User Tools

Site Tools


Translations of this page?:
km:tipitaka:book_029

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ២៩ - Book 29

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០២៩ - Tipitaka Book 029, for change log on ati.eu see here: រាយការណ៍ ភាគ ០២៩



book_029.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_029.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ២៩

ទ. 1

សុត្តន្តបិដក

សំយុត្តនិកាយ

សគាថវគ្គ

ទេវតាសំយុត្ត (ទី១)

(១. ទេវតាសំយុត្តំ)

នឡវគ្គ ទី១

(១. នឡវគ្គោ)

ឱឃតរណសូត្រ ទី១

(១. ឱឃតរណសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង លុះរាត្រីបឋមយាមកន្លងទៅហើយ ទេវតាអង្គមួយ មានរស្មីរុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយឈរក្នុងទីដ៏សមគួរ។

[២] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គនិទ៌ុក្ខ ព្រះអង្គឆ្លងនូវអន្លង់ ដោយហេតុដូចម្តេចហ្ន៎។ ព្រះអង្គត្រាស់ថា ម្នាលអាវុសោ តថាគតមិនឈប់ មិនប្រឹង តែឆ្លងអន្លង់បាន។ បពិត្រព្រះអង្គនិទ៌ុក្ខ ចុះព្រះអង្គមិនឈប់ មិនប្រឹង តែឆ្លងអន្លង់បាន តើដូចម្តេច។ ម្នាលអាវុសោ កាលណាតថាគតឈប់ តថាគតនឹងលិចចុះ ក្នុងកាលនោះ កាលណាតថាគតប្រឹង តថាគតនឹងរសាត់ឃ្លាតទៅ ក្នុងកាលនោះ ម្នាលអាវុសោ តថាគតមិនឈប់ មិនប្រឹង តែឆ្លងអន្លង់បាន យ៉ាងនេះឯង។

តាំងពីយូរណាស់ហើយ ខ្ញុំទើបតែនឹងបានឃើញខីណាសវព្រាហ្មណ៍ ជាអ្នករំលត់កិលេស ដែលមិនឈប់ មិនប្រឹង តែឆ្លងតណ្ហា ដែលផ្សាយទៅក្នុងលោកបាន។

[៣] លុះទេវតានោះ ពោលពាក្យនេះចប់ហើយ ព្រះសាស្តា ក៏មានព្រះហឫទ័យរីករាយ។ គ្រានោះឯង ទេវតាអង្គនោះ ដឹងថា ព្រះសាស្តារបស់អញ មានព្រះហឫទ័យរីករាយ ដូច្នេះហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏បាត់ទៅ ក្នុងទីនោះឯង។

និមោក្ខសូត្រ ទី២

(២. និមោក្ខសុត្តំ)

[៤] ទៀបក្រុងសាវត្ថី… គ្រានោះឯង លុះរាត្រីបឋមយាមកន្លងទៅហើយ ទេវតាអង្គមួយ មានរស្មីរុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។

[៥] លុះទេវតាអង្គនោះ ឈរក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គនិទ៌ុក្ខ ព្រះអង្គទ្រង់ជ្រាប នូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដែរឬ។ ម្នាលអ្នកមានអាយុ តថាគត ដឹងនូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដែរ។ បពិត្រព្រះអង្គនិទ៌ុក្ខ ចុះព្រះអង្គទ្រង់ជ្រាប នូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ ដោយប្រការដូចម្តេចអេះ។

[៦] ព្រះមានព្រះភាគត្រាស់តបថា ម្នាលអ្នកមានអាយុ ព្រោះការអស់ទៅនៃកម្ម និងភព ដែលមាននន្ទីជាឫសគល់ និងការអស់ទៅព្រម នៃសញ្ញា និងវិញ្ញាណ ព្រោះរលត់ស្ងប់រម្ងាប់វេទនាទាំងឡាយ យ៉ាងនេះ បានជាតថាគត ដឹងនូវមគ្គជាគ្រឿងរួចចាកកិលេស នូវផលជាគ្រឿងផុតចាកកិលេស និងព្រះនិព្វាន ជាទីស្ងាត់ចាកកិលេស របស់សត្វទាំងឡាយ។

ឧបនេយ្យសូត្រ ទី៣

(៣. ឧបនីយសុត្តំ)

