៅដល់ហើយ ទើបថ្វាយព្រះមានព្រះភាគ រួចអង្គុយក្នុង​ទីដ៏សមគួរ។ លុះបុណ្ណមុន្តាណីបុត្តមានអាយុ អង្គុយក្នុទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ពន្យល់ ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថា។ គ្រានោះ បុណ្ណមុន្តាណីបុត្តមានអាយុ កាលបើព្រះមានព្រះភាគ ទ្រង់ពន្យល់ ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ត្រេកអររីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅឯអន្ធវ័ន (ព្រៃជាំ) ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ។

[៣៣] គ្រានោះឯង មានភិក្ខុ១រូប ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅ​ដល់ហើយ បានពោលពាក្យដូចនេះ នឹងព្រះសារីបុត្តមានអាយុថា អាវុសោសារីបុត្ត អ្នកសំដែង​សេចក្តីសរសើររឿយៗ នូវភិក្ខុបុណ្ណមុន្តាណីបុត្ត ឯភិក្ខុបុណ្ណមុន្តាបុត្តនោះ ដែល​ព្រះមានព្រះភាគ ទ្រង់ពន្យល់ ណែនាំ ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ត្រេកអរ រីករាយ នឹងភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំលា​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចហើយចេញ​ទៅកាន់អន្ធវ័ននោះ ដើម្បីសម្រាក ក្នុងវេលាថ្ងៃ។ លំដាប់នោះឯង ព្រះសារីបុត្តមានអាយុ មានសភាពរួសរាន់​កាន់និសីទនៈ ដើរតាមក្រោយៗ នៃភិក្ខុបុណ្ណមុន្តាណីបុត្តមានអាយុ រមិលមើលនូវ​សីសៈ​នៃ​បុណ្ណមុន្តាណីបុត្ត។ គ្រានោះឯង បុណ្ណមុន្តាណីបុត្តមានអាយុ ដើរចូលទៅ​កាន់អន្ធវ័ន​ហើយ អង្គុយសម្រាក ក្នុងវេលាថ្ងៃ ទៀបម្លប់ឈើមួយ​ចំណែកខាងព្រះសារីបុត្តមានអាយុ ក៏ចូលទៅកាន់អន្ធវ័ន ហើយអង្គុយ​សម្រាកក្នុងវេលាថ្ងៃ ទៀបម្លប់ឈើមួយដែរ។

[៣៤] គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីពួន ក្នុងសាយណ្ហសម័យ ហើយចូលទៅរកបុណ្ណមុន្តាណីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ​រាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយបុណ្ណមុន្តាណីបុត្តមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីសមគួរហើយ បានពោលពាក្យដូច្នេះ នឹងបុណ្ណមុន្តាណីបុត្តមានអាយុថា ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ របស់យើងដែរឬ។ បុណ្ណមុន្តាណីបុត្តមានអាយុតបថា ម្នាល​អាវុសោ យ៉ាងហ្នឹងហើយ។ ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃសីល38) ឬ។ ម្នាលអាវុសោ ការប្រព្រឹត្តនេះ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមាន​អាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃចិត្ត39) ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមាន​អាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃទិដ្ឋិ40) ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃកង្ខាវិតរណៈ41) ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃមគ្គាមគ្គញ្ញាណទស្សនៈ42) ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិ នៃបដិបទាញាណទស្សនៈ43) ឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ម្នាលអាវុសោ ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃញាណទស្សនៈឬ។ ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ។ ព្រះសារីបុត្តមានអាយុ មានថេរវាចាថា កាលបើខ្ញុំសួរថា ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃសីលឬ លោកនិយាយថា ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ កាលបើខ្ញុំសួរថា ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិ​នៃចិត្តឬ លោកនិយាយថា ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ កាលបើខ្ញុំសួរថា ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិនៃទិដ្ឋិឬ លោកនិយាយថា ម្នាលអាវុសោ មិនមែនត្រឹមប៉ុណ្ណោះទេ ម្នាលអាវុសោ ដើម្បីបរិសុទ្ធិនៃកង្ខាវិតរណៈឬ… ម្នាលអាវុសោ ដើម្បីបរិសុទ្ធិនៃមគ្គាមគ្គញ្ញាណទស្សនៈឬ…ម្នាលអាវុសោ ដើម្បីបរិសុទ្ធិនៃបដិបទាញាណទស្សនៈឬ… កាលបើខ្ញុំសួរថា ម្នាលអាវុសោ លោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីបរិសុទ្ធិ​នៃញាណទស្សនៈឬ លោកនិយាយថា ម្នាលអាវុសោ មិនមែនត្រឹមតែប៉ុណ្ណោះទេ ម្នាលអាវុសោ (បើយ៉ាងនេះ) ចុះលោកមានអាយុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីអ្វី។ បុណ្ណមុន្តាណីបុត្តតបថា ម្នាលអាវុសោ ព្រហ្មចរិយធម៌ ដែលខ្ញុំប្រព្រឹត្ត ក្នុងសំណាក់ព្រះមានព្រះភាគ ដើម្បីអនុបាទា​បរិនិព្វាន​ទេតើ។ ម្នាលអាវុសោ សីលវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែន​ទេ។ ម្នាលអាវុសោ ចុះចិត្តវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ម្នាលអាវុសោ ទិដ្ឋិវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ម្នាលអាវុសោ ចុះកង្ខាវិតរណៈវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ម្នាលអាវុសោ មគ្គាមគ្គញ្ញាណទស្សនៈវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ម្នាលអាវុសោ ចុះបដិបទាញាណទស្សនៈវិសុទ្ធិ ជា​អនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ម្នាលអាវុសោ ញាណទស្សនៈវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ម្នាលអាវុសោ ចុះអនុបាទាបរិនិព្វាន ក្រៅអំពីធម៌ទាំងនេះឬ។ ម្នាលអាវុសោ នេះមិនមែនទេ។ ព្រះសារីបុត្តសួរថា កាលខ្ញុំសួរថា ម្នាលអាវុសោ សីលវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ លោកឆ្លើយថា អាវុសោ នេះមិនមែនទេ កាលខ្ញុំសួរថា ម្នាល​អាវុសោ ចុះចិត្តវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ លោកឆ្លើយថា ម្នាលអាវុសោ នេះមិនមែនទេ ម្នាលអាវុសោ ទិដ្ឋិវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ។បេ។ ម្នាលអាវុសោ ចុះកង្ខាវិតរណៈវិសុទ្ធិឬ… ម្នាលអាវុសោ ចុះមគ្គាមគ្គញ្ញាណទស្សនៈវិសុទ្ធិឬ… ម្នាលអាវុសោ ចុះបដិបទាញាណទស្សនៈវិសុទ្ធិឬ… កាលខ្ញុំសួរថា ម្នាលអាវុសោ ញាណ​ទស្សនៈវិសុទ្ធិ ជាអនុបាទាបរិនិព្វានឬ លោកឆ្លើយថា ម្នាលអាវុសោ នេះមិនមែនទេ កាលខ្ញុំសួរថា ម្នាលអាវុសោ ចុះអនុបាទាបរិនិព្វាន ក្រៅអំពីធម៌ទាំងនេះឬ លោកឆ្លើយថា ម្នាលអាវុសោ នេះមិនមែនទេ ម្នាលអាវុសោ (កាលបើយ៉ាងនេះ) ចុះសេចក្តីនៃភាសិតនេះ តើលោកយល់យ៉ាងណា។

[៣៥] បុណ្ណមុន្តាណីបុត្ត តបថា ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្ត​នូវ​សីលវិសុទ្ធិ ថាជាអនុបាទាបរិនិព្វានហើយ ឈ្មោះថា បញ្ញត្តនូវសឧបាទាន ថាជា​អនុបាទាបរិនិព្វាន​ទៅវិញ។ ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្តនូវចិត្តវិសុទ្ធិ ថាជា​អនុបាទាបរិនិព្វានហើយ ឈ្មោះថាបញ្ញត្ត នូវសឧបាទាន ថាជា​អនុបាទាបរិនិព្វាន​ទៅវិញ។ ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្តនូវទិដ្ឋិវិសុទ្ធិ ថាជា​អនុបាទាបរិនិព្វាន​ហើយ ឈ្មោះថា បញ្ញត្តនូវសឧបាទាន ថាជា អនុបាទាបរិនិព្វានទៅវិញ។ ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្តនូវកង្ខាវិតរណវិសុទ្ធិ ថាជាអនុបាទាបរិនិព្វានហើយ ឈ្មោះថា បញ្ញត្តនូវសឧបាទាន ថាជាអនុបាទាបរិនិព្វានទៅវិញ។ ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្តនូវមគ្គាមគ្គញាណទស្សនវិសុទ្ធិ ថាជាអនុបាទាបរិនិព្វាន​ហើយ ឈ្មោះថា បញ្ញត្តនូវសឧបាទាន ថាជាអនុបាទាបរិនិព្វានទៅវិញ។ ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្តនូវបដិបទាញាណទស្សនវិសុទ្ធិ ថាជាអនុបាទាបរិនិព្វាន​ហើយ ឈ្មោះថា បញ្ញត្តនូវសឧបាទាន ថាជាអនុបាទាបរិនិព្វានទៅវិញ។ ម្នាលអាវុសោ បើព្រះមានព្រះភាគ បញ្ញត្តនូវញាណទស្សនវិសុទ្ធិ ថាជាអនុបាទាបរិនិព្វានហើយ ឈ្មោះថា បញ្ញត្តនូវសឧបាទាន ថាជាអនុបាទាបរិនិព្វានទៅវិញ។ ម្នាលអាវុសោ បើ​អនុបាទាបរិនិព្វាន ក្រៅអំពីធម៌ទាំងនេះហើយ បុថុជ្ជន ក៏គង់បរិនិព្វានបាន ម្នាលអាវុសោ ព្រោះបុថុជ្ជន ក្រៅអំពីធម៌ទាំងនេះឯង។ ម្នាលអាវុសោ បើដូច្នោះ ខ្ញុំនឹងធ្វើ​សេចក្តីឧបមា ដល់លោក បុរស ជាអ្នកប្រាជ្ញពួកខ្លះ ក្នុងលោកនេះ គង់ដឹងច្បាស់ នូវសេចក្តី នៃភាសិត ដោយសេចក្តីឧបមាបាន។

[៣៦] ម្នាលអាវុសោ ដូចជាព្រះបាទបសេនទិកោសល ទ្រង់នៅគ្រប់គ្រងក្រុង​សាវត្ថី មានកិច្ចនីមួយ ដែលត្រូវធ្វើជាប្រញាប់ប្រញាល់ កើតឡើងក្នុងក្រុងសាកេត ជន​ទាំងឡាយ ដែលនៅត្រង់ចន្លោះក្រុងសាវត្ថី និងក្រុងសាកេត គប្បីរៀបចំ នូវរថព្រះទី​នាំងទាំង៧ ថ្វាយព្រះបាទបសេនទិកោសលនោះរួចហើយ ម្នាលអាវុសោ ទើបព្រះបាទបសេនទិ​កោសល ទ្រង់ស្តេចចេញអំពីក្រុងសាវត្ថី ឡើងព្រះទីនាំងទី១ ទៀបទ្វារ​ព្រះរាជវាំងខាងក្នុង ទ្រង់ស្តេចដោយរថព្រះទីនាំងទី១ ក៏បានដល់ទៅ​រថព្រះ​ទីនាំង​ទី២ ហើយលះបង់រថព្រះទីនាំងទី១ ឡើងគង់រថព្រះទីនាំងទី២ ទ្រង់ស្តេចដោយ​រថព្រះ​ទីនាំងទី២ ក៏បានដល់ទៅរថព្រះទីនាំងទី៣ ទ្រង់លះបង់រថព្រះទីនាំងទី២ រួច​ឡើងគង់​រថព្រះទីនាំងទី៣ ទ្រង់ស្តេចដោយរថព្រះទីនាំងទី៣ ក៏បានដល់​រថព្រះទី​នាំងទី​៤ ទ្រង់លះបង់រថព្រះទីនាំងទី៣ ក៏ឡើងគង់រថព្រះទីនាំងទី៤ ទ្រង់ស្តេចដោយ​រថព្រះ​ទីនាំងទី៤ ក៏បានដល់រថព្រះទីនាំងទី៥ ទ្រង់លះបង់រថព្រះទីនាំងទី៤ រួចឡើង​គង់​រថព្រះទីនាំងទី៥ ទ្រង់ស្តេចដោយរថព្រះទីនាំងទី៥ ក៏បានដល់រថព្រះទីនាំងទី៦ ទ្រង់លះបង់រថព្រះទីនាំងទី៥ រួចឡើងគង់រថព្រះទីនាំងទី៦ ទ្រង់ស្តេចដោយ​រថ​ព្រះ​ទីនាំង​ទី៦ ក៏បានដល់រថព្រះទីនាំងទី៧ ទ្រង់លះបង់រថព្រះទីនាំងទី៦ រួចឡើងគង់រថព្រះ​ទីនាំង​ទី៧ ទ្រង់ស្តេចដោយរថព្រះទីនាំងទី៧ ក៏បានដល់ទៅក្រុងសាកេត ទ្រង់ប្រថាប់​នៅ​ត្រង់ទ្វារ ខាងក្នុង​ព្រះរាជវាំង ពួកមិត្រអាមាត្រ ជាញាតិសាលោហិត នាំគ្នាក្រាបបង្គំ​ទូល​សួរព្រះអង្គ ក្នុងកាល​ដែល​ស្តេចដល់ទ្វារខាង ក្នុងព្រះរាជវាំងនោះ យ៉ាងនេះថា បពិត្រមហារាជ ព្រះអង្គស្តេចចេញពីក្រុងសាវត្ថី ដោយរថព្រះទីនាំងតែ១នេះ ដល់មកទ្វារ​ខាងក្នុងព្រះរាជវាំង នៃក្រុងសាកេតតែម្តងឬ ម្នាលអាវុសោ (បើគេសួរ​យ៉ាងនេះ) ព្រះបាទបសេនទិកោសល ទ្រង់ដោះស្រាយដូចម្តេច ទើបឈ្មោះថា ដោះស្រាយ​ដោយប្រពៃ។ ម្នាលអាវុសោ ព្រះបាទបសេនទិកោសល កាលបើដោះស្រាយ​យ៉ាងនេះ ឈ្មោះថាដោះស្រាយដោយប្រពៃថា យើងនៅអាស្រ័យឯក្រុងសាវត្ថី (ឯណោះ​ទេ) តែមានកិច្ចនីមួយយ៉ាងរួសរាន់ កើតឡើងក្នុងក្រុងសាកេតនេះ ក៏បណ្តាជន ក្នុងចន្លោះក្រុងសាវត្ថី និងក្រុងសាកេត បានរៀបចំរថ៧ឲ្យយើង ទើបយើងចេញមក ពីក្រុងសាវត្ថី បានឡើងជិះរថទី១ ត្រង់ទ្វារខាងក្នុងព្រះរាជវាំង មកដោយរថទី១ ក៏បាន​ដល់រថទី២ ក៏លះបង់រថទី១ ហើយឡើងជិះរថទី២ មកដោយរថទី២ ក៏បានដល់រថទី៣ ក៏លះបង់រថទី២ ហើយឡើងជិះរថទី៣ មកដោយរថទី៣ ក៏បានដល់រថទី៤ ក៏លះបង់រថទី៣ ហើយឡើងជិះរថទី៤ មកដោយរថទី៤ ក៏បានដល់រថទី៥ ក៏លះបង់​រថទី៤ ហើយឡើងជិះរថទី៥ មកដោយរថទី៥ ក៏បានដល់រថទី៦ លះបង់រថទី៥ ហើយឡើងជិះរថទី៦ មកដោយរថទី៦ ក៏បានដល់រថទី៧ ក៏លះបង់រថទី៦ ហើយឡើងជិះរថទី៧ មកដោយរថទី៧ ទើបបានដល់មកក្រុងសាកេត ត្រង់ទ្វារខាង​ក្នុង​ព្រះរាជវាំងនេះ ម្នាលអាវុសោ ព្រះបាទបសេនទិកោសល កាលបើដោះស្រាយយ៉ាងនេះ ទើបឈ្មោះថា ដោះស្រាយដោយប្រពៃ មានឧបមាដូចម្តេចមិញ ម្នាលអាវុសោ ឯ​សីលវិសុទ្ធិ មានប្រយោជន៍​ត្រឹមតែចិត្តវិសុទ្ធិ ចិត្តវិសុទ្ធិ មានប្រយោជន៍ត្រឹមតែទិដ្ឋិវិសុទ្ធិ ទិដ្ឋិវិសុទ្ធិ មានប្រយោជន៍ត្រឹមតែកង្ខាវិតរណវិសុទ្ធិ កង្ខាវិតរណវិសុទ្ធិ មានប្រយោជន៍​ត្រឹមតែមគ្គាមគ្គញាណទស្សនវិសុទ្ធិ មគ្គាមគ្គញាណទស្សនវិសុទ្ធិ មានប្រយោជន៍​ត្រឹមតែ​បដិបទាញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ មានប្រយោជន៍​ត្រឹមតែញាណទស្សនវិសុទ្ធិ ញាណទស្សនវិសុទ្ធិ មានប្រយោជន៍​ត្រឹមតែ​អនុបាទាបរិនិព្វាន ម្នាលអាវុសោ ព្រហ្មចរិយធម៌ ដែលខ្ញុំប្រព្រឹត្ត ក្នុងសំណាក់​ព្រះមានព្រះភាគ (នេះ) ដើម្បីអនុបាទាបរិនិព្វាន តែម្យ៉ាងប៉ុណ្ណោះ សេចក្តីនេះ ក៏មានឧបមេយ្យដូច្នោះឯង។

[៣៧] កាលបើបុណ្ណមុន្តាណីបុត្តមានអាយុ ពោលយ៉ាងនេះហើយ ព្រះសារីបុត្ត​មានអាយុ បានសួរបុណ្ណមន្តាណីបុត្តមានអាយុ យ៉ាងនេះថា លោកមានអាយុឈ្មោះអ្វី ពួកសព្រហ្មចារី ស្គាល់ឈ្មោះលោកមានអាយុ ថាដូចម្តេច។ ព្រះបុណ្ណមុន្តាណីបុត្តតបថា ម្នាលអាវុសោ ខ្ញុំឈ្មោះបុណ្ណៈ តែពួកសព្រហ្មចារីស្គាល់ឈ្មោះខ្ញុំថា មន្តាណីបុត្ត។ ព្រះសារីបុត្ត មានថេរវាចាតបវិញថា ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ត្រង់ការណ៍ដែលសាវ័ក ជាអ្នកចេះដឹង យល់នូវពាក្យប្រៀបប្រដៅ របស់ ព្រះសាស្តា ដោយប្រពៃ ដូចជាព្រះបុណ្ណមន្តាណីបុត្តមានអាយុ ពិចារណារឿយៗ (នូវកថា​វត្ថុទាំង១០) ហើយដោះស្រាយប្រស្នា ដ៏ជ្រាលជ្រៅ ៗ យ៉ាងនោះ​ឈ្មោះថា ជាលាភ របស់ពួកសព្រហ្មចារី ទាំងជាតិជាមនុស្ស ក៏ឈ្មោះថា ពួកសព្រហ្មចារី​បានល្អហើយ ត្រង់ដែលពួកសព្រហ្មចារីបុគ្គល បានឃើញ បានចូលទៅអង្គុយជិត នូព្រះបុណ្ណមន្តាណីបុត្តមានអាយុ ទោះបីពួកសព្រហ្មចារី ថែររក្សាដោយធ្វើ​រង្វេល​សំពត់​លើក្បាល ហើយឲ្យព្រះបុណ្ណមន្តាណីបុត្តមានអាយុ អង្គុយលើនោះ គប្បីបានឃើញ បានចូល​ទៅអង្គុយជិត នូវព្រះបុណ្ណមន្តាណីបុត្តមានអាយុ ឈ្មោះថា ជាលាភ​របស់ពួកសព្រហ្មចារីទាំងនោះផង ជាតិជាមនុស្ស ក៏ឈ្មោះថា ពួកសព្រហ្មចារីទាំងនោះ បានល្អ​ហើយផង ឈ្មោះថាជាលាភ របស់យើងផង ជាតិជាមនុស្ស ក៏ឈ្មោះថា យើងបាន​ដោយល្អផង ត្រង់ដែលពួកយើងបានឃើញ បានចូលមកអង្គុយជិត នូវព្រះបុណ្ណមន្តាណីបុត្ត​មានអាយុ។

[៣៨] កាលបើព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះបុណ្ណមន្តាណីបុត្ត​មានអាយុ បានសួរព្រះសារីបុត្តមានអាយុយ៉ាងនេះថា ចុះលោកមានអាយុ ឈ្មោះអ្វី ពួកសព្រហ្មចារី ស្គាល់ឈ្មោះលោកមានអាយុ ថាដូចម្តេច។ ព្រះសារីបុត្តឆ្លើយថា ម្នាល​អាវុសោ ខ្ញុំឈ្មោះឧបតិស្សៈ តែពួកសព្រហ្មចារី ស្គាល់ឈ្មោះខ្ញុំថា សារីបុត្ត។ ព្រះបុណ្ណមន្តាណីបុត្ត មានថេរវាចាថា ឱពុទ្ធោអើយ យើងបានប្រឹក្សា ជាមួយនឹងសាវ័ក ដែល​ទុកស្មើនឹង ព្រះសាស្តាផងតើ តែឥតដឹងថា លោកមានអាយុ ឈ្មោះសារីបុត្តសោះ ប្រសិនបើយើងដឹងថា លោកមានអាយុ ឈ្មោះសារីបុត្តពិតហើយ ពាក្យឆ្លើយឆ្លង មានប្រមាណ​ប៉ុណ្ណេះ ប្រហែលជាយើង ឆ្លើយមិនច្បាស់លាស់ទេ ម្នាលអាវុសោ អស្ចារ្យ​ណាស់ ម្នាលអាវុសោ ចំឡែកណាស់ ត្រង់ការណ៍ ដែលសាវ័ក ជាអ្នកចេះដឹង យល់នូវ​ពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាដោយប្រពៃ ដូចជាព្រះសារីបុត្តមានអាយុ បានពិចារណា​រឿយៗ ហើយសាកសួរប្រស្នា ដ៏ជ្រាលជ្រៅៗ យ៉ាងនោះ ឈ្មោះថា ជាលាភរបស់ពួកសព្រហ្មចារី ជាតិជាមនុស្ស ក៏ឈ្មោះ ថាពួកសព្រហ្មចារីបានល្អហើយ ត្រង់ដែលពួកសព្រហ្មចារីបានឃើញ បានចូលទៅអង្គុយជិត នូវព្រះសារីបុត្តមានអាយុ ទោះបីពួកសព្រហ្មចារី ថែររក្សាដោយធ្វើរង្វេលសំពត់លើក្បាល ហើយឲ្យព្រះសារីបុត្ត​មានអាយុ អង្គុយលើនោះ គប្បីបានឃើញ បានចូលទៅអង្គុយជិត នូវព្រះសារីបុត្ត​មាន​អាយុ ឈ្មោះថាជាលាភ របស់ពួកសព្រហ្មចារីទាំងនោះផង ជាតិជាមនុស្ស ក៏ឈ្មោះថា ពួកសព្រហ្មចារីទាំងនោះ បានល្អហើយផង ឈ្មោះថា ជាលាភរបស់យើងផង ជាតិជា​មនុស្ស ក៏ឈ្មោះថា យើងបានល្អហើយផង ត្រង់ដែលយើងបានឃើញ បានចូលមកអង្គុយជិត នូវព្រះសារីបុត្តមានអាយុ។ ព្រះមហានាគទាំងពីរអង្គនោះ បានអនុមោទនា ត្រេកអរ នឹងភាសិតនៃគ្នា និងគ្នា ដូចបានរៀបរាប់មកយ៉ាងនោះឯង។

ចប់ រថវិនីតសូត្រ ទី៤។

និវាបសូត្រ ទី៥

(៥. និវាបសុត្តំ)

[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគគង់ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួល​ព្រះពុទ្ធ​​ដីកា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ នេវាបិកជន (ជនអ្នកដាំដំណាំ) មិនមែន​ដាំ​ដំណាំ ជា​ចំណី​ដើម្បី​ពួកម្រឹគ ដោយគិតថា ពួកម្រឹគ ចូរទំពាស៊ី នូវដំណាំ ដែល​អាត្មាអញ​ដាំហើយនេះ ជាសត្វ​មានអាយុវែង មានសម្បុរល្អ ញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានយូរអង្វែងចុះ ដូច្នេះ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ នេវាបិកជន ដាំនូវដំណាំដើម្បីពួកម្រឹគ ដោយ​គិតយ៉ាង​នេះ​វិញ​ទេ​ថា ពួកម្រឹគនឹងចូលមកលុកលុយដំណាំ ដែលអាត្មាអញដាំហើយនេះ ក៏មុខជា​នឹង​ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះចូលមកលុកលុយភ្លេចខ្លួន ស៊ីនូវភោជនទាំង​ឡាយហើយ នឹងដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ នឹងដល់​នូវសេចក្តីប្រមាទ លុះមានសេចក្តីប្រមាទហើយ ជាសត្វគួរអាត្មាអញ នឹងធ្វើ​តាម​សេចក្តី​ប្រាថ្នាបាន ព្រោះ​ដំណាំ​នេះ។

[៤០] ម្នាលភិក្ខុទាំងឡាយ បណ្តាសត្វម្រឹគទាំងនោះ ពួកសត្វម្រឹគទី១ ចូលទៅលុក​លុយ​ដំណាំ ដែលនេវាបិកជន ដាំឯណោះហើយ ក៏ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះ​ពួក​ម្រឹគទាំងនោះ ចូលទៅលុកលុយ ភ្លេចខ្លួនក្នុងដំណាំនោះ ហើយស៊ី ក៏ដល់​នូវ​សេចក្តី​ស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាសត្វគួរនេវាបិកជន នឹងធ្វើ​តាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាង​នេះ ពួកម្រឹគទី១ទាំងនោះ នឹងមិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទេ។

[៤១] ម្នាលភិក្ខុទាំងឡាយ បណ្តាម្រឹគទាំងនោះ ពួកម្រឹគទី២ គិតព្រមគ្នា យ៉ាង​នេះ​ថា ពួកម្រឹគទី១ណា ចូលទៅលុកលុយដំណាំ ដែលនេវាបិកជន ដាំឯណោះហើយ ក៏ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះពួកម្រឹគទាំងនោះ ចូលទៅលុកលុយភ្លេចខ្លួន ក្នុងដំណាំ​នោះ ហើយស៊ីនូវភោជនទាំងឡាយ ហើយដល់នូវសេចក្តីស្រវឹង លុះស្រវឹង​ហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាសត្វគួរនេវាបិកជន នឹងធ្វើតាម​សេចក្តី​ប្រាថ្នាបាន ព្រោះដំណាំឯណោះ កាលបើយ៉ាងនេះ ពួកម្រឹគទី១នោះ នឹងមិន​រួច​អំពីឥទ្ធានុភាព របស់នេវាបិកជនទេ បើដូច្នោះ គួរតែយើងទាំងឡាយ វៀរ កុំស៊ី​ដំណាំ​ទាំង​អស់ និងវៀរចាកការស៊ី ដោយសេចក្តីភិតភ័យ ហើយគួរចូលទៅរកព្រៃជ្រៅ នៅតាម​សប្បាយ​វិញ លុះម្រឹគទាំងនោះ គិតដូច្នោះហើយ ក៏នាំគ្នាវៀរចាកនិវាបភោជន (ដំណាំ​ជានុយ) ទាំងអស់ វៀរចាកការស៊ីដោយសេចក្តីភិតភ័យ ក៏ចូលទៅកាន់ព្រៃ​ជ្រៅ​ហើយ​នៅ។ លុះដល់ខែជាទីបំផុតនៃគិម្ហរដូវ មានស្មៅ និងទឹកអស់ហើយ កាយរបស់ពួកម្រឹគ​ទាំង​នោះ ក៏ដល់នូវភាពស្គាំងស្គមក្រៃពេក លុះម្រឹគទាំងនោះ មានកាយដល់​នូវភាពស្គាំង​ស្គម​ហើយ កម្លាំងកាយ និងសេចក្តីព្យាយាមក៏សាបសូន្យទៅ កាលបើកម្លាំងកាយ និង​សេចក្តីព្យាយាមសាបសូន្យហើយ ពួកម្រឹគក៏នាំគ្នាត្រឡប់មក​រកដំណាំ ដែលនេវាបិកជន​ដាំនោះវិញ ទើបពួកម្រឹគទាំងនោះ ចូលទៅលុកលុយក្នុងដំណាំនោះ ហើយភ្លេចខ្លួន ស៊ីនូវភោជន​ទាំងឡាយ លុះពួកម្រឹគទាំងនោះ ចូលទៅលុកលុយ ក្នុងដំណាំនោះ ហើយ​ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ ក៏ដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវ​សេចក្តី​​ប្រមាទ លុះប្រមាទហើយ ជាសត្វគួរនេវាបិកជន នឹងធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ពួកម្រឹគទី២នោះ នឹងមិន​រួច អំពីឥទ្ធានុភាព របស់នេវាបិកជនឡើយ។

[៤២] ម្នាលភិក្ខុទាំងឡាយ បណ្តាម្រឹគទាំងនោះ ពួកម្រឹគទី៣ គិតព្រមគ្នា យ៉ាងនេះថា ពួកម្រឹគទី១ណា (ចូលទៅលុកលុយ) នូវដំណាំ ដែល​នេវាបិកជន​ដាំឯ​ណោះ។បេ។ កាលបើយ៉ាងនេះ ពួកម្រឹគទី១នោះ ក៏មិនរួចអំពី​ឥទ្ធានុភាព របស់​នេវាបិកជន​ទៅហើយ ឯពួកម្រឹគទី២ណា គិតព្រមគ្នាយ៉ាងនេះថា ពួកម្រឹគទី១ណា (ចូលទៅលុកលុយ) នូវដំណាំដែលនេវាបិកជនដាំឯណោះ។បេ។ កាលបើយ៉ាងនេះ ពួក​ម្រឹគទី១នោះ ក៏មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ បើដូច្នោះ គួរតែ​យើងទាំងឡាយ វៀរចាកនិវាបភោជន​ទាំងអស់ វៀរចាកការបរិភោគ ដោយសេចក្តី​ភិតភ័យ ហើយចូលទៅ​កាន់​ព្រៃជ្រៅ នៅតាមសប្បាយ ពួកម្រឹគនោះ គិតដូច្នោះហើយ ក៏វៀរចាកនិវាបភោជន​ទាំងអស់ វៀរចាកការបរិភោគ ដោយសេចក្តីភិតភ័យ ហើយ​ចូល​ទៅ​កាន់ព្រៃជ្រៅ​ នៅតាម​សប្បាយ លុះដល់ខែជាទីបំផុត នៃគិម្ហរដូវ ដែលមានស្មៅ និង​ទឹក​អស់ហើយ កាយ​របស់ពួកម្រឹគទាំងនោះ ក៏ដល់នូវភាពស្គាំងស្គមក្រៃពេក លុះម្រឹគ​ទាំង​នោះ មានកាយ​ដល់នូវភាពស្គាំងស្គមហើយ កម្លាំងកាយ និងកម្លាំងព្យាយាម ក៏សាប​សូន្យទៅ កាលបើកម្លាំងកាយ និងសេចក្តីព្យាយាមសាបសូន្យហើយ ពួកម្រឹគទាំងនោះ ក៏ត្រឡប់​មក​រកដំណាំ ដែលនេវាបិកជនដាំនោះវិញ ពួកម្រឹគទាំងនោះ ក៏ចូលទៅ​លុក​លុយ ក្នុងដំណាំនោះភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះម្រឹគទាំងនោះ ចូលទៅ​លុក​លុយ ក្នុងដំណាំនោះ ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ ក៏ដល់នូវសេចក្តីស្រវឹង លុះស្រវឹង​ហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាសត្វគួរនេវាបិកជន ធ្វើតាម​សេចក្តី​ប្រាថ្នា​បាន ព្រោះដំណាំឯណោះ កាលបើយ៉ាងនេះ ពួកម្រឹគទី២ ក៏មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជទៅហើយ បើដូច្នោះ គួរតែយើងទាំងឡាយ ចូលទៅអាស្រ័យដំណាំ ដែល​នេវាបិកជនដាំឯណោះ ហើយសម្រេចទីនៅ (ឰដ៏ខាងក្រៅ) លុះសម្រេចទីនៅ​ ក្នុងទីនោះ​ហើយ ពួកយើង នឹង​កុំចូលទៅលុកលុយដំណាំ ដែលនេវាបិកជន គេ​ដាំ​ឯណោះភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះមិនចូលទៅលុកលុយ មិនភ្លេចខ្លួន គ្រាន់តែ​ស៊ីនូវភោជន​ទាំងឡាយ នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់នូវសេចក្តី​ប្រមាទ លុះមិនប្រមាទហើយ ជាសត្វដែល​នេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នា​មិនបាន ព្រោះ​ដំណាំឯណោះ។ ពួកម្រឹគទី៣នោះ ក៏ចូលទៅ​អាស្រ័យដំណាំ ដែលនេវាបិកជន​ដាំ​ឯណោះ ហើយសម្រេចទីនៅ (ឰដ៏ខាងក្រៅ) លុះសម្រេចទីនៅ ក្នុងទីនោះហើយ ក៏មិនចូល​ទៅលុកលុយដំណាំ ដែលនេវាបិកជន​ដាំឯណោះ មិនភ្លេចខ្លួន ស៊ីនូវភោជន​ទាំងឡាយ លុះពួកម្រឹគទាំងនោះ មិនចូលទៅ​លុកលុយ​ភ្លេចខ្លួន ក្នុងដំណាំនោះ គ្រាន់តែ​ស៊ីនូវភោជនទាំងឡាយ ក៏មិនដល់នូវ​សេចក្តីស្រវឹង លុះមិនស្រវឹងហើយ មិនដល់​នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាសត្វគួរ​នេវាបិកជន ធ្វើតាមសេចក្តី​ប្រាថ្នា​មិនបាន ព្រោះដំណាំឯណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ នេវាបិកជន និងបរិសទ្យ របស់នេវាបិកជន មានសេចក្តីត្រិះរិះ ដូច្នេះថា អើក៏ពួកម្រឹគទី៣ទាំងនេះ ជាសត្វមានកលមាយា ដូចជាមានឫទ្ធិ ពួកម្រឹគទី៣នេះ ជាសត្វផ្សេងគ្នា (អំពីពួកម្រឹគទី១ ទី២) មកស៊ីដំណាំ ដែលអញដាំ​ហើយនេះឯង យើងទាំងឡាយ មិនដឹងដំណើរមក និង​ដំណើរទៅ របស់វា​ទាំង​នោះ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើរបងព័ទ្ធ​ដំណាំ ដែល​យើង​ទាំងឡាយ​ដាំ​ហើយ​នេះ ព្រមទាំងប្រទេសជុំវិញ ដោយកំណាត់ឈើ និងបង្កាត់​ទាំងឡាយ​ធំៗ គង់យើង​ទាំងឡាយ នឹងឃើញ នូវទីអាស្រ័យ របស់ពួកម្រឹគទី៣ នឹង​ចាប់​ម្រឹគទាំងនោះ ត្រង់កន្លែង​ ដែលវានៅឲ្យបាន។ ជនទាំងឡាយនោះ នាំគ្នាធ្វើ​របងព័ទ្ធ​ដំណាំ ដែលខ្លួន​ដាំ​ហើយ​ឯណោះ ព្រមទាំងប្រទេសជុំវិញ ដោយកំណាត់ឈើ និងបង្កាត់​ទាំង​ឡាយធំៗ។ ម្នាលភិក្ខុទាំងឡាយ នេវាបិកជនក្តី បរិសទ្យរបស់នេវាបិកជនក្តី បាន​ឃើញ​ទីនៅ របស់ពួកម្រឹគទី៣នោះហើយ ក៏ចាប់ពួកម្រឹគទាំងនោះ ត្រង់កន្លែងដែល​វា​នៅ។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី៣នោះ មិនរួចអំពី​ឥទ្ធានុភាព របស់នេវាបិកជនឡើយ។

