-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ២៥ - Book 25
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20170101 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០២៥ - Tipitaka Book 025, for change log on ati.eu see here: រាយការណ៍ ភាគ ០២៥
គំរូ ឯកសារ ផ្សេងទៀត ៖
book_025.pdf
លេខសម្គាល់
លេខទំព៍រ
ទ. 1
(មជ្ឈិមបណ្ណាស)
ឆដ្ឋភាគ
ភាគទី ២៥
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(៥. ព្រាហ្មណវគ្គោ)
(១. ព្រហ្មាយុសុត្តំ)
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែនវិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប។ សម័យនោះឯង ព្រហ្មាយុព្រាហ្មណ៍ នៅអាស្រ័យក្នុងនគរមិថិលា ជាមនុស្សជរា ព្រឹទ្ធា ចាស់ កន្លងកាលវែងឆ្ងាយ មកដល់បច្ឆិមវ័យហើយ មានអាយុ១២០ឆ្នាំ អំពីកំណើត ជាអ្នកចេះចប់នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះ និឃណ្ឌុ និងគម្ពីរឈ្មោះ កេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះ ឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកដឹងនូវវេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរលោកាយតៈ និងគម្ពីរមហាបុរិសលក្ខណៈ។ ព្រហ្មាយុព្រាហ្មណ៍ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវស្តេចមកកាន់ចារិក ក្នុងដែនវិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប ឯកិត្តិសព្ទល្អ នៃព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយ សុះសាយទៅយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង ដោយប្រពៃ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្ស ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់លែងត្រឡប់មកកាន់ត្រៃភពទៀតហើយ ព្រះមានព្រះភាគអង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមរបស់ព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះមានព្រះភាគ អង្គនោះ ទ្រង់សំដែងធម៌ មានលំអខាងដើម មានលំអកណ្តាល មានលំអខាងចុង បរិបូណ៌ដោយអត្ថ បរិបូណ៌ដោយព្យញ្ជនៈ ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ក៏ការបានចួបព្រះអរហន្ត ដែលមានសភាពដូច្នោះ ជាការប្រពៃពេកណាស់។
[២] សម័យនោះឯង ព្រហ្មាយុព្រាហ្មណ៍ មានកូនសិស្សម្នាក់ ឈ្មោះ ឧត្តរមាណព ជាអ្នកចេះចប់នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះនិឃណ្ឌុ និងគម្ពីរឈ្មោះកេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកដឹងនូវវេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរលោកាយតៈ និងគម្ពីរមហាបុរិសលក្ខណៈ។ គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ ហៅឧត្តរមាណពមកថា នែបាឧត្តរ ព្រះសមណគោតមនេះ ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវស្តេចមកកាន់ចារិក ក្នុងដែនវិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ៥០០រូប ឯកិត្តិសព្ទល្អ នៃព្រះសមណគោតម ដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុះសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង ដោយប្រពៃ។បេ។ ក៏ការបានចួបប្រទះ នូវព្រះអរហន្ត មានសភាពដូច្នោះ ជាការប្រពៃពេកណាស់ នែបាឧត្តរៈ អ្នកចូរមក ចូរអ្នកចូលទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរដឹងនូវព្រះសមណគោតមថា កិត្តិសព្ទនៃព្រះសមណគោតម ដ៏ចំរើននោះ ខ្ចរខ្ចាយសុះសាយទៅ មានដោយប្រការដូច្នោះមែឬ ឬថាមិនមែនដោយប្រការដូច្នោះទេ មួយទៀត ព្រះគោតមដ៏ចំរើននោះ ជាបុគ្គលប្រាកដដូច្នោះមែនឬ ឬថាមិនមែនជាបុគ្គលប្រាកដដូច្នោះទេ យើងនឹងប្រើអ្នក ឲ្យទៅមើលព្រះគោតមដ៏ចំរើននោះ។ ឧត្តរមាណពពោលថា បពិត្រលោកដ៏ចំរើន ចុះធ្វើម្តេច ខ្ញុំនឹងស្គាល់នូវព្រះគោតមដ៏ចំរើននោះថា កិត្តិសព្ទ នៃព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយសុះសាយទៅ មានដោយប្រការដូច្នោះមែនឬ ឬថាមិនមែនដោយប្រការដូច្នោះទេ មួយទៀត ព្រះគោតមដ៏ចំរើននោះ ជាបុគ្គលប្រាកដដូច្នោះឬ ឬថាមិនមែនជាបុគ្គលប្រាកដដូច្នោះទេ។ ព្រហ្មាយុព្រាហ្មណ៍ពោលថា នែបាឧត្តរៈ មហាបុរសប្រកបដោយមហាបុរិសលក្ខណៈទាំង៣២ ដែលមានមក ក្នុងមន្តវេទរបស់យើង រមែងមានតែគតិ២ យ៉ាងប៉ុណ្ណោះ មិនមែនខុសអំពីគតិ២យ៉ាងនោះទេ គឺថា បើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ ជាធម្មរាជប្រកបដោយធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ ជាទីបំផុត ឈ្នះអស់សត្រូវទាំងខាងក្នុង ខាងក្រៅ1) ដល់នូវការមាំមួន ក្នុងជនបទ ប្រកបដោយកែវទាំង៧ប្រការ ឯកែវទាំង៧ប្រការនេះ របស់ស្តេចចក្រពត្តិនោះគឺ ចក្កកែវ១ ដំរីកែវ១ សេះកែវ១ មណិកែវ១ ស្រីកែវ១ គហបតិកែវ១ បរិនាយកកែវ១ ជាគំរប់៧ មួយទៀត ព្រះរាជានោះ មានព្រះរាជបុត្រច្រើនជាងពាន់ ជាអ្នកក្លៀវក្លា មានសភាពអង់អាច អាចញាំញីនូវសេនានៃស្តេចដទៃបាន ព្រះរាជានោះ មានជ័យជំនះ នៅគ្រប់គ្រងផែនដីនេះ មានសាគរជាទីបំផុត ប្រកបដោយធម៌ មិនមានគ្រឿងវាយដំ មិនមានគ្រឿងកាប់ចាក់ បើចេញចាកផ្ទះ ចូលទៅកាន់ផ្នួសវិញ នឹងបានជាអរហន្តសម្មាសម្ពុទ្ធ បានបើកនូវដម្បូល2) គឺកិលេសក្នុងលោកហើយ នែបាឧត្តរៈ ចំណែកខាងខ្ញុំ ជាអ្នកតាក់តែងមន្ត អ្នកឯងជាអ្នកទទួលយកមន្តទៅ (សម្រាប់ធៀបមើល)។
[៣] ឧត្តរមាណព ទទួលស្តាប់ពាក្យរបស់ព្រហ្មាយុព្រាហ្មណ៍ថា បាទ លោកដ៏ចំរើន ហើយក្រោកចាកអាសនៈ សំពះព្រហ្មាយុព្រាហ្មណ៍ ធ្វើប្រទក្សិណ ហើយចេញទៅកាន់ចារិក សំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគ គង់នៅ ក្នុងដែនវិទេហៈ ក៏ត្រេចទៅកាន់ចារិក ដោយលំដាប់ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ ឧត្តរមាណព លុះអង្គុយក្នុងទីសមគួររួចហើយ ក៏ពិនិត្យមើលនូវមហាបុរិសលក្ខណៈទាំង៣២ ក្នុងព្រះកាយ នៃព្រះមានព្រះភាគ។ លុះឧត្តរមាណព បានឃើញមហាបុរិសលក្ខណៈទាំង៣២ ក្នុងព្រះកាយ នៃព្រះមានព្រះភាគដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុងមហាបុរិសលក្ខណៈទាំង២ប្រការនោះ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។
[៤] គ្រានោះ ព្រះមានព្រះភាគទ្រង់ព្រះតម្រិះដូច្នេះថា ឧត្តរមាណពនេះ បានឃើញនូវមហាបុរិសលក្ខណៈទាំង៣២ របស់តថាគតដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុងមហាបុរិសលក្ខណៈទាំង២ប្រការនោះ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់តាក់តែងនូវឥទ្ធាភិសង្ខារ ឲ្យឧត្តរមាណពបានឃើញ អវយវៈ របស់ព្រះអង្គ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម។ តមកទៀត ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ប៉ះពាល់ដល់រន្ធព្រះកាណ៍ទាំង២ផង ប៉ះពាល់ដល់រន្ធព្រះនាសិកទាំង២ផង ហើយទ្រង់យកព្រះជិវ្ហា បាំងមណ្ឌល នៃព្រះនលាដទាំងអស់។
[៥] គ្រានោះ ឧត្តរមាណព មានសេចក្តីត្រិះរិះដូច្នេះថា សមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ៣២ពិត បើដូច្នោះ មានតែអាត្មាអញ ដើរតាម នូវព្រះសមណគោតម នឹងបានឃើញឥរិយាបថរបស់ព្រះអង្គ។ ឯឧត្តរមាណព ក៏ជាប់តាមព្រះមានព្រះភាគ អស់៧ខែ ប្រៀបដូចជាស្រមោលជាប់តាមរូប។ លុះកន្លងខែ៧ទៅហើយ ទើបឧត្តរមាណព ចេញទៅកាន់ចារិក សំដៅទៅត្រង់នគរមិថិលា ក្នុងដែននៃពួកអ្នកវិទេហៈ ក៏ត្រេចទៅកាន់ចារិក ដោយលំដាប់ ហើយចូលទៅរកព្រហ្មាយុព្រាហ្មណ៍ ឯនគរមិថិលា លុះចូលទៅដល់ហើយ ក៏សំពះព្រហ្មាយុព្រាហ្មណ៍ រួចអង្គុយក្នុងទីសមគួរ។ លុះឧត្តរមាណព អង្គុយក្នុងទីសមគួរហើយ ព្រហ្មាយុព្រាហ្មណ៍ សួរដូច្នេះថា នែបាឧត្តរៈ ឯកិត្តិសព្ទ នៃព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុសសាយទៅ មានប្រការដូច្នោះ មិនខុសពិតមែនឬ មួយទៀត ព្រះគោតមដ៏ចំរើននោះ ជាបុគ្គលប្រាកដដូច្នោះ មិនមែនជាបុគ្គលប្រាកដដោយប្រការដទៃពិតមែនឬ។
[៦] ឧត្តរមាណពតបថា បពិត្រលោកដ៏ចំរើន កិត្តិសព្ទ នៃព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយ សុសសាយទៅ មានប្រការដូច្នោះ មិនខុសទេ មួយទៀត ព្រះគោតមដ៏ចំរើននោះ ជាបុគ្គលប្រាកដដូច្នោះពិត មិនមែនជាបុគ្គលប្រាកដ ដោយប្រការដទៃទេ បពិត្រលោកដ៏ចំរើន ឯព្រះគោតមដ៏ចំរើននោះឯង ប្រកបដោយមហាបុរិសលក្ខណៈ ទាំង៣២ គឺព្រះគោតមដ៏ចំរើននោះ មានព្រះបាទាប្រតិស្ឋានលើផែនដីស៊ប់ល្អ នេះជា មហាបុរិសលក្ខណៈ នៃមហាបុរស របស់ព្រះគោតមដ៏ចំរើននោះ១ ព្រះគោតមដ៏ចំរើននោះ មានកងចក្រកើតនៅត្រង់ផ្ទៃ នៃព្រះបាទខាងក្រោម មានកាំ១០០០ ព្រមទាំងខ្នងកង់ ព្រមទាំងដុំ ដ៏បរិបូណ៌ដោយអាការទាំងពួង១។ ព្រះគោតមដ៏ចំរើននោះ មានព្រះបណ្ហិ (កែងជើង) វែង១ ព្រះគោតមដ៏ចំរើននោះ មានម្រាមព្រះហស្ត និងម្រាមព្រះបាទវែង១ ព្រះគោតមដ៏ចំរើននោះ មានព្រះហស្ត និងព្រះបាទទន់ខ្ចី១ ព្រះគោតមដ៏ចំរើននោះ មានព្រះហស្ត និងព្រះបាទដូចជាសំណាញ់១ ព្រះគោតមដ៏ចំរើននោះ មានកព្រះបាទដូចជាអណ្តែតឡើង១ ព្រះគោតមដ៏ចំរើននោះ មានព្រះជង្ឃាដូចជាស្មង នៃសត្វទ្រាយ១ ព្រះគោតមដ៏ចំរើននោះ បើទ្រង់ឈរជាប្រក្រតី មិនបានឱនចុះ ហើយយកផ្ទៃព្រះហស្តទាំងពីរ ស្ទាបពាល់នូវព្រះជានុបាន១ ព្រះគោតមដ៏ចំរើននោះ មានព្រះអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះគោតមដ៏ចំរើននោះ មានសម្បុរព្រះកាយល្អ ដូចជាសម្បុរនៃមាស មានព្រះតចៈភ្លឺ ប្រហែលដោយមាស១ ព្រះគោតមដ៏ចំរើននោះ មានព្រះឆវីល្អិតម៉ត់ ព្រោះព្រះឆវីល្អិតម៉ត់ (នោះ) ទើបធូលី និងក្អែល មិនបានដិតជាប់ព្រះកាយឡើយ១ ព្រះគោតមដ៏ចំរើននោះ មានព្រះរោមតែមួយៗ គឺព្រះរោមទាំងឡាយតែមួយសរសៃៗ ដុះឡើងក្នុងរណ្តៅនៃរោមទាំងឡាយ១ ព្រះគោតមដ៏ចំរើននោះ មានចុងព្រះរោមកួចឡើងលើ គឺព្រះរោមទាំងឡាយ មានចុងងឡើង មានពណ៌ខៀវ ដូចជាពណ៌នៃផ្កាអញ្ជ័ន វិលទៅខាងស្តាំ ដូចជារង្វង់នៃកុណ្ឌល១ ព្រះគោតមដ៏ចំរើននោះ មានដងព្រះអង្គត្រង់ ដូចជាកាយមហាព្រហ្ម១ ព្រះគោតមដ៏ចំរើននោះ មានព្រះមំសៈ ដ៏ពេញកំពុងល្អ ក្នុងសរីរៈប្រទេស៧អន្លើ (ត្រង់ខ្នងព្រះហស្តទាំងពីរ ខ្នងព្រះបាទាទាំងពីរ ចង្កួយស្មាទាំងពីរ និងព្រះសុរង)១ ព្រះគោតមដ៏ចំរើននោះ មានព្រះកាយដូចជាកាយពាក់កណ្តាលខាងមុខ នៃសត្វសីហៈ១ ព្រះគោតមដ៏ចំរើននោះ មានចន្លោះព្រះអង្សា3) ពេញស្មើល្អ១ ព្រះគោតមដ៏ចំរើននោះ មានបរិមណ្ឌល នៃព្រះកាយស្មើគ្នា ដូចជាបរិមណ្ឌល នៃដើមជ្រៃ គឺព្រះកាយរបស់ព្រះអង្គប្រវែងប៉ុន្មាន ព្យាមរបស់ព្រះអង្គប្រវែងប៉ុណ្ណោះដែរ ព្យាមរបស់ព្រះអង្គប្រវែងប៉ុន្មាន កាយរបស់ព្រះអង្គ ក៏ប្រវែងប៉ុណ្ណោះដែរ១។ ព្រះគោតមដ៏ចំរើននោះ មានព្រះសុរងមូលស្មើ១ ព្រះគោតមដ៏ចំរើននោះ មានសរសៃល្អ សម្រាប់នាំនូវរស១ ព្រះគោតមដ៏ចំរើននោះ មានព្រះហនុ (ចង្កា) ដូចជាចង្កានៃសត្វសីហៈ១ ព្រះគោតមដ៏ចំរើននោះ មានព្រះទន្ត៤០គត់ ១ ព្រះគោតមដ៏ចំរើននោះ មានព្រះទន្តត្រឹមស្មើ១ ព្រះគោតមដ៏ចំរើននោះ មានព្រះទន្តមិនរង្វើល១ ព្រះគោតមដ៏ចំរើននោះ មានព្រះចង្កូមសស្អាត១ ព្រះគោតមដ៏ចំរើននោះ មានព្រះជិវ្ហាដ៏ល្មម១ ព្រះគោតមដ៏ចំរើននោះ មានព្រះសូរស័ព្ទ ដូចជាសំឡេងនៃព្រហ្ម មានព្រះវាចាពីរោះ ដូចជាសំឡេងនៃសត្វករវិក១ ព្រះគោតមដ៏ចំរើននោះ មានព្រះនេត្រខ្មៅយង់១ ព្រះគោតមដ៏ចំរើននោះ មានរោមព្រះនេត្រដូចជារោមភ្នែកនៃកូនគោ១ ព្រះឧណ្ណាលោម របស់ព្រះគោតមដ៏ចំរើននោះ ដុះក្នុងចន្លោះនៃព្រះភមូ (ចិញ្ចើម) មានពណ៌ស ទន់ល្វន់ ដូចជាសំឡី១ ព្រះគោតមដ៏ចំរើននោះ មានព្រះឧណ្ហិសៈ (ថ្ងាស ឬក្បាំង) និងព្រះសិរ្ស ដ៏បរិបូណ៌ នេះជា មហាបុរិសលក្ខណៈ នៃមហាបុរស របស់ព្រះគោតមដ៏ចំរើននោះ១។ បពិត្រលោកដ៏ចំរើន ព្រះគោតមដ៏ចំរើននោះ ប្រកបដោយមហាបុរិសលក្ខណៈ ទាំង៣២នេះឯង។ ព្រះគោតមដ៏ចំរើននោះ កាលដែលទ្រង់ពុទ្ធដំណើរទៅ រមែងទ្រង់ឈានព្រះបាទខាងស្តាំទៅជាមុន ព្រះអង្គលើកជំហានព្រះបាទមិនឆ្ងាយពេក ដាក់ព្រះបាទមិនជិតពេក ព្រះអង្គទ្រង់ពុទ្ធដំណើរទៅ មិនរហ័សពេក ទ្រង់ពុទ្ធដំណើរទៅ មិនយឺតពេក ទ្រង់ពុទ្ធដំណើរទៅ មិនទង្គិចព្រះជានុដោយព្រះជានុ ទ្រង់ពុទ្ធដំណើរទៅ មិនទង្គិចព្រះគោប្ផកៈ (ភ្នែកគោ) ដោយព្រះគោប្ផកៈ ព្រះគោតមនោះ កាលដែលទ្រង់ពុទ្ធដំណើរទៅ មិនលើកព្រះឧរុ (ភ្លៅ) ទៅខាងមុខ មិនសណ្តូកព្រះឧរុមកខាងក្រោយ មិនធ្វើព្រះឧរុ ឲ្យជាប់រឹងស្តូក មិនកែក្រាយព្រះឧរុ ព្រះគោតមដ៏ចំរើននោះ កាលដែលទ្រង់ពុទ្ធដំណើរទៅ មានព្រះកាយខាងលើ រឹងប៉ឹង មិនបានកំរើក មិនទ្រង់ពុទ្ធដំណើរទៅ ដោយកំឡាំងព្រះកាយឡើយ ព្រះគោតមដ៏ចំរើននោះ កាលដែលទតព្រះនេត្រ ក្រឡេកមើល រមែងក្រឡេកមើលទៅ ដោយទាំងកាយ ព្រះអង្គមិនបានងើយទតទៅខាងលើ មិនបានឈ្ងោកទតទៅខាងក្រោម ទ្រង់ពុទ្ធដំណើរទៅ មិនក្រឡេកទតទិសផ្សេងៗ ទ្រង់ក្រឡេកទតទៅតែប្រមាណមួយជួរនឹម4) ប៉ុន្តែឯញាណទស្សនៈ ដែលមិនមានអ្វីរាំងរា របស់ព្រះគោតមនោះ រមែងមានលើសលុប ជាងមួយជួរនឹមនោះឯង។ ព្រះគោតមនោះ កាលដែលចូលទៅកាន់ចន្លោះផ្ទះ មិនដកព្រះកាយឡើងលើ មិនបន្ទន់ព្រះកាយចុះក្រោម មិនទប់ទល់ព្រះកាយឲ្យរឹង មិនគ្រលែងព្រះកាយ។ ព្រះគោតមនោះ ទ្រង់បែរព្រះកាយមិនឆ្ងាយពេក មិនជិតពេក អំពីអាសនៈ ទ្រង់គង់លើអាសនៈ មិនយកបាតព្រះហស្តច្រត់អាសនៈ មិនផ្អែកព្រះកាយទៅលើអាសនៈ។ ព្រះគោតមនោះ កាលដែលទ្រង់គង់ក្នុងចន្លោះផ្ទះ មិនរពឹសព្រះហស្ត មិនរពឹសព្រះបាទា មិនគង់លើព្រះជានុតម្រួតលើព្រះជានុ មិនគង់លើព្រះគោប្ផកៈតម្រួតលើព្រះគោប្ផកៈ មិនគង់យកបាតព្រះហស្តទល់ព្រះហនុកៈ។ ព្រះគោតមនោះ កាលដែលទ្រង់គង់ក្នុងចន្លោះផ្ទះ តែងមិនរំភើប មិនញាប់ញ័រ មិនរន្ធត់ មិនតក់ស្លុត ព្រះអង្គជាបុគ្គលមិនរំភើបផង មិនញាប់ញ័រផង មិនរន្ធត់ផង មិនតក់ស្លុតផង ប្រាសចាកសេចក្តីព្រឺរោមផង មានព្រះហឫទ័យបែរទៅរកសេចក្តីស្ងាត់។ ព្រះគោតមដ៏ចំរើននោះ ទ្រង់គង់ក្នុងចន្លោះផ្ទះ កាលដែលទ្រង់ទទួលទឹកលាងបាត្រ មិនលើកបាត្រឡើង ឲ្យខ្ពស់ពេក មិនដាក់បាត្រឲ្យទាបពេក មិនទប់ទល់បាត្រឲ្យរឹង មិនគ្រលែងបាត្រ ព្រះអង្គទ្រង់ទទួលទឹកលាងបាត្រ មិនឲ្យតិចពេក មិនឲ្យច្រើនពេក។ ព្រះអង្គលាងបាត្រ មិនធ្វើឲ្យឮសូរខ្លូកខ្លូក ទ្រង់លាងបាត្រមិនបង្វិលបាត្រឲ្យវិលជុំវិញ មិនដាក់បាត្រលើផែនដី ហើយលាងព្រះហស្តឡើយ។ កាលដែលព្រះអង្គលាងព្រះហស្តហើយស្រេច បាត្រក៏លាងហើយស្រេចដែរ ឬកាលដែលលាងបាត្រហើយស្រេច ព្រះហស្តក៏លាងហើយស្រេចដែរ។ ព្រះអង្គទ្រង់ចាក់ទឹកលាងបាត្រ ក្នុងទីមិនឆ្ងាយពេក មិនជិតពេក ទ្រង់មិនបាចសាចផ្តេសផ្តាស។ កាលដែលព្រះអង្គទ្រង់ទទួលបាយ មិនលើកបាត្រឡើងឲ្យខ្ពស់ពេក មិនដាក់បាត្រឲ្យទាបពេក មិនទប់ទល់បាត្រឲ្យរឹង មិនគ្រលែងបាត្រ។ ព្រះអង្គ ទ្រង់ទទួលបាយមិនឲ្យតិចពេក មិនឲ្យច្រើនពេក។ មួយទៀត បពិត្រព្រះគោតមដ៏ចំរើននោះ ទ្រង់ទទួលម្ហូមហើយ ទ្រង់សោយភត្តដោយល្មម ប្រមាណដល់ម្ហូប5) មិនសោយម្ហូបឲ្យលើសលុបពំនូតភត្ត ឬមិនសោយភត្ត ឲ្យលើសលុបម្ហូបឡើយ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់គ្រលៀវពំនូតភត្ត ក្នុងព្រះឱស្ឋ កំណត់ត្រឹមពីរបីដង ហើយទ្រង់លេបទៅ។ ឯសាច់ភត្តបន្តិចបន្តួច ដែលមិនទាន់ល្អិត ក៏មិនចូលទៅកាន់ព្រះកាយរបស់ព្រះអង្គឡើយ។ លុះតែមិនសល់សាច់ភត្តបន្តិចបន្តួច នៅក្នុងព្រះឱស្ឋព្រះអង្គ។ ទើបព្រះអង្គបង្អោននូវពំនូតភត្តដទៃទៀត ឲ្យចូលទៅ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់សោយអាហារ ទ្រង់ឆ្ងាញ់ពិសាតែរសអាហារប៉ុណ្ណោះ មិនបានឆ្ងាញ់ពិសា ព្រោះតម្រេកក្នុងរសអាហារឡើយ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់សោយអាហារ ប្រកបដោយអង្គ៨ គឺទ្រង់សោយដើម្បីនឹងលេងក៏ទេ ដើម្បីនឹងឲ្យកើតសេចក្តីស្រវឹងក៏ទេ ដើម្បីនឹងប្រដាប់រាងកាយក៏ទេ ដើម្បីនឹងស្អិតស្អាងរាងកាយក៏ទេ ដើម្បីនឹងឲ្យតាំងនៅនៃកាយនេះ ដើម្បីនឹងញុំាងជីវិតិន្ទ្រិយឲ្យប្រព្រឹត្តទៅ ដើម្បីនឹងបំបាត់បង់ នូវនូវសេចក្តីលំបាក ដើម្បីនឹងអនុគ្រោះ ដល់ព្រហ្មចារ្យ ទ្រង់ពិចារណាថា អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ គឺសេចក្តីឃ្លានចេញផង នឹងញុំាងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តទៅ (នៃឥរិយាបថទាំង៤)ក្តី សេចក្តីមិនមានទោស (មានមិនច្រអូសកាយ មិនច្រអូសចិត្តជាដើម)ក្តី កិរិយានៅសប្បាយក្តី នឹងមានដល់អាត្មាអញ។ លុះព្រះអង្គសោយរួចហើយ កាលដែលទ្រង់ទទួលទឹកលាងបាត្រ មិនលើកបាត្រឡើងឲ្យខ្ពស់ពេក មិនដាក់បាត្រឲ្យទាបពេក មិនទប់ទល់បាត្រឲ្យរឹង មិនបានគ្រលែងបាត្រ។ ព្រះអង្គទ្រង់ទទួលទឹកលាងបាត្រ មិនឲ្យតិចពេក មិនឲ្យច្រើនពេក។ ព្រះអង្គលាងបាត្រ មិនធ្វើឲ្យឮសូរខ្លូកខ្លូក ទ្រង់លាងបាត្រមិនបង្វិលបាត្រឲ្យវិលជុំវិញ មិនដាក់បាត្រលើផែនដី ហើយលាងព្រះហស្តឡើយ។ កាលដែលលាងព្រះហស្តហើយស្រេច បាត្រក៏លាងហើយស្រេច កាលដែលលាងបាត្រហើយស្រេច ព្រះហស្តក៏លាងហើយស្រេចដែរ។ ព្រះអង្គទ្រង់ចាក់ទឹកលាងបាត្រ ក្នុងទីមិនឆ្ងាយពេក មិនជិតពេក ទ្រង់មិនបាចសាចផ្តេសផ្តាសឡើយ។ លុះព្រះអង្គសោយរួចហើយ មិនដាក់បាត្រលើផែនដី ទ្រង់ទុកបាត្រ ក្នុងទីមិនឆ្ងាយពេក មិនជិតពេក ព្រះអង្គ មិនមែនជាមិនត្រូវការដោយបាត្រទេ ទាំងទ្រង់រក្សាបាត្រ មិនឲ្យហួសវេលា។ លុះព្រះអង្គសោយរួចហើយ ទ្រង់គង់ស្ងៀមមួយស្របក់។ ព្រះអង្គ មិនញុំាងកាលនៃមនុស្ស អ្នកត្រូវការដោយអនុមោទនា ឲ្យកន្លងហួសទៅឡើយ។ លុះព្រះអង្គសោយរួចហើយ ទ្រង់អនុមោទនា មិនតិះដៀលភត្តនោះ មិនប្រាថ្នានូវភត្តដទៃទៀតឡើយ។ ព្រះអង្គ ទ្រង់ញុំាងបរិស័ទនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយពិត។ លុះព្រះអង្គទ្រង់ញុំាងបរិស័ទនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកអំពីអាសនៈ ចេញទៅ។ ព្រះអង្គទ្រង់ស្តេចទៅមិនបានលឿនពេក មិនបានតិចពេក ទ្រង់ស្តេចទៅ មិនប្រាថ្នានឹងឃ្លាតឆ្ងាយ អំពីបរិស័ទឡើយ។ ចីវរក្នុងកាយ របស់ព្រះគោតមដ៏ចំរើននោះ មិនឡើងលើពេក មិនចុះក្រោមពេក6) មិនទទឹកស្អិតជាប់នៅក្នុងកាយ ដោយញើសក្អែល ទាំងមិនរបូតចាកកាយឡើយ។ ខ្យល់7) ក៏មិនបក់សើយចីវរ អំពីកាយរបស់ព្រះគោតមដ៏ចំរើន។ ធូលី និងក្អែល ក៏មិនដិតជាប់ នៅក្នុងកាយរបស់ព្រះគោតមដ៏ចំរើននោះ។ ព្រះគោតមនោះ ស្តេចទៅកាន់អារាម ទ្រង់គង់លើអាសនៈ ដែលគេរៀបចំថ្វាយ លុះគង់រួចហើយ ទ្រង់លាងព្រះបាទ។ ព្រះគោតមដ៏ចំរើននោះ ទ្រង់មិនបានខ្វល់ខ្វាយ ក្នុងការប្រកបគ្រឿងប្រដាប់ព្រះបាទទេ។ លុះព្រះអង្គ ទ្រង់លាងព្រះបាទរួចហើយ ក៏គង់ផ្គត់ព្រះភ្នែន តម្កល់កាយឲ្យត្រង់ ផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ព្រះអង្គ មិនទ្រង់ព្រះតម្រិះ ដើម្បីបៀតបៀនខ្លួនឯង មិនទ្រង់ព្រះតម្រិះ ដើម្បីបៀតបៀនអ្នកដទៃ មិនទ្រង់ព្រះតម្រិះ ដើម្បីបៀតបៀនទាំងពីរខាង។ ព្រះគោតមដ៏ចំរើននោះ ទ្រង់គង់ត្រិះរិះតែអំពីប្រយោជន៍ នៃសត្វលោកទាំងអស់ គឺប្រយោជន៍ខ្លួន ប្រយោជន៍អ្នកដទៃ ឬប្រយោជន៍ទាំងពីរខាង។ ព្រះអង្គស្តេចទៅកាន់អារាម ទ្រង់សំដែងធម៌ ក្នុងកណ្តាលបរិស័ទ មិនបានលើកបញ្ជោរបរិស័ទនោះ មិនបានតិះដៀលបរិស័ទនោះ ទ្រង់ញុំាងបរិស័ទនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា តាមពិត។ ព្រះគោតមដ៏ចំរើននោះ ទ្រង់មានព្រះសូរសេង8) ប្រកបដោយអង្គ៨ លាន់ចេញអំពីព្រះឱស្ឋ គឺព្រះសូរសេងជ្រះស្រឡះ១ ញុំាងបុគ្គលឲ្យដឹងសេចក្តីច្បាស់១ ទន់ពីរោះ១ គួរស្តាប់១ ណែន១ មិនរាត់រាយ គឺព្រះសូរសេងមូល១ ក្រអួន១ កងរំពង១។ ព្រះគោតមដ៏ចំរើននោះ ទ្រង់ញុំាងបរិស័ទឲ្យដឹងច្បាស់ ដោយព្រះសូរសេងយ៉ាងណា ព្រះសូរសេងរបស់ព្រះគោតមនោះ ក៏មិនផ្សាយចេញទៅខាងក្រៅ អំពីបរិស័ទយ៉ាងនោះ។ ឯពួកបរិស័ទទាំងនោះ លុះព្រះគោតមដ៏ចំរើននោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ រមិលមើល មិនបានលះបង់ (នូវសេចក្តីសរសើរអំពីធម្មកថា) ហើយចៀសចេញទៅ ដោយពាក្យថា ម្នាលគ្នាយើង យើងបានឃើញព្រះគោតមដ៏ចំរើននោះ កំពុងស្តេចទៅ យើងបានឃើញព្រះគោតមទ្រង់ឈរ យើងបានឃើញព្រះគោតម ទ្រង់ចូលទៅកាន់ចន្លោះផ្ទះ យើងបានឃើញព្រះគោតមគង់ស្ងៀម ក្នុងចន្លោះផ្ទះ យើងបានឃើញព្រះគោតម កំពុងសោយក្នុងចន្លោះផ្ទះ យើងបានឃើញព្រះគោតមសោយរួចហើយ ទ្រង់គង់ស្ងៀម យើងបានឃើញព្រះគោតមសោយរួចហើយ ទ្រង់អនុមោទនា យើងបានឃើញព្រះគោតម ស្តេចមកកាន់អារាម យើងបានឃើញព្រះគោតមស្តេចទៅកាន់អារាមគង់ស្ងៀម យើងបានឃើញព្រះគោតមស្តេចទៅកាន់អារាម ទ្រង់សំដែងធម៌ ក្នុងកណ្តាលបរិស័ទ ព្រះគោតមដ៏ចំរើននោះ ប្រាកដដូច្នេះផង ប្រាដកដូច្នេះផង ក្រៃលែងជាងនោះទៅទៀតផង។
[៧] កាលបើឧត្តរមាណព ពោលយ៉ាងនេះហើយ ព្រហ្មាយុព្រាហ្មណ៍ ក៏ក្រោកអំពីអាសនៈ ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះត្រង់ទីដែលព្រះមានព្រះភាគគង់ បន្លឺនូវឧទានវាចា អស់វារៈ៣ដងថា សូមថ្វាយបង្គំព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ… សូមថ្វាយបង្គំព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ធ្វើដូចម្តេចហ្ន៎ យើងគប្បីបានចួបនឹងព្រះគោតមដ៏ចំរើននោះ ក្នុងកាលរឿយៗ ធ្វើដូចម្តេចហ្ន៎ គប្បីមានកថាសល្លាបៈណាមួយ។
[៨] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែនវិទេហៈ តាមលំដាប់ ក៏បានដល់នគរមិថិលា។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុង មឃទេវម្ពវ័ន (ព្រៃស្វាយ របស់ព្រះរាជា ព្រះនាម មឃទេវៈ) ជិតក្រុងមិថិលានោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងមិថិលា បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវស្តេចមកកាន់ចារិក ក្នុងដែនវិទេហៈ ជាមួយនឹងភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប មកដល់ក្រុងមិថិលា ទ្រង់គង់នៅក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលា ឯកិត្តិសព្ទល្អ នៃព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយ សុសសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹង ដោយព្រះអង្គឯង ដោយប្រពៃ ទ្រង់បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្ស ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់លែងត្រឡប់មកកាន់ត្រៃភពទៀតហើយ ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា ដ៏ឧត្តមដោយព្រះអង្គឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះអង្គទ្រង់សំដែងនូវធម៌ មានលំអខាងដើម មានលំអកណ្តាល មានលំអខាងចុង បរិបូណ៌ដោយអត្ថ បរិបូណ៌ដោយព្យញ្ជនៈ ទ្រង់ប្រកាស នូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ក៏ការបានចួបនឹងព្រះអរហន្ត មានសភាពដូច្នោះ ជាការប្រពៃពេកណាស់។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុងក្រុងមិថិលា ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រណម្យអញ្ជលី ទៅរកព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រកាសនាម និងគោត្រ ក្នុងសំណាក់នៃព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះស្ងៀម ហើយអង្គុយក្នុងទីសមគួរ។
[៩] ព្រហ្មាយុព្រាហ្មណ៍ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវគង់នៅក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលា។ ទើបព្រហ្មាយុព្រាហ្មណ៍ ចូលទៅកាន់មឃទេវម្ពវ័ន ជាមួយនឹងពួកមាណពជាច្រើន។ ព្រហ្មាយុព្រាហ្មណ៍ លុះដល់ទីជិតអម្ពវ័ន ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ដែលមិនបានថ្វាយដំណឹងជាមុន ហើយចូលទៅ ដើម្បីជួបព្រះសមណគោតម អំពើនេះ មិនសមគួរ ដល់អាត្មាអញឡើយ។ លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ ហៅមាណពម្នាក់មកថា នែមាណព អ្នកចូរមក អ្នកចូលទៅគាល់ព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរសួរព្រះសមណគោតម អំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័ស កំឡាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ សួរមកព្រះគោតមដ៏ចំរើន អំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័ស កំឡាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ ដូច្នេះ រួចហើយអ្នកចូរក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ ជាមនុស្សជរា ព្រឹទ្ធា ចាស់ កន្លងកាលវែងឆ្ងាយ មកដល់បច្ឆិមវ័យហើយ មានអាយុ១២០ឆ្នាំ អំពីកំណើត ជាអ្នកចេះចប់ នូវត្រៃវេទ ព្រមទាំងគម្ពីរ ឈ្មោះនិឃណ្ឌុ និងគម្ពីរ ឈ្មោះកេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរ ឈ្មោះឥតិហាសៈ ជាគំរប់៥ ជាអ្នកចេះនូវបទនៃវេទ ជាអ្នកចេះ នូវវេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរលោកាយតៈ និងគម្ពីរមហាបុរិសលក្ខណៈ ពួកព្រាហ្មណ៍ និងគហបតីដ៏ចំរើនទាំងអម្បាលម៉ាន តែងនៅអាស្រ័យ ក្នុងក្រុងមិថិលា ឯព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយភោគសម្ប័ទជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយមន្តវិជ្ជា ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយអាយុផង ដោយយសផង ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ឥឡូវគាត់ចង់ចួបនឹងព្រះគោតមដ៏ចំរើន។
[១០] មាណពនោះ ទទួលពាក្យរបស់ព្រហ្មាយុព្រាហ្មណ៍ថា បាទលោកដ៏ចំរើន ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតនៅក្នុងទីសមគួរ។ លុះមាណព ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ទូលសួរព្រះគោតមដ៏ចំរើន អំពីសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើង ដោយរហ័ស កំឡាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ ជាមនុស្សជរា ព្រឹទ្ធា ចាស់ កន្លងកាលវែងឆ្ងាយ មកដល់បច្ឆិមវ័យហើយ មានអាយុ១២០ឆ្នាំ អំពីកំណើត ជាអ្នកចេះចប់ នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះនិឃណ្ឌុ និងគម្ពីរឈ្មោះកេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកចេះនូវវេយ្យាករណ៍ ជាអ្នកមិនទើសទាល់ ក្នុងគម្ពីរលោកាយតៈ និងគម្ពីរមហាបុរិសលក្ខណៈ ពួកព្រាហ្មណ៍ និងគហបតីដ៏ចំរើនទាំងអម្បាលម៉ាន តែងនៅអាស្រ័យក្នុងក្រុងមិថិលា ឯព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយភោគសម្ប័ទជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយមន្តវិជ្ជា ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ព្រហ្មាយុព្រាហ្មណ៍ ប្រាកដជាប្រសើរ ដោយអាយុផង ដោយយសផង ជាងព្រាហ្មណ៍ និងគហបតីទាំងអម្បាលនោះ ឥឡូវគាត់ចង់ចួបនឹងព្រះគោតមដ៏ចំរើន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលមាណព ព្រហ្មាយុព្រាហ្មណ៍ ចូរសំគាល់នូវកាលគួរ នឹងមកឥឡូវនេះចុះ។ ទើបមាណពនោះ ចូលទៅរកព្រហ្មាយុព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រហ្មាយុព្រាហ្មណ៍ ដូច្នេះថា ព្រះសមណគោតម បានបើកឱកាស ដល់អ្នកដ៏ចំរើនហើយ អ្នកដ៏ចំរើន ចូរសំគាល់នូវកាលគួរនឹងទៅឥឡូវនេះចុះ។
[១១] គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ។ ឯបរិស័ទនោះ បានឃើញព្រហ្មាយុព្រាហ្មណ៍ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ថយចេញ បើកឱកាសឲ្យ ដូចជាបុគ្គល បើកឱកាសដល់បុគ្គល ដែលមានកេរ្តិ៍ឈ្មោះ មានយស។ លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ ពោលនឹងបរិស័ទនោះ ដូច្នេះថា នែអ្នកទាំងឡាយដ៏ចំរើន ណ្ហើយ ចូរអ្នកទាំងឡាយ អង្គុយលើអាសនៈ ជារបស់ខ្លួនចុះ ខ្ញុំនឹងអង្គុយក្នុងទីជិតព្រះសមណគោតម ក្នុងទីនេះ។ ទើបព្រហ្មាយុព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះព្រហ្មាយុព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ពិនិត្យមើល នូវមហាបុរិសលក្ខណៈទាំង៣២ក្នុងព្រះកាយ នៃព្រះមានព្រះភាគ។ ព្រហ្មាយុព្រាហ្មណ៍ ក៏បានឃើញ នូវមហាបុរិសលក្ខណៈទាំង៣២ ក្នុងព្រះកាយ នៃព្រះមានព្រះភាគ ដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុងមហាបុរិសលក្ខណៈ ទាំង២ប្រការនោះ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។9) លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ ពោលសរសើរព្រះមានព្រះភាគ ដោយគាថា ទាំងឡាយថា
មហាបុរិសលក្ខណៈទាំងឡាយណា ដែលខ្ញុំបានចេះដឹងមក ថាមាន៣២ប្រការ បពិត្រព្រះគោតម បណ្តាមហាបុរិសលក្ខណៈទាំងនោះ ខ្ញុំមិនឃើញនូវលក្ខណៈ២ប្រការ ក្នុងព្រះកាយនៃព្រះអង្គ បពិត្រព្រះអង្គ ទ្រង់ខ្ពង់ខ្ពស់ជាងជន អវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម ដ៏ប្រាកដស្មើ ដោយភេទស្ត្រី របស់ព្រះអង្គមានដែរឬ ព្រះជិវ្ហាមិនខ្លីរបស់ព្រះអង្គមានឬទេ យើងខ្ញុំបានដឹងមកយ៉ាងណា ព្រះអង្គជាបុគ្គលមានព្រះជិវ្ហាដ៏ល្មម (យ៉ាងនោះ) ដែរឬ សូមព្រះអង្គលៀន នូវព្រះជិវ្ហានុ៎ះ បន្តិចមកមើល បពិត្រព្រះអង្គ ទ្រង់ស្វែងរកនូវ គុណដ៏ប្រសើរ សូមព្រះអង្គបន្ទោបង់ នូវសេចក្តីសង្ស័យដល់យើងខ្ញុំ បើព្រះអង្គបើកឱកាសឲ្យហើយ យើងខ្ញុំសូមសួរ នូវប្រស្នាណានីមួយ ដែលយើងខ្ញុំត្រូវការ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តីសុខ ក្នុងលោកខាងមុខផង។
[១២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះ ដូច្នេះថា ព្រហា្មយុព្រាហ្មណ៍នេះ បានឃើញ នូវមហាបុរិសលក្ខណៈ ទាំង៣២ប្រការ របស់តថាគតដោយច្រើន វៀរតែមហាបុរិសលក្ខណៈ២ប្រការ ក៏សង្ស័យ ងឿងឆ្ងល់ មិនចូលចិត្ត មិនជ្រះស្រឡះ ក្នុងមហាបុរិសលក្ខណៈ ទាំង២ប្រការនោះ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ អណ្តាតដ៏ល្មម១។ ទើបព្រះមានព្រះភាគ ទ្រង់តាក់តែង នូវឥទ្ធាភិសង្ខារ ឲ្យព្រហា្មយុព្រាហ្មណ៍ បានឃើញ នូវអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោមរបស់ព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ប៉ះពាល់ដល់រន្ធព្រះកាណ៌ទាំងពីរផង ប៉ះពាល់ដល់រន្ធព្រះនាសិកទាំងពីរផង ហើយទ្រង់យកព្រះជិវ្ហាបាំងនូវមណ្ឌល នៃព្រះនលាដ (ថ្ងាស) ទាំងអស់។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រហា្មយុព្រាហ្មណ៍ ដោយគាថាទាំងឡាយថា
មហាបុរិសលក្ខណៈទាំងឡាយណា ដែលអ្នកបានចេះដឹងមកថា មាន៣២ប្រការ មហាបុរិសលក្ខណៈទាំងអស់នោះ មានក្នុងកាយនៃតថាគត ម្នាលព្រាហ្មណ៍ អ្នកកុំមានសេចក្តីសង្ស័យឡើយ ធម្មជាតិដែលគួរដឹងច្បាស់ តថាគត បានដឹងច្បាស់ហើយ ធម្មជាតដែលគួរចំរើន តថាគតបានចំរើនហើយ ធម្មជាតិដែលគួរលះបង់ តថាគត ក៏បានលះបង់ហើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ ទើបតថាគត ឈ្មោះថា ព្រះពុទ្ធ តថាគត បើកឱកាសឲ្យអ្នកហើយ អ្នកចូរសួរនូវប្រស្នាណានីមួយ ដែលអ្នកត្រូវការចុះ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បីសេចក្តីសុខ ក្នុងលោកខាងមុខផង។
[១៣] លំដាប់នោះ ព្រហ្មាយុព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ព្រះសមណគោតម បានបើកឱកាសឲ្យហើយ អាត្មាអញ គប្បីសួរព្រះសមណគោតម អំពីប្រយោជន៍ក្នុងបច្ចុប្បន្ន ឬប្រយោជន៍ក្នុងលោកខាងមុខ។ ទើបព្រហ្មាយុព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះទៀតថា អាត្មាអញ ជាបុគ្គលឈ្លាសវៃ ក្នុងប្រយោជន៍បច្ចុប្បន្ន ឯជនទាំងឡាយដទៃទៀត តែងសួរអាត្មាអញ អំពីប្រយោជន៍បច្ចុប្បន្នដែរ បើដូច្នោះ គួរតែអាត្មាអញ សួរព្រះសមណគោតម អំពីប្រយោជន៍ក្នុងបរលោកវិញចុះ។ ទើបព្រហ្មាយុព្រាហ្មណ៍ ពោលសួរព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា
បុគ្គលដូចម្តេច ហៅថាព្រាហ្មណ៍ បុគ្គលដូចម្តេច ហៅថា អ្នកចេះចប់នូវត្រៃវេទ បុគ្គលដូចម្តេច ហៅថា អ្នកមានត្រៃវិជ្ជា បុគ្គលដូចម្តេច ហៅថា អ្នកមានសួស្តី បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដូចម្តេច ហៅថា ព្រះអរហន្ត បុគ្គលដូចម្តេច ហៅថា អ្នកបរិបូណ៌ ដោយគុណទាំងអស់ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត បុគ្គលដូចម្តេច ហៅថា មុនិ បុគ្គលដូចម្តេច ដែលហៅថា ព្រះពុទ្ធ។
[១៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបនឹងព្រហ្មាយុព្រាហ្មណ៍វិញ ដោយគាថាទាំងឡាយថា
បុគ្គលណាដឹងនូវខន្ធ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ឃើញច្បាស់នូវឋានសួគ៌ និងអបាយ មួយទៀត បុគ្គលណា ដល់នូវកិរិយាអស់ទៅនៃជាតិ ដល់នូវទីបំផុតដោយអភិញ្ញា ជាអ្នកប្រាជ្ញ ដឹងច្បាស់នូវចិត្តដ៏បរិសុទ្ធ ជាចិត្តរួចស្រឡះហើយចាករាគៈ ដោយអាការទាំងពួង ជាអ្នកមានជាតិ និងមរណៈលះបង់ហើយ ជាអ្នកប្រកបដោយមគ្គព្រហ្មចរិយៈទាំងអស់ ជាអ្នកចេះចប់ នូវធម៌ទាំងអស់ បុគ្គលប្រាកដដូច្នោះ តថាគតហៅថា ព្រះពុទ្ធ។
[១៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រហ្មាយុព្រាហ្មណ៍ ក៏ក្រោកអំពីអាសនៈ ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបទៀបព្រះបាទា នៃព្រះមានព្រះភាគដោយក្បាល ជប់ព្រះបាទា នៃព្រះមានព្រះភាគ ដោយមាត់ផង ច្របាច់ដោយដៃផង បន្លឺឈ្មោះរបស់ខ្លួនថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះថា ព្រហ្មាយុព្រាហ្មណ៍ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះព្រហ្មាយុព្រាហ្មណ៍។ គ្រានោះ បរិស័ទនោះ ក៏មានសេចក្តីស្ងើច និងសេចក្តីស្ញប់ស្ញែងថា អើ អស្ចារ្យណាស់ហ្ន៎ អើចំឡែកណាស់ហ្ន៎ សមណៈ ពេញជាមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា ព្រហ្មាយុព្រាហ្មណ៍នេះ ជាអ្នកមានកេរ្តិ៍ឈ្មោះ មានយស ហើយធ្វើនូវសេចក្តីគោរពដ៏ក្រៃលែង មានសភាពដូច្នេះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រហ្មាយុព្រាហ្មណ៍ ដូច្នេះថា ម្នាលព្រាហ្មណ៍ ល្មមហើយ អ្នកចូរក្រោកឡើង ចូរអង្គុយលើអាសនៈ របស់ខ្លួនចុះ ព្រោះចិត្តរបស់អ្នក ជ្រះថ្លានឹងតថាគតហើយ។ សម័យនោះ ព្រហ្មាយុព្រាហ្មណ៍ ក្រោកឡើង អង្គុយលើអាសនៈជារបស់ខ្លួន។
[១៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែង អនុបុព្វីកថា ដល់ព្រហ្មាយុព្រាហ្មណ៍ គឺ ទ្រង់ប្រការនូវទានកថា សីលកថា សគ្គកថា និងទោសរបស់កាម ជាទោសដ៏លាមក សៅហ្មង និងអានិសង្ស ក្នុងការចេញចាកកាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ព្រហ្មាយុព្រាហ្មណ៍ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណធម៌ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ទ្រង់ត្រាស់នូវធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខ១ សមុទ័យ១ និរោធ១ មគ្គ១ ក្នុងកាលនោះ។ សំពត់ស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរទទួល នូវគ្រឿងជ្រលក់ ដោយល្អបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើង ដល់ព្រហ្មាយុព្រាហ្មណ៍ លើអាសនៈនោះឯងថា ធម្មជាតិណានីមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ រមែងរលត់ទៅវិញជាធម្មតា ក៏យ៉ាងនោះដែរ។
[១៧] គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ បានឃើញចតុស្សច្ចធម៌ហើយ បានដល់ចតុស្សច្ចធម៌ហើយ បានដឹងចតុស្សច្ចធម៌ហើយ បានចុះចិត្តស៊ប់ កាន់ចតុស្សច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនា របស់ព្រះសាស្តា ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចបុគ្គលផ្ងារឡើង នូវរបស់ដែលផ្កាប់ទុក ឬបើកឡើង នូវរបស់ដែលបិទបាំងទុក ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់មនុស្សអ្នកវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែក រមែងមើលឃើញនូវរូបទាំងឡាយ ព្រះធម៌ ដែលព្រះគោតមដ៏ចំរើន បានសំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត តាំងពីថ្ងៃនេះតទៅ មួយទៀត សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលនូវភត្ត របស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព។
[១៨] គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ លុះរាត្រីនោះកន្លងទៅ ព្រហ្មាយុព្រាហ្មណ៍ ឲ្យតាក់តែងខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ក្នុងផ្ទះរបស់ខ្លួនរួចហើយ ឲ្យមនុស្សទៅក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ផ្ទះ របស់ព្រហ្មាយុព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេរៀបចំថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះ ព្រហ្មាយុព្រាហ្មណ៍ បានញុំាងភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែភិក្ខុសង្ឃហាមឃាត់ ដោយខាទនីយ ភោជនីយាហារ ដ៏ផ្ចិតផ្ចង់ ដោយដៃនៃខ្លួន អស់៧ថ្ងៃ។ លុះថ្ងៃ៧កន្លងទៅហើយ ទើបព្រះមានព្រះភាគ ក៏ស្តេចចេញទៅកាន់ចារិក ក្នុងដែនវិទេហៈ។
[១៩] គ្រានោះ កាលដែលព្រះមានព្រះភាគ ទ្រង់ស្តេចចេញទៅមិនយូរប៉ុន្មាន ព្រហ្មាយុព្រាហ្មណ៍ ក៏ធ្វើមរណកាល។ លំដាប់នោះ ពួកភិក្ខុជាច្រើន ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មាយុព្រាហ្មណ៍ ធ្វើមរណកាលហើយ គតិរបស់គាត់ដូចម្តេច បរលោកដូចម្តេច។
[២០] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រហ្មាយុព្រាហ្មណ៍ ជាបណ្ឌិត បាននូវធម៌10) ព្រមទាំងអនុធម៌11) ហើយមិនបានញុំាងតថាគតឲ្យលំបាក ព្រោះធម៌ជាហេតុ ព្រហ្មាយុព្រាហ្មណ៍ ជាឱបបាតិកៈកំណើត ព្រោះអស់ទៅនៃសញ្ញោជនៈ ជាចំណែកខាងក្រោម ទាំង៥ ហើយបរិនិព្វាន ក្នុងលោកនោះ មានសភាពជាអ្នកមិនត្រឡប់ចាកលោកនោះ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយហើយ ចំពោះភាសិត នៃព្រះមានព្រះភាគ។
ចប់ ព្រហ្មាយុសូត្រ ទី១។
(២. សេលសុត្តំ)
[២១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងអង្គុត្តរាបជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួនភិក្ខុ ១.២៥០ រូប ទ្រង់ស្តេចទៅដល់អាបណនិគម នៃអង្គុត្តរាបជនបទ។ កេណិយជដិល បាន់ដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវទ្រង់ស្តេចមកកាន់ចារិក ក្នុងអង្គុត្តរាបជនបទ មួយអន្លើ ដោយភិក្ខុសង្ឃច្រើន ចំនួនភិក្ខុ ១.២៥០ រូប ទ្រង់ស្តេចមកដល់អាបណនិគមហើយ កិត្តិស័ព្ទល្អ នៃព្រះគោតមដ៏ចំរើននោះ សុះសាយទៅយ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គជាព្រះអរហន្ត ទ្រង់ត្រាស់ដឹងដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរ ដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មានបាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត ព្រះសមណគោតមអង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះអង្គ សំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ទ្រង់ប្រកាសព្រហ្មចរិយៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ការបានឃើញព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការប្រពៃពេក។