[៧] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ជីវិត គឺអាយុ (របស់សត្វទាំងឡាយ) តិចតួចពេកណាស់ ដ្បិតជរា តែងនាំចូលទៅរក (សេចក្តីស្លាប់) កាលបើសត្វ ដែលត្រូវជរានាំចូលទៅជិត (សេចក្តីស្លាប់) ហើយ នឹងរកអ្វីជ្រកកោនពុំមានឡើយ កាលបើបុគ្គល បានសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ គួរតែធ្វើបុណ្យទាំងឡាយ ដែលជាគុណជាតនាំសុខមកឲ្យ។

[៨] ព្រះមានព្រះភាគត្រាស់ថា

ជីវិត គឺអាយុ (របស់សត្វទាំងឡាយ) តិចតួចពេកណាស់ ដ្បិតជរា តែងនាំចូលទៅរក (សេចក្តីស្លាប់) កាលបើសត្វ ដែលត្រូវជរានាំចូលទៅជិត (សេចក្តីស្លាប់) ហើយ នឹងរកអ្វីជ្រកកោន ពុំមានឡើយ កាលបើបុគ្គលសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ ជាអ្នកប្រាថ្នាសេចក្តីស្ងប់ ត្រូវតែលះបង់អាមិសៈ ក្នុងលោកចេញ។

អច្ចេនិ្តសូត្រ ទី៤

(៤. អច្ចេន្តិសុត្តំ)

[៩] ទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងឆ្លងហួសទៅ ជំនាន់នៃវ័យទាំងឡាយ តែងលះបង់នូវលំដាប់ កាលបើបុគ្គលបានសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ គួរតែធ្វើបុណ្យទាំងឡាយ ដែលជាគុណជាតនាំសុខមកឲ្យ។

[១០] ព្រះមានព្រះភាគត្រាស់ថា

កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងឆ្លងហួសទៅ ជំនាន់នៃវ័យទាំងឡាយ តែងលះបង់នូវលំដាប់ កាលបើបុគ្គលបានសំឡឹងឃើញភ័យនុ៎ះ ក្នុងសេចក្តីស្លាប់ហើយ ជាអ្នកសំឡឹងយកសេចក្តីស្ងប់ គួរតែលះបង់អាមិសៈ ក្នុងលោកចេញ។

កតិច្ឆិន្ទិសូត្រ ទី៥

(៥. កតិឆិន្ទសុត្តំ)

[១១] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថា សួរព្រះមានព្រះភាគថា

ជនត្រូវកាត់បង់ធម៌ប៉ុន្មាន ត្រូវលះបង់ធម៌ប៉ុន្មាន ត្រូវអប់រំធម៌ប៉ុន្មានតទៅ ភិក្ខុកន្លងបង់ នូវធម៌ ជាគ្រឿងចំពាក់ប៉ុន្មាន ទើបហៅថា អ្នកឆ្លងឱឃៈបាន។

[១២] ព្រះមានព្រះភាគ ត្រាស់តបថា

ជនត្រូវកាត់សំយោជនៈ ជាចំណែកខាងក្រោម៥ ត្រូវលះបង់សំយោជនៈ ជាចំណែកខាងលើ៥ ត្រូវអប់រំ នូវឥន្ទ្រិយ ទាំង៥ តទៅ ភិក្ខុកន្លងបង់នូវសង្គៈ គឺធម៌ជាគ្រឿងចំពាក់1) ទាំង៥យ៉ាង ទើបហៅថា អ្នកឆ្លងអន្លង់បាន។

ជាគរសូត្រ ទី៦

(៦. ជាគរសុត្តំ)

[១៣] លុះទេវតានោះឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ធម៌ជាគ្រឿងលក់របស់ពួកបុគ្គលដែលកំពុងភ្ញាក់ មានប៉ុន្មាន ធម៌ជាគ្រឿងភ្ញាក់ ក្នុងពួកបុគ្គលដែលលក់ មានប៉ុន្មាន បុគ្គលប្រឡាក់ធូលី គឺកិលេស ព្រោះធម៌ប៉ុន្មាន បុគ្គលស្អាតបាន ព្រោះធម៌ប៉ុន្មាន។