[៤៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកម្រឹគទាំងនោះ ម្រឹគទី៤ គិតព្រមគ្នា យ៉ាង​នេះ​ថា ពួកម្រឹគទី១ណា។បេ។ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី១នោះ មិនរួចអំពីឥទ្ធា​នុភាព របស់នេវាបិកជនទៅហើយ ឯពួកម្រឹគទី២ណា គិតព្រមគ្នាយ៉ាងនេះថា ពួកម្រឹគទី​១​ណា។បេ។ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី១នោះ មិនរួចអំពីឥទ្ធានុភាព របស់​នេវាបិកជន​ទៅហើយ បើដូច្នោះ គួរតែយើងទាំងឡាយ។បេ។ កាលបើយ៉ាងនេះហើយ ពួក​ម្រឹគទី២នោះ មិនរួចអំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ ឯពួកម្រឹគទី៣ណា គិតព្រមគ្នា យ៉ាងនេះថា ពួកម្រឹគទី១ណា។បេ។ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី១នោះ មិនរួច​អំពីឥទ្ធានុភាព របស់នេវាបិកជនទៅហើយ ឯពួកម្រឹគទី២ណា គិតព្រមគ្នា យ៉ាងនេះ​ថា ពួកម្រឹគទី១ណា។បេ។ កាលបើយ៉ាងនេះហើយ ពួកម្រឹគទី១នោះ មិនរួចអំពី​ឥទ្ធានុភាព របស់នេវាបិកជនទៅហើយ បើដូច្នោះ គួរតែយើងទាំងឡាយ។បេ។ កាលបើ​យ៉ាងនេះ​ ពួកម្រឹគទី២ទាំងនោះ មិនរួចអំពី​ឥទ្ធានុភាព របស់នេវាបិកជនទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ គប្បីចូលទៅ​អាស្រ័យ​ដំណាំ ដែលនេវាបិកជន ដាំ​ឯណោះហើយ​សម្រេចទីនៅ លុះសម្រេចទី​នៅ​ក្នុងទីនោះហើយ ពួកយើងនឹងកុំចូលទៅ​លុក​លុយ​ដំណាំ ដែលនេវាបិកជនដាំឯណោះ កុំភ្លេចខ្លួនស៊ីនូវភោជនទាំងឡាយ លុះមិនចូលមកលុកលុយ មិនភ្លេចខ្លួន គ្រាន់តែស៊ី​នូវ​ភោជន​ទាំងឡាយ ក៏នឹង​មិនដល់​នូវ​សេចក្តី​ស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់​នូវ​សេចក្តី​ប្រមាទ លុះមិនប្រមាទហើយ នឹងជាសត្វ​គួរនេវាបិកជន ធ្វើតាមសេចក្តី​ប្រាថ្នា​មិនបាន ព្រោះដំណាំឯណោះឡើយ ទើបពួកម្រឹគទី៣នោះ ចូលទៅអាស្រ័យ​ដំណាំ ដែលនេវាបិកជនគេដាំឯណោះ ហើយ​សម្រេចទីនៅ លុះសម្រេចទីនៅក្នុងទីនោះហើយ ក៏មិនចូលទៅលុកលុយដំណាំ ដែល​នេវាបិកជនគេដាំឯណោះ មិនភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជន​ទាំងឡាយ ពួកម្រឹគទី៣នោះ មិនចូល​មកលុកលុយដំណាំនោះ មិនភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជនទាំងឡាយ ក៏មិន​ដល់នូវ​សេចក្តីស្រវឹង លុះមិនស្រវឹង​ហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិន​ប្រមាទ​ហើយ ជាសត្វគួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំ​ឯណោះ​ឡើយ។ ក្នុងសម័យនោះ នេវាបិកជន និងបរិសទ្យ របស់នេវាបិកជន មានសេចក្តី​ត្រិះរិះ ដូច្នេះថា អើក៏ ពួកម្រឹគទី៣នេះ មានកលមាយាសិក្សាហើយ ដូចជាសត្វមានឫទ្ធិ ពួកម្រឹគ​ទី៣នេះ ជាសត្វផ្សេង ក្រៅ​អំពី​ម្រឹគទី១ និងម្រឹគទី២។បេ។ លុះនេវាបិកជន និងពួកបរិសទ្យ របស់នេវាបិកជន បានឃើញទី​នៅ​នៃពួកម្រឹគទី៣ហើយ ក៏ចូលទៅ​ចាប់ម្រឹគទាំងនោះ ត្រង់ទីដែលវានៅ កាលបើយ៉ាងនេះ ពួកម្រឹគទី៣នោះ មិនរួច​អំពី​ឥទ្ធានុភាព របស់នេវាបិកជនទៅហើយ បើដូច្នោះ ទីត្រង់ណា ដែលមិនមែនជាវិស័យ របស់​នេវាបិកជន និងនេវាបិកបរិសទ្យ គួរយើងទាំងឡាយ សម្រេចនូវទីនៅ ត្រង់កន្លែងនោះ លុះសម្រេច​ទីនៅ ត្រង់ទីនោះ​ហើយ កុំចូលទៅលុកលុយ​ដំណាំ ដែល​នេវាបិកជនដាំឯណោះ កុំភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជនទាំងឡាយ នឹងមិនដល់នូវ​សេចក្តី​ស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ នឹងជាសត្វ គួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះ។ ទើប​ពួក​ម្រឹគ​ទាំងនោះ សម្រេច​ទីនៅ ត្រង់ដែលមិនមែនជាវិស័យ របស់នេវាបិកជន និង​នេវាបិកបរិសទ្យ​នោះ លុះ​សម្រេច​នូវទីអាស្រ័យ ក្នុងទីនោះហើយ ក៏មិនចូលទៅ​លុក​លុយ​ដំណាំ ដែលនេវាបិកជន​ដាំ​ឯណោះ មិនភ្លេចខ្លួន គ្រាន់តែស៊ីនូវភោជន​ទាំង​ឡាយ លុះម្រឹគទាំងនោះ មិនចូល​ទៅ​លុកលុយ មិនភ្លេចខ្លួន ក្នុងដំណាំនោះហើយ គ្រាន់តែស៊ីនូវភោជនទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិន​ប្រមាទហើយ ជាសត្វគួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំ​ឯណោះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ នេវាបិកជន និងនេវាបិកបរិសទ្យ មានសេចក្តីត្រិះរិះដូច្នេះថា អើក៏ ពួកម្រឹគទី៤នេះ មាន​កលមាយា​សិក្សា​ហើយ ដូចជា​សត្វមានឫទ្ធិ ពួកម្រឹគទី៤នេះ ជាសត្វផ្សេងក្រៅអំពីម្រឹគទី១ ទី២ ទី៣ នោះ តែងស៊ីនូវ​ដំណាំ ដែលយើងទាំងឡាយដាំហើយនេះ ឯយើងទាំងឡាយ មិនដឹងនូវ​ដំណើរមក និងដំណើរទៅ របស់ពួកវា បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើរបងព័ទ្ធ​ដំណាំ ដែលយើង​ដាំហើយនេះ ព្រមទាំងប្រទេសជុំវិញ ដោយកំណាត់ឈើ និងបង្កាត់​ទាំង​ឡាយ​​ធំៗ ដោយគិតថា ធ្វើដូចម្តេច ពួកយើង នឹងឃើញនូវទីនៅ របស់ពួកម្រឹគទី៤ ពួកម្រឹគទាំងនោះ គប្បីចូលទៅកាន់ទីគួរចាប់បានហ្ន៎ (លុះគិតដូច្នេះហើយ) ជនទាំងឡាយ​​នោះ ក៏ធ្វើរបងព័ទ្ធដំណាំ ដែលខ្លួនដាំឯណោះ ព្រមទាំងប្រទេសជុំវិញ ដោយកំណាត់ឈើ និងបង្កាត់ទាំងឡាយធំៗ។ ម្នាលភិក្ខុទាំងឡាយ នេវាបិកជនក្តី នេវាបិកបរិសទ្យក្តី មិនបានឃើញទីអាស្រ័យ របស់ពួកម្រឹគទី៤ទេ ក៏នាំគ្នាទៅរកចាប់​ម្រឹគ​ទាំង​នោះ ត្រង់កន្លែងដែលវានៅ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ នេវាបិកជន និងនេវាបិកបរិសទ្យ មានសេចក្តីត្រិះរិះ ដូច្នេះថា ប្រសិនបើ យើងទាំងឡាយ សម្លាប់នូវ​ពួក​ម្រឹគទី​៤ហើយ អ្នកទាំងឡាយដទៃ មុខជានឹងសម្លាប់នូវម្រឹគ ដែលយើងសម្លាប់​នោះ​ដែរ កាលបើយ៉ាងនេះ ពួកម្រឹគមុខជានឹងបោះបង់ចោល នូវដំណាំដែល​យើង​ទាំងឡាយ ដាំហើយ​នេះ ដោយប្រការទាំងពួង បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើព្រងើយកន្តើយ នឹងពួកម្រឹគទី៤។ ម្នាលភិក្ខុទាំងឡាយ នេវាបិកជនក្តី នេវាបិកបរិសទ្យក្តី ក៏ធ្វើព្រងើយ​កន្តើយ នឹងពួកម្រឹគទី៤ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ពួកម្រឹគទី៤​នោះ រួចអំពី​ឥទ្ធានុភាព របស់នេវាបិកជនបាន។

[៤៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមានេះឯង តថាគតធ្វើដើម្បីបញ្ជាក់​សេចក្តី​ឲ្យ​​ច្បាស់លាស់។ សេចក្តីក្នុងរឿងឧបមានុ៎ះ ដូចតទៅនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រង់​ពាក្យ​​ថា ដំណាំនោះ ជាឈ្មោះនៃកាមគុណ៥ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា នេវាបិកជន (អ្នកដាំដំណាំ) នុ៎ះ ជាឈ្មោះនៃមារដែលមានចិត្តអាក្រក់។ ម្នាលភិក្ខុ​ទាំង​ឡាយ ត្រង់ពាក្យថា ពួកនេវាបិកបរិស័ទនុ៎ះ ជាឈ្មោះរបស់បរិស័ទនៃមារ។ ម្នាល​ភិក្ខុ​ទាំងឡាយ ត្រង់ពាក្យថា ពួកម្រឹគនុ៎ះ ជាឈ្មោះនៃសមណៈ និងព្រាហ្មណ៍​ទាំងឡាយ។

[៤៥] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍​ពួកទី១ លុកលុយដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈ (អាមិសៈ​ក្នុង​លោក) ទាំងឡាយឯណោះ ភ្លេចខ្លួនបរិភោគភោជនទាំងឡាយ កាលពួក​សមណ​ព្រាហ្មណ៍​​ទាំងនោះ លុកលុយក្នុងដំណាំ និងអាមិសៈក្នុងលោកនោះហើយ ភ្លេចខ្លួន បរិភោគ​ភោជនទាំងឡាយ ហើយដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវ​សេចក្តី​ប្រមាទ លុះប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំ​ឯណោះ​ផង ព្រោះលោកាមិសៈឯណោះផង ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ សមណៈ និង​ព្រាហ្មណ៍ពួកទី១នោះ មិនរួចអំពីឥទ្ធានុភាពរបស់មារទេ។ ម្នាលភិក្ខុទាំងឡាយ ពួកម្រឹគ​ទី១​នោះ មានសេចក្តីឧបមាយ៉ាងណា តថាគត ពោលនូវសមណព្រាហ្មណ៍ទាំងឡាយ​ទី១​នេះថា មានឧបមេយ្យដូច្នោះដែរ។

[៤៦] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍​ពួក​ទី២ គិតព្រមគ្នា យ៉ាងនេះថា សមណៈ និងព្រាហ្មណ៍ពួកទី១ណា លុកលុយដំណាំ ដែលមារ​ដាំហើយឯណោះ និងលោកាមិសៈឯណោះ ភ្លេចខ្លួនបរិភោគភោជនទាំងឡាយ កាលសមណព្រាហ្មណ៍ទាំងនោះ លុកលុយក្នុងដំណាំ និងលោកាមិសៈនោះ​ភ្លេចខ្លួន​ បរិភោគភោជនទាំងឡាយ ហើយដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវ​សេចក្តី​ប្រមាទ លុះប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះ​ផង ព្រោះលោកាមិសៈឯណោះផង កាលបើយ៉ាងនេះ សមណៈ និងព្រាហ្មណ៍ពួក​ទី​១នោះ មិនរួចអំពីឥទ្ធានុភាព របស់មារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ វៀរចាកនិវាបភោជន និងលោកាមិសៈចេញ ដោយប្រការទាំងពួង វៀរចាកការបរិភោគ ព្រោះសេចក្តីខ្លាចចេញ ហើយចូលទៅរកព្រៃជ្រៅនៅតាមសប្បាយ លុះសមណ​ព្រាហ្មណ៍​ទាំងនោះ គិតដូច្នេះហើយ ក៏វៀរចាកនិវាបភោជន និងលោកាមិសៈ ដោយ​ប្រការ​ទាំងពួង ពួកសមណព្រាហ្មណ៍ទាំងនោះ បានវៀរចាកនិវាបភោជន និងលោកាមិសៈ ដោយប្រការទាំងពួង ទាំងវៀរចាកបរិភោគព្រោះសេចក្តីខ្លាចហើយ ចូលទៅកាន់ព្រៃជ្រៅនៅតាមសប្បាយ ពួកសមណព្រាហ្មណ៍ទាំងនោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មាន​កំទេច (ចំនៀរស្បែក) ជាអាហារខ្លះ មានបន្លែ ឬសារាយជាអាហារខ្លះ មានកុណ្ឌក ជា​អាហារខ្លះ មានបាយក្តាំង ជាអាហារខ្លះ មានម្សៅ ជាអាហារខ្លះ មានស្មៅ ជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើមឈើ និងផ្លែឈើ ក្នុងព្រៃជាអាហារខ្លះ មានផ្លែឈើ ដែលជ្រុះឯង ជាភោជនខ្លះ ញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅក្នុងដងព្រៃជ្រៅនោះ លុះដល់ខែ​ជាទីបំផុត នៃគិម្ហៈរដូវ មានស្មៅ និងទឹកអស់ហើយ កាយរបស់សមណព្រាហ្មណ៍​ទាំងនោះ ក៏ដល់នូវភាពស្គាំងស្គមក្រៃពេក លុះមានកាយដល់នូវភាពស្គាំងស្គមហើយ កម្លាំង និងសេចក្តីព្យាយាម ក៏សាបសូន្យទៅ កាលបើកម្លាំង និងសេចក្តីព្យាយាម​សាបសូន្យហើយ ចេតោវិមុត្តិ ក៏សាបសូន្យទៅដែរ កាលបើចេតោវិមុត្តិសាបសូន្យហើយ ពួកសមណព្រាហ្មណ៍ទាំងនោះ ត្រឡប់មកកាន់ដំណាំ ដែលមារដាំហើយនោះវិញផង មកកាន់លោកាមិសៈទាំងឡាយនោះផង ពួកសមណព្រាហ្មណ៍ទាំងនោះ បានលុក​លុយ ក្នុងដំណាំ និងលោកាមិសៈនោះហើយ ភ្លេចខ្លួនបរិភោគភោជនទាំងឡាយ កាល​សមណ​ព្រាហ្មណ៍ទាំងនោះ លុកលុយភ្លេចខ្លួន ក្នុងដំណាំ និងលោកាមិសៈនោះ បរិភោគភោជន ហើយដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈ​ឯណោះ​ផង ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ សមណព្រាហ្មណ៍ពួកទី២ នោះ មិនរួចអំពីឥទ្ធានុភាពនៃមារទេ។ ម្នាលភិក្ខុទាំងឡាយ ពួកម្រឹគទី២នោះ មានសេចក្តី​ឧបមា​ ដូចម្តេចមិញ តថាគត ពោលនូវសមណព្រាហ្មណ៍ទាំងឡាយ ទី២នេះ ថា មានឧបមេយ្យ ដូច្នោះដែរ។

[៤៧] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ទី៣ គិតគ្នាយ៉ាងនេះថា ពួកសមណព្រាហ្មណ៍ ទី១ណា។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ ទី១នោះ មិនរួចអំពីឥទ្ធានុភាព របស់មារ​ទៅហើយ ទាំងពួកសមណព្រាហ្មណ៍ ទី២ណា គិតព្រមគ្នា យ៉ាងនេះថា ពួកសមណ​ព្រាហ្មណ៍ ទី១ណា។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ ទី១នោះ មិនរួច​អំពីឥទ្ធានុភាព របស់មារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ គប្បីវៀរចាក​និវាបភោជន និងលោកាមិសៈចេញ ដោយប្រការទាំងពួង ទាំងវៀរចាកការបរិភោគ ព្រោះសេចក្តីខ្លាច ហើយចូលទៅកាន់ព្រៃជ្រៅ នៅតាមសប្បាយ លុះសមណព្រាហ្មណ៍​ទី២​ទាំងនោះ គិតដូច្នេះហើយ ក៏វៀរចាកនិវាបភោជន និងលោកាមិសៈចេញ ដោយសព្វ​គ្រប់ វៀរចាកការបរិភោគ ព្រោះសេចក្តីខ្លាច ហើយចូលទៅកាន់ព្រៃជ្រៅ នៅតាម​សប្បាយ ពួកសមណព្រាហ្មណ៍ទាំងនោះ មានបន្លែស្រស់ ជាអាហារខ្លះ។បេ។ មានផ្លែឈើ ដែលជ្រុះឯង ជាភោជនខ្លះ ក្នុងដងព្រៃនោះ លុះដល់ខែជាខាងចុង នៃគិម្ហៈរដូវ មានស្មៅ និងទឹកអស់ហើយ កាយរបស់សមណព្រាហ្មណ៍ទាំងនោះ ក៏ដល់​នូវភាពស្គាំងស្គមក្រៃពេក លុះសមណព្រាហ្មណ៍ទាំងនោះ មានកាយដល់​នូវភាព​ស្គាំងស្គម​ក្រៃពេកហើយ កម្លាំង និងសេចក្តីព្យាយាម ក៏សាបសូន្យទៅ កាលបើកម្លាំង និងសេចក្តីព្យាយាមសាបសូន្យហើយ ចេតោវិមុត្តិ ក៏សាបសូន្យដែរ កាលបើចេតោវិមុត្តិ​សាបសូន្យហើយ ពួកសមណព្រាហ្មណ៍ទី២នោះ ក៏ត្រឡប់មកកាន់ដំណាំ ដែលមារ​ដាំហើយ​នោះផង ត្រឡប់មកកាន់លោកាមិសៈទាំងឡាយនោះផង ពួកសមណព្រាហ្មណ៍​ទាំងនោះ លុកលុយក្នុងដំណាំ និងលោកាមិសៈនោះ ភ្លេចខ្លួនបរិភោគភោជនទាំងឡាយ កាលពួកសមណព្រាហ្មណ៍ទាំងនោះ លុកលុយក្នុងដំណាំនោះ ភ្លេចខ្លួន​បរិភោគភោជន​ទាំងឡាយ ហើយដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវសេចក្តីប្រមាទ លុះ​ប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំឯណោះផង ព្រោះ​លោកាមិសៈឯណោះផង កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី២នោះ មិនរួចអំពី​ឥទ្ធានុភាព របស់មារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ នៅអាស្រ័យនឹងដំណាំ ដែលមារដាំហើយ ឯណោះផង អាស្រ័យនឹងលោកាមិសៈឯណោះផង ហើយ​គប្បី​សម្រេច​ទីនៅអាស្រ័យ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ យើងកុំលុកលុយ​ភ្លេចខ្លួន នឹងដំណាំ ដែលមារដាំហើយនោះផង និងលោកមិសៈឯណោះផង គ្រាន់តែ​បរិភោគ​ភោជនទាំងឡាយ កាលបើយើងមិនលុកលុយ មិនភ្លេចខ្លួន គ្រាន់តែបរិភោគ​ភោជន​ ក៏នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ និងជាអ្នកគួរមារ​ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង លុះពួកសមណព្រាហ្មណ៍ទី៣នោះ គិតដូច្នេះហើយ ក៏ចូលទៅអាស្រ័យដំណាំ ដែល​មារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ ហើយសម្រេចទីនៅ​អាស្រ័យ។ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ ក៏មិនបានលុកលុយ មិនបាន​ភ្លេចខ្លួន​នឹងដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ មិនភ្លេចខ្លួន គ្រាន់តែបរិភោគភោជនទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិន​ស្រវឹង​ហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាអ្នកគួរមារធ្វើតាម​សេចក្តី​ប្រាថ្នា​មិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះឯង។ មួយវិញទៀត ពួកសមណព្រាហ្មណ៍ទី៣ មានសេចក្តីយល់យ៉ាងនេះថា លោកទៀង ដូច្នេះខ្លះ លោក​មិន​ទៀង ដូច្នេះខ្លះ លោកមានទីបំផុត ដូច្នេះខ្លះ លោកមិនមានទីបំផុត ដូច្នេះខ្លះ ជីវិត​នោះ គឺសរីរៈនោះ ដូច្នេះខ្លះ ជីវិតក៏ដទៃ សរីរៈក៏ដទៃ ដូច្នេះខ្លះ សត្វទៅខាង​មុខអំពី​សេចក្តីស្លាប់ កើតទៀត ដូច្នេះខ្លះ សត្វទៅខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀត ដូច្នេះខ្លះ សត្វទៅខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះខ្លះ សត្វទៅខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតក៏មាន មិនមែនជាមិនកើតទៀត ក៏មាន ដូច្នេះខ្លះ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី៣នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទេ។ ម្នាលភិក្ខុទាំងឡាយ ពួកម្រឹគទី៣នោះ មាន​ឧបមា​ដូចម្តេចមិញ តថាគតពោលនូវសមណព្រាហ្មណ៍ទី៣នេះថា មានឧបមេយ្យដូច្នោះដែរ។

[៤៨] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍​ទី៤ គិតគ្នាយ៉ាងនេះថា ពួកសមណព្រាហ្មណ៍ទី១ណា។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី១នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទៅហើយ ពួកសមណព្រាហ្មណ៍ទី២ណា គិតព្រមគ្នាយ៉ាងនេះថា ពួកសមណព្រាហ្មណ៍​ទី១ណា​។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី១នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ។បេ។ កាលបើយ៉ាងនេះ ពួកសមណ​ព្រាហ្មណ៍​ទី២នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទៅហើយ ពួកសមណព្រាហ្មណ៍​ទី៣ណា គិតព្រមគ្នា យ៉ាងនេះថា ពួកសមណព្រាហ្មណ៍ទី១ណា។បេ។ កាលបើ​យ៉ាងនេះ​ហើយ ពួកសមណព្រាហ្មណ៍ទី១នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទៅហើយ ពួកសមណ​ព្រាហ្មណ៍ទី២ណា គិតព្រមគ្នាយ៉ាងនេះថា ពួកសមណព្រាហ្មណ៍​ទី១ណា​។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី១នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ។បេ។ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី២នោះ មិនរួចអំពីឥទ្ធានុភាព នៃមារទៅហើយ បើដូច្នោះ មានតែយើងទាំងឡាយ ចូលទៅអាស្រ័យដំណាំ ដែលមារដាំហើយឯណោះ និង​លោកាមិសៈទាំងឡាយ ឯណោះ ហើយគប្បីសម្រេចទីនៅអាស្រ័យ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ យើងកុំលុកលុយ កុំភ្លេចខ្លួន នឹងដំណាំ ដែលមារដាំហើយ ឯណោះផង និងលោកាមិសៈទាំងឡាយឯណោះផង។បេ។ កាលបើយើងមិនលុកលុយ មិនភ្លេចខ្លួន គ្រាន់តែបរិភោគភោជនទាំងឡាយ នឹង​មិន​ដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទ​ហើយ នឹងជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង លុះសមណព្រាហ្មណ៍ទាំងនោះ គិតដូច្នេះហើយ ក៏ចូល​ទៅអាស្រ័យដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ ហើយ​សម្រេចទីនៅអាស្រ័យ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ មិនលុកលុយ មិនភ្លេចខ្លួន នឹងដំណាំ ដែលមារដាំហើយឯណោះផង និងលោកាមិសៈទាំងឡាយ​ឯណោះ​ផង គ្រាន់តែបរិភោគភោជនទាំងឡាយ កាលសមណព្រាហ្មណ៍ទី៣ទាំងនោះ មិនបានលុកលុយ មិនបានភ្លេចខ្លួនក្នុងដំណាំនោះហើយ គ្រាន់តែបរិភោគភោជន​ទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯ​ណោះ​ផង ព្រោះលោកាមិសៈឯណោះផង។ តែសមណព្រាហ្មណ៍ទី៣ទាំងនោះ មានសេចក្តី​យល់​ឃើញយ៉ាងនេះថា លោកទៀតដូចម្តេចខ្លះ។បេ។ សត្វទៅខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតក៏មាន មិនមែនមិនកើតទៀត ក៏មាន ដូច្នេះខ្លះ កាលបើយ៉ាងនេះ ពួក​សមណព្រាហ្មណ៍ទី៣នោះ មិនរួចអំពីឥទ្ធានុភាព របស់មារទៅហើយ បើដូច្នោះ មានតែ​យើងទាំងឡាយ សម្រេចទីនៅអាស្រ័យ ត្រង់ទីដែលមិនមែនជាដំណើរ នៃមារ និង​បរិស័ទរបស់មារ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ យើងកុំលុកលុយ​ដំណាំ ដែលមារដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ មិនភ្លេចខ្លួន គ្រាន់តែ​បរិភោគភោជន​ទាំងឡាយ កាលបើយើងមិនលុកលុយ មិនភ្លេចខ្លួន គ្រាន់តែបរិភោគ នូវភោជន​ទាំងឡាយ នឹងមិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ នឹងមិនដល់នូវ​សេចក្តី​ប្រមាទ លុះមិនប្រមាទហើយ នឹងជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈឯណោះផង ទើបពួកសមណព្រាហ្មណ៍​ទាំង​នោះ​សម្រេចទីនៅអាស្រ័យ ត្រង់ទីដែលមិនមែនជាដំណើរនៃមារ និងបរិស័ទរបស់មារ លុះសម្រេចទីនៅអាស្រ័យ ក្នុងទីនោះហើយ ក៏មិនបានលុកលុយដំណាំ ដែលមារ​ដាំហើយឯណោះ និងលោកាមិសៈទាំងឡាយឯណោះ មិនភ្លេចខ្លួន គ្រាន់តែបរិភោគ នូវភោជនទាំងឡាយ កាលពួកសមណព្រាហ្មណ៍ទាំងនោះ មិនលុកលុយ មិនភ្លេចខ្លួន​ក្នុងដំណាំ និងលោកាមិសៈនោះហើយ គ្រាន់តែបរិភោគ នូវភោជនទាំងឡាយ ក៏មិនដល់​នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ ក៏មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាអ្នកគួរមារធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះផង ព្រោះលោកាមិសៈ​ឯណោះ​ផង ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ពួកសមណព្រាហ្មណ៍ទី៤នោះ ទើបរួចអំពីឥទ្ធានុភាពនៃមារបាន។ ម្នាលភិក្ខុទាំងឡាយ ពួកម្រឹគទី៤នោះ មានសេចក្តី​ឧបមា ដូចម្តេចមិញ តថាគត ពោលនូវពួកសមណព្រាហ្មណ៍ទី៤នេះ ថាមាន​ឧបមេយ្យ ដូច្នោះដែរ។

[៤៩] ម្នាលភិក្ខុទាំងឡាយ ចុះទីដែលមិនមែនជាដំណើររបស់មារ និងបរិស័ទនៃមារ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ស្ងាត់ចាកកាម​ទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ដែលប្រកប​ដោយវិតក្កៈ វិចារៈ និងបីតិ សុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍ ម្នាលភិក្ខុ​ទាំងឡាយ នេះតថាគត ហៅថា ភិក្ខុធ្វើនូវមារឲ្យខ្វាក់ បំបែកភ្នែក មិនឲ្យឃើញស្នាមជើង ដល់នូវវិស័យ ដែលមារមានចិត្តលាមក រកមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយវិញ​ទៀត ភិក្ខុនោះ ព្រោះចូលទៅរម្ងាប់នូវវិតក្កៈ វិចារៈ រួចហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ក៏ញ៉ាំងចិត្តជាសមាធិ ឲ្យចម្រើនឡើង គ្មានវិតក្កៈ វិចារៈ ទេ មានតែបីតិ និងសុខៈ កើតអំពីសមាធិ។បេ។ ហើយក៏បានចូលកាន់តតិយជ្ឈាន។បេ។ ចូលកាន់ចតុត្ថជ្ឈាន ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ភិក្ខុ បានធ្វើមារឲ្យខ្វាក់ បំបែកភ្នែកមិនឲ្យឃើញស្នាមជើង ដល់នូវវិស័យដែលមារមានចិត្តលាមករកមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ព្រោះប្រព្រឹត្តកន្លងនូវរូបសញ្ញា ព្រោះដល់នូវ​សេចក្តីវិនាស នៃបដិឃសញ្ញា ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការ​ទាំងពួង ក៏ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាស​មិនមានទីបំផុត ដូច្នេះ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ភិក្ខុបានធ្វើនូវមារឲ្យខ្វាក់ បំបែកភ្នែក មិនឲ្យឃើញស្នាមជើង ដល់នូវវិស័យ ដែលមារមានចិត្តលាមក រកមិន​ឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ក៏ចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត) ថា វិញ្ញាណ​មិនមានទីបំផុត ដូច្នេះ។បេ។ ភិក្ខុ ព្រោះកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏ចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន (ដោយធ្វើទុកក្នុងចិត្ត) ថា អ្វីតិចតួច​មិនមាន​ដូច្នេះ។បេ។ ភិក្ខុ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូល​កាន់​នេវសញ្ញានាសញ្ញាយតនជ្ឈាន។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ព្រោះ​កន្លង នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏ចូលកាន់សញ្ញាវេទយិត​និរោធ (រលត់សញ្ញា និងវេទនា) ទើបអាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់ទៅ ព្រោះ​ឃើញ (នូវអរិយសច្ច) ដោយមគ្គបញ្ញា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ភិក្ខុបានធ្វើមារឲ្យខ្វាក់ បំបែកភ្នែកមិនឲ្យឃើញស្នាមជើង ដល់នូវវិស័យ​ដែលមារ​មាន​ចិត្តលាមក រកមិនឃើញ ជាអ្នកឆ្លងនូវតណ្ហា ដែលចំពាក់នៅក្នុងលោក។ លុះព្រះមានព្រះភាគ សំដែងនិវាបសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តី​ពេញចិត្ត ត្រេកអរហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ និវាបសូត្រ ទី៥។

បាសរាសិសូត្រ ទី៦

(៦. បាសរាសិសុត្តំ)

[៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​សម្រេច​ព្រះ​ឥរិយាបថ​​ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសវត្ថី។ គ្រានោះឯង ព្រះមាន​​ព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចទៅ​កាន់​​ក្រុង​សាវត្ថី ដើម្បីបិណ្ឌបាត។ លំដាប់នោះឯង ពួកភិក្ខុច្រើនរូប ចូលទៅរក​ព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះអានន្ទយ៉ាងនេះថា ម្នាលអានន្ទមានអាយុ យើង​ទាំងឡាយ ខានស្តាប់ធម្មីកថា ចំពោះព្រះភក្ត្រ​ព្រះមានព្រះភាគ មកយូរហើយ ម្នាលអាវុសោអានន្ទ សូមឲ្យយើងទាំងឡាយ បាន​ស្តាប់​ធម្មីកថា ចំពោះព្រះភក្ត្រ នៃ​ព្រះមាន​ព្រះភាគផង។ ព្រះអានន្ទឆ្លើយតបថា លោកមាន​អាយុទាំងឡាយ បើដូច្នោះ ចូរលោក​ទាំងឡាយ ចូលទៅកាន់អាស្រម របស់​រម្មកព្រាហ្មណ៍ ទើបលោកទាំងឡាយ នឹង​បានស្តាប់ធម្មីកថា ចំពោះព្រះភក្ត្រ នៃ​ព្រះមាន​ព្រះភាគ។ ភិក្ខុទាំងនោះ ក៏ទទួល​ពាក្យ​ព្រះអានន្ទ​មានអាយុថា ករុណា អាវុសោ។ គ្រានោះ ព្រះមានព្រះភាគ ស្តេចទៅ​បិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រឡប់មកពី​បិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ ក្នុងវេលា​ក្រោយ​ភត្ត ទើបត្រាស់នឹង​ព្រះអានន្ទមាន​អាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅ​កាន់​ប្រាសាទ របស់មិគារមាតា ក្នុងបុព្វារាម ដើម្បីឈប់សម្រាក ក្នុងវេលាថ្ងៃ។ ព្រះអានន្ទមាន​អាយុ ទទួលព្រះពុទ្ធដីកា​ព្រះមាន​ព្រះភាគ​ថា ព្រះករុណាព្រះអង្គ។ គ្រានោះឯង ព្រះមាន​ព្រះភាគ ព្រម​ទាំង​ព្រះអានន្ទមានអាយុ ចូលទៅកាន់ប្រាសាទ របស់មិគារមាតា ក្នុង​បុព្វារាម ដើម្បី​នៅ​សម្រាក កក្នុងវេលាថ្ងៃ។ លុះព្រះមានព្រះភាគ ចេញចាកផល​សមាបត្តិ ក្នុងសាយណ្ហសម័យ​ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅកាន់បន្ទប់ទឹក ក្នុងទិសខាងកើត ដើម្បីស្រោចស្រប44) កាយ។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ព្រមទាំងព្រះអានន្ទមានអាយុ ក៏ចូលទៅកាន់​បន្ទប់​ទឹក ក្នុងទិស​ខាង​កើត​ ដើម្បីស្រោចស្រប់កាយទាំងឡាយ លុះទ្រង់ស្រោចស្រប់កាយ ក្នុងបន្ទប់ទឹក ទិសខាង​កើតរួចហើយ ទើបស្តេចឡើងមកទ្រង់ចីវរតែមួយ ទ្រង់ឋិត​សំដឹលព្រះកាយ​ឲ្យ​ស្ងួត។ គ្រានោះ ព្រះអានន្ទមានអាយុ បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចម្រើន អាស្រមរបស់រម្មកព្រាហ្មណ៍នេះ មិនឆ្ងាយប៉ុន្មានទេ បពិត្រ​ព្រះអង្គ​​ដ៏ចម្រើន អាស្រមរបស់រម្មកព្រាហ្មណ៍ គួរជាទីត្រេកអរ បពិត្រព្រះអង្គដ៏ចម្រើន អាស្រម​របស់រម្មកព្រាហ្មណ៍ គួរជាទីជ្រះថ្លា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមាន​ព្រះ​ភាគ ទ្រង់អាស្រ័យសេចក្តីអនុគ្រោះ ចូលទៅកាន់អាស្រមរបស់រម្មកព្រាហ្មណ៍។ ព្រះមាន​ព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ ទើបព្រះមានព្រះភាគ ស្តេចចូលទៅ កាន់អាស្រម​របស់​រម្មកព្រាហ្មណ៍។ គាប់ចួនសម័យនោះឯង ពួកភិក្ខុច្រើនរូប កំពុង​អង្គុយប្រជុំគ្នា ដោយ​​ធម្មីកថា ក្នុងអាស្រម របស់រម្មកព្រាហ្មណ៍។ ទើបព្រះមានព្រះភាគ ទ្រង់ឋិតនៅ​ក្បែរ​​ក្លោងទ្វារ​ខាងក្រៅ រង់ចាំឲ្យចប់ពាក្យនិយាយ។