[២២] គ្រានោះ កេណិយជដិល ចូលទៅគាល់ព្រះមានបុណ្យ លុះចូលទៅដល់ហើយ ក៏និយាយពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយព្រះមានបុណ្យ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ ព្រះមានបុណ្យ ទ្រង់សំដែងពន្យល់កេណិយជដិល ដែលអង្គុយក្នុងទីសមគួរ ឲ្យយល់ (ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក) ឲ្យជឿជាក់ (ក្នុងកុសលធម៌) ឲ្យសង្វាត (ធ្វើការកុសល) ឲ្យរីករាយ (ដោយគុណ ដែលមានក្នុងខ្លួន) ដោយធម្មីកថា។ លុះព្រះមានព្រះភាគ ទ្រង់ពន្យល់កេណិយជដិល ឲ្យយល់ ឲ្យជឿជាក់ ឲ្យសង្វាត ឲ្យរីករាយ ដោយធម្មីកថាហើយ កេណិយជដិល ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា សូមព្រះគោតមដ៏ចំរើន ទទួលភត្តាហារ របស់ខ្ញុំព្រះអង្គ មួយអន្លើ ដោយភិក្ខុសង្ឃ ក្នុងថ្ងៃស្អែក។ កាលបើកេណិយជដិល ក្រាបបង្គំទូល យ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានឹងកេណិយជដិល ដូច្នេះថា ម្នាលកេណិយៈ ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែកអ្នក ក៏ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ទៅហើយ។ កេណិយជដិល ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដង ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែកខ្លួនខ្ញុំព្រះអង្គ ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ ក៏មែនពិតហើយ តែបើទុកជាដូច្នោះ ក៏សូមព្រះគោតមដ៏ចំរើន ទទួលភត្តាហារ របស់ខ្ញុំព្រះអង្គ មួយអន្លើ ដោយភិក្ខុសង្ឃ ក្នុងថ្ងៃស្អែកឲ្យទាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកេណិយជដិល ជាគំរប់ពីរដង ដូច្នេះថា ម្នាលកេណិយៈ ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែកអ្នក ក៏ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ទៅហើយ។ កេណិយជដិល ក្រាបបង្គំទូលព្រះមានបុណ្យ ជាគំរប់បីដង ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុសង្ឃមានច្រើន ចំនួនភិក្ខុ ១.២៥០រូប ចំណែកខ្ញុំព្រះអង្គ ធ្លាប់មានសេចក្តីជ្រះថ្លា ចំពោះពួកព្រាហ្មណ៍ ក៏ពិតមែនហើយ តែបើទុកជាដូច្នោះ ក៏សូមព្រះគោតមដ៏ចំរើន ទទួលភត្តាហារ របស់ខ្ញុំព្រះអង្គ មួយអន្លើ ដោយភិក្ខុសង្ឃ ក្នុងថ្ងៃស្អែកឲ្យទាន។ ព្រះមានបុណ្យ ទ្រង់ទទួលដោយតុណ្ហីភាព។ លំដាប់នោះ កេណិយជដិលដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកអំពីអាសនៈ ចូលទៅកាន់អាស្រមរបស់ខ្លួន លុះចូលទៅដល់ហើយ ហៅពួកមិត្រអាមាត្យ និងញាតិសាលោហិត (មកនិយាយថា) សូមមិត្រអាមាត្យ និងញាតិសាលោហិត ដ៏ចំរើនទាំងឡាយ ស្តាប់ (ពាក្យខ្ញុំ) ដ្បិតខ្ញុំបាននិមន្តព្រះសមណគោតម មកទទួលភត្ត ក្នុងថ្ងៃស្អែក មួយអន្លើដោយភិក្ខុសង្ឃ ចូរអ្នកទាំងឡាយ ខ្វល់ខ្វាយបម្រើដោយកាយ តាមយើង។ ពួកមិត្រអាមាត្យ និងញាតិសាលោហិត របស់កេណិយជដិល ទទួលស្តាប់ពាក្យកេណិយជដិលថា បាទ លោកដ៏ចំរើន ហើយពួកខ្លះ ជីកគុកធ្វើចង្ក្រាន ពួកខ្លះពុះឧស ពួកខ្លះលាងភាជន៍ ពួកខ្លះតម្កល់ក្អមទឹក ពួកខ្លះក្រាលអាសនៈ។ ឯកេណិយជដិល ចាត់ចែងបារាំ មានសណ្ឋានមូល12) ដោយខ្លួនឯង។
[២៣] សម័យនោះឯង សេលព្រាហ្មណ៍ អាស្រ័យនៅក្នុងអាបណនិគម ជាអ្នកចេះចប់ត្រៃវេទ គឺឥរុវេទ យជុវេទ និងសាមវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នករៀននូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ តែងបង្រៀន នូវមន្តទាំងឡាយ ដល់ពួកមាណពជំទង់ៗ ចំនួន ៣០០នាក់។ សម័យនោះ កេណិយជដិល ជាអ្នកជ្រះថ្លា ចំពោះសេលព្រាហ្មណ៍។ គ្រានោះ សេលព្រាហ្មណ៍ មានពួកមាណពជំទង់ៗ ចំនួន ៣០០នាក់ហែហម ដើរត្រាច់ចុះឡើង ដើម្បីសម្រួលស្មង ហើយក៏ចូលទៅអាស្រមរបស់កេណិយជដិល។ សេលព្រាហ្មណ៍ បានឃើញមនុស្សពួកខ្លះ កំពុងជីកគុកធ្វើចង្ក្រាន ពួកខ្លះកំពុងពុះឧស ពួកខ្លះ កំពុងលាងភាជន៍ ពួកខ្លះកំពុងតម្កល់ក្អមទឹក ពួកខ្លះកំពុងក្រាលអាសនៈ ជិតអាស្រមរបស់កេណិយជដិល បានឃើញកេណិយជដិល កំពុងចាត់ចែងបារាំង មានសណ្ឋានមូលដោយខ្លួនឯង លុះឃើញហើយ ក៏សួរកេណិយជដិលដូច្នេះថា លោកកេណិយជដិលដ៏ចម្រើន មានអាពាហ៍ពិពាហ៍ ឬតាំងមហាយ័ញ្ញ ឬអញ្ជើញព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងពួកពល ដើម្បីជប់លៀង ក្នុងថ្ងៃស្អែក ឬអ្វីហ្ន៎។ កេណិយជដិលនិយាយថា បពិត្រលោកសេលៈដ៏ចម្រើន ខ្ញុំមិនមានអាពាហ៍ពិពាហ៍ មិនអញ្ជើញព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងពួកពល ដើម្បីជប់លៀងក្នុងថ្ងៃស្អែកទេ ខ្ញុំតាំងមហាយ័ញ្ញទេតើ ដ្បិតព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួសហើយ ទ្រង់ត្រាច់មកកាន់ចារិក ក្នុងអង្គុត្តរាបជនបទ មួយអន្លើ ដោយភិក្ខុសង្ឃជាច្រើន ចំនួនភិក្ខុ ១.២៥០រូប ឥឡូវទ្រង់ស្តេចមកដល់អាបណនិគមហើយ កិត្តិស័ព្ទនៃព្រះគោតមដ៏ចម្រើននោះ ខ្ចរខ្ចាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គជាព្រះអរហន្ត ទ្រង់ត្រាស់ដឹងដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មានបាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត ខ្ញុំបាននិមន្តព្រះសមណគោតម អង្គនោះ មួយអន្លើ ដោយភិក្ខុសង្ឃ ដើម្បីភត្តកិច្ច ក្នុងថ្ងៃស្អែក។ សេលព្រាហ្មណ៍ សួរថា ម្នាលកេណិយៈដ៏ចម្រើន អ្នកនិយាយថា ព្រះពុទ្ធឬ។ កេណិយជដិល ឆ្លើយថា បពិត្រលោកសេលៈដ៏ចម្រើន ខ្ញុំនិយាយថា ព្រះពុទ្ធ។ សេលព្រាហ្មណ៍ សួរថា ម្នាលកេណិយៈដ៏ចម្រើន អ្នកនិយាយថា ព្រះពុទ្ធឬ។ កេណិយជដិល ឆ្លើយថា បពិត្រលោកសេលៈដ៏ចំរើន ខ្ញុំនិយាយថា ព្រះពុទ្ធ។ លំដាប់នោះ សេលព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះថា សូរសព្ទបែបនេះ រកបានដោយកម្រក្នុងលោក ពាក្យថា ព្រះពុទ្ធ ដូច្នេះ មានមកក្នុងមន្ត របស់យើងថា មហាបុរស ដែលប្រកបដោយមហាបុរិសលក្ខណៈ ៣២ប្រការ តែងមានគតិ ២យ៉ាង ជាប្រាកដ មិនមែនដទៃឡើយ គឺថា បើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ ជាធម្មិកធម្មរាជ គ្រប់គ្រងផែនដី ដែលមានសមុទ្រទាំង៤ ជាព្រំប្រទល់ ជាស្តេចឈ្នះសង្គ្រាម ដល់នូវសេចក្តីមាំមួន ក្នុងជនបទ ប្រកបដោយរ័តន៍ទាំង៧ប្រការ មហាបុរសនោះ រមែងមានរ័តន៍ ទាំង៧ប្រការនេះ គឺចក្ករ័តន៍ ហត្ថិរ័តន៍ អស្សរ័តន៍ មណិរ័តន៍ ឥត្ថីរ័តន៍ គហបតិរ័តន៍ និងបរិនាយករ័តន៍ ជាគំរប់៧ មួយទៀត មហាបុរសនោះ មានរាជបុត្រច្រើន ជាងពាន់ ជាបុត្រដ៏ក្លៀវក្លា មានសភាពជាអ្នកប្រកបដោយព្យាយាម អាចញាំញី នូវសេនារបស់ស្តេចដទៃបាន មហាបុរសនោះ ត្រួតត្រា នូវផែនដីនេះ ដែលមានសាគរជាទីបំផុត ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្ត្រាឡើយ បើមហាបុរសនោះ ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបានជាព្រះអរហន្ត សម្មាសម្ពុទ្ធក្នុងលោក មានដំបូល គឺកិលេសបើកហើយ ម្នាលកេណិយៈដ៏ចំរើន ចុះឥឡូវនេះ ព្រះគោតមដ៏ចំរើន ជាអរហន្ត សម្មាសម្ពុទ្ធនោះ នៅឯណា។
[២៤] កាលបើសេលព្រាហ្មណ៍ និយាយយ៉ាងនេះហើយ កេណិយជដិល លើកដៃខាងស្តាំឡើង និយាយប្រាប់សេលព្រាហ្មណ៍ ដូច្នេះថា បពិត្រលោកសេលៈដ៏ចម្រើន ព្រះអង្គគង់នៅឯជួរព្រៃ មានពណ៌ខៀវៗឯណោះ។ លំដាប់នោះ សេលព្រាហ្មណ៍ ចូលទៅគាល់ព្រះមានបុណ្យ ជាមួយនឹងពួកមាណពជំទង់ ៣០០នាក់។ ទើបសេលព្រាហ្មណ៍ ហាមប្រាមពួកមាណពទាំងនោះថា ចូរអ្នកដ៏ចម្រើនទាំងឡាយ មានសំឡេងតិចៗ ដើរមក ចូរអ្នកដ៏ចំរើនទាំងឡាយ ថ្នមជើងរាល់ៗជំហាន តាំងពីចម្ងាយ បណ្តើរៗទៅ ចូរអ្នកដ៏ចំរើនទាំងនោះ ធ្វើដូចជាសីហៈ ត្រេចទៅតែម្នាក់ឯង កាលណាបើខ្ញុំត្រូវប្រឹក្សា មួយអន្លើ ដោយព្រះសមណគោតមដ៏ចំរើន អ្នកដ៏ចម្រើនទាំងឡាយ កុំធ្វើពាក្យរបស់ខ្ញុំ ឲ្យដាច់ក្នុងចន្លោះៗឡើយ ចូរអ្នកដ៏ចម្រើនទាំងឡាយ បង្អង់ចាំខ្ញុំនិយាយចប់សិន។ លំដាប់នោះ សេលព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយពាក្យរាក់ទាក់ សំណេះសំណាល មួយអន្លើ ដោយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសេលព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ពិចារណាមើល នូវមហាបុរិសលក្ខណៈ ទាំង៣២ ក្នុងព្រះកាយ របស់ព្រះដ៏មានបុណ្យ។ សេលព្រាហ្មណ៍ បានឃើញមហាបុរិសលក្ខណៈ ទាំង៣២ ក្នុងព្រះកាយ របស់ព្រះមានបុណ្យដោយច្រើន លើកលែងតែមហាបុរិសលក្ខណៈ ២ប្រការ ចេញ ក៏មានសេចក្តីសង្ស័យ ងឿងឆ្ងល់ មិនអស់ចិត្ត មិនជ្រះថ្លាស៊ប់ ក្នុងមហាបុរិសលក្ខណៈ ទាំង២ប្រការ (នោះ) គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ព្រះជិវ្ហាដ៏ល្មម១។
[២៥] គ្រានោះ ព្រះមានបុណ្យ មានសេចក្តីត្រិះរិះ ដូច្នេះថា សេលព្រាហ្មណ៍នេះ ឃើញមហាបុរិសលក្ខណៈ ទាំង៣២ប្រការ របស់តថាគត ដោយច្រើន លើកលែងតែមហាបុរិសលក្ខណៈ ២ប្រការ ប៉ុណ្ណោះ ក៏មានសេចក្តីសង្ស័យ ងឿងឆ្ងល់ មិនអស់ចិត្ត មិនជ្រះថ្លាស៊ប់ ក្នុងមហាបុរិសលក្ខណៈ ទាំង២ប្រការ គឺអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ឋិតនៅក្នុងស្រោម១ ជិវ្ហាដ៏ល្មម១។ ទើបព្រះមានបុណ្យ សំដែងនូវឥទ្ធានុភាព មានសភាពដូច្នោះ ឲ្យសេលព្រាហ្មណ៍ បានឃើញអវយវៈ ដែលត្រូវលាក់ក្នុងសំពត់ ដែលឋិតនៅក្នុងស្រោមរបស់ព្រះអង្គ។ លំដាប់ពីនោះមក ព្រះមានព្រះភាគ ទ្រង់លៀនព្រះជិវ្ហា ឲ្យទៅដដុសនឹងរន្ធព្រះកាណ៌ទាំងពីរផង ឲ្យទៅដដុសនឹងរន្ធព្រះនាសិកទាំងពីរផង មិនតែប៉ុណ្ណោះ ទ្រង់បញ្ចេញព្រះជិវ្ហា ទៅបាំងមណ្ឌល នៃព្រះនលាដទាំងអស់ផង។
[២៦] គ្រានោះ សេលព្រាហ្មណ៍ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះសមណគោតម ព្រះអង្គប្រកបដោយមហាបុរិសលក្ខណៈ ទាំង៣២ប្រការ ពេញលេញ ឥតខ្វះខាតមែនហើយ តែអាត្មាអញ មិនទាន់ស្គាល់ព្រះសមណគោតមនោះ ថាជាព្រះពុទ្ធ ឬមិនមែនជាព្រះពុទ្ធនៅឡើយទេ អាត្មាអញ គ្រាន់តែបានឮពាក្យនុ៎ះ អំពីសំណាក់ពួកព្រាហ្មណ៍ ព្រឹទ្ធាចារ្យ ចាស់ទុំ ជាអាចារ្យប្រធានលើអាចារ្យ និយាយថា ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណា មានក្នុងលោក កាលបើមានគេសរសើរគុណរបស់ព្រះអង្គ ព្រះអរហន្តសម្មាសម្ពុទ្ធអង្គនោះ រមែងធ្វើនូវខ្លួន (របស់ព្រះអង្គ) ឲ្យជាក់ច្បាស់ បើដូច្នោះ គួរតែអាត្មាអញ សរសើរព្រះសមណគោតម ដោយគាថាទាំងឡាយ ដ៏សមគួរក្នុងទីចំពោះព្រះភក្ត្រព្រះអង្គ។ លំដាប់នោះ សេលព្រាហ្មណ៍ និយាយសរសើរ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគថា
បពិត្រព្រះមានបុណ្យ ព្រះអង្គមានព្រះកាយពេញលេញ មានព្រះសរីរៈល្អ មានកំពស់ និងទំហំសមសួន អ្នកផងមើលមិនចេះឆ្អែតឆ្អន់ មានសម្បុរដូចមាស មានព្រះទាឋា សស្អាត ទ្រង់ប្រកបដោយសេចក្តីព្យាយាម មហាបុរិសលក្ខណៈទាំងឡាយ ដែលមានដល់ជនអ្នកមានកំណើតល្អយ៉ាងណា មហាបុរិសលក្ខណៈទាំងអស់នោះ ក៏មានក្នុងព្រះកាយ របស់ព្រះអង្គ យ៉ាងនោះដែរ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្ត្រស្រស់បស់ មានព្រះអង្គាវយវៈត្រង់ ដូចជាអង្គព្រហ្ម មានព្រះរស្មី មានព្រះញាណដ៏ល្អ ទ្រង់ខ្លាចភ័យក្នុងសង្សារវដ្ត ទ្រង់មានព្រះតចៈភ្លឺដូចមាស រុងរឿងកណ្តាលពពួកសមណៈ ដូចជាព្រះអាទិត្យ ព្រះអង្គមានពន្លឺដ៏ថ្លៃថ្លាយ៉ាងនេះ ត្រូវការអ្វីដោយសមណភាព គួរណាស់តែសោយរាជ្យ ជាស្តេចចក្រពត្តិ (ទូន្មានប្រជាជន ឲ្យត្រឹមត្រូវតាមធម៌) ដូចជាសារថីដ៏ឧត្តម ទ្រង់គ្រប់គ្រងផែនដី រហូតដល់សមុទ្រទាំង៤ ជាទីបំផុត ជាស្តេចឈ្នះសង្គ្រាម ជាឥស្សរៈនៃជម្ពូទ្វីប ពួកខត្តិយជាតិ ដែលសោយរាជ្យ ដោយភោគសម្ប័ទ ចូលមកជាក្សត្រិយ៍ចំណុះព្រះអង្គ បពិត្រព្រះគោតម សូមព្រះអង្គសោយរាជសម្បត្តិ ជាព្រះរាជាធិរាជដ៏ធំជាងមនុស្ស (ព្រះមានព្រះភាគ) ត្រាស់ថា ម្នាលសេលព្រាហ្មណ៍ តថាគត ជាស្តេចព្រោះធម៌ ប្រសើរដោយគុណ ឥតបុគ្គលណាស្មើ ញុំាងចក្រ ជាចក្រដែលបុគ្គលដទៃឲ្យប្រព្រឹត្តទៅមិនកើត ឲ្យប្រព្រឹត្តទៅតាមធម៌បាន (សេលព្រាហ្មណ៍ ក្រាបបង្គំទូលថា បើដូច្នោះ) ព្រះអង្គជាព្រះសម្ពុទ្ធ បានត្រាស់ដឹងហើយតើ (ព្រះអង្គត្រាស់ថា) តថាគត ជាស្តេចព្រោះធម៌ហើយ ប្រសើរដោយគុណ ឥតបុគ្គលណាស្មើ ញុំាងចក្រឲ្យប្រព្រឹត្តទៅតាមធម៌បាន សេលព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតម សូមព្រះអង្គប្រាប់ខ្ញុំ ចុះលោកណាជាសេនាបតី ជាសាវ័ករបស់ព្រះសាស្តា ចុះលោកណាញុំាងធម្មចក្រដែលព្រះអង្គឲ្យប្រព្រឹត្តទៅហើយនេះ ឲ្យប្រព្រឹត្តទៅបាន (ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសេលព្រាហ្មណ៍) ធម្មចក្រណា ដែលតថាគត ឲ្យប្រព្រឹត្តទៅ សារីបុត្ត ជាអនុជាត ក៏ញុំាងធម្មចក្រនោះ ឲ្យប្រព្រឹត្តទៅ ទុក្ខសច្ច និងនិរោធសច្ច ដែលតថាគត ត្រូវដឹងច្បាស់ ក៏តថាគត បានដឹងច្បាស់ហើយ មគ្គសច្ច ដែលតថាគតត្រូវអប់រំ ក៏តថាគត បានអប់រំហើយ សមុទយសច្ច ដែលតថាគតត្រូវលះបង់ ក៏តថាគត បានលះបង់ហើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគត ឈ្មោះថា ព្រះពុទ្ធ ម្នាលព្រាហ្មណ៍ អ្នកចូរនាំបង់ ជម្រះបង់ នូវសេចក្តីសង្ស័យ ក្នុងតថាគតចេញ ការចួបប្រទះនឹងព្រះសម្ពុទ្ធទាំងឡាយរឿយៗ គេមិនងាយនឹងបានទេ ការកើតប្រាកដឡើង ក្នុងលោករឿយៗ នៃព្រះសម្ពុទ្ធទាំងឡាយ ក៏គេមិនងាយនឹងបានដែរ ម្នាលព្រាហ្មណ៍ តថាគតហ្នឹងឯង ជាព្រះពុទ្ធ ជាពេទ្យវះ មិនមានពេទ្យដទៃប្រសើរជាងឡើយ មានសភាពជាអ្នកប្រសើរ កន្លងបង់នូវសេចក្តីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារ នឹងសេនារបស់មារ ធ្វើពួកសត្រូវទាំងអស់ ឲ្យលុះក្នុងអំណាចបាន ឥតមានភ័យអំពីអ្វី រមែងរីករាយ ទើបសេលព្រាហ្មណ៍ និយាយនឹងពួកមាណពទាំងនោះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ចូរអ្នកទាំងឡាយស្តាប់ នូវព្រះពុទ្ធដីកានេះចុះ ព្រះមានចក្ខុ ជាពេទ្យវះ (ដ៏ប្រសើរ) មានព្យាយាមធំ ទ្រង់មានព្រះពុទ្ធដីកាមកទាំងប៉ុន្មាន ដូចជាសីហៈបន្លឺក្នុងព្រៃ នរណាបានឃើញព្រះសាស្តា មានសភាពជាបុគ្គលប្រសើរ កន្លងបង់នូវសេចក្តីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារ និងសេនានៃមារហើយ (ដូចម្តេចឡើយ) នឹងអត់ទ្រាំមិនជ្រះថ្លាបាន សូម្បីជនអ្នកកើតក្នុងត្រកូលដ៏ថោកទាប (ក៏គង់ជ្រះថ្លា នឹងព្រះអង្គដែរ) អ្នកណាចូលចិត្តតាមខ្ញុំ អ្នកនោះចូរមក អ្នកណាមិនចូលចិត្តទេ អ្នកនោះចូរទៅចុះ ខ្ញុំនឹងបួសក្នុងសំណាក់ នៃព្រះសម្ពុទ្ធ ព្រះអង្គ មានប្រាជ្ញាដ៏ប្រសើរ ក្នុងទីនេះហើយ ពួកមាណពទាំងអស់ ក៏និយាយនឹងសេលព្រាហ្មណ៍ថា បើលោកដ៏ចម្រើន ពេញចិត្តនឹងសាសនា របស់ព្រះសម្មាសម្ពុទ្ធយ៉ាងនេះ យើងទាំងឡាយ ក៏នឹងបួសក្នុងសំណាក់ព្រះសម្ពុទ្ធ ទ្រង់មានប្រាជ្ញាដ៏ប្រសើរដែរ (សេលព្រាហ្មណ៍ក្រាបបង្គំទូលថា) ព្រាហ្មណ៍ទាំង ៣០០នាក់នេះ លើកកំបង់អញ្ជលីសូមផ្នួស បពិត្រព្រះមានបុណ្យ យើងទាំងឡាយ នឹងប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះអង្គ (ព្រះមានព្រះភាគត្រាស់ថា ម្នាលសេលព្រាហ្មណ៍) ព្រហ្មចរិយៈ ដែលតថាគតសំដែង ដោយប្រពៃហើយ ជាព្រហ្មចរិយៈ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យផលមិនរង់ចាំកាល បព្វជ្ជារបស់បុគ្គលអ្នកមិនប្រហែសធ្វេស ជាអ្នកសិក្សា ជាបព្វជ្ជាមិនសោះសូន្យទេ។ សេលព្រាហ្មណ៍ ព្រមទាំងបរិស័ទ ក៏បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។
[២៧] លុះកន្លងរាត្រីនោះហើយ លំដាប់នោះ កេណិយជដិល ក៏ញុំាងពួកមនុស្ស ឲ្យចាត់ចែងខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់ក្នុងអាស្រមរបស់ខ្លួន ហើយឲ្យមនុស្សទៅក្រាបបង្គំទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលវេលាដល់ហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានបុណ្យទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ទ្រង់ស្តេចចូលទៅឯអាស្រម របស់កេណិយជដិល លុះទ្រង់ចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ មួយអន្លើដោយភិក្ខុសង្ឃ។ លំដាប់នោះ កេណិយជដិល អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ប្រសើរ ដោយដៃខ្លួនឯង។ កេណិយជដិល បានដឹងថា ព្រះមានព្រះភាគ ទ្រង់សោយឆ្អែត លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈមួយយ៉ាងទាប អង្គុយក្នុងទីសមគួរ។
[២៨] លុះកេណិយជដិល អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងនេះថា
យ័ញ្ញទាំងឡាយ មានការបូជាភ្លើងជាប្រធាន គម្ពីរសាវិត្តិសាស្ត្រ ជាប្រធាននៃឆន្ទសាស្ត្រ ព្រះរាជា ជាប្រធាននៃពួកមនុស្ស សាគរ ជាប្រធាននៃពួកនទី ព្រះចន្ទ្រ ជាប្រធាននៃពួកផ្កាយ ព្រះអាទិត្យជាប្រធាននៃពួកកំដៅ ព្រះសង្ឃក៏ជាប្រធាន នៃមនុស្សទាំងឡាយ អ្នកចង់បានបុណ្យ កាលបូជា។
លុះព្រះមានព្រះភាគ ទ្រង់ញុំាងកេណិយជដិល ឲ្យរីករាយតាម ដោយគាថាទាំងនេះហើយ ទ្រង់ក្រោកអំពីអាសនៈចេញទៅ។ លំដាប់នោះ សេលភិក្ខុមានអាយុ ព្រមទាំងបរិស័ទ ចៀសចេញអំពីពួក ជាអ្នកមិនមានសេចក្តីប្រហែសធ្វេស មានសេចក្តីព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅដោយឥរិយាបថទាំង៤ កុលបុត្រ ដែលចេញចាកផ្ទះ ទៅបួសក្នុងផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាធម៌ទីបំផុត នៃមគ្គព្រហ្មចរិយៈ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ហើយក៏ដឹងថា ជាតិរបស់អញ អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច ក៏អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ សេលភិក្ខុមានអាយុ ព្រមទាំងបរិស័ទ ក៏ជាព្រះអរហន្តនឹងគេដែរ។
[២៩] គ្រានោះ សេលភិក្ខុមានអាយុ ព្រមទាំងបរិស័ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើចីពរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ពោលគាថាទាំងឡាយ ចំពោះព្រះមានព្រះភាគថា
បពិត្រព្រះអង្គ ទ្រង់មានបញ្ញាចក្ខុ យើងខ្ញុំទាំងឡាយ បានដល់នូវទីពឹង រាប់មកដល់ថ្ងៃនេះ គម្រប់ជា៨ថ្ងៃហើយ បពិត្រព្រះមានបុណ្យ យើងខ្ញុំទាំងឡាយ បានទូន្មានខ្លួន តាមព្រះសាសនា របស់ព្រះអង្គ អស់៧រាត្រីហើយ ព្រះអង្គ ជាព្រះពុទ្ធ ព្រះអង្គ ជាបរមសាស្តា ព្រះអង្គ ជាអ្នកប្រាជ្ញ គ្របសង្កត់នូវមារ ព្រះអង្គជាអ្នកឈ្លាសវៃ ក្នុងអនុសយធម៌ ទ្រង់ឆ្លង (ចាកសង្សារវដ្ត) បានដោយព្រះអង្គឯង ហើយទ្រង់ចម្លងពពួកសត្វនេះ ឲ្យឆ្លងបានផង ព្រះអង្គកន្លងផុតឧបធិ ព្រះអង្គទម្លាយនូវអាសវៈទាំងឡាយ ព្រះអង្គមិនមានឧបាទាន ទ្រង់លះបង់នូវភ័យ ដែលគួរខ្លាចទាំងអស់ ដូចសីហៈ ភិក្ខុទាំង ៣០០រូបនេះ ឈរប្រណម្យអញ្ជលី បពិត្រព្រះអង្គ អ្នកមានព្យាយាម សូមព្រះអង្គលាព្រះបាទទាំងគូ ពួកនាគ គឺភិក្ខុ សូមក្រាបថ្វាយបង្គំ ចំពោះព្រះអង្គជាបរមសាស្តា។
ចប់ សេលសូត្រ ទី២។
(៣. អស្សលាយនសុត្តំ)
[៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង បណ្តាពួកព្រាហ្មណ៍ អ្នកមកពីដែនផ្សេងៗ មានពួកព្រាហ្មណ៍ ចំនួន៥០០នាក់ នៅអាស្រ័យក្នុងក្រុងសាវត្ថី ដោយកិច្ចការនីមួយ។ ព្រាហ្មណ៍ទាំងនោះ មានសេចក្តីត្រិះរិះថា ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះវណ្ណៈទាំង៤ ឱនរណាហ្ន៎ ទើបសមនឹងពិគ្រោះពាក្យនេះ មួយអន្លើដោយព្រះសមណគោតមបាន។ សម័យនោះឯង មាណពឈ្មោះ អស្សលាយនៈ នៅអាស្រ័យក្នុងក្រុងសាវត្ថី ជាមនុស្សក្មេង មានក្បាលកោរ មានអាយុ១៦ឆ្នាំ អំពីកំណើត បានដល់នូវត្រើយនៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ គម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់៥ ជាអ្នករៀននូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ។ ព្រាហ្មណ៍ទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា អស្សលាយនមាណពនេះ នៅអាស្រ័យក្នុងក្រុងសាវត្ថី ជាមនុស្សក្មេង។បេ។ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ មានតែមាណពនោះ ទើបសមនឹងពិគ្រោះពាក្យនោះ មួយអន្លើ ដោយព្រះសមណគោតមបាន។
[៣១] គ្រានោះ ព្រាហ្មណ៍ទាំងនោះ នាំគ្នាចូលទៅរកអស្សលាយនមាណព លុះចូលទៅដល់ហើយ និយាយនឹងអស្សលាយនមាណព ដូច្នេះថា ម្នាលអស្សលាយនៈដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះវណ្ណទាំង៤ ម្នាលអស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរអ្នកដ៏ចម្រើនពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតម។ កាលបើព្រាហ្មណ៍ទាំងនោះ និយាយយ៉ាងនេះហើយ អស្សលាយនមាណព ក៏និយាយនឹងព្រាហ្មណ៍ទាំងនោះ ដូច្នេះថា ម្នាលអ្នកដ៏ចម្រើន ឮថាព្រះសមណគោតម ជាធម្មវាទី ទុកជាពួកបុគ្គលជាធម្មវាទីផងគ្នា ក៏រមែងពិគ្រោះបានដោយលំបាក ខ្ញុំមិនអាចពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតមឡើយ។ ព្រាហ្មណ៍ទាំងនោះ និយាយនឹងអស្សលាយនមាណព ជាគំរប់ពីរដង ដូច្នេះថា ម្នាលអស្សលាយនៈដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះវណ្ណទាំង៤ ម្នាលអស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរអ្នកដ៏ចម្រើនទៅពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតម។ អស្សលាយនមាណព និយាយនឹងព្រាហ្មណ៍ទាំងនោះ ជាគំរប់ពីរដង ដូច្នេះថា ម្នាលអ្នកដ៏ចម្រើន ឮថា ព្រះសមណគោតម ជាធម្មវាទី ទុកជាពួកបុគ្គលជាធម្មវាទីផងគ្នា ក៏ពិគ្រោះបានដោយលំបាក ខ្ញុំមិនអាចពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតមឡើយ។ ព្រាហ្មណ៍ទាំងនោះ និយាយនឹងអស្សលាយនមាណព ជាគំរប់៣ដង ដូច្នេះថា ម្នាលអស្សលាយនៈដ៏ចម្រើន ព្រះសមណគោតមនេះ តែងបញ្ញត្តនូវសេចក្តីបរិសុទ្ធិ ចំពោះវណ្ណទាំង៤ ម្នាលអស្សលាយនៈ ចូរអ្នកដ៏ចម្រើនមក ចូរអ្នកដ៏ចម្រើនពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតម ដ្បិតអស្សលាយនៈដ៏ចម្រើន ធ្លាប់ប្រព្រឹត្តនឹងបរិព្វាជកមកដែរហើយ សូមអស្សលាយនៈដ៏ចម្រើន ច្បាំងឲ្យឈ្នះ កុំឲ្យចាញ់ឡើយ។ កាលបើព្រាហ្មណ៍ទាំងនោះ និយាយយ៉ាងនេះហើយ អស្សលាយនមាណព និយាយនឹងព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បពិត្រអ្នកដ៏ចម្រើនទាំងឡាយ ខ្ញុំ (ទៅពិគ្រោះ) មិនបានដោយដាច់ខាត ម្នាលអ្នកដ៏ចម្រើន ឮថា ព្រះសមណគោតម ជាធម្មវាទី ទុកជាពួកបុគ្គលជាធម្មវាទីផងគ្នា ក៏ពិគ្រោះបានដោយលំបាក ខ្ញុំមិនហ៊ានពិគ្រោះពាក្យនោះ មួយអន្លើដោយព្រះសមណគោតមទេ ខ្ញុំគ្រាន់តែទៅតាមពាក្យរបស់អ្នកដ៏ចម្រើនទាំងឡាយប៉ុណ្ណោះ។
[៣២] លំដាប់នោះ អស្សលាយនមាណព ចូលទៅរកព្រះមានព្រះភាគ ជាមួយនឹងពួកព្រាហ្មណ៍ជាច្រើននាក់ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ សំណេះសំណាល មួយអន្លើដោយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ លុះអស្សលាយនមាណព អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍តែងនិយាយយ៉ាងនេះថា មានតែពួកព្រាហ្មណ៍ទេ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ ទើបជាវណ្ណៈស វណ្ណៈឯទៀត ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ជាបុត្រ ជាឱរស កើតមកអំពីព្រះឱស្ឋព្រះព្រហ្ម មានព្រះព្រហ្ម ជាអ្នកបង្កើត មានព្រះព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រះព្រហ្ម ត្រង់នេះ តើព្រះគោតមដ៏ចំរើន សំដែងដូចម្តេច។
[៣៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអស្សលាយនៈ នាងព្រាហ្មណីទាំងឡាយ របស់ពួកព្រាហ្មណ៍ ជាស្ត្រីមានរដូវ មាគភ៌ សម្រាលកូន និងបំបៅកូន (អ្នករាល់គ្នា) ក៏ឃើញដែរ តែព្រាហ្មណ៍ដែលប្រាកដជាកើតអំពីយោនីទាំងនោះ ត្រឡប់ជានិយាយថា ពួកព្រាហ្មណ៍ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ ទើបជាវណ្ណៈស វណ្ណៈឯទៀត ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ជាបុត្រ ជាឱរស កើតមកអំពីព្រះឱស្ឋនៃព្រះព្រហ្ម មានព្រហ្ម ជាអ្នកបង្កើត មានព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រហ្ម យ៉ាងនេះទៅវិញ។ អស្សលាយនមាណព ក្រាបបង្គំទូលថា ព្រះគោតមដ៏ចំរើនត្រាស់យ៉ាងនេះ ក៏សមដែរហើយ តែថាពួកព្រាហ្មណ៍ តែងយល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះ យ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ។បេ។ ជាញាតិនឹងព្រះព្រហ្ម។
[៣៤] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច ក្រែងអ្នកធ្លាប់បានឮថា ក្នុងយោនករដ្ឋ និងកម្ពោជរដ្ឋទាំងឡាយ និងបច្ចន្តិមជនបទទាំងឡាយឯទៀត មានវណ្ណៈ២ គឺម្ចាស់១ ខ្ញុំ១ ម្ចាស់ត្រឡប់ទៅជាខ្ញុំ ខ្ញុំត្រឡប់ទៅជាម្ចាស់វិញ មានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់បានឮមកថា ក្នុងយោនករដ្ឋ និងកម្ពោជរដ្ឋទាំងឡាយ និងបច្ចន្តិមជនបទទាំងឡាយឯទៀត មានវណ្ណៈ២ គឺម្ចាស់១ ខ្ញុំ១ ម្ចាស់ត្រឡប់ទៅជាខ្ញុំ ខ្ញុំត្រឡប់ទៅជាម្ចាស់វិញ ដូច្នេះដែរ។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈ ទាំង២នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែយល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រះព្រហ្មដដែល។
[៣៥] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ក្សត្រិយ៍ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯព្រាហ្មណ៍មិនទៅកើតទេឬ (បើ) វេស្សៈ… សុទ្ទៈ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ឯព្រាហ្មណ៍ (បើទុកជាសម្លាប់សត្វជាដើម) មិនទៅកើត(ក្នុងអបាយ)ទេឬ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន (បើ) ក្សត្រិយ៍ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកដែរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្តី… បពិត្រព្រះគោតមដ៏ចំរើន វេស្សៈក្តី… បពិត្រព្រះគោតមដ៏ចំរើន សុទ្ទៈក្តី… បពិត្រព្រះគោតមដ៏ចំរើន វណ្ណៈទាំង៤ (បើ) ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយពាក្យកុហក និយាយពាក្យញុះញង់ និយាយពាក្យអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានចិត្តរំពៃចង់បានទ្រព្យគេ មានចិត្តគុំគួន មានគំនិតយល់ខុស លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកទាំងអស់ពុំខានទេ។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង៤នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែយល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះដដែលថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រះព្រហ្ម។
[៣៦] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច លុះតែព្រាហ្មណ៍វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ទើបទៅកើតក្នុងសុគតិសួគ៌ទេវលោកបាន ក្សត្រិយ៍ទៅមិនបាន វេស្សៈទៅមិនបាន សុទ្ទៈក៏ទៅមិនបានទេឬ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន តាមពិត ក្សត្រិយ៍ក្តី វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិសួគ៌ទេវលោកដែរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្តី… បពិត្រព្រះគោតមដ៏ចំរើន វេស្សៈក្តី… បពិត្រព្រះគោតមដ៏ចំរើន សុទ្ទៈក្តី… បពិត្រព្រះគោតមដ៏ចំរើន តាមពិតសូម្បីវណ្ណៈទាំង៤ បើវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងទៅកើតក្នុងសុគតិសួគ៌ទេវលោកទាំងអស់ពុំខានឡើយ។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង៤នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរហើយ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះដដែលថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រះព្រហ្ម។
[៣៧] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច លុះតែព្រាហ្មណ៍ ទើបគួរចំរើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនោះបាន ក្សត្រិយ៍ចំរើនមិនបាន វេស្សៈចំរើនមិនបាន សុទ្ទៈក៏ចំរើនមិនបានទេឬ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន តាមពិត ក្សត្រិយ៍ក្តី ក៏គួរចំរើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនោះបានដែរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្តី… បពិត្រព្រះគោតមដ៏ចំរើន វេស្សៈក្តី… បពិត្រព្រះគោតមដ៏ចំរើន សុទ្ទៈក្តី… បពិត្រព្រះគោតមដ៏ចំរើន វណ្ណៈទាំង៤ តាមពិត សុទ្ធតែគួរចំរើនចិត្តមេត្តា មិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនោះបាន ទាំងអស់គ្នា។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង៤នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះដដែលថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រះព្រហ្ម។
[៣៨] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច លុះតែព្រាហ្មណ៍ ទើបគួរនាំយកកញ្ចប់គ្រឿងលំអិត សម្រាប់ដុសកាយ និងគ្រឿងងូត ទៅកាន់ស្ទឹង ដើម្បីជម្រះក្អែលបាន ក្សត្រិយ៍ មិនគួរ វេស្សៈមិនគួរ សុទ្ទៈមិនគួរឬ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន តាមពិត ក្សត្រិយ៍ក្តី ក៏គួរកាន់យកកញ្ចប់គ្រឿងលំអិត សម្រាប់ដុសកាយ និងគ្រឿងងូត ទៅកាន់ស្ទឹង ដើម្បីជម្រះក្អែលដែរ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្តី… បពិត្រព្រះគោតមដ៏ចំរើន វេស្សៈក្តី… បពិត្រព្រះគោតមដ៏ចំរើន សុទ្ទៈក្តី… បពិត្រព្រះគោតមដ៏ចំរើន តាមពិត វណ្ណៈទាំង ៤ សុទ្ធតែគួរកាន់យកកញ្ចប់គ្រឿងលំអិត សម្រាប់ដុសកាយ និងគ្រឿងងូត ទៅកាន់ស្ទឹង ដើម្បីជម្រះក្អែលបានទាំងអស់គ្នា។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង៤នុ៎ះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះយ៉ាងនេះដដែលថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រះព្រហ្ម។
[៣៩] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច ក្សត្រិយ៍ ជាព្រះរាជាក្នុងលោកនេះ បានមុទ្ធាភិសេកហើយ ប្រជុំពួកបុរស មានជាតិផ្សេងៗ ចំនួន១០០នាក់ ដោយព្រះតម្រាស់ថា អ្នកដ៏ចម្រើនទាំងឡាយចូរមក បណ្តាពួកបុរសទាំងនោះ ពួកបុរសណា ដែលចេញអំពីពួកខត្តិយត្រកូលក្តី ព្រាហ្មណត្រកូលក្តី រាជញ្ញត្រកូលក្តី មកចួបជុំគ្នាហើយ ពួកបុរសនោះ ចូរកាន់យកពំនួតភ្លើងខាងលើ ដែលធ្វើពីឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី ហើយចូរពួតភ្លើង ចូរធ្វើភ្លើងឲ្យកើត ប្រាកដឡើង មួយទៀត អ្នកដ៏ចម្រើនទាំងឡាយ ចូរមក បណ្តាពួកបុរសទាំងនោះ ពួកបុរសណា ដែលចេញអំពីពួកចណ្ឌាលត្រកូលក្តី នេសាទត្រកូលក្តី វេណុត្រកូល (ត្រកូលអ្នកត្បាញឫស្សី)ក្តី រថការត្រកូល (ត្រកូលជាងរថ)ក្តី បុក្កុសត្រកូល (ត្រកូលអ្នកចាក់សម្រាម)ក្តី មកចួបជុំគ្នាហើយ ពួកបុរសនោះ ចូរកាន់យកពំនួតភ្លើងខាងលើ ដែលធ្វើពីស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី ហើយចូរពួតភ្លើង ចូរធ្វើភ្លើងឲ្យកើតប្រាកដឡើង ដូច្នេះ ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះដូចម្តេច ភ្លើងណា ដែលពួកបុរស ចេញអំពីខត្តិយត្រកូលក្តី ព្រាហ្មណត្រកូលក្តី រាជញ្ញត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកពំនួតភ្លើងខាងលើ ដែលធ្វើពីឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះឯង ទើបមានអណ្តាត មានពណ៌ ទាំងមានពន្លឺ បុគ្គលអាចធ្វើកិច្ចការ ដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះ បានឬ ចំណែកឯភ្លើងណា ដែលពួកបុរស ចេញអំពីពួកចណ្ឌាលត្រកូលក្តី នេសាទត្រកូលក្តី វេណុត្រកូលក្តី រថការត្រកូលក្តី បុក្កុសត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកឈើពំនួតភ្លើងខាងលើ ដែលធ្វើពីស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើងដែរ តែភ្លើងនោះ មិនមានអណ្តាត មិនមានពណ៌ ទាំងមិនមានពន្លឺ បុគ្គលមិនអាចធ្វើកិច្ចការដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះបានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ភ្លើងណា ដែលពួកបុរស ចេញអំពីខត្តិយត្រកូលក្តី ព្រាហ្មណត្រកូលក្តី រាជញ្ញត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកពំនួតភ្លើង ដែលធ្វើពីឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះឯង មានអណ្តាត មានពណ៌ មានពន្លឺ បុគ្គលអាចធ្វើកិច្ចការ ដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះក៏បាន ចំណែកឯភ្លើងណា ដែលពួកបុរស ចេញអំពីចណ្ឌាលត្រកូលក្តី នេសាទត្រកូលក្តី វេណុត្រកូលក្តី រថការត្រកូលក្តី បុក្កុសត្រកូលក្តី មកចួបជុំគ្នាហើយ កាន់យកឈើពំនួតភ្លើងខាងលើ ដែលធ្វើពីស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួត ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះឯង ក៏មានអណ្តាត មានពណ៌ មានពន្លឺ បុគ្គលអាចធ្វើកិច្ចការដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះ បានដូចគ្នា បពិត្រព្រះគោតមដ៏ចំរើន ព្រោះភ្លើងទាំងអស់ សុទ្ធតែមានអណ្តាត មានពណ៌ ទាំងមានពន្លឺ បុគ្គលអាចធ្វើកិច្ចការ ដែលត្រូវធ្វើដោយភ្លើង ដោយសារភ្លើងនោះបានទាំងអស់។ ម្នាលអស្សលាយនៈ បណ្តាវណ្ណៈទាំង៤នោះ ពួកព្រាហ្មណ៍មានកម្លាំងដូចម្តេច មានទីពឹងពំនាក់ដូចម្តេច បានជាពួកព្រាហ្មណ៍ ហ៊ាននិយាយយ៉ាងនេះ ក្នុងរឿងនុ៎ះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ ទើបជាវណ្ណៈស វណ្ណៈឯទៀត ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរសរបស់ព្រហ្ម កើតអំពីព្រះឱស្ឋព្រហ្ម មានព្រហ្ម ជាអ្នកបង្កើត មានព្រហ្ម ជាអ្នកនិម្មិត ជាញាតិនឹងព្រហ្មដូច្នោះ។ ព្រះគោតមដ៏ចំរើន ត្រាស់យ៉ាងនេះ ក៏សមដែរ តែថាពួកព្រាហ្មណ៍ នៅតែសំគាល់សេចក្តីនុ៎ះ ក្នុងរឿងនុ៎ះ យ៉ាងនេះដដែលថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រះព្រហ្ម។
[៤០] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ខត្តិយកុមារ ក្នុងលោកនេះ សម្រេចសំវាសជាមួយនឹងព្រាហ្មណកញ្ញា កើតបុត្រម្នាក់ឡើង ព្រោះអាស្រ័យសំវាសនៃជនទាំងពីរនាក់នោះ បុត្រដែលកើតឡើង ដោយខត្តិយកុមារ និងព្រាហ្មណកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង តើគេគួរហៅថា ក្សត្រិយ៍ ឬគេគួរហៅថា ព្រាហ្មណ៍។ អស្សលាយនៈ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន បុត្រដែលកើតឡើង ដោយខត្តិយកុមារ និងព្រាហ្មណកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង គេគួរហៅថា ក្សត្រិយ៍ក៏បាន ហៅថា ព្រាហ្មណ៍ក៏បាន។
[៤១] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ព្រាហ្មណកុមារ ក្នុងលោកនេះ សម្រេចសំវាសជាមួយនឹងខត្តិយកញ្ញា កើតបុត្រម្នាក់ឡើង ព្រោះអាស្រ័យសំវាស នៃជនទាំងពីរនាក់នោះ បុត្រដែលកើតដោយព្រាហ្មណកុមារ និងខត្តិយកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង តើគេគួរហៅថា ក្សត្រិយ៍ ឬគេគួរហៅថា ព្រាហ្មណ៍។ បពិត្រព្រះគោតមដ៏ចំរើន បុត្រដែលកើតឡើង ដោយព្រាហ្មណកុមារ និងខត្តិយកញ្ញានោះ ប្រហែលនឹងមាតាផង ប្រហែលនឹងបិតាផង គេគួរហៅថា ក្សត្រិយ៍ក៏បាន ហៅថា ព្រាហ្មណ៍ក៏បាន។
[៤២] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) ពួកមនុស្ស ក្នុងលោកនេះ យកមេសេះ ទៅបង្កាត់កូននឹងបាលា ក៏កើតកូនឡើង ព្រោះអាស្រ័យសំវាស នៃសត្វទាំងពីរនោះ កូនដែលកើតឡើង ដោយមេសេះ និងបាលានោះ ប្រហែលនឹងមេផង ប្រហែលនឹងបាផង តើគេគួរហៅថា សេះ ឬគេគួរហៅថា លា។ អស្សលាយនៈ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន កូនសត្វនោះ ជាកូនសេះអស្សតរ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គគ្រាន់តែឃើញនូវអំពើផ្សេងៗនេះ របស់សេះអស្សតរនោះប៉ុណ្ណោះ ឯនឹងឃើញនូវអំពើផ្សេងៗណាមួយ របស់មាណពជំទង់ទាំងនុ៎ះ ក្នុងន័យខាងដើមឯណោះផង ក៏ទេ។
[៤៣] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) មាណពពីរនាក់ ក្នុងលោកនេះ ជាបងប្អូននឹងគ្នា កើតក្នុងឧទរជាមួយគ្នា មាណពម្នាក់ ជាអ្នកចេះមន្តបានបទ មាណពម្នាក់ទៀត ជាអ្នកមិនចេះមន្ត មិនបានបទ បណ្តាមាណពទាំងពីរនោះ តើពួកព្រាហ្មណ៍ អញ្ជើញអ្នកណា ឲ្យបរិភោគនូវសទ្ធភត្ត (ភត្តដែលគេឧទ្ទិសដល់បុគ្គលស្លាប់) ទាំងឡាយ ឬនូវថាលិបាកភត្ត (សម្រាប់) ទាំងឡាយ នូវយញ្ញភត្ត (ភត្តដែលគេរៀបបូជា) ទាំងឡាយ ឬបាហុនភត្ត (ភត្តដែលគេនាំមកដើម្បីអាគន្តុកៈ)ទាំងឡាយ មុនគេ។ អស្សលាយនៈ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន បណ្តាមាណពទាំងពីរនុ៎ះ មាណពណា ចេះមន្ត បានបទ ពួកព្រាហ្មណ៍ គួរអញ្ជើញមាណពនោះ ឲ្យបរិភោគសទ្ធភត្តទាំងឡាយ ឬនូវថាលិបាកភត្តទាំងឡាយ នូវយញ្ញភត្តទាំងឡាយ ឬនូវបាហុនភត្តទាំងឡាយ មុនគេ បពិត្រព្រះគោតមដ៏ចំរើន ទានដែលបុគ្គលឲ្យ ដល់មាណពដែលមិនចេះមន្ត មិនបានបទ នឹងជាទានមានផលច្រើនដូចម្តេចបាន។
[៤៤] ព្រះអង្គត្រាស់សួរថា ម្នាលអស្សលាយនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច (បើ) មានមាណពទាំងពីរនាក់ ក្នុងលោកនេះ ជាបងប្អូននឹងគ្នា កើតក្នុងឧទរជាមួយគ្នា ម្នាក់ ជាអ្នកចេះមន្ត បានបទ ជាអ្នកទ្រូស្តសីល មានធម៌ដ៏លាមក ម្នាក់ទៀត ជាអ្នកមិនចេះមន្ត មិនបានបទ តែជាអ្នកមានសីល មានធម៌ល្អ បណ្តាមាណពទាំងពីរនាក់នោះ តើពួកព្រាហ្មណ៍ អញ្ជើញមាណពណា ឲ្យបរិភោគនូវសទ្ធភត្តទាំងឡាយ ឬនូវថាលិបាកភត្តទាំងឡាយ នូវយញ្ញភត្តទាំងឡាយ ឬនូវបាហុនភត្តទាំងឡាយ មុនគេ។ អស្សលាយនមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មាណពណា ដែលមិនចេះមន្ត មិនបានបទ តែជាអ្នកមានសីល មានធម៌ល្អ បណ្តាមាណពទាំងពីរនាក់នុ៎ះ ពួកព្រាហ្មណ៍ គួរអញ្ជើញមាណពនោះ ឲ្យបរិភោគនូវសទ្ធភត្តទាំងឡាយ ឬនូវថាលិបាកភត្តទាំងឡាយ នូវយញ្ញភត្តទាំងឡាយ ឬនូវបាហុនភត្តទាំងឡាយ មុនគេ បពិត្រព្រះគោតមដ៏ចំរើន ទានដែលបុគ្គលឲ្យ ដល់មាណពទ្រូស្តសីល មានធម៌ដ៏លាមក នឹងជាទានមានផលច្រើនដូចម្តេចបាន។ ម្នាលអស្សលាយនៈ កាលពីមុន អ្នកអាងជាតិ កំណើត លុះអាងជាតិកំណើតហើយ អ្នកអាងមន្តទាំងឡាយ លុះអាងមន្តទាំងឡាយហើយ ត្រឡប់ជាលើកលែងនូវមន្តនោះ ហើយមកប្រកាន់យកនូវសេចក្តីបរិសុទ្ធិ ក្នុងវណ្ណៈទាំង៤ តាមដែលតថាគតបញ្ញត្តវិញ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អស្សលាយនមាណព ក៏អង្គុយស្ងៀម ក្រអឹម ទន់កល្ងៀក ដាក់មុខជ្រប់ លែងមាត់សោះ។