[១៤] ព្រះមានព្រះភាគត្រាស់តបថា

នីវរណៈ ទាំង៥ ជាគ្រឿងលក់របស់ពួកបុគ្គល ដែលកំពុងភ្ញាក់ ឥន្ទ្រិយទាំង៥ ជាគ្រឿងភ្ញាក់ក្នុងពួកបុគ្គលដែលលក់ បុគ្គលតែងប្រឡាក់ធូលី ព្រោះនីវរណធម៌៥ តែងស្អាត ព្រោះឥន្ទ្រិយ៥។

អប្បដិវិទិតសូត្រ ទី៧

(៧. អប្បដិវិទិតសុត្តំ)

[១៥] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ពួកជនណា មិនទាន់យល់ធម៌ច្បាស់ទេ ពួកជននោះ តែងជឿក្នុងលទ្ធិជាខាងក្រៅ ទុកជាកាលគួរពួកជនទាំងនោះភ្ញាក់រឭក ពួកជននោះ ក៏នៅតែលក់ មិនភ្ញាក់រឭកសោះ។

[១៦] ព្រះមានព្រះភាគត្រាស់ថា

ពួកជនណា បានយល់ធម៌ច្បាស់លាស់ល្អ ពួកជននោះ មិនជឿក្នុងលទ្ធិជាខាងក្រៅទេ ពួកជននោះ ឈ្មោះថាភ្ញាក់ខ្លួនឯង ឈ្មោះថា បានត្រាស់ដឹងតាមហេតុ រមែងប្រព្រឹត្តធម៌ស្មើ ក្នុងលោកសន្និវាស ដែលមិនស្មើ។

សុសម្មុដ្ឋសូត្រ ទី៨

(៨. សុសម្មុដ្ឋសុត្តំ)

[១៧] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ពួកជនណា ភាន់ច្រឡំធម៌ ពួកជននោះ តែងជឿក្នុងលទ្ធិជាខាងក្រៅ ទុកជាកាលគួរពួកជននោះភ្ញាក់រឭក ពួកជននោះ ក៏នៅតែលក់ មិនភ្ញាក់រឭកសោះ។

[១៨] ព្រះមានព្រះភាគត្រាស់ថា

ពួកជនណា មិនភាន់ច្រឡំធម៌ ពួកជននោះ មិនជឿក្នុងលទ្ធិជាខាងក្រៅទេ ពួកជននោះ ឈ្មោះថាភ្ញាក់ខ្លួនឯង ឈ្មោះថា បានត្រាស់ដឹងតាមហេតុ រមែងប្រព្រឹត្តធម៌ស្មើ ក្នុងលោកសន្និវាស ដែលមិនស្មើ។

មានកាមសូត្រ ទី៩

(៩. មានកាមសុត្តំ)

[១៩] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ក្នុងលោកនេះ អ្នកប្រាថ្នាមានះ ប្រដៅចិត្តមិនបាន អ្នកមានចិត្តមិនតាំងមាំ ឈ្មោះថា មិនមានញាណជាគ្រឿងដឹង អ្នកនៅក្នុងព្រៃតែម្នាក់ឯង ប្រហែសធ្វេស ក៏មិនគប្បីឆ្លងត្រើយនៃវដ្តៈ ដែលជាចំណងនៃមច្ចុបានឡើយ។

[២០] ព្រះមានព្រះភាគត្រាស់ថា

បុគ្គលលះមានះបាន តាំងចិត្តប្រពៃ ដោយឧបចារសមាធិ មានចិត្តផូរផង់ រួចស្រឡះចាកធម៌ ជាគ្រឿងសៅហ្មងគ្រប់យ៉ាង នៅក្នុងព្រៃតែម្នាក់ឯង មិនបានប្រហែសធ្វេស បុគ្គលនោះ គប្បីឆ្លងត្រើយ នៃវដ្តៈ ដែលជាចំណងនៃមច្ចុបាន។

អរញ្ញសូត្រ ទី១០

(១០. អរញ្ញសុត្តំ)

[២១] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថាសួរព្រះមានព្រះភាគថា

ពួកភិក្ខុជាព្រហ្មចារី នៅក្នុងព្រៃ មានចិត្តស្ងប់រម្ងាប់ ឆាន់អាហារតែម្តង ហេតុអ្វី បានជាពណ៌សម្បុរកាយ នៅតែផូរផង់បាន។