[៥១] គ្រានោះឯង ព្រះមានព្រះភាគទ្រង់ជ្រាបថា ចប់ពាក្យនិយាយហើយ ក៏​គ្រហែម ​រួចទ្រង់គោះសន្ទះទ្វារ។ ពួកភិក្ខុទាំងនោះ ក៏បើកទ្វារ ថ្វាយព្រះមានព្រះភាគ។ លំដាប់​នោះ ព្រះមានព្រះភាគ ចូលទៅកាន់អាស្រម របស់រម្មកព្រាហ្មណ៍ ហើយ​គង់លើ​អាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ បានត្រាស់សួរភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ អម្បាញមិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំ​និយាយ​ពាក្យ​ដូចម្តេចខ្លះ ចុះពាក្យជាចន្លោះដូចម្តេច ដែលអ្នកទាំងឡាយ និយាគ្នាមិនទាន់​ស្រេច។​ ពួកភិក្ខុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យប្រកបដោយធម៌ ប្រារព្ធ​ចំពោះ​​ព្រះមាន​ព្រះភាគ ដែលយើងទាំងឡាយ និយាយមិនទាន់ស្រេច ស្រាប់តែ​ព្រះមាន​ព្រះភាគ ស្តេចមកដល់។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ល្អហើយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ អង្គុយប្រជុំ ដោយធម្មីកថានុ៎ះឯង សមគួរដល់អ្នកទាំងឡាយ ជាកុលបុត្រ ដែលចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយសទ្ធាហើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ ប្រជុំគ្នាហើយ ត្រូវធ្វើកិច្ច២យ៉ាងគឺ ពាក្យប្រកបដោយធម៌១ ភាពជា​អ្នកស្ងប់ស្ងៀម​ នៅដ៏ប្រសើរ១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន២ប្រការ គឺការ​ស្វែង​រក​មិនប្រសើរ១ ការស្វែងរកប្រសើរ១។

[៥២] ការស្វែងរកមិនប្រសើរ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុង​លោក​នេះ ខ្លួនឯងមានជាតិជាធម្មតា ស្វែងរករបស់មានជាតិជាធម្មតាថែមទៀត ខ្លួនឯង​មាន​ជរាជាធម្មតា ស្វែងរករបស់មានជរាជាធម្មតាថែមទៀត ខ្លួនឯងមានព្យាធិជាធម្មតា ស្វែងរករបស់មានព្យាធិជាធម្មតាថែមទៀត ខ្លួនឯងមានមរណៈជាធម្មតា ស្វែងរករបស់​មានមរណៈជាធម្មតាថែមទៀត ខ្លួនឯងមានសេចក្តីសោកជាធម្មតា ស្វែងរក​របស់មាន​សេចក្តី​សោក ជាធម្មតាថែមទៀត ខ្លួនឯងមានសេចក្តីសៅហ្មងជាធម្មតា ស្វែងរករបស់​មានសេចក្តីសៅហ្មងជាធម្មតាថែមទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ថាអ្វី​ដែល​មាន​ជាតិជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរថា បុត្រភរិយា មានជាតិ​ជា​ធម្មតា ទាសីទាសៈ មានជាតិជាធម្មតា ពពែចៀម មានជាតិជាធម្មតា មាន់ជ្រូក មានជាតិ​ជា​ធម្មតា ដំរីគោសេះ លាឈ្មោល និងញី មានជាតិជាធម្មតា មាសប្រាក់ មានជាតិជា​ធម្មតា។ ម្នាលភិក្ខុទាំងឡាយ ជាតិធម៌ទាំងនោះឯង ជាឧបធិ (កិលេស) បុគ្គលនេះ មានចិត្ត​ងោកជ្រប់ លង់ស៊ុងទៅក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះថា​ខ្លួន​ឯងមាន​ជាតិ​ជា​ធម្មតា ស្វែងរករបស់មានជាតិជាធម្មតាថែមទៀត។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ថាអ្វី ដែលមានជរាជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ ថា បុត្រភរិយា មានជរាជាធម្មតា ទាសីទាសៈ មានជរាជាធម្មតា ពពែចៀម មាន​ជរាជាធម្មតា មាន់ជ្រូក មានជរាជាធម្មតា ដំរីគោសេះ និងលា មាន​ជរាជា​ធម្មតា មាសប្រាក់ មានជរាជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ជរាធម៌ទាំងនោះឯង ជាឧបធិ (កិលេស) បុគ្គលនេះមានចិត្ត​ងោកជ្រប់ លង់ស៊ប់ទៅ ក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះ​ថា ខ្លួនឯងមានជរាជាធម្មតា ស្វែងរករបស់មានជរា ជាធម្មតាថែមទៀត។ ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ ថាអ្វី ដែលមានព្យាធិជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ថា​បុត្រភរិយា មានព្យាធិ​ជា​ធម្មតា ទាសីទាសៈ មានព្យាធិជាធម្មតា ពពែចៀម មានព្យាធិ​ជាធម្មតា មាន់ជ្រូក មានព្យាធិជាធម្មតា ដំរីគោសេះ លាឈ្មោល និងញី មានព្យាធិជា​ធម្មតា មាសប្រាក់ មានព្យាធិជាធម្មតា។ 45) ម្នាលភិក្ខុទាំងឡាយ ព្យាធិធម៌ទាំងនោះឯង ជាឧបធិ (កិលេស) បុគ្គលនេះមានចិត្តងោកជ្រប់ លង់ស៊ប់ទៅក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះថា ខ្លួនឯង​មាន​ព្យាធិជាធម្មតា ស្វែងរករបស់មានព្យាធិជាធម្មតាថែមទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ថាអ្វីដែលមានមរណៈជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរថា​បុត្រភរិយា មានមរណៈជាធម្មតា ទាសីទាសៈ មានមរណៈជាធម្មតា ពពែចៀម មានមរណៈ​ជាធម្មតា មាន់ជ្រូក មានមរណៈជាធម្មតា ដំរីគោសេះ លាឈ្មោល និងញី មានមរណៈជាធម្មតា មាសប្រាក់ មានការខូចខាតជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ ឯមរណៈធម៌ទាំងនោះឯង ហៅថាឧបធិ (កិលេស) បុគ្គលនេះមានចិត្តងោក​ជ្រប់លង់​ស៊ប់​ទៅ​ក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះថាខ្លួនឯងមានមរណៈជាធម្មតា ស្វែងរករបស់​មានមរណៈ ជាធម្មតាថែមទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយថា អ្វីដែលមាន​សោក​ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរថាបុត្រភរិយា មានសោកជា​ធម្មតា ទាសីទាសៈ មានសោកជាធម្មតា ពពែចៀម មានសោកជាធម្មតា មាន់ជ្រូក មានសោកជាធម្មតា ដំរីគោសេះ លាឈ្មោល និងញី មានសោកជាធម្មតា មាសប្រាក់ មាន​សេចក្តីស្ងួតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ឯសោកធម៌ទាំងនោះឯង ហៅថាឧបធិ (កិលេស) បុគ្គលនេះមានចិត្តងោកជ្រប់ លង់ស៊ប់ទៅក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះថា​ខ្លួនឯង មានសេចក្តីសោកជាធម្មតា ស្វែងរក​របស់​មានសេចក្តី​សោកជា​ធម្មតា​ថែមទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ថាអ្វីដែលមានសេចក្តីសៅហ្មង​ជាធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយថា បុត្រភរិយា មានសេចក្តីសៅហ្មង​ជាធម្មតា ទាសី​ទាសៈ មានសេចក្តីសៅហ្មងជាធម្មតា ពពែចៀម មានសេចក្តីសៅហ្មង​ជា​ធម្មតា មាន់ជ្រូក មានសេចក្តី​សៅហ្មងជាធម្មតា ដំរីគោសេះ លាឈ្មោល និងញី មានសេចក្តី​សៅហ្មង​ជា​ធម្មតា មាសប្រាក់ មានសេចក្តីសៅហ្មងជាធម្មតា។ ម្នាលភិក្ខុ​ទាំងឡាយ ឯសង្កិលេសធម៌​ទាំងនុ៎ះឯង ហៅថាឧបធិ (កិលេស) បុគ្គលនេះមានចិត្តងោកជ្រប់ លង់ស៊ប់ទៅក្នុងឧបធិ (កិលេស) ទាំងនុ៎ះ ឈ្មោះថា​ខ្លួនឯងមាន​សេចក្តីសៅហ្មងជាធម្មតា ស្វែងរក​របស់មាន​សេចក្តី​សៅហ្មងជាធម្មតាថែមទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា ការស្វែងរក​មិន​ប្រសើរ។

[៥៣] ម្នាលភិក្ខុទាំងឡាយ ឯការស្វែងរកដ៏ប្រសើរតើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលពួកមួយក្នុងលោកនេះ ខ្លួនឯងមានជាតិជាធម្មតា ដឹងច្បាស់នូវទោសក្នុង​ជាតិ​ធម៌ ហើយស្វែងរកព្រះនិព្វានដែលមិនមានជាតិ ឥតមានគុណជាតដទៃស្មើ ជាទី​ក្សេមចាក​យោគៈ ខ្លួនឯងមានជរាជាធម្មតា ដឹងច្បាស់នូវទោសក្នុងជរាធម៌ ហើយស្វែងរក​ព្រះនិព្វាន​ដែលមិនមានជរា ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯង​មាន​ព្យាធិ​ជាធម្មតា ដឹងច្បាស់នូវទោសក្នុងព្យាធិធម៌ ហើយស្វែងរកព្រះនិព្វាន ដែលមិន​មាន​ព្យាធិ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមានមរណៈ​ជា​ធម្មតា ដឹងច្បាស់នូវទោសក្នុងមរណៈធម៌ ហើយស្វែងរកព្រះនិព្វានដែលមិនមានមរណៈ ឥតមានគុណ​ជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមានសោកជាធម្មតា ដឹងច្បាស់​នូវ​ទោស ក្នុងសោកធម៌ ហើយស្វែងរកព្រះនិព្វានដែលមិនមានសេចក្តីសោក ឥតមាន​គុណជាត​ដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមានសេចក្តីសៅហ្មងជាធម្មតា ដឹង​ច្បាស់​នូវទោស ក្នុងសង្កិលេសធម៌ ហើយស្វែងរកព្រះនិព្វានដែលមិនមានសង្កិលេសធម៌ ឥត​មាន​គុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការ​ស្វែង​រកដ៏ប្រសើរ។

[៥៤] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុនអំពីកាលជាទីត្រាស់ដឹង ដែលតថាគត​នៅជា​ពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ ខ្លួនឯង មានជាតិជាធម្មតា ស្វែង​រក​នូវ​ជាតិ​ធម៌ថែមទៀត ខ្លួនឯងមានជរាជាធម្មតា ស្វែងរកនូវជរាធម៌ថែមទៀត ខ្លួនឯងមាន​ព្យាធិ​ជា​ធម្មតា ស្វែងរកនូវព្យាធិធម៌ថែមទៀត ខ្លួនឯងមានមរណៈជាធម្មតា ស្វែងរកនូវ​មរណៈ​ធម៌ថែមទៀត ខ្លួនឯងមានសោកជាធម្មតា ស្វែងរកនូវសោកធម៌ថែមទៀត ខ្លួនឯង​មានសេចក្តីសៅហ្មងជាធម្មតា ស្វែងរកនូវសេចក្តីសៅហ្មងធម៌ថែមទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតមានសេចក្តីត្រិះរិះយ៉ាងនេះថា ខ្លួនឯងមានជាតិជាធម្មតា ហេតុដូចម្តេច​បាន​ជាអាត្មាអញ ស្វែងរកធម៌មានជាតិជាធម្មតាថែមទៀត ខ្លួនឯងមានជរាជាធម្មតា… មាន​ព្យាធិជាធម្មតា… មានមរណៈជាធម្មតា… មានសោកជាធម្មតា… ខ្លួនឯងមានសេចក្តី​សៅហ្មងជាធម្មតា ស្វែងរកធម៌មានសេចក្តីសៅហ្មងជាធម្មតាថែមទៀត បើដូច្នោះគួរតែ​អាត្មា​អញ ដែលខ្លួនឯងមានជាតិជាធម្មតា ដឹងច្បាស់នូវទោសក្នុងជាតិធម៌ ហើយគប្បី​ស្វែង​រកព្រះនិព្វានដែលមិនមានជាតិធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាក​យោគៈ ខ្លួនឯងមានជរាជាធម្មតា ដឹងច្បាស់នូវទោសក្នុងជរាធម៌ ហើយគប្បីស្វែង​រកព្រះនិព្វាន​ដែល​មិនមានជរាធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯង​មាន​ព្យាធិជាធម្មតា ដឹងច្បាស់នូវទោសក្នុងព្យាធិធម៌ ហើយគប្បី​ស្វែងរក​ព្រះនិព្វាន ដែលមិនមានព្យាធិធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯង​មានព្យាធិជាធម្មតា ដឹងច្បាស់នូវទោសក្នុងព្យាធិធម៌ ហើយគប្បីស្វែងរក​ព្រះនិព្វាន ដែលមិនមានព្យាធិធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯង​មានមរណៈជាធម្មតា ដឹងច្បាស់នូវទោសក្នុងមរណៈធម៌ ហើយគប្បីស្វែងរក​ព្រះនិព្វាន ដែលមិនមានមរណៈធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមាន​សោកជាធម្មតា ដឹងច្បាស់នូវទោសក្នុងសោកធម៌ ហើយគប្បីស្វែង​រក​ព្រះនិព្វាន ដែលមិនមានសោកធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមាន​សេចក្តីសៅហ្មងជាធម្មតា ដឹងច្បាស់នូវទោសក្នុងសង្កិលេសធម៌ ហើយគប្បី​ស្វែងរក​ព្រះនិព្វាន ដែលឥតមានសង្កិលេសធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេម​ចាក​យោគៈវិញ។

[៥៥] ម្នាលភិក្ខុទាំងឡាយ លុះសម័យតមក តថាគតនោះឯង នៅក្មេង មានសក់​ខ្មៅ​ស្និទ្ធល្អ កំពុងប្រកបដោយបឋមវ័យដ៏ចម្រើន កាលដែលមាតាបិតាមិនចង់ (ឲ្យចេញ​បួស) មានព្រះភក្ត្រទទឹកជោកដោយទឹកព្រះនេត្រ កំពុងទ្រង់ព្រះកន្សែង (តថាគត) ក៏កោរ​សក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកគេហដ្ឋាន​ទៅកាន់ផ្នួស លុះតថាគតនោះ បួសយ៉ាងនេះហើយ ក៏ស្វែងរក កឹកុសល (សេចក្តីពិត ថាអ្វីជា​កុសល) កាលស្វែងរកនូវសន្តិវរបទ គឺព្រះនិព្វាន ដែលជាគុណជាត ដ៏ប្រសើរ ក៏បានចូលទៅរកអាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ បាននិយាយ​នឹង​អាឡារតាបស កាលាមគោត្រ យ៉ាងនេះថា ម្នាលអាវុសោកាលមៈ ខ្ញុំចង់ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ កាលបើតថាគត និយាយយ៉ាង​នេះ​ហើយ អាឡារតាបស កាលាមគោត្រ ក៏បាននិយាយ នឹងតថាគតយ៉ាងនេះថា អ្នក​មាន​អាយុ ចូរនៅចុះ នេះធម៌ ប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌សម្រាប់វិញ្ញូជន ធ្វើឲ្យ​ជាក់​ច្បាស់ នូវលទ្ធិអាចារ្យ ដោយប្រាជ្ញា របស់ខ្លួន ពុំយូរឡើយ ក៏នឹងបានសម្រេច។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតនោះឯងក៏បានរៀនធម៌នោះ ចប់មួយរំពេចមិនយូរឡើយ ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង ពោលនូវញាណវាទផង ដឹងច្បាស់នូវថេរវាទ (ពាក្យខ្ជាប់ខ្ជួន) ផង ប្តេជ្ញាថា តថាគត បានឃើញដូច្នេះផង ដោយគ្រាន់តែ​អាឡារតាបស​បង្ហើប​មាត់ និងដោយគ្រាន់តែអាឡារតាបស ពោលពាក្យចប់ប៉ុណ្ណោះ មិនមែន​តថាគត​ប៉ុណ្ណោះទេ សូម្បីជនឯទៀត (ក៏គេនិយាយយ៉ាងនេះដែរ)។ ម្នាលភិក្ខុទាំងឡាយ តថាគត​នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាឡារតាបស កាលាមគោត្រ មិនប្រកាសថា អាត្មា​អញ បានធ្វើឲ្យជាក់ច្បាស់នូវធម៌នេះដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួនឯង ដោយត្រឹម​តែ​សទ្ធា​ប៉ុណ្ណោះ តាមពិតអាឡារតាបស កាលាមគោត្រ គ្រាន់តែជាអ្នកយល់​ឃើញនូវធម៌​នេះ (ប៉ុណ្ណោះ)។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគតបានចូលទៅរកអាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ បានសួរអាឡារតាបស កាលាមគោត្រយ៉ាងនេះថា ម្នាលអាវុសោកាលាមៈ អ្នកបានធ្វើឲ្យជាក់ច្បាស់នូវធម៌នេះ ដោយប្រាជ្ញាដ៏ថ្លៃថ្លាខ្លួនឯង ហើយ​បានសម្រេច ប្រកាសទុក ដោយហេតុដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាល​បើ​តថាគត​សួរយ៉ាងនេះហើយ អាឡារតាបស កាលាមគោត្រ ក៏ប្រកាសប្រាប់ នូវ​អាកិញ្ចញ្ញាយតនសមាបត្តិ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះមានសេចក្តីត្រិះរិះ យ៉ាងនេះ​​ថា អាឡារតាបស កាលាមគោត្រមិនមានសទ្ធាទេ អាត្មាអញទើបមានសទ្ធា អាឡារ​តាបសកាលាមគោត្រ មិនមានព្យាយាមទេ អាត្មាអញទើបមានព្យាយាម អាឡារ​តាបស​កាលាមគោត្រ មិនមានសតិទេ អាត្មាអញទើបមានសតិ អាឡារតាបស​កាលាម​គោត្រ មិនមានសមាធិទេ អាត្មាអញទើបមានសមាធិ អាឡារតាបសកាលាមគោត្រ មិនមាន​បញ្ញាទេ អាត្មាអញទើបមានបញ្ញា បើដូច្នេះគួរតែអាត្មាអញប្រឹងប្រែង ដើម្បីធ្វើ​ឲ្យជាក់​ច្បាស់​នូវធម៌ ដែលអាឡារតាបសកាលាមគោត្រប្រកាសទុកថា អាត្មាអញ​បាន​សម្រេច​ហើយ ព្រោះធ្វើឲ្យជាក់ច្បាស់ នូវធម៌ដោយប្រាជ្ញាដ៏ថ្លៃថ្លាខ្លួនឯង។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតនោះ ក៏បានសម្រេច ព្រោះធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ មួយរំពេច​ពុំ​យូរ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគត ចូលទៅរកអាឡារតាបស​កាលាម​គោត្រ (ទៀត) លុះចូលទៅដល់ហើយ ទើបសួរអាឡារតាបសកាលាមគោត្រយ៉ាងនេះថា ម្នាលអាវុសោកាលាមៈអ្នកបានសម្រេចហើយព្រោះបានធ្វើឲ្យជាក់ច្បាស់នូវធម៌នេះ ដោយ​ប្រាជ្ញារបស់ខ្លួន ហើយប្រកាសទុកដោយហេតុតែប៉ុណ្ណេះឬ។ អាឡារតាបស​កាលាម​គោត្រ​តបថា ម្នាលអាវុសោ ខ្ញុំបានសម្រេចព្រោះធ្វើឲ្យជាក់ច្បាស់​នូវធម៌នេះ ហើយប្រកាសទុកដោយហេតុតែប៉ុណ្ណេះឯង។ តថាគតសួរទៀតថា ម្នាលអាវុសោ​កាលាមៈ ខ្ញុំឯងបានសម្រេចព្រោះបានធ្វើឲ្យជាក់ច្បាស់នូវធម៌នេះដោយប្រាជ្ញារបស់ខ្លួន ដោយ​ហេតុប៉ុណ្ណេះដែរ។ អាឡារតាបសកាលាមគោត្រតបថា ម្នាលអាវុសោ យើងពេញ​ជា​មាន​លាភហើយ ម្នាលអាវុសោ អត្តភាពជាមនុស្សយើងពេញជាបានល្អហើយ ត្រង់ដែលយើង​បានឃើញសព្រហ្មចារី ប្រាកដដូចជាអ្នកមានអាយុ ព្រោះថា ខ្ញុំបានធ្វើឲ្យ​ជាក់​ច្បាស់ ដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួន ទាំងបានសម្រេចនូវធម៌ណាហើយប្រកាសទុក អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ប្រសើររបស់ខ្លួន ទាំងបានសម្រេចនូវធម៌នោះ ហើយនៅដោយឥរិយាបថ៤ដែរ អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ប្រសើរ​របស់ខ្លួន ទាំងបានសម្រេចនូវធម៌ណា ហើយនៅដោយឥរិយាបថ៤ ខ្ញុំក៏បានធ្វើឲ្យ​ជាក់ច្បាស់ ដោយប្រាជ្ញាដ៏ប្រសើររបស់ខ្លួន ទាំងបានសម្រេចនូវធម៌នោះ ហើយប្រកាស​ទុកដែរ ព្រោះខ្ញុំចេះធម៌ណា អ្នកក៏ចេះធម៌នោះ អ្នកចេះធម៌ណា ខ្ញុំក៏ចេះធម៌នោះ ខ្ញុំប្រាកដ​យ៉ាងណា អ្នកក៏ប្រាកដយ៉ាងនោះ អ្នកប្រាកដយ៉ាងណា ខ្ញុំក៏ប្រាកដយ៉ាងនោះ​ដែរ ម្នាលអាវុសោ ឥឡូវនេះ ចូរអ្នកមក យើងទាំងពីរនាក់ នឹងនៅគ្រប់គងគណៈនេះ។ ម្នាលភិក្ខុទាំងឡាយ អាឡារតាបសកាលាមគោត្រ ជាអាចារ្យរបស់តថាគត តាំងតថាគត ជាកូន​សិស្សស្មើៗនឹងខ្លួន ទាំងបូជាតថាគត ដោយការបូជាដ៏លើសលប់ ដោយ​ហេតុនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ធម៌ (គឺសមាបត្តិ​ទាំង៧) នេះ មិនមែនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ចាកកិលេសវដ្ត មិនប្រព្រឹត្ត​ទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់នូវរាគាទិកិលេស មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹង ដោយក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ ប្រព្រឹត្តទៅ បានតែត្រឹមកើតក្នុង​អាកិញ្ចញ្ញាយតនភព​ប៉ុណ្ណោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង មិនឱបក្រសោប​ធម៌នោះឡើយ នឿយណាយហើយដោះចេញអំពីធម៌នោះ។

[៥៦] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ជាអ្នកស្វែងរកកឹកុសល កំពុងស្វែងរក នូវសន្តិវរបទ ក៏បានចូលទៅរកឧទ្ទកតាបស រាមបុត្រ លុះចូលទៅដល់ហើយ បាន​និយាយ​នឹងឧទ្ទករាមបុត្រយ៉ាងនេះថា ម្នាលអាវុសោរាមៈ ខ្ញុំចង់ប្រព្រឹត្ត ព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ កាលបើតថាគតនិយាយយ៉ាងនេះហើយ ឧទ្ទករាមបុត្រ​ បាននិយាយនឹងតថាគតយ៉ាងនេះថា អ្នកមានអាយុចូរនៅចុះ នេះធម៌​ប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌សម្រាប់វិញ្ញូបុរស ធ្វើឲ្យជាក់ច្បាស់ នូវលទ្ធិអាចារ្យ​របស់ខ្លួន ដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួនហើយ បានសម្រេចមិនយូរឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតនោះឯង បានរៀននូវធម៌នោះចប់ភ្លាមមិនយូរឡើយ ម្នាលភិក្ខុ​ទាំងឡាយ តថាគតនោះឯង ពោលនូវញាណវាទផង ដឹងច្បាស់នូវថេរវាទផង ប្តេជ្ញាថា តថាគតបានឃើញដូច្នេះផង ដោយគ្រាន់តែឧទ្ទករាមបុត្របង្ហើបបបូរមាត់ និងដោយ​គ្រាន់​តែឧទ្ទករាមបុត្រ ពោលពាក្យចប់ប៉ុណ្ណោះ មិនមែនតែតថាគតប៉ុណ្ណោះទេ ទាំងពួក​ជន​ឯទៀត (ក៏និយាយយ៉ាងនេះដែរ)។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា ឧទ្ទករាមបុត្រមិនប្រកាសថា អាត្មាអញបានធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញាដ៏ថ្លៃថ្លាខ្លួនឯង ដោយគ្រាន់តែសទ្ធាប៉ុណ្ណោះ តាមពិត ឧទ្ទករាមបុត្រ គ្រាន់តែ​បានដឹង បានឃើញធម៌នេះប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគតក៏​បានចូលទៅរកឧ្ទករាមបុត្រ លុះចូលទៅដល់ហើយ បានសួរឧទ្ទករាមបុត្រយ៉ាងនេះថា ម្នាលអាវុសោរាមៈ អ្នកបានធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌នេះ ដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួន បាន​សម្រេច ហើយប្រកាសទុក ដោយហេតុ​ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាល​បើ​តថាគតសួរយ៉ាងនេះហើយ ឧទ្ទករាមបុត្រ ក៏ប្រកាសនូវ​នេវសញ្ញានាសញ្ញាយតន​សមាបត្តិ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឧទ្ទករាមបុត្រ មិនមានសទ្ធាទេ អាត្មាអញ ទើបមានសទ្ធា ឧទ្ទករាមបុត្រ មិនមាន​ព្យា​យាមទេ។បេ។ សតិ…សមាធិ… បញ្ញាទេ អាត្មាអញ ទើបមាន​បញ្ញា បើដូច្នោះ គួរតែអាត្មាអញ ប្រឹងប្រែង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដែលឧទ្ទករាមបុត្រ​ប្រកាស​ទុកថា អាត្មាអញ បានសម្រេចហើយ ព្រោះធ្វើឲ្យជាក់ច្បាស់ នូវធម៌ដោយប្រាជ្ញាដ៏ថ្លៃថ្លា របស់ខ្លួនឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង ក៏បានធ្វើឲ្យជាក់ច្បាស់ នូវ​ធម៌នេះ​ភ្លាម ពុំយូរឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង​ តថាគត ចូលទៅរកឧទ្ទករាមបុត្រ (ទៀត) លុះចូលទៅដល់ហើយ បានសួរឧទ្ទករាមបុត្រ យ៉ាង​នេះថា ម្នាលអាវុសោរាមៈ អ្នកបានសម្រេច ព្រោះធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញារបស់ខ្លួន ហើយប្រកាស​ទុក ដោយហេតុតែប៉ុណ្ណេះទេឬ។ ឧទ្ទករាមបុត្រតប​ថា ម្នាលអាវុសោ ខ្ញុំបានសម្រេច ព្រោះ​ធ្វើ​ឲ្យជាក់ច្បាស់នូវធម៌នេះ ដោយប្រាជ្ញា​របស់​ខ្លួន​ឯង ដោយហេតុតែប៉ុណ្ណេះទេ។ តថាគតក៏និយាយថា ម្នាលអាវុសោរាមៈ​ខ្ញុំឯងបានសម្រេច ព្រោះធ្វើឲ្យជាក់ច្បាស់​នូវធម៌​នេះ ដោយប្រាជ្ញារបស់ខ្លួនឯង ចំពោះធម៌នេះ ដោយហេតុតែប៉ុណ្ណេះដែរ។ ឧទ្ទករាមបុត្រ​តបថា ម្នាលអាវុសោ យើងពេញជាមានលាភហើយ អត្តភាពជាមនុស្ស យើងពេញជា​បានល្អហើយ ត្រង់ដែលយើងបានឃើញសព្រហ្មចារីបុគ្គល ប្រាកដ​ដូចអ្នក​មាន​អាយុ ព្រោះថា រាមៈ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ថ្លៃថ្លាចំពោះខ្លួន បាន​សម្រេច​ធម៌ណា ហើយ​ប្រកាស​ទុក អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា​ដ៏ថ្លៃថ្លា របស់ខ្លួន បានសម្រេច​ធម៌​នោះ ហើយនៅដោយឥរិយាបថ ទាំង៤ដែរ អ្នកបានធ្វើឲ្យ​ជាក់​ច្បាស់ ដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួន បានសម្រេចធម៌ណា រាមៈក៏បាន ធ្វើឲ្យជាក់​ច្បាស់ ដោយប្រាជ្ញាដ៏ថ្លៃថ្លារបស់ខ្លួន បានសម្រេចធម៌នោះ ហើយប្រកាសទុកដែរ រាមៈ​បានដឹងធម៌ណា អ្នកក៏បានដឹងធម៌នោះ អ្នកចេះធម៌ណា រាមៈក៏ចេះធម៌នោះដែរ មួយ​ទៀត រាមៈប្រាកដយ៉ាងណា អ្នកក៏ប្រាកដយ៉ាងនោះ អ្នកប្រាកដយ៉ាងណា រាមៈ​ក៏ប្រាកដយ៉ាងនោះដែរ ម្នាលអាវុសោ ឥឡូវនេះ ចូរអ្នកមក ចូរអ្នកនៅ​គ្រប់​គ្រង​គណៈ​នេះចុះ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទករាមបុត្រ ជាសព្រហ្មចារី របស់តថាគត តាំង​តថាគត ក្នុងទី​ជាអាចារ្យ ទាំងបូជាតថាគត ដោយការបូជា ដ៏លើសលប់ ដោយហេតុ​នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធម៌ គឺសមាបត្តិ​ទាំង​៨នេះ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ ចាកកិលេសវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បី​ប្រាស​ចាក​តម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ នូវរាគាទិក្កិលេស មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹង ដោយក្រៃលែង មិនប្រព្រឹត្តទៅ ដើម្បី​ត្រាស់​ដឹង មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខទេ ប្រព្រឹត្តទៅ បានត្រឹមតែចូល​ទៅកើត​ក្នុង​នេវសញ្ញានាសញ្ញាយតនភព​ប៉ុណ្ណោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង ក៏មិនឱប​ក្រសោបធម៌នោះឡើយ នឿយណាយ ហើយដោះចេញអំពីធម៌នោះ។

[៥៧] ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង ជាអ្នកស្វែងរកកឹកុសល កំពុងស្វែង​រក​សន្តិវរបទ ក៏បានត្រាច់ទៅកាន់ចារិក ក្នុងដែនមគធៈ តាមលំដាប់លំដោយ សំដៅ​ទៅរក​ឧរុវេលា46) សេនានិគម។47) ក្នុងទីនោះ តថាគត បានឃើញ​ផ្ទៃ​ផែនដី គួរឲ្យត្រេកអរ ដងព្រៃគួរឲ្យកើតជ្រះថ្លាផង ស្ទឹងមាន​ទឹកថ្លា​ស្អាតហូរ (មិនដាច់) មានកំពង់រាបស្មើល្អ គួរជាទីត្រេកអរផង ទាំងគោចរគ្រាម (ស្រុក​សម្រាប់​បិណ្ឌបាត) ក៏មាន​នៅជិតផង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ភូមិភាគ​នេះ គួរឲ្យត្រេកអរផង ដងព្រៃគួរ​ឲ្យកើតជ្រះថ្លា​ផង ស្ទឹងមានទឹកថ្លាស្អាតហូរ មិនដាច់ មានកំពង់រាបស្មើល្អ គួរជាទីត្រេកអរផង គោចរគ្រាម ក៏មាននៅជិតផង ទីនេះ ល្មម​កុលបុត្រ​ អ្នកត្រូវ​ការ ដោយសេចក្តីព្យាយាម តាំងសេចក្តីព្យាយាមបានហើយតើ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតនោះឯង បានអង្គុយ​ក្នុងទីនោះ ដោយគិតថា ទីនេះ ល្មមនឹង​តាំងសេចក្តី​ព្យាយាមបាន។

[៥៨] ម្នាលភិក្ខុទាំងឡាយ តថាគតនោះឯង មានជាតិជាធម្មតា ដោយខ្លួនឯង ដឹង​ច្បាស់​នូវទោស ក្នុងជាតិធម៌ ហើយស្វែងរក នូវព្រះនិព្វាន ដែលមិនមានជាតិ មិនមាន​គុណជាត​ដទៃស្មើ ជាទីក្សេមចាកយោគៈ ក៏បានដល់ នូវព្រះនិព្វាន ដែលមិនមានជាតិ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ មានជរាជាធម្មតា ដោយខ្លួនឯង… មានព្យាធិជាធម្មតា ដោយខ្លួនឯង…មានមរណៈជាធម្មតា ដោយខ្លួនឯង… មាន​សោក​ជា​ធម្មតា ដោយខ្លួនឯង… មានសេចក្តីសៅហ្មងជាធម្មតា ដោយខ្លួនឯង ឃើញទោស ក្នុង​សង្កិលេសធម៌ ហើយស្វែងរកព្រះនិព្វាន ដែលមិនមានសង្កិលេសធម៌ ឥតមានគុណជាត​ដទៃស្មើ ជាទីក្សេមចាកយោគៈ បានដល់នូវព្រះនិព្វាន ដែលមិនមានសេចក្តីសៅហ្មង ជាទី​ក្សេមចាកយោគៈដ៏ប្រសើរបំផុត ទាំងញាណ ជាគ្រឿងឃើញ គឺសព្វញ្ញុតញ្ញាណ ក៏កើត​ឡើង ​ដល់តថាគតថា វិមុត្តិរបស់តថាគតមិនរំភើប (ដោយរាគាទិក្កិលេស) នេះជាតិ​ជាទី​បំផុត (របស់តថាគត) ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។

[៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ចតុរារិយ​សច្ច​ធម៌​ ដែលតថាគត បានត្រាស់ដឹងហើយនេះឯង ជាធម៌ជ្រាលជ្រៅ ជាធម៌​ដែល​សត្វ​ឃើញ​បានដោយកម្រ ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌​ដែល​សត្វ​មិនគប្បីស្ទង់ប្រមើល ដោយសេចក្តីត្រិះរិះបាន ជាធម៌ល្អិត មានតែអ្នក​ប្រាជ្ញ​ទើបដឹង​បាន ឯពួកសត្វនេះ សុទ្ធតែកំពុងរីករាយ ក្នុងអាល័យ គឺតណ្ហា១០៨ កំពុង​ត្រេកត្រអាល ក្នុងអាល័យ កំពុងស្រើបស្រាល ក្នុងអាល័យ (ទៅរកកាមទាំងឡាយ​នៅ​ឡើយ) ក៏បដិច្ចសមុប្បាទ​ធម៌ ដែលជាបច្ច័យ នៃធម៌មានសង្ខារ ជាដើមនេះ ជាហេតុ ដែល​សត្វនៅ​រីករាយ ក្នុងអាល័យ នៅត្រេកត្រអាល ក្នុងអាល័យ នៅស្រើបស្រាល ក្នុងអាល័យ ឃើញបានដោយកម្រ មួយទៀត ធម៌ណា រម្ងាប់​នូវសង្ខារទាំងពួង ជាគ្រឿង​លះបង់នូវ​ឧបធិ គឺខន្ធ និងកិលេសទាំងពួង ជាទីអស់ទៅ នៃតណ្ហា ជាទីនឿយណាយ ​ចាករាគៈ​ ជា​ទី​រំលត់​ទុក្ខ គឺព្រះនិព្វាន ធម៌នេះ ជាហេតុដែលសត្វឃើញបាន ដោយកម្រដែរ បើទុកជាត​ថាគត ​​សំដែងធម៌ទៅ ក៏ពួកសត្វដទៃ មិនអាចនឹងត្រាស់ដឹង នូវធម៌របស់​តថាគត​បាន​ឡើយ ព្រោះហេតុនោះ សេចក្តីលំបាក សេចក្តីនឿយព្រួយ មុខជានឹងមាន​ដល់​តថាគត មិន​ខាន។ មួយទៀត គាថាទាំងឡាយ ដែលមិនជាអស្ចារ្យណាស់ណានេះ តថាគត​ មិនដែល​បានឮមក ក្នុងកាលមុនឡើយ ក៏ភ្លឺស្វាងដល់តថាគតថា

