User Tools

Site Tools


Translations of this page?:
km:tipitaka:book_024

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ២៤ - Book 24

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០២៤ - Tipitaka Book 024, for change log on ati.eu see here: រាយការណ៍ ភាគ ០២៤



book_024.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_024.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ២៤

ទ. 1

សុត្តន្តបិដក

មជ្ឈិមនិកាយ

មជ្ឈិមបណ្ណាសក

(មជ្ឈិមបណ្ណាស)

បញ្ចមភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

បរិព្វាជកវគ្គ

(៣. បរិព្វាជកវគ្គោ)

ចូឡវច្ឆគោត្តសូត្រ ទី១

(១. តេវិជ្ជវច្ឆសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​កូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ សម័យនោះ វច្ឆគោត្តបរិព្វាជក អាស្រ័យ​នៅក្នុង​អារាម របស់បរិព្វាជក ដែលមានដើមស្វាយសមួយដើម។ គ្រានោះ ព្រះមាន​ព្រះភាគ ទ្រង់ស្បង់​ប្រដាប់​បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់​ក្រុង​វេសាលី ដើម្បីបិណ្ឌបាត។ លំដាប់នោះ ព្រះមានព្រះភាគ បានទ្រង់ព្រះតម្រិះ​ យ៉ាង​នេះថា ការ​ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងវេសាលី នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែ​តថាគត ឆៀងចូលទៅរកបរិព្វាជក ឈ្មោះ វច្ឆគោត្ត ឯអារាមរបស់បរិព្វាជក ដែលមាន​ដើម​ស្វាយ​សមួយដើមសិន។ លុះព្រះមានព្រះភាគ ស្តេចចូលទៅរក វច្ឆគោត្តបរិព្វាជក ឯអារាម​របស់​បរិព្វាជក ដែលមានដើមស្វាយសមួយដើមហើយ។ វច្ឆគោត្តបរិព្វាជក បានឃើញ​ព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ស្តេចមកចុះ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ស្តេចមកជាការប្រពៃហើយ បពិត្រព្រះអង្គ​ដ៏​ចំរើន ព្រះអង្គ ខានធ្វើដំណើរមក ក្នុងទីនេះ អស់កាលយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ស្តេចគង់ នេះអាសនៈ ខ្ញុំព្រះអង្គ ក្រាល​ស្រេចហើយ។ ព្រះមាន​ព្រះភាគ ក៏គង់លើអាសនៈ ដែលបរិព្វាជកក្រាលថ្វាយ។ ចំណែក​ឯវច្ឆគោត្តបរិព្វាជក ក៏កាន់​យកអាសនៈដ៏ទាបមួយ អង្គុយក្នុងទីដ៏សមគួរ។

[២] លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន រឿងនេះខ្ញុំ​ព្រះអង្គ បានស្តាប់មកថា ព្រះសមណគោតម ព្រះអង្គជាសព្វញ្ញូ ព្រះអង្គជ្រាបនូវធម៌ទាំងពួង ទ្រង់​ប្តេជ្ញា នូវញាណទស្សនៈ ឥតមានសេសសល់ថា កាលតថាគតដើរក្តី ឋិតនៅក្តី លក់ក្តី ភ្ញាក់ក្តី ញាណទស្សនៈ រមែងតាំងប្រាកដឡើង ជារឿយៗមិនដាច់ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយណា ពោលយ៉ាងនេះថា ព្រះសមណគោតម ព្រះអង្គ ជាសព្វញ្ញូ ព្រះអង្គជ្រាប នូវធម៌ទាំងពួង ទ្រង់​ប្តេជ្ញា នូវញាណទស្សនៈ ឥតមានសេសសល់ថា កាលតថាគតដើរក្តី ឋិតនៅក្តី លក់ក្តី ភ្ញាក់ក្តី ញាណទស្សនៈ រមែងតាំងនៅ​ប្រាកដ ជា​រឿយៗ​មិនដាច់ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងនោះ តើឈ្មោះថា ជាអ្នកពោល​ពាក្យ ដែល​ព្រះមានព្រះភាគ ត្រាស់ហើយផង មិនឈ្មោះថា ពោលបង្កាច់​ព្រះមានព្រះភាគ ដោយពាក្យ​មិនពិតផង ឈ្មោះថា ជាអ្នកពោល​ប្តេជ្ញា នូវហេតុ (ព្រះសព្វញ្ញុតញ្ញាណ) តាមហេតុ (ពាក្យដែលមហាជននាំគ្នាប្តេជ្ញាយ៉ាងនោះ) ផង មួយទៀត វាទានុវាទ (ពាក្យ​របស់ព្រះអង្គ និងពាក្យដែល​អនុលោមតាមវាទៈ​ របស់ព្រះអង្គ) ណានីមួយ ដែល​ប្រកប​ដោយហេតុ (តាមហេតុដែលគេពោល) នឹង​មិនមកកាន់ឋានៈ ដែលអ្នកប្រាជ្ញគប្បី​តិះដៀលទេឬ។ ម្នាលវច្ឆៈ ជនទាំងឡាយណា ពោលយ៉ាងនេះថា ព្រះសមណគោតម ព្រះអង្គជាសព្វញ្ញូ ព្រះអង្គជ្រាបច្បាស់ នូវធម៌ទាំងពួង ទ្រង់​ប្តេជ្ញានូវញាណទស្សនៈ ឥតមានសេសសល់ថា កាលតថាគតដើរក្តី ឋិតនៅក្តី លក់ក្តី ភ្ញាក់ក្តី ញាណទស្សនៈ រមែងតាំងប្រាកដឡើង ជារឿយៗមិនដាច់ ជនទាំងឡាយនោះ មិនមែនពោលតាម​ពាក្យ របស់តថាគតទេ អ្នកទាំងនោះ ឈ្មោះថា ពោលបង្កាច់តថាគត ដោយពាក្យ​មិនពិតទេតើ។

[៣] បពិត្រព្រះអង្គដ៏ចំរើន ចុះយើងខ្ញុំ កាលប្តេជ្ញាដូចម្តេច ទើបឈ្មោះថា ជាអ្នក​ពោលតាមពាក្យ របស់ព្រះមានព្រះភាគផង ជាអ្នកមិនពោលបង្កាច់​ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា ជាអ្នកពោលប្តេជ្ញា នូវហេតុតាមហេតុផង មួយទៀត វាទានុវាទណានីមួយ ដែលប្រកបដោយហេតុ នឹងមិនមកកាន់ឋានៈ ដែលអ្នកប្រាជ្ញគប្បី​តិះដៀលបាន។ ម្នាលវច្ឆៈ បុគ្គលកាលពោលប្តេជ្ញាថា ព្រះសមណគោតម ទ្រង់​បាននូវ​វិជ្ជា៣ ដូច្នេះ ឈ្មោះថា ជាអ្នកពោលតាមពាក្យ របស់តថាគតផង មិនឈ្មោះថា ពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ឈ្មោះថា ជាអ្នកពោល​ប្តេជ្ញា នូវហេតុ​តាម​ហេតុផង មួយទៀត វាទានុវាទណានីមួយ ដែលប្រកបដោយហេតុ ក៏មិនមកកាន់ឋានៈ ដែលអ្នកប្រាជ្ញ គប្បី​តិះដៀលបាន។ ម្នាលវច្ឆៈ បើតថាគត ចង់​រលឹក (ទៅរកជាតិ) ត្រឹម​ណា តថាគត ក៏រលឹកបាន នូវបុព្វេនិវាស ជាច្រើនត្រឹមណោះ ការរលឹក​បាននោះ ដូចម្តេច គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ។បេ។ តថាគត រលឹកបាននូវ បុព្វេនិវាស ជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលវច្ឆៈ បើតថាគត ចង់ (ឃើញពួកសត្វ) ត្រឹមណា ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លង​នូវចក្ខុ ជារបស់មនុស្សធម្មតា តថាគត ឃើញច្បាស់ នូវសត្វទាំងឡាយ ដែលកំពុងច្យុត ដែល​កំពុង​កើតឡើង ជាសត្វថោកថយ និងឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ត្រឹមណោះ។បេ។ តថាគត ដឹងច្បាស់ នូវសត្វទាំងឡាយ ដែលប្រព្រឹត្តទៅ​តាមកម្ម​របស់ខ្លួន។ ម្នាលវច្ឆៈ ព្រោះតថាគត បានធ្វើ​ឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ (អរហត្តផល​សមាធិ) នូវបញ្ញាវិមុត្តិ (អរហត្តផលបញ្ញា) មិនមានអាសវៈ ព្រោះ​អស់ទៅនៃ​អាសវៈ​ទាំងឡាយ ដោយបញ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ។ ម្នាលវច្ឆៈ បុគ្គលកាលពោលប្តេជ្ញាថា ព្រះសមណគោតម ទ្រង់​បាននូវ​វិជ្ជា៣ ដូច្នេះ ឈ្មោះថា ជាអ្នកពោលតាមពាក្យ របស់តថាគតផង មិនឈ្មោះថា ពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ឈ្មោះថា ជាអ្នកពោល​ប្តេជ្ញា នូវហេតុតាមហេតុផង មួយទៀត វាទានុវាទណានីមួយ ដែលប្រកបដោយហេតុ ក៏មិនមកកាន់ឋានៈ ដែលអ្នកប្រាជ្ញគប្បី​តិះដៀលបាន។

[៤] លុះត្រាស់យ៉ាងនេះហើយ វច្ឆគោត្តបរិព្វាជក បានក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន បុគ្គលនីមួយ ដែលជា​គ្រហស្ថ មិនបានលះបង់ នូវគិហិសញ្ញោជនៈ (សេចក្តីត្រេកអរ ក្នុងសង្ខារ និងបរិក្ខារ របស់គ្រហស្ថ ជាគ្រឿងព័ន្ធព័ទ្ធ) លុះដល់​រំលាងខន្ធទៅហើយ រមែងធ្វើនូវទីបំផុតទុក្ខបាន មានខ្លះ​ដែរឬ។ ម្នាលវច្ឆៈ បុគ្គលនីមួយ ដែលជា​គ្រហស្ថ មិនបានលះបង់នូវ គិហិសញ្ញោជនៈ លុះដល់​រំលាងខន្ធទៅហើយ រមែងធ្វើនូវទីបំផុតទុក្ខបាន មិនមានសោះទេ។ បពិត្រ​ព្រះគោតមដ៏ចំរើន ចុះបុគ្គលនីមួយ ដែលជា​គ្រហស្ថ មិនបានលះបង់​ នូវ​គិហិសញ្ញោជនៈ លុះដល់​រំលាងខន្ធទៅ ចូលទៅកាន់ឋានសួគ៌ មានខ្លះ​ដែរឬ។ ម្នាលវច្ឆៈ បុគ្គលទាំងឡាយណា ដែលជា​គ្រហស្ថ មិនបានលះបង់ នូវគិហិសញ្ញោជនៈទេ លុះដល់​រំលាងខន្ធទៅហើយ ចូលទៅកាន់ឋានសួគ៌ មិនមែនមានត្រឹមតែ ​១០០ ២០០ ៣០០ ៤០០ ៥០០ នាក់ទេ តាមពិត មានច្រើនលើសប្រមាណណាស់។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលនីមួយ ដែលជា​អាជីវក លុះដល់​រំលាងខន្ធទៅ រមែងធ្វើនូវទីបំផុតទុក្ខបាន មានខ្លះ​ដែរឬ។ ម្នាលវច្ឆៈ បុគ្គលនីមួយ ដែលជាអាជីវក​ លុះដល់​រំលាងខន្ធទៅហើយ រមែង​ធ្វើនូវ​ទី​បំផុតទុក្ខបាន មិនមានសោះទេ។ បពិត្រព្រះគោតមដ៏ចំរើន ចុះបុគ្គលនីមួយ ដែលជា​អាជីវក លុះដល់​រំលាងខន្ធទៅ ចូលទៅកាន់ឋានសួគ៌ មានដែរឬ។ ម្នាលវច្ឆៈ រាប់អំពី​ភទ្ទកប្ប​នេះឡើងទៅ ៩១កប្ប តថាគត នឹករកមិនឃើញ នូវអាជីវកណាមួយ ដែលចូល​ទៅ​កាន់ឋានសួគ៌ទេ វៀរលែង​តែបុគ្គល​មួយពួក ដែលជាកម្មវាទី (អ្នកដែលពោលថា បុណ្យ​បាប ជារបស់អ្នកធ្វើ) និងកិរិយវាទី (អ្នកពោលថា បុណ្យបាប ដែលអ្នកធ្វើ ឈ្មោះ​ថា បានធ្វើហើយ)។ បពិត្រព្រះគោតមដ៏ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ លទ្ធិរបស់តិរ្ថិយឯណោះ ដោយហោចទៅ ឈ្មោះថា សូន្យ ចាកគុណ ដែលនឹងនាំ​ទៅ​កាន់ឋានសួគ៌។ ម្នាលវច្ឆៈ យ៉ាងហ្នឹងហើយ លទ្ធិរបស់តិរ្ថិយឯណោះ ដោយហោចទៅ ឈ្មោះថា សូន្យចាកគុណ​ ដែល​នឹងនាំទៅកាន់ឋានសួគ៌។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ វច្ឆគោត្តបរិព្វាជក ក៏មានចិត្តរីករាយ ត្រេកអរហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ ចូឡវច្ឆគោត្តសូត្រ ទី១។

អគ្គិវច្ឆគោត្តសូត្រ ទី២

(២. អគ្គិវច្ឆសុត្តំ)

[៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងអារាម​ឈ្មោះជេតវ័ន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ បរិព្វាជកឈ្មោះ​វច្ឆគោត្ត ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលនូវពាក្យ​រាក់ទាក់ សំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួរ​រីករាយ និងពាក្យ ដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៦] វច្ឆគោត្តបរិព្វាជក លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើបទូលសួរ​ព្រះមាន​ព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រះ​គោតមដ៏ចំរើន មានសេចក្តី​ឃើញ​ យ៉ាងនេះថា លោកទៀង នេះឯងជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា លោកទៀង នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា លោកមិនទៀង នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញ យ៉ាងនេះថា លោកមិនទៀង នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះ​ទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា លោកមានទីបំផុត នេះឯងជាពាក្យ​ពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញ យ៉ាងនេះថា លោកមានទីបំផុត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះ ទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា លោកមិនមានទីបំផុត នេះឯង ជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា លោកមិនមានទីបំផុត នេះឯងជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា នោះជីវិត នោះសរីរៈ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញ យ៉ាងនេះថា នោះជីវិត នោះ​សរីរៈ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ នេះឯងជាពាក្យពិត ពាក្យដទៃជា​មោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មាន​សេចក្តី​ឃើញ យ៉ាងនេះថា សត្វខាងមុខ អំពីមរណៈទៅ មិន​កើតទៀត នេះឯងជា​ពាក្យ​ពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា សត្វខាងមុខ អំពីមរណៈទៅ មិនកើតទៀត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀតខ្លះ មិនកើតទៀត​ខ្លះ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា សត្វខាង​មុខ​អំពីមរណៈទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា សត្វខាងមុខអំពីមរណៈ​ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន នេះឯងជា​ពាក្យ​ពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ។ ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀត​ក៏មិនមែន មិនកើតទៀត ក៏មិនមែន នេះឯង​ជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។

[៧] វច្ឆគោត្តបរិព្វាជក ក្រាបទូលថា កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ព្រះគោតមដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា លោកទៀង នេះឯង​ជា​ពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនឃើញ យ៉ាងនេះថា លោកទៀង នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាល​ខ្ញុំ​ទូលសួរព្រះអង្គយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តី​ឃើញ យ៉ាងនេះថា លោកមិនទៀង នេះឯងជាពាក្យពិត ពាក្យដទៃ​ជាមោឃៈ ដូច្នេះឬ។ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនឃើញ យ៉ាងនេះថា លោក​មិនទៀង នេះឯង ជា​ពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតម​ដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា លោកមាន​ទី​បំផុត នេះឯង ជាពាក្យ​ពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិន​មាន​សេចក្តីឃើញយ៉ាងនេះថា លោកមានទីបំផុត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា លោកមិនមានទីបំផុត នេះឯងជា​ពាក្យ​ពិត ពាក្យដទៃ​ជា​មោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនឃើញ​យ៉ាង​នេះថា លោក​មិន​មាន​ទីបំផុត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំទូលសួរ​ព្រះអង្គ​ថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តី​ឃើញ យ៉ាងនេះថា នោះ​ជីវិត នោះសរីរៈ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាល​វច្ឆៈ តថាគត មិនមានសេចក្តីឃើញយ៉ាងនេះថា នោះជីវិត នោះ​សរីរៈ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ នេះឯងជាពាក្យពិត ពាក្យដទៃ​ជា​មោឃៈ ដូច្នេះទេ។ កាលខ្ញុំ​ទូល​សួរ​ព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំទូលសួរ​ព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា សត្វខាងមុខ​អំពីមរណៈទៅ មិន​កើតទៀត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនឃើញយ៉ាងនេះថា សត្វខាងមុខ​អំពីមរណៈទៅ មិនកើតទៀត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តី​ឃើញ យ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀតខ្លះ មិនកើតទៀត​ខ្លះ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនមានសេចក្តី​ឃើញយ៉ាងនេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ កាលខ្ញុំ​ទូលសួរ​ព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ព្រះគោតម​ដ៏ចំរើន មានសេចក្តីឃើញ យ៉ាងនេះថា សត្វខាង​មុខ​អំពីមរណៈ​ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន នេះឯងជា​ពាក្យ​ពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ តថាគត មិនឃើញ​យ៉ាង​នេះថា សត្វខាងមុខអំពីមរណៈទៅ កើតទៀត​ក៏មិនមែន មិនកើតទៀត ក៏មិនមែន នេះឯងជា​ពាក្យ​ពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ។ ព្រះគោតមដ៏ចំរើន ទ្រង់ឃើញ​ច្បាស់ នូវទោសដូចម្តេច បានជាមិនប្រកាន់ នូវទិដ្ឋិទាំងនេះ ដោយប្រការទាំងពួង យ៉ាងនេះ។

[៨] ម្នាលវច្ឆៈ សេចក្តីឃើញថា លោកទៀងដូច្នេះឯង ជាសេចក្តីឃើញយ៉ាងព្រៃ​ស្បាត ជាសេចក្តីឃើញយ៉ាងឆ្ងាយដាច់ស្រយាល ជាសេចក្តីឃើញយ៉ាងចម្រូងចម្រាស ជា​សេចក្តីឃើញឃ្លេងឃ្លោង ជាសេចក្តីឃើញ ដែល​ប្រកបសត្វទុកប្រកបដោយទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយ​សេចក្តីក្តៅ​ក្រហាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនដើម្បីប្រាសចាកតម្រេក មិនដើម្បីសេចក្តីរំលត់ មិនដើម្បីសេចក្តីស្ងប់រម្ងាប់ មិនដើម្បីសេចក្តីដឹងច្បាស់ មិនដើម្បី​សេចក្តីត្រាស់ដឹង មិនដើម្បីព្រះនិព្វាន។ ម្នាលវច្ឆៈ សេចក្តីឃើញថា លោកមិនទៀង ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា លោកមានទីបំផុត ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា លោកមិនមានទីបំផុត ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា នោះជីវិត នោះសរីរៈ ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា សត្វខាងមុខអំពីមរណៈទៅកើតទៀត ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា សត្វខាងមុខអំពីមរណៈទៅ មិនកើតទៀត ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា សត្វខាងមុខអំពីមរណៈទៅកើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះឯង។បេ។ ម្នាលវច្ឆៈ សេចក្តីឃើញថា សត្វខាងមុខ​អំពី​មរណៈ​ទៅកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះឯង ជាសេចក្តីឃើញយ៉ាងព្រៃ​ស្បាត ជាសេចក្តីឃើញយ៉ាងឆ្ងាយដាច់ស្រយាល ជាសេចក្តី​ឃើញយ៉ាងចម្រូងចម្រាស ជា​សេចក្តីឃើញយ៉ាងឃ្លេងឃ្លោង ជាសេចក្តីឃើញ ដែល​ប្រកប​សត្វទុក ប្រកបដោយទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយ​សេចក្តីក្តៅ​ក្រហាយ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនដើម្បី​ប្រាសចាកតម្រេក មិនដើម្បីសេចក្តីរំលត់ មិនដើម្បីសេចក្តីស្ងប់រម្ងាប់ មិនដើម្បី​សេចក្តី​ដឹង​ច្បាស់ មិនដើម្បី​សេចក្តីត្រាស់ដឹង មិនដើម្បីព្រះនិព្វាន។ ម្នាលវច្ឆៈ តថាគតឃើញច្បាស់ នូវទោស ដូច្នេះឯង ទើបបានជាមិនប្រកាន់ នូវទិដ្ឋិទាំងនេះ ដោយប្រការទាំងពួង យ៉ាងនេះ។ ចុះសេចក្តីឃើញបន្តិចបន្តួច របស់ព្រះគោតមដ៏ចំរើន មានខ្លះដែរឬ។ ម្នាលវច្ឆៈ សេចក្តីឃើញដូច្នេះឯង តថាគត បាននាំចេញហើយ ម្នាលវច្ឆៈ ព្រោះសេចក្តី​ឃើញនេះ តថាគតឃើញហើយថា រូបដូច្នេះ ហេតុជាគ្រឿងកើតឡើងនៃរូប ដូច្នេះ ហេតុជាគ្រឿង​រលត់ទៅ​នៃរូប ដូច្នេះ វេទនាដូច្នេះ ហេតុជាគ្រឿងកើតឡើងនៃវេទនាដូច្នេះ ហេតុជា​គ្រឿង​រលត់ទៅនៃវេទនា ដូច្នេះ សញ្ញា​ដូច្នេះ ហេតុជាគ្រឿងកើតឡើងនៃសញ្ញាដូច្នេះ ហេតុជាគ្រឿងរលត់ទៅ នៃសញ្ញា ដូច្នេះ សង្ខារទាំងឡាយដូច្នេះ ហេតុជាគ្រឿងកើតឡើង នៃសង្ខារទាំងឡាយ ដូច្នេះ ហេតុជាគ្រឿងរលត់ទៅ នៃសង្ខារ​ទាំងឡាយ ដូច្នេះ វិញ្ញាណដូច្នេះ ហេតុជាគ្រឿងកើតឡើងនៃវិញ្ញាណដូច្នេះ ហេតុជាគ្រឿងរលត់ទៅនៃវិញ្ញាណ ដូច្នេះ ព្រោះហេតុនោះ បានជាតថាគតពោលថា តថាគតរួចស្រឡះហើយ ព្រោះមិនប្រកាន់មាំ ព្រោះអស់ទៅ ព្រោះប្រាសចាកតម្រេក ព្រោះរលត់ទៅ ព្រោះលះបង់ ព្រោះរលាស់ចោល នូវសេចក្តីមើលងាយទាំងពួង នូវសេចក្តីបន្ទាបបន្ថោកទាំងពួង និងអហង្ការ មមង្ការមានានុស័យទាំងពួង។1)

[៩] បពិត្រព្រះគោតមដ៏ចំរើន ចុះភិក្ខុដែលមានចិត្តរួចស្រឡះហើយយ៉ាងនេះ នឹង​កើតទៀតក្នុងទីណា។ ម្នាលវច្ឆៈ ពាក្យថា កើតទៀត ដូច្នេះ មិនគួរទេ។ បពិត្រ​ព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែមិនកើតទៀតទេឬ។ ម្នាលវច្ឆៈ ពាក្យថា មិនកើតទៀត ដូច្នេះ ក៏មិនគួរ។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែកើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះឬ។ ម្នាលវច្ឆៈ ពាក្យថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះ ក៏មិនគួរ។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះឬ។ ម្នាលវច្ឆៈ ពាក្យថា កើតទៀតក៏មិនមែន មិនកើតទៀត​ក៏មិនមែន ដូច្នេះឬ ក៏មិនគួរ។

[១០] កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ចុះភិក្ខុដែល​មានចិត្ត​រួច​ស្រឡះ​ហើយ យ៉ាងនេះ នឹង​កើតទៀតក្នុងទីណា ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ ពាក្យថា កើតទៀត ដូច្នេះ មិនគួរទេ។ កាលខ្ញុំទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែមិនកើតទៀតទេឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ ពាក្យថា មិនកើតទៀតដូច្នេះ ក៏មិនគួរ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែកើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ ពាក្យថា កើតទៀតខ្លះ មិនកើត​ទៀត​ខ្លះ ដូច្នេះ ក៏មិនគួរ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រ​ព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែ​កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែនឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ ពាក្យថា កើតទៀត​ក៏មិនមែន មិនកើតទៀត​ក៏មិនមែន ដូច្នេះ ក៏មិនគួរ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ដល់នូវសេចក្តីមិនដឹង ក្នុងដំណើរនេះ ដល់នូវសេចក្តីងេងងោង ក្នុងដំណើរ​នេះ។ វាចាណារបស់ខ្ញុំ ដែលជាវាចា​អាច​ញុំាងសេចក្តី​ជ្រះថ្លា ឲ្យកើតមាន ដោយពាក្យ​ចរចាមុន របស់ព្រះគោតមដ៏ចំរើន ឥឡូវនេះ វាចានោះ របស់ខ្ញុំ ក៏បាត់អស់ទៅ។

[១១] ម្នាលវច្ឆៈ គួរតែអ្នកមិនដឹង គួរតែអ្នកងេងងោង ម្នាលវច្ឆៈ ព្រោះធម៌នេះ ជាធម៌ដ៏ជ្រៅ ជាធម៌ដែលបុគ្គលឃើញបានដោយកម្រ ជាធម៌ត្រាស់ដឹងបានដោយកម្រ ជាធម៌ដ៏ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីត្រាច់ចុះនៃវិតក្កៈបាន ជាធម៌ដ៏ល្អិត មានតែ​អ្នក​ប្រាជ្ញទើបដឹងបាន ធម៌នោះ ខ្លួនអ្នកដែលមានទិដ្ឋិដទៃ មានសេចក្តីពេញចិត្តដទៃ មាន​សេចក្តីគាប់ចិត្តដទៃ មានសេចក្តីព្យាយាមក្នុងទីដទៃ មានអាចារ្យក្នុងទីដទៃ រមែងដឹង​បានដោយកម្រ ម្នាលវច្ឆៈ បើដូច្នោះ តថាគតនឹងត្រឡប់សួរអ្នក ក្នុងដំណើរនេះវិញ ដំណើរនោះ គួរដល់អ្នកយ៉ាងណា អ្នកគប្បីដោះស្រាយ នូវដំណើរនោះ យ៉ាងនោះចុះ ម្នាលវច្ឆៈ អ្នកសំគាល់នូវដំណើរនោះ ដូចម្តេច បើភ្លើងឆេះ ក្នុងទីចំពោះមុខអ្នក អ្នកគប្បី​ដឹងថា ភ្លើងនេះឆេះក្នុងទីចំពោះមុខ អាត្មាអញដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន បើភ្លើងឆេះ ក្នុងទីចំពោះមុខខ្ញុំ ខ្ញុំគប្បី​ដឹងថា ភ្លើងនេះឆេះក្នុងទីចំពោះមុខអាត្មាអញ។ ម្នាលវច្ឆៈ បើគេសួរអ្នកយ៉ាងនេះថា ភ្លើងណាឆេះ ក្នុងទីចំពោះមុខអ្នក ភ្លើងនេះឆេះ ​ព្រោះ​អាស្រ័យអ្វី ម្នាលវច្ឆៈ បើគេសួរយ៉ាងនេះ អ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន បើគេសួរខ្ញុំយ៉ាងនេះថា ភ្លើងណាឆេះ ក្នុងទីចំពោះមុខអ្នក ភ្លើងនេះឆេះ ​ព្រោះ​អាស្រ័យអ្វី បពិត្រព្រះគោតមដ៏ចំរើន បើគេសួរយ៉ាងនេះ ខ្ញុំគប្បីដោះស្រាយ យ៉ាងនេះថា ភ្លើងណាឆេះ ក្នុងទីចំពោះមុខខ្ញុំ ភ្លើងនេះឆេះឡើង ​ព្រោះ​អាស្រ័យនូវកំញម គឺស្មៅ និងឧស។ ម្នាលវច្ឆៈ បើភ្លើងនោះរលត់ទៅ ក្នុងទីចំពោះមុខ (អ្នក) អ្នកគប្បីដឹងថា ភ្លើងនេះរលត់ហើយ ក្នុងទីចំពោះមុខ​អាត្មា​អញ​ដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន បើភ្លើងនោះ រលត់ទៅ ក្នុងទីចំពោះមុខខ្ញុំ ខ្ញុំគប្បីដឹងថា ភ្លើងនេះរលត់ហើយ ក្នុងទីចំពោះមុខអាត្មាអញ។ ម្នាលវច្ឆៈ ចុះបើគេសួរយ៉ាងនេះថា ភ្លើងណា ដែលរលត់ហើយ ក្នុងទីចំពោះមុខអ្នក ភ្លើងនោះ ទៅអំពីទីនេះទៅហើយ ទៅកាន់ទិសណា ខាងកើត ឬខាងលិច ខាងជើង ឬខាងត្បូង ម្នាលវច្ឆៈ បើគេសួរយ៉ាងនេះ តើអ្នកគប្បីដោះស្រាយដូចម្តេច។ បពិត្រព្រះគោតម​ដ៏ចំរើន មិនគួរនឹងដោះស្រាយបានទេ បពិត្រព្រះគោតមដ៏ចំរើន ដ្បិតថា ភ្លើងនោះ ឆេះ ព្រោះអាស្រ័យនូវកំញម គឺស្មៅ និងឧសណា ដល់នូវកិរិយា​រាប់ថា រលត់ទៅមិនមានអាហារ ដូច្នេះ ព្រោះអស់ទៅនៃកំញម គឺស្មៅ និងឧសនោះផង ព្រោះ​មិន​មានកិរិយានាំចូលទៅជិត នូវវត្ថុដទៃផង។

[១២] ម្នាលវច្ឆៈ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយរូបណា រូបនោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវ​កិរិយាមិនមាន ជារូបមានកិរិយាមិនកើតឡើងតទៅទៀត ជាធម្មតា ម្នាលវច្ឆៈ តថាគត រួច​ស្រឡះហើយ ចាកចំណែកនៃរូប ជាអ្នកជ្រៅ (ដោយគុណ) មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បានដោយកម្រយ៉ាងនេះឯង។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ ថា មិនកើតទៀតទេ ក៏មិនគួរ ថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មិនគួរ។ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយវេទនាណា វេទនានោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវ​កិរិយាមិនមាន ជាវេទនាមានកិរិយា​មិនកើតទៀត​ត​ទៅ ជាធម្មតា ម្នាលវច្ឆៈ តថាគត រួច​ស្រឡះហើយ ចាកចំណែកនៃវេទនា ជាអ្នកជ្រៅ មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បាន ដោយកម្រ។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ ថា មិនកើតទៀត ក៏មិនគួរ ថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មិនគួរ។ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយសញ្ញាណា សញ្ញានោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវ​កិរិយាមិនមាន ជាសញ្ញាមានកិរិយាមិនកើតទៀតតទៅ ជាធម្មតា ម្នាលវច្ឆៈ តថាគត រួច​ស្រឡះហើយ ចាកចំណែកនៃសញ្ញា ជាអ្នកជ្រៅ មានប្រមាណមិនបាន ដែលបុគ្គល​ស្ទាបស្ទង់បាន ដោយកម្រ។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ ថា មិនកើតទៀតទេ ក៏មិនគួរ ថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀតក៏មិនមែន ថាមិនកើតទៀត ក៏មិនមែន ក៏មិនគួរ។ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយសង្ខារទាំងឡាយណា សង្ខារទាំងឡាយនោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវ​កិរិយាមិនមាន ជាសង្ខារមានកិរិយាមិនកើតទៀតតទៅ ជាធម្មតា ម្នាលវច្ឆៈ តថាគត រួច​ស្រឡះហើយ ចាកចំណែកនៃសង្ខារ ជាអ្នកជ្រៅ មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់​បាន ដោយកម្រ។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ ថា មិនកើតទៀត ក៏មិនគួរ ថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀតក៏មិនមែន ថាមិនកើតទៀត ក៏មិនមែន ក៏មិនគួរ។ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយវិញ្ញាណណា វិញ្ញាណ​នោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវ​កិរិយាមិនមាន ជាវិញ្ញាណមានកិរិយាមិនកើតទៀតតទៅ ជាធម្មតា ម្នាលវច្ឆៈ តថាគត រួច​ស្រឡះហើយ ចាកចំណែកនៃវិញ្ញាណ ជាអ្នកជ្រៅ មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បាន ដោយកម្រ។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ ថា មិនកើតទៀត ក៏មិនគួរ ថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀត​ក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មិនគួរ។

[១៣] លុះព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ វច្ឆគោត្តបរិព្វាជក ទើបក្រាប​ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ដើមរាំងភ្នំធំ (ដុះនៅ) ក្នុងទី​ជិតនៃស្រុកក្តី និគមក្តី មែក និងស្លឹក នៃដើមរាំងភ្នំធំនោះ ក៏វិនាសទៅ ដោយ​ភាវៈមិន​ទៀង សំបក និងក្រមរទាំងឡាយ ក៏វិនាសទៅ ស្រាយក៏វិនាសទៅ សម័យខាងក្រោយមក ដើមរាំងភ្នំធំនោះ ក៏​ប្រាស​ចាកមែក និងស្លឹក ប្រាសចាកសំបក និងក្រមរ ប្រាសចាក​ស្រាយ ឋិតនៅតែខ្លឹមដ៏ស្អាត យ៉ាងណាមិញ ឯពាក្យជាប្រធាន (ធម្មវិន័យ) របស់​ព្រះគោតមដ៏ចំរើន ក៏ប្រាសចាកមែក និងស្លឹក ប្រាសចាកសំបក និងក្រមរ ប្រាសចាក​ស្រាយ ឋិតនៅចំពោះខ្លឹមដ៏ស្អាត យ៉ាង​នោះដែរ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែល​ព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសហើយ ដោយអនេក​បរិយាយ យ៉ាងនេះ ដូចជាបុគ្គលផ្ងារឡើង នូវវត្ថុដែលផ្កាប់ ឬបើកនូវវត្ថុដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់មនុស្សវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែក (ភ្លឺ) រមែងបានឃើញរូបទាំងឡាយ ដូច្នោះដែរ ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមមានព្រះភាគ ព្រមទាំងព្រះធម៌ ទាំងព្រះ​ភិក្ខុសង្ឃ ជាទីពឹងទីរលឹក សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះ ជាដើមរៀងទៅ។

ចប់ អគ្គិវច្ឆគោត្តសូត្រ ទី២។

មហាវច្ឆគោត្តសូត្រ ទី៣

(៣. មហាវច្ឆសុត្តំ)

[១៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្ត​វេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ លំដាប់នោះ វច្ឆគោត្តបរិព្វាជក បាន​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះ​សំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួរ​រលឹក​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ វច្ឆគោត្តបរិព្វាជក លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាប​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា ខ្ញុំព្រះអង្គ ធ្លាប់និយាយ​ជាមួយ​នឹង​ព្រះគោតម​ដ៏ចំរើន អស់កាលជាយូរអង្វែងមកហើយ សូមទ្រង់មេត្តាប្រោស សូម​ព្រះគោតមដ៏ចំរើន សំដែង​កុលសធម៌ និងអកុសលធម៌ ដល់ខ្ញុំព្រះអង្គ ដោយ​សេចក្តី​សង្ខេបចុះ។ ម្នាលវច្ឆៈ តថាគត នឹងសំដែង​កុសលធម៌ និងអកុសលធម៌ដល់អ្នក ដោយសេចក្តីសង្ខេបបាន ម្នាលវច្ឆៈ តថាគត នឹងសំដែង​កុសលធម៌ និងអកុសលធម៌ ដល់អ្នក ដោយសេចក្តីពិស្តារក៏បាន ម្នាលវច្ឆៈ បើដូច្នោះ តថាគត នឹងសំដែង​​កុសលធម៌ និងអកុសលធម៌ ដល់អ្នកដោយ​សេចក្តីសង្ខេប ចូរអ្នកយកចិត្តទុកដាក់ ស្តាប់ធម៌នោះ ដោយ​ប្រពៃចុះ តថាគតនឹង​សំដែង។ វច្ឆគោត្តបរិព្វាជក ក៏បានទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ព្រះករុណាព្រះអង្គ។

[១៥] ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលវច្ឆៈ លោភៈ ជាអកុសល ម្នាលវច្ឆៈ អលោភៈ ជាកុសល ម្នាលវច្ឆៈ ទោសៈ ជាអកុសល ម្នាលវច្ឆៈ អទោសៈ ជាកុសល ម្នាលវច្ឆៈ មោហៈ ជាអកុសល ម្នាលវច្ឆៈ អមោហៈ ជាកុសល ម្នាលវច្ឆៈ ធម៌ទាំងអម្បាលនេះ ជាអកុសល៣ ជាកុសល៣ ដោយប្រការ​ដូច្នេះ។ ម្នាលវច្ឆៈ បាណាតិបាត ជាអកុសល ការវៀរចាកបាណាតិបាត ជាកុសល ម្នាលវច្ឆៈ អទិន្នាទាន ជាអកុសល ការវៀរចាកអទិន្នាទាន ជាកុសល ម្នាលវច្ឆៈ កាមេសុមិច្ឆាចារ ជាអកុសល ការវៀរចាកកាមេសុមិច្ឆាចារ ជាកុសល ម្នាលវច្ឆៈ មុសាវាទ ជាអកុសល ការវៀរ​ចាក​មុសាវាទ ជាកុសល ម្នាលវច្ឆៈ បិសុណវាចា ជាអកុសល ការវៀរចាកបិសុណវាចា ជាកុសល ម្នាលវច្ឆៈ ផរុសវាចា ជាអកុសល ការវៀរចាកផរុសវាចា ជាកុសល ម្នាលវច្ឆៈ សម្ផប្បលាបៈ ជាអកុសល ការវៀរចាកសម្ផប្បលាបៈ ជាកុសល ម្នាលវច្ឆៈ អភិជ្ឈា ជាអកុសល អនភិជ្ឈា ជាកុសល ម្នាលវច្ឆៈ ព្យាបាទ ជាអកុសល ការមិនព្យាបាទ ជាកុសល ម្នាលវច្ឆៈ មិច្ឆាទិដ្ឋិ ជាអកុសល សម្មាទិដ្ឋិ ជាកុសល ម្នាលវច្ឆៈ ធម៌ទាំងអម្បាលនេះ ជាអកុសល១០ ជាកុសល១០ ដោយប្រការ​ដូច្នេះឯង។ ម្នាលវច្ឆៈ កាលបើភិក្ខុបានលះបង់តណ្ហា បានផ្តាច់ផ្តិលឫសគល់​អស់ហើយ បានធ្វើវត្ថុសម្រាប់កើតទៀតឲ្យអស់រលីង ដូចជាដើមត្នោត ដែល​គេគាស់​ក្របែលរំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យ​លែងមានបែបភាពតទៅទៀត​ហើយ ឲ្យជាធម៌លែងមានកំណើតតទៅខាងមុខទៀតហើយ ភិក្ខុនោះឈ្មោះថា ជាព្រះ​អរហន្តខីណាស្រព មានព្រហ្មចរិយធម៌បាននៅចប់ហើយ មានកិច្ចដែលគួរធ្វើ​ស្រេច​ហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន​ដល់សព្វគ្រប់ហើយ មាន​សំយោជនៈ ដែលប្រព្រឹត្តទៅក្នុងភពអស់ហើយ ជាអ្នកដឹងច្បាស់ដោយប្រពៃ ជាអ្នក​មានចិត្តផុតស្រឡះចាកកិលេស។

[១៦] វច្ឆគោត្តបរិព្វាជក ក្រាបបង្គំទូលថា ព្រះគោតមដ៏ចំរើន លើកទុកចុះ ចុះ​ភិក្ខុមួយរូប ជាសាវ័ករបស់ព្រះគោតមដ៏ចំរើន បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤ មានដែរឬទេ។ ម្នាលវច្ឆៈ មិនមែនមានត្រឹមតែ១០០ ២០០ ៣០០ ៤០០ ៥០០ ទេ ម្នាលវច្ឆៈ តាមពិត មានច្រើនលើសប្រមាណណាស់ ពួកភិក្ខុជាសាវ័ករបស់តថាគត ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃ​អាសវៈទាំងឡាយ ដោយបញ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្ត​នៅ​ដោយ​ឥរិយាបថទាំង៤។ ព្រះគោតមដ៏ចំរើន លើកទុកចុះ ទាំងពួក​ភិក្ខុក៏លើកទុកចុះ ចុះ​ភិក្ខុនីមួយរូប ដែលជាសាវិការបស់ព្រះគោតមដ៏ចំរើន បានធ្វើឲ្យជាក់ច្បាស់ នូវ​ចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ ដ៏មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយ​បញ្ញា​​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ មានដែរឬទេ។ ម្នាលវច្ឆៈ មិនមែនមានត្រឹមតែ១០០ ២០០ ៣០០ ៤០០ ៥០០ ទេ តាមពិត មានច្រើនលើសប្រមាណណាស់ ពួកភិក្ខុនី ដែលជាសាវិការបស់តថាគត បានធ្វើឲ្យជាក់​ច្បាស់ នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃ​អាសវៈ​ទាំង​ឡាយ ដោយបញ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្ត​នៅ​ដោយ​ឥរិយាបថទាំង៤។

[១៧] ព្រះគោតមដ៏ចំរើន លើកទុកចុះ ទាំងពួក​ភិក្ខុ ភិក្ខុនី ក៏លើកទុក​ដែរ ចុះគ្រហស្ថ ជាឧបាសកម្នាក់ ដែលជាសាវ័ករបស់ព្រះគោតមដ៏ចំរើន ស្លៀកដណ្តប់​ស ជាសព្រហ្មចារីបុគ្គល ជាឱបបាតិកៈកំណើត នឹងបរិនិព្វានក្នុងទីនោះ មិនបានត្រឡប់​ចាកលោក​នោះជាធម្មតា ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម៥ មានដែរឬទេ។ ម្នាលវច្ឆៈ មិនមែនមានត្រឹមតែ១០០ ២០០ ៣០០ ៤០០ ៥០០ ទេ តាមពិត មានច្រើនលើសប្រមាណណាស់ ពួកគ្រហស្ថ ដែលជាឧបាសក ជាសាវ័ករបស់តថាគត ស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល ជាឱបបាតិកៈកំណើត នឹងបរិនិព្វានក្នុងទីនោះ មិនបាន​ត្រឡប់អំពីលោកនោះ ជាធម្មតា ព្រោះអស់ទៅនៃសំយោជនៈ ដែល​ជាចំណែក​ខាងក្រោម៥។ ព្រះគោតមដ៏ចំរើន សូម​លើកទុកចុះ ពួក​ភិក្ខុ ភិក្ខុនី ក៏លើកទុក​ចុះ ទាំងពួកគ្រហស្ថ ជាឧបាសកស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល ក៏លើកទុកដែរ ចុះគ្រហស្ថ ជាឧបាសកម្នាក់ ដែលជាសាវ័ករបស់ព្រះគោតមដ៏ចំរើន ស្លៀកដណ្តប់​ស ជាអ្នកបរិភោគកាម តែថា អ្នកធ្វើតាមពាក្យប្រៀនប្រដៅ ធ្វើតាមឱវាទ ឆ្លងផុត​សេចក្តីសង្ស័យ ប្រាសចាកសេចក្តីពោលថាអ្វីៗ ដល់នូវភាពជាអ្នកក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា មានដែរឬទេ។ ម្នាលវច្ឆៈ មិនមែន​មាន​ត្រឹមតែ១០០ ២០០ ៣០០ ៤០០ ៥០០ ទេ តាមពិត មានច្រើនលើសប្រមាណណាស់ ពួកគ្រហស្ថ ដែលជាឧបាសក ជាសាវ័ករបស់តថាគត ស្លៀកដណ្តប់ស នៅបរិភោគកាម តែជាអ្នកជឿតាមពាក្យប្រៀនប្រដៅ ធ្វើតាមឱវាទ ឆ្លងផុតសេចក្តីសង្ស័យ ប្រាសចាកសេចក្តី​ពោលថាអ្វីៗ ដល់នូវភាពជាអ្នកក្លៀវក្លា មិនជឿស្តាប់​បុគ្គលដទៃ ក្នុង​សាសនារបស់ព្រះសាស្តា។ ព្រះគោតមដ៏ចំរើន សូមលើកទុកចុះ ពួក​ភិក្ខុ ភិក្ខុនី ក៏លើកទុកចុះ ពួកគ្រហស្ថ ដែលជាឧបាសក ស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល ក៏លើកទុកចុះ ទាំងពួកគ្រហស្ថ ដែលជាឧបាសកស្លៀកពាក់ស នៅបរិភោគកាម ក៏លើក​ទុកដែរ ចុះគ្រហស្ថជាឧបាសិកាម្នាក់ ដែលជាសាវិការបស់ព្រះគោតមដ៏ចំរើន ស្លៀកដណ្តប់​ស ជាសព្រហ្មចារិនី ជាឱបបាតិកៈកំណើត នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពីលោកនោះ ជាធម្មតា ព្រោះអស់ទៅនៃសំយោជនៈ ដែលជាចំណែក​ខាងក្រោម៥ មានដែរឬទេ។ ម្នាលវច្ឆៈ មិនមែនមានត្រឹមតែ១០០ ២០០ ៣០០ ៤០០ ៥០០ ទេ តាមពិត មានច្រើនលើសប្រមាណណាស់ គ្រហស្ថ ដែលជាឧបាសិកា ជាសាវិការបស់តថាគត ស្លៀកដណ្តប់ស ជាសព្រហ្មចារិនី ជាឱបបាតិកៈកំណើត នឹងបរិនិព្វានក្នុងទីនោះ មិន​ត្រឡប់អំពីលោកនោះ ជាធម្មតា ព្រោះអស់ទៅ​នៃ​សំយោជនៈ ​ជាចំណែក​ខាងក្រោម៥។ ព្រះគោតមដ៏ចំរើន សូមលើកទុកចុះ ពួក​ភិក្ខុ ភិក្ខុនី ក៏លើកទុកចុះ ពួកគ្រហស្ថ ដែលជាឧបាសក ស្លៀកដណ្តប់ស ជា​សព្រហ្មចារី​បុគ្គល ក៏លើកទុកចុះ ពួកគ្រហស្ថ ដែលជាឧបាសកស្លៀកដណ្តប់ស ជាអ្នកបរិភោគកាម ក៏លើក​ទុកចុះ ទាំងពួកគ្រហស្ថ ជាឧបាសិកា ស្លៀកពាក់ស ជាសព្រហ្មចារិនី ក៏លើកទុកដែរ ចុះគ្រហស្ថជាឧបាសិកាម្នាក់ ដែលជាសាវិការបស់ព្រះគោតមដ៏ចំរើន ស្លៀកដណ្តប់​ស នៅបរិភោគកាម ជាអ្នកធ្វើ​តាម​ពាក្យប្រៀនប្រដៅ ជាអ្នកធ្វើតាមឱវាទ ផ្លងផុតសេចក្តីសង្ស័យ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវភាពជាអ្នកក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃក្នុងសាសនា របស់ព្រះសាស្តា មានដែរឬទេ។ ម្នាលវច្ឆៈ មិនមែនមានត្រឹមតែ១០០ ២០០ ៣០០ ៤០០ ៥០០ ទេ តាមពិត មានច្រើនលើស​ប្រមាណ​ណាស់ ពួកគ្រហស្ថ ដែលជាឧបាសិកា ជាសាវិការបស់តថាគត ស្លៀកដណ្តប់ស នៅបរិភោគកាម ជាអ្នកធ្វើ​តាម​ពាក្យប្រៀនប្រដៅ ធ្វើតាមឱវាទ ប្រាសចាក​សេចក្តី​សង្ស័យ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវភាពជាអ្នកក្លៀវក្លា មិនជឿស្តាប់បុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា។

[១៨] វច្ឆគោត្តបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ប្រសិនបើ​ព្រះគោតមដ៏ចំរើន នឹងបំពេញធម៌នេះ តែមួយអង្គឯង ចំណែកខាងពួក​ភិក្ខុ មិនបាន​បំពេញ (ធម៌នេះ) ផងទេ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ នឹង​មិនបាន​បរិបូណ៌​ដោយ​អង្គនោះ បពិត្រព្រះគោតមដ៏ចំរើន លុះតែព្រះគោតមដ៏ចំរើន បាន​បំពេញ​ធម៌នេះ ទាំងពួកភិក្ខុក៏បានបំពេញ (ធម៌នេះ) ដែរ កាលបើយ៉ាងនេះ ទើបព្រហ្មចរិយធម៌នេះ បរិបូណ៌ដោយអង្គនោះបាន។ បពិត្រព្រះគោតមដ៏ចំរើន ប្រសិនបើ​ព្រះគោតមដ៏ចំរើន នឹងបំពេញធម៌នេះ តែមួយព្រះអង្គឯង ចំណែកខាងពួក​ភិក្ខុ ក៏បានបំពេញដែរ តែពួក​ភិក្ខុនី មិនបានបំពេញផងទេ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ ក៏នឹង​មិនបាន​បរិបូណ៌​ដោយអង្គនោះ បពិត្រព្រះគោតមដ៏ចំរើន លុះតែព្រះគោតមដ៏ចំរើន បាន​បំពេញ​ធម៌នេះ ទាំងពួកភិក្ខុក៏បានបំពេញ ទាំងពួក​ភិក្ខុនី ក៏បានបំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ ទើបបរិបូណ៌ដោយអង្គនោះបាន។

[១៩] បពិត្រព្រះគោតមដ៏ចំរើន ប្រសិនបើ​ព្រះគោតមដ៏ចំរើន នឹងបាន​បំពេញ​ធម៌​នេះ ទាំងពួក​ភិក្ខុ ក៏បានបំពេញ ទាំងពួកភិក្ខុនី ក៏បានបំពេញ តែពួកគ្រហស្ថ ជាឧបាសក ស្លៀក​ដណ្តប់ស ជាសព្រហ្មចារីបុគ្គល មិនបានបំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌​នេះ នឹង​មិនបាន​បរិបូណ៌ដោយអង្គនោះ បពិត្រព្រះគោតមដ៏ចំរើន លុះតែព្រះគោតម​ដ៏ចំរើន បាន​បំពេញ​ធម៌នេះ ពួកភិក្ខុក៏បានបំពេញ ពួក​ភិក្ខុនី ក៏បាន​បំពេញ ទាំងពួកគ្រហស្ថ ជាឧបាសកស្លៀកដណ្តប់ស ជាសព្រហ្មចារីបុគ្គល ក៏បាន​បំពេញ​ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ ទើបបរិបូណ៌ដោយអង្គនោះបាន។ បពិត្រព្រះគោតម​ដ៏ចំរើន ប្រសិនបើ​ព្រះគោតមដ៏ចំរើន នឹងបំពេញធម៌នេះ ពួក​ភិក្ខុ ក៏បានបំពេញ ពួកភិក្ខុនី ក៏បានបំពេញ ពួកគ្រហស្ថ ដែលជាឧបាសក ស្លៀក​ដណ្តប់ស ជាសព្រហ្មចារីបុគ្គល ក៏បានបំពេញ តែពួកគ្រហស្ថ ជាឧបាសក ស្លៀកដណ្តប់ស នៅបរិភោគកាម មិនបានបំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ នឹង​មិនបាន​បរិបូណ៌ដោយអង្គនោះ បពិត្រព្រះគោតមដ៏ចំរើន លុះតែព្រះគោតមដ៏ចំរើន បាន​បំពេញ​ធម៌នេះ ពួកភិក្ខុក៏បានបំពេញ ពួក​ភិក្ខុនី ក៏បាន​បំពេញ ពួកគ្រហស្ថ ជា​ឧបាសក​ស្លៀក​ដណ្តប់​ស ជាសព្រហ្មចារីបុគ្គល ក៏បាន​បំពេញ​ ទាំងពួកគ្រហស្ថ ជាឧបាសក ស្លៀកដណ្តប់​ស ជាអ្នកបរិភោគកាម ក៏បានបំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ ទើបបរិបូណ៌ដោយអង្គនោះបាន។ បពិត្រព្រះគោតមដ៏ចំរើន ប្រសិនបើ​ព្រះគោតម​ដ៏​ចំរើន បានបំពេញធម៌នេះ ពួក​ភិក្ខុ ក៏បានបំពេញ ពួកភិក្ខុនី ក៏បានបំពេញ ពួកគ្រហស្ថ ជាឧបាសក ស្លៀក​ដណ្តប់ស ជាសព្រហ្មចារីបុគ្គល ក៏បានបំពេញ ទាំងពួកគ្រហស្ថ ជាឧបាសក ស្លៀកដណ្តប់ស នៅបរិភោគកាម ក៏បានបំពេញ តែពួកគ្រហស្ថ ជាឧបាសិកា ស្លៀកដណ្តប់ស ជាសព្រហ្មចារិនី មិនបានបំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ នឹង​មិនបាន​បរិបូណ៌ដោយអង្គនោះ បពិត្រព្រះគោតមដ៏ចំរើន លុះតែព្រះគោតមដ៏ចំរើន ក៏បាន​បំពេញ​ធម៌នេះ ពួកភិក្ខុក៏បានបំពេញ ពួក​ភិក្ខុនី ក៏បាន​បំពេញ ពួកគ្រហស្ថ ជា​ឧបាសក​ស្លៀក​ដណ្តប់​ស ជាសព្រហ្មចារីបុគ្គល ក៏បាន​បំពេញ​ ពួកគ្រហស្ថ ជាឧបាសក ស្លៀកដណ្តប់​ស នៅបរិភោគកាម ក៏បានបំពេញ ទាំងពួកគ្រហស្ថ ជាឧបាសិកា​ស្លៀក​ដណ្តប់ស ជាសព្រហ្មចារិនី ក៏បានបំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ ទើប​បរិបូណ៌ដោយអង្គនោះបាន។ បពិត្រព្រះគោតមដ៏ចំរើន ប្រសិនបើ​ព្រះគោតម​ដ៏​ចំរើន បានបំពេញធម៌នេះ ពួក​ភិក្ខុ ក៏បំពេញ ពួកភិក្ខុនី ក៏បំពេញ ពួកគ្រហស្ថ ជាឧបាសក ស្លៀក​ដណ្តប់ស ជាសព្រហ្មចារីបុគ្គល ក៏បានបំពេញ ពួកគ្រហស្ថ ជាឧបាសក ស្លៀកដណ្តប់ស នៅបរិភោគកាម ក៏បានបំពេញ ទាំងពួកគ្រហស្ថ ជាឧបាសិកា ស្លៀកដណ្តប់ស ជាសព្រហ្មចារិនី ក៏បានបំពេញ តែពួកគ្រហស្ថ ជាឧបាសិកា ស្លៀកដណ្តប់ស ជាអ្នកនៅបរិភោគកាម មិនបាន​បំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ ​មិនបាន​បរិបូណ៌ដោយអង្គនោះទេ បពិត្រព្រះគោតមដ៏ចំរើន លុះតែព្រះគោតមដ៏ចំរើន ក៏​បំពេញ​ធម៌នេះ ពួកភិក្ខុក៏បំពេញ ពួក​ភិក្ខុនី ក៏​បំពេញ ពួកគ្រហស្ថ ជា​ឧបាសក​ស្លៀក​ដណ្តប់​ស ជាសព្រហ្មចារីបុគ្គល ក៏បាន​បំពេញ​ ពួកគ្រហស្ថ ជាឧបាសក ស្លៀកដណ្តប់​ស នៅបរិភោគកាម ក៏បានបំពេញ ពួកគ្រហស្ថ ជាឧបាសិកាស្លៀកដណ្តប់ស ជាសព្រហ្មចារិនី ក៏បានបំពេញ ទាំង​ពួកគ្រហស្ថ ជាឧបាសិកា ស្លៀកដណ្តប់ស នៅបរិភោគកាម ក៏បានបំពេញ កាលបើយ៉ាងនេះ ព្រហ្មចរិយធម៌នេះ ទើបបរិបូណ៌ដោយអង្គនោះបាន។

[២០] បពិត្រព្រះគោតមដ៏ចំរើន ដូចទន្លេគង្គា តែងមានទំនាប ទៅរកសមុទ្រ មានទី​ជ្រាលទៅរកសមុទ្រ មានទីទេរទៅរកសមុទ្រ ទល់នឹងសមុទ្រ ទើបឈប់នៅ (យ៉ាងណា) បរិស័ទរបស់ព្រះគោតមដ៏ចំរើននេះ ព្រមទាំងគ្រហស្ថ និងបព្វជិត តែង​មានទំនាបទៅរក​ព្រះនិព្វាន មានទីដ៏ជ្រាលទៅរកព្រះនិព្វាន មានទីទេរទៅរកព្រះនិព្វាន ដរាបទល់​នឹង​ព្រះនិព្វាន ទើបឈប់បង្អង់ ក៏យ៉ាងនោះដែរ។ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ ធម៌ដែលព្រះគោតមដ៏ចំរើនប្រកាសហើយ ដោយអនេក​បរិយាយ យ៉ាងនេះ ដូចជាបុគ្គលផ្ងារឡើង នូវវត្ថុដែលគេផ្កាប់ចុះ ឬបើក​នូវវត្ថុ​ដែលគេបិទបាំងទុក ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់មនុស្សដែលវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែកភ្លឺ រមែង​ឃើញ​រូប​ទាំង​ឡាយ ក៏ដូច្នោះដែរ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមមានព្រះភាគផង ព្រះធម៌ផង ព្រះ​ភិក្ខុសង្ឃផង ជាសរណៈ ខ្ញុំព្រះអង្គ គប្បីបាននូវបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់​នៃព្រះគោតមដ៏ចំរើន។ ម្នាលវច្ឆៈ បុគ្គលណា ដែលធ្លាប់ជាអន្យតិរ្ថិយ មកអំពី​មុនហើយ ប្រាថ្នាបព្វជ្ជា ឧបសម្បទា ក្នុងធម្មវិន័យនេះ បុគ្គលនោះ ត្រូវនៅបរិវាសអស់៤ខែសិន លុះ​កន្លង៤ខែទៅ ទើបពួកភិក្ខុ ដែល​មានចិត្តប្រារព្ធហើយ ក៏ឲ្យបព្វជ្ជា ឧបសម្បទា ដើម្បីជាភិក្ខុភាព មួយទៀត ភាពផ្សេងគ្នានៃបុគ្គល (ការដែលនៅបរិវាស ឬមិនត្រូវ​នៅបរិវាស) ក្នុងដំណើរនេះ តថាគត ដឹងច្បាស់ហើយ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើ​ពួកជនដែលធ្លាប់ជាអន្យតិរ្ថិយ មកអំពី​មុនហើយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុង​ធម្មវិន័យនេះ ត្រូវតែនៅបរិវាសអស់៤ខែសិន លុះ​កន្លង៤ខែទៅ ទើបពួកភិក្ខុដែល​មានចិត្តប្រារព្ធហើយ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីជាភិក្ខុភាពបាន ខ្ញុំព្រះអង្គ នឹងនៅ​បរិវាសអស់៤ឆ្នាំ លុះកន្លង៤ឆ្នាំហើយ សូមឲ្យពួកភិក្ខុដែល​មានចិត្តប្រារព្ធហើយ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីជាភិក្ខុភាពចុះ។ វច្ឆគោត្តបរិព្វាជក ក៏បាននូវបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។

[២១] គ្រាកាលវច្ឆគោត្តមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន គឺបាន​ឧបសម្បទាកន្លះខែ (ប៉ុណ្ណោះ) ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ វច្ឆគោត្តមានអាយុ លុះ​អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សាមញ្ញផល មានប្រមាណប៉ុន្មាន​ ដែលបុគ្គលគប្បីដល់ ដោយញាណ​ជារបស់សេក្ខបុគ្គល ដោយវិជ្ជាជារបស់សេក្ខបុគ្គល គឺអនាគាមិមគ្គ ខ្ញុំព្រះអង្គ ដល់ហើយដោយលំដាប់ សូមព្រះមានព្រះភាគ ទ្រង់សំដែងនូវធម៌ឲ្យខ្ពស់ឡើង​ទៅ (ដើម្បីអរហត្តផល) ដល់ខ្ញុំព្រះអង្គ។ ម្នាលវច្ឆៈ បើដូច្នោះ អ្នកចូរចំរើនធម៌២ប្រការគឺ សមថៈ និងវិបស្សនា ឲ្យខ្ពស់ឡើងទៅចុះ ម្នាលវច្ឆៈ ធម៌ទាំង២ប្រការនេះ គឺសមថៈ និងវិបស្សនា ដែលអ្នកចំរើនឲ្យខ្ពស់ឡើងហើយ នឹងប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង​នូវ​ធាតុ​ច្រើនប្រការ។

[២២] ម្នាលវច្ឆៈ អ្នកនោះ ប្រាកដជានឹងប្រាថ្នាថា អាត្មាអញ គប្បីបាននូវឫទ្ធិ​ច្រើនប្រការ គឺថាមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យ​ទៅជាមនុស្សម្នាក់ក៏បាន ដើរទៅមិនជាប់ចំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទី​ខាងក្រៅកំពែង និងទីខាងក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បាន ធ្វើនូវការងើបឡើង ឬមុជចុះក្នុងផែនដី ដូចជាងើបឡើង ឬមុជចុះក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយ ហាក់ដូចដើរលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ដូចជាសត្វសកុណជាតិ ដែល​មានស្លាបក៏បាន អាត្មាអញ គប្បីស្ទាបអង្អែល ចាប់ពាល់ (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យ​ទាំងនេះ ដែលមានឫទ្ធិច្រើន មានអានុភាពច្រើនយ៉ាងនេះ ដោយដៃក៏បាន ឬអាត្មាអញ គប្បីប្រព្រឹត្តទៅទាំងកាយ រហូតដល់ព្រហ្មលោកនាយក៏បាន។ កាលបើមានហេតុ អ្នកនឹង​សម្រេចវិធី ជាគ្រឿងសំដែង​ឫទ្ធិ ជាគុណសម្បត្តិ ដែលត្រូវសិក្សាក្នុងសមថៈ និងវិបស្សនា​នោះៗ ជាប្រាកដ។

[២៣] ម្នាលវច្ឆៈ អ្នកនោះប្រាកដជានឹងប្រាថ្នាថា អាត្មាអញ គប្បីឮសំឡេង​ទាំងពីរ ដោយសោតធាតុដ៏បរិសុទ្ធ ដូចជាទិព្វ កន្លងបង់នូវសោតធាតុ ជារបស់មនុស្ស​ធម្មតា សំឡេងទាំងពីរនោះ គឺអ្វីខ្លះ គឺសំឡេងទិព្វ១ សំឡេងរបស់មនុស្ស១ ដែលនៅក្នុងទីឆ្ងាយ​ក្តី ទីជិតក្តី។ កាលបើមានហេតុ អ្នកនឹងសម្រេចទិព្វស្រោត ជាគុណសម្បត្តិដែលត្រូវ​សិក្សា ក្នុងសមថៈ និងវិបស្សនានោះៗជាប្រាកដ។

[២៤] ម្នាលវច្ឆៈ អ្នកនោះប្រាកដជានឹងប្រាថ្នាថា អាត្មាអញ គប្បីកំណត់​ដឹងនូវ​ចិត្តរបស់​សត្វដទៃ របស់បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្ត (របស់សត្វដទៃ) ដែលប្រកប​ដោយរាគៈក្តី ក៏ដឹងថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈ ក៏ដឹងថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកប​ដោយទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកប​ដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាស​ចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលមានអារម្មណ៍មូល ក៏ដឹងច្បាស់ថា ចិត្តមានអារម្មណ៍មូល ចិត្តដែលរាយមាយ ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែល​ជាមហគ្គតៈ ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ គឺរូបាវចរៈ និងអរូបាវចរចិត្ត ចិត្តដែល​មិនមែនជាមហគ្គតៈ ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជា​សឧត្តរៈ គឺលោកិយចិត្ត ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺលោកុត្តរចិត្ត ក៏ដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តដែលតាំងនៅស៊ប់ដោយសមាធិ ក៏ដឹងច្បាស់ថា ចិត្តតាំងនៅស៊ប់ដោយសមាធិ ចិត្តដែលមិនតាំងនៅស៊ប់ដោយសមាធិ ក៏ដឹងថា ចិត្តមិនតាំងនៅស៊ប់ដោយសមាធិ ចិត្តដែលរួចចាកកិលេស ក៏ដឹងច្បាស់ថា ចិត្ត​រួចចាកកិលេស ចិត្តដែលមិនបានរួចចាកកិលេស ក៏ដឹងច្បាស់ថា ចិត្តមិនបានរួច​ចាក​កិលេសដូច្នេះ។ កាលបើមានហេតុ អ្នកនឹងសម្រេចបរចិត្តវិជ្ជា ជាគុណសម្បត្តិដែលត្រូវ​សិក្សា ក្នុងសមថៈ និងវិបស្សនានោះៗ ជាប្រាកដ។

[២៥] ម្នាលវច្ឆៈ អ្នកនោះប្រាកដជានឹងប្រាថ្នាថា អាត្មាអញ គប្បីរលឹកឃើញនូវ​បុព្វេនិវាស គឺលំដាប់ខន្ធ ដែលសត្វនៅអាស្រ័យខាងដើមជាច្រើនប្រការ រលឹកខន្ធនោះ ដូចម្តេចខ្លះ គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១០០០ជាតិ ១០០.០០០ជាតិ រលឹកនូវសំវដ្តកប្បជាច្រើនក៏​បាន វិវដ្តកប្បជាច្រើនក៏បាន សំវដ្តវិវដ្តកប្បជាច្រើនក៏បាន ថាអាត្មាអញ បានទៅកើត​ក្នុងទីឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មាន​អាហារយ៉ាងនេះ បានទទួល​សុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ក៏ទៅកើតក្នុងទីឯណោះ លុះអាត្មាអញ បាន​ក្នុងទីនោះហើយ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មាន​អាហារយ៉ាងនេះ បានទទួល​សុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងទីនេះ អាត្មាអញ គប្បីរលឹកឃើញ នូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ កាលបើមានហេតុ អ្នកនឹងសម្រេចញាណ ជាគ្រឿងដឹងនូវខន្ធ ដែល​អាស្រ័យនៅហើយក្នុងកាលមុន ជាគុណសម្បត្តិត្រូវសិក្សា ក្នុងសមថៈ និងវិបស្សនានោះៗជាប្រាកដ។

[២៦] ម្នាលវច្ឆៈ អ្នកនោះប្រាកដជានឹងប្រាថ្នាថា អាត្មាអញ គប្បីមានចក្ខុដូចជាទិព្វ កន្លងហួសចក្ខុជារបស់មនុស្សធម្មតា ឃើញនូវពួកសត្វ ដែលច្យុតដែលកើត ជាសត្វថោក​ទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់ អាត្មាអញ គប្បី​ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មថា អើហ្ន៎ ពួកសត្វទាំងនេះ ប្រកបដោយ​កាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលនូវពួក​ព្រះអរិយបុគ្គល ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស សត្វទាំងអម្បាលនោះ លុះរំលាងកាយបន្ទាប់អំពីមរណៈទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក អើហ្ន៎ ចំណែកខាងពួកសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនបានតិះដៀលនូវពួក​ព្រះអរិយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើតាមសេចក្តីយល់ត្រូវ ពួកសត្វទាំងនោះ លុះ​រំលាង​កាយ​បន្ទាប់អំពីមរណៈទៅ ក៏បានទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ អាត្មាអញ គប្បី​មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា ឃើញនូវពួកសត្វ ដែល​ច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់ អាត្មាអញ គប្បីដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម ដោយប្រការ​ដូច្នេះ។ កាលបើមានហេតុ អ្នកនឹងសម្រេចទិព្វចក្ខុញ្ញាណ ជាគុណសម្បត្តិ ដែលត្រូវ​សិក្សា ក្នុងសមថៈ និងវិបស្សនានោះៗជាប្រាកដ។

[២៧] ម្នាលវច្ឆៈ អ្នកនោះប្រាកដជានឹងប្រាថ្នាថា អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះក្ស័យអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយចូលទៅសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ កាលបើមានហេតុ អ្នកនឹងសម្រេចនូវញាណ ក្នុងការអស់ទៅនៃ​អាសវៈ ជាគុណសម្បត្តិ ដែលត្រូវសិក្សា ក្នុងសមថៈ និងវិបស្សនានោះៗ ជាប្រាកដ។

[២៨] គ្រានោះ ព្រះវច្ឆគោត្តមានអាយុ ត្រេកអររីករាយ ចំពោះភាសិត របស់​ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ គ្រាកាលដែលព្រះវច្ឆគោត្តមានអាយុ ចៀសចេញទៅតែម្នាក់ឯង ក៏ជា​អ្នកមិនប្រមាទ ព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន មិនយូរ​ប៉ុន្មាន ក៏បានដឹងច្បាស់ នូវគុណវិសេសដ៏ប្រសើរ ជាទីបំផុតនៃព្រហ្មចរិយធម៌ ដែលពួកកុលបុត្រ ចេញចាកផ្ទះ ទៅបួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា ក៏ធ្វើឲ្យ​ជាក់ច្បាស់ នូវគុណវិសេសនោះ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេច​សម្រាន្តនៅ ទើបដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌បាននៅចប់ហើយ កិច្ចដែល​គួរធ្វើ ក៏បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានឡើយ។ បណ្តា​ពួក​ព្រះអរហន្តទាំងឡាយ ព្រះវច្ឆគោត្តមានអាយុ ក៏បានជាព្រះអរហន្តមួយអង្គដែរ។

[២៩] សម័យនោះ ពួកភិក្ខុច្រើនរូប នាំគ្នាទៅគាល់ព្រះមានព្រះភាគ។ វច្ឆគោត្តមាន​អាយុ បានឃើញពួកភិក្ខុទាំងនោះ កំពុងដើរទៅពីចម្ងាយ លុះឃើញ​ហើយ ក៏ចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ បាននិយាយនឹងពួកភិក្ខុទាំងនោះ យ៉ាងនេះថា​ បពិត្រលោកមានអាយុទាំងឡាយ ចុះលោកទាំងឡាយ នាំគ្នានិមន្តទៅ​ក្នុងទីណា។ ពួកភិក្ខុទាំងនោះ ក៏ប្រាប់ថា ម្នាលអាវុសោ យើងនឹងនាំគ្នាទៅគាល់​ព្រះមានព្រះភាគ។ វច្ឆគោត្តភិក្ខុ ក៏បានផ្តាំថា បពិត្រលោកទាំងឡាយមានអាយុ បើ​ដូច្នោះ សូមលោកទាំងឡាយ ក្រាបថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគ ដោយត្បូង តាមពាក្យ​របស់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឈ្មោះវច្ឆគោត្ត សូមក្រាបថ្វាយបង្គំព្រះបាទា ព្រះមានព្រះភាគដោយត្បូង វច្ឆគោត្តភិក្ខុ ក្រាបទូលយ៉ាងនេះថា ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គបានបម្រើហើយ ព្រះសុគត ខ្ញុំព្រះអង្គបានបម្រើហើយ។ ពួកភិក្ខុទាំងនោះ ក៏បាន​ទទួលពាក្យវច្ឆគោត្តភិក្ខុមានអាយុថា អើអាវុសោ។ ទើបពួកភិក្ខុទាំងនោះ នាំគ្នាចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ ពួកភិក្ខុទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាប​បង្គំ​ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន វច្ឆគោត្តមានអាយុ សូម​ក្រាប​ថ្វាយ​បង្គំព្រះបាទា ព្រះមានព្រះភាគដោយត្បូង ហើយក្រាបទូលយ៉ាងនេះទៀតថា ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គបានបម្រើហើយ ព្រះសុគត ខ្ញុំព្រះអង្គបានបម្រើហើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលពីមុនមិញ តថាគត បានកំណត់ដឹង​ចិត្ត​វច្ឆគោត្តភិក្ខុ ដោយចិត្តរបស់តថាគតថា វច្ឆគោត្តភិក្ខុ បានត្រៃវិជ្ជា ជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន។ ទាំងពួកទេវតា ក៏បានប្រាប់​សេចក្តីនុ៎ះ ដល់តថាគតទៀតថា បពិត្រព្រះអង្គដ៏ចំរើន វច្ឆគោត្តភិក្ខុ បានត្រៃវិជ្ជា ជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ពួកភិក្ខុទាំង​នោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិត របស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ មហាវច្ឆគោត្តសូត្រ ទី៣។

ទីឃនខសូត្រ ទី៤

(៤. ទីឃនខសុត្តំ)

[៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុង​គុហាឈ្មោះ សូករខតា នាភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ គ្រានោះ មានបរិព្វាជកម្នាក់ ឈ្មោះ​ ទីឃនខៈ (ជាអគ្គិវេស្សនគោត្ត) ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យ ដែលគួររលឹកហើយ ក៏ឈរនៅក្នុង​ទីដ៏សមគួរ។ ទីឃនខបរិព្វាជក លុះឈរនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ (អាត្មាអញ មិនពេញចិត្ត​ទាំងអស់)។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអគ្គិវេស្សនៈ សេចក្តីឃើញណា របស់​អ្នកថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ សេចក្តីឃើញនោះ មិនគួរដល់អ្នកទេ។ បពិត្រ​ព្រះគោតមដ៏ចំរើន ប្រសិនបើសេចក្តីឃើញនុ៎ះ គួរដល់ខ្ញុំសោត ទោះនរណាៗ ក៏​ត្រូវឃើញដូច្នោះឯង ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ ពួកជន​ណា ដែលនិយាយយ៉ាងនេះថា ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ពួកជននោះក្នុងលោក មានច្រើនជាងនេះទៅទៀត តែពួក​ជននោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគេប្រកាន់មាំ ចំពោះទិដ្ឋិដទៃតទៅ​ទៀត។ ម្នាលអគ្គិវេស្សនៈ ពួកជនណា និយាយយ៉ាងនេះថា ទោះនរណាៗ ក៏ត្រូវឃើញ​ដូច្នោះឯង ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ពួកជននោះ ក្នុងលោក មានតិចតួច​ជាង​​នេះណាស់ តែពួកជននោះ គេលះបង់ទិដ្ឋិនោះចេញបាន ទាំង​មិនប្រកាន់​ទិដ្ឋិដទៃ​តទៅ​ទៀតផង។

[៣១] ម្នាលអគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា របស់ទាំងអស់គួរដល់អាត្មាអញ (អាត្មាអញ ពេញចិត្តទាំងអស់) ក៏មាន។ ម្នាលអគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ (អាត្មាអញ មិនពេញចិត្តទាំងអស់) ក៏មាន។ ម្នាល​អគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា របស់​ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញ (អាត្មាអញ ពេញចិត្តខ្លះ មិនពេញចិត្តខ្លះ) ក៏មាន។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍​ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិ​ យ៉ាងនេះថា របស់ទាំងអស់ គួរដល់អាត្មាអញ ទិដ្ឋិនេះ របស់​ពួកសមណព្រាហ្មណ៍នោះ តែងប្រព្រឹត្តទៅ ក្នុងទីជិត នៃហេតុ ដែលប្រកបដោយ​រាគៈ ក្នុងទីជិត នៃសំយោគៈ ក្នុងទីជិតនៃតម្រេក ក្នុងទីជិតនៃសេចក្តីងប់ចិត្ត ក្នុងទីជិតនៃ​សេចក្តីប្រកាន់មាំ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍​ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ ទិដ្ឋិនេះ របស់​ពួកសមណព្រាហ្មណ៍ទាំងនោះ ប្រព្រឹត្តទៅក្នុងទីជិត នៃហេតុមិនមែនរាគៈ ក្នុងទីជិត នៃហេតុមិនមែនជាសំយោគៈ ក្នុងទីជិតនៃហេតុមិនមែនជាតម្រេក ក្នុងទីជិត នៃសេចក្តីមិនងប់ចិត្ត ក្នុងទីជិត នៃ​សេចក្តីមិនប្រកាន់មាំ។ កាលដែលព្រះអង្គ ទ្រង់ត្រាស់យ៉ាងនេះហើយ ទីឃនខបរិព្វាជក បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា ព្រះគោតមដ៏ចំរើន​ លើកតំកើង នូវសេចក្តី​ឃើញ របស់ខ្ញុំព្រះអង្គ ព្រះគោតម​ដ៏ចំរើន ទ្រង់លើកតំកើង នូវសេចក្តីឃើញ របស់ខ្ញុំព្រះអង្គ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិ​អម្បាលនោះ ពួកសមណព្រាហ្មណ៍​ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញ ក៏ទិដ្ឋិណា ដែលគួរដល់​សមណព្រាហ្មណ៍នោះ ទិដ្ឋិនោះ ប្រព្រឹត្តទៅក្នុងទីជិត នៃហេតុ ដែលប្រកបដោយ​រាគៈ ក្នុងទីជិតនៃសំយោគៈ ក្នុងទីជិតនៃតម្រេក ក្នុងទីជិតនៃសេចក្តីងប់ចិត្ត ក្នុងទីជិតនៃ​សេចក្តីប្រកាន់មាំ មួយយ៉ាងទៀត ទិដ្ឋិណា ដែល​មិនគួរដល់​សមណព្រាហ្មណ៍នោះ ទិដ្ឋិនោះ រមែងប្រព្រឹត្តទៅ ក្នុងទីជិត នៃហេតុមិនមែនជា​រាគៈ ក្នុងទីជិតនៃហេតុ មិនមែនជាសំយោគៈ ក្នុងទីជិត នៃហេតុមិនមែនជាតម្រេក ក្នុងទីជិត នៃសេចក្តីមិន​ងប់ចិត្ត ក្នុងទីជិត នៃ​សេចក្តីមិនប្រកាន់មាំ។

[៣២] ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍​ណា មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា របស់ទាំងអស់ គួរដល់អាត្មាអញ វិញ្ញូបុរស តែង​ពិចារណាឃើញ ក្នុងទិដ្ឋិនោះយ៉ាងនេះថា សេចក្តីឃើញ របស់អាត្មាអញណាថា របស់ទាំង​អស់ គួរដល់អាត្មាអញ ប្រសិនបើអាត្មាអញ ស្ទាបអង្អែល ប្រកាន់ខ្ជាប់ទិដ្ឋិនេះ ហើយនិយាយតាមកំឡាំងចិត្ត ដោយមួនមាំថា នេះជារបស់ពិត របស់ដទៃជាមោឃៈ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួក គឺសមណព្រាហ្មណ៍ ដែល​មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញពួក១ សមណព្រាហ្មណ៍ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា របស់ខ្លះ គួរដល់​អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញពួក១ អាត្មាអញ នឹងប្រកាន់ខុស ចាក​សមណព្រាហ្មណ៍ទាំងពីរពួកនេះឯង។ កាលបើប្រកាន់ខុសយ៉ាងនេះមានហើយ ការទាស់​ទែងគ្នាក៏មាន កាលការទាស់ទែងគ្នាមានហើយ សេចក្តីគុំគួនគ្នាក៏មាន កាលសេចក្តីគុំគួនគ្នាមានហើយ សេចក្តីបៀតបៀនគ្នាក៏មាន។ កាលវិញ្ញូបុរសនោះ ពិចារណាឃើញច្បាស់ នូវសេចក្តីប្រកាន់ខុស សេចក្តីទាស់ទែងគ្នា សេចក្តីគុំគួនគ្នា និងសេចក្តីបៀតបៀន (ថាជាទោសមាន) ក្នុងខ្លួន ដោយប្រការដូច្នេះហើយ ក៏លះបង់​ទិដ្ឋិនោះចេញផង មិនបានប្រកាន់​ទិដ្ឋិឯទៀតផង។ ការលះបង់នូវទិដ្ឋិទាំងនុ៎ះ តែងមាន​ដោយប្រការយ៉ាងនេះ ការរលាស់ចោល នូវ​ទិដ្ឋិទាំងនោះ តែងមាន ដោយ​ប្រការយ៉ាង​នេះ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍​ណា មានវាទៈ​យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា របស់ទាំងអស់ មិនគួរដល់អាត្មាអញ វិញ្ញូបុរស តែង​ពិចារណាឃើញ ក្នុងទិដ្ឋិនោះ យ៉ាងនេះថា សេចក្តីយល់ របស់អាត្មាអញណាថា របស់ទាំង​អស់ មិនគួរដល់អាត្មាអញ ប្រសិនបើអាត្មាអញ ស្ទាបអង្អែល ប្រកាន់ខ្ជាប់​ទិដ្ឋិនេះ ហើយនិយាយតាមកំឡាំងចិត្ត ដោយមាំមួនថា នេះជារបស់ពិត របស់ដទៃ​ជា​មោឃៈ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាកសមណព្រាហ្មណ៍ទាំងពីរពួក គឺសមណ​ព្រាហ្មណ៍ ដែល​មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា របស់ទាំងអស់ គួរដល់អាត្មា​អញពួក១ សមណព្រាហ្មណ៍​ដែល​មាន​វាទៈ​ យ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញពួក១ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាក​សមណព្រាហ្មណ៍​ទាំងពីរពួកនេះឯង។ កាលបើប្រកាន់ខុស យ៉ាងនេះមានហើយ ការទាស់​ទែងគ្នាក៏មាន កាលការទាស់ទែងគ្នាមានហើយ សេចក្តីគុំគួនគ្នាក៏មាន កាលសេចក្តីគុំគួនគ្នាមានហើយ ការបៀតបៀនគ្នាក៏មាន។ កាលវិញ្ញូបុរសនោះ ពិចារណាឃើញច្បាស់ នូវសេចក្តីប្រកាន់ខុស សេចក្តីទាស់ទែងគ្នា សេចក្តីគុំគួនគ្នា និងសេចក្តីបៀតបៀនគ្នា (ថាជាទោសមាន) ក្នុងខ្លួន ដោយប្រការដូច្នេះហើយ ក៏លះបង់​នូវទិដ្ឋិនោះចេញផង មិនប្រកាន់​ទិដ្ឋិឯទៀតផង។ ការលះបង់ទិដ្ឋិទាំងនុ៎ះ តែងមាន​ដោយប្រការយ៉ាងនេះ ការរលាស់ចោល នូវ​ទិដ្ឋិទាំងនុ៎ះ តែងមានដោយប្រការយ៉ាងនេះ។ ម្នាលអគ្គិវេស្សនៈ ក្នុងទិដ្ឋិអម្បាលនោះ ពួកសមណព្រាហ្មណ៍​ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះមិនគួរ​ដល់អាត្មាអញ វិញ្ញូបុរស តែង​ពិចារណា​ឃើញ ក្នុងទិដ្ឋិនោះយ៉ាងនេះថា សេចក្តីឃើញរបស់អាត្មាអញណាថា របស់ខ្លះ គួរដល់អាត្មាអញ របស់ខ្លះ មិនគួរដល់អាត្មាអញ ប្រសិនបើអាត្មាអញ ស្ទាបអង្អែល ប្រកាន់ខ្ជាប់ទិដ្ឋិនេះ ហើយនិយាយតាមកំឡាំងចិត្ត ដោយមាំមួនថា នេះជារបស់ពិត របស់ដទៃជាមោឃៈ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាកសមណ​ព្រាហ្មណ៍​ទាំងពីរពួក គឺសមណព្រាហ្មណ៍ ដែល​មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា របស់ទាំងអស់ គួរ​ដល់​អាត្មាអញពួក១ សមណព្រាហ្មណ៍មានវាទៈយ៉ាងនេះ មានទិដ្ឋិ​យ៉ាងនេះថា របស់​ទាំងអស់ មិនគួរដល់អាត្មាអញពួក១ អាត្មាអញ ក៏នឹងប្រកាន់ខុស ចាក​សមណ​ព្រាហ្មណ៍​ទាំងពីរពួកនេះ ដោយប្រការដូច្នេះ។ កាលបើប្រកាន់ខុស​យ៉ាងនេះមានហើយ ការទាស់​ទែងគ្នាក៏មាន កាលបើការទាស់ទែងគ្នាមានហើយ សេចក្តីគុំគួនក៏មាន កាលបើសេចក្តីគុំគួន មានហើយ សេចក្តីបៀតបៀនគ្នាក៏មាន។ កាលវិញ្ញូបុរសនោះ ពិចារណាឃើញច្បាស់ នូវសេចក្តីប្រកាន់ខុស សេចក្តីទាស់ទែងគ្នា សេចក្តីគុំគួនគ្នា និងសេចក្តីបៀតបៀន (ថាជាទោស មាន) ក្នុងខ្លួន ដោយប្រការ​ដូច្នេះហើយ ក៏លះបង់ ​នូវទិដ្ឋិនោះចេញផង មិនប្រកាន់​ទិដ្ឋិឯទៀតផង។ ការលះបង់ នូវទិដ្ឋិទាំងនុ៎ះ តែងមាន​ដោយប្រការយ៉ាងនេះ ការរលាស់ចោល នូវ​ទិដ្ឋិទាំងនោះ តែងមានដោយ​ប្រការ​យ៉ាង​នេះ។

[៣៣] ម្នាលអគ្គិវេស្សនៈ ក៏ឯកាយនេះ មានរូបជាទីប្រជុំនៃមហាភូតទាំង៤ (ដី ទឹក ភ្លើង ខ្យល់) កើតមកអំពីមាតាបិតា ចំរើនឡើងដោយបាយ និងនំកុម្មាស មាន​ការមិនទៀង មានការគក់ច្របាច់ ការដុសខាត់មន្ទិល ក្លិនស្អុយ ការបែកធ្លាយនឹងការរាត់​រាយទៅ ជាធម្មតា បុគ្គល គួរពិចារណាឃើញច្បាស់ ដោយសភាពជារបស់មិនទៀង ជាទុក្ខ ជារោគ ថាបីដូចជាបូស ថាបីដូចជាកូនសរ​ ជាសេចក្តីលំបាក ជាជម្ងឺ ជារបស់អ្នកដទៃ ជារបស់​វិនាសសាបសូន្យ មិនមែនខ្លួនប្រាណ។ កាលបុគ្គលនោះ ពិចារណាឃើញច្បាស់ នូវកាយនេះថា ជារបស់មិនទៀង ជាទុក្ខ ជារោគ ថាបីដូចជាបូស ថាបីដូចជាកូនសរ​ ជាសេចក្តីលំបាក ជាជម្ងឺ ជារបស់អ្នកដទៃ ជារបស់​វិនាសសាបសូន្យ មិនមែនខ្លួនប្រាណ សេចក្តីប្រាថ្នាក្នុងកាយ និងសេចក្តីអាល័យកាយ ទាំងកិលេស ដែលប្រព្រឹត្តទៅ តាមកាយណា កិលេសតណ្ហានោះ គេក៏លះបង់បាន។

[៣៤] ម្នាលអគ្គិវេស្សនៈ វេទនានេះ មាន៣ប្រការគឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១។ ម្នាលអគ្គិវេស្សនៈ សម័យណា បុគ្គលទទួលសុខវេទនា សម័យ​នោះ មិនទទួលទុក្ខវេទនា មិនទទួលអទុក្ខមសុខវេទនាទេ ក្នុងសម័យនោះ ទទួល​ចំពោះតែសុខ​វេទនា។ ម្នាលអគ្គិវេស្សនៈ សម័យណា បុគ្គលទទួលទុក្ខវេទនា សម័យ​នោះ មិន​ទទួល​សុខវេទនា មិនទទួលអទុក្ខមសុខវេទនាទេ សម័យនោះ ទទួល​ចំពោះតែទុក្ខ​វេទនា។ ម្នាលអគ្គិវេស្សនៈ សម័យណា បុគ្គលទទួលអទុក្ខមសុខវេទនា សម័យ​នោះ មិនទទួល​សុខវេទនា មិនទទួលទុក្ខវេទនាទេ សម័យនោះ ទទួល​ចំពោះតែអទុក្ខមសុខ​វេទនា។ ម្នាលអគ្គិវេស្សនៈ សុខវេទនាជារបស់មិនទៀង ជារបស់ដែលសង្ខារតាក់តែងកើតឡើង​ហើយ មានកិរិយាអស់ទៅ និងសូន្យទៅជាធម្មតា មានកិរិយាក្លាយទៅ ទាំងមានកិរិយា​រលត់ទៅវិញ ជាធម្មតា។ ម្នាលអគ្គិវេស្សនៈ ទុក្ខវេទនា ក៏ជារបស់មិនទៀង ជារបស់ដែល​សង្ខារតាក់តែងកើតឡើងហើយ តែងអស់ទៅ និងសូន្យទៅជាធម្មតា មានកិរិយាក្លាយទៅ ទាំងមានកិរិយារលត់ទៅ ជាធម្មតា។ ម្នាលអគ្គិវេស្សនៈ សូម្បីអទុក្ខមសុខវេទនា ក៏ជារបស់​មិនទៀង ជារបស់ដែលសង្ខារតាក់តែងកើតឡើងហើយ តែងអស់ទៅ និងសូន្យទៅជា​ធម្មតា មានកិរិយាក្លាយទៅ និងរលត់ទៅជាធម្មតា។ ម្នាលអគ្គិវេស្សនៈ អរិយសាវ័កអ្នក​បាន​ស្តាប់ហើយ កាលឃើញយ៉ាងនេះ រមែងនឿយណាយ ចាកសុខវេទនាផង នឿយណាយចាកទុក្ខវេទនាផង នឿយណាយចាកអទុក្ខមសុខវេទនាផង កាលបើនឿយ​ណាយហើយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ចិត្តរមែងរួចចាកកិលេស កាលចិត្តរួច​ចាកកិលេសហើយ ញាណក៏កើតឡើងច្បាស់ថា ចិត្តរួចស្រឡះហើយ ដឹង​ច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ បាននៅចប់ហើយ កិច្ចដែលគួរធ្វើ បានធ្វើរួច​ស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានឡើយ។ ម្នាលអគ្គិវេស្សនៈ ភិក្ខុដែលមានចិត្ត​ផុតស្រឡះយ៉ាងនេះ រមែង​មិននិយាយ​ផ្សំនឹងអ្នកណាៗ មិននិយាយទទឹងទាស់នឹង​អ្នកណាៗ វាចាណា ដែលគេនិយាយហើយ ក្នុងលោក ក៏ពោលទៅតាមវាចានោះ តែ​មិនបានស្ទាបអង្អែល (ដោយទិដ្ឋិ)។

[៣៥] សម័យនោះឯង ព្រះសារីបុត្រមានអាយុ គង់ខាងព្រះប្រឹស្តាង្គនៃ​ព្រះមាន​ព្រះភាគ បក់ថ្វាយព្រះមានព្រះភាគ។ ក្នុងលំដាប់នោះ ព្រះសារីបុត្រមានអាយុ មាន​សេចក្តី​ត្រិះរិះ យ៉ាងនេះថា បានឮថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ការលះបង់នូវ​ពួកធម៌នោះៗ ដោយប្រាជ្ញា ដ៏ក្រៃលែង ដល់យើងទាំងឡាយ បានឮថា ព្រះសុគត ទ្រង់ត្រាស់​ការរលាស់ចោល នូវ​ពួកធម៌នោះៗ ដោយប្រាជ្ញា ដ៏ក្រៃលែង ដល់​យើង​ទាំងឡាយ។ កាលព្រះសារីបុត្រមានអាយុ កំពុងពិចារណាហេតុនេះ ស្រាប់តែចិត្តលោក​ក៏ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដោយប្រការដូច្នេះ។ ធម្មចក្ខុ ដែល​ប្រាសចាកធូលី ប្រាសចាកមន្ទិល បានកើតឡើងហើយ ដល់ទីឃនខ​បរិព្វាជកថា ធម្មជាតិអ្វីមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតិទាំងអស់នោះ រមែង​រលត់ទៅវិញជាធម្មតា។

[៣៦] គ្រានោះ ទីឃនខបរិព្វាជក បានឃើញធម៌ហើយ បានដល់ធម៌ហើយ បានដឹង​ច្បាស់នូវធម៌ហើយ មានចិត្តចុះស៊ប់ក្នុងធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ ជាហេតុពោលថាអ្វីៗ ដល់នូវសេចក្តីក្លៀវក្លា មិនជឿស្តាប់​បុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសហើយ ដោយអនេក​បរិយាយ យ៉ាងនេះ ដូចជាគេផ្ងាររបស់ ដែលផ្កាប់ ឬបើកបង្ហាញវត្ថុ​ដែលបិទបាំងទុក ឬក៏ប្រាប់ផ្លូវ ដល់មនុស្សវង្វេងទិស ពុំនោះសោត ដូចជាមនុស្ស​កាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក (ភ្លឺ) មើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះ​ភិក្ខុសង្ឃផង ជាទីពឹងទីរលឹក សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសក ដល់សរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះ តទៅ។

ចប់ ទីឃនខសូត្រ ទី៤។

មាគណ្ឌិយសូត្រ ទី៥

(៥. មាគណ្ឌិយសុត្តំ)

[៣៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេច​គង់លើ​កម្រាលស្មៅ ក្នុងរោងសម្រាប់បូជាភ្លើង របស់ព្រាហ្មណ៍ឈ្មោះ ភារទ្វាជគោត្ត ក្នុងកម្មាសធម្មនិគម របស់ពួកជនកុរុ ក្នុងដែនកុរុ។​ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ហើយស្តេចចូលទៅកាន់កម្មាសធម្មនិគម ដើម្បីបិណ្ឌបាត ក្នុងបុព្វណ្ហសម័យ។ លុះចូលទៅបិណ្ឌបាត ក្នុងកម្មាសធម្មនិគមហើយ ត្រឡប់មកពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ស្តេចតម្រង់ចូលទៅកាន់ដងព្រៃមួយ ទ្រង់អាស្រ័យ​ដងព្រៃនោះ ដើម្បីសម្រាកក្នុងវេលាថ្ងៃ ហើយគង់ទៀបគល់ឈើមួយដើម ក្នុងវេលាថ្ងៃ។

[៣៨] គ្រានោះ មាគណ្ឌិយបរិព្វាជក កំពុងចង្ក្រមត្រាច់ដើរទៅមក ដើម្បីសម្រាកកំឡាំងស្មង ក៏ចូលទៅកាន់រោង សម្រាប់បូជាភ្លើង របស់ភារទ្វាជគោត្ត​ព្រាហ្មណ៍។ មាគណ្ឌិយបរិព្វាជក បានឃើញកម្រាលស្មៅ ក្នុងរោងសម្រាប់បូជាភ្លើង របស់​ភារទ្វាជគោត្តព្រាហ្មណ៍ លុះឃើញហើយ ទើបនិយាយនឹងភារទ្វាជគោត្តព្រាហ្មណ៍ យ៉ាងនេះថា នែសម្លាញ់ កម្រាលស្មៅថ្មីនេះ ដែលភារទ្វាជគោត្តឯងក្រាលទុក ​ក្នុងរោង​សម្រាប់បូជាភ្លើង បម្រុងអ្នកណា ទំនងគួរជាទីសប្បាយរបស់សមណៈទេដឹង។ ម្នាល​មាគណ្ឌិយៈដ៏ចំរើន មានសមណៈ ជាគោតមគោត្ត ជាសក្យបុត្រ ចេញចាកសក្យត្រកូល​បួស កិត្តិស័ព្ទដ៏ល្អ នៃព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុះសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គ​ត្រាស់​ដឹង​នូវញេយ្យធម៌ទាំងពួង ចំពោះព្រះអង្គដោយប្រពៃ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និង​ចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរ​ល្អ ទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់ នូវត្រៃលោក ព្រះអង្គប្រសើរ ដោយសីលាទិគុណ មិនមានបុគ្គលណាមួយស្មើ ព្រះអង្គ ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងអរិយសច្ចធម៌ ព្រះអង្គ​លែងវិលមក​កាន់ភពថ្មីទៀត ខ្ញុំក្រាល​សេយ្យានេះ បម្រុងព្រះគោតមដ៏ចំរើនអង្គនោះ។ ម្នាលភារទ្វាជៈ ពួកយើងបានឃើញទីសេយ្យា របស់ព្រះគោតមដ៏ចំរើន ជាអ្នកកំចាត់បង់​នូវសេចក្តី​ចំរើនចោលចេញនោះ ឈ្មោះថា បានឃើញនូវហេតុដែលគេមិនគួរ​ឃើញទេ2) តើ។ ម្នាលមាគណ្ឌិយៈ អ្នកឯងត្រូវរក្សាសំដីនេះ3) ម្នាលមាគណ្ឌិយៈ អ្នកឯងត្រូវរក្សានូវវាចានេះ4) ដ្បិតពួកខត្តិយ​បណ្ឌិត ព្រាហ្មណបណ្ឌិត គហបតិបណ្ឌិត និងពួកសមណបណ្ឌិតជាច្រើន បាននាំគ្នា​ជ្រះថ្លា ចំពោះព្រះសមណគោតមអង្គនោះ ព្រះអង្គទ្រង់ណែនាំ ក្នុងធម៌ជាកុសល ជាគ្រឿង​ចេញទៅដ៏ប្រសើរ។ ម្នាលភារទ្វាជៈ ប្រសិនបើយើងគប្បីឃើញ ព្រះគោតម​ដ៏ចំរើនអង្គនោះ ក្នុងទីចំពោះព្រះភក្ត្រសោត យើងគប្បីនិយាយនឹងលោក ក្នុងទីចំពោះ​ព្រះភក្ត្រថា ព្រះសមណគោតម កំចាត់បង់​នូវសេចក្តី​ចំរើនដូច្នេះ សេចក្តីនោះ ព្រោះហេតុអ្វី ព្រោះចុះសម្រុងគ្នានឹងសូត្ររបស់យើងយ៉ាងនេះ។ ប្រសិនបើសេចក្តីនោះ មិនទទឹងទាស់ដល់មាគណ្ឌិយៈទេ ខ្ញុំនឹងក្រាបទូល ចំពោះព្រះសមណគោតម អង្គនោះ។ ភារទ្វាជៈដ៏ចំរើន គប្បីមានសេចក្តីខ្វល់ខ្វាយតិច ខ្ញុំនិយាយ​ផ្តើមរួចហើយ ត្រូវនិយាយ​នឹង​ព្រះគោតមនោះទៀតចុះ។

[៣៩] ព្រះមានព្រះភាគ បានទ្រង់ព្រះសណ្តាប់ភារទ្វាជព្រាហ្មណ៍ ដែលកំពុង​និយាយចរចាជាមួយនឹង​ មាគណ្ឌិយបរិព្វាជក ដោយព្រះសោតធាតុដ៏ជាទិព្វ បរិសុទ្ធ កន្លងហួស​សោតធាតុ របស់មនុស្សធម្មតា។ ទើបព្រះមានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ (ផលសមាបត្តិ) ក្នុងសាយណ្ហសម័យ ស្តេចចូលទៅកាន់រោងសម្រាប់បូជាភ្លើង របស់ភារទ្វាជគោត្តព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើកម្រាលស្មៅ ដែល​ភារទ្វាជគោត្តព្រាហ្មណ៍ក្រាលថ្វាយ។ គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ និយាយពាក្យសំណេះសំណាល ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភារទ្វាជគោត្តព្រាហ្មណ៍ ដែល​អង្គុយក្នុងទីដ៏សមគួរហើយ យ៉ាងនេះថា ម្នាលភារទ្វាជៈ ចុះពាក្យចរចា ដែលអ្នក​បាននិយាយជាមួយនឹង​មាគណ្ឌិយបរិព្វាជក ប្រារព្ធរឿងកម្រាលស្មៅនេះ ចុះសម្រុង​គ្នា ដូចម្តេចទៅ។ កាលព្រះអង្គ ទ្រង់ត្រាស់យ៉ាងនេះហើយ ភារទ្វាជគោត្តព្រាហ្មណ៍ ភ្ញាក់ព្រើត កើតសេចក្តីព្រឺរោម ហើយបានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា យើងខ្ញុំព្រះអង្គ បម្រុងនឹងក្រាបទូលពាក្យនុ៎ះ ចំពោះព្រះមានព្រះភាគជាម្ចាស់ដែរ ស្រាប់តែ​ព្រះគោតមជាម្ចាស់ ទ្រង់ត្រាស់សួរ នូវពាក្យដែលខ្ញុំព្រះអង្គ មិនទាន់ក្រាបទូល។ ក៏ឯពាក្យជាចន្លោះនេះ​ ដែលព្រះមានព្រះភាគ កំពុងតែចរចាជាមួយនឹង​ភារទ្វាជគោត្តព្រាហ្មណ៍ ក៏ដាច់ពាក់កណ្តាលទៅ។ គ្រានោះ មាគណ្ឌិយបរិព្វាជក កំពុងដើរ​ចង្ក្រមត្រាច់ទៅមក ដើម្បីនឹងសម្រាកស្មង ក៏ចូលទៅគាល់ព្រះមានព្រះភាគ ឯ​រោង​សម្រាប់បូជាភ្លើង របស់ភារទ្វាជគោត្តព្រាហ្មណ៍ លុះចូលទៅដល់ហើយ ទើបក្រាបទូល​រាក់ទាក់ សំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួរ​រីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៤០] ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងមាគណ្ឌិយបរិព្វាជក ដែលអង្គុយក្នុងទីដ៏សមគួរហើយ យ៉ាងនេះថា ម្នាលមាគណ្ឌិយៈ ចក្ខុតែងមានរូបជាទីរីក​រាយ ត្រេកអរក្នុងរូប ត្រេកត្រអាលក្នុងរូប ចក្ខុនោះ ព្រះតថាគត បានទូន្មាន គ្រប់គ្រង រក្សា សង្រួមរួចហើយ មួយយ៉ាងទៀត ព្រះតថាគត បានសំដែងធម៌ ដើម្បីសង្រួមចក្ខុនោះ ម្នាលមាគណ្ឌិយៈ ពាក្យដែលអ្នកឯងពោលថា ព្រះសមណគោតម ជាអ្នកកំចាត់បង់​ នូវ​សេចក្តីចំរើន ដូច្នេះ​ ត្រូវត្រង់ហេតុនុ៎ះទេតើ។ បពិត្រព្រះគោតមដ៏ចំរើន ពាក្យដែលខ្ញុំ​ព្រះអង្គ បានពោលថា ព្រះសមណគោតម ជាអ្នកកំចាត់បង់​ នូវ​សេចក្តីចំរើន ដូច្នេះ​ ត្រូវត្រង់ហេតុនុ៎ះមែនហើយ សេចក្តីនោះ ព្រោះហេតុអ្វី ព្រោះចុះសម្រុងគ្នា នឹងសូត្រ​របស់​យើង យ៉ាងនេះ។ ម្នាលមាគណ្ឌិយៈ ត្រចៀក មានសំឡេងជាទីរីក​រាយ។បេ។ ម្នាលមាគណ្ឌិយៈ ច្រមុះ មានក្លិនជាទីរីក​រាយ… ម្នាលមាគណ្ឌិយៈ អណ្តាត មានរសជាទីរីក​រាយ ត្រេកអរក្នុងរស មានរសជាទីត្រេកត្រអាល អណ្តាតនោះ ព្រះតថាគត បានទូន្មាន គ្រប់គ្រង រក្សា សង្រួមរួចហើយ មួយយ៉ាងទៀត ព្រះតថាគត បានសំដែងធម៌ ដើម្បីសង្រួមអណ្តាតនោះ ម្នាលមាគណ្ឌិយៈ ពាក្យដែលអ្នកឯងពោលថា ព្រះសមណគោតម ជាអ្នកកំចាត់បង់​ នូវ​សេចក្តីចំរើន ដូច្នេះ​ ត្រូវត្រង់ហេតុនុ៎ះទេតើ។ បពិត្រព្រះគោតមដ៏ចំរើន ពាក្យដែលខ្ញុំ​ព្រះអង្គពោលថា ព្រះសមណគោតម ជាអ្នកកំចាត់បង់​ នូវ​សេចក្តីចំរើន ដូច្នេះ​ ត្រូវត្រង់ហេតុនុ៎ះមែនហើយ សេចក្តីនោះ ព្រោះហេតុអ្វី ព្រោះថាចុះសម្រុងគ្នា នឹងសូត្រ​របស់​យើងយ៉ាងនេះ។ ម្នាលមាគណ្ឌិយៈ កាយ មានផោដ្ឋព្វៈជាទីរីក​រាយ។បេ។ ម្នាលមាគណ្ឌិយៈ ចិត្ត មានធម្មារម្មណ៍ ជាទីរីករាយ ត្រេកអរក្នុងធម្មារម្មណ៍ ត្រេកត្រអាលក្នុងធម្មារម្មណ៍ ចិត្តនោះ ព្រះតថាគត បានទូន្មាន គ្រប់គ្រង រក្សា សង្រួមរួចហើយ មួយយ៉ាងទៀត ព្រះតថាគត បានសំដែងធម៌ ដើម្បី​សង្រួម​ចិត្តនោះ ម្នាលមាគណ្ឌិយៈ ពាក្យដែលអ្នកពោលថា ព្រះសមណគោតម ជាអ្នកកំចាត់បង់​ នូវ​សេចក្តីចំរើន ដូច្នេះ​ ត្រូវត្រង់ហេតុនុ៎ះទេតើ។ បពិត្រព្រះគោតម​ដ៏ចំរើន ពាក្យដែលខ្ញុំ​ព្រះអង្គពោលថា ព្រះសមណគោតម ជាអ្នកកំចាត់បង់​ នូវ​សេចក្តីចំរើន ដូច្នេះ​ ត្រូវត្រង់ហេតុនុ៎ះមែនហើយ សេចក្តីនោះ ព្រោះហេតុអ្វី ព្រោះថាចុះសម្រុងគ្នា នឹងសូត្រ​របស់​យើងនេះ។

[៤១] ម្នាលមាគណ្ឌិយៈ អ្នកសំគាល់ហេតុនោះដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ធ្លាប់ឲ្យគេបំរើ ដោយរូបទាំងឡាយ ដែលគួរដឹង​ច្បាស់ ដោយចក្ខុ ជាទីប្រាថ្នា ជាទីគាប់ចិត្ត ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីត្រេកអរ លុះគ្រាក្រោយមក បុគ្គលនោះ ដឹងច្បាស់នូវហេតុដែលនាំឲ្យកើតឡើង​ផង នូវសេចក្តីវិនាសផង នូវសេចក្តី​ត្រេកអរផង នូវទោសផង នូវធម៌​ជាគ្រឿង​រលាស់ចេញ​ផង សុទ្ធតែសម្រាប់រូបទាំងឡាយ តាមដោយសេចក្តីពិត ហើយក៏លះបង់​នូវ​សេចក្តីប្រាថ្នាក្នុងរូប បន្ទោបង់នូវសេចក្តីក្តៅក្រហាយ ក្នុងរូប ជាអ្នកប្រាសចាកសេចក្តី​ស្រេកឃ្លាន មានចិត្តស្ងប់រម្ងាប់ តាំងនៅក្នុងសន្តាន សម្រាន្តនៅ ម្នាលមាគណ្ឌិយៈ ចុះអ្នកឯង គប្បីថាឲ្យបុគ្គលនេះដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន ឥតមាន​ថា​អ្វី​កើតទេ។ ម្នាលមាគណ្ឌិយៈ អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ (ធ្លាប់ឲ្យគេបំរើ) ដោយសំឡេងទាំងឡាយ ដែលគប្បីដឹង​ ដោយ​ត្រចៀក។បេ។ ដោយក្លិនទាំងឡាយ ដែលគប្បីដឹង ដោយច្រមុះ… ដោយរស​ទាំងឡាយ ដែលគប្បីដឹង ដោយអណ្តាត… ធ្លាប់ឲ្យគេបម្រើ ដោយផោដ្ឋព្វៈទាំងឡាយ ដែល​គប្បីដឹង ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ លុះគ្រាក្រោយមក បុគ្គលនោះ ដឹងច្បាស់​នូវហេតុ ដែលនាំឲ្យកើតឡើង​ផង នូវសេចក្តីវិនាសផង នូវសេចក្តី​ត្រេកអរផង នូវ​ទោស​ផង នូវធម៌​ជាគ្រឿង​រលាស់ចេញ​ផង សុទ្ធតែសម្រាប់ផោដ្ឋព្វៈទាំងឡាយ តាមសេចក្តីពិត ហើយ ក៏លះបង់​ នូវ​សេចក្តីប្រាថ្នា ក្នុងផោដ្ឋព្វៈ បន្ទោបង់ នូវសេចក្តីក្តៅក្រហាយ ក្នុងផោដ្ឋព្វៈ ប្រាសចាកសេចក្តី​ស្រេកឃ្លាន មានចិត្តស្ងប់រម្ងាប់ តាំងនៅក្នុងសន្តាន សម្រាន្តនៅ ម្នាលមាគណ្ឌិយៈ ចុះអ្នកឯង គប្បីថាឲ្យបុគ្គលនេះ ដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន ឥតមានថាអ្វីកើតទេ។

[៤២] ម្នាលមាគណ្ឌិយៈ កាលពីដើម តថាគតនៅជាគ្រហស្ថ ក៏ធ្លាប់ឆ្អែតឆ្អន់ មូល​មិត្ត ឲ្យគេបម្រើ ដោយកាមគុណទាំង៥ គឺរូប ដែលគប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួររីករាយ សំឡេង​ដែលគប្បីដឹង ដោយត្រចៀក។បេ។ ក្លិនដែលគប្បីដឹងដោយច្រមុះ… រសដែល​គប្បី​ដឹងដោយអណ្តាត… ផោដ្ឋព្វៈ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​ពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ។ ម្នាលមាគណ្ឌិយៈ តថាគតនោះ មានប្រាសាទ៣ខ្នង ប្រាសាទមួយ សម្រាប់​នៅ​ក្នុងរដូវភ្លៀង ប្រាសាទមួយ សម្រាប់នៅក្នុងរដូវរងា ប្រាសាទមួយ សម្រាប់នៅ​ក្នុង​រដូវក្តៅ។ ម្នាលមាគណ្ឌិយៈ តថាគតនោះ ឲ្យគេបម្រើ​ដោយតន្ត្រី ដែលឥតបុរស លើប្រាសាទសម្រាប់នៅ ក្នុងរដូវភ្លៀង អស់៤ខែ មិនដែលចុះមកខាងក្រោមសោះ។ លុះគ្រាក្រោយមក តថាគតនោះ ដឹងច្បាស់ នូវហេតុដែលនាំឲ្យកើតឡើងផង នូវសេចក្តី​វិនាសផង នូវ​សេចក្តីត្រេកអរផង នូវ​ទោសផង នូវធម៌សម្រាប់រលាស់ចោលផង សុទ្ធតែ​សម្រាប់​កាមទាំងឡាយ តាម​សេចក្តីពិត ហើយក៏លះបង់ នូវសេចក្តី​ប្រាថ្នាក្នុងកាម បន្ទោបង់ នូវសេចក្តីក្តៅក្រហាយ ក្នុងកាម ប្រាសចាកសេចក្តីស្រេកឃ្លាន មានចិត្ត​ស្ងប់រម្ងាប់ តាំងនៅក្នុងសន្តាន សម្រាន្តនៅ។ តថាគតនោះ ឃើញសត្វទាំងឡាយឯទៀត មិនទាន់ប្រាសចាកតម្រេក ក្នុងកាម​ទាំងឡាយ ដែលសេចក្តីប្រាថ្នាក្នុងកាមកំពុង​ទំពាស៊ី ជាអ្នកក្តៅក្រហាយ ដោយសេចក្តីក្តៅក្រហាយព្រោះកាម កំពុងសេពនូវកាមទាំងឡាយ តថាគតនោះ មិនប្រាថ្នាពួកជននោះ មិនរីករាយ ក្នុងការសេពកាមនោះ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលមាគណ្ឌិយៈ ព្រោះថា កាលបុគ្គលត្រេកអរ ដោយសេចក្តីត្រេកអរ វៀរលែង​ចាកកាម​ទាំងឡាយ វៀរលែងចាកអកុសលធម៌ទាំងឡាយ ក៏នៅជា​អ្នក​ថោកថយ ព្រោះ​ហេតុដូច្នោះ តថាគត ទើបមិនប្រាថ្នា មិនរីករាយ ក្នុងការ​សេពកាម​នោះឡើយ។

[៤៣] ម្នាលមាគណ្ឌិយៈ ដូចជាគហបតី ឬគហបតិបុត្ត ដែលមានទ្រព្យច្រើនស្តុក​ស្តម្ភ មានសម្បត្តិច្រើន ស្កប់ស្កល់មូលមិត្ត ឲ្យគេបម្រើដោយកាមគុណទាំង៥ គឺដោយរូប ដែល​គប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយ​កាម គួរជាទីរីករាយ ដោយសំឡេង ដែលគប្បីដឹងដោយសោតៈ។បេ។ ដោយក្លិន ដែលគប្បីដឹងដោយឃានៈ។បេ។ ដោយរសដែលគប្បី​ដឹងដោយជីវ្ហា។បេ។ ដោយផោដ្ឋព្វៈ ដែលគប្បីដឹងច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយ​កាម គួរជាទីរីករាយ។ គហបតីនោះ ប្រព្រឹត្ត​សុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏បាន​ទៅកាន់​ទេវលោក គឺឋានសួគ៌ ជាសុគតិ ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស។ ទេវបុត្តនោះ មានពួក​ស្រីអប្សរហែហម ចោមរោម ក្នុងសួននន្ទវ័ន ក្នុងទេវលោកនោះ ស្កប់ស្កល់​មូលមិត្ត បម្រើដោយកាមគុណ​ទាំង៥​ដ៏ជាទិព្វ។ ទេវបុត្រនោះ គប្បីឃើញ​នូវគហបតី ឬគហបតិបុត្រ ដែលកំពុង​ស្កប់ស្កល់​មូលមិត្ត បម្រើដោយ​កាមគុណទាំង៥។ ម្នាល​មាគណ្ឌិយៈ អ្នកសំគាល់ហេតុនោះ ដូចម្តេច ចុះទេវបុត្រនោះ មានពួក​ស្រីអប្សរហែហម ចោមរោម​ក្នុងសួន​នន្ទវ័ន​ស្កប់ស្កល់មូលមិត្ត បម្រើដោយកាមគុណ​ទាំង៥ ដ៏ជាទិព្វ ហើយមកប្រាថ្នាគហបតី ឬគហបតិបុត្រឯណោះ ហើយវិលត្រឡប់​មក​រកកាមគុណ​​ទាំង៥ ជារបស់មនុស្ស ដោយកាម​ជារបស់​មនុស្ស​វិញដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន មិនត្រឡប់មកវិញទេ សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះកាម​ដ៏ជាទិព្វ កន្លងហួស ប្រសើរផុតកាម​ជារបស់​មនុស្ស។ យ៉ាងនេះមែនហើយ ម្នាលមាគណ្ឌិយៈ កាលពីដើម តថាគត​នៅជាគ្រហស្ថ ធ្លាប់ស្កប់ស្កល់​មូលមិត្ត ឲ្យគេ​បម្រើ​ដោយកាមគុណទាំង៥ គឺដោយរូប ដែល​គប្បីដឹងច្បាស់​ដោយចក្ខុ ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទីពេញចិត្ត មានសភាព​គួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ ដោយសំឡេង ដែលគប្បីដឹង​ដោយ​សោតៈ។បេ។ ដោយក្លិន ដែលគប្បី​ដឹង​ដោយឃានៈ។បេ។ ដោយរស ដែលគប្បីដឹង​ដោយជិវ្ហា។បេ។ ដោយផោដ្ឋព្វៈ ដែលគប្បី​ដឹង​ដោយកាយ ជាទីប្រាថ្នា ជាទីគាប់ចិត្ត ជាទី​ត្រេកអរ មានសភាព​គួរ​​ស្រឡាញ់ ប្រកប​ដោយកាម គួរជាទីរីករាយ។ លុះគ្រាក្រោយមក តថាគតនោះ ដឹងច្បាស់ ​នូវហេតុដែល​នាំឲ្យ​កើតផង នូវសេចក្តីវិនាសផង នូវសេចក្តី​ត្រេកអរផង នូវទោសផង នូវ​ធម៌ជាគ្រឿង​រលាស់ចោលផង សុទ្ធតែសម្រាប់​កាមទាំងឡាយ តាមសេចក្តីពិតហើយ ក៏លះបង់​នូវសេចក្តីប្រាថ្នាក្នុងកាម បន្ទោបង់​នូវសេចក្តី​ក្តៅក្រហាយក្នុងកាម ប្រាសចាក​សេចក្តីស្រេកឃ្លាន មានចិត្តស្ងប់រម្ងាប់​តាំងនៅ​ក្នុងសន្តានសម្រាន្តនៅ។ តថាគតនោះ ឃើញ​នូវសត្វទាំងឡាយឯទៀត មិនទាន់ប្រាស​ចាក​តម្រេក ក្នុងកាមទាំងឡាយ ដែល​កាមតណ្ហាកំពុង​ទំពាស៊ី ក្តៅក្រហាយ ដោយសេចក្តីក្តៅក្រហាយព្រោះកាម កំពុង​សេព​កាម តថាគតនោះ មិនប្រាថ្នាពួកជននោះ មិនរីករាយក្នុងការសេពកាមនោះ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលមាគណ្ឌិយៈ ព្រោះថា កាលបុគ្គលត្រេកអរ ដោយសេចក្តីត្រេកអរ វៀរលែង​ចាកកាម វៀរលែងចាកអកុសលធម៌ ទោះបីនៅប្រកាន់សុខជាទិព្វនៅឡើយ ក៏នៅ​ជាអ្នកថោកថយ (ព្រោះហេតុដូច្នោះ) តថាគតទើបមិនប្រាថ្នា មិនរីករាយ ក្នុងការ​សេពកាមនោះឡើយ។

