-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ២៣ - Book 23
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20170101 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០២៣ - Tipitaka Book 023, for change log on ati.eu see here: រាយការណ៍ ភាគ ០២៣
គំរូ ឯកសារ ផ្សេងទៀត ៖
book_023.pdf
លេខសម្គាល់
លេខទំព៍រ
ទ. ១
(មជ្ឈិមបណ្ណាស)
ចតុត្ថភាគ
ភាគទី ២៣
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(១. គហបតិវគ្គោ)
(១. កន្ទរកសុត្តំ)
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅជិតឆ្នេរស្រះគគ្គរា ក្បែរក្រុងចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ សម័យនោះឯង បេស្សហត្ថារោហបុត្រ1) និងកន្ទរកបរិព្វាជក នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបបេស្សហត្ថារោហបុត្រ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯកន្ទរកបរិព្វាជក និយាយរាក់ទាក់ ជាមួយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ និងពាក្យដែលគួររលឹកហើយ ឋិតនៅក្នុងទីដ៏សមគួរ។ លុះកន្ទរកបរិព្វាជក ឋិតនៅក្នុងទីសមគួរហើយ ក្រឡេកមៀងមើលភិក្ខុសង្ឃ ដែលគង់នៅស្ងៀមស្ងាត់ ហើយក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ ព្រោះព្រះគោតមដ៏ចំរើន បានប្រដៅភិក្ខុសង្ឃមានប្រមាណប៉ុណ្ណេះ ឲ្យប្រតិបត្តិដោយល្អ បពិត្រព្រះគោតមដ៏ចំរើន ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា មានហើយក្នុងអតីតកាល តើព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយនោះ ប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះ ដូចជាភិក្ខុសង្ឃ ដែលព្រះគោតមដ៏ចំរើន ប្រដៅដោយល្អ ក្នុងកាលឥឡូវនេះដែរឬ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា នឹងមានក្នុងអនាគតកាល តើព្រះអរហន្ត សម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយនោះ នឹងប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះ ដូចជាភិក្ខុសង្ឃ ដែលព្រះគោតមដ៏ចំរើន ប្រដៅដោយល្អ ក្នុងកាលឥឡូវនេះដែរឬ។
[២] ព្រះមានព្រះភាគទ្រង់ត្រាស់តបថា ម្នាលកន្ទរកៈ ដំណើរនុ៎ះយ៉ាងនេះហើយ ម្នាលកន្ទរកៈ ដំណើរនោះយ៉ាងនេះហើយ ម្នាលកន្ទរកៈ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា មានហើយក្នុងអតីតកាល ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយនោះ ក៏បានប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះឯង ដូចជាភិក្ខុសង្ឃ ដែលតថាគតប្រដៅដោយល្អ ក្នុងកាលឥឡូវនេះដែរ ម្នាលកន្ទរកៈ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា នឹងមានក្នុងអនាគតកាល ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយនោះ ក៏នឹងប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះឯង ដូចជាភិក្ខុសង្ឃ ដែលតថាគតប្រដៅដោយល្អ ក្នុងកាលឥឡូវនេះដែរ ម្នាលកន្ទរកៈ ព្រោះក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុខ្លះ ជាអរហន្តខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយៈ រួច ហើយ បានធ្វើសោឡសកិច្ចរួចស្រេច បានដាក់ភារៈចុះហើយ ធ្វើប្រយោជន៍របស់ ខ្លួន ឲ្យ ស្រេចហើយ អស់សំយោជនៈក្នុងភពហើយ មានចិត្តផុតស្រឡះហើយ ព្រោះត្រាស់ដឹង ដោយប្រពៃ ម្នាលកន្ទរកៈ មួយទៀត ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុខ្លះ ជាសេក្ខបុគ្គល រក្សាសីលជាប់ជានិច្ច ប្រព្រឹត្តនៅក្នុងសីលជាប់ជានិច្ច មានបញ្ញាខ្ជាប់ខ្ជួន ប្រព្រឹត្តនៅ ក្នុងបញ្ញាខ្ជាប់ខ្ជួន ពួកភិក្ខុទាំងនោះ តំកល់ចិត្តស៊ប់ ក្នុងសតិប្បដ្ឋាន៤ ឯសតិប្បដ្ឋាន៤ នោះ តើដូចម្តេចខ្លះ ម្នាលកន្ទរកៈ ភិក្ខុក្នុងសាសនានេះ ពិចារណានូវ កាយក្នុងកាយ ដោយប្រក្រតី មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងសតិ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក គឺកាយ ពិចារណានូវវេទនាក្នុងវេទនា ដោយប្រក្រតី មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណានូវចិត្តក្នុងចិត្ត ដោយប្រក្រតី មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណានូវធម៌ក្នុងធម៌ ដោយប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។
[៣] កាលព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ បេស្សហត្ថារោហបុត្រ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ព្រោះសតិប្បដ្ឋានទាំង៤ ដែលព្រះអង្គទ្រង់បញ្ញត្តហើយដោយល្អនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់ពួកសត្វ ដើម្បីកន្លងបង់នូវសេចក្តីសោក ខ្សឹកខ្សួល ដើម្បីធ្វើទុក្ខ និងទោមនស្សឲ្យអស់ទៅ ដើម្បីបានអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានជាប្រាកដ បពិត្រព្រះអង្គដ៏ចំរើន ឯពួកខ្ញុំព្រះអង្គ ជាគ្រហស្ថស្លៀកពាក់ស តែងមានចិត្តតាំងល្អ ក្នុងសតិប្បដ្ឋានទាំង៤នេះ មួយដងមួយកាល បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ជាអ្នកពិចារណានូវកាយក្នុងកាយនេះ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពួកខ្ញុំព្រះអង្គ តែងពិចារណានូវវេទនាក្នុងវេទនា មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពួកខ្ញុំព្រះអង្គ តែងពិចារណានូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពួកខ្ញុំព្រះអង្គ តែងពិចារណានូវធម៌ក្នុងធម៌ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលបើមនុស្សមានចិត្តសាំញុំាយ៉ាងនេះ កាលបើមនុស្សមានចិត្តស្រកាកយ៉ាងនេះ មិនបរិសុទ្ធយ៉ាងនេះ កាលបើមនុស្សមានកិច្ចកល់ ប្រព្រឹត្តទៅយ៉ាងនេះ ព្រះមានព្រះភាគ គង់ជ្រាបនូវសេចក្តីប្រតិបត្តិ ដែលជាប្រយោជន៍ និងមិនមែនជាប្រយោជន៍ របស់សត្វទាំងឡាយបានប្រាកដ បពិត្រព្រះអង្គដ៏ចំរើន ពួកមនុស្សមានចិត្តសាំញុំា បពិត្រព្រះអង្គដ៏ចំរើន ពួកសត្វចិញ្ចឹម មានចិត្តឲ្យងាយយល់ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាងខ្ញុំព្រះអង្គ អាចទូន្មានដំរី ដែលល្មមទូន្មានបាន ក្នុងខណៈដែលទូន្មានដំរីមួយរំពេចនោះ នឹងដើរទៅដើរមក កាន់នគរចម្បាបាន (តែលុះយូរទៅ) ដំរីនឹងធ្វើកិច្ចកល់គ្រប់យ៉ាង គឺក្រអើតក្រអោង កោងកាច វៀចវេរ គ្រលែងខ្លួនឲ្យប្រាកដឡើង បពិត្រព្រះអង្គដ៏ចំរើន ចំណែកពួកជន ជាខ្ញុំកំដរក្តី អ្នកបម្រើក្តី អ្នកស៊ីឈ្នួលក្តី របស់ខ្ញុំព្រះអង្គ តែងប្រព្រឹត្តទៅដោយកាយផ្សេង ដោយវាចាផ្សេង ទាំងចិត្តរបស់វាផ្សេង បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលបើមនុស្សមានចិត្តសាំញុំាយ៉ាងនេះ កាលបើមនុស្សមានចិត្តស្រកាក មិនបរិសុទ្ធយ៉ាងនេះ កាលបើមនុស្ស មានកិច្ចកល់ ប្រព្រឹត្តទៅយ៉ាងនេះ ព្រះមានព្រះភាគ គង់ជ្រាបនូវសេចក្តីប្រតិបត្តិ ជាប្រយោជន៍ និងមិនជាប្រយោជន៍ (របស់សត្វទាំងនោះ) ជាប្រាកដ បពិត្រព្រះអង្គដ៏ចំរើន ពួកមនុស្សមានចិត្តសាំញុំា បពិត្រព្រះអង្គដ៏ចំរើន ពួកសត្វចិញ្ចឹម មានចិត្តងាយយល់។
[៤] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលបេស្សៈ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលបេស្សៈ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលបេស្សៈ ពួកមនុស្ស មានចិត្តសាំញុំា ម្នាលបេស្សៈ ពួកសត្វចិញ្ចឹម មានចិត្តឲ្យងាយយល់ ម្នាលបេស្សៈ បុគ្គល៤ពួកនេះ តែងមានក្នុងលោក បុគ្គល៤ពួក តើដូចម្តេចខ្លះ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង១ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ១ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង១ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកមិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលជាអ្នកមិនដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅអ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលនូវសេចក្តីសុខ រមែងមានខ្លួនដ៏ប្រសើរ១ ម្នាលបេស្សៈ បណ្តាបុគ្គលទាំង៤ពួកនេះ តើបុគ្គលពួកណា ធ្វើចិត្តអ្នកឲ្យត្រេកអរបាន។
[៥] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង បុគ្គលនេះ មិនធ្វើចិត្តខ្ញុំព្រះអង្គឲ្យត្រេកអរទេ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនេះ ក៏ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបានដែរ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង បុគ្គលនេះ ក៏ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបានដែរ បពិត្រព្រះអង្គដ៏ចំរើន លុះតែបុគ្គលណា មិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលជាអ្នកមិនដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅអ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកមានខ្លួនប្រសើរ បុគ្គលនេះ ទើបធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរបាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលបេស្សៈ ចុះបុគ្គល៣ពួកនេះ ធ្វើចិត្តរបស់អ្នក ឲ្យត្រេកអរមិនបាន តើដោយហេតុអ្វី។
[៦] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង បុគ្គលនោះ ឈ្មោះថា ធ្វើខ្លួនឯង ដែលប្រាថ្នាសេចក្តីសុខ ស្អប់ខ្ពើមសេចក្តីទុក្ខ ឲ្យក្តៅរោលរាលអន្ទះអន្ទែង ដោយហេតុនេះឯង បានជាបុគ្គលនេះ ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបាន បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនោះ ឈ្មោះថា ធ្វើអ្នកដទៃ ដែលប្រាថ្នាសេចក្តីសុខ ស្អប់ខ្ពើមសេចក្តីទុក្ខ ឲ្យក្តៅរោលរាលអន្ទះអន្ទែង ដោយហេតុនេះឯង បានជាបុគ្គលនេះ ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបាន បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង បុគ្គលនោះ ឈ្មោះថាធ្វើខ្លួនឯង និងអ្នកដទៃ ដែលប្រាថ្នាសេចក្តីសុខ ស្អប់ខ្ពើមសេចក្តីទុក្ខ ឲ្យក្តៅរោលរាលអន្ទះអន្ទែង ដោយហេតុនេះឯង បានជាបុគ្គលនេះ ធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបាន បពិត្រព្រះអង្គដ៏ចំរើន លុះតែបុគ្គលណា មិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលជាអ្នកមិនដុតកំដៅខ្លួនឯង មិនដុតកំដៅអ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ន ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកមានខ្លួនប្រសើរ បុគ្គលនេះ ទើបធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យជ្រះថ្លា ឲ្យត្រេកអរបាន ដោយហេតុនេះឯង បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ ខ្ញុំព្រះអង្គនឹងលាទៅ ព្រោះខ្ញុំព្រះអង្គ មានកិច្ចច្រើន មានអំពើដែលត្រូវធ្វើច្រើន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលបេស្សៈ អ្នកចូរដឹងកាលនៃដំណើរទៅរបស់អ្នក ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ បេស្សហត្ថារោហបុត្រ ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ក្រោកចាកអាសនៈ រួចថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏ដើរចេញទៅ។
[៧] កាលដែលបេស្សហត្ថារោហបុត្រ ចេញទៅមិនទាន់បានយូរប៉ុន្មាន ខាងក្រោយនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ទៅនឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ បេស្សហត្ថារោហបុត្រ ជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ បេស្សហត្ថារោហបុត្រ ជាអ្នកមានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបេស្សហត្ថារោហបុត្រ អង្គុយនៅមួយស្របក់ទៀត ទំរាំតថាគតនឹងចែកនូវបុគ្គលទាំង៤ពួកនេះ ដោយពិស្តារសិន គាត់មុខជានឹងបានសម្រេចប្រយោជន៍ច្រើន (ដល់សោតាបត្តិផល) ម្នាលភិក្ខុទាំងឡាយ តែបើទុកជាដូច្នោះ បេស្សហត្ថារោហបុត្រ ក៏គង់តែបានប្រកបដោយប្រយោជន៍2) ច្រើន ត្រឹមហេតុប៉ុណ្ណោះដែរ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះមានព្រះភាគ គប្បីចែកបុគ្គល៤ពួកនេះ ដោយសេចក្តីពិស្តារ ដោយភាសិតណា បពិត្រព្រះមានព្រះភាគ នេះជាកាលគួរ ដល់ភាសិតនុ៎ះ បពិត្រព្រះសុគត នេះជាកាលគួរ ដល់ភាសិតនុ៎ះ ពួកភិក្ខុបើបានស្តាប់ភាសិត របស់ព្រះមានព្រះភាគ ដោយពិស្តារហើយ នឹងចងចាំបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសំដែងឥឡូវនេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ករុណាព្រះអង្គ។
[៨] ព្រះមានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកមានកាយអាក្រាត លះបង់មារយាទល្អ ជាអ្នកប្រព្រឹត្តហត្ថាវលេខនៈ ជាអ្នកមិនទទួលភត្តដែលគេនិមន្តថា សូមលោកដ៏ចំរើនចូរមក ជាអ្នកមិនទទួលភត្ត ដែលគេនិមន្តថា សូមលោកដ៏ចំរើនរង់ចាំសិន មិនត្រេកអរនឹងភិក្ខា ដែលគេនាំមកចាំមុន មិនត្រេកអរនឹងភិក្ខា ដែលគេធ្វើចំពោះខ្លួន មិនត្រេកអរនឹងការនិមន្តន៍ បុគ្គលនោះ មិនទទួលភិក្ខាអំពីមាត់ឆ្នាំង មិនទទួលភិក្ខាអំពីមាត់កូនល្អី មិនទទួលភិក្ខាក្នុងចន្លោះធរណីទ្វារ មិនទទួលភិក្ខា ក្នុងចន្លោះកំណាត់ឈើ មិនទទួលភិក្ខាក្នុងចន្លោះអង្រែ មិនទទួលភិក្ខា របស់ជនពីរនាក់ ដែលកំពុងបរិភោគ មិនទទួលភិក្ខារបស់ស្ត្រីមានគភ៌ មិនទទួលភិក្ខារបស់ស្រី ដែលកំពុងបំបៅកូន មិនទទួលភិក្ខារបស់ស្រី ដែលកំពុងនៅក្នុងចន្លោះបុរស មិនទទួលភិក្ខា ដែលគេអង្គាសគ្នាធ្វើ មិនទទួលភិក្ខា ក្នុងទីដែលមានសុនខនៅចាំ មិនទទួលភិក្ខា ដែលរុយរោម មិនបរិភោគត្រី មិនបរិភោគសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំត្រាំ។ បុគ្គលនោះ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះមួយ ឬទទួលបាយតែមួយពំនូត ទទួលភិក្ខា ចំពោះតែក្នុងផ្ទះពីរ ឬទទួលបាយតែពីរពំនូត។បេ។ ទទួលភិក្ខា ចំពោះតែក្នុងផ្ទះ៧ ឬទទួលបាយតែ៧ពំនូត ចិញ្ចឹមអត្តភាព ដោយភិក្ខា ក្នុងភាជន៍តូចមួយក៏មាន ចិញ្ចឹមអត្តភាព ដោយភិក្ខា ក្នុងភាជន៍ពីរក៏មាន។បេ។ ចិញ្ចឹមអត្តភាព ដោយភិក្ខា ក្នុងភាជន៍៧ក៏មាន បរិភោគអាហាររំលង១ថ្ងៃក៏មាន បរិភោគអាហាររំលង២ថ្ងៃក៏មាន។បេ។ បរិភោគអាហាររំលង៧ថ្ងៃក៏មាន ប្រកបរឿយៗ នូវព្យាយាម ក្នុងកិរិយាបរិភោគនូវភត្ត ដោយការផ្លាស់ប្តូរគ្នា កន្លះខែដូច្នេះឯង។ បុគ្គលនោះ បរិភោគបន្លែស្រស់ក៏មាន បរិភោគស្គួយក៏មាន បរិភោគគ្រាប់ស្មៅគែលលកក៏មាន បរិភោគចំនៀរស្បែកក៏មាន បរិភោគសារាយក៏មាន បរិភោគកុណ្ឌកក៏មាន បរិភោគបាយក្តាំងក៏មាន បរិភោគម្សៅក៏មាន បរិភោគស្មៅក៏មាន បរិភោគអាចម៍គោក៏មាន បរិភោគមើម និងផ្លែក្នុងព្រៃក៏មាន បរិភោគផ្លែដែលជ្រុះចុះឯងក៏មាន។ បុគ្គលនោះ ប្រើប្រាស់សំពត់ ដែលត្បាញដោយសំបកធ្មៃក៏មាន ប្រើប្រាស់សំពត់ ដែលត្បាញលាយគ្នាក៏មាន ប្រើប្រាស់សំពត់ ដែលគេរុំសពក៏មាន ប្រើប្រាស់សំពត់បង្សុកូលក៏មាន ប្រើប្រាស់សំពត់សម្បកឈើក៏មាន ប្រើប្រាស់ស្បែកខ្លាក៏មាន ប្រើប្រាស់ស្បែកខ្លាទាំងក្រចកក៏មាន ប្រើប្រាស់ស្បូវក្រងក៏មាន ប្រើប្រាស់សំពត់ដែលត្បាញដោយសំបកក្រចៅក៏មាន ប្រើប្រាស់សំពត់ដែលត្បាញដោយសំបកផ្លែឈើក៏មាន ប្រើប្រាស់សំពត់កម្ពល ដែលត្បាញដោយសក់ក៏មាន ប្រើប្រាស់សំពត់កម្ពលត្បាញដោយរោមសត្វក៏មាន ប្រើប្រាស់សំពត់ដែលត្បាញដោយស្លាបមៀមក៏មាន ជាអ្នកទុកសក់ និងពុកមាត់ ពុកចង្កា ប្រកបព្យាយាមក្នុងការទុកសក់ និងពុកមាត់ ពុកចង្កាក៏មាន ជាអ្នកប្រព្រឹត្តឈរ ហាមនូវការអង្គុយក៏មាន ជាអ្នកអង្គុយច្រហោង ប្រកបព្យាយាមអង្គុយច្រហោងក៏មាន ជាអ្នកដេកលើបន្លា សម្រេចនូវការដេកលើបន្លាក៏មាន ប្រកបព្យាយាម ក្នុងការចុះត្រាំទឹក ក្នុង១ថ្ងៃ៣ដង ក៏មាន ខ្វល់ខ្វាយព្យាយាម ដើម្បីធ្វើការឲ្យក្តៅរោលរាលច្រើនប្រការ មានសភាពយ៉ាងនេះដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា អ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង។
[៩] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកសម្លាប់ចៀម សម្លាប់ជ្រូក សម្លាប់សត្វស្លាប សម្លាប់ម្រឹគ ជាអ្នកនេសាទត្រី ជាចោរ ជាអ្នកពិឃាតចោរ ជាអ្នកគ្រប់គ្រងគុក ពុំនោះសោត ពួកជនណាមួយក្រៅពីនេះ ជាអ្នកមានអំពើអាក្រក់ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា អ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ។
[១០] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាស្តេច ជាក្សត្រ ដែលបានមុទ្ធាភិសេកក្តី ជាព្រាហ្មណមហាសាលក្តី ស្តេចនោះ ឲ្យគេសង់សន្ថាគារសាលាថ្មី១ ក្នុងទិសខាងកើតនៃព្រះនគរ ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកពាក់ស្បែកខ្លាទាំងក្រចក លាបកាយដោយទឹកដោះថ្លា និងប្រេង ហើយអេះខ្នងដោយស្នែងម្រឹគ ចូលទៅកាន់សន្ថាគារសាលា ជាមួយនឹងមហេសីផង ព្រាហ្មណបុរោហិតផង ស្តេចនោះ សម្រេចទីក្រឡាព្រះបន្ទំលើផែនដី ដែលប្រកបដោយវត្ថុ មានពណ៌ខៀវ ដែលមិនស្អាតក្នុងរោងនោះ ស្តេចនោះ សោយទឹកដោះស្រស់ ចំពោះដោះមួយ របស់មេគោមួយ ដែលមានកូនមានរូបស្រដៀងនឹងមេ មហេសីសោយទឹកដោះស្រស់ចំពោះដោះទី២ ព្រាហ្មណបុរោហិត ផឹកទឹកដោះស្រស់ចំពោះដោះទី៣ បូជាភ្លើងដោយទឹកដោះស្រស់ ចំពោះដោះទី៤ ឯទឹកដោះសេសសល់ពីនោះ ទើបឲ្យកូនគោបៅ ស្តេចនោះ ទ្រង់ត្រាស់បង្គាប់យ៉ាងនេះថា ចូរអ្នកទាំងឡាយ សម្លាប់គោឧសភ ប្រមាណប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរសម្លាប់កូនគោឈ្មោលតូច ប្រមាណប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរសម្លាប់កូនគោញីតូច ប្រមាណប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរសម្លាប់ពពែ ប្រមាណប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរសម្លាប់ចៀម ប្រមាណប៉ុណ្ណេះ ដើម្បីប្រយោជន៍ ដល់ការបូជា ចូរសម្លាប់សេះ ប្រមាណប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរកាប់ឈើ ប្រមាណប៉ុណ្ណេះ ដើម្បីធ្វើប្រាសាទ ចូរអារកាត់គ្រឿងឈើប្រមាណប៉ុណ្ណេះ ដើម្បីធ្វើរបង និងកម្រាលដូច្នេះ ពួកជនណាជាខ្ញុំកំដរក្តី ជាអ្នកបំរើក្តី ជាអ្នកធ្វើការស៊ីឈ្នួលក្តី របស់ស្តេចនោះ ពួកជនទាំងនោះឯង កាលបើត្រូវអាជ្ញាគម្រាមហើយ ត្រូវភ័យគម្រាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែក ទ្រហោយំ ធ្វើនូវការបន់ស្រន់ បួងសួង (កុំឲ្យស្លាប់) ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា អ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង។
[១១] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលមិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលនោះ ឈ្មោះថា អ្នកមិនដុតកំដៅខ្លួនឯង មិនដុតកំដៅអ្នកដទៃ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អទៅកាន់ព្រះនិព្វាន ដឹងច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថីអ្នកទូន្មានបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹងសច្ចធម៌ លែងត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួន នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះតថាគតនោះ សំដែងធម៌មានលំអបទដើម បទកណ្តាល និងបទចុង ព្រះតថាគត ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ពេញបរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតី ឬកូននៃគហបតី ឬជនអ្នកកើតក្នុងត្រកូលណាមួយ ក្នុងកាលជាខាងក្រោយ រមែងបានស្តាប់ធម៌នោះ លុះគេស្តាប់ធម៌នោះហើយ ក៏បាននូវសទ្ធាក្នុងព្រះតថាគត លុះគេប្រកបដោយសទ្ធានោះ រមែងពិចារណាដូច្នេះថា ឃរាវាស ចង្អៀតណាស់ ជាផ្លូវនៃធូលី បព្វជ្ជាទើបមានឱកាសល្អ កាលបើអាត្មាអញ នៅជាគ្រហស្ថ គ្រប់គ្រងផ្ទះ ក៏មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ តែមួយយ៉ាង ឲ្យបរិសុទ្ធតែមួយយ៉ាង ដូចជាស័ង្ខ ដែលគេខាត់ហើយនោះទេ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់សំពត់ជ្រលក់ទឹកចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះសម័យខាងក្រោយមក ជននោះ ក៏លះគំនរទ្រព្យតិចក្តី លះគំនរទ្រព្យច្រើនក្តី លះបង់ញាតិវង្សតិចក្តី លះបង់ញាតិវង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់សំពត់ជ្រលក់ទឹកចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។
[១២] លុះជននោះបួសយ៉ាងនេះហើយ ដល់ព្រមដោយសិក្ខា និងសាជីវៈសម្រាប់ភិក្ខុទាំងឡាយ ហើយលះបាណាតិបាត ជាអ្នកវៀរចាកបាណាតិបាត ដាក់ចុះនូវអាជ្ញា ដាក់ចុះនូវគ្រឿងសស្ត្រា មានសេចក្តីអៀនខ្មាស ប្រកបដោយសេចក្តីអាណិតអាសូរ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជាអ្នកលះអទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែទ្រព្យដែលគេឲ្យ ប្រាថ្នាតែទ្រព្យ ដែលគេឲ្យ មានខ្លួនស្អាត មិនមែនជាអ្នកល្មួច ជាអ្នកលះអព្រហ្មចរិយធម៌ ប្រព្រឹត្តព្រហ្មចរិយធម៌ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌សម្រាប់អ្នកស្រុក ជាអ្នកលះមុសាវាទ វៀរចាកមុសាវាទ ពោលតែពាក្យពិត តតែពាក្យពិត មានសំដីខ្ជាប់ខ្ជួន គួរឲ្យអ្នកផងជឿបាន មិនពោលពាក្យឲ្យខុសចំពោះសត្វលោក ជាអ្នកលះបិសុណាវាចា វៀរចាកបិសុណាវាចា ឮអំពីទីនេះ មិននាំយកទៅប្រាប់ទីនោះ ដើម្បីបំបែកពួកជននេះ ឬឮក្នុងទីឯណោះ មិននាំមកប្រាប់ដល់ពួកជននេះ ដើម្បីបំបែកពួកជនឯណោះ ជាអ្នកពោលពាក្យផ្សះផ្សាជនដែលបែកគ្នាហើយ ឬជួយជ្រោមជ្រែងជន ដែលព្រមព្រៀងគ្នាស្រាប់ហើយ មានសេចក្តីព្រមព្រៀងជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀង ពេញចិត្តក្នុងសេចក្តីព្រមព្រៀង ពោលតែសំដីដែលជាទីធ្វើនូវសេចក្តីព្រមព្រៀង ជាអ្នកលះផរុសវាចា វៀរចាកផរុសវាចា វាចាណាមិនមានទោស សុខដល់ត្រចៀក គួរជាទីស្រឡាញ់ គួរយកទុក ក្នុងហឫទ័យ ជាពាក្យរបស់អ្នកក្រុង ជាទីប្រាថ្នារបស់ជនច្រើន ជាទីគាប់ចិត្តរបស់ជនច្រើន ក៏ពោលតែវាចា មានសភាពដូច្នោះ ជាអ្នកលះសម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ពោលតែក្នុងកាលដែលគួរ ពោលតែពាក្យដែលពិតប្រាកដ ពោលតែអត្ថ ពោលតែធម៌ ពោលតែវិន័យ ពោលតែវាចាដែលគួរដំកល់ទុក ក្នុងហឫទ័យ ជាវាចាមានគ្រឿងអាងតាមកាលគួរ មានកំណត់ ប្រកបដោយប្រយោជន៍។ ភិក្ខុនោះ វៀរចាកការផ្តាច់ផ្តិលពីជគាម និងភូតគាម ជាអ្នកបរិភោគភត្តតែមួយពេល វៀរចាកការបរិភោគក្នុងវេលារាត្រី វៀរចាកបរិភោគក្នុងកាលខុស វៀរចាកការរាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ វៀរចាកការទ្រទ្រង់ ប្រដាប់តាក់តែង និងការស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ វៀរចាកការដេក ឬអង្គុយលើអាសនៈដ៏ខ្ពស់ និងអាសនៈដ៏ប្រសើរ វៀរចាកការទទួលមាស និងប្រាក់ វៀរចាកការទទួលស្រូវស្រស់ វៀរចាកការទទួលសាច់ឆៅ វៀរចាកការទទួលស្ត្រី និងក្មេងស្ត្រី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួលពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី គោ សេះឈ្មោល និងសេះញី វៀរចាកការទទួលស្រែ និងចំការ វៀរចាកការប្រកបក្នុងកិច្ចជាទូត និងការនាំសំបុត្រទៅមក វៀរចាកការលក់ដូរ វៀរចាកការបោកដោយជញ្ជីង ឆបោកដោយភាជន៍មាស ទាំងឆបោកដោយរង្វាស់រង្វាល់ វៀរចាកការសើរើ3) បញ្ឆោតបន្លំ កោងកាច វៀរចាកការកាប់សម្លាប់ ចងបំភាន់ ប្លន់ កំហែង។ បុគ្គលនោះជាអ្នកសន្តោសដោយចីវរសម្រាប់រក្សាកាយ ដោយបិណ្ឌបាត សម្រាប់រក្សាផ្ទៃ ត្រាច់ទៅក្នុងទីណាៗ ក៏កាន់យក (ត្រឹមតែគ្រឿងបរិក្ខារ) ប៉ុណ្ណោះទៅ។ សត្វបក្សីហើរទៅក្នុងទីណាៗ ក៏ទៅត្រឹមតែស្លាបរបស់ខ្លួនប៉ុណ្ណោះ យ៉ាងណាមិញ ភិក្ខុជាអ្នកសន្តោសដោយចីវរសម្រាប់រក្សាកាយ ដោយបិណ្ឌបាតសម្រាប់រក្សាផ្ទៃ ត្រាច់ទៅក្នុងទីណាៗ ក៏កាន់យក (ត្រឹមតែគ្រឿងបរិក្ខារ) ប៉ុណ្ណោះទៅ ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយបានទទួលនូវសេចក្តីសុខ ដែលមិនមានទោសក្នុងសន្តាន។ ភិក្ខុនោះ ឃើញរូបដោយភ្នែក ក៏មិនកួចកាន់និមិត្ត មិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមនូវចក្ខុន្ទ្រិយ ព្រោះហេតុមិនសង្រួមចក្ខុន្ទ្រិយណា លោកក៏ប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្ទ្រិយនោះ រក្សាចក្ខុន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្ទ្រិយ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវសម្ផ័ស្សដោយកាយ … ដឹងធម្មារម្មណ៍ដោយចិត្ត ក៏មិនកួចកាន់និមិត្ត ទាំងមិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមនូវបុគ្គលនុ៎ះ ដែលមិនសង្រួមមនិន្ទ្រិយ ព្រោះហេតុមិនសង្រួមមនិន្ទ្រិយណា លោកក៏ប្រតិបត្តិ ដើម្បីសង្រួមមនិន្ទ្រិយនោះ រក្សាមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងមនិន្ទ្រិយ។ ភិក្ខុនោះ ប្រកបដោយឥន្ទ្រិយសំវរៈដ៏ប្រសើរនេះ តែងទទួលសេចក្តីសុខ ឥតសៅហ្មងខាងក្នុងសន្តាន។ ភិក្ខុនោះជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលឈានទៅមុខ និងឈានថយក្រោយ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលបត់ អវយវៈចូល និងលាចេញ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលប្រើប្រាស់សង្ឃាដិ បាត្រ និងចីវរ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលស៊ីផឹក ទំពា ទទួលរស ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលធ្វើឧច្ចារៈ និងបស្សាវៈ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ រលឹក និយាយស្តី នៅស្ងៀម។
[១៣] ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះផង ប្រកបដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈ ដ៏ប្រសើរនេះផង គប់រកនូវសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ច្រកភ្នំ គុហាលើភ្នំ ព្រៃស្មសាន ព្រៃស្រោង ទីវាល គំនរចំបើង។ ភិក្ខុនោះត្រឡប់មកពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្តហើយ ក៏អង្គុយផ្គត់ភ្នែនតាំងកាយឲ្យត្រង់ តំកល់សតិឆ្ពោះមុខទៅរកកម្មដ្ឋាន។ ភិក្ខុនោះ លះអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា ជាអ្នកលះសេចក្តីប្រទូស្ត ព្រោះព្យាបាទ មានចិត្តប្រាសចាកព្យាបាទ ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជម្រះចិត្តឲ្យស្អាត ចាកសេចក្តីប្រទូស្ត ព្រោះព្យាបាទ ជាអ្នកលះថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ សំគាល់នូវអាលោកកសិណ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ ជាអ្នកលះឧទ្ធច្ចកុក្កុច្ចៈ មិនរាយមាយ មានចិត្តស្ងប់ស្ងាត់ខាងក្នុងសន្តាន ជម្រះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ ជាអ្នកលះវិចិកិច្ឆា ឆ្លងផុតចាកវិចិកិច្ឆា មិនមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។
[១៤] ភិក្ខុនោះ លុះលះនីវរណៈទាំង៥ ដែលជាឧបក្កិលេសរបស់ចិត្ត ដែលធ្វើបញ្ញាឲ្យមានកម្លាំងថយនេះរួចហើយ លោកក៏ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ សុខ ដែលកើតអំពីវិវេក ព្រោះរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ខាងក្នុងសន្តាន មានភាវៈនៃចិត្តដ៏ប្រសើរ មិនមានវិតក្កៈ វិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះលះបង់បីតិចេញហើយ ជាបុគ្គលព្រងើយផង មានសតិ និងសម្បជញ្ញៈផង ទទួលសេចក្តីសុខដោយនាមកាយផង ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងសរសើរថា បុគ្គលដែលបានតតិយជ្ឈានហើយ តែងមានចិត្តព្រងើយ ជាអ្នកមានស្មារតីនៅជាសុខ ព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះរលត់នូវសោមនស្ស និងទោមនស្ស អំពីកាលមុនផង លោកក៏ចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិ ដែលកើតអំពីឧបេក្ខា។
[១៥] កាលដែលចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅរកបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ ក៏រលឹកឃើញជាតិដែលខ្លួនធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ គឺរលឹកឃើញបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១០០០ជាតិ មួយសែនជាតិ ក៏បានខ្លះ រលឹកឃើញបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ដូច្នេះថា អាត្មាអញនៅក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ ទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ។ ភិក្ខុនោះ រលឹកឃើញជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុនបានច្រើនជាតិ ព្រមទាំងអាការទាំងឧទ្ទេស។
[១៦] កាលដែលចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីញាណជាគ្រឿងដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ភិក្ខុនោះ ក៏ឃើញសត្វទាំងឡាយ ដែលច្យុតចាប់បដិសន្ធិ មានភាវៈទាបថោក និងឧត្តម មានវណ្ណៈល្អ និងវណ្ណៈអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដ៏ជាទិព្វ ដ៏បរិសុទ្ធក្រៃលែងជាងចក្ខុរបស់មនុស្សសាម័ញ្ញ ក៏ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្មជាមិច្ឆាទិដ្ឋិ និយាយតិះដៀលព្រះអរិយបុគ្គលទាំងឡាយ សត្វទាំងនោះ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែកឯសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្មជាសម្មាទិដ្ឋិ មិនតិះដៀលពួកព្រះអរិយបុគ្គល សត្វទាំងនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯឋានសុគតិ សួគ៌ ទេវលោក។ ភិក្ខុនោះ ឃើញសត្វទាំងឡាយ ដែលច្យុត ដែលចាប់បដិសន្ធិ មានភាវៈទាបថោក និងឧត្តម មានវណ្ណៈល្អ និងវណ្ណៈអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធក្រៃលែងជាងចក្ខុរបស់មនុស្សសាម័ញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។
[១៧] កាលដែលចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅរកអាសវក្ខយញ្ញាណ លោកក៏ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទាឲ្យបានដល់នូវសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះ ជាអាសវៈ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់អាសវៈ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរលត់អាសវៈ។ កាលដែលភិក្ខុនោះ ដឹងយ៉ាងនេះ ពិចារណាឃើញយ៉ាងនេះ ចិត្តក៏ផុតចាកកាមាសវៈផង ផុតចាកភវាសវៈផង ផុតចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតប្រាកដថា អាត្មាអញផុតស្រឡះចាកអាសវៈហើយ ដឹងច្បាស់ថា កំណើតរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ កិច្ចដទៃក្រៅពីសោឡសកិច្ច តទៅទៀត មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯង ដែលតថាគតហៅថា អ្នកមិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលដែលមិនដុតកំដៅខ្លួនឯង មិនដុតកំដៅអ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកប្រសើរ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ មានចិត្តត្រេកអរ រីករាយចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ កន្ទរកសូត្រ ទី១។
(២. អដ្ឋកនាគរសុត្តំ)
[១៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះអានន្ទមានអាយុ គង់នៅក្នុងវេឡុវគ្រាម ជិតក្រុងវេសាលី។ សម័យនោះឯង ទសមគហបតី អ្នកក្រុងអដ្ឋកៈ បានទៅដល់ក្រុងបាតលិបុត្ត ដោយកិច្ចការនីមួយ។ គ្រានោះ ទសមគហបតី អ្នកក្រុងអដ្ឋកៈ ចូលទៅរកភិក្ខុ១រូប ដែលនៅក្នុងកុក្កដារាម លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំភិក្ខុនោះ ហើយអង្គុយក្នុងទីសមគួរ។ លុះទសមគហបតី អ្នកក្រុងអដ្ឋកៈ អង្គុយក្នុងទីសមគួរហើយ បានសួរភិក្ខុនោះ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ឥឡូវនេះ ព្រះអានន្ទមានអាយុ គង់នៅក្នុងទីណា ព្រោះយើងខ្ញុំចង់ឃើញព្រះអានន្ទនោះ។ ភិក្ខុនោះប្រាប់ថា ម្នាលគហបតី ព្រះអានន្ទមានអាយុនុ៎ះ លោកគង់នៅក្នុង វេឡុវគ្រាម ជិតក្រុងវេសាលី។ ទើបទសមគហបតី អ្នកក្រុងអដ្ឋកៈ ត្រួតត្រាកិច្ចការ ដែលខ្លួនត្រូវធ្វើ ក្នុងក្រុងបាតលិបុត្តនោះរួចហើយ ក៏ចូលទៅរកព្រះអានន្ទមានអាយុ ក្នុងវេឡុវគ្រាម ទៀបក្រុងវេសាលីនោះ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទមានអាយុ ហើយអង្គុយក្នុងទីសមគួរ។
[១៩] លុះទសមគហបតី អ្នកក្រុងអដ្ឋកៈអង្គុយក្នុងទីសមគួរហើយ ទើបទូលសួរព្រះអានន្ទមានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ចិត្តដែលមិនទាន់រួចស្រឡះ (ចាកអាសវៈ) ក៏រួចស្រឡះបានផង អាសវធម៌ទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏អស់រលីងបានផង ទំាងបានដល់ធម៌ក្សេម ចាកយោគៈដ៏ប្រសើរ ដែលខ្លួនមិនទាន់បានដល់ផង ព្រោះធម៌ឯកណា ធម៌ឯកនោះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ តើមានដែរឬ។ ព្រះអានន្ទត្ថេរ តបថា ម្នាលគហបតិ ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ចិត្តដែលមិនទាន់រួចស្រឡះ ក៏រួចស្រឡះបានផង អាសវធម៌ទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏អស់រលីងបានផង ទាំងបានដល់នូវធម៌ក្សេម ចាកយោគៈដ៏ប្រសើរ ដែលខ្លួនមិនទាន់បានដល់ផង ព្រោះធម៌ឯកណា ធម៌ឯកនោះ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ រមែងមានប្រាកដ។ បពិត្រព្រះអានន្ទដ៏ចំរើន ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ចិត្តដែលមិនទាន់រួចស្រឡះ ក៏រួចស្រឡះបានផង អាសវធម៌ទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏អស់រលីងបានផង ទាំងបានដល់ធម៌ក្សេមចាកយោគៈដ៏ប្រសើរ ដែលខ្លួនមិនទាន់បានដល់ផង ព្រោះធម៌ឯកណា ធម៌ឯកនោះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ តើដូចម្តេចខ្លះ។
[២០] ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈដែលកើតអំពីវិវេក ភិក្ខុនោះពិចារណាដឹងច្បាស់ ដូច្នេះថា បឋមជ្ឈាននេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ ក៏បឋមជ្ឈានតិចតួច ដែលអាត្មាអញ បានតាក់តែង បានបង្កើតហើយនោះ ជាធម្មជាតមិនទៀង តែងរលត់ទៅវិញជាធម្មតា ភិក្ខុនោះ ក៏ឋិតនៅក្នុងធម៌នោះ ហើយក៏ដល់នូវការអស់ទៅនៃអាសវៈ បើមិនទាន់ដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់នឹងទៅកើតជាឱបបាតិកៈ ព្រោះការអស់ទៅនៃសំយោជនធម៌ ទាំង៥ប្រការ ជាចំណែកខាងក្រោម ដោយសេចក្តីត្រេកអរក្នុងធម៌នោះ និងសេចក្តីរីករាយក្នុងធម៌នោះ ហើយនឹងបរិនិព្វានក្នុងសុទ្ធាវាសនោះ មានសភាពមិនត្រឡប់មក អំពីព្រហ្មលោកនោះវិញឡើយ ម្នាលគហបតិ ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ចិត្តដែលមិនទាន់រួចស្រឡះ ក៏រួចស្រឡះបានផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏អស់រលីងបានផង ទាំងដល់នូវធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ ដែលខ្លួនមិនទាន់បានដល់ផង ព្រោះធម៌ឯកណា នេះឯងជាធម៌ឯក ដែលព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ។ ម្នាលគហបតិ មួយទៀត ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ក៏ចូលកាន់ទុតិយជ្ឈាន ទើបភិក្ខុនោះពិចារណា ដឹងច្បាស់ដូច្នេះថា ទុតិយជ្ឈាននេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ។បេ។ ទាំងដល់ធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលគហបតិ មួយទៀត ភិក្ខុព្រោះប្រាសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន ទើបភិក្ខុនោះ ពិចារណាដឹងច្បាស់ ដូច្នេះថា តតិយជ្ឈាននេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ។បេ។ ទាំងដល់នូវធម៌ដ៏ក្សេម ចាកយោគៈដ៏ប្រសើរ។ ម្នាលគហបតិ មួយទៀត ភិក្ខុព្រោះលះបង់សុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ទើបភិក្ខុនោះ ពិចារណាដឹងច្បាស់ ដូច្នេះថា ចតុត្ថជ្ឈាននេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ។បេ។ ទាំងដល់នូវធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ។
[២១] ម្នាលគហបតី មួយទៀត ភិក្ខុមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា ទាំងមានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទិសទាំងពួង ដោយប្រការដូច្នេះ ទើបភិក្ខុនោះពិចារណា ដឹងច្បាស់ដូច្នេះថា មេត្តាចេតោវិមុត្តិនេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ ប៉ុន្តែធម្មជាតតិចតួចណា ដែលតាក់តែងហើយ បានបង្កើតហើយ ធម្មជាតទាំងនោះ ជារបស់មិនទៀង តែងរលត់ទៅវិញជាធម្មតា ភិក្ខុនោះ ក៏ឋិតនៅក្នុងធម៌នោះ។បេ។ ទាំងដល់ធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលគហបតិ មួយទៀត ភិក្ខុមានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា ទាំងមានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយយកខ្លួនឯង ទៅប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទិសទាំងពួង ដោយប្រការដូច្នេះ ទើបភិក្ខុនោះ ពិចារណា ដឹងច្បាស់ដូច្នេះថា ឧបេក្ខាចេតោវិមុត្តិនេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ ប៉ុន្តែធម្មជាតតិចតួចណា ដែលអាត្មាអញតាក់តែងហើយ បានបង្កើតហើយ ធម្មជាតនោះឯង ជារបស់មិនទៀង តែងរលត់ទៅវិញជាធម្មតា ភិក្ខុនោះ ក៏ឋិតនៅក្នុងធម៌នោះ។បេ។ ទាំងដល់ធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ។
[២២] ម្នាលគហបតិ មួយទៀត ភិក្ខុព្រោះកន្លងនូវពួករូបសញ្ញា ដោយអាការសព្វគ្រប់ រលត់នូវបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ហើយក៏ចូលអាកាសានញ្ចាយតនសមាបត្តិ ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ ទើបភិក្ខុនោះ ពិចារណាដឹងច្បាស់ដូច្នេះថា អាកាសានញ្ចាយតនសមាបត្តិនេះឯង អាត្មាអញ បានតាក់តែង បានបង្កើតហើយ ប៉ុន្តែធម្មជាតតិចតួចណា ដែលតាក់តែងហើយ បានបង្កើតហើយ ធម្មជាតនោះឯង ជារបស់មិនទៀង តែងរលត់ទៅវិញជាធម្មតា ភិក្ខុនោះក៏ឋិតនៅ ក្នុងធម៌នោះ។បេ។ ទាំងដល់នូវធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលគហបតិ មួយទៀត ភិក្ខុកន្លងនូវអាកាសានញ្ចាយតនសមាបត្តិ ដោយអាការសព្វគ្រប់ ហើយក៏ចូលវិញ្ញាណញ្ចាយតនសមាបត្តិ ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុតដូច្នេះ ភិក្ខុនោះ ពិចារណាដឹងច្បាស់ដូច្នេះថា វិញ្ញាណញ្ចាយតនសមាបត្តិនេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ ប៉ុន្តែធម្មជាតតិចតួចណា ដែលតាក់តែងហើយ បានបង្កើតហើយ ធម្មជាតនោះឯង ជារបស់មិនទៀង តែងរលត់ទៅវិញជាធម្មតា ភិក្ខុនោះ ក៏ឋិតនៅក្នុងធម៌នោះ។បេ។ ទាំងដល់នូវធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលគហបតិ មួយវិញទៀត ភិក្ខុកន្លងនូវវិញ្ញាណញ្ចាយតនសមាបត្តិ ដោយអាការសព្វគ្រប់ ហើយក៏ចូលអាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា របស់បន្តិចបន្តួចមិនមានដូច្នេះ ទើបភិក្ខុនោះ ពិចារណាដឹងច្បាស់ដូច្នេះថា អាកិញ្ចញ្ញាយតនសមាបត្តិនេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ ប៉ុន្តែធម្មជាតតិចតួចណា ដែលអាត្មាអញតាក់តែងហើយ បានបង្កើតហើយ ធម្មជាតនោះឯង ជារបស់មិនទៀង តែងរលត់ទៅវិញជាធម្មតា ភិក្ខុនោះ ក៏ឋិតនៅក្នុងធម៌នោះ ហើយក៏បានដល់នូវការអស់ទៅនៃអាសវៈ បើមិនបានដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់ទៅកើតជាឱបបាតិកៈ ព្រោះអស់ទៅនៃសំយោជនធម៌ទាំង៥ប្រការ ជាចំណែកខាងក្រោម ដោយសេចក្តីត្រេកអរ ក្នុងធម៌នោះ និងសេចក្តីរីករាយ ក្នុងធម៌នោះ ហើយបរិនិព្វាន ក្នុងជាន់សុទ្ធាវាសនោះ មានសភាពមិនត្រឡប់ ចាកព្រហ្មលោកនោះជាធម្មតា ម្នាលគហបតិ ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ចិត្តដែលមិនទាន់រួចស្រឡះ ក៏រួចស្រឡះបានផង អាសវធម៌ទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏អស់រលីងបានផង ទាំងដល់ធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ ដែលមិនទាន់បានដល់ ព្រោះធម៌ឯកណា នេះឯងជាធម៌ឯក ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ។
[២៣] កាលដែលព្រះអានន្ទត្ថេរ សំដែងយ៉ាងនេះហើយ ទសមគហបតិ អ្នកក្រុងអដ្ឋកៈ បាននិយាយនឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចំរើន បុរសកាលស្វែងរកកំណប់តែ១ ស្រាប់តែបានកំណប់ទាំង១១ ដោយព្យាយាមតែម្តង មានឧបមាយ៉ាងណាមិញ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា កាលស្វែងរកទ្វារព្រះនិព្វានតែ១សោះ ស្រាប់តែបានទ្វារព្រះនិព្វានទាំង១១ ដោយការស្តាប់តែម្តង ក៏មានឧបមេយ្យយ៉ាងនោះដែរ បពិត្រព្រះអានន្ទដ៏ចំរើន មួយយ៉ាងទៀត ផ្ទះរបស់បុរសមានទ្វារ១១ កាលភ្លើងឆេះផ្ទះនោះហើយ បុរសម្ចាស់ផ្ទះនោះ អាចនឹងធ្វើខ្លួនឲ្យមានសួស្តី ដោយទ្វារតែមួយៗក៏បាន មានឧបមាដូចម្តេចមិញ បពិត្រព្រះអានន្ទដ៏ចំរើន បណ្តាទ្វារព្រះនិព្វានទាំង១១នេះ ខ្ញុំព្រះករុណា នឹងអាចធ្វើខ្លួន ឲ្យមានសួស្តី ដោយទ្វារព្រះនិព្វានតែមួយៗបាន ក៏មានឧបមេយ្យដូច្នោះឯង បពិត្រព្រះអានន្ទដ៏ចំរើន តាមទំនៀមពួកតិរ្ថិយទាំងនេះ (កាលបើរៀនសិល្បសាស្ត្រ ក្នុងសំណាក់អាចារ្យណា) តែងស្វែងរករង្វាន់អាចារ្យ ដើម្បីអាចារ្យ (នោះ) ចំណង់បើរូបខ្ញុំព្រះករុណា នឹងខានធ្វើការបូជា ដល់ព្រះអានន្ទមានអាយុ ដូចម្តេចបាន។ ទើបទសមគហបតិ អ្នកក្រុងអដ្ឋកៈ បានប្រជុំភិក្ខុសង្ឃ ដែលគង់នៅក្នុងក្រុងបាតលិបុត្ត និងក្រុងវេសាលី ហើយអង្គាស ដោយខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសា ដោយខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែលោកប្រកែកលែងទទួលទៀត ហើយនិមន្តភិក្ខុមួយរូបៗ ឲ្យស្លៀកដណ្តប់ដោយសំពត់១គូ ១អង្គ រួចនិមន្តព្រះអានន្ទមានអាយុ ឲ្យស្លៀកដណ្តប់ដោយចីវរ៣ ហើយកសាងទីនៅ គួរដល់ថ្លៃ៥០០ (កហាបណៈ) ប្រគេនព្រះអានន្ទមានអាយុ។
ចប់ អដ្ឋកនាគរសូត្រ ទី២។
(៣. សេខសុត្តំ)
[២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ។ សម័យនោះឯង ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ បានកសាងសន្ថាគារសាលាថ្មីមួយ ទើបនឹងហើយថ្មីៗ មិនទាន់មានសមណៈ ឬព្រាហ្មណ៍ ឬអ្នកណាមួយ ដែលជាជាតិមនុស្ស4) ចូលទៅនៅអាស្រ័យនៅឡើយ។ លំដាប់នោះ ពួកសក្យៈអ្នកក្រុងកបិលវត្ថុ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួកសក្យៈ អ្នកក្រុងកបិលវត្ថុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ បានកសាងសន្ថាគារសាលាថ្មី១ ទើបនឹងហើយថ្មីៗ មិនទាន់មានសមណៈ ឬព្រាហ្មណ៍ ឬអ្នកណាមួយ ដែលជាជាតិមនុស្ស ចូលទៅអាស្រ័យនៅឡើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ប្រើប្រាស់សន្ថាគារសាលានោះជាមុន លុះព្រះមានព្រះភាគ ទ្រង់ប្រើប្រាស់ជាមុនរួចហើយ ទើបពួកសក្យៈ អ្នកក្រុងកបិលវត្ថុ នឹងប្រើប្រាស់ជាខាងក្រោយ ការប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ និងសេចក្តីសុខយូរអង្វែង ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តន៍ ដោយអាការស្ងៀម។ ចំណែកខាងពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តន៍ហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណរួចហើយ នាំគ្នាចូលទៅកាន់សន្ថាគារសាលាថ្មី លុះចូលទៅដល់ហើយ បាននាំគ្នាចាត់ចែងសន្ថាគារសាលា ឲ្យមានកម្រាលគ្រប់អន្លើ ហើយក្រាលអាសនៈទាំងឡាយ រួចតំកល់ក្អមទឹកទុក អុជប្រទីបប្រេងរួចហើយ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ បានចាត់ចែងនូវសន្ថាគារសាលា ឲ្យមានកម្រាលគ្រប់អន្លើ បានក្រាលអាសនៈទាំងឡាយ បានតំកល់ក្អមទឹកទុក និងអុជប្រទីបប្រេងទុករួចស្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំគាល់នូវកាលនៃពុទ្ធដំណើរ ក្នុងកាលឥឡូវនេះចុះ។
[២៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ ចីវរ ព្រមទាំងភិក្ខុសង្ឃ ទ្រង់និមន្តចូលទៅកាន់សន្ថាគារសាលា លុះចូលទៅដល់ហើយ ទ្រង់ឲ្យលាងព្រះបាទារួចហើយ យាងចូលទៅកាន់សន្ថាគារសាលា គង់ផ្អែកនឹងសសរកណ្តាល បែរព្រះភក្ត្រទៅទិសខាងកើត។ ឯភិក្ខុសង្ឃក៏ឲ្យលាងជើងរួចហើយ ចូលទៅកាន់សន្ថាគារសាលា អង្គុយផ្អែកនឹងជញ្ជាំងខាងលិច បែរមុខទៅទិសខាងកើត មានព្រះមានព្រះភាគ គង់នៅខាងមុខ។ ឯពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ក៏លាងជើងរួចហើយ ចូលទៅកាន់សន្ថាគារសាលា អង្គុយផ្អែកនឹងជញ្ជាំងខាងកើត បែរមុខទៅទិសខាងលិច មានព្រះមានព្រះភាគ គង់នៅខាងមុខ។ លំដាប់នោះ ព្រះមានព្រះភាគ ពន្យល់ណែនាំពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ឲ្យយល់ប្រយោជន៍ (ក្នុងបច្ចុប្បន្ន និងបរលោក) ឲ្យជឿជាក់ (ក្នុងកុសលធម៌) ឲ្យខ្មីឃ្មាតសង្វាត ឲ្យរីករាយ ដោយធម្មីកថា ច្រើនរាត្រី (ពេញមួយយប់) ហើយត្រាស់ទៅនឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកសំដែងសេក្ខប្បដិបទា ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុចុះ ដ្បិតតថាគតរោយខ្នងណាស់ តថាគត នឹងសម្រាកខ្នងបន្តិច។ ព្រះអានន្ទមានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រាលសង្ឃាដិឲ្យជា៤ជាន់ ហើយសម្រេចនូវសីហសេយ្យា ផ្អៀងខាងស្តាំ គងព្រះបាទដោយព្រះបាទ មានសតិ និងសម្បជញ្ញៈ កំណត់ទុកក្នុងហឫទ័យ នូវឧដ្ឋានសញ្ញា គឺសេចក្តីសំគាល់ នូវការក្រោកឡើងវិញ។
[២៦] គ្រានោះ ព្រះអានន្ទមានអាយុ សំដែងចំពោះមហានាមសក្យៈថា បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ជាអ្នកស្គាល់ប្រមាណក្នុងភោជន ជាអ្នកប្រកបនូវការភ្ញាក់រលឹក ជាអ្នកប្រកបដោយសប្បុរិសធម៌ទាំង៧ប្រការ ជាអ្នកបានដូចប្រាថ្នា នូវឈានទាំង៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាហេតុនៃកិរិយានៅជាសុខ ក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយ។
[២៧] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយសីល តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមល្អក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសសូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ បពិត្រមហានាម អរិយសាវ័ក ដែលជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះឯង។
[២៨] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ឃើញរូបារម្មណ៍ ដោយចក្ខុ មិនកួចកាន់និមិត្ត មិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមនូវចក្ខុន្ទ្រិយ ព្រោះហេតុមិនសង្រួមចក្ខុន្ទ្រិយណា លោកប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្ទ្រិយនោះ រក្សាចក្ខុន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្ទ្រិយ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវនូវផោដ្ឋព្វៈដោយកាយ … ដឹងធម្មារម្មណ៍ដោយចិត្ត ហើយជាអ្នកមិនកួចកាន់និមិត្ត មិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមមនិន្ទ្រិយ ព្រោះហេតុមិនសង្រួមមនិន្ទ្រិយណា លោកប្រតិបត្តិ ដើម្បីសង្រួមមនិន្ទ្រិយនោះ រក្សាមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងមនិន្ទ្រិយ បពិត្រមហានាម អរិយសាវ័ក ដែលជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង។
[២៩] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកស្គាល់ប្រមាណក្នុងភោជន តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័ក ក្នុងសាសនានេះ ពិចារណាដោយឧបាយ ទើបបរិភោគអាហារ ដោយគិតថា អាត្មាអញ បរិភោគអាហារ ដើម្បីលេងដូចក្មេងអ្នកស្រុកក៏ទេ ដើម្បីស្រវឹងក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយក៏ទេ ដើម្បីធ្វើឲ្យផូរផង់ពណ៌សម្បុរក៏ទេ (បរិភោគ) ដើម្បីនឹងឲ្យតាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិតិន្ទ្រិយឲ្យប្រព្រឹត្តទៅ ដើម្បីនឹងបំបាត់បង់សេចក្តីលំបាក ដើម្បីនឹងអនុគ្រោះដល់ព្រហ្មចរិយធម៌ អាត្មាអញ នឹងកំចាត់បង់វេទនាចាស់ គឺសេចក្តីឃ្លាន ដែលមានហើយផង នឹងញុំាងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តទៅនៃឥរិយាបថទាំង៤ក្តី សេចក្តីមិនមានទោស មានមិនច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយក្នុងឥរិយាបថទាំង៤ក្តី នឹងមានដល់អាត្មាអញ ដោយបានបរិភោគអាហារនេះ បពិត្រមហានាម អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកស្គាល់ប្រមាណក្នុងភោជន យ៉ាងនេះឯង។
[៣០] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកប្រកបនូវសេចក្តីភ្ញាក់រឭក តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័ក ក្នុងសាសនានេះ បើក្នុងវេលាថ្ងៃ (លោក) រមែងជម្រះចិត្ត ចាកនីវរណធម៌ទាំងឡាយ ដោយការចង្ក្រម និងអង្គុយ បើវេលារាត្រីបឋមយាម (លោក) រមែងជម្រះចិត្ត ចាកនីវរណធម៌ទាំងឡាយ ដោយការចង្ក្រម និងអង្គុយ លុះដល់វេលារាត្រីមជ្ឈិមយាម លោករមែងសម្រេចសីហសេយ្យាសន៍ ផ្អៀងខាងស្តាំ យកជើងគងលើជើង មានសតិ និងសម្បជញ្ញៈ ធ្វើមនសិការៈ នូវឧដ្ឋានសញ្ញា លុះដល់វេលារាត្រីបច្ឆិមយាម (លោក) រមែងក្រោកឡើង ហើយជម្រះចិត្ត ចាកនីវរណធម៌ទាំងឡាយ ដោយការចង្ក្រម និងអង្គុយ បពិត្រមហានាម អរិយសាវ័ក ដែលជាអ្នកប្រកបនូវការភ្ញាក់រឭក យ៉ាងនេះឯង។
[៣១] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកប្រកបដោយសប្បុរិសធម៌ទាំង៧ប្រការ តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះពោធិញ្ញាណ របស់ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ព្រះអង្គប្រសើរបំផុត ដោយសីលាទិគុណ ព្រះអង្គជាសារថីទូន្មានបុរស ព្រះអង្គជាសាស្តា របស់ពួកទេវតា និងមនុស្ស ព្រះអង្គត្រាស់ដឹងសច្ចធម៌ ព្រះអង្គបំបាត់បង់ត្រៃភព ដូច្នេះ១ ជាអ្នកមានសេចក្តីខ្មាស រមែងអៀនខ្មាសចំពោះកាយទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត រមែងអៀនខ្មាសចំពោះការជួបប្រសប់អកុសលធម៌ដ៏លាមក១ ជាអ្នកមានសេចក្តីតក់ស្លុត រមែងតក់ស្លុតចំពោះកាយទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត រមែងតក់ស្លុតចំពោះការជួបប្រសប់អកុសលធម៌ដ៏លាមក១ ជាពហុស្សូត ទ្រទ្រង់នូវចំណេះ សន្សំទុកនូវចំណេះ ធម៌ទាំងឡាយណា មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ និងព្យញ្ជនៈ រមែងប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពដូច្នោះ លោកបានស្តាប់មកច្រើន បានទ្រទ្រង់ទុក បានចាំស្ទាត់រត់មាត់ បានចូលចិត្តច្បាស់លាស់ បានយល់ច្បាស់ដោយទិដ្ឋិ គឺបញ្ញា១ ជាអ្នកផ្តួចផ្តើមសេចក្តីព្យាយាម ដើម្បីលះអកុសលធម៌ ដើម្បីបំពេញកុសលធម៌ ជាអ្នកមានកម្លាំងព្យាយាម ខ្មីឃ្មាតមុតមាំ មិនដាក់ធុរៈចោល ចំពោះកុសលធម៌ទាំងឡាយ១ ជាអ្នកមានសតិ ប្រកបព្រមដោយសតិ និងបញ្ញាដ៏ឧត្តម ជាអ្នកនឹករលឹក ចាំបាន នូវអំពើដែលខ្លួនធ្វើយូរហើយ និងសំដីដែលខ្លួននិយាយយូរហើយ១ ជាអ្នកមានប្រាជ្ញា រមែងប្រកបដោយប្រាជ្ញា ជាគ្រឿងដឹងច្បាស់ នូវការកើតឡើង និងសូន្យទៅ (នៃខន្ធ៥) និងបញ្ញាសម្រាប់ទំលាយបង់ នូវគំនរលោភៈ ទោសៈ មោហៈ ដ៏ប្រសើរ ទាំងជាគ្រឿងដឹង នូវការអស់ទៅ នៃកងទុក្ខ ដោយប្រពៃ១ បពិត្រមហានាម អរិយសាវ័ក ដែលជាអ្នកប្រកបដោយសប្បុរិសធម៌ ទាំង៧ប្រការ យ៉ាងនេះឯង។
[៣២] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកបានដូចប្រាថ្នា នូវឈានទាំង៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយ តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ប្រព្រឹត្តទៅក្នុងសន្តាន មានភាវៈនៃចិត្តដ៏ប្រសើរ គ្មានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះលះបង់បីតិចេញ ជាបុគ្គលព្រងើយផង មានសតិ និងសម្បជញ្ញៈផង ទទួលសេចក្តីសុខ ដោយនាមកាយផង ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយសរសើរថា បុគ្គលដែលបានតតិយជ្ឈាន ហើយតែងមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតី នៅជាសុខ ព្រោះលះបង់សេចក្តីសុខផង លះបង់សេចក្តីទុក្ខផង ព្រោះរលត់សោមនស្ស និងទោមនស្សអំពីមុនផង លោកក៏បានចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិ ដែលកើតអំពីឧបេក្ខាដ៏បរិសុទ្ធ។ បពិត្រមហានាម អរិយសាវ័ក ជាអ្នកបានដូចប្រាថ្នា នូវឈានទាំង៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយ យ៉ាងនេះឯង។