[៤៥] លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ ថាអស្សលាយនមាណពនៅស្ងៀម ក្រអឹម ទន់កល្ងៀក ដាក់មុខជ្រប់ លែងមាត់កហើយ ទើបទ្រង់ត្រាស់នឹងអស្សលាយនមាណព ដូច្នេះថា ម្នាលអស្សលាយនៈ កាលពីព្រេងនាយ មានព្រាហ្មណឥសី៧នាក់ ដែលអាស្រ័យនៅក្នុងបណ្ណកុដិ (កុដិស្លឹក) ទាំងឡាយ នាដងព្រៃ កើតគំនិតអាក្រក់ មានសភាពយ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប។បេ។ ជាញាតិនឹងព្រហ្ម។ ម្នាលអស្សលាយនៈ អសិតទេវលឥសី បានឮដំណឹងថា ព្រាហ្មណឥសីទាំង៧នាក់ ដែលអាស្រ័យនៅក្នុងបណ្ណកុដិទាំងឡាយ នាដងព្រៃ កើតគំនិតអាក្រក់ មានសភាពយ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ។បេ។ ជាញាតិនឹងព្រហ្ម។ ម្នាលអស្សលាយនៈ គ្រានោះ អសិតទេវលឥសី កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកសំពត់ពណ៌ហង្សបាទ ពាក់ស្បែកជើង៤ជាន់ កាន់ដម្បង ដែលរចនាដោយប្រាក់ និងមាស ស្រាប់តែឃើញប្រាកដ នាបរិវេណនៃបណ្ណសាលា របស់ព្រាហ្មណឥសីទាំង៧នាក់។ ម្នាលអស្សលាយនៈ លំដាប់នោះ អសិតទេវលឥសី ដើររេរាក្បែរបរិវេណនៃបណ្ណសាលា របស់ព្រាហ្មណឥសីទាំង៧នាក់ ក៏ស្រែកហៅ យ៉ាងនេះថា ចុះព្រាហ្មណឥសីដ៏ចំរើនទាំងនេះ ទៅឯណាទៅហើយ ចុះព្រាហ្មណឥសីដ៏ចំរើនទាំងនេះ ទៅឯណាទៅហើយ។ ម្នាលអស្សលាយនៈ ព្រាហ្មណឥសីទាំង៧នាក់ ក៏និយាយនឹងអសិតទេវលឥសី ដូច្នេះថា យើ នរណាហ្នឹង មានសភាពដូចជាក្មេងអ្នកស្រុក មកដើររេរាក្បែរបរិវេណ នៃបណ្ណសាលា របស់ព្រាហ្មណឥសី ទាំង៧នាក់ ស្រែកហៅ យ៉ាងនេះថា ចុះព្រាហ្មណឥសីដ៏ចំរើនទាំងនេះ ទៅឯណាទៅហើយ ចុះព្រាហ្មណឥសីដ៏ចំរើនទាំងនេះ ទៅឯណាហើយ ដូច្នេះ បើដូច្នោះ យើងនឹងប្រទេចផ្តាសាវា។ ម្នាលអស្សលាយនៈ លំដាប់នោះ ព្រាហ្មណឥសីទាំង៧នាក់ ក៏ប្រទេចផ្តាសា នូវអសិតទេវលឥសីថា បុរសចង្រៃឯង ចូរវិនាសដូចជាផែះ បុរសចង្រៃឯង ចូរវិនាសដូចជាផែះ បុរសចង្រៃឯង ចូរវិនាសដូចជាផែះ។ ម្នាលអស្សលាយនៈ ព្រាហ្មណឥសីទាំង៧នាក់ ប្រទេចផ្តាសាអសិតទេវលឥសី យ៉ាងណា យ៉ាងណា ក៏អសិតទេវលឥសី រឹងរឹតតែមានរូបល្អក្រៃលែងផង គួរពិតពឹលរមឹលមើលក្រៃលែងផង គួរជាទីជ្រះថ្លាក្រៃលែងផង យ៉ាងនោះៗ។ ម្នាលអស្សលាយនៈ ព្រាហ្មណឥសីទាំង៧នាក់ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ឱហ្ន៎ តបៈរបស់ពួកយើង សោះសូន្យហើយតើ ព្រហ្មចរិយៈរបស់ពួកយើង មិនមានផលទេតើ ព្រោះកាលពីមុន ពួកយើងប្រទេចផ្តាសា នូវមនុស្សណាថា បុរសចង្រៃ ឯងចូរវិនាសដូចជាផែះ ដូច្នេះ មនុស្សខ្លះនោះ រលាយទៅជាផែះទៅហើយ តែឥឡូវពួកយើង ប្រទេចផ្តាសា បុរសនេះយ៉ាងណាៗ បុរសនោះ រឹងរឹតតែមានរូបល្អក្រៃលែងផង គួរពិតពឹលរមឹលមើលក្រៃលែងផង គួរជាទីជ្រះថ្លាក្រៃលែងផង យ៉ាងនោះៗ។ អសិតទេវលឥសី និយាយប្រាប់ថា តបៈរបស់អ្នកដ៏ចំរើនទាំងឡាយ មិនទាន់សោះសូន្យនៅឡើយទេ ទាំងព្រហ្មចរិយៈ ក៏មិនមែនឥតផលដែរ ណ្ហើយ បើអ្នកដ៏ចម្រើនទាំងឡាយ មានចិត្តប្រទូស្តមករកយើងបែបណា ចូរលះចិត្តប្រទូស្ត បែបនោះចេញ។ ព្រាហ្មណឥសីទាំង៧នាក់ និយាយថា បើមានចិត្តប្រទូស្តបែបណា ពួកយើងនឹងលះបង់ នូវចិត្តប្រទូស្តបែបនោះចេញ ចុះអ្នកដ៏ចម្រើន ជាអ្វីទៅអេះ។ អសិតទេវលឥសី សួរថា ចុះអ្នកដ៏ចម្រើនទាំងឡាយ ដែលឮឈ្មោះ អសិតទេវលឥសី ដែរឬទេ។ ឥសីទាំង៧នាក់ឆ្លើយថា បាទលោកដ៏ចម្រើន។ អសិតទេវលឥសីប្រាប់ថា ម្នាលអ្នកដ៏ចម្រើន យើងហ្នឹងហើយ ជាអសិតទេវលឥសី។ ម្នាលអស្សលាយនៈ គ្រានោះ ព្រាហ្មណឥសីទាំង៧នាក់ ចូលទន្ទបទៅក្រាបថ្វាយបង្គំអសិតទេវលឥសី។ ម្នាលអស្សលាយនៈ លំដាប់នោះ អសិតទេវលឥសី និយាយនឹងព្រាហ្មណឥសីទាំង៧នាក់ ដូច្នេះថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយ ខ្ញុំបានឮថា ព្រាហ្មណឥសីទាំង៧នាក់ ដែលនៅអាស្រ័យក្នុងបណ្ណកុដិទាំងឡាយ នាដងព្រៃ កើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា ពួកព្រាហ្មណ៍ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀត ជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ ទើបជាវណ្ណៈស វណ្ណៈឯទៀត ជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ ទើបបរិសុទ្ធ មិនមែនពួកព្រាហ្មណ៍ មិនបរិសុទ្ធទេ ពួកព្រាហ្មណ៍ ជាបុត្រ ជាឱរស របស់ព្រហ្ម កើតពីព្រះឱស្ឋព្រហ្ម មានព្រហ្មជាអ្នកបង្កើត មានព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រហ្ម ដូច្នេះ មែនឬ។ ឥសីទាំង៧នាក់ឆ្លើយថា បពិត្រលោកដ៏ចម្រើន យ៉ាងហ្នឹងមែនហើយ។ អសិតទេវលឥសី សួរទៀតថា អ្នកដ៏ចម្រើនទាំងឡាយ ដឹងថាស្ត្រី ដែលជាមាតាបង្កើត (របស់អ្នកទាំងឡាយ) សុទ្ធតែយកព្រាហ្មណ៍ជាស្វាមី មិនយកបុរស ដែលមិនមែនព្រាហ្មណ៍ទេឬ។ មិនយកទេ លោកដ៏ចម្រើន។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថា ស្ត្រី ដែលជាមាតា នៃមាតាបង្កើត (របស់អ្នកទាំងឡាយ) ដរាបដល់គូនៃជីដូនរបស់ម្តាយ៧តមក សុទ្ធតែយកព្រាហ្មណ៍ជាស្វាមី មិនយកបុរស ដែលមិនមែនព្រាហ្មណ៍ទេឬ។ មិនយកទេ លោកដ៏ចម្រើន។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថាប្រុស ដែលជាបិតាបង្កើត (របស់អ្នកទាំងឡាយ) សុទ្ធតែយកព្រាហ្មណីជាភរិយា មិនយកស្ត្រី ដែលមិនមែនជាព្រាហ្មណីទេឬ។ មិនយកទេ លោកដ៏ចម្រើន។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថា ប្រុសដែលជាបិតានៃបិតាបង្កើត (របស់អ្នកទាំងឡាយ) ដរាបដល់គូនៃជីតារបស់បិតា៧តមក សុទ្ធតែយកព្រាហ្មណីជាភរិយា មិនយកស្ត្រី ដែលមិនមែនជាព្រាហ្មណីទេឬ។ មិនយកទេ លោកដ៏ចម្រើន។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថា ការចុះកាន់គភ៌ យ៉ាងណាដែរឬ។ បពិត្រលោកដ៏ចម្រើន ពួកយើងដឹងថា ការចុះកាន់គភ៌ (បីយ៉ាង) គឺក្នុងលោកនេះ មាតា និងបិតាចួបជុំគ្នា១ មាតាមានរដូវ១ សត្វបានចុះមកកើតប្រាកដ១ ការប្រជុំហេតុទាំង៣នេះ ទើបឈ្មោះថា ការចុះកាន់គភ៌ ។ ចុះអ្នកដ៏ចម្រើនទាំងឡាយ ដឹងថា សត្វនោះជាក្សត្រិយ៍ ឬជាព្រាហ្មណ៍ ជាវេស្សៈ ឬសុទ្ទៈដែរឬទេ។ បពិត្រលោកដ៏ចំរើន យើងទាំងឡាយមិនដឹងថា សត្វនោះជាក្សត្រិយ៍ ឬជាព្រាហ្មណ៍ ជាវេស្សៈ ឬក៏ជាសុទ្ទៈទេ។ កាលបើយ៉ាងនេះ អ្នកដ៏ចម្រើនទាំងឡាយ ដឹងថា ពួកអ្នកនឹងទៅជាអ្វីឬទេ។ បពិត្រលោកដ៏ចំរើន កាលបើយ៉ាងនេះ យើងទាំងឡាយ មិនដឹងថា ពួកយើង នឹងទៅជាអ្វីទេ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអស្សលាយនៈ សព្វបើអសិតទេវលឥសីដេញដោល សាកសួរ សួរឈ្លេចឈ្លី ក្នុងជាតិវាទ ជារបស់ខ្លួនប៉ុណ្ណឹង ព្រាហ្មណឥសីទាំង៧នាក់នោះ មិនដឹងទៅហើយ ចំណង់បើឥឡូវនេះ តថាគត ដេញដោល សាកសួរ សួរឈ្លេចឈ្លី ក្នុងជាតិវាទ ជារបស់ខ្លួន ធ្វើម្តេចអ្នកនឹងដឹងបាន អ្នកមិនស្មើនឹងបុណ្ណៈ ជាអ្នកកាន់វែក ដែលជាកូនសិស្សរបស់ឥសីទាំង៧នាក់នោះផង។
[៤៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អស្សលាយនមាណព ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ តាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់សរណៈ ស្មើដោយជីវិត។
ចប់ អស្សលាយនសូត្រ ទី៣។
(៤. ឃោដមុខសុត្តំ)
[៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ឧទេនភិក្ខុមានអាយុ នៅក្នុងខេមិយម្ពវ័ន (ព្រៃស្វាយ ឈ្មោះខេមិយៈ) ជិតក្រុងពារាណសី។ ក៏សម័យនោះ ព្រាហ្មណ៍ឈ្មោះឃោដមុខ បានមកដល់ក្រុងពារាណសី ដោយកិច្ចការណាមួយ។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ដើរចង្ក្រមទៅ ដើរចង្ក្រមមក ដើម្បីសម្រាកស្មងបន្តិច រួចចូលសំដៅទៅកាន់ខេមិយម្ពវ័ន។ សម័យនោះឯង ឧទេនភិក្ខុមានអាយុ កំពុងចង្ក្រមក្នុងទីវាល។ ខណៈនោះ ឃោដមុខព្រាហ្មណ៍ ចូលសំដៅទៅរកឧទេនភិក្ខុមានអាយុ ត្រង់កន្លែងដែលលោកនៅ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកឧទេនភិក្ខុមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ដើរចង្ក្រមតាមឧទេនភិក្ខុមានអាយុ ដែលកំពុងចង្ក្រម និយាយយ៉ាងនេះបណ្តើរថា បពិត្រសមណៈដ៏ចំរើន ផ្នួសប្រកបដោយធម៌ មិនមានទេ សេចក្តីចូលចិត្តរបស់ខ្ញុំ ក្នុងផ្នួសនេះយ៉ាងនេះ បានជាខ្ញុំចូលចិត្តដូច្នោះ ព្រោះមិនឃើញជនទាំងឡាយ មានសភាពដូចលោកដ៏ចំរើនផង ព្រោះមិនឃើញធម៌ ក្នុងផ្នួសនេះផង។
[៤៨] កាលឃោដមុខព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ឧទេនភិក្ខុមានអាយុ ក៏ចុះអំពីទីចង្ក្រម ចូលទៅកាន់វិហារ ហើយអង្គុយលើអាសនៈ ដែលគេក្រាលបំរុងទុក។ ចំណែកឃោដមុខព្រាហ្មណ៍ ក៏ចុះអំពីទីចង្ក្រម ហើយចូលទៅកាន់វិហារ ឋិតក្នុងទីដ៏សមគួរដែរ។ លុះឃោដមុខព្រាហ្មណ៍ ឋិតក្នុងទីដ៏សមគួរហើយ ទើបឧទេនភិក្ខុមានអាយុ និយាយដូច្នេះថា ម្នាលព្រាហ្មណ៍ អាសនៈទាំងឡាយ មានគ្រប់គ្រាន់ ប្រសិនបើអ្នកត្រូវការ អញ្ជើញអង្គុយចុះ។ ឃោដមុខព្រាហ្មណ៍ ឆ្លើយថា យើងរង់ចាំឧទេនភិក្ខុដ៏ចំរើនទេតើ យើងមិនហ៊ានអង្គុយលើអាសនៈនុ៎ះទេ ព្រោះថា បុគ្គលប្រហែលដូចខ្ញុំ បើគេមិនអញ្ជើញមុនហើយ ធ្វើម្តេចនឹងហ៊ានអង្គុយលើអាសនៈ។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ កាន់យកអាសនៈដ៏ទាបមួយ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះឃោដមុខព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បាននិយាយដូច្នេះ នឹងឧទេនភិក្ខុមានអាយុថា បពិត្រសមណៈដ៏ចំរើន ផ្នួសប្រកបដោយធម៌មិនមានទេ សេចក្តីចូលចិត្តរបស់ខ្ញុំ ក្នុងផ្នួសយ៉ាងនេះ បានជាខ្ញុំចូលចិត្តដូច្នោះ ព្រោះមិនឃើញជនទាំងឡាយ មានសភាពដូចលោកដ៏ចំរើនផង ព្រោះមិនឃើញធម៌ ក្នុងផ្នួសនេះផង។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ ប្រសិនបើអ្នកត្រូវការចង់ដឹងភាសិត ដែលគួរដឹង ត្រូវឃាត់ភាសិតដែលគួរឃាត់របស់អាត្មា បើអ្នកមិនដឹងនូវសេចក្តីនៃភាសិតណា របស់អាត្មាទេ អ្នកត្រូវសួរក្នុងភាសិតនោះនឹងអាត្មាតទៅទៀតថា បពិត្រឧទេនដ៏ចំរើន ភាសិតនេះដូចម្តេច សេចក្តីនៃភាសិតនេះ ដូចម្តេច កាលបើធ្វើយ៉ាងនេះហើយ យើងទាំង២នាក់ ទើបគួរនឹងចរចាគ្នា ក្នុងភាសិតនុ៎ះ តទៅទៀតបាន។ ឃោដមុខព្រាហ្មណ៍ ឆ្លើយថា ខ្ញុំត្រូវដឹងនូវភាសិត ដែលគួរដឹង ត្រូវឃាត់ភាសិតដែលគួរឃាត់របស់ឧទេនដ៏ចំរើន តែថា បើខ្ញុំមិនដឹងនូវសេចក្តីនៃភាសិតណា របស់ឧទេនដ៏ចំរើនទេ ខ្ញុំនឹងសួរនូវឧទេនដ៏ចំរើនក្នុងភាសិតនោះ តទៅទៀតថា បពិត្រឧទេនដ៏ចំរើន ភាសិតនេះដូចម្តេច សេចក្តីនៃភាសិតនេះ ដូចម្តេច លុះធ្វើយ៉ាងនេះហើយ យើងទាំង២នាក់ ទើបគួរនឹងចរចាគ្នា ក្នុងភាសិតនុ៎ះ តទៅទៀតបាន។
[៤៩] ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បុគ្គល៤ពួកនេះ មានក្នុងលោក បុគ្គល៤ពួក តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកកំដៅខ្លួនឯង ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង១ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកកំដៅបុគ្គលដទៃ ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ១ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ កំដៅខ្លួនឯង ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯងផង កំដៅបុគ្គលដទៃ ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃផង១ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនកំដៅខ្លួនឯង ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង ជាអ្នកមិនកំដៅបុគ្គលដទៃ ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ មិនកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ១ ម្នាលព្រាហ្មណ៍ បណ្តាបុគ្គលទាំង៤ពួកនេះ តើបុគ្គលណា អាចញុំាងចិត្តអ្នក ឲ្យត្រេកអរបាន។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង បុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅបុគ្គលដទៃ ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនេះឯង មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯងផង កំដៅបុគ្គលដទៃ ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃផង បុគ្គលនេះឯង មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន លុះតែបុគ្គលណា មិនកំដៅខ្លួនឯង ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ មិនបានកំដៅខ្លួនឯងផង មិនបានកំដៅបុគ្គលដទៃផង មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ បុគ្គលនេះ ទើបអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបាន។ ឧទេនភិក្ខុសួរថា ម្នាលព្រាហ្មណ៍ ចុះហេតុអ្វី បានជាបុគ្គលទាំង៣ពួកនេះ មិនអាចញុំាងចិត្តអ្នក ឲ្យត្រេកអរបាន។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង បុគ្គលនោះ ឈ្មោះថា ដុតកំដៅខ្លួន ដែលប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ បានជាបុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅបុគ្គលដទៃ ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា ដុតកំដៅបុគ្គលដទៃ ដែលប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ បានជាបុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន បុគ្គលណា កំដៅខ្លួនឯង ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯងផង កំដៅបុគ្គលដទៃ ទាំងបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃផង បុគ្គលនោះ ឈ្មោះថា ដុតកំដៅខ្លួនឯងផង បុគ្គលដទៃផង ដែលប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ បានជាបុគ្គលនេះ មិនអាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបានទេ បពិត្រឧទេនដ៏ចំរើន លុះតែបុគ្គលណា មិនកំដៅខ្លួនឯង ទាំងមិនប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ បុគ្គលនោះ មិនបានឈ្មោះថា ដុតកំដៅខ្លួនឯងផង បុគ្គលដទៃផង ដែលប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ ដោយហេតុនេះ ទើបបុគ្គលនេះ អាចញុំាងចិត្តខ្ញុំ ឲ្យត្រេកអរបាន។
[៥០] ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បរិស័ទនេះ មាន២ពួក បរិស័ទ២ពួក តើដូចម្តេចខ្លះ ម្នាលព្រាហ្មណ៍។ បរិស័ទខ្លះ ក្នុងលោកនេះ ប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌលទាំងឡាយ ហើយស្វែងរកកូនប្រពន្ធ ស្វែងរកខ្ញុំស្រី ខ្ញុំប្រុស ស្វែងរកស្រែចម្ការ ស្វែងរកមាសប្រាក់១ ម្នាលព្រាហ្មណ៍ មួយទៀត បរិស័ទខ្លះ ក្នុងលោកនេះ មិនប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌលទាំងឡាយទេ ហើយលះបង់កូនប្រពន្ធ លះបង់ខ្ញុំស្រី ខ្ញុំប្រុស លះបង់ស្រែចម្ការ លះបង់មាសប្រាក់ រួចចេញចាកផ្ទះ ចូលទៅកាន់ផ្នួស១ ម្នាលព្រាហ្មណ៍ បុគ្គលណាមិនកំដៅខ្លួនឯង ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាម កំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនបានប្រកបរឿយៗ នូវការព្យាយាមកំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង ទាំងមិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ នែព្រាហ្មណ៍ បរិស័ទណា ដែលប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌល ស្វែងរកកូនប្រពន្ធ ស្វែងរកខ្ញុំស្រី ខ្ញុំប្រុស ស្វែងរកស្រែចម្ការ ស្វែងរកមាសប្រាក់ក្តី បរិស័ទណា ដែលមិនប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌល បានលះបង់កូនប្រពន្ធ លះបង់ខ្ញុំស្រី ខ្ញុំប្រុស លះបង់ស្រែចម្ការ លះបង់មាសប្រាក់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួសក្តី អ្នកពិចារណាបុគ្គលនេះមើល តើណាប្រសើរជាង ក្នុងបរិស័ទណា។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រឧទេនដ៏ចំរើន បុគ្គលណា មិនកំដៅខ្លួនឯង ទាំងមិនប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ ទាំងមិនប្រកបរឿយៗ នូវការព្យាយាម កំដៅបុគ្គលដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង មិនកំដៅបុគ្គលដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលតែសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ បរិស័ទណា មិនប្រកបដោយសេចក្តីត្រេកអរ ក្នុងកែវមណី និងកុណ្ឌល លះបង់កូន និងប្រពន្ធ លះបង់ខ្ញុំស្រី ខ្ញុំប្រុស លះបង់ស្រែចម្ការ លះបង់មាសប្រាក់ រួចចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ខ្ញុំពិចារណាមើលឃើញតែបុគ្គលនេះ គ្រាន់បើជាង ក្នុងបរិស័ទនេះ។ ឧទេនភិក្ខុឆ្លើយថា ម្នាលព្រាហ្មណ៍ ឥឡូវនេះ អាត្មាបានដឹងសំដីរបស់អ្នក យ៉ាងនេះថា បពិត្រសមណៈដ៏ចំរើន ផ្នួសប្រកបដោយធម៌ គ្មានទេ សេចក្តីចូលចិត្តរបស់ខ្ញុំ ក្នុងផ្នួសនេះ យ៉ាងនេះ ក៏សេចក្តីចូលចិត្តនោះឯង ព្រោះមិនបានឃើញជនទាំងឡាយ ដែលមានសភាពដូចជាលោកដ៏ចំរើនផង ព្រោះមិនឃើញធម៌ក្នុងផ្នួសនេះផង។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រឧទេនដ៏ចំរើន សំដីដែលប្រកបដោយហេតុនោះ លោកម្ចាស់បានសំដែងហើយ ដល់ខ្ញុំព្រះករុណា ដោយពិតថា ផ្នួសប្រកបដោយធម៌មាន សេចក្តីចូលចិត្តរបស់ខ្ញុំព្រះករុណា ក្នុងផ្នួសនុ៎ះ យ៉ាងនេះ មួយទៀត លោកម្ចាស់ឧទេនដ៏ចំរើន ចូរចាំទុកនូវខ្ញុំយ៉ាងហ្នឹងចុះ បុគ្គល៤ពួកណា ដែលលោកម្ចាស់ឧទេនដ៏ចំរើន សំដែងហើយដោយសង្ខេប មិនធ្វើឲ្យពិស្តារ ដល់ខ្ញុំព្រះករុណា សូមលោកម្ចាស់ឧទេនដ៏ចំរើន ញែកចែកនូវបុគ្គលទាំង៤ពួកនេះ ដោយសេចក្តីពិស្តារ ដល់ខ្ញុំព្រះករុណា ដោយអាស្រ័យសេចក្តីអនុគ្រោះ។ ឧទេនភិក្ខុឆ្លើយថា ម្នាលព្រាហ្មណ៍ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ អាត្មានឹងសំដែង។ ឃោដមុខព្រាហ្មណ៍ ទទួលស្តាប់ពាក្យឧទេនភិក្ខុមានអាយុថា ព្រះករុណា លោកដ៏ចំរើន។
[៥១] ឧទេនភិក្ខុមានអាយុ បានពោលពាក្យនេះថា ម្នាលព្រាហ្មណ៍ ចុះបុគ្គលកំដៅខ្លួនឯង ទាំងប្រកបរឿយៗ នូវការព្យាយាមកំដៅខ្លួនឯង តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអចេលក៍ (អាក្រាត) លះបង់មារយាទល្អ ស៊ីលិទ្ធដៃ (និងជម្រះឧច្ចារៈដោយម្រាមដៃ) បើមានគេហៅថា ចូរមក ក៏មិនមក គេឃាត់ថាឈប់ ក៏មិនឈប់ មិនត្រេកអរនឹងភត្ត ដែលគេនាំមកមុន មិនត្រេកអរនឹងភត្ត ដែលគេធ្វើចំពោះខ្លួន មិនត្រេកអរនឹងកិច្ចនិមន្តន៍ អចេលក៍នោះ មិនទទួលភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់កញ្ជើ មិនទទួលភត្តដែលគេនាំមកកន្លងធរណីទ្វារ មិនទទួលភត្ត ដែលគេនាំមកកន្លងកំណាត់ឈើ មិនទទួលភត្តដែលគេនាំមកកន្លងអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់កំពុងបរិភោគ មិនទទួលភត្តរបស់ស្រីមានគភ៌ មិនទទួលភត្តរបស់ស្រី ដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្រី ដែលនៅកំពុងនៅរួមនឹងបុរស មិនទទួលភត្ត ដែលពួកសាវ័កអចេលក៍អង្គាសមក មិនទទួលភត្តក្នុងទីដែលមានឆ្កែចាំ មិនទទួលភត្តក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំ ដែលត្រាំដោយស្រូវទាំងពួង អចេលក៍នោះ ទទួលភត្តចំពោះតែក្នុងផ្ទះមួយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយមួយពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះពីរ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ។បេ។ ទទួលភត្តចំពោះតែក្នុងផ្ទះ៧ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត១ភាជន៍តូចខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត២ភាជន៍តូចខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត៣ភាជន៍តូចខ្លះ។បេ។ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្ត៧ភាជន៍តូចខ្លះ ស៊ីអាហាររំលង១ថ្ងៃខ្លះ ស៊ីអាហាររំលង២ថ្ងៃខ្លះ។បេ។ ស៊ីអាហាររំលង៧ថ្ងៃខ្លះ អចេលក៍ប្រកបដោយសេចក្តីព្យាយាម ក្នុងការផ្លាស់ប្តូរ នូវការបរិភោគភត្តរំលងកន្លះខែខ្លះ មានសភាពយ៉ាងនេះ ដូច្នេះឯង អចេលក៍នោះ មានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែ ជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មានកំទេចស្បែក (ចំនៀរស្បែក) ជាអាហារខ្លះ មានជ័រជាអាហារខ្លះ13) មានស្លែ ឬសារាយ ជាអាហារខ្លះ មានកុណ្ឌក ជាអាហារខ្លះ មានបាយក្តាំង ជាអាហារខ្លះ មានម្សៅ ជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើម និងផ្លែឈើក្នុងព្រៃ ជាអាហារខ្លះ បរិភោគតែផ្លែឈើ ដែលជ្រុះឯងខ្លះ អចេលក៍នោះ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ ដែលត្បាញលាយគ្នាខ្លះ ទ្រទ្រង់សំពត់ ដែលបកចេញអំពីសាកសពខ្លះ ទ្រទ្រង់សំពត់បង្សុកូលខ្លះ ទ្រទ្រង់សំបកឈើខ្លះ ទ្រទ្រង់ស្បែកខ្លាខ្លះ ទ្រទ្រង់ស្បែកខ្លាទាំងក្រចកខ្លះ ទ្រទ្រង់ស្បូវភ្លាំងក្រងខ្លះ ទ្រទ្រង់សំពត់ត្បាញដោយសំបកក្រចៅខ្លះ ទ្រទ្រង់ចំរៀកក្តារ14) ជាសំពត់ខ្លះ ទ្រទ្រង់សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ទ្រទ្រង់សំពត់កម្ពល ដែលត្បាញដោយរោមកន្ទុយសេះខ្លះ ទ្រទ្រង់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ទុក15) សក់ និងពុកមាត់ ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមទុកសក់ និងពុកមាត់ខ្លះ ឈរសម្រឹងហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមអង្គុយច្រហោងខ្លះ ដេកលើបន្លា សម្រេចការដេកលើបន្លាខ្លះ ប្រព្រឹត្តកាន់វត្តចុះត្រាំទឹក ១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ អចេលក៍ប្រកបការព្យាយាម ដុតកំដៅកាយ ច្រើនប្រការ មានសភាពយ៉ាងនេះ ដូច្នេះឯង ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលកំដៅខ្លួនឯង ប្រកបការព្យាយាម ដុតកំដៅខ្លួនឯង។
[៥២] ម្នាលព្រាហ្មណ៍ ចុះបុគ្គលកំដៅអ្នកដទៃ ប្រកបការព្យាយាម ដុតកំដៅអ្នកដទៃ តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់ចៀម ជាអ្នកសម្លាប់ជ្រូក ជាអ្នកសម្លាប់សត្វស្លាប ជាអ្នកសម្លាប់ម្រឹគ ជាព្រាន ជាអ្នកសម្លាប់ត្រី ជាអ្នកល្មួច ជាអ្នកសម្លាប់ចោរ ជានាយគុក ពុំនោះសោត បុគ្គលណាមួយ ជាអ្នកធ្វើការងារអាក្រក់ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលដុតកំដៅអ្នកដទៃ ប្រកបការព្យាយាមដុតកំដៅអ្នកដទៃ។
[៥៣] ម្នាលព្រាហ្មណ៍ ចុះបុគ្គលអ្នកដុតកំដៅខ្លួនឯង ប្រកបការព្យាយាម ដុតកំដៅខ្លួនឯងផង កំដៅអ្នកដទៃ ប្រកបការព្យាយាម ដុតកំដៅអ្នកដទៃផង តើដូចម្តេច ម្នាលព្រាហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាក្សត្រិយ៍ទ្រង់រាជ្យ ដែលបានមុទ្ធាភិសេករួចហើយក្តី ជាព្រាហ្មណមហាសាលក្តី ព្រះរាជា ឬព្រាហ្មណ៍នោះ ឲ្យគេសាងរោងសម្រាប់ទទួលភ្ញៀវយ៉ាងថ្មី ក្នុងទិសខាងកើតនៃនគរ ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក លាបស្រឡាបកាយ ដោយទឹកដោះខ្លា និងប្រេង អែះខ្នងដោយស្នែងនៃម្រឹគ ហើយចូលទៅកាន់រោងសម្រាប់ទទួលភ្ញៀវ ព្រមទាំងមហេសី និងព្រាហ្មណ៍ជាបុរោហិត ព្រះរាជា ឬព្រាហ្មណ៍នោះ ក៏សម្រេចសេយ្យាលើផែនដី ប្រាសចាកកម្រាល ដែលគេលាបពណ៌ខៀវក្នុងទីនោះ ទឹកដោះណា មានក្នុងដោះមួយ របស់មេគោមួយ ដែលមានកូនខ្ចី ព្រះរាជា ឬព្រាហ្មណ៍ ក៏ចិញ្ចឹមជីវិតដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី២ មហេសី ក៏ចិញ្ចឹមជីវិត ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី៣ ព្រាហ្មណ៍ជាបុរោហិត ក៏ចិញ្ចឹមជីវិត ដោយទឹកដោះនោះ ទឹកដោះណា មានក្នុងដោះទី៤ ក៏បូជាភ្លើង ដោយទឹកដោះនោះ កូនគោចិញ្ចឹមជីវិតដោយទឹកដោះដ៏សេស ព្រះរាជា ឬព្រាហ្មណ៍នោះ មានវាចាយ៉ាងនេះថា គោឈ្មោលទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ កូនគោឈ្មោលទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ កូនគោញីទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ពពែទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ចៀមទាំងប៉ុណ្ណេះ ចូរគេសម្លាប់ដើម្បីយ័ញ្ញចុះ ឈើទាំងប៉ុណ្ណេះ ចូរគេកាប់ដើម្បីប្រយោជន៍ដល់ប្រាសាទចុះ ទ្រព្យទាំងប៉ុណ្ណេះ ចូរពុកផុយទៅ ដើម្បីលំបាក (ដល់ម្ចាស់ទ្រព្យ)ចុះ មួយទៀត ជនទាំងឡាយណា ដែលជាខ្ញុំក្តី ជាអ្នកបម្រើក្តី ជាកម្មករក្តី របស់ព្រះរាជា ឬព្រាហ្មណ៍នោះ ជនទាំងនោះ ត្រូវអាជ្ញាគម្រាម ត្រូវភ័យគម្រាម មានមុខទទឹកដោយទឹកភ្នែក ទួញយំ ធ្វើបរិកម្ម ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលកំដៅខ្លួនឯង ប្រកបការព្យាយាម កំដៅខ្លួនឯងផង កំដៅអ្នកដទៃ ប្រកបការព្យាយាម កំដៅអ្នកដទៃផង។
[៥៤] ម្នាលព្រាហ្មណ៍ ចុះបុគ្គលមិនកំដៅខ្លួនឯង ទាំងមិនប្រកបការព្យាយាម កំដៅខ្លួនឯង មិនកំដៅអ្នកដទៃ ទាំងមិនប្រកបការព្យាយាម កំដៅអ្នកដទៃ តើដូចម្តេច បុគ្គលនោះ មិនកំដៅខ្លួនឯង មិនកំដៅអ្នកដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរំលត់ទុក្ខ ត្រជាក់ត្រជុំ ទទួលសេចក្តីសុខ មានខ្លួនដ៏ប្រសើរ ក្នុងបច្ចុប្បន្ននេះ ម្នាលព្រាហ្មណ៍ ព្រះតថាគតកើតឡើងក្នុងលោក ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យ ដែលព្រះអង្គគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរទៅកាន់ព្រះនិព្វាន ព្រះអង្គទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ទ្រង់បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល និងបទចុង ព្រះអង្គប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ព្រមទាំងព្យញ្ជនៈ ពេញបរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតីក្តី កូនគហបតីក្តី បុគ្គលកើតក្រោយ ក្នុងត្រកូលណាមួយក្តី ស្តាប់ធម៌នោះ លុះបុគ្គលនោះ ស្តាប់ធម៌នោះហើយ បានចំពោះនូវសទ្ធា ក្នុងព្រះតថាគត។ បុគ្គលនោះ ប្រកបព្រម ដោយការបានចំពោះនូវសទ្ធានោះ ហើយមានសេចក្តីពិចារណា ដូច្នេះថា ការនៅគ្រប់គ្រងផ្ទះ ចង្អៀតណាស់ ជាផ្លូវហូរមក នៃធូលី គឺកិលេស មានតែបព្វជ្ជា ទើបមានឱកាស បុគ្គលអ្នកនៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌តែមួយយ៉ាង បរិសុទ្ធតែមួយយ៉ាង ឲ្យដូចជាស័ង្ខ ដែលគេខាត់ឡើយ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ ពុកមាត់ និងពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះសម័យខាងក្រោយមក បុគ្គលនោះ ក៏លះបង់គំនរភោគៈតិចផង លះបង់គំនរភោគៈច្រើនផង លះបង់នូវញាតិវង្សតិចផង លះបង់នូវញាតិវង្សច្រើនផង ហើយកោរសក់ ពុកមាត់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។
[៥៥] កាលបើបុគ្គលនោះបួសយ៉ាងនេះហើយ ក៏សមាទាននូវសិក្ខា និងសាជីវៈ របស់ភិក្ខុទាំងឡាយ លះបង់នូវបាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីអៀនខ្មាស ដល់នូវសេចក្តីអាណិត ជាអ្នកអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វទាំងអស់ លះបង់នូវអទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នានូវរបស់ដែលគេឲ្យ មិនមានចិត្តល្មួច មានខ្លួនដ៏ស្អាត លះបង់នូវអព្រហ្មចរិយៈ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ប្រព្រឹត្តល្អ ចៀសវាង វៀរចាកមេថុន ដែលជាធម៌របស់អ្នកស្រុក លះបង់នូវមុសាវាទ វៀរចាកមុសាវាទ ជាអ្នកពោលនូវពាក្យពិត តនូវពាក្យពិត មានសំដីខ្ជាប់ខ្ជួន ពោលនូវពាក្យគួរអ្នកផងជឿបាន មិនពោលបំភ្លាត់សត្វលោកឡើយ លះបង់នូវបិសុណាវាចា វៀរចាកបិសុណាវាចា ឮពាក្យពីខាងនេះ មិនទៅប្រាប់ខាងនោះ ដើម្បីបំបែកជនខាងនោះឡើយ ឬឮអំពីខាងនោះ មិនមកប្រាប់ដល់ជនទាំងឡាយខាងនេះ ដើម្បីបំបែកជនខាងនោះឡើយ ជាអ្នកផ្សះផ្សា នូវពួកជនដែលបែកគ្នាហើយផង ជាអ្នកជួយផ្ចុងផ្តើម ដល់ពួកជន ដែលបានប្រកបដោយប្រយោជន៍ហើយផង ជាអ្នករីករាយ នឹងសេចក្តីព្រមព្រៀង ត្រេកអរនឹងសេចក្តីព្រមព្រៀង ពេញចិត្តនឹងសេចក្តីព្រមព្រៀង ជាអ្នកពោលតែសំដី ដែលធ្វើនូវសេចក្តីព្រមព្រៀង ជាអ្នកលះបង់ផរុសវាចា វៀរចាកផរុសវាចា សំដីណា ដែលជាសំដីឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ តាំងនៅក្នុងហឫទ័យ ជាសំដីអ្នកក្រុង ជាទីរីករាយ ដល់ជនច្រើន ជាទីគាប់ចិត្តដល់ជនច្រើន តែងពោលតែសំដី មានសភាពដូច្នោះ លះបង់នូវសម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ពោលតាមកាលគួរ ពោលពាក្យពិត ពោលពាក្យជាអត្ថ ពោលពាក្យជាធម៌ ពោលពាក្យជាវិន័យ ពោលសំដីដែលគួរកប់ទុក ក្នុងហឫទ័យ ជាសំដីប្រកបដោយហេតុ ប្រកបដោយគ្រឿងប្រៀបធៀប ដោយកាលគួរ មានដើម មានចុង ប្រកបដោយប្រយោជន៍។ បុគ្គលនោះ វៀរចាកការផ្តិលផ្តាច់ នូវពីជគាម និងភូតគាម ជាអ្នកបរិភោគភត្តតែ១ពេល វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគក្នុងកាលខុស វៀរចាកការរាំ ច្រៀង ប្រគំ និងការមើលនូវល្បែងផ្សេងៗ ដែលជាសត្រូវដល់សាសនា ជាអ្នកវៀរចាកការប្រដាប់តាក់តែងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ជាអ្នកវៀរចាកការដេកលើទីសេនាសនៈខ្ពស់ និងទីសេនាសនៈប្រសើរ ជាអ្នកវៀរចាកការទទួលនូវមាស និងប្រាក់ ជាអ្នកវៀរចាកការទទួលនូវធញ្ញជាតិស្រស់ ជាអ្នកវៀរចាកការទទួលនូវសាច់ស្រស់ ជាអ្នកវៀរចាកការទទួលនូវស្រី និងនាងកុមារិកា ជាអ្នកវៀរចាកការទទួលនូវខ្ញុំស្រី និងខ្ញុំប្រុស ជាអ្នកវៀរចាកការទទួលនូវពពែ និងចៀម ជាអ្នកវៀរចាកការទទួលនូវមាន់ និងជ្រូក ជាអ្នកវៀរចាកការទទួលនូវដំរី គោ សេះ លាឈ្មោល និងញី ជាអ្នកវៀរចាកការទទួលនូវស្រែនិងចម្ការ ជាអ្នកវៀរចាកកិរិយាប្រកបរឿយៗ នូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ ជាអ្នកវៀរចាកកិរិយាលក់ដូរ ជាអ្នកវៀរចាកការឆបោក ដោយជញ្ជីង ឆបោកដោយភាជន៍មាស ទាំងឆបោកដោយរង្វាស់រង្វាល់ ជាអ្នកវៀរចាកកិរិយាសើរើ បញ្ឆោត បន្លំ និងកោងកាច ជាអ្នកវៀរចាកកិរិយាកាត់ សម្លាប់ ចាប់ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់កំហែងយកទ្រព្យ។ បុគ្គលនោះ ជាអ្នកសន្តោស ដោយចីវរ គ្រាន់តែការពារនូវកាយ សន្តោសដោយបិណ្ឌបាត គ្រាន់តែរក្សានូវផ្ទៃ បើទៅក្នុងទីណាៗ កាន់យកត្រឹមតែចីវរ និងបិណ្ឌបាតប៉ុណ្ណោះទៅ។ ដូចជាបក្សីសកុណជាតិ បើហើរទៅក្នុងទីណាៗ មានតែទម្ងន់ស្លាបទៅក្នុងទីនោះៗ យ៉ាងណាមិញ ភិក្ខុជាអ្នកសន្តោសដោយចីវរ គ្រាន់តែរក្សានូវកាយ សន្តោសដោយបិណ្ឌបាត គ្រាន់តែរក្សានូវផ្ទៃ បើទៅក្នុងទីណាៗ កាន់យកត្រឹមតែចីវរ និងបិណ្ឌបាតប៉ុណ្ណោះទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធ ដ៏ប្រសើរនេះហើយ រមែងបានតែសេចក្តីសុខ ដែលមិនមានទោសក្នុងសន្តាន។ ភិក្ខុនោះ ឃើញរូបដោយភ្នែក មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមភិក្ខុនុ៎ះ ព្រោះកិរិយាមិនសង្រួមនូវចក្ខុន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួម ក្នុងចក្ខុន្ទ្រិយ។ ភិក្ខុនោះ ឮសំឡេងដោយត្រចៀក… ធំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងនូវធម៌ដោយចិត្ត ក៏មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ពួកអកុសលធម៌ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមភិក្ខុនុ៎ះ ព្រោះកិរិយាមិនសង្រួមនូវមនិន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួម ក្នុងមនិន្ទ្រិយ។ ភិក្ខុនោះ ប្រកបដោយការសង្រួម នូវឥន្ទ្រិយដ៏ប្រសើរនេះហើយ រមែងទទួលនូវសេចក្តីសុខ ដែលមិនលាយឡំ ដោយកិលេស ក្នុងសន្តាន។ ភិក្ខុនោះ កាលឈានទៅមុខ ឬឈានថយក្រោយ ក៏ដឹងខ្លួន កាលមើលទៅមុខ ឬមើលទៅទិសផ្សេងៗ ក៏ដឹងខ្លួន កាលបត់ដៃជើង ឬលាដៃជើង ក៏ដឹងខ្លួន កាលទ្រទ្រង់ នូវសង្ឃាដិ បាត្រ ចីវរ ក៏ដឹងខ្លួន កាលស៊ី ផឹក ទំពាស៊ី ទទួលរស ក៏ដឹងខ្លួន កាលបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ក៏ដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ឬស្ងៀម ក៏ដឹងខ្លួន (ទាំងអស់)។
[៥៦] ភិក្ខុនោះ ប្រកបព្រមដោយសីលក្ខន្ធដ៏ប្រសើរនេះផង ប្រកបព្រមដោយការសង្រួម នូវឥន្ទ្រិយដ៏ប្រសើរនេះផង ប្រកបព្រមដោយសតិ និងសម្បជញ្ញៈ ដ៏ប្រសើរនេះផង ស្វែងរកតែទីសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ញកភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ លុះត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ផ្ចង់សតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ លះបង់នូវអភិជ្ឈាក្នុងលោក មានចិត្តប្រាសចេញចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាត ចាកអភិជ្ឈា លះបង់នូវព្យាបាទ ជាគ្រឿងប្រទូស្ត មានចិត្តមិនប្រកបដោយព្យាបាទ មានសេចក្តីអនុគ្រោះ ដល់សព្វសត្វដោយប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ ជាគ្រឿងប្រទូស្ត លះបង់នូវថីនមិទ្ធៈ ប្រាសចេញចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាត ចាកថីនមិទ្ធៈ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ មិនមានសេចក្តីរវើរវាយ មានចិត្តស្ងប់ស្ងាត់ក្នុងសន្តាន ជម្រះចិត្តឲ្យស្អាត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់នូវវិចិកិច្ឆា មានវិចិកិច្ឆាកន្លងហើយ មិនមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។
[៥៧] លុះភិក្ខុនោះ លះបង់នីវរណៈទាំង៥យ៉ាងនេះ ដែលជាឧបក្កិលេសរបស់ចិត្ត ជាធម្មជាតធ្វើបញ្ញា ឲ្យមានកំឡាំងថយបានហើយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ លុះរម្ងាប់នូវវិតក្កៈ និងវិចារៈអស់ហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺមានសភាពជាចិត្តខ្ពស់ឯក ឥតមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិប៉ុណ្ណោះ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ លុះមានចិត្តនឿយណាយ ចាកបីតិផង ប្រកបដោយឧបេក្ខាផង ថែមទាំងមានសតិ និងសម្បជញ្ញៈផង សោយនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈាននោះថា ធម្មតាបុគ្គលដែលបាននូវតតិយជ្ឈានហើយ រមែងប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះហេតុនៃតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ ទើបសម្រេចសម្រាន្តនៅដោយឥរិយាបថទាំង៤ លុះលះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ ក្នុងកាលមុនផង ទើបបានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានស្មារតីបរិសុទ្ធដោយឧបេក្ខាវេទនា ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។
[៥៨] កាលបើចិត្តរបស់ភិក្ខុនោះ តាំងនៅល្អ បរិសុទ្ធចាកនីវរណធម៌ ជាចិត្តផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ គឺប្រាជ្ញារលឹកឃើញនូវលំដាប់ខន្ធ ដែលអាស្រ័យនៅក្នុងកាលមុន ភិក្ខុនោះ រលឹកឃើញនូវបុព្វេនិវាស គឺលំដាប់ខន្ធដែលអាស្រ័យនៅក្នុងកាលមុនជាច្រើនប្រការ គឺរលឹកឃើញបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ រហូតដល់អនេកសំវដ្តកប្បខ្លះ អនេកវិវដ្តកប្បខ្លះ និងអនេកសំវដ្តវិវដ្តកប្បខ្លះ ភិក្ខុនោះដឹងថា អាត្មាអញ បានកើតក្នុងទីឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រកូលយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតអំពីទីនោះហើយ បានទៅកើតក្នុងទីឯណោះទៀត លុះអាត្មាអញទៅកើតក្នុងទីនោះហើយ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រកូលយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតអំពីទីនោះ ក៏បានមកកើតក្នុងទីនេះ ភិក្ខុនោះ រលឹកឃើញនូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ គឺរូប និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះ។
[៥៩] កាលបើចិត្តរបស់ភិក្ខុតាំងនៅល្អ បរិសុទ្ធចាកនីវរណធម៌ ជាចិត្តផូរផង់ ឥតមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ គឺប្រាជ្ញាដឹង នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ភិក្ខុនោះ មានចក្ខុទិព្វ កន្លងហួសចក្ខុរបស់មនុស្សធម្មតា ក៏បានឃើញនូវពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ អាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ ភិក្ខុនោះ ដឹងច្បាស់នូវសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត។បេ។ តិះដៀលនូវព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់អំពើដែលយល់ខុស លុះសត្វទាំងអម្បាលនោះ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏រមែងចូលទៅកើត ក្នុងកំណើតនៃតិរច្ឆាន ប្រេត អសុរកាយ និងនរក អើហ្ន៎ ចំណែកសត្វពួកនេះ ប្រកបដោយកាយសុចរិត។បេ។ ជាសត្វមិនតិះដៀល នូវព្រះអរិយបុគ្គល មានសេចក្តីយល់ត្រូវ ប្រកាន់នូវអំពើដែលយល់ត្រូវ លុះសត្វទាំងអម្បាលនោះ បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏រមែងទៅកាន់សុគតិសួគ៌ទេវលោក ភិក្ខុនោះ មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា បានឃើញនូវពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ រូបអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ រមែងដឹងនូវពួកសត្វ ប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាងនេះឯង។
[៦០] កាលបើចិត្តរបស់ភិក្ខុតាំងនៅល្អ បរិសុទ្ធ ជាចិត្តផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញាជាគ្រឿងដឹងនូវធម៌ ដែលធ្វើនូវអាសវៈឲ្យអស់ទៅ។ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសភាពរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាផ្លូវប្រតិបត្តិទៅកាន់ទីរំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាសភាពរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះជាផ្លូវប្រតិបត្តិទៅកាន់ទីរលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចចាកកាមាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង កាលបើចិត្តរួចផុតស្រឡះហើយ សេចក្តីដឹងថា ចិត្តផុតស្រឡះហើយ ក៏កើតមានប្រាកដ មួយទៀត ភិក្ខុដឹងច្បាស់ថា ជាតិរបស់អញអស់ហើយ ព្រហ្មចរិយធម៌ សម្រេចហើយ កិច្ចដែលត្រូវធ្វើ ក៏បានធ្វើស្រេចអស់ហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានឡើយ ម្នាលព្រាហ្មណ៍ នេះហៅថា បុគ្គលមិនកំដៅខ្លួនឯង ទាំងមិនប្រកបការព្យាយាមកំដៅខ្លួនឯង មិនកំដៅអ្នកដទៃ ទាំងមិនប្រកបការព្យាយាមកំដៅអ្នកដទៃ បុគ្គលនោះ ឈ្មោះថា មិនកំដៅខ្លួនឯង ទាំងមិនកំដៅអ្នកដទៃ មិនមានសេចក្តីស្រេកឃ្លាន មានតែសេចក្តីរលត់ទុក្ខ ត្រជាក់ត្រជុំ សោយសេចក្តីសុខ មានខ្លួនប្រសើរ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ក្នុងបច្ចុប្បន្ននេះឯង។