[៤៤] ម្នាលមាគណ្ឌិយៈ ដូចជាបុរសឃ្លង់ មានខ្លួនដំបៅ មានខ្លួនហើមស្ពុល ដង្កូវ​ទាំងឡាយកំពុងជញ្ជក់ស៊ី ខ្វារមុខដំបៅ ដោយក្រចកទាំងឡាយ ឆ្អើរកាយដោយរងើក​ភ្លើង ពួកមិត្តអាមាត្យ និងញាតិសាលោហិត របស់បុរសឃ្លង់នោះ គប្បីឲ្យពេទ្យអ្នកវះ​ចូលទៅថែរក្សា ពេទ្យវះនោះ ក៏បានធ្វើថ្នាំ ដល់បុរសនោះ បុរសនោះ ក៏បានជាស្បើយ​រោគឃ្លង់ ព្រោះអាស្រ័យថ្នាំ (នោះ) ជាបុគ្គលឥតរោគ សុខសប្បាយ នៅជាសេរីភាព​បាន នៅតាមទំនើងខ្លួនឯងបាន ទៅណាមកណាបាន​តាមប្រាថ្នា។ បុរសឃ្លង់នោះ បានឃើញ​បុរសឃ្លង់ឯទៀត ដែលមានខ្លួនដំបៅ មានខ្លួនហើមស្ពុល ដង្កូវទាំងឡាយ កំពុងជញ្ជក់ស៊ី ខ្វារមុខដំបៅ ដោយក្រចកទាំងឡាយ កំពុងឆ្អើរកាយលើរងើក​ភ្លើង។ ម្នាលមាគណ្ឌិយៈ អ្នកសំគាល់ហេតុនោះ ដូចម្តេច ចុះបុរសនោះ ប្រាថ្នាបុរសឃ្លង់ឯណោះ ដែលកំពុងឆ្អើរ​កាយលើរងើកភ្លើង ឬកំពុង​ផឹកថ្នាំដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនប្រាថ្នាទេ សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះកាលបើរោគមានហើយ កិច្ចដែលត្រូវការដោយថ្នាំ ក៏ត្រូវមាន កាលបើរោគមិនមានហើយ កិច្ចដែលត្រូវការ​ដោយថ្នាំ ក៏មិនត្រូវមាន។ ម្នាលមាគណ្ឌិយៈ យ៉ាងហ្នឹងមែនហើយ កាលពីដើម តថាគតនោះ នៅជាគ្រហស្ថនៅឡើយ ធ្លាប់ស្កប់ស្កល់មូលមិត្ត ឲ្យគេ​បម្រើដោយ​កាមគុណទាំង៥ គឺដោយរូបទាំងឡាយ ដែល​គប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ ដោយសំឡេង​ទាំងឡាយ ដែលគប្បីដឹង​ដោយសោតៈ។បេ។ ដោយក្លិនទាំងឡាយ ដែលគប្បីដឹង​ដោយឃានៈ។បេ។ ដោយរសទាំងឡាយ ដែលគប្បីដឹងច្បាស់​ដោយជិវ្ហា។បេ។ ដោយផោដ្ឋព្វៈ​ទាំងឡាយ ដែលគប្បីដឹង​ច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរ​ស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ។ លុះគ្រាក្រោយមក តថាគតនោះ ដឹងច្បាស់​នូវហេតុ ដែលនាំឲ្យ​កើតឡើងផង នូវសេចក្តីវិនាសផង នូវសេចក្តី​ត្រេកអរផង នូវទោសផង នូវ​ធម៌ជាគ្រឿង​រលាស់ចេញផង សុទ្ធតែសម្រាប់​កាមទាំង​ឡាយ តាមសេចក្តីពិតហើយ ក៏លះបង់​នូវសេចក្តីប្រាថ្នា​ក្នុងកាមចេញ បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ​ក្នុងកាមចេញ ប្រាសចាក​សេចក្តីស្រេកឃ្លាន មានចិត្តស្ងប់​រម្ងាប់ ​ក្នុង​សន្តានសម្រាន្តនៅ។ តថាគតនោះ ឃើញ​នូវសត្វទាំងឡាយឯទៀត មិនទាន់ប្រាសចាក​តម្រេក ក្នុងកាមទាំងឡាយ ដែលសេចក្តីប្រាថ្នា​កាម ក្នុងកាមទាំងឡាយ កំពុង​ទំពាស៊ី កំពុងអន្ទះអន្ទែង ដោយសេចក្តី​ក្តៅក្រហាយ​ព្រោះកាម កំពុង​សេព​កាម តថាគតនោះ ទើបមិនប្រាថ្នាពួកជននោះ មិនរីករាយ ក្នុងការសេពកាមនោះឡើយ សេចក្តីនោះ ព្រោះ​ហេតុ​អ្វី ម្នាលមាគណ្ឌិយៈ ព្រោះថា កាលបុគ្គលត្រេកអរ ដោយសេចក្តីត្រេកអរ វៀរលែង​ចាកកាមទាំងឡាយ វៀរលែងចាកអកុសលធម៌ទាំងឡាយ ទោះបីនៅ​ប្រកាន់​សុខ​ជាទិព្វ​នៅ​ឡើយ ក៏ទៅ​ជាអ្នកថោកថយ (ព្រោះហេតុដូច្នោះ) តថាគតទើបមិនប្រាថ្នា មិនត្រេកអរ ក្នុងការ​សេពកាមនោះឡើយ។

[៤៥] ម្នាលមាគណ្ឌិយៈ ដូចបុរសឃ្លង់ មានខ្លួនដំបៅ មានខ្លួនហើមស្ពុល ពួកដង្កូវ​កំពុងជញ្ជក់ស៊ី ខ្វារមុខដំបៅ ដោយក្រចកទាំងឡាយ ឆ្អើរកាយលើរងើក​ភ្លើង ពួក​មិត្តអាមាត្យ និងញាតិសាលោហិត របស់បុរសឃ្លង់នោះ បានឲ្យពេទ្យអ្នកវះ​ថែរក្សា ពេទ្យវះនោះ ក៏ធ្វើថ្នាំឲ្យបុរសនោះ បុរសនោះ ក៏បានជាស្រឡះ ស្បើយចាក​រោគឃ្លង់ ព្រោះបានអាស្រ័យថ្នាំ (នោះ) ជាមនុស្សឥតរោគ មានសេចក្តីសុខ​ ជាសេរីភាព នៅតាម​ទំនើងខ្លួនឯងបាន ទៅណាមកណា បាន​តាមប្រាថ្នា។ បុរសពីរនាក់ មានកំឡាំង គប្បីចាប់​បុរសនោះ ត្រង់ដើមដៃម្ខាងម្នាក់ៗ អូសយកទៅឆ្អើរលើគំនររងើកភ្លើង។ ម្នាលមាគណ្ឌិយៈ អ្នកសំគាល់ហេតុនោះ ដូចម្តេច ចុះបុរសឃ្លង់នោះ បន្ទន់កាយតាម​ទៅដូច្នេះផង ដូច្នេះផង ដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន យ៉ាងហ្នឹងមែនហើយ សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថាភ្លើង មានសម្ផ័ស្សជា​ទុក្ខផង ក្តៅក្រហាយខ្លាំងផង រោលរាលខ្លាំងពន់ពេកណាស់ផង។ ម្នាលមាគណ្ឌិយៈ អ្នកសំគាល់​ហេតុនោះ ដូចម្តេច ចុះភ្លើងនោះ មានសម្ផ័ស្សជាទុក្ខផង ក្តៅក្រហាយ​ខ្លាំងផង រោលរាលខ្លាំងផង តែក្នុងកាលឥឡូវនេះទេឬ ឬក៏កាល​ពីដើម​មក ភ្លើងនោះ មានសម្ផ័ស្សជាទុក្ខ ក្តៅក្រហាយខ្លាំង ទាំងរោលរាលខ្លាំងដែរ។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងកាលឥឡូវនេះ ភ្លើងនោះ ក៏មានសម្ផ័ស្សជាទុក្ខ ក្តៅក្រហាយខ្លាំង រោលរាលខ្លាំងដែរ ពីដើមសោត ភ្លើងនោះ ក៏មានសម្ផ័ស្ស​ជាទុក្ខ ក្តៅក្រហាយខ្លាំង ទាំងរោលរាលខ្លាំង​ដូចគ្នា បពិត្រព្រះគោតមដ៏ចំរើន ចំណែកខាង​បុរស​ឃ្លង់ឯណោះ ដែលមានខ្លួនដំបៅ មានខ្លួនហើមស្ពុល ដង្កូវទាំងឡាយ កំពុងជញ្ជក់ស៊ី ខ្វារ​មុខដំបៅដោយក្រចកទាំងឡាយ មានឥន្ទ្រិយដែលរោគនោះ កំចាត់បង់ហើយ ក៏មាន​សេចក្តី​សំគាល់ខុស ក្នុងភ្លើងដែលមានសម្ផ័ស្សជាទុក្ខ (នោះ) ថាជាសុខស្រួលវិញ។ ម្នាលមាគណ្ឌិយៈ យ៉ាងហ្នឹងមែនហើយ ក្នុងអតីតកាល យូរអង្វែងមកហើយ កាមទាំងឡាយ មានសម្ផ័ស្សជាទុក្ខផង ក្តៅក្រហាយខ្លាំងផង រោលរាលខ្លាំងផង ក្នុងអនាគតទៅមុខ កាមទាំងឡាយមានសម្ផ័ស្សជាទុក្ខផង ក្តៅក្រហាយផង រោលរាល​ខ្លាំងផង ក្នុងបច្ចុប្បន្ន ឥឡូវនេះសោត កាមទាំងឡាយ ក៏មានសម្ផ័ស្សជាទុក្ខ ក្តៅក្រហាយខ្លាំង ទាំងរោលរាលខ្លាំង ដូច្នោះដែរ ម្នាលមាគណ្ឌិយៈ ចំណែកពួកសត្វ​ទាំងនេះ មិនទាន់ប្រាសចាកតម្រេក ក្នុងកាមទាំងឡាយ ដែលកាម​តណ្ហាកំពុង​ទំពាស៊ី រោលរាលដោយសេចក្តីក្តៅក្រហាយព្រោះកាម មានឥន្ទ្រិយត្រូវកាមកំចាត់បង់ហើយ ក៏មានសេចក្តីសំគាល់ខុស ក្នុងកាមទាំងឡាយ ដែលមានសម្ផ័ស្សជាទុក្ខ ថាជាសុខវិញ។

[៤៦] ម្នាលមាគណ្ឌិយៈ ដូចបុរសឃ្លង់ ដែលមានខ្លួនដំបៅ មានខ្លួនហើមស្ពុល ដង្កូវទាំងឡាយ ​កំពុងជញ្ជក់ស៊ី ខ្វារមុខដំបៅ ដោយក្រចកទាំងឡាយ ឲ្យគេឆ្អើរ​កាយ​លើគំនររងើក​ភ្លើង ម្នាលមាគណ្ឌិយៈ ដូចជាបុរសឃ្លង់ ដែលមានខ្លួនដំបៅ មានខ្លួន​ហើម​ស្ពុល ដង្កូវទាំងឡាយ ​កំពុងជញ្ជក់ស៊ី ខ្វារមុខដំបៅ ដោយក្រចកទាំងឡាយ ឲ្យគេឆ្អើរ​កាយ​លើរងើក​ភ្លើង យ៉ាងណាមិញ មុខដំបៅអម្បាលនោះ របស់​បុរសនោះឯង ក៏រឹងរឹតតែមិនស្អាតផង រឹងរឹតតែមានក្លិនអាក្រក់ផង រឹងរឹតតែស្អុយផង តែថា សេចក្តី​ត្រេកត្រអាល និងសេចក្តីរីករាយបន្តិច​បន្តួចនៅតែមាន ព្រោះហេតុដំបៅ ដែលខ្លួន​ខ្វារ​ត្រូវមុខ ក៏យ៉ាងនោះដែរ (សេចក្តីនេះ​ ដូចម្តេចមិញ) ម្នាលមាគណ្ឌិយៈ ពួកសត្វ ដែល​មិនទាន់ប្រាសចាកតម្រេក ក្នុងកាមទាំងឡាយ ដែល​សេចក្តីប្រាថ្នាក្នុងកាមទាំងឡាយ កំពុង​ទំពាស៊ី កំពុងរោលរាល ដោយសេចក្តីក្តៅក្រហាយព្រោះកាម សេពនូវ​កាមទាំង​ឡាយ ម្នាលមាគណ្ឌិយៈ សត្វទាំងឡាយ ​មិនទាន់ប្រាសចាកតម្រេក ក្នុងកាមទាំងឡាយ ដែល​សេចក្តីប្រាថ្នា ក្នុងកាមទាំងឡាយ កំពុង​ទំពាស៊ី កំពុងរោលរាល ដោយសេចក្តី​ក្តៅ​ក្រហាយ​ព្រោះកាម សេពនូវ​កាមទាំង​ឡាយ យ៉ាងណាមិញ កាមតណ្ហារបស់សត្វ​ទាំងឡាយ​នោះ ក៏ចំរើនឡើង សត្វទាំងនោះ ក៏ក្តៅក្រហាយ ដោយសេចក្តី​ក្រហាយ​ព្រោះ​កាម តែថា សេចក្តីត្រេកអរ និងសេចក្តីរីករាយបន្តិចបន្តួច ក៏នៅមាន ព្រោះអាស្រ័យ​នូវកាម​គុណទាំង៥ ក៏យ៉ាងនោះឯង។

[៤៧] ម្នាលមាគណ្ឌិយៈ អ្នកសំគាល់​ហេតុនោះ ដូចម្តេច អ្នកធ្លាប់បានឃើញ ធ្លាប់​បានឮព្រះរាជា ឬរាជមហាមាត្យ ដែលកំពុងស្កប់ស្កល់ មូលមិត្ត ឲ្យគេបម្រើដោយកាម​គុណ​ទាំង៥ មិនទាន់លះបង់នូវកាមតណ្ហា មិនទាន់បន្ទោបង់ នូវសេចក្តីក្តៅក្រហាយ​ព្រោះកាម ហើយប្រាសចាកសេចក្តី​សេ្រកឃ្លាន មានចិត្តស្ងប់រម្ងាប់ខាងក្នុង សម្រាន្តនៅ​ហើយផង កំពុងសម្រេចសម្រាន្តនៅផង និងសម្រាន្តនៅផង ខ្លះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន មិនដែលបានឃើញ មិនដែលបានឮទេ។ ត្រូវហើយមាគណ្ឌិយៈ ម្នាលមាគណ្ឌិយៈ សេចក្តីនុ៎ះ សូម្បីតថាគតសោត ក៏មិន​ធ្លាប់​បាន​ឃើញ ​បានឮថា ព្រះរាជា ឬរាជមហាមាត្យ ដែលកំពុងស្កប់ស្កល់ មូលមិត្ត ឲ្យគេបម្រើ ដោយកាម​គុណ​ទាំង៥ មិនទាន់លះបង់កាមតណ្ហា មិនទាន់បន្ទោបង់ នូវសេចក្តីក្តៅ​ក្តៅក្រហាយ​ព្រោះកាម ហើយប្រាសចាកសេចក្តី​សេ្រកឃ្លាន មានចិត្តស្ងប់រម្ងាប់ខាងក្នុង សម្រេចសម្រាន្តនៅ​ហើយផង កំពុងសម្រេចសម្រាន្តនៅផង និងសម្រេចសម្រាន្តនៅផង​ដែរ។ ម្នាលមាគណ្ឌិយៈ កាលបើសមណព្រាហ្មណ៍ណា ដែលប្រាសចាកសេចក្តី​សេ្រកឃ្លាន មានចិត្តស្ងប់រម្ងាប់ខាងក្នុង សម្រេចសម្រាន្តនៅ​ផង កំពុងសម្រេចសម្រាន្តនៅផង និងសម្រេចសម្រាន្តនៅផង លុះតែពួកសមណព្រាហ្មណ៍​ទាំងអស់នោះ ជ្រាបច្បាស់នូវហេតុកើតឡើងផង នូវសេចក្តីវិនាសផង នូវសេចក្តី​ត្រេកអរ​ផង នូវទោសផង នូវធម៌ជាគ្រឿងរលាស់ចេញផង សុទ្ធតែសម្រាប់​កាមទាំងឡាយ តាម​សេចក្តីពិត ទើបលះបង់នូវកាមតណ្ហា បន្ទោបង់នូវសេចក្តីក្រៅក្រហាយព្រោះកាម ប្រាសចាកសេចក្តី​សេ្រកឃ្លាន មានចិត្តស្ងប់រម្ងាប់ខាងក្នុង សម្រេចសម្រាន្តនៅ​ហើយផង កំពុងសម្រេចសម្រាន្តនៅផង និងសម្រេចសម្រាន្តនៅផងបាន។

[៤៨] ក្នុងលំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បន្លឺនូវឧទាននេះ ក្នុងពេលនោះថា លាភទាំងឡាយ មានការមិនមានរោគ ប្រសើរបំផុត ព្រះនិព្វាន​ ជាសេចក្តីសុខ ដ៏ប្រសើរ មគ្គដែលប្រកបដោយអង្គ៨ ដ៏ក្សេមក្សាន្ត ជាងមគ្គទាំងឡាយ សម្រាប់​ដើរទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ។

កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មាគណ្ឌិយបរិព្វាជក បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន មិនធ្លាប់កើតមានទេ ពាក្យដែល​ព្រះគោតមដ៏ចំរើន ត្រាស់​ហើយដោយប្រពៃថា លាភទាំងឡាយ មានការមិនមានរោគ ប្រសើរបំផុត ព្រះនិព្វាន​ ជាសេចក្តីសុខ ដ៏ឧត្តម បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនុ៎ះ ខ្ញុំព្រះអង្គសោត ក៏ធ្លាប់​បានស្តាប់មក អំពីពួកបរិព្វាជកជាន់ដើម ដែលជាអាចារ្យ ជាប្រធានលើអាចារ្យ​ពោលថា លាភទាំងឡាយ មានការមិនមានរោគ ប្រសើរបំផុត ព្រះនិព្វាន​ ជាសេចក្តីសុខ ដ៏ឧត្តម ដូច្នេះដែរ បពិត្រព្រះគោតមដ៏ចំរើន ពាក្យនេះសមគ្នាហើយ។ ម្នាលមាគណ្ឌិយៈ ក៏ពាក្យណា ដែល​អ្នកធ្លាប់បានស្តាប់មក អំពីពួក​បរិព្វាជកជាន់ដើម ដែលជាអាចារ្យ ជា​ប្រធានលើអាចារ្យពោលថា លាភទាំងឡាយ មានការមិនមានរោគ ប្រសើរបំផុត ព្រះនិព្វាន​ ជាសេចក្តីសុខ ដ៏ឧត្តម ដូច្នេះ ពាក្យថា ការមិនមានរោគនោះ តើដូចម្តេច ពាក្យថា ព្រះនិព្វាននោះ តើដូចម្តេច។ បានឮថា កាលព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ មាគណ្ឌិយបរិព្វាជក ក៏ស្ទាបខ្លួនរបស់ខ្លួន ដោយដៃឯង ហើយទូលថា បពិត្រព្រះគោតមដ៏ចំរើន នេះឈ្មោះថា ការមិនមានរោគ នេះឈ្មោះថា ព្រះនិព្វាន បពិត្រព្រះគោតមដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ ជាអ្នកឥតរោគ បានសេចក្តីសុខ ឥតមាន​អ្វីមកបៀតបៀនខ្ញុំឡើយ។

[៤៩] ម្នាលមាគណ្ឌិយៈ ដូចបុរសខ្វាក់ពីកំណើត បុរសនោះ មិនធ្លាប់បានឃើញ​រូប​ពណ៌ខ្មៅ និងស មិនឃើញរូបពណ៌ខៀវ មិនឃើញរូបពណ៌លឿង មិនឃើញរូបពណ៌ក្រ​ហម មិនឃើញរូបពណ៌ហង្សបាទ មិនឃើញ​ទីស្មើ និងមិនស្មើ មិនឃើញរូបផ្កាយ មិនឃើញ​ព្រះចន្ទ្រ និងព្រះអាទិត្យ។ បុរសខ្វាក់ពីកំណើតនោះ ឮបុរសមានភ្នែកភ្លឺ​និយាយថា អ្នកដ៏ចំរើន យីអើ សំពត់សស្អាត ល្អបរិសុទ្ធ ឥតមានមន្ទិលទេ។ បុរសខ្វាក់​ពីកំណើតនោះ​ ក៏ដើរស្វែងរកសំពត់ស បុរសម្នាក់យកសំពត់ក្រាស់ ដែលធ្វើដោយ​រោមចៀមខ្មៅ ជ្រលក់ដោយម្រែងលាយប្រេង មកបញ្ឆោតបុរសនោះថា នែបុរស​ដ៏ចំរើន នេះឯងសំពត់សល្អស្អាត ឥតមានមន្ទិល របស់អ្នកឯង។ បុរសខ្វាក់ពីកំណើតនោះ ក៏​ទទួល​យកសំពត់នោះ លុះទទួលហើយ យកទៅដណ្តប់ លុះដណ្តប់ហើយ ក៏បញ្ចេញ​វាចា ជាគ្រឿងរីករាយ របស់ខ្លួនថា យីអើ សំពត់សស្អាត ល្អបរិសុទ្ធ ឥតមានមន្ទិលមែន។ ម្នាលមាគណ្ឌិយៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចុះបុរសខ្វាក់ពីកំណើតនោះ តើដឹង​ ឃើញឬទេ បានជាទទួលសំពត់ក្រាស់ ដែលធ្វើដោយរោមចៀមខ្មៅ ជ្រលក់ម្រែង លាយ​ប្រេងឯណោះ លុះទទួលហើយ យកមកដណ្តប់ ដណ្តប់ហើយ បញ្ចេញ​វាចា ជាគ្រឿង​រីករាយ​របស់ខ្លួនថា យីអើ សំពត់សស្អាត ល្អបរិសុទ្ធ ឥតមានមន្ទិលមែន​ ឬក៏ដោយជឿ​តាម​បុរសមានភ្នែកភ្លឺទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនបានដឹង មិនបានឃើញទេ បុរសខ្វាក់ពីកំណើតឯណោះ ទទួលសំពត់សាច់ក្រាស់ ដែលធ្វើដោយរោមចៀមខ្មៅ ជ្រលក់ដោយម្រែង លាយ​ប្រេងឯណោះ លុះទទួលហើយ ក៏ស្លៀកដណ្តប់ លុះ​ដណ្តប់ហើយ បញ្ចេញ​វាចា ជាគ្រឿងរីករាយរបស់ខ្លួនថា យីអើ សំពត់សស្អាត ល្អបរិសុទ្ធ ឥតមានមន្ទិលមែន ដោយជឿតាម​បុគ្គលមានភ្នែកភ្លឺ (សេចក្តីនេះយ៉ាងណា) ម្នាល​មាគណ្ឌិយៈ ពួកបរិព្វាជក ជាអន្យតិរ្ថិយ សុទ្ធតែជាមនុស្សខ្វាក់ ឥតមានចក្ខុ មិនដឹង​នូវការ​មិនមានរោគ មិនឃើញនូវព្រះនិព្វាន ប៉ុន្តែនាំគ្នាពោលគាថានេះថា លាភទាំងឡាយ មានការមិនមានរោគ ដ៏ប្រសើរបំផុត ព្រះនិព្វាន ជាសុខដ៏ឧត្តម។ ម្នាលមាគណ្ឌិយៈ គថានេះ ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម បានពោលហើយថា

លាភទាំងឡាយ មានការមិនមានរោគ ដ៏ប្រសើរបំផុត ព្រះនិព្វាន ជាសុខដ៏ឧត្តម មគ្គប្រកបដោយអង្គ៨ ដ៏ក្សេមក្សាន្តជាងមគ្គទាំងឡាយ សម្រាប់ដំណើរ ទៅកាន់​ព្រះនិព្វាន ឈ្មោះអមតៈ

ឥឡូវនេះ គាថានេះ ជាគាថាសម្រាប់បុថុជ្ជនតាមលំដាប់។ ម្នាលមាគណ្ឌិយៈ កាយនេះជារោគ ជាបូស ជាកូនសរ ជាទុក្ខ ជាអាពាធ អ្នកពោលនូវកាយ ដែល​ជារោគ ជាបូស ជាកូនសរ ជាទុក្ខ ជាអាពាធនេះថា បពិត្រព្រះគោតមដ៏ចំរើន នេះឈ្មោះថា ការ​មិនមានរោគ នេះឈ្មោះថា ព្រះនិព្វាន ដូច្នេះវិញ។ ម្នាលមាគណ្ឌិយៈ អ្នកត្រូវដឹងនូវ​ការ​មិនមានរោគ ត្រូវឃើញនូវព្រះនិព្វាន ដោយចក្ខុ5) ដ៏ប្រសើរណា ចក្ខុដ៏ប្រសើរនោះ របស់​អ្នកមិនមានទេ។

[៥០] យ៉ាងហ្នឹងមែនហើយ ខ្ញុំព្រះអង្គ ជ្រះថ្លាព្រះគោតមដ៏ចំរើនហើយ ខ្ញុំព្រះអង្គ គប្បីដឹងនូវការមិនមានរោគ យល់នូវព្រះនិព្វាន ដោយឧបាយណា សូមព្រះគោតមដ៏​ចំរើន សំដែងធម៌ ដោយឧបាយនោះ ដល់ខ្ញុំព្រះអង្គ។ ម្នាលមាគណ្ឌិយៈ ដូចបុរសខ្វាក់ពី​កំណើត បុរសនោះ មិនឃើញរូបពណ៌ខ្មៅ និងស មិនឃើញរូបពណ៌ខៀវ មិនឃើញ​រូប​ពណ៌លឿង មិនឃើញរូបពណ៌ក្រ​ហម មិនឃើញរូបពណ៌ហង្សបាទ មិនឃើញ​ទីស្មើ និងមិនស្មើ មិនឃើញរូបផ្កាយទាំងឡាយ មិនឃើញ​ព្រះចន្ទ្រ និងព្រះអាទិត្យទាំងឡាយ​ទេ។ មិត្រអាមាត្យ ញាតិសាលោហិត របស់បុរសខ្វាក់ពីកំណើតនោះ ឲ្យពេទ្យ​អ្នកវះ​ថែ​រក្សា ពេទ្យអ្នកវះ ក៏បានផ្សំថ្នាំឲ្យបុរសនោះ បុរសខ្វាក់​ពីកំណើតនោះ បានអាស្រ័យ​ថ្នាំ​នោះហើយ ក៏មិនញុំាងចក្ខុទាំងពីរ ឲ្យកើតឡើង មិនញុំាងចក្ខុទាំងពីរឲ្យភ្លឺឡើងវិញបាន។ ម្នាលមាគណ្ឌិយៈ អ្នកសំគាល់ហេតុនោះ ដូចម្តេច ក្រែងពេទ្យនោះ គ្រាន់តែបានចំណែក​នៃ​សេចក្តី​លំបាកកាយ និងចង្អៀតចង្អល់ចិត្តទេឬ។ បពិត្រព្រះគោតមដ៏ចំរើន យ៉ាងហ្នឹង​មែនហើយ។ ម្នាលមាគណ្ឌិយៈ បើតថាគត នឹងសំដែង​ធម៌ ដល់​អ្នកថា នេះជាការ​មិន​មានរោគ នេះជាព្រះនិព្វាន ដូច្នេះ អ្នកក៏មិនដឹង នូវការមិនមានរោគ មិនឃើញ​នូវព្រះនិព្វាន សេចក្តីលំបាកនោះ ក៏នឹងមានដល់តថាគត សេចក្តីចង្អៀតចង្អល់​នោះ ក៏នឹងមានដល់តថាគត មានឧបមេយ្យដូចពេទ្យវះ ដូច្នោះឯង។

[៥១] ​ យ៉ាងហ្នឹងមែនហើយ ខ្ញុំព្រះអង្គជ្រះថ្លា ចំពោះព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ គប្បីឃើញ នូវការមិនមានរោគ និងព្រះនិព្វាន ដោយឧបាយណា សូមព្រះគោតមដ៏​ចំរើន សំដែងធម៌ ដោយឧបាយនោះ ដល់ខ្ញុំព្រះអង្គចុះ។ ម្នាលមាគណ្ឌិយៈ ដូចបុរស​ខ្វាក់​ពី​​កំណើត បុរសខ្វាក់នោះ មិនឃើញរូបពណ៌ខ្មៅ និងស មិនឃើញរូបពណ៌ខៀវ មិនឃើញ​​រូប​ពណ៌លឿង មិនឃើញរូបពណ៌ក្រ​ហម មិនឃើញរូបពណ៌ហង្សបាទ មិនឃើញ​ទីស្មើ និងមិនស្មើ មិនឃើញរូបផ្កាយទាំងឡាយ មិនឃើញ​ព្រះចន្ទ្រ និងព្រះអាទិត្យទាំងឡាយ​។ បុរសខ្វាក់ពីកំណើតនោះ ឮបុរសមានភ្នែកភ្លឺនិយាយថា យីអើ សំពត់សស្អាត ល្អបរិសុទ្ធ ឥតមានមន្ទិលទេ។ បុរសខ្វាក់​ពីកំណើតនោះ ក៏ដើរទៅ​ស្វែង​រកសំពត់ស បុរសម្នាក់ យកសំពត់សាច់ក្រាស់ ដែលធ្វើដោយរោមចៀមខ្មៅ ជ្រលក់ដោយម្រែងលាយប្រេង មក​បញ្ឆោតបុរសនោះថា នែបុរសដ៏ចំរើន នេះឯងជាសំពត់សល្អបរិសុទ្ធ ឥតមានមន្ទិល របស់អ្នក។ បុរសខ្វាក់ពីកំណើតនោះ​ ក៏ទទួលសំពត់នោះ យកមកស្លៀកដណ្តប់ មិត្រ​អាមាត្យ ញាតិសាលោហិត របស់បុរសនោះ ឲ្យពេទ្យអ្នកវះថែរក្សា ពេទ្យអ្នកវះនោះ ក៏​ធ្វើថ្នាំឲ្យបុរសនោះ គឺថ្នាំធ្វើឲ្យក្អួត ថ្នាំបញ្ចុះ ថ្នាំបន្តក់ ថ្នាំលាង និងថ្នាំហិត។ បុរសខ្វាក់ពី​កំណើតនោះ លុះបានអាស្រ័យ​ថ្នាំ​នោះហើយ ក៏បានញុំាងចក្ខុឲ្យកើតឡើង បានញុំាងចក្ខុ ឲ្យភ្លឺឡើងវិញ បានសេចក្តីពេញចិត្តណា ក្នុងសំពត់សាច់ក្រាស់ ដែលធ្វើ​ដោយរោមចៀមខ្មៅ ជ្រលក់ដោយម្រែងលាយប្រេងឯណោះ បុរសនោះ ក៏លះបង់ ក្នុង​ពេលដែលបានជាភ្នែកភ្លឺឡើងវិញ បុរសដែល​មានភ្នែកភ្លឺនោះ ក៏ទុកបុរសដែលបញ្ឆោត​នោះ ដោយភាពមិនមែនជាមិត្រផង ដោយភាពជាសឹកសត្រូវផង ឬក៏គប្បីសំគាល់ថា ត្រូវសម្លាប់ចោល ក៏សឹងតែបាន ដោយគិតថា ឱហ្ន៎ ខ្លួនអាត្មាអញ ត្រូវបុរសនេះ យកសំ​ពត់ក្រាស់ ដែលធ្វើដោយរោមចៀមខ្មៅ ជ្រលក់ដោយម្រែងលាយប្រេង មកបោកបញ្ឆោត​ប្រលោម អស់កាលយូរហើយថា នែបុរសដ៏ចំរើន នេះសំពត់សស្អាត ល្អបរិសុទ្ធ ឥតមាន​មន្ទិល របស់អ្នក (សេចក្តីនេះ យ៉ាងណាមិញ) ម្នាលមាគណ្ឌិយៈ តថាគត បើនឹងសំដែង​ធម៌ ដល់អ្នកថា នេះជាការមិនមានរោគ នេះជាព្រះនិព្វាន ក៏យ៉ាងដូច្នោះដែរ។ អ្នកគប្បីដឹង ការ​មិនមានរោគ ឃើញ​នូវព្រះនិព្វាន ឆន្ទរាគណា ក្នុងឧបាទានក្ខន្ធទាំង៥ ឆន្ទរាគនោះ អ្នកលះបង់ក្នុងពេលដែលចក្ខុកើតឡើងដល់អ្នក មួយទៀត អ្នកត្រូវមាន​សេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ ចិត្តនេះ បោកបញ្ឆោត ប្រលោមអាត្មាអញ អស់កាល​យូរមក​ហើយ បានជាអាត្មាអញ កាលដែលប្រកាន់ ក៏ប្រកាន់ចំពោះរូបហ្នឹងឯង កាលដែល​ប្រកាន់ ក៏ប្រកាន់ចំពោះ​វេទនាហ្នឹងឯង កាលដែល​ប្រកាន់ ក៏ប្រកាន់ចំពោះ​សញ្ញាហ្នឹងឯង កាលដែល​ប្រកាន់ ក៏ប្រកាន់ចំពោះ​សង្ខារហ្នឹងឯង កាលដែល​ប្រកាន់ ក៏ប្រកាន់ចំពោះ​វិញ្ញាណហ្នឹងឯង ភពកើតឡើងដល់អាត្មាអញនោះ ព្រោះមានឧបាទាន​ជាបច្ច័យ ជាតិកើតឡើង ព្រោះមានភពជាបច្ច័យ ជរា មរណៈ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីខ្លោចផ្សាចិត្តកើតឡើង ព្រោះមានជាតិជាបច្ច័យ ការដែលកើត​ឡើងនៃកងទុក្ខទាំងអស់នេះ រមែង​កើតឡើង ដោយប្រការយ៉ាងនេះ។

[៥២] ខ្ញុំព្រះអង្គជ្រះថ្លា ចំពោះព្រះគោតមដ៏ចំរើនយ៉ាងនេះ ខ្ញុំព្រះអង្គលែងខ្វាក់ គប្បីក្រោកអំពីអាសនៈនេះបាន យ៉ាងណា សូមព្រះគោតមដ៏ចំរើន សំដែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គចុះ។ ម្នាលមាគណ្ឌិយៈ បើដូច្នោះ ចូរអ្នកសេពគប់នឹងពួកសប្បុរស ម្នាលមាគណ្ឌិយៈ កាលណាអ្នកសេពគប់នឹងពួកសប្បុរសហើយ ម្នាលមាគណ្ឌិយៈ កាល​នោះ អ្នកនឹងបានស្តាប់នូវព្រះសទ្ធម្ម ម្នាលមាគណ្ឌិយៈ កាលណាអ្នកស្តាប់ព្រះសទ្ធម្ម​ហើយ ម្នាលមាគណ្ឌិយៈ កាលនោះ អ្នកនឹងបានប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ ម្នាលមាគណ្ឌិយៈ កាលណាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ហើយ ម្នាលមាគណ្ឌិយៈ កាលនោះ អ្នកនឹងដឹងដោយខ្លួនឯង ឃើញច្បាស់ដោយខ្លួនឯងថា នេះជារោគ នេះជាបូស នេះជាកូនសរ រោគបូស និងកូនសរ រមែងរលត់ទៅ ឥត​មានសេសសល់ ក្នុងទីនេះ ការរលត់ទៅនៃភព របស់អាត្មាអញនោះ ព្រោះរលត់​ឧបាទាន ការរលត់ទៅនៃជាតិ ព្រោះរលត់ភព ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីខ្លោចផ្សាចិត្ត រលត់ទៅ ព្រោះរលត់ជាតិ ការរលត់ទៅ នៃកងទុក្ខ​ទាំងអស់នេះ រមែងមាន ដោយប្រការយ៉ាងនេះ។

[៥៣] កាលដែលព្រះអង្គ ទ្រង់ត្រាស់យ៉ាងនេះហើយ មាគណ្ឌិយបរិព្វាជក​ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែល​ព្រះគោតម​ដ៏ចំរើន ប្រកាសហើយ ដោយអនេក​បរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាគេផ្ងារ​របស់​ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញ របស់ដែលបិទបាំងទុក ឬប្រាប់ផ្លូវ ដល់មនុស្ស​វង្វេងទិស ពុំនោះសោត ដូចជាទ្រោលប្រទីបបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្ស​ដែល​មាន​ភ្នែកភ្លឺ រមែងមើលឃើញរូបទាំងឡាយ ខ្ញុំព្រះអង្គនោះ សូមដល់នូវ​ព្រះគោតម​ដ៏ចំរើនផង ព្រះធម៌ផង ព្រះ​ភិក្ខុសង្ឃផង ជាសរណៈ ខ្ញុំព្រះអង្គ គួរបាន​បព្វជ្ជា គួរបាន​ឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។ ម្នាលមាគណ្ឌិយៈ បុគ្គលណា ធ្លាប់ជា​អន្យតិរ្ថិយ​មកពីមុន ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្ម​វិន័យ​នេះ បុគ្គលនោះ ត្រូវនៅបរិវាសអស់៤ខែសិន លុះ​កន្លង៤ខែហើយ ពួកភិក្ខុដែល​មានចិត្តប្រារព្ធហើយ ឲ្យបព្វជ្ជា ឧបសម្បទា ដើម្បីភាពជាភិក្ខុបាន មួយទៀត បែបភាពរបស់បុគ្គលផ្សេងគ្នា (ការដែលនៅបរិវាស ឬមិនត្រូវ​នៅបរិវាស) ក្នុងដំណើរនេះ តថាគត ដឹងច្បាស់ហើយ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើ​បុគ្គលធ្លាប់ជាអន្យតិរ្ថិយ មកពី​មុន ប្រាថ្នាបព្វជ្ជា ប្រាថ្នា​ឧបសម្បទា ក្នុង​ធម្មវិន័យនេះ ត្រូវនៅបរិវាសឲ្យអស់​៤​ខែ​សិន លុះ​កន្លង៤ខែហើយ ពួកភិក្ខុ​ ដែល​មានចិត្តប្រារព្ធហើយ ឲ្យបព្វជ្ជា ឧបសម្បទាបាន ខ្ញុំព្រះអង្គ នឹងនៅ​បរិវាស​ឲ្យអស់​៤ឆ្នាំ លុះកន្លង៤ឆ្នាំហើយ សូមឲ្យភិក្ខុ ដែល​មានចិត្ត​ប្រារព្ធ​ហើយ ឲ្យបព្វជ្ជា ឧបសម្បទា ដើម្បីភាពជាភិក្ខុចុះ។ មាគណ្ឌិយបរិព្វាជក បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លុះមាគណ្ឌិយៈ​មានអាយុ ឧបសម្បទាហើយ មិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង ជាអ្នក​មិនប្រមាទ ព្យាយាមដុតកំដៅកិលេស បញ្ជូនចិត្តទៅកាន់ព្រះនិព្វាន មិនយូរប៉ុន្មាន ក៏បាន​ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវគុណវិសេស ដ៏ប្រសើរ ដ៏ជាទីបំផុតនៃព្រហ្មចរិយៈ ដែលពួកកុលបុត្រចេញចាកផ្ទះ ដោយប្រពៃ ហើយ​បួសក្នុង​ភេទ នៃបុគ្គល​មិនមានផ្ទះ ដើម្បីសេចក្តីត្រូវការ ហើយសម្រេចសម្រាន្តនៅ បាន​ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ បាននៅចប់ហើយ កិច្ចដែលគួរធ្វើ​ បានធ្វើ​ស្រេចហើយ កិច្ចដទៃ ដើម្បីកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ មាគណ្ឌិយៈមានអាយុ ក៏បានជាព្រះអរហន្តមួយអង្គដែរ។

ចប់ មាគណ្ឌិយសូត្រ ទី៥។

សន្ទកសូត្រ ទី៦

(៦. សន្ទកសុត្តំ)

[៥៤] ខ្ញុំបានស្តាប់ចាំមកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង មានបរិព្វាជកម្នាក់ឈ្មោះ សន្ទកៈ អាស្រ័យ​នៅក្នុងបិលក្ខគុហា6) ជាមួយនឹងបរិព្វាជកបរិស័ទជាច្រើន ចំនួន​៥០០​នាក់។ គ្រានោះ ព្រះអានន្ទមានអាយុ ចេញអំពីទីស្ងប់ស្ងាត់ ក្នុងសាយណ្ហសម័យ ហើយបបួល​ភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ មក យើងនឹងចូលទៅឯត្រពាំង​ឈ្មោះ ទេវកដៈ (ត្រពាំងទឹកដែលភ្លៀងច្រោះ) ដើម្បីមើលគុហា។ ពួកភិក្ខុទាំងនោះ ក៏ទទួល​ថេរវាចារបស់ព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅឯត្រពាំង​ទេវកដៈ ជាមួយនឹង​ពួកភិក្ខុច្រើនរូប។ ចួន​ជា​ពេលនោះ សន្ទកបរិព្វាជក អង្គុយជាមួយនឹងបរិព្វាជកបរិស័ទជាច្រើន ដែលកំពុង​និយាយ​តិរច្ឆានកថា ច្រើនបែបច្រើនស្ថាន ដោយសំឡេងហ៊ោ សំឡេងខ្លាំង ទ្រហឹង​អឺង​កង គឺនិយាយ​អំពីស្តេច និយាយ​អំពីចោរ និយាយ​អំពីមហាមាត្យ និយាយ​អំពីសេនាទាហាន និយាយ​អំពីភ័យ (និងសត្វសាហាវជាដើម) និយាយ​អំពីចម្បាំង និយាយ​អំពីបាយ និយាយ​អំពីទឹក និយាយ​អំពីទីដេក និយាយ​អំពីផ្កាកម្រង និយាយ​អំពីគ្រឿង​ក្រអូប និយាយ​អំពីញាតិ និយាយ​អំពីយាន និយាយ​អំពីស្រុក និយាយ​អំពី​និគម និយាយ​អំពីក្រុង និយាយ​អំពីជនបទ និយាយ​អំពីស្ត្រី និយាយ​អំពីមនុស្ស​ក្លៀវក្លា និយាយ​អំពីច្រករហក និយាយ​អំពីទីកំពង់ទឹក និយាយ​អំពីកុម្ភទាសី និយាយ​អំពីញាតិ​ដែលស្លាប់ទៅកាន់បរលោក និយាយ​អំពីរឿងផ្សេងៗ ដែលឥតប្រយោជន៍ និយាយ​អំពីលោក (លទ្ធិកុហកក្នុងលោក) និយាយ​អំពីសមុទ្រ និយាយ​អំពីភវៈ និងអភវៈ7) ដែលជាហេតុឥតប្រយោជន៍ ដូច្នេះខ្លះៗ។ សន្ទកបរិព្វាជក ក៏បាន​ឃើញព្រះអានន្ទមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏បញ្ឈប់​បរិស័ទ​របស់ខ្លួនថា អ្នកដ៏ចំរើនទាំងឡាយ ចូរនិយាយតិចៗ អ្នកដ៏ចំរើនទាំងឡាយ កុំមាត់ឡើយ (ដ្បិត) សមណៈឈ្មោះអានន្ទនេះ ជាសាវ័ករបស់ព្រះសមណគោតមមកឥឡូវនេះ ក៏ពួក​សាវ័កណា របស់ព្រះសមណគោតម ដែលអាស្រ័យនៅក្នុងក្រុងកោសម្ពី បណ្តាសាវ័ក​ទាំងនោះ អានន្ទនេះឯង លោកជាសមណៈមួយអង្គដែរ ឯពួកលោកមានអាយុទាំង​នោះ ចូលចិត្តតែសំឡេងតិចៗ និយាយសរសើរតែសំឡេង​តិចៗ ដែលព្រះសម្ពុទ្ធព្រះអង្គមាន​សំឡេងតិច បានទូន្មានហើយ ធ្វើដូចម្តេច ឲ្យព្រះអានន្ទជ្រាបច្បាស់ថា បរិស័ទមាន​សំឡេង​តិច ហើយសំគាល់ថាគួរនិមន្តចូលមក។ គ្រានោះ ពួកបរិព្វាជកទាំងនោះ ក៏នាំ​គ្នាស្ងៀម។ ពេលនោះឯង ព្រះអានន្ទមានអាយុ និមន្តចូលទៅត្រង់កន្លែងដែល​សន្ទកបរិព្វាជកនៅ។ គ្រានោះ សន្ទកបរិព្វាជក និយាយពាក្យនេះ នឹងព្រះអានន្ទមានអាយុថា ព្រះអានន្ទដ៏ចំរើន ចូរនិមន្តមកចុះ ព្រះអានន្ទដ៏ចំរើន និមន្តមក​ស្រួលហើយ ព្រះអានន្ទដ៏ចំរើន ខានធ្វើដំណើរដើម្បី​មកក្នុងទីនេះយូរណាស់​ហើយ សូមព្រះអានន្ទដ៏ចំរើន និមន្តគង់ចុះ នេះអាសនៈ ដែលយើងក្រាលទុក។ ព្រះអានន្ទមានអាយុ ក៏គង់លើអាសនៈ ដែល​ពួកបរិព្វាជកក្រាលទុក។ ចំណែក​សន្ទកបរិព្វាជក កាន់យកអាសនៈទាបមួយ អង្គុយក្នុងទីដ៏សមគួរ។

[៥៥] លុះសន្ទកបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ព្រះអានន្ទមានអាយុ បានសួរ​ដូច្នេះថា ម្នាលសន្ទកៈ ចុះអម្បាញ់មិញ ពួកអ្នកអង្គុយប្រជុំគ្នា និយាយអំពីរឿង​រ៉ាវ​ដូចម្តេច ចុះពាក្យជាចន្លោះ (អំពីគុណធម៌) ដូចម្តេច ដែលពួកអ្នក​និយាយមិន​ទាន់ចប់។ សន្ទកបរិព្វាជកតបថា បពិត្រព្រះអានន្ទដ៏ចំរើន ពាក្យដែលពួកយើង​អង្គុយ​ប្រជុំគ្នានិយាយក្នុងកាលអម្បាញ់មិញ ចូរលើកទុកសិនចុះ ព្រោះពាក្យនុ៎ះ ព្រះអានន្ទ​ដ៏ចំរើន មិនបានជាសល់ក្រទេ ចាំស្តាប់ក្នុងកាលខាងក្រោយក៏បាន សូមឲ្យតែព្រះអានន្ទ​ដ៏ចំរើន សំដែងធម្មីកថា ក្នុងលទ្ធិអាចារ្យរបស់ខ្លួនឲ្យទាន។ ព្រះអានន្ទតបថា ម្នាលសន្ទកៈ បើដូច្នោះ អ្នកចូរចាំស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ អាត្មានឹងសំដែង។ សន្ទកបរិព្វាជក ទទួល​តបថេរវាចា របស់ព្រះអានន្ទមានអាយុថា ព្រះករុណាលោកដ៏​ចំរើន។ ព្រះអានន្ទមានអាយុ បានពោលពាក្យនុ៎ះថា ម្នាលសន្ទកៈ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងអព្រហ្មចរិយវាសៈ គឺការមិន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌៤ប្រការនេះផង បានសំដែង​អនស្សាសិកព្រហ្មចរិយៈ គឺ​ព្រហ្មចរិយធម៌មិនមានទំនងស្រួល៤ប្រការផង ដែលជាធម៌ នាំឲ្យវិញ្ញូបុរស លែងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសលធម៌ ដែលខ្លួនគប្បីដឹងឡើយ។ សន្ទកបរិព្វាជក សួរថា បពិត្រព្រះអានន្ទ ចុះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងអព្រហ្មចរិយវាសៈ ៤ប្រការ ដែលជាធម៌ នាំឲ្យវិញ្ញូបុរស លែងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសលដែលខ្លួនគប្បីដឹងនោះ តើដូចម្តេចខ្លះ។

[៥៦] ព្រះអានន្ទឆ្លើយតបថា ម្នាលសន្ទកៈ ក្នុងលោកនេះ មានគ្រូខ្លះ តែងនិយាយ​យ៉ាងនេះ យល់ឃើញយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងធ្វើ​អាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខ មិនមាន ការប្រតិបត្តិខុស ឬត្រូវ ចំពោះមាតា ក៏មិនមានផល (នៃបុណ្យបាប) ការប្រតិបត្តិខុស ឬត្រូវ ចំពោះបិតា មិនមានផល (នៃ​បុណ្យបាប) សត្វជាឱបបាតិកៈកំណើត មិនមាន ពួកសមណៈ និងព្រាហ្មណ៍ ដែលប្រព្រឹត្តល្អ ប្រតិបត្តិល្អ ហើយធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខ ដោយ​បញ្ញារបស់ខ្លួន ហើយអាចសំដែងបាន ក៏មិនមានក្នុងលោកឡើយ បុរសនេះ កើត​អំពីមហាភូតរូប៤ លុះធ្វើមរណកាលក្នុងវេលាណា បឋវីធាតុខាងក្នុង ក៏ប្រែក្លាយ​ទៅជា​បឋវីធាតុខាងក្រៅ អាបោធាតុខាងក្នុង ក៏ប្រែក្លាយ​ទៅជា​អាបោធាតុខាងក្រៅ តេជោធាតុខាងក្នុង ក៏ប្រែក្លាយ​ទៅជា​តេជោធាតុខាងក្រៅ វាយោធាតុខាងក្នុង ក៏ប្រែក្លាយ​ទៅជា​វាយោធាតុខាងក្រៅ ឥន្ទ្រិយទាំងឡាយ ក៏អណ្តែតត្រសែតទៅឯអាកាស ពួកបុរស (៤នាក់) មានគ្រែជាគំរប់៥ សែងយកបុរសស្លាប់ (នោះ) ទៅ ស្នាមជើង គឺគុណ និងទោស ក៏ប្រាកដនៅកំណត់ត្រឹមទីឈាបនកិច្ចប៉ុណ្ណោះ សល់នៅតែឆ្អឹងដែលមានសម្បុរ (ប្រផែះ) ដូចជាស្លាបនៃសត្វព្រាប ឯគ្រឿងសក្ការបូជា មានផែះជាទីបំផុត ទាននេះ ពួកមនុស្សពាល​កំឡៅ បញ្ញត្តទុកមកទេ ជនទាំងឡាយណា ពោលពាក្យថា អំពើមានទាន​ជាដើម មានផល ពាក្យរបស់ជនទាំងនោះ ជាពាក្យកុហកទទេ ជនពាលក្តី ជនជាបណ្ឌិតក្តី លុះបែកធ្លាយរាងកាយ ស្លាប់ទៅហើយ រមែងដាច់សូន្យ វិនាសបាត់បង់ មិនកើតវិញទៀតឡើយ។

[៥៧] ម្នាលសន្ទកៈ វិញ្ញូបុរស រមែងពិចារណាក្នុងដំណើរនោះ ដូច្នេះថា គ្រូដ៏ចំរើន​នេះឯង តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខ មិនមាន ការ​ប្រតិបត្តិខុស ឬត្រូវ ចំពោះមាតា មិនមានផល ការប្រតិបត្តិខុស ឬត្រូវ ចំពោះបិតា មិនមានផល សត្វជាឱបបាតិកៈកំណើត មិនមាន ពួកសមណៈ និងព្រាហ្មណ៍ ដែល​ប្រព្រឹត្ត​ល្អ ប្រតិបត្តិល្អ ហើយធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខ ដោយ​បញ្ញារបស់ខ្លួន ហើយអាចសំដែងបាន ក៏មិនមានក្នុងលោកឡើយ បុរសនេះ កើត​អំពី​មហា​ភូតរូប៤ លុះធ្វើមរណកាលទៅវេលាណា បឋវីធាតុខាងក្នុង ក៏ប្រែក្លាយ​ទៅជា​បឋវីធាតុ​ខាងក្រៅ អាបោធាតុខាងក្នុង ក៏ប្រែក្លាយ​ទៅជា​អាបោធាតុខាងក្រៅ តេជោធាតុ​ខាង​ក្នុង ក៏ប្រែក្លាយ​ទៅជា​តេជោធាតុខាងក្រៅ វាយោធាតុខាងក្នុង ក៏ប្រែក្លាយ​ទៅជា​វាយោធាតុខាងក្រៅ ឥន្ទ្រិយទាំងឡាយ ក៏អណ្តែតត្រសែតទៅឯអាកាស ពួកបុរស (៤​នាក់) មានគ្រែជាគំរប់៥ សែងយកបុរសស្លាប់ (នោះ) ទៅ ស្នាមជើង គឺគុណ និងទោស ក៏ប្រាកដនៅកំណត់ត្រឹមទីឈាបនកិច្ចប៉ុណ្ណោះ សល់នៅតែឆ្អឹង ដែលមានសម្បុរ (ប្រផែះ) ដូចជាស្លាបនៃសត្វព្រាប ឯគ្រឿងសក្ការបូជា មានផែះជាទីបំផុត ទាននេះ ពួកមនុស្សពាល​កំឡៅ បញ្ញត្តទុកមកទេ ជនទាំងឡាយណា ពោលពាក្យថា អំពើ​មាន​ទាន​​ជាដើម មានផល ពាក្យរបស់ជនទាំងនោះ ជាពាក្យកុហកទទេ ជនពាលក្តី ជនជា​បណ្ឌិត​ក្តី លុះបែកធ្លាយរាងកាយ ស្លាប់ទៅហើយ រមែងដាច់សូន្យ វិនាសបាត់បង់ មិន​កើត​វិញទៀតឡើយ។ ថាបើពាក្យ របស់គ្រូដ៏ចំរើននេះ ជាពាក្យពិតមែន សមណកម្ម ដែល​អាត្មាអញ បានធ្វើហើយក្នុងសម័យនុ៎ះ ក៏ទុកដូចជាអាត្មាអញមិនបានធ្វើ ព្រហ្មចរិយធម៌ ដែលអាត្មាអញ បានប្រព្រឹត្តហើយ ក្នុងសម័យនុ៎ះ ក៏ទុកដូចជា​អាត្មាអញ មិនបានប្រព្រឹត្ត ឯយើងទាំងពីរនាក់ ជាមនុស្សស្មើៗគ្នា ដល់នូវភាពស្មើគ្នា ក្នុងសមណធម៌​នោះ ប៉ុន្តែអាត្មាអញ គ្រាន់តែមិននិយាយថា យើងទាំងពីរនាក់ លុះ​បែក​ធ្លាយ​រាងកាយ ស្លាប់ទៅហើយ នឹងដាច់សូន្យវិនាស មិនកើតវិញឡើយ។ ក៏គ្រូដ៏ចំរើននេះ ប្រព្រឹត្តអាក្រាត កោរត្រងោល ព្យាយាមអង្គុយច្រហោង ប្រព្រឹត្តដកសក់ និងពុកមាត់ ពុកចង្កា យ៉ាងតឹងលើសលុប ចំណែកអាត្មាអញ ដែលអាស្រ័យនឹងទីដេក ចង្អៀត​ដោយ​កូន ប្រើប្រាស់សំពត់ ដែលបានអំពីដែនកាសី និងខ្លឹមចន្ទន៍ ទ្រទ្រង់ផ្កា​កម្រង និងគ្រឿង​ក្រអូប គ្រឿងលាបផ្សេងៗ ត្រេកអរចំពោះមាស និងប្រាក់ ក៏គង់ជាអ្នកមាន​គតិស្មើៗគ្នា នឹងគ្រូដ៏ចំរើននេះ ក្នុងលោកខាងមុខដែរ អាត្មាអញនោះឯង កាលដឹងអ្វី ឃើញ​អ្វី ទើបប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់គ្រូនេះ ការប្រព្រឹត្តិនោះឯង មិនមែន​ជាកិរិយា​ប្រព្រឹត្តព្រហ្មចរិយធម៌ទេ បុរសនោះ លុះដឹងច្បាស់ ដូច្នេះហើយ ក៏នឿយណាយ ចាក​ព្រហ្មចរិយធម៌នោះ ហើយចៀសចេញទៅ។ ម្នាលសន្ទកៈ នេះឯង ឈ្មោះថា អព្រហ្មចរិយវាសៈទី១ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្តព្រហ្មចរិយធម៌ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹងឡើយ។

[៥៨] ម្នាលសន្ទកៈ ប្រការមួយទៀត ក្នុងលោកនេះ មានគ្រូខ្លះ តែង​និយាយ​យ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុគ្គលធ្វើបាប ឬប្រើគេឲ្យធ្វើ កាត់ (អវយវៈ មានដៃជាដើម) របស់អ្នកដទៃ ឬប្រើគេឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃ ឲ្យបៀតបៀន ធ្វើគេឲ្យសោយសោក ឬប្រើអ្នកដទៃ ឲ្យធ្វើឲ្យគេសោយសោក ធ្វើគេ​ឲ្យលំបាក ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យលំបាក បំភ័យ ឬប្រើគេឲ្យបំភ័យ សម្លាប់សត្វ ឬប្រើគេឲ្យសម្លាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ កាត់នូវទី-ត (នៃផ្ទះ) ប្លន់នូវ​ពួក​អ្នកស្រុក ប្លន់យកទ្រព្យតែផ្ទះមួយ ឈរចាំក្បែរផ្លូវ (ដើម្បីដណ្តើមយកទ្រព្យ) លួច​ប្រពន្ធ​របស់អ្នកដទៃ និយាយពាក្យកុហក កាលបើធ្វើ (យ៉ាងនេះ) មិនឈ្មោះថា ធ្វើបាបឡើយ មួយទៀត បើបុគ្គលណា យកគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិតកោរ មកធ្វើសត្វ​​ទាំងឡាយ លើផែនដីនេះ ឲ្យមានគំនរនៃសាច់តែមួយ ឲ្យមានពំនូកនៃសាច់តែមួយ បាប​ដែលមានអំពើនោះជាហេតុ មិនមានទេ អំពើបាបក៏មិនឲ្យផល ទោះបីបុគ្គលឆ្លងទៅ​កាន់​ត្រើយខាងស្តាំនៃទន្លេគង្គា ហើយសម្លាប់សត្វ ឬប្រើអ្នកដទៃឲ្យសម្លាប់ កាត់(នូវអវយវៈ មានដៃជាដើម) របស់អ្នកដទៃ ឬប្រើគេឲ្យកាត់ បៀតបៀនគេ ឬប្រើគេ ឲ្យបៀតបៀន បាប​ដែលមានអំពើនោះជាហេតុ មិនមានទេ អំពើបាប ក៏មិនឲ្យផល ទោះបីបុគ្គលឆ្លងទៅ​កាន់​ត្រើយខាងឆ្វេង នៃទន្លេគង្គា ហើយឲ្យទាន ឬប្រើគេឲ្យៗ បូជា ឬប្រើគេឲ្យបូជា បុណ្យដែល​មានអំពើនោះ ជាហេតុ មិនមានទេ អំពើបុណ្យ មិនឲ្យផលឡើយ បុគ្គលធ្វើកុសល ដោយឲ្យទាន ដោយទូន្មាននូវឥន្ទ្រិយ ដោយសង្រួមកាយវាចា ដោយ​ពោលពាក្យសច្ចៈ បុណ្យដែល​មានអំពើនោះជាហេតុ មិនមានទេ អំពើបុណ្យ មិនឲ្យ​ផលឡើយ។

[៥៩] ម្នាលសន្ទកៈ វិញ្ញូបុរសតែងពិចារណា ក្នុងដំណើរនោះដូច្នេះថា គ្រូដ៏ចំរើន​នេះឯង តែងនិយាយ​យ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុគ្គលធ្វើបាប ឬប្រើគេឲ្យធ្វើ កាត់ (អវយវៈ មានដៃជាដើម) របស់អ្នកដទៃ ឬប្រើគេឲ្យកាត់ បៀតបៀនគេ ឬប្រើ​គេ ឲ្យបៀតបៀន ធ្វើគេឲ្យសោយសោក ឬប្រើអ្នកដទៃ ឲ្យធ្វើគេឲ្យសោយសោក ធ្វើគេ​ឲ្យ​លំបាក ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យលំបាក បំភ័យ ឬប្រើគេឲ្យបំភ័យ សម្លាប់សត្វ ឬប្រើគេឲ្យសម្លាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ កាត់នូវទី-ត (នៃផ្ទះ) ប្លន់នូវ​ពួក​អ្នកស្រុក ប្លន់យកទ្រព្យតែផ្ទះមួយ ឈរចាំក្បែរផ្លូវ (ដើម្បីដណ្តើមយកទ្រព្យ) លួច​ប្រពន្ធ​របស់អ្នកដទៃ និយាយពាក្យកុហក កាលបើធ្វើ (យ៉ាងនេះ) មិនឈ្មោះថា ធ្វើបាបឡើយ មួយទៀត បើអ្នកណា យកគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាកាំបិតកោរ មកធ្វើសត្វ​​ទាំងឡាយ លើផែនដីនេះ ឲ្យមានគំនរនៃសាច់តែមួយ ឲ្យមានពំនូកនៃសាច់តែមួយ បាប​ដែលមានអំពើនោះជាហេតុ មិនមានទេ អំពើបាបក៏មិនឲ្យផលឡើយ ទោះបីបុគ្គលឆ្លង​ទៅ​​កាន់​ត្រើយខាងស្តាំនៃទន្លេគង្គា ហើយសម្លាប់សត្វ ឬប្រើអ្នកដទៃឲ្យសម្លាប់ កាត់​(នូវអវយវៈ មានដៃជាដើម) របស់អ្នកដទៃ ឬប្រើគេឲ្យកាត់ បៀតបៀនគេ ឬប្រើគេ ឲ្យបៀតបៀន បាប​ដែលមានអំពើនោះជាហេតុ មិនមានទេ អំពើបាប ក៏មិនឲ្យផល​ឡើយ ទោះបីបុគ្គលឆ្លងទៅ​កាន់​ត្រើយខាងឆ្វេង នៃទន្លេគង្គា ហើយឲ្យទាន ឬប្រើគេឲ្យៗ បូជា ឬប្រើគេឲ្យបូជា បុណ្យដែល​មានអំពើនោះ ជាហេតុ មិនមានទេ អំពើបុណ្យ មិនឲ្យ​ផល​ឡើយ បុគ្គលធ្វើកុសល ដោយឲ្យទាន ដោយទូន្មាននូវឥន្ទ្រិយ ដោយសង្រួមកាយវាចា ដោយ​ពោលពាក្យសច្ចៈ បុណ្យដែល​មានអំពើនោះជាហេតុ មិនមានទេ អំពើបុណ្យ មិនមាន​ផលឡើយ។ បើពាក្យរបស់គ្រូដ៏ចំរើននេះ ជាពាក្យពិតមែន សមណកម្ម ដែល​អាត្មាអញ បានធ្វើហើយក្នុងសម័យនុ៎ះ ក៏ទុកដូចជាមិនបានធ្វើ ព្រហ្មចរិយធម៌ ដែល​អាត្មា​អញ បានប្រព្រឹត្តហើយ ក្នុងសម័យនុ៎ះ ក៏ទុកដូចជា​អាត្មាអញ មិនបានប្រព្រឹត្ត ឯយើង​ទាំង​ពីរនាក់ ជាមនុស្សស្មើៗគ្នា ដល់នូវភាពស្មើគ្នា ក្នុងសមណធម៌នុ៎ះ ប៉ុន្តែអាត្មាអញ គ្រាន់តែមិនបាននិយាយថា យើងទាំងពីរនាក់ កាលធ្វើបាប ក៏ឈ្មោះថា មិនធ្វើ។ ក៏គ្រូ​ដ៏​ចំរើន​នេះ ប្រព្រឹត្តអាក្រាត កោរត្រងោល ព្យាយាមអង្គុយច្រហោង ប្រព្រឹត្តដកសក់ និងពុកមាត់ ពុកចង្កា យ៉ាងតឹងលើសលុប ចំណែកអាត្មាអញ ដែលអាស្រ័យនៅនឹង​ទី​ដេក ចង្អៀតដោយកូន ប្រើប្រាស់សំពត់ ដែលបានមក អំពីដែនកាសី និងខ្លឹមចន្ទន៍ ទ្រទ្រង់ផ្កា​កម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ត្រេកអរ ចំពោះមាស និងប្រាក់ គង់ជាអ្នកមាន​គតិស្មើៗគ្នា នឹងគ្រូដ៏ចំរើននេះ ក្នុង​លោកខាងមុខដែរ អាត្មាអញនោះឯង កាលដឹងអ្វី ឃើញ​អ្វី ទើបប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់គ្រូនេះ ការប្រព្រឹត្តិនោះឯង មិនមែន​ជាកិរិយាប្រព្រឹត្តព្រហ្មចរិយធម៌ទេ បុរសនោះ លុះដឹងដូច្នេះហើយ ក៏នឿយ​ណាយ ចាកព្រហ្មចរិយធម៌នោះ ហើយចៀស​ចេញ​ទៅ។ ម្នាលសន្ទកៈ នេះឯង ឈ្មោះថា អព្រហ្មចរិយវាសៈ ទី២ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់​ជ្រាប​ច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹងឡើយ។

[៦០] ម្នាលសន្ទកៈ ប្រការមួយទៀត ក្នុងលោកនេះ មានគ្រូខ្លះ តែង​និយាយយ៉ាង​នេះ យល់ឃើញយ៉ាងនេះថា ហេតុបច្ច័យនាំឲ្យសត្វទាំងឡាយសៅហ្មងមិនមានឡើយ សត្វ​ទាំងឡាយ រមែងសៅហ្មង ដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យនាំឲ្យសត្វ​ទាំង​ឡាយ បរិសុទ្ធ មិនមានឡើយ សត្វទាំងឡាយ រមែង​បរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ កម្លាំងក៏មិនមាន ព្យាយាមក៏មិនមាន កម្លាំងនៃបុរស​ក៏មិនមាន ការប្រឹងប្រែងនៃបុរស​ក៏​មិនមាន សត្វទាំងអស់ (មានសត្វឱដ្ឋគោលាជាដើម) បាណៈ8) ទាំងអស់ ភូតទាំងអស់ (​មានសត្វ​កើត​ក្នុងស្រោមស៊ុតជាដើម) ជីវៈ គឺធញ្ញជាតិទាំងអស់ ឥតមានអំណាច ឥតមានកម្លាំង ឥត​មានព្យាយាម (ក្នុងការធ្វើឲ្យសៅហ្មង ឬបរិសុទ្ធ)ទេ មានសេចក្តីប្រែប្រួល​ដោយនិយតិ​ និងសង្គតិ និងសភាវៈ9) តាំងនៅក្នុងអភិជាតិទាំង៦ ហើយរមែង​រងសុខ និងទុក្ខ។

[៦១] ម្នាលសន្ទកៈ វិញ្ញូបុរស តែងពិចារណាក្នុងដំណើរនោះ ដូច្នេះថា គ្រូដ៏​ចំរើននេះឯង តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ហេតុបច្ច័យនាំឲ្យ​សត្វ​ទាំងឡាយសៅហ្មង មិនមានឡើយ សត្វទាំងឡាយ រមែងសៅហ្មង ដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យ នាំឲ្យសត្វទាំងឡាយ បរិសុទ្ធ មិនមានឡើយ សត្វទាំងឡាយ រមែង​បរិសុទ្ធដោយឥតហេតុ ឥតបច្ច័យ កម្លាំងក៏មិនមាន ព្យាយាម ក៏មិនមាន កម្លាំង​នៃបុរសក៏មិនមាន សេចក្តីប្រឹងប្រែងនៃបុរសក៏មិនមាន សត្វទាំងអស់ (​មាន​ឱដ្ឋគោលាជាដើម) បាណៈទាំងអស់ ភូតទាំងអស់ (មានសត្វ​កើត​ក្នុងស្រោមស៊ុតជាដើម) ជីវៈ គឺធញ្ញជាតិទាំងអស់ ឥតមានអំណាច ឥតមានកម្លាំង ឥត​មានព្យាយាម (ក្នុងការធ្វើ​ឲ្យ​សៅហ្មង ឬបរិសុទ្ធ)ទេ មានសេចក្តីប្រែប្រួល ​ដោយនិយតិ​ និងសង្គតិ និងសភាវៈ តាំងនៅក្នុងអភិជាតិទាំង៦ ហើយរមែង​ទទួលសុខ និងទុក្ខ។ បើពាក្យរបស់​គ្រូដ៏ចំរើន​នេះ ជាពាក្យពិតមែន សមណកម្ម ដែល​អាត្មាអញ បានធ្វើហើយ ក្នុងសម័យនុ៎ះ ក៏ទុកដូចជា​អាត្មាអញ មិនបានធ្វើ ព្រហ្មចរិយធម៌ ដែលអាត្មាអញ បានប្រព្រឹត្តហើយ ក្នុងសម័យនុ៎ះ ក៏ទុកដូចជា​អាត្មាអញ មិនបានប្រព្រឹត្ត ឯយើងទាំងពីរនាក់ ជាមនុស្សស្មើៗគ្នា ដល់នូវ​ភាព​ស្មើគ្នា ក្នុងសមណធម៌នុ៎ះ ប៉ុន្តែអាត្មាអញ គ្រាន់តែមិននិយាយថា យើងទាំងពីរនាក់ នឹងបរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ។ ក៏គ្រូដ៏ចំរើននេះ ប្រព្រឹត្តអាក្រាត កោរត្រងោល ព្យាយាមអង្គុយច្រហោង ប្រព្រឹត្តដកសក់ និងពុកមាត់ ពុកចង្កា យ៉ាងតឹងលើសលុប ចំណែកអាត្មាអញ ដែលអាស្រ័យនៅនឹងទីដេក ចង្អៀតដោយកូន ប្រើប្រាស់សំពត់ ដែលបានមក អំពីដែនកាសី និងខ្លឹមចន្ទន៍ ទ្រទ្រង់ផ្កា​កម្រង និងគ្រឿងក្រអូប គ្រឿងលាប​ផ្សេងៗ ត្រេកអរ ចំពោះមាស និងប្រាក់ ក៏គង់ជា​អ្នក​មាន​​គតិស្មើៗគ្នា នឹងគ្រូដ៏ចំរើននេះ ក្នុងលោកខាងមុខដែរ អាត្មាអញនោះឯង កាលដឹងអ្វី ឃើញ​អ្វី ទើបមកប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ក្នុងសំណាក់គ្រូនេះ ការប្រព្រឹត្តិនោះ មិនមែន​ជាកិរិយាប្រព្រឹត្ត​ព្រហ្មចរិយធម៌​ទេ បុរសនោះ លុះដឹងដូច្នេះហើយ ក៏នឿយណាយ ចាកព្រហ្មចរិយធម៌​នោះ ហើយចៀសចេញទៅ។ ម្នាលសន្ទកៈ នេះឯង ឈ្មោះថា អព្រហ្មចរិយវាសៈ ទី៣ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹងឡើយ។

[៦២] ម្នាលសន្ទកៈ​ ប្រការមួយទៀត ក្នុងលោកនេះ មានគ្រូខ្លះ តែងនិយាយ​យ៉ាងនេះ យល់ឃើញយ៉ាងនេះថា កាយ គឺពួកទាំង៧នេះ គ្មាននរណាធ្វើកើត គ្មាន​វិធី​ធ្វើកើត គ្មាននរណានិម្មិតដោយឫទ្ធិបាន គ្មាននរណាសាងកើត ជាសភាពអារ (គ្មាន​ពូជ​តទៅទៀត) តាំងនៅដូចជាកំពូលភ្នំ ឋិតនៅមាំដូចជាសសរគោល កាយទាំងនោះ មិនញាប់​ញ័រ មិនប្រែប្រួល មិនបៀតបៀនគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យបានសុខ ឬបាន​ទុក្ខ ឬទាំងសុខ ទាំងទុក្ខបានឡើយ កាយ គឺពួកទាំង៧ តើដូចម្តេចខ្លះ គឺពួក​ធាតុដី១ ពួកធាតុទឹក១ ពួកធាតុភ្លើង១ ពួកធាតុខ្យល់១ សេចក្តីសុខ១ សេចក្តីទុក្ខ១ ជីវិត១ គ្រប់ជា៧ កាយ គឺពួកទាំង៧នេះ គ្មាននរណាធ្វើកើត គ្មាន​វិធី​ធ្វើកើត គ្មាននរណា​និម្មិត ដោយ​ឫទ្ធិបាន គ្មាននរណាសាងកើត ជាសភាពអារ តាំងនៅដូចជាកំពូលភ្នំ ឋិតនៅមាំ​ដូច​ជាសសរគោល កាយទាំងនោះ មិនញាប់​ញ័រ មិនប្រែប្រួល មិនបៀតបៀនគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យបានសុខ ឬបាន​ទុក្ខ ឬទាំងសុខ ទាំងទុក្ខបានឡើយ បុគ្គលសម្លាប់​ដោយខ្លួនឯងក្តី ប្រើគេឲ្យសម្លាប់ក្តី ស្តាប់ខ្លួនឯងក្តី ប្រើគេឲ្យស្តាប់ក្តី ដឹងច្បាស់ខ្លួនឯងក្តី ញុំាងគេឲ្យដឹងច្បាស់ក្តី មិនមានក្នុងកាយទាំងនោះទេ ទុកជាបុគ្គលកាត់សីសៈ ដោយសស្ត្រាវុធដ៏មុត ក៏ឈ្មោះថា គ្មានអ្នកណា ផ្តាច់ផ្តិលអ្នកណា ឲ្យចាកជីវិតបាន ឯសស្ត្រាវុធ គ្រាន់តែចូលតាមចន្លោះនៃកាយទាំង៧ ប៉ុណ្ណោះឯង។ ឯកំណើតដែលជា​ប្រធាន10) មាន​ចំនួន១លាន៤សែន៦ពាន់៦រយទាំងនេះក្តី កម្មទាំង៥០០ក្តី កម្មទាំង៥ក្តី កម្មទាំង៣ក្តី កម្ម គឺកាយកម្ម និងវចីកម្មក្តី កម្មពាក់កណ្តាល គឺមនោកម្មក្តី បដិបទាទាំង៦២ក្តី អន្តរកប្ប11) ទាំង៦២ក្តី អភិជាតិ12) ទាំង៦ បុរិសភូមិ13) ទាំង៨ ពួកអាជីវកទាំង១៤៩ ពួក​បរិព្វាជកទាំង១៤៩ លំនៅនៃនាគទាំង១៤៩ ឥន្ទ្រិយទាំង១២០ នរកទាំង១៣០ ធាតុដែល​ប្រកបដោយធូលី (មានខ្នងដៃ ខ្នងជើងជាដើម) ទាំង៣៦ ពួកគភ៌នៃសត្វដែលមានសញ្ញា14) ទាំង៧ ពួកគភ៌នៃ (ធញ្ញជាតិ) ដែលគ្មានសញ្ញាទាំង៧ ពួកគភ៌នៃជាតិ ដែលដុះអំពីថ្នាំង (មានអំពៅជាដើម) ទាំង៧ ពួកទេវតាទាំង៧ ពួកមនុស្សទាំង៧ ពួកបិសាចទាំង៧ ស្រះទាំង៧ រអាងភ្នំទាំង៧ ថ្មទាំង៧ ជ្រោះធំទាំង៧ ជ្រោះតូចទាំង៧០០ សុបិនធំទាំង៧ សុបិនតូចទាំង៧០០ ជនពាល​ក្តី ជនជាបណ្ឌិតក្តី អន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងវដ្តសង្សារ) អស់ចំនួន​៨លានចូឡមហាកប្ប ហើយនឹងធ្វើនូវទីបំផុតនៃទុក្ខបាន។ បុគ្គលកំណត់ទុកថា អាត្មាអញ នឹងញុំាងកម្ម ដែលមិនទាន់ចាស់ ឲ្យចាស់ផង អាត្មាអញ បានពាល់ត្រូវរឿយៗ នូវកម្ម ដែលចាស់ស្រាប់ហើយ ៗធ្វើឲ្យអស់ទៅផង ដោយសីលនេះក្តី ដោយវត្តនេះក្តី ដោយតបៈនេះក្តី ដោយព្រហ្មចរិយៈនេះក្តី ក្នុងកប្បទាំងឡាយនោះ មិនមានទេ សេចក្តី​សុខទុក្ខ ដែលធ្វើឲ្យមានទីបំផុត​ដូចគេវាល់របស់ (ឲ្យអស់ទៅ) ដោយទោណៈ មិនមានក្នុង​សង្សារវដ្ត ដោយប្រការយ៉ាងនេះឡើយ សេចក្តីសាបសូន្យ (នៃសង្សាររបស់ជន​ជាបណ្ឌិត) និងសេចក្តីចំរើន (នៃសង្សាររបស់ជនពាល) មិនមានទេ សេចក្តីលូតលាស់​ឡើង និងសេចក្តី​រេចរិលចុះ មិនមានឡើយ។ ដូច​រមូរនៃអម្បោះ ដែលគេបោះចោលទៅ តែង​រសាយអស់ (ត្រឹម​តែកំណត់អម្បោះប៉ុណ្ណោះ) យ៉ាងណាមិញ ជនពាលក្តី ជនជាបណ្ឌិតក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារអស់កំណត់នេះហើយ) នឹង​ធ្វើនូវទីបំផុត នៃទុក្ខបាន ដូច្នេះឯង។

[៦៣] ម្នាលសន្ទកៈ វិញ្ញូបុរស តែងពិចារណាក្នុងដំណើរនោះ ដូច្នេះថា គ្រូដ៏​ចំរើននេះ តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា កាយ គឺពួកទាំង៧នេះ គ្មាននរណាធ្វើកើត គ្មាន​វិធី​ធ្វើកើត គ្មាននរណានិម្មិតដោយឫទ្ធិបាន គ្មាននរណា​សាង​កើត ជាសភាពអារ តាំងនៅដូចជាកំពូលភ្នំ ឋិតនៅមាំដូចជាសសរគោល កាយទាំងនោះ មិនញាប់​ញ័រ មិនប្រែប្រួល មិនបៀតបៀនគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យបានសុខ ឬបាន​ទុក្ខ ឬទាំងសុខ ទាំងទុក្ខបានឡើយ កាយ គឺពួកទាំង៧ តើដូចម្តេចខ្លះ គឺពួក​ធាតុដី១ ពួកធាតុទឹក១ ពួកធាតុភ្លើង១ ពួកធាតុខ្យល់១ សេចក្តីសុខ១ សេចក្តីទុក្ខ១ ជីវិត១ គ្រប់ជា៧ កាយ គឺពួកទាំង៧នេះ គ្មាននរណាធ្វើកើត គ្មាន​វិធី​ធ្វើកើត គ្មាននរណា​និម្មិត ដោយ​ឫទ្ធិបាន គ្មាននរណាសាងកើត ជាសភាពអារ តាំងនៅដូចជាកំពូលភ្នំ ឋិតនៅមាំ​ដូច​ជាសសរគោល កាយទាំងនេះ មិនញាប់​ញ័រ មិនប្រែប្រួល មិនបៀតបៀនគ្នានឹងគ្នា មិនអាចធ្វើគ្នានឹងគ្នាឲ្យបានសុខ ឬបាន​ទុក្ខ ឬទាំងសុខ ទាំងទុក្ខបានឡើយ បុគ្គលសម្លាប់​ដោយខ្លួនឯងក្តី ប្រើគេឲ្យសម្លាប់ក្តី ស្តាប់ខ្លួនឯងក្តី ប្រើគេឲ្យស្តាប់ក្តី ដឹងច្បាស់ខ្លួនឯងក្តី ញុំាងគេឲ្យដឹងច្បាស់ក្តី មិនមានក្នុងកាយទាំងនោះទេ ទុកជាបុគ្គលកាត់សីសៈ ដោយ​សស្ត្រាវុធ​ដ៏មុត ក៏ឈ្មោះថា គ្មានអ្នកណា ផ្តាច់ផ្តិលអ្នកណា ឲ្យចាកជីវិតបានទេ សស្ត្រាវុធ គ្រាន់តែចូលតាមទៅចន្លោះ នៃកាយទាំង៧ ប៉ុណ្ណោះឯង។ កំណើតដែលជា​ប្រធាន មាន​ចំនួន១លាន៤សែន៦ពាន់៦រយទាំងនេះក្តី កម្មទាំង៥០០ក្តី កម្មទាំង៥ក្តី កម្មទាំង៣ក្តី កម្ម គឺកាយកម្ម និងវចីកម្មក្តី កម្មពាក់កណ្តាល គឺមនោកម្មក្តី បដិបទាទាំង៦២ក្តី អន្តរកប្ប ទាំង៦២ក្តី អភិជាតិទាំង៦ក្តី បុរិសភូមិទាំង៨ក្តី ពួកអាជីវក​ទាំង​១៤៩ ពួក​បរិព្វាជកទាំង១៤៩ លំនៅនៃនាគទាំង១៤៩ ឥន្ទ្រិយទាំង១២០ នរកទាំង១៣០ ធាតុដែល​ប្រកបដោយធូលី (មានខ្នងដៃ ខ្នងជើងជាដើម) ទាំង៣៦ ពួកគភ៌នៃសត្វ ដែល​មាន​សញ្ញាទាំង៧ ពួកគភ៌នៃ (ធញ្ញជាតិ) ដែលគ្មានសញ្ញាទាំង៧ ពួកគភ៌នៃជាតិ ដែលដុះ​អំពីថ្នាំងទាំង៧ ពួកទេវតាទាំង៧ ពួកមនុស្សទាំង៧ ពួកបិសាចទាំង៧ ស្រះទាំង៧ រអាងភ្នំទាំង៧ ថ្មទាំង៧ ជ្រោះធំទាំង៧ ជ្រោះតូចទាំង៧០០ សុបិនធំទាំង៧ សុបិនតូចទាំង៧០០ ជនពាល​ក្តី ជនជាបណ្ឌិតក្តី អន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងវដ្ត​សង្សារ) អស់កាលចំនួន​៨លានចូឡមហាកប្ប ហើយនឹងធ្វើនូវទីបំផុតនៃទុក្ខបាន។ បុគ្គលកំណត់ទុកថា អាត្មាអញ នឹងញុំាងកម្ម ដែលមិនទាន់ចាស់ ឲ្យចាស់ផង អាត្មាអញ បានពាល់ត្រូវរឿយៗ នូវកម្មដែលចាស់ស្រាប់ហើយ ៗធ្វើឲ្យអស់ទៅផង ដោយសីលនេះ​ក្តី ដោយវត្តនេះក្តី ដោយតបៈនេះក្តី ដោយព្រហ្មចរិយៈនេះក្តី ក្នុងកប្បទាំងឡាយនោះ មិនមានទេ សេចក្តី​សុខទុក្ខ ដែលធ្វើឲ្យមានទីបំផុត​ ដូចគេវាល់របស់ (ឲ្យអស់ទៅ) ដោយទោណៈ មិនមានក្នុង​សំសារវដ្ត ដោយប្រការយ៉ាងនេះឡើយ សេចក្តីសាបសូន្យ (នៃសង្សាររបស់ជន​ជាបណ្ឌិត) និងសេចក្តីចំរើន (នៃសង្សាររបស់ជនពាល) មិនមានទេ សេចក្តីលូតលាស់​ឡើង និងសេចក្តី​រេចរិលចុះ មិនមានឡើយ។ ដូច​រមូរនៃអម្បោះ ដែល​គេ​បោះចោលទៅ តែង​រសាយអស់ (ត្រឹម​តែកំណត់អម្បោះប៉ុណ្ណោះ) យ៉ាងណាមិញ ជនពាលក្តី ជនជាបណ្ឌិតក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារ​អស់​កំណត់​នេះ​ហើយ) នឹង​ធ្វើនូវទីបំផុតនៃទុក្ខបាន ដូច្នោះឯង។ បើពាក្យរបស់គ្រូដ៏ចំរើន​នេះ ជាពាក្យ​ពិតមែន សមណកម្ម ដែល​អាត្មាអញ បានធ្វើហើយ ក្នុងសម័យនុ៎ះ ក៏ទុកដូចជា​អាត្មា​អញ មិនបានធ្វើ ព្រហ្មចរិយធម៌ ដែលអាត្មាអញ បានប្រព្រឹត្តហើយ ក្នុងសម័យនុ៎ះ ក៏ទុកដូចជា​អាត្មាអញ មិនបានប្រព្រឹត្ត ឯយើងទាំងពីរនាក់ ជាមនុស្សស្មើៗគ្នា ដល់នូវភាពស្មើគ្នា ក្នុងសមណធម៌នុ៎ះ ប៉ុន្តែអាត្មាអញ គ្រាន់តែមិននិយាយថា យើងទាំងពីរនាក់ នឹងអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារវដ្ត) ហើយនឹងធ្វើ​នូវ​ទីបំផុត​ទុក្ខបាន។ ក៏គ្រូដ៏ចំរើននេះ ប្រព្រឹត្តអាក្រាត កោរត្រងោល ព្យាយាមអង្គុយច្រហោង ប្រព្រឹត្តដកសក់ និងពុកមាត់ ពុកចង្កា យ៉ាងតឹងលើសលុប ចំណែកអាត្មាអញ ដែល​អាស្រ័យនៅនឹងទីដេក ចង្អៀតដោយកូន ប្រើប្រាស់សំពត់ ដែលបានមកអំពីដែនកាសី និងខ្លឹមចន្ទន៍ ទ្រទ្រង់ផ្កា​កម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ត្រេកអរចំពោះមាស និងប្រាក់ ក៏គង់ជា​អ្នក​មាន​​គតិស្មើៗគ្នា នឹងគ្រូដ៏ចំរើននេះ ក្នុងលោកខាងមុខដែរ អាត្មាអញ​នោះឯង កាលដឹងអ្វី ឃើញ​អ្វី ទើបប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់គ្រូនេះ ការប្រព្រឹត្តិនោះឯង មិនមែន​ជាកិរិយាប្រព្រឹត្តព្រហ្មចរិយធម៌ទេ បុរសនោះ លុះដឹង​ដូច្នេះ​ហើយ ក៏នឿយណាយ ចាកព្រហ្មចរិយធម៌ ហើយចៀសចេញទៅ។ ម្នាលសន្ទកៈ នេះឯង ឈ្មោះថា អព្រហ្មចរិយវាសៈ ទី៤ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹងឡើយ។ ម្នាលសន្ទកៈ នេះឯងឈ្មោះថា អព្រហ្មចរិយវាសៈ​៤ប្រការ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹងឡើយ។

[៦៤] សន្ទកបរិព្វាជក តបថា បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះចំឡែក​ណាស់ ព្រោះថា ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងអព្រហ្មចរិយវាសៈ ​ទាំង៤ប្រការ នេះថាជា អព្រហ្មចរិយវាសៈ ដោយពិតប្រាកដមែន ជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹងឡើយ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះព្រះភគវន្ត អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែង អនស្សាសិកព្រហ្មចរិយៈ​ ៤ប្រការ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្ត​ព្រហ្មចរិយៈ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹង តើដូចម្តេចខ្លះ។

[៦៥] ព្រះអានន្ទតបថា ម្នាលសន្ទកៈ ក្នុងលោកនេះ មានគ្រូខ្លះ ដឹងសព្វ ឃើញសព្វ តែងប្តេជ្ញានូវញាណទស្សនៈ មិនមានសេសសល់ថា អាត្មាអញ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ញាណទស្សនៈ រមែង​តំកល់ស៊ប់ជាប់ជានិច្ច។ គ្រូនោះ ចូលទៅកាន់ផ្ទះស្ងាត់ ក៏មាន មិនបានដុំបាយក៏មាន ឆ្កែខាំក៏មាន ចួបប្រទះនឹងដំរីកាច​ក៏មាន ចួបប្រទះនឹង​សេះកាចក៏មាន ជួបប្រទះនឹងគោកាចក៏មាន សួរនាម និងគោត្រ​របស់ស្ត្រី ឬបុរសក៏មាន សួរឈ្មោះ និងផ្លូវ​នៃស្រុក ឬនិគមក៏មាន។ គ្រូនោះ កាលបើមាន​គេសួរថា ហេតុនេះ តើដូចម្តេច ក៏ប្រាប់គេថា ផ្ទះស្ងាត់ដែលគួរ​ខ្ញុំចូលទៅបាន ខ្ញុំក៏ចូលទៅ​កាន់ផ្ទះស្ងាត់នោះហើយ ដុំបាយដែលខ្ញុំមិនគួរបាន ខ្ញុំក៏មិនបានដុំបាយនោះហើយ ឆ្កែ​ដែលគួរ​ខាំខ្ញុំបាន ឆ្កែនោះក៏ខាំខ្ញុំហើយ ខ្ញុំគួរចួប​នឹងដំរីកាច ខ្ញុំក៏ចួបនឹងដំរីកាចនោះហើយ ខ្ញុំគួរចួប​នឹងសេះកាច ខ្ញុំក៏ចួបនឹងសេះកាចនោះហើយ ខ្ញុំគួរចួប​នឹងគោកាច ខ្ញុំក៏ចួបនឹងគោកាចនោះហើយ ខ្ញុំគួរសួរនាម និងគោត្ររបស់ស្រី ឬប្រុស ខ្ញុំក៏សួរ​នាម និងគោត្ររបស់ស្រី ឬប្រុសនោះហើយ ខ្ញុំគួរសួរឈ្មោះ និងផ្លូវនៃស្រុក ឬនិគម ខ្ញុំក៏សួរឈ្មោះ​ និងផ្លូវនៃស្រុក ឬនិគមនោះរួចហើយ។ ម្នាលសន្ទកៈ វិញ្ញូបុរស រមែងពិចារណា ក្នុងដំណើរនោះថា គ្រូដ៏ចំរើននេះ ដឹងសព្វ ឃើញសព្វ តែងប្តេជ្ញា នូវ​ញាណទស្សនៈ មិនមានសេសសល់ថា អាត្មាអញ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ញាណទស្សនៈ រមែង​តំកល់ស៊ប់ជាប់ជានិច្ច។ គ្រូនោះ ចូលទៅកាន់ផ្ទះស្ងាត់ ក៏មាន មិនបានដុំបាយក៏មាន ឆ្កែខាំក៏មាន ចួបប្រទះនឹងដំរីកាច​ក៏មាន ចួបប្រទះនឹង​សេះកាចក៏មាន ជួបប្រទះនឹងគោកាចក៏មាន សួរនាម និងគោត្រ​របស់ស្រី ឬប្រុសក៏មាន សួរឈ្មោះ និងផ្លូវ​នៃស្រុក ឬនិគមក៏មាន។ គ្រូនោះ កាលបើមាន​គេសួរថា ហេតុនេះ តើដូចម្តេច ក៏ប្រាប់គេថា ផ្ទះស្ងាត់ដែល​ខ្ញុំគួរចូលទៅបាន ខ្ញុំក៏ចូលទៅ​កាន់ផ្ទះស្ងាត់​នោះ​ហើយ ដុំបាយដែលខ្ញុំមិនគួរបាន ខ្ញុំក៏មិនបានដុំបាយនោះហើយ ឆ្កែ​ដែលគួរ​ខាំខ្ញុំបាន ឆ្កែនោះក៏ខាំខ្ញុំហើយ ខ្ញុំគួរចួប​នឹងដំរីកាច ខ្ញុំក៏ចួបនឹងដំរីកាចនោះហើយ ខ្ញុំគួរចួប​នឹងសេះកាច ខ្ញុំក៏ចួបនឹងសេះកាចនោះហើយ ខ្ញុំគួរចួប​នឹងគោកាច ខ្ញុំក៏ចួប​នឹងគោ​កាច​នោះ​ហើយ ខ្ញុំគួរសួររកនាម និងគោត្ររបស់ស្រី ឬប្រុស ខ្ញុំក៏សួរ​នាម និងគោត្ររបស់ស្រី ឬប្រុសនោះហើយ ខ្ញុំគួរសួរឈ្មោះ និងផ្លូវនៃស្រុក ឬនិគម ខ្ញុំក៏សួរឈ្មោះ​ និងផ្លូវនៃស្រុក ឬនិគមនោះរួចហើយ។ បុរសនោះ លុះដឹងច្បាស់ថា ព្រហ្មចរិយៈនេះ មិនមានទំនង​ស្រួល​ដូច្នេះហើយ ក៏នឿយណាយ ចាកព្រហ្មចរិយៈនោះ ហើយចៀសចេញទៅ។ ម្នាលសន្ទកៈ នេះឯងឈ្មោះថា អនស្សាសិកព្រហ្មចរិយៈ ទី១ ដែលព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធអង្គ​នោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្តព្រហ្មចរិយៈ ដោយដាច់ស្រឡះ ទុកជាកាលប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសល​ធម៌ ដែលខ្លួនគប្បីដឹងឡើយ។

[៦៦] ម្នាលសន្ទកៈ ប្រការ១ទៀត ក្នុងលោកនេះ មានគ្រូខ្លះ ជាអ្នកឮតៗគ្នាមក ប្រកាន់យកពាក្យដែលឮតៗ ថាជាពាក្យពិត។ គ្រូនោះឯង តែងសំដែងធម៌ តាមពាក្យ​ដែលឮតៗ តាមពាក្យបរម្បរា ថាដូច្នេះៗ តាមក្បួនតម្រា។ ម្នាលសន្ទកៈ ឯគ្រូជាអ្នកឮតៗ​គ្នា​មក ប្រកាន់យកពាក្យដែលឮតៗ ថាជាពាក្យពិត (នោះ) រមែងឮពាក្យល្អខ្លះ ឮពាក្យ​អាក្រក់ខ្លះ ពិតខ្លះ មិនពិតខ្លះ។ ម្នាលសន្ទកៈ វិញ្ញូបុរស រមែងពិចារណា ក្នុងដំណើរនោះ ដូច្នេះថា គ្រូដ៏ចំរើននេះ ជាអ្នកឮតៗគ្នាមក ប្រកាន់យកពាក្យដែលឮតៗ ថាជាពាក្យពិត។ គ្រូនោះឯង តែងសំដែងធម៌ តាមពាក្យ​ដែលឮតៗ តាមពាក្យបរម្បរា ថាដូច្នេះៗ តាម​ក្បួន​តម្រា។ ឯគ្រូជាអ្នកឮតៗគ្នាមក ប្រកាន់យកពាក្យដែលឮតៗ ថាជាពាក្យពិត (នោះ) រមែង​ឮពាក្យល្អខ្លះ ឮពាក្យ​អាក្រក់ខ្លះ ពិតខ្លះ មិនពិតខ្លះ។ បុរសនោះ លុះដឹងច្បាស់ថា ព្រហ្មចរិយៈនេះ មិនមានទំនង​ស្រួល ​ដូច្នេះហើយ ក៏នឿយណាយ ចាកព្រហ្មចរិយៈនោះ ហើយចៀសចេញទៅ។ ម្នាលសន្ទកៈ នេះឯងឈ្មោះថា អនស្សាសិកព្រហ្មចរិយៈ ទី២ ដែលព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធអង្គ​នោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្តព្រហ្មចរិយៈ ដោយដាច់ស្រឡះ ទុកជា​កាល​ប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសល​ធម៌ ដែលខ្លួនគប្បីដឹងឡើយ។

[៦៧] ម្នាលសន្ទកៈ ប្រការមួយទៀត ក្នុងលោកនេះ មានគ្រូខ្លះ ជាអ្នកមានសេចក្តី​ត្រិះរិះ ពិចារណាជាប្រក្រតី។ គ្រូនោះ តែងសំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាធម៌​កើតមានដោយប្រាជ្ញារបស់ខ្លួន។ ម្នាលសន្ទកៈ ក៏គ្រូអ្នកមានសេចក្តី​ត្រិះរិះ ពិចារណាជាប្រក្រតី រមែងត្រិះរិះហេតុល្អក៏មាន ត្រិះរិះហេតុ​អាក្រក់ក៏មាន ពិតក៏មាន មិនពិតក៏មាន។ ម្នាលសន្ទកៈ វិញ្ញូបុរស រមែងពិចារណា ក្នុងដំណើរនោះ ដូច្នេះថា គ្រូដ៏ចំរើននេះ ជាអ្នកមានសេចក្តី​ត្រិះរិះ ពិចារណាជាប្រក្រតី។ គ្រូនោះ តែងសំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាធម៌​កើតមានដោយប្រាជ្ញារបស់ខ្លួន។ ក៏គ្រូជាអ្នកមានសេចក្តី​ត្រិះរិះ ពិចារណា​ជា​ប្រក្រតី រមែងត្រិះរិះហេតុល្អក៏មាន ត្រិះរិះហេតុអាក្រក់ក៏មាន ពិតក៏មាន មិនពិតក៏មាន។ បុរសនោះ លុះដឹងច្បាស់ថា ព្រហ្មចរិយៈនេះ មិនមានទំនង​ស្រួល ​ដូច្នេះហើយ ក៏នឿយណាយ ចាកព្រហ្មចរិយៈនោះ ហើយចៀសចេញទៅ។ ម្នាលសន្ទកៈ នេះឯងឈ្មោះថា អនស្សាសិកព្រហ្មចរិយៈ ទី៣ ដែលព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធអង្គ​នោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្តព្រហ្មចរិយៈ ដោយដាច់ស្រឡះ ទុកជា​កាល​ប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសល​ធម៌ ដែលខ្លួនគប្បីដឹងឡើយ។

[៦៨] ម្នាលសន្ទកៈ ប្រការមួយទៀត ក្នុងលោកនេះ មានគ្រូខ្លះ ជាមនុស្ស​មានប្រាជ្ញាទន់ ជាមនុស្សល្ងង់ខ្លៅ។ គ្រូនោះ ហេតុតែខ្លួនមានប្រាជ្ញាទន់ ហេតុតែខ្លួន​ល្ងង់ខ្លៅ កាលបើមានអ្នកផងសាកសួរប្រស្នា ដូច្នោះៗហើយ ក៏ដល់នូវការផ្សាយវាចា ផ្សាយសំដីមិនឲ្យស្លាប់ខ្លួនថា ខ្ញុំយល់ឃើញថា យ៉ាងនេះក៏មិនមែន ខ្ញុំយល់ឃើញថា យ៉ាង​នោះក៏មិនមែន ខ្ញុំយល់ឃើញថា យ៉ាងដទៃក៏មិនមែន ខ្ញុំយល់ឃើញថា មិនមែន​ក៏ទេ ខ្ញុំយល់ឃើញថា មិនមែនជាមិនមែនក៏ទេ។ ម្នាលសន្ទកៈ វិញ្ញូបុរស តែងពិចារណា ក្នុងដំណើរនោះ ដូច្នេះថា គ្រូដ៏ចំរើននេះ ជាមនុស្ស​មានប្រាជ្ញាទន់ ជាមនុស្សល្ងង់ខ្លៅ។ គ្រូនោះ ហេតុតែខ្លួនមានប្រាជ្ញាទន់ ហេតុតែខ្លួន​ល្ងង់ខ្លៅ កាលបើមានអ្នកផង​សាក​សួរ​ប្រស្នា ដូច្នោះៗហើយ ក៏ដល់នូវការផ្សាយវាចា ផ្សាយសំដីមិនឲ្យស្លាប់ខ្លួនថា ខ្ញុំយល់​ឃើញ​ថា យ៉ាងនេះក៏មិនមែន ខ្ញុំយល់ឃើញថា យ៉ាង​នោះក៏មិនមែន ខ្ញុំយល់ឃើញថា យ៉ាងដទៃក៏មិនមែន ខ្ញុំយល់ឃើញថា មិនមែន​ក៏ទេ ខ្ញុំយល់ឃើញថា មិនមែនជា​មិន​មែន​ក៏​ទេ។ បុរសនោះ លុះដឹងច្បាស់ថា ព្រហ្មចរិយៈនេះ មិនមានទំនង​ស្រួល ​ដូច្នេះហើយ ក៏នឿយណាយ ចាកព្រហ្មចរិយៈនោះ ហើយចៀសចេញទៅ។ ម្នាលសន្ទកៈ នេះឯង​ឈ្មោះ​ថា​ អនស្សាសិកព្រហ្មចរិយធម៌ ទី៤ ដែលព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធអង្គ​នោះ ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្ត​ព្រហ្មចរិយៈ ដោយដាច់ស្រឡះ ទុកជា​កាល​ប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសល​ធម៌ ដែលខ្លួនគប្បីដឹងឡើយ។ ម្នាលសន្ទកៈ នេះឯង​ឈ្មោះ​ថា​ អនស្សាសិកព្រហ្មចរិយៈ ៤​ប្រការ ដែលព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធអង្គ​នោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែង​ហើយ ដែលជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្ត​ព្រហ្មចរិយៈ ដោយដាច់​ស្រឡះ ទុកជា​កាល​ប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសល​ធម៌ ដែលខ្លួនគប្បីដឹងឡើយ។

[៦៩] សន្ទកបរិព្វាជកតបថា បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះចំឡែកណាស់ ព្រោះថា ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធអង្គ​នោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែង​អនស្សាសិក​ព្រហ្មចរិយៈ៤ប្រការនេះ ថាជា អនស្សាសិកព្រហ្មចរិយៈ ពិតប្រាកដមែន ជាធម៌នាំឲ្យវិញ្ញូបុរស លែង​ប្រព្រឹត្ត​ព្រហ្មចរិយៈ ដោយដាច់ស្រឡះ ទុកជា​កាល​ប្រព្រឹត្ត ក៏មិនបានត្រេកអរ នឹងកុសល​ធម៌ ដែលខ្លួនគប្បីដឹងឡើយ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះគ្រូនោះ និយាយដូចម្តេច ពោលដូចម្តេច ទើបជាហេតុនាំឲ្យ​វិញ្ញុបុរស ប្រព្រឹត្ត​ព្រហ្មចរិយៈបានដោយស៊ប់ចិត្ត កាលបើ​ប្រព្រឹត្តហើយ ក៏រមែងត្រេកអរ នឹងកុសល​ធម៌ ដែលខ្លួនគប្បីដឹង។

[៧០] ព្រះអានន្ទមានថេរវាចាថា ម្នាលសន្ទកៈ ព្រះតថាគតកើតឡើងក្នុងលោក​នេះ ព្រះអង្គឆ្ងាយចាកសឹកសត្រូវ ពោលគឺកិលេស ព្រះអង្គ​ត្រាស់​ដឹង​នូវញេយ្យធម៌​ទាំង​ពួង ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរ​ល្អ យាងទៅកាន់សុន្ទរស្ថាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គ​ប្រសើរ​ ដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នកទូន្មាន នូវបុរស ដែលគួរទូន្មានបាន ព្រះអង្គ ជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​ត្រាស់ដឹង នូវចតុរារិយសច្ច ហើយញុំាងអ្នកដទៃ ឲ្យត្រាស់ដឹងផង ព្រះអង្គ មានដំណើរ​ទៅកាន់ត្រៃភពខ្ជាក់ចោលហើយ។បេ។ ព្រះអង្គបានលះបង់នីវរណធម៌ ទាំង៥នេះ ដែល​ជាគ្រឿងសៅហ្មងចិត្ត ធ្វើប្រាជ្ញាឲ្យមានកំឡាំងខ្សោយ ព្រះអង្គស្ងប់ស្ងាត់ចាកកាមទាំង​ឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក។ ម្នាលសន្ទកៈ ចំណែកខាងសាវ័ក រមែង​ត្រាស់ដឹង នូវគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុងសំណាក់​គ្រូណា វិញ្ញូបុរស គប្បីប្រព្រឹត្តព្រហ្មចរិយៈបាន ដោយស៊ប់ចិត្ត ក្នុងសំណាក់គ្រូនោះ កាលបើ​ប្រព្រឹត្តហើយ ក៏ត្រេកអរនឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹង។ ម្នាលសន្ទកៈ ប្រការមួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈបានហើយ។បេ។ ក៏ចូល​ទុតិយជ្ឈាន។ ម្នាលសន្ទកៈ សាវ័ក រមែងត្រាស់ដឹង នូវគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុង​សំណាក់គ្រូណា វិញ្ញូបុរស គប្បីប្រព្រឹត្តព្រហ្មចរិយៈបាន ដោយស៊ប់ចិត្ត ក្នុងសំណាក់​គ្រូ​នោះ កាលបើ​ប្រព្រឹត្តហើយ ក៏ត្រេកអរនឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹង។ ម្នាលសន្ទកៈ ប្រការមួយទៀត ភិក្ខុព្រោះ​ប្រាសចាកបីតិផង។បេ។ ក៏ចូលតតិយជ្ឈាន។ ម្នាលសន្ទកៈ សាវ័ក រមែងត្រាស់ដឹង នូវគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុង​សំណាក់គ្រូណា វិញ្ញូបុរស គប្បីប្រព្រឹត្តព្រហ្មចរិយៈបាន ដោយស៊ប់ចិត្ត ក្នុងសំណាក់គ្រូនោះ កាលបើ​ប្រព្រឹត្តហើយ ក៏ត្រេកអរនឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹង។ ម្នាលសន្ទកៈ ប្រការមួយទៀត ភិក្ខុព្រោះ​លះបង់សុខផង លះបង់ទុក្ខផង។បេ។ ចូលចតុត្ថជ្ឈាន។ ម្នាលសន្ទកៈ អរិយសាវ័ក រមែងត្រាស់ដឹង នូវគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុង​សំណាក់គ្រូណា វិញ្ញូបុរស គប្បីប្រព្រឹត្តព្រហ្មចរិយៈបាន ដោយស៊ប់ចិត្ត ក្នុងសំណាក់គ្រូនោះ។ កាលបើ​ប្រព្រឹត្តហើយ ក៏ត្រេកអរនឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹង។

[៧១] ភិក្ខុនោះ កាលបើចិត្តតំកល់មាំ បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវ​សេចក្តី​មិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងបង្អោនចិត្តទៅរក​បុព្វេនិវាសានុស្សតិញ្ញាណ គឺប្រាជ្ញារលឹកឃើញនូវខន្ធ ដែល​ធ្លាប់អាស្រ័យនៅក្នុងភព​មុន។ ភិក្ខុនោះ រមែង​រលឹកនូវខន្ធ ដែលខ្លួន​ធ្លាប់អាស្រ័យនៅ ក្នុងកាលមុន បានច្រើន​ជាតិ គឺរលឹកឃើញបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកឃើញ​នូវជាតិ ដែលខ្លួន​ធ្លាប់អាស្រ័យ​នៅ ក្នុងកាលមុន បានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការ​ដូច្នេះឯង។ ម្នាលសន្ទកៈ សាវ័ក រមែងត្រាស់ដឹងនូវគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុង​សំណាក់គ្រូណា វិញ្ញូបុរស គប្បីប្រព្រឹត្តព្រហ្មចរិយៈបាន ដោយស៊ប់ចិត្ត ក្នុងសំណាក់គ្រូនោះ កាលបើ​ប្រព្រឹត្តហើយ ក៏ត្រេកអរនឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹង។ ភិក្ខុនោះ កាលបើចិត្តតំកល់មាំ បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវ​សេចក្តី​មិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងបង្អោនចិត្តទៅរក​ចុតូបបាតញ្ញាណ គឺប្រាជ្ញាជាគ្រឿង​ដឹងនូវចុតិ និងបដិសន្ធិនៃពួកសត្វ (ទិព្វចក្ខុញ្ញាណ)។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុ របស់មនុស្សធម្មតា រមែង​ឃើញ នូវ​ពួកសត្វ ដែលច្យុត ដែលកើតឡើង ទន់ទាប និងខ្ពង់ខ្ពស់ មានវណ្ណៈល្អ មានវណ្ណៈ​អាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ តែងដឹងច្បាស់នូវពួកសត្វ ដែលអន្ទោល​ទៅតាម​កម្មរបស់ខ្លួន។ ម្នាលសន្ទកៈ សាវ័ក រមែងត្រាស់ដឹងនូវគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុង​សំណាក់គ្រូណា វិញ្ញូបុរស គប្បីប្រព្រឹត្តព្រហ្មចរិយៈបាន ដោយស៊ប់ចិត្ត ក្នុងសំណាក់គ្រូនោះ កាលបើ​ប្រព្រឹត្តហើយ ក៏ត្រេកអរនឹង​កុសលធម៌ ដែលខ្លួន​គប្បីដឹង។ ភិក្ខុនោះ កាលបើចិត្តតំកល់មាំ បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវ​សេចក្តី​មិនញាប់ញ័រ យ៉ាងនេះហើយ រមែងបង្អោនចិត្តទៅរក​អាសវក្ខយញ្ញាណ​ គឺប្រាជ្ញាដឹងនូវធម៌ ជាគ្រឿងអស់ទៅនៃអាសវៈទាំងឡាយ។ ភិក្ខុនោះ ដឹងច្បាស់តាមពិត​ថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីប្រជុំកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាព្រះនិព្វាន ជាគ្រឿង​រលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិ ជាដំណើរ​ទៅ​កាន់ព្រះនិព្វាន ជាគ្រឿង​រលត់ទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះជាផ្លូវប្រតិបត្តិ ជាដំណើរ​ទៅកាន់ព្រះនិព្វាន ជាគ្រឿងរលត់អាសវៈ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតចាក​ភវាសវៈផង ចិត្តផុតចាកអវិជ្ជាសវៈផង កាលបើចិត្តភិក្ខុនោះផុតស្រឡះហើយ សេចក្តីដឹង ក៏កើតឡើង ដល់ភិក្ខុនោះថា ចិត្តរបស់អាត្មាអញ ផុតស្រឡះហើយ ភិក្ខុនោះដឹងច្បាស់ថា ជាតិរបស់​អាត្មាអញ អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលសន្ទកៈ សាវ័ក រមែងត្រាស់ដឹងនូវគុណ​វិសេស ដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុង​សំណាក់គ្រូណា វិញ្ញូបុរស គប្បីប្រព្រឹត្ត​ព្រហ្មចរិយៈ​បាន ដោយស៊ប់ចិត្ត ក្នុងសំណាក់គ្រូនោះ កាលបើ​ប្រព្រឹត្តហើយ ក៏ត្រេកអរ​នឹង​​កុសលធម៌ ដែលខ្លួន​គប្បីដឹង។

[៧២] សន្ទកបរិព្វាជកសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ភិក្ខុណាជាព្រះអរហន្ត ខីណាស្រព បានប្រព្រឹត្តមគ្គព្រហ្មចរិយធម៌គ្រប់គ្រាន់ហើយ បានធ្វើសោឡសកិច្ចរួច​ហើយ បានដាក់ចុះភារៈហើយ បានសម្រេចប្រយោជន៍របស់ខ្លួន​ ដោយលំដាប់ហើយ មានធម៌ជាគ្រឿង​ជាប់ចំពាក់ ក្នុងភពអស់ហើយ មានចិត្តផុត (ចាកអាសវៈទាំងឡាយ) ព្រោះដឹងដោយប្រពៃ តើភិក្ខុនោះ នៅបរិភោគកាមទាំងឡាយដែរឬ។ ព្រះអានន្ទតបថា ម្នាលសន្ទកៈ ភិក្ខុណា ជាព្រះអរហន្ត ខីណាស្រព បានប្រព្រឹត្តមគ្គព្រហ្មចរិយធម៌​គ្រប់​គ្រាន់​ហើយ បានធ្វើសោឡសកិច្ចរួច​ហើយ បានដាក់ចុះភារៈហើយ បានសម្រេច​ប្រយោជន៍​របស់ខ្លួន​ ដោយលំដាប់ហើយ មានធម៌ជាគ្រឿង​ជាប់ចំពាក់ ក្នុងភពអស់ហើយ មានចិត្តផុត (ចាកអាសវៈទាំងឡាយ) ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនដែលប្រព្រឹត្ត​ល្មើសនូវហេតុ៥យ៉ាងឡើយ គឺភិក្ខុជាព្រះខីណាស្រព មិនដែលក្លែងធ្វើសត្វឲ្យ​ដាច់ចាក​ជីវិត១ ភិក្ខុជាព្រះខីណាស្រព មិនដែលកាន់យកទ្រព្យដែលគេមិនបានឲ្យ ពោលគឺ ការលួច១ ភិក្ខុជាព្រះខីណាស្រព មិនដែលសេពមេថុនធម្ម១ ភិក្ខុជាព្រះខីណាស្រព មិនដែលពោលកុហកទាំងដឹងសេចក្តីច្បាស់១ ភិក្ខុជាព្រះខីណាស្រព មិនដែលធ្វើនូវ​ការសន្សំទុក (នូវវត្ថុទាំងឡាយ មានល្ងជាដើម) បរិភោគនូវ​កាមទាំងឡាយ ដូចកាល​ដែល​ខ្លួននៅជាគ្រហស្ថ ក្នុងកាលពីដើម១។ ម្នាលសន្ទកៈ ភិក្ខុណា ជាព្រះខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌គ្រប់គ្រាន់ហើយ បានធ្វើសោឡសកិច្ចរួចស្រេច​ហើយ បានដាក់ចុះភារៈហើយ បានសម្រេច​ប្រយោជន៍​របស់ខ្លួន​ ដោយលំដាប់ហើយ មានធម៌ជាគ្រឿង​ជាប់ចំពាក់ ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះ (ចាកអាសវៈទាំងឡាយ) ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនដែលប្រព្រឹត្ត​ល្មើសនូវហេតុទាំង៥យ៉ាងនេះឯង។

[៧៣] សន្ទកបរិព្វាជកសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះភិក្ខុណា ជាព្រះអរហន្ត ខីណាស្រព បានប្រព្រឹត្តមគ្គព្រហ្មចរិយធម៌គ្រប់គ្រាន់ហើយ បានធ្វើសោឡសកិច្ចរួច​ស្រេច​ហើយ បានដាក់ចុះភារៈហើយ បានសម្រេចប្រយោជន៍របស់ខ្លួន​ ដោយលំដាប់​ហើយ មានធម៌ជាគ្រឿង​ជាប់ចំពាក់ ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះ (ចាកអាសវៈ​ទាំងឡាយ) ព្រោះដឹងដោយប្រពៃ តើភិក្ខុនោះ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ញាណទស្សនៈ តែងតំកល់នៅជាប់ជានិច្ចថា អាសវៈទាំងឡាយ របស់អញអស់ហើយ ដូច្នេះឬទេ។ ព្រះអានន្ទតបថា ម្នាលសន្ទកៈ បើដូច្នោះ អាត្មានឹងធ្វើពាក្យ​ឧបមាឲ្យអ្នក (ស្តាប់) ដ្បិតវិញ្ញូបុរសពួកខ្លះ ក្នុងលោកនេះ រមែងយល់​សេចក្តីនៃភាសិត បានដោយ​ពាក្យឧបមា។ ម្នាលសន្ទកៈ មានបុរសម្នាក់កំបុតដៃ កំបុតជើង បុរសនោះ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ដៃនិងជើងក៏នៅតែកំបុតជាប់ជានិច្ចដដែល តែកាល​បើបុរសនោះ ពិចារណា ទើបដឹងថា អាត្មាអញកំបុតដៃ កំបុតជើង សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលសន្ទកៈ មានឧបមេយ្យដូចជាភិក្ខុ ដែលជាព្រះអរហន្ត ខីណាស្រព បានប្រព្រឹត្តមគ្គព្រហ្មចរិយធម៌​គ្រប់​គ្រាន់​ហើយ បានធ្វើសោឡសកិច្ចរួច​ហើយ បានដាក់ភារៈចុះហើយ បានសម្រេច​ប្រយោជន៍​របស់ខ្លួន​ ដោយលំដាប់ហើយ មានធម៌ជាគ្រឿង​ជាប់ចំពាក់ ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះ (ចាកអាសវៈ​ទាំង​ឡាយ) ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី អាសវៈ​ទាំងឡាយ ក៏នៅតែអស់ជាប់ជានិច្ចដូចដើម តែកាលបើភិក្ខុនោះ ពិចារណា ទើបដឹងថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ។

[៧៤] សន្ទកបរិព្វាជកសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះពួកបុគ្គលអ្នកស្រោច​ស្រង់សត្វក្នុងធម្មវិន័យនេះ មានច្រើនប៉ុន្មាននាក់ទៅ។ ព្រះអានន្ទតបថា ម្នាលសន្ទកៈ មិនមែនមានត្រឹមតែ​១០០នាក់ ២០០នាក់ ៣០០នាក់ ៤០០នាក់ ឬ៥០០នាក់ទេ តាមដែល​ពិតនោះ ពួកបុគ្គលដែលជាអ្នកស្រោចស្រង់សត្វ ក្នុងធម្មវិន័យនេះ មានច្រើនណាស់។ សន្ទកបរិព្វាជកតបថា បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះចំឡែកណាស់ ព្រោះថា ការលើកតំកើងធម៌ របស់ខ្លួន​មិនមាន ការបន្តុះបង្អាប់​ធម៌របស់អ្នកដទៃ ក៏មិនមាន មានតែការសំដែងធម៌ សំដៅយក​ព្រះអរហត្តតែម្យ៉ាង ទាំងបុគ្គលអ្នកស្រោចស្រង់សត្វ ក៏មានច្រើនប្រាកដពិត ចំឡែក​អ្វីតែ​ខាងពួកអាជីវក ជាកូននៃស្រីស្លាប់កូន15) នេះ តែងលើកតំកើងខ្លួនឯងផង បន្តុះបង្អាប់អ្នកដទៃ​ផង ទាំងបញ្ញត្តបុគ្គលអ្នកស្រោចស្រង់សត្វ ថាមានតែ៣នាក់គត់ គឺ​គ្រូឈ្មោះនន្ទវច្ឆៈ១ កិសសង្កិច្ចៈ១ មក្ខលិគោសាល១។ លំដាប់នោះ សន្ទកបរិព្វាជក ហៅបរិស័ទរបស់ខ្លួន​មក ហើយប្រាប់ថា អ្នកដ៏ចំរើនទាំងឡាយ ចូរប្រព្រឹត្តចុះ (ព្រោះថា) ការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះសមណគោតម (រមែងមានប្រាកដ) ឯយើង មិនងាយនឹងលះបង់លាភៈ សក្ការៈ និងសេចក្តីសរសើរ ក្នុងកាលឥឡូវនេះបានទេ។ សន្ទកបរិព្វាជក ក៏បញ្ជូន​បរិស័ទ​របស់ខ្លួន​នេះ ទៅក្នុងព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះមានព្រះភាគ ដោយប្រការដូច្នេះ​ឯង។