[៣៣] បពិត្រមហានាម កាលណាអរិយសាវ័កជាអ្នកបរិបូណ៌ដោយសីលយ៉ាងនេះ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយយ៉ាងនេះ ជាអ្នកស្គាល់ប្រមាណក្នុងភោជនយ៉ាងនេះ ជាអ្នកប្រកបដោយការភ្ញាក់រឭកយ៉ាងនេះ ជាអ្នកប្រកបដោយសប្បុរិសធម៌ ទាំង៧ប្រការយ៉ាងនេះ ជាអ្នកបានដូចប្រាថ្នា នូវឈានទាំង៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយយ៉ាងនេះ បពិត្រមហានាម អរិយសាវ័កនេះ ព្រះបរមគ្រូសំដែងថា អ្នកមានសេចក្តីប្រតិបត្តិជាសេក្ខៈ ប្រកបដោយសេចក្តីប្រតិបត្តិ ដូចជាពងមាន់មិនស្អុយ ជាបុគ្គលគួរដើម្បីបែកធ្លាយនូវញាណ គួរត្រាស់ដឹង គួរបាននូវព្រះនិព្វាន ជាដែនក្សេមចាកយោគៈដ៏ប្រសើរ។ បពិត្រមហានាម ប្រៀបដូចពងមាន់៨ក្តី ១០ក្តី ១២ក្តី ពងមាន់ទាំងនោះ មេមាន់បានក្រាបល្អហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ អប់រំកំដៅដោយល្អហើយ ចំណែកខាងមេមាន់នោះ មិនមានបំណង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ កូនមាន់ទាំងនេះ គប្បីទំលាយសម្បកពង ដោយចុងក្រចក ឬដោយចុងចំពុះ ហើយញាស់ចេញមក ដោយសួស្តី ដូច្នេះទេ មានឧបមាយ៉ាងណាមិញ បពិត្រមហានាម កាលណាបើអរិយសាវ័ក ជាអ្នកបរិបូណ៌ ដោយសីលយ៉ាងនេះ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះ ជាអ្នកស្គាល់ប្រមាណ ក្នុងភោជនយ៉ាងនេះ ជាអ្នកប្រកបការភ្ញាក់រឭកយ៉ាងនេះ ជាអ្នកប្រកបដោយសប្បុរិសធម៌ ទាំង៧ប្រការយ៉ាងនេះ ជាអ្នកបានដូចសេចក្តីប៉ុនប៉ង នូវឈានទាំង៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយយ៉ាងនេះ បពិត្រមហានាម អរិយសាវ័កនេះ ព្រះបរមសាស្តាចារ្យ សំដែងថា អ្នកមានសេចក្តីប្រតិបត្តិជាសេក្ខៈ ប្រកបដោយសេចក្តីប្រតិបត្តិ ដូចជាពងមាន់មិនស្អុយ ជាបុគ្គលគួរដើម្បីបែកធ្លាយ នូវញាណ គួរត្រាស់ដឹង គួរបាននូវព្រះនិព្វាន ជាដែនក្សេម ចាកយោគៈដ៏ប្រសើរ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បពិត្រមហានាម អរិយសាវ័កនោះឯង អាស្រ័យសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខាដ៏ប្រសើរនេះឯង ទើបរលឹកបាននូវជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន បានច្រើនជាតិ គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកបាននូវជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ អំពីមុនបានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះឯង នេះឈ្មោះថា ការបែកធ្លាយនៃប្រាជ្ញាទី១ គឺបុព្វេនិវាសញ្ញាណ របស់អរិយសាវ័កនោះ ដូចពងមាន់ ដែលញាស់ចេញចាកសម្បកពង។ បពិត្រមហានាម អរិយសាវ័កនេះឯង អាស្រ័យសតិដ៏បរិសុទ្ធ ដោយឧបេក្ខាដ៏ប្រសើរនេះឯង ទើបលោកមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម នេះឈ្មោះថា ការបែកធ្លាយនៃប្រាជ្ញាទី២ គឺទិព្វចក្ខុញ្ញាណ របស់អរិយសាវ័កនោះ ដូចកូនមាន់ ដែលញាស់ចេញចាកសម្បកពង។ បពិត្រមហានាម អរិយសាវ័កនេះឯង អាស្រ័យសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ដ៏ប្រសើរនេះឯង ទើបធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវធម៌ទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ នេះឈ្មោះថា ការបែកធ្លាយនៃប្រាជ្ញាទី៣ គឺអាសវក្ខយញ្ញាណ របស់អរិយសាវ័កនោះ ដូចកូនមាន់ដែលញាស់ចេញចាកសម្បកពង។
[៣៤] បពិត្រមហានាម ត្រង់អរិយសាវ័កលោកបានបរិបូណ៌ដោយសីល នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយនេះឯង ជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក ស្គាល់ប្រមាណក្នុងភោជន នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក ប្រកបការភ្ញាក់រឭកនេះឯង ជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានប្រកបដោយសប្បុរិសធម៌ទាំង៧ប្រការ នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានដូចសេចក្តីប៉ុនប៉ង នូវឈានទាំង៤ប្រការ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ក្នុងបច្ចុប្បន្ន បានដោយមិនលំបាក បានដោយងាយ នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានរឭកឃើញជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅអំពីមុន បានច្រើនជាតិ គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលអំពីមុន បានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ នេះឯងជាវិជ្ជា របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុ របស់មនុស្សធម្មតា។បេ។ លោកដឹងច្បាស់ នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម នេះឯងជាវិជ្ជា របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័កធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវធម៌ទាំងឡាយ ដោយប្រាជ្ញានៃខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្ត ដោយឥរិយាបថ នេះឯង ជាវិជ្ជារបស់អរិយសាវ័កនោះ បពិត្រមហានាម អរិយសាវ័កនេះ ព្រះបរមគ្រូ ទ្រង់សំដែងថា ជាអ្នកបរិបូណ៌ដោយវិជ្ជាដូច្នេះក៏បាន បរិបូណ៌ដោយចរណៈ ដូច្នេះក៏បាន បរិបូណ៌ដោយវិជ្ជា និងចរណៈ ដូច្នេះក៏បាន។ បពិត្រមហានាម ទាំងព្រហ្មឈ្មោះ សនង្កុមារ ក៏បានពោលគាថានេះថា
ក្សត្រប្រសើរបំផុត ក្នុងពួកជនដែលប្រកាន់គោត្រ អ្នកណាបរិបូណ៌ដោយវិជ្ជា និងចរណៈ អ្នកនោះឈ្មោះថា ប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស។
[៣៥] បពិត្រមហានាម គាថានេះឯង ព្រហ្មឈ្មោះសនង្កុមារ ច្រៀងពីរោះហើយ មិនមែនច្រៀងមិនពីរោះទេ ពោលពីរោះហើយ មិនមែនពោលមិនពីរោះទេ ជាគាថាប្រកបដោយប្រយោជន៍ មិនមែនឥតប្រយោជន៍ទេ ទាំងព្រះមានព្រះភាគ ក៏ទ្រង់យល់ព្រមហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រោកឡើង ហើយត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ពីរោះណាស់ៗ ម្នាលអានន្ទ អ្នកសំដែងសេក្ខប្បដិបទា ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ពេញហៅពីរោះ។ លុះព្រះអានន្ទមានអាយុ បានសំដែងសេចក្តីនេះចប់ហើយ ព្រះបរមគ្រូ ក៏មានហឫទ័យត្រេកអរ ពួកសក្យៈអ្នកក្រុងកបិលវត្ថុ ក៏មានចិត្តរីករាយ ត្រេកអរហើយ ចំពោះភាសិតនៃព្រះអានន្ទមានអាយុ។
ចប់ សេក្ខប្បដិបទាសូត្រ ទី៣។
(៤. បោតលិយសុត្តំ)
[៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអាបណនិគម របស់ពួកអង្គុត្តរាបជន ក្នុងអង្គុត្តរាបជនបទ។5) ក្នុងកាលនោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់ដោយបាត្រ និងចីវរ ហើយទ្រង់ចូលទៅកាន់អាបណនិគម ដើម្បីបិណ្ឌបាត ក្នុងវេលាបុព្វណ្ហសម័យ។ លុះទ្រង់ពុទ្ធដំណើរទៅ ដើម្បីបិណ្ឌបាត ក្នុងអាបណនិគម ហើយត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្តហើយ ទ្រង់យាងសំដៅទៅរកដងព្រៃមួយ លុះយាងទៅដល់ហើយ ក៏ទ្រង់ចូលទៅកាន់ដងព្រៃនោះ ដើម្បីសម្រាកព្រះអង្គ ក្នុងវេលាថ្ងៃ ទ្រង់គង់សម្រាកព្រះអង្គក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។ ទើបបោតលិយគហបតី ស្លៀកដណ្តប់សំពត់សមគួរ ប្រដាប់ឆត្រ និងស្បែកជើង ដើរត្រាច់ទៅរឿយៗ ដើម្បីសម្រួលស្មង ហើយដើរសំដៅទៅដងព្រៃនោះ លុះដើរទៅដល់ហើយ ក៏ចូលទៅកាន់ដងព្រៃនោះ ហើយចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតនៅក្នុងទីសមគួរ។
[៣៧] លុះបោតលិយគហបតិ នៅក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាដូច្នេះថា ម្នាលគហបតី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ បោតលិយគហបតិ ក៏នៅស្ងៀម ដោយខឹងអន់ចិត្តថា ព្រះសមណគោតមហ៊ានហៅអញ ដោយពាក្យថា គហបតី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងបោតលិយគហបតិ ជាគំរប់ពីរដងទៀត ដូច្នេះថា ម្នាលគហបតី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ បោតលិយគហបតិ ក៏នៅស្ងៀម ជាគំរប់ពីរដង ដោយខឹងអន់ចិត្តថា ព្រះសមណគោតម ហ៊ានហៅអញ ដោយពាក្យថា គហបតី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងបោតលិយគហបតិ ជាគំរប់បីដងទៀត ដូច្នេះថា ម្នាលគហបតី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ បោតលិយគហបតិ ក៏ខឹងអន់ចិត្តថា ព្រះសមណគោតម ហ៊ានហៅអញ ដោយពាក្យថា គហបតី ហើយក៏ពោលពាក្យដូច្នេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គហៅខ្ញុំដោយពាក្យថា គហបតីណា ពាក្យនុ៎ះមិនសមគួរឡើយ ពាក្យនុ៎ះមិនសុភាពឡើយ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលគហបតី អាការ ភេទ និងនិមិត្ត របស់អ្នក នៅប្រាកដជារបស់គហបតីនៅឡើយទេតើ។ បោតលិយគហបតីតបថា បពិត្រព្រះគោតមដ៏ចំរើន ដូច្នោះមែនហើយ តែថា ការងារគ្រប់ចំពូក ខ្ញុំព្រះអង្គឈប់ លែងធ្វើហើយ ជំនួញទាំងអស់ ខ្ញុំព្រះអង្គកាត់ចោលហើយ។ ព្រះមានព្រះភាគ ទ្រង់សួរថា ម្នាលគហបតី ការងារគ្រប់ចំពូក ដែលអ្នកឈប់ លែងធ្វើហើយ ជំនួញទាំងអស់ ដែលអ្នកកាត់ចោលហើយ តើដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន មត៌កណា គឺទ្រព្យសម្បត្តិ ស្រូវ អង្ករ ឬប្រាក់មាស ដែលមានក្នុងលោកនេះ មត៌កតាំងអស់នោះ ខ្ញុំព្រះអង្គប្រគល់ឲ្យកូនអស់ហើយ ខ្ញុំព្រះអង្គ លែងទូន្មានដាស់តឿន លែងឃាត់ខាំង ក្នុងការងារទាំងនោះហើយ នៅមានតែគ្រឿងស៊ី និងគ្រឿងស្លៀកដណ្តប់ប៉ុណ្ណោះ បពិត្រព្រះគោតមដ៏ចំរើន ការងារគ្រប់ចំពូក ខ្ញុំព្រះអង្គឈប់ លែងធ្វើហើយ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គកាត់ចោលហើយ យ៉ាងនេះឯង។ ម្នាលគហបតី អ្នលពោលផ្តាច់បង់ជំនួញ ដោយចំណែកផ្សេង ការផ្តាច់បង់ជំនួញក្នុងវិន័យ របស់ព្រះអរិយៈ ដោយចំណែកផ្សេង។ បពិត្រព្រះអង្គដ៏ចំរើន ចុះការផ្តាច់បង់ជំនួញ ក្នុងវិន័យ របស់ព្រះអរិយៈ តើដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ការផ្តាច់បង់ជំនួញក្នុងវិន័យ របស់ព្រះអរិយៈ យ៉ាងណា សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះឲ្យទាន។ ម្នាលគហបតី បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគត នឹងសំដែង។ បោតលិយគហបតី ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[៣៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី ធម៌៨ប្រការនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីផ្តាច់បង់ជំនួញ ក្នុងវិន័យរបស់ព្រះអរិយៈ ធម៌៨ប្រការ តើដូចម្តេច បុគ្គល ព្រោះអាស្រ័យការមិនសម្លាប់សត្វ ទើបលះបង់ការសម្លាប់សត្វចេញបាន ព្រោះអាស្រ័យការកាន់យកតែទ្រព្យដែលគេឲ្យ ទើបលះបង់ការកាន់យកទ្រព្យដែលគេមិនឲ្យ ចេញបាន ព្រោះអាស្រ័យសច្ចវាចា ទើបលះបង់មុសាវាទចេញបាន ព្រោះអាស្រ័យពាក្យមិនញុះញង់ ទើបលះបង់ពាក្យញុះញង់ចេញបាន ព្រោះអាស្រ័យសេចក្តីមិនលោភលន់ ទើបលះបង់សេចក្តីលោភលន់ចេញបាន ព្រោះអាស្រ័យសេចក្តីមិនគ្នាន់ក្នាញ់ គឺមិននិន្ទា ទើបលះបង់សេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាចេញបាន ព្រោះអាស្រ័យសេចក្តីមិនចង្អៀតចង្អល់ចិត្ត គឺមិនក្រោធ ទើបលះបង់សេចក្តីចង្អៀតចង្អល់ចិត្ត គឺសេចក្តីក្រោធចេញបាន ព្រោះអាស្រ័យសេចក្តីមិនមើលងាយគេ ទើបលះបង់សេចក្តីមើលងាយគេ ចេញបាន ម្នាលគហបតី ធម៌ទាំង៨ប្រការនេះឯង តថាគតពោលហើយដោយបំប្រួញ មិនទាន់ចែកដោយពិស្តារ រមែងប្រព្រឹត្តទៅ ដើម្បីផ្តាច់បង់ជំនួញក្នុងវិន័យ របស់ព្រះអរិយៈ។ បពិត្រព្រះអង្គដ៏ចំរើន ក៏ធម៌ទាំង៨ប្រការណា ដែលព្រះមានព្រះភាគសំដែងហើយ ដោយបំប្រួញ មិនទាន់ចែកដោយពិស្តារ រមែងប្រព្រឹត្តទៅដើម្បីផ្តាច់បង់ជំនួញ ក្នុងវិន័យរបស់ព្រះអរិយៈ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យសេចក្តីអនុគ្រោះ ចែកនូវធម៌៨ប្រការនេះ ដោយពិស្តារ ដល់ខ្ញុំព្រះអង្គឲ្យទាន។ ម្នាលគហបតី បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែងឲ្យស្តាប់។ បោតលិយគហបតី ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[៣៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ត្រង់ពាក្យថា បុគ្គលព្រោះអាស្រ័យការមិនសម្លាប់សត្វ ទើបលះបង់ការសម្លាប់សត្វចេញបាន ដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី ព្រះអរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណា ដូច្នេះថា អាត្មាអញ ជាអ្នកសម្លាប់សត្វ ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយវិញទៀត បើអាត្មាអញ ជាអ្នកសម្លាប់សត្វហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុសម្លាប់សត្វ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗ ក៏គប្បីតិះដៀលបាន ព្រោះហេតុតែសម្លាប់សត្វ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈទៅ ទុគ្គតិ នឹងមានប្រាកដ ព្រោះហេតុសម្លាប់សត្វ ធម្មជាតនេះឈ្មោះថា សំយោជនៈ ធម្មជាតនេះឈ្មោះថា នីវរណៈ គឺការសម្លាប់សត្វហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុតែការសម្លាប់សត្វ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលវៀរចាកការសម្លាប់សត្វយ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា ព្រោះអាស្រ័យការមិនសម្លាប់សត្វ ទើបលះបង់ការសម្លាប់សត្វចេញ ដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤០] ត្រង់ពាក្យថា បុគ្គលព្រោះអាស្រ័យការកាន់យកតែទ្រព្យដែលគេឲ្យ ទើបលះបង់ការកាន់យកទ្រព្យ ដែលគេមិនឲ្យ ដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា អាត្មាអញ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ព្រោះហេតុសំយោជនៈណា អាត្មាអញ បានប្រតិបត្តិដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈចេញហើយ មួយវិញទៀត បើអាត្មាអញ ជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យហើយ សូម្បីខ្លួនឯង គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុតែកាន់យកទ្រព្យ ដែលគេមិនបានឲ្យ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុតែកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ធម្មជាតនេះ ឈ្មោះថា សំយោជនៈ ធម្មជាតនេះឈ្មោះថា នីវរណៈ គឺការកាន់យកទ្រព្យ ដែលគេមិនបានឲ្យហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុកាន់យកទ្រព្យ ដែលគេមិនបានឲ្យ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យយ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា បុគ្គលគួរអាស្រ័យការកាន់យកតែទ្រព្យ ដែលគេឲ្យ ទើបលះបង់ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤១] ត្រង់ពាក្យថា បុគ្គលគួរអាស្រ័យពាក្យពិត ទើបលះបង់ការកុហកចេញ ដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះឯង ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា អាត្មាអញ ពោលពាក្យកុហក ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយវិញទៀត បើអាត្មាអញ ជាអ្នកពោលពាក្យកុហកហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុពោលពាក្យកុហក ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុពោលពាក្យកុហក លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុពោលពាក្យកុហក ធម្មជាតនុ៎ះហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺពាក្យកុហកហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុពោលពាក្យកុហក អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលវៀរចាកពាក្យកុហកយ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា បុគ្គលព្រោះអាស្រ័យពាក្យពិត ទើបលះបង់ការពោលពាក្យកុហកចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤២] ត្រង់ពាក្យថា ព្រោះអាស្រ័យពាក្យមិនញុះញង់ ទើបលះបង់ពាក្យញុះញង់ចេញដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានពាក្យញុះញង់ ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ និយាយពាក្យញុះញង់ហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុពាក្យញុះញង់ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុពាក្យញុះញង់ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីមរណៈទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុពាក្យញុះញង់ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺពាក្យញុះញង់ហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុពាក្យញុះញង់ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលវៀរចាកពាក្យញុះញង់យ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា ព្រោះអាស្រ័យពាក្យមិនញុះញង់ ទើបលះបង់ពាក្យញុះញង់ ចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនោះឯង។
[៤៣] ត្រង់ពាក្យថា ព្រោះអាស្រ័យសេចក្តីមិនលោភលន់ ទើបលះបង់សេចក្តីលោភលន់ចេញដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីលោភលន់ ព្រោះសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នកមានសេចក្តីលោភលន់ហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុសេចក្តីលោភលន់ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុសេចក្តីលោភលន់ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុសេចក្តីលោភលន់ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីលោភលន់ហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា ដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីលោភលន់ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលមិនមានសេចក្តីលោភលន់បានយ៉ាងនេះ ពាក្យណា ដែលតថាគត ពោលហើយថា ព្រោះអាស្រ័យសេចក្តីមិនលោភលន់ ទើបលះសេចក្តីលោភលន់ ចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤៤] ត្រង់ពាក្យថា ព្រោះអាស្រ័យសេចក្តីមិនគ្នាន់ក្នាញ់ គឺមិននិន្ទា ទើបលះបង់សេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាចេញដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នកមានសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា ដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីគ្នាន់ក្នាញ់ គឺមិននិន្ទាយ៉ាងនេះ ពាក្យណា ដែលតថាគត ពោលហើយថា ព្រោះអាស្រ័យមិនសេចក្តីគ្នាន់ក្នាញ់ គឺមិននិន្ទា ទើបលះបង់សេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤៥] ត្រង់ពាក្យថា ព្រោះអាស្រ័យសេចក្តីមិនចង្អៀតចង្អល់ គឺមិនក្រោធ ទើបលះបង់សេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធចេញដូច្នេះនេះ តថាគត ពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នកមានសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា ដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ អាសវៈដែលមានភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធយ៉ាងនេះ ពាក្យណា ដែលតថាគត ពោលហើយថា ព្រោះអាស្រ័យសេចក្តីមិនចង្អៀតចង្អល់ គឺសេចក្តីមិនក្រោធ ហើយលះបង់សេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។
[៤៦] ត្រង់ពាក្យថា ព្រោះអាស្រ័យសេចក្តីមិនមើលងាយគេ ទើបលះបង់សេចក្តីមើលងាយដូច្នេះនេះ តថាគត បានពោលហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីមើលងាយគេ ព្រោះហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បីលះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នកមានសេចក្តីមើលងាយគេហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុសេចក្តីមើលងាយ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ គប្បីតិះដៀលបាន ព្រោះហេតុសេចក្តីមើលងាយគេ លុះទម្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុសេចក្តីមើលងាយ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីមើលងាយហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា ដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីមើលងាយគេ អាសវៈដែលមានសភាពចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់បុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីមើលងាយ យ៉ាងនេះ ពាក្យណា ដែលតថាគត ពោលហើយថា ព្រោះអាស្រ័យសេចក្តីមិនមើលងាយគេ ទើបលះបង់សេចក្តីមើលងាយគេ ចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យហេតុនុ៎ះឯង។ ម្នាលគហបតី ធម៌ទាំង៨ណា តែងប្រព្រឹត្តទៅ ដើម្បីលះបង់ ដើម្បីផ្តាច់បង់ជំនួញ ក្នុងអរិយវិន័យ ធម៌ទាំង៨នេះឯង តថាគតពោលហើយ ដោយបំប្រួញ មិនបានចែកដោយពិស្តារទេ ម្នាលគហបតី ការផ្តាច់បង់ជំនួញ សព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យ មិនមានត្រឹមប៉ុណ្ណោះទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះការផ្តាច់បង់ជំនួញ សព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យនោះ តើដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ការផ្តាច់បង់ជំនួញសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យ យ៉ាងណា សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន។ ម្នាលគហបតី បើដូច្នោះ អ្នកចូរស្តាប់ ចូរយកចិត្តទុកដាក់ដោយប្រពៃចុះ តថាគត នឹងសំដែងឲ្យស្តាប់។ បោតលិយគហបតី ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[៤៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី ដូចសុនខ ដែលអស់កម្លាំង ព្រោះសេចក្តីឃ្លានគ្របសង្កត់ ក៏ដើរចូលទៅកាន់ទីសំរាប់អារសាច់លក់ របស់គោឃាតកៈ ឯគោឃាតកៈក្តី កូនឈ្នួលរបស់គោឃាតកៈក្តី ដែលឈ្លាស យករាងឆ្អឹង ដែលពន្លះសាច់ចេញស្អាត ឥតមានសាច់ គ្រាន់តែប្រឡាក់ដោយឈាម បោះទៅឲ្យឆ្កែនោះ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ឆ្កែនោះកាលអង្កៀមនូវរាងឆ្អឹងឯណោះ ដែលគេពន្លះសាច់ស្អាត ឥតមានសាច់ គ្រាន់តែប្រឡាក់ដោយឈាម នឹងបន្ទោបង់សេចក្តីអស់កម្លាំង ព្រោះការឃ្លានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ការបន្ទោបង់សេចក្តីអស់កម្លាំង ព្រោះការឃ្លាននុ៎ះ មិនបានទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថារាងឆ្អឹងឯណោះ ដែលគេពន្លះសាច់ចេញស្អាត ឥតមានសាច់ គ្រាន់តែប្រឡាក់ដោយឈាម ឯសុនខនោះ ជាសត្វគ្រាន់តែមានចំណែក នៃសេចក្តីលំបាកកាយ លំបាកចិត្ត ប៉ុណ្ណោះឯង។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័ក ឃើញសេចក្តីនេះ តាមពិតដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះហើយ ក៏លះបង់ឧបេក្ខា (ក្នុងបញ្ចកាមគុណ) ដែលមានសភាពផ្សេងគ្នា អាស្រ័យអារម្មណ៍ មានសភាពផ្សេងគ្នា ហើយចំរើនឧបេក្ខា6) ដែលមានសភាពតែមួយ អាស្រ័យអារម្មណ៍ មានសភាពតែមួយ និងឧបេក្ខា7) ជាទីរលត់នៃឧបាទានជាលោកាមិសៈ មិនមានសេសសល់ ដោយប្រការទាំងពួង។
[៤៨] ម្នាលគហបតី ដូចជាសត្វត្មាត ខ្លែងក្រហម ឬខ្លែងខ្មៅ ពាំនាំដុំសាច់ហើរទៅ មានពួកត្មាតខ្លះ ពួកខ្លែងក្រហមខ្លះ ពួកខ្លែងខ្មៅខ្លះ នាំគ្នាហើរដេញតាមសត្វត្មាតជាដើមនោះ ចឹកជញ្ចែងដណ្តើមយក ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បើសត្វត្មាត ខ្លែងក្រហម ឬខ្លែងខ្មៅនោះ មិនលះចោលដុំសាច់នោះ ដោយឆាប់ទេ ក៏ត្មាតជាដើមនោះ នឹងដល់សេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះដុំសាច់នោះជាហេតុ មែនឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយមានឧបមាដោយដុំសាច់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័ក ឃើញសេចក្តីនេះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយ ក៏លះបង់នូវឧបេក្ខា ដែលមានសភាពផ្សេងគ្នា អាស្រ័យអារម្មណ៍មានសភាពផ្សេងគ្នា ចំរើនឧបេក្ខា ដែលមានសភាពតែមួយ អាស្រ័យអារម្មណ៍ មានសភាពតែមួយ និងឧបេក្ខាជាទីរលត់ នៃឧបាទានជាលោកាមិសៈ មិនមានសេសសល់ ដោយប្រការទាំងពួង។
[៤៩] ម្នាលគហបតី ដូចជាបុរសកាន់គប់ស្មៅ ដែលភ្លើងឆេះ ដើរច្រាសខ្យល់ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះថាដូចម្តេច បើបុរសនោះ មិនលះចោលគប់ស្មៅ ដែលភ្លើងឆេះនោះ ដោយឆាប់ទេ គប់ស្មៅដែលភ្លើងឆេះនោះ នឹងរោលរាលដៃ ឬកំភួនដៃ ឬរោលរាលអវយវៈតូចធំនីមួយ បុរសនោះ នឹងដល់សេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះគប់ស្មៅ ដែលភ្លើងឆេះនោះ ជាហេតុ មែនឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយគប់ស្មៅ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័កឃើញសេចក្តីនេះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះ។បេ។ ក៏ចំរើនឧបេក្ខានោះឯង។
[៥០] ម្នាលគហបតី ដូចជារណ្តៅរងើកភ្លើង មានជម្រៅមួយជំហរបុរស ដ៏ពេញដោយរងើកភ្លើង ឥតមានអណ្តាត ឥតមានផ្សែង កាលនោះ មានបុរសម្នាក់ មានប្រាថ្នាដើម្បីរស់នៅ មិនប្រាថ្នាដើម្បីស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដើរមក (កាន់រណ្តៅនោះ) មានបុរសខ្លាំងពូកែពីរនាក់ ចាប់បុរសនោះ ត្រង់កំភួនដៃម្ខាងម្នាក់ ទាញទំលាក់ទៅក្នុងរណ្តៅ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តើបុរសនោះ គួរបង្អោនកាយ (ទៅកាន់រណ្តៅ) នោះដូច្នេះខ្លះ ដូច្នោះខ្លះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ មិនគួរបង្អោនកាយទៅឡើយ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះបុរសនោះ ដឹងច្បាស់ថា បើអាត្មាអញ នឹងធ្លាក់រណ្តៅរងើកភ្លើងនេះ អាត្មាអញ នឹងដល់នូវសេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះរណ្តៅរងើកភ្លើងនោះជាហេតុ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយរណ្តៅរងើកភ្លើង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័កឃើញសេចក្តីនេះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយ។បេ។ ក៏ចំរើនឧបេក្ខានោះឯង។
[៥១] ម្នាលគហបតី ដូចជាបុរស យល់សប្តិឃើញអារាម ជាទីសប្បាយ ព្រៃជាទីសប្បាយ ផែនដីជាទីសប្បាយ និងស្រះបោក្ខរណី ជាទីសប្បាយ លុះបុរសនោះភ្ញាក់ឡើង មិនឃើញអ្វីមួយឡើយ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយយល់សប្តិ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង។បេ។ ក៏ចំរើនឧបេក្ខានោះឯង។
[៥២] ម្នាលគហបតី ដូចជាបុរសខ្ចីទ្រព្យគេ ជារបស់បណ្តោះអាសន្ន គឺកែវមណី និងកុណ្ឌល (គ្រឿងប្រដាប់ត្រចៀក) ដ៏ប្រសើរ ហើយឡើងកាន់យាន បុរសនោះ បានប្រដាប់តាក់តែង ដោយទ្រព្យជារបស់ខ្ចីគេបណ្តោះអាសន្នទាំងនោះ ដើរទៅកាន់រានផ្សារ អ្នកផងបានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា អើហ្ន៎ បុរសនេះ មានភោគសម្បត្តិច្រើនណាស់ បានឮថា ពួកជនអ្នកមានភោគសម្បត្តិ រមែងបរិភោគសម្បត្តិយ៉ាងហ្នឹងតើ បើពួកជនជាម្ចាស់គប្បីឃើញបុរសនោះក្នុងទីណាៗ ក៏គប្បីយកទ្រព្យ ដែលជារបស់ខ្លួនក្នុងទីនោះទៅ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ គួរអាក់អន់ចិត្តឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ មិនគួរនឹងអាក់អន់ចិត្តទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះពួកជនជាម្ចាស់ទ្រព្យ នាំយកទ្រព្យ ដែលជារបស់ខ្លួនទៅ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយរបស់ខ្ចីគេ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង។បេ។ ក៏ចំរើនឧបេក្ខានោះឯង។
[៥៣] ម្នាលគហបតី ដូចជាដងព្រៃស្តុក នៅជិតស្រុក ឬនិគម មានដើមឈើក្នុងព្រៃនោះ ជាឈើមានផ្លែផ្អែមផង មានផ្លែដ៏ច្រើនផង សូម្បីផ្លែណាមួយ ក៏មិនជ្រុះចុះលើផែនដីឡើយ ទើបមានបុរសម្នាក់ ជាអ្នកត្រូវការដោយផ្លែ ស្វែងរកផ្លែ ត្រាច់ទៅស្វែងរកផ្លែ ក៏ដើរមកដល់ បុរសនោះ ដើរចូលទៅកាន់ដងព្រៃនោះ ឃើញដើមឈើនោះ មានផ្លែផ្អែមផង មានផ្លែច្រើនផង ទើបបុរសនោះ គិតយ៉ាងនេះថា ឈើនេះឯងមានផ្លែផ្អែមផង មានផ្លែច្រើនផង សូម្បីផ្លែណាមួយ ក៏មិនជ្រុះចុះលើផែនដីឡើយ ឯអាត្មាអញ ក៏ចេះឡើងឈើដែរ បើដូច្នោះ មានតែអាត្មាអញឡើងកាន់ដើមឈើនេះ ហើយទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង លុះបុរសនោះគិតហើយ ក៏ឡើងកាន់ដើមឈើនោះ ទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង កាលនោះ មានបុរសជាគំរប់ពីរ ជាអ្នកត្រូវការដោយផ្លែ ស្វែងរកផ្លែ ត្រាច់ទៅស្វែងរកផ្លែ ក៏កាន់យកដឹងដ៏មុត ដើរមកដល់ បុរសនោះ ចូលទៅកាន់ដងព្រៃនោះ ហើយឃើញដើមឈើនោះ មានផ្លែផ្អែមផង មានផ្លែច្រើនផង ទើបបុរសនោះ គិតយ៉ាងនេះថា ឈើនេះឯង មានផ្លែផ្អែម មានផ្លែច្រើនផង សូម្បីផ្លែណាមួយ មិនជ្រុះចុះលើផែនដីឡើយ ឯអាត្មាអញ ក៏មិនចេះឡើងដើមឈើឡើយ បើដូច្នោះ មានតែអាត្មាអញ កាប់ដើមឈើនេះត្រង់គល់ ហើយទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង លុះបុរសនោះគិតហើយ ក៏កាប់ដើមឈើនោះត្រង់គល់ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសដែលឡើងដើមឈើមុនគេនោះ បើមិនចុះមកដោយរហ័សទេ កាលដែលដើមឈើនោះរលំចុះ គប្បីបាក់ដៃ បាក់ជើង បំបាក់អវយវៈតូចធំណានីមួយ របស់បុរសនោះ បុរសនោះ គប្បីដល់សេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះផ្លែឈើនោះ ជាហេតុ មែនឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយផ្លែឈើ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័កឃើញសេចក្តីនេះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយ ក៏លះបង់ឧបេក្ខា ដែលមានសភាពផ្សេងគ្នា អាស្រ័យអារម្មណ៍មានសភាពផ្សេងគ្នា ហើយចំរើនឧបេក្ខា ដែលមានសភាពតែមួយ អាស្រ័យអារម្មណ៍មានសភាពតែមួយ និងឧបេក្ខាជាទីរលត់ទៅនៃឧបាទាន ជាលោកាមិសៈ មិនមានសេសសល់ ដោយប្រការទាំងពួង។
[៥៤] ម្នាលគហបតី អរិយសាវ័កនោះឯង អាស្រ័យសេចក្តីបរិសុទ្ធនៃសតិ ដែលកើតអំពីឧបេក្ខា ដ៏ប្រសើរនេះឯង ហើយរលឹកនូវបុព្វេនិវាសច្រើនប្រការ គឺ រលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលគហបតី អរិយសាវ័កនោះឯង អាស្រ័យសេចក្តីបរិសុទ្ធនៃសតិ ដែលកើតអំពីឧបេក្ខាដ៏ប្រសើរនេះឯង ហើយឃើញពួកសត្វដែលច្យុត កើតឡើង ជាសត្វថោកទាប ឧត្តម មានវណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ក៏ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សសាម័ញ្ញ។ ម្នាលគហបតី អរិយសាវ័កនោះឯង អាស្រ័យនូវសេចក្តីបរិសុទ្ធនៃសតិ ដែលកើតអំពីឧបេក្ខាដ៏ប្រសើរនេះឯង ហើយធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន និងបានដល់ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។
[៥៥] ម្នាលគហបតី ការផ្តាច់បង់ជំនួញ ដោយសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យ តែងមានដោយហេតុមានប្រមាណប៉ុណ្ណេះ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ការផ្តាច់បង់ជំនួញ ដោយសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យ ដោយសភាពយ៉ាងណា អ្នកបានឃើញការផ្តាច់បង់ជំនួញ មានសភាពយ៉ាងនោះ ក្នុងខ្លួនដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គណាក្តី ការផ្តាច់បង់ជំនួញ ដោយសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យណាក្តី បពិត្រព្រះអង្គដ៏ចំរើន បណ្តាសភាវៈទាំងពីរនោះ ខ្ញុំព្រះអង្គឆ្ងាយចាកការផ្តាច់បង់ជំនួញ ដោយសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យនេះហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលពីដើម ខ្ញុំព្រះអង្គ បានសំគាល់នូវពួកបរិព្វាជក មានលទ្ធិផ្សេង ដែលមិនមែនជាបុរសអាជានេយ្យពិត ថាជាបុរសអាជានេយ្យ ញុំាងបុគ្គលដែលមិនមែនជាបុរសអាជានេយ្យពិត ឲ្យបរិភោគភោជន សំរាប់បុរសអាជានេយ្យ តាំងបុគ្គលដែលមិនមែនជាបុរសអាជានេយ្យពិត ឲ្យតាំងនៅក្នុងទីជាបុរសអាជានេយ្យ បពិត្រព្រះអង្គដ៏ចំរើន មួយយ៉ាងទៀត ខ្ញុំព្រះអង្គ បានសំគាល់ភិក្ខុទាំងឡាយ ដែលជាបុរសអាជានេយ្យពិត ថាមិនមែនជាបុរសអាជានេយ្យវិញ ញុំាងភិក្ខុដែលជាបុរសអាជានេយ្យពិត ឲ្យបរិភោគភោជន សំរាប់បុរសមិនមែនជាអាជានេយ្យវិញ តាំងភិក្ខុដែលជាបុរសអាជានេយ្យពិត ក្នុងទីនៃបុរសមិនមែនជាអាជានេយ្យ បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ ខ្ញុំព្រះអង្គ ស្គាល់ពួកបរិព្វាជក មានលទ្ធិផ្សេង ដែលមិនមែនជាបុរសអាជានេយ្យពិត ថាមិនមែនជាបុរសអាជានេយ្យ និងញុំាងបុគ្គលដែលមិនមែនជាបុរសអាជានេយ្យពិត ឲ្យបរិភោគភោជន សំរាប់បុរសមិនមែនជាអាជានេយ្យ និងតាំងបុគ្គលដែលមិនមែនជាបុរសអាជានេយ្យពិត ក្នុងទីនៃបុគ្គលមិនមែនជាបុរសអាជានេយ្យ បពិត្រព្រះអង្គដ៏ចំរើន មួយយ៉ាងទៀត ខ្ញុំព្រះអង្គស្គាល់ភិក្ខុទាំងឡាយ ដែលជាបុរសអាជានេយ្យពិត ថាជាបុរសអាជានេយ្យ និងញុំាងភិក្ខុដែលជាបុរសអាជានេយ្យពិត ឲ្យបរិភោគភោជន សំរាប់បុរសអាជានេយ្យ និងតាំងភិក្ខុដែលជាបុរសអាជានេយ្យ ក្នុងទីនៃបុរសអាជានេយ្យ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់បានធ្វើសេចក្តីស្រឡាញ់ ចំពោះពួកសមណៈ សេចក្តីជ្រះថ្លា ចំពោះពួកសមណៈ សេចក្តីគោរព ចំពោះពួកសមណៈ ឲ្យកើតដល់ខ្ញុំព្រះអង្គហើយហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាបុរស ចាប់បើករបស់ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ឬដូចជាបុរសបើកបង្ហាញរបស់ដែលគេលាក់បិទបាំង ឬក៏ដូចជាបុរស ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះ ដូចជាគេកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណៈ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។
ចប់ បោតលិយសូត្រ ទី៤។
(៥. ជីវកសុត្តំ)
[៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពវ័ន របស់ជីវកកោមារភត្យ ជិតក្រុងរាជគ្រឹះ។ គ្រានោះ ជីវកកោមារភត្យ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះជីវកកោមារភត្យ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឮមកដូច្នេះថា ពួកជនតែងសម្លាប់សត្វ ចំពោះព្រះសមណគោតម ព្រះសមណគោតម បើទុកជាជ្រាបហេតុនោះហើយ ក៏រមែងសោយសាច់ ដែលគេធ្វើចំពោះ គឺសាច់ដែលគេធ្វើអាស្រ័យនូវខ្លួន បពិត្រព្រះអង្គដ៏ចំរើន ពួកជនណា ពោលយ៉ាងនេះថា ពួកជនតែងសម្លាប់សត្វ ចំពោះព្រះសមណគោតម ព្រះសមណគោតម បើទុកជាជ្រាបហេតុនោះហើយ ក៏រមែងសោយសាច់ ដែលគេធ្វើចំពោះ គឺសាច់ដែលគេធ្វើអាស្រ័យនូវខ្លួន បពិត្រព្រះអង្គដ៏ចំរើន ជនទាំងនោះ និយាយត្រូវតាមពាក្យ ដែលគេពោលចំពោះព្រះមានព្រះភាគ មិនមែននិយាយបង្កាច់ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង និយាយនូវហេតុសមគួរ ដល់ហេតុផងឬទេ មួយយ៉ាងទៀត វាទៈ និងអនុបវាទៈបន្តិចបន្តួច របស់ព្រះអង្គ ដែលប្រកបដោយហេតុ មិនបានដល់នូវហេតុ ដែលគួរតិះដៀលឬទេ។
[៥៧] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលជីវកៈ ពួកជនណានិយាយយ៉ាងនេះថា ពួកជនសម្លាប់សត្វ ចំពោះព្រះសមណគោតម ព្រះសមណគោតម បើទុកជាជ្រាបហេតុនោះហើយ ក៏រមែងសោយសាច់ ដែលគេធ្វើចំពោះ គឺសាច់ដែលគេធ្វើអាស្រ័យនូវខ្លួន ពួកជននោះ មិនមែននិយាយត្រូវតាមពាក្យ ដែលគេពោលចំពោះតថាគតឡើយ ពួកជននោះ និយាយបង្កាច់តថាគត ដោយពាក្យមិនមែន មិនពិត ម្នាលជីវកៈ តថាគត ពោលនូវសាច់ ដែលមិនគួរបរិភោគ ដោយហេតុទាំង៣ គឺឃើញ ឮ រង្កៀស ម្នាលជីវកៈ តថាគត ពោលនូវសាច់ដែលមិនគួរបរិភោគ ដោយហេតុទាំង៣នេះឯង ម្នាលជីវកៈ តថាគត ពោលនូវសាច់ ដែលគួរបរិភោគ ដោយហេតុទាំង៣ គឺ មិនឃើញ មិនឮ មិនរង្កៀស ម្នាលជីវកៈ តថាគត ពោលនូវសាច់ដែលគួរបរិភោគ ដោយហេតុទាំង៣នេះឯង។
[៥៨] ម្នាលជីវកៈ ភិក្ខុក្នុងសាសនានេះ ចូលទៅនៅអាស្រ័យនឹងស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានវេរា មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការ8) ទាំងពួង។ គហបតី ឬគហបតីបុត្ត ចូលទៅរកភិក្ខុនោះ ហើយនិមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក ម្នាលជីវកៈ កាលបើភិក្ខុមានប្រាថ្នា ក៏ទទួលនិមន្ត។ លុះកន្លងរាត្រីនោះទៅ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹក ក៏ចូលទៅកាន់ផ្ទះ នៃគហបតី ឬគហបតីបុត្តនោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលហើយ។ ឯគហបតី ឬគហបតីបុត្តនោះ ក៏អង្គាសភិក្ខុនោះ ដោយបិណ្ឌបាត ដ៏ផ្ចិតផ្ចង់។ ភិក្ខុនោះមិនមានសេចក្តីត្រិះរិះយ៉ាងនេះថា គហបតី ឬគហបតីបុត្តនេះ អង្គាសអាត្មាអញ ដោយបិណ្ឌបាតដ៏ផ្ចិតផ្ចង់ ដោយប្រពៃណាស់ហ្ន៎ ធ្វើម្តេចហ្ន៎ គហបតី ឬគហបតីបុត្តនេះ គប្បីអង្គាសអាត្មាអញ ដោយបិណ្ឌបាតដ៏ផ្ចិតផ្ចង់ មានសភាពយ៉ាងនេះតទៅទៀត ភិក្ខុនោះ មិនមានសេចក្តីត្រិះរិះយ៉ាងនេះសោះ។ ភិក្ខុនោះ មិនផ្តេកផ្តួល មិនជ្រុលជ្រប់ មិនល្មោភ តែងឃើញទោស មានបញ្ញាជាគ្រឿងរលាស់ចេញ ចាកទុក្ខ បរិភោគបិណ្ឌបាតនោះ។ ម្នាលជីវកៈ អ្នកសំគាល់ហេតុនោះ ថាដូចម្តេច តើភិក្ខុនោះ គិតដើម្បីបៀតបៀនខ្លួន ឬគិតដើម្បីបៀតបៀនអ្នកដទៃ ឬគិតដើម្បីបៀតបៀនអ្នកទាំងពីរ ក្នុងសម័យនោះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលជីវកៈ ភិក្ខុនោះ ឈ្មោះថា ឆាន់អាហារ ដែលមិនមានទោស ក្នុងសម័យនោះមែនឬទេ។ ព្រះករុណាព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្រាន់តែឮមកយ៉ាងនេះថា ព្រហ្ម មានកិរិយានៅដោយមេត្តា បពិត្រព្រះអង្គដ៏ចំរើន ពាក្យនោះ ជាពាក្យរបស់ខ្ញុំព្រះអង្គ ឥឡូវនេះ ខ្ញុំព្រះអង្គ បានឃើញព្រះមានព្រះភាគ ច្បាស់នឹងភ្នែករបស់ខ្លួនហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ មានកិរិយានៅដោយមេត្តាពិត។ ម្នាលជីវកៈ បុគ្គលមានព្យាបាទ ដោយរាគៈ ទោសៈ មោហៈណា រាគៈ ទោសៈ មោហៈនោះ តថាគត បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាសភាវៈដល់នូវការសាបសូន្យ មានសភាវៈមិនកើតឡើងតទៅ ម្នាលជីវកៈ បើអ្នកនិយាយអាស្រ័យហេតុនេះ តថាគត ក៏យល់ព្រមនូវពាក្យនេះ របស់អ្នកដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ និយាយអាស្រ័យហេតុហ្នឹងឯង។
[៥៩] ម្នាលជីវកៈ ភិក្ខុក្នុងសាសនានេះ ចូលទៅនៅអាស្រ័យនឹងស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានវេរា មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង។ គហបតី ឬគហបតិបុត្ត ក៏ចូលទៅរកភិក្ខុនោះ ហើយនិមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក ម្នាលជីវកៈ កាលបើភិក្ខុមានប្រាថ្នា ក៏ទទួលនិមន្ត។ លុះកន្លងរាត្រីនោះទៅ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹក ក៏ចូលទៅកាន់ផ្ទះ នៃគហបតី ឬគហបតិបុត្តនោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលហើយ។ ឯគហបតី ឬគហបតិបុត្តនោះ ក៏អង្គាសភិក្ខុនោះ ដោយបិណ្ឌបាត ដ៏ផ្ចិតផ្ចង់។ ភិក្ខុនោះមិនមានសេចក្តីត្រិះរិះយ៉ាងនេះថា គហបតី ឬគហបតិបុត្តនេះ អង្គាសអាត្មាអញ ដោយបិណ្ឌបាតដ៏ផ្ចិតផ្ចង់ ដោយប្រពៃណាស់ហ្ន៎ ធ្វើម្តេចហ្ន៎ គហបតី ឬគហបតិបុត្តនេះ គប្បីអង្គាសអាត្មាអញ ដោយបិណ្ឌបាតដ៏ផ្ចិតផ្ចង់ មានសភាពយ៉ាងនេះ តទៅទៀត ភិក្ខុនោះ មិនមានសេចក្តីត្រិះរិះយ៉ាងនេះសោះ។ ភិក្ខុនោះ មិនផ្តេកផ្តួល មិនជ្រុលជ្រប់ មិនល្មោភ តែងឃើញទោស មានបញ្ញា ជាគ្រឿងរលាស់ចេញ ចាកទុក្ខ បរិភោគបិណ្ឌបាតនោះ។ ម្នាលជីវកៈ អ្នកសំគាល់ហេតុនោះ ថាដូចម្តេច តើភិក្ខុនោះ គិតដើម្បីបៀតបៀនខ្លួនឯង ឬគិតដើម្បីបៀតបៀនអ្នកដទៃ ឬក៏គិតដើម្បីបៀតបៀនអ្នកទាំងពីរ ក្នុងសម័យនោះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលជីវកៈ ភិក្ខុនោះ ឈ្មោះថា ឆាន់អាហារ ដែលមិនមានទោសនោះ ក្នុងសម័យនោះមែនឬទេ។ ព្រះករុណាព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្រាន់តែឮមកយ៉ាងនេះថា ព្រហ្ម មានកិរិយានៅដោយឧបេក្ខា បពិត្រព្រះអង្គដ៏ចំរើន ពាក្យនោះ ជាពាក្យរបស់ខ្ញុំព្រះអង្គ ឥឡូវនេះ ខ្ញុំព្រះអង្គ បានឃើញព្រះមានព្រះភាគ ច្បាស់នឹងភ្នែករបស់ខ្លួនហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ មានកិរិយានៅដោយឧបេក្ខាពិត។ ម្នាលជីវកៈ បុគ្គលមានសេចក្តីបៀតបៀន សេចក្តីអផ្សុក និងសេចក្តីចង្អៀតចង្អល់ ដោយរាគៈ ទោសៈ មោហៈណា រាគៈ ទោសៈ និងមោហៈនោះ តថាគត បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាសភាវៈដល់នូវការសាបសូន្យ មានសភាវៈមិនកើតឡើងតទៅ ម្នាលជីវកៈ បើអ្នកនិយាយអាស្រ័យហេតុនេះ តថាគត ក៏យល់ព្រមនូវពាក្យនេះ របស់អ្នកដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ និយាយអាស្រ័យហេតុហ្នឹងឯង។
[៦០] ម្នាលជីវកៈ បុគ្គលណាសម្លាប់សត្វ ចំពោះតថាគត ឬសាវ័ករបស់តថាគត បុគ្គលនោះ តែងទទួលបាបច្រើន ដោយឋានៈ៥យ៉ាង បុគ្គលនោះ និយាយយ៉ាងនេះថា អ្នកទាំងឡាយ ចូរទៅនាំយកសត្វឯណោះ មកដោយឋានៈណា តែងទទួលនូវបាបច្រើន ដោយឋានៈនេះជាបឋម សត្វនោះ កាលដែលគេយកខ្សែទាក់កដឹកយកមក ក៏ទទួលទុក្ខទោមនស្ស ដោយឋានៈណា បុគ្គលនោះ តែងទទួលបាបច្រើន ដោយឋានៈនេះជាគំរប់ពីរ បុគ្គលនោះ និយាយយ៉ាងនេះថា អ្នកទាំងឡាយ ចូរទៅសម្លាប់សត្វនេះដោយឋានៈណា បុគ្គលនោះ តែងសោយនូវបាបច្រើន ដោយឋានៈនេះជាគំរប់៣ សត្វនោះ កាលដែលគេកំពុងសម្លាប់ ក៏ទទួលនូវទុក្ខ ទោមនស្ស ដោយឋានៈណា បុគ្គលតែងទទួលបាបច្រើន ដោយឋានៈនេះជាគំរប់៤ បុគ្គលនោះ ធ្វើឲ្យគេតិះដៀលតថាគត ឬសាវ័ករបស់តថាគត ដោយអកប្បិយមំសៈ (សាច់មិនសមគួរ) ដោយឋានៈណា បុគ្គលនោះ តែងទទួលបាបច្រើន ដោយឋានៈនេះជាគំរប់៥ ម្នាលជីវកៈ បុគ្គលណាសម្លាប់សត្វ ចំពោះតថាគត ឬសាវ័ករបស់តថាគត បុគ្គលនោះ តែងទទួលបាបច្រើន ដោយឋានៈទាំង៥យ៉ាងនេះឯង។
[៦១] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើបជីវកកោមារភត្យ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុឆាន់តែអាហារជាកប្បិយៈហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុឆាន់តែអាហារ ដែលមិនមានទោសហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាបុរស ចាប់បើករបស់ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ឬដូចជាបុរសបើកបង្ហាញរបស់ ដែលគេលាក់បិទបាំង ពុំនោះ ដូចជាបុរស ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាបុរសកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណៈ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។
ចប់ ជីវកសូត្រ ទី៥។
(៦. ឧបាលិសុត្តំ)
[៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវ័ន9) ជិតស្រុកនាលន្ទា។ សម័យនោះឯង និគន្ថនាដបុត្ត នៅអាស្រ័យក្នុងស្រុកនាលន្ទា ជាមួយនឹងនិគន្ថបរិសទ្យជាច្រើន។ គ្រានោះ និគ្រន្ថឈ្មោះ ទីឃតបស្សី ត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងស្រុកនាលន្ទា លុះត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្តហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងបាវារិកម្ពវ័ននោះ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតនៅក្នុងទីសមគួរ។ លុះ ទីឃតបស្សីនិគ្រន្ថ ឋិតនៅក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា នែ ទីឃតបស្សី អាសនៈ មានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើបទីឃតបស្សីនិគ្រន្ថ កាន់យកអាសនៈទាបមួយ អង្គុយក្នុងទីសមគួរ។
[៦៣] លុះទីឃតបស្សីនិគ្រន្ថ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលតបស្សី ចុះនិគន្ថនាដបុត្ត បញ្ញត្តកម្ម ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម ថាមានប៉ុន្មាន។ ទីឃតបស្សីតបថា អាវុសោគោតម និគន្ថនាដបុត្ត មិនធ្លាប់បញ្ញត្តនូវកម្ម ថាកម្មដូច្នេះឡើយ អាវុសោគោតម និគន្ថនាដបុត្ត ធ្លាប់បញ្ញត្តនូវទណ្ឌៈ ថាទណ្ឌៈ ប៉ុណ្ណោះឯង។ ម្នាលតបស្សី ចុះនិគន្ថនាដបុត្ត តែងបញ្ញត្តនូវទណ្ឌៈ ប៉ុន្មានយ៉ាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម ថាមានប៉ុន្មាន។ អាវុសោគោតម និគន្ថនាដបុត្ត តែបញ្ញត្ត នូវទណ្ឌៈ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម ថាមាន៣យ៉ាង គឺកាយទណ្ឌៈ១ វចីទណ្ឌៈ១ មនោទណ្ឌៈ១។ ម្នាលតបស្សី ចុះកាយទណ្ឌៈផ្សេង វចីទណ្ឌៈផ្សេង មនោទណ្ឌៈផ្សេង ឬក៏ដូចគ្នា។ អាវុសោគតោម កាយទណ្ឌៈផ្សេង វចីទណ្ឌៈផ្សេង មនោទណ្ឌៈផ្សេង មិនដូចគ្នាទេ។ ម្នាលតបស្សី បណ្តាទណ្ឌៈទាំង៣នេះ ដែលអ្នកចែកហើយយ៉ាងនេះ ញែកហើយយ៉ាងនេះ និគន្ថនាដបុត្ត តែងបញ្ញត្តនូវទណ្ឌៈណា ដែលមានទោសធំជាងគេ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម កាយទណ្ឌៈ ឬវចីទណ្ឌៈ ឬមនោទណ្ឌៈ។ អាវុសោគោតម បណ្តាទណ្ឌៈទាំង៣នេះ ដែលខ្ញុំព្រះអង្គចែកហើយយ៉ាងនេះ ញែកហើយយ៉ាងនេះ និគន្ថនាដបុត្ត តែងបញ្ញត្តនូវកាយទណ្ឌៈ ថាមានទោសធំជាងគេ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម មិនបញ្ញត្តនូវវចីទណ្ឌៈ និងមនោទណ្ឌៈ ថាមានទោសធំដូច្នោះទេ។ ម្នាលតបស្សី អ្នកនិយាយថា កាយទណ្ឌៈ ដូច្នេះឬ។ អាវុសោគោតម ខ្ញុំព្រះអង្គ និយាយថា កាយទណ្ឌៈ ដូច្នេះ។ ម្នាលតបស្សី អ្នកនិយាយថា កាយទណ្ឌៈ ដូច្នេះឬ។ អាវុសោគោតម ខ្ញុំព្រះអង្គ និយាយថា កាយទណ្ឌៈ ដូច្នេះ។ ម្នាលតបស្សី អ្នកនិយាយថា កាយទណ្ឌៈ ដូច្នេះឬ។ អាវុសោគោតម ខ្ញុំព្រះអង្គ និយាយថា កាយទណ្ឌៈ ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ញុំាងទីឃតបស្សីនិគ្រន្ថ ឲ្យឋិតនៅនឹងក្នុងកថាវត្ថុនេះ ជាគំរប់៣ដង ដោយប្រការដូច្នេះ។
[៦៤] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទីឃតបស្សីនិគ្រន្ថ ក៏និយាយពាក្យនេះ នឹងព្រះមានព្រះភាគថា អាវុសោគោតម ព្រះអង្គទ្រង់បញ្ញត្តទណ្ឌៈ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅនៃបាបកម្ម ថាមានប៉ុន្មាន។ ម្នាលតបស្សី តថាគត មិនធ្លាប់បញ្ញត្តនូវទណ្ឌៈ ថាទណ្ឌៈដូច្នេះទេ ម្នាលតបស្សី តថាគត ធ្លាប់បញ្ញត្តតែកម្ម ថាកម្មប៉ុណ្ណោះឯង។ អាវុសោគោតម ចុះព្រះអង្គ ទ្រង់បញ្ញត្តកម្ម មានប៉ុន្មាន ក្នុងការធ្វើបាបកម្ម ក្នុងការប្រព្រឹត្តិទៅនៃបាបកម្ម ថាមានប៉ុន្មាន។ ម្នាលតបស្សី តថាគតបញ្ញត្តនូវកម្ម ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅនៃបាបកម្ម ថាមាន៣យ៉ាង គឺកាយកម្ម១ វចីកម្ម១ មនោកម្ម១។ អាវុសោគោតម ចុះកាយកម្មផ្សេង វចីកម្មផ្សេង មនោកម្មផ្សេង ឬអ្វី។ ម្នាលតបស្សី កាយកម្មផ្សេង វចីកម្មផ្សេង មនោកម្មផ្សេង។ អាវុសោគោតម បណ្តាកម្មទាំង៣នេះ ដែលព្រះអង្គចែកហើយយ៉ាងនេះ ញែកហើយយ៉ាងនេះ ព្រះអង្គទ្រង់បញ្ញត្តកម្មណា ថាមានទោសធំជាងគេ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម តើកាយកម្ម ឬវចីកម្ម ឬក៏មនោកម្ម។ ម្នាលតបស្សី បណ្តាកម្មទាំង៣នេះ ដែលតថាគត ចែកហើយយ៉ាងនេះ ញែកហើយយ៉ាងនេះ តថាគតបញ្ញត្តមនោកម្ម ថាមានទោសធំជាងគេ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម មិនបញ្ញត្តនូវកាយកម្ម និងវចីកម្ម ថាមានទោសធំទេ។ អាវុសោគោតម ព្រះអង្គថា មនោកម្មឬ។ ម្នាលតបស្សី តថាគតថា មនោកម្ម។បេ។ អាវុសោគោតម ព្រះអង្គថា មនោកម្មឬ។ ម្នាលតបស្សី តថាគតថា មនោកម្ម។ ទីឃតបស្សីនិគ្រន្ថ ញុំាងព្រះមានព្រះភាគ ឋិតនៅនឹងក្នុងកថាវត្ថុនេះ ដរាប៣ដង ដោយប្រការដូច្នេះ ហើយក្រោកចាកអាសនៈ ចូលទៅរកនិគន្ថនាដបុត្ត។
[៦៥] សម័យនោះឯង និគន្ថនាដបុត្ត កំពុងអង្គុយជាមួយនឹងគិហិបរិស័ទជាច្រើន អ្នកនៅក្នុងស្រុកពាលកៈ មានឧបាលិគហបតីជាប្រធាន។ និគន្ថនាដបុត្ត បានឃើញទីឃតបស្សីនិគ្រន្ថ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងទីឃតបស្សីនិគ្រន្ថ ដោយពាក្យដូច្នេះថា តបស្សី ចុះអ្នកឯងទើបមកពីណា ទាំងថ្ងៃម្ល៉េះ។10) ទីឃតបស្សីតបថា បពិត្រលោកដ៏ចំរើន ខ្ញុំមកអំពីសំណាក់ព្រះសមណគោតមឯណោះ។ និគន្ថនាដបុត្តសួរថា នែតបស្សី ចុះអ្នកមានកថាសល្លាបៈបន្តិចបន្តួច11) ជាមួយនឹងព្រះសមណគោតមដែរឬ។ បពិត្រលោកដ៏ចំរើន ខ្ញុំមានកថាសល្លាបៈ បន្តិចបន្តួចជាមួយនឹងព្រះសមណគោតមដែរ។ នែតបស្សី អ្នកមានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹងព្រះសមណគោតម តើដូចម្តេច។ ទើបទីឃតបស្សីនិគ្រន្ថ ក៏រៀបរាប់កថាសល្លាបៈ ជាមួយនឹងព្រះមានព្រះភាគ ទាំងអស់ ដល់និគន្ថនាដបុត្ត។ កាលបើទីឃតបស្សីនិគ្រន្ថ និយាយយ៉ាងនេះហើយ និគន្ថនាដបុត្ត និយាយនឹងទីឃតបស្សីនិគ្រន្ថដូច្នេះថា នែតបស្សី ពីរោះណាស់ ៗ សាវ័កដែលជាអ្នកចេះដឹង អាចដឹងច្បាស់សាសនារបស់គ្រូដោយប្រពៃ ហើយព្យាករពាក្យនោះយ៉ាងណា ទីឃតបស្សីនិគ្រន្ថ បានព្យាករ ចំពោះព្រះសមណគោតម ក៏យ៉ាងនោះឯង ក៏មនោទណ្ឌៈ ជាសភាវៈថោកថយ យកមកប្រៀបធៀបនឹងកាយទណ្ឌៈ ដ៏ថ្លៃថ្លានេះឲ្យវិសេសវិសាលជាង យ៉ាងនេះ ដូចម្តេចបាន គឺកាយទណ្ឌៈហ្នឹងឯង ជារបស់មានទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅនៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោសធំដូច្នោះក៏ទេ។
[៦៦] កាលបើនិគន្ថនាដបុត្ត និយាយយ៉ាងនេះហើយ ទើបឧបាលិគហបតី និយាយនឹងនិគន្ថនាដបុត្ត ដូច្នេះថា បពិត្រលោកដ៏ចំរើន ទីឃតបស្សី និយាយពាក្យនេះ ពីរោះណាស់ ៗ សាវ័កដែលជាអ្នកចេះដឹង អាចដឹងច្បាស់នូវសាសនា របស់គ្រូដោយប្រពៃ ហើយព្យាករពាក្យនោះយ៉ាងណា ទីឃតបស្សីដ៏ចំរើន បានព្យាករ ចំពោះព្រះសមណគោតម យ៉ាងនោះឯង ក៏មនោទណ្ឌៈ ជារបស់ថោកថយ យកមកប្រៀបធៀបនឹងកាយទណ្ឌៈ ដ៏ថ្លៃថ្លានេះ ឲ្យវិសេសវិសាលជាង យ៉ាងនេះ ដូចម្តេចបាន គឺកាយទណ្ឌៈហ្នឹងឯង ជាសភាវៈមានទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោសធំដូច្នោះក៏ទេ បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងទៅលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ក្នុងកថាវត្ថុនេះ បើសមណគោតម នឹងតាំងពាក្យឲ្យនៅនឹងដូចដែល ចំពោះខ្ញុំ ដូចកាលដែលតបស្សីដ៏ចំរើន ឲ្យតាំងនៅដូច្នោះ ខ្ញុំនឹងទាញកន្ត្រាក់ គ្រវាត់គ្រវែង នូវវាទៈដោយវាទៈ ចំពោះសមណគោតម ដូចជាបុរស អ្នកមានកំឡាំង ចាប់សត្វចៀម ដែលមានរោមវែង ត្រង់រោម ហើយទាញកន្ត្រាក់ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះ ខ្ញុំនឹងទាញកន្ត្រាក់ គ្រវាត់គ្រវែង នូវវាទៈ ដោយវាទៈ ចំពោះសមណគោតម ដូចជាបុរស អ្នកមានកំឡាំង ជាអ្នកធ្វើការងារក្នុងផ្ទះសុរា ដាក់ចុះកន្ទេលសម្រាប់ដាក់នូវម្សៅ ក្នុងផ្ទះធ្វើសុរា ក្នុងអន្លង់ទឹកជ្រៅ ហើយចាប់ត្រង់ជាយ ទាញកន្ត្រាក់ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះ ខ្ញុំនឹងផ្កាប់ចុះ ផ្ងារឡើង បោះចោល នូវវាទៈ ដោយវាទៈ ចំពោះសមណគោតម ដូចជាបុរស អ្នកមានកំឡាំង ជាអ្នកលេងសុរា ចាប់ថាសត្រង់កណ្តាប់មាត់ ផ្កាប់ចុះ ផ្ងារឡើង បោះចោល ដូច្នោះឯង ពុំនោះសោត ខ្ញុំនឹងលេងនូវព្រះសមណគោតម ដូចគេលេងនូវល្បែងលាងសម្បកធ្មៃ ដូចជាដំរី ដែលមានអាយុ៦០ឆ្នាំ ចុះកាន់ស្រះដ៏ជ្រៅ ហើយលេងល្បែងលាងសម្បកធ្មៃ ដូច្នោះឯង បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងទៅលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ក្នុងកថាវត្ថុនេះ។ ម្នាលគហបតី អ្នកចូរទៅលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ក្នុងកថាវត្ថុនេះ ម្នាលគហបតី ឬអាត្មា គប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតមក៏បាន ទីឃតបស្សីនិគ្រន្ថ ក៏បាន អ្នកឯងក៏បានដែរ។
[៦៧] កាលបើនិគន្ថនាដបុត្ត និយាយយ៉ាងនេះហើយ ទើបទីឃតបស្សីនិគ្រន្ថ និយាយនឹងនិគន្ថនាដបុត្តដូច្នេះថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី គប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនពេញចិត្តខ្ញុំឡើយ បពិត្រលោកដ៏ចំរើន ព្រោះថា ព្រះសមណគោតម ជាអ្នកមានកិច្ចកល តែងដឹងនូវកិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់ នូវពួកសាវ័ក របស់អន្យតិរ្ថិយ។ និគន្ថនាដបុត្ត និយាយថា ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនោះ ទើបជាទីតាំងមានមែន ម្នាលគហបតី អ្នកចូរទៅលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ក្នុងកថាវត្ថុនោះចុះ ម្នាលគហបតី ឬអាត្មាគប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតមក៏បាន ទីឃតបស្សីនិគ្រន្ថក៏បាន អ្នកឯងក៏បាន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹងនិគន្ថនាដបុត្តដូច្នេះ ជាគំរប់ពីរដងទៀតថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី គប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ដោយហេតុណា ហេតុនោះ មិនពេញចិត្តខ្ញុំទេ បពិត្រលោកដ៏ចំរើន ព្រោះថា ព្រះសមណគោតម ជាអ្នកមានកិច្ចកល តែងដឹងនូវកិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់ នូវពួកសាវ័ក អន្យតិរ្ថិយ។ ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក របស់សមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនោះ ទើបជាទីតាំងមានមែន ម្នាលគហបតី អ្នកចូរទៅលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ក្នុងកថាវត្ថុនេះចុះ ម្នាលគហបតី ឬអាត្មាគប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតមក៏បាន ទីឃតបស្សីនិគ្រន្ថក៏បាន អ្នកឯងក៏បាន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹងនិគន្ថនាដបុត្តដូច្នេះ ជាគំរប់៣ដងទៀតថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី គប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនពេញចិត្តខ្ញុំទេ បពិត្រលោកដ៏ចំរើន ព្រោះថា ព្រះសមណគោតម ជាអ្នកមានកិច្ចកល តែងដឹងនូវកិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់ នូវពួកសាវ័ក របស់អន្យតិរ្ថិយ។ ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើបជាទីតាំងមានមែន ម្នាលគហបតី អ្នកចូរទៅលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ក្នុងកថាវត្ថុនេះចុះ ម្នាលគហបតី ឬអាត្មាគប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតមក៏បាន ទីឃតបស្សីនិគ្រន្ថក៏បាន អ្នកឯងក៏បាន។
