User Tools

Site Tools


Translations of this page?:
km:tipitaka:book_026

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ២៦ - Book 26

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០២៦ - Tipitaka Book 026, for change log on ati.eu see here: រាយការណ៍ ភាគ ០២៦



book_026.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_026.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ២៦

ទ. 1

សុត្តន្តបិដក

មជ្ឈិមនិកាយ

ឧបរិបណ្ណាសកៈ

(ឧបរិបណ្ណាស)

សត្តមភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

ទេវទហវគ្គ

(១. ទេវទហវគ្គោ)

ទេវទហសូត្រ ទី១

(១. ទេវទហសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​ទេវទហនិគម របស់សក្យៈទាំងឡាយ ក្នុងដែនសក្កៈ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងទេវទហនិគមនោះឯង បានត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[២] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មាន​សមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរស​បុគ្គល​នេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍​ទាំងអស់នោះឯង កើតឡើងព្រោះហេតុនៃកម្ម ដែលខ្លួនបានធ្វើក្នុងកាលមុន ឯការមិន​ទទឹក​ចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាសទៅ នៃកម្មចាស់ ទាំង​មិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់​ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅបាន ព្រោះអស់ទៅនៃវេទនា ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ1) តែងនិយាយយ៉ាងនេះឯង។

[៣] ម្នាលភិក្ខុទាំងឡាយ តថាគតបានចូលទៅរក​ពួកនិគ្រន្ថ ដែលនិយាយយ៉ាង​នោះ ហើយសួរយ៉ាងនេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ឮថា អ្នកទាំងឡាយ តែងនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា បុរស​បុគ្គល​នេះ ទទួលនូវអារម្មណ៍​ណា​មួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍​ទាំងអស់នោះឯង កើត​ឡើង ព្រោះហេតុនៃកម្ម ដែលខ្លួនបានធ្វើទុក ក្នុងកាលមុន ឯការមិន​ទទឹក​ចិត្ត (ដោយ​រាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាសទៅ នៃកម្មចាស់ ទាំង​មិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) ការអស់​ទៅ នៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ​ទាំងអស់ នឹង​សាបសូន្យ​ទៅបាន ព្រោះអស់ទៅនៃវេទនា ដូច្នេះពិតមែនឬ។ ម្នាលភិក្ខុទាំងឡាយ និគ្រន្ថទាំងនោះ កាលបើតថាគត សួរយ៉ាងនេះហើយ ក៏ឆ្លើយតបថា ព្រះករុណា ទើប​តថាគត សួរនិគ្រន្ថទាំងនោះ យ៉ាងនេះទៀតថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នក​ទាំងឡាយ ដឹងថា យើងបានកើតហើយ ក្នុងកាលមុន មិនមែនមិនបានកើតទេ ដូច្នេះ​ដែរឬ។ ពួកនិគ្រន្ថ ឆ្លើយតបថា បពិត្រលោកដ៏មានអាយុ ដំណើរនេះ ពួកយើងមិនបាន​ដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើងបានធ្វើបាបកម្ម​ទុក ក្នុងកាលពីដើម មិនមែនមិនបានធ្វើទេ ដូច្នេះដែរឬ។ បពិត្រលោកដ៏មានអាយុ ដំណើរ​នេះ ពួកយើងមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដូច្នេះដែរឬ។ បពិត្រលោក​ដ៏មានអាយុ ដំណើរនេះ ពួកយើងមិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថ​ទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា ទុក្ខទាំងប៉ុណ្ណេះសាបសូន្យហើយ ឬទុក្ខ​ទាំងប៉ុណ្ណេះ គប្បី​សាបសូន្យ ឬក៏កាលបើទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ ដូច្នេះដែរឬ។ បពិត្រលោកដ៏មានអាយុ ដំណើរនេះ ពួកយើង​មិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងនូវការ​លះបង់​អកុសលធម៌ ដឹងនូវការបំពេញកុសលធម៌ ក្នុងបច្ចុប្បន្ននេះ ដូច្នេះឬទេ។ បពិត្រលោកដ៏មានអាយុ ដំណើរនេះ ពួកយើងមិនបានដឹងទេ។

[៤] ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ឮថា អ្នកទាំងឡាយ មិនដឹងថា យើងបាន​កើត​ហើយ ក្នុងកាលមុន មិនមែនមិនបានកើតទេ មិនដឹងថា យើងបានធ្វើបាបកម្ម​ទុក ក្នុង​កាលមុន មិនមែនមិនបានធ្វើទេ មិនដឹងថា យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ មិនដឹងថា ទុក្ខទាំងប៉ុណ្ណេះសាបសូន្យហើយ ឬទុក្ខ​ទាំងប៉ុណ្ណេះ គប្បី​សាបសូន្យ ឬក៏កាលបើទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ ដូច្នេះទេ អ្នកទាំងឡាយ ឈ្មោះថា មិនដឹងនូវការលះបង់អកុសលធម៌ មិនដឹងនូវ​ការបំពេញ​កុសល​ធម៌ ក្នុងបច្ចុប្បន្ននេះទេ កាលបើមិនដឹងយ៉ាងនេះហើយ ពួកនិគ្រន្ថដ៏មានអាយុ មិនគួរ​នឹងនិយាយថា បុរសបុគ្គលនេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍​ទាំងអស់នោះឯង កើតឡើង ព្រោះហេតុនៃកម្ម ដែលខ្លួនធ្វើទុក ក្នុងកាលមុន ឯការមិន​ទទឹក​ចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាស​ទៅ នៃកម្មចាស់ ទាំង​មិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) ការអស់​ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ​ទាំងអស់ នឹងសាបសូន្យ ព្រោះអស់ទៅនៃវេទនា។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តែបើអ្នក​ទាំងឡាយដឹងថា យើងបានកើតហើយ ក្នុង​កាលមុន មិនមែនមិនបានកើតទេ ដឹងថា យើងបានធ្វើបាបកម្ម​ទុក ក្នុងកាលមុន មិនមែនមិនបានធ្វើទេ ដឹងថា យើងបានធ្វើ​បាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដឹងថា ទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ឬទុក្ខ​ទាំងប៉ុណ្ណេះ គប្បី​សាបសូន្យ ឬក៏កាលបើ​ទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ ដូច្នេះ អ្នកទាំងឡាយ ឈ្មោះថា ដឹងនូវការលះបង់អកុសលធម៌ ដឹងនូវ​ការបំពេញ​កុសល​ធម៌ ក្នុងបច្ចុប្បន្ននេះ កាលបើដឹងយ៉ាងនេះហើយ ទើបពួកនិគ្រន្ថ​ដ៏មានអាយុ គួរ​នឹងនិយាយថា បុរស​បុគ្គល​នេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍​ទាំងអស់នោះឯង កើតឡើង ព្រោះហេតុ​នៃកម្ម ដែលខ្លួនបានធ្វើទុក ក្នុងកាលមុន ឯ​ការ​មិន​​ទទឹក​ចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាស​ទៅ នៃកម្មចាស់ ទាំង​មិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់​ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។

[៥] ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ដូចបុរសត្រូវសរ ដែលមានថ្នាំពិស ដែលលាប​ដោយថ្នាំពិសដ៏ក្រាស់។ បុរសនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែត្រូវ​សរ​នោះ​ ពួកមិត្រអាមាត្យ និងញាតិសាលោហិតរបស់បុរសនោះ ក៏នាំយកទៅឲ្យពេទ្យវះ ថែរក្សា។ ពេទ្យវះនោះ យកកាំបិតវះមុខដំបៅ នៃបុរសនោះ។ បុរសនោះ រងទុក្ខ​វេទនា​ខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែវះមុខដំបៅ ដោយកាំបិតនោះ ពេទ្យវះនោះ ក៏យកដំបៀត​ត្បៀត រំកៀកមើលសរ របស់បុរសនោះ។ បុរសនោះ ក៏រងទុក្ខ​វេទនា​ខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែត្បៀតសរមើល ដោយដំបៀតនោះទៀត ពេទ្យវះនោះ ចាប់ដកសរ អំពីបុរសនោះ។ បុរសនោះ ក៏រងទុក្ខ​វេទនា​ខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែដកសរនោះថែមទៀត ពេទ្យវះនោះ ក៏យកកំទេច2) ថ្នាំទៅរោយ ត្រង់មុខដំបៅ​នៃបុរសនោះ។ បុរសនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែរោយកំទេច​ថ្នាំ ត្រង់មុខដំបៅនោះថែមទៀត។ សម័យខាងក្រោយមក បុរសនោះ ក៏មានដំបៅដុះសាច់ ព្រម​ទាំងស្បែក ជាអ្នកលែងឈឺចាប់ មានសេចក្តីសុខ រួចខ្លួនអំពីពេទ្យថែរក្សា មាន​អំណាច​ខ្លួនឯង ទៅណាមកណា តាមសេចក្តីប្រាថ្នាបាន។ បុរសនោះ ក៏គិតយ៉ាង​នេះថា កាលពីដើម អាត្មាអញត្រូវសរ ដែលមានថ្នាំពិស ដែលលាបដោយ​ថ្នាំពិសយ៉ាងក្រាស់ អាត្មាអញនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែត្រូវ​សរ​នោះឯង​មិត្រអាមាត្យ និងញាតិសាលោហិតទាំងឡាយ របស់អញនោះ ក៏នាំយកទៅឲ្យពេទ្យវះ ថែរក្សា។ ពេទ្យវះនោះ យកកាំបិតវះមុខដំបៅ របស់អញនោះ។ អញនោះ ក៏រងទុក្ខ​វេទនា​ខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែវះមុខដំបៅ ដោយកាំបិតនោះ លុះពេទ្យវះនោះ យកដំបៀត​ត្បៀត រំកៀកមើលសរ របស់អញនោះ ខ្លួនអញ ក៏រងទុក្ខ​វេទនា​ខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែត្បៀតសរ ដោយដំបៀតនោះទៀត លុះពេទ្យវះនោះ ចាប់​ដក​សរ របស់អញនោះ ខ្លួនអញនោះ ក៏រងទុក្ខ​វេទនា​ខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែដកសរ​ចេញ​នោះទៀត លុះពេទ្យវះនោះ យកកំទេចថ្នាំរោយ ត្រង់មុខដំបៅរបស់អញនោះ ខ្លួនអញនោះ ក៏រងទុក្ខវេទនាខ្លាំងក្លា ខ្លោចផ្សា ព្រោះហេតុតែរោយកំទេច​ថ្នាំ ត្រង់មុខ​ដំបៅ​នោះ ឥឡូវនេះ ខ្លួនអញនោះ មានដំបៅដុះសាច់ ព្រម​ទាំងស្បែក ជាអ្នកលែង​ឈឺ​ចាប់ មានសេចក្តីសុខ រួចខ្លួនអំពីពេទ្យថែរក្សា ជាអ្នកមាន​អំណាច​ខ្លួនឯង ទៅណា​មក​ណា​ តាមសេចក្តីប្រាថ្នាបាន សេចក្តីនេះ មាន​ឧបមាយ៉ាងណា។ ម្នាលអាវុសោនិគ្រន្ថ​ទាំងឡាយ មានឧបមេយ្យដូចអ្នកទាំងឡាយ បើដឹងថា យើងបានកើតហើយ ក្នុង​កាល​មុន មិនមែនមិនបានកើតទេ ដឹងថា យើងបានធ្វើបាបកម្ម​ទុក ក្នុងកាលមុន មិនមែន​មិន​បាន​ធ្វើទេ ដឹងថា យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដឹងថា ទុក្ខទាំង​ប៉ុណ្ណេះ សាបសូន្យហើយ ឬទុក្ខ​ទាំងប៉ុណ្ណេះ គប្បី​សាបសូន្យទៅ ឬក៏កាលបើ​ទុក្ខទាំង​ប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ អ្នកទាំងឡាយ ឈ្មោះថា​ដឹងនូវការលះបង់អកុសលធម៌ ដឹងនូវ​ការបំពេញ​កុសល​ធម៌ ក្នុងបច្ចុប្បន្ននេះ កាលបើ​ដឹង​យ៉ាងនេះហើយ ទើបពួកនិគ្រន្ថដ៏មានអាយុ គួរពោលថា បុរស​បុគ្គល​នេះ ទទួល​រង​អារម្មណ៍​ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍​ទាំងអស់​នោះ​ឯង កើតឡើង ព្រោះហេតុនៃកម្ម ដែលខ្លួនធ្វើទុក ក្នុងកាលមុន ឯ​ការ​មិន​​ទទឹក​ចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាស​ទៅ នៃកម្មចាស់ ទាំង​មិនធ្វើនូវ​កម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់​ទៅ​នៃ​ទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ តែបើអ្នក​ទាំងឡាយ មិនដឹងថា យើងបានកើតហើយ ក្នុង​កាលមុន មិនមែនមិនបានកើតទេ មិនដឹងថា យើងបានធ្វើបាបកម្ម​ទុក ក្នុងកាលមុន មិនមែនមិនបានធ្វើទេ មិនដឹងថា យើងបានធ្វើបាបកម្មយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ មិនដឹងថា ទុក្ខទាំងប៉ុណ្ណេះ សាបសូន្យទៅហើយ ឬទុក្ខ​ទាំងប៉ុណ្ណេះ គប្បី​សាបសូន្យទៅ ឬក៏កាលបើ​ទុក្ខទាំងប៉ុណ្ណេះ សាបសូន្យហើយ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ អ្នកទាំងឡាយ ឈ្មោះថា មិនដឹង​នូវការលះបង់អកុសលធម៌ មិនដឹងនូវ​ការបំពេញ​កុសល​ធម៌ ក្នុងបច្ចុប្បន្ន ព្រោះហេតុ​ណា ហេតុនោះ បានជាពួកនិគ្រន្ថដ៏មានអាយុ មិនគួរ​នឹងពោលថា បុរស​បុគ្គល​នេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនសុខ មិនមែនទុក្ខក្តី អារម្មណ៍​ទាំងអស់នោះឯង កើតឡើង ព្រោះហេតុនៃកម្ម ដែលខ្លួនធ្វើទុក ក្នុងកាលមុន ​ការ​មិន​​ទទឹក​ចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាស​ទៅ នៃកម្មចាស់ ទាំង​មិនធ្វើនូវកម្មថ្មី ឯការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់​ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខ​ទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។

[៦] ម្នាលភិក្ខុទាំងឡាយ កាលបើតថាគតពោលយ៉ាងនេះហើយ និគ្រន្ថទាំងនោះ ឆ្លើយតបនឹងតថាគត ដូច្នេះថា ម្នាលអាវុសោ និគណ្ឋនាដបុត្រ ជាអ្នកដឹងសព្វ ឃើញសព្វ តែងប្តេជ្ញានូវ​ញាណទស្សនៈ (ការដឹង ការឃើញ) មិនមានសេសសល់ថា អញកាលដើរ​ក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ញាណទស្សនៈ តែងតំកល់ស៊ប់ជាប់​ជានិច្ច។ និគណ្ឋនាដបុត្រ​នោះ បាននិយាយយ៉ាងនេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បាបកម្ម ដែលអ្នកទាំង​ឡាយ បានធ្វើទុកក្នុងកាលមុន មានដែរ ចូរអ្នកទាំងឡាយ ធ្វើបាបកម្មនោះ ឲ្យសាបសូន្យ​ទៅ ដោយទុក្ករកិរិយា ដ៏តឹងរ៉ឹងនេះចុះ ក៏ឥឡូវនេះ អ្នកទាំងឡាយ បានសង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត ក្នុងទុក្ករកិរិយា​នុ៎ះហើយ ដោយហេតុណា ហេតុនោះ ឈ្មោះថា មិនធ្វើបាបកម្មតទៅ ការមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាសទៅ​នៃកម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះ​មិនទទឹកចិត្ត (ដោយ​រាគាទិក្កិលេស) តទៅ ការអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់​ទៅនៃ​វេទនា (ពាក្យរបស់និគណ្ឋនាដបុត្រ)​នោះ រមែងគាប់ចិត្ត ត្រូវចិត្តពួកយើង ទាំង​ពួកយើង ក៏ជាអ្នកត្រេកអរនឹងពាក្យនោះ។

[៧] ម្នាលភិក្ខុទាំងឡាយ កាលបើនិគ្រន្ថទាំងឡាយ និយាយយ៉ាងនេះហើយ តថាគត បានតបទៅនឹងពួកនិគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ធម៌ទាំង​ឡាយ​ ៥យ៉ាងនេះ មានវិបាកពីរប្រការ ក្នុងបច្ចុប្បន្ននេះ ធម៌៥យ៉ាង តើដូចម្តេច ធម៌​៥យ៉ាង គឺសទ្ធា (ការជឿ)១ រុចិ (ការគាប់ចិត្ត)១ អនុស្សវៈ (ការឮតៗគ្នា)១ អាការបរិវិតក្កៈ (ការត្រិះរិះតាមហេតុ)១ ទិដ្ឋិនិជ្ឈានក្ខន្តិ (ការពេញចិត្តថា ត្រូវនឹង​លទ្ធិ​របស់ខ្លួន)១ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ធម៌ទាំង៥យ៉ាងនេះឯង ដែលមាន​វិបាកពីរប្រការ ក្នុងបច្ចុប្បន្ន​នេះ បណ្តាធម៌ ទាំង៥ប្រការនោះ សទ្ធា (ការជឿ) ចំពោះគ្រូ ដែលកន្លងទៅហើយ តើដូចម្តេច រុចិ (ការគាប់ចិត្ត) តើដូចម្តេច អនុស្សវៈ (ការឮតៗគ្នា) តើដូចម្តេច អាការបរិវិតក្កៈ (ការត្រិះរិះតាមហេតុ) តើដូចម្តេច ទិដ្ឋិនិជ្ឈានក្ខន្តិ (ការពេញចិត្តថា ត្រូវនឹងលទ្ធិរបស់ខ្លួន) តើដូចម្តេច របស់និគ្រន្ថដ៏មានអាយុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគតសួរយ៉ាងនេះ ក៏មិនបានជួបនឹងពាក្យតទល់ ដែល​ប្រកបដោយធម៌ណាមួយ អំពីពួកនិគ្រន្ថឡើយ។

[៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតសួរនិគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវសេចក្តីនោះ ថាដូចម្តេច បើអ្នក​ទាំងឡាយ មានសេចក្តីប្រឹងប្រែងខ្លាំង មានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា តើអ្នក​ទាំងឡាយ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតមក អំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះឬទេ មួយទៀត បើអ្នកទាំងឡាយ មិនមានសេចក្តីប្រឹងប្រែងខ្លាំង មិនមាន​សេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា តើអ្នក​ទាំងឡាយ មិនរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតមក អំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះទេឬ។ ពួកនិគ្រន្ថ​ទាំងនោះ ឆ្លើយតបថា ម្នាលអាវុសោគោតម បើពួកយើង មានសេចក្តីប្រឹងប្រែងខ្លាំង មានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា ពួកយើង ក៏រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតមក អំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះ បើពួកយើង មិនមាន​សេចក្តី​ប្រឹងប្រែងខ្លាំងទេ មិនមានសេចក្តីព្យាយាមខ្លាំងទេ ក្នុងសម័យណា ពួកយើង ក៏មិនរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតមកអំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះ។

[៩] ម្នាលអាវុសោនិគ្រន្ថ​ទាំងឡាយ បានឮថា បើអ្នកទាំងឡាយ មាន​សេចក្តី​ប្រឹង​ប្រែង​ខ្លាំង មានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា អ្នក​ទាំងឡាយ ក៏រងទុក្ខ​វេទនា​ក្លាខ្លាំង ខ្លោចផ្សា ដែលកើតមក អំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះ​ បើអ្នកទាំង​ឡាយ មិនមានសេចក្តីប្រឹងប្រែងខ្លាំងទេ មិនមានសេចក្តីព្យាយាមខ្លាំងទេ ក្នុងសម័យណា អ្នក​ទាំងឡាយ ក៏មិនរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះ កាលបើយ៉ាងនេះ ពួកនិគ្រន្ថ​ដ៏មានអាយុ មិនគួរនឹង​និយាយថា បុរសបុគ្គលនេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែន​ទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ កើតឡើង ព្រោះហេតុតែខ្លួនធ្វើកម្មទុក ក្នុងកាលមុន ការមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះ​វិនាស​ទៅនៃ​កម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយ​រាគាទិក្កិលេស) តទៅ ការអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃ​វេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បើអ្នកទាំងឡាយ មានសេចក្តីប្រឹងប្រែងខ្លាំង មានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា ទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើត​អំពីសេចក្តី​​ប្រឹងប្រែង ក៏គប្បីតាំងឡើង ក្នុង​សម័យនោះ​ មួយទៀត អ្នកទាំងឡាយ មិនមានសេចក្តីប្រឹងប្រែងខ្លាំង មិនមានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា ទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តី​ប្រឹងប្រែង ក៏គង់តាំងឡើង ក្នុង​សម័យនោះ កាលបើយ៉ាងនេះ ទើបពួកនិគ្រន្ថ​មានអាយុ គួរនឹងពោលថា បុរស​បុគ្គល​នេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែន​ទុក្ខ មិនមែនសុខក្តី អារម្មណ៍​ទាំង​អស់នោះ កើតឡើង ព្រោះហេតុតែកម្ម ដែលខ្លួនធ្វើទុក ក្នុងកាលមុន ការមិន​ទទឹក​ចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះ​វិនាស​ទៅ នៃកម្មចាស់ ទាំង​មិន​ធ្វើ​នូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការ​អស់​ទៅ​នៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃ​វេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅនៃវេទនា។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បើអ្នក​ទាំង​ឡាយ មានសេចក្តីប្រឹងប្រែងខ្លាំង មានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា អ្នក​ទាំងឡាយ ក៏ទទួលទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះ​ បើអ្នកទាំងឡាយ មិនមានសេចក្តីប្រឹងប្រែងខ្លាំង មិនមាន​សេចក្តី​ព្យាយាម​ខ្លាំង ក្នុងសម័យណា អ្នក​ទាំងឡាយ ក៏ទទួលទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តី​ប្រឹងប្រែងខ្លាំង ក្នុង​សម័យនោះ ព្រោះហេតុណា ហេតុនោះ អ្នកទាំងឡាយនោះ កាលទទួលទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តី​ប្រឹងប្រែង ដោយខ្លួនឯង ឈ្មោះថា ប្រកាន់ខុស ព្រោះសេចក្តីល្ងង់ ព្រោះការមិនដឹង ព្រោះ​សេចក្តីភាន់ច្រឡំថា បុរសបុគ្គលនេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែន​ទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ កើតឡើង ព្រោះហេតុតែកម្ម​ដែលខ្លួនធ្វើទុក ក្នុងកាលមុន ការមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះ​វិនាស​ទៅ នៃកម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃ​វេទនា ព្រោះអស់ទៅនៃទុក្ខ ទុក្ខទាំងអស់ នឹងសាបសូន្យទៅ ព្រោះអស់ទៅ​នៃវេទនា។ ម្នាលភិក្ខុទាំងឡាយ កាលតថាគត និយាយយ៉ាងនេះ ក៏មិនបាន​ជួបប្រទះ នឹងពាក្យតទល់ ដែលប្រកបដោយធម៌ណាមួយ អំពីពួកនិគ្រន្ថឡើយ។

[១០] ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតបានសួរពួកនិគ្រន្ថទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កម្មណា ដែលឲ្យផលក្នុងបច្ចុប្បន្ន តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផលក្នុងបរលោកវិញ ដូច្នេះបានឬទេ។ ពួកនិគ្រន្ថឆ្លើយតបថា ម្នាលអាវុសោ មិនបានទេ។ ចុះកម្មណា ដែលឲ្យផល ក្នុងបរលោក តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូម​ឲ្យផលក្នុងបច្ចុប្បន្នវិញ ដូច្នេះ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោ​និគ្រន្ថ​ទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កម្មណា ​ឲ្យផលជាសុខ តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យ​ផលជាទុក្ខវិញ ដូច្នេះបានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ចុះកម្មណា ឲ្យផលជាទុក្ខ តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យ​ផលជាសុខវិញ ដូច្នេះ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោ​និគ្រន្ថ​ទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កម្មណា ឲ្យផលក្នុង​អត្តភាព ដែលសម្រេចហើយ គឺអត្តភាពក្នុងបច្ចុប្បន្ន តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផលក្នុងអត្តភាព ដែលមិនទាន់សម្រេច គឺអត្តភាពក្នុងបរលោកវិញ ដូច្នេះ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ចុះកម្មណា ឲ្យផលក្នុងអត្តភាព ដែល​មិនទាន់ចាស់ក្លា តើកម្មនោះ គេអាច​បំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផលក្នុងអត្តភាព ដែល​ចាស់ក្លាវិញ ដូច្នេះ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោនិគ្រន្ថទាំង​ឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កម្មណា ដែលឲ្យផលច្រើន តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផល​តិច ដូច្នេះវិញ បាន​ឬទេ។ ម្នាលអាវុសោ មិនបានទេ។ ចុះកម្មណា ដែលឲ្យផលតិច តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូម​ឲ្យផលច្រើន ដូច្នេះវិញ បាន​ឬទេ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោ​និគ្រន្ថ​ទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កម្មណា ដែលឲ្យផល តើកម្មនោះ គេអាចបំបែរ ដោយ​សេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមកុំឲ្យផល ដូច្នេះវិញ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ចុះកម្មណា ដែលមិនឲ្យផល តើកម្មនោះ គេអាចបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផល ដូច្នេះវិញ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។

[១១] ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បានឮថា កម្មណាដែលឲ្យផលក្នុងបច្ចុប្បន្ន​នេះ កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផល ក្នុងបរលោកវិញបានឡើយ។ កម្មណា ដែលឲ្យផលក្នុងបរលោក កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូម​ឲ្យផល​ក្នុងបច្ចុប្បន្នវិញបានឡើយ។ កម្មណា​ ដែលឲ្យផលជាសុខ កម្មនោះ គេមិនអាចនឹង​បំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផលជាទុក្ខវិញបានឡើយ។ កម្មណា ឲ្យផលជាទុក្ខ កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយ​សេចក្តី​​ព្យាយាមថា សូមឲ្យផលជាសុខវិញបានឡើយ។ កម្មណា ឲ្យផលក្នុងអត្តភាព ដែលសម្រេចហើយ កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយ​សេចក្តី​ព្យាយាមថា សូមឲ្យផលក្នុងអត្តភាព ដែល​មិនទាន់សម្រេចវិញបានឡើយ។ កម្មណា ឲ្យផលក្នុងអត្តភាព ដែល​មិនទាន់សម្រេច កម្មនោះ គេមិនអាចនឹង​បំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផលក្នុងអត្តភាព ដែលសម្រេចវិញបានឡើយ។ កម្មណា ដែលឲ្យផលច្រើន កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផល​តិចវិញបានឡើយ។ កម្មណា ដែលឲ្យផលតិច កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូម​ឲ្យផលច្រើនវិញបានឡើយ។ កម្មណា ដែលឲ្យផល កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមកុំឲ្យផលវិញបានឡើយ។ កម្មណា ដែលមិនឲ្យផល កម្មនោះ គេមិនអាចនឹងបំបែរ ដោយសេចក្តី​ប្រឹងប្រែង ឬដោយសេចក្តី​ព្យាយាមថា សូមឲ្យផលវិញបានឡើយ។ កាលបើបំបែរ​មិនបានយ៉ាងនេះ សេចក្តីប្រឹងប្រែង និង​សេចក្តីព្យាយាម របស់ពួក​និគ្រន្ថមានអាយុ ក៏ទៅជាឥតផល ឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ តែងនិយាយយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ពាក្យធំ ពាក្យតូច មាន១០ប្រការ ដែលប្រកប​ដោយហេតុ រមែង​មកកាន់ទី ដែលគួរឲ្យវិញ្ញូជន តិះដៀល នូវពួកនិគ្រន្ថ ជាអ្នក​និយាយ​យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ គឺ បើសត្វទាំង​ឡាយ រងសុខ និងទុក្ខ ព្រោះហេតុតែកម្ម ដែលខ្លួនបានធ្វើទុក ក្នុងកាលមុន ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថជា​អ្នកធ្វើ​អំពើ​អាក្រក់ទុកក្នុងកាលមុន បានជាក្នុងកាល​ឥឡូវនេះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា យ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែព្រះឥសូរ តាក់តែងឲ្យ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ មានព្រះឥសូរអាក្រក់ តាក់តែងដោយពិត បានជាក្នុងកាល​ឥឡូវនេះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា យ៉ាងនេះ១។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសង្គតិ និងភាវៈ3) ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមានសង្គតិអាក្រក់ ដោយពិត បានជាក្នុងកាលឥឡូវនេះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា យ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិ4) ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមានអភិជាតិអាក្រក់ ដោយពិត បានជាក្នុងកាលឥឡូវនេះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា យ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុង​បច្ចុប្បន្ននេះ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមានសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះ​អាក្រក់ បានជាក្នុងកាលឥឡូវនេះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា យ៉ាងនេះ១។ ម្នាលភិក្ខុ​ទាំង​ឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែកម្ម ដែលខ្លួនបានធ្វើទុក ក្នុងកាលមុន ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះ​ហេតុតែ​កម្ម ដែលខ្លួន​បានធ្វើទុក ក្នុងកាលមុនក៏ដោយ ពួកនិគ្រន្ថ ក៏គង់​តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែ​ព្រះឥសូរ តាក់តែងឲ្យ ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះ​ហេតុតែព្រះឥសូរ តាក់តែងឲ្យក៏ដោយ ពួកនិគ្រន្ថ ក៏គង់​តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែ​សង្គតិ និងភាវៈ ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះ​ហេតុតែសង្គតិ និងភាវៈក៏ដោយ ពួកនិគ្រន្ថ ក៏គង់​តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិ ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះ​ហេតុតែអភិជាតិក៏ដោយ ពួកនិគ្រន្ថ ក៏គង់​តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះ ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះ​ហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះ​ក៏ដោយ ពួកនិគ្រន្ថ ក៏គង់​តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថ តែង​និយាយយ៉ាងនេះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ពាក្យធំ ពាក្យតូច ទាំង១០ប្រការ ដែល​ប្រកបដោយហេតុ រមែង​មកកាន់ទី ដែលគួរ​ឲ្យវិញ្ញូជនតិះដៀល នូវពួកនិគ្រន្ថ ជាអ្នក​និយាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា សេចក្តីប្រឹងប្រែង មិនមាន​ផល សេចក្តីព្យាយាម ក៏មិនមានផល។

[១២] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រឹងប្រែង មាន​ផល សេចក្តីព្យាយាម មានផល តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនយកទុក្ខ មក​គ្របសង្កត់ខ្លួន5) ដែលមិនធ្លាប់មានទុក្ខគ្របសង្កត់ផង មិនលះបង់សុខ ប្រកបដោយធម៌ផង6) ជាអ្នកមិន​ជ្រុលជ្រប់ ក្នុងសុខនោះផង។ ភិក្ខុនោះ រមែងដឹងច្បាស់ យ៉ាងនេះថា កាលបើអាត្មាអញ ផ្គងសេចក្តីព្យាយាម តណ្ហា ជាហេតុកើតឡើងនៃទុក្ខ​នេះឯង រមែងវិនាស ព្រោះការផ្គងសេចក្តីព្យាយាម មួយទៀត កាលបើអាត្មាអញ ព្រងើយ​កន្តើយ ចម្រើនឧបេក្ខា តណ្ហាជាហេតុកើតឡើងនៃទុក្ខនេះ ក៏រមែង​វិនាសដែរ។ កាលគេផ្គង នូវសេចក្តីព្យាយាម តណ្ហាជាហេតុកើតឡើង នៃទុក្ខណា រមែង​វិនាស ព្រោះ​ការផ្គងសេចក្តីព្យាយាម ភិក្ខុនោះ ក៏ផ្គងសេចក្តីព្យាយាម ចំពោះតណ្ហាជាហេតុកើតឡើង​នៃទុក្ខនោះ មួយទៀត កាលគេព្រងើយ​កន្តើយ ចម្រើនឧបេក្ខា តណ្ហាជាហេតុ​កើតឡើង​នៃទុក្ខណា រមែង​វិនាស ភិក្ខុនោះ ក៏ចម្រើនឧបេក្ខា ចំពោះតណ្ហា​ជាហេតុកើតឡើង​នៃ​ទុក្ខ​នោះ កាលភិក្ខុនោះ ផ្គងនូវសេចក្តីព្យាយាម តណ្ហាជាហេតុ​កើតឡើង នៃទុក្ខនោះ ក៏​វិនាស ព្រោះ​ការផ្គង នូវសេចក្តីព្យាយាម កាលតណ្ហា​វិនាស យ៉ាងនេះហើយ ទុក្ខរបស់​ភិក្ខុនោះ ក៏រមែងសាបសូន្យ កាលភិក្ខុនោះ ព្រងើយ​កន្តើយ ចម្រើនឧបេក្ខា តណ្ហា ជាហេតុ​កើតឡើង​នៃទុក្ខនោះ ក៏​វិនាស កាលតណ្ហាវិនាសយ៉ាង​នេះហើយ ទុក្ខរបស់​ភិក្ខុនោះ ក៏រមែងសាបសូន្យទៅ។

[១៣] ម្នាលភិក្ខុទាំងឡាយ ដូចបុរសម្នាក់ មានចិត្តត្រេក មានចិត្តប្រតិព័ទ្ធ មានសេចក្តី​ពេញចិត្តខ្លាំង មានសេចក្តី​ចង់បានខ្លាំង ចំពោះស្ត្រី។ បុរសនោះ ឃើញស្ត្រី​នោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹង​ប្រុសឯទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច តើសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត គប្បីកើតឡើង ដល់បុរសដែលឃើញ​ស្ត្រីនោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹង​បុរស​ឯទៀតនោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន កើតឡើងបាន។ ដំណើរនោះ ព្រោះហេតុ​អ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះបុរសនោះ មានចិត្តត្រេក មានចិត្តប្រតិព័ទ្ធ មាន​សេចក្តី​ពេញចិត្តខ្លាំង មានសេចក្តី​ចង់បានខ្លាំង ចំពោះស្ត្រីនោះ បានជា សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត កើតឡើងបាន ព្រោះឃើញស្ត្រីនោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹង​បុរសឯទៀត។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អញ មានចិត្ត​ត្រេក មានចិត្តប្រតិព័ទ្ធ មានសេចក្តីពេញចិត្តខ្លាំង មានសេចក្តី​ចង់បានខ្លាំង ចំពោះស្ត្រីនោះ សេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត កើតឡើង ដល់អញនោះ ព្រោះតែឃើញស្ត្រីនោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយ​នឹង​បុរសឯទៀត បើដូច្នោះ អញគួរតែលះបង់ចោល នូវ​សេចក្តីត្រេកត្រអាល របស់អញ ចំពោះស្ត្រីនោះចេញ។ សេចក្តីត្រេកត្រអាលណា ចំពោះស្ត្រីនោះ បុរសនោះ ក៏លះបង់ នូវសេចក្តីត្រេកត្រអាលនោះចេញ។ លុះ​សម័យ​ខាងក្រោយមក បុរសនោះ ឃើញ​ស្ត្រី​នោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹង​បុរសឯទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​សេចក្តីនោះ ថាដូចម្តេច តើសេចក្តី​សោក ខ្សឹក​ខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត គប្បីកើតឡើង ដល់បុរស ដែល​ឃើញ​ស្ត្រីនោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹង​បុរសឯ​ទៀត​នោះ ឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនកើតឡើង​ទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះបុរសនោះ លែងមានសេចក្តីត្រេក ចំពោះស្ត្រីនោះហើយ បានជាសេចក្តី​សោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតឡើង ព្រោះឃើញស្ត្រីនោះ ដែល​កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹង​បុរសឯទៀត។

[១៤] ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុ មិនយកសេចក្តីទុក្ខមកគ្របសង្កត់ខ្លួន ដែល​មិនធ្លាប់មានទុក្ខគ្របសង្កត់ផង មិនលះបង់​សុខប្រកបដោយធម៌ផង ជាអ្នកមិនជ្រុលជ្រប់​ទៅក្នុងសុខនោះផង។ ភិក្ខុនោះ រមែងដឹងច្បាស់យ៉ាងនេះថា កាលបើអាត្មាអញ ផ្គងសេចក្តី​​ព្យាយាម តណ្ហា ជាហេតុកើតឡើង នៃទុក្ខ​នេះឯង រមែងវិនាស ព្រោះការ​ផ្គងនូវសេចក្តីព្យាយាម មួយទៀត កាលបើអាត្មាអញ ព្រងើយ​កន្តើយ ចម្រើនឧបេក្ខា តណ្ហា ជាហេតុកើតឡើង នៃទុក្ខនេះ ក៏រមែង​វិនាសដែរ។ កាលគេផ្គង នូវសេចក្តីព្យាយាម តណ្ហា ជាហេតុកើតឡើង នៃទុក្ខណា រមែង​វិនាស ព្រោះ​ការផ្គង នូវសេចក្តីព្យាយាម ភិក្ខុ​នោះ ក៏ផ្គងនូវសេចក្តីព្យាយាម ចំពោះតណ្ហាជាហេតុកើត​នៃទុក្ខនោះ មួយទៀត កាលគេព្រងើយ​កន្តើយ ចម្រើនឧបេក្ខា តណ្ហា ជាហេតុ​កើតនៃទុក្ខណា រមែង​វិនាស ភិក្ខុនោះ ក៏ចម្រើនឧបេក្ខា ចំពោះតណ្ហា​ជាហេតុកើត​នៃទុក្ខនោះ កាលភិក្ខុនោះ ផ្គងនូវសេចក្តីព្យាយាម តណ្ហាជាហេតុ​កើត នៃទុក្ខនោះ ក៏​វិនាស ព្រោះ​ការ​ផ្គង​នូវសេចក្តីព្យាយាម កាលតណ្ហា​វិនាស យ៉ាងនេះហើយ ទុក្ខរបស់ភិក្ខុនោះ ក៏រមែង​សាប​សូន្យទៅ កាលភិក្ខុនោះ ព្រងើយ​កន្តើយ ចម្រើនឧបេក្ខា តណ្ហាជាហេតុ​កើតនៃទុក្ខនោះ ក៏​វិនាស កាលតណ្ហាវិនាសយ៉ាង​នេះហើយ ទុក្ខរបស់ភិក្ខុនោះ រមែងសាបសូន្យ ក៏​មានឧបមេយ្យ ដូចបុរសនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែង មានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។

[១៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរមែងពិចារណាដូច្នេះថា កាលអាត្មាអញ នៅតាមសេចក្តីសុខស្រួល7) អកុសលធម៌ទាំងឡាយ រមែងចម្រើនឡើង កុសលធម៌ទាំងឡាយ រមែងសាបសូន្យ តែកាលបើអាត្មាអញ តាំងខ្លួនឲ្យលំបាក8) អកុសលធម៌ទាំងឡាយ រមែងសាបសូន្យ កុសលធម៌ទាំងឡាយ រមែងចម្រើនឡើង បើ​ដូច្នោះ គួរតែអាត្មាអញ តាំងខ្លួនឲ្យលំបាកចុះ។ ភិក្ខុនោះ ក៏តាំងខ្លួនឲ្យលំបាក កាលភិក្ខុនោះ តាំងខ្លួនឲ្យលំបាក អកុសលធម៌ទាំងឡាយ ក៏សាបសូន្យ កុសលធម៌​ទាំងឡាយ ក៏ចម្រើនឡើង។ លុះសម័យខាងក្រោយមក ភិក្ខុនោះ មិន​តាំងខ្លួន​ឲ្យលំបាកទៀតឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ តាំងខ្លួនឲ្យលំបាក ដើម្បីប្រយោជន៍ណា ប្រយោជន៍របស់ភិក្ខុនោះ សម្រេចហើយ ព្រោះ​ហេតុនោះ បានជាសម័យខាងក្រោយមក ភិក្ខុនោះ មិនតាំងខ្លួនឲ្យលំបាកទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាងព្រួញ រមែងឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់​ឲ្យត្រង់ ល្មមប្រើការបាន។ ម្នាលភិក្ខុទាំងឡាយ កាលដែលជាងព្រួញ ឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់​ឲ្យត្រង់ ល្មមប្រើការបានហើយ សម័យខាងក្រោយមក ជាងព្រួញនោះ មិនឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់​ឲ្យត្រង់ ល្មមប្រើការ​បាន​ទៀតទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ជាងព្រួញនោះ ឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់​ឲ្យត្រង់ ល្មមប្រើការបាន ដើម្បីប្រយោជន៍​ណា ប្រយោជន៍របស់គេនោះ សម្រេចហើយ ហេតុនោះ បានជាសម័យ​ខាងក្រោយមក ជាងព្រួញ មិនឆ្អើរ រោលព្រួញ លើរងើកភ្លើងទាំងពីរខាង ពត់​ឲ្យត្រង់ ល្មមប្រើការ​បាន​ទៀតទេ សេចក្តីនេះ​ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ពិចារណា​ ដូច្នេះថា កាលអាត្មាអញ នៅតាមសេចក្តីសុខស្រួល អកុសលធម៌ទាំងឡាយ រមែង​ចម្រើន​ឡើង កុសលធម៌ទាំងឡាយ រមែងសាបសូន្យ តែកាលបើអាត្មាអញ តាំងខ្លួន​ឲ្យ​លំបាក អកុសលធម៌ទាំងឡាយ រមែងសាបសូន្យ កុសលធម៌ទាំងឡាយ រមែងចម្រើនឡើង បើដូច្នោះ មានតែអាត្មាអញ តាំងខ្លួនឲ្យលំបាកចុះ។ ភិក្ខុនោះ ក៏តាំងខ្លួន​ឲ្យលំបាក កាលភិក្ខុនោះ តាំងខ្លួនឲ្យលំបាក អកុសលធម៌ទាំងឡាយ ក៏សាបសូន្យ កុសលធម៌​ទាំងឡាយ ក៏ចម្រើនឡើង។ លុះសម័យជាខាងក្រោយមក ភិក្ខុនោះ ក៏លែងតាំងខ្លួន​ឲ្យលំបាកទៀត ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ តាំងខ្លួន​ឲ្យលំបាក ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ របស់ភិក្ខុនោះ ក៏សម្រេចហើយ ហេតុនោះ បានជាសម័យខាងក្រោយមក ភិក្ខុនោះ មិនតាំងខ្លួនឲ្យលំបាកទៀតឡើយ សេចក្តីនេះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែង មានផល សេចក្តី​ព្យាយាម​មានផល យ៉ាងនេះឯង។

[១៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគតកើតឡើងក្នុងលោកនេះ បានជា​ព្រះអរហន្ត សម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់​ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់​ជាអ្នកទូន្មាន នូវបុរសដែលគួរទូន្មានបាន ទ្រង់ជាសាស្តាចារ្យ នៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោល​ហើយ ព្រះអង្គ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ចំពោះព្រះអង្គ ហើយញុំាង​លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យដឹងច្បាស់ ព្រះអង្គ សំដែងធម៌ មានលំអបទដើម លំអបទកណ្តាល លំអបទចុង ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតីក្តី កូន​គហបតីក្តី ឬបុគ្គលកើតក្នុងត្រកូលណាមួយ ក្នុងកាលជាខាងក្រោយក្តី ស្តាប់ធម៌​នោះ លុះបុគ្គលនោះ ស្តាប់ធម៌នោះហើយ រមែងបាននូវសទ្ធា ក្នុងព្រះតថាគត លុះបុគ្គលនោះ ប្រកបដោយការបាននូវសទ្ធា ដូច្នោះហើយ ក៏ពិចារណា ដូច្នេះថា ឃរាវាស ចង្អៀតចង្អល់​ណាស់ ជាផ្លូវនៃធូលី គឺកិលេស មានតែបព្វជ្ជា ទើបមានឱកាសទំនេរ បុគ្គល ជាគ្រហស្ថ គ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ តែមួយយ៉ាង ឲ្យបរិសុទ្ធ​តែ​មួយយ៉ាង ដូចស័ង្ខ ដែលគេខាត់ហើយនោះបានទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា រួចហើយស្លៀកដណ្តប់​សំពត់​ជ្រលក់​ទឹក​អម្ចត់ ហើយចេញចាក​ផ្ទះ ចូលទៅកាន់ផ្នួស។ លុះសម័យជាខាងក្រោយមក បុគ្គលនោះ លះបង់គំនរភោគៈ​តិចក្តី លះបង់គំនរភោគៈ​ច្រើនក្តី លះបង់នូវញាតិវង្ស​តិច​ក្តី លះបង់នូវញាតិវង្សច្រើនក្តី កោរសក់ ពុកមាត់ ពុកចង្កា រួចហើយស្លៀកដណ្តប់​សំពត់ជ្រលក់ទឹកអម្ចត់ ចេញចាក​ផ្ទះ ចូលទៅកាន់ផ្នួស។ កាលបើបុគ្គលនោះ បានបួស​យ៉ាងនេះហើយ ក៏សមាទានសិក្ខា និងសាជីវៈ សម្រាប់ភិក្ខុទាំងឡាយ លះបង់​បាណាតិបាត ជាអ្នកវៀរចាកបាណាតិបាត ជាអ្នកដាក់ចុះ នូវគ្រឿងវាយដំ ដាក់ចុះ​នូវ​គ្រឿងសស្ត្រាវុធ មានសេចក្តីខ្មាសបាប បរិបូណ៌ដោយសេចក្តីអាណិតអាសូរ ជាអ្នក​អនុគ្រោះ ដោយប្រយោជន៍ ដល់សត្វ​មានជីវិត​ទាំងអស់ លះបង់នូវអទិន្នាទាន ជាអ្នកវៀរចាកអទិន្នាទាន កាន់យកតែវត្ថុ​ដែល​គេឲ្យ ចង់បានតែវត្ថុដែលគេឲ្យ មិនមែនជាមនុស្សល្មួច មានខ្លួនដ៏ស្អាត លះបង់​អព្រហ្ម​ចរិយៈ ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរ ជាអ្នកប្រព្រឹត្តឆ្ងាយ វៀរចាកមេថុនធម្ម ដែលជាធម៌​របស់អ្នកស្រុក លះបង់មុសាវាទ ជាអ្នកវៀរចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត តពាក្យពិត មានសំដីទៀងទាត់ មិនយាយពាក្យ ដែលគេគប្បីជឿ មិនបានពោលបំភ្លាត់​ដល់សត្វ​លោក លះបង់បិសុណវាចា ជាអ្នកវៀរចាកបិសុណវាចា ឮអំពីទីនេះ មិនបាន​យកទៅ​និយាយប្រាប់ក្នុងទីឯណោះ ដើម្បីបំបែកជនទាំងឡាយនេះ ឬឮអំពីទីឯណោះ មិនបានយកមកប្រាប់ ដល់ជនទាំងឡាយនេះ ដើម្បីបំបែកជនទាំងឡាយឯណោះ ជាអ្នក​ផ្សះផ្សាពួកជន ដែលបែកបាក់គ្នាហើយ ឬឲ្យកម្លាំងថែម ដល់ពួកជនដែលបានជានឹងគ្នា​ហើយ ជាអ្នកពេញចិត្តនឹងការព្រមព្រៀងគ្នា ត្រេកអរនឹងការព្រមព្រៀងគ្នា រីករាយតែ​ក្នុង​សេចក្តីព្រមព្រៀងគ្នា ជាអ្នកនិយាយតែពាក្យ ដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា លះបង់​ផរុសវាចា ជាអ្នកវៀរចាកផរុសវាចា ក៏សំដីណាមិនមានទោស នាំមកនូវសេចក្តី​សុខ ដល់ត្រចៀក (នៃអ្នកដទៃ) ជាពាក្យគួរស្រឡាញ់ ជាពាក្យគួរតំកល់ទុក ក្នុងហឫទ័យ ជាសំដីរបស់អ្នកក្រុង ជាពាក្យជាទីត្រេកអរ នៃជនច្រើនគ្នា ជាទីពេញចិត្ត នៃជនច្រើនគ្នា ជាអ្នកពោលតែសំដីដូច្នោះ លះបង់​សម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ជាអ្នក​និយាយ​ពាក្យក្នុងកាលគួរ និយាយពាក្យពិត និយាយពាក្យមានប្រយោជន៍ និយាយធម៌ និយាយ​វិន័យ ជាអ្នកនិយាយសំដី ដែលគួរតំកល់ទុកក្នុងហឫទ័យ ជាពាក្យប្រកបដោយ​គ្រឿងអាង ជាពាក្យមានកំណត់ ជាពាក្យប្រកបដោយប្រយោជន៍ តាមកាលគួរ។ ភិក្ខុ​នោះ វៀរចាកការធ្វើពីជគាម និងភូតគាមឲ្យវិនាស ជាអ្នកបរិភោគភត្តតែ១ពេល វៀរចាក​ការបរិភោគក្នុងរាត្រី វៀរចាកបរិភោគក្នុងកាលខុស វៀរចាកការមើលនូវរបាំ និងការស្តាប់​នូវចម្រៀង និងភ្លេងប្រគំ (ជាសត្រូវ ដល់កុសលធម៌) វៀរចាកការទ្រទ្រង់ និងការប្រដាប់​ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ជាអ្នក​វៀរចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ ជាអ្នកវៀរចាក​ការទទួល​មាស និងប្រាក់ ជាអ្នកវៀរចាកការទទួល​នូវធញ្ញជាតិឆៅ វៀរចាកការទទួល​សាច់ឆៅ វៀរចាកការទទួលស្រី និងកុមារី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួល​ពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី គោ សេះឈ្មោល​ញី វៀរចាកការទទួលស្រែ និងចំការ វៀរចាកការប្រកបទូតកម្ម គឺនាំសំបុត្រ ឬពាក្យ​បណ្តាំ​នៃគ្រហស្ថ និងការទៅដោយគេប្រើអំពីផ្ទះមួយ ទៅផ្ទះមួយ វៀរចាកការទិញ និងការលក់ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង បញ្ឆោតដោយភាជន៍កាឡៃមាស (ជាដើម) និងការបញ្ឆោត ដោយរង្វាស់រង្វាល់ វៀរចាកការប្រកប​អំពើវៀច គឺបង្ខុស បំភាន់ និងការបោកប្រាស និងការបន្លំ ដោយរបស់ក្លែង វៀរចាកការកាត់ (នូវអវយវៈ មានដៃ​ជាដើម) និងការសម្លាប់ ចង លាក់ខ្លួនពួនចាំធ្វើអំពើអាក្រក់ និងការប្លន់​កំហែង​យក​ទ្រព្យ។ ភិក្ខុនោះ ជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿង​រក្សាផ្ទៃ កាលបើចេញទៅ ក្នុងទិសណាៗ តែងកាន់យក (តែគ្រឿង​បរិក្ខារ ៨​ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួនចេញទៅ សកុណជាតិ ដែលមានស្លាប កាលហើរទៅ ក្នុងទិសណាៗ រមែងមានតែទម្ងន់ស្លាប របស់ខ្លួនប៉ុណ្ណោះ ហើរទៅ មានឧបមាដូចម្តេច​មិញ មានឧបមេយ្យ ដូចភិក្ខុជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌ​បាត ជាគ្រឿងរក្សាផ្ទៃ កាលបើចេញទៅ ក្នុងទិសណាៗ តែងកាន់យក (តែគ្រឿង​បរិក្ខារ​៨ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួន ចេញទៅ ដូច្នោះឯង។

[១៧] ភិក្ខុនោះបរិបូណ៌ដោយសីលក្ខន្ធដ៏ប្រសើរនេះហើយ តែងទទួលនូវសេចក្តី​សុខ ដែលមិនមានទោស ខាងក្នុងសន្តាន។ ភិក្ខុនោះ បានឃើញរូបដោយភ្នែក មិនកួច​កាន់​នូវ​និមិត្ត មិនកួចកាន់ នូវ​អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌​ដ៏លាមក តែងគ្របសង្កត់​នូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្ទ្រិយ ព្រោះហេតុតែ​មិនបាន​សង្រួម​នូវចក្ខុន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បី​សង្រួម នូវចក្ខុន្ទ្រិយនោះ រក្សា​នូវចក្ខុន្ទ្រិយ ដល់នូវការសង្រួម ក្នុងចក្ខុន្ទ្រិយ។ បានឮសំឡេង​ដោយត្រចៀក… បានធំក្លិនដោយច្រមុះ… បានទទួលរស ដោយអណ្តាត… បានពាល់ត្រូវ​នូវសម្ផ័ស្ស ដោយកាយ… បានដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្ត ក៏មិនកួចកាន់​ នូវនិមិត្ត មិនកួចកាន់ ​នូវ​​​អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក តែងគ្រងសង្កត់​នូវបុគ្គល ដែលមិនសង្រួមនូវមនិន្ទ្រិយ ព្រោះហេតុតែមិនបាន​សង្រួម​នូវ​មនិន្ទ្រិយណា ភិក្ខុនោះ ក៏ប្រតិបត្តិ ដើម្បី​សង្រួមនូវមនិន្ទ្រិយ​នោះ រក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួម ក្នុងមនិន្ទ្រិយ។

[១៨] ភិក្ខុនោះ បរិបូណ៌ដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះហើយ តែងទទួល​នូវសេចក្តីសុខ ដែលមិនច្រឡូកច្រ​ឡំ ដោយកិលេស ខាងក្នុងសន្តាន។ ភិក្ខុនោះ កាលឈានទៅមុខ ឈានថយក្រោយ ក៏ជាអ្នកដឹងខ្លួន កាលក្រឡេកមើលទៅមុខ ក្រឡេកមើលទៅទិសផ្សេងៗ ក៏ជាអ្នកដឹងខ្លួន កាលបត់លា (ដៃជើង) ក៏ជាអ្នកដឹង​ខ្លួន កាលប្រើប្រាស់សង្ឃាដិ បាត្រ ចីវរ ក៏ជាអ្នកដឹងខ្លួន កាលបរិភោគ ផឹក ទំពា ទទួលរស ក៏ជាអ្នកដឹងខ្លួន កាលបន្ទោឧច្ចារៈ បស្សាវៈ ក៏ជាអ្នកដឹងខ្លួន កាលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ពីដេក និយាយ ឬស្ងៀម ក៏ជាអ្នកដឹងខ្លួន។

[១៩] ភិក្ខុនោះ បរិបូណ៌ដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង បរិបូណ៌ដោយ​ឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះផង បរិបូណ៌ដោយសតិ សម្បជញ្ញៈ ដ៏ប្រសើរ​នេះផង តែងគប់រក នូវ​សេនាសនៈដ៏ស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃឆ្ងាយ ទីវាល គំនរចំបើង។ ភិក្ខុនោះ លុះហួសពេលបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏អង្គុយ​ពត់​ភ្នែន តម្រង់កាយឲ្យត្រង់ តម្កល់ស្មារតី ឲ្យ​មានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្ខុនោះ ក៏លះបង់ នូវអភិជ្ឈាក្នុងលោក គឺបញ្ចុបាទានក្ខន្ធ មានចិត្តប្រាសចាកអភិជ្ឈា ធ្វើចិត្តឲ្យ​ស្អាត ចាកអភិជ្ឈា លះបង់នូវ​ព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិន​ព្យាបាទ មាន​សេចក្តី​អនុគ្រោះដោយ​ប្រយោជន៍ ដល់សត្វមានជីវិតទាំងអស់ ធ្វើចិត្តឲ្យបរិសុទ្ធ ចាកព្យាបាទ និងសេចក្តី​ប្រទូស្ត លះបង់ថីនមិទ្ធៈ ជាអ្នកប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ ជាអ្នកមានសតិ និងសម្បជញ្ញៈ ធ្វើចិត្តឲ្យ​ស្អាត ចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ ជាអ្នកមានចិត្តមិនរាយមាយ មានចិត្តស្ងប់ស្ងាត់ ក្នុងសន្តានរបស់​ខ្លួន ធ្វើចិត្តឲ្យស្អាត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ជាអ្នកឆ្លងផុតចាកវិចិកិច្ឆាហើយ មិនមាន​សេចក្តីងឿងឆ្ងល់ ក្នុង​កុសលធម៌ទាំងឡាយ ធ្វើចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។

[២០] ភិក្ខុនោះ លុះលះបង់នូវនីវរណៈ ទាំង៥នេះ ដែលជា ឧបក្កិលេស របស់​ចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយហើយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសល​ធម៌​​ទាំងឡាយ ហើយចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ក៏សម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាម មានផល យ៉ាងនេះឯង។

[២១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុរម្ងាប់នូវវិតក្កៈ និងវិចារៈ ហើយក៏ចូល​កាន់​ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុង​សន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើត​អំពី​សមាធិ គឺបឋមជ្ឈាន ក៏សម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។

[២២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនឿយណាយ ចាកបីតិផង ជាអ្នក​ប្រកបដោយ​ឧបេក្ខាផង មានសតិ សម្បជញ្ញៈ ទទួលសុខ ដោយនាមកាយផង ក៏ចូល​កាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងសរសើរថា បុគ្គល ដែលបាន​តតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខ ដូច្នេះ ក៏សម្រាន្តនៅ ដោយឥរិយាបថ ៤។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាម​មានផល យ៉ាងនេះឯង។

[២៣] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុលះបង់នូវសុខផង លះបង់នូវ​ទុក្ខផង អស់សោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍មិនមែនទុក្ខ មិនមែនជាសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធ ដោយ​ឧបេក្ខា ក៏សម្រាន្តនៅ ដោយឥរិយាបថ ៤។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។

[២៤] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ ផ្ចង់បង្អោនចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ រលឹកឃើញនូវ​ខន្ធ ដែលខ្លួន​ធ្លាប់​អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនប្រការ រលឹកឃើញនូវខន្ធនោះ តើដូចម្តេចខ្លះ គឺរលឹកឃើញ​១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកឃើញនូវសំវដ្តកប្បជាច្រើនក៏បាន នូវវិវដ្តកប្ប​ជាច្រើនក៏បាន សំវដ្តវិវដ្តកប្បជាច្រើនក៏បាន ថា អាត្មាអញ បានកើត​ក្នុងភព​ឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារ​យ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ​ច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើត​ក្នុងភពឯណោះ កាលដែលអាត្មាអញ​ទៅកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារ​យ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ​ច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើត​ក្នុងភពនេះ។ ភិក្ខុនោះ រលឹកឃើញនូវខន្ធ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលមុន ជាច្រើនប្រការ ព្រមទាំង​អាការ គឺសម្បុរ និងអាហារ​ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រ ដោយប្រការ​ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។

[២៥] ភិក្ខុនោះ កាលបើមានចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិន​ញាប់ញ័រ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ ផ្ចង់បង្អោនចិត្តទៅ ដើម្បី​ចុតូបបាតញ្ញាណ (ការដឹងចុតិ បដិសន្ធិ) របស់សត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុដូច​ជាទិព្វ បរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា រមែង​ឃើញពួកសត្វ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់ ដឹងច្បាស់នូវសត្វ ដែលប្រព្រឹត្ត​ទៅ តាម​កម្មរបស់ខ្លួន ដូច្នេះថា អើហ្ន៎ សត្វអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយ​មនោ​ទុច្ចរិត ជាអ្នកតិះដៀលពួក​ព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់អំពើជាមិច្ឆាទិដ្ឋិ សត្វទាំង​នោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក មួយទៀត សត្វអម្បាលនេះ ប្រកបដោយកាយសុចរិត​ ប្រកបដោយវចីសុចរិត ប្រកបដោយ​មនោសុចរិត ជាអ្នកមិនតិះដៀលពួក​ព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់​អំពើ​ជាសម្មាទិដ្ឋិ សត្វទាំង​នោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ បរិសុទ្ធ កន្លងបង់​ចក្ខុជារបស់មនុស្សធម្មតា រមែងឃើញ​ពួកសត្វ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់​នូវពួកសត្វ ដែល​ប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។

[២៦] ភិក្ខុនោះ កាលបើមានចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅ​តាម​អារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ ផ្ចង់បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ ភិក្ខុ​នោះ ដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាហេតុ​នាំឲ្យកើតទុក្ខ ដឹងតាម​ពិត​ថា នេះជាសេចក្តីរលត់ទុក្ខ ដឹងតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តី​រលត់​ទុក្ខ ដឹងតាមពិតថា នេះជា​អាសវៈ ដឹងតាមពិតថា នេះជាសេចក្តីរលត់អាសវៈ ដឹងតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចស្រឡះ ចាកកាមាសវៈផង ចិត្តរួច​ស្រឡះ ចាកភវាសវៈផង ចិត្តរួចស្រឡះ ចាកអវិជ្ជាសវៈផង កាលបើចិត្ត​រួចស្រឡះហើយ ប្រាជ្ញា ក៏កើតឡើងថា ចិត្តរួចស្រឡះហើយ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រឹងប្រែងមានផល សេចក្តីព្យាយាមមានផល យ៉ាងនេះឯង។

[២៧] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត តែងពោលយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ពាក្យប្រកបដោយ​ធម៌ ១០ប្រការ តែងមកកាន់ស្ថាន ដែលគប្បីសរសើរ ចំពោះ​ព្រះតថាគត ជាអ្នកពោលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែកម្ម ដែលខ្លួនបានធ្វើ ក្នុងកាលមុន ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអ្នក​ធ្វើអំពើល្អ ក្នុងកាលមុនដោយពិត បានជាក្នុងកាលឥឡូវនេះ ទទួលសុខវេទនា មិនមានអាសវៈ មានសភាពយ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែព្រះឥសូរ តាក់តែងឲ្យ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត គឺ​ព្រះឥសូរ ដ៏ចម្រើន តាក់តែងឲ្យ ដោយពិត បានជាក្នុងកាលឥឡូវនេះ ទទួលសុខវេទនា មិនមានអាសវៈ មានសភាពយ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសង្គតិ និងភាវៈ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានសង្គតិល្អ​ដោយពិត បានជាក្នុងកាលឥឡូវនេះ ទទួលសុខវេទនា មិនមានអាសវៈ មានសភាព​យ៉ាងនេះ​១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានអភិជាតិល្អដោយពិត បានជាក្នុងកាលឥឡូវនេះ ទទួលសុខវេទនា មិនមានអាសវៈ មានសភាពយ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួក​សត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុង​បច្ចុប្បន្ននេះ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត មានសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះល្អដោយពិត បានជាក្នុងកាលឥឡូវនេះ ទទួលសុខវេទនា មិនមានអាសវៈ មានសភាពយ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែកម្ម ដែលខ្លួនធ្វើ ក្នុងកាលមុន ព្រះតថាគត ក៏គួរគេសរសើរបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះហេតុតែកម្ម ដែលខ្លួនធ្វើក្នុងកាលមុនក៏ដោយ ព្រះតថាគត ក៏គង់គេសរសើរបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែព្រះឥសូរ តាក់តែងឲ្យ ព្រះតថាគត ក៏គួរគេសរសើរបាន បើទុកជាពួកសត្វ​មិនរងសុខ និងទុក្ខ ព្រោះហេតុតែព្រះឥសូរ តាក់តែងឲ្យក៏ដោយ ព្រះតថាគត ក៏គង់គេសរសើរបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែ​សង្គតិ និងភាវៈ ព្រះតថាគត ក៏គួរគេសរសើរបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះហេតុតែសង្គតិ និងភាវៈក៏ដោយ ព្រះតថាគត ក៏គង់គេសរសើរបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិ ព្រះតថាគត ក៏គួរគេសរសើរបាន បើទុកជាពួកសត្វមិនរងសុខ និងទុក្ខ ព្រោះហេតុតែអភិជាតិក៏ដោយ ព្រះតថាគត ក៏គង់គេសរសើរបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះ ព្រះតថាគត ក៏គួរគេសរសើរបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ន​នេះក៏ដោយ ព្រះតថាគត ក៏គង់​គេ​សរសើរបាន១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត តែងពោលយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ពាក្យប្រកបដោយហេតុ ១០ប្រការ នេះឯង តែង​មកកាន់ស្ថាន ​ដែលគេសរសើរ ចំពោះ​ព្រះតថាគត ជាអ្នកពោលយ៉ាងនេះ។ លុះព្រះមានបុណ្យ បានសំដែងព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ជាអ្នកមានចិត្ត​ត្រេកអរ រីករាយ ចំពោះ​ភាសិត របស់ព្រះមានបុណ្យ។

ចប់ ទេវទហសូត្រ ទី១។

បញ្ចត្តយសូត្រ ទី២

(២. បញ្ចត្តយសុត្តំ)

[២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅ​ក្នុង​វត្តនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលតប​ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[២៩] ព្រះមានព្រះភាគទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មាន​សមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកកំណត់ នូវខន្ធជាចំណែកខាងមុខ (ខន្ធក្នុងអនាគត) មានសេចក្តីយល់ឃើញ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធខន្ធជាចំណែក​ខាងមុខ ហើយ​សំដែងនូវចំណែក នៃទិដ្ឋិច្រើនប្រការ។ គឺសមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាង​នេះថា អត្តា (ខ្លួន) កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគ១។ សមណ​ព្រាហ្មណ៍​ពួកខ្លះ និយាយយ៉ាង​នេះថា អត្តា កាលស្លាប់ទៅហើយ ជា​សភាវៈ​មិនមាន​សញ្ញា ទាំងឥតមានរោគ១។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាង​នេះថា អត្តា កាល​ស្លាប់​ទៅហើយ ជាសភាវៈមានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ទាំងឥត​មាន​រោគ១។ សមណព្រាហ្មណ៍ពួកខ្លះ បញ្ញត្តនូវការ​ដាច់សូន្យ នូវ​សេចក្តី​វិនាស នូវការមិន​កើត​ទៀត របស់សត្វ​ដែលមាននៅ១។ មួយទៀត សមណព្រាហ្មណ៍ពួកខ្លះ និយាយថា ព្រះនិព្វានក្នុងបច្ចុប្បន្ន១ (រួមជា៥ពួក)។ តែបើបំប្រួញមកវិញ (មានត្រឹម​៣ពួក) គឺសមណព្រាហ្មណ៍ពួកខ្លះ បញ្ញត្តអត្តា ដែលមាននៅ កាលស្លាប់ទៅហើយ មិនមានរោគ9) ១។ សមណព្រាហ្មណ៍ពួកខ្លះ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវការមិនកើតទៀត របស់សត្វ ដែលមាននៅ១។ សមណព្រាហ្មណ៍ពួកខ្លះ និយាយថា ព្រះនិព្វានក្នុងបច្ចុប្បន្ន​១។ ទិដ្ឋិទាំងនេះមាន ៥ប្រការ រួមមកជា៣ប្រការ ឬមាន៣ប្រការ ញែកទៅជា៥ប្រការ​វិញ ដោយប្រការ ដូច្នេះឯង។ នេះជាឧទ្ទេស នៃប្រជុំទិដ្ឋិ ៥ប្រការ ឬ៣ប្រការ។

[៣០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណ​ព្រាហ្មណ៍ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមាន​រោគ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាលស្លាប់ទៅហើយ ជា​សភាវៈ​មានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏​ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែល​មិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈ​មាន​សញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប ទាំងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈ​មានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប ក៏មិនមែន មិនមានរូប ក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានសញ្ញាដូចគ្នាថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥត​មាន​រោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែល​មានសញ្ញាផ្សេងគ្នាថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានសញ្ញាតិចថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណ​ព្រាហ្មណ៍​ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានសញ្ញារកប្រមាណ​មិនបានថា កាលស្លាប់​ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ មួយទៀត សមណ​ព្រាហ្មណ៍​ពួកខ្លះ សំដែងនូវ​វិញ្ញាណកសិណ របស់សមណព្រាហ្មណ៍ទាំងនុ៎ះ ដែលជាអ្នកកន្លង នូវ​សញ្ញាខាងលើ ទាំង៧នុ៎ះថា មិនមានប្រមាណ មិនញាប់ញ័រខ្លះ។ ម្នាលភិក្ខុទាំងឡាយ តថាគត ស្គាល់ច្បាស់ នូវដំណើរនោះថា ពួក​សមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណ​ព្រាហ្មណ៍​ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈ​មានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏​ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែល​មិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈ​មានសញ្ញា ទាំងឥតមានរោគខ្លះ សមណ​ព្រាហ្មណ៍​ ដ៏​ចម្រើន​ទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបក៏មិនមែន មិនមានរូបក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំងនោះ តែងបញ្ញត្តអត្តា ដែលមានសញ្ញាដូចគ្នាថា កាលស្លាប់ទៅហើយ ជា​សភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែង​បញ្ញត្តអត្តា ដែល​មានសញ្ញាផ្សេងគ្នាថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែល​មាន​សញ្ញាតិចថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ សមណ​ព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានសញ្ញារកប្រមាណ​មិនបានថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគខ្លះ មួយទៀត បណ្តាសញ្ញាទាំងនោះ ទោះជារូបសញ្ញាក្តី អរូបសញ្ញាក្តី សញ្ញាដូចគ្នាក្តី សញ្ញាផ្សេងគ្នាក្តី សញ្ញាណា ដែលរាប់ថា​បរិសុទ្ធ ខ្ពង់ខ្ពស់ ប្រសើរថ្លៃថ្លា សមណ​ព្រាហ្មណ៍​ពួកខ្លះ សំដែង (នូវសញ្ញានោះ) គឺអាកិញ្ចញ្ញាយតនសញ្ញា ដែលបរិកម្មថា អ្វីតិចតួច មិនមាន ថាជាសញ្ញា​មិនមានប្រមាណ មិនញាប់ញ័រ តែសញ្ញា (ទាំងអស់)នោះ ជាសង្ខតធម៌ គឺ​មានបច្ច័យប្រជុំតាក់តែង ជារបស់គ្រោតគ្រាត ចំណែកខាងការរលត់ នៃសង្ខារទាំង​ឡាយ​មានពិត ព្រះនិព្វានក៏មានពិត លុះព្រះតថាគត បានដឹងច្បាស់ ដូច្នេះហើយ ជាអ្នកឃើញ​នូវការរលាស់ចេញ នូវសង្ខតធម៌នោះ កន្លងនូវសង្ខតធម៌នោះ។