ឥឡូវនេះ តថាគត​ មិនគួរសំដែងធម៌ ដែលតថាគតបានត្រាស់ដឹង ដោយ​លំបាក (នោះទេ) ព្រោះពួកសត្វដែលមានរាគៈ ទោសៈ គ្របសង្កត់ មិនងាយ​នឹង​ត្រាស់​ដឹង​ធម៌​នេះបានឡើយ ពួកសត្វដែលកំពុងត្រេកអរ ដោយរាគៈ ដែលគំនរងងឹតគឺ អវិជ្ជា​គ្របសង្កត់ហើយ មុខជានឹងមិនឃើញធម៌ ដែលនាំសត្វ​ ឲ្យដល់​ព្រះនិព្វាន ជាធម៌ល្អិតឆ្មារ ជ្រាលជ្រៅ សត្វឃើញ​បានដោយ​កម្រ​នោះ​ទេ។

ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពិចារណាឃើញដោយន័យ ដូច្នេះហើយ ចិត្ត​ក៏​ឱន​ទៅ ដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនឱនទៅដើម្បីសំដែងធម៌ឡើយ។

[៦០] ម្នាលភិក្ខុទាំងឡាយ គ្រានោះ សហម្បតិព្រហ្ម48) បានដឹងនូវបរិវិតក្កៈក្នុងចិត្ត របស់តថាគត ដោយចិត្ត (របស់ខ្លួន) ហើយទើបរំពឹងដូច្នេះថា ឱសត្វលោក នឹងវិនាសហើយតើហ្ន៎ ឱសត្វលោក នឹងវិនាសហើយតើហ្ន៎ ព្រោះព្រះហឫទ័យ របស់ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ បង្អោនទៅ ដើម្បីសេចក្តីខ្វល់ខ្វាយតិច មិនបង្អោនទៅ ដើម្បីសំដែង​ធម៌​ឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ សហម្បតិព្រហ្ម ក៏បាត់អំពីព្រហ្មលោក មកប្រាកដ ក្នុងទីចំពោះមុខតថាគត ដូចជាបុរស ដែលមានកំឡាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម ធ្វើសំពត់​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះមករកតថាគត ពោលនឹង​តថាគត​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សូមព្រះសុគត ទ្រង់សំដែងធម៌ ព្រោះពួកសត្វ ដែលមានធូលី គឺរាគាទិក្កិលេស ដ៏ស្រាលស្តើង ក្នុងភ្នែក គឺបញ្ញា គង់មាន ព្រោះហេតុតែមិនបាន​ស្តាប់ធម៌ មុខជា​នឹង​សាបសូន្យមិនខាន ពួកសត្វដែលយល់ធម៌ ក៏គង់មានដែរ។ ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះរួចហើយ ក៏ពោលពាក្យដទៃ តទៅទៀតថា

ពីមុនរៀងមក ធម៌ដែលពួកជន អ្នកប្រកបដោយមន្ទិលបាន គិត​ហើយ ជាធម៌មិនបរិសុទ្ធ ក៏កើតប្រាកដហើយក្នុងដែន
មគធៈ សូមព្រះអង្គបើកទ្វារនៃព្រះនិព្វាននុ៎ះ ពួកសត្វប្រុងចាំ
ស្តាប់ធម៌ដែលព្រះអង្គជាអ្នកប្រាសចាកមន្ទិល ទ្រង់ត្រាស់
ដឹងតាម (លំអានព្រះពុទ្ធអំពីបុរាណ) ដូចជាបុរសឈរ
លើកំពូលភ្នំថ្មសុទ្ធ ក្រឡេកមើលឃើញប្រជុំជន ដោយ
ជុំវិញខ្លួន យ៉ាងណាមិញ បពិត្រព្រះអង្គអ្នកមានបញ្ញាល្អh\ មានបញ្ញាចក្ខុជុំវិញ ព្រះអង្គជាអ្នកមានសេចក្តីសោកសៅទៅ
ប្រាសហើយ ស្តេចឡើងកាន់ប្រាសាទ គឺធម៌ដែលមានឧបមា
យ៉ាងនោះ ពិចារណាមើល នូវប្រជុំជន អ្នកច្រឡំដោយ
សេចក្តីសោក ដែលជាតិជរា កំពុងគ្របសង្កត់ បពិត្រព្រះអង្គ
អ្នកមានព្យាយាម អ្នកឈ្នះនូវសង្គ្រាម ហើយជានាយកនៃh
ពួកសត្វ អ្នកមិនជំពាក់បំណុលគឺកាម សូមព្រះអង្គក្រោក
ឡើង សូមស្តេចទៅក្នុងលោក សូមព្រះមានព្រះភាគទ្រង់
សំដែងធម៌ ដ្បិត ពួកសត្វ អ្នកបំរុងនឹងត្រាស់ដឹងធម៌
ក៏គង់មានដែរ។

[៦១] ម្នាលភិក្ខុទាំងឡាយ គ្រានោះ តថាគតដឹងច្បាស់ នូវសេចក្តី​អារាធនា របស់សហម្បតិព្រហ្មផង អាស្រ័យសេចក្តីករុណា ចំពោះពួកសត្វផង ទើបប្រមើលមើលសត្វលោក ដោយពុទ្ធចក្ខុ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគត កំពុតប្រមើលមើល​សត្វលោក ដោយពុទ្ធចក្ខុ ក៏បានឃើញ នូវពួកសត្វ ដែលមានធូលីតិច​ក្នុងភ្នែក (ខ្លះ) មានធូលីច្រើន ក្នុងភ្នែក (ខ្លះ) មានឥន្ទ្រិយក្លៀវក្លា (ខ្លះ) មានឥន្ទ្រិយទន់ (ខ្លះ) មានអាការល្អ (ខ្លះ) មានអាការអាក្រក់​ (ខ្លះ) ជាសត្វដែលតថាគត គួរឲ្យត្រាស់ដឹងបាន ដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹងបាន ដោយកម្រ (ខ្លះ) ជាអ្នកឃើញ​នូវទោស និងភ័យក្នុងលោកខាងមុខខ្លះ។ ដូចជាផ្កាជលជាតិពួកខ្លះ គឺព្រលិតក្តី ផ្កាឈូក​ក្រហម​ក្តី ផ្កាឈូកសក្តី ក្នុងគុម្ពព្រលិតក្តី ក្នុងគុម្ពឈូកក្រហមក្តី ក្នុងគុម្ពឈូកសក្តី ដុះក្នុង​ទឹក ចម្រើនឡើងក្នុងទឹក លូតឡើងតាមទឹក លិចនៅក្នុងទឹក ដែលទឹកកំពុង​ចិញ្ចឹមនៅ​ឡើយ មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ដុះក្នុងទឹក ចម្រើនឡើងក្នុងទឹក លូតឡើងតាមទឹក ឋិតនៅត្រឹមស្មើនឹងទឹក មានផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ដុះក្នុងទឹក ចម្រើនឡើងក្នុងទឹក ដុះខ្ពស់​ឡើង​ជាងទឹក មិនជាប់ដោយទឹក មានឧបមា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ប្រមើលមើលសត្វលោកដោយពុទ្ធចក្ខុ ក៏បានឃើញនូវពួកសត្វ ដែលមាន​ធូលីតិចក្នុងភ្នែក (ខ្លះ) មានធូលីច្រើនក្នុងភ្នែក (ខ្លះ) មានឥន្ទ្រិយក្លៀវក្លា (ខ្លះ) មានឥន្ទ្រិយ​ទន់ (ខ្លះ) មានអាការល្អ (ខ្លះ) មានអាការអាក្រក់​ (ខ្លះ) ជាសត្វដែលតថាគត គួរឲ្យត្រាស់ដឹងបាន ដោយងាយ (ខ្លះ) ឲ្យត្រាស់ដឹងបាន ដោយកម្រ (ខ្លះ) ជាអ្នកឃើញ​នូវ​ទោស និងភ័យក្នុងលោកខាងមុខខ្លះ មានឧបមេយ្យ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ តថាគត បានពោលតប នឹងសហម្បតិព្រហ្ម ដោយគាថា ថា

ទ្វារនៃព្រះនិព្វានទាំងនោះ តថាគត បានបើកហើយ ពួកសត្វ
ណា មានសោតប្រសាទ ពួកសត្វទាំងនោះ ចូរបញ្ចេញ
សទ្ធា​ចុះ ម្នាលព្រហ្ម តថាគតមានសេចក្តីសំគាល់ ក្នុង
ការនាំឲ្យលំបាកកាយ និងវាចា បានជាមិនសំដែងធម៌ដ៏ឧត្តម
ដែលតថាគត ស្ទាត់ហើយ ក្នុងពួកមនុស្សទាំងឡាយ។

ម្នាលភិក្ខុទាំងឡាយ គ្រានោះ សហម្បតិព្រហ្ម គិតថា ខ្លូនអញ ជាបុគ្គល ដែលព្រះមាន​ព្រះភាគ ទ្រង់ទទួលព្រមនឹងសំដែងធម៌ហើយ (លុះគិតដូច្នេះហើយ) ក៏ ថ្វាយបង្គំលាតថាគត ធ្វើប្រទក្សិណ បាត់អំពីទីនោះទៅ។

[៦២] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ គួរសំដែងធម៌ ដល់អ្នកណាជាមុនហ្ន៎ អ្នកណា នឹងត្រាស់ដឹងធម៌នេះ ឆាប់រហ័យបានហ្ន៎។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះទៀតថា អាឡារតាបសកាលាមគោត្រនេះ ជាបណ្ឌិត ជាអ្នកឈ្លាសវៃ មានប្រាជ្ញា មានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែកស្រាប់មកយូរហើយ បើដូច្នោះ គួរតថាគត សំដែងធម៌ប្រោសអាឡារតាបសកាលាមគោត្រ ជាមុនចុះ តាបសនោះ នឹង​ត្រាស់​ដឹងធម៌នេះ ឆាប់រហ័យបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មានទេវតាអង្គមួយ ចូលមករកតថាគត ហើយនិយាយ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន អាឡារតាបស​កាលាមគោត្រ ធ្វើកាលកិរិយា៧ថ្ងៃហើយ។ ចំណែកខាងញាណទស្សនៈ របស់តថាគត ក៏កើតឡើងថា អាឡារតាបសកាលាមគោត្រ ធ្វើកាលកិរិយា៧ថ្ងៃហើយមែន។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាឡារតាបសកាលាមគោត្រ​នេះ ជាបុគ្គលមានសេចក្តីវិនាសធំ ព្រោះថា បើគាត់បានស្តាប់ធម៌នេះ សមជាត្រាស់ដឹង​មួយរំពេច​បាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ នឹងសំដែងធម៌ ដល់អ្នកណាជាមុនអេះ អ្នកណានឹងត្រាស់ដឹងធម៌នេះ ឆាប់រហ័យបានអេះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះទៀតថា ឧទ្ទកតាបសរាមបុត្រនេះឯង ជាបណ្ឌិត ជាអ្នកឈ្លាសវៃ មានប្រាជ្ញា មានធូលីតិច ក្នុងភ្នែកស្រាប់មកយូរហើយ បើដូច្នោះ គួរតថាគត សំដែងធម៌​ប្រោស​ឧទ្ទកតាបសរាមបុត្រជាមុនចុះ តាបសនោះ នឹងត្រាស់ដឹងធម៌នេះ ឆាប់រហ័យបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ មានទេវតាអង្គមួយ ចូលមករកតថាគត ហើយនិយាយ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ឧទ្ទកតាបសរាមបុត្រ ធ្វើកាលកិរិយា អំពីពេល​ពាក់​កណ្តាល​អធ្រាត្រហើយ។ ឯញាណទស្សនៈ របស់តថាគត ក៏កើតឡើងថា ឧទ្ទកតាបសរាមបុត្រ ធ្វើកាលកិរិយា អំពីពេលពាក់កណ្តាលអធ្រាត្រទៅហើយមែន។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឧទ្ទកតាបសរាមបុត្រ​នេះ ជាបុគ្គលមានសេចក្តីវិនាសធំ ព្រោះថាបើគាត់បានស្តាប់ធម៌នេះ សមជាត្រាស់ដឹង​មួយរំពេច​បាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ គួរសំដែងធម៌ ប្រោសអ្នកណាជាមុនហ្ន៎ អ្នកណានឹងត្រាស់ដឹងធម៌នេះ ឆាប់​រហ័សបានហ្ន៎។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះទៀតថា បញ្ចវគ្គិយភិក្ខុទាំងឡាយ មានឧបការៈច្រើន ដល់តថាគត ព្រោះបានបម្រើតថាគត ដែលកំពុងបញ្ជូនចិត្តទៅកាន់ព្យាយាម បើដូច្នោះ គួរតថាគត សំដែងធម៌ ប្រោសបញ្ចវគ្គិយភិក្ខុជាមុនចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ បញ្ចវគ្គិយភិក្ខុទាំងឡាយ នៅឯណាហ្ន៎។ ម្នាលភិក្ខុទាំងឡាយ តថាគតបានឃើញពួកបញ្ចវគ្គិយភិក្ខុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ដោយទិព្វចក្ខុ ដ៏បរិសុទ្ធស្អាត កន្លងលើសចក្ខុរបស់មនុស្សសាម័ញ្ញ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគត សម្រេចឥរិយាបថ ក្នុងឧរុវេលាប្រទេស តាមសមគួរដល់​អធ្យាស្រ័យ ហើយចៀសចេញ ទៅកាន់ចារិកក្នុងក្រុងពារាណសី។

[៦៣] ម្នាលភិក្ខុទាំងឡាយ មានអាជីវកម្នាក់ឈ្មោះឧបកៈ បានឃើញតថាគត កំពុង​ដើរទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះគយាប្រទេស និងចន្លោះ នៃពោធិព្រឹក្ស លុះឃើញហើយ ក៏និយាយនឹងតថាគត យ៉ាងនេះថា ម្នាលអាវុសោ ឥន្ទ្រិយទាំងឡាយ របស់អ្នក ជ្រះថ្លាណាស់ ឆវីវ័ណ្ណ ក៏បរិសុទ្ធផូរផង់ ម្នាលអាវុសោ អ្នកបួសចំពោះគ្រូណា អ្នកណា ជាគ្រូរបស់អ្នក អ្នកពេញចិត្ត នឹងធម៌នោះ របស់គ្រូណា។ ម្នាលភិក្ខុទាំងឡាយ កាលបើ ឧបកាជីវក សួរយ៉ាងនេះហើយ តថាគត ក៏ឆ្លើយតប ដោយពាក្យជាគាថា ទៅរកឧបកាជីវកថា

តថាគត ជាអ្នកគ្របសង្កត់ នូវតេភូមិកធម៌ទាំងអស់ ត្រាស់ដឹង
នូវចតុព្ភូមិកធម៌ទាំងអស់ មិនប្រឡាក់ ដោយកិលេសក្នុង
តេភូមិកធម៌ទាំងអស់ បានលះចោល នូវតេភូមិកធម៌ទាំងអស់
ហើយ មានចិត្តផុតស្រឡះ ព្រោះអស់ទៅនៃតណ្ហាហើយ
ដឹងច្បាស់ចតុព្ភូមិកធម៌ ដោយខ្លួនឯង ចាំបាច់ចំពោះ
គ្រូ​ណា តថាគតមិនមានអាចារ្យទេ មិនមានបុគ្គលស្មើនឹង
តថាគតទេ ក្នុងលោកនេះ ព្រមទាំងទេវលោក ក៏មិនមាន
បុគ្គលប្រៀបផ្ទឹម នឹងតថាគតបានឡើយ ព្រោះថាតថាគត ជា
អរហន្តក្នុងលោក ជាសាស្តាខ្ពស់ផុត ជាអ្នកត្រាស់ដឹង
ដោយប្រពៃ ចំពោះខ្លួនឯង តថាគត មានសេចក្តីត្រជាក់ មាន
ភ្លើងកិលេសរលត់ហើយ ឥឡូវតថាគត ទៅកាន់ក្រុងនៃពួក
ជនអ្នកកាសី ដើម្បីនឹងសំដែងធម្មចក្ក (ដោយបំណងថា)
តថាគត នឹងទូងស្គរជ័យ នៃអមតនិព្វាន ចំពោះសត្វលោក
ដែលងងឹត គឺអវិជ្ជាកំពុងគ្របសង្កត់។

ឧបកាជីវក​តបថា ម្នាលអាវុសោ អ្នកប្តេជ្ញាខ្លួន យ៉ាងណា អ្នកគួរ (ដើម្បីបាននូវឈ្មោះ) ថា អនន្តជិនៈ (យ៉ាងនោះឯង)។ តថាគត ក៏ពោលគាថា ដូច្នេះទៀត

ជនទាំងឡាយណា បានដល់នូវធម៌ សម្រាប់ធ្វើអាសវៈឲ្យអស់ទៅ ជនទាំងឡាយ​នោះ ឈ្មោះថា ជិនៈ (អ្នកឈ្នះកិលេស) ប្រាកដដូចជាតថាគតដែរ តថាគត បានឈ្នះបាបធម៌ទាំងឡាយហើយ ម្នាលឧបកៈ ព្រោះហេតុនោះ ទើបតថាគត បានឈ្មោះថា ជិនៈ។

ម្នាលភិក្ខុទាំងឡាយ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧបកាជីវកនោះ ក៏និយាយថា ម្នាលអាវុសោ ពាក្យយ៉ាងហ្នឹងពិតមែនហើយ (ថាហើយ) ក៏ងក់ក្បាល កាន់យកផ្លូវខុសគ្នា គឺដើរបែកគ្នាចៀសចេញទៅ។

[៦៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគត ត្រាច់ទៅកាន់ទីចារិក តាមលំដាប់ ចូលទៅរកបញ្ចវគ្គិយភិក្ខុ ឯឥសិបតនមិគទាយវ័ន ទៀបក្រុងសាវត្ថីនោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួកបញ្ចវគ្គិយភិក្ខុ បានឃើញតថាគត ដើរមកអំពីចម្ងាយ លុះឃើញ​ហើយ ក៏ប្តេជ្ញា​គ្នា​ថា នេះហើយសមណគោតម ជាអ្នកល្មោភច្រើន ឃ្លាតចាកព្យាយាម វិល​ត្រឡប់មក ដើម្បី​ភាព​ជាអ្នកល្មោភច្រើន កំពុងតែដើរមក យើងទាំងអស់គ្នា មិនគួរថ្វាយបង្គំ មិនគួរ​ក្រោក​ទទួលលោកទេ មិនគួរទទួលបាត្រ និងចីវរ របស់លោកទេ ប៉ុន្តែពួកយើង​ គួរ​ក្រាល​អាសនៈបម្រុងទុក បើលោកនឹងចង់គង់ ក៏គង់ចុះ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ ចូលទៅ​ដោយ​ប្រការ​យ៉ាងណាៗ ពួកបញ្ចវគ្គិយភិក្ខុ ក៏មិនអាចនឹងឋិតនៅ ក្នុងពាក្យប្តេជ្ញារបស់ខ្លួន ដោយ​ប្រការយ៉ាងនោះៗបានឡើយ ខ្លះក៏ក្រោកទទួលតថាគត ហើយទទួលបាត្រចីវរ ខ្លះ​ក្រាល​អាសនៈ ខ្លះតំកល់ទឹក​សម្រាប់​លាងជើង ប៉ុន្តែហៅតថាគតចំឈ្មោះខ្លះ ដោយ​ពាក្យ​ថា អាវុសោខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត បានពោលពាក្យ​នេះ នឹងពួកបញ្ចវគ្គិយ​ភិក្ខុ​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំហៅតថាគតចំឈ្មោះ ទាំងកុំហៅ អាវុសោឡើយ ម្នាលភិក្ខុទាំងឡាយ តថាគត បានជាអរហន្ត សម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ ចូរប្រុង​សោតប្រសាទចុះ តថាគត នឹងប្រៀនប្រដៅ នូវអមតធម៌ ដែល​តថាគត​ ត្រាស់​ដឹងហើយ តថាគត នឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ដែលចេញចាកផ្ទះ ចូល​ទៅ​កាន់ផ្នួស​ដោយ​ប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា អ្នកទាំងឡាយ កាលបើ​បាន​ប្រតិបត្តិ គួរតាមពាក្យប្រដៅ របស់តថាគតហើយ ពុំយូឡើយ មុខជា​នឹងបាន​ធ្វើឲ្យ​ជាក់​ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌នោះ ជាទីបំផុត​នៃ​មគ្គ​ព្រហ្មចារិយៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤។ ម្នាលភិក្ខុទាំងឡាយ កាល​បើ​តថាគត បានពោលយ៉ាងនេះហើយ ពួកបញ្ចវគ្គិយភិក្ខុ បាននិយាយនឹងតថាគត យ៉ាងនេះ​ថា ម្នាលអាវុសោគោតម សូម្បីដោយសេចក្តីព្យាយាមនោះ ដោយសេចក្តី​ប្រតិបត្តិ​នោះ ដោយ​ទុក្ករកិរិយា (ដែលបានធ្វើរួចមកហើយ) នោះ ម្តេចគង់លោកមិនបាន​ត្រាស់ដឹងនូវ​គុណ​វិសេស គឺញាណទស្សនៈ ដ៏អាចធ្វើខ្លួនឲ្យជាអរិយ ក្រៃលែង​ជាង​មនុស្ស​ធម៌ ចំណង់​បើ​ឥឡូវនេះ លោកប្រតិបត្តិ ដើម្បីល្មោភច្រើន ឃ្លាតចាកព្យាយាម​ហើយ វិលត្រឡប់មក ដើម្បី​ល្មោភច្រើនហើយ នឹងត្រាស់ដឹង នូវគុណវិសេស គឺញាណ​ទស្សនៈ អាចធ្វើ​ខ្លួនឲ្យជា​អរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ ដូចម្តេចបាន។ ម្នាលភិក្ខុ​ទាំងឡាយ លុះពួក​បញ្ចវគ្គិយ​ភិក្ខុ និយាយយ៉ាងនេះហើយ ទើបតថាគត ពោលនឹង​ពួកបញ្ចវគ្គិយភិក្ខុ យ៉ាងនេះថា ម្នាល​ភិក្ខុទាំងឡាយ តថាគត មិនមែនប្រតិបត្តិ ដើម្បីល្មោភច្រើនទេ មិនឃ្លាត​ចាក​ព្យាយាម​ទេ មិនវិលត្រឡប់មក ដើម្បីល្មោភច្រើន​ ដូច្នោះទេ ម្នាលភិក្ខុទាំងឡាយ តថាគត ​បានឋានៈ​ជាអរហន្ត សម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងសោតប្រសាទចុះ តថាគត នឹងប្រៀនប្រដៅ នូវព្រះ​និព្វាន ដែលតថាគតត្រាស់ដឹងហើយ តថាគត នឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ហើយ​ចូល​ទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា អ្នកទាំងឡាយ កាល​បើ​បានប្រតិបត្តិ គួរដល់ពាក្យប្រដៅ របស់តថាគតហើយ ពុំយូរឡើយ មុខជានឹងធ្វើ​ឲ្យជាក់​ច្បាស់ ​​ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ចំពោះអនុត្តរធម៌​នោះ ជាទីបំផុតនៃមគ្គ ព្រហ្មចរិយៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ នៅតែនិយាយនឹង​តថាគត ជាគំរប់ពីរដងទៀត យ៉ាងនេះថា ម្នាល​អាវុសោ​គោតម សូម្បីដោយសេចក្តី​ព្យាយាមនោះ ដោយបដិបទានោះ ដោយទុក្ករកិរិយានោះ ម្តេច​គង់លោកមិនបាន​ត្រាស់ដឹង នូវគុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យ​ជា​អរិយៈ ដ៏ក្រៃលែងជាង​មនុស្សធម៌ ចំណង់បើឥឡូវនេះ លោកប្រតិបត្តិ​ ដើម្បី​ល្មោភ​ច្រើន​ហើយ ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់មក ដើម្បីល្មោភច្រើនហើយ នឹងបានត្រាស់​ដឹងគុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ ដូចម្តេច​បាន។ ម្នាលភិក្ខុទាំងឡាយ តថាគត បានពោលនឹងពួកបញ្ចវគ្គិយភិក្ខុ ជាគំរប់​ពីរ​ដងទៀត យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត​ មិនមែនប្រតិបត្តិ​ ដើម្បី​ល្មោភ​ច្រើន​ទេ។បេ។ នឹងសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ពួក​បញ្ចវគ្គិយភិក្ខុ បាននិយាយនឹងតថាគត ជាគំរប់បីដងទៀត ​យ៉ាងនេះថា ម្នាល​អាវុសោ​គោតម សូម្បីដោយព្យាយាមនោះ ដោយបដិបទានោះ ដោយ​ទុក្ករកិរិយានោះ ម្តេច​លោក​មិនបាន​ត្រាស់ដឹង នូវគុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជា​អរិយៈ ដ៏ក្រៃលែង​ជាង​មនុស្សធម៌ ចំណង់បើឥឡូវនេះ លោកប្រតិបត្តិ ដើម្បីល្មោភច្រើនហើយ ឃ្លាតចាក​ព្យាយាម​ហើយ វិលត្រឡប់មក ដើម្បីល្មោភច្រើនហើយ នឹងបានត្រាស់ដឹង នូវគុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួន ឲ្យជាអរិយៈ ដ៏ក្រៃលែងជាមនុស្សធម៌​ដូចម្តេចបាន ម្នាលភិក្ខុទាំងឡាយ កាលបើពួកបញ្ចវគ្គិយភិក្ខុ និយាយយ៉ាងនេះហើយ តថាគតបានពោល​នឹងពួកបញ្ចវគ្គិយភិក្ខុ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយធ្លាប់ឮពាក្យនេះ​ ដែលតថាគត​និយាយ​​យ៉ាងនេះ ក្នុងកាលមុន អំពីកាលឥឡូវនេះដែរឬទេ។ ពួកបញ្ចវគ្គិយភិក្ខុតបថា បពិត្រ​ព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គមិនធ្លាប់ឮពាក្យនុ៎ះទេ។ តថាគតក៏និយាយថែម​ទៀត​ថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែនជា​អ្នកល្មោភច្រើនទេ ​មិនឃ្លាត​ចាក​ព្យាយាម​ទេ មិនវិលត្រឡប់មក ដើម្បីល្មោភច្រើននទេ ម្នាលភិក្ខុទាំងឡាយ តថាគត​ ជា​អរហន្ត​សម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងសោតប្រសាទចុះ តថាគត​នឹងប្រៀនប្រដៅ នូវព្រះនិព្វាន ដែលតថាគតបានត្រាស់ដឹងហើយ ឥឡូវ ​តថាគត​នឹង​សំដែង​ធម៌ ក៏កុលបុត្រទាំងឡាយចេញចាកផ្ទះ ហើយចូលមកកាន់​ផ្នួស ដោយ​ប្រពៃ ​ដើម្បី​ប្រយោជន៍ ដល់អនុត្តរធម៌ណា កាលបើអ្នកទាំងឡាយ ប្រតិបត្តិ​គួរតាមពាក្យ្រដៅ​របស់​តថាគត​ហើយ ពុំយូរឡើយ មុខជានឹងធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុង​បច្ចុប្បន្ន​នេះ ចំពោះអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គ ព្រហ្មចរិយៈ នឹងសម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត នៅតែមិនអាចឲ្យពួកបញ្ចវគ្គិយភិក្ខុ យល់​ច្បាស់​បាន។ ម្នាលភិក្ខុទាំងឡាយ តថាគតទូន្មានភិក្ខុ២រូប ភិក្ខុ៣រូប ត្រាច់ទៅបិណ្ឌិបាត ឯ​ភិក្ខុ​៣រូប ដែលត្រាច់ទៅបិណ្ឌបាត នាំចង្ហាន់បិណ្ឌិបាតណាមក យើងទាំង៦នាក់ ចិញ្ចឹម​ជីវិត ដោយសារចង្ហាន់បិណ្ឌិបាតនោះ។ តថាគតទូន្មានភិក្ខុ៣រូប ឯភិក្ខុ២រូប ក៏ត្រាច់ទៅ​បិណ្ឌិបាត ភិក្ខុ២រូបដែលត្រាច់ទៅបិណ្ឌិបាត នាំយកចង្ហាន់បិណ្ឌិបាតណាមក យើង​ទាំង​៦នាក់ ក៏ចិញ្ចឹមជីវិត ដោយសារចង្ហាន់បិណ្ឌបាតនោះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ពួកបញ្ចវគ្គិយភិក្ខុ កាលដែលតថាគតទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ខ្លួនឯងមាន​​ជាតិ​ជាធម្មតា ដឹងច្បាស់នូវទោស ក្នុងជាតិធម៌ ហើយស្វែងរកព្រះនិព្វាន ដែលមិន​មានជាតិ​ធម៌ ជាគុណជាតដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ហើយក៏បានដល់នូវ​ព្រះ​និព្វាន ដែលមិនមានជាតិធម៌ ជាធម៌ដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ខ្លួនឯងមាន​ជរាជា​ធម្មតា ដឹងច្បាស់នូវទោសក្នុងជរាធម៌ ហើយស្វែងរកព្រះនិព្វាន ដែលមិនមាន​ជរាធម៌ ជាធម៌ដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ហើយក៏បានដល់នូវព្រះនិព្វាន ដែល​មិន​មាន​ជរាធម៌ ជាធម៌ដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ខ្លួនឯងមានព្យាធិជាធម្មតា។បេ។ ខ្លួនឯង​មានមរណៈជាធម្មតា… ខ្លួនឯងមានសោកជាធម្មតា… ខ្លួនឯងមានសេចក្តី​សៅហ្មង​ជាធម្មតា ដឹងច្បាស់នូវទោស ក្នុងសង្កិលេសធម៌ហើយ ស្វែងរកនូវព្រះនិព្វាន ដែល​មិនមានសង្កិលេសធម៌ ជាធម៌ដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ហើយក៏បានដល់នូវ​ព្រះនិព្វាន ដែលមិនមានសង្កិលេសធម៌ ជាធម៌ដ៏ប្រសើរ ជាទីក្សេមចាកយោគៈ។ ទាំង​ញាណ​ទស្សនៈ ​ក៏កើតឡើង ដល់បញ្ចវគ្គិយភិក្ខុទាំងឡាយនោះថា វិមុត្តិរបស់យើង​មិនបានរំភើប (ដោយកិលេស) ទេ នេះជាជាតិជាទីបំផុត ឥឡូវ ភពថ្មីទៀត ក៏មិនមានឡើយ

[៦៥] ម្នាលភិក្ខុទាំងឡាយ កាមគុណនេះមាន៥ប្រការ កាមគុណ៥​ប្រការ តើដូច​ម្តេច គឺរូបទាំងឡាយ ដែលគប្បីដឹងបាន ដោយចក្ខុជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់​ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាមគួររីករាយ១ សំឡេងដែល​គប្បីដឹងបាន ដោយ​សោតៈ។បេ។ ក្លិនដែលគប្បីដឹងបាន ដោយឃានៈ…រសដែលគប្បីដឹងបាន ដោយជីវ្ហា… ផ្សព្វទាំងឡាយ ដែលគប្បីដឹងបាន ដោយកាយ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល១ ម្នាលភិក្ខុទាំងឡាយ នេះ​ឯង​កាមគុណមាន៥។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកមាន​ចិត្ត​ងោក​ជ្រប់ លង់ស៊ប់ ជាអ្នកមិនឃើញទោស មិនមានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួនចេញ (បច្ចវេក្ខណញ្ញាណ) តែងបរិភោគកាមគុណ​ទាំង៥នេះ សមណព្រាហ្មណ៍ទាំងនោះ បណ្ឌិត​ គប្បីជ្រាបយ៉ាងនេះថា ជាអ្នកដល់នូវ​សេចក្តី​មិនចម្រើន ដល់នូវសេចក្តីវិនាស ជា​អ្នក​ត្រូវមារមានចិត្តបាប នឹងធ្វើទៅតាមសេចក្តីប្រាថ្នាបាន។