[៦៨] ឧបាលិគហបតី ទទួលពាក្យរបស់និគន្ថនាដបុត្តថា អើ លោកម្ចាស់ ហើយក្រោកចាកទីអង្គុយ សំពះនិគន្ថនាដបុត្ត ធ្វើប្រទក្សិណ ហើយចូលទៅរកព្រះមានព្រះភាគ ក្នុងបាវារិកម្ពវ័ន លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧបាលិគហបតី អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទីឃតបស្សីនិគ្រន្ថ បានមកក្នុងទីនេះឬទេ។ ម្នាលគហបតី ទីឃតបស្សីនិគ្រន្ថ បានមកក្នុងទីនេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គមានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹងទីឃតបស្សីនិគ្រន្ថដែរឬ។ ម្នាលគហបតី តថាគត មានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹងទីឃតបស្សីនិគ្រន្ថដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គមានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹងទីឃតបស្សីនិគ្រន្ថ ដូចម្តេច។ ទើបព្រះមានព្រះភាគ ទ្រង់រៀបរាប់កថាសល្លាបៈ ជាមួយនឹងទីឃតបស្សីនិគ្រន្ថទាំងអស់នោះ ប្រាប់ដល់ឧបាលិគហបតី។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើបឧបាលិគហបតី ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ទីឃតបស្សីនិគ្រន្ថ និយាយពាក្យនេះពីរោះណាស់ៗ សាវ័កដែលជាអ្នកចេះដឹង អាចដឹងច្បាស់នូវសាសនា របស់គ្រូដោយប្រពៃ ហើយព្យាករពាក្យនោះ យ៉ាងណា ទីឃតបស្សីនិគ្រន្ថ ព្យាករ ចំពោះព្រះមានព្រះភាគយ៉ាងនោះដែរ មនោទណ្ឌៈ ជាសភាវៈថោកថយ យកមកប្រៀបធៀបនឹងកាយទណ្ឌៈ ដ៏ថ្លៃថ្លានេះ ឲ្យវិសេសវិសាលជាងយ៉ាងនេះ ដូចម្តេចបាន គឺកាយទណ្ឌៈ ហ្នឹងឯង ជាសភាវៈមានទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោសធំដូច្នោះក៏ទេ។ ម្នាលគហបតី បើអ្នកឯងគប្បីឋិតនៅក្នុងពាក្យសច្ចៈហើយប្រឹក្សាគ្នា កថាសល្លាបៈរបស់យើង គប្បីមានក្នុងហេតុនេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងឋិតនៅក្នុងពាក្យសច្ចៈ ប្រឹក្សាគ្នា កថាសល្លាបៈរបស់យើង ចូរមានក្នុងដំណើរនេះ។
[៦៩] ម្នាលគហបតី អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច និគ្រន្ថក្នុងលោកនេះ មានអាពាធ មានទុក្ខ មានជម្ងឺធ្ងន់ ហាមបង់ទឹកត្រជាក់12) ប្រើប្រាស់តែទឹកក្តៅ កាលបើនិគ្រន្ថនោះ មិនបានទឹកត្រជាក់ ក៏ធ្វើមរណកាលទៅ ម្នាលគហបតី និគន្ថនាដបុត្ត បញ្ញត្តនូវកំណើតរបស់និគ្រន្ថនេះ ក្នុងភពណា។ បពិត្រព្រះអង្គដ៏ចំរើន មានពួកទេវតាឈ្មោះ មនោសត្ត13) ឯនិគ្រន្ថនោះ ក៏ទៅកើតក្នុងពួកទេវតានោះ សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា និគ្រន្ថនោះ ជាអ្នកជាប់ចំពាក់ក្នុងចិត្ត ធ្វើមរណកាលទៅ។ ម្នាលគហបតី គហបតី អ្នកចូរធ្វើទុកក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នកធ្វើទុកក្នុងចិត្ត ព្យាករចុះ (តែថា) ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម មិនតគ្នានឹងពាក្យចុងសោះឡើយ ម្នាលគហបតី ពាក្យនេះ ដែលអ្នកនិយាយហើយ ជាពិតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងឋិតនៅក្នុងពាក្យសច្ចៈហើយ ប្រឹក្សាគ្នា កថាសល្លាបៈរបស់យើង ចូរមានក្នុងដំណើរនេះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះក៏ពិតមែន តែថា កាយទណ្ឌៈហ្នឹងឯង មានទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោសធំដូច្នោះក៏ទេ។
[៧០] ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច និគ្រន្ថក្នុងលោកនេះ សង្រួម ដោយការសង្រួម៤ចំណែក14) ហាមឃាត់ ដោយការហាមឃាត់បាបទាំងអស់ ប្រកបដោយការហាមឃាត់បាបទាំងអស់ ជាអ្នកកំចាត់បាប ដោយការហាមឃាត់បាបទាំងអស់ ជាអ្នកប៉ះពាល់ ដោយការហាមឃាត់បាបទាំងអស់ និគ្រន្ថនោះ កាលដែលដើរ ឈានទៅមុខ ឈានថយ ក៏ញុំាងសត្វតូចៗជាច្រើន ឲ្យដល់នូវសេចក្តីវិនាស ម្នាលគហបតី និគន្ថនាដបុត្ត បញ្ញត្តនូវវិបាក នៃកម្មនេះដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន និគន្ថនាដបុត្ត មិនបញ្ញត្តនូវកម្ម ដែលមិនមានចេតនា ថាមានទោសធំទេ។ ម្នាលគហបតី ចុះបើបុគ្គលមានចេតនាវិញ។ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះមានទោសធំ។ ម្នាលគហបតី ចុះនិគន្ថនាដបុត្ត បញ្ញត្តនូវចេតនាក្នុងចំណែកណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមនោទណ្ឌៈ។ ម្នាលគហបតី អ្នកចូរធ្វើទុកក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នកធ្វើទុកក្នុងចិត្តហើយ ចូរព្យាករចុះ (តែថា) ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម មិនតគ្នានឹងពាក្យចុងសោះឡើយ ម្នាលគហបតី ពាក្យនេះ ដែលអ្នកនិយាយជាពិតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងឋិតនៅក្នុងពាក្យសច្ចៈប្រឹក្សាគ្នា កថាសល្លាបៈរបស់យើង ចូរមានក្នុងដំណើរនេះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះក៏ពិតមែនហើយ តែថា កាយទណ្ឌៈហ្នឹងឯង នៅតែមានទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោសធំដូច្នោះក៏ទេ។ ម្នាលគហបតី អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច ស្រុកនាលន្ទានេះ ស្តុកស្តម្ភមាំមួនផង ទូលាយផង មានជនជាច្រើន មានមនុស្សកុះករផង មែនឬទេ។ ព្រះករុណាព្រះអង្គ ស្រុកនាលន្ទានេះ ស្តុកស្តម្ភមាំមួនផង ទូលាយផង មានជនជាច្រើន មានមនុស្សកុះករផងមែន។ ម្នាលគហបតី អ្នកសំគាល់នូវហេតុនោះថាដូចម្តេច មានបុរសម្នាក់ ងាដាវ ដើរមកក្នុងស្រុកនាលន្ទានេះ បុរសនោះ និយាយយ៉ាងនេះថា សត្វទាំងឡាយ ក្នុងស្រុកនាលន្ទានេះ មានចំនួនប៉ុន្មាន អាត្មាអញ នឹងធ្វើសត្វទាំងនោះ ឲ្យជាលាននៃសាច់តែមួយ ឲ្យជាគំនរនៃសាច់តែមួយ តែមួយរំពេច តែមួយស្របក់ប៉ុណ្ណោះ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុរសនោះ អាចនឹងធ្វើសត្វទាំងឡាយ ក្នុងក្រុងនាលន្ទានេះ មានចំនួនប៉ុន្មាននេះ ឲ្យជាលាននៃសាច់តែមួយ ឲ្យជាគំនរនៃសាច់តែមួយ តែមួយរំពេច តែមួយស្របក់ប៉ុណ្ណោះ បានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរស១០នាក់ក្តី ២០នាក់ក្តី ៣០នាក់ក្តី ៤០នាក់ក្តី បុរស៥០នាក់ក្តី ក៏មិនអាចនឹងធ្វើសត្វ ក្នុងស្រុកនាលន្ទានេះ ទាំងអម្បាលម៉ាននោះ ឲ្យជាលាននៃសាច់តែមួយ ឲ្យជាគំនរនៃសាច់តែមួយ តែមួយរំពេច តែមួយស្របក់បានឡើយ ចំណង់បើបុរសកំសោយតែម្នាក់ នឹងអាចធ្វើឲ្យវេសេសវិសាល ដូចម្តេចបាន។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុគ្គលជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានឫទ្ធិ ដល់នូវសេចក្តីស្ទាត់ជំនាញ ក្នុងចិត្ត ដើរមកក្នុងស្រុកនាលន្ទានេះ បុគ្គលនោះ និយាយយ៉ាងនេះថា អញនឹងធ្វើស្រុកនាលន្ទានេះ ឲ្យទៅជាផេះ ដោយចិត្តប្រទូស្តតែម្តង។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុគ្គលជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញ ក្នុងចិត្តនោះ អាចនឹងធ្វើស្រុកនាលន្ទានេះ ឲ្យទៅជាផេះ ដោយចិត្តប្រទូស្តតែម្តង បានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ស្រុកនាលន្ទា១០ក្តី ស្រុកនាលន្ទា២០ក្តី ស្រុកនាលន្ទា៣០ក្តី ស្រុកនាលន្ទា៤០ក្តី ស្រុកនាលន្ទា៥០ក្តី ក៏បុគ្គលជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានឫទ្ធិ ដល់នូវសេចក្តីស្ទាត់ជំនាញក្នុងចិត្តនោះ អាចដើម្បីធ្វើស្រុកនាលន្ទានេះ ឲ្យទៅជាផេះ ដោយចិត្តប្រទូស្តតែម្តងបាន ដ្បិតស្រុកនាលន្ទាតូចមួយ នឹងអាចទប់ទល់ដូចម្តេចបាន។ ម្នាលគហបតី អ្នកចូរធ្វើទុកក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរព្យាករចុះ ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម មិនតគ្នានឹងពាក្យចុងសោះឡើយ ម្នាលគហបតី វាចានេះ អ្នកបាននិយាយរួចហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងតាំងនៅក្នុងពាក្យសច្ចៈ ហើយប្រឹក្សាគ្នា កថាសល្លាបៈរបស់យើង សូមមានក្នុងដំណើរនេះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះពិតមែនហើយ តែថា កាយទណ្ឌៈហ្នឹងឯង ក៏នៅតែមានទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោសដូច្នោះក៏ទេ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច អ្នកបានឮថា ព្រៃទណ្ឌកី15) ព្រៃកាលិង្គៈ16) ព្រៃមេជ្ឈា17) និងព្រៃមាតង្គៈ18) ជាព្រៃទទេ ជាព្រៃសុទ្ធឬទេ។ ព្រះករុណាព្រះអង្គ ខ្ញុំព្រះអង្គ បានឮថា ព្រៃទណ្ឌកី ព្រៃកាលិង្គៈ ព្រៃមេជ្ឈា និងព្រៃមាតង្គៈ ជាព្រៃទទេ ជាព្រៃសុទ្ធ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច អ្នកបានឮដូចម្តេច ព្រៃទណ្ឌកី ព្រៃកាលិង្គៈ ព្រៃមេជ្ឈា និងព្រៃមាតង្គៈនោះ ជាព្រៃទទេ ជាព្រៃសុទ្ធ ដោយហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ ឮមកថា ព្រៃទណ្ឌកី ព្រៃកាលិង្គៈ ព្រៃមេជ្ឈា និងព្រៃមាតង្គៈនោះ ជាព្រៃទទេ ជាព្រៃសុទ្ធ ព្រោះចិត្តប្រទូស្តនឹងឥសី។ ម្នាលគហបតី អ្នកចូរធ្វើទុកក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នកធ្វើទុកក្នុងចិត្តហើយ ចូរព្យាករចុះ ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម មិនតគ្នានឹងពាក្យចុងសោះឡើយ ម្នាលគហបតី វាចានេះ អ្នកបាននិយាយរួចហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងតាំងនៅក្នុងពាក្យសច្ចៈប្រឹក្សាគ្នា កថាសល្លាបៈរបស់យើង ចូរមានក្នុងដំណើរនេះ។
[៧១] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គត្រេកអរ រីករាយ ដោយពាក្យឧបមាខាងដើម របស់ព្រះមានព្រះភាគ តែថា ខ្ញុំព្រះអង្គ មានប្រាថ្នានឹងស្តាប់ នូវបញ្ហាព្យាករណ៍ ដ៏វិចិត្តនេះ របស់ព្រះមានព្រះភាគ កាលពីដើម ខ្ញុំព្រះអង្គ បានសំគាល់ នូវព្រះមានព្រះភាគ ថាជាបុគ្គលគួរធ្វើឲ្យជាសត្រូវយ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ដោយអនេកបរិយាយ ភ្លឺច្បាស់ណាស់ ដូចជាបុរស បើករបស់ ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ឬក៏ដូចជាបុរសបើកបង្ហាញរបស់ ដែលលាក់បិទបាំង ពុំនោះ ដូចជាបុរស ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាបុរសកាន់ប្រទីប បំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ តែងមើលរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។
[៧២] ម្នាលគហបតី អ្នកចូរធ្វើនូវការពិចារណារឿយៗចុះ ការពិចារណារឿយៗ របស់មនុស្ស ដែលគេស្គាល់ប្រាកដដូចជាខ្លួនអ្នក ជាការប្រពៃពេក។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ នឹងខ្ញុំព្រះអង្គថា ម្នាលគហបតី អ្នកចូរធ្វើនូវការពិចារណារឿយៗចុះ ការពិចារណារឿយៗ របស់មនុស្ស ដែលគេស្គាល់ប្រាកដដូចជាខ្លួនអ្នក ជាការប្រពៃពេក ដូច្នេះ ដោយពាក្យណា ខ្ញុំព្រះអង្គ មានចិត្តត្រេកអរ រីករាយហួសប្រមាណ ដោយពាក្យនេះ របស់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន បើពួកអន្យតិរ្ថិយ បានខ្ញុំព្រះអង្គជាសាវ័កហើយ គប្បីលើកឡើងនូវទង់សំពត់ ក្នុងស្រុកនាលន្ទាទាំងអស់ ដោយអំណរថា ឧបាលិគហបតី ចុះចូលមកជាសាវ័ក របស់ពួកយើងហើយ សមដូចព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ នឹងខ្ញុំព្រះអង្គថា ម្នាលគហបតី អ្នកចូរធ្វើនូវការពិចារណារឿយៗចុះ ដ្បិតការពិចារណារឿយៗ របស់មនុស្ស ដែលគេស្គាល់ប្រាកដ ដូចជាខ្លួនអ្នក ជាការប្រពៃពេក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ជាគំរប់ពីរដងផង សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។
[៧៣] ម្នាលគហបតី អ្នកសំគាល់បិណ្ឌបាត ថាជារបស់គួរឲ្យដល់ពួកនិគ្រន្ថនោះ ដែលចូលមកក្នុងត្រកូលណា ត្រកូលនោះ របស់អ្នក តាំងនៅដូចជាអណ្តូង នៃពួកនិគ្រន្ថ ជាយូរអង្វែងមកហើយ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ នឹងខ្ញុំព្រះអង្គថា ម្នាលគហបតី អ្នកសំគាល់នូវបិណ្ឌបាត ថាជារបស់គួរឲ្យដល់ពួកនិគ្រន្ថនោះ ដែលចូលមកក្នុងត្រកូលណា ត្រកូលនោះរបស់អ្នក តាំងនៅដូចជាអណ្តូង នៃពួកនិគ្រន្ថ ជាយូរអង្វែងមកហើយ ដោយពាក្យណា ខ្ញុំព្រះអង្គ មានចិត្តត្រេកអរ រីករាយហួសប្រមាណ ដោយពាក្យនេះ របស់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឮពាក្យ ដូច្នេះថា ព្រះសមណគោតម សំដែងយ៉ាងនេះថា បុគ្គលគួរតែឲ្យទាន ដល់តថាគត មិនគួរឲ្យទាន ដល់ពួកជនដទៃឡើយ គួរតែឲ្យទាន ដល់ពួកសាវ័ក របស់តថាគត មិនគួរឲ្យទាន ដល់ពួកសាវ័ក របស់គ្រូដទៃឡើយ ទានដែលបុគ្គលឲ្យហើយ ដល់តថាគត ទើបមានផលច្រើន ទានដែលបុគ្គលឲ្យហើយ ដល់គ្រូដទៃ មិនមានផលច្រើនទេ ទានដែលបុគ្គលឲ្យ ដល់ពួកសាវ័ករបស់តថាគត ទើបមានផលច្រើន ទានដែលបុគ្គលឲ្យហើយ ដល់ពួកសាវ័ករបស់គ្រូដទៃ មិនមានផលច្រើនទេ ក៏ប៉ុន្តែ ព្រះមានព្រះភាគ ទ្រង់ណែនាំខ្ញុំព្រះអង្គ ឲ្យធ្វើទាន ដល់ពួកនិគ្រន្ថដែរ បពិត្រព្រះអង្គដ៏ចំរើន មួយយ៉ាងទៀត យើងនឹងដឹងនូវកាលគួរ ក្នុងដំណើរនេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ជាគំរប់៣ដងផង សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។
[៧៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់សំដែងនូវអនុបុព្វីកថា គឺទ្រង់ប្រកាសទានកថា សីលកថា សគ្គកថា និងទោសនៃកាមទាំងឡាយ ជាទោសដ៏លាមកសៅហ្មង និងអានិសង្ស ក្នុងការចេញចាកកាម ដល់ឧបាលិគហបតី។ កាលដែលព្រះមានព្រះភាគ ទ្រង់ជ្រាបនូវឧបាលិគហបតីថា មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តខ្ពស់ឡើង មានចិត្តជ្រះថ្លា ក៏ព្រះអង្គ ទ្រង់សំដែងធម៌ទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច។ ធម្មតា សំពត់ស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់ ដោយល្អបាន មានឧបមាដូចម្តេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់ឧបាលិគហបតី ក្នុងកន្លែងអង្គុយនោះឯងថា ធម្មជាតណានីមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ ក៏រលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។ គ្រានោះ ឧបាលិគហបតី បានឃើញអរិយសច្ចធម៌ហើយ បានដល់នូវអរិយសច្ចធម៌ហើយ បានដឹងច្បាស់នូវអរិយសច្ចធម៌ហើយ បានឈានចុះកាន់អរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គ នឹងទៅក្នុងកាលឥឡូវនេះ ព្រោះខ្ញុំព្រះអង្គ មានកិច្ចច្រើន មានការងារច្រើន។ ម្នាលគហបតី អ្នកសំគាល់នូវកាលដ៏សមគួរ នឹងទៅឥឡូវនេះចុះ។
[៧៥] គ្រានោះ ឧបាលិគហបតី ក៏ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ហើយធ្វើប្រទក្សិណ ដើរចូលទៅកាន់លំនៅរបស់ខ្លួន លុះចូលទៅដល់ហើយ ក៏ហៅអ្នករក្សាទ្វារ មកប្រាប់ថា ម្នាលអ្នករក្សាទ្វារជាសំឡាញ់ ពីថ្ងៃនេះជាដើមរៀងទៅ ខ្ញុំបិទទ្វារ ចំពោះពួកនិគ្រន្ថបុ្រស និងពួកនិគ្រន្ថស្រី មិនបានបិទទ្វាររបស់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគ បើមាននិគ្រន្ថណាមួយ មកដល់ អ្នកគប្បីនិយាយយ៉ាងនេះ នឹងគេថា បពិត្រលោកដ៏ចំរើន លោកចូរឈប់សិន កុំចូលទៅឡើយ ពីថ្ងៃនេះ ជាដើមរៀងតទៅ ឧបាលិគហបតីចុះចូលជាសាវ័ក របស់ព្រះសមណគោតមហើយ បិទទ្វារ ចំពោះពួកនិគ្រន្ថបុ្រស និងពួកនិគ្រន្ថស្រីហើយ ប៉ុន្តែមិនបិទទ្វារចំពោះពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគ បពិត្រលោកដ៏ចំរើន បើលោកត្រូវការដោយបិណ្ឌបាត សូមឈប់នៅទីនេះសិនចុះ ពួកជន នឹងនាំមកឲ្យលោក ត្រឹមទីនេះឯង។ អ្នករក្សាទ្វារ ក៏ទទួលពាក្យរបស់ឧបាលិគហបតី ដោយពាក្យថា បាទ អ្នកដ៏ចំរើន។
[៧៦] ទីឃតបស្សីនិគ្រន្ថ បានឮដំណឹងថា ឧបាលិគហបតី ចុះចូលជាសាវ័ក របស់ព្រះសមណគោតមហើយ។ ទើបទីឃតបស្សីនិគ្រន្ថ ចូលទៅរកនិគន្ថនាដបុត្ត លុះចូលទៅដល់ហើយ និយាយនឹងនិគន្ថនាដបុត្តដូច្នេះថា បពិត្រលោកដ៏ចំរើន ខ្ញុំបានឮដំណឹងដូច្នេះថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមហើយ។ និគន្ថនាដបុត្តតបថា នែតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក នៃព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតី ដោយហេតុណា ហេតុនុ៎ះ ទើបជាទីតាំងមានមែន។ ទីឃតបស្សីនិគ្រន្ថ ក៏និយាយនឹងនិគន្ថនាដបុត្ត ជាគំរប់ពីរដង ដូច្នេះថា បពិត្រលោកដ៏ចំរើន ខ្ញុំបានឮដំណឹងដូច្នេះថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមហើយ។ និគន្ថនាដបុត្តតបថា នែតបស្សី ឧបាលិគហបតី គប្បីចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលមកជាសាវ័ក របស់ឧបាលិគហបតីវិគ ដោយហេតុណា ហេតុនុ៎ះ ទើបជាទីតាំងមានមែន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹងនិគន្ថនាដបុត្ត ជាគំរប់៣ដង ដូច្នេះថា បពិត្រលោកដ៏ចំរើន ខ្ញុំបានឮដំណឹងដូច្នេះថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមហើយ។ នែតបស្សី ឧបាលិគហបតី គប្បីចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលមកជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើបជាទីតាំងមានមែន។ បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងទៅត្រាតែដឹងថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមមែន ឬក៏មិនមែនទេ។ ម្នាលតបស្សី អ្នកចូរទៅចុះ អ្នកចូរដឹងថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមមែន ឬមិនមែនទេ។
[៧៧] លំដាប់នោះ ទីឃតបស្សីនិគ្រន្ថ ក៏ចូលទៅកាន់ផ្ទះរបស់ឧបាលិគហបតី។ អ្នករក្សាទ្វារ បានឃើញទីឃតបស្សីនិគ្រន្ថ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងទីឃតបស្សីនិគ្រន្ថដូច្នេះថា បពិត្រលោកដ៏ចំរើន លោកចូរឈប់សិន កុំចូលទៅឡើយ ពីថ្ងៃនេះ ជាដើមរៀងទៅ ឧបាលិគហបតី ចុះចូលជាសាវ័ក របស់ព្រះសមណគោតមហើយ បិទទ្វារ ចំពោះពួកនិគ្រន្ថបុ្រស និងពួកនិគ្រន្ថស្រី មិនបានបិទទ្វារដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគឡើយ បពិត្រលោកដ៏ចំរើន បើលោកត្រូវការដោយបិណ្ឌបាត សូមឈប់នៅត្រឹមនេះសិនចុះ ពួកជន នឹងនាំមកឲ្យលោក ក្នុងទីនេះឯង។ ទីឃតបស្សីនិយាយថា ម្នាលអាវុសោ យើងមិនត្រូវការដោយបិណ្ឌបាតទេ ហើយក៏ត្រឡប់មកអំពីទីនោះ ដើរចូលទៅរកនិគន្ថនាដបុត្ត លុះចូលទៅដល់ហើយ ទើបនិយាយនឹងនិគន្ថនាដបុត្តដូច្នេះថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី ចុះចូលជាសាវ័ក របស់ព្រះសមណគោតមមែនហើយ បពិត្រលោកដ៏ចំរើន ខ្ញុំមិនបានជួបនឹងឧបាលិគហបតីនុ៎ះ ដើម្បីលោកទេ បពិត្រលោកដ៏ចំរើន ឧបាលិគហបតី គប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ ខ្ញុំមិនពេញចិត្តទេ បពិត្រលោកដ៏ចំរើន ព្រោះថា ព្រះសមណគោតម ជាអ្នកមានកិច្ចកល តែងដឹងនូវកិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់នូវសាវ័ក របស់ពួកអន្យតិរ្ថិយ បពិត្រលោកដ៏ចំរើន ព្រះសមណគោតម បោកប្រាស់នូវឧបាលិគហបតី របស់លោកដោយកិច្ចកល សម្រាប់បោកប្រាស់បានទៅហើយ។ និគន្ថនាដបុត្ត និយាយតបថា ម្នាលទីឃតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើបជាទីតាំងមានមែន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹងនិគន្ថនាដបុត្ត ជាគំរប់ពីរដង ដូច្នេះថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី ចុះចូលជាសាវ័ក របស់ព្រះសមណគោតមមែនហើយ បពិត្រលោកដ៏ចំរើន ខ្ញុំមិនបានជួបនឹងឧបាលិគហបតីនុ៎ះ ដើម្បីលោកទេ បពិត្រលោកដ៏ចំរើន ឧបាលិគហបតី គប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនពេញចិត្តខ្ញុំទេ បពិត្រលោកដ៏ចំរើន ព្រោះថា ព្រះសមណគោតម ជាអ្នកមានកិច្ចកល តែងដឹងនូវកិច្ចកល សម្រាប់បោកប្រាស់ តែងបោកប្រាស់សាវ័ក របស់ពួកអន្យតិរ្ថិយ បពិត្រលោកដ៏ចំរើន ព្រះសមណគោតម បោកប្រាស់ នូវឧបាលិគហបតី របស់លោកដោយកិច្ចកលសម្រាប់បោកប្រាស់បានទៅហើយ។ ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើបជាទីតាំងមានមែន ម្នាលតបស្សី ណ្ហើយចុះ ខ្ញុំនឹងទៅត្រាតែដឹងដោយខ្លួនឯងថា ឧបាលិគហបតី ចុះចូលជាសាវ័ក របស់ព្រះសមណគោតមមែន ឬក៏មិនមែនទេ។
[៧៨] លំដាប់នោះ និគន្ថនាដបុត្ត ជាមួយនឹងនិគន្ថបរិស័ទជាច្រើនរូប ចូលទៅកាន់ផ្ទះរបស់ឧបាលិគហបតី។ អ្នករក្សាទ្វារបានឃើញ និគន្ថនាដបុត្ត ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងនិគន្ថនាដបុត្ត ដូច្នេះថា បពិត្រលោកដ៏ចំរើន សូមលោកឈប់សិន កុំចូលទៅឡើយ ពីថ្ងៃនេះ ជាដើមរៀងទៅ ឧបាលិគហបតី ចុះចូលជាសាវ័ក របស់ព្រះសមណគោតមហើយ បានបិទទ្វារ ចំពោះពួកនិគ្រន្ថបុ្រស និងនិគ្រន្ថស្រី មិនបានបិទទ្វារ ចំពោះពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគឡើយ បពិត្រលោកដ៏ចំរើន បើលោកត្រូវការដោយបិណ្ឌបាត សូមលោកឈប់នៅត្រឹមទីនេះសិនចុះ ពួកជន នឹងនាំមកឲ្យលោក ក្នុងទីនេះឯង។ និគន្ថនាដបុត្ត និយាយថា ម្នាលអ្នករក្សាទ្វារ ជាសំឡាញ់ បើដូច្នោះ សូមអ្នកចូលទៅរកឧបាលិគហបតី លុះចូលទៅដល់ហើយ ក៏និយាយនឹងឧបាលិគហបតីយ៉ាងនេះថា និគន្ថនាដបុត្ត ជាមួយនឹងនិគន្ថបរិស័ទជាច្រើនរូប មកឈរនៅខាងក្រៅក្លោងទ្វារ និគន្ថនាដបុត្តនោះ ចង់ជួបនឹងអ្នក។ អ្នករក្សាទ្វារ ទទួលពាក្យរបស់និគន្ថនាដបុត្តថា អើលោកម្ចាស់ ហើយចូលទៅរកឧបាលិគហបតី លុះចូលទៅដល់ហើយ ក៏និយាយនឹងឧបាលិគហបតី ដូច្នេះថា បពិត្រអ្នកដ៏ចំរើន និគន្ថនាដបុត្ត ជាមួយនឹងនិគន្ថបរិស័ទជាច្រើនរូប មកឈរនៅខាងក្រៅក្លោងទ្វារ និគន្ថនាដបុត្តនោះ ចង់ជួបនឹងអ្នក។ ឧបាលិគហបតី ក៏និយាយថា ម្នាលអ្នករក្សាទ្វារ ជាសំឡាញ់ បើដូច្នោះ ចូរអ្នកក្រាលអាសនៈ ត្រង់ក្លោងទ្វារជាកណ្តាលចុះ។ អ្នករក្សាទ្វារ ទទួលពាក្យឧបាលិគហបតីថា អើអ្នកដ៏ចំរើន ក៏ក្រាលអាសនៈ ត្រង់ក្លោងទ្វារជាកណ្តាល ហើយត្រឡប់ចូលទៅរកឧបាលិគហបតីវិញ លុះចូលទៅដល់ហើយ ក៏និយាយប្រាប់ឧបាលិគហបតីដូច្នេះថា បពិត្រអ្នកដ៏ចំរើន ខ្ញុំបានក្រាលអាសនៈ ត្រង់ក្លោងទ្វារជាកណ្តាលរួចហើយ សូមអ្នកសំគាល់នូវកាលដ៏សមគួរ នឹងអញ្ជើញទៅឥឡូវនេះចុះ។ ទើបឧបាលិគហបតី ដើរចូលទៅកាន់ក្លោងទ្វារ ជាកណ្តាល លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈខ្ពស់ប្រសើរ ឧត្តម ថ្លៃថ្លា ដោយខ្លួនឯង ហើយប្រាប់អ្នករក្សាទ្វារថា ម្នាលអ្នករក្សាទ្វារជាសំឡាញ់ បើដូច្នោះ ត្រូវអ្នកចូលទៅរក និគន្ថនាដបុត្ត លុះចូលទៅដល់ហើយ និយាយនឹងនិគន្ថនាដបុត្ត យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី បាននិយាយដូច្នេះថា បពិត្រលោកដ៏ចំរើន បើលោកចង់ចូលទៅ ក៏ចូលទៅចុះ។ អ្នករក្សាទ្វារ ក៏ទទួលពាក្យឧបាលិគហបតីថា អើអ្នកដ៏ចំរើន ហើយក៏ចូលទៅរកនិគន្ថនាដបុត្ត លុះចូលទៅដល់ហើយ ក៏និយាយនឹងនិគន្ថនាដបុត្ត ដូច្នេះថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន បើលោកចង់ចូលទៅ ក៏ចូលទៅចុះ។ លំដាប់នោះ និគន្ថនាដបុត្ត ព្រមទាំងនិគន្ថបរិស័ទច្រើនរូប ក៏ចូលទៅកាន់ក្លោងទ្វារជាកណ្តាល។
[៧៩] កាលពីដើម បើឧបាលិគហបតី បានឃើញនិគន្ថនាដបុត្ត មកអំពីចម្ងាយ ក្នុងកាលណា លុះឃើញហើយ ក៏ក្រោកទៅទទួល ក្នុងកាលនោះ ហើយយកសំពត់បង់ក ជូតសំអាតអាសនៈដ៏ខ្ពង់ខ្ពស់ប្រសើរ ឧត្តម ថ្លៃថ្លា ហើយគ្រាហ៍ឡើងទៅអង្គុយ តែពេលនេះ ឧបាលិគហបតីនោះ ត្រឡប់ទៅជាឡើងអង្គុយលើអាសនៈដ៏ខ្ពង់ខ្ពស់ ប្រសើរ ឧត្តម ថ្លៃថ្លាខ្លួនឯងវិញ ហើយក៏និយាយនឹងនិគន្ថនាដបុត្តថា នែគហបតីដ៏ចំរើន អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើឧបាលិគហបតី និយាយយ៉ាងនេះហើយ និគន្ថនាដបុត្ត ក៏និយាយនឹងឧបាលិគហបតី ដូច្នេះវិញថា ម្នាលគហបតី អ្នកឆ្កួតទេឬ ម្នាលគហបតី អ្នកឯងលីលាទេឬ អ្នកនិយាយថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹងទៅលើកវាទៈ របស់ព្រះសមណគោតម លុះទៅហើយ ម្តេចឡើយ ក៏ត្រឡប់ជាពាក់ឃ្នាប គឺវាទៈដ៏ធំលើក្បាលមកវិញ ម្នាលគហបតី ដូចជាបុរសនាំអណ្ឌៈដើរទៅ ក៏ត្រឡប់នាំយកអណ្ឌៈ ដែលគេកាត់ចេញ ដើរមកវិញ ម្នាលគហបតី ពុំនោះសោត ដូចជាបុរសនាំយកភ្នែកជាល្អដើរទៅ ត្រឡប់នាំយកភ្នែកដែលគេឆ្កៀលចេញ ដើរមកវិញ ម្នាលគហបតី អ្នកក៏យ៉ាងហ្នឹងដែរ និយាយថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹងទៅលើកវាទៈ របស់ព្រះសមណគោតម លុះទៅដល់ហើយ ម្តេចឡើយ ក៏ត្រឡប់ជាពាក់ឃ្នាប គឺវាទៈ ដ៏ធំលើក្បាល ដើរមកវិញ ម្នាលគហបតី អ្នកត្រូវព្រះសមណគោតម បោកប្រាស់ ដោយកល ជាគ្រឿងបោកប្រាស់ហើយ។
[៨០] បពិត្រលោកដ៏ចំរើន កលជាគ្រឿងបោកប្រាស់ ស្រួលពេកណាស់ បពិត្រលោកដ៏ចំរើន កលជាគ្រឿងបោកប្រាស់ ល្អពេកណាស់ បពិត្រលោកដ៏ចំរើន ញាតិសាលោហិតទាំងឡាយ ជាទីស្រឡាញ់របស់ខ្ញុំ គប្បីចាញ់បោកដោយកល ជាគ្រឿងបោកប្រាស់នេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង ដល់ញាតិ និងសាលោហិត ដែលជាទីស្រឡាញ់ របស់ខ្ញុំ បពិត្រលោកដ៏ចំរើន ប្រសិនបើពួកក្សត្រទាំងអស់ គប្បីចាញ់បោកដោយកល ជាគ្រឿងបោកនេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង ដល់ពួកក្សត្រទាំងអស់ បពិត្រលោកដ៏ចំរើន ប្រសិនបើពួកព្រាហ្មណ៍ទាំងអស់។បេ។ ពួកវេស្សៈ។បេ។ ពួកសុទ្ធៈ គប្បីចាញ់បោកដោយកល ជាគ្រឿងបោកនេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង ដល់ពួកសុទ្ទៈទាំងអស់ បពិត្រលោកដ៏ចំរើន ប្រសិនបើលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស គប្បីចាញ់បោកដោយកល ជាគ្រឿងបោកនេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលជាអង្វែង ដល់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដល់សត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងធ្វើសេចក្តីឧបមាដល់លោក វិញ្ញូបុរសពួកមួយ ក្នុងលោកនេះ គង់ដឹងនូវសេចក្តីនៃភាសិត ដោយឧបមាខ្លះមិនខាន។
[៨១] បពិត្រលោកដ៏ចំរើន រឿងធ្លាប់មានមកហើយថា មានព្រាហ្មណ៍ម្នាក់ ចាស់ព្រឹទ្ធា ជាធំដោយអាយុ បាននាងមាណវិកាក្រមុំជាប្រពន្ធ មានផ្ទៃពោះ ជិតដល់កាលនឹងប្រសូត។ បពិត្រលោកដ៏ចំរើន គ្រានោះ នាងមាណវិកានោះ ក៏និយាយនឹងព្រាហ្មណ៍នោះ ដូច្នេះថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅទិញកូនស្វាឈ្មោល ពីផ្សារយកមក ដើម្បីឲ្យកុមាររបស់ខ្ញុំលេង។ បពិត្រលោកដ៏ចំរើន កាលដែលនាងមាណវិកានិយាយយ៉ាងនេះ ព្រាហ្មណ៍នោះ ក៏និយាយដូច្នេះ នឹងនាងមាណវិកានោះថា ម្នាលនាងដ៏ចំរើន នាងចូរបង្អង់ចាំ ទំរាំនាងប្រសូតសិន ម្នាលនាងដ៏ចំរើន បើនាងប្រសូតកុមារ សិមអញទៅទិញកូនស្វាឈ្មោលពីផ្សារ យកមកឲ្យនាង ដើម្បីឲ្យកុមាររបស់នាងលេង ម្នាលនាងដ៏ចំរើន តែប្រសិនបើនាងប្រសូតកុមារី អញនឹងទៅទិញកូនស្វាញីពីផ្សារយកមកឲ្យនាង ដើម្បីឲ្យកុមារីរបស់នាងលេង។ បពិត្រលោកដ៏ចំរើន នាងមាណវិកានោះ និយាយនឹងព្រាហ្មណ៍នោះ ដូច្នេះជាគំរប់ពីរដងទៀតថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅទិញកូនស្វាឈ្មោល ពីផ្សារយកមក ដើម្បីឲ្យកុមាររបស់ខ្ញុំលេង។ បពិត្រលោកដ៏ចំរើន ព្រាហ្មណ៍នោះ និយាយនឹងនាងមាណវិកានោះដូច្នេះ ជាគំរប់ពីរដងទៀតថា ម្នាលនាងដ៏ចំរើន ចូរនាងបង្អង់ចាំ ទំរាំនាងប្រសូតសិន ម្នាលនាងដ៏ចំរើន បើនាងប្រសូតកុមារ សិមអញទៅទិញកូនស្វាឈ្មោលពីផ្សារ យកមកឲ្យនាង ដើម្បីឲ្យកុមាររបស់នាងលេង ម្នាលនាងដ៏ចំរើន តែប្រសិនបើនាងប្រសូតកុមារី អញនឹងទៅទិញកូនស្វាញីពីផ្សារយកមកឲ្យនាង ដើម្បីឲ្យកុមារីរបស់នាងលេង។ បពិត្រលោកដ៏ចំរើន នាងមាណវិកានោះ និយាយនឹងព្រាហ្មណ៍នោះ ដូច្នេះ ជាគំរប់បីដងទៀតថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅទិញកូនស្វាឈ្មោល ពីផ្សារយកមក ដើម្បីឲ្យកុមាររបស់ខ្ញុំលេង។ បពិត្រលោកដ៏ចំរើន គ្រានោះ ព្រាហ្មណ៍នោះមានតម្រេក មានចិត្តប្រតិព័ទ្ធ ចំពោះនាងមាណវិកានោះ ក៏ទៅទិញកូនស្វាឈ្មោលពីផ្សារ យកមក ហើយនិយាយដូច្នេះ នឹងនាងមាណវិកានោះថា ម្នាលនាងដ៏ចំរើន កូនស្វាឈ្មោលនេះ អញបានទៅទិញមកពីផ្សារ យកមកឲ្យនាងហើយ ដើម្បីឲ្យកុមាររបស់នាងលេង។ បពិត្រលោកដ៏ចំរើន កាលដែលព្រាហ្មណ៍និយាយយ៉ាងនេះហើយ នាងមាណវិកានោះ ក៏និយាយដូច្នេះ នឹងព្រាហ្មណ៍នោះថា ម្នាលព្រាហ្មណ៍ ចូរអ្នកនាំយកកូនស្វាឈ្មោលនេះ ដើរចូលទៅរករជកបុត្រ (កូនជាងជ្រលក់) ឈ្មោះរត្តបាណិ19) លុះចូលទៅដល់ហើយ ចូរនិយាយនឹងរត្តបាណីរជកបុត្រ យ៉ាងនេះថា ម្នាលរត្តបាណីជាសំឡាញ់ ខ្ញុំចង់ឲ្យអ្នកយករង្គ20) ជាគ្រឿងលាបមានពណ៌លឿង មកជ្រលក់កូនស្វាឈ្មោលនេះ បោកគក់ឲ្យសព្វ ធ្វើឲ្យមានសម្បុរស្អាតទាំងពីរខាង។ បពិត្រលោកដ៏ចំរើន គ្រានោះ ព្រាហ្មណ៍នោះ មានតម្រេក មានចិត្តប្រតិព័ទ្ធ ចំពោះនាងមាណវិកានោះ ក៏យកកូនស្វាឈ្មោល ចូលទៅរករត្តបាណីរជកបុត្រ លុះចូលទៅដល់ហើយ ក៏និយាយដូច្នេះ នឹងរត្តបាណីរជកបុត្រថា ម្នាលរត្តបាណីជាសំឡាញ់ ខ្ញុំចង់ឲ្យអ្នកយករង្គ ជាគ្រឿងលាប មានពណ៌លឿង មកជ្រលក់កូនស្វាឈ្មោលនេះឲ្យសព្វ ធ្វើឲ្យមានសម្បុរស្អាតទាំងពីរខាង។ បពិត្រលោកដ៏ចំរើន កាលដែលព្រាហ្មណ៍និយាយយ៉ាងនេះហើយ រត្តបាណីរជកបុត្រ ក៏និយាយដូច្នេះ នឹងព្រាហ្មណ៍នោះថា នែអ្នកដ៏ចំរើន កូនស្វាឈ្មោលរបស់អ្នកនេះ គួរដល់គ្រឿងជ្រលក់ តែមិនគួរដល់ការបោកគក់ មិនគួរដល់ការដុសខាត់ឡើយ។ បពិត្រលោកដ៏ចំរើន វាទៈ របស់ពួកនិគ្រន្ថពាល គួរដល់គ្រឿងជ្រលក់ របស់ពួកជនពាលបាន ប៉ុន្តែមិនគួរដល់គ្រឿងជ្រលក់ របស់ពួកបណ្ឌិត ទាំងមិនគួរដល់សេចក្តីព្យាយាម មិនគួរដល់ការដុសខាត់ចិត្តឡើយ យ៉ាងនោះឯង។ បពិត្រលោកដ៏ចំរើន គ្រានោះ ព្រាហ្មណ៍នោះ ក៏បានយកសំពត់ថ្មីមួយគូ ចូលទៅរករត្តបាណីរជកបុត្រ ក្នុងសម័យជាខាងក្រោយ លុះចូលទៅដល់ហើយ ក៏និយាយដូច្នេះ នឹងរត្តបាណីរជកបុត្រថា ម្នាលរត្តបាណីជាសំឡាញ់ ខ្ញុំចង់ឲ្យអ្នកយករង្គ ជាគ្រឿងលាប មានពណ៌លឿង មកជ្រលក់សំពត់ថ្មី១គូនេះ បោកគក់ឲ្យសព្វ ធ្វើឲ្យមានសម្បុរម៉ដ្ឋ ទាំងពីរខាង។ បពិត្រលោកដ៏ចំរើន កាលដែលព្រាហ្មណ៍និយាយយ៉ាងនេះហើយ រត្តបាណីរជកបុត្រ ក៏និយាយដូច្នេះ នឹងព្រាហ្មណ៍នោះថា នែអ្នកដ៏ចំរើន សំពត់ថ្មី១គូ របស់អ្នកនេះ គួរដល់គ្រឿងជ្រលក់ផង គួរដល់ការបោកគក់ផង គួរដល់ការដុសខាត់ផង។ បពិត្រលោកដ៏ចំរើន វាទៈ របស់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ គួរដល់គ្រឿងជ្រលក់ របស់ពួកបណ្ឌិត គួរដល់សេចក្តីព្យាយាមផង គួរដល់ការដុសខាត់ផង របស់បណ្ឌិត មិនគួរដល់ពួកជនពាលទេ យ៉ាងនេះឯង។ និគន្ថនាដបុត្ត និយាយថា ម្នាលគហបតី បរិស័ទព្រមទាំងស្តេច តែងស្គាល់អ្នកយ៉ាងនេះថា ឧបាលិគហបតី ជាសាវ័ករបស់និគន្ថនាដបុត្ត ម្នាលគហបតី ឥឡូវយើងនឹងចាំបានថា អ្នកជាសាវ័ករបស់បុគ្គលណា។
[៨២] កាលដែលនិគន្ថនាដបុត្តពោលយ៉ាងនេះហើយ ឧបាលិគហបតី ក៏ក្រោកចាកអាសនៈ ធ្វើសំពត់បង់ក ឆៀងស្មាម្ខាង ប្រណមអញ្ជលីឆ្ពោះទៅរកព្រះមានព្រះភាគ ហើយនិយាយដូច្នេះ នឹងនិគន្ថនាដបុត្តថា បពិត្រលោកដ៏ចំរើន បើដូច្នោះ លោកចូរស្តាប់ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគណា ដែលមានប្រាជ្ញាខ្ជាប់ខ្ជួន មានមោហៈទៅប្រាសហើយ មានបង្គោលបាក់បែកហើយ បានឈ្នះមារ21) ហើយ ឥតមានសេចក្តីទុក្ខ22) មានព្រះទ័យស្មើល្អ មានសីលដ៏ចំរើន មានប្រាជ្ញាល្អ បានឆ្លងនូវវិសមធម៌23) ប្រាសចាកមន្ទិល ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គឥតមានសេចក្តីសង្ស័យ មានព្រះទ័យស្រស់ស្រាយ មានអាមិសៈក្នុងលោក ខ្ជាក់ចោលហើយ មានព្រះទ័យរីករាយ មានសមណធម៌ធ្វើស្រេចហើយ ជាមនុស្សមានសរីរៈតាំងនៅក្នុងទីបំផុត ជានរជាត រកបុគ្គលប្រៀបគ្មាន ប្រាសចាកធូលី គឺកិលេស ខ្ញុំជាសាវ័ក របស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ឥតមានសេចក្តីសង្ស័យ ជាអ្នកឈ្លាសវៃ ព្រះអង្គជាអ្នកដឹកនាំសត្វ ជាសារថីដ៏ប្រសើរ ជាបុគ្គលប្រសើរ រកអ្នកណាស្មើគ្មាន មានធម៌ដ៏រុងរឿង ឥតមានកង្ខា ជាអ្នកធ្វើពន្លឺ ផ្តាច់បង់នូវមានះហើយ មានព្យាយាម ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គប្រសើរ មានគុណប្រមាណមិនបាន ប្រកបដោយគុណដ៏ជ្រាលជ្រៅ ដល់នូវសេចក្តីដឹង ធ្វើនូវសេចក្តីក្សេម ប្រកបដោយប្រាជ្ញា ទ្រង់ឋិតនៅក្នុងធម៌ ទ្រង់សង្រួមដោយប្រពៃ ទ្រង់កន្លងបង់នូវកិលេស ជាគ្រឿងជាប់នៅ ទ្រង់រួចចាកគ្រឿងសៅហ្មង ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គប្រសើរ ទ្រង់មានសេនាសនៈស្ងាត់ មានសំយោជនៈអស់ហើយ មានព្រះទ័យរួចស្រឡះ ចាកកិលេស មានប្រាជ្ញាជាគ្រឿងប្រឹក្សា ទ្រង់ប្រកបដោយសេចក្តីដឹង មានទង់ គឺមានះដាក់ចុះហើយ ប្រាសចាករាគៈហើយ ទ្រង់ទូន្មានឥន្ទ្រិយហើយ មិនមានធម៌ជាគ្រឿងធ្វើសត្វឲ្យយឺតយូរ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គជាឥសីទី៧24) មិនកុហក មានត្រៃវិជ្ជា ជាសត្វដ៏ប្រសើរ ទ្រង់លាងកិលេសអស់ហើយ ឈ្លាសវៃក្នុងបទគាថា ទ្រង់រម្ងាប់សេចក្តីក្រវល់ក្រវាយហើយ ទ្រង់មានសេចក្តីដឹងដ៏វិសេស ទ្រង់ប្រទានធម៌មុនជនទាំងពួង ជាអ្នកអង់អាច ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គជាព្រះអរិយៈ មានព្រះទ័យចំរើនហើយ ដល់នូវគុណដែលគួរដល់ ទ្រង់សំដែងនូវសេចក្តីជាក់ច្បាស់ ទ្រង់មានព្រះស្មារតី ទ្រង់មានប្រាជ្ញា ជាគ្រឿងឃើញច្បាស់ មានព្រះទ័យមិនបានទន់ទៅ មានព្រះទ័យមិនប្រព្រឹត្តទៅក្នុងកិលេស មានព្រះទ័យមិនញាប់ញ័រ ទ្រង់ដល់នូវការស្ទាត់ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គជាអ្នកប្រព្រឹត្តដោយប្រពៃ ជាអ្នកមានឈាន មានព្រះសន្តានមិនប្រព្រឹត្តទៅតាមកិលេស មានព្រះទ័យស្អាត មិនជាប់ចំពាក់ ឥតមានសេចក្តីខ្លាច មានកាយនិងចិត្តស្ងាត់ហើយ ដល់នូវភាវៈជាបុគ្គលប្រសើរ ជាអ្នកឆ្លងចាកលោក ជាអ្នកចម្លងសត្វ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គមានព្រះទ័យស្ងប់រម្ងាប់ហើយ មានប្រាជ្ញាដូចជាផែនដី មានប្រាជ្ញាច្រើន ប្រាសចាកលោភៈហើយ ព្រះអង្គមានដំណើរដូចព្រះសម្ពុទ្ធអំពីបូរាណ ទ្រង់មានដំណើរល្អ ឥតមានបុគ្គលប្រៀប ឥតមានអ្នកណាស្មើ អ្នកក្លៀវក្លា មានប្រាជ្ញាល្អិត ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ទ្រង់ផ្តាច់តណ្ហាហើយ ទ្រង់ត្រាស់ដឹងនូវសច្ចធម៌ហើយ ទ្រង់ប្រាសចាកផ្សែង25) ហើយ មិនប្រឡាក់ដោយតណ្ហា និងទិដ្ឋិ គួរទទួលគ្រឿងបូជា ព្រះអង្គជាយក្ខ26) ជាបុគ្គលដ៏ឧត្តម ឥតមានអ្នកណាថ្លឹងបាន ព្រះអង្គជាធំ ដល់នូវយសដ៏ប្រសើរ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ។
[៨៣] និគន្ថនាដបុត្តពោលថា ម្នាលគហបតី ចុះគុណរបស់សមណគោតមទាំងអម្បាលនេះ អ្នកប្រមូលមកអំពីកាលណា។ ឧបាលិគហបតីតបថា បពិត្រលោកដ៏ចំរើន គំនរផ្កាធំ នៃផ្កាផ្សេង។ មាលាការក្តី កូនសិស្សរបស់មាលាការក្តី ដែលជាអ្នកប៉ិនប្រសប់ ក្រងផ្កានោះ ឲ្យជាកម្រងដ៏វិចិត្រ មានឧបមាយ៉ាងណា បពិត្រលោកដ៏ចំរើន ព្រះមានព្រះភាគ អង្គនោះ មានគុណច្រើន មានគុណជាច្រើនរយ មានឧបមេយ្យយ៉ាងនោះ បពិត្រលោកដ៏ចំរើន អ្នកណានឹងអាចមិនធ្វើ នូវសេចក្តីសរសើរ ដល់ព្រះអង្គ ដែលមានគុណគួរសរសើរបាន។ គ្រានោះឯង និគន្ថនាដបុត្ត អត់ទ្រាំនឹងសក្ការៈរបស់ព្រះមានព្រះភាគមិនបាន ក៏ក្អួតឈាមក្តៅៗ ចេញពីមាត់ក្នុងទីនោះឯង។
ចប់ ឧបាលិវាទសូត្រ ទី៦។
(៧. កុក្កុរវតិកសុត្តំ)
[៨៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះហលិទ្ទវសនៈ របស់អ្នកស្រុកកោលិយៈ ក្នុងកោលិយជនបទ។ លំដាប់នោះ កោលិយបុត្រ ឈ្មោះ បុណ្ណៈ ជាអ្នកសមាទានគោវត្ត និងអចេលឈ្មោះសេនិយៈ ជាអ្នកសមាទានកុក្កុរវត្ត បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបបុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្ត ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ចំណែកខាងសេនិយអចេល អ្នកសមាទានកុក្កុរវត្ត ក៏រីករាយ រាក់ទាក់ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយជើមហ៊ើម ធ្វើដូចជាសុនខ នៅក្នុងទីដ៏សមគួរ។ ឯបុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្ត អង្គុយនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេនិយអចេលនេះ ជាអ្នកសមាទានកុក្កុរវត្ត ជាអ្នកធ្វើនូវអំពើដ៏កម្រ បរិភោគនូវភោជនដាក់នៅលើផែនដី សេនិយអចេលនោះ បានធ្វើឲ្យពេញបរិបូណ៌ បានសមាទានកុក្កុរវត្តនោះ អស់កាលជាយូរអង្វែងមកហើយ ចុះសេនិយអចេលនោះ មានគតិដូចម្តេច មានបរលោកដូចម្តេច។ ព្រះអង្គត្រាស់ថា នែបុណ្ណៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុកចុះ អ្នកកុំសួរពាក្យនុ៎ះ នឹងតថាគតឡើយ។ បុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្ត បានក្រាបទូលព្រះមានព្រះភាគ ជាគំរប់ពីរដងថា បពិត្រព្រះអង្គដ៏ចំរើន សេនិយអចេលនេះ ជាអ្នកសមាទានកុក្កុរវត្ត ជាអ្នកធ្វើនូវអំពើដ៏កម្រ បរិភោគនូវភោជនដាក់នៅលើផែនដី សេនិយអចេលនោះ បានធ្វើឲ្យពេញបរិបូណ៌ បានសមាទានកុក្កុរវត្តនោះ អស់កាលជាយូរអង្វែងមកហើយ សេនិយអចេលនោះ មានគតិដូចម្តេច មានបរលោកដូចម្តេច។ នែបុណ្ណៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុកចុះ អ្នកកុំសួរពាក្យនុ៎ះ នឹងតថាគតឡើយ។ បុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្ត ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់បីដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន សេនិយអចេលនេះ ជាអ្នកសមាទានកុក្កុរវត្ត ជាអ្នកធ្វើនូវអំពើដ៏កម្រ បរិភោគនូវភោជនដាក់នៅលើផែនដី សេនិយអចេលនោះ បានធ្វើឲ្យពេញបរិបូណ៌ បានសមាទានកុក្កុរវត្តនោះ អស់កាលជាយូរអង្វែងមកហើយ សេនិយអចេលនោះ មានគតិដូចម្តេច មានបរលោកដូចម្តេច។
[៨៥] នែបុណ្ណៈ តាមពិត តថាគតមិនចង់ប្រាប់អ្នកទេ (បានជាពោលឃាត់)ថា ម្នាលបុណ្ណៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុកចុះ អ្នកកុំសួរពាក្យនុ៎ះ នឹងតថាគតឡើយ តែថា ណ្ហើយចុះ តថាគតនឹងប្រាប់ដល់អ្នក ម្នាលបុណ្ណៈ បុគ្គលពួកមួយ ក្នុងលោកនេះ ចំរើន កុក្កុរវត្ត27) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្កុរសីល ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្ករចិត្ត28) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្ករាកប្បៈ29) ឲ្យបរិបូណ៌ ឥតមានចន្លោះ បុគ្គលនោះ លុះបានចំរើនកុក្ករវត្តឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្ករសីល ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្កុរចិត្ត ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្កុរាកប្បៈ ឲ្យបរិបូណ៌ ឥតមានចន្លោះហើយ ដល់ទំលាយរាងកាយ បន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងសុនខទាំងឡាយ ប្រសិនបើសេនិយអចេលនោះ មានទិដ្ឋិយ៉ាងនេះថា អាត្មាអញ គង់បានជាទេវតាធំ ឬជាទេវតាណាមួយ ដោយសីលនេះផង ដោយវត្តនេះផង ដោយតបៈនេះផង ដោយព្រហ្មចរិយៈនេះផង ពុំខាន ទិដ្ឋិរបស់សេនិយអចេលនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ នែបុណ្ណៈ តថាគត ពោលថា បណ្តាគតិទាំងឡាយពីរ គតិណាមួយ គឺនរក ឬកំណើតនៃតិរច្ឆាន ជារបស់បុគ្គលដែលមានចិត្តតាំងនៅក្នុងមិច្ឆាទិដ្ឋិពិត នែបុណ្ណៈ កុក្កុរវត្ត ដែលបុគ្គលបានធ្វើឲ្យពេញ បើមិនកើតក្នុងនរក ក៏គង់ទៅកើតជាមួយនឹងសុនខទាំងឡាយ ពុំលែងឡើយ។ កាលដែលព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលយ៉ាងនេះហើយ សេនិយអចេល អ្នកសមាទានកុក្កុរវត្ត ក៏ទ្រហោយំ សម្រក់ទឹកភ្នែក។
[៨៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងបុណ្ណកោលិយបុត្រ អ្នកសមាទានគោវត្ត យ៉ាងនេះថា នែបុណ្ណៈ តថាគត មិនបានចង់និយាយហេតុនុ៎ះ ដល់អ្នកសោះ (បានជាពោលឃាត់ថា) នែបុណ្ណៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុកចុះ អ្នកកុំសួរពាក្យនុ៎ះ នឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនយំ ចំពោះព្យាករណ៍ ដែលព្រះមានព្រះភាគ សំដែងដល់ខ្ញុំព្រះអង្គយ៉ាងនេះទេ បពិត្រព្រះអង្គដ៏ចំរើន បានជាខ្ញុំព្រះអង្គយំ ព្រោះខ្ញុំព្រះអង្គ បានបំពេញ សមាទានកុក្កុរវត្តនេះ អស់កាលជាយូរអង្វែងមកហើយ បពិត្រព្រះអង្គដ៏ចំរើន ចុះបុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្តនេះ គេបានបំពេញ សមាទានគោវត្តនោះ អស់កាលជាយូរអង្វែងមកហើយដែរ គេមានគតិដូចម្តេច មានបរលោកដូចម្តេច។ នែសេនិយៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុក អ្នកកុំសួរពាក្យនុ៎ះ នឹងតថាគតឡើយ។ សេនិយអចេល បានក្រាបទូល ជាគំរប់ពីរដងផង។បេ។ សេនិយអចេល អ្នកសមាទានកុក្កុរវត្ត ក៏ក្រាបទូលព្រះមានព្រះភាគ ជាគំរប់៣ដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុណ្ណកោលិយបុត្រនេះ ជាអ្នកសមាទានគោវត្ត គេបានបំពេញ បានសមាទានគោវត្តនោះ អស់កាលជាយូរអង្វែងមកហើយ គេមានគតិដូចម្តេច មានបរលោកដូចម្តេច។ ម្នាលសេនិយៈ តថាគត មិនចង់ប្រាប់ដល់អ្នកសោះ (បានជាពោលឃាត់) ថា នែសេនិយៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុក អ្នកកុំសួរពាក្យនុ៎ះ នឹងតថាគតឡើយ។ តែថា ណ្ហើយចុះ តថាគតនឹងប្រាប់ដល់អ្នក ម្នាលសេនិយៈ បុគ្គលពួកមួយ ក្នុងលោកនេះ ចំរើន គោវត្ត30) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនគោសីល31) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនគោចិត្ត32) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនគវាកប្បៈ33) ឲ្យបរិបូណ៌ ឥតមានចន្លោះ លុះបុគ្គលនោះ បានចំរើនគោវត្តឲ្យបរិបូណ៌ ឥតមានចន្លោះ បានចំរើនគោសីល ឲ្យបរិបូណ៌ ឥតមានចន្លោះ បានចំរើនគោចិត្ត ឲ្យបរិបូណ៌ ឥតមានចន្លោះ បានចំរើនគវាកប្បៈ ឲ្យបរិបូណ៌ ឥតមានចន្លោះហើយ ដល់ទំលាយរាងកាយ បន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងគោទាំងឡាយ ប្រសិនបើបុណ្ណកោលិយបុត្រនោះ មានទិដ្ឋិយ៉ាងនេះថា អាត្មាអញ គង់នឹងបានជាទេវតាធំ ឬជាទេវតាណាមួយ ដោយសីលនេះផង ដោយវត្តនេះផង ដោយតបៈនេះផង ដោយព្រហ្មចរិយៈនេះផងមិនខាន ទិដ្ឋិរបស់បុណ្ណកោលិយបុត្រនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ ម្នាលសេនិយៈ តថាគត ពោលថា បណ្តាគតិទាំងឡាយពីរ គតិណាមួយ គឺនរក ឬថាកំណើតនៃតិរច្ឆាន របស់បុគ្គល ដែលមានចិត្តតាំងនៅក្នុងមិច្ឆាទិដ្ឋិពិត ម្នាលសេនិយៈ គោវត្ត ដែលបុគ្គលបានបំពេញ ឲ្យបរិបូណ៌យ៉ាងនេះហើយ បើមិនកើតក្នុងនរក ក៏គង់ទៅកើតជាមួយនឹងគោទាំងឡាយមិនខានឡើយ។ កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលយ៉ាងនេះហើយ បុណ្ណកោលិយបុត្រ អ្នកសមាទានគោវត្ត ក៏ទ្រហោយំ សម្រក់ទឹកភ្នែក។
[៨៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងសេនិយអចេល អ្នកសមាទានកុក្កុរវត្តយ៉ាងនេះថា ម្នាលសេនិយៈ តថាគត មិនបាន (ចង់ប្រាប់) ហេតុនុ៎ះ ដល់អ្នកសោះ (បានជាពោលឃាត់) ថា នែសេនិយៈ ណ្ហើយពាក្យនុ៎ះ ចូរលើកទុក អ្នកកុំសួរពាក្យនុ៎ះ នឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនយំ ចំពោះព្យាករណ៍ ដែលព្រះមានព្រះភាគ សំដែងដល់ខ្ញុំព្រះអង្គយ៉ាងនេះទេ បពិត្រព្រះអង្គដ៏ចំរើន បានជាខ្ញុំព្រះអង្គយំ ព្រោះខ្ញុំព្រះអង្គបានបំពេញ បានសមាទានគោវត្តនេះ អស់កាលយូរអង្វែងមកហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីជ្រះថ្លា ក្នុងព្រះមានព្រះភាគយ៉ាងនេះ សូមព្រះមានព្រះភាគ សំដែងធម៌ដែលគួរខ្ញុំព្រះអង្គ លះបង់គោវត្តនេះ និងសេនិយអចេល ជាអ្នកសមាទានកុក្កុរវត្តនេះ ឲ្យលះបង់កុក្កុរវត្តនោះចេញបាន។ ម្នាលបុណ្ណៈ បើដូច្នោះអ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែងឥឡូវនេះ។ បុណ្ណកោលិយបុត្រ អ្នកសមាទានគោវត្ត ក៏ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។
[៨៨] ព្រះមានព្រះភាគ ទ្រង់សំដែងថា ម្នាលបុណ្ណៈ កម្មទាំងឡាយ៤ប្រការនេះ តថាគត បានធ្វើឲ្យជាក់ច្បាស់ ត្រាស់ដឹងដោយប្រាជ្ញាខ្លួនឯង កម្មទាំងឡាយ៤ប្រការ តើដូចម្តេច ម្នាលបុណ្ណៈ កម្ម34) ខ្មៅ មានវិបាកខ្មៅ35) ១ ម្នាលបុណ្ណៈ កម្មស36) មានវិបាកស37) ១ ម្នាលបុណ្ណៈ កម្មខ្មៅ និងកម្មស38) មានវិបាកខ្មៅ និងស39) ១ ម្នាលបុណ្ណៈ កម្មមិនខ្មៅ មិនស40) មានវិបាកមិនខ្មៅ មិនស តែងប្រព្រឹត្តទៅដើម្បីអស់ទៅនៃកម្ម១។ ម្នាលបុណ្ណៈ ឯកម្មខ្មៅ មានវិបាកខ្មៅនោះ ដូចម្តេច ម្នាលបុណ្ណៈ បុគ្គលពួកមួយ ក្នុងលោកនេះ តាក់តែងនូវកាយសង្ខារ ប្រកបដោយព្យាបាទ តាក់តែងនូវវចីសង្ខារ ប្រកបដោយព្យាបាទ តាក់តែងនូវមនោសង្ខារ ប្រកបដោយព្យាបាទ បុគ្គលនោះ លុះបានតាក់តែងនូវកាយសង្ខារ ប្រកបដោយព្យាបាទ តាក់តែងនូវវចីសង្ខារ ប្រកបដោយព្យាបាទ តាក់តែងនូវមនោសង្ខារ ប្រកបដោយព្យាបាទហើយ ក៏ទៅកើតក្នុងលោក ដែលប្រកបដោយព្យាបាទ ផស្សៈទាំងឡាយ ប្រកបដោយព្យាបាទ តែងពាល់ត្រូវបុគ្គល ដែលទៅកើតក្នុងលោក ប្រកបដោយព្យាបាទនោះឯង បុគ្គលនោះ កាលដែលផស្សៈទាំងឡាយ ប្រកបដោយព្យាបាទពាល់ត្រូវហើយ រមែងសោយនូវវេទនា ប្រកបដោយព្យាបាទ ជាទុក្ខតែមួយយ៉ាង ដូចសត្វទាំងឡាយ ដែលកើតក្នុងនរក ម្នាលបុណ្ណៈ កំណើតនៃសត្វរមែងកើតអំពីភូតកម្ម ដូច្នេះឯង បុគ្គលធ្វើកម្មណា តែងទៅកើតដោយអំណាចនៃកម្មនោះ ផស្សៈទាំងឡាយ តែងពាល់ត្រូវបុគ្គល ដែលកើតឡើងហើយនោះ ម្នាលបុណ្ណៈ យ៉ាងនេះឯង បានជាតថាគតពោលថា សត្វទាំងឡាយ មានកម្មជាមត៌ក ម្នាលបុណ្ណៈ នេះហៅថាកម្មខ្មៅ មានវិបាកខ្មៅ។ ម្នាលបុណ្ណៈ កម្មស មានវិបាកស តើដូចម្តេច ម្នាលបុណ្ណៈ បុគ្គលពួកមួយ ក្នុងលោកនេះ តាក់តែងនូវកាយសង្ខារ មិនប្រកបដោយព្យាបាទ តាក់តែងនូវវចីសង្ខារ មិនប្រកបដោយព្យាបាទ តាក់តែងនូវមនោសង្ខារ មិនប្រកបដោយព្យាបាទ បុគ្គលនោះ លុះបានតាក់តែងនូវកាយសង្ខារ មិនប្រកបដោយព្យាបាទ តាក់តែងនូវវចីសង្ខារ មិនប្រកបដោយព្យាបាទ តាក់តែងនូវមនោសង្ខារ មិនប្រកបដោយព្យាបាទហើយ ក៏តែងទៅកើតក្នុងលោក មិនមានព្យាបាទឡើយ ផស្សៈទាំងឡាយ មិនមានព្យាបាទ តែងពាល់ត្រូវបុគ្គល ដែលចូលទៅកើតក្នុងលោក មិនមានព្យាបាទនោះឯង បុគ្គលនោះ កាលដែលផស្សៈទាំងឡាយ មិនមានព្យាបាទពាល់ត្រូវហើយ រមែងទទួលនូវវេទនា ដែលមិនប្រកបដោយព្យាបាទ មានតែសេចក្តីសុខមួយយ៉ាង ដូចទេវតាទាំងឡាយ នៅក្នុងឋានឈ្មោះសុភកិណ្ហៈ ម្នាលបុណ្ណៈ កំណើតនៃសត្វរមែងកើតអំពីភូតកម្ម ដូច្នេះឯង បុគ្គលធ្វើកម្មណា តែងទៅកើតដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ តែងពាល់ត្រូវបុគ្គល ដែលកើតឡើងហើយនោះ ម្នាលបុណ្ណៈ យ៉ាងនេះឯង បានជាតថាគតពោលថា សត្វទាំងឡាយ មានកម្មជាមត៌ក ម្នាលបុណ្ណៈ នេះហៅថាកម្មស មានវិបាកស។ ម្នាលបុណ្ណៈ កម្មខ្មៅ និងកម្មស មានវិបាកខ្មៅ និងស តើដូចម្តេច ម្នាលបុណ្ណៈ បុគ្គលពួកមួយ ក្នុងលោកនេះ តាក់តែងនូវកាយសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ តាក់តែងនូវវចីសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ តាក់តែងនូវមនោសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ បុគ្គលនោះ លុះបានតាក់តែងនូវកាយសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ បានតាក់តែងនូវវចីសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ បានតាក់តែងនូវមនោសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះហើយ តែងទៅកើតក្នុងលោក ដែលប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ ផស្សៈទាំងឡាយ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ តែងពាល់ត្រូវបុគ្គល ដែលទៅកើតក្នុងលោក ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះនោះឯង បុគ្គលនោះ កាលដែលផស្សៈទាំងឡាយ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះពាល់ត្រូវហើយ រមែងទទួលនូវវេទនា ដែលប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយព្យាបាទខ្លះ មានសុខ និងទុក្ខច្រឡូកច្រឡំគ្នា ដូចជាមនុស្សទាំងឡាយខ្លះ ទេវតាទាំងឡាយពួកខ្លះ វិនិបាតិកៈទាំងឡាយពួកខ្លះ ម្នាលបុណ្ណៈ កំណើតនៃសត្វ រមែងកើតអំពីភូតកម្ម ដូច្នេះឯង បុគ្គលធ្វើកម្មណា តែងទៅកើតដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ តែងពាល់ត្រូវបុគ្គល ដែលកើតឡើងហើយនោះឯង ម្នាលបុណ្ណៈ យ៉ាងនេះឯង បានជាតថាគតពោលថា សត្វទាំងឡាយ មានកម្មជាមត៌ក ម្នាលបុណ្ណៈ នេះហៅថាកម្មខ្មៅ និងកម្មស មានវិបាកខ្មៅ និងស។ ម្នាលបុណ្ណៈ កម្មមិនខ្មៅ មិនស មានវិបាកមិនខ្មៅ មិនស រមែងប្រព្រឹត្តទៅដើម្បីអស់កម្ម តើដូចម្តេច ម្នាលបុណ្ណៈ មគ្គចេតនា ដែលសម្រាប់លះបង់កម្មខ្មៅ មានផលខ្មៅ មគ្គចេតនា ដែលសម្រាប់លះបង់កម្មស មានផលស មគ្គចេតនា ដែលសម្រាប់លះបង់កម្មខ្មៅ និងស មានវិបាកខ្មៅ និងស ម្នាលបុណ្ណៈ បណ្តាកម្មទាំង៣យ៉ាងនោះ កម្មនេះហៅថា កម្មមិនខ្មៅ មិនស មានវិបាកមិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃកម្ម។ ម្នាលបុណ្ណៈ កម្មទាំងឡាយ៤នេះឯង ដែលតថាគតបានធ្វើឲ្យជាក់ច្បាស់ ត្រាស់ដឹងដោយបញ្ញាខ្លួនឯង។
[៨៩] កាលដែលព្រះមានព្រះភាគ ទ្រង់មានព្រះវាចាយ៉ាងនេះហើយ ទើបបុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្ត ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ប្រកាសហើយ ដោយអនេកបរិយាយនេះឯង (ភ្លឺច្បាស់ណាស់) ដូចជាបុគ្គលផ្ងាររបស់ដែលផ្កាប់ ឬក៏ដូចជាបុគ្គល បើកបង្ហាញរបស់ ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យមនុស្សដែលមានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះទៅ។ ឯសេនិយអចេល អ្នកសមាទានកុក្កុរវត្ត ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាស ដោយអនេកបរិយាយនេះឯង (ភ្លឺច្បាស់ណាស់) ដូចជាបុគ្គលផ្ងាររបស់ដែលផ្កាប់ ឬដូចជាបុគ្គល បើកបង្ហាញរបស់ ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យមនុស្ស ដែលមានភ្នែកភ្លឺ មើលឃើញនូវរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ជាទីពឹង ទីរលឹក ខ្ញុំព្រះអង្គ គប្បីបាននូវបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ម្នាលសេនិយៈ បុគ្គលណាមួយ ធ្លាប់ជាអន្យតិរ្ថិយ ហើយប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ បុគ្គលនោះ លុះតែនៅបរិវាសអស់៤ខែ លុះកាលកន្លងទៅអស់៤ខែហើយ ទើបភិក្ខុទាំងឡាយ ដែលមានចិត្តខ្នះខ្នែង ក៏ឲ្យបព្វជ្ជា និងឧបសម្បទា ជាភិក្ខុភាវៈបាន មួយវិញទៀត ការផ្សេងនៃបុគ្គលក្នុងទីនេះ41) តថាគត បានដឹងច្បាស់ហើយ។
[៩០] បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលទាំងឡាយ ធ្លាប់ជាអន្យតិរ្ថិយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ ហើយនៅបរិវាសអស់៤ខែ លុះកាលកន្លងទៅអស់៤ខែហើយ ភិក្ខុទាំងឡាយ ដែលមានចិត្តខ្នះខ្នែង ក៏ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ជាភិក្ខុភាវៈ ខ្ញុំព្រះអង្គ នឹងនៅបរិវាសអស់៤វស្សាក៏បាន លុះកាលកន្លងទៅអស់៤វស្សាហើយ ភិក្ខុទាំងឡាយ ដែលមានចិត្តខ្នះខ្នែង ក៏ឲ្យបព្វជ្ជា និងឧបសម្បទា ជាភិក្ខុភាវៈ។ ឯសេនិយអចេល អ្នកសមាទាននូវកុក្កុរវត្ត ក៏បាននូវបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ លុះសេនិយភិក្ខុមានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង ជាបុគ្គលមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយត្រឹមត្រូវ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ដែលមានព្រហ្មចរិយៈ ជាទីបំផុតដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ ដឹងច្បាស់ថា ជាតិរបស់អញអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមានឡើយ។ បណ្តាពួកព្រះអរហន្ត សេនិយភិក្ខុមានអាយុ បានជាព្រះអរហន្តមួយអង្គដែរ។
ចប់ កុក្កុរោវាទសូត្រ ទី៧។
(៨. អភយរាជកុមារសុត្តំ)
[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្នុងក្រុងរាជគ្រឹះ។ គ្រានោះ អភយរាជកុមារ42) ចូលទៅរកនិគន្ថនាដបុត្រ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំនិគន្ថនាដបុត្រ រួចអង្គុយនៅក្នុងទីសមគួរ។