[៣១] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍​ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាល​ស្លាប់​ទៅ​ហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណ​ព្រាហ្មណ៍​ដ៏ចម្រើន​ទាំងនោះ តែងបញ្ញត្តអត្តា ដែលមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមាន​សញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែល​មានរូប ក៏មិនមែន មិនមានរូប ក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមិនមានសញ្ញា ទាំងឥតមានរោគខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណព្រាហ្មណ៍ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ពួកនេះ បដិសេធ (ពាក្យ) របស់ពួក​សមណព្រាហ្មណ៍នោះ ដំណើរនោះ តើព្រោះហេតុអ្វី (ព្រោះ) សញ្ញាជារោគ សញ្ញាជាបូស សញ្ញាជាព្រួញ ឯដំណើរដែល​មិនមានសញ្ញានុ៎ះ ទើបជាធម្មជាតស្ងប់ ជាធម្មជាតថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ តថាគតដឹងច្បាស់ នូវដំណើរនោះថា ពួក​សមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ តែងបញ្ញត្ត​អត្តាដែល​មានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្ត​អត្តា ដែលមិន​មានរូបថា កាល​ស្លាប់​ទៅ​ហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍​ដ៏ចម្រើន​ទាំងនោះ តែងបញ្ញត្ត​អត្តា ដែល​មានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ដ៏ចម្រើនទាំងនោះ តែងបញ្ញត្ត​អត្តា ដែល​មានរូបក៏មិនមែន មិនមានរូបក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគខ្លះ ម្នាលភិក្ខុទាំងឡាយ តែបើបុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ និយាយយ៉ាងនេះថា អាត្មាអញ បើវៀរចាករូប វៀរចាកវេទនា វៀរចាកសញ្ញា វៀរចាកសង្ខារទាំងឡាយ វៀរចាកវិញ្ញាណចេញហើយ នឹងដឹងនូវ​ដំណើរ​ជាទីមក (ចាប់បដិសន្ធិ) ឬដំណើរជាទីទៅ ការច្យុតិ ឬការកើតឡើង ឬការចម្រើនឡើង ការលូតលាស់ ឬធំទូលាយបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ (ព្រោះ) ការដែល​មិនមានសញ្ញានោះ ជាសង្ខតធម៌ ជារបស់គ្រោតគ្រាត ចំណែកខាងការរលត់ទៅ នៃ​សង្ខារទាំងឡាយ មានពិត ព្រះនិព្វាននុ៎ះ ក៏មានពិត លុះព្រះតថាគត ដឹងច្បាស់​ដូច្នេះ​ហើយ ជាអ្នកឃើញ នូវ​ការរលាស់ចេញ នូវសង្ខតធម៌នោះ កន្លងនូវសង្ខតធម៌នោះ។

[៣២] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគ សមណព្រាហ្មណ៍ ​ដ៏ចម្រើន​ទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាល​ស្លាប់​ទៅ​ហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ សមណ​ព្រាហ្មណ៍ ​ដ៏ចម្រើន​ទាំងនោះ តែងបញ្ញត្តអត្តា ដែលមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមាន​សញ្ញា ក៏​មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍​ ដ៏ចម្រើន​ទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិនមានរូបថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែល​មានរូប ក៏មិនមែន មិនមានរូប ក៏មិនមែនថា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិន​មានសញ្ញា ក៏មិនមែន ទាំងឥតមានរោគខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្តា​សមណ​ព្រាហ្មណ៍​ទាំងនោះ ​សមណព្រាហ្មណ៍ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ពួកនេះ បដិសេធ (ពាក្យ) របស់ពួក​សមណព្រាហ្មណ៍ទាំងនោះ ទោះបីពួកសមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍ពួកនេះ ក៏បដិសេធ (ពាក្យ) របស់ពួក​សមណព្រាហ្មណ៍ទាំងនោះដែរ ដំណើរនោះ តើព្រោះហេតុអ្វី (ព្រោះ) សញ្ញា ជារោគ សញ្ញាជាបូស សញ្ញាជាព្រួញ ការ​មិនមានសញ្ញា ប្រកបដោយមោហៈ ដំណើរដែលមានសញ្ញា ក៏មិនមែន មិនមានសញ្ញា​ក៏មិនមែននុ៎ះ ទើបជាធម្មជាតស្ងប់ ជាធម្មជាតថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ តថាគត ដឹងច្បាស់ នូវដំណើរនោះថា សមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តអត្តាថា កាល​ស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំង​ឥត​មានរោគ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូបថា កាល​ស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំង​ឥត​មានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមិនមានរូបថា កាល​ស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំង​ឥត​មានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប និងមិន​មានរូបថា កាល​ស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំង​ឥត​មានរោគខ្លះ សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ តែងបញ្ញត្តអត្តា ដែលមានរូប ក៏មិនមែន មិនមានរូប ក៏មិនមែនថា កាល​ស្លាប់ទៅហើយ ជាសភាវៈមាន​សញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែន ទាំង​ឥត​មានរោគខ្លះ ម្នាលភិក្ខុទាំងឡាយ តែ​បើបុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ បញ្ញត្តនូវការបាន នូវនេវសញ្ញានាសញ្ញា​យតនៈនុ៎ះ ដោយត្រឹមតែសង្ខារ ដែលបុគ្គលត្រូវដឹង ដោយការឃើញ ការឮ ការប៉ះពាល់ ម្នាលភិក្ខុទាំងឡាយ ការបាននូវនេវសញ្ញានាសញ្ញាយតនៈនោះ ប្រាកដជាវិនាសទៅវិញ ដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះថា​ នេវសញ្ញានាសញ្ញាយតនៈនោះ មិនប្រាកដថា ត្រូវបានដោយសង្ខារសមាបត្តិឡើយ ម្នាលភិក្ខុទាំងឡាយ នេវសញ្ញានាសញ្ញាយតនៈ​នោះ ប្រាកដជាត្រូវបាន ដោយសង្ខារាវសេសសមាបត្តិ។ នេវសញ្ញានាសញ្ញាយតនៈនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាត ចំណែកខាងការរលត់ទៅ នៃសង្ខារទាំងឡាយ មានពិត ព្រះ​និព្វាននុ៎ះ ក៏មានពិត លុះព្រះតថាគត បានដឹងច្បាស់ ដូច្នេះហើយ ជាអ្នកឃើញនូវ​ការរលាស់ចេញ នូវសង្ខតធម៌នោះ កន្លងនូវសង្ខតធម៌នោះ។

[៣៣] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍​ណា បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវការមិនកើតទៀត របស់ដែល​មាននៅ ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍​ទាំងនោះ ពួក​សមណព្រាហ្មណ៍​ណា បញ្ញត្តថា អត្តា កាលស្លាប់ទៅហើយ ជាសភាវៈមានសញ្ញា ទាំងឥតមានរោគ សមណព្រាហ្មណ៍​ពួកនេះ បដិសេធ (ពាក្យ) របស់សមណព្រាហ្មណ៍​ទាំងនោះ ពួកសមណ​ព្រាហ្មណ៍ ដ៏ចម្រើនណាក្តី បញ្ញត្តថា អត្តា កាល​ស្លាប់​ទៅ​ហើយ ជាសភាវៈ​មិនមានសញ្ញា ទាំងឥតមានរោគ សមណ​ព្រាហ្មណ៍ពួកនេះ បដិសេធ (ពាក្យ)​របស់​សមណ​ព្រាហ្មណ៍​ទាំងនោះ ពួកសមណព្រាហ្មណ៍ ដ៏ចម្រើនណាក្តី បញ្ញត្តថា អត្តា កាលស្លាប់​ទៅហើយ ជាសភាវៈមាន​សញ្ញា ក៏​មិនមែន មិនមាន​សញ្ញា ក៏មិនមែន ទាំងមិនមានរោគ សមណ​ព្រាហ្មណ៍ពួកនេះ បដិសេធ (ពាក្យ) ​របស់សមណព្រាហ្មណ៍​ទាំងនោះ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា សមណព្រាហ្មណ៍ ដ៏ចម្រើនទាំងអស់នេះ តែងប្រកាន់និយាយថា មានសញ្ញា ក្នុងអនាគត តែងពោល នូវការជាប់ចំពាក់ គឺតណ្ហាតែមួយយ៉ាងថា យើងទាំងឡាយ នឹងកើត​ក្នុងលោក​ខាងមុខ ដោយអាការដូច្នេះ យើងទាំងឡាយ នឹងកើតក្នុងលោកខាងមុខ ដោយអាការដូច្នេះ។ ឈ្មួញ​ កាលចេញទៅ ដើម្បីជួញប្រែ តែងមានសេចក្តីត្រិះរិះ យ៉ាង​នេះថា វត្ថុនេះ នឹងមានដល់អញ ដោយសារហេតុនេះ អញនឹង​បានវត្ថុនេះ ដោយសារ​ហេតុនេះ សេចក្តីនេះ មានឧបមាយ៉ាងណា សមណព្រាហ្មណ៍​ ដ៏ចម្រើន​ទាំងនេះ ប្រហែល​គ្នា នឹងឈ្មួញ រមែងប៉ុនប៉ងថា យើងទាំងឡាយ នឹងកើតក្នុងលោកខាងមុខ ដោយអាការដូច្នេះ យើងទាំងឡាយ នឹងកើតក្នុងលោកខាងមុខ ដោយអាការៈ​ដូច្នេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត ដឹងច្បាស់​នូវ​ដំណើរ​នុ៎ះថា ពួកសមណព្រាហ្មណ៍ ដ៏ចម្រើនណា បញ្ញត្តនូវសេចក្តី​ដាច់សូន្យ នូវសេចក្តី​វិនាស នូវការមិនកើតឡើងទៀត របស់សត្វដែលមាននៅ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកមានភ័យ ព្រោះសក្កាយ10) ខ្ពើមរអើមសក្កាយ តែងស្ទុះត្រឡប់​ទៅរកសក្កាយវិញដដែល។ សុនខ ជាប់ចំណងដងដោយ11) ដែលគេចងភ្ជាប់នឹងសសរ ឬនឹងបង្គោល តែង​ស្ទុះ​វិលជុំវិញសសរ ឬបង្គោលនោះឯង សេចក្តីនេះ មានឧបមាយ៉ាងណា សមណព្រាហ្មណ៍​ ដ៏​ចម្រើនទាំងនេះ ជាអ្នកមានភ័យ ព្រោះសក្កាយ ខ្ពើមរអើមសក្កាយ តែងស្ទុះត្រឡប់​ទៅរកសក្កាយវិញដដែល ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាត ចំណែក​ខាងការរលត់ទៅ នៃសង្ខារទាំងឡាយមានពិត ព្រះនិព្វាននុ៎ះ ក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ ដូច្នេះហើយ ជាអ្នកឃើញ នូវ​ការរលាស់ចេញ នូវសង្ខតធម៌នោះ កន្លងនូវសង្ខតធម៌នោះ។

[៣៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជា​សមណៈ ឬព្រាហ្មណ៍ ជាអ្នក​កំណត់​នូវខន្ធ ជាចំណែកខាងមុខ មានសេចក្តី​យល់ឃើញ នូវខន្ធ​ជាចំណែក​ខាងមុខ ប្រារព្ធនូវខន្ធ ជាចំណែកខាងមុខ ហើយសំដែង នូវចំណែកនៃទិដ្ឋិច្រើនប្រការ សមណព្រាហ្មណ៍ទាំងអស់នោះ តែងសំដែងនូវហេតុ ទាំង៥យ៉ាងនេះឯង ឬក៏បណ្តា​ហេតុទាំង៥យ៉ាងនោះ ហេតុណាមួយ។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍​ពួកមួយ ជាអ្នកកំណត់​នូវខន្ធ ជាចំណែក​ខាងដើម (ខន្ធអតីត) មានសេចក្តី​យល់ឃើញ​នូវខន្ធ ជាចំណែកខាងដើម ប្រារព្ធនូវខន្ធជាចំណែក​ខាងដើម ហើយសំដែង​នូវចំណែក​នៃទិដ្ឋិច្រើនប្រការ។ គឺសមណព្រាហ្មណ៍ពួកខ្លះ​ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈទៀង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណ​ព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈមិនទៀង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍​ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈទៀងផង មិនទៀងផង ការយល់​ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈទៀងក៏​មិនមែន មិនទៀងក៏មិនមែន ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍​ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានទីបំផុត ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មិនមានទីបំផុត ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានទីបំផុតផង មិន​មានទីបំផុតផង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានទីបំផុត ក៏​មិនមែន មិនមានទីបំផុត ក៏មិនមែន ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញ​ដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសញ្ញា​​ដូចគ្នា ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសញ្ញាផ្សេងគ្នា ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍​ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសញ្ញាតិច ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសញ្ញាមិន​មានប្រមាណ ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសេចក្តី​សុខតែ​មួយយ៉ាង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានសេចក្តីទុក្ខតែមួយ​យ៉ាង ការយល់ឃើញនេះឯង ត្រូវពិត ការ​យល់​ឃើញ​ដទៃ ជាមោឃៈ។ សមណ​ព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មាន​សុខ និងទុក្ខ ការយល់​ឃើញ​នេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។ សមណ​ព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី មានអារម្មណ៍មិនជាទុក្ខ មិនជាសុខ ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។

[៣៥] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណ​ព្រាហ្មណ៍ណា ជាអ្នកនិយាយយ៉ាងនេះ យល់ឃើញ​យ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈទៀង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ សមណ​ព្រាហ្មណ៍ទាំងនោះ បើវៀរចាកសទ្ធា គឺការជឿ វៀរចាករុចិ គឺសេចក្តីគាប់ចិត្ត វៀរចាកអនុស្សវៈ គឺការឮតៗគ្នា វៀរចាកអាការបរិវិតក្កៈ គឺ​សេចក្តីត្រិះរិះ​តាមអាការ វៀរចាកទិដ្ឋិនិជ្ឈានក្ខន្តិ គឺការពេញចិត្ត ថាត្រូវគ្នា នឹងលទ្ធិរបស់ខ្លួន (នោះ) ញាណ នឹងបរិសុទ្ធផូរផង់ ប្រាកដ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ក៏​កាលបើញាណបរិសុទ្ធផូរផង់ ប្រាកដមិនមានហើយ សមណព្រាហ្មណ៍ ដ៏ចម្រើន​ទាំងនោះ ញុំាងចំណែក នៃញាណប៉ុណ្ណោះឯង ឲ្យផូរផង់ក្នុងទិដ្ឋិនោះ ដោយហេតុណា ហេតុនោះឯង តថាគតពោលថា ជាឧបាទាន របស់សមណព្រាហ្មណ៍ ដ៏ចម្រើន​ទាំងនោះ។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាងការរលត់សង្ខារ​ទាំងឡាយមានពិត ព្រះនិព្វាន ក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ​ នូវការរលាស់ចេញ នូវទិដ្ឋិនោះ កន្លងនូវទិដ្ឋិនោះ។

[៣៦] ម្នាលភិក្ខុទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ណា ជាអ្នក​និយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈមិនទៀង ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ។បេ។ អត្តាក្តី លោកក្តី ជាសភាវៈទៀងផង មិនទៀងផង… អត្តាក្តី លោកក្តី ជាសភាវៈទៀង ក៏​មិនមែន មិនទៀង ក៏មិនមែន… អត្តាក្តី លោកក្តី មានទីបំផុត… អត្តាក្តី លោកក្តី មិនមាន​ទីបំផុត… អត្តាក្តី លោកក្តី មានទីបំផុតផង មិនមាន​ទីបំផុតផង… អត្តាក្តី លោកក្តី មានទីបំផុត ក៏មិនមែន មិនមានទីបំផុត ក៏មិនមែន… អត្តាក្តី លោកក្តី មានសញ្ញា​ដូចគ្នា… អត្តាក្តី លោកក្តី មានសញ្ញាផ្សេងគ្នា… អត្តាក្តី លោកក្តី មានសញ្ញាតិច… អត្តាក្តី លោកក្តី មានសញ្ញាមិនមានប្រមាណ… អត្តាក្តី លោកក្តី មានសេចក្តីសុខតែមួយយ៉ាង… អត្តាក្តី លោកក្តី មានសេចក្តីទុក្ខតែមួយយ៉ាង… អត្តាក្តី លោកក្តី មានសេចក្តីសុខ និងទុក្ខ​… អត្តាក្តី លោកក្តី មានអារម្មណ៍​មិនមែន​ជាទុក្ខ មិនមែនជាសុខ ការយល់ឃើញនេះឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ សមណព្រាហ្មណ៍ទាំងនោះឯង បើវៀរចាក​ការជឿ វៀរចាកសេចក្តីគាប់ចិត្ត វៀរចាកការឮតៗគ្នា វៀរចាកការត្រិះរិះតាមអាការ វៀរចាកការពេញចិត្តថា ត្រូវគ្នានឹងលទ្ធិរបស់ខ្លួន (នោះ) ញាណនឹងបរិសុទ្ធ ផូរផង់ប្រាកដ ពាក្យដូច្នេះនេះ​ មិនសមហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើញាណ​បរិសុទ្ធផូរផង់ ប្រាកដមិនមានហើយ សមណព្រាហ្មណ៍ដ៏ចម្រើន​ទាំងនោះ ញុំាងចំណែក​នៃញាណប៉ុណ្ណោះឯង ឲ្យផូរផង់ក្នុងទិដ្ឋិនោះ ដោយ​ហេតុណា ហេតុនោះឯង តថាគតពោលថា ជាឧបាទាន របស់សមណព្រាហ្មណ៍ ដ៏ចម្រើន​ទាំងនោះ។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាង​ការរលត់សង្ខារទាំងឡាយ មានពិត ព្រះនិព្វានក៏មានពិត លុះព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ​ នូវ​ការរលាស់នូវទិដ្ឋិនោះ កន្លងនូវទិដ្ឋិនោះ។

[៣៧] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់ នូវបុព្វន្តានុទិដ្ឋិ គឺសេចក្តីយល់ឃើញ នូវខន្ធជាចំណែក​ខាងដើមផង លះបង់​នូវ អបរន្តានុទិដ្ឋិ គឺសេចក្តីយល់ឃើញនូវខន្ធ ជាចំណែកខាងមុខផង ទាំង​មិន​អធិដ្ឋាន​ទុក នូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ រមែងបានបីតិ ដែលស្ងប់ស្ងាត់ហើយ ក៏គិតថា អាត្មាអញ បានបីតិ ដ៏ស្ងប់ស្ងាត់ ដែលជាគុណជាតស្ងប់រម្ងាប់ ជាគុណជាត​ថ្លៃថ្លា។ បីតិ​ដ៏ស្ងប់ស្ងាត់ របស់សមណព្រាហ្មណ៍នោះ រមែងរលត់ទៅ លុះបីតិ ដ៏ស្ងប់ស្ងាត់​រលត់ ទោមនស្ស ក៏កើតឡើង លុះទោមនស្សរលត់ បីតិដ៏ស្ងប់ស្ងាត់ ក៏កើតឡើង។ ម្នាល​ភិក្ខុទាំងឡាយ ម្លប់លះបង់ទីណា កំដៅថ្ងៃ ក៏ផ្សាយទៅកាន់ទីនោះ កំដៅថ្ងៃ លះបង់​ទីណា ម្លប់ក៏ផ្សាយទៅកាន់ទីនោះ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ កាលបីតិដ៏ស្ងប់ស្ងាត់រលត់ ទោមនស្ស ក៏កើតឡើង កាលទោមនស្ស​រលត់ បីតិដ៏ស្ងប់ស្ងាត់ ក៏កើតឡើង ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត ដឹងច្បាស់ នូវដំណើរនោះថា សមណៈ ឬព្រាហ្មណ៍ ដ៏ចម្រើននេះ ព្រោះលះបង់​នូវ បុព្វន្តានុទិដ្ឋិ ផង លះបង់នូវ អបរន្តានុទិដ្ឋិ ផង ទាំងមិនអធិដ្ឋានទុក នូវកាម​សញ្ញោជនៈ ដោយសព្វគ្រប់ ក៏រមែងបាន​បីតិ ដ៏ស្ងប់ស្ងាត់ ហើយក៏គិតថា អាត្មាអញ បានបីតិដ៏ស្ងប់​ស្ងាត់ ដែលជាគុណជាតស្ងប់រម្ងាប់ ជាគុណជាតថ្លៃថ្លា។ បីតិដ៏ស្ងប់ស្ងាត់ របស់​សមណព្រាហ្មណ៍នោះ រមែង​រលត់ លុះបីតិដ៏ស្ងប់ស្ងាត់រលត់ ទោមនស្ស ក៏កើតឡើង លុះ​ទោមនស្សរលត់ បីតិដ៏ស្ងប់ស្ងាត់ ក៏កើតឡើង។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាត​នៅ​ឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយ មានពិត ព្រះនិព្វាន ក៏មានពិត លុះ​ព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញនូវ​ការរលាស់ចេញ នូវទិដ្ឋិនោះ កន្លង​នូវទិដ្ឋិនោះ។

[៣៨] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់​ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវ អបរន្តានុទិដ្ឋិផង ទាំង​មិនអធិដ្ឋានទុក នូវ​កាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិ ដ៏ស្ងប់ស្ងាត់ ក៏បាននូវ និរាមិសសុខ គឺ​សេចក្តីសុខមិនមានអាមិសៈ ហើយគិតថា អាត្មាអញ បាននូវនិរាមិសសុខ ដែលជាគុណ​ជាតដ៏ស្ងប់រម្ងាប់ ជាគុណជាតដ៏ថ្លៃថ្លា។ និរាមិសសុខ របស់សមណព្រាហ្មណ៍នោះ រមែង​រលត់ លុះនិរាមិសសុខរលត់ បីតិដ៏ស្ងប់ស្ងាត់ ក៏កើតឡើង លុះបីតិ ដ៏ស្ងប់ស្ងាត់រលត់ និរាមិសសុខ ក៏កើតឡើង។ ម្នាលភិក្ខុទាំងឡាយ ម្លប់លះបង់ទីណា កំដៅថ្ងៃ ក៏ផ្សាយ​ទៅកាន់ទីនោះ កំដៅថ្ងៃ លះបង់​ទីណា ម្លប់ក៏ផ្សាយទៅកាន់ទីនោះ សេចក្តីនេះ មាន​ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលនិរាមិសសុខរលត់ បីតិដ៏ស្ងប់ស្ងាត់ ក៏កើតឡើង កាលបីតិដ៏ស្ងប់ស្ងាត់រលត់ និរាមិសសុខ ក៏កើតឡើង ក៏មាន​ឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់នូវដំណើរនោះថា សមណៈ ឬព្រាហ្មណ៍ ដ៏ចម្រើននេះ ព្រោះលះបង់​ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុក នូវកាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ ក៏បាននូវនិរាមិសសុខ ហើយក៏គិតថា អាត្មាអញ បាននូវនិរាមិសសុខ ដែលជាគុណជាត​ដ៏ស្ងប់រម្ងាប់ ជាគុណជាតដ៏ថ្លៃថ្លា។ និរាមិសសុខ របស់​​សមណព្រាហ្មណ៍នោះ រមែង​រលត់ លុះនិរាមិសសុខរលត់ បីតិដ៏ស្ងប់ស្ងាត់ ​ក៏កើត​ឡើង លុះបីតិដ៏ស្ងប់ស្ងាត់រលត់ និរាមិសសុខ ក៏កើតឡើង។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅ​ឡើយ ចំណែកខាងការរលត់ នៃសង្ខារទាំងឡាយ មានពិត ព្រះនិព្វាន ក៏មានពិត លុះ​ព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ នូវ​ការរលាស់ចេញ នូវទិដ្ឋិនោះ កន្លង​នូវទិដ្ឋិនោះ។

[៣៩] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់​ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំង​មិនអធិដ្ឋាន នូវ​កាម​សញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ ក៏បាន​នូវ​អទុក្ខមសុខវេទនា គឺទទួលអារម្មណ៍ មិនជាទុក្ខ មិនជាសុខ ហើយគិតថា អាត្មាអញ បាននូវអទុក្ខមសុខវេទនា ដែលជាគុណ​ជាតស្ងប់រម្ងាប់ ជាគុណជាតថ្លៃថ្លា។ អទុក្ខមសុខវេទនា របស់សមណព្រាហ្មណ៍នោះ រមែង​រលត់ លុះអទុក្ខមសុខវេទនារលត់ និរាមិសសុខ ក៏កើតឡើង លុះនិរាមិសសុខរលត់ អទុក្ខមសុខវេទនា ក៏កើតឡើង។ ម្នាលភិក្ខុទាំងឡាយ ម្លប់លះបង់ទីណា កំដៅថ្ងៃ ក៏ផ្សាយ​ទៅកាន់ទីនោះ កំដៅថ្ងៃ លះបង់​ទីណា ម្លប់ក៏ផ្សាយទៅកាន់ទីនោះ សេចក្តីនេះ មាន​ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ​ទាំង​ឡាយ កាលអទុក្ខមសុខវេទនារលត់ និរាមិសសុខ ក៏កើតឡើង កាលនិរាមិសសុខរលត់ អទុក្ខមសុខវេទនា ក៏កើតឡើង ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់នូវដំណើរនោះថា សមណៈ ឬព្រាហ្មណ៍ ដ៏ចម្រើននេះ ព្រោះលះ​បង់​ ​នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុក នូវកាម​សញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិ ដ៏ស្ងប់ស្ងាត់ កន្លងនូវ​និរាមិសសុខ ក៏បាននូវ​អទុក្ខមសុខវេទនា ហើយគិតថា អាត្មាអញ បាននូវអទុក្ខមសុខវេទនា ជាគុណជាត​ស្ងប់រម្ងាប់ ជាគុណជាតថ្លៃថ្លា។ អទុក្ខមសុខវេទនា របស់​​សមណព្រាហ្មណ៍នោះ រមែង​រលត់ លុះអទុក្ខមសុខវេទនារលត់ និរាមិសសុខ ​ក៏កើត​ឡើង លុះនិរាមិសសុខរលត់ អទុក្ខមសុខវេទនា ក៏កើតឡើង។ ទិដ្ឋិនោះ ជាសង្ខតធម៌ ដ៏គ្រោតគ្រាតនៅ​ឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយ មានពិត ព្រះនិព្វាន ក៏មានពិត លុះ​ព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ នូវ​ការរលាស់ចេញ នូវទិដ្ឋិនោះ កន្លង​នូវទិដ្ឋិនោះ។

[៤០] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ព្រោះលះបង់​ នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំង​មិនអធិដ្ឋានទុក នូវ​កាមសញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវនិរាមិសសុខ កន្លង​នូវអទុក្ខមសុខវេទនា ក៏ពិចារណាឃើញថា អាត្មាអញ ជាអ្នកស្ងប់រម្ងាប់ អាត្មាអញ ជាអ្នក​រលត់ទុក្ខ អាត្មាអញ ជាអ្នកមិនមានសេចក្តីប្រកាន់ (ក្នុងបញ្ចក្ខន្ធ)។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់ នូវដំណើរនោះថា សមណៈ ឬព្រាហ្មណ៍ ដ៏ចម្រើននេះ ព្រោះលះ​បង់​ ​នូវបុព្វន្តានុទិដ្ឋិផង លះបង់នូវអបរន្តានុទិដ្ឋិផង ទាំងមិនអធិដ្ឋានទុក នូវកាម​សញ្ញោជនៈ ដោយសព្វគ្រប់ កន្លងនូវបីតិដ៏ស្ងប់ស្ងាត់ កន្លងនូវ​និរាមិសសុខ កន្លងនូវ​អទុក្ខមសុខវេទនា ក៏ពិចារណាឃើញថា អាត្មាអញ ជាអ្នកស្ងប់រម្ងាប់ អាត្មាអញ ជាអ្នក​រលត់ទុក្ខ អាត្មាអញ ជាអ្នកមិនមានសេចក្តីប្រកាន់។ សមណព្រាហ្មណ៍ ដ៏មានអាយុនេះ តែងពោលសរសើរ នូវបដិបទា ជាទីសប្បាយ នៃព្រះនិព្វាន ដោយពិត ប៉ុន្តែសមណៈ ឬ​ព្រាហ្មណ៍ ដ៏ចម្រើននេះឯង ប្រកាន់មាំ នូវបុព្វន្តានុទិដ្ឋិផង ប្រកាន់មាំ នូវ​អបរន្តានុទិដ្ឋិផង ប្រកាន់មាំ នូវ​កាមសញ្ញោជនៈផង ប្រកាន់មាំ នូវ​បីតិដ៏ស្ងប់ស្ងាត់ផង ប្រកាន់មាំ​ នូវ​និរាមិស​សុខផង ប្រកាន់មាំ នូវ​អទុក្ខមសុខវេទនាផង។ សមណព្រាហ្មណ៍ មានអាយុនេះ ពិចារណាឃើញថា អាត្មាអញ ជាអ្នកស្ងប់រម្ងាប់ អាត្មាអញ ជាអ្នករលត់ទុក្ខ អាត្មាអញ ជាអ្នក​មិនមានសេចក្តីប្រកាន់មាំ ដោយហេតុណា ហេតុនោះ ព្រះតថាគតពោលថា ជា​ឧបាទាន (សេចក្តីប្រកាន់មាំ) របស់​សមណព្រាហ្មណ៍ ដ៏ចម្រើននេះ។ ឧបាទាននោះ ជា​សង្ខតធម៌ ដ៏គ្រោតគ្រាតនៅឡើយ ចំណែកខាងការរលត់សង្ខារទាំងឡាយ មានពិត ព្រះនិព្វាន ក៏មានពិត លុះ​ព្រះតថាគត ដឹងច្បាស់ដូច្នេះហើយ ជាអ្នកឃើញ នូវ​ការ​រលាស់ចេញ នូវឧបាទាននោះ កន្លង​នូវឧបាទាននោះ។

[៤១] ម្នាលភិក្ខុទាំងឡាយ ការដឹងច្បាស់តាមពិត នូវកិរិយាកើតឡើងផង នូវ​កិរិយា​វិនាសផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចេញផង នៃផស្សាយតនៈ​ទាំង​៦ ហើយរួចចាកសេចក្តីប្រកាន់មាំណា នេះឯង ឈ្មោះថា សន្តិវរបទ ដ៏ប្រសើរ ដែល​ព្រះ​តថាគត ត្រាស់ដឹងហើយ ម្នាលភិក្ខុទាំងឡាយ ការដឹងច្បាស់តាមពិត នូវកិរិយា​កើត​ឡើង​ផង នូវ​កិរិយា​វិនាសផង នូវអានិសង្សផង នូវទោសផង នូវកិរិយារលាស់ចេញផង នៃ​ផស្សាយតនៈ​ ទាំង​៦ហើយ រួចចាកសេចក្តីប្រកាន់មាំណា នោះឯង ឈ្មោះថា សន្តិវរបទ ដ៏ប្រសើរ ដែល​ព្រះ​តថាគត ត្រាស់ដឹងហើយ។ លុះ​ព្រះមានបុណ្យ បានសំដែង​ព្រះសូត្រ​នេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយចំពោះ​ភាសិត របស់​ព្រះមានបុណ្យ។

ចប់ បញ្ចត្តយសូត្រ ទី២។

កិន្តិសូត្រ ទី៣

(៣. កិន្តិសុត្តំ)

[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​ដងព្រៃ ជាទីនាំមកនូវពលិការ (ចំពោះភូត) ជិតក្រុងកុសិនារា។ ក្នុងទីនោះឯង ព្រះមានព្រះភាគ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​អម្បាល​នោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ បានត្រាស់សួរ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ធ្លាប់មានសេចក្តីត្រិះរិះ ចំពោះ​តថាគតថា ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុចីវរខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុបិណ្ឌបាតខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុភព​តូច ភពធំខ្លះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ពុំដែលមានសេចក្តីត្រិះរិះ ចំពោះ​ព្រះមានព្រះភាគថា ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុចីវរខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុបិណ្ឌបាតខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុភពតូច ភពធំខ្លះ ដូច្នេះឡើយ។

[៤៣] ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនធ្លាប់មានតម្រិះ ចំពោះ​តថាគត​ថា ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុចីវរខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុបិណ្ឌបាតខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតម សំដែងធម៌ ព្រោះហេតុភពតូច ភពធំខ្លះ ដូច្នេះទេ ម្នាលភិក្ខុ​ទាំងឡាយ កាលបើដូច្នេះ ចុះឥឡូវនេះ អ្នកទាំងឡាយ មានសេចក្តីត្រិះរិះ ចំពោះ​តថាគត ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ មានសេចក្តី​ត្រិះរិះ ចំពោះ​ព្រះមានព្រះភាគ យ៉ាងនេះថា ព្រះមានព្រះភាគ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ អាស្រ័យនូវសេចក្តី​អនុគ្រោះ ទើបទ្រង់សំដែងធម៌។

[៤៤] ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ មានសេចក្តីត្រិះរិះ ចំពោះ​តថាគត យ៉ាងនេះថា ព្រះមានព្រះភាគ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ អាស្រ័យ​នូវ​សេចក្តីអនុគ្រោះ ទើបសំដែងធម៌ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ធម៌ទាំងឡាយ​ណា ដែលតថាគត ត្រាស់ដឹងហើយ សំដែងហើយ ដូចជា សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨ អ្នកទាំងឡាយ​រាល់រូប គប្បីព្រមព្រៀងគ្នា គប្បីរីករាយរកគ្នា កុំវិវាទគ្នា គប្បីសិក្សា ក្នុងធម៌ទាំងនោះចុះ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងនោះ មានសេចក្តីព្រមព្រៀងគ្នា រីករាយរកគ្នា មិន​វិវាទគ្នា កំពុងសិក្សា មានភិក្ខុ២រូប មានវាទៈផ្សេងគ្នា ក្នុងធម៌ដ៏វិសេស។

[៤៥] បើអ្នកទាំងឡាយ គួរ​និយាយក្នុងដំណើរនោះថា ការសិក្សារបស់លោក​មានអាយុទាំងនេះ ផ្សេងគ្នា ដោយអត្ថផង ផ្សេងគ្នាដោយព្យញ្ជនៈផង ដូច្នេះបាន បណ្តា​ភិក្ខុទាំងនោះ ភិក្ខុណា ដែលអ្នកទាំងឡាយ សំគាល់ឃើញថា ប្រដៅងាយជាងគេ អ្នក​ទាំងឡាយ គប្បីចូលទៅរកភិក្ខុនោះ ហើយនិយាយ យ៉ាងនេះថា ការសិក្សារបស់លោក​មានអាយុទាំងឡាយ ផ្សេងគ្នាដោយអត្ថផង ផ្សេងគ្នាដោយព្យញ្ជនៈផង លោក​មានអាយុទាំងឡាយ ចូរដឹងនូវការសិក្សានោះ ដោយហេតុនេះ តាមដែល​ផ្សេងគ្នា ដោយអត្ថផង តាមដែលផ្សេងគ្នា ដោយព្យញ្ជនៈផងចុះ លោក​មានអាយុទាំងឡាយ កុំដល់នូវសេចក្តីទាស់ទែងគ្នាឡើយ។ មួយទៀត បណ្តាភិក្ខុទាំងឡាយ ដទៃទៀត ដែល​ជាបក្ខពួក ជាមួយគ្នា ភិក្ខុណា ដែលអ្នកទាំងឡាយ សំគាល់ឃើញថា ប្រដៅងាយជាងគេ អ្នក​ទាំងឡាយ គប្បីចូលទៅរកភិក្ខុនោះ ហើយនិយាយ យ៉ាងនេះថា ការសិក្សា​របស់លោក​​មានអាយុទាំងឡាយ ផ្សេងគ្នាដោយអត្ថផង ផ្សេងគ្នាដោយព្យញ្ជនៈផង លោក​មានអាយុទាំងឡាយ ចូរដឹងនូវការសិក្សានោះ ដោយហេតុនេះ តាមដែល​ផ្សេងគ្នា ដោយអត្ថផង តាមដែលផ្សេងគ្នា ដោយព្យញ្ជនៈផងចុះ លោក​មានអាយុទាំងឡាយ កុំដល់នូវសេចក្តីទាស់ទែងគ្នាឡើយ។ ដូច្នេះ អ្នកទាំងឡាយ គួរចាំទុកនូវការសិក្សា ដែល​គេកាន់យកមិនល្អ ថាជាការសិក្សា ដែលគេកាន់យកមិនល្អចុះ លុះចាំទុកនូវការសិក្សា ដែល​គេកាន់យកមិនល្អ ថាជាការសិក្សា ដែលគេកាន់យក​មិនល្អហើយ ណា ជាធម៌ ណាជាវិន័យ គប្បីពោលធម៌វិន័យនោះ។

[៤៦] បើអ្នកទាំងឡាយ គួរនិយាយក្នុងដំណើរនោះថា ការសិក្សារបស់លោក​មានអាយុទាំងនេះ ផ្សេងគ្នាដោយអត្ថ តែសមគ្នាដោយព្យញ្ជនៈ ដូច្នេះបាន បណ្តា​ភិក្ខុទាំងនោះ ភិក្ខុណា ដែលអ្នកទាំងឡាយ សំគាល់ឃើញថា ប្រដៅងាយជាងគេ អ្នក​ទាំងឡាយ គប្បីចូលទៅរកភិក្ខុនោះ ហើយនិយាយ យ៉ាងនេះថា ការសិក្សារបស់លោក​មានអាយុទាំងឡាយ ផ្សេងគ្នាដោយអត្ថ តែសមគ្នាដោយព្យញ្ជនៈ លោក​មានអាយុ​ទាំងឡាយ គួរដឹងនូវការសិក្សានុ៎ះ ដោយហេតុនេះ តាមដែល​ផ្សេងគ្នា ដោយអត្ថ តែសមគ្នាដោយព្យញ្ជនៈចុះ លោក​មានអាយុទាំងឡាយ កុំដល់នូវសេចក្តីទាស់ទែង​គ្នា​ឡើយ។ មួយទៀត បណ្តាភិក្ខុទាំងឡាយ ដទៃទៀត ដែល​ជាបក្ខពួកជាមួយគ្នា ភិក្ខុណា ដែលអ្នកទាំងឡាយ សំគាល់ឃើញថា ប្រដៅងាយជាងគេ អ្នក​ទាំងឡាយ គប្បីចូលទៅ​រកភិក្ខុនោះ ហើយនិយាយ យ៉ាងនេះថា ការសិក្សារបស់លោក​មានអាយុទាំងឡាយ ផ្សេងគ្នាដោយអត្ថ តែសមគ្នាដោយព្យញ្ជនៈ លោក​មានអាយុទាំងឡាយ ចូរដឹងនូវ​ការសិក្សានុ៎ះ ដោយហេតុនេះ តាមដែល​ផ្សេងគ្នា ដោយអត្ថ តែសមគ្នាដោយ​ព្យញ្ជនៈចុះ លោក​មានអាយុទាំងឡាយ កុំដល់នូវសេចក្តីទាស់ទែងគ្នាឡើយ។ ដូច្នេះ អ្នកទាំងឡាយ គួរចាំទុក នូវការសិក្សា ដែលគេកាន់យកមិនល្អ ថាជាការសិក្សា ដែលគេ​កាន់យកមិនល្អ ទាំងគួរចាំទុកនូវការសិក្សា ដែលគេកាន់យកល្អ ថាជាការសិក្សា ដែលគេកាន់យកល្អចុះ លុះចាំទុកនូវការសិក្សា ដែលគេកាន់យកមិនល្អ ថាជាការសិក្សា ដែលគេកាន់យកមិនល្អ ទាំង​ចាំទុកនូវការសិក្សា ដែលគេកាន់យកល្អ ថាជាការដែល​គេកាន់យកល្អហើយ ណា​ជាធម៌ ណាជាវិន័យ គប្បីពោលធម៌វិន័យនោះ។

[៤៧] បើអ្នកទាំងឡាយ គួរនិយាយក្នុងដំណើរនោះថា ការសិក្សារបស់​លោក​មានអាយុទាំងឡាយនេះ សមគ្នាដោយអត្ថ តែផ្សេងគ្នាដោយព្យញ្ជនៈ ដូច្នេះបាន បណ្តា​ភិក្ខុទាំងនោះ ភិក្ខុណាដែលអ្នកទាំងឡាយ សំគាល់ឃើញថា ជាអ្នកប្រដៅងាយជាងគេ អ្នក​ទាំងឡាយ គប្បីចូលទៅរកភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា ការសិក្សារបស់​លោក​មានអាយុទាំងឡាយ សមគ្នាដោយអត្ថ តែផ្សេងគ្នាដោយព្យញ្ជនៈ លោក​មាន​អាយុទាំងឡាយ ចូរដឹងនូវការសិក្សានុ៎ះ ដោយហេតុនេះ តាមដែល​សមគ្នា ដោយអត្ថ តាមដែលផ្សេងគ្នា ដោយព្យញ្ជនៈចុះ តែថាត្រង់ព្យញ្ជនៈនុ៎ះ គ្រាន់តែ​ជាការ​បន្តិចបន្តួចទេ លោក​មានអាយុទាំងឡាយ កុំដល់នូវសេចក្តីទាស់ទែងគ្នា ក្នុងព្យញ្ជនៈ ដែលគ្រាន់តែ​ជាការបន្តិចបន្តួចឡើយ។ មួយទៀត បណ្តាភិក្ខុទាំងឡាយ ដទៃទៀត ដែល​ជាបក្ខពួកជាមួយគ្នា ភិក្ខុណាដែលអ្នកទាំងឡាយ សំគាល់ឃើញថា ជាអ្នកប្រដៅ​ងាយជាងគេ អ្នក​ទាំងឡាយ គប្បីចូលទៅរកភិក្ខុនោះ ហើយ​និយាយ​យ៉ាងនេះថា ការសិក្សារបស់លោក​មានអាយុទាំងឡាយ សមគ្នាដោយអត្ថ តែផ្សេងគ្នាដោយព្យញ្ជនៈ លោក​មានអាយុទាំងឡាយ ចូរដឹងនូវការសិក្សានុ៎ះ ដោយហេតុនេះ តាមដែល​សមគ្នា ដោយអត្ថ តាមដែលផ្សេងគ្នា ដោយព្យញ្ជនៈចុះ តែថា ត្រង់ព្យញ្ជនៈនុ៎ះ គ្រាន់តែជាការ​បន្តិចបន្តួចទេ លោក​មានអាយុទាំងឡាយ កុំដល់នូវ​សេចក្តីទាស់ទែងគ្នា ក្នុងព្យញ្ជនៈ ដែលគ្រាន់តែជាការបន្តិចបន្តួចឡើយ។ ដូច្នេះ លោកមានអាយុទាំងឡាយ គួរចាំទុកនូវការសិក្សា ដែលគេកាន់យកល្អ ថាជាការ​សិក្សា ដែលគេកាន់យកល្អ គួរចាំទុកនូវការសិក្សា ដែលគេកាន់យកមិនល្អ ថាជាការ​សិក្សា ដែលគេកាន់​យក​មិនល្អចុះ លុះចាំទុកនូវការសិក្សា ដែលគេកាន់យកល្អ ថាជាការ​សិក្សា ដែលគេកាន់​យកល្អ ចាំទុកនូវការសិក្សា ដែលគេកាន់យកមិនល្អ ថាជាការ​សិក្សា ដែលគេកាន់យក​មិន​ល្អហើយ ណាជាធម៌ ណាជាវិន័យ គប្បីពោលធម៌វិន័យនោះ។

[៤៨] បើអ្នកទាំងឡាយ គួរនិយាយក្នុងដំណើរនោះថា ការសិក្សារបស់​លោក​មានអាយុទាំងឡាយនេះ សមគ្នាដោយអត្ថផង សមគ្នាដោយព្យញ្ជនៈផង ដូច្នេះបាន បណ្តា​ភិក្ខុទាំងនោះ ភិក្ខុណា ដែលអ្នកទាំងឡាយ សំគាល់ឃើញថា ជាអ្នកប្រដៅងាយ​ជាងគេ អ្នក​ទាំងឡាយ គប្បីចូលទៅរកភិក្ខុនោះ ហើយនិយាយយ៉ាងនេះថា ការសិក្សា​របស់​លោក​មានអាយុទាំងឡាយ សមគ្នាដោយអត្ថផង សមគ្នាដោយព្យញ្ជនៈផង លោក​មានអាយុទាំងឡាយ ចូរដឹងនូវការសិក្សានុ៎ះ ដោយហេតុនេះ តាមដែល​សមគ្នា ដោយអត្ថផង តាមដែលសមគ្នាដោយព្យញ្ជនៈផង លោក​មានអាយុទាំងឡាយ កុំដល់នូវ​សេចក្តី​ទាស់ទែងគ្នាឡើយ។ មួយទៀត បណ្តាភិក្ខុទាំងឡាយដទៃទៀត ដែល​ជាបក្ខពួក​ជាមួយ​គ្នា ភិក្ខុណា ដែលអ្នកទាំងឡាយ សំគាល់ឃើញថា ជាអ្នកប្រដៅងាយជាងគេ អ្នក​ទាំងឡាយ គប្បីចូលទៅរកភិក្ខុនោះ ហើយ​និយាយ​យ៉ាងនេះថា ការសិក្សារបស់លោក​មានអាយុទាំងឡាយ សមគ្នាដោយអត្ថផង សមគ្នាដោយព្យញ្ជនៈផង លោក​មានអាយុទាំងឡាយ ចូរដឹងនូវការសិក្សានុ៎ះ ដោយហេតុនេះ តាមដែល​សមគ្នា ដោយអត្ថផង តាមដែលសមគ្នាដោយព្យញ្ជនៈផង លោក​មានអាយុទាំងឡាយ កុំដល់នូវ​សេចក្តីទាស់ទែងគ្នាឡើយ។ ដូច្នេះ លោកមានអាយុទាំងឡាយ គួរចាំទុកនូវការសិក្សា ដែលគេកាន់យកល្អ ថាជាការ​សិក្សា ដែលគេកាន់យកល្អចុះ លុះចាំទុកនូវការសិក្សា ដែល​គេកាន់យកល្អ ថាជាការ​សិក្សា ដែលគេកាន់យកល្អហើយ ណាជាធម៌ ណាជាវិន័យ គប្បីពោលធម៌វិន័យនោះ។

[៤៩] ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយនោះ ព្រមព្រៀងគ្នា រីករាយ​រកគ្នា មិនវិវាទគ្នា កំពុងសិក្សា មានភិក្ខុណា ត្រូវអាបត្តិ ជាការប្រព្រឹត្តិល្មើស។ ម្នាលភិក្ខុទាំងឡាយ ក្នុងហេតុនោះ អ្នកទាំងឡាយ មិនគួរចោទគ្នា ដោយពាក្យចោទទេ ត្រូវពិនិត្យមើលបុគ្គល ឲ្យល្អសិនថា ដោយហេតុនេះ អាត្មាអញ នឹងមិនមានសេចក្តី​លំបាកផង បុគ្គលដទៃ ក៏មិនមានសេចក្តីអាក់អន់ផង ព្រោះថា បុគ្គលដទៃ ជាអ្នក​មិនក្រោធ ជាអ្នកមិនចងពៀរ ជាអ្នកមិនមានទិដ្ឋិមាំ ជាអ្នកលះបង់បានងាយ ទាំងខ្លួនអញ ក៏អាចឲ្យបុគ្គលនុ៎ះ ចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌​បាន។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិនិត្យឃើញយ៉ាងនេះ ទើបគួរនិយាយ។ ម្នាលភិក្ខុទាំងឡាយ តែបើអ្នកទាំងឡាយ ពិនិត្យឃើញ យ៉ាងនេះវិញថា អាត្មាអញ នឹងមិនមានសេចក្តី​លំបាកទេ តែបុគ្គលដទៃ មានសេចក្តីអាក់អន់ ព្រោះថា បុគ្គលដទៃ ជាអ្នកក្រោធ ជាអ្នកចងពៀរ ជាអ្នកមានទិដ្ឋិមាំ តែជាអ្នកលះបង់បានងាយ ទាំងអាត្មា​អញ ក៏អាចញុំាងបុគ្គលនុ៎ះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌​បាន ឯ​សេចក្តីអាក់អន់ របស់បុគ្គលដទៃនុ៎ះ គ្រាន់តែជាការបន្តិចបន្តួច ទោះបីត្រឡប់​ទៅជាធំដុំវិញ អាត្មាអញនោះ ក៏អាចឲ្យបុគ្គលនុ៎ះ ចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុង​កុសលធម៌បាន។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិនិត្យឃើញយ៉ាងនេះ ទើបគួរ​និយាយ។ ម្នាលភិក្ខុទាំងឡាយ តែបើអ្នកទាំងឡាយ ពិនិត្យឃើញ យ៉ាងនេះវិញថា អាត្មាអញ នឹងមានសេចក្តី​លំបាក បុគ្គលដទៃ មិនមានសេចក្តីអាក់អន់ ព្រោះថា បុគ្គលដទៃ ជាអ្នកមិនក្រោធ ជាអ្នកមិនចងពៀរ ជាអ្នកមិនមានទិដ្ឋិមាំ ជាអ្នកលះបង់​បានងាយ ទាំងអាត្មា​អញ ក៏អាចញុំាងបុគ្គលនុ៎ះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌​បាន ឯ​សេចក្តីលំបាក របស់អាត្មាអញនុ៎ះ គ្រាន់តែជាការបន្តិច​បន្តួច ទោះបីត្រឡប់​ទៅជាការធំដុំវិញ អាត្មាអញ ក៏អាចញុំាងបុគ្គលនុ៎ះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុង​កុសលធម៌បាន។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិនិត្យឃើញយ៉ាងនេះ ទើបគួរ​និយាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិនិត្យឃើញ យ៉ាងនេះវិញថា អាត្មាអញ នឹងមានសេចក្តី​លំបាកផង បុគ្គលដទៃ មានសេចក្តីអាក់អន់ផង ព្រោះថា បុគ្គលដទៃ ជាអ្នកក្រោធ ជាអ្នកចងពៀរ ជាអ្នកមានទិដ្ឋិមាំ ជាអ្នកលះបង់បានដោយក្រ តែអាត្មា​អញ អាចញុំាងបុគ្គលនុ៎ះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌​បាន ឯ​សេចក្តីលំបាក របស់​អាត្មាអញ នឹងសេចក្តីអាក់អន់ របស់បុគ្គលដទៃនុ៎ះ គ្រាន់តែជាការបន្តិចបន្តួចទេ ទោះបីត្រឡប់​ទៅជាការធំដុំវិញ អាត្មាអញនោះ ក៏អាចញុំាងបុគ្គលនេះ ឲ្យចេញចាក​អកុសលធម៌ ឲ្យតាំងនៅក្នុង​កុសលធម៌បាន។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិនិត្យឃើញយ៉ាងនេះ ទើបគួរ​និយាយ។ ម្នាលភិក្ខុទាំងឡាយ តែបើអ្នកទាំងឡាយ ពិនិត្យឃើញ យ៉ាងនេះថា អាត្មាអញ នឹងមានសេចក្តី​លំបាកផង បុគ្គលដទៃ មានសេចក្តីអាក់អន់ផង ព្រោះថា បុគ្គលដទៃ ជាអ្នកក្រោធ ជាអ្នកចងពៀរ ជាអ្នក​មានទិដ្ឋិមាំ ជាអ្នកលះបង់បានដោយក្រ ទាំងអាត្មា​អញ ក៏មិនអាចញុំាងបុគ្គលនុ៎ះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌ទេ។ អ្នកទាំងឡាយ គប្បីជាអ្នកព្រងើយ ក្នុងបុគ្គលមានសភាពយ៉ាងនេះ កុំគប្បីធ្វើដឹងឡើយ។

[៥០] ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយនោះ ព្រមព្រៀងគ្នា រីករាយ​រកគ្នា មិនវិវាទគ្នា កំពុងសិក្សា តែវចីសង្ខារ ការលើកខ្លួន ដោយទិដ្ឋិ ការបៀតបៀនគ្នា ដោយចិត្ត ការមិនត្រេកអរ ការមិនមានសេចក្តីពេញចិត្ត គប្បីកើតឡើង ដល់គ្នានឹងគ្នា។ បណ្តាភិក្ខុទាំងឡាយ ដែលជាបក្ខពួកជាមួយគ្នា ក្នុងទីនោះ អ្នកទាំងឡាយ សំគាល់ឃើញភិក្ខុណា ថាជាអ្នកប្រដៅងាយជាងគេ អ្នកទាំងឡាយ គប្បីចូលទៅរក​ភិក្ខុ​នោះ ហើយនិយាយ យ៉ាងនេះថា ម្នាលអាវុសោ យើងទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា កំពុងសិក្សា តែវចីសង្ខារ ការលើកខ្លួន ដោយទិដ្ឋិ ការបៀត​បៀនដោយចិត្ត ការមិនត្រេកអរ ការមិនមានសេចក្តីពេញចិត្ត កើតឡើង ដល់គ្នានឹងគ្នា កាលបើសមណៈ (អ្នកស្ងប់) ជ្រាបហេតុនោះ នឹងគប្បីតិះដៀលបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ យើងទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា កំពុង​សិក្សា តែវចីសង្ខារ ការលើកខ្លួនដោយទិដ្ឋិ ការបៀតបៀនដោយចិត្ត ការមិនត្រេកអរ ការមិនមានសេចក្តីពេញចិត្ត កើតឡើងដល់គ្នានឹងគ្នា កាលបើសមណៈ ជ្រាបហេតុ​នោះ គប្បីតិះដៀលបាន។ ម្នាលអាវុសោ ភិក្ខុបើមិនលះបង់ធម៌នុ៎ះទេ នឹងធ្វើឲ្យជាក់ច្បាស់ នូវ​ព្រះនិព្វានដូចម្តេចបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បី​ពោល​យ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុបើមិនលះបង់ធម៌នុ៎ះ នឹងមិនធ្វើ​ឲ្យជាក់ច្បាស់ នូវ​ព្រះនិព្វានបានឡើយ។ មួយទៀត បណ្តាភិក្ខុទាំងឡាយដទៃទៀត ​ជាបក្ខពួកជាមួយគ្នា អ្នកទាំងឡាយ សំគាល់ឃើញថា ភិក្ខុណា ជាអ្នកប្រដៅងាយជាងគេ អ្នកទាំងឡាយ គប្បី​ចូលទៅរកភិក្ខុនោះ ហើយនិយាយ យ៉ាងនេះថា ម្នាលអាវុសោ យើងទាំងឡាយ ជាអ្នក​ព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា កំពុងសិក្សា តែវចីសង្ខារ ការលើកខ្លួនដោយទិដ្ឋិ ការបៀតបៀនគ្នា ដោយចិត្ត ការមិនត្រេកអរ ការមិនមានសេចក្តីពេញចិត្ត កើតឡើង ដល់​គ្នានឹងគ្នា កាលបើសមណៈជ្រាបហេតុនោះ គប្បីតិះដៀលបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលនឹងពោល ដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ យើងទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា មិនវិវាទគ្នា រីករាយរកគ្នា កំពុងសិក្សា តែវចីសង្ខារ ការលើកខ្លួន ដោយទិដ្ឋិ ការបៀតបៀនគ្នា ដោយចិត្ត ការមិនត្រេកអរ ការមិនមានសេចក្តីពេញចិត្ត កើតឡើង ដល់គ្នានឹងគ្នា កាលបើសមណៈជ្រាបហេតុនោះ គប្បីតិះដៀលបាន។ ម្នាលអាវុសោ ភិក្ខុបើមិនលះបង់ធម៌នុ៎ះទេ នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានដូចម្តេច​បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោល​ដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុ បើមិនលះបង់ធម៌នុ៎ះទេ នឹងមិនធ្វើឲ្យជាក់ច្បាស់ នូវ​ព្រះនិព្វាន​បានទេ។ ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុពួកដទៃ សួរភិក្ខុនោះ យ៉ាងនេះថា លោកដ៏​មានអាយុ មិនបានធ្វើភិក្ខុទាំងនេះ ឲ្យចេញចាកអកុសលធម៌ ឲ្យតាំងនៅក្នុងកុសលធម៌ ទេឬ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលនឹងពោល​ដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ក្នុងទីនេះ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគ ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ដល់ខ្ញុំ ខ្ញុំបានស្តាប់ធម៌ព្រះអង្គ ហើយបានសំដែង​ប្រាប់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏បានស្តាប់ធម៌នោះ ហើយចេញចាកអកុសលធម៌ បានតាំង​នៅក្នុង​កុសលធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលពោលយ៉ាងនេះ មិនឈ្មោះថា លើកតម្កើង​ខ្លួន មិនឈ្មោះថា សង្កត់សង្កិនបុគ្គលដទៃទេ ឈ្មោះថា ជាអ្នកពោលប្តេជ្ញា នូវធម៌តាមធម៌ មួយទៀត វាទៈ និងអនុវាទៈ ដែលប្រកបដោយហេតុណាមួយ រមែង​មិនមកកាន់ឋានៈ ដែល​អ្នកប្រាជ្ញគប្បីតិះដៀលបានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់សំដែង​ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់​ព្រះមានព្រះភាគ។

ចប់ កិន្តិសូត្រ ទី៣។

សាមគ្គាមសូត្រ ទី៤

(៤. សាមគាមសុត្តំ)

[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​សាមគ្រាម ក្នុងដែនសក្កៈ។ សម័យនោះឯង និគណ្ឋនាដបុត្រ ទើបតែនឹងធ្វើមរណកាល ក្នុងដែនបាវា។ ព្រោះកាលកិរិយា នៃនិគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ (ជាអន្តេវាសិក) ក៏​បែកបាក់គ្នាជាពីរពួក កើតប្រកួតប្រកាន់គ្នា ឈ្លោះទាស់ទែង ចាក់ដោតគ្នានិងគ្នា ដោយ​លំពែង គឺមាត់ថា អ្នកឯងមិនដឹងធម៌វិន័យនេះទេ យើងទើបដឹងធម៌វិន័យនេះ អ្នកឯង​នឹង​ដឹងធម៌វិន័យនេះ ដូចម្តេចបាន អ្នកឯងប្រតិបត្តិខុស យើងទើបប្រតិបត្តិត្រូវ ពាក្យរបស់​យើង ប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នកឯង មិនប្រកបដោយប្រយោជន៍ទេ ពាក្យ​ដែលគួរនិយាយមុន អ្នកឯងបែរជានិយាយក្រោយ ពាក្យដែលគួរនិយាយក្រោយ អ្នកឯងបែរជានិយាយមុន អ្នកឯងសន្សំតែវត្តដែលខុសៗ បើអ្នកឯងលើកវាទៈឡើង គេ​រមែងតិះដៀលបាន បើអ្នកឯងអាច ចូរប្រព្រឹត្តឲ្យរួចចាកវាទៈចុះ។ ពួកនិគ្រន្ថទាំងនោះ ធ្វើ​នូវជម្លោះគ្នានឹងគ្នា។ សេចក្តីស្លាប់តែមួយនាក់ តែហាក់ដូចប្រព្រឹត្តទៅ ក្នុងពួកនិគ្រន្ថ ជាអន្តេវាសិក របស់និគណ្ឋនាដបុត្រ។ ពួកសាវ័ករបស់និគណ្ឋនាដបុត្រណា ជាគ្រហស្ថ ស្លៀកពាក់ស។ ពួកសាវ័កទាំងនោះ មានសភាពនឿយណាយ ប្រាសចាកសេចក្តីត្រេកអរ មានសភាព​រួញរា ក្នុងធម្មវិន័យ ដែលពួកនិគណ្ឋនាដបុត្រសំដែងខុស ប្រកាសខុស មិន​មែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនមែនព្រះសម្មាសម្ពុទ្ធ​សំដែង ជាថូបៈបែកធ្លាយ មិនមែនជាទីពំនាក់ឡើយ។

[៥២] គ្រានោះ សមណុទ្ទេស ឈ្មោះចុន្ទៈ នៅចាំវស្សា ក្នុងដែនបាវា ចូលទៅរក​ព្រះអានន្ទមានអាយុ ដែលគង់នៅក្នុងសាមគ្រាម លុះចូលទៅដល់ហើយ ក៏អភិវាទ​ព្រះអានន្ទមានអាយុ រួចអង្គុយក្នុងទីសមគួរ។ លុះចុន្ទសមណុទ្ទេស អង្គុយក្នុងទីសមគួរ​ហើយ និយាយនឹងព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន និគណ្ឋនាដបុត្រ ទើបតែនឹងធ្វើមរណកាល ក្នុងដែនបាវា ព្រោះកាលកិរិយា របស់​និគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ ក៏បែកបាក់គ្នាជាពីរពួក។បេ។ ជាថូបៈបែកធ្លាយ មិន​មែនជាទីពំនាក់ឡើយ។ កាលចុន្ទសមណុទ្ទេស និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ និយាយនឹងចុន្ទសមណុទ្ទេស យ៉ាងនេះថា ម្នាលអាវុសោចុន្ទៈ ពាក្យនេះ ជាពាក្យមានមូល គួរនឹងទៅគាល់​ព្រះមានព្រះភាគណាស់ ម្នាលអាវុសោ​ចុន្ទៈ មក យើងនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូល​សេចក្តីនេះ ចំពោះព្រះមានព្រះភាគ។ ចុន្ទសមណុទ្ទេស ក៏ទទួលពាក្យព្រះអានន្ទមាន​អាយុថា ព្រះករុណា លោកម្ចាស់។

[៥៣] លំដាប់នោះ ព្រះអានន្ទមានអាយុ និងចុន្ទសមណុទ្ទេស បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុន្ទសមណុទ្ទេសនេះឯង បាននិយាយ​យ៉ាងនេះថា បពិត្រលោកដ៏ចម្រើន និគណ្ឋនាដបុត្រ ទើបតែនឹងធ្វើមរណកាល ក្នុងដែនបាវា ព្រោះកាលកិរិយា របស់​និគណ្ឋនាដបុត្រនោះ ពួកនិគ្រន្ថ ក៏បែកបាក់គ្នា​ជាពីរពួក កើតទៅជាប្រកួតប្រកាន់ ឈ្លោះទាស់ទែង ចាក់ដោតគ្នានិងគ្នា ដោយលំពែង គឺមាត់ថា អ្នកឯងមិនដឹងធម៌វិន័យនេះទេ យើងទើបដឹងធម៌វិន័យនេះ។បេ។ ជាថូបៈ​បែក​ធ្លាយ មិន​មែនជាទីពំនាក់ឡើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា អំណឹះឥតអំពីព្រះមានព្រះភាគទៅ សូមកុំឲ្យវិវាទ កើតឡើងក្នុងសង្ឃឡើយ ព្រោះថាវិវាទនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាគុណ ដល់ជនច្រើន មិនជាសុខដល់ជន​ច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្ស​ទាំងឡាយ។

[៥៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកយល់សេចក្តីនោះ ដូចម្តេច ធម៌ទាំងឡាយ ដែលតថាគត ត្រាស់ដឹងហើយ សំដែងហើយ ដល់អ្នកទាំងឡាយ ដូចជា​សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គដ៏​ប្រសើរ ប្រកបដោយអង្គ៨ ម្នាលអានន្ទ អ្នកដែលឃើញភិក្ខុពីររូប មានវាទៈផ្សេងគ្នា ក្នុងធម៌​ទាំង​ឡាយនេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ ដែលព្រះមានព្រះភាគ ត្រាស់​ដឹង​ហើយ សំដែងហើយ ដល់ខ្ញុំព្រះអង្គទាំងឡាយ ដូចជា សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ មគ្គដ៏​ប្រសើរ ប្រកបដោយអង្គ៨ ខ្ញុំព្រះអង្គ មិនដែលឃើញភិក្ខុពីររូប មានវាទៈផ្សេងគ្នា ក្នុងធម៌វិន័យនេះឡើយ បពិត្រព្រះអង្គ​ដ៏​ចំរើន មានតែពួកបុគ្គល ដែលជាអ្នកអែបអប នូវព្រះមានព្រះភាគទេ លុះអំណឹះឥត​អំពី​ព្រះមានព្រះភាគទៅ នឹងញុំាងវិវាទ ឲ្យកើតឡើង ក្នុងព្រះសង្ឃ ព្រោះអាជីវៈជាហេតុខ្លះ ព្រោះអធិប្បាតិមោក្ខជាហេតុខ្លះ វិវាទ​នោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាគុណ​ដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជា​ប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្ស​ទាំងឡាយ។ ម្នាលអានន្ទ កាលវិវាទ​ណា​កើត​ឡើង ព្រោះអាស្រ័យអាជីវៈជាហេតុ ឬព្រោះអាស្រ័យអធិប្បាតិមោក្ខ ជាហេតុ វិវាទ​នោះ គ្រាន់តែជាការបន្តិចបន្តួចទេ ម្នាលអានន្ទ មួយទៀត កាលវិវាទណា កើតឡើងក្នុងសង្ឃ ព្រោះអាស្រ័យមគ្គ ឬព្រោះអាស្រ័យបដិបទា វិវាទ​នោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាគុណ ដល់ជនច្រើន មិនជាសុខ ដល់ជនច្រើន មិនជា​ប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្ស​ទាំងឡាយ។

[៥៥] ម្នាលអានន្ទ វិវាទមូលនេះ មាន៦ប្រការ វិវាទមូល ៦ប្រការដូចម្តេច ម្នាល​អានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកច្រើនក្រោធ ជាអ្នកច្រើនចងពៀរ។ ម្នាល​អានន្ទ ភិក្ខុណា ជាអ្នកច្រើនក្រោធ ជាអ្នកច្រើនចងពៀរ ភិក្ខុនោះ ឈ្មោះថា មិនគោរព មិន​កោតក្រែង ចំពោះព្រះសាស្តាផង មិនគោរព មិន​កោតក្រែង ចំពោះព្រះធម៌ផង មិនគោរព មិន​កោតក្រែង ចំពោះព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង។ ម្នាល​អានន្ទ ភិក្ខុណា មិនគោរព មិន​កោតក្រែង ចំពោះព្រះសាស្តា ចំពោះព្រះធម៌… មិនគោរព មិន​កោតក្រែង ចំពោះព្រះសង្ឃផង មិនធ្វើឲ្យពេញលេញ ក្នុងសិក្ខាផង ភិក្ខុនោះ ឈ្មោះថា បង្កើតវិវាទក្នុងសង្ឃ។ វិវាទ (ដែលកើតក្នុងសង្ឃ) តែងប្រព្រឹត្ត​ទៅ ដើម្បីមិនជាគុណ ដល់ជនច្រើន មិនជាសុខ ដល់ជនច្រើន មិនជា​ប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខដល់ពួកទេវតា និងមនុស្ស​។ ម្នាលអានន្ទ បើអ្នកទាំងឡាយ ពិចារណាឃើញវិវាទមូល មានសភាពយ៉ាងនេះ ឰដ៏​ខាងក្នុងក្តី ឰដ៏ខាងក្រៅក្តី ម្នាលអានន្ទ ក្នុងរឿងនោះ អ្នកទាំងឡាយ គួរព្យាយាមលះ​វិវាទមូល ដ៏លាមកនោះចេញ ម្នាលអានន្ទ បើអ្នកទាំងឡាយ ពិចារណាមិនឃើញ​វិវាទ​មូល មានសភាពយ៉ាងនេះ ឰដ៏​ខាងក្នុងក្តី ឰដ៏ខាងក្រៅក្តី ម្នាលអានន្ទ ក្នុងដំណើរនោះ អ្នកទាំងឡាយ គួរប្រតិបត្តិ ដើម្បីកុំឲ្យវិវាទមូល ដ៏លាមកនោះឯង ហូរហៀរតទៅទៀត ការលះ​បង់វិវាទមូល ដ៏លាមកនុ៎ះ រមែងមាន ដោយប្រការយ៉ាងនេះ ការមិនឲ្យវិវាទមូល ដ៏លាមក ហូរហៀរតទៅទៀត រមែងមាន ដោយប្រការយ៉ាងនេះ។

[៥៦] ម្នាលអានន្ទ មួយទៀត ភិក្ខុជាអ្នកច្រើនលុបគុណគេ ជាអ្នកច្រើន​លើកខ្លួន​… ជាអ្នកច្រើនច្រណែន ជាអ្នកកំណាញ់… ជាអ្នកអួតអាង ជាអ្នកមានមាយា… ជាអ្នកមាន​ប្រាថ្នាដ៏លាមក ជាអ្នកមានសេចក្តីឃើញខុស… ជាអ្នកប្រកាន់តាមសេចក្តីយល់ឃើញ​របស់​ខ្លួន ជាអ្នកស្ទាបអង្អែល (នូវសីល និងទិដ្ឋិ) ជាអ្នកប្រកាន់មាំ ជាអ្នកលះបង់​បាន​ដោយ​​កម្រ។ ម្នាលអានន្ទ ភិក្ខុណា ជាអ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកស្ទាបអង្អែល ជាអ្នកប្រកាន់មាំ ជាអ្នកលះបង់បានដោយកម្រ ភិក្ខុនោះ ឈ្មោះថា មិនគោរព មិន​កោតក្រែង ចំពោះព្រះសាស្តាផង មិនគោរព មិន​កោតក្រែង ចំពោះ​ព្រះធម៌​ផង មិនគោរព មិន​កោតក្រែង ចំពោះព្រះសង្ឃផង ជាអ្នកមិនធ្វើឲ្យពេញលេញ ក្នុងសិក្ខា។ ម្នាល​អានន្ទ ភិក្ខុណា មិនគោរព មិន​កោតក្រែង ចំពោះព្រះសាស្តា ​ព្រះធម៌… ព្រះសង្ឃ… ជាអ្នកមិនធ្វើឲ្យពេញលេញ ក្នុងសិក្ខា ភិក្ខុនោះ ឈ្មោះថា បង្កើតវិវាទ​ក្នុងសង្ឃ។ វិវាទ (ដែលកើតឡើង) រមែងប្រព្រឹត្ត​ទៅ ដើម្បីមិនជាគុណ ដល់ជនច្រើន មិនជាសុខ ដល់ជនច្រើន មិនជា​ប្រយោជន៍ មិនជាសេចក្តីចម្រើន ដល់ជនច្រើន ជាទុក្ខ​ដល់ពួកទេវតា និងមនុស្ស។ ម្នាលអានន្ទ បើអ្នកទាំងឡាយ ពិចារណាឃើញវិវាទមូល មានសភាពយ៉ាងនេះ ឰដ៏​ខាងក្នុងក្តី ឰដ៏ខាងក្រៅក្តី ម្នាលអានន្ទ ក្នុងដំណើរនោះ អ្នកទាំងឡាយ គួរព្យាយាម លះបង់​វិវាទមូល ដ៏លាមក​នោះ​ចេញ។ ម្នាលអានន្ទ បើអ្នកទាំងឡាយ ពិចារណាមិនឃើញ​វិវាទ​មូល មានសភាព​យ៉ាង​នេះ ឰដ៏​ខាងក្នុងក្តី ឰដ៏ខាងក្រៅក្តី ម្នាលអានន្ទ ក្នុងដំណើរនោះ អ្នកទាំងឡាយ គួរ​ប្រតិបត្តិ ដើម្បីកុំឲ្យវិវាទមូល ដ៏លាមកនោះឯង ហូរហៀរតទៅ ការលះ​បង់វិវាទ ដ៏លាមកនេះ រមែងមាន ដោយប្រការយ៉ាងនេះ ការមិនឲ្យវិវាទមូល ដ៏លាមកនេះ ហូរហៀរតទៅ រមែងមាន ដោយប្រការយ៉ាងនេះ។ ម្នាលអានន្ទ នេះឯង​វិវាទមូល ៦យ៉ាង។

[៥៧] ម្នាលអានន្ទ អធិករណ៍នេះមាន៤យ៉ាង អធិករណ៍៤យ៉ាង ដូចម្តេចខ្លះ​ អធិករណ៍​៤យ៉ាងគឺ វិវាទាធិករណ៍១ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ ម្នាលអានន្ទ នេះឯង ជាអធិករណ៍៤យ៉ាង។ ម្នាលអានន្ទ អធិករណសមថៈនេះ មាន៧​យ៉ាង គឺសម្មុខាវិន័យ១ សតិវិន័យ១ អមូឡ្ហវិន័យ១ បដិញ្ញាតករណៈ១ យេភុយ្យ​សិកា១ តស្សបាបិយសិកា១ តិណវត្ថារកៈ១ ដែលសង្ឃគប្បីឲ្យ ដើម្បីរម្ងាប់​អធិករណ៍ ដែល​កើតឡើងហើយ។