[២២] ព្រះមានព្រះភាគត្រាស់តបថា

ពួកភិក្ខុនោះ មិនសោកស្តាយរបស់ ដែលកន្លងទៅហើយ ទាំងមិនប្រាថ្នារបស់ដែលមិនទាន់មកដល់ គ្រាន់តែចិញ្ចឹមជីវិត ដោយរបស់ជាបច្ចុប្បន្ន ហេតុនោះ បានជាពណ៌សម្បុរកាយ នៅតែផូរផង់បាន ពួកជនពាល តែងស្រពោនស្រពាប់ ដោយហេតុទាំងពីរនោះ ព្រោះសេចក្តីប្រាថ្នា នូវរបស់ដែលមិនទាន់មកដល់ និងសេចក្តីអាឡោះអាឡ័យ ចំពោះរបស់ដែលកន្លងទៅហើយ ដូចដើមបបុះខៀវស្រស់ ដែលត្រូវគេច្រូតចោល។

ចប់ នឡវគ្គ ទី១

ឧទ្ទាននៃ នឡវគ្គ នោះគឺ

ឱឃតរណសូត្រ១ និមោក្ខសូត្រ១ ឧបនេយ្យសូត្រ១ អច្ចេន្តិសូត្រ១ កតិច្ឆិន្ទិសូត្រ១ ជាគរសូត្រ១ អប្បដិវិទិតសូត្រ១ សុសម្មុដ្ឋសូត្រ១ មានកាមសូត្រ១ ជាគំរប់១០ នឹងអរញ្ញសូត្រ១ ព្រះមានព្រះភាគ ទ្រង់សំដែងហើយ លោកចាត់ថា១វគ្គ ដោយហេតុនោះ។

នន្ទនវគ្គ ទី២

(២. នន្ទនវគ្គោ)

នន្ទនសូត្រ ទី១

(១. នន្ទនសុត្តំ)

[២៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានទេវតាមួយអង្គ ជាពួកទេវតាជាន់តាវត្តិង្ស មានពួកស្រីអប្សរចោមរោម ឆ្អែតស្កប់ស្កល់ មូលមិត្ត បម្រើដោយកាមគុណ ទាំង៥ ដ៏ជាទិព្វ ក្នុងនន្ទនវនឱទ្យាន បានពោលគាថានេះ ក្នុងវេលានោះថា

ពួកជនណា មិនបានឃើញនន្ទនវនឱទ្យាន ដែលជាទីនៅ របស់ពួកនរទេវតា នៅក្នុងឋានត្រៃត្រិង្ស មានយសស័ក្តិ ពួកជននោះ ឈ្មោះថា មិនស្គាល់ច្បាស់ នូវសេចក្តីសុខទេ។

[២៥] ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ពោលយ៉ាងនេះហើយ មានទេវតាមួយអង្គទៀត (ជាអរិយសាវិកា) ពោលគាថាតប នឹងទេវតានោះវិញថា

ម្នាលទេវតាពាល អ្នកឯងមិនបានដឹងច្បាស់ នូវពាក្យរបស់ព្រះអរហន្តទាំងឡាយថា សង្ខារទាំងពួងមិនទៀងទេ មានកិរិយាកើតឡើង និងកិរិយារលត់ទៅវិញជាធម្មតា កើតឡើងហើយ តែងរលត់ទៅវិញ លុះតែរម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ។

នន្ទិសូត្រ ទី២

(២. នន្ទតិសុត្តំ)

[២៦] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

អ្នកមានកូន រមែងត្រេកអរនឹងកូនទាំងឡាយ អ្នកមានគោ រមែងត្រេកអរ នឹងគោទាំងឡាយ ដូច្នោះដែរ ឧបធិ2) ទាំងឡាយ ជាគ្រឿងត្រេកអររបស់ជន អ្នកណា មិនមានឧបធិ អ្នកនោះ មិនមានអ្វីត្រេកអរ (នឹងគេបាន)។

[២៧] ព្រះអង្គត្រាស់ថា

អ្នកមានកូន រមែងសោកសៅនឹងកូនទាំងឡាយ អ្នកមានគោ ក៏សោកសៅនឹងគោទាំងឡាយ ដូច្នោះដែរ ដ្បិតឧបធិទាំងឡាយ ជាគ្រឿងសោកសៅរបស់ជន លុះតែអ្នកណា មិនមានឧបធិ ទើបអ្នកនោះ មិនសោកសៅ។