ចប់ សន្ទកសូត្រ ទី៦។

មហាសកុលុទាយិសូត្រ ទី៧

(៧. មហាសកុលុទាយិសុត្តំ)

[៧៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង មានពួក​បរិព្វាជក​ជាច្រើន សុទ្ធតែមាន​កេរ្តិ៍ឈ្មោះល្បីល្បាញ នៅអាស្រ័យក្នុងបរិព្វាជការាម ជាមោរនិវាប​ស្ថាន (កន្លែង​សម្រាប់ឲ្យចំណីដល់ពួកសត្វក្ងោក) បរិព្វាជកទាំងនោះគឺ អន្នភារបរិព្វាជក១ វរតរបរិព្វាជក១ សកុលុទាយិបរិព្វាជក១ និងពួកបរិព្វាជកដទៃទៀត សុទ្ធតែមានកេរ្តិឈ្មោះល្បីល្បាញ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់​បាត្រ និងចីវរ ចូលទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ក្នុងវេលាបុព្វណ្ហសម័យ។ ទើប​ព្រះមានព្រះភាគ ទ្រង់បរិវិតក្កយ៉ាងនេះថា ការត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ ព្រឹក​ណាស់នៅឡើយ បើដូច្នោះ គួរតែតថាគត ចូលទៅរកសកុលុទាយិបរិព្វាជក ឯបរិព្វាជការាម ជាមោរនិវាបស្ថានសិន។ ហើយក៏ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ ចូល​សំដៅទៅឯបរិព្វាជការាម មោរនិវាបស្ថាន។

[៧៦] ក៏សម័យនោះឯង សកុលុទាយិបរិព្វាជក កំពុងអង្គុយជាមួយនឹងបរិព្វាជក​បរិស័ទជាច្រើន ដែលគឹកកង មានសំឡេងហ៊ោ សំឡេងខ្លាំង កំពុងតែនិយាយនូវ​តិរច្ឆាន​កថាផ្សេងៗជាច្រើន គឺរាជកថា ចោរកថា មហាមត្តកថា សេនាកថា ភយកថា យុទ្ធកថា អន្នកថា បានកថា វត្ថកថា សយនកថា មាលាកថា គន្ធកថា ញាតិកថា យានកថា គាមកថា និគមកថា នគរកថា ជនបទកថា ឥត្ថីកថា សូរកថា វិសិខាកថា កុម្ភដ្ឋានកថា កុម្ភទាសីកថា បុព្វបេតកថា នានត្តកថា លោកក្ខាយិកកថា សមុទ្ធក្ខាយិកកថា ឥតិភវាភវកថា16) ដូច្នេះខ្លះ ដូច្នោះខ្លះ។ សកុលុទាយិបរិព្វាជក បានឃើញ​ព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏បញ្ឈប់​បរិស័ទ​របស់ខ្លួន​ថា អ្នកដ៏ចំរើនទាំងឡាយ ចូរមានសំឡេង​តិចៗ អ្នកដ៏ចំរើនទាំងឡាយ កុំនិយាយខ្លាំង​ឡើយ នេះ ព្រះសមណគោតម កំពុងស្តេចមក ក៏លោកមានអាយុនោះ ត្រូវការតែនឹង​សំឡេងតិចៗ សរសើរតែសំឡេងតិចៗទេ យើងត្រូវធ្វើដូចម្តេច ឲ្យព្រះសមណគោតម​នោះ ជ្រាបថា បរិស័ទមានសំឡេងតិចៗ ហើយនឹងសំគាល់នូវដំណើរដែលគួរ​ចូលមករក។ គ្រានោះឯង ពួកបរិព្វាជកទាំងនោះ ក៏នាំគ្នាស្ងៀម។ ទើបព្រះមានព្រះភាគ ស្តេចចូលសំដៅទៅត្រង់ទី ដែលសកុលុទាយិបរិព្វាជកនៅ។ លំដាប់នោះឯង សកុលុទាយិបរិព្វាជក បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ស្តេចចូលមកចុះ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានស្តេចមកស្រួលហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ខានស្តេចមកក្នុងទីនេះយូរណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ស្តេចគង់​ នេះជាអាសនៈបានក្រាលស្រេចហើយ។ ព្រះមានព្រះភាគ ក៏គង់លើអាសនៈ ដែល​បរិព្វាជកក្រាលថ្វាយ។ ចំណែកខាង​សកុលុទាយិបរិព្វាជក កាន់យកនូវ​អាសនៈ​ទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ លុះ​សកុលុទាយិបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ពាក្យនេះថា ម្នាលឧទាយិ អ្នកទាំងឡាយ អង្គុយ​ប្រជុំគ្នា និយាយរឿងអ្វីអម្បាញ់មិញនេះ ចុះសំដីជាចន្លោះដូចម្តេច ដែលអ្នកទាំងឡាយ ឲ្យឈប់​ដាច់បាត់ទៅ។

[៧៧] បពិត្រព្រះអង្គដ៏ចំរើន សំដីដែលយើងខ្ញុំអង្គុយប្រជុំគ្នានិយាយអម្បាញ់​មិញនុ៎ះ សូមលើកទុកសិនចុះ បពិត្រព្រះអង្គដ៏ចំរើន សំដីនុ៎ះ ព្រះមានព្រះភាគ គង់នឹង​បានទ្រង់ព្រះសណ្តាប់ក្នុងកាលជាខាងក្រោយទេ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតពីថ្ងៃមុនៗ ពួកសមណព្រាហ្មណ៍ មានលទ្ធិផ្សេងៗ មកប្រជុំគ្នាក្នុងកុតូហលសាលា17) សំដីជាចន្លោះនេះ ក៏កើតឡើងថា អើហ្ន៎ ជាលាភរបស់អ្នកស្រុកអង្គៈ និងអ្នកស្រុកមគធៈ​ហើយតើ អើហ្ន៎ អ្នកស្រុកអង្គៈ និងអ្នកស្រុកមគធៈ បានស្រួលហើយតើ ព្រោះពួកសមណព្រាហ្មណ៍ទាំងនេះ មានពួក មានគណៈ ជាគណាចារ្យ មានឈ្មោះល្បី​ល្បាញ មានយស ជាមេលទ្ធិ ដែលពួកជនច្រើន សន្មតថាជាអ្នកត្រឹមត្រូវ បានចូលមក​នៅចាំវស្សា ក្នុងក្រុងរាជគ្រឹះនេះ។ បូរណកស្សបនេះ មានពួក មានគណៈ ជាគណាចារ្យ មានឈ្មោះល្បី​ល្បាញ មានយស ជាមេលទ្ធិ ដែលពួកជនច្រើន សន្មតថាជាអ្នកត្រឹមត្រូវ ឥឡូវ បូរណកស្សបនោះឯង ក៏បានចូលមកនៅចាំវស្សា ក្នុងក្រុងរាជគ្រឹះដែរ។ ឯគ្រូ​ឈ្មោះមក្ខលិគោសាលនេះឯង… អជិតកេសកម្ពល…. បកុទ្ធកច្ចាយនៈ… សញ្ជយវេលដ្ឋ​បុត្ត… និគន្ថនាដបុត្ត… មានពួក មានគណៈ ជាគណាចារ្យ មានឈ្មោះល្បី​ល្បាញ មានយស ជាមេលទ្ធិ ដែលពួកជនច្រើន សន្មតថាជាអ្នកត្រឹមត្រូវ និគន្ថនាដបុត្តនោះឯង ក៏បានចូលមក​នៅចាំវស្សា ក្នុងក្រុងរាជគ្រឹះដែរ។ ឯព្រះសមណគោតមនេះ មានពួក មានគណៈ ជាគណាចារ្យ មានឈ្មោះល្បី​ល្បាញ មានយស ជាមេលទ្ធិ ដែលពួកជន​ច្រើន សន្មតថាជាអ្នកត្រឹមត្រូវ ព្រះសមណគោតមអង្គនោះឯង ទ្រង់បានចូលមក​ចាំវស្សា ក្នុងក្រុងរាជគ្រឹះដែរ។ បណ្តាពួកសមណព្រាហ្មណ៍ដ៏ចំរើន ដែលមានពួក មានគណៈ ជាគណាចារ្យ មានឈ្មោះល្បី​ល្បាញ មានយស ជាមេលទ្ធិ ដែលពួកជន​ច្រើន សន្មតថាជាសប្បុរសទាំងអស់នេះ តើគ្រូណាដែលពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជា ទាំងពួកសាវ័ក ធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យនឹងគ្រូណា។

[៧៨] បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ពួកខ្លះ និយាយ​យ៉ាងនេះថា គ្រូឈ្មោះបូរណកស្សបនេះឯង មានពួក មានគណៈ ជាគណាចារ្យ មានឈ្មោះល្បី​ល្បាញ មានយស ជាមេលទ្ធិ ដែលជនច្រើន សន្មតហើយថា ជាអ្នកត្រឹមត្រូវ (ក៏ពិតមែន តែ) បូរណកស្សបនោះឯង ពួកសាវ័កមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាទេ ទាំងពួកសាវ័ក មិនធ្វើសក្ការៈ គោរព នៅអាស្រ័យនឹងបូរណកស្សប​ឡើយ។ ព្រោះធ្លាប់មានរឿងថា បូរណកស្សប បានតែសំដែងធម៌ដល់បរិស័ទច្រើនរយ។ បណ្តា​សាវ័កទាំងនោះ មានសាវ័កម្នាក់របស់បូរណកស្សប បានស្រែកឡើងថា ម្នាលអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ កុំសួរសេចក្តីនុ៎ះ នឹងបូរណកស្សបឡើយ បូរណកស្សបនោះ មិនដឹងសេចក្តីនុ៎ះទេ ពួកយើងទើបដឹងសេចក្តីនុ៎ះ អ្នកទាំងឡាយ សួរ​សេចក្តីនុ៎ះនឹងយើងហើយ ពួកយើងនឹងព្យាករសេចក្តីនុ៎ះ​ ដល់ពួកអ្នកដ៏ចំរើនបាន។ ធ្លាប់មានរឿងថា បូរណកស្សប ផ្គងនូវដើមដៃទាំងឡាយ កន្ទក់កន្ទេញ ហើយមិនបាន​ពាក្យសំដីថា អ្នកដ៏ចំរើនទាំងឡាយ ចូរមានសំឡេងតិចៗ អ្នកដ៏ចំរើនទាំងឡាយ កុំស្រែក​ខ្លាំងឡើយ ពួកជនទាំងនុ៎ះ មិនសួរនូវអ្នកដ៏ចំរើនទាំងឡាយទេ ពួកជនទាំងនុ៎ះ សួរតែ​យើងទេ យើងនឹងព្យាករដល់ពួកជនទាំងនោះបាន។ ចំណែកពួកសាវ័កជាច្រើន លើក​វាទៈ (ទោសព្រោះលទ្ធិ) ដល់បូរណកស្សប ហើយចៀសចេញទៅ ដោយពាក្យថា អ្នក​មិនដឹងច្បាស់នូវធម្មវិន័យនេះទេ ខ្ញុំទើបដឹងច្បាស់ នូវធម្មវិន័យនេះ អ្នកដឹងច្បាស់នូវ​ធម្មវិន័យនេះដូចម្តេចបាន បើអ្នកប្រតិបត្តិខុស ខ្ញុំទើបប្រតិបត្តិត្រូវ ពាក្យខ្ញុំប្រកបដោយ​ប្រយោជន៍ ពាក្យអ្នកមិនប្រកបដោយប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកត្រឡប់​ជានិយាយក្រោយ ពាក្យដែលគេត្រូវនិយាយក្រោយ អ្នកបែរជានិយាយមុន អ្នកឯង​សន្សំតែវត្តខុសមកច្រើនហើយ ខ្ញុំលើកវាទៈដល់អ្នកហើយ អ្នកត្រូវយើងសង្កត់​សង្កិនហើយ អ្នកចូរទៅរកដោះវាទៈចេញ បើអ្នកឯងល្មមដោះខ្លួនឯងបាន ចូរដោះមក​ចុះ។ ពួកសាវ័កមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាបូរណកស្សប ទាំងពួក​សាវ័ក មិនធ្វើសក្ការៈ គោរព នៅអាស្រ័យនឹងបូរណកស្សបទេ ដោយប្រការដូច្នេះឯង មួយទៀត បូរណកស្សបត្រូវគេជេរ​ ដោយពាក្យជេរប្រកបដោយធម៌។ សមណព្រាហ្មណ៍​ពួកខ្លះ និយាយយ៉ាងនេះថា មក្ខលិគោសាលនេះ ក៏ដែរ… អជិតកេសកម្ពល… បកុទ្ធកច្ចាយនៈ… សញ្ជយវេលដ្ឋបុត្ត… និគន្ថនាដបុត្ត មានពួក មានគណៈ ជាគណាចារ្យ មានឈ្មោះល្បី​ល្បាញ មានយស ជាមេលទ្ធិ ដែលជនច្រើន សន្មតហើយថា ជាអ្នកត្រឹមត្រូវល្អ និគន្ថនាដបុត្តនោះ ក៏ពួកសាវ័កមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាទេ ពួកសាវ័ក មិនធ្វើសក្ការៈ គោរព នៅអាស្រ័យនឹងនិគន្ថនាដបុត្ត​ឡើយ។ ធ្លាប់មានរឿងថា និគន្ថនាដបុត្ត បានសំដែងធម៌ដល់បរិស័ទច្រើនរយ។ ក្នុងបរិស័ទនោះ មានសាវ័កម្នាក់របស់និគន្ថនាដបុត្ត បានស្រែកឡើងថា អ្នកទាំងឡាយដ៏ចំរើន កុំសួរនូវសេចក្តីនុ៎ះ នឹងនិគន្ថនាដបុត្តឡើយ និគន្ថនាដបុត្តនោះ មិនចេះដឹងសេចក្តីនុ៎ះទេ យើងទើបដឹងសេចក្តីនុ៎ះ អ្នកទាំងឡាយ សួរ​សេចក្តីនុ៎ះនឹងយើងហើយ យើងនឹងព្យាករ​សេចក្តី​នុ៎ះ​ ដល់អ្នកដ៏ចំរើនទាំងឡាយបាន។ ធ្លាប់មានរឿងថា និគន្ថនាដបុត្ត ផ្គងនូវដើមដៃ​ទាំងឡាយ កន្ទក់កន្ទេញ ហើយមិនបាន​នូវពាក្យថា អ្នកដ៏ចំរើនទាំងឡាយ ចូរមានសំឡេងតិចៗ អ្នកដ៏ចំរើនទាំងឡាយ កុំនិយាយ​ខ្លាំងឡើយ ពួកជនទាំងនុ៎ះ មិនសួរនូវអ្នកដ៏ចំរើនទាំងឡាយទេ ពួកជនទាំងនុ៎ះ សួរតែ​យើងទេតើ យើងនឹងព្យាករ ដល់ពួកជន​ទាំងនោះបាន។ ចំណែកខាងពួកសាវ័កជាច្រើន របស់និគន្ថនាដបុត្ត លើក​ឡើងនូវ​វាទៈ ហើយចៀសចេញទៅ ដោយពាក្យថា អ្នក​មិនចេះ មិនដឹងធម៌វិន័យនេះទេ ខ្ញុំទើបចេះដឹងធម៌វិន័យនេះ អ្នកចេះដឹង​ធម៌វិន័យនេះ ដូចម្តេចកើត អ្នកប្រតិបត្តិខុស​ហើយ ខ្ញុំទើបប្រតិបត្តិត្រូវ សំដីខ្ញុំប្រកបដោយ​ប្រយោជន៍ សំដីអ្នក មិនប្រកបដោយ​ប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកត្រឡប់​ជានិយាយក្រោយ ពាក្យដែលគេនិយាយក្រោយ អ្នកបែរជានិយាយមុន អ្នកប្រកាន់​តែវត្តខុស​មក​ច្រើន​ហើយ ខ្ញុំលើកវាទៈដល់អ្នកហើយ អ្នកត្រូវយើងសង្កត់​សង្កិនហើយ ចូរអ្នកទៅរក​ដោះវាទៈចុះ ឬថា បើអ្នកល្មមដោះរួច ចូរដោះមក​ចុះ។ និគន្ថនាដបុត្ត ពួកសាវ័កមិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាទេ ទាំងពួក​សាវ័ក មិនធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យនឹងនិគន្ថនាដបុត្តឡើយ ដោយប្រការដូច្នេះឯង មួយទៀត និគន្ថនាដបុត្ត ក៏ត្រូវគេជេរ​ ដោយពាក្យជេរប្រកបដោយធម៌។

[៧៩] សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតមនេះឯង ព្រះអង្គមានពួក មានគណៈ ជាគណាចារ្យ ព្រះអង្គមានកេរ្តិឈ្មោះល្បី​ល្បាញ ព្រះអង្គ​មាន​យស ព្រះអង្គជាមេលទ្ធិ ដែលពួកជនច្រើន សន្មតហើយថា ជាសប្បុរស ក៏ព្រះសមណគោតមនោះឯង ពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជា ទាំងពួកសាវ័ក ធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យនឹងព្រះសមណគោតមថែមទៀត។ ព្រោះធ្លាប់ឮថា ព្រះសមណគោតម បានសំដែងធម៌ ដល់បរិស័ទជាច្រើនរយ។ ក្នុងបរិស័ទនោះ មានសាវ័ក​ម្នាក់ របស់ព្រះសមណគោតមក្អកហើយ។ មានសព្រហ្មចារីបុគ្គលម្នាក់ យក​ជង្គង់ទង្គិចសាវ័កនោះថា លោកមានអាយុ ចូរមានសំឡេងតិចៗ លោកមានអាយុ កុំធ្វើ​ឲ្យ​ឮសូរឡើយ ព្រោះព្រះមានព្រះភាគ ជាសាស្តារបស់យើងទាំងឡាយ កំពុងសំដែងធម៌។ ព្រះសមណគោតមសំដែងធម៌ ដល់បរិស័ទច្រើនរយ ក្នុងសម័យណា ក្នុងសម័យនោះ សំឡេងកណ្តាស់ក្តី សំឡេងក្អកក្តី នៃពួកសាវ័ក របស់ព្រះសមណគោតម ឥតមានដល់​តិច​ឡើយ ពពួកមហាជន មានសភាពនឹកប៉ង ប្រុងចាំស្តាប់ធម៌នោះថា ព្រះមានព្រះភាគ នឹងសំដែងធម៌ណា ដល់យើងទាំងឡាយ យើងទាំងឡាយនឹងស្តាប់នូវធម៌នោះ។ ដូចជា​បុរសច្របាច់ឃ្មុំទាំងបង្គង ដែលពួកឃ្មុំតូចៗ ធ្វើហើយជារបស់​ឥតទោស ត្រង់ផ្លូវ​ធំបែក​ជា៤ ពពួក​មហាជនមានសភាពនឹកប៉ង ប្រុងយកទឹកឃ្មុំនោះ មានឧបមាយ៉ាងណាមិញ ព្រះសមណគោតម សំដែងធម៌ដល់បរិស័ទ​ច្រើនរយ ក្នុងសម័យណា សម័យនោះ សំឡេង​​កណ្តាស់ក្តី សំឡេងក្អកក្តី នៃពួកសាវ័ក របស់ព្រះសមណគោតម ឥតមានដល់​តិច​ឡើយ ពពួកមហាជន មានសភាពនឹកប៉ង ប្រុងចាំស្តាប់ធម៌នោះថា ព្រះមានព្រះភាគ នឹងសំដែងធម៌ណា ដល់ពួកយើង ពួកយើងនឹងស្តាប់ធម៌នោះ។ ចំណែក​ពួកសាវ័ក​ណា របស់ព្រះសមណគោតម ទាស់ទែង​បន្តិចបន្តួច នឹងពួកសព្រហ្មចារីហើយ ពោល​លាសិក្ខា វិលត្រឡប់ទៅរកភេទថោកទាប សាវ័កទាំងនោះ នៅតែសរសើរគុណព្រះសាស្តាផង សរសើរគុណព្រះធម៌ផង សរសើរគុណព្រះសង្ឃផង ជាអ្នកតិះដៀលចំពោះតែខ្លួនឯង មិនតិះដៀលគេថា យើងទាំងឡាយ ជាអ្នកឥតភព្វ យើងទាំងឡាយ ជាអ្នកឥតបុណ្យ ព្រោះថា ពួកយើងបានបួសក្នុងធម្មវិន័យ ដែលព្រះមានព្រះភាគសំដែងហើយ ដោយប្រពៃ​យ៉ាងនេះ ហើយមិនអាចនឹងប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិសុទ្ធ បរិបូណ៌ ដរាប​ដល់អស់ជីវិតបាន។ ពួកសាវ័កទាំងនោះ គង់ទៅជាអ្នកថែរក្សាវត្ត ឬជាឧបាសកប្រព្រឹត្ត​សមាទានក្នុងសិក្ខាបទ៥។ ព្រះសមណគោតម ពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជា ទាំងពួកសាវ័ក ធ្វើសក្ការៈ គោរព ហើយនៅអាស្រ័យនឹងព្រះសមណគោតមថែម​ទៀត ដោយប្រការដូច្នេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧទាយិ ចុះអ្នក​ពិចារណាឃើញ នូវធម៌ក្នុងតថាគត ប៉ុន្មានយ៉ាង ដែលជាធម៌នាំឲ្យពួកសាវ័ករបស់​តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា (តថាគត) លុះធ្វើសក្ការៈ គោរព ហើយនៅ​អាស្រ័យ (នឹងតថាគត)។

[៨០] សកុលុទាយិបរិព្វាជក ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណាឃើញធម៌ ក្នុងព្រះមានព្រះភាគមាន៥ប្រការ ដែលជាធម៌នាំឲ្យពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជា នូវព្រះមានព្រះភាគ លុះធ្វើសក្ការៈ គោរពហើយ នៅ​អាស្រ័យ (នឹងព្រះមានព្រះភាគ) ធម៌៥ប្រការ តើដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​ពិតថា ព្រះមានព្រះភាគ មានអាហារតិចផង សរសើរបែបភាព នៃបុគ្គល​អ្នកមានអាហារ​តិចផង បពិត្រព្រះអង្គដ៏ចំរើន ត្រង់ការណ៍ដែលព្រះមានព្រះភាគ ព្រះអង្គមានអាហារ​តិច​ផង សរសើរបែបភាពនៃបុគ្គលអ្នកមានអាហារតិចផង ណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គពិចារណាឃើញច្បាស់ នូវធម៌នេះឯង ថាជាធម៌ទី១ ក្នុងព្រះមានព្រះភាគ ដែលនាំ​ឲ្យពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជានូវ​ព្រះមានព្រះភាគ លុះធ្វើសក្ការៈ គោរព ហើយនៅ​អាស្រ័យ (នឹងព្រះមានព្រះភាគ)។

[៨១] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ ទ្រង់សន្តោសដោយ​ចីវរ តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយចីវរតាមមានតាមបានផង បពិត្រព្រះអង្គដ៏ចំរើន ត្រង់ការណ៍ដែលព្រះមានព្រះភាគ ទ្រង់សន្តោសដោយចីវរ តាម​មានតាមបានផង សរសើរសេចក្តីសន្តោស ដោយចីវរតាមមានតាមបានផង ណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គពិចារណាឃើញច្បាស់ នូវធម៌នេះឯង ថាជាធម៌ទី២ ក្នុង​ព្រះមានព្រះភាគ ដែលនាំឲ្យពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាព្រះមានព្រះភាគ លុះធ្វើសក្ការៈ គោរព ហើយនៅ​អាស្រ័យ (នឹងព្រះមានព្រះភាគ)។

[៨២] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ ទ្រង់សន្តោស ដោយចង្ហាន់បិណ្ឌបាត តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយចង្ហាន់​បិណ្ឌ​បាត តាមមានតាមបានផង បពិត្រព្រះអង្គដ៏ចំរើន ត្រង់ការណ៍ដែល​ព្រះមានព្រះភាគ ទ្រង់សន្តោស ដោយចង្ហាន់បិណ្ឌបាត តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយចង្ហាន់បិណ្ឌបាត តាមមានតាមបានផង ណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គពិចារណាឃើញច្បាស់នូវធម៌នេះឯង ថាជាធម៌ទី៣ ក្នុង​ព្រះមានព្រះភាគ ដែលនាំឲ្យពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាព្រះមានព្រះភាគ លុះធ្វើសក្ការៈ គោរព ហើយនៅ​អាស្រ័យ (នឹងព្រះមានព្រះភាគ)។

[៨៣] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ ទ្រង់សន្តោស ដោយ​សេនាសនៈ តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយសេនាសនៈ តាមមាន​តាម​បានផង បពិត្រព្រះអង្គដ៏ចំរើន ត្រង់ការណ៍ ដែល​ព្រះមានព្រះភាគ ទ្រង់សន្តោស ដោយសេនាសនៈ តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបានផង ណា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គពិចារណាឃើញច្បាស់ នូវធម៌នេះឯង ថាជាធម៌ទី៤ ក្នុង​ព្រះមានព្រះភាគ ដែលនាំឲ្យពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាព្រះមានព្រះភាគ លុះធ្វើសក្ការៈ គោរព ហើយនៅ​អាស្រ័យ (នឹងព្រះមានព្រះភាគ)។

[៨៤] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះមានព្រះភាគ ទ្រង់ស្ងប់ស្ងាត់18) សរសើរសេចក្តីស្ងប់ស្ងាត់ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ការណ៍ដែល​ព្រះមានព្រះភាគ ទ្រង់ស្ងប់ស្ងាត់ផង សរសើរសេចក្តីស្ងប់ស្ងាត់ផង ណា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គពិចារណាឃើញច្បាស់ នូវធម៌នេះឯង ថាជាធម៌ទី៥ ក្នុង​ព្រះមាន​ព្រះភាគ ដែលនាំឲ្យពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាព្រះមានព្រះភាគ លុះ​ធ្វើ​សក្ការៈ គោរព ហើយនៅ​អាស្រ័យ (នឹងព្រះមានព្រះភាគ)។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ពិចារណាឃើញច្បាស់ នូវធម៌ទាំង៥នេះឯង ក្នុង​ព្រះមាន​ព្រះភាគ ដែលជាធម៌ នាំឲ្យពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជា នូវព្រះមានព្រះភាគ លុះ​ធ្វើ​សក្ការៈ គោរព រួចហើយនៅ​អាស្រ័យ (នឹងព្រះមានព្រះភាគ)។

[៨៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧទាយិ បើពួកសាវ័កធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត) ដោយ​គិតថា ព្រះសមណគោតម ព្រះអង្គមានអាហារតិចផង សរសើរបែបភាពរបស់បុគ្គល​អ្នក​មានអាហារតិចផង សមតាមពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័ករបស់តថាគត មានអាហារត្រឹម១កូនផ្តិលខ្លះ មានអាហារកន្លះកូនផ្តិលខ្លះ មានអាហារ១សម្បក​ផ្លែព្នៅ​ខ្លះ មានអាហារកន្លះសម្បកផ្លែព្នៅខ្លះ ក៏មានដែរ ម្នាលឧទាយិ ចំណែក​តថាគតវិញ ចួន​ណា បរិភោគអាហារពេញ ស្មើដោយបាត្រនេះក៏មាន បរិភោគអាហារច្រើនជាងនោះទៅ​ក៏មាន។ ម្នាលឧទាយិ បើពួកសាវ័កធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើ​សក្ការៈ គោរពហើយ នៅ​អាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណគោតម ព្រះអង្គមានអាហារតិចផង សរសើរបែបភាពរបស់បុគ្គលអ្នកមានអាហារតិចផង សម​តាមពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័កណារបស់តថាគត ដែលមានអាហារ​ត្រឹម​១​កូន​ផ្តិល​ខ្លះ មានអាហារកន្លះកូនផ្តិលខ្លះ មានអាហារ១សម្បក​ផ្លែព្នៅ​ខ្លះ មានអាហារ​កន្លះ​សម្បក​ផ្លែព្នៅខ្លះ ពួកសាវ័កទាំងនោះ សមជា​មិនធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត ដោយធម៌នេះទេ លុះ(មិន)ធ្វើ​សក្ការៈ គោរពហើយ នឹងមិននៅ​អាស្រ័យ (នឹងតថាគត)​ឡើយ។

[៨៦] ម្នាលឧទាយិ បើពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើ​សក្ការៈ គោរពហើយ នៅ​អាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណគោតម ទ្រង់​សន្តោស ដោយចីវរតាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយចីវរ​តាមមាន​តាមបានផង សមតាមពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័ករបស់តថាគត ប្រើ​ប្រាស់​ត្រឹមសំពត់បង្សុកូល ទ្រទ្រង់ចីវរសៅហ្មង ក៏មានដែរ ពួកគេរើសនូវកំណាត់សំពត់ទាំង​ឡាយ អំពីព្រៃស្មសានខ្លះ អំពីគំនរសម្រាមខ្លះ អំពីរានផ្សារខ្លះ ធ្វើជាសង្ឃាដិ ហើយប្រើ​ប្រាស់ក៏មាន ម្នាលឧទាយិ ចំណែកតថាគតវិញ ចួនណាប្រើប្រាស់គហបតិចីវរ​ទាំងឡាយ ដ៏ជាប់សៅហ្មងដោយកាំបិត មានរោមល្អិតដូចរោមឃ្លោក ម្នាលឧទាយិ បើពួកសាវ័កធ្វើ​​ធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើ​សក្ការៈ គោរពហើយ នៅ​អាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណគោតម ទ្រង់​សន្តោស ដោយចីវរ តាមមាន​តាម​បាន​ផង សមតាមពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័កណា របស់តថាគត ដែលប្រើ​ប្រាស់​ត្រឹមតែសំពត់បង្សុកូល ទ្រទ្រង់ចីវរសៅហ្មង ពួកគេរើសនូវកំណាត់សំពត់ អំពីព្រៃស្មសានខ្លះ អំពីគំនរសម្រាមខ្លះ អំពីរានផ្សារខ្លះ មកធ្វើជាសង្ឃាដិប្រើ​ប្រាស់ ពួកសាវ័កទាំងនោះ សមជាមិនធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត ដោយធម៌​នេះទេ លុះមិនធ្វើ​សក្ការៈ គោរពហើយ នឹងមិននៅ​អាស្រ័យ (នឹងតថាគត)ឡើយ។

[៨៧] ម្នាលឧទាយិ បើពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើ​សក្ការៈ គោរពហើយ នៅ​អាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណគោតម ទ្រង់​សន្តោស ដោយចង្ហាន់បិណ្ឌបាត តាមមានតាមបានផង ទ្រង់សរសើរសេចក្តីសន្តោស ដោយចង្ហាន់បិណ្ឌបាត ​តាមមាន​តាមបានផង សមតាមពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័ករបស់តថាគត ប្រព្រឹត្តតែបិណ្ឌបាត ត្រាច់ទៅតាមលំដាប់ច្រក ត្រេកអរ​ហើយក្នុងវត្ត គឺការឈរតាមទ្វារផ្ទះត្រកូល​ខ្ពស់និងទាប ក៏មានដែរ សាវ័កទាំង​នោះ រមែង​ចូល​ទៅកាន់ចន្លោះនៃផ្ទះ បើទុកជាគេនិមន្ត ដោយអាសនៈ ក៏មិនត្រេកអរ ម្នាលឧទាយិ ចំណែកតថាគតវិញ ចួនណាឆាន់បាយស្រូវសាលីទាំងឡាយ ប្រាសចាកពណ៌ខ្មៅ មានសម្លច្រើនមុខ មានម្ហូបច្រើនមុខ ក្នុងទីដែលគេនិមន្តក៏មាន ម្នាលឧទាយិ បើពួក​សាវ័កធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើ​សក្ការៈ គោរពហើយ នៅ​អាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណគោតម ទ្រង់​សន្តោស ដោយបិណ្ឌបាត តាមមាន​តាម​បាន​ផង សរសើរសេចក្តីសន្តោស​ ដោយបិណ្ឌបាត តាមមានតាមបានផង សមតាម​ពាក្យ​អ្នកថាមែន ម្នាលឧទាយិ ពួកសាវ័ករបស់តថាគត ប្រព្រឹត្តបិណ្ឌបាត ត្រាច់ទៅតាម​លំដាប់ច្រក ត្រេកអរហើយក្នុងវត្ត គឺការឈរតាមទ្វារផ្ទះ ត្រកូលខ្ពស់ និងទាប សាវ័កទាំង​នោះ រមែងចូល​ទៅកាន់ចន្លោះផ្ទះ បើទុកជាគេនិមន្ត ដោយអាសនៈ ក៏មិនត្រេកអរ សាវ័កទាំងនោះ សមជាមិនធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត ដោយធម៌​នេះទេ លុះមិនធ្វើ​សក្ការៈ គោរពហើយ នឹងមិននៅ​អាស្រ័យ (នឹងតថាគត)ឡើយ។

[៨៨] ម្នាលឧទាយិ បើពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើ​សក្ការៈ គោរពហើយ នៅ​អាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណគោតម ទ្រង់​សន្តោស ដោយសេនាសនៈ តាមមានតាមបានផង សរសើរសេចក្តីសន្តោស ដោយ​សេនាសនៈ​ តាមមាន​តាមបានផង សមតាមពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័ក​របស់តថាគត នៅត្រឹមក្បែរគល់ឈើបាន នៅក្នុងទីវាលស្មោះក៏សិងបាន សាវ័ក​ទាំងនោះ មិនចូលទៅជ្រកក្រោមដម្បូល​អស់៨ខែ19) ឡើយ ម្នាលឧទាយិ ចំណែកតថាគតវិញ ចួនណានៅក្នុងផ្ទះកំពូល​ទាំងឡាយ ដែលគេលាបទាំងខាង​ក្នុង ទាំងខាងក្រៅ មិនមានខ្យល់ចូល មានទ្វារជិតស្និទ្ធ មានបង្អួចបិទបាំងហើយ ម្នាលឧទាយិ បើពួកសាវ័កធ្វើ​សក្ការៈ គោរព រាប់អាន បូជា​តថាគត លុះធ្វើ​សក្ការៈ គោរព ហើយនៅ​អាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណ​គោតម ទ្រង់​សន្តោស ដោយសេនាសនៈ តាមមាន​តាម​បាន​ផង សរសើរ​សេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបានផង សម​តាម​ពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័កណា របស់តថាគត ដែលនៅត្រឹមក្បែរគល់ឈើ នៅក្នុងទីវាលស្មោះ សាវ័កទាំងនោះ មិនចូលទៅនៅជ្រកក្រោមដម្បូលអស់៨ខែបាន ពួកសាវ័កនោះ សមជាមិនធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត ដោយធម៌​នេះទេ លុះមិនធ្វើ​សក្ការៈ គោរពហើយ នឹងមិននៅ​អាស្រ័យ (នឹងតថាគត)ឡើយ។

[៨៩] ម្នាលឧទាយិ បើពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើ​សក្ការៈ គោរពហើយ នៅ​អាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណគោតម ព្រះអង្គស្ងប់ស្ងាត់ផង សរសើរសេចក្តីស្ងប់ស្ងាត់ផង សមតាមពាក្យអ្នកថាមែន ម្នាល​ឧទាយិ ពួកសាវ័ក​របស់តថាគត នៅក្នុងព្រៃ ចូលទៅកាន់ព្រៃតូច និងព្រៃធំ ជាសេនាសនៈ​ដ៏ស្ងាត់ ហើយសម្រេចសម្រាន្តនៅ សាវ័កទាំងនោះ មកប្រជុំគ្នាក្នុង​កណ្តាល​សង្ឃ ដើម្បីសំដែងបាតិមោក្ខរាល់ៗកន្លះខែ ម្នាលឧទាយិ ចំណែកតថាគតវិញ ចួនណានៅច្របូកច្របល់ ដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្តេច រាជមហាមាត្រ តិរ្ថិយ និងពួកសាវ័កនៃតិរ្ថិយ ម្នាលឧទាយិ បើពួកសាវ័កធ្វើ​សក្ការៈ គោរព រាប់អាន បូជា​តថាគត លុះធ្វើ​សក្ការៈ គោរពហើយ នៅ​អាស្រ័យ (នឹងតថាគត) ដោយគិតថា ព្រះសមណ​​គោតម ព្រះអង្គស្ងប់ស្ងាត់ហើយផង សរសើរ​សេចក្តីស្ងប់ស្ងាត់ផង សម​តាម​ពាក្យអ្នកថាមែន ម្នាលឧទាយិ ពួកសាវ័កណា របស់តថាគត ដែលនៅក្នុងព្រៃ ចូលទៅ​កាន់ព្រៃតូច និងព្រៃធំ ជាសេនាសនៈស្ងាត់ហើយ សម្រេចសម្រាន្តនៅ សាវ័កទាំងនោះ ប្រជុំគ្នាក្នុងកណ្តាលសង្ឃ ដើម្បីសំដែង​បាតិមោក្ខរាល់ៗកន្លះខែ សាវ័កទាំងនោះ សមជាមិនធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត ដោយធម៌​នេះទេ លុះមិនធ្វើ​សក្ការៈ គោរពហើយ នឹងមិននៅ​អាស្រ័យ (នឹងតថាគត)ឡើយ។ ម្នាលឧទាយិ ពួកសាវ័ក ធ្វើសក្ការៈ គោរព រាប់អាន បូជាតថាគត លុះធ្វើ​សក្ការៈ គោរពហើយ នៅ​អាស្រ័យ (នឹងតថាគត) មិនមែនដោយសារធម៌ ទាំង៥ប្រការនេះ ដូចពាក្យអ្នកថានោះទេ។

[៩០] ម្នាលឧទាយិ ធម៌៥ដោយឡែកទៀត ដែលជាធម៌នាំឲ្យពួកសាវ័ក របស់​តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត) ធម៌ទាំង៥ តើដូចម្តេចខ្លះ ម្នាលឧទាយិ ពួកសាវ័ករបស់តថាគត ក្នុង​សាសនានេះ សរសើរ​ចំពោះអធិសីលថា ព្រះសមណគោតម ព្រះអង្គមានសីល ព្រះអង្គ​ប្រកបព្រមហើយ ដោយសីលក្ខន្ធដ៏ប្រសើរបំផុត។ ម្នាលឧទាយិ ត្រង់ការណ៍ដែលពួក​សាវ័ករបស់តថាគត សរសើរ​ចំពោះអធិសីលថា ព្រះសមណគោតម ព្រះអង្គមានសីល ព្រះអង្គ​ប្រកបព្រមហើយ ដោយសីលក្ខន្ធ ដ៏ប្រសើរបំផុតណា។ ម្នាលឧទាយិ នេះឯងជាធម៌ទី១ ដែលនាំឲ្យពួកសាវ័ក របស់​តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត)។

[៩១] ម្នាលឧទាយិ មួយទៀត ពួកសាវ័ករបស់តថាគត សរសើរ​ចំពោះញាណទស្សនៈ ដ៏រុងរឿងថា ព្រះសមណគោតម កាលបើដឹង ទើបនិយាយថា តថាគតដឹង ព្រះសមណគោតម កាលបើឃើញ ទើបនិយាយថា តថាគតឃើញ ព្រះសមណគោតម តែងសំដែងធម៌ ដើម្បីឲ្យត្រាស់ដឹង មិនសំដែងធម៌ ដើម្បី​មិនឲ្យ​ត្រាស់ដឹងទេ ព្រះសមណគោតម តែងសំដែងធម៌ ប្រកបដោយហេតុ មិនមែនសំដែង​ធម៌​ឥតហេតុទេ ព្រះសមណគោតម តែងសំដែងធម៌ ប្រកបដោយបាដិហារ្យ មិនមែនសំដែង​ធម៌​ឥតបាដិហារ្យទេ។ ម្នាលឧទាយិ ត្រង់ការណ៍ ដែលពួក​សាវ័ករបស់តថាគត សរសើរ​ចំពោះញាណទស្សនៈ ដ៏រុងរឿងថា ព្រះសមណគោតម កាលបើដឹង ទើបនិយាយថា តថាគតដឹង ព្រះសមណគោតម កាលបើឃើញ ទើបនិយាយថា តថាគតឃើញ ព្រះសមណគោតម តែងសំដែងធម៌ ដើម្បីសេចក្តីត្រាស់ដឹង មិនមែនសំដែងធម៌ ដើម្បី​សេចក្តីមិន​ត្រាស់ដឹងទេ ព្រះសមណគោតម តែងសំដែងធម៌ ប្រកបដោយហេតុ មិនមែនសំដែង​ធម៌​ឥតហេតុទេ ព្រះសមណគោតម តែងសំដែងធម៌ ប្រកបដោយ​បាដិហារិយ៍ មិនមែនសំដែង​ធម៌​ឥតបាដិហារិយ៍ទេ ណា។ ម្នាលឧទាយិ នេះឯងជាធម៌​ទី២ ដែលនាំឲ្យពួកសាវ័ក របស់​តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត)។

[៩២] ម្នាលឧទាយិ មួយទៀត ពួកសាវ័ករបស់តថាគត សរសើរ​ចំពោះអធិប្បញ្ញា​ថា ព្រះសមណគោតម ព្រះអង្គមានប្រាជ្ញា ទ្រង់ប្រកបហើយដោយបញ្ញាខន្ធ ដ៏ប្រសើរ​បំផុត ឯពាក្យថា ព្រះសមណគោតម មិនឃើញនូវ​គន្លងនៃវាទៈនោះ ដែលមិនទាន់​មានមក ឬថា ព្រះសមណគោតម មិនមែនសង្កត់សង្កិន នូវបរប្បវាទ ដែលកើត​ឡើង​ហើយ ឲ្យ​ជាការសង្កត់សង្កិនដោយល្អ ប្រកបដោយ​ហេតុបានទេ ដូច្នេះនុ៎ះ មិនមាន​សោះ​ឡើយ។ ម្នាលឧទាយិ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ចុះពួក​សាវ័ក របស់តថាគត កាលដឹង​យ៉ាងនេះ កាលឃើញយ៉ាងនេះហើយ និយាយបង្អាក់ (តថាគត) ក្នុងពាក្យ​ជា​ចន្លោះៗ ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ការនុ៎ះមិនមានសោះឡើយ។ ម្នាលឧទាយិ មួយ​ទៀត តថាគត មិនដែលនឹកឲ្យពួកសាវ័ក ជួយប្រៀនប្រដៅសោះឡើយ តែពួកសាវ័ក តែង​នឹក​ប៉ង ឲ្យតថាគតប្រៀនប្រដៅដោយពិត។ ម្នាលឧទាយិ ត្រង់ការណ៍ ដែលពួក​សាវ័ក របស់​តថាគត សរសើរ​ចំពោះអធិប្បញ្ញាថា ព្រះសមណគោតម ព្រះអង្គមាន​ប្រាជ្ញា ទ្រង់ប្រកប​ព្រមហើយ ដោយបញ្ញាខន្ធ ដ៏ប្រសើរបំផុត ឯពាក្យថា ព្រះសមណ​គោតម មិនឃើញនូវ​គន្លងនៃវាទៈនោះ ដែលមិនទាន់​មានមក ឬថា ព្រះសមណគោតម មិនមែនសង្កត់សង្កិន នូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យ​ជាការសង្កត់សង្កិនដោយល្អ ប្រកបដោយ​ហេតុ ដូច្នេះនុ៎ះ មិនមានសោះទេ ណា។ ម្នាលឧទាយិ នេះឯងជាធម៌​ទី៣ ដែលនាំឲ្យពួកសាវ័ក របស់​តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត)។

[៩៣] ម្នាលឧទាយិ មួយទៀត ពួកសាវ័ករបស់តថាគត មានទុក្ខបៀតបៀនហើយ មានទុក្ខ គ្របសង្កត់ហើយ ព្រោះសេចក្តីទុក្ខណា ពួកសាវ័កទាំងនោះ ចូលមករកតថាគត ហើយសួរនូវ​ទុក្ខអរិយសច្ច លុះសួរហើយ តថាគត ក៏ដោះស្រាយនូវ​ទុក្ខអរិយសច្ច ដល់ពួក​សាវ័កទាំងនោះ តថាគតធ្វើចិត្តរបស់សាវ័កទាំងនោះ ឲ្យ​ត្រេកអរ ដោយការដោះ​ស្រាយនូវប្រស្នាបាន ពួកសាវ័កទាំងនោះ ចូលមករកតថាគត សួរនូវទុក្ខសមុទ័យ… ទុក្ខ​និរោធ… សួរនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច លុះសួរហើយ តថាគត ក៏ដោះស្រាយ នូវ​ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដល់ពួក​សាវ័កទាំងនោះ តថាគត ធ្វើចិត្តរបស់ពួក​សាវ័ក​ទាំងនោះ ឲ្យ​ត្រេកអរបាន ដោយការដោះ​ស្រាយនូវប្រស្នា។ ម្នាលឧទាយិ ត្រង់ការណ៍ដែលពួកសាវ័ករបស់​តថាគត មានទុក្ខបៀតបៀនហើយ មានទុក្ខ គ្របសង្កត់​ហើយ ព្រោះសេចក្តីទុក្ខណា ពួកសាវ័កទាំងនោះ តែងចូលមករកតថាគត ហើយសួរនូវ​ទុក្ខអរិយសច្ច លុះសួរហើយ តថាគត ក៏ដោះស្រាយ នូវ​ទុក្ខអរិយសច្ច ដល់ពួក​សាវ័កទាំងនោះ តថាគត ធ្វើចិត្តរបស់ពួកសាវ័កទាំងនោះ ឲ្យ​ត្រេកអរបាន ដោយការដោះ​ស្រាយនូវប្រស្នា ពួកសាវ័កទាំងនោះ ចូលមករកតថាគត ហើយសួរនូវទុក្ខសមុទ័យ… ទុក្ខ​និរោធ… សួរនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច លុះសួរហើយ តថាគត ក៏ដោះ​ស្រាយ នូវ​ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដល់ពួក​សាវ័កទាំងនោះ តថាគត ធ្វើចិត្ត​របស់​សាវ័ក​ទាំងនោះ ឲ្យ​ត្រេកអរបាន ដោយការដោះ​ស្រាយ នូវប្រស្នា ណា។ ម្នាលឧទាយិ នេះឯងជាធម៌​ទី៤ ដែលនាំឲ្យពួកសាវ័ក របស់​តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យ (នឹងតថាគត)។

[៩៤] ម្នាលឧទាយិ មួយវិញទៀត តថាគតបានសំដែងបដិបទា ដល់ពួកសាវ័ក ដែលជាហេតុឲ្យពួកសាវ័ករបស់តថាគត បានប្រតិបត្តិហើយ ចំរើននូវ​សតិប្បដ្ឋានទាំង​៤ប្រការ។ ម្នាល​ឧទាយិ ភិក្ខុក្នុងសាសនានេះ ពិចារណា នូវកាយ​ក្នុងកាយ ជាប្រក្រតី មានព្យាយាម ​ជាគ្រឿងដុតកំដៅ នូវកិលេស មានប្រាជ្ញាស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណានូវវេទនាក្នុង​វេទនាទាំងឡាយ ​ជាប្រក្រតី… ពិចារណានូវចិត្ត ក្នុងចិត្តជាប្រក្រតី… ពិចារណានូវធម៌ ក្នុងធម៌ទាំងឡាយ​ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានប្រាជ្ញាស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ក៏ពួកសាវ័ក​របស់តថាគតជាច្រើន បានដល់ហើយ នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងសតិប្បដ្ឋានធម៌នេះ។

[៩៥] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់ពួកសាវ័ក ដែលជាហេតុឲ្យពួកសាវ័ករបស់តថាគត ប្រតិបត្តិ ហើយចំរើននូវ​សម្មប្បធានទាំង​៤ប្រការ។ ម្នាល​ឧទាយិ ភិក្ខុក្នុងសាសនានេះ ញុំាងសេចក្តី​ប្រាថ្នាឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គង តំកល់ចិត្ត ដើម្បីញុំាងពួក​ធម៌​ជាអកុសលដ៏លាមក ដែល​មិន​ទាន់​កើតឡើង មិនឲ្យកើតឡើងបាន ញុំាងសេចក្តី​ប្រាថ្នាឲ្យកើត ប្រឹងប្រែងប្រារព្ធព្យាយាម ផ្គង​តំកល់ចិត្ត ដើម្បីលះបង់​នូវពួកធម៌ជាអកុសលដ៏លាមក ដែលកើតឡើងហើយ ញុំាង​សេចក្តីប្រាថ្នាឲ្យកើត ប្រឹងប្រែងប្រារព្ធព្យាយាម ផ្គងតំកល់ចិត្ត ដើម្បីញុំាង​ពួកធម៌​ជាកុសល ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ញុំាងសេចក្តីប្រាថ្នាឲ្យកើត​ ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងតំកល់ចិត្ត ដើម្បីញុំាង​ពួកធម៌ ​ជាកុសល ដែលកើតឡើងហើយ ឲ្យតាំងនៅបាន ដើម្បី​មិនឲ្យវង្វេងភ្លេច ឲ្យជាភិយ្យោភាព ធំទូលាយ ចំរើនបរិបូណ៌ឡើង។ ឯពួកសាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវបារមី​ញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងសម្មប្បធានធម៌ទាំងនោះ។

[៩៦] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត ប្រតិបត្តិហើយ ចំរើនឥទ្ធិបាទទាំង​៤ប្រការ។ ម្នាល​ឧទាយិ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធាន​សង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកប​ដោយចិត្តសមាធិ និងបធានសង្ខារ ចំរើននូវ​ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ឯពួកសាវ័ក​របស់តថាគតជាច្រើន ក៏បានដល់នូវបារមី​ញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងឥទ្ធិបាទធម៌ទាំងនោះ។

[៩៧] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់ពួក​សាវ័ក ដែល​ជា​ហេតុឲ្យពួកសាវ័ក របស់តថាគត ប្រតិបត្តិហើយ ចំរើននូវឥន្ទ្រិយទាំង៥ប្រការ។ ម្នាល​ឧទាយិ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធិន្ទ្រិយ ជាដំណើរទៅកាន់សេចក្តី​ស្ងប់រម្ងាប់ ជា​ដំណើរទៅកាន់​សេចក្តី​ត្រាស់ដឹង ចំរើននូវវីរិយិន្ទ្រិយ… ចំរើននូវសតិន្ទ្រិយ… ចំរើននូវ​សមាធិន្ទ្រិយ… ចំរើននូវបញ្ញិន្ទ្រិយ ជាដំណើរទៅកាន់សេចក្តី​ស្ងប់រម្ងាប់ ជាដំណើរ​ទៅ​កាន់សេចក្តីត្រាស់ដឹង។ ឯពួកសាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវបារមី​ញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងឥន្ទ្រិយទាំង៥នោះ។

[៩៨] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត ប្រតិបត្តិហើយ ចំរើននូវ ពលធម៌ ទាំង៥ប្រការ។ ម្នាល​ឧទាយិ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធាពលៈ ជាដំណើរទៅកាន់​សេចក្តី​ស្ងប់​រម្ងាប់ ជាដំណើរទៅកាន់​សេចក្តីត្រាស់ដឹង ចំរើនវីរិយពលៈ… ចំរើន​នូវសតិពលៈ… ចំរើននូវ​សមាធិពលៈ… ចំរើននូវ​បញ្ញាពលៈ… ជាដំណើរទៅកាន់សេចក្តីស្ងប់រម្ងាប់ ជាដំណើរ​ទៅកាន់​សេចក្តីត្រាស់ដឹង។ ឯពួកសាវ័ក​របស់តថាគត ក៏បានដល់នូវបារមី​ញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងពលធម៌​ ទាំង៥ប្រការនោះ។

[៩៩] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត ប្រតិបត្តិហើយ ចំរើននូវសម្ពោជ្ឈង្គធម៌​៧ប្រការ។ ម្នាល​ឧទាយិ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ​នូវ​សេចក្តី​ស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តី​រលត់ ឈម​ទៅកាន់​សេចក្តីលះបង់ ចំរើននូវ​ធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើននូវវីរិយសម្ពោជ្ឈង្គ… ចំរើននូវបីតិសម្ពោជ្ឈង្គ… ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ… ចំរើននូវសមាធិសម្ពោជ្ឈង្គ… ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ​នូវ​សេចក្តី​ស្ងប់ស្ងាត់ អាស្រ័យនូវ​សេចក្តី​ប្រាស​ចាក​តម្រេក អាស្រ័យនូវសេចក្តី​រលត់ ឈម​ទៅកាន់​សេចក្តីលះបង់។ ឯពួកសាវ័ក​របស់តថាគតជាច្រើន ក៏បានដល់នូវបារមី​ញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងសម្ពោជ្ឈង្គធម៌ទាំង៧នោះ។

[១០០] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត ប្រតិបត្តិហើយ ចំរើននូវមគ្គប្រកបដោយ​អង្គ៨ដ៏ប្រសើរ។ ម្នាល​ឧទាយិ ភិក្ខុក្នុងសាសនានេះ ចំរើននូវសម្មាទិដ្ឋិ ចំរើននូវ​សម្មាសង្កប្បៈ ចំរើននូវ​សម្មាវាចា ចំរើននូវសម្មាកម្មន្តៈ ចំរើននូវ​សម្មាអាជីវៈ ចំរើននូវ​សម្មាវាយាមៈ ចំរើននូវសម្មាសតិ ចំរើននូវសម្មាសមាធិ។ ឯពួកសាវ័ក​របស់​តថាគត​ជា​ច្រើន ក៏បានដល់នូវបារមី​ញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងមគ្គប្រកបដោយអង្គ​៨ដ៏ប្រសើរនោះ។

[១០១] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយចំរើននូវវិមោក្ខទាំងឡាយ​៨ប្រការ។ (វិមោក្ខទាំង៨ប្រការគឺ) បុគ្គលបាននូវរូបជ្ឈាន ឃើញរូបទាំងឡាយ (មាន​នីលកសិណជាដើម) នេះជាវិមោក្ខទី១។ បុគ្គលមិនមានសេចក្តីសំគាល់នូវរូបជ្ឈាន​ខាងក្នុង ឃើញរូបទាំងឡាយខាងក្រៅ (មាន​នីលកសិណជាដើម) នេះជា​វិមោក្ខទី២។ បុគ្គលមានចិត្តចុះស៊ប់កាន់ឈាន ក្នុងវណ្ណកសិណដ៏បរិសុទ្ធ នេះជាវិមោក្ខទី៣។ ភិក្ខុ ព្រោះ​កន្លងនូវ​ពួករូបសញ្ញា ដោយប្រការទាំងពួង ព្រោះរម្ងាប់នូវ​ពួកបដិឃសញ្ញា ព្រោះ​មិនធ្វើទុកក្នុងចិត្ត នូវពួក​នានត្តសញ្ញា ក៏ចូលដល់អាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាស​មិនមានទីបំផុត ដូច្នេះ នេះជាវិមោក្ខទី៤។ ភិក្ខុព្រោះកន្លងអាកាសានញ្ចា​យតនៈ ដោយប្រការទាំងពួង ក៏ចូលដល់វិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណ​មិន​មាន​ទី​បំផុត​ នេះជាវិមោក្ខទី៥។ ភិក្ខុ ព្រោះកន្លងវិញ្ញាណញ្ចា​យតនៈ ដោយប្រការទាំងពួង ក៏ចូលដល់អាកិញ្ចញ្ញាយតនៈ ដោយបរិកម្មថា វត្ថុតិចតួចមិនមាន នេះជាវិមោក្ខទី៦។ ភិក្ខុ ព្រោះកន្លងនូវអាកិញ្ចញ្ញា​យតនៈ ដោយប្រការទាំងពួង ក៏ចូលដល់នេវសញ្ញានាសញ្ញា​យតនៈ នេះជាវិមោក្ខទី៧។ ភិក្ខុ ព្រោះកន្លងនេវសញ្ញានាសញ្ញា​យតនៈ ដោយ​ប្រការ​ទាំងពួង ក៏ចូលដល់សញ្ញាវេទយិតនិរោធ នេះជាវិមោក្ខទី៨។ ឯសាវ័កទាំងឡាយ​របស់តថាគតជាច្រើន ក៏បានដល់នូវបារមី​ញាណ ជាទីបំផុតនៃអភិញ្ញា ក្នុង​វិមោក្ខទាំង៨នោះ។

[១០២] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំង​ឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយចំរើននូវ អភិភាយតនៈ20) ៨ប្រការ។ អភិភាយតនៈ ៨ប្រការ គឺ បុគ្គលពួកខ្លះ មានសេចក្តីសំគាល់នូវរូប​ខាងក្នុង ឃើញរូបខាង​ក្រៅ ដែលជារូបបន្តិចបន្តួច មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញឃើញ ដូច្នេះ នេះជា​អភិភាយតនៈទី១។ បុគ្គលពួកខ្លះ មានសេចក្តីសំគាល់រូប​ខាងក្នុង ឃើញរូបខាង​ក្រៅ ដែលជារូបធំ ប្រមាណមិនបាន មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់រូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញ​ឃើញ ដូច្នេះ នេះជា​ អភិភាយតនៈ ទី២។ បុគ្គលពួកខ្លះ មិនមានសេចក្តីសំគាល់ក្នុងរូប​ខាងក្នុង ឃើញរូបខាង​ក្រៅ ដែលជារូបតិចតួច មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជា​អភិភាយតនៈទី៣។ បុគ្គលពួកខ្លះ មិនមានសេចក្តីសំគាល់រូប​ខាងក្នុង ឃើញរូបខាង​ក្រៅ ដែលជារូបធំ ប្រមាណមិនបាន ក៏គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាង​នេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជា​អភិភាយតនៈ ទី៤។ បុគ្គលពួកខ្លះ មិនមានសេចក្តីសំគាល់រូប​ខាងក្នុង ឃើញរូបខាង​ក្រៅ ដែលជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុលបង្ហាញថា រូបនេះ មានពណ៌ខៀវ មានពន្លឺខៀវ។ ដូចជាផ្កាត្រកៀត ជាបុប្ផជាតិខៀវ មានពណ៌ខៀវ ជាទីចង្អុលបង្ហាញថា ផ្កានេះមានពណ៌ខៀវ មានពន្លឺខៀវ ពុំនោះសោត ដូចសំពត់​កើតក្នុង​ក្រុងពារាណសីនោះ រលីងរលើបទាំងពីរខាង ជាសំពត់ខៀវ មានពណ៌ខៀវ ជាទីចង្អុលបង្ហាញថា សំពត់នេះ មានពណ៌ខៀវ មានពន្លឺខៀវ សេចក្តីទាំងនេះ មានឧបមាយ៉ាងណាមិញ មានឧបមេយ្យ ដូចបុគ្គល​ពួកខ្លះ មិនមានសេចក្តី​សំគាល់​រូបខាងក្នុង ឃើញរូប​ខាងក្រៅ ដែលជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុលបង្ហាញថា រូបនេះមានពណ៌ខៀវ មានពន្លឺ​ខៀវ គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជា​អភិភាយតនៈទី៥។ បុគ្គលពួកខ្លះ មិនមាន​សេចក្តីសំគាល់​រូប​ខាងក្នុង ឃើញរូបខាង​ក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុលបង្ហាញថា រូបនេះ មានពណ៌លឿង មានពន្លឺលឿង។ ដូចផ្កាកណ្ណិការ ជាបុប្ផជាតិលឿង មាន​ពណ៌លឿង ជាទីចង្អុលបង្ហាញថា ផ្កានេះ មានពណ៌លឿង មានពន្លឺលឿង ពុំនោះសោត ដូចសំពត់​កើតក្នុង​ក្រុងពារាណសីនោះ រលីងរលើបទាំងពីរខាង ជាសំពត់លឿង មានពណ៌លឿង ជាទីចង្អុលបង្ហាញថា សំពត់នេះ មានពណ៌លឿង មានពន្លឺលឿង សេចក្តីនេះ មាន​ឧបមាដូចម្តេចមិញ មានឧបមេយ្យ ដូចបុគ្គល​ពួកខ្លះ មិនមានសេចក្តី​សំគាល់​រូបខាងក្នុង ឃើញរូប​ខាងក្រៅ ដែលជារូបលឿង មានពណ៌លឿង ជាទីចង្អុល​បង្ហាញថា រូបនេះ មាន​ពណ៌លឿង មានពន្លឺលឿង គ្របសង្កត់នូវរូបទាំងនោះ ហើយ​មាន​សេចក្តីសំគាល់ យ៉ាង​នេះ​ថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជា​អភិភាយតនៈទី៦។ បុគ្គលពួកខ្លះ មិនមាន​សេចក្តីសំគាល់​រូប​ខាងក្នុង ឃើញរូបខាង​ក្រៅ ដែលជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុលបង្ហាញថា រូបនេះមានពណ៌ក្រហម មានពន្លឺក្រហម។ ដូចជាផ្កាច្បារ ជាផ្កាក្រហម មាន​ពណ៌ក្រហម ជាទីចង្អុលបង្ហាញថា ផ្កានេះមានពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត ដូចសំពត់​កើតក្នុង​ក្រុង​ពារាណសីនោះ មានសាច់រលីងរលើបទាំងពីរខាង ជាសំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុលបង្ហាញថា សំពត់នេះ មានពណ៌ក្រហម មានពន្លឺក្រហម សេចក្តីនេះ មាន​ឧបមាដូចម្តេចមិញ មានឧបមេយ្យដូចបុគ្គល​ពួកខ្លះ មិនមានសេចក្តី​សំគាល់​រូបខាងក្នុង ឃើញរូប​ខាងក្រៅ ដែលជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុល​បង្ហាញថា រូបនេះ មានពណ៌ក្រហម មានពន្លឺក្រហម គ្របសង្កត់នូវរូបទាំងនោះ ​មាន​សេចក្តីសំគាល់ យ៉ាង​នេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជា​អភិភាយតនៈទី៧។ បុគ្គលពួកខ្លះ មិនមាន​សេចក្តីសំគាល់​រូប​ខាងក្នុង ឃើញរូបខាង​ក្រៅ ជារូបស មានពណ៌ស ជាទីចង្អុលបង្ហាញថា រូបនេះ មានពណ៌ស មានពន្លឺស។ ដូចជាផ្កាយព្រឹក ជាផ្កាយស មាន​ពណ៌ស ជាទីចង្អុលបង្ហាញថា ផ្កាយនេះ មានពណ៌ស មានពន្លឺស ពុំនោះសោត ដូចសំពត់​កើតក្នុង​ក្រុងពារាណសីនោះ មានសាច់រលីងរលើបទាំងពីរខាង ជា​សំពត់ស មានពណ៌ស ជាទីចង្អុលបង្ហាញថា សំពត់នេះ មានពណ៌ស មានពន្លឺស សេចក្តីនេះ មានឧបមាដូចម្តេចមិញ មានឧបមេយ្យដូចបុគ្គល​ពួកខ្លះ មិនមានសេចក្តី​សំគាល់​រូបខាងក្នុង ឃើញរូប​ខាងក្រៅ ដែលជារូបស មានពណ៌ស ជាទីចង្អុល​បង្ហាញថា រូបនេះមានពណ៌ស មានពន្លឺស គ្របសង្កត់នូវរូបទាំងនោះ ហើយ​មាន​សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ នេះជា​អភិភាយតនៈទី៨។ ឯសាវ័ក​របស់​តថាគត​ជា​ច្រើន ក៏បានដល់នូវបារមី​ញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងអភិភាយតនៈទាំងនោះ។

[១០៣] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំង​ឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយចំរើននូវកសិណាយតនៈ១០ប្រការ។ (កសិណាយតនៈទាំង១០នោះគឺ) បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវបឋវីកសិណ ខាងលើ21) ខាងក្រោម22) និងទទឹង23) ជាកសិណតែបែបមួយ ឥត​មាន​លាយឡំ (នឹងកសិណឯទៀត) មានប្រមាណមិនបាន១ បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវអាបោកសិណ។បេ។ បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវតេជោសិណ… បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវវាយោកសិណ… បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវនីលកសិណ… បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវបីតិកសិណ… បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវលោហិតកសិណ… បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវឱទាតកសិណ… បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវអាកាសកសិណ… បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវវិញ្ញាណកសិណ… ខាងលើ ខាងក្រោម និងទទឹង ជាកសិណតែបែបមួយ ឥត​មាន​លាយឡំ (នឹង​កសិណ​ឯទៀត) ប្រមាណមិនបាន១។ ឯសាវ័កទាំងឡាយ ​របស់តថាគតជាច្រើន ក៏បានដល់​នូវបារមី​ញាណ ជាទីបំផុតនៃអភិញ្ញា ក្នុង​កសិណាយតនៈទាំង១០នោះ។

[១០៤] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំង​ឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយចំរើន​នូវ​ឈានទាំង៤ប្រការ។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ស្ងាត់ហើយចាកកាមទាំងឡាយ ស្ងាត់ហើយចាកធម៌ទាំងឡាយជាអកុសល បានចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ និង​វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ភិក្ខុនោះ ញុំាងកាយនេះឯង ឲ្យ​ជ្រួតជ្រាប ជោកជាំ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់​ស្ងាត់ ប្រទេសបន្តិចបន្តួចនៃកាយទាំងអស់ របស់ភិក្ខុនោះ សុទ្ធតែពាល់ត្រូវដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់។ ម្នាលឧទាយិ ដូចជាងកាត់សក់ក្តី កូនសិស្ស​របស់​នាយជាងកាត់សក់ក្តី ដែលឈ្លាសវៃ ដាក់លំអិតសម្រាប់ងូត ទៅក្នុងលោហភាជន៍24) ហើយយកទឹកប្រស់ព្រំ ច្របាច់ពូតឲ្យជាដុំ ឯដុំលំអិតសំរាប់ងូតនោះ ជ្រួតជ្រាបស្អិតដោយ​ទឹក ជោកជាំស្អិតដោយទឹក សើមស្អិតដោយទឹក ទាំងខាងក្នុង និងខាងក្រៅ ទាំង​មិនហូរ​ចេញអំពីគ្នាផង សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលឧទាយិ ភិក្ខុញុំាងកាយឲ្យជ្រួត​ជ្រាប ជោកជាំ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់​ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ សុទ្ធតែពាល់ត្រូវដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មានឧបមេយ្យដូច្នោះឯង។

[១០៥] ម្នាលឧទាយិ មួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និង​វិចារៈ។បេ។ បានចូល​ទុតិយជ្ឈាន ភិក្ខុនោះ ញុំាងកាយនេះឯង ឲ្យ​ជ្រួតជ្រាប ជោកជាំ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ប្រទេសបន្តិចបន្តួច នៃកាយ​ទាំងអស់ របស់ភិក្ខុនោះ សុទ្ធតែពាល់ត្រូវដោយបីតិ និងសុខ ដែលកើតអំពីសមាធិ។ ម្នាលឧទាយិ ដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ខាងក្នុងមិនមានផ្លូវទឹក អំពី​ទិសខាង​កើតនៃអន្លង់នោះទេ មិនមានផ្លូវ​ទឹកអំពី​ទិសខាងលិចទេ មិនមានផ្លូវ​ទឹកអំពី​ទិសខាងជើងទេ មិនមានផ្លូវ​ទឹកអំពី​ទិសខាងត្បូងទេ ភ្លៀងសោត ក៏មិនបង្ហូរនូវ​ទ-ទឹកដោយ​ល្អម្តងៗ មានតែទ-ទឹកដ៏ត្រជាក់ ជោរចេញអំពីអន្លង់ទឹកនោះ ញុំាងអន្លង់​ទឹកនោះឯង ឲ្យជ្រួតជ្រាប ជោកជាំ បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់ ប្រទេស​បន្តិចបន្តួច នៃអន្លង់ទឹកនោះទាំងអស់ សុទ្ធតែជ្រួតជ្រាប ដោយទឹកត្រជាក់ សេចក្តីនេះ មាន​ឧបមាយ៉ាងណា ម្នាលឧទាយិ ភិក្ខុញុំាងកាយនេះឯង ឲ្យជ្រួត​ជ្រាប ជោកជាំ បរិបូណ៌ ផ្សព្វផ្សាយ​ដោយបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ សុទ្ធតែពាល់ត្រូវដោយបីតិ និងសុខ ដែលកើតអំពីសមាធិ ក៏មានឧបមេយ្យយ៉ាងនោះដែរ។

[១០៦] ម្នាលឧទាយិ មួយទៀត ភិក្ខុព្រោះប្រាសចាកបីតិផង។បេ។ ចូល​តតិយជ្ឈាន ភិក្ខុនោះ ញុំាងកាយនេះឯង ឲ្យ​ជ្រួតជ្រាប ជោកជាំ បរិបូណ៌ ផ្សព្វផ្សាយ ដោយសេចក្តីសុខ ដែលគ្មានបីតិ ប្រទេសបន្តិចបន្តួច នៃកាយ​ទាំងអស់ របស់ភិក្ខុនោះ សុទ្ធតែពាល់ត្រូវដោយសេចក្តីសុខ ដែលគ្មានបីតិ។ ម្នាលឧទាយិ ដូចជាផ្កាជលជាតពួក​ខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃឈូក​ក្រហមក្តី ក្នុងគុម្ពនៃឈូកសក្តី តែងកើតឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក លូតលាស់ឡើង​តាមទឹក លិចនៅខាងក្នុងទឹក ដែលទឹកកំពុងចិញ្ចឹមនៅឡើយ ពួកជលជាតទាំងនោះ រមែង​ជ្រួតជ្រាប ជោកជាំ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកនោះ រហូតដល់ចុង រហូត​ដល់គល់ ប្រទេស​បន្តិចបន្តួច នៃផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ទាំង​អស់ សុទ្ធតែពាល់ត្រូវដោយទឹកនោះ សេចក្តីនេះ មាន​ឧបមាយ៉ាងណាមិញ ម្នាលឧទាយិ ភិក្ខុ​ញុំាង​កាយ​នេះឯង ឲ្យជ្រួត​ជ្រាប ជោកជាំ បរិបូណ៌ ផ្សព្វផ្សាយ​ដោយសេចក្តីសុខ ដែលគ្មានបីតិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ សុទ្ធតែពាល់ត្រូវ ដោយសេចក្តីសុខ ដែលគ្មានបីតិ មានឧបមេយ្យយ៉ាងនោះដែរ។

[១០៧] ម្នាលឧទាយិ មួយទៀត ភិក្ខុព្រោះលះបង់សេចក្តីសុខផង។បេ។ ចូលចតុត្ថជ្ឈាន ភិក្ខុនោះ អង្គុយផ្សាយទៅកាន់កាយនេះឯង ដោយចិត្តបរិសុទ្ធ ផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយ​ទាំងអស់ របស់ភិក្ខុនោះ សុទ្ធតែពាល់ត្រូវដោយចិត្តបរិសុទ្ធ ផូរផង់។ ម្នាលឧទាយិ ដូចជាបុរស អង្គុយទទូរក្បាល ដោយសំពត់ស ប្រទេស​បន្តិចបន្តួច នៃកាយទាំងអស់ របស់បុរសនោះ សុទ្ធតែប៉ះពាល់ ដោយសំពត់ស សេចក្តីនេះ មាន​ឧបមាយ៉ាងណាមិញ ម្នាលឧទាយិ ភិក្ខុអង្គុយ​ផ្សាយទៅកាន់កាយនេះឯង ដោយចិត្តដ៏បរិសុទ្ធ​ផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ សុទ្ធតែពាល់ត្រូវដោយចិត្ត​ ដ៏បរិសុទ្ធផូរផង់ មានឧបមេយ្យ យ៉ាងនោះដែរ។ ពួកសាវ័ក ​របស់តថាគតជាច្រើន ក៏បានដល់​នូវបារមី​ញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងឈានទាំង៤នោះ។

[១០៨] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំង​ឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយកំណត់​ដឹង​យ៉ាងនេះថា រាងកាយរបស់អាត្មាអញនេះឯង មានរូបប្រកបដោយមហាភូតរូបទាំង៤ កើត​អំពីមាតា និងបិតា ចំរើនដោយបាយ និងនំ ជាសភាវៈមិនទៀងទាត់ មិនឋិតថេរ មានការដុសខាត់ បំបាត់ក្លិនអាក្រក់ គក់ច្របាច់ ឬចាប់នួត បែកធ្លាយខ្ចាត់ខ្ចាយទៅជា​ធម្មតា ឯវិញ្ញាណ របស់អាត្មាអញនេះសោត ក៏អាស្រ័យនៅនឹងរាងកាយនេះ ជាប់ចំពាក់​នៅនឹងរាងកាយនេះឯង។ ម្នាលឧទាយិ ដូចជាកែវពៃទូរ្យ ដែលល្អស្អាត មានជាតិ​ដ៏បរិសុទ្ធ មានជ្រុង៨ ដែលបុគ្គល​ឆ្នៃហើយ ដោយប្រពៃ គឺបាននាំយកជាតិថ្ម និងក្រួស​ចេញអស់ហើយ មានសម្បុរភ្លឺថ្លា យ៉ាងវិសេស បរិបូណ៌ ដោយអាការ​ទាំងពួង មានដុសលាង​ជាដើម ទើបបុរសនោះ យកចេសខៀវក្តី លឿងក្តី ក្រហមក្តី សសុទ្ធក្តី សភ្លាវក្តី ទៅដោតក្នុងកែវនោះ បុរសមានភ្នែកភ្លឺ ដាក់កែវនោះក្នុងដៃ ហើយពិចារណា​មើល ក៏ស្គាល់ច្បាស់ថា នេះឯងជាកែវពៃទូរ្យល្អស្អាត មានជាតិបរិសុទ្ធ មានជ្រុង៨ ដែលគេ​ឆ្នៃហើយ ដោយប្រពៃ មានសម្បុរភ្លឺថ្លា យ៉ាងវិសេស បរិបូណ៌ ដោយអាការ​ទាំងពួង នេះជាចេស ដែលមានសម្បុរខៀវ ឬលឿង ក្រហម សសុទ្ធ ឬសភ្លាវ ដែលគេដោត​ទៅ​ក្នុង​កែវ​នោះ យ៉ាងណាមិញ ម្នាលឧទាយិ តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំងឡាយ ដែលជាហេតុ​ឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយដឹងច្បាស់ យ៉ាងនេះថា រាងកាយរបស់អាត្មាអញនេះឯង មានរូបប្រកបដោយមហាភូតរូបទាំង៤ កើត​អំពីមាតា និងបិតា ចំរើនដោយបាយ និងនំ ជាសភាវៈមិនទៀងទាត់ មិនឋិតថេរ មានការដុសខាត់ បំបាត់ក្លិនអាក្រក់ គក់ច្របាច់ ឬចាប់នួត បែកធ្លាយខ្ចាត់ខ្ចាយទៅជា​ធម្មតា ឯវិញ្ញាណ របស់អាត្មាអញនេះ ក៏អាស្រ័យនៅនឹងរាងកាយនេះ ជាប់ចំពាក់​នៅនឹងរាងកាយ​នេះ​ ក៏យ៉ាងនោះដែរ។ ពួក​សាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវ​បារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងធម៌នោះ។

[១០៩] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំង​ឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយនិម្មិតនូវ​កាយដទៃ ចេញអំពីកាយនេះ ឲ្យជាកាយមានរូប ជាកាយសម្រេច​អំពីចិត្ត មានអវយវៈតូចធំសព្វ​គ្រប់ មានឥន្ទ្រិយមិនវិកលខូចខាត។ ដូចបុរសដកហូតបណ្តូលស្មៅយាប្លង ចេញអំពី​ដើមស្មៅនោះ បុរសនោះ ក៏យល់ច្បាស់យ៉ាងនេះថា នេះជាបណ្តូល នេះជាស្មៅយាប្លង ស្មៅយាប្លងផ្សេង បណ្តូលផ្សេង នេះជាបណ្តូលដែលអញ​ដកចេញអំពីស្មៅយាប្លង​នេះឯង ម្នាលឧទាយិ ពុំនោះសោត ដូចជាបុរសហូតដាវចេញអំពីស្រោម បុរសនោះ ក៏យល់ច្បាស់យ៉ាងនេះថា នេះដាវ នេះស្រោម ដាវផ្សេង ស្រោមផ្សេង នេះជាដាវ ដែល​អញ​ហូតចេញអំពីស្រោមនេះឯង ម្នាលឧទាយិ ពុំនោះសោត ដូចបុរសដកពស់ ចេញអំពីស្រោម បុរសក៏យល់ច្បាស់យ៉ាងនេះថា នេះពស់ នេះស្រោម ពស់ផ្សេង ស្រោម​ផ្សេង នេះពស់ដែលអញហូតចេញអំពីស្រោមនេះឯង សេចក្តីនេះ មានឧបមាយ៉ាងណា​មិញ ម្នាលឧទាយិ តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំងឡាយ ដែលជាហេតុ​ឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយនិម្មិតកាយដទៃ ចេញអំពីកាយ​នេះ ឲ្យជាកាយមានរូប ជាកាយសម្រេច​អំពីចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយ​មិនវិកលខូចខាត មានឧបមេយ្យ ដូច្នោះឯង។ ឯពួក​សាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវ​បារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងធម៌នោះ។

[១១០] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំង​ឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយតាក់តែងឬសំដែង​ឫទ្ធិ​បាន​ច្រើន​ប្រការ គឺកាយតែមួយ ធ្វើឲ្យជាកាយច្រើនក៏បាន ឬកាយច្រើន ធ្វើឲ្យត្រឡប់ទៅជា​កាយតែ​មួយវិញក៏បាន ធ្វើអាវិភាវបាដិហារិយ៍25) ក៏បាន ធ្វើ​តិរោភាវបាដិហារិយ៍26) ក៏បាន ជ្រែកចេញទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំក៏បាន ដូចគេដើរលើអាកាស។ មុជងើបក្នុងផែនដី ដូចក្នុងទឹកក៏បាន។ ដើរលើទឹក ឥតមានបែក​ធ្លាយ ដូចដើរលើផែនដីក៏បាន។ អណ្តែត​ទៅលើអាកាសទាំងភ្នែន ដូចសកុណបក្សីក៏​បាន។ យកដៃទៅស្ទាបអង្អែលព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិធំ មានអានុភាព​ធំ យ៉ាងនេះក៏បាន ញុំាងអំណាច ឲ្យប្រព្រឹត្តទៅ រហូតដល់ព្រហ្មលោក​ទាំងកាយក៏បាន។ ម្នាលឧទាយិ ដូចជាស្មូនឆ្នាំង ឬកូនសិស្សរបស់ស្មូនឆ្នាំង ដែលឈ្លាស​ប្រសប់ ទោះប្រាថ្នានឹងរចនាភាជន៍ណាៗ ដោយដីដែល​បានធ្វើបរិកម្មល្អហើយ ក៏អាច​នឹង​ធ្វើភាជន៍នោះៗ ឲ្យសម្រេចបាន ម្នាលឧទាយិ ពុំនោះ​ ដូច​ជាងភ្លុកក្តី កូនសិស្ស​របស់ជាង​ភ្លុកក្តី ដែលឈ្លាសប្រសប់ ទោះប្រាថ្នានឹងរចនាភ្លុកណាៗ ដោយភ្លុក​ដែលធ្វើបរិកម្ម​ល្អ​ហើយ ក៏អាចនឹងរចនាភ្លុកនោះៗ ឲ្យសម្រេចបាន ម្នាលឧទាយិ ពុំនោះសោត ដូចជាង​មាសក្តី កូនសិស្ស​របស់ជាងមាសក្តី ដែលឈ្លាសប្រសប់ ទោះប្រាថ្នានឹងរចនាមាសណាៗ ដោយមាស​ដែលធ្វើបរិកម្ម​ល្អ​ហើយ ក៏អាចនឹងរចនាមាសនោះៗ ឲ្យសម្រេចបាន សេចក្តី​ទាំងនេះ មានឧបមាយ៉ាងណាមិញ ម្នាលឧទាយិ តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំងឡាយ ដែលជាហេតុ​ឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយសំដែង​ឫទ្ធិ​បាន​ច្រើន​​ប្រការ គឺកាយតែមួយ ធ្វើឲ្យទៅជាកាយច្រើនក៏បាន ឬកាយច្រើន ធ្វើឲ្យត្រឡប់ទៅ​ជា​កាយ​តែ​មួយវិញក៏បាន ធ្វើអាវិភាវបាដិហារិយ៍ក៏បាន ធ្វើ​តិរោភាវបាដិហារិយ៍ក៏បាន ជ្រែកចេញទៅខាងក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំក៏បាន ដូចគេដើរទៅលើអាកាស។ មុជងើបក្នុងផែនដី ដូចក្នុងទឹកក៏បាន។ ដើរលើទឹក ឥតមានបែក​ធ្លាយ ដូចដើរលើផែនដី​ក៏​បាន។ អណ្តែត​ទៅលើអាកាសទាំងភ្នែន ដូចសកុណបក្សីក៏​បាន។ យកដៃទៅស្ទាប​អង្អែល​នូវ​ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិធំ មានអានុភាព​ធំ យ៉ាងនេះក៏បាន ញុំាងអំណាច ឲ្យប្រព្រឹត្តទៅ រហូតដល់ព្រហ្មលោក​ទាំងកាយក៏បាន មានឧបមេយ្យ​ដូច្នោះឯង។ ពួក​សាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវ​បារមីញាណ ជាទីបំផុត​នៃ​អភិញ្ញា ក្នុងធម៌នោះ។

[១១១] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំង​ឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយមានត្រចៀកទិព្វ ដ៏បរិសុទ្ធ កន្លងហួស​ត្រចៀក​មនុស្សធម្មតា រមែងឮសំឡេងពីរប្រការ ទាំងសំឡេងទិព្វ ទាំង​សំឡេង​មនុស្ស ទាំងឆ្ងាយ ទាំងជិត។ ម្នាលឧទាយិ ដូចបុរសអ្នកផ្លុំស័ង្ខ មានកំឡាំងអាចញុំាង​សំឡេង​ស័ង្ខ ឲ្យលាន់ឮទៅក្នុងទិសទាំង៤ ឲ្យអ្នកផងដឹងបាន ដោយមិនលំបាក យ៉ាង​ណាមិញ ម្នាលឧទាយិ តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំងឡាយ ដែលជាហេតុ​ឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយមានត្រចៀកទិព្វ ដ៏បរិសុទ្ធ កន្លងហួស​ត្រចៀកមនុស្សធម្មតា រមែងឮសំឡេង​ពីរប្រការ ទាំងសំឡេងទិព្វ ទាំងសំឡេង​មនុស្ស ទាំង​ឆ្ងាយ ទាំងជិត ក៏យ៉ាងនោះដែរ។ ឯពួក​សាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវ​បារមីញាណ ជាទីបំផុត​នៃ​អភិញ្ញា ក្នុងធម៌នោះ។

[១១២] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំង​ឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត ប្រតិបត្តិ ហើយអាចកំណត់ដឹងនូវចិត្ត ដោយចិត្តរបស់សត្វដទៃ បុគ្គលដទៃ ចិត្តដែលប្រកបដោយរាគៈ ក៏ដឹងថា ចិត្តប្រកប​ដោយ​រាគៈ ចិត្តដែលប្រាសចាករាគៈ ក៏ដឹងថា ចិត្តប្រាសចាករាគៈ ចិត្តដែល​ប្រកប​ដោយទោសៈ ក៏ដឹងថា ចិត្តប្រកប​ដោយទោសៈ ចិត្តដែលប្រាសចាកទោសៈ ក៏ដឹងថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈ ក៏ដឹងថា ចិត្តប្រកប​ដោយ​មោហៈ ចិត្តដែលប្រាសចាកមោហៈ ក៏ដឹងថា ចិត្តប្រាសចាកមោហៈ ចិត្តដែលមានអារម្មណ៍​មូល ក៏ដឹងថា ចិត្តមានអារម្មណ៍មូល ចិត្តដែលរាយមាយ ក៏ដឹងថា ចិត្តរាយមាយ ចិត្តដែល​ជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរ ក៏ដឹងថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែន​ជាមហគ្គតៈ ក៏ដឹងថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជាសឧត្តរៈ គឺ​លោកិយចិត្ត ក៏ដឹងថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺលោកុត្តរចិត្ត ក៏ដឹងថា ចិត្តជាអនុត្តរៈ ចិត្ត​ដែលតាំងមាំ ក៏ដឹងថា ចិត្តតាំងមាំ ចិត្តដែល​មិនតាំងមាំ ក៏ដឹងថា ចិត្តមិនតាំងមាំ ចិត្ត​ដែលរួចស្រឡះ ចាក់កិលេសាសវៈ ក៏ដឹងថា ចិត្តរួចស្រឡះចាកកិលេសាសវៈ ចិត្តដែល​មិនបានរួចស្រឡះ ក៏ដឹងថា ចិត្តមិនបានរួចស្រឡះ។ ម្នាលឧទាយិ ដូចស្ត្រីក្តី បុរសក្តី ដែល​នៅក្មេង ពេញក្រមុំ ពេញកំលោះ កំពុងចូលចិត្តនឹងការប្រដាប់ស្អិតស្អាងកាយ ឆ្លុះមើល​ស្រមោលមុខរបស់ខ្លួនក្នុងផ្ទៃកញ្ចក់ ដែលបរិសុទ្ធផូរផង់ក្តី ក្នុងភាជន៍ទឹកដែល​ថ្លាល្អក្តី បើមុខប្រកបដោយទោស (មានប្រជ្រុយ ដំបៅ មុន និងបូសជាដើម)ក្តី ក៏ដឹងថា មុខប្រកបដោយ​ទោស បើមុខឥតមានទោសក្តី ក៏ដឹងថា មុខឥតមានទោស យ៉ាងណាមិញ ម្នាលឧទាយិ តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំងឡាយ ដែលជាហេតុ​ឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយកំណត់ដឹងចិត្ត ដោយ​ចិត្ត​របស់​សត្វដទៃ បុគ្គលដទៃ ចិត្តដែលប្រកបដោយរាគៈ ក៏ដឹងថា ចិត្តប្រកប​ដោយ​រាគៈ ចិត្តដែលប្រាសចាករាគៈ ក៏ដឹងថា ចិត្តប្រាសចាករាគៈ ចិត្តដែល​ប្រកប​ដោយទោសៈ ក៏ដឹងថា ចិត្តប្រកប​ដោយទោសៈ ចិត្តដែលប្រាសចាកទោសៈ ក៏ដឹងថា ចិត្តប្រាសចាក​ទោសៈ ចិត្តដែលប្រកបដោយមោហៈ… ចិត្តដែលប្រាសចាកមោហៈ… ចិត្តដែលមានអារម្មណ៍​មូល… ចិត្តដែលមានអារម្មណ៍រាយមាយ… ចិត្តដែល​ជាមហគ្គតៈ… ចិត្តដែលមិនមែន​ជាមហគ្គតៈ… ចិត្តដែលជាសឧត្តរៈ… ចិត្តដែលជាអនុត្តរៈ… ចិត្ត​ដែលតាំងមាំ… ចិត្តដែល​មិនតាំងមាំ… ចិត្ត​ដែលរួចស្រឡះ… ចិត្តដែល​មិនរួចស្រឡះ… ក៏ដឹងថា ចិត្តមិនរួចស្រឡះ ក៏ដូច្នោះឯង។ ឯពួក​សាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវ​បារមីញាណ ជាទីបំផុត​នៃ​អភិញ្ញា ក្នុងធម៌នោះ។

[១១៣] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំង​ឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយរឭកឃើញនូវ​បុព្វេនិវាស (លំដាប់ខន្ធ ដែលសត្វអាស្រ័យនៅក្នុងកាលមុន) គឺរលឹកឃើញបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០.០០០ជាតិខ្លះ រឭក​ឃើញ​នូវសំវដ្តកប្បជាច្រើនខ្លះ វិវដ្តកប្បជាច្រើនខ្លះ និងសំវដ្តវិវដ្តកប្បជាច្រើនខ្លះថា អាត្មាអញ បានកើតក្នុងទីឯណោះ មានឈ្មោះយ៉ាងនោះ​ មានគោត្រយ៉ាងនោះ មានវណ្ណៈ​យ៉ាងនោះ មានអាហារយ៉ាងនោះ ទទួលសុខ និងទុក្ខយ៉ាងនោះ មានកំណត់អាយុ​ប៉ុណ្ណោះ លុះអាត្មាអញ ច្យុតអំពីទីនោះហើយ ក៏ទៅកើតក្នុងទីឯណោះទៀត លុះ​អាត្មាអញ បានទៅកើតក្នុងទីនោះហើយ ក៏មានឈ្មោះយ៉ាងនោះ​ មានគោត្រកូលយ៉ាង​នោះ មានវណ្ណៈ​យ៉ាងនោះ មានអាហារយ៉ាងនោះ ទទួលសុខ និងទុក្ខយ៉ាងនោះ មាន​កំណត់​អាយុ​ប៉ុណ្ណោះ លុះអាត្មាអញ ច្យុតអំពីទីនោះហើយ ទើបបាន​មក​កើត​ក្នុង​ទីនេះ។ ពួកសាវ័ករឭកឃើញ នូវបុព្វេនិវាស មានប្រការដ៏ច្រើន ព្រមទាំងអាការ (រូប និងអាហារ​ជាដើម) ព្រមទាំងឧទ្ទេស (ឈ្មោះ និងគោត្រកូល) ដោយប្រការដូច្នេះ។ ម្នាលឧទាយិ ដូចជាបុរសចេញអំពីស្រុករបស់ខ្លួន ហើយទៅកាន់ស្រុកដទៃ លុះចេញអំពីស្រុក​នោះ​ហើយ ទៅស្រុកដទៃទៀត បុរសនោះ លុះចេញអំពីស្រុកនោះហើយ ត្រឡប់មកកាន់ស្រុក​ខ្លួនដដែលវិញ បុរសនោះ តែងដឹងយ៉ាងនេះថា អាត្មាអញ បានចេញ​អំពីស្រុករបស់ខ្លួនហើយ មកដល់ស្រុកឯណោះ កាលនៅក្នុងស្រុកនោះ អាត្មាអញឈរយ៉ាងនោះ អង្គុយយ៉ាងនោះ និយាយយ៉ាងនោះ នៅស្ងៀម​យ៉ាងនោះ លុះចេញអំពីស្រុកនោះហើយ បានមកដល់ស្រុកឯណោះទៀត កាលដែល​នៅក្នុង​ស្រុកនោះឯង អាត្មាអញ បានឈរយ៉ាងនោះ អង្គុយយ៉ាងនោះ និយាយយ៉ាងនោះ នៅស្ងៀមយ៉ាងនោះ អាត្មាអញនោះ លុះចេញអំពីស្រុកនោះហើយ ទើបបានត្រឡប់​មកដល់ស្រុករបស់ខ្លួនដដែល យ៉ាងណាមិញ ម្នាលឧទាយិ តថាគតបានសំដែង​បដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយរឭក​ឃើញនូវបុព្វេនិវាស គឺរឭកឃើញបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ ពួក​សាវ័ក រឭកឃើញ​នូវ​បុព្វេនិវាស មានប្រការដ៏ច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ​ យ៉ាងនោះដែរ។ ឯពួកសាវ័ករបស់តថាគតជាច្រើន ក៏បានដល់​បារមីញាណ ជាទីបំផុត​នៃ​អភិញ្ញា ក្នុងបដិបទានោះ។

[១១៤] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំង​ឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយបានចក្ខុទិព្វដ៏​បរិសុទ្ធ កន្លងហួស​ចក្ខុរបស់មនុស្សធម្មតា បានឃើញនូវពួកសត្វ ដែលកំពុងច្យុត ​កំពុង​កើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានវណ្ណៈល្អខ្លះ មានវណ្ណៈអាក្រក់ខ្លះ មានគតិល្អ​ខ្លះ មានគតិអាក្រក់ខ្លះ កំណត់ដឹងច្បាស់ នូវពួកសត្វទាំងឡាយ ដែលប្រព្រឹត្តទៅ​តាម​កម្ម​របស់​ខ្លួនថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយបុគ្គល មានសេចក្តី​យល់ខុស ប្រកាន់​នូវអំពើតាមសេចក្តីយល់ខុស សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពី​សេចក្តី​ស្លាប់ ក៏រមែងទៅកើតក្នុងកំណើតសត្វតិរច្ឆាន ប្រេត អសុរកាយ និងនរក អើហ្ន៎ ចំណែក​សត្វពួកនេះវិញ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយ​មនោសុចរិត ជាអ្នកមិនតិះដៀលព្រះអរិយបុគ្គល មានសេចក្តី​យល់ត្រូវ ប្រកាន់​នូវអំពើ​តាមសេចក្តីយល់ត្រូវ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពី​សេចក្តី​ស្លាប់ ក៏រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក។ ពួកសាវ័ក មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លង​ហួស​ចក្ខុ​របស់មនុស្សធម្មតា បានឃើញនូវពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាប​ខ្លះ ខ្ពង់ខ្ពស់ខ្លះ មានវណ្ណៈល្អខ្លះ មានវណ្ណៈអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ កំណត់ដឹងនូវពួកសត្វ ដែលប្រព្រឹត្ត​ទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ។ ម្នាល​ឧទាយិ ដូចជាផ្ទះពីរខ្នងមានទ្វារ បុរសមានចក្ខុ ឈរនៅត្រង់កណ្តាលផ្ទះទាំងពីរខ្នង​នោះ ក៏មើលឃើញពួកមនុស្ស ដែលកំពុង​ចូលមកក្តី ចេញទៅក្តី ដើរទៅក្តី ដើរមកក្តី យ៉ាងណា ម្នាលឧទាយិ បដិបទាដែលតថាគត បានសំដែងហើយ ដល់សាវ័កទាំងឡាយ ដែលជា​ហេតុ​ឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយបាននូវចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួស​ចក្ខុរបស់មនុស្សធម្មតា បានឃើញ​ពួកសត្វ ដែលកំពុងច្យុត កំពុងកើត ជាសត្វថោកទាប​ខ្លះ ខ្ពង់ខ្ពស់ខ្លះ មានវណ្ណៈ​ល្អខ្លះ មានវណ្ណៈ​អាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់​ខ្លះ​។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ក៏យ៉ាងនោះដែរ។ ឯ​សាវ័ក​ទាំងឡាយ របស់តថាគតជាច្រើន ក៏បានដល់​នូវបារមីញាណ ជាទីបំផុត​នៃ​អភិញ្ញា ក្នុងបដិបទានោះ។

[១១៥] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័ក​ទាំង​ឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយធ្វើឲ្យជាក់​ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ននេះ ដោយបញ្ញារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅ។ ម្នាលឧទាយិ ដូចជា​អន្លង់​ទឹក ដែលថ្លាយង់ យ៉ាងវិសេស មិនល្អក់ នៅលើកំពូលភ្នំ បុរសមានចក្ខុ ឈរក្បែរ​ឆ្នេរ​អន្លង់​ទឹកនោះ មើលឃើញ​ខ្ចៅខ្យង និងសម្រាមផង ក្រួស និងអម្បែងផង ហ្វូងត្រីផង កំពុងហែល​ខ្លះ កំពុងសំកាំងនៅខ្លះ បុរសបានដឹងយ៉ាងនេះថា អន្លង់ទឹកនេះឯង ថ្លាយង់​យ៉ាង​វិសេស មិនមានល្អក់ នេះឯង ជាខ្ចៅខ្យង និងសម្រាម ក្រួស និងអម្បែងក្នុងអន្លង់​នោះ ហ្វូងត្រីទាំងឡាយ កំពុង​ហែលខ្លះ កំពុងសំកាំងនៅខ្លះ យ៉ាងណាមិញ ម្នាលឧទាយិ បដិបទា ដែលតថាគត បានសំដែងហើយ ដល់សាវ័កទាំងឡាយ ដែលជា​ហេតុ​ឲ្យពួក​សាវ័ក របស់តថាគត បានប្រតិបត្តិ ហើយធ្វើឲ្យជាក់​ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ននេះ ដោយបញ្ញា​របស់​ខ្លួន ហើយសម្រេចសម្រាន្តនៅ យ៉ាងនោះដែរ។ ឯពួក​សាវ័ក របស់តថាគតជាច្រើន ក៏បានដល់​នូវបារមីញាណ ជាទីបំផុត​នៃ​អភិញ្ញា ក្នុងបដិបទានោះ។

[១១៦] ម្នាលឧទាយិ នេះឯងធម៌ទី៥ ដែលជាធម៌នាំឲ្យ​ពួក​សាវ័ករបស់តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ អាស្រ័យនៅ (នឹង​តថាគត)។ ម្នាលឧទាយិ ធម៌ទាំង៥នេះឯង ដែលជាធម៌ នាំឲ្យ​ពួក​សាវ័ក របស់តថាគត ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ អាស្រ័យនៅ (នឹង​តថាគត)។ លុះព្រះមានព្រះភាគ សំដែងភាសិតនេះចប់ហើយ សកុលុទាយិ​បរិព្វាជក មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ មហាសកុលុទាយិសូត្រ ទី៧។

សមណមុណ្ឌិកសូត្រ ទី៨

(៨. សមណមុណ្ឌិកសុត្តំ)

[១១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង បរិព្វាជកឈ្មោះ ឧគ្គាហមានៈ ជាសមណមុណ្ឌិកាបុត្រ អាស្រ័យនៅក្នុងអារាម របស់ព្រះនាងមល្លិកាទេវី ដែលមានសាលាមួយ មានជួរដើមទន្លាប់ព័ទ្ធជុំវិញ ជាទីសម្រាប់ប្រឹក្សា នូវលទ្ធិជាមួយ​នឹងបរិព្វាជកបរិស័ទជាច្រើន ចំនួន៥០០នាក់។ គ្រានោះ នាយជាងឈើឈ្មោះបញ្ចកង្គៈ ចេញអំពីក្រុងសាវត្ថី ដើម្បីទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃ។ បញ្ចកង្គៈ នាយជាងឈើ មានសេចក្តីត្រិះរិះ ដូច្នេះថា (កាលនេះ) ជាកាលមិនទាន់គួរ នឹងគាល់ព្រះមានព្រះភាគ​នៅឡើយ ដ្បិតព្រះមានព្រះភាគ កំពុងសម្ងំ ទាំងពួកភិក្ខុ អ្នកមានភាវនាជាប់ក្នុងចិត្ត ក៏​មិនទាន់មានវេលាគួរនឹងទៅជួប ព្រោះពួកភិក្ខុអ្នកបានភាវនាជាប់ក្នុងចិត្ត ក៏កំពុងសម្ងំដែរ បើដូច្នោះ គួរតែអញ ចូលទៅរកឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ ឯអារាម​របស់​ព្រះនាងមល្លិកា ដែលមានសាលាមួយ មានជួរដើមទន្លាប់ព័ទ្ធជុំវិញ ជាទី​សម្រាប់​ប្រឹក្សានូវលទ្ធិ។ បញ្ចកង្គៈនាយជាងឈើ ក៏ចូលទៅកាន់អារាម របស់​ព្រះនាង​មល្លិកា ដែលមានសាលាមួយ មានជួរដើមទន្លាប់ព័ទ្ធជុំវិញ ជាទី​សម្រាប់​ប្រឹក្សានូវ​លទ្ធិ។

[១១៨] សម័យនោះឯង ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ អង្គុយ​ជាមួយ​នឹងពួកបរិព្វាជកបរិស័ទជាច្រើន ដែលកំពុងបន្លឺសំឡេងខ្ពស់ សំឡេងខ្លាំង និយាយ​តិរច្ឆាន​​កថា ច្រើនប្រការ គឺ និយាយអំពីស្តេច និយាយអំពីចោរ និយាយអំពី​អាមាត្រធំ និយាយអំពីសេនា និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីបាយ និយាយ​អំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពី​គ្រឿង​ក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយ​អំពី​នគរ និយាយអំពីជនបទ និយាយអំពីស្ត្រី និយាយអំពីយោធាដ៏ក្លៀវក្លា និយាយ​អំពី​ច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីទាសីអ្នកដងទឹក និយាយអំពី​ញាតិដែល​ចែក​ឋាន​ទៅ និយាយអំពីគ្រឿង​ផ្សេងៗ ដែលឥតប្រយោជន៍ និយាយអំពីលោក និយាយអំពី​រឿង​​ជីក​សមុទ្រ និយាយអំពីសេចក្តីចំរើន និងមិនចំរើន ដែល​ជាហេតុឥតប្រយោជន៍ ថាដូច្នេះខ្លះ ដូច្នោះខ្លះ។ ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ បានឃើញ​បញ្ចកង្គៈ នាយជាង​ឈើមកអំពីចម្ងាយ លុះឃើញ​ហើយ ក៏បញ្ឈប់​បរិស័ទរបស់ខ្លួនថា ចូរអ្នក​ដ៏ចំរើនទាំងឡាយ មានសំឡេងតិចៗ ចូរអ្នក​ដ៏ចំរើនទាំងឡាយ កុំមាត់ឡើយ ដ្បិត​បញ្ចកង្គៈ នាយជាងឈើ ជាសាវ័ក របស់​ព្រះសមណគោតមមក ពួកសាវ័ក របស់ព្រះសមណគោតម ជាគ្រហស្ថ ស្លៀក​ដណ្តប់​សំពត់ស អាស្រ័យនៅក្នុង​ក្រុងសាវត្ថី ទាំងប៉ុន្មាន បណ្តាសាវ័កទាំងនោះ បញ្ចកង្គៈ នាយ​ជាងឈើនេះ ក៏ជាសាវ័កមួយដែរ លោកដ៏មានអាយុទាំងនោះ សុទ្ធតែជាអ្នកត្រូវ​ការ​សំឡេងតិច ដ្បិត​ព្រះសមណគោតម ទូន្មាន ឲ្យជាអ្នកមានសំឡេងតិច ពោលសរសើរ​សំ​ឡេងតិច យើងធ្វើដូចម្តេច ឲ្យតែគេ​ដឹងច្បាស់ថា បរិស័ទមានសំឡេងតិច ហើយសំគាល់​ថាគួរ​ចូលមក។ បរិព្វាជកទាំងនោះ ក៏នៅស្ងៀម។ លំដាប់នោះ បញ្ចកង្គៈ នាយជាងឈើ ចូលទៅរកឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ លុះចូលទៅដល់ហើយ ក៏​និយាយ​ពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹង​ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ កាលបញ្ចប់ពាក្យរាក់ទាក់ សំណេះ​សំណាល និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងសមគួរ។

[១១៩] លុះបញ្ចកង្គៈនាយជាងឈើ អង្គុយក្នុងទីសមគួរហើយ ឧគ្គាហមាន​បរិព្វាជក សមណមុណ្ឌិកាបុត្រ ក៏និយាយដូច្នេះថា ម្នាលនាយជាងឈើ ខ្ញុំ​បញ្ញត្ត​បុរស​បុគ្គល ដែលប្រកបដោយធម៌ ៤ប្រការ ថាជាអ្នកមានកុសលពេញលេញ មានកុសល​ដ៏ប្រសើរ ដល់នូវចំណែកបុណ្យដ៏ខ្ពង់ខ្ពស់ ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រ ធម៌៤ប្រការ តើអ្វីខ្លះ ម្នាលនាយជាងឈើ បុគ្គលក្នុងលោកនេះ មិនធ្វើអំពើ​អាក្រក់ ដោយកាយ១ មិនពោលពាក្យអាក្រក់១ មិនត្រិះរិះ​តម្រិះអាក្រក់១ មិនចិញ្ចឹម​ជីវិតអាក្រក់១ ម្នាលនាយជាងឈើ ខ្ញុំបញ្ញត្តបុរសបុគ្គល ​ដែលប្រកបដោយធម៌ ៤​ប្រការ​នេះឯង ថាជាអ្នកមានកុសលពេញលេញ មានកុសលដ៏ប្រសើរ ដល់នូវចំណែកបុណ្យ ​ដ៏​ខ្ពង់​ខ្ពស់ ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រ។ ឯបញ្ចកង្គៈ នាយជាងឈើ មិនបាន​ត្រេកអរ មិនបានឃាត់​ភាសិត របស់ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រទេ លុះ​មិនបាន​ត្រេកអរ មិនបានឃាត់​ហើយ ក៏ក្រោក​ចាកអាសនៈ ចៀសចេញទៅ ដោយ​មាន​គំនិតថា អាត្មាអញ នឹងដឹងនូវសេចក្តី ​នៃភាសិតនេះច្បាស់លាស់ ក្នុងសំណាក់​ព្រះមាន​ព្រះភាគ។ បញ្ចកង្គៈ នាយជាងឈើ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះបញ្ចកង្គៈ​ នាយជាងឈើ អង្គុយក្នុង​ទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ តាមពាក្យ​ចរចាទាំងប៉ុន្មាន ដែលបាននិយាយ ជាមួយនឹងឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ ដោយសព្វ​គ្រប់។

[១២០] កាលបញ្ចកង្គៈនាយជាងឈើ និយាយយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងបញ្ចកង្គៈ នាយជាងឈើ ដូច្នេះថា ម្នាលនាយជាងឈើ បើដូចពាក្យដែល​ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ និយាយ​យ៉ាងនោះមែន កូនក្មេងតូចខ្ចី​ ដេកផ្ងារ (មិនទាន់ចេះក្រឡាប់នៅឡើយ) ក៏ជាអ្នកមានកុសលពេញលេញ មានកុសល​ដ៏ប្រសើរ ដល់នូវចំណែកបុណ្យ ដ៏ខ្ពង់ខ្ពស់ ជាសមណៈ ឥតមានសេចក្តីញាប់​ញ័រដែរ។ ម្នាលនាយជាងឈើ ធម្មតាកូនក្មេងតូចខ្ចីដេកផ្ងារ នឹងថាមិនមានកាយ​ ក៏បាន ព្រោះថានឹងធ្វើអំពើអាក្រក់ ដោយកាយណាកើត វៀរលែងតែការបម្រាស់ប៉ុណ្ណោះ។ ម្នាលនាយ​ជាងឈើ ធម្មតាកូនក្មេងតូចខ្ចីដេកផ្ងារ នឹងថាមិនមានវាចា​ក៏បាន ព្រោះថា នឹងពោលវាចាអាក្រក់ណាកើត វៀរលែងតែការយំប៉ុណ្ណោះ។ ម្នាលនាយ​ជាងឈើ ធម្មតាកូនក្មេងតូចខ្ចីដេកផ្ងារ នឹងថាមិនមានសេចក្តីត្រិះរិះ​ក៏បាន ព្រោះថា​នឹងត្រិះរិះ​តម្រិះ​អាក្រក់ណាកើត វៀរលែងតែធ្វើមុខជូរប៉ុណ្ណោះ។ ម្នាលនាយ​ជាងឈើ ធម្មតាកូនក្មេង​តូចខ្ចីដេកផ្ងារ នឹងថាមិនមានអាជីវៈ​ក៏បាន ព្រោះថា នឹងប្រព្រឹត្ត​ចិញ្ចឹម​ជីវិត​អាក្រក់ណាកើត វៀរលែងតែការបៅដោះម្តាយប៉ុណ្ណោះ។ ម្នាលនាយ​ជាងឈើ បើដូចពាក្យ ដែលឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ និយាយយ៉ាង​នោះមែន កូនក្មេងតូចខ្ចីដេកផ្ងារ ក៏ជាអ្នកមានកុសលពេញលេញ មានកុសលដ៏ប្រសើរ ដល់នូវ​ចំណែក​បុណ្យ ដ៏ខ្ពង់ខ្ពស់ ជាសមណៈ ឥតមានសេចក្តីញាប់ញ័រដែរ។

[១២១] ម្នាលនាយជាងឈើ តថាគតបញ្ញត្តបុរសបុគ្គល ដែលប្រកបដោយធម៌​ទាំង​៤ប្រការ ថា មិនទាន់ជាអ្នក​មានកុសលពេញលេញ មិនទាន់ជាអ្នកមានកុសល ដ៏ប្រសើរ មិនទាន់ជាអ្នកដល់នូវចំណែកបុណ្យ ដ៏ខ្ពង់ខ្ពស់ មិនទាន់ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រនៅឡើយទេ បុរសបុគ្គលនោះ គ្រាន់តែវិសេសជាងកូនក្មេងតូចខ្ចី ដេកផ្ងារ​នេះ​បន្តិច​ទេតើ ធម៌៤ប្រការ តើអ្វីខ្លះ ម្នាលនាយជាងឈើ បុគ្គលក្នុងលោកនេះ មិនធ្វើអំពើ​អាក្រក់​ដោយកាយ១ មិនពោលវាចា​អាក្រក់១ មិនត្រិះរិះតម្រិះ​អាក្រក់១ មិនចិញ្ចឹមជីវិត​អាក្រក់១ ម្នាលនាយជាងឈើ តថាគតបញ្ញត្តបុរសបុគ្គល ដែលប្រកបដោយធម៌​​៤ប្រការ នេះថា មិនទាន់ជាអ្នក​មានកុសលពេញលេញ មិនទាន់ជាអ្នកមានកុសល ដ៏ប្រសើរ មិនទាន់​ជា​អ្នក ​ដល់នូវចំណែកបុណ្យ ដ៏ខ្ពង់ខ្ពស់ មិនទាន់ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រ​នៅ​ឡើយ​ទេ បុរសបុគ្គលនោះ គ្រាន់តែវិសេស​ជាងកូនក្មេងតូចខ្ចី ដេកផ្ងារ​បន្តិច​ប៉ុណ្ណោះ។

[១២២] ម្នាលនាយជាងឈើ លុះតែបុរសបុគ្គល ដែលប្រកបដោយអង្គ១០ ទើប​តថាគត បញ្ញត្តថា ជាអ្នកមានកុសលពេញលេញ មានកុសលដ៏ប្រសើរ ដល់នូវ​ចំណែក​បុណ្យ​ដ៏ខ្ពង់ខ្ពស់ ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រមែន។ នេះ ពួកសីលជាកុសល ម្នាល​នាយជាងឈើ តថាគត តែងពោលថា បុគ្គល​ត្រូវស្គាល់​សីលនោះ។ សីលទាំង​ឡាយ ជាអកុសល កើតអំពីអកុសលចិត្ត (ទាំង១២) នេះ ម្នាលនាយជាងឈើ តថាគត តែង​ពោល​ថា បុគ្គលត្រូវស្គាល់សីលនោះ។ សីលទាំងឡាយជា​អកុសលក្នុងលោកនេះ រលត់ឥតមានសេសសល់ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់​សីលនោះ។ បុគ្គល​ប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិដើម្បីរំលត់​សីលជាអកុសល ម្នាល​នាយជាងឈើ តថាគត តែងពោលថា បុគ្គល​ត្រូវស្គាល់​សីលនោះ។ នេះពួក​សីល​ជាកុសល ម្នាលនាយជាងឈើ តថាគតតែងពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ សីលទាំងឡាយ​ជាកុសល កើតមកអំពីកុសលចិត្តនេះ ម្នាលនាយជាងឈើ តថាគត តែង​ពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ សីលទាំងឡាយ ជាកុសល ក្នុងលោកនេះ រលត់​ឥត​សេសសល់ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ បុគ្គល អ្នកប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សីលជាកុសល ម្នាលនាយជាងឈើ តថាគត តែង​ពោលថា បុគ្គលត្រូវស្គាល់បុគ្គលនោះ។ នេះពួក​សង្កប្បៈ ជាអកុសល ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់​សង្កប្បៈនោះ។ សង្កប្បៈជាអកុសល កើតមកអំពីអកុសលចិត្តនេះ ម្នាលនាយជាងឈើ តថាគត តែង​ពោលថា បុគ្គលត្រូវស្គាល់សង្កប្បៈនោះ។ សង្កប្បៈ​ទាំងឡាយ ជាអកុសល ក្នុងលោកនេះ រលត់​ឥត​សេសសល់ ម្នាលនាយជាងឈើ តថាគតតែងពោលថា បុគ្គល​ត្រូវស្គាល់សង្កប្បៈនោះ។ បុគ្គលប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិ ​ដើម្បីរំលត់​សង្កប្បៈ​ទាំងឡាយជាអកុសល ម្នាលនាយជាងឈើ តថាគត តែង​ពោលថា បុគ្គលត្រូវស្គាល់​បុគ្គលនោះ។ នេះពួកសង្កប្បៈជាកុសល ម្នាលនាយជាងឈើ តថាគតតែងពោលថា បុគ្គល ត្រូវស្គាល់សង្កប្បៈនោះ។ សង្កប្បៈទាំងឡាយ​ ជាកុសល កើតមកអំពីកុសល​ចិត្តនេះ ម្នាលនាយជាងឈើ តថាគត តែង​ពោលថា បុគ្គលត្រូវស្គាល់សង្កប្បៈនោះ។ សង្កប្បៈ​​ទាំងឡាយ ជាកុសល ក្នុងលោកនេះ រលត់​ឥត​សេសសល់ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សង្កប្បៈនោះ។ បុគ្គល​ប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំងឡាយ ​ជាកុសល ម្នាលនាយជាងឈើ តថាគត តែង​ពោលថា បុគ្គលត្រូវស្គាល់បុគ្គលនោះ។

[១២៣] ម្នាលនាយជាងឈើ ចុះសីលទាំងឡាយជាអកុសល តើដូចម្តេច។ កាយកម្ម ជាអកុសល វចីកម្ម ជាអកុសល អាជីវៈជាបាប ម្នាលនាយជាងឈើ នេះ តថាគត​ ហៅថា សីលជាអកុសល។ ម្នាលនាយជាងឈើ ចុះសីល ជាអកុសលទាំង​នេះ តើមានអ្វី ជាសមុដ្ឋាន។ ឯសមុដ្ឋាន របស់សីលជាអកុសលទាំងនោះ បានពោលរួច​ហើយ។ គួរពោលថា មានចិត្តជាសមុដ្ឋាន។ ចុះចិត្តដូចម្តេច។ ចិត្តមានច្រើន មានបែប​មិន​តែមួយ មានប្រការផ្សេងៗ គឺចិត្តប្រកបដោយរាគៈ ប្រកបដោយទោសៈ ប្រកបដោយ​មោហៈ សីលជាអកុសលទាំងឡាយ កើតអំពីចិត្តនេះ។ ម្នាលនាយជាងឈើ ចុះសីល ជាអកុសលទាំងនេះ តើរលត់ឥតសេសសល់ ក្នុងទីណា។ ឯការរលត់​ របស់សីល​ទាំងនោះ បានពោលរួចហើយ។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ លះបង់កាយ​ទុច្ចរិត ចំរើន​កាយសុចរិត លះបង់វចីទុច្ចរិត ចំរើន​វចីសុចរិត លះបង់​មនោទុច្ចរិត ចម្រើន​មនោសុចរិត លះបង់មិច្ឆាជីវៈ ចិញ្ចឹមជីវិតដោយសម្មាជីវៈ សីលជាអកុសលទាំងនោះ តែង​រលត់​ឥតសេសសល់ ក្នុងសោតាបត្តិផលនុ៎ះឯង។ ម្នាលនាយជាងឈើ ចុះបុគ្គល​ប្រតិបត្តិដូចម្តេច ទើបឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សីលទាំងឡាយជាអកុសល។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែល​មិនទាន់កើត​ឡើង មិនឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើតឡើង ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីលះបង់ធម៌ទាំងឡាយ ជាអកុសល ដែលកើត​ឡើងហើយ ញុំាងឆន្ទៈ​ឲ្យ​កើតឡើង ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែល​មិនទាន់កើត​ឡើង ឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែល​កើត​ឡើង​ហើយ ឲ្យឋិតថេរ មិនឲ្យវិនាសទៅវិញ ឲ្យរឹងរឹតតែធំទូលាយចម្រើន ពេញបរិបូណ៌ឡើង។ ម្នាលនាយជាងឈើ បុគ្គលប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សីលទាំង​ឡាយជាអកុសល។

[១២៤] ម្នាលនាយជាងឈើ ចុះសីលទាំងឡាយជាកុសល តើដូចម្តេច។ ម្នាល​នាយ​ជាងឈើ តថាគត ពោលនូវកាយកម្ម ជាកុសល វចីកម្ម ជាកុសល ទាំង​អាជីវបារិសុទ្ធិ​ផង ថាជាសីល ម្នាលនាយជាងឈើ ទាំងនេះ​ហៅថា សីលជាកុសល។ ម្នាលនាយជាងឈើ ចុះសីល ជាកុសលទាំង​នេះ មានអ្វីជាសមុដ្ឋាន។ ឯសមុដ្ឋាន របស់សីលជាកុសលទាំងនោះ បានពោលរួច​ហើយ។ គួរពោលថា មានចិត្តជាសមុដ្ឋាន។ ចុះចិត្តដូចម្តេច។ ចិត្តមានច្រើន មានបែប​មិន​តែមួយ មានប្រការ​ផ្សេងៗ គឺចិត្តប្រាស​ចាក​រាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ សីលជាកុសល កើតអំពីចិត្តនេះ។ ម្នាលនាយ​ជាងឈើ ចុះសីល ជាកុសលទាំងនេះ រលត់ឥតសេសសល់ ​ក្នុងទីណា។ ការរលត់​របស់​សីល​​ទាំងនោះ បានពោលរួចហើយ។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មាន​សីល ប៉ុន្តែមិនទាន់សម្រេច​ត្រឹមសីលប៉ុណ្ណោះទេ រមែង​ដឹងច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះផង តាមសេចក្តីពិតថា សីលជាកុសល​ទាំង​នោះ របស់ភិក្ខុនោះ រមែង​រលត់​ឥតសេសសល់ ក្នុងអរហត្តផល។ ម្នាលនាយជាងឈើ ចុះបុគ្គល​ប្រតិបត្តិយ៉ាងណា ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សីលទាំងឡាយ​ជាកុសល។ ម្នាលនាយជាងឈើ ភិក្ខុ​ក្នុង​សាសនានេះ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បី​ញុំាង​ធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែល​មិនទាន់កើត​ឡើង មិនឲ្យកើតឡើងបាន ដើម្បីលះបង់ពួកធម៌​ជាអកុសលដ៏លាមក ដែល​កើតឡើង​ហើយ។បេ។ ដើម្បី​ញុំាង​ពួកធម៌ជាកុសល ដែល​មិនទាន់កើត​ឡើង ឲ្យកើតឡើងបាន។បេ។ ញុំាងឆន្ទៈឲ្យកើត ខំប្រឹង​ប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងពួកធម៌ ជាកុសល ដែល​កើត​ឡើង​ហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែធំទូលាយចម្រើន ពេញបរិបូណ៌ឡើង។ ម្នាលនាយជាងឈើ បុគ្គលប្រតិបត្តិ​យ៉ាងនេះ ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សីលទាំង​ឡាយជាកុសល។