[៥៨] ម្នាលអានន្ទ ចុះសម្មុខាវិន័យ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុទាំងឡាយ ក្នុង​សាសនានេះ ជជែក​គ្នាថា នេះជាធម៌ ឬថា នេះមិនមែនជាធម៌ ថា នេះជាវិន័យ ឬថា នេះមិនមែនជាវិន័យ។ ម្នាលអានន្ទ ភិក្ខុទាំងអស់នោះឯង គប្បីព្រមព្រៀងគ្នា ប្រជុំប្រៀបធៀប តាមបែបដែលជាធម៌ លុះប្រៀបធៀបតាមបែបដែលជាធម៌រួចហើយ គប្បី​រម្ងាប់អធិករណ៍នោះ ដោយវិធីដែលឲ្យរម្ងាប់តាមបែបដែលជាធម៌នោះ។ ម្នាលអានន្ទ សម្មុខាវិន័យ យ៉ាងនេះ​ឯង។ ការរម្ងាប់អធិករណ៍ពួកខ្លះ ក្នុងសាសនា​នេះ រមែងមានដោយ សម្មុខាវិន័យ យ៉ាងនេះឯង។

[៥៩] ម្នាលអានន្ទ ចុះយេភុយ្យសិកា តើដូចម្តេច។ ម្នាលអានន្ទ បើភិក្ខុទាំងនោះ មិនអាចរម្ងាប់អធិករណ៍នោះ ក្នុងអាវាសនោះបានទេ។ ម្នាលអានន្ទ ក្នុងអាវាសណា មានភិក្ខុច្រើន ភិក្ខុទាំងនោះ គប្បីទៅកាន់អាវាសនោះ។ ភិក្ខុទាំងអស់នោះ គួរ​មកប្រជុំ​គ្នា ក្នុងអាវាសនោះ លុះប្រជុំគ្នាហើយ គួរប្រៀបធៀបតាមបែប​ដែល​ជាធម៌ លុះប្រៀបធៀបតាមបែប ​ដែល​ជាធម៌ហើយ គប្បីរម្ងាប់អធិករណ៍នោះ ដោយវិធី​ដែលឲ្យ​រម្ងាប់ តាមបែបដែលជាធម៌នោះ។ ម្នាលអានន្ទ យេភុយ្យសិកា យ៉ាងនេះឯង។ ការរម្ងាប់​អធិករណ៍​ពួកខ្លះ ក្នុងសាសនា​នេះ រមែងមានដោយយេភុយ្យសិកា យ៉ាងនេះឯង។

[៦០] ម្នាលអានន្ទ ចុះសតិវិន័យ តើដូចម្តេច។ ម្នាលអានន្ទ ក្នុង​សាសនានេះ ភិក្ខុទាំងឡាយ ចោទភិក្ខុដោយគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរង12) បារាជិកក្តី ថា លោកមានអាយុ រលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺ​អាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយ ឃើញឬទេ។ ភិក្ខុនោះ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំរលឹកនូវគរុកាបត្តិ មានសភាព​យ៉ាងនេះ គឺ​អាបត្តិ​បារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំត្រូវហើយ មិនឃើញទេ។ ម្នាលអានន្ទ យ៉ាងនេះ សង្ឃគប្បីឲ្យសតិវិន័យ ដល់ភិក្ខុនោះ។ ម្នាលអានន្ទ សតិវិន័យ យ៉ាងនេះឯង។ ការរម្ងាប់​អធិករណ៍​ពួកខ្លះ ក្នុងសាសនា​នេះ រមែងមាន ដោយសតិវិន័យ យ៉ាងនេះឯង។

[៦១] ម្នាលអានន្ទ ចុះអមូឡ្ហវិន័យ តើដូចម្តេច។ ម្នាលអានន្ទ ក្នុង​សាសនានេះ ភិក្ខុទាំងឡាយ ចោទភិក្ខុដោយគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តីថា លោកមានអាយុ រលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺ​អាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយ ឃើញឬទេ។ ភិក្ខុនោះ និយាយ​យ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំរលឹកនូវគរុកាបត្តិ មានសភាព​យ៉ាងនេះ គឺ​អាបត្តិ​បារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលខ្ញុំត្រូវហើយ មិនឃើញទេ។ ភិក្ខុនោះ ញុំាង​ភិក្ខុនេះ ដែលកំពុងបណ្តោះបណ្តៃ មិនឲ្យ​បណ្តោះបណ្តៃបានថា លោកដ៏មានអាយុ ណ្ហើយ លោកចូរ​ទទួលដឹងដោយស្រួលចុះ បើលោករលឹកឃើញ នូវគរុកាបត្តិ មានសភាព​យ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយ។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល កាលដែល​ខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលនោះ បានប្រព្រឹត្តអនាចារ បានពោល បាន​ព្យាយាមល្មើស នូវកិច្ច​ដែល​មិនមែនជារបស់សមណៈជាច្រើន ខ្ញុំរលឹកមិនឃើញ​អំពើ​នោះ​ទេ អំពើនុ៎ះ ខ្ញុំបានធ្វើដោយសេចក្តីវង្វេង។ ម្នាលអានន្ទ យ៉ាងនេះឯង សង្ឃគប្បី​ឲ្យ​អមូឡ្ហវិន័យ ដល់ភិក្ខុនោះ។ ម្នាលអានន្ទ អមូឡ្ហវិន័យ យ៉ាងនេះឯង។ ការរម្ងាប់​អធិករណ៍​ពួកខ្លះ ក្នុងសាសនា​នេះ រមែងមាន ដោយអមូឡ្ហវិន័យ យ៉ាងនេះឯង។

[៦២] ម្នាលអានន្ទ ចុះបដិញ្ញាតករណៈ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុ​ក្នុង​សាសនានេះ ត្រូវគេចោទក្តី មិនត្រូវគេចោទក្តី តែង​រលឹក តែងបើក តែងធ្វើឲ្យ​រាក់ នូវ​អាបត្តិ។ ម្នាលអានន្ទ ភិក្ខុនោះ គួរចូលមករកភិក្ខុចាស់ជាងខ្លួន ហើយធ្វើចីពរ ឆៀង​ស្មាម្ខាង ថ្វាយបង្គំបាទា អង្គុយច្រហោង ផ្គងអញ្ជលីរួច គួរពោលយ៉ាងនេះថា បពិត្រ​លោកដ៏ចំរើន ខ្ញុំត្រូវអាបត្តិឈ្មោះនេះ ខ្ញុំសូមសំដែង​នូវអាបត្តិនោះ។ ភិក្ខុចាស់នោះ ពោល​យ៉ាងនេះថា លោកឃើញឬ។ ភិក្ខុខ្ចីឆ្លើយថា ខ្ញុំឃើញ។ ភិក្ខុចាស់ពោលថា លោកត្រូវ​សង្រួម​តទៅ។ ភិក្ខុខ្ចីឆ្លើយថា ខ្ញុំនឹងសង្រួម។ ម្នាលអានន្ទ បដិញ្ញាតករណៈ យ៉ាង​នេះឯង។ ការរម្ងាប់​អធិករណ៍​ពួកខ្លះ ក្នុងសាសនា​នេះ រមែងមាន ដោយបដិញ្ញាតករណៈ យ៉ាងនេះឯង។

[៦៣] ម្នាលអានន្ទ ចុះតស្សបាបិយសិកា តើដូចម្តេច។ ម្នាលអានន្ទ ក្នុង​សាសនា​នេះ ភិក្ខុទាំងឡាយ ចោទភិក្ខុដោយគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តីថា លោកដ៏មានអាយុ ចូររលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺ​អាបត្តិបារាជិកក្តី អាបត្តិរងបារាជិកក្តី ដែលលោកត្រូវហើយ។ ភិក្ខុនោះ និយាយ​យ៉ាងនេះ​ថា ម្នាលអាវុសោ ខ្ញុំនឹកនូវគរុកាបត្តិ មានសភាព​យ៉ាងនេះ គឺ​អាបត្តិ​បារាជិកក្តី អាបត្តិ​រង​បារាជិកក្តី ដែលខ្ញុំត្រូវហើយ មិនឃើញទេ។ ភិក្ខុនោះ ញុំាងភិក្ខុនេះ ដែលកំពុង​បណ្តោះ​បណ្តៃ មិនឲ្យបណ្តោះបណ្តៃបានថា ម្នាលលោកដ៏មានអាយុ ណ្ហើយ លោកចូរ​ទទួល​ដឹងដោយស្រួលចុះ បើលោករលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិក​ក្តី អាបត្តិរង​បារាជិកក្តី ដែលលោកត្រូវហើយបាន។ ភិក្ខុនោះ និយាយ​យ៉ាងនេះថា ម្នាល​អាវុសោ ខ្ញុំរលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិបារាជិកក្តី អាបត្តិរង​បារាជិក​ក្តី ដែលខ្ញុំ​ត្រូវហើយ មិនឃើញទេ ម្នាលអាវុសោ តែខ្ញុំ​រលឹកឃើញខ្លះ នូវអាបត្តិ​តិចតួច មានសភាពយ៉ាងនេះ ដែលខ្ញុំ​ត្រូវហើយ។ ភិក្ខុនោះ ញុំាង​ភិក្ខុនេះ ដែលកំពុងបណ្តោះ​បណ្តៃ មិនឲ្យ​បណ្តោះបណ្តៃបានថា ម្នាលលោកមានអាយុ ណ្ហើយ លោកចូរ​ទទួលដឹង ដោយស្រួលចុះ បើលោក​រលឹកនូវគរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិ​បារាជិកក្តី អាបត្តិរង​បារាជិកក្តី ដែលលោកត្រូវហើយបាន។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាល​អាវុសោ អម្បាលខ្ញុំ ត្រូវអាបត្តិ​បន្តិចបន្តួច​ប៉ុណ្ណេះ ដែលលោក​មិនសួរសោះ ក៏គង់តែ​ទទួល​ដឹងបាន ចំណង់​បើខ្ញុំ​ត្រូវគរុកាបត្តិ មានសភាព​យ៉ាងនេះ គឺអាបត្តិ​បារាជិកក្តី អាបត្តិរង​បារាជិកក្តី ដែលលោកសួរហើយ នឹងមិនទទួលដឹងដូចម្តេចបាន។ ភិក្ខុអ្នកចោទ​នោះ និយាយយ៉ាងនេះថា ម្នាល​អាវុសោ អម្បាលលោក ត្រូវអាបត្តិ​បន្តិចបន្តួច​ប៉ុណ្ណេះ ដែលខ្ញុំ​មិនសួរ ក៏នឹងមិន​ទទួល​ដឹង ចំណង់​បើលោក ​ត្រូវគរុកាបត្តិ មានសភាព​យ៉ាងនេះ គឺ អាបត្តិ​បារាជិកក្តី អាបត្តិរង​បារាជិកក្តី ដែលខ្ញុំមិនសួរ នឹងទទួលដឹងដូចម្តេចបាន ម្នាលលោកមានអាយុ ណ្ហើយ លោកចូរទទួលដឹង ដោយស្រួលចុះ បើលោក​រលឹកនូវ​គរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិ​បារាជិកក្តី អាបត្តិរង​បារាជិកក្តី ដែលលោកត្រូវហើយបាន។ ភិក្ខុនោះ និយាយយ៉ាងនេះថា ម្នាល​អាវុសោ ខ្ញុំរលឹក​ឃើញ នូវ​គរុកាបត្តិ មានសភាពយ៉ាងនេះ គឺអាបត្តិ​បារាជិកក្តី អាបត្តិរង​បារាជិកក្តី ដែលខ្ញុំត្រូវហើយ ពាក្យនេះ ខ្ញុំនិយាយលេងទេ ពាក្យនេះ ខ្ញុំ​និយាយក្លែងទេ ខ្ញុំ​រលឹកនូវ​គរុកាបត្តិ មានសភាពយ៉ាងនេះ គឺ អាបត្តិ​បារាជិកក្តី អាបត្តិរង​បារាជិកក្តី ដែលខ្ញុំត្រូវហើយ មិនឃើញឡើយ។ ម្នាល​អានន្ទ តស្សបាបិយសិកា យ៉ាងនេះឯង។ ការរម្ងាប់​អធិករណ៍​ពួកខ្លះ ក្នុងសាសនា​នេះ រមែងមាន ដោយតស្សបាបិយសិកា យ៉ាងនេះឯង។

[៦៤] ម្នាលអានន្ទ ចុះតិណវត្ថារកៈ តើដូចម្តេច។ ម្នាលអានន្ទ ក្នុង​សាសនា​នេះ ភិក្ខុទាំងឡាយ នាំគ្នាបង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយបានប្រព្រឹត្ត​អនាចារ បានពោល បានព្យាយាមល្មើស នូវកិច្ចមិនមែន​ជារបស់សមណៈជាច្រើន ម្នាលអានន្ទ ភិក្ខុទាំង​អស់​នោះឯង គប្បីព្រមព្រៀងប្រជុំគ្នា លុះប្រជុំគ្នាហើយ ភិក្ខុ១រូប ដែលជាអ្នកឈ្លាស ជាងភិក្ខុ​ដែលជាបក្ខពួកជាមួយគ្នា គប្បី​ក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំ​ទាំងឡាយ ក្នុងទីនេះ នាំ​គ្នាបង្កហេតុ ឈ្មោះទាស់ទែងគ្នា ហើយបានប្រព្រឹត្តអនាចារ បានពោល បានព្យាយាម​ល្មើស នូវកិច្ចមិនមែន​ជារបស់សមណៈជាច្រើន បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ ខ្ញុំសូមសំដែងអាបត្តិ របស់លោក​មានអាយុទាំងនេះផង អាបត្តិរបស់​ខ្លួនខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ជំនួសលោកមានអាយុទាំងឡាយ​នេះផង ដើម្បីខ្លួនខ្ញុំផង វៀរលែងតែ​អាបត្តិ ដែលមានទោសធ្ងន់ និងអាបត្តិដែល​ជាគិហិប្បដិសំយុត្ត។ លំដាប់នោះ ភិក្ខុ១រូប ជាអ្នកឈ្លាសជាងភិក្ខុទាំងឡាយ ដែលជាបក្ខ​ពួកជាមួយគ្នាដទៃទៀត គប្បី​ក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមសង្ឃស្តាប់ខ្ញុំ យើងខ្ញុំ​ទាំងឡាយ ក្នុងទីនេះ នាំ​គ្នាបង្កហេតុ ឈ្មោះទាស់ទែងគ្នា បានប្រព្រឹត្តអនាចារ បានពោល បានព្យាយាម​ល្មើស នូវកិច្ចមិនមែន​ជារបស់សមណៈជាច្រើន បើកម្មមានកាលដ៏សមគួរ ដល់សង្ឃហើយ ខ្ញុំសូមសំដែងអាបត្តិ របស់លោក​មានអាយុទាំងឡាយនេះផង អាបត្តិរបស់​ខ្ញុំផង ដោយតិណវត្ថារកៈ ក្នុងកណ្តាលជំនុំសង្ឃ ជំនួសលោកមានអាយុទាំងឡាយ​នេះផង ដើម្បីខ្លួនខ្ញុំផង វៀរលែងតែ​អាបត្តិ ដែលមានទោសធ្ងន់ និងអាបត្តិដែល​ជា​គិហិប្បដិសំយុត្ត។ ម្នាលអានន្ទ តិណវត្ថារកៈ យ៉ាងនេះឯង។ ការរម្ងាប់​អធិករណ៍​ពួកខ្លះ ក្នុងសាសនា​នេះ រមែងមាន ដោយតិណវត្ថារកៈ យ៉ាងនេះឯង។

[៦៥] ម្នាលអានន្ទ ធម៌៦ប្រការនេះ ជា សារាណីយធម៌ (ធម៌នាំឲ្យរលឹករកគ្នា) ជាធម៌ធ្វើសេចក្តី​ស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តី​សង្គ្រោះ​គ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់ ធម៌៦ប្រការ តើដូច​ម្តេចខ្លះ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានតាំងកាយកម្ម ប្រកបដោយមេត្តា ក្នុងពួក​សព្រហ្មចារីបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខនេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បី​សេចក្តីសង្គ្រោះគ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បី​សេចក្តី​ស្ងប់​ស្ងាត់១។ ម្នាលអានន្ទ មួយទៀត ភិក្ខុបានតាំងវចីកម្ម ប្រកបដោយមេត្តា។បេ។ ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់១។ ម្នាលអានន្ទ មួយទៀត ភិក្ខុបានតាំងមនោកម្ម ប្រកប​ដោយ​មេត្តា ក្នុងពួក​សព្រហ្មចារីបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បី​សេចក្តីសង្គ្រោះគ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បី​សេចក្តី​ស្ងប់​ស្ងាត់១។ ម្នាលអានន្ទ មួយទៀត លាភទាំងឡាយណា ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បី​ត្រឹមតែអាហារបិណ្ឌបាត ភិក្ខុ​មិនជាអ្នក​ហួងហែង បរិភោគលាភ មានសភាពដូច្នោះឡើយ ជាអ្នកបរិភោគសាធារណ៍ (ជាមួយ) នឹងសព្រហ្មចារីបុគ្គល អ្នកមានសីលទាំងឡាយ នេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សង្គ្រោះ​គ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បី​សេចក្តី​ស្ងប់​ស្ងាត់១។ ម្នាលអានន្ទ មួយទៀត សីលទាំងឡាយណា ដែល​មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីលដែលអ្នកប្រាជ្ញតែងសរសើរ ជាសីល​ដែលតណ្ហា និងទិដ្ឋិមិនបាន​ប៉ះពាល់ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ភិក្ខុជាអ្នកមានសីលស្មើគ្នា ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ (ជាមួយ) នឹងសព្រហ្មចារីបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុង​ទីកំបាំងមុខ នេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បី​សេចក្តីសង្គ្រោះគ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បី​សេចក្តី​ស្ងប់​ស្ងាត់១។ ម្នាលអានន្ទ មួយវិញទៀត ទិដ្ឋិណា​ដ៏ប្រសើរ ជាទិដ្ឋិនាំសត្វចេញចាកវដ្តៈ តែងដឹកនាំបុគ្គល​អ្នកធ្វើតាមនោះ ឲ្យអស់កង​ទុក្ខ ដោយប្រពៃ ភិក្ខុប្រកបដោយ​សេចក្តីយល់ឃើញស្មើគ្នា ដោយទិដ្ឋិ​ មានសភាពដូច្នោះ (ជាមួយ) នឹងសព្រហ្មចារីបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុង​ទីកំបាំងមុខ នេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បី​សេចក្តីសង្គ្រោះគ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បី​សេចក្តី​ស្ងប់​ស្ងាត់១។ ម្នាលអានន្ទ សារាណីយធម៌៦ប្រការនេះឯង ជាធម៌ធ្វើ​សេចក្តី​ស្រឡាញ់​គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បី​សេចក្តីសង្គ្រោះគ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បី​សេចក្តី​ស្ងប់​ស្ងាត់១។

[៦៦] ម្នាលអានន្ទ បើអ្នកទាំងឡាយ បានប្រព្រឹត្ត​ សមាទាន នូវ​សារាណីយធម៌​ទាំង​៦ប្រការនេះ ដោយប្រពៃហើយ ម្នាលអានន្ទ តើអ្នកទាំងឡាយ មិនដែល​ជួប​គន្លង​ពាក្យ ជាពាក្យតូច ឬពាក្យថ្លោស ដែលគួរឲ្យអ្នកទាំងឡាយ អត់សង្កត់​មិនបាន ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ មិនដែលជួបពាក្យនុ៎ះទេ។ ម្នាលអានន្ទ ព្រោះ​ហេតុនោះ អ្នកទាំងឡាយ គួរតែប្រព្រឹត្តសមាទាន នូវសារាណីយធម៌ទាំង៦ប្រការនេះ ដោយ​ប្រពៃចុះ ព្រោះថា ការប្រព្រឹត្ត សមាទាននូវសារាណីយធម៌ របស់អ្នក​ទាំងឡាយ​នោះ នឹងមានប្រយោជន៍ មានសេចក្តីសុខ អស់កាលជាអង្វែង។ លុះព្រះមានព្រះភាគ សំដែងព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ សាមគ្គាមសូត្រ ទី៤។

សុនក្ខត្តសូត្រ ទី៥

(៥. សុនក្ខត្តសុត្តំ)

[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុង​កូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ សម័យនោះឯង មានភិក្ខុច្រើនរូប ប្រកាស​អរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ខ្ញុំព្រះអង្គទាំងឡាយ ដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយ​នៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏​ពួកខ្ញុំ​ព្រះអង្គបានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានទៀតឡើយ។

[៦៨] សុនក្ខត្តលិច្ឆវិបុត្រ បានឮថា មានភិក្ខុច្រើនរូប បានប្រកាស​ព្រះអរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ខ្ញុំព្រះអង្គទាំងឡាយ ដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយ ​នៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏​ពួកខ្ញុំ​ព្រះអង្គ បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានទៀតឡើយ។ ទើបសុនក្ខត្តលិច្ឆវិបុត្រ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះសុនក្ខត្តលិច្ឆវិបុត្រ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​សួរនឹងព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដូច្នេះថា មានភិក្ខុច្រើនរូប ប្រកាស​ព្រះអរហត្តផល ក្នុងសំណាក់​ព្រះមានព្រះភាគ​ថា ខ្ញុំព្រះអង្គទាំងឡាយ ដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយ ​នៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏​ពួកខ្ញុំ​ព្រះអង្គ បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានទៀតឡើយ ភិក្ខុទាំងឡាយណា បាន​ប្រកាស​អរហត្តផល ក្នុងសំណាក់ព្រះមានព្រះភាគថា ខ្ញុំព្រះអង្គទាំងឡាយ ដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយ ​នៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏​ពួកខ្ញុំ​ព្រះអង្គ បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានទៀតឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ទាំងនោះ បានប្រកាស​ព្រះអរហត្តផល ដោយប្រពៃមែនពិត ឬថា​មានភិក្ខុពួកខ្លះ ក្នុងទីនុ៎ះ បានប្រកាស​ព្រះអរហត្តផល ដោយការស្មានដែរ។

[៦៩] ម្នាលសុនក្ខត្ត ពួកភិក្ខុ ដែលប្រកាស​អរហត្តផល ក្នុងសំណាក់​តថាគតថា ខ្ញុំព្រះអង្គទាំងឡាយ ដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ ខ្ញុំព្រះអង្គទាំងឡាយ​នៅចប់ហើយ កិច្ចដែលគួរធ្វើ ក៏​ពួកខ្ញុំ​ព្រះអង្គ បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅពីនេះ មិនមានទៀតទេ នោះ ភិក្ខុខ្លះ ក្នុងទីនុ៎ះ ប្រកាសអរហត្តផល ដោយប្រពៃមែនក៏មាន ភិក្ខុ​ពួកខ្លះក្នុងទីនុ៎ះ ប្រកាសអរហត្តផល ដោយការស្មានក៏មាន។ ម្នាលសុនក្ខត្ត បណ្តាភិក្ខុ​អម្បាលនោះ ភិក្ខុពួកណា ប្រកាស​អរហត្តផលដោយប្រពៃ ការប្រកាសនោះ របស់ភិក្ខុ​ពួកនោះ លើកទុកមួយអន្លើចុះ។ តែចំណែក​ខាងភិក្ខុពួកណា ប្រកាសអរហត្តផល ដោយ​ការស្មាន ម្នាលសុនក្ខត្ត ក្នុងរឿងនេះ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹង​សំដែងធម៌ ដល់ភិក្ខុពួកនោះ។ ម្នាលសុនក្ខត្ត តថាគត មានសេចក្តីត្រិះរិះ ក្នុងហេតុ​នុ៎ះ យ៉ាងនេះថា តថាគត នឹង​សំដែងធម៌ ដល់ភិក្ខុពួកនោះ ដោយឧបាយដូចតទៅនេះ។ កាលបើភិក្ខុពួកខ្លះ ជាមោឃបុរស ក្នុងទីនេះ តាក់តែងសម្រឹតសម្រាំង នូវបញ្ហា ចូលមកសួរតថាគត ម្នាលសុនក្ខត្ត ក្នុងរឿងនោះ តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹង​សំដែងធម៌ ដល់ភិក្ខុទាំងនោះ ដោយប្រការដទៃ (អំពី​បញ្ហារបស់ភិក្ខុទាំងនោះ)។ សុនក្ខត្តលិច្ឆវិបុត្រ ក្រាបង្គំទូលថា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលដែលព្រះមានព្រះភាគ គួរសំដែងធម៌ហើយ បពិត្រព្រះសុគត កាល​នេះ ជាកាលដែលព្រះមានព្រះភាគ គួរសំដែងធម៌ហើយ ពួកភិក្ខុបានស្តាប់​ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលសុនក្ខត្ត បើដូច្នោះ អ្នកចូរប្រុងស្តាប់ ចូរ​ធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ សុនក្ខត្តលិច្ឆវិបុត្រ ទទួលព្រះពុទ្ធ​ដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[៧០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសុនក្ខត្ត កាមគុណនេះ មាន៥ប្រការ កាមគុណ៥ប្រការ តើដូចម្តេចខ្លះ កាមគុណ៥ប្រការនោះគឺ រូប ដែល​គួរ​ដឹងច្បាស់ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ១ សំឡេង ដែលគប្បីដឹងច្បាស់ដោយសោតៈ…១ ក្លិន ដែលគប្បីដឹងច្បាស់ដោយឃានៈ…១ រស ដែលគប្បីដឹងច្បាស់ដោយជិវ្ហា…១ ផោដ្ឋព្វៈ ដែលគប្បីដឹងច្បាស់ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ១។ ម្នាលសុនក្ខត្ត នេះឯង កាមគុណ៥ប្រការ។

[៧១] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរក​លោកាមិសៈ រមែងមាន។ ម្នាលសុនក្ខត្ត ពាក្យសំដីរបស់​បុរសបុគ្គល​ ដែលមានអធ្យាស្រ័យឱនទៅរក​លោកាមិសៈ តែហានិយាយឡើង រមែងប្រមៀលទៅរកកាមគុណផង បុរសបុគ្គលនោះ តែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅ តាមកាមគុណនោះផង តែងគប់រក នូវបុរសបែបនោះផង តែងដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង ចំណែក​ខាងពាក្យសំដី ដែលគេនិយាយ ប្រកបដោយអានេញ្ជសមាបត្តិ បុរសបុគ្គល​នោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតាំងចិត្ត ដើម្បីដឹងផង មិនគប់រក នូវបុរសបែប​នោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ដូចជាបុរស​ចេញអំពីស្រុក ឬនិគមរបស់ខ្លួន ដែលជាទីធ្លាប់នៅយូរហើយ។ បុរសនោះ កាលបើឃើញ​បុរសណាមួយ ដែល​ទើបនឹងចេញអំពីស្រុក ឬនិគមនោះ។ បុរសនោះ គប្បីសួរនូវភាព នៃ​ស្រុក ឬនិគមនោះ ដែលជាដែនមានសេចក្តីក្សេមក្សាន្តផង ជាដែនមានភិក្ខាហារដ៏​សម្បូណ៌ផង ជាដែនមិនមានអាពាធផង ចំពោះបុរសនោះ។ បុរសនោះ គប្បី​និយាយ​ប្រាប់នូវភាព នៃ​ស្រុក ឬនិគមនោះ ដែលជាដែនមានសេចក្តីក្សេមក្សាន្តផង ជាដែនមានភិក្ខាហារ ដ៏​សម្បូណ៌ផង ជាដែនមិនមានអាពាធផង ដល់បុរសនោះ។ ម្នាលសុនក្ខត្ត អ្នកសំគាល់សេចក្តីនោះ ដូចម្តេច តើបុរសនោះ គប្បីស្តាប់ពាក្យសំដី​ របស់​បុរសនោះ ផ្ចង់ត្រចៀកស្តាប់ តាំងចិត្តដើម្បីដឹង គប់រកនូវ​បុរសនោះផង ដល់នូវ​សេចក្តី​គោរព ទៅរកបុរសនោះផង ដែរឬ។ សុនក្ខត្តលិច្ឆវិបុត្រ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ព្រះអង្គត្រាស់ថា ម្នាលសុនក្ខត្ត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរក​លោកាមិសៈ រមែងមាន ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅក្នុង​លោកាមិសៈ តែហានិយាយឡើង រមែងប្រមៀលទៅរកកាមគុណផង បុរសបុគ្គលនោះ តែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅ តាមកាមគុណនោះផង តែងគប់រក នូវបុរសបែបនោះផង តែងដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង ឯពាក្យសំដី ដែលគេនិយាយ ប្រកបដោយអានេញ្ជសមាបត្តិ បុរសបុគ្គល​នោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតាំងចិត្ត ដើម្បីដឹងផង មិនគប់រក នូវបុរសបែប​នោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ បុរសបុគ្គលនោះ បណ្ឌិត​គប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យ ឱនទៅក្នុងលោកាមិសៈ ដោយប្រការដូច្នេះ។

[៧២] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ រមែងមាន។ ម្នាលសុនក្ខត្ត ពាក្យសំដី​បុរស​បុគ្គល​ ដែលមានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ តែហានិយាយឡើង រមែង​ប្រមៀលទៅរកអានេញ្ជសមាបត្តិនោះ បុរសបុគ្គលនោះ រមែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅ តាមអានេញ្ជសមាបត្តិនោះផង តែង​គប់រក នូវបុរសនោះផង តែងដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង ចំណែក​ខាងពាក្យសំដី ដែលគេនិយាយ ប្រកបដោយលោកាមិសៈ បុរសបុគ្គល​នោះ មិនចង់ស្តាប់​ផង មិនផ្ចង់ត្រចៀកផង មិនតាំងចិត្ត ដើម្បីដឹងផង មិនគប់រក នូវបុរសបែប​នោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ស្លឹកឈើទុំ មានពណ៌លឿង ជ្រុះចេញចាកទងហើយ មិនគួរ​ដើម្បីនៅខៀវខ្ចីទៀតបានឡើយ យ៉ាងណាមិញ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកអានេញ្ជ​សមាបត្តិ រមែងជ្រុះចាកការប្រកបក្នុងលោកាមិសៈ ក៏យ៉ាងនោះដែរ។ បុរសបុគ្គល​នោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ ប្រាសចាក​ការប្រកប​ក្នុងលោកាមិសៈហើយ ដោយប្រការដូច្នេះ។

[៧៣] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ រមែងមាន។ ម្នាលសុនក្ខត្ត សំដីរបស់​បុរសបុគ្គល​ ដែលមានអធ្យាស្រ័យឱនទៅរក​អាកិញ្ចញ្ញាយតនសមាបត្តិ តែហានិយាយឡើង តែងប្រមៀលទៅរកអាកិញ្ចញ្ញាយតនសមាបត្តិផង បុរសបុគ្គលនោះ តែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅ តាមអាកិញ្ចញ្ញាយតន​សមាបត្តិនោះផង តែងគប់រក នូវបុរសបែបនោះផង តែងដល់នូវសេចក្តីគោរព ទៅរក​បុរស​បែបនោះផង ចំណែក​ខាងពាក្យសំដី ដែលគេនិយាយ ប្រកបដោយ​អានេញ្ជ​សមាបត្តិ បុរសបុគ្គល​នោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតាំងចិត្ត ដើម្បីដឹង​ផង មិនគប់រកបុរសបែប​នោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ដូចដុំថ្មក្រាស់ បែកចេញជាពីរភាគ មិនជាប់គ្នាវិញបាន យ៉ាងណាមិញ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ រមែង​បែកចេញអំពីការប្រកបក្នុងអានេញ្ជសមាបត្តិ ក៏យ៉ាងនោះឯង។ បុរសបុគ្គល​នោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ ប្រាស​ចាក​ការប្រកប ក្នុងអានេញ្ជសមាបត្តិហើយ ដោយប្រការដូច្នេះ។

[៧៤] ម្នាលសុនក្ខត្ត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មាន​អធ្យាស្រ័យឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ រមែងមាន។ ម្នាលសុនក្ខត្ត បុរសបុគ្គល​ ដែលមានអធ្យាស្រ័យឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ តែ​ហា​និយាយឡើង តែងប្រមៀលទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិនោះផង បុរសបុគ្គលនោះ តែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែល​ប្រព្រឹត្តទៅ តាមនេវសញ្ញានាសញ្ញាយតនសមាបត្តិនោះផង តែងគប់រកនូវបុរសបែបនោះផង តែងដល់នូវសេចក្តីគោរព ទៅរក​បុរស​បែបនោះផង ទោះបីសំដី ដែលគេនិយាយ ប្រកបដោយអាកិញ្ចញ្ញាយតនសមាបត្តិ ក៏បុរសបុគ្គល​នោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតំកល់ចិត្តដើម្បីដឹងផង មិនគប់រកនូវបុរសបែប​នោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ប្រៀបដូច​បុរសបរិភោគ​រួចហើយ គប្បីចោលនូវ​ភោជន ជាទីគាប់ចិត្ត។ ម្នាលសុនក្ខត្ត អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច ម្នាលសុនក្ខត្ត បុរសនោះ តើគប្បីមានសេចក្តីប្រាថ្នា ក្នុងភត្តនោះ​ទៀត ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីប្រាថ្នាក្នុងភត្ត របស់បុរស​នោះ មិនមានទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះភត្តនោះ គេសន្មតថា ជា​របស់បដិកូល។ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យ​ឱនទៅរក​នេវសញ្ញានាសញ្ញាយតនសមាបត្តិ រមែងខ្ជាក់ចោល នូវការប្រកប ក្នុងអាកិញ្ចញ្ញាយតន​សមាបត្តិនោះ ក៏មានឧបមេយ្យ យ៉ាងនេះឯង។ បុរសបុគ្គល​នោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យ ឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ ប្រាស​ចាក​ការប្រកបដោយអាកិញ្ចញ្ញាយតនសមាបត្តិហើយ ដោយប្រការដូច្នេះ។

[៧៥] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មាន​អធ្យាស្រ័យឱនទៅរកព្រះនិព្វាន ដោយប្រពៃ រមែងមាន។ ម្នាលសុនក្ខត្ត បុគ្គល​ ដែលមានអធ្យាស្រ័យ ឱនទៅរកព្រះនិព្វាន ដោយប្រពៃ តែ​ហា​និយាយឡើង តែងប្រមៀល​ទៅរកព្រះនិព្វាននោះផង បុរសបុគ្គលនោះ រមែងត្រិះរិះរឿយៗ ពិចារណា​រឿយៗ នូវហេតុដែល​ប្រព្រឹត្តទៅ តាមព្រះនិព្វាននោះផង គប់រកនូវ​បុរស​បែប​នោះ​ផង តែងដល់នូវសេចក្តីគោរព ទៅរក​បុរស​បែបនោះផង ទោះបីសំដី ដែលគេ​និយាយ ប្រកបដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ក៏បុរសបុគ្គល​នោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតំកល់ចិត្តដើម្បីដឹងផង មិនគប់រកនូវបុរសបែប​នោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ដើមត្នោតកំបុតចុង មិនគួរដើម្បីដុះលូតលាស់ឡើងបាន យ៉ាងណាមិញ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យ​ឱនទៅរកព្រះនិព្វាន ដោយប្រពៃ រមែងផ្តាច់ផ្តិល នូវការប្រកប ក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែល គាស់រំលើងឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌​លែងមានកំណើត តទៅមុខទៀតហើយ ក៏យ៉ាងនោះឯង។ បុរសបុគ្គល​នោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យ​ឱនទៅរកព្រះនិព្វាន ដោយប្រពៃ ប្រាស​ចាក​ការប្រកបដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិហើយ ដោយប្រការដូច្នេះ។

[៧៦] ម្នាលសុនក្ខត្ត ហេតុដែលនាំឲ្យភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា សរ ព្រះសមណៈត្រាស់ហើយថា ជាតណ្ហា ទោសជាពិស គឺអវិជ្ជា តែង​កម្រើកឡើង ដោយសារឆន្ទរាគ និងព្យាបាទ សរ គឺតណ្ហានោះ អាត្មាអញ បានលះបង់​ហើយ ទោសជាពិស គឺអវិជ្ជា ក៏អាត្មាអញ បាននាំចេញហើយដែរ អាត្មាអញ មាន​អធ្យាស្រ័យឱនទៅរក​ព្រះនិព្វាន ដោយប្រពៃហើយ សេចក្តី​ត្រិះរិះយ៉ាងនេះ ដូច្នេះ​ជាដើម ជាសេចក្តីត្រិះរិះមានប្រយោជន៍ ក៏រមែងមាន។ តែភិក្ខុនោះ បែរ​ជាប្រកប​រឿយៗ នូវអារម្មណ៍ មិនជាទីសប្បាយ សម្រាប់អ្នកដែលមានអធ្យាស្រ័យ ឱនទៅរក​ព្រះនិព្វាន ដោយប្រពៃ។ គឺ ប្រកប​រឿយៗ នូវរូប មិនជាទីសប្បាយ ដោយចក្ខុ ប្រកបរឿយៗ នូវសំឡេង​មិនជាទីសប្បាយ ដោយសោតៈ ប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ ប្រកប​រឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា ប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយដោយកាយ ប្រកបរឿយៗ នូវធម៌​មិនជាទីសប្បាយ ដោយចិត្ត។ កាលភិក្ខុនោះ ប្រកប​រឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ ប្រកប​រឿយៗ នូវសំឡេង មិនជាទីសប្បាយ ដោយសោតៈ ប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ ប្រកប​រឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា ប្រកប​រឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ ប្រកប​រឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត រាគៈក៏គ្របសង្កត់ចិត្ត។ ភិក្ខុនោះ លុះត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏ដល់នូវមរណៈ ឬដល់​នូវ​សេចក្តីទុក្ខ ស្ទើរតែមរណៈ។ ម្នាលសុនក្ខត្ត ដូចបុរសត្រូវសរ ដែលត្រាំ​ដោយថ្នាំ​ពិស ជ្រាបជោកជាំហើយ មិត្រអាមាត្យ ញាតិសាលោហិត របស់បុរសនោះ ក៏ឲ្យ​ពេទ្យវះ ជាអ្នកស្ទាត់ជំនាញរក្សា។ ពេទ្យវះអ្នកស្ទាត់ជំនាញនោះ វះមុខដំបៅរបស់បុរសនោះ ដោយ​គ្រឿងសស្ត្រា លុះវះមុខដំបៅ ដោយគ្រឿង​សស្ត្រារួចហើយ ក៏រាវរកសរ ដោយគ្រឿង​សម្រាប់រាវរក (ដង្កៀប) លុះរាវរកសរ ដោយគ្រឿងសម្រាប់រាវរកហើយ ក៏​ដកចេញនូវសរ មានពិសជាទោស ដែលសេសសល់នៅ ក៏ដឹងថា ពិសជាទោសនោះ មិនមាននៅសេសសល់ទេ។ ពេទ្យវះនោះ និយាយយ៉ាងនេះថា នែបុរសដ៏ចម្រើន សរ​របស់អ្នក យើងបានដកចេញហើយ ពិសជាទោស យើងបាននាំចេញ ឥតមានសេស​សល់ឡើយ ល្មមមិនមានអន្តរាយដល់អ្នកហើយ អ្នកគួរបរិភោគតែភោជន ដែលជាទី​សប្បាយ អ្នកកុំបរិភោគភោជនមិនជាទីសប្បាយ ឲ្យដំបៅរីកឡើយ អ្នកគួរលាងដំបៅ តាម​កាលដ៏សមគួរផង គួរលាបមុខដំបៅ តាមកាលដ៏សមគួរផង អ្នកកុំ​មិនលាង​ដំបៅ​ តាមកាលដ៏សមគួរ កុំមិនលាបមុខដំបៅ តាមកាលដ៏សមគួរ ឲ្យមុខដំបៅដែលមានខ្ទុះ និងឈាមរុំជិតឡើយ អ្នកកុំដើរហាលខ្យល់ និងកំដៅថ្ងៃ អ្នកកុំដើរហាលខ្យល់ និងកំដៅថ្ងៃ ឲ្យលំអងធូលី រុំមុខដំបៅឡើយ នែបុរសដ៏ចម្រើន អ្នកត្រូវនៅរក្សាដំបៅ ត្រូវនៅផ្សះដំបៅចុះ។ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សររបស់អាត្មាអញ ពេទ្យបានដកយកចេញហើយ ពិសជាទោស ពេទ្យបាននាំចេញ ឥតមានសេសសល់​ហើយ ល្មមមិនមានអន្តរាយ ដល់អាត្មាអញហើយ។ បុរសនោះ ក៏បរិភោគភោជន​ មិនជាទី​សប្បាយផង កាលដែលបុរសនោះ បរិភោគភោជនមិនជាទីសប្បាយ ដំបៅក៏ដរ រីកឡើង ទាំងមិនលាងដំបៅ តាមកាលដ៏សមគួរ ទាំងមិនលាបមុខដំបៅ តាមកាល​ដ៏សមគួរ កាល​ដែលបុរសនោះ មិនលាងមុខដំបៅ តាមកាលដ៏សមគួរ មិនលាបដំបៅ តាមកាលដ៏​សមគួរ ខ្ទុះ និងឈាម ក៏រួបរឹតស្ទះមុខដំបៅ បុរសនោះ ប្រកបរឿយៗ នូវការដើរហាល​ខ្យល់ និងកំដៅថ្ងៃ កាលដែលបុរសនោះ ប្រកប​រឿយៗ នូវការដើរហាលខ្យល់ និងកំដៅថ្ងៃ លំអងធូលី ក៏រុំមុខដំបៅ បុរសនោះ ឈ្មោះថា មិនរក្សាដំបៅផង មិនផ្សះ​ដំបៅផង បុរសនោះ មិនបាននាំចេញនូវវត្ថុមិនស្អាត និងពិសជាទោស ដែលនៅសេស​សល់ ព្រោះកិរិយាមិនជាទីសប្បាយនេះឯង មុខដំបៅទើបដរឡើង ដោយហេតុ​ទាំងពីរ​នោះ។ បុរសនោះ ក៏ដល់នូវមរណៈ ឬដល់នូវទុក្ខ ស្ទើរតែមរណៈ ដោយដំបៅដែលដរ​ឡើង សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលសុនក្ខត្ត មានឧបមេយ្យដូចហេតុដែល​នាំ​ឲ្យភិក្ខុរូបខ្លះ ក្នុងសាសនានេះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា សរ ព្រះសមណៈ​ត្រាស់​ហើយ​ថា ជាតណ្ហា ទោសជាពិស គឺអវិជ្ជា តែង​កម្រើកឡើង ដោយសារឆន្ទរាគ និងព្យាបាទ សរ គឺតណ្ហានោះ អាត្មាអញ បានលះបង់​ហើយ ទោសជាពិស គឺអវិជ្ជា អាត្មាអញ បាននាំចេញហើយ អាត្មាអញ មាន​អធ្យាស្រ័យឱនទៅរក​ព្រះនិព្វាន ដោយប្រពៃហើយ សេចក្តី​ត្រិះរិះយ៉ាងនេះ ដូច្នេះ​ជាដើម ជាការមានប្រយោជន៍។ តែ​ភិក្ខុនោះ បែរជាប្រកបរឿយៗ នូវអារម្មណ៍មិនជាទីសប្បាយ សម្រាប់អ្នកដែល​មាន​អធ្យាស្រ័យ​ឱនទៅរក​ព្រះនិព្វាន ដោយប្រពៃ គឺ ប្រកប​រឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ ប្រកបរឿយៗ នូវសំឡេង​មិនជាទីសប្បាយ ដោយសោតៈ ប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ ប្រកប​រឿយៗ នូវរស មិនជាទី​សប្បាយ ដោយជិវ្ហា ប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ ប្រកប​រឿយៗ នូវធម្មារម្មណ៍​ មិនជាទីសប្បាយ ដោយចិត្ត។ កាលភិក្ខុនោះ ប្រកប​រឿយៗ នូវការឃើញ​រូប មិនជាទីសប្បាយ ដោយចក្ខុ ប្រកប​រឿយៗ នូវសំឡេង មិនជាទីសប្បាយ ដោយ​សោតៈ ប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ ប្រកប​រឿយៗ នូវរស មិន​ជា​ទីសប្បាយ ដោយជិវ្ហា ប្រកប​រឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ ប្រកប​រឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត រាគៈ ក៏គ្របសង្កត់ចិត្ត។ ភិក្ខុនោះ លុះ​ត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏ដល់នូវមរណៈ ឬដល់​នូវ​ទុក្ខ ស្ទើរតែមរណៈ។ ម្នាលសុនក្ខត្ត ពាក្យថា មរណៈ នេះ សំដៅយក​ភិក្ខុ ដែលពោលលាសិក្ខា ក្នុងវិន័យ របស់​ព្រះអរិយៈ ហើយទៅប្រព្រឹត្តខ្លួន ជាបុគ្គលថោក​ទាប​វិញ។ ម្នាលសុនក្ខត្ត ពាក្យថា ទុក្ខ ស្ទើរតែមរណៈ នេះ សំដៅយកភិក្ខុ ដែលត្រូវ​អាបត្តិ​ណាមួយ ដែលនាំឲ្យសៅហ្មង​ព្រម។

[៧៧] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យភិក្ខុខ្លះ ក្នុងសាសនានេះ មាន​សេចក្តី​​ត្រិះរិះ យ៉ាងនេះថា សរ ព្រះសមណៈត្រាស់ហើយថា ជាតណ្ហា ទោសជាពិស គឺអវិជ្ជា តែង​កម្រើកឡើង ដោយសារឆន្ទរាគ និងព្យាបាទ សរ គឺតណ្ហានោះ អាត្មាអញ បានលះបង់​ហើយ ទោសជាពិស គឺអវិជ្ជា អាត្មាអញ បាននាំចេញហើយ អាត្មាអញ មាន​អធ្យាស្រ័យ ឱនទៅរក​ព្រះនិព្វាន ដោយប្រពៃហើយ ដូច្នេះ​ រមែងមាន។ កាលដែល​គេកំពុង​មានអធ្យាស្រ័យ ឱនទៅរក​ព្រះនិព្វានដោយប្រពៃ ភិក្ខុនោះ មិនប្រកប​រឿយៗ នូវអារម្មណ៍ មិនជាទីសប្បាយ សម្រាប់បុគ្គលអ្នកមានអធ្យាស្រ័យឱនទៅរក​ព្រះនិព្វាន ដោយប្រពៃឡើយ គឺ មិនប្រកប​រឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ មិនប្រកបរឿយៗ នូវសំឡេង​មិនជាទីសប្បាយ ដោយសោតៈ មិនប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ មិនប្រកប​រឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា មិនប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយដោយកាយ មិនប្រកបរឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត។ កាលភិក្ខុនោះ មិនប្រកប​រឿយៗ នូវការឃើញរូប មិនជា​ទី​សប្បាយ ដោយចក្ខុ មិនប្រកប​រឿយៗ នូវសំឡេង មិនជាទីសប្បាយ ដោយសោតៈ មិនប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ មិនប្រកប​រឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា មិនប្រកប​រឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ មិនប្រកប​រឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត រាគៈ ក៏មិនគ្របសង្កត់ចិត្ត។ លុះភិក្ខុនោះ មិនត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏មិនដល់នូវមរណៈ ឬមិនដល់​នូវ​ទុក្ខ ស្ទើរតែមរណៈទេ។ ម្នាលសុនក្ខត្ត ដូចបុរសត្រូវសរ ដែលត្រាំ​ដោយថ្នាំ​ពិស ជ្រាប​ជោក​ជាំ​ហើយ មិត្រអាមាត្យ ញាតិសាលោហិត របស់បុរសនោះ គប្បីឲ្យ​ពេទ្យវះ អ្នកស្ទាត់​ជំនាញ​រក្សា។ ពេទ្យវះអ្នកស្ទាត់ជំនាញនោះ គប្បីវះនូវមុខដំបៅ របស់បុរសនោះ ដោយ​សស្ត្រា លុះវះនូវមុខដំបៅ ដែលមានសរ ដោយគ្រឿង​សស្ត្រារួចហើយ គប្បីរាវរកសរ ដោយគ្រឿង​សម្រាប់រាវរក លុះរាវរកសរ ដោយគ្រឿងសម្រាប់រាវរករួចហើយ គប្បី​ដកចេញ​នូវ​សរ ដែលមានពិសជាទោស មិនឲ្យមាននៅសេសសល់ ពេទ្យវះនោះ ក៏ដឹងថា មិនមាន​ពិស នៅសេសសល់ទេ។ ពេទ្យវះនោះ និយាយយ៉ាងនេះថា នែបុរសដ៏ចម្រើន សរ​របស់អ្នក យើងបានដក​ចេញ​ហើយ ពិសជាទោស យើងបាននាំចេញ ឥតមានសេស​សល់ឡើយ ល្មមមិនមានសេចក្តី​អន្តរាយ ដល់អ្នកហើយ អ្នកគួរបរិភោគភោជន ជាទី​សប្បាយ អ្នកកុំបរិភោគ​ភោជន​មិន​ជាទីសប្បាយ ឲ្យរីកដំបៅឡើយ អ្នកគប្បីលាងដំបៅ តាម​កាលដ៏សមគួរផង គប្បីលាប​មុខ​ដំបៅ តាមកាលដ៏សមគួរផង អ្នកកុំ​ខានលាង​ដំបៅ​ តាមកាលដ៏សមគួរ កុំខានលាប​មុខដំបៅ តាមកាលដ៏សមគួរ ឲ្យមុខដំបៅដែលមានខ្ទុះ និងឈាមរុំជិតឡើយ អ្នកកុំ​ដើរហាលខ្យល់ និងកំដៅថ្ងៃ អ្នកកុំដើរហាលខ្យល់ និង​កំដៅ​ថ្ងៃ ឲ្យលំអង គឺធូលី រុំមុខដំបៅឡើយ នែបុរសដ៏ចម្រើន អ្នកគប្បីនៅរក្សាដំបៅផង គប្បី​នៅផ្សះ​ដំបៅផង។ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សររបស់អាត្មាអញ ពេទ្យវះ បានដកយក​ចេញ​ហើយ ពិសជាទោស ពេទ្យវះ បាននាំចេញ ឥតមាន​សេសសល់​​ហើយ ល្មមមិន​មានសេចក្តីអន្តរាយ ដល់អាត្មាអញហើយ។ បុរសនោះ គប្បីបរិភោគភោជន​ ជាទី​សប្បាយ កាលបុរសនោះ បរិភោគតែភោជនជាទីសប្បាយ ដំបៅក៏មិនរីកឡើង ទាំងលាងនូវដំបៅ តាមកាលដ៏សមគួរ ទាំងលាបនូវមុខដំបៅ តាមកាលដ៏សមគួរ កាល​បុរសនោះ លាងដំបៅ តាមកាលដ៏សមគួរ លាបមុខដំបៅ តាមកាលដ៏​សមគួរហើយ ខ្ទុះ និងឈាម ក៏មិនរួបរឹតមុខដំបៅ បុរសនោះ មិនប្រកប​ នូវការដើរហាល​ខ្យល់ និងកំដៅថ្ងៃ កាលបុរសនោះ មិនប្រកប​ នូវការដើរហាលខ្យល់ និងកំដៅថ្ងៃហើយ លំអងធូលី ក៏មិនបានរុំមុខដំបៅ បុរសនោះ ឈ្មោះថា ជាអ្នក​រក្សានូវដំបៅផង ជាអ្នកផ្សះនូវ​ដំបៅផង បុរសនោះ បាននាំចេញនូវពិស ជាទោស មិនស្អាត ដែលនៅសេស​សល់ ព្រោះសេចក្តី​សប្បាយនេះឯង មុខដំបៅក៏ដុះឡើង ដោយហេតុ​ទាំងពីរ​នោះ។ បុរសនោះ ក៏មិនដល់នូវមរណៈ ឬមិនដល់នូវទុក្ខ ស្ទើរតែមរណៈឡើយ ព្រោះដំបៅដែល​មាន​សម្បុរថ្ងៃ ដុះដាល​ឡើង សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលសុនក្ខត្ត មានឧបមេយ្យ ដូចហេតុដែល​នាំ​ឲ្យភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្តី​ត្រិះរិះ ដូច្នេះថា សរ ព្រះសមណៈ​ ត្រាស់​ហើយ​ថា ជាតណ្ហា ទោសជាពិស គឺអវិជ្ជា តែង​កម្រើកឡើង ដោយ​ឆន្ទរាគ និងព្យាបាទ សរ គឺតណ្ហានោះ អាត្មាអញ បានលះបង់​ហើយ ទោស​ជាពិស គឺអវិជ្ជា អាត្មាអញ បាននាំ​ចេញហើយ អាត្មាអញ មាន​អធ្យាស្រ័យឱនទៅរក​ព្រះនិព្វាន ដោយប្រពៃហើយ ដូច្នេះ រមែងមាន។ កាលគេកំពុងមានអធ្យាស្រ័យ ឱនទៅរកព្រះ​និព្វាន ដោយប្រពៃ ​ភិក្ខុនោះ មិនប្រកបរឿយៗ នូវអារម្មណ៍មិនជាទីសប្បាយ សម្រាប់អ្នក​មាន​អធ្យាស្រ័យ​ឱនទៅរក​ព្រះនិព្វាន ដោយប្រពៃ គឺ មិនប្រកប​រឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ មិនប្រកបរឿយៗ នូវសំឡេង​មិនជាទីសប្បាយ ដោយសោតៈ មិនប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ មិនប្រកប​រឿយៗ នូវរស មិនជាទី​សប្បាយ ដោយជិវ្ហា មិនប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ មិនប្រកប​រឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត។ កាលភិក្ខុនោះ មិនប្រកប​រឿយៗ នូវការឃើញ​រូប មិនជាទីសប្បាយ ដោយចក្ខុ មិនប្រកប​រឿយៗ នូវសំឡេង មិនជាទីសប្បាយ ដោយ​សោតៈ មិនប្រកប​រឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ មិនប្រកប​រឿយៗ នូវរស មិន​ជា​ទីសប្បាយ ដោយជិវ្ហា មិនប្រកប​រឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ មិនប្រកប​រឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត រាគៈក៏មិនអាចគ្របសង្កត់ចិត្តបាន។ លុះភិក្ខុនោះ មិន​ត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏មិនដល់នូវមរណៈ ឬមិនដល់​នូវ​ទុក្ខ ស្ទើរតែមរណៈឡើយ។ ម្នាលសុនក្ខត្ត សេចក្តីឧបមានេះ តថាគតបានធ្វើ ដើម្បីនឹងញុំាងជន​ឲ្យដឹងសេចក្តី។ ឯសេចក្តីក្នុង​ឧបមានុ៎ះ ដូចតទៅនេះ។ ម្នាលសុនក្ខត្ត ពាក្យថា ដំបៅនុ៎ះ ជាឈ្មោះនៃអាយតនៈ ដែលប្រព្រឹត្ត​ទៅខាងក្នុងទាំង៦។ ម្នាលសុនក្ខត្ត ពាក្យថា ពិសជាទោស នុ៎ះ ជាឈ្មោះនៃអវិជ្ជា។ ម្នាលសុនក្ខត្ត ពាក្យថា សរ នុ៎ះ ជាឈ្មោះនៃតណ្ហា។ ម្នាលសុនក្ខត្ត ពាក្យថា គ្រឿង​សម្រាប់​រាវរក នុ៎ះ ជាឈ្មោះនៃស្មារតី។ ម្នាលសុនក្ខត្ត ពាក្យថា សស្ត្រា នុ៎ះ ជាឈ្មោះនៃ​បញ្ញា ដ៏ប្រសើរ។ ម្នាលសុនក្ខត្ត ពាក្យថា ពេទ្យវះដ៏ជំនាញ នុ៎ះ ជាឈ្មោះនៃព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលសុនក្ខត្ត ភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួម ក្នុងផស្សាយតនៈ ទាំង៦ ដឹងច្បាស់ថា កិលេស ជាឫសនៃសេចក្តីទុក្ខ លុះដឹងដូច្នេះ​ហើយ ក៏ជាអ្នកមិនមានកិលេស ជាអ្នករួចស្រឡះហើយ ព្រោះការអស់ទៅនៃ​កិលេស នឹង​បង្អោន​កាយ ឬនឹងផ្តេកផ្តួលចិត្ត ទៅក្នុងកិលេស ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលសុនក្ខត្ត ដូចផ្តិលសំរឹទ្ធ ដល់ព្រមដោយពណ៌ ដោយក្លិន ដោយរស តែថា ផ្តិលសំរឹទ្ធ​នោះ ប្រឡាក់ដោយថ្នាំពិស។ កាលបើមានបុរសអ្នកចង់រស់ មិនចង់ស្លាប់ ចង់សុខ ខ្ពើម​ទុក្ខ មកដល់។ ម្នាលសុនក្ខត្ត អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តើបុរសនោះ គួរផឹកទឹក នឹងផ្តិលសំរិទ្ធឯណោះ ដែលខ្លួនដឹងថា អាត្មាអញ ផឹកទឹកនេះទៅហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែមរណៈដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនផឹកទឹកនឹងផ្តិលសំរិទ្ធនុ៎ះទេ។

[៧៨] ម្នាលសុនក្ខត្ត សេចក្តីនេះ មានឧបមេយ្យដូចភិក្ខុនោះឯង ជាអ្នកធ្វើនូវ​ការសង្រួម ក្នុងផស្សាយតនៈ ៦ ដឹងច្បាស់ថា កិលេស ជាឫសនៃសេចក្តីទុក្ខ។បេ។ ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។ ម្នាលសុនក្ខត្ត ដូចជាអាសិរពិស មានពិសដ៏ពន្លឹក។ កាលបើបុរសអ្នកចង់រស់ មិនចង់ស្លាប់ ចង់សុខ ខ្ពើម​ទុក្ខ មកដល់។ ម្នាលសុនក្ខត្ត អ្នកសំគាល់សេចក្តីនោះ ដូចម្តេច តើបុរសនោះ គួរហុចដៃទាំងឡាយ ឬហុច​មេដៃ​ ឲ្យដល់អាសិរពិស មានពិសដ៏ពន្លឹកឯណោះ ដែលខ្លួនដឹងថា អាសិរពិសនេះ ចឹកអាត្មាអញហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែមរណៈដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនហុចឲ្យអាសិរពិសនោះទេ។

[៧៩] ម្នាលសុនក្ខត្ត សេចក្តីនេះ មានឧបមេយ្យដូចភិក្ខុនោះឯង ជាអ្នកធ្វើនូវ​ការសង្រួម ក្នុងផស្សាយតនៈ ៦ ដឹងច្បាស់ថា កិលេស ជាឫសនៃសេចក្តីទុក្ខ លុះដឹងដូច្នេះហើយ ក៏ជាអ្នកមិនមានកិលេស រួចស្រឡះហើយ ព្រោះតែការអស់ទៅ​នៃកិលេស នឹងបង្អោនកាយ ឬផ្តេកផ្តួលចិត្ត ទៅរកកិលេស ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។ លុះព្រះមានព្រះភាគ សំដែងព្រះសូត្រនេះចប់ហើយ សុនក្ខត្តលិច្ឆវិបុត្រ មានចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ សុនក្ខត្តសូត្រ ទី៥។

អានេញ្ជសប្បាយសូត្រ ទី៦

(៦. អានេញ្ជសប្បាយសុត្តំ)

[៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​កម្មាសធម្មនិគម របស់អ្នកកុរុទាំងឡាយ ក្នុងកុរុជនបទ។ នៅទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធ​ដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[៨១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ ជាសភាវៈ​មិនទៀង ជារបស់ទទេ ជារបស់កុហក មានការវិនាសជាធម្មតា ម្នាលភិក្ខុទាំងឡាយ ពាក្យថា កាមនេះ ដូចជាវត្ថុដែលគេធ្វើដោយឧបាយកល13) ជាសំដីរបស់ជនពាល កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណាដែលប្រព្រឹត្តទៅក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅក្នុងបរលោកក្តី ទាំង​មួយគូនុ៎ះ ជាទីនៅនៃមារ នុ៎ះជាវិស័យរបស់មារ នុ៎ះជាចំណីរបស់មារ នុ៎ះជាទីគោចរ របស់​មារ អកុសល ដ៏លាមកទាំងនោះ ដែល​កើតអំពីចិត្ត ទោះជាអភិជ្ឈាក្តី ព្យាបាទក្តី សារម្ភៈ (ការ​ប្រណាំងប្រជែង)ក្តី រមែងប្រព្រឹត្តទៅ ក្នុងកាមទាំងនុ៎ះ ឯកិលេស ទាំង៣នោះ រមែង​កើត ដើម្បីអន្តរាយ ដល់អរិយសាវ័ក អ្នកកំពុងសិក្សារឿយៗ ក្នុងសាសនានេះ។

[៨២] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក តែងពិចារណា ក្នុងកាមនោះ ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណាដែលប្រព្រឹត្តទៅក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី ទាំង​មួយគូនុ៎ះ ជាទីនៅនៃមារ នុ៎ះជាវិស័យរបស់មារ នុ៎ះជាចំណីរបស់មារ នុ៎ះជាទីគោចរ របស់​មារ អកុសលដ៏លាមកទាំងនេះ ដែល​កើតអំពីចិត្ត ទោះជាអភិជ្ឈាក្តី ព្យាបាទក្តី សារម្ភៈក្តី រមែងប្រព្រឹត្តទៅ ក្នុងកាមទាំងនុ៎ះ ឯកិលេសទាំង៣នោះ រមែង​កើត ដើម្បីអន្តរាយ ដល់អរិយសាវ័ក អ្នកកំពុងសិក្សារឿយៗ ក្នុងសាសនានេះ បើដូច្នោះ គួរតែ​អាត្មាអញ យកមហគ្គតចិត្តដ៏ទូលាយ ទៅគ្របសង្កត់ នូវលោក គឺកាមគុណ អធិដ្ឋាន (នូវ​ឈានារម្មណ៍) ដោយចិត្ត ហើយសម្រេចសម្រាន្តនៅ ព្រោះថា កាលបើអាត្មាអញ យកមហគ្គតចិត្ត14) ដ៏ទូលាយ ទៅគ្របសង្កត់ នូវលោក គឺកាមគុណ អធិដ្ឋាន (នូវ​ឈានារម្មណ៍) ដោយចិត្តហើយ អកុសល ដ៏លាមក​ទាំងឡាយណា ដែលកើតអំពីចិត្ត ទោះជា​អភិជ្ឈាក្តី ព្យាបាទក្តី សារម្ភៈក្តី អកុសលទាំងនោះ នឹងមិនមានតទៅ មួយទៀត ចិត្ត​របស់អាត្មាអញ នឹងមិនមែនជា​បរិត្តចិត្តផង15) ជាចិត្តប្រមាណមិនបានផង16) ជាចិត្តដែលអាត្មាអញ ចម្រើនដោយល្អផង17) ព្រោះលះបង់ នូវអកុសលទាំងនោះ។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិយ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិ​នោះ ដោយច្រើនហើយ ចិត្តរមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ18) កាលបើសេចក្តីជ្រះថ្លា​មាន​ហើយ អរិយសាវ័កនោះ ក៏ដល់នូវ​អានេញ្ជធម៌19) ក្នុងកាលឥឡូវនេះផង ចុះចិត្តស៊ប់ ដោយបញ្ញាផង។20) លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណ​នោះ ក៏នឹងដល់នូវ អានេញ្ជធម៌ ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អានេញ្ជសប្បាយប្បដិបទា21) ទី១។

[៨៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណាដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណានីមួយ រូបទាំងអស់ (នោះ) គឺមហាភូតរូប៤ និងរូប22) ដែលអាស្រ័យ នូវមហាភូតរូប៤ក្តី។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិ​យ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តរមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់​ អានេញ្ជធម៌23) ក្នុងកាលឥឡូវ​នេះផង ចុះចិត្តស៊ប់ ដោយបញ្ញាផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹងដល់នូវអានេញ្ជធម៌ ដោយហេតុណា ហេតុនុ៎ះឯង តែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អានេញ្ជសប្បាយប្បដិបទា ទី២។

[៨៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណា ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី ទាំងមួយគូនុ៎ះ ជារបស់មិនទៀង ធម្មជាតណាមិនទៀង ធម្មជាតនោះ មិនគួរដើម្បីត្រេកអរឡើយ មិនគួរដើម្បីសរសើរ មិនគួរដើម្បី​ចូលចិត្ត​ឡើយ។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិ​យ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តី​ប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវ​អានេញ្ជធម៌24) ក្នុងកាលឥឡូវ​នេះផង ចុះចិត្តស៊ប់ ដោយ​បញ្ញា​ផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹង​ដល់នូវអានេញ្ជធម៌ ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អានេញ្ជសប្បាយប្បដិបទា ទី៣។

[៨៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណា ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី អានេញ្ជសញ្ញាណាក្តី សញ្ញាទាំងអស់នេះ រលត់​ឥតមាន​សេសសល់ ក្នុងធម្មជាតណា ធម្មជាតនុ៎ះដ៏ល្អិត ធម្មជាតនុ៎ះដ៏ឧត្តម គឺអាកិញ្ចញ្ញាយតនជ្ឈាន។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិ​យ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ក្នុងកាលឥឡូវ​នេះផង ចុះចិត្តស៊ប់ ដោយ​បញ្ញា​ផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹង​ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អាកិញ្ចញ្ញាយតនសប្បាយប្បដិបទា ទី១។

[៨៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក ទៅនៅក្នុងព្រៃក្តី ទៅនៅក្រោម​ម្លប់ឈើក្តី ទៅនៅក្នុងផ្ទះដ៏ស្ងាត់ក្តី តែងពិចារណា ដូច្នេះថា ធម្មជាតនេះ សូន្យ ចាកខ្លួន ឬចាករបស់ដែល​អាស្រ័យនឹងខ្លួនក្តី។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិ​យ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ក្នុងកាលឥឡូវ​នេះផង ចុះចិត្តស៊ប់ ដោយ​បញ្ញា​ផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹង​ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អាកិញ្ចញ្ញាយតនសប្បាយប្បដិបទា ទី២។

[៨៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណា ដូច្នេះថា អាត្មាអញ មិនបានឃើញ (នូវខ្លួន) ក្នុងទីបន្តិចបន្តួច មិនបានឃើញ (នូវខ្លួន) ដែលគួរ​បង្អោន​ទៅរកកង្វល់ របស់បុគ្គលនីមួយទេ មួយទៀត មិនបានឃើញ (នូវខ្លួន) របស់បុគ្គល​ដទៃ ក្នុងទីនីមួយ ឯកង្វល់របស់អាត្មាអញ មិនមានឡើយ។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិ​យ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ក្នុងកាលឥឡូវ​នេះផង ចុះចិត្តស៊ប់ ដោយ​បញ្ញា​ផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណ​នោះ ក៏នឹង​ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ អាកិញ្ចញ្ញាយតនសប្បាយប្បដិបទា ទី៣។

[៨៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណា ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី កាម​សញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី អានេញ្ជសញ្ញាណាក្តី អាកិញ្ចញ្ញាយតនសញ្ញា​ណាក្តី សញ្ញា​ទាំងអស់នោះឯង តែងរលត់ ឥតមានសេសសល់ ក្នុងធម្មជាតណា ធម្មជាតនុ៎ះដ៏​ល្អិត ធម្មជាតនុ៎ះដ៏ឧត្តម គឺនេវសញ្ញានាសញ្ញាយតនជ្ឈាន។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិ​យ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ក្នុងកាលឥឡូវ​នេះផង ចុះចិត្តស៊ប់ ដោយ​បញ្ញា​ផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណ​នោះ ក៏នឹង​ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ នេវសញ្ញានាសញ្ញា​យតន​សប្បាយប្បដិបទា។

[៨៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏​ក្រាបបង្គំទូល ចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះថា បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុង​កាលមុនទេ វិបាកវដ្តៈ ក៏មិនគប្បីមាន ដល់អាត្មាអញ ក្នុងកាលឥឡូវនេះ បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុងកាលឥឡូវនេះទេ វិបាកវដ្តៈ ក៏នឹងមិនមានដល់អាត្មាអញ ក្នុង​អនាគតកាល ខន្ធបញ្ចកៈណា ដែលមាន ដែលកើត ក្នុងកាលឥឡូវនេះ អាត្មាអញ លះបង់​នូវខន្ធបញ្ចកៈនោះ ភិក្ខុនោះ បាននូវ​ឧបេក្ខាយ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនោះ គួររំលត់កិលេសបាន ឬមិនគួររំលត់កិលេសបានទេ។ ម្នាលអានន្ទ ភិក្ខុខ្លះ គួររំលត់កិលេសបាន ក្នុងឧបេក្ខានេះ ភិក្ខុខ្លះ មិនគួររំលត់កិលេសបាន ក្នុងឧបេក្ខានេះ​ទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យភិក្ខុខ្លះ គួររំលត់កិលេសបាន ក្នុងឧបេក្ខានេះ ភិក្ខុខ្លះ មិនគួររំលត់កិលេសបាន ក្នុងឧបេក្ខានេះ។

[៩០] ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះថា បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុង​កាលមុនទេ វិបាកវដ្តៈ ក៏មិនគប្បីមាន ដល់អាត្មាអញ ក្នុងកាល​ឥឡូវនេះ បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុងកាលឥឡូវនេះទេ វិបាកវដ្តៈ នឹងមិនមាន​ដល់អាត្មាអញ ក្នុង​អនាគតកាល ខន្ធបញ្ចកៈណា ដែលមាន ដែលកើត ក្នុងកាល​ឥឡូវ​នេះ អាត្មាអញ លះបង់​នូវខន្ធបញ្ចកៈនោះ ភិក្ខុនោះ បាននូវ​ឧបេក្ខា (យ៉ាងនេះ) ភិក្ខុនោះ ក៏ត្រេកអរ សរសើរនូវឧបេក្ខានោះ តាំងនៅដោយសេចក្តីចូលចិត្តស៊ប់ កាលបើភិក្ខុនោះ ត្រេកអរ សរសើរនូវឧបេក្ខានោះ តាំងនៅដោយសេចក្តីចូលចិត្តស៊ប់ហើយ វិញ្ញាណណា ដែលអាស្រ័យនូវវិបស្សនានោះ វិញ្ញាណនោះ ជាឧបាទាន25) របស់ភិក្ខុនោះ ម្នាលអានន្ទ ភិក្ខុដែលប្រកបដោយឧបាទាន រមែង​រំលត់កិលេសមិនបានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុនោះ កាលបើកាន់យក នូវ​បដិសន្ធិ តែងកាន់យកក្នុងទីណា។ ម្នាលអានន្ទ ភិក្ខុនោះ កាន់យកនូវ​បដិសន្ធិ ក្នុងនេវសញ្ញានាសញ្ញាយតនភព។ បពិត្រព្រះអង្គដ៏ចំរើន បានឮថា ភិក្ខុនោះ កាលកាន់យកនូវ​បដិសន្ធិ តែងកាន់យកក្នុងភពដ៏ប្រសើរឬ។ ម្នាលអានន្ទ ភិក្ខុនោះ កាល​កាន់យកនូវបដិសន្ធិ តែងកាន់យកក្នុងភពដ៏ប្រសើរ ម្នាលអានន្ទ ឯភពដ៏ប្រសើរនុ៎ះ បានដល់នេវសញ្ញានាសញ្ញាយតនភព។