[៦១] កាលដែលឧទេនភិក្ខុ ពោលយ៉ាងនេះរួចហើយ ឃោដមុខព្រាហ្មណ៍ បាននិយាយនឹងឧទេនភិក្ខុមានអាយុ ដូច្នេះថា បពិត្រឧទេនដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រឧទេនដ៏ចម្រើន ភ្លឺច្បាស់ណាស់ ធម៌ដែលលោកម្ចាស់ឧទេនដ៏ចំរើន សំដែងដោយអនេកបរិយាយ យ៉ាងនេះ ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ដែលបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា បុរសមានចក្ខុ រមែងឃើញរូបទាំងឡាយបាន ខ្ញុំសូមដល់នូវព្រះឧទេនដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះឧទេនដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ អ្នកកុំយកអាត្មាជាទីពឹងឡើយ អាត្មាយកព្រះមានព្រះភាគអង្គណាជាទីពឹង អ្នកចូរយកព្រះមានព្រះភាគអង្គនោះជាទីពឹងចុះ។ ឃោដមុខព្រាហ្មណ៍សួរថា បពិត្រព្រះឧទេនដ៏ចំរើន ចុះឥឡូវនេះ ព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ គង់នៅក្នុងទីណា។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ ឥឡូវនេះ ព្រះភគវន្តអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិនិព្វានទៅហើយ។ ឃោដមុខព្រាហ្មណ៍តបថា បពិត្រព្រះឧទេនដ៏ចំរើន ប្រសិនបើយើងខ្ញុំឮដំណឹងថា ព្រះគោតមដ៏ចំរើន អង្គនោះ គង់ក្នុងទី ចំនួន១០យោជន៍ យើងខ្ញុំគួរទៅកាន់ទី ចំនួន១០យោជន៍ ដើម្បីចួបនឹងព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចំរើន ប្រសិនបើយើងខ្ញុំឮដំណឹងថា ព្រះគោតមដ៏ចំរើនអង្គនោះ គង់ក្នុងទី ចំនួន២០យោជន៍… ក្នុងទីចំនួន៣០យោជន៍… ក្នុងទីចំនួន៤០យោជន៍… ក្នុងទីចំនួន៥០យោជន៍ យើងខ្ញុំ ក៏គួរទៅកាន់ទីចំនួន៥០យោជន៍ ដើម្បីចួបនឹងព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចំរើន ប្រសិនបើយើងខ្ញុំឮដំណឹងថា ព្រះគោតមដ៏ចំរើន អង្គនោះ គង់ក្នុងទី ចំនួន១០០យោជន៍ យើងខ្ញុំ ក៏គួរតែទៅកាន់ទី ចំនួន១០០យោជន៍ ដើម្បីចួបនឹងព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះដែរ បពិត្រព្រះឧទេនដ៏ចំរើន កាលបើព្រះគោតមដ៏ចំរើន ព្រះអង្គបរិនិព្វានទៅហើយ ក៏យើងខ្ញុំសូមដល់នូវព្រះគោតមដ៏ចំរើនអង្គនោះ ដែលព្រះអង្គបរិនិព្វានទៅហើយផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះឧទេនដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណា ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមតទៅ បពិត្រព្រះឧទេនដ៏ចំរើន ព្រះរាជាក្នុងដែនអង្គៈ ទ្រង់ប្រទាននិច្ចភិក្ខា ដល់ខ្ញុំព្រះករុណាតែសព្វៗថ្ងៃ ខ្ញុំព្រះករុណា សូមប្រគេននិច្ចភិក្ខាមួយចំណែក អំពីនិច្ចភិក្ខានោះ ដល់ព្រះឧទេនដ៏ចំរើន។
[៦២] ឧទេនភិក្ខុសួរថា ម្នាលព្រាហ្មណ៍ ចុះព្រះបាទអង្គៈ ទ្រង់ប្រទាននិច្ចភិក្ខាប៉ុន្មាន ដល់អ្នកសព្វៗថ្ងៃ។ ឃោដមុខព្រាហ្មណ៍ តបថា បពិត្រព្រះឧទេនដ៏ចំរើន ព្រះបាទអង្គៈ ទ្រង់ប្រទាន៥០០កហាបណៈ។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ យើងមិនគួរទទួលមាសនិងប្រាក់ទេ។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រព្រះឧទេនដ៏ចំរើន បើមាសប្រាក់នោះមិនគួរ ខ្ញុំព្រះករុណា នឹងឲ្យជាងធ្វើវិហារ ប្រគេនលោកម្ចាស់ឧទេនដ៏ចំរើន។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បើអ្នកចង់ឲ្យជាងធ្វើវិហារឲ្យអាត្មា ចូរឲ្យជាងសង់ឧបដ្ឋានសាលាប្រគេនសង្ឃ នៅក្នុងក្រុងបាដលិបុត្តវិញចុះ។ ឃោដមុខព្រាហ្មណ៍ ពោលថា លោកម្ចាស់ឧទេនដ៏ចំរើនបបួលខ្ញុំព្រះករុណា ឲ្យធ្វើទានចំពោះសង្ឃ ដោយហេតុណា ខ្ញុំព្រះករុណាមានចិត្តត្រេកអរ រីករាយពន់ប្រមាណ ចំពោះលោកម្ចាស់ឧទេនដ៏ចំរើន ដោយហេតុនេះ បពិត្រលោកម្ចាស់ឧទេនដ៏ចំរើន ខ្ញុំព្រះករុណានេះ នឹងឲ្យជាងធ្វើឧបដ្ឋានសាលាប្រគេនសង្ឃ ក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានេះផង ដោយនិច្ចភិក្ខាដទៃផង។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ ក៏ឲ្យជាងធ្វើឧបដ្ឋានសាលាប្រគេនសង្ឃ ក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានុ៎ះផង ដោយនិច្ចភិក្ខាដទៃផង។ ឥឡូវនេះ សាលានោះ គេហៅថា ឃោដមុខី។
ចប់ ឃោដមុខសូត្រ ទី៤។
(៥. ចង្កីសុត្តំ)
[៦៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ក៏បានដល់ទៅស្រុកព្រាហ្មណ៍ ឈ្មោះឱបាសាទ របស់ដែនកោសល។ ដំណឹងនោះឮថា ព្រះមានជោគ ទ្រង់គង់ក្នុងសាលវ័ន ជាទេវវ័ន16) នៅខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម។ ក្នុងសម័យនោះឯង មានព្រាហ្មណ៍ម្នាក់ ឈ្មោះចង្កី នៅអាស្រ័យនឹងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយសត្វ និងមនុស្ស បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះរាជាបសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត។
[៦៤] ពួកព្រាហ្មណ៍ និងគហបតីនៅក្នុងឱបាសាទគ្រាម បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ទ្រង់ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន បានដល់មកឱបាសាទគ្រាម ឥឡូវនេះ មកគង់ក្នុងឱបាសាទគ្រាម ក្នុងសាលវ័នជាទេវវ័ន នៅខាងជើងឱបាសាទគ្រាម កិត្តិសព្ទល្អ នៃព្រះគោតមដ៏ចំរើន អង្គនោះ ឮល្បីខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានជោគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានព្រះដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល និងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានចួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក។ លំដាប់នោះ ពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ចេញអំពីឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស សំដៅទៅកាន់សាលវ័ន ជាទេវវ័ន។ ក៏សម័យនោះឯង ចង្កីព្រាហ្មណ៍ ចូលទៅដេកក្នុងវេលាថ្ងៃ ឰដ៏ប្រាសាទជាន់ខាងលើ។
[៦៥] ចង្កីព្រាហ្មណ៍ បានឃើញពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ចេញអំពីឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស ដើរត្រសងទៅកាន់សាលវ័ន ជាទេវវ័ន លុះឃើញហើយ ក៏និយាយទៅរកខត្តាមាត្យថា ម្នាលខត្តៈ ចុះហេតុដូចម្តេច បានជាពួកព្រាហ្មណ៍ និងគហបតី នៅក្នុងឱបាសាទគ្រាម ជាពួក ជាក្រុម ជាគណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស ដើរត្រសងទៅកាន់សាលវ័ន ជាទេវវ័ន។ ខត្តាមាត្យជំរាបថា បពិត្រលោកចង្កីដ៏ចំរើន មានព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃ ជាច្រើន ឥឡូវ បានមកដល់ឱបាសាទគ្រាម ទ្រង់គង់នៅក្នុងសាលវ័ន ជាទេវវ័ន ក្បែរឱបាសាទគ្រាម ជាខាងជើងនៃឱបាសាទគ្រាម ក៏កិត្តិសព្ទល្អ នៃព្រះគោតមដ៏ចំរើននោះ ឮល្បីខ្ចរខ្ចាយ សុះសាយមក យ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ជាអហរន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ជាបុគ្គលប្រសើរបំផុត ជាសារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ពួកព្រាហ្មណ៍ និងគហបតីទាំងនុ៎ះ ដើរចូលទៅដើម្បីគាល់ព្រះគោតមដ៏ចំរើន។ ចង្កីព្រាហ្មណ៍និយាយថា ម្នាលខត្តៈដ៏ចំរើន បើដូច្នោះ អ្នកចូរចូលទៅរកពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុងឱបាសាទគ្រាម លុះចូលទៅដល់ហើយ និយាយនឹងពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងឱបាសាទគ្រាម យ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ចង្កីព្រាហ្មណ៍ បាននិយាយយ៉ាងនេះថា សូមឲ្យអ្នកដ៏ចំរើនទាំងឡាយ រង់ចាំបន្តិចសិន ដ្បិតចង្កីព្រាហ្មណ៍ ចង់ចូលទៅគាល់ព្រះសមណគោតមដែរ។ ខត្តាមាត្យនោះ ទទួលពាក្យចង្កីព្រាហ្មណ៍ថា បាទ លោកដ៏ចំរើន រួចចូលទៅរកពួកព្រាហ្មណ៍ និងគហបតី ដែលនៅក្នុងឱបាសាទគ្រាម លុះចូលទៅដល់ហើយ បានពោលទៅរកពួកព្រាហ្មណ៍ គហបតី ដែលនៅក្នុងឱបាសាទគ្រាម ដូច្នេះថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ ចង្កីព្រាហ្មណ៍ និយាយយ៉ាងនេះថា សូមឲ្យអ្នកទាំងឡាយ រង់ចាំបន្តិចសិន ដ្បិតចង្កីព្រាហ្មណ៍ ចង់ចូលទៅគាល់ព្រះគោតមដែរ។
[៦៦] ក៏សម័យនោះឯង បណ្តាពួកព្រាហ្មណ៍ ដែលមកអំពីដែនដទៃផ្សេងៗ មានពួកព្រាហ្មណ៍ ចំនួន៥០០នាក់ នៅអាស្រ័យក្នុងឱបាសាទគ្រាម ដោយកិច្ចណានីមួយៗ។ ពួកព្រាហ្មណ៍ទាំងនោះ បានឮថា ចង្កីព្រាហ្មណ៍ នឹងចូលទៅគាល់ព្រះសមណគោតម។ ទើបព្រាហ្មណ៍ទាំងនោះ នាំគ្នាចូលទៅរកចង្កីព្រាហ្មណ៍ ត្រង់កន្លែងដែលគាត់នៅ លុះចូលទៅដល់ហើយ បាននិយាយទៅរកចង្កីព្រាហ្មណ៍ ដូច្នេះថា ឮថា ចង្កីដ៏ចំរើន នឹងចូលទៅគាល់ព្រះសមណគោតម មែនឬ។ ចង្កីព្រាហ្មណ៍ឆ្លើយថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ យ៉ាងហ្នឹងហើយ ខ្ញុំឯងនឹងទៅគាល់ព្រះសមណគោតមមែន។ ពួកព្រាហ្មណ៍និយាយឃាត់ថា ចង្កីដ៏ចំរើន កុំចូលទៅគាល់ព្រះសមណគោតមឡើយ ចង្កីដ៏ចំរើន មិនគួរចូលទៅគាល់ព្រះសមណគោតមទេ គួតែព្រះសមណគោតម ចូលមកចួបនឹងចង្កីដ៏ចំរើនវិញ ដ្បិតចង្កីដ៏ចំរើន មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណ នៃជីដូនជីតាជាគំរប់៧មក មិនមានអ្នកណាមួយ រិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ចង្កីដ៏ចំរើន មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណនៃជីដូនជីតា ជាគំរប់៧មក មិនមានអ្នកណាមួយ រិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ដោយហេតុណា ហេតុនោះ បានជាចង្កីដ៏ចំរើន មិនគួរចូលទៅគាល់ព្រះសមណគោតមទេ គួរតែព្រះសមណគោតមចូលមកចួបនឹងចង្កីដ៏ចំរើនវិញ មួយទៀត ចង្កីដ៏ចំរើន ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងបរិភោគច្រើន មិនតែប៉ុណ្ណោះ ចង្កីដ៏ចំរើន ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នកស្គាល់នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ មួយទៀត ចង្កីដ៏ចំរើន មានរូបល្អ គួរពិតពិលរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយពណ៌សម្បុរដ៏ល្អក្រៃលែង មានព្រះវ័ណ្ណ ស្រដៀងនឹងព្រហ្ម មានសរីរៈស្រដៀងគ្នានឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង មួយទៀត ចង្កីដ៏ចំរើន ជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកបដោយសីលដ៏ចំរើន មួយទៀត ចង្កីដ៏ចំរើន មានសំដីពីរោះ និយាយសំដីពីរោះ ប្រកបដោយសំដីអ្នកក្រុង ជាសំដីច្បាស់លាស់ ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន មួយទៀត ចង្កីដ៏ចំរើន ជាអាចារ្យ ជាប្រធានលើអាចារ្យនៃពួកជនច្រើន បានបង្រៀនមន្តមាណព ៣០០នាក់ មួយទៀត ចង្កីដ៏ចំរើន ព្រះបាទបសេនទិកោសល តែងធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា កោតក្រែង ទាំងបោក្ខរសាតិព្រាហ្មណ៍ ក៏តែងធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា កោតក្រែងចង្កីដ៏ចំរើនដែរ មួយទៀត ចង្កីដ៏ចំរើន នៅគ្រប់គ្រងឱបាសាទគ្រាម ដែលជាស្រុកកុះករ ដោយមនុស្ស និងសត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ចង្កីដ៏ចំរើន នៅគ្រប់គ្រងឱបាសាទគ្រាម ដែលជាស្រុកកុះករដោយមនុស្ស និងសត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺព្រះរាជទានដោយដាច់ខាត ដោយហេតុណា ហេតុនេះ បានជាថា ចង្កីដ៏ចំរើន មិនគួរចូលទៅចួបនឹងព្រះសមណគោតមឡើយ គួរតែព្រះសមណគោតម ចូលមកចួបនឹងចង្កីដ៏ចំរើនវិញ។
[៦៧] កាលបើពួកព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏និយាយនឹងព្រាហ្មណ៍ទាំងនោះ យ៉ាងនេះថា នែអ្នកដ៏ចំរើន បើដូច្នោះ ចូរស្តាប់ពាក្យខ្ញុំសិនថា បើទុកជាយ៉ាងណាៗ ក៏គួរតែយើងចូលទៅគាល់ព្រះសមណគោតមនោះវិញ មិនគួរឲ្យព្រះគោតមដ៏ចំរើននោះ ចូលមកចួបនឹងយើងទេ នែអ្នកទាំងឡាយដ៏ចំរើន ឮថា ព្រះសមណគោតម មានជាតិបរិសុទ្ធទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងពីតំណនៃព្រះអយ្យកោ អយ្យិកា ជាគំរប់៧មក មិនមានអ្នកណាតិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ព្រះសមណគោតម មានជាតិដ៏ល្អ ទាំងពីរចំណែក។បេ។ ដោយពោលដល់ជាតិកំណើតបានឡើយ ដោយហេតុណា ហេតុនេះ មិនគួរឲ្យព្រះគោតមដ៏ចំរើននោះ ចូលមកចួបនឹងយើងទេ គួរតែយើងរាល់គ្នា ចូលទៅគាល់ព្រះគោតមដ៏ចំរើននោះ ដោយពិត នែអ្នកទាំងឡាយដ៏ចំរើន ឮថា ព្រះសមណគោតម ទ្រង់លះបង់មាសប្រាក់មានប្រមាណច្រើន ដែលឋិតនៅលើផែនដី ទាំងឋិតនៅក្នុងវេហាស៍ គឺក្នុងប្រាសាទជាន់លើ ហើយចេញទៅទ្រង់ព្រះផ្នួស នែគ្នាយើង ឮថាព្រះសមណគោតម ព្រះអង្គជាកម្ល៉ោះនៅឡើយ មានព្រះកេសាខ្មៅស្រិល ប្រកបដោយវ័យដ៏ចំរើន គឺបឋមវ័យ ទ្រង់ចេញចាកគេហដ្ឋាន ចូលទៅកាន់ផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម កាលព្រះវរមាតាបិតា មិនពេញព្រះហឫទ័យ (នឹងការទ្រង់ព្រះផ្នួស) កំពុងមានព្រះភក្ត្រជោកជាំ ដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោក ព្រះអង្គ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ព្រះកាសាវពស្ត្រ ហើយចេញចាកគេហដ្ឋាន ចូលទៅកាន់ផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះរូបល្អ គួរឲ្យរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយព្រះវណ្ណៈដ៏ល្អក្រៃលែង មានព្រះវណ្ណៈស្រដៀងនឹងព្រហ្ម មានព្រះសរីរៈស្រដៀងនឹងព្រហ្ម មានព្រះសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង នែគ្នាយើង ឮថា ព្រះសមណគោតម ទ្រង់មានសីល មានសីលដ៏ប្រសើរ មានសីលជាកុសល ប្រកបដោយសីលជាកុសល នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះវាចាពីរោះ មានព្រះពុទ្ធដីកាដ៏ពីរោះ ប្រកបដោយវាចាជារបស់អ្នកក្រុង ជាព្រះវាចាច្បាស់លាស់ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ឲ្យចូលចិត្តសេចក្តីច្បាស់លាស់បាន នែគ្នាយើង ឮថា ព្រះសមណគោតម ជាអាចារ្យ ជាប្រធានលើអាចារ្យរបស់ពួកជនច្រើន នែគ្នាយើង ឮថា ព្រះសមណគោតម អស់កាមរាគៈហើយ ប្រាសចាកសេចក្តីស្រើបស្រាលហើយ នែគ្នាយើង ឮថា ព្រះសមណគោតម ជាកម្មវាទី ជាកិរិយវាទី ព្រះអង្គ ទ្រង់ធ្វើធម៌ដែលគ្មានបាប ទុកជាខាងមុខ ក្នុងពួកព្រាហ្មណ៍ និងពួកសត្វ នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាកត្រកូលដ៏ខ្ពស់ខ្ពស់ ជាត្រកូលក្សត្រិយ៍ មិនលាយច្រឡំ ហើយមកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាកត្រកូលដ៏ស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ពួកមនុស្ស អ្នកនៅដែនក្រៅ អ្នកនៅជនបទក្រៅ តែងនាំគ្នាមកសាកសួរព្រះសមណគោតម នែគ្នាយើង ឮថា ទេវតាច្រើនពាន់ បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា កិត្តិសព្ទល្អ នៃព្រះសមណគោតម ល្បីខ្ចរខ្ចាយ សុសសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹងនូវចតុរារិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត នែគ្នាយើង ឮថា ព្រះសមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ ៣២ប្រការ នែគ្នាយើង ឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងព្រះរាជបុត្រ ព្រះអគ្គមហេសី បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះបាទបសេនទិកោសល ព្រមទាំងព្រះរាជបុត្រ ព្រះអគ្គមហេសី បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា បោក្ខរសាតិព្រាហ្មណ៍ ព្រមទាំងបុត្រ និងភរិយា បានដល់ព្រះសមណគោតម ជាទីពឹង ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះសមណគោតម ស្តេចមកដល់ឱបាសាទគ្រាមហើយ ឥឡូវនេះ គង់នៅក្នុងសាលវ័ន ជាទេវវ័ន ជាខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម ពួកសមណៈ ឬព្រាហ្មណ៍ ណាមួយ ដែលមកដល់គាមក្ខេត្ត របស់យើងហើយ ពួកសមណព្រាហ្មណ៍ទាំងនោះ សុទ្ធតែជាភ្ញៀវរបស់យើង ភ្ញៀវហ្នឹងឯង ត្រូវតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា នែគ្នាយើង ក៏ព្រះសមណគោតមនេះឯង ស្តេចមកដល់ឱបាសាទគ្រាមហើយ ឥឡូវនេះ គង់ក្នុងសាលវ័ន ជាទេវវ័ន ជាខាងជើងឱបាសាទគ្រាម ជិតឱបាសាទគ្រាម ឯព្រះសមណគោតម ជាភ្ញៀវរបស់យើង ភ្ញៀវហ្នឹងឯង ក៏ត្រូវតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា ដោយហេតុនេះហើយ បានជាមិនគួរឲ្យព្រះសមណគោតមដ៏ចំរើននោះ ចូលមកចួបនឹងយើងឡើយ តាមពិត គួរតែពួកយើង ចូលទៅគាល់ព្រះសមណគោតមដ៏ចំរើននោះវិញ នែគ្នាយើង ខ្ញុំដឹងគុណ (ដែលគួរសរសើរ) របស់ព្រះគោតមដ៏ចំរើននោះ ត្រឹមតែប៉ុណ្ណេះឯង តែព្រះគោតមដ៏ចំរើននោះ មិនមែនមានគុណដែលគួរសរសើរ ត្រឹមតែប៉ុណ្ណេះទេ ព្រោះព្រះគោតមដ៏ចំរើននោះ មានគុណ នឹងរាប់ នឹងប្រមាណពុំបាន នែគ្នាយើង ព្រះគោតមដ៏ចំរើននោះ ទោះបីព្រះអង្គប្រកបដោយអង្គតែមួយៗ ព្រះគោតមដ៏ចំរើននោះ ក៏មិនគួរនឹងចូលមកចួបនឹងយើងទេ តាមពិត គួរតែពួកយើង ចូលទៅចួបនឹងព្រះគោតមដ៏ចំរើននោះវិញ។ ពួកព្រាហ្មណ៍និយាយគ្នាថា នែគ្នាយើង បើដូច្នោះ ពួកយើងទាំងអស់គ្នា នឹងនាំគ្នាចូលទៅគាល់ព្រះសមណគោតម។ ទើបចង្កីព្រាហ្មណ៍ ព្រមទាំងពួកព្រាហ្មណ៍ច្រើននាក់ ចូលទៅគាល់ព្រះសមណគោតម លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពោលពាក្យណាមួយ ទៅរកពួកព្រាហ្មណ៍ចាស់ៗ លុះបញ្ចប់ពាក្យដែលគួររលឹកហើយ ក៏ទ្រង់គង់។
[៦៨] សម័យនោះឯង មានមាណពកំឡោះម្នាក់ ឈ្មោះកាបទិកៈ មានក្បាលកោរ មានអាយុប្រមាណ ១៦ឆ្នាំ អំពីកំណើត ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិវុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នកស្គាល់នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ អង្គុយនៅក្នុងប្រជុំបរិស័ទនោះ។ មាណពនោះ ក៏និយាយស្កាត់សំដីរបស់ពួកព្រាហ្មណ៍ចាស់ៗ ដែលកំពុងតែប្រឹក្សា ទៅរកព្រះមានព្រះភាគ។ ទើបព្រះមានព្រះភាគ ទ្រង់ឃាត់កាបទិកមាណពថា ភារទ្វាជៈមានអាយុ កុំនិយាយស្កាត់សំដី របស់ពួកព្រាហ្មណ៍ចាស់ៗ ដែលកំពុងតែប្រឹក្សាឡើយ ភារទ្វាជៈមានអាយុ ចូរបង្អង់ចាំឲ្យចប់សំដីគេសិន។
[៦៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចង្កីព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចំរើន កុំឃាត់កាបទិកមាណពឡើយ ដ្បិតកាបទិកមាណព ជាកុលបុត្រផង ជាពហុស្សូតផង កាបទិកមាណព ជាបណ្ឌិតផង កាបទិកមាណព ជាអ្នកនិយាយពាក្យពីរោះផង កាបទិកមាណព អាចនឹងប្រឹក្សាក្នុងពាក្យនោះ ជាមួយនឹងព្រះគោតមដ៏ចំរើនបានផង។ ទើបព្រះមានជោគ មានព្រះតម្រិះយ៉ាងនេះថា កាបទិកមាណព មុខជានឹងបានសម្រេចត្រៃវិជ្ជា ក្នុងព្រះពុទ្ធសាសនាដោយពិត ព្រោះហេតុនោះ បានជាពួកព្រាហ្មណ៍ លើកកាបទិកមាណពនោះជាត្រីមុខ។ គ្រានោះ កាបទិកមាណព មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលណាបើព្រះសមណគោតម ទ្រង់ឆ្មៀងព្រះនេត្រមកចំភ្នែករបស់អញ អញនឹងសួរប្រស្នា ចំពោះព្រះសមណគោតម ក្នុងកាលនោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្កៈ ក្នុងចិត្តរបស់កាបទិកមាណព ដោយព្រះហឫទ័យរបស់ព្រះអង្គហើយ ទើបឆ្មៀងព្រះនេត្រ ចំពោះទៅរកកាបទិកមាណព។ គ្រានោះ កាបទិកមាណព មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះសមណគោតម មើលមកអញហើយតើ បើដូច្នោះ មានតែអញសួរប្រស្នា ចំពោះព្រះសមណគោតម។ លំដាប់នោះ កាបទិកមាណព ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន បទមន្តចាស់ របស់ពួកព្រាហ្មណ៍ដែលប្រកាន់តៗគ្នាថា ដូច្នេះៗ ប្រកាន់តាមក្បួន ក៏បណ្តាពួកព្រាហ្មណ៍ទាំងនោះ ពួកព្រាហ្មណ៍ដែលដល់នូវសេចក្តីចូលចិត្ត ដោយចំណែកមួយថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ក្នុងសេចក្តីនេះ ព្រះគោតមដ៏ចំរើន ទ្រង់សំដែងថាដូចម្តេចទៅវិញ។
[៧០] ព្រះមានព្រះភាគត្រាស់ថា ម្នាលភារទ្វាជៈ ចុះបណ្តាព្រាហ្មណ៍ទាំងឡាយ មានព្រាហ្មណ៍ណាខ្លះ សូម្បីតែម្នាក់ ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ។ កាបទិកមាណព ឆ្លើយថា បពិត្រព្រះគោតមដ៏ចំរើន ពុំមានទេ។ ម្នាលភារទ្វាជៈ ចុះបណ្តាព្រាហ្មណ៍ទាំងឡាយ ព្រាហ្មណ៍ខ្លះ មានអាចារ្យជាមួយគ្នាផង ជាប្រធានលើអាចារ្យជាមួយគ្នាផង តាំងអំពីគូនៃអាចារ្យជាគំរប់៧មក ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ពុំមានទេ។ ម្នាលភារទ្វាជៈ ចុះបណ្តាព្រាហ្មណ៍ទាំងឡាយ មានពួកព្រាហ្មណ៍ណា ជាឥសី មានក្នុងជាន់មុន ជាអ្នកតាក់តែងនូវមន្ត អ្នកពោលនូវមន្ត បទនៃមន្តចាស់នេះ ដែលពួកព្រាហ្មណ៍ណា បានសូត្រហើយ បានពោលហើយ បានតាំងទុកហើយ ឥឡូវនេះ ពួកព្រាហ្មណ៍ សូត្រតាមមន្តនោះ ពោលតាមមន្តនោះ ពោលតាមមន្ត ដែលគេពោលហើយ បង្រៀនមន្តដែលគេបង្រៀនហើយ ពួកឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ឈ្មោះវាមកៈ ឈ្មោះវាមទេវៈ ឈ្មោះវេស្សាមិត្តៈ ឈ្មោះយមតគ្គិ ឈ្មោះអង្គីរសៈ ឈ្មោះភារទ្វាជៈ ឈ្មោះវាសេដ្ឋៈ ឈ្មោះកស្សបៈ ឈ្មោះភគុ ក៏ពួកឥសីទាំងនោះ ពោលយ៉ាងនេះថា យើងទាំងឡាយ ដឹងហេតុនេះ យើងទាំងឡាយ ឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ដូច្នេះ មានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ពុំមានទេ។
[៧១] ព្រះភគវន្តមុនីនាថ ទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ មិនមានឮថា បណ្តាព្រាហ្មណ៍ទាំងឡាយ មិនមានព្រាហ្មណ៍ណាមួយ សូម្បីតែម្នាក់ ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ បណ្តាព្រាហ្មណ៍ទាំងឡាយ មិនមានព្រាហ្មណ៍ណាមួយ ដែលមានអាចារ្យជាមួយគ្នា ឬមានអាចារ្យជាប្រធានលើអាចារ្យជាមួយគ្នា ដរាបតាំងអំពីគូនៃអាចារ្យ ជាគំរប់៧មក ពោលយ៉ាងនេះថា អញដឹងហេតុនេះ អញឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ បណ្តាព្រាហ្មណ៍ទាំងឡាយ ពួកព្រាហ្មណ៍ដែលជាឥសី មានក្នុងជាន់មុន ជាអ្នកតាក់តែងមន្ត អ្នកពោលមន្ត បទនៃមន្តចាស់នេះ ដែលពួកឥសីណា បានសូត្រហើយ បានពោលហើយ បានតាំងទុកហើយ ឥឡូវនេះ ពួកព្រាហ្មណ៍ បានសូត្រតាមមន្តនោះ បានពោលតាមមន្តនោះ បានពោលតាមមន្ត ដែលគេពោលហើយ បានបង្រៀនមន្ត ដែលគេបង្រៀនហើយ ពួកឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ឈ្មោះវាមកៈ ឈ្មោះវាមទេវៈ ឈ្មោះវេស្សាមិត្តៈ ឈ្មោះយមតគ្គិ ឈ្មោះអង្គីរសៈ ឈ្មោះភារទ្វាជៈ ឈ្មោះវាសេដ្ឋៈ ឈ្មោះកស្សបៈ ឈ្មោះភគុ ក៏ពួកឥសីទាំងនោះ មិនពោលថា យើងទាំងឡាយ ដឹងហេតុនេះ យើងទាំងឡាយ ឃើញហេតុនេះ ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ។ ម្នាលភារទ្វាជៈ ដូចបុរសខ្វាក់ទាំងជួរ ដែលជាប់តៗគ្នា បុរសដែលដើរមុន ក៏មើលមិនឃើញ បុរសដែលដើរកណ្តាល ក៏មើលមិនឃើញ បុរសដែលដើរក្រោយ ក៏មើលមិនឃើញ យ៉ាងណាមិញ ម្នាលភារទ្វាជៈ ភាសិតរបស់ពួកព្រាហ្មណ៍ ក៏មានទំនងដូចបុរសខ្វាក់ទាំងជួរ បុរសដែលដើរមុន ក៏មើលមិនឃើញ បុរសដែលដើរកណ្តាល ក៏មើលមិនឃើញ បុរសដែលដើរក្រោយ ក៏មើលមិនឃើញ យ៉ាងនោះដែរ ម្នាលភារទ្វាជៈ អ្នកយល់សេចក្តីនោះ ដូចម្តេច កាលបើយ៉ាងនេះ តើសទ្ធាដែលគ្មានឫសគល់ របស់ពួកព្រាហ្មណ៍ សម្រេចបានដែរឬ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន សម្រេចមិនបានទេ ពួកព្រាហ្មណ៍ តែងចូលទៅអង្គុយជិតដោយសទ្ធា ពួកព្រាហ្មណ៍ តែងចូលទៅអង្គុយជិត ដោយការស្តាប់តៗគ្នាមក។
[៧២] ព្រះបរមគ្រូទ្រង់ត្រាស់ថា ម្នាលភារទ្វាជៈ កាលពីមុន អ្នកថាជឿ ឥឡូវនេះ អ្នកថាឮតាមគេ ម្នាលភារទ្វាជៈ ធម៌ទាំង៥យ៉ាងនេះ មានវិបាក២យ៉ាង ក្នុងបច្ចុប្បន្ន ធម៌ទាំង៥យ៉ាង តើដូចម្តេច ធម៌ទាំង៥យ៉ាងគឺ សេចក្តីជឿ១ សេចក្តីគាប់ចិត្ត១ ការឮតាមគ្នា១ ការត្រិះរិះនូវអាការ១ សេចក្តីចូលចិត្តតាមការយល់១ ម្នាលភារទ្វាជៈ ធម៌ទាំង៥នេះឯង មានវិបាក២យ៉ាង ក្នុងបច្ចុប្បន្ន ម្នាលភារទ្វាជៈ គឺហេតុណា ដែលបុគ្គលជឿស៊ប់ តែហេតុនោះ ជាហេតុសោះសូន្យទទេ កុហកសោះក៏មាន ហេតុណា ដែលបុគ្គលមិនជឿស៊ប់ទេ តែហេតុនោះ ជាហេតុពិតប្រាកដ មិនមែនជាដទៃក៏មាន ម្នាលភារទ្វាជៈ មួយទៀត ហេតុណា ដែលបុគ្គលគាប់ចិត្តស៊ប់។បេ។ ពាក្យណា ដែលបុគ្គលឮច្បាស់តាមគ្នា។បេ។ ហេតុណា ដែលបុគ្គលត្រិះរិះឃើញជាក់។បេ។ ហេតុណា ដែលបុគ្គលចូលចិត្តស៊ប់ តែហេតុនោះ ជាហេតុសោះសូន្យទទេ កុហកសោះក៏មាន ហេតុណា ដែលបុគ្គលមិនចូលចិត្តស៊ប់ទេ តែហេតុនោះ ជាហេតុពិតប្រាកដ មិនមែនជាដទៃក៏មាន ម្នាលភារទ្វាជៈ បុរសជាអ្នកប្រាជ្ញ អ្នករក្សាសច្ចៈ មិនគួរចូលចិត្តដោយដាច់ខាត ក្នុងហេតុនេះថា ពាក្យនេះពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះឡើយ។ កាបទិកមាណព ក្រាបទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន ចុះការរក្សាសច្ចៈ តើត្រឹមប៉ុន្មាន បុគ្គលរក្សាសច្ចៈ តើត្រឹមប៉ុន្មាន យើងខ្ញុំព្រះអង្គ សូមសួរចំពោះការរក្សាសច្ចៈ និងព្រះគោតមដ៏ចំរើន។
[៧៣] ព្រះលោកនាថត្រាស់ថា ម្នាលភារទ្វាជៈ បើបុរសមានជំនឿថា ជំនឿរបស់អញយ៉ាងនេះ កាលដែលនិយាយតាមគំនិតដូច្នេះ ឈ្មោះថា រក្សាសច្ចៈ តែមិនទាន់ដល់នូវសេចក្តីចូលចិត្ត ដោយដាច់ខាតថា ពាក្យនេះពិត ពាក្យដទៃ ជាមោឃៈ ត្រឹមប៉ុណ្ណោះឡើយ ម្នាលភារទ្វាជៈ ការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈត្រឹមប៉ុណ្ណេះ យើងក៏បញ្ញត្តការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ តែការត្រាស់ដឹងសច្ចៈ មិនទាន់មានដល់បុរសនោះនៅឡើយទេ ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីគាប់ចិត្ត… ម្នាលភារទ្វាជៈ បើបុរសមានការឮតាមៗគ្នា… ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីត្រិះរិះនូវអាការ… ម្នាលភារទ្វាជៈ បើបុរសមានសេចក្តីចូលចិត្តដោយការយល់ថា សេចក្តីចូលចិត្ត តាមការយល់របស់អញ យ៉ាងនេះ កាលបើនិយាយតាមសេចក្តីចូលចិត្ត ដោយការយល់ដូច្នេះ ឈ្មោះថា រក្សាសច្ចៈ តែមិនទាន់ដល់នូវសេចក្តីចូលចិត្ត ដោយដាច់ខាតថា ពាក្យនេះពិត ឯពាក្យដទៃ ជាមោឃៈ ត្រឹមប៉ុណ្ណោះឡើយ ម្នាលភារទ្វាជៈ ការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈត្រឹមតែប៉ុណ្ណេះ យើងក៏បញ្ញត្តការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ តែការត្រាស់ដឹងសច្ចៈ មិនទាន់មានដល់បុរសនោះនៅឡើយទេ។ កាបទិកមាណព ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន ការរក្សាសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលរក្សាសច្ចៈត្រឹមប៉ុណ្ណេះ យើងខ្ញុំទាំងឡាយ ក៏បញ្ញត្តការរក្សាសច្ចៈត្រឹមប៉ុណ្ណេះដែរ បពិត្រព្រះគោតមដ៏ចំរើន ចុះការត្រាស់ដឹងសច្ចៈត្រឹមប៉ុន្មាន បុគ្គលត្រាស់ដឹងសច្ចៈត្រឹមប៉ុន្មាន យើងខ្ញុំសូមសួរ ចំពោះការត្រាស់ដឹងសច្ចៈ នឹងព្រះគោតមដ៏ចំរើន។
[៧៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលភារទ្វាជៈ មានសេចក្តីដំណាលថា ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនូវស្រុក ឬនិគមណាមួយ។ គហបតីក្តី កូនគហបតីក្តី ចូលទៅរកភិក្ខុនោះឯង ល្បងមើលក្នុងធម៌ទាំងឡាយ ៣ប្រការ គឺធម៌ជាទីតាំងនៃលោភៈ ធម៌ជាទីតាំងនៃទោសៈ ធម៌ជាទីតាំងនៃមោហៈ ដោយគំនិតថា បុគ្គលមានចិត្ត ដែលធម៌ជាទីតាំងនៃលោភៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយមិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណាដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនមែនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលយូរ ដល់បុគ្គលទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ធម៌ទាំងឡាយ ដែលជាទីតាំងនៃសេចក្តីលោភ មានសភាពដូច្នោះ តើមានដល់លោកមានអាយុនេះដែរឬហ្ន៎។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីលោភ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់បុគ្គលទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីលោភ មានសភាពដូច្នោះ មិនមានដល់លោកមានអាយុនេះទេ។ កាយសមាចារ និងវចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់អ្នកដែលមិនលោភដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់មើលដោយការត្រិះរិះពុំបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានសេចក្តីលោភ មិនងាយសំដែងបានឡើយ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នកបរិសុទ្ធ ចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃលោភៈ ដោយហេតុណាហើយ ក៏ល្បងមើលភិក្ខុនោះ ក្នុងធម៌ ដែលជាទីតាំងនៃទោសៈ ឲ្យក្រៃលែងជាងហេតុនោះ តទៅទៀតថា បុគ្គលមានចិត្ត ដែលធម៌ជាទីតាំងនៃទោសៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលនូវបុគ្គលដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃទោសៈ មានសភាពដូច្នោះ មានដល់លោកមានអាយុនេះ ដែរឬហ្ន៎។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលពួកធម៌ ជាទីតាំងនៃទោសៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលជនដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃទោសៈ មានសភាពដូច្នោះ មិនមានដល់លោកមានអាយុនេះឡើយ។ កាយសមាចារ និងវចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់អ្នក ដែលមិនមានទោសៈដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់មើល ដោយការត្រិះរិះពុំបាន ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានទោសៈ មិនងាយសំដែងបានឡើយ។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នកបរិសុទ្ធ ចាកធម៌ទាំងឡាយ ដែលជាទីតាំងនៃទោសៈ ដោយហេតុណាហើយ ក៏ល្បងមើលភិក្ខុនោះ ក្នុងធម៌ទាំងឡាយ ដែលជាទីតាំងនៃមោហៈ ឲ្យក្រៃលែងជាងហេតុនោះ តទៅទៀតថា បុគ្គលមានចិត្ត ដែលពួកធម៌ជាទីតាំងនៃមោហៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលអ្នកដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃមោហៈ មានសភាពដូច្នោះ មានដល់លោកមានអាយុនេះ ដែរឬហ្ន៎។ កាលគហបតី ឬកូនគហបតី ល្បងមើលភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា បុគ្គលមានចិត្ត ដែលពួកធម៌ ជាទីតាំងនៃមោហៈ មានសភាពយ៉ាងណា គ្របសង្កត់ហើយ មិនដឹង និយាយថា អាត្មាអញដឹង ឬមិនឃើញ និយាយថា អាត្មាអញឃើញ ឬក៏ហេតុណា ដែលប្រព្រឹត្តទៅ ដើម្បីកម្មមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលយូរ ដល់ជនទាំងឡាយដទៃ ក៏បបួលអ្នកដទៃ ដើម្បីហេតុនោះ ពួកធម៌ ដែលជាទីតាំងនៃមោហៈ មានសភាពដូច្នោះ មិនមានដល់លោកមានអាយុនេះទេ។ កាយសមាចារ និងវចីសមាចារ របស់លោកមានអាយុនេះ ក៏ដូចជារបស់អ្នកដែលមិនមានមោហៈដែរ បើលោកមានអាយុនេះ សំដែងធម៌ណា ធម៌នោះជ្រៅ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលគេស្ទង់មើល ដោយការត្រិះរិះពុំបានទេ ជាធម៌ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន ធម៌នោះ បុគ្គលអ្នកមានមោហៈ មិនងាយនឹងសំដែងបានឡើយ។ កាលគហបតី ឬកូនគហបតី ល្បងមើលនូវភិក្ខុនោះ បានឃើញច្បាស់ថា ជាអ្នកបរិសុទ្ធ ចាកធម៌ទាំងឡាយ ជាទីតាំងនៃមោហៈ ដោយហេតុណាហើយ ក៏ញុំាងសទ្ធា ឲ្យជ្រួតជ្រាប ក្នុងហេតុនោះ ជាអ្នកមានសទ្ធា កើតឡើងក្នុងកាលនោះ ទើបចូលទៅរក (ភិក្ខុនោះ) កាលចូលទៅរក ក៏បានអង្គុយជិត កាលទៅអង្គុយជិត ក៏ដាក់នូវសោតប្បសាទ លុះមានសោតប្បសាទដាក់ចុះហើយ ទើបស្តាប់ធម៌ លុះស្តាប់ហើយ ទើបទ្រទ្រង់នូវធម៌ ពិចារណានូវសេចក្តីនៃធម៌ទាំងឡាយ ដែលខ្លួនទ្រទ្រង់ហើយ កាលបើពិចារណានូវសេចក្តីហើយ ក៏ចូលចិត្តនូវធម៌ និងគំនិត កាលមានសេចក្តីចូលចិត្ត នូវធម៌ និងគំនិតហើយ ក៏មានឆន្ទៈកើតឡើង លុះមានឆន្ទៈកើតឡើងហើយ ក៏ប្រឹងប្រែង លុះប្រឹងប្រែងហើយ ក៏ត្រិះរិះ លុះត្រិះរិះហើយ ក៏តម្កល់ (នូវសេចក្តីព្យាយាម ដើម្បីមគ្គ) ជាអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមត្ថសច្ចៈ ដោយនាមកាយផង បានចាក់ធ្លុះឃើញច្បាស់ នូវបរមត្ថសច្ចៈនោះ ដោយបញ្ញាផង។ ម្នាលភារទ្វាជៈ ការត្រាស់ដឹងនូវសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលត្រាស់ដឹងនូវសច្ចៈត្រឹមប៉ុណ្ណេះ យើងក៏បញ្ញត្តការត្រាស់ដឹងសច្ចៈត្រឹមប៉ុណ្ណេះ តែមិនទាន់ហៅថា កើតសច្ចធម៌ទេ។ កាបទិកមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ការត្រាស់ដឹងនូវសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលត្រាស់ដឹងនូវសច្ចៈត្រឹមប៉ុណ្ណេះ យើងខ្ញុំក៏បញ្ញត្តការត្រាស់ដឹងសច្ចៈត្រឹមប៉ុណ្ណេះដែរ បពិត្រព្រះគោតមដ៏ចំរើន ចុះការកើតសច្ចៈ តើត្រឹមប៉ុន្មាន បុគ្គលបាននូវសច្ចៈ តើត្រឹមប៉ុន្មាន យើងខ្ញុំសូមសួរនូវការកើតសច្ចៈ ចំពោះព្រះគោតមដ៏ចំរើន។
[៧៥] ព្រះបរមគ្រូត្រាស់ថា ម្នាលភារទ្វាជៈ ការធ្វើឲ្យថ្នឹក ការចំរើន ការធ្វើរឿយៗ នូវធម៌ទាំងនោះឯង ឈ្មោះថា ការកើតសច្ចៈ ម្នាលភារទ្វាជៈ ការកើតសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលបាននូវសច្ចៈ ត្រឹមប៉ុណ្ណេះ យើងក៏បញ្ញត្តការកើតឡើងនៃសច្ចៈត្រឹមប៉ុណ្ណេះដែរ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ការកើតសច្ចៈត្រឹមប៉ុណ្ណេះ បុគ្គលបាននូវសច្ចៈ ត្រឹមប៉ុណ្ណេះ យើងបញ្ញត្តនូវការកើតឡើងនៃសច្ចៈត្រឹមប៉ុណ្ណេះ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌មានឧបការៈច្រើន ប្រព្រឹត្តទៅដើម្បីឲ្យកើតសច្ចៈ តើដូចម្តេច យើងខ្ញុំសូមសួរព្រះគោតមដ៏ចំរើន នូវធម៌មានឧបការៈច្រើន ដើម្បីឲ្យកើតសច្ចៈ។
[៧៦] ព្រះសាស្តាត្រាស់ថា ម្នាលភារទ្វាជៈ សេចក្តីព្យាយាម ជាធម្មជាត មានឧបការៈច្រើន ដល់ការកើតឡើងនៃសច្ចៈ បើបុគ្គលមិនតាំងទុកនូវសេចក្តីព្យាយាមនោះទេ មិនគប្បីបាននូវសច្ចៈនេះឡើយ ព្រោះហេតុនោះ បុគ្គលលុះតែតាំងព្យាយាម ទើបបាននូវសច្ចៈ ហេតុនោះ បានជាថា សេចក្តីព្យាយាម ជាធម្មជាត មានឧបការៈច្រើន ដល់ការកើតឡើងនៃសច្ចៈ។ កាបទិកមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ដូចម្តេច ដែលជាធម្មជាត មានឧបការៈច្រើន ដល់សេចក្តីព្យាយាម យើងខ្ញុំសូមសួរព្រះគោតមដ៏ចំរើន នូវធម៌ដែលជាធម្មជាត មានឧបការៈច្រើន ដល់សេចក្តីព្យាយាម។ ព្រះសាស្តាត្រាស់ថា ម្នាលភារទ្វាជៈ ការពិចារណា ជាធម្មជាត មានឧបការៈច្រើន ដល់សេចក្តីព្យាយាម បើបុគ្គលមិនថ្លឹងនូវការពិចារណានោះទេ មិនគប្បីតាំងនូវសេចក្តីព្យាយាមនេះបានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែពិចារណា ទើបតាំងសេចក្តីព្យាយាមបាន ព្រោះហេតុនោះ បានជាថា ការពិចារណា ជាធម្មជាត មានឧបការៈច្រើន ដល់សេចក្តីព្យាយាម។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌មានឧបការៈច្រើន ដល់ការពិចារណា តើដូចម្តេច យើងខ្ញុំសូមសួរព្រះគោតមដ៏ចំរើន នូវធម៌មានឧបការៈច្រើន ដល់ការពិចារណា។ ម្នាលភារទ្វាជៈ ការប្រឹងប្រែង ជាសភាវៈ មានឧបការៈច្រើន ដល់ការពិចារណា បើបុគ្គលមិនផ្គូផ្គងនូវការប្រឹងប្រែងនោះទេ មិនគប្បីថ្លឹងនូវការពិចារណានេះបានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែផ្គូផ្គង ទើបពិចារណាបាន ហេតុនោះ បានជាថា ការប្រឹងប្រែង ជាសភាព មានឧបការៈច្រើន ដល់ការពិចារណា។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការប្រឹងប្រែង តើដូចម្តេច យើងខ្ញុំសូមសួរព្រះគោតមដ៏ចំរើន នូវធម៌ មានឧបការៈច្រើន ដល់ការប្រឹងប្រែង។ ម្នាលភារទ្វាជៈ ឆន្ទៈ មានឧបការៈច្រើន ដល់ការប្រឹងប្រែង បើឆន្ទៈមិនញុំាងការប្រឹងប្រែងនោះឲ្យកើតឡើងទេ បុគ្គលមិនគប្បីប្រឹងប្រែងបានឡើយ ព្រោះហេតុនោះ លុះតែកើតឆន្ទៈ ទើបបុគ្គលប្រឹងប្រែងបាន ហេតុនោះ បានជាថា ឆន្ទៈ ជាធម៌មានឧបការៈច្រើន ដល់សេចក្តីប្រឹងប្រែង។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ឆន្ទៈ តើដូចម្តេច យើងខ្ញុំសូមសួរព្រះគោតមដ៏ចំរើន នូវធម៌ មានឧបការៈច្រើន ដល់ឆន្ទៈ។ ម្នាលភារទ្វាជៈ សេចក្តីចូលចិត្តធម៌ក្នុងគំនិត ជាធម្មជាត មានឧបការៈច្រើន ដល់ឆន្ទៈ បើមិនចូលចិត្តធម៌ក្នុងគំនិតនោះទេ ឆន្ទៈក៏កើតឡើងមិនបាន ព្រោះហេតុនោះ លុះតែចូលចិត្តធម៌ក្នុងគំនិត ទើបឆន្ទៈកើតឡើងបាន ហេតុនោះ បានជាថា ការចូលចិត្តធម៌ក្នុងគំនិត ជាធម្មជាត មានឧបការៈច្រើន ដល់ឆន្ទៈ។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការចូលចិត្តធម៌ក្នុងគំនិត តើដូចម្តេច យើងខ្ញុំសូមសួរនូវធម៌ មានឧបការៈច្រើន ដល់ការចូលចិត្តធម៌ក្នុងគំនិត ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការពិចារណានូវអត្ថ មានឧបការៈច្រើន ដល់ការចូលចិត្តធម៌ក្នុងគំនិត បើបុគ្គលមិនពិចារណានូវអត្ថនោះទេ ធម៌ទាំងឡាយ មិនគួរដល់ការចូលចិត្តបានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែពិចារណានូវអត្ថ ទើបធម៌ទាំងឡាយ គួរដល់ការចូលចិត្តបាន ហេតុនោះ បានជាថា ការពិចារណានូវអត្ថ មានឧបការៈច្រើន ដល់ការចូលចិត្តធម៌ក្នុងគំនិត។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការពិចារណានូវអត្ថ តើដូចម្តេច យើងខ្ញុំសូមសួរនូវធម៌ មានឧបការៈច្រើន ដល់ការពិចារណានូវអត្ថ ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការចេះចាំនូវធម៌ មានឧបការៈច្រើន ដល់ការពិចារណានូវអត្ថ បើបុគ្គលមិនចេះចាំនូវធម៌នោះទេ ក៏មិនអាចពិចារណានូវអត្ថបានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែចេះចាំនូវធម៌ ទើបពិចារណានូវអត្ថបាន ហេតុនោះ បានជាថា ការចេះចាំនូវធម៌ មានឧបការៈច្រើន ដល់ការពិចារណានូវអត្ថ។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការទ្រទ្រង់នូវធម៌ តើដូចម្តេច យើងខ្ញុំសូមសួរនូវធម៌ មានឧបការៈច្រើន ដល់ការចេះចាំនូវធម៌ ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការស្តាប់ធម៌ មានឧបការៈច្រើន ដល់ការចេះចាំនូវធម៌ បើបុគ្គលមិនស្តាប់ធម៌នោះទេ មិនអាចចេះចាំនូវធម៌បានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែស្តាប់ធម៌ ទើបចេះចាំនូវធម៌បាន ហេតុនោះ បានជាថា ការស្តាប់ធម៌ មានឧបការៈច្រើន ដល់ការចេះចាំនូវធម៌។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការស្តាប់ធម៌ តើដូចម្តេច យើងខ្ញុំសូមសួរនូវធម៌ មានឧបការៈច្រើន ដល់ការស្តាប់ធម៌ ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការផ្ចង់ត្រចៀក មានឧបការៈច្រើន ដល់ការស្តាប់នូវធម៌ បើបុគ្គលមិនផ្ចង់ត្រចៀកនោះទេ មិនអាចស្តាប់ធម៌បានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែផ្ចង់ត្រចៀក ទើបស្តាប់ធម៌បាន ហេតុនោះ បានជាថា ការផ្ចង់ត្រចៀក មានឧបការៈច្រើន ដល់ការស្តាប់ធម៌។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការផ្ចង់ត្រចៀក តើដូចម្តេច យើងខ្ញុំសូមសួរនូវធម៌ មានឧបការៈច្រើន ដល់ការផ្ចង់ត្រចៀក ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការចូលទៅអង្គុយជិត មានឧបការៈច្រើន ដល់ការផ្ចង់ត្រចៀក បើបុគ្គលមិនចូលទៅអង្គុយជិតទេ មិនអាចផ្ចង់ត្រចៀកបានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែចូលទៅអង្គុយជិត ទើបផ្ចង់ត្រចៀកបាន ហេតុនោះ បានជាថា ការចូលទៅអង្គុយជិត មានឧបការៈច្រើន ដល់ការផ្ចង់ត្រចៀក។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការចូលទៅអង្គុយជិត តើដូចម្តេច យើងខ្ញុំសូមសួរនូវធម៌ មានឧបការៈច្រើន ដល់ការចូលទៅអង្គុយជិត ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ ការចូលទៅរក មានឧបការៈច្រើន ដល់ការចូលទៅអង្គុយជិត បើបុគ្គលមិនចូលទៅរកទេ មិនអាចចូលទៅអង្គុយជិតបានឡើយ ព្រោះហេតុនោះ បុគ្គលលុះតែចូលទៅរក ទើបចូលទៅអង្គុយជិតបាន ហេតុនោះ បានជាថា ការចូលទៅរក មានឧបការៈច្រើន ដល់ការចូលទៅអង្គុយជិត។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌ មានឧបការៈច្រើន ដល់ការចូលទៅរក តើដូចម្តេច យើងខ្ញុំសូមសួរនូវធម៌ មានឧបការៈច្រើន ដល់ការចូលទៅរក ចំពោះព្រះគោតមដ៏ចំរើន។ ម្នាលភារទ្វាជៈ សទ្ធា មានឧបការៈច្រើន ដល់ការចូលទៅរក បើសទ្ធាមិនកើតទេ គេមិនអាចចូលទៅរកបាន ព្រោះហេតុនោះ បុគ្គលលុះតែសទ្ធាកើត ទើបចូលទៅរកបាន ហេតុនោះ បានជាថា សទ្ធា មានឧបការៈច្រើន ដល់ការចូលទៅរក។