[៦៦] ម្នាលភិក្ខុទាំងឡាយ ដូចជាម្រឹគនៅក្នុងព្រៃ ដែលជាប់ (អន្ទាក់) ហើយ គប្បី​ដេក​សង្កត់គំនរអន្ទាក់ ម្រឹគនោះ បណ្ឌិតគប្បីជ្រាប យ៉ាងនេះថា ជាសត្វដល់នូវសេចក្តី​មិន​ចម្រើន ដល់នូវសេចក្តីវិនាស ជាសត្វដែលព្រាន នឹងធ្វើទៅតាមសេចក្តីប្រាថ្នាបាន កាល​បើ​ព្រានដើរមកដល់ ម្រឹគនោះ នឹងស្ទុះចេញទៅ តាមបំណងពុំបានឡើយ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចពួកសមណៈ ឬ​ព្រាហ្មណ៍ណាមួយ ជាអ្នកមានចិត្តងោកជ្រប់ លង់ស៊ប់ ជាអ្នកមិន​ឃើញ​ទោស មិនមាន​ប្រាជ្ញា​ ជាគ្រឿងរលាស់ខ្លួនចេញ បរិភោគនូវកាមគុណ​ទាំង៥​នេះឯង ពួក​សមណ​ព្រាហ្មណ៍​ទាំងនោះ បណ្ឌិត គប្បីជ្រាបយ៉ាងនេះថា ជាអ្នកដល់នូវ​សេចក្តីមិន​ចម្រើន ដល់នូវ​សេចក្តីវិនាស ជាអ្នកត្រូវមារមានចិត្តបាប នឹងធ្វើទៅតាម​សេចក្តី​ប្រាថ្នាបាន។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ណាមួយ ជាអ្នកមាន​ចិត្តមិនងោក មិនជ្រប់ មិន​លង់ស៊ប់ ជាអ្នកឃើញទោស មានប្រាជ្ញាជាគ្រឿង​រលាស់ខ្លួន​ចេញ តែនៅបរិភោគ​កាមគុណ​ទាំង៥នេះ សមណព្រាហ្មណ៍ទាំងនោះ បណ្ឌិត គប្បីជ្រាប​យ៉ាងនេះថា ជា​អ្នក​មិន​ដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស ជាអ្នកមិនត្រូវមារមាន​ចិត្តបាប ​ធ្វើ​ទៅ​តាម​សេចក្តីប្រាថ្នាបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាម្រឹគ ដែលនៅក្នុងព្រៃ មិន​ជាប់ (អន្ទាក់) តែដេកសង្កត់លើគំនរអន្ទាក់ ម្រឹគនោះ បណ្ឌិត គប្បីជ្រាបយ៉ាងនេះថា ជា​សត្វ​មិនដល់នូវសេចក្តីមិនចម្រើន មិនដល់នូវសេចក្តីវិនាស ជាសត្វមិនត្រូវព្រាន​ ធ្វើតាម​សេចក្តី​ប្រាថ្នាបាន ទុកជាព្រានដើរមកដល់ ម្រឹគនោះ នឹងស្ទុះទៅតាមសេចក្តី​ប្រាថ្នា​ខ្លួន​បាន សេចក្តីនេះ មានឧបមា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ​ដូចពួក​សមណ​ព្រាហ្មណ៍ណាមួយ ជាអ្នកមានចិត្តមិនងោក មិនជ្រប់ មិនលង់ស៊ប់ ជាអ្នកឃើញ​ទោស មានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួនចេញ តែនៅបរិភោគកាមគុណ​ទាំង៥នេះ​នៅ​ឡើយ សមណព្រាហ្មណ៍ទាំងនោះ បណ្ឌិត គប្បីជ្រាបយ៉ាងនេះថា ជាអ្នកមិនដល់​នូវ​សេចក្តី​មិនចម្រើន មិនដល់នូវសេចក្តីវិនាស ជាអ្នកមិនត្រូវមារមាន​ចិត្តបាប ធ្វើ​ទៅតាម​សេចក្តី​ប្រាថ្នាបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ម្រឹគ ដែលនៅក្នុងព្រៃ ត្រាច់រង្គត់​ទៅ ក្នុង​ព្រៃតូច ព្រៃធំ តែងដើរទៅឥតរង្គៀស ឈរក៏ឥតរង្គៀស អង្គុយក៏ឥតរង្គៀស សម្រេច​ការដេក​ក៏ឥតរង្គៀស ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​ម្រឹគ​នោះ​ មិន​បាន​ប្រទះភ្នែកព្រាន សេចក្តីនេះមានឧបមាយ៉ាងណាមិញ ភិក្ខុស្ងប់ស្ងាត់ចាកកាម​ទាំង​ឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ចូលកាន់​បឋមជ្ឈាន ដែលប្រកប​ដោយ​វិតក្កៈ វិចារៈ មានបីតិ សុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគត​ ហៅថា បានធ្វើមារឲ្យខ្វាក់ បំបិទភ្នែកមារ មិនឲ្យឃើញ​ស្នាមជើង​ ទៅកាន់ទីដែល​មារ​មានចិត្តបាបមើលមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ វិចារៈ រួចហើយ ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ ក្នុងសន្តាន មានភាវៈ នៃចិត្តដ៏ប្រសើរ ឥតមានវិតក្កៈ និងវិចារៈឡើយ មានតែបីតិ និងសុខៈ ដែលកើត​អំពីសមាធិ… ចូល​កាន់​តតិយជ្ឈាន… ចតុត្ថជ្ឈាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យខ្វាក់ បំបិទភ្នែកមារ មិនឲ្យឃើញស្នាមជើង ទៅកាន់​ទីដែល​មារមានចិត្តបាប​មើលមិនឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះកន្លង នូវពួក​រូបសញ្ញា ព្រោះវិនាសទៅ ​នៃពួក​បដិឃសញ្ញា ព្រោះមិនធ្វើទុក ក្នុងចិត្តនូវពួក​នានត្តសញ្ញា ដោយប្រការទាំងពួង ក៏ចូល​កាន់​អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្ម​ថា អាកាស មិនមានទីបំផុតដូច្នេះ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើ​មារ​ឲ្យខ្វាក់ បំបិទភ្នែកមារ​ មិនឲ្យឃើញ​ស្នាម​ជើង ទៅកាន់ទីដែលមារមានចិត្តបាប​មើលមិន​ឃើញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុកន្លងបង់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួងហើយ ចូលកាន់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុកន្លង​បង់​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិច​តួចមិនមាន។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុកន្លងបង់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុកន្លងបង់ នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំង​ពួង ហើយចូលកាន់​សញ្ញាវេទយិតនិរោធ។ អាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់រលីង​ទៅ ព្រោះឃើញច្បាស់ (នូវអរិយសច្ចធម៌) ដោយវិបស្សនាបញ្ញា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានធ្វើមារឲ្យខ្វាក់ បំបិទភ្នែកមារ មិនឲ្យឃើញស្នាមជើង ទៅ​កាន់​ទីដែលមារមានចិត្តបាប មើលមិនឃើញ។ ភិក្ខុនោះ ឆ្លងនូវតណ្ហា ដែលមានអារម្មណ៍ផ្សាយទៅ ក្នុងលោកនេះបានហើយ ជាអ្នកដើរទៅឥតរង្គៀស ឈរក៏ឥតរង្គៀស អង្គុយក៏​ឥត​រង្គៀស សម្រេចនូវការដេកក៏ឥតរង្គៀស ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះ​ថា) ភិក្ខុនោះ មិនបានមកកាន់រង្វង់ចក្ខុ របស់មារមានចិត្តបាបទៀតឡើយ។ លុះ​ព្រះ​មានព្រះភាគ បានត្រាស់ព្រះសូត្រនេះ​ចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីក​រាយហើយ ចំពោះ ភាសិតរបស់​ព្រះមានព្រះភាគ។

ចប់ បាសរាសិសូត្រទី៦។

ចូឡហត្ថិបទោបមសូត្រ ទី៧

(៧. ចូឡហត្ថិបទោបមសុត្តំ)

[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ ក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ មាន​ព្រាហ្មណ៍​ម្នាក់ ឈ្មោះ ជាណុស្សោណិ ទឹមរថដោយសេះសសុទ្ធ បរចេញអំពីក្រុងសាវត្ថី ទាំងកំពុងថ្ងៃត្រង់។ ជាណុស្សោណិព្រាហ្មណ៍ បានឃើញ បិលោតិកបរិព្វាជក (បរិព្វាជក​អ្នក​ស្លៀកសំពត់ចាស់) កំពុងដើរមកអំពីចម្ងាយ លុះឃើញជាក់ហើយ ទើបសួរ​បិលោតិកបរិព្វាជក ដូច្នេះថា លោកវច្ឆាយនៈដ៏ចម្រើន មកអំពីទីណា ទាំង​កំពុង​ថ្ងៃត្រង់នោះ។ បិលោតិកបរិព្វាជក ឆ្លើយថា ម្នាលអ្នកដ៏ចម្រើន អាត្មាមកអំពីសំណាក់​ព្រះសមណគោតម​នេះទេតើ។ លោកដ៏ចម្រើនដឹងថា ព្រះសមណគោតម មានប្រាជ្ញា និងសេចក្តីវាងវៃ ល្មមឲ្យហៅថាជាបណ្ឌិតបានឬទេ។ ម្នាលអ្នកដ៏ចម្រើន អាត្មាឯណា នឹងដឹងនូវបញ្ញា និងសេចក្តីវាងវៃ របស់ព្រះសមណគោតមបាន បើបុគ្គលណា​ដឹងនូវ​បញ្ញា និងសេចក្តីវាងវៃ របស់ព្រះសមណគោតមបានហើយ បុគ្គលនោះឯង នឹង​ប្រាកដ​​ដូចជា​ព្រះសមណគោតមនោះដែរ។ ម្តេចក៏វច្ឆាយនៈ​ដ៏ចម្រើន ពោល​សរសើរ​ព្រះសមណ​គោតម ដោយពាក្យសរសើរដ៏ខ្ពង់ខ្ពស់ដល់ម៉្លេះ។ ម្នាលអ្នកដ៏ចម្រើន អាត្មា​ខាន​សរសើរព្រះសមណគោតម ដូចម្តេចបាន (ដ្បិត) ព្រះសមណគោតមដ៏ចម្រើននោះ ប្រសើរជាងអ្នកដែលប្រសើរ គឺប្រសើរជាងទេវតា និងមនុស្សទាំងឡាយ។ លោកវច្ឆាយនៈ ដ៏ចម្រើន ឃើញនូវអានិសង្ស នៃប្រយោជន៍ ដូចម្តេច បានជាជ្រះថ្លា ក្នុងព្រះសមណ​គោតម​យ៉ាងនេះ។

[៦៨] បិលោតិកបរិព្វាជក ឆ្លើយថា ម្នាលអ្នកដ៏ចម្រើន អាត្មាខានជ្រះថ្លាយ៉ាងនេះ ក្នុងព្រះសមណគោតម ដូចម្តេចបាន ម្នាលអ្នកដ៏ចម្រើន ដូចជាព្រានដំរីដ៏ឈ្លាស ចូលទៅ​កាន់​ព្រៃដំរី ព្រានដំរីនោះ បានឃើញស្នាមជើងដំរីដ៏ធំ ក្នុងព្រៃដំរី ខាងបណ្តោយក៏វែង ខាងទទឹងក៏ធំ។ ព្រានដំរីនោះ ចូលចិត្ត ដូច្នេះថា ឱហ្ន៎ ដំរីធំមែន សេចក្តីនេះ យ៉ាងណា ឯអាត្មា បានឃើញស្នាមព្រះបាទ គឺញាណទាំង៤ប្រការ របស់ព្រះសមណគោតម ក្នុងវេលា​ណាហើយ អាត្មាក៏ចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធពិត ព្រះធម៌ ព្រះមានព្រះភាគ ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោក​ប្រតិបត្តិ​ប្រពៃហើយ ក៏យ៉ាងនោះដែរ។ ស្នាមព្រះបាទ គឺញាណទាំង៤ប្រការ តើដូចម្តេចខ្លះ។ ម្នាលអ្នកដ៏ចម្រើន អាត្មាបានឃើញខត្តិយបណ្ឌិតពួកខ្លះ ក្នុងលោកនេះ មានបញ្ញាល្អិត ញាំញីនូវវាទៈ របស់បុគ្គលដទៃបាន ប្រាកដដូចជាខ្មាន់ធ្នូ បាញ់នូវសរសៃ​សក់ ខត្តិយបណ្ឌិតទាំងនោះ ហាក់ដូចជាត្រាច់ទៅទំលាយ នូវទិដ្ឋិរបស់បុគ្គលដទៃ ដោយ​ប្រាជ្ញា (របស់ខ្លួន) ខត្តិយបណ្ឌិតទាំងនោះ ឮដំណឹងដូច្នេះថា ព្រះសមណគោតម​ដ៏ចម្រើន ទ្រង់ពុទ្ធដំណើរមកដល់ស្រុក ឬនិគមឯណោះ។ ខត្តិយបណ្ឌិតទាំងនោះ ចងប្រស្នា​ ដោយគិតថា ពួកយើងនឹងចូលទៅគាល់ព្រះសមណគោតម ហើយក្រាប​បង្គំទូល​សួរប្រស្នាយ៉ាងនេះ បើយើង​ក្រាបបង្គំទូលប្រស្នាយ៉ាងនេះហើយ ព្រះអង្គមុខ​ជានឹង​ព្យាករយ៉ាងនេះ ពួកយើងនឹងលើកទោសព្រះសមណគោតមនោះ យ៉ាងនេះ បើ​យើងបានក្រាបបង្គំទូលសួរប្រស្នាយ៉ាងនេះហើយ ព្រះអង្គមុខជានឹងព្យាករយ៉ាងនេះ ពួក​យើងនឹងលើកទោសព្រះសមណគោតមនោះ យ៉ាងនេះវិញ។ ខត្តិយបណ្ឌិតទាំងនោះ ឮដំណឹង ដូច្នេះថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់ពុទ្ធដំណើរមកដល់ស្រុក ឬនិគម​ឯណោះ។ ទើបខត្តិយបណ្ឌិតទាំងនោះ ចូលទៅគាល់ព្រះសមណគោតម។ ព្រះសមណ​គោតម ទ្រង់ញ៉ាំងខត្តិយបណ្ឌិតទាំងនោះឲ្យយល់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ដោយ​ធម្មីកថា ពួកខត្តិយបណ្ឌិតនោះ ដែលព្រះសមណគោតម ទ្រង់ឲ្យយល់ ឲ្យកាន់​យក ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏មិនអាចទូលសួរ​ប្រស្នា នឹង​ព្រះសមណគោតមបានឡើយ នឹងលើកទោសព្រះសមណគោតម ដូចម្តេចបាន តាមពិត នឹងសម្រេចទៅជាសាវ័ក របស់ព្រះសមណគោតមវិញ។ ម្នាលអ្នកដ៏ចម្រើន ក្នុងកាល​ដែល​ខ្ញុំ​បានឃើញ នូវស្នាមព្រះបាទទី១នេះ របស់ព្រះសមណគោតមហើយ ខ្ញុំក៏ចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធពិត ព្រះធម៌ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ​ប្រពៃ​ហើយ។ ម្នាលអ្នកដ៏ចម្រើន មួយទៀត ខ្ញុំបានឃើញព្រាហ្មណបណ្ឌិតពួកខ្លះ ក្នុង​លោកនេះ។បេ។ គហបតិបណ្ឌិត។បេ។ សមណបណ្ឌិត ដែលមានបញ្ញាល្អិត ញាំញី​នូវវាទៈ នៃបុគ្គលដទៃបាន ប្រាកដដូចជាខ្មាន់ធ្នូ បាញ់នូវសរសៃសក់ សមណបណ្ឌិត​ទាំងអម្បាលនោះ ហាក់ដូចជាត្រាស់ទៅទំលាយ នូវទិដ្ឋិ (បុគ្គលដទៃ) ដោយបញ្ញា សមណបណ្ឌិតទាំងអម្បាលនោះ បានឮដំណឹងដូច្នេះថា ព្រះសមណគោតមដ៏ចម្រើន ទ្រង់ពុទ្ធដំណើរមកដល់ស្រុក ឬនិគមឯណោះ។ សមណបណ្ឌិត ទាំងអម្បាលនោះ ចងប្រស្នា​ ដោយគិតថា ពួកយើងនឹងចូលទៅគាល់ព្រះសមណគោតម ហើយទូលសួរ​ប្រស្នានេះ បើយើងសួរប្រស្នាយ៉ាងនេះហើយ ព្រះអង្គមុខជានឹងព្យាករយ៉ាងនេះ ពួក​យើង​នឹងលើកទោសព្រះសមណគោតមនោះ យ៉ាងនេះ បើយើងទូលសួរប្រស្នាយ៉ាងនេះ​ហើយ ព្រះអង្គមុខជានឹងព្យាករយ៉ាងនេះ ពួកយើងនឹងលើកទោសព្រះសមណគោតម យ៉ាងនេះ។ សមណបណ្ឌិតទាំងអម្បាលនោះ បានឮដំណឹង ដូច្នេះថា ព្រះសមណ​គោតម​ដ៏ចម្រើន ទ្រង់ពុទ្ធដំណើរមកដល់ស្រុក ឬនិគមឯណោះ សមណបណ្ឌិតទាំង​នោះ ក៏ចូលទៅគាល់ព្រះសមណគោតម។ ព្រះសមណគោតម ទ្រង់ញ៉ាំងសមណ​បណ្ឌិត​ទាំងនោះ ឲ្យយល់ឃើញ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថា ពួក​សមណបណ្ឌិតនោះ ដែលព្រះសមណគោតម ទ្រង់ឲ្យយល់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏មិនអាចនឹងទូលសួរប្រស្នា នឹងព្រះសមណគោតម​បានឡើយ នឹងលើកទោសព្រះសមណគោតម ដូចម្តេចបាន ទើបនាំគ្នាសូមឱកាស ចំពោះ​ព្រះសមណគោតម ដើម្បីនឹងចេញអំពីផ្ទះ ចូលទៅកាន់ផ្នួសវិញ ដោយពិត។ ព្រះសមណគោតម ទ្រង់បំបួសសមណបណ្ឌិតទាំងនោះ សមណបណ្ឌិតទាំងនោះ លុះ​បួស​ក្នុងសំណាក់ព្រះសមណគោតមនោះហើយ ក៏ចេញចាកពួកគណៈ មិនមានសេចក្តី​ធ្វេស​ប្រហែស មានសេចក្តីព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅ ក្នុង​កម្មដ្ឋាន កុលបុត្រទាំងឡាយដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានត្រាស់ដឹងនូវអនុត្តរធម៌នោះ មាន ព្រហ្មចរិយធម៌ជាទីំផុត​ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្ត ដោយ​ឥរិយាបថទាំង៤។ សមណបណ្ឌិតទាំងនោះ និយាយាសរសើរយ៉ាងនេះថា ឱហ្ន៎ ពួកយើងមិនបានវិនាសចាកប្រយោជន៍តិចតួចឡើយ ឱហ្ន៎ ពួកយើងមិនបាន​វិនាសចាកប្រយោជន៍តិចតួចឡើយ ដ្បិតក្នុងកាលមុន ពួកយើងមិនមែនជាសមណៈ តែប្តេជ្ញាខ្លួន ថាជាសមណៈ មិនមែនជាព្រាហ្មណ៍ ប្តេជ្ញាខ្លួនថាជាព្រាហ្មណ៍ មិនមែន​ជា​ព្រះអរហន្ត ប្តេជ្ញាខ្លួន ថាជាព្រះអរហន្ត ឥឡូវនេះ ពួកយើងបានជាសមណៈហើយ ឥឡូវនេះ ពួកយើងបានជាព្រាហ្មណ៍ហើយ ឥឡូវនេះ ពួកយើងបានជាអរហន្តហើយ។ ម្នាលអ្នកដ៏ចម្រើន ក្នុងកាលដែលអាត្មា បានឃើញនូវស្នាមព្រះបាទជាគំរប់៤នេះ របស់​ព្រះសមណគោតមហើយ អាត្មាក៏ចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌​ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។ ម្នាលអ្នកដ៏ចម្រើន ក្នុងកាលដែល​អាត្មា បានឃើញនូវស្នាមព្រះបាទទាំង៤ប្រការនេះ របស់ព្រះសមណគោតមហើយ អាត្មាក៏ចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិ​ប្រពៃ​ហើយ។

[៦៩] កាលបិលោតិកបរិព្វាជក ពោលយ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ ក៏ចុះអំពីរថ ដែលទឹមដោយសេះសសុទ្ធ ធ្វើសំពត់ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីឆ្ពោះទៅ ត្រង់ទីដែលព្រះមានព្រះភាគគង់នៅ បន្លឺឧទានវាចា អស់វារៈ៣ដងថា សូមនមស្ការ ចំពោះ​ព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ សូមនមស្ការ ចំពោះ​ព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ សូមនមស្ការ ចំពោះ​ព្រះមាន​ព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ធ្វើម្តេច យើងគប្បីទៅជួប ព្រះសមណ​គោតមបានម្តងហ្ន៎ ធ្វើម្តេច យើងគប្បីបាននិយាយឆ្លើយឆ្លងតិចតួចហ្ន៎។ លំដាប់​នោះ ជាណុស្សោណិព្រាហ្មណ៍ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឮកហើយ អង្គុយក្នុងទីសមគួរ។ លុះ​ជាណុស្សោណិព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ តាម​ពាក្យដែលខ្លួននិយាយឆ្លើយឆ្លង ជាមួយនឹងបិលោតិកបរិព្វាជកនោះ ដរាបដល់ចប់​សព្វគ្រប់។ កាលជាណុស្សោណិព្រាហ្មណ៍ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹងជាណុស្សោណិព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ ធម៌ដែលឧបមា ដូចស្នាមជើងដំរី មិនទាន់បរិបូណ៌ដោយពិស្តារត្រឹមតែប៉ុណ្ណេះទេ ម្នាលព្រាហ្មណ៍ ឯធម៌ដែលឧបមា ដូចស្នាមជើងដំរីបរិបូណ៌ដោយពិស្តារ យ៉ាងណាមិញ អ្នកចូរស្តាប់នូវសេចក្តីឧបមានោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ជាណុស្សោណិព្រាហ្មណ៍ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តា​ប្រោស យ៉ាងហ្នឹងហើយ។

[៧០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ ដូចជាព្រានដំរី​ ចូលទៅកាន់ព្រៃដំរី ព្រានដំរីនោះ បានឃើញស្នាមជើងដំរីដ៏ធំ ក្នុងព្រៃដំរី វែងដោយ​បណ្តោយ​ផង ធំដោយទទឹងផង ព្រានដំរី ដែលឈ្លាស ក៏មិនទាន់ចូលចិត្តថា ឱហ្ន៎ ដំរីធំមែន ដូច្នេះនៅឡើយ។ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថាក្នុងព្រៃដំរី រមែងមានមេដំរីទាំងឡាយ មានខ្លួនខ្លី តែមានស្នាមជើងធំ ស្នាមជើងនេះ ជាស្នាមជើង​មេដំរី​ទាំងនោះ។ ព្រានដំរីនោះ ក៏ទៅតាមស្នាមជើងនោះ លុះទៅតាមស្នាមជើង​នោះ​ហើយ ក៏ឃើញស្នាមជើងដំរីធំ ក្នុងព្រៃដំរី វែងដោយបណ្តោយផង ធំដោយទទឹងផង មានទីត្រដុសដ៏ខ្ពស់ផង ព្រានដំរីដែលឈ្លាសមិនទាន់ចូលចិត្តថា ឱហ្ន៎ ដំរីធំណាស់ ដូច្នេះនៅឡើយ។ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះថាក្នុងព្រៃដំរី រមែងមានមេដំរីទាំងឡាយ ឈ្មោះ ឧច្ចាកឡារិកា49) មានស្នាមជើងធំ ស្នាមជើងនេះ ជាស្នាម​ជើង​មេដំរីទាំងនោះ។ ព្រានដំរីនោះ ក៏ដើរទៅតាមស្នាមជើងនោះ លុះដើរ​ទៅតាមស្នាមជើង​នោះហើយ ក៏ឃើញស្នាមជើងដំរីធំ ក្នុងព្រៃដំរី វែងដោយបណ្តោយផង ធំដោយទទឹងផង មានទីត្រដុសដ៏ខ្ពស់ផង ទាំងទីដែលចាក់ដោយភ្លុកដ៏ខ្ពស់ផង ព្រានដំរីដែលឈ្លាស មិនទាន់​ចូលចិត្តថា ឱហ្ន៎ ដំរីធំមែន ដូច្នេះនៅឡើយ។ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ ព្រោះ​ថា​ក្នុងព្រៃដំរី រមែងមានមេដំរី ឈ្មោះឧច្ចាករេណុកា50) មានស្នាមជើងដ៏ធំ ស្នាមជើងនេះ ជាស្នាមជើងមេដំរីទាំងនោះ។ ព្រានដំរីនោះ ដើរទៅតាមស្នាមជើងនោះ លុះដើរទៅតាមស្នាមជើងនោះហើយ ក៏ឃើញស្នាមជើងដំរីធំ ក្នុងព្រៃដំរី វែងដោយ​បណ្តោយផង ធំដោយទទឹងផង មានទីត្រដុសដ៏ខ្ពស់ផង ទាំង ចាក់ស្នាម​ដោយភ្លុក​ទាំងឡាយ​ដ៏ខ្ពស់ផង ទាំងមែកឈើ ដែលដំរីនោះកាច់ហើយ ក៏ខ្ពស់ផង ហើយឃើញទាំងដំរីទាំងនោះ នៅក្បែរគល់ឈើក្តី នៅក្នុងទីវាលក្តី កំពុងដើរក្តី កំពុងឈរក្តី កំពុងទ្រោមចុះក្តី កំពុងដេកក្តី។ ទើបព្រានដំរីនោះ ចូលចិត្តថា ដំរីនេះ ជាដំរីធំមែន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ ឧបមេយ្យដូចជា​ព្រះតថាគត កើតឡើងក្នុងលោកនេះ មាននាមប្រាកដថា ជាបុគ្គលឆ្ងាយចាកកិលេស ត្រាស់ដឹង​ដោយ​ប្រពៃចំពោះខ្លួន បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អរទៅកាន់​សុន្ទរស្ថាន គឺព្រះនិព្វាន ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណា​មួយស្មើគ្មាន ជាអ្នកទូន្មាន នូវបុរសដែលគួរទូន្មានបាន ជាសាស្ត្រាចារ្យ នៃទេវតា និង​មនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាចំពោះខ្លួនឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក និងព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះតថាគតនោះ សំដែងធម៌ មានលំអបទដើម លំអបទកណ្តាល និងបទចុង បរិបូណ៌ដោយអត្ថ និង​ព្យញ្ជនៈ ប្រកាសនូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ពេញលេញ គហបតីក្តី កូនរបស់គហបតីក្តី ឬបុគ្គលកើតក្នុងត្រកូលណាមួយ ជាខាងក្រោយក្តី បានស្តាប់នូវ​ធម៌នោះ លុះបុគ្គលនោះ ស្តាប់នូវធម៌នោះហើយ រមែងបានចំពោះ នូវសទ្ធា ក្នុងព្រះតថាគត បុគ្គលនោះ ប្រកបដោយការបាន ចំពោះនូវសទ្ធានោះហើយ រមែង​ពិចារណាឃើញច្បាស់ថា ការនៅគ្រប់គ្រងផ្ទះ ជាទីចង្អៀតចង្អល់ (ពេកណាស់) ជាផ្លូវ​ហូរមកនៃធូលី គឺកិលេស បព្វជ្ជាជាឱកាសទំនេរច្រើន (ព្រោះជាឱកាស ដើម្បីធ្វើកុសល​តាមសប្បាយ) បុគ្គលដែលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្ត ព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ ដោយចំណែកមួយ ឲ្យបរិសុទ្ធ ដោយចំណែកមួយ ដូចជាស័ង្ខ ដែលគេខាត់ហើយនោះ បានទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ហើយស្លៀកដណ្តប់សំពត់ជ្រលក់ដោយទឹកអម្ចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះសម័យខាងក្រោយមក បុគ្គលនោះ ក៏លះបង់នូវគំនរភោគៈតិចក្តី លះបង់នូវគំនរភោគៈច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី ហើយ​កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់ជ្រលក់ដោយទឹកអម្ចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។

[៧១] លុះបុគ្គលនោះ បានបួសយ៉ាងនេះហើយ ក៏បរិបូណ៌ ដោយសិក្ខា ព្រមទាំង​អាជីវៈ នៃភិក្ខុទាំងឡាយ ជាអ្នកលះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាស់បាប មាន​សេចក្តីអាណិត មានសេចក្តីអនុគ្រោះសព្វសត្វ ដោយប្រយោជន៍។ លះបង់អទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន កាន់យកតែវត្ថុដែលគេឲ្យ ប្រាថ្នាតែវត្ថុដែលគេឲ្យ មានអត្តភាពដ៏ស្អាត មិនមែនជាចោរ។ លះបង់នូវអព្រហ្មចរិយ គឺធម៌មិនប្រសើរ ហើយប្រព្រឹត្តតែធម៌ដ៏ប្រសើរ ចៀសវាង វៀរស្រឡះចាកមេថុន ជាធម៌របស់អ្នកស្រុក។ លះបង់មុសាវាទ វៀរស្រឡះចាកមុសាវាទ ពោលតែពាក្យពិត តនូវពាក្យពិត ដោយពាក្យ​ពិត51) ជាអ្នកមានសំដីទៀងទាត់ មានពាក្យដែលគួរជឿ មិនបានពោលបំភ្លាត់សត្វលោក។ លះបង់បិសុណវាចា វៀរស្រឡះចាកបិសុណវាចា គឺថា ឮពាក្យអំពីសំណាក់ជននេះហើយ មិននាំទៅប្រាប់ជន​ឯណោះ ដើម្បីបំបែកនូវជនទាំងឡាយនេះ ឬឮពាក្យក្នុងសំណាក់ជនឯណោះហើយ មិននាំមកប្រាប់ពួកជននេះ ដើម្បីបំបែកនូវជនទាំងឡាយឯណោះដូច្នេះ ជាអ្នកផ្សះផ្សារ នូវជនទាំងឡាយ ដែលបែកគ្នាហើយ ឬឲ្យកម្លាំងថែម ដល់ជនទាំងឡាយដែលជានឹងគ្នា​ហើយ មានសេចក្តីព្រមព្រៀងជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀងគ្នា រីករាយតែ​ក្នុងសេចក្តីព្រមព្រៀងគ្នា និយាយតែវាចា ដែលជាគ្រឿងធ្វើឲ្យព្រមព្រៀងគ្នា។ លះបង់​ផរុសវាចា វៀរស្រឡះចាកផរុសវាចា វាចាណាដែលមិនមានទោស នាំមកនូវសេចក្តីសុខ ដល់ត្រចៀក ជាពាក្យគួរស្រឡាញ់ ជាពាក្យគួរតំកល់ទុកក្នុងហឫទ័យ ជាសំដីរបស់​អ្នកក្រុង ដែលជាទីត្រេកអរ ដល់ជនច្រើន ជាទីពេញចិត្ត ដល់ជនច្រើន ជាអ្នកនិយាយតែ​វាចា មានសភាពដូច្នោះ។ លះបង់សម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នក​ពោលនូវពាក្យ តាមកាលគួរ ជាអ្នកពោលនូវពាក្យពិត ជាអ្នកពោលនូវអត្ថ (ពោលពាក្យ​អាស្រ័យប្រយោជន៍ ក្នុងបច្ចុប្បន្ន និងបរលោក) ជាអ្នកពោលនូវធម៌ (ពោលពាក្យ​អាស្រ័យ​លោកុត្តរធម៌) ជាអ្នកពោលនូវវិន័យ (ពោលពាក្យអាស្រ័យសំវរវិន័យ និង​បហានវិន័យ) ពោលនូវពាក្យគួរតំកល់ទុក ក្នុងហឫទ័យ ជាពាក្យប្រកបដោយសេចក្តីអាង តាមកាល ជាពាក្យមានកំណត់។ ភិក្ខុនោះ វៀរស្រឡះចាកកិរិយាផ្តិលផ្តាច់ នូវពីជគាម និងភូតគាម។ ជាអ្នកបរិភោគ នូវភត្តតែ១ពេល វៀរស្រឡះចាកការបរិភោគ ក្នុងរាត្រី វៀរស្រឡះចាកការបរិភោគ ក្នុងកាលខុស។ វៀរស្រឡះចាកកិរិយារាំច្រៀង ប្រគំ និងមើល​នូវល្បែង ដែលជាសត្រូវដល់កុសលធម៌។ វៀរស្រឡះចាកកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿង​លាបផ្សេងៗ។ វៀរស្រឡះចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេកទីអង្គុយ​ដ៏ប្រសើរ។ វៀរស្រឡះចាកកិរិយាទទួលកាន់យកនូវមាស និងប្រាក់។ វៀរស្រឡះចាកកិរិយា​ទទួលកាន់យក​នូវស្រូវស្រស់។ វៀរស្រឡះចាកកិរិយាទទួលកាន់យកនូវសាច់ឆៅ។ វៀរស្រឡះចាកកិរិយាទទួលស្ត្រី52) និងកុមារី។ វៀរស្រឡះចាកកិរិយាទទួល នូវខ្ញុំស្រី និងខ្ញុំប្រុស។53) វៀរស្រឡះចាកកិរិយាទទួល នូវពពែ និងចៀម។ វៀរស្រឡះចាកកិរិយាទទួល នូវមាន់ និងជ្រូក។ វៀរស្រឡះចាកកិរិយាទទួល នូវដំរី គោ សេះ ឈ្មោល និងញី។ វៀរស្រឡះចាកកិរិយាទទួលនូវស្រែ និងចម្ការ។ វៀរស្រឡះចាកកិរិយាប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំដល់គ្រហស្ថ និងទៅដោយគេបញ្ជូនពីផ្ទះមួយទៅផ្ទះមួយ។ វៀរស្រឡះចាកកិរិយាលក់ទិញ ផ្លាស់ប្តូរ (របស់ផ្សេងៗ)។ វៀរស្រឡះចាកអំពើកោងដោយជញ្ជីង បន្លំដោយភាជន៍មាស និងអំពើកោងដោយរង្វាស់រង្វាល់។54) វៀរស្រឡះចាកកិរិយាប្រកបនូវអំពើកោង ដោយមួយបង្កាច់ បំភាន់ដោយឧបាយ និងបន្លំដោយរបស់ប្លម។55) វៀរស្រឡះចាកកិរិយាកាត់អវយវៈ មានដៃ និងជើងជាដើម សម្លាប់ ចាប់ចង ធ្វើឲ្យវង្វេងផ្លូវ ប្លន់អ្នកស្រុក និងកំហែងយកទ្រព្យគេ។56) ភិក្ខុនោះជាអ្នកសន្តោសដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយបិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ និងចៀសចេញទៅ ក្នុងទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារ) តែប៉ុណ្ណោះ ចៀសចេញទៅ (ក្នុងទិសនោះៗ)។ ដូចជាសត្វស្លាបហើរទៅក្នុងទីណាៗ ក៏មានតែទម្ងន់ស្លាប របស់ខ្លួនប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ ភិក្ខុ ជាអ្នកសន្តោស​ដោយចីវរ ដែលជាគ្រឿងរក្សានូវកាយ ដោយបិណ្ឌបាត ដែលជាគ្រឿងរក្សានូវផ្ទៃ និងចៀសចេញទៅ ក្នុងទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារ) ប៉ុណ្ណោះ ចៀសចេញទៅ ដូច្នោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះហើយ សោយនូវសេចក្តីសុខ ដែលមិនមានទោស ក្នុងសន្តានចិត្តខ្លួនបាន។ ភិក្ខុនោះ ឃើញរូបដោយចក្ខុហើយ មិនកាន់យកនូវនិមិត្ត មិនបានកាន់យក នូវអនុព្យញ្ជនៈឡើយ អកុសលធម៌ ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាម នូវបុគ្គល​ដែលមិនសង្រួម នូវឥន្ទ្រិយ គឺចក្ខុណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវឥន្ទ្រិយ គឺចក្ខុនោះ រក្សានូវឥន្ទ្រិយ គឺចក្ខុ ដល់នូវសេចក្តីសង្រួម ក្នុងឥន្ទ្រិយ គឺចក្ខុ។ ឮសំឡេង​ដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវ​សម្ផស្ស​ដោយកាយ… ដឹងធម្មារម្មណ៍ដោយចិត្ត មិនបានកាន់យកនូវនិមិត្ត មិនកាន់យក​នូវ​អនុព្យញ្ជនៈ​ឡើយ អកុសលធម៌ ដ៏លាមកទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាម នូវបុគ្គល ដែលមិនបានសង្រួមនូវឥន្ទ្រិយ គឺចិត្តណា ភិក្ខុនោះ ក៏ប្រតិបត្តិដើម្បីសង្រួមនូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយ គឺចិត្ត ដល់នូវសេចក្តីសង្រួម ក្នុងឥន្ទ្រិយ គឺចិត្ត។ ភិក្ខុនោះ ប្រកបដោយឥន្ទ្រិយសំវរ ដ៏ប្រសើរនេះហើយ ទើបសោយ ចំពោះនូវសុខ ដែលមិនច្រឡំ ដោយកិលេស ក្នុងសន្តាន។ កាលភិក្ខុនោះ ឈានទៅមុខ និងឈានថយក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ និងក្រឡេក​មើលទៅ​ទិសផ្សេងៗ ក៏មានសេចក្តីដឹងខ្លួន កាលអង្កុញដៃជើង និងលាដៃជើង ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់នូវសង្ឃាដិ បាត្រ និងចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគ ផឹក ទំពាស៊ី ជញ្ជក់ជញ្ជាប់ ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ នៅស្ងៀម ក៏មានសេចក្តីដឹងខ្លួន។

[៧២] ភិក្ខុនោះប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង ប្រកបដោយ​ឥន្ទ្រិយសំវរ ដ៏ប្រសើរនេះផង ប្រកបដោយសតិសម្បជញ្ញៈ ដ៏ប្រសើរនេះផង តែងសេពនូវទី​សេនាសនៈ​ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃឆ្ងាយ ទីវាល ទីគំនរ​ចំបើង។ ភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត្រវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយពែនភ្នែន តម្រង់កាយត្រង់ តាំងស្មារតី ឲ្យមានមុខឆ្ពោះ (ទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ លះបង់​នូវអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា។ លះបង់​នូវព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះសព្វសត្វ ដោយប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ និងសេចក្តីប្រទូស្ត។ លះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ និងងោកងក់ មានចិត្តប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់ នូវពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាត ចាកថីនមិទ្ធៈ។ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយចិត្ត និងសេចក្តីក្តៅក្រហាយ មានចិត្តមិនរាយមាយ មានចិត្តស្ងប់រម្ងាប់ ព្ធដ៏ខាងក្នុង ជម្រះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ។ លះបង់នូវវិចិកិច្ឆា គឺសេចក្តីងឿងឆ្ងល់ ឆ្លងផុតចាកវិចិកិច្ឆា អស់សេចក្តីសង្ស័យ ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។