[៩១] ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះថា បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុង​កាលមុនទេ វិបាកវដ្តៈ ក៏មិនគប្បីមាន ដល់អាត្មាអញ ក្នុងកាល​ឥឡូវនេះ បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុងកាលឥឡូវនេះទេ វិបាកវដ្តៈ ក៏នឹងមិនមាន​ដល់អាត្មាអញ ក្នុង​អនាគតកាល ខន្ធបញ្ចកៈណា ដែលមាន ដែលកើត ក្នុងកាល​ឥឡូវ​នេះ អាត្មាអញ លះបង់​នូវខន្ធបញ្ចកៈនោះ ភិក្ខុនោះ បាននូវ​ឧបេក្ខា (យ៉ាងនេះ) តែភិក្ខុនោះ មិនបានត្រេកអរ មិនបានសរសើរ នូវឧបេក្ខានោះ មិនបានតាំងនៅ ដោយសេចក្តី​​ចូលចិត្តស៊ប់ កាលបើភិក្ខុនោះ មិនបានត្រេកអរ មិនបានសរសើរ នូវឧបេក្ខានោះ មិនបានតាំងនៅ ដោយសេចក្តីចូលចិត្តស៊ប់ វិញ្ញាណណា ដែលមិនអាស្រ័យ នូវវិបស្សនានោះ វិញ្ញាណនោះ មិនមែនជាឧបាទាន របស់ភិក្ខុនោះ​ឡើយ ម្នាលអានន្ទ ភិក្ខុមិនមានឧបាទាន រមែង​រំលត់កិលេសបាន។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ឮថា ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ជាគ្រឿង​ឆ្លងចាកឱឃៈ ដល់ខ្ញុំព្រះអង្គទាំងឡាយ ព្រោះ​អាស្រ័យរឿយៗ (នូវ​សមាបត្តិនោះ) បពិត្រព្រះអង្គដ៏ចំរើន ចុះអរិយវិមោក្ខ តើដូចម្តេច។

[៩២] ម្នាលអានន្ទ អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណា ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី អានេញ្ជសញ្ញាណាក្តី អាកិញ្ចញ្ញាយតនសញ្ញា​ណាក្តី នេវសញ្ញានាសញ្ញាយតនសញ្ញាណាក្តី ទាំងអស់នេះ ឈ្មោះថា សក្កាយៈ (ចំណែក​តេភូមិកវដ្តធម៌) ទាំងអម្បាលមាណ ក៏ឈ្មោះថា សក្កាយៈដែរ សភាព ដែលធ្វើចិត្ត ឲ្យរួច​ចាកកិលេស ព្រោះមិនមានប្រកាន់មាំ នុ៎ះ ឈ្មោះថា អមតៈ។ ម្នាលអានន្ទ អានេញ្ជសប្បាយប្បដិបទា ដែលតថាគតបានសំដែងហើយក្តី អាកិញ្ចញ្ញាយតនសប្បាយ​ប្បដិបទា ដែលតថាគតបានសំដែងហើយក្តី នេវសញ្ញានាសញ្ញាយតនសប្បាយ​ប្បដិបទា ដែលតថាគតបានសំដែងហើយក្តី ធម៌ជាគ្រឿងឆ្លងចាកឱឃៈ ព្រោះអាស្រ័យ​រឿយៗ (នូវ​សមាបត្តិនោះ) ដែលតថាគតបានសំដែងហើយក្តី ដោយប្រការដូច្នេះ ឈ្មោះថា អរិយវិមោក្ខ។ ម្នាលអានន្ទ អំពើណា ដែលព្រះសាស្តា ជាអ្នកស្វែងរកនូវប្រយោជន៍ ជាអ្នក​អនុគ្រោះ គប្បីធ្វើដល់ពួកសាវ័ក ព្រោះអាស្រ័យសេចក្តីអនុគ្រោះ អំពើនោះ តថាគត បានធ្វើហើយ ដល់អ្នកទាំងឡាយ ម្នាលអានន្ទ ទីទាំងអម្បាលនេះ ហៅថា រុក្ខមូល ទីទាំងអម្បាលនេះ ហៅថា សុញ្ញាគារដ្ឋាន។ ម្នាលអានន្ទ អ្នកទាំងឡាយ ចូរ​ចម្រើនឈាន ចូរកុំប្រមាទ ចូរកុំមានសេចក្តីស្តាយក្រោយ ក្នុងកាលជាខាងក្រោយឡើយ នេះជាពាក្យប្រៀនប្រដៅ នូវអ្នកទាំងឡាយ របស់តថាគត។ លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ មានសេចក្តី​ត្រេកអរ រីករាយហើយ នឹងភាសិត របស់ព្រះមានព្រះភាគ។

ចប់ អានេញ្ជសប្បាយសូត្រ ទី៦។

គណកមោគ្គល្លានសូត្រ ទី៧

(៧. គណកមោគ្គល្លានសុត្តំ)

[៩៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ឰដ៏​មិគារមាតុប្រាសាទ26) ក្នុងបុព្វារាម ជិត​ក្រុងសាវត្ថី។ គ្រានោះឯង ព្រាហ្មណ៍ឈ្មោះ គណកមោគ្គល្លាន ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមាន​ព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួរ​រលឹក ហើយ​អង្គុយ​ក្នុងទីសមគួរ។ លុះគណកមោគ្គល្លានព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន មិគារមាតុប្រាសាទ​នេះ ប្រាកដជាមានការសិក្សាជាលំដាប់ មានការធ្វើជាលំដាប់ មានផ្លូវសម្រាប់ដើរទៅ ជាលំដាប់ គឺកំណត់តាំងអំពីកាំជណ្តើរជាន់ក្រោមបំផុតឡើងទៅ បពិត្រព្រះគោតម​ដ៏ចំរើន ឯពួកព្រាហ្មណ៍ទាំងនេះ ក៏ប្រាកដជាមានការសិក្សាជាលំដាប់ មានការធ្វើជា​លំដាប់ មានបដិបទាជាលំដាប់ ក្នុងការរៀននូវវេទមន្ត បពិត្រព្រះគោតមដ៏ចំរើន ឯពួក​ខ្មាន់ធ្នូទាំងនេះ ប្រាកដជាមានការសិក្សាជាលំដាប់ មានការធ្វើជាលំដាប់ មានបដិបទា​ជាលំដាប់ ក្នុងវិជ្ជារបស់ខ្មាន់ធ្នូ បពិត្រព្រះគោតមដ៏ចំរើន ឯយើងទាំងឡាយ ជាអ្នករាប់27) អ្នក​ចិញ្ចឹមជីវិត ដោយការរាប់ ក៏ប្រាកដជាមានការសិក្សា​ជាលំដាប់ មានការធ្វើជាលំដាប់ មានបដិបទាជាលំដាប់ ក្នុងការរាប់ បពិត្រព្រះគោតម​ដ៏ចំរើន ព្រោះថា យើងទាំងឡាយ បាននូវកូនសិស្សទាំងឡាយ រមែងបង្រៀនឲ្យ​រាប់ជាដំបូងយ៉ាងនេះថា មួយ ចំនួនមួយ ពីរ ចំនួនពីរ បី ចំនួនបី បួន ចំនួនបួន ប្រាំ ចំនួនប្រាំ ប្រាំមួយ ចំនួនប្រាំមួយ ប្រាំពីរ ចំនួនប្រាំពីរ ប្រាំបី ចំនួនប្រាំបី ប្រាំបួន ចំនួនប្រាំបួន ដប់ ចំនួនដប់ បពិត្រព្រះគោតមដ៏ចំរើន យើងទាំងឡាយ បង្រៀនឲ្យរាប់ដល់​មួយរយក៏មាន យ៉ាង​ណាមិញ បពិត្រព្រះគោតមដ៏ចំរើន ចុះព្រះអង្គ អាចដើម្បីបញ្ញត្ត នូវការសិក្សា​ជាលំដាប់ ការធ្វើជាលំដាប់ បដិបទាជាលំដាប់ ក្នុងធម្មវិន័យនេះបានយ៉ាងនោះដែរឬ។

[៩៤] ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតអាចដើម្បីបញ្ញត្ត នូវការសិក្សា​ជាលំដាប់ ការធ្វើជាលំដាប់ បដិបទាជាលំដាប់ ក្នុងធម្មវិន័យនេះបាន។ ម្នាលព្រាហ្មណ៍ បុរសអ្នកបង្ហាត់សេះ ជាអ្នកឈ្លាសវៃ បាននូវសេះអាជានេយ្យដ៏ល្អ តែងបង្វឹកបង្ហាត់​ ដោយខ្សែបង្ហៀរជាដំបូង រួចបង្វឹកបង្ហាត់តទៅជាលំដាប់ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ តថាគត បាននូវបុរស ដែលគួរទូន្មាន រមែងទូន្មានជាដំបូង យ៉ាងនេះថា ម្នាលភិក្ខុ អ្នកចូរ​មក ចូរជាបុគ្គលមានសីល ចូរជាអ្នកសង្រួម ក្នុងបាតិមោក្ខសំវរៈ ជាអ្នកបរិបូណ៌ ដោយ​អាចារៈ និងគោចរៈ ជាអ្នកឃើញនូវ​ភ័យ ក្នុងទោសទាំងឡាយ សូម្បីតែបន្តិចបន្តួច ចូរ​សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ក៏យ៉ាងនោះឯង។

[៩៥] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុជាអ្នកមានសីលសង្រួមក្នុងបាតិមោក្ខ​សំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញនូវភ័យក្នុងទោសទាំងឡាយ សូម្បីតែបន្តិច​បន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយរួចហើយ តថាគត ក៏ទូន្មាន​ភិក្ខុនោះ​តទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរជាអ្នករក្សាទ្វា ក្នុងឥន្ទ្រិយទាំងឡាយ បើបានឃើញរូប​ដោយចក្ខុ កុំកាន់យកនូវនិមិត្ត កុំកាន់យកនូវអនុព្យញ្ជនៈឡើយ អភិជ្ឈា និងទោមនស្ស​ទាំងឡាយ ដែលជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមនូវបុគ្គល​ដែលមិនបាន​សង្រួមនូវឥន្ទ្រិយ គឺ​ចក្ខុនុ៎ះ ព្រោះហេតុតែមិនបានសង្រួមនូវឥន្ទ្រិយ គឺចក្ខុណា អ្នកចូរប្រតិបត្តិ ដើម្បីសង្រួម​នូវឥន្ទ្រិយ គឺចក្ខុនោះ ចូររក្សានូវឥន្ទ្រិយ គឺចក្ខុ ចូរដល់នូវសេចក្តីសង្រួមក្នុងឥន្ទ្រិយ គឺចក្ខុ។ បានឮសំឡេងដោយត្រចៀក… បានធុំក្លិនដោយច្រមុះ… បានទទួលរស​ដោយអណ្តាត… បានពាល់ត្រូវផ្សព្វដោយកាយ… បានដឹងច្បាស់ធម្មារម្មណ៍​ដោយចិត្ត កុំកាន់យកនូវនិមិត្ត កុំកាន់យកនូវអនុព្យញ្ជនៈឡើយ អភិជ្ឈា និងទោមនស្ស ដែលជា​អកុសលធម៌ដ៏លាមក គប្បីជាប់តាមនូវបុគ្គល ​ដែលមិនបានសង្រួម នូវឥន្ទ្រិយ គឺចិត្តនុ៎ះ ព្រោះហេតុតែមិនបាន​សង្រួមនូវឥន្ទ្រិយ គឺចិត្តណា អ្នកចូរប្រតិបត្តិ ដើម្បីសង្រួម​នូវឥន្ទ្រិយ គឺចិត្តនោះ ចូររក្សានូវឥន្ទ្រិយ គឺចិត្ត ចូរដល់នូវសេចក្តីសង្រួមក្នុងឥន្ទ្រិយ គឺចិត្ត។

[៩៦] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុបានរក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយហើយ តថាគត ក៏ទូន្មានភិក្ខុនោះតទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរជាអ្នកដឹងនូវប្រមាណ ក្នុងភោជន អ្នកគប្បីពិចារណាដោយឧបាយ ហើយបរិភោគអាហារ មិនគប្បីបរិភោគ ដើម្បីលេង មិនគប្បីបរិភោគ ដើម្បីសេចក្តីស្រវឹង មិនគប្បីបរិភោគ ដើម្បីប្រដាប់​រាងកាយ មិនគប្បីបរិភោគ ដើម្បីស្អិតស្អាងកាយ គប្បីបរិភោគ ដើម្បីតាំងនៅ ដើម្បីរស់នៅនៃកាយ​នេះជាកំណត់ ដើម្បីបំបាត់នូវសេចក្តីលំបាក ដើម្បីទំនុកបំរុង ដល់ព្រហ្មចារ្យ គប្បីបរិភោគ ដោយគិតថា អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ គឺសេចក្តីឃ្លាន ដែលមានហើយផង ទាំងញុំាងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តិទៅ នៃ​ឥរិយាបថទាំង៤ក្តី​ សេចក្តីមិនមានទោស មានការមិនច្រអូសកាយ ច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយ នឹងមានដល់អាត្មាអញ។

[៩៧] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជនហើយ តថាគត ក៏ទូន្មានភិក្ខុនោះតទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរប្រកបរឿយៗ នូវសេចក្តី​ភ្ញាក់រលឹក ចូរធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ទាំងឡាយ28) ដោយការចង្រ្កម ឬការអង្គុយក្នុងវេលាថ្ងៃ ចូរធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ទាំងឡាយ ដោយការចង្ក្រម ឬការអង្គុយក្នុងបឋមយាមនៃរាត្រី គប្បី​សម្រេចនូវសីហសេយ្យា ផ្អៀងទៅខាងស្តាំ យកជើងតម្រួតលើជើង មានសតិសម្បជញ្ញៈ ធ្វើទុកក្នុងចិត្ត នូវឧដ្ឋានសញ្ញា (សំគាល់ថានឹងក្រោកឡើង) ក្នុងមជ្ឈិមយាមនៃរាត្រី លុះ​ដល់បច្ឆិមយាមនៃរាត្រី ចូរក្រោកឡើង ធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ទាំងឡាយ ដោយការចង្ក្រម ឬការអង្គុយ។

[៩៨] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុបានប្រកបរឿយៗ នូវសេចក្តី​ភ្ញាក់រលឹក​ហើយ តថាគត​ ក៏ទូន្មានភិក្ខុនោះ តទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរប្រកប​ដោយសតិ សម្បជញ្ញៈ គឺធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរឈានទៅមុខ ឈានថយក្រោយ ធ្វើសេចក្តី​ដឹងខ្លួន ក្នុងការក្រឡេកមើលត្រង់ ក្រឡេកមើលចំហៀង ធ្វើសេចក្តីដឹងខ្លួន ក្នុងការ​បត់​អវយវៈចូល លាអវយវៈចេញ ធ្វើសេចក្តីដឹងខ្លួន ក្នុងការប្រើប្រាស់សង្ឃាដិ បាត្រ ចីវរ ធ្វើ​សេចក្តីដឹងខ្លួន ក្នុងការស៊ី ផឹក ទំពា ក្រេប ជញ្ជក់ ធ្វើសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់​ឧច្ចារៈ បស្សាវៈ ធ្វើសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ រលឹក និយាយ ស្ងៀម។

[៩៩] ម្នាលព្រាហ្មណ៍ កាលណាបើភិក្ខុបានប្រកបដោយសតិ សម្បជញ្ញៈ​ហើយ តថាគត​ ក៏ទូន្មានភិក្ខុនោះ តទៅថា ម្នាលភិក្ខុ អ្នកចូរមក ចូរប្រើប្រាស់នូវសេនាសនៈ​ស្ងាត់ គឺព្រៃ29) ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃខ្មោច ព្រៃ​ឆ្ងាយ30) ទីវាលស្រឡះ ទីគំនរចំបើង។ ភិក្ខុនោះ ក៏ប្រើប្រាស់នូវសេនាសនៈ​ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាភ្នំ ព្រៃខ្មោច ព្រៃ​ឆ្ងាយ ទីវាលស្រឡះ ទីគំនរចំបើង។ ភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត អង្គុយ​ផ្គត់ភ្នែន តម្កល់កាយឲ្យត្រង់ ហើយផ្ចង់ស្មារតី ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន។ ភិក្ខុនោះ ក៏លះបង់នូវអភិជ្ឈា (កាមច្ឆន្ទៈ) ក្នុងលោក គឺកាយ មានចិត្តប្រាសចាកអភិជ្ឈា ធ្វើចិត្តឲ្យស្អាត ចាកអភិជ្ឈា លះបង់នូវសេចក្តី​ប្រទូស្ត គឺព្យាបាទ មានចិត្តមិនព្យាបាទ មាន​ការផ្ចុងផ្តើម និងសេចក្តីអនុគ្រោះ ដល់សត្វមានជីវិតទាំងពួង ធ្វើចិត្តឲ្យស្អាត ចាក​សេចក្តី​ប្រទូស្ត គឺព្យាបាទ លះបង់នូវថីនមិទ្ធៈ គឺសេចក្តីខ្ជិលច្រអូស មានចិត្តប្រាសចាក​ថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ មានសតិសម្បជញ្ញៈ ធ្វើចិត្តឲ្យស្អាត ចាកថីនមិទ្ធៈ លះបង់​នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តី​រាយមាយ និងសេចក្តីរំខានចិត្ត មានចិត្ត​មិន​បាន​រាយមាយ មានចិត្ត​ខាងក្នុងស្ងប់រម្ងាប់ហើយ ធ្វើចិត្តឲ្យស្អាត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់​នូវវិចិកិច្ឆា គឺ​សេចក្តីសង្ស័យ ឆ្លងផុតសេចក្តីសង្ស័យហើយ ឥតមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយ ធ្វើចិត្តឲ្យស្អាត ចាកវិចិកិច្ឆា។

[១០០] ភិក្ខុនោះ ក៏លះបង់នូវនីវរណៈ ទាំង៥នេះ ដែល​ជាគ្រឿង​សៅហ្មងនៃចិត្ត ជាធម្មជាតធ្វើបញ្ញាឲ្យមានកំឡាំងថយ ហើយក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់​នូវទុតិយជ្ឈាន ព្រោះមានចិត្តនឿយណាយ ចាកបីតិ។បេ។ បានដល់នូវ​តតិយ​ជ្ឈាន ព្រោះលះបង់​នូវសុខៈ។បេ។ បានដល់​នូវចតុត្ថជ្ឈាន។ ម្នាលព្រាហ្មណ៍ ភិក្ខុ​ទាំងឡាយ​ណា ជាសេក្ខបុគ្គល​ មានអរហត្តផលចិត្ត មិនទាន់បានសម្រេចនៅឡើយ កំពុង​ប្រាថ្នា នូវព្រះនិព្វានជាទីក្សេមចាកយោគៈ រកគុណជាតដទៃក្រៃលែងជាងគ្មាន តថាគត ក៏តែងប្រើវាចានេះ ដែលជាពាក្យប្រៀនប្រដៅ មានទំនងបែបនេះ ចំពោះ​ភិក្ខុ​ទាំងនោះ។ តែបើភិក្ខុទាំងឡាយណា ជាអរហន្ត មានអាសវៈអស់ហើយ មានព្រហ្ម​ចរិយៈ​ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ មានសោឡសកិច្ចបានធ្វើស្រេចហើយ មានភារៈដាក់ចុះ​ហើយ មានប្រយោជន៍របស់ខ្លួន​បានសម្រេចហើយ មានភវសញ្ញោជនៈ គឺតណ្ហាអស់​រលីង​ហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ ភិក្ខុទាំងនោះ ឈ្មោះថា មានធម៌ទាំងឡាយនេះ ប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បី​សតិសម្បជញ្ញៈផង (តថាគត ពុំបានប្រៀនប្រដៅភិក្ខុទាំងនោះទេ)។

[១០១] កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា ចុះ​ពួកសាវ័ក របស់​ព្រះគោតមដ៏ចំរើន ដែល​ព្រះគោតមដ៏ចំរើនទូន្មានយ៉ាងនេះ ប្រៀន​ប្រដៅ​យ៉ាងនេះ សុទ្ធតែបានព្រះនិព្វាន ដែលជាគុណជាតចប់កិច្ចដោយពិត ទាំងអស់​គ្នាឬ ឬថាពួកខ្លះមិនបានដែរ។ ម្នាលព្រាហ្មណ៍ ពួកសាវ័ក របស់តថាគត ដែល​តថាគត​ទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះក៏បានព្រះនិព្វាន ដែលជាគុណជាត​ចប់កិច្ច​ដោយពិត ពួកខ្លះ ក៏មិនបានដែរ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យ​ដូចម្តេច បានជាព្រះនិព្វានក៏មាន ផ្លូវជាទីទៅកាន់​ព្រះនិព្វានក៏មាន ព្រះគោតមដ៏ចំរើន ជាអ្នកកៀរគរ ប្រមូលសត្វក៏មាន ប៉ុន្តែពួកសាវ័ក របស់ព្រះគោតមដ៏ចំរើន ដែល​ព្រះគោតមដ៏ចំរើន ទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះ ក៏បានព្រះនិព្វាន ដែល​ជាគុណជាតចប់កិច្ចដោយពិត ពួកខ្លះក៏មិនបាន។

[១០២] ម្នាលព្រាហ្មណ៍ បើដូច្នោះ តថាគតនឹងសួរតបចំពោះអ្នកវិញ ក្នុង​ប្រស្នានុ៎ះ បើ​អ្នកពេញចិត្តយ៉ាងណា គប្បីដោះស្រាយនូវប្រស្នានោះ យ៉ាងនោះចុះ ម្នាលព្រាហ្មណ៍ អ្នកសំគាល់​នូវដំណើរនោះ ដូចម្តេច ខ្លួនអ្នកជាបុគ្គលឈ្លាស ក្នុងផ្លូវ​ទៅកាន់ក្រុងរាជ​គហៈដែរឬ។ ព្រះករុណា ព្រះអង្គ ខ្ញុំព្រះអង្គ ជាអ្នកឈ្លាស ក្នុងផ្លូវទៅកាន់ក្រុងរាជគហៈ​ដែរ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ដំណើរនោះ ដូចម្តេច បុរសប្រាថ្នានឹងទៅកាន់ក្រុង​រាជគហៈ គប្បីមកក្នុងទីនេះ បុរសនោះ ចូលមករកអ្នក ហើយសួរយ៉ាងនេះថា នែអ្នក​ដ៏​ចម្រើន ខ្ញុំ​បាទចង់ទៅក្រុងរាជគហៈ អ្នកចូរបង្ហាញផ្លូវ របស់ក្រុងរាជគហៈ ដល់ខ្ញុំបាទ។ អ្នកគប្បីប្រាប់បុរសនោះ យ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមក នេះផ្លូវទៅក្រុង​រាជគហៈ អ្នកចូរដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះអ្នកដើរទៅតាមផ្លូវនោះមួយ​រំពេច​ហើយ នឹងបានឃើញស្រុកឯណោះ អ្នកចូរដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះអ្នក​ដើរទៅ​តាមផ្លូវនោះមួយរំពេចហើយ នឹងបានឃើញនិគមឯណោះទៀត អ្នកចូរ​ដើរទៅ​តាមផ្លូវនោះមួយរំពេចចុះ លុះអ្នកដើរទៅតាមផ្លូវនោះមួយរំពេចហើយ នឹងបានឃើញសួន​ច្បារជាទីសប្បាយ ព្រៃឈើជាទីសប្បាយ ភូមិជាទីសប្បាយ ស្រះបោក្ខរណី ជាទីសប្បាយ របស់ក្រុងរាជគហៈមិនខាន។ បុរសនោះ កាលដែល​អ្នកទូន្មានយ៉ាងនេះ ប្រៀន​ប្រដៅ​យ៉ាងនេះ ក៏កាន់យកផ្លូវខុស ហើយដើរឆ្ពោះទៅ​ខាង​ក្រោយវិញ។ លំដាប់នោះ បុរស​ជាគំរប់ពីរ ប្រាថ្នានឹងទៅកាន់ក្រុងរាជគហៈ គប្បីមកទៀត។ បុរសនោះ ចូលមករកអ្នក ហើយសួរយ៉ាងនេះថា នែអ្នកដ៏ចម្រើន ខ្ញុំបាទចង់ទៅក្រុងរាជគហៈ អ្នកចូរបង្ហាញផ្លូវ​ នៃក្រុងរាជគហៈ ដល់ខ្ញុំបាទផង។ អ្នកគប្បីប្រាប់បុរសនោះ យ៉ាងនេះថា នែបុរសដ៏​ចម្រើន អ្នកចូរមក នេះផ្លូវទៅកាន់​ក្រុងរាជគហៈ អ្នកចូរដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះ​ដើរទៅ​តាមផ្លូវនោះ​មួយរំពេចហើយ នឹងបានឃើញស្រុកឯណោះ អ្នកចូរ​ដើរទៅ​តាមផ្លូវនោះមួយរំពេចចុះ លុះដើរទៅតាមផ្លូវនោះមួយរំពេចហើយ នឹងបានឃើញនិគម​ឯណោះទៀត អ្នកចូរ​ដើរទៅតាមផ្លូវនោះមួយរំពេចចុះ លុះអ្នក​ដើរទៅ​តាម​ផ្លូវនោះ​មួយរំពេចហើយ នឹងបានឃើញនូវសួន​ច្បារជាទីសប្បាយ ព្រៃឈើជាទីសប្បាយ ភូមិ​ជាទីសប្បាយ ស្រះបោក្ខរណី ជាទីសប្បាយ របស់ក្រុងរាជគហៈមិនខាន។ បុរសនោះ កាលបើអ្នក​ទូន្មានយ៉ាងនេះ ប្រៀន​ប្រដៅ​យ៉ាងនេះ ក៏ដើរទៅកាន់ក្រុងរាជគហៈ ដោយសួស្តី។ ម្នាលព្រាហ្មណ៍ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាក្រុងរាជគហៈ ក៏មាន ផ្លូវសម្រាប់ទៅក្រុងរាជគហៈក៏មាន អ្នកជាអ្នកបង្ហាញផ្លូវក៏មាន ប៉ុន្តែកាលដែល​អ្នកទូន្មានយ៉ាងនេះ ប្រៀន​ប្រដៅយ៉ាងនេះ បុរសម្នាក់បែរជាកាន់យកផ្លូវខុស ដើរឆ្ពោះ​មុខទៅខាងក្រោយវិញ ឯបុរសម្នាក់ទៀត បានដើរទៅដល់​ក្រុងរាជគហៈ ដោយសួស្តី។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងរឿងនុ៎ះ ខ្ញុំព្រះអង្គ នឹងធ្វើដូចម្តេចកើត បពិត្រព្រះគោតម​ដ៏ចំរើន ព្រោះខ្ញុំព្រះអង្គ គ្រាន់តែជាអ្នកប្រាប់ផ្លូវប៉ុណ្ណោះទេ។

[១០៣] ម្នាលព្រាហ្មណ៍ សេចក្តីនេះ មានឧបមេយ្យដូចព្រះនិព្វានក៏មាន ផ្លូវសម្រាប់​ទៅកាន់ព្រះនិព្វានក៏មាន តថាគតជាអ្នកកៀរគរ ប្រមូលសត្វក៏មាន ប៉ុន្តែ​ពួកសាវ័ករបស់តថាគត កាលបើតថាគតទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ពួកខ្លះ ក៏បាននូវព្រះនិព្វាន ដែលជាធម្មជាតចប់កិច្ចដោយពិត ពួកខ្លះ ក៏មិនបាន ម្នាលព្រាហ្មណ៍ ក្នុងរឿងនុ៎ះ តថាគតនឹងធ្វើដូចម្តេចកើត ម្នាលព្រាហ្មណ៍ ព្រោះថា តថាគត គ្រាន់តែជាអ្នកប្រាប់ផ្លូវប៉ុណ្ណោះ។

[១០៤] កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ត្រូវការតែចិញ្ចឹម​ជីវិត ចេញចាកផ្ទះទៅ ចូលកាន់ផ្នួស ជាអ្នកលេង31) ជាអ្នកបិទបាំងទោសខ្លួន ជាអ្នកបញ្ឆោត ជាអ្នកមានចិត្តរាយមាយ មានមានះ​ដុះឡើង មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ មិនបានរក្សាទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបរឿយៗ នូវសេចក្តី​ភ្ញាក់​រលឹក មិនរមិលមើល32) ក្នុងសមណធម៌ (ផ្នួស) មិនមានការគោរពដ៏ក្លៀវ​ក្លា ក្នុងសិក្ខា ជាអ្នកល្មោភច្រើន ជាអ្នកប្រព្រឹត្តធូរ ជាប្រធានក្នុងការបន្ធូរបន្ថយព្យាយាម ដាក់ធុរៈចោលក្នុងទីស្ងាត់ ជាអ្នកខ្ជិលច្រអូស មានព្យាយាម ក្នុងអំពើថោកទាប ភ្លេចស្មារតី មិនដឹងខ្លួន មានចិត្តមិនបានតម្កល់មាំ មានចិត្តវិលខុស ឥតបញ្ញា ជាអ្នកល្ងង់ខ្លៅ ព្រះគោតមដ៏ចំរើន មិនបាននៅរួមជាមួយនឹងបុគ្គលទាំងនោះទេ។ ឯកុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយសទ្ធា មិនជា​អ្នកលេង មិនបានបិទបាំងទោសខ្លួន មិនជាអ្នកបញ្ឆោត មានចិត្ត​មិនបានរាយមាយ មិនមានមានះដុះឡើង មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានវាចារោយរាយ ជាអ្នករក្សាទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ជាអ្នកដឹងប្រមាណ ក្នុងភោជន ប្រកបរឿយៗ នូវសេចក្តី​ភ្ញាក់​រលឹក ជាអ្នករមិលមើលក្នុងសមណធម៌ មានសេចក្តីគោរពដ៏ក្លៀវ​ក្លា ក្នុងសិក្ខា មិនជាអ្នកល្មោភច្រើន មិនបានប្រព្រឹត្តធូរ ដាក់ធុរៈក្នុងការបន្ធូរបន្ថយ​ព្យាយាមចោល ជាប្រធានក្នុងទីស្ងាត់ មានព្យាយាមតឹងតែង មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានសតិតម្កល់ខ្ជាប់ ដឹងខ្លួន មានចិត្តតម្កល់មាំ មានចិត្តប្រកបដោយអារម្មណ៍តែមួយ មានបញ្ញា មិនល្ងង់ខ្លៅ ព្រះគោតមដ៏ចំរើន រមែង​នៅរួមជាមួយនឹងកុលបុត្រទាំងនោះ។ បពិត្រព្រះគោតមដ៏ចំរើន ដូចជាក្លិននៃឫស ឬមើម ណានីមួយ ឫសស្គារ ប្រាកដជាប្រសើរជាងក្លិននៃឫស ឬមើម ទាំងអម្បាលនោះ ក្លិន​នៃខ្លឹមណានីមួយ ខ្លឹមចន្ទន៍ក្រហម ប្រាកដជាប្រសើរជាងក្លិននៃខ្លឹមទាំងអម្បាលនោះ ក្លិនផ្កាណាមួយ ផ្កាម្លិះលា ប្រាកដជាប្រសើរជាងក្លិននៃផ្កាទាំងអម្បាលនោះ យ៉ាង​ណាមិញ ឱវាទរបស់​ព្រះគោតមដ៏ចំរើន ក្នុងធម៌ជាគ្រឿង​ដុសខាត់ចិត្ត នៃសត្វ​ដទៃ (ឲ្យស្អាត) ក៏យ៉ាងនោះឯង បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គច្បាស់​ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចបុគ្គលផ្ងារឡើងនូវវត្ថុដែលផ្កាប់ ឬបើកនូវវត្ថុដែលគេបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់មនុស្ស​ដែលវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលប្រទីបប្រេង បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែក រមែងមើលឃើញរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់​សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គ សូមដល់នូវ​ព្រះគោតមដ៏ចំរើន ទាំងព្រះធម៌ ទាំងព្រះភិក្ខុសង្ឃ ជាទីពឹង ទីរលឹក សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយ​ជីវិត ក្នុងកាលមានថ្ងៃនេះជាដើមទៅ។

ចប់ គណកមោគ្គល្លានសូត្រ ទី៧។

គោបកមោគ្គល្លានសូត្រ ទី៨

(៨. គោបកមោគ្គល្លានសុត្តំ)

[១០៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វាន​ទៅ មិនទាន់បានយូរប៉ុន្មាន ព្រះអានន្ទមានអាយុ គង់នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគហៈ។ សម័យនោះឯង ព្រះរាជាទ្រង់ព្រះនាម​អជាតសត្តុ វេទេហីបុត្រ ជាធំក្នុងដែនមគធៈ ទ្រង់រង្កៀសនឹងព្រះរាជាទ្រង់​ព្រះនាម​បជ្ជោត ក៏ទ្រង់​ត្រាស់ឲ្យរៀបចំក្រុងរាជគហៈ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ស្លៀកស្បង់​ប្រដាប់​ដោយបាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅក្រុងរាជគហៈ ដើម្បីបិណ្ឌបាត។ គ្រានោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ការត្រាច់ទៅដើម្បី​បិណ្ឌបាត ក្នុង​ក្រុងរាជគហៈ នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែ​អាត្មាអញ ចូល​ទៅត្រង់​ទីធ្វើ​ការងារ​ របស់គោបកមោគ្គល្លានព្រាហ្មណ៍ និងទីដែល​គោបកមោគ្គល្លានព្រាហ្មណ៍​នៅសិន។ ព្រះអានន្ទមានអាយុ ក៏ចូលទៅត្រង់ទីធ្វើការងារ របស់គោបកមោគ្គល្លាន​ព្រាហ្មណ៍ និងទីដែល​គោបកមោគ្គល្លានព្រាហ្មណ៍នៅ។ ឯ​គោបកមោគ្គល្លានព្រាហ្មណ៍ បានឃើញព្រះអានន្ទមានអាយុ មកអំពីចម្ងាយ លុះបានឃើញហើយ ក៏ពោលទៅនឹង​​ព្រះអានន្ទមានអាយុ ដូច្នេះថា សូមព្រះអានន្ទដ៏ចម្រើន និមន្តមក​ ព្រះអានន្ទដ៏ចំរើន និមន្តមកជាការល្អ ព្រោះ​ព្រះអានន្ទដ៏ចម្រើន ខានធ្វើបរិយាយ ដើម្បី​និមន្តមកក្នុងទីនេះ អស់កាលយូរហើយ សូមព្រះអានន្ទដ៏ចម្រើនគង់ចុះ នេះ​អាសនៈ ដែលខ្ញុំក្រាលទុក។ ព្រះអានន្ទមានអាយុ ក៏គង់លើអាសនៈ ដែលព្រាហ្មណ៍​ក្រាលទុក។ ឯគោបកមោគ្គល្លានព្រាហ្មណ៍ ក៏កាន់យកនូវអាសនៈ ដ៏ទាបមួយ ហើយអង្គុយនៅ។

[១០៦] លុះគោបកមោគ្គល្លានព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏សួរ​ព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះគោតមដ៏ចម្រើន អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌33) ទាំងឡាយណា ភិក្ខុមួយរូប ដែលប្រកបដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយប្រការ​ទាំងពួង មានដែរឬទេ។ ព្រះអានន្ទឆ្លើយថា ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ទាំងឡាយណា សូម្បីភិក្ខុមួយរូប ដែលប្រកប​ដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយប្រការ​ទាំងពួង មិនមានទេ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះមានព្រះភាគ អង្គនោះ ជាអ្នកបង្កើត​ផ្លូវ ដែល​មិនទាន់​កើតឡើង ជាអ្នករៀបចំផ្លូវ ​ដែលគេ​មិនទាន់រៀបចំ ជាអ្នកប្រាប់ផ្លូវ ដែល​គេមិនដែល​ប្រាប់ ជាអ្នកស្គាល់ផ្លូវ ដឹងផ្លូវ ឈ្លាសវៃក្នុងផ្លូវ ពួកសាវ័កក្នុងកាលឥឡូវ​នេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ប្រកបតាមជាខាងក្រោយ។ នេះឯងពាក្យជាចន្លោះ ដែល​ព្រះអានន្ទមានអាយុ ធ្វើមិនទាន់ស្រេច ជាមួយនឹង​គោបកមោគ្គល្លានព្រាហ្មណ៍​នៅឡើយ។

[១០៧] លំដាប់នោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ កាលដែល​ត្រួតត្រាការងារក្នុងរាជគហៈ ក៏ដើរចូលទៅត្រង់ទីធ្វើការងារ របស់គោបកមោគ្គល្លាន​ព្រាហ្មណ៍ និងទីដែលព្រះអានន្ទមានអាយុគង់នៅ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យ​ដែល​គួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែន​មគធៈ អង្គុយក្នុងទីសមគួរហើយ ក៏សួរ​ព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទ ដ៏ចំរើន ក្នុងកាលអម្បាញ់មិញនេះ លោកម្ចាស់ប្រជុំគ្នាពោលអំពីរឿង​អ្វីហ្ន៎ មួយទៀត ពាក្យជាចន្លោះដូចម្តេច ដែលលោកម្ចាស់ធ្វើមិនទាន់ស្រេច។ ព្រះអានន្ទ​ឆ្លើយថា ម្នាលព្រាហ្មណ៍ គោបកមោគ្គល្លានព្រាហ្មណ៍ បានសួរអាត្មាក្នុងទីនេះ យ៉ាង​នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះគោតមដ៏ចម្រើន អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកប​ដោយធម៌ទាំងឡាយណា ភិក្ខុមួយរូប ដែលប្រកបដោយ​ធម៌ទាំងឡាយនោះ ដោយ​អាការទាំងពួង ដោយប្រការទាំងពួង មានដែរឬទេ ម្នាលព្រាហ្មណ៍ កាល​បើ​គោបកមោគ្គល្លានព្រាហ្មណ៍ សួរយ៉ាងនេះហើយ អាត្មាក៏បានប្រាប់ទៅ​គោបកមោគ្គល្លានព្រាហ្មណ៍វិញ ដូច្នេះថា ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ​ អង្គនោះ ជា​អរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ទាំងឡាយណា សូម្បីភិក្ខុមួយរូប ដែល​ប្រកបដោយ​ធម៌ទាំងឡាយនោះ ដោយអាការ​ទាំងពួង ដោយប្រការទាំងពួង មិនមានទេ ព្រោះថា ព្រះមានព្រះភាគ​ អង្គនោះ ជាអ្នកបង្កើតផ្លូវ ​ដែល​មិនទាន់កើតឡើង ជាអ្នករៀបចំផ្លូវ​ដែល​មិនទាន់រៀបចំ ជាអ្នកប្រាប់ផ្លូវ ដែលគេមិនបានប្រាប់ ជាអ្នកស្គាល់ផ្លូវ ដឹងផ្លូវ ឈ្លាសវៃ​ក្នុងផ្លូវ ពួកសាវ័កក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ប្រកបតាម​ជា​ខាង​ក្រោយ​ប៉ុណ្ណោះ ម្នាលព្រាហ្មណ៍ ពាក្យជាចន្លោះនេះឯង ដែលយើងធ្វើមិនទាន់​សម្រេច ជាមួយ​នឹង​គោបកមោគ្គល្លានព្រាហ្មណ៍នៅឡើយ។ ក៏ស្រាប់តែអ្នកមកដល់។

[១០៨] បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បី​ប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះគោតមដ៏ចំរើន​អង្គនោះ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីតថាគតទៅ នឹងបាន​ជាទីពឹង​ នៃ​អ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ។ ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បី​ប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះមានព្រះភាគ​អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីតថាគតទៅ នឹងបាន​ជាទីពឹង​ នៃ​អ្នកទាំងឡាយ ដូច្នេះ មិនមានទេ។

[១០៩] បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បី​ប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃបានសន្មតហើយ ឬដែលពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះ​អំពី​ព្រះមាន​ព្រះភាគ​ទៅ នឹងបាន​ជាទីពឹង ​នៃ​យើងទាំងឡាយ ដូច្នេះ មានដែរឬទេ។ ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បី​ប្រតិបត្តិ​តាម​បុគ្គល​ណា បុគ្គលនោះ សូម្បី​ជា​ភិក្ខុ​មួយរូប ដែលសង្ឃបានសន្មតហើយ ឬដែល​ពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីព្រះមានព្រះភាគទៅ នឹងបាន​ជាទីពឹង ​នៃ​យើងទាំងឡាយ ដូច្នេះ មិនមានទេ។ បពិត្រព្រះអានន្ទដ៏ចំរើន កាលបើ​មិនមាន​ទីពឹង​យ៉ាងនេះហើយ ចុះធម៌ដូចម្តេច ដែលជាហេតុនាំឲ្យកើតធម៌​សាមគ្គីបាន។ ម្នាល​ព្រាហ្មណ៍ យើងទាំងឡាយ មិនមែនជាឥត​ទីពឹងទេ ម្នាលព្រាហ្មណ៍ យើងទាំងឡាយ ប្រកបដោយទីពឹង គឺមានធម៌ជាទីពឹង។

[១១០] កាលខ្ញុំសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់​ទាំងឡាយ គប្បី​ប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះគោតម ដ៏ចម្រើននោះ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីតថាគតទៅ នឹងបាន​ជាទីពឹង​ នៃ​អ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ លោកម្ចាស់ឆ្លើយថា ម្នាល​ព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បី​ប្រតិបត្តិ​តាម​បុគ្គល​ណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីតថាគតទៅ នឹងបាន​ជាទីពឹង​ នៃ​អ្នកទាំងឡាយ ដូច្នេះ មិនមានទេ។ កាលដែលខ្ញុំសួរថា បពិត្រព្រះអានន្ទ ដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បី​ប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃសន្មតហើយ ឬ​ដែលពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពី​ព្រះមាន​ព្រះភាគ​ទៅ នឹងបាន​ជាទីពឹង​នៃ​អ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ លោកម្ចាស់​ឆ្លើយថា ម្នាលព្រាហ្មណ៍ ក្នុងកាល​ឥឡូវនេះ យើងទាំងឡាយ គប្បី​ប្រតិបត្តិ​តាម​បុគ្គល​ណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃបានសន្មតហើយ ឬដែល​ពួកភិក្ខុជាថេរៈ​ច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីព្រះមានព្រះភាគទៅ នឹងបាន​ជាទីពឹង ​នៃ​យើងទាំងឡាយ ដូច្នេះ មិនមានទេ។ កាលខ្ញុំសួរថា បពិត្រព្រះអានន្ទដ៏ចំរើន កាលបើ​មិនមានទីពឹង​យ៉ាងនេះហើយ ចុះធម៌ដូចម្តេច ដែលជាហេតុនាំឲ្យកើតធម៌​សាមគ្គី​បាន លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍ យើងទាំងឡាយ មិនមែនជាឥត​ទីពឹងទេ ម្នាលព្រាហ្មណ៍ យើងទាំងឡាយ ប្រកបដោយទីពឹង គឺមានធម៌ជាទី​ពឹង។ បពិត្រព្រះអានន្ទដ៏ចំរើន សេចក្តីនៃភាសិតនេះ ត្រូវយល់ដូចម្តេច។

[១១១] ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ បានបញ្ញត្តសិក្ខាបទទុកហើយ បានសំដែង​បាតិមោក្ខ ដល់​ភិក្ខុទាំងឡាយរួចហើយ យើងទាំងឡាយនោះ មានប៉ុន្មានរូប ក៏ចូលទៅអាស្រ័យ​នៅនឹង​គាមក្ខេត្តមួយ ប្រជុំគ្នាទាំងអស់ ក្នុងកន្លែងមួយ នាថ្ងៃឧបោសថ លុះប្រជុំគ្នាហើយ ភិក្ខុណា​ ចាំស្ទាត់នូវបាតិមោក្ខនោះ ក៏នាំគ្នាអារាធនាភិក្ខុនោះ (ឲ្យសូត្រ) កាលបើបាតិមោក្ខនោះ ភិក្ខុកំពុងសូត្រ ភិក្ខុណា ត្រូវអាបត្តិ ឬប្រព្រឹត្តកន្លង (បញ្ញត្តិ) យើងទាំងឡាយ តែង​ញុំាង​ភិក្ខុនោះ ឲ្យធ្វើតាមធម៌ តាមពាក្យប្រៀនប្រដៅ ព្រោះហេតុ​នោះតាមពិត លោកដ៏​ចម្រើន​ទាំងឡាយ មិនបានញុំាង​ភិក្ខុនោះឲ្យធ្វើទេ គឺធម៌ (ច្បាប់) ញុំាងភិក្ខុនោះឲ្យធ្វើ។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះភិក្ខុសូម្បីមួយរូប ដែលលោកម្ចាស់​ទាំងឡាយ ធ្វើសក្ការៈ គោរព រាប់អាន បូជា ក្នុងកាលឥឡូវនេះ លុះធ្វើសក្ការៈ គោរព​ហើយ តែង​នៅអាស្រ័យ​ផង តើមានដែរឬទេ។ ម្នាលព្រាហ្មណ៍ ភិក្ខុសូម្បីមួយរូប ដែល​យើង​ទាំងឡាយ ធ្វើសក្ការៈ គោរព រាប់អាន បូជា ក្នុងកាលឥឡូវនេះ លុះធ្វើសក្ការៈ គោរពហើយ តែង​នៅអាស្រ័យ​ផង មានដែរ។

[១១២] កាលដែលខ្ញុំសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងកាលឥឡូវនេះ លោក​ម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែល​ព្រះគោតមដ៏ចម្រើន អង្គនោះ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីតថាគត​ទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ លោកម្ចាស់​ឆ្លើយថា ម្នាល​ព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីតថាគត​ទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មិនមានទេ។ កាលដែលខ្ញុំសួរថា បពិត្រព្រះអានន្ទ ដ៏ចំរើន ក្នុងកាលឥឡូវនេះ លោក​ម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិ​តាម​បុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃបានសន្មត​ហើយ ឬដែលពួក​ភិក្ខុ​ជា​ថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពី​ព្រះមានព្រះភាគ​​ទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ លោកម្ចាស់​ឆ្លើយថា ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បីប្រតិបត្តិតាម​បុគ្គល​ណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃបានសន្មតហើយ ឬដែលពួក​ភិក្ខុជាថេរៈ​ច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណើះអំពីព្រះមានព្រះភាគ​ទៅ នឹងបាន​ជាទីពឹង នៃយើងទាំងឡាយ ដូច្នេះ មិនមានទេ។ កាលដែលខ្ញុំសួរថា បពិត្រ​ព្រះអានន្ទ ដ៏ចំរើន ចុះភិក្ខុសូម្បីមួយរូប ដែលលោកម្ចាស់ទាំងឡាយ ធ្វើសក្ការៈ គោរព រាប់អាន បូជា ក្នុងកាលឥឡូវនេះ លុះធ្វើសក្ការៈ គោរពហើយ តែង​នៅអាស្រ័យ​ផង តើមានដែរឬទេ លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍ ភិក្ខុសូម្បីមួយរូប ដែលយើង​ទាំងឡាយ ធ្វើសក្ការៈ គោរព រាប់អាន បូជា ក្នុងកាលឥឡូវនេះ លុះធ្វើសក្ការៈ គោរព​ហើយ តែង​នៅអាស្រ័យ​ផង មានដែរ។ បពិត្រព្រះអានន្ទដ៏ចម្រើន សេចក្តីនៃភាសិត​នេះ ត្រូវយល់ដូចម្តេច។

[១១៣] ម្នាលព្រាហ្មណ៍ បសាទនីយធម៌ (ធម៌ជាទីតាំងនៃសេចក្តីជ្រះថ្លា)​១០យ៉ាង ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ រមែងមាន បសាទនីយធម៌ទាំងនោះឯង មាននៅក្នុងភិក្ខុណា ក្នុង​កាលឥឡូវនេះ យើងទាំងឡាយ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ ក៏តែងនៅអាស្រ័យនឹងភិក្ខុនោះ ឯបសាទនីយធម៌ ទាំង១០យ៉ាងនោះ តើដូចម្តេច ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខ​សំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញនូវភ័យ ក្នុងទោសទាំងឡាយ សូម្បី​បន្តិចបន្តួច តែងសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ១។ ភិក្ខុជាពហុស្សូត ទ្រទ្រង់​នូវ​ពុទ្ធវចនៈ សន្សំទុកនូវពុទ្ធវចនៈ ធម៌ទាំងឡាយណា ដែលមានលំអខាងដើម មានលំអ​កណ្តាល មានលំអខាងចុង បរិបូណ៌​ដោយអត្ថ បរិបូណ៌​ដោយព្យញ្ជនៈ រមែង​ប្រកាស​នូវ​ព្រហ្មចរិយៈ ដ៏បរិសុទ្ធ បរិបូណ៌គ្រប់គ្រាន់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះ បានចេះចាំ ដោយច្រើន បានទ្រង់ទុក ចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ជ្រាល​ជ្រៅ ដោយទិដ្ឋិ គឺបញ្ញា១។ ភិក្ខុជាអ្នកសន្តោស ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខា១។ ភិក្ខុជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយមិនខុសកាលវេលា នូវឈានទាំង៤ ដែលជាធម្មជាតអាស្រ័យនូវចិត្ត ដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន១។ ភិក្ខុបាននូវឫទ្ធិ ជាច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យ​ទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ដើរ (ចេញពី​ខាងក្នុង) ទៅកាន់ទីវាល ទីខាងក្រៅក៏បាន ដើរទម្លុះទៅខាងក្រៅជញ្ជាំង ខាងក្រៅ​កំពែង ខាងក្រៅភ្នំក៏បាន ឥតទើសទាល់ ដូចជាដើរទៅក្នុងអាកាស ធ្វើនូវការ​ងើប​ឡើង និងមុជ​ចុះ​ក្នុងផែនដី ដូចមុជក្នុងទឹកក៏បាន ដើរទៅលើទឹក ក៏មិនបែកធ្លាយ​ទឹក ដូចជាដើរ​លើផែន​ដីក៏បាន ហោះទៅក្នុងអាកាសទាំងភ្នែន ដូចជាបក្សីសកុណជាតិក៏​បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែល​មានឫទ្ធិ​ច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ញុំាងអំណាចឲ្យប្រព្រឹត្តទៅដោយ​កាយ ដរាបដល់ព្រហ្មលោកក៏បាន១។ ភិក្ខុមានសោតធាតុ ជាទិព្វដ៏បរិសុទ្ធ កន្លងនូវ​សោតធាតុ ជារបស់មនុស្សធម្មតា តែងឮនូវសំឡេងទាំងពីរ គឺសំឡេងជាទិព្វ និងសំឡេង​ជារបស់មនុស្សធម្មតា ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី១។ ភិក្ខុកំណត់ដឹងចិត្ត នៃពួក​សត្វ​ដទៃ នៃបុគ្គលដទៃ ដោយចិត្ត​របស់ខ្លួនបាន។ ចិត្តដែលប្រកបដោយរាគៈ​ក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រាសចាករាគៈ។ ចិត្តដែលប្រកបដោយទោសៈ​ក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រាសចាកទោសៈ។ ចិត្តដែលប្រកប​ដោយមោហៈ​ក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រាសចាកមោហៈ។ ចិត្តដែលរួញរាក្តី ក៏ដឹងច្បាស់ថា ចិត្តរួញរា ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ។ ចិត្តដែលជាមហគ្គតៈ (ចិត្ត​ដល់នូវ​ភាពជាធំ បានដល់​រូបាវចរៈ និងអរូបាវចរៈ)ក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិន​មែនជាមហគ្គតៈ គឺកាមាវចរៈក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ។ ចិត្តដែល​ជាសឧត្តរៈ គឺជាកាមាវចរៈក្តី ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺជារូបាវចរៈ និងអរូបាវចរៈក្តី ក៏ដឹងច្បាស់ថា ចិត្តជាអនុត្តរៈ។ ចិត្តដែលតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងមាំ ចិត្តដែល​មិនតាំងមាំក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតាំងមាំ។ ចិត្តដែលរួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ១។ ភិក្ខុរលឹកឃើញនូវបុព្វេនិវាស គឺរលឹក​ឃើញ​នូវ​ខន្ធដែលខ្លួនធ្លាប់អាស្រ័យនៅហើយ ក្នុងភពមុន ជាច្រើនប្រការ គឺរលឹកបាន ១ជាតិខ្លះ ២​ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែន​ជាតិខ្លះ សំវដ្តកប្បជាច្រើនខ្លះ វិវដ្តកប្ប​ជាច្រើនខ្លះ សំវដ្តវិវដ្តកប្បជាច្រើនខ្លះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះ​យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួល​សុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភព​នោះទៅហើយ បានទៅកើតក្នុងភព​ឯណោះទៀត ដែលអាត្មាអញ បានកើតក្នុងភព​នោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកភព​នោះហើយ ទើបបានមកកើតក្នុងភព​នេះ។ ភិក្ខុរលឹកឃើញ​នូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការ​ដូច្នេះ១។ ភិក្ខុមានចក្ខុទិព្យ ដ៏បរិសុទ្ធ កន្លងនូវ​ចក្ខុជារបស់មនុស្សធម្មតា បានឃើញនូវសត្វ​ទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរ​អាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ តែងដឹងច្បាស់ នូវពួកសត្វ​ ដែល​ប្រព្រឹត្តទៅ​តាមកម្មរបស់ខ្លួន១។ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម នៃខ្លួន​ឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅនៃ​អាសវៈ​ទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ ទាំងបួន១។ ម្នាលព្រាហ្មណ៍ នេះឯង បសាទនីយធម៌ ១០ប្រការ ដែលព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ បសាទនីយធម៌ទាំងនេះ មាននៅ​ក្នុង​ភិក្ខុណា ក្នុងកាលឥឡូវនេះ យើងទាំងឡាយ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើ​សក្ការៈគោរពហើយ ក៏នៅអាស្រ័យនឹងភិក្ខុនោះ។

[១១៤] កាលព្រះអានន្ទមានអាយុ ពោលយ៉ាងនេះហើយ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ក៏ប្រឹក្សានឹងឧបនន្ទសេនាបតីថា ម្នាលសេនាបតី អ្នក​សំគាល់​នូវសេចក្តីនោះ ដូចម្តេច បើលោកដ៏ចម្រើនទាំងនេះ ធ្វើសក្ការៈនូវបុគ្គល ដែល​គួរធ្វើសក្ការៈ ធ្វើការគោរពនូវបុគ្គលដែលគួរគោរព រាប់អាន នូវបុគ្គលដែលគួរ​រាប់អាន បូជានូវបុគ្គល​ដែលគួរបូជា យ៉ាងនេះ ឱត្រូវណាស់ហើយ ដែលលោកដ៏ចម្រើន​ទាំងនេះ ធ្វើសក្ការៈ នូវបុគ្គលដែលគួរធ្វើសក្ការៈ ធ្វើការគោរព នូវបុគ្គលដែលគួរគោរព រាប់អាន នូវបុគ្គលដែលគួរ​រាប់អាន បូជានូវបុគ្គល​ដែលគួរបូជា ព្រោះថា បើលោកដ៏ចម្រើន​ទាំង​នោះ មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា នូវបុគ្គលបែបនេះទេ តើឲ្យលោកដ៏ចម្រើនទាំងនោះ ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរព​ហើយ នៅអាស្រ័យនឹងបុគ្គលបែបណាវិញ។

[១១៥] គ្រានោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ ក៏សួរ​ព្រះអានន្ទ​មានអាយុ ដូច្នេះថា ចុះព្រះអានន្ទ នៅក្នុងទីណា ឥឡូវនេះ។ ព្រះអានន្ទ​ឆ្លើយថា ម្នាល​ព្រាហ្មណ៍ ឥឡូវនេះ អាត្មានៅក្នុងវត្តវេឡុវ័ន។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះវត្តវេឡុវ័ន ជាទីគួរត្រេកអរផង មានសំឡេងតិចផង មានសេចក្តីគឹកកងតិចផង មាន​ខ្យល់រំភើយៗ34) ជាទីគួរ​ធ្វើ​ការសម្ងាត់របស់មនុស្ស ជាទីសមគួរនឹងពួនសម្ងំដែរឬ។ អើ ព្រាហ្មណ៍ វត្តវេឡុវ័ន ជាទីគួរត្រេកអរផង មានសំឡេងតិចផង មានសេចក្តីគឹកកងតិចផង មាន​ខ្យល់រំភើយៗ ជា​ទីគួរ​ធ្វើ​ការសម្ងាត់របស់មនុស្ស ជាទីសមគួរ ដល់ការពួនសម្ងំ ថែមទាំង​មានបុគ្គល​ទាំងឡាយ ប្រហែលនឹងអ្នក ជាអ្នករក្សា គ្រប់គ្រងដោយពិត។

[១១៦] អើព្រះអានន្ទដ៏ចំរើន វត្តវេឡុវ័ន ជាទីគួរត្រេកអរផង មានសំឡេងតិចផង មានសេចក្តីគឹកកងតិចផង មាន​ខ្យល់រំភើយៗ ជាទីគួរ​ធ្វើ​ការសម្ងាត់របស់មនុស្ស ជាទីសមគួរ ដល់ការពួនសម្ងំ ថែមទាំងមានលោកដ៏ចម្រើនទាំងឡាយ ជាអ្នក​ប្រកប​ដោយឈាន មានឈានជាប្រក្រតី ដោយពិត ព្រោះលោកដ៏ចម្រើនទាំងឡាយ ជាអ្នក​ប្រកបដោយឈានផង មានឈានជាប្រក្រតីផង បពិត្រព្រះអានន្ទដ៏ចំរើន សម័យមួយ ខ្ញុំ​មកក្នុងទីនេះ ព្រះគោតម ដ៏ចំរើនអង្គនោះ គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុង​វេសាលី បពិត្រព្រះអានន្ទដ៏ចំរើន គ្រានោះឯង ខ្ញុំបានចូលទៅរក​ព្រះគោតម ដ៏ចំរើននោះ ក្នុងកូដាគារសាលា នាមហាវ័ន ព្រះគោតមដ៏ចំរើន អង្គនោះ ទ្រង់ពោល​នូវ​ឈានកថា ជា​អនេកបរិយាយ ក្នុងកូដាគារសាលានោះ ព្រោះព្រះគោតមដ៏ចំរើន អង្គនោះ ជាអ្នក​ប្រកប​ដោយឈានផង មានឈានជាប្រក្រតីផង មិនតែប៉ុណ្ណោះ ព្រះគោតមដ៏ចំរើន អង្គនោះ ទ្រង់​សរសើរ នូវឈានទាំងអស់ផង។

[១១៧] ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគអង្គនោះ មិនទ្រង់សរសើរនូវឈាន​ទាំងអស់ទេ ព្រះមានព្រះភាគ អង្គនោះ មិនមែនជាមិនទ្រង់សរសើរ នូវឈាន​ទាំងអស់​ឡើយ ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ មិនមែនជាមិនទ្រង់សរសើរ នូវឈាន​មានសភាពដូចម្តេចទេ។ ម្នាលព្រាហ្មណ៍ ក្នុងលោកនេះ បុគ្គពួកខ្លះ មានចិត្តត្រូវកាម​រាគរួបរឹតហើយ ត្រូវកាមរាគគ្របសង្កត់ហើយ ក៏មិនដឹងច្បាស់តាមពិត នូវធម៌ជាគ្រឿង​រលាស់ចោល នូវកាមរាគ ដែលកើតឡើង បុគ្គលនោះ ធ្វើនូវកាមរាគ ឲ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួតស្ងប់ជ្រប់ សញ្ជប់សញ្ជឹង។ មានចិត្តត្រូវព្យាបាទរួបរឹតហើយ ត្រូវព្យាបាទ​គ្របសង្កត់ហើយ ក៏មិនដឹងច្បាស់តាមពិត នូវធម៌ជាគ្រឿង​រលាស់ចោល នូវព្យាបាទ ដែលកើតឡើង បុគ្គលនោះ ធ្វើនូវព្យាបាទឲ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួត​ស្ងប់​ជ្រប់ សញ្ជប់សញ្ជឹង។ មានចិត្តត្រូវថីនមិទ្ធៈរួបរឹតហើយ ត្រូវថីនមិទ្ធៈគ្របសង្កត់ហើយ ក៏មិនដឹងច្បាស់តាមពិត នូវធម៌ជាគ្រឿង​រលាស់ចោល នូវថីនមិទ្ធៈ ដែលកើតឡើង បុគ្គលនោះ ធ្វើនូវថីនមិទ្ធៈឲ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួតស្ងប់ជ្រប់ សញ្ជប់សញ្ជឹង។ មានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈរួបរឹតហើយ ត្រូវឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ហើយ ក៏មិន​ដឹង​ច្បាស់​តាមពិត នូវធម៌ជាគ្រឿង​រលាស់ចោល នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើង បុគ្គលនោះ ធ្វើ​នូវឧទ្ធច្ចកុក្កុច្ចៈឲ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួតស្ងប់ ជ្រប់ សញ្ជប់សញ្ជឹង។ មានចិត្តត្រូវវិចិកិច្ឆារួបរឹតហើយ ត្រូវវិចិកិច្ឆាគ្របសង្កត់ហើយ ក៏មិនដឹងច្បាស់តាមពិត នូវធម៌ជាគ្រឿង​រលាស់ចោល នូវវិចិកិច្ឆាដែលកើតឡើង បុគ្គលនោះ ធ្វើនូវវិចិកិច្ឆាឲ្យឋិតនៅក្នុងចិត្ត ហើយក៏ស្ងួតស្ងប់ជ្រប់ សញ្ជប់សញ្ជឹង។ ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ មិនទ្រង់សរសើរនូវឈាន មានសភាពដូច្នេះទេ។ ម្នាលព្រាហ្មណ៍ ចុះព្រះមានព្រះភាគអង្គនោះ ទ្រង់សរសើរនូវឈានមានសភាព​ដូចម្តេចវិញ។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ហើយបានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈកើតអំពីសេចក្តីស្ងាត់ហើយ សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ (បានដល់) នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តី​ជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ បានដល់​នូវ​តតិយ​ជ្ឈាន… បានដល់នូវចតុត្ថជ្ឈាន ហើយសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ ទ្រង់សរសើរនូវឈាន មានសភាព​ដូច្នេះឯង។

[១១៨] បពិត្រព្រះអានន្ទដ៏ចំរើន បានឮថា ព្រះគោតមដ៏ចំរើនអង្គនោះ ទ្រង់តិះដៀលនូវឈាន ដែលគួរតិះដៀល ទ្រង់សរសើរនូវឈាន ដែលគួរសរសើរ បពិត្រព្រះអានន្ទដ៏ចំរើន ណ្ហើយចុះ យើងខ្ញុំនឹងសូមលាទៅ ក្នុងកាលឥឡូវនេះ ព្រោះ​យើងខ្ញុំបានកិច្ចច្រើន មានការងារច្រើន។ ម្នាលព្រាហ្មណ៍ អ្នកចូរសំគាល់ នូវកាល​ដែល​គួរនឹងអញ្ជើញទៅ ឥឡូវនេះចុះ។ គ្រានោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែន​មគធៈ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះអានន្ទមានអាយុ ហើយក៏ក្រោកចាក​អាសនៈ ចៀសចេញទៅ។

[១១៩] លំដាប់នោះ គោបកមោគ្គល្លានព្រាហ្មណ៍ កាលដែលវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ចៀសចេញទៅមិនយូរប៉ុន្មាន ក៏ពោលទៅ​ព្រះអានន្ទមានអាយុ ដូច្នេះថា យើងបានសួរព្រះអានន្ទដ៏ចំរើន ចំពោះរឿងណា ព្រះ​អានន្ទដ៏ចម្រើន មិនទាន់ដោះស្រាយរឿងនោះឡើយ។ ព្រះអានន្ទតបថា ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ប្រកបហើយ​​​ដោយ​ធម៌ទាំងឡាយណា ភិក្ខុសូម្បីមួយរូប ដែលប្រកបហើយ ដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយ​ប្រការទាំងពួង មិនមានទេ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះមានព្រះភាគ អង្គនោះ ជាអ្នកបង្កើត​ផ្លូវ ដែលមិនទាន់កើតឡើង ជាអ្នករៀបចំផ្លូវ ដែលមិនទាន់រៀបចំ ជាអ្នក​ប្រាប់ផ្លូវ ដែលគេមិនដែលប្រាប់ ជាអ្នកស្គាល់ផ្លូវ ដឹងផ្លូវ ឈ្លាសវៃក្នុងផ្លូវ ពួកសាវ័ក ក្នុង​កាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ប្រកបតាមក្រោយប៉ុណ្ណោះទេតើ។

ចប់ គោបកមោគ្គល្លានសូត្រ ទី៨។

មហាបុណ្ណមសូត្រ ទី៩

(៩. មហាបុណ្ណមសុត្តំ)

[១២០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុង​មិគារ​មាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាល ក្នុងរាត្រីដែលមានព្រះចន្ទ្រពេញវង់ ជាថ្ងៃ​ឧបោសថ ទី១៥។ គ្រានោះ ភិក្ខុមួយរូប ក្រោកអំពីអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យ​អញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ហើយក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បើព្រះមានព្រះភាគ ធ្វើឱកាសដើម្បីដោះស្រាយប្រស្នា របស់​ខ្ញុំ​ព្រះអង្គ ៗនឹងសួរនូវ​ហេតុបន្តិចបន្តួច ចំពោះព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ បើដូច្នោះ អ្នកចង់​សួរប្រស្នាណា ចូរអង្គុយលើអាសនៈរបស់ខ្លួន សួរប្រស្នានោះ​ចុះ។

[១២១] លំដាប់នោះ ភិក្ខុនោះ អង្គុយលើអាសនៈរបស់ខ្លួនហើយ ក៏ក្រាបបង្គំទូល​សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទាំង៥នេះឬ ដែលឈ្មោះថា​ឧបាទានក្ខន្ធ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុ ទាំង៥នេះហើយ ដែលឈ្មោះថា ឧបាទានក្ខន្ធ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ភិក្ខុនោះ ត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគថា ពីរោះហើយព្រះអង្គ ហើយក៏សួរប្រស្នា ចំពោះ​ព្រះមានព្រះភាគ តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះ​ឧបាទានក្ខន្ធទាំង៥នេះ មានអ្វីជាមូលហេតុ។ ម្នាលភិក្ខុ ឧបាទានក្ខន្ធ ទាំង៥នេះ មានឆន្ទៈ (សេចក្តីប្រាថ្នា) ជាមូលហេតុ។ បពិត្រព្រះអង្គដ៏ចំរើន ឧបាទាននោះឯង គឺឧបាទានក្ខន្ធទាំង៥នោះឬ ឬថាឧបាទានដទៃអំពីឧបាទានក្ខន្ធ​ទាំង៥។ ម្នាលភិក្ខុ ឧបាទាននោះឯង មិនមែន​ជាឧបាទានក្ខន្ធទាំង៥នោះទេ មួយទៀត ឧបាទានមិនមែនជាដទៃ អំពីឧបាទានក្ខន្ធទាំង៥ឡើយ ម្នាលភិក្ខុ សេចក្តីត្រេកត្រអាល ក្នុងឧបាទានក្ខន្ធទាំង៥ណា សេចក្តីត្រេកត្រអាលនោះ ក្នុងឧបាទានក្ខន្ធទាំង៥នោះ ឈ្មោះថា ឧបាទាន។

[១២២] បពិត្រព្រះអង្គដ៏ចំរើន ចុះសេចក្តីត្រេកត្រអាលផ្សេងគ្នា ក្នុងឧបាទានក្ខន្ធ​ទាំង​៥នោះ មានដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មាន ដូច្នេះ ហើយទ្រង់​ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តី​ប្រាថ្នា​យ៉ាងនេះថា អាត្មាអញ គប្បីមានរូបយ៉ាងនេះ ក្នុងអនាគតកាល គប្បីមានវេទនា​យ៉ាងនេះ​ ក្នុងអនាគតកាល គប្បីមានសញ្ញាយ៉ាងនេះ ក្នុងអនាគតកាល គប្បីមាន​សង្ខារយ៉ាងនេះ ក្នុងអនាគតកាល គប្បីមានវិញ្ញាណយ៉ាងនេះ ក្នុងអនាគត​កាល ម្នាលភិក្ខុ សេចក្តីត្រេកត្រអាលផ្សេងគ្នា ក្នុងឧបាទានក្ខន្ធទាំង៥ មានយ៉ាងនេះឯង។

[១២៣] បពិត្រព្រះអង្គដ៏ចំរើន ចុះឈ្មោះរបស់ខន្ធ មានប៉ុន្មានយ៉ាង។ ម្នាលភិក្ខុ រូប​ណាមួយ ទោះជាអតីត អនាគត បច្ចុប្បន្នជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះរូបណាឆ្ងាយក្តី ជិតក្តី នេះឈ្មោះថា រូបខន្ធ វេទនា ណាមួយ… សញ្ញាណាមួយ… សង្ខារណាមួយ …. វិញ្ញាណណាមួយ ទោះជាអតីត អនាគត បច្ចុប្បន្នក្តី ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះវិញ្ញាណណា ឆ្ងាយក្តី ជិតក្តី នេះ ឈ្មោះថា វិញ្ញាណក្ខន្ធ ម្នាលភិក្ខុ ឈ្មោះរបស់ខន្ធ មានតែប៉ុណ្ណេះឯង។

[១២៤] បពិត្រព្រះអង្គដ៏ចំរើន អ្វីហ្ន៎ ជាហេតុ អ្វីហ្ន៎ ជាបច្ច័យដែលនាំឲ្យ​បញ្ញត្តនូវ​រូបក្ខន្ធ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​បញ្ញត្តនូវ​វេទនាក្ខន្ធ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​បញ្ញត្តនូវ​សញ្ញាខន្ធ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​បញ្ញត្តនូវសង្ខារក្ខន្ធ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​បញ្ញត្តនូវវិញ្ញាក្ខន្ធ។ ម្នាលភិក្ខុ មហាភូតទាំង៤ជាហេតុ មហាភូតទាំង៤ជាបច្ច័យ ដែលនាំឲ្យបញ្ញត្តនូវរូបក្ខន្ធ ផស្សៈជាហេតុ ផស្សៈ​ជាបច្ច័យ ដែលនាំឲ្យបញ្ញត្តនូវវេទនាខន្ធ ផស្សៈជាហេតុ ផស្សៈ​ជាបច្ច័យ ដែលនាំឲ្យបញ្ញត្តនូវ​សញ្ញាខន្ធ ផស្សៈជាហេតុ ផស្សៈ​ជាបច្ច័យ ដែលនាំឲ្យបញ្ញត្តនូវសង្ខារក្ខន្ធ ម្នាលភិក្ខុ នាមរូបជាហេតុ នាមរូបជាបច្ច័យ ដែលនាំឲ្យបញ្ញត្តនូវវិញ្ញាណក្ខន្ធ។