[១២៥] ម្នាលនាយជាងឈើ សង្កប្បៈទាំងឡាយ ជាអកុសល តើដូចម្តេច។ កាមសង្កប្បៈ១ ព្យាបាទសង្កប្បៈ១ វិហឹសាសង្កប្បៈ១ ម្នាលនាយជាងឈើ ទាំងនេះហៅថា សង្កប្បៈជាអកុសល។ ម្នាលនាយជាងឈើ ចុះសង្កប្បៈជាអកុសលទាំងនេះ មានអ្វី ជាសមុដ្ឋាន។ ឯសមុដ្ឋាន របស់សង្កប្បៈទាំងនោះ បានពោលរួចហើយ។ គួរពោលថា មាន​សញ្ញា ជាសមុដ្ឋាន។ ចុះសញ្ញាដូចម្តេច។ សញ្ញាមានច្រើន មានបែប​មិនតែមួយ មាន​ប្រការ​ផ្សេងៗ គឺកាមសញ្ញា១ ព្យាបាទសញ្ញា១ វិហឹសាសញ្ញា១ សង្កប្បៈ ជាអកុសល កើតមកអំពីសញ្ញាទាំងនេះ។ ម្នាលនាយជាងឈើ ចុះសង្កប្បៈជាអកុសល​ទាំងនេះ រលត់​ឥត​សេសសល់ ក្នុងទីណា។ ឯការរលត់សង្កប្បៈទាំងនោះ បានពោល​រួច​ហើយ។ ម្នាល​នាយជាងឈើ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់​ស្ងាត់ ចាក​អកុសលធម៌ទាំងឡាយ ហើយចូលអនាគាមិផល បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ ប្រកប​ដោយវិចារៈ មានបីតិ និងសុខៈ កើតអំពីវិវេក សង្កប្បៈជាអកុសលទាំងនោះ រលត់ឥត​សេសសល់ ក្នុងអនាគាមិផលនុ៎ះឯង។ ម្នាលនាយជាងឈើ ចុះបុគ្គលប្រតិបត្តិ​យ៉ាងណា ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំងឡាយជាអកុសល។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងពួកធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែល​មិនទាន់កើត​ឡើង មិនឲ្យ​កើត​ឡើងបាន ដើម្បីលះបង់ធម៌ទាំងឡាយ ​ជាអកុសលដ៏លាមក ដែល​កើតឡើង​ហើយ។បេ។ ដើម្បីញុំាងធម៌ទាំងឡាយជាកុសល ដែល​មិនទាន់កើត​ឡើង ឲ្យកើតឡើងបាន។បេ។ ញុំាង​ឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់​ចិត្ត ដើម្បី​ញុំាង​ធម៌​ទាំងឡាយ ជាកុសល ដែល​កើត​ឡើង​ហើយ ឲ្យឋិតថេរ មិនឲ្យវិនាស​ទៅវិញ ឲ្យរឹងរឹត​តែ​ធំទូលាយ ចម្រើនពេញបរិបូណ៌ឡើង។ ម្នាលនាយជាងឈើ បុគ្គលប្រតិបត្តិ​យ៉ាងនេះ ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំង​ឡាយជាអកុសល។

[១២៦] ម្នាលនាយជាងឈើ ចុះសង្កប្បៈទាំងឡាយ ជាកុសល តើដូចម្តេច។ នេក្ខម្មសង្កប្បៈ១ អព្យាបាទសង្កប្បៈ១ អវិហឹសាសង្កប្បៈ១ ម្នាលនាយជាងឈើ ទាំងនេះ​ហៅថា សង្កប្បៈជាកុសល។ ម្នាលនាយជាងឈើ ចុះសង្កប្បៈទាំងឡាយ ជាកុសលនេះ មានអ្វីជាសមុដ្ឋាន។ ឯសមុដ្ឋានរបស់សង្កប្បៈទាំងនោះ បានពោលរួចហើយ។ គួរពោល​ថា មានសញ្ញាជាសមុដ្ឋាន។ ចុះសញ្ញាដូចម្តេច។ សញ្ញាមានច្រើន មានបែប​មិនតែមួយ មាន​ប្រការផ្សេងៗ គឺនេក្ខម្មសញ្ញា១ អព្យាបាទសញ្ញា១ អវិហឹសាសញ្ញា១ សង្កប្បៈ​ទាំង​ឡាយ ជាកុសល កើតមកអំពីសញ្ញាទាំងនេះ។ ម្នាលនាយជាងឈើ ចុះសង្កប្បៈ​ទាំង​ឡាយ ជាកុសល​នេះ រលត់ឥតសេសសល់ ក្នុងទីណា។ ឯការរលត់របស់​សង្កប្បៈ​ទាំង​នោះ បានពោល​រួច​ហើយ។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់​វិតក្កៈ វិចារៈ​។បេ។ ចូលទុតិយជ្ឈាន សង្កប្បៈជាកុសលទាំងនេះ រលត់ឥតមានសេសសល់ ក្នុងទុតិយជ្ឈាននុ៎ះឯង។ ម្នាលនាយជាងឈើ ចុះបុគ្គលប្រតិបត្តិ​ដូចម្តេច ទើបហៅថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំងឡាយជាកុសល។ ម្នាលនាយជាងឈើ ភិក្ខុក្នុងសាសនា​នេះ ញុំាងឆន្ទៈឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីញុំាងធម៌​ទាំងឡាយ ជាអកុសល ដ៏លាមក ដែល​មិនទាន់កើត​ឡើង មិនឲ្យកើតឡើងបាន ដើម្បីលះបង់ធម៌ទាំងឡាយ ​ជាអកុសលដ៏លាមក ដែល​កើតឡើង​ហើយ។បេ។ ដើម្បី​ញុំាង​ធម៌ទាំងឡាយជាកុសល ដែល​មិនទាន់កើត​ឡើង ឲ្យកើតឡើងបាន។បេ។ ញុំាង​ឆន្ទៈ​ឲ្យកើត ខំប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តម្កល់​ចិត្ត ដើម្បីញុំាងធម៌​ទាំងឡាយ ជាកុសល ដែល​កើត​ឡើង​ហើយ ឲ្យឋិតថេរ មិនឲ្យវិនាស​ទៅវិញ ឲ្យរឹងរឹតតែ​ធំ​ទូលាយ ចម្រើនពេញបរិបូណ៌ឡើង។ ម្នាលនាយជាងឈើ បុគ្គលប្រតិបត្តិ​យ៉ាងនេះ ហៅថា ប្រតិបត្តិ ដើម្បីរំលត់សង្កប្បៈទាំង​ឡាយជាកុសល។

[១២៧] ម្នាលនាយជាងឈើ ដែលតថាគតបញ្ញត្តបុរសបុគ្គល ប្រកបដោយធម៌​១០ប្រការថា ជាអ្នក​មានកុសល ដ៏បរិបូណ៌ មានកុសល ដ៏ប្រសើរ ដល់នូវចំណែកបុណ្យ​ដ៏ឧត្តម ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រ តើអ្វីខ្លះ។ ម្នាលនាយជាងឈើ ភិក្ខុក្នុង​សាសនានេះ ប្រកបដោយសម្មាទិដ្ឋិ ជាអសេក្ខៈ១ ប្រកបដោយសម្មាសង្កប្បៈ ជា​អសេក្ខៈ១ ប្រកបដោយសម្មាវាចា ជា​អសេក្ខៈ១ ប្រកបដោយសម្មាកម្មន្តៈ ជា​អសេក្ខៈ១ ប្រកបដោយសម្មាអាជីវៈ ជា​អសេក្ខៈ១ ប្រកបដោយសម្មាវាយាមៈ ជា​អសេក្ខៈ១ ប្រកបដោយ​សម្មាសតិ ជា​អសេក្ខៈ១ ប្រកបដោយសម្មាសមាធិ ជា​អសេក្ខៈ១ ប្រកបដោយ​សម្មាញាណៈ ជា​អសេក្ខៈ១ ប្រកបដោយសម្មាវិមុត្តិ ជា​អសេក្ខៈ១។ ម្នាលនាយជាងឈើ ដែលតថាគតបញ្ញត្តបុរសបុគ្គល ប្រកបដោយធម៌​ទាំង១០ប្រការ​នេះឯង ថាជាអ្នក​មានកុសលដ៏បរិបូណ៌ មានកុសលដ៏ប្រសើរ ដល់នូវចំណែកបុណ្យ​ដ៏ឧត្តម ជាសមណៈ ឥតមានសេចក្តី​ញាប់ញ័រ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់​សូត្រ​នេះចប់ហើយ បញ្ចកង្គៈនាយជាងឈើ ក៏ត្រេកអរ រីករាយហើយ ចំពោះភាសិត របស់​ព្រះមានព្រះភាគ។

ចប់ សមណមុណ្ឌិកសូត្រ ទី៨។

ចូឡសកុលុទាយិសូត្រ ទី៩

(៩. ចូឡសកុលុទាយិសុត្តំ)

[១២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង បរិព្វាជកឈ្មោះ​សកុលុទាយិ នៅអាស្រ័យក្នុងបរិព្វាជការាម ឈ្មោះមោរនិវាបៈ ជាមួយនឹងបរិព្វាជក​បរិស័ទច្រើននាក់។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុង​បុព្វណ្ហសម័យ ទ្រង់ស្តេចចូលទៅក្នុងក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ព្រះមានព្រះភាគ ទ្រង់មានសេចក្តីត្រិះរិះ ក្នុងវេលានោះយ៉ាងនេះថា ការត្រាច់ទៅក្នុងក្រុងរាជគ្រឹះ ដើម្បី​បិណ្ឌបាត នៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរតែតថាគត ចូលទៅរកសកុលុទាយិ​បរិព្វាជក ឯបរិព្វាជការាម ឈ្មោះមោរនិវាបៈសិន។ ព្រះមានព្រះភាគ ក៏ទ្រង់ស្តេច​ចូល​ទៅរក​បរិព្វាជការាម ឈ្មោះមោរនិវាបៈ។

[១២៩] សម័យនោះឯង សកុលុទាយិបរិព្វាជក អង្គុយជាមួយនឹងបរិព្វាជក​បរិស័ទ​ច្រើននាក់ ដែលកំពុង​បន្លឺសំឡេងខ្ពស់ សំឡេង​ខ្លាំង និយាយ​តិរច្ឆាន​កថាជាច្រើន​ប្រការ គឺ និយាយអំពីស្តេច។បេ។ និយាយអំពី​សេចក្តីវិនាស និងសេចក្តីចំរើន ដែល​ជាហេតុ​ឥត​ប្រយោជន៍ ថាដូច្នេះខ្លះ ដូច្នោះខ្លះ។ សកុលុទាយិបរិព្វាជក បានឃើញ​ព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏បញ្ឈប់​បរិស័ទ​របស់ខ្លួន​ថា ចូរអ្នកដ៏ចំរើន​ទាំងឡាយ មានសំឡេង​តិចៗ ចូរអ្នកដ៏ចំរើនទាំងឡាយ កុំមាត់អ្វី​ឡើយ ដ្បិត​ព្រះសមណគោតមនេះ និមន្តមក ឯព្រះសមណគោតម មានអាយុនោះ ជាអ្នកត្រូវការ​តែនឹងសំឡេងតិច ពោលសរសើរ​សំឡេងតិច ធ្វើដូចម្តេច ឲ្យតែលោកដឹងថា បរិស័ទ​មាន​សំឡេងតិច ហើយសំគាល់ថា គួរ​ចូលមក។ ពួកបរិព្វាជកទាំងនោះ ក៏នៅស្ងៀម។ លំដាប់​នោះ ព្រះមានព្រះភាគ ទ្រង់​ស្តេច​ចូលទៅរក សកុលុទាយិបរិព្វាជក។ សកុលុទាយិ​បរិព្វាជក ក៏ក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ទ្រង់ស្តេចមកចុះ បពិត្រ​ព្រះអង្គដ៏ចំរើន ដំណើរស្តេចមក នៃព្រះមានព្រះភាគ ជាការ​ប្រពៃហើយ បពិត្រព្រះអង្គ​ដ៏​ចំរើន ព្រះមានព្រះភាគ បានបម្រុងនឹងធ្វើ​ដំណើរមក ក្នុងទីនេះ អស់កាលយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ និមន្តគង់ចុះ អាសនៈនេះ ខ្ញុំព្រះអង្គ បានក្រាលហើយ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែល​គេ​ក្រាលថ្វាយ។ ​សកុលុទាយិបរិព្វាជក កាន់យក​អាសនៈ ដ៏​ទាបមួយ អង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​សកុលុទាយិបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់​ត្រាស់​យ៉ាងនេះថា ម្នាលឧទាយិ អ្នកអង្គុយ​ប្រជុំគ្នា និយាយពីរឿងអ្វី អម្បាញ់​មិញនេះ ចុះពាក្យដូចម្តេច ដែលអ្នកទាំងឡាយ ធ្វើឲ្យដាច់ពាក់កណ្តាលទៅ។

[១៣០] សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែលខ្ញុំព្រះអង្គ​ទាំងឡាយ ប្រជុំគ្នា និយាយអម្បាញ់មិញនេះ លើកទុកសិន បពិត្រព្រះអង្គដ៏ចំរើន ពាក្យ​នុ៎ះ មិនមែនជាការក្រ ដល់ព្រះអង្គទេ សូមទ្រង់ព្រះសណ្តាប់​ជា​ខាងក្រោយចុះ បពិត្រ​ព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គមិនទាន់ចូល​ទៅជិតបរិស័ទ​នេះ បរិស័ទ​នេះ ក៏​អង្គុយ​និយាយតែតិរច្ឆានកថាច្រើនប្រការ បពិត្រព្រះអង្គដ៏ចំរើន លុះតែកាលដែលខ្ញុំ​ព្រះអង្គ ចូល​ទៅជិតបរិស័ទនេះ ទើបបរិស័ទនេះ អង្គុយ​មើលមុខខ្ញុំ​ព្រះអង្គ និយាយថា បពិត្រ​ឧទាយិ យើងទាំងឡាយ ចាំស្តាប់​ធម៌ ដែលព្រះសមណគោតមនឹងសំដែង ដល់​យើង​ទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះមានព្រះភាគ ទ្រង់ស្តេច​ចូល​មករក​បរិស័ទនេះ ខ្ញុំព្រះអង្គ នឹងចូលទៅដែរ ដ្បិតបរិស័ទនេះ កំពុងតែអង្គុយ​មើល​ព្រះភក្ត្រ​ព្រះមានព្រះភាគ ដោយគិតថា យើងទាំងឡាយ ចាំស្តាប់ធម៌ ដែលព្រះមានព្រះភាគ នឹងសំដែង ដល់យើងទាំងឡាយ។ ព្រះអង្គត្រាស់ថា ម្នាលឧទាយិ បើដូច្នោះ ចូរអ្នក​តាំង​ផ្តើមប្រស្នានោះមក តថាគត នឹង​សំដែង​តប តាម​ហេតុក្នុងប្រស្នានុ៎ះ។

[១៣១] សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពីថ្ងៃមុនៗ មានបុគ្គល​ជាអ្នកដឹងសព្វ ឃើញសព្វ ដឹងច្បាស់នូវញាណទស្សនៈ ឥតសេសសល់ និយាយថា កាល​ខ្ញុំដើរក្តី ឈរក្តី ដេកលក់ក្តី រលឹកក្តី ញាណទស្សនៈ ប្រាកដឡើងរឿយៗ​មិនដាច់ បុគ្គល​នោះ កាលដែលខ្ញុំព្រះអង្គ សួរប្រស្នា ប្រារព្ធទីបំផុតខាងដើម ត្រឡប់​ជាគេចកែពាក្យ​ដទៃ ដោយពាក្យដទៃ យកពាក្យខាងក្រៅ មកបន្លែបន្លប់ ហើយសំដែង​សេចក្តីក្រោធ សេចក្តី​ប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គក៏កើត​សតិ​ឡើង ព្រោះប្រារព្ធចំពោះ​ព្រះមានព្រះភាគថា ឱមានតែព្រះមានព្រះភាគ ឱមាន​តែ​ព្រះសុគត ទើបព្រះអង្គឈ្លាសវៃ ចំពោះធម៌ទាំងនេះ។ ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ចុះបុគ្គលណា ជាអ្នកដឹងសព្វ ឃើញសព្វ ដឹងច្បាស់នូវញាណទស្សនៈ ឥតសេសសល់ និយាយថា កាល​ខ្ញុំដើរក្តី ឈរក្តី ដេកលក់ក្តី រលឹកក្តី ញាណទស្សនៈ ក៏ប្រាកដឡើង​រឿយ​ៗ​មិនដាច់ បុគ្គល​នោះ កាលដែលអ្នកបានសួរប្រស្នា ប្រារព្ធទីបំផុតខាងដើម ក៏ត្រឡប់​ជា​គេច​កែពាក្យ​ដទៃ ដោយពាក្យដទៃ យកពាក្យខាងក្រៅ មកបន្លែបន្លប់ ហើយសំដែងនូវ​សេចក្តីក្រោធ សេចក្តី​ប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង។ សកុលុទាយិ ក្រាប​បង្គំទូលថា និគ្រន្ថនាដបុត្រ ព្រះអង្គ។

[១៣២] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ បុគ្គលណាមួយ រលឹកឃើញបុព្វេនិវាស​មាន​ច្រើនប្រការគឺ រលឹកឃើញ​ជាតិ១ ជាតិ២។បេ។ រលឹកឃើញ​បុព្វេនិវាស មានច្រើន​ប្រការ ព្រមទាំង​អាការ ព្រមទាំង​ឧទ្ទេស ដោយប្រការដូច្នេះ (បើ) បុគ្គល​នោះ សួរ​ប្រស្នា​នឹងតថាគត ប្រារព្ធទីបំផុតខាងដើម តថាគត ក៏សួរប្រស្នា នឹងបុគ្គល​នោះ ប្រារព្ធទីបំផុត​ខាងដើមដែរ បុគ្គលនោះ ប្រារព្ធ​ទីបំផុតខាងដើម ធ្វើចិត្ត​តថាគត ឲ្យរីករាយ ដោយ​ការដោះប្រស្នាបាន តថាគត ក៏ប្រារព្ធទីបំផុតខាងដើម ធ្វើចិត្តបុគ្គលនោះ ឲ្យរីករាយ ដោយការដោះប្រស្នាបានដែរ បុគ្គលណាមួយ មានទិព្វចក្ខុ បរិសុទ្ធ កន្លងចក្ខុរបស់​មនុស្ស​សាម័ញ្ញ ឃើញ​សត្វទាំងឡាយដែលច្យុត ដែលកើត ថោកទាប ខ្ពង់ខ្ពស់ មានសម្បុរ​ល្អ សម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់។បេ។ ក៏ដឹងច្បាស់នូវពួក​សត្វ ដែលទៅតាម​យថាកម្ម (បើ) បុគ្គល​នោះ សួរ​ប្រស្នា​នឹងតថាគត ប្រារព្ធទីបំផុតខាងចុង តថាគត ក៏សួរប្រស្នា នឹងបុគ្គល​នោះ ប្រារព្ធទីបំផុត​ខាងចុងដែរ បុគ្គលនោះ ប្រារព្ធ​ទីបំផុតខាងចុង ធ្វើចិត្ត​តថាគតនោះ ឲ្យរីករាយ ដោយ​ការដោះប្រស្នាបានដែរ ប៉ុន្តែណ្ហើយចុះ ឧទាយិ ទីបំផុតខាងដើមលើកទុក ទីបំផុតខាងចុង ក៏លើកទុកចុះ តថាគត នឹងសំដែង​ធម៌ដល់អ្នក កាលបើទីបំផុតខាងដើមនេះមាន ទីបំផុត​ខាងចុងនេះក៏មាន ទីបំផុតខាងចុង​នេះកើត​ឡើង​បាន ព្រោះទីបំផុត​ខាងដើមនេះកើតឡើង កាលបើទីបំផុត​ខាងដើមនេះ​មិនមាន ទីបំផុត​ខាងចុងនេះក៏មិនមាន ទីបំផុតខាងចុង​នេះរលត់ទៅ ព្រោះទីបំផុត​ខាងដើមនេះរលត់ទៅ។ សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ​មិនអាចរលឹកឃើញបុព្វេនិវាសនោះ តាមកំណត់ ដែលខ្ញុំ​ព្រះអង្គ ត្រូវឃើញច្បាស់​ ដោយ​អត្តភាពនេះ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នោះបានទេ ខ្ញុំព្រះអង្គ នឹង​រលឹកឃើញបុព្វេនិវាសច្រើនប្រការ គឺ រលឹកឃើញជាតិ១ ជាតិ២ ជាតិ៣។បេ។ និងរលឹក​ឃើញ​បុព្វេនិវាស មានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការ​ដូច្នេះ ដូចជាព្រះមានព្រះភាគ ដូចម្តេចបាន បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូម្បីតែ​បង្សុបិសាច (បិសាចដែលកើតក្នុងទីស្មោកគ្រោក) ក៏ខ្ញុំព្រះអង្គ មើល​មិនឃើញ​ផង ចុះនឹងឲ្យខ្ញុំព្រះអង្គ រលឹកឃើញពួកសត្វ ដែលច្យុត ដែលកើត ថោកទាប ខ្ពង់ខ្ពស់ មាន​សម្បុរល្អ សម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែល​ទៅតាមយថាកម្ម ដោយទិព្វចក្ខុបរិសុទ្ធ កន្លងចក្ខុរបស់មនុស្សសាម័ញ្ញ ដូចជា​ព្រះមាន​ព្រះភាគ ដូចម្តេចបាន បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែល​ព្រះអង្គ បាន​ត្រាស់​នឹង​ខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលឧទាយិ ណ្ហើយចុះ ទីបំផុតខាងដើមលើកទុក ទីបំផុត​ខាងចុង ក៏លើកទុកចុះ តថាគត នឹងសំដែងដល់អ្នក កាលបើទីបំផុតខាងដើមនេះមាន ទីបំផុត​ខាងចុងនេះក៏មាន ទីបំផុតខាងចុង​នេះកើត​ឡើង​បាន ព្រោះទីបំផុត​ខាងដើមនេះ​កើត​ឡើង កាលបើទីបំផុតខាងដើមនេះមិនមាន ទីបំផុត​ខាងចុងនេះក៏មិនមាន ទីបំផុតខាងចុង​នេះរលត់ទៅ ព្រោះទីបំផុត​ខាងដើមនេះរលត់ទៅ ដូច្នេះ ឥឡូវពាក្យ​នោះ មិនទាន់ប្រាកដ ដល់ខ្ញុំព្រះអង្គ ដោយលើសលន់ ពន់ប្រមាណនៅឡើយទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ប្រាកដជានឹងធ្វើហឫទ័យ នៃព្រះមានព្រះភាគ​ឲ្យ​រីករាយ ដោយសារការដោះប្រស្នា ក្នុងលទ្ធិអាចារ្យ ជារបស់ខ្លួនបាន។

[១៣៣] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ហេតុដូចម្តេច ដែលមាន​ក្នុងលទ្ធិអាចារ្យ ជា​របស់ខ្លួននៃអ្នក។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មាន​សេចក្តីត្រិះរិះ ក្នុងលទ្ធិអាចារ្យ​ ជារបស់ខ្លួន យ៉ាងនេះថា នេះជាពន្លឺ ដ៏ឧត្តម នេះជា​ពន្លឺ​ដ៏ឧត្តម។ ព្រះអង្គត្រាស់ថា ការណ៍ដែលអ្នកត្រិះរិះ ក្នុងលទ្ធិអាចារ្យ​ ជារបស់ខ្លួន​យ៉ាង​នេះថា នេះជាពន្លឺដ៏ឧត្តម នេះជាពន្លឺដ៏ឧត្តម ចុះ​ពន្លឺ​ដ៏ឧត្តមនោះ តើដូចម្តេច។ សកុលុទាយិ ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចំរើន ពន្លឺណា ដែលរកពន្លឺដទៃ​ប្រសើរជាង ឧត្តមជាងគ្មាន ពន្លឺនោះ ជាពន្លឺដ៏ឧត្តម។ ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ពន្លឺ ដែលរកពន្លឺដទៃប្រសើរជាង ឧត្តមជាងគ្មាន នោះ​ តើដូចម្តេច។ សកុលុទាយិ ក្រាបបង្គំ​ទូលថា បពិត្រព្រះអង្គដ៏ចំរើន ពន្លឺណា ដែលរកពន្លឺដទៃប្រសើរជាង ឧត្តមជាងគ្មាន ពន្លឺនោះ ទើបជាពន្លឺដ៏ឧត្តម។

[១៣៤] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ វាចារបស់អ្នកនុ៎ះ ផ្សាយទៅវែងពេក​ណាស់ ព្រោះអ្នកពោលថា ពន្លឺដែលរកពន្លឺដទៃ​ ប្រសើរជាង ឧត្តមជាងគ្មាន ពន្លឺនោះ ទើបជាពន្លឺដ៏ឧត្តម ដូច្នេះផង ទាំងមិនកំណត់ នូវ​ពន្លឺនោះផង។ ម្នាលឧទាយិ ដូចបុរស​និយាយ យ៉ាងនេះថា ខ្ញុំប្រាថ្នាចង់បាននាងជនបទកល្យាណី ក្នុងជនបទនេះ។ ពួក​អ្នក​ផង សួរបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកប្រាថ្នាចង់បាននាង​ជនបទ​កល្យាណី​ណា អ្នកស្គាល់នាងជនបទកល្យាណី​នោះ ថាជាក្សត្រី ឬព្រាហ្មណី ជាវេស្សី ឬសុទ្ទី​ដែរ​ឬ។ បុរស​នោះ ដែលអ្នកផងសួរដូច្នេះ ក៏ឆ្លើយតបវិញថា ខ្ញុំមិនស្គាល់ទេ។ អ្នកផងសួរ​បុរស​នោះ​​ទៀតថា នែបុរសដ៏ចំរើន អ្នកប្រាថ្នា​ចង់បាននាង​ជនបទកល្យាណីណា អ្នក​ស្គាល់​​​នាង​ជនបទកល្យាណីនោះថា មានជាតិយ៉ាងនេះ មានគោត្រយ៉ាងនេះ។បេ។ ខ្ពស់ឬទាប ឬកណ្តាល សម្បុរខ្មៅ ឬខ្មៅស្រអែម ឬសម្បុរសណ្តែកបាយ នៅក្នុងស្រុក និគម និង​នគរ​ឯណោះ ដែរឬទេ។ បុរសនោះ ដែលគេសួរដូច្នេះ ក៏ឆ្លើយតបថា ខ្ញុំមិនស្គាល់ទេ។ ជន​ទាំងឡាយ និយាយនឹងបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកមិនដែលស្គាល់ មិនដែល​ឃើញ នាង​ជនបទកល្យាណីណាសោះ ហើយ​ស្រាប់តែ​ប្រាថ្នា ចង់បាននាង​នោះឬ។ បុរសនោះ ដែលអ្នកផងសួរដូច្នេះ ក៏ឆ្លើយតបថា បាទ។ ម្នាលឧទាយិ អ្នកចូល​ចិត្តសេចក្តីនោះ ដូចម្តេច កាលបើយ៉ាងនេះ ពាក្យរបស់បុរសនោះ ក្រែង​យកជាការ​មិនបាន​ទេដឹង។ សកុលុទាយិក្រាបបង្គំទូលថា ពិតមែនហើយព្រះអង្គ កាលបើយ៉ាង​នេះ ពាក្យរបស់បុរសនោះ យកជាការពុំបានទេ។ ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកនិយាយថា បពិត្រព្រះអង្គដ៏ចំរើន ពន្លឺណា ដែលរកពន្លឺដទៃ​ប្រសើរជាង ឧត្តមជាងគ្មាន ពន្លឺនោះ ទើបជាពន្លឺដ៏ឧត្តម ដូច្នេះផង ទាំងមិនកំណត់ នូវ​ពន្លឺនោះផង ក៏​យ៉ាងនោះឯង។ សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កែវមណី និងកែវ​ពៃ​ទូរ្យ មានពន្លឺល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ ដាក់លើសំពត់កម្ពល់ មានពណ៌លឿង រមែងភ្លឺច្រាលរន្ទាល យ៉ាងណា អត្តា បន្ទាប់អំពីមរណៈទៅ ក៏មានពន្លឺ ឥតមានរោគ យ៉ាង​នោះដែរ។

[១៣៥] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះ ដូចម្តេច កែវ​មណី និងកែវ​ពៃ​ទូរ្យ មានពន្លឺល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ ដាក់លើសំពត់កម្ពល់ មាន​ពណ៌​លឿង រមែងភ្លឺច្រាលរន្ទាល និងអម្ពិលអម្ពែក ដែល​ជាកិមិជាតិ ក្នុងវេលា​យប់​ងងឹត​អព្ទ បណ្តាពន្លឺទាំងពីរនេះ តើពន្លឺណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ពន្លឺអម្ពិលអម្ពែក ដែល​ជាកិមិជាតិ ភ្លឺជាង ប្រសើរជាង។

[១៣៦] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះ ដូចម្តេច អម្ពិល​អម្ពែក ដែល​ជាកិមិជាតិ ក្នុងវេលាយប់ងងឹត​អព្ទ និងប្រទីបប្រេង ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ពន្លឺណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ប្រទីបប្រេង ភ្លឺជាង ប្រសើរជាង។

[១៣៧] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច ប្រទីបប្រេង ក្នុងវេលាយប់ងងឹត​អព្ទ និងគំនរភ្លើងធំ ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ពន្លឺណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ពន្លឺគំនរភ្លើងធំ ភ្លឺជាង ប្រសើរជាង។

[១៣៨] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច គំនរភ្លើង ក្នុងវេលាយប់ងងឹត​អព្ទ និងផ្កាយព្រឹក ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះ អំពីពពក ទៀបបច្ចូសសម័យនៃរាត្រី បណ្តាពន្លឺទាំងពីរនេះ ពន្លឺណា ភ្លឺជាង ប្រសើរ​ជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បណ្តាពន្លឺទាំងពីរនេះ ពន្លឺ​ផ្កាយព្រឹក ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក ទៀប​បច្ចូសសម័យ​នៃរាត្រីនេះ ភ្លឺជាង ប្រសើរជាង។

[១៣៩] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច ផ្កាយព្រឹក ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក ទៀបបច្ចូស​សម័យ នៃរាត្រី និងព្រះចន្ទ្រ ក្នុងវេលាពាក់កណ្តាលអធ្រាត្រ មិនទាន់ជ្រេ ក្នុងកាលដែលមេឃ​ស្វាងភ្លៀង ខ្ពស់ស្រឡះ​អំពីពពក នាថ្ងៃ​ឧបោសថ ១៥កើត បណ្តាពន្លឺទាំងពីរនេះ ពន្លឺ​ណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បណ្តា​ពន្លឺ​ទាំងពីរនេះ ពន្លឺព្រះចន្ទ្រ ក្នុងវេលាពាក់កណ្តាល​អធ្រាត្រ មិនទាន់ជ្រេ ក្នុងកាល​ដែល​មេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក នាថ្ងៃឧបោសថ ១៥កើតនេះ ភ្លឺជាង ប្រសើរជាង។

[១៤០] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច ព្រះចន្ទ្រ ក្នុងវេលាពាក់កណ្តាលអធ្រាត្រ មិនទាន់ជ្រេ ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះ​អំពីពពក នាថ្ងៃ​ឧបោសថ ១៥កើត និងព្រះអាទិត្យ ក្នុងវេលាថ្ងៃត្រង់ មិនទាន់ជ្រេ ក្នុង​កាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក ក្នុងសរទសម័យ នាខែខាងចុង នៃវស្សានរដូវ បណ្តាពន្លឺទាំងពីរនេះ ពន្លឺណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បណ្តាពន្លឺទាំងពីរនោះ ពន្លឺព្រះអាទិត្យ ក្នុងវេលាថ្ងៃត្រង់ មិនទាន់ជ្រេ ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក ក្នុង​សរទសម័យ នាខែជាខាងចុង នៃវស្សានរដូវ ពន្លឺនេះ ភ្លឺជាង ប្រសើរជាង។ ម្នាលឧទាយិ ពួកទេវតា ដែលមិនបាច់ប្រើពន្លឺព្រះចន្ទ្រ និងព្រះអាទិត្យនេះ មានច្រើនក្រៃលែងច្រើន តថាគត ក៏ស្គាល់ច្បាស់ នូវ​ទេវតាទាំងនោះដែរ តែតថាគត មិនពោលថា ពន្លឺណា ឥត​មានពន្លឺដទៃ ប្រសើរជាង ឧត្តមជាង ដូច្នេះទេ ម្នាលឧទាយិ ចំណែកខាងអ្នកឯង ពោលថា ពន្លឺណា ដែលថោកទាបជាង អន់ជាង ពន្លឺអម្ពិលអម្ពែក ជាកិមិជាតិ ពន្លឺ​នោះ ជាពន្លឺប្រសើរ ដូច្នេះផង ទាំងមិនបានកំណត់​ពន្លឺនោះផង។ បពិត្រព្រះមានព្រះភាគ សូមទ្រង់ស្លេះពាក្យនេះទុកចុះ បពិត្រព្រះសុគត សូមទ្រង់ស្លេះពាក្យនេះទុកចុះ។ ម្នាល​ឧទាយិ ម្តេចក៏អ្នកឯងនិយាយថា បពិត្រព្រះមានព្រះភាគ សូមទ្រង់ស្លេះពាក្យនេះទុកចុះ បពិត្រព្រះសុគត សូមទ្រង់ស្លេះពាក្យនេះទុកចុះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ក្នុងលទ្ធិអាចារ្យ ជារបស់ខ្លួន​ យ៉ាងនេះថា នេះជាពន្លឺដ៏ប្រសើរ នេះ​ជាពន្លឺ​ដ៏ប្រសើរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ កាលបើ​ព្រះមានព្រះភាគ​សាក​សួរ ចោទប្រកាន់ ដេញដោល ក្នុងលទ្ធិអាចារ្យ ជារបស់ខ្លួន (យ៉ាងនេះ) ក៏ជាបុគ្គល​សោះសូន្យ ទទេ ឥតបានការសោះ។

[១៤១] ព្រះអង្គត្រាស់ថា ម្នាល​ឧទាយិ លោកមានសេចក្តីសុខ ដោយចំណែកមួយ ចុះបដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោកដែលមានសេចក្តីសុខ ដោយ​ចំណែកមួយ មានដែរឬទេ។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកមានតែសេចក្តីសុខ ដោយចំណែក​មួយ​ក៏មាន បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តី​សុខ ដោយចំណែកមួយក៏មាន។ ម្នាលឧទាយិ ចុះបដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យ​ជាក់​ច្បាស់នូវលោក ដែលមានសេចក្តី​សុខ ដោយចំណែកមួយ តើដូចម្តេច។ បពិត្រ​ព្រះអង្គដ៏ចំរើន បុគ្គលពួកមួយ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរស្រឡះ​ចាក​បាណាតិបាត លះបង់អទិន្នាទាន វៀរស្រឡះ​ ចាកអទិន្នាទាន លះបង់កាមេសុមិច្ឆាចារ វៀរស្រឡះ​ ចាកកាមេសុមិច្ឆាចារ លះបង់មុសាវាទ វៀរស្រឡះ ​ចាកមុសាវាទ ម្យ៉ាងទៀត បានប្រព្រឹត្តសមាទាន នូវតបគុណណាមួយ បពិត្រព្រះអង្គដ៏ចំរើន នេះហៅថា បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវ​លោក ដែលមានសេចក្តីសុខ ដោយ​ចំណែក​មួយ។

[១៤២] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច (បើ) បុគ្គល​​លះបង់បាណាតិបាត វៀរស្រឡះ​ចាកបាណាតិបាត ក្នុងសម័យណា សម័យ​នោះ តើអត្តា មានតែសេចក្តីសុខ ដោយចំណែកមួយ ឬមានទាំងសុខ ទាំងទុក្ខ។ សកុលុទាយិ ក្រាបបង្គំទូលថា មានទាំងសុខ ទាំងទុក្ខ ព្រះអង្គ។ ម្នាលឧទាយិ អ្នកចូលចិត្ត​សេចក្តីនោះ ដូចម្តេច (បើ) បុគ្គល​ លះបង់អទិន្នាទាន វៀរស្រឡះ​ចាកអទិន្នាទាន ក្នុងសម័យណា សម័យ​នោះ តើអត្តា មានតែសេចក្តីសុខ ដោយចំណែកមួយ ឬមានទាំងសុខ ទាំងទុក្ខ។ មានទាំងសុខ ទាំងទុក្ខ ព្រះអង្គ។ ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច (បើ) បុគ្គល ​លះបង់កាមេសុមិច្ឆាចារ វៀរស្រឡះ​ ចាកកាមេសុមិច្ឆាចារ ក្នុងសម័យណា សម័យ​នោះ តើអត្តាមានតែសេចក្តីសុខ ដោយចំណែកមួយ ឬមានទាំងសុខ ទាំងទុក្ខ។ មាន​ទាំងសុខ ទាំងទុក្ខ ព្រះអង្គ។ ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច (បើ) បុគ្គល​លះបង់មុសាវាទ វៀរស្រឡះ ​ចាកមុសាវាទ ក្នុងសម័យណា សម័យ​នោះ តើអត្តា​មាន​តែសេចក្តីសុខ ដោយចំណែកមួយ ឬមានទាំងសុខ ទាំងទុក្ខ។ មានទាំងសុខ ទាំងទុក្ខ ព្រះអង្គ។ ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច (បើ) បុគ្គល​សមាទាន ប្រព្រឹត្ត​តបគុណណាមួយ ក្នុងសម័យណា សម័យ​នោះ តើអត្តា មានតែសេចក្តីសុខ ដោយ​ចំណែក​មួយ ឬមានទាំងសុខ ទាំងទុក្ខ។ មានទាំងសុខ ទាំងទុក្ខ ព្រះអង្គ។ ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះ ដូចម្តេច ការធ្វើឲ្យជាក់ច្បាស់ នូវលោក ដែល​មានតែសេចក្តីសុខ​ ដោយចំណែកមួយ ព្រោះអាស្រ័យ​បដិបទា ដែលមានសុខ និងទុក្ខលាយឡំគ្នា បាន​ដែរ​ឬ។ បពិត្រព្រះមានព្រះភាគ សូមទ្រង់លើកពាក្យនេះទុក បពិត្រព្រះសុគត សូម​ទ្រង់​លើកពាក្យនេះទុក។ ម្នាលឧទាយិ ម្តេចក៏អ្នកនិយាយថា បពិត្រព្រះមានព្រះភាគ សូម​ទ្រង់លើកពាក្យនេះទុកចុះ បពិត្រព្រះសុគត សូម​ទ្រង់លើកពាក្យនេះទុកចុះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ក្នុងលទ្ធិអាចារ្យ ជារបស់ខ្លួន យ៉ាង​នេះថា លោកដែលមានសេចក្តីសុខ ដោយចំណែកមួយក៏មាន បដិបទា ដែលប្រកប​ដោយ​​ហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយ​ចំណែក​មួយ​ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ កាលបើព្រះមានព្រះភាគ សាកសួរ ដេញដោល ក្នុងលទ្ធិអាចារ្យ ជារបស់ខ្លួន (យ៉ាងនេះ) ក៏ជាបុគ្គល​សោះសូន្យ​ទទេ មិនបានការសោះ បពិត្រព្រះអង្គដ៏ចំរើន ចុះលោក ដែល​មានតែសេចក្តីសុខ ដោយចំណែក​​មួយ បដិបទា ដែលប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ មានដែរឬ។ ម្នាលឧទាយិ លោកដែល​មានតែសេចក្តីសុខ ដោយចំណែក​មួយក៏មាន បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យ​ជាក់​ច្បាស់នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះបដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ តើដូចម្តេច។

[១៤៣] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំង​ឡាយ។បេ។ ចូលបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលទុតិយជ្ឈាន ក៏​សម្រាន្ត​នៅ ដោយឥរិយាបថ ទាំង៤ ព្រោះប្រាសចាកបីតិ។បេ។ ចូលតតិយជ្ឈាន សម្រាន្ត​នៅ ដោយឥរិយាបថទាំង៤ ម្នាលឧទាយិ នេះឯង ហៅថា បដិបទា ប្រកបដោយ​ហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខ ដោយចំណែកមួយ។ បពិត្រ​ព្រះអង្គដ៏ចំរើន បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមាន​តែ​សេចក្តីសុខ ដោយចំណែកមួយ តើដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ចុះលោក ​មានតែ​សេចក្តីសុខ ដោយចំណែក​មួយ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ តើមានតែប៉ុណ្ណេះទេឬ។ ម្នាលឧទាយិ លោក​មានតែសេចក្តីសុខ ដោយចំណែក​មួយ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ ទាំង​បដិបទា ប្រកប​ដោយ​ហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយនោះ ក៏មិនមែនមានត្រឹមតែប៉ុណ្ណេះដែរទេ។

[១៤៤] កាលបើព្រះអង្គត្រាស់យ៉ាងនេះហើយ ពួកបរិស័ទ របស់សកុលុទាយិ​បរិព្វាជក ក៏បន្លឺសំឡេងខ្ពស់ សំឡេងខ្លាំងថា ពួកយើង ព្រមទាំងអាចារ្យ មិនទាន់​ពេញចិត្ត​ ក្នុងហេតុនេះទេ ពួកយើងព្រមទាំងអាចារ្យ មិនទាន់ពេញចិត្ត ក្នុងហេតុ​នេះទេ ពួកយើង​មិនទាន់ដឹងច្បាស់ នូវគុណជាត ដ៏ក្រៃលែងជាង​នេះទៅទៀតឡើយ។ ខណៈ​នោះ សកុលុទាយិបរិព្វាជក ធ្វើពួកបរិព្វាជក​ទាំងនោះ ឲ្យមានសំឡេងតិច ហើយក្រាបបង្គំទូល​សួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះលោក ​មានតែសេចក្តីសុខ ដោយចំណែក​មួយ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ តើមានប៉ុន្មាន។

[១៤៥] ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សុខ។បេ។ ចូល​ចតុត្ថជ្ឈាន ក៏សម្រាន្តនៅ ដោយឥរិយាបថទាំង៤ ទេវតាទាំងប៉ុន្មាន បានកើតក្នុងលោក ដែលមាន​តែ​សេចក្តីសុខ ដោយចំណែកមួយ ភិក្ខុនោះ រមែងឋិតនៅ រមែងចរចា រមែង​សាកច្ឆា មួយអន្លើ​ ដោយទេវតា ទាំងប៉ុណ្ណោះ ម្នាលឧទាយិ លោក​មានតែសេចក្តីសុខ ដោយ​ចំណែក​មួយ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ មានតែប៉ុណ្ណេះ។ បពិត្រព្រះអង្គដ៏ចំរើន ពួក​ភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ ​របស់ព្រះមានព្រះភាគ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ តែប៉ុណ្ណោះ​ទេឬ។ ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត មិនមែនព្រោះ​ហេតុ​តែ​ធ្វើឲ្យជាក់ច្បាស់នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយនុ៎ះទេ ម្នាលឧទាយិ ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវពួកធម៌ដទៃ ដែលប្រសើរជាង ឧត្តមជាងទៅទៀត។ បពិត្រ​ព្រះអង្គដ៏ចំរើន ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះមានព្រះភាគ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលប្រសើរជាង ឧត្តមជាង នោះតើដូចម្តេច។

[១៤៦] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ព្រះតថាគត ទ្រង់កើតឡើងក្នុងលោក​នេះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានព្រះដំណើរល្អ ជ្រាបច្បាស់​នូវត្រៃលោក ប្រសើរដោយគុណ រកបុគ្គល​ស្មើគ្មាន ជាអ្នកទូន្មាននូវបុរស ដែលគួរ​ទូន្មាន​បាន ជាសាស្តា របស់ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​ត្រាស់ដឹង នូវ​ចតុរារិយសច្ច មិនវិលត្រឡប់​មកកាន់ភពថ្មីទៀត។បេ។ ព្រះអង្គលះបង់ នូវនីវរណធម៌ទាំង​៥នេះ ដែល​ជា​ឧបក្កិលេសរបស់ចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមាន​កម្លាំងថយ ទ្រង់ស្ងាត់ចាកកាមទាំងឡាយ​។បេ។ ចូលបឋមជ្ឈាន ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគត​ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលប្រសើរជាង ឧត្តមជាង នេះឯង។ ម្នាលឧទាយិ ន័យមួយទៀត ព្រោះរម្ងាប់​វិតក្កៈ និងវិចារៈ។បេ។ ចូលទុតិយជ្ឈាន… តតិយជ្ឈាន… ចតុត្ថជ្ឈាន… ក៏សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគត​ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែល​ប្រសើរជាង ឧត្តមជាង នេះឯង។

[១៤៧] កាលបើចិត្តតម្កល់នឹង ជាចិត្ត​បរិសុទ្ធ ផូរផង់ ឥតមានទីទួល ពោលគឺ​កិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវ​ភាវៈ​មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិ​ញ្ញាណ ភិក្ខុនោះ រមែងរលឹកឃើញ ​នូវបុព្វេនិវាស មានច្រើនប្រការ គឺជាតិ១ ជាតិ២។បេ។ រលឹកឃើញ បុព្វេនិវាស មានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការ​ដូច្នេះ ម្នាលឧទាយិ ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគត​ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលប្រសើរជាង ឧត្តមជាង នេះឯង។ កាលបើចិត្ត (របស់​ភិក្ខុ​នោះ) តម្កល់នៅល្អ ជាចិត្ត​បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺ​កិលេស ប្រាសចាក​ឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវ​ភាវៈ​មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្ត ដើម្បី​ចុតូបបាត​ញ្ញាណ នៃសត្វ​ទាំងឡាយ ភិក្ខុនោះ រមែងមានចក្ខុទិព្វ ដ៏បរិសុទ្ធ កន្លង​បង់ចក្ខុរបស់មនុស្សធម្មតា បានឃើញពួក​សត្វ​ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ សម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ភិក្ខុនោះ រមែងឃើញពួកសត្វ ដែលទៅតាម​យថាកម្ម ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគត​ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវ​ធម៌ ដែលប្រសើរជាង ឧត្តមជាង នេះឯង។ កាលបើចិត្ត (របស់​ភិក្ខុ​នោះ) តម្កល់នៅនឹង ជាចិត្ត​បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺ​កិលេស ប្រាសចាក​ឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវ​ភាវៈ​មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្តទៅ ដើម្បី​អាសវក្ខយ​ញ្ញាណ ភិក្ខុនោះ រមែងដឹងច្បាស់ តាមសេចក្តី​ពិតថា នេះជាទុក្ខ។បេ។ នេះជាទីរំលត់ទុក្ខ ដឹងច្បាស់ តាមសេចក្តីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ដឹងច្បាស់តាមសេចក្តី​ពិតថា នេះជា​អាសវៈ។បេ។ នេះជាហេតុ ឲ្យកើតអាសវៈ។បេ។ នេះជាទីរំលត់អាសវៈ ដឹងច្បាស់​តាម​សេចក្តីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់អាសវៈ។ កាលភិក្ខុនោះ ដឹងយ៉ាង​នេះ ឃើញយ៉ាងនេះហើយ ចិត្តរមែងរួចស្រឡះ ចាកកាមាសវៈ ចិត្តរមែងរួចស្រឡះ ចាក​ភវាសវៈ ចិត្តរមែងរួច​ស្រឡះចាក​អវិជ្ជាសវៈ កាលបើចិត្តរួចស្រឡះហើយ ក៏មានសេចក្តី​ដឹងថា ចិត្តរួចស្រឡះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច ក៏អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគត​ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលប្រសើរ​ជាង ឧត្តមជាង នេះឯង។ ម្នាលឧទាយិ ពួកភិក្ខុប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគត​ ព្រោះហេតុតែ​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលប្រសើរ​ជាង ឧត្តមជាង ទាំងនេះ​ឯង។

[១៤៨] កាលបើព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ សកុលុទាយិ​បរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភ្លឺណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន ភ្លឺណាស់ ព្រោះថា ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេក​បរិយាយ​នេះឯង ដូចជាគេផ្ងារ របស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញ ​របស់​ដែលកំបាំង ឬដូចជាបុគ្គលប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក នឹងមើលឃើញ​នូវ​រូប​បាន ខ្ញុំព្រះអង្គនេះ សូមដល់ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ គួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់​ព្រះមាន​ព្រះភាគ។

[១៤៩] កាលសកុលុទាយិបរិព្វាជក និយាយយ៉ាងនេះហើយ បរិស័ទរបស់សកុលុ​ទាយិបរិព្វាជក ក៏និយាយនឹងសកុលុទាយិបរិព្វាជក ដូច្នេះថា បពិត្រលោកឧទាយិដ៏​ចំរើន លោកកុំប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះសមណគោតម សូមលោក​ឧទាយិដ៏​ចំរើន នៅជាអាចារ្យ កុំជាអន្តេវាសិកគេឡើយ ឲ្យដូចជាក្អមទឹក នៅពេញដោយទឹក​ដដែល សូម​លោកឧទាយិដ៏ចំរើន កុំប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះសមណ​គោតម សូមលោក​ឧទាយិដ៏​ចំរើន នៅជាអាចារ្យដដែល កុំជាអន្តេវាសិកគេឡើយ។ បរិស័ទ​របស់សកុលុទាយិបរិព្វាជក ធ្វើសេចក្តីអន្តរាយ យ៉ាងនេះ ដល់សកុលុទាយិ​បរិព្វាជក ក្នុងការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចូឡសកុលុទាយិសូត្រ ទី៩។

វេខណសសូត្រ ទី១០

(១០. វេខនសសុត្តំ)

[១៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង វេខណសបរិព្វាជក ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះ​សំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែល​គួរ​រលឹកហើយ ក៏ឋិតនៅក្នុងទីសមគួរ។

[១៥១] លុះវេខណសបរិព្វាជក ឋិតនៅក្នុងទីសមគួរហើយ ក៏បន្លឺនូវឧទាន​វាចា ក្នុងសំណាក់​ព្រះមានព្រះភាគថា ពន្លឺនេះថ្លៃថ្លាណាស់ ពន្លឺនេះ ថ្លៃថ្លាណាស់។ ព្រះអង្គ​ត្រាស់សួរថា ម្នាកច្ចានៈ27) ចុះហេតុអ្វីបានជាអ្នកនិយាយយ៉ាងនេះថា ពន្លឺនេះថ្លៃថ្លាណាស់ ពន្លឺនេះថ្លៃថ្លាណាស់ ចុះពន្លឺដូចម្តេច ដែលថ្លៃថ្លា។ វេខណសបរិព្វាជក ​ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ពន្លឺណា ដែលរកពន្លឺឯទៀតភ្លឺលើសលុបជាង ឬប្រសើរជាង​គ្មាន ពន្លឺនោះ ឈ្មោះថា ពន្លឺថ្លៃថ្លា។ ព្រះអង្គត្រាស់សួរថា ម្នាលកច្ចានៈ ចុះ​ពន្លឺដែល​រកពន្លឺឯទៀតភ្លឺលើសលុបជាង ឬប្រសើរជាង​គ្មាន ពន្លឺនោះ តើដូចម្តេច។ វេខណសបរិព្វាជក ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ពន្លឺណា ដែលរកពន្លឺឯទៀតភ្លឺលើសលុបជាង ឬប្រសើរជាង​គ្មាន ពន្លឺនោះឯង ឈ្មោះថា ពន្លឺថ្លៃថ្លា។

[១៥២] ម្នាលកច្ចានៈ ពាក្យរបស់អ្នកនុ៎ះ ផ្សាយទៅវែង28) ណាស់ ព្រោះ​អ្នកនិយាយថា បពិត្រព្រះគោតមដ៏ចំរើន ពន្លឺណា ដែលរកពន្លឺឯទៀត​ភ្លឺលើស​លុប​ជាង ឬប្រសើរជាង​គ្មាន ពន្លឺនោះឯង ឈ្មោះថា ពន្លឺថ្លៃថ្លា ដូច្នេះផង ទាំង​មិនកំណត់​នូវ​ពន្លឺនោះផង។ ម្នាលកច្ចានៈ ដូចបុរសនិយាយយ៉ាងនេះថា ខ្ញុំប្រាថ្នាចង់បាន​នាង​ជនបទកល្យាណី (ដែលនៅ) ក្នុងជនបទនេះ។ ជនទាំងឡាយ ក៏សួរបុរសនោះ យ៉ាងនេះថា នែបុរសចំរើន អ្នកប្រាថ្នាចង់បាននូវនាង​ជនបទ​កល្យាណីណា អ្នកស្គាល់​នាងជនបទកល្យាណី​នោះ ថាជាស្ត្រីក្សត្រិយ៍ ឬព្រាហ្មណ៍ ជាស្ត្រីវេស្សៈ ឬសុទ្ទៈដែរឬទេ។ បុរស​នោះ លុះមានគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ។ ជនទាំងឡាយ ក៏សួរបុរស​នោះ​យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកប្រាថ្នា​ចង់បាននូវនាង​ជនបទ​កល្យាណីណា អ្នកស្គាល់​​នាង​ជនបទកល្យាណីនោះថា មានសម្បុរយ៉ាងនេះ មាន គោត្រយ៉ាងនេះ។បេ។ ជាស្ត្រីខ្ពស់ឬទាប ឬក៏កណ្តាល ជាស្ត្រីសម្បុរខ្មៅ ឬខ្មៅស្រអែម ឬក៏ខ្មៅស្រស់ (នៅ)ក្នុងស្រុក ឬនិគម ឬក៏​នគរ​ឯណោះ ដូច្នេះដែរឬទេ។ បុរសនោះ លុះគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ។ ពួកជន ក៏សួរបុរសនោះ យ៉ាងនេះ​ទៀតថា នែបុរសដ៏ចំរើន អ្នកមិនស្គាល់ មិន​ឃើញនូវស្រីណា អ្នកប្រាថ្នាចង់បាននូវ​ស្រីនោះ ឬអ្វី។ បុរសនោះ លុះគេសួរដូច្នេះហើយ ក៏ប្រាប់ថា បាទ។ ម្នាលកច្ចានៈ អ្នកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច កាលបើដូច្នោះ សំដីរបស់បុរសនោះ ក្រែង​យកជាការ​មិនបាន​ទេដឹង។ ពិតមែនហើយព្រះគោតមដ៏ចំរើន កាលបើដូច្នោះ សំដីរបស់បុរសនោះ នឹងយកជាការមិនបានទេ។ ម្នាលកច្ចានៈ អ្នកនិយាយថា បពិត្រព្រះគោតមដ៏ចំរើន ពន្លឺណា ដែលរកពន្លឺឯទៀតលើសលុបជាង ឬ​ប្រសើរជាង​គ្មាន​ ពន្លឺនោះ ឈ្មោះថា ពន្លឺថ្លៃថ្លា ដូច្នេះផង ទាំងមិនកំណត់នូវ​ពន្លឺនោះផង ក៏​យ៉ាងនោះឯង។ បពិត្រព្រះគោតមដ៏ចំរើន កែវ​ពៃ​ទូរ្យ ស្អាតល្អ មានពន្លឺ មានជ្រុង៨ ដែលជាងបានឆ្នៃល្អ​ហើយ ដាក់លើសំពត់កម្ពល មានពណ៌លឿង រមែងភ្លឺឆ្លុះរុងរឿង ដូចម្តេចមិញ អត្តា​ស្លាប់​ហើយ ជាសភាពមិនមានរោគ រមែង​មានពន្លឺ ដូច្នោះឯង។

[១៥៣] ម្នាលកច្ចានៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច កែវ​ពៃ​ទូរ្យណា ស្អាតល្អ មានពន្លឺ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ ដាក់លើសំពត់កម្ពល មាន​ពណ៌​លឿង រមែងភ្លឺឆ្លុះរុងរឿង និងអម្ពិលអម្ពែក ​ជាកិមិជាតិណា ក្នុងវេលាយប់ងងឹតឈឹងសូន្យ បណ្តាពន្លឺរបស់ទាំងពីរនេះ តើពន្លឺណា ភ្លឺជាងផង ប្រសើរជាងផង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាពន្លឺទាំងពីរនេះ ពន្លឺអម្ពិលអម្ពែក ​ជាកិមិជាតិ ក្នុងវេលា​យប់ងងឹតឈឹងសូន្យ ភ្លឺជាងផង ប្រសើរជាងផង។

[១៥៤] ម្នាលកច្ចានៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច អម្ពិលអម្ពែក ជាកិមិជាតិ​ណា ក្នុងវេលាយប់ងងឹតឈឹងសូន្យ និងប្រទីបប្រេងណា ក្នុងវេលាយប់ងងឹតឈឹងសូន្យ បណ្តាពន្លឺរបស់ទាំងពីរនេះ តើពន្លឺណា ភ្លឺជាងផង ប្រសើរជាងផង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាពន្លឺរបស់ទាំងពីរនេះ ពន្លឺប្រទីបប្រេង ក្នុងវេលាយប់ងងឹត​ឈឹងសូន្យ ភ្លឺជាងផង ប្រសើរជាងផង។

[១៥៥] ម្នាលកច្ចានៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ប្រទីបប្រេងណា ក្នុងវេលាយប់ងងឹតឈឹងសូន្យ និងគំនរភ្លើងធំណា ក្នុងវេលាយប់ងងឹតឈឹងសូន្យ បណ្តាពន្លឺរបស់ទាំងពីរនេះ តើពន្លឺណា ភ្លឺជាងផង ប្រសើរជាងផង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាពន្លឺរបស់ទាំងពីរនេះ ពន្លឺគំនរភ្លើងធំ ក្នុងវេលាយប់ងងឹតឈឹងសូន្យ ភ្លឺជាងផង ប្រសើរជាងផង។

[១៥៦] ម្នាលកច្ចានៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច គំនរភ្លើងធំណា ក្នុងវេលាយប់ងងឹតឈឹងសូន្យ និងផ្កាយព្រឹកណា ក្នុងបច្ចូសសម័យនៃរាត្រី ដែល​ស្រឡះ​ប្រាសចាកពពកភ្លៀង បណ្តាពន្លឺរបស់ទាំងពីរនេះ តើពន្លឺណា ភ្លឺជាងផង ប្រសើរជាងផង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាពន្លឺរបស់ទាំងពីរនេះ ពន្លឺផ្កាយព្រឹក ក្នុងបច្ចូសសម័យនៃរាត្រី ដែលស្រឡះ​ប្រាសចាកពពកភ្លៀង ភ្លឺជាងផង ប្រសើរជាងផង។

[១៥៧] ម្នាលកច្ចានៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ផ្កាយព្រឹកណា ក្នុងបច្ចូស​សម័យនៃរាត្រី ដែលស្រឡះ ប្រាសចាកពពកភ្លៀង និងព្រះចន្ទ្រណា ក្នុងវេលាអធ្រាត្រ មិនទាន់ជ្រៀងជ្រេ ក្នុងថ្ងៃ​ឧបោសថ ១៥កើត ដែលស្រឡះ​ប្រាសចាក​ពពកភ្លៀង បណ្តាពន្លឺរបស់ទាំងពីរនេះ តើពន្លឺណា ភ្លឺជាងផង ប្រសើរជាងផង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាពន្លឺរបស់ទាំងពីរនេះ ពន្លឺព្រះចន្ទ្រ ក្នុងវេលាយប់​អធ្រាត្រ មិនទាន់ជ្រៀងជ្រេ ក្នុងថ្ងៃឧបោសថ ១៥កើត ដែលស្រឡះ​ប្រាសចាក​ពពកភ្លៀង ភ្លឺជាងផង ប្រសើរជាងផង។

[១៥៨] ម្នាលកច្ចានៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះចន្ទ្រណា ក្នុងវេលាអធ្រាត្រ មិនទាន់ជ្រៀងជ្រេ ក្នុងថ្ងៃ​ឧបោសថ ១៥កើត ដែលស្រឡះ​ប្រាសចាក​ពពកភ្លៀង និងព្រះអាទិត្យណា ក្នុងសម័យថ្ងៃត្រង់ មិនទាន់ជ្រៀងជ្រេ នាសរទសម័យ ខែខាងចុង នៃវស្សានរដូវ ដែលស្រឡះប្រាសចាកពពកភ្លៀង បណ្តាពន្លឺរបស់ទាំងពីរនេះ តើពន្លឺណា ភ្លឺជាងផង ប្រសើរជាងផង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាពន្លឺរបស់ទាំងពីរនេះ ពន្លឺព្រះអាទិត្យ ក្នុងសម័យថ្ងៃត្រង់ មិនទាន់ជ្រៀងជ្រេ នាសរទសម័យ ខាងចុង នៃវស្សានរដូវ ដែលស្រឡះប្រាសចាកពពកភ្លៀង ភ្លឺជាងផង ប្រសើរជាងផង។

[១៥៩] ម្នាលកច្ចានៈ ទេវតាទាំងឡាយណា មិនបានប្រើប្រាស់ នូវ​ពន្លឺព្រះចន្ទ្រ និងព្រះអាទិត្យ29) ទាំងពីរនេះ ទេវតា​ទាំងនោះ មានច្រើនក្រៃលែងជាងនោះទៅទៀត តថាគត ក៏ស្គាល់ច្បាស់នូវ​ទេវតាទាំងនោះដែរ ប៉ុន្តែតថាគត មិនបានពោលថា ពន្លឺណា ដែលរកពន្លឺឯទៀតលើស​លុបជាង ឬប្រសើរជាងគ្មាន ដូច្នេះឡើយ ម្នាលកច្ចានៈ ចំណែកអ្នកពោលថា ពន្លឺណា ដែលថោកទាបពេកផង សៅហ្មងពេកផង ជាងអម្ពិលអម្ពែក ជាកិមិជាតិ ពន្លឺ​នោះ ឈ្មោះថា ពន្លឺថ្លៃថ្លា ដូច្នេះផង ទាំងមិនកំណត់​នូវពន្លឺនោះផង។ ម្នាលកច្ចានៈ កាមគុណនេះ​ មាន៥ប្រការ កាមគុណ៥ប្រការ តើដូចម្តេចខ្លះ គឺរូបដែលគួរដឹង​បានដោយ​ភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយ​កាម ជាទីរីករាយ១ សំឡេង ដែលគួរដឹងបានដោយត្រចៀក…១ ក្លិន ដែលគួរដឹងបានដោយច្រមុះ…១ រស ដែលគួរដឹងបានដោយអណ្តាត…១ ផោដ្ឋព្វៈ ដែលគួរដឹងបានដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយ​កាម ជាទីរីករាយ១ ម្នាលកច្ចានៈ នេះឯងឈ្មោះថា កាមគុណ៥ប្រការ។ ម្នាលកច្ចានៈ ត្រង់ដែលសេចក្តីសុខ និងសោមនស្ស កើតឡើង ព្រោះអាស្រ័យ​កាមគុណ​ទាំង៥ប្រការនេះ នេះឯងតថាគតហៅថា កាមសុខ គឺសុខក្នុងកាម។ កាមសុខ ដោយកាម​ទាំងឡាយ ដូច្នេះឯង បណ្តាសុខទាំងនោះ សុខជាកំពូលនៃកាម (ព្រះនិព្វាន) ប្រាកដ​ជាប្រសើរជាងកាមសុខ។

[១៦០] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វេខណសបរិព្វាជក ក៏សរសើរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកពេកណាស់ ដ្បិត​ព្រះគោតមដ៏​ចំរើន ទ្រង់ត្រាស់សំដែង ដូច្នេះថា កាមសុខដោយកាមទាំងឡាយ បណ្តាសុខទាំងនោះ សុខដ៏ជាកំពូលនៃកាម ប្រាកដ​ជាប្រសើរជាងកាមសុខ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកច្ចានៈ ខ្លួនអ្នកមានសេចក្តីយល់ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តី​ពេញចិត្តផ្សេង មានសេចក្តីព្យាយាមក្នុងទីផ្សេង មានអាចារ្យផ្សេង កម្រនឹងដឹងថា នុ៎ះ​ជាកាម ឬជាកាមសុខ ឬក៏ជាកាមគ្គសុខ (ព្រះនិព្វាន) ដូច្នេះ ម្នាលកច្ចានៈ លុះតែពួកភិក្ខុ​ណា ដែលជាអរហន្ត ខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌គ្រប់គ្រាន់ហើយ ធ្វើសោឡស​កិច្ចរួចស្រេចហើយ ដាក់ចុះភារៈហើយ សម្រេចប្រយោជន៍របស់ខ្លួន ដោយ​លំដាប់ហើយ មានធម៌ជាគ្រឿង​ជាប់ចំពាក់ក្នុងភពអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ ភិក្ខុទាំងនោះឯង ទើបដឹងថា នុ៎ះជាកាម ឬជាកាមសុខ ឬក៏​ជាកាមគ្គសុខ ដូច្នេះបាន។

[១៦១] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វេខណសបរិព្វាជក ស្រាប់តែខឹង អាក់អន់ចិត្ត ជេរប្រទេចព្រះមានព្រះភាគ បន្តុះបង្អាប់​ព្រះមានព្រះភាគ ស្តីបន្ទោសព្រះមានព្រះភាគថា ព្រះសមណគោតម ពេញជាមនុស្ស​លាមក ថាហើយ ក៏និយាយទៅនឹងព្រះមានព្រះភាគ ដូច្នេះថា ដំណើរនេះ ដូចគ្នា​នឹងសមណព្រាហ្មណ៍ពួកមួយក្នុងលោកនេះ មិនដឹងនូវទីបំផុតខាងដើម មិនដឹងនូវ​ទីបំផុតខាងចុងទេ ប៉ុន្តែប្តេជ្ញាថា អាត្មាអញ ដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់​ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏​បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមាន​ឡើយ ឯពាក្យរបស់សមណព្រាហ្មណ៍ទាំងនោះ សម្រេចបានត្រឹមតែឲ្យអ្នកផងសើច​ចំអក​លេង សម្រេចបានត្រឹមតែជាពាក្យ​ឱនថយ លាមក ជាពាក្យឥតប្រយោជន៍ ជាពាក្យ​សោះសូន្យ ដោយពិត។

[១៦២] ព្រះមានព្រះភាគត្រាស់ថា ម្នាលកច្ចានៈ ពួកសមណព្រាហ្មណ៍​ណា មិន​ដឹងនូវទីបំផុតខាងដើម មិនដឹងនូវទីបំផុត​ខាងចុង តែប្តេជ្ញាថា អាត្មាអញដឹងច្បាស់ថា ជាតិ​របស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចឯទៀត ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ដូច្នេះ សមណព្រាហ្មណ៍​នោះ រមែងមាន​ការ​សង្កត់សង្កិន ប្រកបដោយ​ធម៌នោះឯង ម្នាលកច្ចានៈ ទីបំផុតខាងដើម និងខាងចុង ចូរលើក​ទុកសិនចុះ បើវិញ្ញូបុរស ដែលជាអ្នកមិនអួតអាង មិនមានមាយា ប្រកបដោយ​ជាតិដ៏ត្រង់មែន ចូរមកចុះ តថាគត នឹងប្រៀនប្រដៅ តថាគតនឹងសំដែងធម៌ វិញ្ញូបុរស​នោះ កាលបើបានប្រតិបត្តិ តាមពាក្យប្រៀនប្រដៅដូច្នោះហើយ មិនយូរឡើយ គង់នឹង​ដឹងដោយខ្លួនឯង នឹងឃើញដោយខ្លួនឯង ព្រោះថា ការរួចស្រឡះ ចាកចំណង​ គឺ​អវិជ្ជា ដោយប្រពៃបាន យ៉ាងនេះឯង។ ម្នាលកច្ចានៈ ក្មេងតូចទន់ខ្ចី កំពុងដេកផ្ងារ ដែលគេ​ចង​ដោយចំណង​អំបោះ មានក ជាគំរប់៥ ចំណងទាំងនោះ នឹងរបូតចេញទៅ ព្រោះ​អាស្រ័យ​សេចក្តីចំរើន ព្រោះអាស្រ័យ​ការចាស់ទុំនៃឥន្ទ្រិយទាំងឡាយរបស់វា ៗក៏ដឹងថា អាត្មាអញ ជាអ្នករួចចាកចំណងហើយ តែមិនស្គាល់នូវចំណង (នោះ)ទេ មានឧបមា​យ៉ាងណាមិញ ម្នាលកច្ចានៈ (បើ) បើវិញ្ញូបុរស ជាអ្នកមិនអួតអាង មិនមានមាយា ប្រកបដោយ​ជាតិដ៏ត្រង់មែន ចូរមកចុះ តថាគត នឹងប្រៀនប្រដៅ តថាគតនឹងសំដែងធម៌ វិញ្ញូបុរស​នោះ កាលបើបានប្រតិបត្តិ តាមពាក្យប្រៀនប្រដៅដូច្នោះហើយ មិនយូរឡើយ គង់នឹង​ដឹងដោយខ្លួនឯង នឹងឃើញដោយខ្លួនឯង ព្រោះថា ការរួចស្រឡះ ចាកចំណង​ គឺ​អវិជ្ជា ដោយប្រពៃបានយ៉ាងនេះ មានឧបមេយ្យយ៉ាងនោះឯង។

[១៦៣] កាលបើព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ វេខណស​បរិព្វាជក ក៏សរសើរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបថា ខ្ញុំព្រះអង្គ ជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះទៅ។

ចប់ វេខណសសូត្រ ទី១០។

ចប់ បរិព្វាជកវគ្គ ទី៣។

ឧទ្ទាន នៃបរិព្វាជកវគ្គ ជាវគ្គដ៏ប្រសើរ គឺ

ចូឡវច្ឆគោត្តសូត្រ១ អគ្គិវច្ឆគោត្តសូត្រ១ មហាវច្ឆគោត្តសូត្រ១ ទីឃនខសូត្រ១ មាគណ្ឌិយសូត្រ១ សន្ទកសូត្រ១ មហាសកុលុទាយិសូត្រ១ សមណមុណ្ឌិកសូត្រ១ ចូឡសកុលុទាយិសូត្រ១ វេខណសសូត្រ១។

រាជវគ្គ

(៤. រាជវគ្គោ)

ឃដិការសូត្រ ទី១

(១. ឃដិការសុត្តំ)

[១៦៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅ​កាន់ចារិក ក្នុងដែន​កោសល ព្រមដោយភិក្ខុសង្ឃច្រើនអង្គ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ងាក (ព្រះភក្ត្រ) បែរចេញអំពីផ្លូវ ហើយបានធ្វើនូវការញញឹម ត្រង់ទៅរកប្រទេស​មួយ ឲ្យប្រាកដ។ វេលានោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះ​ ដូច្នេះថា មាន​ហេតុ​ដូច​ម្តេចហ្ន៎ មានបច្ច័យដូចម្តេចហ្ន៎ ជាហេតុនាំឲ្យព្រះមានព្រះភាគ ធ្វើនូវ​ការ​ញញឹម ឲ្យប្រាកដ​ឡើង (ព្រោះថា) ព្រះតថាគតទាំងឡាយ មិនដែលធ្វើនូវការញញឹម ឲ្យ​ប្រាកដ ដោយឥតហេតុទេ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ធ្វើនូវឧត្តរាសង្គៈ ឆៀង​ស្មា​ម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសួរ ចំពោះ​ព្រះមាន​ព្រះ​ភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានហេតុដូចម្តេចហ្ន៎ មានបច្ច័យ​ដូចម្តេចហ្ន៎ ជា​ហេតុ​នាំឲ្យព្រះមានព្រះភាគ ធ្វើនូវ​ការ​ញញឹមឲ្យប្រាកដឡើង (ព្រោះថា) ព្រះតថាគត​ទាំង​ឡាយ មិនដែលធ្វើនូវការញញឹម ឲ្យ​ប្រាកដ ដោយឥតហេតុទេ។

[១៦៥] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ រឿងរ៉ាវធ្លាប់មានមកហើយ ក្នុង​ប្រទេស​នេះ មាននិគមមួយឈ្មោះ​វេភឡិគៈ ជានិគមស្តុកស្តម្ភ មាំមួន មានជនច្រើន មានមនុស្ស​កុះករ។ ម្នាលអានន្ទ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ធ្លាប់ចូលមកសម្រេច​សម្រាន្តឥរិយាបថ ក្នុងវេភឡិគនិគមនោះឯង។ ម្នាលអានន្ទ អារាមរបស់ព្រះកស្សបមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាននៅក្នុងទីនេះ។ ម្នាលអានន្ទ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ តែងគង់ឲ្យឱវាទភិក្ខុសង្ឃក្នុងទីនេះ។

[១៦៦] គ្រានោះឯង ព្រះអានន្ទមានអាយុ ក្រាលសង្ឃាដិមានជាន់៤ ហើយ​ក្រាប​បង្គំទូល​​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ សូម​ព្រះមានព្រះ​ភាគ ទ្រង់គង់សិន កាលបើព្រះអង្គគង់ហើយ ភូមិប្រទេសនេះ នឹងបានឈ្មោះ​ថា មាន​ព្រះអរហន្ត​សម្មាសម្ពុទ្ធពីរព្រះអង្គប្រើប្រាស់។ ព្រះមានព្រះភាគ ក៏​ទ្រង់គង់​លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ស៊ប់ហើយ ក៏​ត្រាស់​ទៅ​នឹង​ព្រះអានន្ទ មានអាយុថា ម្នាលអានន្ទ រឿងរ៉ាវធ្លាប់មានមកហើយ ក្នុង​ប្រទេស​នេះ មាន​និគម​មួយឈ្មោះ​ វេភឡិគៈ ជានិគមស្តុកស្តម្ភ មាំមួន មានជនច្រើន មានមនុស្ស​កុះករ។ ម្នាលអានន្ទ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ធ្លាប់ចូល​មក​សម្រេច​សម្រាន្ត​ឥរិយាបថ ក្នុងវេភឡិគនិគមនេះឯង។ ម្នាលអានន្ទ អារាមរបស់​ព្រះកស្សបមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មាននៅក្នុងទីនេះឯង។ ម្នាលអានន្ទ ព្រះកស្សបមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ តែងគង់ឲ្យឱវាទភិក្ខុសង្ឃក្នុងទីនេះ។ ម្នាល​អានន្ទ ក្នុងវេភឡិគនិគម មានស្មូន​ឆ្នាំង​ម្នាក់ ឈ្មោះ​ ឃដិការ ជាឧបដ្ឋាក ជាអ្នកបំរើដ៏​ប្រសើរ របស់ព្រះកស្សបមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ។ ម្នាលអានន្ទ ស្មូនឆ្នាំង​ឈ្មោះ ​ឃដិការ នោះឯង មានមាណពម្នាក់ ឈ្មោះ ជោតិបាល ជាមិត្តសំឡាញ់​ពេញចិត្ត (របស់​គាត់)។ ម្នាលអានន្ទ គ្រានោះ ឃដិការ​ស្មូនឆ្នាំង និយាយនឹង​ជោតិបាលមាណពថា នែ​ជោតិបាលសំឡាញ់ស្មោះស្មើចិត្ត មក យើងនឹងនាំគ្នាទៅគាល់ព្រះកស្សបមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រោះថា ការបាន​ឃើញ​​នូវព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ របស់ខ្ញុំ សន្មត​ថា​ជា​ការ​ប្រពៃ។

[១៦៧] ម្នាលអានន្ទ កាលដែលឃដិការស្មូនឆ្នាំង និយាយយ៉ាងនេះ ជោតិបាល​មាណព ក៏ឃាត់ឃដិការស្មូនឆ្នាំង ដូច្នេះថា កុំឡើយឃដិការសំឡាញ់ស្មោះស្មើចិត្ត ចុះ​អ្នកឯងចង់គាល់​ស្រមណ៍កំណោរនោះ បានជាការអ្វី។ ម្នាលអានន្ទ ឃដិការស្មូនឆ្នាំង និយាយ​អស់វារៈ២ដង។បេ។ ម្នាលអានន្ទ ឃដិការស្មូនឆ្នាំង និយាយនឹង​ជោតិបាល​មាណព អស់វារៈ៣ដង ដូច្នេះថា នែជោតិបាលសំឡាញ់ស្មោះស្មើចិត្ត មក យើងនឹង​នាំ​គ្នា​ចូលទៅគាល់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រោះថា ការបានឃើញ​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ របស់ខ្ញុំ សន្មតថា ជាការប្រពៃ។ ម្នាល​អានន្ទ ឯជោតិបាលមាណព ក៏ឃាត់ឃដិការស្មូនឆ្នាំង អស់វារៈ៣ដង ដូច្នេះថា កុំឡើយ​ឃដិការសំឡាញ់ស្មោះស្មើចិត្ត ចុះអ្នកឯងចង់គាល់​ស្រមណ៍កំណោរនោះ បាន​ជាការអ្វី។ ឃដិការស្មូនឆ្នាំង តបថា នែជោតិបាលសំឡាញ់ស្មោះស្មើចិត្ត បើដូច្នោះ យើង​នឹង​កាន់​យក​ខ្សែអំបោះសោត្តី30) សម្រាប់ងូតទឹក ទៅកាន់ស្ទឹង ដើម្បីងូតទឹក។ ម្នាលអានន្ទ ជោតិបាលមាណព បានទទួលពាក្យឃដិការស្មូនឆ្នាំងថា យ៉ាង​ហ្នឹងហើយ សំឡាញ់ស្មោះស្មើចិត្ត។

[១៦៨] ម្នាលអានន្ទ លំដាប់នោះ ឃដិការស្មូនឆ្នាំង និងជោតិបាលមាណព ក៏នាំគ្នា​យកខ្សែអំបោះសោត្តី ទៅកាន់ស្ទឹង ដើម្បីងូតទឹក។ ម្នាលអានន្ទ គ្រានោះ ឃដិការស្មូនឆ្នាំង និយាយនឹងជោតិបាលមាណពថា ម្នាលជោតិបាល សំឡាញ់ស្មោះស្មើចិត្ត នេះហើយ អារាមរបស់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ នៅជិតបង្កើយទេតើ នែជោតិបាល សំឡាញ់ស្មោះស្មើចិត្ត មក យើងនឹងនាំគ្នាចូលទៅគាល់ព្រះកស្សបមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រោះថា ការបានឃើញព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះរបស់ខ្ញុំ សន្មតថាជាការប្រពៃ។

[១៦៩] ម្នាលអានន្ទ កាលបើឃដិការស្មូនឆ្នាំង និយាយយ៉ាងនេះ ជោតិបាល​មាណព ក៏ឃាត់ឃដិការស្មូនឆ្នាំង ទៀតដូច្នេះថា កុំឡើយឃដិការ សំឡាញ់​ស្មោះស្មើចិត្ត ចុះអ្នកឯង ចង់គាល់​ស្រមណ៍កំណោរនោះ បានជាការអ្វី។ ម្នាលអានន្ទ ឃដិការស្មូនឆ្នាំង និយាយអស់វារៈ២ដង។បេ។ ម្នាលអានន្ទ ឃដិការស្មូនឆ្នាំង និយាយនឹង​ជោតិបាល​មាណព អស់វារៈ៣ដង ដូច្នេះថា ម្នាលជោតិបាល សំឡាញ់ស្មោះស្មើចិត្ត នេះហើយ​អារាម​របស់​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ នៅជិតបង្កើយទេតើ ម្នាលជោតិបាលសំឡាញ់ស្មោះស្មើចិត្ត មក យើងនឹងនាំគ្នាចូលទៅគាល់ព្រះកស្សបមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រោះថា ការបានឃើញព្រះមានព្រះភាគ អរហន្តសម្មា​សម្ពុទ្ធ អង្គនោះរបស់ខ្ញុំ សន្មតថាជាការប្រពៃ។ ម្នាលអានន្ទ ជោតិបាលមាណព ក៏ឃាត់​ឃដិការស្មូនឆ្នាំង អស់វារៈ៣ដង ដូច្នេះថា កុំឡើយឃដិការ សំឡាញ់​ស្មោះស្មើចិត្ត ចុះអ្នកឯង ចង់គាល់​ស្រមណ៍កំណោរនោះ បានជាការអ្វី។

[១៧០] ម្នាលអានន្ទ គ្រានោះ ឃដិការស្មូនឆ្នាំង ក៏ចាប់ទាញថ្នក់​ជោតិបាល​មាណព និយាយលោមដូច្នេះថា ម្នាលជោតិបាល សំឡាញ់​ស្មោះស្មើចិត្ត នេះហើយ អារាមរបស់​​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ នៅជិតបង្កើយទេតើ ម្នាល​ជោតិបាល សំឡាញ់ស្មោះស្មើចិត្ត មក យើងនឹងនាំគ្នា​ចូលទៅគាល់​ព្រះកស្សបមាន​ព្រះ​ភាគ អរហន្តសម្មាសម្ពុទ្ធ ព្រោះថា ការបានឃើញ​ព្រះមានព្រះភាគ អរហន្តសម្មា​សម្ពុទ្ធ អង្គនោះរបស់ខ្ញុំ សន្មតថាជាការប្រពៃ។ ម្នាលអានន្ទ ទើបជោតិបាលមាណព ឲ្យ​ឃដិការ​ស្មូន​ឆ្នាំង​លែងកាន់ថ្នក់ ហើយនិយាយ​ដូច្នេះថា កុំឡើយឃដិការ សំឡាញ់​ស្មោះស្មើចិត្ត ចុះអ្នកឯង ចង់ឃើញ​ស្រមណ៍កំណោរ​នោះ បានជាការអ្វី។ ម្នាលអានន្ទ លំដាប់នោះ ឃដិការស្មូនឆ្នាំង ក៏ចាប់ទាញសក់​ជោតិបាលមាណព ដែលទើបនឹងងូតរួចហើយ និយាយលោម​ ដូច្នេះថា ម្នាលជោតិបាល សំឡាញ់​ស្មោះស្មើចិត្ត នេះហើយអារាមរបស់​ព្រះកស្សបមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ នៅជិតបង្កើយទេតើ ម្នាលជោតិបាល សំឡាញ់ស្មោះស្មើចិត្ត មក យើងនឹងនាំគ្នា​ចូលទៅគាល់​ព្រះកស្សបមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រោះថា ការបានឃើញ​ព្រះមានព្រះភាគ ជាអរហន្តសម្មា​សម្ពុទ្ធ អង្គនោះរបស់ខ្ញុំ សន្មតថាជា​ការ​ប្រពៃ។ ម្នាលអានន្ទ គ្រានោះ ជោតិបាលមាណព មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ មិនសមបើ​ឃដិការស្មូនឆ្នាំង ជាមនុស្ស​មានកំណើត​ថោកទាបនេះ មកហ៊ានមើលងាយ ចាប់ទាញ​សក់​របស់អញ ដែលទើបនឹងងូតហើយ ដូច្នេះសោះ ប្រហែលជាដំណើររបស់អញ ដែលនឹង​ទៅនេះ មិនមែនជាដំណើរ​ថោក​ទាបឡើយ។ ទើបជោតិបាលមាណព សួរ​ឃដិការស្មូនឆ្នាំង ដូច្នេះថា ម្នាលឃដិការ សំឡាញ់ស្មោះស្មើចិត្ត អ្នកឯង​ចាប់​ទាញ​សក់​ខ្ញុំ​ដល់​ត្រឹមណាទៅទៀត។ ​ឃដិការស្មូនឆ្នាំង​តបថា នែជោតិបាល សំឡាញ់​ស្មោះស្មើចិត្ត ខ្ញុំចាប់ទាញសក់​អ្នកឯង ទាល់តែ​ខ្ញុំ​បានទៅ​គាល់ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ​អង្គនោះ ដែលសន្មត​ថាជាការប្រពៃ។ ជោតិបាលមាណព តបថា នែឃដិការ​សំឡាញ់​ស្មោះ​ស្មើចិត្ត ណ្ហើយលែង យើងនឹងទៅដែរ។

[១៧១] ម្នាលអានន្ទ គ្រានោះ ​ឃដិការស្មូនឆ្នាំង និងជោតិបាលមាណព នាំគ្នា​ចូល​ទៅគាល់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ លុះចូលទៅដល់ហើយ ​ឃដិការ​ស្មូនឆ្នាំង ក្រាបថ្វាយបង្គំ​ ​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ឯជោតិបាលមាណព ពោលពាក្យរាក់ទាក់ សំណេះសំណាល​ទៅរក​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែល​គួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះ​ឃដិការស្មូនឆ្នាំង អង្គុយ​ក្នុង​ទី​ដ៏​សមគួរហើយ ក៏ក្រាបបង្គំទូល ​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ជោតិបាលមាណពនេះ ជាមិត្តសំឡាញ់ ពេញចិត្តនៃខ្ញុំព្រះអង្គ សូម​ព្រះមានព្រះភាគ សំដែងធម៌ ប្រោសជោតិបាលមាណព​នេះឲ្យទាន។

[១៧២] ម្នាលអានន្ទ គ្រានោះ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ បាន​ពន្យល់​ឃដិការស្មូនឆ្នាំង និងជោតិបាលមាណព ឲ្យយល់ឃើញច្បាស់ ឲ្យជឿជាក់ ឲ្យ​អាចហាន ឲ្យរីករាយ ដោយធម្មីកថា។ ម្នាលអានន្ទ ​ឃដិការស្មូនឆ្នាំង និងជោតិបាល​មាណព លុះព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ពន្យល់ឲ្យ​យល់​ឃើញច្បាស់ ឲ្យជឿជាក់ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ត្រេកអរ រីករាយ ចំពោះ​ភាសិត របស់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ រួចក្រោក​ចាក​អាសនៈ ថ្វាយ​បង្គំលា​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ធ្វើប្រទក្សិណ ហើយក៏​ចៀសចេញទៅ។

[១៧៣] ម្នាលអានន្ទ លំដាប់នោះ ជោតិបាលមាណព សួរ​ឃដិការស្មូនឆ្នាំង ដូច្នេះ​ថា ម្នាលឃដិការ សំឡាញ់ស្មោះស្មើចិត្ត អ្នកឯង កាលបើស្តាប់ធម៌នេះហើយ តើ​អ្នកឯង​នឹង​ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសឬទេ។ ​ឃដិការស្មូនឆ្នាំងតបថា ម្នាល​ជោតិបាល សំឡាញ់​ស្មោះស្មើចិត្ត អ្នកឯងក្រែងដឹងថា ខ្ញុំតែងចិញ្ចឹម​មាតាបិតា ដែល​ចាស់​ងងឹត​ងងល់​ដែរ​ឬ។ ជោតិបាលមាណព តបថា ម្នាលឃដិការ សំឡាញ់​ស្មោះស្មើចិត្ត បើដូច្នោះ ខ្ញុំនឹង​ចេញ​ចាកផ្ទះ ចូលទៅកាន់ផ្នួស។

[១៧៤] ម្នាលអានន្ទ គ្រានោះ ​ឃដិការស្មូនឆ្នាំង និងជោតិបាលមាណព នាំគ្នាចូល​ទៅគាល់​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាលអានន្ទ លុះឃដិការស្មូនឆ្នាំង អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ជោតិបាលមាណពនេះ ជាមិត្ត​សំឡាញ់ពេញចិត្តរបស់ខ្ញុំព្រះអង្គ សូមព្រះមានព្រះភាគ បំបួស​ជោតិបាលមាណព​នេះឲ្យទាន។ ម្នាលអានន្ទ ជោតិបាលមាណព ក៏បាននូវបព្វជ្ជា បាននូវ​ឧបសម្បទា ក្នុង​សំណាក់ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ។ ម្នាលអានន្ទ គ្រាកាលដែល​ជោតិបាលមាណព បានឧបសម្បទាមិនយូរប៉ុន្មាន ទើបនឹងឧបសម្បទាបានកន្លះខែ​ប៉ុណ្ណោះ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់សម្រេចសម្រាន្ត​ឥរិយាបថ ក្នុងវេភឡិគនិគម តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរ ទៅកាន់​ចារិក សំដៅទៅកាន់ក្រុងពារាណសី កាលពុទ្ធដំណើរទៅកាន់ចារិក ដោយលំដាប់ ក៏បាន​ដល់ក្រុង​ពារាណសីនោះ។

[១៧៥] ម្នាលអានន្ទ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់គង់​នៅក្នុង​ឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសីនោះ។ ម្នាលអានន្ទ ព្រះរាជាដែនកាសី ទ្រង់​ព្រះនាមកិកិ បានឮដំណឹងថា ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ពុទ្ធ​ដំណើរមកដល់ក្រុងពារាណសីហើយ ឥឡូវទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ជិត​ក្រុងពារាណសី។ ម្នាលអានន្ទ វេលានោះ ព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ បង្គាប់​រាជបុរស ឲ្យរៀបចំយានដ៏ល្អៗ ហើយឡើងគង់យានដ៏ល្អ ស្តេចចេញទៅអំពីក្រុង​ពារាណសី ដោយយានដ៏ល្អៗ ដោយព្រះរាជានុភាពដ៏ប្រសើរ ដើម្បីគាល់​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ លុះបរយានទៅទល់ត្រឹមទី ដែលល្មម​ឈប់​យានហើយ ក៏ចុះអំពីយាន ទ្រង់ស្តេចទៅដោយព្រះបាទទទេ ចូលសំដៅទៅគាល់​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ លុះស្តេចចូលទៅដល់ហើយ ក៏​ក្រាបថ្វាយ​បង្គំព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ រួចប្រថាប់ក្នុងទីសមគួរ។

[១៧៦] ម្នាលអានន្ទ លុះព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ ប្រថាប់ក្នុងទី​សមគួរ​ហើយ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ក៏ទ្រង់ពន្យល់ឲ្យឃើញច្បាស់ ឲ្យជឿ​ជាក់ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ម្នាលអានន្ទ លំដាប់នោះ ព្រះរាជា​ដែន​កាសី ទ្រង់ព្រះនាមកិកិ លុះព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់​ពន្យល់ឲ្យ​ឃើញច្បាស់ ឲ្យជឿជាក់ ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏​និមន្ត​ព្រះកស្សប​មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់​ក្នុងថ្ងៃ​ស្អែក។ ម្នាលអានន្ទ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ​ ក៏ទ្រង់ទទួល​និមន្ត ដោយតុណ្ហីភាព។ ម្នាលអានន្ទ គ្រានោះ ព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ ទ្រង់​ជ្រាបថា ​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទទួលនិមន្តហើយ ក៏ក្រោកចាក​អាសនៈ ក្រាបថ្វាយបង្គំព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ធ្វើប្រទក្សិណ ហើយស្តេចចេញទៅ។ ម្នាលអានន្ទ កាលនោះ ព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ លុះ​កន្លងរាត្រីនោះហើយ ក៏ត្រាស់បង្គាប់រាជបុរស ឲ្យចាត់ចែងខាទនីយភោជនីយាហារដ៏​ផ្ចិត​ផ្ចង់ ដោយស្រូវសាលីមានពណ៌លឿង ជាអង្ករបាយទន់ ជាវត្ថុប្រាសចាកពណ៌ខ្មៅ មានទាំងសំឡដ៏ច្រើន និងម្ហូបក្រៀមដ៏ច្រើន ក្នុងព្រះរាជដំណាក់របស់ព្រះអង្គ រួច​ហើយបង្គាប់រាជបុរស ឲ្យក្រាបទូល​ភត្តកាល ចំពោះព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចំរើន កាលដល់ហើយ ភត្តក៏សម្រេចហើយ។

[១៧៧] ម្នាលអានន្ទ វេលានោះ ជាវេលាបុព្វណ្ហសម័យ ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ស្តេចចូលទៅកាន់ព្រះ​រាជដំណាក់ នៃ​ព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់​គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ ម្នាលអានន្ទ សម័យនោះ ព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ ទ្រង់អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយ​ខាទនីយ​ភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយព្រះហត្ថា នៃព្រះអង្គឯង ឲ្យឆ្អែតស្កប់ស្កល់។ ម្នាលអានន្ទ កាលបើព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិជ្រាបថា ព្រះកស្សបមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ សោយរួចស្រេចហើយ លែងលូកព្រះហស្ត​ទៅក្នុងបាត្រហើយ ក៏កាន់យក​អាសនៈមួយទាបជាង ហើយប្រថាប់ក្នុងទីសមគួរ។ ម្នាល​អានន្ទ លុះព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ ប្រថាប់ក្នុងទីសមគួរហើយ ក៏ក្រាប​បង្គំ​ទូល​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់ទទួល​គង់ចាំវស្សា ក្នុងក្រុងពារាណសី របស់ខ្ញុំព្រះអង្គ ឯការបំរើ​សង្ឃ មានសភាពដូច្នេះ នឹង​មាន​មិនដាច់។ ព្រះកស្សបមានព្រះភាគត្រាស់ថា បពិត្រព្រះ​មហារាជ កុំឡើយ ព្រោះថា ការនៅចាំវស្សា តថាគតនៅចាំរួចហើយ។ ម្នាលអានន្ទ ព្រះ​បាទកិកិ ក្រាបបង្គំទូល អស់វារៈ​ពីរដង។បេ។ ម្នាលអានន្ទ ព្រះរាជាដែនកាសី ព្រះនាមកិកិ ក្រាបបង្គំទូល​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អស់​វារៈ​៣ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ទទួល​គង់ចាំ​វស្សា ក្នុង​ក្រុងពារាណសី របស់ខ្ញុំព្រះអង្គ ឯការបំរើសង្ឃ មានសភាពដូច្នេះ នឹងមានមិនដាច់។ ព្រះកស្សប មានព្រះភាគ ត្រាស់តបថា បពិត្រមហារាជ កុំឡើយ ព្រោះថា ការនៅចាំវស្សា តថាគត នៅចាំ​រួចហើយ។ ម្នាលអានន្ទ គ្រានោះ ព្រះរាជាដែនកាសី ព្រះនាមកិកិ​ ជ្រាបថា ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មិនទ្រង់ទទួលគង់ចាំវស្សា ក្នុង​ក្រុង​ពារាណសី របស់អញ ដូច្នេះហើយ ទ្រង់ក៏មានព្រះចិន្តារាយមាយ ទ្រង់តូច​ព្រះហឫទ័យ។ ម្នាលអានន្ទ វេលានោះ ព្រះរាជាដែនកាសី ព្រះនាមកិកិ ក្រាបបង្គំ​សួរ​​ព្រះកស្សបមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះបុគ្គល​ដទៃ​ណាមួយ ដែលជាអ្នក​បំរើវិសេសជាងខ្ញុំព្រះអង្គទៅទៀត តើមានដែរឬទេ។

[១៧៨] ថ្វាយព្រះពរមហារាជ មាន ដ្បិតនិគមមួយ ឈ្មោះវេភឡិគៈ​ ក្នុងនិគម​នោះ មានស្មូនឆ្នាំងម្នាក់ ឈ្មោះ​ឃដិការ ឯឃដិការស្មូនឆ្នាំងនោះឯង ជាឧបដ្ឋាក ជាអ្នកបំរើ​ដ៏​ប្រសើររបស់តថាគត បពិត្រព្រះមហារាជ មហាបពិត្រទ្រង់ជ្រាបថា ព្រះកស្សបមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ មិនទ្រង់ទទួលគង់ចាំវស្សា ក្នុងក្រុងពារាណសី របស់​ព្រះអង្គ​​ ដូច្នេះ​ហើយ ក៏មានព្រះចិន្តារាយមាយ ទ្រង់តូចព្រះហឫទ័យ ចំណែក​សេចក្តី​រាយ​មាយចិត្ត និង​ការតូចចិត្តរបស់​ឃដិការស្មូនឆ្នាំងនោះ មិនមានក្នុងកាលឥឡូវនេះផង នឹងមិនមាន​តទៅផង បពិត្រមហារាជ ព្រោះថា ​ឃដិការស្មូនឆ្នាំង ជាអ្នកដល់នូវព្រះពុទ្ធ​ជាទីពឹង ដល់នូវព្រះធម៌​ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង បពិត្រមហារាជ ​ឃដិការ​ស្មូន​ឆ្នាំង​ ជាអ្នកវៀរចាកការសំលាប់សត្វ វៀរចាកការកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ វៀរចាក​ការប្រព្រឹត្តខុសក្នុងកាម វៀរចាកការនិយាយកុហក វៀរចាកហេតុ ជាទីតាំង នៃ​សេចក្តី​ប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ បពិត្រព្រះមហារាជ ឃដិការស្មូន​ឆ្នាំង​ ជាអ្នកប្រកប​ដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លា មិនកំរើកក្នុងព្រះសង្ឃ ប្រកបដោយ​សីល ជាទីត្រេកអរ នៃព្រះអរិយៈ បពិត្រមហារាជ ឃដិការស្មូនឆ្នាំង មិនមានសេចក្តី​សង្ស័យក្នុងទុក្ខ មិនមានសេចក្តីសង្ស័យ ក្នុងហេតុ ជាគ្រឿង​កើតឡើងនៃទុក្ខ មិនមាន​សេចក្តីសង្ស័យ ក្នុងធម៌ជាគ្រឿង​រំលត់ទុក្ខ មិនមានសេចក្តីសង្ស័យ ក្នុងសេចក្តី​ប្រតិបត្តិ ជាដំណើរ ដើម្បីទៅកាន់ទីរំលត់ទុក្ខ បពិត្រមហារាជ ​ឃដិការស្មូនឆ្នាំង ជាអ្នក​បរិភោគ​ភត្តតែ១ពេល ប្រព្រឹត្តធម៌ដ៏ប្រសើរ ជាអ្នកមានសីល មានកល្យាណធម៌ បពិត្រមហារាជ ឃដិការស្មូនឆ្នាំង ជាអ្នកលះបង់កែវមណី និងមាស ជាអ្នកប្រាសចាកមាស និងប្រាក់ បពិត្រ​មហារាជ ​ឃដិការស្មូនឆ្នាំង ជាអ្នកមិនជីកផែនដី ដោយជំនីកផង មិនកកាយ​ផែនដី ដោយដៃខ្លួនឯងផង តែងយកតែអម្រែក ទៅរែកដីច្រាំងបាក់ ឬអាច់ដីដែលកណ្តុរ​កកាយ មក​ធ្វើភាជន៍ហើយប្រកាស (សេចក្តី) យ៉ាងនេះថា ជនណាចង់បាន (ភាជន៍) ចូរដាក់អង្ករ​មួយសំពៀត ឬក៏សណ្តែកបាយមួយសំពៀត ក្នុងទីនេះចុះ ហើយចង់បានភាជន៍ បែប​ណា ចូរនាំយកភាជន៍នោះទៅចុះ បពិត្រមហារាជ ​ឃដិការស្មូនឆ្នាំង តែងចិញ្ចឹម​មាតាបិតា ដែល​ចាស់ងងឹតងងល់ បពិត្រមហារាជ ​ឃដិការស្មូនឆ្នាំង ទៀងតែ​នឹង​ទៅ​កើត​ជា​ឱបបាតិកៈ​កំណើត ហើយបរិនិព្វានក្នុងទីនោះ មានសភាព​ជាអ្នក​មិនត្រឡប់ចាក​លោកនោះវិញ ជាធម្មតា ព្រោះអស់ទៅនៃ​ឱរម្ភាគិយសំយោជនៈទាំង៥។

[១៧៩] បពិត្រមហារាជ សម័យមួយ តថាគតសម្រេចសម្រាន្តនៅ ក្នុង​វេភឡិគនិគម។ បពិត្រមហារាជ គ្រានោះ តថាគត ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ទីដែលមាតាបិតា របស់​ឃដិការស្មូនឆ្នាំង​នៅ លុះចូល​ទៅដល់ហើយ ក៏និយាយនឹងមាតាបិតា របស់ឃដិការស្មូនឆ្នាំង ដូច្នេះថា ចុះភគវៈ31) នេះចេញទៅក្នុង​ទីណា។ មាតាបិតារបស់​ឃដិការស្មូនឆ្នាំង ក៏ទូលថា បពិត្រព្រះអង្គដ៏ចំរើន ឧបដ្ឋាក​របស់​ព្រះអង្គ ចេញទៅបាត់ហើយ សូមព្រះអង្គ​ យកបាយអំពីឆ្នាំងនេះ យកសំឡអំពី​ភាជន៍​នេះ ទៅ​ឆាន់​ចុះ។ បពិត្រមហារាជ គ្រានោះ តថាគត ក៏យកបាយអំពីឆ្នាំង យកសំឡអំពីភាជន៍​ឆាន់ រួចក៏ក្រោកចាកអាសនៈ ហើយចៀសចេញទៅ។ បពិត្រមហារាជ លំដាប់នោះ ឃដិការស្មូនឆ្នាំង​ ចូលទៅជិតមាតាបិតា លុះចូលទៅដល់ហើយ ក៏សួរទៅមាតាបិតា​ដូច្នេះថា នរណាយកបាយអំពីឆ្នាំង យកសំឡអំពីភាជន៍ទៅបរិភោគ ហើយ​ក្រោក​ចាក​អាសនៈ ចៀសចេញទៅបាត់។ មាតាបិតាប្រាប់ថា ម្នាលកូន ព្រះកស្សបមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ យកបាយអំពីឆ្នាំង យកសំឡអំពីភាជន៍ទៅឆាន់ រួចហើយ​ក្រោក​ចាកអាសនៈ ចៀសចេញទៅ។ បពិត្រមហារាជ វេលានោះ ឃដិការស្មូនឆ្នាំង មានសេចក្តី​ត្រិះរិះដូច្នេះថា អញពេញហៅមានលាភ អត្តភាពជាមនុស្ស អញពេញហៅ​បាន​ដោយ​ល្អ (ព្រោះថា) ព្រះកស្សបមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គស្និទ្ធស្នាល​នឹងអញ​ក្រៃពេកយ៉ាងនេះ។ បពិត្រមហារាជ គ្រានោះ សេចក្តីសុខ ដែល​កើតអំពីបីតិ មិនលះបង់​ឃដិការស្មូនឆ្នាំង អស់កន្លះខែ មិនលះបង់​មាតាបិតា អស់​៧ថ្ងៃ។

[១៨០] បពិត្រមហារាជ សម័យនោះ តថាគត នៅក្នុងវេភឡិគនិគមនោះឯង។ បពិត្រមហារាជ គ្រានោះ តថាគត ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ទីដែលមាតាបិតា របស់​ឃដិការស្មូនឆ្នាំង​នៅ លុះចូលទៅដល់ហើយ ក៏សួរមាតាបិតា របស់ឃដិការស្មូនឆ្នាំង ដូច្នេះថា ចុះភគវៈនេះ ចេញទៅក្នុង​ទីណា។ មាតាបិតាទូលថា បពិត្រព្រះអង្គដ៏ចំរើន ឧបដ្ឋាក​របស់​ព្រះអង្គ ចេញទៅបាត់ហើយ សូមព្រះអង្គ​យកនំកុម្មាសអំពីកឡោនេះ យកសំឡអំពី​ភាជន៍​នេះឆាន់ចុះ។ បពិត្រមហារាជ ពេលនោះ តថាគតក៏យកនំកុម្មាសអំពីកឡោ យកសំឡអំពីភាជន៍ ​ឆាន់រួចហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ បពិត្រមហារាជ លំដាប់នោះ ឃដិការស្មូនឆ្នាំង​ ចូលទៅជិតមាតាបិតា លុះចូលទៅដល់ហើយ ក៏សួរមាតាបិតា​ដូច្នេះថា នរណាយកនំកុម្មាសអំពីកឡោ យកសំឡអំពីភាជន៍ បរិភោគហើយ​ក្រោក​ចាកអាសនៈ ចៀសចេញទៅបាត់។ មាតាបិតាប្រាប់ថា ម្នាលកូន ព្រះកស្សបមាន​ព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ យកនំកុម្មាសអំពីកឡោ យកសំឡអំពីភាជន៍ ឆាន់រួចហើយ ​ក្រោក​ចាក​អាសនៈ ចៀសចេញទៅ។ បពិត្រមហារាជ វេលានោះ ឃដិការស្មូនឆ្នាំង មានសេចក្តី​ត្រិះរិះដូច្នេះថា អញពេញហៅមានលាភ អត្តភាពជាមនុស្ស អញពេញហៅបាន​ដោយ​ល្អ (ព្រោះថា) ព្រះកស្សបមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គស្និទ្ធស្នាល​នឹងអញ​ក្រៃពេក​យ៉ាងនេះ។ បពិត្រមហារាជ គ្រានោះ សេចក្តីសុខ ដែល​កើតអំពីបីតិ មិនលះបង់​ឃដិការស្មូនឆ្នាំង អស់កន្លះខែ មិនលះបង់​មាតាបិតា អស់​៧ថ្ងៃ។

[១៨១] ​បពិត្រមហារាជ មានកាលសម័យមួយ តថាគត នៅក្នុងវេភឡិគនិគមនោះ​ឯង។ សម័យនោះ កុដិក៏លេចភ្លៀង។ បពិត្រមហារាជ ពេលនោះ តថាគត ប្រាប់ភិក្ខុ​ទាំង​ឡាយ​​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរនាំគ្នាទៅ អ្នកទាំងឡាយ ចូរដឹងនូវស្មៅ ក្នុងលំនៅនៃ​ឃដិការស្មូនឆ្នាំងចុះ។ បពិត្រមហារាជ កាលដែលតថាគត បង្គាប់យ៉ាងនេះ ភិក្ខុទាំងនោះ ក៏បានតបមកនឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ស្មៅក្នុងលំនៅ​នៃ​ឃដិការស្មូនឆ្នាំង មិនមានទេ គាត់មានតែលំនៅ ដែលប្រក់ស្មៅប៉ុណ្ណោះ។ តថាគតតប​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរនាំគ្នាទៅរុះរើយកស្មៅ (ដែលប្រក់) ផ្ទះរបស់​ឃដិការ​ស្មូនឆ្នាំងមកចុះ។ បពិត្រមហារាជ គ្រានោះ ភិក្ខុទាំងនោះ ក៏នាំគ្នារុះរើស្មៅ (ដែលប្រក់) ផ្ទះរបស់ឃដិការស្មូនឆ្នាំង។ បពិត្រមហារាជ នៅវេលានោះ មាតាបិតា​របស់ឃដិការ​ស្មូនឆ្នាំង សួរភិក្ខុទាំងនោះ ដូច្នេះថា នរណារុះរើស្មៅ (ដែល​ប្រក់)​ផ្ទះ។ ភិក្ខុទាំងឡាយតបថា ម្នាលនាង កុដិរបស់​ព្រះកស្សបមានព្រះភាគ អរហន្តសម្មា​សម្ពុទ្ធលេចភ្លៀង។ មាតារបស់ឃដិការស្មូនឆ្នាំងទូលថា បពិត្រលោក​ទាំងឡាយដ៏​ចំរើន ចូរលោកម្ចាស់ទាំងឡាយ នាំយកទៅចុះ បពិត្រលោកមានភក្ត្រដ៏ចំរើនទាំងឡាយ ចូរ​លោកម្ចាស់ទាំងឡាយ នាំយកទៅចុះ។ បពិត្រមហារាជ គ្រានោះ ឃដិការស្មូនឆ្នាំង ចូលទៅជិតមាតាបិតា លុះចូលទៅដល់ហើយ ក៏សួរមាតាបិតា​ដូច្នេះថា នរណារុះរើយកស្មៅ ដែលប្រក់ផ្ទះ (អស់ទៅ)។ មាតាបិតាប្រាប់ថា ម្នាលកូន បានឮថា កុដិរបស់ព្រះកស្សបមាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ លេចភ្លៀង។ បពិត្រមហារាជ ទើបឃដិការស្មូនឆ្នាំង មានសេចក្តី​ត្រិះរិះ ដូច្នេះថា អញពេញហៅមានលាភ អត្តភាពជា​មនុស្ស អញពេញហៅបានដោយល្អ (ព្រោះថា) ព្រះកស្សបមាន​ព្រះភាគ អរហន្តសម្មា​សម្ពុទ្ធ ព្រះអង្គ ទ្រង់ស្និទ្ធស្នាលនឹងអញក្រៃពេកយ៉ាងនេះ។ បពិត្រមហារាជ គ្រានោះ សេចក្តីសុខ ដែល​កើតអំពីបីតិ មិនលះបង់​ឃដិការស្មូនឆ្នាំង អស់កន្លះខែ មិនលះបង់​មាតាបិតា អស់​៧ថ្ងៃ។ បពិត្រមហារាជ គ្រានោះឯង លំនៅនោះ មានអាកាស ជាគ្រឿង​ប្រក់អស់៣ខែគត់ ប៉ុន្តែមិនលេចភ្លៀងទេ បពិត្រមហារាជ ឃដិការស្មូនឆ្នាំង​ ជាអ្នកមាន​សភាព​ដូច្នេះឯង។ ព្រះរាជាទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ឃដិការស្មូនឆ្នាំង មានលាភមែន អត្តភាពជាមនុស្ស ​ឃដិការស្មូនឆ្នាំង បានដោយល្អមែន (ព្រោះថា) ព្រះមានព្រះភាគ ព្រះអង្គទ្រង់ស្និទ្ធស្នាលក្រៃពេកយ៉ាងនេះ។

[១៨២] ម្នាលអានន្ទ គ្រានោះ ព្រះរាជាដែនកាសី ព្រះនាមកិកិ ក៏បញ្ជូន​នូវ​អង្ករ​នៃស្រូវសាលី មានពណ៌លឿង ជាអង្ករបាយទន់ ចំនួន​៥០០វាហៈ32) ផង គ្រឿងសំឡដ៏ល្មមនឹងអង្ករនោះផង (ទៅឲ្យ) ដល់​ឃដិការស្មូនឆ្នាំង។ ម្នាលអានន្ទ គ្រានោះ រាជបុរសទាំងនោះ ក៏ចូលទៅរក​ឃដិការ​ស្មូនឆ្នាំង ហើយនិយាយ ដូច្នេះថា បពិត្រអ្នកដ៏ចំរើន ព្រះរាជាដែនកាសី ព្រះនាម​កិកិ បានបញ្ជូន​អង្ករ នៃស្រូវសាលី មានពណ៌លឿង ជាអង្ករបាយទន់ ចំនួន​៥០០វាហៈ​ផង គ្រឿងសំឡ ដ៏ល្មមនឹងអង្ករនោះផង (មកឲ្យ) អ្នក បពិត្រអ្នកដ៏ចំរើន សូមអ្នកទទួល​យក នូវ​​វត្ថុទាំងនោះចុះ។ ​ឃដិការស្មូនឆ្នាំងតបថា ព្រះរាជា ព្រះអង្គ​មានកិច្ចច្រើន មានការងារ​ដែលត្រូវធ្វើច្រើន ណ្ហើយ (កុំបាច់ព្រះរាជទាន) ដល់ខ្ញុំឡើយ វត្ថុទាំងនេះ ចូរថ្វាយ​ដល់ព្រះ​រាជាវិញចុះ។

[១៨៣] ម្នាលអានន្ទ ប្រហែលជាអ្នកមានសេចក្តីត្រិះរិះ យ៉ាងនេះថា បុគ្គលដទៃ​ទេ ដែលកើតជាជោតិបាលមាណព ក្នុងសម័យនោះ។ ម្នាលអានន្ទ ហេតុនេះ អ្នកកុំគប្បី​យល់​ឃើញយ៉ាងនេះឡើយ តថាគតហ្នឹងឯង ដែលកើតជាជោតិបាលមាណព ក្នុងសម័យ​​នោះ។ លុះព្រះមានព្រះភាគ ទ្រង់សំដែង​សូត្រនេះចប់ហើយ ព្រះអានន្ទ​មាន​អាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះ​ភាសិត របស់ព្រះមានព្រះភាគ។

ចប់ ឃដិការសូត្រ ទី១។

រដ្ឋបាលសូត្រ ទី២

(២. រដ្ឋបាលសុត្តំ)

[១៨៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅក្នុងដែនកុរុ ជាមួយនឹង​ពួកភិក្ខុច្រើន ទៅដល់ថុល្លកោដ្ឋិតនិគម របស់អ្នកដែនកុរុទាំង​ឡាយ។ ព្រាហ្មណ៍ និងគហបតីទាំងឡាយ អ្នកស្រុកថុល្លកោដ្ឋិតៈ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ទ្រង់ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស (ឥឡូវ) ទ្រង់​ពុទ្ធដំណើរមកក្នុងដែនកុរុ ជាមួយនឹងពួកភិក្ខុច្រើន មកដល់ថុល្លកោដ្ឋិតនិគមហើយ កិត្តិសព្ទដ៏ល្អ នៃព្រះគោតម ដ៏ចំរើននោះឯង ឮខ្ចរខ្ចាយយ៉ាងនេះថា ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គជាបុគ្គលប្រសើរបំផុត ព្រះអង្គជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គភ្ញាក់រលឹកហើយ ទ្រង់ចែកនូវធម៌ទាំងពួង ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំង​ទេវតា និងមនុស្សដ៏សេស ដោយប្រាជ្ញាដ៏ក្រៃលែង ដោយព្រះអង្គឯង ហើយទ្រង់ប្រកាស (នូវ​សេចក្តីនោះ) ទ្រង់សំដែងធម៌ មានលំអបទដើម បទកណ្តាល និងបទចុង ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធ ក៏ការបានឃើញព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការប្រពៃ​ពេក។

[១៨៥] លំដាប់នោះឯង ពួកព្រាហ្មណ៍ និងគហបតី ក្នុងថុល្លកោដ្ឋិតនិគម បានចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែរាក់ទាក់ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួររាក់ទាក់ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រណម្យអញ្ជលី ទៅរក​ព្រះមានជោគ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ ក្នុងសំណាក់​ព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ អង្គុយស្ងៀមក្នុងទីដ៏សមគួរ។ លុះពួក​ព្រាហ្មណ៍ និងគហបតីអ្នកស្រុក​ថុល្លកោដ្ឋិតៈ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ពន្យល់ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។

[១៨៦] ទទួលចួនសម័យនោះឯង មានកុលបុត្រម្នាក់ ឈ្មោះរដ្ឋបាល ជាកូនរបស់​អ្នកមានត្រកូលដ៏ប្រសើរ ក្នុងថុល្លកោដ្ឋិតនិគមនោះឯង បានអង្គុយ​ក្នុងបរិស័ទនោះដែរ។ គ្រានោះ រដ្ឋបាលកុលបុត្រ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ បានដឹងធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយយ៉ាងណាៗ តែព្រហ្មចរិយធម៌នេះ មិនមែនសម្រាប់​បុគ្គលដែលនៅគ្រប់គ្រងផ្ទះ ងាយនឹងប្រព្រឹត្តឲ្យបរិបូណ៌សព្វគ្រប់ ឲ្យបរិសុទ្ធសព្វគ្រប់ ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេខាត់ហើយ យ៉ាងនោះៗទេ បើដូច្នោះ គួរតែអាត្មាអញ កោរ​សក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះទៅបួស។ ចំណែក​ពួកព្រាហ្មណ៍ និងគហបតី អ្នកថុល្លកោដ្ឋិតៈ ដែលព្រះមានព្រះភាគ ទ្រង់​ពន្យល់​ឲ្យយល់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ បានត្រេកអរ រីករាយចំពោះ​ភាសិតរបស់ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ចៀសចេញទៅ។ កាលដែលពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកថុល្លកោដ្ឋិតៈ ថយចេញទៅមិនយូរប៉ុន្មាន ទើបរដ្ឋបាលកុលបុត្រ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះរដ្ឋបាលកុលបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានយល់​ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងណាៗ តែព្រហ្មចរិយធម៌​នេះ មិនមែនសម្រាប់បុគ្គលអ្នកនៅគ្រប់គ្រងផ្ទះ ងាយនឹងប្រព្រឹត្តឲ្យបរិបូណ៌សព្វគ្រប់ ឲ្យ​បរិសុទ្ធសព្វគ្រប់ ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេខាត់ហើយ យ៉ាងនោះៗទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ប្រាថ្នានឹងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះបួស បពិត្រព្រះអង្គដ៏ចំរើន សូមឲ្យខ្ញុំព្រះអង្គ បាននូវ​បព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ត្រាស់​សួរថា ម្នាលរដ្ឋបាល មាតាបិតាបានអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះមកបួសហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន មាតាបិតា មិនទាន់អនុញ្ញាតឲ្យខ្ញុំព្រះអង្គចេញចាកផ្ទះមកបួសទេ។ ម្នាលរដ្ឋបាល ព្រះតថាគតទាំងឡាយ មិនបំបួស​កូន ដែលមាតាបិតា មិនទាន់​អនុញ្ញាត​ទេ។ បពិត្រព្រះអង្គដ៏ចំរើន មាតាបិតា នឹងអនុញ្ញាតឲ្យខ្ញុំ​ព្រះអង្គ ចេញចាកផ្ទះមកបួស យ៉ាងណា ខ្ញុំព្រះអង្គ នឹងធ្វើយ៉ាងនោះ។

[១៨៧] ខណៈនោះឯង រដ្ឋបាលកុលបុត្រ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំ​ព្រះមានជោគ ធ្វើប្រទក្សិណ ហើយចូលទៅរកមាតាបិតា លុះចូលទៅដល់ហើយ បាននិយាយនឹងមាតាបិតាយ៉ាងនេះថា បពិត្រលោកម្តាយ លោកឪពុក ខ្ញុំបានយល់ច្បាស់នូវ​ធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងណាៗ តែព្រហ្មចរិយធម៌​នេះ មិន​មែន​សម្រាប់បុគ្គល អ្នកនៅគ្រប់គ្រងផ្ទះ ងាយនឹងប្រព្រឹត្តឲ្យបរិបូណ៌សព្វគ្រប់ ឲ្យ​បរិសុទ្ធសព្វគ្រប់ ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេខាត់ហើយ យ៉ាងនោះៗបានទេ ខ្ញុំប្រាថ្នា​នឹង​កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ទៅបួស សូមលោកម្តាយ លោកឪពុក អនុញ្ញាតឲ្យខ្ញុំចេញចាកផ្ទះ ទៅបួសចុះ។