[៧៧] កាបទិកមាណព ក្រាបបង្គំទូលតបថា យើងខ្ញុំ បានសួរនូវការរក្សាសច្ចធម៌ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករនូវការរក្សាសច្ចៈហើយ ក៏ការព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍នោះ យើងខ្ញុំ បានសួរនូវការត្រាស់ដឹងនូវសច្ចៈ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករនូវការត្រាស់ដឹងសច្ចៈហើយ ការព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍នោះ យើងខ្ញុំ បានសួរនូវការកើតសច្ចៈ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករនូវការកើតសច្ចៈហើយ ក៏ការព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍នោះ យើងខ្ញុំ បានសួរនូវធម៌មានឧបការៈច្រើន ដល់ការកើតសច្ចៈ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករ នូវធម៌មានឧបការៈច្រើន ដល់ការកើតសច្ចៈហើយ ក៏ការព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍នោះ យើងខ្ញុំ បានសួរនូវប្រស្នាណាៗ នឹងព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ក៏បានព្យាករ នូវប្រស្នានោះៗហើយ ក៏ការព្យាករណ៍នោះ គាប់ចិត្តផង គួរផង ដល់យើងខ្ញុំ ទាំងយើងខ្ញុំសោត ក៏មានចិត្តត្រេកអរ ដោយការព្យាករណ៍នោះ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កាលពីដើម យើងខ្ញុំបានដឹងយ៉ាងនេះថា បុគ្គលពួកណា ជាសមណៈត្រងោល ជាគហបតិជាតិ មានសម្បុរខ្មៅ ជាកូនកើតមកអំពីព្រះបាទនៃមហាព្រហ្ម បុគ្គលពួកណា ជាអ្នកដឹងច្បាស់នូវធម៌ ឱហ្ន៎ (ឥឡូវនេះ) ព្រះគោតមដ៏ចំរើន បាននាំខ្ញុំឲ្យមានសេចក្តីស្រឡាញ់ ក្នុងពួកសមណៈ ឲ្យមានសេចក្តីជ្រះថ្លា ក្នុងពួកសមណៈ ឲ្យមានសេចក្តីគោរព ក្នុងពួកសមណៈ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ទ្រង់ជ្រាប នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវត្រៃសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមតទៅ។
ចប់ ចង្កីសូត្រ ទី៥។
(៦. ឯសុការីសុត្តំ)
[៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រាហ្មណ៍ឈ្មោះឯសុការី បានចូលទៅគាល់ព្រះមានបុណ្យ លុះចូលទៅដល់ហើយ ក៏រាក់ទាក់ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[៧៩] លុះឯសុការីព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានបុញ្ញសិរី យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ តែងបញ្ញត្តការបំរើ ៤យ៉ាង គឺបញ្ញត្តការបំរើ សម្រាប់ព្រាហ្មណ៍១ បញ្ញត្តការបំរើ សម្រាប់ក្សត្រិយ៍១ បញ្ញត្តការបំរើ សម្រាប់វេស្សៈ១ បញ្ញត្តការបំរើ សម្រាប់សុទ្ទៈ១។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការបំរើសម្រាប់ព្រាហ្មណ៍ យ៉ាងនេះថា ព្រាហ្មណ៍ត្រូវបំរើព្រាហ្មណ៍ ឬក្សត្រិយ៍ត្រូវបំរើព្រាហ្មណ៍ វេស្សៈត្រូវបំរើព្រាហ្មណ៍ សុទ្ទៈត្រូវបំរើព្រាហ្មណ៍ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តការបំរើនេះឯង សម្រាប់ព្រាហ្មណ៍។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការបំរើសម្រាប់ក្សត្រិយ៍ យ៉ាងនេះថា ក្សត្រិយ៍ត្រូវបំរើក្សត្រិយ៍ វេស្សៈត្រូវបំរើក្សត្រិយ៍ សុទ្ទៈក៏ត្រូវបំរើក្សត្រិយ៍ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តការបំរើនេះឯង សម្រាប់ក្សត្រិយ៍។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការបំរើសម្រាប់វេស្សៈ យ៉ាងនេះថា វេស្សៈត្រូវបំរើវេស្សៈ សុទ្ទៈក៏ត្រូវបំរើវេស្សៈ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តការបំរើនេះឯង សម្រាប់វេស្សៈ។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនោះ ពួកព្រាហ្មណ៍ បញ្ញត្តការបំរើសម្រាប់សុទ្ទៈ យ៉ាងនេះថា ត្រូវតែសុទ្ទៈបំរើសុទ្ទៈ តើអ្នកដទៃណាទៅទៀត នឹងបំរើសុទ្ទៈ (នោះ) បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការបំរើនេះឯង សម្រាប់សុទ្ទៈ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការបំរើ ទាំង៤យ៉ាងនេះ តើព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់សំដែងនូវដំណើរនេះ ថាដូចម្តេច។
[៨០] ព្រះមានព្រះភាគ ត្រាស់សួរថា ម្នាលព្រាហ្មណ៍ ចុះលោកទាំងមូល យល់ព្រមដាច់ស្រេច នូវការបញ្ញត្តិ របស់ពួកព្រាហ្មណ៍នុ៎ះ ថា ចូរពួកព្រាហ្មណ៍ បញ្ញត្តនូវការបំរើ ទាំង៤យ៉ាងនេះចុះ ដូច្នេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន លោកទាំងមូល មិនយល់ព្រម នូវការបញ្ញត្តិនេះទេ។ ម្នាលព្រាហ្មណ៍ បុរសកំសត់ ឥតយស មិនស្តុកស្តម្ភ ពួកឈ្មួញរទេះ យកចំណែកសាច់ (គោរបស់ខ្លួន ដែលស្លាប់តាមផ្លូវ) ផ្តែកវេរឲ្យដល់បុរសកំសល់នោះ ដែលមិនចង់បាន ដោយបង្ខំថា នែវ៉ឺយបុរស ឯងត្រូវតែស៊ីសាច់នេះ ទាំងត្រូវសងថ្លៃផង សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលព្រាហ្មណ៍ ដោយការដែលពួកសមណព្រាហ្មណ៍នោះ មិនបានយល់ព្រមសោះ ស្រាប់តែពួកព្រាហ្មណ៍ មកបញ្ញត្តការបំរើ ទាំង៤យ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា ត្រូវតែបំរើអ្នកទាំងអស់ (នោះ) ទេ ម្នាលព្រាហ្មណ៍ តែតថាគត នឹងបានពោលថា មិនត្រូវបំរើទាំងអស់ ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ ព្រោះថា កាលបើគេបំរើបុគ្គលណា ត្រឡប់ជាបានបាបក្រៃពេក មិនបានប្រយោជន៍ ព្រោះហេតុការបំរើ តថាគត មិនពោលថា ត្រូវបំរើបុគ្គលនោះទេ ម្នាលព្រាហ្មណ៍ តែថា កាលគេបំរើបុគ្គលណា បានប្រយោជន៍ មិនបានបាប ព្រោះហេតុតែការបំរើទេ តថាគត ពោលថា ត្រូវបំរើបុគ្គលនោះចុះ។ ម្នាលព្រាហ្មណ៍ ប្រសិនបើគេសួរក្សត្រិយ៍ យ៉ាងនេះថា កាលបើព្រះអង្គបំរើបុគ្គលណា ទ្រង់ក្លាយទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះហេតុតែការបំរើ មួយទៀត កាលបើព្រះអង្គបំរើបុគ្គលណា បានជាបុគ្គលគាប់ប្រសើរ មិនក្លាយជាបុគ្គលថោកថយ ព្រោះហេតុតែការបំរើទេ បណ្តាបុគ្គលទាំងពីរនុ៎ះ តើព្រះអង្គ ត្រូវបំរើបុគ្គលណា។ ម្នាលព្រាហ្មណ៍ កាលបើក្សត្រិយ៍ឆ្លើយតបដោយត្រឹមត្រូវ គួរឆ្លើយតប យ៉ាងនេះថា កាលខ្ញុំបំរើបុគ្គលណា ក្លាយខ្លួនទៅជាមនុស្សលាមកក្រៃពេក មិនបានជាមនុស្សប្រសើរវិសេស ព្រោះហេតុតែការបំរើទេ ខ្ញុំមិនត្រូវបំរើបុគ្គលនោះឡើយ លុះតែខ្ញុំបំរើបុគ្គលណា បានការគាប់ប្រសើរ មិនបានការអាក្រក់ ព្រោះហេតុតែការបំរើ ទើបខ្ញុំត្រូវបំរើបុគ្គលនោះ។ ម្នាលព្រាហ្មណ៍ បើគេសួរព្រាហ្មណ៍… ម្នាលព្រាហ្មណ៍ បើគេសួរវេស្សៈ… ម្នាលព្រាហ្មណ៍ បើគេសួរសុទ្ទៈ យ៉ាងនេះថា កាលបើអ្នកបំរើបុគ្គលណា ត្រឡប់បានជាបាប មិនបានការគាប់ប្រសើរ ព្រោះការបំរើជាហេតុទេ មួយទៀត កាលបើអ្នក បំរើបុគ្គលណា បានការគាប់ប្រសើរ មិនបានការអាក្រក់ ព្រោះការបំរើជាហេតុទេ បណ្តាបុគ្គលទាំងពីរនុ៎ះ តើអ្នកត្រូវបំរើបុគ្គលណា។ ម្នាលព្រាហ្មណ៍ កាលបើសុទ្ទៈឆ្លើយតបដោយត្រឹមត្រូវ គប្បីឆ្លើយតប យ៉ាងនេះថា កាលបើខ្ញុំបំរើបុគ្គលណា បានការអាក្រក់ មិនបានការគាប់ប្រសើរ ព្រោះហេតុតែការបំរើទេ ខ្ញុំមិនត្រូវបំរើបុគ្គលនោះឡើយ កាលបើខ្ញុំបំរើបុគ្គលណា បានការគាប់ប្រសើរ មិនមែនជាការអាក្រក់ ព្រោះហេតុតែការបំរើទេ ទើបខ្ញុំត្រូវបំរើបុគ្គលនោះ។
[៨១] ម្នាលព្រាហ្មណ៍ តថាគតមិនពោលថា បុគ្គលគាប់ប្រសើរ ព្រោះតែមានត្រកូលខ្ពស់ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា បុគ្គលថោកថយ ព្រោះតែមានត្រកូលខ្ពស់ ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលគាប់ប្រសើរ ព្រោះតែមានជាតិថ្លៃថ្លាទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា បុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លា ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានភោគៈ លើសលុបទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា បុគ្គលថោកទាប ព្រោះតែមានភោគៈលើសលុប ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ ព្រោះថា បុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានត្រកូលខ្ពង់ខ្ពស់ តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ប្រព្រឹត្តពោលពាក្យមុសា មានវាចាញុះញង់ មានវាចាទ្រគោះ និយាយតែពាក្យឥតប្រយោជន៍ ជាអ្នកមានអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលប្រសើរវិសេស ព្រោះតែមានត្រកូលខ្ពង់ខ្ពស់ទេ។ ម្នាលព្រាហ្មណ៍ ព្រោះថា បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានត្រកូលខ្ពង់ខ្ពស់ ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលថោកទាប ព្រោះតែមានត្រកូលខ្ពង់ខ្ពស់ទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទុកជាមានជាតិថ្លៃថ្លាក៏ដោយ តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា ពោលពាក្យមុសា មានវាចាញុះញង់ មានសំដីអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគតមិនពោលថា បុគ្គលវិសេសវិសាល ព្រោះតែមានជាតិថ្លៃថ្លាទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានជាតិថ្លៃថ្លា ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលថោកទាប ព្រោះតែមានជាតិថ្លៃថ្លាទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ សូម្បីមានភោគៈលើសលុប តែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តកាមេសុមិច្ឆា និយាយពាក្យមុសា មានវាចាញុះញង់ មានវាចាអាក្រក់ និយាយពាក្យឥតប្រយោជន៍ មានអភិជ្ឈា មានចិត្តព្យាបាទ ជាមនុស្សមិច្ឆាទិដ្ឋិ ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលវិសេសវិសាល ព្រោះតែមានភោគៈលើសលុបទេ។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានភោគៈដ៏លើសលុប ហើយបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ក៏មាន ហេតុនោះ បានជាតថាគត មិនពោលថា បុគ្គលថោកទាប ព្រោះតែមានភោគៈលើសលុបទេ។ ម្នាលព្រាហ្មណ៍ តថាគត មិនពោលថា ត្រូវតែបំរើអ្នកទាំងអស់ (នោះ) ទេ ម្នាលព្រាហ្មណ៍ ទាំងតថាគត នឹងបានពោលថា មិនត្រូវបំរើអ្នកទាំងអស់ ក៏ទេដែរ។ ម្នាលព្រាហ្មណ៍ ព្រោះថា កាលបើគេបំរើបុគ្គលណា សទ្ធាចំរើន សីលចំរើន សុតៈចំរើន ចាគៈចំរើន ប្រាជ្ញាក៏ចំរើន ព្រោះការបំរើ (នោះ) ជាហេតុ តថាគត ទើបពោលថា ត្រូវបំរើបុគ្គលនោះ។
[៨២] កាលបើព្រះមានបុណ្យ សំដែងយ៉ាងនេះហើយ ឯសុការីព្រាហ្មណ៍ បានក្រាបទូលព្រះមានបុណ្យ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍បញ្ញត្តទ្រព្យ ៤យ៉ាង គឺបញ្ញត្តទ្រព្យ សំរាប់ខ្លួនរបស់ព្រាហ្មណ៍១ បញ្ញត្តទ្រព្យសំរាប់ខ្លួនរបស់ក្សត្រិយ៍១ បញ្ញត្តទ្រព្យសំរាប់ខ្លួនរបស់វេស្សៈ១ បញ្ញត្តទ្រព្យ សំរាប់ខ្លួនរបស់សុទ្ទៈ១។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ ទាំង៤នោះ ពួកព្រាហ្មណ៍ បញ្ញត្តការប្រព្រឹត្តិសូមនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់ព្រាហ្មណ៍ ប្រសិនបើព្រាហ្មណ៍មើលងាយ នូវការប្រព្រឹត្តិសូម ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នកមិនធ្វើអំពើដែលខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចយកទ្រព្យ ដែលគេមិនបានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការប្រព្រឹត្តិសូមនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់ព្រាហ្មណ៍ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ ទាំង៤នោះ ពួកព្រាហ្មណ៍ បញ្ញត្តធ្នូ និងបំពង់ព្រួញនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់ក្សត្រិយ៍ ប្រសិនបើក្សត្រិយ៍មើលងាយ ធ្នូ និងបំពង់ព្រួញ ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នកមិនធ្វើការងារ ដែលខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចទ្រព្យ ដែលគេមិនបានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តធ្នូ និងបំពង់ព្រួញនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់ក្សត្រិយ៍ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យ ទាំង៤នោះ ពួកព្រាហ្មណ៍ បញ្ញត្តការភ្ជួររាស់ និងការរក្សាគោនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់វេស្សៈ ប្រសិនបើវេស្សៈមើលងាយ ការភ្ជួររាស់ និងការរក្សាគោ ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នកមិនធ្វើកិច្ច ដែលខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចទ្រព្យ ដែលគេមិនបានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តការភ្ជួររាស់ និងការរក្សាគោនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់វេស្សៈ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាទ្រព្យទាំង៤នោះ ពួកព្រាហ្មណ៍ បញ្ញត្តកណ្ឌៀវ និងអម្រែកនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់សុទ្ទៈ ប្រសិនបើសុទ្ទៈមើលងាយកណ្ឌៀវ និងអម្រែក ដែលជាទ្រព្យរបស់ខ្លួនហើយ ឈ្មោះថា ជាអ្នកមិនធ្វើការងារ ដែលខ្លួនត្រូវធ្វើ ដូចអ្នករក្សាទ្រព្យ លួចយកទ្រព្យ ដែលគេមិនបានឲ្យ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តកណ្ឌៀវ និងអម្រែកនេះ ថាជាទ្រព្យសំរាប់ខ្លួនរបស់សុទ្ទៈ យ៉ាងនេះឯង។ ពួកព្រាហ្មណ៍ បញ្ញត្តទ្រព្យ ៤យ៉ាងនេះ តើព្រះគោតមដ៏ចំរើន សំដែងថាដូចម្តេច ត្រង់រឿងនេះ។
[៨៣] ម្នាលព្រាហ្មណ៍ ចុះលោកទាំងមូល យល់ព្រមនូវការបញ្ញត្តិរបស់ពួកព្រាហ្មណ៍នេះថា ពួកព្រាហ្មណ៍ ចូរបញ្ញត្តទ្រព្យ ៤យ៉ាងនេះចុះ ដូច្នេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន រឿងនេះ លោកទាំងមូលមិនយល់ព្រមទេ។ ម្នាលព្រាហ្មណ៍ បុរសកំសត់ ឥតយស ក្រីក្រ ពួកឈ្មួញរទេះ យកចំណែកសាច់ (គោរបស់ខ្លួន ដែលស្លាប់តាមផ្លូវ) ផ្តែកវេរឲ្យដល់បុរសកំសត់នោះ ដែលមិនចង់បាន ដោយការបង្ខំថា នែវ៉ឺយបុរស ឯងត្រូវស៊ីសាច់នេះ ទាំងត្រូវសងថ្លៃផង សេចក្តីនេះ មានឧបមា យ៉ាងណា ម្នាលព្រាហ្មណ៍ កាលបើពួកសមណព្រាហ្មណ៍ទាំងនោះ មិនបានយល់ព្រម ស្រាប់តែពួកព្រាហ្មណ៍ បញ្ញត្តទ្រព្យ ទាំង៤នេះ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ ឯតថាគត បញ្ញត្តលោកុត្តរធម៌ ដ៏ប្រសើរតែម្យ៉ាង ថាជាទ្រព្យសំរាប់ខ្លួន របស់បុរសស្ត្រី ចំណែកបុរសស្ត្រីនោះ ដែលអន្ទោលតាមវង្សត្រកូល ជាចំណែកខាងមាតា បិតាមកពីដើម បានកើតអត្តភាព ក្នុងត្រកូលណាៗ ក៏ដល់នូវការរាប់តាមត្រកូលនោះៗ បើបានកើតអត្តភាព ក្នុងត្រកូលក្សត្រិយ៍ ក៏ដល់នូវការរាប់ថា ជាក្សត្រិយ៍ បើបានកើតអត្តភាពក្នុងត្រកូលព្រាហ្មណ៍ ក៏ដល់នូវការរាប់ថា ជាព្រាហ្មណ៍ បើបានកើតអត្តភាព ក្នុងត្រកូលវេស្សៈ ក៏ដល់នូវការរាប់ថា ជាវេស្សៈ បើបានកើតអត្តភាព ក្នុងត្រកូលសុទ្ទៈ ក៏ដល់នូវការរាប់ថា ជាសុទ្ទៈ។ ម្នាលព្រាហ្មណ៍ ភ្លើងឆេះ ព្រោះអាស្រ័យរបស់ណា ៗ ជាបច្ច័យ ក៏ដល់នូវការរាប់តាមរបស់នោះៗ។ បើភ្លើងឆេះ អាស្រ័យនឹងឧស ក៏ដល់នូវការរាប់ថា ភ្លើងឧស បើភ្លើងឆេះ អាស្រ័យនឹងចំណាំងឈើ ក៏ដល់នូវការរាប់ថា ភ្លើងចំណាំងឈើ បើភ្លើងឆេះ អាស្រ័យនឹងស្មៅ ក៏ដល់នូវការរាប់ថា ភ្លើងស្មៅ បើភ្លើងឆេះ អាស្រ័យនឹងអាចម៍គោ ក៏ដល់នូវការរាប់ថា ភ្លើងអាចម៍គោ សេចក្តីទាំងនេះ មានឧបមា យ៉ាងណា ម្នាលព្រាហ្មណ៍ តថាគត បញ្ញត្តលោកុត្តរធម៌ ដ៏ប្រសើរ ថាជាទ្រព្យសំរាប់ខ្លួន នៃបុរសស្ត្រី កាលបើបុគ្គលរលឹក នូវវង្សត្រកូល ជាចំណែកខាងមាតាបិតា ដែលមានមកពីបូរាណ ហើយបានកើតអត្តភាព ក្នុងត្រកូលណាៗ ក៏ដល់នូវការរាប់តាមត្រកូលនោះៗដែរ បើបានកើតអត្តភាព ក្នុងត្រកូលក្សត្រិយ៍ ក៏ដល់នូវការរាប់ថា ជាក្សត្រិយ៍ បើបានកើតអត្តភាព ក្នុងត្រកូលព្រាហ្មណ៍ ក៏ដល់នូវការរាប់ថា ជាព្រាហ្មណ៍ បើបានកើតអត្តភាព ក្នុងត្រកូលវេស្សៈ ក៏ដល់នូវការរាប់ថា វេស្សៈ បើបានកើតអត្តភាពក្នុងត្រកូលសុទ្ទៈ ក៏ដល់នូវការរាប់ថា សុទ្ទៈ ក៏មានឧបមេយ្យ ដូច្នោះដែរ។
[៨៤] ម្នាលព្រាហ្មណ៍ បើបុគ្គលចេញចាកផ្ទះ អំពីខត្តិយត្រកូល ហើយចូលទៅកាន់ផ្នួស ក៏អ្នកបួសនោះ បានអាស្រ័យធម៌វិន័យ ដែលតថាគត សំដែងហើយ ជាបុគ្គលបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវ ជាបុគ្គលត្រេកអរនឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើកុលបុត្រ ចេញចាកផ្ទះ អំពីត្រកូលព្រាហ្មណ៍ ហើយចូលទៅកាន់ផ្នួស កុលបុត្រនោះសោត អាស្រ័យធម៌វិន័យ ដែលតថាគតសំដែងហើយ ជាបុគ្គលបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ។បេ។ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរ នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើកុលបុត្របានចេញចាកផ្ទះ អំពីត្រកូលវេស្សៈ ហើយចូលទៅកាន់ផ្នួស កុលបុត្រនោះសោត អាស្រ័យធម៌វិន័យ ដែលតថាគត សំដែងហើយ ជាបុគ្គលវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ។បេ។ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើកុលបុត្របានចេញចាកផ្ទះ អំពីត្រកូលសុទ្ទៈ ហើយចូលទៅកាន់ផ្នួស កុលបុត្រនោះសោត អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គលបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ដូចម្តេច មានតែព្រាហ្មណ៍ ទើបអាចចំរើនមេត្តចិត្ត ជាចិត្តមិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនេះ ក្សត្រិយ៍ចំរើនមិនបាន វេស្សៈចំរើនមិនបាន សុទ្ទៈចំរើនមិនបានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ទោះក្សត្រិយ៍ អាចចំរើនមេត្តចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនេះបាន បពិត្រព្រះគោតម ដ៏ចំរើន ទោះជាព្រាហ្មណ៍ …. បពិត្រព្រះគោតម ដ៏ចំរើន ទោះជាវេស្សៈ… បពិត្រព្រះគោតមដ៏ចំរើន ទោះជាសុទ្ទ… បពិត្រព្រះគោតមដ៏ចំរើន វណ្ណៈទាំង៤ សុទ្ធតែអាចចំរើនមេត្តចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ក្នុងប្រទេសនេះ បានទាំងអស់។
[៨៥] ម្នាលព្រាហ្មណ៍ យ៉ាងហ្នឹងហើយ បើកុលបុត្រចេញចាកផ្ទះ អំពីត្រកូលក្សត្រិយ៍ ហើយចូលទៅកាន់ផ្នួស កុលបុត្រនោះឯង អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គល បានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើចេញអំពីត្រកូលព្រាហ្មណ៍ …. ម្នាលព្រាហ្មណ៍ បើចេញអំពីត្រកូលវេស្សៈ… ម្នាលព្រាហ្មណ៍ បើកុលបុត្រចេញចាកផ្ទះ អំពីត្រកូលសុទ្ទៈ ហើយចូលទៅកាន់ផ្នួស កុលបុត្រនោះឯង អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គលបានវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ដូចម្តេច មានតែព្រាហ្មណ៍ ទើបអាចនាំយក នូវកញ្ចប់លំអិត សម្រាប់ងូត ទៅកាន់ស្ទឹង ដុសជំរះក្អែលបាន ក្សត្រិយ៍ជំរះមិនបាន វេស្សៈជំរះមិនបាន សុទ្ទៈជំរះមិនបានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ បពិត្រព្រះគោតម ដ៏ចំរើន សូម្បីក្សត្រិយ៍ ក៏អាចយកកញ្ចប់លំអិត សម្រាប់ងូត ទៅកាន់ស្ទឹង ជំរះក្អែលបានដែរ បពិត្រព្រះគោតមដ៏ចំរើន សូម្បីព្រាហ្មណ៍ …. បពិត្រព្រះគោតមដ៏ចំរើន សូម្បីវេស្សៈ… បពិត្រព្រះគោតមដ៏ចំរើន សូម្បីសុទ្ទៈ… បពិត្រព្រះគោតមដ៏ចំរើន ពួកវណ្ណៈ ទាំង៤ សុទ្ធតែអាចយកកញ្ចប់លំអិត សម្រាប់ងូត ទៅកាន់ស្ទឹង ជំរះក្អែលបានទាំងអស់។
[៨៦] ម្នាលព្រាហ្មណ៍ បើកុលបុត្រចេញចាកផ្ទះ អំពីត្រកូលក្សត្រិយ៍ ហើយចូលទៅកាន់ផ្នួស ក៏កុលបុត្រនោះ អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គលវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរ នឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើចេញអំពីត្រកូលព្រាហ្មណ៍ …. ម្នាលព្រាហ្មណ៍ បើចេញអំពីត្រកូលវេស្សៈ… ម្នាលព្រាហ្មណ៍ បើកុលបុត្រចេញចាកផ្ទះ អំពីត្រកូលសុទ្ទៈ ហើយចូលទៅកាន់ផ្នួស ក៏កុលបុត្រនោះ អាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គលវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណាវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាបុគ្គលត្រេកអរនឹងកុសលធម៌ ដែលជាតួហេតុ ក៏ដូចគ្នាយ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ថាដូចម្តេច ក្សត្រិយ៍ ជារាជា ដែលបានមុទ្ធាភិសេកហើយ ក្នុងលោកនេះ ប្រជុំពួកបុរស ១០០នាក់ ដែលមានជាតិផ្សេងៗគ្នាថា អ្នកដ៏ចំរើនទាំងឡាយ ចូរមក បណ្តាបុរសទាំងនោះ ពួកបុរសណា ដែលកើតអំពីខត្តិយត្រកូល អំពីព្រាហ្មណត្រកូល អំពីរាជញ្ញត្រកូល17) ពួកបុរសនោះ ចូរកាន់យក នូវឈើពំនួតខាងលើ (កូនពំនួតជាវិការៈ) នៃឈើស្រាយ ឬឈើខ្លឹម ស្រល់ ខ្លឹមចន្ទន៍ ឬឈូក ពួតបង្កាត់ភ្លើង ឲ្យភ្លើងឆេះប្រាកដឡើង មួយទៀត អ្នកដ៏ចម្រើនទាំងឡាយ ចូរមក បណ្តាបុរសទាំងនោះ ពួកបុរសណា ដែលកើតអំពីត្រកូលចណ្ឌាល អំពីត្រកូលនេសាទ អំពីវេណុត្រកូល (ត្រកូលត្បាញផែង) អំពីរថការត្រកូល (ត្រកូលអ្នកធ្វើរថ) អំពីបុក្កុសត្រកូល (ត្រកូលអ្នកកើបសម្រាម) ពួកបុរសទាំងនោះ ចូរយកឈើពំនួតខាងលើ (ជាវិការៈ) នៃស្នូកឆ្កែ ឬស្នូកជ្រូក ស្នូកជាងជ្រលក់ ឬដើមល្ហុងប្រេង ពួតបង្កាត់ភ្លើង ឲ្យភ្លើងឆេះប្រាកដឡើង។ ម្នាលព្រាហ្មណ៍ អ្នកយល់នូវហេតុនោះ ថាដូចម្តេច ភ្លើងណា ដែលពួកបុរស កើតអំពីខត្តិយត្រកូល អំពីព្រាហ្មណត្រកូល អំពីរាជញ្ញត្រកូល យកពំនួតភ្លើងខាងលើ (ជាវិការៈ) នៃឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ដើមឈូកក្រហមក្តី មកពួតបង្កាត់ ភ្លើង ក៏ឆេះប្រាកដឡើង ភ្លើងនោះ មានអណ្តាតផង មានពណ៌ផង មានពន្លឺផង គេអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើងនោះបាន ចំណែកភ្លើងណា ដែលពួកបុរស កើតអំពីចណ្ឌាលត្រកូល នេសាទត្រកូល វេណុត្រកូល រថការត្រកូល បុក្កុសត្រកូល យកពំនួតភ្លើងខាងលើ (ជាវិការៈ) នៃស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួតបង្កាត់ ភ្លើង ក៏ឆេះប្រាកដឡើងដែរ តែភ្លើងនោះ មិនមានអណ្តាតផង មិនមានពណ៌ផង មិនមានពន្លឺផង គេមិនអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើងនោះបានទេឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ភ្លើងណា ដែលពួកបុរស កើតអំពីខត្តិយត្រកូល អំពីព្រាហ្មណត្រកូល អំពីរាជញ្ញត្រកូល យកពំនួតភ្លើងខាងលើ (ជាវិការៈ)នៃឈើស្រាយក្តី ឈើខ្លឹមក្តី ដើមស្រល់ក្តី ដើមចន្ទន៍ក្តី ឬដើមឈូកក្រហមក្តី មកពួតបង្កាត់ ភ្លើង ក៏ឆេះប្រាកដឡើង ភ្លើងនោះ មានអណ្តាតផង មានពណ៌ផង មានពន្លឺផង គេអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើងនោះក៏បាន ចំណែកភ្លើងណា ដែលពួកបុរស កើតអំពីចណ្ឌាលត្រកូល អំពីនេសាទត្រកូល អំពីវេណុត្រកូល អំពីរថការត្រកូល អំពីបុក្កុសត្រកូល កាន់យកនូវពំនួតភ្លើងខាងលើ (ជាវិការៈ) នៃស្នូកឆ្កែក្តី ស្នូកជ្រូកក្តី ស្នូកជាងជ្រលក់ក្តី ដើមល្ហុងប្រេងក្តី មកពួតបង្កាត់ ភ្លើងក៏ឆេះប្រាកដឡើង ភ្លើងនោះសោត ក៏មានអណ្តាតដូចគ្នា មានពណ៌ដូចគ្នា មានពន្លឺក៏ដូចគ្នាដែរ ទាំងគេអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើងនោះក៏បាន បពិត្រព្រះគោតមដ៏ចំរើន ដ្បិតភ្លើងទាំងអស់ សុទ្ធតែមានអណ្តាតផង មានពណ៌ផង មានពន្លឺផង ទាំងគេអាចធ្វើការ ដែលត្រូវធ្វើដោយភ្លើង នឹងភ្លើងនោះ បានទាំងអស់។
[៨៧] ម្នាលព្រាហ្មណ៍ បើកុលបុត្រចេញចាកផ្ទះ អំពីខត្តិយត្រកូល ហើយចូលទៅកាន់ផ្នួស កុលបុត្រនោះ បានអាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គល វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាអ្នកត្រេកអរនឹងកុសលធម៌ ដែលជាតួហេតុ។ ម្នាលព្រាហ្មណ៍ បើកុលបុត្រ ចេញចាកផ្ទះ អំពីព្រាហ្មណត្រកូល …. ម្នាលព្រាហ្មណ៍ បើកុលបុត្រ ចេញចាកផ្ទះ អំពីវេស្សៈត្រកូល… ម្នាលព្រាហ្មណ៍ បើកុលបុត្រ ចេញចាកផ្ទះ អំពីសុទ្ទៈត្រកូល ហើយចូលទៅកាន់ផ្នួស កុលបុត្រនោះឯង បានអាស្រ័យធម៌វិន័យ ដែលតថាគត បានសំដែងហើយ ជាបុគ្គលវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកអព្រហ្មចរិយៈ វៀរចាកមុសាវាទ វៀរចាកបិសុណវាចា វៀរចាកផរុសវាចា វៀរចាកសម្ផប្បលាបៈ មិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ ជាអ្នកត្រេកអរនឹងកុសលធម៌ ដែលជាតួហេតុ ក៏ដូចគ្នានឹងរឿងបង្កាត់ភ្លើង យ៉ាងនោះដែរ។
[៨៨] កាលបើព្រះសព្វញ្ញូ ទ្រង់ត្រាស់យ៉ាងនេះហើយ ឯសុការីព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ តាំងពីថ្ងៃនេះតទៅ សូមព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត។
ចប់ ឯសុការីសូត្រ ទី៦។
(៧. ធនញ្ជានិសុត្តំ)
[៨៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះសារីបុត្រមានអាយុ ត្រាច់ទៅកាន់ចារិក ក្នុងទក្ខិណាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ គ្រានោះ មានភិក្ខុមួយរូប នៅចាំវស្សា ក្នុងក្រុងរាជគ្រឹះ រួចហើយ ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ ឯទក្ខិណាគិរិជនបទ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ ជាមួយនឹងព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ និងគួររីករាយហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[៩០] ព្រះសារីបុត្រមានអាយុ បានសួរភិក្ខុនោះ ដែលអង្គុយក្នុងទីដ៏សមគួរ យ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ មិនមានអាពាធ ទាំងមានព្រះកាយពលទេឬ។ ម្នាលអាវុសោ ព្រះមានព្រះភាគ មិនមានអាពាធ ទាំងមានព្រះកាយពលទេ។ ម្នាលអាវុសោ ចំណែកខាងភិក្ខុសង្ឃ មិនមានរោគ ទាំងមានកំឡាំងទេឬ។ ម្នាលអាវុសោ ភិក្ខុសង្ឃមិនមានរោគ ទាំងមានកំឡាំងដែរ។ ម្នាលអាវុសោ ក្នុងស្រុកតណ្ឌុលបាលទ្វារា18) ក្នុងក្រុងរាជគ្រឹះនុ៎ះ មានព្រាហ្មណ៍ឈ្មោះ ធនញ្ជានិ ម្នាលអាវុសោ ធនញ្ជានិព្រាហ្មណ៍ (នោះ) មិនមានរោគ ទាំងមានកំឡាំង ដែរឬ។ ម្នាលអាវុសោ ឯធនញ្ជានិព្រាហ្មណ៍ មិនមានរោគ ទាំងមានកំឡាំង ដែរ។ ម្នាលអាវុសោ ចុះធនញ្ជានិព្រាហ្មណ៍ មិនប្រហែសធ្វេសទេឬ។ ម្នាលអាវុសោ សេចក្តីមិនធ្វេសប្រហែស របស់ធនញ្ជានិព្រាហ្មណ៍ មានពីណា ម្នាលអាវុសោ ព្រោះធនញ្ជានិព្រាហ្មណ៍ អាងព្រះរាជា ក៏រឹបជាន់ពួកព្រាហ្មណ៍ និងគហបតី អាងពួកព្រាហ្មណ៍ និងគហបតី ក៏បោកប្រាស់ព្រះរាជា ឯភរិយារបស់គាត់ មានសទ្ធា ដែលគាត់នាំមកអំពីត្រកូលមានសទ្ធា នាងនោះ ក៏ធ្វើកាលកិរិយាទៅហើយ ភរិយាឯទៀត ដែលគាត់នាំមក អំពីត្រកូលមិនមានសទ្ធា ក៏ជាស្ត្រីមិនមានសទ្ធា។ ម្នាលអាវុសោ យើងបានឮថា ធនញ្ជានិព្រាហ្មណ៍ មានសេចក្តីប្រហែសធ្វេស ឈ្មោះថា បានឮដំណឹងមិនល្អហើយ ធ្វើដូចម្តេចហ្ន៎ យើងនឹងបានចួបធនញ្ជានិព្រាហ្មណ៍ម្តងទៅអេះ ធ្វើម្តេចហ្ន៎ នឹងបាននិយាយចរចាម្តងទៅអេះ។ ទើបព្រះសារីបុត្តមានអាយុ នៅតាមសប្បាយ ក្នុងទក្ខិណាគិរី ហើយចេញទៅកាន់ចារិក សំដៅទៅត្រង់ក្រុងរាជគ្រឹះ កាលត្រាច់ទៅកាន់ចារិក តាមលំដាប់ ក៏បានដល់ទៅក្រុងរាជគ្រឹះនោះ។
[៩១] សេចក្តីដំណាលថា ព្រះសារីបុត្រមានអាយុ នៅអាស្រ័យក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះ។ គ្រានោះ ព្រះសារីបុត្រមានអាយុ ស្លៀកស្បង់ ទ្រង់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ។ ចួនសម័យនោះឯង ធនញ្ជានិព្រាហ្មណ៍ ឲ្យពួកមនុស្សរូតទឹកដោះគោទាំងឡាយ ក្នុងឃ្នងគោ នាខាងក្រៅនគរ។ គ្រានោះ ព្រះសារីបុត្រមានអាយុ ចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាលត្រឡប់ពីបិណ្ឌបាត ក្នុងពេលខាងក្រោយនៃភត្ត ក៏ចូលទៅរកធនញ្ជានិព្រាហ្មណ៍។ ធនញ្ជានិព្រាហ្មណ៍ បានឃើញព្រះសារីបុត្រមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ ក៏ដើរចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ និយាយនឹងព្រះសារីបុត្រមានអាយុ យ៉ាងនេះថា បពិត្រព្រះសារីបុត្រដ៏ចំរើន សូមលោកនិមន្តមកណេះបន្តិច សូមព្រះសារីបុត្រ ឆាន់ទឹកដោះសិន ទម្រាំដល់ភត្តកាល។ ម្នាលព្រាហ្មណ៍ កុំឡើយ ថ្ងៃនេះ អាត្មាធ្វើភត្តកិច្ចរួចហើយ អាត្មានឹងទៅនៅសម្រាកក្នុងវេលាថ្ងៃ ឯម្លប់ឈើឯណោះ អ្នកត្រូវមកក្នុងទីនោះ។ ឯធនញ្ជានិព្រាហ្មណ៍ ក៏ទទួលស្តាប់ព្រះសារីបុត្រមានអាយុថា ករុណា លោកដ៏ចំរើន។ ពេលនោះ ធនញ្ជានិព្រាហ្មណ៍ បរិភោគក្នុងវេលាព្រឹករួចហើយ ដល់ពេលជាខាងក្រោយនៃភត្ត ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ក៏រាក់ទាក់ ជាមួយព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យគួររាក់ទាក់ និងគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។
[៩២] ព្រះសារីបុត្រមានអាយុ បាននិយាយនឹងធនញ្ជានិព្រាហ្មណ៍ ដែលអង្គុយក្នុងទីសមគួរហើយ យ៉ាងនេះថា ម្នាលធនញ្ជានិ អ្នកជាបុគ្គលមិនប្រហែសធ្វេសទេឬ។ បពិត្រព្រះសារីបុត្រដ៏ចំរើន សេចក្តីមិនប្រហែសធ្វេសរបស់យើង នឹងមានមកពីណា ព្រោះយើងត្រូវចិញ្ចឹមមាតាបិតា ត្រូវចិញ្ចឹមកូនប្រពន្ធ ត្រូវចិញ្ចឹមខ្ញុំ និងបុរសអ្នកធ្វើការ ត្រូវធ្វើកិច្ចរបស់មិត្រអាមាត្យ ដល់ពួកមិត្រអាមាត្យ ត្រូវធ្វើកិច្ចរបស់ញាតិសាលោហិត ដល់ពួកញាតិសាលោហិត ត្រូវធ្វើកិច្ចរបស់ភ្ញៀវ ដល់ពួកភ្ញៀវ ត្រូវធ្វើកិច្ចរបស់បុព្វបេត ដល់ពួកបុព្វបេត ត្រូវធ្វើកិច្ចរបស់ទេវតា ដល់ពួកទេវតា ត្រូវធ្វើរាជកិច្ចដល់ព្រះរាជា សូម្បីកាយនេះ យើងក៏ត្រូវចិញ្ចឹមឲ្យធាត់ធំចំរើន។
[៩៣] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសគន្លងធម៌19) ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតាបិតា ពួកនិរយបាល ទង់ទាញបុគ្គលនោះ ទៅទម្លាក់ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ តើបុគ្គលនោះ គួរអង្វរថា ខ្ញុំបានជាអ្នកប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតាបិតា សូមកុំឲ្យពួកនិរយបាល ទង់ទាញខ្ញុំទៅនរកឡើយ ដូច្នេះបានដែរឬ ឬក៏មាតាបិតា អង្វរដើម្បីអ្នកនោះថា កូននោះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល នាំយកវាទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្ត ដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ក៏ពួកនិរយបាល នៅតែទម្លាក់បុគ្គល កំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។
[៩៤] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុកូនប្រពន្ធ ពួកនិរយបាល ទង់ទាញបុគ្គលនុ៎ះ ទៅទម្លាក់ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ អ្នកនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែកូនប្រពន្ធ សូមកុំឲ្យពួកនិរយបាល ទង់ទាញខ្ញុំទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបានដែរឬ ឬក៏កូន និងប្រពន្ធអ្នកនោះអង្វរថា អ្នកនុ៎ះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទង់ទាញអ្នកនោះ ទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ក៏គង់តែពួកនិរយបាល ទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។
[៩៥] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុទាសៈ និងបុរសជាកម្មករ ពួកនិរយបាល ទង់ទាញបុគ្គលនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករ សូមកុំឲ្យពួកនិរយបាល ទង់ទាញខ្ញុំទៅទម្លាក់ក្នុងនរកឡើយ ដូច្នេះបានដែរឬ ឬក៏ទាសៈ និងបុរសជាកម្មករ របស់បុគ្គលនោះ គួរអង្វរថា ចៅហ្វាយខ្ញុំនុ៎ះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ចៅហ្វាយខ្ញុំនោះ ទៅក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។
[៩៦] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមិត្រអាមាត្យទាំងឡាយ ពួកនិរយបាល ទង់ទាញបុគ្គលនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមិត្រអាមាត្យទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ យ៉ាងនេះ បានដែរឬ ឬក៏ពួកមិត្រអាមាត្យរបស់បុគ្គលនោះ គួរអង្វរថា អ្នកនុ៎ះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ទៅក្នុងនរកឡើយ យ៉ាងនេះ បានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។
[៩៧] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុញាតិសាលោហិតទាំងឡាយ ពួកនិរយបាល ទង់ទាញអ្នកនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ អ្នកនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុញាតិសាលោហិតទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំក្នុងនរកឡើយ ដូច្នេះ បានដែរឬ ឬក៏ពួកញាតិសាលោហិត របស់អ្នកនោះ គួរអង្វរថា អ្នកនុ៎ះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ក្នុងនរកឡើយ យ៉ាងនេះ បានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ក៏គង់តែពួកនិរយបាល ទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកដែរ។
[៩៨] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុភ្ញៀវទាំងឡាយ ពួកនិរយបាល ទង់ទាញអ្នកនោះ ទៅទម្លាក់ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ អ្នកនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ ដូច្នេះ បានដែរឬ ឬក៏ពួកភ្ញៀវ របស់អ្នកនោះ គួរអង្វរថា អ្នកនុ៎ះឯង បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ទៅក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកពុំខាន។
[៩៩] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុបុព្វបេតៈទាំងឡាយ ពួកនិរយបាល ទង់ទាញមនុស្សនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុបុព្វបេតៈទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ ដូច្នេះ បានដែរឬ ឬក៏ពួកបុព្វបេតៈ របស់អ្នកនោះ អង្វរថា មនុស្សនោះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ទៅក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកដែរ។
[១០០] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុទេវតាទាំងឡាយ ពួកនិរយបាល ទង់ទាញអ្នកនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ បុគ្គលនោះ គួរអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទេវតាទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំទៅក្នុងនរកឡើយ ដូច្នេះ បានដែរឬ ឬក៏ពួកទេវតា របស់អ្នកនោះ គួរអង្វរថា បុគ្គលនុ៎ះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើងទាំងឡាយ សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ទៅក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកដែរ។
[១០១] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជា ពួកនិរយបាល ក៏ទង់ទាញយកមនុស្សនោះ ទម្លាក់ទៅក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ មនុស្សនោះ ត្រូវបានពាក្យប្រកែកថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជា សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំក្នុងនរកឡើយ ដូច្នេះដែរឬ ឬក៏ព្រះរាជា របស់អ្នកនោះ ត្រូវបានសេចក្តីហាមប្រាមថា មនុស្សនោះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែយើង សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ក្នុងនរកឡើយ ដូច្នេះដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ទៅក្នុងនរកដែរ។
[១០២] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សពួកខ្លះ ក្នុងលោកនេះ ប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែចិញ្ចឹមកាយ ឲ្យធំធាត់ចំរើន ពួកនិរយបាល ចាប់ទាញមនុស្សនោះ ទម្លាក់ក្នុងនរក ព្រោះហេតុតែការប្រព្រឹត្តិខុសធម៌ ប្រព្រឹត្តមិនស្មើ មនុស្សនោះ ត្រូវបានសេចក្តីអង្វរថា ខ្ញុំបានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន សូមកុំឲ្យពួកនិរយបាល ទម្លាក់ខ្ញុំក្នុងនរកឡើយ ឬក៏ពួកមនុស្សឯទៀត របស់អ្នកនោះ ត្រូវបានសេចក្តីជួយអង្វរថា មនុស្សនោះ បានជាប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន សូមកុំឲ្យពួកនិរយបាល ទម្លាក់អ្នកនោះ ក្នុងនរកឡើយ ដូច្នេះបានដែរឬ។ បពិត្រព្រះសារីបុត្តដ៏ចំរើន ដំណើរនេះ មិនបានជាដាច់ខាត បើទុកជាយ៉ាងនោះ ពួកនិរយបាល ក៏នៅតែទម្លាក់អ្នកដែលកំពុងកន្ទក់កន្ទេញនោះ ក្នុងនរកដែរ។