[១២៥] បពិត្រព្រះអង្គដ៏ចំរើន ចុះសក្កាយទិដ្ឋិ កើតមាន ដោយប្រការដូចម្តេច។ ម្នាល​ភិក្ខុ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានឃើញ នូវព្រះអរិយ​បុគ្គល មិនឈ្លាសវៃ ក្នុងអរិយធម៌ មិនបានសិក្សា ក្នុងអរិយធម៌ មិនបានឃើញនូវសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនបានសិក្សាក្នុងសប្បុរិសធម៌ តែងពិចារណាឃើញ នូវ​រូបថាជាខ្លួន ឬឃើញនូវខ្លួនថាមានរូប ឬឃើញនូវរូប ថាមានក្នុងខ្លួន ឬឃើញនូវខ្លួន ថាមានក្នុងរូប តែងពិចារណាឃើញ នូវវេទនាថាជាខ្លួន ឬឃើញនូវខ្លួនថាមានវេទនា ឬឃើញនូវវេទនាថាមានក្នុងខ្លួន ឬឃើញនូវខ្លួនថាមានក្នុងវេទនា តែងពិចារណាឃើញនូវសញ្ញាថាជាខ្លួន ឬឃើញនូវខ្លួនថាមានសញ្ញា ឬឃើញនូវសញ្ញាថាមានក្នុងខ្លួន ឬឃើញនូវខ្លួនថាមាន​ក្នុងសញ្ញា តែងពិចារណាឃើញនូវសង្ខារថាជាខ្លួន ឬឃើញនូវខ្លួនថាមានសង្ខារ ឬឃើញនូវសង្ខារថាមានក្នុងខ្លួន ឬឃើញនូវខ្លួនថាមានក្នុងសង្ខារ តែងពិចារណាឃើញនូវវិញ្ញាណថាជាខ្លួន ឬឃើញនូវខ្លួនថាមានវិញ្ញាណ ឬឃើញនូវវិញ្ញាណថាមានក្នុងខ្លួន ឬឃើញនូវខ្លួនថាមានក្នុងវិញ្ញាណ ម្នាលភិក្ខុ សក្កាយទិដ្ឋិ តែងកើតមានយ៉ាងនេះឯង។

[១២៦] បពិត្រព្រះអង្គដ៏ចំរើន សក្កាយទិដ្ឋិ តែងមិនកើតមានដោយប្រការ​ដូចម្តេច។ ម្នាលភិក្ខុ អរិយសាវ័កក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញនូវ​អរិយបុគ្គល ឈ្លាសវៃក្នុងអរិយធម៌ បានសិក្សាដោយល្អ ក្នុងអរិយធម៌ បានឃើញនូវសប្បុរស ឈ្លាសវៃ​ក្នុងសប្បុរិសធម៌ បានសិក្សាដោយល្អ ក្នុងសប្បុរិសធម៌ រមែង​មិនឃើញរូបថាជាខ្លួន ឬ​មិនឃើញនូវខ្លួន​ថាមានរូប ឬមិនឃើញនូវរូប ថាមានក្នុងខ្លួន ឬមិនឃើញនូវខ្លួន ថាមាន​ក្នុងរូប រមែងមិនឃើញនូវ​វេទនាថាជាខ្លួន ឬមិនឃើញនូវខ្លួនថាមានវេទនា ឬមិនឃើញនូវវេទនាថាមានក្នុងខ្លួន ឬមិនឃើញនូវខ្លួនថាមានក្នុងវេទនា រមែងមិនឃើញនូវសញ្ញាថាជាខ្លួន ឬមិនឃើញនូវខ្លួនថាមានសញ្ញា ឬមិនឃើញនូវសញ្ញាថាមានក្នុងខ្លួន ឬមិនឃើញនូវខ្លួនថាមានក្នុងសញ្ញា រមែងមិនឃើញនូវសង្ខារថាជាខ្លួន ឬមិនឃើញនូវខ្លួន ថាមានសង្ខារ ឬមិនឃើញនូវសង្ខារថាមានក្នុងខ្លួន ឬមិនឃើញនូវខ្លួនថាមានក្នុងសង្ខារ រមែងមិនឃើញនូវវិញ្ញាណថាជាខ្លួន ឬមិនឃើញនូវខ្លួនថាមានវិញ្ញាណ ឬមិនឃើញនូវវិញ្ញាណថាមានក្នុងខ្លួន ឬមិនឃើញនូវខ្លួនថាមានក្នុងវិញ្ញាណ ម្នាលភិក្ខុ សក្កាយទិដ្ឋិ រមែងមិនកើតមាន យ៉ាងនេះឯង។

[១២៧] បពិត្រព្រះអង្គដ៏ចំរើន អ្វីជាគុណ35) អ្វីជាទោសក្នុងរូប អ្វីជាគ្រឿង​រលាស់ចោលនូវរូប អ្វីជាគុណ អ្វីជាទោស36) ក្នុងវេទនា អ្វីជាគ្រឿង​រលាស់ចោលនូវវេទនា អ្វីជាគុណ អ្វីជាទោស ក្នុងសញ្ញា អ្វី​ជាគ្រឿង​រលាស់ចោលនូវសញ្ញា អ្វីជាគុណ អ្វីជាទោស ក្នុងសង្ខារ អ្វីជាគ្រឿង​រលាស់ចោលនូវសង្ខារ អ្វីជាគុណ អ្វីជាទោស ក្នុងវិញ្ញាណ អ្វីជាគ្រឿង​រលាស់ចោលនូវវិញ្ញាណ។ ម្នាលភិក្ខុ សេចក្តីសុខ សោមនស្ស ណា តែងកើតឡើង ព្រោះ​អាស្រ័យរូប នេះជាគុណក្នុងរូប រូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ​ជាទោសក្នុងរូប ការបន្ទោបង់ នូវសេចក្តីត្រេកត្រអាល និងការលះបង់​ នូវសេចក្តី​ត្រេក​ត្រអាល ក្នុងរូបណា នេះជាគ្រឿង​រលាស់ចោលនូវរូប ម្នាលភិក្ខុ មួយទៀត សេចក្តីសុខ សោមនស្សណា តែងកើតឡើង ព្រោះ​អាស្រ័យវេទនា នេះជាគុណក្នុងវេទនា វេទនាណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ​ជាទោសក្នុងវេទនា ការបន្ទោបង់ នូវសេចក្តីត្រេកត្រអាល និងការលះបង់​ នូវសេចក្តី​ត្រេក​ត្រអាល ក្នុងវេទនាណា នេះជាគ្រឿង​រលាស់ចោលនូវវេទនា ម្នាលភិក្ខុ មួយទៀត​ សេចក្តីសុខ សោមនស្សណា តែងកើតឡើង ព្រោះ​អាស្រ័យសញ្ញា នេះជាគុណក្នុងសញ្ញា សញ្ញាណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា នេះ​ជាទោសក្នុងសញ្ញា ការបន្ទោបង់ នូវសេចក្តី​ត្រេក​ត្រអាល និងការលះបង់​ នូវសេចក្តី​ត្រេក​ត្រអាល ក្នុងសញ្ញាណា នេះជាគ្រឿង​រលាស់ចោលនូវសញ្ញា ម្នាលភិក្ខុ មួយទៀត សេចក្តីសុខ សោមនស្សណា តែងកើតឡើង ព្រោះ​អាស្រ័យសង្ខារ នេះជាគុណក្នុងសង្ខារ សង្ខារណាមិនទៀង ជាទុក្ខ មានសេចក្តី​ប្រែប្រួលជាធម្មតា នេះ​ជាទោសក្នុងសង្ខារ ការបន្ទោបង់ នូវសេចក្តីត្រេកត្រអាល និងការលះបង់ ​នូវសេចក្តី​ត្រេក​ត្រអាល ក្នុងសង្ខារណា នេះជាគ្រឿង​រលាស់ចោលនូវ​សង្ខារ ម្នាលភិក្ខុ មួយវិញទៀត សេចក្តីសុខ សោមនស្សណា តែងកើតឡើង ព្រោះ​អាស្រ័យវិញ្ញាណ នេះជាគុណក្នុងវិញ្ញាណ វិញ្ញាណណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា នេះ​ជាទោសក្នុងវិញ្ញាណ ការបន្ទោបង់ នូវសេចក្តី​ត្រេកត្រអាល និងការលះបង់ ​នូវសេចក្តី​ត្រេក​ត្រអាល ក្នុងវិញ្ញាណណា នេះជាគ្រឿង​រលាស់ចោលនូវវិញ្ញាណ។

[១២៨] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច អនុស័យ​គឺ អហង្ការមានៈ37) និមមង្ការមានៈ38) ក្នុងកាយ ដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួង ជាខាង​ក្រៅផង មិនមាន។ ម្នាលភិក្ខុ រូបណាមួយ ទោះជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះរូបណា ដែលឆ្ងាយក្តី ជិតក្តី ទាំងអស់នោះ ឈ្មោះថារូប បុគ្គលឃើញនូវរូបនុ៎ះ ដោយបញ្ញាប្រពៃតាមពិត យ៉ាងនេះ​ថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនអញ វេទនា​ណាមួយ… សញ្ញាណាមួយ… សង្ខារណាមួយ… វិញ្ញាណណាមួយ ទោះជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះវិញ្ញាណណា ដែលឆ្ងាយក្តី ជិតក្តី ទាំងអស់នោះ ឈ្មោះថាវិញ្ញាណ បុគ្គល​ឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះ​ថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ម្នាលភិក្ខុ កាលបុគ្គលដឹង​យ៉ាងនេះ ឃើញយ៉ាងនេះឯង អនុស័យគឺ អហង្ការមានៈ និងមមង្ការមានៈ ក្នុងកាយដែល​ប្រកប​ដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងជាខាងក្រៅផង មិនមាន។

[១២៩] គ្រានោះ ភិក្ខុមួយរូប មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើង យ៉ាងនេះថា អើ​ហ្ន៎ បានឮថា រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារជាអនត្តា វិញ្ញាណ​ជាអនត្តា កម្មដែល​អនត្តាធ្វើហើយ នឹងពាល់ត្រូវនូវ​ខ្លួនដូចម្តេចបាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់​បានជ្រាបនូវ​សេចក្តីត្រិះរិះ នៃចិត្តរបស់ភិក្ខុនោះ ដោយ​ព្រះ​ហឫទ័យ របស់ព្រះអង្គហើយ ក៏ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ការណ៍នុ៎ះ រមែង​មានពិត គឺត្រង់ដែលមោឃបុរសខ្លះ ក្នុងលោកនេះ ជាអ្នកមិនដឹង ប្រកប​ដោយអវិជ្ជា សំគាល់នូវសាសនា របស់ព្រះសាស្តា ថាជាពាក្យគួរ​ប្រព្រឹត្តកន្លង​ដោយចិត្ត ដែលមានតណ្ហាជាធំថា អើហ្ន៎ បានឮថា រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារជាអនត្តា វិញ្ញាណជាអនត្តា កម្មដែលអនត្តាធ្វើហើយ នឹងពាល់​ត្រូវនូវខ្លួនដូចម្តេចបាន ឥឡូវនេះ តថាគត នឹងសួរអ្នកវិញ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ដែលតថាគតទូន្មានហើយ ក្នុងធម៌ទាំងឡាយនោះៗថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះដូចម្តេច រូបទៀង ឬមិនទៀងទេ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស មិនទៀងទេ។ ចុះរបស់ណា ដែលមិនទៀង របស់​នោះជាទុក្ខ ឬជាសុខ។ សូមទ្រង់ព្រះមេត្តាប្រោស ជាទុក្ខ។ របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា របស់​នោះ គួរដើម្បីពិចារណាឃើញថា នុ៎ះ​ជារបស់អញ នុ៎ះ​ជាអាត្មាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរឃើញដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្តេច វេទនា។បេ។ សញ្ញា… សង្ខារ… វិញ្ញាណ ជារបស់ទៀង ឬមិនទៀង។ សូម​ទ្រង់​ព្រះមេត្តាប្រោស មិនទៀតទេ។ ចុះរបស់ណា ដែលមិនទៀង របស់​នោះជាទុក្ខ ឬជាសុខ។ សូមទ្រង់ព្រះមេត្តាប្រោស ជាទុក្ខ។ របស់ណា ដែលមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា របស់​នោះ គួរដើម្បីពិចារណាឃើញថា នុ៎ះ​ជារបស់អញ នុ៎ះ​ជាអាត្មាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរឃើញដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះហេតុនោះ ​រូបណាមួយក្នុងលោកនេះ ទោះជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះរូបណា ដែលឆ្ងាយក្តី ជិតក្តី ឈ្មោះថា រូបទាំងអស់ រូបនោះ បុគ្គលគប្បីឃើញដោយបញ្ញាដ៏​ប្រពៃ តាមពិតយ៉ាងនេះ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិន​មែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ វេទនាណាមួយ… សញ្ញាណាមួយ… សង្ខារណាមួយ… វិញ្ញាណណាមួយ ទោះជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះវិញ្ញាណណា ដែលឆ្ងាយក្តី ជិតក្តី ឈ្មោះថា​វិញ្ញាណទាំងអស់ វិញ្ញាណនុ៎ះ បុគ្គលគប្បីឃើញដោយបញ្ញាដ៏​ប្រពៃ តាមពិតយ៉ាងនេះ ដូច្នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិន​មែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួន​របស់​អញទេ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ដែលជាអ្នកចេះដឹង កាលបើបានឃើញ​យ៉ាងនេះហើយ រមែងនឿយណាយក្នុងរូបផង នឿយណាយ​ក្នុងវេទនាផង នឿយណាយ​ក្នុងសញ្ញាផង នឿយណាយ​ក្នុងសង្ខារផង នឿយណាយ​ក្នុង​វិញ្ញាណផង កាលបើមានចិត្ត​នឿយណាយហើយ រមែងប្រាសចាកតម្រេក កាលបើមាន​ចិត្តប្រាសចាកតម្រេកហើយ រមែងរួចស្រឡះ កាលបើមានចិត្តរួចស្រឡះហើយ សេចក្តីដឹង​ថា ចិត្តរួចស្រឡះហើយ ក៏កើតឡើង មួយទៀត ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ ក៏បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បាន​ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ដែលជាអ្នកមានសេចក្តីត្រេកអរ ក៏បានត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ កំពុងសំដែងវេយ្យាករណ៍នេះ ពួកភិក្ខុប្រមាណ៦០រូប ក៏​មានចិត្តរួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនមានឧបាទាន។

ចប់ មហាបុណ្ណមសូត្រ ទី៩។

ចូឡបុណ្ណមសូត្រ ទី១០

(១០. ចូឡបុណ្ណមសុត្តំ)

[១៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​មិគារមាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាលស្រឡះ ក្នុងវេលារាត្រី ដែលមាន​ព្រះចន្ទ​ពេញវង់ ជាថ្ងៃឧបោសថទី១៥។

[១៣១] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ទតចំពោះទៅភិក្ខុសង្ឃដែលនៅស្ងៀម ក៏​មានព្រះបន្ទូលសួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អសប្បុរស អាចស្គាល់​នូវ​អសប្បុរសថា អ្នកនេះជាអសប្បុរសដែរឬហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលថា សូម​ទ្រង់​ព្រះមេត្តាប្រោស មិនស្គាល់ដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ មិនមែនជាហេតុ មិនមែនជាឱកាសទេ ត្រង់ដែលអសប្បុរស អាច​ស្គាល់នូវអសប្បុរសថា អ្នកនេះ ជាអសប្បុរស ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស អាចស្គាល់នូវសប្បុរសថា អ្នកនេះ ជាសប្បុរសដែរឬ។ សូម​ទ្រង់​ព្រះមេត្តាប្រោស មិនអាចស្គាល់ដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ មិនមែនជាហេតុ មិនមែនជាឱកាសដែរ ត្រង់ដែលអសប្បុរស អាច​ស្គាល់នូវសប្បុរសថា អ្នកនេះ ជាសប្បុរស។

[១៣២] ម្នាលភិក្ខុទាំងឡាយ អសប្បុរស ជាអ្នកប្រកបដោយអសទ្ធម្ម (ធម៌​ដ៏លាមក) មានការសេពគប់ជាអសប្បុរស មានគំនិតជាអ​សប្បុរស មានសេចក្តី​ប្រឹក្សាជា​អសប្បុរស មានវាចាជាអសប្បុរស មានការងារជាអសប្បុរស មានទិដ្ឋិជាអសប្បុរស តែង​ឲ្យទានជាអសប្បុរស។

[១៣៣] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ប្រកបដោយអសទ្ធម្ម ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរសក្នុងលោក​នេះ មិនមានសទ្ធា មិនមានសេចក្តីខ្មាសបាប មិនមានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងតិច ខ្ជិលច្រអូស ភ្លេចស្មារតី ឥតបញ្ញា ម្នាលភិក្ខុទាំងឡាយ អសប្បុរស ប្រកបដោយអសទ្ធម្ម យ៉ាង​នេះឯង។

[១៣៤] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស​ មានការសេពគប់ជាអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកសមណព្រាហ្មណ៍ណា ក្នុងលោកនេះ ដែលមិន​មានសទ្ធា មិនខ្មាសបាប មិនខ្លាចបាប ចេះដឹងតិច ខ្ជិលច្រអូស ភ្លេចស្មារតី ឥតបញ្ញា សមណព្រាហ្មណ៍ទាំងនោះ រមែងបានជាមិត្ត ជាសំឡាញ់ របស់អសប្បុរសនោះ ម្នាលភិក្ខុទាំងឡាយ អសប្បុរស សេពគប់នូវអសប្បុរស យ៉ាងនេះឯង។

[១៣៥] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស មានគំនិតជាអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោក​នេះ គិតដើម្បីបៀតបៀនខ្លួនឯងផង គិតដើម្បីបៀតបៀនអ្នកដទៃផង គិតដើម្បីបៀតបៀនទាំងពីរខាងផង ម្នាលភិក្ខុទាំងឡាយ អសប្បុរស មានគំនិតជាអសប្បុរស យ៉ាងនេះឯង។

[១៣៦] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស មានសេចក្តីប្រឹក្សាជាអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុង​លោកនេះ ប្រឹក្សាដើម្បីបៀតបៀន​ខ្លួនឯងផង ប្រឹក្សាដើម្បីបៀតបៀនអ្នកដទៃផង ប្រឹក្សាដើម្បីបៀតបៀន​ទាំងពីរខាងផង ម្នាលភិក្ខុទាំងឡាយ អសប្បុរស មានសេចក្តីប្រឹក្សាជាអសប្បុរស យ៉ាងនេះឯង។

[១៣៧] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស មានវាចាជាអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោក​នេះ មានពាក្យកុហក ពាក្យញុះញង់ ពាក្យទ្រគោះ ពាក្យរោយរាយឥតប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ អសប្បុរស មានវាចាជាអសប្បុរស យ៉ាងនេះឯង។

[១៣៨] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស មានការងារជាអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោក​នេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម ម្នាលភិក្ខុទាំងឡាយ អសប្បុរស មានការងារជា​អសប្បុរស យ៉ាងនេះឯង។

[១៣៩] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស មានទិដ្ឋិជាអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោកនេះ មានសេចក្តីយល់ឃើញ យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ​ មិនមានផល ការបូជាតូច មិនមាន​ផល ផលវិបាកនៃកម្មល្អ និងអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន ការប្រតិបត្តិល្អអាក្រក់ ក្នុង​មាតាមិនមានផល ការប្រតិបត្តិល្អអាក្រក់ ក្នុងបិតាមិនមាន​ផល សត្វដែលជាឱបបាតិកៈមិនមាន សមណព្រាហ្មណ៍ ក្នុងលោកនេះ ដែលប្រព្រឹត្តល្អ ប្រតិបត្តិល្អ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម នៃខ្លួនឯង នូវលោកនេះផង លោកខាងមុខផង ហើយអាចប្រកាសបាន មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ អសប្បុរស មានទិដ្ឋិជាអសប្បុរស យ៉ាងនេះឯង។

[១៤០] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ឲ្យអសប្បុរិសទាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោកនេះ ឲ្យទានដោយមិនគោរព39) ឲ្យទានមិនមែនឲ្យដោយដៃរបស់ខ្លួន ឲ្យទាន មិនធ្វើសេចក្តីកោតក្រែង ឲ្យទានបោះ​គ្រវែងចោល មិនបានយល់ឃើញផលហើយឲ្យទាន ម្នាលភិក្ខុទាំងឡាយ អសប្បុរស ឲ្យអសប្បុរិសទាន យ៉ាងនេះឯង។

[១៤១] ម្នាលភិក្ខុទាំងឡាយ អសប្បុរសនោះឯង ប្រកបដោយអសទ្ធម្មយ៉ាងនេះ មានការសេពគប់ជាអសប្បុរសយ៉ាងនេះ មានគំនិតជាអសប្បុរសយ៉ាងនេះ មានសេចក្តីប្រឹក្សាជាអសប្បុរស យ៉ាងនេះ មានវាចាជាអសប្បុរសយ៉ាងនេះ មាន​ការងារជាអសប្បុរសយ៉ាងនេះ មានទិដ្ឋិជាអសប្បុរសយ៉ាងនេះ ឲ្យទានជាអសប្បុរស​យ៉ាងនេះហើយ លុះមានរាងកាយបែក​ធ្លាយទៅ ខាងមុខ​បន្ទាប់អំពី​មរណៈ តែងទៅកើតក្នុងគតិ របស់ពួកអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ឯគតិរបស់ពួកអសប្បុរស តើដូចម្តេច គតិរបស់ពួកអសប្បុរស គឺនរក ឬកំណើតតិរច្ឆាន។

[១៤២] ម្នាលភិក្ខុទាំងឡាយ សប្បុរស អាចស្គាល់នូវសប្បុរសថា អ្នកនេះ ជាសប្បុរសដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ការណ៍នុ៎ះ រមែងមានពិត គឺត្រង់ដែលសប្បុរស អាចស្គាល់​នូវសប្បុរសថា អ្នកនេះ ជាសប្បុរស ម្នាលភិក្ខុទាំងឡាយ មួយទៀត សប្បុរស អាច​ស្គាល់​នូវអសប្បុរសថា អ្នកនេះជាអសប្បុរសដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ការណ៍នុ៎ះ ក៏រមែងមានពិត គឺត្រង់ដែលសប្បុរស អាច​ស្គាល់​នូវអសប្បុរសថា អ្នកនេះជាអសប្បុរស។

[១៤៣] ម្នាលភិក្ខុទាំងឡាយ សប្បុរស រមែងប្រកបដោយព្រះសទ្ធម្ម ជាអ្នកមានការសេពគប់ជាសប្បុរស មានគំនិតជា​សប្បុរស មានសេចក្តី​ប្រឹក្សាជា​សប្បុរស មានវាចាជាសប្បុរស មានការងារជាសប្បុរស មានទិដ្ឋិជាសប្បុរស តែង​ឲ្យនូវទាន​ជាសប្បុរស។

[១៤៤] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស ប្រកបដោយព្រះសទ្ធម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោក​នេះ ជាអ្នកមានសទ្ធា មានសេចក្តីខ្មាសបាប មានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងច្រើន មានព្យាយាមតឹងតែង មានស្មារតីតម្កល់ខ្ជាប់ មានបញ្ញា ម្នាលភិក្ខុទាំងឡាយ សប្បុរស រមែងប្រកបដោយព្រះសទ្ធម្ម យ៉ាង​នេះឯង។

[១៤៥] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស​ មានការសេពគប់ជាសប្បុរស តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ពួកសមណព្រាហ្មណ៍ណា ដែល​មានសទ្ធា មានសេចក្តីខ្មាសបាប មានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងច្រើន មានព្យាយាមតឹងតែង មានស្មារតីតម្កល់ខ្ជាប់ មានបញ្ញា ពួកសមណព្រាហ្មណ៍នោះ រមែងបានជាមិត្ត ជា​សំឡាញ់ នៃសប្បុរសនោះ ម្នាលភិក្ខុទាំងឡាយ សប្បុរស មានការសេពគប់ជាសប្បុរស យ៉ាងនេះឯង។

[១៤៦] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានគំនិតជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរស ក្នុងលោក​នេះ មិនគិតដើម្បីបៀតបៀនខ្លួនឯង មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង ម្នាលភិក្ខុទាំងឡាយ សប្បុរស មានគំនិតជាសប្បុរស យ៉ាងនេះឯង។

[១៤៧] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានសេចក្តីប្រឹក្សាជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរស ក្នុង​លោកនេះ មិនប្រឹក្សាដើម្បីបៀតបៀន​ខ្លួនឯង មិនប្រឹក្សាដើម្បីបៀតបៀនអ្នកដទៃ មិនប្រឹក្សាដើម្បីបៀតបៀន​ទាំងពីរខាង ម្នាលភិក្ខុទាំងឡាយ សប្បុរស មានសេចក្តីប្រឹក្សាជាសប្បុរស យ៉ាងនេះឯង។

[១៤៨] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានវាចាជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ វៀរចាកពាក្យកុហក វៀរចាកពាក្យញុះញង់ វៀរចាកពាក្យទ្រគោះ វៀរចាកពាក្យរោយរាយឥតប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ សប្បុរស មានវាចាជាសប្បុរស យ៉ាងនេះឯង។

[១៤៩] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានការងារជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោក​នេះ វៀរចាកការសម្លាប់សត្វ វៀរចាកការ​លួច​ទ្រព្យ​គេ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ សប្បុរស មានការងារជាសប្បុរស យ៉ាងនេះឯង។

[១៥០] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស មានទិដ្ឋិជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ មានសេចក្តីយល់ឃើញ យ៉ាងនេះថា ទាន ដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ​ មានផល ការបូជាតូច មាន​ផល ផល និងវិបាកនៃកម្ម ដែលល្អ និងអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន ការប្រតិបត្តិល្អអាក្រក់ ក្នុង​មាតាមានផល ការប្រតិបត្តិល្អអាក្រក់ក្នុងបិតាមានផល សត្វជាឱបបាតិកៈមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលប្រព្រឹត្តល្អ ប្រតិបត្តិល្អ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម នៃខ្លួនឯង នូវលោកនេះផង លោកខាងមុខផង ហើយអាចនឹងប្រកាសបាន រមែងមាន ម្នាលភិក្ខុទាំងឡាយ សប្បុរស មានទិដ្ឋិជាសប្បុរស យ៉ាងនេះឯង។

[១៥១] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តែងឲ្យទានជាសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សប្បុរសក្នុងលោកនេះ ឲ្យទានដោយគោរព ធ្វើនូវសេចក្តីកោតក្រែង ហើយ​ឲ្យទាន ឲ្យទានដ៏បរិសុទ្ធ មានសេចក្តីយល់ឃើញនូវផល​ ហើយឲ្យទាន ម្នាលភិក្ខុ​ទាំងឡាយ សប្បុរស តែងឲ្យទានជាសប្បុរស យ៉ាងនេះឯង។

[១៥២] ម្នាលភិក្ខុទាំងឡាយ សប្បុរសនោះឯង ប្រកបដោយព្រះសទ្ធម្មយ៉ាងនេះ មានការសេពគប់ ជាសប្បុរសយ៉ាងនេះ មានគំនិតជាសប្បុរសយ៉ាងនេះ មានសេចក្តី​ប្រឹក្សាជា​សប្បុរសយ៉ាងនេះ មានវាចាជាសប្បុរសយ៉ាងនេះ មាន​ការងារជា​សប្បុរស​យ៉ាងនេះ មានទិដ្ឋិជាសប្បុរសយ៉ាងនេះ ឲ្យទានជាសប្បុរសយ៉ាងនេះ លុះមានរាងកាយ​បែក​ធ្លាយ​ទៅ ខាងមុខបន្ទាប់អំពីមរណៈ តែងទៅកើតក្នុងគតិ របស់សប្បុរស ម្នាលភិក្ខុ​ទាំងឡាយ ចុះគតិរបស់សប្បុរស តើដូចម្តេច គតិរបស់សប្បុរសនោះ គឺសភាពជា​ទេវតា​ដ៏​ស្តុកស្តម្ភ ឬសភាពជាមនុស្សដ៏ស្តុកស្តម្ភ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់​សូត្រនេះ​ចប់ហើយ ភិក្ខុទាំងនោះ ជាអ្នកមានសេចក្តីត្រេកអរ ក៏បានត្រេកអរចំពោះភាសិត របស់​ព្រះមានព្រះភាគ។

ចប់ ចូឡបុណ្ណមសូត្រ ទី១០។

ចប់ ទេវទហវគ្គ ទី១។

ឧទ្ទាននៃទេវទហវគ្គនោះ ដូច្នេះ

ទេវទហសូត្រ១ បញ្ចត្តយសូត្រ១ កិន្តិសូត្រ១ រឿងនិគន្ថនាដបុត្រ ក្នុងសាមគ្គាមសូត្រ១ ការព្យាករណ៍នូវអរហត្តផល ក្នុងសុនក្ខត្តសូត្រ១ ដំណើរ​ព្រះអង្គ​គង់ក្នុងកម្មាសធម្មនិគម ក្នុងដែនកុរុ ក្នុងអានេញ្ជសប្បាយសូត្រ១ គណកមោគ្គល្លានសូត្រ១ គោបកមោគ្គល្លានសូត្រ១ រឿងព្រះអង្គគង់ក្នុងទីវាលក្នុងរាត្រី មានព្រះចន្ទ្រពេញវង់ ក្នុងមហាបុណ្ណមសូត្រ១ ចូឡបុណ្ណមសូត្រ១ ឈ្មោះថា ទេវទហវគ្គ ដ៏ប្រសើរជាវគ្គដំបូង។

អនុបទវគ្គ

(២. អនុបទវគ្គោ)

អនុបទសូត្រ ទី១

(១. អនុបទសុត្តំ)

[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គដ៏ចម្រើន។

[១៥៤] ព្រះមានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ជាអ្នកប្រាជ្ញ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាក្រាស់ ម្នាលភិក្ខុទាំងឡាយ សារីបុត្រមានប្រាជ្ញារហ័ស ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាវាងវៃ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាមុត ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាជាគ្រឿង​ទម្លាយនូវ​កិលេស ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ឃើញច្បាស់ នូវធម្មវិបស្សនា តាមលំដាប់ អស់កន្លះខែ (ក៏​បានសម្រេចព្រះអរហត្ត)។ ម្នាលភិក្ខុទាំងឡាយ ការណ៍នេះ សារីបុត្ររមែងមាន ក្នុង​ធម្មវិបស្សនា ជាលំដាប់នោះ។

[១៥៥] ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ សារីបុត្រស្ងាត់ចាកកាមទាំងឡាយ ស្ងាត់​ចាកអកុសលធម៌ទាំងឡាយ ហើយចូលបឋមជ្ឈាន មានវិតក្កៈ វិចារៈ បីតិ និងសុខៈ ដែល​កើតអំពីវិវេក។ ធម៌ទាំងឡាយ គឺវិតក្កៈ វិចារៈ បីតិ សុខៈ ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និមនសិការៈណា ដែលមានក្នុង​បឋមជ្ឈាន ធម៌ទាំងនោះ សារីបុត្រ បានកំណត់​តាមលំដាប់ហើយ ធម៌ទាំងនោះ ដែល​សារីបុត្រដឹងច្បាស់ ក៏កើតឡើង ដឹងច្បាស់ក៏តាំងនៅ ដឹងច្បាស់ ក៏ដល់នូវកិរិយារលត់។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះមិនដែលមាន ត្រឡប់ជាមាន មានហើយ ត្រឡប់ជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះក្នុងធម៌ទាំងនោះ (ដោយអំណាចរាគៈ) មិនលិចលង់ក្នុងធម៌ទាំងនោះ (ដោយបដិឃៈ) មិនអាស្រ័យ​ក្នុង​ធម៌ទាំងនោះ (ដោយតណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ) មិនជាប់ក្នុងធម៌ទាំងនោះ (ដោយ​ឆន្ទរាគៈ) រួចស្រឡះ (ចាករាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ តែង​មានដល់សារីបុត្រនោះ។

[១៥៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ​អស់ហើយ បានដល់ទុតិយជ្ឈាន ជាធម្មជាតកើតក្នុងសន្តាននៃខ្លួន ប្រកបដោយ​សេចក្តី​ជ្រះថ្លា គឺសទ្ធា មានសភាព​ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើត​អំពី​សមាធិ គឺបឋមជ្ឈានប៉ុណ្ណោះ ក៏សម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤។ ធម៌ទាំងឡាយ គឺសេចក្តីជ្រះថ្លា ក្នុងសន្តាន បីតិ សុខៈ ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែល​មានក្នុង​ទុតិយជ្ឈាន ធម៌ទាំងនោះ សារីបុត្របានកំណត់​តាមលំដាប់ហើយ ធម៌ទាំងនោះ ដែលសារីបុត្រ​ដឹងច្បាស់ក៏កើតឡើង ដឹងច្បាស់ក៏តាំងនៅ ដឹងច្បាស់ ក៏ដល់នូវ​កិរិយា​រលត់។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះ មិនដែលមាន ត្រឡប់ជាមាន មានហើយ ត្រឡប់ជាគ្មានវិញ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​ មិនជាប់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ (ចាកកាមរាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់​ខ្លួន​ចេញ​ចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ រមែង​មានដល់សារីបុត្រនោះ។

[១៥៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នក​ប្រកបដោយ​ឧបេក្ខាផង មានស្មារតីផង មានសម្បជញ្ញៈផង ទទួលនូវសុខ ដោយ​នាម​កាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវ​តតិយជ្ឈាន​នោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿង​នៅជាសុខ ដូច្នេះ។ ធម៌​ទាំងឡាយ គឺឧបេក្ខា សុខៈ សតិ សម្បជញ្ញៈ ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមានក្នុងតតិយ​ជ្ឈាន ធម៌ទាំងនោះ សារីបុត្រ បានកំណត់​តាមលំដាប់ហើយ ធម៌ទាំងនោះ ដែលសារីបុត្រ​ដឹងច្បាស់ ក៏កើតឡើង ដឹងច្បាស់ក៏តាំងឡើង ដឹងច្បាស់ ក៏ដល់នូវកិរិយារលត់។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះមិនដែលមាន ត្រឡប់ជាមាន មានហើយ ត្រឡប់ជាគ្មានវិញ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​នៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ (ចាកកាមរាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ តែង​មានដល់សារីបុត្រនោះ។

[១៥៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រ ព្រោះលះបង់​នូវសុខផង លះបង់នូវទុក្ខផង ដល់នូវសេចក្តីវិនាសនៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ចូលកាន់ចតុត្ថជ្ឈាន មិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធ ដោយ​ឧបេក្ខា។ ធម៌​ទាំងឡាយ គឺឧបេក្ខា អទុក្ខមសុខវេទនា សេចក្តីបរិសុទ្ធិ ការមិនចងចិត្ត សតិបរិសុទ្ធិ ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមានក្នុងចតុត្ថ​ជ្ឈាន ធម៌ទាំងនោះ ដែលសារីបុត្រនោះ បានកំណត់​តាមលំដាប់ហើយ ធម៌ទាំងនោះ ដែលសារីបុត្រនោះ ​ដឹងច្បាស់ ក៏កើតឡើង ដឹងច្បាស់ក៏តាំងនៅ ដឹងច្បាស់ ក៏ដល់នូវកិរិយារលត់។ សារីបុត្រនោះ ដឹងច្បាស់​យ៉ាង​នេះ​ថា ធម៌ទាំងនេះ មិនដែលមាន ត្រឡប់ទៅជាមាន មានហើយ ត្រឡប់ទៅជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​នៅ មិនជាប់នៅ ក្នុងធម៌​ទាំងនោះ ជាអ្នករួចស្រឡះ (ចាកកាមរាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិន​រពើត​រពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ តែង​មានដល់​សារីបុត្រនោះ។

[១៥៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងបង់នូវរូបសញ្ញាទាំងឡាយ ដោយសព្វគ្រប់ ដល់នូវសេចក្តីវិនាស នៃបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ហើយចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ។ ធម៌ទាំងឡាយ គឺអាកាសានញ្ចាយតនសញ្ញា ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមាន​ក្នុងអាកាសានញ្ចាយតន​ជ្ឈាន ធម៌ទាំងនោះ ដែលសារីបុត្រនោះ បានកំណត់​តាមលំដាប់​ហើយ ធម៌ទាំងនោះ ដែលសារីបុត្រ​នោះ ដឹងច្បាស់ហើយ ក៏កើតឡើង ដឹងច្បាស់ហើយ ក៏តាំងនៅ ដឹងច្បាស់ហើយ ក៏ដល់នូវកិរិយារលត់ទៅ។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះ មិនដែលមាន ត្រឡប់ទៅជាមាន ធ្លាប់មាន ត្រឡប់ទៅជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​នៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ (ចាកកាមរាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ តែង​មានដល់សារីបុត្រនោះ។

[១៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងផុត នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត។ ធម៌ទាំងឡាយ គឺវិញ្ញាណញ្ចាយតនសញ្ញា ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមាន​ក្នុងវិញ្ញាណញ្ចាយតន​ជ្ឈាន ដែលសារីបុត្រនោះ បានកំណត់​តាមលំដាប់​ហើយ ធម៌ទាំងនោះ ដែលសារីបុត្រ​នោះ ដឹងច្បាស់ហើយ ក៏កើតឡើង ដឹងច្បាស់ហើយ ក៏តាំងនៅ ដឹងច្បាស់ហើយ ក៏ដល់នូវកិរិយារលត់ទៅ។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះ មិនដែលមាន ត្រឡប់ទៅជាមាន ដែលធ្លាប់មាន​ហើយ ត្រឡប់ទៅជាគ្មានវិញ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​នៅ មិនជាប់ចំពាក់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ ចាកកាមរាគៈ ប្រាសចាកយោគៈ មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ រមែង​មានដល់សារីបុត្រនោះ។

[១៦១] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងផុត នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួចមិនមានដូច្នេះ។ ធម៌ទាំងឡាយ គឺអាកិញ្ចញ្ញាយតនសញ្ញា ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមាន​ក្នុងអាកិញ្ចញ្ញាយតន​ជ្ឈាន ធម៌ទាំងនោះ គឺសារីបុត្រនោះ បានកំណត់​តាមលំដាប់​ហើយ ធម៌ទាំងនោះ ដែលសារីបុត្រ​នោះ ដឹងច្បាស់ហើយ ក៏កើតឡើង ដឹងច្បាស់ហើយក៏តាំងនៅ ដឹងច្បាស់ហើយ ក៏ដល់នូវកិរិយារលត់។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនោះ មិនដែលមាន ត្រឡប់ទៅជាមាន ធ្លាប់មាន​ហើយ ត្រឡប់ទៅជាគ្មានវិញ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​​នៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ ចាកកាមរាគៈ ប្រាសចាកយោគៈ មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ រមែង​មានដល់សារីបុត្រនោះ។

[១៦២] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងផុត នូវអាកិញ្ចញ្ញា​យតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ សារីបុត្រ​នោះ ជាអ្នក​មានស្មារតីចេញចាកសមាបត្តិនោះ។ លុះសារីបុត្រនោះ មានស្មារតី​ចេញចាក​សមាបត្តិនោះហើយ ក៏ពិចារណាឃើញ នូវពួកធម៌ ដែលកន្លងទៅ​ រលត់ទៅ ប្រែប្រួលទៅហើយថា ពួកធម៌ទាំងនោះ មិនដែលមាន ត្រឡប់ទៅជាមាន ដែលធ្លាប់មាន​ហើយ ត្រឡប់ទៅជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​​នៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះឡើយ ជាអ្នករួចស្រឡះ ចាកកាមរាគៈ ប្រាសចាកយោគៈ មានចិត្តមិនរពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌​នោះ រមែង​មានដល់សារីបុត្រនោះ។

[១៦៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងផុត នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលកាន់​សញ្ញាវេទយិតនិរោធ។ អាសវធម៌អស់ទៅបាន ព្រោះសារីបុត្រនោះ ឃើញច្បាស់ដោយប្រាជ្ញា។ សារីបុត្រនោះ មានស្មារតី ចេញចាកសមាបត្តិនោះ។ លុះសារីបុត្រនោះ មានស្មារតី ចេញចាកសមាបត្តិ​នោះហើយ ក៏ពិចារណាឃើញនូវពួកធម៌ ដែលកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយ​ថា ពួកធម៌ទាំងនេះ មិនដែលមាន ត្រឡប់ទៅជាមាន មាន​ហើយ ត្រឡប់ទៅជាគ្មានវិញ យ៉ាង​នេះ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យ​​នៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះឡើយ ជាអ្នករួចស្រឡះ ចាកកាមរាគៈ ប្រាសចាកយោគៈ មិនមាន​ចិត្ត​រពើតរពើង។ សារីបុត្រ​នោះ ដឹងច្បាស់ថា និស្សរណធម៌ នៅមានតទៅទៀត។ ការធ្វើឲ្យ​រឿយៗ នូវនិស្សរណធម៌នោះ រមែង​មានដល់សារីបុត្រនោះ។

[១៦៤] ម្នាលភិក្ខុទាំងឡាយ មហាជន តែងនិយាយសរសើរភិក្ខុណាថា ភិក្ខុនេះ ដល់នូវការស្ទាត់ ដល់នូវកិរិយាសម្រេច ក្នុងសីលដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវ​កិរិយាសម្រេច​ក្នុងសមាធិដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវកិរិយាសម្រេច ក្នុងបញ្ញាដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវ​កិរិយាសម្រេច​ក្នុងវិមុត្តិដ៏ប្រសើរ ដែល​មហាជនតែងនិយាយសរសើរ នូវភិក្ខុនោះ គឺសារីបុត្រហ្នឹងឯងថា (សារីបុត្រនេះ) ដល់នូវការស្ទាត់ ដល់នូវកិរិយាសម្រេច ក្នុងសីលដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវ​កិរិយាសម្រេច​ក្នុងសមាធិដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវកិរិយាសម្រេច ក្នុងបញ្ញាដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវ​កិរិយាសម្រេច​ក្នុងវិមុត្តិដ៏ប្រសើរ។

[១៦៥] ម្នាលភិក្ខុទាំងឡាយ មហាជន តែងនិយាយសរសើរភិក្ខុណាថា (ភិក្ខុនេះ) ជាបុត្រ ជាឱរសរបស់ព្រះមានព្រះភាគ កើតពីព្រះឱស្ឋរបស់​ព្រះមានព្រះភាគ កើតអំពី​ធម៌ ធម៌និម្មិតឲ្យមក មានធម៌ជាមត៌ក មិនមែនមានអាមិសៈ​ជាមត៌កឡើយ ដែល​មហាជន​តែងនិយាយសរសើរ នូវភិក្ខុនោះ គឺសារីបុត្រហ្នឹងឯងថា (សារីបុត្រនេះ) ជាបុត្រ ជាឱរសរបស់ព្រះមានព្រះភាគ កើតពីព្រះឱស្ឋ របស់​ព្រះមានព្រះភាគ កើតពី​ធម៌ ធម៌និម្មិតឲ្យមក មានធម៌ជាមត៌ក មិនមែនមានអាមិសៈ​ជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ បានញុំាង​ធម្មចក្រដ៏ប្រសើរ ដែលតថាគត ឲ្យប្រព្រឹត្តទៅ​ហើយ ឲ្យប្រព្រឹត្តទៅតាម ដោយប្រពៃបាន។ ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ​ចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយហើយចំពោះភាសិត របស់​ព្រះមានព្រះភាគ។

ចប់ អនុបទសូត្រ ទី១។

ឆវិសោធនសូត្រ ទី២

(២. ឆព្វិសោធនសុត្តំ)

[១៦៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១៦៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ និយាយអួតអរហត្តផល ចំពោះភិក្ខុទាំងឡាយថា ខ្ញុំដឹងច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយៈ ខ្ញុំបានប្រព្រឹត្តហើយ សោឡសកិច្ច ខ្ញុំបានធ្វើរួចហើយ មិនមាន​កិច្ចអ្វីក្រៅពីនេះទៀតទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវត្រេកអរ មិនត្រូវ​ហាមឃាត់​ភាសិតរបស់ភិក្ខុនោះទេ។ បើភិក្ខុមិនត្រេកអរ មិន​ហាមឃាត់ហើយ ត្រូវសួរប្រស្នាទៅវិញ​ថា ម្នាលអាវុសោ វោហារ៤ម៉ាត់នេះ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សំដែងទុកមកដោយប្រពៃហើយ វោហារ៤ម៉ាត់ តើ​ដូចម្តេច គឺ​ភាវៈនៃបុគ្គលនិយាយថា​ ឃើញក្នុងរូបារម្មណ៍ ដែលឃើញហើយ១ ភាវៈនៃ​បុគ្គល​និយាយ​ថា​ឮ ក្នុងសទ្ទារម្មណ៍ ដែលឮហើយ១ ភាវៈនៃបុគ្គលនិយាយថា​ ទទួលរសារម្មណ៍ ដែលបានទទួលហើយ១ ភាវៈនៃបុគ្គលនិយាយថា ដឹងច្បាស់ ក្នុងអារម្មណ៍ ដែលដឹងច្បាស់ហើយ១ ម្នាលអាវុសោ វោហារទាំង៤ម៉ាត់នេះឯង ដែល​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សំដែង​ទុក​មកហើយ ដោយប្រពៃ។ ភិក្ខុនោះ សួរថា ចុះលោកមានអាយុដឹងដូចម្តេចខ្លះ ឃើញ​ដូចម្តេចខ្លះ បានជាចិត្តរួច​ស្រឡះ ចាកអាសវៈទាំងឡាយ មិនប្រកាន់​ក្នុងវោហារ ​ទាំង៤​ម៉ាត់នេះ។

[១៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព អ្នកមានព្រហ្មចរិយៈ​ប្រព្រឹត្តហើយ មានកិច្ចការធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍​សម្រាប់ខ្លួន​សម្រេច​ហើយ មានភវសញ្ញោជនៈអស់ហើយ រួចស្រឡះចាកអកុសលធម៌ ព្រោះដឹងដោយប្រពៃ រមែងមានអនុធម៌នេះ40) ដើម្បី​ព្យាករណ៍ថា ម្នាលអាវុសោ ខ្ញុំមិនលុះ មិនលិចលង់ មិនអាស្រ័យ មិនជាប់ចំពាក់នៅក្នុងអារម្មណ៍ ដែលឃើញហើយទេ រួចស្រឡះចាក​កាមរាគៈ ប្រាសចាកយោគៈ ឥតមានចិត្តរពើតរពើងឡើយ ម្នាលអាវុសោ​ ខ្ញុំ (មិនលុះ)​ក្នុងរសារម្មណ៍ដែលទទួលហើយទេ… ម្នាលអាវុសោ ខ្ញុំ (មិនលុះ)​ក្នុងសទ្ទារម្មណ៍ដែលឮហើយទេ… ម្នាលអាវុសោ ខ្ញុំមិនលុះ មិនលិចលង់ មិនអាស្រ័យ មិនជាប់ចំពាក់នៅក្នុងអារម្មណ៍ ដែលដឹងច្បាស់ហើយទេ រួចស្រឡះ​ចាកកាមរាគ ប្រាសចាកយោគៈ ឥតមានចិត្តរពើតរពើងឡើយ ម្នាលអាវុសោ ខ្ញុំដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះ បានជាចិត្តរួចស្រឡះ ចាកអាសវធម៌ទាំងឡាយ មិនប្រកាន់ក្នុងវោហារ ​ទាំង​៤ម៉ាត់នេះផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នូវភាសិតរ​បស់​ភិក្ខុ​នោះថា សាធុ ដូច្នេះ។ លុះភិក្ខុត្រេកអរ អនុមោទនាភាសិតថា សាធុ ដូច្នេះហើយ ត្រូវសួរ​ប្រស្នាតទៅទៀតថា ម្នាលអាវុសោ ឧបាទានក្ខន្ធ៥នេះ ព្រះមានព្រះភាគ អរហន្ត សម្មា​សម្ពុទ្ធនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សំដែងទុកមកហើយ ដោយប្រពៃ ឧបាទានក្ខន្ធ​ទាំង៥ តើដូចម្តេចខ្លះ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបា​ទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១ ម្នាលអាវុសោ ឧបាទានក្ខន្ធ ទាំង៥នេះ ដែលព្រះមានព្រះភាគ អរហន្ត សម្មា​សម្ពុទ្ធនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សំដែងទុកមកហើយ ដោយប្រពៃ។ ចុះលោកមានអាយុ ដឹងដូចម្តេច ឃើញដូចម្តេច បានជាចិត្តរួចស្រឡះចាកអាសវៈទាំងឡាយ មិនប្រកាន់ក្នុងឧបាទានក្ខន្ធ​ទាំង៥នេះ។

[១៦៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព អ្នកមានព្រហ្មចរិយៈប្រព្រឹត្ត​ស្រេច​ហើយ មានកិច្ចការធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍​ចំពោះខ្លួន​សម្រេចហើយ មានភវសញ្ញោជនៈអស់ហើយ មានចិត្ត​ផុតស្រឡះហើយ ព្រោះ​ដឹង​នូវធម៌​ដោយប្រពៃ រមែងមានអនុធម៌នេះ ដើម្បីព្យាករណ៍ថា ម្នាលអាវុសោ ខ្ញុំដឹងច្បាស់ នូវ​រូប​ថា មានកម្លាំងថយ ដល់នូវសេចក្តីវិនាស មិនជាទីត្រេកអរ ហើយដឹងច្បាស់ថា ការប្រកាន់​មាំ ការអធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅ របស់ចិត្តណា ក្នុងរូប ចិត្តរបស់ខ្ញុំ​ផុត​ស្រឡះ​ ព្រោះអស់ទៅ ព្រោះនឿយណាយ ព្រោះរលត់ ព្រោះលះបង់ ព្រោះកំចាត់បង់ នូវ​សេចក្តី​ប្រកាន់មាំ ជាដើមនោះ ម្នាលអាវុសោ ខ្ញុំ (ដឹងច្បាស់) នូវវេទនា … ម្នាលអាវុសោ ខ្ញុំ​(ដឹង​ច្បាស់) នូវសញ្ញា … ម្នាលអាវុសោ ខ្ញុំ (ដឹងច្បាស់) នូវសង្ខារ​ទាំងឡាយ … ម្នាលអាវុសោ ខ្ញុំដឹងច្បាស់នូវវិញ្ញាណ​ថា មានកម្លាំងថយ ដល់នូវការវិនាស មិនជាទីត្រេកអរ ហើយដឹងច្បាស់ថា សេចក្តីប្រកាន់មាំ ការអធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅ ​របស់​ចិត្ត​ណា ក្នុងវិញ្ញាណ ចិត្តរបស់ខ្ញុំ ​ក៏ផុត​ស្រឡះ​ ព្រោះអស់ទៅ ព្រោះនឿយណាយ ព្រោះ​រលត់ ព្រោះលះបង់ ព្រោះកំចាត់បង់ នូវ​សេចក្តី​ប្រកាន់មាំ ជាដើមនោះ ម្នាលអាវុសោ កាលបើខ្ញុំដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏ផុត ចាកអាសវធម៌​ទាំងឡាយ ព្រោះ​មិនប្រកាន់មាំ ក្នុងឧបាទានក្ខន្ធទាំង៥នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា ចំពោះភាសិត របស់ភិក្ខុនោះថា សាធុ ដូច្នេះ។ លុះភិក្ខុត្រេកអរ អនុមោទនា ចំពោះភាសិតថា សាធុ ដូច្នេះហើយ ត្រូវសួរប្រស្នាតទៅទៀតថា ម្នាលអាវុសោ ធាតុ៦​នេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់ត្រាស់​សំដែង ដោយប្រពៃហើយ ធាតុទាំង៦ តើដូចម្តេច គឺ បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ អាកាសធាតុ១ វិញ្ញាណធាតុ១ ម្នាលអាវុសោ ធាតុទាំង​៦​នេះឯង ដែលព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​ត្រាស់​សំដែង ដោយប្រពៃហើយ។ ចុះលោកមានអាយុ ដឹងដូចម្តេច ឃើញដូចម្តេច បានជា​ចិត្ត​រួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់ក្នុងធាតុទាំង៦នេះ។

[១៧០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព ដែលមានព្រហ្មចរិយធម៌​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ មានកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍​ចំពោះខ្លួន​សម្រេចហើយ មានសញ្ញោជនៈក្នុងភពអស់ហើយ មានចិត្ត​ផុតស្រឡះហើយ ព្រោះ​ដឹង​នូវធម៌​ដោយប្រពៃ តែងមានអនុធម៌នេះ ដើម្បីព្យាករណ៍ថា ម្នាលអាវុសោ ខ្ញុំចូលចិត្តនូវ​បឋវីធាតុ ថាមិនមែនខ្លួនផង មិនចូលចិត្ត នូវខ្លួនដែលអាស្រ័យនៅនឹង​បឋវីធាតុផង មួយទៀត សេចក្តីប្រកាន់មាំ ការអធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅរបស់ចិត្តណា ដែលអាស្រ័យនឹងបឋវីធាតុ ខ្ញុំដឹងច្បាស់ថា ចិត្តរបស់​អាត្មាអញ ផុតស្រឡះហើយ ព្រោះអស់ ព្រោះនឿយណាយ ព្រោះរលត់ ព្រោះលះបង់ ព្រោះកំចាត់បង់ នូវ​សេចក្តី​ប្រកាន់មាំ ជាដើមនោះ ម្នាលអាវុសោ ខ្ញុំចូលចិត្តនូវអាបោធាតុ… ម្នាលអាវុសោ ខ្ញុំចូល​ចិត្ត​នូវតេជោធាតុ…​ ម្នាលអាវុសោ ខ្ញុំចូលចិត្តនូវ​វាយោធាតុ… ម្នាលអាវុសោ ខ្ញុំចូលចិត្តនូវ​អាកាសធាតុ… ម្នាលអាវុសោ ខ្ញុំចូលចិត្ត​នូវវិញ្ញាណធាតុ ថាមិនមែនខ្លួនផង មិនចូល​ចិត្ត​ខ្លួន ដែលអាស្រ័យនៅនឹងវិញ្ញាណធាតុផង មួយទៀត ខ្ញុំដឹងច្បាស់ថា ការប្រកាន់មាំ ការ​អធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅរបស់ចិត្តណា ដែលអាស្រ័យនឹងវិញ្ញាណ ចិត្ត​របស់ខ្ញុំផុតស្រឡះហើយ ព្រោះអស់ ព្រោះនឿយណា ព្រោះរលត់ ព្រោះលះបង់ ព្រោះ​កំចាត់បង់ នូវសេចក្តីប្រកាន់មាំ ជាដើមនោះ ម្នាលអាវុសោ កាលបើខ្ញុំដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះហើយ ចិត្តក៏ផុតចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់ក្នុងធាតុទាំង៦​នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នឹងភាសិតរបស់ភិក្ខុនោះថា សាធុ ដូច្នេះចុះ។ លុះភិក្ខុត្រេកអរ អនុមោទនានូវភាសិតថា​ សាធុ ដូច្នេះហើយ ត្រូវសួរប្រស្នា​តទៅទៀតថា ម្នាលអាវុសោ ចុះអាយតនៈខាងក្នុង ខាងក្រៅ ទាំង៦នេះ ដែល​ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ដោយ​ប្រពៃហើយ អាយតនៈ៦ តើដូចម្តេច គឺ ចក្ខុ១ រូប១ សោតៈ១ សទ្ទៈ១ ឃានៈ១ គន្ធៈ១ ជិវ្ហា១ រសៈ១ កាយៈ១ ផោដ្ឋព្វៈ១ មនៈ១ ធម្មៈ១ ម្នាលអាវុសោ អាយតនៈខាងក្នុង​ខាងក្រៅ​ ៦នេះហើយ ដែលព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញ​ច្បាស់ ទ្រង់ត្រាស់សំដែង ដោយប្រពៃហើយ។ ភិក្ខុសួរថា ចុះលោកមានអាយុ ដឹងដូច​ម្តេច ឃើញដូចម្តេច ទើបចិត្តផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះ​មិនប្រកាន់ក្នុង​អាយតនៈ​ខាងក្នុង៦ ខាងក្រៅ៦នេះ។

[១៧១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព ដែលមានព្រហ្មចរិយធម៌ ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ មានកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍​ចំពោះ​ខ្លួនសម្រេចហើយ មាន​ភវសញ្ញោជនៈអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹង​នូវ​ធម៌ដោយប្រពៃ តែងមានអនុធម៌នេះ ដើម្បីព្យាករណ៍ថា ម្នាលអាវុសោ ខ្ញុំដឹងច្បាស់ថា ឆន្ទៈ រាគៈ នន្ទិ តណ្ហា សេចក្តីប្រកាន់មាំ ការអធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅ របស់ចិត្តណា ក្នុងចក្ខុ ក្នុងរូប ក្នុងចក្ខុវិញ្ញាណ ក្នុងធម្មារម្មណ៍ទាំងឡាយ ដែល​បុគ្គល​គប្បីដឹងច្បាស់ ដោយចក្ខុវិញ្ញាណ ចិត្តរបស់អាត្មាអញ ក៏ផុតស្រឡះហើយ ព្រោះអស់​ ព្រោះនឿយណាយ ព្រោះរលត់ ព្រោះលះបង់ ព្រោះកំចាត់បង់ នូវសភាវៈ មានឆន្ទៈ​ជាដើមនោះ ម្នាលអាវុសោ ខ្ញុំដឹងច្បាស់ថា ឆន្ទៈ រាគៈ នន្ទិ តណ្ហា សេចក្តីប្រកាន់មាំ ការអធិដ្ឋាន ការចូលចិត្តស៊ប់ និងការដេកនៅ របស់ចិត្តណាៗ ក្នុងសោតៈ ក្នុងសទ្ទៈ ក្នុងសោតវិញ្ញាណ… ក្នុងឃានៈ ក្នុងគន្ធៈ ក្នុងឃានវិញ្ញាណ… ក្នុងជិវ្ហា ក្នុងរសៈ ក្នុង​ជិវ្ហាវិញ្ញាណ… ក្នុងកាយ ក្នុងផោដ្ឋព្វៈ ក្នុងកាយវិញ្ញាណ… ក្នុងមនៈ ក្នុងធម្មៈ ក្នុង​មនោវិញ្ញាណ ក្នុងធម៌ទាំងឡាយ ដែលបុគ្គល ​ត្រូវដឹងដោយមនោវិញ្ញាណ ចិត្តរបស់​អាត្មាអញ ក៏ផុតស្រឡះ ព្រោះអស់ ព្រោះនឿយណាយ ព្រោះរលត់ ព្រោះលះបង់ ព្រោះកំចាត់បង់ នូវឆន្ទៈ ​ជាដើមនោះ ម្នាលអាវុសោ កាលបើខ្ញុំដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះហើយ ចិត្តរបស់ខ្ញុំ ក៏រួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់ នូវ​អាយតនៈ ខាងក្នុង៦ ខាងក្រៅ៦ នេះឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នឹង​ភាសិត របស់ភិក្ខុនោះថា សាធុ ដូច្នេះចុះ។ លុះភិក្ខុត្រេកអរ អនុមោទនា នឹងភាសិតថា សាធុ ដូច្នេះហើយ ត្រូវសួរប្រស្នាតទៅទៀតថា ចុះលោកមានអាយុ ដឹងដូចម្តេច ឃើញ​ដូចម្តេច បានជាលោកដកនូវអហង្ការមានានុស័យ និងមមង្ការតណ្ហានុស័យ ក្នុងកាយ​ដែល​ប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ ជាខាងក្រៅនេះផង។

[១៧២] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព ដែលមាន​ព្រហ្មចរិយធម៌ ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ មានកិច្ចការធ្វើរួចហើយ មានភារៈ​ដាក់​ចុះ​ហើយ មានប្រយោជន៍របស់ខ្លួន សម្រេចហើយ មាន​ភវសញ្ញោជនៈអស់រលីងហើយ មាន​ចិត្តផុតហើយ ព្រោះដឹង​ធម៌ដោយប្រពៃ តែងមានអនុធម៌នេះ ដើម្បីព្យាករណ៍ថា ម្នាល​អាវុសោ កាលពីដើម ខ្ញុំនៅជាគ្រហស្ថ ព្រះតថាគតក្តី សាវ័កព្រះតថាគតក្តី តែងសំដែង​ធម៌ ដល់ខ្ញុំនោះ លុះខ្ញុំស្តាប់ធម៌នោះហើយ ក៏បាននូវសទ្ធា ចំពោះ​ព្រះតថាគត។ ខ្ញុំនោះ បរិបូណ៌ដោយការបាននូវសទ្ធានោះហើយ ក៏ពិចារណាឃើញ ដូច្នេះថា ឃរាវាស ចង្អៀត​ណាស់ ជាផ្លូវបង្ហូរនូវធូលី គឺរាគៈ បព្វជ្ជា ទើបមានទំនេរច្រើន កាលបើអាត្មាអញ នៅ​គ្រប់គ្រងផ្ទះហើយ មិនងាយនឹងប្រព្រឹត្តព្រហ្មចារ្យ ឲ្យបរិបូណ៌ ដោយចំណែកមួយ ឲ្យ​បរិសុទ្ធ ដោយចំណែកមួយ ដូចជាស័ង្ខ ដែលបុគ្គល​ដុសខាត់បានឡើយ បើដូច្នោះ មានតែ​អាត្មាអញ កោរសក់ ពុកមាត់ ពុកចង្កា ហើយស្លៀកសំពត់កាសាយៈ ចេញ​ចាក​ផ្ទះ ចូលទៅកាន់ផ្នួស។ ម្នាលអាវុសោ លុះសម័យជាខាងក្រោយមក ខ្ញុំនោះ បានលះបង់​គំនរទ្រព្យតិចក្តី លះបង់គំនរទ្រព្យច្រើនក្តី លះបង់ញាតិវង្សតិចក្តី លះបង់ញាតិវង្ស​ច្រើន​ក្តី ហើយកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅ​កាន់​ផ្នួស។ លុះខ្ញុំបានបួសយ៉ាងនេះហើយ ក៏បរិបូណ៌ដោយសិក្ខា និងសាជីវៈរបស់ភិក្ខុ លះបង់​បាណាតិបាត វៀរចាកបាណាតិបាត ដាក់ចុះនូវអាជ្ញា ដាក់ចុះនូវសស្ត្រា ជា​អ្នកអៀនខ្មាស មានចិត្តអាណិតអាសូរ និងមានសេចក្តីអនុគ្រោះដល់សត្វ ដោយ​ប្រយោជន៍។ ជាអ្នកលះបង់អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែទ្រព្យ​ដែល​គេឲ្យ ប្រាថ្នាចំពោះតែទ្រព្យ ដែលគេឲ្យ មានខ្លួនដ៏ស្អាត មិនមែន​ជាអ្នកល្មួច។ ជាអ្នក​លះបង់ នូវអព្រហ្មចរិយធម៌ គឺធម៌​មិនប្រសើរ ប្រព្រឹត្តនូវធម៌ ដ៏ប្រសើរ ជាអ្នកចៀសវាង វៀរ​ស្រឡះចាកមេថុន ដែលជាធម៌សម្រាប់អ្នកស្រុក។ ជាអ្នកលះបង់មុសាវាទ វៀរចាកមុសាវាទ និយាយតែពាក្យពិត តនូវពាក្យពិត ជាអ្នកទៀងត្រង់ គួរគេជឿបាន មិន​និយាយបំភ្លាត់សត្វលោកឡើយ។ ជាអ្នកលះបង់បិសុណវាចា វៀរចាកបិសុណវាចា គឺ​ឮសំដីអំពីសំណាក់ជននេះ មិនប្រាប់ដល់ជនឯណោះ ដើម្បីនឹង​បំបែកជនទាំងពីរនេះ​ឡើយ ឬឮពីសំណាក់អ្នកឯណោះ មិនយកមកនិយាយប្រាប់អ្នកនេះ ដើម្បីនឹងបំបែក​ជនឯណោះឡើយ តែងតែជួយបង្រួបបង្រួម នូវពួកជន ដែលបែកបាក់គ្នាហើយផង ជាអ្នក​ជួយទំនុកបម្រុង នូវពួកជន ដែលត្រូវការនឹងប្រយោជន៍ផង ជាអ្នកត្រេកអរ នឹង​សេចក្តីព្រមព្រៀង ពេញចិត្តនឹង​សេចក្តីព្រមព្រៀង ចូលចិត្តនឹង​សេចក្តីព្រមព្រៀង និយាយ​តែពាក្យ ដែល​នាំឲ្យកើត​សេចក្តីព្រមព្រៀង ដូច្នេះឯង។ ជាអ្នកលះបង់ផរុសវាចា វៀរចាកផរុសវាចា វាចាណា មិនមានទោស ជាសុខដល់ត្រចៀក គួរឲ្យស្រឡាញ់ គួរ​ឲ្យ​តម្កល់ទុក ក្នុងហឫទ័យ ជាសំដីអ្នកក្រុង ជាទីស្រឡាញ់ដល់ជនច្រើន ជាទីពេញចិត្ត​ដល់​ជនច្រើន ក៏និយាយតែវាចាមានសភាពដូច្នោះ។ លះបង់សម្ផប្បលាបៈ វៀរចាក​សម្ផប្បលាបៈ និយាយតាមកាល និយាយតែពាក្យពិត និយាយតែពាក្យនាំឲ្យកើត​ប្រយោជន៍ និយាយពីធម៌ និយាយពីវិន័យ និយាយតែពាក្យ ដែលគួរឲ្យគេតម្កល់ទុក​ក្នុងចិត្ត និយាយតែពាក្យមានគ្រឿងអាងតាមកាល ពាក្យមានទីបំផុត ពាក្យមានប្រយោជន៍។ ខ្ញុំនោះ ជាអ្នកវៀរចាកការផ្តិលផ្តាច់ នូវពីជគាម និងភូតគាម ជាអ្នក​បរិភោគភត្តតែម្តង វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគ​ក្នុងវេលា​វិកាល វៀរចាកការរាំ ច្រៀង ប្រគំ និងការមើលនូវល្បែង ដែលជាសត្រូវ ដល់កុសលធម៌ វៀរចាកការប្រដាប់តាក់តែង ស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង គ្រឿងក្រអូប និង​គ្រឿង​លាបផ្សេងៗ វៀរចាកការដេកអង្គុយ លើសេនាសនៈដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ វៀរចាកការទទួលមាស និងប្រាក់ វៀរចាកការទទួលស្រូវស្រស់ វៀរចាកការ​ទទួល​​សាច់​ឆៅ វៀរចាកការទទួលស្រី និងក្មេងស្រី វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួលពពែ និងចៀម វៀរចាកការទទួលមាន់ និងជ្រូក វៀរចាកការទទួលដំរី​ គោ សេះឈ្មោល និងសេះញី វៀរចាកការទទួលស្រែ និងចំការ វៀរចាកការប្រកបកិច្ច​ជាទូតនាំសំបុត្រទៅមក វៀរចាកការលក់ដូរ វៀរចាកការឆបោកដោយជញ្ជីង ឆបោក​ដោយភាជន៍មាស ឆបោកដោយរង្វាស់ ជាអ្នកវៀរចាកការសើររើ បញ្ឆោត បន្លំ កោងកាច វៀរចាកការកាត់ (នូវអវយវៈ មានដៃជាដើម) សម្លាប់ចាប់ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ។ ខ្ញុំនោះ ជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ បើដើរចេញទៅទីណាៗ ក៏កាន់យកតែចីវរ និងបិណ្ឌបាតនោះ ដើរចេញ​ទៅ។ ដូចសត្វបក្សី ហើរទៅកាន់ទីណាៗ ដោយតែស្លាប និងរោមរបស់ខ្លួនប៉ុណ្ណោះ យ៉ាង​ណា ម្នាលអាវុសោ ខ្ញុំជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ បើចេញទៅទីណាៗ ក៏កាន់យកតែចីវរ និងបិណ្ឌបាត ដើរចេញ​ទៅប៉ុណ្ណោះ យ៉ាងនោះដែរ។

[១៧៣] ខ្ញុំនោះ បរិបូណ៌ដោយសីលក្ខន្ធ ដ៏ប្រសើរនេះហើយ ទទួលសេចក្តី​សុខ ដែលមិនមានទោស ក្នុងសន្តាន។ ខ្ញុំនោះ ឃើញរូបដោយភ្នែក ក៏មិនប្រកាន់​នូវ​និមិត្ត មិនប្រកាន់នូវ​អនុព្យញ្ជនៈឡើយ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និង​ទោមនស្ស គប្បីជាប់តាមនូវបុគ្គល ព្រោះហេតុមិនសង្រួម នូវចក្ខុន្ទ្រិយណា ខ្ញុំក៏​ប្រតិបត្តិ ដើម្បី​សង្រួម នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួម ក្នុងចក្ខុន្ទ្រិយ ឮសំឡេង​ដោយត្រចៀក… ធំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវ​នូវផោដ្ឋព្វៈ ដោយកាយ…. ដឹងធម្មារម្មណ៍ដោយចិត្ត ក៏មិនប្រកាន់​នូវនិមិត្ត មិនប្រកាន់​នូវ​​​អនុព្យញ្ជនៈឡើយ ធម៌ទាំងឡាយ ជាអកុសល ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមនូវបុគ្គល ព្រោះហេតុមិនសង្រួម នូវមនិន្ទ្រិយណា ខ្ញុំក៏ប្រតិបត្តិ ដើម្បី​សង្រួមនូវមនិន្ទ្រិយ​នោះ រក្សានូវមនិន្ទ្រិយ ដល់នូវការសង្រួម ក្នុងមនិន្ទ្រិយ។

[១៧៤] ខ្ញុំនោះ បរិបូណ៌ដោយការសង្រួមក្នុងឥន្ទ្រិយ ដ៏ប្រសើរនេះហើយ បាន​ទទួល​នូវសេចក្តីសុខ មិនមានទុក្ខក្នុងសន្តាន។ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការឈាន​ទៅ​មុខ ឈានថយក្រោយ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការមើលទៅមុខ ងាកមើលទៅខាង ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការបត់ដៃចូល និងលាដៃចេញ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការប្រើប្រាស់សង្ឃាដិ បាត្រ ចីវរ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការស៊ី ផឹក ទំពា ទទួលរស ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការធ្វើឧច្ចារៈ បស្សាវៈ ខ្ញុំ​មានកិរិយាដឹងច្បាស់ ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ និយាយ នៅស្ងៀម។

[១៧៥] ខ្ញុំនោះ បរិបូណ៌ដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង បរិបូណ៌ដោយ​ឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះផង បរិបូណ៌ដោយសតិ និងសម្បជញ្ញៈ ដ៏ប្រសើរ​នេះផង ក៏អាស្រ័យនៅនឹង​សេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ ខ្ញុំនោះ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយ​ពែនភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិ ចំពោះទៅរកកម្មដ្ឋាន។ ខ្ញុំនោះ លះបង់នូវ​អភិជ្ឈា​ក្នុងលោកចេញ មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា លះបង់នូវ​ព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិន​ព្យាបាទ ជាអ្នក​អនុគ្រោះដោយ​ប្រយោជន៍ ដល់​ពួក​សត្វ ជម្រះចិត្តចាកព្យាបាទ និងសេចក្តី​ប្រទូស្ត លះបង់ថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ មានសេចក្តី​សំគាល់នូវពន្លឺ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្ត ចាកថីនមិទ្ធៈ លះបង់​ឧទ្ធច្ចកុក្កុច្ចៈ មិនមានចិត្តអណ្តែតអណ្តូង មានចិត្តស្ងប់រម្ងាប់ ក្នុងសន្តាន ជម្រះចិត្ត​ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ឆ្លងផុតវិចិកិច្ឆា មិនងឿងឆ្ងល់ ក្នុង​ធម៌ទាំងឡាយ ជាកុសល ជម្រះចិត្តចាកវិចិកិច្ឆា។