[៩២] និគន្ថនាដបុត្រ បាននិយាយនឹងអភយរាជកុមារ ដែលអង្គុយនៅក្នុងទីសមគួរ យ៉ាងនេះថា ម្នាលរាជកុមារ ទ្រង់ចូរមក ចូរទ្រង់លើកឡើងនូវវាទៈ គឺលើកវាទៈ ចំពោះព្រះសមណគោតម ទ្រង់នឹងមានកិត្តិសព្ទដ៏ពីរោះល្បីខ្ចរខ្ចាយទៅយ៉ាងនេះថា អភយរាជកុមារ ហ៊ានលើកវាទៈព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ។ អភយរាជកុមារ សួរថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹងលើកទោសព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយប្រការដូចម្តេច។ និគន្ថនាដបុត្តឆ្លើយថា ម្នាលរាជកុមារ ទ្រង់ចូរមក ចូរទ្រង់ទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរពោលយ៉ាងនេះ នឹងព្រះសមណគោតមថា បពិត្រព្រះអង្គដ៏ចំរើន វាចាណាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគត គប្បីពោលវាចានោះដែរឬទេ ប្រសិនបើ ទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម នឹងដោះស្រាយយ៉ាងនេះថា ម្នាលរាជកុមារ វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត គប្បីពោលវាចានោះដែរ ទ្រង់គប្បីពោលនឹងព្រះសមណគោតម យ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ អំពើរបស់ព្រះអង្គ ផ្សេងអ្វីអំពីបុថុជ្ជន ព្រោះថា វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ បុថុជ្ជន ក៏ពោលនូវវាចានេះដែរ ប្រសិនបើទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម គង់នឹងដោះស្រាយ យ៉ាងនេះថា ម្នាលរាជកុមារ វាចាណាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត មិនពោលនូវវាចានោះទេ ទ្រង់គប្បីពោលនឹងសមណគោតមនោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ហេតុអ្វី បានជាព្រះអង្គ ទ្រង់ព្យាករទេវទត្តថា ទេវទត្តកើតក្នុងអបាយ ទេវទត្ត កើតក្នុងនរក ទេវទត្ត ឋិតនៅអស់១កប្ប ទេវទត្ត (បើទុកជាពាន់នៃព្រះពុទ្ធ) ក៏មិនអាចជួយកែបាន ហើយទេវទត្ត ក៏ខឹងអាក់អន់ចិត្ត ដោយវាចារបស់ព្រះអង្គនោះ។ ម្នាលរាជកុមារ កាលបើទ្រង់សួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម ក៏មិនអាចនឹងលេបចូល មិនអាចខ្ជាក់ចេញបានឡើយ ដូចក្រចាប់ ដែលស្លាក់នៅក្នុងបំពង់កនៃបុរស បុរសនោះ មិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងណា ម្នាលរាជកុមារ កាលបើទ្រង់សួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម ក៏មិនអាចនឹងលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងនោះឯង។ អភយរាជកុមារ ទទួលស្តាប់ពាក្យនិគន្ថនាដបុត្ត ដោយពាក្យថា ករុណាលោកម្ចាស់ ហើយក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំនិគន្ថនាដបុត្ត ធ្វើប្រទក្សិណ ហើយចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអភយរាជកុមារ អង្គុយក្នុងទីសមគួរហើយ ក៏ក្រឡេកមើលព្រះអាទិត្យ មានសេចក្តីត្រិះរិះយ៉ាងនេះថា ថ្ងៃនេះជាកាលមិនសមគួរ ដើម្បីលើកវាទៈ ចំពោះព្រះមានព្រះភាគឡើយ អាត្មាអញ នឹងលើកវាទៈ ចំពោះព្រះមានព្រះភាគ ក្នុងលំនៅរបស់ខ្លួន ក្នុងថ្ងៃស្អែកវិញ។ ឯអភយរាជកុមារ ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មានភិក្ខុជាគំរប់៤នឹងព្រះអង្គ ទៅទទួលភត្តរបស់ខ្ញុំក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ អភយរាជកុមារ ដឹងច្បាស់នូវការទទួលនិមន្តន៍ របស់ព្រះមានព្រះភាគហើយ ក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ គ្រាកាលរាត្រីកន្លងទៅហើយ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់យាងសំដៅទៅកាន់លំនៅ នៃអភយរាជកុមារ លុះទ្រង់ពុទ្ធដំណើរទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ អភយរាជកុមារ បានអង្គាសខាទនីយ ភោជនីយាហារ ដ៏ឆ្ងាញ់ពិសារ ដោយដៃខ្លួនឯង ថ្វាយព្រះមានព្រះភាគសោយ ឲ្យឆ្អែតស្កប់ស្កល់។ គ្រានោះ អភយរាជកុមារ ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកនូវអាសនៈទាបមួយ អង្គុយក្នុងទីសមគួរ។
[៩៣] លុះអភយរាជកុមារ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគត គប្បីពោលវាចានោះដែរឬទេ។ ព្រះអង្គត្រាស់ថា ម្នាលរាជកុមារ ការដោះស្រាយក្នុងបញ្ហានេះ មិនតែមួយចំណែកទេ។ បពិត្រព្រះអង្គដ៏ចំរើន បើការដោះស្រាយក្នុងបញ្ហានេះ មិនតែមួយចំណែកនោះហើយ និគ្រន្ថទាំងឡាយ មុខជាវិនាសមិនខាន។ ម្នាលរាជកុមារ ហេតុដូចម្តេច បានជាអ្នកពោលយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន បើការដោះស្រាយ ក្នុងបញ្ហានេះ មិនតែមួយចំណែកនោះហើយ ពួកនិគ្រន្ថ មុខជានឹងវិនាសពុំខាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មកក្នុងទីនេះ ព្រោះខ្ញុំព្រះអង្គ បានចូលទៅរកនិគន្ថនាដបុត្ត លុះចូលទៅដល់ហើយ ថ្វាយបង្គំនិគន្ថនាដបុត្ត ហើយអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គ អង្គុយក្នុងទីសមគួរហើយ និគន្ថនាដបុត្ត ក៏បាននិយាយថា ម្នាលរាជកុមារ សូមទ្រង់មក សូមទ្រង់លើកវាទៈ ចំពោះព្រះសមណគោតម ទ្រង់នឹងមានកិត្តិសព្ទ ល្បីខ្ចរខ្ចាយទៅយ៉ាងនេះថា អភយរាជកុមារ ហ៊ានលើកវាទៈ ចំពោះព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះបាន កាលនិគន្ថនាដបុត្ត ពោលយ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានពោលពាក្យនេះ នឹងនិគន្ថនាដបុត្តថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹងលើកវាទៈ ចំពោះព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយប្រការដូចម្តេចទៅ និគន្ថនាដបុត្តក៏ពោលថា ម្នាលរាជកុមារ សូមទ្រង់មក សូមទ្រង់ចូលទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ សូមទ្រង់ពោលយ៉ាងនេះ នឹងព្រះសមណគោតមថា បពិត្រព្រះអង្គដ៏ចំរើន វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគត គប្បីពោលវាចានោះដែរឬទេ កាលបើ ទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម នឹងដោះស្រាយយ៉ាងនេះថា ម្នាលរាជកុមារ វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត គប្បីពោលវាចានោះដែរ ទ្រង់គប្បីពោលនឹងព្រះសមណគោតម យ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ អំពើរបស់ព្រះអង្គ ផ្សេងអ្វីអំពីបុថុជ្ជនបាន ព្រោះថា វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ បុថុជ្ជន ក៏ពោលវាចានោះដែរ ប្រសិនបើទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម មុខជានឹងដោះស្រាយ យ៉ាងនេះថា ម្នាលរាជកុមារ វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត មិនពោលវាចានោះឡើយ ទ្រង់គប្បីពោលនឹងព្រះសមណគោតម យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ហេតុអ្វី បានជាព្រះអង្គ ទ្រង់ព្យាករទេវទត្តថា ទេវទត្តកើតក្នុងអបាយ ទេវទត្ត កើតក្នុងនរក ទេវទត្ត ឋិតនៅអស់១កប្ប ទេវទត្ត ទុកជាពាន់នៃព្រះពុទ្ធទាំងឡាយ ក៏ជួយកែមិនបាន ដូច្នេះ ទេវទត្ត ខឹងអាក់អន់ចិត្ត ចំពោះព្រះអង្គ ដោយវាចានោះឯង ម្នាលរាជកុមារ កាលបើអ្នកសួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម ក៏មិនអាចលេបចូល មិនអាចខ្ជាក់ចេញបានឡើយ ដូចក្រចាប់ ដែលស្លាក់នៅក្នុងបំពង់កនៃបុរស បុរសនោះ មិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងណា ម្នាលរាជកុមារ កាលបើទ្រង់សួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម មិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងនោះឯង។
[៩៤] សម័យនោះឯង មានកូនខ្ចី មិនទាន់ចេះក្រឡាប់ អង្គុយលើភ្លៅអភយរាជកុមារ។ លំដាប់នោះ ព្រះមានព្រះភាគ មានព្រះតម្រាស់នឹងអភយរាជកុមារថា ម្នាលរាជកុមារ ទ្រង់សំគាល់កូនខ្ចីនោះដូចម្តេច បើកូនខ្ចីនេះ បៀមកំណាត់ឈើក្តី អំបែងក្តី លេបចូលទៅក្នុងមាត់ ព្រោះសេចក្តីធ្វេសប្រហែសរបស់ទ្រង់ ឬព្រោះសេចក្តីធ្វេសប្រហែសរបស់មេនំ តើទ្រង់ត្រូវធ្វើក្មេងនោះដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ត្រូវតែលូកទាញចេញ បពិត្រព្រះអង្គដ៏ចំរើន បើខ្ញុំព្រះអង្គ មិនអាចលូកទាញចេញ ដោយប្រយោគជាដម្បូងបានទេ ខ្ញុំព្រះអង្គ នឹងចាប់សង្កត់ក្បាល ដោយដៃខាងឆ្វេង ខ្វេរម្រាមដៃស្តាំលូកខ្វេះទាញវត្ថុនោះចេញមក ដោយទាំងឈាមផង ការខ្វេះទាញចេញវត្ថុនោះ ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ខ្ញុំព្រះអង្គ មានសេចក្តីអាណិតកុមារ។ ម្នាលរាជកុមារ យ៉ាងហ្នឹងឯង តថាគត ដឹងនូវវាចាណា ដែលមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ វាចានោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃផង តថាគត ក៏មិនពោលវាចានោះ តថាគត ដឹងនូវវាចាណា ពិត ទៀង តែមិនប្រកបដោយប្រយោជន៍ វាចានោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃផង តថាគត ក៏មិនពោលនូវវាចានោះ មួយវិញទៀត តថាគត ដឹងនូវវាចាណា ដែលពិត ទៀង ប្រកបដោយប្រយោជន៍ តែថា វាចានោះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត ស្គាល់កាលគួរ នឹងពោលវាចានោះ ក្នុងព្យាករណ៍នោះដែរ តថាគត ដឹងនូវវាចាណា ដែលមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ វាចានោះ ទោះបីជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត ក៏មិនពោលវាចានោះឡើយ តថាគត ដឹងនូវវាចាណា ដែលពិត ទៀង តែមិនប្រកបដោយប្រយោជន៍ វាចានោះ ទោះបីជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត ក៏មិនពោលវាចានោះដែរ មួយវិញទៀត តថាគត ដឹងនូវវាចាណា ដែលពិត ទៀង ប្រកបដោយប្រយោជន៍ វាចានោះ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃផង តថាគត ស្គាល់កាលគួរ នឹងពោលនូវវាចានោះ ក្នុងព្យាករណ៍នោះ ម្នាលរាជកុមារ ព្រោះហេតុអ្វី ព្រោះថា តថាគត មានសេចក្តីអនុគ្រោះ ចំពោះសត្វទាំងឡាយ។
[៩៥] អភយរាជកុមារ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយ ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី បានតាក់តែងបញ្ហាដល់ខ្ញុំ ហើយចូលមកសួរព្រះតថាគត បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានត្រិះរិះបញ្ហានុ៎ះ ទុកក្នុងព្រះហឫទ័យ ស្រេចតាំងពីកាលមុនថា ជនទាំងឡាយណា ចូលមករកតថាគត ហើយសួរយ៉ាងនេះ លុះជនទាំងឡាយនោះ សួរតថាគត យ៉ាងនេះហើយ តថាគត នឹងដោះស្រាយយ៉ាងនេះដែរឬ ឬថា បញ្ហាកម្មនុ៎ះ ស្រាប់តែប្រាកដឡើង ដល់ព្រះតថាគត ដោយញាណជាទីកើតឡើងនៃហេតុ។ ព្រះអង្គត្រាស់ថា ម្នាលរាជកុមារ បើដូច្នោះ តថាគត នឹងត្រឡប់សួរទ្រង់ ក្នុងដំណើរនុ៎ះវិញ ទ្រង់គាប់ចិត្តយ៉ាងណា គប្បីដោះស្រាយដំណើរនោះ យ៉ាងនោះចុះ ម្នាលរាជកុមារ ទ្រង់សំគាល់ហេតុនោះដូចម្តេច ទ្រង់ជាបុគ្គលឈ្លាស ក្នុងអវយវៈតូចធំទាំងឡាយ នៃរថដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកឈ្លាស ក្នុងអវយវៈតូចធំ នៃរថដែរ។ ម្នាលរាជកុមារ ទ្រង់សំគាល់ដំណើរនោះដូចម្តេច ជនទាំងឡាយណា ចូលទៅរកទ្រង់ ហើយសួរយ៉ាងនេះថា អវយវៈតូចធំនៃរថនៃ ឈ្មោះអ្វី ទ្រង់បានត្រិះរិះហេតុនេះ ទុកក្នុងចិត្ត ស្រេចតាំងពីកាលមុនថា ជនទាំងឡាយណា នឹងចូលមករកអាត្មាអញ ហើយសួរយ៉ាងនេះ ជនទាំងឡាយនោះ លុះសួរអាត្មាអញ យ៉ាងនេះហើយ អាត្មាអញ នឹងដោះស្រាយ យ៉ាងនេះឬ ឬថា ដំណើរនុ៎ះ ក៏ស្រាប់តែប្រាកដដល់ទ្រង់ ដោយញាណជាទីកើតឡើងនៃហេតុតែម្តង។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គជាអ្នកចាំបាននូវរថ ជាអ្នកឈ្លាស ក្នុងអវយវៈតូចធំនៃរថ អវយវៈតូចធំទាំងអស់របស់រថ ខ្ញុំព្រះអង្គស្គាល់ហើយ បានជាដំណើរនុ៎ះ ប្រាកដដល់ខ្ញុំព្រះអង្គ ដោយញាណ ជាទីកើតឡើងនៃហេតុតែម្តង។ ម្នាលរាជកុមារ ជនទាំងឡាយ ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី បានតាក់តែងបញ្ហាដល់អ្នក ហើយចូលមកសួរព្រះតថាគតថា ដំណើរនុ៎ះប្រាកដ ដល់ព្រះតថាគត ដោយញាណជាទីកើតឡើងនៃហេតុបាន ក៏យ៉ាងនោះដែរ ដំណើរនោះ ព្រោះហេតុដូចម្តេច ម្នាលរាជកុមារ ព្រោះថា ធម្មធាតុ (សព្វញ្ញុតញ្ញាណ) ដែលតថាគតចាក់ធ្លុះហើយ បានជាដំណើរនុ៎ះប្រាកដ ដល់តថាគត ដោយញាណជាទីកើតឡើងនៃហេតុតែម្តង។
[៩៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អភយរាជកុមារ ក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងបំភ្លឺហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ឲ្យមនុស្សមានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់ព្រះមានព្រះភាគផង ព្រះធម៌ផង ភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។
ចប់ អភយរាជកុមារសូត្រ ទី៨
(៩. ពហុវេទនីយសុត្តំ)
[៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ លំដាប់នោះ មានជាងឈើម្នាក់ ឈ្មោះ បញ្ចកង្គៈ43) ចូលទៅរកព្រះថេរៈ ឈ្មោះឧទាយីមានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះឧទាយីមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។
[៩៨] លុះជាងឈើឈ្មោះ បញ្ចកង្គៈ នោះ អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងព្រះឧទាយីមានអាយុយ៉ាងនេះថា បពិត្រព្រះឧទាយីដ៏ចំរើន វេទនាដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ មានប៉ុន្មានយ៉ាង។ ព្រះឧទាយីតបថា ម្នាលគហបតី វេទនា ដែលព្រះមានព្រះភាគ ទ្រង់សំដែង មាន៣យ៉ាង គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ម្នាលគហបតី វេទនាទាំង៣នេះឯង ព្រះមានព្រះភាគ ទ្រង់សំដែងហើយ។ បពិត្រព្រះឧទាយីដ៏ចំរើន វេទនាទាំង៣ ព្រះមានព្រះភាគ មិនទ្រង់សំដែងទេ ព្រះមានព្រះភាគ ទ្រង់សំដែងតែវេទនាពីរគឺ សុខវេទនា១ ទុក្ខវេទនា១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនានោះ ព្រះមានព្រះភាគ ទ្រង់សំដែងចំពោះសេចក្តីសុខដ៏ល្អិតឧត្តម។ ព្រះឧទាយីមានអាយុ បាននិយាយនឹងជាងឈើ ឈ្មោះបញ្ចកង្គៈ ជាគំរប់ពីរដងថា ម្នាលគហបតី ព្រះមានព្រះភាគ មិនទ្រង់សំដែងតែត្រឹមវេទនាពីរទេ វេទនាទាំង៣ គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ក៏ព្រះមានព្រះភាគ ទ្រង់សំដែងដែរ ម្នាលគហបតី វេទនាទាំង៣នេះឯង ព្រះមានព្រះភាគ ទ្រង់សំដែងហើយ។ ឯជាងឈើឈ្មោះបញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយីមានអាយុ ជាគំរប់ពីរដងថា បពិត្រព្រះឧទាយីដ៏ចំរើន វេទនាទាំង៣ ព្រះមានព្រះភាគ មិនទ្រង់សំដែងទេ ព្រះមានព្រះភាគ ទ្រង់សំដែងតែវេទនាពីរគឺ សុខវេទនា១ ទុក្ខវេទនា១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនានោះ ព្រះមានព្រះភាគ ទ្រង់សំដែងចំពោះតែសេចក្តីសុខដ៏ល្អិតឧត្តម។ ព្រះឧទាយីមានអាយុ បាននិយាយនឹងជាងឈើឈ្មោះ បញ្ចកង្គៈ ជាគំរប់បីដងទៀតថា ម្នាលគហបតី ព្រះមានព្រះភាគ មិនទ្រង់សំដែងតែត្រឹមវេទនាពីរទេ វេទនា៣ គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ក៏ព្រះមានព្រះភាគ ទ្រង់សំដែងដែរ ម្នាលគហបតី វេទនាទាំង៣នេះឯង ព្រះមានព្រះភាគ ទ្រង់សំដែងហើយ។ ជាងឈើឈ្មោះ បញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយីមានអាយុ ជាគំរប់បីដងទៀតថា បពិត្រព្រះឧទាយីដ៏ចំរើន វេទនាទាំង៣ ព្រះមានព្រះភាគ មិនបានសំដែងទេ ព្រះមានព្រះភាគ ទ្រង់សំដែងតែវេទនាពីរគឺ សុខវេទនា១ ទុក្ខវេទនា១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនានោះ ព្រះមានព្រះភាគ ទ្រង់សំដែងចំពោះតែសេចក្តីសុខដ៏ល្អិតឧត្តម។ ព្រះឧទាយីមានអាយុ មិនអាចធ្វើជាងឈើឈ្មោះបញ្ចកង្គៈ ឲ្យយល់បានឡើយ ចំណែកខាងជាងឈើ ឈ្មោះបញ្ចកង្គៈសោត ក៏មិនអាចធ្វើព្រះឧទាយីមានអាយុ ឲ្យយល់បាន។
[៩៩] ព្រះអានន្ទមានអាយុ បានឮពាក្យចរចានេះ របស់ព្រះឧទាយីមានអាយុ ជាមួយនឹងជាងឈើឈ្មោះបញ្ចកង្គៈ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលនូវពាក្យចរចា របស់ព្រះឧទាយីមានអាយុទាំងប៉ុន្មាន ដែលបានចរចាជាមួយនឹងជាងឈើឈ្មោះបញ្ចកង្គៈទាំងអស់នោះ ចំពោះព្រះមានព្រះភាគ។ កាលព្រះអានន្ទ ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់មានព្រះតម្រាស់នឹងព្រះអានន្ទមានអាយុ ដូច្នេះថា ម្នាលអានន្ទ ជាងឈើឈ្មោះបញ្ចកង្គៈ មិនអនុមោទនាចំពោះបរិយាយដ៏ល្អិត ម៉ត់ចត់ របស់ឧទាយីភិក្ខុ ចំណែកខាងឧទាយីភិក្ខុសោត ក៏មិនបានអនុមោទនា ចំពោះបរិយាយដ៏ល្អិត ម៉ត់ចត់ របស់ជាងឈើឈ្មោះបញ្ចកង្គៈដែរ ម្នាលអានន្ទ វេទនាពីរ ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា៣ ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា៤44) ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា៥45) ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា៦46) ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា១៨47) ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា៣៦48) ក៏តថាគតបានសំដែង ដោយបរិយាយ វេទនា១០៨49) ក៏តថាគតបានសំដែង ដោយបរិយាយ ម្នាលអានន្ទ ធម៌ ក៏តថាគត បានសំដែងដោយបរិយាយយ៉ាងនេះឯង ម្នាលអានន្ទ កាលបើធម៌ ដែលតថាគត សំដែងហើយ ដោយបរិយាយយ៉ាងនេះ ជនទាំងឡាយណា មិនដឹងតាម មិនយល់ព្រម មិនរីករាយ ចំពោះភាសិត និងពាក្យចរចាដ៏ពីរោះ ដល់គ្នានឹងគ្នាហើយ ការបង្កហេតុ ការឈ្លោះ ការទាស់ទែង នឹងការពោលចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ក៏ប្រាកដដល់ជនទាំងនោះ ដូច្នេះ ម្នាលអានន្ទ ធម៌ តថាគត បានសំដែងហើយ ដោយបរិយាយយ៉ាងនេះឯង ម្នាលអានន្ទ កាលបើធម៌ តថាគត សំដែងដោយបរិយាយយ៉ាងនេះហើយ ជនទាំងឡាយណា នឹងដឹងតាម យល់ព្រមតាម រីករាយតាមសុភាសិត និងពាក្យចរចាដ៏ពីរោះ ដល់គ្នានឹងគ្នាហើយ ការព្រមព្រៀងគ្នា រីករាយរាក់ទាក់រកគ្នា មិនទាស់ទែងគ្នា ដូចទឹកលាយដោយទឹកដោះស្រស់ មើលគ្នានឹងគ្នាដោយភ្នែកជាទីស្រឡាញ់ ក៏នឹងប្រាកដដល់ជនទាំងឡាយនោះ។
[១០០] ម្នាលអានន្ទ កាមគុណទាំងឡាយនេះ មាន៥យ៉ាង កាមគុណទាំងឡាយ៥ តើដូចម្តេច គឺរូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក… ក្លិនទាំងឡាយ ដែលគប្បីដឹងដោយច្រមុះ.. រសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ ម្នាលអានន្ទ កាមគុណ មាន៥យ៉ាងនេះឯង។ ម្នាលអានន្ទ សេចក្តីសុខ សោមនស្សណាមួយកើតឡើង ព្រោះអាស្រ័យកាមគុណទាំងឡាយ៥នេះ សេចក្តីសុខ សោមនស្សនេះ ហៅថា កាមសុខ។
[១០១] ម្នាលអានន្ទ បុគ្គលណាមួយ គប្បីពោលយ៉ាងនេះថា សត្វទាំងឡាយ តែងទទួលសេចក្តីសុខ និងសោមនស្ស មានកំណត់អស់ត្រឹមប៉ុណ្ណេះ ពាក្យនេះរបស់បុគ្គលនោះ តថាគត មិនបានយល់តាមទេ ការដែលមិនយល់តាមនោះ ព្រោះហេតុអ្វី ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ នៅមានទៀត។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនេះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ គឺនីវរណៈ៥ ក៏បានដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ ចាកនីវរណធម៌ ទើបសម្រេចសម្រាន្តនៅ ដោយស្រួល ម្នាលអានន្ទ នេះឯងជាសេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ បុគ្គលណាមួយ គប្បីពោលយ៉ាងនេះថា សត្វទាំងឡាយ តែងទទួលសេចក្តីសុខ និងសោមនស្ស អស់ត្រឹមប៉ុណ្ណេះ ពាក្យនេះរបស់បុគ្គលនោះ តថាគត មិនយល់តាមទេ ការមិនយល់តាមនោះ ព្រោះហេតុដូចម្តេច ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ នៅមានទៀត។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតមានប្រាកដក្នុងខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា ជាសភាពនៃចិត្តខ្ពស់ឯក ឥតមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខៈ កើតអំពីសមាធិ។បេ។ ដល់នូវតតិយជ្ឈាន… ដល់នូវចតុត្ថជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយស្រួល ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវរូបសញ្ញា ព្រោះកំចាត់បង់នូវបដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយកិរិយាធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ ម្នាលអានន្ទ នេះឯងជាសេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខជាងសេចក្តីសុខនុ៎ះ។បេ។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វត្ថុបន្តិចបន្តួចមិនមាន ដូច្នេះ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខជាងសេចក្តីសុខនុ៎ះ។បេ។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ។
[១០២] ម្នាលអានន្ទ បុគ្គលណា គប្បីពោលយ៉ាងនេះថា សត្វទាំងឡាយ តែងទទួលនូវសេចក្តីសុខ និងសោមនស្ស អស់កំណត់ត្រឹមតែប៉ុណ្ណេះ ពាក្យនេះ របស់បុគ្គលនោះ តថាគត មិនយល់តាមទេ ការមិនយល់តាមនោះ ព្រោះហេតុដូចម្តេច ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ នៅមានទៀត។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ទើបបានដល់នូវសញ្ញាវេទយិតនិរោធ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ ហេតុនេះ តែងមានប្រាកដ ត្រង់ពាក្យដែលពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ព្រះសមណគោតម ពោលអាងសញ្ញាវេទយិតនិរោធ បញ្ញត្តនូវសញ្ញាវេទយិតនិរោធនោះ ថាជាសេចក្តីសុខ អ្វីជាសញ្ញាវេទយិតនិរោធនោះ សញ្ញាវេទយិតនិរោធនោះ តើដូចម្តេច ម្នាលអានន្ទ (បើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកគប្បីពោលតបយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ មិនបានបញ្ញត្ត (នូវសញ្ញាវេទយិតនិរោធ) ថាជាសេចក្តីសុខ ព្រោះសំដៅយកសុខវេទនា (នោះ)ទេ ម្នាលអាវុសោ មួយទៀត បុគ្គលតែងបានសេចក្តីសុខ ក្នុងទីណាៗ ព្រះតថាគត ក៏បញ្ញត្តនូវសញ្ញាវេទយិតនិរោធ ថាជាសេចក្តីសុខ ត្រង់ទីនោះៗ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសុភាសិតនោះចប់ហើយ ព្រះអានន្ទមានអាយុ ក៏ពេញចិត្ត ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ពហុវេទនីយសូត្រ ទី៩។
(១០. អបណ្ណកសុត្តំ)
[១០៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល មួយអន្លើដោយភិក្ខុសង្ឃច្រើន ក៏បានដល់ព្រាហ្មណគ្រាម ឈ្មោះសាលា របស់ពួកអ្នកកោសល។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលា ក៏និយាយគ្នាថា ម្នាលគ្នាយើង ឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល មួយអន្លើដោយភិក្ខុសង្ឃដ៏ច្រើន បានដល់សាលាគ្រាមហើយ។ កិត្តិសព្ទដ៏ល្អ នៃព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មានបាន ទ្រង់ជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹង នូវអរិយសច្ចធម៌ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ទ្រង់បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សំដែងធម៌ មានលំអបទដើម បទកណ្តាល និងបទចុង ទ្រង់ប្រកាស នូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ការដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពដូច្នោះ ជាការប្រពៃណាស់។ លំដាប់នោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលា ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ អ្នកខ្លះ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ អ្នកខ្លះ ក៏ពោលពាក្យសំណេះសំណាលរាក់ទាក់ ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យជាទីរីករាយ និងពាក្យជាទីរលឹកហើយ អង្គុយក្នុងទីសមគួរ អ្នកខ្លះ ក៏អង្គុយក្នុងទីសមគួរ ប្រណម្យអញ្ជលី ឆ្ពោះទៅព្រះមានព្រះភាគ អ្នកខ្លះ ក៏អង្គុយក្នុងទីសមគួរ ប្រកាសនាម និងគោត្រឲ្យឮ ក្នុងសំណាក់ព្រះមានព្រះភាគ អ្នកខ្លះ ក៏អង្គុយនៅស្ងៀមក្នុងទីសមគួរ។
[១០៤] លុះសាលេយ្យកព្រាហ្មណគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតីទាំងឡាយ ចុះអ្នកទាំងឡាយ មានគ្រូណាមួយ ជាទីគាប់ចិត្ត ល្មមឲ្យអ្នកទាំងឡាយ មានសទ្ធាប្រកបដោយហេតុដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយ មិនមានគ្រូណាមួយ ជាទីគាប់ចិត្ត ល្មមឲ្យយើងខ្ញុំទាំងឡាយ មានសទ្ធាប្រកបដោយហេតុទេ។ ម្នាលគហបតីទាំងឡាយ កាលបើអ្នកទាំងឡាយ មិនបានគ្រូជាទីគាប់ចិត្តហើយ ត្រូវប្រព្រឹត្តសមាទាន នូវអបណ្ណកធម៌នេះវិញ ម្នាលគហបតីទាំងឡាយ ព្រោះថា អបណ្ណកធម៌ ដែលអ្នកទាំងឡាយ បានធ្វើឲ្យបរិបូណ៌ បានសមាទានហើយ ជាធម៌ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ អស់កាលជាយូរអង្វែង។ ម្នាលគហបតីទាំងឡាយ អបណ្ណកធម៌ តើដូចម្តេច។
[១០៥] ម្នាលគហបតីទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មិនមាន លោកនេះមិនមាន បរលោកមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ សត្វទាំងឡាយ ជាឱបបាតិកៈ មិនមាន ពួកសមណព្រាហ្មណ៍ ជាអ្នកព្រមព្រៀងប្រតិបត្តិត្រឹមត្រូវ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញារបស់ខ្លួន នូវលោកនេះ និងបរលោកហើយ ប្រកាសបាន ក្នុងលោកនេះមិនមាន ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ មានសមណព្រាហ្មណ៍ពួកមួយ មានវាទៈជាសឹកសត្រូវដោយត្រង់ (ខុសទីទៃពីគ្នា) ពោលទៅរកសមណព្រាហ្មណ៍ទាំងនោះវិញថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល ការបូជាតូច មានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មាន លោកនេះមាន បរលោកមាន មាតាមានគុណ បិតាមានគុណ សត្វទាំងឡាយ ជាឱបបាតិកៈមាន ពួកសមណព្រាហ្មណ៍ ជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិត្រឹមត្រូវ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញារបស់ខ្លួន នូវលោកនេះ និងបរលោកហើយ ប្រកាសបាន ក្នុងលោកនេះមាន។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះដូចម្តេច ក្រែងសមណព្រាហ្មណ៍ទាំងឡាយនេះ ពោលពាក្យជាសឹកសត្រូវដោយត្រង់ ទៅរកគ្នានឹងគ្នា មែនឬ។ ព្រះករុណាព្រះអង្គ។
[១០៦] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំមិនមានផល ការបូជាតូច មិនមានផល។បេ។ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួនឯង នូវលោកនេះ និងបរលោកហើយ ប្រកាសបាន ក៏មិនមាន ហេតុនោះ ក៏ប្រាកដដល់សមណព្រាហ្មណ៍ទាំងនោះ (សមណព្រាហ្មណ៍ទាំងនោះ) ក៏លះបង់នូវកុសលធម៌ទាំង៣នេះគឺ កាយសុចរិត វចីសុចរិត មនោសុចរិត ហើយសមាទាន ប្រព្រឹត្តអកុសលធម៌ទាំង៣នេះគឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតវិញ ការប្រព្រឹត្តិនោះ ព្រោះហេតុដូចម្តេច ព្រោះថា ពួកសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនឃើញទោស នៃអកុសលធម៌ទាំងឡាយ ដ៏លាមក ដ៏សៅហ្មង ព្រមទាំងមិនឃើញអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែកនៃសេចក្តីផូរផង់ ក្នុងកិរិយាចេញចាកកាម។ បុគ្គលមានសេចក្តីយល់ឃើញបរលោក ដែលមានប្រាកដមែនថា បរលោកមិនមានវិញ សេចក្តីយល់ឃើញរបស់អ្នកនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ បុគ្គលត្រិះរិះ នូវបរលោក ដែលមានប្រាកដមែនថា បរលោកមិនមានទៅវិញ សេចក្តីត្រិះរិះ របស់បុគ្គលនោះ ឈ្មោះថាមិច្ឆាសង្កប្បៈ។ បុគ្គលពោលវាចា ចំពោះបរលោក ដែលមានពិតប្រាកដមែនថា បរលោកមិនមានទៅវិញ វាចារបស់បុគ្គលនោះ ឈ្មោះថា មិច្ឆាវាចា។ បុគ្គលពោលបរលោក ដែលបរលោក ដែលមានពិតមែនថា បរលោកមិនមានវិញ បុគ្គលនោះ ឈ្មោះថា ធ្វើសឹកសត្រូវ ចំពោះព្រះអរហន្តទាំងឡាយ ជាអ្នកជ្រាបច្បាស់ នូវបរលោក។ បុគ្គលណា ពន្យល់អ្នកដទៃ ឲ្យយល់បរលោក ដែលមានពិតមែនថា បរលោក មិនមានវិញ ការពន្យល់នោះ របស់បុគ្គលនោះ ឈ្មោះថា អសទ្ធម្មសញ្ញត្តិ គឺពន្យល់ខុសចាកព្រះសទ្ធម្ម ហើយលើកតំកើងខ្លួនឯង បង្អាប់បុគ្គលដទៃ ដោយអសទ្ធម្មសញ្ញត្តិនោះ។ មួយវិញទៀត បុគ្គលលះបង់នូវភាវៈ ជាអ្នកមានសីលល្អ ក្នុងកាលមុន ហើយតាំងទុកនូវភាវៈ ជាអ្នកទ្រុស្តសីលវិញ នេះឈ្មោះថា មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា ជាសឹកសត្រូវ នឹងព្រះអរិយៈទាំងឡាយ ជាអសទ្ធម្មសញ្ញត្តិ ហៅថា លើកតំកើងខ្លួនឯង បង្អាប់បុគ្គលដទៃ។ ធម៌ជាអកុសល ដ៏លាមក មានច្រើនទាំងអម្បាលនេះ កើតឡើងព្រម ព្រោះមានមិច្ឆាទិដ្ឋិជាបច្ច័យយ៉ាងនេះ។
[១០៧] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរស តែងពិចារណាឃើញក្នុងលទ្ធិ របស់ពួកសមណព្រាហ្មណ៍នោះ ដូច្នេះថា បើបរលោកមិនមានទេ បុរសបុគ្គលដ៏ចំរើននេះ បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងធ្វើខ្លួនឲ្យសួស្តីបានយ៉ាងនេះ បើបរលោកមានមែន បុរសបុគ្គលដ៏ចំរើននេះ បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ មុខជានឹងទៅកើត ក្នុងកំណើត តិរច្ឆាន ប្រេត អសុរកាយ នរក យ៉ាងនេះមិនខាន។ បើបរលោក មិនមានដោយពិត ពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឈ្មោះថា ជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ លោកតិះដៀល ក្នុងបច្ចុប្បន្ននេះថា បុរសបុគ្គល ដ៏ចំរើននេះ ជាអ្នកទ្រុស្តសីល ជាមិច្ឆាទិដ្ឋិ ជានត្ថិកវាទ។ បើបរលោកមានពិតមែន បុរសបុគ្គលដ៏ចំរើននេះ ទទួលចាញ់ ក្នុងចំណែកទាំងពីរ គឺអ្នកប្រាជ្ញទាំងឡាយ តិះដៀល ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ នឹងទៅកើត ក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ អបណ្ណកធម៌ ដែលបុគ្គលធ្វើមិនពេញលេញ សមាទានមិនល្អហើយ រមែងផ្សាយទៅតាមវាទៈ របស់ខ្លួនដោយចំណែកមួយ ហើយវៀរបង់ នូវហេតុជាទីតាំង នៃកុសលយ៉ាងនេះ។
[១០៨] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មានផល។បេ។ សមណព្រាហ្មណ៍ទាំងឡាយណា បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួន នូវលោកនេះ និងបរលោកហើយ ប្រកាសបាន ក៏មាន ហេតុនោះ ក៏ប្រាកដដល់សមណព្រាហ្មណ៍ទាំងនោះ (សមណព្រាហ្មណ៍ទាំងនោះ) បានលះបង់ អកុសលធម៌ ទាំង៣នេះគឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ហើយនឹងសមាទាន ប្រព្រឹត្តនូវកុសលធម៌ទាំង៣គឺ កាយសុចរិត វចីសុចរិត មនោសុចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើននោះ បានឃើញទោស នៃអកុសលធម៌ទាំងឡាយ ដ៏ថោកទាប សៅហ្មង ឃើញនូវអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែក នៃសេចក្តីផូរផង់ ក្នុងកិរិយាចេញចាកកាម។ បរលោក មានពិតមែន បុគ្គលនោះ មានសេចក្តីយល់ឃើញថា បរលោកមានមែន សេចក្តីយល់ច្បាស់ របស់អ្នកនោះ ឈ្មោះថា សម្មាទិដ្ឋិ។ បុគ្គលត្រិះរិះនូវបរលោក ដែលមានពិតមែនថា បរលោកមានមែន សេចក្តីត្រិះរិះ របស់បុគ្គលនោះ ឈ្មោះថា សម្មាសង្កប្បៈ។ បុគ្គលពោលវាចា ចំពោះបរលោក ដែលមានពិតមែនថា បរលោកមានមែន វាចារបស់បុគ្គលនោះ ឈ្មោះថា សម្មាវាចា។ បុគ្គលពោលនូវបរលោក ដែលមានពិតមែនថា បរលោកមានមែន បុគ្គលនោះ ឈ្មោះថាធ្វើ មិនធ្វើនូវសឹកសត្រូវ ដល់ព្រះអរហន្ត ដែលជ្រាបច្បាស់ នូវបរលោកទាំងនោះឡើយ។ បុគ្គលពន្យល់អ្នកដទៃ ឲ្យយល់ នូវបរលោក ដែលមានពិតមែនថា បរលោកមានមែន សេចក្តីពន្យល់ របស់បុគ្គលនោះ ឈ្មោះថាជា សទ្ធម្មសញ្ញត្តិ គឺពន្យល់តាមព្រះសទ្ធម្ម ហើយក៏មិនលើកតំកើងខ្លួនឯង មិនបង្អាប់បុគ្គលដទៃ ដោយសទ្ធម្មសញ្ញត្តិនោះឡើយ។ មួយវិញទៀត បុគ្គលលះបង់នូវភាវៈ ជាអ្នកទ្រុស្តសីល អំពីកាលមុនពិត ហើយតាំងទុកនូវភាវៈ ជាអ្នកមានសីលល្អ នេះឈ្មោះថា សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា មិនជាសឹកសត្រូវ ចំពោះព្រះអរិយៈទាំងឡាយ ជាអ្នកពន្យល់តាមព្រះសទ្ធម្ម ហៅថា មិនលើកតំកើងខ្លួនឯង មិនបង្អាប់បុគ្គលដទៃ។ កុសលធម៌ មានច្រើនទាំងអម្បាលនេះ តែងកើតឡើងព្រម ព្រោះមានសម្មាទិដ្ឋិ ជាបច្ច័យយ៉ាងនេះ។
[១០៩] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរស តែងពិចារណាឃើញ ក្នុងលទ្ធិ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បើបរលោកមានមែន បុរសបុគ្គលដ៏ចំរើននេះ បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ មុខជានឹងទៅកាន់សុគតិសួគ៌ ទេវលោក យ៉ាងនេះ។ បើបរលោក មិនមានដោយពិតទេ ពាក្យរបស់សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ឈ្មោះថា ជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ សរសើរ ក្នុងបច្ចុប្បន្ននេះថា បុរសបុគ្គលដ៏ចំរើននេះ ជាអ្នកមានសីល ជាសម្មាទិដ្ឋិ ជាអត្ថិកវាទ។ បើបរលោកមានមែន បុរសបុគ្គលដ៏ចំរើននេះ ទទួលយកជ័យជំនះ ក្នុងចំណែកទាំងពីរ គឺអ្នកប្រាជ្ញទាំងឡាយសរសើរ ក្នុងបច្ចុប្បន្ននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងទៅកាន់សុគតិសួគ៌ ទេវលោក។ អបណ្ណកធម៌នេះ ដែលបុគ្គលធ្វើឲ្យពេញលេញ សមាទានល្អហើយ ក៏ផ្សាយទៅតាមវាទៈ របស់ខ្លួន ដោយចំណែកទាំងពីរ ហើយវៀរបង់ នូវហេតុជាទីតាំង នៃអកុសលបាន។
[១១០] ម្នាលគហបតីទាំងឡាយ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ កាត់ (អវយវៈគេ) ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃឲ្យបៀតបៀន ធ្វើគេឲ្យសោកសៅ ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យសោកសៅ ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យលំបាក ធ្វើគេឲ្យញាប់ញ័រ ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យញាប់ញ័រ សំឡាប់សត្វ ឬប្រើអ្នកដទៃឲ្យសំឡាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ឬប្រើអ្នកដទៃឲ្យកាន់យក កាត់ទី តផ្ទះ ឬប្រើអ្នកដទៃឲ្យកាត់ ប្លន់ពួកអ្នកស្រុក ឬប្រើអ្នកដទៃឲ្យប្លន់ ប្លន់យកទ្រព្យផ្ទះមួយ ឬប្រើអ្នកដទៃឲ្យប្លន់ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ ឬប្រើអ្នកដទៃ ឲ្យឈរចាំដណ្តើម លួចភរិយាបុគ្គលដទៃ ឬប្រើអ្នកដទៃឲ្យលួច ពោលពាក្យកុហក ឬប្រើអ្នកដទៃ [ពីត្រឹមពាក្យថា កាន់យកទ្រព្យ ដែលគេមិនបានឲ្យ រៀងមកដល់ពាក្យនេះ ប្រែសេចក្តីបន្ថែមសេចក្តីខ្លះតាមអដ្ឋកថា។] ឲ្យកុហក (បុគ្គលនោះ) ឈ្មោះថា មិនធ្វើបាបទេ ទុកជាបុគ្គលណា ធ្វើសត្វទាំងឡាយ លើផែនដីនេះ ដោយគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិតកោរ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ បាបមានអំពើនោះជាហេតុ នៃបុគ្គល (នោះ) មិនមានទេ អំពើបាប ក៏មិនមកឲ្យផល ដល់បុគ្គលនោះទេ ទុកជាបុគ្គលឆ្លងទៅ កាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសំលាប់សត្វ ឬប្រើអ្នកដទៃឲ្យសំលាប់ កាត់អវយវៈគេ ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃឲ្យបៀតបៀន បាបមានអំពើនោះជាហេតុ នៃបុគ្គលនោះមិនមាន (ឡើយ) អំពើបាប ក៏មិនមកឲ្យផល ដល់បុគ្គលនោះទេ ទុកជាបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទាន ឬប្រើអ្នកដទៃឲ្យឲ្យ បូជា ឬប្រើអ្នកដទៃឲ្យបូជា បុណ្យ មានអំពើនោះជាហេតុ នៃបុគ្គលនោះ មិនមានទេ អំពើបុណ្យ មិនមកឲ្យផល ដល់បុគ្គលនោះឡើយ បុណ្យមិនមាន ដោយការឲ្យទាន ដោយការទូន្មាននូវឥន្ទ្រិយ ដោយការសង្រួមកាយវាចា ដោយពោលពាក្យសច្ចៈទេ បុណ្យមិនមានមកដល់បុគ្គលនោះទេ។ ម្នាលគហបតីទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ មានវាទៈជាសឹកសត្រូវ ដោយត្រង់ ទៅរកសមណព្រាហ្មណ៍ទាំងនោះហើយ ពោលយ៉ាងនេះថា បុគ្គលធ្វើបាប ឬប្រើអ្នកដទៃឲ្យធ្វើ កាត់អវយវៈគេ ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃឲ្យបៀតបៀន ធ្វើគេឲ្យសោកសៅ ឬប្រើអ្នកដទៃ ឲ្យធ្វើគេឲ្យសោកសៅ ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យលំបាក ធ្វើគេឲ្យញាប់ញ័រ ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យញាប់ញ័រ សំឡាប់សត្វ ឬប្រើអ្នកដទៃឲ្យសំលាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ឬប្រើអ្នកដទៃឲ្យកាន់យក កាត់ទី តផ្ទះ ឬប្រើអ្នកដទៃឲ្យកាត់ ប្លន់ពួកអ្នកស្រុក ឬប្រើអ្នកដទៃឲ្យប្លន់ ប្លន់យកទ្រព្យតែផ្ទះមួយ ឬប្រើអ្នកដទៃឲ្យប្លន់ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ ឬប្រើអ្នកដទៃឲ្យឈរចាំដណ្តើម លួចភរិយាបុគ្គលដទៃ ឬប្រើអ្នកដទៃឲ្យលួច ពោលពាក្យកុហក ឬប្រើអ្នកដទៃឲ្យកុហក (បុគ្គលនោះ) ឈ្មោះថា ធ្វើបាប ទុកជាបុគ្គលណា ធ្វើសត្វទាំងឡាយ លើផែនដីនេះ ដោយគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិតកោរ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ បាប ដែលមានអំពើនោះ ជាហេតុ តែងមាន បាបនៃបុគ្គល (នោះ) មាន ទុកជាបុគ្គលឆ្លងទៅ កាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសំលាប់សត្វ ឬប្រើអ្នកដទៃឲ្យសំលាប់ កាត់អវយវៈគេ ឬប្រើគេឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃឲ្យបៀតបៀន បាបមានអំពើនោះជាហេតុ តែងមាន បាននៃបុគ្គលនោះ មាន ចំណែកបុគ្គលឆ្លងទៅកាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទាន ឬប្រើអ្នកដទៃឲ្យឲ្យ បូជា ឬប្រើអ្នកដទៃឲ្យបូជា បុណ្យ មានអំពើនោះជាហេតុ តែងមាន បុណ្យ នៃបុគ្គលនោះ មាន បុណ្យ មាន ដោយការឲ្យទាន ដោយការទូន្មាននូវឥន្ទ្រិយ ដោយការសង្រួមកាយវាចា ដោយពោលពាក្យសច្ចៈ បុណ្យនៃបុគ្គល (នោះ) តែងមាន។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច សមណព្រាហ្មណ៍ទាំងនេះ មានវាទៈជាសឹកសត្រូវ ដោយត្រង់ទៅរកគ្នានឹងគ្នា មិនមែនឬ។ ព្រះករុណាព្រះអង្គ។
[១១១] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើបាប ឬប្រើអ្នកដទៃឲ្យធ្វើ កាត់អវយវៈគេ ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃឲ្យបៀតបៀន ធ្វើគេឲ្យសោកសៅ ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យសោកសៅ ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យលំបាក ធ្វើគេឲ្យញាប់ញ័រ ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យញាប់ញ័រ សំឡាប់សត្វ ឬប្រើអ្នកដទៃឲ្យសំឡាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ឬប្រើឲ្យគេកាន់យក កាត់ទី តផ្ទះ ឬប្រើអ្នកដទៃឲ្យកាត់ ប្លន់ពួកអ្នកស្រុក ឬប្រើអ្នកដទៃឲ្យប្លន់ ប្លន់យកទ្រព្យតែផ្ទះមួយ ឬប្រើអ្នកដទៃឲ្យប្លន់ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ ឬប្រើអ្នកដទៃឲ្យឈរចាំដណ្តើម លួចប្រពន្ធបុគ្គលដទៃ ឬប្រើអ្នកដទៃឲ្យលួច ពោលពាក្យកុហក ឬប្រើអ្នកដទៃឲ្យពោលពាក្យកុហក បុគ្គលអ្នកធ្វើនោះ ឈ្មោះថាមិនធ្វើបាប ទុកជាបុគ្គលណា ធ្វើសត្វទាំងឡាយ លើផែនដីនេះ ដោយគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិតកោរ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ បាបមានអំពើនោះជាហេតុ តែងមិនមាន បាបមិនមកឲ្យផលឡើយ ទុកជាបុគ្គលឆ្លងទៅ កាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសំលាប់សត្វ ឬប្រើអ្នកដទៃឲ្យសំលាប់។បេ។ បុណ្យមិនមាន ដោយការឲ្យទាន ដោយការទូន្មានឥន្ទ្រិយ ដោយការសង្រួមកាយវាចា ដោយពោលពាក្យសច្ចៈទេ បុណ្យមិនមកឲ្យផលឡើយ។ ហេតុនេះមានប្រាកដ ដល់សមណព្រាហ្មណ៍ទាំងនោះ គឺ (សមណព្រាហ្មណ៍ទាំងនោះ) លះបង់នូវកុសលធម៌៣នេះគឺ កាយសុចរិត វចីសុចរិត មនោសុចរិត ហើយសមាទានប្រព្រឹត្តនូវអកុសលធម៌៣នេះ គឺកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើននោះ មិនឃើញនូវទោសរបស់អកុសលធម៌ទាំងឡាយ ដ៏លាមក សៅហ្មង មិនឃើញអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែកនៃសេចក្តីផូរផង់ ក្នុងកិរិយាចេញចាកកាម។ សេចក្តីយល់ឃើញអំពើ ដែលមានពិតមែន របស់បុគ្គលនោះថា អំពើ មិនមានដូច្នេះ សេចក្តីយល់ឃើញរបស់បុគ្គលនោះ ឈ្មោះថាមិច្ឆាទិដ្ឋិ។ មួយទៀត បុគ្គលត្រិះរិះ នូវអំពើ ដែលមានពិតមែនថា អំពើមិនមាន ដូច្នេះ សេចក្តីត្រិះរិះរបស់បុគ្គលនោះ ឈ្មោះថា មិច្ឆាសង្កប្បៈ។ មួយទៀត បុគ្គលណា ពោលវាចា ចំពោះអំពើ ដែលមានមែនពិតថា អំពើមិនមានវិញ វាចារបស់បុគ្គលនោះ ឈ្មោះថា មិច្ឆាវាចា។ មួយទៀត បុគ្គលណា ពោលនូវអំពើ ដែលមានមែនពិតថា អំពើមិនមានវិញ បុគ្គលនេះ ឈ្មោះថា ធ្វើសឹកសត្រូវ ចំពោះព្រះអរហន្ត ដែលជាកិរិយវាទ។ មួយវិញទៀត បុគ្គលពន្យល់អ្នកដទៃឲ្យយល់ នូវអំពើដែលមានពិតថា អំពើមិនមានវិញ សេចក្តីពន្យល់របស់បុគ្គលនោះ ឈ្មោះថា អសទ្ធម្មសញ្ញត្តិ ឯបុគ្គលនោះ ឈ្មោះថា លើកតំកើងខ្លួនឯង បង្អាប់បុគ្គលដទៃ ដោយសារ អសទ្ធម្មសញ្ញត្តិនោះ។ ព្រោះហេតុនោះ បុគ្គលនោះលះបង់នូវភាវៈ នៃសីលល្អ ក្នុងកាលមុនចោល ហើយតាំងទុកនូវភាវៈ ជាអ្នកទ្រុស្តសីលវិញ នេះឈ្មោះថា មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា ជាសឹកសត្រូវ នឹងព្រះអរិយៈទាំងឡាយ ជាអសទ្ធម្មសញ្ញត្តិ ឈ្មោះថា លើកតំកើងខ្លួនឯង បន្តុះបង្អាប់បុគ្គលដទៃ។ អកុសលធម៌ទាំងឡាយ ដ៏លាមក ច្រើនប្រការទាំងនេះ តែងកើតឡើងព្រម ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ យ៉ាងនេះឯង។
[១១២] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរសតែងពិចារណាឃើញក្នុងលទ្ធិ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បើអំពើមិនមានទេ កាលបើយ៉ាងនេះ បុរសបុគ្គលដ៏ចំរើននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងធ្វើខ្លួនឲ្យសួស្តីបាន។ តែបើអំពើមានពិតមែន បុរសបុគ្គលដ៏ចំរើននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅហើយ នឹងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក មិនលែងឡើយ។ បើអំពើមិនមានដោយពិត ពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឈ្មោះថា ជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ គប្បីតិះដៀល ក្នុងបច្ចុប្បន្ននេះថា បុរសបុគ្គលនេះ ជាអ្នកទ្រុស្តសីល ជាមិច្ឆាទិដ្ឋិ ជាអកិរិយវាទ។ ប្រសិនណាបើអំពើមានមែនពិត បុរសបុគ្គលដ៏ចំរើននេះ ទទួលចាញ់ ក្នុងចំណែកទាំងពីរ គឺអ្នកប្រាជ្ញទាំងឡាយ តិះដៀល ក្នុងបច្ចុប្បន្ននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងទៅកើតក្នុងកំណើត តិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន។ អបណ្ណកធម៌ នេះ ដែលបុគ្គលនោះ ធ្វើមិនពេញលេញ សមាទានមិនល្អហើយ រមែងផ្សាយទៅតាមវាទៈ របស់ខ្លួនដោយចំណែកមួយ វៀរបង់នូវហេតុជាទីតាំងនៃកុសល យ៉ាងនេះឯង។
[១១៣] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើបាប ឬប្រើគេឲ្យធ្វើ កាត់អវយវៈគេ ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃឲ្យបៀតបៀន ធ្វើគេឲ្យសោកសៅ ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យសោកសៅ ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យលំបាក ធ្វើគេឲ្យញាប់ញ័រ ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យញាប់ញ័រ សំឡាប់សត្វខ្លួនឯង ឬប្រើអ្នកដទៃឲ្យសំឡាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ឬប្រើ ឲ្យគេកាន់យក កាត់ទី តផ្ទះ ឬប្រើអ្នកដទៃឲ្យកាត់ ប្លន់ពួកអ្នកស្រុក ឬប្រើអ្នកដទៃឲ្យប្លន់ ប្លន់យកទ្រព្យតែផ្ទះមួយ ឬប្រើគេឲ្យប្លន់ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ ឬប្រើអ្នកដទៃឲ្យឈរចាំដណ្តើម លួចភរិយាបុគ្គលដទៃ ឬប្រើអ្នកដទៃឲ្យលួច ពោលពាក្យកុហក ឬប្រើអ្នកដទៃឲ្យកុហក បុគ្គលអ្នកធ្វើនោះ ឈ្មោះថាធ្វើបាប ទោះបីបុគ្គលណា ធ្វើសត្វលើផែនដីនេះ ដោយគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិតកោរ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ បាបមានអំពើនោះជាហេតុ តែងមាន បាបនឹងមកឲ្យផល ទុកជាបុគ្គលនោះឆ្លងទៅ កាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសំលាប់សត្វ ឬប្រើអ្នកដទៃឲ្យសំលាប់ កាត់អវយវៈគេ ឬប្រើគេឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃឲ្យបៀតបៀន បាបមានអំពើនោះជាហេតុ តែងមាន បាបនឹងមកឲ្យផល ចំណែកបុគ្គលឆ្លងទៅ កាន់ត្រើយទន្លេគង្គាខាងជើង ហើយឲ្យទាន ឬប្រើអ្នកដទៃឲ្យឲ្យ បូជា ឬប្រើអ្នកដទៃឲ្យបូជា បុណ្យ មានអំពើនោះជាហេតុ តែងមាន បុណ្យនឹងមកឲ្យផល បុណ្យ មានដោយការឲ្យទាន ដោយការទូន្មានឥន្ទ្រិយ ដោយការសង្រួមកាយវាចា ដោយការពោលពាក្យសច្ចៈ បុណ្យ នឹងមកឲ្យផល។ ហេតុនោះមានប្រាកដ ដល់សមណព្រាហ្មណ៍ទាំងនោះ គឺ (សមណព្រាហ្មណ៍ទាំងនោះ) លះបង់នូវអកុសលធម៌ ទាំង៣នេះ គឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ហើយសមាទាន ប្រព្រឹត្តនូវកុសលធម៌ ទាំង៣នេះ គឺកាយសុចរិត វចីសុចរិត មនោសុចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឃើញទោស របស់អកុសលធម៌ទាំងឡាយ ដ៏លាមក សៅហ្មង ឃើញអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែក នៃសេចក្តីផូរផង់ ក្នុងកិរិយាចេញចាកកាម។ មួយទៀត បុគ្គលមានសេចក្តីយល់ឃើញ នូវអំពើ ដែលមានពិតមែនថា អំពើ មានពិតមែន សេចក្តីយល់ឃើញ របស់បុគ្គលនោះ ឈ្មោះថា សម្មាទិដ្ឋិ។ មួយទៀត បុគ្គលណាត្រិះរិះ នូវអំពើ ដែលមានពិតមែនថា អំពើមានពិតមែន សេចក្តីត្រិះរិះ របស់បុគ្គលនោះ ឈ្មោះថា សម្មាសង្កប្បៈ។ មួយទៀត បុគ្គលណា ពោលវាចា ចំពោះអំពើ ដែលមានពិតមែនថា អំពើមានពិតមែន វាចារបស់បុគ្គលនោះ ឈ្មោះថា សម្មាវាចា។ មួយវិញទៀត បុគ្គលណាពោលនូវអំពើ ដែលមានពិតមែនថា អំពើមានពិតមែន បុគ្គលនេះ ឈ្មោះថា មិនធ្វើសឹកសត្រូវ ចំពោះព្រះអរហន្ត ដែលជាកិរិយវាទឡើយ។ មួយវិញទៀត បុគ្គល ពន្យល់អ្នកដទៃឲ្យយល់ នូវអំពើដែលមានពិតមែនថា អំពើមានពិតមែន សេចក្តីពន្យល់របស់បុគ្គលនោះ ឈ្មោះថា សទ្ធម្មសញ្ញត្តិ ឯបុគ្គលនោះ ឈ្មោះថា មិនលើកតំកើងខ្លួនឯង មិនបង្អាប់បុគ្គលដទៃ ដោយសារ សទ្ធម្មសញ្ញត្តិនោះ។ ព្រោះហេតុនោះ បុគ្គលនោះ លះបង់នូវភាវៈ ទ្រុស្តសីល ក្នុងកាលមុនចោល ហើយតាំងទុក នូវភាវៈ ជាអ្នកមានសីលល្អ នេះឈ្មោះថា សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា មិនជាសឹកសត្រូវ នឹងព្រះអរិយៈទាំងឡាយ ជាសទ្ធម្មសញ្ញត្តិ ឈ្មោះថា មិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ។ កុសលធម៌ទាំងឡាយ មានច្រើនប្រការទាំងនេះ តែងកើតឡើងព្រម ព្រោះសម្មាទិដ្ឋិជាបច្ច័យ យ៉ាងនេះ។
[១១៤] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរសតែងពិចារណាឃើញក្នុងលទ្ធិ របស់សមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បើអំពើមានពិតមែន បុរសបុគ្គលដ៏ចំរើននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងទៅកាន់សុគតិសួគ៌ ទេវលោក យ៉ាងនេះ។ បើអំពើមិនមានដោយពិតទេ ពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឈ្មោះថា ជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ សរសើរក្នុងបច្ចុប្បន្ននេះថា បុរសបុគ្គលនេះ ជាអ្នកមានសីល ជាសម្មាទិដ្ឋិ ជាកិរិយវាទ។ បើអំពើមានពិតមែន បុរសបុគ្គលដ៏ចំរើននេះ ទទួលយកជ័យជំនះ ក្នុងចំណែកទាំងពីរ គឺអ្នកប្រាជ្ញទាំងឡាយសរសើរ ក្នុងបច្ចុប្បន្ននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងបានទៅកាន់សុគតិសួគ៌ទេវលោក។ អបណ្ណកធម៌ ដែលបុគ្គល ធ្វើឲ្យពេញលេញ សមាទានល្អហើយ ក៏ផ្សាយទៅតាមវាទៈ របស់ខ្លួនដោយចំណែកទាំងពីរ វៀរបង់នូវហេតុជាទីតាំង នៃអកុសល យ៉ាងនេះ។
[១១៥] ម្នាលគហបតីទាំងឡាយ មានសមណព្រាហ្មណ៍ទាំងឡាយពួក១ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ហេតុបច្ច័យនាំឲ្យសត្វទាំងឡាយសៅហ្មង មិនមានឡើយ សត្វទាំងឡាយ រមែងសៅហ្មង ដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យ នាំឲ្យសត្វទាំងឡាយបរិសុទ្ធ មិនមានឡើយ សត្វទាំងឡាយ តែងបរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ កំឡាំងមិនមាន សេចក្តីព្យាយាមមិនមាន កំឡាំងរបស់បុរស ក៏មិនមាន សេចក្តីសង្វាត របស់បុរស ក៏មិនមាន ពួកសត្វទាំងអស់ (មានសត្វឱដ្ឋ គោ ជាដើម) បាណៈ50) ទាំងអស់ ភូតទាំងអស់ (មានសត្វកើតក្នុងស្រោមស៊ុតជាដើម) ជីវៈ គឺធញ្ញជាតិ ជាដើមទាំងអស់ ឥតមានអំណាច ឥតមានកំឡាំង ឥតមានព្យាយាម មានតែសេចក្តីប្រែប្រួល ដោយនិយតិ51) សង្គតិ52) និងភាវៈ53) តាំងនៅក្នុងអភិជាតិ ទាំង៦ ទទួលសុខ និងទុក្ខ ម្នាលគហបតីទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ មានវាទៈជាសឹកសត្រូវ ដោយត្រង់ ទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយពោលពាក្យ យ៉ាងនេះថា ហេតុបច្ច័យ នាំឲ្យសត្វទាំងឡាយសៅហ្មង មានមែន សត្វទាំងឡាយ តែងសៅហ្មង ដោយមានហេតុ មានបច្ច័យ ហេតុបច្ច័យ នាំឲ្យសត្វទាំងឡាយបរិសុទ្ធ មានមែន សត្វទាំងឡាយ តែងបរិសុទ្ធ ដោយមានហេតុ មានបច្ច័យ កំឡាំងក៏មាន ព្យាយាមក៏មាន កំឡាំង របស់បុរស ក៏មាន សេចក្តីសង្វាត របស់បុរស ក៏មាន ពួកសត្វទាំងអស់ បាណៈទាំងអស់ ភូតទាំងអស់ ជីវៈទាំងអស់ មានអំណាច មានកំឡាំង មានព្យាយាម មានសេចក្តីប្រែប្រួល ដោយនិយតិ សង្គតិ និងភាវៈ តាំងនៅក្នុង អភិជាតិ ទាំង៦ ទើបទទួលសុខ និងទុក្ខបាន។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុនោះ ដូចម្តេច ក្រែងសមណព្រាហ្មណ៍ទាំងនេះ មានវាទៈ ជាសឹកសត្រូវ ដោយត្រង់ ដល់គ្នានឹងគ្នា មិនមែនឬ។ ព្រះករុណាព្រះអង្គ។
[១១៦] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ហេតុបច្ច័យ នាំឲ្យសត្វទាំងឡាយសៅហ្មង មិនមានឡើយ សត្វទាំងឡាយ នឹងសៅហ្មង ដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យ នាំឲ្យសត្វទាំងឡាយបរិសុទ្ធ មិនមាន សត្វទាំងឡាយ បរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ កំឡាំងមិនមាន សេចក្តីព្យាយាមមិនមាន កំឡាំងរបស់បុរសមិនមាន សេចក្តីសង្វាត នៃបុរសមិនមាន សត្វទាំងអស់ បាណៈទាំងអស់ ភូតទាំងអស់ ជីវៈទាំងអស់ ឥតមានអំណាច ឥតមានកំឡាំង ឥតមានព្យាយាម មានតែសេចក្តីប្រែប្រួល ដោយនិយតិ សង្គតិ និងភាវៈ តាំងនៅក្នុងអភិជាតិទាំង៦ ទើបទទួលសុខ និងទុក្ខបាន ហេតុនេះ ក៏ប្រាកដ ដល់សមណព្រាហ្មណ៍ទាំងនោះ (សមណព្រាហ្មណ៍ទាំងនោះ) លះបង់កុសលធម៌ ៣នេះគឺ កាយសុចរិត វចីសុចរិត មនោសុចរិត ហើយសមាទាន ប្រព្រឹត្តអកុសលធម៌ ៣នេះគឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនបានឃើញទោស នៃអកុសលធម៌ទាំងឡាយ ដ៏លាមក សៅហ្មង ទាំងមិនឃើញអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែក នៃសេចក្តីផូរផង់ ក្នុងការចេញចាកកាម។ មួយទៀត បុគ្គលណា មានសេចក្តីយល់ឃើញហេតុ ដែលមានមែនពិតថា ហេតុមិនមាន សេចក្តីយល់ឃើញ របស់បុគ្គលនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ មួយទៀត បុគ្គលត្រិះរិះនូវហេតុ ដែលមានមែនពិតថា ហេតុមិនមាន សេចក្តីត្រិះរិះ របស់បុគ្គលនោះ ឈ្មោះថា មិច្ឆាសង្កប្បៈ។ មួយទៀត បុគ្គលពោលវាចា ចំពោះហេតុ ដែលមានមែនពិតថា ហេតុមិនមាន វាចារបស់បុគ្គលនោះ ឈ្មោះថា មិច្ឆាវាចា។ មួយទៀត បុគ្គលណា ពោលនូវហេតុ ដែលមានមែនពិតថា ហេតុមិនមាន បុគ្គលនេះ ឈ្មោះថាធ្វើសឹកសត្រូវ ចំពោះព្រះអរហន្ត ដែលជាហេតុវាទ។ មួយទៀត បុគ្គលណា ពន្យល់អ្នកដទៃ ឲ្យយល់នូវហេតុ ដែលមានពិតថា ហេតុមិនមាន សេចក្តីពន្យល់ របស់បុគ្គលនោះ ឈ្មោះថា អសទ្ធម្មសញ្ញត្តិ ឯបុគ្គលនោះ ឈ្មោះថា លើកតំកើងខ្លួនឯង តិះដៀលបុគ្គលដទៃ ដោយសារ អសទ្ធម្មសញ្ញត្តិនោះ។ ព្រោះហេតុនោះ បុគ្គលនោះ លះបង់នូវភាវៈជាអ្នកមានសីលល្អ ក្នុងកាលមុន ហើយតាំងទុក នូវភាវៈ ជាអ្នកទ្រុស្តសីលវិញ នេះឈ្មោះថា មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា ជាសឹកសត្រូវ នឹងព្រះអរិយៈទាំងឡាយ ជា អសទ្ធម្មសញ្ញត្តិ ឈ្មោះថា លើកតំកើងខ្លួនឯង បង្អាប់បុគ្គលដទៃ។ អកុសលធម៌ ដ៏លាមក ច្រើនប្រការទាំងនេះ តែងកើតព្រម ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ យ៉ាងនេះ។
[១១៧] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរសតែងពិចារណាឃើញក្នុងលទ្ធិ របស់សមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បើហេតុមិនមានទេ បុរសបុគ្គលដ៏ចំរើននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងធ្វើខ្លួនឲ្យមានសួស្តី។ បើហេតុមានមែន បុរសបុគ្គលដ៏ចំរើននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន។ មួយទៀត បើហេតុមិនមានដោយពិត ពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ក៏នៅជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ តិះដៀល ក្នុងបច្ចុប្បន្ននេះថា បុរសបុគ្គលនេះ ជាអ្នកទ្រុស្តសីល ជាមិច្ឆាទិដ្ឋិ ជាអហេតុកវាទ។ បើហេតុមានពិតមែន បុរសបុគ្គលដ៏ចំរើននេះ ទទួលចាញ់ ក្នុងចំណែកទាំងពីរ គឺអ្នកប្រាជ្ញទាំងឡាយ គប្បីតិះដៀល ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងទៅកើតក្នុងកំណើត តិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន។ អបណ្ណកធម៌ ដែលបុគ្គលធ្វើមិនពេញលេញ សមាទានមិនល្អហើយ ក៏ផ្សាយទៅតាមវាទៈ របស់ខ្លួន ដោយចំណែកមួយ វៀរបង់នូវហេតុ ជាទីតាំងនៃកុសល យ៉ាងនេះ។