[១០៣] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតា និងបិតាទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌20) ប្រព្រឹត្តស្មើ ព្រោះហេតុតែមាតា និងបិតាទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុមាតាបិតា អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុមាតាបិតា អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ និងការប្រព្រឹត្តិស្មើ ប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយដទៃ ដែលត្រូវធម៌ ប្រកបដោយហេតុ ដែលពួកមនុស្ស អាចចិញ្ចឹមមាតាបិតាបានផង មិនធ្វើបាបកម្មផង អាចប្រតិបត្តិ នូវបដិបទា ជាហេតុឲ្យកើតបុណ្យផង មានដែរតើ។
[១០៤] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះតែកូន និងប្រពន្ធក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែកូន និងប្រពន្ធក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែកូន និងប្រពន្ធ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន ចំណែកឯមនុស្ស ដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែកូន និងប្រពន្ធ អំពើនោះឯង ទើបប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយដទៃ ដែលត្រូវធម៌ ប្រកបដោយហេតុ ដែលពួកមនុស្សអាចចិញ្ចឹមកូន និងប្រពន្ធបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។
[១០៥] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះតែទាសៈ និងបុរសជាកម្មករក្តី មនុស្សដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករក្តី តើអំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករ អំពើនោះ មិនប្រសើរឡើយ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទាសៈ និងបុរសជាកម្មករ អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែលពួកមនុស្ស អាចចិញ្ចឹមទាសៈ និងបុរសជាកម្មករបានផង មិនបាច់ធ្វើ នូវបាបកម្មផង អាចប្រតិបត្តិ នូវបដិបទា ជាហេតុឲ្យបានបុណ្យផង មានដែរតើ។
[១០៦] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែមិត្រអាមាត្យទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែមិត្រអាមាត្យទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែមិត្រអាមាត្យទាំងឡាយ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែមិត្រអាមាត្យទាំងឡាយ អំពើនោះឯង ទើបបានឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន ព្រោះថាការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយអាចធ្វើកិច្ចរបស់មិត្រអាមាត្យ ដល់មិត្រអាមាត្យបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ជាហេតុឲ្យកើតបុណ្យផង មានដែរតើ។
[១០៧] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែញាតិសាលោហិតទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែញាតិសាលោហិតទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែញាតិសាលោហិតទាំងឡាយ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្ត ដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែញាតិសាលោហិតទាំងឡាយ អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចធ្វើនូវកិច្ចការ របស់ញាតិសាលោហិត ដល់ញាតិសាលោហិតបានផង មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិ នូវបដិបទា ជាហេតុឲ្យបានបុណ្យផង មានដែរតើ។
[១០៨] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែភ្ញៀវទាំងឡាយ អំពើនោះ ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចធ្វើនូវកិច្ចការ របស់ភ្ញៀវ ដល់ភ្ញៀវទាំងឡាយបានផង មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។
[១០៩] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែបុព្វបេតៈទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែបុព្វបេតៈទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្ត ដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែបុព្វបេតៈទាំងឡាយ អំពើនោះ មិនប្រសើរទេ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែបុព្វបេតៈទាំងឡាយ អំពើនោះ ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចធ្វើនូវកិច្ចការ របស់បុព្វបេតៈ ដល់បុព្វបេតៈទាំងឡាយបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។
[១១០] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទេវតាទាំងឡាយក្តី មនុស្សដែលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទេវតាទាំងឡាយក្តី អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែទេវតាទាំងឡាយ អំពើនោះ មិនប្រសើរឡើយ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែទេវតាទាំងឡាយ អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ ការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចធ្វើនូវកិច្ចការ របស់ទេវតា ដល់ទេវតាទាំងឡាយបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។
[១១១] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជាក្តី មនុស្សដែលប្រព្រឹត្តតាមធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែព្រះរាជាក្តី តើអំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែព្រះរាជា អំពើនោះ មិនប្រសើរឡើយ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែព្រះរាជា អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ដែលត្រូវតាមធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចធ្វើរាជការរបស់ព្រះរាជាបានផង មិនបាច់ធ្វើបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។
[១១២] ម្នាលធនញ្ជានិ អ្នកយល់សេចក្តីនោះ ដូចម្តេច មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន មនុស្សដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន អំពីណាប្រសើរជាង។ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្សដែលប្រព្រឹត្តខុសធម៌ ប្រព្រឹត្តមិនស្មើ ព្រោះហេតុតែចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន អំពើនោះ មិនប្រសើរ បពិត្រព្រះសារីបុត្តដ៏ចំរើន មនុស្ស ដែលប្រព្រឹត្តត្រូវធម៌ ប្រព្រឹត្តស្មើ ព្រោះហេតុតែការចិញ្ចឹមកាយ ឲ្យធាត់ធំចំរើន អំពើនោះឯង ទើបឈ្មោះថា ប្រសើរក្នុងហេតុនុ៎ះ បពិត្រព្រះសារីបុត្តដ៏ចំរើន (ព្រោះថា) ការប្រព្រឹត្តិត្រូវធម៌ ការប្រព្រឹត្តិស្មើ ត្រូវតែប្រសើរវិសេសជាងការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ។ ម្នាលធនញ្ជានិ ការងារទាំងឡាយឯទៀត ត្រូវតាមធម៌ ប្រកបដោយហេតុ ដែលមនុស្សទាំងឡាយ អាចចិញ្ចឹមកាយ ឲ្យធាត់ធំចំរើនបានផង មិនបាច់ធ្វើនូវបាបកម្មផង អាចប្រតិបត្តិនូវបដិបទា ដែលជាហេតុឲ្យកើតបុណ្យបានផង មានដែរតើ។ គ្រានោះ ធនញ្ជានិព្រាហ្មណ៍ ត្រេកអរ អនុមោទនា នូវភាសិតរបស់ព្រះសារីបុត្រមានអាយុ រួចក្រោកចាកអាសនៈ ហើយក៏ចៀសចេញទៅ។
[១១៣] លុះចំណេរកាលតមក ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់។ ទើបធនញ្ជានិព្រាហ្មណ៍ ហៅបុរសម្នាក់ មកនិយាយបង្គាប់ថា នែបុរសដ៏ចំរើន ចូរអ្នកមកនេះ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះបាទានៃព្រះមានបុណ្យ ហើយក្រាបបង្គំទូល តាមពាក្យអញថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគដោយត្បូង ដូច្នេះរួច ឯងចូរទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំបាទាព្រះសារីបុត្រមានអាយុ តាមពាក្យអញថា បពិត្រលោកដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ថ្វាយបង្គំបាទាព្រះសារីបុត្រមានអាយុដោយត្បូង ដូច្នេះរួចហើយ ឯងទូលលោកយ៉ាងនេះថា បពិត្រព្រះថេរៈដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះសារីបុត្រមានអាយុ និមន្តទៅនិវេសនដ្ឋានរបស់ធនញ្ជានិព្រាហ្មណ៍ អាស្រ័យសេចក្តីអនុគ្រោះ។
[១១៤] បុរសនោះ ក៏ទទួលពាក្យរបស់ធនញ្ជានិព្រាហ្មណ៍ថា បាទអ្នកដ៏ចំរើន យ៉ាងនេះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំចំពោះព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទាព្រះមានបុណ្យដោយត្បូង ដូច្នេះរួចហើយ ចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសារីបុត្រមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះបុរសនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយនឹងព្រះសារីបុត្តមានអាយុថា បពិត្រលោកដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ថ្វាយបង្គំបាទាព្រះសារីបុត្រមានអាយុដោយត្បូង មួយទៀត គាត់មានប្រសាសន៍យ៉ាងនេះថា សូមឱកាស បពិត្រលោកដ៏ចំរើន សូមព្រះសារីបុត្រមានអាយុ និមន្តចូលទៅនិវេសនដ្ឋាន របស់ធនញ្ជានិព្រាហ្មណ៍ អាស្រ័យសេចក្តីអនុគ្រោះ។ ព្រះសារីបុត្រមានអាយុ ក៏ទទួលដោយតុណ្ហីភាព។
[១១៥] លំដាប់នោះ ព្រះសារីបុត្រមានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ចូលទៅនិវេសនដ្ឋានរបស់ធនញ្ជានិព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុកប្រគេន។ លុះព្រះសារីបុត្រមានអាយុគង់ហើយ ក៏និយាយនឹងធនញ្ជានិព្រាហ្មណ៍ យ៉ាងនេះថា នែធនញ្ជានិ (យន្ត គឺសរីរៈដែលមានចក្រ៤ មានទ្វារ៩) អ្នកអត់សង្កត់បានទេឬ អ្នកឲ្យប្រព្រឹត្តទៅបានស្រួលបួលឬទេ ទុក្ខវេទនាស្រាកស្រាន្ត មិនរឹតឡើងទេឬ ប្រាកដជាសះស្បើយ មិនរឹតចំរើនឡើងទេឬ។
[១១៦] ធនញ្ជានិព្រាហ្មណ៍ទូលថា បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្ត ដែលមានចក្រ៤ មានទ្វារ៩ ខ្ញុំព្រះករុណាអត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណារឹតតែចំរើនឡើង មិនស្រាកស្រាន្តទេ មានតែចំរើនឡើង មិនប្រាកដជាស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀបដូចបុរសមានកំឡាំង ចាក់ក្បាលដោយដែកស្រួចដ៏មុត យ៉ាងណាមិញ បពិត្រព្រះសារីបុត្រដ៏ចំរើន ខ្យល់ទាំងឡាយដ៏ខ្លាំងហួសប្រមាណ ចាក់ដោតនូវក្បាលខ្ញុំព្រះករុណា ក៏យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិនមានធូរថយទេ ចេះតែចំរើនឡើង មិនមានស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀបដូចបុរសមានកំឡាំង យកព្រ័ត្រដ៏មាំ មកត្របែងក្បាល យ៉ាងណា បពិត្រព្រះសារីបុត្រ ដ៏ចំរើន សីសវេទនា ក្នុងក្បាលខ្ញុំ ខ្លាំងហួសប្រមាណ ក៏យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិនធូរថយទេ មានតែចំរើនឡើង មិនស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀបដូចអ្នកសម្លាប់គោ ឬកូនសិស្សអ្នកសម្លាប់គោ ដ៏ឈ្លាសវៃ វះពោះគោនឹងកាំបិតសំរាប់អារគោដ៏មុត យ៉ាងណាមិញ បពិត្រព្រះសារីបុត្រដ៏ចំរើន ខ្យល់ទាំងឡាយ ខ្លាំងហួសប្រមាណ ក៏អារពោះខ្ញុំព្រះករុណា យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់សង្កត់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានស្រួលបួលទេ ទុក្ខវេទនា របស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិនបានធូរថយទេ មានតែចំរើនឡើង មិនស្រាកស្រាន្តទេ បពិត្រព្រះសារីបុត្រដ៏ចំរើន ប្រៀបដូចបុរសមានកំឡាំងពីរនាក់ ចាប់បុរសខ្សោយជាង ត្រង់ដើមដៃទាំងពីរ ហើយឆ្អើររោលកំដៅលើរងើកភ្លើង យ៉ាងណាមិញ បពិត្រព្រះសារីបុត្រដ៏ចំរើន សេចក្តីក្តៅ អន្ទះអន្ទែង ក្នុងកាយ របស់ខ្ញុំព្រះករុណា ក៏ហួសប្រមាណ យ៉ាងនោះដែរ បពិត្រព្រះសារីបុត្រដ៏ចំរើន សរីរយន្តខ្ញុំព្រះករុណា អត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះករុណា រឹតតែចំរើនឡើង មិនអន់ថយសោះ មានតែចំរើនខ្លាំងឡើង ឥតស្រាកស្រាន្តទេ។
[១១៧] ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច នរកក្តី កំណើតតិរច្ឆានក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន កំណើតតិរច្ឆាន ប្រសើរជាងនរក។ ម្នាលធនញ្ជានិ អ្នកសំគាល់ហេតុនោះ ដូចម្តេច កំណើតតិរច្ឆានក្តី បិត្តិវិស័យក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន បិត្តិវិស័យ ប្រសើរជាងកំណើតតិរច្ឆាន។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច បិត្តិវិស័យក្តី ពួកមនុស្សក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកមនុស្ស ប្រសើរជាងបិត្តិវិស័យ។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកមនុស្សក្តី ពួកទេវតា ដែលនៅក្នុងឋានចាតុម្មហារាជិកៈក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកចាតុម្មហារាជិកទេវតា ប្រសើរជាងពួកមនុស្ស។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកចាតុម្មហារាជិកទេវតាក្តី ពួកតាវត្តឹសទេវតាក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកតាវត្តឹសទេវតា ប្រសើរជាងពួកចាតុម្មហារាជិកទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់ហេតុនោះ ដូចម្តេច ពួកតាវត្តឹសទេវតាក្តី ពួកយាមទេវតាក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកយាមទេវតា ប្រសើរជាងពួកតាវត្តឹសទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកយាមទេវតាក្តី ពួកតុសិតទេវតាក្តី ណាប្រសើរជាងណា។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកតុសិតទេវតា ប្រសើរជាងពួកយាមទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកតុសិតទេវតាក្តី ពួកនិម្មានរតិទេវតាក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកនិម្មានរតិទេវតា ប្រសើរជាងពួកតុសិតទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកនិម្មានរតិទេវតាក្តី ពួកបរនិម្មិតវសវត្តិទេវតាក្តី ណាប្រសើរជាង។ បពិត្រព្រះសារីបុត្រដ៏ចំរើន ពួកបរនិម្មិតវសវត្តិទេវតា ប្រសើរជាងពួកនិម្មានរតិទេវតា។ ម្នាលធនញ្ជានិ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ពួកបរនិម្មិតវសវត្តិទេវតាក្តី ព្រហ្មលោកក្តី ណាប្រសើរជាង។ ព្រះសារីបុត្រដ៏ចំរើន សំដែងថាព្រហ្មលោក ព្រះសារីបុត្រដ៏ចំរើន សំដែងថាព្រហ្មលោក។ គ្រានោះ ព្រះសារីបុត្រមានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកព្រាហ្មណ៍ទាំងនេះ ចុះចិត្តស៊ប់តែនឹងព្រហ្មលោក បើដូច្នោះ គួរតែអញសំដែងផ្លូវ ដើម្បីឲ្យបានកើតរួមនឹងព្រហ្មទាំងឡាយ ដល់ធនញ្ជានិព្រាហ្មណ៍ចុះ។ ទើបព្រះថេរៈសំដែងថា នែធនញ្ជានិ អាត្មានឹងសំដែងផ្លូវដើម្បីបានកើតរួមនឹងព្រហ្មទាំងឡាយ អ្នកចូរស្តាប់រឿងនោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យស្រួលចុះ អាត្មានឹងសំដែងប្រាប់។ ធនញ្ជានិព្រាហ្មណ៍ ទទួលស្តាប់ព្រះសារីបុត្រមានអាយុថា ព្រះករុណាលោកដ៏ចំរើន។
[១១៨] ព្រះសារីបុត្រមានអាយុ ក៏សំដែងយ៉ាងនេះថា ម្នាលធនញ្ជានិ ផ្លូវប្រព្រឹត្តទៅ ដើម្បីកើតរួមនឹងព្រហ្មទាំងឡាយ តើដូចម្តេច ម្នាលធនិញ្ជានិ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា ទិសខាងលើ ទិសខាងក្រោម ទិសទទឹងក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសទាំងពួង ដោយយកខ្លួន ប្រៀបនឹងសត្វទាំងពួង ម្នាលធនញ្ជានិ នេះឯង ជាផ្លូវប្រព្រឹត្តទៅ ដើម្បីកើតរួមនឹងព្រហ្មទាំងឡាយ ម្នាលធនញ្ជានិ មួយទៀត ភិក្ខុមានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា…. មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ក្នុងទិសទាំងពួង ដោយយកខ្លួន ទៅប្រៀបនឹងសត្វទាំងពួង ម្នាលធនញ្ជានិ នេះឯង ក៏ជាផ្លូវប្រព្រឹត្តដើម្បីកើតរួមនឹងពួកព្រហ្ម។ ធនញ្ជានិផ្តាំថា បពិត្រព្រះសារីបុត្រដ៏ចំរើន បើដូច្នោះ សូមលោកម្ចាស់ ក្រាបថ្វាយបង្គំព្រះបាទាព្រះមានបុណ្យដោយត្បូង តាមពាក្យរបស់ខ្ញុំព្រះករុណាថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទា នៃព្រះមានបុណ្យដោយត្បូង។
[១១៩] គ្រានោះ ព្រះសារីបុត្រមានអាយុ កាលបើមានកិច្ច ដែលលោកត្រូវធ្វើតទៅទៀត ក៏ញុំាងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈ ហើយក៏ចេញទៅ។ គ្រានោះឯង ធនញ្ជានិព្រាហ្មណ៍ កាលបើព្រះសារីបុត្រមានអាយុ និមន្តចេញទៅ មិនយូរប៉ុន្មាន ក៏ធ្វើមរណកាល ហើយទៅកើតឯព្រហ្មលោក។ គ្រានោះ ព្រះមានបុណ្យ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សារីបុត្រនុ៎ះ កាលបើមានកិច្ចដែលខ្លួនត្រូវធ្វើតទៅទៀត ក៏ញុំាងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈ ចេញមក។
[១២០] គ្រានោះ ព្រះសារីបុត្រមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធនញ្ជានិព្រាហ្មណ៍ មានអាពាធ ដល់នូវទុក្ខវេទនា មានជម្ងឺជាទម្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទា នៃព្រះមានព្រះភាគ ដោយត្បូង។ ព្រះមានព្រះភាគ ត្រាស់សួរថា ហៃសារីបុត្រ កាលបើកិច្ចដែលអ្នកត្រូវធ្វើតទៅទៀតនៅមាន ហេតុម្តេច ក៏អ្នកញុំាងធនញ្ជានិព្រាហ្មណ៍ ឲ្យតម្កល់នៅត្រឹមព្រហ្មលោកថោកទាប រួចក្រោកចាកអាសនៈចេញមក។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកព្រាហ្មណ៍ទាំងនេះ មានចិត្តជឿស៊ប់នឹងព្រហ្មលោក បើដូច្នោះ គួរតែខ្ញុំព្រះអង្គ សំដែងផ្លូវប្រព្រឹត្តទៅ ដើម្បីកើតរួមនឹងពួកព្រហ្ម ដល់ធនញ្ជានិព្រាហ្មណ៍ចុះ។ ហៃសារីបុត្រ ធនញ្ជានិព្រាហ្មណ៍ស្លាប់ហើយ ទៅកើតឯព្រហ្មលោកហើយ។
ចប់ ធនញ្ជានិសូត្រ ទី៧។
(៨. វាសេដ្ឋសុត្តំ)
[១២១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឈ្មោះឥច្ឆានង្គលៈ។ សម័យនោះឯង មានព្រាហ្មណមហាសាលជាច្រើន សុទ្ធតែជាអ្នកមានកេរ្តិឈ្មោះ ល្បីល្បាញ អាស្រ័យនៅក្នុងស្រុកឥច្ឆានង្គលៈ គឺចង្កីព្រាហ្មណ៍ ១ តារុក្ខព្រាហ្មណ៍ ១ បោក្ខរសាតិព្រាហ្មណ៍ ១ ជាណុស្សោណិព្រាហ្មណ៍ ១ តោទេយ្យព្រាហ្មណ៍ ១ មិនតែប៉ុណ្ណោះសោត មានទាំងពួកព្រាហ្មណមហាសាលដទៃទៀត ក៏សឹងជាអ្នកមានកេរ្តិឈ្មោះល្បីល្បាញដែរ។ វេលានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព ទាំងពីរនាក់ កំពុងដើរទៅដើរមក ដើម្បីសម្រួលស្មង ក៏ផ្តើមនូវអន្តរាកថានេះថា ម្នាលអ្នកដ៏ចំរើន មនុស្សឈ្មោះថាព្រាហ្មណ៍ តើដោយហេតុដូចម្តេច។ ភារទ្វាជមាណព បានឆ្លើយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើកាលណាបុគ្គលមានជាតិល្អទាំងពីរចំណែក គឺ ទាំងខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ ដ៏បរិសុទ្ធ ដរាបអំពីគូ នៃជីតាជាគំរប់៧មក មិនមានអ្នកណា តិះដៀលចំអកចំអន់ដោយការពោលដល់ជាតិបាន ម្នាលអ្នកដ៏ចំរើន ដោយហេតុប៉ុណ្ណេះឯង មនុស្ស ទើបឈ្មោះថាព្រាហ្មណ៍។ វាសេដ្ឋមាណព បានពោលយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើកាលណាបុគ្គលមានសីលផង បរិបូណ៌ដោយវត្តផង ដោយហេតុប៉ុណ្ណេះ មនុស្ស ទើបឈ្មោះថា ជាព្រាហ្មណ៍បាន។ ភារទ្វាជមាណព មិនអាចដើម្បីពន្យល់វាសេដ្ឋមាណពបាន ចំណែកខាងវាសេដ្ឋមាណព ក៏មិនអាចដើម្បីនឹងពន្យល់ភារទ្វាជមាណពបានដែរ។
[១២២] លំដាប់នោះ វាសេដ្ឋមាណព និយាយនឹងភារទ្វាជមាណពថា ម្នាលភារទ្វាជៈ ដ៏ចំរើន ព្រះសមណគោតមនេះឯង ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ឥឡូវមកគង់នៅក្នុងដងព្រៃ ឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឈ្មោះឥច្ឆានង្គលៈ កិត្តិសព្ទដ៏ល្អ នៃព្រះគោតមដ៏ចំរើននោះ ល្បីឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកកិលេសហើយ ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គទ្រង់ទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គ ជាសាស្ត្រាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀតហើយ ម្នាលភារទ្វាជៈដ៏ចំរើន មក យើងនឹងនាំគ្នាចូលទៅគាល់ព្រះសមណគោតម លុះចូលទៅដល់ហើយ យើងនឹងទូលសួរសេចក្តីនុ៎ះ នឹងព្រះសមណគោតម ព្រះសមណគោតម នឹងដោះស្រាយ ដល់យើងទាំងពីរនាក់ យ៉ាងណា យើងនឹងចាំទុកសេចក្តីនោះយ៉ាងនោះ។ ឯភារទ្វាជមាណព ក៏បានទទួលពាក្យរបស់វាសេដ្ឋមាណពថា យ៉ាងហ្នឹងហើយ អ្នកដ៏ចំរើន។ គ្រានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព បាននាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[១២៣] លុះវាសេដ្ឋមាណព អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា
ខ្ញុំព្រះអង្គទាំងពីរនាក់ បានទទួលអនុញ្ញាត អំពីអាចារ្យ ដែលបានឲ្យរៀនសូត្រស្រេចហើយ ទាំងបានប្តេជ្ញាខ្លួនឯងថា បានរៀនសូត្រចេះចាំនូវវេទទាំង៣ ខ្ញុំព្រះអង្គជាសិស្សច្បង របស់បោក្ខរសាតិព្រាហ្មណ៍ ឯមាណពនេះ ជាសិស្សច្បង របស់តារុក្ខព្រាហ្មណ៍ បទណាដែលពួកព្រាហ្មណ៍ ចេះនូវវេទទាំង៣ បានប្រាប់ ដោយអត្ថក្តី ដោយព្យញ្ជនៈក្តី ខ្ញុំព្រះអង្គទាំងពីរនាក់ ក៏បានចូលចិត្តក្នុងបទនោះទាំងអស់ ទាំងសេចក្តីព្យាករណ៍នូវបទ របស់ខ្ញុំព្រះអង្គទាំងពីរនាក់ ក៏ប្រាកដស្មើនឹងអាចារ្យ ត្រង់កន្លែងជាទីពោលមន្ត បពិត្រព្រះគោតម ខ្ញុំព្រះអង្គទាំងពីរនាក់ មានសេចក្តីវិវាទ ក្នុងការពោលអំពីជាតិ ភារទ្វាជមាណព ពោលថា បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះជាតិ ចំណែកខ្ញុំព្រះអង្គពោលថា ព្រោះកម្ម បពិត្រព្រះអង្គអ្នកមានចក្ខុ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះ ដោយហេតុនោះហើយ បានជាខ្ញុំព្រះអង្គទាំងពីរនាក់ មិនអាចញុំាងគ្នានឹងគ្នាឲ្យដឹងបាន ទើបនាំគ្នាមកក្រាបទូលសួរព្រះមានព្រះភាគ ដែលប្រាកដថា ជាព្រះសម្ពុទ្ធ ពួកជនតាំងអញ្ជលីកម្ម ថ្វាយបង្គំ ចំពោះទៅរកព្រះចន្ទពេញវង់ យ៉ាងណា គេក៏ថ្វាយបង្គំ ចំពោះព្រះគោតមក្នុងលោក យ៉ាងនោះដែរ ខ្ញុំព្រះអង្គទាំងពីរនាក់ សូមទូលសួរព្រះគោតម ដែលមានដួងចក្ខុកើតឡើង បរិសុទ្ធស្អាតក្នុងលោកថា បុគ្គលដែលជាព្រាហ្មណ៍នោះ តើព្រោះជាតិ ឬព្រោះកម្ម ដ្បិតខ្ញុំព្រះអង្គទាំងពីរនាក់មិនស្គាល់ សូមព្រះអង្គទ្រង់សំដែង ល្មមឲ្យខ្ញុំព្រះអង្គទាំងពីរនាក់ ស្គាល់ថាព្រាហ្មណ៍បានផង។
[១២៤] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ) តថាគត នឹងចែករលែកជាតិ នៃសត្វទាំងឡាយនោះ តាមលំដាប់ ប្រាប់អ្នកទាំងឡាយ ដ្បិតជាតិរបស់សត្វទាំងឡាយ ផ្សេងៗគ្នា អ្នកទាំងឡាយ ស្គាល់តិណជាតិ និងរុក្ខជាតិហើយ ចំណែកតិណជាតិ និងរុក្ខជាតិនោះ មិនស្គាល់ខ្លួនវាថា យើងជាតិណជាតិ ជារុក្ខជាតិដូច្នេះឡើយ សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា តាំងពីកណ្តូប កន្ទុំរុយ រហូតដល់ស្រមោចខ្មៅ ស្រមោចក្រហម សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរដឹងសត្វជើង៤ទាំងឡាយ ទាំងតូចទាំងធំ សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរដឹងពួកសត្វ ដែលមានពោះជាជើង ដូចជាឧរគជាតិ ដែលមានខ្នងវែង សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរដឹងពួកមច្ឆជាតិ ដែលនៅក្នុងទឹក មានទឹកជាទីគោចរ សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា មួយទៀត អ្នកទាំងឡាយ ចូរដឹងពួកសត្វបក្សី ដែលមានស្លាបជាយាន ហើរទៅក្នុងអាកាស សណ្ឋានក៏សម្រេចមកអំពីជាតិ ព្រោះជាតិរបស់វា ទីទៃៗពីគ្នា សណ្ឋានដែលសម្រេចអំពីជាតិក្នុងជាតិទាំងនុ៎ះច្រើន ដូចម្តេចមិញ សណ្ឋាន ដែលសម្រេចមកអំពីជាតិ ក្នុងមនុស្សទាំងឡាយ មិនមានច្រើនដូច្នោះទេ ព្រោះមិនបាននិយមដោយសក់ទាំងឡាយ មិនបាននិយមដោយក្បាល មិនបាននិយមដោយត្រចៀកទាំងពីរ មិនបាននិយមដោយភ្នែកទាំងពីរ មិនបាននិយមដោយមាត់ មិនបាននិយមដោយច្រមុះ មិនបាននិយមដោយបបូរមាត់ទាំងពីរ មិនបាននិយមដោយចិញ្ចើមទាំងពីរ មិនបាននិយមដោយ ក មិនបាននិយមដោយស្មាទាំងសងខាង មិនបាននិយមដោយពោះ មិនបាននិយមដោយខ្នង មិនបាននិយមដោយត្រគាក មិនបាននិយមដោយទ្រូង មិនបាននិយមដោយទីចង្អៀត មិនបាននិយមដោយមេថុន មិនបាននិយមដោយដៃទាំងពីរ មិនបាននិយមដោយជើងទាំងពីរ មិនបាននិយមដោយម្រាមដៃទាំង១០ មិនបាននិយមដោយក្រចកទាំង១០ មិនបាននិយមដោយស្មងទាំងពីរ មិនបាននិយមដោយភ្លៅទាំងពីរ មិនបាននិយមដោយសម្បុរ មិនបាននិយមដោយសំឡេង ជាសណ្ឋានសម្រេចមកអំពីជាតិ ដូចជាក្នុងជាតិពួកសត្វដទៃក៏ទេ មួយទៀត របស់ដែលអាស្រ័យចំពោះខ្លួន ក្នុងសរីរៈរបស់មនុស្ស នឹងបានដូច្នោះក៏ទេ ឯការផ្សេងគ្នា របស់មនុស្សទាំងឡាយ គេហៅតាមឈ្មោះ ព្រោះថា បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការភ្ជួររាស់ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ជាអ្នកភ្ជួររាស់ មិនមែនជាព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណា ចិញ្ចឹមជីវិតដោយសិប្បៈផ្សេងៗ (មានការត្បាញជាដើម) ម្នាលវាសេដ្ឋៈ អ្នកចូរដឹង យ៉ាងនេះថា អ្នកនោះ ឈ្មោះថា ជាអ្នកមានសិប្បៈ មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការជួញ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ជាពាណិជ្ជ មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការបំរើអ្នកដទៃ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ជាអ្នកបំរើគេ មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការលួច ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាចោរ មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយការកាន់គ្រឿងសស្ត្រាវុធ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាទាហាន មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ ចិញ្ចឹមជីវិតដោយនាទីជាបុរោហិត ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាអ្នកបូជា មិនមែនព្រាហ្មណ៍ទេ បណ្តាមនុស្សទាំងឡាយ មនុស្សណាមួយ បរិភោគស្រុក ឬដែន ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនុ៎ះ ជាព្រះរាជា មិនមែនព្រាហ្មណ៍ទេ មួយទៀត តថាគត មិនបានពោល បុគ្គលដែលកើតអំពីកំណើត ឬកើតអំពីសំណាក់នៃមាតា ថាជាព្រាហ្មណ៍ទេ បុគ្គលនោះ គ្រាន់តែឈ្មោះថា ភោវាទី (អ្នកពោលថា ភោភោ) ព្រោះបុគ្គលនោះឯង នៅមានកង្វល់ គឺកិលេស លុះតែបុគ្គលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់មាំ ទើបតថាគតពោលថា ជាព្រាហ្មណ៍ បុគ្គលណា កាត់បង់នូវសំយោជនៈទាំងអស់ ហើយមិនបានតក់ស្លុត ដោយតណ្ហា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកកន្លងបង់ នូវសេចក្តីចំពាក់ ជាអ្នកប្រាសចាកកិលេស ថាជាព្រាហ្មណ៍ បុគ្គលណា កាត់បង់នូវខ្សែរឹត គឺការចងគំនុំ និងព្រ័ត្រ គឺតណ្ហា និងទី-ត គឺកិលេស គ្រឿងស្ទាក់ គឺទិដ្ឋិ ព្រមទាំងទិដ្ឋានុស័យចេញបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានបង្គោល គឺអវិជ្ជាដកចេញហើយ អ្នកត្រាស់ដឹង នូវចតុរារិយសច្ច ថាជាព្រាហ្មណ៍ បុគ្គលណា មិនបានប្រទូស្ត អត់សង្កត់ នូវពាក្យជេរ និងការវាយដំ និងចំណងបាន តថាគត ពោលនូវបុគ្គលនោះ ដែលមានអធិវាសនក្ខន្តីជាកំឡាំង មានពួកពល គឺខន្តី ថាជាព្រាហ្មណ៍ បុគ្គលណា មិនមានសេចក្តីក្រោធ មានធុតង្គវត្ត មានសីលគុណ មិនប៉ោងដោយរាគាទិក្កិលេស មិនមានពុតត្បុត មានសរីរៈតាំងនៅក្នុងទីបំផុត តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនជាប់ ក្នុងកាមទាំងឡាយ ដូចទឹកមិនជាប់លើស្លឹកឈូក ឬដូចគ្រាប់ស្ពៃ មិនជាប់លើចុងនៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ ដឹងច្បាស់នូវការអស់ទៅ នៃទុក្ខរបស់ខ្លួន តថាគត ពោលនូវបុគ្គលនោះ ដែលមានភារៈដាក់ចុះហើយ ប្រាសចាកកិលេសហើយ ថាជាព្រាហ្មណ៍ បុគ្គលណា ជាអ្នកប្រាជ្ញ មានប្រាជ្ញាជ្រាលជ្រៅ ឈ្លាសវៃ ក្នុងមគ្គ និងមិនមែនមគ្គ មានប្រយោជន៍ដ៏ខ្ពស់សម្រេចហើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនច្រឡំដោយបុគ្គលទាំងពីរពួក គឺគ្រហស្ថ និងបព្វជិត មិនបានជាប់នៅក្នុងអាល័យ គឺកាមគុណ ទាំងមិនមានសេចក្តីប្រាថ្នា តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ដាក់ចុះនូវអាជ្ញា ក្នុងពួកសត្វ អ្នកដែលនៅមានសេចក្តីតក់ស្លុត គឺតណ្ហា មានសេចក្តីខ្ជាប់ខ្ជួន គឺមិនមានតណ្ហា មិនសំឡាប់ដោយខ្លួនឯង មិនប្រើអ្នកដទៃឲ្យសំឡាប់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនខឹង ក្នុងពួកសត្វដែលខឹង មានសេចក្តីត្រជាក់ ទៅលើពួកសត្វ ដែលមានអាជ្ញាក្នុងខ្លួន ជាអ្នកមិនមានសេចក្តីប្រកាន់ក្នុងពួកបុគ្គល ដែលមានសេចក្តីប្រកាន់ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ រាគៈ ទោសៈ មានះ និងសេចក្តីលុបគុណ របស់បុគ្គលណា ជ្រុះចេញហើយ បីដូចជាគ្រាប់ស្ពៃ ធ្លាក់អំពីចុង នៃដែកស្រួច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ពោលវាចាឥតទោស ជាវាចាញុំាងបុគ្គលឲ្យស្គាល់ប្រយោជន៍ ជាវាចាពិត ទាំងមិនបានធ្វើបុគ្គលណាមួយ ឲ្យចំពាក់ដោយវាចាណាឡើយ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនបានបង្អោនរបស់វែង ឬខ្លី តូចឬធំ ល្អឬអាក្រក់ ដែលគេមិនបានឲ្យ ក្នុងលោកនេះ តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនមានសេចក្តីប្រាថ្នា ក្នុងលោកនេះ និងលោកខាងមុខ តថាគត ពោលនូវបុគ្គល ដែលមិនមានសេចក្តីប្រាថ្នា ជាអ្នកប្រាសចាកកិលេសនោះ ថាជាព្រាហ្មណ៍ បុគ្គលណា មិនមានសេចក្តីអាល័យ ជាអ្នកដឹងច្បាស់ មិនមានសេចក្តីសង្ស័យ តថាគត ពោលនូវបុគ្គល ដែលបានសម្រេច នូវល្វែងនៃព្រះនិព្វាននោះ ថាជាព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ កន្លងបង់ នូវសេចក្តីចំពាក់ទាំងពីរ គឺបុណ្យ និងបាបចេញបានហើយ តថាគត ពោលនូវបុគ្គល ដែលមិនមានសោក ប្រាសចាកធូលី គឺកិលេស ជាអ្នកបរិសុទ្ធស្អាតនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ឥតមានមន្ទិលសៅហ្មង ជាបុគ្គលស្អាតផូរផង់ មិនល្អក់ដោយកិលេស មានតម្រេកក្នុងភពអស់ហើយ ដូចព្រះចន្ទប្រាសចាកមន្ទិល តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ឆ្លងផុតនូវផ្លូវវៀច ផ្លូវផុង ដែលនាំសត្វ ឲ្យអន្ទោលទៅ នាំសត្វឲ្យវង្វេងនេះ បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកដុតបង់នូវកិលេស ឥតមានតណ្ហា ឥតមានសេចក្តីសង្ស័យ ឥតមានប្រកាន់អ្វីបន្តិចបន្តួច ហើយបរិនិព្វាន តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ លះបង់នូវកាមទាំងឡាយចេញបាន ហើយបួសជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ក្នុងលោកនេះ លះបង់នូវតណ្ហាចេញបាន ហើយបួស ជាបុគ្គលមិនមានផ្ទះ តថាគត ពោលនូវបុគ្គល ដែលមានកាម21) និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍ បុគ្គលណា លះបង់នូវធម៌ ជាគ្រឿងប្រកប គឺកាមគុណ៥ ជារបស់មនុស្ស និងធម៌ ជាគ្រឿងប្រកប គឺកាមគុណ ៥ ជារបស់ទិព្វ តថាគត ពោលនូវបុគ្គល ដែលប្រាសចាកធម៌ ជាគ្រឿងប្រកបទាំងអស់នោះ ថាជាព្រាហ្មណ៍ បុគ្គលណា លះបង់នូវតម្រេក (ក្នុងកាមគុណ ៥ផង) នូវសេចក្តីអផ្សុកផង ជាអ្នកត្រជាក់ត្រជំ មិនមានកិលេស គ្របសង្កត់នូវខន្ធលោកទាំងអស់បាន ជាអ្នកមានព្យាយាម តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ដឹងនូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ដោយប្រការទាំងពួង តថាគត ពោលនូវបុគ្គល ដែលមិនចំពាក់ (ក្នុងអារម្មណ៍) មានដំណើរល្អ អ្នកត្រាស់ដឹង នូវចតុរារិយសច្ចនោះ ថាជាព្រាហ្មណ៍ ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងនូវគតិរបស់បុគ្គលណា តថាគត ពោលនូវបុគ្គលនោះ ដែលជាអ្នកមានអាសវៈអស់ហើយ ជាអរហន្ត ថាជាព្រាហ្មណ៍ បុគ្គលណា មិនមានកង្វល់ គឺកិលេស ក្នុងអតីត អនាគត និងបច្ចុប្បន្នទេ តថាគត ពោលនូវបុគ្គល ដែលមិនមានកង្វល់ មិនមានសេចក្តីប្រកាន់នោះ ថាជាព្រាហ្មណ៍ បុគ្គលណា ជាឧសភៈ (អស់អាច) ជាអ្នកប្រសើរ អ្នកមានសេចក្តីព្យាយាម អ្នកស្វែងរកគុណដ៏ធំ អ្នកមានជ័យជំនះ អ្នកមិនមានសេចក្តីញាប់ញ័រ (ដោយតណ្ហា) អ្នកលាងបង់នូវកិលេស អ្នកត្រាស់ដឹង នូវចតុរារិយសច្ច តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ បុគ្គលណា ដឹងនូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងភពមុនផង ឃើញសួគ៌ និងអបាយផង ដល់នូវការអស់ទៅ នៃជាតិផង តថាគត ពោលនូវបុគ្គលនោះ ថាជាព្រាហ្មណ៍ នាម និងគោត្រ ដែលគេបានកំណត់តាំងទុក ហៅតៗគ្នាមក ឈ្មោះនេះ គ្រាន់តែជាវោហារក្នុងលោក ដែលពួកញាតិ និងសាលោហិត បានកំណត់តាំងទុក ក្នុងកាលព្រាហ្មណ៍កើតហើយ ក្នុងទីនោះៗ ក៏កើតជាទិដ្ឋិ ដេកត្រាំនៅក្នុងពួកជន ដែលមិនដឹង អស់កាលជាយូរអង្វែង កាលបើពួកជនទាំងនោះ មិនដឹង ក៏នាំគ្នានិយាយថា បុគ្គលជាព្រាហ្មណ៍ព្រោះជាតិ ឯបុគ្គលខូចកាច មិនមែនព្រោះជាតិទេ បុគ្គលដែលជាព្រាហ្មណ៍ ក៏មិនមែនព្រោះជាតិដែរ បុគ្គលដែលខូចកាច ព្រោះកម្ម គឺការងារ ដែលធ្វើក្នុងបច្ចុប្បន្ន បុគ្គលដែលជាព្រាហ្មណ៍ ក៏ព្រោះកម្ម ជាអ្នកស្រែ ក៏ព្រោះកម្ម ជាអ្នកមានសិប្បៈ ក៏ព្រោះកម្ម ជាពាណិជ ក៏ព្រោះកម្ម ជាអ្នកបំរើគេ ក៏ព្រោះកម្ម ទោះបីជាចោរ ក៏ព្រោះកម្ម ជាទាហាន ក៏ព្រោះកម្ម ជាអ្នកបូជា ក៏ព្រោះកម្ម ជាព្រះរាជា ក៏ព្រោះកម្ម អ្នកប្រាជ្ញទាំងឡាយ អ្នកឃើញច្បាស់ នូវធម៌ជាបច្ច័យអាស្រ័យកើតតៗគ្នា អ្នកឈ្លាសក្នុងវិបាករបស់កម្ម តែងឃើញកម្មនេះ តាមសេចក្តីពិត យ៉ាងនេះថា លោកតែងប្រព្រឹត្តទៅតាមកម្ម ប្រជាជន តែងប្រព្រឹត្តទៅតាមកម្ម សត្វទាំងឡាយ ដែលជាប់នៅក្នុងកម្ម ទើបប្រព្រឹត្តទៅបាន ដូចជារទេះ ដែលមានភ្លៅ ទើបបរទៅបាន បុគ្គលដែលជាព្រាហ្មណ៍ ព្រោះកម្ម ៤យ៉ាងនេះ គឺ តបៈ ១ ព្រហ្មចរិយៈ ១ សំយមៈ ១ ទមៈ ១ កម្ម៤យ៉ាង ដ៏ប្រសើរបំផុតនេះ ជាគុណរបស់ព្រហ្មទាំងឡាយ សប្បុរស ដែលបរិបូណ៌ដោយវិជ្ជា៣ មានភពថ្មីអស់ហើយ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះថា អ្នកនោះ ហៅថាព្រហ្មក៏បាន ហៅថាឥន្ទក៏បាន សម្រាប់ពួកបណ្ឌិតជាអ្នកដឹង។
[១២៥] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព និងភារទ្វាជមាណព បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតម ដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយនេះ ដូចគេផ្ងាររបស់ ដែលផ្កាប់ចុះ ឬដូចជាគេបើកបង្ហាញរបស់ ដែលបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានចក្ខុ មើលឃើញរូបទាំងឡាយបាន យើងខ្ញុំទាំងឡាយនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើមតាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត។
ចប់ វាសេដ្ឋសូត្រ ទី៨។
(៩. សុភសុត្តំ)
[១២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង សុភមាណព ជាបុត្រ តោទេយ្យព្រាហ្មណ៍ អាស្រ័យនៅក្នុង និវេសន៍ របស់គហបតីម្នាក់ ក្នុងក្រុងសាវត្ថី ដោយកិច្ចដែលត្រូវធ្វើណានីមួយ។ កាលដែលសុភមាណព ជាបុត្ររបស់តោទេយ្យព្រាហ្មណ៍ អាស្រ័យនៅក្នុងនិវេសន៍ របស់គហបតីណា ក៏ពោលពាក្យនេះ នឹងគហបតីនោះថា ម្នាលគហបតី ខ្ញុំបានឮពាក្យនេះថា ក្រុងសាវត្ថី មិនស្ងាត់ចាកព្រះអរហន្តទាំងឡាយឡើយ ក្នុងថ្ងៃនេះ គួរយើងទាំងពីរនាក់ ចូលទៅអង្គុយជិតសមណៈ ឬព្រាហ្មណ៍ណាហ្ន៎។ គហបតី ឆ្លើយថា បពិត្រអ្នកដ៏ចំរើន ព្រះមានព្រះភាគនេះ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី បពិត្រអ្នកដ៏ចំរើន សូមអ្នកចូលទៅអង្គុយជិត ព្រះមានព្រះភាគនោះចុះ។
[១២៧] លុះសុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ ទទួលពាក្យរបស់គហបតីនោះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ច្រើន និយាយគ្នា យ៉ាងនេះថា គ្រហស្ថ ទើបជាអ្នកបំពេញនូវហេតុ គឺកុសលធម៌បាន ឯបព្វជិត បំពេញនូវហេតុ គឺកុសលធម៌មិនបានឡើយ ដូច្នេះ តើក្នុងសេចក្តីនេះ ព្រះគោតមដ៏ចំរើន នឹងទ្រង់ត្រាស់ថាដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាណព ក្នុងសេចក្តីនេះ តថាគត ជាអ្នកពោលញែក ក្នុងសេចក្តីនេះ តថាគត មិនបានពោលដោយចំណែកមួយទេ ម្នាលមាណព តថាគត ពណ៌នានូវសេចក្តីប្រតិបត្តិខុស របស់គ្រហស្ថខ្លះ របស់បព្វជិតខ្លះ ម្នាលមាណព ព្រោះថា គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិខុសហើយ នឹងហៅថា ជាអ្នកបំពេញនូវហេតុ គឺកុសលធម៌ ព្រោះហេតុប្រតិបត្តិខុស មិនបានឡើយ ម្នាលមាណព តថាគតពណ៌នា នូវសេចក្តីប្រតិបត្តិត្រូវ របស់គ្រហស្ថខ្លះ របស់បព្វជិតខ្លះ ព្រោះថា គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិត្រូវហើយ ហៅថា ជាអ្នកបំពេញនូវហេតុ គឺកុសលធម៌ ព្រោះហេតុប្រតិបត្តិត្រូវនោះបាន។
[១២៨] សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ និយាយយ៉ាងនេះថា ហេតុជាទីតាំងនៃការងារ របស់ឃរាវាសនេះ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន ទើបមានផលច្រើន ឯហេតុជាទីតាំង នៃការងាររបស់បព្វជ្ជានេះ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច ទើបមានផលតិច ដូច្នេះ តើក្នុងសេចក្តីនេះ ព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់ថាដូចម្តេច។ ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ក្នុងសេចក្តីនេះ តថាគត ជាបុគ្គលពោលញែក ក្នុងសេចក្តីនេះ តថាគត មិនបានពោលដោយចំណែកមួយឡើយ ម្នាលមាណព ហេតុជាទីតាំង នៃការងារ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើមិនសម្រេច មានផលតិចក៏មាន ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើបានសម្រេច មានផលច្រើនក៏មាន ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើមិនសម្រេច បានផលតិចក៏មាន ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើបានសម្រេច បានផលច្រើនក៏មាន។