[១៨៨] កាលបើ រដ្ឋបាលកុលបុត្រ និយាយយ៉ាងនេះហើយ មាតាបិតា ក៏​និយាយ​នឹងរដ្ឋបាលកុលបុត្រ យ៉ាងនេះថា ម្នាលរដ្ឋបាលកូន អ្នកឯងជាបុត្រតែមួយ ជាទីស្រឡាញ់​ពេញចិត្តរបស់​យើង ធ្លាប់ចំរើនដោយសេចក្តីសុខ ជាអ្នកដែលគេបីបាច់​រក្សា​ដោយសុខ នែរដ្ឋបាលកូន បាឯង មិនដែលស្គាល់ទុក្ខបន្តិចបន្តួច​សោះឡើយ នែបា​រដ្ឋបាលកូន អ្នកចូរមកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើចុះ កាលបើអ្នកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើហើយ ចូរបរិភោគកាម ទាំងធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ យើង​មិនអនុញ្ញាតឲ្យអ្នកចេញចាកផ្ទះ ទៅបួសទេ ទុកជាដល់ស្លាប់ យើងក៏មិនចង់ឃ្លាត​ពីបាដែរ ចំណង់បើបានៅរស់ (យ៉ាងនេះ) តើយើងនឹងអនុញ្ញាត ឲ្យចេញចាកផ្ទះ ទៅបួសដូចម្តេចបាន។ រដ្ឋបាលកុលបុត្រ បាននិយាយនឹងមាតាបិតា ជាគំរប់ពីរដងផង។បេ។ ជាគំរប់បីដងផង យ៉ាងនេះថា បពិត្រមាតាបិតា ខ្ញុំយល់ច្បាស់នូវ​ធម៌ ដែលព្រះមានជោគ ទ្រង់សំដែង យ៉ាងណា តែព្រហ្មចរិយៈ​នេះ មិន​មែន​សម្រាប់​បុគ្គល អ្នកនៅគ្រប់គ្រងផ្ទះ ងាយនឹងប្រព្រឹត្ត ឲ្យបរិបូណ៌សព្វគ្រប់ ឲ្យ​បរិសុទ្ធសព្វគ្រប់ ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេដុសខាត់ហើយ យ៉ាងនោះទេ ខ្ញុំប្រាថ្នា​នឹង​កោរសក់ ពុកមាត់ ពុកចង្កា ហើយស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ចូលទៅបួស ហេតុនេះ សូមមាតាបិតា អនុញ្ញាតឲ្យខ្ញុំចេញចាកផ្ទះ ទៅបួសចុះ។ មាតាបិតារបស់រដ្ឋបាលកុលបុត្រ បាន​និយាយ​នឹងរដ្ឋបាលកុលបុត្រ ជាគំរប់បីរដង យ៉ាងនេះថា នែរដ្ឋបាលកូន បាឯង ជាបុត្រ​តែមួយ ជាទីស្រឡាញ់ ​ពេញចិត្តរបស់​យើង អ្នកធ្លាប់ចំរើនដោយសេចក្តីសុខ គេបីបាច់​រក្សា​មកជាសុខ នែរដ្ឋបាលកូន អ្នកមិនទាន់ស្គាល់សេចក្តីលំបាកតិចតួចសោះ នែ​រដ្ឋបាល​កូន អ្នកចូរមកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើ បរិភោគនូវកាមហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ យើង​មិនអនុញ្ញាត​ឲ្យបា​ចេញចាកផ្ទះ ទៅបួសទេ ទោះណាជាដល់ស្លាប់ យើងក៏មិនប្រាថ្នាឲ្យឃ្លាត​ពីអ្នកដែរ ចំណង់បើអ្នករស់នៅ (យ៉ាងនេះ) តើយើងនឹងអនុញ្ញាត ឲ្យចេញចាកផ្ទះ ទៅបួស ដូចម្តេច​បាន។

[១៨៩] គ្រានោះឯង រដ្ឋបាលកុលបុត្រ គិតថា មាតាបិតា មិនអនុញ្ញាត​ឲ្យ​អាត្មាអញ ចេញចាកផ្ទះ ទៅបួសទេ ក៏ដួលដេកនៅលើទី ដែលមិនបានក្រាលដោយអ្វីៗ ត្រង់កន្លែងនោះឯង ដោយគិតថា អាត្មាអញ នឹងស្លាប់ក្នុងទីនេះ ឬនឹងបានបួស។ លំដាប់​នោះឯង រដ្ឋបាលកុលបុត្រ មិនបានបរិភោគបាយអស់មួយពេល មិនបរិភោគអស់២ពេល មិនបរិភោគអស់៣ពេល មិនបរិភោគអស់៤ពេល មិនបរិភោគអស់៥ពេល មិនបរិភោគអស់៦ពេល មិនបរិភោគអស់៧ពេល។

[១៩០] ពេលនោះ មាតាបិតារបស់រដ្ឋបាលកុលបុត្រ និយាយនឹងរដ្ឋបាលកុលបុត្រ​ យ៉ាងនេះថា នែរដ្ឋបាលកូន បាឯង​ជាកូនតែមួយ ជាទីស្រឡាញ់ ​ពេញចិត្តរបស់​យើង អ្នកធ្លាប់ចំរើនដោយសេចក្តីសុខ គេថែ​រក្សា​មកដោយសេចក្តីសុខ នែរដ្ឋបាលកូន អ្នកមិន​ទាន់​ស្គាល់សេចក្តីលំបាកបន្តិចបន្តួចសោះ នែ​រដ្ឋបាល​កូន អ្នកចូរក្រោកឡើង ចូរបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក ទាំងឲ្យ​គេ​បំរើ បរិភោគកាមហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ យើង​មិនអនុញ្ញាត​ឲ្យអ្នក​ចេញ​ចាក​ផ្ទះ ទៅបួសទេ ទោះណាជាដល់ស្លាប់ យើងក៏មិនចង់ឲ្យព្រាត់ប្រាសបាឯងទេ ចំណង់បើអ្នកនៅរស់ (យ៉ាងនេះ) តើយើងនឹងអនុញ្ញាត ឲ្យបាចេញចាកផ្ទះ ទៅបួស ដូចម្តេច​បាន។ កាលដែលមាតាបិតា និយាយឃាត់យ៉ាងនេះហើយ រដ្ឋបាលកុលបុត្រ ក៏ស្ងៀម។ មាតាបិតា របស់រដ្ឋបាលកុលបុត្រ និយាយនឹងរដ្ឋបាលកុលបុត្រ អស់វារៈ​ពីរដងយ៉ាងនេះ។បេ។ សូម្បីអស់វារៈទី២ រដ្ឋបាលកុលបុត្រ ក៏នៅតែស្ងៀមទៀត។ មាតាបិតា របស់រដ្ឋបាលកុលបុត្រ និយាយនឹងរដ្ឋបាលកុលបុត្រ ជាគំរប់៣ដង យ៉ាង​នេះថា ម្នាលរដ្ឋបាលកូន អ្នកជាកូនប្រុសតែមួយ ជាទីស្រឡាញ់ ​ពេញចិត្តរបស់​យើង អ្នកធ្លាប់ចំរើនដោយសេចក្តីសុខ មានគេថែ​រក្សា​ដោយសេចក្តីសុខ នែរដ្ឋបាលកូន អ្នក​មិនទាន់ស្គាល់ទុក្ខបន្តិចបន្តួចសោះ នែ​រដ្ឋបាល​កូន ចូរអ្នកក្រោកឡើង ចូរបរិភោគបាយ ផឹកទឹក ឲ្យគេបំរើទៅ កាលបើបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើ បរិភោគកាម​ហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ យើង​មិនអនុញ្ញាត​ឲ្យបាឯង​ចេញចាកផ្ទះ ទៅបួសទេ ទោះបីដល់ស្លាប់ យើងក៏មិនប្រាថ្នាឲ្យឃ្លាត​អំពីបាដែរ ចំណង់បើអ្នកនៅរស់​ត្រឡាំង តើយើងនឹងអនុញ្ញាត ឲ្យបាចេញចាកផ្ទះ ទៅបួស ដូចម្តេច​បាន។ សូម្បីអស់វារៈ​ទី៣ រដ្ឋបាលកុលបុត្រ ក៏នៅតែស្ងៀម។

[១៩១] គ្រានោះឯង ពួកសំឡាញ់ របស់រដ្ឋបាលកុលបុត្រ នាំគ្នាចូលទៅរក​រដ្ឋបាលកុលបុត្រ លុះចូលទៅដល់ហើយ ក៏និយាយនឹងរដ្ឋបាលកុលបុត្រ យ៉ាងនេះថា នែរដ្ឋបាលសំឡាញ់ អ្នកឯងជាកូនប្រុសតែមួយ ជាទីស្រឡាញ់ ​ពេញចិត្តរបស់​មាតាបិតា អ្នកឯងចំរើនដោយសេចក្តីសុខ មានគេថែ​រក្សា​ដោយសេចក្តីសុខ នែរដ្ឋបាលសំឡាញ់ អ្នក​មិនទាន់ស្គាល់ទុក្ខបន្តិចបន្តួចសោះ នែ​រដ្ឋបាលសំឡាញ់ អ្នកចូរក្រោកឡើង ចូរបរិភោគ​បាយ ផឹកទឹក ទាំងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក ទាំងឲ្យគេបំរើ បរិភោគនូវកាម​ហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ មាតាបិតា ​មិនអនុញ្ញាត​ឲ្យអ្នក​ចេញចាកផ្ទះ ទៅបួសទេ ទោះណាជាដល់ស្លាប់ ក៏មាតាបិតា មិនប្រាថ្នាឲ្យឃ្លាត​ពីអ្នកដែរ ចំណង់បើអ្នកនៅរស់ (យ៉ាងនេះ) តើមាតាបិតានឹងអនុញ្ញាត ឲ្យចេញចាកផ្ទះ ទៅបួស ដូចម្តេច​បាន។ កាលដែលពួកសំឡាញ់ និយាយយ៉ាងនេះហើយ រដ្ឋបាលកុលបុត្រ ក៏នៅស្ងៀមទៀត។ សូម្បីអស់វារៈជាគំរប់២ដង។បេ។ ពួកសំឡាញ់របស់រដ្ឋបាលកុលបុត្រ បាននិយាយនឹង​រដ្ឋបាលកុលបុត្រ ជាគំរប់បីដង យ៉ាងនេះថា នែរដ្ឋបាលសំឡាញ់ អ្នកឯង​ជាកូនប្រុសតែមួយ ជាទីស្រឡាញ់ ​ពេញចិត្តរបស់​មាតាបិតា អ្នកធ្លាប់ចំរើន​ដោយសេចក្តីសុខ គេបីបាច់មកដោយសេចក្តីសុខ។បេ។ នែរដ្ឋបាលសំឡាញ់ អ្នក​ចូរ​ក្រោកឡើង ចូរបរិភោគ​បាយ ផឹកទឹក ទាំងឲ្យគេបំរើទៅ កាលបើអ្នកបរិភោគបាយ ផឹកទឹក ឲ្យគេបំរើ បរិភោគកាម​ហើយ ចូរធ្វើបុណ្យ តាមស្ម័គ្រចិត្តចុះ មាតាបិតា ​មិនអនុញ្ញាត​ឲ្យអ្នក​ចេញចាកផ្ទះ ទៅបួសទេ ទុកជាដល់ស្លាប់ ក៏មាតាបិតា មិនចង់ឲ្យព្រាត់ប្រាសចាក​អ្នកទេ ចំណង់បើអ្នកនៅរស់ (យ៉ាងនេះ) តើមាតាបិតានឹងអនុញ្ញាត ឲ្យអ្នកចេញចាកផ្ទះ ទៅបួស ដូចម្តេច​បាន។ សូម្បីអស់វារៈ៣ដង រដ្ឋបាលកុលបុត្រ ក៏នៅតែស្ងៀម។ លំដាប់នោះ ពួកសំឡាញ់របស់​រដ្ឋបាលកុលបុត្រ ចូលទៅរកមាតាបិតា របស់​រដ្ឋបាលកុលបុត្រ លុះចូលទៅដល់ហើយ ក៏និយាយនឹងមាតាបិតា របស់​រដ្ឋបាលកុលបុត្រ យ៉ាងនេះថា បពិត្រអ្នកជាម្តាយឪពុក ​រដ្ឋបាលកុលបុត្រនុ៎ះ នៅតែដេកលើទី ដែលគ្មាន​ក្រាល​កម្រាលអ្វីៗ ត្រង់កន្លែងនោះ​ដដែល ដោយតាំងចិត្តថា អាត្មាអញ នឹងស្លាប់ក្នុងទីនេះ ឬនឹងបានបួស បើអ្នកទាំងឡាយ មិនយល់ព្រមឲ្យ​រដ្ឋបាលកុលបុត្រ ចេញចាកផ្ទះ ទៅបួសទេ ​រដ្ឋបាលកុលបុត្រ មុខជានឹងស្លាប់ ក្នុងទីនោះមិនខានឡើយ ពួក​យើងខ្ញុំ យល់ថា បើអ្នកទាំងឡាយ យល់ព្រម ឲ្យ​រដ្ឋបាលកុលបុត្រ ចេញចាកផ្ទះ ទៅបួស គង់តែនឹងបានឃើញ​រដ្ឋបាលកុលបុត្រ ដែលនៅជាអ្នកបួសតទៅ បើ​រដ្ឋបាលកុលបុត្រ មិនត្រេកអរ ក្នុងភេទជាអ្នកបួសហើយ ​រដ្ឋបាលកុលបុត្រនោះ នឹងមានគតិឃ្វាងទៅទៀត ដូចម្តេចបាន មុខជានឹងត្រឡប់មក ក្នុងទីនេះវិញមិនខាន សូមអ្នកទាំងឡាយ អនុញ្ញាត​ឲ្យ​​រដ្ឋបាលកុលបុត្រ ចេញចាកផ្ទះ ទៅបួសចុះ។

[១៩២] មាតាបិតារបស់​រដ្ឋបាលកុលបុត្រ និយាយថា នែអ្នកទាំងឡាយ យើងយល់​ព្រមឲ្យ​រដ្ឋបាលកុលបុត្រ ចេញចាកផ្ទះ​ ទៅបួសហើយ តែថា​រដ្ឋបាលបួសរួចហើយ ត្រូវ​ឲ្យមាតាបិតាបានឃើញផង។ លំដាប់នោះឯង ពួកសំឡាញ់របស់​រដ្ឋបាលកុលបុត្រ ចូលទៅ​រក​រដ្ឋបាលកុលបុត្រ លុះចូលទៅដល់ហើយ និយាយនឹង​រដ្ឋបាលកុលបុត្រ យ៉ាង​នេះថា មាតាបិតារបស់អ្នក យល់ព្រមឲ្យអ្នកចេញចាកផ្ទះ ទៅបួសហើយ តែថា បើអ្នក​បួសរួចហើយ ត្រូវឲ្យមាតាបិតាបានឃើញផង។

[១៩៣] គ្រានោះ ​រដ្ឋបាលកុលបុត្រ ក្រោកឡើង ហើយសម្រាកកំឡាំង រួច​ហើយចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានជោគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​រដ្ឋបាលកុលបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាបុគ្គលដែល​មាតាបិតា យល់ព្រម ឲ្យចេញចាកផ្ទះ មកបួសហើយ សូមព្រះមានព្រះភាគ ទ្រង់បំបួសខ្ញុំព្រះអង្គ។ ​រដ្ឋបាលកុលបុត្រ ក៏បាននូវ​បព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លំដាប់នោះឯង កាលបើ​​រដ្ឋបាលមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន បានឧបសម្បទាត្រឹមកន្លះខែ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងថុល្លកោដ្ឋិតនិគម សមគួរតាមពុទ្ធអធ្យាស្រ័យ ហើយទ្រង់​ស្តេចចេញទៅក្រុងសាវត្ថី កាលទ្រង់ព្រះពុទ្ធដំណើរ ទៅកាន់ចារិក តាមលំដាប់ ក៏បានដល់ទៅក្រុងសាវត្ថី។

[១៩៤] មានសេចក្តីដំណាលថា ក្នុងកាលនោះ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះរដ្ឋបាលមានអាយុ បានចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនធ្វេសប្រហែស ខំព្យាយាម ដុតបង់នូវកិលេស បញ្ជូនចិត្ត ឲ្យបែរទៅ (កាន់ព្រះនិព្វាន) ពួកកុលបុត្រ ដែល​ចេញចាកផ្ទះ ហើយទៅបួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា (ព្រះរដ្ឋបាល) ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយបញ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថទាំង៤ ដោយមិនយូរប៉ុន្មានទេ លោកបានដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចារ្យបាននៅចប់ហើយ កិច្ចដែលត្រូវធ្វើ ក៏បានធ្វើហើយ គ្មានកិច្ចដទៃអំពីនេះតទៅ​ទៀតទេ។ ព្រះរដ្ឋបាលមានអាយុ ជាព្រះអរហន្តមួយនឹងគេដែរ។

[១៩៥] លំដាប់នោះ ព្រះរដ្ឋបាលមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះរដ្ឋបាលមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើព្រះមាន​បុណ្យ ទ្រង់អនុញ្ញាតខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ ប្រាថ្នានឹងឲ្យមាតាបិតា​បាន​ឃើញផង។ គ្រានោះ ព្រះមានជោគ ទ្រង់ស្ទង់មើលចិត្ត របស់រដ្ឋបាលមានអាយុ ដោយ​ព្រះទ័យរបស់ព្រះអង្គ ហើយទ្រង់ធ្វើទុកក្នុងព្រះទ័យ តាមន័យដែលទ្រង់​បានជ្រាបថា រដ្ឋបាលកុលបុត្រ ជាបុគ្គលមិនគួរនឹងលះបង់សិក្ខា ហើយត្រឡប់ទៅកាន់ហីនភេទវិញ​ទេ។ ទើបព្រះមានជោគ បានត្រាស់ទៅនឹងរដ្ឋបាលមានអាយុ យ៉ាងនេះថា ម្នាលរដ្ឋបាល អ្នកសំគាល់នូវកាលដ៏សមគួរ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះរដ្ឋបាលមានអាយុ ក្រោកចាកអាសនៈ ហើយថ្វាយបង្គំព្រះមានជោគ ធ្វើប្រទក្សិណ ហើយក៏ទុកដាក់សេនាសនៈស្រេចហើយ កាន់យកបាត្រ និងចីវរ ចេញតម្រង់ទៅថុល្លកោដ្ឋិតនិគម ត្រាច់ទៅកាន់ចារិក តាមលំដាប់ ហើយក៏បានដល់​ទៅ​ថុល្លកោដ្ឋិតនិគមនោះ។

[១៩៦] មានសេចក្តីដំណាលថា ព្រះរដ្ឋបាលដ៏មានអាយុ នៅសំណាក់ក្នុងឱទ្យាន ឈ្មោះមិគាចីរៈ របស់ព្រះបាទកោរព្យៈ ជិតថុល្លកោដ្ឋិតនិគមនោះ។ ក្នុងលំដាប់នោះ ព្រះរដ្ឋបាលមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូល​ទៅបិណ្ឌបាត ក្នុងថុល្លកោដ្ឋិតនិគម។ កាលលោកត្រាច់ទៅបិណ្ឌបាត តាមលំដាប់ច្រក ក្នុង​ថុល្លកោដ្ឋិតនិគម រៀងទៅដល់ទីនៅអាស្រ័យរបស់​បិតានៃខ្លួន។ ទទួលចួនសម័យ​នោះឯង បិតារបស់ព្រះរដ្ឋបាលមានអាយុ កំពុងតែឲ្យជាងកោរកាត់ ក្នុងរោងក្បែរទ្វារ​កណ្តាល។ បិតារបស់ព្រះរដ្ឋបាលមានអាយុ បានឃើញ​ព្រះរដ្ឋបាលមានអាយុ កំពុង​និមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា ពួកស្រមណ៍កំណោរ​ទាំងនេះហើយ ដែលបំបួសកូនប្រុសតែមួយ ជាទីស្រឡាញ់ ពេញចិត្តរបស់យើង។ គ្រានោះ​ឯង ព្រះរដ្ឋបាលមានអាយុ មិនបាននូវទាន ទាំងមិនបាននូវ​ពាក្យប្រាប់មកវិញ ក្នុង​លំនៅរបស់បិតានៃខ្លួនសោះ បានត្រឹមតែពាក្យជេរប៉ុណ្ណោះឯង។

[១៩៧] ទទួលចួនសម័យនោះឯង នាងទាសីរបស់​ញាតិនៃរដ្ឋបាលមានអាយុ កំពុង​មានបំណងនឹងចាក់ចោលនំកុម្មាសផ្អូម។ គ្រានោះ ព្រះរដ្ឋបាលមានអាយុ និយាយ​នឹងខ្ញុំស្រីរបស់ញាតិនោះ យ៉ាងនេះថា នែនាង បើនំនោះ ជារបស់ត្រូវចោល ចូរនាង​ចាក់មក​ក្នុងបាត្រអាត្មានេះចុះ។ លំដាប់នោះ ខ្ញុំស្រីរបស់ញាតិរបស់ព្រះរដ្ឋបាលមានអាយុ ក៏ចាក់នំកុម្មាសផ្អូមនោះ ទៅក្នុងបាត្ររបស់​ព្រះរដ្ឋបាលមានអាយុ ហើយបានស្គាល់ជាក់នូវដៃជើង និងសំឡេង របស់ព្រះរដ្ឋបាលនោះច្បាស់។ ពេលនោះ ខ្ញុំស្រីរបស់ញាតិនៃព្រះរដ្ឋបាលមានអាយុ ចូលទៅរកមាតា របស់ព្រះរដ្ឋបាលមានអាយុ លុះចូលទៅដល់ហើយ បាននិយាយជំរាប​មាតា របស់ព្រះរដ្ឋបាលមានអាយុថា បពិត្រអ្នកម្ចាស់ សូមអ្នកជ្រាប ព្រោះ​ព្រះរដ្ឋបាល ជាអយ្យបុត្រ និមន្តមកដល់ហើយ។ មាតារបស់ព្រះរដ្ឋបាលឆ្លើយថា នែហង បើឯង​និយាយពាក្យពិតមែន អញនឹងឲ្យឯងរួចជាអ្នកជា។ ទើបមាតារបស់ព្រះរដ្ឋបាលមានអាយុ ចូលទៅរកបិតា របស់ព្រះរដ្ឋបាលមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងបិតារបស់ព្រះរដ្ឋបាលមានអាយុ យ៉ាងនេះថា បពិត្រគហបតី សូមអ្នកជ្រាប ឮថា រដ្ឋបាលកុលបុត្រ និមន្តមកដល់ហើយ។

[១៩៨] សម័យនោះឯង ព្រះរដ្ឋបាលមានអាយុ កំពុងឆាន់នំកុម្មាសផ្អូមនោះ ប្រប​ជញ្ជាំងសាលាមួយ។ លំដាប់នោះ បិតារបស់ព្រះរដ្ឋបាលមានអាយុ ចូលទៅរក​ព្រះរដ្ឋបាលមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹងរដ្ឋបាលមានអាយុ យ៉ាងនេះថា នែរដ្ឋបាលកូន មានដែរឬ លោកមកឆាន់នំកុម្មាសផ្អូមវិញ រដ្ឋបាលកូន គួរតែ​ទៅឯផ្ទះរបស់ខ្លួនវិញ។ ព្រះរដ្ឋបាលឆ្លើយថា នែគហបតី ពួកយើងអ្នកបួស ដែល​ចេញចាកផ្ទះ ទៅបួសហើយ នឹងមានផ្ទះមកពីណា នែគហបតី ព្រោះពួកយើង គ្មានផ្ទះទេ នែគហបតី អាត្មាបានទៅដល់ផ្ទះរបស់អ្នកហើយ តែមិនបាននូវទានផង មិនបាន​នូវការ​និយាយប្រាប់វិញផង ក្នុងផ្ទះរបស់អ្នកនោះសោះ បានត្រឹមតែពាក្យជេរ​ប៉ុណ្ណោះឯង។ រដ្ឋបាលកូន លោកចូរមក យើងនឹងទៅផ្ទះ។ ណ្ហើយគហបតី ថ្ងៃនេះ អាត្មា​ឆាន់រួចហើយ។ រដ្ឋបាលកូន បើដូច្នោះ សូមលោកនិមន្ត​ទទួលចង្ហាន់ ក្នុងថ្ងៃស្អែក។ ព្រះរដ្ឋបាលមានអាយុ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។

[១៩៩] គ្រានោះ បិតារបស់ព្រះរដ្ឋបាលមានអាយុ ដឹងច្បាស់ថា ព្រះរដ្ឋបាលមានអាយុ ទទួលនិមន្តហើយ ក៏ចូលទៅកាន់​លំនៅរបស់ខ្លួន​ដែលធ្លាប់នៅ លុះចូលទៅដល់ហើយ ប្រើមនុស្សឲ្យលញ់ដី ដោយអាចម៍គោស្រស់ រួច​ឲ្យគរគំនរប្រាក់​ និងមាសធំៗ ធ្វើឲ្យជាពីរគំនរគឺ ប្រាក់១គំនរ មាស១គំនរ ជាគំនរធំៗ។ បុរសដែល​ឈរ​ខាង​​អាយ មើលទៅបុរសឈរខាងនាយមិនឃើញ បុរសដែលឈរខាងនាយ មើលមក​បុរស​ឈរខាងអាយ ក៏មិនឃើញដូចគ្នា ហើយឲ្យ​បិទបាំងគំនរទាំងពីរនោះ ដោយកន្ទេល ឲ្យ​ក្រាលអាសនៈទុកត្រង់កណ្តាល រួចឲ្យ​ព័ន្ធព័ទ្ធដោយរបស់ ដែលត្រូវ​ធ្វើពីខាងក្រៅ ហើយ​ហៅពួកស្រីជាគូពីមុន របស់ព្រះរដ្ឋបាលមានអាយុ មកបង្គាប់ថា នែកូនស្រី ឯងរាល់គ្នា ចូល​មកនេះ គ្រឿងប្រដាប់ណា ដែល​ឯងរាល់គ្នាស្អិតស្អាង ហើយជាទីស្រឡាញ់ ពេញចិត្ត​របស់រដ្ឋបាលកូន ក្នុងកាលពីដើម ត្រូវឯងរាល់គ្នាស្អិតស្អាង គ្រឿងប្រដាប់​នោះចុះ។ លំដាប់តទៅ លុះកន្លងរាត្រីនោះទៅ បិតារបស់​ព្រះរដ្ឋបាលមានអាយុ ឲ្យ​គេតាក់តែងនូវខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ក្នុងទីលំនៅរបស់ខ្លួនហើយ ប្រាប់នូវ​កាលដល់ព្រះរដ្ឋបាលមានអាយុថា រដ្ឋបាលកូន កាលគួរហើយ ភត្តសម្រេចហើយ។ ចំណែកខាងព្រះរដ្ឋបាលមានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរក្នុងបុព្វណ្ហ​សម័យ ហើយនិមន្តចូលទៅត្រង់លំនៅរបស់បិតានៃខ្លួន លុះចូលទៅដល់ហើយ ក៏អង្គុយ​លើអាសនៈ ដែលគេក្រាលបម្រុងទុក។ ទើបបិតារបស់ព្រះរដ្ឋបាលមានអាយុ ក៏ឲ្យ​បើក​គំនរប្រាក់ និងមាសនោះ ហើយនិយាយនឹងព្រះរដ្ឋបាលមានអាយុ យ៉ាងនេះថា នែរដ្ឋបាល​កូន ទ្រព្យនេះជារបស់ខាងមាតាលោក ទ្រព្យជារបស់ខាងបិតាដោយឡែក នៅមាន​របស់ខាងជីតា ដោយឡែកទៀត រដ្ឋបាលកូន លោកអាចប្រើប្រាស់ភោគៈ​ទាំងឡាយផង ធ្វើបុណ្យផង នែរដ្ឋបាលកូន ចូរលោកមក ចូរលាសិក្ខា វិលត្រឡប់​មករកភេទទាប ហើយប្រើប្រាស់ភោគៈទាំងឡាយផង ធ្វើបុណ្យទាំងឡាយផងចុះ។ បពិត្រ​គហបតី បើញោមធ្វើតាមពាក្យរបស់អាត្មា ញោមត្រូវប្រើមនុស្ស ឲ្យជញ្ជូន​គំនរ​ប្រាក់មាសនេះ ផ្ទុកក្នុងរទេះ ហើយយកទៅចាក់ចោល ក្នុងកណ្តាលខ្សែទឹកទន្លេគង្គា ហេតុអ្វីបានជាអាត្មាថាដូច្នោះ គហបតី ព្រោះថា សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ មុខជានឹងកើតឡើងដល់ញោម ព្រោះតែទ្រព្យ​ទាំងនោះជាហេតុ។ ពេលនោះ ពួកស្រីជាគូពីមុន របស់ព្រះរដ្ឋបាលមានអាយុ នាំ​គ្នាឱប​ជើងម្ខាងម្នាក់ ហើយនិយាយ​នឹងព្រះរដ្ឋបាលមានអាយុ យ៉ាងនេះថា បពិត្រ​ព្រះអយ្យបុត្រ លោកប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះហេតុ (ចង់បាន) ពួកស្រីអប្សរណា ពួកស្រីអប្សរទាំងនោះ តើល្អដូចម្តេចទៅ។ ម្នាលនាង អាត្មាមិនមែនប្រព្រឹត្តព្រហ្មចរិយធម៌ ព្រោះហេតុ (ចង់បាន) ពួកស្រីអប្សរទេ។ ពួកស្រីជាគូពីមុនគិតថា រដ្ឋបាល ជាអយ្យបុត្រ ហៅរកយើង ដោយពាក្យថា នាង ដូច្នេះ ក៏ជ្រប់ដួលត្រង់ទីនោះឯង។ ទើបព្រះរដ្ឋបាលមានអាយុ និយាយនឹងបិតាថា បពិត្រគហបតី បើញោម​ត្រូវឲ្យភោជន (ក៏ឲ្យមក) កុំបៀតបៀនអាត្មាឡើយ។ រដ្ឋបាលកូន សូម​លោកនិមន្តឆាន់ចុះ ភត្តសម្រេច​ហើយ។ គ្រានោះ បិតារបស់ព្រះរដ្ឋបាលមានអាយុ បានចាត់ចែង​ខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ឲ្យព្រះរដ្ឋបាលមានអាយុ ឆាន់ដោយដៃខ្លួន​ឯង​ត្រាតែ​ឆ្អែត។

[២០០] លំដាប់នោះ ព្រះរដ្ឋបាលមានអាយុ ឆាន់រួចលាងដៃហើយ ឈរសំដែង​គាថាទាំងឡាយនេះថា

ញោមចូរមើលនូវអត្តភាព ដែលសង្ខារធ្វើវិចិត្រហើយ ជាទីប្រជុំនៃដំបៅ (៩អន្លើ) ផ្គុំឡើង (ដោយឆ្អឹង៣០០កំណាត់) ក្តៅរោលរាល ដែលជនច្រើនគ្នាតែងត្រូវការ ជាកាយមិនទៀងទាត់ ឋិតថេរឡើយ ញោម​ចូរមើលរូប ដែលសង្ខារ​វិចិត្រ​ហើយ (ប្រកប) ដោយកុណ្ឌលមណី ដែលរួបរឹតហើយ ដោយឆ្អឹង និងស្បែក ល្អដោយ​សារតែសំពត់ ជើងទាំងឡាយវិចិត្រ ហើយដោយទឹកល័ខ មុខមាត់​លាបហើយ ដោយ​គ្រឿង​លំអិត អាច​ឲ្យមនុស្សពាលវង្វេងបាន តែមិនអាចបំភាន់ដល់អ្នក​ស្វែង​រកត្រើយ គឺព្រះនិព្វានបានឡើយ សក់ទាំងឡាយ ដែលវិចិត្រ​ហើយឲ្យមាន​សណ្ឋានដូចជាក្រឡាចត្រង្គ ភ្នែកទាំងឡាយ លាបហើយដោយថ្នាំសម្រាប់​បន្តក់ ល្មមឲ្យបុគ្គល​ពាលភាន់ភាំងបាន តែមិនអាចបំភាន់អ្នកស្វែងរកត្រើយ​បានឡើយ កាយស្អុយដែលបានប្រដាប់ហើយ ដូចជាបំពង់ថ្នាំដាក់ភ្នែក យ៉ាងថ្មីដ៏វិចិត្រ អាច​បំភាន់បុគ្គលពាលបាន តែមិនអាចបំភាន់អ្នកស្វែងរកត្រើយបានឡើយ ព្រានម្រិគ​ដាក់នូវ​បង្កាត់ជាអន្ទាក់ តែម្រិគមិនជាប់បង្កាត់ កាលបើព្រានអ្នកចងម្រិគ កំពុង​កន្ទក់កន្ទេញ អាត្មាបរិភោគបន្លែរួចហើយ ត្រឡប់ទៅវិញ។33)

លំដាប់នោះ​ ព្រះរដ្ឋបាលមានអាយុ ឈរសំដែង​គាថាទាំងនេះហើយ ក៏និមន្ត​ត្រង់​ទៅឱទ្យានឈ្មោះ​មិគាចីរៈ របស់ព្រះបាទកោរព្យៈ លុះចូលទៅដល់ហើយ ក៏​អង្គុយ​សម្រាក ក្នុងវេលាថ្ងៃ ក្បែរគល់ឈើ១ដើម។

[២០១] គ្រានោះ ព្រះរាជាកោរព្យៈ ត្រាស់ហៅឧយ្យានបាល ឈ្មោះ​មិគវៈថា ម្នាលមិគវៈ ឯងចូររៀបចំឧយ្យានភូមិ ឈ្មោះមិគាចីវៈ យើងនឹងទៅមើលទីដ៏សប្បាយ។ ឧយ្យានបាលឈ្មោះមិគវៈ ទទួល​ព្រះរាជឱង្ការព្រះបាទ​កោរព្យៈថា បពិត្រ​ព្រះសម្មតិទេព ព្រះករុណាវិសេស រួចហើយ ក៏រៀបចំ​ឱទ្យានមិគាចីរៈ បានឃើញ​ព្រះរដ្ឋបាលមានអាយុ កំពុង​គង់សម្រាកក្នុងវេលាថ្ងៃ ក្បែរគល់ឈើ១ដើម លុះឃើញហើយ ក៏ចូលទៅគាល់​ព្រះបាទ​កោរព្យៈ លុះចូលទៅដល់ហើយ ក្រាបទូលព្រះបាទកោរព្យៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ឱទ្យានមិគាចីរៈ របស់ព្រះអង្គស្អាតបាតហើយ ប៉ុន្តែក្នុងទីនោះ មាន​កុលបុត្រឈ្មោះរដ្ឋបាល ជាកូនរបស់ត្រកូលដ៏ប្រសើរ ក្នុងថុល្លកោដ្ឋិតនិគមនេះឯង ដែល​ព្រះអង្គតែងទ្រង់សរសើរដល់រឿយៗនោះ (ឥឡូវ) លោកគង់សម្រាកក្នុង​វេលាថ្ងៃ ក្បែរ​គល់ឈើ១ដើម។ ព្រះបាទកោរព្យៈត្រាស់ថា ម្នាលមិគវៈសំឡាញ់ ណ្ហើយចុះ ដំណើរ​ទៅលេង​ទីឱទ្យានថ្ងៃនេះ ឥឡូវនេះ ចូរឈប់សិនចុះ ឥឡូវនេះ យើងនឹង​ទៅអង្គុយ​ជិត​ព្រះរដ្ឋបាលដ៏ចំរើននោះវិញ។ ទើបព្រះបាទកោរព្យៈ​ត្រាស់ថា ចូរអ្នកទាំងឡាយ ចំណាយ​ខាទនីយភោជនីយាហារ ដែលបានតាក់តែង​ហើយទាំងអស់នោះចុះ ហើយព្រះអង្គ ឲ្យទឹមយានដ៏ល្អៗ ឡើងកាន់យានល្អ បរចេញអំពីថុល្លកោដ្ឋិតនិគម ដោយ​យានល្អៗ ដោយអានុភាព នៃស្តេចជាធំ ដើម្បី​ទ្រង់ទតព្រះរដ្ឋបាលមានអាយុ។ ទីដែលយានទៅបានត្រឹមណា ក៏ទ្រង់យាងទៅដោយយានត្រឹមនោះ ហើយទ្រង់ចុះអំពី​យាន យាងដោយព្រះបាទទទេ ដោយបរិស័ទអឺងកង ចូលសំដៅទៅរកព្រះរដ្ឋបាល​មានអាយុ លុះចូលទៅដល់ហើយ ក៏ទ្រង់រាក់ទាក់​ជាមួយនឹងព្រះរដ្ឋបាលមានអាយុ លុះបញ្ចប់​ពាក្យដែលគួរ​រាក់ទាក់ នឹងពាក្យដែលគួររលឹកហើយ ទ្រង់ឈរក្នុងទីដ៏សមគួរ។ លុះព្រះបាទកោរព្យៈ ទ្រង់ព្រះសណ្ឋិតក្នុងទីដ៏សមគួរហើយ ទ្រង់មានព្រះឱង្ការនឹង​ព្រះរដ្ឋបាលមានអាយុ យ៉ាងនេះថា ព្រះរដ្ឋបាលដ៏ចំរើន និមន្តគង់លើកម្រាលផ្កា​នេះចុះ។ ព្រះរដ្ឋបាលថ្វាយព្រះពរថា ណ្ហើយមហារាជ សូមព្រះអង្គទ្រង់គង់ចុះ អាត្មា​ភាព អង្គុយ​លើអាសនៈ ជារបស់ខ្លួនហើយ។ ព្រះបាទកោរព្យៈ ក៏ទ្រង់​គង់លើអាសនៈ ដែលគេក្រាលថ្វាយហើយ។

[២០២] លុះព្រះបាទកោរព្យៈ ទ្រង់គង់ស៊ប់ហើយ ក៏មានព្រះរាជឱង្ការនេះ នឹង​ព្រះរដ្ឋបាលមានអាយុថា បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យ៤យ៉ាងនេះ ដែល​ពួកមនុស្សខ្លះ ក្នុងលោកនេះចួបប្រទះហើយ តែងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់​សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស សេចក្តីសាបសូន្យ៤​យ៉ាង​ តើ​ដូចម្តេច គឺសេចក្តី​សាបសូន្យ​ព្រោះជរា១ សេចក្តីសាបសូន្យព្រោះព្យាធិ១ សេចក្តី​សាបសូន្យ​ភោគៈ១ សេចក្តីសាបសូន្យញាតិ១។

[២០៣] បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យ​ព្រោះជរា តើដូចម្តេច។ បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន មនុស្សពួកខ្លះក្នុងលោកនេះ ជាមនុស្សជរា ចំរើនហើយដោយ​វ័យ មានអាយុច្រើន ដល់នូវសេចក្តី​ថមថយដោយលំដាប់។ មនុស្សនោះពិចារណាឃើញ​ច្បាស់ថា ឥឡូវ​នេះ អាត្មាអញ គ្រាំគ្រា ចំរើនដោយវ័យ ចាស់មានអាយុច្រើន ដល់នូវ​សេចក្តី​ថមថយដោយលំដាប់ អាត្មាអញ មិនងាយនឹងធ្វើឲ្យបានភោគៈ ដែលមិនទាន់​បានផង មិនអាចនឹង​ធ្វើភោគៈ ដែលរកបានហើយ ឲ្យចំរើនឡើងផង បើដូច្នោះ គួរតែ​អាត្មាអញកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញ​ចាកផ្ទះទៅបួស។ មនុស្សនោះ ចួបប្រទះសេចក្តីសាបសូន្យ ព្រោះជរានោះហើយ ទើប​បានកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញ​ចាកផ្ទះទៅបួស បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន នេះហៅថា សេចក្តីសាបសូន្យព្រោះជរា។ ដូចយ៉ាង​ព្រះរដ្ឋបាលដ៏ចំរើន ឥឡូវ​នេះនៅក្មេងកំឡោះ មានសក់ខ្មៅរលើប កំពុង​ប្រកប​ដោយវ័យ​ដ៏ចំរើន ដែលជាបឋមវ័យ ព្រះរដ្ឋបាលដ៏ចំរើន មិនឈ្មោះថា មានសេចក្តី​សាបសូន្យ​ព្រោះជរានោះទេ។ ព្រះរដ្ឋបាលដ៏ចំរើន ដឹងហើយ ឃើញហើយ ឬឮអ្វីហើយ បានជាចេញចាកផ្ទះ ទៅបួស។

[២០៤] បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យព្រោះព្យាធិ តើដូចម្តេច។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន មនុស្សខ្លះ ក្នុងលោកនេះ ជាអ្នកមានអាពាធ ដល់​នូវ​សេចក្តី​ទុក្ខឈឺធ្ងន់។ មនុស្សនោះ ពិចារណា​ឃើញច្បាស់ថា ឥឡូវនេះ អាត្មាអញមានអាពាធ ដល់​នូវ​សេចក្តីទុក្ខឈឺធ្ងន់ ថែមទាំង អាត្មាអញ មិនងាយ​នឹងធ្វើភោគៈ ដែល​មិនទាន់​បាន​ឲ្យបានផង មិនអាច​នឹងធ្វើភោគៈ ដែលបានហើយ ឲ្យបានចំរើនឡើងផង បើដូច្នោះ គួរ​តែអាត្មាអញកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញ​ចាកផ្ទះទៅ​បួស។ មនុស្សនោះ ចួបប្រទះសេចក្តីសាបសូន្យ ព្រោះព្យាធិនោះហើយ ក៏កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញ​ចាកផ្ទះទៅបួស បពិត្រព្រះ​រដ្ឋបាល ដ៏ចំរើន នេះហៅថា សេចក្តីសាបសូន្យព្រោះព្យាធិ។ ចំណែក​ខាង​ព្រះរដ្ឋបាលដ៏​ចំរើន ឥឡូវនេះ គ្មានអាពាធ ឥតទុក្ខ ប្រកបដោយគហណីធាតុ គឺកម្មជតេជោធាតុ34) កំពុងឲ្យ​ផលស្មើ គឺមិនត្រជាក់ពេក មិនក្តៅពេក ព្រះរដ្ឋបាល​ដ៏ចំរើន មិនមានសេចក្តីសាបសូន្យ ព្រោះព្យាធិនោះទេ។ ព្រះរដ្ឋបាលដ៏ចំរើន បានដឹង បានឃើញ ឬបានឮអ្វីហើយ បានជាចេញចាកផ្ទះទៅបួស។

[២០៥] បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យភោគៈ តើដូចម្តេច។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន មនុស្សខ្លះក្នុងលោកនេះ ជាមនុស្សស្តុកស្តម្ភ មានទ្រព្យ​ច្រើន មានភោគៈច្រើន តែភោគៈទាំងនោះ របស់អ្នកនោះ ក៏ដល់នូវការអស់​រលីងទៅ ដោយលំដាប់។ អ្នកនោះពិចារណាឃើញថា អាត្មាអញ ធ្លាប់​ជាអ្នកស្តុកស្តម្ភ មានទ្រព្យ​ច្រើន មានភោគៈច្រើនមកអំពីមុនហើយ តែភោគៈទាំងនោះ របស់អាត្មាអញនោះ បានដល់នូវការអស់រលីងទៅ ដោយលំដាប់ហើយ ថែមទាំងអាត្មាអញ មិនអាច​នឹងធ្វើ​ភោគៈដែលមិនទាន់បាន ឲ្យបានដោយងាយឡើយផង មិនអាចនឹង​ធ្វើភោគៈ ដែល​បានហើយ ឲ្យចំរើន​ឡើងបានផង បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយ ចេញចាកផ្ទះ ទៅបួស។ អ្នកនោះ ចួបប្រទះសេចក្តីសាប​សូន្យ​ភោគៈ​នោះហើយ ក៏កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញ​ចាកផ្ទះទៅបួស បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន នេះហៅថា សេចក្តី​សាបសូន្យ​ភោគៈ។ ចំណែកព្រះរដ្ឋបាលដ៏ចំរើន ជាកូនអ្នកមានត្រកូល​ដ៏ប្រសើរ ក្នុងថុល្លកោដ្ឋិតនិគមនេះ​ឯង ព្រះរដ្ឋបាលដ៏ចំរើន មិនឈ្មោះថា មានសេចក្តី​សាបសូន្យភោគៈទេ។ ព្រះរដ្ឋបាល​ដ៏ចំរើន ដឹងហើយ ឃើញហើយ ឬឮអ្វីហើយ បានជាចេញចាកផ្ទះ​ទៅបួស។

[២០៦] បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យញាតិ តើដូចម្តេច។ បពិត្រ​ព្រះរដ្ឋបាល​ដ៏ចំរើន មនុស្សខ្លះក្នុងលោកនេះ មានពួកមិត្រ អាមាត្យ ញាតិសាលោហិតច្រើន ជនជាញាតិទាំងនោះ របស់អ្នកនោះ ក៏ដល់នូវសេចក្តី​ព្រាត់ប្រាសទៅដោយលំដាប់។ អ្នកនោះ ពិចារណាឃើញច្បាស់ថា ពីដើម អាត្មាអញ​មានពួកមិត្រ អាមាត្យ ញាតិសាលោហិតច្រើន តែពួកជនជាញាតិទាំងនោះ របស់​អាត្មាអញ​នោះ ក៏ដល់នូវសេចក្តីព្រាត់ប្រាសទៅដោយលំដាប់ ថែមទាំងអាត្មាអញ មិនងាយ​នឹងធ្វើ​ភោគៈ ដែលមិនទាន់បាន ឲ្យបានផង មិនអាចនឹង​ធ្វើភោគៈ ដែល​បាន​ហើយ ឲ្យចំរើន​ឡើងបានផង បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ទៅបួស។ អ្នកនោះ ចួបប្រទះសេចក្តីសាប​សូន្យញាតិ​នោះ ក៏កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញ​ចាកផ្ទះទៅបួស បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន នេះហៅថា សេចក្តី​សាបសូន្យញាតិ។ ចំណែកព្រះរដ្ឋបាលដ៏ចំរើន មានពួកមិត្រ អាមាត្យ ញាតិសាលោហិតច្រើន ក្នុង​ថុល្លកោដ្ឋិតនិគមនេះ​ឯង ព្រះរដ្ឋបាលដ៏ចំរើន មិនឈ្មោះថា មានសេចក្តី​សាបសូន្យ​ញាតិ​ទេ។ ព្រះរដ្ឋបាល​ដ៏ចំរើន ដឹងហើយ ឃើញហើយ ឬឮអ្វីហើយ បានជាចេញចាកផ្ទះ​ទៅបួស។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីសាបសូន្យ​ទាំង៤យ៉ាងនេះហើយ ជាហេតុ​ឲ្យ​មនុស្សក្នុងលោកនេះ ដែលចួបប្រទះហើយ តែងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់សំពត់​កាសាយៈ ចេញចាកផ្ទះទៅបួស។ ព្រះរដ្ឋបាលដ៏ចំរើន មិនមានសេចក្តី​សាបសូន្យទាំងនោះទេ។ ព្រះរដ្ឋបាលដ៏ចំរើន ដឹងហើយ ឃើញហើយ ឬឮអ្វីហើយ បានជាចេញចាកផ្ទះទៅបួស។

[២០៧] ព្រះរដ្ឋបាលថ្វាយព្រះពរថា បពិត្រ​មហារាជ មាន ធម្មុទ្ទេស ៤ប្រការ ដែល​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​សំដែងហើយ ដែលអាត្មាភាព បានដឹងផង ឃើញផង ឮហើយផង ទើបចេញចាក​ផ្ទះ​ទៅបួស។ ធម្មុទ្ទេស៤ យ៉ាង តើដូចម្តេច។ បពិត្រមហារាជ ធម្មុទ្ទេស ទី១ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយថា សត្វលោកមិនទៀង តែងត្រូវ​ជរានាំចូលទៅ (រកមរណៈ) ដូច្នេះ ដែលអាត្មាភាព​បានដឹង​ផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស បពិត្រមហារាជ ធម្មុទ្ទេសទី២ ព្រះមាន​ព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយថា សត្វលោកមិនមានគ្រឿងការពារ មិនមាន​ទីពឹងឡើយ ដូច្នេះ ដែលអាត្មាភាព​បានដឹង​ផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស បពិត្រមហារាជ ធម្មុទ្ទេសទី៣ ព្រះមានបុណ្យ ព្រះអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​សំដែង​ហើយថា សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងពួង ដូច្នេះ ដែលអាត្មាភាព​បានដឹង​ផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស បពិត្រមហារាជ ធម្មុទ្ទេសទី៤ ព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយថា សត្វលោកមានតែ​សេចក្តីខ្វះខាត មិនចេះឆ្អែត សុទ្ធតែជាខ្ញុំ​របស់តណ្ហា ដូច្នេះ ដែលអាត្មាភាព​បានដឹង​ផង ឃើញផង ឮផង ហើយចេញចាកផ្ទះទៅបួស។ បពិត្រមហារាជ ធម្មុទ្ទេសទាំង៤ យ៉ាងនេះឯង ដែលព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយ ជាធម៌ដែលអាត្មាភាពបានដឹង បានឃើញ បានស្តាប់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។

[២០៨] ព្រះបាទកោរព្យៈត្រាស់សួរថា ព្រះរដ្ឋបាលដ៏ចំរើនសំដែងថា សត្វលោក​មិនទៀង តែងត្រូវ​ជរានាំចូលទៅ (រកមរណៈ) បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីនៃ​ភាសិតនេះ តើត្រូវយល់ដោយប្រការដូចម្តេច។ ថ្វាយព្រះពរមហារាជ កាលដែល​មហាបពិត្រ មានព្រះជន្មចូលក្នុងរវាង២០ឆ្នាំផង គ្រប់២០ឆ្នាំហើយផង បានស្ទាត់ខាង​វិជ្ជាដំរីផង ស្ទាត់ខាង​វិជ្ជាសេះផង ស្ទាត់ខាង​វិជ្ជារថផង ស្ទាត់ខាង​វិជ្ជាធ្នូផង ស្ទាត់ខាង​វិជ្ជា​ដងដាវផង បរិបូណ៌​ដោយកំឡាំង​ព្រះឧរូ (ភ្លៅ) បរិបូណ៌​ដោយកំឡាំងព្រះពាហុ (ដើមដៃ) អង់អាចចុះសង្គ្រាមបាន តើព្រះអង្គ សំគាល់សេចក្តីក្នុងពេលនោះ ថាដូចម្តេច។ បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន កាលដែលខ្ញុំមានអាយុ ចូលក្នុងរវាង២០ឆ្នាំផង គ្រប់២០ឆ្នាំហើយផង បានស្ទាត់ខាង​វិជ្ជាដំរីផង ស្ទាត់ខាង​វិជ្ជាសេះផង ស្ទាត់ខាង​វិជ្ជារថផង ស្ទាត់ខាង​វិជ្ជា​ធ្នូផង ស្ទាត់ខាង​វិជ្ជាដងដាវផង មានកំឡាំងភ្លៅ មានកំឡាំងដៃ អង់អាចចុះសង្គ្រាមបាន បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន ចួនណាខ្ញុំសំគាល់ហាក់ដូចជាអ្នកមានឫទ្ធិ មិនសំគាល់ឃើញអ្នក​ណាថា ស្មើដោយកំឡាំងរបស់ខ្លួនបាន។ មហាបពិត្រ ព្រះអង្គសំគាល់សេចក្តី​នោះ ដូចម្តេច ឥឡូវនេះ ព្រះអង្គបរិបូណ៌​ដោយកំឡាំងព្រះឧរូ បរិបូណ៌​ដោយកំឡាំង​ព្រះពាហុ អង់អាចចុះសង្គ្រាមបាន ដូចកាលពីដើមយ៉ាងនោះដែរឬ។ បពិត្រព្រះរដ្ឋបាល​ដ៏ចំរើន ហេតុនោះមិនដូច្នោះទេ ឥឡូវនេះ ខ្ញុំជរាហើយ ចំរើនដោយវ័យចាស់ មានអាយុច្រើន ដល់នូវ​សេចក្តីថមថយដោយលំដាប់ វ័យខ្ញុំដល់៨០ឆ្នាំប្លាយហើយ បពិត្រព្រះរដ្ឋបាល​ដ៏ចំរើន ចួនណាខ្ញុំគិតថា នឹងជាន់ត្រង់នេះ ខ្ញុំត្រឡប់ជាជាន់កន្លែងឯទៀតវិញ។ បពិត្រ​មហារាជ ពាក្យថា សត្វលោកមិនទៀង តែងត្រូវជរានាំចូលទៅ (រក​មរណៈ) នេះឯង ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់ត្រាស់សំដៅដល់ហេតុនោះ ដែលអាត្មាភាពបានដឹង បានឃើញ បានឮ ហើយចេញ​ចាកផ្ទះទៅបួស។ បពិត្រព្រះរដ្ឋបាល​ដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ហេតុដែលមិនដែលកើត លោតែកើតបាន ពាក្យថា សត្វលោកមិនទៀង តែងត្រូវជរានាំចូល​ទៅ (រកមរណៈ) ដែលព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះ​អង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់ត្រាស់ហើយនេះ ប្រាកដជាទ្រង់សំដែង​ត្រូវពិត​ហើយ បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន សត្វលោកមិនទៀង តែងត្រូវជរានាំចូលទៅ (រកមរណៈ) ពិតមែន បពិត្រព្រះរដ្ឋបាលដ៏ចំរើន តែក្នុងរាជត្រកូលនេះ មានពួកពលដំរីផង ពួក​ពលសេះផង ពួកពលរថផង ពួកពលថ្មើរជើងផង ចាំការពារសេចក្តីអន្តរាយដល់ខ្ញុំ​ដែរ។

[២០៩] ព្រះរដ្ឋបាលដ៏ចំរើនសំដែងថា សត្វលោកមិនមានគ្រឿងការពារ មិន​មានទីពឹង បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីនៃភាសិតនេះ តើត្រូវយល់ដោយ​ប្រការ​ដូចម្តេច។ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច ព្រះអង្គធ្លាប់​មានអាពាធ ទាល់តែផ្ទំដាបលើទីបន្ទំខ្លះដែរឬ។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំធ្លាប់មានអាពាធ ទាល់​តែដាបនៅលើបន្ទំដែរ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ចួនណាពួកមិត្រ អាមាត្យ ញាតិ​សាលោហិត ឈរចោមរោមខ្ញុំ និយាយថា ព្រះបាទកោរព្យៈ ទ្រង់នឹងទិវង្គតឥឡូវនេះ ព្រះបាទកោរព្យៈ ទ្រង់នឹងទិវង្គត ឥឡូវនេះ។ បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តី​នោះ ដូចម្តេច ព្រះអង្គបានពួកមិត្រ អាមាត្យ ញាតិសាលោហិតទាំងនោះ ដោយការ​អង្វរឲ្យជួយថា ពួកមិត្រ អាមាត្យ ញាតិសាលោហិតដ៏ចំរើន របស់អញ ចូរនាំគ្នាមក សូមឲ្យអ្នកទាំងអស់គ្នា រំលែក​យកវេទនានោះ ដែលជាហេតុឲ្យខ្ញុំសោយវេទនា​បានស្រាលបន្តិច ដូច្នេះដែរឬ ឬក៏ព្រះអង្គសោយវេទនាតែមួយ​ព្រះអង្គឯងទេ។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំមិនបានពួកមិត្រ អាមាត្យ ញាតិសាលោហិតទាំងនោះ ដោយសេចក្តីអង្វរថា សូមឲ្យអ្នកទាំងអស់គ្នា រំលែក​យកវេទនានេះ ដែលជាហេតុឲ្យខ្ញុំ​បាន​សោយវេទនា​ស្រាលបន្តិច ដូច្នេះទេ មានតែខ្ញុំត្រូវសោយ​វេទនានោះ តែឯងប៉ុណ្ណោះ។ បពិត្រមហារាជ ត្រង់ពាក្យថា សត្វលោកឥតមានគ្រឿង​ការពារ ឥត​ទីពឹង នេះឯង ដែលព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដៅយកហេតុនោះ ដែលអាត្មាភាពបានដឹង បានឃើញ បានឮហើយ ចេញចាកផ្ទះទៅបួស។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ហេតុដែលមិនដែលកើត លោតែកើតបាន ពាក្យថា សត្វលោក មិនមានគ្រឿងការពារ មិនមានទីពឹង ដែលព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយនេះ ពេញទីជាសុភាសិត បពិត្រព្រះរដ្ឋបាលដ៏ចំរើន ព្រោះថាសត្វលោក មិនមាន​គ្រឿង​ការពារ មិនមានទីពឹងពិតមែន បពិត្រព្រះរដ្ឋបាលដ៏ចំរើន តែក្នុងរាជត្រកូលនេះ មានមាស​ប្រាក់ច្រើន តាំងនៅលើផែនដីខ្លះ តាំងនៅលើធ្នើរខ្លះដែរ។

[២១០] ព្រះរដ្ឋបាលដ៏ចំរើន សំដែងថា សត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងពួងទៅ ដូច្នេះ បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីនៃភាសិតនេះ តើត្រូវ​យល់ដោយប្រការដូចម្តេច។ បពិត្រព្រះរាជសម្ភារ ព្រះអង្គសំគាល់​សេចក្តី​នោះ ថាដូចម្តេច។ ឥឡូវនេះ ព្រះអង្គបានឆ្អែតស្កប់ស្កល់គ្រប់សព្វ ឲ្យគេបម្រើដោយកាមគុណ​ទាំង៥យ៉ាងណា តទៅលោកខាងមុខទៀត ព្រះអង្គនឹងបានដូចបំណងថា អាត្មាអញ គង់​បានឆ្អែតស្កប់ស្កល់សព្វគ្រប់ ឲ្យគេបម្រើដោយកាមគុណទាំង៥នេះឯង យ៉ាងនោះទៀតដែរ​ឬ ឬក៏ពួកជនដទៃ នឹងគ្រប់គ្រងភោគសម្បត្តិនេះ (ជំនួស) ចំណែក​ព្រះអង្គនឹងទ្រង់ស្តេចទៅតាមយថាកម្ម។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ឥឡូវខ្ញុំបានឆ្អែត​ស្កប់ស្កល់សព្វគ្រប់ ឲ្យគេបម្រើដោយកាមគុណទាំង៥ យ៉ាងណា ដល់ទៅខាងមុខ ខ្ញុំនឹង​មិនបានដូចបំណងថា ខ្ញុំគង់បានឆ្អែតស្កប់ស្កល់សព្វគ្រប់ ឲ្យគេបម្រើដោយកាមគុណ​ទាំង៥នេះឯង យ៉ាងនោះទៀតទេ តាមពិត ពួកជនដទៃ គ្រប់គ្រងភោគសម្បត្តិ (ជំនួស) ចំណែកខាងខ្ញុំ​ នឹងទៅតាមយថាកម្ម។ បពិត្រមហារាជ ត្រង់ពាក្យថា សត្វលោកសុទ្ធតែគ្មានអ្វីជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងអស់ នេះឯងដែល​ព្រះមានបុណ្យ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​ត្រាស់សំដៅយកហេតុនោះ ដែលអាត្មាភាព បានដឹងផង បានឃើញផង បានឮផង ហើយចេញចាកផ្ទះទៅបួស។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន អស្ចារ្យណាស់ បពិត្រ​ព្រះរដ្ឋបាលដ៏ចំរើន ហេតុដែលមិនដែលកើត លោតែកើតបាន ពាក្យថា សត្វលោក​សុទ្ធ​តែមិនមានអ្វីជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងពួងទៅ ដែលព្រះមានបុណ្យ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយនេះ ពេញទីជាសុភាសិត បពិត្រព្រះរដ្ឋបាលដ៏ចំរើន ព្រោះថា សត្វលោកសុទ្ធតែមិនមានអ្វី ជារបស់ខ្លួន ត្រូវតែលះបង់របស់ទាំងពួងទៅមែន។

[២១១] ព្រះរដ្ឋបាលដ៏ចំរើន សំដែងថា សត្វលោកសុទ្ធតែមានសេចក្តី​ខ្វះខាត មិនចេះឆ្អែត ជាខ្ញុំនៃតណ្ហា បពិត្រព្រះរដ្ឋបាលដ៏ចំរើន សេចក្តីនៃភាសិតនេះ តើត្រូវ​យល់ដោយប្រការដូចម្តេច។ បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តី​នោះ ថាដូចម្តេច ព្រះអង្គគ្រប់គ្រងដែនកុរុ ដែលជាដែនស្តុកស្តម្ភហើយឬ។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំគ្រប់គ្រងដែនកុរុ ដែលជាដែនស្តុកស្តម្ភមែន។ បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តី​នោះដូចម្តេច បុរសរបស់ព្រះអង្គក្នុងទីនេះ ដែលគួរជឿពាក្យ គួរទទួលស្តាប់ពាក្យបាន មកអំពីទិសខាងកើត។ បុរសនោះចូលមកគាល់ព្រះអង្គ ហើយក្រាបបង្គំទូលយ៉ាង​នេះថា បពិត្រមហារាជ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះអង្គជ្រាប ខ្ញុំព្រះអង្គទើបនឹង​មកអំពី​ទិសខាងកើត បានឃើញជនបទធំ ក្នុងទិសនោះ ជាជនបទមាំមួន ស្តុកស្តម្ភ មានជន​ច្រើន មានមនុស្សកុះករ ក្នុងជនបទនោះ មានពួក​ពលដំរី ពលសេះ ពលរថ និងពលថ្មើរ​ជើងជាច្រើន ក្នុងជនបទនោះ មានភ្លុក និងស្បែកជាច្រើន ក្នុងជនបទនោះ មានមាស​ប្រាក់ ដែលគេមិនទាន់ធ្វើខ្លះ ធ្វើរួចហើយខ្លះជាច្រើន ក្នុងជនបទនោះ មានបរិវារស្ត្រីជាច្រើន ព្រះអង្គអាចនឹងច្បាំងយកបាន ដោយកំឡាំង​ពលត្រឹមប៉ុណ្ណោះ បពិត្រមហារាជ សូមព្រះអង្គច្បាំងយក តើព្រះអង្គនឹងធ្វើជនបទនោះ ដូចម្តេច។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំត្រូវតែច្បាំងដណ្តើមយកជនបទនោះ មកគ្រប់គ្រងឲ្យបាន។ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះថា ដូចម្តេច បុរសរបស់ព្រះអង្គក្នុងទីនេះ ដែល​គួរជឿពាក្យ គួរស្តាប់ពាក្យបាន មកអំពីទិសខាងលិច… អំពីទិសខាងជើង… អំពី​ទិសខាងត្បូង… អំពីប្រទេស​ខាងនាយសមុទ្រ។ បុរសនោះ ចូលមកគាល់ព្រះអង្គ ហើយ​ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះអង្គ​ទ្រង់ជ្រាប ខ្ញុំព្រះអង្គទើបនឹងមក អំពីប្រទេសខាងនាយសមុទ្រ បានឃើញ​ជនបទ​ធំ នៅក្បែរ​សមុទ្រនោះ ជាជនបទស្តុកស្តម្ភមាំមួន មានជនច្រើន មានមនុស្សកុះករ ក្នុងជន​បទនោះ មានពលដំរី ពលសេះ ពលរថ និងពលថ្មើរជើងច្រើន ក្នុងជនបទនោះ មានភ្លុក​ និងស្បែកច្រើន ក្នុងជនបទនោះ មានមាសប្រាក់ ដែលគេរចនា​ហើយខ្លះ មិនទាន់​រចនា​ខ្លះជាច្រើន ក្នុងជនបទនោះ មានបរិវារស្ត្រីច្រើន ព្រះអង្គអាចច្បាំងយក ដោយពលត្រឹម​ប៉ុណ្ណោះ បពិត្រមហារាជ សូមព្រះអង្គច្បាំងយក តើព្រះអង្គនឹងធ្វើជនបទនោះ ដូចម្តេច។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន ខ្ញុំត្រូវតែច្បាំង ដណ្តើមយកជនបទនោះ គ្រប់គ្រងឲ្យបាន។ ព្រះរដ្ឋបាលថ្វាយព្រះពរថា បពិត្រមហារាជ ពាក្យថា សត្វលោក​សុទ្ធតែខ្វះខាត មិនចេះ​ឆ្អែត ជាខ្ញុំនៃតណ្ហា នេះឯងដែលព្រះមានជោគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់សំដៅយក​ហេតុនោះ ដែលអាត្មាភាព បានដឹង​ បានឃើញ បានឮហើយ ចេញចាកផ្ទះ មកបួស។ បពិត្រព្រះរដ្ឋបាលដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះរដ្ឋបាលដ៏ចំរើន មិនដែល​មានឡើយ ពាក្យដែលថា សត្វលោក សុទ្ធតែមានសេចក្តីខ្វះខាត មិនចេះឆ្អែត សុទ្ធតែជាខ្ញុំនៃតណ្ហា ដែលព្រះមានបុណ្យ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយនេះ ពេញទីជាសុភាសិត បពិត្រព្រះរដ្ឋបាលដ៏ចំរើន ព្រោះថា សត្វលោកសុទ្ធតែមានសេចក្តី​ខ្វះខាត មិនចេះឆ្អែត សុទ្ធតែជាខ្ញុំនៃតណ្ហាមែន។

[២១២] ព្រះរដ្ឋបាលមានអាយុ បានសំដែងធម្មុទ្ទេសនេះ លុះសំដែង​ធម្មុទ្ទេស​នេះ​រួចហើយ ទើបបានសំដែងគាថាព័ន្ធនេះតទៅទៀតថា

អាត្មាភាពឃើញ ពួកមនុស្សអ្នកមានទ្រព្យក្នុងលោក បានទ្រព្យគាប់ចិត្តហើយ មិន​ឲ្យ(ទាន) ព្រោះតែសេចក្តីវង្វេង រមែងធ្វើនូវការសន្សំ ព្រោះជាប់ចំពាក់នឹងទ្រព្យ រឹងរឹតតែប្រាថ្នានូវកាមទាំងឡាយ ឲ្យក្រៃលែងទៅទៀត ព្រះរាជាប្រាបប្រាម ឈ្នះ​មនុស្សលើផែនដី ហើយគ្រប់គ្រង​សម្បត្តិលើផែនដី មានសមុទ្រជាទីបំផុត នៅតែ​មិនស្កប់នឹងប្រទេស​ខាងអាយសមុទ្រ តែងប្រាថ្នានូវប្រទេស​ខាងនាយសមុទ្រទៀត ព្រះរាជាក្តី មនុស្សទាំងឡាយដទៃច្រើនក្តី តែមិនទាន់អស់តណ្ហាហើយ រមែង​ចូល​ទៅកាន់សេចក្តីស្លាប់ មានសភាពជាអ្នកមានសេចក្តីខ្វះខាត តែងមិនលះបង់​នូវ​រាងកាយឡើយ ឈ្មោះថា សេចក្តីឆ្អែតឆ្អន់ ដោយកាមទាំងឡាយ រមែងមិនមាន​ក្នុង​លោកជាដាច់ខាត ពួកញាតិ រំសាយសក់ទាំងឡាយ ហើយកន្ទក់កន្ទេញ នឹង​អ្នកស្លាប់នោះថា ឱហ្ន៎ ញាតិយើងស្លាប់ហើយ យកបុគ្គលស្លាប់នោះ ដែលរុំដោយ​សំពត់ នាំទៅដល់ជើងថ្ករហើយដុត ក្នុងទីនោះ បុគ្គលស្លាប់នោះ លះបង់​ភោគៈ​ទាំងឡាយ នៅតែសំពត់មួយ ត្រូវគេចាក់ដោយ​ឈើសូល៍ ត្រូវភ្លើងឆេះ គ្រឿង​ការពារ​ទាំងឡាយ រមែងមិនមានដល់បុគ្គល​ស្លាប់ទេ មានតែពួកញាតិមិត្រ ឬពួក​សំឡាញ់ជាទាយាទ35) នាំយកទ្រព្យ​របស់បុគ្គល​ស្លាប់​នោះទៅ ចំណែក​សត្វក៏ទៅតាមយថាកម្ម ទ្រព្យបន្តិចបន្តួច រមែងមិនទៅ​តាមបុគ្គល​ស្លាប់ឡើយ ពួកកូនប្រពន្ធ ទ្រព្យ និងដែន ក៏មិនជាប់តាមទៅទេ បុគ្គល​មិនបាន​អាយុវែង ព្រោះទ្រព្យទេ ទាំង​មិនមែនលះបង់ជរាបាន ព្រោះទ្រព្យ​ដែរ អ្នកប្រាជ្ញពោលថា ជីវិតនេះ តិចពេកណាស់ មិនទៀងទាត់ មានសភាព​ប្រែប្រួល​ជាធម្មតា ពួកអ្នកស្តុកស្តម្ភក្តី អ្នកកំសត់ក្តី តែងពាល់ត្រូវនូវ​សម្ផ័ស្សស្លាប់ ទាំង​ពាល ទាំងប្រាជ្ញ ក៏ពាល់ត្រូវដូច្នោះដែរ តែថា មនុស្សពាល រមែង​ដេកទាំងតក់ស្លុត ព្រោះ​សេចក្តីល្ងង់ ចំណែក​អ្នកប្រាជ្ញ បើទុកជាពាល់ត្រូវ​សម្ផ័ស្សស្លាប់ ក៏​មិនញាប់​ញ័រឡើយ ព្រោះហេតុនោះ បុគ្គល​បានដល់អរហត្តផល ជាទីបំផុតកិច្ច ក្នុងលោក​នេះ ដោយបញ្ញាណា បញ្ញានោះ ប្រសើរវិសេសជាងទ្រព្យ ព្រោះតែខ្លួន​មិនទាន់​ដល់​កិច្ចជាទីបំផុត ពួកជនរមែង​ធ្វើអំពើអាក្រក់ ក្នុងភពតូច និងភពធំទាំងឡាយ ព្រោះតែសេចក្តីវង្វេង បុគ្គល រមែងចូលទៅកាន់គភ៌ផង កាន់លោក​ខាងមុខផង ព្រោះ​ដល់នូវការអន្ទោលទៅតៗគ្នា បុគ្គលអប្បប្រាជ្ញា ជឿបុគ្គលនោះ ក៏ចូលទៅកាន់គភ៌​ផង កាន់លោកខាងមុខផង ចោរកាន់ធម៌អាក្រក់ ដែល​គេចាប់បាន ត្រង់កន្លែង​ទី-ត ត្រូវគេបៀតបៀន ព្រោះកម្មរបស់ខ្លួន តើយ៉ាងណា ពួកសត្វកាន់ធម៌អាក្រក់ លះលោក​នេះទៅហើយ រមែងក្តៅក្រហាយ ព្រោះកម្មរបស់ខ្លួន ក្នុងលោកខាងមុខ យ៉ាងនោះដែរ ព្រោះតែកាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ និងជាទីរីករាយដល់​ចិត្ត តែងញាំញីនូវចិត្ត ដោយសភាវៈផ្សេងៗ បពិត្រមហារាជ ព្រោះហេតុនោះ អាត្មាភាព ឃើញទោសក្នុងកាមគុណទាំងឡាយហើយ បានជាបួស មនុស្សទាំងឡាយ ទាំងក្មេង ទាំងចាស់ លុះបែកធ្លាយសរីរៈហើយ រមែង​ជ្រុះចុះ ដូច​ជាផ្លែឈើទាំងឡាយ បពិត្រមហារាជ អាត្មាភាព បានយល់ច្បាស់ នូវហេតុនេះ​ថា សមណភាព ជាការប្រតិបត្តិមិនខុស ប្រសើរជាទីបំផុត ដូច្នេះបានជាបួស។

ចប់ រដ្ឋបាលសូត្រ ទី២។

មឃទេវសូត្រ ទី៣

(៣. មឃទេវសុត្តំ)

[២១៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​មឃទេវម្ពវ័ន36) ជិតក្រុងមិថិលា។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ធ្វើអាការញញឹម ព្រះឱស្ឋឲ្យប្រាកដ ក្នុងប្រទេសមួយ។ លំដាប់នោះ ព្រះអានន្ទមានអាយុ បានត្រិះរិះដូច្នេះថា ហេតុអ្វីហ្ន៎ បច្ច័យអ្វីហ្ន៎ បណ្តាល​ឲ្យ​ព្រះមានព្រះភាគ ទ្រង់ធ្វើអាការញញឹម ព្រះឱស្ឋឲ្យប្រាកដ ព្រះតថាគតទាំងឡាយ ទ្រង់មិនធ្វើអាការញញឹម ព្រះឱស្ឋឲ្យប្រាកដ ដោយការឥតហេតុអ្វីឡើយ។ ខណៈនោះ ព្រះអានន្ទមានអាយុ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលីទៅរក​ព្រះមានព្រះភាគ ហើយក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុអ្វីហ្ន៎ បច្ច័យ​អ្វីហ្ន៎ បណ្តាល​ឲ្យព្រះមានព្រះភាគ ទ្រង់ធ្វើអាការញញឹម​ ព្រះឱស្ឋឲ្យប្រាកដ ព្រះតថាគត​ទាំងឡាយ ទ្រង់មិនធ្វើអាការ​ញញឹម​ ព្រះឱស្ឋឲ្យប្រាកដ ដោយ​ការឥត​ហេតុឡើយ។

[២១៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលអានន្ទ រឿងធ្លាប់មានមកហើយ ក្នុង​នគរ​មិថិលានេះឯង មានព្រះរាជាទ្រង់​ព្រះនាមថា មឃទេវៈ ជាធម្មរាជ ប្រកបដោយធម៌ ជា​មហារាជ ទ្រង់ឋិតនៅក្នុងធម៌ ទ្រង់​ប្រព្រឹត្ត​ធម៌ ក្នុងពួក​អ្នកនិគម និងអ្នកជនបទ ជា​ព្រាហ្មណជាតិ និងគហបតិជាតិ តែងចូលរក្សាឧបោសថ ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃ​បក្ស។ ម្នាលអានន្ទ លុះច្រើនឆ្នាំ ច្រើនរយឆ្នាំ និងច្រើនពាន់ឆ្នាំ កន្លងទៅហើយ ទើប​ព្រះបាទ​មឃទេវរាជ ទ្រង់ត្រាស់ហៅខ្មាន់ព្រះកេសមកថា ម្នាលខ្មាន់ព្រះកេសសំឡាញ់ បើអ្នកឃើញសក់ស្កូវ លើក្បាលរបស់អញ ក្នុងកាលណាហើយ អ្នកគប្បីប្រាប់អញ ក្នុងកាល​នោះ។ ម្នាលអានន្ទ ខ្មាន់ព្រះកេស បានទទួលព្រះបន្ទូល ​នៃព្រះបាទ​មឃទេវរាជថា ព្រះករុណាព្រះអង្គ។ ម្នាលអានន្ទ លុះច្រើនឆ្នាំ ច្រើនរយឆ្នាំ និងច្រើន​ពាន់ឆ្នាំ កន្លងទៅហើយ ទើបខ្មាន់ព្រះកេស បានឃើញសក់ស្កូវ លើព្រះសិរ នៃព្រះបាទ​មឃទេវរាជ លុះឃើញហើយ ទើបក្រាបទូល​ព្រះបាទ​មឃទេវរាជ ដូច្នេះថា ទេវទូត ប្រាកដច្បាស់ ដល់ព្រះអង្គហើយ ព្រះកេសាស្កូវ កើតលើព្រះសិរហើយ។ ព្រះបាទមឃទេវរាជត្រាស់ថា ម្នាលខ្មាន់ព្រះកេសសំឡាញ់ បើដូច្នោះ ចូរអ្នកដកសក់​ស្កូវនោះ ដោយ​សណ្ឌាសឲ្យស្រួល ហើយដាក់លើម្រាមដៃ នៃអញមើល។ ម្នាលអានន្ទ ខ្មាន់ព្រះកេស បានទទួលព្រះបន្ទូល ​នៃព្រះបាទមឃទេវរាជថា ព្រះករុណាព្រះអង្គ ហើយបានដកសក់ស្កូវនោះ ដោយសណ្ឌាសឲ្យស្រួល ហើយដាក់លើម្រាមព្រះហស្ត នៃ​ព្រះបាទ​មឃទេវរាជ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមឃទេវរាជ ទ្រង់ព្រះរាជទាន​ស្រុកសួយ ដល់ខ្មាន់ព្រះកេស ហើយទ្រង់ឲ្យហៅព្រះរាជកុមារ ជាបុត្តច្បងមក ទ្រង់​មាន​ព្រះបន្ទូល ​ដូច្នេះថា ម្នាលកុមារកូន ទេវទូតប្រាកដច្បាស់ ដល់បិតាហើយ សក់ស្កូវក៏​កើតមានលើក្បាលហើយ មួយទៀត កាមដែលជារបស់មនុស្ស បិតាក៏បានបរិភោគស្កប់​ស្កល់ហើយ ឥឡូវនេះ ជាសម័យគួរដើម្បីស្វែងរក នូវកាម​ជាទិព្វវិញ ម្នាលកុមារកូន កូន​ចូរមកគ្រប់គ្រងរាជសម្បត្តិនេះចុះ ចំណែកបិតា នឹងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស​ ម្នាលកុមារកូន បើកូន​ឯង បានឃើញសក់ស្កូវ លើក្បាលក្នុងកាលណាហើយ កូនគប្បីឲ្យស្រុកសួយ ដល់ខ្មាន់​ព្រះកេស ហើយប្រដៅនូវព្រះរាជកុមារ ដែលជាបុត្តច្បង ក្នុងរាជសម្បត្តិ ដោយប្រពៃ ហើយកោរសក់ ពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅ​កាន់​ផ្នួស​ ក្នុងកាលនោះចុះ ព្រោះថា កល្យាណវត្តនេះ បិតាបានតាំងទុកស្រេចហើយ កូន​គប្បីប្រព្រឹត្តតាមចុះ កូនកុំធ្វើជាបុរសថោកថយជាងបិតាឡើយ ម្នាលកុមារកូន កាលបើគូ​នៃបុរស37) ណាមានហើយ កល្យាណវត្ត មានសភាពយ៉ាងនេះ នឹងដាច់សូន្យទៅបាន បណ្តា​បុរស​ទាំងនោះ គូនៃបុរសនោះឯង ហៅថា បុរសថោកថយ។ ម្នាលកុមារកូន ព្រោះហេតុនោះ បានជាបិតានិយាយ នឹងកូនឯងយ៉ាងនេះថា កល្យាណវត្តនេះ បិតាបានតាំង​ទុកស្រេច​ហើយ កូន​គប្បីប្រព្រឹត្តតាមចុះ កុំកូនធ្វើជាបុរសថោកថយ ជាងបិតាឡើយ។

[២១៥] ម្នាលអានន្ទ គ្រានោះ ព្រះបាទមឃទេវរាជ ទ្រង់ព្រះរាជទាន​ស្រុកសួយ ដល់ខ្មាន់ព្រះកេសស្រេចហើយ ទ្រង់ប្រដៅព្រះរាជកុមារ ជាបុត្តច្បង ក្នុងរាជសម្បត្តិ​ដោយប្រពៃហើយ ទ្រង់កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាក​ផ្ទះ ចូលមកកាន់ផ្នួស ក្នុងមឃទេវម្ពវ័ននេះឯង។ ព្រះបាទមឃទេវរាជនោះ មានចិត្តប្រកប​ដោយ​មេត្តា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ផ្សាយ​ទៅកាន់ទិសទី២ ផ្សាយទៅកាន់ទិសទី៣ ផ្សាយទៅកាន់ទិសទី៤ ផ្សាយទៅកាន់ទិស​ខាង​លើ ទិសខាងក្រោម និងទិសទទឹង38) មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់​នូវសភាពធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វ​លោក​ទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤។ មានចិត្តប្រកប​ដោយ​ករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទីកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤ ផ្សាយទីកាន់ទិសទី២ ផ្សាយទីកាន់ទិសទី៣ ផ្សាយទីកាន់ទិសទី៤ ផ្សាយទីកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង មានចិត្ត​ប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់​នូវសភាពធំ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វ​លោក​ទាំងពួង ដោយអាការ​ទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤។ ម្នាលអានន្ទ ក៏ឯ​ព្រះបាទមឃទេវរាជ នៅលេង​ល្បែងក្មេង កំណត់ប្រាំបីហ្មឺនបួនពាន់ឆ្នាំ សោយរាជ្យ​ជាឧបរាជ កំណត់ប្រាំបីហ្មឺន​បួនពាន់ឆ្នាំ សោយរាជ្យជាស្តេចធំ កំណត់ប្រាំបីហ្មឺន​បួនពាន់ឆ្នាំ ចេញចាក​ផ្ទះ ចូលទៅកាន់ផ្នួស ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង​មឃទេវម្ពវ័ន​នេះ​ឯង កំណត់ប្រាំបីហ្មឺន​បួនពាន់ឆ្នាំ។ ព្រះបាទមឃទេវរាជនោះ ចំរើនព្រហ្មវិហារទាំង៤ លុះ​មានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតក្នុងព្រហ្មលោក។

[២១៦] ​ ម្នាលអានន្ទ លុះច្រើនឆ្នាំ ច្រើនរយឆ្នាំ និងច្រើនពាន់ឆ្នាំ កន្លងទៅហើយ ទើប​​បុត្តរបស់ព្រះបាទមឃទេវរាជ ត្រាស់ហៅខ្មាន់ព្រះកេសមកថា ម្នាលខ្មាន់​ព្រះកេស​ជាសំឡាញ់ បើអ្នកបានឃើញសក់ស្កូវ លើក្បាលរបស់អញ ក្នុងកាលណាហើយ អ្នកគប្បី​ប្រាប់​អញ ក្នុងកាល​នោះ។ ម្នាលអានន្ទ ខ្មាន់ព្រះកេស ទទួលព្រះបន្ទូល ​នៃបុត្តរបស់​ព្រះបាទមឃទេវរាជថា ព្រះករុណាព្រះអង្គ។ ម្នាលអានន្ទ លុះច្រើនឆ្នាំ ច្រើនរយឆ្នាំ និងច្រើនពាន់ឆ្នាំ កន្លងទៅហើយ ខ្មាន់ព្រះកេស បានឃើញសក់ស្កូវ លើព្រះសិរ នៃបុត្ត​របស់​ព្រះបាទមឃទេវរាជ លុះឃើញហើយ ទើបក្រាបទូលបុត្ត របស់​ព្រះបាទ​មឃទេវរាជ ដូច្នេះថា ទេវទូតប្រាកដច្បាស់ ដល់ព្រះអង្គហើយ ព្រះកេសស្កូវ ក៏កើតលើ​ព្រះសិរ​ហើយ។ ព្រះរាជបុត្តត្រាស់ថា ម្នាលខ្មាន់ព្រះកេសជាសំឡាញ់ បើដូច្នោះ អ្នកចូរដកសក់​ស្កូវនោះ ដោយ​សណ្ឌាសឲ្យស្រួល ហើយដាក់លើម្រាមដៃអញមើល។ ម្នាលអានន្ទ ខ្មាន់ព្រះកេស បានទទួលព្រះបន្ទូល​ នៃបុត្តរបស់ព្រះបាទមឃទេវរាជថា ព្រះករុណា​ព្រះអង្គ ហើយបានដកសក់ស្កូវនោះ ដោយសណ្ឌាសឲ្យស្រួល ដាក់លើម្រាមព្រះហស្ត នៃបុត្តរបស់​ព្រះបាទ​មឃទេវរាជ។ ម្នាលអានន្ទ លំដាប់នោះ បុត្តនៃព្រះបាទមឃទេវរាជ ទ្រង់ព្រះរាជទាន​ស្រុកសួយ ដល់ខ្មាន់ព្រះកេស ហើយឲ្យហៅព្រះរាជកុមារ ជាបុត្ត​ច្បង​មក ទ្រង់​មានព្រះបន្ទូល​ ដូច្នេះថា ម្នាលកុមារកូន ទេវទូតប្រាកដច្បាស់ ដល់បិតាហើយ សក់ស្កូវ ក៏​កើតមាន លើក្បាលហើយ មួយទៀត កាមដែលជារបស់មនុស្ស បិតាក៏បាន​បរិភោគ​ស្កប់​ស្កល់ហើយ ឥឡូវនេះ ជាសម័យគួរដើម្បីស្វែងរក នូវកាម​ជាទិព្វវិញ ម្នាល​កុមារ​កូន កូន​ចូរមកគ្រប់គ្រងរាជសម្បត្តិនេះចុះ ចំណែកបិតា នឹងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស​ ម្នាលកុមារកូន បើកូន​ឯង បានឃើញសក់ស្កូវ កើតលើក្បាល ក្នុងកាលណាហើយ កូនគប្បីឲ្យស្រុកសួយ ដល់ខ្មាន់​ព្រះកេស ហើយប្រដៅព្រះរាជកុមារ ដែលជាបុត្តច្បង ក្នុងរាជសម្បត្តិ ដោយ​ប្រពៃ ហើយកោរសក់ ពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូល​ទៅ​កាន់​ផ្នួស​ ក្នុងកាលនោះចុះ ព្រោះថា កល្យាណវត្តនេះ បិតាបានតាំងទុក​ស្រេច​ហើយ កូន​គប្បីប្រព្រឹត្តតាមចុះ កូនកុំធ្វើជាបុរសថោកថយ ជាងបិតាឡើយ ម្នាលកុមារ​កូន កាលបើគូ​ នៃបុរសណាមានហើយ កល្យាណវត្ត មានសភាពយ៉ាងនេះ នឹងដាច់សូន្យ​ទៅ​បាន បណ្តា​បុរស​ទាំងនោះ គូនៃបុរសនោះឯង ហៅថា បុរសថោកថយ។ ម្នាលកុមារ​កូន ព្រោះហេតុនោះ បានជាបិតា និយាយនឹងកូនឯង យ៉ាងនេះថា កល្យាណវត្តនេះ បិតាបានតាំង​ទុកស្រេច​ហើយ កូន​គប្បីប្រព្រឹត្តតាមចុះ កូនកុំធ្វើជាបុរសថោកថយ ជាង​បិតាឡើយ។

[២១៧] ម្នាលអានន្ទ គ្រានោះ បុត្តរបស់ព្រះបាទមឃទេវរាជ ព្រះរាជទាន​ស្រុក​សួយ ដល់ខ្មាន់ព្រះកេសស្រេចហើយ ប្រដៅព្រះរាជកុមារ ជាបុត្រច្បង ក្នុងរាជសម្បត្តិ​ដោយប្រពៃហើយ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាក​ផ្ទះ ចូលមកកាន់ផ្នួស ក្នុងមឃទេវម្ពវ័ននេះឯង។ រាជបុត្តនោះ មានចិត្តប្រកប​ដោយ​មេត្តា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ផ្សាយទៅកាន់​ទិស​ទី​២ ផ្សាយទៅកាន់ទិសទី៣ ផ្សាយទៅកាន់ទិសទី៤ ផ្សាយទៅកាន់ទិសខាងលើ ទិសខាង​ក្រោម និងទិសទទឹង មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់​នូវភាពជាធំ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វ​លោក​ទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤។ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកប​ដោយ​ឧបេក្ខា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤ ផ្សាយ​ទៅកាន់ទិសទី២ ផ្សាយទៅកាន់ទិសទី៣ ផ្សាយទៅកាន់ទិសទី៤ ផ្សាយទៅកាន់ទិស​ខាង​លើ ទិសខាងក្រោម និងទិសទទឹង មានចិត្ត​ប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់​នូវភាពជាធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅ​កាន់សត្វ​លោក​ទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤។ ម្នាលអានន្ទ ក៏ឯបុត្តនៃព្រះបាទមឃទេវរាជ នៅលេង​ល្បែង​ក្មេង កំណត់​ប្រាំបីហ្មឺន​បួនពាន់ឆ្នាំ សោយរាជ្យជាឧបរាជ កំណត់ប្រាំបីហ្មឺន​បួនពាន់ឆ្នាំ សោយរាជ្យ​ជា​ស្តេចធំ កំណត់ប្រាំបីហ្មឺន​បួនពាន់ឆ្នាំ ចេញចាក​ផ្ទះ ចូលមកកាន់ផ្នួស ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុង​មឃទេវម្ពវ័ននេះឯង កំណត់ប្រាំបីហ្មឺន​បួនពាន់ឆ្នាំ។ ព្រះរាជបុត្តនោះ ចំរើនព្រហ្មវិហារទាំង៤ លុះ​មានរាងកាយបែកធ្លាយទៅ ខាងមុខ​បន្ទាប់​អំពី​មរណៈ ក៏បានទៅកើតក្នុងព្រហ្មលោក។

[២១៨] ​ ម្នាលអានន្ទ ក៏ឯបុត្ត និងនត្តា របស់ព្រះបាទមឃទេវរាជនោះតៗ​ ព្រះវង្ស អស់ចំនួនប្រាំបីហ្មឺនបួនពាន់តំណ ក៏កោរសក់ ពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ក្នុងមឃទេវម្ពវ័ននេះឯង។ ឥសីទាំងអម្បាល​នោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ​ទាំង៤ ផ្សាយទៅកាន់ទិសទី២ ផ្សាយទៅកាន់ទិសទី៣ ផ្សាយទៅកាន់ទិសទី៤ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់​នូវភាពជាធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វ​លោក​ទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង សម្រេច​សម្រាន្ត​នៅ ដោយឥរិយាបថ​ទាំង៤។ មានចិត្តប្រកបដោយករុណា… មានចិត្តប្រកប​ដោយ​មុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤ ផ្សាយទៅកាន់ទិសទី២ ផ្សាយទៅកាន់ទិសទី៣ ផ្សាយទៅកាន់ទិសទី៤ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង មានចិត្ត​ប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់​នូវភាពជាធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅ កាន់សត្វ​លោក​ទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤។ ឥសីទាំងអម្បាលនោះ នៅលេងល្បែងក្មេង កំណត់ប្រាំបីហ្មឺនបួនពាន់ឆ្នាំ សោយរាជ្យជាឧបរាជ កំណត់​ប្រាំបីហ្មឺន​បួនពាន់ឆ្នាំ សោយរាជ្យជាស្តេចធំ កំណត់ប្រាំបីហ្មឺន​បួនពាន់ឆ្នាំ ចេញចាក​ផ្ទះ ចូលមកកាន់ផ្នួស ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង​មឃទេវម្ពវ័ននេះឯង កំណត់ប្រាំបីហ្មឺន​បួនពាន់ឆ្នាំ។ ឥសីទាំងអម្បាលនោះ ចំរើន​ព្រហ្មវិហារទាំង៤ លុះមានរាងកាយ បែកធ្លាយ​ទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏បានទៅកើតក្នុងព្រហ្មលោក។ បណ្តាព្រះរាជាទាំង​អម្បាល​នោះ ព្រះបាទនិមិរាជ ជាស្តេចក្រោយបង្អស់ ជាធម្មរាជ ប្រកបដោយធម៌ ជា​មហារាជ ឋិតនៅក្នុងធម៌ តែងប្រព្រឹត្តធម៌ ក្នុងពួកអ្នកនិគម និងអ្នកជនបទ ជាព្រាហ្មណ​ជាតិ និងគហបតិជាតិ តែង​រក្សាឧបោសថ ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ស។

[២១៩] ម្នាលអានន្ទ រឿងនេះធ្លាប់មានមកហើយតើ ពាក្យជាចន្លោះនេះ បានកើត​ឡើងដល់ពួកទេវតាជាន់តាវត្តិង្ស ដែលអង្គុយប្រជុំគ្នា ក្នុងរោងសុធម្មាថា អើហ្ន៎ ពួកជន​នៅ​ក្នុងដែនវិទេហៈ ពេញហៅជាមានលាភ អើហ្ន៎ អត្តភាពជាមនុស្ស ពួកជននៅក្នុង​ដែនវិទេហៈ ពេញហៅបានដោយល្អ ព្រោះថា ព្រះបាទនិមិរាជ ជាធម្មរាជ ប្រកបដោយ​ធម៌ ជាមហារាជ ទ្រង់ឋិតនៅក្នុងធម៌ តែងប្រព្រឹត្តធម៌ ក្នុងពួកអ្នកនិគម និងអ្នកជនបទ ជាព្រាហ្មណជាតិ និងគហបតិជាតិ តែងរក្សាឧបោសថ ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃ​បក្ស។

[២២០] ម្នាលអានន្ទ លំដាប់នោះ សក្កទេវរាជ ជាធំជាងទេវតា បានហៅពួក​ទេវតា ជាន់តាវត្តិង្សមកថា ម្នាលគ្នាយើងទាំងឡាយ អ្នកទាំងឡាយ ចង់ឃើញព្រះបាទនិមិរាជឬ​ទេ។ ពួកទេវតាក្រាបទូលថា បពិត្រទ្រង់អ្នកនិទ៌ុក្ខ យើងទាំងឡាយចង់ឃើញ ព្រះបាទនិមិរាជដែរ។ ម្នាលអានន្ទ សម័យនោះឯង ព្រះបាទនិមិរាជជំរះព្រះសិរ្ស ហើយ​រក្សាឧបោសថ ក្នុងថ្ងៃឧបោសថទី១៥ ហើយចូលទៅកាន់ប្រាសាទដ៏ប្រសើរ គង់នៅក្នុង​ជាន់លើ។ ម្នាលអានន្ទ លំដាប់នោះ សក្កទេវរាជជាធំ ជាងទេវតាក៏បំបាត់ខ្លួន​អំពី​ពួក​ទេវតា ជាន់តាវត្តិង្ស ហើយមកប្រាកដ ចំពោះ​ព្រះភក្ត្រព្រះបាទនិមិរាជ ដូចជាបុរស​មាន​កំឡាំង​លា នូវដៃដែលបត់ចូល ឬបត់នូវដៃ ដែលលាចេញ ដូច្នោះ។ ម្នាលអានន្ទ លំដាប់នោះ សក្កទេវរាជ ជាធំជាងទេវតា មានព្រះបន្ទូល​ពាក្យនេះ នឹងព្រះបាទ​និមិរាជ​ថា បពិត្រមហារាជ ព្រះអង្គពេញហៅជាមានលាភ បពិត្រមហារាជ អត្តភាពជាមនុស្ស ព្រះអង្គពេញហៅបានដោយល្អ បពិត្រ​មហារាជ ដ្បិតពួក​ទេវតាជាន់តាវត្តិង្ស បានអង្គុយ​ប្រជុំគ្នា និយាយសរសើរ ក្នុងរោងសុធម្មាថា អើហ្ន៎ ពួកជននៅក្នុងដែនវិទេហៈ ពេញហៅ​ជាមានលាភ អើហ្ន៎ អត្តភាព ជាមនុស្សពួកជននៅក្នុងដែនវិទេហៈ ពេញហៅបានដោយ​ល្អ ព្រោះថា ព្រះបាទនិមិរាជ ជាធម្មរាជ ប្រកបដោយធម៌ ជាមហារាជ ទ្រង់ឋិតនៅក្នុង​ធម៌ តែងប្រព្រឹត្តធម៌ចំពោះ​អ្នកនិគម​ និងអ្នកជនបទ ជាព្រាហ្មណជាតិ និងគហបតិជាតិ តែងរក្សាឧបោសថ ក្នុងថ្ងៃទី១៤ ទី១៥ និងទី៨នៃបក្ស ដូច្នេះ បពិត្រមហារាជ ពួកទេវតា​ជាន់តាវត្តិង្ស មានសេចក្តីប្រាថ្នា ដើម្បីឃើញព្រះអង្គ បពិត្រមហារាជ ខ្ញុំព្រះអង្គ នឹង​បញ្ជូន​រថ សម្រាប់ទឹមសេះអាជានេយ្យ ដែលទឹមដោយសេះអាជានេយ្យមួយពាន់មក ដើម្បី​ព្រះអង្គ បពិត្រមហារាជ សូមព្រះអង្គកុំញញើត គប្បីឡើងកាន់ទិព្វយាន។ ម្នាលអានន្ទ ព្រះបាទ​និមិរាជ ទ្រង់ទទួលអញ្ជើញ ដោយតុណ្ហីភាព។ ម្នាល​អានន្ទ គ្រានោះ សក្កទេវរាជ ជាធំជាងទេវតា ទ្រង់ជ្រាបថា ព្រះបាទនិមិរាជ ទទួល​អញ្ជើញ​ហើយ ក៏បំបាត់​ខ្លួន​ អំពី​ចំពោះ​ព្រះភក្ត្រ នៃ​ព្រះបាទនិមិរាជ ទៅប្រាកដ ក្នុងពួក​ទេវតា​ជាន់​តាវត្តិង្សវិញ ដូចជា​បុរសមានកំឡាំង​លាដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ ដូច្នោះ។

[២២១] ម្នាលអានន្ទ លំដាប់នោះ សក្កទេវរាជ ជាធំជាងទេវតា បានត្រាស់​ហៅ​មាតលិទេវបុត្ត ជាអ្នកសង្គ្រោះមកថា ម្នាលមាតលិសំឡាញ់ អ្នកចូរមករៀបចំរថសេះ​អាជានេយ្យ ដែលទឹមដោយសេះមួយពាន់ ហើយចូលទៅថ្កានព្រះបាទនិមិរាជ រួច​ទូលយ៉ាងនេះថា បពិត្រមហារាជ រថសេះអាជានេយ្យ ដែលទឹមដោយសេះអាជានេយ្យ​មួយពាន់នេះ សក្កទេវរាជ ជាធំជាងទេវតា ទ្រង់បញ្ជូនមកហើយ ដើម្បីព្រះអង្គ​ បពិត្រ​មហារាជ សូមព្រះអង្គកុំញញើត គប្បីឡើងកាន់ទិព្វយានចុះ។ ម្នាលអានន្ទ មាតលិ​ទេវបុត្ត ជាអ្នកសង្គ្រោះ ក៏ទទួល​ព្រះបន្ទូល នៃសក្កទេវរាជ ជាធំជាងទេវតាថា ព្រះករុណា សេចក្តីចំរើន ចូរមានដល់​ព្រះអង្គ ហើយរៀបចំរថសេះអាជានេយ្យ ដែល​ទឹម​ដោយសេះ​អាជានេយ្យមួយពាន់ នាំចូលទៅថ្កាន ព្រះបាទនិមិរាជ ហើយទូល​សេចក្តីនេះថា បពិត្រ​មហារាជ រថសេះអាជានេយ្យ ដែលទឹមដោយសេះអាជានេយ្យ​មួយពាន់នេះ សក្កទេវរាជ ជាធំជាងទេវតា ទ្រង់បញ្ជូនមកហើយ ដើម្បីព្រះអង្គ​ បពិត្រ​មហារាជ សូមព្រះអង្គ​កុំ​ញញើត ចូរឡើងកាន់ទិព្វយានចុះ បពិត្រមហារាជ មួយទៀត ពួកសត្វ ដែលមាន​កម្ម​អាក្រក់ តែងទទួល​នូវផល នៃកម្មអាក្រក់ ដោយផ្លូវណាក្តី ពួកសត្វ ដែលមានកម្មល្អ តែង​ទទួលនូវផល​​ នៃកម្មល្អ ដោយផ្លូវណាក្តី បណ្តាផ្លូវ​ទាំងពីរនោះ ខ្ញុំ​នឹងនាំព្រះអង្គ​ទៅតាម​ផ្លូវណា។ មាតលិទេវបុត្ត អ្នកចូរនាំយើង ទៅតាម​ផ្លូវទាំងពីរនោះចុះ។ ម្នាលអានន្ទ មាតលិទេវបុត្ត ជាអ្នកសង្គ្រោះ បានញុំាង​ព្រះបាទនិមិរាជ ឲ្យទៅដល់​រោងសុធម្មា។ ម្នាលអានន្ទ សក្កទេវរាជ ជាធំជាងទេវតា បានឃើញ​ព្រះបាទនិមិរាជ ស្តេចមកអំពី​ចម្ងាយ លុះឃើញហើយ ទើបនិយាយពាក្យនេះ នឹងព្រះបាទនិមិរាជថា បពិត្រមហារាជ សូមព្រះអង្គមកចុះ បពិត្រមហារាជ ព្រះអង្គ​ស្តេច​មកប្រពៃហើយ បពិត្រមហារាជ ពួកទេវតា ជាន់តាវត្តិង្ស បានប្រជុំគ្នា និយាយ​ក្នុងរោង​សុធម្មាថា ឱហ្ន៎ ពួកជននៅ​ក្នុង​ដែនវិទេហៈ ពេញហៅជាមានលាភ ឱហ្ន៎ អត្តភាព​ជាមនុស្ស ពួកជននៅក្នុងដែនវិទេហៈ ពេញហៅបានដោយល្អ ព្រោះថា ព្រះបាទ​និមិរាជ ជាធម្មរាជ ប្រកបដោយ​ធម៌ ជា​មហារាជ ទ្រង់ឋិតនៅក្នុងធម៌ តែងប្រព្រឹត្តធម៌ ក្នុងពួក​អ្នក​និគម និងអ្នកជនបទ ជា​ព្រាហ្មណជាតិ និងគហបតិជាតិ តែងរក្សា​ឧបោសថ ក្នុងថ្ងៃ​ទី១៤ ទី១៥ និងទី៨ នៃបក្ស ដូច្នេះ បពិត្រមហារាជ ពួកទេវតា ជាន់តាវត្តិង្ស មានសេចក្តីប្រាថ្នា ដើម្បីឃើញព្រះអង្គ បពិត្រមហារាជ សូមព្រះអង្គត្រេកអរ ចំពោះ​ពួកទេវតា ដោយ​ទេវានុភាពចុះ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ល្មមហើយ សូមព្រះអង្គនាំខ្ញុំទៅ កាន់ក្រុង​មិថិលា ក្នុងដែន​វិទេហៈនោះវិញ ខ្ញុំនឹង​ប្រព្រឹត្តធម៌ ក្នុងពួកអ្នកនិគម និងអ្នកជនបទ ជាព្រាហ្មណជាតិ និងគហបតិជាតិ និងរក្សាឧបោសថក្នុងថ្ងៃ​ទី១៤ ទី១៥ និងទី៨ នៃបក្ស។ ម្នាលអានន្ទ គ្រានោះឯង សក្កទេវរាជ ជាធំជាងទេវតា ទ្រង់ត្រាស់ហៅមាតលិ​ទេវបុត្ត ជាអ្នកសង្គ្រោះ​មកថា ម្នាលមាតលិទេវបុត្តសំឡាញ់ អ្នកចូរមករៀបចំរថសេះ​អាជានេយ្យ ដែលទឹម​ដោយ​សេះអាជានេយ្យមួយពាន់ ហើយនាំព្រះបាទ​និមិរាជទៅ​កាន់ក្រុងមិថិលា ក្នុងដែន​វិទេហៈនោះវិញ។ ម្នាលអានន្ទ មាតលិ​ទេវបុត្ត ជាអ្នកសង្គ្រោះ បានទទួលព្រះបន្ទូល នៃសក្កទេវរាជ ជាធំជាងទេវតាថា ព្រះករុណា សេចក្តីចំរើន​ ចូរមានដល់ព្រះអង្គ ហើយ​រៀបចំរថ សេះអាជានេយ្យ ដែលទឹមដោយសេះអាជានេយ្យ​មួយពាន់ ហើយនាំ​ព្រះបាទនិមិរាជ​ ទៅកាន់ក្រុងមិថិលា ក្នុងដែន​វិទេហៈនោះវិញ។

[២២២] ម្នាលអានន្ទ បានឮថា មហារាជក្នុងក្រុង​មិថិលានោះ តែងប្រព្រឹត្ត​ធម៌ ក្នុង​ពួកអ្នកនិគម និងអ្នកជនបទ ជាព្រាហ្មណជាតិ និងគហបតិជាតិ តែងរក្សា​ឧបោសថ​ក្នុង​ថ្ងៃទៅ១៤ ទី១៥ និងទី៨នៃបក្ស។ ម្នាលអានន្ទ លុះច្រើនឆ្នាំ ច្រើនរយឆ្នាំ និងច្រើនពាន់​ឆ្នាំ​កន្លងទៅហើយ ទើបព្រះបាទនិមិរាជ ត្រាស់ហៅខ្មាន់ព្រះកេសមកថា ម្នាលខ្មាន់​ព្រះកេស​ជាសំឡាញ់ បើអ្នកបានឃើញសក់ស្កូវ កើតមានលើក្បាលនៃអញ ក្នុងកាលណាហើយ អ្នកចូរ​ប្រាប់​អញ ក្នុងកាល​នោះ។ ម្នាលអានន្ទ ខ្មាន់ព្រះកេស ទទួលព្រះបន្ទូល​ព្រះបាទ​និមិរាជថា​ ព្រះករុណាព្រះអង្គ។ ម្នាលអានន្ទ លុះច្រើនឆ្នាំ ច្រើនរយឆ្នាំ និងច្រើនពាន់ឆ្នាំ កន្លងទៅ​ហើយ ខ្មាន់ព្រះកេស បានឃើញសក់ស្កូវ កើតមានលើព្រះសិរ្ស នៃព្រះបាទ​និមិរាជ លុះឃើញហើយ ទើបក្រាបទូលព្រះបាទនិមិរាជ ដូច្នេះថា ទេវទូតប្រាកដច្បាស់ ដល់ព្រះអង្គហើយ ព្រះកេសស្កូវ កើតមានលើ​ព្រះសិរ្ស​ហើយ។ ម្នាលខ្មាន់ព្រះកេស ជាសំឡាញ់ បើដូច្នោះ អ្នកចូរដកសក់​ស្កូវនោះ ដោយ​សណ្ឌាសឲ្យស្រួល ហើយដាក់​លើ​ម្រាម​ដៃអញមើល។ ម្នាលអានន្ទ ខ្មាន់ព្រះកេស បានទទួលព្រះបន្ទូល ​នៃ​ព្រះបាទ​និមិរាជថា ព្រះករុណា​ព្រះអង្គ ហើយដកសក់ស្កូវនោះ ដោយសណ្ឌាសឲ្យស្រួល រួចដាក់លើម្រាមព្រះហស្ត នៃ​ព្រះបាទនិមិរាជ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទ​និមិរាជ ទ្រង់ព្រះរាជទាន​ស្រុកសួយ ដល់ខ្មាន់ព្រះកេស ហើយឲ្យហៅព្រះរាជ​កុមារ ជាបុត្ត​ច្បង​មក ទ្រង់​មានព្រះបន្ទូល​ ដូច្នេះថា ម្នាលកុមារកូន ទេវទូតប្រាកដច្បាស់ ដល់បិតាហើយ សក់ស្កូវ ក៏​កើតមានលើក្បាលហើយ មួយទៀត កាមដែលជារបស់មនុស្ស បិតា ក៏បាន​បរិភោគ​ស្កប់​ស្កល់ហើយ ឥឡូវនេះ ជាសម័យគួរដើម្បីស្វែងរក នូវកាម​ជា​ទិព្វ​វិញ ម្នាល​កុមារ​កូន អ្នក​ចូរមកគ្រប់គ្រងរាជសម្បត្តិនេះចុះ ចំណែកបិតា នឹងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស​ ម្នាលកុមារកូន បើកូន​ឯង បានឃើញសក់ស្កូវ កើតមានលើក្បាល ក្នុងកាលណាហើយ កូនគប្បីឲ្យស្រុកសួយ ដល់ខ្មាន់​ព្រះកេស ហើយប្រដៅនូវព្រះរាជកុមារ ដែលជាបុត្តច្បង ក្នុងរាជសម្បត្តិ ដោយ​ប្រពៃ ហើយកោរសក់ ពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់សំពត់​កាសាយៈ ចេញចាកផ្ទះ ចូល​ទៅ​កាន់​ផ្នួស​ ក្នុងកាលនោះចុះ ព្រោះថា កល្យាណវត្តនេះ បិតាបានតាំងទុក​ស្រេច​ហើយ កូន​គប្បីប្រព្រឹត្តតាមចុះ កូនកុំធ្វើជាបុរសថោកថយ ជាងបិតាឡើយ ម្នាលកុមារ​កូន កាលបើគូ​នៃបុរសណានៅមានហើយ កល្យាណវត្ត មានសភាពយ៉ាងនេះ នឹងដាច់សូន្យ​ទៅ​បាន បណ្តា​បុរស​ទាំងនោះ គូនៃបុរសនោះឯង ហៅថា បុរសថោកថយ។ ម្នាលកុមារ​កូន ព្រោះហេតុនោះ បានជាបិតា និយាយនឹង​កូនឯងយ៉ាងនេះថា កល្យាណវត្តនេះ បិតាបានតាំង​ទុកស្រេច​ហើយ កូន​គប្បី​ប្រព្រឹត្ត​តាម​ចុះ កូនកុំធ្វើជាបុរសថោកថយ ជាង​បិតាឡើយ។

[២២៣] ម្នាលអានន្ទ គ្រានោះ ព្រះបាទនិមិរាជ ទ្រង់ព្រះរាជទាន​ស្រុក​សួយ ដល់ខ្មាន់ព្រះកេសស្រេចហើយ ប្រដៅព្រះរាជកុមារ ជាបុត្តច្បង ក្នុងរាជសម្បត្តិ​ឲ្យស្រួល​ហើយកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាក​ផ្ទះ ចូលមក​កាន់​ផ្នួស ក្នុងមឃទេវម្ពវ័ននេះឯង។ ព្រះបាទនិមិរាជនោះ មានចិត្តប្រកប​ដោយ​មេត្តា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ផ្សាយទៅកាន់​ទិស​ទី​២ ផ្សាយទៅកាន់ទិសទី៣ ផ្សាយទៅកាន់ទិសទី៤ ផ្សាយទៅកាន់ទិសខាងលើ ទិសខាង​ក្រោម និងទិសទទឹង មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់​នូវភាពជាធំ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វ​លោក​ទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤។ មានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកប​ដោយ​ឧបេក្ខា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤ ផ្សាយ​ទៅកាន់ទិសទី២ ផ្សាយទៅកាន់ទិសទី៣ ផ្សាយទៅកាន់ទិសទី៤ ផ្សាយទៅកាន់ទិស​ខាង​លើ ទិសខាងក្រោម និងទិសទទឹង មានចិត្ត​ប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់​នូវភាពជាធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅ​កាន់សត្វ​លោក​ទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង សម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤។ ម្នាលអានន្ទ ព្រះបាទនិមិរាជ នៅលេង​ល្បែង​ក្មេង កំណត់ប្រាំបីហ្មឺនបួនពាន់ឆ្នាំ សោយរាជ្យជាឧបរាជ កំណត់ប្រាំបីហ្មឺន​បួនពាន់ឆ្នាំ សោយរាជ្យជាស្តេចធំ កំណត់ប្រាំបី​ហ្មឺន​​បួនពាន់ឆ្នាំ ចេញចាក​ផ្ទះ ចូលមកកាន់ផ្នួស ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង​មឃទេវម្ពវ័ន​នេះ​ឯង កំណត់ប្រាំបីហ្មឺន​បួនពាន់ឆ្នាំ។ ព្រះបាទនិមិរាជនោះ ចំរើនព្រហ្មវិហារទាំង៤ លុះ​មានរាងកាយបែកធ្លាយទៅ ខាងមុខ​បន្ទាប់​អំពី​មរណៈ ក៏បានទៅកើតក្នុងព្រហ្មលោក។

[២២៤] ​ ម្នាលអានន្ទ ក៏ឯព្រះបាទនិមិរាជ ព្រះអង្គមានព្រះរាជបុត្តមួយអង្គ ព្រះនាមថា កឡារជនកៈ។ ព្រះរាជបុត្តនោះ មិនចេញចាកផ្ទះ ចូលកាន់ផ្នួសឡើយ។ ព្រះរាជបុត្តនោះ ក៏ផ្តាច់នូវកល្យាណវត្តនោះហើយ។ បណ្តាក្សត្រិយ៍​ទាំងនោះ ព្រះរាជបុត្តនោះ ជាបុរសថោកថយជាងគេ។ ម្នាលអានន្ទ ប្រហែល​ជាអ្នកមានសេចក្តី​ត្រិះរិះយ៉ាងនេះថា ព្រះបាទមឃទេវរាជណា ដែលបានតាំងទុក នូវ​កល្យាណវត្តនោះ ព្រះបាទមឃទេវរាជនោះឯង គឺបុគ្គលដទៃ ក្នុងសម័យ​នោះទេដឹង។ ម្នាលអានន្ទ រឿង​នុ៎ះ អ្នកកុំគប្បីយល់ យ៉ាងនេះឡើយ។ តថាគតឯង ជាមឃទេវរាជ ក្នុងសម័យនោះ។ តថាគត បានតាំងទុក នូវកល្យាណវត្តនោះហើយ ប្រជុំជនជាខាងក្រោយ បានប្រព្រឹត្ត​តាម​កល្យាណវត្តនោះ ដែលតថាគត បានតាំង​ទុកស្រេចហើយ។ ម្នាលអានន្ទ តែថា កល្យាណវត្ត​នោះ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បី​ប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បី​រំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បី​ស្ងប់រម្ងាប់ មិន​ប្រព្រឹត្តទៅ ដើម្បី​ដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បី​ត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បី​ព្រះ​និព្វានឡើយ បានត្រឹមតែ​កើតក្នុងព្រហ្មលោក ប៉ុណ្ណោះឯង។ ម្នាលអានន្ទ ចំណែកខាង​កល្យាណវត្តនេះ ដែលតថាគតតាំងទុកហើយ ក្នុងកាលឥឡូវនេះ តែងប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីនឿយណាយ ដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលអានន្ទ កល្យាណវត្ត ដែល​តថាគត តាំងទុកហើយ ក្នុងកាលឥឡូវនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន តើដូចម្តេច។ មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរ​នេះឯង គឺ​សេចក្តី​ឃើញប្រពៃ១ សេចក្តីត្រិះរិះ​ប្រពៃ១ វាចាប្រពៃ១ ការងារប្រពៃ១ ការចិញ្ចឹមជីវិត​ប្រពៃ១ សេចក្តីព្យាយាមប្រពៃ១ សេចក្តីរលឹកប្រពៃ១ ការតាំងចិត្តប្រពៃ១ ម្នាលអានន្ទ កល្យាណវត្តនេះឯង ដែល​តថាគត តាំងទុកហើយ ក្នុងកាលឥឡូវនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់​រម្ងាប់ ដើម្បី​ដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលអានន្ទ តថាគត​ពោលនូវ​កល្យាណវត្តនោះ ដល់អ្នកទាំងឡាយថា កល្យាណវត្តនេះ ​តថាគត បានតាំងទុកហើយ អ្នកទាំងឡាយ គប្បី​ប្រព្រឹត្តតាមចុះ អ្នកទាំងឡាយ កុំជាបុរសថោកថយ ជាងតថាគត​ឡើយ ម្នាលអានន្ទ កាលបើគូនៃបុរសណាមាននៅ កល្យាណវត្តមានសភាពយ៉ាងនេះ នឹង​ដាច់សូន្យទៅ បណ្តាបុរសទាំងនោះ គូនៃបុរសនោះឯង ហៅថា បុរសថោកថយ។ ម្នាលអានន្ទ តថាគត ពោលនូវ​កល្យាណវត្តនោះ ដល់អ្នកទាំងឡាយយ៉ាងនេះថា កល្យាណវត្តនេះ តថាគតបានតាំងទុកហើយ អ្នកទាំងឡាយ គប្បីប្រព្រឹត្តតាមចុះ អ្នក​ទាំងឡាយ កុំជាបុរសថោកថយ ជាងតថាគតឡើយ។ លុះព្រះមានព្រះភាគ បានត្រាស់​សូត្រនេះចប់ហើយ ព្រះអានន្ទដ៏មានអាយុ ជាអ្នកមានសេចក្តីត្រេកអរ ក៏បានត្រេកអរ ចំពោះ​ភាសិត របស់ព្រះមានព្រះភាគ។

ចប់ មឃទេវសូត្រ ទី៣។

មធុរសូត្រ ទី៤

(៤. មធុរសុត្តំ)