[១៧៦] ខ្ញុំនោះ លះបង់នូវនីវរណៈទាំង៥ ដែលជាឧបក្កិលេស របស់​ចិត្ត ជាធម្មជាតធ្វើប្រាជ្ញា ឲ្យមានកំឡាំងថយចុះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ក៏ចូលដល់បឋមជ្ឈាន ដែលមានវិតក្កៈ វិចារៈ និងបីតិ សុខៈ ដែលកើតពីវិវេក ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ក៏ចូលដល់​ទុតិយជ្ឈាន ប្រកបដោយ​សេចក្តីជ្រះថ្លា ក្នុង​សន្តាន មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ និងវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើត​ពី​សមាធិប៉ុណ្ណោះ… ចូលដល់តតិយជ្ឈាន… ចូល​ដល់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ។

[១៧៧] កាលបើចិត្តតាំងមាំ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនរំជួយដោយ​អារម្មណ៍ យ៉ាងនេះហើយ ខ្ញុំនោះ ក៏បង្អោនចិត្តទៅ ដើម្បីប្រាជ្ញា ជាគ្រឿង​អស់នៃអាសវៈទាំងឡាយ។ ខ្ញុំនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុ​នាំឲ្យកើតទុក្ខ ដឹងច្បាស់តាម​ពិត​ថា នេះជាសេចក្តីរលត់ទុក្ខ ដឹងច្បាស់​តាម​ពិត​ថា នេះបដិបទា ជាដំណើរទៅកាន់សេចក្តី​រលត់​ទុក្ខ ដឹងច្បាស់តាមពិតថា នេះជា​ពួកអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាសេចក្តីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់​សេចក្តី​រលត់អាសវៈ។ កាលខ្ញុំនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏រួចចាក​កាមាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង កាលបើចិត្ត​រួចស្រឡះហើយ ខ្ញុំក៏មានញាណ (ដឹងច្បាស់) ថា ចិត្តរបស់អាត្មាអញ រួចស្រឡះហើយ ខ្ញុំបានដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ កិច្ចដែល​ត្រូវធ្វើ អាត្មាអញ បានធ្វើរួចហើយ មិនមានកិច្ចដទៃ ក្រៅពីនេះទៀតទេ។ ភិក្ខុនោះ​និយាយថា ម្នាលអាវុសោ កាលបើខ្ញុំដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ខ្ញុំក៏ដកនូវ​អហង្ការមមង្ការមានានុស័យ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្ត​ទាំងអស់ ខាងក្រៅនេះផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នឹង​ភាសិត​របស់ភិក្ខុនោះថា សាធុ។ លុះភិក្ខុត្រេកអរ អនុមោទនានឹងភាសិតថា សាធុ ហើយ ត្រូវ​និយាយថា ម្នាលអាវុសោ យើងពេញជាមានលាភ ម្នាលអាវុសោ អត្តភាពជាមនុស្ស យើង​បានល្អហើយ ដោយយើងបានឃើញ​លោកមានអាយុ ជាអ្នកប្រព្រឹត្តធម៌​ល្អ ប្រាកដដូច្នោះ។ លុះព្រះមានព្រះភាគ បានសំដែង​សូត្រនេះចប់ហើយ ភិក្ខុ​ទាំងនោះ ក៏​មានសេចក្តីពេញចិត្ត ត្រេកអរនឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ ឆវិសោធនសូត្រ ទី២។

សប្បុរិសសូត្រ ទី៣

(៣. សប្បុរិសសុត្តំ)

[១៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ ព្រះមានព្រះភាគ ត្រាស់​ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គដ៏ចម្រើន។ ព្រះមានព្រះភាគ បានត្រាស់​ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវ សប្បុរិសធម៌ និង អសប្បុរិសធម៌ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគត ​នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលត្រងត្រាប់ភាសិត របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៧៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះ អសប្បុរិស​ធម៌ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ មានមនុស្សអសប្បុរស ចេញចាក​ត្រកូលខ្ពស់41) ហើយបួស។ អសប្បុរសនោះ ពិចារណាឃើញ ដូច្នេះថា អញចេញពីត្រកូលខ្ពស់ មកបួស ឯពួកភិក្ខុដទៃទាំងនេះ មិនមែនចេញពីត្រកូលខ្ពស់ មកបួសទេ។ អសប្បុរសនោះ រមែង​លើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែខ្លួនមានត្រកូលខ្ពស់នោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែងពិចារណា​ឃើញ ដូច្នេះថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌​ទាំងឡាយ អស់ទៅក្តី មិនមែនព្រោះតែកើតក្នុងត្រកូលខ្ពស់ទេ ប្រសិនបើបុគ្គល មិនចេញ​ចាកត្រកូលខ្ពស់ មកបួសទេ តែអ្នកនោះ ប្រតិបត្តិធម៌តាមធម៌ ប្រតិបត្តិគួរដល់​សេចក្តី​កោតក្រែង ប្រតិបត្តិសមគួរតាមធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុទាំងនោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយ​មិនតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនកើតក្នុងត្រកូលខ្ពស់​នោះឡើយ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា សប្បុរិសធម៌។

[១៨០] ម្នាលភិក្ខុទាំងឡាយ មួយទៀត មនុស្សអសប្បុរស ចេញចាកមហា​ត្រកូល42) មកបួស ចេញ​ចាកមហាភោគត្រកូល43) មកបួស ចេញចាកឧឡារភោគត្រកូល44) មកបួស។ អសប្បុរសនោះ ពិចារណា​ឃើញ ដូច្នេះថា អញចេញចាកឧឡារភោគត្រកូលមកបួស ឯពួកភិក្ខុដទៃទាំងនេះ មិនមែនចេញចាកឧឡារភោគត្រកូលមកបួសទេ។ អសប្បុរសនោះ រមែង​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែខ្លួនកើតក្នុងឧឡារភោគត្រកូលនោះ ម្នាលភិក្ខុ​ទាំង​ឡាយ នេះឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ សប្បុរស តែងពិចារណា​ឃើញ ដូច្នេះថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌​ទាំងឡាយ អស់ទៅក្តី មិនមែនព្រោះតែកើតក្នុងឧឡារភោគត្រកូលនោះឡើយ ប្រសិនបើបុគ្គល មិនចេញ​ចាកឧឡារភោគត្រកូលមកបួសទេ តែជាមនុស្ស​ប្រតិបត្តិ​តាម​ធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ប្រព្រឹត្តតាមធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុទាំងនោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយ​មិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះតែខ្លួនកើតក្នុងឧឡារភោគត្រកូល​នោះទេ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៨១] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ជាអ្នក​មានកេរ្តិ៍ឈ្មោះ មានយស​បរិវារ។ អសប្បុរសនោះ តែងពិចារណា​ឃើញ ដូច្នេះថា អាត្មាអញ ជាអ្នក​មានកេរ្តិ៍ឈ្មោះ មានយស​បរិវារ ឯពួកភិក្ខុដទៃទាំងនេះ មិន​មានកេរ្តិ៍ឈ្មោះ មានបុណ្យស័ក្តិតិច។ អសប្បុរសនោះ រមែង​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែខ្លួន​មានកេរ្តិ៍ឈ្មោះនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែងពិចារណា​ឃើញ ដូច្នេះថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌​ទាំងឡាយ អស់ទៅក្តី មិនមែន​ព្រោះតែ​ខ្លួនមានកេរ្តិ៍ឈ្មោះឡើយ ប្រសិនបើបុគ្គល មិនមានកេរ្តិ៍ឈ្មោះ មិនមានយស​បរិវារទេ តែគេជាអ្នក​ប្រតិបត្តិ​តាម​ធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ប្រព្រឹត្តតាមធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុទាំងនោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនមានកេរ្តិ៍ឈ្មោះនោះឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៨២] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ដែល​ជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ។ ​អសប្បុរសនោះ តែងពិចារណា​ឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ឯពួកភិក្ខុទាំងនេះ មិនដែលបាន​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយទេ។ ភិក្ខុនោះ ​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែលាភនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ សប្បុរស តែងពិចារណា​ឃើញ ដូច្នេះថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌​ទាំងឡាយ អស់ទៅក្តី មិនមែន​ព្រោះតែ​លាភទេ បើភិក្ខុមិនធ្លាប់បាន​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយទេ តែភិក្ខុនោះ ជាអ្នក​ប្រតិបត្តិ​តាម​ធម៌ សមគួរដល់ធម៌ ជាអ្នកប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ជាអ្នកប្រព្រឹត្តតាមធម៌ ភិក្ខុនោះ ក៏គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុទាំងនោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែលាភនោះទេ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៨៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ជាពហូសូត។ អសប្បុរសនោះ តែងពិចារណា​ឃើញ ដូច្នេះថា អាត្មាអញ ជាពហូសូត ឯពួកភិក្ខុឯទៀតទាំងនេះ មិនមែន​ជាពហូសូតទេ។ អសប្បុរសនោះ ​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែ​ពហូសូតនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុ​ទាំង​ឡាយ សប្បុរស តែងពិចារណា​ឃើញ ដូច្នេះថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌​ទាំងឡាយ អស់ទៅក្តី មិន​ព្រោះតែពហូសូត​ទេ​ បើភិក្ខុមិនមែនជាពហូសូតទេ តែភិក្ខុនោះ ​ប្រតិបត្តិ​តាម​ធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដោយ​​សេចក្តី​កោតក្រែង ជាអ្នកប្រព្រឹត្តតាមធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុទាំងនោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែពហូសូតនោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៨៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ​ជាអ្នកទ្រទ្រង់នូវវិន័យ។ អសប្បុរសនោះ តែងពិចារណា​ឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកទ្រទ្រង់នូវវិន័យ ឯពួកភិក្ខុដទៃទាំងនេះ មិនដែលជាអ្នក​ទ្រទ្រង់នូវវិន័យទេ។ ភិក្ខុនោះ ​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែការទ្រទ្រង់នូវវិន័យនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែងពិចារណា​ឃើញ ដូច្នេះ​ថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌​ទាំងឡាយ អស់ទៅក្តី មិនមែន​ព្រោះហេតុតែការទ្រទ្រង់នូវវិន័យទេ បើភិក្ខុមិនទ្រទ្រង់នូវវិន័យ​ពិតមែន តែភិក្ខុនោះ ជាអ្នក​ប្រតិបត្តិ​តាម​ធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ជាអ្នកប្រព្រឹត្តតាមធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុទាំងនោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែការទ្រទ្រង់នូវវិន័យនោះទេ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៨៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ​ជាធម្មកថិក។ អសប្បុរសនោះ ពិចារណា​ឃើញ ដូច្នេះថា អញជាធម្មកថិក ឯពួកភិក្ខុឯទៀតទាំងនេះ មិនមែនជា​ធម្មកថិក​ទេ។ ភិក្ខុនោះ ​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែ​ខ្លួនជា​ធម្មកថិកនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុ​ទាំងឡាយ ឯសប្បុរស តែងពិចារណា​ឃើញ ដូច្នេះ​ថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌​ទាំងឡាយ អស់ទៅក្តី មិនមែន​ព្រោះហេតុតែខ្លួនជាធម្មកថិកទេ បើភិក្ខុមិនមែនជាធម្មកថិកទេ តែ​ភិក្ខុ​នោះ ​ប្រតិបត្តិ​តាម​ធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ប្រព្រឹត្ត​តាម​ធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុ​ទាំង​នោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនជាធម្មកថិកនោះទេ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៨៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ​ជាអ្នកប្រព្រឹត្តនៅតែក្នុងព្រៃ។ អសប្បុរសនោះ ពិចារណា​ឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកនៅក្នុងព្រៃ ឯពួកភិក្ខុ​ឯទៀត​ទាំងនេះ មិនមែនជាអ្នកប្រព្រឹត្តនៅក្នុងព្រៃទេ។ ភិក្ខុនោះ ​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនជាអ្នកនៅក្នុងព្រៃនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែងពិចារណា​ឃើញ ដូច្នេះ​ថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌​ទាំងឡាយ អស់ទៅក្តី មិនមែន​ព្រោះហេតុតែខ្លួនជាអ្នកនៅក្នុងព្រៃទេ បើភិក្ខុមិនមែនជាអ្នក​នៅក្នុងព្រៃទេ តែ​ភិក្ខុ​នោះ ​ប្រតិបត្តិ​តាម​ធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ប្រព្រឹត្ត​តាម​ធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុ​ទាំង​នោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុ​ទាំង​នោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅ​ខាង​ក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែ​ខ្លួននៅក្នុងព្រៃនោះឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៨៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ​ជាអ្នកប្រព្រឹត្តបង្សុកូល។ អសប្បុរសនោះ ពិចារណា​ឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកប្រព្រឹត្តបង្សុកូល ឯពួកភិក្ខុ​ឯទៀត​ទាំងនេះ មិនមែនជាអ្នកប្រព្រឹត្តបង្សុកូលទេ។ ភិក្ខុនោះ ​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនជាអ្នកប្រព្រឹត្តបង្សុកូលនោះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែង​ពិចារណា​ឃើញ ដូច្នេះ​ថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌​ទាំងឡាយ អស់ទៅក្តី មិនមែន​ព្រោះហេតុតែខ្លួនប្រព្រឹត្តបង្សុកូលទេ បើមិនមែនជាអ្នកប្រព្រឹត្តបង្សុកូលទេ តែ​ភិក្ខុ​នោះ ​ប្រព្រឹត្ត​តាម​ធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ប្រព្រឹត្ត​តាម​ធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុ​ទាំង​នោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុ​ទាំង​នោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅ​ខាង​ក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែ​ខ្លួនប្រព្រឹត្តបង្សុកូលនោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៨៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ​ជាអ្នកប្រព្រឹត្តបិណ្ឌបាត។ អសប្បុរសនោះ ពិចារណា​ឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកប្រព្រឹត្តបិណ្ឌបាត ឯពួកភិក្ខុ​ដទៃ​ទាំងនេះ មិនមែនជាអ្នកប្រព្រឹត្តបិណ្ឌបាតទេ។ ភិក្ខុនោះ ​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែខ្លួនប្រព្រឹត្តបិណ្ឌបាតនោះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែង​ពិចារណា​ឃើញ ដូច្នេះ​ថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌​ទាំងឡាយ អស់ទៅក្តី មិនមែន​ព្រោះហេតុតែខ្លួនប្រព្រឹត្តបិណ្ឌបាតទេ បើមិនជាអ្នកប្រព្រឹត្តបិណ្ឌបាតទេ តែ​ភិក្ខុ​នោះ ជាអ្នក​ប្រតិបត្តិ​តាម​ធម៌ សមគួរ​ដល់​ធម៌ ប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ប្រព្រឹត្ត​តាម​ធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុ​ទាំង​នោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុ​ទាំង​នោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅ​ខាង​ក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែ​ខ្លួនប្រព្រឹត្តបិណ្ឌបាតនោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៨៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ​ជាអ្នកប្រព្រឹត្តរុក្ខមូល។ អសប្បុរសនោះ ពិចារណា​ឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកប្រព្រឹត្តរុក្ខមូល ឯពួកភិក្ខុ​ដទៃទាំងនេះ មិនមែនជាអ្នកប្រព្រឹត្តរុក្ខមូលទេ។ ភិក្ខុនោះ ​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនប្រព្រឹត្តរុក្ខមូលនោះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែង​ពិចារណា​ឃើញ ដូច្នេះ​ថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌​ទាំងឡាយ អស់ទៅក្តី មិនមែន​ព្រោះហេតុតែខ្លួនប្រព្រឹត្តរុក្ខមូលទេ បើមិនជាអ្នកប្រព្រឹត្តរុក្ខមូលទេ តែ​ភិក្ខុ​នោះ ​ប្រតិបត្តិ​តាម​ធម៌ ដ៏សមគួរ​ដល់​ធម៌ ប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ប្រព្រឹត្ត​តាម​ធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុ​ទាំង​នោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុ​ទាំង​នោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅ​ខាង​ក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែ​ខ្លួនប្រព្រឹត្តរុក្ខមូលនោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៩០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ​ជាអ្នកប្រព្រឹត្តនៅតែក្នុងព្រៃ​ស្មសាន… ប្រព្រឹត្តនៅតែក្នុងទីវាល… ប្រព្រឹត្តតែនេសជ្ជិក ប្រព្រឹត្តតែយថាសន្ថតិកៈ… ប្រព្រឹត្តតែឯកាសនិកៈ។ ភិក្ខុនោះ ពិចារណា​ឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកប្រព្រឹត្តឯកាសនិកៈ ឯពួកភិក្ខុ​ដទៃទាំងនេះ មិនមែនជាអ្នកប្រព្រឹត្តឯកាសនិកៈទេ។ ភិក្ខុនោះ ​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនប្រព្រឹត្តឯកាសនិកៈ​នោះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែង​ពិចារណា​ឃើញ ដូច្នេះ​ថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌​ទាំងឡាយ អស់ទៅក្តី មិនមែន​ព្រោះតែខ្លួនប្រព្រឹត្តឯកាសនិកៈទេ បើមិនជាអ្នកប្រព្រឹត្តឯកាសនិកៈ តែ​ភិក្ខុ​នោះ ​ជាអ្នក​ប្រតិបត្តិ​តាម​ធម៌ ដ៏សមគួរ​ដល់​ធម៌ ប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ប្រព្រឹត្ត​តាម​ធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុ​ទាំង​នោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុ​ទាំង​នោះ។ ភិក្ខុនោះ ធ្វើបដិបទា ឲ្យតាំងនៅ​ខាង​ក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះ​បង្អាប់​អ្នកដទៃ ព្រោះហេតុតែ​ខ្លួនប្រព្រឹត្តឯកាសនិកៈនោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​ សប្បុរិសធម៌។

[១៩១] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់​ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ បីតិ សុខៈ ដែលកើត​ពីវិវេក។ ភិក្ខុនោះ ពិចារណា​ឃើញ ដូច្នេះថា អាត្មាអញ បាននូវ​បឋមជ្ឈានសមាបត្តិ ឯពួកភិក្ខុ​ដទៃទាំងនេះ មិនមែនបាននូវបឋមជ្ឈានសមាបត្តិទេ។ ភិក្ខុនោះ ​លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែបាននូវ​បឋមជ្ឈានសមាបត្តិ​នោះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែង​ពិចារណា​ឃើញ ដូច្នេះ​ថា សេចក្តីមិនញាប់ញ័រដោយអារម្មណ៍ ដែល​ព្រះមានព្រះភាគសំដែងហើយ ដោយបឋមជ្ឈានសមាបត្តិ ពួកភិក្ខុ រមែងសំគាល់​នូវ​សេចក្តីមិនញាប់ញ័រនោះ ដោយធម្មជាតណាៗ ធម្មជាតនោះៗ នឹងទៅជាដទៃវិញ។ ភិក្ខុនោះ ធ្វើនូវសេចក្តីមិនញាប់ញ័រ ឲ្យតាំងនៅ​ខាង​ក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះ​បង្អាប់​អ្នកដទៃ ព្រោះតែបឋមជ្ឈានសមាបត្តិ​នោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​ សប្បុរិសធម៌។

[១៩២] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ព្រោះរម្ងាប់វិតក្កៈ វិចារៈ រួចក៏ចូលកាន់ទុតិយជ្ឈាន ជាទីជ្រះថ្លាក្នុងសន្តាន មានសភាពជាចិត្តខ្ពស់ឯក ឥតមាន​វិតក្កៈ វិចារៈទេ មានតែបីតិ និងសុខៈ ដែលកើត​អំពីសមាធិប៉ុណ្ណេះ… ចូល​កាន់តតិយជ្ឈាន… ចូលកាន់​ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ អសប្បុរសនោះ ពិចារណាឃើញដូច្នេះថា អាត្មាអញ ជាអ្នកបាននូវចតុត្ថជ្ឈានសមាបត្តិ​ឯពួកភិក្ខុដទៃទាំងនេះ មិនបានចតុត្ថជ្ឈានសមាបត្តិទេ។ អសប្បុរសនោះ លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែបានចតុត្ថជ្ឈានសមាបត្តិ​នោះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែង​ពិចារណា​ឃើញ ដូច្នេះ​ថា សេចក្តីមិនញាប់ញ័រក្នុងអារម្មណ៍ ដែល​ព្រះអង្គសំដែង ដោយចតុត្ថជ្ឈាន​សមាបត្តិ ពួកភិក្ខុ រមែងសំគាល់​​សេចក្តីមិនញាប់ញ័រ ដោយធម្មជាត​ណាៗ ធម្មជាតនោះៗ នឹងទៅជាដទៃវិញ។ ភិក្ខុនោះ ធ្វើសេចក្តីមិនញាប់ញ័រ ឲ្យតាំងនៅ​ខាង​ក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះ​បង្អាប់​អ្នកដទៃ ព្រោះតែចតុត្ថជ្ឈានសមាបត្តិ​នោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៩៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ព្រោះកន្លងផុតនូវ​រូបសញ្ញា ដល់នូវសេចក្តីវិនាសនៃបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ហើយចូលកាន់​អាកាសានញ្ចាយតនសមាបត្តិ ដោយបរិកម្មថា អាកាសមិនមានទីបំផុត។ អសប្បុរសនោះ ពិចារណាឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកបាននូវអាកាសានញ្ចាយតនសមាបត្តិ ឯភិក្ខុដទៃទាំងនេះ មិនបាននូវអាកាសានញ្ចាយតនសមាបត្តិទេ។ អសប្បុរសនោះ លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ដោយ​អាកាសានញ្ចាយតនសមាបត្តិនោះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែង​ពិចារណា​ឃើញ ដូច្នេះ​ថា សេចក្តីមិនញាប់ញ័រ ក្នុងអារម្មណ៍ ដែល​ព្រះមានបុណ្យ សំដែងហើយ ដោយអាកាសានញ្ចាយតនសមាបត្តិ ពួកភិក្ខុ តែងសំគាល់​​ ដោយធម្មជាត​ណាៗ ធម្មជាតនោះៗ នឹងទៅជាដទៃវិញ។ ភិក្ខុនោះ ធ្វើនូវសេចក្តីមិនញាប់ញ័រ ឲ្យតាំងនៅ​ខាង​ក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះ​បង្អាប់​អ្នកដទៃ ដោយអាកាសានញ្ចាយតនសមាបត្តិនោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៩៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ព្រោះកន្លងផុតអាកាសានញ្ចា​យតនសមាបត្តិ ដោយសព្វគ្រប់ ហើយចូលកាន់វិញ្ញាណញ្ចាយតនសមាបត្តិ ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត។ អសប្បុរសនោះ ពិចារណាឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកបាននូវវិញ្ញាណញ្ចាយតនសមាបត្តិ ឯពួកភិក្ខុដទៃទាំងនោះ មិនបាន​នូវវិញ្ញាណញ្ចាយតនសមាបត្តិទេ។ អសប្បុរសនោះ លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់​អ្នកដទៃ ព្រោះហេតុវិញ្ញាណញ្ចាយតនសមាបត្តិនោះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែង​ពិចារណា​ឃើញ ដូច្នេះ​ថា សេចក្តីមិនញាប់ញ័រ ដែល​ព្រះមានបុណ្យ សំដែងហើយ ដោយវិញ្ញាណញ្ចាយតនសមាបត្តិ ពួកភិក្ខុ តែងសំគាល់​​នូវ​វិញ្ញាណញ្ចាយតនសមាបត្តិ ដោយធម្មជាត​ណាៗ ធម្មជាតនោះៗ នឹងទៅជាដទៃវិញ។ ភិក្ខុនោះ ធ្វើនូវសេចក្តី​មិន​ញាប់ញ័រ ឲ្យតាំងនៅ​ខាង​ក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះ​បង្អាប់​អ្នកដទៃ ព្រោះតែវិញ្ញាណញ្ចាយតនសមាបត្តិនោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៩៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ព្រោះកន្លងផុតវិញ្ញាណញ្ចា​យតនសមាបត្តិ ដោយសព្វគ្រប់ ហើយចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា វត្ថុតិចតួចមិនមាន។ អសប្បុរសនោះ តែងពិចារណាឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកបាននូវអាកិញ្ចញ្ញាយតនសមាបត្តិ ឯពួកភិក្ខុដទៃទាំងនេះ មិនមែន​ជាអ្នកបាន​នូវអាកិញ្ចញ្ញាយតនសមាបត្តិទេ។ អសប្បុរសនោះ លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់​អ្នកដទៃ ព្រោះតែអាកិញ្ចញ្ញាយតនសមាបត្តិនោះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែង​ពិចារណា​ឃើញ ដូច្នេះ​ថា សេចក្តីមិនញាប់ញ័រ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយអាកិញ្ចញ្ញាយតនសមាបត្តិ ពួកភិក្ខុ តែងសំគាល់​​នូវអាកិញ្ចញ្ញាយតនសមាបត្តិ ដោយធម្មជាត​ណាៗ ធម្មជាតនោះៗ នឹងទៅជាដទៃវិញ។ ភិក្ខុនោះ ធ្វើនូវសេចក្តី​មិន​ញាប់ញ័រ ឲ្យតាំងនៅ​ខាង​ក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះ​បង្អាប់​អ្នកដទៃ ព្រោះតែអាកិញ្ចញ្ញាយតនសមាបត្តិនោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៩៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ព្រោះកន្លងផុតអាកិញ្ចញ្ញា​យតនសមាបត្តិ ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិ។ អសប្បុរសនោះ តែងពិចារណាឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកបាននូវ​នេវសញ្ញានាសញ្ញា​យតនសមាបត្តិ ឯពួកភិក្ខុដទៃទាំងនេះ មិនមែនជាអ្នកបាន​នូវនេវសញ្ញានាសញ្ញា​យតនសមាបត្តិទេ។ អសប្បុរសនោះ លើកតម្កើង​ខ្លួនឯង បន្តុះបង្អាប់​អ្នកដទៃ ព្រោះតែនេវសញ្ញានាសញ្ញាយតនសមាបត្តិនោះ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែង​ពិចារណា​ឃើញ ដូច្នេះ​ថា សេចក្តីមិនញាប់ញ័រ ក្នុងអារម្មណ៍ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយ​នេវសញ្ញានាសញ្ញាយតនសមាបត្តិ ពួកភិក្ខុសំគាល់​​នូវនេវសញ្ញានាសញ្ញា​យតន​សមាបត្តិ ដោយធម្មជាត​ណាៗ ធម្មជាតនោះៗ នឹងទៅជាដទៃវិញ។ ភិក្ខុនោះ ធ្វើនូវសេចក្តី​​មិន​ញាប់ញ័រ ឲ្យតាំងនៅ​ខាង​ក្នុង ហើយ​មិនលើក​តម្កើង​ខ្លួន​ឯង មិនបន្តុះ​បង្អាប់​អ្នកដទៃ ព្រោះតែនេវសញ្ញានាសញ្ញាយតនសមាបត្តិនោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ឈ្មោះថា​សប្បុរិសធម៌។

[១៩៧] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អសប្បុរស ព្រោះកន្លងផុតនេវសញ្ញា​នាសញ្ញា​យតនសមាបត្តិ ដោយសព្វគ្រប់ ក៏ចូលកាន់សញ្ញាវេទយិតនិរោធ។ អាសវៈទាំងឡាយ របស់ភិក្ខុនោះ រមែងអស់រលីងទៅ ព្រោះតែឃើញដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះឯង មិនបានសំគាល់នូវហេតុណាមួយ មិនសំគាល់​ក្នុងហេតុណាមួយ មិនសំគាល់ដោយហេតុណាមួយឡើយ។ លុះព្រះមានព្រះភាគ បានសំដែង​ព្រះសូត្រនេះហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ សប្បុរិសសូត្រ ទី៣។

សេវិតព្វាសេវិតព្វសូត្រ ទី៤

(៤. សេវិតព្វាសេវិតព្វសុត្តំ)

[១៩៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គដ៏ចម្រើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវធម្មបរិយាយ ដែលគួរសេព និងមិនគួរសេព ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម្មបរិយាយនោះចុះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគត នឹងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៩៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត​សំដែង កាយសមាចារ (សេចក្តីប្រព្រឹត្តិដោយកាយ) ថាមានពីរយ៉ាង គឺ កាយសមាចារ​គួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែង​កាយសមាចារនោះ ទីទៃៗពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវ វចីសមាចារ (សេចក្តីប្រព្រឹត្តិដោយវាចា) ថាមានពីរយ៉ាង គឺវចីសមាចារ​ គួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែង​វចីសមាចារនោះ ទីទៃៗពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគត ​សំដែងនូវមនោសមាចារ (សេចក្តីប្រព្រឹត្តិដោយចិត្ត) ថាមានពីរយ៉ាង គឺមនោសមាចារ​គួរសេព១ មិនគួរសេព១ មួយទៀត តថាគតសំដែងនូវមនោសមាចារនោះ ទីទៃៗពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគត​ សំដែងនូវចិត្តុប្បាទ (ការកើតឡើងនៃចិត្ត) ថាមានពីរយ៉ាង គឺចិត្តុប្បាទ​គួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវចិត្តុប្បាទនោះទីទៃៗពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគត ​សំដែងនូវការបានចំពោះនូវសញ្ញា ថាមានពីរយ៉ាង គឺការបានចំពោះនូវ​សញ្ញាគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវការបានចំពោះនូវសញ្ញា​នោះ ​ទីទៃៗពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគត​សំដែងនូវការបានចំពោះនូវទិដ្ឋិ ថាមានពីរយ៉ាង គឺទិដ្ឋិ​គួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវការបាន​ចំពោះ​នូវ​ទិដ្ឋិនោះ ទីទៃៗពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវការបាន​ចំពោះ​នូវ​អត្តភាព ថាមានពីរយ៉ាង គឺការបាន​ចំពោះ​នូវអត្តភាពគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវការបាន​ចំពោះ​នូវអត្តភាពនោះ ទីទៃៗពីគ្នា។

[២០០] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្រ​មាន​អាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនទ្រង់ចែកសេចក្តីដោយពិស្តារនេះឯង ខ្ញុំ​ព្រះអង្គ យល់សេចក្តីដោយពិស្តារ យ៉ាងនេះ គឺត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវកាយសមាចារ ថាមានពីរយ៉ាង គឺ​កាយសមាចារគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវ​កាយសមាចារ​នោះ ទីទៃៗពីគ្នា ដូច្នេះ នុ៎ះឯង តើ​ព្រះពុទ្ធដីកានុ៎ះ ព្រះមានព្រះភាគ ត្រាស់សំដៅហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវកាយសមាចារ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងចម្រើន កុសលធម៌ទាំងឡាយ តែងសាបសូន្យ កាយ​សមាចារ មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវកាយសមាចារ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង កាយ​សមាចារ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។

[២០១] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវកាយសមាចារ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ជាមនុស្ស​អាក្រក់ មានដៃប្រឡាក់ដោយឈាម ជាបុគ្គលតាំងមាំ ក្នុងការវាយកាប់សម្លាប់​សត្វដទៃ មិនមានសេចក្តីអាណិត ចំពោះសត្វទាំងឡាយ ជាអ្នកកាន់យករបស់ ដែល​គេមិនបាន​ឲ្យ ទ្រព្យណាជារបស់អ្នកដទៃ ជាឧបករណ៍ គ្រឿង​ត្រេកអរ របស់បុគ្គលដទៃ ដែលនៅ​ក្នុង​ស្រុកក្តី នៅក្នុងព្រៃក្តី ជាអ្នកកាន់យកនូវទ្រព្យនោះ ដែលគេមិនបានឲ្យ ដែលរាប់ចូល​ក្នុង​ការលួច ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ពួកស្ត្រីណា ដែលមាតារក្សា បិតារក្សា មាតាបិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រីរក្សា ញាតិរក្សា ជាស្ត្រីមានប្តី ជាស្ត្រីប្រកប​ដោយអាជ្ញា ដោយហោចទៅ សូម្បីស្ត្រី ដែល​គេនាវទុក ដោយផ្កាកម្រង ជាអ្នកប្រព្រឹត្ត​កន្លងស្ត្រីទាំងឡាយ មានសភាពដូច្នោះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គល​សេពនូវ​កាយ​សមាចារ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។

[២០២] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវកាយសមាចារ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើន​ឡើង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់នូវបាណាតិបាត វៀរស្រឡះចាកបាណាតិបាត មានអាជ្ញាដាក់ចុះ មានគ្រឿងសស្ត្រាដាក់ចុះ មាន​សេចក្តី​ខ្មាសបាប មានសេចក្តីអាណិតអនុគ្រោះ ដោយប្រយោជន៍ ដល់សត្វ​​ទាំងអស់ លះបង់នូវអទិន្នាទាន វៀរស្រឡះចាកអទិន្នាទាន ទ្រព្យណា ជារបស់បុគ្គលដទៃ ជា​ឧបករណ៍គ្រឿង​ត្រេកអរ របស់បុគ្គលដទៃ ដែលនៅក្នុងស្រុកក្តី នៅក្នុងព្រៃក្តី ជាអ្នក​មិនកាន់យក​នូវទ្រព្យនោះ ដែលគេមិនបានឲ្យ ដែលរាប់ចូលក្នុងការលួច លះបង់​នូវកាមេសុមិច្ឆាចារ ជាអ្នកវៀរស្រឡះ ចាកកាមេសុមិច្ឆាចារ ពួកស្ត្រីណា ដែលមាតារក្សា បិតារក្សា មាតាបិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រីរក្សា ញាតិរក្សា ជាស្ត្រីមានប្តី ជាស្ត្រីប្រកបដោយអាជ្ញា ដោយហោចទៅ សូម្បីគេនាវទុក ដោយផ្កាកម្រង ជាអ្នក​មិនប្រព្រឹត្តកន្លង ចំពោះស្ត្រី មានសភាពដូច្នោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាល​បុគ្គល​សេព​ នូវកាយសមាចារ មានសភាពដូច្នេះ អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវកាយ​សមាចារ ថាមានពីរយ៉ាង គឺ កាយសមាចារគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែង​នូវកាយសមាចារនោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺព្រះអង្គត្រាស់ សំដៅយកហេតុនេះឯង។

[២០៣] ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតសំដែងនូវវចីសមាចារ ថាមានពីរយ៉ាង គឺ វចីសមាចារគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវ​វចីសមាចារ​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះឯង តើ​ទ្រង់​ត្រាស់​សំដៅ​ហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវវចីសមាចារ មានសភាព​យ៉ាង​ណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ វចី​សមាចារ មានសភាពយ៉ាងនោះ បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន មួយវិញ​ទៀត កាលបុគ្គលសេព នូវវចីសមាចារ មានសភាពយ៉ាងណា អកុសលធម៌​ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង វចី​សមាចារ មានសភាពយ៉ាងនោះ បុគ្គលគួរសេព។

[២០៤] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវវចីសមាចារ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកពោលពាក្យកុហក ឋិត​នៅក្នុងរោងប្រជុំក្តី ឋិតនៅក្នុងបរិស័ទក្តី ឋិតនៅក្នុងកណ្តាល​ញាតិក្តី ឋិតនៅ​ក្នុងពួក​សេនីយក្តី ឋិតនៅក្នុងកណ្តាល​រាជត្រកូលក្តី ដែលគេនាំមកសួរ ​ជាសាក្សីថា នែបុរស​អើយ អ្នកចូរមកអាយ អ្នកដឹងនូវហេតុណា ចូរប្រាប់​នូវហេតុនោះ។ បុរសនោះ កាលមិនដឹង ក៏ពោលថា ខ្ញុំដឹងក្តី កាលដឹង ក៏ពោលថា ខ្ញុំមិនដឹងក្តី កាលមិនឃើញ ក៏ពោលថា ខ្ញុំឃើញ​ក្តី កាលឃើញ ក៏ពោលថា ខ្ញុំមិនឃើញក្តី ជាអ្នកពោល​សម្បជានមុសាវាទ ព្រោះ​ហេតុខ្លួនក្តី ព្រោះហេតុអ្នកដទៃក្តី ព្រោះហេតុអាមិសៈ ដែល​ជាសំណូក​បន្តិចបន្តួចក្តី ដោយ​ប្រការដូច្នេះ មួយទៀត ជាអ្នកពោលពាក្យញុះញង់ គឺឮអំពីទីនេះ ទៅនិយាយ​ក្នុងទី​ឯណោះ ដើម្បីបំបែកពួកជនទាំងនេះ ឬឮក្នុងទីឯណោះ មកប្រាប់​ដល់ពួកជន​ទាំងនេះ ដើម្បីបំបែកពួកជនឯណោះ ឬបំបែក​ពួកជន​កំពុងព្រមព្រៀងគ្នា ឬជួយជ្រោម​ជ្រែងពួកជនដែលបែកគ្នាហើយ មានពួកជាទីត្រេកអរ ត្រេកអរនឹងពួក រីករាយនឹងពួក ជាអ្នកពោលពាក្យ បំបែកពួក ជាអ្នកពោលពាក្យអាក្រក់ សំដីណា ជាសំដីនាំកន្ទួល​ចិត្ត ខ្មោះខ្មួរ ក្រហល់ក្រហាយ ស្ទាក់ដំណើរអ្នកដទៃ ជាសំដីជិតគ្នានឹងក្រោធ មិនប្រព្រឹត្តទៅ ដើម្បីសមាធិ ជាអ្នកពោលតែសំដីមានសភាព​ដូច្នោះ ជាអ្នកពោលពាក្យ​ឥតប្រយោជន៍ និយាយមិនត្រូវតាមកាល និយាយមិនពិត និយាយពាក្យឥតប្រយោជន៍ និយាយពាក្យ​មិនមែនធម៌ មិនមែនវិន័យ ជាអ្នកពោលពាក្យ​មិនគួរនឹង​តាំងទុក ក្នុងហឫទ័យ ជាអ្នក​និយាយក្នុងកាលដែលមិនគួរនិយាយ និយាយសំដីគ្មាន​គ្រឿងអាង ជាសំដីរកកំណត់​គ្មាន មិនប្រកបដោយប្រយោជន៍។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គល​សេព នូវវចី​សមាចារ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។

[២០៥] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវវចីសមាចារ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើន​ឡើង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់មុសាវាទ ជាអ្នកវៀរ​ស្រឡះ​ចាកមុសាវាទ ទោះឋិត​នៅក្នុងរោងប្រជុំក្តី ឋិតនៅក្នុងបរិស័ទក្តី ឋិតនៅ​កណ្តាល​ញាតិក្តី ឋិតនៅ​ក្នុងកណ្តាល​សេនីយក្តី ឋិតនៅក្នុងកណ្តាល​រាជត្រកូលក្តី ដែលគេនាំមកសួរ ​ជាសាក្សីថា នែបុរស​អើយ អ្នកចូរមកអាយ អ្នកដឹងនូវហេតុណា ចូរពោល​​នូវហេតុនោះ​ចុះ។ បុរសនោះ កាលមិនដឹង ក៏និយាយថា ខ្ញុំមិនដឹងក្តី កាលដឹង ក៏និយាយថា ខ្ញុំដឹងក្តី កាលមិនឃើញ ក៏និយាយថា ខ្ញុំមិនឃើញ​ក្តី កាលឃើញ ក៏និយាយថា ខ្ញុំឃើញក្តី ជាអ្នកមិនពោលសម្បជានមុសាវាទ ព្រោះ​ហេតុខ្លួនក្តី ព្រោះហេតុអ្នកដទៃក្តី ព្រោះហេតុអាមិសៈ ដែលជាសំណូក​បន្តិចបន្តួចក្តី ជាអ្នកលះបង់​នូវពាក្យញុះញង់ វៀរចាក​ពាក្យញុះញង់ គឺឮអំពីទីឯណេះ មិនប្រាប់​ក្នុងទី​ឯណោះ ដើម្បីបំបែក​ពួកជន​ឯណេះ ឬឮក្នុងទីឯណោះ មិនប្រាប់​ដល់ពួកជនឯណេះ ដើម្បីបំបែកពួកជនឯណោះ​ឡើយ ឬផ្សះផ្សា​ពួកជន ដែលបែកគ្នាហើយ ឬជួយជ្រោមជ្រែងពួកជន ដែលប្រកប​ដោយប្រយោជន៍ មានសេចក្តីព្រមព្រៀងគ្នា ជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រម​ព្រៀងគ្នា រីករាយក្នុងសេចក្តីព្រមព្រៀង ជាអ្នកនិយាយតែសំដី ដែលធ្វើ​នូវសេចក្តី​ព្រមព្រៀង លះបង់នូវផរុសវាចា ជាអ្នកវៀរស្រឡះចាកផរុសវាចា វាចាណាដែល​ឥតទោស សុខដល់ត្រចៀក គួរជាទីស្រឡាញ់ ពេញហឫទ័យ ជាសំដីអ្នកក្រុង ជាទី​រីករាយ ដល់ជនច្រើន ជាទីពេញចិត្ត ដល់ជនច្រើន ជាអ្នកនិយាយតែសំដី​មាន​សភាព​ដូច្នោះ ជាអ្នកលះបង់ពាក្យរោយរាយ ​ឥតប្រយោជន៍ វៀរស្រឡះ​ចាកពាក្យរោយរាយ ឥត​ប្រយោជន៍ និយាយត្រូវតាមកាល និយាយពិត និយាយអាថ៌ និយាយធម៌ និយាយ​វិន័យ ជាអ្នកនិយាយតែសំដី ដែលគួរ​តាំងទុកក្នុងចិត្ត មានគ្រឿងអាង មានទីបំផុត ប្រកប​ដោយប្រយោជន៍ តាមកាលគួរ។ បពិត្រព្រះអង្គដ៏ចំរើន កាល​បុគ្គល​សេព​នូវវចីសមាចារ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើងបាន។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគតសំដែងនូវវចី​សមាចារ ថាមានពីរយ៉ាង គឺវចីសមាចារគួរសេព១ មិនគួរសេព១ មួយទៀត តថាគតសំដែង​នូវវចីសមាចារនោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺ​ទ្រង់ត្រាស់សំដៅហេតុនេះឯង។

[២០៦] ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត សំដែងនូវមនោសមាចារ ថាមានពីរយ៉ាង គឺ មនោសមាចារគួរសេព១ មិនគួរ​សេព១ មួយទៀត តថាគត សំដែងនូវ​មនោសមាចារ​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះឯង តើ​ទ្រង់​ត្រាស់​សំដៅ​ហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវមនោសមាចារ មានសភាព​យ៉ាង​ណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ មនោ​សមាចារ មានសភាពយ៉ាងនោះ បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលសេព នូវមនោសមាចារ មានសភាពយ៉ាងណា អកុសលធម៌​ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង មនោ​សមាចារ មានសភាពយ៉ាងនោះ បុគ្គលគួរសេព។

[២០៧] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវមនោសមាចារ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រើនដោយ​អភិជ្ឈា ទ្រព្យណា ជារបស់អ្នកដទៃ ជាឧបករណ៍ របស់អ្នកដទៃ ជាអ្នកគយរំពៃតែរបស់នោះថា ឱហ្ន៎ ទ្រព្យណា ជារបស់បុគ្គលដទៃ សូមឲ្យ​ទ្រព្យនោះ បានមកជាទ្រព្យ របស់អាត្មា​អញ​វិញដូច្នេះ ជាអ្នកមានចិត្តគុំគួន មានសេចក្តីត្រិះរិះក្នុងចិត្ត ដែលទោសប្រទូស្តហើយ​ថា សូមសត្វពួកនេះ លំបាក ឬបែកធ្លាយ សាបសូន្យ វិនាសទៅ កុំមានសល់នៅឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គល​សេព នូវមនោ​សមាចារ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។

[២០៨] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវមនោសមាចារ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើន​ឡើងបាន។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមាន​​អភិជ្ឈា ទ្រព្យណា ជារបស់បុគ្គលដទៃ ជាឧបករណ៍របស់បុគ្គលដទៃ ជាអ្នកមិនគយរំពៃ​របស់​នោះ​ថា ឱហ្ន៎ ទ្រព្យណា ជារបស់បុគ្គលដទៃ សូមឲ្យ​ទ្រព្យនោះ បានមកជា​ទ្រព្យរបស់​អាត្មា​អញ​​វិញ ដូច្នេះឡើយ ជាអ្នកមិនមានចិត្តព្យាបាទ មិនមានសេចក្តីត្រិះរិះក្នុងចិត្ត ដែលទោសប្រទូស្តហើយ​ថា សូមពួកសត្វទាំងនេះ កុំព្យាបាទគ្នា កុំឲ្យមានទុក្ខ ឲ្យមានតែសេចក្តីសុខ ចូររក្សានូវខ្លួនចុះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើបុគ្គល​សេពនូវមនោ​សមាចារ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើងបាន។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត សំដែងនូវមនោ​សមាចារ ថាមានពីរយ៉ាង គឺ មនោសមាចារគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែង​នូវមនោសមាចារ​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺ​ទ្រង់ត្រាស់សំដៅហេតុនេះឯង។

[២០៩] ត្រង់ព្រះពុទ្ធដីកា ដែលព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត សំដែងនូវចិត្តុប្បាទ ថាមានពីរយ៉ាង គឺ ចិត្តុប្បាទគួរសេព១ មិនគួរ​សេព១ មួយទៀត តថាគត សំដែងនូវចិត្តុប្បាទ​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ តើ​ទ្រង់​ត្រាស់​សំដៅ​ហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវចិត្តុប្បាទ មានសភាព​យ៉ាង​ណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ចិត្តុប្បាទ មានសភាពដូច្នោះ បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាល​បុគ្គលសេពនូវចិត្តុប្បាទ មានសភាពយ៉ាងណា អកុសលធម៌​ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ចិត្តុប្បាទ មានសភាពដូច្នោះ បុគ្គលគួរសេព។

[២១០] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវចិត្តុប្បាទ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមាន​អភិជ្ឈា មានចិត្ត​ប្រកប​ដោយអភិជ្ឈា ជាអ្នកមានព្យាបាទ មានចិត្តប្រកបដោយព្យាបាទ ជាអ្នកមាន​សេចក្តី​បៀតបៀន មានចិត្តប្រកបដោយការបៀតបៀន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើបុគ្គល​សេពនូវចិត្តុប្បាទ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។

[២១១] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវចិត្តុប្បាទ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើន​ឡើង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមាន​​អភិជ្ឈា មានចិត្ត​មិនប្រកបដោយអភិជ្ឈា ជាអ្នកមិនមានព្យាបាទ មានចិត្តមិនប្រកបដោយ​ព្យាបាទ ជាអ្នកមិនមានសេចក្តីបៀតបៀន មានចិត្តមិនប្រកបដោយសេចក្តីបៀតបៀន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើបុគ្គល​សេពនូវចិត្តុប្បាទ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត សំដែងនូវចិត្តុប្បាទ ថាមានពីរយ៉ាង គឺ ចិត្តុប្បាទគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែង​នូវចិត្តុប្បាទ​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺ​ទ្រង់ត្រាស់សំដៅហេតុនេះឯង។

[២១២] ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត សំដែងនូវការបានចំពោះសញ្ញា ថាមានពីរយ៉ាង គឺ ការបានចំពោះនូវសញ្ញា​គួរសេព១ មិនគួរ​សេព១ មួយទៀត តថាគត សំដែងនូវការបានចំពោះនូវសញ្ញា​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ តើ​ទ្រង់​ត្រាស់​សំដៅ​ហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវការបានចំពោះសញ្ញា មានសភាព​យ៉ាង​ណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ការបានចំពោះសញ្ញា មានសភាពយ៉ាងនោះ បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើបុគ្គលសេពនូវការបានចំពោះសញ្ញា មានសភាពយ៉ាងណា អកុសលធម៌​ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ការបានចំពោះសញ្ញា មានសភាពដូច្នោះ បុគ្គលគួរសេព។

[២១៣] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវការបានចំពោះនូវសញ្ញា មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ សាប​សូន្យ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមាន​អភិជ្ឈា មានសញ្ញាប្រកបដោយអភិជ្ឈា ជាអ្នកមានព្យាបាទ មានសញ្ញាប្រកបដោយព្យាបាទ ជាអ្នកមាន​សេចក្តី​បៀតបៀន មានសញ្ញាប្រកបដោយសេចក្តីបៀតបៀន។ បពិត្រព្រះអង្គ​ដ៏ចំរើន កាលបើបុគ្គល​សេព នូវការបានចំពោះសញ្ញា មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។

[២១៤] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវការបានចំពោះសញ្ញា មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើន​ឡើង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនមាន​​អភិជ្ឈា មានសញ្ញាមិនប្រកបដោយអភិជ្ឈា ជាអ្នកមិនមានព្យាបាទ មានសញ្ញា​មិនប្រកបដោយ​ព្យាបាទ ជាអ្នកមិនមានសេចក្តីបៀតបៀន មានសញ្ញាមិន​ប្រកបដោយ​សេចក្តីបៀតបៀន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើបុគ្គល​សេព នូវការបានចំពោះសញ្ញា មានសភាពយ៉ាងនេះ ពួកអកុសលធម៌ តែង​សាបសូន្យ ពួកកុសលធម៌ តែងចម្រើន​ឡើង។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត សំដែងនូវការបានចំពោះសញ្ញា ថាមានពីរយ៉ាង គឺ ការបានចំពោះសញ្ញាគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែង​នូវការបានចំពោះសញ្ញា​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺ​ទ្រង់ត្រាស់សំដៅហេតុនេះឯង។

[២១៥] ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត សំដែងនូវការបានចំពោះទិដ្ឋិ ថាមានពីរយ៉ាង គឺ ការបានចំពោះនូវទិដ្ឋិ​គួរសេព១ មិនគួរ​សេព១ មួយទៀត តថាគត សំដែងនូវការបានចំពោះទិដ្ឋិ​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ តើ​ទ្រង់​ត្រាស់​សំដៅ​ហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវការបានចំពោះទិដ្ឋិ មានសភាព​យ៉ាង​ណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ការបានចំពោះទិដ្ឋិ មានសភាពដូច្នោះ បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវការបានចំពោះទិដ្ឋិ មានសភាពយ៉ាងណា អកុសលធម៌​ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ការបានចំពោះទិដ្ឋិ មានសភាពដូច្នោះ បុគ្គលគួរសេព។

[២១៦] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវការបានចំពោះទិដ្ឋិ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីយល់ឃើញ​យ៉ាង​នេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាតូចឥតផល ការបូជាធំ​ឥតផល ផលវិបាករបស់កម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មិនមាន លោកនេះ​មិនមាន លោក​ខាងមុខ មិនមាន មាតាមិនមានគុណ បិតាមិនមានគុណ45) សត្វជាឱបបាតិកៈ​កំណើត មិនមាន សមណព្រាហ្មណ៍ក្នុងលោក មានសេចក្តីព្រមព្រៀង ជាអ្នកប្រតិបត្តិ​ត្រូវ ធ្វើឲ្យជាក់ច្បាស់ នូវលោកនេះផង លោកខាងមុខផង ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក៏មិនមាន។ បពិត្រព្រះអង្គ​ដ៏ចំរើន កាលបើបុគ្គល​សេពនូវការបាន​ចំពោះទិដ្ឋិ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើន​ឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។

[២១៧] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវការបានចំពោះទិដ្ឋិ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងកើត​ឡើង។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីយល់ឃើញ​យ៉ាង​នេះថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាតូចមានផល ការបូជាធំ​មានផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់មានផល លោកនេះ​មាន លោក​ខាងមុខ មាន មាតាមានគុណ បិតាមានគុណ សត្វជាឱបបាតិកៈ​កំណើត មាន ពួកសមណព្រាហ្មណ៍ក្នុងលោក មានសេចក្តីព្រមព្រៀង ជាអ្នកប្រតិបត្តិត្រូវ ធ្វើឲ្យជាក់ច្បាស់​ នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯង មាន។ បពិត្រព្រះអង្គ​ដ៏ចំរើន កាលបុគ្គល​សេព នូវការបានចំពោះទិដ្ឋិ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត សំដែងនូវការបានចំពោះទិដ្ឋិ ថាមានពីរយ៉ាង គឺ ការបានចំពោះនូវទិដ្ឋិគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែង​នូវការបានចំពោះទិដ្ឋិ​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺ​ទ្រង់ត្រាស់សំដៅហេតុនេះឯង។

[២១៨] ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត សំដែងនូវការបានចំពោះអត្តភាព ថាមានពីរយ៉ាង គឺការបានចំពោះអត្តភាព​គួរសេព១ មិនគួរ​សេព១ មួយទៀត តថាគត សំដែងនូវការបានចំពោះអត្តភាព​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ តើ​ទ្រង់​ត្រាស់​សំដៅ​ហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវការបានចំពោះអត្តភាព មានសភាព​យ៉ាង​ណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ការបានចំពោះអត្តភាព មានសភាពដូច្នោះ បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព នូវការបានចំពោះអត្តភាព មានសភាពយ៉ាង​ណា អកុសលធម៌​ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ការបានចំពោះអត្តភាព មានសភាពដូច្នោះ បុគ្គលគួរសេព។

[២១៩] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវការបានចំពោះអត្តភាព មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលញុំាង​ការបានចំពោះអត្តភាព ប្រកបដោយទុក្ខ46) ឲ្យកើតឡើង អកុសលធម៌ទាំងឡាយ តែងចម្រើន​ឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ព្រោះមិនទាន់អស់ភពដាច់ស្រឡះ។

[២២០] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវការបានចំពោះអត្តភាព មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើន​ឡើង។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលញុំាង​ការបានចំពោះអត្តភាព ដែល​មិនមានទុក្ខ ឲ្យកើតឡើង47) ​អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ព្រោះអស់ភពដាច់ស្រឡះ។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ​ត្រាស់ហើយថា ម្នាល​ភិក្ខុទាំងឡាយ តថាគត សំដែងនូវការបានចំពោះអត្តភាព ថាមានពីរយ៉ាង គឺ ការបានចំពោះអត្តភាពគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែង​នូវការបានចំពោះអត្តភាព​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺ​ទ្រង់ត្រាស់សំដៅហេតុនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង ភាសិតសង្ខេប ដែលព្រះមានព្រះភាគ ទ្រង់មិនទាន់ចែក​រំលែកសេចក្តីឲ្យពិស្តារ ខ្ញុំព្រះអង្គ យល់សេចក្តីដោយពិស្តារ យ៉ាងនេះ។

[២២១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្រ ត្រូវហើយៗ ម្នាលសារីបុត្រ ត្រូវណាស់ហើយ ភាសិតសង្ខេបនេះ ដែលតថាគត មិនបានចែករំលែក​សេចក្តី​ឲ្យពិស្តារ​ទេ តែអ្នកដឹងច្បាស់សេចក្តី ដោយពិស្តារយ៉ាងនេះបាន។ ត្រង់ពាក្យដែលតថាគតសំដែង​ហើយថា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងកាយសមាចារ ថាមានពីរយ៉ាង គឺកាយ​សមាចារគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងកាយសមាចារនោះ ទីទៃៗ​ពីគ្នា ដូច្នេះនុ៎ះ តើតថាគតសំដែង សំដៅហេតុដូចម្តេច។ ម្នាលសារីបុត្រ កាលបុគ្គល​សេព​កាយសមាចារ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌​ទាំងឡាយ តែងសាបសូន្យ កាយសមាចារ មានសភាព​យ៉ាងនោះ បុគ្គល​មិនគួរ​សេពឡើយ។ ម្នាលសារីបុត្រ កាលបុគ្គល​សេពនូវ​កាយសមាចារ មានសភាព​យ៉ាងណា អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌​ទាំងឡាយ តែងចម្រើនឡើង កាយសមាចារ មានសភាព​យ៉ាងនោះ បុគ្គលគួរ​សេព។

[២២២] ម្នាលសារីបុត្រ កាលបុគ្គលសេពកាយសមាចារ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យ។ ម្នាលសារីបុត្រ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ មានចិត្ត​អាក្រក់ មានបាតដៃប្រឡាក់ដោយឈាម ជាបុគ្គលតាំងមាំ ក្នុងការកាប់សម្លាប់អ្នកដទៃ មិនមានសេចក្តីអាណិត ចំពោះសត្វទាំងឡាយ ជាអ្នកកាន់យកទ្រព្យ ដែល​គេមិន​ឲ្យ ទ្រព្យណា ជារបស់អ្នកដទៃ ជាគ្រឿងឧបករណ៍ របស់បុគ្គលដទៃ ដែលនៅ​ក្នុង​ស្រុកក្តី នៅក្នុងព្រៃក្តី ជាអ្នកកាន់យកទ្រព្យនោះ ដែលគេមិនឲ្យ ដែលរាប់ចូល​ក្នុង​ការលួច ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ពួកស្រីណា ដែលមាតារក្សា បិតារក្សា មាតាបិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រីរក្សា ញាតិរក្សា ជាស្រីមានប្តី ស្រីមានអាជ្ញា ដោយហោចទៅ សូម្បីស្រីដែល​គេនាវទុក ដោយផ្កាកម្រង ជាអ្នកដល់នូវការប្រព្រឹត្ត​កន្លងចំពោះពួកស្រី មានសភាពដូច្នោះ។ ម្នាលសារីបុត្រ កាលបុគ្គល​សេពនូវ​កាយ​សមាចារ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។

[២២៣] ម្នាលសារីបុត្រ កាលបុគ្គលសេពនូវកាយសមាចារ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើន​ឡើង។ ម្នាលសារីបុត្រ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត ជាអ្នកវៀរ​ស្រឡះ ចាកបាណាតិបាត មានអាជ្ញាដាក់ចុះ មានគ្រឿងសស្ត្រាដាក់ចុះ មាន​សេចក្តី​ខ្មាសបាប មានសេចក្តីអាណិត អនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ លះបង់អទិន្នាទាន ជាអ្នកវៀរស្រឡះ ចាកអទិន្នាទាន ទ្រព្យណា ជារបស់អ្នកដទៃ ជា​ឧបករណ៍ របស់បុគ្គលដទៃ ដែលនៅក្នុងស្រុកក្តី នៅក្នុងព្រៃក្តី ជាអ្នក​មិនកាន់យក​ទ្រព្យនោះ ដែលគេមិនបានឲ្យ ដែលរាប់ចូលក្នុងការលួច លះបង់​នូវកាមេសុមិច្ឆាចារ ជាអ្នកវៀរស្រឡះ ចាកកាមេសុមិច្ឆាចារ ពួកស្រីណា ដែលមាតារក្សា បិតារក្សា មាតាបិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រីរក្សា ញាតិរក្សា ជាស្រីមានប្តី ស្រីមានអាជ្ញា ដោយហោចទៅ សូម្បីស្រីដែលគេនាវទុក ដោយផ្កាកម្រង ជាអ្នក​មិនដល់នូវការ​ប្រព្រឹត្តកន្លង ចំពោះពួកស្រីមានសភាពដូច្នោះឡើយ។ ម្នាលសារីបុត្រ កាល​បុគ្គល​សេព​នូវកាយសមាចារ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត សំដែងនូវកាយ​សមាចារ ថាមានពីរយ៉ាង គឺកាយសមាចារគួរសេព១ មិនគួរសេព១ មួយទៀត តថាគតសំដែង ​នូវកាយសមាចារនោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺតថាគតសំដែង សំដៅហេតុនេះឯង។

[២២៤] ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលភិក្ខុ​ទាំងឡាយ តថាគតសំដែង​នូវវចីសមាចារ។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវមនោសមាចារ… ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវចិត្តុប្បាទ… ម្នាលភិក្ខុទាំងឡាយ តថាគត សំដែង​នូវសញ្ញាបដិលាភ (ការបានចំពោះនូវសញ្ញា)… ម្នាលភិក្ខុទាំងឡាយ តថាគត សំដែង​នូវទិដ្ឋិប្បដិលាភ (ការបានចំពោះ​នូវទិដ្ឋិ)… ម្នាលភិក្ខុទាំងឡាយ តថាគតសំដែង​នូវអត្តភាវប្បដិលាភ (ការបានចំពោះនូវ​អត្តភាព) ថាមានពីរយ៉ាង គឺអត្តភាវប្បដិលាភ​គួរ​សេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវអត្តភាវប្បដិលាភ​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ តើតថាគតសំដែង ​សំដៅ​ហេតុដូចម្តេច។ ម្នាលសារីបុត្រ កាលបុគ្គលសេព នូវ អត្តភាវប្បដិលាភ មានសភាព​យ៉ាង​ណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ អត្តភាវប្បដិលាភ មានសភាព​ដូច្នោះ បុគ្គលមិនគួរសេពឡើយ។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវ អត្តភាវប្បដិលាភ មានសភាពយ៉ាងណា អកុសលធម៌​ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង អត្តភាវប្បដិលាភ មានសភាពដូច្នោះ បុគ្គលគួរសេព។

[២២៥] ម្នាលសារីបុត្រ កាលបុគ្គលសេពអត្តភាវប្បដិលាភ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាប​សូន្យ។ ម្នាលសារីបុត្រ កាលបុគ្គលញុំាងអត្តភាវប្បដិលាភ ដែល​ប្រកបដោយ​ទុក្ខ ឲ្យកើតឡើង​ហើយ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ព្រោះ​មិនទាន់អស់ភពដាច់ស្រឡះ។

[២២៦] ម្នាលសារីបុត្រ កាលបុគ្គលសេពនូវអត្តភាវប្បដិលាភ មានសភាព​ដូចម្តេច អកុសលធម៌ទាំងឡាយ តែង​សាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើន​ឡើង។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវអត្តភាវប្បដិលាភ មិនមានទុក្ខ ឲ្យកើតឡើងហើយ អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ព្រោះ​អស់ភពដាច់ស្រឡះ។ ត្រង់ពាក្យដែលតថាគតសំដែងហើយថា ម្នាល​ភិក្ខុទាំងឡាយ តថាគតសំដែងអត្តភាវប្បដិលាភ ថាមានពីរយ៉ាង គឺអត្តភាវប្បដិលាភគួរសេព១ មិនគួរសេព១ មួយទៀត តថាគតសំដែង​នូវអត្តភាវប្បដិលាភ​នោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺតថាគតសំដែង សំដៅហេតុនេះឯង។ ម្នាលសារីបុត្រ ភាសិតសង្ខេប ដែលតថាគត មិនបានចែក​រំលែកសេចក្តីដោយពិស្តារនេះឯង អ្នកត្រូវយល់សេចក្តីដោយពិស្តារ យ៉ាងនេះចុះ។

[២២៧] ម្នាលសារីបុត្រ តថាគតសំដែងនូវរូប ដែលត្រូវដឹងដោយភ្នែក ថាមាន​ពីរយ៉ាង គឺរូបដែលគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវសំឡេង ដែលដឹងដោយត្រចៀក ថាមាន​ពីរយ៉ាង គឺសំឡេងដែលគួរសេព១ មិនគួរសេព១ ម្នាល​សារីបុត្រ តថាគតសំដែងនូវក្លិន ដែលត្រូវដឹងដោយច្រមុះ ថាមាន​ពីរយ៉ាង គឺក្លិនគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវរស ដែលត្រូវដឹងដោយអណ្តាត ថាមាន​ពីរយ៉ាង គឺរសដែលគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវផោដ្ឋព្វៈ ដែលគួរដឹងដោយកាយ ថាមាន​ពីរយ៉ាង គឺផោដ្ឋព្វៈគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវធម្មារម្មណ៍ ដែលគួរដឹងដោយចិត្ត ថាមាន​ពីរយ៉ាង គឺធម្មារម្មណ៍ដែលគួរសេព១ មិនគួរសេព១។

[២២៨] កាល​ព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្រមានអាយុ ក្រាប​ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតសង្ខេបនេះ ដែល​ព្រះមានព្រះភាគ ទ្រង់មិនបានចែករំលែក​សេចក្តីដោយពិស្តារ ខ្ញុំ​ព្រះអង្គយល់​សេចក្តី ដោយពិស្តារយ៉ាងនេះ គឺត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែង​នូវរូប ដែលត្រូវដឹងដោយភ្នែក ថាមានពីរយ៉ាង គឺរូប​ដែល​គួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើទ្រង់ត្រាស់សំដែង​សំដៅហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គល​សេពនូវរូបដែលគួរដឹងដោយភ្នែក មានសភាពយ៉ាង​ណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ រូប​ដែលគួរដឹងដោយភ្នែក មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គល​សេពនូវរូបដែលត្រូវដឹងដោយភ្នែក មានសភាពយ៉ាង​ណា អកុសលធម៌​ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង រូប​ដែលត្រូវដឹង​ដោយភ្នែក មានសភាពយ៉ាងនេះ បុគ្គលគួរសេព។ ត្រង់ព្រះពុទ្ធដីកា ដែល​ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវរូប ដែលត្រូវដឹងដោយភ្នែក ថាមានពីរយ៉ាង គឺរូបគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺទ្រង់ត្រាស់សំដៅ​ហេតុនេះឯង​។បេ។ សំឡេងដែលត្រូវដឹងដោយត្រចៀក មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ សំឡេងដែលត្រូវដឹងដោយត្រចៀក មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ក្លិន​ដែលត្រូវដឹងដោយច្រមុះ មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ ក្លិន​ដែលត្រូវដឹងដោយច្រមុះ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ រស​ដែល​ត្រូវដឹងដោយអណ្តាត មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ រសដែល​ត្រូវដឹងដោយអណ្តាត មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ផោដ្ឋព្វៈ ដែល​ត្រូវដឹងដោយកាយ មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ ផោដ្ឋព្វៈ ដែល​ត្រូវដឹងដោយកាយ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ត្រង់ព្រះពុទ្ធដីកា ដែល​ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវធម្មារម្មណ៍ ដែលគួរដឹងដោយចិត្ត ថាមានពីរយ៉ាង គឺធម្មារម្មណ៍គួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើទ្រង់ត្រាស់សំដៅ​ហេតុដូចម្តេច​។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេពនូវ​ធម្មារម្មណ៍ ដែលគួរដឹងដោយចិត្ត មានសភាព​យ៉ាងណា អកុសលធម៌ទាំងឡាយ តែង​ចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ធម្មារម្មណ៍ដែលគួរ​ដឹងដោយចិត្ត មានសភាព​យ៉ាងនោះ បុគ្គលមិនគួរសេពឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គល​សេព​នូវធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត មានសភាពយ៉ាងណា អកុសលធម៌​ទាំង​ឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ធម្មារម្មណ៍ ដែលត្រូវ​ដឹង​ដោយ​ចិត្ត មានសភាពយ៉ាងនោះ បុគ្គលគួរសេព។ ត្រង់ព្រះពុទ្ធដីកា ដែល​ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត ថាមានពីរយ៉ាង គឺធម្មារម្មណ៍គួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺទ្រង់ត្រាស់សំដៅ​ហេតុនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតសង្ខេប ដែលព្រះមានព្រះភាគ មិនទ្រង់ចែករំលែក​សេចក្តីដោយពិស្តារ នេះឯង ខ្ញុំ​ព្រះអង្គ​យល់​សេចក្តីដោយពិស្តារយ៉ាងនេះ។

[២២៩] ម្នាលសារីបុត្រ ត្រូវហើយៗ ម្នាលសារីបុត្រ ត្រូវហើយ ភាសិតសង្ខេប ដែល​តថាគត មិនបានចែករំលែក​សេចក្តីដោយពិស្តារនេះ អ្នកយល់សេចក្តី​ដោយពិស្តារ​យ៉ាងនេះបាន។ ត្រង់ពាក្យដែល​តថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែង​នូវ​រូប ដែលត្រូវឃើញដោយភ្នែក ថាមានពីរយ៉ាង គឺរូបគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើតថាគតសំដែង​សំដៅហេតុដូចម្តេច។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវរូប ដែល​ត្រូវដឹងដោយភ្នែក មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ រូប​ដែលត្រូវដឹងដោយភ្នែក មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេពឡើយ។ ម្នាលសារីបុត្រ បុគ្គល​សេពនូវរូបដែលត្រូវដឹងដោយភ្នែក មានសភាពយ៉ាង​ណា អកុសលធម៌​ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង រូប​ដែលត្រូវដឹង​ដោយភ្នែក មានសភាពយ៉ាងនេះ បុគ្គលគួរសេព។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវរូប ដែល​ត្រូវ​ដឹង​ដោយ​ភ្នែក ថាមានពីរយ៉ាង គឺរូបគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺតថាគតសំដែង សំដៅ​ហេតុនេះឯង​។បេ។ សំឡេងដែលត្រូវដឹងដោយត្រចៀក មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ សំឡេងដែលត្រូវដឹងដោយត្រចៀក មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ក្លិន​ដែលត្រូវដឹងដោយច្រមុះ មានសភាពយ៉ាងនេះ បុគ្គល​មិន​គួរ​សេព។បេ។ ក្លិន​ដែលត្រូវដឹងដោយច្រមុះ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ រស​ដែល​ត្រូវដឹងដោយអណ្តាត មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ រសដែល​ត្រូវដឹងដោយអណ្តាត មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ផោដ្ឋព្វៈ ដែល​ត្រូវដឹងដោយកាយ មានសភាពយ៉ាងនេះ បុគ្គលមិនគួរសេព។បេ។ ផោដ្ឋព្វៈ ដែល​ត្រូវដឹងដោយកាយ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ត្រង់ពាក្យដែល​តថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត ថាមានពីរយ៉ាង គឺធម្មារម្មណ៍គួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើតថាគត សំដែង សំដៅ​ហេតុដូចម្តេច​។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវ​ធម្មារម្មណ៍ ដែលត្រូវដឹង​ដោយចិត្ត មានសភាព​យ៉ាងណា អកុសលធម៌ទាំងឡាយ តែង​ចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ធម្មារម្មណ៍ដែលត្រូវ​ដឹងដោយចិត្ត មានសភាព​ដូច្នោះ បុគ្គលមិនគួរសេពឡើយ ម្នាលសារីបុត្រ កាលបុគ្គល​សេព​នូវធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត មានសភាពយ៉ាងណា ទើបអកុសលធម៌​ទាំង​ឡាយ សាបសូន្យ​ទៅ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ធម្មារម្មណ៍ ដែលត្រូវ​ដឹង​ដោយ​ចិត្ត មានសភាពដូច្នោះ បុគ្គលគួរសេព។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត ថាមានពីរយ៉ាង គឺធម្មារម្មណ៍​គួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺតថាគតសំដែង សំដៅ​ហេតុនេះឯង។ ម្នាលសារីបុត្រ ភាសិតសង្ខេបនេះឯង អ្នកត្រូវដឹងសេចក្តីអធិប្បាយ ដោយពិស្តារ យ៉ាង​នេះចុះ។

[២៣០] ម្នាលសារីបុត្រ តថាគតសំដែងនូវចីវរ ថាមានពីរយ៉ាង គឺចីវរគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវបិណ្ឌបាត ថាមានពីរយ៉ាង គឺបិណ្ឌបាតគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគតសំដែងនូវសេនាសនៈ ថាមានពីរយ៉ាង គឺសេនាសនៈគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគត​សំដែងនូវស្រុក ថាមានពីរយ៉ាង គឺស្រុកគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគត​សំដែងនូវនិគម ថាមានពីរយ៉ាង គឺនិគមគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគត​សំដែងនូវនគរ ថាមានពីរយ៉ាង គឺនគរគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគត​សំដែងនូវជនបទ ថាមានពីរយ៉ាង គឺជនបទគួរសេព១ មិនគួរសេព១ ម្នាលសារីបុត្រ តថាគត​សំដែងនូវបុគ្គល ថាមានពីរយ៉ាង គឺបុគ្គលគួរសេព១ មិនគួរសេព១។