[៧៣] ភិក្ខុនោះ លះបង់នូវនីវរណៈទាំង៥នេះ ដែលជាគ្រឿងសៅហ្មងចិត្ត ធ្វើបញ្ញា​ឲ្យមានកំឡាំងថយ ហើយស្ងាត់ចាកកាមទាំងឡាយ ស្ងាត់​ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈានប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ជាអារម្មណ៍ សម្រេចសម្រាន្តនៅដោយ​ឥរិយាវថទាំង៤។ ម្នាលព្រាហ្មណ៍ នេះតថាគតហៅថា ស្នាមជើង​ របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុស របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាស្នាមចាក់​ដោយភ្លុក របស់ព្រះតថាគត ដូច្នេះខ្លះ។ មិនតែប៉ុណ្ណោះឡើយ ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែង​ប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។ ម្នាល​ព្រាហ្មណ៍ ប្រការមួយទៀត លុះភិក្ខុរម្ងាប់វិតក្កៈ និងវិចារៈ រួចហើយ ក៏បានចូល​ទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ញ៉ាំងចិត្តជាសមាធិ ឲ្យចម្រើនឡើង មិនមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិប៉ុណ្ណោះ។បេ។ ក៏បានចូលតតិយជ្ឈាន… ចូលចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលព្រាហ្មណ៍ នេះតថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុសរបស់ព្រះតថាគត ដូច្នេះខ្លះ ថាជាស្នាមចាក់ ដោយភ្លុក របស់ព្រះតថាគត ដូច្នេះខ្លះ។ មិនតែប៉ុណ្ណោះឡើយ ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។

[៧៤] កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តី​សៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័ ទៅតាមអារម្មណ៍​យ៉ាងនេះហើយ ភិក្ខុនោះ បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិ​ញ្ញាណ។ ភិក្ខុនោះ ក៏រឭកនូវបុព្វេនិវាសជាច្រើនប្រការ គឺរឭកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ ភិក្ខុនោះ រឭកបាននូវបុព្វេនិវាសានុស្សតិ ជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ។ ម្នាលព្រាហ្មណ៍ នេះឯងតថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុសរបស់ព្រះតថាគត ដូច្នេះខ្លះ ដាជាស្នាមចាក់ដោយភ្លុក របស់ព្រះតថាគត ដូច្នេះខ្លះ។ មិនតែប៉ុណ្ណោះឡើយ ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់​សំដែង​ប្រពៃ​ហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។

[៧៥] កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តី​សៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័ ទៅតាម​អារម្មណ៍យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បី​ចតុបបាតញ្ញាណ នៃសត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុ ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្ស​ធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មរបស់ខ្លួន។ ម្នាល​ព្រាហ្មណ៍ នេះឯង តថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុស របស់ព្រះតថាគតដូច្នេះខ្លះ ថាជាស្នាមចាក់ដោយភ្លុករបស់ព្រះតថាគតដូច្នេះខ្លះ។ មិនតែប៉ុណ្ណោះឡើយ ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។

[៧៦] កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តី​សៅហ្មង ជាចិត្តទន់ សមគួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័ទៅតាមអារម្មណ៍យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ ភិក្ខុនោះដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងតាមពិតថា នេះជាសេចក្តីរំលត់ទុក្ខ ដឹងតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរំលត់ទុក្ខ។ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងតាមពិតថា នេះជាសេចក្តី​រំលត់នៃ​អាសវៈ ដឹងតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរំលត់ នៃអាសវៈ។ ម្នាលព្រាហ្មណ៍ នេះឯងតថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុសរបស់ព្រះតថាគតដូច្នេះខ្លះ ថាជាស្នាមចាក់ដោយភ្លុក របស់ព្រះតថាគតដូច្នេះខ្លះ។ ព្រះអរិយសាវ័ក លោកមិនត្រឹមតែចូលចិត្ត ដោយហេតុមានប្រមាណប៉ុណ្ណេះទេ។ ម្យ៉ាងទៀត ព្រះអរិយសាវ័ក តែងចូលចិត្តថា ព្រះមានព្រះភាគជា ព្រះសម្មាសម្ពុទ្ធ​ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែង​ប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។ កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈ (គ្រឿងត្រាំ គឺកាម) ផង ចិត្តក៏ផុតស្រឡះចាក ភវាសវៈ (គ្រឿងត្រាំ គឺភព) ផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈ (គ្រឿងត្រាំ គឺអវិជ្ជា) ផង កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើងថា ចិត្តផុតស្រឡះហើយ ភិក្ខុនោះក៏ដឹងច្បាស់ថា កំណើតអស់ហើយ មគ្គ ព្រហ្មចារ្យ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញក៏បានធ្វើស្រេចហើយ ករណីកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលព្រាហ្មណ៍ នេះឯង តថាគតហៅថា ស្នាមជើង របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាទីត្រដុស របស់ព្រះតថាគត ដូច្នេះខ្លះ ថាជាស្នាមចាក់ដោយភ្លុក របស់ព្រះតថាគត ដូច្នេះខ្លះ។ ម្នាលព្រាហ្មណ៍ ព្រះអរិយសាវ័ក តែងចូលចិត្ត ដោយហេតុមានប្រមាណប៉ុណ្ណេះថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងប្រពៃហើយ ព្រះសង្ឃសាវ័ក នៃព្រះមាន​ព្រះភាគ លោកប្រតិបត្តិប្រពៃហើយ។ ម្នាលព្រាហ្មណ៍ ធម៌ដែលមាន​ឧបមា ដូចស្នាមជើងដំរី ពេញបរិបូណ៌ដោយពិស្តារ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។

[៧៧] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ​យ៉ាងនេះ គួរនាដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិថា បុរសអ្នកមានចក្ខុ តែងឃើញនូវរូបទាំងឡាយបាន ខ្ញុំព្រះអង្គនោះ សូមដល់​នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក សូមព្រះគោតមដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់​សរណគមន៍ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះទៅ។

ចប់ ចូឡហត្ថិបទោបមសូត្រ ទី៧។

មហាហត្ថិបទោបមសូត្រ ទី៨

(៨. មហាហត្ថិបទោបមសុត្តំ)

[៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសវត្ថី។ សម័យនោះឯង ព្រះសារីបុត្រ​មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយមានអាយុ។ ភិក្ខុទាំង​អម្បាល​នោះ បានទទួលស្តាប់ថេរវាចា នៃព្រះសារីបុត្រមានអាយុថា បពិត្រលោកមានអាយុ។ ព្រះសារីបុត្រមានអាយុ មានថេរវាចា ដូច្នេះថា នែអ្នកទាំងឡាយមានអាយុ ស្នាមជើង​ទាំង​ឡាយណាមួយ របស់ពួកសត្វ ដែលនៅលើផ្ទៃផែនដី ស្នាមជើងទាំងអស់នោះ តែង​ប្រជុំចុះ ក្នុងស្នាមជើងដំរី ស្នាមជើងដំរី ប្រាកដជាវិសេសជាង​ស្នាមជើងនៃសត្វ​ទាំងអម្បាលនោះ ព្រោះស្នាមជើងដំរីនោះ ជាស្នាមជើងធំ ដូចម្តេចមិញ ម្នាលអ្នកទាំង​ឡាយ​មានអាយុ កុសលធម៌ទាំងឡាយណានីមួយ កុសលធម៌ទាំងអស់នោះ តែង​សង្គ្រោះចូលក្នុងអរិយសច្ចទាំង៤ ដូច្នេះឯង អរិយសច្ចទាំង៤ តើដូចម្តេចខ្លះ គឺ ទុក្ខអរិយ​សច្ច១ ទុក្ខសមុទយអរិយសច្ច១ ទុក្ខនិរោធអរិយសច្ច១ ទុក្ខនិរោធគាមិនី​បដិបទា​អរិយ​សច្ច១។

[៧៩] ម្នាលអ្នកទាំងឡាយមានអាយុ ទុក្ខអរិយសច្ច១ តើដូចម្តេចខ្លះ ជាតិ គឺ​សេចក្តី​កើតជាទុក្ខ១ ជរា គឺសេចក្តីគ្រាំគ្រា ជាទុក្ខ១ មរណៈ គឺសេចក្តីស្លាប់ ជាទុក្ខ១ សោកៈ គឺសេចក្តីរីងស្ងួត ជាទុក្ខ១ បរិទេវៈគឺ សេចក្តីខ្សឹកខ្សួល ជាទុក្ខ១ ទុក្ខៈ គឺសេចក្តី​លំបាកកាយ ជាទុក្ខ១ ទោមនស្ស គឺសេចក្តីអាក់អន់ចិត្ត ជាទុក្ខ១ ឧបាយាសៈ គឺសេចក្តី​តានតឹងចិត្ត ជាទុក្ខ១ បុគ្គលប្រាថ្នានូវរបស់ណា មិនបានរបស់នោះ នាំមកនូវទុក្ខ១ ដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធទាំង៥ ចាត់ជាទុក្ខ១។ ម្នាលអ្នកទាំងឡាយមានអាយុ ឧបាទានក្ខន្ធទាំងឡាយ៥ តើដូចម្តេចខ្លះ គឺរូប ចាត់ជាឧបាទានក្ខន្ធ១ វេទនា​ចាត់ជា​ឧបាទានក្ខន្ធ១ សញ្ញាចាត់ជាឧបាទានក្ខន្ធ១ សង្ខារចាត់ជាឧបាទានក្ខន្ធ១ វិញ្ញាណ​ចាត់ជា​ឧបាទានក្ខន្ធ១។ ម្នាលអ្នកទាំងឡាយមានអាយុ រូប ចាត់ជាឧបាទានក្ខន្ធ ដូចម្តេចខ្លះ គឺពួក​មហាភូតរូប៤ និងឧបាទាយរូប គឺរូបដែលអាស្រ័យនឹងមហាភូតរូបទាំង៤។ ម្នាលអ្នក​ទាំងឡាយមានអាយុ មហាភូតរូបទាំង៤ ដូចម្តេចខ្លះ គឺបឋវីធាតុ១​ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។

[៨០] ម្នាលអ្នកទាំងឡាយមានអាយុ បឋវីធាតុ តើដូចម្តេច។ គឺបឋវីធាតុ​ខាង​ក្នុង​ក៏មាន បឋវីធាតុខាងក្រៅ ក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ បឋវីធាតុខាងក្នុង តើដូចម្តេច។ ធាតុណា ជាខាងក្នុងអាស្រ័យនៅខ្លួន ជារបស់រឹង ជារបស់គ្រោតគ្រាត ដែលវិញ្ញាណចូលទៅកាន់យក គឺសក់ទាំងឡាយ រោមទាំងឡាយ ក្រចកទាំងឡាយ ធ្មេញទាំងឡាយ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ឬក៏ធាតុដទៃ​ណា​មួយ ជាខាងក្នុង អាស្រ័យនឹងខ្លួន ជារបស់រឹង ជារបស់គ្រោតគ្រាត ដែលវិញ្ញាណចូល​ទៅកាន់យក ម្នាលអ្នកទាំងឡាយមានអាយុ នេះហៅថា បឋវីធាតុខាងក្នុង។ បឋវីធាតុ​ខាងក្នុង​ណាក្តី បឋវីធាតុខាងក្រៅណាក្តី ធាតុទាំងពីរនុ៎ះ ឈ្មោះថា បឋវីធាតុ តែម្យ៉ាង។ ភិក្ខុគួរឃើញបឋវីធាតុនុ៎ះ ដោយបញ្ញា ដ៏ប្រពៃ តាមពិត យ៉ាងនេះថា ធាតុនោះឯង មិនមែនជារបស់អញ នេះមិនមែនជាអាត្មាអញ នេះមិនមែនខ្លួនរបស់អញ។ លុះឃើញបឋវីធាតុនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះហើយ តែងនឿយណាយ ក្នុងបឋវីធាតុ ធ្វើចិត្តឲ្យធុញទ្រាន់ ក្នុងបឋវីធាតុ។ ម្នាលអ្នកទាំងឡាយមានអាយុ អាបោធាតុខាងក្រៅជោរជន់ ក្នុងសម័យណា បឋវីធាតុខាងក្រៅ ក៏រលាយទៅ ក្នុងសម័យនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ អម្បាលបឋវីធាតុខាងក្រៅនោះ ជារបស់ធំដល់ម៉្លោះ ម្តេចគង់មានសភាពមិនទៀង ជាធម្មតា គង់មានសភាពអស់ទៅ ជាធម្មតា គង់មានសភាពសូន្យទៅ ជាធម្មតា គង់មានសភាពប្រែប្រួលជាធម្មតា។ ចំណង់បើកាយ ដែលតាំងនៅបន្តិចបន្តួចនេះ ភិក្ខុនឹងប្រកាន់ ដោយតណ្ហា ថាអញ ថារបស់អញ ថាអញមាន ដូចម្តេចបាន (កាលបើគិតដូច្នេះហើយ) សេចក្តីប្រកាន់ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ ក្នុងបឋវីធាតុជាខាងក្នុងនុ៎ះ របស់ភិក្ខុនោះ មិនមាន​ឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ បើជនទាំងឡាយដទៃជេរ ប្រទេច ខ្ទាំងខ្ទប់ បៀតបៀន ភិក្ខុនោះ។ ភិក្ខុនោះ តែងដឹងយ៉ាងនេះថា ទុក្ខវេទនាកើតអំពីសោតសម្ផស្ស​នេះ កើតឡើងដល់អាត្មាអញហើយតើ ក៏វេទនានោះ អាស្រ័យហេតុ ឬមិនមែនមិន​អាស្រ័យ​ហេតុទេ អាស្រ័យហេតុអ្វី គឺអាស្រ័យផស្សៈ។ ភិក្ខុនោះឯង ឃើញថាផស្សៈ​មិនទៀង ឃើញថាវេទនាក៏មិនទៀង ឃើញថាសញ្ញាក៏មិនទៀង ឃើញថាសង្ខារទាំងឡាយក៏មិនទៀង ឃើញថាវិញ្ញាណក៏មិនទៀង ចិត្តរបស់ភិក្ខុនោះក៏ស្ទុះស្ទាជ្រះថ្លា ឋិតនៅព្រម ស៊ប់សួននៅក្នុងអារម្មណ៍ គឺធាតុនោះឯង ម្នាលអ្នកទាំងឡាយមានអាយុ បើជនទាំងឡាយដទៃ បៀតបៀនភិក្ខុនោះ ដោយសម្ផស្សដៃក្តី ដោយសម្ផស្សដុំដីក្តី ដោយសម្ផស្សដំបងក្តី ដោយសម្ផស្សគ្រឿងសស្ត្រាក្តី ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត។ ភិក្ខុនោះ ក៏ដឹងច្បាស់យ៉ាងនេះថា កាយនេះឯង ជាធម្មជាតិសម្រាប់រងសម្ផស្សដៃខ្លះ សម្រាប់រងសម្ផស្សដុំដីខ្លះ សម្រាប់រងសម្ផស្សដំបងខ្លះ សម្រាប់រងសម្ផស្សគ្រឿង​សស្ត្រាខ្លះ។ ព្រោះហេតុនោះ បានជាព្រះមានព្រះភាគទ្រង់មានព្រះពុទ្ធដីកានេះ ទុកក្នុង​ឱវាទ ដែលមានឧបមាដូចរណារ ថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើចោរទាំងឡាយ ជាអ្នកធ្វើអំពើថោកទាប គប្បីអារអវយវៈតូចធំទាំងឡាយ ដោយរណារ ដែលមានដង​ទាំងពីរខាង ភិក្ខុណាមួយ មានចិត្ត (មិនអត់ធន់) ប្រទូស្តរាយព្រោះជម្ងឺ ដែលពួក​ចោរអារនោះ ភិក្ខុនោះឈ្មោះថា មិនធ្វើតាមពាក្យប្រដៅ របស់តថាគត ដោយហេតុ​ដែលមិនអត់ធន់នោះ។ ភិក្ខុនោះគិតថា សេចក្តីព្យាយា ដែលអាត្មាអញប្រារព្ធហើយ មិនធូរថយឡើយ សតិដែលអាត្មាអញតាំងខ្ជាប់ហើយ មិនភ្លាំងភ្លាត់ឡើយ កាយដែល​ស្ងប់ស្ងាត់ហើយ មិនរសាប់រសល់ឡើយ ចិត្តដែលតំកល់នឹងហើយ ជាចិត្តមាន​អារម្មណ៍​តែមួយ ឥឡូវនេះ ទោះសម្ផស្សដៃត្រូវក្តី សម្ផស្សដុំដីត្រូវក្តី សម្ផស្សដំបងត្រូវក្តី សម្ផស្សគ្រឿងសស្ត្រាត្រូវក្តី ត្រង់កាយនេះ (ក៏ត្រូវ) ចុះ អញនៅតែធ្វើតាម​ពុទ្ធសាសនានេះ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ នូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល57) ក៏មិនទាន់តាំងនៅនឹងបាន។ ភិក្ខុនោះ ក៏តក់ស្លុត ដល់នូវសេចក្តីសង្វេគ ដោយហេតុនោះថា ឱហ្ន៎ យើងជាមនុស្សឥតលាភ ឱហ្ន៎ យើងជាមនុស្សមិនមានលាភ ឱហ្ន៎ អត្តភាពជាមនុស្ស យើងបានដោយកម្រ ឱហ្ន៎ អត្តភាពជាមនុស្ស យើងមិនមែនបានដោយងាយទេ ត្រង់ដែលអាត្មាអញ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃ​យ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល ក៏មិនទាន់​តាំងនៅ​នឹងបាន។ ម្នាលអ្នកទាំងឡាយ​មានអាយុ ដូចស្រីជាកូនប្រសារ ឃើញឪពុកក្មេកហើយ ក៏តក់ស្លុតដល់នូវសេចក្តី​ព្រួយបារម្ភ ដូចម្តេចមិញ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះរឭកនូវព្រះពុទ្ធ យ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែល​អាស្រ័យ​នឹងកុសល ក៏មិនតាំងនៅនឹងបាន ដូច្នោះឯង។ ភិក្ខុនោះក៏តក់ស្លុត ដល់នូវសេចក្តីសង្វេគ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ ជាមនុស្សឥតលាភ ឱហ្ន៎ អាត្មាអញ ជាមនុស្សឆ្នែងលាភ ឱហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ បានដោយកម្រ ឱហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយងាយទេ ត្រង់ដែលអាត្មាអញ រឭកនូវ​ព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល ក៏មិនទាន់តាំងនៅមាំ។ ម្នាលអ្នកទាំងឡាយមានអាយុ បើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល ក៏តាំងនៅមាំបាន។ ភិក្ខុនោះមានចិត្តត្រេកអរ ដោយហេតុនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ ពាក្យប្រដៅ របស់ព្រះមានព្រះភាគ ឈ្មោះថា ភិក្ខុនោះធ្វើរឿយៗហើយ ដោយហេតុមាន​ប្រមាណប៉ុណ្ណេះ​ឯង។

[៨១] ម្នាលអ្នកទាំងឡាយមានអាយុ អាបោធាតុ តើដូចម្តេច។ អាបោធាតុខាងក្នុង​ក៏មាន អាបោធាតុខាងក្រៅក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ អាបោធាតុខាងក្នុង ដូចម្តេចខ្លះ។ ធាតុណាដែលជាខាងក្នុង ដែលអាស្រ័យនូវខ្លួន ជាទឹក ឬមានសភាព​ប្រហែល​នឹងទឹក ដែលវិញ្ញាណចូលទៅកាន់យក គឺប្រម៉ាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹកលំអិល ទឹកមូត្រ ឬក៏ធាតុដទៃ​ណានីមួយ ជាខាងក្នុង អាស្រ័យនូវខ្លួន ជាទឹក ឬមានសភាពប្រហែលនឹងទឹក ដែលវិញ្ញាណ​ ចូលទៅកាន់យក ម្នាលអ្នកទាំងឡាយមានអាយុ នេះហៅថា អាបោធាតុខាងក្នុង។ ក៏អាបោធាតុខាងក្នុងណាក្តី អាបោធាតុខាងក្រីណាក្តី ធាតុទាំងពីរនេះ ឈ្មោះថា អាបោធាតុ តែមួយយ៉ាង។ ភិក្ខុគួរឃើញអាបោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះឯងមិនមែនជារបស់អញ នេះក៏មិនមែនជាអញ ខ្លួននោះមិនមែនជារបស់អញ។ លុះភិក្ខុនោះ ឃើញអាបោធាតុទាំងពីរនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះហើយ តែងនឿយណាយ ក្នុងអាបោធាតុ ធ្វើចិត្តឲ្យធុញ ក្នុងអាបោធាតុ។ ម្នាលអ្នក​ទាំងឡាយមានអាយុ ជួនកាលអាបោធាតុខាងក្រៅ ជោរជន់ឡើងហើយ អាបោធាតុនោះ ក៏លិចស្រុកខ្លះ លិចនិគមខ្លះ លិចនគរខ្លះ លិចជនបទខ្លះ លិចជនបទ និងប្រទេសខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាលទឹកក្នុងសមុទ្រ មានជម្រៅ ១០០យោជន៍ រីងទៅ​ក៏មាន ទឹកមានជម្រៅ ២០០យោជន៍ រីងទៅក៏មាន ទឹកមានជម្រៅ ៣០០យោជន៍ រីងទៅក៏មាន ទឹកមានជម្រៅ ៤០០យោជន៍ រីងទៅក៏មាន ទឹកមានជម្រៅ ៥០០យោជន៍ រីងទៅ​ក៏មាន ទឹកមានជម្រៅ ៦០០យោជន៍ រីងទៅក៏មាន ទឹកមានជម្រៅ ៧០០យោជន៍ រីងទៅក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាល ទឹកមានជម្រៅ៧ដើមត្នោត ដក់នៅក្នុងមហាសមុទ្រខ្លះ ទឹកមានជម្រៅ៦ដើមត្នោត ដក់នៅខ្លះ ទឹកមានជម្រៅ៥ដើមត្នោត ដក់នៅខ្លះ ទឹកមានជម្រៅ៤ដើមត្នោត ដក់នៅខ្លះ ទឹកមានជម្រៅ៣ដើមត្នោត ដក់នៅខ្លះ ទឹកមានជម្រៅ២ដើមត្នោត ដក់នៅខ្លះ ទឹកមានជម្រៅ១ដើមត្នោត ដក់នៅខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាល ទឹកមានជម្រៅ៧ជំហរបុរស ដក់នៅក្នុងមហាសមុទ្រខ្លះ ទឹកមានជម្រៅ៦ជំហរបុរស ដក់នៅខ្លះ ទឹកមានជម្រៅ៥ជំហរបុរស ដក់នៅខ្លះ ទឹកមានជម្រៅ៤ជំហរបុរស ដក់នៅខ្លះ ទឹកមានជម្រៅ៣ជំហរបុរស ដក់នៅខ្លះ ទឹកមានជម្រៅ២ជំហរបុរស ដក់នៅខ្លះ ទឹកមាន​ជម្រៅ១ជំហរបុរស ដក់នៅខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាល ទឹកមានជម្រៅ​ពាក់កណ្តាល​ជំហរបុរសដក់នៅក្នុងមហាសមុទ្រខ្លះ ទឹកមានប្រមាណត្រឹមចង្កេះដក់​នៅខ្លះ ទឹកមានប្រមាណត្រឹមជង្គង់ដក់នៅខ្លះ ទឹកមានប្រមាណត្រឹមភ្នែកគោដក់នៅខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាល ទឹកគ្រាន់តែសើមថ្នាំងម្រាមដៃ (ដក់នៅ) ក្នុងមហាសមុទ្រមិនមានឡើយ ក៏មានដែរ។ ម្នាលអ្នកទាំងឡាយមានអាយុ សូម្បីអាបោធាតុ​ខាងក្រៅនោះ ជារបស់ធំដល់ម្ល៉ោះ គង់មានសភាពមិនទៀងជាធម្មតា គង់មានសភាពអស់ទៅជាធម្មតា គង់មានសភាពសូន្យទៅ ជាធម្មតា គង់មានសភាព​ប្រែប្រួលទៅ​ជាធម្មតា។ ចំណង់បើកាយ ដែលតាំងនៅបន្តិចបន្តួចនេះ ភិក្ខុនឹងប្រកាន់​ដោយតណ្ហាថាអញ ថារបស់អញ ថាអញមានដូចម្តេចបាន (កាលបើគិតដូច្នេះហើយ) សេចក្តីប្រកាន់ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ ក្នុងអាបោធាតុជាខាងក្នុង​នុ៎ះ របស់ភិក្ខុនោះ មិនមានឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ទើបឧបេក្ខាដែលអាស្រ័យកុសលតាំងនៅនឹងបាន។ ភិក្ខុនោះ មានចិត្តត្រេកអរ ដោយហេតុនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ ភិក្ខុនោះឈ្មោះថា ធ្វើតាមពាក្យប្រដៅ របស់ព្រះមានព្រះភាគរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។

[៨២] ម្នាលអ្នកទាំងឡាយមានអាយុ តេជោធាតុ ដូចម្តេចខ្លះ។ តេជោធាតុ​ខាង​ក្នុងក៏មាន តេជោធាតុខាងក្រៅក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ តេជោធាតុ​ខាងក្នុង តើដូចម្តេច។ ធាតុណា ជាខាងក្នុង ដែលអាស្រ័យនូវនឹងខ្លួន ជាភ្លើង ឬមានសភាព​ប្រហែលនឹងភ្លើង ដែលវិញ្ញាណចូលទៅកាន់យក គឺតេជោធាតុ ដែលញ៉ាំងកាយឲ្យក្តៅសព្វ១ តេជោធាតុ ដែលធ្វើកាយឲ្យគ្រាំគ្រា១ តេជោធាតុ ដែលដុតកាយ ឲ្យក្រហល់ក្រហាយ១ តេជោធាតុ សម្រាប់ដុតភោជន ដែលបុគ្គលស៊ី ផឹក ទំពាស៊ី ជញ្ជក់ជញ្ជាប់ ឲ្យទ្រុឌទ្រោមទៅ ដោយប្រពៃ១ មួយទៀត ធាតុដទៃណានីមួយ ជាខាងក្នុង ដែលអាស្រ័យនូវខ្លួន ជាភ្លើង ឬមានសភាពប្រហែលនឹងភ្លើង ដែលវិញ្ញាណ​ចូលទៅកាន់យក ម្នាលអ្នកទាំងឡាយមានអាយុ នេះហៅថា តេជោធាតុខាងក្នុង។ តេជោធាតុខាងក្នុងណាក្តី តេជោធាតុខាងក្រៅណាក្តី ធាតុទាំងពីរនេះ ឈ្មោះថា តេជោធាតុតែមួយយ៉ាង។ ភិក្ខុគួរឃើញតេជោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ តាមពិត​ យ៉ាងនេះ​ថា នុ៎ះឯងមិនមែនជារបស់អញ នោះក៏មិនមែនជាអញ នោះមិនមែនខ្លួន របស់​អញ។ លុះភិក្ខុនោះ ឃើញតេជោធាតុទាំងពីរនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិត យ៉ាងនេះហើយ តែងនឿយណាយ ក្នុងតេជោធាតុ ធ្វើចិត្តឲ្យធុញទ្រាន់ ក្នុងតេជោធាតុ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាលតេជោធាតុខាងក្រៅ កម្រើកឡើង តេជោធាតុនោះ ឆេះស្រុកខ្លះ ឆេះនគរខ្លះ ឆេះនិគមខ្លះ ឆេះជនបទខ្លះ ឆេះជនបទ និងប្រទេសខ្លះ។ តេជោធាតុនោះ ឆេះស្មៅស្រស់ខ្លះ ឆេះផ្លូវធំខ្លះ ថ្មភ្នំខ្លះ ទឹកខ្លះ ផ្ទៃផែនដីជារមណីយដ្ឋាន (ដែលគ្មានស្មៅ) ខ្លះ ឥតមានគ្រឿងឆេះតទៅទៀត ក៏រលត់បាត់ទៅ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាលជនទាំងឡាយ ស្វែងរកភ្លើង ដោយស្លាបមាន់ខ្លះ ដោយការកួតសរសៃស្បែកខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ សូម្បីតេជោធាតុខាក្រៅនោះ ធំដល់ម្ល៉ោះ គង់មានសភាពមិនទៀងជាធម្មតា គង់មានសភាពអស់ទៅ ជាធម្មតា គង់មានសភាពសូន្យទៅ ជាធម្មតា គង់មានសភាព​ប្រែប្រួលទៅ ជាធម្មតា។ ចំណង់បើកាយ ដែលតាំងនៅបន្តិចបន្តួចនេះ ភិក្ខុនឹងប្រកាន់ ដោយ​តណ្ហាថាអញ ថារបស់អញ ថាអញមានដូចម្តេចបាន (កាលបើគិតដូច្នេះហើយ) សេចក្តីប្រកាន់ ដោយអំណាចតណ្ហា មានះ ទិដ្ឋិ ក្នុងតេជោធាតុជាខាងក្នុងនោះ របស់ភិក្ខុនោះ មិនមានឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ទើបឧបេក្ខាដែលអាស្រ័យនឹងកុសល ក៏តាំងនៅនឹងបាន។ ភិក្ខុនោះ មានចិត្តត្រេកអរ ដោយហេតុនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ ភិក្ខុនោះឈ្មោះថា ធ្វើតាមពាក្យ​ប្រដៅ របស់ព្រះមានព្រះភាគរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។

[៨៣] ម្នាលអ្នកទាំងឡាយមានអាយុ វាយោធាតុ តើដូចម្តេច។ វាយោធាតុ​ខាងក្នុងក៏មាន វាយោធាតុខាងក្រៅក៏មាន។ ម្នាលអ្នកទាំងឡាយមានអាយុ វាយោធាតុ​ខាងក្នុង តើដូចម្តេច។ ធាតុណា ជាខាងក្នុង ដែលអាស្រ័យនូវខ្លួន ជាខ្យល់ ឬមានសភាព​ប្រហែលនឹងខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក គឺខ្យល់បក់ឡើងលើ១ ខ្យល់បក់ចុះក្រោម១58) ខ្យល់បក់នៅក្នុងផ្ទៃ គឺបក់ខាងក្រៅពោះវៀន១ ខ្យល់បក់ក្នុងពោះវៀន១ ខ្យល់បក់សព្វសព៌ាង្គកាយ១59) ខ្យល់ដកដង្ហើមចូល និងខ្យល់ដកដង្ហើមចេញ១ មួយទៀត វាយោធាតុដទៃណានីមួយ ជាខាងក្នុង អាស្រ័យនូវខ្លួន ជាខ្យល់ ឬមានសភាពប្រហែលនឹងខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលអ្នកទាំងឡាយមានអាយុ នេះហៅថា វាយោធាតុខាងក្នុង។ វាយោធាតុខាងក្នុងណាក្តី វាយោធាតុខាងក្រៅណាក្តី ធាតុទាំងពីរនេះ ឈ្មោះថា វាយោធាតុតែមួយយ៉ាង។ ភិក្ខុគួរឃើញវាយោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ តាមពិត​យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះក៏មិនមែនជាអញ នោះមិនមែនជាខ្លួន របស់អញ។ លុះភិក្ខុនោះឃើញវាយោធាតុនុ៎ះ ដោយបញ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះហើយ តែងនឿយណាយក្នុងវាយោធាតុ ធ្វើចិត្តឲ្យធុញក្នុងវាយោធាតុ។ នែអ្នកទាំងឡាយមានអាយុ ជួនកាលវាយោធាតុខាងក្រៅកម្រើកឡើង វាយោធាតុនោះ បក់លំអិតស្រុកខ្លះ បក់លំអិតនិគមខ្លះ បក់លំអិតនគរខ្លះ បក់លំអិតជនបទខ្លះ បក់លំអិតជនបទ និងប្រទេសខ្លះ។ ម្នាលអ្នកទាំងឡាយមានអាយុ ជួនកាលដល់ខែជា​ខាង​ចុងនៃគិម្ហរដូវ ជនទាំងឡាយ ស្វែងរកខ្យល់ដោយផ្លិតស្លឹកត្នោតខ្លះ ដោយផ្លិត​សម្រាប់បក់ភ្លើងខ្លះ សូម្បីតែស្បូវក្នុងសំយ៉ាបផ្ទះ ក៏មិនកម្រើក ក៏មានដែរ។ ម្នាលអ្នកទាំង​ឡាយ​មានអាយុ សូម្បីវាយោធាតុខាងក្រៅនោះ ធំដល់ម្ល៉ោះ គង់មានសភាព​មិនទៀង ជាធម្មតា គង់មានសភាពអស់ទៅ ជាធម្មតា គង់មានសភាពសូន្យទៅ ជាធម្មតា គង់មានសភាពប្រែប្រួលទៅ ជាធម្មតា។ ចំណង់បើកាយ ដែលតាំងនៅបន្តិចបន្តួចនេះ ភិក្ខុនឹងប្រកាន់ ដោយតណ្ហាថា អញ ថារបស់អញ ថាអញមាន ដូចម្តេចបាន (កាលបើ​គិត​ដូច្នេះ​ហើយ) សេចក្តីប្រកាន់ដោយអំណាចតណ្ហា មានះ ទិដ្ឋិ ក្នុងវាយោធាតុ​ជាខាង​ក្នុងនោះ របស់ភិក្ខុនោះ មិនមានឡើយ។ ម្នាលអ្នក​ទាំងឡាយមានអាយុ បើជនទាំងឡាយដទៃ ជេរប្រទេច ខ្ទាំងខ្ទប់ បៀតបៀនភិក្ខុនោះ។ ភិក្ខុនោះ តែងដឹង​យ៉ាង​នេះថា ទុក្ខវេទនាកើតអំពីសម្ផស្សនេះ កើតឡើងហើយ ដល់អាត្មាអញ គឺ ក៏វេទនានោះ​ឯង អាស្រ័យហេតុ ឬមិនអាស្រ័យហេតុទេ អាស្រ័យហេតុអ្វី គឺអាស្រ័យផស្សៈ។ ភិក្ខុនោះ​ឯង ឃើញថា ផស្សៈមិនទៀង ឃើញថាវេទនាមិនទៀង ឃើញថាសញ្ញាមិនទៀង ឃើញថា​សង្ខារទាំងឡាយមិនទៀង ឃើញថា វិញ្ញាណមិនទៀង ចិត្តរបស់ភិក្ខុនោះ ក៏ស្ទុះស្ទាជ្រះថ្លា ឋិតនៅព្រម​ ស៊ប់សួននៅ ក្នុងអារម្មណ៍ គឺធាតុនោះឯង។ ម្នាលអ្នកទាំងឡាយ​មានអាយុ បើជនទាំងឡាយដទៃបៀតបៀនភិក្ខុនោះ ដោយ​សម្ផស្សដៃក្តី សម្ផស្សដុំដីក្តី សម្ផស្សដំបងក្តី សម្ផស្សគ្រឿងសស្ត្រាក្តី ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត។ ភិក្ខុនោះ តែងដឹងច្បាស់យ៉ាងនេះថា កាយនេះឯង ជាសភាពសម្រាប់រងសម្ផស្សដៃខ្លះ សម្ផស្សដុំដីខ្លះ សម្ផស្សដំបងខ្លះ សម្ផស្សសស្ត្រាខ្លះ។ ព្រោះហេតុនោះ បានជាព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះ ក្នុងឱវាទ ដែលប្រៀបដូចរណារថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើពួកចោរ ជាអ្នកធ្វើអំពើ​ថោកទាប គប្បីអារអវយវៈតូចធំទាំងឡាយ (របស់ភិក្ខុនោះ) ដោយរណារ ដែលមានដង​ទាំងពីរខាង ភិក្ខុណាធ្វើចិត្តប្រទូស្ត (មិនអត់ធន់) ក្នុងជម្ងឺ ដែលពួកចោរអារនោះ ភិក្ខុនោះឈ្មោះថា មិនធ្វើតាមពាក្យប្រដៅរបស់តថាគត ដោយហេតុដែល​មិនអត់ធន់​នោះ។ ភិក្ខុនោះគិតថា សេចក្តីព្យាយាម ដែលអាត្មាអញ ប្រារព្ធហើយ នឹងមិនធូរថយ​ឡើយ សតិដែលអាត្មាអញ តាំងខ្ជាប់ហើយ នឹងមិនភ្លាំងភ្លាត់ឡើយ កាយដែលស្ងប់ស្ងាត់​ហើយ នឹងមិនរសាប់រសល់ឡើយ ចិត្តដែលតំកល់នឹងហើយ នឹងមានអារម្មណ៍​មូលតែ​មួយ ឥឡូវនេះ ទោះសម្ផស្សដៃត្រូវក្តី សម្ផស្សដុំដីត្រូវក្តី សម្ផស្សដំបងត្រូវក្តី សម្ផស្សគ្រឿងសស្ត្រាត្រូវក្តី ត្រង់កាយនេះ (ក៏ត្រូវទៅចុះ) ឯអាត្មាអញ ក៏នៅតែធ្វើ​តាមពាក្យ​ប្រដៅ របស់ព្រះសម្មាសម្ពុទ្ធនេះមិនលែង។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃ​យ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល មិនទាន់តាំងនៅនឹងបាន ភិក្ខុនោះ តែងតក់ស្លុត ដល់នូវសេចក្តីសង្វេគ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ ជាមនុស្សឥតលាភ ឱហ្ន៎ អាត្មាអញ ជាមនុស្សមិនមានលាភ ឱហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ បានដោយកម្រ ឱហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនមែនបានមកដោយ​ងាយទេ ត្រង់ដែលអាត្មាអញ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល មិនទាន់តាំង​នៅ​នឹងបាន។ ម្នាលអ្នកទាំងឡាយមានអាយុ ដូចស្រីជាកូនប្រសា ឃើញឪពុកក្មេកហើយ ក៏ព្រួយបារម្ភ ដល់នូវសេចក្តីសង្វេគ ដូចម្តេចមិញ ម្នាលអ្នកទាំងឡាយមានអាយុ កាលភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល ក៏មិនតាំងនៅនឹង ដូច្នេះឯង។ ភិក្ខុនោះតែងតក់ស្លុត ដល់នូវសេចក្តីសង្វេគ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ ជាមនុស្សឥតលាភ ឱហ្ន៎ អាត្មាអញ ជាមនុស្សមិនមានលាភ អត្តភាពជា​មនុស្ស អាត្មាអញ បានដោយកម្រ អត្តភាពជាមនុស្ស អាត្មាអញ មិនមែន​បាន​ដោយងាយទេ ត្រង់ដែលអាត្មាអញ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល មិនទាន់តាំងនៅ​នឹងបាន។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭក​នូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យ​នឹង​កុសល រមែងតាំងនៅនឹងបាន។ ភិក្ខុនោះ មានចិត្តត្រេកអរ ដោយហេតុនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ ភិក្ខុនោះឈ្មោះថា ធ្វើតាមពាក្យប្រដៅ របស់ព្រះមានព្រះភាគរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។