[២២៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាកច្ចានៈមានអាយុ សម្រាន្ត​ឥរិយាបថ នៅក្នុងគុន្ធាវ័ន ទៀបក្រុងមធុរា។ ព្រះបាទមធុររាជអវន្តិបុត្ត បានឮ​ដំណឹងថា ម្នាលគ្នាយើងដ៏ចំរើន សមណៈ ឈ្មោះកច្ចានៈ ឥឡូវនេះ គង់នៅក្នុងគុន្ធាវ័ន ទៀបក្រុងមធុរា កិត្តិសព្ទដ៏ប្រពៃយ៉ាងនេះ របស់ព្រះកច្ចានៈដ៏ចំរើននោះឯង តែងផ្សាយ​ទៅសព្វទិសថា លោកជាបណ្ឌិតឈ្លាសវៃ មានបញ្ញា ជាពហុស្សូត មានសំដីដ៏វិចិត្រ មានបញ្ញាដ៏ល្អ ជាអ្នកចាស់ព្រឹទ្ធាផង ជាព្រះអរហន្តផង ការបានឃើញព្រះអរហន្ត មានសភាពយ៉ាងនោះ ជាការញុំាងប្រយោជន៍ ឲ្យសម្រេចដោយពិត។ គ្រានោះ ព្រះបាទមធុររាជអវន្តិបុត្ត ទ្រង់​ឲ្យរៀបចំយានទាំងឡាយដែលល្អៗ ទ្រង់ឡើងគង់​យាន​ដែលល្អៗ ហើយទ្រង់ស្តេចចេញចាកក្រុងមធុរា ដោយយានទាំងឡាយដែលល្អៗ ដើម្បី​ចួបនឹងព្រះមហាកច្ចានៈមានអាយុ ដោយរាជានុភាពដ៏ធំ ទ្រង់ស្តេចទៅដោយយាន កំណត់​ត្រឹមផែនដី ដែលបរយានទៅបាន ហើយទ្រង់យាងចុះអំពីយាន ទ្រង់ព្រះដំណើរ​ទៅដោយព្រះបាទា ចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តីរីករាយ ជាមួយនឹងព្រះមហាកច្ចានៈមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់នៅ ក្នុងទីដ៏សមគួរ។ ព្រះបាទមធុររាជអវន្តិបុត្ត លុះគង់នៅ ក្នុងទីដ៏សមគួរហើយ មានព្រះបន្ទូលពាក្យនេះ នឹងព្រះមហាកច្ចានៈ​មានអាយុថា បពិត្រព្រះកច្ចានៈដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាពោលយ៉ាងនេះថា ពួកព្រាហ្មណ៍ ជាវណ្ណៈខ្ពស់ ជនដទៃ ជាវណ្ណៈទាប ពួកព្រាហ្មណ៍ ជាវណ្ណៈស ជនដទៃ ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ បរិសុទ្ធ ជនមិនមែនព្រាហ្មណ៍ មិនបរិសុទ្ធឡើយ ពួកព្រាហ្មណ៍ ជាបុត្តរបស់ព្រហ្ម ជាឱរស កើតអំពីព្រះឱស្ឋព្រហ្ម មានព្រហ្មជាកំណើត ព្រហ្មបានតាក់តែង ឲ្យកើត ជាអ្នកទទួល​មត៌ករបស់ព្រហ្ម ដូច្នេះ សេចក្តីនេះ ព្រះកច្ចានៈ​ដ៏ចំរើន នឹងពោលដូចម្តេចទៅវិញ។

[២២៦] ព្រះមហាកច្ចានៈថ្វាយព្រះពរថា បពិត្រមហារាជ សំឡេងសុសសាយនេះ តែងប្រាកដក្នុងលោកថា ពួកព្រាហ្មណ៍ជាវណ្ណៈខ្ពស់ ជនដទៃ ជាវណ្ណៈទាប ពួក​ព្រាហ្មណ៍ ជាវណ្ណៈស ជនដទៃ ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ បរិសុទ្ធ ជនមិនមែន​ព្រាហ្មណ៍ មិនបរិសុទ្ធឡើយ ពួកព្រាហ្មណ៍ ជាបុត្តរបស់ព្រហ្ម ជាឱរស កើតអំពីព្រះឱស្ឋ​ព្រហ្ម មានព្រហ្មជាកំណើត ព្រហ្មបានតាក់តែង ឲ្យកើត ជាអ្នកទទួល​មត៌ករបស់ព្រហ្ម ដូច្នេះ បពិត្រមហារាជ ឯសំឡេងសុះសាយនេះ តែងប្រាកដ ក្នុងលោកថា ពួកព្រាហ្មណ៍ ជាវណ្ណៈខ្ពស់ ជនដទៃ ជាវណ្ណៈទាប។បេ។ ជាអ្នកទទួល​មត៌ករបស់ព្រហ្ម ដូច្នេះ ដោយហេតុ​ណា ហេតុនុ៎ះ អ្នកប្រាជ្ញ គប្បីដឹងដោយបរិយាយ ដូច​តទៅនេះ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច បើក្សត្រិយ៍ គប្បីសម្រេច (ឥទ្ធានុភាព) ដោយទ្រព្យ ដោយស្រូវ ដោយប្រាក់ ឬដោយមាស តើក្សត្រិយ៍ (ដទៃ) គប្បី​ជាអ្នកតើនឡើងមុន ផ្ទំក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃក្សត្រិយ៍នោះឬទេ។ ព្រាហ្មណ៍ក្តី… វេស្សៈក្តី… សុទ្ទៈក្តី គប្បីជាអ្នកក្រោក​ឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃក្សត្រិយ៍នោះឬទេ។ ព្រះបាទមធុររាជត្រាស់ថា បពិត្រព្រះកច្ចានៈដ៏ចំរើន បើក្សត្រិយ៍ គប្បីសម្រេច (ឥទ្ធានុភាព) ដោយទ្រព្យ ដោយស្រូវ ដោយប្រាក់ ឬដោយមាស ក្សត្រិយ៍ (ដទៃ) ក៏​ជាអ្នកត្រូវតើនឡើងមុន ផ្ទំក្រោយ ទទួលស្តាប់​ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃក្សត្រិយ៍នោះឯង។ ព្រាហ្មណ៍ក្តី… វេស្សៈក្តី… សុទ្ទៈក្តី ក៏ជាអ្នកត្រូវក្រោក​ឡើងមុន ដេកក្រោយ ទទួលស្តាប់​ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃក្សត្រិយ៍នោះឯង។

[២២៧] បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច បើព្រាហ្មណ៍ គប្បីសម្រេច (ឥទ្ធានុភាព) ដោយទ្រព្យ ដោយស្រូវ ដោយប្រាក់ ឬដោយមាស តើព្រាហ្មណ៍ (ដទៃ) គប្បី​ជាអ្នកក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យ​ជាទីគាប់ចិត្ត នៃព្រាហ្មណ៍នោះឬទេ។ វេស្សៈក្តី… សុទ្ទៈក្តី… ក្សត្រិយ៍ក្តី គប្បីជាអ្នកតើន​ឡើងមុន ផ្ទំក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើ​ជាទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃព្រាហ្មណ៍នោះឬទេ។ បពិត្រព្រះកច្ចានៈ​ដ៏ចំរើន បើព្រាហ្មណ៍ គប្បីសម្រេច (ឥទ្ធានុភាព) ដោយទ្រព្យ ដោយស្រូវ ដោយប្រាក់ ឬដោយមាស ព្រាហ្មណ៍ (ដទៃ) ក៏​ជាអ្នកត្រូវក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់​ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃព្រាហ្មណ៍នោះឯង។ វេស្សៈក្តី… សុទ្ទៈក្តី… ក្សត្រិយ៍ក្តី ក៏ជាអ្នកត្រូវតើន​ឡើងមុន ផ្ទំក្រោយ ទទួលស្តាប់​ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃព្រាហ្មណ៍នោះឯង។

[២២៨] បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច បើវេស្សៈ គប្បីសម្រេច (ឥទ្ធានុភាព) ដោយទ្រព្យ ដោយស្រូវ ដោយប្រាក់ ឬដោយមាស តើវេស្សៈ (ដទៃ) គប្បី​ជាអ្នកក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជា​ទី​គាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃវេស្សៈនោះឬទេ។ សុទ្ទៈក្តី… ក្សត្រិយ៍ក្តី… ព្រាហ្មណ៍ក្តី គប្បីជាអ្នកក្រោក​ឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើ​ជាទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃវេស្សៈនោះឬទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន បើវេស្សៈ គប្បីសម្រេច (ឥទ្ធានុភាព) ដោយទ្រព្យ ដោយស្រូវ ដោយប្រាក់ ឬដោយមាស វេស្សៈ (ដទៃ) ក៏​ជាអ្នកត្រូវក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់​ការអ្វីៗ ប្រព្រឹត្តអំពើជា​ទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃវេស្សៈនោះឯង។ សុទ្ទៈក្តី… ក្សត្រិយ៍ក្តី… ព្រាហ្មណ៍ក្តី ក៏ជាអ្នកត្រូវក្រោក​ឡើងមុន ដេកក្រោយ ទទួលស្តាប់​ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃវេស្សៈនោះឯង។

[២២៩] បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច បើសុទ្ទៈ គប្បី​សម្រេច (ឥទ្ធានុភាព) ដោយទ្រព្យ ដោយស្រូវ ដោយប្រាក់ ឬដោយមាស តើសុទ្ទៈ (ដទៃ) គប្បី​ជាអ្នកក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើជា​ទី​គាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃសុទ្ទៈនោះឬទេ។ ក្សត្រិយ៍ក្តី… ព្រាហ្មណ៍ក្តី… វេស្សៈក្តី គប្បីជាអ្នកក្រោក​ឡើងមុន ដេកក្រោយ ទទួលស្តាប់ការអ្វីៗ ប្រព្រឹត្តអំពើ​ជាទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃសុទ្ទៈនោះឬទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន បើសុទ្ទៈ គប្បីសម្រេច (ឥទ្ធានុភាព) ដោយទ្រព្យ ដោយស្រូវ ដោយប្រាក់ ឬដោយមាស សុទ្ទៈ (ដទៃ) ក៏​ជាអ្នកត្រូវក្រោកឡើងមុន ដេកក្រោយ ទទួលស្តាប់​ការអ្វីៗ ប្រព្រឹត្តអំពើជា​ទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃសុទ្ទៈនោះឯង។ ក្សត្រិយ៍ក្តី… ព្រាហ្មណ៍ក្តី… វេស្សៈក្តី ក៏ជាអ្នកត្រូវក្រោក​ឡើងមុន ដេកក្រោយ ទទួលស្តាប់​ការអ្វីៗ ប្រព្រឹត្តអំពើជាទីគាប់ចិត្ត ពោលពាក្យ​ជាទីស្រឡាញ់ នៃសុទ្ទៈនោះឯង។

[២៣០] បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ដូចម្តេច កាលបើហេតុ​យ៉ាងនេះមានហើយ វណ្ណៈទាំង៤នេះ ជាវណ្ណៈស្មើៗគ្នា ឬមិនស្មើគ្នាទេ ឬក៏ព្រះអង្គ ទ្រង់​មានព្រះយោបល់ដូចម្តេច ក្នុងវណ្ណៈទាំង៤នុ៎ះវិញ។ បពិត្រព្រះកច្ចានៈដ៏ចំរើន ពិតមែន​ណាស់ហើយ កាលបើហេតុយ៉ាងនេះមានហើយ វណ្ណៈទាំង៤នេះ ជាវណ្ណៈស្មើៗគ្នាទេ ខ្ញុំ​មិនឃើញអំពើផ្សេងគ្នាបន្តិចបន្តួច ក្នុងវណ្ណៈទាំង៤នុ៎ះឡើយ។

[២៣១] បពិត្រមហារាជ សំឡេងសុះសាយនេះ តែងប្រាកដក្នុងលោកថា ពួកព្រាហ្មណ៍​ ជាវណ្ណៈខ្ពស់ ជនដទៃ ជាវណ្ណៈទាប។បេ។ ជាអ្នកទទួល​មត៌ករបស់ព្រហ្ម ដូច្នេះ ដោយហេតុណា ហេតុនុ៎ះ អ្នកប្រាជ្ញ គប្បីដឹងដោយបរិយាយ ដូច​តទៅនេះ បពិត្រ​មហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច ក្សត្រិយ៍ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ជាអ្នកលួចទ្រព្យគេ ជាអ្នកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ជាអ្នកពោលពាក្យកុហក ជាអ្នក​មានវាចាញុះញង់ ជាអ្នកមានវាចាទ្រគោះ ជាអ្នកពោលពាក្យរោយរាយ ឥតប្រយោជន៍ ជាអ្នកមានសេចក្តី​លោភជាប្រក្រតី ជាអ្នកមានចិត្តព្យាបាទ ជាអ្នក​មានសេចក្តីឃើញខុស លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ គប្បីទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក ឬមិនទៅកើតទេ ឬក៏ព្រះអង្គ ទ្រង់យល់ឃើញ ដោយប្រការដូចម្តេច ក្នុងរឿងនុ៎ះ។ បពិត្រព្រះកច្ចានៈដ៏ចំរើន សូម្បីក្សត្រិយ៍ ជាអ្នកសម្លាប់សត្វ ជាអ្នកលួចទ្រព្យគេ ជាអ្នកប្រព្រឹត្តខុស ក្នុងកាម​ទាំងឡាយ ជាអ្នកពោលពាក្យកុហក ជាអ្នក​មានវាចាញុះញង់ ជាអ្នកមានវាចាទ្រគោះ ជាអ្នកពោលពាក្យរោយរាយ ឥតប្រយោជន៍ ជាអ្នកមានសេចក្តី​លោភជាប្រក្រតី ជាអ្នកមានចិត្តព្យាបាទ ជាអ្នក​មានសេចក្តីឃើញខុស លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏គប្បីទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក ខ្ញុំមានសេចក្តីយល់ឃើញយ៉ាងនេះ ក្នុងរឿងនុ៎ះ មួយទៀត ពាក្យនុ៎ះ ខ្ញុំបានឮមកអំពី​ព្រះអរហន្តទាំងឡាយ យ៉ាងនេះឯង។

[២៣២] បពិត្រមហារាជ ត្រូវហើយៗ បពិត្រមហារាជ រឿងនុ៎ះ ព្រះអង្គយល់ឃើញ យ៉ាងនេះ ជាការប្រពៃហើយ មួយទៀត ពាក្យនុ៎ះ ព្រះអង្គបានឮអំពីព្រះអរហន្ត​ទាំងឡាយ ក៏ជាការប្រពៃ បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ដូចម្តេច ព្រាហ្មណ៍ ក្នុងលោកនេះ… វេស្សៈក្នុងលោកនេះ… សុទ្ទៈក្នុងលោកនេះ ជាអ្នកសម្លាប់​សត្វ ជាអ្នកលួចទ្រព្យគេ។បេ។ ជាអ្នក​មានសេចក្តីឃើញខុស លុះមានរាងកាយ​បែកធ្លាយ​ទៅ ខាងមុខបន្ទាប់អំពីមរណៈ គប្បីទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក ឬមិនទៅកើតទេ ឬក៏ព្រះអង្គ ទ្រង់យល់ឃើញ ដោយប្រការដូចម្តេច ក្នុងរឿងនុ៎ះ។ បពិត្រព្រះកច្ចានៈដ៏ចំរើន សូម្បីសុទ្ទៈ ជាអ្នកសម្លាប់សត្វ ជាអ្នកលួច​ទ្រព្យគេ។បេ។ ជាអ្នក​មានសេចក្តីឃើញខុស លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ គប្បីទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក ខ្ញុំមានសេចក្តីនេះយល់ឃើញយ៉ាងនេះ ក្នុងរឿងនុ៎ះ មួយទៀត ពាក្យនុ៎ះ ខ្ញុំបានឮមកអំពី​ព្រះអរហន្តទាំងឡាយ យ៉ាងនេះឯង។

[២៣៣] បពិត្រមហារាជ ត្រូវហើយៗ បពិត្រមហារាជ រឿងនុ៎ះ ព្រះអង្គយល់​ឃើញ យ៉ាងនេះ ជាការប្រពៃ មួយទៀត ពាក្យនុ៎ះ ព្រះអង្គបានឮអំពីព្រះអរហន្ត​ទាំងឡាយ ក៏ជាការប្រពៃ បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ដូចម្តេច កាលបើ​ហេតុយ៉ាងនេះមានហើយ វណ្ណៈ​ទាំង៤នេះ ជាវណ្ណៈស្មើៗគ្នា ឬមិនស្មើគ្នាទេ ឬក៏ព្រះអង្គ​ ទ្រង់មានព្រះយោបល់ដូចម្តេច ក្នុងវណ្ណៈទាំង៤នេះវិញ។ បពិត្រព្រះកច្ចានៈដ៏ចំរើន កាលបើ​ហេតុយ៉ាងនេះមានប្រាកដហើយ វណ្ណៈ​ទាំង៤នេះ ជាវណ្ណៈស្មើៗគ្នា មិនមែនមិនស្មើគ្នាទេ ខ្ញុំមិនឃើញអំពើផ្សេងគ្នាបន្តិចបន្តួច ក្នុងវណ្ណៈទាំង៤នេះឡើយ។

[២៣៤] បពិត្រមហារាជ សំឡេងសុះសាយនេះ តែងប្រាកដក្នុងលោកថា ពួកព្រាហ្មណ៍​ ជាវណ្ណៈខ្ពស់ ជនដទៃ ជាវណ្ណៈទាប។បេ។ ជាអ្នកទទួល​មត៌ករបស់ព្រហ្ម ដូច្នេះ ដោយហេតុណា ហេតុនុ៎ះ អ្នកប្រាជ្ញ គប្បីដឹងដោយបរិយាយ ដូច​តទៅនេះ បពិត្រ​មហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច ក្សត្រិយ៍ក្នុងលោកនេះ វៀរចាកការ​សម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ វៀរចាកពាក្យកុហក វៀរចាកវាចាញុះញង់ វៀរចាកវាចាទ្រគោះ វៀរចាកពាក្យរោយរាយ ឥតប្រយោជន៍ ជាអ្នកមិនមានសេចក្តី​លោភជាប្រក្រតី ជាអ្នកមានចិត្តមិនមានព្យាបាទ ជាអ្នក​មានសេចក្តីឃើញត្រូវ លុះមានរាងកាយ​បែក​ធ្លាយ​ទៅ ខាងមុខបន្ទាប់អំពីមរណៈ គប្បីទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ឬមួយមិន​ទៅកើត​ទេ ឬក៏ព្រះអង្គ ទ្រង់យល់​ឃើញ ដោយប្រការដូចម្តេច ក្នុងរឿងនុ៎ះ។ បពិត្រព្រះកច្ចានៈ​ដ៏ចំរើន សូម្បីក្សត្រិយ៍ ដែលវៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាម​ទាំងឡាយ វៀរចាកពាក្យកុហក វៀរចាកវាចាញុះញង់ វៀរចាកវាចាទ្រគោះ វៀរចាកពាក្យរោយរាយ ឥតប្រយោជន៍ ជាអ្នកមិនមានសេចក្តី​លោភជាប្រក្រតី ជាអ្នកមានចិត្តមិនព្យាបាទ ជាអ្នក​មានសេចក្តីឃើញត្រូវ លុះមានរាង​កាយ​បែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ គប្បីទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ខ្ញុំមានសេចក្តីយល់ឃើញយ៉ាងនេះ ក្នុងរឿងនុ៎ះ មួយទៀត ពាក្យនុ៎ះ ខ្ញុំបានឮមកអំពី​ព្រះអរហន្តទាំងឡាយ យ៉ាងនេះឯង។

[២៣៥] បពិត្រមហារាជ ត្រូវហើយៗ បពិត្រមហារាជ រឿងនុ៎ះ ព្រះអង្គយល់ឃើញ យ៉ាងនេះ ជាការប្រពៃ មួយទៀត ពាក្យនុ៎ះ ព្រះអង្គបានឮអំពីព្រះអរហន្ត​ទាំង​ឡាយ ក៏ជាការប្រពៃ បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ដូចម្តេច ព្រាហ្មណ៍ ក្នុងលោកនេះ… វេស្សៈក្នុងលោកនេះ… សុទ្ទៈក្នុងលោកនេះ ដែលវៀរចាកការសម្លាប់​សត្វ។បេ។ ជាអ្នក​មានសេចក្តីឃើញត្រូវ លុះមានរាងកាយ​បែកធ្លាយ​ទៅ ខាងមុខ​បន្ទាប់​អំពី​មរណៈ គប្បីទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ឬមិនទៅកើតទេ ឬក៏ព្រះអង្គ ទ្រង់យល់ឃើញ ដោយប្រការដូចម្តេច ក្នុងរឿងនុ៎ះ។ បពិត្រព្រះកច្ចានៈដ៏ចំរើន សូម្បីសុទ្ទៈ ដែលវៀរចាកការសម្លាប់សត្វ វៀរចាកការលួច​ទ្រព្យគេ។បេ។ ជាអ្នក​មានសេចក្តីឃើញត្រូវ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ គប្បីទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ខ្ញុំមានសេចក្តីនេះយល់ឃើញយ៉ាងនេះ ក្នុងរឿងនុ៎ះ មួយទៀត ពាក្យនុ៎ះ ខ្ញុំបានឮមកអំពី​ព្រះអរហន្តទាំងឡាយ យ៉ាងនេះឯង។

[២៣៦] បពិត្រមហារាជ ត្រូវហើយៗ បពិត្រមហារាជ រឿងនុ៎ះ ព្រះអង្គយល់​ឃើញ យ៉ាងនេះ ជាការប្រពៃ មួយទៀត ពាក្យនុ៎ះ ព្រះអង្គបានឮអំពីព្រះអរហន្ត​ទាំងឡាយ ក៏ជាការប្រពៃ បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ដូចម្តេច កាលបើ​ហេតុយ៉ាងនេះមានហើយ វណ្ណៈ​ទាំង៤នេះ ជាវណ្ណៈស្មើៗគ្នា ឬមិនស្មើគ្នាទេ ឬក៏ព្រះអង្គ​ ទ្រង់មានព្រះយោបល់ដូចម្តេច ក្នុងវណ្ណៈទាំង៤នេះវិញ។ បពិត្រព្រះកច្ចានៈដ៏ចំរើន កាលបើ​ហេតុយ៉ាងនេះ មានប្រាកដហើយ វណ្ណៈ​ទាំង៤នេះ ជាវណ្ណៈស្មើៗគ្នាពិតមែន ខ្ញុំមិនឃើញអំពើផ្សេងគ្នាបន្តិចបន្តួច ក្នុងវណ្ណៈទាំង៤នេះឡើយ។

[២៣៧] បពិត្រមហារាជ សំឡេងសុះសាយនេះ តែងប្រាកដក្នុងលោកថា ពួក​ព្រាហ្មណ៍​ ជាវណ្ណៈខ្ពស់។បេ។ ជាអ្នកទទួល​មត៌ករបស់ព្រហ្ម ដូច្នេះ ដោយហេតុណា ហេតុនុ៎ះ អ្នកប្រាជ្ញ គប្បីដឹងដោយបរិយាយ ដូច​តទៅនេះ បពិត្រ​មហារាជ ព្រះអង្គ​សំគាល់​សេចក្តីនោះ ដូចម្តេច ក្សត្រិយ៍ក្នុងលោកនេះ កាត់ជញ្ជាំងផ្ទះរបស់គេ​ក្តី ប្លន់គេក្តី ធ្វើអំពើបៀតបៀនយក​ទ្រព្យ​របស់ក្នុងផ្ទះតែមួយក្តី ចាំស្ទាក់​ផ្លូវក្តី សេពភរិយារបស់គេក្តី បើបុរសទាំងឡាយ ចាប់ក្សត្រិយ៍នោះបានហើយ នាំយកមកថ្វាយព្រះអង្គថា បពិត្រព្រះសម្មតិទេព ក្សត្រិយ៍ នេះជាចោររបស់ព្រះអង្គ ជាអ្នក​ប្រព្រឹត្តនូវអំពើ​អាក្រក់ បើព្រះអង្គ​ប្រាថ្នានឹងដាក់ព្រះរាជអាជ្ញាណា សូមទ្រង់ដាក់ព្រះរាជអាជ្ញានោះ ដល់ចោរនេះចុះ តើព្រះអង្គ គប្បីធ្វើនូវក្សត្រិយ៍នោះ ដូចម្តេចទៅ។ បពិត្រព្រះកច្ចានៈ​ដ៏ចំរើន យើងខ្ញុំគប្បី​សម្លាប់ក៏បាន ពុះវះក៏បាន បណ្តេញចេញក៏បាន ធ្វើឲ្យសមគួរ​តាមហេតុក៏បាន ដំណើរនោះ ព្រោះហេតុអ្វី បពិត្រ​ព្រះកច្ចានៈដ៏ចំរើន ព្រោះថា ឈ្មោះណាដែលគេហៅ​ថាក្សត្រិយ៍ ដូច្នេះអំពីមុន ឈ្មោះនោះ របស់ក្សត្រិយ៍នោះ ក៏បាត់ទៅហើយ ឥឡូវនេះ ក្សត្រិយ៍នោះ ដល់នូវឈ្មោះថាជាចោរវិញ។

[២៣៨] បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច ព្រាហ្មណ៍ ក្នុង​លោកនេះ… វេស្សៈក្នុងលោកនេះ… សុទ្ទៈក្នុងលោកនេះ គប្បី​កាត់នូវជញ្ជាំងផ្ទះរបស់គេ​ក្តី ប្លន់គេក្តី ធ្វើអំពើបៀតបៀនយក​ទ្រព្យ​របស់ ក្នុងផ្ទះតែមួយក្តី ចាំស្ទាក់​ផ្លូវក្តី សេព​ភរិយា​របស់គេក្តី បើបុរសទាំងឡាយ ចាប់សុទ្ទៈនោះបានហើយ នាំយកមកថ្វាយព្រះអង្គថា បពិត្រព្រះសម្មតិទេព សុទ្ទៈនេះ ជាចោររបស់ព្រះអង្គ ជាអ្នក​ប្រព្រឹត្តនូវអំពើ​អាក្រក់ បើព្រះអង្គ​ប្រាថ្នានឹងដាក់ព្រះរាជអាជ្ញាណា សូមទ្រង់ដាក់ព្រះរាជអាជ្ញានោះ ដល់ចោរនេះចុះ តើព្រះអង្គ គប្បីធ្វើនូវចោរនោះ ដូចម្តេចទៅ។ បពិត្រព្រះកច្ចានៈ​ដ៏ចំរើន យើងខ្ញុំគប្បី​សម្លាប់ក៏បាន ពុះវះក៏បាន បណ្តេញចេញក៏បាន ធ្វើឲ្យសមគួរ​តាម​ហេតុក៏បាន ដំណើរ​នោះ ព្រោះហេតុអ្វី បពិត្រ​ព្រះកច្ចានៈដ៏ចំរើន ព្រោះថា ឈ្មោះណា​ដែលគេហៅ​ថាសុទ្ទៈ ដូច្នេះអំពីមុន ឈ្មោះរបស់សុទ្ទៈនោះ ក៏បាត់ទៅហើយ ឥឡូវនេះ សុទ្ទៈនោះ ដល់នូវឈ្មោះថាចោរវិញ។

[២៣៩] បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ដូចម្តេច កាលបើ​ហេតុ​យ៉ាង​នេះ​មានហើយ វណ្ណៈ​ទាំង៤នេះ ជាវណ្ណៈស្មើៗគ្នា ឬមិនស្មើគ្នាទេ ឬក៏ព្រះអង្គ​ ទ្រង់មាន​ព្រះយោបល់ដូចម្តេច ក្នុងវណ្ណៈទាំង៤នេះវិញ។ បពិត្រព្រះកច្ចានៈដ៏ចំរើន កាលបើ​ហេតុយ៉ាងនេះមានហើយ វណ្ណៈ​ទាំង៤នេះ ជាវណ្ណៈស្មើៗគ្នាពិតមែន ខ្ញុំមិនឃើញ​អំពើ​ផ្សេង​គ្នាបន្តិចបន្តួច ក្នុងវណ្ណៈទាំង៤នេះឡើយ។

[២៤០] បពិត្រមហារាជ សំឡេងសុះសាយនេះ តែងប្រាកដក្នុងលោកថា ពួក​ព្រាហ្មណ៍​ ជាវណ្ណៈខ្ពស់ ជនដទៃជាវណ្ណៈទាប។បេ។ ជាអ្នកទទួល​មត៌ករបស់ព្រហ្ម ដូច្នេះ ដោយហេតុណា ហេតុនុ៎ះ អ្នកប្រាជ្ញ គប្បីដឹងដោយបរិយាយ ដូច​តទៅនេះ បពិត្រ​មហារាជ ព្រះអង្គ​សំគាល់​សេចក្តីនោះ ដូចម្តេច ក្សត្រិយ៍ក្នុងលោកនេះ បើកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ជាអ្នកវៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកពាក្យកុហក ជាអ្នក​បរិភោគភត្តតែម្តង ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ជាអ្នកមានសីល មានកល្យាណធម៌ តើ​ព្រះអង្គគប្បីធ្វើក្សត្រិយ៍នោះ ដូចម្តេច។ បពិត្រព្រះកច្ចានៈ​ដ៏ចំរើន យើងខ្ញុំគប្បី​ថ្វាយ​បង្គំ គប្បីក្រោកឡើងទទួល គប្បីនិមន្តដោយអាសនៈ គប្បីទំនុកបំរុងបព្វជិតនោះ ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ឬគប្បី​ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ដល់បព្វជិតនោះ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រ​ព្រះកច្ចានៈដ៏ចំរើន ព្រោះថា ឈ្មោះណា ដែលគេហៅ​ថាក្សត្រិយ៍ ដូច្នេះអំពីមុន ឈ្មោះរបស់ក្សត្រិយ៍នោះ ក៏បាត់ទៅហើយ ឥឡូវនេះ ក្សត្រិយ៍នោះ ដល់នូវឈ្មោះថា សមណៈវិញ។

[២៤១] បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច ព្រាហ្មណ៍ ក្នុងលោកនេះ… វេស្សៈក្នុងលោកនេះ… សុទ្ទៈក្នុងលោកនេះ បើកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ជាអ្នកវៀរ​ចាក​ការ​សម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកពាក្យកុហក ជាអ្នក​បរិភោគភត្តតែម្តង ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ មានសីល មានកល្យាណធម៌ តើ​ព្រះអង្គគប្បីធ្វើសុទ្ទៈនោះ ដូចម្តេច។ បពិត្រព្រះកច្ចានៈ​ដ៏ចំរើន ខ្ញុំគប្បី​ថ្វាយ​បង្គំ គប្បីក្រោកឡើងទទួល គប្បីនិមន្តដោយអាសនៈ គប្បីទំនុកបំរុងបព្វជិតនោះ ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ឬគប្បី​ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងដ៏​ប្រកប​ដោយ​ធម៌ ដល់បព្វជិតនោះ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រ​ព្រះកច្ចានៈដ៏ចំរើន ព្រោះថា ឈ្មោះណា ដែលគេហៅ​ថាសុទ្ទៈ អំពីមុន ឈ្មោះរបស់សុទ្ទៈនោះ ក៏បាត់ទៅហើយ ឥឡូវនេះ សុទ្ទៈនោះ ដល់នូវឈ្មោះថា សមណៈវិញ។

[២៤២] បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ដូចម្តេច កាលបើ​ហេតុ​យ៉ាង​នេះ​មានហើយ វណ្ណៈ​ទាំង៤នេះ ជាវណ្ណៈស្មើៗគ្នា ឬមិនស្មើគ្នាទេ ឬក៏ព្រះអង្គ​ ទ្រង់មាន​ព្រះយោបល់ដូចម្តេច ក្នុងវណ្ណៈទាំង៤នេះវិញ។ បពិត្រព្រះកច្ចានៈដ៏ចំរើន កាលបើ​ហេតុយ៉ាងនេះមានប្រាកដហើយ វណ្ណៈ​ទាំង៤នេះ ជាវណ្ណៈស្មើៗគ្នាពិតមែន ខ្ញុំមិនបានឃើញ​អំពើ​ផ្សេង​គ្នាបន្តិចបន្តួច ក្នុងវណ្ណៈទាំង៤នេះឡើយ។

[២៤៣] បពិត្រមហារាជ សំឡេងសុះសាយនេះ តែងប្រាកដក្នុងលោកថា ពួក​ព្រាហ្មណ៍​ ជាវណ្ណៈខ្ពស់ ជនដទៃជាវណ្ណៈទាប ពួកព្រាហ្មណ៍ ជាវណ្ណៈស ជនដទៃ​ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ បរិសុទ្ធ ជនមិនមែនព្រាហ្មណ៍ មិនបរិសុទ្ធឡើយ ពួកព្រាហ្មណ៍ ជាបុត្តរបស់ព្រហ្ម ជាឱរសកើតអំពីព្រះឱស្ឋព្រហ្ម មានព្រហ្ម​ជាកំណើត ព្រហ្មបានតាក់តែងឲ្យកើត ជាអ្នកទទួល​មត៌ករបស់ព្រហ្ម ដូច្នេះ ដោយហេតុណា ហេតុនុ៎ះ អ្នកប្រាជ្ញ គប្បីដឹងដោយបរិយាយនេះឯង។

[២៤៤] កាលបើព្រះកច្ចានៈ បានសំដែង​យ៉ាងនេះហើយ ព្រះបាទមធុររាជអវន្តិ​បុត្ត បានពោលសេចក្តី​នេះ ទៅនឹង​ព្រះមហាកច្ចានៈដ៏មានអាយុវិញថា បពិត្រព្រះកច្ចានៈ​ដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះកច្ចានៈដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះកច្ចានៈ​ដ៏ចំរើន ធម៌ដែល​ព្រះកច្ចានៈដ៏ជំរើនសំដែងហើយ ដោយអនេកបរិយាយនេះ ដូចជា​គេផ្ងារ​របស់​ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញ​របស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ​ ដល់អ្នក​វង្វេងទិស ពុំនោះសោត ដូចជា​គេកាន់ប្រទីបប្រេង ទ្រោលបំភ្លឺក្នុងទីងងឹត ដោយ​គិតថា មនុស្សមានចក្ខុ បានឃើញរូបទាំងឡាយ ខ្ញុំ​ព្រះករុណានេះ សូម​ដល់នូវ​ព្រះកច្ចានៈដ៏​ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងអំពី​ថ្ងៃនេះទៅ សូម​ព្រះកច្ចានៈដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណាថា ជាឧបាសក ដល់នូវសរណគមន៍​ ស្មើដោយជីវិត។

[២៤៥] បពិត្រមហារាជ ព្រះអង្គកុំយកអាត្មាភាព ជាទីពឹង ទីរលឹកឡើយ អាត្មាភាព ដល់ព្រះមានព្រះភាគណា ជាទីពឹង ទីរលឹក សូមព្រះអង្គ ដល់នូវ​ព្រះមានព្រះភាគ​នោះ ជាទីពឹង ទីរលឹកចុះ។ បពិត្រព្រះកច្ចានៈ ដ៏ចំរើន ចុះឥឡូវនេះ តើ​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ព្រះអង្គគង់នៅក្នុងទីណា។ បពិត្រមហារាជ ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ព្រះអង្គបរិនិព្វានហើយ។

[២៤៦] បពិត្រព្រះកច្ចានៈដ៏ចំរើន បើប្រសិនជាយើងខ្ញុំឮដំណឹងថា ព្រះមានព្រះភាគនោះ នៅក្នុងទីប្រមាណ១០យោជន៍ យើងខ្ញុំ គប្បីទៅកាន់ទី ប្រមាណ​១០យោជន៍ ដើម្បីឃើញព្រះមានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធនោះឲ្យបាន បពិត្រ​ព្រះកច្ចានៈដ៏ចំរើន បើប្រសិនជាយើងខ្ញុំឮដំណឹងថា ព្រះមានព្រះភាគនោះ នៅក្នុង​ទី​ប្រមាណ២០យោជន៍… ៣០យោជន៍… ៤០យោជន៍… ៥០យោជន៍សោត យើងខ្ញុំ គប្បីទៅកាន់ទី ប្រមាណ​៥០យោជន៍ ដើម្បីឃើញព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ​​នោះឲ្យបាន បពិត្រ​ព្រះកច្ចានៈដ៏ចំរើន បើប្រសិនជាយើងខ្ញុំឮដំណឹងថា ព្រះមានព្រះភាគនោះ នៅក្នុងទីប្រមាណ១០០យោជន៍ យើងខ្ញុំ គប្បីទៅកាន់ទីប្រមាណ​១០០យោជន៍ ដើម្បីឃើញព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធនោះឲ្យបាន បពិត្រ​ព្រះកច្ចានៈដ៏ចំរើន កាលបើព្រះមានព្រះភាគអង្គនោះ ទ្រង់បរិនិព្វានហើយ យើងខ្ញុំ​សូមដល់​នូវព្រះមានព្រះភាគ ដែលទ្រង់បរិនិព្វានហើយ ទាំងព្រះធម៌ ទាំងព្រះភិក្ខុសង្ឃ ជាទីពឹង ទីរលឹក សូមព្រះកច្ចានៈដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណាថា ជាឧបាសក ដល់នូវ​សរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះទៅ។

ចប់ មធុរសូត្រ ទី៤។

ពោធិរាជកុមារសូត្រ ទី៥

(៥. ពោធិរាជកុមារសុត្តំ)

[២៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅ​ក្នុង​ភេសកលាវ័ន39) ជាទីឲ្យអភ័យ ដល់ម្រឹគ ទៀបក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ។ សម័យនោះឯង ពោ​ធិរាជកុមារ ចាត់ការកសាងប្រាសាទ ឈ្មោះកោកនុទ40) ទើបតែនឹងហើយថ្មីៗ ដែល​សមណព្រាហ្មណ៍ ឬបុគ្គលណាមួយ ជាតិជាមនុស្ស មិនដែលធ្លាប់បាននៅ​អាស្រ័យ។ លំដាប់នោះ ពោធិរាជកុមារ ទ្រង់ហៅសញ្ជិកាបុត្តមាណព មកប្រាប់ថា នែសញ្ជិកាបុត្រសំឡាញ់ អ្នកចូរចូលមក អ្នកចូរទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ថ្វាយបង្គំព្រះបាទយុគលព្រះមានព្រះភាគដោយត្បូង ទូលសួរការមិនមាន​អាពាធ មិនមានសេចក្តីលំបាក ការក្រោករហ័សរហួន កាយពល និងធម៌ ជាគ្រឿង​នៅ​សប្បាយ តាមពាក្យអញថា បពិត្រព្រះអង្គដ៏ចំរើន ពោធិរាជកុមារ សូមថ្វាយបង្គំ នូវ​ព្រះបាទ​យុគលព្រះអង្គ ដោយត្បូង ទូលសួរការមិនមានអាពាធ មិនមានសេចក្តីលំបាក ការក្រោករហ័សរហួន កាយពល និងធម៌ ជាគ្រឿង​នៅសប្បាយ ហើយទូលយ៉ាងនេះ​ទៀតថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្ត របស់​ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ សញ្ជិកាបុត្ត​មាណព ទទួលព្រះបន្ទូល​ពោធិរាជកុមារ​ថា ព្រះករុណាវិសេស ហើយក៏ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[២៤៨] សញ្ជិកាបុត្តមាណព លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ពោធិរាជកុមារ សូមថ្វាយបង្គំ​ព្រះបាទយុគលព្រះគោតមជាម្ចាស់ ដោយត្បូង ក្រាបទូលសួរការមិនមានអាពាធ មិនមានសេចក្តីលំបាក ការក្រោករហ័សរហួន កាយពល និងធម៌ ជាគ្រឿង​នៅសប្បាយ មួយទៀត ពោធិរាជកុមារ ឲ្យក្រាបទូលព្រះអង្គ យ៉ាងនេះថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ពោធិរាជកុមារ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមាន​ព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះឯង សញ្ជិកាបុត្តមាណព ដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ចូលទៅគាល់ពោធិរាជកុមារ លុះចូលទៅដល់ហើយ ក៏ក្រាបទូលពោធិរាជកុមារ យ៉ាងនេះថា ខ្ញុំព្រះអង្គ បានក្រាប​បង្គំ​ទូល​ព្រះគោតមដ៏ចំរើននោះ តាមបន្ទូល របស់ទ្រង់ហើយថា បពិត្រព្រះគោតមដ៏ចំរើន ពោធិរាជកុមារ សូមថ្វាយបង្គំនូវព្រះបាទយុគលព្រះគោតមដ៏ចំរើន ដោយត្បូង ទូលសួរ​ការមិនមានអាពាធ មិនមានសេចក្តីលំបាក ការក្រោករហ័សរហួន កាយពល និងធម៌ ជាទៅនៅសប្បាយ មួយទៀត ពោធិរាជកុមារ ឲ្យក្រាបទូលព្រះអង្គយ៉ាងនេះថា សូម​ព្រះគោតម​ដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្ត របស់ពោធិរាជកុមារ ដើម្បីឆាន់​ក្នុង​ថ្ងៃ​ស្អែក ព្រះគោតមជាម្ចាស់ ក៏បានទទួលនិមន្តហើយ។ លុះព្រឹកឡើង ពោធិរាជ​កុមារ ចាត់ចែងខាទនីយភោជនីយាហារដ៏ឧត្តម ក្នុងព្រះរាជនិវេសន៍ របស់ព្រះអង្គ​ហើយ ឲ្យក្រាលកោកនុទប្រាសាទ ដោយសំពត់សទាំងឡាយ ដរាបដល់កាំជណ្តើរ​ជាន់​ខាង​ក្រោម​បំផុត ហើយត្រាស់ហៅសញ្ជិកាបុត្តមាណពមកថា ម្នាលសញ្ជិកាបុត្ត សំឡាញ់ អ្នកចូរមក អ្នកចូរទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំ​ទូល​ភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលគួរហើយ ភត្ត​ក៏​សម្រេចហើយ។ សញ្ជិកាបុត្តមាណព ទទួលព្រះបន្ទូល របស់ពោធិរាជកុមារថា ព្រះករុណាវិសេស ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាល​គួរ​ហើយ ភត្តក៏សម្រេចហើយ។

[២៤៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហ​សម័យ ទ្រង់ពុទ្ធដំណើរទៅកាន់និវេសនដ្ឋាន របស់ពោធិរាជកុមារ។ សម័យ​នោះ​ឯង ពោធិរាជកុមារ ឋិតនៅខាងក្រៅខ្លោងទ្វារ រង់ចាំព្រះមានព្រះភាគ។ ពោធិរាជកុមារ បានឃើញព្រះមានព្រះភាគ ស្តេចមកអំពីចំងាយ លុះឃើញហើយ ក៏ក្រោកទៅទទួល​ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ នាំស្តេចទៅកាន់​កោកនុទប្រាសាទ។ វេលានោះ ព្រះមាន​ព្រះភាគ ទ្រង់ឈប់បង្អង់នៅកាំជណ្តើរជាន់ខាងក្រោមបំផុត។ លំដាប់នោះ ពោធិរាជ​កុមារ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ទ្រង់ជាន់សំពត់ទាំងឡាយ សូមព្រះសុគត ទ្រង់ជាន់សំពត់ទាំងឡាយ ដើម្បី​ប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ កាលពោធិរាជកុមារ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់នៅស្ងៀម។ ពោធិរាជកុមារ ក្រាប​បង្គំ​ទូលព្រះមានព្រះភាគ យ៉ាងនេះ អស់វារៈពីរដងថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះ​មាន​ព្រះភាគ ទ្រង់ជាន់សំពត់ទាំងឡាយ សូមព្រះសុគត ទ្រង់ជាន់សំពត់ទាំងឡាយ ដើម្បី​ប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ កាល​ពោធិរាជកុមារ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់នៅស្ងៀម។ ពោធិរាជកុមារ ក្រាប​បង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះ អស់វារៈ​ជាគំរប់​៣ដងថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់ជាន់សំពត់ទាំងឡាយ សូមព្រះសុគត ទ្រង់ជាន់សំពត់ទាំងឡាយ ដើម្បី​ប្រយោជន៍ និងសេចក្តីសុខ ដល់ខ្ញុំព្រះអង្គ អស់កាលជាយូរអង្វែង។ លំដាប់នោះ ព្រះមាន​ព្រះភាគ ទ្រង់បែរព្រះភក្ត្រ ទៅរកព្រះអានន្ទមានអាយុ។ គ្រានោះឯង ព្រះអានន្ទ​មានអាយុ ក៏មានថេរវាចា ទៅនឹងពោធិរាជកុមារ យ៉ាងនេះថា បពិត្រព្រះរាជកុមារ សូមទ្រង់សារសំពត់ចេញ ព្រះមានព្រះភាគ ព្រះអង្គ មិនទ្រង់ជាន់ផ្ទាំងសំពត់ទេ ព្រះសុគត ព្រះអង្គ ទ្រង់ប្រមើលមើលនូវប្រជុំជនជាខាងក្រោយ។ គ្រានោះ ពោធិរាជ​កុមារ ទ្រង់ឲ្យសារសំពត់ចេញហើយ ទ្រង់ឲ្យក្រាលអាសនៈ​ខាងលើ​កោកនុទប្រាសាទ​។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ឡើងកាន់កោកនុទប្រាសាទ ហើយគង់លើអាសនៈ ដែលគេក្រាលស្រេចហើយ ព្រមទាំងភិក្ខុសង្ឃ។ លំដាប់នោះ ពោធិរាជកុមារ បាន​អង្គាស​ខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពិសា ថ្វាយដោយព្រះហស្តព្រះអង្គឯង ចំពោះ​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែទ្រង់ហាមឃាត់។ ទើបពោធិរាជកុមារ កំណត់ជ្រាបថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ត ទៅក្នុង​បាត្រ​ហើយ ក៏កាន់យកអាសនៈ​ទាបមួយ គង់ក្នុងទីដ៏សមគួរ។ ពោធិរាជកុមារ លុះគង់ក្នុង​ទី​ដ៏សមគួរហើយ ទើបក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខ បុគ្គលមិនគប្បីបាន ដោយសេចក្តី​សុខទេ សេចក្តីសុខ បុគ្គលត្រូវបាន ដោយសេចក្តីទុក្ខ។

[២៥០] ម្នាលរាជកុមារ ក៏កាលតថាគត នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅ​ឡើយ មុនអំពីការត្រាស់ដឹង មានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខ បុគ្គលមិនគប្បី​បាន ដោយសេចក្តីសុខទេ សេចក្តីសុខ បុគ្គលត្រូវ​បាន ដោយសេចក្តីទុក្ខ។ ម្នាលរាជកុមារ សម័យ​ខាងក្រោយមក តថាគតនោះ នៅជាកំឡោះ មានសក់ខ្មៅស្រិល ប្រកបព្រម​ដោយ​វ័យដ៏ចំរើន គឺនៅក្នុងបឋមវ័យនៅឡើយ កាលមាតា និងបិតា មិនចង់(ឲ្យបួស) មានមុខ​ទទឹកជោកដោយទឹកភ្នែក កំពុងទួញយំ ក៏បានកោរសក់ នឹងពុកមាត់ ពុកចង្កា ស្លៀក​ដណ្តប់​សំពត់កាសាយៈ ចេញចាកផ្ទះ ចូលមកបួស។ កាលតថាគតនោះ បានបួសដូច្នោះហើយ ក៏ស្វែងរកនូវកឹកុសលសន្តិវរបទដ៏ប្រសើរ ក៏បានចូល​ទៅរក​ អាឡារតាបសកាលាមគោត្រ លុះចូលទៅដល់ហើយ បានពោលសេចក្តីនេះ ទៅនឹង អាឡារតាបស កាលាមគោត្រ ថា ម្នាលអាវុសោកាលាមៈ យើងប្រាថ្នា​នឹងមកប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះផង។ ម្នាលរាជកុមារ កាលតថាគត ពោលយ៉ាងនេះហើយ អាឡារតាបស កាលាមគោត្រ បានពោល​តបនឹងតថាគត យ៉ាងនេះថា អ្នកដ៏មានអាយុ ចូរនៅចុះ ធម៌នេះ ក៏ប្រាកដ​ដូច្នោះ បើជាបុរស​អ្នកដឹងសេចក្តីហើយ មិនយូរឡើយ គង់នឹងធ្វើឲ្យជាក់ច្បាស់ នូវលទ្ធិ​អាចារ្យរបស់ខ្លួន ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ហើយសម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ​ទាំង៤បាន។ ម្នាលរាជកុមារ តថាគតនោះ ក៏បានរៀនធម៌នោះឆាប់រហ័ស មិនយូរឡើយ។ ម្នាល​រាជកុមារ តថាគតនោះ ពោលបានដល់ទៅញាណវាទ និងថេរវាទ ដោយអាការ​គ្រាន់តែទន្ទេញ ដោយបបូរមាត់ និងដោយ​អាការគ្រាន់តែចរចាទៅមក​ប៉ុណ្ណោះ​ឯង មួយទៀត តថាគតក្តី បុគ្គលដទៃក្តី ប្តេជ្ញាថា យើង​ដឹង យើងឃើញដូច្នេះ។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ​ យ៉ាង​នេះថា អាឡារតាបសកាលាមគោត្រ នឹងញុំាង​អ្នកដទៃឲ្យដឹងច្បាស់ នូវធម៌នេះថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ដូច្នេះ នឹងអស់ស្រេច​ដោយត្រឹមតែសទ្ធាប៉ុណ្ណោះនោះក៏ទេ ដោយ​ពិតមែននោះ អាឡារតាបសកាលាមគោត្រ គ្រាន់តែដឹង គ្រាន់តែឃើញធម៌នេះប៉ុណ្ណោះ។ ម្នាលរាជកុមារ កាលនោះ តថាគត បាន​ចូលទៅរកអាឡារតាបសកាលាមគោត្រទៀត លុះចូលទៅដល់ហើយ បានពោលនឹង​អាឡារតាបសកាលាមគោត្រ យ៉ាងនេះថា ម្នាល​អាវុសោកាលាមៈ លោកធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយញុំាងអ្នកដទៃ ឲ្យដឹងបានត្រឹមតែ​ប៉ុណ្ណោះទេឬ។ ម្នាលរាជកុមារ កាលតថាគត ពោល​យ៉ាងនេះហើយ អាឡារតាបសកាលាមគោត្រ ទើបបានប្រកាស​ប្រាប់ដល់​អាកិញ្ចញ្ញាយតនជ្ឈាន។ ម្នាល​រាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា មិនមែនមានសទ្ធា តែអាឡារតាបសកាលាមគោត្រម្នាក់ឯងទេ សូម្បីយើង ក៏មានសទ្ធា​ដូច្នោះដែរ មិនមែន​មាន​វីរិយៈតែអាឡារតាបសកាលាមគោត្រម្នាក់ឯងទេ សូម្បីយើង ក៏មានវីរិយៈ​ដូច្នោះ​ដែរ សតិ… សមាធិ… បញ្ញា សូម្បីយើង ក៏មានបញ្ញាដូច្នោះដែរ តែទុកជាយ៉ាងដូចម្តេច យើង​ត្រូវតែតំកល់សេចក្តីព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ ដែលអាឡារតាបសកាលាមគោត្រ ញុំាង​អ្នកដទៃឲ្យដឹងថា អាត្មាអញ បានធ្វើឲ្យជាក់​ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ដូច្នេះឲ្យខាងតែបាន។ ម្នាលរាជកុមារ មិនយូរ​ប៉ុន្មាន តថាគតនោះ បានធ្វើឲ្យជាក់ច្បាស់នូវធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួន​ឯង​យ៉ាងឆាប់រហ័ស។ ម្នាល​រាជកុមារ លំដាប់នោះ តថាគតបានចូលទៅរក​អាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ បានពោល​នឹងអាឡារតាបសកាលាមគោត្រ យ៉ាងនេះថា ម្នាលអាវុសោកាលាមៈ លោកបាន​ធ្វើឲ្យ​ជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយញុំាងអ្នកដទៃ ឲ្យ​ដឹង​បានត្រឹមតែ​ប៉ុណ្ណោះទេឬ។ ម្នាលអាវុសោ យើងបានធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដោយ​ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយញុំាងអ្នកដទៃឲ្យដឹងបាន ត្រឹមតែប៉ុណ្ណោះទេ។ តថាគត ឆ្លើយតបថា ម្នាលអាវុសោ ខ្ញុំឯងក៏ធ្វើឲ្យជាក់ច្បាស់នូវធម៌នេះ ដោយប្រាជ្ញាដ៏​ឧត្តម ដោយខ្លួនឯងតែប៉ុណ្ណោះដែរ។ ម្នាលអាវុសោ យើងពេញជាមានលាភហើយ ម្នាលអាវុសោ ភាពជាមនុស្ស យើងបានដោយល្អហើយ ព្រោះពួកយើងបានឃើញ​សព្រហ្មចារីបុគ្គល ប្រហែលដូចជាអ្នកមានអាយុ ហេតុនោះ យើងបាន​ធ្វើឲ្យជាក់​ច្បាស់​ ដោយប្រាជ្ញាដ៏​ឧត្តម ដោយខ្លួនឯង ហើយញុំាងអ្នកដទៃ ឲ្យដឹងច្បាស់ធម៌ណា អ្នកក៏​បាន​ធ្វើឲ្យជាក់ច្បាស់ធម៌នោះ ដោយប្រាជ្ញាដ៏​ឧត្តម ដោយខ្លួនឯងដូច្នោះដែរ អ្នកបាន​ធ្វើឲ្យជាក់ច្បាស់ធម៌ណា ដោយប្រាជ្ញាដ៏​ឧត្តម ដោយខ្លួនឯង យើង​ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏​ឧត្តម ដោយខ្លួនឯង ហើយញុំាងអ្នកដទៃ ឲ្យដឹងច្បាស់ធម៌នោះដែរ ព្រោះហេតុនោះ យើង​បានដឹងធម៌ណា អ្នកក៏ដឹងធម៌នោះដែរ អ្នកដឹងធម៌ណា យើងក៏ដឹង​ធម៌នោះដែរ ព្រោះហេតុនោះ យើងយ៉ាងណា អ្នកក៏យ៉ាងនោះដែរ អ្នកយ៉ាងណា យើងក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ ឥឡូវនេះ អ្នកចូរមកចុះ យើងទាំង​ពីរនាក់ នឹងនៅជួយគ្នា រក្សាគណៈនេះ។ ម្នាលរាជកុមារ ព្រោះហេតុនោះ អាឡារតាបស​កាលាមគោត្រ កាលជាអាចារ្យរបស់តថាគត ក៏បានតាំងតថាគត កាលនៅជាអន្តេវាសិក​ឲ្យស្មើនឹងខ្លួន ហើយបូជាតថាគត ដោយការបូជាដ៏លើសលុប។ ម្នាលរាជកុមារ តថាគត​នោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធម៌នេះ មិនមែនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​នឿយណាយ មិនមែនប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគៈ មិនមែនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​រំលត់ទុក្ខ មិនមែន​ប្រព្រឹត្តទៅ ដើម្បីសេចក្តីរម្ងាប់ មិនមែន​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ដឹង មិនមែនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនមែនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ គ្រាន់តែ​ប្រព្រឹត្តទៅ ដើម្បីកើតក្នុងអាកិញ្ចញ្ញាយតនភពប៉ុណ្ណោះ។ ម្នាលរាជកុមារ តថាគតនោះ មិនបានពេញចិត្តនឹងធម៌នោះ បានគេចចេញចាកធម៌នោះ ហើយចៀសចេញទៅ។

[២៥១] ម្នាលរាជកុមារ តថាគតនោះ កំពុងស្វែងរកកឹកុសលសន្តិវរបទដ៏​ប្រសើរ បានចូលទៅរក ឧទ្ទករាមបុត្រ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងឧទ្ទករាមបុត្រថា ម្នាលអាវុសោរាមៈ យើងប្រាថ្នានឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះដែរ។ ម្នាលរាជកុមារ កាលតថាគតពោលយ៉ាងនេះហើយ ឧទ្ទករាមបុត្រ បានពោលនឹងតថាគត យ៉ាងនេះថា អ្នកមានអាយុ ចូរនៅចុះ ធម៌នេះ ប្រាកដ​ដូច្នោះ បើជាបុរសអ្នកដឹងសេចក្តីហើយ មិនយូរឡើយ គង់នឹងធ្វើឲ្យជាក់ច្បាស់ នូវលទ្ធិ​អាចារ្យ​របស់ខ្លួន ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯងបាន។ ម្នាលរាជកុមារ តថាគតនោះ ក៏បាន​រៀន​ធម៌នោះ យ៉ាងឆាប់រហ័ស មិនយូរឡើយ។ ម្នាល​រាជកុមារ តថាគតនោះ បានដល់ទៅ​ញាណវាទ និងថេរវាទ ដោយអាការ​គ្រាន់តែទន្ទេញ ដោយបបូរមាត់ និងដោយ​អាការ​គ្រាន់តែចរចាទៅមកប៉ុណ្ណោះឯង មួយទៀត តថាគតក្តី បុគ្គលដទៃក្តី ប្តេជ្ញាថា យើង​ដឹង យើងឃើញដូច្នេះ។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ​យ៉ាង​នេះថា រាមបុត្រនេះ នឹងញុំាងអ្នកដទៃឲ្យដឹងច្បាស់ នូវធម៌នេះថា អាត្មាអញ បានធ្វើឲ្យ​ជាក់​ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ដូច្នេះ នឹងអស់ស្រេច​ដោយត្រឹមតែ​សទ្ធា​ប៉ុណ្ណោះ​នោះក៏ទេ ដោយពិតមែននោះ រាមបុត្រនេះ គ្រាន់តែដឹង គ្រាន់តែឃើញ​ធម៌នេះ​ប៉ុណ្ណោះ។ ម្នាលរាជកុមារ កាលនោះ តថាគត ចូលទៅរកឧទ្ទករាមបុត្រទៀត លុះចូល​ទៅ​ដល់​ហើយ ក៏បានពោលនឹងឧទ្ទករាមបុត្រ យ៉ាងនេះថា ម្នាលអាវុសោរាមៈ លោកបាន​ធ្វើ​ឲ្យ​ជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយញុំាងអ្នកដទៃ ឲ្យដឹង​បានត្រឹមតែ​ប៉ុណ្ណោះទេឬ។ ម្នាលរាជកុមារ កាលតថាគតពោលយ៉ាងនេះហើយ ឧទ្ទករាមបុត្រ ក៏បានប្រកាស​ប្រាប់ដល់ទៅនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាល​រាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា មិនមែនមានសទ្ធា តែរាមបុត្រម្នាក់ឯងទេ សូម្បីយើង ក៏មានសទ្ធាដូច្នោះដែរ មិនមែន​មាន​វីរិយៈ​តែរាមបុត្រម្នាក់ឯងទេ។បេ។ សតិ… សមាធិ… បញ្ញា សូម្បីយើង ក៏មានបញ្ញាដូច្នោះដែរ តែទុកជាយ៉ាងដូចម្តេចក៏ដោយ យើង​ត្រូវតែតំកល់ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ ដែលឧទ្ទករាមបុត្រ ញុំាង​អ្នកដទៃឲ្យដឹងថា អាត្មាអញ បានធ្វើឲ្យជាក់​ច្បាស់ ដោយប្រាជ្ញា​ដ៏​ឧត្តម ដោយខ្លួនឯង ដូច្នេះ ឲ្យខាងតែបាន។ ម្នាលរាជកុមារ មិនយូរ​ប៉ុន្មាន តថាគតនោះ បានធ្វើឲ្យជាក់ច្បាស់នូវធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួន​ឯង ​យ៉ាងឆាប់រហ័ស។ ម្នាល​រាជកុមារ លំដាប់នោះ តថាគត បានចូលទៅរក​ឧទ្ទករាមបុត្រ លុះចូលទៅដល់​ហើយ បានពោល​នឹងឧទ្ទករាមបុត្រ យ៉ាងនេះថា ម្នាលអាវុសោរាមៈ លោកបាន​ធ្វើឲ្យ​ជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយញុំាងអ្នកដទៃ ឲ្យ​ដឹង​បានត្រឹមតែប៉ុណ្ណេះទេឬ។ ឧទ្ទកតាបស ឆ្លើយថា ម្នាលអាវុសោ យើងបានធ្វើឲ្យជាក់​ច្បាស់ នូវធម៌នេះ ដោយ​ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយញុំាងអ្នកដទៃឲ្យដឹងបាន ត្រឹមតែប៉ុណ្ណេះទេ។ ម្នាលអាវុសោ ខ្ញុំឯងក៏ធ្វើឲ្យជាក់ច្បាស់នូវធម៌នេះ ដោយប្រាជ្ញាដ៏​ឧត្តម ដោយខ្លួនឯងតែប៉ុណ្ណេះដែរ។ ម្នាលអាវុសោ យើងពេញជាមានលាភហើយ ម្នាល​អាវុសោ ភាពជាមនុស្ស យើងបានដោយល្អហើយ ពួកយើងបានឃើញ​សព្រហ្មចារីបុគ្គល ប្រហែលដូចជាអ្នកដ៏មានអាយុ ព្រោះហេតុនោះ យើងរាមៈ បាន​ធ្វើឲ្យជាក់​ច្បាស់​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម ដោយខ្លួនឯង ហើយញុំាងអ្នកដទៃ ឲ្យដឹងច្បាស់នូវធម៌ណា អ្នកក៏​បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់នូវធម៌នោះ ដោយប្រាជ្ញាដ៏​ឧត្តម ដោយខ្លួនឯងដូច្នោះដែរ អ្នកបាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់នូវធម៌ណា ដោយប្រាជ្ញាដ៏​ឧត្តម ដោយខ្លួនឯង យើងរាមៈ ​ក៏បានធ្វើឲ្យជាក់​ច្បាស់ ដោយប្រាជ្ញាដ៏​ឧត្តម ដោយខ្លួនឯង ហើយញុំាងអ្នកដទៃ ឲ្យដឹងច្បាស់នូវ​ធម៌​នោះ​ដែរ ព្រោះហេតុនោះ យើងរាមៈ ​បានដឹងធម៌ណា អ្នកក៏ដឹងធម៌នោះដែរ អ្នកដឹងធម៌ណា យើងរាមៈ ក៏ដឹង​ធម៌នោះដែរ ព្រោះហេតុនោះ យើងរាមៈ យ៉ាងណា អ្នកក៏យ៉ាងនោះដែរ អ្នកយ៉ាងណា យើងរាមៈ ក៏យ៉ាងនោះដែរ ម្នាលអាវុសោ ឥឡូវនេះ អ្នកចូរមកចុះ ចូរអ្នករក្សាគណៈនេះចុះ។ ម្នាលរាជកុមារ ព្រោះហេតុនោះ ឧទ្ទករាមបុត្រ កាលជា​សព្រហ្មចារីរបស់តថាគត បានតាំងតថាគត ក្នុងតំណែង​ជាអាចារ្យ ហើយក៏បូជាតថាគត ដោយការបូជាដ៏លើសលុប។ ម្នាលរាជកុមារ តថាគត​នោះ មានសេចក្តីត្រិះរិះ យ៉ាងនេះ​ថា ធម៌នេះ មិនមែនប្រព្រឹត្តទៅ ដើម្បី​សេចក្តីនឿយណាយ មិនមែនប្រព្រឹត្តទៅ ដើម្បី​ប្រាសចាករាគៈ មិនមែនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​រំលត់ មិនមែន​ប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនមែន​ប្រព្រឹត្តទៅ ដើម្បីសេចក្តីចេះ​ដឹង មិនមែនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនមែនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន គ្រាន់តែ​ប្រព្រឹត្តទៅ ដើម្បីកើត​ក្នុង​នេវសញ្ញានាសញ្ញាយតនភពប៉ុណ្ណោះ។ ម្នាលរាជកុមារ តថាគតនោះឯង មិនពេញចិត្ត​នឹងធម៌នោះ បានគេចចេញចាកធម៌នោះ ហើយចៀសចេញទៅ។

[២៥២] ម្នាលរាជកុមារ តថាគតនោះឯង កាលស្វែងរកកឹកុសលសន្តិវរបទដ៏​ប្រសើរ ត្រាច់ទៅកាន់ចារិក ក្នុងដែន​មគធៈ ដោយលំដាប់ សំដៅទៅឯឧរុវេលាប្រទេស​សេនានិគម។ ក្នុងទីនោះ តថាគត បានឃើញនូវភូមិភាគ គួរជាទីត្រេកអរផង នូវ​ដង​ព្រៃ​ដែលត្រជាក់ត្រជុំផង នូវស្ទឹង​កំពុង​ហូរ មានទឹកដ៏ត្រជាក់ មានកំពង់រាបស្មើ គួរជាទី​រីករាយផង ទាំងគោចរគ្រាម ក៏តាំងនៅដោយជុំវិញ។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ភូមិភាគគួរ​ជាទីត្រេកអរហ្ន៎ ដងព្រៃក៏ត្រជាក់ត្រជុំ ទាំង​ស្ទឹងដែល​កំពុង​ហូរ មានទឹកត្រជាក់ មានកំពង់រាបស្មើ គួរជាទី​រីករាយ ទាំងគោចរគ្រាម ក៏តាំងនៅដោយជុំវិញ ទីនេះហ្ន៎ ល្មមតាំងសេចក្តីព្យាយាម របស់កុលបុត្រ អ្នកមានប្រយោជន៍ ដោយសេចក្តីព្យាយាម។ ម្នាលរាជកុមារ តថាគតនោះ បានអង្គុយ​សំចត​នៅក្នុងទីនោះ ដោយគិតថា ទីនេះល្មមតាំងសេចក្តីព្យាយាមបាន។

[២៥៣] ម្នាលរាជកុមារ ឧបមា៣ប្រការ មិនសូវ​ជាអស្ចារ្យណាស់ណា ដែលតថាគត​មិនធ្លាប់បានស្តាប់មកពីមុន ក៏បានកើតប្រាកដ ដល់តថាគត។ ម្នាលរាជកុមារ ប្រៀបដូចឈើស្រស់ ប្រកបដោយជ័រ ដែលបុគ្គល​ត្រាំទុក​នៅក្នុងទឹក។ កាលបុរសគិតថា យើងនឹងកាន់យកឈើពំនួតខាងលើ មកពួតឲ្យកើតភ្លើង នឹងធ្វើ​តេជោធាតុឲ្យកើតប្រាកដឡើងបាន។ ម្នាលរាជកុមារ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ កាលកាន់យកឈើពំនួតខាងលើ មកពួត​នឹងឈើស្រស់ ដែល​ប្រកបដោយជ័រ ដែលបុគ្គល​ត្រាំទុកនៅក្នុងទឹកឯណោះ នឹងពួតឲ្យកើតភ្លើង នឹងធ្វើ​តេជោ​ធាតុ ឲ្យកើត​ប្រាកដឡើងបានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនកើតទេ រឿងនោះ ព្រោះ​ហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះឈើឯណោះ នៅស្រស់ ប្រកបដោយជ័រ ថែមទាំង​ឈើ​នោះសោត ក៏ត្រាំនៅក្នុងទឹកផង ឯបុរសនោះ គ្រាន់តែ​បានចំណែកនៃសេចក្តី​លំបាក និងសេចក្តីចង្អៀតចង្អល់តែប៉ុណ្ណោះ។ ម្នាលរាជកុមារ សេចក្តីនេះ មានឧបមេយ្យ​ដូច​ពួក​សមណព្រាហ្មណ៍ណាមួយ មិនបានចៀសចេញ ចាកកាមទាំងឡាយ ដោយកាយ សមណព្រាហ្មណ៍ទាំងនោះ ថែមទាំងមាន​សេចក្តី​ពេញចិត្ត ព្រោះកាម សេចក្តី​ស្នេហាព្រោះកាម សេចក្តីជ្រប់ ព្រោះកាម សេចក្តីស្រេកឃ្លានព្រោះកាម និងសេចក្តី​ក្រហល់ក្រហាយព្រោះកាម ក្នុងកាមទាំងឡាយ កាមនោះ ជារបស់ដែល​សមណព្រាហ្មណ៍ទាំងនោះ មិនបានលះបង់ដោយប្រពៃ និងមិនបានធ្វើឲ្យស្ងប់រម្ងាប់ ដោយប្រពៃឰដ៏ខាងក្នុង។ ប្រសិនបើពួកសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ បានទទួល​វេទនា ជាទុក្ខ ដ៏ក្លៀវក្លា ខ្លោចផ្សា ដែល​កើតអំពីសេចក្តីព្យាយាម ពួក​សមណព្រាហ្មណ៍​ទាំងនោះ មិនគួរ​ដើម្បីនឹងដឹង ដើម្បីនឹងឃើញ ដើម្បីត្រាស់ដឹងនូវព្រះនិព្វាន ដ៏ប្រសើរ​បានឡើយ។ ទោះបីពួក​សមណព្រាហ្មណ៍ដ៏ចំរើននោះ មិនបាន​ទទួល​ទុក្ខវេទនា ដ៏ក្លៀវក្លា ខ្លោចផ្សា ដែលកើតអំពី​សេចក្តី​ព្យាយាមទេ ពួក​សមណព្រាហ្មណ៍​ទាំងនោះ ក៏​មិនគួរដើម្បីនឹងដឹង ដើម្បីនឹងឃើញ ដើម្បីត្រាស់ដឹង នូវព្រះនិព្វាន ដ៏ប្រសើរបានឡើយ។ ម្នាលរាជកុមារ នេះឯងឧបមាជាដំបូង មិនសូវជាអស្ចារ្យណាស់ណា ដែលតថាគត មិន​ធ្លាប់បានឮមកពីមុន មកប្រាកដដល់តថាគត។

[២៥៤] ម្នាលរាជកុមារ មានឧបមាទី២ ដទៃទៀត ដែលមិនសូវ​ជាអស្ចារ្យណាស់​ណា តថាគត​មិនធ្លាប់បានឮមកពីមុន ក៏បានកើតប្រាកដ ដល់តថាគត។ ម្នាលរាជកុមារ ដូចឈើស្រស់ ប្រកបដោយជ័រ ដែលគេដាក់លើគោក នៅឆ្ងាយពីទឹក។ កាលបុរសគិតថា យើងនឹងកាន់យកឈើពំនួតខាងលើ មកពួតឲ្យកើតភ្លើង នឹងធ្វើ​តេជោ​ធាតុ ឲ្យ​កើត​ប្រាកដ​ឡើង។ ម្នាលរាជកុមារ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ កាលកាន់​យក​ឈើពំនួតខាងលើ មកពួត​នឹងឈើស្រស់ ​ប្រកបដោយជ័រ ដែលគេដាក់លើគោក នៅឆ្ងាយពីទឹកឯណោះ នឹងពួតឲ្យកើតភ្លើង នឹងធ្វើ​តេជោ​ធាតុ ឲ្យកើត​បានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនកើតទេ រឿងនោះ ព្រោះ​ហេតុអ្វី បពិត្រព្រះអង្គ​ដ៏ចំរើន ព្រោះឈើឯណោះ នៅស្រស់ ប្រកបដោយជ័រពិតមែន តែគេដាក់លើគោក នៅឆ្ងាយពីទឹក ឯបុរសនោះ គ្រាន់តែ​បានភាគ នៃសេចក្តី​លំបាក និងសេចក្តី​ចង្អៀត​ចង្អល់​ប៉ុណ្ណោះ។ ម្នាលរាជកុមារ សេចក្តីនេះ មានឧបមេយ្យ​ដូច​ពួក​សមណព្រាហ្មណ៍ណាមួយ ចៀសចេញ ចាកកាមទាំងឡាយ ដោយកាយហើយ តែសមណព្រាហ្មណ៍ទាំងនោះ មាន​សេចក្តី​ពេញចិត្ត ព្រោះកាម សេចក្តី​ស្នេហាព្រោះកាម សេចក្តីជ្រប់ ព្រោះកាម សេចក្តី​ស្រេកឃ្លាន​ព្រោះកាម និងសេចក្តី​ក្រហល់ក្រហាយព្រោះកាម ក្នុងវត្ថុកាមទាំងឡាយ ទាំងកាមនោះ ​សមណព្រាហ្មណ៍ទាំងនោះ មិនបានលះបង់ដោយប្រពៃ ទាំងមិនបាន​ធ្វើ​ឲ្យស្ងប់រម្ងាប់ ដោយប្រពៃ។ ទោះបីពួកសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ បានទទួល​វេទនា ជាទុក្ខ ដ៏ក្លៀវក្លា ខ្លោចផ្សា ដែល​កើតអំពីសេចក្តីព្យាយាម ពួក​សមណព្រាហ្មណ៍​ទាំងនោះ ក៏មិនគួរ​ដើម្បីនឹងដឹង ដើម្បីនឹងឃើញ ដើម្បីនឹងត្រាស់ដឹង នូវព្រះនិព្វាន ដ៏ប្រសើរ​​បានឡើយ។ បើទុកជាពួក​សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មិនបានសោយ​វេទនាជាទុក្ខ ដ៏ក្លៀវក្លា ខ្លោចផ្សា ដែលកើតអំពី​សេចក្តី​ព្យាយាមនោះទេ ពួក​សមណ​ព្រាហ្មណ៍​​ទាំងនោះ ក៏​មិនគួរដើម្បីនឹងដឹង ដើម្បីនឹងឃើញ ដើម្បីនឹងត្រាស់ដឹង នូវព្រះនិព្វាន ដ៏ប្រសើរបានឡើយ។ ម្នាលរាជកុមារ នេះឯងជាឧបមាទី២ មិនសូវជាអស្ចារ្យណាស់ណា ដែលតថាគត មិន​ធ្លាប់បានស្តាប់មកអំពីមុន ក៏កើតប្រាកដ ដល់តថាគត។

[២៥៥] ម្នាលរាជកុមារ មានឧបមាទី៣ ដទៃទៀត ដែលមិនសូវ​ជាអស្ចារ្យណាស់​ណា ដែលតថាគត ​មិនធ្លាប់បានស្តាប់មកអំពីមុន ក៏កើតប្រាកដ ដល់តថាគត។ ម្នាលរាជកុមារ ដូចឈើស្ងួត ជាឈើពុក ដែលគេដាក់លើគោក នៅឆ្ងាយពីទឹក។ កាលបុរសគិតថា យើងនឹងកាន់យកឈើពំនួតខាងលើ មកពួតឲ្យកើតភ្លើង នឹងធ្វើ​តេជោ​ធាតុ ឲ្យ​កើត​ប្រាកដ​ឡើង។ ម្នាលរាជកុមារ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ កាលកាន់​យក​ឈើពំនួតខាងលើ មកពួត​នឹងឈើស្ងួត ជាឈើពុក ដែលគេដាក់លើគោក នៅឆ្ងាយពីទឹកឯណោះ នឹងពួតឲ្យកើតភ្លើង នឹងធ្វើ​តេជោ​ធាតុ ឲ្យកើត​បានឬទេ។ បពិត្រ​ព្រះអង្គដ៏ចំរើន យ៉ាងនេះ ទើបកើតបាន រឿងនោះ ព្រោះ​ហេតុអ្វី បពិត្រព្រះអង្គ​ដ៏ចំរើន ព្រោះឈើស្ងួតឯណោះ ជាឈើពុក ថែមទាំងឈើនោះសោត គេដាក់លើគោក នៅឆ្ងាយពីទឹកផង។ ម្នាលរាជកុមារ សេចក្តីនេះ មានឧបមេយ្យ​ដូច​ពួក​សមណ​ព្រាហ្មណ៍​ណាមួយ ចៀសចេញ ចាកកាមទាំងឡាយ ដោយកាយហើយ ទាំងសេចក្តីពេញចិត្តព្រោះកាម សេចក្តី​ស្នេហាព្រោះកាម សេចក្តីជ្រប់ព្រោះកាម សេចក្តី​ស្រេកឃ្លាន​ព្រោះកាម និងសេចក្តី​ក្រហល់ក្រហាយព្រោះកាម ក្នុងវត្ថុកាមទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ក៏បានលះបង់ដោយប្រពៃ បាន​ធ្វើ​ឲ្យស្ងប់រម្ងាប់ ដោយ​ប្រពៃ នូវ​វត្ថុកាមនោះ ឰដ៏ខាងក្នុង។ ទោះបីពួកសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ បានទទួល​វេទនា ជាទុក្ខ ដ៏ក្លៀវក្លា ខ្លោចផ្សា ដែល​កើតអំពីសេចក្តីព្យាយាម ពួក​សមណព្រាហ្មណ៍​ទាំងនោះ ក៏គួរ​ដើម្បីនឹងដឹង ដើម្បីនឹងឃើញ ដើម្បីត្រាស់ដឹង នូវព្រះនិព្វាន ដ៏ប្រសើរ​​បាន។ បើទុកជាពួក​សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មិនបានទទួល​វេទនាជាទុក្ខ ដ៏ក្លៀវក្លា ខ្លោចផ្សា ដែលកើតអំពី​សេចក្តី​ព្យាយាមទេ ពួក​សមណ​ព្រាហ្មណ៍​​ទាំងនោះ ក៏​គួរដើម្បីនឹងដឹង ដើម្បីនឹងឃើញ ដើម្បីត្រាស់ដឹង នូវព្រះនិព្វាន ដ៏ប្រសើរបាន។ ម្នាលរាជកុមារ នេះឯងជាឧបមាទី៣ មិនសូវជាអស្ចារ្យណាស់ណា ដែលតថាគត មិន​ធ្លាប់បានស្តាប់មកអំពីមុន ក៏កើតប្រាកដ ដល់តថាគត។ ម្នាលរាជកុមារ ឧបមាទាំង៣ ​ប្រការនេះឯងហើយ មិនសូវជាអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់បានស្តាប់​មកអំពីមុន ក៏កើតប្រាកដ ដល់តថាគត។

[២៥៦] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរ​អាត្មាអញ ខាំធ្មេញដោយធ្មេញ ទល់ពិតានដោយអណ្តាត សង្កត់សង្កិន បៀតបៀន ដុត​កំដៅចិត្តដោយចិត្ត។ ម្នាលរាជកុមារ តថាគតនោះឯង ខាំធ្មេញដោយធ្មេញ ទល់ពិតាន​ដោយ​អណ្តាត សង្កត់សង្កិន បៀតបៀន ដុត​កំដៅចិត្តដោយចិត្ត។ ម្នាលរាជកុមារ កាល​តថាគត​នោះ ខាំធ្មេញដោយធ្មេញ ទល់ពិតានដោយអណ្តាត សង្កត់សង្កិន បៀតបៀន ដុត​កំដៅចិត្តដោយចិត្ត ញើសក៏ហូរចេញតាមក្លៀកទាំងសងខាង។ ម្នាលរាជកុមារ បុរស​ដែលមានកំឡាំង គប្បីចាប់បុរសមានកំឡាំងខ្សោយជាង ឰដ៏ក្បាល ឬកហើយ សង្កត់​សង្កិនបៀតបៀន ញាំញីយ៉ាងណា ម្នាលរាជកុមារ កាលតថាគត ខាំធ្មេញដោយធ្មេញ ទល់ពិតានដោយអណ្តាត សង្កត់សង្កិន បៀតបៀន ដុត​កំដៅចិត្តដោយចិត្ត ញើសក៏ហូរចេញតាមក្លៀកទាំងសងខាង ក៏ដូច្នោះដែរ។ ម្នាលរាជកុមារ សេចក្តីព្យាយាម ដែលតថាគត បានប្រារព្ធហើយ ក៏មិនធូរថយ សតិដែលតថាគតបានតម្កល់មាំមួនហើយ ក៏មិនរាយមាយ ប៉ុន្តែកាយរបស់តថាគត នៅតែក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ កើត​ព្រោះ​សេចក្តីព្យាយាម ដោយសេចក្តីព្យាយាម ដ៏លំបាកនោះ មកបណ្តាល​ចាក់ដោត។

[២៥៧] ម្នាលរាជកុមារ តថាគតនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ អាត្មាអញ គួរតែសំឡឹងឈាន គឺមិនដកដង្ហើមជាអារម្មណ៍។ ម្នាលរាជកុមារ តថាគត​នោះឯង ក៏បានអត់ខ្យល់​អស្សាសបស្សាសៈ តាមមុខទ្វារ និងតាមនាសិក។ ម្នាល​រាជកុមារ កាលតថាគត អត់ខ្យល់​អស្សាសបស្សាសៈ តាមមុខទ្វារ និងនាសិក សំឡេង​ខ្យល់ដែល​ចេញ​តាមកណ្ណសោត ខ្លាំងលើសប្រមាណ។ ដូចជាស្នប់របស់ជាងលោហជាតិ ដែល​កំពុង​សប់ តែងមានសំឡេងខ្លាំង យ៉ាងណា ម្នាលរាជកុមារ កាលតថាគត​អត់ខ្យល់​អស្សាសបស្សាសៈ តាមមុខទ្វារ និងតាមនាសិក សំឡេងខ្យល់ ដែលចេញតាម​កណ្ណសោត ក៏ខ្លាំងលើសប្រមាណ យ៉ាងនោះដែរ។ ម្នាលរាជកុមារ តែសេចក្តី​ព្យាយាម ដែល​តថាគត​បានប្រារព្ធហើយ មិនធូរថយ សតិដែលតថាគតតម្កល់​មាំហើយ ក៏មិន​រាយមាយ ប៉ុន្តែកាយរបស់តថាគត នៅតែក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ កើតព្រោះ​សេចក្តីព្យាយាម ដោយសេចក្តីព្យាយាមដ៏លំបាកនោះឯង មកបណ្តាលចាក់ដោត។

[២៥៨] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ អាត្មាអញ គួរសំឡឹងឈាន គឺមិនដកដង្ហើមជាអារម្មណ៍ទៀត។ ម្នាលរាជកុមារ តថាគត​នោះ អត់ខ្យល់​អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងកណ្ណសោត។ ម្នាល​រាជកុមារ កាលតថាគតនោះ អត់ខ្យល់​អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងកណ្ណសោត ខ្យល់យ៉ាងខ្លាំងលើសប្រមាណ ក៏វិលមកចាក់ដោតត្រង់ក្បាល។ ម្នាល​រាជកុមារ បុរសដែលមានកំឡាំង គប្បីចោះក្បាល ដោយដែកស្រួចដ៏មុត យ៉ាងណា ម្នាលរាជកុមារ កាលតថាគត ​អត់ខ្យល់​អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងតាមកណ្ណសោត ខ្យល់យ៉ាងខ្លាំងលើសប្រមាណ ក៏វិលត្រឡប់​មកចាក់ដោតក្បាល យ៉ាងនោះដែរ។ ម្នាលរាជកុមារ ប៉ុន្តែសេចក្តី​ព្យាយាម ដែល​តថាគត​បានប្រារព្ធហើយ ក៏មិនធូរថយ សតិដែលតថាគតបានតម្កល់​មាំហើយ ក៏មិន​រាយមាយ ប៉ុន្តែកាយ​របស់​តថាគត នៅតែក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ កើតព្រោះ​សេចក្តីព្យាយាម ដោយ​សេចក្តី​ព្យាយាមដ៏លំបាកនោះ មកបណ្តាលចាក់ដោត។

[២៥៩] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ អាត្មាអញ គួរតែសំឡឹងឈាន គឺមិនដកដង្ហើមជាអារម្មណ៍ទៀត។ ម្នាលរាជកុមារ តថាគត​នោះឯង បានអត់ខ្យល់ អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និង​តាម​កណ្ណសោត។ ម្នាលរាជកុមារ កាលតថាគត បានអត់ខ្យល់​អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងតាមកណ្ណសោតហើយ វេទនាកើតក្នុងក្បាល ឰដ៏ក្បាលខ្លាំង​លើស​ប្រមាណ។ ម្នាលរាជកុមារ ដូចបុរសមានកំឡាំង​ គប្បីចងត្របែង នូវចំណង​ក្បាលឰដ៏​ក្បាល ដោយព្រ័តដ៏មាំ (យ៉ាងណា) ម្នាលរាជកុមារ កាលតថាគត បានអត់ខ្យល់​អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងតាមកណ្ណសោតហើយ វេទនា​កើត​ក្នុង​ក្បាល ឰដ៏ក្បាល ដ៏ខ្លាំង​លើស​ប្រមាណ ក៏ដូច្នោះដែរ។ ម្នាលរាជកុមារ ប៉ុន្តែ​សេចក្តី​ព្យាយាម ដែលតថាគតបានប្រារព្ធហើយ ក៏មិនធូរថយ សតិដែលតថាគតបានតម្កល់​មាំ​ហើយ ក៏មិន​រាយមាយ ប៉ុន្តែ​កាយរបស់តថាគត នៅតែក្រវល់ក្រវាយ មិនទាន់ស្ងប់រម្ងាប់ កើតព្រោះ​សេចក្តីព្យាយាម ដោយសេចក្តីព្យាយាម ដ៏មាំនោះឯង មកបណ្តាលចាក់​ដោត។

[២៦០] ម្នាលរាជកុមារ តថាគតនោះឯង ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើ​ដូច្នោះ គួរតែអាត្មាអញ សំឡឹងឈាន គឺមិនដកដង្ហើមជាអារម្មណ៍ទៀត។ ម្នាលរាជកុមារ តថាគត​នោះឯង បានអត់ខ្យល់ អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និង​តាម​​កណ្ណសោត។ ម្នាលរាជកុមារ កាលតថាគត បានអត់ខ្យល់​អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងកណ្ណសោត ខ្យល់​លើសប្រមាណ ក៏កាត់​នូវដំបារផ្ទៃ។ ម្នាលរាជកុមារ ដូចជាបុរស ជាអ្នកសម្លាប់គោក្តី អ្នកជំនួយរបស់​បុរសសម្លាប់គោក្តី ជាអ្នកប្រសប់​វាងវៃ កាត់ដំបារផ្ទៃគោ ដោយកាំបិត សម្រាប់កាត់ពន្លះនូវសាច់គោដ៏មុត (យ៉ាងណា) ម្នាល​រាជ​កុមារ កាលតថាគត បានអត់ខ្យល់​អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និង​តាម​កណ្ណសោត ខ្យល់ខ្លាំងលើស​ប្រមាណ ក៏កាត់នូវដំបារផ្ទៃ ក៏ដូច្នោះដែរ។ ម្នាលរាជកុមារ ប៉ុន្តែ​សេចក្តី​ព្យាយាម ដែលតថាគតបានប្រារព្ធហើយ មិនធូរថយ សតិដែលតថាគត​បាន​តម្កល់​​មាំ​ហើយ ក៏មិនបាន​រាយមាយ ប៉ុន្តែ​កាយរបស់តថាគត នៅតែក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់ កើតព្រោះ​សេចក្តីព្យាយាម ដោយសេចក្តីព្យាយាម ដ៏លំបាកនោះឯង មកបណ្តាលចាក់​ដោត។

[២៦១] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើ​ដូច្នោះ គួរតែអាត្មាអញ សំឡឹងឈាន គឺមិនដកដង្ហើមជាអារម្មណ៍ទៀត។ ម្នាលរាជកុមារ តថាគត​​នោះឯង បានអត់ខ្យល់ អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និង​តាម​​កណ្ណសោត។ ម្នាលរាជកុមារ កាលតថាគត អត់ខ្យល់​អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និងតាមកណ្ណសោត សេចក្តី​ក្តៅក្រហាយដ៏ខ្លាំង លើសប្រមាណ ក៏កើត​មានក្នុងកាយ។ ម្នាលរាជកុមារ ដូចជាបុរស មានកំឡាំង​២នាក់ ចាប់បុរស​ដែលមាន​កំឡាំង​ខ្សោយ ត្រង់ដើមដៃម្ខាងម្នាក់ ហើយគប្បីឆ្អើរ​ឲ្យក្រហល់​ក្រហាយ ក្នុងរណ្តៅ​រងើក​ភ្លើង (យ៉ាងណា) ម្នាល​រាជ​កុមារ កាលតថាគត អត់ខ្យល់​អស្សាសបស្សាសៈ តាមមុខទ្វារ តាមនាសិក និង​តាម​កណ្ណសោតហើយ សេចក្តី​ក្តៅក្រហល់ក្រហាយ ខ្លាំងលើស​ប្រមាណ ក៏កើតមាន​ក្នុងកាយ ដូច្នោះឯង។ ម្នាលរាជកុមារ ប៉ុន្តែ​សេចក្តី​ព្យាយាម ដែលតថាគត​បានប្រារព្ធហើយ ក៏មិនធូរថយ សតិដែលតថាគត​បាន​តម្កល់​​មាំ​ហើយ ក៏មិនបាន​រាយ​មាយ ប៉ុន្តែ​កាយរបស់តថាគត នៅតែក្រវល់ក្រវាយ មិនស្ងប់រម្ងាប់ កើតព្រោះ​សេចក្តី​ព្យាយាម ដោយសេចក្តីព្យាយាម ដ៏មាំនោះឯង មកបណ្តាលចាក់​ដោត។

[២៦២] ម្នាលរាជកុមារ គ្រានោះ ពួកទេវតាឃើញតថាគតហើយ បាននិយាយ​គ្នាយ៉ាងនេះថា ព្រះសមណគោតម ធ្វើមរណកាលទៅហើយ។ ទេវតាពួកខ្លះ បាន​និ​យាយ​​គ្នាយ៉ាងនេះថា ព្រះសមណគោតម មិនទាន់ធ្វើមរណកាលទេ តែព្រះសមណគោតម នឹងធ្វើមរណកាល ឥឡូវនេះ។ ទេវតាពួកខ្លះ និ​យាយ​គ្នា​យ៉ាង​នេះ​ថា ព្រះសមណគោតម មិនទាន់ធ្វើមរណកាលទេ ទាំងមិនធ្វើមរណកាល ក្នុងកាល​ឥឡូវ​នេះដែរ ព្រះសមណគោតម ជាព្រះអរហន្ត នុ៎ះ​ជាវិហារ​ធម៌ទេតើ សភាព​យ៉ាងនេះ រមែង​មានដល់ព្រះអរហន្ត។

[២៦៣] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរ​តែអាត្មាអញ ប្រតិបត្តិ ដើម្បី​ផ្តាច់បង់អាហារ ដោយប្រការទាំងពួង។ ម្នាលរាជកុមារ លំដាប់​នោះ ពួកទេវតាទាំងនោះ បានចូលមករកតថាគតហើយ នាំគ្នានិយាយយ៉ាង​នេះថា បពិត្រអ្នកនិទ៌ុក្ខ អ្នកកុំប្រតិបត្តិ ដើម្បីផ្តាច់បង់អាហារ ដោយប្រការទាំងពួង​ឡើយ។ បពិត្រអ្នកនិទ៌ុក្ខ ប្រសិនបើអ្នកនឹងប្រតិបត្តិ ដើម្បី​ផ្តាច់បង់អាហារ ដោយប្រការ​ទាំងពួង​ហើយ ពួកយើង​នឹងបញ្ចូល​ឱជាទិព្វ តាមរន្ធរោមរបស់អ្នក នឹងញុំាងអ្នកឲ្យរស់​នៅ ដោយឱជាទិព្វនោះ។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាង​នេះថា បើអាត្មាអញ នឹងប្តេជ្ញាចំពោះ​ពួកទេវតា ថាជាអ្នកមិនបរិភោគ ដោយប្រការ​ទាំងពួង​ទៅ ពួកទេវតាទាំងនេះនឹងបញ្ចូលឱជាទិព្វ តាមរន្ធរោមរបស់អាត្មាអញ ចំណែកខាង​អាត្មាអញ គប្បីញុំាងជីវិត ឲ្យរស់នៅដោយឱជាទិព្វនោះ ពាក្យនោះ នឹងជាពាក្យ​កុហក នៃអាត្មាអញ។ ម្នាលរាជកុមារ តថាគតនោះ ក៏ឃាត់ពួកទេវតាទាំងនោះ ហើយនិយាយថា ណ្ហើយ កុំឡើយ។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តី​ត្រិះរិះ​ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ សម្រេច​អាហារកិច្ចបន្តិចៗ ចំនួន​ជាមួយទូកដៃ​ៗខ្លះ ប៉ុនសាច់គ្រាប់សណ្តែកបាយខ្លះ ប៉ុនសាច់គ្រាប់ពពាយខ្លះ ប៉ុនសាច់​គ្រាប់សណ្តែក​កង់ខ្លះ ពុំនោះសោត ប៉ុនសាច់រលីង​ឈូកខ្លះ។ ម្នាលរាជកុមារ តថាគតនោះ ក៏បាន​សម្រេច​អាហារកិច្ចបន្តិចៗ ចំនួន​ជាមួយទូកដៃៗខ្លះ ប៉ុនសាច់គ្រាប់សណ្តែកបាយខ្លះ ប៉ុនសាច់គ្រាប់ពពាយខ្លះ ប៉ុនសាច់​គ្រាប់សណ្តែក​កង់ខ្លះ ពុំនោះសោត ប៉ុនសាច់រលីង​ឈូកខ្លះ។ ម្នាលរាជកុមារ កាលតថាគតនោះ ​សម្រេច​អាហារកិច្ច បន្ថយចុះបន្តិចម្តងៗ ចំនួន​មួយទូកដៃៗខ្លះ ប៉ុនសាច់គ្រាប់សណ្តែកបាយខ្លះ ប៉ុនសាច់គ្រាប់ពពាយខ្លះ ប៉ុនសាច់​គ្រាប់សណ្តែក​កង់ខ្លះ ពុំនោះសោត ប៉ុនសាច់រលីង​ឈូកខ្លះ កាយ(របស់តថាគត) ក៏ដល់នូវការស្គាំងស្គមខ្លាំង​លើសប្រមាណ។

[២៦៤] អវយវៈតូច និងអវយវៈធំ របស់តថាគត ប្រៀបដូចវល្លិមានថ្នាំងច្រើន និង​វល្លិមានថ្នាំងខ្មៅ ព្រោះទោសដែលមានអាហារតិចនោះឯង។ ត្រគាករបស់តថាគត (ក៏​ស្ពៀតចូលគ្នា) ដូចជាស្នាមជើងឱដ្ឋ ព្រោះទោសដែលមានអាហារតិចនោះឯង។ ទ្រនុងឆ្អឹងខ្នង​របស់តថាគត ក៏រដិបរដុប ដូចខ្សែលួស ដែល​គេវេញចូលគ្នា ព្រោះទោសដែលមានអាហារតិចនោះឯង។ របៀបឆ្អឹងជំនីរតថាគត ក៏រគីមរគាម ដូច​បង្កង់នៃសាលាចាស់ ដ៏រគីមរគាម ព្រោះទោសដែលមានអាហារតិចនោះឯង។ ប្រស្រី​ភ្នែក​ទាំងឡាយ របស់តថាគត ក៏ជ្រៅខូង​ចូលទៅក្នុងរណ្តៅភ្នែក ដូចកំពែងទឹក ដ៏ខូងជ្រៅចូល​ទៅ ក្នុងអណ្តូងទឹកដ៏ជ្រៅ ព្រោះទោសដែលមានអាហារតិចនោះឯង។ សម្បុរ​ស្បែក​ក្បាល សម្រាប់ទទួលសម្ផស្សរបស់តថាគត ក៏ស្វិតជ្រីវទៅ ដូចផ្លែឃ្លោក​ខ្ចីដែលគេកាត់ចេញ​អំពី​ទង ហើយក៏ស្វិតស្រពោនទៅ ដោយខ្យល់ និងកំដៅ ព្រោះទោសដែលមានអាហារតិចនោះឯង។ ម្នាលរាជកុមារ តថាគតនោះឯង គិតថា អាត្មាអញ នឹងស្ទាបស្បែកពោះ ក៏ចាប់ត្រូវឆ្អឹងខ្នងវិញ​ គិតថា អាត្មាអញ នឹងស្ទាប​ឆ្អឹង​ខ្នង ក៏ចាប់ត្រូវ​ស្បែកពោះវិញ។ ម្នាលរាជកុមារ ស្បែកពោះរបស់តថាគត ជាប់គ្នាដរាបនឹង​ឆ្អឹង​ខ្នង ព្រោះទោសដែលមានអាហារតិចនោះឯង។ ម្នាលរាជកុមារ តថាគតនោះឯង គិតថា នឹងបន្ទោបង់នូវវច្ចៈ ឬមូត្រ ក៏ដួលពោបនៅក្នុងទីនោះ ព្រោះទោសដែលមានអាហារតិចនោះឯង។ ម្នាលរាជកុមារ តថាគតនោះឯង កាលធ្វើ​កាយនេះឲ្យស្រួល ទើបស្ទាប​ខ្លួនដោយដៃ។ ម្នាលរាជកុមារ កាលតថាគតនោះ ស្ទាបខ្លួន​ដោយបាតដៃទៅ​ រោមទាំងឡាយ សុទ្ធតែមានឫស​ស្អុយ​ ធ្លាក់ចេញពីកាយ ព្រោះទោសដែលមានអាហារតិចនោះឯង។ ម្នាលរាជកុមារ គ្រានោះ មនុស្សទាំងឡាយ ឃើញ​តថាគតហើយ ក៏នាំគ្នានិយាយយ៉ាងនេះថា ព្រះសមណគោតមមានសម្បុរខ្មៅ។ មនុស្សទាំងឡាយពួកខ្លះ នាំគ្នានិយាយយ៉ាងនេះថា ព្រះសមណគោតម មិនមែន​មានសម្បុរ​ខ្មៅទេ ព្រះសមណគោតម មានសម្បុរសណ្តែកបាយទេតើ។ មនុស្សទាំងឡាយពួកខ្លះ និយាយគ្នាយ៉ាងនេះថា ព្រះសមណគោតម មិនមែន​មានសម្បុរ​ខ្មៅទេ ទាំងមិនមែនមាន​សម្បុរសណ្តែកបាយ គឺព្រះសមណគោតម មានសម្បុរ​ប្រផែះទេតើ។ ម្នាលរាជកុមារ ឆវិវ័ណ្ណរបស់តថាគត ដ៏បរិសុទ្ធ ផូរផង់ដល់ម្ល៉ោះ ហើយត្រឡប់​ទៅជាអាប់អន់ទៅវិញ ព្រោះ​ទោសដែលមានអាហារតិចនោះឯង។

[២៦៥] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា ពួក​សមណព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានទទួលវេទនា ជាទុក្ខដ៏ក្លៀវក្លាខ្លោចផ្សា ដែល​កើតអំពីសេចក្តីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើសជាងនេះឡើយ។ មួយ​ទៀត ពួកសមណព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងទទួលវេទនា ជាទុក្ខ​ដ៏​ក្លៀវក្លា ខ្លោចផ្សា ដែល​កើតអំពីសេចក្តីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើស​ជាងនេះឡើយ។ ពួកសមណព្រាហ្មណ៍ណា ក្នុងបច្ចុប្បន្ន កំពុងទទួលវេទនា ជាទុក្ខ​ដ៏​ក្លៀវក្លា ខ្លោចផ្សា ដែល​កើតអំពីសេចក្តីព្យាយាម មានកំណត់តែត្រឹមប៉ុណ្ណេះ មិនលើស​ជាង​នេះឡើយ។ តែទោះបីដូច្នោះ តថាគតក៏នៅតែមិនបានត្រាស់ដឹង នូវឧត្តរិមនុស្សធម៌ ជាគុណវិសេស គួរដើម្បីឃើញ ដោយប្រាជ្ញារបស់ព្រះអរិយៈ ដោយ ទុក្ករកិរិយា ដ៏ខ្លោច​ផ្សានេះបានឡើយ ទំនងផ្លូវ​ត្រាស់ដឹង នឹងមានជាយ៉ាងដទៃទេដឹង។

[២៦៦] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងនៅ​ចាំបាន កាលការ (ច្រត់ព្រះនង្គ័ល) របស់សក្កៈ ជាបិតា យើងអង្គុយ​នៅក្រោម​ម្លប់​ជម្ពូ​ព្រឹក្ស ដ៏ត្រជាក់ បានស្ងាត់ហើយចាកកាមទាំងឡាយ ស្ងាត់ហើយចាកអកុសល​ធម៌​ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន មានវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែល​កើតអំពី​វិវេក ឱផ្លូវនេះទេដឹង ជាផ្លូវនៃកិរិយាត្រាស់ដឹង។ ម្នាលរាជកុមារ វិញ្ញាណដែលស្ទុះ​ទៅ​តាមសតិ ក៏កើតឡើងដល់តថាគតថា នេះហើយប្រាកដជាផ្លូវ នៃការ​ត្រាស់ដឹង។ ម្នាល​រាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ខ្លាច​សេចក្តីសុខ ដែលជាសុខក្រៅអំពីកាមទាំងឡាយ ដែលជាសុខក្រៅអំពី​អកុសលធម៌​ទាំងឡាយដែរឬ។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ មិនគួរខ្លាច​សេចក្តីសុខ ដែលជាសុខ ក្រៅអំពីកាមទាំងឡាយ ដែលជាសុខ ក្រៅអំពី​អកុសលធម៌​ទាំងឡាយឡើយ។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តី​សុខនោះ ដែលបុគ្គល​មានរាងកាយ ដល់នូវសេចក្តីស្គាំងស្គម លើសប្រមាណ​យ៉ាងនេះ មិនងាយនឹងធ្វើឲ្យសម្រេចបានឡើយ បើដូច្នោះ គួរតែ​អាត្មាអញ បរិភោគអាហារ​ដ៏​គ្រោតគ្រាត គឺបាយ និងនំកុម្មាសឡើងវិញ។ ម្នាលរាជកុមារ តថាគតនោះឯង ក៏បាន​បរិភោគអាហារ​ដ៏​គ្រោតគ្រាត គឺបាយ និងនំកុម្មាស។ ម្នាលរាជកុមារ សម័យនោះឯង ពួក​បញ្ចវគ្គិយភិក្ខុ ដែលបម្រើតថាគត ដោយគិតថា ព្រះសមណគោតម បើត្រាស់ដឹងធម៌​ណា នឹងសំដែងធម៌នោះ ប្រាប់ដល់យើងទាំងឡាយ។ ម្នាលរាជកុមារ កាលនោះ តថាគត បាន​បរិភោគ​អាហារ ដ៏​គ្រោតគ្រាត គឺបាយ និងនំកុម្មាស គ្រានោះ ពួក​បញ្ចវគ្គិយ​ភិក្ខុ​អម្បាលនោះ ក៏នឿយណាយ​នឹងតថាគត ហើយចៀសចេញទៅ ដោយ​គិតថា ព្រះសមណគោតម ជាអ្នកល្មោភ ឃ្លាតចាកសេចក្តីព្យាយាម ត្រឡប់​មកដើម្បី​ល្មោភ​វិញ។ ម្នាលរាជកុមារ លុះតថាគត​បរិភោគ​អាហារ ដ៏​គ្រោតគ្រាតហើយ ក៏បម្រុង​រាងកាយ ឲ្យមានកំឡាំង ហើយស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន សម្រេច​សម្រាន្ត​នៅ ដោយឥរិយាបថទាំង៤។ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈទាំងឡាយ។បេ។ បានដល់ទុតិយជ្ឈាន… បានដល់តតិយជ្ឈាន… បានដល់ចតុត្ថជ្ឈាន សម្រេច​សម្រាន្ត​នៅ ដោយឥរិយាបថទាំង៤។

[២៦៧] តថាគតនោះ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាព​ជាចិត្តទន់ គួរដល់ភាវនាកម្ម មិនបាន​ញាប់​ញ័រតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ។ តថាគតនោះ រលឹកឃើញនូវបុព្វេនិវាស​ច្រើនប្រការ គឺរលឹកបាន១ជាតិ ២ជាតិ។បេ។ តថាគត រលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំង​អាការ ព្រមទាំង​ឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលរាជកុមារ នេះជាវិជ្ជាទី១ ដែលតថាគត បានក្នុង​បឋមយាមនៃរាត្រី អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹត​បាត់ទៅហើយ ពន្លឺក៏កើត​ឡើង ដល់តថាគត ដែលជាអ្នកមិនប្រមាទ ព្យាយាម​ដុតកំដៅកិលេស មានចិត្តបញ្ជូន​ទៅ​កាន់​ព្រះនិព្វានដោយពិត។

[២៦៨] តថាគតនោះ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាព​ជាចិត្តទន់ គួរដល់ភាវនាកម្ម មិនបាន​ញាប់​ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ គឺប្រាជ្ញាដឹងនូវ​ចុតិ និងបដិសន្ធិ របស់​សត្វទាំងឡាយ។ តថាគតនោះ មានទិព្វចក្ខុ កន្លង​ហួសចក្ខុ របស់មនុស្សធម្មតា បានឃើញនូវពួកសត្វ ដែលច្យុត ដែលកើត ជាសត្វថោក​ទាប ខ្ពង់ខ្ពស់ មានរូបល្អ រូបអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ តថាគតឃើញ​ច្បាស់ ​នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម របស់ខ្លួន។ ម្នាលរាជកុមារ នេះឯងជា​វិជ្ជាទី២ ដែលតថាគត បានហើយ ក្នុងមជ្ឈិមយាម នៃរាត្រី អវិជ្ជាបាត់ហើយ វិជ្ជាក៏កើតឡើង ងងឹត​បាត់ទៅហើយ ពន្លឺក៏កើតឡើងដល់តថាគត ដែលជាអ្នកមិនប្រមាទ ព្យាយាម ដុត​កំដៅកិលេស​ឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានដោយពិត។

[២៦៩] តថាគតនោះ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺ​កិលេស ប្រាសចាកឧបក្កិលេស មានសភាព​ជាចិត្តទន់ គួរដល់ភាវនាកម្ម មិនបាន​ញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ តថាគតនោះ បានដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ បានដឹងច្បាស់​តាមពិតថា នេះជាបដិបទា ជាហេតុឲ្យរំលត់សេចក្តីទុក្ខ បានដឹងច្បាស់​តាមពិតថា នេះជាអាសវៈ។បេ។ បានដឹងច្បាស់​តាមពិតថា នេះជាបដិបទា ឲ្យដល់​នូវសេចក្តី​រំលត់អាសវៈ។ កាលតថាគតនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តរបស់​តថាគត ក៏រួចចាកកាមាសវៈផង… ចិត្តរបស់តថាគតក៏រួចចាក​ភវាសវៈផង… ចិត្តរបស់តថាគត ក៏រួចចាកអវិជ្ជាសវៈផង កាលចិត្តរួចស្រឡះហើយ សេចក្តីដឹង ក៏កើត​ប្រាកដថា ចិត្តផុតស្រឡះហើយ ជាតិអស់ហើយ ព្រហ្មចរិយធម៌ បាននៅចប់ហើយ កិច្ច​ដែលត្រូវធ្វើ ក៏ធ្វើស្រេចហើយ ឥតមានកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីកិច្ចនេះទៀតឡើយ។ ម្នាលរាជកុមារ នេះឯង ជាវិជ្ជាទី៣ ដែលតថាគត បានហើយ ក្នុងបច្ឆិមយាមនៃរាត្រី អវិជ្ជាបាត់ហើយហើយ វិជ្ជាក៏កើតឡើង ងងឹត​បាត់ទៅហើយ ពន្លឺក៏កើតឡើង ដល់តថាគត ដែលជាអ្នកមិនប្រមាទ ព្យាយាម ដុត​កំដៅកិលេស​ឲ្យក្តៅ បញ្ជូនចិត្តទៅកាន់ព្រះនិព្វានដោយពិត។

[២៧០] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា ធម៌​ដែល​តថាគត​បានត្រាស់ដឹងហើយនេះឯង ជាធម៌ដ៏ជ្រាលជ្រៅ ជាធម៌ដែលសត្វ​ឃើញ​បាន​ដោយកម្រ ជាធម៌ដែលសត្វ​ត្រាស់ដឹងបានដោយកម្រ ជាធម៌ដ៏ស្ងប់រម្ងាប់ ជាធម៌​ដ៏ថ្លៃថ្លា មិនជាទីត្រាច់ចុះនៃវិតក្កៈបាន ជាធម៌ដ៏ល្អិត ជាធម៌ដែល​អ្នកប្រាជ្ញគប្បីដឹងបាន។ ក៏ពួក​សត្វនេះ សុទ្ធតែនៅកំពុង​រីករាយ ក្នុងសេចក្តីអាល័យ កំពុង​ត្រេកត្រអាល ក្នុងសេចក្តី​អាល័យ កំពុងស្រើបស្រាល ក្នុងសេចក្តីអាល័យ (ចំពោះ​កាមទាំងឡាយនៅឡើយ)។ មួយទៀត បដិច្ចសមុប្បាទធម៌ គឺធម៌ជាបច្ច័យនៃគ្នានឹងគ្នាណា បដិច្ចសមុប្បាទធម៌នេះ ជាហេតុ​នាំឲ្យពពួកសត្វ​ដែលនៅរីករាយ ក្នុងសេចក្តីអាល័យ នៅត្រេកត្រអាល ក្នុងសេចក្តី​អាល័យ នៅស្រើបស្រាល ក្នុងសេចក្តីអាល័យ គេឃើញបាន​ដោយក្រក្រៃពេកណាស់។ មួយទៀត ធម៌ណា សម្រាប់រម្ងាប់បង់នូវ​សង្ខារ​ទាំងពួង សម្រាប់លះចោល នូវឧបធិ គឺកិលេសទាំងអស់ ជាទីអស់ទៅនៃតណ្ហា ជាទីនឿយណា ចាករាគៈ ជាទីរលត់នៃសេចក្តីទុក្ខ គឺព្រះនិព្វាន ធម៌ទាំងអម្បាលនេះ ជាហេតុនាំឲ្យ​ពពួក​សត្វ ឃើញបាន​ដោយក្រក្រៃពេកណាស់។ បើទុកជាតថាគតសំដែង​ធម៌ទៅ ក៏គង់សត្វទាំង​ឡាយដទៃ មិនអាច​នឹងត្រាស់ដឹងនូវធម៌ របស់តថាគតបានឡើយ សេចក្តី​លំបាក និងសេចក្តី​នឿយព្រួយនោះ មុខជានឹងមានដល់​តថាគតមិនខាន។ ម្នាលរាជកុមារ កាលណោះ គាថាទាំងឡាយ មិនសូវជាអស្ចារ្យ​ណាស់ណានេះ ដែល​តថាគតមិនដែលបានឮ ក្នុងកាលមុន ក៏កើតប្រាកដ ដល់តថាគតថា

ណ្ហើយចុះ ឥឡូវនេះ តថាគត គួរសំដែងធម៌ ដែលតថាគត​បានត្រាស់ដឹងហើយ ដោយសេចក្តី​លំបាក​នោះចុះ សត្វទាំងឡាយ ដែលរាគៈ ទោសៈ គ្របសង្កត់ហើយ មិនងាយនឹង​ត្រាស់​ដឹងនូវធម៌នេះបានទេ សត្វទាំងឡាយ ដែលកំពុង​ត្រេកអរដោយរាគៈ ដែលគំនរងងឹត​ គឺ​អវិជ្ជាកំពុងរួបរឹត មិនឃើញនូវធម៌ ដែលនាំឲ្យពួកសត្វ ដល់នូវ​ព្រះនិព្វាន ជាធម៌ដ៏ល្អិត សុខុមជ្រាលជ្រៅ ដែលសត្វ​ឃើញបាន​ដោយកម្រនោះបានទេ។

ម្នាលរាជកុមារ កាលដែលតថាគត ពិចារណាឃើញ ដោយន័យដែលត្រិះរិះ ដូច្នេះ​ហើយ ចិត្តក៏ឱនទៅ ដើម្បី​សេចក្តីខ្វល់ខ្វាយតិច មិនឱនទៅ ដើម្បីសំដែងធម៌​ឡើយ។

[២៧១] ម្នាលរាជកុមារ លំដាប់នោះ សហម្បតិព្រហ្ម ដឹងនូវសេចក្តីត្រិះរិះ ក្នុង​ចិត្ត​របស់តថាគត ដោយចិត្តរបស់ខ្លួនហើយ ទើបរំពឹង​គិតដូច្នេះថា ឱលោកវិនាសតើហ្ន៎ ឱលោក​វិនាស​តើហ្ន៎ ព្រោះព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ មានព្រះទ័យ​បង្អោនទៅ ដើម្បីសេចក្តី​ខ្វល់ខ្វាយតិច មិនបង្អោនទៅ ដើម្បីសំដែងធម៌។ ម្នាលរាជកុមារ គ្រានោះ​ឯង សហម្បតិព្រហ្ម ក៏បាត់​អំពី​ព្រហ្មលោក មកប្រាកដ​ក្នុងទីចំពោះ​មុខតថាគត ដូច​បុរស​មានកំឡាំង លាចេញ​នូវដើមដៃ ​ដែល​បត់ចូល ឬបត់​ចូលនូវ​ដើមដៃ​ ដែល​​លាចេញ។ ម្នាលរាជកុមារ លំដាប់នោះ សហម្បតិព្រហ្ម ​ធ្វើសំពត់​ឧត្តរាសង្គ ​ឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី ថ្វាយបង្គំ​ចំពោះតថាគត ពោល​ពាក្យនេះ​ នឹងតថាគតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះ​មានព្រះភាគ​ សំដែងធម៌ សូម​ព្រះសុគត​ សំដែងធម៌ (ដ្បិត) សត្វ​ទាំងឡាយ​ដែល​មាន​ភ្នែក មាន​ធូលី គឺរាគាទិក្កិលេស ​ដ៏ស្រាលតិច តែ​ខាន​ស្តាប់ធម៌ មុខ​ជា​នឹង​សាបសូន្យ​មិនខាន សត្វ​ទាំងឡាយ ដែលបម្រុង​នឹងត្រាស់​ដឹងនូវធម៌ ក៏គង់​មានដែរ។ ម្នាល​រាជកុមារ សហម្បតិព្រហ្ម ​បានពោល​ពាក្យនេះ លុះពោល​ពាក្យនេះ​រួចហើយ ក៏ពោល​ពាក្យដទៃ​តទៅទៀត ដូច្នេះ​ថា

ពីមុន​រៀងមក ធម៌ដែល​ជនទាំងឡាយ ​អ្នកប្រកប​ដោយ​មន្ទិល តែងគិត ជាធម៌​មិន​បរិសុទ្ធ​ទេ កើតប្រាកដ​ហើយ​ ក្នុង​ដែនមគធៈ សូម​ព្រះអង្គ​ បើកនូវ​ទ្វារ នៃ​ព្រះនិព្វានចុះ សត្វទាំងឡាយ ​ប្រុងចាំ​ស្តាប់ធម៌ ​ដែលព្រះអង្គ​ ជាអ្នក​ប្រាសចាក​មន្ទិល ទ្រង់ត្រាស់​ដឹង (តាមលំអាន​ព្រះពុទ្ធ​អំពីបូរាណ) ​ដូច​បុរស​អ្នកមានចក្ខុ ឈរ​នៅលើ​កំពូល​ភ្នំដ៏​ហើយ​ដោយ​ថ្មសុទ្ធ ក្រឡេក​មើលឃើញ​ប្រជុំជន​ ដោយជុំវិញ​យ៉ាងណា​មិញ បពិត្រ​ព្រះអង្គ អ្នក​មាន​បញ្ញា​ល្អ មាន​សមន្តចក្ខុ ព្រះអង្គ​ជាអ្នក​មាន​សេចក្តី​សោក​ទៅ​ប្រាស​ហើយ សូមទ្រង់​ឡើងកាន់​ប្រាសាទ​ដ៏ហើយ​ដោយធម៌ ពិចារណា​មើល​ប្រជុំជន ​អ្នកច្រឡំ​ដោយ​សេចក្តី​សោក ​ដែលជាតិ ជរា​ កំពុង​គ្រប​សង្កត់ មាន​ឧបមេយ្យ ដូច្នោះ​ដែរ បពិត្រ​ព្រះអង្គ​ អ្នកមាន​ព្យាយាម អ្នកឈ្នះ​សង្គ្រាម​ អ្នកនាំពួកសត្វ អ្នក​មិនចំពាក់​បំណុល គឺកាម សូម​ព្រះអង្គ​ក្រោក សូម​ទ្រង់​ត្រាច់​ទៅ​ក្នុងលោក សូមព្រះ​មាន​ព្រះភាគ ទ្រង់​សំដែង​ធម៌ សត្វទាំងឡាយ​ដែលបំរុងត្រាស់​ដឹងធម៌ ក៏​មាន។

[២៧២] អថខ្វាហំ រាជកុមារ ព្រហ្មុនោ ច អជ្ឈេសនំ វិទិត្វា សត្តេសុ ច ការុញ្ញតំ បដិច្ច ពុទ្ធចក្ខុនា លោកំ វោលោកេសឹ។ អទ្ទសំ ខោ អហំ រាជកុមារ ពុទ្ធចក្ខុនា លោកំ វោលោកេន្តោ សត្តេ អប្បរជ្ជក្ខេ មហារជក្ខេ តិក្ខិន្ទ្រិយេ មុទិន្ទ្រិយេ ស្វាការេ ទ្វាការេ សុវិញ្ញាបយេ ទុវិញ្ញាបយេ អប្បេកច្ចេ បរលោកវជ្ជភយទស្សាវិនោ វិហរន្តេ។ សេយ្យថាបិ នាម ឧប្បលិនិយំ វា បទុមិនិយំ វា បុណ្ឌរីកិនិយំ វា អប្បេកច្ចានិ ឧប្បលានិ វា បទុមានិ វា បុណ្ឌរីកានិ វា ឧទកេ ជាតានិ ឧទកេ សំពទ្ធានិ ឧទកានុគ្គតានិ អន្តោ និម្មុគ្គបោសីតានិ អប្បេកច្ចានិ ឧប្បលានិ វា បទុមានិ វា បុណ្ឌរីកានិ វា ឧទកេ ជាតានិ ឧទកេ សំពទ្ធានិ សមោទកណ្ឌិកានិ អប្បេកច្ចានិ ឧប្បលានិ វា បទុមានិ វា បុណ្ឌរីកានិ វា ឧទកេ ជាតានិ ឧទកេ សំពទ្ធានិ ឧទកា អច្ចុគ្គម្ម តិដ្ឋន្តិ អនុបលិត្តានិ ឧទកេន ឯវមេវ ខោ អហំ រាជកុមារ ពុទ្ធចក្ខុនា លោកំ វោលោកេន្តោ អទ្ទសំ សត្តេ អប្បរជក្ខេ មហារជក្ខេ តិក្ខិន្ទ្រិយេ មុទិន្ទ្រិយេ ស្វាការេ ទ្វាការេ សុវិញ្ញាបយេ ទុវិញ្ញាបយេ អប្បេកច្ចេ បរលោកវជ្ជភយទយស្សាវិនោ វិហរន្តេ។ អថខ្វាហំ រាជកុមារ ព្រហ្មានំ សហម្បតឹ គាថាយ បច្ចភាសឹ

អបារុតា តេ41) អមតស្ស ទ្វារា
យេ សោតវន្តោ បមុញ្ចន្តុ សទ្ធំ
វិហឹសសញ្ញី បគុណំ ន ភាសឹ[ន ភាសិន្តិបិ ន អភាសិន្តិ ឆេទោ។]
ធម្មំ បណីតំ មនុជេសុ ព្រហ្មេតិ។

អថខោ រាជកុមារ ព្រហ្មា សហម្បតិ កតាវកាសោ ខោម្ហិ ភគវតា ធម្មទេសនាយាតិ មំ អភិវាទេត្វា បទក្ខិណំ កត្វា តត្ថេវន្តរធាយិ។