[២៣១] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្រមាន​អាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិត​សង្ខេប​នេះឯង ដែលព្រះមានព្រះភាគ មិនទ្រង់ចែករំលែកសេចក្តី ដោយពិស្តារ ខ្ញុំព្រះអង្គ យល់​សេចក្តីដោយពិស្តារយ៉ាងនេះ គឺត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវចីវរ ថាមានពីរយ៉ាង គឺចីវរគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើទ្រង់ត្រាស់សំដៅហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព​នូវចីវរ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ចីវរមានសភាព​យ៉ាងនោះ បុគ្គល​មិនគួរសេព។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព​នូវចីវរ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ សាបសូន្យ កុសលធម៌ទាំងឡាយ ចម្រើនឡើង ចីវរមានសភាព​យ៉ាងនោះ បុគ្គលគួរសេព។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវចីវរ ថាមានពីរយ៉ាង គឺចីវរគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺទ្រង់ត្រាស់សំដៅហេតុនេះឯង។បេ។ បិណ្ឌបាតមានសភាពយ៉ាងនេះ បុគ្គល​មិនគួរសេព។បេ។ បិណ្ឌបាតមានសភាពយ៉ាងនេះ បុគ្គល​គួរសេព។បេ។ សេនាសនៈ មានសភាពយ៉ាងនេះ បុគ្គល​មិនគួរសេព។បេ។ សេនាសនៈ មានសភាពយ៉ាងនេះ បុគ្គល​គួរសេព។បេ។ ស្រុក មានសភាពយ៉ាងនេះ បុគ្គល​មិនគួរសេព។បេ។ ស្រុក មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ និគម មានសភាពយ៉ាងនេះ បុគ្គល​មិនគួរសេព។បេ។ និគម មានសភាពយ៉ាងនេះ បុគ្គល​គួរសេព។បេ។ នគរ មានសភាពយ៉ាងនេះ បុគ្គល​មិនគួរសេព។បេ។ នគរ មានសភាពយ៉ាងនេះ បុគ្គល​គួរសេព។បេ។ ជនបទ មានសភាពយ៉ាងនេះ បុគ្គល​មិនគួរសេព។បេ។ ជនបទ មានសភាពយ៉ាងនេះ បុគ្គល​គួរសេព។បេ។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវបុគ្គល ថាមានពីរយ៉ាង គឺបុគ្គលគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើទ្រង់ត្រាស់សំដៅហេតុដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព​នូវបុគ្គល មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យ បុគ្គលមានសភាព​យ៉ាងនោះ បុគ្គល​មិនគួរសេព។ បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលសេព​នូវបុគ្គល មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ សាបសូន្យ កុសលធម៌ទាំងឡាយ ចម្រើនឡើង បុគ្គល​មានសភាព​យ៉ាងនោះ បុគ្គលគួរសេព។ ត្រង់ព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ តថាគតសំដែងនូវបុគ្គល ថាមានពីរយ៉ាង គឺបុគ្គលគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺទ្រង់ត្រាស់សំដៅហេតុនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ភាសិត​សង្ខេបនេះឯង ដែលព្រះមានព្រះភាគ មិនទ្រង់ចែករំលែកសេចក្តីដោយពិស្តារ ខ្ញុំ​ព្រះអង្គ យល់សេចក្តីអធិប្បាយ ដោយពិស្តារយ៉ាងនេះ។

[២៣២] ម្នាលសារីបុត្រ ត្រូវហើយៗ ម្នាលសារីបុត្រ ត្រូវហើយ ភាសិត​សង្ខេបនេះ ដែលតថាគត​មិនបានចែករំលែក​សេចក្តីដោយពិស្តារ អ្នកយល់សេចក្តីអធិប្បាយ​ដោយ​ពិស្តារយ៉ាងនេះបាន។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលសារីបុត្រ តថាគត​សំដែងនូវចីវរ ថាមានពីរយ៉ាង គឺចីវរគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើតថាគតសំដែង អាស្រ័យហេតុដូចម្តេច។ ម្នាលសារីបុត្រ កាលបុគ្គលសេព​នូវចីវរ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យ ចីវរមានសភាព​យ៉ាងនេះ បុគ្គល​មិនគួរសេព។ ម្នាលសារីបុត្រ កាលបុគ្គល​សេព​​នូវចីវរ មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ សាបសូន្យ កុសលធម៌​ទាំងឡាយ ចម្រើនឡើង ចីវរមានសភាព​យ៉ាងនេះ បុគ្គលគួរសេព។ ត្រង់ពាក្យ​ដែលតថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវចីវរ ថាមានពីរយ៉ាង គឺចីវរគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺតថាគតសំដែង អាស្រ័យហេតុនេះឯង។បេ។ បិណ្ឌបាតមានសភាពយ៉ាងនេះ បុគ្គល​មិនគួរសេព។បេ។ បិណ្ឌបាតមានសភាពយ៉ាងនេះ បុគ្គល​គួរសេព។បេ។ សេនាសនៈ មានសភាពយ៉ាងនេះ បុគ្គល​មិនគួរសេព។បេ។ សេនាសនៈ មានសភាពយ៉ាងនេះ បុគ្គល​គួរសេព។បេ។ ស្រុក មានសភាពយ៉ាងនេះ បុគ្គល​មិនគួរសេព។បេ។ ស្រុក មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ និគម មានសភាពយ៉ាងនេះ បុគ្គល​មិនគួរសេព។បេ។ និគម មានសភាពយ៉ាងនេះ បុគ្គល​គួរសេព។បេ។ ជនបទ មានសភាពយ៉ាងនេះ បុគ្គល​មិនគួរសេព។បេ។ ជនបទ មានសភាពយ៉ាងនេះ បុគ្គល​គួរសេព។បេ។ ត្រង់ពាក្យដែលតថាគត​សំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវបុគ្គល ថាមានពីរយ៉ាង គឺបុគ្គលគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើតថាគតសំដែង អាស្រ័យហេតុដូចម្តេច។ ម្នាលសារីបុត្រ កាលបុគ្គលសេព​នូវបុគ្គល មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យ បុគ្គលមានសភាព​យ៉ាងនោះ បុគ្គល​មិនគួរសេព​ឡើយ។ ម្នាលសារីបុត្រ កាលបុគ្គលសេព​នូវបុគ្គល មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ សាបសូន្យ កុសលធម៌ទាំងឡាយ ចម្រើនឡើង បុគ្គល​មានសភាព​យ៉ាងនោះ បុគ្គលគួរសេព។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវបុគ្គល ថាមានពីរយ៉ាង គឺបុគ្គលគួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺតថាគតសំដែង សំដៅហេតុនេះឯង។ ម្នាលសារីបុត្រ ធម៌ដែលតថាគត សំដែង​ដោយសង្ខេបនេះឯង អ្នកត្រូវយល់សេចក្តីដោយពិស្តារ យ៉ាងនេះចុះ។

[២៣៣] ម្នាលសារីបុត្រ ធម៌ដែលតថាគតសំដែងហើយ ដោយសង្ខេបនេះ បើពួក​ក្សត្រិយ៍ទាំងអស់ ដឹងច្បាស់នូវសេចក្តីដោយពិស្តារ យ៉ាងនេះ ការដឹងច្បាស់របស់ពួក​ក្សត្រិយ៍ទាំងអស់នោះ រមែងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាល​ដ៏យូរ។ ម្នាលសារីបុត្រ ធម៌ដែលតថាគតសំដែងហើយ ដោយសង្ខេបនេះ បើពួក​ព្រាហ្មណ៍ទាំងអស់ក្តី… ម្នាលសារីបុត្រ បើពួកវេស្សៈទាំងអស់ក្តី… ម្នាលសារីបុត្រ បើ​ពួក​សុទ្ទៈទាំងអស់ក្តី ដឹងច្បាស់នូវសេចក្តីដោយពិស្តារ យ៉ាងនេះ ការដឹងច្បាស់របស់ពួក​សុទ្ទៈទាំងអស់នោះ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាល​ដ៏យូរ។ ម្នាលសារីបុត្រ ធម៌ដែលតថាគតសំដែងដោយសង្ខេបនេះ បើលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ទាំងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស ដឹងច្បាស់សេចក្តីដោយពិស្តារ យ៉ាងនេះ ការដឹងច្បាស់​ របស់លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ទាំងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាល​ដ៏យូរ។ លុះព្រះមានព្រះភាគ សំដែងសូត្រនេះចប់ហើយ ព្រះសារីបុត្រមានអាយុ ក៏មានចិត្ត​ត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ សេវិតព្វាសេវិតព្វសូត្រ ទី៤។

ពហុធាតុកសូត្រ ទី៥

(៥. ពហុធាតុកសុត្តំ)

[២៣៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទូលតប​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គដ៏ចម្រើន។

[២៣៥] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភ័យ​ទាំងឡាយណាមួយកើតឡើង ភ័យទាំងអស់នោះ កើតឡើងតែអំពីពាល មិនដែល​កើត​អំពីបណ្ឌិតទេ ឧបទ្រពទាំងឡាយណាមួយកើតឡើង ឧបទ្រព​ទាំងអស់នោះ កើត​ឡើង​តែអំពីពាល មិនមែន​កើត​ឡើងអំពីបណ្ឌិតទេ ឧបស័គ្គ​ទាំងឡាយណា​មួយ​កើតឡើង ឧបស័គ្គ​ទាំងអស់នោះ កើតឡើងតែអំពីពាល មិនមែន​កើត​ឡើងអំពីបណ្ឌិតទេ។ ម្នាលភិក្ខុទាំងឡាយ ដូចភ្លើង តែងរាលអំពីផ្ទះ​ប្រក់​បបុស ឬអំពីផ្ទះប្រក់ស្មៅ ទៅ​ឆាប​ឆេះ​ផ្ទះមានកំពូល ដែលគេលាបទាំងខាងក្នុង ទាំង​ខាងក្រៅ មានគន្លឹះជិតស្និទ្ធ មានទ្វារ​បង្អួច​បិទជិត យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភ័យ​​ទាំងឡាយណាមួយកើតឡើង ភ័យទាំងអស់នោះ តែងកើតឡើងតែអំពីពាល មិនមែន​កើត​ឡើងអំពីបណ្ឌិតទេ ឧបទ្រពទាំងឡាយណាមួយ តែងកើតឡើង ឧបទ្រព​ទាំងអស់នោះ តែង​កើតឡើង​តែអំពីពាល មិនដែល​កើត​ឡើងអំពីបណ្ឌិតទេ ឧបស័គ្គ​ទាំងឡាយណា​មួយ ​កើតឡើង ឧបស័គ្គ​ទាំងអស់នោះ តែងកើតឡើងតែអំពីពាល មិនដែល​កើត​ឡើងអំពី​បណ្ឌិតឡើយ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលប្រកបដោយ​ភ័យ បណ្ឌិត​មិនប្រកបដោយភ័យទេ បុគ្គលពាលប្រកបដោយ​ឧបទ្រព បណ្ឌិត​មិនប្រកបដោយ​ឧបទ្រពទេ បុគ្គលពាលប្រកបដោយ​ឧបស័គ្គ បណ្ឌិត​មិនប្រកបដោយឧបស័គ្គទេ។ ម្នាលភិក្ខុទាំងឡាយ ភ័យមិនមាន​អំពីបណ្ឌិតទេ ឧបទ្រព មិនមាន​អំពីបណ្ឌិតទេ ឧបស័គ្គ មិនមាន​អំពីបណ្ឌិតទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គួរសិក្សា​យ៉ាងនេះថា យើងទាំងឡាយ សូមឲ្យបានជាអ្នកប្រាជ្ញ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង។

[២៣៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទ​មានអាយុ ក្រាបទូល​សួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ការណ៍​ដែលគួរហៅថា ភិក្ខុជាបណ្ឌិត ជាអ្នកចេះពិចារណា តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ ភិក្ខុជាអ្នកឈ្លាសក្នុងធាតុផង ឈ្លាសក្នុងអាយតនៈផង ឈ្លាសក្នុងបដិច្ចសមុប្បាទផង ឈ្លាស​ក្នុងហេតុគួរ និងហេតុមិនគួរផង ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែល​គួរហៅថា ភិក្ខុជាបណ្ឌិត ជាអ្នកចេះពិចារណា ដោយហេតុប៉ុណ្ណេះឯង។

[២៣៧] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែលគួរហៅថា ភិក្ខុអ្នកឈ្លាស​ក្នុងធាតុ តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ ធាតុទាំងឡាយនេះ មាន១៨ គឺចក្ខុធាតុ រូបធាតុ ចក្ខុ​វិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោត​វិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃាន​វិញ្ញាណ​ធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហា​វិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយ​វិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោ​វិញ្ញាណធាតុ ម្នាលអានន្ទ ភិក្ខុដឹងនូវធាតុទាំង១៨នេះ ដោយហេតុ​ណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ ដោយ​ហេតុប៉ុណ្ណេះឯង។

[២៣៨] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែលគួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ ដោយបរិយាយដទៃទៀត មានដែរឬ។ មាន អានន្ទ ម្នាលអានន្ទ ធាតុទាំង៦នេះ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ អាកាសធាតុ វិញ្ញាណធាតុ ម្នាលអានន្ទ ភិក្ខុ​ដឹងនូវធាតុទាំង៦នេះ ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុអ្នក​ឈ្លាសក្នុងធាតុ ដោយហេតុប៉ុណ្ណេះឯង។

[២៣៩] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែល​គួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ ដោយ​បរិយាយដទៃទៀត មានដែរឬ។ មាន អានន្ទ ម្នាលអានន្ទ ធាតុទាំង៦នេះ គឺ សុខធាតុ ទុក្ខធាតុ សោមនស្សធាតុ ទោមនស្សធាតុ ឧបេក្ខាធាតុ អវិជ្ជាធាតុ ម្នាលអានន្ទ ភិក្ខុដឹងនូវធាតុទាំង៦នេះឯង ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាសក្នុងធាតុ ដោយហេតុប៉ុណ្ណេះឯង។

[២៤០] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែល​គួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ ដោយ​បរិយាយដទៃទៀត មានដែរឬ។ មាន អានន្ទ ម្នាលអានន្ទ ធាតុទាំង៦នេះ គឺ កាមធាតុ នេក្ខម្មធាតុ ព្យាបាទធាតុ អព្យាបាទធាតុ វិហឹសាធាតុ អវិហឹសាធាតុ ម្នាលអានន្ទ ភិក្ខុដឹងនូវធាតុទាំង៦នេះ ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាសក្នុងធាតុ ដោយហេតុប៉ុណ្ណេះឯង។

[២៤១] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែល​គួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ ដោយ​បរិយាយដទៃទៀត មានដែរឬ។ មាន អានន្ទ ម្នាលអានន្ទ ធាតុទាំងឡាយ៣នេះ គឺ កាមធាតុ រូបធាតុ អរូបធាតុ ម្នាលអានន្ទ ភិក្ខុដឹងនូវធាតុទាំង៣នេះ ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាសក្នុងធាតុ ដោយហេតុប៉ុណ្ណេះឯង។

[២៤២] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែល​គួរហៅថា ភិក្ខុអ្នកឈ្លាសក្នុងធាតុ ដោយ​បរិយាយដទៃទៀត មានដែរឬ។ មាន អានន្ទ ម្នាលអានន្ទ ធាតុទាំងឡាយ២នេះ គឺ សង្ខតាធាតុ អសង្ខតាធាតុ ម្នាលអានន្ទ ភិក្ខុដឹងនូវធាតុទាំងពីរនេះ ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាសក្នុងធាតុ ដោយហេតុប៉ុណ្ណេះឯង។

[២៤៣] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែល​គួរហៅថា ភិក្ខុអ្នកឈ្លាសក្នុង​អាយតនៈ តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ អាយតនៈ ទាំងខាងក្នុង ទាំងខាងក្រៅ​នេះ មាន៦គឺ ចក្ខុ និងរូបៈ១ សោតៈ និងសទ្ទៈ១ ឃានៈ និងគន្ធៈ១ ជិវ្ហា និងរសៈ១ កាយ និងផោដ្ឋព្វៈ១ មនោ និងធម្មារម្មណ៍១ ម្នាលអានន្ទ ភិក្ខុដឹងនូវអាយតនៈទាំងខាងក្នុង ទាំងខាងក្រៅ៦នេះឯង ដោយហេតុណា ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាសក្នុងអាយតនៈ ដោយហេតុប៉ុណ្ណេះឯង។

[២៤៤] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែល​គួរហៅថា ភិក្ខុអ្នកឈ្លាសក្នុង​បដិច្ចសមុប្បាទ តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ដឹង​យ៉ាងនេះ​ថា កាលបើបច្ច័យនេះមាន ផលនេះក៏មាន ផលនេះកើត ព្រោះតែបច្ច័យនេះកើត កាលបើ​បច្ច័យនេះមិនមាន ផលនេះក៏មិនមាន ផលនេះរលត់ ព្រោះតែបច្ច័យនេះរលត់ គឺថា សង្ខារ​ទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភព​កើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរានិងមរណៈ​កើតមាន ព្រោះជាតិជាបច្ច័យ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ ក៏កើតព្រម ការប្រជុំកើតឡើងព្រម នៃកងទុក្ខទាំងអស់នេះ យ៉ាងនេះឯង ចំណែក​ខាងការរលត់​សង្ខារ ព្រោះអវិជ្ជាហ្នឹងឯង រលត់មិនសល់ ការរលត់វិញ្ញាណ ព្រោះរលត់សង្ខារ ការរលត់នាមរូប ព្រោះរលត់វិញ្ញាណ ការរលត់អាយតនៈទាំង៦ ព្រោះរលត់នាមរូប ការរលត់ផស្សៈ ព្រោះរលត់អាយតនៈទាំង៦ ការរលត់វេទនា ព្រោះរលត់ផស្សៈ ការរលត់តណ្ហា ព្រោះរលត់វេទនា ការរលត់ឧបាទាន ព្រោះរលត់តណ្ហា ការរលត់ភព ព្រោះរលត់ឧបាទាន ការរលត់ជាតិ ព្រោះរលត់ភព ការរលត់ជរានិងមរណៈ ព្រោះរលត់​ជាតិ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ ឧបាយាសៈ ក៏រលត់ ការរលត់នៃកងទុក្ខទាំងអស់​នេះ យ៉ាងនេះឯង ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាស ក្នុងបដិច្ចសមុប្បាទ ដោយហេតុប៉ុណ្ណេះឯង។

[២៤៥] បពិត្រព្រះអង្គដ៏ចំរើន ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាស ក្នុងហេតុ និង​មិនមែនហេតុ តើដោយហេតុប៉ុន្មាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់​ថា ការណ៍នុ៎ះឥតហេតុ ឥតបច្ច័យទេ ត្រង់ដែលបុគ្គលបរិបូណ៌ដោយទិដ្ឋិ48) ប្រកាន់នូវសង្ខារនីមួយ ថាទៀង ការណ៍នុ៎ះ មិនសមហេតុឡើយ។ មួយទៀត ភិក្ខុដឹងច្បាស់ថា ការណ៍នុ៎ះទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន ប្រកាន់នូវ​សង្ខារ​នីមួយ ថាទៀង ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកាន់នូវសង្ខារនីមួយ ថាជាសុខ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែល​បុថុជ្ជន ប្រកាន់នូវ​សង្ខារ​នីមួយ ថាជាសុខ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ ប្រកាន់នូវធម៌នីមួយ ថាជារបស់​ខ្លួន ការណ៍នុ៎ះ មិនសម​ហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែល​បុថុជ្ជន ប្រកាន់នូវ​ធម៌​នីមួយ ថាជារបស់ខ្លួន ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ គប្បីផ្តាច់បង់​នូវ​មាតាចាកជីវិត ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន ផ្តាច់បង់នូវមាតា ចាកជីវិត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ គប្បីផ្តាច់បង់​នូវ​បិតាចាកជីវិត ការណ៍នុ៎ះ មិនសម​ហេតុទេ។ ទាំងដឹងច្បាស់ថា ហេតុនុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល គប្បីផ្តាច់បង់នូវបិតា ចាកជីវិត។បេ។ គប្បីផ្តាច់បង់នូវ​ព្រះអរហន្ត ចាកជីវិត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ មានចិត្តប្រទូស្ត គប្បីញុំាងព្រះលោហិត​ព្រះ​តថាគតឲ្យពុរពង49) ការណ៍នុ៎ះ មិនសម​ហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន មានចិត្តប្រទូស្ត គប្បីញុំាង​ព្រះលោហិត ព្រះតថាគត ឲ្យពុរពង ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលប្រកបដោយទិដ្ឋិ គប្បីបំបែកសង្ឃ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន គប្បីបំបែកសង្ឃ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីឧទ្ទិស (ងាកចិត្តទៅរក) សាស្តាដទៃ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុថុជ្ជន គប្បីឧទ្ទិស​រកសាស្តាដទៃ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលព្រះអរហន្តសម្មាសម្ពុទ្ធពីរព្រះអង្គ កើតឡើងមិនមុន មិនក្រោយ ក្នុងលោកធាតុមួយ ការណ៍នុ៎ះ មិនសម​ហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលព្រះអរហន្ត សម្មាសម្ពុទ្ធមួយ​ព្រះអង្គ កើតឡើងក្នុងលោកធាតុមួយ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលស្តេចចក្រពត្តិពីរព្រះអង្គ កើតឡើង មិនមុន​មិនក្រោយ ក្នុងលោកធាតុមួយ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលស្តេចចក្រពត្តិមួយព្រះអង្គ កើតឡើងក្នុងលោកធាតុ​មួយ ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលព្រះអរហន្ត សម្មាសម្ពុទ្ធជាស្ត្រី ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលព្រះអរហន្ត សម្មាសម្ពុទ្ធ​ជាបុរស ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលស្តេចចក្រពត្តិជាស្ត្រី ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលស្តេចចក្រពត្តិជាប្រុស ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលស្ត្រី គប្បីធ្វើខ្លួនជាព្រះឥន្ទ្របាន50)…. គប្បីធ្វើខ្លួនជាមារបាន51) … គប្បីធ្វើខ្លួនជាព្រហ្មបាន52) … ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុរស ទើបធ្វើជាព្រះឥន្ទ្របាន… ធ្វើជាមារបាន… ធ្វើជាព្រហ្មបាន ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលកាយទុច្ចរិត ឲ្យផលជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលកាយទុច្ចរិត ឲ្យផល មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលវចី​ទុច្ចរិត… មនោទុច្ចរិត ឲ្យផលជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលវចីទុច្ចរិត… មនោទុច្ចរិត ឲ្យផល មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលកាយសុចរិត ឲ្យផល មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទី​គាប់ចិត្ត ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលកាយសុចរិតឲ្យផល ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ការណ៍នុ៎ះ ទើបសមហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់វចីសុចរិត… មនោសុចរិត ឲ្យផលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទី​គាប់ចិត្ត ការណ៍នុ៎ះ មិនសម​ហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់វចីសុចរិត… មនោសុចរិតឲ្យផល ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ការណ៍នុ៎ះ ទើបសមហេតុ។ រមែងដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គល​ មានសេចក្តី​បរិបូណ៌​ដោយកាយ​ទុច្ចរិត53) លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះ​កាយទុច្ចរិតនោះ​ជាហេតុ កាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល​ បរិបូណ៌​ដោយកាយទុច្ចរិត លុះទម្លាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​កាយទុច្ចរិតនោះជាហេតុ កាយទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបសម​ហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គល​ ​បរិបូណ៌​ដោយវចី​ទុច្ចរិត… បរិបូណ៌ដោយមនោទុច្ចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះ​មនោទុច្ចរិតនោះជាហេតុ មនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនសម​ហេតុទេ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល​ បរិបូណ៌​ដោយវចីទុច្ចរិត… បរិបូណ៌ដោយមនោទុច្ចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​មនោទុច្ចរិតនោះជាហេតុ មនោទុច្ចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបសម​ហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គល​ ​បរិបូណ៌​ដោយកាយសុចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​កាយសុចរិតនោះជាហេតុ កាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល​ បរិបូណ៌​ដោយកាយសុចរិត លុះទម្លាយ​រាង​កាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះ​កាយសុចរិតនោះជាហេតុ កាយសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបសម​ហេតុ។ ដឹងច្បាស់ថា ការណ៍នុ៎ះ ឥតហេតុ ឥត​បច្ច័យ​ទេ ត្រង់ដែលបុគ្គល​ ​បរិបូណ៌​ដោយវចី​សុចរិត… ត្រង់ដែលបុគ្គលបរិបូណ៌ដោយមនោសុចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​មនោសុចរិតនោះជាហេតុ មនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ មិនសម​ហេតុឡើយ។ ទាំងដឹងច្បាស់ថា ការណ៍នុ៎ះ ទើបត្រូវទំនង ត្រង់ដែលបុគ្គល​ បរិបូណ៌​ដោយវចីសុចរិត… ត្រង់ដែលបុគ្គល បរិបូណ៌ដោយមនោសុចរិត លុះទម្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ព្រោះ​មនោសុចរិតនោះជាហេតុ មនោសុចរិតនោះជាបច្ច័យ ការណ៍នុ៎ះ ទើបសម​ហេតុ។ ម្នាលអានន្ទ ការណ៍ដែលគួរហៅថា ភិក្ខុ​អ្នកឈ្លាស ក្នុងហេតុ និងមិនមែនហេតុ ដោយហេតុប៉ុណ្ណេះឯង។

[២៤៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ចុះធម្ម​បរិយាយនេះ តើឈ្មោះអ្វី។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុនោះ​ អ្នកចូរចាំ​ទុក នូវធម្មបរិយាយនេះ ឈ្មោះថា ពហុធាតុកៈ54) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយ​នោះ ឈ្មោះថា ចតុប្បរិវដ្តៈ55) ដូច្នេះក៏បាន ចូរចាំនូវធម្មបរិយាយនោះ ឈ្មោះថា ធម្មទាសៈ56) ដូច្នេះក៏បាន ចូរចាំទុកនូវធម្មបរិយាយនោះ ឈ្មោះថា អមតទុន្ទុភិ57) ដូច្នេះក៏បាន ចូរ​ចាំ​ទុកនូវធម្មបរិយាយនោះ ឈ្មោះថា សង្គាមវិជ័យដ៏ប្រសើរ58) ដូច្នេះក៏បាន។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏​មានចិត្ត​ត្រេកអរ រីករាយ​ហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ ពហុធាតុកសូត្រ ទី៥។

ឥសិគិលិសូត្រ ទី៦

(៦. ឥសិគិលិសុត្តំ)

[២៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់លើភ្នំ​ឥសិគិលិ ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះវាចាព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គដ៏ចំរើន។

[២៤៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ឃើញភ្នំ វេភារៈ នុ៎ះឬទេ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ភ្នំវេភារៈ នុ៎ះឯង មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេង។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ឃើញភ្នំ បណ្ឌវៈ នុ៎ះឬទេ។ ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ភ្នំបណ្ឌវៈ នុ៎ះឯង ក៏មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេង។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ឃើញភ្នំ វេបុល្លៈ នុ៎ះឬទេ។ ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លៈ នុ៎ះឯង ក៏មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេងដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ឃើញភ្នំ គិជ្ឈកូដ នុ៎ះឬទេ។ ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ភ្នំគិជ្ឈកូដ នុ៎ះឯង មានឈ្មោះផ្សេង មានបញ្ញត្តិផ្សេងដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ឃើញភ្នំ ឥសិគិលិ នេះឬទេ។ ព្រះករុណាព្រះអង្គ ឃើញ។ ម្នាលភិក្ខុទាំងឡាយ ឯ ភ្នំឥសិគិលិ នេះឯង មានឈ្មោះយ៉ាងហ្នឹង មានបញ្ញត្តិយ៉ាងហ្នឹងតែម្យ៉ាង។

[២៤៩] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានព្រះបច្ចេកពុទ្ធ ៥០០អង្គ នៅ​នាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ព្រះបច្ចេកពុទ្ធទាំងនោះ កាលចូលទៅកាន់ភ្នំនេះ មនុស្សឃើញប្រាកដ លុះចូលស៊ប់ទៅហើយ មនុស្សមិនឃើញទេ។ លុះពួកមនុស្ស​ឃើញ​ហេតុនោះហើយ ក៏នាំគ្នានិយាយ យ៉ាងនេះថា ភ្នំនេះលេបនូវពួកឥសីទាំងនេះ ព្រោះហេតុ​នោះ បានជាមានឈ្មោះកើតឡើងថា ឥសិគិលិ ឥសិគិលិ (ភ្នំលេបឥសីៗ) ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់ឈ្មោះ​ព្រះបច្ចេកពុទ្ធទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត ចង្អុលបង្ហាញឈ្មោះ​ព្រះបច្ចេកពុទ្ធទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងឈ្មោះ​ព្រះបច្ចេកពុទ្ធទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវរឿងនោះចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់ព្រះវាចា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២៥០] ព្រះមានជោគ បានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេក​សម្ពុទ្ធ​ ​ឈ្មោះ អរិដ្ឋៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ​ឈ្មោះ ឧបរិដ្ឋៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ​ឈ្មោះ តគរសិខី បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ​ឈ្មោះ យសស្សី បាននៅនា​ភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ​ឈ្មោះ សុទស្សនៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ​ឈ្មោះ បិយទស្សី បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ​ឈ្មោះ គន្ធារៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ​ឈ្មោះ បិណ្ឌោលៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ​ឈ្មោះ ឧបាសភៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ​ឈ្មោះ និថៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ​ឈ្មោះ តថៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ​ឈ្មោះ សុតវា បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ ព្រះបច្ចេកសម្ពុទ្ធ​ឈ្មោះ ភាវិតត្តៈ បាននៅនាភ្នំឥសិគិលិនេះ អស់កាលដ៏យូរ។

[២៥១] ព្រះបច្ចេកសម្ពុទ្ធទាំងឡាយណា ជាខ្លឹមរបស់សត្វ អស់ទុក្ខ អស់​ចំណង់ បានត្រាស់ដឹងហើយ នូវបច្ចេកសុពោធិញ្ញាណ កាលបើតថាគត សំដែងឈ្មោះ របស់​ព្រះ​បច្ចេកពុទ្ធទាំងនោះ ដែល​មានសរ ដកចេញហើយ ដ៏ឧត្តមជាងជន អ្នកទាំងឡាយ​ចូរស្តាប់ចុះ ព្រះបច្ចេកពុទ្ធទាំងឡាយ ឈ្មោះអរិដ្ឋៈ១ ឧបរិដ្ឋៈ១ តគរសិខី១ យសស្សី១ សុទស្សនៈ១ បច្ចេកពុទ្ធឈ្មោះបិយទស្សី១ គន្ធារៈ១ បិណ្ឌោលៈ១ ឧបាសភៈ១ និថៈ១ តថៈ១ សុតវា១ ភាវិតត្តៈ១ សុម្ភៈ១ សុភៈ១ មេថុលៈ១ អដ្ឋមៈ១ អស្សុមេឃៈ១ អនិឃៈ១ សុទាឋៈ១ ជាបច្ចេកពុទ្ធ មានតណ្ហានាំទៅកាន់ភពអស់ហើយ ព្រះបច្ចេកពុទ្ធ ឈ្មោះ​ហិង្គូ១ ហិង្គៈ១ មានអានុភាពច្រើន ព្រះបច្ចេកពុទ្ធ ឈ្មោះ​ជាលី២ គឺចុល្លជាលី១ មហាជាលី១ ជា​អ្នកប្រាជ្ញ ឈ្មោះអដ្ឋកៈ១ ព្រះបច្ចេកពុទ្ធ ឈ្មោះកោសល្លៈ១ សុពាហុ១ ឧបនេមិសៈ១ នេមិសៈ១ សន្តចិត្តៈ១ សច្ចៈ១ តថៈ១ វិរជៈ១ បណ្ឌិតៈ១ កាឡៈ១ ឧបកាឡៈ១ វិជិតៈ១ ជិតៈ១ អង្គៈ១ បង្គៈ១ គុតិច្ឆិតៈ១ ព្រះបច្ចេកពុទ្ធ ឈ្មោះបស្សី១ បានលះឧបធិកិលេស ជា​ឫសនៃសេចក្តីទុក្ខហើយ ព្រះបច្ចេកពុទ្ធ ឈ្មោះអបរាជិតៈ បានផ្ចាញ់នូវមារ និងពលនៃ​មារហើយ ព្រះបច្ចេកពុទ្ធឈ្មោះ សត្ថា១ បវត្តា១ សរភង្គៈ១ លោមហង្សៈ១ ឧច្ចង្គមាយៈ១ អសិតៈ១ អនាសវៈ១ មនោមយៈ១ ពន្ធុមា ជាអ្នកផ្តាច់បង់នូវមានះ១ ឈ្មោះ​ តទាធិមុត្តៈ១ វិមលៈ១ កេតុមា១ កេតុម្ពរាគៈ១ មាតង្គៈ១ អរិយៈ១ អច្ចុតៈ១ អច្ចុតគាមព្យាមកៈ១ សុមង្គលៈ១ ទព្វិលៈ១ សុបតិដ្ឋិតៈ១ អសយ្ហៈ១ ខេមាភិរតៈ១ សោរតៈ១ ទុរន្នយៈ១ សង្ឃៈ១ ឧជ្ជយៈ១ និងបច្ចេកពុទ្ធដទៃ ឈ្មោះសយ្ហៈ ជាអ្នកប្រាជ្ញ មានព្យាយាមមិនថោក​ថយ ព្រះបច្ចេកពុទ្ធ ១២អង្គទៀត ឈ្មោះអានន្ទៈ (៤អង្គ) នន្ទៈ (៤អង្គ) ឧបនន្ទៈ (៤អង្គ) ភារទ្វាជៈ អ្នកទ្រទ្រង់នូវរាងកាយ មានក្នុងទី​បំផុតភព១ ពោធិ១ មហានាមៈ១ ឧត្តរៈ១ កេសី១ សិខី១ សុន្ទរៈ១ ភារទ្វាជៈ១ តិស្សៈ១ ឧបតិស្សៈ១ ជាអ្នកផ្តាច់បង់នូវចំណង​ គឺភព ឈ្មោះ ឧបសីទរី១ សីទរី ជាអ្នកផ្តាច់បង់តណ្ហា១ បច្ចេកពុទ្ធ ឈ្មោះ មង្គលៈ មានរាគៈទៅ​ប្រាសហើយ១ ឈ្មោះ ឧសភៈ បានផ្តាច់បង់នូវតណ្ហា ជាឫសនៃទុក្ខ១ ឧបណីតៈ បានដល់​នូវចំណែក ដ៏ស្ងប់រម្ងាប់១ ឧបោសថៈ១ សុន្ទរៈ១ សច្ចនាមៈ១ ជេតៈ១ ជយន្តៈ១ បទុមៈ១ ឧប្បលៈ១ បទុមុត្តរៈ១ រក្ខិតៈ១ បព្វតៈ១ មានត្ថទ្ធៈ១ សោភិតៈ១ វីតរាគៈ១ កណ្ហៈ១ បាន​ត្រាស់ដឹងហើយ មានចិត្តរួចវិសេសហើយ ព្រះបច្ចេកពុទ្ធ មានឈ្មោះប៉ុណ្ណេះ និងនៅ​មានឈ្មោះដទៃទៀត មានអានុភាពច្រើន មានតណ្ហា ជាគ្រឿង​នាំទៅកាន់ភពអស់ហើយ អ្នកទាំងឡាយ ចូរថ្វាយបង្គំ នូវព្រះបច្ចេកពុទ្ធទាំងឡាយនោះ ដែលកន្លងនូវកិលេស ជា​គ្រឿងជាប់ចំពាក់ទាំងពួង ស្វែងរកនូវគុណដ៏ប្រសើរ មានគុណរកប្រមាណមិនបាន ដែល​បរិនិព្វានទៅហើយ។

ចប់ ឥសិគិលិសូត្រ ទី៦

មហាចត្តារីសកសូត្រ ទី៧

(៧. មហាចត្តារីសកសុត្តំ)

[២៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលស្តាប់​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គដ៏ចម្រើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាង​នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវ​សម្មាសមាធិ ដែលឥតទោស ព្រម​ទាំង​បច្ច័យ ព្រមទាំង​បរិវារ អ្នកទាំងឡាយ ចូរស្តាប់នូវសម្មាសមាធិនោះចុះ ចូរធ្វើទុក​ក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះមានព្រះភាគ​ថា ព្រះករុណាព្រះអង្គ។

[២៥៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សម្មា​សមាធិ ដែលឥតទោស ព្រមទាំងបច្ច័យ ព្រមទាំង​បរិវារ តើអ្វីខ្លះ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ ម្នាលភិក្ខុទាំងឡាយ ភាពនៃចិត្តមានអារម្មណ៍​តែមួយណា មានអង្គទាំង៧នេះ ចោម​រោមហើយ ម្នាលភិក្ខុទាំងឡាយ ភាពនៃចិត្ត មានអារម្មណ៍តែមួយនេះ តថាគតហៅថា សម្មាសមាធិឥតទោស ព្រមទាំងបច្ច័យ ដូច្នេះផង ព្រមទាំងបរិវារ ដូច្នេះផង។

[២៥៤] ម្នាលភិក្ខុទាំងឡាយ បណ្តាអង្គមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់​មុន (ជាប្រធាន)។ ម្នាលភិក្ខុទាំងឡាយ ឯសម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គល ដឹងច្បាស់នូវមិច្ឆាទិដ្ឋិ ថាជាមិច្ឆាទិដ្ឋិ ដឹងច្បាស់នូវសម្មាទិដ្ឋិ ថាជាសម្មាទិដ្ឋិ។ សេចក្តី​ដឹង​នោះ ជាសម្មាទិដ្ឋិ របស់បុគ្គលនោះ។

[២៥៥] ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​យល់ថា ទានដែលបុគ្គលឲ្យហើយ មិនមានផល គ្រឿងបូជាតូច​ មិនមានផល គ្រឿងបូជាធំ មិនមាន​ផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងអាក្រក់ មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន ​មាតាមិនមានគុណ បិតាមិនមានគុណ សត្វជាឱបបាតិកៈកំណើត មិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលព្រមព្រៀង ប្រតិបត្តិត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ត្រាស់ដឹងនូវលោកនេះ និងលោកខាងមុខ មិនមាន នេះឈ្មោះថា មិច្ឆាទិដ្ឋិ។

[២៥៦] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវ​សម្មាទិដ្ឋិ ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ គឺសម្មាទិដ្ឋិប្រកបដោយ​អាសវៈ ជាចំណែក​នៃបុណ្យ ឲ្យផលជាឧបធិក្កិលេស ក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ​ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។

[២៥៧] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ប្រកបដោយអាសវៈ ជាចំណែកនៃ​បុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីយល់​ថា ទានដែលបុគ្គល​ឲ្យហើយ មានផល បូជាតូច​ មានផល បូជាធំ មាន​ផល ផលវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មាន លោកនេះមាន លោកខាងមុខមាន ​មាតាមានគុណ បិតាមានគុណ សត្វជាឱបបាតិកៈកំណើតមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ដែលព្រមព្រៀង ប្រតិបត្តិត្រូវ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ត្រាស់ដឹងនូវលោកនេះ និងលោកខាងមុខ ក៏មាន ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាទិដ្ឋិ ប្រកបដោយអាសវៈ ជាចំណែកនៃ​បុណ្យ ឲ្យផលជាឧបធិក្កិលេស។

[២៥៨] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គ​នៃ​មគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បញ្ញាបញ្ញិន្ទ្រិយ បញ្ញាពលៈ ធម្មវិចយសម្ពោជ្ឈង្គ សម្មា​ទិដ្ឋិ អង្គនៃមគ្គ របស់បុគ្គលមានចិត្តជាអរិយៈ មានចិត្តមិនមានអាសវៈ អ្នកបរិបូណ៌ដោយអរិយមគ្គ អ្នក​ចម្រើននូវអរិយមគ្គ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាទិដ្ឋិដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ។ បុគ្គលនោះព្យាយាម ដើម្បីលះបង់នូវមិច្ឆាទិដ្ឋិ បំពេញនូវ​សម្មាទិដ្ឋិ។ សេចក្តីព្យាយាមនោះ ឈ្មោះថា សម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់​នូវ​មិច្ឆាទិដ្ឋិ មានសតិផ្តេកផ្តួលចិត្ត ទៅរកសម្មាទិដ្ឋិ។ សតិនោះ ជាសម្មាសតិរបស់បុគ្គលនោះ។ ធម៌​ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ តែងតាមចោមរោម នូវ​សម្មាទិដ្ឋិ ដោយ​ប្រការដូច្នេះឯង។

[២៥៩] ម្នាលភិក្ខុទាំងឡាយ បណ្តាអង្គមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវ​មិច្ឆាសង្កប្បៈ ថាជាមិច្ឆាសង្កប្បៈ ដឹងច្បាស់នូវសម្មាសង្កប្បៈ ថាជាសម្មាសង្កប្បៈ។ សេចក្តីដឹងច្បាស់​នោះ ជា​សម្មាទិដ្ឋិរបស់បុគ្គលនោះ។

[២៦០] ម្នាលភិក្ខុទាំងឡាយ មិច្ឆាសង្កប្បៈ តើដូចម្តេច។ សេចក្តីត្រិះរិះក្នុងកាម សេចក្តីត្រិះរិះក្នុងការព្យាបាទ សេចក្តីត្រិះរិះក្នុងការបៀតបៀន ម្នាលភិក្ខុទាំងឡាយ នេះ​ឈ្មោះថា មិច្ឆាសង្កប្បៈ។

[២៦១] ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវ​សម្មាសង្កប្បៈ ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ ប្រកបដោយ​អាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេសក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។

[២៦២] ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ ប្រកបដោយ​អាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ សេចក្តីត្រិះរិះក្នុងការចេញចាកកាម ត្រិះរិះក្នុងការ​មិនព្យាបាទ ត្រិះរិះក្នុងការមិនបៀតបៀន ម្នាលភិក្ខុទាំងឡាយ នេះ​ឈ្មោះថា សម្មាសង្កប្បៈ ប្រកបដោយ​អាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស។

[២៦៣] ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីជញ្ជឹង រំពឹង ត្រិះរិះ ការញុំាង​ចិត្ត​ឲ្យអែបនែប ការឲ្យជិតស្និទ្ធ ការលើកចិត្ត សភាវៈតាក់តែងនូវវាចា របស់បុគ្គលមានចិត្ត​ជាអរិយៈ មានចិត្តឥតអាសវៈ បរិបូណ៌ដោយអរិយមគ្គ អ្នកចម្រើនអរិយមគ្គ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាសង្កប្បៈដ៏ប្រសើរ ឥតអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ។ បុគ្គលនោះ ព្យាយាម ដើម្បីលះបង់នូវមិច្ឆាសង្កប្បៈ ដើម្បីបំពេញនូវ​សម្មាសង្កប្បៈ។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់​នូវ​មិច្ឆាសង្កប្បៈ មានសតិផ្តេកផ្តួលចិត្ត ទៅតាមសម្មាសង្កប្បៈ ក៏សម្រេចសម្រាន្តនៅ។ សតិនោះ ឈ្មោះថា សម្មាសតិ របស់បុគ្គលនោះ។ ធម៌​ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ រមែងតាមចោមរោម នូវ​សម្មាសង្កប្បៈ ដោយ​ប្រការដូច្នេះឯង។

[២៦៤] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវ​មិច្ឆាវាចា ថាជាមិច្ឆាវាចា ដឹងច្បាស់នូវសម្មាវាចា ថាជាសម្មាវាចា។ សេចក្តីដឹងច្បាស់​នោះ ជា​សម្មាទិដ្ឋិ របស់បុគ្គលនោះ។

[២៦៥] ម្នាលភិក្ខុទាំងឡាយ មិច្ឆាវាចា តើដូចម្តេច។ ការនិយាយកុហក សំដី​ញុះញង់ សំដីអាក្រក់ សំដីឥតប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា មិច្ឆាវាចា។

[២៦៦] ម្នាលភិក្ខុទាំងឡាយ សម្មាវាចា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវ​សម្មាវាចា ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ សម្មាវាចា ប្រកបដោយ​អាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេសក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាវាចា ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។

[២៦៧] ម្នាលភិក្ខុទាំងឡាយ សម្មាវាចា ប្រកបដោយ​អាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ ការវៀរចាកមុសាវាទ វៀរចាកវាចាញុះញង់ វៀរចាកវាចាអាក្រក់ វៀរចាកពាក្យឥតប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ នេះ​ឈ្មោះថា សម្មាវាចា ប្រកបដោយ​អាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស។

[២៦៨] ម្នាលភិក្ខុទាំងឡាយ សម្មាវាចា ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការតម ចៀស គេច វៀរចាកវចីទុច្ចរិត​ទាំង៤ប្រការ របស់បុគ្គលមានចិត្ត​ជាអរិយៈ មានចិត្តឥតអាសវៈ បរិបូណ៌ដោយអរិយមគ្គ ចម្រើននូវអរិយមគ្គ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាវាចាដ៏ប្រសើរ មិនមាន​អាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ។ បុគ្គលនោះ ព្យាយាម ដើម្បីលះបង់ ​នូវមិច្ឆាវាចា បំពេញនូវ​សម្មាវាចា។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់​បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់​នូវ​មិច្ឆាវាចា មានសតិផ្តេកផ្តួលចិត្ត ទៅរកសម្មាវាចា។ សតិនោះ ជាសម្មាសតិ របស់បុគ្គលនោះ។ ធម៌​ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ រមែងតាមចោមរោម នូវ​សម្មាវាចា ដោយ​ប្រការដូច្នេះ។

[២៦៩] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវ​មិច្ឆាកម្មន្តៈ ថាជាមិច្ឆាកម្មន្តៈ ដឹងច្បាស់នូវសម្មាកម្មន្តៈ ថាជាសម្មាកម្មន្តៈ។ សេចក្តីដឹងច្បាស់​នោះ ជា​សម្មាទិដ្ឋិ របស់បុគ្គលនោះ។

[២៧០] ម្នាលភិក្ខុទាំងឡាយ មិច្ឆាកម្មន្តៈ តើដូចម្តេច។ ការសម្លាប់សត្វ ការលួច​ទ្រព្យគេ ការប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះ​ឈ្មោះថា មិច្ឆាកម្មន្តៈ។

[២៧១] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវ​សម្មាកម្មន្តៈ ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ គឺ សម្មាកម្មន្តៈ ប្រកបដោយ​អាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេសក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។

[២៧២] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ ប្រកបដោយ​អាសវៈ ជាចំណែក​នៃបុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការវៀរចាក​សម្លាប់សត្វ វៀរចាកលួចទ្រព្យគេ វៀរចាកប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះ​ឈ្មោះថា សម្មាកម្មន្តៈ ប្រកបដោយ​អាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស។

[២៧៣] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការតម ចៀស គេច វៀរចាកកាយទុច្ចរិត​ទាំង៣ប្រការ របស់បុគ្គលមានចិត្ត​ជាអរិយៈ មានចិត្តមិនមានអាសវៈ បរិបូណ៌ដោយ​អរិយមគ្គ អ្នកចម្រើននូវអរិយមគ្គ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាកម្មន្តៈ​ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ។ បុគ្គលនោះ ព្យាយាម ដើម្បីលះបង់ នូវមិច្ឆាកម្មន្តៈ ដើម្បីបំពេញនូវ​សម្មាកម្មន្តៈ។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់​នូវ​មិច្ឆាកម្មន្តៈ មានសតិផ្តេកផ្តួលចិត្ត ទៅរកសម្មាកម្មន្តៈ ហើយសម្រេចសម្រាន្តនៅ។ សតិនោះ ជាសម្មាសតិ របស់បុគ្គលនោះ។ ធម៌​ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ តែងតាមចោមរោម នូវ​សម្មាកម្មន្តៈ ដោយ​ប្រការដូច្នេះ។

[២៧៤] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវ​មិច្ឆាអាជីវៈ ថាជាមិច្ឆាអាជីវៈ ដឹងច្បាស់នូវសម្មាអាជីវៈ ថាជាសម្មាអាជីវៈ។ សេចក្តីដឹងច្បាស់​នោះ ជា​សម្មាទិដ្ឋិ របស់បុគ្គលនោះ។

[២៧៥] ម្នាលភិក្ខុទាំងឡាយ មិច្ឆាអាជីវៈ តើដូចម្តេច។ ការធ្វើសត្វលោកឲ្យស្ងើច និយាយលួងចងចិត្តគ្រហស្ថ ធ្វើបញ្ឆិតបញ្ឆៀងអួត លើកតំកើងខ្លួន ស្វែងលាភ ទាក់លាភ ម្នាលភិក្ខុទាំងឡាយ នេះ​ឈ្មោះថា មិច្ឆាអាជីវៈ។

[២៧៦] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវ​សម្មាអាជីវៈ ថាមានពីរយ៉ាង ម្នាលភិក្ខុទាំងឡាយ គឺ សម្មាអាជីវៈ ប្រកបដោយ​អាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេសក៏មាន ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គក៏មាន។

[២៧៧] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ ប្រកបដោយ​អាសវៈ ជាចំណែក​នៃបុណ្យ ឲ្យផលជាឧបធិក្កិលេស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុង​សាសនានេះ លះបង់នូវមិច្ឆាអាជីវៈ ចិញ្ចឹមជីវិតដោយសម្មាអាជីវៈ ម្នាលភិក្ខុទាំងឡាយ នេះ​ឈ្មោះថា សម្មាអាជីវៈ ប្រកបដោយ​អាសវៈ ជាចំណែកនៃបុណ្យ ឲ្យផលជាឧបធិក្កិលេស។

[២៧៨] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការតម ចៀស គេច វៀរចាកមិច្ឆាអាជីវៈ​ របស់បុគ្គលមានចិត្ត​ជាអរិយៈ មានចិត្តមិនមានអាសវៈ បរិបូណ៌ដោយអរិយមគ្គ ចម្រើននូវអរិយមគ្គ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា សម្មាអាជីវៈដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ជាអង្គនៃមគ្គ។ បុគ្គលនោះ ព្យាយាម ដើម្បីលះបង់​នូវមិច្ឆាអាជីវៈ បំពេញនូវ​សម្មាអាជីវៈ។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់​នូវ​មិច្ឆាអាជីវៈ មានសតិផ្តេកផ្តួលចិត្ត ទៅរកសម្មាអាជីវៈ ហើយសម្រេចសម្រាន្តនៅ។ សតិនោះ ជាសម្មាសតិ របស់បុគ្គលនោះ។ ធម៌​ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ តែងតាមចោមរោម នូវ​សម្មាអាជីវៈនោះ ដោយ​ប្រការដូច្នេះ។

[២៧៩] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ កើតមានដល់បុគ្គលមានសម្មាទិដ្ឋិ សម្មាវាចា កើតមានដល់បុគ្គល​មាន​សម្មាសង្កប្បៈ សម្មាកម្មន្តៈ កើតមានដល់បុគ្គល​មានសម្មាវាចា សម្មាអាជីវៈ កើតមានដល់​បុគ្គល​មានសម្មាកម្មន្តៈ សម្មាវាយាមៈ កើតមានដល់បុគ្គល​មានសម្មា​អាជីវៈ សម្មាសតិ កើតមានដល់បុគ្គល​មានសម្មាវាយាមៈ សម្មាសមាធិ កើតមានដល់បុគ្គល​មាន​សម្មាសតិ សម្មាញាណៈ កើតមានដល់បុគ្គល​មានសម្មាសមាធិ សម្មាវិមុត្ត កើតមានដល់បុគ្គល​មានសម្មាញាណៈ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអង្គ៨ ឈ្មោះថា សេខៈ ប្រកបដោយអង្គ១០ ឈ្មោះថា អរហន្ត ដោយប្រការដូច្នេះ។

[២៨០] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានសម្មាទិដ្ឋិ មិច្ឆាទិដ្ឋិ តែងសាបសូន្យទៅ។ អកុសលធម៌​ទាំងឡាយណា ដ៏​លាមក ច្រើនប្រការ ដែលកើតឡើង ដោយមិច្ឆាទិដ្ឋិជាបច្ច័យ អកុសលធម៌​ទាំងឡាយនោះ របស់បុគ្គលនោះ តែងសាបសូន្យ កុសលធម៌​ទាំងឡាយដ៏ច្រើន ក៏ដល់នូវ​ការបរិបូណ៌ ដោយភាវនាបាន ព្រោះសម្មាទិដ្ឋិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានសម្មា​សង្កប្បៈ មិច្ឆាសង្កប្បៈតែងសាបសូន្យ។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានសម្មាវាចា មិច្ឆាវាចាតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានសម្មាកម្មន្តៈ មិច្ឆាកម្មន្តៈតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានសម្មាអាជីវៈ មិច្ឆាអាជីវៈតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានសម្មាវាយាមៈ មិច្ឆាវាយាមៈតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានសម្មាសតិ មិច្ឆាសតិតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានសម្មាសមាធិ មិច្ឆាសមាធិតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានសម្មាញាណៈ មិច្ឆាញាណៈតែងសាបសូន្យ… ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានសម្មាវិមុត្តិ មិច្ឆាវិមុត្តិតែងសាបសូន្យ។ អកុសលធម៌​ទាំងឡាយណា ដ៏​លាមក ច្រើនប្រការ ដែលកើត​ដោយមិច្ឆាវិមុត្តិជាបច្ច័យ អកុសលធម៌​ទាំងឡាយនោះ របស់បុគ្គលនោះ រមែងសាបសូន្យ កុសលធម៌​ទាំងឡាយច្រើនប្រការ ក៏ដល់នូវ​ការបរិបូណ៌ ដោយភាវនាបាន ព្រោះសម្មាវិមុត្តិជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកុសល២០ ចំណែកខាង​អកុសល២០ ដោយប្រការដូច្នេះ។ ធម្មបរិយាយឈ្មោះ មហាចត្តារីសកៈ ដែល​តថាគត ឲ្យ​ប្រព្រឹត្តទៅហើយ សមណៈ ឬព្រាហ្មណ៍ ទេវតា មារ ឬព្រហ្ម បុគ្គលណាមួយក្នុងលោក ឲ្យ​ប្រព្រឹត្តទៅ មិនបានឡើយ។

[២៨១] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ គប្បីសំគាល់​នូវ​ធម្មបរិយាយ ឈ្មោះ មហាចត្តារីសកៈនេះថា គួរតិះដៀល គួរហាមប្រាម វាទានុវាទ​ ប្រកបដោយធម៌ ១០ប្រការ របស់បុគ្គលនោះ រមែងដល់នូវឋានៈគួរតិះដៀល ក្នុង​បច្ចុប្បន្ន។ បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាទិដ្ឋិ ពួកសមណព្រាហ្មណ៍ណា ជាមិច្ឆាទិដ្ឋិ គួរ​អ្នកដ៏ចំរើនបូជាពួកសមណព្រាហ្មណ៍នោះ គួរអ្នកដ៏ចំរើនសរសើរពួក​សមណព្រាហ្មណ៍​នោះ។ បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាសង្កប្បៈ ពួកសមណព្រាហ្មណ៍ណា ជាមិច្ឆាសង្កប្បៈ គួរ​អ្នកដ៏ចំរើនបូជាពួកសមណព្រាហ្មណ៍នោះ គួរអ្នកដ៏ចំរើនសរសើរពួក​សមណព្រាហ្មណ៍​នោះ។ បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាវាចា… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាកម្មន្តៈ… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាអាជីវៈ… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាវាយាមៈ… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាសតិ… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាសមាធិ… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាញាណៈ… បើអ្នកដ៏ចំរើន តិះដៀលនូវសម្មាវិមុត្តិ ពួកសមណព្រាហ្មណ៍ណា ជាមិច្ឆាវិមុត្តិ គួរ​អ្នកដ៏ចំរើនបូជា ពួកសមណព្រាហ្មណ៍នោះ គួរអ្នកដ៏ចំរើនសរសើរពួក​សមណព្រាហ្មណ៍​នោះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ គប្បីសំគាល់​នូវ​ធម្មបរិយាយ ឈ្មោះ មហាចត្តារីសកៈនេះ ថាគួរតិះដៀល គួរឃាត់ហាម វាទានុវាទ​ ប្រកបដោយ​អង្គ ១០ប្រការនេះ របស់បុគ្គលនោះ តែងដល់នូវឋានៈគួរតិះដៀល ក្នុង​បច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណា នៅក្នុងឧក្កលជនបទ ឈ្មោះ វស្សៈ១ ភញ្ញៈ១ ជាអហេតុវាទ អកិរិយវាទ នត្ថិកវាទ ជនទាំងឡាយនោះ ​មិនគប្បី​សំគាល់​នូវ​ធម្មបរិយាយ ឈ្មោះ មហាចត្តារីសកៈ ថា គួរតិះដៀល មិនសំគាល់ថា គួរឃាត់ហាម ដំណើរនោះ ព្រោះ​ហេតុអ្វី ព្រោះខ្លាចការនិន្ទា ប្រទូស្ត លើកទោស។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់​ព្រះសូត្រ​នេះចប់ហើយ ភិក្ខុទាំងនោះ មានចិត្តត្រេកអរ រីករាយហើយ ចំពោះ​ភាសិត​របស់ព្រះមានព្រះភាគ។

ចប់ មហាចត្តារីសកសូត្រ ទី៧។

អានាបានស្សតិសូត្រ ទី៨

(៨. អានាបានស្សតិសុត្តំ)

[២៨២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ប្រាសាទមិគារមាតា ក្នុងបុព្វារាម ជិតក្រុងសាវត្ថី ព្រមដោយសាវ័កទាំងឡាយ ជាថេរៈច្រើន​រូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេ គឺព្រះសារីបុត្រមានអាយុ១ ព្រះមហាមោគ្គល្លានមានអាយុ១ ព្រះមហាកស្សបមានអាយុ១ ព្រះមហាកច្ចាយនៈមានអាយុ១ ព្រះមហាកោដ្ឋិតៈមានអាយុ១ ព្រះមហាកប្បិនៈមានអាយុ១ ព្រះមហាចុន្ទមានអាយុ១ ព្រះរេវតមានអាយុ១ ព្រះអានន្ទមានអាយុ១ ព្រមដោយសាវ័កទាំងឡាយ ជាថេរៈដទៃៗ​ទៀត ដែលមានឈ្មោះល្បីល្បាញ។ ក៏សម័យនោះឯង ភិក្ខុទាំងឡាយជាថេរៈ តែងទូន្មាន ប្រៀនប្រដៅ (ពួកភិក្ខុថ្មីៗ)។ ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ១០រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ២០រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ៣០រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ៤០រូប ក៏មាន។ ចំណែកខាងភិក្ខុថ្មីអម្បាលនោះ កាលភិក្ខុទាំងឡាយជាថេរៈ កំពុងទូន្មាន ប្រៀនប្រដៅ ក៏​ដឹងគុណវិសេសជាឱឡារិកជាងដើម។

[២៨៣] សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់​ក្នុងទីវាលស្រឡះ នាថ្ងៃបណ្ណរសឧបោសថនោះ គឺជាថ្ងៃបវារណា ដ៏បរិបូណ៌ ក្នុងរាត្រី​មានព្រះចន្ទ្រពេញវង់។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ទតភិក្ខុសង្ឃ ដែល​អង្គុយ​ស្ងៀម ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតត្រេកអរ ចំពោះ​បដិបទានេះ ម្នាលភិក្ខុទាំងឡាយ តថាគតមានចិត្តត្រេកអរ ចំពោះបដិបទានេះ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរប្រារព្ធសេចក្តីព្យាយាម ឲ្យលើស​ជាងប្រមាណចុះ ដើម្បីឲ្យដល់ធម៌ ដែលខ្លួន​មិនទាន់ដល់ ដើម្បីសម្រេចធម៌ ដែលខ្លួន​មិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ តថាគតនឹងរង់ចាំអ្នកទាំងឡាយ ក្នុងក្រុងសាវត្ថីនេះឯង អស់ទីបំផុតនៃខែបួន ដែលជា​កាលមានផ្កាកុមុទរីក (ខែកត្តិក)។ ភិក្ខុទាំងឡាយ អ្នកនៅក្នុងជនបទ បានឮដំណឹងថា ព្រះមានព្រះភាគ នឹងរង់ចាំ ក្នុងក្រុងសាវត្ថីនោះឯង អស់ទីបំផុតនៃខែបួន ដែលជា​កាលមានផ្កាកុមុទរីក។ ទើបភិក្ខុអ្នកនៅក្នុងជនបទទាំងនោះ ប្រជុំគ្នាក្នុងក្រុងសាវត្ថី ដើម្បី​ជួបនឹងព្រះមានព្រះភាគ។ ចំណែកភិក្ខុទាំងឡាយ ជាថេរៈនោះ ក៏ទូន្មាន ប្រៀនប្រដៅពួកភិក្ខុថ្មី ឲ្យលើសជាងប្រមាណ។ ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀន​ប្រដៅភិក្ខុ១០រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ២០រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ៣០រូប ក៏មាន ភិក្ខុជាថេរៈពួកខ្លះ ទូន្មាន ប្រៀនប្រដៅភិក្ខុ៤០រូប ក៏មាន។ ចំណែកភិក្ខុថ្មីអម្បាលនោះ កាលពួកភិក្ខុជាថេរៈ កំពុងទូន្មាន ប្រៀនប្រដៅ ក៏​ដឹងគុណវិសេសជាឱឡារិកជាងដើមតទៅទៀត។

[២៨៤] ក៏សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់នៅ​ក្នុងទីវាល ក្នុងរាត្រីមានព្រះចន្ទ្រពេញវង់ ជារាត្រីមានរដូវភ្លៀងគ្រប់គ្រាន់ហើយ ជាទីបំផុត​នៃខែបួន ជាកាលមានផ្កាកុមុទរីក ជាថ្ងៃឧបោសថទី១៥ គឺពេញបូណ៌មី ខែកត្តិក។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ទតភិក្ខុសង្ឃ ដែល​អង្គុយ​ស្ងៀម ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះស្ងាត់ហើយ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ស្ងាត់ចាកការចរចា ហើយឋិតនៅក្នុងធម៌ ដែល​ជាខ្លឹមសារដ៏បរិសុទ្ធ។ បរិស័ទមានសភាពយ៉ាងណា ដែលគួរដល់ការបូជា គួរដល់​អាគន្តុកទាន គួរដល់ទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់​សត្វលោក ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ មានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ក៏មានសភាពយ៉ាងនោះដែរ។ ទានតិចតួច ដែលបុគ្គលឲ្យហើយ ទៅជាទាន​មានផលច្រើន ឬទានច្រើន ដែលបុគ្គលឲ្យហើយ ក៏រឹងរឹតតែមានផលច្រើន ក្នុងបរិស័ទ​មានសភាពយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏មានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ក៏​មានសភាពយ៉ាងនោះដែរ។ បរិស័ទ​មានសភាពយ៉ាងណា ដែលសត្វលោកបានឃើញដោយក្រ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏មានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ក៏​មានសភាពយ៉ាងនោះដែរ។ បរិស័ទ​មានសភាពយ៉ាងណា ដែលបុគ្គល​គួរស្ពាយស្បៀង ដើរតាមរកមើលអស់​ទីរាប់ដោយយោជន៍ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសង្ឃនេះ ក៏មានសភាពយ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ បរិស័ទនេះ ក៏​មានសភាពយ៉ាងនោះដែរ។

[២៨៥] ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ តែងមានពួកភិក្ខុជាអរហន្ត​ខីណាស្រព មានព្រហ្មចរិយធម៌នៅរួចហើយ បានធ្វើកិច្ចដែលគួរធ្វើស្រេចហើយ មានភារៈ​ដាក់ចុះហើយ មានប្រយោជន៍ចំពោះខ្លួនសម្រេចហើយ មានសំយោជនៈ​ក្នុងភព​អស់ហើយ មានចិត្តផុតវិសេសហើយ ព្រោះដឹងដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុជាឱបបាតិកៈកំណើត ហើយបរិនិព្វានក្នុងលោកនោះ មិនវិលត្រឡប់ចាកលោកនោះមកវិញឡើយ (សុទ្ធាវាស) ព្រោះអស់​សំយោជនៈ ជាចំណែក​ខាងក្រោម៥ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានភិក្ខុជាសកទាគាមី នឹងមកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះអស់​សំយោជនៈ ៣ ព្រោះមានរាគៈ ទោសៈ និងមោហៈស្រាលស្តើង ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុជាសោតាបន្នៈ មានសភាព​មិនធ្លាក់ចុះ ក្នុងអបាយ ជាបុគ្គលទៀង មានសម្ពោធិញ្ញាណប្រព្រឹត្តទៅខាងមុខ ព្រោះអស់​សំយោជនៈ៣ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវ​សតិប្បដ្ឋានទាំង៤ សម្រាន្តនៅដោយឥរិយាបថ​ទាំង៤ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមានក្នុងភិក្ខុសង្ឃនេះ។

[២៨៦] ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវ​សម្មប្បធាន៤ សម្រាន្តនៅដោយឥរិយាបថ​ទាំង៤… ឥទ្ធិបាទ៤… ឥន្ទ្រិយ៥… ពលៈ៥… ពោជ្ឈង្គៈ៧… ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវមគ្គ ប្រកបដោយអង្គ៨ ដ៏ប្រសើរ សម្រាន្តនៅដោយឥរិយាបថ​ទាំង៤ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុ ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវមេត្តា សម្រាន្តនៅដោយ​ឥរិយាបថ​ទាំង៤… ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវករុណា​ សម្រាន្តនៅដោយឥរិយាបថ​ទាំង៤… ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវមុទិតា សម្រាន្តនៅដោយឥរិយាបថ​ទាំង៤… ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវឧបេក្ខា សម្រាន្តនៅដោយឥរិយាបថ​ទាំង៤… ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវអសុភ សម្រាន្តនៅដោយឥរិយាបថ​ទាំង៤… ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវអនិច្ចសញ្ញា សម្រាន្តនៅដោយឥរិយាបថ​ទាំង៤ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមានសភាពយ៉ាងនេះ តែងមាននៅក្នុងភិក្ខុសង្ឃនេះ។

[២៨៧] ម្នាលភិក្ខុទាំងឡាយ ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ជាគ្រឿង​ចម្រើននូវអានាបានស្សតិ សម្រាន្តនៅដោយឥរិយាបថ​ទាំង៤។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើន បានធ្វើ​ឲ្យរឿយ​ៗហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើន បានធ្វើ​ឲ្យរឿយ​ៗហើយ រមែងញុំាងសតិប្បដ្ឋានទាំង៤ ឲ្យពេញបរិបូណ៌បាន។ សតិប្បដ្ឋានទាំង៤ ដែលបុគ្គលបានចម្រើន បានធ្វើ​ឲ្យរឿយ​ៗហើយ រមែងញុំាងពោជ្ឈង្គទាំង៧ ឲ្យពេញបរិបូណ៌បាន។ ពោជ្ឈង្គទាំង៧ ដែលបុគ្គលបានចម្រើន បានធ្វើ​ឲ្យរឿយ​ៗហើយ រមែងញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌បាន។

[២៨៨] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើន ដូចម្តេច បានធ្វើ​ឲ្យរឿយ​ៗ ដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះ​ស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតី ឲ្យមានមុខចំពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី​ដកដង្ហើមចេញ មានស្មារតីដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើម​ចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមចេញទាំងពួង និងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើមចូលទាំងពួង និងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ គឺដង្ហើមចេញចូល នឹង​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសុខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសុខ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ គឺវេទនាខន្ធ និងសញ្ញាខន្ធ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ (ដែលគ្រោតគ្រាត) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ (ដែលគ្រោតគ្រាត) នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ តាំងចិត្តឲ្យស្មើ (ក្នុង​អារម្មណ៍) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ តាំងចិត្តឲ្យស្មើ (ក្នុងអារម្មណ៍) នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរួចចាកនីវរណធម៌ជាដើម នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរួចចាកនីវរណធម៌ជាដើម នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធថាមិនទៀង នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធ ថាមិនទៀង នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿង​ធ្វើចិត្តឲ្យ​ប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញ​រឿយៗ នូវធម៌ជាគ្រឿង​ធ្វើចិត្តឲ្យប្រាសចាកតម្រេក នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវសេចក្តីរលត់នៃកងទុក្ខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញ​រឿយៗ នូវសេចក្តីរលត់នៃកងទុក្ខ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿង​រលាស់ចិត្តចេញចាកកិលេស (ព្រម​ទាំងខន្ធ និងអភិសង្ខារ បានដល់វិបស្សនា និងមគ្គ) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿង​រលាស់ចិត្តចេញចាកកិលេស នឹងដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើនយ៉ាងនេះ បានធ្វើ​ឲ្យរឿយៗ យ៉ាងនេះ ទើបមានផលច្រើន មានអានិសង្សច្រើន។

[២៨៩] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើនដូចម្តេច បានធ្វើ​ឲ្យរឿយៗ ដូចម្តេច ទើបញុំាងសតិប្បដ្ឋានទាំង៤ ឲ្យពេញបរិបូណ៌បាន។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យណា ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើម​ចូល​វែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើម​ចេញខ្លី កាលដក​ដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយទាំងពួង និងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ ទាំងពួង និងដកដង្ហើមចូល សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ នឹង​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ នឹងដកដង្ហើមចូល ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅនូវកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកាយ​ទាំងឡាយ តថាគត ពោលចំពោះតែកាយណានីមួយ ដែលដកដង្ហើមចេញ​ចូលប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនានេះ ឈ្មោះថា ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅនូវកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ក្នុងសម័យនោះ។ សម័យណា ភិក្ខុ​សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសុខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសុខ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ (ដែលគ្រោតគ្រាត) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ នឹងដកដង្ហើមចូល ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ពិចារណាឃើញ​រឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញា​ដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បណ្តាវេទនា​ទាំងឡាយ តថាគត ពោលចំពោះតែវេទនាណាមួយ គឺវេទនា ដែលដកដង្ហើមចេញចូល ធ្វើទុកក្នុងចិត្ត​ឲ្យសម្រេចប្រយោជន៍ប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនានេះ ឈ្មោះថា ពិចារណាឃើញ​រឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ នឹងដក​ដង្ហើមចេញ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ តាំងចិត្តឲ្យស្មើ ក្នុង​អារម្មណ៍ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ តាំងចិត្តឲ្យស្មើ ក្នុងអារម្មណ៍ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យ​រួចចាកនីវរណធម៌ជាដើម នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យ​រួចចាកនីវរណធម៌ជាដើម នឹងដកដង្ហើមចូល ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​នោះ ភិក្ខុឈ្មោះថា ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនបានពោល នូវអានាបានស្សតិរបស់ភិក្ខុ ដែលវង្វេងស្មារតី មិនប្រកប​ដោយប្រាជ្ញាដឹងសព្វទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនានេះ ឈ្មោះថា ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុសិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធ ថាមិនទៀង នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធ ថាមិនទៀង នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿង​ធ្វើចិត្តឲ្យ​ប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញ​រឿយៗ នូវធម៌ជាគ្រឿង​ធ្វើចិត្តឲ្យប្រាសចាកតម្រេក នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវសេចក្តីរលត់នៃកងទុក្ខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញ​រឿយៗ នូវសេចក្តីរលត់នៃកងទុក្ខ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿង​រលាស់ចិត្តចេញចាកកិលេស ព្រម​ទាំងខន្ធ និងអភិសង្ខារ បានដល់វិបស្សនា និងមគ្គ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿង​រលាស់ចិត្តចេញចាកកិលេស នឹងដកដង្ហើមចូល ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា ពិចារណាឃើញរឿយៗ នូវធម៌​ក្នុងធម៌​ទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញបាន។ ការលះបង់នូវអភិជ្ឈា និងទោមនស្សណា ភិក្ខុនោះ បានឃើញដោយប្រាជ្ញា ហើយ​ព្រងើយ​កន្តើយ ដោយការលះបង់នោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនានេះ ឈ្មោះថា ពិចារណាឃើញរឿយៗ នូវធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកបាន ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលបានចម្រើនយ៉ាងនេះ បានធ្វើ​ឲ្យរឿយៗ យ៉ាងនេះហើយ រមែង​ញុំាងសតិប្បដ្ឋានទាំង៤ ឲ្យពេញបរិបូណ៌បាន។