នត្ថិបុត្តសមសូត្រ ទី៣

(៣. នត្ថិបុត្តសមសុត្តំ)

[២៨] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

សេចក្តីស្រឡាញ់ស្មើនឹងកូន មិនមាន ទ្រព្យស្មើនឹងគោ មិនមាន ពន្លឺស្មើនឹងព្រះអាទិត្យមិនមាន ស្រះទាំងឡាយ ប្រសើរជាងសមុទ្រ។

[២៩] ព្រះអង្គត្រាស់ថា

សេចក្តីស្រឡាញ់ស្មើនឹងខ្លួន មិនមាន ទ្រព្យស្មើនឹងស្រូវ មិនមាន ពន្លឺស្មើនឹងប្រាជ្ញាមិនមាន ទឹកភ្លៀងហ្នឹងឯង ទុកជាស្រះប្រសើរជាង។

ខត្តិយសូត្រ ទី៤

(៤. ខត្តិយសុត្តំ)

[៣០] លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ក្សត្រិយ៍ប្រសើរជាងពួកសត្វជើង២ គោ ប្រសើរជាងពួកសត្វជើង៤ ប្រពន្ធក្មេង ប្រសើរជាងប្រពន្ធទាំងឡាយ កូនច្បងប្រសើរជាងកូនទាំងឡាយ។

[៣១] ព្រះអង្គត្រាស់ថា

ព្រះសម្ពុទ្ធប្រសើរជាងពួកសត្វជើង២ អាជានេយ្យ3) ប្រសើរជាងពួកសត្វជើង៤ ប្រពន្ធស្តាប់បង្គាប់ ប្រសើរជាងប្រពន្ធទាំងឡាយ កូនដែលស្តាប់ឱវាទ ប្រសើរជាងកូនទាំងឡាយ។

សកមានសូត្រ ទី៥

(៥. សណមានសុត្តំ)

[៣២] ទេវតាទូលថា

ក្នុងកាលកំពុងថ្ងៃត្រង់ ហ្វូងសត្វបក្សីទំសម្រាក ព្រៃធំហាក់ដូចជាឮសូររំពងខ្លាំង សូរសន្ធឹកនោះឯង ជាភ័យប្រាកដជាក់ស្តែង ដល់ខ្ញុំព្រះអង្គ។

[៣៣] ព្រះអង្គត្រាស់ថា

ក្នុងកាលកំពុងថ្ងៃត្រង់ ហ្វូងបក្សីទំសម្រាក ព្រៃធំហាក់ដូចជាឮសូររំពងខ្លាំង ការអង្គុយម្នាក់ឯងនោះ ជាសេចក្តីត្រេកអរប្រាកដ ដល់តថាគត។

និទ្ទាតន្ទិសូត្រ ទី៦

(៦. និទ្ទាតន្ទីសុត្តំ)

[៣៤] ទេវតាទូលថា

ការល្មោភលក់ សេចក្តីខ្ជិលច្រអូស ការមឹតពត់កាយ សេចក្តីមិនរីករាយ សេចក្តីស្រវឹងអាហារ ព្រោះទោសទាំងនេះ បានជាអរិយមគ្គ មិនជាក់ច្បាស់ ដល់ពួកសត្វក្នុងលោកនេះឡើយ។

[៣៥] ព្រះអង្គត្រាស់ថា

លុះតែលះបង់ការល្មោភលក់ សេចក្តីខ្ជិលច្រអូស ការមឹតពត់កាយ សេចក្តីមិនរីករាយ និងសេចក្តីស្រវឹងក្នុងអាហារនោះ ដោយសេចក្តីព្យាយាមបានហើយ ទើបអរិយមគ្គ ស្អាតបាន។

ទុក្ករសូត្រ ទី៧

(៧. ទុក្ករសុត្តំ)

[៣៦] ទេវតាទូលថា

សមណធម៌ ជាធម៌ដែលបុគ្គលពាលធ្វើបានដោយក្រផង អត់ទ្រាំបានដោយក្រផង ព្រោះថាបុគ្គលពាល រមែងលិចចុះ ក្នុងសមណធម៌ណា សេចក្តីចង្អៀតចង្អល់ជាច្រើន (រមែងមាន) ក្នុងសមណធម៌នោះ។