[៨៤] ម្នាលអ្នកទាំងឡាយមានអាយុ អាកាស គឺទីវាល ដែលអាស្រ័យគ្រឿង​ឈើខ្លះ អាស្រ័យវល្លិសម្រាប់ចងខ្លះ អាស្រ័យដីសម្រាប់លាបខ្លះ អាស្រ័យស្បូវប្រក់ខ្លះ ផ្តុំជាមួយគ្នាហើយ ក៏រាប់ហៅថាផ្ទះបាន យ៉ាងណាមិញ ម្នាលអ្នកទាំងឡាយមានអាយុ អាកាសដែលអាស្រ័យឆ្អឹងខ្លះ អាស្រ័យសរសៃខ្លះ អាស្រ័យសាច់ខ្លះ អាស្រ័យស្បែកខ្លះ រួបរួមជាមួយគ្នាហើយ ទើបហៅថារូបបាន ដូច្នោះឯង។ ម្នាលអ្នកទាំងឡាយមានអាយុ បើចក្ខុខាងក្នុងមិនសាបសូន្យទេ តែរូបទាំងឡាយខាងក្រៅ មិនបានមកកាន់គន្លងចក្ខុផង ការពិចារណាអារម្មណ៍ ដែលកើតអំពីចក្ខុ និងរូបនោះ មិនមានផង ចំណែកនៃវិញ្ញាណ ដែលកើតអំពីចក្ខុ និងរូបនោះ ក៏មិនទាន់កើតប្រាកដនៅឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ បើចក្ខុខាងក្នុងមិនសាបសូន្យទេ ហើយរូបទាំងឡាយខាងក្រៅ មកកាន់គន្លងចក្ខុ តែការពិចារណាអារម្មណ៍ ដែលកើតអំពីចក្ខុ និងរូបនោះ មិនមាន ចំណែកនៃវិញ្ញាណដែលកើតអំពីចក្ខុ និងរូបនោះ ក៏មិនទាន់កើតប្រាកដនៅឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលណាបើចក្ខុខាងក្នុងមិនសាបសូន្យផង រូបទាំងឡាយខាងក្រៅមកកាន់គន្លងចក្ខុផង ការពិចារណាអារម្មណ៍ ដែលកើតអំពីចក្ខុ និងរូបនោះ ក៏កើតមានផង។ ចំណែកនៃវិញ្ញាណដែលកើតអំពីចក្ខុ និងរូបនោះ ទើបកើតប្រាកដឡើងបាន ដោយប្រការដូច្នេះ។ រូបណាដែលកើតជាមួយនឹងចក្ខុវិញ្ញាណ រូបនោះសង្គ្រោះចូលក្នុងរូបូបាទានក្ខន្ធ។ វេទនាណា ដែលកើតជាមួយនឹងចក្ខុវិញ្ញាណ វេទនានោះ សង្គ្រោះចូលក្នុងវេទនូបាទានក្ខន្ធ។ សញ្ញាណា ដែលកើតជាមួយ​នឹងចក្ខុវិញ្ញាណ សញ្ញានោះសង្គ្រោះចូលក្នុងសញ្ញូបាទានក្ខន្ធ។ សង្ខារទាំងឡាយណា ដែលកើតជាមួយនឹងចក្ខុវិញ្ញាណ សង្ខារទាំងឡាយនោះ សង្គ្រោះចូលក្នុង​សង្ខារូបាទានក្ខន្ធ។ វិញ្ញាណណា ដែលកើតជាមួយនឹងចក្ខុ វិញ្ញាណនោះ សង្គ្រោះចូល​ក្នុង​វិញ្ញាណូបាទានក្ខន្ធ។ ភិក្ខុនោះ តែងដឹងច្បាស់ យ៉ាងនេះថា ការសង្គ្រោះ គឺប្រមូលប្រជុំ នូវឧបាទានក្ខណ្ធទាំង៥នេះ យ៉ាងនេះឯង។ មួយវិញទៀត ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បុគ្គលណាឃើញបដិច្ចសមុប្បាទ (គឺសេចក្តី​កើតឡើង ព្រោះអាស្រ័យហេតុ) បុគ្គលនោះ ឈ្មោះថា ឃើញធម៌ បុគ្គលណាឃើញធម៌ បុគ្គលនោះ ឈ្មោះថា ឃើញ បដិច្ចសមុប្បាទ (គឺសេចក្តីកើតឡើង ព្រោះអាស្រ័យហេតុ)។ ឧបាទានក្ខណ្ធទាំង៥ណា ដែលមាននៅ ឧបាទានក្ខណ្ធទាំង៥នេះឯង កើតឡើងព្រម ព្រោះអាស្រ័យហេតុ សេចក្តីពេញចិត្ត សេចក្តីអាល័យ សេចក្តីត្រេកអរ និងសេចក្តី​ជ្រប់ចុះ ក្នុងឧបាទានក្ខណ្ធទាំង៥នេះណា សេចក្តីពេញចិត្ត ជាដើមនោះ ឈ្មោះថា ទុក្ខសមុទយៈ (ហេតុជាទីកើតឡើងនៃទុក្ខ) ការកំចាត់បង់ នូវតម្រេក ដោយអំណាច​នៃតណ្ហា និងការលះបង់នូវតម្រេក ដោយអំណាច នៃតណ្ហាណា ក្នុងឧបាទានក្ខណ្ធទាំង​៥នេះ ការកំចាត់បង់ នូវតម្រេកជាដើមនោះ ឈ្មោះថា ទុក្ខនិរោធ។ ម្នាលអ្នកទាំងឡាយ​មានអាយុ ពាក្យប្រដៅ របស់ព្រះមានព្រះភាគ ឈ្មោះថាភិក្ខុនោះធ្វើរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ ម្នាលអ្នកទាំងឡាយមានអាយុ បើសោតប្បសាទ​ខាងក្នុងមិនសាបសូន្យ… ឃានប្បសាទមិនសាបសូន្យ… ជីវ្ហាបសាទមិនសាបសូន្យ… កាយប្បសាទមិនសាបសូន្យ… ម្នាលអ្នកទាំងឡាយមានអាយុ បើចិត្តខាងក្នុង​មិន​សាបសូន្យទេ តែធម្មារម្មណ៍ទាំងឡាយខាងក្រៅ មិនបានមកកាន់គន្លងភវង្គៈផង ការពិចារណាអារម្មណ៍ ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ក៏មិនទាន់មានផង ចំណែកនៃវិញ្ញាណ ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ក៏មិនទាន់កើតប្រាកដ​នៅ​ឡើយ។ ម្នាលអ្នកទាំងឡាយមានអាយុ បើចិត្តខាងក្នុងមិនសាបសូន្យផង ធម្មារម្មណ៍ទាំងឡាយ​ខាងក្រៅ ក៏បានមកកាន់គន្លងភវង្គៈផង តែការពិចារណាអារម្មណ៍ ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះមិនមាន ចំណែកនៃវិញ្ញាណដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ក៏នៅមិនទាន់ប្រាកដ។ ម្នាលអ្នកទាំងឡាយមានអាយុ កាលណា បើចិត្តខាងក្នុងមិនសាបសូន្យផង ធម្មារម្មណ៍ទាំងឡាយខាងក្រៅ បានមកកាន់​គន្លង​ភវង្គៈផង ការពិចារណាអារម្មណ៍ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ក៏មានផង។ ចំណែកនៃវិញ្ញាណ ដែលកើតអំពីចិត្ត និងធម្មារម្មណ៍នោះ ទើបកើតប្រាកដឡើងបាន យ៉ាងនេះឯង។ រូបណា ដែលកើតជាមួយនឹងមនោវិញ្ញាណ រូបនោះសង្គ្រោះ ចូលក្នុង​រូបូបាទានក្ខន្ធ។ វេទនាណា ដែលកើតជាមួយនឹងមនោវិញ្ញាណ វេទនានោះ សង្គ្រោះចូលក្នុង​វេទនូបាទានក្ខន្ធ។ សញ្ញាណា ដែលកើតជាមួយនឹងមនោវិញ្ញាណ សញ្ញានោះ សង្គ្រោះចូលក្នុងសញ្ញូបាទានក្ខន្ធ។ សង្ខារទាំងឡាយណា ដែលកើតជាមួយនឹងមនោវិញ្ញាណ សង្ខារទាំងឡាយនោះ សង្គ្រោះចូលក្នុង​សង្ខារូបាទានក្ខន្ធ។ វិញ្ញាណណា ដែលកើតជាមួយនឹងភវង្គៈ វិញ្ញាណនោះ សង្គ្រោះចូលក្នុងវិញ្ញាណូបាទានក្ខន្ធ។ ភិក្ខុនោះ តែងដឹងច្បាស់ យ៉ាងនេះថា ការសង្គ្រោះ គឺប្រជុំប្រមូលនូវឧបាទានក្ខណ្ធទាំង៥នេះ យ៉ាងនេះឯង។ មួយទៀត ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បុគ្គលណា ឃើញបដិច្ចសមុប្បាទ បុគ្គលនោះ ឈ្មោះថា ឃើញធម៌ បុគ្គលណាឃើញធម៌ បុគ្គលនោះ ឈ្មោះថាឃើញបដិច្ចសមុប្បាទ ។ ឧបាទានក្ខណ្ធ​ទាំង៥ណា ដែលមាននៅ ឧបាទានក្ខណ្ធទាំង៥នេះឯង កើតឡើងព្រម ព្រោះអាស្រ័យហេតុ សេចក្តីពេញចិត្ត សេចក្តីអាល័យ សេចក្តីត្រេកអរ សេចក្តីជ្រប់ចុះណា ក្នុងឧបាទានក្ខណ្ធទាំង៥នេះ សេចក្តីពេញចិត្តជាដើមនោះ ឈ្មោះថា ទុក្ខសមុទ័យ ការកំចាត់បង់នូវតម្រេក ដោយអំណាចតណ្ហា និងការលះបង់តម្រេក ដោយអំណាចតណ្ហា ក្នុងឧបាទានក្ខណ្ធទាំង៥នេះ ការកំចាត់បង់នូវតម្រេកជាដើមនោះ ឈ្មោះថា ទុក្ខនិរោធ។ ម្នាលអ្នកទាំងឡាយមានអាយុ ពាក្យប្រដៅរបស់ព្រះមានព្រះភាគ ឈ្មោះថា ភិក្ខុនោះធ្វើរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ លុះព្រះសារីបុត្រ មានអាយុ សំដែងនូវមហាហត្ថិបទោបមសូត្រនេះចប់ហើយ ភិក្ខុទាំងអម្បាលនោះ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះសារីបុត្រមានអាយុ ដោយប្រការដូច្នេះ។

ចប់ មហាហត្ថិបទោបមសូត្រ ទី៨

មហាសារោបមសូត្រ ទី៩

(៩. មហាសារោបមសុត្តំ)

[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើ ភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ កាលដែលទេវទត្តចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះមាន ព្រះភាគ ទ្រង់ប្រារព្ធទេវទត្ត ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនេះថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកុលបុត្រពួកខ្លះ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយសទ្ធា គិត​ថា អាត្មាអញ ជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខ​គ្របសង្កត់​ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យ​ប្រាកដ​​បាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តី​សរសើរ​ឲ្យកើតឡើង។ កុលបុត្រនោះ ក៏មានសេចក្តីពេញចិត្ត មានតម្រិះ​ដ៏បរិបូណ៌ ដោយ​លាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់​អ្នក​ដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះថា អាត្មាអញ ជាអ្នក​បាន​​លាភសក្ការៈ និងសេចក្តីសរសើរ ចំណែកភិក្ខុទាំងឡាយឯទៀតៗនេះ ជាអ្នក​មិនមាន​កេរ្តិ៍ឈ្មោះ​យសស័ក្តិ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះ​លាភ​សក្ការៈ និងសេចក្តីសរសើរនោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុ​ទាំង​ឡាយ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើ​ឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់​យក​តែ​មែក និងស្លឹកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ​ បានឃើញ​បុរស​នោះហើយ ក៏និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុដូច្នោះ បានជាបុរសដ៏ចម្រើននេះ ត្រូវការ​ដោយ​ខ្លឹម​ឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះ​មុខ) ក៏រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់យកតែមែក និងស្លឹកមក សំគាល់​​ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹម​ឈើ​នោះ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ សេចក្តី​នេះឧបមា​យ៉ាង​ណា ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យ ដូចជាកុលបុត្រពួកខ្លះ ក្នុងសាសនានេះ ចេញ​ចាក​ផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញ នឹងជាអ្នកមានជាតិ ជរា មរណៈ សេចក្តី​សោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ ចិត្ត​គ្របសង្កត់​ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹង​ធ្វើនូវ​ទី​បំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាង​នេះ​ហើយ ក៏ញ៉ាំង​លាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ ក៏មាន​សេចក្តី​ពេញ​ចិត្ត មានតម្រិះ ដ៏បរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះថា អាត្មាអញ ជាអ្នកមានលាភសក្ការៈ និងសេចក្តីសរសើរ ចំណែកភិក្ខុ​ទាំងឡាយ​ដទៃនេះ ជាអ្នកមិនមានកេរ្តិ៍ឈ្មោះយសស័ក្តិ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់​នូវ​សេចក្តី​ប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះប្រមាទហើយ រមែង​នៅ​ជា​ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានកាន់យកតែមែក និងស្លឹក របស់ព្រហ្មចរិយៈ ហើយដល់នូវការបន្ធូរបន្ថយ​សេចក្តី​ព្យាយាម ដោយហេតុនោះ។

[៨៦] ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មានកុលបុត្រពួកខ្លះទៀត ចេញ​ចាក​ផ្ទះដោយសទ្ធា ​ចូលទៅកាន់ផ្នួសដោយគិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តី​សោក សេច​ក្តី​ខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត​គ្របសង្កត់ហើយ ឈ្មោះ​ថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវ​ទីបំផុត នៃ​កង​ទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួស​យ៉ាង​នេះ​ហើយ ក៏ញ៉ាំង​លាភ​សក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ ក៏មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រ​នោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និង​សេចក្តី​​សរសើរ​នោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ មាន​សេចក្តី​ពេញ​ចិត្ត មានតម្រិះបរិបូណ៌ដោយសីលសម្បទានោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះ​បង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះថា អាត្មាអញជាអ្នកមានសីល មានធម៌ល្អ ចំណែក​ភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់។ កុលបុត្រនោះ រមែង​ស្រវឹង វង្វេង ដល់នូវសេចក្តី​ប្រមាទ ដោយសីលសម្បទានោះ លុះប្រមាទហើយ រមែង​នៅជាទុក្ខ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជាបុរស អ្នកត្រូវការដោយខ្លឹមឈើ ស្វែង​រក​ខ្លឹម​ឈើ ត្រាច់ទៅស្វែងរកខ្លឹម​ឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ហើយ ក៏រំលងខ្លឹម ស្រាយ សំបក ហើយកែះយកតែក្រមរមក សំគាល់ថាខ្លឹម ហើយ​ចៀសចេញ​ទៅ។ បុរសមាន​ចក្ខុបានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា ឱបុរសដ៏​ចម្រើននេះ មិនស្គាល់​ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុដូច្នោះ បានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ហើយ ក៏រំលងខ្លឹម ស្រាយ សំបក ហើយកេះយកតែក្រមរមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើ ដោយខ្លឹមឈើនោះ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ (សេចក្តីនេះឧបមាយ៉ាងណា) ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យ ដូចជាកុលបុត្រពួកខ្លះ ក្នុងសាសនានេះ ចេញចាកផ្ទះដោយសទ្ធា ចូលទៅកាន់ផ្នួសដោយគិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំង​លាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាន​នូវ​សីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសីលសម្បទានោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះថា អាត្មាអញជាអ្នកមានសីល មានធម៌ល្អ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់។ កុលបុត្រនោះ ក៏ស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ដោយសីលសម្បទានោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានកាន់យកតែក្រមរ របស់ព្រហ្មចរិយៈ ហើយដល់នូវការបន្ធូរបន្ថយសេចក្តីព្យាយាម ដោយហេតុនោះ។

[៨៧] ម្នាលភិក្ខុទាំងឡាយ កុលបុត្រពួកខ្លះក្នុងសាសនានេះ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញ ជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត​គ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដឡើងបាន។ កុលបុត្រនោះ លុះបួស​យ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរ​នោះឡើយ។ កុលបុត្រនោះ មិនបានលើកតំកើងខ្លួនឯង មិនបានបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះទេ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទ​ហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទា​នោះ តែថាមិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះឡើយ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសមាធិសម្បទានោះ។ កុលបុត្រនោះ លើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះថា អាត្មាអញ ជាអ្នកមានចិត្តខ្ជាប់ខ្ជួន មានចិត្តប្រព្រឹត្តទៅ ក្នុងអារម្មណ៍តែមួយ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ មិនមាន​ចិត្ត​ខ្ជាប់ខ្ជួន មានចិត្តវិលផ្សេងៗ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ដូចបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំ មានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម រំលងស្រាយ ហើយស្ទោះ យកតែសំបកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ ឃើញបុរសនោះ​ហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក ស្លឹកទេតើ ព្រោះហេតុនោះ បុរសដ៏ចម្រើននេះ អ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំ មានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម រំលងស្រាយ ហើយស្ទោះ យកតែសំបកមកសំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារសំខាន់ណា ដែលបុរសនោះត្រូវធ្វើដោយខ្លឹមឈើនោះ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ (សេចក្តីនេះ ឧបមាយ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចកុលបុត្រពួកខ្លះ ក្នុងសាសនានេះ បានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ មិនមានសេចក្តី​ពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រ​នោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តី​សរសើរ​នោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភ​សក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវសីលសម្បទា កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែថា មិនមាន​តម្រិះ​បរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះ​សីលសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសមាធិសម្បទានោះ។ កុលបុត្រនោះ តែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះថា អាត្មាអញជាអ្នកមានចិត្តខ្ជាប់ខ្ជួន មានចិត្តប្រព្រឹត្តទៅ ក្នុងអារម្មណ៍តែមួយ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួន មានចិត្តវិលផ្សេងៗ។ កុលបុត្រនោះ ក៏ស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានកាន់យកតែសំបកនៃ ព្រហ្មចរិយៈ ហើយដល់នូវការបន្ធូរបន្ថយសេចក្តីព្យាយាម ដោយហេតុនោះ។

[៨៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត កុលបុត្រពួកខ្លះ ក្នុងសាសនានេះ បានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀត​ចង្អល់​ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួស​យ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរ​នោះ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវ​សីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់​អ្នកដទៃ ព្រោះសីលសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវ​សេចក្តី​ប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសមាធិសម្បទានោះ តែថា មិនមានតម្រិះ​បរិបូណ៌​ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទា​នោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទា​នោះ លុះមិនប្រមាទហើយ រមែងបាននូវ​ញាណទស្សនៈ​។60) កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយញាណ​ទស្សនៈនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់​អ្នកដទៃ ព្រោះញាណទស្សនៈនោះថា អាត្មាអញ បានស្គាល់ បានឃើញ (នូវរូបល្អិត) ចំណែកភិក្ខុទាំងឡាយឯទៀតៗនេះ មិនបានស្គាល់ មិនបានឃើញ (នូវរូបល្អិត) ទេ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះញាណទស្សនៈនោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ដូចបុរសអ្នកត្រូវការដោយ​ខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ហើយចាំងយកតែស្រាយ មកសំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ព្រោះហេតុ​នោះ បានជាបុរសដ៏ចម្រើននេះ អ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅ​ស្វែង​រកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ហើយចាំងយក​តែស្រាយ មកសំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើ​ដោយ​ខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ដល់បុរសនោះឡើយ (សេចក្តីនេះឧបមាយ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចកុលបុត្រពួកខ្លះ ក្នុងសាសនានេះ បានចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញ ជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរ​ឲ្យកើត​ឡើង។ កុលបុត្រនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភ​សក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះ​បង្អាប់​អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះ​មិន​ប្រមាទហើយ រមែងបាននូវសីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយ​សីលសម្បទានោះ តែមិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវ​សមាធិសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសមាធិសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់​អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវ​សេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវ​ញាណទស្សនៈ។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយញាណទស្សនៈ​នោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់​អ្នកដទៃ ព្រោះញាណទស្សនៈនោះថា អាត្មាអញ បានដឹង បានឃើញ (រូបល្អិត) ចំណែកភិក្ខុទាំងឡាយដទៃៗនេះ មិនបានដឹង មិនបានឃើញ (រូបល្អិត) ទេ។ កុលបុត្រនោះ តែងស្រវឹង វង្វេង ដល់នូវសេចក្តីប្រមាទ ព្រោះញាណទស្សនៈនោះ លុះប្រមាទហើយ រមែងនៅជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានកាន់យកតែស្រាយរបស់ ព្រហ្មចរិយៈ ហើយដល់នូវការបន្ធូរបន្ថយ​សេចក្តីព្យាយាម ដោយហេតុនោះ។

[៨៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត កុលបុត្រពួកខ្លះក្នុងសាសនានេះ បានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្រប​សង្កត់​ហើយ ឈ្មោះថាមានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើ​នូវទីបំផុតនៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះ​ហើយ ក៏បានញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះ មិនពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបានបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តី​ប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាន​នូវ​សីលសម្បទា។ កុលបុត្រនោះ ពេញចិត្ត ដោយសីលសម្បទានោះ តែថា មិនមានតម្រិះ​បរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទា​នោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា។ កុលបុត្រនោះ ពេញចិត្ត ដោយសមាធិសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទា​នោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទា​នោះ លុះមិនប្រមាទហើយ រមែងបាននូវញាណទស្សនៈ។ កុលបុត្រនោះ ពេញចិត្ត ដោយញាណទស្សនៈនោះ តែថាមិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះញាណទស្សនៈ​នោះ លុះមិនប្រមាទហើយ រមែងបាននូវសមយវិមោក្ខ។61) ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះគប្បីសាបសូន្យចាក សមយវិមុត្តិ នោះ ដោយហេតុណា ហេតុនុ៎ះឯង រមែងមាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏ចាំងយកតែខ្លឹមមក ដឹងថាខ្លឹមពិតហើយ​ ចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ ស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកប្រាកដ ព្រោះហេតុនោះ បានជាបុរសដ៏ចម្រើននេះ ត្រូវការ​ដោយ​ខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏ចាំងយកតែខ្លឹមម្យ៉ាង ដឹងថាជាខ្លឹមពិតហើយ ចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើដោយខ្លឹមឈើ ការងារនោះនឹងសម្រេចប្រយោជន៍ដល់បុរសនោះពិត (សេចក្តីនេះឧបមាយ៉ាងណា) ម្នាលភិក្ខុទាំងឡាយ ឧបមេយ្យដូចជាកុលបុត្រពួកខ្លះ ក្នុងសាសនានេះ បានចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រនោះ លុះបួសយ៉ាងនេះហើយ បានញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ កុលបុត្រនោះមិនពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះហើយ ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបានបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តី​ប្រមាទ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះ លុះមិនប្រមាទហើយ រមែងបាននូវ​សីលសម្បទា។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់​អ្នកដទៃ ព្រោះសីលសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវ​សេចក្តី​ប្រមាទ ព្រោះសីលសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវសមាធិសម្បទា…។ កុលបុត្រនោះ ពេញចិត្ត ដោយសមាធិសម្បទានោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបានបន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះសមាធិសម្បទានោះ លុះមិនប្រមាទហើយ រមែងបាននូវញាណទស្សនៈ។ កុលបុត្រនោះ ពេញចិត្ត ដោយញាណទស្សនៈនោះ តែថា មិនមានតម្រិះបរិបូណ៌ទេ។ កុលបុត្រនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈ​នោះ។ កុលបុត្រនោះ មិនស្រវឹង មិនវង្វេង មិនដល់នូវសេចក្តីប្រមាទ ព្រោះញាណទស្សនៈ​នោះ លុះមិនប្រមាទហើយ រមែងបាននូវអសមយវិមោក្ខ (ធម៌ដែលរួចចាកកិលេស ឥតមានកំណត់កាលវេលា បានដល់នវលោកុត្តរធម៌)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសាបសូន្យចាកអសមយវិមុត្តិនោះ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ។

[៩០] ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនេះ មិនមែនមានលាភសក្ការៈ និងសេចក្តីសរសើរ ជាអានិសង្ស មិនមែនមានសីលសម្បទា ជាអានិសង្ស មិនមែនមានសមាធិសម្បទា ជាអានិសង្ស មិនមែនមានញាណទស្សនៈ ជាអានិសង្សតែប៉ុណ្ណេះទេ ម្នាលភិក្ខុទាំងឡាយ ចេតោវិមុត្តិ ការរួចចាកកិលេសនៃចិត្ត គឺអរហត្តផល ជាធម្មជាតិមិនកម្រើកណា ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនេះ មានអរហត្តផលនុ៎ះ​ ជាប្រយោជន៍ មានអរហត្តផលនុ៎ះ ជាខ្លឹម មានអរហត្តផលនុ៎ះ ជាទីបំផុត។ ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត បានត្រេកអរហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ មហាសារោបមសូត្រ ទី៩

ចូឡសារោបមសូត្រ ទី១០

(១០. ចូឡសារោបមសុត្តំ)

[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រាហ្មណ៍​ឈ្មោះ​បិង្គលកោច្ឆៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះមានព្រះភាគ ហើយបញ្ចប់ពាក្យ ដែលគួរឲ្យកើតសេចក្តីរីករាយ គួរជាទីរឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍ឈ្មោះបិង្គលកោច្ឆៈ អង្គុយក្នុងទីដ៏​សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏ចម្រើន សមណព្រាហ្មណ៍ទាំងឡាយណា មានពួក មានគណៈ ជាអាចារ្យ​នៃគណៈ មានកេរ្តិ៍ឈ្មោះយសស័ក្តិ ធ្វើលទ្ធិដូចជាកំពង់ ជនច្រើននាក់ បានសន្មតថា ជាមនុស្សត្រឹមត្រូវ គឺបូរណកស្សប១ មក្ខលិគោសាល១ អជិតកេសកម្ពល១ បកុធកច្ចាយនៈ១ សញ្ជយវេលដ្ឋបុត្ត១ និគន្ថនាដបុត្ត១ សមណព្រាហ្មណ៍​ទាំងអស់នោះ បានត្រាស់ដឹង ដូចពាក្យប្តេជ្ញារបស់ខ្លួន ឬមិនបានត្រាស់ដឹងទាំងអស់គ្នាទេ ឬថាត្រាស់​ដឹង​ខ្លះ មិនបានត្រាស់ដឹងខ្លះ។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ កុំនិយាយឡើយ ពាក្យថា សមណព្រាហ្មណ៍ទាំងអស់នោះ បានត្រាស់ដឹង ដូចពាក្យប្តេជ្ញារបស់ខ្លួន ឬមិនបាន​ត្រាស់ដឹង​ទាំងអស់គ្នាទេ ឬថាត្រាស់ដឹងខ្លះ មិនបានត្រាស់ដឹងខ្លះ ដូច្នេះនេះ ចូរលើក​ទុកសិន​ចុះ ម្នាលព្រាហ្មណ៍ តថាគត នឹងសំដែងធម៌ ដល់អ្នកវិញ ចូរអ្នកប្រុងស្តាប់ធម៌​នោះ ចូរធ្វើទុកក្នុងចិត្តឥឲ្យល្អចុះ តថាគតនឹងសំដែង។ បិង្គលកោច្ឆព្រាហ្មណ៍ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះសមណៈដ៏ចម្រើន។

[៩២] ព្រះមានព្រះភាគបានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលព្រាហ្មណ៍ ប្រៀប​ដូចបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់​យក​តែមែក និងស្លឹក មកសំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញ​បុរសនោះហើយ និយាយយ៉ាងនេះថា បុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុនោះ បានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើ​ឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់យក​តែមែក និងស្លឹកមកសំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរស​នោះឡើយ។ ម្នាលព្រាហ្មណ៍ ដូចជាបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំ មានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ហើយកេះយកតែក្រមរមក សំគាល់ថាខ្លឹម ហើយចៀស​ចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុនោះ បានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅ​ស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ហើយកេះយកតែក្រមរមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារ​ណា ដែល​បុរស​នោះ ត្រូវធ្វើដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេច​ប្រយោជន៍ ដល់​បុរសនោះ​ឡើយ។ ម្នាលព្រាហ្មណ៍ ឬក៏ដូចជាបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរក​ខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលង​ខ្លឹម ស្រាយ ហើយស្ទោះយកតែសំបកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុនោះ បានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវ​ការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹម​ឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ ហើយស្ទោះយកតែសំបកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ ពុំនោះសោត ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើ​ឈើ​ធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ហើយចាំងយកស្រាយមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ មិនស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកទេតើ ហេតុនោះ បានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែង​រកខ្លឹម​ឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ហើយចាំង​យកតែ​ស្រាយមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើដោយ​ខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ ពុំនោះសោត ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏ចាំងយកតែ​ខ្លឹម​មក ស្គាល់ថាខ្លឹមពិត ហើយចៀសចេញទៅ។ បុរសមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា ឱបុរសដ៏ចម្រើននេះ ស្គាល់ខ្លឹម ស្រាយ សំបក ក្រមរ មែក និងស្លឹកមែន ហេតុនោះបានជាបុរសដ៏ចម្រើននេះ ជាអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏ចាំងយកតែ​ខ្លឹមមក ស្គាល់ច្បាស់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹងសម្រេចប្រយោជន៍ ដល់បុរសនោះ។

[៩៣] ម្នាលព្រាហ្មណ៍ សេចក្តីដែលពោលមកហើយនេះ ក៏ដូចគ្នានឹងកុលបុត្រ​ពួកខ្លះ ក្នុងសាសនានេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា ដោយគិតថា អាត្មាអញ ជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត គ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មាន​ទុក្ខ​រួបរឹត​ហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ កុលបុត្រ​នោះ លុះបួសរួចយ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរ​ឲ្យកើតឡើង។ កុលបុត្រនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយលាភ​សក្ការៈ និងសេចក្តីសរសើរនោះ។ កុលបុត្រនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់​អ្នក​ដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះថា អាត្មាអញ ជាអ្នកមានលាភ​សក្ការៈ និងសេចក្តីសរសើរ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកមិនមានកេរ្តិ៍ឈ្មោះ យសស័ក្តិទេ។ ធម៌ទាំងឡាយដទៃណា ដែលជាធម៌ដ៏លើសលុប និងថ្លៃថ្លា ជាងលាភសក្ការៈ និងសេចក្តីសរសើរ កុលបុត្រនោះ មិនបានញ៉ាំងឆន្ទៈឲ្យកើតឡើង មិនព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តរួញរា ប្រព្រឹត្តធូរថយផង ម្នាលព្រាហ្មណ៍ ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើនោះ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ) ក៏រំលងខ្លឹម ស្រាយ សំបក ក្រមរ ហើយកាត់យកតែមែក និងស្លឹកមក សំគាល់ថាខ្លឹម ហើយចៀស​ចេញ​ទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គលនេះ ថាដូចជាបុរសនោះដែរ។

[៩៤] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះក្នុងសាសនានេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា ដោយគិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត គ្រប​សង្កត់​ហើយ ឈ្មោះថា ជាអ្នកមានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ បុគ្គលនោះ លុះបួសរួច​យ៉ាងនេះហើយ រមែងញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ បុគ្គលនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរ​នោះ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និង​សេចក្តីសរសើរនោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាង​លាភសក្ការៈ និងសេចក្តីសរសើរ បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើតឡើង រមែង​ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវសីលសម្បទា។ បុគ្គលនោះ មាន​សេចក្តី​ពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសីលសម្បទានោះ។ បុគ្គលនោះ រមែងលើកតំកើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះថា អាត្មាអញ ជាអ្នកមានសីល មានធម៌​ល្អ ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសីលសម្បទា បុគ្គលនោះ មិនញ៉ាំង​ឆន្ទះឲ្យកើត មិនព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិរួញរា ប្រព្រឹត្តិធូរថយផង។ ម្នាលព្រាហ្មណ៍ ដូចជាបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ)ក៏រំលងខ្លឹម ស្រាយ សំបក ហើយកែះយកតែក្រមរមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គល​នេះថា ដូចជាបុរសនោះដែរ។

[៩៥] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងសាសនានេះ។បេ។ គប្បីធ្វើនូវ ទីបំផុតឲ្យប្រាកដបាន។ បុគ្គលនោះ លុះបួសរួច យ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ បុគ្គលនោះ មិនមានសេចក្តីពេញចិត្ត មិនមានតម្រិះ​បរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ បុគ្គលនោះ មិនលើកតំកើងខ្លួន​ឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និងសេចក្តីសរសើរនោះឡើយ។ ធម៌​ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងលាភសក្ការៈ និងសេចក្តីសរសើរ បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើតឡើង ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំង​នោះ​ផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវសីលសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់​អ្នក​ដទៃ ព្រោះសីលសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លា​ជាង​សីលសម្បទា បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើតឡើង ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវសមាធិសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយសមាធិសម្បទានោះ ។ បុគ្គលនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះសមាធិសម្បទានោះថា អាត្មាអញ ជាអ្នកមានចិត្តខ្ជាប់ខ្ជួន មានចិត្តប្រព្រឹត្តទៅ ក្នុងអារម្មណ៍តែមួយ ឯភិក្ខុទាំងឡាយ​ដទៃៗនោះ មិនមានចិត្តខ្ជាប់ខ្ជួន មានចិត្តវិលផ្សេងៗ។ ធម៌ទាំងឡាយដទៃណា ជាធម៌​ដ៏លើសលុប និងថ្លៃថ្លាជាងសមាធិសម្បទា បុគ្គលនោះ មិនញ៉ាំងឆន្ទះឲ្យកើត មិនព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិរួញរា ប្រព្រឹត្តិធូរថយផង។ ម្នាលព្រាហ្មណ៍ ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើនោះ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ)ក៏រំលងខ្លឹម ស្រាយ ហើយស្ទោះយកតែសំបកមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គលនេះថា ដូចជាបុរសនោះដែរ។