[២៧២] ម្នាលរាជកុមារ គ្រានោះឯង តថាគតដឹងច្បាស់ នូវសេចក្តី​អារាធនា របស់​សហម្បតិព្រហ្មផង អាស្រ័យនូវសេចក្តី​ករុណា ដល់ពួកសត្វផង ទើប​រមិលមើល នូវសត្វ​លោក​ ​ដោយពុទ្ធចក្ខុ។ ម្នាលរាជកុមារ កាលតថាគត​រមិលមើល នូវ​សត្វលោក​ ដោយ​ពុទ្ធចក្ខុ ក៏បាន​ឃើញនូវសត្វ​ទាំងឡាយ មានភ្នែកមានធូលី គឺ​រាគាទិក្កិលេស​តិច (ខ្លះ) មានភ្នែកមានធូលី គឺរាគាទិក្កិលេស​ច្រើន(ខ្លះ) មានឥន្ទ្រិយក្លា(ខ្លះ) មានឥន្ទ្រិយទន់(ខ្លះ) មាន​អាការល្អ(ខ្លះ) មានអាការ​អាក្រក់(ខ្លះ) ជាសត្វ​ដែល​គួរឲ្យត្រាស់​ដឹងបាន​ដោយ​ងាយ(ខ្លះ) ឲ្យត្រាស់ដឹង​បានដោយ​ក្រ(ខ្លះ) ជាអ្នក​ឃើញ​ទោស និងភ័យ​ក្នុងបរលោក(ខ្លះ)។ ដូចជាផ្កា​ជលជាតិ​ពួកខ្លះ គឺផ្កា​ព្រលិតក្តី ផ្កាឈូកក្រហម​ ក្តី ផ្កាឈូកសក្តី ក្នុងគុម្ពនៃ​ព្រលិតក្តី ក្នុងគុម្ពនៃ​ឈូកក្រហម​ក្តី ក្នុងគុម្ពនៃ​ឈូកសក្តី តែងកើត​ឡើងក្នុងទឹក ចំរើន​ឡើងក្នុងទឹក លូតលាស់​ឡើងតាមទឹក លិចនៅ​ក្នុងទឹក​នៅឡើយ មានផ្កា​​ជលជាតិ​ពួកខ្លះ គឺព្រលិត​ក្តី ផ្កាឈូក​ក្រហមក្តី ផ្កាឈូកស​ក្តី តែងកើតឡើង​ក្នុងទឹក ចំរើន​ឡើង​ក្នុង​ទឹក ឋិតនៅ​ត្រឹមស្មើនឹង​ទឹក មាន​ផ្កាជលជាតិ​ពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី តែងកើត​ឡើងក្នុងទឹក ចំរើន​ឡើងក្នុង​ទឹក ដុះខ្ពស់​ឡើង​ជាង​​ទឹក មិនជាប់​ចំពាក់​ដោយទឹក មានឧបមា​យ៉ាងណាមិញ ម្នាលរាជកុមារ កាលតថាគត ​រមិលមើល​នូវសត្វលោក ​ដោយពុទ្ធចក្ខុ បានឃើញនូវ​សត្វទាំងឡាយ មានភ្នែកមានធូលី គឺរាគាទិក្កិលេស​តិច (ខ្លះ) មានភ្នែកមានធូលី គឺរាគាទិក្កិលេស​ច្រើន​ (ខ្លះ) មាន​ឥន្ទ្រិយក្លា(ខ្លះ) មាន​ឥន្ទ្រិយទន់(ខ្លះ) មាន​អាការល្អ (ខ្លះ) មានអាការ​អាក្រក់(ខ្លះ) ជាសត្វ​ដែល​គួរឲ្យត្រាស់ដឹង​បានដោយ​ងាយ (ខ្លះ) ឲ្យត្រាស់ដឹង​បានដោយ​កម្រ(ខ្លះ) សត្វ​ចំពូកខ្លះ ឃើញ​ទោស និងភ័យ​ក្នុងបរលោក មាន​ឧបមេយ្យ​ ដូច្នោះ​ឯង។ ម្នាលរាជកុមារ គ្រានោះ តថាគត បានសំដែងជា​បទគាថា ចំពោះសហម្បតិព្រហ្ម​ថា

ទ្វារនៃ​ព្រះនិព្វាន​ទាំងនោះ ​បើកហើយ សត្វទាំងឡាយ​ណា មាន​សោតបសាទ សត្វ​ទាំងឡាយ​នោះ ចូរ​បញ្ចេញ​នូវសទ្ធាចុះ។ ម្នាល​មហាព្រហ្ម តថាគត​ ​សំគាល់​ក្នុងការ​លំបាក បានជា​មិនសំដែង​ធម៌ដ៏ឧត្តម ដែលតថាគត ​ស្ទាត់ហើយ ក្នុង​សំណាក់​មនុស្ស​ទាំងឡាយ។

ម្នាលរាជកុមារ គ្រានោះឯង សហម្បតិព្រហ្ម​គិតថា ខ្លួនអញ ​ជាបុគ្គល ដែលព្រះដ៏មាន​ព្រះភាគ ​ទ្រង់យល់ព្រម ​ដើម្បីនឹង​សំដែងធម៌​ហើយ (លុះគិត​ហើយ)​ ក៏ថ្វាយ​បង្គំលាតថាគត ធ្វើប្រទក្សិណ ហើយ​ក៏បាត់​អំពីទីនោះទៅ។

[២៧៣] ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា តថាគត គួរ​សំដែងធម៌ ដល់​អ្នកណា ​ជាមុនហ្ន៎ អ្នកណា​អាចនឹងត្រាស់​ដឹងធម៌នេះ ​ឆាប់រហ័សបាន។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះតទៅទៀត​ថា អាឡារកាលាមគោត្រ​នេះ ជា​បណ្ឌិត ជាអ្នក​ឈ្លាសវៃ ជាអ្នក​មានប្រាជ្ញា មានភ្នែកមានធូលី គឺរាគាទិក្កិលេស​តិច ​យូរមកហើយ បើដូច្នោះ គួរតថាគត​សំដែងធម៌​ដល់​អាឡារតាបសកាលាមគោត្រ​ជាមុនចុះ តាបសនោះ​ អាចនឹងត្រាស់​ដឹងធម៌នេះ ​ឆាប់រហ័យ​បាន។ ម្នាលរាជកុមារ គ្រានោះ មានពួកទេវតា ចូលមករកតថាគត ហើយប្រាប់​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អាឡារកាលាមគោត្រ​ ធ្វើកាល​កិរិយា​ ស្លាប់​៧ថ្ងៃទៅហើយ។ ឯញាណទស្សនៈ ក៏កើតឡើងដល់តថាគតថា អាឡារកាលាមគោត្រ​ ធ្វើកាលកិរិយា​ ស្លាប់ទៅ៧ថ្ងៃ​ហើយមែន។ ម្នាលរាជកុមារ ទើបតថាគត មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា ឱ អាឡារកាលាមគោត្រ មានសេចក្តី​វិនាសធំ ប្រសិនបើអាឡារកាលាមគោត្រនោះ បានស្តាប់​ធម៌នេះ នឹងត្រាស់ដឹងធម៌​បានមួយរំពេច។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ តថាគត គួរ​សំដែងធម៌ ​ដល់អ្នកណា​ជាមុនហ្ន៎ អ្នកណា​នឹងត្រាស់ដឹង​ធម៌នេះ ​ឆាប់រហ័យ​បាន។ ម្នាលរាជកុមារ តថាគតនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះទៀតថា ឧទ្ទករាមបុត្រ​នេះឯង ជាបណ្ឌិត មានបញ្ញាឈ្លាសវៃ ជាមេធាវី មានភ្នែកមានធូលី គឺរាគាទិក្កិលេស​តិចមកយូរហើយ បើដូច្នោះ គួរតថាគត​សំដែងធម៌ ​ដល់​ឧទ្ទករាមបុត្រ​ជាមុនចុះ តាបសនោះ ​នឹងត្រាស់ដឹងធម៌​នេះ ឆាប់​រហ័យបាន។ ម្នាលរាជកុមារ គ្រានោះ មានពួកទេវតា ចូលមករកតថាគត ហើយប្រាប់យ៉ាងនេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ឧទ្ទករាមបុត្រ ​ធ្វើកាលកិរិយា​ស្លាប់អំពី​ពេលព្រលប់​ទៅហើយ។ ញាណទស្សនៈ ក៏កើត​ឡើង​ដល់តថាគតថា ឧទ្ទករាមបុត្រ ​ធ្វើកាលកិរិយា​ស្លាប់អំពីពេល​ព្រលប់ទៅហើយមែន។ ម្នាលរាជកុមារ តថាគតនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱ ឧទ្ទករាមបុត្រ មានសេចក្តី​វិនាសធំ ប្រសិន​បើតាបសនោះ​ បានស្តាប់​ធម៌នេះ នឹង​ត្រាស់ដឹង​ដោយឆាប់រហ័ស។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ​ តទៅទៀតថា តថាគត ​គួរសំដែង​ធម៌ ដល់​អ្នកណា​ជាមុនហ្ន៎ អ្នកណា​នឹងត្រាស់ដឹង​ធម៌នេះ ឆាប់​រហ័យ​បាន។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា បញ្ចវគ្គិយភិក្ខុ​ទាំងឡាយ មាន​ឧបការៈ​ច្រើន ដល់​តថាគត ព្រោះបាន​បម្រើ​តថាគត កាលដែល​កំពុង​បញ្ជូន​ចិត្ត ទៅកាន់ព្យាយាម បើដូច្នោះ គួរតថាគត ​សំដែងធម៌ ​ដល់​បញ្ចវគ្គិយភិក្ខុ​ ​ជាមុនចុះ។ ម្នាលរាជកុមារ តថាគតនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះទៀតថា ឥឡូវ​នេះ ពួកបញ្ចវគ្គិយភិក្ខុ​ ​នៅក្នុងទីណា។ ម្នាលរាជកុមារ លុះតថាគតនោះ បាន​ឃើញ​បញ្ចវគ្គិយភិក្ខុ​ទាំងឡាយ ​នៅក្នុងព្រៃ​ឥសិបតនមិគទាយវ័ន ទៀប​ក្រុងពារាណសី ដោយ​ទិព្វចក្ខុ​ ដ៏បរិសុទ្ធ​ស្អាត កន្លង​លើសចក្ខុ​របស់មនុស្ស។ ម្នាលរាជកុមារ គ្រានោះ តថាគត នៅក្នុង​ឧរុវេលាប្រទេស តាមសមគួរ​ដល់អធ្យាស្រ័យ ទើបបានចរទៅកាន់​ចារិក សំដៅទៅ​រកក្រុងពារាណសី។

[២៧៤] ម្នាលរាជកុមារ មានអាជីវក ឈ្មោះ ឧបកៈ បានឃើញតថាគត ទៅកាន់​ផ្លូវឆ្ងាយ ក្នុងចន្លោះនៃគយាប្រទេស និងចន្លោះ នៃពោធិព្រឹក្ស លុះឃើញហើយ ក៏ពោលពាក្យនេះ ​នឹងតថាគតថា ម្នាលអាវុសោ ឥន្ទ្រិយទាំងឡាយ របស់អ្នក ជ្រះថ្លា​ណាស់ ឆវីវ័ណ្ណ របស់អ្នក ក៏បរិសុទ្ធផូរផង់ ម្នាលអាវុសោ អ្នកបួសឧទ្ទិស ចំពោះគ្រូណា អ្នកណា ជាគ្រូរបស់អ្នក អ្នកពេញចិត្ត នឹងធម៌របស់គ្រូណា។ ម្នាលរាជកុមារ កាល​ឧបកាជីវក សួរយ៉ាងនេះហើយ តថាគត ក៏ឆ្លើយតប ដោយពាក្យជាគាថា ទៅរក​ឧបកាជីវកថា

តថាគត ជាអ្នកគ្របសង្កត់ នូវតេភូមិកធម៌ទាំងអស់ ត្រាស់ដឹង នូវ​ចតុព្ភូមិកធម៌​ទាំង​អស់ បានលះចោល នូវតេភូមិកធម៌ទាំងអស់ហើយ មានចិត្តផុតស្រឡះ​ហើយ ព្រោះ​អស់តណ្ហា ដឹងច្បាស់នូវចតុព្ភូមិកធម៌ ដោយខ្លួនឯង (ចាំបាច់) ចំពោះបុគ្គល​ណា។ តថាគត មិនមានអាចារ្យទេ មិនមានបុគ្គលដទៃស្មើនឹងតថាគត ក្នុង​លោក​នេះ ព្រមទាំងទេវលោក មិនមានបុគ្គលប្រៀបផ្ទឹម នឹងតថាគតបានឡើយ ព្រោះ​​តថាគត ជាអរហន្តក្នុងលោក ជាសាស្តាខ្ពស់ផុត មានតែតថាគត​មួយ ជា​សម្មាសម្ពុទ្ធ តថាគត មានសេចក្តីត្រជាក់ មានភ្លើងកិលេសរលត់​អស់ហើយ ឥឡូវតថាគត ទៅកាន់បូរី នៃពួកជនអ្នកកាសី ដើម្បីសំដែងធម្មចក្រ តថាគត នឹង​ទូងស្គរ គឺអមតនិព្វាន ចំពោះសត្វលោក ដែលងងឹត គឺអវិជ្ជា កំពុងគ្របសង្កត់។

ឧបកាជីវក​តបថា ម្នាលអាវុសោ អ្នកប្តេជ្ញាខ្លួនអ្នក យ៉ាងណា អ្នកគួរ (ដើម្បី​បាន​នូវ​ឈ្មោះ) ថា អនន្តជិនៈ (យ៉ាងនោះឯង)។ តថាគត ក៏តបយ៉ាង​នេះទៀតថា

ជនទាំងឡាយណា បានដល់នូវអាសវក្ស័យ ជនទាំង​នោះ ឈ្មោះ ជិនៈ ប្រាកដដូចតថាគតដែរ។ តថាគត បានឈ្នះបាបធម៌ទាំងអស់ហើយ ម្នាលឧបកៈ ព្រោះហេតុនោះ ទើបតថាគត ឈ្មោះថា ជិនៈ។

ម្នាលរាជកុមារ កាលតថាគត តបយ៉ាងនេះហើយ ឧបកាជីវក ក៏ពោលថា ម្នាល​អាវុសោ ពាក្យយ៉ាងហ្នឹង ពិតមែនហើយ (ថាហើយ) ក៏ងក់ក្បាល លៀន​អណ្តាត កាន់យកផ្លូវផ្សេង ចៀសចេញទៅ។

[២៧៥] គ្រានោះ តថាគត ចរទៅកាន់ចារិក តាមលំដាប់ហើយ ក៏ចូលទៅ​ក្រុងពារាណសី រួចហើយ ទៅឯឥសិបតនមិគទាយវ័ន សំដៅ​ទៅរក​កន្លែង​ដែល​បញ្ចវគ្គិយភិក្ខុនៅ។ ម្នាលរាជកុមារ ពួកបញ្ចវគ្គិយភិក្ខុ បានឃើញតថាគត មកអំពី​ចម្ងាយ លុះឃើញ​ហើយ ក៏ប្តេជ្ញា​គ្នា​ថា ម្នាលអាវុសោ សមណគោតមនេះ ជាអ្នក​ប្រតិបត្តិ ដើម្បី​ល្មោភ ឃ្លាតចាកព្យាយាមហើយ វិល​ត្រឡប់ ដើម្បី​ភាវៈល្មោភ ឥឡូវនេះ លោកនិមន្ត​មក យើងទាំងអស់គ្នា មិនគួរថ្វាយបង្គំ មិនគួរ​ក្រោក​ទទួលលោកទេ មិនគួរ​ទទួលបាត្រ ចីវរលោកឡើយ ប៉ុន្តែយើងត្រូវ​ក្រាលអាសនៈ បម្រុងទុក បើលោក​នឹង​ចង់គង់ ក៏គង់ចុះ។ ម្នាលរាជកុមារ តថាគត​ ចូលទៅរកបញ្ចវគ្គិយភិក្ខុ ​ដោយ​ប្រការ​ណាៗ បញ្ចវគ្គិយភិក្ខុ​ទាំងនោះ ក៏មិនអាចដើម្បី​ឋិតនៅ ក្នុងពាក្យប្តេជ្ញារបស់ខ្លួន ដោយ​ប្រការ​ដូច្នោះៗ បានឡើយ ក៏ស្រាប់តែខ្លះ ក្រោកទទួលតថាគត ខ្លះ​ទទួលបាត្រចីវរ របស់​តថាគត ខ្លះ​ក្រាល​អាសនៈឲ្យ ខ្លះតំកល់ទឹក​លាងជើង ប៉ុន្តែពួកបញ្ចវគ្គិយភិក្ខុ ក៏នៅតែហៅ​តថាគត ដោយចំឈ្មោះផង ដោយ​ពាក្យ​ថា អាវុសោផង។ ម្នាលរាជកុមារ កាលពួកបញ្ចវគ្គិយ​ភិក្ខុ​ពោលពាក្យហៅតថាគត យ៉ាងនេះហើយ តថាគត ពោលយ៉ាងនេះ នឹង​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា កុំហៅតថាគតដោយចំឈ្មោះ និង​ពាក្យថា អាវុសោឡើយ ម្នាលភិក្ខុទាំងឡាយ តថាគត ជាអរហន្ត សម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំង​ឡាយ ចូរប្រុង​សោតបសាទចុះ តថាគត នឹងប្រៀនប្រដៅ អមតធម៌ ដែល​​តថាគត​ ត្រាស់​ដឹងហើយ ឥឡូវ​តថាគត នឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ដែល​ចេញចាកផ្ទះ ចូល​ទៅ​កាន់ផ្នួស ​ដោយ​ប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា អ្នក​ទាំង​ឡាយ កាលបើ​បាន​ប្រតិបត្តិ គួរតាមពាក្យប្រៀនប្រដៅ របស់តថាគតហើយ ពុំយូឡើយ មុខជា​នឹងបាន​ធ្វើឲ្យ​ជាក់​ច្បាស់ ដោយបញ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ នូវ​អនុត្តរធម៌នោះ ដែលជាទីបំផុត ​នៃ​មគ្គ​ព្រហ្មចរិយៈ។ ម្នាលរាជកុមារ កាល​​តថាគត ពោល​យ៉ាងនេះហើយ ពួកបញ្ចវគ្គិយភិក្ខុ ក៏ពោល​ពាក្យ​នេះ នឹងតថាគត ទៀត​ថា ម្នាលអាវុសោគោតម ព្រះអង្គ មិនទាន់ត្រាស់ដឹង ​នូវឧត្តរិមនុស្សធម៌ ជាធម៌​វិសេស​ដោយញាណទស្សនៈ​ ដ៏ឧត្តម អាចកំចាត់បង់នូវ​កិលេស ដោយការប្រព្រឹត្តិ​នោះផង ដោយការ​ប្រតិបត្តិ​នោះផង ដោយអំពើដែល​អ្នកដទៃ ធ្វើត្រាប់​បានដោយកម្រផង ឥឡូវនេះ ព្រះអង្គ​ប្រតិបត្តិ ដើម្បីល្មោភច្រើនហើយ ឃ្លាតចាកព្យាយាមហើយ វិល​ត្រឡប់មក ដើម្បីភាព​ល្មោភច្រើនហើយ ក៏នឹងបានត្រាស់ដឹង នូវឧត្តរិមនុស្សធម៌ ដ៏វិសេស ដោយញាណ​ទស្សនៈដ៏ឧត្តម អាចកំចាត់បង់កិលេស ដូចម្តេចបាន។ ម្នាលរាជកុមារ លុះ​បញ្ចវគ្គិយ​ភិក្ខុទាំងឡាយ ពោលពាក្យ​យ៉ាងនេះហើយ តថាគត ក៏ពោលនឹង​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ យ៉ាងនេះថា ម្នាល​ភិក្ខុទាំងឡាយ តថាគត មិនមែនប្រតិបត្តិ ដើម្បីល្មោភ​ច្រើន​ទេ មិនឃ្លាត​ចាក​ព្យាយាម​ទេ មិនវិលត្រឡប់មក ដើម្បីល្មោភច្រើន​ ដូច្នោះទេ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ​បានជាអរហន្ត សម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងសោតបសាទចុះ តថាគត នឹងប្រៀនប្រដៅ នូវអមតធម៌ ដែល​តថាគត បានត្រាស់ដឹងហើយ ឥឡូវនេះ តថាគត នឹងសំដែងធម៌ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ​ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា អ្នក​ទាំង​ឡាយ កាល​បើ​ប្រតិបត្តិ គួរដល់ពាក្យប្រដៅ របស់តថាគតហើយ ពុំយូរឡើយ មុខជា​នឹង​ធ្វើ​​ឲ្យជាក់​ច្បាស់ ​​ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌​នោះ ដែលជាទី​បំផុត​នៃ​មគ្គព្រហ្មចរិយៈ។ ម្នាលរាជកុមារ ពួក​បញ្ចវគ្គិយ​ភិក្ខុ បានពោលពាក្យនេះ នឹង​តថាគត ជាគំរប់ពីរដងថា ម្នាល​អាវុសោ​គោតម ព្រះអង្គ មិនទាន់បានត្រាស់ដឹង នូវឧត្តរិមនុស្សធម៌ ជាធម៌វិសេស ដោយញាណទស្សនៈ ដ៏ឧត្តម អាចកំចាត់បង់​នូវ​កិលេស ដោយការប្រព្រឹត្តិនោះផង ដោយសេចក្តី​ប្រតិបត្តិនោះផង​ ដោយអំពើ​ដែល​ជនដទៃ ធ្វើត្រាប់បាន​ដោយកម្រផង ឥឡូវនេះ ព្រះអង្គប្រតិបត្តិ ដើម្បី​ល្មោភ​ច្រើន ឃ្លាតចាកសេចក្តីព្យាយាមហើយ វិលត្រឡប់មក ដើម្បីភាពល្មោភច្រើនហើយ នឹងបានត្រាស់​ដឹង នូវឧត្តរិមនុស្សធម៌ ជាធម៌វិសេស ដោយញាណទស្សនៈ ដ៏ឧត្តម អាច​កំចាត់បង់ នូវកិលេស ដូចម្តេចបាន។ ម្នាលរាជកុមារ ឯតថាគត ក៏បានពោលពាក្យនេះ នឹងបញ្ចវគ្គិយភិក្ខុទាំងឡាយ ជាគំរប់​ពីរ​ដងថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែន​ប្រតិបត្តិ​ ដើម្បី​ល្មោភ​ច្រើន​ទេ មិនឃ្លាតចាកព្យាយាមទេ មិនវិលត្រឡប់ ដើម្បី​មកល្មោភច្រើន ដូច្នោះទេ ម្នាលភិក្ខុទាំងឡាយ តថាគត បានជាអរហន្ត សម្មាសម្ពុទ្ធ​ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រុង​សោតបសាទចុះ តថាគតនឹងប្រៀន​ប្រដៅ នូវអមតធម៌ ដែលតថាគត ត្រាស់ដឹងហើយ ឥឡូវតថាគតនឹងសំដែងធម៌ ក៏​កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់​អនុត្តរធម៌ណា អ្នកទាំងឡាយ កាលបើ​បានប្រតិបត្តិ គួរដល់​ពាក្យប្រដៅ​របស់​តថាគតហើយ ពុំយូរឡើយ មុខជានឹង​បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុង​បច្ចុប្បន្ននេះ នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃមគ្គព្រហ្មចរិយៈ។ ម្នាលរាជកុមារ ​បញ្ចវគ្គិយភិក្ខុ បានពោលពាក្យនេះ នឹងតថាគត អស់វារៈជាគំរប់៣ដងទៀតថា ម្នាល​អាវុសោ ព្រះអង្គ មិនទាន់​បានត្រាស់ដឹង នូវឧត្តរិមនុស្សធម៌ ជាធម៌​វិសេស ដោយញាណទស្សនៈ ដ៏ឧត្តម អាចកំចាត់បង់កិលេស ដោយការប្រព្រឹត្តិនោះផង ដោយ​សេចក្តីប្រតិបត្តិនោះផង ដោយអំពើ​ដែលជនដទៃ ធ្វើត្រាប់បាន ដោយកម្រ​នោះផង ឥឡូវនេះ ព្រះអង្គប្រតិបត្តិ ដើម្បីល្មោភច្រើន ឃ្លាតចាក​ព្យាយាម​ហើយ វិលត្រឡប់មក ដើម្បីល្មោភច្រើន នឹងបានត្រាស់ដឹង នូវឧត្តរិមនុស្សធម៌ ជាធម៌​ដ៏វិសេស ដោយ​ញាណទស្សនៈ ដ៏ឧត្តម អាចកំចាត់បង់កិលេស ដូចម្តេចបាន។ ម្នាលរាជកុមារ កាលបើបញ្ចវគ្គិយភិក្ខុទាំងឡាយ ពោលពាក្យយ៉ាងនេះហើយ តថាគត ក៏ពោលពាក្យ​នេះ ​នឹងបញ្ចវគ្គិយភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចាំ​បានដែរឬ ពាក្យ​មានសភាព​យ៉ាងនេះ ជាពាក្យដែល​តថាគតធ្លាប់​បានពោលមកអំពីមុនឬអ្វី។ បញ្ចវគ្គិយភិក្ខុទាំងឡាយ តបថា បពិត្រ​ព្រះអង្គដ៏ចម្រើន ពាក្យហ្នឹង ព្រះអង្គ​មិន​ដែល​ពោលទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត បានជាអរហន្ត សម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រុង​សោតបសាទចុះ តថាគត ​នឹងប្រៀនប្រដៅ នូវអមតធម៌ ដែលតថាគត បានត្រាស់ដឹងហើយ ឥឡូវ ​តថាគត​នឹង​សំដែង​​ធម៌ ក៏កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស ដោយ​ប្រពៃ ​ដើម្បី​ប្រយោជន៍ ដល់អនុត្តរធម៌ណា កាលបើអ្នកទាំងឡាយ ប្រតិបត្តិ​គួរតាមពាក្យប្រដៅ​របស់​តថាគត ពុំយូរឡើយ មុខជានឹងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុង​បច្ចុប្បន្ន​នេះ នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃមគ្គព្រហ្មចរិយៈ។ ម្នាលរាជកុមារ តថាគត អាចញុំាង​បញ្ចវគ្គិយភិក្ខុទាំងឡាយ ឲ្យយល់​ច្បាស់ (ក្នុងពេលនោះ)​បាន។ ម្នាលរាជកុមារ តថាគត បានប្រៀនប្រដៅភិក្ខុទាំងឡាយតែ២រូប។ ​ភិក្ខុ​៣រូប នាំគ្នា​ត្រាច់ទៅបិណ្ឌបាត។ ភិក្ខុ៣រូប ដែលត្រាច់ទៅបិណ្ឌបាត នាំមកនូវអាហារណា អាហារនោះ យើងទាំង៦​នាក់ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបាន។ ម្នាលរាជកុមារ តថាគតប្រដៅភិក្ខុ៣រូប។ ពួកភិក្ខុ២រូប ​ត្រាច់ទៅបិណ្ឌបាត នាំមកនូវ​អាហារណា អាហារនោះ យើងទាំង​៦នាក់ ញុំាង​អត្តភាព ឲ្យ​ប្រព្រឹត្តទៅបាន។ ម្នាលរាជកុមារ គ្រានោះឯង ពួកបញ្ចវគ្គិយភិក្ខុ កាលបើតថាគត​ទូន្មាន​យ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ក៏កុលបុត្រ​ទាំងឡាយ ចេញចាកផ្ទះ ចូល​កាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ពុំយូរឡើយ ក៏បាន​ត្រាស់ដឹង​ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃមគ្គ​ព្រហ្មចរិយៈ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។

[២៧៦] កាលព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ពោធិរាជកុមារ បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ដោយកាល​យូរប៉ុន្មានទៅ ភិក្ខុដែលបានព្រះតថាគត ជាអ្នកណែនាំ (យ៉ាងនេះ) ហើយ កុលបុត្រទាំងឡាយ ដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បី​ប្រយោជន៍ ដល់​អនុត្តរធម៌ណា នឹងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ននេះ នូវ​អនុត្តរធម៌នោះ ដែលមានមគ្គ​ព្រហ្មចរិយៈជាទីបំផុត។ ម្នាលរាជកុមារ បើដូច្នោះ តថាគត នឹងត្រឡប់សួរទ្រង់ ក្នុងប្រស្នានោះវិញ ទ្រង់គប្បីដោះស្រាយប្រស្នានោះ តាមដែល​ទ្រង់​ឃើញថាសមគួរចុះ ម្នាលរាជកុមារ ទ្រង់សំគាល់​សេចក្តីនោះ ថាដូចម្តេច ទ្រង់ជា​អ្នកឈ្លាស ក្នុងសិល្បសាស្ត្រ ក្នុងការឡើង​ជិះដំរី និងការកាន់កង្វេរឬ។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះមែនហើយ ខ្ញុំ​ព្រះអង្គ​ជាអ្នកឈ្លាស ក្នុងសិល្បសាស្ត្រ ក្នុងការ​ឡើងជិះដំរី និងការចាប់កាន់កង្វេរ។

[២៧៧] ម្នាលរាជកុមារ ទ្រង់សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសក្នុងនគរនេះគិតថា ពោធិរាជកុមារ ចេះសិល្បសាស្ត្រ ឡើងជិះដំរី និងចាប់កាន់​កង្វេរ អាត្មាអញ នឹងសូមរៀនសិល្បសាស្ត្រឡើងជិះដំរី និងចាប់កាន់កង្វេរ ក្នុងសំណាក់របស់​ពោធិរាជកុមារនោះ។ តែថា បុរសនោះ ជាអ្នកមិនមានសទ្ធា សិល្បសាស្ត្រ​ទាំងប៉ុន្មាន ដែល​គេគប្បី​បានដោយសទ្ធា សិល្បសាស្ត្រនោះ ក៏មិនគប្បីសម្រេចបានឡើយ។ មួយ​យ៉ាងទៀត បុរសនោះ ជាអ្នកមានអាពាធច្រើន សិល្បសាស្ត្រទាំងប៉ុន្មាន ដែលគេ​គប្បី​បានដោយមិនមានអាពាធ សិល្បសាស្ត្រនោះ ក៏មិនគប្បីសម្រេចបានឡើយ។ មួយយ៉ាង​ទៀត បុរសនោះ ជាអ្នកអួតអាង មានមាយា សិល្បសាស្ត្រទាំងប៉ុន្មាន​ ដែលគេគប្បីបាន​ដោយ​ការមិនអួតអាង ទាំងមិនមានមាយា សិល្បសាស្ត្រនោះ ក៏មិនគប្បីសម្រេច​បានឡើយ។ មួយយ៉ាង​ទៀត បុរសនោះ ជាអ្នកខ្ជិលច្រអូស សិល្បសាស្ត្រទាំងប៉ុន្មាន​ ដែលគេគប្បីបាន​ដោយមានព្យាយាមប្រារព្ធហើយ សិល្បសាស្ត្រនោះ ក៏មិនគប្បីសម្រេច​បានឡើយ។ មួយយ៉ាងវិញ​ទៀត បុរសនោះ ជាអ្នកអប្បប្រាជ្ញា សិល្បសាស្ត្រទាំងប៉ុន្មាន​ ដែលគេគប្បីបាន​ដោយមានប្រាជ្ញា សិល្បសាស្ត្រនោះ ក៏មិនគប្បីសម្រេច​បានឡើយ។ ម្នាលរាជកុមារ ទ្រង់សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ គប្បីសិក្សាសិល្បសាស្ត្រ​ឡើងជិះដំរី និងចាប់កាន់​កង្វេរ ក្នុងសំណាក់​របស់ព្រះអង្គបានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ ដែលប្រកបដោយអង្គសូម្បីតែមួយៗ ក៏មិន​គប្បីសិក្សា​សិល្បសាស្ត្រឡើងជិះដំរី និងចាប់កាន់កង្វេរ ក្នុងសំណាក់ខ្ញុំព្រះអង្គបានឡើយ នឹង​បាច់​ពោលទៅថ្វី ដល់បុគ្គលដែលប្រកបដោយអង្គ៥នោះ។

[២៧៨] ម្នាលរាជកុមារ ទ្រង់សំគាល់​សេចក្តីនោះ ថាដូចម្តេច បុរសក្នុងនគរនេះ គិត​ថា ពោធិរាជកុមារ ចេះសិល្បសាស្ត្រ ឡើងជិះដំរី និងចាប់កាន់កង្វេរ អាត្មាអញ នឹងសូមសិក្សាសិល្បសាស្ត្រឡើងជិះដំរី និងចាប់កាន់កង្វេរ ក្នុងសំណាក់របស់​ពោធិរាជ​កុមារ​នោះ។ ឯបុរសនោះ ជាអ្នកមានសទ្ធា សិល្បសាស្ត្រ​ទាំងប៉ុន្មាន ដែល​គេគប្បី​បានដោយសទ្ធា សិល្បសាស្ត្រនោះ ក៏គប្បីសម្រេចបាន។ មួយ​យ៉ាងទៀត បុរសនោះ ជាអ្នកមានអាពាធតិច សិល្បសាស្ត្រទាំងប៉ុន្មាន ដែលគេ​គប្បី​បានដោយអាពាធតិច សិល្បសាស្ត្រនោះ ក៏គប្បីសម្រេចបាន។ មួយយ៉ាង​ទៀត បុរសនោះ ជាអ្នកមិនអួតអាង មិនមានមាយា សិល្បសាស្ត្រទាំងប៉ុន្មាន​ ដែលគេគប្បីបាន​ដោយ​ការមិនអួតអាង មិនមានមាយា សិល្បសាស្ត្រនោះ ក៏គប្បីសម្រេច​បាន។ មួយយ៉ាង​ទៀត បុរសនោះ ជាអ្នកមានសេចក្តីព្យាយាមប្រារព្ធហើយ សិល្បសាស្ត្រទាំងប៉ុន្មាន​ ដែលគេគប្បីបាន​ដោយមានសេចក្តីព្យាយាមប្រារព្ធហើយ សិល្បសាស្ត្រនោះ ក៏គប្បីសម្រេច​បាន។ មួយយ៉ាងវិញ​ទៀត បុរសនោះ ជាអ្នកមានប្រាជ្ញា សិល្បសាស្ត្រទាំងប៉ុន្មាន​ ដែលគេគប្បីបាន​ ដោយមានប្រាជ្ញា សិល្បសាស្ត្រនោះ ក៏គប្បីសម្រេច​បាន។ ម្នាលរាជកុមារ ទ្រង់សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ គប្បីសិក្សាសិល្បសាស្ត្រ​ឡើងជិះដំរី និងចាប់កាន់​កង្វេរ ក្នុងសំណាក់​របស់ទ្រង់បានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ ដែលប្រកបដោយអង្គសូម្បីតែមួយៗ ក៏​គប្បីសិក្សា​សិល្បសាស្ត្រឡើងជិះដំរី និងចាប់កាន់​កង្វេរ ក្នុងសំណាក់របស់ខ្ញុំព្រះអង្គបាន នឹង​បាច់​ពោលទៅថ្វី ដល់បុគ្គល​ប្រកបដោយ​អង្គ៥នោះ។

[២៧៩] ម្នាលរាជកុមារ អង្គនៃសេចក្តីព្យាយាម របស់ភិក្ខុ៥ប្រការនេះ ក៏ដូច្នោះ​ដែរ។ អង្គទាំង៥ប្រការ តើដូចម្តេចខ្លះ។ ម្នាលរាជកុមារ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មានសទ្ធា ជឿប្រាជ្ញាត្រាស់ដឹង ​របស់ព្រះតថាគតថា ព្រះមានព្រះភាគ ព្រះអង្គ​ឆ្ងាយចាក​សេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គ​ត្រាស់​ដឹង ​នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គ មានដំណើរ​ល្អ ព្រះអង្គ ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គ​លែងវិលត្រឡប់មក​កាន់ភពថ្មីទៀត។ ភិក្ខុនោះ ជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកប​ដោយតេជោធាតុមានវិបាកដ៏ស្មើគ្នា គឺមិនត្រជាក់ពេក មិនក្តៅពេក ជាយ៉ាងកណ្តាល ល្មម​អស់ធន់ ធ្វើសេចក្តី​ព្យាយាមបាន។ ភិក្ខុនោះ ជាអ្នកមិនអួតអាង មិនមានមាយា សំដែង​ខ្លួន​ឲ្យច្បាស់ ក្នុងសាស្តា ឬវិញ្ញូជនទាំងឡាយ ជាសព្រហ្មចារីបុគ្គល តាម​សេចក្តី​ពិត។ ភិក្ខុនោះ ​ជាអ្នក​មានសេចក្តីព្យាយាមប្រារព្ធ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសល ​ជាអ្នកមានកំឡាំង ដើម្បីធ្វើកុសល​ធម៌ទាំងឡាយ ឲ្យកើតឡើងបាន ជា​អ្នកមានសេចក្តីព្យាយាមដ៏មំាមួន មិនបានបោះបង់ធុរៈ ក្នុងកុសលធម៌។ ភិក្ខុនោះ ជាអ្នក​មានប្រាជ្ញា ប្រកបដោយ​ប្រាជ្ញា ជាគ្រឿង​កំណត់ដឹង នូវការកើតឡើង និងសេចក្តីវិនាស​ទៅវិញ ប្រកបដោយប្រាជ្ញាដ៏ប្រសើរ ជាគ្រឿង​ទំលាយបង់នូវលោភៈជាដើម ជាគ្រឿង​កំណត់នូវការក្ស័យទៅ នៃសេចក្តីទុក្ខដោយប្រពៃ។ ម្នាលរាជកុមារ អង្គនៃសេចក្តី​ព្យាយាមទាំងឡាយ របស់ភិក្ខុមាន៥ប្រការនេះឯង។ ​ម្នាលរាជកុមារ ភិក្ខុដែល​ប្រកប​ដោយ​អង្គនៃសេចក្តី​ព្យាយាម៥ប្រការនេះហើយ បាននូវតថាគតជាអ្នកណែនាំ ក៏កុលបុត្រ​ទាំងឡាយ ដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា នឹងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ នូវ​អនុត្តរធម៌នោះ ដែលជាទីបំផុតនៃមគ្គព្រហ្មចរិយៈ ចូលទៅសម្រេច​សម្រាន្តនៅ ដោយ​ឥរិយាបថទាំង៤ អស់៧ឆ្នាំ។ ម្នាលរាជកុមារ ៧ឆ្នាំលើកទុកចុះ។ ភិក្ខុដែល​ប្រកប​ដោយ​អង្គ នៃសេចក្តី​ព្យាយាម ៥ប្រការ នេះហើយ បានតថាគត ជាអ្នកណែនាំ ក៏កុលបុត្រ​ទាំងឡាយ ដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់​អនុត្តរធម៌ណា នឹងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ននេះ នូវ​អនុត្តរធម៌នោះ ដែលជាទីបំផុត នៃមគ្គព្រហ្មចរិយៈ ចូលទៅសម្រេច​សម្រាន្តនៅ ដោយ​ឥរិយាបថទាំង៤ អស់៦ឆ្នាំ… អស់៥ឆ្នាំ… អស់៤ឆ្នាំ… អស់៣ឆ្នាំ… អស់២ឆ្នាំ… អស់១ឆ្នាំ។ ម្នាលរាជកុមារ ១ឆ្នាំ ក៏លើកទុកចុះ។ ភិក្ខុដែល​ប្រកប​ដោយ​អង្គ នៃសេចក្តី​ព្យាយាម​៥ប្រការ​ នេះហើយ កាលបាននូវតថាគត ជាអ្នកណែនាំ ក៏កុលបុត្រ​ទាំងឡាយ ​ចេញ​ចាក​ផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា គង់បានធ្វើ​ឲ្យជាក់​ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ នូវ​អនុត្តរធម៌នោះ ដែលជាទីបំផុត នៃមគ្គព្រហ្មចរិយៈ ហើយសម្រេច​សម្រាន្តនៅ ដោយ​ឥរិយាបថទាំង៤ អស់៧ខែ។ ម្នាលរាជកុមារ ៧ខែ ក៏លើកទុកចុះ។ ភិក្ខុដែល​ប្រកប​ដោយ​អង្គ នៃសេចក្តី​ព្យាយាម៥​ប្រការ​ នេះហើយ កាលបានតថាគត ជាអ្នកណែនាំ ក៏កុលបុត្រ​ទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់​ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ននេះ នូវ​អនុត្តរធម៌នោះ ហើយសម្រេច​សម្រាន្តនៅ ដោយ​ឥរិយាបថទាំង៤ អស់៦ខែ… អស់៥ខែ… អស់៤ខែ… អស់៣ខែ… អស់២ខែ… អស់១ខែ… អស់កន្លះខែ។ ម្នាលរាជកុមារ កន្លះខែ ក៏លើកទុកចុះ។ ភិក្ខុដែល​ប្រកប​ដោយ​អង្គ នៃសេចក្តី​ព្យាយាម ៥​ប្រការ នេះហើយ កាលបាននូវតថាគត ជាអ្នក​ណែនាំ ក៏កុលបុត្រ​ទាំងឡាយ ដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា គង់នឹងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ននេះ ចំពោះ​អនុត្តរធម៌នោះ ដែលជាទីបំផុត នៃមគ្គព្រហ្មចរិយៈ សម្រេច​សម្រាន្តនៅ ដោយ​ឥរិយាបថទាំង៤ អស់យប់ និងថ្ងៃ៧។ ម្នាលរាជកុមារ យប់ និងថ្ងៃ៧ ក៏លើកទុកចុះ។ ម្នាលរាជកុមារ ភិក្ខុដែល​ប្រកប​ដោយ​អង្គ នៃសេចក្តី​ព្យាយាម ៥ប្រការ នេះហើយ កាលបានតថាគត ជាអ្នកណែនាំ ក៏កុលបុត្រ​ទាំងឡាយ ដែលចេញចាកផ្ទះ ចូល​កាន់​ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា គង់បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា​របស់ខ្លួន ក្នុងបច្ចុប្បន្ននេះ នូវ​អនុត្តរធម៌នោះ ដែលជាទីបំផុត នៃមគ្គ​ព្រហ្មចរិយៈ ហើយសម្រេច​សម្រាន្តនៅ ដោយ​ឥរិយាបថទាំង៤ អស់យប់ និងថ្ងៃ៦… អស់យប់ និងថ្ងៃ៥… អស់យប់ និងថ្ងៃ៤… អស់យប់ និងថ្ងៃ៣… អស់យប់ និងថ្ងៃ២… អស់យប់ និងថ្ងៃ១។ ម្នាលរាជកុមារ យប់មួយ ថ្ងៃមួយ ក៏លើកទុកចុះ។ ភិក្ខុ​ប្រកប​ដោយ​អង្គ នៃសេចក្តី​ព្យាយាម ៥ប្រការ នេះហើយ កាលបាននូវតថាគត ជាអ្នកណែនាំ តថាគត ប្រៀនប្រដៅ ក្នុងវេលាល្ងាច លុះព្រឹកឡើង នឹងបានសម្រេចគុណ​វិសេស ក៏មាន តថាគតប្រដៅក្នុងវេលាព្រឹក លុះវេលាល្ងាច នឹងបានសម្រេចនូវ​គុណវិសេស​ ក៏មាន។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពោធិរាជកុមារ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា ព្រះពុទ្ធជាអស្ចារ្យ ព្រះធម៌ជាអស្ចារ្យ ទាំង​ភាវៈនៃធម៌ ដែលព្រះអង្គត្រាស់ហើយ ដោយប្រពៃ ក៏អស្ចារ្យ ព្រោះថា សត្វដែល​ព្រះអង្គប្រៀនប្រដៅ ក្នុងវេលាល្ងាច លុះព្រឹកឡើង នឹងបានសម្រេច​គុណវិសេសក៏មាន ព្រះអង្គប្រដៅក្នុងវេលាព្រឹក វេលាល្ងាច នឹងបានសម្រេចគុណវិសេស ក៏មាន។

[២៨០] កាលពោធិរាជកុមារ ក្រាបទូលយ៉ាងនេះហើយ សញ្ជិកាបុត្តមាពណ បាន​ក្រាបទូលពោធិរាជកុមារ យ៉ាងនេះវិញថា ពោធិរាជកុមារ ជាម្ចាស់នេះ គ្រាន់តែប្រកាស​សេចក្តីថា ព្រះពុទ្ធជាអស្ចារ្យ ព្រះធម៌ជាអស្ចារ្យ ទាំង​ភាវៈនៃធម៌ ដែលព្រះអង្គ​ត្រាស់​ហើយ ក៏អស្ចារ្យ ដូច្នេះ ប៉ុន្តែពោធិរាជកុមារជាម្ចាស់ មិនទាន់ដល់​ព្រះគោតមនោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹកនៅឡើយ។

[២៨១] ម្នាលសញ្ជិកាបុត្រសំឡាញ់ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលសញ្ជិកាបុត្រសំឡាញ់ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលសញ្ជិកាបុត្រសំឡាញ់ ពាក្យនោះ ខ្ញុំបានស្តាប់​ក្នុងទីចំពោះមុខ ខ្ញុំបាន​ទទួលក្នុងទីចំពោះមុខ នៃ​ព្រះមាតា​ជាម្ចាស់ ម្នាលសញ្ជិកាបុត្រសំឡាញ់ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ឃោសិតារាម ជិតក្រុងកោសម្ពី សម័យនោះឯង ព្រះមាតាជាម្ចាស់របស់ខ្ញុំ ទ្រង់គភ៌ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ លុះព្រះមាតាជាម្ចាស់របស់ខ្ញុំ គង់​ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទារកដែលនៅក្នុងគភ៌ ​របស់ខ្ញុំម្ចាស់នេះ ទោះបីជាកុមារក្តី ជាកុមារីក្តី សូមដល់ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក សូម​ព្រះមានព្រះភាគ ចាំទុកនូវ​ទារកនោះថា ជាឧបាសក អ្នកដល់នូវ​ព្រះត្រៃសរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះតទៅ ដូច្នេះ ម្នាលសញ្ជិកាបុត្រសំឡាញ់ សម័យមួយទៀត ព្រះមានព្រះភាគ ស្តេចគង់នៅនាភេសកឡាវ័ន ជាទីឲ្យនូវអភ័យ ដល់ម្រឹគ ជិតក្រុងឈ្មោះ សុំសុមារគិរៈ ក្នុង​ភគ្គជនបទ គ្រានោះឯង មេនំបានបំបៅខ្ញុំលើភ្លៅ ហើយចូលទៅគាល់​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចឈរ​នៅក្នុងទីដ៏សមគួរ លុះ​មេនំឈរក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពោធិរាជកុមារនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ចាំទុកនូវ​ពោធិរាជកុមារនោះ ថាជាឧបាសក អ្នកដល់នូវព្រះត្រៃសរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃ​នេះទៅ ម្នាលសញ្ជិកាបុត្រសំឡាញ់ ខ្លួនខ្ញុំនុ៎ះ បានដល់នូវ​ព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក អស់វារៈជាគំរប់៣ដងផង សូមព្រះមានព្រះភាគ ចាំនូវ​ខ្ញុំ​ព្រះអង្គ ថាជាឧបាសក អ្នកដល់នូវព្រះត្រៃសរណគមន៍ ស្មើដោយជីវិត ចាប់ដើម​តាំង​ពីថ្ងៃនេះរៀងទៅ។

ចប់ ពោធិរាជកុមារសូត្រ ទី៥។

អង្គុលិមាលសូត្រ ទី៦

(៦. អង្គុលិមាលសុត្តំ)

[២៨២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រច​ព្រះឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ក្នុងដែន​ព្រះបាទបសេនទិកោសល មានចោរម្នាក់ឈ្មោះ អង្គុលិមាល ជាមនុស្សកាច មានដៃ​ប្រឡាក់ឈាម ស្និទ្ធក្នុងការបៀតបៀននឹងការសម្លាប់ ឥតមានសេចក្តី​អាណិត​អាសូរពួកសត្វ​មានជីវិតឡើយ។ ចោរនោះ តែងធ្វើ​ស្រុកឲ្យទៅជាមិនមែនស្រុកក៏មាន ធ្វើនិគមឲ្យ​ទៅជាមិនមែននិគមក៏មាន ធ្វើជនបទ ឲ្យទៅជាមិនមែនជនបទក៏មាន។ ចោរនោះ តែង​សម្លាប់ពួកមនុស្ស ហើយកាត់យកម្រាមដៃ មកធ្វើជាកម្រងពាក់។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទើបស្តេច​ចូលទៅកាន់​ក្រុង​សាវត្ថី ដើម្បីបិណ្ឌបាត លុះចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ហើយត្រឡប់​ពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្ត ទ្រង់ក៏រៀបចំសេនាសនៈ រួច​ប្រដាប់​បាត្រ និងចីវរ ស្តេចទៅកាន់​ផ្លូវឆ្ងាយសំដៅទៅត្រង់ទី ដែលអង្គុលិមាលចោរ​នៅ។ ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ42) អ្នកភ្ជួររាស់ និងអ្នកដើរផ្លូវ បានឃើញព្រះមានបុណ្យ កំពុងស្តេច​ទៅកាន់ផ្លូវឆ្ងាយ សំដៅទៅត្រង់​ទី ដែល​អង្គុលិមាលចោរនៅ លុះឃើញហើយ ក៏ក្រាបទូលព្រះមានបុណ្យ ដូច្នេះថា បពិត្រព្រះសមណៈ សូមព្រះអង្គ កុំនិមន្តទៅកាន់ផ្លូវនុ៎ះឡើយ បពិត្រព្រះសមណៈ ដ្បិត​ក្នុងផ្លូវនុ៎ះ មានចោរឈ្មោះ អង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុងការ​បៀតបៀន និងការសម្លាប់ ឥតមានសេចក្តីអាណិតអាសូរពួកសត្វមានជីវិតឡើយ ចោរនោះ តែងធ្វើ​ស្រុក ឲ្យ​ទៅជាមិនមែនស្រុកក៏មាន ធ្វើនិគម ឲ្យ​ទៅជា​មិនមែន​និគម​ក៏មាន ធ្វើជនបទ ឲ្យទៅជាមិនមែនជនបទក៏មាន ចោរនោះ តែង​សម្លាប់ពួកមនុស្ស ហើយកាត់យកម្រាមដៃ មកធ្វើជាកម្រងពាក់ បពិត្រព្រះសមណៈ ព្រោះបុរស​១០នាក់ក្តី ២០នាក់ក្តី ៣០នាក់ក្តី ៤០នាក់ក្តី នាំគ្នាដើរជាពួកៗ ទៅកាន់ផ្លូវនុ៎ះ ក៏បុរសទាំងនោះឯង ដល់នូវសេចក្តី​វិនាស ក្នុងកណ្តាប់ដៃ នៃអង្គុលិមាលចោរ (ទាំងអស់)។ កាលបើពួក​មនុស្ស​ក្រាបទូល​យ៉ាងនេះ ព្រះមានបុណ្យ ក៏ទ្រង់ស្ងៀម ទ្រង់​ចេះតែស្តេចទៅ។

[២៨៣] ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ អ្នកភ្ជួររាស់ និងអ្នកដើរផ្លូវ ក្រាបទូល​ព្រះមានបុណ្យ ជាគំរប់​ពីរដង ដូច្នេះថា បពិត្រព្រះសមណៈ សូមព្រះអង្គ កុំនិមន្ត​ទៅកាន់ផ្លូវនុ៎ះឡើយ បពិត្រព្រះសមណៈ ដ្បិត​ក្នុងផ្លូវនុ៎ះ មានចោរឈ្មោះ​អង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុងការបៀតបៀន និងការ​សម្លាប់ ឥតមានសេចក្តីអាណិតអាសូរពួកសត្វ​មានជីវិតឡើយ ចោរនោះ តែងធ្វើស្រុក ឲ្យទៅជា​មិនមែនស្រុកក៏មាន ធ្វើនិគម ឲ្យ​ទៅជា​មិនមែន​និគម​ក៏មាន ធ្វើជនបទ ឲ្យទៅជា​មិនមែន​ជនបទក៏មាន ចោរនោះ តែង​សម្លាប់ពួកមនុស្ស កាត់យកម្រាមដៃ មកធ្វើ​ជា​កម្រង​ពាក់ បពិត្រព្រះសមណៈ ព្រោះបុរស​១០នាក់ក្តី ២០នាក់ក្តី ៣០នាក់ក្តី ៤០នាក់ក្តី នាំគ្នាដើរ​ជាពួកៗ ទៅកាន់ផ្លូវនុ៎ះ ក៏បុរសទាំងនោះឯង ដល់នូវសេចក្តី​វិនាស ក្នុង​កណ្តាប់​ដៃ​ នៃ​អង្គុលិមាលចោរ (ទាំងអស់)។ លំដាប់នោះឯង ព្រះមានបុណ្យ ក៏ទ្រង់ស្ងៀម ទ្រង់​ចេះ​តែស្តេចទៅ។

[២៨៤] ពួកអ្នកឃ្វាលគោ អ្នកឃ្វាលបសុសត្វ អ្នកភ្ជួររាស់ និងអ្នកដើរផ្លូវ ក្រាបទូល​ព្រះមានបុណ្យ ជាគំរប់៣ដងទៀត ដូច្នេះថា បពិត្រព្រះសមណៈ សូមព្រះអង្គ កុំនិមន្ត​ទៅ​កាន់ផ្លូវនុ៎ះឡើយ បពិត្រព្រះសមណៈ ដ្បិត​ក្នុងផ្លូវនុ៎ះ មានចោរឈ្មោះ ​អង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុងការបៀតបៀន និងការ​សម្លាប់ ឥត​មាន​សេចក្តី​អាណិតអាសូរពួកសត្វ​មានជីវិតឡើយ ចោរនោះ តែងធ្វើស្រុក ឲ្យទៅជា​មិនមែនស្រុកក៏មាន ធ្វើនិគម ឲ្យ​ទៅជា​មិនមែន​និគម​ក៏មាន ធ្វើជនបទ ឲ្យទៅជា​មិនមែន​ជនបទក៏មាន ចោរនោះ តែង​សម្លាប់ពួកមនុស្ស កាត់យកម្រាមដៃ មកធ្វើ​ជា​កម្រង​ពាក់ បពិត្រព្រះសមណៈ ព្រោះបុរស​១០នាក់ក្តី ២០នាក់ក្តី ៣០នាក់ក្តី ៤០នាក់ក្តី នាំគ្នាដើរ​ជា​ពួក​ៗ ទៅកាន់ផ្លូវនុ៎ះ ក៏បុរសទាំងនោះឯង ដល់នូវសេចក្តី​វិនាស ក្នុង​កណ្តាប់​ដៃ​ នៃ​អង្គុលិមាលចោរ (ទាំងអស់)។ គ្រានោះឯង ព្រះមានបុណ្យ ក៏ទ្រង់ស្ងៀម ទ្រង់​ចេះ​តែស្តេចទៅ។

[២៨៥] ឯអង្គុលិមាលចោរ ក៏បានឃើញ​ព្រះមានបុណ្យ កំពុងតែស្តេច​មកអំពី​ចម្ងាយ។ លុះឃើញហើយ ក៏ត្រិះរិះ ដូច្នេះថា យីអើ អស្ចារ្យណាស់ អើហ្ន៎ ចំឡែក​ណាស់ ព្រោះបុរស​១០នាក់ក្តី ២០នាក់ក្តី ៣០នាក់ក្តី ៤០នាក់ក្តី នាំគ្នាដើរជាពួកៗ មកកាន់ផ្លូវនេះ ក៏បុរសទាំងនោះឯង ដល់នូវសេចក្តី​វិនាស ក្នុង​កណ្តាប់​ដៃរបស់អញ (ទាំងអស់) ចុះសមណៈ​​នេះ តែម្នាក់ឯង ឥតមានគ្នាសោះ ក៏ហ៊ានដើរមក ហាក់ដូចជា​មិនកោត​ញញើតឡើយ បើដូច្នោះ អញនឹងសម្លាប់​សមណៈនេះ ឲ្យក្ស័យជីវិត។ គ្រានោះ អង្គុលិមាលចោរ ក៏ចាប់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញ ដេញព្រះមានព្រះភាគ​ជាប់តាមក្រោយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែងឫទ្ធិ ធ្វើឲ្យអង្គុលិមាលចោរ ដែលរត់​ពេញទំហឹងហើយ មិនឲ្យរត់តាមទាន់ព្រះអង្គ ដែលស្តេច​ដើរតាមដំណើរ​ប្រក្រតី។ គ្រានោះ អង្គុលិមាលចោរ មានសេចក្តីត្រិះរិះ ដូច្នេះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែក​ណាស់ ព្រោះកាលពីមុនៗមក អញស្ទុះដេញចាប់ដំរីកំពុងបោលក៏បាន ស្ទុះដេញចាប់សេះកំពុងផាយក៏បាន ស្ទុះដេញចាប់រថកំពុង​លឿនក៏បាន ស្ទុះដេញ​ចាប់ម្រឹគកំពុង​បោលក៏បាន ចំឡែកតែម្តងនេះ ហេតុអ្វី បានជាអញរត់ពេញទំហឹង​ហើយ ក៏នៅតែមិនទាន់​សមណៈនេះ ដែលដើរតាមដំណើរ​ប្រក្រតីដូច្នេះ។ អង្គុលិមាលចោរ ឈប់ឈរស្ងៀម ស្រែកឃាត់ព្រះមានបុណ្យថា ឈប់សិនសមណៈ ឈប់សិន​សមណៈ។ ព្រះមានបុណ្យ​ ត្រាស់តបថា នែអង្គុលិមាល តថាគតឈប់ហើយ អ្នកឯង​ចូរឈប់ដែរទៅ។

[២៨៦] គ្រានោះ អង្គុលិមាលចោរ គិតថា ពួកសមណៈនេះ ជាសក្យបុត្រ ធ្លាប់​និយាយតែពាក្យពិត ប្តេជ្ញាតែពាក្យពិត ចំឡែកតែសមណៈនេះ កំពុងដើរទេ ម្តេចឡើយ​ក៏​និយាយថា នែអង្គុលិមាល តថាគតឈប់ហើយ អ្នកចូរឈប់ដែរទៅ បើដូច្នោះ អញ​ត្រូវសួរសមណៈនេះមើល។ លំដាប់នោះ អង្គុលិមាលចោរ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

នែសមណៈ លោកកំពុងដើរសោះទេ ត្រឡប់​និយាយថា តថាគតឈប់ហើយ ថែម​ទាំងថាឲ្យខ្ញុំ​ ដែលឈប់ហើយថា អ្នកឯងទេ មិនទាន់ឈប់ដូច្នេះវិញ នែសមណៈ ខ្ញុំ​សូមសួរដំណើរ​នុ៎ះនឹងលោក លោកដែលឈប់ហើយ តើដូចម្តេច ខ្ញុំ​ដែលមិនទាន់​ឈប់ តើដូចម្តេច។ ព្រះអង្គតបថា នែអង្គុលិមាល តថាគត បានឈ្មោះថា ឈប់ហើយ (នោះ) ព្រោះដាក់ចុះ នូវគ្រឿង​វាយដំ ចំពោះ​ពួកសត្វទាំង43) អស់ សព្វៗកាល ឯអ្នកឯង ជាអ្នក​មិនសង្រួម ក្នុងពួកសត្វ ព្រោះហេតុនោះ តថាគត ទើបឈ្មោះ​ថា ជាអ្នកឈប់ហើយ អ្នកឯងឈ្មោះថា ជាអ្នកមិនទាន់ឈប់។ អង្គុលិមាលចោរ តប​ថា នែសមណៈ លោកស្វែងរកនូវគុណដ៏ធំ ជាអ្នកដែល​ទេវតា និងមនុស្ស តែង​បូជា លោក​មកកាន់មហាវ័ន (ដើម្បីសង្គ្រោះ) ដល់ខ្ញុំ​អស់កាលយូរហើយ ខ្លួនខ្ញុំនឹង​ប្រព្រឹត្ត​តាម នឹងលះបង់នូវបាបចោលចេញ ព្រោះបានស្តាប់នូវ​គាថា របស់​ព្រះអង្គ ដែលប្រកបដោយធម៌ (ចោរ) ថាដូច្នេះហើយ ក៏គ្រវែងដាវ និងអាវុធចោលទៅក្នុង​ត្រពាំង ក្នុងជ្រោះ ក្នុងរណ្តៅ អង្គុលិមាលចោរ ក៏ថ្វាយបង្គំ​ព្រះបាទា នៃព្រះសុគត ហើយ​សូមផ្នួសនឹងព្រះអង្គ ក្នុងទីនោះឯង។ ចំណែកព្រះពុទ្ធ ព្រះអង្គប្រកបដោយ​ករុណា ទ្រង់ស្វែងរកនូវគុណដ៏ធំ ដែល​ជា​គ្រូ នៃមនុស្សលោក ព្រមទាំង​ទេវលោក បានត្រាស់ហៅ​អង្គុលិមាលចោរ​នោះ​ថា អ្នកចូរមកជាភិក្ខុចុះ ដូច្នេះ ក្នុងគ្រានោះ ភិក្ខុភាពនោះឯង ក៏កើត​មាន ដល់​អង្គុលិមាលចោរនោះ។

គ្រានោះ ព្រះភគវន្តមុនី ទ្រង់យកអង្គុលិមាលភិក្ខុមានអាយុ ជាបច្ឆាសមណៈ ស្តេច​​ធ្វើពុទ្ធដំណើរ សំដៅទៅក្រុងសាវត្ថី។ ព្រះអង្គ កាលស្តេច​ចារិកតាមលំដាប់ ក៏បានដល់​ទៅក្រុងសាវត្ថីនោះ។

[២៨៧] ដំណាលថា ព្រះភគវន្តមុនី ព្រះអង្គគង់នៅក្នុងជេតវនារាម របស់​អនាថ​បិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គាប់ចួនសម័យនោះ ពួកមហាជន កំពុង​តែប្រជុំគ្នា ទៀប​ទ្វារខាងក្នុងបុរី របស់ព្រះបាទ​បសេនទិកោសល ស្រែកហ៊ោគឹកកងថា បពិត្រ​ព្រះសម្មតិទេព ក្នុងដែនរបស់ព្រះអង្គ មានចោរឈ្មោះអង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុងការបៀតបៀន និងការ​សម្លាប់ ឥតមានសេចក្តី​អាណិត​អាសូរ​ពួកសត្វ​មានជីវិតឡើយ វាតែងធ្វើស្រុក ឲ្យទៅជា​មិនមែនស្រុកក៏មាន ធ្វើនិគមឲ្យ​ទៅជា​មិនមែន​និគម​ក៏មាន ធ្វើជនបទ ឲ្យទៅជា​មិនមែន​ជនបទក៏មាន វាតែង​សម្លាប់​ពួក​មនុស្ស ហើយកាត់យកម្រាមដៃ មកធ្វើ​ជា​កម្រង​ពាក់ សូមព្រះសម្មតិទេព កំចាត់​អង្គុលិមាលចោរ​នោះចេញ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ស្តេចចេញអំពី​ក្រុងសាវត្ថី ដោយអស្សយានចំនួន៥០០ ស្តេចចូលទៅកាន់អារាម ក្នុងវេលាទាំងថ្ងៃ បរយាន​ទៅទល់ត្រឹមទីដែល​ឈប់យាន ហើយស្តេច​ចុះអំពីយាន ស្តេចទៅតែព្រះបាទា​ទទេ ចូលសំដៅទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគហើយ គង់ក្នុងទីដ៏សមគួរ។

[២៨៨] លុះព្រះបាទបសេនទិកោសល គង់ក្នុងទីដ៏សមគួរហើយ ព្រះមានបុណ្យ ទ្រង់ត្រាស់សួរថា បពិត្រមហារាជ ទំនងជាមហាបពិត្រ​ ខ្ញាល់នឹងព្រះបាទមគធសេនិយ​ពិម្ពិសារ ឬខ្ញាល់នឹងស្តេចលិច្ឆវី អ្នកក្រុងវេសាលី ឬក៏ខ្ញាល់នឹងពួកស្តេច ដែលជាបច្ចាមិត្រ​ឯទៀត ឬអ្វី។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ មិនខឹងនឹងព្រះបាទមគធសេនិយ​ពិម្ពិសារ មិនខឹងនឹងស្តេចលិច្ឆវី អ្នក​ក្រុង​វេសាលី មិនខឹងនឹងពួកស្តេច ដែលជាបច្ចាមិត្រ​ឯទៀតទេ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែន​របស់​ខ្ញុំ​ព្រះអង្គ មានចោរឈ្មោះអង្គុលិមាល ជាមនុស្សកាច មានដៃប្រឡាក់ឈាម ស្និទ្ធក្នុង​ការបៀតបៀន និងការ​សម្លាប់ ឥតមានសេចក្តី​អាណិត​អាសូរ​ពួកសត្វ​មាន​ជីវិត​ឡើយ វាតែងធ្វើស្រុកឲ្យទៅជា​មិនមែនស្រុកក៏មាន ធ្វើនិគមឲ្យ​ទៅជា​មិនមែន​និគម​ក៏មាន ធ្វើជនបទ ឲ្យទៅជា​មិនមែន​ជនបទក៏មាន វាតែង​សម្លាប់​ពួក​មនុស្ស កាត់យកម្រាមដៃ មក​ធ្វើ​ជា​កម្រង​ពាក់ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងកំចាត់​អង្គុលិមាលចោរ​នោះ​ចេញ។ ព្រះមានបុណ្យត្រាស់ថា បពិត្រមហារាជ ចុះបើមហាបពិត្រ ត្រឡប់​ជាឃើញ​អង្គុលិមាល កោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់សំពត់​កាសាយៈ ចេញចាក​ផ្ទះ ទៅកាន់ផ្នួស វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកមុសាវាទ បរិភោគភត្តតែ​មួយពេល ប្រព្រឹត្ត​ធម៌ដ៏ប្រសើរ មានសីល មានធម៌ដ៏ល្អវិញ តើមហាបពិត្រ ត្រូវធ្វើ​អង្គុលិមាលនោះ ដូចម្តេចទៅ។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គប្បីថ្វាយបង្គំ ឬក្រោកទៅទទួល និមន្តដោយអាសនៈ ឬទំនុកបំរុង នូវអង្គុលិមាលនោះ ដោយចីវរ បិណ្ឌបាត សេនាសនៈ ថ្នាំរក្សារោគ ជាបច្ច័យ​ដល់អ្នកជម្ងឺ និងបរិក្ខារទាំងឡាយ ឬនឹងចាត់​ចែងនូវ​ការរក្សា សេចក្តីការពារ និង​ការគ្រប់គ្រង ប្រកបដោយ​ធម៌ ដល់​អង្គុលិមាលនោះ បពិត្រព្រះអង្គដ៏ចំរើន បើ​អង្គុលិមាលចោរនោះ ធ្លាប់ជាមនុស្សទ្រុស្តសីល មានធម៌ដ៏លាមកហើយ ធ្វើម្តេច​នឹង​សង្រួមក្នុងសីលយ៉ាងនោះកើត។

[២៨៩] ចួនសម័យនោះឯង ​អង្គុលិមាលភិក្ខុមានអាយុ កំពុងអង្គុយជិត​ព្រះមាន​ព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ លើកព្រះហស្តខាងស្តាំ ចង្អុល​បង្ហាញ​ព្រះបាទ​បសេនទិកោសលថា បពិត្រមហារាជ នុ៎ះហ្ន៎ ​អង្គុលិមាល។ លំដាប់នោះ ព្រះបាទ​បសេនទិកោសល ក៏មានសេចក្តីភ័យភិត តក់ស្លុត ព្រឺរោម ព្រឺស្បែកឡើងមួយ​រំពេច។ គ្រានោះ ព្រះមានព្រះភាគ ជ្រាបជាក់ថា ព្រះបាទបសេនទិកោសល ទ្រង់​ភ័យ​ញ័រចំប្រប់ ព្រឺរោម ដូច្នោះហើយ ក៏ត្រាស់ទៅនឹងព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រ​មហារាជ សូមមហាបពិត្រ កុំភ័យឡើយ បពិត្រ​មហារាជ សូមមហាបពិត្រ កុំភ័យ​ឡើយ ភ័យអំពីសំណាក់​អង្គុលិមាលនេះ មិនមានដល់មហាបពិត្រទេ។ លំដាប់នោះ ភ័យណាក្តី សេចក្តីតក់ស្លុតណាក្តី សេចក្តីព្រឺរោម ព្រឺស្បែកណាក្តី បានកើតមានដល់​ព្រះបាទ​បសេនទិកោសល ភ័យជាដើមនោះ ក៏ស្ងប់រម្ងាប់​បាត់ទៅ ក្នុងលំដាប់នោះឯង។ គ្រានោះ ព្រះបាទបសេនទិកោសល ក៏ចូលទៅ​ជិតអង្គុលិមាលភិក្ខុមានអាយុ លុះចូលទៅ​ដល់ហើយ ក៏មានព្រះឱង្ការ សួរ​អង្គុលិមាលភិក្ខុមានអាយុ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន លោកម្ចាស់ឈ្មោះអង្គុលិមាលឬ។ អង្គុលិមាលមានអាយុ តប​ថា ថ្វាយព្រះពរមហារាជ។ ព្រះបាទបសេនទិកោសល មានព្រះបន្ទូលសួរថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន ចុះបិតាលោកម្ចាស់គោត្រអ្វី មាតាលោកម្ចាស់គោត្រអ្វី។ អង្គុលិមាលមានអាយុ តបថា ថ្វាយព្រះពរមហារាជ បិតា (អាត្មាភាព) ជាគគ្គគោត្រ មាតា (អាត្មាភាព) ជាមន្តានីគោត្រ។ ព្រះបាទបសេនទិកោសល មានព្រះរាជឱង្ការបវារណាថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់គគ្គគោត្រ មន្តានីបុត្រ អភិរម្យចុះ ខ្ញុំព្រះករុណា នឹង​ទំនុកបំរុងដោយចីវរ បិណ្ឌបាត សេនាសនៈ ថ្នាំរក្សារោគ ជាបច្ច័យ​ដល់​អ្នកជម្ងឺ និងបរិក្ខារទាំងឡាយ ដល់លោកម្ចាស់ គគ្គគោត្រ មន្តានីបុត្រ។ សម័យនោះឯង អង្គុលិមាលមានអាយុ ប្រព្រឹត្តនៅតែក្នុងព្រៃ ប្រព្រឹត្តតែបិណ្ឌបាត ប្រើប្រាស់​តែសំពត់​បង្សុកូល ប្រើប្រាស់តែចីវរ៣។ បានជាកាលនោះ អង្គុលិមាលភិក្ខុមានអាយុ ថ្វាយ​ព្រះពរ​ព្រះបាទបសេនទិកោសលថា ពុំបាច់​ទេមហារាជ អាត្មាភាព មានត្រៃចីវរ​គ្រប់គ្រាន់ហើយ។

[២៩០] លំដាប់នោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់​ព្រះមាន​ព្រះភាគ លុះស្តេចចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទី​ដ៏សមគួរហើយ ក៏ក្រាបទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ព្រះអង្គ អាចទូន្មានបុរស ដែលគេទូន្មានមិនបាន អាចរម្ងាប់​បុរស ​ដែលគេរម្ងាប់មិនបាន អាចរំលត់ពុតត្បុតបុរស ដែល​គេរំលត់មិនបាន បពិត្រព្រះអង្គដ៏ចំរើន ដ្បិតខ្ញុំព្រះអង្គ មិនអាចនឹងទូន្មាន​នូវបុរសណា ដោយអាជ្ញាក្តី ដោយគ្រឿង​សស្ត្រាវុធក្តី ព្រះមានព្រះភាគ អាចទូន្មានបុរសនោះបាន ដោយមិនបាច់​មានអាជ្ញា ដោយមិនបាច់មានគ្រឿង​សស្ត្រាវុធ បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ ខ្ញុំព្រះអង្គ សូម​ថ្វាយបង្គំលាទៅវិញ ព្រោះខ្ញុំព្រះអង្គ មានកិច្ចការច្រើន មាន​ការរវល់​ច្រើន។ ព្រះអង្គត្រាស់ថា ថ្វាយព្រះពរមហារាជ សូម​មហាបពិត្រ ទ្រង់ជ្រាបនូវ​កាលដ៏​គួរនឹងស្តេចយាងទៅ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះ ព្រះបាទបសេនទិកោសល ក៏​ក្រោកចាកអាសនៈ ហើយក្រាបថ្វាយបង្គំ​លាព្រះមានព្រះភាគហើយ ធ្វើប្រទក្សិណ ស្តេច​ចេញទៅ។

[២៩១] លំដាប់នោះ អង្គុលិមាលមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុង​បុព្វណ្ហសម័យ រួចចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ អង្គុលិមាលមានអាយុ កាលទៅតាមលំដាប់ច្រក ដើម្បីបិណ្ឌបាត ក្នុងក្រុងសាវត្ថី បានចួប​នឹងស្ត្រីម្នាក់ វង្វេង​ស្មារតី ព្រោះគភ៌ មិនសប្បាយព្រោះគភ៌។44) លុះលោកឃើញ​ហើយ ក៏គិតថា អើហ្ន៎ ពួកសត្វលំបាកណាស់ អើហ្ន៎ ពួកសត្វលំបាកណាស់។ លំដាប់នោះ អង្គុលិមាលមានអាយុ ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រឡប់​ពីបិណ្ឌបាត ក្នុងកាល​ជាខាងក្រោយ នៃភត្តហើយ ក៏ឆៀងចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីដ៏សមគួរ។ លុះ​អង្គុលិមាលមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានស្លៀកស្បង់ ប្រដាប់​បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ក្នុងទីឯណោះ រួចចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កំពុងដើរទៅតាមលំដាប់ច្រក ដើម្បី​បិណ្ឌបាត ក្នុងក្រុង​សាវត្ថី បានចួបនឹងស្ត្រីម្នាក់វង្វេងស្មារតី ព្រោះគភ៌ មិនសប្បាយព្រោះគភ៌ លុះខ្ញុំ​ព្រះអង្គ​ឃើញហើយ ក៏គិតថា អើហ្ន៎ ពួកសត្វលំបាកណាស់ អើហ្ន៎ ពួកសត្វ​លំបាកណាស់។

[២៩២] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុអង្គុលិមាល បើដូច្នោះ ចូរអ្នកចូល​ទៅរក​ស្ត្រីនោះ លុះចូលទៅដល់ហើយ ចូរនិយាយនឹងស្ត្រីនោះ យ៉ាងនេះថា នែនាង តាំងអំពីអាត្មាកើតមក មិនដែលក្លែងផ្តាច់ផ្តិលជីវិតសត្វឡើយ ដោយពាក្យសច្ចៈ​នេះ សូមសិរីសួស្តី កើតមានដល់នាង សូមសិរីសួស្តី កើតមានដល់គភ៌។ អង្គុលិមាល ទូលថា បពិត្រព្រះអង្គដ៏ចំរើន សម្បជានមុសាវាទ នឹងមានដល់​ខ្ញុំព្រះអង្គ​ដោយពិត បពិត្រព្រះអង្គដ៏ចំរើន ព្រោះខ្ញុំព្រះអង្គ បានក្លែងផ្តាច់ផ្តិលជីវិតសត្វជាច្រើន។ ព្រះអង្គត្រាស់ថា ម្នាលអង្គុលិមាល បើដូច្នោះ ចូរអ្នកចូលទៅរកស្ត្រីនោះ លុះចូលទៅ​ដល់ហើយ ចូរនិយាយនឹងស្ត្រីនោះ យ៉ាងនេះថា នែនាង តាំងអំពី​អាត្មា​កើត​ហើយ ក្នុងអរិយជាតិ (បានជាអរិយបុគ្គល) មិនដែលក្លែងផ្តាច់ផ្តិលជីវិតសត្វឡើយ ដោយ​ពាក្យ​សច្ចៈ​នេះ សូមសិរីសួស្តី កើតមានដល់នាង សូមសិរីសួស្តី កើតមានដល់គភ៌។ អង្គុលិមាលមានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានបុណ្យថា ករុណាព្រះអង្គ ហើយក៏ចូល​ទៅរកស្ត្រីនោះ លុះចូលទៅដល់ហើយ ក៏និយាយនឹងស្ត្រីនោះ ដូច្នេះថា នែនាង តាំងអំពី​អាត្មាកើតហើយ ក្នុងអរិយជាតិ មិនដែលក្លែងផ្តាច់ផ្តិលជីវិតសត្វឡើយ ដោយពាក្យសច្ចៈ​នេះ សូមសិរីសួស្តី កើតមានដល់នាង សូមសិរីសួស្តី កើតមានដល់គភ៌។ គ្រានោះឯង សិរីសួស្តី ក៏បានកើតដល់ស្ត្រីនោះ សិរីសួស្តី ក៏បានកើតដល់គភ៌។

[២៩៣] លំដាប់នោះ អង្គុលិមាលមានអាយុ ជាបុគ្គលម្នាក់ឯង ដោះខ្លួន​ចេញ​ចាកពួក ឥតមានសេចក្តីធ្វេសប្រហែស មានព្យាយាម ដុតនូវកិលេស ប្រថុយលះបង់នូវ​អត្តភាព ពួកកុលបុត្រ ដែលចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បី​ប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ នូវ​អនុត្តរ​ធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ដោយប្រាជ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ននេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ក៏បានដឹងច្បាស់ថា ជាតិកំណើតរបស់អញ អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្ត​រួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ក្រៅពីសោឡសកិច្ចនេះ​ទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ អង្គុលិមាលមានអាយុ រាប់ថាជា​ព្រះអរហន្ត​មួយរូបដែរ។

[២៩៤] លំដាប់នោះ អង្គុលិមាលមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅ ដើម្បីបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ សម័យនោះឯង មនុស្សដទៃ យកដុំដីគ្រវែងចោល ធ្លាក់ទៅលើកាយអង្គុលិមាល មានអាយុក៏មាន មនុស្ស​ដទៃយកដម្បងគ្រវែង​ចោល ធ្លាក់ទៅលើកាយអង្គុលិមាលមានអាយុក៏មាន មនុស្សដទៃ យកក្រួសផ្ទាត់ធ្លាក់ទៅលើកាយអង្គុលិមាលមានអាយុក៏មាន។ គ្រានោះ អង្គុលិមាល​មានអាយុ (មានរបួស) បែកសីសៈ ហូរឈាម បែកបាត្រ រហែកសង្ឃាដិ ក៏ដើរចូលទៅ​គាល់​ព្រះមានបុណ្យ។ ព្រះមានបុណ្យ បានទតឃើញអង្គុលិមាល​មានអាយុ កំពុងដើរ​មកអំពីចម្ងាយ លុះឃើញហើយ ក៏ត្រាស់ទូន្មានអង្គុលិមាលមានអាយុ ដូច្នេះថា ព្រាហ្មណ៍ ចូរអ្នកខំអត់ទ្រាំទៅ ព្រាហ្មណ៍ ចូរអ្នកខំអត់ធ្មត់ទៅ អ្នកគួរនឹងឆេះ ក្នុងនរក​ជាច្រើនឆ្នាំ ជាច្រើនរយឆ្នាំ ជាច្រើនពាន់ឆ្នាំ ដោយវិបាកនៃកម្មណា ម្នាលព្រាហ្មណ៍​ អ្នកបានទទួលរងវិបាក នៃកម្មនោះ ក្នុងបច្ចុប្បន្ននេះ (តែប៉ុណ្ណេះ)ទេ។

[២៩៥] វេលានោះ អង្គុលិមាលមានអាយុ ទៅនៅក្នុងទីរហោស្ថាន ពួនសម្ងំ​តែម្នាក់ឯង បានប្រទះនូវវិមុត្តិសុខ ទើបបន្លឺឧទាននេះ ក្នុងវេលានោះថា

បុគ្គលណា ធ្វេសប្រហែសក្នុងកាលមុន ដល់កាលជាខាងក្រោយមក បុគ្គល​នោះ មិនធ្វេសប្រហែសវិញ បុគ្គលនោះ ឈ្មោះថា ញុំាងលោក45) នេះ ឲ្យ​ភ្លឺច្បាស់ ដូច​ព្រះចន្ទ្រ ផុតស្រឡះចាកពពក បាបកម្ម ដែលបុគ្គលណាធ្វើហើយ តែបុគ្គល​នោះ ត្រឡប់​ជាបិទបាន គឺមិនទទួលផលកម្មវិញ ដោយសារកុសល គឺមគ្គ បុគ្គល​នោះ ឈ្មោះថា ញុំាងលោកនេះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្រ ផុតស្រឡះចាកពពក ភិក្ខុណា កំឡោះនៅឡើយ ប្រកបព្យាយាម ក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះឯង ឈ្មោះថា ញុំាង​លោកនេះឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ្រ ផុតស្រឡះចាកពពក សូម​ពួកមនុស្សជាសត្រូវ ស្តាប់ធម្មកថារបស់ខ្ញុំ សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ ប្រកប​ព្យាយាមក្នុងពុទ្ធសាសនា ពួកសប្បុរសណា តែង​ដឹកនាំមនុស្សឲ្យរៀនធម៌ សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ សេពគប់ពួកសប្បុរសទាំងនោះចុះ សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ ស្តាប់ធម៌ជាទីផូរផង់ គឺខន្តិ ទាំងជាទីសរសើរ នូវការ​មិនខឹង គឺមេត្តា តាមកាលដ៏សមគួរផង សូមពួកមនុស្សជាសត្រូវនឹងខ្ញុំ បំពេញ​នូវធម៌នោះផង មនុស្សណាជាសត្រូវនឹងខ្ញុំ សូមសត្រូវនោះកុំបៀតបៀនខ្ញុំ ទាំង​កុំបៀតបៀនបុគ្គលដទៃណាមួយឡើយ សូមឲ្យដល់នូវសេចក្តីសុខ គឺព្រះនិព្វាន ចូររក្សានូវមនុស្ស ដែលប្រកបដោយតណ្ហា និងមនុស្សដែលមិនមានតណ្ហា។ ពួកអ្នកបង្ហូរទឹក រមែងបង្ហូរទឹក (តាមប្រឡាយទឹក) ពួកអ្នកធ្វើកូនសរ រមែង​ពត់កូនសរ ពួកអ្នកចាំងឈើ រមែងចាំងឈើ អ្នកប្រាជ្ញទាំងឡាយ រមែង​ទូន្មានខ្លួន​បានដូច្នោះដែរ។ ពួកមនុស្សខ្លះ ទូន្មានដោយដម្បង ដោយកង្វេរ ដោយរំពាត់ ចំណែកខ្ញុំជាអ្នកមានអាជ្ញា ដែលព្រះមានបុណ្យ ជាតាទិបុគ្គល មិនបានយកដម្បង ឬគ្រឿង​សស្ត្រាវុធ (មកទូន្មានខ្ញុំទេ) កាលដើមខ្ញុំឈ្មោះថា អហឹសកកុមារ (ជាអ្នកមិនបៀតបៀនគេ) តែជាអ្នកបៀតបៀនគេ ដល់មកថ្ងៃនេះ ខ្ញុំមានឈ្មោះទៀងទាត់ គឺសមតាមឈ្មោះដើមខ្ញុំហើយ ព្រោះខ្ញុំមិនបៀតបៀន​អ្នកណាមួយទៀតទេ កាលពីដើម ខ្ញុំជាចោរ មាននាមប្រាកដថា អង្គុលិមាល ដែល​ជំនន់ធំបន្សាត់ទៅ (តែឥឡូវនេះ) ខ្ញុំបានដល់នូវព្រះពុទ្ធ ជាទីពឹងហើយ កាល​ពីដើម ខ្ញុំមានដៃប្រឡាក់ឈាម មាននាមប្រាកដថា អង្គុលិមាល (តែឥឡូវ​នេះ) សរណគមន៍ ខ្ញុំបានដល់ហើយ តណ្ហា​ជាគ្រឿងនាំ​ទៅកាន់ភព ខ្ញុំ​បានគាស់រំលើង​ចោលហើយ ខ្ញុំបាន​ធ្វើ​អំពើដែលគួរ​ទៅកាន់​ទុគ្គតិ ដូច្នោះ ច្រើនពិតមែន តែកម្មវិបាក គឺមគ្គចេតនា បានមកអប់រំ (ក្នុងសន្តាន​ខ្ញុំហើយ) ខ្ញុំជាអ្នកលែង​ចំពាក់បំណុល គឺកិលេស បរិភោគភោជន ពួកជនពាល ឥត​ប្រាជ្ញា តែងប្រកប​សេចក្តីប្រមាទ ឯអ្នកប្រាជ្ញតែងរក្សាសេចក្តី​មិនប្រមាទទុក ដូច​រក្សា​ទ្រព្យ ដ៏ថ្លៃថ្លា សូមអ្នកទាំងឡាយ កុំប្រកបសេចក្តីប្រមាទឡើយ កុំប្រកប​សេចក្តី​ត្រេកអរ នឹងការ​មូលមិត្រក្នុងកាមឡើយ ព្រោះថា បុគ្គលអ្នកមិនប្រហែសធ្វេស ខំដុតបំផ្លាញ (នូវកិលេស) រមែង​បានដល់នូវ​សេចក្តីសុខដ៏ទូលាយ ខ្ញុំ​មកល្អហើយ ខ្ញុំមិនគេចចេញទេ គំនិតនេះ ខ្ញុំមិនមែនគិតខុសទេ បណ្តាធម៌ទាំងឡាយ ដែលព្រះអង្គចែក​រលែកល្អហើយ ព្រះនិព្វានណា ជាគុណជាតិ ដ៏ប្រសើរ ខ្ញុំបានដល់​ នូវព្រះនិព្វាន​នោះហើយ ខ្ញុំមកល្អហើយ ខ្ញុំមិនគេចចេញទេ គំនិតនេះ ខ្ញុំមិនមែនគិតខុសទេ វិជ្ជា៣ប្រការ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើ​តាមហើយ។

ចប់ អង្គុលិមាលសូត្រ ទី៦។

បិយជាតិកសូត្រ ទី៧

(៧. បិយជាតិកសុត្តំ)

[២៩៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេច​ព្រះឥរិយាបថ ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង គហបតីម្នាក់ មានកូនប្រុសតូចតែមួយ ជាទីស្រឡាញ់ ពេញចិត្ត បានធ្វើ​មរណកាលទៅ។ ព្រោះកូននោះ ធ្វើកាលកិរិយាទៅ ការងារទាំងឡាយ ក៏មិនប្រាកដ ភត្តាហារក៏មិនប្រាកដ (ដល់គាត់) ឡើយ។ គាត់តែង​តែទៅកាន់ឈាបនដ្ឋាន យំរកថា ឱកូន​តូចថ្លើមថ្លៃ អ្នកនៅក្នុងទីណា ឱកូន​តូចថ្លើមថ្លៃ អ្នកនៅក្នុងទីណា។ គ្រាក្រោយមក គហបតីនោះ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទីដ៏សមគួរ។

[២៩៧] លុះគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានបុណ្យ ទ្រង់ត្រាស់ដូច្នេះ​ថា ម្នាលគហបតី អ្នកតាំងនៅក្នុងចិត្តរបស់ខ្លួន គឺនៅរស់ទេ តែហាក់ដូចជាមិនមាន​ឥន្ទ្រិយ គឺមនោវិញ្ញាណ (ព្រោះ) ឥន្ទ្រិយរបស់អ្នក ប្រែសម្បុរប្លែក។ គហបតីទូលថា ឱ​ព្រះអង្គដ៏ចំរើន ឥន្ទ្រិយរបស់ខ្ញុំព្រះអង្គ នឹងមិនប្រែពណ៌សម្បុរប្លែកណាក៏បាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះខ្ញុំព្រះអង្គ មានកូនប្រុសតូចតែមួយ ជាទីស្រឡាញ់ ពេញចិត្ត បានធ្វើ​មរណកាលទៅ ព្រោះវា ធ្វើកាលកិរិយាទៅ ការងារ ក៏មិនប្រាកដ ភត្តាហារក៏មិនប្រាកដ (ដល់ខ្ញុំព្រះអង្គ) សោះ ខ្ញុំព្រះអង្គនោះ តែងទៅកាន់ឈាបនដ្ឋាន ហើយយំរកថា ឱកូន​តូចមាសថ្លៃ អ្នកនៅក្នុងទីណា ឱកូន​តូចមាសថ្លៃ អ្នកនៅក្នុងទីណា។ ព្រះមានបុណ្យ ត្រាស់ថា ដំណើរនុ៎ះ យ៉ាងនោះមែន គហបតី ដំណើរនុ៎ះ យ៉ាងនោះមែន គហបតី ពិតមែន គហបតី សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀត​ចង្អល់ចិត្ត តែង​កើតមកអំពីសេចក្តី​ស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។ គហបតី ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម្មតា ហេតុនៃសេចក្តីស្រឡាញ់​នោះឯង នឹងមានដូច្នោះមែន សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត កើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែន​កើតដែរ បពិត្រព្រះអង្គដ៏ចំរើន តែបើតាមដែលពិតនោះ សេចក្តីត្រេកអរ និងសេចក្តីរីករាយ តែង​កើតមក អំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។46) ខណៈនោះ គហបតីនោះ មិនត្រេកអរ មិនឃាត់ហាមនូវភាសិត របស់ព្រះមានបុណ្យទេ ក៏ក្រោកចាកអាសនៈ​ចេញទៅ។

[២៩៨] សម័យនោះ មានពួកអ្នកលេងល្បែងភ្នាល់​ច្រើននាក់ កំពុងលេងដោយល្បែង​ភ្នាល់ទាំងឡាយ ក្នុងទីមិនឆ្ងាយ​ប៉ុន្មាន អំពី​ព្រះមានបុណ្យ។ ចំណែកគហបតីនោះ ក៏ចូលទៅរក​ពួកអ្នកលេងល្បែងភ្នាល់នោះ លុះចូលទៅដល់ហើយ ក៏និយាយទៅនឹងអ្នកលេងល្បែងភ្នាល់នោះ ដូច្នេះថា នែអ្នកដ៏ចំរើនទាំងឡាយ អម្បាញ់​មិញនេះ ខ្ញុំបានចូលទៅគាល់​ព្រះសមណគោតម លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះសមណគោតម រួចអង្គុយក្នុងទីដ៏សមគួរ នែអ្នកដ៏ចំរើនទាំងឡាយ លុះខ្ញុំ​អង្គុយក្នុងទីដ៏សមគួរហើយ ព្រះសមណគោតម ទ្រង់ត្រាស់ ដូច្នេះថា ម្នាលគហបតី អ្នក​ឋិត​នៅក្នុងចិត្តរបស់ខ្លួន គឺរស់នៅទេ តែហាក់ដូចជា មិនមាន​ឥន្ទ្រិយ (ព្រោះ) ឥន្ទ្រិយ​របស់​អ្នក ប្រែសម្បុរប្លែក ដូច្នេះ នែអ្នកដ៏ចំរើនទាំងឡាយ កាលព្រះសមណគោតម​ ត្រាស់​យ៉ាងនេះ ខ្ញុំក៏បាន​តប ទៅនឹងព្រះសមណគោតមវិញថា ឱ​ព្រះអង្គដ៏ចំរើន ឥន្ទ្រិយរបស់​ខ្ញុំព្រះអង្គ នឹងមិនប្រែពណ៌សម្បុរប្លែកណាក៏បាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះខ្ញុំព្រះអង្គ មានកូនប្រុសតូចតែមួយ ជាទីស្រឡាញ់ ពេញចិត្ត បានធ្វើ​មរណកាលទៅ ព្រោះតែវា ធ្វើកាលកិរិយាទៅ ការងារ ក៏មិនប្រាកដ ភត្តាហារក៏មិនប្រាកដ (ដល់ខ្ញុំ) សោះ ខ្ញុំព្រះអង្គ​នោះឯង តែងទៅកាន់ឈាបនដ្ឋាន យំរកថា ឱកូន​តូចមាសថ្លៃ អ្នកនៅក្នុងទីណា ឱកូន​តូចមាសថ្លៃ អ្នកនៅក្នុងទីណា ដូច្នេះ ទើបព្រះសមណគោតម ត្រាស់ថា ដំណើរនុ៎ះ យ៉ាងនេះមែន គហបតី ដំណើរនុ៎ះ យ៉ាងនេះមែន គហបតី ពិតមែន គហបតី សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀត​ចង្អល់ចិត្ត តែង​កើត​មក​អំពី​សេចក្តី​​ស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត (កាលបើព្រះមានបុណ្យ ទ្រង់ត្រាស់​យ៉ាងនេះ ខ្ញុំក៏ទូលតបវិញ)ថា បពិត្រព្រះអង្គដ៏ចំរើន ធម្មតា ហេតុនៃសេចក្តីស្រឡាញ់​នោះឯង នឹងមានដូច្នោះមែន សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការ​ចង្អៀតចង្អល់ចិត្ត កើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែន​កើតមែន បពិត្រព្រះអង្គដ៏ចំរើន តែតាមដែលពិតនោះ សេចក្តីត្រេកអរ និងសេចក្តីរីករាយ តែង​កើតមកពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត ដូច្នេះ នែអ្នក​ដ៏ចំរើនទាំងឡាយ កាលនោះ ខ្ញុំក៏មិនត្រេកអរ មិនឃាត់ហាមនូវភាសិត របស់​ព្រះសមណគោតមទេ ខ្ញុំក្រោកចាកអាសនៈ ហើយក៏ចេញមក។ ពួកអ្នកលេង​ល្បែងភ្នាល់ ឆ្លើយតបថា បពិត្រលោកគហបតី ពាក្យដែល​លោកមានប្រសាសន៍នុ៎ះ ត្រូវហើយ បពិត្រលោកគហបតី ពាក្យដែល​លោកមានប្រសាសន៍នុ៎ះ ត្រូវហើយ បពិត្រលោកគហបតី សេចក្តីត្រេកអរ និងសេចក្តី​រីករាយ តែងកើតមក អំពី​សេចក្តី​​ស្រឡាញ់ មានសេចក្តីស្រឡាញ់​ ជាដែន​កើតដោយពិត។ ទើបគហបតីនោះ គិតថា ពាក្យរបស់អាត្មាអញ សមគ្នានឹងពួកអ្នកលេងល្បែងភ្នាល់ ដូច្នេះ រួចក៏ចេញទៅ។

[២៩៩] គ្រានោះឯង ដំណើរវាចានេះ ក៏ឮខ្ចរខ្ចាយតាមលំដាប់ រហូតចូល​ទៅខាង​ក្នុង​ព្រះរាជវាំង។ វេលានោះ ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់សួរ​ទៅ​នាង​មល្លិការាជទេវីថា នែមល្លិកា ព្រះសមណគោតម (ជាគ្រូ) របស់នាង បានសំដែង​ព្រះវាចា​នេះថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត ដូច្នេះ មែនឬអ្វី។ ព្រះនាង​មល្លិការាជទេវី ក្រាបបង្គំទូល​ថា បពិត្រមហារាជ បើពាក្យនោះ ព្រះមានបុណ្យ​ទ្រង់​សំដែងមែន ដំណើរនុ៎ះ ក៏ពិតយ៉ាងនោះឯង។ ព្រះបាទបសេនទិកោសល ទ្រង់​បន្ទោស​ថា មិនសមបើយ៉ាងនេះៗសោះ ព្រះសមណគោតម ពោលនូវ​ពាក្យណា មល្លិកា​នេះ ហ៊ាននិយាយចាក់បណ្តោយតាមពាក្យនោះៗ របស់ព្រះសមណគោតម​នោះថា បពិត្រមហារាជ បើពាក្យនោះ ព្រះមានបុណ្យ​ទ្រង់​សំដែងមែន ដំណើរនុ៎ះ ក៏ពិត​យ៉ាងនោះ ដូច្នេះសោះ ប្រៀបដូចអាចារ្យ និយាយពាក្យណាៗ ដល់កូនសិស្ស ៗ ក៏និយាយ​ចាក់បណ្តោយ​តាមពាក្យនោះៗ របស់អាចារ្យនោះថា បពិត្រលោកអាចារ្យ ដំណើរនុ៎ះ យ៉ាងហ្នឹងមែន បពិត្រលោកអាចារ្យ ដំណើរនុ៎ះ យ៉ាងហ្នឹងមែន សេចក្តី​នេះ មានឧបមាយ៉ាងណា នែមល្លិកា ព្រះសមណគោតម ពោលនូវពាក្យណាៗ នាងក៏​និយាយ​ចាក់បណ្តោយ​តាមពាក្យនោះៗ របស់ព្រះសមណគោតមនោះថា បពិត្រមហារាជ បើពាក្យនោះ ព្រះមានបុណ្យទ្រង់សំដែងមែន ដំណើរនុ៎ះ ក៏ពិតយ៉ាងនោះ ក៏មានឧបមេយ្យយ៉ាងនោះដែរ នែមល្លិកា ចូរនាងចៀសអំពីមុខ​អញចេញទៅ (ព្រោះ) នាងខិលខូចណាស់។

[៣០០] គ្រានោះ ព្រះនាងមល្លិការាជទេវី មានព្រះសវនីយ៍​ទៅរកនាឡិជង្ឃ​ព្រាហ្មណ៍ថា នែព្រាហ្មណ៍ ចូរអ្នកមកអាយ ចូរអ្នកចូលទៅគាល់​ព្រះភគវន្តមុនី លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះភគវន្តមុនីដោយត្បូង រួចទូលសួរនូវ​សេចក្តី​មិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស កំឡាំង ការគង់នៅជាសុខ តាមពាក្យ​ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមល្លិការាជទេវី សូមថ្វាយបង្គំព្រះបាទា របស់​ព្រះមានព្រះភាគ​ដោយត្បូង ទាំងសូមទូលសួរ នូវការ​មិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស កំឡាំង ការគង់នៅជាសុខ ដូច្នេះ រួចចូរអ្នកទូលសួរ​យ៉ាងនេះ​ទៀតថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានសំដែងព្រះវាចានេះថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត ដូច្នេះឬអ្វី បើព្រះមានព្រះភាគ ទ្រង់ដោះស្រាយ​ប្រាប់អ្នក យ៉ាងណា ចូរអ្នកចងចាំពាក្យនោះឲ្យល្អ ហើយមកប្រាប់​ដល់ខ្ញុំវិញ ព្រោះព្រះតថាគតទាំងឡាយ មិនពោលពាក្យដែលមិនពិតប្រាកដឡើយ។ នាឡិជង្ឃព្រាហ្មណ៍ ទទួលព្រះវាចារបស់ព្រះនាងមល្លិការាជទេវីថា ទទួល​ព្រះសវនីយ៍​ករុណាវិសេស ដូច្នេះ រួចក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តីរីករាយ ជាមួយនឹង​ព្រះមានបុណ្យ លុះបញ្ចប់​ពាក្យដែលគួររីករាយ និង​ពាក្យដែល​គួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះនាឡិជង្ឃព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបទូលពាក្យនុ៎ះ ចំពោះព្រះមានបុណ្យថា បពិត្រព្រះគោតមដ៏ចំរើន ព្រះនាងមល្លិការាជទេវី សូមថ្វាយបង្គំ​ព្រះបាទា​ របស់​ព្រះគោតមដ៏ចំរើនដោយត្បូង ទាំងសូមសួរ នូវសេចក្តី​មិនមានអាពាធ មិនមានរោគ ការក្រោកឡើងរហ័ស កំឡាំង ការគង់នៅជាសុខ មួយទៀត ព្រះនាង​សូមទូលសួរ​យ៉ាងនេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានសំដែងព្រះវាចានេះថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត ដូច្នេះឬអ្វី។ ព្រះអង្គត្រាស់ថា អើព្រាហ្មណ៍ ពាក្យនុ៎ះ តថាគត ថាយ៉ាងនោះមែន អើព្រាហ្មណ៍ ពាក្យនុ៎ះ តថាគត ថាយ៉ាង​នោះមែន ម្នាលព្រាហ្មណ៍ ពិតមែន សេចក្តី​សោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត។ ម្នាលព្រាហ្មណ៍ គេត្រូវដឹងថា សេចក្តីសោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត ដូច្នេះ ដោយបរិយាយនេះ។

[៣០១] ម្នាលព្រាហ្មណ៍ រឿងធ្លាប់មានមកហើយតើ មានមាតារបស់ស្ត្រីម្នាក់ ក្នុង​ក្រុងសាវត្ថីនេះឯង បានធ្វើកាលកិរិយាទៅ។ តាំងអំពីកាលកិរិយា នៃមាតានោះ ស្ត្រីនោះ ក៏ទៅជាឆ្កួត មានចិត្ត​រវើរវាយ ដើរសព្វច្រករហក សព្វផ្លូវ​ត្រឡែងកែង ស្រែកសួរយ៉ាង​នេះថា ឱអ្នកទាំងឡាយ បានឃើញមាតាខ្ញុំដែរឬ ឱអ្នកទាំងឡាយ បានឃើញមាតាខ្ញុំ​ដែរឬ។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តី​សោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត។ ម្នាលព្រាហ្មណ៍ រឿង​​ធ្លាប់​មាន​មក​ហើយ​តើ មាតាបិតារបស់ស្ត្រីម្នាក់ ក្នុង​ក្រុងសាវត្ថីនេះឯង បានធ្វើមរណកាល… បងប្អូន​ប្រុស បានធ្វើមរណកាល… បងប្អូនស្រី បានធ្វើមរណកាល… កូនប្រុស បានធ្វើ​មរណ​កាល… កូនស្រីបានធ្វើមរណកាល… ស្វាមីបានធ្វើមរណកាល។ តាំងអំពីកាលកិរិយា នៃ​ស្វាមីនោះ ស្ត្រីនោះ ក៏ទៅជាឆ្កួត មានចិត្ត​រវើរវាយ ដើរសព្វច្រករហក សព្វផ្លូវ​ត្រឡែងកែង ស្រែកសួរយ៉ាង​នេះថា ឱអ្នកទាំងឡាយ បានឃើញស្វាមីខ្ញុំដែរឬ ឱអ្នកទាំងឡាយ បាន​ឃើញ​ស្វាមីខ្ញុំ​ដែរឬ។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តី​សោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត។

[៣០២] ម្នាលព្រាហ្មណ៍ រឿង​ធ្លាប់មានមកហើយតើ មានមាតាបុរសម្នាក់ ក្នុង​ក្រុងសាវត្ថីនោះឯង បានធ្វើមរណកាលទៅ។ តាំងអំពីមរណកាល នៃមាតានោះ បុរសនោះ ក៏ទៅជាឆ្កួត មានចិត្ត​រវើរវាយ ដើរសព្វច្រករហក សព្វផ្លូវ​ត្រឡែងកែង ស្រែកសួរយ៉ាង​នេះថា ឱអ្នកទាំងឡាយ បានឃើញម្តាយខ្ញុំដែរឬ ឱអ្នកទាំងឡាយ បានឃើញម្តាយខ្ញុំ​ដែរឬ។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តី​សោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត។ ម្នាលព្រាហ្មណ៍ រឿង​ធ្លាប់​មាន​មក​ហើយ មានបិតាបុរសម្នាក់ ក្នុង​ក្រុងសាវត្ថីនេះឯង បានធ្វើមរណកាល… បងប្អូន​ប្រុស បានធ្វើមរណកាល… បងប្អូនស្រី បានធ្វើមរណកាល… កូនប្រុស បានធ្វើ​មរណ​កាល… កូនស្រីបានធ្វើមរណកាល… ប្រពន្ធបានធ្វើមរណកាលទៅ។ តាំងអំពីមរណកាល នៃ​ភរិយានោះ បុរសនោះ ក៏ទៅជាឆ្កួត មានចិត្ត​រវើរវាយ ដើរសព្វច្រករហក សព្វផ្លូវ​ត្រឡែងកែង ស្រែកសួរយ៉ាង​នេះថា ឱអ្នកទាំងឡាយ បានឃើញប្រពន្ធខ្ញុំដែរឬ ឱអ្នកទាំងឡាយ បាន​ឃើញប្រពន្ធខ្ញុំ​ដែរឬ។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តី​សោកស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត។

[៣០៣] ម្នាលព្រាហ្មណ៍ រឿងធ្លាប់​មាន​មក​ហើយ​តើ ក្នុង​ក្រុងសាវត្ថីនេះ មានស្ត្រី​ម្នាក់ បានទៅកាន់​ត្រកូលនៃញាតិ គឺមានប្តី។ ពួកញាតិទាំងនោះ របស់ស្ត្រីនោះ មានប្រាថ្នា​នឹងផ្តាច់ប្តីចេញ ហើយលើក (នាងនោះ) ឲ្យទៅបុរស​ឯទៀតវិញ តែនាងនោះ មិនចង់បានបុរស​នោះសោះ។ ទើបស្ត្រីនោះ និយាយនឹងប្តី ដូច្នេះថា បពិត្រ​អយ្យបុត្រ ពួកញាតិរបស់ខ្ញុំនេះ មានប្រាថ្នា​នឹងផ្តាច់អ្នកចេញ ហើយលើកខ្ញុំ ឲ្យទៅបុរស​ឯទៀតវិញ តែខ្ញុំមិនចង់បានបុរស​នោះសោះ។ គ្រានោះ បុរសនោះ ក៏កាប់ស្ត្រីនោះជាពីរកំណាត់ ហើយវះពោះខ្លួនឯង ដោយប្រាថ្នាថា សូមឲ្យយើងទាំងពីរនាក់ បានចួបគ្នា​ទៅ​ក្នុង​បរលោក។ ម្នាលព្រាហ្មណ៍ ព្រោះបរិយាយនេះហើយ បានជាគេត្រូវដឹងថា សេចក្តី​សោក​ស្តាយ ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត តែងកើត​មកអំពី​សេចក្តី​ស្រឡាញ់ មានសេចក្តីស្រឡាញ់​ជាដែនកើត។

[៣០៤] គ្រានោះ នាឡិជង្ឃព្រាហ្មណ៍ ក៏ត្រេកអរ អនុមោទនា ចំពោះ​ភាសិត របស់​ព្រះមានបុណ្យ រួចក្រោកអំពីអាសនៈ ចូលទៅគាល់ព្រះនាងមល្លិការាជទេវី លុះចូលទៅដល់ហើយ ក៏ក្រាបទូល​នូវពាក្យ ដែលខ្លួនបានចរចា ជាមួយនឹង​ព្រះមានបុណ្យ ដល់ព្រះនាងមល្លិការាជទេវី ដោយសព្វគ្រប់។ គ្រានោះ ព្រះនាងមល្លិការាជទេវី ចូលទៅគាល់​ព្រះបាទបសេនទិកោសល លុះចូលទៅដល់ហើយ ក៏ក្រាបទូលសួរ​​ព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះថា ដូចម្តេច រាជកុមារី ព្រះនាមវជិរី ព្រះអង្គសព្វព្រះរាជហឫទ័យឬទេ។ ​ព្រះបាទបសេនទិកោសល មានព្រះបន្ទូល​តបថា អើមល្លិកា វជិរីកុមារី អញស្រឡាញ់។ នាងមល្លិកាទូលសួរថា បពិត្រមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច (បើ) វជិរីកុមារី ប្រែប្រួល ព្រាត់ប្រាស និរាសទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត នឹងកើតឡើងដល់ព្រះអង្គឬទេ។ ព្រះបាទបសេនទិកោសល មាន​ព្រះបន្ទូល​តបថា អើមល្លិកា (បើ) នាងវជិរីកុមារី ប្រែប្រួល ព្រាត់ប្រាសនិរាសទៅ សូម្បីជីវិតរបស់អញ ក៏មុខជានឹងវិបត្តិប្រែប្រួលទៅដែរ ចំណង់​បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត ការចង្អៀតចង្អល់​ចិត្ត នឹងខានកើតឡើងដល់អញ ឯណាក៏បាន។ ព្រះនាង​មល្លិការាជទេវី ទូលថា បពិត្រព្រះមហារាជ ព្រះភគវន្តអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ សំដៅយកដំណើរ​នេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។

[៣០៥] បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច នាង​វាសភខត្តិយា តើព្រះអង្គសព្វព្រះរាជហឫទ័យឬទេ។ អើមល្លិកា នាងវាសភខត្តិយា អញស្រឡាញ់។ បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច (បើ) នាង​វាសភខត្តិយា ប្រែប្រួល ព្រាត់ប្រាស និរាសទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត នឹងកើតឡើងដល់ព្រះអង្គឬទេ។ ឱមល្លិកា (បើ) នាង​វាសភខត្តិយា ប្រែប្រួល ព្រាត់ប្រាស និរាសទៅ សូម្បីជីវិតរបស់អញ ក៏មុខជានឹង​វិបត្តិ​ប្រែប្រួល​ទៅដែរ ចំណង់​បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តី​ចង្អៀតចង្អល់​​ចិត្ត នឹងខានកើតឡើងដល់អញ ឯណាក៏បាន។ បពិត្រព្រះមហារាជ ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ សំដៅយក​ដំណើរ​នេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត តែងកើតអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ ជាដែនកើត។

[៣០៦] បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច វិឌូឌភសេនាបតី តើព្រះអង្គ សព្វព្រះរាជហឫទ័យឬទេ។ អើមល្លិកា វិឌូឌភសេនាបតី អញស្រឡាញ់។ បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​នូវសេចក្តីនោះ ថាដូចម្តេច បើវិឌូឌភសេនាបតី ប្រែប្រួល ព្រាត់ប្រាស និរាសទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត នឹងកើតឡើង ដល់ព្រះអង្គឬទេ។ ឱមល្លិកា (បើ) វិឌូឌភសេនាបតី ប្រែប្រួល ព្រាត់ប្រាស និរាសទៅ សូម្បីជីវិតរបស់អញ ក៏មុខជានឹង​វិបត្តិ​ប្រែប្រួល​ទៅដូចគ្នា ចំណង់​បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តី​ចង្អៀតចង្អល់​​ចិត្ត នឹងខានកើតដល់អញ ឯណាក៏បាន។ បពិត្រព្រះមហារាជ ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ សំដៅយកដំណើរ​នេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត តែងកើតមកអំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់ ជាដែនកើត។

[៣០៧] បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច ចុះខ្លួនខ្ញុំម្ចាស់ តើព្រះអង្គ សព្វព្រះរាជហឫទ័យឬទេ។ អើមល្លិកា ឯងក៏ជាទីស្រឡាញ់​របស់អញដែរ។ បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច បើខ្ញុំម្ចាស់​ប្រែប្រួល ព្រាត់ប្រាស និរាសទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តី​ចង្អៀតចង្អល់​ចិត្ត នឹងកើតឡើង ដល់ព្រះអង្គឬទេ។ ឱមល្លិកា (បើ) ឯងប្រែប្រួល ព្រាត់ប្រាស និរាសទៅ សូម្បីជីវិតរបស់អញ ក៏មុខជានឹង​វិបត្តិ​ ប្រែប្រួល​ទៅដែរ ចំណង់​បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តី​ចង្អៀតចង្អល់​​ចិត្ត នឹងខាន​កើត​ឡើង​ដល់អញ ឯណាក៏បាន។ បពិត្រព្រះមហារាជ ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ សំដៅយកដំណើរ​នេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត តែងកើតមក​អំពីសេចក្តីស្រឡាញ់ មានសេចក្តីស្រឡាញ់​ ជាដែនកើត។

[៣០៨] បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច ដែនកាសី និងដែន​កោសល តើព្រះអង្គ សព្វព្រះរាជហឫទ័យឬទេ។ អើមល្លិកា ដែនកាសី និងដែនកោសល ជាទីស្រឡាញ់របស់អញ ម្នាលមល្លិកា (ព្រោះ) យើងប្រើប្រាស់ខ្លឹម​ចន្ទន៍ ដែលបាន​មកអំពីដែន​កាសី ទ្រទ្រង់ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿង​លាបផ្សេងៗ ដោយអានុភាព ​នៃដែន​កាសី និងដែនកោសល។ បពិត្រព្រះមហារាជ ព្រះអង្គសំគាល់​សេចក្តីនោះ ថាដូចម្តេច (បើ) ដែនកាសី និងដែនកោសល វិបត្តិប្រែប្រួល ជាយ៉ាងដទៃទៅ តើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត នឹងកើតឡើង​ដល់​ព្រះអង្គឬទេ។ ឱមល្លិកា បើដែនកាសី និងដែនកោសល វិបត្តិប្រែប្រួល ជាយ៉ាងដទៃ​ទៅ សូម្បី​ជីវិតរបស់អញ ក៏មុខជា​វិបត្តិ​ ប្រែប្រួល​ទៅដែរ ចំណង់​បើសេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តី​ចង្អៀតចង្អល់​​ចិត្ត នឹងខានកើតដល់អញ ឯណាបាន។ បពិត្រព្រះមហារាជ ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ សំដៅយកដំណើរ​នេះហើយ បានជាសំដែងថា សេចក្តីសោក ខ្សឹកខ្សួល សេចក្តីទុក្ខ តូចចិត្ត សេចក្តីចង្អៀតចង្អល់​ចិត្ត តែងកើតឡើងមកអំពី​សេចក្តី​ស្រឡាញ់ មានសេចក្តីស្រឡាញ់ជាដែនកើត។

[៣០៩] ព្រះបាទបសេនទិកោសល មានព្រះរាជឱង្ការថា អស្ចារ្យណាស់ មល្លិកា ចំឡែកណាស់ មល្លិកា ព្រោះព្រះមានព្រះភាគអង្គនោះ ប្រហែលជាទ្រង់ត្រាស់ដឹង ឃើញច្បាស់ ដោយប្រាជ្ញាមែន ម្នាលមល្លិកា នាងចូរមកអាយ ចូរនាងឲ្យនូវទឹក សម្រាប់​លាងជំរះ (ដល់អញ)។ តពីនោះមក ព្រះបាទបសេនទិកោសល ក្រោកអំពីអាសនៈ ធ្វើ​សំពត់ឧត្តរាសង្គៈ ឆៀងព្រះអង្សាម្ខាង ប្រណម្យ​អញ្ជលី ឆ្ពោះត្រង់ទី​ព្រះមានព្រះភាគ​គង់ បន្លឺនូវឧទានអស់វារៈ​៣ដងថា

ខ្ញុំសូមថ្វាយបង្គំ ចំពោះ​ព្រះភគវន្ត អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ខ្ញុំសូម​ថ្វាយបង្គំ​។បេ។ ព្រះសម្មាសម្ពុទ្ធអង្គនោះ។

ចប់ បិយជាតិកសូត្រ ជាគំរប់៧។

ពាហិតិយសូត្រ ទី៨

(៨. ពាហិតិកសុត្តំ)

[៣១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ស្លៀក​ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់​ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ដល់ត្រឡប់​មកពីបិណ្ឌបាត​វិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅឯប្រាសាទ ឈ្មោះបុព្វារាម ជារបស់​មិគារមាតា ដើម្បី​នៅ​សម្រាកក្នុងវេលាថ្ងៃ។

[៣១១] សម័យនោះឯង ព្រះបាទបសេនទិកោសល ទ្រង់ឡើងគង់​ព្រះទីនាំង​នាគេន្ទ្រ ឈ្មោះឯកបុណ្ឌរីកៈ បរទៅក្នុងក្រុងសាវត្ថីទាំងថ្ងៃ។ ព្រះបាទបសេនទិកោសល ទ្រង់ទតឃើញ​ព្រះអានន្ទមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ទ្រង់​ត្រាស់ទៅនឹង​មហាមាត្រឈ្មោះសិរីវឌ្ឍៈថា ម្នាលសិរីវឌ្ឍៈសំឡាញ់ នុ៎ះ​ព្រះអានន្ទមានអាយុរបស់យើងឬ។ សិរីវឌ្ឍៈមហាមាត្រ ក្រាបបង្គំទូល​ថា ព្រះករុណា​វិសេស​មហារាជ នុ៎ះហើយព្រះអានន្ទមានអាយុ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់​ត្រាស់ហៅបុរសម្នាក់មកថា ម្នាលបុរសអើយ ចូរឯងមកអាយ ឯងចូរទៅ ឯព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំ​ព្រះបាទ នៃព្រះអានន្ទមានអាយុដោយក្បាល តាមពាក្យរបស់អញថា បពិត្រលោកដ៏ចំរើន ព្រះបាទបសេនទិកោសល សូមថ្វាយបង្គំព្រះបាទ នៃព្រះអានន្ទមានអាយុ ដោយសិរ្សៈ រួចហើយ ចូរពោលយ៉ាងនេះ តទៅទៀតថា បពិត្រលោកដ៏ចំរើន បើព្រះអានន្ទមិនមាន​កិច្ចណាមួយ ដែលគួរធ្វើដោយប្រញាប់ទេ បពិត្រលោកដ៏ចំរើន សូម​ព្រះអានន្ទ អនុគ្រោះរង់ចាំ មួយរំពេចសិន។ បុរសនោះ ទទួលព្រះរាជឱង្ការ​ព្រះបាទបសេនទិកោសលថា ព្រះករុណាវិសេស​ ព្រះសម្មតិទេព ហើយចូលទៅរក​ព្រះអានន្ទមានអាយុ ត្រង់កន្លែងដែលលោកគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទមានអាយុ ​ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យ​នេះ នឹងព្រះអានន្ទមានអាយុថា បពិត្រលោកដ៏ចំរើន ព្រះបាទបសេនទិកោសល សូម​ថ្វាយបង្គំព្រះបាទ នៃព្រះអានន្ទ​មានអាយុ ដោយសិរ្សៈ បពិត្រលោកដ៏ចំរើន បើព្រះអានន្ទមានអាយុ មិនមាន​កិច្ច​ណាមួយ ដែលត្រូវធ្វើដោយប្រញាប់ទេ បពិត្រលោកដ៏ចំរើន សូមព្រះអានន្ទមានអាយុ អនុគ្រោះរង់ចាំមួយរំពេចសិន។ ព្រះអានន្ទមានអាយុ ក៏ទទួលនិមន្តដោយតុណ្ហីភាព។