[៣៧] ព្រះអង្គត្រាស់ថា

បើបុគ្គលឃាត់ចិត្តមិនបានទេ តើគួរប្រព្រឹត្តសមណធម៌បានប៉ុន្មានថ្ងៃ ព្រោះថា បុគ្គល អ្នកលុះក្នុងអំណាចសង្កប្បៈទាំងឡាយ រមែងលិចចុះគ្រប់ៗអារម្មណ៍ ភិក្ខុ កាលរីករាយក្នុងសេចក្តីត្រិះរិះ ដែលកើតឡើងក្នុងចិត្ត ដូចអណ្តើក កាលរីករាយនឹងអវយវៈទាំងឡាយ ក្នុងស្នូករបស់ខ្លួន ជាបុគ្គលមិនបានអាស្រ័យ មិនបៀតបៀនអ្នកដទៃ ដោយតណ្ហា និងទិដ្ឋិ ជាអ្នករំលត់កិលេស មិនបានពោលតិះដៀលបុគ្គលណាមួយឡើយ។

ហិរិសូត្រ ទី៨

(៨. ហិរីសុត្តំ)

[៣៨] ទេវតាទូលថា

បុរសដែលបន្ទោបង់អំពើអាក្រក់ ដោយសេចក្តីអៀនខ្មាសបាន សឹងមានតិចក្នុងលោក អ្នកដែលបន្ទោបង់ការល្មោភលក់ ហើយភ្ញាក់រឭកបាន ដូចជាសេះល្អ (ដែលតក់ស្លុត) ដោយរំពាត់ ក៏មានតិចក្នុងលោកដែរ។

[៣៩] ព្រះអង្គត្រាស់ថា

ពួកជនដែលមានស្មារតីរាល់វេលា ប្រព្រឹត្តទៅ ដើម្បីការពារអំពើអាក្រក់ ដោយសេចក្តីអៀនខ្មាស សឹងមានស្តួចស្តើង លុះតែពួកជន ដែលដល់នូវទីបំផុតទុក្ខ ទើបប្រព្រឹត្តធម៌ស្មើក្នុងលោកសន្និវាសដែលមិនស្មើបាន។

កុដិកាសូត្រ ទី៩

(៩. កុដិកាសុត្តំ)

[៤០] ទេវតាទូលសួរថា

ខ្ទមរបស់ព្រះអង្គ មិនមានទេឬ សំបុករបស់ព្រះអង្គ មិនមានទេឬ តំណវង្សរបស់ព្រះអង្គ មិនមានទេឬ ព្រះអង្គរួចចាកចំណងហើយឬ។

[៤១] ព្រះអង្គត្រាស់ថា

អើខ្ទមរបស់តថាគត គ្មានសោះទេ អើសំបុកក៏គ្មានសោះទេ អើតំណវង្សក៏គ្មានសោះដែរ អើតថាគតរួចចាកចំណងជាប្រាកដហើយ។

[៤២] ទេវតាទូលសួរថា

ចុះខ្ញុំពោលសំដៅអ្វីថាជាខ្ទម របស់ព្រះអង្គ ខ្ញុំពោលសំដៅអ្វីថាជាសំបុក របស់ព្រះអង្គ ខ្ញុំពោលសំដៅអ្វី ថាជាតំណវង្សរបស់ព្រះអង្គ ខ្ញុំពោលសំដៅអ្វី ថាជាចំណង របស់ព្រះអង្គ។

[៤៣] ព្រះអង្គត្រាស់តបថា

អ្នកពោលសំដៅមាតា ទុកជាខ្ទម អ្នកពោលសំដៅភរិយា ទុកជាសំបុក អ្នកពោលសំដៅពួកបុត្រ ទុកជាតំណវង្ស អ្នកពោលសំដៅតណ្ហា ទុកជាចំណង របស់តថាគត។

[៤៤] ទេវតាទូលថា

ព្រះអង្គគ្មានខ្ទមមែនហើយ គ្មានសំបុកមែនហើយ គ្មានតំណវង្សមែនហើយ ព្រះអង្គរួចចាកចំណងពិតមែនហើយ។

សមិទ្ធិសូត្រ ទី១០

(១០. សមិទ្ធិសុត្តំ)