[៩៦] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះក្នុងសាសនានេះ ចេញចាកផ្ទះ ចូល​កាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញមានជាតិ ជរា មរណៈ គ្របសង្កត់ហើយ។បេ។ នឹងធ្វើនូវទីបំផុត ឲ្យប្រាកដបាន។ បុគ្គលនោះ លុះបួសរួច យ៉ាងនេះហើយ ក៏ញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើតឡើង។ បុគ្គលនោះ មិនមានសេចក្តី​ពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះលាភសក្ការៈ និង​សេចក្តី​សរសើរនោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាង​លាភសក្ការៈ និងសេចក្តីសរសើរ បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើត ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះរមែងបាននូវសីលសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសីលសម្បទា បុគ្គលនោះ រមែងញ៉ាំង​ឆន្ទះឲ្យកើតឡើង ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាន​នូវសមាធិសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយសមាធិសម្បទានោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់​អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសមាធិសម្បទា បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើត ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវញាណទស្សនៈ។ បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ ដោយញាណទស្សនៈនោះ។ បុគ្គលនោះ រមែងលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះថា អាត្មាអញជាអ្នកបានដឹង បានឃើញ (រូបល្អិត) ចំណែកភិក្ខុទាំងឡាយដទៃៗនេះ ជាអ្នកមិនដឹង មិនឃើញ (រូបល្អិត)។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ បុគ្គលនោះ មិនញ៉ាំងឆន្ទះឲ្យកើត មិនព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិ រួញរា ប្រព្រឹត្តិ​ធូរថយផង។ ម្នាលព្រាហ្មណ៍ ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើនោះ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ)ក៏រំលងខ្លឹម ហើយចាំងយកតែស្រាយមក សំគាល់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹងមិនសម្រេចប្រយោជន៍ ដល់បុរសនោះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គលនេះថា ដូចជាបុរសនោះដែរ។

[៩៧] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះក្នុងសាសនានេះ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយសទ្ធា គិតថា អាត្មាអញជាអ្នកមានជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត គ្របសង្កត់ហើយ ឈ្មោះថា មានទុក្ខគ្របសង្កត់ហើយ មានទុក្ខរួបរឹតហើយ ធ្វើម្តេចហ្ន៎ នឹងធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ បុគ្គលនោះ លុះបួសរួចយ៉ាងនេះហើយ តែងញ៉ាំងលាភសក្ការៈ និងសេចក្តីសរសើរឲ្យកើត។ បុគ្គលនោះ មិនមានសេចក្តី​ពេញចិត្ត មិនមានតម្រិះបរិបូណ៌ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងលាភសក្ការៈ និងសេចក្តីសរសើរ បុគ្គលនោះរមែងញ៉ាំងឆន្ទះឲ្យកើតឡើង ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវសីលសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយសីលសម្បទានោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះសីលសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប ជាងសីលសម្បទានោះ បុគ្គលនោះ រមែងញ៉ាំងឆន្ទះ​ឲ្យកើត ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ បុគ្គលនោះ រមែងបាននូវ​សមាធិសម្បទា។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយសមាធិសម្បទានោះ តែមិនមាន​តម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់​អ្នកដទៃ ព្រោះសមាធិសម្បទានោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងសមាធិសម្បទា បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើត ព្យាយាម ដើម្បីធ្វើ​ឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយ​ផង។ បុគ្គលនោះ រមែងបាននូវញាណទស្សនៈ។ បុគ្គលនោះ មានសេចក្តីពេញចិត្ត ដោយញាណទស្សនៈនោះ តែមិនមានតម្រិះបរិបូណ៌ទេ ។ បុគ្គលនោះ មិនលើក​តំកើង​ខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះញាណទស្សនៈនោះ។ ធម៌ទាំងឡាយដទៃណា ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ បុគ្គលនោះ រមែងញ៉ាំងឆន្ទះឲ្យកើត ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះផង ជាអ្នកមានការប្រព្រឹត្តិមិនរួញរា ប្រព្រឹត្តិមិនធូរថយផង។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយដូចម្តេច ដែលជាធម៌ដ៏លើស​លុប និងថ្លៃថ្លា ជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម​ទាំង​ឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈាន ដែលប្រកប​ដោយ​វិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់នោះ។ ម្នាលព្រាហ្មណ៍ ធម៌នេះឯង ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ មួយ​ទៀត ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ វិចារៈរួចហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតិកើត​មាន​ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺ​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បានដល់នូវចតុត្ថជ្ឈាន។ ម្នាលព្រាហ្មណ៍ ធម៌នេះឯង ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ មួយទៀត ភិក្ខុ ព្រោះប្រព្រឹត្តកន្លង នូវរូបសញ្ញា62) ព្រោះអស់ទៅនៃបដិឃសញ្ញា63) ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា64) ដោយប្រការទាំងពួង បានដល់អាកាសានញ្ចាយតនជ្ឈាន ដោយការពិចារណាថា អាកាសមិនមាន​ទីបំផុត ដូច្នេះ។ ម្នាលព្រាហ្មណ៍ ធម៌នេះឯង ជាធម៌ដ៏លើសលុប និងថ្លៃថ្លាជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ មួយវិញទៀត ភិក្ខុ ព្រោះប្រព្រឹត្តកន្លង នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការពិចារណាថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ។ ព្រោះប្រព្រឹត្តកន្លង នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់ នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការពិចារណាថា អ្វីតិចតួច ក៏មិនមាន ដូច្នេះ។បេ។ ព្រោះប្រព្រឹត្តកន្លងនូវ អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលព្រាហ្មណ៍ ធម៌នេះឯង ជាធម៌ដ៏លើសលុប និងថ្លៃថ្លា ជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ មួយវិញទៀត ភិក្ខុ ព្រោះប្រព្រឹត្តកន្លង នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង បានដល់នូវសញ្ញាវេទយិតនិរោធ។65) អាសវៈទាំងឡាយ របស់ភិក្ខុនោះ រមែងអស់ទៅ មិនមានសល់ ព្រោះបានឃើញច្បាស់ ដោយបញ្ញា។ ម្នាលព្រាហ្មណ៍ ធម៌នេះឯង ជាធម៌ដ៏លើសលុប និងថ្លៃថ្លា ជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយនេះឯង ជាធម៌ដ៏លើសលុប និង​ថ្លៃថ្លាជាងញាណទស្សនៈ។ ម្នាលព្រាហ្មណ៍ ដូចបុរសអ្នកត្រូវការ ដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ កាលបើឈើធំមានខ្លឹមឋិតនៅ (ចំពោះមុខ)​ក៏ចាំងយកតែខ្លឹមមក ដឹងច្បាស់ថាខ្លឹម ហើយចៀសចេញទៅ ការងារណា ដែលបុរសនោះ ត្រូវការធ្វើ ដោយខ្លឹមឈើ ការងារនោះ ក៏នឹង សម្រេចប្រយោជន៍ ដល់បុរសនោះ ។ ម្នាលព្រាហ្មណ៍ តថាគត ពោលនូវបុគ្គលនេះថា ដូចជាបុរសនោះដែរ។

[៩៨] ម្នាលព្រាហ្មណ៍ ព្រហ្មចរិយៈនេះ មិនមែនមានត្រឹមតែលាភសក្ការៈ និងសេចក្តីសរសើរ ជាអានិសង្សទេ មិនមែនមានត្រឹមតែសីលសម្បទា ជាអានិសង្សទេ មិនមែនមានត្រឹមតែសមាធិសម្បទាជាអានិសង្សទេ មិនមែនមានត្រឹមតែ​ញាណទស្សនៈ ជាអានិសង្សទេ ដោយប្រការដូច្នេះឯង ម្នាលព្រាហ្មណ៍ ចេតោវិមុត្តិ ការរួចចាកកិលេសនៃចិត្ត គឺអរហត្តផល ជាធម៌មិនកម្រើកណា ម្នាលព្រាហ្មណ៍ ព្រហ្មចរិយៈនេះ មានអរហត្តផលនុ៎ះជាប្រយោជន៍ មានអរហត្តផលនុ៎ះ ជាខ្លឹម មានអរហត្តផលនុ៎ះ ជាទីបំផុត។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រ​នេះ​ចប់​ហើយ។ បិង្គលកោច្ឆព្រាហ្មណ៍ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតម​ដ៏ចម្រើន ពីរោះណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះ តរៀងទៅ។

ចប់ ចូឡសារោបមសូត្រ ទី១០។

ចប់ ឱបម្មវគ្គទី៣។

បញ្ជីរឿងនៃឱបម្មវគ្គនោះ ដូច្នេះ

រឿងមោលិយភិក្ខុ ដែលព្រះមានព្រះភាគ ទ្រង់គម្រាម ក្នុងកកចូបមសូត្រ១ រឿងអរិដ្ឋភិក្ខុ​ប្រកាន់មិច្ឆាទិដ្ឋិ ក្នុងអលគទ្ទូបមសូត្រ១ រឿងកុមារកស្សបភិក្ខុ នៅក្នុងអន្ធវ័ន ក្នុង​វម្មិកសូត្រ១ រឿងបុណ្ណភិក្ខុ ក្នុងរថវិនីតសូត្រ១ រឿងបុគ្គលដាំដំណាំ ក្នុងនិវាបសូត្រ១ រឿងសត្វម្រឹគដេកសង្កត់លើគំនរអន្ទាក់ ក្នុងបាសរាសិសូត្រ១ រឿងប្រៀបមេដំរី​ឈ្មោះករេណុ (មានធ្មេញក្បំ) ក្នុងចូឡហត្ថិបទោបមសូត្រ១ រឿងស្នាមជើងដំរី ក្នុងមហាហត្ថិបទោបមសូត្រ១ រឿងធម៌ដ៏ប្រសើរ ប្រៀបដូចខ្លឹមឈើ ក្នុងមហាសារោបមសូត្រ១ រឿងបិង្គលកោច្ឆព្រាហ្មណ៍ ក្នុងចូឡសារោបមសូត្រ១។

ចប់ ភាគ២១

មាតិកា

ទ. ១៦១

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
មជ្ឈិមនិកាយ sut.mn
មូលបណ្ណាសកៈ ទុតិយភាគ sut.mn.vv1
ឱបម្មវគ្គ sut.mn.v03
កកចូបមសូត្រ ទី១ sut.mn.021
ការនៅច្រឡូកច្រឡំនឹងភិក្ខុនី
ការបរិភោគភោជនតែក្នុងអាសនៈមួយ
រឿងធ្លាប់មានមកហើយ
គន្លងនៃពាក្យ ៥ ប្រការ ១៥
សេចក្តីប្រៀបដោយការគូររូបក្នុងអាកាស ១៩
សេចក្តីប្រៀបដោយសំពៀតស្បែកខ្លាត្រី ២១
ការធ្វើទុកក្នុងចិត្ត ចំពោះឱវាទដែលប្រៀបដោយរណារ ២៥
អលគទ្ទូបមសូត្រ ទី២ ២៧ sut.mn.022
រឿងអរិដ្ឋភិក្ខុ
ការក្រាបបង្គំទូលអំពីទិដ្ឋិរបស់អរិដ្ឋភិក្ខុ ៣១
ការទ្រង់ឲ្យហៅអរិដ្ឋភិក្ខុ ៣៣
ការទ្រង់តិះដៀលអរិដ្ឋភិក្ខុ ៣៥
ធម៌ទាំងឡាយដែលមោឃបុរសរៀនមិនល្អ ៣៩
ធម៌ទាំងឡាយដែលកុលបុត្ររៀនល្អ ៤៣
ធម្មទេសនាមានឧបមាដោយក្បូន ៤៥
ហេតុជាទីតាំងនៃទិដ្ឋិ មាន ៦ យ៉ាង ៤៧
ពោលអំពីសេចក្តីតក់ស្លុត ៥១
អត្តវាទុបាទាន និងទិដ្ឋិនិស្ស័យ ៥៥
ការទ្រង់សាកសួរចំពោះពួកភិក្ខុ ៥៧
ភិក្ខុដែលឈ្មោះថាមានសន្ទះទ្វារកង់លើកឡើងហើយ ជាដើម ៥៩
ការបញ្ញត្តិសច្ចៈទាំង ៤ ៦១
ផលនៃសេចក្តីប្រតិបត្តិ ៦៧
វម្មិកសូត្រ ទី៣ ៧៣ sut.mn.023
ប្រស្នា ១៥ យ៉ាង
ការទ្រង់ព្យាករណ៍ប្រស្នា ១៥ យ៉ាង ៧៧
រថវិនីតសូត្រ ទី៤ ៨១ sut.mn.024
ពោលអំពីសេចក្តីសន្តោស ជាដើម
សេចក្តីបរិវិតក្ក នៃព្រះសារីបុត្រ ៨៣
សេចក្តីសរសើរព្រះបុណ្ណៈ ៨៥
វុសិតព្រហ្មចរិយប្បញ្ហា ៨៧
វិសុទ្ធិទាំង៧ ៩១
ឧបមាដោយរថព្រះទីនាំង ទាំង ៧ ៩៣
ពាក្យរាក់ទាក់ទៅវិញទៅមក ៩៧
និវាបសូត្រ ទី៥ ១០១ sut.mn.025
សេចក្តីប្រៀបដោយពួកម្រឹគ ទី១ ទី២ ១០១
សេចក្តីប្រៀបដោយពួកម្រឹគ ទី៣ ១០៣
សេចក្តីប្រៀបដោយពួកម្រឹគ ទី៤ ១០៧
សមណព្រាហ្មណ៍ ពួកទី១ ១១១
សមណព្រាហ្មណ៍ ពួកទី២ ១១៣
សមណព្រាហ្មណ៍ ពួកទី៣ ១១៥
សមណព្រាហ្មណ៍ ពួកទី៤ ១១៩
ដំណើរនៃមារ និងបរិស័ទនៃមារ ១២៣
បាសរាសិសូត្រ ទី៦ ១២៧ sut.mn.026
ព្រះមានព្រះភាគស្តេចចូលទៅកាន់អាស្រមរបស់រម្មកព្រាហ្មណ៍
ការស្វែងរកមិនប្រសើរ ១២៩
ការស្វែងរកដ៏ប្រសើរ ១៣៣
ស្តេចចូលទៅរកអាឡារតាបស ១៣៥
ស្តេចចូលទៅរកឧទ្ទកតាបស ១៣៩
ការទ្រង់ស្វែងរក សន្តិវរបទ ១៤៣
ការទ្រង់រំពឹងពីធម៌ដែលបានសម្រេចហើយ ១៤៥
ការក្រាបបង្គំទូលអារាធនានៃសហម្បតិព្រហ្ម ១៤៧
ការទ្រង់ប្រមើលមើលសត្វលោក ១៤៩
ការទ្រង់រំពឹងអំពីព្រះបឋមទេសនា ១៥១
ទ្រង់មានព្រះពុទ្ធដីកាជាមួយនឹងឧបកាជីវក ១៥៥
ទ្រង់សម្តែងធម៌ដល់បញ្ចវគ្គិយភិក្ខុ ១៥៧
កាមគុណ ៥ ១៦៣
ឧបមាដោយម្រឹគ ៣ ពួក ១៦៥
អរុប្បជ្ឈាន ៤ ១៦៧
ចូឡហត្ថិបទោបមសូត្រ ទី៧ ១៧១ sut.mn.027
ស្នាមព្រះបាទ ទាំង ៤
ឧទានវាចារបស់ជាណុស្សោណិព្រាហ្មណ៍ ១៧៥
ឧបមាដោយស្នាមជើងដំរីទាំង ៤ ១៧៧
ភាពជាអ្នកប្រកបព្រមដោយសិក្ខា និងសាជីវៈ ១៨១
រូបជ្ឈាន ៤ ១៨៧
ចុតូបបាតញ្ញាណ ១៨៩
អាសវក្ខយញ្ញាណ ១៩១
មហាហត្ថិបទោបមសូត្រ ទី៨ ១៩៥ sut.mn.028
បឋវីធាតុ
អាបោធាតុ ២០១
តេជោធាតុ ២០៣
វាយោធាតុ ២០៧
ខន្ធសង្គហៈ ២១១
មហាសារោបមសូត្រ ទី៩ ២១៧ sut.mn.029
មែក និងស្លឹកនៃព្រហ្មចរិយធម៌
ក្រមរនៃព្រហ្មចរិយធម៌ ២១៩
សំបកនៃព្រហ្មចរិយធម៌ ២២៣
ស្រាយនៃព្រហ្មចរិយធម៌ ២២៧
ខ្លឹមនៃព្រហ្មចរិយធម៌ ២៣០
ទីបំផុតនៃព្រហ្មចរិយធម៌ ២៣៥
ចូឡសារោបមសូត្រ ទី១០ ២៣៧ sut.mn.030
ឧបមាដូចបុរសអ្នកត្រូវការដោយខ្លឹមឈើ
បុគ្គលទី១ ២៤១
បុគ្គលទី២ ២៤៣
បុគ្គលទី៣ ២៤៥
បុគ្គលទី៤ ២៤៧
បុគ្គលទី៥ ២៤៩
ឧទ្ទានគាថា ២៥៥

1)
ជម្រៅរបស់​ទន្លេគង្គា​នេះ​កម្រាស់​១​គាវុត​ខ្លះ កន្លះយោជន៍ខ្លះ ឯបណ្តោយចំនួនប្រាំរយយោជន៍។ អដ្ឋកថា។
2)
ពាក្យថា បុព្វបុរសជាអ្នកសម្លាប់ត្មាតនេះ បានសេចក្តី​ថា ជាកូននៃត្រកូលអ្នកសម្លាប់ត្មាត
3)
បានខាងឧភតោវិភង្គ គឺភិក្ខុវិភង្គ និងភិក្ខុនីវិភង្គ និងនិទ្ទេស គឺបទភាជនៈ របស់​ឧភតោវិភង្គនោះ និងខន្ធកៈទាំង២២ មានបព្វជ្ជាខន្ធកៈជាដើម និងបរិវារៈ និងមង្គលសូត្រ រតនសូត្រ នាឡកសូត្រ តុវដ្តកសូត្រ ដែលមានក្នុងគម្ពីរសុត្តនិបាត និងសូត្រដទៃៗ ដែលជាពាក្យរបស់ព្រះតថាគត
4)
បានខាងសូត្រទាំងអស់ ដែលមានគាថា និង​សគាថាវត្ថុ​ទាំងអស់​ ក្នុងសំយុត្តនិកាយ
5)
បានខាងអភិធម្មបិដកទាំងអស់ និងសូត្រដែលគ្មានគាថា និងពុទ្ធវចនៈឯទៀតៗដែលមិនបានសង្គ្រោះដោយអង្គ៨
6)
បានខាងធម្មបទ ថេរគាថា ថេរីគាថា និងគាថាសុទ្ធ មិនបានឈ្មោះថាសុត្ត ក្នុងគម្ពីរ​សត្តនិបាត
7)
បានខាងព្រះសូត្រ​ទាំង៨២​ប្រកប​ដោយ​គាថា ដែលសម្រេច​មកអំពី​សោមនស្សញ្ញាណ
8)
បានខាងព្រះសូត្រទាំង១១០សូត្រ មានពាក្យថា វុត្តមិទំ ភគវតា ដូច្នេះជាដើម
9)
បានខាងជាតក៥៥០ មានអបណ្ណជាតកជាដើម
10)
បានខាងសូត្រទាំងអស់ដែលសំដែងអំពីសេចក្តីអស្ចារ្យ មានពាក្យថា ចត្តរោមេ ភិក្ខវេ អច្ឆរិយា អព្ភូតធម្មា អានន្ទ ដូច្នេះជាដើម
11)
បានខាង​សូត្រ​ទាំងឡាយ​មានចុល្លវេទល្លសូត្រ មហាវេទល្លសូត្រ សម្មាទិដ្ឋិសូត្រ សក្កបញ្ហាសូត្រ សង្ខារភាជនីយសូត្រ និងមហាបុណ្ណមសូត្រជាដើម និងសូត្រទាំង​ពួង​ដែល​អ្នក​សួរ​បាន​សេចក្តី​ត្រេកអរហើយចេះតែសួរតៗទៅ
12)
សំដៅយកមគ្គផល
13)
អដ្ឋកថា ថា បានដល់ សមថៈ និងវិបស្សនា។ ដែលព្រះសាស្តាឲ្យលះនោះ គឺឲ្យលះនូវឆន្ទរាគ ក្នុងសមថៈ និងវិបស្សនានោះឯង
14)
អដ្ឋកថា ថា បានដល់ភ្នំសិនេរុ ដែនដី និងមហាសមុទ្រជាដើម
15)
ខូតខាតទៅដោយស្តេចរឹបជាន់ ចោរលួច ភ្លើងឆេះ ទឹកលិច ឬអស់ទៅដោយប្រើប្រាស់។ អដ្ឋកថា។
16)
ហេតុនៃទិដ្ឋិមាន៨ គឺ ខន្ធ១ អវិជ្ជា១ ផស្សៈ១ សញ្ញា១ វិតក្កៈ(សេចក្តីត្រិះរិះ)១ អយោនិសោមនសិការ(ការធ្វើទុកក្នុងចិត្តដោយខុសទំនង១ បាបមិត្ត (មិត្រអាក្រក់)១ បរតោឃោសៈ សំឡេងគឹកកងអំពីសំណាក់ជនដទៃ១
17)
ឧបធិមាន៤គឺ ខន្ធូបធិ១ កិលេសូបធិ១ អភិសង្ខារូបធិ១ បញ្ចកាមគុណូបធិ១។ អដ្ឋកថា។
18)
វាទៈ និងសេចក្តីប្រកាន់ថាខ្លួនដូច្នេះ។អដ្ឋកថា។
19)
សន្ទះទ្វារកង់ ឬសន្ទះទ្វារជើងគុល ដែលធ្វើសម្រាប់អូសចេញចូលបិទបើកទ្វារស្រុក ទ្វារនគរធំៗ
20)
បានដល់អភិសង្ខារ គឺកម្មជាបច្ច័យក្នុងភពថ្មី តាមទំនងដែលញ៉ាំងសត្វឲ្យត្រេចរង្គត់ទៅក្នុងជាតិទាំងឡាយ
21)
ពាក្យថាទុក្ខនេះ​សង្គ្រោះយកសមុទ័យចូលផង
22)
ពាក្យថា រលត់នៃទុក្ខនេះសង្គ្រោះយកមគ្គចូលផង
23)
កិលេស១០យ៉ាង និងខន្ធ៥ជាដើម ឈ្មោះថា ភារៈគ្រឿងធ្ងន់ ដែលហៅថា ភារៈដាក់ចុះហើយ គឺអស់រវល់ដោយកិលេស និងខន្ធ៥ជាដើមនោះ តទៅទៀតឡើយ
24)
អភិ. មិនកើតជាអសុរកាយ
25)
បុគ្គលរឮកតាមធម៌ គឺបញ្ញា បានដល់បុគ្គលដែលតាំងនៅក្នុងសោតាបត្តិមគ្គ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានបញ្ញិន្ទ្រិយដ៏ក្លៀវក្លា ចម្រើននូវអរិយមគ្គ មានបញ្ញាជាប្រធាន
26)
បុគ្គលរឭកតាមសទ្ធា បានដល់បុគ្គល ដែលតាំងនៅក្នុងសោតាបត្តិមគ្គ ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល តែមានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា…
27)
[ព្រៃជាទីនៅនៃពួកចោរខ្វាក់ភ្នែក
28)
អដ្ឋកថា ថាស្រុកកំណើតរបស់ខ្លួន គឺស្រុកជាមួយនឹងសព្វញ្ញុពោធិសត្វ
29)
និយាយអំពីការមិនមានប្រាថ្នា៤យ៉ាង គឺមិនប្រាថ្នា​នូវបច្ច័យបួន១ មិនប្រាថ្នាឲ្យគេស្គាល់ថា ជាអ្នកកាន់ធុតង្គ១ មិនប្រាថ្នាឲ្យគេស្គាល់ថា ខ្លួន​ជា​ពហុស្សូត១ មិនប្រាថ្នាឲ្យគេស្គាល់ថា ខ្លួនបាននូវគុណ មានសោតាបត្តិផល ជាដើម១
30)
និយាយអំពីសន្តោស ១២យ៉ាងគឺ ចីវរសន្តោស មាន៣គឺ ត្រេកអរគួរតាមបាន១ ត្រេកអរ​គួរ​តាមកំឡាំង១ ត្រេកអរគួរតាមអត្តភាព១ ឯក្នុងបិណ្ឌបាតសន្តោស សេនាសនសន្តោស និងគិលានប្បច្ចយសន្តោស មានបីៗដូចគ្នា រួមជា១២
31)
និយាយអំពីសេចក្តីស្ងប់ស្ងាត់៣យ៉ាងគឺ ស្ងាត់កាយ១ ស្ងាត់ចិត្ត គឺសមាបត្តិប្រាំបី១ ស្ងាត់ចាកកិលេស គឺព្រះនិព្វាន១
32)
និយាយអំពីការមិនច្រឡូកច្រឡំ មាន៥យ៉ាងគឺ មិនច្រឡូកច្រឡំ ដោយឮសំឡេង១ មិនច្រឡូក​ច្រឡំ ដោយឃើញរូប១ មិនច្រឡូកច្រឡំ ដោយពាក្យនិយាយឆ្លើយឆ្លង១ មិនច្រឡូកច្រឡំ ដោយការប្រើប្រាស់ជាមួយគ្នា១ មិនច្រឡូកច្រឡំ ដោយការប៉ះពាល់​កាយ១
33)
និយាយអំពីការប្រារព្ធព្យាយាម ដែលពេញបរិបូណ៌​ក្នុងកាយ និងចិត្ត គ្រប់ឥតិយាបថទាំង៤
34)
បរិបូណ៌ដោយសីល គឺបានដល់​ចតុប្បារិសុទ្ធសីល
35)
សមាធិក្នុងទីនេះ បានដល់វិបស្សនា ដែលមានសមាបត្តិ៨ ជាគ្រឿងទ្រ។ អដ្ឋកថា។
36)
វិមុត្តិញ្ញាណទស្សនៈក្នុងទីនេះ បានដល់បច្ចវេក្ខណញ្ញាណទាំង១៩ គឺអនុបស្សនា៣ អនុបស្សនា៧ វិបស្សនាញ្ញាណ៩ ឯអនុបស្សនា៣ គឺ អនិច្ចានុបស្សនា១ ទុក្ខានុបស្សនា១ អនត្តានុបស្សនា១។ អនុបស្សនា៧ គឺ ១-២-៣ ដូចខាងដើម និងនិព្វិទានុបស្សនា១ វិរាគានុបស្សនា១ និរោធានុបស្សនា១ បដិនិស្សគ្គានុបស្សនា១។ វិបស្សនាញ្ញាណ៩ គឺ ឧទយព្វយញ្ញាណ១ ភង្គញ្ញាណ១ ភយតូបដ្ឋានញាណ១ អាទីនវញ្ញាណ១ និព្វិទាញាណ១ មុញ្ចិតុកាម្យតាញាណ១ បដិសង្ខាញាណ១ សង្ខារុបេក្ខាញាណ៩ សច្ចានុលោមិកញ្ញាណ១។ អដ្ឋកថាសូត្រនេះ និងវិសុទ្ធិមគ្គបញ្ញានិទ្ទេស
37)
កូននៃព្រាហ្មណី ឈ្មោះមន្តាណី
38)
បរិសុទ្ធិនៃសីលក្នុងទីនេះ បានដល់ កថាវត្ថុ៤យ៉ាង គឺ អប្បិច្ឆកថា១ សន្តុដ្ឋិកថា១ អសំសគ្គកថា១ សីលកថា១
39)
បរិសុទ្ធិនៃចិត្តក្នុងទីនេះ បានដល់ កថាវត្ថុ៣យ៉ាង គឺ បវិវេកកថា១ វីរិយារម្ភកថា១ សមាធិកថា១
40)
បរិសុទ្ធិទាំង៣ ក្នុងទីនេះ បានដល់ បញ្ញាកថា តែមួយប៉ុណ្ណោះ
41) , 42) , 43)
បរិសុទ្ធិទាំង៣ក្នុងទីនេះ បានដល់បញ្ញាកថាតែមួយប៉ុណ្ណោះ
44)
អ្នកដុសខាត់ខ្លួន ដោយ​លំអិត និងដីក្តី ដោយឫសឈើ មានសណ្ឋានដូចជើងកន្ថោរក្តី ឈ្មោះថាអ្នកងូត។ អ្នកដែលមិនធ្វើដូច្នោះ គ្រាន់តែងូតតាមប្រក្រតីឈ្មោះថា អ្នកស្រោចស្រប់។ ឯសរីរៈ​របស់​ព្រះមានព្រះភាគ មិនបានប្រឡាក់ ដោយធូលី ដែលគួរនឹងដុសចេញ ដូច្នោះទេ ព្រះអង្គ​គ្រាន់​តែ​ចុះកាន់ទឹក ដើម្បីនឹងរក្សាព្រះអង្គ ឲ្យស្រួលតាមរដូវប៉ុណ្ណោះ។ អដ្ឋកថា។
45)
មាសប្រាក់លោក​មិនបានសង្គ្រោះថា មាន​ព្យាធិមរណៈ មានសោក ព្រោះមិនមានព្យាធិ ដូចរោគឈឺក្បាលជាដើម គ្រាន់តែ​សៅហ្មង​ដោយសង្កិលេសធម៌មានជរាជាដើម ព្រោះហេតុនោះបានជា ព្រះអង្គ​សង្គ្រោះ​ក្នុង​សង្កិលេសធម៌វិញ
46)
ឧរុ ន្រែថា ខ្សាច់ វេលា ប្រែថា គំនរ ឬផ្នូក រួមគ្នាថា គំនរខ្សាច់
47)
និគម ជាទីនៅរបស់សេនា។ មានដំណាលថា ពួកជនក្នុងបឋមកប្ប តាំងលំនៅសេនា ក្នុងទីនោះ ហេតុនោះ បានជាលោកហៅថា សេនានិគម ឬហៅថា សេនានិគ្រាម ក៏បាន។ ពាក្យថា សេនានិនេះ ជាឈ្មោះ បិតានាងសុជាតា
48)
កាលពីក្នុងសាសនា​ព្រះពុទ្ធ​កស្សប ព្រហ្មនេះធ្លាប់កើតជាព្រះថេរៈ១អង្គ ឈ្មោះសហកៈបានបឋមជ្ឈាន ហើយទៅកើតជាព្រហ្មមានអាយុ១កប្ប ក្នុងជាន់បឋមជ្ឈានភូមិ បានជាហៅថាសហម្បតិ។អដ្ឋកថា។
49)
ពាក្យថា ឧច្ចាកឡារិកា នេះជាឈ្មោះនៃមេដំរី ដែលមានជើងខ្ពស់ដូចជាឈើច្រត់ ទាំងមានធ្មេញរង្វើល ព្រោះមេដំរីនោះ មានធ្មេញមួយខ្ពស់ឡើង ធ្មេញមួយទាបចុះ ធ្មេញទាំង២ នោះ ឃ្លាតចេញពីគ្នា គឺមិនជិតគ្នា។ អដ្ឋកថា។
50)
ពាក្យថា ឧច្ចាករេណុកា នេះជាឈ្មោះនៃមេដំរី ដែលមានជើងខ្ពស់ ដូចឈើច្រត់ផង មានធ្មេញស្និតផង ព្រោះមេដំរីនោះ មានធ្មេញក្រពុំ។ អដ្ឋកថា។
51)
ដែលថា តនូវពាក្យពិតដោយពាក្យពិតនេះ គឺមិននិយាយពាក្យកុហកក្នុងចន្លោះៗ បានសេចក្តីថា ជាអ្នកនិយាយពាក្យពិតមិនដាច់។ អដ្ឋកថា។
52)
ស្ត្រីក្នុងទីនេះ សំដៅយកស្ត្រីដែលមានប្តី ស្ត្រីក្មេងជាងនេះ ហៅថាកុមារី ការទទួលក្តី ប៉ះពាល់ក្តី នូវស្រីទាំងនោះមិនគួរទេ
53)
ត្រង់ដែលថា វៀរមិនទទួលខ្ញុំស្រី ខ្ញុំប្រុសនោះ គឺទទួលដោយអំណាច ជាខ្ញុំប្រើប្រាស់ផ្ទាល់ខ្លួន មិនគួរទេ បើទទួលដោយអំណាចធ្វើកប្បិយការកៈអ្នកចាត់ចែងការងារក្នុងអារាម ទើបគួរ។ អដ្ឋកថា
54) , 55)
មើលនយលក្ខណៈក្នុងព្រហ្មជាលសូត្រ ទីឃនិកាយ
56)
មើលនយលក្ខណៈ ក្នុងព្រហ្មជាលសូត្រ ទីឃនិកាយ
57)
ត្រង់ដែលថា ឧបេក្ខាអាស្រ័យកុសលនោះ បានដល់វិបស្សនូបេក្ខា និងឆឡង្គុបេក្ខាទាំង២នេះ។ ឯឆឡង្គុបេក្ខា១នេះ ជារបស់ព្រះខីណាស្រព លោកមិនត្រេកអរ មិនទោមនស្សក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ឡើយ។ ភិក្ខុត្រូវតាំងវិបស្សនា របស់ខ្លួន ទុកក្នុងឆឡង្គុបេក្ខា របស់ព្រះខីណាស្រពនោះ ដោយកម្លាំងសេចក្តីព្យាយាម និងសម្រេចដោយភាវនា។ អដ្ឋកថា។
58)
បានដល់ខ្យល់ដែលនាំចេញនូវឧច្ចារៈ និងបស្សាវៈជាដើម
59)
បានដល់ខ្យល់ដែលបក់ក្នុងវេលាបត់ចូល និងលាចេញនូវអវយវៈតូចធំជាដើម។អដ្ឋកថា។
60)
បានដល់ទិព្វចក្ខុ
61)
ប្រែថា ធម៌ដែលរួចចាកបច្ចនិកធម៌ គឺធម៌ជាសត្រូវ តាមកាល តាមវេលា បានដល់លោកិយសមាបត្តិ
62)
រូបសញ្ញា សេចក្តីសំគាល់ក្នុងរូប ឯរូបក្នុងទីនេះ សំដៅយករូបាវចរជ្ឈានផង អារម្មណ៍របស់រូបាវចរជ្ឈាននោះផង
63)
បដិឃសញ្ញា សេចក្តីសំគាល់កើតឡើងដោយការប៉ះពាល់ គឺចក្ខុប៉ះពាល់នឹងរូប ត្រចៀកប៉ះពាល់នឹងសំឡេងជាដើម
64)
នានត្តសញ្ញា សញ្ញាផ្សេងៗគ្នា ឯសញ្ញាដែលផ្សេងៗគ្នានោះមាន៤៤ គឺ កាមាវចរកុសលសញ្ញា៨ អកុសលសញ្ញា១២ កាមាវចរកុសលវិបាកសញ្ញា១១ អកុសលវិបាកសញ្ញា២ កាមាវចរកិរិយាសញ្ញា១១
65)
សេចក្តីរំលត់នូវសញ្ញា និងវេទនា
km/tipitaka/book_021.txt · ពេលកែចុងក្រោយ: 2023/03/16 11:05 និពន្ឋដោយ Johann