[១១៨] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ហេតុបច្ច័យ នាំឲ្យសត្វសៅហ្មង មានពិតមែន សត្វទាំងឡាយ តែងសៅហ្មង ដោយមានហេតុ មានបច្ច័យ ហេតុបច្ច័យ នាំឲ្យសត្វបរិសុទ្ធ មានពិតមែន សត្វទាំងឡាយ តែងបរិសុទ្ធ ដោយមានហេតុ មានបច្ច័យ កំឡាំងមាន សេចក្តីព្យាយាមមាន កំឡាំងរបស់បុរសមាន សេចក្តីសង្វាតនៃបុរសមាន ពួកសត្វទាំងអស់ បាណៈទាំងអស់ ភូតទាំងអស់ ជីវៈទាំងអស់ មានអំណាច មានកំឡាំង មានព្យាយាម មានសេចក្តីប្រែប្រួលដោយនិយតិ សង្គតិ និងភាវៈ ឋិតនៅក្នុងអភិជាតិទាំង៦ ទើបទទួលសុខ និងទុក្ខបាន ហេតុនោះ ក៏ប្រាកដ ដល់សមណព្រាហ្មណ៍ទាំងនោះ (សមណព្រាហ្មណ៍ទាំងនោះ) លះបង់អកុសល៣នេះ គឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ហើយសមាទាន ប្រព្រឹត្តកុសលធម៌៣នេះ គឺកាយសុចរិត វចីសុចរិត មនោសុចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឃើញទោសនៃអកុសលធម៌ទាំងឡាយ ដ៏លាមក សៅហ្មង ឃើញអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែកនៃសេចក្តីផូរផង់ ក្នុងកិរិយាចេញចាកកាម។ មួយទៀត បុគ្គលមានសេចក្តីយល់ឃើញ នូវហេតុ ដែលមានពិតមែនថា ហេតុ មានពិតមែន សេចក្តីយល់ឃើញ របស់បុគ្គលនោះ ឈ្មោះថា សម្មាទិដ្ឋិ។ មួយទៀត បុគ្គលណាត្រិះរិះហេតុ ដែលមានពិតមែនថា ហេតុមានពិតមែន សេចក្តីត្រិះរិះ របស់បុគ្គលនោះ ឈ្មោះថា សម្មាសង្កប្បៈ។ មួយទៀត បុគ្គលណា ពោលវាចា ចំពោះហេតុ ដែលមានពិតមែនថា ហេតុមានពិតមែន វាចារបស់បុគ្គលនោះ ឈ្មោះថា សម្មាវាចា។ មួយទៀត បុគ្គលណា ពោលនូវហេតុ ដែលមានពិតមែនថា ហេតុមានពិតមែន បុគ្គលនេះ ឈ្មោះថា មិនធ្វើសឹកសត្រូវ ចំពោះព្រះអរហន្ត ជាហេតុវាទទាំងនោះ។ មួយទៀត បុគ្គលណាពន្យល់អ្នកដទៃឲ្យយល់ នូវហេតុដែលមានពិតមែនថា ហេតុមានពិតមែន សេចក្តីពន្យល់របស់បុគ្គលនោះ ឈ្មោះថា សទ្ធម្មសញ្ញត្តិ មិនលើកតំកើងខ្លួនឯង ឯបុគ្គលនោះ ឈ្មោះថា មិនបង្អាប់បុគ្គលដទៃ ដោយសារសទ្ធម្មសញ្ញត្តិនោះទេ។ ព្រោះហេតុនោះ បុគ្គលនោះ បានលះបង់នូវភាវៈ ជាអ្នកទ្រុស្តសីល ក្នុងកាលមុន ហើយតាំងទុកនូវភាវៈ ជាអ្នកមានសីលល្អវិញ នេះឈ្មោះថា សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា មិនជាសឹកសត្រូវ ចំពោះព្រះអរិយៈទាំងឡាយ ជាសទ្ធម្មសញ្ញត្តិ ឈ្មោះថា មិនលើកតំកើងខ្លួនឯង មិនបង្អាប់បុគ្គលដទៃ។ កុសលធម៌ទាំងឡាយនេះ ច្រើនប្រការ កើតឡើងព្រម ព្រោះសម្មាទិដ្ឋិ ជាបច្ច័យ យ៉ាងនេះ។
[១១៩] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរសតែងពិចារណាឃើញក្នុងលទ្ធិ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បើហេតុមានពិតមែន បុរសបុគ្គលដ៏ចំរើននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងចូលទៅកាន់សុគតិសួគ៌ ទេវលោក។ មួយទៀត បើហេតុមិនមានដោយពិត ពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ទុកជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ សរសើរក្នុងបច្ចុប្បន្នថា បុរសបុគ្គលនេះ ជាអ្នកមានសីល ជាសម្មាទិដ្ឋិ ជាហេតុវាទ។ បើហេតុមានពិតមែន បុរសបុគ្គលដ៏ចំរើននេះ ទទួលជ័យជំនះ ក្នុងចំណែកទាំងពីរ គឺអ្នកប្រាជ្ញទាំងឡាយសរសើរ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងចូលទៅកាន់សុគតិសួគ៌ ទេវលោក។ អបណ្ណកធម៌នេះ ដែលបុគ្គល ធ្វើឲ្យពេញលេញ សមាទានល្អហើយ ក៏ផ្សាយទៅតាមវាទៈរបស់ខ្លួន ដោយចំណែកទាំងពីរ វៀរបង់នូវហេតុជាទីតាំង នៃអកុសល យ៉ាងនេះ។
[១២០] ម្នាលគហបតីទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មិនមាន ដោយប្រការទាំងពួង ម្នាលគហបតីទាំងឡាយ សមណព្រាហ្មណ៍ពួកមួយ មានវាទៈជាសឹកសត្រូវ ដោយត្រង់ ទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយពោលយ៉ាងនេះថា អរូបព្រហ្ម មាន ដោយប្រការទាំងពួង។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច ក្រែងសមណព្រាហ្មណ៍ទាំងនេះ មានវាទៈ ជាសឹកសត្រូវ ដោយត្រង់ ទៅរកគ្នានឹងគ្នា មិនមែនឬ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតីទាំងឡាយ វិញ្ញូបុរស តែងពិចារណាឃើញក្នុងលទ្ធិ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា សមណព្រាហ្មណ៍ដ៏ចម្រើនទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មិនមាន ដោយប្រការទាំងពួង ពាក្យនេះ យើងក៏មិនដែលឃើញ សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មាន ដោយប្រការទាំងពួង ពាក្យនេះ យើងក៏មិនដែលដឹង ឯយើង កាលបើមិនដឹង មិនឃើញ គប្បីកាន់យកដោយចំណែកមួយ ហើយនិយាយថា ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ហេតុនេះ មិនសមគួរទេ សមណព្រាហ្មណ៍ដ៏ចំរើនទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មិនមាន ដោយប្រការទាំងពួង បើពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ជាពាក្យពិត ពាក្យនុ៎ះ យកជាទីតាំងបានប្រាកដ ទេវតាទាំងឡាយណា មានរូប កើតដោយឈានចិត្ត ពាក្យនេះ (មិនខុស) ការទៅកើតក្នុងរូបព្រហ្មនោះ នឹងមានដល់យើង មួយទៀត សមណព្រាហ្មណ៍ ដ៏ចំរើនទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មាន ដោយប្រការទាំងពួង បើពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ជាពាក្យពិត ពាក្យនុ៎ះ យកជាទីតាំងបានប្រាកដ ទេវតាទាំងឡាយណា ដែលឥតរូប កើតដោយសញ្ញា ពាក្យនោះ (មិនខុស) ការទៅកើត ក្នុងអរូបព្រហ្មនោះ នឹងមានដល់យើង ការកាន់យកដម្បង ការកាន់យកគ្រឿងសស្ត្រា ការឈ្លោះទាស់ទែងគ្នា ការពោលជជែកគ្នា ការប្រកាន់ថាឯងអញ ការពោលញុះញង់ ការពោលពាក្យកុហក ដែលប្រាកដឡើង ព្រោះមានរូបជាអធិករណ៍ ក៏ឯអធិករណ៍នុ៎ះ មិនមានក្នុងរូបព្រហ្ម ដោយប្រការទាំងពួង។ វិញ្ញូបុរសនោះ លុះពិចារណាឃើញ ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់នូវរូបនោះ។
[១២១] ម្នាលគហបតីទាំងឡាយ មានសមណព្រាហ្មណ៍ទាំងឡាយពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់នៃភព ដោយប្រការទាំងពួង មិនមានឡើយ។ ម្នាលគហបតីទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ មានវាទៈជាសឹកសត្រូវ ដោយត្រង់ ទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយពោលថា ការរលត់នៃភព ដោយប្រការទាំងពួង មាន។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច ក្រែងសមណព្រាហ្មណ៍ទាំងឡាយនេះ មានវាទៈជាសឹកសត្រូវ ដោយត្រង់ ទៅរកគ្នានឹងគ្នា មិនមែនឬ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតីទាំងឡាយ វិញ្ញូបុរស តែងពិចារណាឃើញក្នុងលទ្ធិ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់ទៅនៃភព ដោយប្រការទាំងពួង មិនមានឡើយ ហេតុនេះ យើងមិនដែលឃើញទេ សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់ទៅនៃភព ដោយប្រការទាំងពួង មាន ហេតុនេះ យើងមិនដឹង កាលបើយើងមិនដឹង មិនឃើញ គប្បីកាន់យកដោយចំណែកមួយ ហើយនិយាយថា ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះ ពាក្យនេះ មិនសមគួរទេ សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់នៃភព ដោយប្រការទាំងពួង មិនមាន បើពាក្យរបស់សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាពាក្យពិត ហេតុនេះ យកជាទីតាំងបានប្រាកដ ទេវតាទាំងឡាយណា ដែលឥតរូប កើតដោយអរូបជ្ឈានសញ្ញា ពាក្យនោះមិនខុស ការកើតក្នុងអរូបព្រហ្មនោះ នឹងមានដល់យើង មួយទៀត សមណព្រាហ្មណ៍ដ៏ចំរើនទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់នៃភព ដោយប្រការទាំងពួង មាន បើពាក្យរបស់សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាពាក្យពិត ហេតុនេះ ទើបយកជាទីតាំងបានប្រាកដ យើងនឹងបរិនិព្វាន ក្នុងបច្ចុប្បន្ននេះ។ សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់នៃភព ដោយប្រការទាំងពួង មិនមាន សេចក្តីយល់នេះ របស់សមណព្រាហ្មណ៍ទាំងនោះ ក៏ប្រព្រឹត្តទៅ ក្នុងទីជិតនៃសេចក្តីត្រេកត្រអាល ក្នុងទីជិត នៃសំយោគធម៌ ក្នុងទីជិតនៃសេចក្តីរីករាយ ក្នុងទីជិត នៃសេចក្តីចូលចិត្តស៊ប់ ក្នុងទីជិត នៃឧបាទាន មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា កិរិយារលត់ទៅនៃភព មាន ដោយប្រការទាំងពួង សេចក្តីយល់នេះ របស់សមណព្រាហ្មណ៍ទាំងនោះ ប្រព្រឹត្តទៅ ក្នុងទីជិតនៃសេចក្តីមិនត្រេកត្រអាល ក្នុងទីជិតនៃអសំយោគធម៌ ក្នុងទីជិតនៃសេចក្តីមិនរីករាយ ក្នុងទីជិតនៃសេចក្តីមិនចូលចិត្តស៊ប់ ក្នុងទីជិតនៃសេចក្តីមិនមានឧបាទាន។ វិញ្ញុបុរសនោះ ពិចារណាឃើញដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ភពទាំងឡាយ។
[១២២] ម្នាលគហបតីទាំងឡាយ បុគ្គលទាំងឡាយក្នុងលោក មាន៤ពួកនេះ បុគ្គលទាំង៤ពួក តើដូចម្តេចខ្លះ ម្នាលគហបតីទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង ឈ្មោះ អត្តន្តបៈ ១ ម្នាលគហបតីទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅបុគ្គលដទៃ ឈ្មោះ បរន្តបៈ ១ ម្នាលគហបតីទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង ឈ្មោះអត្តន្តបៈផង ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅបុគ្គលដទៃ ឈ្មោះ បរន្តបៈផង១ ម្នាលគហបតីទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកប្រកបព្យាយាមរឿយៗ មិនដុតកំដៅខ្លួនឯង ឈ្មោះ នេវត្តន្តបៈផង ជាអ្នកប្រកបព្យាយាមរឿយៗ មិនដុតកំដៅបុគ្គលដទៃ ឈ្មោះ នបរន្តបៈផង១ អនត្តន្តបបុគ្គល និងអបរន្តបបុគ្គលនោះ ជាអ្នកលែងមានសេចក្តីស្រេកឃ្លាន មានទុក្ខរំលត់ មានត្រជាក់កើតហើយ មានប្រក្រតីទទួលសុខ មានខ្លួនដូចជាព្រហ្ម នៅក្នុងបច្ចុប្បន្ននេះ។
[១២៣] ម្នាលគហបតីទាំងឡាយ បុគ្គលប្រកបព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង ឈ្មោះ អត្តន្តបៈ តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកប្រព្រឹត្តអាក្រាត លះមារយាទល្អចេញ ប្រព្រឹត្តស៊ីលិទ្ធដៃ។ សេចក្តីពិស្តារ ដូចគ្នានឹងកន្ទរកសូត្រ។ ម្នាលគហបតីទាំងឡាយ បុគ្គលប្រកបព្យាយាមរឿយៗ ញុំាងកាយ ឲ្យក្តៅក្រហល់ក្រហាយ មានប្រការផ្សេងៗ ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង មានសភាពយ៉ាងនេះ បុគ្គលនេះ ហៅថា អត្តន្តបៈ។ ម្នាលគហបតីទាំងឡាយ បុគ្គលប្រកបព្យាយាមរឿយៗ ដុតកំដៅបុគ្គលដទៃ ឈ្មោះ បរន្តបៈ តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលក្នុងលោកនេះ ជាអ្នកសម្លាប់ចៀម ចិញ្ចឹមជីវិត សំលាប់ជ្រូក ចិញ្ចឹមជីវិត។បេ។ ឬក៏បុគ្គលណាមួយ មានការងារវឹកវរ ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅបុគ្គលដទៃ ម្នាលគហបតីទាំងឡាយ បុគ្គលនេះ ហៅថា បរន្តបៈ។ ម្នាលគហបតីទាំងឡាយ ចុះបុគ្គលប្រកបព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង ឈ្មោះ អត្តន្តបៈផង ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅនូវបុគ្គលដទៃ ឈ្មោះបរន្តបៈផង តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ គឺស្តេច ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ។បេ។ ក៏បុគ្គលទាំងនោះ តែងមានសេចក្តីតក់ស្លុតដោយអាជ្ញា តក់ស្លុតដោយភ័យ មានមុខទទឹកដោយទឹកភ្នែក ទួញយំ ធ្វើការងារទាំងឡាយ ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង ម្នាលគហបតីទាំងឡាយ បុគ្គលនេះ ហៅថា អត្តន្តបៈផង ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅបុគ្គលដទៃ ហៅថា បរន្តបៈផង។ ម្នាលគហបតីទាំងឡាយ បុគ្គលប្រកបព្យាយាមរឿយៗ មិនដុតកំដៅខ្លួនឯង ហៅថា នេវត្តន្តបៈផង ជាអ្នកប្រកបព្យាយាមរឿយៗ មិនដុតកំដៅបុគ្គលដទៃ ហៅថា នបរន្តបៈផង តើដូចម្តេច អនត្តន្តបៈ និងអបរន្តបបុគ្គលនោះ លែងមានសេចក្តីស្រេកឃ្លាន មានទុក្ខរំលត់ហើយ មានត្រជាក់កើតហើយ មានប្រក្រតីទទួលសេចក្តីសុខ មានខ្លួនដូចជាព្រហ្ម នៅក្នុងបច្ចុប្បន្ននេះ។ ម្នាលគហបតីទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ។បេ។ ព្រះតថាគតនោះ លះបង់នីវរណធម៌ ទាំង៥នេះ ដែលជាឧបក្កិលេស ក្នុងហឫទ័យ ជាធម៌ធ្វើបញ្ញាឲ្យថយកំឡាំង មានហឫទ័យស្ងាត់ ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ជាអារម្មណ៍ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈហើយ ក៏បានដល់ទុតិយជ្ឈាន ដែលមានក្នុងខ្លួនជាទីជ្រះថ្លា មានភាវៈ ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ និងវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិប៉ុណ្ណោះ ព្រោះប្រាសចាកបីតិ។បេ។ បានដល់តតិយជ្ឈាន ព្រោះលះបង់សេចក្តីសុខផង។បេ។ ក៏បានដល់ចតុត្ថជ្ឈាន។ ព្រះតថាគតនោះ កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះ ហើយក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ ព្រះតថាគតនោះ រលឹកជាតិ ដែលបានអាស្រ័យនៅមកពីមុន ជាអនេកជាតិ រលឹកជាតិបានដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ។បេ។ រលឹកតាមជាតិ ដែលអាស្រ័យនៅមកពីមុនបានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ ព្រះតថាគតនោះ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ នៃសត្វទាំងឡាយ។ ព្រះតថាគតនោះ មានចក្ខុដូចជាទិព្វ បរិសុទ្ធ ជាងចក្ខុរបស់មនុស្សសាម័ញ្ញ បានឃើញសត្វទាំងឡាយ ដែលចុតិ និងបដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ។បេ។ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម។ ព្រះតថាគតនោះ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ព្រះតថាគតនោះ ដឹងប្រាកដតាមពិតថា នេះជាទុក្ខ។បេ។ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ដំណើរទៅដើម្បីរលត់អាសវៈ។ កាលដែលព្រះតថាគតនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតចាកកាមាសវៈផង ចិត្តក៏ផុតចាកភវាសវៈផង ចិត្តក៏ផុតចាកអវិជ្ជាសវៈផង ញាណ ក៏កើតឡើងប្រាកដថា ចិត្តផុតស្រឡះហើយ ព្រះតថាគត ក៏ដឹងដូច្នេះថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ បាននៅរួចហើយ កិច្ចដែលគួរធ្វើ ក៏បានធ្វើរួចហើយ កិច្ចដទៃក្រៅពីនេះ មិនមានឡើយ ម្នាលគហបតីទាំងឡាយ បុគ្គលនេះ ហៅថា ជាអ្នកប្រកបរឿយៗនូវព្យាយាម មិនដុតកំដៅខ្លួនឯង ហៅថា នេវត្តន្តបៈផង ជាអ្នកប្រកបរឿយៗ នូវព្យាយាម មិនដុតកំដៅបុគ្គលដទៃ ហៅថា នបរន្តបៈផង អនត្តន្តបបុគ្គល និងអបរន្តបបុគ្គលនោះ លែងមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានត្រជាក់កើតហើយ មានប្រក្រតីទទួលនូវសុខ មានខ្លួនដូចជាព្រហ្មក្នុងបច្ចុប្បន្ន។
[១២៤] កាលដែលព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ពួកព្រាហ្មណគហបតី អ្នកស្រុកសាលា បានក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើនប្រកាសហើយ ដោយអនេកបរិយាយនេះឯង (ភ្លឺច្បាស់ណាស់) ដូចបុគ្គលផ្ងាររបស់ដែលគេផ្កាប់ ឬដូចបុគ្គលបើកបង្ហាញរបស់ ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីបបំភ្លឺ ក្នុងទីងងឹត ឲ្យមនុស្សដែលមានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន យើងខ្ញុំទាំងឡាយនេះ សូមដល់ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត។
ចប់ អបណ្ណកសូត្រ ទី១០។
ចប់ គហបតិវគ្គ ទី១។
បញ្ជីរឿងនៃវគ្គនោះ ដូច្នេះ
កន្ទរកសូត្រ១ អដ្ឋកនាគរសូត្រ១ សំវរៈ គឺសេក្ខបដិបទាសូត្រ១ បោតលិយសូត្រ១ ជីវកភច្ចសូត្រ១ ឧបាលីទមសូត្រ គឺឧបាលិវាទសូត្រ១ កុក្កុរោវាទសូត្រ១ អភយសូត្រ១ ពហុវេទនីយសូត្រ១ ជា១០នឹងអបណ្ណកសូត្រ (នេះគឺ) វគ្គដ៏ប្រសើរ ជាបឋម។
(២. ភិក្ខុវគ្គោ)
(១. អម្ពលដ្ឋិករាហុលោវាទសុត្តំ)
[១២៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ព្រះរាហុលមានអាយុ គង់នៅក្នុងអម្ពលដ្ឋិកាវ័ន។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិ ក្នុងវេលាសាយណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរចូលទៅ ឯអម្ពលដ្ឋិកាវ័ន សំដៅទៅត្រង់កន្លែង ដែលព្រះរាហុលមានអាយុនៅ។ ព្រះរាហុលមានអាយុ ក៏បានឃើញព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរមកអំពីចម្ងាយ លុះឃើញហើយ ក៏រៀបចំអាសនៈ និងទឹកសម្រាប់លាងព្រះបាទ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលព្រះរាហុលក្រាលបំរុងទុក លុះគង់ហើយ ទើបលាងព្រះបាទា។ ចំណែកខាងព្រះរាហុលមានអាយុ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយដាក់អង្គ គង់ក្នុងទីសមគួរ។
[១២៦] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ទុកទឹកឲ្យសល់បន្តិច ក្នុងផ្តិលទឹក ហើយទ្រង់ត្រាស់សួរព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកបានឃើញទឹកសល់បន្តិច ដែលតថាគត ដាក់ក្នុងផ្តិលទឹកនេះឬទេ។ ព្រះរាហុលក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ (ឃើញ)។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ ដូចជាទឹក ដែលមានប្រមាណតិច យ៉ាងនេះឯង។ បន្ទាប់អំពីនោះ ព្រះមានព្រះភាគ ទ្រង់ចាក់ទឹក ដែលសល់បន្តិចនោះចោល ហើយសួរបញ្ជាក់ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកបានឃើញទឹកសល់បន្តិច ដែលតថាគត ចាក់ចោលហើយនេះឬទេ។ ព្រះករុណាព្រះអង្គ (ឃើញ)។ ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ ដូចជាទឹក ដែលតថាគត ចាក់ចោលហើយយ៉ាងនេះឯង។ ទើបព្រះមានព្រះភាគ ទ្រង់ផ្កាប់ផ្តិលទឹកនោះ ហើយត្រាស់សួរបញ្ជាក់ ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកបានឃើញផ្តិលទឹក ដែលតថាគតផ្កាប់ហើយនេះឬទេ។ ព្រះករុណា ព្រះអង្គ ឃើញ។ ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ ដូចផ្តិលទឹក ដែលតថាគតផ្កាប់យ៉ាងនេះឯង។ តអំពីនោះមកទៀត ព្រះមានព្រះភាគ ទ្រង់ផ្ងារផ្តិលទឹកនោះ ហើយត្រាស់សួរបញ្ជាក់ ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកបានឃើញផ្តិលទឹក ដែលទទេ រលីងធេងនេះឬទេ។ ព្រះករុណា ព្រះអង្គ (ឃើញ)។ ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ ដូចជាផ្តិលទឹក ដែលទទេ រលីងធេង យ៉ាងនេះឯង។
[១២៧] ម្នាលរាហុល ដូចជាដំរីរបស់ស្តេចដែលមានភ្លុកងទន្ទាំ មានរូបសមរម្យ គួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្គ្រាម ដំរីនោះកាលបើចូលកាន់សង្គ្រាម តែងធ្វើការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ ធ្វើការដោយកាយខាងមុខខ្លះ ធ្វើការដោយកាយខាងក្រោយខ្លះ ធ្វើការដោយក្បាលខ្លះ ធ្វើការដោយត្រចៀកខ្លះ ធ្វើការដោយភ្លុកខ្លះ ធ្វើការដោយកន្ទុយខ្លះ រក្សាទុកតែប្រមោយប៉ុណ្ណោះ។ ឯហ្មដំរី មានសេចក្តីត្រិះរិះក្នុងដំណើរ ដែលដំរីរក្សាប្រមោយទុកនោះ យ៉ាងនេះថា ដំរីរបស់ស្តេចនេះឯង មានភ្លុកងទន្ទាំ មានរូបសមរម្យ គួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្គ្រាម ទោះបីចូលទៅកាន់សង្គ្រាម តែងធ្វើការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ ធ្វើការដោយកាយខាងមុខខ្លះ ធ្វើការដោយកាយខាងក្រោយខ្លះ ធ្វើការដោយក្បាលខ្លះ ធ្វើការដោយស្លឹកត្រចៀកខ្លះ ធ្វើការដោយភ្លុកខ្លះ ធ្វើការដោយកន្ទុយខ្លះ រក្សាទុកតែប្រមោយប៉ុណ្ណោះ ដំរីរបស់ស្តេច (នេះ) ឈ្មោះថា មិនទាន់ប្រថុយជីវិតនៅឡើយ។ ម្នាលរាហុល កាលដែលដំរីរបស់ស្តេច មានភ្លុកងទន្ទាំ មានរូបសមរម្យ គួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្គ្រាម ទោះបីចូលទៅកាន់សង្គ្រាម តែងធ្វើការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ។បេ។ ធ្វើការដោយកន្ទុយខ្លះ ធ្វើការដោយប្រមោយខ្លះ។ ហ្មដំរី មានសេចក្តីត្រិះរិះក្នុងដំណើរនោះ យ៉ាងនេះថា ដំរីរបស់ស្តេចនេះឯង មានភ្លុកងទន្ទាំ មានរូបសមរម្យ គួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្គ្រាម ទោះបីចូលកាន់សង្គ្រាម តែងធ្វើការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ ធ្វើការដោយកាយខាងមុខខ្លះ ធ្វើការដោយកាយខាងក្រោយខ្លះ ធ្វើការដោយក្បាលខ្លះ ធ្វើការដោយស្លឹកត្រចៀកខ្លះ ធ្វើការដោយភ្លុកខ្លះ ធ្វើការដោយកន្ទុយខ្លះ ធ្វើការដោយប្រមោយខ្លះ ដំរីរបស់ស្តេចនេះ ទើបឈ្មោះថា ប្រថុយលះបង់ជីវិតហើយ ឥឡូវនេះ អំពើណាមួយ ដែលដំរីរបស់ស្តេច ឈ្មោះថាមិនទាន់ធ្វើ មិនមានឡើយ សេចក្តីនេះ មានឧបមាយ៉ាងណា។ ម្នាលរាហុល មានឧបមេយ្យដូចភិក្ខុណាមួយ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ តថាគត មិនពោលថា ភិក្ខុនោះ មិនធ្វើបាបកម្មតិចតួច ដូច្នេះទេ។ ម្នាលរាហុល ព្រោះហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគួរសិក្សាថា អាត្មាអញ នឹងមិនពោលពាក្យកុហក សូម្បីដើម្បីសើចលេង ម្នាលរាហុល អ្នកត្រូវសិក្សា យ៉ាងនេះចុះ។
[១២៨] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កញ្ចក់ មានប្រយោជន៍ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កញ្ចក់មានប្រយោជន៍ ខាងការឆ្លុះមើលមុខ។ ម្នាលរាហុល យ៉ាងនោះមែនហើយ អ្នកគប្បីពិចារណា ត្រិះរិះមើលរួចហើយ សឹមធ្វើកម្មដោយកាយ ពិចារណា ត្រិះរិះមើលរួចហើយ សឹមធ្វើកម្មដោយវាចា ពិចារណា ត្រិះរិះមើលរួចហើយ សឹមធ្វើកម្មដោយចិត្ត។
[១២៩] ម្នាលរាហុល បើអ្នកចង់ធ្វើអំពើណាមួយ ដោយកាយ អ្នកត្រូវពិចារណាមើល នូវកាយកម្មនោះសិនថា អាត្មាអញ ចង់ធ្វើអំពើណាដោយកាយ តើកាយកម្មរបស់អាត្មាអញនេះឯង ប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែក គឺខ្លួនឯង និងអ្នកដទៃផង កាយកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ ចង់ធ្វើអំពើណាដោយកាយ កាយកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកមិនត្រូវធ្វើអំពើដោយកាយ ដែលមានទំនងយ៉ាងនេះ ដោយដាច់ខាត។ ម្នាលរាហុល ប្រសិនបើអ្នកបានពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ ចង់ធ្វើអំពើណាដោយកាយ កាយកម្មរបស់អាត្មាអញនេះ មិនប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើអំពើដោយកាយ យ៉ាងនេះចុះ។ ម្នាលរាហុល បើទុកជាអ្នកកំពុងធ្វើអំពើដោយកាយ អ្នកត្រូវតែពិចារណាមើល នូវកាយកម្មនោះឯងថា អាត្មាអញ កំពុងធ្វើអំពើណាដោយកាយ តើកាយកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ កំពុងធ្វើអំពើណាដោយកាយ កាយកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកត្រូវលះបង់កាយកម្ម ដែលមានទំនងយ៉ាងនេះចេញ។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ កំពុងធ្វើអំពើណាដោយកាយ កាយកម្មរបស់អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើឲ្យរឿយៗ នូវកាយកម្ម ដែលមានទំនង យ៉ាងនេះចុះ។ ម្នាលរាហុល បើអ្នកបានធ្វើអំពើដោយកាយរួចហើយ អ្នកត្រូវពិចារណាមើលកាយកម្មនោះថា អាត្មាអញ បានធ្វើអំពើណាដោយកាយ តើកាយកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល ប្រសិនបើអ្នក បានពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ បានធ្វើកាយកម្មណា កាយកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកត្រូវសំដែងបើក បង្ហើបប្រាប់នូវកាយកម្ម ដែលមានទំនងយ៉ាងនេះ ចំពោះគ្រូ ឬចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ជាអ្នកប្រាជ្ញ លុះអ្នកសំដែង បើកបង្ហើបប្រាប់រួចហើយ អ្នកគប្បីដល់នូវការសង្រួមតទៅ។ ម្នាលរាហុល ប្រសិនបើអ្នកបានពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ បានធ្វើអំពើណាដោយកាយ កាយកម្មរបស់អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវខំសិក្សាទាំងយប់ ទាំងថ្ងៃ ក្នុងធម៌ទាំងឡាយ ជាកុសល ហើយនៅដោយបីតិ និងបាមោជ្ជៈនោះឯង។
[១៣០] ម្នាលរាហុល បើអ្នកចង់ធ្វើអំពើណាមួយ ដោយវាចា អ្នកត្រូវពិចារណា នូវវចីកម្មនោះសិនថា អាត្មាអញ ចង់ធ្វើអំពើណាដោយវាចា តើវចីកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែក គឺខ្លួនឯង និងបុគ្គលដទៃផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ ចង់ធ្វើអំពើណាដោយវាចា វចីកម្ម របស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកមិនត្រូវធ្វើអំពើដោយវាចា ដែលមានទំនងយ៉ាងនេះ ដោយដាច់ខាត។ ម្នាលរាហុល ប្រសិនបើជា អ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ ចង់ធ្វើអំពើណាដោយវាចា វចីកម្ម របស់អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើអំពើដោយវាចា ដែលមានទំនងយ៉ាងនេះចុះ។ ម្នាលរាហុល បើអ្នកកំពុងធ្វើអំពើដោយវាចា អ្នកត្រូវពិចារណាមើលវចីកម្មនោះថា អាត្មាអញ កំពុងធ្វើអំពើណាដោយវាចា តើវចីកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ កំពុងធ្វើអំពើណាដោយវាចា វចីកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកត្រូវលះបង់វចីកម្ម មានទំនងយ៉ាងនេះចេញ ដោយដាច់ខាត។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ កំពុងធ្វើអំពើណាដោយវាចា វចីកម្មរបស់អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើវចីកម្ម ដែលមានទំនងយ៉ាងនេះឲ្យរឿយៗទៅចុះ។ ម្នាលរាហុល បើអ្នកបានធ្វើអំពើដោយវាចារួចហើយ អ្នកត្រូវពិចារណាមើលវចីកម្មនោះថា អាត្មាអញ បានធ្វើអំពើណាដោយវាចាហើយ តើវចីកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នក បានពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ បានធ្វើអំពើណាដោយវាចា វចីកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកគប្បីសំដែងបើក បង្ហើបប្រាប់នូវវចីកម្ម ដែលមានទំនងយ៉ាងនេះ ចំពោះគ្រូ ឬចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ដែលមានប្រាជ្ញា លុះអ្នកសំដែង បើកបង្ហើបប្រាប់រួចហើយ គប្បីដល់នូវការសង្រួមតទៅ។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ ធ្វើអំពើណាដោយវាចា វចីកម្មរបស់អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវខំសិក្សាទាំងយប់ ទាំងថ្ងៃ ក្នុងធម៌ជាកុសលទាំងឡាយ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះចុះ។
[១៣១] ម្នាលរាហុល បើអ្នកចង់ធ្វើអំពើណាមួយ ដោយចិត្ត អ្នកត្រូវពិចារណាមើល នូវមនោកម្មនោះសិនថា អាត្មាអញ ចង់ធ្វើអំពើណាដោយចិត្ត តើមនោកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែក គឺខ្លួន និងអ្នកដទៃផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ ចង់ធ្វើអំពើណាដោយចិត្ត មនោកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកមិនត្រូវធ្វើអំពើដោយចិត្ត ដែលមានទំនងយ៉ាងនេះ ដោយដាច់ខាត។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ ចង់ធ្វើអំពើណាដោយចិត្ត មនោកម្មរបស់អាត្មាអញនេះ មិនប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើអំពើ ដែលមានទំនងយ៉ាងនេះចុះ។ ម្នាលរាហុល បើអ្នកកំពុងធ្វើអំពើណាដោយចិត្ត អ្នកត្រូវពិចារណាមើល នូវមនោកម្មនោះថា អាត្មាអញ កំពុងធ្វើអំពើណាដោយចិត្ត តើមនោកម្ម របស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ កំពុងធ្វើអំពើណាដោយចិត្ត មនោកម្ម របស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកត្រូវលះបង់មនោកម្ម ដែលមានទំនងយ៉ាងនេះចេញ។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ កំពុងធ្វើអំពើណាដោយចិត្ត មនោកម្ម របស់អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើនូវមនោកម្ម ដែលមានទំនងយ៉ាងនេះ ឲ្យរឿយៗទៅចុះ។ ម្នាលរាហុល បើអ្នកបានធ្វើអំពើដោយចិត្តរួចហើយ អ្នកត្រូវពិចារណាមើល នូវមនោកម្មនោះឯងថា អាត្មាអញ បានធ្វើនូវអំពើណា ដោយចិត្តហើយ តើមនោកម្ម របស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ បានធ្វើអំពើណា ដោយចិត្តហើយ មនោកម្ម របស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកត្រូវធុញទ្រាន់ នឿយណាយ ខ្ពើមរអើម ចំពោះមនោកម្ម ដែលមានទំនងយ៉ាងនេះ លុះអ្នកធុញទ្រាន់ នឿយណាយ ខ្ពើមរអើមហើយ ត្រូវដល់នូវការសង្រួមតទៅ។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ បានធ្វើនូវអំពើណាដោយចិត្តហើយ មនោកម្ម របស់អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវខំសិក្សាទាំងយប់ ទាំងថ្ងៃ ក្នុងធម៌ជាកុសលទាំងឡាយ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះចុះ។
[១៣២] ម្នាលរាហុល ព្រោះថាសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលកន្លងទៅហើយ បានជម្រះកាយកម្ម ជម្រះវចីកម្ម ជម្រះមនោកម្ម ពួកសមណព្រាហ្មណ៍ទាំងអស់នោះ សុទ្ធតែបានពិចារណា ត្រិះរិះមើលសព្វ យ៉ាងនេះហើយ ទើបជម្រះកាយកម្ម ពិចារណា ត្រិះរិះមើលសព្វ យ៉ាងនេះហើយ ទើបជម្រះវចីកម្ម ពិចារណា ត្រិះរិះមើលសព្វ យ៉ាងនេះហើយ ទើបជម្រះមនោកម្មដែរ។ ម្នាលរាហុល សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដ៏មិនទាន់មានមក និងជម្រះកាយកម្ម និងជម្រះវចីកម្ម និងជម្រះមនោកម្ម ក៏ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ នឹងពិចារណា ត្រិះរិះមើលសព្វ យ៉ាងនេះហើយ ទើបជម្រះកាយកម្ម ពិចារណា ត្រិះរិះមើលសព្វហើយ ទើបជម្រះវចីកម្ម ពិចារណា ត្រិះរិះមើលសព្វហើយ ទើបជម្រះមនោកម្មដែរ។ ម្នាលរាហុល សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ ជម្រះកាយកម្ម ជម្រះវចីកម្ម ជម្រះមនោកម្ម ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តែងពិចារណា ត្រិះរិះមើលសព្វគ្រប់ យ៉ាងនេះហើយ ទើបជម្រះកាយកម្ម ពិចារណា ត្រិះរិះមើលសព្វគ្រប់ហើយ ទើបជម្រះវចីកម្ម ពិចារណា ត្រិះរិះមើលសព្វគ្រប់ហើយ ទើបជម្រះមនោកម្មដែរ។ ម្នាលរាហុល ព្រោះហេតុដូច្នោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាថា អាត្មាអញ នឹងពិចារណា ត្រិះរិះមើលសព្វហើយ ទើបជម្រះវចីកម្ម អាត្មាអញ នឹងពិចារណា ត្រិះរិះមើលសព្វហើយ ទើបជម្រះមនោកម្ម ដូច្នេះ ម្នាលរាហុល អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះរាហុលមានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ ចូឡរាហុលោវាទសូត្រ ទី១។
(២. មហារាហុលោវាទសុត្តំ)
[១៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរចូលទៅ កាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ចំណែកខាងព្រះរាហុលមានអាយុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយដើរតាមក្រោយៗព្រះមានព្រះភាគ។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ឆ្មៀងព្រះភក្ត្រ ត្រាស់ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល រូបណាមួយ ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណាដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលជាអតីត អនាគត ជាបច្ចុប្បន្ន រូបទាំងអស់នោះ ក៏គ្រាន់តែជារូប (ប៉ុណ្ណោះឯង) អ្នកគួរយល់ឃើញនូវរូបនុ៎ះ ដោយប្រាជ្ញាដ៏ល្អតាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ព្រះរាហុលក្រាបបង្គំសួរថា បពិត្រព្រះមានព្រះភាគ (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ បពិត្រព្រះសុគត (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបក៏មាន ម្នាលរាហុល វេទនាក៏មាន ម្នាលរាហុល សញ្ញាក៏មាន ម្នាលរាហុល សង្ខារទាំងឡាយក៏មាន ម្នាលរាហុល វិញ្ញាណក៏មាន។
[១៣៤] គ្រានោះឯង ព្រះរាហុលមានអាយុគិតថា បាននរណាហ្ន៎ (ជាវិញ្ញុបណ្ឌិត) ដែលព្រះមានព្រះភាគ ទូន្មានហើយដោយដម្បូន្មានផ្ទាល់ព្រះឱស្ឋ នឹងចូលមកកាន់ស្រុក ដើម្បីបិណ្ឌបាត ក្នុងថ្ងៃនេះទៅអេះ ដូច្នេះហើយ លោកក៏ត្រឡប់ថយចេញ អំពីសំណាក់ព្រះមានព្រះភាគនោះ ហើយទៅអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតី ឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម។ គាប់ចួនជាព្រះសារីបុត្តមានអាយុ បានឃើញព្រះរាហុលមានអាយុ កំពុងអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតីឲ្យមានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម លុះឃើញហើយ ក៏ប្រាប់ព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនាចុះ ម្នាលរាហុល (ដ្បិត) អានាបានស្សតិភាវនា ដែលគេបានអប់រំបន្ទុំ ធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ លុះដល់ពេលថ្ងៃរសៀល ព្រះរាហុលមានអាយុ ក្រោកអំពីសំណិង ហើយចូលសំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយដាក់អង្គគង់ ក្នុងទីសមគួរ។ លុះព្រះរាហុលមានអាយុ គង់ក្នុងទីសមគួរហើយ ក៏បានទូលស្នើសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចុះអានាបានស្សតិ ត្រូវចំរើនដោយប្រការដូចម្តេច ត្រូវបន្ទុំ ធ្វើឲ្យរឿយៗ ដោយប្រការដូចម្តេច ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើនបាន។
[១៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបណាមួយ ដែលជារូបខាងក្នុង អាស្រ័យនូវខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនៅខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ ម្នាលរាហុល នេះហៅថា បឋវីធាតុខាងក្នុង។ មួយទៀត បឋវីធាតុណា ខាងក្នុងក្តី បឋវីធាតុណាខាងក្រៅក្តី ធាតុទាំងនុ៎ះ ឈ្មោះថា បឋវីធាតុដូចគ្នា។ បុគ្គលគួរឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកបឋវីធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកបឋវីធាតុ។
[១៣៦] ម្នាលរាហុល ចុះអាបោធាតុ តើដូចម្តេចខ្លះ អាបោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះអាបោធាតុខាងក្នុង ដូចម្តេច រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូលទៅកាន់យក គឺប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាបោធាតុខាងក្នុង។ មួយវិញទៀត អាបោធាតុណា ជាខាងក្នុងក្តី អាបោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាបោធាតុដូចគ្នា។ បុគ្គលគួរឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាបោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកអាបោធាតុ។
[១៣៧] ម្នាលរាហុល ចុះតេជោធាតុ តើដូចម្តេចខ្លះ តេជោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះតេជោធាតុខាងក្នុង ដូចម្តេច រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាពជារបស់ក្តៅ ដែលវិញ្ញាណចូលទៅកាន់យក គឺភ្លើងដែលធ្វើកាយឲ្យផ្សព្វផ្សាយ១ ភ្លើងដែលធ្វើកាយឲ្យទ្រុឌទ្រោម១ ភ្លើងដែលធ្វើកាយឲ្យក្តៅរោលរាល១ ភ្លើងធ្វើអាហារដែលស៊ី ផឹក ទំពា លិទ្ធភ្លក្ស ហើយឲ្យទ្រុឌទ្រោម រលួយទៅដោយស្រួល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាពជារបស់ក្តៅ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា តេជោធាតុខាងក្នុង។ មួយវិញទៀត តេជោធាតុណា ខាងក្នុងក្តី តេជោធាតុណា ខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា តេជោធាតុដូចគ្នា។ បុគ្គលគួរឃើញ នូវតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកតេជោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកតេជោធាតុ។
[១៣៨] ម្នាលរាហុល ចុះវាយោធាតុ តើដូចម្តេចខ្លះ វាយោធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល រូបណា ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក គឺខ្យល់បក់ឡើងទៅខាងលើ១ ខ្យល់បក់ចុះមកខាងក្រោម១ ខ្យល់បក់ក្នុងពោះក្រៅពោះវៀន១ ខ្យល់បក់ក្នុងពោះវៀន១ ខ្យល់បក់សព្វអវយវៈតូចធំ១ ខ្យល់ដង្ហើមចេញចូល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានសភាពជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា វាយោធាតុខាងក្នុង។ មួយទៀត វាយោធាតុណា ដែលជាខាងក្នុងក្តី វាយោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា វាយោធាតុដូចគ្នា។ បុគ្គលគួរឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកវាយោធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកវាយោធាតុ។
[១៣៩] ម្នាលរាហុល អាកាសធាតុ តើដូចម្តេចខ្លះ អាកាសធាតុ (នោះ) ខាងក្នុងក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល អាកាសធាតុខាងក្នុង តើដូចម្តេច រូបណាជាខាងក្នុង អាស្រ័យនូវខ្លួន មានភាពជាទីវាល ដល់នូវភាពជាទីទំនេរ ដែលវិញ្ញាណចូលទៅកាន់យក គឺរន្ធត្រចៀក រន្ធច្រមុះ ទ្វារមាត់ដែលសម្រាប់លេបចូលនូវអាហារ ដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ដោយទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ឋិតនៅក្នុងទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ តែងចេញមកតាមចំណែកខាងក្រោម ដោយទ្វារណាក្តី ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនូវខ្លួន មានភាពជាទីវាល ដល់នូវភាពជាទីទំនេរ ជាទីទទេ ដល់នូវភាពទទេ ជាចន្លោះដល់នូវទីជាចន្លោះ ដែលសាច់និងឈាម មិនប៉ះពាល់គ្នា ដែលវិញ្ញាណចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាកាសធាតុខាងក្នុង។ មួយទៀត អាកាសធាតុណា ជាខាងក្នុងក្តី អាកាសធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាកាសធាតុដូចគ្នា។ បុគ្គលគួរឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គលឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាកាសធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកអាកាសធាតុ។
[១៤០] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាផែនដី ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់នូវចិត្តអ្នក។ ម្នាលរាហុល ជនទាំងឡាយដាក់វត្ថុស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់ចុះនូវគូថក្តី ដាក់ចុះនូវទឹកមូត្រក្តី ដាក់ចុះនូវទឹកមាត់ក្តី ដាក់ចុះនូវខ្ទុះក្តី សម្រក់ឈាមដាក់ក្តី លើផែនដី ផែនដីក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាផែនដី យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤១] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាទឹក ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ជនទាំងឡាយលាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងគូថក្តី លាងទឹកមូត្រក្តី លាងទឹកមាត់ក្តី លាងខ្ទុះក្តី លាងឈាមក្តី ក្នុងទឹក ទឹកក៏មិនបាននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាទឹក យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤២] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាភ្លើង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ភ្លើងឆេះវត្ថុស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះគូថក្តី ឆេះទឹកមូត្រក្តី ឆេះទឹកមាត់ក្តី ឆេះខ្ទុះក្តី ឆេះឈាមក្តី ភ្លើងក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាភ្លើង យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៣] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាខ្យល់ ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់គូថក្តី បក់ទឹកមូត្រក្តី បក់ទឹកមាត់ក្តី បក់ខ្ទុះក្តី បក់ឈាមក្តី ខ្យល់ក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យដូចជាខ្យល់ យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៤] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែងមិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល អាកាសដែលមិនប្រតិស្ឋាននៅក្នុងទីណាមួយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែងមិនគ្របសង្កត់ចិត្តឡើយ។
[១៤៥] ម្នាលរាហុល អ្នកចូរចំរើនមេត្តាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនមេត្តាភាវនាហើយ ព្យាបាទនឹងវិនាសសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនករុណាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនករុណាភាវនាហើយ វិហេសា គឺសេចក្តីបៀតបៀន នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនមុទិតាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនមុទិតាភាវនាហើយ អរតិ គឺសេចក្តីមិនត្រេកអរ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនឧបេក្ខាភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនឧបេក្ខាភាវនាហើយ បដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនអសុភភាវនា ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនអសុភភាវនាហើយ រាគៈ គឺតម្រេកក្នុងកាមគុណ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នកចូរចំរើនអនិច្ចសញ្ញាភាវនា ព្រោះថា កាលបើអ្នកចំរើនអនិច្ចសញ្ញាភាវនាហើយ អស្មិមានះ គឺសេចក្តីប្រកាន់ខ្លួន នឹងសាបសូន្យទៅ។
[១៤៦] ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនា ម្នាលរាហុល អានាបានស្សតិភាវនា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យរឿយៗហើយ ជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ចុះអានាបានស្សតិភាវនា ដែលចំរើនហើយ តើដូចម្តេច ដែលធ្វើឲ្យរឿយៗហើយ តើដូចម្តេច ទើបជាគុណជាតមានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀបគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយផ្គត់ភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតីឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន ភិក្ខុនោះ មានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ គឺដង្ហើមចេញ និងដង្ហើមចូល ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ គឺវេទនាខន្ធ និងសញ្ញាខន្ធ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្តសង្ខារ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្ត ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណៈជាដើម) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណធម៌ជាដើម) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យប្រាសចាកតម្រេក ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា នូវសេចក្តីរលត់ (នៃកងទុក្ខ) ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿងធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយដកដង្ហើមចូល។ ម្នាលរាហុល អានាបានស្សតិ ដែលបុគ្គលបានចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះឯង ទើបជាគុណជាត មានផលច្រើន មានអានិសង្សច្រើន ម្នាលរាហុល កាលបើអានាបានស្សតិ ដែលបុគ្គលចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះ ដង្ហើមចេញ និងដង្ហើមចូលទាំងឡាយណា ដែលមានក្នុងកាលជាខាងក្រោយ ដង្ហើមចេញ និងដង្ហើមចូលទាំងនោះ នឹងរលត់ទៅវិញ ជាប្រាកដ មិនមែនមិនរលត់ទៅវិញទេ។ លុះព្រះមានព្រះភាគ សំដែងព្រះសូត្រនេះចប់ហើយ ព្រះរាហុលមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ មហារាហុលោវាទសូត្រ ទី២។
(៣. ចូឡមាលុក្យសុត្តំ)
[១៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមាលុង្ក្យបុត្រមានអាយុ ចូលទៅសម្ងំនៅក្នុងទីរហោស្ថាន ក៏មានចិត្តត្រិះរិះ កើតឡើងយ៉ាងនេះថា ទិដ្ឋិទាំងឡាយណាថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុត ដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈ ក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី ព្រះមានព្រះភាគ មិនបានសំដែង គ្រាន់តែតំកល់ទុក តែទ្រង់ហាមឃាត់ ព្រះមានព្រះភាគ មិនបានសំដែងទិដ្ឋិទាំងនោះ ដល់អញទេ ព្រះមានព្រះភាគ មិនបានសំដែងទិដ្ឋិទាំងឡាយណា ដល់អញ ដំណើរដែលមិនបានសំដែងទិដ្ឋិនោះ មិនគាប់ចិត្តអញទេ ដំណើរដែលមិនបានសំដែងទិដ្ឋិនោះ មិនបានពេញចិត្តអញឡើយ អញឯង នឹងចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរដំណើរនុ៎ះ ប្រសិនបើព្រះមានព្រះភាគ នឹងសំដែងប្រាប់អញថា លោកទៀង ដូច្នេះក្តី។បេ។ សត្វស្លាប់ហើយ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី កាលបើយ៉ាងនេះ អាត្មាអញ នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ តែប្រសិនបើព្រះមានព្រះភាគ មិនបានសំដែងថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈ ក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី កាលបើយ៉ាងនេះ អាត្មាអញ នឹងលះបង់សិក្ខា ហើយត្រឡប់មកកាន់ហីនភេទវិញ។
[១៤៨] គ្រានោះឯង ព្រះមាលុង្ក្យបុត្រមានអាយុ ក្រោកចេញអំពីសំណិង ក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះមាលុង្ក្យបុត្រមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូល នូវដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ ចូលទៅសម្ងំ នៅក្នុងទីរហោស្ថាន ក៏មានចិត្តត្រិះរិះកើតឡើង យ៉ាងនេះថា ទិដ្ឋិទាំងឡាយណាថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុត ដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈ ក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី ព្រះមានព្រះភាគ មិនបានសំដែង គ្រាន់តែតំកល់ទុក តែទ្រង់ឃាត់ហាម ព្រះមានព្រះភាគ មិនទាន់សំដែងទិដ្ឋិទាំងនោះ ប្រាប់ដល់អាត្មាអញនៅឡើយ ព្រះមានព្រះភាគ មិនបានសំដែងទិដ្ឋិទាំងឡាយណា ដល់អាត្មាអញ ដំណើរដែលមិនបានសំដែងទិដ្ឋិនោះ មិនគាប់ចិត្ត ដល់អាត្មាអញទេ ដំណើរដែលមិនបានសំដែងទិដ្ឋិនោះ មិនពេញចិត្តដល់អាត្មាអញឡើយ អាត្មាអញ នឹងចូលទៅគាល់ព្រះមានព្រះភាគ ហើយក្រាបទូលសួរនូវដំណើរនុ៎ះ បើព្រះមានព្រះភាគ សំដែងប្រាប់អាត្មាអញថា លោកទៀងក្តី ថា លោកមិនទៀងក្តី ថាលោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី ជីវិតនោះ ក៏គឺសរីរៈនោះ ក្តី ជីវិតដទៃ សរីរៈ ក៏ដទៃក្តី ថា សត្វស្លាប់ហើយកើតទៀតក្តី ថា សត្វស្លាប់ហើយ មិនកើតទៀតក្តី ថាសត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក្តី កាលបើយ៉ាងនេះ ទើបអាត្មាអញ នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ បើព្រះមានព្រះភាគ មិនសំដែងថា លោកទៀងក្តី ថាលោកមិនទៀងក្តី។បេ។ ថាសត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី កាលបើយ៉ាងនេះ អាត្មាអញ នឹងលាសិក្ខា ហើយត្រឡប់មកកាន់ហីនភេទវិញ។ បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា លោកទៀងដូច្នេះហើយ សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា លោកទៀងដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា លោកមិនទៀង សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គថា លោកមិនទៀងដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា លោកទៀងក្តី ថាលោកមិនទៀងក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា លោកមានទីបំផុត សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា លោកមានទីបំផុតដូច្នេះ ឲ្យទាន បើបើព្រះមានព្រះភាគ ជ្រាបថា លោកមិនមានទីបំផុត សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា លោកមិនមានទីបំផុតដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា លោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា ជីវិតនោះ ក៏គឺសរីរៈនោះ សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា ជីវិតដទៃ សរីរៈក៏ដទៃ សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា ជីវិតដទៃ សរីរៈក៏ដទៃដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា ជីវិតនោះ ក៏គឺសរីរៈនោះក្តី ថាជីវិតដទៃ សរីរៈក៏ដទៃក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា សត្វស្លាប់ហើយកើតទៀត សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា សត្វស្លាប់ហើយ កើតទៀត ដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ជ្រាបថា សត្វស្លាប់ហើយ មិនកើតទៀត សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា សត្វស្លាប់ហើយមិនកើតទៀតដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា សត្វស្លាប់ហើយកើតទៀតក្តី ថាសត្វស្លាប់ហើយមិនកើតទៀតក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថាសត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ជ្រាបថា សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង មិនឃើញដែរ។
[១៤៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលមាលុង្ក្យបុត្រ ចុះតថាគត បាននិយាយនឹងអ្នកយ៉ាងនេះថា ម្នាលមាលុង្ក្យបុត្រ អ្នកចូរមកអាយ អ្នកចូរប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគតចុះ តថាគត នឹងសំដែងប្រាប់អ្នកថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុតដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះក្តី ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ឬអ្វី។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ចុះអ្នកបានិយាយនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ ឲ្យតែព្រះមានព្រះភាគ នឹងសំដែងប្រាប់ខ្ញុំព្រះអង្គថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុតដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះក្តី ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀតដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀត ក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ឬអ្វី។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលមាលុង្ក្យបុត្រ បានឮថា តថាគត មិនបាននិយាយនឹងអ្នកថា ម្នាលមាលុង្ក្យបុត្រ អ្នកចូរមកអាយ ចូរអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគតចុះ តថាគត នឹងសំដែងប្រាប់អ្នកថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី។បេ។ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ទាំងបានឮថា អ្នកក៏មិនបាននិយាយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ ឲ្យតែព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី។បេ។ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ម្នាលមោឃបុរស កាលបើហេតុយ៉ាងនេះទេ ចុះអ្នកជាអុក ជាទុក្ខប្រាប់អ្នកណា។
[១៥០] ម្នាលមាលុង្ក្យបុត្រ បុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ មិនទាន់សំដែងប្រាប់ខ្ញុំព្រះអង្គថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី។បេ។ សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ម្នាលមាលុង្ក្យបុត្រ តថាគត នឹងសំដែងនូវដំណើរនោះឲ្យស្តាប់មិនទាន់ទេ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅ (មុនសំដែង) ដោយពិត។ ម្នាលមាលុង្ក្យបុត្រ ដូចជាបុរសមុតព្រួញ (របស់សេនានៃស្តេចដទៃ) ដែលលាបប្រឡាក់ដោយថ្នាំពិសដ៏ក្រាស់ មិត្តអាមាត្យ ញាតិ និងសាលោហិតរបស់បុរសនោះ ក៏ចូលទៅរកពេទ្យជាអ្នកវះ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ ជាក្សត្រ ឬព្រាហ្មណ៍ ឬវេស្សៈ ឬសុទ្ទៈ នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ ថាមាននាមយ៉ាងនេះ ឬមានគោត្រយ៉ាងនេះ នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ ជាមនុស្សខ្ពស់ ឬទាប ឬកណ្តាលនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ ជាមនុស្សសម្បុរខ្មៅ ឬសណ្តែកបាយ ឬប្រផេះនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ នៅក្នុងស្រុក ឬនិគម ឬនគរឯណោះៗ នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ធ្នូដែលមុតខ្ញុំនោះ ជាកាំភ្លើង ឬស្នានៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ខ្សែបន្លោះដែលបាញ់ខ្ញុំនោះ ជាសម្បករាក់ ឬពន្លុងឫស្សី ជាសរសៃសត្វ ឬសម្បកខ្លែងព័រ ឬវល្លិ៍ទឹកដោះនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ព្រួញដែលមុតខ្ញុំ ជាព្រួញឈើព្រៃ ឬព្រួញឈើដែលគេដាំ នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ព្រួញដែលមុតខ្ញុំនោះ ជាព្រួញដែលគេសៀតដោយស្លាបសត្វណា សត្វនោះជាត្មាត ឬប្រមង់ ខ្លែង ឬក្ងោក ឬទុងនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ព្រួញដែលមុតខ្ញុំនោះ ជាព្រួញដែលគេរុំដោយសរសៃគោ ឬក្របី សរសៃសីហៈខ្មៅ ឬស្វានៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ព្រួញ ដែលមុតខ្ញុំនោះ ជាព្រួញមានមុខមូល ឬមានមុខសំប៉ែតដូចមុខកាំបិត ព្រួញមានងៀង ឬមានមុខស្រោបដែក ព្រួញមានមុខដូចពន្លាក ឬព្រួញធ្វើអំពីទ្រនុងធាងទ្រាំងនៅឡើយ ម្នាលមាលុង្ក្យបុត្រ បុរសនោះ ចាំដឹងដំណើរនោះមិនទាន់ទេ មុខជាបុរសនោះ នឹងធ្វើមរណកាលទៅពុំខាន។ ម្នាលមាលុង្ក្យបុត្រ បុគ្គលណានិយាយយ៉ាងនេះថា ខ្ញុំមិនទាន់ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ មិនទាន់សំដែងប្រាប់ខ្ញុំថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុតដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះក្តី ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀតដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀត ក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ម្នាលមាលុង្ក្យបុត្រ តថាគត នឹងសំដែងដំណើរនោះឲ្យស្តាប់មិនទាន់ទេ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅ (មុនសំដែង) ពុំខាន មានឧបមេយ្យដូចជាបុរសដែលត្រូវព្រួញមុតនោះឯង។