[៣១២] គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជដំណើរទៅដរាប ដល់​អស់​ទី ដែលដំរីគួរទៅបាន ហើយចុះអំពីព្រះទីនាំងនាគេន្ទ្រ យាងទៅដោយព្រះបាទា ចូលទៅត្រង់ទី ដែល​ព្រះអានន្ទមានអាយុ គង់នៅ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំ​​ព្រះអានន្ទមានអាយុ ដោយគោរព ហើយគង់នៅ​ក្នុងទីដ៏សមគួរ។ លុះព្រះបាទ​បសេនទិ​កោសល ទ្រង់គង់ក្នុងទីដ៏សមគួរហើយ ទ្រង់ត្រាស់​ពាក្យនេះ ទៅរក​ព្រះអានន្ទ​មានអាយុថា បពិត្រលោកដ៏ចំរើន បើព្រះអានន្ទមានអាយុ មិនមានកិច្ចណាមួយ ដែលគួរ​ធ្វើ​​ដោយប្រញាប់ទេ បពិត្រលោកដ៏ចំរើន សូម​ព្រះអានន្ទមានអាយុ អនុគ្រោះ និមន្តទៅគង់ឆ្នេរស្ទឹង​អចិរវតី។ ព្រះអានន្ទមានអាយុ ក៏ទទួលនិមន្តដោយតុណ្ហីភាព។ លំដាប់នោះ ព្រះអានន្ទមានអាយុ និមន្តចូលទៅឯឆ្នេរ​ស្ទឹង​អចិរវតី លុះចូលទៅ​ដល់ហើយ ទៅគង់លើអាសនៈ ដែលគេក្រាលបម្រុងទុក ក្រោម​ម្លប់ឈើមួយដើម។ គ្រានោះឯង ព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជដំណើរទៅ ដោយ​ព្រះទីនាំងនាគេន្ទ្រ ដរាបដល់ទី ​ដែលគួរដំរីទៅបាន ហើយទ្រង់ចុះ អំពីព្រះទីនាំង​នាគេន្ទ្រ ស្តេចទៅដោយព្រះបាទា ចូលទៅត្រង់ទី ដែល​ព្រះអានន្ទមានអាយុ គង់នៅ លុះចូលទៅ​ដល់​ហើយ ទើបថ្វាយបង្គំ​ព្រះអានន្ទមានអាយុ ដោយគោរព ហើយគង់នៅ ក្នុងទីដ៏​សមគួរ។ លុះព្រះបាទបសេនទិកោសល ទ្រង់គង់នៅ ក្នុងទីដ៏សមគួរហើយ ទ្រង់​ត្រាស់ពាក្យនេះ ទៅរកព្រះអានន្ទមានអាយុថា បពិត្រលោកដ៏ចំរើន សូមព្រះអានន្ទមានអាយុ និមន្តគង់លើកម្រាលទីនាំងដំរីនេះចុះ។ ព្រះអានន្ទមានអាយុ​តបថា ថ្វាយព្រះពរមហារាជ សូមព្រះអង្គគង់ចុះ អាត្មាអញ អង្គុយលើអាសនៈរបស់ខ្លួន​​បានហើយ។ ព្រះបាទបសេនទិកោសល ទ្រង់គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក។

[៣១៣] លុះព្រះបាទបសេនទិកោសល គង់ស៊ប់ហើយ ទ្រង់ត្រាស់ពាក្យនេះ នឹងព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទដ៏ចំរើន កាយសមាចារ (ការប្រព្រឹត្តិល្អ​ដោយកាយ) ណា ដែល​គួរឲ្យពួក​សមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន តើ​ព្រះមានព្រះភាគ ​អង្គនោះ ប្រព្រឹត្តកាយសមាចារ មានសភាពដូច្នោះ ដែរឬទេ។ ព្រះអានន្ទតបថា បពិត្រមហារាជ កាយសមាចារណា ដែល​គួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គ មិនប្រព្រឹត្តកាយ​សមាចារ មានសភាពដូច្នោះទេ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះព្រះមានព្រះភាគ អង្គនោះ ព្រះអង្គប្រព្រឹត្តវចីសមាចារ (ការប្រព្រឹត្តិល្អ​ដោយវាចា) មានសភាពដូច្នោះដែរឬទេ។ មនោសមាចារ (ការប្រព្រឹត្តិល្អ​ដោយចិត្ត) ណា ដែល​គួរឲ្យពួក​សមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន ​ព្រះ​អង្គ ប្រព្រឹត្តមនោសមាចារ មានសភាពដូច្នោះ ដែរឬទេ។ បពិត្រមហារាជ មនោសមាចារណា ដែល​គួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គ មិនប្រព្រឹត្តមនោ​សមាចារ មានសភាពដូច្នោះទេ។

[៣១៤] ព្រះរាជាត្រាស់ថា បពិត្រលោកដ៏ចំរើន អស្ចារ្យណាស់ បពិត្រលោក​ដ៏ចំរើន ចំឡែកណាស់ បពិត្រលោកដ៏ចំរើន ព្រោះថា យើងខ្ញុំ​មិនអាចនឹង​បំពេញនូវ​ពាក្យណា ដោយប្រស្នាបាន បពិត្រលោកដ៏ចំរើន ពាក្យនោះ ក្រែងតែព្រះអានន្ទ​មានអាយុ ទើបអាច​នឹងបំពេញ ដោយការដោះស្រាយ នូវប្រស្នា​បាន បពិត្រលោក​ដ៏ចំរើន ពួកបុគ្គលពាល ដែលមិនឈ្លាសវៃ មិនបានពិចារណា មិនបានស្ទាប​ស្ទង់មើល ហើយពោលនូវ​គុណ និងទោស របស់បុគ្គល​ទាំងឡាយដទៃ យើងខ្ញុំមិនប្រកាន់​យកពាក្យនោះ (របស់បុគ្គលទាំងឡាយនោះ)ថា មានខ្លឹមសារទេ បពិត្រលោកដ៏ចំរើន បើបុគ្គលណា ឈ្លាស វាងវៃ ជាអ្នកប្រាជ្ញ បានពិចារណា បានស្ទាប​ស្ទង់មើលហើយ ពោលនូវគុណ និងទោស របស់បុគ្គលទាំងឡាយដទៃ យើងខ្ញុំ​ប្រកាន់​យកពាក្យនោះ (របស់បុគ្គលទាំងឡាយនោះ) ថាមានខ្លឹមសារ បពិត្រព្រះអានន្ទដ៏ចំរើន ចុះ​កាយសមាចារ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញពោលទោសបាន តើដូចម្តេច។ ព្រះអានន្ទតបថា បពិត្រមហារាជ កាយសមាចារ ដែលជាអកុសល។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកាយ​សមាចារ ដែលជាអកុសល តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ ដែលប្រកប​ដោយទោស។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះ​កាយសមាចារ ដែលប្រកប​ដោយទោស តើដូច​ម្តេច។ បពិត្រមហារាជ កាយសមាចារ ដែលប្រកបដោយសេចក្តីបៀតបៀន។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកាយសមាចារ ដែល​ប្រកបដោយសេចក្តីបៀតបៀន តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ ដែលមានសេចក្តីទុក្ខ ជាផល។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះកាយសមាចារ ដែលមានសេច​ក្តីទុក្ខជាផល តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារណា ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលដទៃផង ប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀនបុគ្គលទាំង​ពីរ គឺខ្លួនឯង និងបុគ្គលដទៃផង អកុសលធម៌ទាំងឡាយ របស់បុគ្គលនោះ រមែងចំរើន កុសលធម៌​ទាំងឡាយ រមែងសាបសូន្យទៅ បពិត្រមហារាជ កាយសមាចារ មានសភាពដូច្នេះ ដែលគួរ​​ឲ្យពួក​សមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញពោលទោស​បាន។ បពិត្រព្រះអានន្ទដ៏​ចំរើន ចុះវចីសមាចារ។បេ។ មនោសមាចារ ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសបាន តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ ជាអកុសល។ បពិត្រ​ព្រះអានន្ទដ៏ចំរើន ចុះមនោសមាចារ ជាអកុសល តើដូចម្តេច។ បពិត្រមហារាជ មនោ​សមាចារ ដែលប្រកប​ដោយទោស។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះមនោសមាចារ ដែល​ប្រកប​​ដោយទោស តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ ដែលប្រកប​ដោយសេចក្តីបៀតបៀន។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះមនោសមាចារ ដែល​ប្រកបដោយ​សេចក្តីបៀតបៀន តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ ដែលមានសេចក្តី​ទុក្ខ ជាផល។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះមនោសមាចារ ដែលមានសេច​ក្តីទុក្ខជាផល តើ​ដូចម្តេច។ បពិត្រមហារាជ មនោសមាចារណា ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលដទៃផង ប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀនបុគ្គលទាំង​ពីរផង អកុសលធម៌ទាំងឡាយ របស់បុគ្គលនោះ រមែងចំរើនឡើង កុសលធម៌ទាំងឡាយ រមែងសាបសូន្យទៅ បពិត្រមហារាជ មនោសមាចារ មានសភាពដូច្នេះឯង ដែលគួរ​ឲ្យពួក​សមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោស​បាន។

[៣១៥] ព្រះរាជាត្រាស់ថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះព្រះមានព្រះភាគអង្គ​នោះ គ្រាន់តែពោលសរសើរនូវការលះបង់នូវអកុសលធម៌ទាំងឡាយ ទាំងអស់ តែម្យ៉ាងឬ។ ព្រះអានន្ទថ្វាយព្រះពរថា បពិត្រមហារាជ ព្រះតថាគត ទ្រង់លះបង់នូវអកុសលធម៌​ទាំងឡាយទាំងអស់ហើយ ទ្រង់ប្រកបដោយកុសលធម៌តែម្យ៉ាង។ បពិត្រព្រះអានន្ទ​ដ៏ចំរើន ចុះកាយសមាចារ ដែលគួរឲ្យពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោស​មិនបាន តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ ជាកុសល។ បពិត្រលោកដ៏ចំរើន ចុះកាយសមាចារ ជាកុសល តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ មិនមាន​ទោស។ បពិត្រលោកដ៏ចំរើន ចុះ​កាយសមាចារ មិនមានទោស តើដូចម្តេច។ បពិត្រ​មហារាជ កាយសមាចារ មិនមានសេចក្តីបៀតបៀន។ បពិត្រលោកដ៏ចំរើន ចុះកាយ​សមាចារ មិនមានសេចក្តីបៀតបៀន តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ មានសេចក្តី​សុខជាផល។ បពិត្រលោកដ៏ចំរើន ចុះកាយសមាចារ មានសេច​ក្តីសុខជាផល តើដូចម្តេច។ បពិត្រមហារាជ កាយសមាចារ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលដទៃផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ទាំង​ពីរផង អកុសលធម៌ទាំងឡាយ របស់បុគ្គលនោះ រមែងសាបសូន្យទៅ កុសលធម៌​ទាំងឡាយ រមែងចំរើនឡើង បពិត្រមហារាជ កាយសមាចារ មានសភាពដូច្នេះឯង ដែលគួរ​ឲ្យពួក​សមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសមិន​បាន។ បពិត្រព្រះអានន្ទ​ដ៏ចំរើន ចុះវចីសមាចារ។បេ។ មនោសមាចារ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោល​ទោសមិនបាន តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ ជាកុសល។ បពិត្រ​លោកដ៏ចំរើន ចុះមនោសមាចារ ជាកុសល តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ មិន​មានទោស។ បពិត្រលោកដ៏ចំរើន មនោសមាចារ មិនមានទោស តើដូចម្តេច។ បពិត្រ​មហារាជ មនោសមាចារ មិនមានសេចក្តីបៀតបៀន។ បពិត្រលោកដ៏ចំរើន ចុះមនោ​សមាចារ មិនមានសេចក្តីបៀតបៀន តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ មាន​សេចក្តី​សុខជាផល។ បពិត្រលោកដ៏ចំរើន ចុះមនោសមាចារ មានសេច​ក្តីសុខជាផល តើដូចម្តេច។ បពិត្រមហារាជ មនោសមាចារ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលដទៃផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ទាំង​ពីរ​ផង អកុសលធម៌ទាំងឡាយ របស់បុគ្គលនោះ រមែង​សាបសូន្យ កុសលធម៌ទាំងឡាយ រមែងចំរើនឡើង បពិត្រមហារាជ មនោសមាចារ មានសភាព​ដូច្នេះ​ឯង ដែលគួរ​ឲ្យពួក​សមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ ពោលទោសមិន​បាន។

[៣១៦] ព្រះបាទបសេនទិកោសល ត្រាស់ថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះព្រះមានព្រះភាគ អង្គនោះ គ្រាន់តែពោលសរសើរ នូវការបំពេញកុសលធម៌​ទាំងអស់ តែម្យ៉ាងឬ។ ព្រះអានន្ទថ្វាយព្រះពរថា បពិត្រមហារាជ ព្រះតថាគត ទ្រង់លះបង់​នូវ​អកុសលធម៌ទាំងអស់ ហើយទ្រង់ប្រកបដោយកុសលធម៌តែម្យ៉ាង។

[៣១៧] បពិត្រលោកដ៏ចំរើន អស្ចារ្យណាស់ បពិត្រលោកដ៏ចំរើន ចំឡែកណាស់ បពិត្រលោកដ៏ចំរើន ពាក្យនេះពេញជាសុភាសិត ដែលព្រះអានន្ទមានអាយុ ពោល​ហើយ បពិត្រលោកដ៏ចំរើន ម្យ៉ាងទៀត យើងខ្ញុំ ជាអ្នកត្រេកអរពេញចិត្ត ដោយសុភាសិត របស់​ព្រះអានន្ទមានអាយុនេះពេកណាស់ បពិត្រលោកដ៏ចំរើន លុះយើងខ្ញុំ ជាអ្នកត្រេកអរ​ ពេញចិត្ត ដោយសុភាសិត របស់​ព្រះអានន្ទមានអាយុ យ៉ាងនេះហើយ បពិត្រលោកដ៏ចំរើន ប្រសិនបើ ហត្ថិរតន៍ គួរដល់ព្រះអានន្ទមានអាយុ យើងនឹងប្រគេន​ហត្ថិរតន៍ ដល់ព្រះអានន្ទមានអាយុ បពិត្រលោកដ៏ចំរើន ប្រសិនបើ អស្សរតន៍ គួរដល់ព្រះអានន្ទមានអាយុ យើងនឹងប្រគេនអស្សរតន៍ ដល់ព្រះអានន្ទមានអាយុ បពិត្រលោកដ៏ចំរើន ប្រសិនបើ ស្រុកសួយ គួរដល់ព្រះអានន្ទមានអាយុ យើងនឹងប្រគេន​ស្រុកសួយ ដល់ព្រះអានន្ទមានអាយុ បពិត្រលោកដ៏ចំរើន ប៉ុន្តែយើងខ្ញុំ បានដឹងហេតុនេះ​ថា វត្ថុ មានហត្ថិរតន៍ ជាដើមនេះ មិនគួរដល់ព្រះអានន្ទមានអាយុទេ បពិត្រលោកដ៏ចំរើន មានតែសំពត់ពាហិតិកា47) របស់ខ្ញុំនេះ មានបណ្តោយ១៦ហត្ថ ទទឹង៨ហត្ថ ដែល​ព្រះបាទ​មគធ​អជាតសត្តុ​វេទេហីបុត្ត ដាក់ក្នុងស្រោមឆ័ត្រ ហើយផ្ញើមកឲ្យខ្ញុំ បពិត្រលោកដ៏ចំរើន សូមព្រះអានន្ទមានអាយុ ទទួលយក​នូវសំពត់នោះ ដើម្បីសេចក្តីអនុគ្រោះដល់ខ្ញុំ។ ព្រះអានន្ទតបថា ថ្វាយព្រះពរមហារាជ ត្រៃចីវររបស់អាត្មាភាព គ្រប់គ្រាន់ហើយ។

[៣១៨] ព្រះរាជាត្រាស់ថា បពិត្រលោកដ៏ចំរើន ស្ទឹងអចិរវតីនេះ ព្រះអានន្ទ​មាន​អាយុក្តី យើងខ្ញុំក្តី បានឃើញស្រាប់ហើយ មហាមេឃ ដែលបង្អុរភ្លៀងចុះ​មកខាងលើភ្នំ កាលបើយ៉ាងនេះ ស្ទឹង​អចិរវតីនេះ ក៏នឹងហូរហៀរទឹក ទៅកាន់មាត់ច្រាំង​ទាំងពីរខាង យ៉ាងណាមិញ បពិត្រលោកដ៏ចំរើន ព្រះអានន្ទមានអាយុ នឹងធ្វើនូវត្រៃចីវរ ​របស់ខ្លួន ដោយសំពត់​ពាហិតិកានេះ ចំណែកត្រៃចីវរណា ដែលជាចីវរចាស់ របស់​ព្រះអានន្ទ​មានអាយុ ព្រះអានន្ទ នឹងចែករំលែកត្រៃចីវរចាស់នោះ ឲ្យដល់ពួក​សព្រហ្មចារី ក៏យ៉ាង​នោះដែរ កាលបើមានការណ៍យ៉ាងនេះ ទក្ខិណាទាន របស់យើងខ្ញុំនេះ ទំនងជានឹង​ហូរហៀរទៅបាន បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះអានន្ទមានអាយុ ទទួល​យកនូវ​សំពត់​ពាហិតិកាចុះ។ ព្រះអានន្ទមានអាយុ ក៏ទទួល​យកសំពត់ពាហិតិកា។ លំដាប់​នោះ ព្រះបាទបសេនទិកោសល បានត្រាស់ពាក្យនេះ ទៅរក​ព្រះអានន្ទមានអាយុ​ថា បពិត្រព្រះអានន្ទដ៏ចំរើន យើងខ្ញុំត្រឡប់ទៅឥឡូវនេះហើយ ព្រោះយើងខ្ញុំ មានកិច្ច​ច្រើន មានការរវល់ច្រើន។ ព្រះអានន្ទថ្វាយព្រះពរថា បពិត្រមហារាជ សូមមហាបពិត្រ សំគាល់កាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់​ត្រេកអរ នឹងភាសិត របស់​ព្រះអានន្ទមានអាយុ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំលា​ព្រះអានន្ទមានអាយុ ដោយគោរព ធ្វើប្រទក្សិណ រួចចៀសចេញទៅ។

[៣១៩] គ្រាកាលដែលព្រះបាទបសេនទិកោសល ទ្រង់ចៀសចេញទៅ មិនយូរ​ប៉ុន្មាន ទើបព្រះអានន្ទមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ​ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយគង់​នៅក្នុង​ទីដ៏សមគួរ។ លុះ​ព្រះអានន្ទមានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​កថាសល្លាបៈ ដែល​លោកចរចា ជាមួយនឹង​ព្រះបាទបសេនទិកោសល ទាំងប៉ុន្មាន ដល់​ព្រះមានព្រះភាគ​ទាំងអស់ រួចថ្វាយសំពត់ពាហិតិកានោះ ទៅព្រះមានព្រះភាគ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទបសេនទិកោសល ឈ្មោះថា មានលាភហើយ ម្នាលភិក្ខុទាំងឡាយ អត្តភាពជាមនុស្ស ព្រះបាទ​បសេនទិ​កោសល ឈ្មោះថា បានដោយប្រពៃហើយ ព្រោះហេតុដែល​ព្រះបាទបសេនទិកោសល ទ្រង់បានជួបអានន្ទ ទ្រង់បានចូលទៅជិតអានន្ទ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់​ព្រះសូត្រ​នេះចប់ហើយ ភិក្ខុទាំងឡាយ មានចិត្តត្រេកអរ រីករាយចំពោះភាសិត របស់​ព្រះមានព្រះភាគ។

ចប់ ពាហិតិយសូត្រ ទី៨។

ធម្មចេតិយសូត្រ ទី៩

(៩. ធម្មចេតិយសុត្តំ)

[៣២០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​មេទឡុបនិគម48) របស់ពួកសក្យៈ ក្នុងសក្កជនបទ។ សម័យនោះ​ឯង ព្រះបាទបសេនទិកោសល ទ្រង់បានមកដល់នគរតូច ដោយកិច្ចនីមួយ។ លំដាប់នោះ ព្រះបាទ​បសេនទិកោសល ទ្រង់ត្រាស់បង្គាប់អាមាត្យឈ្មោះ ទីឃការាយនៈ ថា ម្នាល​ការាយនៈ​សំឡាញ់ អ្នកឯងចូរទឹមយានល្អៗ យើងនឹងទៅកាន់ទីឱទ្យាន ដើម្បី​មើល​ទី​ដែល​ល្អ។ ទីឃការាយនាមាត្យ ទទួលព្រះរាជឱង្ការ របស់ព្រះបាទបសេនទិកោសលថា ព្រះករុណា​ថ្លៃវិសេស ហើយប្រើបុរសឲ្យទឹមយានល្អៗស្រេចហើយ ត្រឡប់មកក្រាបបង្គំ​ទូល​ព្រះបាទបសេនទិកោសលថា បពិត្រព្រះសម្មតិទេព យានល្អៗ បានទឹមរួចស្រេច​ហើយ សូមព្រះអង្គ សំគាល់​កាលដ៏សមគួរ ក្នុងកាលឥឡូវនេះ។

[៣២១] លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់​ឡើងកាន់យានដ៏ល្អ ទ្រង់​ព្រះរាជដំណើរទៅដោយយានល្អៗ ឆ្ពោះទៅកាន់សួនច្បារ ដោយអានុភាព​ជាស្តេចធំ ស្តេច​ទៅដោយយាន ដរាបដល់ទី ដែលគួរបរយានទៅបាន ទើបទ្រង់ចុះអំពីយាន ស្តេច​ទៅដោយព្រះបាទ ចូលទៅកាន់សួនច្បារ។ ព្រះបាទបសេនទិកោសល ទ្រង់យាងចង្ក្រម​ទៅមកក្នុងសួនច្បារបន្តិច ដើម្បីសម្រាកព្រះជង្ឃា បានទតឃើញម្លប់ឈើទាំងឡាយ នាំ​មកនូវ​សេចក្តីជ្រះថ្លា គួរជាទីជ្រះថ្លា មានសំឡេង​តិចៗ ឥតមានសំឡេងគឹកកង ប្រាសចាក​ខ្យល់បក់មក អំពី​សរីរៈនៃមនុស្ស គួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរ​ដល់វិវេកក្នុង​វេលាយប់ លុះឃើញហើយ ក៏មានបីតិកើតឡើង ប្រារព្ធចំពោះ​ព្រះមានព្រះភាគថា ម្លប់ឈើទាំងនេះ នាំមកនូវសេចក្តីជ្រះថ្លា គួរជាទីជ្រះថ្លា មានសំឡេង​តិចៗ ឥតមានសំឡេងគឹកកង ប្រាសចាក​ខ្យល់បក់មក អំពី​សរីរៈនៃមនុស្ស គួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរ​ដល់វិវេកក្នុង​វេលាយប់ ដូចជាទីដែលយើង​ធ្លាប់​ចូលទៅគាល់​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះដែរ។ ទើប​ព្រះបាទ​បសេនទិកោសល ទ្រង់ត្រាស់ទៅនឹង​ទីឃការាយនាមាត្យថា ម្នាល​ការាយនៈសំឡាញ់ ម្លប់ឈើទាំងឡាយនេះ នាំមកនូវសេចក្តីជ្រះថ្លា គួរជាទីជ្រះថ្លា មានសំឡេង​តិចៗ ឥតមានសំឡេងគឹកកង ប្រាសចាក​ខ្យល់បក់មក អំពី​សរីរៈនៃមនុស្ស គួរជាទីធ្វើការសម្ងាត់នៃមនុស្ស ជាទីគួរ​ដល់វិវេកក្នុង​វេលាយប់ ដូចជាទីដែលយើង​ធ្លាប់​ចូលទៅគាល់​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធដែរ ម្នាល​ការាយនៈសំឡាញ់ ចុះឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ព្រះអង្គគង់ក្នុងទីណា។ ទីឃការាយនាមាត្យ ក្រាបបង្គំទូលតបថា បពិត្រមហារាជ ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ គង់នៅក្នុងមេទឡុបនិគមរបស់ពួកសក្យៈ។ ព្រះរាជាត្រាស់​ថា ម្នាលការាយនៈសំឡាញ់ ចុះមេទឡុបនិគមរបស់ពួក​សក្យៈ ទៅអំពីនគរតូចនេះទៅ តើ​ចម្ងាយ​ប៉ុន្មាន។ ទីឃការាយនាមាត្យក្រាបបង្គំទូលតបថា បពិត្រមហារាជ មិនជាឆ្ងាយ​ណាស់ណាទេ ប្រហែលជា៣យោជន៍​ប៉ុណ្ណោះ ព្រះអង្គអាចស្តេចទៅដល់ មិនពេញ​មួយថ្ងៃទេ។ ព្រះរាជាត្រាស់ថា ម្នាលការាយនៈសំឡាញ់ បើដូច្នោះ អ្នកឯងចូរទឹមយានល្អ​ៗ យើងនឹងទៅដើម្បីគាល់​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។ ទីឃការាយនាមាត្យ ទទួលយក​ព្រះរាជឱង្ការ របស់ព្រះបាទបសេនទិកោសលថា​ ព្រះករុណាថ្លៃវិសេស រួចប្រើគេឲ្យទឹមយានល្អៗស្រេចហើយ ក្រាបបង្គំទូល​ព្រះបាទបសេនទិកោសលថា បពិត្រព្រះសម្មតិទេព យានល្អៗ បានទឹមបម្រុង​ព្រះអង្គ​រួច​ស្រេចហើយ សូមព្រះអង្គសំគាល់​នូវកាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។

[៣២២] គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ឡើងកាន់យានដ៏ល្អហើយ ស្តេច​ចេញអំពីនគរតូច ទៅដោយយានល្អៗ បរសំដៅទៅត្រង់មេទឡុបនិគម របស់ពួកសក្យៈ ទៅ​មិនពេញ១ថ្ងៃប៉ុណ្ណោះឯង ក៏បានដល់ទៅមេទឡុបនិគម របស់ពួកសក្យៈ ហើយឆ្ពោះ​ទៅកាន់សួនច្បារ ទ្រង់យាងទៅដោយយាន ដរាបដល់ទីដែល​គួរ​បរយានទៅបាន ហើយ​ទ្រង់ចុះអំពីយាន ស្តេចទៅដោយព្រះបាទ ចូលទៅកាន់​សួនច្បារ។ សម័យនោះឯង ពួក​ភិក្ខុច្រើនរូបកំពុង​ចង្ក្រម​ក្នុងទីវាល។ លំដាប់នោះ ព្រះបាទបសេនទិកោសល ចូលសំដៅ​ទៅរកភិក្ខុទាំងឡាយនោះ លុះចូលទៅដល់ហើយ មានព្រះរាជឱង្ការនេះ ទៅរកពួក​ភិក្ខុថា បពិត្រលោកទាំងឡាយដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ ព្រះអង្គគង់ក្នុងទីណា ព្រោះយើងទាំងឡាយ ចង់ចួបនឹងព្រះមានព្រះភាគ ជា​អរហន្ត សម្មាសម្ពុទ្ធអង្គនោះ។ ភិក្ខុទាំងនោះ ថ្វាយព្រះពរថា បពិត្រមហារាជ វិហារនុ៎ះ​បិទ​ទ្វារជិតទៅហើយ ព្រោះហេតុនោះ សូមព្រះអង្គ ធ្វើព្រះសូរសេងតិចៗ ស្តេចចូលទៅ​សន្សឹមៗ លុះចូលទៅដល់របៀង ធ្វើព្រះឧភាសិត (គ្រហែម) រួចគោះសន្ទះទ្វារ ព្រះមានព្រះភាគ នឹងបើកទ្វារថ្វាយព្រះអង្គ។ ទើបព្រះបាទបសេនទិកោសល ទ្រង់ហុច​ព្រះខាន់ និងមកុដ ឲ្យទៅ​ទីឃការាយនាមាត្យ ក្នុងទីនោះឯង។ លំដាប់នោះ ទីឃការាយនាមាត្យ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ មហារាជទ្រង់ស្តេច​ចូល​ទៅតែមួយព្រះអង្គឯងទេ ឥឡូវនេះ គួរអាត្មាអញ នៅចាំក្នុងទីនេះចុះ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅត្រង់វិហារ ដែល​មានទ្វារបិទនោះ ធ្វើព្រះសូរសេង49) តិចៗ ស្តេច​ចូលទៅសន្សឹមៗ លុះចូលទៅដល់​របៀងហើយ ក៏ទ្រង់​ធ្វើ​ព្រះឧភាសិតហើយគោះសន្ទះទ្វារ។ ព្រះមានព្រះភាគ ក៏ទ្រង់បើកទ្វារ។ ទើប​ព្រះបាទបសេនទិកោសល ចូលទៅកាន់វិហារហើយ ក្រាបចុះទៀបព្រះបាទយុគល នៃ​ព្រះមានព្រះភាគ ដោយសិរ្សៈផង ទ្រង់ព្រះចុម្ពិត (ជញ្ជក់) ព្រះបាទយុគលនៃ​ព្រះមានព្រះភាគ ដោយព្រះឱស្ឋផង ច្របាច់ដោយព្រះហស្តទាំងឡាយផង ប្រកាស​នាមផងថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជាស្តេចឈ្មោះបសេនទិកោសល បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាស្តេចឈ្មោះបសេនទិកោសល។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ ចុះមហាបពិត្រ បានឃើញនូវ​អំណាច នៃប្រយោជន៍ដូចម្តេច បានជាទ្រង់​ធ្វើសេចក្តី​ឱនលំទោន យ៉ាងក្រៃលែង មានសភាពយ៉ាងនេះ ក្នុងសរីរៈនេះ ហើយសំដែង នូវការបូជា ​ដោយសេចក្តីរាប់អាន (ដល់ម្ល៉េះ)។

[៣២៣] ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គបានយល់ធម៌ ក្នុងសំណាក់​ព្រះមានព្រះភាគថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ដឹង​ដោយប្រពៃ ព្រះធម៌ គឺព្រះមានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ ព្រះសង្ឃជា​សាវ័ក របស់ព្រះមានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃ។ បពិត្រ​ព្រះមានព្រះភាគដ៏​ចំរើន ខ្ញុំព្រះអង្គ បានឃើញ​សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តព្រហ្មចរិយ​ធម៌ មានកំណត់១០ឆ្នាំខ្លះ ២០ឆ្នាំខ្លះ ៣០ឆ្នាំខ្លះ ៤០ឆ្នាំខ្លះ។ ដុះដល់មកសម័យខាង​ក្រោយ ក៏ស្រាប់តែពួក​សមណព្រាហ្មណ៍នោះ លាងលាបខ្លួនឲ្យស្អាត កោរសក់ ពុក​មាត់ ពុកចង្កា ហើយឆ្អែតស្កប់ស្កល់មូលមិត្ត ផ្តេកផ្តិត ដោយកាមគុណទាំង៥ទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឃើញភិក្ខុទាំងឡាយ ក្នុងសាសនានេះ បានប្រព្រឹត្ត​ព្រហ្មចរិយធម៌ មានជីវិត​ជាទីបំផុត ឲ្យបរិបូណ៌ បរិសុទ្ធ ដរាបដល់អស់ជីវិត។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គពិចារណារក​មើលមិនឃើញមានបុគ្គលដទៃ ខាងក្រៅ​ព្រះពុទ្ធសាសនានេះ ប្រព្រឹត្តព្រហ្មចរិយធម៌ឲ្យបរិបូណ៌ បរិសុទ្ធយ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះហើយ​ដែលនាំឲ្យខ្ញុំ​ព្រះអង្គ បានយល់ធម៌ ក្នុងសំណាក់​ព្រះមានព្រះភាគថា ព្រះមានព្រះភាគត្រាស់ដឹង ដោយប្រពៃ ព្រះធម៌ គឺព្រះមានព្រះភាគ ត្រាស់សំដែងហើយ ដោយប្រពៃ ព្រះសង្ឃ ជាសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តិ​ហើយ ដោយ​ប្រពៃ។

[៣២៤] បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត ច្រើនមានតែពួកព្រះរាជា ទាស់ទែងគ្នា នឹងពួកព្រះរាជាក៏មាន ពួកក្សត្រទាស់ទែងគ្នានឹងពួកក្សត្រក៏មាន ពួកព្រាហ្មណ៍ ទាស់ទែងគ្នានឹងពួកព្រាហ្មណ៍ក៏មាន ពួកគហបតី ទាស់ទែងគ្នា នឹងពួកគហបតីក៏មាន មាតាទាស់ទែងនឹងបុត្រក៏មាន បុត្រទាស់ទែងនឹងមាតាក៏​មាន បិតាទាស់​ទែង​នឹងបុត្រក៏មាន បុត្រទាស់ទែង​នឹងបិតាក៏មាន បងប្អូនប្រុស​ទាស់ទែង​នឹង​បងប្អូនស្រីក៏មាន បងប្អូនស្រីទាស់ទែងនឹង​បងប្អូនប្រុសក៏មាន សំឡាញ់​ទាស់​ទែង​នឹង​សំឡាញ់ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឃើញតែពួកភិក្ខុ​ក្នុងសាសនានេះ​ហើយ ដែលមានសេចក្តីព្រមព្រៀង ​ស្រស់ស្រាយ មិនទាន់ទែងគ្នា ដូចជាទឹកដែល​លាយដោយទឹកដោះស្រស់ សំឡឹងមៀងមើលគ្នា នឹងគ្នាដោយចក្ខុ​ជាទីស្រឡាញ់។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ពិចារណារកមើល មិនឃើញមានបរិស័ទឯទៀត ខាង​ក្រៅ​ព្រះពុទ្ធសាសនានេះ ឲ្យ​មានសេចក្តីព្រមព្រៀងគ្នា យ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះហើយដែលនាំឲ្យខ្ញុំព្រះអង្គ មានសេចក្តី​យល់ធម៌ ក្នុងសំណាក់​ព្រះមានព្រះភាគថា ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹង ដោយប្រពៃ ព្រះធម៌គឺ​ព្រះមានព្រះភាគ ត្រាស់សំដែងហើយ ដោយ​ប្រពៃ ព្រះសង្ឃ ជាសាវ័ករបស់ព្រះមាន​ព្រះភាគ ប្រតិបត្តិ​ហើយ ដោយប្រពៃ។

[៣២៥] បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត ខ្ញុំព្រះអង្គដើរក្រឡឹងមើលអំពី​សួន​ច្បារ១ ទៅសួនច្បារ១ អំពីឱទ្យាន១ ទៅឱទ្យាន១ ឃើញសមណព្រាហ្មណ៍ពួកមួយ​ក្នុងទី​នោះ ស្គាំងស្គម សៅហ្មង អាប់សម្បុរ កើតរោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយ​សរសៃ មិនទំនងឲ្យពួកជនរមិលមើលជាប់ភ្នែកបាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកមានអាយុទាំងនេះ ទំនងជាប្រព្រឹត្តព្រហ្មចរិយ​ធម៌​ទាំងមិនត្រេកអរ ពុំនោះសោត លោកមានអាយុទាំងនោះ ធ្វើបាបកម្មណាមួយ ដ៏កំបាំង បានជាលោកមានអាយុទាំងនេះ ស្គម សៅហ្មង អាប់សម្បុរ កើតរោគលឿងស្លេកស្លាំង មានខ្លួនរវាម ដោយ​សរសៃ មិនទំនងឲ្យជាប់ភ្នែក ដល់ជនអ្នកមើល។ ខ្ញុំព្រះអង្គ ក៏ចូលទៅរកពួកសមណព្រាហ្មណ៍​ទាំងនោះ ហើយនិយាយយ៉ាងនេះថា ដូចម្តេច បានជា​លោកមានអាយុទាំងឡាយ ស្គម សៅហ្មង អាប់សម្បុរ កើតរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយ​សរសៃ មិនទំនងឲ្យជាប់ភ្នែក ដល់ជនអ្នកមើលដូច្នេះ។ សមណ​ព្រាហ្មណ៍ទាំងនោះ និយាយយ៉ាងនេះថា បពិត្រមហារាជ យើងទាំងឡាយ មានរោគ​ជាប់តាមពូជមក។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គឃើញពួកភិក្ខុក្នុងសាសនា​នេះ មានចិត្តរីករាយក្រៃពេក មានចិត្តខ្ពស់បំផុត មានសភាព​ត្រេកអរក្រៃពេក មានឥន្ទ្រិយ​ពេញលេញ មានសេចក្តីខ្វល់ខ្វាយតិច មានរោមសម្លបហើយ ចិញ្ចឹមជីវិត​ដោយ​សារទានរបស់អ្នកដទៃ មានចិត្តមានសភាពដូចជាម្រឹគ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកមានអាយុទាំងឡាយនេះ ដឹងនូវ​គុណវិសេសដទៃក្រៃលែង ជាងកាលមុន ក្នុងសាសនា របស់ព្រះមានបុណ្យនោះ ដោយ​ពិតហើយ បានជាលោកមានអាយុទាំងនេះ មានចិត្តរីករាយក្រៃពេក មានចិត្តខ្ពស់បំផុត មានសភាព​ត្រេកអរក្រៃពេក មានឥន្ទ្រិយ​ពេញលេញ មានសេចក្តីខ្វល់ខ្វាយតិច មាន​រោម​សម្លបហើយ ចិញ្ចឹមជីវិត​ដោយ​ទានរបស់អ្នកដទៃ មានចិត្តមានសភាពដូចជាម្រឹគ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯងដែលនាំឲ្យខ្ញុំព្រះអង្គ បានយល់ធម៌ ក្នុងសំណាក់​ព្រះមានព្រះភាគថា ព្រះមានព្រះភាគ ត្រាស់ដឹងដោយប្រពៃមែន ព្រះធម៌ ព្រះមាន​ព្រះភាគ សំដែងហើយដោយប្រពៃមែន ព្រះសង្ឃជាសាវ័ក របស់ព្រះមានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃមែន។

[៣២៦] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ខ្ញុំព្រះអង្គជារាជា ជាក្សត្រិយ៍បាន​មុទ្ធាភិសេកហើយ ល្មមសម្លាប់មនុស្ស ដែលគួរសម្លាប់ក៏បាន មនុស្សគួរចំរើន ក៏ឲ្យចំរើន​បាន មនុស្សគួរបណ្តេញ ក៏ឲ្យបណ្តេញបាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ​នោះ កំពុងអង្គុយ ក្នុងរោងសម្រាប់កាត់ក្តី ហើយមានពួកជន ហ៊ាននិយាយស្ទាក់សំដី ត្រង់ពាក់កណ្តាល ខ្ញុំព្រះអង្គនោះ ក៏បាននិយាយឃាត់ថា អ្នកដ៏ចំរើនទាំងឡាយ កុំធ្វើសំដីរបស់​ខ្ញុំ ដែលកំពុងអង្គុយ ក្នុងរោងសម្រាប់កាត់ក្តី ឲ្យដាច់ពាក់កណ្តាលឡើយ អ្នកដ៏ចំរើនទាំង​ឡាយ បង្អង់ចាំខ្ញុំនិយាយឲ្យចប់សិន។ បពិត្រព្រះអង្គដ៏ចំរើន ពួកមនុស្ស ក៏នៅតែនិយាយ​ស្ទាក់សំដី របស់ខ្ញុំព្រះអង្គ ត្រង់ពាក់កណ្តាលដដែល។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ ឃើញតែពួកភិក្ខុក្នុងសាសនានេះ បើព្រះមានព្រះភាគ កំពុងសំដែង​ធម៌ ដល់បរិស័ទច្រើន​រយ ក្នុងសម័យណា សម័យនោះ ពួកសាវ័ក របស់ព្រះមានព្រះភាគ ក៏​ឥតមានសំឡេងកណ្តាស់ ឬសំឡេង​ក្អកគ្រហែមឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុធ្លាប់​មានពីមុនមក បើព្រះមានព្រះភាគ កំពុងសំដែង​ធម៌ ដល់បរិស័ទច្រើន​រយ ហើយមានសាវ័ក ​របស់ព្រះមានព្រះភាគណាមួយ ក្អកឡើងក្នុងទីនោះ។ នឹងមាន​សព្រហ្មចារីបុគ្គលណាមួយ គោះនូវសាវ័កនោះ ដោយជង្គង់ថា លោកមាន​អាយុ ចូរធ្វើសំឡេងតិច លោកមានអាយុ កុំធ្វើសំឡេងខ្លាំងឡើយ ដ្បិតព្រះមានព្រះភាគ ជាគ្រូ​យើង កំពុង​សំដែងធម៌។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាង​នេះថា អើអស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ បរិស័ទ ដែលព្រះអង្គ​ទូន្មានបានងាយ យ៉ាងនេះ​ដោយមិនបាច់អាងអាជ្ញា មិនបាច់អាងគ្រឿង​សស្ត្រាឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ ពិចារណាមើល មិនឃើញបរិស័ទដទៃក្រៅពីព្រះពុទ្ធសាសនា ឲ្យទូន្មាន​បាន​ដោយងាយយ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង (ដែល​នាំឲ្យ) ខ្ញុំ​ព្រះអង្គ បានយល់ធម៌ ក្នុងសំណាក់ព្រះមានព្រះភាគថា ព្រះមានព្រះភាគ ត្រាស់ដឹងដោយប្រពៃ​មែន ព្រះធម៌ ព្រះមានព្រះភាគ សំដែងទុកហើយ ដោយប្រពៃមែន ព្រះសង្ឃ ជាសាវ័ក​របស់​ព្រះមានព្រះភាគ ប្រតិបត្តិ ដោយប្រពៃមែន។

[៣២៧] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ខ្ញុំព្រះអង្គបានឃើញខត្តិយ​បណ្ឌិត​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានប្រាជ្ញាល្អិត អាចញាំញី នូវបរប្បវាទបាន មានសភាព​ដូចជាអ្នកបាញ់ម្រឹគសាហាវ។ ពួកខត្តិយបណ្ឌិតទាំងនោះ ហាក់ដូចជាទំលាយ នូវ​ទិដ្ឋិ ដោយប្រាជ្ញាបាន។ ខត្តិយបណ្ឌិតទាំងនោះ បានឮថា ព្រះសមណគោតម និមន្តចូល​មកកាន់ស្រុក ឬនិគមឯណោះ។ ខត្តិយបណ្ឌិតទាំងនោះ ក៏តាក់តែងប្រស្នា ហើយគិតគ្នា​ថា យើងនឹងចូលទៅសួរប្រស្នានេះ នឹងព្រះសមណគោតម កាលយើងសួរទៅហើយ បើព្រះសមណគោតម ដោះស្រាយមិនរួចយ៉ាងនេះទេ យើងនឹងលើកវាទៈ គឺពោល​ទោស របស់ព្រះសមណគោតម យ៉ាងនេះ មួយទៀត កាលយើងសួរយ៉ាងនេះហើយ បើ​ព្រះសមណគោតម ដោះស្រាយមិនរួចយ៉ាងនេះទេ យើងនឹងលើកវាទៈរបស់​ព្រះសមណ​គោតមនោះ យ៉ាងនេះថែមទៀត។ ខត្តិយបណ្ឌិតទាំងនោះ បានឮថា ព្រះសមណគោតម និមន្តចូលមកកាន់ស្រុក ឬនិគមឯណោះ។ ខត្តិយបណ្ឌិតទាំង​នោះ ក៏ចូលមករកព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ពន្យល់ខត្តិយបណ្ឌិត​ទាំងនោះ ឲ្យ​យល់ច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លុះព្រះមានព្រះភាគ បានពន្យល់ពួកខត្តិយបណ្ឌិត​ ឲ្យយល់ច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏មិនហ៊ាននាំគ្នាសួរប្រស្នា នឹងព្រះមានព្រះភាគ មិនដឹងជានឹងលើកវាទៈ​ពីណាកើត តាមពិត ត្រឡប់សម្រេច​ជាសាវ័ក​ របស់ព្រះមានព្រះភាគវិញ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង ដែលនាំឲ្យខ្ញុំព្រះអង្គ យល់​ធម៌ ក្នុងសំណាក់ នៃព្រះមានព្រះភាគថា ព្រះមានជោគ ព្រះអង្គត្រាស់ដឹង ដោយប្រពៃមែន ព្រះធម៌ គឺព្រះមានជោគ សំដែងហើយ ដោយប្រពៃមែន ព្រះសង្ឃ ជាសាវ័ករបស់​ព្រះមានជោគ ប្រតិបត្តិ ដោយប្រពៃមែន។

[៣២៨] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ខ្ញុំព្រះអង្គបានឃើញព្រាហ្មណបណ្ឌិត​ពួកខ្លះ ក្នុងលោកនេះ។បេ។ គហបតិបណ្ឌិត… សមណបណ្ឌិត… មានប្រាជ្ញាល្អិត អាចញាំញី នូវបរប្បវាទបាន មានសភាព​ដូចជាអ្នកសម្លាប់ម្រឹគសាហាវ។ សមណ​បណ្ឌិត​ទាំង​នោះ ហាក់ដូចជាទំលាយនូវ​ទិដ្ឋិ ដោយប្រាជ្ញាបាន។ បណ្ឌិត​ទាំង​នោះ បានឮថា ព្រះសមណគោតម និមន្តចូល​មកកាន់ស្រុក ឬនិគម​ឯណោះ។ គេក៏តាក់តែងប្រស្នា ដោយគិត​ថា យើងទាំងឡាយ នឹងចូលទៅសួរប្រស្នានេះ នឹងព្រះសមណគោតម កាលយើងសួរ យ៉ាងនេះទៅហើយ បើព្រះសមណគោតម ដោះស្រាយ​មិនរួច​យ៉ាងនេះទេ យើងនឹងលើកវាទៈ របស់ព្រះសមណគោតមនោះ យ៉ាងនេះ មួយទៀត កាលយើងសួរយ៉ាងនេះទៅហើយ បើ​ព្រះសមណគោតម ដោះស្រាយមិនរួចយ៉ាងនេះទេ យើងទាំងឡាយ នឹងលើកវាទៈរបស់​ព្រះសមណ​គោតមនោះ យ៉ាងនេះថែមទៀត។ បណ្ឌិតទាំងនោះ បានឮថា ព្រះសមណគោតម និមន្តចូលមកកាន់ស្រុក ឬនិគម​ឯណោះ។ គេក៏នាំគ្នាចូលមករកព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ពន្យល់​ពួកបណ្ឌិត​ទាំងនោះ ឲ្យ​យល់ច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។ លុះព្រះមានជោគ ទ្រង់ពន្យល់បណ្ឌិតទាំងនោះ​ ឲ្យយល់ច្បាស់ ឲ្យ​កាន់​យក​តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏មិនហ៊ាននាំគ្នាសួរប្រស្នា ចំពោះ​ព្រះមានព្រះភាគឡើយ នឹងលើកវាទៈ​មកពីណាកើត តាមពិត ទៅជាសូមឱកាស​នឹង​ព្រះមានព្រះភាគ ហើយចេញចាកផ្ទះ ចូលទៅកាន់ភាព​មិនមានផ្ទះ ដោយបព្វជ្ជា​វិញ។ ព្រះមានព្រះភាគ ក៏បំបួសបណ្ឌិត​ទាំងនោះ។ បណ្ឌិតទាំងនោះ លុះបួសដូច្នោះ​ហើយ ក៏ចៀស​ចេញទៅ ឥតមាន​សេចក្តីប្រមាទ មានព្យាយាម មានចិត្តបញ្ជូនទៅកាន់​ព្រះនិព្វាន ពួកកុលបុត្រ ដែលចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍​ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ដ៏ជាទីបំផុត នៃមគ្គព្រហ្មចារ្យ ក្នុងបច្ចុប្បន្ននេះ ដោយប្រាជ្ញារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅ ដោយ​ឥរិយាបទទាំង៤។ បណ្ឌិតទាំងនោះ ក៏ពោលយ៉ាងនេះថា អើយើងទាំងឡាយ មិនវិនាសទេ ព្រោះថា កាលពីដើម យើងទាំងឡាយ មិនមែនជាសមណៈ ប្តេជ្ញាខ្លួន​ថាជាសមណៈ មិនមែនជាព្រាហ្មណ៍ ប្តេជ្ញាខ្លួនថាជាព្រាហ្មណ៍ មិនមែនជា​ព្រះអរហន្ត ប្តេជ្ញាខ្លួន ថាជាព្រះអរហន្ត ឥឡូវនេះ យើងទាំងឡាយ បានជាសមណៈពិតហើយ ឥឡូវ​នេះ យើងទាំងឡាយ បានជាព្រាហ្មណ៍ពិតហើយ ឥឡូវនេះ យើងទាំងឡាយ បានជា​អរហន្តពិតហើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯងដែលនាំឲ្យខ្ញុំព្រះអង្គ យល់​ធម៌ ក្នុងសំណាក់ នៃព្រះមានព្រះភាគថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ដឹងដោយប្រពៃមែន ព្រះធម៌ ព្រះមានព្រះភាគសំដែងហើយ ដោយប្រពៃមែន ព្រះសង្ឃ ជាសាវ័ករបស់​ព្រះមានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃមែន។

[៣២៩] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ពួកជាងឈើ (ពីរនាក់) គឺ ឥសិទន្តៈ ១ បូរាណៈ ១ ទាំងនេះ មានបាយរបស់ខ្ញុំព្រះអង្គ ដូចជាបាយគេ មានយានរបស់ខ្ញុំព្រះអង្គ ក៏ដូចជា​យានគេ ខ្ញុំព្រះអង្គបានឲ្យជីវិត បានតាំងយស ដល់ជាងឈើទាំងនោះ តែពួកជាងឈើ មិនធ្វើសេចក្តីឱនលំទោន មករកខ្ញុំព្រះអង្គ ដូចជាធ្វើចំពោះ​ព្រះមានព្រះភាគឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានលើកពួកសេនាចេញទៅ ដើម្បីល្បងមើល នូវ​ពួក​ជាងឈើឈ្មោះ ឥសិទន្តៈ និង បូរាណៈ ទាំងនេះ ហើយឈប់សម្រាក ក្នុងកន្លែងចង្អៀត​មួយ។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួកជាងឈើឈ្មោះឥសិទន្តៈ និងបូរាណៈទាំង​នេះ ញុំាងកាល​ឲ្យកន្លងទៅ ដោយធម្មីកថា អស់រាត្រីជាច្រើន បើឮដំណឹងថា ព្រះមានព្រះភាគ គង់នៅក្នុងទីណា ក៏បែរក្បាល​ទៅត្រង់ទីនោះ ហើយដេកសណ្តូក​ជើង​ មកលើខ្ញុំព្រះអង្គវិញ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ​ យ៉ាងនេះថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែក​ពេកណាស់ ជាងឈើឈ្មោះ​ឥសិទន្តៈ និងបូរាណៈនេះ មានបាយរបស់អញ ក៏ដូចជា​បាយគេ មានយានរបស់អញ ក៏ដូច​ជាយានគេ អញបានឲ្យជីវិត បានតាំងយស ដល់ជាងឈើទាំងនោះ តែជាងឈើ​ទាំងនោះ មិនធ្វើសេចក្តីឱនលំទោន មករកអញ ដូចជាធ្វើចំពោះព្រះមានព្រះភាគសោះ។ លោក​មានអាយុទាំងនេះ ដឹងនូវគុណ​វិសេស ដ៏ក្រៃលែង ទាំងខាងដើម ខាងចុង ក្នុងសាសនា​របស់​ព្រះមានព្រះភាគ អង្គនោះ ដោយពិត។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង ​ដែលនាំឲ្យ​ខ្ញុំព្រះអង្គ បាន​យល់​ធម៌ ក្នុងសំណាក់ នៃព្រះមានព្រះភាគថា ព្រះមានព្រះភាគ ត្រាស់ដឹងដោយប្រពៃមែន ព្រះធម៌ គឺព្រះមានព្រះភាគសំដែងហើយ ដោយប្រពៃមែន ព្រះសង្ឃ ជាសាវ័ករបស់​ព្រះមានព្រះភាគ ប្រតិបត្តិ ដោយប្រពៃមែន។

[៣៣០] បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត ព្រះមានព្រះភាគ ក៏ជាក្សត្រិយ៍ ខ្ញុំព្រះអង្គ ក៏ជាក្សត្រិយ៍ ព្រះមានព្រះភាគ ក៏ជាអ្នកកោសល ខ្ញុំព្រះអង្គ ក៏ជាអ្នកកោសល ព្រះមានព្រះភាគ មានព្រះជន្ម៨០ ខ្ញុំព្រះអង្គ ក៏មានអាយុ៨០ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ដែលព្រះមានព្រះភាគ ជាក្សត្រិយ៍ ខ្ញុំព្រះអង្គ ក៏ជាក្សត្រិយ៍ ព្រះមានព្រះភាគ ក៏ជាអ្នកកោសល ខ្ញុំព្រះអង្គ ក៏ជាអ្នកកោសល ព្រះមានព្រះភាគ ក៏មានព្រះជន្ម៨០ ខ្ញុំព្រះអង្គ ក៏មានអាយុ៨០។ បពិត្រព្រះអង្គដ៏ចំរើន តែត្រឡប់ជា ខ្ញុំព្រះអង្គ គួរដើម្បី​ធ្វើនូវ​សេចក្តីឱនលំទោនក្រៃលែង ក្នុងព្រះមានព្រះភាគ ដើម្បី​សំដែងនូវ​ការបូជា​ ដោយ​សេចក្តីរាប់អាន ចំពោះព្រះអង្គវិញ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ មានកិច្ច​ច្រើន មានការរវល់ច្រើន ចង់ត្រឡប់​ទៅវិញឆាប់។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រ​មហារាជ សូមព្រះអង្គ សំគាល់នូវកាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។ ទើប​ព្រះបាទបសេនទិកោសល ក្រោកអំពីអាសនៈ ហើយថ្វាយបង្គំ​លាព្រះមានព្រះភាគ ដោយគោរព ធ្វើប្រទក្សិណ ហើយស្តេចចេញទៅ។

[៣៣១] កាលព្រះបាទបសេនទិកោសល ស្តេចចេញទៅមិនទាន់បានយូរប៉ុន្មាន ទើប​ព្រះមានព្រះភាគ ត្រាស់ទៅនឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទបសេនទិកោសល​នេះ ទ្រង់សំដែងនូវ​ពាក្យ ដែល​ធ្វើការគោរព ក្នុងធម៌​ទាំងឡាយ ហើយក្រោកអំពីអាសនៈ ស្តេចចេញទៅ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររៀននូវ​ពាក្យ ដែលធ្វើនូវ​សេចក្តីគោរព ក្នុងធម៌ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា ចូរ​ទន្ទេញពាក្យ ដែលធ្វើ​ការគោរពក្នុងធម៌ ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា ចូរចងចាំ​ទុក​ពាក្យ ដែលធ្វើ​ការគោរពក្នុងធម៌ ម្នាលភិក្ខុទាំងឡាយ ព្រោះពាក្យដែលធ្វើ​ការគោរពក្នុងធម៌ ដ៏ប្រកបដោយប្រយោជន៍ ជាអាទិព្រហ្មចរិយកៈ។ លុះព្រះមានព្រះភាគ ទ្រង់សំដែងព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្ត​ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ ធម្មចេតិយសូត្រ ទី៩។

កណ្ណកត្ថលសូត្រ ទី១០

(១០. កណ្ណកត្ថលសុត្តំ)

[៣៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ភូមិប្រទេស ឈ្មោះកណ្ណកត្ថលៈ ជាទីឲ្យអភ័យដល់ពួកម្រឹគ ជិតក្រុងឧទញ្ញា។ សម័យនោះឯង ព្រះបាទបសេនទិកោសល បានមកដល់ឧទញ្ញានគរ ដោយកិច្ចនីមួយ។ គ្រានោះ ព្រះបាទបសេនទិកោសល ត្រាស់ហៅបុរសម្នាក់ថា ម្នាលបុរសដ៏ចំរើន អ្នកឯង​ចូរមកនេះ ចូរអ្នកឯង ចូលទៅរកព្រះមានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំ​ព្រះបាទទាំងគូ របស់​ព្រះមានព្រះភាគ ដោយក្បាល តាមពាក្យរបស់យើង រួចហើយចូរសួរ នូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោក​ទៅមកបានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទបសេនទិកោសល ថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយសិរ្យៈ ហើយទ្រង់សួរ នូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមក​បានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខ រួចអ្នកឯងចូរពោលយ៉ាងនេះ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ឮថាថ្ងៃនេះ ព្រះបាទបសេនទិកោសល ទ្រង់សោយក្រយាស្ងោយ​ក្នុងវេលាព្រឹករួចហើយ ក្នុងកាលជាខាងក្រោយភត្ត ទ្រង់នឹងចូលមកគាល់​ព្រះមាន​ព្រះភាគ។ បុរសនោះ ទទួលព្រះឱង្ការ របស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយចូលទៅគាល់ព្រះមានព្រះភាគ ត្រង់ទីដែល​ព្រះអង្គគង់ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយ​អង្គុយនៅក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានពោល​ពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទបសេនទិកោសល ថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ដោយសិរ្យៈ ហើយទ្រង់សួរ​នូវការ​មិន​មាន​អាពាធ ការមិនមានទុក្ខ ការក្រោកទៅមក​បានរហ័សរហួន ព្រះកាយពល ការគង់​នៅ​ជាសុខ ហើយទ្រង់ត្រាស់ យ៉ាងនេះ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ឮថាថ្ងៃនេះ ព្រះបាទបសេនទិកោសល កាលបើទ្រង់សោយព្រះក្រយាស្ងោយ ​ក្នុងវេលាព្រឹករួចហើយ វេលាខាងក្រោយភត្ត ទ្រង់នឹងចូលមកគាល់​ព្រះមានព្រះភាគ។

[៣៣៣] ព្រះភគិនី (ជាបជាបតី) ព្រះនាមសោមា និងព្រះនាមសកុលា បានឮថា ថ្ងៃនេះ ព្រះបាទបសេនទិកោសល កាលទ្រង់សោយព្រះក្រយាស្ងោយ ​ក្នុងវេលាព្រឹក​រួច​ហើយ ខាងក្រោយភត្ត ទ្រង់នឹងស្តេចទៅគាល់​ព្រះមានព្រះភាគ។ លំដាប់នោះ ព្រះនាងសោមា និងព្រះនាងសកុលា ចូលទៅគាល់ព្រះបាទបសេនទិកោសល ក្នុងកន្លែង​សម្រាប់សោយ ហើយបានពោលពាក្យនេះថា បពិត្រមហារាជ បើដូច្នោះ សូមព្រះអង្គ ថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ តាមពាក្យរបស់ខ្ញុំម្ចាស់​ទាំងឡាយផង សូមទ្រង់សួរ ​នូវការ​មិន​មាន​អាពាធ ការមិនមានទុក្ខ ការក្រោកទៅមក​បានរហ័សរហួន ព្រះកាយពល ការគង់​នៅ​ជាសុខផងថា បពិត្រព្រះអង្គដ៏ចំរើន នាងសោមា និងនាងសកុលា សូមថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ ហើយសួរ​ នូវការ​មិន​មាន​អាពាធ ការមិនមានទុក្ខ ការក្រោកទៅមក​បានរហ័សរហួន ព្រះកាយពល ការគង់​នៅ​ជាសុខសាន្ត។

[៣៣៤] គ្រានោះ ព្រះបាទបសេនទិកោសល សោយព្រះក្រយាស្ងោយ ​ក្នុងវេលាព្រឹករួចហើយ ទើបចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះបាទ​បសេនទិកោសល គង់នៅក្នុងទីដ៏សមគួរហើយ ទើបក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន នាងសោមា និងនាងសកុលា សូមថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ ទូលសួរ​នូវការ​មិន​មាន​អាពាធ ការមិនមានទុក្ខ ការក្រោកទៅមក​បានរហ័សរហួន ព្រះកាយពល ការគង់​នៅ​ជាសុខសាន្ត។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រមហារាជ ចុះនាងសោមា និងនាងសកុលា រកអ្នកបម្រើដទៃមិនបានឬ។ ព្រះបាទបសេនទិកោសល ​ក្រាបបង្គំទូលថា នាងសោមា និងនាងសកុលា បានឮថា ក្នុងថ្ងៃនេះ ព្រះបាទ​បសេនទិកោសល កាលទ្រង់សោយព្រះក្រយាស្ងោយ ​ក្នុងវេលាព្រឹករួចហើយ ក្នុងវេលាខាងក្រោយភត្ត នឹងយាងចូលទៅ ដើម្បីគាល់​ព្រះមានព្រះភាគ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ក៏លំដាប់នោះ នាងសោមា និងនាងសកុលា ចូលមករកខ្ញុំព្រះអង្គ ត្រង់កន្លែង​សម្រាប់ទទួលភត្ត ហើយពោលពាក្យនេះ នឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ សូម​ព្រះអង្គ​ ថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ តាមពាក្យ​របស់ខ្ញុំម្ចាស់​ទាំងឡាយផង ទូលសួរ​នូវការ​មិន​មាន​អាពាធ ការមិនមានទុក្ខ ការក្រោក​ទៅមក​បានរហ័សរហួន ព្រះកាយពល ការទ្រង់គង់​នៅ​ជាសុខថា នាងសោមា និងនាង​សកុលា សូមថ្វាយបង្គំព្រះបាទទាំងគូ ដោយសិរ្យៈ ទូលសួរ​នូវការ​មិន​មាន​អាពាធ ការមិនមានទុក្ខ ការក្រោកទៅមក​បានរហ័សរហួន ព្រះកាយពល ការទ្រង់គង់​នៅ​ជាសុខ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ សូមឲ្យនាងសោមា និងនាង​សកុលា បានសេចក្តីសុខទាំងអស់គ្នា។

[៣៣៥] គ្រានោះ ព្រះបាទបសេនទិកោសល បានក្រាបទូលពាក្យនេះ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យនេះថា ព្រះសមណគោតម ពោលយ៉ាងនេះថា គ្មានសមណព្រាហ្មណ៍ណា ដែលជាអ្នកដឹងសព្វ ឃើញសព្វ ប្តេជ្ញានូវញាណទស្សនៈដោយឥតសេសសល់ ពាក្យដូច្នេះនេះ មិនសមហេតុ​ទេ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយណា ពោលយ៉ាងនេះថា ព្រះសមណគោតម និយាយយ៉ាងនេះថា គ្មានសមណព្រាហ្មណ៍ណា ដែលដឹងសព្វ ឃើញសព្វ ប្តេជ្ញា​នូវ​ញាណទស្សនៈដោយឥតសេសសល់ ពាក្យដូច្នេះនេះ មិនសមហេតុ​ទេ បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយនោះ ពោលតាមពាក្យ របស់ព្រះមានព្រះភាគ មិនមែន​ពោលបង្កាច់​ព្រះមានព្រះភាគ ដោយពាក្យមិនពិតទេ ឈ្មោះថា ព្យាករនូវ​ធម៌ ដ៏សមគួរ ដល់នវលោកុត្តរធម៌ ទាំងពាក្យតូច ពាក្យធំ ប្រកបដោយធម៌ណានីមួយ ក៏​មិនដល់នូវទីគួរតិះដៀលទេឬ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ ជន​ទាំងឡាយណា ពោលយ៉ាងនេះថា ព្រះសមណគោតម និយាយយ៉ាងនេះថា គ្មានសមណៈ ឬព្រាហ្មណ៍ ដែលដឹងសព្វ ឃើញសព្វ ប្តេជ្ញា​នូវ​ញាណទស្សនៈ ដោយឥតសេសសល់ ពាក្យដូច្នេះនេះ មិនសមហេតុ​ឡើយ ជនទាំងឡាយនេះ ពោលតាមពាក្យ ដែលតថាគតពោលហើយ ទាំងមិនឈ្មោះថា ​ពោលបង្កាច់តថាគត​ ដោយពាក្យមិនទៀង មិនពិតទេ។

[៣៣៦] លំដាប់នោះ ព្រះបាទបសេនទិកោសល ត្រាស់ហៅសេនាបតី ឈ្មោះ​វិឌូឌភៈមក ហើយសួរថា ម្នាលសេនាបតី នរណាហ្ន៎ នឹងអាចពោលកថាវត្ថុនេះ ក្នុង​ខាងក្នុង នៃព្រះបរមរាជវាំងបាន។ វិឌូឌភៈសេនាបតី ក្រាបបង្គំទូលថា បពិត្រមហារាជ មានតែសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ។ ទើបព្រះបាទបសេនទិកោសល ត្រាស់ហៅ​បុរសម្នាក់មក ហើយប្រាប់ថា ម្នាលបុរសអើយ អ្នកឯងចូរមកអាយ អ្នកចូរទៅហៅ​សញ្ជយ​ព្រាហ្មណ៍ ជាអាកាសគោត្រ តាមពាក្យរបស់យើងថា បពិត្រលោកដ៏ចំរើន ព្រះបាទបសេនទិកោសល ទ្រង់មានព្រះឱង្ការឲ្យហៅលោក។ បុរសនោះ ទទួល​ព្រះឱង្ការ​របស់ព្រះបាទបសេនទិកោសលថា ព្រះករុណាថ្លៃវិសេស ហើយចូលទៅរកសញ្ជយ​ព្រាហ្មណ៍ ជាអាកាសគោត្រ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ ទៅរក​សញ្ជយ​ព្រាហ្មណ៍ ជាអាកាសគោត្រថា បពិត្រលោកដ៏ចំរើន ព្រះបាទបសេនទិកោសល ទ្រង់មាន​ព្រះរាជឱង្ការឲ្យហៅលោក។ លំដាប់នោះ ព្រះបាទបសេនទិកោសល បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានពោល​ពាក្យឯទៀត ព្រោះសំដៅហេតុណាមួយ អ្នកផងចូលចិត្តពាក្យនោះ ដោយប្រការដទៃដែរ​ឬ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះមានព្រះភាគ ជ្រាបនូវពាក្យ តាមសមគួរហើយ ទើបពោលវាចាឬ។ ព្រះមានព្រះភាគ ត្រាស់ថា បពិត្រមហារាជ តថាគត ដឹងយ៉ាងនេះ​ហើយ ទើបពោលវាចាថា គ្មានសមណព្រាហ្មណ៍ណា ដែលដឹងនូវហេតុទាំងពួង ឃើញ​នូវហេតុទាំងពួងតែម្តង សេចក្តីនេះ មិនសមហេតុឡើយ។ ព្រះបាទបសេនទិកោសល ទ្រង់​ត្រាស់ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ សំដែងពាក្យសមហេតុ បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ សំដែងពាក្យ ដែលប្រព្រឹត្តទៅ មួយអន្លើដោយហេតុថា គ្មានសមណៈ ឬព្រាហ្មណ៍ណា ដែលដឹងនូវហេតុទាំងពួង ឃើញ​នូវហេតុទាំងពួងតែម្តង រឿងដូច្នេះនេះ មិនសមហេតុឡើយ បពិត្រព្រះអង្គដ៏ចំរើន វណ្ណៈមាន៤គឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ បពិត្រព្រះអង្គដ៏ចំរើន ត្រកូលទាំង​៤នេះ មានសេចក្តី​វិសេស ទាំងមានសេចក្តីផ្សេងគ្នាដែរឬទេ។

[៣៣៧] បពិត្រមហារាជ វណ្ណៈទាំង៤នេះគឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ បពិត្រមហារាជ បណ្តាវណ្ណៈទាំង​៤នេះ មានតែវណ្ណៈ២គឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ ដែលប្រាកដ​ជាប្រសើរជាងគេ ព្រោះវណ្ណៈ​ទាំងពីរនេះ គួរដល់ការថ្វាយបង្គំ ក្រោកទទួល ធ្វើអញ្ជលិកម្ម និងសាមីចិកម្ម។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនទូលសួរនូវគុណ ក្នុង​បច្ចុប្បន្ន នឹងព្រះមានព្រះភាគទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ទូលសួរនូវគុណ ដែល​ប្រព្រឹត្តទៅ ក្នុងបរលោក នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ត្រង់វណ្ណៈ​ទាំង៤​នេះ គឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ បពិត្រព្រះអង្គដ៏ចំរើន វណ្ណៈទាំង​៤នេះ មានសេចក្តីវិសេស និងសេចក្តីផ្សេងគ្នាដែរឬទេ។

[៣៣៨] បពិត្រមហារាជ អង្គនៃសេចក្តីព្យាយាមនេះ មាន៥។ ចុះអង្គនៃសេចក្តី​ព្យាយាម មាន៥ តើដូចម្តេចខ្លះ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿនូវការត្រាស់ដឹង របស់ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយ​ចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទៅកាន់​ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់ នូវ​ត្រៃលោក ព្រះអង្គប្រសើរ ដោយសីលាទិគុណ រក​បុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គ​ជាគ្រូ​នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិល​ត្រឡប់​មកកាន់ភពថ្មីទៀតហើយ១។ ជាអ្នកមិនមានអាពាធ មិនមានទុក្ខ ប្រកបដោយ​ការចាប់បដិសន្ធិ មានវិបាកដ៏ស្មើគ្នា គឺមិនត្រជាក់ពេក មិនក្តៅពេក ជាកណ្តាល អត់ទ្រាំ​នូវសេចក្តីព្យាយាមបាន១។ ជាអ្នក​មិនអួតអាង មិនមានមាយា ធ្វើនូវខ្លួនឲ្យជាក់ច្បាស់ តាមសេចក្តីពិត ក្នុងព្រះសាស្តាផង ក្នុងសព្រហ្មចារី ជាអ្នកប្រាជ្ញទាំងឡាយផង១។ ជាអ្នក​ប្រារព្ធ នូវសេចក្តីព្យាយាម ដើម្បីលះបង់ នូវធម៌ទាំងឡាយជាអកុសល ដើម្បី​បំពេញនូវ​ធម៌​ទាំងឡាយជាកុសល មានកំឡាំងចិត្ត មានព្យាយាមដ៏មាំមួន មិនដាក់ចុះនូវធុរៈ ក្នុងធម៌​ទាំងឡាយជាកុសលឡើយ១។ ជាអ្នកមានប្រាជ្ញា ប្រកបដោយបញ្ញាដ៏ប្រសើរ ស្គាល់​សេចក្តីកើតឡើង និងវិនាសទៅ ជាបញ្ញាដល់នូវសេចក្តី​អស់ទៅនៃទុក្ខ ដែលជាគ្រឿង​នឿយណាយ១។ បពិត្រមហារាជ នេះឯង ជាអង្គ នៃសេចក្តីព្យាយាមទាំង៥។ បពិត្រ​មហារាជ វណ្ណៈទាំង៤នេះគឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈ​ទាំង៤​នោះ បើបានប្រកបដោយអង្គ នៃសេចក្តីព្យាយាម ទាំង៥នេះហើយ ការប្រកបនោះ នៃវណ្ណៈ​ទាំងនោះ ប្រព្រឹត្តទៅ ដើម្បី​សេចក្តីសុខ សេចក្តីចំរើន អស់កាលជាយូរអង្វែង។

[៣៣៩] បពិត្រព្រះអង្គដ៏ចំរើន វណ្ណៈទាំង៤នេះគឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈទាំងនោះ បើប្រកបដោយអង្គ នៃសេចក្តីព្យាយាម ទាំង៥នេះ បពិត្រព្រះអង្គដ៏ចំរើន តើវណ្ណៈទាំងនោះ មានសេចក្តីវិសេសជាងគ្នា ផ្សេងគ្នា ក្នុងហេតុ​នុ៎ះ​ដែរឬ។ បពិត្រមហារាជ នេះហើយ ដែលតថាគតពោលថា សេចក្តីព្យាយាម​ខុសគ្នា ក្នុងហេតុនុ៎ះឯង។ បពិត្រមហារាជ ដូចសត្វពីរពួក គឺដំរី គួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន១ពួក គេបានទូន្មានប្រដៅល្អហើយ សត្វពួកទីពីរទៀត គឺដំរីគួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន១ពួក តែគេមិនបានទូន្មាន មិនបានប្រៀនប្រដៅទេ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ថាដូចម្តេច សត្វពីរពួកណា គឺដំរីគួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន១ពួក គេបានទូន្មានល្អ ប្រៀនប្រដៅល្អហើយ ក៏សត្វទាំងនោះ លុះគេទូន្មាន​ហើយ បានដល់នូវហេតុតាមដែលទូន្មាន លុះគេទូន្មានហើយ ក៏បានដល់នូវ​ទី តាមដែលទូន្មាន ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីនុ៎ះ យ៉ាងនេះហើយ។ សត្វពួកទីពីរណា គឺដំរី​គួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន១ពួក តែគេមិនបានទូន្មាន មិនបានប្រៀនប្រដៅទេ សត្វទាំងនោះ កាលបើគេមិនបានទូន្មានហើយ តើបានដល់នូវហេតុ តាមដែលទូន្មាន កាលបើ​គេមិនបានទូន្មានហើយ តើបានដល់នូវទី តាមដែល​ទូន្មាន ដូចជា​ពួកសត្វ​ទាំងនោះ គឺដំរីគួរទូន្មាន ឬសេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេបាន​ទូន្មានល្អ ប្រដៅ​ល្អហើយ ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីនុ៎ះ មិនដូច្នោះទេ។ បពិត្រមហារាជ សេចក្តីនេះ មានឧបមេយ្យដូចបុគ្គលមានសទ្ធា មិនមានអាពាធ ជាអ្នកមិនអួតអាង មិនមាន​មាយា ប្រារព្ធនូវ​សេចក្តីព្យាយាម មានប្រាជ្ញា រមែងដល់នូវហេតុណា បុគ្គលគ្មាន​សទ្ធា មានអាពាធច្រើន ជាអ្នកអួតអាង មានមាយា ខ្ជិលច្រអូស ឥតប្រាជ្ញា នឹងដល់នូវ​ហេតុ​នោះដូចគ្នា ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៣៤០] បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ពោលនូវពាក្យដ៏សមគួរ​ដល់ហេតុ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ពោលនូវពាក្យប្រព្រឹត្តទៅ មួយអន្លើ​ដោយហេតុ បពិត្រព្រះអង្គដ៏ចំរើន វណ្ណៈ​ទាំង៤នេះគឺ ក្សត្រិយ៍១ ព្រាហ្មណ៍១ វេស្សៈ១ សុទ្ទៈ១ វណ្ណៈទាំងនោះ បើប្រកបដោយអង្គ នៃសេចក្តីព្យាយាម៥នេះ វណ្ណទាំងនោះ ឈ្មោះថា មានសេចក្តីព្យាយាមដោយពិត បពិត្រព្រះអង្គដ៏ចំរើន វណ្ណទាំងនោះ មានសេចក្តី​វិសេសជាងគ្នា ផ្សេងគ្នាក្នុងហេតុនុ៎ះឯង។ បពិត្រមហារាជ តថាគត មិនពោល​នូវអំពើផ្សេងៗ បន្តិចបន្តួចក្នុងហេតុនុ៎ះ គឺវិមុត្តិដោយវិមុត្តិទេ។ បពិត្រមហារាជ ដូចបុរស​យក​ឧសសាលព្រឹក្ស ដែលស្ងួត មកបង្កាត់ភ្លើង ភ្លើងក៏កើតឡើង។ មានបុរសម្នាក់ទៀត យក​ឧស​ស្វាយ ដែលស្ងួត​មកបង្កាត់ភ្លើង ភ្លើងក៏កើតឡើងដែរ។ បុរសម្នាក់ទៀត យក​ឧស​ល្វា ដែលស្ងួត​មកបង្កាត់ភ្លើង ភ្លើងក៏កើតភ្លើងឡើងដែរ។ បពិត្រមហារាជ ព្រះអង្គសំគាល់​នូវ​សេចក្តីនោះ ថាដូចម្តេច អំពើបន្តិចបន្តួច​ផ្សេងៗ របស់ភ្លើងទាំងនោះ ដែលកើតអំពី​ឧសផ្សេងៗ គឺអណ្តាតភ្លើងដោយអណ្តាតភ្លើងក្តី ពណ៌ដោយពណ៌ក្តី ពន្លឺដោយពន្លឺក្តី ខុសគ្នាដែរឬ។ សេចក្តីនេះ មិនដូច្នោះទេព្រះអង្គ។ បពិត្រមហារាជ តេជះណា ដែលបុគ្គល​មិនបានញាំញី ដោយព្យាយាម ដែលកើតអំពីព្យាយាម តថាគត មិនពោល​នូវអំពើបន្តិចបន្តួច​ថា ផ្សេងគ្នាក្នុងតេជះនោះ គឺវិមុត្តិ ដោយវិមុត្តិយ៉ាងនេះទេ។

[៣៤១] បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ពោលពាក្យប្រព្រឹត្តទៅ មួយអន្លើ​ដោយហេតុ បពិត្រព្រះអង្គដ៏ចំរើន ចុះទេវតា មានដែរឬ។ បពិត្រមហារាជ ចុះហេតុដូចម្តេច បានជាទ្រង់​ត្រឡប់សួរយ៉ាងនេះវិញថា បពិត្រព្រះអង្គដ៏ចំរើន ចុះទេវតា មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើទេវតាមានមែន ទេវតាទាំងនោះ មុខជានឹង​មកកាន់អត្តភាពជាមនុស្សនេះពុំខាន ឬបើមិនមានទេ (ទេវតាទាំងនោះ) នឹងមិនមកកាន់អត្តភាពជាមនុស្សនេះឡើយ។ បពិត្រមហារាជ ពួកទេវតាណា មានសេចក្តី​ព្យាបាទ ទេវតាទាំងនោះ ទើបមកកាន់អត្តភាពជាមនុស្សនេះ ពួកទេវតា​ណា មិនមានសេចក្តីព្យាបាទ ទេវតាទាំងនោះ មិនមកកាន់អត្តភាពជាមនុស្សនេះទេ។

[៣៤២] កាលបើព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ វិឌូឌភសេនាបតី ក៏បានពោលតប ទៅនឹង​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា មានសេចក្តី​ព្យាបាទ ទេវតាទាំងនោះ ទើបមកកាន់អត្តភាពជាមនុស្សនេះ ពួកទេវតា​ណា មិនមានសេចក្តីព្យាបាទ ទេវតាទាំងនោះ មិនមកកាន់អត្តភាពជាមនុស្សនេះទេ ហើយញុំាងទេវតា ដែលមានព្យាបាទទាំងនោះ ឲ្យកក្រើកចាកទីនោះ ឬបណ្តេញចេញ។ លំដាប់នោះ ព្រះអានន្ទ មានសេចក្តីត្រិះរិះ យ៉ាងនេះថា វិឌូឌភសេនាបតីនេះ ជាបុត្តរបស់​ព្រះបាទបសេនទិកោសល ឯអាត្មាអញ ជាបុត្ត​របស់ព្រះមានព្រះភាគ កាលនេះ ជាកាល​ឲ្យបុត្តប្រឹក្សាជាមួយនឹងបុត្ត។ លំដាប់នោះ ព្រះអានន្ទមានអាយុ ហៅវិឌូឌភសេនាបតីមកថា បពិត្រសេនាបតី បើដូច្នោះ អាត្មាភាព នឹងសួរប្រស្នា ចំពោះទ្រង់ ក្នុងដំណើរនេះវិញ ប្រស្នាគួរដល់ទ្រង់យ៉ាងណា សូមទ្រង់ដោះស្រាយ​ យ៉ាង​នោះចុះ បពិត្រសេនាបតី ចុះទ្រង់សំគាល់សេចក្តីនោះ ថាដូចម្តេច ដែន​របស់​ព្រះបាទបសេនទិកោសល ត្រឹមណា មួយទៀត ព្រះបាទបសេនទិកោសល សោយរាជ​សម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទបសេនទិកោសល អាចធ្វើឲ្យកក្រើក ឬបណ្តេញ នូវសមណព្រាហ្មណ៍ ដែលមានបុណ្យក្តី ឥតបុណ្យក្តី មានសេចក្តី​ប្រព្រឹត្តិ​ល្អក្តី មិនមានសេចក្តី​ប្រព្រឹត្តិល្អក្តី ឲ្យចេញចាកតំណែងនោះ ក្នុងទីដែននោះ បានដែរឬ។ បពិត្រ​លោកម្ចាស់ដ៏ចំរើន ដែនរបស់ព្រះបាទបសេនទិកោសល ត្រឹមណា មួយទៀត ព្រះបាទបសេនទិកោសល សោយរាជ​សម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទ​បសេនទិកោសល អាចដើម្បីធ្វើឲ្យកក្រើក បណ្តេញចេញ នូវសមណព្រាហ្មណ៍ ដែល​មានបុណ្យ ឬឥតបុណ្យ ​ប្រព្រឹត្តិល្អ ឬ​ប្រព្រឹត្តិអាក្រក់ ឲ្យចេញចាកតំណែងនោះ ក្នុងទី​ដែននោះបាន។ បពិត្រសេនាបតី ទ្រង់សំគាល់នូវសេចក្តីនោះ ថាដូចម្តេច ទីដែល​មិនមែនជាដែន ​របស់​ព្រះបាទបសេនទិកោសលត្រឹមណា មួយទៀត ព្រះបាទបសេនទិ​កោសល មិនបានសោយរាជ​សម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទ​បសេនទិ​កោសល អាចដើម្បីធ្វើឲ្យកក្រើក បណ្តេញនូវសមណព្រាហ្មណ៍ ដែលមានបុណ្យ ឬឥតបុណ្យ ​ប្រព្រឹត្តិល្អ ឬ​ប្រព្រឹត្តិអាក្រក់ ឲ្យចេញចាកតំណែងនោះ បានដែរឬ។ បពិត្រ​លោកម្ចាស់ដ៏ចំរើន ទីដែលមិនមែនជាដែន របស់ព្រះបាទបសេនទិកោសលត្រឹមណា មួយទៀត ព្រះបាទបសេនទិកោសល មិនបានសោយរាជ​សម្បត្តិ ជាឥស្សរាធិបតី ក្នុងដែនណា ព្រះបាទបសេនទិកោសល មិនអាចដើម្បីធ្វើឲ្យកក្រើក ឬបណ្តេញ នូវសមណៈ ឬព្រាហ្មណ៍ ដែលមានបុណ្យ ឬឥតបុណ្យ មានព្រហ្មចរិយធម៌ ឬ​មិនមាន​ព្រហ្មចរិយធម៌ ឲ្យចេញចាកតំណែងនោះ ក្នុងដែននោះបានទេ។ បពិត្រសេនាបតី ចុះ​ទ្រង់​សំគាល់នូវសេចក្តីនោះ ថាដូចម្តេច ទ្រង់បានឮថា ពួកទេវតាជាន់តាវត្តិង្ស មានដែរឬ។ ព្រះករុណា យ៉ាងហ្នឹងហើយ ខ្ញុំបានឮថា ពួកទេវតាជាន់តាវត្តិង្សមាន តែឥឡូវនេះ ព្រះបាទបសេនទិកោសលដ៏ចំរើន ក៏ទ្រង់ឮថា ពួកទេវតាជាន់​តាវត្តិង្ស​មានដែរ។ បពិត្រសេនាបតី ចុះទ្រង់សំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះបាទបសេនទិកោសល អាច​ដើម្បីធ្វើឲ្យកក្រើក ឬបណ្តេញពួកទេវតាជាន់តាវត្តិង្ស ឲ្យចេញចាកទីនោះ បានដែរឬ។ បពិត្រ​លោកម្ចាស់ដ៏ចំរើន ព្រះបាទបសេនទិកោសល មិនអាចដើម្បី​មើល​ពួកទេវតាជាន់តាវត្តិង្សឃើញទេ នឹងទៅបំបរបង់ ឬបណ្តេញ (ទេវតាទាំងនោះ) ឲ្យចេញ​ចាក​ទីនោះឯណាបាន។ បពិត្រសេនាបតី យ៉ាងនោះពិតហើយ ពួកទេវតាណា មានសេចក្តីព្យាបាទ ទេវតាទាំងនោះ មកកាន់អត្តភាព​ជាមនុស្សនេះ ពួកទេវតាណា មិនមាន​សេចក្តីព្យាបាទ ទេវតាទាំងនោះ មិនមកកាន់អត្តភាព​ជាមនុស្សនេះទេ (ទេវតា​ទាំងនោះ) មិនអាចដើម្បីមើលឃើញ នូវពួកទេវតា​ទាំងនោះឃើញទេ នឹងទៅបំបរបង់ ឬបណ្តេញ (ទេវតាទាំងនោះ) ឲ្យចេញ​ចាក​ទីឯណាបាន។ គ្រានោះ ព្រះបាទបសេនទិកោសល ទូលសួរទៅព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះឈ្មោះអ្វី ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ ​ឈ្មោះអានន្ទ។

[៣៤៣] ព្រះរាជាមានព្រះឱង្ការថា អើហ្ន៎ ព្រះអានន្ទទេតើ អើហ្ន៎ រូបព្រះអានន្ទ​ទេតើ បពិត្រលោកម្ចាស់ដ៏ចំរើន ព្រះអានន្ទមានអាយុ ចេះសំដែងពាក្យសមគួរដល់ហេតុ បពិត្រលោកម្ចាស់ដ៏ចំរើន ព្រះអានន្ទមានអាយុ ចេះសំដែងពាក្យប្រព្រឹត្តទៅ មួយអន្លើ​ដោយហេតុ បពិត្រលោកម្ចាស់ដ៏ចំរើន ចុះព្រហ្មមានដែរឬ។ ព្រះអានន្ទថ្វាយព្រះពរថា បពិត្រមហារាជ ហេតុអ្វីបានជាព្រះអង្គ មានព្រះឱង្ការសួរ យ៉ាងនេះថា បពិត្រលោកម្ចាស់​ដ៏ចំរើន ព្រហ្មមានដែរឬ។ បពិត្រលោកម្ចាស់ដ៏ចំរើន បើព្រហ្មនោះ​មានមែន មុខជានឹង​មកកាន់អត្តភាពជាមនុស្សនេះមិនខានទេ បើមិនមានទេ មិនបានមកកាន់អត្តភាពជាមនុស្សនេះឡើយ។ បពិត្រមហារាជ បើព្រហ្មណា មាន​សេចក្តី​ព្យាបាទ ព្រហ្មនោះ ទើបមកកាន់អត្តភាពជាមនុស្សនេះ ព្រហ្ម​ណា មិនមាន​សេចក្តីព្យាបាទទេ ព្រហ្មនោះ មិនបានមកកាន់អត្តភាពជាមនុស្សនេះទេ។ លំដាប់នោះ មានបុរសម្នាក់ ក្រាបបង្គំទូល​ព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រ​មហារាជ សញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ មកដល់ហើយ។ ទើប​ព្រះបាទបសេនទិកោសល មានព្រះឱង្ការ ទៅនឹងសញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ ដូច្នេះថា ម្នាលព្រាហ្មណ៍ នរណាហ្ន៎ អាចពោលនូវកថាវត្ថុនេះ ក្នុងខាងក្នុងនៃបូរី របស់ស្តេចបាន។ សញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ ក្រាបបង្គំទូលថា បពិត្រ​មហារាជ មានតែវិឌូឌភសេនាបតី។ ឯវិឌូឌភសេនាបតី ពោលយ៉ាងនេះថា បពិត្រមហារាជ មានតែ​សញ្ជយព្រាហ្មណ៍ ជាអាកាសគោត្រ។ គ្រានោះ មានបុរសម្នាក់ទៀត បានក្រាបបង្គំទូល​ព្រះបាទបសេនទិកោសល ដូច្នេះថា បពិត្រមហារាជ កាលនេះគួរស្តេចយាងហើយ។

[៣៤៤] លំដាប់នោះ ព្រះបាទបសេនទិកោសល បានក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំបានទូល​សួរ នូវសព្វញ្ញុតញ្ញាណ នឹង​ព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវសព្វញ្ញុតញ្ញាណ ការព្យាករ​នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករនោះ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ បានទូលសួរ នូវសេចក្តី​ស្អាត នៃវណ្ណទាំង៤ នឹង​ព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវសេចក្តី​ស្អាត នៃវណ្ណទាំង៤​ហើយ ការព្យាករណ៍នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំរីករាយ ដោយការព្យាករណ៍នោះ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ បានសួរនូវពួកទេវតាជាធំ នឹង​ព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវពួកទេវតាជាធំ ការព្យាករណ៍នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំ បានទូលសួរនូវព្រហ្មជាធំ នឹង​ព្រះមានព្រះភាគហើយ ព្រះមានព្រះភាគ ក៏បានព្យាករ នូវព្រហ្មជាធំ ការព្យាករណ៍នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំ បានទូលសួរនូវហេតុណាៗ នឹង​ព្រះមានព្រះភាគ ព្រះមានព្រះភាគ ក៏បានព្យាករ នូវហេតុនោះៗ ការព្យាករណ៍នោះ គាប់ចិត្តផង គួរដល់យើងខ្ញុំផង យើងខ្ញុំបានត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះអង្គ​ដ៏ចំរើន ឥឡូវយើងខ្ញុំមានកិច្ចច្រើន មានការងារដែល​ត្រូវធ្វើច្រើន យើងខ្ញុំ​សូមថ្វាយបង្គំ​លាត្រឡប់ទៅវិញ។ ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ សូម​ព្រះអង្គ សំគាល់នូវកាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់សព្វព្រះរាជហឫទ័យ រីករាយចំពោះភាសិត របស់​ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ធ្វើប្រទក្សិណ ហើយស្តេចចេញទៅ។

ចប់ កណ្ណកត្ថលសូត្រ ទី១០។

ចប់ រាជវគ្គ ទី៤។

ឧទ្ទាន នៃរាជវគ្គនោះ គឺ

ជោតិសហាយក50) សូត្រ១ រដ្ឋបាលសូត្រ ១ មឃទេវម្ពសូត្រ ១ មធុរសូត្រ ១ ពោធិរាជកុមារសូត្រ ១ អង្គុលិមាលសូត្រ ១ (បិយជាតិកសូត្រ ១ ពាហិតិយសូត្រ ១) ធម្មចេតិយសូត្រ ១ កណ្ណកត្ថលសូត្រ ១ គ្រប់ជា១០សូត្រ។

ចប់ ភាគ២៤។

មាតិកា

ទ. ?

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
មជ្ឈិមនិកាយ sut.mn
មជ្ឈិមបណ្ណាសកៈ បញ្ចមភាគ sut.mn.vv2
បរិព្វាជកវគ្គ sut.mn.v08
ចូឡវច្ឆគោត្តសូត្រ ទី១ ? sut.mn.071
ការពោលបង្កាច់ដោយពាក្យមិនពិត ?
គិហិសញ្ញោជនៈ
ការទ្រង់ព្យាករណ៍លទ្ធិរបស់តិរិ្ថយថាសូន្យ
អគ្គិវច្ឆគោត្តសូត្រ ទី២ sut.mn.072
ទិដ្ឋិ ១០ ប្រការ
ការទ្រង់សំដែងសេចក្តីឃើញយ៉ាងព្រៃស្បាត ជាដើម ១៥
ការសួរអំពីវិមុត្តិ ១៧
ការសួរអំពីការឆេះ និងការរលត់ភ្លើង ១៩
ការលះបង់នូវខន្ធ ២១
ការពោលសរសើរព្រះធម្មទេសនា ២៣
មហាវច្ឆគោត្តសូត្រ ទី៣ ២៧ sut.mn.073
បរិព្វាជកវគ្គ មហាវច្ឆគោត្តសូត្រ ធម៌ ១០ ប្រការ ២៧
ការសួរអំពីឧបាសក ២៩
ការសួរអំពីឧបាសិកា ៣១
ការបានបំពេញធម៌ ៣៣
ការពោលសរសើរព្រះធម្មទេសនា ៣៧
អានុភាពនៃឫទ្ធិ ៣៩
បរចិត្តវិជ្ជា ៤១
ចុតូបបាតវិជ្ជា ៤៣
ការចូលទៅគាល់ព្រះមានព្រះភាគ ៤៥
ការទ្រង់សរសើរវច្ឆគោត្តភិក្ខុ ៤៧
ទីឃនខសូត្រ ទី៤ ៤៩ sut.mn.074
វាទៈ និងទិដ្ឋិរបស់សមណព្រាហ្មណ៍ពួកមួយ ៤៩
ការលះបង់នូវទិដ្ឋិ ៥១
ការពិចារណានូវរាងកាយ ៥៥
ការនឿយណាយក្នុងវេទនា ៣ ៥៧
ការសំដែងខ្លួនជាឧបាសក ៥៩
មាគណ្ឌិយសូត្រ ទី៥ ៦១ sut.mn.075
កិត្តិសព្ទរបស់ព្រះមានព្រះភាគ ៦១
ស្តេចចូលទៅកាន់រោងភ្លើង ៦៣
ការពោលអំពីអាយតនៈ មានអាយតនៈ គឺចក្ខុ ជាដើម ៦៥
ការពោលអំពីអាយតនៈ មានរូបាយតនៈ ជាដើម ៦៧
សេចក្តីប្រៀបដូចកាមជាទិព្វ ៦៩
សេចក្តីប្រៀបដូចបុរសកើតឃ្លង់ ទី១ ៧៣
សេចក្តីប្រៀបដូចបុរសកើតឃ្លង់ ទី២ ៧៥
សេចក្តីប្រៀបដូចបុរសកើតឃ្លង់ ទី៣ ៧៧
កាមតណ្ហា ៧៩
សេចក្តីប្រៀបដូចបុរសខ្វាក់ពីកំណើត ៨១
គាថាសម្រាប់បុថុជ្ជន ៨៣
សេចក្តីអារាធនានៃមាគណ្ឌិយបរិព្វាជក ៨៥
ការពោលសរសើរព្រះធម្មទេសនា ៨៩
មាគណ្ឌិយភិក្ខុ បានសម្រេចព្រះអរហត្ត ៩១
សន្ទកសូត្រ ទី៦ ៩៣ sut.mn.076
តិរច្ឆានកថា ៩៣
ធម្មីកថា ៩៥
ការពោលអំពីវាទៈ និងទិដ្ឋិ ៩៧
អព្រហ្មចរិយវាស ទី១ ៩៩
អព្រហ្មចរិយវាស ទី២ ១០៣
អព្រហ្មចរិយវាស ទី៣ ១០៥
អព្រហ្មចរិយវាស ទី៤ ១០៩
ព្រហ្មចរិយវាស ទី១ ១១៥
ព្រហ្មចរិយវាស ទី៣ ១១៩
ព្រហ្មចរិយវាស ទី៤ ១២១
ពុទ្ធគុណកថា ១២៣
វិជ្ជា ៣ ប្រការ ១២៥
ការមិនប្រព្រឹត្តិល្មើសនូវហេតុ ៥ ប្រការ ១២៧
សេចក្តីប្រៀបដូចបុរសកំបុតដៃជើង ១២៩
ទីបំផុតនៃសូត្រ ១៣១
មហាសកុលុទាយិសូត្រ ទី៧ ១៣៣ sut.mn.077
តិរច្ឆានកថា ១៣៣
ការក្រាបបង្គំទូលអំពីអន្តរាកថា ១៣៥
សេចក្តីមិនគោរពដល់គ្រូ ទាំង៦ ១៣៧
សេចក្តីគោរពដល់ព្រះសាស្តា ១៤១
ការពោលអំពីធម៌ ទី១ ក្នុងពួកធម៌ ៥ ១៤៣
ការពោលអំពីធម៌ ទី៣-៤ ១៤៥
ការមានអាហារតិច ១៤៧
សេចក្តីសន្តោស ១៤៩
ធម៌ ទី១ ១៥៣
ធម៌ ទី៣ ១៥៥
ធម៌ ទី៤ ១៥៧
សម្មប្បធាន ៤ ១៥៩
ពោជ្ឈង្គធម៌ ៧ ប្រការ ១៦១
វិមោក្ខ ៨ ប្រការ ១៦៣
អភិភាយតនៈ ទាំង ៨ ១៦៥
ឈាន ទាំង ៤ ១៦៩
ទុតិយជ្ឈាន ១៧១
ចតុត្ថជ្ឈាន ១៧៣
មនោមយិទ្ធិ ១៧៥
ឥទ្ធិវិធញ្ញាណ ១៧៧
ទិព្វសោតធាតុញ្ញាណ ១៧៩
ចេតោបរិយញ្ញាណ ១៨១
បុព្វេនិវាសានុស្សតិញ្ញាណ ១៨៣
ទិព្វចក្ខុញ្ញាណ ១៨៥
ធម៌ ទី៥ ១៨៧
សមណមុណ្ឌិកសូត្រ ទី៨ ១៨៩ sut.mn.078
បរិព្វាជកវគ្គ សមណមុណ្ឌិកសូត្រ តិរច្ឆានកថា ១៨៩
វាទៈនៃបរិព្វាជក ១៩១
វាទៈនៃព្រះមានព្រះភាគ ១៩៣
ធម៌ ១០ ប្រការ ១៩៥
ការពោលអំពីសីលជាអកុសល ១៩៧
ការពោលអំពីសីលជាកុសល ១៩៩
ការពោលអំពីសង្កប្បៈជាកុសល ២០១
អសេខធម៌ ១០ ប្រការ ២០៣
ចូឡសកុលុទាយិសូត្រ ទី៩ ២០៧ sut.mn.079
ការក្រាបបង្គំទូលអំពីរឿងរ៉ាវនៃបរិស័ទ ២០៧
ការពោលអំពីប្រស្នាប្រារព្ធទីបំផុតខាងដើម និងខាងចុង ២០៩
សេចក្តីប្រៀបដូចបុរសអ្នកប្រាថ្នានាងជនបទកល្យាណី ២១៣
សេចក្តីប្រៀបដូចពន្លឺអម្ពិលអម្ពែក ដែលជាភិមិជាតិ ២១៥
សេចក្តីប្រៀបដូចពន្លឺព្រះចន្ទ្រ ក្នុងថ្ងៃ ១៥ កើត ២១៧
ការសួរអំពីសេចក្តីសុខដោយចំណែកមួយ ២១៩
ការសួរអំពីសេចក្តីសុខ និងទុក្ខ ២២១
ការសួរអំពីលោក ដែលមានសេចក្តីសុខដោយចំណែកមួយ ២២៣
រូបជ្ឈាន ៤ ២២៥
ញាណ ៣ ប្រការ ២២៧
ការក្រាបបង្គំទូលសូមផ្នួស ២២៩
វេខណសសូត្រ ទី១០ ២៣៣ sut.mn.080
បរិព្វាជកវគ្គ វេខណសសូត្រ ការសួរអំពីពន្លឺដែលថ្លៃថ្លា ២៣៣
ការសួរអំពីពន្លឺទាំងពីរ ២៣៥
ការពោលសរសើរសេចក្តីសុខ ដែលជាកំពូលនៃកាម ២៣៩
ការពោលអំពីទីបំផុតខាងដើម និងខាងចុង ២៤១
មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកៈ ទីបំផុតនៃបរិព្វាជកវគ្គ ២៤៣
រាជវគ្គ ? sut.mn.v09
ឃដិការសូត្រ ទី១ ២៤៥ sut.mn.081
រឿងរ៉ាវធ្លាប់មានមកហើយ ២៤៥
ការបបួលជោតិបាលមាណព ២៤៧
ការចូលទៅគាល់ព្រះសម្មាសម្ពុទ្ធ ២៥១
បំណងរបស់ជោតិបាលមាណព ២៥៣
រឿងព្រះរាជាដែនកាសី ទ្រង់ព្រះនាមកិកិ ២៥៥
ស្តេចចូលទៅកាន់ព្រះរាជដំណាក់ព្រះបាទកិកិ ២៥៧
ការទ្រង់សរសើរឃដិការស្មូនឆ្នាំង ២៥៩
ការត្រេកអរចំពោះភាសិត ២៦៧
រដ្ឋបាលសូត្រ ទី២ ២៦៩ sut.mn.082
ការចូលទៅគាល់ព្រះមានព្រះភាគ ២៦៩
ការទូលសូមបព្វជ្ជា ២៧១
ការពោលលាមាតាបិតា ២៧៣
ការពោលអង្វររដ្ឋបាលកុលបុត្រ ២៧៥
ការពោលអង្វរមាតាបិតា ២៧៧
ការអនុញ្ញាតឲ្យទៅបួស ២៧៩
ការបានសម្រេចព្រះអរហត្ត ២៨១
ការប្រាប់ដំណឹងព្រះរដ្ឋបាល ២៨៣
ការចូលទៅកាន់លំនៅរបស់បិតា ២៨៥
គាថាជាទីសង្វេគ ២៨៩
ស្តេចចូលទៅរកព្រះរដ្ឋបាល ២៩១
ការពោលអំពីសេចក្តីសាបសូន្យព្រោះជរា ២៩៣
ការពោលអំពីសេចក្តីសាបសូន្យភោគៈ ២៩៥
ធម្មុទ្ទេស ៤ ប្រការ ២៩៧
ការពោលអំពីធម្មុទ្ទេស ទី១ ២៩៩
ការពោលអំពីធម្មុទ្ទេស ទី២ ៣០១
ការពោលអំពីធម្មុទ្ទេស ទី៣ ៣០៣
ការពោលអំពីធម្មុទ្ទេស ទី៤ ៣០៥
និគមគាថា ៣០៧
មឃទេវសូត្រ ទី៣ ៣១៣ sut.mn.083
រឿងព្រះបាទមឃទេវៈ ៣១៣
បព្វជ្ជានៃព្រះបាទមឃទេវៈ ៣១៥
ការទ្រង់ប្រៀនប្រដៅព្រះរាជបុត្រច្បង ៣១៧
បព្វជ្ជានៃព្រះរាជបុត្រព្រះបាទមឃទេវៈ ៣១៩
ការចំរើនព្រហ្មវិហារ ទាំង ៤ ៣២១
ព្រះឥន្រ្ទមានព្រះរាជបំណងចង់ឃើញព្រះបាទនិមិរាជ ៣២៣
ការនាំចូលទៅកាន់រោងសុធម្មា ៣២៥
ទ្រង់មានព្រះបណ្តាំនឹងខ្មាន់ព្រះកេស ៣២៧
ការទ្រង់ប្រៀនប្រដៅព្រះរាជបុត្រច្បង ៣២៩
ភាវៈជាបុរសថោកថយ ៣៣១
កល្យាណវត្ត ៣៣៣
មធុរសូត្រ ទី៤ ៣៣៧ sut.mn.084
ប្រស្នាប្រារព្ធវណ្ណៈ ទាំង ៤ ៣៣៧
ភាវៈនៃវណ្ណៈ ទាំង ៤ ស្មើៗ គ្នា ៣៤១
ប្រស្នាប្រារព្ធវណ្ណៈ ទាំង ៤ ដែលជាចោរ ៣៤៧
ប្រស្នាប្រារព្ធវណ្ណៈ ទាំង ៤ ដែលជាសមណៈ ៣៤៩
ការទ្រង់ត្រាស់សរសើរព្រះមហាកច្ចានៈ ៣៥១
ការប្រកាសខ្លួនជាឧបាសក ៣៥៣
ពោធិរាជកុមារសូត្រ ទី៥ ៣៥៥ sut.mn.085
ការទ្រង់ទទួលនិមន្តដើម្បីឆាន់ក្នុងថ្ងៃស្អែក ៣៥៥
ស្តេចចូលទៅកាន់និវេសន៍របស់ព្រះរាជកុមារ ៣៥៧
ស្តេចចូលទៅរកអាឡារតាបស ៣៥៩
ស្តេចចូលទៅរកឧទ្ទកតាបស ៣៦៥
ឧបមា ទី១ ៣៦៩
ឧបមា ទី២ ៣៧១
ឧបមា ទី៣ ៣៧៣
អប្បានកជ្ឈាន ៣៧៥
ការផ្តាច់អាហារ ៣៨១
ការមានអាហារតិច ៣៨៣
វេទនាដ៏ខ្លោចផ្សា ៣៨៥
ការទ្រង់សោយអាហារដ៏គ្រោតគ្រាត ៣៨៧
អាសវក្ខយញ្ញាណ ៣៨៩
ភាវៈជាអ្នកមានសេចក្តីខ្វល់ខ្វាយតិច ៣៩១
ព្រហ្មក្រាបបង្គំទូលអារាធនា ៣៩៣
ពពួកសត្វមានសេចក្តីប្រៀបដូចផ្កាឧប្បល ៣ យ៉ាង ៣៩៥
ការទ្រង់ប្រារព្ធអំពីបឋមធម្មទេសនា ៣៩៧
ការទ្រង់ជួបនឹងឧបកាជីវក ៣៩៩
ស្តេចចូលទៅរកបញ្ចវគ្គិយភិក្ខុ ៤០១
ប្រស្នាប្រារព្ធមគ្គព្រហ្មចរិយៈ ៤០៧
ការទ្រង់សាកសួរអំពីការឡើងជិះដំរី ៤០៩
អង្គនៃសេចក្តីព្យាយាម ៥ ប្រការ ៤១១
ការប្រកាសព្រះអង្គជាឧបាសក ៤១៥
ការប្រកាសព្រះអង្គជាឧបាសក (ឃ្លាលើស) ៤១៥
អង្គុលិមាលសូត្រ ទី៦ ៤១៩ sut.mn.086
ការទូលឃាត់ព្រះមានព្រះភាគ ៤១៩
ការទ្រង់សំដែងឫទ្ធិ ៤២១
សេចក្តីត្រិះរិះនៃអង្គុលិមាលចោរ ៤២៣
ព្រះបាទបសេនទិស្តេចចូលទៅគាល់ព្រះមានបុណ្យ ៤២៥
ការទ្រង់ចង្អុលបង្ហាញអង្គុលិមាលភិក្ខុ ៤២៧
ការក្រាបបង្គំលាព្រះមានព្រះភាគ ៤២៩
សច្ចវាចារបស់អង្គុលិមាលភិក្ខុ ៤៣១
ការគ្រវែងដុំដី និងដម្បង ជាដើម ៤៣៣
ឧទ្ទានរបស់ព្រះអង្គុលិមាល ៤៣៥
បិយជាតិកសូត្រ ទី៧ ៤៤១ sut.mn.087
ពួកអ្នកលេងល្បែងភ្នាល់ ៤៤១
ទ្រង់មានព្រះបន្ទូលហៅព្រះនាងមល្លិកា ៤៤៣
ការចូលទៅគាល់ព្រះមានព្រះភាគ ៤៤៥
ការពោលអំពីរឿងធ្លាប់មានមកហើយ ៤៤៧
ប្រស្នាប្រារព្ធសត្តសង្ខារជាទីស្រឡាញ់ ៤៥១
ឧទានរបស់ព្រះបាទបសេនទិកោសល ៤៥៤
ពាហិតិយសូត្រ ទី៨ ៤៥៧ sut.mn.088
ព្រះបាទបសេនទិ ទ្រង់មានព្រះបន្ទូលនឹងបុរសម្នាក់ ៤៥៧
ប្រស្នាប្រារព្ធកាយ វចី មនោសមាចារ ៤៥៩
ការលះបង់នូវអកុសលធម៌ទាំងពួង ៤៦៣
ប្រស្នាប្រារព្ធកុសលធម៌ទាំងពួង ៤៦៥
ការទទួលសំពត់ពាហិតិកា ៤៦៧
ការបានឃើញព្រះអានន្ទ ៤៦៩
ធម្មចេតិយសូត្រ ទី៩ ៤៧១ sut.mn.089
ស្តេចចូលទៅកាន់សួនច្បារ ៤៧១
ស្តេចចូលទៅគាល់ព្រះមានព្រះភាគ ៤៧៣
ការពោលអំពីការយល់ធម៌ ៤៧៥
ធម្មចេតិយភាសិត ៤៨៧
កណ្ណកត្ថលសូត្រ ទី១០ ៤៨៩ sut.mn.090
ចតុវណ្ណវិសេសបុច្ឆា ៤៨៩
អង្គនៃសេចក្តីព្យាយាម ៥ ៤៩៧
ទេវប្បញ្ហា ៥០១
បសេនទិកោសលបុច្ឆា ៥០៥
ឧទ្ទាន ៥០៧

1)
បានដល់ទិដ្ឋិ តណ្ហា និងមានៈទាំង៣។ អដ្ឋកថា។
2)
លទ្ធិពួកព្រាហ្មណ៍ថា អ្នកណាឃើញទីកន្លែងព្រះសម្មាសម្ពុទ្ធជាម្ចាស់ អ្នកនោះ ឈ្មោះថា អភ័ព្វ បានជាគេពោលថា ឃើញហេតុដែលគេមិនគួរឃើញ ដូច្នេះ។
3) , 4)
ត្រូវរក្សាសំដីនេះ ត្រូវរក្សាវាចានេះ បានសេចក្តីថា កុំនិយាយ។
5)
សំដៅយកវិបស្សនាញាណ និងមគ្គញ្ញាណ។ អដ្ឋកថា។
6)
គុហានេះ មានដើមលៀប ដុះនៅក្បែរមាត់ទ្វារ បានជា​ឲ្យឈ្មោះថា បិលក្ខគុហា។ អដ្ឋកថា។
7)
ភវៈ គឺសស្សតទិដ្ឋិ អភវៈ គឺឧច្ឆេទទិដ្ឋិ មួយយ៉ាងទៀត ភវៈ គឺសេចក្តីចំរើន អភវៈ គឺសេចក្តី​សាបសូន្យ ឬភវៈ គឺសេចក្តីសុខក្នុងកាម អភវៈ គឺសេចក្តីព្យាយាម ធ្វើខ្លួន​ឲ្យលំបាក ឥត​ប្រយោជន៍។ អដ្ឋកថា។
8)
១-២ ចូរមើលត្រង់​សាមញ្ញផលសូត្រ ក្នុងសៀវភៅទី១៤ ទំព័រ១៣១។
9) , 11)
10)
១-២-៣-៤ ចូរមើលត្រង់សាមញ្ញផលសូត្រ ក្នុងសៀវភៅទី១៤ ទំព័រ​១៣២។
12)
13)
14)
ចូរមើលត្រង់សាមញ្ញផលសូត្រ ក្នុងសៀវភៅទី១៤ ទំព័រ១៣២។
15)
សន្ទកបរិព្វាជក លុះបានស្តាប់ធម៌របស់ព្រះអានន្ទ​ហើយ ក៏សំគាល់ថា ពួកអាជីវកទាំងអស់ សុទ្ធតែជាមនុស្សស្លាប់ (ព្រោះជាអ្នកស្លាប់គំនិត ឬស្លាប់​ប្រយោជន៍ដែលត្រូវបាន) ឯម្តាយរបស់ពួកអាជីវកទាំងនោះ ឈ្មោះថា ជាស្រីស្លាប់កូន គឺថា កូនរបស់ស្រីនោះ កើតមកឥតប្រយោជន៍។ អដ្ឋកថា។
16)
ចូរមើលសេចក្តីប្រែ ក្នុងវិនយបិដក ភាគ៤ ទំព័រ៣៧៣ ឬសុត្តន្តបិដក ភាគ១៤ ទំព័រ១៨ចុះ។
17)
ជាឈ្មោះសាលា​សាធារណៈ សំរាប់ពួកសមណព្រាហ្មណ៍ ដែលមានលទ្ធិផ្សេងៗ ចូលទៅប្រជុំជជែកគ្នា ដែលជាទីកើតសេចក្តីរជួលរជើម។ បាលីហៅថា កោតុហលសាលាក៏មាន។ អដ្ឋកថា។
18)
សកុលុ​ទាយិបរិព្វាជក សរសើរចំពោះកាយវិវេក គឺការស្ងប់ស្ងាត់កាយ។ ប៉ុន្តែព្រះមានព្រះភាគ មានសេចក្តី​ស្ងប់ស្ងាត់៣យ៉ាង គឺស្ងប់ស្ងាត់កាយ១ ស្ងប់ស្ងាត់ចិត្ត១ ស្ងប់ស្ងាត់កិលេស១។ អដ្ឋកថា។
19)
អដ្ឋកថា ថា អស់ខែខាងក្នុងហេមន្តរដូវ និងគិម្ហរដូវ។ ចំណែក​ក្នុងវស្សានរដូវ ក៏ត្រូវតែចូលមកជ្រកទីកន្លែង ដែល​មានដម្បូល ឬម្លប់ ដើម្បីរក្សាត្រៃចីវរ។
20)
ហេតុសម្រាប់គ្របសង្កត់នូវបច្ចនិកធម៌ (ធម៌​ជាសត្រូវ) និងអារម្មណ៍។
21)
កសិណដែលត្រូវចំរើន ងើយមើល​ទៅខាងលើ។
22)
កសិណដែលត្រូវចំរើន ដាក់មុខមករកផែនដី។
23)
កសិណដែលត្រូវចំរើន ជុំវិញខេត្តមណ្ឌល។ អដ្ឋកថា។
24)
ពាក្យថា លោហៈ ជាឈ្មោះធាតុដែក ស្ពាន់ ទង់ដែងជាដើម លើកលែង​តែធាតុដីចេញ។
25)
ធ្វើទីងងឹតឲ្យភ្លឺ ធ្វើទីកំបាំងឲ្យទៅជាវាល ឬយឹតទីដែលមើលមិនឃើញ ឲ្យឃើញ។
26)
ត្រឡប់ធ្វើទី​ភ្លឺ ឲ្យងងឹត ធ្វើទីវាល ឲ្យទៅជាទីកំបាំង ឬទីដែលមើលឃើញ ធ្វើឲ្យ​ទៅជាទីមើលមិនឃើញ (វិសុទ្ធិមគ្គ ឥទ្ធិវិធនិទ្ទេស)។
27)
ហៅតាមគោត្រ របស់បរិព្វាជកនោះ។ កច្ចានៈ ប្រែថា ជនជា​ពូជ​ពង្ស​នៃកច្ចគោត្រ។
28)
ក្នុងអដ្ឋកថា ពន្យល់ថា កាលបើ​និយាយបែបនេះ អស់១រយឆ្នាំក្តី ១ពាន់ឆ្នាំក្តី ក៏រក​ប្រយោជន៍គ្មាន។
29)
ទេវតា ដែលយករស្មីចេញអំពីសរីរៈរបស់ខ្លួនជាពន្លឺ។
30)
ខ្សែអំបោះ ដែលគេយក​លំអិតថ្ម ឈ្មោះកុរុវិន្ទកៈ មកលាយ​នឹងល័ខ ហើយចងភ្ជាប់ត្រង់កណ្តាល (ខ្សែអំបោះ) ទុកតែត្រង់​ចុងខ្សែទាំង​សងខាង សម្រាប់កាន់ដុសកាយ ក្នុងវេលាដែលងូតទឹក។
31)
ហៅតាមគោត្រ ព្រោះឃដិការស្មូនឆ្នាំង ជាភគវគោត្រ។
32)
ចំនួន២០០រទេះ ត្រូវជា​មួយវាហៈ។ អដ្ឋកថា។
33)
ព្រះរដ្ឋបាលពោល​ដោយ​​ប្រៀបមាតាបិតាថាដូចព្រានម្រឹគ…
34)
ភ្លើងធាតុ ដែលកើតអំពីកម្ម។
35)
អ្នកទទួលទ្រព្យមត៌ក។
36)
ព្រៃស្វាយរបស់ព្រះរាជា ទ្រង់ព្រះនាមមឃទេវៈ។
37)
បុរសដែលញុំាងវង្សត្រកូល​ ឲ្យកើតនៅ ហៅថា គូនៃបុរសក្នុងទីនេះ។
38)
បានដល់ទិសតូចទាំង៤ គឺទិសឦសាន អគ្នេយ៍ និរតី ពាយព្យ។
39)
ព្រៃឈើហិង្គុ ឬជាព្រៃយក្ខិនី ឈ្មោះភេសកលា នៅរក្សាគ្រប់គ្រង។
40)
បានជាឈ្មោះថា កោកនុទៈ ព្រោះ​ប្រាសាទនោះ មានការរចនា មានលំអដូចជាផ្កាឈូកក្រហម។
41)
តេសន្តិប្បត្ថិ។
42)
ពួកសត្វដែលគេចិញ្ចឹម។
43)
ក្នុង​អដ្ឋកថា លោកពន្យល់ថា ព្រះអង្គទ្រង់ទំលាក់នូវគ្រឿង​វាយដំសត្វ​ចោលចេញហើយ ប្រព្រឹត្ត​ក្នុងធម៌៥យ៉ាងគឺ មេត្តា១ ខន្តី១ បដិសង្ខា (ការពិចារណា)១ អវិហឹសា១ សារាណីយធម៌១ បានជាព្រះអង្គប្រាប់​អង្គុលិមាលថា តថាគតឈប់ហើយ គឺឈប់ធ្វើអំពើអាក្រក់។
44)
ឈឺពោះ សម្រាលកូន។
45)
ពាក្យថា លោកៗ ក្នុងទីនេះ សំដៅយកខន្ធ ធាតុ អាយតនៈ របស់ខ្លួន។ អដ្ឋកថា។
46)
ពាក្យនេះ គហបតីនោះ អួតខ្លួន ឬលើកខ្លួនថា យល់ត្រូវជាងព្រះបរមគ្រូ។
47)
សំពត់ដែលកើតក្នុងដែន​ឈ្មោះពាហិតិ។ អដ្ឋកថា។
48)
អដ្ឋកថា ពន្យល់ថា បានជាឈ្មោះថា មេទឡុបៈដូច្នេះ ព្រោះនិគមនោះ មានកើតថ្មសម្បុរខាន់ៗ ដូចខ្លាញ់ខាប់។
49)
គឺសូរសំឡេង សៀមយកទៅប្រើក្លាយជា សូរសៀង។
50)
ក្នុងសូត្រ ឈ្មោះថា ឃដិការសូត្រ តែដល់​មកក្នុងឧទ្ទាន ឈ្មោះថា ជោតិសហាយកសូត្រវិញ លោកឲ្យឈ្មោះតាមរឿង ព្រោះស្មូនឆ្នាំងឈ្មោះ​ឃដិការ ជាសំឡាញ់របស់ជោតិបាលមាណព។
km/tipitaka/book_024.txt · ពេលកែចុងក្រោយ: 2023/03/16 11:05 និពន្ឋដោយ Johann