[១២៩] ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើមិនសម្រេច បានផលតិចក៏មាន តើដូចម្តេចខ្លះ ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការភ្ជួររាស់ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើមិនសម្រេច តែងមានផលតិច។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើបានសម្រេច តែងមានផលច្រើន តើដូចម្តេច ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការភ្ជួររាស់នេះឯង មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើបានសម្រេច តែងមានផលច្រើន។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើមិនសម្រេច តែងមានផលតិច តើដូចម្តេច ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការលក់ដូរនេះឯង មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើមិនសម្រេច តែងមានផលតិច។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន តើដូចម្តេច ម្នាលមាណព ហេតុជាទីតាំងនៃការងារ គឺការលក់ដូរនេះឯង មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន។
[១៣០] ម្នាលមាណព ហេតុជាទីតាំងនៃការងារ របស់ឃរាវាស មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើមិនសម្រេច តែងមានផលតិច ដូចហេតុជាទីតាំង នៃកសិកម្ម គឺការភ្ជួររាស់ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើមិនសម្រេច តែងមានផលតិច ដូច្នោះឯង។ ម្នាលមាណព ហេតុជាទីតាំងនៃការងារ របស់ឃរាវាស មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើបានសម្រេច តែងមានផលច្រើន ដូចហេតុជាទីតាំង នៃកសិកម្ម ដែលមានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រុងប្រៀបច្រើន កាលបើបានសម្រេច តែងមានផលច្រើន ដូច្នោះឯង។ ម្នាលមាណព ហេតុជាទីតាំង នៃបព្វជ្ជាកម្ម គឺការបួស មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើមិនសម្រេច តែងមានផលតិច ដូចហេតុជាទីតាំង នៃពាណិជ្ជកម្ម គឺការលក់ដូរ មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើមិនសម្រេច តែងមានផលតិច ដូច្នោះឯង។ ម្នាលមាណព ហេតុជាទីតាំង នៃបព្វជ្ជាកម្ម មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន ដូចហេតុជាទីតាំង នៃពាណិជ្ជកម្ម ដែលមានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រុងប្រៀបតិច កាលបើបានសម្រេច តែងមានផលច្រើន ដូច្នោះឯង។
[១៣១] សុភមាណពក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌៥យ៉ាង ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាណព ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌៥យ៉ាង ណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បើអ្នកមិនទើសទាល់ទេ ចូរអ្នកពោល ធម៌ ទាំង៥នោះ ក្នុងបរិស័ទនេះ មកមើល។ បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គក្តី អ្នកប្រាជ្ញប្រហែលនឹងព្រះអង្គក្តី គង់ក្នុងទីណា ទីនោះឈ្មោះថា មិនទើសទាល់ (ដល់ខ្ញុំព្រះអង្គ)។ ម្នាលមាណព បើដូច្នោះ អ្នកចូរពោលចុះ។
[១៣២] សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី១ គឺវចីសច្ចៈ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតម ដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី២ គឺតបៈ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី៣ គឺព្រហ្មចរិយៈ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី៤ គឺការបង្រៀនមន្ត ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្ត ធម៌ទី៥ គឺចាគៈ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ នាំគ្នាបញ្ញត្តធម៌ ទាំង៥នេះ ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល ដូច្នេះ តើក្នុងសេចក្តីនេះ ព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់ថាដូចម្តេច។
[១៣៣] ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមាណព បណ្តាព្រាហ្មណ៍ទាំងឡាយ ចុះមានព្រាហ្មណ៍ណាមួយ សូម្បីតែព្រាហ្មណ៍ម្នាក់ បាននិយាយ យ៉ាងនេះថា យើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះ មានដែរឬទេ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនមានទេ។ ម្នាលមាណព បណ្តាព្រាហ្មណ៍ទាំងឡាយ ចុះមានព្រាហ្មណ៍ណាមួយ ជាអាចារ្យម្នាក់ក្តី ជាអាចារ្យប្រធានលើអាចារ្យម្នាក់ក្តី ដរាបអំពីជួរនៃអាចារ្យជាគំរប់៧មក បាននិយាយ យ៉ាងនេះថា យើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះ មានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនមានទេ។ ម្នាលមាណព ចុះពួកឥសី ជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់ពួកព្រាហ្មណ៍ ពួកព្រាហ្មណ៍ឥឡូវនេះ តែងស្វាធ្យាយតាមបទមន្ត ជារបស់ចាស់ ដែលធ្លាប់ច្រៀង ធ្លាប់ប្រព្រឹត្ត ធ្លាប់ផ្សំមកនោះ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលពួកឥសីពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលពួកឥសីបង្រៀនមកហើយ ដូចជាឥសីឈ្មោះ អដ្ឋកៈ ១ ឈ្មោះ វាមកៈ ១ ឈ្មោះ វាមទេវៈ ១ ឈ្មោះ វេស្សាមិត្តៈ ១ ឈ្មោះ យមតគ្គិ ១ ឈ្មោះ អង្គីរសៈ ១ ឈ្មោះ ភារទ្វាជៈ ១ ឈ្មោះ វាសេដ្ឋៈ ១ ឈ្មោះ កស្សបៈ ១ ឈ្មោះ ភគុ ១ ឥសីទាំងនោះ បានពោលហើយយ៉ាងនេះថា ពួកយើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះ មានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនមានទេ។
[១៣៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព បណ្តាព្រាហ្មណ៍ទាំងឡាយ មិនមានព្រាហ្មណ៍ណាមួយ សូម្បីតែព្រាហ្មណ៍ម្នាក់ បាននិយាយ យ៉ាងនេះថា យើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ ទាំង៥នេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះទេ បណ្តាព្រាហ្មណ៍ទាំងឡាយ មិនមានព្រាហ្មណ៍ណាមួយ ជាអាចារ្យម្នាក់ក្តី ជាអាចារ្យប្រធានលើអាចារ្យម្នាក់ក្តី ដរាបអំពីជួរ នៃអាចារ្យជាគំរប់៧មក បាននិយាយ យ៉ាងនេះថា យើងបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ ទាំង៥យ៉ាងនេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះទេ ពួកឥសី ជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់ពួកព្រាហ្មណ៍ ពួកព្រាហ្មណ៍ឥឡូវនេះ តែងស្វាធ្យាយតាមបទមន្ត ជារបស់ចាស់ ដែលធ្លាប់ច្រៀងមក ធ្លាប់ប្រព្រឹត្តមក ធ្លាប់ផ្សំមកនោះ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលពួកឥសីពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលពួកឥសីបង្រៀនមកហើយ ដូចជាឥសីឈ្មោះ អដ្ឋកៈ១ ឈ្មោះវាមកៈ១ ឈ្មោះវាមទេវៈ១ ឈ្មោះវេស្សាមិត្តៈ១ ឈ្មោះយមតគ្គិ១ ឈ្មោះអង្គីរសៈ១ ឈ្មោះភារទ្វាជៈ១ ឈ្មោះវាសេដ្ឋៈ១ ឈ្មោះកស្សបៈ១ ឈ្មោះភគុ១ ពួកឥសីទាំងនោះ ក៏មិនបានពោលយ៉ាងនេះថា ពួកយើង បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវធម៌ទាំង៥នេះ ដោយខ្លួនឯង ទើបប្រកាសផល ដូច្នេះទេ ម្នាលមាណព មនុស្សខ្វាក់ទាំងជួរ ដើរដឹកដៃគ្នា អ្នកមុខក៏មើលមិនឃើញ អ្នកកណ្តាល ក៏មើលមិនឃើញ អ្នកក្រោយ ក៏មើលមិនឃើញ យ៉ាងណា ម្នាលមាណព ភាសិតសម្រេចដល់ពួកព្រាហ្មណ៍ ក៏មានទំនង ប្រៀបដូចមនុស្សខ្វាក់ទាំងជួរ អ្នកមុខក៏មើលមិនឃើញ អ្នកកណ្តាល ក៏មើលមិនឃើញ អ្នកក្រោយ ក៏មើលមិនឃើញ យ៉ាងនោះឯង។
[១៣៥] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុភមាណព ជាបុត្ររបស់តោទេយ្យព្រាហ្មណ៍ ដែលត្រូវព្រះមានព្រះភាគ ត្រាស់ឧបមាថា ដូចជាមនុស្សខ្វាក់ទាំងជួរ ក៏ខឹង អាក់អន់ចិត្ត ជេរព្រះមានព្រះភាគ ប្រទេចព្រះមានព្រះភាគ និយាយនឹងព្រះមានព្រះភាគថា ព្រះសមណគោតម ធ្វើអាត្មាអញឲ្យមានសេចក្តីអាក្រក់ ដូច្នេះហើយ ក៏និយាយនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ឈ្មោះបោក្ខរសាតិ ជាឱបមញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) បានពោលយ៉ាងនេះថា សមណព្រាហ្មណ៍ពួកខ្លះ ប្តេជ្ញានូវឧត្តរិមនុស្សធម៌ ដែលជាគុណវិសេស គួរឃើញដោយញាណ ដ៏ប្រសើរ យ៉ាងនេះឯង ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ នាំឲ្យតែគេសើចលេង នាំឲ្យតែអាក្រក់ឈ្មោះ ជារបស់នាំឲ្យឥតប្រយោជន៍ សោះសូន្យទទេ ព្រោះថា ធម្មតា មនុស្សនឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យច្បាស់ នូវឧត្តរិមនុស្សធម៌ ដែលជាគុណវិសេស គួរឃើញ ដោយញាណដ៏ប្រសើរ ដូចម្តេចបាន ការណ៍ដូច្នេះនេះ មិនមានឡើយ។ ម្នាលមាណព ចុះបោក្ខរសាតិព្រាហ្មណ៍ ជាឱបមញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) នឹងកំណត់ដឹងចិត្ត របស់ពួកសមណព្រាហ្មណ៍ទាំងអស់ ដោយចិត្តរបស់ខ្លួនបានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន អម្បាលនាងបុណ្ណា ជាទាសីរបស់គាត់ ក៏បោក្ខរសាតិព្រាហ្មណ៍ ជាឱបមញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) កំណត់ដឹងចិត្ត ដោយចិត្តរបស់ខ្លួនមិនបានទៅហើ់យ នឹងកំណត់ដឹងចិត្ត របស់សមណព្រាហ្មណ៍ទាំងអស់ ដោយចិត្តខ្លួនឯង ឯណាបាន។
[១៣៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ដូចបុរសខ្វាក់អំពីកំណើត មិនធ្លាប់ឃើញរូបខ្មៅ ឬស មិនធ្លាប់ឃើញរូបខៀវ មិនធ្លាប់ឃើញរូបលឿង មិនធ្លាប់ឃើញរូបក្រហម មិនធ្លាប់ឃើញរូបហង្សបាទ មិនធ្លាប់ឃើញទីស្មើ និងមិនស្មើ មិនធ្លាប់ឃើញរូបផ្កាយ និងព្រះចន្ទ ព្រះអាទិត្យទាំងឡាយ ក៏និយាយយ៉ាងនេះថា រូបខ្មៅ និងស ក៏មិនមាន បុគ្គលដែលជាអ្នកឃើញរូបខ្មៅ និងស ក៏មិនមាន រូបខៀវ ក៏មិនមាន បុគ្គលដែលជាអ្នកឃើញរូបខៀវ ក៏មិនមាន រូបលឿង ក៏មិនមាន បុគ្គលដែលជាអ្នកឃើញរូបលឿង ក៏មិនមាន រូបក្រហមក៏មិនមាន បុគ្គលដែលជាអ្នកឃើញរូបក្រហម ក៏មិនមាន រូបហង្សបាទ ក៏មិនមាន បុគ្គលដែលជាអ្នកឃើញរូបហង្សបាទ ក៏មិនមាន ទីដែលស្មើ និងមិនស្មើ ក៏មិនមាន បុគ្គលដែលជាអ្នកឃើញទីស្មើ និងមិនស្មើ ក៏មិនមាន រូបផ្កាយក៏មិនមាន បុគ្គលដែលជាអ្នកឃើញរូបផ្កាយ ក៏មិនមាន ព្រះចន្ទ ព្រះអាទិត្យក៏មិនមាន បុគ្គលដែលជាអ្នកឃើញព្រះចន្ទ ព្រះអាទិត្យក៏មិនមាន អាត្មាអញ មិនស្គាល់របស់នុ៎ះ អាត្មាអញ មិនឃើញរបស់នុ៎ះ ព្រោះហេតុនុ៎ះ របស់នោះមិនមានឡើយ ម្នាលមាណព បុរសនោះ កាលនិយាយដូច្នេះ តើឈ្មោះថា និយាយត្រូវដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនត្រូវទេ ព្រោះថា រូបខ្មៅ និងស ក៏មាន បុគ្គលដែលជាអ្នកឃើញរូបខ្មៅ និងសក៏មាន រូបខៀវក៏មាន បុគ្គលដែលជាអ្នកឃើញរូបខៀវក៏មាន រូបលឿងក៏មាន បុគ្គលដែលជាអ្នកឃើញរូបលឿង ក៏មាន រូបក្រហមក៏មាន បុគ្គលដែលជាអ្នកឃើញរូបក្រហមក៏មាន រូបហង្សបាទក៏មាន បុគ្គលដែលជាអ្នកឃើញរូបហង្សបាទក៏មាន ទីដែលស្មើ និងមិនស្មើក៏មាន បុគ្គលដែលជាអ្នកឃើញទីដែលស្មើ និងមិនស្មើក៏មាន រូបផ្កាយក៏មាន បុគ្គលដែលជាអ្នកឃើញរូបផ្កាយ ក៏មាន ព្រះចន្ទ ព្រះអាទិត្យក៏មាន បុគ្គលដែលជាអ្នកឃើញព្រះចន្ទ និងព្រះអាទិត្យក៏មាន បពិត្រព្រះគោតមដ៏ចំរើន បុរសនោះ កាលពោលដោយត្រឹមត្រូវ មិនគប្បីពោលថា ខ្ញុំមិនស្គាល់របស់នោះ ខ្ញុំមិនឃើញ នូវរបស់នោះ ព្រោះហេតុដូច្នោះ របស់នោះ មិនមានឡើយ ដូច្នេះទេ។ ម្នាលមាណព សេចក្តីនេះ មានឧបមេយ្យ ដូចបោក្ខរសាតិព្រាហ្មណ៍ ជាឱបម្មញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឧកដ្ឋា) ជាបុគ្គលខ្វាក់ មិនមានចក្ខុ យ៉ាងនោះឯង គាត់នឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ដែលជាគុណវិសេស គួរឃើញដោយញាណ ដ៏ប្រសើរបាន ការណ៍ដូច្នេះនេះ មិនមានឡើយ។
[១៣៧] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់នូវហេតុនោះ ដូចម្តេច បើព្រាហ្មណមហាសាលណាមួយ ដែលនៅក្នុងកោសលជនបទ ដូចជាចង្កីព្រាហ្មណ៍ តារុក្ខព្រាហ្មណ៍ បោក្ខរសាតិព្រាហ្មណ៍ ជាណុស្សោណិព្រាហ្មណ៍ ឬតោទេយ្យព្រាហ្មណ៍ ជាបិតារបស់អ្នកឯង គប្បីពោលវាចាណា តាមលោកវោហារក្តី ពោលវាចាណា មិនតាមលោកវោហារក្តី តើវាចាដូចម្តេច របស់ព្រាហ្មណមហាសាលទាំងនោះ ដែលជាវាចាប្រសើរជាងគេ។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែលពោលតាមលោកវោហារ ជាវាចាប្រសើរ។ ព្រាហ្មណ៍ទាំងនោះ ត្រិះរិះហើយ ពោលវាចាក្តី មិនបានត្រិះរិះ ហើយពោលវាចាក្តី តើវាចារបស់ពួកព្រាហ្មណ៍ទាំងនោះ ណាប្រសើរជាង។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែលត្រិះរិះហើយពោល ប្រសើរជាង។ ព្រាហ្មណ៍ទាំងនោះ ដឹងហើយ ពោលវាចាក្តី មិនដឹង ហើយពោលវាចាណាក្តី តើវាចារបស់ព្រាហ្មណ៍ទាំងនោះ ណាប្រសើរជាង។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែលព្រាហ្មណ៍ទាំងនោះដឹងហើយពោល ប្រសើរជាង។ ព្រាហ្មណ៍ទាំងនោះ ពោលវាចាណា ដែលប្រកបដោយប្រយោជន៍ក្តី មិនប្រកបដោយប្រយោជន៍ក្តី តើវាចារបស់ព្រាហ្មណ៍ទាំងនោះ ណាប្រសើរជាង។ បពិត្រព្រះគោតមដ៏ចំរើន វាចាដែលព្រាហ្មណ៍ទាំងនោះ ពោលប្រកបដោយប្រយោជន៍ (ប្រសើរជាង)។
[១៣៨] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើហេតុយ៉ាងនេះមាន វាចាដែលបោក្ខរសាតិព្រាហ្មណ៍ ជាឱបម្មញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឱកដ្ឋា) ពោលតាមលោកវោហារ ឬមិនពោលតាមលោកវោហារទេ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ ពោលតាមលោកវោហារ។ បោក្ខរសាតិព្រាហ្មណ៍ ពិចារណាហើយពោលវាចា ឬមិនបានពិចារណា ហើយពោលវាចា។ បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ មិនបានពិចារណាទេ។ បោក្ខរសាតិព្រាហ្មណ៍ ដឹងហើយ ពោលវាចា ឬមិនបានដឹង ហើយពោលវាចា។ បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ មិនបានដឹងទេ។ បោក្ខរសាតិព្រាហ្មណ៍ ពោលវាចាប្រកបដោយប្រយោជន៍ ឬមិនបានប្រកបដោយប្រយោជន៍ទេ។ បពិត្រព្រះគោតមដ៏ចំរើន បោក្ខរសាតិព្រាហ្មណ៍ ពោលវាចាមិនប្រកបដោយប្រយោជន៍ទេ។
[១៣៩] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព នីវរណធម៌ទាំងនេះ មាន៥ប្រការ នីវរណធម៌ ៥ប្រការនោះ ដូចម្តេចខ្លះ គឺកាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១ ម្នាលមាណព នីវរណធម៌មាន៥ប្រការនេះឯង។ ម្នាលមាណព បោក្ខរសាតិព្រាហ្មណ៍ ជាឱបម្មញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឱកដ្ឋា) ត្រូវនីវរណធម៌ ៥ប្រការនេះឯង មកបិទបាំង រាំងរា ព័ន្ធព័ទ្ធ រួបរឹតហើយ គាត់នឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ដែលជាគុណវិសេសគួរឃើញ ដោយញាណដ៏ប្រសើរ ការណ៍ដូច្នេះនេះ មិនមានឡើយ។
[១៤០] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព កាមគុណទាំងឡាយនេះ មាន៥ប្រការ កាមគុណ ៥ប្រការនោះ ដូចម្តេចខ្លះ គឺរូបារម្មណ៍ គប្បីដឹងដោយចក្ខុបសាទ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេក១ សទ្ធារម្មណ៍ ដែលគប្បីដឹងដោយសោតបសាទ១។បេ។ គន្ធារម្មណ៍ ដែលគប្បីដឹងដោយឃានបសាទ…១ រសារម្មណ៍ ដែលគប្បីដឹងដោយជីវហាបសាទ…១ ផោដ្ឋព្វារម្មណ៍ ដែលគប្បីដឹងដោយកាយបសាទ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរឲ្យកើតតម្រេក១ ម្នាលមាណព កាមគុណមាន ៥ប្រការនេះឯង។ ម្នាលមាណព បោក្ខរសាតិព្រាហ្មណ៍ ជាឱបម្មញ្ញគោត្រ ជាធំក្នុងសុភគវនជនបទ (ក្នុងស្រុកឱកដ្ឋា) ចំពាក់ចិត្ត ងប់ចិត្ត លង់គំនិត ដោយកាមគុណ ទាំង៥ប្រការនេះឯង ជាអ្នកមិនឃើញទោស មិនមានបញ្ញា ជាគ្រឿងរលាស់ចេញ (ចាកភព) តែងបរិភោគ (នូវកាមគុណនោះ) គាត់នឹងដឹង ឬនឹងឃើញ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវឧត្តរិមនុស្សធម៌ ដែលជាគុណវិសេស គួរឃើញដោយញាណដ៏ប្រសើរ ការណ៍ ដូច្នេះនេះ មិនមានឡើយ។
[១៤១] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់ហេតុនោះ ដូចម្តេច បុគ្គលបង្កាត់ភ្លើងឲ្យឆេះឡើង ព្រោះអាស្រ័យស្មៅ និងឧស ជាកំញមណាក្តី បង្កាត់ភ្លើងឲ្យឆេះឡើង ព្រោះមិនអាស្រ័យស្មៅ និងឧស ជាកំញមណាក្តី ភ្លើងណាហ្ន៎ ដែលមានអណ្តាត មានពណ៌ មានពន្លឺ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន បើហេតុនោះ មានទំនងដើម្បីនឹងឲ្យភ្លើង ដែលមិនអាស្រ័យស្មៅ និងឧស ឆេះឡើងបាន ភ្លើងនោះ ទើបមានអណ្តាត មានពណ៌ មានពន្លឺ។ ម្នាលមាណព ឥតមានហេតុ ឥតមានបច្ច័យណា ឲ្យបុគ្គលបង្កាត់ភ្លើង ដែលមិនអាស្រ័យស្មៅ និងឧស ជាកំញម ឲ្យឆេះឡើងបានឡើយ វៀរលែងតែបុគ្គលមានឫទ្ធិ ម្នាលមាណព ភ្លើងអាស្រ័យស្មៅ និងឧសជាកំញម ទើបឆេះឡើងបាន ដូចម្តេចមិញ ម្នាលមាណព តថាគត ពោលបីតិ ដែលអាស្រ័យនូវកាមគុណ ទាំង៥ ថាមានឧបមេយ្យ ដូច្នោះដែរ ម្នាលមាណព មួយទៀត ភ្លើងមិនអាស្រ័យស្មៅ និងឧសជាកំញម ឆេះឡើងបាន ដូចម្តេចមិញ ម្នាលមាណព តថាគត ពោលបីតិ ដែលប្រាសចាកកាមទាំងឡាយផង ប្រាសចាកអកុសលធម៌ទាំងឡាយផង ថាមានឧបមេយ្យ ដូច្នោះដែរ ម្នាលមាណព ចុះបីតិ ដែលប្រាសចាកកាមទាំងឡាយផង ប្រាសចាកអកុសលធម៌ទាំងឡាយផង ដូចម្តេចខ្លះ ម្នាលមាណព ភិក្ខុក្នុងធម្មវិន័យនេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ។បេ។ ក៏ចូលបឋមជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ម្នាលមាណព នេះឯងឈ្មោះថា បីតិ ដែលប្រាសចាកកាមទាំងឡាយ ប្រាសចាកអកុសលធម៌ទាំងឡាយ។ ម្នាលមាណព មួយទៀត ភិក្ខុនោះ ព្រោះរម្ងាប់វិតក្កៈ វិចារៈរួចហើយ។បេ។ ចូលទុតិយជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ម្នាលមាណព នេះឯងឈ្មោះថា បីតិ ដែលប្រាសចាកកាមទាំងឡាយ ប្រាសចាកអកុសលធម៌ទាំងឡាយ។
[១៤២] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ នាំគ្នាបញ្ញត្ត ធម៌ទាំង៥ប្រការ ណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បណ្តាធម៌ទាំង៥ប្រការនុ៎ះ ព្រាហ្មណ៍ទាំងឡាយ នាំគ្នាបញ្ញត្តធម៌ណា ថាជាធម៌មានផលច្រើនជាង ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ នាំគ្នាបញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល បណ្តាធម៌ទាំងនុ៎ះ ព្រាហ្មណ៍ទាំងឡាយ នាំគ្នាបញ្ញត្តធម៌ គឺចាគៈ ថាជាធម៌មានផលច្រើនជាង ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល។
[១៤៣] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់សេចក្តីនោះដូចម្តេច បើមហាយ័ញ្ញប្រាកដឡើង ចំពោះមុខព្រាហ្មណ៍ម្នាក់ ក្នុងលោកនេះ។ វេលានោះ ស្រាប់តែមានព្រាហ្មណ៍ពីរនាក់មក គិតគ្នាថា យើងទាំងពីរនាក់ មុខជានឹងបានបរិភោគ នូវមហាយ័ញ្ញ របស់ព្រាហ្មណ៍ឈ្មោះនេះ។ បណ្តាព្រាហ្មណ៍ទាំងពីរនាក់នោះ ព្រាហ្មណ៍ម្នាក់ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើម្តេចហ្ន៎ អាត្មាអញ នឹងបានអាសនៈ ដ៏ប្រសើរ ទឹកដ៏ប្រសើរ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត (តែម្នាក់ឯង) កុំឲ្យពួកព្រាហ្មណ៍ដទៃ បានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្តឡើយ។ ម្នាលមាណព បើព្រាហ្មណ៍ដទៃ បានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត ឯព្រាហ្មណ៍នោះ ត្រឡប់ជាមិនបានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្តវិញ ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ព្រាហ្មណ៍ទាំងឡាយដទៃ បានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត ឯព្រាហ្មណ៍នោះ ក៏ខឹងក្រោធ អាក់អន់ចិត្ត ដោយគិតថា អាត្មាអញ មិនបានអាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើ ដុំបាយដ៏ប្រសើរ ក្នុងរោងភត្ត ដូច្នេះ ម្នាលមាណព តើពួកព្រាហ្មណ៍បញ្ញត្ត នូវវិបាករបស់មហាយ័ញ្ញនេះ ដូចម្តេចខ្លះ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ក្នុងសេចក្តីនេះ ព្រាហ្មណ៍ទាំងឡាយ ឲ្យទានយ៉ាងនេះ ដោយគិតថា នឹងឲ្យព្រាហ្មណ៍នេះក្រោធ អាក់អន់ចិត្ត ទៅរកបុគ្គលដទៃ ក៏ទេ តែថា ក្នុងសេចក្តីនេះ ព្រាហ្មណ៍ទាំងឡាយ ឲ្យទាន គ្រាន់តែជារបស់សង្គ្រោះប៉ុណ្ណោះ។ ម្នាលមាណព កាលបើហេតុយ៉ាងនេះមាន បុញ្ញកិរិយាវត្ថុ ទី៦នេះ ជាការសង្គ្រោះ របស់ពួកព្រាហ្មណ៍ឬ។ បពិត្រព្រះគោតមដ៏ចំរើន ការបើហេតុយ៉ាងនេះមាន បុញ្ញកិរិយាវត្ថុ ទី៦នេះ ក៏ទៅជាការសង្គ្រោះ របស់ព្រាហ្មណ៍ទាំងឡាយ។
[១៤៤] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល អ្នកពិចារណា នូវធម៌ទាំង៥ប្រការនុ៎ះ តើមានច្រើន ក្នុងបរិស័ទណា។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតម ដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល ខ្ញុំព្រះអង្គ ពិចារណាឃើញធម៌ ទាំង៥ប្រការនេះ មានច្រើន ក្នុងពួកបព្វជិត មានតិចក្នុងពួកគ្រហស្ថ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា គ្រហស្ថមានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រារព្ធច្រើន នឹងនិយាយពាក្យពិត ទៀងទាត់រឿយៗ ពុំបាន បពិត្រព្រះគោតមដ៏ចំរើន ចំណែកខាងបព្វជិត មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រារព្ធតិច និយាយពាក្យពិត ទៀងទាត់រឿយៗបាន បពិត្រព្រះគោតមដ៏ចំរើន ឯគ្រហស្ថ មានសេចក្តីត្រូវការច្រើន មានកិច្ចច្រើន មានអធិករណ៍ច្រើន មានសេចក្តីប្រារព្ធច្រើន នឹងប្រព្រឹត្តដុតកំដៅកិលេស ទៀងទាត់រឿយៗ ពុំបាន… ប្រព្រឹត្តធម៌ដ៏ប្រសើរ… ច្រើនដោយការស្វាធ្យាយន៍… ច្រើនដោយការបរិច្ចាគទាន បពិត្រព្រះគោតមដ៏ចំរើន ចំណែកខាងបព្វជិត មានសេចក្តីត្រូវការតិច មានកិច្ចតិច មានអធិករណ៍តិច មានសេចក្តីប្រារព្ធតិច ប្រព្រឹត្តព្យាយាមដុតកំដៅកិលេស ទៀងទាត់រឿយៗបាន… ប្រព្រឹត្តធម៌ដ៏ប្រសើរ… ច្រើនដោយការស្វាធ្យាយន៍… ច្រើនដោយការបរិច្ចាគទាន។ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល ខ្ញុំព្រះអង្គ ពិចារណាឃើញធម៌ទាំង៥ប្រការនេះ មានច្រើនក្នុងពួកបព្វជិត មានតិចក្នុងពួកគ្រហស្ថ។
[១៤៥] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល តថាគត ពោលនូវធម៌ទាំង៥ប្រការនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បីការអប់រំចិត្តនោះ។ ម្នាលមាណព ភិក្ខុក្នុងធម៌វិន័យនេះ ជាអ្នកនិយាយពិត ភិក្ខុនោះគិតថា អាត្មាអញ និយាយពិត ដូច្នេះហើយ តែងបាននូវការដឹងក្នុងអត្ថ បាននូវការដឹងក្នុងធម៌ បាននូវបាមោជ្ជៈ ដែលអាស្រ័យនឹងធម៌ បាមោជ្ជៈណា អាស្រ័យនឹងកុសលធម៌ តថាគត ពោលនូវបាមោជ្ជៈនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បីការអប់រំចិត្តនោះ។ ម្នាលមាណព ភិក្ខុក្នុងធម្មវិន័យនេះ ជាអ្នកប្រព្រឹត្តព្យាយាម ដុតកំដៅកិលេស… ប្រព្រឹត្តធម៌ដ៏ប្រសើរ… ច្រើនដោយការស្វាធ្យាយន៍… ច្រើនដោយការបរិច្ចាគទាន ភិក្ខុនោះគិតថា អាត្មាអញ ជាអ្នកច្រើនដោយការបរិច្ចាគទាន ដូច្នេះហើយ ទើបបាននូវការដឹងក្នុងអត្ថ បាននូវការដឹងក្នុងធម៌ បាននូវបាមោជ្ជៈ ដែលអាស្រ័យនឹងធម៌ បាមោជ្ជៈណា ដែលអាស្រ័យនូវកុសលធម៌ តថាគត ពោលនូវបាមោជ្ជៈនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បីការអប់រំចិត្តនោះ។ ម្នាលមាណព ព្រាហ្មណ៍ទាំងឡាយ បញ្ញត្តធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល តថាគត ពោលនូវធម៌ទាំង៥ប្រការនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បីការអប់រំចិត្តនោះ។ កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ សុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន រឿងនេះ ខ្ញុំព្រះអង្គ បានឮមកហើយថា ព្រះសមណគោតម ទ្រង់ជ្រាបច្បាស់ នូវផ្លូវប្រព្រឹត្តទៅ មួយអន្លើដោយពួកព្រហ្ម។
[១៤៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលមាណព អ្នកសំគាល់សេចក្តីនោះ ដូចម្តេច នឡការគ្រាម នៅជិតទីនេះ នឡការគ្រាម នៅមិនឆ្ងាយអំពីទីនេះទេឬ។ សុភមាណព ក្រាបទូលថា ព្រះករុណា ព្រះគោតមដ៏ចំរើន នឡការគ្រាម នៅជិតទីនេះ នឡការគ្រាម នៅមិនឆ្ងាយ អំពីទីនេះប៉ុន្មានទេ។ ម្នាលមាណព អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បើបុរសកើតចំរើនធំឡើង ក្នុងនឡការគ្រាមនេះ បើគេសួររកផ្លូវនឡការគ្រាម នឹងបុរសដែលទើបចេញអំពីនឡការគ្រាម មួយរំពេចនោះ ម្នាលមាណព តើបុរសដែលកើតចំរើនធំឡើង ក្នុងនឡការគ្រាមនេះ ដែលគេសួររកផ្លូវ របស់នឡការគ្រាម នឹងមានសេចក្តីយឺតយូរ អឹមអៀមដែរឬ។ សុភមាណព ក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ដំណើរនេះ មិនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ផ្លូវរបស់នឡការគ្រាម សព្វអន្លើ បុរសដែលកើតចំរើនធំឡើង ក្នុងនឡការគ្រាមនោះ ស្គាល់ច្បាស់ហើយ។ ម្នាលមាណព បុរសដែលកើតចំរើនធំឡើង ក្នុងនឡការគ្រាម ដែលគេសួររកផ្លូវ របស់នឡការគ្រាម មានសេចក្តីយឺតយូរអឹមអៀមខ្លះ ឯតថាគត កាលបើមានគេសួររកព្រហ្មលោក ឮការប្រតិបត្តិទៅកាន់ព្រហ្មលោក ក៏ឥតមានសេចក្តីយឺតយូរ អឹមអៀមឡើយ ម្នាលមាណព ព្រោះតថាគត ស្គាល់ច្បាស់នូវព្រហ្មផង នូវព្រហ្មលោកផង នូវបដិបទា ទៅកាន់ព្រហ្មលោកផង បុគ្គលប្រតិបត្តយ៉ាងណា ហើយបានទៅកាន់ព្រហ្មលោក តថាគត ដឹងច្បាស់នូវបដិបទានោះផង។ បពិត្រព្រះគោតមដ៏ចំរើន រឿងនេះ ខ្ញុំព្រះអង្គ បានស្តាប់មកហើយថា ព្រះសមណគោតម ទ្រង់សំដែង នូវផ្លូវប្រព្រឹត្តទៅ មួយអន្លើដោយពួកព្រហ្ម សូមព្រះគោតមដ៏ចំរើន ទ្រង់ព្រះមេត្តាប្រោស ប្រាប់ផ្លូវប្រព្រឹត្តទៅ មួយអន្លើ ដោយពួកព្រហ្ម ដល់ខ្ញុំព្រះអង្គ។ ម្នាលមាណព បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែង។ សុភមាណព ជាបុត្រតោទេយ្យព្រាហ្មណ៍ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[១៤៧] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលមាណព ផ្លូវប្រព្រឹត្តទៅ មួយអន្លើ ដោយពួកព្រហ្ម នោះដូចម្តេចខ្លះ ម្នាលមាណព ភិក្ខុក្នុងធម្មវិន័យនេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តាធំទូលាយ មានសភាពជាចិត្តធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ដោយប្រការទាំងពួង ក្នុងទីទាំងពួង ទាំងទិសខាងលើ ខាងក្រោម និងទិសទទឹង ដោយប្រការដូច្នេះ ម្នាលមាណព មេត្តាចេតោវិមុត្តិ ដែលភិក្ខុក្នុងធម្មវិន័យនេះ ចំរើនហើយ ដោយប្រការយ៉ាងនេះ កម្មណា ជាកម្មដែលភិក្ខុនោះធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់នៅក្នុងទីនោះ កម្មនោះ មិនឋិតនៅក្នុងទីនោះ ម្នាលមាណព បុរសមានកំឡាំង ជាអ្នកផ្លុំស័ង្ខ នឹងញុំាងទិសទាំង៤ ឲ្យឮខ្ទរខ្ទារ ទៅបានមិនលំបាក ដូចម្តេចមិញ ម្នាលមាណព កាលបើមេត្តាចេតោវិមុត្តិ ដែលភិក្ខុក្នុងធម្មវិន័យនេះ ចំរើនហើយ ដោយប្រការយ៉ាងនេះ កម្មណា ជាកម្មដែលភិក្ខុនោះធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់នៅក្នុងទីនោះ កម្មនោះ មិនឋិតនៅក្នុងទីនោះ ដូច្នោះឯង ម្នាលមាណព នេះឯងឈ្មោះថា ផ្លូវប្រព្រឹត្តទៅ មួយអន្លើ ដោយពួកព្រហ្ម។ ម្នាលមាណព មួយទៀត ភិក្ខុមានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ធំទូលាយ មានសភាពជាចិត្តធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងមូល ដោយប្រការទាំងពួង ក្នុងទីទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយប្រការដូច្នេះ ម្នាលមាណព កាលបើឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុក្នុងធម្មវិន័យនេះ ចំរើនហើយ ដោយប្រការយ៉ាងនេះ កម្មណា ជាកម្មដែលភិក្ខុនោះធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់នៅក្នុងទីនោះ កម្មនោះ មិនឋិតនៅក្នុងទីនោះទេ ម្នាលមាណព បុរសដែលមានកំឡាំង ជាអ្នកផ្លុំស័ង្ខ នឹងញុំាងទិសទាំង៤ ឲ្យឮខ្ទរខ្ទារទៅបាន ដោយមិនលំបាក ដូចម្តេចមិញ ម្នាលមាណព កាលបើឧបេក្ខាចេតោវិមុត្តិ ដែលភិក្ខុក្នុងធម្មវិន័យនេះ ចំរើនហើយ ដោយប្រការយ៉ាងនេះ កម្មណា ជាកម្មដែលភិក្ខុនោះ ធ្វើហើយ ល្មមប្រមាណ កម្មនោះ នឹងមិនឈប់នៅក្នុងទីនោះ កម្មនោះ មិនឋិតនៅក្នុងទីនោះទេ ដូច្នោះឯង ម្នាលមាណព នេះឯងឈ្មោះថា ផ្លូវប្រព្រឹត្តទៅមួយអន្លើដោយពួកព្រហ្ម។
[១៤៨] កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ សុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចគេផ្ងាររបស់ដែលផ្កាប់ ឬដូចគេបើកបង្ហាញរបស់ ដែលគេបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សមានចក្ខុ រមែងមើលឃើញរូបទាំងឡាយបាន ដូច្នោះ ខ្ញុំព្រះអង្គនេះ សូមដល់ព្រះគោតម ដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងពីថ្ងៃនេះទៅ បពិត្រព្រះគោតមដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គ សូមលាទៅឥឡូវនេះ ព្រោះខ្ញុំព្រះអង្គ មានកិច្ចច្រើន មានការដែលគប្បីធ្វើច្រើន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមាណព អ្នកចូរសំគាល់កាលដ៏គួរ ក្នុងកាលឥឡូវនេះចុះ។ សុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ ក៏ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយក្រោកអំពីទីអង្គុយ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។
[១៤៩] សម័យនោះឯង ជាណុស្សោណិព្រាហ្មណ៍ ចេញអំពីក្រុងសាវត្ថី ដោយរថ ដែលទឹមដោយមេសេះសសុទ្ធ ទាំងថ្ងៃត្រង់។ ជាណុស្សោណិព្រាហ្មណ៍ បានឃើញសុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ កំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ទើបនិយាយនឹងសុភមាណព ជាបុត្តតោទេយ្យព្រាហ្មណ៍ ដូច្នេះថា ចុះភារទ្វាជៈដ៏ចំរើន ទើបមកអំពីណា ទាំងថ្ងៃត្រង់។ សុភមាណព ឆ្លើយថា នែលោកដ៏ចំរើន ខ្ញុំទើបនឹងមកអំពីសំណាក់ព្រះសមណគោតម។ ជាណុស្សោណិព្រាហ្មណ៍ពោលថា អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ភារទ្វាជៈដ៏ចំរើន ជាបណ្ឌិត ដឹងនូវប្រាជ្ញា និងសេចក្តីឈ្លាសវៃ របស់ព្រះសមណគោតមឬទេ នែអ្នកដ៏ចំរើន ខ្ញុំ ឬនរណា នរណា ក៏គង់ដឹងនូវប្រាជ្ញា និងសេចក្តីឈ្លាសវៃ របស់ព្រះសមណគោតមដែរ បុគ្គលណា ដឹងនូវប្រាជ្ញា និងសេចក្តីឈ្លាសវៃ របស់ព្រះសមណគោតមបាន បុគ្គលនោះ ស្មើនឹងអ្នកដោយពិត។ ជាណុស្សោណិព្រាហ្មណ៍ ពោលទៀតថា ឮថា ភារទ្វាជៈដ៏ចំរើន តែងសរសើរព្រះសមណគោតម ដោយវាចាជាគ្រឿងសរសើរ យ៉ាងក្រៃពេក។ សុភមាណព ពោលថា ឱលោកដ៏ចំរើន ខ្លួនខ្ញុំ ឬនរណា នរណា ក៏គង់សរសើរព្រះសមណគោតមដែរ ព្រោះព្រះសមណគោតមដ៏ចំរើន ជាបុគ្គលប្រសើរក្រៃលែង គឺប្រសើរជាងទេវតា និងមនុស្សទាំងឡាយ នែលោកដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តនូវធម៌ ទាំង៥ប្រការណា ក្នុងការធ្វើបុណ្យ ក្នុងការបំពេញកុសល ឯព្រះសមណគោតម ក៏សំដែងនូវធម៌ ទាំង៥ប្រការនុ៎ះ ថាជាបរិក្ខាររបស់ចិត្ត ដែលមិនមានពៀរ មិនមានព្យាបាទ ដើម្បីអប់រំចិត្តនោះ ប៉ុណ្ណោះ។
[១៥០] កាលសុភមាណពពោលយ៉ាងនេះហើយ ជាណុស្សោណិព្រាហ្មណ៍ ក៏ចុះអំពីរថទឹមដោយមេសេះសសុទ្ធ ធ្វើនូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ បន្លឺឧទានថា ព្រះបាទបសេនទិកោសល ហៅពេញជាមានលាភ ភាពជាមនុស្ស ព្រះបាទបសេនទិកោសល បានដោយប្រពៃហើយ ព្រោះទ្រង់បានព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ គង់ក្នុងដែនរបស់ព្រះអង្គ។
ចប់ សុភសូត្រ ទី៩។
(១០. សង្គារវសុត្តំ)
[១៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែនកោសល មួយអន្លើដោយភិក្ខុសង្ឃជាច្រើន។ ក៏សម័យនោះឯង ព្រាហ្មណី ឈ្មោះនាងធនញ្ជានី នៅអាស្រ័យក្នុងស្រុក បច្ចលក័ប្ប ជាស្ត្រីមានសេចក្តីជ្រះថ្លាមាំមួន ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ គ្រានោះ នាងធនញ្ជានីព្រាហ្មណី ភ្លាត់មាត់បន្លឺឧទានវាចា អស់វារៈ៣ដងថា សូមនមស្ការ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ… សូមនមស្ការ ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ។
[១៥២] សម័យនោះឯង មាណពឈ្មោះ សគារវៈ នៅអាស្រ័យក្នុងបច្ចលកប្បគ្រាម ជាអ្នកចេះចប់នូវត្រៃវេទ ព្រមទាំងគម្ពីរឈ្មោះនិឃណ្ឌុ និងគម្ពីរឈ្មោះកេដុភៈ ព្រមទាំងអក្ខរប្បភេទ មានគម្ពីរឈ្មោះឥតិហាសៈ ជាគំរប់៥ ជាអ្នកដឹងនូវបទនៃវេទ ជាអ្នកដឹងនូវវេយ្យាករណ៍ មិនទើសទាល់ក្នុងគម្ពីរលោកាយតៈ និងគម្ពីរមហាបុរិសលក្ខណៈ។ សគារវមាណព បានឮនាងធនញ្ជានីព្រាហ្មណី ពោលវាចាយ៉ាងនេះ លុះឮហើយ ក៏ពោលទៅនឹងនាងធនញ្ជានីព្រាហ្មណី ដូច្នេះថា នាងធនញ្ជានីព្រាហ្មណីនេះ ជាស្ត្រីគំរក់ផង នាងធនញ្ជានីព្រាហ្មណីនេះ ជាស្ត្រីដល់នូវសេចក្តីវិនាសផង ព្រោះថា ពួកព្រាហ្មណ៍ ដែលបាននូវវិជ្ជាបី ក៏មានដែរ ហេតុអ្វីក៏នៅតែពោលសរសើរគុណសមណៈត្រងោលនោះទៀត។ នាងធនញ្ជានីព្រាហ្មណីពោលថា នែអ្នកមានមុខស្រស់បស់ ហេតុតែអ្នកមិនស្គាល់សីល និងបញ្ញា របស់ព្រះមានព្រះភាគអង្គនោះ នែអ្នកមានមុខស្រស់បស់ ប្រសិនបើអ្នកស្គាល់សីល និងបញ្ញា របស់ព្រះមានព្រះភាគអង្គនោះ នែអ្នកមានមុខស្រស់បស់ អ្នកមិនគួរសំគាល់ នូវព្រះមានព្រះភាគអង្គនោះថា ជាបុគ្គលគួរជេរ គួរប្រទេចសោះឡើយ។ សគារវមាណព តបថា ម្នាលនាងដ៏ចំរើន បើដូច្នោះ ព្រះសមណគោតម ស្តេចមកដល់បច្ចលកប្បគ្រាមក្នុងកាលណា នាងត្រូវប្រាប់ដល់យើង ក្នុងកាលនោះផង។ នាងធនញ្ជានីព្រាហ្មណី ទទួលពាក្យរបស់សគារវមាណពថា ចា៎ស អ្នកមានមុខស្រស់បស់។
[១៥៣] គ្រានោះឯង កាលព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុងដែនកោសល ដោយលំដាប់ ក៏បានដល់បច្ចលកប្បគ្រាម។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពវ័ន (ព្រៃស្វាយ) របស់ពួកតោទេយ្យព្រាហ្មណ៍ ជិតបច្ចលកប្បគ្រាមនោះ។ នាងធនញ្ជានីព្រាហ្មណី បានឮថា ព្រះមានព្រះភាគ ស្តេចដល់បច្ចលកប្បគ្រាម ឥឡូវគង់នៅក្នុងអម្ពវ័ន របស់ពួកតោទេយ្យព្រាហ្មណ៍ ជិតស្រុកបច្ចលកប្បគ្រាម។ ទើបនាងធនញ្ជានីព្រាហ្មណី ចូលទៅរកសគារវមាណព លុះចូលទៅដល់ហើយ ក៏និយាយនឹងសគារវមាណព ដូច្នេះថា នែអ្នកមានមុខស្រស់បស់ ព្រះមានព្រះភាគ អង្គនោះ ស្តេចមកដល់បច្ចលកប្បគ្រាមហើយ ទ្រង់គង់នៅក្នុងអម្ពវ័ន របស់ពួកតោទេយ្យព្រាហ្មណ៍ ជិតបច្ចលកប្បគ្រាម នែអ្នកមានមុខស្រស់បស់ ចូរអ្នកសំគាល់នូវកាលគួរ នឹងទៅឥឡូវនេះចុះ។ សគារវមាណព ទទួលពាក្យ នៃនាងធនញ្ជានីព្រាហ្មណីថា អើ នាងដ៏ចំរើន ហើយក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះសគារវមាណព អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាត ដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន តែងដឹងច្បាស់នូវធម៌ ជាខាងដើមនៃព្រហ្មចរិយៈ បពិត្រព្រះគោតមដ៏ចំរើន ក្នុងពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន តែងដឹងច្បាស់នូវធម៌ ជាខាងដើមនៃព្រហ្មចរិយៈ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ តើព្រះគោតមដ៏ចំរើន ជាសមណៈបែបណា។
[១៥៤] ព្រះអង្គត្រាស់ថា ម្នាលភារទ្វាជៈ តថាគតនឹងពោលអំពីដំណើរខុសគ្នា នៃបុគ្គលអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ហើយដឹងច្បាស់នូវធម៌ ជាខាងដើមនៃព្រហ្មចរិយៈ ម្នាលភារទ្វាជៈ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកឮតាមៗគ្នា ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ ដោយការឮតាមៗគ្នានោះ ដូចយ៉ាងពួកព្រាហ្មណ៍ អ្នកបានត្រៃវិជ្ជា។ ម្នាលភារទ្វាជៈ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ដូចយ៉ាងបុគ្គលអ្នកត្រិះរិះ ពិចារណាជាប្រក្រតី។ ម្នាលភារទ្វាជៈ មានសមណព្រាហ្មណ៍ពួកមួយ ដឹងច្បាស់នូវធម៌ដោយខ្លួនឯង ក្នុងពួកធម៌ ដែលខ្លួនមិនដែលបានស្តាប់ក្នុងកាលមុន ហើយជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ ម្នាលភារទ្វាជៈ ក្នុងសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ដឹងច្បាស់នូវធម៌ដោយខ្លួនឯង ក្នុងពួកធម៌ ដែលខ្លួនមិនដែលបានស្តាប់ ក្នុងកាលមុន ហើយជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ បណ្តាសមណព្រាហ្មណ៍ទាំងនោះ តថាគត ជាសមណៈមួយដែរ ម្នាលភារទ្វាជៈ ដំណើរដែលខុសគ្នានោះ អ្នកគប្បីដឹងដោយបរិយាយនេះឯង។ ពួកសមណព្រាហ្មណ៍ណា ដឹងច្បាស់នូវធម៌ដោយខ្លួនឯង ក្នុងពួកធម៌ ដែលខ្លួនមិនដែលបានស្តាប់ក្នុងកាលមុន ហើយជាអ្នកដល់នូវទីបំផុត គឺព្រះនិព្វាន ជាគុណជាតដ៏ក្រៃលែង ព្រោះប្រាជ្ញាក្នុងបច្ចុប្បន្ន ដឹងច្បាស់នូវធម៌ ជាខាងដើម នៃព្រហ្មចរិយៈ យ៉ាងណា បណ្តាសមណព្រាហ្មណ៍ទាំងនោះ តថាគត ក៏ជាសមណៈ យ៉ាងនោះដែរ។