[១៥១] ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា លោកទៀងដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា លោកមិនទៀងដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា លោកទៀង ឬថាលោកមិនទៀង ដូច្នេះហើយ ជាតិក៏មាន ជរាក៏មាន មរណៈក៏មាន សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីក្រៀមក្រំចិត្តក៏មាន ជាធម៌ដែលតថាគតបញ្ញត្តថា មានសេចក្តីវិនាសក្នុងបច្ចុប្បន្ន។ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា លោកមានទីបំផុតដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា លោកមិនមានទីបំផុតដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា លោកមានទីបំផុត ឬថាលោកមិនមានទីបំផុតដូច្នេះហើយ ជាតិក៏មាន ជរាក៏មាន មរណៈក៏មាន សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីក្រៀមក្រំចិត្តក៏មាន ជាធម៌ដែលតថាគតបញ្ញត្តថា មានសេចក្តីវិនាសក្នុងបច្ចុប្បន្ន។ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា ជីវិតនោះក៏គឺសរីរៈនោះដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ឬថា ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះហើយ ជាតិក៏មាន។បេ។ បញ្ញត្តថា មានសេចក្តីវិនាស។ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា សត្វស្លាប់ហើយកើតទៀត ដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា សត្វស្លាប់ហើយមិនកើតទៀតដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា សត្វស្លាប់ហើយកើតទៀត ឬថា សត្វស្លាប់ហើយមិនកើតទៀត ដូច្នេះហើយ ជាតិក៏មាន។បេ។ ជាធម៌ដែលតថាគត បញ្ញត្តថា មានសេចក្តីវិនាសក្នុងបច្ចុប្បន្ន។ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើមានសេចក្តីយល់ឃើញថា សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ឬថា សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះហើយ ជាតិក៏មាន ជរាក៏មាន មរណៈក៏មាន សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីតូចចិត្ត សេចក្តីក្រៀមក្រំចិត្តក៏មាន ជាធម៌ដែលតថាគតបញ្ញត្តថា មានសេចក្តីវិនាសក្នុងបច្ចុប្បន្ន។
[១៥២] ម្នាលមាលុង្ក្យបុត្រ ព្រោះហេតុនោះ អ្នកទាំងឡាយចូរចាំទុកនូវសេចក្តី ដែលតថាគតមិនបានសំដែងហើយ តាមសេចក្តីដែលតថាគតមិនបានសំដែង ទាំងចូរចាំទុកនូវសេចក្តី ដែលតថាគតបានសំដែងហើយ តាមសេចក្តីដែលតថាគតបានសំដែងចុះ។ ម្នាលមាលុង្ក្យបុត្រ ចុះតថាគតមិនបានសំដែងសេចក្តីដូចម្តេចខ្លះ ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា លោកទៀង ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា លោកមិនទៀង ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា លោកមានទីបំផុត ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា លោកមិនមានទីបំផុត ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា ជីវិតនោះ ក៏គឺសរីរៈនោះ តថាគតមិនបានសំដែងថា ជីវិតដទៃ សរីរៈក៏ដទៃ តថាគតមិនបានសំដែងថា សត្វស្លាប់ហើយកើតទៀត តថាគតមិនបានសំដែងថា សត្វស្លាប់ហើយមិនកើតទៀត តថាគតមិនបានសំដែងថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន តថាគតមិនបានសំដែងថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ ម្នាលមាលុង្ក្យបុត្រ ព្រោះហេតុអ្វី បានជាតថាគតមិនសំដែងទិដ្ឋិនុ៎ះ ម្នាលមាលុង្ក្យបុត្រ ព្រោះទិដ្ឋិនោះ មិនប្រកបដោយប្រយោជន៍ មិនមែនជាខាងដើមនៃព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគតមិនសំដែងទិដ្ឋិនោះ។ ម្នាលមាលុង្ក្យបុត្រ ចុះសេចក្តីដូចម្តេច ដែលតថាគត តែងសំដែង ម្នាលមាលុង្ក្យបុត្រ តថាគតតែងសំដែងថា នេះជាទុក្ខ ម្នាលមាលុង្ក្យបុត្រ តថាគតតែងសំដែងថា នេះជាហេតុប្រជុំកើតឡើងនៃទុក្ខ តថាគតតែងសំដែងថា នេះជាគ្រឿងរលត់ទុក្ខ តថាគតតែងសំដែងថា នេះជាសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលមាលុង្ក្យបុត្រ ហេតុដូចម្តេច បានជាតថាគត សំដែងពាក្យនុ៎ះ ម្នាលមាលុង្ក្យបុត្រ ព្រោះថា ពាក្យនុ៎ះ ប្រកបដោយប្រយោជន៍ ពាក្យនុ៎ះ ជាខាងដើមនៃព្រហ្មចរិយធម៌ ពាក្យនុ៎ះប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគៈ ប្រព្រឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ ប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគតសំដែងពាក្យនោះ។ ម្នាលមាលុង្ក្យបុត្រ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរចាំទុកនូវសេចក្តី ដែលតថាគត មិនបានសំដែងហើយ តាមសេចក្តីដែលតថាគតមិនបានសំដែងហើយផង ចូរចាំទុកនូវសេចក្តី ដែលតថាគត បានសំដែងហើយ តាមសេចក្តីដែលតថាគតបានសំដែងហើយផង។ លុះព្រះមានព្រះភាគ ទ្រង់សំដែងព្រះសូត្រនេះចប់ហើយ ព្រះមាលុង្ក្យបុត្រមានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ ចូឡមាលុង្ក្យោវាទសូត្រ ទី៣។
(៤. មហាមាលុក្យសុត្តំ)
[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ បានចាំឱរម្ភាគិយសំយោជនៈ54) ៥ ដែលតថាគតបានសំដែងហើយដែរឬ។ កាលដែលព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះហើយ ព្រះមាលុង្ក្យបុត្រមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំឱរម្ភាគិយសំយោជនៈ៥ ដែលព្រះមានព្រះភាគ សំដែងហើយ។ ព្រះអង្គត្រាស់សួរថា ម្នាលមាលុង្ក្យបុត្រ ចុះអ្នកចាំឱរម្ភាគិយសំយោជនៈ៥ ដែលតថាគតសំដែងហើយ ដូចម្តេចខ្លះ។ មាលុង្ក្យបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា សក្កាយទិដ្ឋិ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា វិចិកិច្ឆា ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា សីលព្វត្តបរាមាសៈ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា កាមឆន្ទៈ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា ព្យាបាទៈ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំ នូវឱរម្ភាគិយសំយោជនៈ៥ ដែលព្រះមានព្រះភាគ សំដែងហើយ យ៉ាងនេះឯង។
[១៥៤] ព្រះអង្គត្រាស់ថា ម្នាលមាលុង្ក្យបុត្រ អ្នកចាំបាននូវឱរម្ភាគិយសំយោជនៈ៥យ៉ាងនេះ ដែលតថាគតបានសំដែងហើយ ថាជាសំយោជនៈរបស់អ្នកណា ម្នាលមាលុង្ក្យបុត្រ ក្រែងពួកបរិព្វាជក ជាអន្យតិរ្ថិយ នឹងពោលប្រកួតប្រកាន់ ដោយសេចក្តីប្រកួតប្រកាន់ ដែលប្រៀបដោយកូនក្មេងតូចទេដឹង ម្នាលមាលុង្ក្យបុត្រ ដ្បិតកូនក្មេងតូច កំពុងដេកផ្ងារនៅឡើយ នឹងថាមានសក្កាយមិនទាន់បានទេ តើសក្កាយទិដ្ឋិ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់សក្កាយទិដ្ឋានុស័យ របស់កូនក្មេងនោះ គង់ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ កូនក្មេងតូចខ្ចី កំពុងដេកផ្ងារនៅឡើយ នឹងថាមានធម៌ មិនទាន់បានទេ តើសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់វិចិកិច្ឆានុស័យ របស់កូនក្មេងនោះ គង់ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ តាមសេចក្តីពិត កូនក្មេងតូចខ្ចី កំពុងដេកផ្ងារនៅឡើយ នឹងថាមានសីល មិនទាន់បានទេ តើសីលព្វត្តបរាមាសៈ ក្នុងសីលទាំងឡាយ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់សីលព្វត្តបរាមាសានុស័យ របស់កូនក្មេងនោះ គង់ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ កូនក្មេងតូចខ្ចី កំពុងដេកផ្ងារនៅឡើយ នឹងថាមានកាម មិនទាន់បានទេ តើកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់កាមរាគានុស័យ របស់កូនក្មេងនោះ គង់ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ កូនក្មេងតូចខ្ចី កំពុងដេកផ្ងារនៅឡើយ នឹងថាមានសត្វ មិនទាន់បានទេ តើព្យាបាទ ទៅរកសត្វទាំងឡាយ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់ព្យាបាទានុស័យ របស់កូនក្មេងនោះ គង់ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ ក្រែងពួកបរិព្វាជក ជាអន្យតិរ្ថិយ នឹងពោលប្រកួតប្រកាន់ ដោយសេចក្តីប្រកួតប្រកាន់ ដែលប្រៀបដោយកូនក្មេងនេះឯង ទេដឹង។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរហើយ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ ដែលព្រះមានព្រះភាគ នឹងសំដែង នូវឱរម្ភាគិយសំយោជនៈ៥ហើយ ពួកភិក្ខុ បើបានស្តាប់ភាសិត របស់ព្រះមានព្រះភាគហើយ នឹងចងចាំទុកបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរយកចិត្តទុកដាក់ ដោយប្រពៃចុះ តថាគត នឹងសំដែង។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៥៥] ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលអានន្ទ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានឃើញព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌ របស់ព្រះអរិយៈ មិនបានសិក្សា ក្នុងធម៌របស់ព្រះអរិយៈ ទាំងមិនបានជួបប្រទះពួកសប្បុរស មិនឈ្លាសវៃ ក្នុងធម៌របស់សប្បុរស មិនបានសិក្សា ក្នុងធម៌របស់សប្បុរស ជាអ្នកមានសក្កាយទិដ្ឋិគ្របសង្កត់ចិត្ត មានសក្កាយទិដ្ឋិរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវសក្កាយទិដ្ឋិ ដែលកើតឡើង តាមសេចក្តីពិតបានឡើយ សក្កាយទិដ្ឋិនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ ក៏មិនអាចនឹងរលាស់ចោលបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ជាអ្នកមានវិចិកិច្ឆា គ្របសង្កត់ចិត្ត មានវិចិកិច្ឆារួបរឹតចិត្ត ទាំងមិនបានដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវវិចិកិច្ឆា ដែលកើតឡើង តាមសេចក្តីពិតបានឡើយ វិចិកិច្ឆានោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ ក៏មិនអាចនឹងរលាស់ចេញបាន (នេះ) ជា ឱរម្ភាគិយសំយោជនៈ ១។ ជាអ្នកមានសីលព្វត្តបរាមាសៈ គ្របសង្កត់ចិត្ត មានសីលព្វត្តបរាមាសៈរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវសីលព្វត្តបរាមាសៈ ដែលកើតឡើង តាមសេចក្តីពិតបានឡើយ សីលព្វត្តបរាមាសៈនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ មិនអាចនឹងរលាស់ចេញបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ជាអ្នកមានកាមរាគ គ្របសង្កត់ចិត្ត មានកាមរាគរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវកាមរាគ ដែលកើតឡើង តាមសេចក្តីពិតបានឡើយ កាមរាគនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ មិនអាចនឹងរលាស់ចេញបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ជាអ្នកមានព្យាបាទ គ្របសង្កត់ចិត្ត មានព្យាបាទរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវព្យាបាទ ដែលកើតឡើង តាមពិតបានឡើយ ព្យាបាទនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ មិនអាចនឹងរលាស់ចេញបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ម្នាលអានន្ទ ចំណែកខាងអរិយសាវ័ក ជាអ្នកបានស្តាប់ បានឃើញពួកព្រះអរិយៈ ជាអ្នកឈ្លាសវៃក្នុងធម៌ របស់ព្រះអរិយៈ បានសិក្សា ក្នុងធម៌របស់ព្រះអរិយៈ ទាំងបានឃើញពួកសប្បុរស ជាអ្នកឈ្លាសវៃក្នុងធម៌ របស់សប្បុរស បានសិក្សាក្នុងធម៌ របស់សប្បុរស ជាអ្នកមិនមានសក្កាយទិដ្ឋិគ្របសង្កត់ចិត្ត មិនមានសក្កាយទិដ្ឋិរួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវសក្កាយទិដ្ឋិ ដែលកើតឡើង តាមសេចក្តីពិតបាន អរិយសាវ័កនោះ តែងលះបង់នូវសក្កាយទិដ្ឋិ ដែលប្រកបដោយអនុស័យ55) នោះ។ ជាអ្នកមិនមានវិចិកិច្ឆា គ្របសង្កត់ចិត្ត មិនមានវិចិកិច្ឆារួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវវិចិកិច្ឆា ដែលកើតឡើង តាមសេចក្តីពិតបាន អរិយសាវ័កនោះ តែងលះបង់នូវវិចិកិច្ឆា ដែលប្រកបដោយអនុស័យនោះ។ ជាអ្នកមិនមានសីលព្វត្តបរាមាសៈ គ្របសង្កត់ចិត្ត មិនមានសីលព្វត្តបរាមាសៈរួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវសីលព្វត្តបរាមាសៈ ដែលកើតឡើង តាមសេចក្តីពិតបាន អរិយសាវ័កនោះ តែងលះបង់នូវសីលព្វត្តបរាមាសៈ ដែលប្រកបដោយអនុស័យនោះ។ ជាអ្នកមិនមានកាមរាគ គ្របសង្កត់ចិត្ត មិនមានកាមរាគរួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវកាមរាគ ដែលកើតឡើង តាមសេចក្តីពិតបាន អរិយសាវ័កនោះ តែងលះបង់នូវកាមរាគ ដែលប្រកបដោយអនុស័យនោះ។ ជាអ្នកមិនមានព្យាបាទ គ្របសង្កត់ចិត្ត មិនមានព្យាបាទរួបរឹតចិត្ត ទាំងបានដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវព្យាបាទ ដែលកើតឡើង តាមសេចក្តីពិតបាន អរិយសាវ័កនោះ តែងលះបង់នូវព្យាបាទ ដែលប្រកបដោយអនុស័យនោះ។
[១៥៦] ម្នាលអានន្ទ មគ្គណា បដិបទាណា ប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥ បុគ្គលមិនបាច់អាស្រ័យនូវមគ្គនោះ នូវបដិបទានោះទេ ក៏គង់ដឹង ឬគង់ឃើញ គង់លះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន ពាក្យដូច្នេះ មិនសមហេតុទេ។ ម្នាលអានន្ទ ដូចដើមឈើធំ ដែលមានខ្លឹម កំពុងឋិតនៅ បុគ្គលមិនបានច្រាសយកសម្បកចេញ មិនបានចាំងយកស្រាយចេញ ក៏គង់តែកាប់យកខ្លឹមបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ មគ្គណា បដិបទាណា ប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥ បុគ្គលមិនបាច់អាស្រ័យនូវមគ្គនោះ បដិបទានោះទេ ក៏គង់ដឹង ឬគង់ឃើញ គង់លះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ មានឧបមេយ្យយ៉ាងនោះដែរ។ ម្នាលអានន្ទ លុះតែមគ្គណា បដិបទាណា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥ បុគ្គលក៏បានអាស្រ័យនូវមគ្គនោះ នូវបដិបទានោះ នឹងដឹង ឬនឹងឃើញ នឹងលះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន ពាក្យដូច្នេះនេះ ទើបសមហេតុមែន។ ម្នាលអានន្ទ ដូចដើមឈើដែលមានខ្លឹម កំពុងឋិតនៅ ហើយគេបានច្រាសសំបកចេញ ចាំងស្រាយចេញ ទើបគេកាប់យកខ្លឹមបាន ពាក្យដូច្នេះនេះ ទើបសមហេតុ មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ មគ្គណា បដិបទាណា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥ បុគ្គលក៏បានអាស្រ័យនូវមគ្គនោះ នូវបដិបទានោះ នឹងដឹង ឬនឹងឃើញ នឹងលះបង់ នូវឱរម្ភាគិយសំយោជនៈ៥បាន ពាក្យដូច្នេះនេះ ទើបសមហេតុ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលអានន្ទ មួយទៀត ដូចទន្លេគង្គា មានទឹកពេញប្រៀប ស្មើនឹងច្រាំង ល្មមក្អែកទំលើមាត់ច្រាំង ឱនផឹកបាន កាលនោះ មានបុរសមានកំឡាំងខ្សោយ ដើរមកដោយគិតថា អាត្មាអញ នឹងឆ្លងកាត់ខ្សែទឹក ត្រង់ទទឹងទន្លេគង្គានេះដោយដៃ ហើយនឹងបានដល់ទៅត្រើយនាយ ដោយសួស្តីដូច្នេះ បុរសនោះ មិនអាចនឹងឆ្លងកាត់ខ្សែទឹក ត្រង់ទទឹងទន្លេគង្គានេះដោយដៃ ទៅដល់ត្រើយខាងនាយ ដោយសួស្តីបានឡើយ មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ កាលតថាគត សំដែងធម៌ ដើម្បីរំលត់នូវសក្កាយៈ ដល់បុគ្គលណាមួយ ចិត្តរបស់បុគ្គលនោះ មិនស្ទុះទៅ មិនជ្រះថ្លា មិនឋិតនៅស៊ប់ មិនជឿជាក់ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ បណ្ឌិតត្រូវឃើញពួកជនទាំងនោះ ដូចជាបុរស ដែលមានកំឡាំងខ្សោយនោះឯង។ ម្នាលអានន្ទ ទន្លេគង្គា មានទឹកពេញប្រៀប ស្មើមាត់ច្រាំង ល្មមក្អែកទំលើមាត់ច្រាំង ឱនផឹកបាន កាលនោះ បុរសមានកំឡាំង ដើរមកដោយគិតថា អាត្មាអញ នឹងឆ្លងកាត់ខ្សែទឹក ត្រង់ទទឹងទន្លេគង្គានេះដោយដៃ ហើយនឹងបានដល់ត្រើយខាងនាយ ដោយសួស្តីដូច្នេះ បុរសនោះ អាចនឹងឆ្លងកាត់ខ្សែទឹក ត្រង់ទទឹងទន្លេគង្គានេះដោយដៃ ក៏ដល់ទៅត្រើយខាងនាយ ដោយសួស្តីបាន មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ កាលតថាគត សំដែងធម៌ ដើម្បីរំលត់នូវសក្កាយៈ ដល់បុគ្គលណាមួយ ចិត្ត (របស់បុគ្គលនោះ) ក៏ស្ទុះទៅ ជ្រះថ្លា ឋិតនៅស៊ប់ ជឿជាក់ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បណ្ឌិតត្រូវឃើញពួកជនទាំងនោះ ដូចជាបុរស ដែលមានកំឡាំងនោះឯង។
[១៥៧] ម្នាលអានន្ទ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានឧបធិវិវេក ព្រោះលះបង់ នូវពួកអកុសលធម៌ ព្រោះរម្ងាប់ នូវការប្រព្រឹត្តអាក្រក់ ដោយកាយ ដោយសព្វអន្លើ ហើយស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ បានចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ សុខ ដែលកើតអំពីវិវេក ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ភិក្ខុរមែងពិចារណា ឃើញច្បាស់នូវពួកធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលសមាបត្តិនោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តីមិនសប្បាយ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សាបសូន្យ ជារបស់មិនស្តាប់បង្គាប់ចិត្ត។ ភិក្ខុនោះ រមែងដោះចិត្ត ចាកធម៌ទាំងនោះ លុះភិក្ខុនោះបានដោះចិត្ត ចាកធម៌ទាំងនោះហើយ ក៏បង្អោនចិត្តទៅ ក្នុងអមតធាតុថា ការរម្ងាប់នូវសង្ខារទាំងពួង ការលះបង់នូវឧបក្កិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននោះ ជាសេចក្តីល្អិត ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានព្រះត្រៃលក្ខណ៍ជាអារម្មណ៍នោះហើយ រមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើមិនបានដល់នូវការអស់ទៅនៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្តីត្រេកអរចំពោះសមថធម៌ និងវិបស្សនាធម៌នោះ ព្រោះសេចក្តីរីករាយ ចំពោះធម៌នោះ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ៥ហើយ នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលអានន្ទ មគ្គនេះឯង បដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥។ ម្នាលអានន្ទ មួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។បេ។ ចូលកាន់តតិយជ្ឈាន។បេ។ ចូលកាន់ចតុត្ថជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ នូវពួកធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលសមាបត្តិ។បេ។ ដើម្បីលះបង់នូវសំយោជនៈទាំងឡាយ។
[១៥៨] ម្នាលអានន្ទ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរំលត់នូវបដិឃសញ្ញា ព្រោះមិនយកចិត្តទុកដាក់ នូវនានត្តសញ្ញា ដោយប្រការទាំងពួង ចូលកាន់អាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ នូវពួកធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលកាន់សមាបត្តិនោះថា ជារបស់មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តីមិនសប្បាយ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សាបសូន្យ ជារបស់មិនស្តាប់បង្គាប់ចិត្ត។ ភិក្ខុនោះ រមែងដោះចិត្ត ចាកធម៌ទាំងនោះបាន លុះភិក្ខុនោះ បានដោះចិត្ត ចាកធម៌ទាំងនោះហើយ ក៏បង្អោនចិត្តទៅ ក្នុងអមតធាតុថា ការរម្ងាប់នូវសង្ខារទាំងពួង ការលះបង់នូវឧបក្កិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់នៃតណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជារបស់ល្អិត ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរល្អ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានព្រះត្រៃលក្ខណ៍ ជាអារម្មណ៍នោះហើយ រមែងដល់នូវការអស់ទៅនៃអាសវៈទាំងឡាយ បើបែរជាមិនបានដល់ នូវការអស់ទៅ នៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្តីត្រេកអរ ចំពោះធម៌នោះ ព្រោះសេចក្តីរីករាយ ចំពោះធម៌នោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសំយោជនៈ៥ហើយ នឹងបរិនិព្វាន ក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលអានន្ទ មគ្គនេះឯង បដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱរម្ភាគិយសំយោជនៈ៥។ ម្នាលអានន្ទ មួយទៀត ភិក្ខុកន្លងបង់ នូវអាកាសានញ្ចាយតនៈ ដោយសព្វអន្លើហើយ ចូលកាន់វិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណ មិនមានទីបំផុត។ ភិក្ខុនោះ ពិចារណា នូវពួកធម៌ គឺ វេទនា។បេ។ ដើម្បីលះបង់នូវសំយោជនៈទាំងឡាយ។ ម្នាលអានន្ទ មួយទៀត ភិក្ខុកន្លងបង់ នូវវិញ្ញាណញ្ចាយតនៈ ដោយសព្វអន្លើហើយ ទើបចូលកាន់អាកិញ្ចញ្ញាយតនៈ ដោយបរិកម្មថា អ្វីបន្តិចបន្តួច មិនមាន។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ នូវពួកធម៌ គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលកាន់សមាបត្តិនោះថា ជារបស់មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តីមិនសប្បាយ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សាបសូន្យ ជារបស់មិនស្តាប់បង្គាប់ចិត្ត។ ភិក្ខុនោះ រមែងដោះចិត្ត ចាកធម៌ទាំងនោះបាន លុះភិក្ខុនោះ បានដោះចិត្ត ចាកធម៌ទាំងនោះហើយ រមែងបង្អោនចិត្តទៅ ក្នុងអមតធាតុថា ការរម្ងាប់បង់នូវសង្ខារទាំងពួង ការលះបង់ នូវឧបក្កិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជារបស់ល្អិត ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរល្អ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមានព្រះត្រៃលក្ខណ៍ ជាអារម្មណ៍ រមែងដល់នូវការអស់ទៅ នៃអាសវៈទាំងឡាយ បើបែរជាមិនបានដល់នូវការអស់ទៅនៃអាសវៈទាំងនោះទេ ក៏គង់បានទៅកើតជា ឱបបាតិកៈកំណើត ព្រោះសេចក្តីត្រេកអរក្នុងធម៌នោះ ព្រោះសេចក្តីរីករាយ ក្នុងធម៌នោះ ព្រោះការអស់ទៅ នៃឱរម្ភាគិយសំយោជនៈ៥ហើយ នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលអានន្ទ មគ្គនេះឯង បដិបទានេះឯងហើយ ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱរម្ភាគិយសំយោជនៈ៥។
[១៥៩] ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បើមគ្គនុ៎ះ បដិបទានុ៎ះ ប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន កាលបើដូច្នេះ ចុះហេតុដូចម្តេច បានជាក្នុងសាសនានេះ មានពួកភិក្ខុខ្លះ ជាចេតោវិមុត្តិ ពួកភិក្ខុខ្លះ ជាបញ្ញាវិមុត្តិ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ក្នុងសាសនានេះឯង តថាគត ពោលថា ពួកភិក្ខុទាំងនោះ មានឥន្ទ្រិយផ្សេងៗគ្នា។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏រីករាយ ត្រេកអរ នឹងភាសិត របស់ព្រះមានព្រះភាគ។
ចប់ មហាមាលុង្ក្យោវាទសូត្រ ជាគំរប់៤។
(៥. ភទ្ទាលិសុត្តំ)
[១៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត តែងឆាន់ភោជន ដែលគួរបរិភោគតែមួយពេល ម្នាលភិក្ខុទាំងឡាយ កាលតថាគត ឆាន់ភោជន ដែលគួរបរិភោគតែមួយពេល ក៏បានដឹងច្បាស់ នូវភាពមិនមានអាពាធ មិនមានទុក្ខ ការងើប ក្រោកដោយរហ័ស កំឡាំងកាយ និងការនៅសប្បាយ ដោយឥរិយាបថទាំង៤ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកមកណេះ ចូរបរិភោគភោជន ដែលគួរបរិភោគតែមួយពេលចុះ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិភោគភោជន ដែលគួរបរិភោគតែមួយពេលហើយ មុខជានឹងបានដឹងច្បាស់ នូវភាពមិនមានអាពាធ មិនមានទុក្ខ ការងើបក្រោក ដោយរហ័ស កំឡាំងកាយ និងការនៅសប្បាយ ដោយឥរិយាបថទាំង៤។
[១៦១] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះភទ្ទាលិមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនអាចនឹងបរិភោគភោជន ដែលគួរបរិភោគតែមួយពេលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលបើខ្ញុំព្រះអង្គ បរិភោគភោជន ដែលគួរបរិភោគតែមួយពេលហើយ សេចក្តីរសាប់រសល់ ក៏មាន សេចក្តីក្តៅក្រហាយ ក៏មាន។ ព្រះអង្គត្រាស់ថា ម្នាលភទ្ទាលិ បើដូច្នោះ គេនិមន្តអ្នកឆាន់ក្នុងទីណា អ្នកគប្បីបរិភោគតែបន្តិចបន្តួច ឬរំលែកយកមកបរិភោគតែបន្តិចបន្តួច ក្នុងទីនោះ ម្នាលភទ្ទាលិ កាលបើអ្នកបរិភោគយ៉ាងនេះហើយ ក៏គង់ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅបាន។ ភទ្ទាលិ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មិនអាចនឹងបរិភោគយ៉ាងនេះបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលបើខ្ញុំព្រះអង្គ បរិភោគយ៉ាងនេះហើយ សេចក្តីរសាប់រសល់ក៏មាន សេចក្តីក្តៅក្រហាយ ក៏មាន។ គ្រាកាលដែលព្រះមានព្រះភាគ កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទាននូវសិក្ខា ព្រះភទ្ទាលិមានអាយុ ក៏ក្រាបទូលនូវសេចក្តីមិនអាចធ្វើតាមបាន។ លំដាប់នោះឯង ព្រះភទ្ទាលិមានអាយុ លែងឲ្យជួបព្រះភក្ត្រព្រះមានព្រះភាគ ពេញ៣ខែគត់ លែងបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដោយដាច់ស្រឡះ។
[១៦២] សម័យនោះឯង ភិក្ខុទាំងឡាយមានប្រមាណច្រើនរូប នាំគ្នាធ្វើចីវរកម្ម ថ្វាយព្រះមានព្រះភាគ លុះព្រះមានព្រះភាគ មានចីវរសម្រេចហើយ កន្លង៣ខែទៅ ព្រះអង្គ បម្រុងនឹងស្តេចចេញ ទៅកាន់ចារិក។ គ្រានោះឯង ព្រះភទ្ទាលិមានអាយុ បានចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយពួកភិក្ខុទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ នឹងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទាលិមានអាយុ អង្គុយក្នុងទីសមគួរហើយ ភិក្ខុទាំងឡាយនោះ ក៏នាំគ្នានិយាយ យ៉ាងនេះថា ម្នាលអាវុសោ ភទ្ទាលិ ចីវរកម្មនេះឯង ដែលយើងទាំងឡាយ ធ្វើថ្វាយព្រះមានព្រះភាគ លុះព្រះមានព្រះភាគ មានចីវរកម្មសម្រេចហើយ កន្លង៣ខែទៅ ទ្រង់នឹងស្តេចចេញទៅកាន់ចារិក។ ម្នាលភទ្ទាលិមានអាយុ យើងសូមដាស់តឿន ចូរលោក យកចិត្តទុកដាក់នឹងកំហុស (ចំពោះសិក្ខាបទ ដែលព្រះសាស្តា ទ្រង់បញ្ញត្ត) នុ៎ះ ឲ្យប្រពៃចុះ អ្នកកុំធ្វើឲ្យលំបាក ក្នុងកាលជាខាងក្រោយឡើយ។ ព្រះភទ្ទាលិមានអាយុ ក៏ទទួលពាក្យពួកភិក្ខុទាំងនោះថា ករុណា អាវុសោ ដូច្នេះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទាលិមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសគ្របសង្កត់ខ្ញុំព្រះអង្គ ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ព្រោះកាលព្រះមានព្រះភាគ កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃ សមាទានសិក្ខា ខ្ញុំព្រះអង្គ ក៏បានក្រាបទូល នូវសេចក្តីមិនអាចធ្វើតាមបាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់ទោសចំពោះកំហុស តាមទោសរបស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួមតទៅទៀត។
[១៦៣] ព្រះអង្គ ទ្រង់ត្រាស់ថា អើភទ្ទាលិ ទោសគ្របសង្កត់អ្នក ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ពិតមែនហើយ ព្រោះកាលដែលតថាគត កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃ សមាទានសិក្ខា អ្នកបានប្រាប់ នូវសេចក្តីមិនអាចធ្វើតាមបាន។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ព្រះមានព្រះភាគ គង់នៅក្នុងក្រុងសាវត្ថី តែព្រះមានព្រះភាគ គង់ដឹងអាត្មាអញថា ភិក្ខុឈ្មោះភទ្ទាលិ មិនបានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ ម្នាលភទ្ទាលិ នេះឯង ជាហេតុដែលអ្នកមិនបានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកភិក្ខុច្រើនរូប នៅចាំវស្សា ក្នុងក្រុងសាវត្ថី សូម្បីភិក្ខុទាំងនោះ គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ មិនបានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ ម្នាលភទ្ទាលិ នេះឯងជាហេតុដែលអ្នកមិនបានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកភិក្ខុនីមានប្រមាណច្រើនរូប នៅចាំវស្សាក្នុងក្រុងសាវត្ថី សូម្បីភិក្ខុនីទាំងនោះ គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ មិនបានបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ ម្នាលភទ្ទាលិ នេះឯង ជាហេតុ ដែលអ្នកមិនបានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកឧបាសក មានប្រមាណច្រើននាក់ ដែលនៅអាស្រ័យ ក្នុងក្រុងសាវត្ថី សូម្បីពួកឧបាសកទាំងនោះ ក៏គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ មិនបានបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ នេះឯងជាហេតុ ដែលអ្នកមិនបានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកឧបាសិកាច្រើនគ្នា ដែលអាស្រ័យនៅ ក្នុងក្រុងសាវត្ថី សូម្បីពួកឧបាសិកាទាំងនោះ ក៏គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ មិនបានបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ នេះឯងជាហេតុ ដែលអ្នកមិនបានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកសមណព្រាហ្មណ៍ ជាតិរ្ថិយផ្សេងៗ មានប្រមាណច្រើនរូប ដែលនៅចាំវស្សា ក្នុងក្រុងសាវត្ថី សូម្បីពួកអ្នកទាំងនោះ ក៏គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ ជាសាវ័ក របស់ព្រះសមណគោតម ជាព្រះថេរមួយអង្គ មិនបានបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ នេះឯងជាហេតុ ដែលអ្នកមិនបានដឹង។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ទោសគ្របសង្កត់នូវខ្ញុំព្រះអង្គ ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ព្រោះកាលដែលព្រះមានព្រះភាគ កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃ សមាទានសិក្ខា ខ្ញុំព្រះអង្គ បានក្រាបទូលនូវសេចក្តីមិនអាចធ្វើតាមបាន។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់ទោស ចំពោះកំហុសតាមទោស របស់ខ្ញុំព្រះអង្គនោះ ដើម្បីសង្រួមតទៅ។
[១៦៤] ព្រះអង្គ ទ្រង់ត្រាស់ថា អើភទ្ទាលិ ទោសគ្របសង្កត់អ្នក ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ពិតមែនហើយ ព្រោះកាលដែលតថាគត កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទានសិក្ខា អ្នកក៏បានប្រាប់ នូវសេចក្តីមិនអាចនឹងធ្វើតាមបាន។ ម្នាលភទ្ទាលិ អ្នកសំគាល់ហេតុនោះថា ដូចម្តេច ភិក្ខុក្នុងសាសនានេះ ជាឧភតោភាគវិមុត្ត តថាគតនិយាយ នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលភិក្ខុ អ្នកចូរមកចុះ ស្ពានរបស់តថាគត មានក្នុងភក់ដូច្នេះ តើភិក្ខុនោះ គប្បីទៅខ្លួនឯង ឬប្រើអ្នកដទៃ ឲ្យច្រានកាយរបស់ខ្លួន ឬគប្បីពោលប្រកែកថាទេ។ ព្រះភទ្ទាលិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនគួរទេ។ ព្រះអង្គ ត្រាស់សួរថា ម្នាលភទ្ទាលិ អ្នកសំគាល់ហេតុនោះថាដូចម្តេច ភិក្ខុក្នុងសាសនានេះ ជាបញ្ញាវិមុត្តបុគ្គល ជាកាយសក្ខីបុគ្គល ជាទិដ្ឋិប្បត្តបុគ្គល ជាសទ្ធាវិមុត្តបុគ្គល ជាធម្មានុសារីបុគ្គល ជាសទ្ធានុសារីបុគ្គល56) តថាគត និយាយនឹងបុគ្គលនោះយ៉ាងនេះថា ម្នាលភិក្ខុ អ្នកចូរមកចុះ ស្ពានរបស់តថាគត មានក្នុងភក់ដូច្នេះ តើភិក្ខុនោះគប្បីដើរទៅខ្លួនឯង ឬប្រើអ្នកដទៃ ឲ្យច្រានកាយរបស់ខ្លួន ឬគប្បីពោលប្រកែកថាទេ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនគួរទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភទ្ទាលិ អ្នកសំគាល់ហេតុនោះដូចម្តេច ម្នាលភទ្ទាលិ ក្នុងសម័យនោះ អ្នកបានជាឧភតោភាគវិមុត្តបុគ្គល ឬបានជាបញ្ញាវិមុត្តបុគ្គល ជាកាយសក្ខីបុគ្គល ជាទិដ្ឋិប្បត្តបុគ្គល ជាសទ្ធាវិមុត្តបុគ្គល ជាធម្មានុសារីបុគ្គល ជាសទ្ធានុសារីបុគ្គលដែរឬ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ មិនមានទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភទ្ទាលិ ចុះមានតែក្នុងសម័យនោះ អ្នកជាបុគ្គលសោះសូន្យ ជាមនុស្សទទេ មានកំហុសទេឬ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនោះមែនហើយ បពិត្រព្រះអង្គដ៏ចំរើន ទោសគ្របសង្កត់នូវខ្ញុំព្រះអង្គ ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ព្រោះកាលដែលព្រះមានព្រះភាគ កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទានសិក្ខា ខ្ញុំព្រះអង្គក៏ក្រាបទូល នូវសេចក្តីមិនអាចនឹងធ្វើតាមបាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់អត់ទោសចំពោះកំហុស តាមកំហុសរបស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួមតទៅទៀត។
[១៦៥] ព្រះអង្គ ទ្រង់ត្រាស់ថា អើភទ្ទាលិ ទោសគ្របសង្កត់នូវអ្នកដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាសពិតមែនហើយ ព្រោះកាលដែលតថាគត កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទានសិក្ខា អ្នកបានប្រាប់នូវសេចក្តីមិនអាចនឹងធ្វើតាមបាន ម្នាលភទ្ទាលិ កាលណាអ្នកបានឃើញទោសតាមទោសហើយ ត្រឡប់មកធ្វើ តាមធម៌ គឺសូមខមាទោស តថាគត នឹងអត់ទោសចំពោះកំហុសនោះ ដល់អ្នក ម្នាលភទ្ទាលិ ព្រោះថា បុគ្គលដែលបានឃើញទោសតាមទោស ហើយត្រឡប់មកធ្វើតាមធម៌ គឺសូមខមាទោសវិញ ទើបដល់នូវការសង្រួមតទៅ នេះឯងជាសេចក្តីចំរើន ក្នុងវិន័យរបស់ព្រះអរិយៈ។
[១៦៦] ម្នាលភទ្ទាលិ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ មិនបានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តាទេ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ គប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរ ចំបើង (កាលបើនៅក្នុងទីដូច្នេះ) មុខជាអាត្មាអញ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌។ ភិក្ខុនោះ ក៏គប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរ ចំបើង កាលបើភិក្ខុនោះ ចេញទៅនៅដូច្នោះហើយ ព្រះសាស្តា ក៏តិះដៀលពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏តិះដៀល ទេវតាទាំងឡាយក៏តិះដៀល ទាំងខ្លួនឯង ក៏តិះដៀលខ្លួនឯង បុគ្គលនោះ កាលបើព្រះសាស្តាតិះដៀល ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏តិះដៀល ពួកទេវតា ក៏តិះដៀលហើយ ទាំងខ្លួនឯង ក៏តិះដៀលខ្លួនឯងហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ មិនបានឡើយ ដំណើរនុ៎ះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ មិនបានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តានុ៎ះឯង ដោយពិត។
[១៦៧] ម្នាលភទ្ទាលិ មួយទៀត ភិក្ខុពួកខ្លះ ក្នុងសាសនានេះ បានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តា ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរអាត្មាអញ គប់រកនូវសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរ ចំបើង គួរតែអាត្មាអញ ធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌។ ភិក្ខុនោះ ក៏គប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង កាលបើភិក្ខុនោះ ចេញទៅនៅដូច្នោះហើយ ព្រះសាស្តា ក៏មិនតិះដៀល ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏មិនតិះដៀល ពួកទេវតា ក៏មិនតិះដៀល ទាំងខ្លួនឯង ក៏មិនតិះដៀលខ្លួនឯង បុគ្គលនោះ កាលបើព្រះសាស្តា មិនតិះដៀល ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏មិនតិះដៀល ពួកទេវតា ក៏មិនតិះដៀល ទាំងខ្លួនឯង ក៏មិនតិះដៀលខ្លួនឯងហើយ រមែងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌បាន។ ភិក្ខុនោះ រមែងស្ងប់ស្ងាត់ ចាកកាម ស្ងប់ស្ងាត់ចាកអកុសលធម៌ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីវិវេក ដំណើរនុ៎ះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ បានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តា យ៉ាងនោះឯង។ ម្នាលភទ្ទាលិ មួយទៀត ភិក្ខុព្រោះបានរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ក្នុងសន្តាន មានភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិប៉ុណ្ណោះ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ ម្នាលភទ្ទាលិ មួយទៀត ភិក្ខុព្រោះប្រាសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញនូវសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ ម្នាលភទ្ទាលិ មួយទៀត ភិក្ខុព្រោះលះបង់សេចក្តីសុខ។បេ។ ចូលកាន់ចតុត្ថជ្ឈាន ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។
[១៦៨] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្តទៅរកបុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ រមែងរលឹកឃើញនូវជាតិ ដែលធ្លាប់អាស្រ័យ ក្នុងភពមុនជាច្រើនជាតិ គឺរលឹកឃើញមួយជាតិ។បេ។ រលឹកឃើញនូវជាតិ ដែលធ្លាប់អាស្រ័យនៅ ក្នុងភពមុនបានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្តទៅរកចុតូបបាតញ្ញាណ របស់សត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា បានឃើញសត្វទាំងឡាយ ដែលច្យុត ដែលកើត ថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មរបស់ខ្លួនថា ឱហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត។បេ។ ហើយកើតក្នុងកំណើតអសុរកាយ នរក។បេ។ ចំណែកខាងសត្វទាំងឡាយនេះ ប្រកបដោយកាយសុចរិត។បេ។ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ភិក្ខុដែលមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា។បេ។ រមែងដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មរបស់ខ្លួន ដូច្នេះឯង ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្តទៅរកអាសវក្ខយញ្ញាណ។ ភិក្ខុនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះទុក្ខ ។បេ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរដើម្បីរំលត់នូវទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាអាសវៈ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាសេចក្តីរលត់នៃអាសវៈ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរដើម្បីរលត់នៃអាសវៈ។ កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចស្រឡះចាកកាមាសវៈផង ចិត្តក៏រួចចាកទិដ្ឋាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួចស្រឡះចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះ ប្រាជ្ញាក៏កើតមានឡើងថា (ចិត្តរបស់អាត្មាអញ) រួចស្រឡះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះ មិនមានឡើយ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះភទ្ទាលិមានអាយុ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីហ្ន៎ ជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុ ធ្វើការសង្កត់សង្កិននូវភិក្ខុពួកខ្លះ ក្នុងសាសនានេះ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុមិនធ្វើការសង្កត់សង្កិន នូវភិក្ខុពួកខ្លះ ក្នុងសាសនានេះ។
[១៦៩] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភទ្ទាលិ ភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិរឿយៗ ជាអ្នកច្រើនដោយអាបត្តិ កាលពួកភិក្ខុស្តីប្រដៅ ភិក្ខុនោះ ក៏ពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ តែងបោះពាក្យទៅខាងក្រៅ ធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត សេចក្តីអាក់អន់ចិត្តឲ្យប្រាកដឡើង មិនប្រព្រឹត្តវត្តដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា មិនបានប្រាប់ហេតុនោះថា ខ្ញុំធ្វើដូច្នេះឡើយ។ ម្នាលភទ្ទាលិ ពួកភិក្ខុមានសេចក្តីត្រិះរិះក្នុងហេតុដែលប្រដៅក្រនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះត្រូវអាបត្តិរឿយៗ ច្រើនដោយអាបត្តិ ភិក្ខុនោះ កាលពួកភិក្ខុផងគ្នាស្តីប្រដៅ ភិក្ខុនោះ ក៏ពោលបន្លែបន្លប់ពាក្យដទៃដោយពាក្យដទៃ តែងបោះពាក្យទៅខាងក្រៅ ធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត នឹងសេចក្តីអាក់អន់ចិត្ត មិនប្រព្រឹត្តវត្តដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា មិនប្រាប់ហេតុនោះថា ខ្ញុំធ្វើដូច្នេះឡើយ បពិត្រលោកមានអាយុទាំងឡាយ សូមលោកទាំងឡាយ ពិចារណាមើលអធិករណ៍ របស់ភិក្ខុនេះ ដោយឆាប់រហ័ស តាមទំនងដែលមិនបានរម្ងាប់ដោយឆាប់រហ័សនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុ ក៏ពិចារណាអធិករណ៍ របស់ភិក្ខុនោះតាមទំនង ដែលមិនរម្ងាប់ដោយឆាប់រហ័សយ៉ាងនេះឯង។ ម្នាលភទ្ទាលិ ចំណែកភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិរឿយៗ ជាអ្នកច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ ក៏មិនពោលបន្លែបន្លប់ពាក្យដទៃដោយពាក្យដទៃ មិនបោះពាក្យទៅខាងក្រៅ មិនបានធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ រមែងប្រព្រឹត្តវត្តដោយប្រពៃ សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃគាប់ចិត្ត ដោយហេតុណា ក៏ប្រាប់ហេតុនោះថា ខ្ញុំធ្វើ។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ ក្នុងហេតុដែលប្រដៅងាយនោះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិរឿយៗ ជាអ្នកច្រើនទៅដោយអាបត្តិ កាលភិក្ខុទាំងឡាយ ស្តីប្រដៅ ភិក្ខុនោះ ក៏មិនបានពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ មិនបានបោះពាក្យទៅខាងក្រៅ ទាំងមិនធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ តែងប្រព្រឹត្តវត្ត ដោយប្រពៃ សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា ក៏ប្រាប់ហេតុនោះថា ខ្ញុំធ្វើ បពិត្រលោកដ៏មានអាយុទាំងឡាយ សូមលោកទាំងឡាយ ពិចារណាមើលអធិករណ៍ របស់ភិក្ខុនេះ តាមទំនងដែលបានរម្ងាប់ដោយឆាប់រហ័ស យ៉ាងនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុ ក៏ពិចារណានូវអធិករណ៍ របស់ភិក្ខុនោះ តាមទំនង ដែលបានរម្ងាប់ដោយឆាប់រហ័សយ៉ាងនេះឯង។
[១៧០] ម្នាលភទ្ទាលិ ភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិកាលម្តងៗ ជាអ្នកមិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ រមែងពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ បោះពាក្យទៅខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង មិនប្រព្រឹត្តវត្ត ដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា មិនបានប្រាប់ហេតុនោះថា ខ្ញុំធ្វើ ដូច្នេះឡើយ។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ ក្នុងហេតុដែលប្រដៅក្រនោះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិក្នុងកាលម្តងៗ ជាអ្នកមិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ រមែងពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ បោះពាក្យទៅខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង មិនប្រព្រឹត្តវត្ត ដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា មិនបានប្រាប់ហេតុនោះថា ខ្ញុំធ្វើ ដូច្នេះឡើយ បពិត្រលោកទាំងឡាយមានអាយុ សូមលោកទាំងឡាយ ពិចារណាមើលអធិករណ៍ របស់ភិក្ខុនេះ តាមទំនងដែលមិនរម្ងាប់ ដោយឆាប់រហ័សនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុពិចារណាអធិករណ៍របស់ភិក្ខុនោះ តាមទំនងដែលមិនរម្ងាប់ដោយឆាប់រហ័ស យ៉ាងនេះឯង។ ម្នាលភទ្ទាលិ ចំណែកខាងភិក្ខុពួកមួយ ក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិក្នុងកាលម្តងៗ មិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ មិនបានពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ មិនបោះពាក្យទៅខាងក្រៅ មិនបានធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ ប្រព្រឹត្តវត្ត ដោយប្រពៃ សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា បានប្រាប់ហេតុនោះថា ខ្ញុំធ្វើ។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ ក្នុងហេតុដែលប្រដៅងាយនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិក្នុងកាលម្តងៗ មិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ មិនបានពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ មិនបោះពាក្យទៅខាងក្រៅ មិនបានធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ ប្រព្រឹត្តវត្ត ដោយប្រពៃ សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិបាន សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា ក៏ប្រាប់ហេតុនោះថា ខ្ញុំធ្វើ បពិត្រលោកមានអាយុទាំងឡាយ សូមលោកពិចារណាអធិករណ៍ របស់ភិក្ខុនេះ តាមទំនងដែលគប្បីរម្ងាប់ ដោយឆាប់រហ័សនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុពិចារណាអធិករណ៍ របស់ភិក្ខុនោះ តាមទំនងដែលបានរម្ងាប់ ដោយឆាប់រហ័ស យ៉ាងនេះឯង។
[១៧១] ម្នាលភទ្ទាលិ ភិក្ខុពួកមួយ ក្នុងសាសនានេះ ប្រព្រឹត្តដោយសទ្ធាស្តួចស្តើង ដោយសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍)។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ តែងមានសេចក្តីត្រិះរិះ ចំពោះហេតុនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ប្រព្រឹត្តដោយសទ្ធាស្តួចស្តើង ដោយសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍) ប្រសិនបើយើងទាំងឡាយ ធ្វើនូវការសង្កត់សង្កិនភិក្ខុនេះ សទ្ធាស្តួចស្តើង និងសេចក្តីស្រឡាញ់ស្តួចស្តើងណា ដែលមាននៅ ភិក្ខុនេះ នឹងមិនសាបសូន្យ ចាកសទ្ធា និងសេចក្តីស្រឡាញ់ស្តួចស្តើងនោះឡើយ។ ម្នាលភទ្ទាលិ បុរសមានចក្ខុតែមួយ ពួកមិត្តអាមាត្យ ញាតិសាលោហិត គប្បីជួយថែរក្សាចក្ខុម្ខាង របស់បុរសនោះ ដោយគតិថា ចក្ខុណាដែលមាននៅ សូមកុំឲ្យបុរសនោះសាបសូន្យចាកចក្ខុម្ខាងនោះឡើយ យ៉ាងណាមិញ ម្នាលភទ្ទាលិ ភិក្ខុពួកមួយ ក្នុងសាសនានេះ ប្រព្រឹត្តដោយសទ្ធាស្តួចស្តើង ដោយសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍) យ៉ាងនោះឯង។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ តែងមានសេចក្តីត្រិះរិះ ចំពោះហេតុយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ប្រព្រឹត្តដោយសទ្ធាស្តួចស្តើង ដោយសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍) ប្រសិនបើយើងទាំងឡាយនាំគ្នាធ្វើការសង្កត់សង្កិនភិក្ខុនេះ សទ្ធាស្តួចស្តើង និងសេចក្តីស្រឡាញ់ស្តួចស្តើងណា ដែលមាននៅ ភិក្ខុនេះ នឹងមិនសាបសូន្យ ចាកសទ្ធា និងសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍) នោះឡើយ យ៉ាងនោះឯង។ ម្នាលភទ្ទាលិ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យភិក្ខុទាំងឡាយ ធ្វើការសង្កត់សង្កិនភិក្ខុពួកមួយ ក្នុងសាសនានេះ ម្នាលភទ្ទាលិ មួយទៀត នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុ មិនធ្វើការសង្កត់សង្កិនភិក្ខុពួកមួយក្នុងសាសនានេះ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អ្វីហ្ន៎ ជាហេតុ អ្វីហ្ន៎ជាបច្ច័យ បានជាក្នុងកាលពីដើម មានសិក្ខាបទតិចល្មម តែពួកភិក្ខុច្រើនរូប បានតាំងនៅក្នុងព្រះអរហត្ត បពិត្រព្រះអង្គដ៏ចំរើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ បានជាក្នុងកាលឥឡូវនេះ មានសិក្ខាបទច្រើនណាស់ តែពួកភិក្ខុតិចពេក ដែលបានតាំងនៅក្នុងព្រះអរហត្ត។
[១៧២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភទ្ទាលិ ដំណើរនោះ យ៉ាងនេះឯង គឺកាលបើសត្វទាំងឡាយសាបសូន្យ កាលបើព្រះសទ្ធម្មអន្តរធាន សិក្ខាបទទាំងឡាយ រមែងមានច្រើន ឯពួកភិក្ខុដែលបានឋិតនៅក្នុងព្រះអរហត្តមានតិច។ ម្នាលភទ្ទាលិ ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ មិនទាន់កើតប្រាកដ ចំពោះសង្ឃ ក្នុងសាសនានេះត្រឹមណា ព្រះសាស្តាក៏មិនទាន់បញ្ញត្តសិក្ខាបទ ដល់សាវ័កទាំងឡាយត្រឹមណោះ។ ម្នាលភទ្ទាលិ លុះតែធម៌ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ កើតប្រាកដ ចំពោះសង្ឃ ក្នុងសាសនានេះ ក្នុងកាលណា ទើបព្រះសាស្តា ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ក្នុងកាលនោះ ដើម្បីនឹងការពារ នូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈនោះ ប៉ុណ្ណោះ។ ម្នាលភទ្ទាលិ សង្ឃមិនទាន់មានច្រើនត្រឹមណា ធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈ ក៏មិនទាន់មានប្រាកដ ចំពោះសង្ឃ ត្រឹមណោះដែរ។ ម្នាលភទ្ទាលិ លុះតែសង្ឃមានច្រើន ក្នុងកាលណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងឡើង នៃអាសវៈ ក៏មានប្រាកដ ចំពោះសង្ឃ ក្នុងកាលណោះ ព្រះសាស្តា ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ដើម្បីការពារ នូវធម៌ទាំងឡាយ ដែលជាទីតាំងឡើង នៃអាសវៈនោះឯង។ ម្នាលភទ្ទាលិ សង្ឃមិនទាន់ដល់នូវលោកដ៏ប្រសើរ… មិនទាន់ដល់នូវយសដ៏ប្រសើរ… មិនទាន់ដល់នូវភាពជាពហុស្សូត… មិនទាន់ដល់នូវភាពជាអ្នកស្គាល់នូវរាត្រី (ច្រើន) ត្រឹមណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងឡើង នៃអាសវៈ ក៏មិនទាន់មានប្រាកដ ចំពោះសង្ឃ ក្នុងសាសនានេះ ត្រឹមណោះដែរ។ ម្នាលភទ្ទាលិ លុះតែសង្ឃ ដល់នូវភាពជាអ្នកស្គាល់រាត្រី (ច្រើន) ក្នុងកាលណា ធម៌ទាំងឡាយខ្លះ ដែលជាទីតាំងឡើង នៃអាសវៈ ក៏មានប្រាកដ ចំពោះសង្ឃ ក្នុងសាសនានេះ ក្នុងកាលនោះ ទើបព្រះសាស្តា បញ្ញត្តសិក្ខាបទ ដល់ពួកសាវ័ក ដើម្បីនឹងការពារ នូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈនោះឯង។
[១៧៣] ព្រះអង្គត្រាស់ថា ម្នាលភទ្ទាលិ តថាគតបានសំដែងធម្មបរិយាយ ប្រៀបដោយសំទុះ នៃសេះអាជានេយ្យស្ទាវ ដល់អ្នក ក្នុងកាលណា អ្នកទាំងឡាយមានប្រមាណតិច បាននាំគ្នាពោល ក្នុងសម័យនោះ ម្នាលភទ្ទាលិ អ្នករលឹកឃើញហេតុនោះដែរឬ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនឃើញទេ។ ម្នាលភទ្ទាលិ អ្នកជឿនូវហេតុ ក្នុងការរលឹកមិនឃើញដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ជាអ្នកមិនបានបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា អស់កាលយូរពិតមែន។ ម្នាលភទ្ទាលិ នុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ ម្នាលភទ្ទាលិ ចំណែកខាងអ្នក តថាគត បានកំណត់ដឹងចិត្ត ដោយចិត្ត (របស់តថាគត) អស់កាលយូរមកហើយថា មោឃបុរសនេះ កាលដែលតថាគត សំដែងធម៌ ក៏មិនធ្វើឲ្យជាប្រយោជន៍ យកចិត្តទុកដាក់ ពិចារណា ដោយចិត្តសព្វគ្រប់ ផ្អៀងត្រចៀកស្តាប់ធម៌ឡើយ ម្នាលភទ្ទាលិ ចំណែកខាងតថាគត នឹងសំដែងនូវធម្មបរិយាយ ដែលប្រៀបដោយសំទុះ នៃសេះអាជានេយ្យស្ទាវ ដល់អ្នក ចូរអ្នកយកចិត្តទុកដាក់ ស្តាប់ធម្មបរិយាយនោះ ដោយគោរពចុះ តថាគតនឹងសំដែង។ ភទ្ទាលិមានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[១៧៤] ព្រះមានព្រះភាគ បានត្រាស់សេចក្តីនុ៎ះថា ម្នាលភទ្ទាលិ បុរសអ្នកបង្ហាត់សេះ ដែលឈ្លាសវៃ បានសេះអាជានេយ្យល្អមកហើយ រមែងធ្វើនូវការបង្ហាត់ ដោយបង្ហៀរជាដម្បូង។ សេះនោះ កាលបើសារថី ធ្វើនូវការបង្ហាត់ ចំពោះបង្ហៀរហើយ ពុតត្បុត កិកកុក កៀចបន្តិចបន្តួច គង់មាននៅមិនខាន ដូចជាសេះ ដែលគេមិនបានធ្វើនូវការបង្ហាត់។ សេះនោះ លុះគេបានបង្ហាត់រឿយៗ បានបង្ហាត់ដោយលំដាប់ ក៏បានរាបទាប ក្នុងទីនោះ។ ម្នាលភទ្ទាលិ កាលណាសេះអាជានេយ្យល្អ ដែលគេបានបង្ហាត់រឿយៗ បានបង្ហាត់ដោយលំដាប់ ក៏បានរាបទាប ក្នុងទីនោះ អ្នកបង្ហាត់សេះ រមែងធ្វើនូវការបង្ហាត់សេះនោះ តទៅទៀត ដោយការដាក់នឹម។ សេះនោះ កាលដែលសារថី ធ្វើនូវការបង្ហាត់ដាក់នឹមហើយ ពុតត្បុត កិកកុក កៀចបន្តិចបន្តួច គង់នៅមានមិនខាន ដូចជាសេះ ដែលគេមិនបានធ្វើនូវការបង្ហាត់។ សេះនោះ លុះគេបានបង្ហាត់រឿយៗ បានបង្ហាត់ដោយលំដាប់ ក៏រាបទាបក្នុងទីនោះ។ ម្នាលភទ្ទាលិ កាលណាសេះអាជានេយ្យល្អ គេបានបង្ហាត់រឿយៗ បានបង្ហាត់ដោយលំដាប់ រមែងបានរាបទាប ក្នុងទីនោះ ទើបអ្នកបង្ហាត់សេះ ធ្វើនូវការបង្ហាត់សេះនោះ តទៅទៀត ក្នុងទីដែលលើក ឬដាក់ (នូវជើង) ក្នុងមណ្ឌល ក្នុងទីដែលកកាយផែនដី ដោយចុងក្រចក ក្នុងសំទុះដ៏រហ័ស ក្នុងកាលដែលត្រូវការកញ្រ្ជៀវ ក្នុងព្រះរាជគុណ57) ក្នុងព្រះរាជវង្ស ក្នុងសំទុះដ៏ប្រសើរ ក្នុងភាវៈ នៃសេះដ៏ប្រសើរ ក្នុងកាលដែលមានវាចាដ៏ពីរោះ។ សេះនោះ កាលបើសារថីធ្វើនូវការបង្ហាត់ ក្នុងសំទុះដ៏ប្រសើរ ក្នុងភាវៈនៃសេះដ៏ប្រសើរ ក្នុងកាលដែលមានវាចាពីរោះហើយ ពុតត្បុតកិកកុក កៀចបន្តិចបន្តួច គង់នៅមានមិនខាន ដូចសេះដែលគេមិនបានធ្វើនូវការបង្ហាត់ដែរ។ សេះនោះ លុះតែគេបានបង្ហាត់រឿយៗ បង្ហាត់ដោយលំដាប់ ក៏រាបទាបក្នុងទីនោះ។ ម្នាលភទ្ទាលិ កាលណាសេះអាជានេយ្យដ៏ល្អ ដែលសារថីបង្ហាត់រឿយៗ បង្ហាត់ដោយលំដាប់ ក៏រាបទាប ក្នុងទីនោះហើយ ទើបសារថីជាអ្នកបង្ហាត់សេះ បំប៉នសេះនោះ ឲ្យមានសម្បុរល្អ និងកំឡាំងច្រើនតទៅទៀត។ ម្នាលភទ្ទាលិ សេះអាជានេយ្យល្អ ប្រកបដោយអង្គ១០58) នេះឯង ជាសេះគួរសមដល់ស្តេច ជាសេះគួរស្តេចប្រើប្រាស់ ដល់នូវការរាប់ថាជាអង្គរបស់ស្តេចបាន សេចក្តីទាំងនេះ មានឧបមាយ៉ាងណា ម្នាលភទ្ទាលិ មានឧបមេយ្យដូចភិក្ខុ ដែលប្រកបដោយធម៌១០ប្រការ ឈ្មោះថា ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ជាអ្នកគួរទទួលអាគន្តុកទាន ជាអ្នកគួរទទួលទក្ខិណាទាន ជាអ្នកគួរ ដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក អង្គ១០ប្រការនោះ តើអ្វីខ្លះ ម្នាលភទ្ទាលិ ភិក្ខុក្នុងសាសនានេះ ប្រកបដោយអសេខសម្មាទិដ្ឋិ១ ប្រកបដោយអសេខសម្មាសង្កប្បៈ១ ប្រកបដោយអសេខសម្មាវាចា១ ប្រកបដោយអសេខសម្មាកម្មន្តៈ១ ប្រកបដោយអសេខសម្មាអាជីវៈ១ ប្រកបដោយអសេខសម្មាវាយាមៈ១ ប្រកបដោយអសេខសម្មាសតិ១ ប្រកបដោយអសេខសម្មាសមាធិ១ ប្រកបដោយអសេខសម្មាញាណៈ១ ប្រកបដោយអសេខសម្មាវិមុត្តិ១ ម្នាលភទ្ទាលិ ភិក្ខុដែលប្រកបដោយធម៌១០ប្រការនេះឯង ឈ្មោះថា ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ជាអ្នកគួរទទួលអាគន្តុកទាន ជាអ្នកទទួលទក្ខិណាទាន ជាអ្នកគួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ព្រះភទ្ទាលិមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ភទ្ទាលិសូត្រ ទី៥។