[២៩០] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានទាំង៤ ដែលបុគ្គលបានចម្រើនដូចម្តេច បានធ្វើ​ឲ្យរឿយៗដូចម្តេច ទើបញុំាងពោជ្ឈង្គៈទាំង៧ ឲ្យពេញបរិបូណ៌បាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុពិចារណាឃើញរឿយៗ នូវកាយ​ក្នុងកាយ​ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ក្នុងសម័យ​នោះ ស្មារតីដែលភិក្ខុនោះតំកល់ខ្ជាប់ហើយ ក៏មិនបានវង្វេង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ស្មារតីដែលភិក្ខុតំកល់ខ្ជាប់ហើយ មិនបានវង្វេង ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ សម័យនោះ ភិក្ខុឈ្មោះថា បានចំរើន​សតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ ជាអ្នកមានស្មារតីដូច្នោះ ក៏ជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុមានស្មារតីដូច្នោះ ជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញាហើយ ក្នុងសម័យ​នោះ ធម្មវិចយសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនធម្មវិចយសម្ពោជ្ឈង្គ ក្នុងសម័យនោះ ធម្មវិចយសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ កំពុងជ្រើសរើស កំពុងត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញាហើយ ក៏ប្រារព្ធនូវសេចក្តីព្យាយាម មិនឲ្យធូរថយឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ភិក្ខុជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញា បានប្រារព្ធ​សេចក្តី​ព្យាយាម មិនឲ្យធូរថយហើយ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធ​ហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើនវីរិយសម្ពោជ្ឈង្គ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ បីតិដែលប្រាសចាកអាមិសៈ ក៏កើតឡើងដល់​ភិក្ខុ ដែល​ប្រារព្ធ​ព្យាយាម។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យ​ណា បីតិដែលប្រាសចាកអាមិសៈ កើតឡើងដល់​ភិក្ខុអ្នកប្រារព្ធ​ព្យាយាមហើយ ក្នុងសម័យ​នោះ បីតិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនបីតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បីតិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ កាយរបស់​ភិក្ខុ ដែលមាន​ចិត្តប្រកបដោយបីតិ ក៏ស្ងប់ស្ងាត់ ទាំងចិត្ត ក៏ស្ងប់ស្ងាត់ដែរ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា បើកាយរបស់ភិក្ខុមានចិត្តប្រកបដោយបីតិស្ងប់​ស្ងាត់ ទាំងចិត្តសោត ក៏ស្ងប់ស្ងាត់ហើយ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ចិត្តរបស់ភិក្ខុ ដែលមានកាយស្ងប់ស្ងាត់ ទាំងមានសេចក្តីសុខ ក៏តាំង​នៅខ្ជាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ចិត្តរបស់ភិក្ខុដែលមានកាយស្ងប់​ស្ងាត់ ទាំងមានសេចក្តីសុខ តាំងនៅខ្ជាប់ហើយ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនសមាធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ ញុំាងចិត្តដែលតាំងនៅខ្ជាប់ដូច្នោះ ឲ្យព្រងើយ​កន្តើយ ដោយស្រួល។ ម្នាលភិក្ខុទាំងឡាយ សម័យ​ណា ភិក្ខុញុំាងចិត្ត ដែលតាំងនៅខ្ជាប់ ដូច្នោះ ឲ្យព្រងើយកន្តើយ ដោយស្រួលហើយ ក្នុងសម័យ​នោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនឧបេក្ខាសម្ពោជ្ឈង្គ ក្នុងសម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ភិក្ខុ (ពិចារណាឃើញរឿយៗ នូវវេទនា) ក្នុងវេទនាទាំងឡាយ… នូវចិត្តក្នុងចិត្ត… ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស ប្រកបដោយ​ប្រាជ្ញា​ដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងសម័យនោះ ស្មារតី ក៏ឈ្មោះថា ភិក្ខុបានតំកល់ខ្ជាប់ មិនវង្វេងភ្លេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ស្មារតីដែលភិក្ខុ​តំកល់ខ្ជាប់ មិនវង្វេងភ្លេចហើយ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ សម័យនោះ ភិក្ខុឈ្មោះថា បានចំរើនសតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ មានស្មារតីដូច្នោះ តែងជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុមានស្មារតីដូច្នោះ តែងជ្រើសរើស ត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញាហើយ ធម្មវិចយសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនធម្មវិចយសម្ពោជ្ឈង្គ ក្នុងសម័យនោះ ធម្មវិចយសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ កាលភិក្ខុនោះ កំពុងជ្រើសរើស កំពុងត្រិះរិះ ដល់នូវកិរិយាល្បងមើលនូវធម៌នោះ ដោយប្រាជ្ញាហើយ ក៏ឈ្មោះថា បានប្រារព្ធសេចក្តីព្យាយាម មិនឲ្យធូរថយឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ភិក្ខុកំពុងជ្រើសរើស កំពុងត្រិះរិះ ដល់នូវកិរិយាល្បងនូវធម៌នោះ ដោយប្រាជ្ញា បានប្រារព្ធព្យាយាម មិនឲ្យធូរថយហើយ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចម្រើនវីរិយសម្ពោជ្ឈង្គ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើន​របស់ភិក្ខុ។ បីតិដែលប្រាសចាកអាមិសៈ ក៏កើតឡើងដល់​ភិក្ខុ ដែល​ប្រារព្ធ​ព្យាយាម។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា បីតិដែលប្រាសចាកអាមិសៈ កើតឡើង​ដល់ភិក្ខុដែលប្រារព្ធព្យាយាមហើយ ក្នុងសម័យ​នោះ បីតិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនបីតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បីតិសម្ពោជ្ឈង្គ ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ កាយរបស់​ភិក្ខុ ដែលមានចិត្តប្រកបដោយបីតិ ក៏ស្ងប់ស្ងាត់ ទាំងចិត្តសោត ក៏ស្ងប់ស្ងាត់។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យ​ណា បើកាយរបស់ភិក្ខុ ដែលមានចិត្តប្រកប​ដោយ​បីតិ ក៏ស្ងប់​ស្ងាត់ ទាំងចិត្តសោត ក៏ស្ងប់ស្ងាត់ហើយ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ចិត្តរបស់ភិក្ខុ ដែលមានកាយស្ងប់ស្ងាត់ ទាំងមានសេចក្តីសុខ ក៏តាំង​នៅខ្ជាប់។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ចិត្តរបស់ភិក្ខុដែលមានកាយស្ងប់​ស្ងាត់ ទាំងមានសេចក្តីសុខ តាំងនៅខ្ជាប់ហើយ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនសមាធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ភិក្ខុនោះ ញុំាងចិត្តដែលតាំងនៅខ្ជាប់ដូច្នោះ ឲ្យព្រងើយ​កន្តើយ ដោយស្រួល។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យ​ណា ភិក្ខុញុំាងចិត្ត ដែលតាំងនៅខ្ជាប់ ដូច្នោះ ឲ្យព្រងើយកន្តើយ ដោយស្រួលហើយ ក្នុងសម័យ​នោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏ឈ្មោះថា ភិក្ខុប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនឧបេក្ខាសម្ពោជ្ឈង្គ ក្នុងសម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏ដល់នូវកិរិយាពេញបរិបូណ៌ ដោយការ​ចម្រើនរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានទាំង៤ ដែលបុគ្គល​បានចំរើន​ យ៉ាងនេះ បានធ្វើឲ្យរឿយៗយ៉ាងនេះ រមែងញុំាងពោជ្ឈង្គទាំង៧ ឲ្យពេញបរិបូណ៌​បាន។

[២៩១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គទាំង៧ ដែលបុគ្គល​ចំរើនហើយដូចម្តេច​ បានធ្វើឲ្យរឿយៗហើយដូចម្តេច ទើបញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌​បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យវិវេក អាស្រ័យ​វិរាគៈ អាស្រ័យនិរោធ ជាធម្មជាតបង្អោនចិត្តទៅដើម្បីលះបង់។ ភិក្ខុចំរើន​ធម្មវិចយសម្ពោជ្ឈង្គៈ… ចំរើនវីរិយសម្ពោជ្ឈង្គៈ… ចំរើនបីតិសម្ពោជ្ឈង្គៈ… ចំរើនបស្សទ្ធិ​សម្ពោជ្ឈង្គៈ… ចំរើនសមាធិសម្ពោជ្ឈង្គៈ… ចំរើនឧបេក្ខាសម្ពោជ្ឈង្គៈ ដែលអាស្រ័យវិវេក អាស្រ័យ​វិរាគៈ អាស្រ័យនិរោធ ជាធម្មជាតបង្អោនចិត្តទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គៈទាំង៧ ដែលបុគ្គល​ចំរើនហើយ យ៉ាងនេះ បានធ្វើឲ្យរឿយៗហើយ យ៉ាងនេះ ទើបញុំាងវិជ្ជា និងវិមុត្តិ ឲ្យពេញបរិបូណ៌​បាន។ លុះព្រះមានព្រះភាគ ទ្រង់សំដែងនូវអានាបានស្សតិសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។

ចប់ អានាបានស្សតិសូត្រ ទី៨។

កាយគតាសតិសូត្រ ទី៩

(៩. កាយគតាសតិសុត្តំ)

[២៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយ​ច្រើន​រូប ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយ​ប្រជុំគ្នា ក្នុង​ឧបដ្ឋានសាលា កើតកថាក្នុងចន្លោះនេះថា ម្នាលអ្នកមានអាយុទាំងឡាយ អស្ចារ្យ​ណាស់ ម្នាលអ្នកមានអាយុទាំងឡាយ ចំឡែក​ណាស់ កាយគតាសតិ ដែលបុគ្គល​បាន​ចម្រើន បានធ្វើឲ្យរឿយៗហើយ ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ ត្រាស់សរសើរថា មានផលច្រើន មានអានិសង្សច្រើន ដោយពិត។ នេះឯង ជាកថាក្នុងចន្លោះ ដែលភិក្ខុទាំងអម្បាលនោះ និយាយមិនទាន់ចប់។

[២៩៣] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិ ក្នុងវេលា​រសៀល ហើយស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់​លើ​អាសនៈ ដែលគេតែងតាំងថ្វាយ។ លុះព្រះមានព្រះភាគ គង់ស្រេចហើយ បានត្រាស់​នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយ​ប្រជុំគ្នា ដោយកថាអ្វី មួយទៀត កថាអ្វីក្នុងចន្លោះនេះ ដែលអ្នកទាំងឡាយ និយាយមិនទាន់ចប់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ពួកខ្ញុំព្រះអង្គ ត្រឡប់​មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយ​ប្រជុំគ្នា ក្នុងឧបដ្ឋានសាលា កើតកថាក្នុងចន្លោះនេះថា ម្នាលអ្នកមានអាយុទាំងឡាយ អស្ចារ្យ​ណាស់ ម្នាលអ្នក​មាន​អាយុទាំងឡាយ ចំឡែក​ណាស់ កាយគតាសតិ ដែលបុគ្គល​បាន​ចម្រើន បានធ្វើឲ្យ​រឿយៗ​ហើយ ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់ ត្រាស់សរសើរថា មានផលច្រើន មានអានិសង្សច្រើន ដោយពិត បពិត្រព្រះអង្គដ៏ចំរើន នេះជាកថាក្នុងចន្លោះ ដែលពួកខ្ញុំព្រះអង្គ និយាយមិនទាន់ចប់ ស្រាប់តែព្រះអង្គ​ស្តេច​មក​ដល់។

[២៩៤] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលបុគ្គល​បាន​ចម្រើនដូចម្តេច បានធ្វើឲ្យរឿយៗដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះ​ស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតី​ដកដង្ហើមចេញ មានស្មារតីដកដង្ហើមចូល។ ភិក្ខុ កាល​ដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដក​ដង្ហើម​ចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹង​ច្បាស់​ថា អាត្មាអញ ដកដង្ហើម​ចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដង្ហើមចេញទាំងពួង និងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដង្ហើមចូលទាំងពួង និងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ គឺដង្ហើមចេញ នឹង​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ គឺដង្ហើមចូល នឹងដកដង្ហើមចូល។ កាលភិក្ខុនោះមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានយ៉ាងនេះ ក៏បានលះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យកាមគុណ ទាំង៥។ ព្រោះលះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះចេញបាន ចិត្តខាងក្នុងក៏តំកល់មាំ តំកល់ខ្ជាប់ ដល់នូវភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏បាន។

[២៩៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ (ក្នុងសាសនានេះ) ទោះដើរ ក៏ដឹងច្បាស់ថា អាត្មាអញដើរ ទោះឈរ ក៏ដឹងច្បាស់ថា អាត្មាអញឈរ ទោះអង្គុយ ក៏ដឹងច្បាស់ថា អាត្មាអញអង្គុយ ទោះដេក ក៏ដឹងច្បាស់ថា អាត្មាអញដេក។ ឬក៏កាយ​របស់ភិក្ខុនោះ តំកល់នៅដោយអាការយ៉ាងណាៗ ភិក្ខុក៏ដឹងច្បាស់ នូវកាយនោះ ដោយ​អាការយ៉ាងនោះៗ។ កាលភិក្ខុនោះ មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងនេះ ក៏បានលះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះ​ទៅ ដែលអាស្រ័យនូវកាមគុណ ទាំង៥បាន។ លុះលះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះបានហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់នូវភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏បាន។

[២៩៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការទៅមុខ និងការថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការក្រឡេកមើលទៅមុខ និងក្រឡេក​មើល​ទៅទិសផ្សេងៗ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបត់ដៃជើង និងលាដៃជើង ធ្វើនូវ​សេចក្តីដឹង​ខ្លួន ក្នុងការទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបរិភោគភោជន ផឹកទឹក ទំពាស៊ីខាទនីយៈ និងជញ្ជប់ (នូវភេសជ្ជៈ មានសប្បិជាដើម) ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់នូវឧច្ចារៈ បស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ និងនៅស្ងៀម។ កាលភិក្ខុនោះមិនប្រមាទ មានព្យាយាម ជាគ្រឿង​ដុត​កំដៅ​កិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងនេះ ក៏បានលះបង់ នូវសេចក្តី​ត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យកាមគុណ ទាំង៥បាន។ ព្រោះលះបង់​សេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះបានហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់​នូវ​ភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏បាន។

[២៩៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ពិចារណាឃើញច្បាស់ នូវ​កាយនេះឯង ខាងលើតាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែល​មានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុង​កាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹក​រំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ទៃដែលមានមាត់ទាំងពីរខាង ពេញដោយ​ធញ្ញជាតិ មានប្រការផ្សេងៗ ធញ្ញជាតិទាំងនោះគឺ ស្រូវខ្សាយស ស្រូវខ្សាយក្រហម សណ្តែកបាយ សណ្តែករាជមាស ល្ង អង្ករ បុរសដែល​មានចក្ខុ គប្បីស្រាយនូវទៃនោះ ហើយពិនិត្យ​មើល ដូច្នេះថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះសណ្តែកបាយ នេះសណ្តែក​រាជមាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​ច្បាស់នូវកាយនេះឯង ខាងលើតាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែល​មានស្បែកបិទបាំងជុំវិញ ពេញដោយ​វត្ថុ​មិន​ស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុង​កាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹក​រំអិល ទឹកមូត្រ ក៏មានឧបមេយ្យ ដូច្នោះឯង។ កាល​ភិក្ខុ​នោះ​មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន យ៉ាងនេះហើយ ក៏លះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យ​កាមគុណ​ ទាំង៥បាន។ លុះលះបង់នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះ​បាន​ហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់នូវភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏មាន។

[២៩៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ពិចារណាឃើញច្បាស់ នូវ​កាយនេះ​ឯង ដែលឋិតនៅយ៉ាងណា ដែលតំកល់​នៅយ៉ាងណា ដោយកំណត់​ថាគ្រាន់តែ​ជាធាតុ ដូច្នេះថា ក្នុងកាយនេះ មានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់។ ម្នាលភិក្ខុទាំងឡាយ បុរសអ្នកពិឃាតគោក្តី កូនសិស្សនៃបុរសអ្នកពិឃាតគោក្តី ដែលប៉ិនប្រសប់ គប្បីសម្លាប់​គោ ហើយរំលែកជាចំណែកៗ អង្គុយនៅទៀបផ្លូវ​ធំបែកជា៤ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ពិចារណាឃើញច្បាស់ នូវ​កាយនេះ​ឯង ដែលឋិតនៅយ៉ាងណា ដែលតំកល់​នៅយ៉ាងណា ដោយកំណត់​គ្រាន់តែ​ជាធាតុ ដូច្នេះថា ក្នុងកាយនេះ មានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់ ក៏មានឧបមេយ្យ ដូច្នោះឯង។ កាល​ភិក្ខុ​នោះ​មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងនេះហើយ ក៏លះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យកាម​គុណ​ទាំង៥បាន។ លុះលះបង់នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះបានហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់នូវភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏បាន។

[២៩៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញនូវ​សរីរៈស្លាប់ ដែល​គេចោលក្នុងព្រៃស្មសាន ទោះស្លាប់អស់ថ្ងៃ១ក្តី ស្លាប់អស់ថ្ងៃ២ក្តី ស្លាប់អស់ថ្ងៃ៣ក្តី ដែល​កំពុងហើម មានសម្បុរខៀវដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗ ដូច​ម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹម​នឹងកាយនេះឯង ដូច្នេះថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាពយ៉ាងនេះ គង់នឹងក្លាយទៅជាយ៉ាងនេះ នឹង​កន្លងភាវៈយ៉ាងនេះ ពុំបានឡើយ។ កាលភិក្ខុនោះ ​មិនប្រមាទ មានព្យាយាម ជាគ្រឿង​ដុត​កំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វានយ៉ាងនេះហើយ ក៏លះបង់ នូវ​សេចក្តី​ត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យកាមគុណ ទាំង៥បាន។ លុះលះបង់នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះបានហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់​ភាវៈ​ខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើននូវកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏បាន។

[៣០០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញនូវសរីរៈស្លាប់ ដែល​គេចោល​ក្នុងព្រៃស្មសាន ក្អែកទាំងឡាយ កំពុងចឹកស៊ីក្តី ត្មាតទាំងឡាយ កំពុងចឹកស៊ីក្តី ត្រដក់​ទាំងឡាយ កំពុងចឹកស៊ីក្តី ស្វានទាំងឡាយ កំពុងកកេរស៊ីក្តី ចចកទាំងឡាយ កំពុង​កកេរ​ស៊ីក្តី បាណកជាតិ (សត្វតូចៗ មានដង្កូវជាដើម) ទាំងឡាយផ្សេងៗ កំពុងជញ្ជក់​ស៊ីក្តី ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯង​ថា សូម្បីកាយនេះ ក៏គង់នឹងមានសភាពយ៉ាងនេះ គង់នឹងក្លាយទៅជាយ៉ាងនេះ នឹងកន្លង​នូវភាវៈយ៉ាងនេះ ពុំបានឡើយ។ កាល​ភិក្ខុ​នោះ​មិនប្រមាទយ៉ាងនេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។

[៣០១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញនូវសរីរៈស្លាប់ ដែល​គេចោល​ក្នុងព្រៃស្មសាន នៅសល់តែរាងឆ្អឹង ប្រកបដោយសាច់ និងឈាម នៅមានសរសៃ​ជា​គ្រឿងចង… នៅសល់តែរាងឆ្អឹងឥតសាច់ តែនៅប្រឡាក់​ដោយឈាម មានសរសៃ​ជាគ្រឿង​ចង… នៅសល់តែរាងឆ្អឹង ប្រាសចាកសាច់និងឈាម តែនៅ​មានសរសៃ​ជាគ្រឿងចង… នៅសល់តែឆ្អឹងទទេ ប្រាសចាកសរសៃជាគ្រឿង​ចង ខ្ចាត់​ខ្ចាយរាត់រាយ ទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃទៅដោយឡែក ឆ្អឹងជើង​ទៅ​ដោយឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹង​ខ្នងទៅដោយឡែក… លលាដ៏ក្បាលទៅដោយឡែក ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯង​ថា សូម្បីកាយនេះ ក៏គង់នឹង​មានសភាពយ៉ាងនេះ គង់នឹងក្លាយទៅជាយ៉ាងនេះ កន្លង​នូវភាវៈយ៉ាងនេះ ពុំបាន​ឡើយ។ កាល​ភិក្ខុ​នោះ ​មិនប្រមាទយ៉ាងនេះហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើន​កាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។

[៣០២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញនូវសរីរៈស្លាប់ ដែល​គេចោល​ក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មានសម្បុរដូចជាសម្បុរនៃស័ង្ខ… សល់នៅតែឆ្អឹង​ទទេ គរជាពំនូក កន្លងហួសមួយឆ្នាំហើយ… សល់នៅតែឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាលំ​អិតតូច លំអិតធំ ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹង​កាយ​នេះឯង​ថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាពយ៉ាងនេះ គង់នឹងក្លាយ​ទៅ​យ៉ាងនេះ នឹងកន្លង​នូវភាវៈយ៉ាងនេះ ពុំបានឡើយ។ កាល​ភិក្ខុ​នោះ​មិនប្រមាទ​យ៉ាង​នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។

[៣០៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាកធម៌ទាំងឡាយជាអកុសល ហើយចូលដល់បឋមជ្ឈាន ដែលប្រកប​ដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍។ ភិក្ខុនោះ ញុំាងករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ឯកទេសបន្តិចបន្តួចនៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពី​សេចក្តីស្ងប់ស្ងាត់ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាជាងកោរកាត់ ឬកូនសិស្សរបស់ជាងកោរកាត់ ដែលប៉ិនប្រសប់ រោយនូវលំអិតសម្រាប់ងូត ទៅក្នុងផ្តិល​សំរិទ្ធិ ហើយស្រោចស្រប់ ច្របល់ដោយទឹក។ ឯដុំលំអិតសម្រាប់ងូតនោះ ក៏រលាយទៅ​ដោយទឹក ជ្រួតជ្រាបទៅក្នុងទឹក ច្រឡូកច្រឡំដោយទឹក ទាំងខាងក្នុង ទាំងខាងក្រៅ មិន​បានខ្ចាត់ខ្ចាយចេញពីគ្នាឡើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាង​ករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពី​សេចក្តីស្ងប់ស្ងាត់ មិនមានឡើយ ក៏យ៉ាងនោះឯង។ កាលភិក្ខុនោះ មិនប្រមាទយ៉ាងនេះ​ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។

[៣០៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះរម្ងាប់វិតក្កៈ វិចារៈ។បេ។ ក៏បានចូល​ទុតិយជ្ឈាន។ ភិក្ខុនោះ ញុំាងករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពី​សមាធិ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាអន្លង់ទឹកជ្រៅ មានទឹកជោរឡើង ប្រឡាយទឹកក្នុងទិសខាងកើត ក៏មិនមាន ប្រឡាយទឹក ក្នុងទិសខាងលិច ក៏មិនមាន ប្រឡាយទឹកក្នុងទិសខាងជើង ក៏មិនមាន ប្រឡាយទឹកក្នុងទិសខាងត្បូង ក៏មិនមាន។ មួយយ៉ាងទៀត ភ្លៀងបង្អុរនូវធារទឹក ស្រួលសព្វៗកាលទៅ។ ក៏ស្រាប់តែធារទឹកត្រជាក់ជោរឡើង អំពីអន្លង់ទឹកនោះ ហើយញុំាង​អន្លង់ទឹកនោះឯង ឲ្យជោកជាំ ឲ្យពោរពេញ ឲ្យបរិបូណ៌ ឲ្យហូរហៀរ ដោយទឹកត្រជាក់ (នោះ) ឯកទេសបន្តិចបន្តួច នៃអន្លង់ទឹកទាំងអស់នោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយទឹកត្រជាក់ មិនមានឡើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាង​ករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពី​សមាធិ មិនមានឡើយ ក៏យ៉ាងដូច្នោះឯង។ កាលភិក្ខុនោះ មិនប្រមាទយ៉ាងនេះ​ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។

[៣០៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះនឿយណាយ ចាកបីតិ។បេ។ ក៏បានដល់តតិយជ្ឈាន។ ភិក្ខុនោះ ញុំាង​ករជកាយនេះឯង ឲ្យជោកជាំ ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពនៃព្រលិតក្តី ក្នុងគុម្ពនៃ​ឈូក​ក្រហមក្តី ក្នុងគុម្ពនៃឈូកសក្តី តែងកើតឡើងក្នុងទឹក ចម្រើនឡើងក្នុងទឹក លូតលាស់​ឡើងតាមទឹក លិចនៅក្នុងទឹក ជោកជាំ ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹក​ត្រជាក់ តាំងអំពីចុង រហូតដល់គល់ ឯកទេសបន្តិចបន្តួច នៃផ្កាជលជាតិទាំងអស់នោះ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយទឹកត្រជាក់នោះ មិនមានឡើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាង​ករជកាយនេះឯង ឲ្យជោកជាំ ឲ្យឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិ​ ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែល​ឈ្មោះថា មិនផ្សព្វផ្សាយ ដោយសុខៈ ដែលមិនមានបីតិនោះ មិនមានឡើយ ដូច្នោះឯង។ កាលភិក្ខុនោះ មិនប្រមាទយ៉ាងនេះ​ហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើន​កាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។

[៣០៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះលះបង់នូវសេចក្តី​សុខផង។បេ។ ក៏ចូលកាន់​ចតុត្ថជ្ឈាន។ ភិក្ខុនោះ ក៏ផ្សព្វផ្សាយនូវ​ករជកាយនេះឯង ដោយចិត្តដ៏​បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់នោះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរស យកសំពត់ស មកដណ្តប់កាយ ព្រមទាំងក្បាល អង្គុយ​នៅ ឯកទេសបន្តិចបន្តួច នៃករជកាយ​ទាំងអស់ របស់បុរសនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយសំពត់សនោះ មិនមានឡើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុផ្សព្វផ្សាយនូវ​ករជកាយនេះឯង ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯកទេស​បន្តិច​បន្តួច នៃករជកាយ​ទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយចិត្ត​ដ៏បរិសុទ្ធ ផូរផង់នោះ មិនមានឡើយ ក៏ដូច្នោះឯង។ កាលភិក្ខុនោះ មិនប្រមាទ មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងនេះហើយ ក៏លះបង់ នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ ដែលអាស្រ័យកាមគុណ ទាំង៥បាន។ ព្រោះលះ​បង់​នូវសេចក្តីត្រិះរិះ ដែលស្ទុះទៅ​ទាំង​អម្បាលនោះបានហើយ ចិត្តខាងក្នុង ក៏តំកល់មាំ តំកល់ខ្ជាប់ ដល់នូវភាវៈខ្ពស់ឯក ឈ្មោះថា ភិក្ខុតំកល់មាំ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាង​នេះក៏បាន។

[៣០៧] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយបានចំរើន បានធ្វើ​ឲ្យរឿយៗហើយ ភិក្ខុនោះ ឈ្មោះថា មានកុសលធម៌ណាមួយ ជាចំណែក​នៃវិជ្ជា តាំង​នៅក្នុងសន្តានបាន។ ម្នាលភិក្ខុទាំងឡាយ ដូចមហាសមុទ្រ ដែលភិក្ខុណាមួយ បាន​ផ្សាយ​ចិត្តទៅហើយ ភិក្ខុនោះឈ្មោះថា មានស្ទឹងតូចៗ ទាំងឡាយណាមួយ ដែលហូរមកកាន់​សមុទ្រ ក៏តាំងនៅក្នុងសន្តានចិត្ត ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែល​ភិក្ខុណាមួយបានចំរើន បានធ្វើឲ្យរឿយៗហើយ ភិក្ខុនោះឈ្មោះថា មានកុសលធម៌​ទាំង​ឡាយណាមួយ ដែលជាចំណែកនៃវិជ្ជា តាំងនៅក្នុងសន្តាន ដូច្នោះឯង។

[៣០៨] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ មិនបានចំរើន មិន​បាន​ធ្វើ​ឲ្យរឿយៗហើយ មារក៏បាននៅចន្លោះរបស់ភិក្ខុនោះ មារក៏បាននូវអារម្មណ៍ របស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសចោលដុំថ្មដ៏ធ្ងន់ ទៅលើគំនរដីជ្រាយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​សេចក្តីនោះដូចម្តេច ដុំថ្មដ៏ធ្ងន់នោះ គួរនឹងបាន​នូវចន្លោះលើគំនរដីជ្រាយដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែល​ភិក្ខុណាមួយ មិនបានចំរើន មិនបានធ្វើឲ្យរឿយៗហើយ មារតែងបាននូវចន្លោះរបស់ភិក្ខុនោះ មារតែងបានអារម្មណ៍ របស់ភិក្ខុនោះ ដូច្នោះឯង។

[៣០៩] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើស្ងួតក្រៀម។ វេលានោះ មានបុរសមក​នាំយកឈើពំនួតខាងលើ ដោយគិតថា អាត្មាអញ នឹងញុំាងភ្លើងឲ្យកើតឡើង អាត្មាអញ នឹងធ្វើតេជោធាតុ (ឲ្យកើតឡើង)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចក្តី​នោះ ដូចម្តេច បុរសនោះ នាំយកឈើពំនួតខាងលើ មកពួតនឹងឈើស្ងួតក្រៀមឯណោះ ឲ្យកើតជាភ្លើងឡើង ធ្វើឲ្យទៅជាតេជោធាតុ បានដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ ធ្វើបាន។ ម្នាលភិក្ខុទាំងឡាយ រឿងនេះ មានឧបមេយ្យដូច​កាយគតាសតិ ដែលភិក្ខុណាមួយ មិនបានចំរើន មិនបានធ្វើឲ្យរឿយៗហើយ មារតែង​បាននូវចន្លោះ របស់ភិក្ខុនោះ មារតែងបាននូវអារម្មណ៍របស់ភិក្ខុនោះ។

[៣១០] ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមទឹកស្ងួតធេងទទេ ដែលគេដាក់លើជើង​សម្រាប់រង។ វេលានោះ មានបុរសទៅនាំយកទឹកមកចាក់ (ក្នុងក្អមនោះ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច បុរសនោះ គួរនឹងចាក់​ទឹក (ក្នុងក្អមនោះ) បានដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ មិនបានចំរើន មិនបានធ្វើឲ្យ​រឿយ​ៗ​ហើយ មារតែង​បាននូវចន្លោះ របស់ភិក្ខុនោះ មារតែងបាននូវអារម្មណ៍របស់ភិក្ខុនោះ ក៏យ៉ាងដូច្នោះឯង។

[៣១១] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗហើយ មារមិន​បាននូវចន្លោះ របស់ភិក្ខុនោះ មារមិនបាននូវ​អារម្មណ៍ របស់ភិក្ខុនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់​ដុំអម្បោះដ៏ស្រាល ទៅលើសន្លឹកទ្វារ ដែលធ្វើពីឈើខ្លឹមសុទ្ធ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច ដុំអម្បោះដ៏ស្រាលនោះ គួរនឹងបាននូវចន្លោះ​លើសន្លឹកទ្វារ ដែលធ្វើពីឈើខ្លឹមសុទ្ធដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា មិនបានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចម្រើន បានធ្វើ​ឲ្យរឿយៗហើយ មារមិន​បាននូវចន្លោះ របស់ភិក្ខុនោះ មារមិនបាននូវ​អារម្មណ៍ របស់ភិក្ខុនោះ ក៏យ៉ាងនោះឯង។

[៣១២] ម្នាលភិក្ខុទាំងឡាយ ដូចជាឈើស្រស់ដែលប្រកបដោយជ័រ។ វេលានោះ មានបុរសទៅយកឈើពំនួតភ្លើងខាងលើមក ដោយគិតថា អាត្មាអញ នឹងញុំាងភ្លើង​ឲ្យកើត​ឡើង អាត្មាអញ នឹងធ្វើតេជោធាតុ (ឲ្យកើតឡើង)។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ សំគាល់នូវហេតុនោះដូចម្តេច បុរសនោះ នាំយកឈើពំនួតភ្លើង​ខាងលើ​ មកពួតនឹងឈើស្រស់ ដែលប្រកបដោយជ័រឯណោះ គួរឲ្យកើតជាភ្លើង គួរឲ្យ​ទៅជាតេជោធាតុបានដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា មិនបានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗ​ហើយ មារមិន​បាននូវចន្លោះ របស់ភិក្ខុនោះ មារមិនបាននូវអារម្មណ៍ របស់ភិក្ខុនោះ​ឡើយ ក៏យ៉ាងដូច្នោះឯង។

[៣១៣] ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមទឹក ដ៏ពេញដោយទឹកស្មើត្រឹមកណ្តាប់មាត់ ល្មមក្អែកផឹកបាន ដែលគេដាក់លើជើងសម្រាប់រង។ ប្រសិនបើមានបុរសទៅដងទឹក យកមក​ចាក់ថែម (ក្នុងក្អមនោះទៀត)។ ម្នាលភិក្ខុទាំងឡាយ តើអ្នកទាំងឡាយ សំគាល់​នូវ​ហេតុនោះ ដូចម្តេច បុរសនោះ គួរនឹងចាក់ទឹកថែម (ទៅក្នុងក្អមនោះទៀត) បានដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា មិនបានទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗ​ហើយ មារមិន​បាននូវចន្លោះ របស់ភិក្ខុនោះ មារមិនបាននូវអារម្មណ៍ របស់ភិក្ខុនោះ​ឡើយ យ៉ាងដូច្នោះឯង។

[៣១៤] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើ​ឲ្យ​រឿយៗ​ហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដោយ​បញ្ញាដ៏​ក្រៃលែង ចំពោះធម៌ណាៗ​ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា ដ៏ក្រៃលែង កាលបើ​ហេតុនៃសតិ​មានហើយ ចិត្តក៏បានដល់នូវភាវៈជាក់ច្បាស់ ក្នុងធម៌នោះៗ។ ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមទឹក ដ៏ពេញដោយទឹកស្មើកណ្តាប់មាត់ ល្មមក្អែក​ឱនផឹក​បាន ដែលគេដាក់លើ​ជើងសម្រាប់រង។ ប្រសិនបើមានបុរសមានកំលាំង មកប៉ះពាល់ត្រូវក្អមទឹកនោះ (ឲ្យផ្អៀងទៅ) ខាងណាៗ ទឹកក៏ហូរមកខាងនោះៗដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗ​ហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា ដ៏ក្រៃលែង ចំពោះធម៌ណាៗ ដែលគួរធ្វើឲ្យជាក់​ច្បាស់ ដោយបញ្ញាដ៏ក្រៃលែង កាលបើហេតុនៃសតិមានហើយ ចិត្តក៏បានដល់នូវភាវៈ​ជាក់ច្បាស់ ក្នុងធម៌នោះៗ ដូច្នោះឯង។

[៣១៥] ម្នាលភិក្ខុទាំងឡាយ ដូចស្រះបោក្ខរណី ៤ជ្រុង។ មានភ្លឺជាប់ក្នុងផ្ទៃផែន​ដី​ក៏​ស្មើ ពេញដោយទឹកស្មើត្រឹមមាត់ ល្មមក្អែកឱនផឹកបាន។ បុរសអ្នកមានកំឡាំង គប្បី​ទំលាយ​ភ្លឺស្រះបោក្ខរណីនោះ អំពីខាងណាៗ ទឹកក៏ហូរមកខាងនោះៗ ដែរឬ។ ភិក្ខុទាំងឡាយ​ ក្រាបទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗ​ហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ក្រៃលែង ចំពោះធម៌ណាៗ ដែលគួរធ្វើឲ្យជាក់​ច្បាស់ ដោយបញ្ញា ដ៏ក្រៃលែង កាលបើហេតុនៃសតិមានហើយ ចិត្តក៏បានដល់នូវភាវៈ​ជាក់ច្បាស់ ក្នុងធម៌នោះៗ ដូច្នោះឯង។

[៣១៦] ម្នាលភិក្ខុទាំងឡាយ ដូចជារថសេះអាជានេយ្យ ដែលសារថីទឹមហើយ ចត​ទុក នាផ្លូវធំបែកជា៤ លើផ្ទៃផែនដីក៏ស្មើល្អ មានជន្លួញក្នុងរវាងទាំងពីរ។ អ្នកទឹមរទេះ ដែល​ជាសារថី ចេះបង្ហាត់សេះជាអ្នកឈ្លាស ឡើងជិះរថនោះហើយ កាន់ខ្សែដោយ​ដៃឆ្វេង កាន់ជន្លួញដោយដៃស្តាំ បរទៅកាន់ទីដែល​ខ្លួនប្រាថ្នាហើយៗ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលភិក្ខុណាមួយ បានចំរើន បានធ្វើឲ្យរឿយៗ​ហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា​ដ៏​ក្រៃលែង ចំពោះធម៌ណាៗ ដែលគួរធ្វើឲ្យជាក់​ច្បាស់ ដោយបញ្ញាដ៏ក្រៃលែង កាលបើហេតុ​នៃ​សតិមានហើយ ចិត្តក៏បានដល់នូវភាវៈ​ជាក់ច្បាស់ ក្នុងធម៌នោះៗ ដូច្នោះឯង។

[៣១៧] ម្នាលភិក្ខុទាំងឡាយ កាលបើកាយគតាសតិ ដែលភិក្ខុ បានធ្វើឲ្យ​ថ្នឹក បានចំរើន បានធ្វើឲ្យរឿយៗ​ បានធ្វើឲ្យដូចជាយាន បានតំកល់ បានប្រព្រឹត្តឲ្យរឿយ​ៗ បានសន្សំ ប្រារព្ធល្អ ផ្គូផ្គងល្អហើយ តែងបាននូវ អានិសង្ស ១០ប្រការនេះ ជាប្រាកដ គឺភិក្ខុនោះ គ្របសង្កត់សេចក្តីត្រេកអរ ដោយសេចក្តី​មិនត្រេកអរបាន ទាំងសេចក្តី​មិន​ត្រេកអរ ក៏មិនគ្របសង្កត់ភិក្ខុនោះឡើយ ភិក្ខុនោះ តែងគ្របសង្កត់សេចក្តី​មិនត្រេកអរ ដែលកើតហើយ១។ ជាអ្នកគ្របសង្កត់នូវភ័យ និងសេចក្តីខ្លាចបាន ឯភ័យ និងសេចក្តី​ខ្លាច គ្របសង្កត់ភិក្ខុនោះពុំបានឡើយ ភិក្ខុនោះ តែងគ្របសង្កត់នូវភ័យ និងសេចក្តីខ្លាច ដែលកើតហើយ១។ ជាអ្នកអត់ធ្មត់ ចំពោះត្រជាក់ កំដៅ សេចក្តីឃ្លាន ស្រេក ចំពោះ​សម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ ជាអ្នកអត់ធ្មត់ ចំពោះ​គន្លងពាក្យ ដែលគេពោលអាក្រក់ ដែលមកអាក្រក់ ចំពោះទុក្ខវេទនាទាំងឡាយ ដែលកើតហើយ ដែលមានក្នុងសរីរៈ ជាវេទនាដ៏ខ្លាំងក្លា ក្រហល់ក្រហាយ មិនជាទី​ត្រេកអរ មិនជាទីពេញចិត្ត ដែលអាចនាំជីវិតចេញបាន១។ ភិក្ខុនោះ បានដូចសេចក្តី​ប្រាថ្នា បានមិនលំបាក បានមិនខុសវេលានូវឈាន ទាំង៤ ដែលប្រកប​ដោយចិត្តដ៏ឧត្តម ហើយនៅជាសុខ ក្នុងបច្ចុប្បន្ន១។ ភិក្ខុនោះ តែងបាននូវការតាក់តែង សំដែងឫទ្ធិ​បាន​ច្រើនប្រការ គឺកាយតែមួយ ធ្វើឲ្យទៅជាកាយច្រើនក៏បាន ឬកាយច្រើន ធ្វើឲ្យត្រឡប់ទៅ​ជា​កាយ​តែមួយក៏បាន នៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន។បេ។ ញុំាង​អំណាចកាយ ឲ្យផ្សព្វផ្សាយ រហូតដល់ព្រហ្មលោក ក៏បាន១។ ភិក្ខុនោះ មាន​ត្រចៀក​ទិព្វ ដ៏បរិសុទ្ធ កន្លងហួសត្រចៀកមនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេង​ទិព្វ និងសំឡេង​មនុស្ស ឆ្ងាយក៏បាន ជិតក៏បាន១។ ភិក្ខុនោះ អាចកំណត់ដឹងចិត្ត របស់​សត្វ​ដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តរបស់សត្វដទៃ ដែលប្រកបដោយរាគៈ​ក្តី ក៏ដឹងថា ចិត្តប្រកបដោយរាគៈ ចិត្តរបស់សត្វដទៃ ដែលប្រាសចាករាគៈក្តី។បេ។ ចិត្តដែល​ប្រកបដោយទោសៈក្តី… ចិត្តដែលប្រាសចាកទោសៈក្តី… ចិត្តដែលប្រកប​ដោយ​មោហៈក្តី… ចិត្តដែលប្រាសចាកមោហៈក្តី… ចិត្តដែលមូលអារម្មណ៍​ក្តី… ចិត្តដែលរាយ​មាយ​ក្តី… ចិត្តដែលជាមហគ្គតៈ គឺជារូបាវចរ និងអរូបាវចរក្តី… ចិត្តដែលមិនមែន​ជាមហគ្គតៈក្តី… ចិត្តដែលជាសឧត្តរៈ គឺជាលោកិយៈក្តី… ចិត្តដែល​ជាអនុត្តរៈ គឺជា​លោកុត្តរៈក្តី… ចិត្តដែលតាំងនៅល្អ ដោយសមាធិក្តី… ចិត្តដែល​មិនតាំង​នៅល្អ​ដោយសមាធិក្តី… ចិត្តដែលរួចចាកកិលេសាសវៈក្តី… ចិត្តដែលមិនទាន់រួច​ចាក​កិលេសាសវៈក្តី… ក៏ដឹងច្បាស់ថា ជាចិត្តមិនបានរួចចាកកិលេសាសវៈ១។ ភិក្ខុនោះ រលឹកឃើញនូវបុព្វេនិវាស គឺលំដាប់ខន្ធ ដែលអាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ គឺ​រលឹកឃើញ១ជាតិ ២ជាតិ។បេ។ ព្រមទាំង​អាការ គឺរូប និងអាហារជាដើម ព្រមទាំង​ឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយប្រការដូច្នេះ១។ ភិក្ខុនោះ មានចក្ខុទិព្វ ដ៏បរិសុទ្ធ កន្លងហួស​ចក្ខុរបស់មនុស្សធម្មតា បានឃើញនូវពួកសត្វ ដែលច្យុត និងកើតឡើង ជាសត្វ​ថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ មានរូបអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ។បេ។ បានដឹងនូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម របស់ខ្លួន ដោយប្រ​ការដូច្នេះ១។ ភិក្ខុនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ហើយ​សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំងបួន១។ ម្នាលភិក្ខុទាំងឡាយ កាលបើ​កាយគតាសតិ ដែលភិក្ខុបានធ្វើឲ្យថ្នឹក បានចំរើន បានធ្វើឲ្យរឿយៗ បានធ្វើ​ឲ្យដូច​ជាយាន បានតំកល់ បានប្រព្រឹត្តរឿយៗ បានប្រារព្ធល្អ ផ្គត់ផ្គង់ល្អហើយ តែង​បាននូវ អានិសង្ស ទាំង១០ប្រការ នេះឯង ជាប្រាកដ។ លុះ​ព្រះមានព្រះភាគ បាន​ត្រាស់​សូត្រនេះចប់ហើយ ភិក្ខុទាំងអម្បាលនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះ​ភាសិតព្រះមានព្រះភាគ។

ចប់ កាយគតាសតិសូត្រ ទី៩។

សង្ខារូបបត្តិសូត្រ ទី១០

(១០. សង្ខារុបបត្តិសុត្តំ)

[៣១៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ បាន​ត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវ ​សង្ខារូបបត្តិ គឺនិយាយ​អំពីហេតុ កើតឡើងនៃសង្ខារ ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌​នោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែង (ឲ្យស្តាប់)។ ភិក្ខុទាំងនោះ ទទួល​ស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៣១៩] ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងធម្មវិន័យនេះ ជាអ្នកប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹង​ពួក​ខត្តិយមហាសាល។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌​ទាំង៥ មានសទ្ធា ជាដើមនោះ ឈ្មោះថា សង្ខារផង ឈ្មោះថា ​វិហារធម៌ផង ដែលភិក្ខុ​នោះ ចម្រើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយយ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើត​ជាមួយ​នឹងខត្តិយមហាសាលនោះមែន។ ម្នាលភិក្ខុទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតជាមួយនឹងខត្តិយមហាសាលនោះ។

[៣២០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជា​មួយនឹង​ពួកព្រាហ្មណមហាសាល… ឬគហបតិមហាសាល។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌​ទាំង៥ មានសទ្ធាជាដើមនោះ ឈ្មោះថា សង្ខារផង ឈ្មោះថា​វិហារធម៌ផង ដែលភិក្ខុនោះ ចម្រើនហើយយ៉ាងនេះ ធ្វើឲ្យរឿយ​ៗ​ហើយយ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើត​ជាមួយ​នឹងព្រាហ្មណមហាសាល ឬគហបតិមហា​សាលនោះមែន។ ម្នាលភិក្ខុទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតជាមួយនឹងព្រាហ្មណមហាសាល ឬគហបតិមហាសាលនោះ។

[៣២១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បានឮដំណឹងថា ពួកទេវតាជាន់តាវត្តិង្ស។បេ។ ពួកទេវតាជាន់យាមៈ… ពួកទេវតាជាន់តុសិត… ពួកទេវតាជាន់និម្មានរតី… ពួកទេវតាជាន់បរនិម្មិតវសវត្តី សុទ្ធតែមានអាយុវែង មានសម្បុរ​ល្អ ច្រើនដោយសេចក្តីសុខ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹង​ពួកទេវតាជាន់​បរនិម្មិតវសវត្តី។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌​ទាំង៥នោះ ឈ្មោះថា សង្ខារផង ឈ្មោះថា​វិហារធម៌ផង ដែលភិក្ខុនោះ ចម្រើនហើយ​យ៉ាងនេះ ធ្វើឲ្យរឿយៗហើយ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើត​ជាមួយ​នឹងទេវតាជាន់បរនិម្មិតវសវត្តីនោះមែន។ ម្នាលភិក្ខុ​ទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតជាមួយនឹងទេវតា ជាន់បរនិម្មិតវសវត្តីនោះ។

[៣២២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​​ប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បានឮដំណឹងថា សហស្សព្រហ្ម មានអាយុវែង មានសម្បុរ​ល្អ ច្រើនដោយសេចក្តីសុខ។ ម្នាលភិក្ខុ​ទាំងឡាយ សហស្សព្រហ្ម តែងផ្សាយរស្មីដឹងស្គាល់​លោកធាតុមួយពាន់​បាន។ ពួកសត្វណា កើតក្នុងលោកធាតុមួយពាន់នោះ សហស្សព្រហ្ម ក៏ផ្សាយរស្មីដឹងស្គាល់​ពួកសត្វនោះបាន។ ម្នាលភិក្ខុទាំងឡាយ ដូចបុរសមានចក្ខុ យកផ្លែកន្ទួតព្រៃមួយ មក​ដាក់លើបាតដៃ ពិចារណាមើលបាន ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សហស្សព្រហ្ម ក៏​ផ្សាយរស្មីដឹងស្គាល់លោកធាតុមួយពាន់បាន ដូច្នោះដែរ។ ពួកសត្វណា កើតក្នុងលោក​ធាតុមួយពាន់នោះ សហស្សព្រហ្ម ក៏ផ្សាយរស្មីដឹងស្គាល់​ពួកសត្វនោះបាន។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹង​សហស្សព្រហ្ម។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌​ទាំង៥នោះ ឈ្មោះថា សង្ខារផង ឈ្មោះថា​វិហារធម៌ផង ដែលភិក្ខុនោះ ចម្រើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើត​ក្នុងព្រហ្មលោកនោះបានមែន។ ម្នាលភិក្ខុ​ទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតក្នុងព្រហ្មលោកនោះ។

[៣២៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​​ប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បានឮដំណឹងថា ទ្វិសហស្សព្រហ្ម។បេ។ តិសហស្សព្រហ្ម… ចតុសហស្សព្រហ្ម… បញ្ចសហស្សព្រហ្ម សុទ្ធតែមានអាយុវែង មានសម្បុរ​ល្អ ច្រើនដោយសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ បញ្ចសហស្សព្រហ្ម ផ្សាយរស្មីដឹងស្គាល់លោកធាតុ៥ពាន់បាន។ ពួកសត្វណា កើតក្នុង​លោកធាតុ ៥ពាន់នោះ បញ្ចសហស្សព្រហ្ម ក៏ផ្សាយរស្មីដឹងស្គាល់ នូវពួកសត្វនោះបាន។ ម្នាលភិក្ខុទាំងឡាយ បុរសមានចក្ខុ យកផ្លែកន្ទួតព្រៃ៥ មកដាក់លើបាតដៃ ពិចារណាមើល​បាន ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ បញ្ចសហស្សព្រហ្ម ក៏​ផ្សាយរស្មី ដឹងស្គាល់លោកធាតុ ៥ពាន់បាន ក៏ដូច្នោះដែរ។ ពួកសត្វណា កើតក្នុង​លោកធាតុ៥ពាន់នោះ បញ្ចសហស្សព្រហ្ម ក៏ផ្សាយរស្មីដឹងស្គាល់ពួកសត្វនោះបាន។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពី​មរណៈទៅ សូមឲ្យទៅកើតជាមួយនឹងបញ្ចសហស្សព្រហ្ម។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌​ទាំង៥នោះ ឈ្មោះថា សង្ខារផង ឈ្មោះថា​វិហារធម៌ផង ដែលភិក្ខុនោះ ចម្រើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើត​ជាមួយ​នឹង​បញ្ចសហស្សព្រហ្មនោះមែន។ ម្នាលភិក្ខុ​ទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតក្នុងបញ្ចសហស្សព្រហ្មនោះ។

[៣២៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​​​​ប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បានឮដំណឹងថា ទសសហស្សព្រហ្ម មានអាយុវែង មានសម្បុរ​ល្អ ច្រើនដោយសេចក្តីសុខ។ ម្នាលភិក្ខុ​ទាំងឡាយ ទសសហស្សព្រហ្ម ផ្សាយរស្មី ដឹងស្គាល់លោកធាតុមួយម៉ឺនបាន។ ពួកសត្វណា កើតក្នុង​លោកធាតុមួយម៉ឺននោះ ទសសហស្សព្រហ្ម ក៏ផ្សាយរស្មី ដឹងស្គាល់​ពួកសត្វនោះបាន។ ម្នាលភិក្ខុទាំងឡាយ កែវពៃទូរ្យ ដ៏ល្អ មានពន្លឺ មានជ្រុង៨ ដែលជាង​ឆ្នៃល្អហើយ ដាក់លើសំពត់កម្ពលលឿង តែងភ្លឺផ្លេក ឆ្លុះរុងរឿង ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ទសសហស្សព្រហ្ម តែង​ផ្សាយរស្មី ដឹងស្គាល់លោកធាតុមួយម៉ឺនបាន ដូច្នោះដែរ។ ពួកសត្វណា កើតក្នុង​លោកធាតុមួយម៉ឺននោះ ទសសហស្សព្រហ្ម ក៏ផ្សាយរស្មី ដឹងស្គាល់ពួកសត្វនោះបាន។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹង​ទសសហស្សព្រហ្ម។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌​ទាំង៥នោះ ឈ្មោះថា សង្ខារផង ឈ្មោះថា​វិហារធម៌ផង ដែលភិក្ខុនោះ ចម្រើនហើយ​យ៉ាងនេះ ធ្វើឲ្យរឿយៗហើយ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើតក្នុងព្រហ្មលោកនោះ បានមែន។ ម្នាលភិក្ខុ​ទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតក្នុងព្រហ្មលោកនោះ។

[៣២៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​​ជាអ្នកប្រកបដោយសទ្ធា ប្រកបដោយសីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បានឮដំណឹងថា សតសហស្សព្រហ្ម មានអាយុវែង មានសម្បុរ​ល្អ ច្រើនដោយសេចក្តី​សុខ។ ម្នាលភិក្ខុទាំងឡាយ សតសហស្សព្រហ្ម ផ្សាយរស្មី ដឹងស្គាល់លោកធាតុមួយសែន​បាន។ ពួកសត្វណា កើតក្នុង​លោកធាតុមួយសែននោះ សតសហស្សព្រហ្ម ក៏ផ្សាយរស្មី ដឹងស្គាល់សត្វនោះបាន។ ម្នាលភិក្ខុទាំងឡាយ ដុំមាសជម្ពូនទ ដែល​កូនជាង​ដ៏ឆ្លៀវ​ឆ្លាស ដុតលើចង្ក្រាន ហើយដុសខាត់រំលីង រួចដាក់ទៅលើសំពត់កម្ពលលឿង តែងភ្លឺផ្លេក ឆ្លុះ ទាំងរុងរឿង ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សតសហស្សព្រហ្ម តែង​ផ្សាយរស្មី ដឹងស្គាល់លោកធាតុមួយសែនបាន ដូច្នោះដែរ។ ពួកសត្វណា កើតក្នុងមួយសែន​លោកធាតុ​នោះ សតសហស្សព្រហ្ម ក៏ផ្សាយរស្មី ដឹងស្គាល់ពួកសត្វនោះបាន។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹងសតសហស្សព្រហ្ម។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋាន​ចិត្ត​នោះ ចំរើនចិត្តនោះទុក។ ធម៌​ទាំង៥នោះ ឈ្មោះថា សង្ខារផង ឈ្មោះថា​វិហារធម៌ផង ដែលភិក្ខុនោះ ចម្រើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើតក្នុងព្រហ្មលោកនោះបានមែន។ ម្នាលភិក្ខុ​ទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតក្នុងព្រហ្មលោកនោះ។

[៣២៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​​​ជាអ្នកប្រកបដោយសទ្ធា ប្រកបដោយ​សីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បាន​ឮ​ដំណឹង​ថា ពួកទេវតាជាន់អាភៈ។បេ។ ពួកទេវតាជាន់បរិត្តាភៈ… ពួកទេវតាជាន់អប្បមាណាភៈ… ពួកទេវតាជាន់​អភស្សរៈ… សុទ្ធតែមានអាយុវែង មានសម្បុរ​ល្អ ច្រើនដោយសេចក្តីសុខ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើត​ជាមួយ​នឹង​ទេវតា​ជាន់អាភស្សរៈ។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌​ទាំង៥នោះ ឈ្មោះថា សង្ខារផង ឈ្មោះថា​វិហារធម៌ផង ដែលភិក្ខុនោះ ចម្រើន​ហើយ​យ៉ាងនេះ ធ្វើឲ្យរឿយៗហើយ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើត​ក្នុងពួក​ទេវតា​ជាន់អាភស្សរៈនោះបានមែន។ ម្នាលភិក្ខុ​ទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតក្នុងពួកទេវតា​ជាន់អាភស្សរៈនោះ។

[៣២៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​​​​​​ជាអ្នកប្រកបដោយសទ្ធា ប្រកបដោយ​សីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បាន​ឮ​ដំណឹង​ថា ពួកទេវតាជាន់សុភៈ។បេ។ ពួកទេវតាជាន់បរិត្តាសុភៈ… ពួកទេវតាជាន់អប្បមាណាសុភៈ… ពួកទេវតាជាន់​សុភកិណ្ហៈ… សុទ្ធតែមានអាយុវែង មានសម្បុរ​ល្អ។បេ។ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងជាន់សុភកិណ្ហៈនោះ។

[៣២៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ជាអ្នកប្រកបដោយសទ្ធា ប្រកបដោយ​សីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បាន​ឮ​ដំណឹង​ថា ពួកទេវតាជាន់វេហប្ផលៈ… ពួកទេវតាជាន់អវិហៈ… ពួកទេវតាជាន់អតប្បៈ… ពួកទេវតាជាន់សុទស្សៈ… ពួកទេវតាជាន់សុទស្សី… ពួកទេវតាជាន់អកនិដ្ឋៈ សុទ្ធតែមានអាយុវែង មានសម្បុរ​ល្អ ច្រើនដោយសេចក្តីសុខ។ ភិក្ខុនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយ​នឹងពួកទេវតាជាន់អកនិដ្ឋៈ។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌​ទាំង៥នោះ ឈ្មោះថា សង្ខារផង ឈ្មោះថា​វិហារធម៌ផង ដែលភិក្ខុនោះ បានចម្រើនហើយ យ៉ាងនេះ ធ្វើឲ្យរឿយៗហើយ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើត​ក្នុងជាន់អកនិដ្ឋៈនោះបានមែន។ ម្នាលភិក្ខុ​ទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតក្នុងជាន់អកនិដ្ឋៈនោះ។

[៣២៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ជាអ្នកប្រកបដោយសទ្ធា ប្រកបដោយ​សីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បាន​ឮ​ដំណឹង​ថា ពួកទេវតា ដែលកើតក្នុងជាន់ អាកាសានញ្ចាយតនៈ សុទ្ធតែមានអាយុវែង ឋិត​នៅអស់កាលយូរ ច្រើនដោយសេចក្តីសុខ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយ​នឹងពួកទេវតា ដែលកើត​ក្នុងជាន់អាកាសានញ្ចាយតនៈ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីទៅកើតក្នុងអាកាសានញ្ចាយតនៈនោះ។

[៣៣០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ជាអ្នកប្រកបដោយសទ្ធា ប្រកបដោយ​សីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បាន​ឮ​ដំណឹង​ថា ពួកទេវតា ដែលកើតក្នុងជាន់វិញ្ញាណញ្ចាយតនៈ សុទ្ធតែមានអាយុវែង ឋិត​នៅអស់កាលយូរ ច្រើនដោយសេចក្តីសុខ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើត​ជាមួយ​នឹងពួកទេវតា ដែលកើត​ក្នុងជាន់វិញ្ញាណញ្ចាយតនៈ។បេ។ ម្នាលភិក្ខុទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតក្នុងជាន់វិញ្ញាណញ្ចាយតនៈនោះ។

[៣៣១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ជាអ្នកប្រកបដោយសទ្ធា ប្រកបដោយ​សីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ បាន​ឮ​ដំណឹង​ថា ពួកទេវតា ដែលកើតក្នុងជាន់អាកិញ្ចញ្ញាយតនៈ… ពួកទេវតា ដែល​កើត​ក្នុងជាន់​នេវសញ្ញានាសញ្ញាយតនៈ… សុទ្ធតែមានអាយុវែង ឋិត​នៅអស់កាលយូរ ច្រើនដោយសេចក្តីសុខ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះរំលាងខន្ធ បន្ទាប់អំពីមរណៈទៅ សូមឲ្យទៅកើតជាមួយនឹងពួកទេវតា ដែលកើត​ក្នុងជាន់នេវសញ្ញានាសញ្ញាយតនៈ។ ភិក្ខុនោះ តំកល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះទុក។ ធម៌​ទាំង៥នោះ ឈ្មោះថា សង្ខារផង ឈ្មោះថា​វិហារធម៌ផង ដែលភិក្ខុនោះ ចម្រើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗហើយ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីកើត​ក្នុងជាន់នេវសញ្ញានាសញ្ញាយតនៈនោះបានមែន។ ម្នាលភិក្ខុ​ទាំងឡាយ នេះផ្លូវ នេះបដិបទា ប្រព្រឹត្តទៅ ដើម្បីកើតក្នុងជាន់នេវសញ្ញានាសញ្ញាយតនៈនោះ។

[៣៣២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ជាអ្នកប្រកបដោយសទ្ធា ប្រកបដោយ​សីលៈ ប្រកបដោយសុតៈ ប្រកបដោយចាគៈ ប្រកបដោយបញ្ញា។ ភិក្ខុនោះ មាន​សេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បីធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយបញ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះ​អស់អាសវៈទាំងឡាយ ហើយសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុនោះ ក៏ធ្វើ​​ឲ្យជាក់ច្បាស់ សម្រេច ដោយបញ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះ​អស់អាសវៈទាំងឡាយ ហើយសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ មិនកើតក្នុងទីណាៗឡើយ។ លុះ​ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញ​ចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ សង្ខារូបបត្តិសូត្រ ទី១០។

ចប់ អនុបទវគ្គ ទី២។

ឧទ្ទាន នៃអនុបទវគ្គនោះ គឺ

អនុបទសូត្រ១ ឆព្វិសោធនសូត្រ១ បោរិសធម៌ក្នុងសប្បុរិសសូត្រ១ សេវិតព្វាសេវិតព្វសូត្រ១ ការចែកនូវធាតុ ក្នុងពហុធាតុកសូត្រ១ ការសំដែងនូវ​ឈ្មោះ នៃព្រះបច្ចេកពុទ្ធ ក្នុងឥសិគិលិសូត្រ១ មហាចត្តារីសកសូត្រ១ អានាបានស្សតិសូត្រ១ កាយគតាសតិសូត្រ១ សង្ខារូបបត្តិសូត្រ១។

ចប់ ភាគ២៦។

មាតិកា

ទ. ?

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
មជ្ឈិមនិកាយ sut.mn
ឧបរិបណ្ណាសកៈ សត្តមភាគ sut.mn.vv3
ទេវទហវគ្គ sut.mn.v11
ទេវទហសូត្រ ទី ១ ? sut.mn.101
ការសួរចំពោះនិគ្រន្ថ​​​ ?
ពាក្យគួរនិយាយ និងមិនគួរនិយាយ ?
ឧបមាដោយបុរសត្រូវសរ ?
ការសួរចំពោះធម៌៥យ៉ាង ?
ពាក្យគួរនិយាយ និងមិនគួរនិយាយ ?
ការសួរដេញដោលចំពោះពួកនិគ្រន្ថ ?
សេចក្តីប្រឹងប្រែង និងសេចក្តីព្យាយាមឥតផល ?
សេចក្តីប្រឹងប្រែង និងសេចក្តីព្យាយាមមានផល ?
បុគ្គលប្រកបដោយសីលក្ខន្ធ ?
ការចូលឈាន ?
ភាពនៃទិព្វចក្ខុ ?
ភាពនៃអាសវក្ខយញ្ញាណ ?
ការមកកាន់ឋានដែលគេគប្បីសរសើរ ?
បញ្ចត្តយសូត្រ ទី ២ ? sut.mn.102
ការបញ្ញត្តិអត្តា ?
ឧបមាដោយពាណិជ ?
ទិដ្ឋិផ្សេង ៗ ?
ឧបមាដោយម្លប់ និងកំដៅថ្ងៃ ?
ការកើតឡើ់ងនៃនិរាមិសសុខ ?
សេចក្តីប្រកាន់មាំរបស់សមណព្រាហ្មណ៍ ?
កិន្តិសូត្រ ទី ៣ ? sut.mn.103
វាទៈផ្សេងគ្នាក្នុងធម៌ដ៏វិសេស ?
ការធ្វើជាអ្នកព្រងើយ ?
ការព្យាករណ៍ដោយប្រពៃ ?
សាមគាមសូត្រ ទី ៤ ? sut.mn.104
ការចូលទៅគាល់ព្រះមានព្រះភាគ ?
ការទ្រង់សួរចំពោះអានន្ទ ?
វិវាទមូល ៦ ?
យេភុយ្យសិកា ?
អមុឡ្ហវិន័យ ?
តស្ស បាបិយសិកា ?
តិណវត្ថារកៈ ?
សារាណីយធម៌ ៦ ?
​​​​សុនក្ខត្តសូត្រ ទី ៥ ? sut.mn.105
ការវិសជ្ជនារបស់ព្រះមានព្រះភាគ ?
ភាពនៃបុគ្គលមានអធ្យាស្រ័យឱនទៅរកលោកាមិស ?
ភាពនៃបុគ្គលមានអធ្យាស្រ័យទៅរកអានេញ្ជសមាបត្តិ ?
ភាពនៃបុគ្គលមានអធ្យាស្រ័យឱនទៅរកនេវសញ្ញានាសញ្ញាយតន​សមាបត្តិ ?
ភាពនៃបុគ្គលមានអធ្យាស្រ័យឱនទៅរកព្រះនិព្វាន ?
ឧបមាដោយបុរសត្រូវសរ ?
ភាពនៃបុគ្គលមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ ?
ហេតុមិនដែលមាន ?
អនេញ្ជសប្បាយសូត្រ ទី ៦ ? sut.mn.106
អនេញ្ជសប្បាយប្បដិបទា ?
អាកិញ្ចញ្ញាយតនសប្បាយប្បិដិបទា ?
នេវសញ្ញានាសញ្ញាយតនសប្បាយប្បិដិបទា ?
នេវសញ្ញានាសញ្ញាយតនៈ ?
អរិយវិមោក្ខ ?
គណកមោគ្គល្លានសូត្រ ទី ៧ ? sut.mn.107
ការទូន្មាននូវបុរស ?
ភាពនៃសតិសម្បជញ្ញៈ ?
ការទូន្មាននូវបុរស ?
ការបានសម្រេចព្រះនិព្វាន និងមិនបានសម្រេច ?
ព្រះមានព្រះភាគ ទ្រង់សួរតប ?
ការដល់នូវត្រៃសរណៈ ?
គោបកមោគ្គល្លានសូត្រ ទី ៨ ? sut.mn.108
ព្រះអានន្ទចូលទៅរកគោបកមោគ្គល្លា​នព្រាហ្មណ៍ ?
វស្សការព្រាហ្មណ៍ចូលទៅរកព្រះអានន្ទ ?
ភាពនៃបុគ្គលមានធម៌ជាទីពឹង ?
ពាក្យវិសជ្ជនារបស់ព្រះអានន្ទ ?
ពាក្យបុច្ឆារបស់វស្សការព្រាហ្មណ៍ ?
បសាទនីយធម៌ ?
វស្សការព្រាហ្មណ៍ប្រឹក្សានឹងឧបនន្ទសេនាបតិ ?
សេចក្តីសរសើរវត្តវេឡុវ័ន ?
ការចូលឈាន ?
សេចក្តីសរសើរចំពោះព្រះមានព្រះភាគ ?
មហាបុណ្ណមសូត្រ ទី ៩ ? sut.mn.109
បុច្ឆាចំពោះបញ្ចុបាទានក្ខន្ធ ?
ភាពនៃធម្មជាតិមិនមែនជាសក្កាយទិដ្ឋិ ?
ភាពនៃគុណទោស និងការរលាស់ចេញក្នុងបញ្ចក្ខន្ឋ ?
ការប្រៀនប្រដៅក្នុងត្រៃលក្ខណ៍​​​​​​ ?
ចូឡបុណ្ណមសូត្រ ទី ១០ ? sut.mn.110
ភាពនៃអសប្បុរស ?
ភាពនៃសប្បុរស ?
ឧទ្ទាន ?
អនុបទវគ្គ sut.mn.v12
អនុបទសូត្រ ទី ១ ? sut.mn.111
បឋមជ្ឈាន ?
តតិយជ្ឈាន ?
អាកាសានញ្ចាយតនៈ ?
អាកិញ្ចញ្ញាយតនៈ ?
ភាពនៃកិរិយាដល់នូវការស្ទាត់ ?
ការត្រេកអរចំពោះភាសិតនៃព្រះមានព្រះភាគ ?
ឆវិសោធនសូត្រ ទី ២ ? sut.mn.112
វោហារ ៤ យ៉ាង ?
ធាតុទាំង ៦ ?
ការព្យាករណ៍នូវអនុធម៌ ?
ការបរិបូណ៌ដោយសីលក្ខន្ឋដ៏ប្រសើរ ?
ការពោលអំពីឈាន ?
អាសវក្ខយញ្ញាណ ?
សប្បុរិសសូត្រ ទី ៣ ? sut.mn.113
ធម៌របស់សប្បុរស និងអសប្បុរស ?
សេចក្តីត្រេកអរចំពោះភាសិតព្រះមានព្រះភាគ ?
សេវិតព្វាសេវិតព្វសូត្រ ទី ៤ ? sut.mn.114
ធម្មជាតគួរសេព និងមិនគួរសេព ?
កាយសមាចារ ?
វចីសមាចារ ?
មនោសមាចារ ?
ចិត្តុប្បាទ ?
ការបានចំពោះនូវសញ្ញា ?
ការបានចំពោះនូវទិដ្ឋិ ?
ការបានចំពោះនូវអត្តភាព ?
ការប្រទាននូវសាធុការ ?
កាយសមាចារ ?
ការបានចំពោះនូវអត្តភាព ?
អាយតនៈ ៦ ?
វត្ថុគួរសេព និង​មិនគួរសេព ?
ការដឹងច្បាស់នូវសេចក្តីនៃភាសិត ?
ពហុធាតុកសូត្រ ទី ៥ ? sut.mn.115
ការឈ្លាសក្នុងធាតុ ?
ការឈ្លាសក្នុងបដិច្ចសមុប្បាទ ?
ការឈ្លាសក្នុងហេតុ និងមិនមែនហេតុ ?
ឈ្មោះនៃធម្មបរិយាយ ?
ឥសិគិលិសូត្រ ទី ៦ ? sut.mn.116
ឈ្មោះភ្នំ ?
ព្រះនាមព្រះបច្ចេកពុទ្ធ ?
មហាចត្តារីសកសូត្រ ទី ៧ ? sut.mn.117
សម្មាទិដ្ឋិ ?
សម្មាសង្កប្បៈ ?
សម្មាវាចា ?
សម្មាកម្មន្តៈ ?
សម្មាអាជីវៈ ?
ភាវៈ នៃធម៌ជាប្រធាន ?
សេចក្តីសរសើរ ?
អានាបានស្សត