[១៥៥] ម្នាលភារទ្វាជៈ ក្នុងកាលមុនអំពីការត្រាស់ដឹង កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះ ក្នុងទីឯណោះថា ឃរាវាស ជាភេទចង្អៀតពេកណាស់ ជាផ្លូវនៃធូលី ឯបព្វជ្ជា ទើបជាភេទទំនេរ បើអាត្មាអញ នៅគ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ឲ្យបរិបូណ៌ក្រៃលែង ឲ្យបរិសុទ្ធក្រៃលែង ឲ្យផូរផង់ ដូចជាស័ង្ខ ដែលគេដុសខាត់បានឡើយ បើដូច្នោះ មានតែអាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសវិញ។ ម្នាលភារទ្វាជៈ សម័យខាងក្រោយមក កាលតថាគតនៅក្មេងកំឡោះ មានសក់ខ្មៅស្រិល ប្រកបដោយវ័យល្អ គឺបឋមវ័យ ទុកជាមាតាបិតាមិនប្រាថ្នា (នឹងឲ្យបួស) មានមុខប្រឡាក់ដោយទឹកភ្នែក ស្រែកយំ ក៏នៅតែកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះតថាគតនោះ បួសយ៉ាងនេះហើយ ក៏ស្វែងរកនូវកឹកុសល គឺសព្វញ្ញុតញ្ញាណ ស្វែងរកនូវសន្តិវរបទ គឺព្រះនិព្វាន រកគុណជាតដទៃក្រៃលែងជាងគ្មាន ក៏ចូលទៅរកអាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ ទើបពោលនឹងអាឡារតាបស កាលាមគោត្រ យ៉ាងនេះថា ម្នាលកាលាមៈ មានអាយុ យើងប្រាថ្នានឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះដែរ។ ម្នាលភារទ្វាជៈ កាលបើតថាគតពោលយ៉ាងនេះហើយ អាឡារតាបស កាលាមគោត្រ ក៏ពោលតបមកតថាគតវិញ យ៉ាងនេះថា ចូរអ្នកមានអាយុនៅចុះ នេះធម៌ប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែលវិញ្ញូបុរស គប្បីធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញា នូវលទ្ធិអាចារ្យជារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅបាន ដោយកាលមិនយូរប៉ុន្មាន។ ម្នាលភារទ្វាជៈ មិនយូរប៉ុន្មាន តថាគត ក៏រៀនធម៌នោះ ចប់ភ្លាម។ ម្នាលភារទ្វាជៈ តថាគត ពោលនូវញាណវាទផង ថេរវាទផង ដោយគ្រាន់តែបង្ហើបបបូរមាត់ ដោយគ្រាន់តែហាមាត់និយាយប៉ុណ្ណោះ ទាំងតថាគត ទាំងអ្នកដទៃ ក៏អាចប្តេជ្ញាថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះបាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាឡារតាបស កាលាមគោត្រ មិនហ៊ានប្រកាសថា ខ្ញុំធ្វើឲ្យជាក់ច្បាស់ នូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ហើយសម្រេចសម្រាន្តនៅ ដូច្នេះឡើយ តាមពិត អាឡារតាបសកាលាមគោត្រ គ្រាន់តែយល់ឃើញ នូវធម៌នេះប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ ក្នុងកាលជាខាងក្រោយមក តថាគត ចូលទៅរកអាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ ទើបពោលនឹងអាឡារតាបកាលាមគោត្រ យ៉ាងនេះថា ម្នាលកាលាមៈ មានអាយុ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែកមានប៉ុន្មានខ្លះឬទេ។ ម្នាលភារទ្វាជៈ កាលបើតថាគតពោលយ៉ាងនេះហើយ អាឡារតាបស កាលាមគោត្រ ក៏សំដែងនូវអាកិញ្ចញ្ញាយតនជ្ឈាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា សទ្ធារបស់អាឡារតាបស កាលាមគោត្រ គ្មានទេ សទ្ធារបស់អាត្មាអញ ទើបមាន វីរិយៈរបស់អាឡារតាបសកាលាមគោត្រគ្មានទេ វីរិយៈរបស់អាត្មាអញ ទើបមាន សតិ… សមាធិ… បញ្ញា របស់អាឡារតាបសកាលាមគោត្រ គ្មានទេ បញ្ញារបស់អាត្មាអញ ទើបមាន បើដូច្នោះ គួរតែអាត្មាអញ តាំងសេចក្តីព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលអាឡារតាបសកាលាមគោត្រប្រកាសថា ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ។ ម្នាលភារទ្វាជៈ មិនយូរប៉ុន្មាន តថាគត ក៏បានធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯងភ្លាម ហើយសម្រេចសម្រាន្តនៅ។ ម្នាលភារទ្វាជៈ ក្នុងកាលខាងក្រោយមកទៀត តថាគត ចូលទៅរកអាឡារតាបសកាលាមគោត្រ លុះចូលទៅដល់ហើយ ក៏ពោលនឹងអាឡារតាបសកាលាមគោត្រ យ៉ាងនេះថា ម្នាលកាលាមៈ មានអាយុ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបានដោយចំណែក មានប្រមាណតែប៉ុណ្ណេះទេឬ។ អាឡារតាបសតបថា ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែកមានប្រមាណប៉ុណ្ណេះឯង ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយចំណែកមានប្រមាណប៉ុណ្ណេះឯង ហើយសម្រាន្តនៅ ម្នាលអាវុសោ យើងពេញជាមានលាភ ម្នាលអាវុសោ អត្តភាពជាមនុស្ស យើងពេញជាបានដោយល្អហើយ ដ្បិតយើងបានឃើញនូវសព្រហ្មចារី ប្រាកដដូចជាអ្នកមានអាយុ ព្រោះថា ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌ណា ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯង ហើយសម្រាន្តនៅដែរ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌ណា ដោយប្រាជ្ញាខ្លួនឯង ហើយសម្រាន្តនៅ ខ្ញុំក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបានដែរ ខ្ញុំដឹងនូវធម៌ណា អ្នកក៏ដឹងនូវធម៌នោះដែរ អ្នកដឹងនូវធម៌ណា ខ្ញុំក៏ដឹងនូវធម៌នោះដែរ ខ្ញុំប្រាកដយ៉ាងណា អ្នកក៏ប្រាកដយ៉ាងនោះដែរ អ្នកប្រាកដយ៉ាងណា ខ្ញុំក៏ប្រាកដយ៉ាងនោះដែរ ម្នាលអាវុសោ ឥឡូវនេះ អ្នកចូរមក យើងទាំងពីរនាក់ នឹងនៅគ្រប់គ្រងគណៈនេះ។ ម្នាលភារទ្វាជៈ ឯអាឡារតាបសកាលាមគោត្រ ជាអាចារ្យរបស់តថាគត តាំងតថាគត ដែលជាកូនសិស្ស ឲ្យត្រឹមស្មើនឹងខ្លួន ទាំងបូជាតថាគត ដោយគ្រឿងបូជាដ៏លើសលុប ដោយប្រការដូច្នេះ។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធម៌នេះ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ប្រព្រឹត្តទៅ បានត្រឹមតែកើតក្នុងអាកិញ្ចញ្ញាយតនភពប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ តថាគត មិនទាន់ល្មមចិត្តនឹងធម៌នោះទេ នឿយណាយចាកធម៌នោះ ហើយចៀសចេញទៅ។
[១៥៦] ម្នាលភារទ្វាជៈ តថាគត ក៏ស្វែងរកនូវកឹកុសល គឺសព្វញ្ញុតញ្ញាណ ស្វែងរកនូវសន្តិវរបទ គឺព្រះនិព្វាន រកគុណជាតដទៃក្រៃលែងជាងគ្មាន បានចូលទៅរកឧទ្ទកតាបស រាមបុត្រ លុះចូលទៅដល់ហើយ ក៏ពោលនឹងឧទ្ទកតាបសរាមបុត្រ យ៉ាងនេះថា ម្នាលរាមៈមានអាយុ ខ្ញុំប្រាថ្នានឹងប្រព្រឹត្តព្រហ្មចរិយៈ ក្នុងធម្មវិន័យនេះ។ ម្នាលភារទ្វាជៈ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧទ្ទកតាបសរាមបុត្រ ក៏ពោលតបនឹងតថាគត យ៉ាងនេះវិញថា ចូរអ្នកមានអាយុ នៅចុះ នេះធម៌ប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែលវិញ្ញូបុរស គប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា នូវលទ្ធិអាចារ្យជារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅបាន ដោយកាលមិនយូរប៉ុន្មាន។ ម្នាលភារទ្វាជៈ មិនយូរប៉ុន្មាន តថាគតឯង ក៏បានរៀននូវធម៌នោះចប់ភ្លាម។ ម្នាលភារទ្វាជៈ តថាគត ពោលនូវញាណវាទផង ថេរវាទផង ដោយគ្រាន់តែបង្ហើបបបូរមាត់ ដោយគ្រាន់តែហាមាត់និយាយប៉ុណ្ណោះ ទាំងតថាគត ទាំងអ្នកដទៃ ក៏អាចប្តេជ្ញាថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះបាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា រាមៈមិនហ៊ានប្រកាសថា ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ដូច្នេះឡើយ តាមពិត រាមៈ គ្រាន់តែយល់ឃើញ នូវធម៌នេះប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ ក្នុងកាលដទៃទៀត តថាគត ចូលទៅរកឧទ្ទកតាបសរាមបុត្រ លុះចូលទៅដល់ហើយ ក៏ពោលនឹងឧទ្ទកតាបសរាមបុត្ត យ៉ាងនេះថា ម្នាលរាមៈមានអាយុ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែខ្លះឬទេ។ ម្នាលភារទ្វាជៈ កាលបើតថាគត ពោលយ៉ាងនេះហើយ ឧទ្ទកតាបសរាមបុត្រ ក៏សំដែងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា សទ្ធារបស់រាមៈមិនមានទេ សទ្ធារបស់អាត្មាអញទើបមាន វីរិយៈរបស់រាមៈមិនមានទេ។បេ។ សតិ… សមាធិ… បញ្ញារបស់រាមៈ មិនមានទេ បញ្ញារបស់អាត្មាអញ ទើបមាន បើដូច្នោះ គួរតែអាត្មាអញ តាំងសេចក្តីព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ ដែលរាមៈប្រកាសថា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញាខ្លួនឯង ហើយសម្រេចសម្រាន្តនៅ។ ម្នាលភារទ្វាជៈ មិនយូរប៉ុន្មាន តថាគត ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះភ្លាម ដោយប្រាជ្ញាខ្លួនឯង។ ម្នាលភារទ្វាជៈ ក្នុងកាលខាងក្រោយមកទៀត តថាគត ចូលទៅរកឧទ្ទកតាបសរាមបុត្រ លុះចូលទៅដល់ហើយ ក៏ពោលនឹងឧទ្ទកតាបសរាមបុត្រ យ៉ាងនេះថា ម្នាលរាមៈមានអាយុ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែកខ្លះឬទេ។ ឧទ្ទកតាបសរាមបុត្ត តបថា ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន ដោយចំណែក មានប្រមាណប៉ុណ្ណេះឯង ម្នាលអាវុសោ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នេះ ដោយប្រាជ្ញាខ្លួនឯង ដោយចំណែកមានប្រមាណប៉ុណ្ណេះឯង ម្នាលអាវុសោ យើងពេញជាមានលាភ អត្តភាពជាមនុស្ស យើងពេញជាបានដោយល្អ ត្រង់ដែលយើង បានឃើញនូវសព្រហ្មចារី ប្រាកដដូចជាអ្នកមានអាយុ ព្រោះថា រាមៈ បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌ណា ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបាន អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯងដែរ អ្នកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌ណា ដោយប្រាជ្ញាខ្លួនឯង រាមៈ ក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវធម៌នោះ ដោយប្រាជ្ញាខ្លួនឯង ហើយអាចសំដែងបានដែរ រាមៈ ដឹងច្បាស់នូវធម៌ណា អ្នកក៏ដឹងច្បាស់នូវធម៌នោះដែរ អ្នកដឹងច្បាស់នូវធម៌ណា រាមៈ ក៏ដឹងច្បាស់នូវធម៌នោះដែរ រាមៈ ប្រាកដយ៉ាងណា អ្នកក៏ប្រាកដយ៉ាងនោះដែរ អ្នកប្រាកដយ៉ាងណា រាមៈ ក៏ប្រាកដយ៉ាងនោះដែរ ម្នាលអាវុសោ ឥឡូវនេះ អ្នកចូរមក អ្នកចូរគ្រប់គ្រងគណៈនេះចុះ។ ម្នាលភារទ្វាជៈ ឯឧទ្ទកតាបសរាមបុត្រ ជាសព្រហ្មចារីរបស់តថាគត តាំងតថាគត ក្នុងទីជាអាចារ្យ ទាំងបូជាតថាគត ដោយគ្រឿងបូជា ដ៏លើសលុប ដោយប្រការដូច្នេះ។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធម៌នេះ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ប្រព្រឹត្តទៅបាន ត្រឹមតែទៅកើតក្នុងនេវសញ្ញានាសញ្ញាយតនភពប៉ុណ្ណោះឯង។ ម្នាលភារទ្វាជៈ តថាគតឯង មិនល្មមចិត្តនឹងធម៌នោះ នឿយណាយចាកធម៌នោះ ហើយក៏ចៀសចេញទៅ។
[១៥៧] ម្នាលភារទ្វាជៈ តថាគត ស្វែងរកនូវកឹកុសល ស្វែងរកនូវសន្តិវរបទ រកគុណជាតដទៃក្រៃលែងជាងគ្មាន ត្រាច់ទៅកាន់ចារិក ក្នុងដែនមគធៈ តាមលំដាប់ ក៏បានដល់សេនានិគម ក្នុងឧរុវេលាប្រទេស។ ក្នុងទីនោះ តថាគត បានឃើញភូមិភាគ (ចំណែកផែនដី) ជាទីគួរត្រេកអរផង នូវដងព្រៃ ជាទីនាំមកនូវសេចក្តីជ្រះថ្លាផង នូវស្ទឹងកំពុងហូរទៅ មានទឹកត្រជាក់ មានកំពង់ដ៏ល្អ ជាទីគួរត្រេកអរផង នូវស្រុកជាទីគោចរជុំវិញផង។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ ភូមិភាគនេះ ជាទីគួរត្រេកអរផង ដងព្រៃជាទីនាំមកនូវសេចក្តីជ្រះថ្លាផង ស្ទឹងកំពុងហូរទៅ មានទឹកត្រជាក់ មានកំពង់ដ៏ល្អ ជាទីគួរត្រេកអរផង ស្រុកជាទីគោចរជុំវិញផង ទីនេះ ជាទីគួរតាំងសេចក្តីព្យាយាម របស់កុលបុត្តអ្នកត្រូវការដោយសេចក្តីព្យាយាម។ ម្នាលភារទ្វាជៈ តថាគត អង្គុយក្នុងទីនោះ ដោយគិតថា ទីនេះជាទីគួរដល់សេចក្តីព្យាយាម។
[១៥៨] ម្នាលភារទ្វាជៈ សេចក្តីឧបមា៣យ៉ាង មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់ក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ដូចកំណាត់ឈើស្រស់មានជ័រ ដែលត្រាំទឹក មានបុរសកាន់យកនូវឈើពំនួតភ្លើងខាងលើដើរមក ដោយគិតថា អាត្មាអញ នឹងពួតភ្លើងឲ្យកើតឡើង នឹងធ្វើភ្លើងឲ្យឆេះឡើង ម្នាលភារទ្វាជៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ អាចកាន់យកនូវពំនួតភ្លើងខាងលើ មកពួតគ្នានឹងកំណាត់ឈើស្រស់ នៅមានជ័រដែលត្រាំទឹក តើធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើងបានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនធ្លាប់មានទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើឯណោះ នៅស្រស់ មានជ័រ មួយទៀត កំណាត់ឈើនោះ ត្រាំទឹកផង ឯបុរសនោះឯង គ្រាន់តែមានចំណែក នៃសេចក្តីលំបាកកាយ លំបាកចិត្តប៉ុណ្ណោះ។ ម្នាលភារទ្វាជៈ សេចក្តីនុ៎ះ មានឧបមេយ្យដូចសមណៈ ឬព្រាហ្មណ៍ណាមួយ មិនស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ដោយកាយផង សេចក្តីប្រាថ្នាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីក្តៅក្រហាយក្នុងកាមទាំងឡាយណា របស់សមណព្រាហ្មណ៍ទាំងនោះ សេចក្តីប្រាថ្នាក្នុងកាមជាដើមនោះ មិនបានសាបសូន្យដោយងាយ មិនបានស្ងប់រម្ងាប់ដោយងាយ ក្នុងចិត្តផង បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ទទួលវេទនាជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរឡើយ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនបានទទួលនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមទេ សមណព្រាហ្មណ៍ទាំងនោះ ក៏នៅតែមិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងដ៏ប្រសើរទេ។ ម្នាលភារទ្វាជៈ នេះសេចក្តីឧបមាទី១ មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើងដល់តថាគត។
[១៥៩] ម្នាលភារទ្វាជៈ សេចក្តីឧបមាទី២ដទៃទៀត មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ដូចកំណាត់ឈើស្រស់មានជ័រ នៅលើគោក ឆ្ងាយអំពីទឹក មានបុរសកាន់យកឈើពំនួតភ្លើងខាងលើដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង នឹងធ្វើភ្លើងឲ្យឆេះឡើង ម្នាលភារទ្វាជៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ អាចកាន់យកពំនួតភ្លើងខាងលើ មកពួតគ្នានឹងកំណាត់ឈើស្រស់ឯណោះ ដែលមានជ័រ នៅលើគោក ឆ្ងាយអំពីទឹក តើធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើងបានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនធ្លាប់មានទេ សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើឯណោះ ជាឈើស្រស់ នៅមានជ័រ ទោះបីនៅលើគោក ឆ្ងាយអំពីទឹកក៏ដោយ ឯបុរសនោះ គ្រាន់តែមានចំណែក នៃសេចក្តីលំបាកកាយ លំបាកចិត្តប៉ុណ្ណោះឯង។ ម្នាលភារទ្វាជៈ សេចក្តីនុ៎ះ មានឧបមេយ្យដូចសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ដោយកាយពិតមែនហើយ តែសេចក្តីប្រាថ្នាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីក្តៅក្រហាយ ក្នុងកាមទាំងឡាយណា របស់សមណព្រាហ្មណ៍ទាំងនោះ សេចក្តីប្រាថ្នាក្នុងកាមជាដើមនោះ មិនបានសាបសូន្យស្រឡះ មិនបានស្ងប់រម្ងាប់ស្រឡះ ក្នុងចិត្តនៅឡើយ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ សោយនូវវេទនាជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម សមណព្រាហ្មណ៍ទាំងនោះ ក៏មិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរឡើយ បើទុកជាសមណព្រាហ្មណ៍ទាំងនោះ មិនបានទទួលនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមទេ សមណព្រាហ្មណ៍ទាំងនោះ ក៏គង់តែមិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងដ៏ប្រសើរក៏ទេ។ ម្នាលភារទ្វាជៈ នេះជាសេចក្តីឧបមាទី២ មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើងដល់តថាគត។
[១៦០] ម្នាលភារទ្វាជៈ សេចក្តីឧបមាទី៣ដទៃទៀត មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ដូចកំណាត់ឈើស្ងួត អស់សម្ងួតនៅលើគោក ឆ្ងាយអំពីទឹក មានបុរសកាន់យកឈើពំនួតភ្លើងខាងលើដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើង ម្នាលភារទ្វាជៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច បុរសនោះ អាចកាន់យកពំនួតភ្លើងខាងលើ មកពួតគ្នា នឹងកំណាត់ឈើស្ងួតឯណោះ ដែលជាឈើអស់សម្ងួត នៅលើគោក ឆ្ងាយអំពីទឹក តើធ្វើភ្លើងឲ្យកើតឡើង ធ្វើភ្លើងឲ្យឆេះឡើងបានដែរឬ។ ព្រះករុណា ព្រះគោតមដ៏ចំរើន សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះកំណាត់ឈើឯណោះ ជាឈើស្ងួត អស់សម្ងួត ទាំងឈើនោះ ក៏នៅលើគោក ឆ្ងាយអំពីទឹកផង។ ម្នាលភារទ្វាជៈ រឿងនេះ មានឧបមេយ្យដូចជាសមណៈ ឬព្រាហ្មណ៍ណានីមួយ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ដោយកាយផង សេចក្តីប្រាថ្នាក្នុងកាម សេចក្តីស្នេហាក្នុងកាម សេចក្តីជ្រុលជ្រប់ក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម សេចក្តីក្តៅក្រហាយ ក្នុងកាមទាំងឡាយណា របស់សមណព្រាហ្មណ៍ទាំងនោះ សេចក្តីប្រាថ្នាក្នុងកាមជាដើមនោះ ក៏សាបសូន្យស្រឡះ ស្ងប់រម្ងាប់ស្រឡះ ក្នុងចិត្តផង បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ទទួលនូវវេទនាជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម សមណព្រាហ្មណ៍ទាំងនោះ ក៏គួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរពិត ឬបើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនទទួលនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមទេ សមណព្រាហ្មណ៍ទាំងនោះ ក៏គង់តែគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង ដ៏ប្រសើរពិត យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ នេះជាសេចក្តីឧបមាទី៣ មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើង ដល់តថាគត។ ម្នាលភារទ្វាជៈ ឧបមា ទាំង៣នេះឯង មិនជាទីអស្ចារ្យប៉ុន្មាន ដែលតថាគត មិនធ្លាប់បានស្តាប់មកក្នុងកាលមុន ក៏ប្រាកដឡើងដល់តថាគត។
[១៦១] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុតកំដៅចិត្តដោយចិត្ត។ ម្នាលភារទ្វាជៈ តថាគតឯង ក៏យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុតកំដៅចិត្តដោយចិត្ត។ ម្នាលភារទ្វាជៈ កាលបើតថាគត យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុតកំដៅចិត្តដោយចិត្តទៅហើយ ញើសក៏ហូរចេញអំពីក្លៀក។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង ចាប់បុរសដែលខ្សោយ ត្រង់ក្បាលក្តី ត្រង់កក្តី សង្កត់សង្កិន គាបត្បុត ដុតកំដៅ យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត យកធ្មេញសង្កត់ធ្មេញ យកអណ្តាតទល់ពិតាន សង្កត់សង្កិន គាបត្បុត ដុតកំដៅចិត្តដោយចិត្តទៅហើយ ញើសក៏ហូរចេញអំពីក្លៀក យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែង មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់ មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦២] ម្នាលភារទ្វាជៈ តថាគតនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈាន (ឈានសម្រេចដោយមិនមានខ្យល់ដង្ហើមចេញចូល)។ ម្នាលភារទ្វាជៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ និងច្រមុះហើយ ខ្យល់ដែលចេញអំពីរន្ធត្រចៀក ក៏មានសំឡេងឮខ្លាំង។ ដូចជាស្នប់របស់ជាងលោហៈ កាលបើគេសប់ ក៏មានសំឡេងឮខ្លាំង យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូលអំពីមាត់ និងច្រមុះហើយ ខ្យល់ដែលចេញមកអំពីរន្ធត្រចៀក ក៏មានសំឡេងឮខ្លាំង យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែង មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់ មិនបានភ្លេចឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦៣] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈាន។ ម្នាលភារទ្វាជៈ តថាគតឯង ក៏បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ ច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏ចាក់ដោតអំបែងក្បាល។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង ចាក់ដោតអំបែងក្បាល ដោយដែកស្រួចដ៏មុត យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ ច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏ចាក់ដោតអំបែងក្បាល យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងមិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦៤] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈាន តទៅទៀត។ ម្នាលភារទ្វាជៈ តថាគតឯង ក៏បិទនូវខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានទុក្ខវេទនា ក្នុងក្បាលដ៏ក្រៃលែង។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង យកកំណាត់ព្រ័ត្រដ៏មាំ មករុំព័ទ្ធក្បាល យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានទុក្ខវេទនាក្នុងក្បាលដ៏ក្រៃលែង យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់ មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦៥] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈានតទៅទៀត។ ម្នាលភារទ្វាជៈ តថាគត ក៏បិទនូវខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏វះអារនូវផ្ទៃ។ ម្នាលភារទ្វាជៈ ដូចគោឃាតកៈ (អ្នកសម្លាប់គោ) ក្តី កូនសិស្សរបស់គោឃាតកៈក្តី ដែលឈ្លាសវៃ វះអារនូវផ្ទៃដោយកាំបិតសម្រាប់អារគោដ៏មុត យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ខ្យល់ខ្លាំង ក៏វះអារនូវផ្ទៃ យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនបានធូរថយទេ សតិរបស់តថាគត តម្កល់ខ្ជាប់ មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាម ដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។
[១៦៦] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ចំរើននូវអប្បានកជ្ឈានតទៅទៀត។ ម្នាលភារទ្វាជៈ តថាគតឯង ក៏បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ផង អំពីច្រមុះផង អំពីរន្ធត្រចៀកផង។ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានសេចក្តីក្តៅក្រហាយ ក្នុងកាយដ៏ក្រៃលែង។ ម្នាលភារទ្វាជៈ ដូចបុរសមានកំឡាំង ចាប់បុរសដែលខ្សោយ ឰដ៏ដើមដៃមួយម្ខាង ហើយកំដៅ ក្នុងរណ្តៅដ៏ពេញ ដោយរងើកភ្លើង យ៉ាងណាមិញ ម្នាលភារទ្វាជៈ កាលបើតថាគត បិទខ្យល់ដង្ហើមចេញចូល អំពីមាត់ អំពីច្រមុះ និងរន្ធត្រចៀកហើយ ក៏កើតមានសេចក្តីក្តៅក្រហាយ ក្នុងកាយដ៏ក្រៃលែង យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ សេចក្តីព្យាយាម របស់តថាគត តឹងតែងណាស់ មិនបានធូរថយទេ សតិរបស់តថាគតតម្កល់ខ្ជាប់ មិនបានភ្លេច ឯកាយរបស់តថាគត ដែលត្រូវសេចក្តីព្យាយាមគ្របសង្កត់ហើយ ព្រោះសេចក្តីព្យាយាមដ៏លំបាកនោះឯង ក៏ប្រកបដោយសេចក្តីក្រវល់ក្រវាយ មិនបានស្ងប់រម្ងាប់។ ម្នាលភារទ្វាជៈ ពួកទេវតាបានឃើញតថាគតហើយ ក៏ពោលយ៉ាងនេះថា ព្រះសមណគោតម ធ្វើមរណកាលទៅហើយ។ ឯទេវតាពួកខ្លះ ពោលយ៉ាងនេះថា ព្រះសមណគោតម មិនមែនធ្វើមរណកាលហើយទេ ប៉ុន្តែជិតនឹងធ្វើមរណកាលហើយ។ ទេវតាពួកខ្លះ ពោលយ៉ាងនេះថា ព្រះសមណគោតម ធ្វើមរណកាលរួចហើយ ក៏មិនមែន ជិតនឹងធ្វើមរណកាល ក៏មិនមែន ព្រះសមណគោតម ជាព្រះអរហន្ត ទ្រង់គង់សម្រាន្តនៅទេតើ ឯធម៌ជាគ្រឿងនៅ របស់ព្រះអរហន្ត មានសភាពយ៉ាងនោះឯង។
[១៦៧] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ប្រតិបត្តិ ដើម្បីផ្តាច់បង់អាហារ។ ម្នាលភារទ្វាជៈ លំដាប់នោះ ទេវតាទាំងនោះ ចូលមករកតថាគតហើយ ពោលឃាត់យ៉ាងនេះថា បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ ព្រះអង្គកុំប្រតិបត្តិ ដើម្បីផ្តាច់បង់អាហារទាំងអស់ឡើយ បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ បើព្រះអង្គនឹងប្រតិបត្តិ ដើម្បីផ្តាច់បង់អាហារទាំងអស់ហើយ យើងទាំងឡាយនឹងបញ្ចូលនូវឱជារសទិព្វ តាមរណ្តៅនៃរោមព្រះអង្គ ព្រះអង្គនឹងបានញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយសារឱជារសនោះ។ ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើអាត្មាអញ ប្តេជ្ញាខ្លួនថា ជាអ្នកអត់អាហារទាំងអស់ផង ពួកទេវតានេះឯង គប្បីបញ្ចូលឱជារសទិព្វ តាមរណ្តៅនៃរោមអាត្មាអញផង ឯអាត្មាអញ គប្បីញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយឱជារសនោះផង អំពើទាំង៣នោះ ជាអំពើកុហក របស់អាត្មាអញ។ ម្នាលភារទ្វាជៈ តថាគតនោះ ក៏ពោលហាមឃាត់ទេវតាទាំងនោះថា កុំឡើយ។
[១៦៨] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ បរិភោគអាហារបន្តិចៗ មួយទូកដៃៗ ទោះគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី។ ម្នាលភារទ្វាជៈ តថាគត ក៏បរិភោគអាហារបន្តិចៗ មួយទូកដៃៗ ទោះគ្រាប់សណ្តែកបាយក្តី គ្រាប់ពពាយជ្រុងក្តី គ្រាប់សណ្តែកកង់ក្តី គ្រាប់សណ្តែកទ្រើងក្តី។ ម្នាលភារទ្វាជៈ កាលបើតថាគត បរិភោគអាហារបន្តិចៗ មួយទូកដៃៗ ទោះគ្រាប់សណ្តែកបាយ ឬគ្រាប់ពពាយជ្រុង ឬគ្រាប់សណ្តែកកង់ ឬគ្រាប់សណ្តែកទ្រើង កាយក៏ដល់នូវការស្គាំងស្គមក្រៃពេក។ ដូចវល្លិលែនពែន ឬវល្លិយាវ យ៉ាងណាមិញ ព្រោះតែអាហារតិចនោះ អវយវៈតូចធំរបស់តថាគត ក៏យ៉ាងនោះឯង។ ស្នាមជើងសត្វឱដ្ឋ យ៉ាងណាមិញ ព្រោះអាហារតិចនោះ ត្រគាករបស់តថាគត ក៏យ៉ាងនោះឯង។ លួសដែលគេវេញយ៉ាងណាមិញ ព្រោះតែអាហារតិចនោះ ឆ្អឹងខ្នងរបស់តថាគត ក៏ឡើងរដិបរដុប យ៉ាងនោះឯង។ បង្កង់សាលា ដែលគ្រាំគ្រារគីមរគាម យ៉ាងណាមិញ ព្រោះតែអាហារតិចនោះ របៀបឆ្អឹងជំនីររបស់តថាគត ក៏រគីមរគាមយ៉ាងនោះឯង។ ក្រពេញទឹកក្នុងអណ្តូងទឹកដែលជ្រៅ ក៏ជ្រៅខូងចុះទៅប្រាកដ យ៉ាងណាមិញ ព្រោះតែអាហារតិចនោះ ប្រស្រីភ្នែកក្នុងរណ្តៅភ្នែករបស់តថាគត ក៏ជ្រៅខូងចុះទៅ ប្រាកដយ៉ាងនោះឯង។ ផ្លែននោងព្រៃ ដែលគេកាត់ កាលនៅខ្ចី លុះមានខ្យល់ និងកំដៅថ្ងៃពាល់ត្រូវហើយ ក៏ស្វិតស្រពោន យ៉ាងណាមិញ ស្បែកក្បាល របស់តថាគត លុះអាហារតិចនោះ ពាល់ត្រូវហើយ ក៏ស្វិតស្រពោន យ៉ាងនោះឯង។ ម្នាលភារទ្វាជៈ តថាគតគិតថា អាត្មាអញ នឹងស្ទាបស្បែកពោះ ក៏ចាប់ត្រូវឆ្អឹងខ្នងទៅវិញ គិតថា អាត្មាអញ នឹងស្ទាបឆ្អឹងខ្នង ក៏ចាប់ត្រូវស្បែកពោះទៅវិញ ម្នាលភារទ្វាជៈ ស្បែកពោះតថាគត ជាប់គ្នានឹងឆ្អឹងខ្នង ព្រោះតែអាហារតិចនោះឯង។ ម្នាលភារទ្វាជៈ តថាគត គិតថា អាត្មាអញ នឹងបន្ទោបង់នូវវច្ចៈក្តី នូវទឹកមូត្រក្តី ក៏ដួលផ្កាប់មុខចុះ ក្នុងទីនោះ ព្រោះតែអាហារតិចនោះឯង។ ម្នាលភារទ្វាជៈ តថាគត ថ្នាក់ថ្នមកាយនេះ ហើយបបោសអង្អែលខ្លួនដោយដៃ។ ម្នាលភារទ្វាជៈ កាលតថាគត បបោសអង្អែលខ្លួនដោយដៃ ឯរោម មានឫសស្អុយ ក៏ធ្លាក់ចុះអំពីកាយ ព្រោះតែអាហារតិចនោះឯង។ ម្នាលភារទ្វាជៈ មនុស្សទាំងឡាយ បានឃើញតថាគតហើយ ក៏ពោលយ៉ាងនេះថា ព្រះសមណគោតម មានសម្បុរខ្មៅ។ តែមនុស្សខ្លះ ពោលយ៉ាងនេះថា ព្រះសមណគោតម មិនមែនខ្មៅទេ ព្រះសមណគោតម មានសម្បុរសណ្តែកបាយ។ មនុស្សខ្លះ ពោលយ៉ាងនេះថា ព្រះសមណគោតម មិនមែនខ្មៅ មិនមែនសម្បុរសណ្តែកបាយទេ ព្រះសមណគោតម មានសម្បុរប្រផែះទេតើ។ ម្នាលភារទ្វាជៈ តាមពិត សម្បុរស្បែករបស់តថាគត សបរិសុទ្ធ ផូរផង់ តែអាប់អន់ទៅ ព្រោះតែមានអាហារតិចនោះឯង។
[១៦៩] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងអតីតកាល បានរងនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម កំណត់ត្រឹមនេះ មិនហួសអំពីនេះឡើយ សមណៈ ឬព្រាហ្មណ៍ណានីមួយ ក្នុងអនាគតកាល នឹងរងនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម កំណត់ត្រឹមនេះ មិនហួសអំពីនេះឡើយ សមណៈ ឬព្រាហ្មណ៍ ណានីមួយ ក្នុងកាលឥឡូវនេះ រងនូវវេទនា ជាទុក្ខ ក្លៀវក្លា ក្តៅក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម កំណត់ត្រឹមនេះ មិនហួសអំពីនេះឡើយ។ ចំណែកតថាគត ក៏នៅតែមិនបានគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់ នូវកិលេស ដ៏ក្រៃលែង ជាងមនុស្សធម៌ ដោយអំពើកម្រ ដ៏ក្តៅក្រហាយនេះឡើយ ទើបគិតថា ប្រហែលជាមានផ្លូវដទៃ ប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹងទេដឹង។ ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះឃើញ យ៉ាងនេះថា អាត្មាអញ ធ្លាប់អង្គុយនៅក្នុងម្លប់ដើមព្រីង ដែលត្រជាក់ ក្នុងការងាររបស់សក្យៈជាបិតា ក៏បានស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានសម្រេចបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ កើតអំពីសេចក្តីស្ងាត់នោះ ក៏សម្រាន្តនៅដោយឥរិយាបថទាំង៤ ប្រហែលជាផ្លូវនុ៎ះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹងទេដឹង។ ម្នាលភារទ្វាជៈ តថាគតនោះ មានវិញ្ញាណ រឭកតាមនូវសតិថា ផ្លូវនុ៎ះឯង ទើបជាផ្លូវប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹងពិត។ ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខណា ក្រៅអំពីកាមទាំងឡាយ ក្រៅអំពីអកុសលធម៌ទាំងឡាយ អាត្មាអញ ខ្លាចសេចក្តីសុខនោះដែរឬហ្ន៎។ ម្នាលភារទ្វាជៈ តថាគត មានសេចក្តីត្រិះរិះឃើញ យ៉ាងនេះថា សេចក្តីសុខណា ក្រៅអំពីកាមទាំងឡាយ ក្រៅអំពីអកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាចសេចក្តីសុខនោះឡើយ។
[១៧០] ម្នាលភារទ្វាជៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បុគ្គលដែលមានកាយ ដល់នូវការស្គាំងស្គមក្រៃពេក យ៉ាងនេះ មិនងាយនឹងបានសេចក្តីសុខនោះឡើយ បើដូច្នោះ គួរតែអាត្មាអញ បរិភោគអាហារជាឱឡារិក គឺបាយ និងនំ ឲ្យពេញលេញ។ ម្នាលភារទ្វាជៈ តថាគតឯង ក៏បានបរិភោគអាហារឱឡារិក គឺបាយ និងនំ។ ម្នាលភារទ្វាជៈ សម័យនោះឯង ភិក្ខុ៥រូប តាមមកបម្រើតថាគត ដោយគិតថា ព្រះសមណគោតម នឹងត្រាស់ដឹងធម៌ណា មុខជានឹងប្រាប់ធម៌នោះ ដល់យើងទាំងឡាយ។ ម្នាលភារទ្វាជៈ កាលណា បើតថាគត បានបរិភោគអាហារឱឡារិក គឺបាយ និងនំហើយ កាលនោះ ភិក្ខុទាំង៥រូបនោះ នឿយណាយចាកតថាគត ក៏នាំគ្នាចៀសចេញទៅ ដោយគិតថា ព្រះសមណគោតម ជាអ្នកល្មោភ សាបសូន្យ ចាកសេចក្តីព្យាយាម វិលមកដើម្បីសេចក្តីល្មោភវិញហើយ។
[១៧១] ម្នាលភារទ្វាជៈ លុះតថាគតនោះ បរិភោគអាហារឱឡារិក មានកំឡាំងហើយ ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានសម្រេចបឋមជ្ឈាន សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ តថាគត បានសម្រេចទុតិយជ្ឈាន ជាធម្មជាតកើតក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏សម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត មានចិត្តនឿយណាយ ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនផង បានទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយទាំងឡាយ សរសើរនូវបុគ្គលនោះថា បុគ្គលដែលបាននូវតតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានសម្រេចនូវតតិយជ្ឈាននោះ សម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត លះបង់នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុន ក៏បានសម្រេចចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិ ដ៏បរិសុទ្ធ កើតអំពីឧបេក្ខា សម្រាន្តនៅ ដោយឥរិយាបថទាំង៤។
[១៧២] កាលបើចិត្តតំកល់ខ្ជាប់ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវសេចក្តីមិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគតនោះ បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ តថាគតនោះ រលឹកឃើញ នូវបុព្វេនិវាសជាច្រើនប្រការ គឺរលឹកឃើញ ១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកឃើញ នូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលភារទ្វាជៈ បឋមវិជ្ជានេះឯង តថាគត បានក្នុងវេលាបឋមយាម នៃរាត្រី ឯអវិជ្ជា បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វានតាមពិត។
[១៧៣] កាលបើចិត្តតាំងខ្ជាប់ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវសេចក្តីមិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគតនោះ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ (ប្រាជ្ញាដឹងនូវចុតិ និងបដិសន្ធិ) របស់សត្វទាំងឡាយ។ តថាគតនោះ មានចក្ខុជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុ ជារបស់មនុស្សធម្មតា បានឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលប្រព្រឹត្តទៅ សមគួរតាមកម្ម ម្នាលភារទ្វាជៈ វិជ្ជាទី២នេះឯង តថាគត បានក្នុងមជ្ឈិមយាម នៃរាត្រី ឯអវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើងដល់តថាគត ដែលមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតបង់កិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វានតាមពិត។
[១៧៤] កាលបើចិត្តតាំងខ្ជាប់ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវសេចក្តីមិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគតនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។22) តថាគតនោះ បានដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាទីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះផ្លូវប្រតិបត្តិ ជាដំណើរទៅកាន់ទីរលត់អាសវៈ។ កាលបើតថាគត ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចស្រឡះ ចាកកាមាសវៈផង ចិត្តក៏រួចស្រឡះ ចាកភវាសវៈផង ចិត្តក៏រួចស្រឡះ ចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា ចិត្តរួចស្រឡះ ដូច្នេះ ក៏កើតមាន តថាគត ដឹងច្បាស់ថា កំណើតរបស់អាត្មាអញ អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភារទ្វាជៈ វិជ្ជាទី៣ នេះឯង តថាគត បានហើយ ក្នុងបច្ឆិមយាមនៃរាត្រី ឯអវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតបង់នូវកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វានតាមពិត។
[១៧៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវមាណព ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា ឱហ្ន៎ ព្រះគោតមដ៏ចំរើន មានសេចក្តីព្យាយាមមិនបានឈប់ ឱហ្ន៎ ព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធ មានសេចក្តីព្យាយាម ជារបស់សប្បុរស បពិត្រព្រះគោតមដ៏ចំរើន ទេវតាមានមែនឬទេ។ ម្នាលភារទ្វាជៈ ពាក្យណាថា ទេវតាមានដូច្នេះ ពាក្យនុ៎ះ តថាគត ដឹងច្បាស់តាមហេតុពិត។ បពិត្រព្រះគោតមដ៏ចំរើន កាលបើខ្ញុំព្រះអង្គសួរថា ទេវតាមានមែនឬទេ ហេតុអ្វីក៏ព្រះអង្គឆ្លើយថា ម្នាលភារទ្វាជៈ ពាក្យណាថា ទេវតាមានដូច្នេះ ពាក្យនុ៎ះ តថាគត ដឹងច្បាស់ តាមហេតុពិត បពិត្រព្រះគោតមដ៏ចំរើន កាលបើមានហេតុយ៉ាងនេះហើយ ពាក្យរបស់ព្រះអង្គ ជាពាក្យកុហកទទេ។ ម្នាលភារទ្វាជៈ បុគ្គលណា កាលដែលគេសួរថា ទេវតាមានមែនឬទេ ដូច្នេះ គប្បីពោលថា ទេវតាមានមែន ដូច្នេះក្តី មួយទៀត បុគ្គលណា ពោលថា ទេវតា យើងដឹងតាមហេតុពិត ទេវតា យើងដឹងច្បាស់ហើយ ដូច្នេះក្តី។ ពាក្យណាថា ទេវតាមានដូច្នេះ មានតែវិញ្ញូបុរស ទើបអាចដល់នូវសេចក្តីចូលចិត្តតាមពិត ក្នុងពាក្យនុ៎ះឯង។ ចុះព្រោះហេតុអ្វី បានជាព្រះគោតមដ៏ចំរើន មិនដោះស្រាយតាមបទខាងដើម ដល់ខ្ញុំព្រះអង្គ។ ម្នាលភារទ្វាជៈ ព្រោះថា ពាក្យណាថា ទេវតាមានដូច្នេះ ពាក្យនុ៎ះ គេសន្មត ដោយសព្ទដ៏ខ្ពស់ ក្នុងលោក។
[១៧៦] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវមាណព ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ប្រៀបដូចបុគ្គល ផ្ងារឡើងនូវរបស់ដែលគេផ្កាប់ទុក ឬបើកឡើងនូវរបស់ដែលគេបិទបាំង ឬប្រាប់ផ្លូវដល់បុគ្គលវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលនូវប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ រមែងមើលឃើញនូវរូបទាំងឡាយបាន យ៉ាងណាមិញ ឯធម៌ដែលព្រះគោតមដ៏ចំរើន បានសំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតម ដ៏ចំរើន ទាំងព្រះធម៌ ទាំងព្រះភិក្ខុសង្ឃ ថាជាទីពឹង ទីរឭក សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរត្នត្រ័យជាទីពឹង ទីរលឹក ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។
ចប់ សគារវសូត្រ ទី១០។
ចប់ ព្រាហ្មណវគ្គ ទី៥។
ឧទ្ទាននៃវគ្គនោះ ដូច្នេះគឺ
រឿងព្រហ្មាយុព្រាហ្មណ៍ ១ សេលព្រាហ្មណ៍ ១ អស្សលាយនមាណព ១ ឃោដមុខព្រាហ្មណ៍ ១ ចង្កីព្រាហ្មណ៍ ១ ឯសុការីព្រាហ្មណ៍ ១ ធនញ្ជានីព្រាហ្មណ៍ ១ វាសេដ្ឋមាណព ១ សុភមាណព ១ សគារវមាណព ១។
ចប់ មជ្ឈិមបណ្ណាសកៈ។
ចប់ ភាគ២៥
ទ. ?
លេខ ទំព័រ | លេខសម្គាល់ | |
សុត្តន្តបិដក | sut | |
មជ្ឈិមនិកាយ | ១ | sut.mn |
---|---|---|
មជ្ឈិមបណ្ណាសកៈ បញ្ចមភាគ | ១ | sut.mn.vv2 |
ព្រាហ្មណវគ្គ | ១ | sut.mn.v10 |
ព្រហ្មាយុសូត្រ ទី១ | ? | sut.mn.091 |
ការហៅរកឧត្តរមាណព | ? | |
ឧត្តរមាណពចូលទៅគាល់ព្រះមានព្រះភាគ | ? | |
ការដើរជាប់តាមព្រះមានព្រះភាគ | ? | |
ព្រះមហាបុរិសលក្ខណ | ? | |
ឧទានរបស់ព្រហ្មាយុព្រាហ្មណ៍ | ? | |
ការហៅមាណពម្នាក់ | ? | |
ការចូលទៅគាល់ព្រះមានព្រះភាគ | ? | |
ការត្រិះរិះរបស់ព្រះមានព្រះភាគ | ? | |
ការសួរប្រស្នាចំពោះព្រះមានព្រះភាគ | ? | |
ទ្រង់សំដែងអនុបុព្វីកថា | ? | |
ទ្រង់ចូលទៅកាន់ផ្ទះរបស់ព្រហ្មាយុព្រាហ្មណ៍ | ? | |
ការព្យាករណ៍គតិរបស់ព្រហ្មាយុព្រាហ្មណ៍ | ? | |
សេលសូត្រ ទី២ | ? | sut.mn.092 |
ការចូលទៅគាល់ព្រះមានព្រះភាគ | ? | |
ការទទួលនិមន្តន៍នៃព្រះមានព្រះភាគ | ? | |
សូរសំឡេងដែលរកបានដោយក្រ | ? | |
សេលព្រាហ្មណ៍ចូលទៅគាល់ព្រះមានព្រះភាគ | ? | |
ព្រះតម្រិះរបស់ព្រះមានព្រះភាគ | ? | |
ការពោលសរសើរព្រះមានព្រះភាគ | ? | |
ទ្រង់ចូលទៅកាន់អាស្រមរបស់កេណិយជដិល | ? | |
សេលភិក្ខុចូលទៅគាល់ព្រះមានព្រះភាគ | ? | |
ការពោលសរសើរព្រះមានព្រះភាគ | ? | |
អស្សលាយនសូត្រ ទី៣ | ? | sut.mn.093 |
ការចូលទៅរកអស្សលាយនមាណព | ? | |
ការចូលទៅគាល់ព្រះមានព្រះភាគ | ? | |
អកុសលកម្មបថ | ? | |
ការចម្រើនមេត្តាចិត្ត | ? | |
ឧបមាដោយការកាន់យកនូវគ្រឿងលម្អិត | ? | |
ឧបមាដោយការបង្កាត់ភ្លើង | ? | |
ឧបមាដោយការនៅរួមជាមួយនឹងព្រាហ្មណកញ្ញា | ? | |
ឧបមាដោយការបង្កាត់សេះនិងបាលា | ? | |
ទ្រង់ដំណាលរឿងព្រេង | ? | |
ឃោដមុខសូត្រ ទី៤ | ? | sut.mn.094 |
បុគ្គល ៤ពួក | ? | |
បរិស័ទ ២ពួក | ? | |
បុគ្គលទីមួយ | ? | |
បុគ្គលទីពីរ | ? | |
បុគ្គលទីបី | ? | |
បុគ្គលទីបួន | ? | |
ការបរិបូណ៌ដោយសិក្ខា និងសាជីវៈ | ? | |
ការសង្រួមឥន្រ្ទិយ | ? | |
រូបជ្ឈានបួន | ? | |
បុព្វេនិវាសានុស្សតិញ្ញាណ | ? | |
ចុតូបបាតញ្ញាណ | ? | |
អាសវក្ខយញ្ញាណ | ? | |
ឃោដមុខព្រាហ្មណ៍ធ្វើសាលាសម្រាប់សង្ឃ | ? | |
ចង្កីសូត្រ ទី៥ | ? | sut.mn.095 |
សេចក្តីសរសើរពុទ្ធគុណ | ? | |
សេចក្តីសរសើរចង្កីព្រាហ្មណ៍ | ? | |
ពោលសរសើរព្រះមានព្រះភាគ | ? | |
ព្រះមានព្រះភាគទ្រង់ឃាត់កាបទិកមាណព | ? | |
ទ្រង់សួរតបទៅកាបទិកមាណព | ? | |
ទ្រង់ព្យាករណ៍នូវការរក្សាសច្ចៈ | ? | |
ទ្រង់ព្យាករណ៍នូវការកើតឡើងនៃសច្ចៈ | ? | |
ទ្រង់ព្យាករណ៍នូវធម៌មានឧបការៈច្រើន | ? | |
កាបទិកមាណពដល់នូវត្រៃសរណៈ | ? | |
ឯសុការីសូត្រ ទី៦ | ? | sut.mn.096 |
ទ្រង់សំដែងនូវការបំរើ | ? | |
សំដែងអំពីទ្រព្យសម្រាប់ខ្លួន | ? | |
ភាពនៃបុគ្គលត្រេកអរនឹងកុសលធម៌ | ? | |
ធនញ្ជានិសូត្រ ទី៧ | ? | sut.mn.097 |
ការសួរដំណឹងធនញ្ជានិព្រាហ្មណ៍ | ? | |
ការចូលទៅរកធនញ្ជានិព្រាហ្មណ៍ | ? | |
ការប្រព្រឹត្តិខុសធម៌ និងការប្រព្រឹត្តិមិនស្មើ | ? | |
ការសួរតបទៅធនញ្ជានិព្រាហ្មណ៍ | ? | |
ការប្រាប់នូវសេចក្តីទុក្ខជាទម្ងន់ | ? | |
ការសួរតបទៅធនញ្ជានិព្រាហ្មណ៍ | ? | |
អប្បមញ្ញាភាវនា | ? | |
ការចូលទៅគាល់ព្រះមានព្រះភាគ | ? | |
វាសេដ្ឋសូត្រ ទី៨ | ? | sut.mn.098 |
ការចូលទៅគាល់ព្រះមានព្រះភាគ | ? | |
បញ្ហារបស់ព្រាហ្មណ៍ | ? | |
ការព្យាករណ៍នូវពាក្យថាព្រាហ្មណ៍ | ? | |
សុភសូត្រ ទី៩ | ? | sut.mn.099 |
ហេតុជាទីតាំងនៃការងារ ៤យ៉ាង | ? | |
ការបញ្ញត្តិធម៌ ៥យ៉ាង | ? | |
ឧបមាដោយបុរសខ្វាក់ពីកំណើត | ? | |
ការសួរតបទៅសុភមាណព | ? | |
សំដែងអំពីកាមគុណ | ? | |
សំដែងអំពីឈាន | ? | |
ការសួរតបទៅសុភមាណព | ? | |
ការសួររកផ្លូវ | ? | |
សម្តែងអំពីអប្បមញ្ញា | ? | |
ជាណុស្សោណិព្រាហ្មណ៍ជួបនឹងសុភមាណព | ? | |
សគារវសូត្រ ទី១០ | ? | sut.mn.100 |
ការចូលទៅរកសគារវមាណព | ? | |
ការទ្រង់ព្យាករណ៍នូវសេចក្តីផ្សេងគ្នានៃពួកសមណៈ និងព្រាហ្មណ៍ | ? | |
សំដែងអំពីរឿងធ្លាប់មានមក | ? | |
ទ្រង់ចូលទៅរកអាឡារតាបស | ? | |
ទ្រង់ចូលទៅរកឧទ្ទកតាបស | ? | |
ឧបមា ទី១ | ? | |
ឧបមា ទី២ | ? | |
ឧបមា ទី៣ | ? | |
សេចក្តីព្យាយាមដ៏លំបាក | ? | |
អប្បានកជ្ឈាន | ? | |
ការសោយអាហារតិច | ? | |
រូបជ្ឈាន ៤ | ? | |
ចុតូបបាតញ្ញាណ | ? | |
ការសរសើរព្រះមានព្រះភាគ | ? | |
ការដល់នូវត្រៃសរណៈ | ? |