(៦. លដុកិកោបមសុត្តំ)
[១៧៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអាបណនិគម របស់ពួកជនអង្គុត្តរាបៈ ក្នុងដែនឈ្មោះអង្គុត្តរាបៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់អាបណនិគម ដើម្បីបិណ្ឌបាត។ លុះព្រះអង្គស្តេចទៅបិណ្ឌបាត ក្នុងអាបណនិគមហើយ ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ក៏ស្តេចចូលទៅត្រង់ដងព្រៃមួយ លុះចូលសំដៅទៅរកដងព្រៃនោះហើយ ទើបគង់សំរាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយដើម។ ចំណែកខាងព្រះឧទាយីមានអាយុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រចីវរ ចូលទៅកាន់អាបណនិគម ដើម្បីបិណ្ឌបាត ក្នុងវេលាព្រឹកព្រហាមដែរ។ លុះលោកទៅបិណ្ឌបាត ក្នុងអាបណនិគមហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅរកដងព្រៃមួយ លុះចូលទៅសំដៅទៅកាន់ដងព្រៃនោះហើយ ទើបអង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយដើម។ កាលដែលព្រះឧទាយីមានអាយុ នៅក្នុងទីស្ងាត់ កំពុងតែសម្ងំក្នុងផលសមាបត្តិ ក៏មានសេចក្តីត្រិះរិះ ក្នុងចិត្តកើតឡើងយ៉ាងនេះថា ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់កំចាត់បង់នូវធម៌ ជាទុក្ខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់ប្រកបនូវធម៌ ជាសុខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់កំចាត់បង់នូវធម៌ ជាអកុសលច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់ប្រកបនូវធម៌ ជាកុសលច្រើនយ៉ាង។ គ្រានោះឯង ព្រះឧទាយីមានអាយុ ចេញអំពីផលសមាបត្តិ ក្នុងវេលាថ្ងៃរសៀលហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។
[១៧៦] លុះព្រះឧទាយីមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនៅក្នុងទីស្ងាត់ កំពុងតែសម្ងំ ក្នុងផលសមាបត្តិ ក្នុងទីឯណោះ ក៏មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើងយ៉ាងនេះថា ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់កំចាត់បង់នូវធម៌ ជាទុក្ខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់ប្រកបនូវធម៌ ជាសុខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់កំចាត់បង់នូវធម៌ ជាអកុសលច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់ប្រកបនូវធម៌ ជាកុសលច្រើនយ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលពីដើម ពួកយើងខ្ញុំព្រះអង្គបរិភោគក្នុងវេលាល្ងាចផង ក្នុងវេលាព្រឹកផង ក្នុងវេលាថ្ងៃ ជាវេលាវិកាលផង។ បពិត្រព្រះអង្គដ៏ចំរើន មានសម័យមួយ ដែលព្រះមានព្រះភាគ បានទ្រង់ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយលះបង់ នូវការបរិភោគ ក្នុងវេលាថ្ងៃ ដែលជាវេលាវិកាលនុ៎ះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសចក្តីរាយមាយចិត្ត និងទោមនស្ស ដោយគិតថា ពួកគហបតីដែលមានសទ្ធា រមែងឲ្យនូវខាទនីយភោជនីយាហារ ដ៏ឧត្តមណា ដល់យើងទាំងឡាយ ក្នុងវេលាថ្ងៃ ដែលជាវេលាវិកាល ព្រះមានព្រះភាគ បានត្រាស់នូវការលះបង់ នូវខាទនីយភោជនីយាហារដ៏ឧត្តមនោះ ដល់យើងទាំងឡាយផង ព្រះសុគត បានត្រាស់នូវការលះចោល នូវខាទនីយភោជនីយាហារដ៏ឧត្តមនោះ ដល់យើងទាំងឡាយផង បពិត្រព្រះអង្គដ៏ចំរើន តែឥឡូវនេះ ពួកយើងខ្ញុំព្រះអង្គទាំងនោះ បែរជាបាននូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីខ្មាសបាប និងសេចក្តីខ្លាចបាប ចំពោះព្រះមានព្រះភាគវិញ កាលបើយ៉ាងនេះ ទើបយើងខ្ញុំព្រះអង្គលះបង់នូវការបរិភោគ ក្នុងវេលាថ្ងៃ ដែលជាវេលាវិកាលចេញ បពិត្រព្រះអង្គដ៏ចំរើន តែពួកយើងខ្ញុំព្រះអង្គនោះ នៅបរិភោគក្នុងវេលាល្ងាចផង ក្នុងវេលាព្រឹកផង បពិត្រព្រះអង្គដ៏ចំរើន មានសម័យមួយ ដែលព្រះមានព្រះភាគ បានត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ លះបង់នូវការបរិភោគ ក្នុងវេលាយប់ ដែលជាវេលាវិកាលនុ៎ះចេញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីរាយមាយចិត្ត និងសេចក្តីទោមនស្ស ដោយគិតថា បណ្តាភត្តទាំងពីរនេះ ភត្តណាឧត្តមវិសេស ដែលគេបានចាត់ចែង បម្រុងយើងទាំងឡាយ ព្រះមានព្រះភាគ បានត្រាស់នូវការលះបង់ នូវភត្តនោះ ដល់យើងទាំងឡាយផង ព្រះសុគត បានត្រាស់ នូវការលះចោល នូវភត្តនោះ ដល់យើងទាំងឡាយផង។ បពិត្រព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ មានបុរសម្នាក់ បាននូវគ្រឿងសំឡ ក្នុងវេលាថ្ងៃ ហើយនិយាយនឹងប្រពន្ធ យ៉ាងនេះថា ហីនាង ចូរទុកនូវគ្រឿងសំឡនេះសិនចុះ ចាំដល់វេលាល្ងាច យើងនឹងបរិភោគទាំងអស់គ្នា ជាមួយគ្នាតែម្តង បពិត្រព្រះអង្គដ៏ចំរើន ខាទនីយភោជនីយាហារណាមួយ ដែលគួរចាត់ចែងទុក ខាទនីយភោជនីយាហារ ដែលគួរចាត់ចែងនោះ មានពោរពាស តែក្នុងវេលាយប់ ដល់វេលាថ្ងៃ មានតិច បពិត្រព្រះអង្គដ៏ចំរើន តែខ្ញុំព្រះអង្គទាំងឡាយនោះ បែរជាបាននូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីខ្មាសបាប និងសេចក្តីខ្លាចបាប ចំពោះព្រះមានព្រះភាគវិញ កាលបើយ៉ាងនេះ ទើបយើងខ្ញុំព្រះអង្គ លះបង់នូវការបរិភោគនូវភោជន ក្នុងវេលាយប់ ដែលជាវេលាវិកាលនុ៎ះចេញ។ បពិត្រព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ ពួកភិក្ខុត្រាច់ទៅបិណ្ឌបាត ក្នុងវេលារាត្រី ងងឹតសូន្យសុង ក៏ចូលទៅ ប្រទះនឹងអណ្តូងជ្រាំខ្លះ ធ្លាក់ទៅក្នុងទីទំនាបទឹកជ្រាំខ្លះ ឡើងទៅប្រទះគំនរបន្លាខ្លះ ដើរពានទៅលើមេគោកំពុងដេកលក់ខ្លះ ជួបប្រទះនឹងពួកមាណព គឺចោរ ដែលកំពុងធ្វើចោរកម្មខ្លះ មិនទាន់បានធ្វើចោរកម្មខ្លះ មាតុគ្រាមនិមន្តពួកភិក្ខុនោះ ដោយអសទ្ធម្មខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ ខ្ញុំព្រះអង្គត្រាច់ទៅបិណ្ឌបាត ក្នុងវេលារាត្រី ងងឹតសូន្យសុង បពិត្រព្រះអង្គដ៏ចំរើន ស្រីម្នាក់កំពុងលាងភាជនៈ បានឃើញខ្ញុំព្រះអង្គ ក្នុងពេលមានផ្លេកបន្ទោរ លុះឃើញខ្ញុំព្រះអង្គហើយ ក៏ភិតភ័យ ស្រែកយ៉ាងខ្លាំងថា អញវិនាសហើយ យីអើ អ្នកនេះជាបីសាច (មកប្រុងស៊ី) អញទេដឹង។ បពិត្រព្រះអង្គដ៏ចំរើន កាលស្រីនោះ ស្រែកយ៉ាងនេះហើយ ខ្ញុំព្រះអង្គបាននិយាយពាក្យនេះ នឹងស្រីនោះថា ម្នាលប្អូនស្រី មិនមែនបិសាចទេ ភិក្ខុឈរបិណ្ឌបាតទេតើ។ ស្រីនោះឆ្លើយតបថា ឪពុករបស់ភិក្ខុស្លាប់ហើយ ម្តាយរបស់ភិក្ខុស្លាប់ហើយ ម្នាលភិក្ខុ លោកវះផ្ទៃរបស់លោក ដោយកាំបិតដ៏មុតសម្រាប់វះគោ ប្រសើរជាងលោកត្រាច់ទៅក្នុងវេលារាត្រី ងងឹតសូន្យសុង ព្រោះហេតុតែផ្ទៃ មិនប្រសើរទេ។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គនោះ រលឹកឃើញដំណើរនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់កំចាត់បង់នូវធម៌ ជាទុក្ខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់ប្រកបនូវធម៌ ជាសុខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់កំចាត់បង់នូវធម៌ ជាអកុសលច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់ប្រកបនូវពួកធម៌ ជាកុសលច្រើនយ៉ាង។
[១៧៧] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧទាយី ដូចយ៉ាងមោឃបុរសពួកខ្លះ ក្នុងលោកនេះ កាលតថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់នូវអំពើនេះចេញ ពួកមោឃបុរសទាំងនោះ ក៏និយាយយ៉ាងនេះថា ចុះសមណៈនេះ សព្វបើហេតុរប៉ិចរប៉ីបន្តិចបន្តួច ក៏ប្រឹតអ្វីដល់ម្ល៉េះ ពួកមោឃបុរសទាំងនោះ ក៏មិនលះបង់អំពើនោះចេញទេ ថែមទាំងធ្វើសេចក្តីអាក់អន់ ឲ្យកើតឡើងចំពោះតថាគត ម្នាលឧទាយី ចំណែកពួកភិក្ខុ ដែលជាសិក្ខាកាម (តែងធ្វើសេចក្តីអាក់អន់ នឹងពួកមោឃបុរសនោះ) កិច្ចដែលត្រូវលះបង់បន្តិចបន្តួច របស់ពួកមោឃបុរសនោះ ទុកដូចជាចំណងមានកំឡាំង ចំណងមាំ ចំណងជាប់ ចំណងមិនពុកផុយ ឬដូចកំណាត់ឈើធំ។ ម្នាលឧទាយី សត្វប្រចៀច ដែលជាប់ដោយចំណងវល្លិ៍ផោម ដែលត្រូវគេសំឡាប់ ឬជាប់ចំណង ឬដល់នូវសេចក្តីស្លាប់ក្នុងទីនោះទៀត ម្នាលឧទាយី បើបុគ្គលណា និយាយយ៉ាងនេះថា សត្វប្រចៀចនោះ ជាប់ដោយចំណងវល្លិ៍ផោមណា តែងត្រូវគេសម្លាប់ ឬជាប់ចំណង ឬដល់នូវសេចក្តីស្លាប់ ក្នុងទីនោះ ដោយចំណងណា ចំណងនោះ របស់សត្វនោះ ជាចំណងឥតកំឡាំង ចំណងមិនមាំ ចំណងពុកផុយ ចំណងមិនមានខ្លឹម ម្នាលឧទាយី បុគ្គលដែលនិយាយនោះ ឈ្មោះថា និយាយត្រូវ ឬដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន មិនត្រូវទេ បពិត្រព្រះអង្គដ៏ចំរើន សត្វប្រចៀចនោះ ជាប់ដោយចំណងវល្លិ៍ផោមណា តែងត្រូវគេសំឡាប់ ឬជាប់ចំណង ឬដល់នូវសេចក្តីស្លាប់ ក្នុងទីនោះ ដោយចំណងណា ឯចំណងនោះរបស់សត្វនោះ ជាចំណងមានកំឡាំង ចំណងមាំ ចំណងជាប់ ចំណងមិនពុកផុយ ជាកំណាត់ឈើធំ។ ម្នាលឧទាយី យ៉ាងនោះឯងហើយ រឿងនេះ ដូចមោឃបុរសពួកខ្លះ ក្នុងលោកនេះ កាលតថាគតប្រាប់ថា ចូរអ្នកទាំងឡាយ លះបង់ នូវអំពើនេះចេញ ពួកមោឃបុរសទាំងនោះ ក៏ត្រឡប់និយាយយ៉ាងនេះថា ចុះសមណៈនេះ សព្វបើហេតុរប៉ិចរប៉ី បន្តិចបន្តួច ក៏ប្រឹតអ្វីដល់ម្ល៉េះ ពួកមោឃបុរសនោះ ក៏មិនលះបង់នូវអំពើនោះចោលឡើយ ថែមទាំងធ្វើសេចក្តីអាក់អន់ ឲ្យកើតឡើងដល់តថាគត ម្នាលឧទាយី ចំណែកពួកភិក្ខុ ដែលជាសិក្ខាកាម (ក៏ធ្វើសេចក្តីអាក់អន់ចិត្ត ចំពោះមោឃបុរសទាំងនោះ) កិច្ចដែលត្រូវលះបង់បន្តិចបន្តួច របស់ពួកមោឃបុរសទាំងនោះ ទុកដូចជាចំណងមានកំឡាំង ចំណងមាំ ចំណងជាប់ ចំណងមិនពុកផុយ ឬទុកដូចជាកំណាត់ឈើធំ។
[១៧៨] ម្នាលឧទាយី មួយទៀត ពួកកុលបុត្រ ក្នុងសាសនានេះ កាលតថាគតប្រាប់ថា អ្នកទាំងឡាយ ចូរលះបង់អំពើនេះចេញ ពួកកុលបុត្រនោះ បាននិយាយយ៉ាងនេះថា ព្រះមានព្រះភាគ ត្រាស់ឲ្យយើងទាំងឡាយ លះបង់អំពើណា ព្រះសុគត ត្រាស់ឲ្យយើងលះបង់ចោលអំពើណា ថ្វីបើអំពើនេះ ជាហេតុរប៉ិចរប៉ី បន្តិចបន្តួច យើងទាំងឡាយ ត្រូវតែលះបង់ចោលចេញ ពួកកុលបុត្រទាំងនោះ ក៏លះបង់នូវអំពើនោះចេញ ទាំងមិនធ្វើឲ្យទាស់អធ្យាស្រ័យតថាគតឡើយ មួយវិញទៀត ភិក្ខុណា ជាសិក្ខាកាម ពួកភិក្ខុនោះ ក៏បានលះបង់នូវអំពើនោះចេញ ជាអ្នកមានសេចក្តីខ្វល់ខ្វាយ ជាអ្នកសម្លបរោម ចិញ្ចឹមជីវិត ដោយចតុប្បច្ច័យ ដែលអ្នកដទៃឲ្យ មានចិត្តប្រព្រឹត្តដូចជាសត្វម្រឹគ59) ម្នាលឧទាយី ភិក្ខុនោះឈ្មោះថា មានចំណងមិនមានកំឡាំង មានចំណងខ្សោយ មានចំណងផុយ មានចំណងឥតខ្លឹម។ ម្នាលឧទាយី ដូចដំរីរបស់ព្រះរាជា ដែលមានភ្លុក ង ទន្ទាំ មានរូបសមរម្យ គួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្គ្រាម គេចងដោយចំណងយ៉ាងមាំ ក៏ទំរោមកាយបន្តិច ហើយកាត់ទំលាយ នូវចំណងទាំងនោះ រួចចៀសចេញទៅ តាមប្រាថ្នា ម្នាលឧទាយី បុគ្គលណា ពោលយ៉ាងនេះថា ដំរីរបស់ព្រះរាជានោះ ជាដំរីមានភ្លុក ងទន្ទាំ មានរូបសមរម្យ គួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះកាន់សង្គ្រាម គេចងដោយចំណងព្រ័ត្រ ដ៏មាំណា ក៏ទំរោមកាយបន្តិចហើយ កាត់ទំលាយ នូវចំណងទាំងនោះ រួចចៀសចេញទៅតាមប្រាថ្នា ដំរីនោះ ឈ្មោះថា មានចំណងមានកំឡាំង មានចំណងមាំ មានចំណងខ្ជាប់ខ្ជួន មានចំណងមិនផុយ ឬទុកដូចជាកំណាត់ឈើធំ ម្នាលឧទាយី បុគ្គលដែលនិយាយនោះ ឈ្មោះថា និយាយត្រូវ ឬដូចម្តេច។ សូមទ្រង់ព្រះមេត្តាប្រោស និយាយនោះ មិនត្រូវទេ បពិត្រព្រះអង្គដ៏ចំរើន ដំរីរបស់ព្រះរាជានោះ មានភ្លុក ងទន្ទាំ មានរូបសមរម្យ គួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្គ្រាម ដែលគេចងដោយចំណងព្រ័ត្រដ៏មាំណា ក៏ទំរោមកាយបន្តិច ហើយកាត់ទំលាយ នូវចំណងទាំងនោះ រួចចៀសចេញ ទៅតាមប្រាថ្នា ព្រោះថា ដំរីនោះ មានចំណងមិនមានកំឡាំង។បេ។ មានចំណងឥតខ្លឹម។ ម្នាលឧទាយី យ៉ាងនោះឯងហើយ រឿងនេះ ដូចពួកកុលបុត្រខ្លះ ក្នុងសាសនានេះ កាលតថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់អំពើនេះចេញ ដូច្នេះ ពួកកុលបុត្រនោះ ពោលយ៉ាងនេះថា ព្រះមានព្រះភាគ ត្រាស់ឲ្យយើងទាំងឡាយ លះបង់អំពើណា ព្រះសុគត ត្រាស់ឲ្យយើងទាំងឡាយ លះចោលអំពើណា ថ្វីបើអំពើនេះ ជាហេតុរប៉ិចរប៉ីបន្តិចបន្តួច យើងទាំងឡាយ ត្រូវតែលះបង់ចោលចេញ ពួកកុលបុត្រនោះ ក៏លះបង់នូវអំពើនោះចេញបាន ទាំងមិនធ្វើឲ្យទាស់អធ្យាស្រ័យតថាគត មួយទៀត ពួកភិក្ខុណា ដែលជាសិក្ខាកាម ពួកភិក្ខុនោះ បានលះបង់ នូវអំពើនោះ ជាអ្នកខ្វល់ខ្វាយតិច សម្លបរោម ប្រព្រឹត្តចិញ្ចឹមជីវិត ដោយបច្ច័យ ដែលបុគ្គលដទៃឲ្យ មានចិត្តប្រព្រឹត្តដូចជាសត្វម្រឹគ ម្នាលឧទាយី អំពើរបស់កុលបុត្រនោះ ទុកដូចជាចំណងឥតកំឡាំង ចំណងផុយ ចំណងឥតខ្លឹម។
[១៧៩] ម្នាលឧទាយី ដូចបុរសកំសត់ឥតយស មិនមានសម្បត្តិស្តុកស្តម្ភ បុរសនោះ មានខ្ទមតូច១ រខេករខាក ក្អែកហើរកាត់ចុះឡើងបាន មានរាងរៅមិនល្អ មានគ្រែ១ ដែលរែងដោយបន្ទោះឫស្សី ទ្រេតទ្រោត មានរាងមិនចំណាប់ មានស្រូវ និងពូជសម្រាប់សាបព្រោះរាល់ឆ្នាំ១ក្អម ជាពូជមិនល្អ មានស្រីម្នាក់ជាប្រពន្ធ មានរូបមិនល្អ បុរសនោះ ឃើញភិក្ខុ១រូប នៅក្នុងអារាមលាងដៃជើងស្អាតល្អ បរិភោគភោជនជាទីពេញចិត្ត អង្គុយតែក្នុងម្លប់ត្រជាក់ ប្រកបក្នុងអធិចិត្ត។ បុរសនោះ ក៏គិតយ៉ាងនេះថា អើ ភាពជាសមណៈ សុខណាស់ហ្ន៎ ភាពជាសមណៈ ឥតមានរោគអ្វីសោះ គួរតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ តែបុរសនោះ មិនអាចនឹងលះបង់ផ្ទះតូច ដែលរខេករខាក ក្អែកហើរកាត់ចុះឡើងបាន ដែលមានរាងរៅមិនល្អ មិនអាចនឹងលះបង់គ្រែ១ ដែលរែងដោយបន្ទោះឫស្សី ទ្រេតទ្រោត រាងរៅ មិនចំណាប់ មិនអាចនឹងលះបង់ស្រូវ និងពូជសម្រាប់ព្រោះ រាល់ឆ្នាំ១ក្អម ដែលជាពូជមិនល្អ មិនអាចនឹងលះបង់ស្រីម្នាក់ជាប្រពន្ធ ដែលមានរូបមិនល្អ ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសបានឡើយ។ ម្នាលឧទាយី បុគ្គលណា និយាយយ៉ាងនេះថា បុរសនោះ ជាប់ដោយចំណងណា ទើបមិនអាចនឹងលះបង់ផ្ទះតូច ដែលរខេករខាក ក្អែកហើរកាត់ចុះកាត់ឡើងបាន មានរាងរៅមិនល្អ មិនអាចនឹងលះបង់នូវគ្រែ១ ដែលរែងដោយបន្ទោះឫស្សី ទ្រេតទ្រោត រាងរៅ មិនចំណាប់ មិនអាចនឹងលះបង់ស្រូវ និងពូជសម្រាប់សាបព្រោះ រាល់ឆ្នាំ១ក្អម ដែលជាពូជមិនល្អ មិនអាចនឹងលះបង់ស្រីម្នាក់ជាប្រពន្ធ ដែលមានរូបមិនល្អ ហើយកោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសបានឡើយ ព្រោះចំណងរបស់បុរសនោះ ជាចំណងធូរ ចំណងខ្សោយ ចំណងផុយ ចំណងឥតខ្លឹមទេ ម្នាលឧទាយី បុគ្គលដែលនិយាយនោះ ឈ្មោះថា និយាយត្រូវ ឬដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន និយាយនេះ មិនត្រូវទេ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ ជាប់ដោយចំណងណា ហើយមិនអាចនឹងលះបង់ផ្ទះតូចមួយ ដែលរខេករខាក ក្អែកហើរកាត់ចុះឡើងបាន មានរាងរៅមិនល្អ មិនអាចនឹងលះបង់គ្រែ១ ដែលរែងដោយបន្ទោះឫស្សី ទ្រេតទ្រោត មានរាងរៅមិនចំណាប់ មិនអាចនឹងលះបង់ស្រូវ និងពូជសម្រាប់សាបព្រោះ រាល់ឆ្នាំ១ក្អម ដែលជាពូជមិនល្អ មិនអាចនឹងលះបង់ស្រីម្នាក់ជាប្រពន្ធ ដែលមានរូបមិនល្អ ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ រួចចេញចាកផ្ទះ ចូលទៅកាន់ផ្នួសបានឡើយ ព្រោះថាចំណងរបស់បុរសនោះ ជាចំណងតឹង ចំណងមាំ ចំណងខ្ជាប់ខ្ជួន ចំណងមិនផុយ ឬទុកដូចជាកំណាត់ឈើធំ។ ម្នាលឧទាយី យ៉ាងនោះឯងហើយ រឿងនេះដូចមោឃបុរសពួកខ្លះ ក្នុងលោកនេះ កាលតថាគតប្រាប់ថា អ្នកទាំងឡាយ ចូរលះបង់អំពើនេះចេញ ពួកមោឃបុរសទាំងនោះ និយាយយ៉ាងនេះថា ចុះសមណៈនេះសព្វបើហេតុរប៉ិចរប៉ីបន្តិចបន្តួច ក៏ប្រឹតអ្វីដល់ម្ល៉េះ ហើយពួកមោឃបុរសទាំងនោះ ក៏មិនលះបង់នូវអំពើនោះចោល ថែមទាំងធ្វើឲ្យទាស់អធ្យាស្រ័យតថាគតទៀត ចំណែកពួកភិក្ខុដែលជាសិក្ខាកាម (តែងធ្វើសេចក្តីអាក់អន់ចិត្ត ចំពោះមោឃបុរសនោះ) ម្នាលឧទាយី កិច្ចដែលត្រូវលះបង់បន្តិចបន្តួច របស់មោឃបុរសទាំងនោះ ទុកជាចំណងតឹង ចំណងមាំ ចំណងខ្ជាប់ខ្ជួន មិនមែនជាចំណងពុកផុយ ឬទុកដូចកំណាត់ឈើធំ។
[១៨០] ម្នាលឧទាយី ដូចគហបតីក្តី គហបតិបុត្រក្តី ជាអ្នកស្តុកស្តម្ភ មានទ្រព្យសម្បត្តិច្រើន មានគ្រឿងប្រើប្រាស់ច្រើន ជាអ្នកសន្សំនូវគំនរមាសឆ្តោរទុកច្រើន ជាអ្នកសន្សំ នូវគំនរស្រូវទុកច្រើន ជាអ្នកសន្សំនូវចំនួនស្រែទុកច្រើន ជាអ្នកសន្សំនូវចំនួនចម្ការទុកច្រើន ជាអ្នកសន្សំពួកភរិយាទុកច្រើន ជាអ្នកសន្សំពួកខ្ញុំប្រុសទុកច្រើន ជាអ្នកសន្សំពួកខ្ញុំស្រីទុកច្រើន គហបតីនោះ ឃើញភិក្ខុក្នុងអារាម មានដៃជើងលាងស្អាតល្អ ឆាន់ភោជនជាទីគាប់ចិត្ត អង្គុយក្នុងម្លប់ត្រជាក់ ប្រកបដោយអធិចិត្ត។ គហបតី ឬគហបតីបុត្រនោះ ក៏គិតថា អើភាពជាសមណៈនេះ សុខណាស់ហ្ន៎ ភាពជាសមណៈ ឥតមានរោគសោះ គួរតែអាត្មាអញកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ជននោះ ក៏អាចលះបង់ នូវគំនរមាសឆ្តោរច្រើន លះបង់គំនរស្រូវច្រើន លះបង់ចំនួនស្រែច្រើន លះបង់ចំនួនចម្ការច្រើន លះបង់ពួកភរិយាច្រើន លះបង់ពួកខ្ញុំប្រុសច្រើន លះបង់ពួកខ្ញុំស្រីច្រើនបាន ហើយកោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ម្នាលឧទាយី បុគ្គលណា និយាយយ៉ាងនេះថា គហបតីក្តី គហបតិបុត្រក្តី ជាប់ដោយចំណងណា ហើយអាចលះបង់គំនរមាសឆ្តោរជាច្រើន លះបង់គំនរស្រូវជាច្រើន លះបង់ចំនួនស្រែជាច្រើន លះបង់ចំនួនចម្ការជាច្រើន លះបង់ពួកភរិយាជាច្រើន លះបង់ពួកខ្ញុំប្រុសជាច្រើន លះបង់ពួកខ្ញុំស្រីជាច្រើន ហើយកោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសបាន ព្រោះចំណងនោះ របស់ជននោះ ជាចំណងតឹង ជាចំណងមាំ ចំណងខ្ជាប់ខ្ជួន មិនមែនជាចំណងផុយ ទុកដូចកំណាត់ឈើធំ ដូច្នេះ ម្នាលឧទាយី បុគ្គលដែលនិយាយយ៉ាងនោះ ឈ្មោះថា និយាយត្រូវ ឬដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន និយាយយ៉ាងនេះ មិនត្រូវទេ បពិត្រព្រះអង្គដ៏ចំរើន គហបតីក្តី គហបតិបុត្រក្តី ទោះជាប់ដោយចំណងណា ហើយអាចលះបង់គំនរមាសឆ្តោរច្រើនបាន លះបង់គំនរស្រូវច្រើនបាន លះបង់ចំនួនស្រែច្រើនបាន លះបង់ចំនួនចម្ការច្រើនបាន លះបង់ពួកភរិយាច្រើនបាន លះបង់ពួកខ្ញុំប្រុសច្រើនបាន លះបង់ពួកខ្ញុំស្រីជាច្រើន ហើយកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសបាន ព្រោះថា ចំណងនោះ របស់ជននោះ មិនមែនជាចំណងតឹង ជាចំណងខ្សោយ ជាចំណងផុយ ជាចំណងឥតខ្លឹម។ ម្នាលឧទាយី យ៉ាងនោះឯងហើយ រឿងនេះដូចពួកកុលបុត្រខ្លះ ក្នុងសាសនានេះ កាលតថាគតប្រាប់ថា អ្នកទាំងឡាយ ចូរលះបង់នូវអំពើនេះចេញ ពួកកុលបុត្រនោះ ក៏ពោលយ៉ាងនេះថា ព្រះមានព្រះភាគ ត្រាស់ឲ្យយើងទាំងឡាយ លះបង់អំពើណា ព្រះសុគត ត្រាស់ឲ្យយើងលះបង់អំពើណា ថ្វីបើអំពើនោះ ជាអំពើរប៉ិចរប៉ីបន្តិចបន្តួច យើងត្រូវលះបង់ចោលចេញ ហើយពួកកុលបុត្រនោះ ក៏បានលះបង់នូវអំពើនោះចេញ ទាំងមិនធ្វើឲ្យទាស់អធ្យាស្រ័យតថាគតឡើយ មួយវិញទៀត ពួកភិក្ខុណា ជាសិក្ខាកាម ភិក្ខុទាំងនោះ លះបង់នូវអំពើនោះហើយ ជាអ្នកមានសេចក្តីខ្វល់ខ្វាយតិច សម្លបរោម ប្រព្រឹត្តចិញ្ចឹមជីវិត ដោយបច្ច័យដែលអ្នកដទៃឲ្យ មានចិត្តប្រព្រឹត្តដូចជាសត្វម្រឹគ ម្នាលឧទាយី អំពើរបស់ភិក្ខុនោះ ទុកដូចជាចំណងធូរ ចំណងទុព្វលភាព ចំណងផុយ ចំណងឥតខ្លឹម។
[១៨១] ម្នាលឧទាយី បុគ្គលទាំងឡាយ៤ពួកនេះ តែងមានប្រាកដក្នុងលោក បុគ្គល៤ពួក តើដូចម្តេចខ្លះ ម្នាលឧទាយី បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកប្រតិបត្តិដើម្បីលះបង់ឧបធិ60) ដើម្បីរលាស់ចោលនូវឧបធិ សេចក្តីរលឹកឃើញ និងការត្រិះរិះ ដែលប្រកបដោយឧបធិ តែងគ្របសង្កត់បុគ្គលនោះ ដែលប្រតិបត្តិ ដើម្បីលះបង់ឧបធិ ដើម្បីរលាស់ចោលនូវឧបធិ បុគ្គលនោះ ក៏ស៊ូអត់ទ្រាំ មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាស មិនធ្វើឲ្យមានកំណើតទៀត នូវឧបធិទាំងនោះឡើយ ម្នាលឧទាយី តថាគត ហៅបុគ្គលនេះឯងថា ជាអ្នកប្រកបដោយកិលេស មិនហៅថា ជាអ្នកប្រាសចាកកិលេសទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលឧទាយី ព្រោះតថាគត ដឹងច្បាស់ថា ឥន្ទ្រិយផ្សេងៗ (មាន) ក្នុងបុគ្គលនេះ។ ម្នាលឧទាយី បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកប្រតិបត្តិដើម្បីលះបង់ឧបធិ ដើម្បីរលាស់ចោលនូវឧបធិ សេចក្តីរលឹកឃើញ និងការត្រិះរិះ ដែលប្រកបដោយឧបធិ តែងគ្របសង្កត់នូវបុគ្គលនោះ ដែលប្រតិបត្តិ ដើម្បីលះបង់ឧបធិ ដើម្បីរលាស់ចោលនូវឧបធិ បុគ្គលនោះ មិនអត់ទ្រាំ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនធ្វើឲ្យកើតទៀត នូវឧបធិទាំងនោះ ម្នាលឧទាយី តថាគត ហៅបុគ្គលនេះឯងថា ជាអ្នកប្រកបដោយកិលេស មិនហៅថា ជាអ្នកប្រាសចាកកិលេសទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះតថាគត ដឹងច្បាស់ថា ឥន្ទ្រិយផ្សេងៗ (មាន) ក្នុងបុគ្គលនេះ។ ម្នាលឧទាយី បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកប្រតិបត្តិ ដើម្បីលះបង់ឧបធិ ដើម្បីរលាស់ចោល នូវឧបធិ ការរលឹកឃើញ និងសេចក្តីត្រិះរិះ ដែលប្រកបដោយឧបធិ តែងគ្របសង្កត់បុគ្គលនោះ ដែលប្រតិបត្តិ ដើម្បីលះបង់ឧបធិ ដើម្បីរលាស់ចោល នូវឧបធិ ព្រោះការភ្លេចស្មារតី ក្នុងកាលម្តងៗ ម្នាលឧទាយី ការកើតឡើងនៃសតិ ជារបស់យឺតយូរ តែបុគ្គលនោះ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតទៀត នូវឧបធិនោះ ដោយឆាប់រហ័ស។ ម្នាលឧទាយី បុរសចាក់ដំណក់ទឹកពីរបីដំណក់ ទៅក្នុងខ្ទះដែក ដែលគេដុតអស់មួយថ្ងៃ ម្នាលឧទាយី ការស្រក់ចុះ នៃដំណក់នោះ រមែងយឺតយូរ តែដំណក់ទឹកនោះ ក៏ដល់នូវការរីងស្ងួត អស់ទៅដោយឆាប់រហ័ស សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលឧទាយី មានឧបមេយ្យ ដូចបុគ្គលពួកមួយ ក្នុងលោកនេះ ប្រតិបត្តិ ដើម្បីលះបង់ឧបធិ ដើម្បីរលាស់ចោល នូវឧបធិ ការរលឹកឃើញ និងសេចក្តីត្រិះរិះ ដែលប្រកបដោយឧបធិ រមែងគ្របសង្កត់បុគ្គលនោះ ដែលប្រតិបត្តិ ដើម្បីលះបង់ឧបធិ ដើម្បីរលាស់ចោលនូវឧបធិ ព្រោះភ្លេចស្មារតី ក្នុងកាលម្តងៗ ម្នាលឧទាយី ការកើតឡើង នៃស្មារតីយឺតយូរ តែបុគ្គលនោះលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានកំណើតទៀត នូវឧបធិនោះ ដោយឆាប់រហ័ស ម្នាលឧទាយី តថាគត ហៅបុគ្គលនេះឯងថា ជាអ្នកប្រកបដោយកិលេស មិនហៅថា ជាអ្នកប្រាសចាកកិលេសទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលឧទាយី ព្រោះតថាគត ដឹងច្បាស់ថា ឥន្ទ្រិយផ្សេងៗគ្នា (មាន) ក្នុងបុគ្គលនេះ។ ម្នាលឧទាយី បុគ្គលពួកមួយ ក្នុងលោកនេះ ដឹងច្បាស់ថា ឧបធិ គឺបញ្ចក្ខន្ធ ជាឫសគល់ នៃសេចក្តីទុក្ខ តែជាអ្នកឥតមានឧបក្កិលេស មានចិត្តជឿស៊ប់ នូវព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃឧបធិក្កិលេស ម្នាលឧទាយី តថាគតហៅថា បុគ្គលនេះឯងថា ជាអ្នកប្រាសចាក ឧបធិក្កិលេស មិនហៅថា ប្រកបដោយឧបធិក្កិលេសឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលឧទាយី ព្រោះតថាគត ដឹងច្បាស់ថា ឥន្ទិ្រយដែលផ្សេងៗគ្នា (មាន) ក្នុងបុគ្គលនេះ។ ម្នាលឧទាយី បុគ្គលទាំងឡាយ ៤ពួកនេះឯង ដែលមានប្រាកដក្នុងលោក។
[១៨២] ម្នាលឧទាយី កាមគុណនេះ មាន៥ប្រការ កាមគុណ៥ប្រការ តើអ្វីខ្លះ គឺរូបទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួររីករាយ១ សំឡេងទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយត្រចៀក…១ ក្លិនទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយច្រមុះ…១ រសទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយអណ្តាត…១ ផោដ្ឋព្វៈទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយកាយជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ១។ ម្នាលឧទាយី នេះឯងហៅថា កាមគុណ៥ប្រការ។ ម្នាលឧទាយី សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យកាមគុណ ទាំង៥ប្រការនេះ សេចក្តីសុខ និងសោមនស្សនេះ តថាគតហៅថា ជាសុខក្នុងកាម ជាសុខមិនស្អាត ជាសុខរបស់បុថុជ្ជន មិនមែនជាសុខ របស់ព្រះអរិយៈ ដែលគេមិនគួរធ្វើឲ្យថ្នឹក មិនគួរចំរើន មិនគួរធ្វើឲ្យរឿយៗឡើយ តថាគតពោលថា គួរខ្លាចសេចក្តីសុខនេះ។
[១៨៣] ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ភិក្ខុព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ព្រោះប្រាសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន ព្រោះលះបង់សេចក្តីសុខ។បេ។ ចូលកាន់ចតុត្ថជ្ឈាន នេះទើបតថាគតហៅថា សុខផុតចាកកាម សុខស្ងប់ស្ងាត់ សុខស្ងប់រម្ងាប់ សុខប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង ដែលបុគ្គលគួរធ្វើឲ្យថ្នឹក គួរចំរើន គួរធ្វើឲ្យរឿយៗ តថាគតពោលថា បុគ្គលមិនគួរខ្លាចសេចក្តីសុខនេះឡើយ។
[១៨៤] ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន។ ម្នាលឧទាយី តថាគតពោលថា បឋមជ្ឈាននេះឯង ជាធម្មជាតញាប់ញ័រនៅឡើយ អ្វីដែលញាប់ញ័រ ក្នុងបឋមជ្ឈាននោះ វិតក្កៈ និងវិចារៈណា ក្នុងបឋមជ្ឈាននោះ ដែលមិនទាន់រំលត់នៅឡើយ នេះឯង ជាធម្មជាតញាប់ញ័រ ក្នុងបឋមជ្ឈាននោះ។ ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន។ ម្នាលឧទាយី តថាគតពោលថា ទុតិយជ្ឈាននេះឯង ជាធម្មជាតញាប់ញ័រនៅឡើយ ចុះអ្វីដែលញាប់ញ័រ ក្នុងទុតិយជ្ឈាននោះ បីតិ និងសុខណា ក្នុងទុតិយជ្ឈាននោះ ដែលមិនទាន់រំលត់នៅឡើយ នេះឯង ជាធម្មជាតញាប់ញ័រ ក្នុងទុតិយជ្ឈាននោះ។ ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះប្រាសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន។ ម្នាលឧទាយី តថាគតពោលថា តតិយជ្ឈាននេះឯង ជាធម្មជាតញាប់ញ័រនៅឡើយ ចុះអ្វីដែលញាប់ញ័រ ក្នុងតតិយជ្ឈាននោះ ឧបេក្ខា និងសុខណា ក្នុងតតិយជ្ឈាននោះ ដែលមិនទាន់រំលត់នៅឡើយ នេះឯង ជាធម្មជាតញាប់ញ័រ ក្នុងតតិយជ្ឈាននោះ។ ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសុខ។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលឧទាយី តថាគតពោលថា ចតុត្ថជ្ឈាននេះឯង ជាធម្មជាតឥតមានញាប់ញ័រឡើយ។
[១៨៥] ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន។ ម្នាលឧទាយី តថាគតពោលនូវបឋមជ្ឈាននេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លងចេញ នូវបឋមជ្ឈាននោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈទាំងឡាយ។បេ។ ចូលកាន់ទុតិយជ្ឈាន នេះហៅថា ការកន្លងនូវបឋមជ្ឈាននោះ។ ម្នាលឧទាយី តថាគតពោលនូវទុតិយជ្ឈាននេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លងទុតិយជ្ឈាននោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះប្រាសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន នេះហៅថា ការកន្លងនូវទុតិយជ្ឈាននោះ។ ម្នាលឧទាយី តថាគត ពោលនូវតតិយជ្ឈាន នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លងនូវតតិយជ្ឈាននោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសុខ។បេ។ ចូលកាន់ចតុត្ថជ្ឈាន នេះឯងហៅថា ការកន្លងនូវតតិយជ្ឈាននោះ។ ម្នាលឧទាយី តថាគតពោលនូវចតុត្ថជ្ឈាន នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លងនូវចតុត្ថជ្ឈាននោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់ នូវបដិឃសញ្ញា ព្រោះមិនមានមនសិការៈ ចំពោះនានត្តសញ្ញា ដោយប្រការទាំងពួង ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត នេះហៅថា ការកន្លងនូវចតុត្ថជ្ឈាននោះ។ ម្នាលឧទាយី តថាគត ពោលនូវអាកាសានញ្ចាយតនៈ នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លង នូវអាកាសានញ្ចាយតនៈនោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ កន្លងនូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណ មិនមានទីបំផុត ដូច្នេះ នេះហៅថា ការកន្លង នូវអាកាសានញ្ចាយតនៈនោះ។ ម្នាលឧទាយី តថាគត ពោលនូវវិញ្ញាណញ្ចាយតនៈ នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លង នូវវិញ្ញាណញ្ចាយតនៈនោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ កន្លងនូវវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនៈ ដោយបរិកម្មថា អ្វីតិចតួចមិនមាន ដូច្នេះ នេះហៅថា ការកន្លង នូវវិញ្ញាណញ្ចាយតនៈនោះ។ ម្នាលឧទាយី តថាគត ពោលនូវអាកិញ្ចញ្ញាយតនៈ នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លង នូវអាកិញ្ចញ្ញាយតនៈនោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ កន្លង នូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនៈ នេះហៅថា ការកន្លង នូវអាកិញ្ចញ្ញាយតនៈនោះ។ ម្នាលឧទាយី តថាគត ពោលនូវនេវសញ្ញានាសញ្ញាយតនៈ នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លង នូវនេវសញ្ញានាសញ្ញាយតនៈនោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ កន្លង នូវនេវសញ្ញានាសញ្ញាយតនៈ ដោយប្រការទាំងពួង ហើយចូលកាន់សញ្ញាវេទយិតនិរោធ (រលត់សញ្ញាព្រមទាំងវេទនា) នេះហៅថា ការកន្លងនូវនេវសញ្ញានាសញ្ញាយតនៈនោះ។ ម្នាលឧទាយី តថាគត ពោលនូវការលះបង់ នេវសញ្ញានាសញ្ញាយតនៈ ដូច្នេះឯង។ ម្នាលឧទាយី តថាគតពោល នូវការលះបង់សំយោជនៈណា អ្នកឃើញសំយោជនៈទាំងតូច ទាំងធំនោះ ឬទេ។ ឧទាយីក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនឃើញទេ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះឧទាយីមានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ លដុកិកោបមសូត្រ ជាគំរប់៦។
(៧. ចាតុមសុត្តំ)
[១៨៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអាមលកីវ័ន (ព្រៃកន្ទួតព្រៃ) ក្នុងស្រុកចាតុមា។ ក៏សម័យនោះ ពួកភិក្ខុប្រមាណ៥០០រូប មានព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជាប្រធាន និមន្តទៅដល់ស្រុក ចាតុមា ដើម្បីគាល់ព្រះមានព្រះភាគ។ ក៏ឯពួកភិក្ខុអាគន្តុកៈអម្បាលនោះ ក៏និយាយរាក់ទាក់ មួយអន្លើដោយពួកនេវាសិកភិក្ខុ ប្រើគ្នានឹងគ្នា ឲ្យក្រាលសេនាសនៈ ឲ្យរៀបចំទុកដាក់បាត្រចីវរ មានសំឡេងគឹកកង សំឡេងអ៊ូអា។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកសួរថា ម្នាលអានន្ទ ចុះសំឡេងគឹកកងអ៊ូអាទាំងនុ៎ះ តើជាសំឡេងអ្វី ហាក់ដូចជាពួកព្រានសំណាញ់ ដណ្តើមចាប់ត្រី ដូច្នោះ។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុប្រមាណ ៥០០រូប មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជាប្រធាននុ៎ះ មកដល់ស្រុកចាតុមា ដើម្បីគាល់ព្រះមានព្រះភាគ ពួកអាគន្តុកភិក្ខុអម្បាលនោះ ក៏និយាយរាក់ទាក់ មួយអន្លើ ដោយពួកនេវាសិកភិក្ខុ ប្រើគ្នានឹងគ្នា ឲ្យក្រាលអាសនៈ ឲ្យរៀបចំទុកដាក់បាត្រ និងចីវរ ទើបមានសំឡេងគឹកកង អ៊ូអា ដូច្នេះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរហៅភិក្ខុទាំងឡាយមក តាមពាក្យរបស់តថាគតថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកមានអាយុទាំងឡាយ។ ព្រះអានន្ទមានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ បាននិយាយ នឹងភិក្ខុទាំងនោះ យ៉ាងនេះថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ពាក្យព្រះអានន្ទ មានអាយុថា ករុណា លោកមានអាយុ ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ដូចម្តេច បានជាអ្នកទាំងឡាយ មានសំឡេងគឹកកង អ៊ូអា បីដូចជាពួកព្រានសំណាញ់ ដណ្តើមចាប់ត្រី ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុប្រមាណ ៥០០រូប មានព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជាប្រធាននេះ មកដល់ស្រុកចាតុមា ដើម្បីនឹងគាល់ព្រះមានព្រះភាគ អាគន្តុកភិក្ខុអម្បាលនោះ ក៏និយាយរាក់ទាក់ ជាមួយពួកនេវាសិកភិក្ខុ ប្រើគ្នានឹងគ្នា ឲ្យក្រាលសេនាសនៈ ឲ្យរៀបចំទុកដាក់បាត្រចីវរ ទើបមានសំឡេងគឹកកង អ៊ូអា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទៅទៅ តថាគត បណ្តេញអ្នកទាំងឡាយ អ្នកទាំងឡាយ មិនគួរនៅ ក្នុងសំណាក់តថាគតទេ។ ភិក្ខុអម្បាលនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយរៀបចំទុកដាក់សេនាសនៈ ហើយកាន់យកបាត្រ និងចីវរ ចៀសចេញទៅ។
[១៨៧] ក៏សម័យនោះ សក្យៈទាំងឡាយ អ្នកស្រុកចាតុមា ប្រជុំគ្នា ក្នុងរោងភាក់អាស្រ័យដោយកិច្ច ដែលគួរធ្វើណាមួយ។ លុះសក្យៈទាំងឡាយ អ្នកស្រុកចាតុមា បានឃើញភិក្ខុទាំងឡាយនោះ កំពុងដើរមកពីចម្ងាយ លុះឃើញច្បាស់ហើយ បានចូលទៅរកភិក្ខុទាំងអម្បាលនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងភិក្ខុទាំងអម្បាលនោះថា បពិត្រលោកមានអាយុទាំងឡាយ លោកទាំងឡាយនិមន្តទៅណា។ ម្នាលអាវុសោ ព្រះមានព្រះភាគ បានបណ្តេញភិក្ខុសង្ឃទៅហើយ។ បពិត្រលោកមានអាយុទាំងឡាយ បើដូច្នោះ សូមលោកទាំងឡាយ និមន្តគង់មួយរំពេចសិន ក្រែងជួនជាយើងទាំងឡាយ សំរួលព្រះទ័យព្រះមានព្រះភាគបាន។ ភិក្ខុទាំងនោះ ទទួលស្តាប់សក្យៈទាំងឡាយ អ្នកស្រុកចាតុមាថា ថ្វាយព្រះពរ សក្យៈមានអាយុ។ លំដាប់នោះ សក្យៈទាំងឡាយ អ្នកស្រុកចាតុមា បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះសក្យៈទាំងឡាយ អ្នកស្រុកចាតុមា គង់ក្នុងទីសមគួរហើយ បានក្រាបទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រេកអរ (នឹងការចូលមកវិញ នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកវិញ) ចុះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែលព្រះមានព្រះភាគ ធ្លាប់ទ្រង់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះភិក្ខុសង្ឃ យ៉ាងនោះទៀត បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ ដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយមិនយូរប៉ុន្មាន ទើបតែនឹងមកកាន់ធម្មវិន័យនេះ កាលភិក្ខុទាំងឡាយនោះ មិនបានជួបនឹងព្រះមានព្រះភាគហើយ មុខជានឹងមានសេចក្តីរាយមាយ និងសេចក្តីប្រែប្រួលពុំខាន បពិត្រព្រះអង្គដ៏ចំរើន ដូចជា ពូជទាំងឡាយដ៏ខ្ចី កាលមិនមានទឹកហើយ នឹងស្វិតស្រពោន ឬប្រែប្រួលយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយមិនយូរប៉ុន្មាន ទើបតែនឹងមកកាន់ធម្មវិន័យនេះ កាលភិក្ខុទាំងនោះ មិនបានជួប នឹងព្រះមានព្រះភាគហើយ មុខជានឹងមានសេចក្តីរាយមាយ និងសេចក្តីប្រែប្រួលពុំខាន យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ដូចកូនគោតូច កាលមិនឃើញមេហើយ មុខជានឹងស្គាំងស្គម ឬប្រែប្រួលយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយមិនយូរប៉ុន្មាន ទើបតែនឹងមកកាន់ធម្មវិន័យនេះ កាលភិក្ខុទាំងឡាយនោះ មិនបានជួប នឹងព្រះមានព្រះភាគហើយ មុខជានឹងមានសេចក្តីរាយមាយ និងសេចក្តីប្រែប្រួលពុំខាន យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រេកអរ (នឹងការចូលមកវិញ នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកវិញ) ចុះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែលព្រះមានព្រះភាគ ធ្លាប់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះភិក្ខុសង្ឃ យ៉ាងនោះទៀត។
[១៨៨] គ្រានោះ សហម្បតិព្រហ្ម បានជ្រាបសេចក្តីបរិវិតក្កៈ ក្នុងព្រះហឫទ័យ នៃព្រះមានព្រះភាគ ដោយចិត្ត (របស់ខ្លួន) ហើយក៏ស្រាប់តែបាត់ អំពីព្រហ្មលោកមួយរំពេច ហើយមកប្រាកដ នៅទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ហាក់ដូចបុរស មានកំឡាំង លាដៃដែលខ្លួនបត់ចូល ឬបត់ដៃដែលខ្លួនលាចេញ។ លំដាប់នោះ សហម្បតិព្រហ្ម ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ទៅរកព្រះមានព្រះភាគ ក្រាបទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រេកអរ (នឹងការចូលមក នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកចុះ) បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែលព្រះមានព្រះភាគ ធ្លាប់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ អនុគ្រោះភិក្ខុសង្ឃ ដោយប្រការ យ៉ាងនោះទៀត បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយ មិនយូរប៉ុន្មាន ទើបតែមកកាន់ធម្មវិន័យនេះ កាលបើភិក្ខុទាំងនោះ មិនបានជួប នឹងព្រះមានព្រះភាគហើយ មុខជានឹងមានសេចក្តីរាយមាយ និងសេចក្តីប្រែប្រួលជាពុំខាន បពិត្រព្រះអង្គដ៏ចំរើន ដូចពូជទាំងឡាយ ដ៏ខ្ចី កាលមិនបានទឹកហើយ នឹងមានការស្វិតស្រពោន ឬនឹងមានដំណើរប្រែប្រួលពុំខាន យ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយមិនយូរប៉ុន្មាន ទើបតែនឹងមកកាន់ធម្មវិន័យនេះ កាលភិក្ខុទាំងនោះ មិនបានជួប នឹងព្រះមានព្រះភាគហើយ មុខជានឹងមានសេចក្តីរាយមាយ និងសេចក្តីប្រែប្រួលពុំខាន យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ដូចកូនគោតូច កាលមិនឃើញមេហើយ នឹងមានការស្គាំងស្គម ឬប្រែប្រួលពុំខាន យ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយមិនយូរប៉ុន្មាន ទើបតែមកកាន់ធម្មវិន័យនេះ កាលបើភិក្ខុទាំងនោះ មិនបានជួប នឹងព្រះមានព្រះភាគហើយ មុខជានឹងមានសេចក្តីរាយមាយ និងសេចក្តីប្រែប្រួលពុំខាន យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រេកអរ (នឹងការចូលមក នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកចុះ) បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែលព្រះមានព្រះភាគ ធ្លាប់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះភិក្ខុសង្ឃ ដោយប្រការយ៉ាងនោះទៀត។ សក្យៈទាំងឡាយ អ្នកស្រុកចាតុមា និងសហម្បតិព្រហ្ម អាចធ្វើព្រះមានព្រះភាគ ឲ្យត្រេកអរបាន ដោយពាក្យប្រៀបធៀប នឹងពូជផង ដោយពាក្យប្រៀបធៀប នឹងកូនគោតូចផង។
[១៨៩] លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ បានប្រាប់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ អ្នកទាំងឡាយ ចូរក្រោក កាន់បាត្រ និងចីវរឡើង ដ្បិតសក្យៈទាំងឡាយ អ្នកស្រុកចាតុមា និងសហម្បតិព្រហ្ម បានសម្រួលព្រះទ័យព្រះមានព្រះភាគ ដោយពាក្យប្រៀបធៀប នឹងពូជផង ដោយពាក្យប្រៀបធៀប នឹងកូនគោតូចផង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមហាមោគ្គល្លាន មានអាយុថា ករុណា លោកមានអាយុ ហើយក៏ក្រោកចាកអាសនៈ កាន់យកបាត្រ ចីវរហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ កាលដែលព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរយ៉ាងនេះថា ម្នាលសារីបុត្ត កាលបើភិក្ខុសង្ឃ ដែលតថាគតបណ្តេញហើយ តើអ្នកមានគំនិតដូចម្តេច។ ព្រះសារីបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ ដែលព្រះមានព្រះភាគ ទ្រង់បណ្តេញហើយ ខ្ញុំព្រះអង្គ មានគំនិតយ៉ាងនេះថា សូមព្រះមានព្រះភាគ មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបរឿយៗ នូវធម៌ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ក្នុងកាលឥឡូវនេះចុះ សូម្បីខ្ញុំព្រះអង្គទាំងឡាយ ក៏មានសេចក្តីខ្វល់ខ្វាយតិច ប្រកបរឿយៗ នូវធម៌ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ។ ម្នាលសារីបុត្ត អ្នកចូរឈប់សិនចុះ ម្នាលសារីបុត្ត អ្នកចូរឈប់សិនចុះ ម្នាលសារីបុត្ត គំនិតរបស់អ្នក មានសភាពយ៉ាងនេះ មិនគួរឲ្យកើតឡើងទៀតទេ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរព្រះមហាមោគ្គល្លានមានអាយុថា ម្នាលមោគ្គល្លាន កាលបើភិក្ខុសង្ឃ ដែលតថាគតបណ្តេញចេញហើយ តើអ្នកមានគំនិតដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ ដែលព្រះមានព្រះភាគ ទ្រង់បណ្តេញចេញហើយ ខ្ញុំព្រះអង្គ មានគំនិតយ៉ាងនេះថា សូមព្រះមានព្រះភាគ មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបរឿយៗ នូវធម៌ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ក្នុងកាលឥឡូវនេះចុះ ឯខ្ញុំព្រះអង្គ និងព្រះសារីបុត្តមានអាយុ នឹងគ្រប់គ្រងភិក្ខុសង្ឃជំនួសព្រះអង្គ។ ម្នាលមោគ្គល្លាន ប្រពៃហើយ ម្នាលមោគ្គល្លាន ដ្បិតថា តថាគតក្តី សារីបុត្តក្តី មោគ្គល្លានក្តី គួរគ្រប់គ្រងភិក្ខុសង្ឃមែនហើយ។
[១៩០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភ័យទាំងឡាយនេះ មាន៤យ៉ាង តែងមានចំពោះបុគ្គល អ្នកចុះទឹក ភ័យ៤យ៉ាងនោះ ដូចម្តេចខ្លះ ភ័យ៤យ៉ាងគឺ ភ័យកើតពីរលក១ ភ័យកើតពីក្រពើ១ ភ័យកើតពីអន្លង់ទឹក១ ភ័យកើតពីត្រីសាហាវ១ ម្នាលភិក្ខុទាំងឡាយ ភ័យទាំង៤នេះឯង តែងមានចំពោះបុគ្គលអ្នកចុះទឹក ម្នាលភិក្ខុទាំងឡាយ ភ័យ៤យ៉ាង តែងមានចំពោះបុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលចេញចាកផ្ទះហើយ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ នេះដែរ ភ័យ៤យ៉ាងនោះ តើដូចម្តេចខ្លះ គឺភ័យកើតពីរលក១ ភ័យកើតពីក្រពើ១ ភ័យកើតពីអន្លង់ទឹក១ ភ័យកើតពីត្រីសាហាវ១។
[១៩១] ម្នាលភិក្ខុទាំងឡាយ ភ័យកើតអំពីរលក តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកខ្លះ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងឧបាយាសៈ គឺសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតទុក្ខទាំងអស់នេះ នឹងច្បាស់ប្រាកដបាន។ កាលពួកកុលបុត្រនោះ បួសហើយ សព្រហ្មចារីបុគ្គលទាំងឡាយ តែងទូន្មានប្រៀនប្រដៅ យ៉ាងនេះថា អ្នកគប្បីឈានទៅខាងមុខ យ៉ាងនេះ អ្នកគប្បីឈានថយក្រោយ យ៉ាងនេះ អ្នកគប្បីក្រឡេកមើលទៅខាងមុខ យ៉ាងនេះ អ្នកគប្បីងាកឆ្វេង ងាកស្តាំ យ៉ាងនេះ អ្នកគប្បីអង្កុញ យ៉ាងនេះ អ្នកគប្បីសណ្តូក យ៉ាងនេះ អ្នកគប្បីទ្រទ្រង់សំពត់សង្ឃាដិ បាត្រចីវរ យ៉ាងនេះ។ កុលបុត្រនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលពីមុន យើងនៅជាគ្រហស្ថ តែងទូន្មានប្រៀនប្រដៅជនទាំងឡាយដទៃ ឯសព្រហ្មចារីបុគ្គលទាំងឡាយនេះ ប្រហែលនឹងកូនចៅ របស់យើង ស្មានថា យើងជាបុគ្គលគួរទូន្មាន ប្រៀនប្រដៅបាន។ កុលបុត្រនោះ ក៏លាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីរលក បានជាពោលលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីរលក នុ៎ះជាឈ្មោះ នៃសេចក្តីក្រោធ និងឧបាយាសៈ។
[១៩២] ម្នាលភិក្ខុទាំងឡាយ ភ័យកើតអំពីក្រពើ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកមួយ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះហើយ ចូលកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតទុក្ខទាំងអស់នេះ នឹងច្បាស់ប្រាកដបាន។ កាលដែលកុលបុត្រនោះ បួសហើយ សព្រហ្មចារីបុគ្គលទាំងឡាយ តែងទូន្មានប្រៀនប្រដៅ យ៉ាងនេះថា របស់នេះអ្នកគួរទំពា របស់នេះ អ្នកមិនគួរទំពា របស់នេះ អ្នកគួរឆាន់ របស់នេះ អ្នកមិនគួរឆាន់ របស់នេះ អ្នកគួរជញ្ជក់ជញ្ជាប់ របស់នេះ អ្នកមិនគួរជញ្ជក់ជញ្ជាប់ របស់នេះ អ្នកគួរក្រេបផឹក របស់នេះ អ្នកមិនគួរក្រេបផឹក (របស់នេះ) ជាកប្បិយវត្ថុ អ្នកគួរទំពា ជាអកប្បិយវត្ថុ អ្នកមិនគួរទំពា ជាកប្បិយវត្ថុ អ្នកគួរឆាន់ ជាអកប្បិយវត្ថុ អ្នកមិនគួរឆាន់ ជាកប្បិយវត្ថុ អ្នកគួរជញ្ជក់ជញ្ជាប់ ជាអកប្បិយវត្ថុ អ្នកមិនគួរជញ្ជក់ជញ្ជាប ជាកប្បិយវត្ថុ អ្នកគួរក្រេបផឹក ជាអកប្បិយវត្ថុ អ្នកមិនគួរក្រេបផឹក របស់នេះគួរទំពាក្នុងកាល (គឺតាំងពីព្រឹក ដល់ថ្ងៃត្រង់) របស់នេះ អ្នកមិនគួរទំពា ក្នុងវិកាល (គឺតាំងពីថ្ងៃជ្រេទៅ) របស់នេះ អ្នកគួរឆាន់ក្នុងកាល របស់នេះ អ្នកមិនគួរឆាន់ក្នុងវិកាល របស់នេះ អ្នកគួរជញ្ជក់ជញ្ជាបក្នុងកាល របស់នេះ អ្នកមិនគួរជញ្ជក់ជញ្ជាបក្នុងវិកាល របស់នេះអ្នកគួរក្រេបផឹកក្នុងកាល របស់នេះអ្នកមិនគួរក្រេបផឹកក្នុងវិកាល។ កុលបុត្រនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន យើងនៅជាគ្រហស្ថ យើងចង់របស់ណា ក៏ទំពារបស់នោះបាន យើងមិនចង់របស់ណា ក៏មិនទំពារបស់នោះ យើងចង់របស់ណា ក៏បរិភោគរបស់នោះបាន យើងមិនចង់របស់ណា ក៏មិនបរិភោគរបស់នោះ យើងចង់របស់ណា ក៏ជញ្ជក់ជញ្ជាបរបស់នោះ យើងមិនចង់របស់ណា ក៏មិនជញ្ជក់ជញ្ជាបរបស់នោះ យើងចង់របស់ណា ក៏ក្រេបផឹករបស់នោះ យើងមិនចង់របស់ណា ក៏មិនក្រេបផឹករបស់នោះ យើងទំពា នូវរបស់ដែលគួរក៏បាន យើងទំពានូវរបស់ ដែលមិនគួរក៏បាន យើងបរិភោគ នូវរបស់ដែលគួរក៏បាន យើងបរិភោគ នូវរបស់ដែលមិនគួរក៏បាន យើងជញ្ជក់ជញ្ជាប នូវរបស់ដែលគួរក៏បាន យើងជញ្ជក់ជញ្ជាប នូវរបស់ដែលមិនគួរក៏បាន យើងក្រេបផឹក នូវរបស់ដែលគួរក៏បាន យើងក្រេបផឹក នូវរបស់ដែលមិនគួរក៏បាន យើងទំពា នូវរបស់ក្នុងកាលក៏បាន យើងទំពា នូវរបស់ក្នុងវិកាលក៏បាន យើងបរិភោគ នូវរបស់ក្នុងកាលក៏បាន យើងបរិភោគ នូវរបស់ក្នុងវិកាលក៏បាន យើងជញ្ជក់ជញ្ជាប នូវរបស់ក្នុងកាលក៏បាន យើងជញ្ជក់ជញ្ជាបរបស់ ក្នុងវិកាលក៏បាន យើងក្រេបផឹករបស់ ក្នុងកាលក៏បាន យើងក្រេបផឹករបស់ ក្នុងវិកាលក៏បាន មួយវិញទៀត គហបតីទាំងឡាយ មានសទ្ធា តែងឲ្យរបស់ដែលគួរឆាន់ គួរបរិភោគ ដ៏ប្រណីតណា ដល់យើងទាំងឡាយ ក្នុងវេលាព្រឹក (ឬ) ក្នុងវេលាថ្ងៃរសៀល លោកអម្បាលនោះ ហាក់ដូចជាធ្វើកិរិយាហាមឃាត់មាត់យើង ក្នុងរបស់ទាំងនោះ។ កុលបុត្រនោះ ក៏ពោលលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីក្រពើ បានជាពោលលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីក្រពើ នុ៎ះ ជាឈ្មោះរបស់បុគ្គល ដែលឃើញតែត្រង់ការបំពេញផ្ទៃប៉ុណ្ណោះ។
[១៩៣] ម្នាលភិក្ខុទាំងឡាយ ភ័យកើតពីអន្លង់ទឹក តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកមួយ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតទុក្ខ ទាំងអស់នេះ នឹងប្រាកដបាន។ កាលដែលកុលបុត្រនោះ បួសយ៉ាងនេះហើយ ក្នុងវេលាព្រឹកព្រហាម ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត តែមិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានតំកល់ស្មារតី ឲ្យខ្ជាប់ខ្ជួន ទាំងមិនបានសង្រួមឥន្ទ្រិយ ទាំងឡាយឡើយ។ កុលបុត្តនោះ ឃើញគហបតីក្តី គហបតិបុត្តក្តី ក្នុងស្រុកនោះ ឬនិគមនោះ ដែលកំពុងតែឆ្អែត ស្កប់ស្កល់ មូលមិត្តផ្តេកផ្តិត ដោយកាមគុណទាំង៥។ កុលបុត្តនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពីមុនយើងនៅជាគ្រហស្ថ តែងឆ្អែតស្កប់ស្កល់ មូលមិត្រផ្តេកផ្តិត ដោយកាមគុណ៥ ទាំងភោគសម្បត្តិ ក្នុងត្រកូលរបស់យើង ក៏មានព្រម យើងអាចនឹងបរិភោគភោគសម្បត្តិ និងធ្វើបុណ្យទាំងឡាយបានដែរ។ កុលបុត្តនោះ ក៏ពោលលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីអន្លង់ទឹក បានជាពោលលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យកើតអំពីអន្លង់ទឹក នុ៎ះជាឈ្មោះ នៃកាមគុណទាំង៥។
[១៩៤] ម្នាលភិក្ខុទាំងឡាយ ភ័យកើតពីត្រីសាហាវ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកមួយ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ នឹងប្រាកដបាន។ កាលដែលកុលបុត្រនោះ បួសយ៉ាងនេះហើយ ក្នុងវេលាព្រឹកព្រហាម ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត តែមិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានតំកល់ស្មារតី ឲ្យខ្ជាប់ខ្ជួន ទាំងមិនបានសង្រួមឥន្ទ្រិយទាំងឡាយ។ កុលបុត្តនោះ បានឃើញមាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ដែលមានសំពត់ស្លៀកមិនស្រួល មានសំពត់ដណ្តប់មិនស្រួល សេចក្តីតំរេក ក៏ញុំាងចិត្ត របស់កុលបុត្តនោះ ឲ្យស្វិតស្រពោន ព្រោះឃើញនូវមាតុគ្រាម ដែលមានសំពត់ស្លៀកមិនស្រួល ឬមានសំពត់ដណ្តប់មិនស្រួល។ កុលបុត្តនោះ ក៏ពោលលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ ព្រោះចិត្តដែលស្វិតស្រពោនដោយរាគៈ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីត្រីសាហាវ បានជាពោលលាសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យកើតអំពីត្រីសាហាវ នុ៎ះជាឈ្មោះ នៃមាតុគ្រាម។ ម្នាលភិក្ខុទាំងឡាយ ភ័យទាំង៤នេះឯង ដែលកើតមាន ចំពោះបុគ្គលពួកមួយ ក្នុងសាសនានេះ ជាបព្វជិត ដែលចេញចាកផ្ទះ ចូលកាន់ផ្នួស ក្នុងធម្មវិន័យនេះ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ ភិក្ខុទាំងអម្បាលនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។
ចប់ ចាតុមសូត្រ ទី៧។
(៨. នឡកបានសុត្តំ)
[១៩៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃចារ ទៀបស្រុកនឡកបានៈ61) ក្នុងដែនកោសល។ ក៏សម័យនោះ កុលបុត្តទាំងឡាយច្រើនរូប ជាអ្នកមានកេរ្តិឈ្មោះប្រាកដជាងគេ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយសទ្ធា ឧទ្ទិសព្រះមានព្រះភាគ គឺព្រះអនុរុទ្ធមានអាយុ១ ព្រះភទ្ទិយៈមានអាយុ១ ព្រះកិម្ពិលៈមានអាយុ១ ព្រះភគ្គុមានអាយុ១ ព្រះកោណ្ឌញ្ញៈមានអាយុ១ ព្រះរេវតៈមានអាយុ១ ព្រះអានន្ទមានអាយុ១ និងកុលបុត្តទាំងឡាយ ដែលមានកេរ្តិឈ្មោះប្រាកដជាងគេដទៃទៀត។ ក៏សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃជាបរិវារ ទ្រង់គង់ក្នុងទីវាល។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ប្រារព្ធនូវកុលបុត្តទាំងឡាយ ហើយត្រាស់ហៅពួកភិក្ខុមកសួរថា ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយណា ចេញចាកផ្ទះ ចូលមកកាន់ផ្នួសហើយ ដោយសទ្ធា ឧទ្ទិសតថាគត ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងនោះ ត្រេកអរហើយ ក្នុងព្រហ្មចរិយៈខ្លះដែរឬទេ។ ភិក្ខុទាំងឡាយ ក៏នៅស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ប្រារព្ធកុលបុត្តទាំងនោះ ទើបត្រាស់សួរពួកភិក្ខុអស់វារៈពីរដងថា ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយណា ចេញចាកផ្ទះ ចូលមកកាន់ផ្នួសហើយ ដោយសទ្ធា ឧទ្ទិសតថាគត ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអម្បាលនោះ ត្រេកអរហើយ ក្នុងព្រហ្មចរិយៈខ្លះដែរឬទេ។ ភិក្ខុអម្បាលនោះ ក៏នៅស្ងៀម អស់វារៈពីរដងទៀត។ ព្រះមានព្រះភាគ ទ្រង់ប្រារព្ធកុលបុត្តទាំងនោះ ទើបត្រាស់សួរពួកភិក្ខុអស់វារៈបីដងថា ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយណា ចេញចាកផ្ទះ ចូលមកកាន់ផ្នួសហើយ ដោយសទ្ធា ឧទ្ទិសតថាគត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអម្បាលនោះ ត្រេកអរហើយ ក្នុងព្រហ្មចរិយៈខ្លះដែរឬទេ។ ភិក្ខុអម្បាលនោះ ក៏ស្ងៀមអស់វារៈបីដងទៀត។
[១៩៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះថា បើដូច្នោះ គួរតែតថាគត សួរកុលបុត្តអម្បាលនោះឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរព្រះអនុរុទ្ធមានអាយុថា ម្នាលពួកអនុរុទ្ធ អ្នកទាំងឡាយត្រេកអរហើយ ក្នុងព្រហ្មចរិយៈខ្លះដែរឬទេ។ ឱព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គត្រេកអរ ក្នុងព្រហ្មចរិយៈ។ ម្នាលពួកអនុរុទ្ធ ប្រពៃហើយ ប្រពៃហើយ ម្នាលពួកអនុរុទ្ធ អ្នកទាំងឡាយត្រេកអរហើយ ក្នុងព្រហ្មចរិយៈ ដោយហេតុណា ហេតុនុ៎ះឯង សមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយសទ្ធាហើយ ម្នាលពួកអនុរុទ្ធ ព្រោះថាអ្នកទាំងឡាយ ប្រកបដោយវ័យជាដំបូង ជាកំឡោះដ៏ចំរើន មានសក់ខ្មៅស្រិល គួរនឹងបរិភោគកាមទាំងឡាយ ព្រោះហេតុណា ម្នាលពួកអនុរុទ្ធ ព្រោះហេតុនោះ អ្នកទាំងឡាយ កំពុងប្រកបដោយវ័យជាដំបូង ជាកំឡោះដ៏ចំរើន មានសក់ខ្មៅស្រិល ក៏ឆ្លៀតចេញចាកផ្ទះ ចូលមកកាន់ផ្នួសបាន ម្នាលពួកអនុរុទ្ធ មួយវិញទៀត អ្នកទាំងឡាយនោះ មិនមែនព្រះរាជាទ្រង់គុំគួន ហើយចេញចាកផ្ទះ ចូលមកកាន់ផ្នួសទេ មិនមែនចោរគុំគួន ហើយចេញចាកផ្ទះ ចូលមកកាន់ផ្នួសទេ មិនមែនចំពាក់បំណុលគេ ហើយចេញចាកផ្ទះ ចូលមកកាន់ផ្នួសទេ មិនមែនមានរឿងក្តី ហើយភ័យ ចេញចាកផ្ទះ ចូលមកកាន់ផ្នួសទេ មិនវិបត្តិដោយចិញ្ចឹមជីវិត ហើយចេញចាកផ្ទះ ចូលមកកាន់ផ្នួសទេ គឺពិតជា (អ្នកទាំងឡាយ គិតឃើញថា) ឱហ្ន៎ អាត្មាអញ ជាអ្នកត្រូវជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ និងឧបាយាសៈ គ្របសង្កត់ ឈ្មោះថា អ្នកមានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតកងទុក្ខទាំងអស់នេះ នឹងប្រាកដបាន ម្នាលពួកអនុរុទ្ធ ក្រែងអ្នកទាំងឡាយមានសទ្ធាយ៉ាងនេះ ហើយចេញចាកផ្ទះ ចូលមកកាន់ផ្នួសឬ។ ព្រះករុណាព្រះអង្គ។ ម្នាលពួកអនុរុទ្ធ ចុះកុលបុត្តដែលបួសយ៉ាងនេះហើយ ត្រូវធ្វើកិច្ចអ្វីខ្លះ។ ម្នាលពួកអនុរុទ្ធ (ប្រសិនបើ) បុគ្គលស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ តែនៅមិនទាន់បានដល់បីតិ និងសុខ ឬមិនទាន់បានដល់សេចក្តីសុខដទៃ ដែលស្ងាត់លើសជាងបីតិ និងសុខនោះទេ។ អភិជ្ឈាក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ព្យាបាទក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ថីនមិទ្ធៈក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន វិចិកិច្ឆាក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ឧទ្ធច្ចកុក្កុច្ចៈក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន អរតិក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន សេចក្តីខ្ជិលច្រអូសក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ម្នាលពួកអនុរុទ្ធ (ព្រោះថា) បុគ្គលនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ តែនៅមិនទាន់បានបីតិ និងសុខ ឬមិនទាន់បានសេចក្តីសុខដទៃ ដែលស្ងាត់លើសជាងបីតិ និងសុខនោះ។ ម្នាលពួកអនុរុទ្ធ (បើ) បុគ្គលស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់បីតិ និងសុខ ឬបានដល់សេចក្តីសុខដទៃ ដែលស្ងាត់លើសជាងបីតិ និងសុខនោះហើយ។ អភិជ្ឈាក្តី មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ព្យាបាទក្តី មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ថីនមិទ្ធៈក្តី មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ឧទ្ធច្ចកុក្កុច្ចៈក្តី មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន វិចិកិច្ឆាក្តី មិនគ្របសង្កត់ចិត្តរបស់បុគ្គលនោះបាន អរតិក្តី មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន សេចក្តីខ្ជិលច្រអូសក្តី មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ម្នាលពួកអនុរុទ្ធ (ព្រោះថា) បុគ្គលនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយបានដល់នូវបីតិ និងសុខ ឬបានដល់សេចក្តីសុខដទៃ ដែលស្ងាត់ជាងបីតិ និងសុខនោះ។
[១៩៧] ម្នាលពួកអនុរុទ្ធ អ្នកទាំងឡាយមានសេចក្តីត្រិះរិះ ក្នុងតថាគតថា អាសវៈទាំងឡាយណា នាំមកនូវសេចក្តីសៅហ្មង នំាមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាក ជាទុក្ខតទៅ ជាទីតាំងនៃជាតិ ជរា និងមរណៈ អាសវៈអម្បាលនោះ ព្រះតថាគត ពុំទាន់បានលះបង់ទេ ហេតុដូច្នោះ បានជាព្រះតថាគត ដឹងហើយទើបសេពរបស់ខ្លះ (ដែលគួរសេព) ដឹងហើយទើបអត់សង្កត់របស់ខ្លះ (ដែលគួរអត់សង្កត់) ដឹងហើយទើបវៀររបស់ខ្លះ (ដែលគួរវៀរ) ដឹងហើយទើបបន្ទោបង់របស់ខ្លះ (ដែលគួរបន្ទោបង់) ដូច្នេះឬ។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ នឹងបានត្រិះរិះ ចំពោះព្រះមានព្រះភាគ យ៉ាងនេះថា អាសវៈទាំងឡាយណា នាំមកនូវសេចក្តីសៅហ្មង នំាមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាក ជាទុក្ខតទៅ ជាទីតាំងនៃជាតិ ជរា មរណៈ អាសវៈអម្បាលនោះ ព្រះតថាគត មិនទាន់បានលះបង់ទេ ហេតុដូច្នោះ បានជាព្រះតថាគត ទ្រង់ជ្រាបហើយទើបសេពរបស់ខ្លះ ទ្រង់ជ្រាបហើយ ទើបអត់សង្កត់របស់ខ្លះ ទ្រង់ជ្រាបហើយ ទើបវៀររបស់ខ្លះ ទ្រង់ជ្រាបហើយទើបបន្ទោបង់របស់ខ្លះ ដូច្នេះក៏ទេ បពិត្រព្រះអង្គដ៏ចំរើន តែពួកខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ចំពោះព្រះមានព្រះភាគ យ៉ាងនេះថា អាសវៈទាំងឡាយណា នាំមកនូវសេចក្តីសៅហ្មង នំាមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាក ជាទុក្ខតទៅ ជាទីតាំងនៃជាតិ ជរា មរណៈ អាសវៈអម្បាលនោះ ព្រះតថាគត ទ្រង់លះបង់បានហើយ ហេតុដូច្នោះ បានជាព្រះតថាគត ទ្រង់ជ្រាបហើយ ទើបសេពរបស់ខ្លះ ទ្រង់ជ្រាបហើយ ទើបអត់សង្កត់របស់ខ្លះ ទ្រង់ជ្រាបហើយ ទើបវៀររបស់ខ្លះ ទ្រង់ជ្រាបហើយទើបបន្ទោបង់របស់ខ្លះ ដូច្នេះឯង។ ម្នាលពួកអនុរុទ្ធ ប្រពៃហើយ ប្រពៃហើយ ម្នាលពួកអនុរុទ្ធ អាសវៈទាំងឡាយណា ដែលនាំមក នូវសេចក្តីសៅហ្មង នំាមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាក ជាទុក្ខតទៅ ជាទីតាំងនៃជាតិ ជរា មរណៈ អាសវៈអម្បាលនោះ តថាគត បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀត ជាធម៌លែងមានបែបភាពតទៅទៀត ជាធម៌មិនមានកំណើតទៅខាងមុខទៀត ម្នាលពួកអនុរុទ្ធ ដូចជាដើមត្នោត កំបុតក មិនគួរដុះឡើងវិញបាន យ៉ាងណា ម្នាលពួកអនុរុទ្ធ អាសវៈទាំងឡាយណា ដែលនាំមកនូវសេចក្តីសៅហ្មង នំាមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាក ជាទុក្ខតទៅ ជាទីតាំងនៃជាតិ ជរា មរណៈ (អាសវៈទាំងនោះ) តថាគត លះបង់ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀត ជាធម៌លែងមានបែបភាពតទៅទៀតហើយ ជាធម៌មិនមានកំណើតតទៅខាងមុខទៀតទេ យ៉ាងនោះឯង ព្រោះហេតុនោះ បានជាតថាគតដឹងហើយ ទើបសេពរបស់ខ្លះ ដឹងហើយ ទើបអត់សង្កត់របស់ខ្លះ ដឹងហើយ ទើបវៀររបស់ខ្លះ ដឹងហើយ ទើបបន្ទោបង់របស់ខ្លះ។
[១៩៨] ម្នាលពួកអនុរុទ្ធ អ្នកសំគាល់សេចក្តីនោះដូចម្តេច ព្រះតថាគត ឃើញប្រយោជន៍ដូចម្តេច បានជាព្យាករក្នុងកំណើត របស់ពួកសាវ័ក ដែលធ្វើមរណកាលកន្លងទៅហើយថា សាវ័កឯណោះ កើតក្នុងទីឯណោះ សាវ័កឯណោះ កើតក្នុងទីឯណោះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគ ជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងអាស្រ័យ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មេត្តាប្រោសបំភ្លឺ នូវសេចក្តីនៃភាសិតនុ៎ះ ភិក្ខុទាំងឡាយ បានស្តាប់ភាសិតរបស់ព្រះអង្គហើយ នឹងចងចាំទុកបាន។ ម្នាលពួកអនុរុទ្ធ តថាគត ព្យាករក្នុងកំណើត របស់ពួកសាវ័ក ដែលធ្វើមរណកាលកន្លងទៅហើយថា សាវ័កឯណោះ កើតក្នុងទីឯណោះ សាវ័កឯណោះ កើតក្នុងទីឯណោះ ដើម្បីឲ្យជនស្ញប់ស្ញែងក៏ទេ ដើម្បីប្រលោមជនក៏ទេ ដើម្បីអានិសង្ស គឺលាភសក្ការៈ និងសេចក្តីសរសើរក៏ទេ (ឬ) គិតថា ឲ្យគេស្គាល់តថាគត ក៏ទេ។ ម្នាលពួកអនុរុទ្ធ កុលបុត្តទាំងឡាយ មានសទ្ធា មានសេចក្តីត្រេកអរខ្លាំង មានបាមោជ្ជៈក្លៀវក្លា លុះកុលបុត្តអម្បាលនោះ បានស្តាប់ព្យាករណ៍នោះហើយ តែងបង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ ម្នាលពួកអនុរុទ្ធ ការព្យាករណ៍នោះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់បុគ្គលទាំងឡាយនោះ អស់កាលជាយូរអង្វែង។
[១៩៩] ម្នាលពួកអនុរុទ្ធ ភិក្ខុក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា បានឋិតនៅក្នុងអរហត្តផលដូច្នេះ ភិក្ខុនោះ យល់ឃើញលោកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា លោកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ លោកមានអាយុនោះ មានធម៌យ៉ាងនេះ ដូច្នេះខ្លះ លោកមានអាយុនោះ មានបញ្ញាយ៉ាងនេះ ដូច្នេះខ្លះ លោកមានអាយុនោះ មានវិហារធម៌យ៉ាងនេះ ដូច្នេះខ្លះ លោកមានអាយុនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនោះរលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញារបស់លោកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុ។ ម្នាលពួកអនុរុទ្ធ ភិក្ខុក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាឱបបាតិកៈកំណើត (កើតក្នុងសុទ្ធាវាស) បរិនិព្វានក្នុងសុទ្ធាវាសនោះ មានសភាពមិនត្រឡប់ចាកលោកនោះមកវិញឡើយ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈទាំងឡាយ៥ ដូច្នេះ ភិក្ខុនោះ យល់ឃើញលោកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា លោកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌យ៉ាងនេះ… លោកមានអាយុនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ភិក្ខុនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់លោកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុ។ ម្នាលពួកអនុរុទ្ធ ភិក្ខុក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតទុក្ខបាន ព្រោះអស់ទៅនៃសំយោជនៈទាំង៣ មានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ដូច្នេះ ភិក្ខុនោះ យល់ឃើញលោកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា លោកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌យ៉ាងនេះ… លោកមានអាយុនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់លោកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌ របស់ភិក្ខុ។ ម្នាលពួកអនុរុទ្ធ ភិក្ខុក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈទាំង៣ ដូច្នេះ ភិក្ខុនោះ យល់ឃើញលោកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា លោកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌យ៉ាងនេះ… លោកមានអាយុនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់លោកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុ។
[២០០] ម្នាលពួកអនុរុទ្ធ ភិក្ខុនីក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុនីឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនីនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា បានឋិតនៅក្នុងអរហត្តផលដូច្នេះ ភិក្ខុនីនោះ យល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានធម៌យ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានបញ្ញាយ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានវិហារធម៌យ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនីនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញារបស់ភិក្ខុនីនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុនី។ ម្នាលពួកអនុរុទ្ធ ភិក្ខុនីក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុនីឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនីនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា មានសភាពជាឱបបាតិកៈកំណើត បរិនិព្វានក្នុងលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះមកវិញឡើយ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈទាំង៥ ដូច្នេះ ភិក្ខុនីនោះ យល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ នាងនោះមានធម៌យ៉ាងនេះដូច្នេះខ្លះ នាងនោះមានបញ្ញាយ៉ាងនេះ ដូច្នេះខ្លះ នាងនោះមានវិហារធម៌យ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ភិក្ខុនីនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ភិក្ខុនីនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុនី។ ម្នាលពួកអនុរុទ្ធ ភិក្ខុនីក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុនីឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនីនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិបុគ្គល មកកាន់លោកនេះតែម្តងទៀត ហើយធ្វើនូវទីបំផុតទុក្ខ ព្រោះអស់ទៅនៃសំយោជនៈទាំង៣ មានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ដូច្នេះ ភិក្ខុនីនោះ បានយល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះខ្លះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌យ៉ាងនេះ… នាងនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនីនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ភិក្ខុនីនោះ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុនី។ ម្នាលពួកអនុរុទ្ធ ភិក្ខុនីក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុនីឈ្មោះនេះ មានមរណកាលធ្វើហើយ ភិក្ខុនីនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ដូច្នេះ ភិក្ខុនីនោះ បានយល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌យ៉ាងនេះ… នាងនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនីនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ភិក្ខុនីនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុនី។
[២០១] ម្នាលពួកអនុរុទ្ធ ឧបាសក ក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសកឈ្មោះនេះ មានមរណកាលធ្វើហើយ ឧបាសកនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាឱបបាតិកៈកំណើត បរិនិព្វានក្នុងលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះមកវិញឡើយ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ៥ ដូច្នេះ ឧបាសកនោះ បានយល់ឃើញអ្នកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា អ្នកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ អ្នកមានអាយុនោះ មានធម៌យ៉ាងនេះ ដូច្នេះខ្លះ អ្នកមានអាយុនោះ មានបញ្ញាយ៉ាងនេះ ដូច្នេះខ្លះ អ្នកមានអាយុនោះ មានវិហារធម៌យ៉ាងនេះ ដូច្នេះខ្លះ អ្នកមានអាយុនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ឧបាសកនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសក។ ម្នាលពួកអនុរុទ្ធ ឧបាសកក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសកឈ្មោះនេះ មានមរណកាលធ្វើហើយ ឧបាសកនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតទុក្ខព្រោះអស់ទៅនៃសំយោជនៈ៣ មានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ដូច្នេះ ឧបាសកនោះ បានយល់ឃើញអ្នកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា អ្នកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌យ៉ាងនេះ… អ្នកមានអាយុនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ឧបាសកនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសក។ ម្នាលពួកអនុរុទ្ធ ឧបាសកក្នុងធម្មវិន័យនេះ បានឮថា ឧបាសកឈ្មោះនេះ មានមរណកាលធ្វើហើយ ឧបាសកនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ដូច្នេះ ឧបាសកនោះ បានយល់ឃើញអ្នកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា អ្នកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌យ៉ាងនេះ… អ្នកមានអាយុនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ឧបាសកនោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសកនោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសក។
[២០២] ម្នាលពួកអនុរុទ្ធ ឧបាសិកា ក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសិកាឈ្មោះនេះ មានមរណកាលធ្វើហើយ ឧបាសិកានោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា មានសភាពជាឱបបាតិកៈកំណើត បរិនិព្វានក្នុងលោកនោះ មានសភាពមិនត្រឡប់ចាកលោកនោះមកវិញឡើយ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ ៥ ដូច្នេះ ឧបាសិកានោះ បានយល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ មានវិហារធម៌យ៉ាងនេះ… នាងនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ឧបាសិកានោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសិកានោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសិកា។ ម្នាលពួកអនុរុទ្ធ ឧបាសិកាក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសិកាឈ្មោះនេះ មានមរណកាលធ្វើហើយ ឧបាសិកានោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិបុគ្គល នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតទុក្ខព្រោះអស់ទៅនៃសំយោជនៈ៣ មានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ដូច្នេះ ឧបាសិកានោះ យល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះឯង មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាងនេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌យ៉ាងនេះ… នាងនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ឧបាសិកានោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសិកានោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសិកា។ ម្នាលអនុរុទ្ធ ឧបាសិកាក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសិកាឈ្មោះនេះ មានមរណកាលធ្វើហើយ ឧបាសិកានោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ៣ ដូច្នេះ ឧបាសិកានោះ យល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ នាងនោះមានធម៌យ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានវិហារធម៌យ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ឧបាសិកានោះ រលឹកឃើញនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសិកានោះហើយ ក៏បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសិកា។ ម្នាលពួកអនុរុទ្ធ ហេតុដូច្នោះ បានជាតថាគត ព្យាករក្នុងកំណើតរបស់ពួកសាវ័ក ដែលធ្វើមរណកាលកន្លងទៅហើយថា សាវ័កឯណោះ កើតក្នុងទីឯណោះ សាវ័កឯណោះ កើតក្នុងទីឯណោះ ដើម្បីនឹងឲ្យជនស្ញប់ស្ញែងក៏ទេ ដើម្បីនឹងប្រលោមជនក៏ទេ ដើម្បីអានិសង្ស គឺលាភសក្ការៈ និងសេចក្តីសរសើរក៏ទេ (ឬ) គិតថា ឲ្យគេស្គាល់តថាគតក៏ទេដែរ។ ម្នាលពួកអនុរុទ្ធ កុលបុត្តទាំងឡាយ អ្នកមានសទ្ធា មានសេចក្តីត្រេកអរខ្លាំង មានបាមោជ្ជៈក្លៀវក្លា កុលបុត្តអម្បាលនោះ លុះបានស្តាប់នូវព្យាករណ៍នោះហើយ តែងបង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ ម្នាលពួកអនុរុទ្ធ ការព្យាករណ៍នោះ (តែងប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់កុលបុត្តទាំងឡាយនោះ អស់កាលជាយូរអង្វែង។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ ព្រះអនុរុទ្ធមានអាយុ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ នឡកបានសូត្រ ទី៨
(៩. គោលិយានិសុត្តំ)
[២០៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង មានភិក្ខុមួយរូប ឈ្មោះ គោលិស្សានិ ជាអ្នកសមាទាននូវអារញ្ញិកធុតង្គ ជាអ្នកមានមារយាទមិនរៀបរយ អង្គុយក្នុងកណ្តាលជំនុំសង្ឃ ដោយកិច្ចណាមួយ។
[២០៤] លំដាប់នោះ ព្រះសារីបុត្តមានអាយុ ប្រារព្ធនូវគោលិស្សានិភិក្ខុ ហើយទើបពោលនឹងភិក្ខុទាំងឡាយថា ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុដែលសមាទាននូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរតែប្រកបដោយសេចក្តីគោរព កោតក្រែង ចំពោះពួកសព្រហ្មចារីទាំងឡាយ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសព្រហ្មចារីហើយ ពួកជននឹងពោលតិះដៀល ចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ សមាទានអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ ជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ចំពោះសព្រហ្មចារីទាំងឡាយ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរតែប្រកបដោយសេចក្តីគោរព កោតក្រែង ចំពោះសព្រហ្មចារីទាំងឡាយ។។
[២០៥] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរជាអ្នកឈ្លាស ក្នុងការអង្គុយថា អាត្មាអញ នឹងមិនអង្គុយជ្រៀតបៀតភិក្ខុទាំងឡាយ ជាថេរៈផង មិនហាមឃាត់ភិក្ខុថ្មីទាំងឡាយ ដោយអាសនៈផង។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មិនឈ្លាសក្នុងការអង្គុយហើយ នឹងមានពួកជន តិះដៀលចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ សមាទានអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ មិនដឹងច្បាប់ អភិសមាចារិកវត្ត សោះ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរតែឈ្លាស ក្នុងការអង្គុយ។
[២០៦] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មិនគួរចូលទៅកាន់ស្រុក ឲ្យហួសវេលា មិនគួរត្រឡប់មកឲ្យទាល់ថ្ងៃ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាលទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ នឹងចូលទៅកាន់ស្រុក ឲ្យហួសវេលា ត្រឡប់មកទាល់ថ្ងៃហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ សមាទានអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ ចូលទៅកាន់ទីស្រុក ឲ្យហួសវេលា ត្រឡប់មកវិញទាល់ថ្ងៃ លោកមានអាយុនេះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មិនគួរចូលទៅកាន់ស្រុកឲ្យហួសវេលា មិនគួរត្រឡប់មកឲ្យទាល់ថ្ងៃឡើយ។
[២០៧] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មិនគួរដល់នូវការត្រាច់ទៅ ក្នុងត្រកូលទាំងឡាយ ក្នុងវេលាមុនភត្ត និងក្រោយភត្តឡើយ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ ដល់នូវការត្រាច់ទៅ ក្នុងត្រកូលទាំងឡាយ ក្នុងវេលាមុនភត្ត និងក្រោយភត្តហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា លោកមានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង ទាំងការត្រាច់ទៅ ក្នុងវេលាវិកាល ភិក្ខុនោះ ក៏បានធ្វើរឿយៗ នាំឲ្យសង្ឃលំបាកហៅរកភិក្ខុនោះមកកាន់ជំនុំសង្ឃ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃហើយ មិនគួរដល់នូវការត្រាច់ទៅ ក្នុងត្រកូលទាំងឡាយ ក្នុងវេលាមុនភត្ត និងក្រោយភត្តឡើយ។
[២០៨] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មិនគួរមានចិត្តរាយមាយ ឃ្លេងឃ្លោងឡើយ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មានចិត្តរាយមាយ ឃ្លេងឃ្លោងហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា លោកមានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯងមែន តែមានចិត្តរាយមាយ ឃ្លេងឃ្លោង ធ្វើឲ្យរឿយៗ នាំឲ្យសង្ឃលំបាកហៅរកមកកាន់ជំនុំសង្ឃ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងទីប្រជុំសង្ឃ មិនគួរជាអ្នកមានចិត្តរាយមាយ ឃ្លេងឃ្លោងឡើយ។
[២០៩] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ កុំជាអ្នកមានមាត់រឹង កុំជាអ្នកមានវាចាឡេះឡោះឡើយ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ ជាអ្នកមានមាត់រឹង ពោលវាចាឡេះឡោះហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃតែម្នាក់ឯង លោកមានអាយុនេះ ជាអ្នកមានមាត់រឹង ពោលវាចាឡេះឡោះ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងទីកណ្តាលជំនុំសង្ឃហើយ កុំជាអ្នកមានមាត់រឹង កុំជាអ្នកមានវាចាឡេះឡោះឡើយ។
[២១០] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរជាអ្នកប្រដៅងាយ មានមនុស្សល្អជាមិត្រ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ ជាអ្នកប្រដៅក្រ មានមនុស្សអាក្រក់ជាមិត្រហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ ជាអ្នកប្រដៅក្រ មានមនុស្សអាក្រក់ជាមិត្រ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរជាអ្នកប្រដៅងាយ មានមនុស្សល្អជាមិត្រ។
[២១១] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ ជាអ្នកមិនមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ ជាអ្នកមានទ្វារមិនបានគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ។
[២១២] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកដឹងប្រមាណក្នុងភោជន។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ជាអ្នកមិនដឹងប្រមាណ ក្នុងភោជនហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ ជាអ្នកមិនដឹងប្រមាណ ក្នុងភោជន លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកដឹងប្រមាណ ក្នុងភោជន។
[២១៣] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកប្រកបរឿយៗ នូវការភ្ញាក់រលឹក។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ មិនប្រកបរឿយៗ នូវការភ្ញាក់រលឹកហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាននូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ ជាអ្នកមិនប្រកបរឿយៗ នូវការភ្ញាក់រលឹក លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកប្រកបរឿយៗ នូវការភ្ញាក់រលឹក។
[២១៤] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកប្រារព្ធព្យាយាម។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ជាអ្នកខ្ជិលច្រអូសហើយ នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ជាអ្នកខ្ជិលច្រអូស លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកប្រារព្ធព្យាយាម។
[២១៥] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកតាំងស្មារតីឲ្យមាំ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ជាអ្នកភ្លេចស្មារតីហើយ នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ជាអ្នកភ្លេចស្មារតី លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកតាំងស្មារតីឲ្យមាំ។
[២១៦] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកមានចិត្តខ្ជាប់ខ្ជួន។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួនហើយ នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាននូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួន លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកមានចិត្តខ្ជាប់ខ្ជួន។
[២១៧] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកមានប្រាជ្ញា។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ជាអ្នកគ្មានប្រាជ្ញាហើយ នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាននូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ជាអ្នកគ្មានប្រាជ្ញា លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកមានប្រាជ្ញា។
[២១៨] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីធ្វើសេចក្តីព្យាយាម ក្នុងអភិធម្ម និងអភិវិន័យ។ ម្នាលលោកមានអាយុទាំងឡាយ ពួកជនអ្នកសួរប្រស្នា ក្នុងអភិធម្ម និងអភិវិន័យ ចំពោះភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គង់មាន។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ត្រូវគេសួរប្រស្នា ក្នុងអភិធម្ម និងអភិវិន័យ ហើយឆ្លើយមិនរួច នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាននូវអារញ្ញិកធុតង្គ តាមអំពើចិត្តខ្លួន នៅក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ត្រូវគេសួរប្រស្នា ក្នុងអភិធម្ម និងអភិវិន័យហើយ ឆ្លើយមិនរួច លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីជាអ្នកធ្វើសេចក្តីព្យាយាម ក្នុងអភិធម្ម និងអភិវិន័យ។
[២១៩] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីធ្វើសេចក្តីព្យាយាម ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ។62) ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុជាអ្នកសមាទាននូវអារញ្ញិកធុតង្គ តែងមានគេសួរប្រស្នា ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ មានគេសួរប្រស្នា ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ ហើយឆ្លើយមិនរួច នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាននូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង ព្រោះលោកមានអាយុនេះ មានគេសួរប្រស្នា ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ ហើយឆ្លើយមិនរួច លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីធ្វើសេចក្តីព្យាយាម ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ។
[២២០] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីជាអ្នកធ្វើសេចក្តីព្យាយាម ក្នុងឧត្តរិមនុស្សធម៌។ ម្នាលលោកមានអាយុទាំងឡាយ ពួកជនអ្នកសួរប្រស្នា ក្នុងឧត្តរិមនុស្សធម៌ ចំពោះភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គង់មាន។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ត្រូវគេសួរប្រស្នា ក្នុងឧត្តរិមនុស្សធម៌ ហើយឆ្លើយមិនរួច នឹងមានពួកជនតិះដៀលភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ ជាអ្នកសមាទាននូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ បួសហើយដើម្បីប្រយោជន៍ណា ក៏មិនដឹងប្រយោជន៍នោះ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីជាអ្នកធ្វើសេចក្តីព្យាយាម ក្នុងឧត្តរិមនុស្សធម៌។
[២២១] កាលព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះមហាមោគ្គល្លានមានអាយុ បានពោលពាក្យនេះ នឹងព្រះសារីបុត្តមានអាយុថា ម្នាលអាវុសោសារីបុត្ត ចុះធម៌ទាំងនេះ គួរតែភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ទើបសមាទានប្រព្រឹត្តបានឬ ឬក៏ភិក្ខុដែលនៅក្នុងស្រុក គួរសមាទានប្រព្រឹត្តបានដែរ។ ម្នាលអាវុសោមោគ្គល្លាន ធម៌ទាំងនេះ សូម្បីភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ក៏គួរតែសមាទានប្រព្រឹត្តទៅហើយ នឹងចាំបាច់ពោលទៅថ្វី ដល់ភិក្ខុដែលនៅក្នុងស្រុក។
ចប់ គោលិស្សានិសូត្រ ទី៩។
(១០. កីដាគិរិសុត្តំ)
[២២២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចទៅកាន់ចារិក ក្នុងកាសីជនបទ មួយអន្លើដោយភិក្ខុសង្ឃច្រើនរូប។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ ម្នាលភិក្ខុទាំងឡាយ កាលតថាគតបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ ក៏ដឹងច្បាស់នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរមក ចូរបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ចេញ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ គង់ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយពុំខាន។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[២២៣] គ្រានោះឯង ព្រះមានព្រះភាគ ស្តេចទៅកាន់ចារិក តាមលំដាប់ ក្នុងកាសីជនបទ បានស្តេចទៅដល់និគមឈ្មោះ កីដាគិរិ របស់កាសីជនបទ។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង កីដាគិរិនិគម របស់កាសីជនបទនោះ។ ជួនសម័យនោះឯង ភិក្ខុឈ្មោះ អស្សជិ និងឈ្មោះ បុនព្វសុកៈ អ្នកនៅក្នុងកីដាគិរិនិគម។ គ្រានោះឯង មានភិក្ខុច្រើនរូប ចូលទៅរក អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុថា ម្នាលលោកមានអាយុទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សោយ វៀរចាកការសោយភោជន ក្នុងវេលាយប់ ម្នាលលោកមានអាយុទាំងឡាយ ទាំងភិក្ខុសង្ឃ ក៏បរិភោគ វៀរចាកការបរិភោគភោជនក្នុងវេលាយប់ដែរ កាលពួកភិក្ខុបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ ក៏ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលលោកមានអាយុទាំងឡាយ លោកទាំងឡាយ ចូរបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ចុះ ម្នាលលោកមានអាយុទាំងឡាយ កាលបើលោកទាំងឡាយ បរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ គង់នឹងបានដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយពុំខាន។ កាលបើភិក្ខុទាំងឡាយ ពោលយ៉ាងនេះហើយ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ក៏ឆ្លើយតប ទៅនឹងភិក្ខុទាំងនោះ យ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ពួកយើងតែងបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាល ពួកយើងទាំងនោះ កាលបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលហើយ ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ពួកយើងទាំងនោះ នឹងលះបង់អានិសង្ស ដែលត្រូវបានក្នុងបច្ចុប្បន្ន ហើយស្ទុះតាមរកអានិសង្ស ក្នុងអនាគត ដូចម្តេចកើត ពួកយើងនឹងនៅតែបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលដដែល។
[២២៤] ពួកភិក្ខុទាំងនោះ មិនអាចធ្វើអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ឲ្យយល់បាន ក្នុងកាលណាហើយ ទើបភិក្ខុទាំងនោះ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយនៅក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកយើងខ្ញុំព្រះអង្គ ដែលមានក្នុងទីនេះ បានចូលទៅរកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុថា ម្នាលលោកមានអាយុទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សោយ វៀរចាកការសោយភោជន ក្នុងវេលាយប់ ទាំងភិក្ខុសង្ឃ ក៏បរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ដែរ ម្នាលអាវុសោទាំងឡាយ កាលពួកភិក្ខុបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ ក៏ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលលោកមានអាយុទាំងឡាយ លោកទាំងឡាយ ចូរមក ចូរបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ចេញ ម្នាលលោកមានអាយុទាំងឡាយ កាលបើលោកទាំងឡាយ បរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ គង់នឹងបានដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ បពិត្រព្រះអង្គដ៏ចំរើន កាលពួកខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ក៏ឆ្លើយតប មកនឹងពួកខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ពួកយើងតែងបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាល ពួកយើងនោះ កាលបរិភោគភោជន ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលហើយ ក៏ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ពួកយើងទាំងនោះ នឹងលះបង់អានិសង្ស ដែលត្រូវបានក្នុងបច្ចុប្បន្ន ហើយស្ទុះតាមរកអានិសង្ស ដែលត្រូវបានក្នុងអនាគតទៅវិញ ដូចម្តេចកើត ពួកយើងនឹងនៅតែបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលដដែល បពិត្រព្រះអង្គដ៏ចំរើន កាលណាពួកខ្ញុំព្រះអង្គ មិនអាចធ្វើអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ឲ្យយល់បានហើយ ទើបពួកខ្ញុំព្រះអង្គ មកសូមក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ១រូប មកប្រាប់ថា ម្នាលភិក្ខុ អ្នកចូរមក ចូរទៅហៅអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ យ៉ាងនេះថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកមានអាយុទាំងឡាយ។ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ទទួលពាក្យភិក្ខុនោះថា ករុណា លោកមានអាយុ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុច្រើនរូប ចូលទៅរកអ្នកទាំងឡាយ ហើយបាននិយាយថា ម្នាលលោកមានអាយុទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សោយ វៀរចាកការសោយភោជន ក្នុងវេលាយប់ ទាំងភិក្ខុសង្ឃ ក៏បរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ដែរ ម្នាលលោកមានអាយុទាំងឡាយ កាលពួកភិក្ខុបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ ក៏ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលលោកមានអាយុទាំងឡាយ លោកទាំងឡាយ ចូរមក ចូរបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ចេញ ម្នាលលោកមានអាយុទាំងឡាយ កាលបើលោកទាំងឡាយ បរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ហើយ គង់នឹងបានដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលភិក្ខុទាំងឡាយ បានឮថា កាលដែលពួកភិក្ខុ ពោលយ៉ាងនេះហើយ អ្នកទាំងឡាយ បានឆ្លើយតប ទៅនឹងពួកភិក្ខុទាំងនោះ យ៉ាងនេះវិញថា ម្នាលលោកមានអាយុទាំងឡាយ ពួកយើងតែងបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាល យើងទាំងនោះ កាលបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលហើយ ក៏ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ យើងទាំងនោះ នឹងលះបង់អានិសង្ស ដែលត្រូវបានក្នុងបច្ចុប្បន្ន ហើយស្ទុះតាមរកអានិសង្ស ដែលត្រូវបាន ក្នុងអនាគតទៅវិញ ដូចម្តេចកើត ពួកយើងនឹងនៅតែបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលដដែល យ៉ាងនេះមែនឬ។ ព្រះករុណា ព្រះអង្គ មែន។
[២២៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ធម៌ ដែលតថាគតសំដែងហើយ យ៉ាងនេះថា បុរសបុគ្គលនេះ រមែងទទួលវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ អកុសលធម៌ទាំងឡាយ របស់គេនោះ រមែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ រមែងចំរើនឡើង ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំមិនយល់ទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ក្រែងយល់ធម៌ ដែលតថាគតសំដែងហើយ យ៉ាងនេះថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលសុខវេទនាបែបនេះហើយ អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ មួយទៀត បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលសុខវេទនាបែបនេះហើយ អកុសលធម៌ទាំងឡាយ រមែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ រមែងចំរើនឡើង បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលទុក្ខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ មួយទៀត បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលទុក្ខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលអទុក្ខមសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ មួយវិញទៀត បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលអទុក្ខមសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ដែរឬ។ ព្រះករុណា ព្រះអង្គ យើងខ្ញុំយល់។
[២២៦] ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគត មិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កាលតថាគត មិនដឹងយ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយ ចូរលះបង់ នូវសុខវេទនាបែបនេះចេញ ម្នាលភិក្ខុទាំងឡាយ ហេតុបែបនុ៎ះ ដែលមានដល់តថាគតឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនដែលមានទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគត ពោលថា អ្នកទាំងឡាយចូរលះបង់ នូវសុខវេទនាបែបនេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគតមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង កាលតថាគតមិនដឹងយ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយចូរសម្រេចនៅ ដោយសុខវេទនាបែបនេះចុះ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សមគួរដល់តថាគតដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនសមគួរទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគត ពោលថា អ្នកទាំងឡាយ ចូរសម្រេចនៅ ដោយសុខវេទនាបែបនេះចុះ។
[២២៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគតមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលទុក្ខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កាលបើតថាគត មិនដឹងយ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយ ចូរលះទុក្ខវេទនាបែបនេះចេញ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សមគួរដល់តថាគតដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនសមគួរទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលទុក្ខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគត ពោលថា អ្នកទាំងឡាយ ចូរលះបង់ ទុក្ខវេទនាបែបនេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគតមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវទុក្ខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង កាលតថាគត មិនដឹងយ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយ ចូរសម្រេចនៅ ដោយទុក្ខវេទនាបែបនេះចុះ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សមគួរ ដល់តថាគតដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនសមគួរទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវទុក្ខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ព្រោះហេតុណា ព្រោះហេតុនោះ បានជាតថាគត ពោលថា អ្នកទាំងឡាយ ចូរសម្រេចនៅ ដោយទុក្ខវេទនាបែបនេះចុះ។
[២២៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគតមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវអទុក្ខមសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កាលតថាគត មិនដឹងយ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយ ចូរលះបង់ នូវអទុក្ខមសុខវេទនាបែបនេះចេញ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សមគួរដល់តថាគតដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនសមគួរទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវអទុក្ខមសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគត ពោលថា អ្នកទាំងឡាយ ចូរលះបង់ នូវអទុក្ខមសុខវេទនាបែបនេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគត មិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវអទុក្ខមសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង កាលតថាគត មិនដឹងយ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយ ចូរសម្រេចនៅ ដោយអទុក្ខមសុខវេទនាបែបនេះចុះ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សមគួរ ដល់តថាគតដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនសមគួរទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវអទុក្ខមសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគត ពោលថា អ្នកទាំងឡាយ ចូរសម្រេចនៅ ដោយអទុក្ខមសុខវេទនាបែបនេះចុះ។
[២២៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងពោលថា ភិក្ខុទាំងអស់ ត្រូវធ្វើកិច្ច ដោយសេចក្តីមិនប្រមាទ ដូច្នេះក៏ទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតនឹងបានពោលថា ភិក្ខុទាំងអស់ មិនត្រូវធ្វើកិច្ច ដោយសេចក្តីមិនប្រមាទ ដូច្នេះក៏ទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌នៅរួចហើយ មានកិច្ច ដែលគួរធ្វើ បានធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានសំយោជនៈក្នុងភព អស់រលីងហើយ ជាអ្នកផុតស្រឡះ ដោយប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ពួកភិក្ខុមានសភាពដូច្នោះ មិនបាច់ធ្វើកិច្ច ដោយសេចក្តីមិនប្រមាទឡើយ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ភិក្ខុទាំងឡាយនោះ បានធ្វើកិច្ចរួចហើយ ដោយសេចក្តីមិនប្រមាទ ពួកភិក្ខុជាអរហន្តខីណាស្រពនោះ មិនគួរប្រមាទទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា ជាសេក្ខបុគ្គល មិនទាន់បានដល់អរហត្តផល កំពុងប្រាថ្នា នូវធម៌ដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ពួកភិក្ខុមានសភាពដូច្នោះ ទើបត្រូវធ្វើកិច្ច ដោយសេចក្តីមិនប្រមាទ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ត្រាតែលោកមានអាយុទាំងនេះ សេពសេនាសនៈដ៏សមគួរ សេពគប់នូវកល្យាណមិត្ត ទូន្មាននូវឥន្ទ្រិយទាំងឡាយ កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាឃើញ នូវផលនៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុទាំងឡាយនេះហើយ ទើបពោលថា ពួកភិក្ខុទាំងនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទ។
[២៣០] ម្នាលភិក្ខុទាំងឡាយ បុគ្គល៧ពួកនេះ តែងមានគ្រប់គ្រាន់ក្នុងលោក បុគ្គល៧ពួក ដូចម្តេចខ្លះ គឺឧភតោភាគវិមុត្តបុគ្គល១ បញ្ញាវិមុត្តបុគ្គល១ កាយសក្ខីបុគ្គល១ ទិដ្ឋិប្បត្តបុគ្គល១ សទ្ធាវិមុត្តបុគ្គល១ ធម្មានុសារីបុគ្គល១ សទ្ធានុសារីបុគ្គល១។
[២៣១] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ ឧភតោភាគវិមុត្តៈ នោះ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ ពាល់ត្រូវនូវវិមោក្ខទាំងឡាយ ដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយផង បានឃើញច្បាស់ (នូវអរិយសច្ចធម៌) ដោយប្រាជ្ញាផង អាសវៈទាំងឡាយ របស់បុគ្គលនោះ អស់ទៅផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា ឧភតោភាគវិមុត្តបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង មិនបាច់ធ្វើកិច្ច ដោយសេចក្តីមិនប្រមាទឡើយ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ភិក្ខុនោះ បានធ្វើកិច្ចនោះរួចហើយ ដោយសេចក្តីមិនប្រមាទ ភិក្ខុនោះ មិនគួរប្រមាទទៀតឡើយ។
[២៣២] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ បញ្ញាវិមុត្តៈ នោះ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបានពាល់ត្រូវនូវវិមោក្ខទាំងឡាយ ដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ តែបានឃើញច្បាស់ (នូវអរិយសច្ចធម៌) ដោយប្រាជ្ញាផង អាសវៈទាំងឡាយ របស់បុគ្គលនោះ ក៏អស់ទៅផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា បញ្ញាវិមុត្តបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង មិនបាច់ធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀតឡើយ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ភិក្ខុនោះ បានធ្វើកិច្ចនោះ ដោយសេចក្តីមិនប្រមាទរួចហើយ ភិក្ខុនោះ មិនគួរប្រមាទទៀតទេ។
[២៣៣] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ កាយសក្ខី នោះ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ បានពាល់ត្រូវ នូវវិមោក្ខទាំងឡាយ ដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយផង បានឃើញច្បាស់ (នូវអរិយសច្ចធម៌) ដោយប្រាជ្ញាផង អាសវៈទាំងឡាយពួកខ្លះ របស់បុគ្គលនោះ ក៏អស់ទៅផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា កាយសក្ខីបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង ទើបត្រូវធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ត្រាតែលោកមានអាយុនេះ សេពនូវសេនាសនៈដ៏សមគួរ សេពគប់នូវកល្យាណមិត្ត ទូន្មាននូវឥន្ទ្រិយទាំងឡាយ កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញផល នៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុនេះ ច្បាស់ហើយ ទើបបានពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។
[២៣៤] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ ទិដ្ឋិប្បត្តៈ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបានពាល់ត្រូវ នូវវិមោក្ខទាំងឡាយដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ គ្រាន់តែបានឃើញ (នូវអរិយសច្ចធម៌) ដោយប្រាជ្ញាប៉ុណ្ណោះហើយ អាសវៈទាំងឡាយពួកខ្លះ របស់បុគ្គលនោះ ក៏អស់ទៅ ទាំងពួកធម៌ ដែលតថាគតសំដែងហើយ ក៏បុគ្គលនោះ បានយល់ច្បាស់ ដោយប្រាជ្ញា បានប្រព្រឹត្តត្រឹមត្រូវ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា ទិដ្ឋិប្បត្តបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ត្រាតែលោកមានអាយុនេះ សេពនូវសេនាសនៈដ៏សមគួរ គប់នូវកល្យាណមិត្ត ទូន្មាននូវឥន្ទ្រិយទាំងឡាយ កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញនូវផល នៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុនេះច្បាស់ហើយ បានជាពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។
[២៣៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលឈ្មោះ សទ្ធាវិមុត្តៈ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបានពាល់ត្រូវ នូវវិមោក្ខទាំងឡាយដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ គ្រាន់តែឃើញ (នូវអរិយសច្ចធម៌) ដោយប្រាជ្ញាប៉ុណ្ណោះ ហើយអាសវៈទាំងឡាយពួកខ្លះ របស់បុគ្គលនោះ ក៏អស់ទៅ ទាំងសទ្ធា ក៏បុគ្គលនោះតាំងមាំ មានឫសគល់ ប្រតិស្ឋានខ្ជាប់ខ្ជួន ក្នុងព្រះតថាគត ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា សទ្ធាវិមុត្ត ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ត្រាតែលោកមានអាយុនេះ សេពនូវសេនាសនៈដ៏សមគួរ គប់នូវកល្យាណមិត្ត ទូន្មាននូវឥន្ទ្រិយទាំងឡាយ កុលបុត្តទាំងឡាយ ដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញនូវផល នៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុនេះច្បាស់ហើយ បានជាពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។
[២៣៦] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ ធម្មានុសារី តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបានពាល់ត្រូវ នូវវិមោក្ខទាំងឡាយដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ គ្រាន់តែឃើញ (នូវអរិយសច្ចធម៌) ដោយប្រាជ្ញាប៉ុណ្ណោះ ហើយអាសវៈទាំងឡាយពួកខ្លះ នៃបុគ្គលនោះ ក៏អស់ទៅ ទាំងពួកធម៌ ដែលតថាគតសំដែងហើយ ក៏គួរដល់កិរិយាសំឡឹងមើល ដោយប្រាជ្ញារបស់បុគ្គលនោះ ព្រមទាំងបុគ្គលនោះ មានធម៌នេះគឺ សទ្ធិន្ទ្រិយ វីវិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា ធម្មានុសារី ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ត្រាតែលោកមានអាយុនេះ សេពនូវសេនាសនៈដ៏សមគួរ គប់នូវកល្យាណមិត្ត ទូន្មាននូវឥន្ទ្រិយទាំងឡាយ ពួកកុលបុត្ត ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញនូវផល នៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុនេះច្បាស់ហើយ បានជាតថាគត ពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។
[២៣៧] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះថា សទ្ធានុសារី តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបានពាល់ត្រូវ នូវវិមោក្ខទាំងឡាយដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ គ្រាន់តែឃើញ (នូវអរិយសច្ចធម៌) ដោយប្រាជ្ញាប៉ុណ្ណោះ ទាំងអាសវៈទាំងឡាយពួកខ្លះ នៃបុគ្គលនោះ ក៏អស់ទៅ បុគ្គលនោះ មានត្រឹមតែសេចក្តីជឿ និងសេចក្តីស្រឡាញ់ ក្នុងព្រះតថាគត ព្រមទាំងមានធម៌ទាំងឡាយនេះ គឺ សទ្ធិន្ទ្រិយ វីវិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា សទ្ធានុសារី ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនោះឯង ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ត្រាតែលោកមានអាយុនេះ សេពនូវសេនាសនៈដ៏សមគួរ គប់រកនូវកល្យាណមិត្ត ទូន្មាននូវឥន្ទ្រិយទាំងឡាយ ពួកកុលបុត្ត ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញនូវផល នៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុនេះច្បាស់ហើយ បានជាពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។
[២៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោល នូវសេចក្តីត្រេកអរ ចំពោះអរហត្តផល ថាជាធម៌ខាងដើមទេ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សេចក្តីត្រេកអរ ចំពោះអរហត្តផល តែងមានការសិក្សាដោយលំដាប់ មានការធ្វើដោយលំដាប់ មានការប្រតិបត្តិដោយលំដាប់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីត្រេកអរ ចំពោះអរហត្តផល មានការសិក្សាដោយលំដាប់ មានការធ្វើដោយលំដាប់ មានការប្រតិបត្តិដោយលំដាប់ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងសាសនានេះ មានសទ្ធាទើបចូលទៅរក កាលបើចូលទៅរកហើយ ទើបចូលទៅអង្គុយជិត លុះចូលទៅអង្គុយជិតហើយ ទើបផ្អៀងនូវសោតបសាទ លុះផ្អៀងនូវសោតបសាទហើយ ទើបស្តាប់ធម៌ លុះស្តាប់ធម៌ហើយ ទើបចងចាំធម៌ (នោះ) កាលបើចងចាំធម៌ (នោះ) ហើយ ទើបពិចារណារកសេចក្តី លុះពិចារណារកសេចក្តី នៃធម៌នោះហើយ ធម៌ទាំងឡាយ តែងគួរដល់កិរិយាលៃលកមើល កាលបើមានការលៃលកមើលហើយ ឆន្ទៈក៏កើតឡើង បុគ្គលនោះ លុះមានឆន្ទៈកើតហើយ ទើបព្យាយាម លុះព្យាយាមហើយ រមែងស្ទង់មើល លុះស្ទង់មើលហើយ រមែងតំកល់ទុក មានចិត្តបញ្ជូនទៅ (កាន់ព្រះនិព្វាន) ធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ច ដោយនាមកាយ ទាំងបានចាក់ធ្លុះឃើញច្បាស់ នូវបរមសច្ចនោះ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ បើសទ្ធានោះ មិនមានហើយ ម្នាលភិក្ខុទាំងឡាយ ការចូលទៅរកនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការចូលទៅអង្គុយជិតនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការផ្អៀងចុះ នូវសោតបសាទនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការស្តាប់ធម៌នោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការចងចាំធម៌នោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការពិចារណាសេចក្តីនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ក