[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ចូលទៅឯស្ទឹងតបោទា ដើម្បីស្រោចស្រប់ខ្លួន លុះស្រោចស្រប់ខ្លួន ក្នុងអន្លង់ដែលមានទឹកក្តៅរួចហើយ ឡើងមក មានតែចីវរ១ ឈរសំដិលខ្លួន។

[៤៦] លុះរាត្រីបឋមយាមកន្លងហើយ កាលនោះ ទេវតា១អង្គ មានរស្មីដ៏រុងរឿង ញុំាងស្ទឹងតបោទាទាំងមូល ឲ្យរុងរឿង ហើយចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ឋិតនៅនាអាកាស ពោលគាថា នឹងព្រះសមិទ្ធិមានអាយុថា

នែភិក្ខុ លោកមិននៅបរិភោគ (កាមគុណ) មកដើរបិណ្ឌបាត ម្តេចក៏លោកមិនបរិភោគ ហើយសឹមត្រាច់បិណ្ឌបាត នែភិក្ខុ ចូរលោកបរិភោគកាម ហើយសឹមត្រាច់បិណ្ឌបាតចុះ កុំឲ្យកាល (នៅក្មេង) កន្លងហួសលោកឡើយ។

[៤៧] អាត្មាមិនដឹងកាល (ដែលត្រូវស្លាប់) ទេ ព្រោះកាល(ត្រូវស្លាប់) កំបាំងជិតមិនប្រាកដសោះ ហេតុនោះ បានជាអាត្មា មិននៅបរិភោគកាម មកត្រាច់បិណ្ឌបាត កុំឲ្យកាល (ធ្វើសមណធម៌) កន្លងហួសអាត្មាឡើយ។

[៤៨] គ្រានោះឯង ទេវតាអង្គនោះ ត្រឡប់មកឈរលើប្រឹថពីវិញ ហើយនិយាយនឹងព្រះសមិទ្ធិមានអាយុ យ៉ាងនេះថា នែភិក្ខុ លោកនៅកម្លោះ មកបួសទាំងនៅក្មេង កំពុងមានសក់ខ្មៅស្រិល ទើបតែពេញវ័យ កំពុងចម្រើន គឺបឋមវ័យ មិនទាន់បានលេងក្នុងកាមទាំងឡាយឡើយ នែភិក្ខុ ចូរលោកបរិភោគកាម ជារបស់មនុស្សវិញ លោកកុំលះបង់នូវសន្ទិដ្ឋិកកាម4) ហើយស្ទុះទៅរកកាលិកកាម5) ឡើយ។

[៤៩] ម្នាលអាវុសោ អាត្មាលះបង់សន្ទិដ្ឋិកកាមហើយ មិនមែនស្ទុះទៅរកកាលិកកាមទេ ម្នាលអាវុសោ តែអាត្មាលះបង់កាលិកកាម6) ហើយប្រាថ្នាយកសន្ទិដ្ឋិកលោកុត្តរធម៌វិញ ម្នាលអាវុសោ ព្រោះថា កាលិកកាម7) ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌។

[៥០] នែភិក្ខុ ចុះកាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក តើដូចម្តេច ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌ តើដូចម្តេច។

[៥១] ម្នាលអាវុសោ អាត្មាជាភិក្ខុថ្មី បួសមិនទាន់បានយូរប៉ុន្មាន ទើបតែមកកាន់ធម្មវិន័យនេះថ្មីៗ អាត្មាមិនអាចនឹងប្រាប់អ្នក ដោយពិស្តារបានទេ ព្រះមានព្រះភាគ អង្គនោះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ ចូរអ្នកចូលទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយទូលសួរសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់អ្នកយ៉ាងណា ត្រូវអ្នកចាំសេចក្តីនោះ យ៉ាងនោះចុះ។ ទេវតានោះតបថា នែភិក្ខុ ព្រះមានព្រះភាគ អង្គនោះ យើងមិនងាយនឹងចូលទៅគាល់បានទេ ដ្បិតមានពួកទេវតាដទៃ ដែលមានស័ក្តិធំ ចោមរោមជុំវិញព្រះអង្គ នែភិក្ខុ ប្រសិនបើលោកចូលទៅគាល់ព្រះមានព្រះភាគអង្គនោះ ហើយសួរសេចក្តីនុ៎ះផង ឯខ្ញុំព្រះករុណា ក៏មកដើម្បីស្តាប់ធម៌ដែរ។ ព្រះសមិទ្ធិមានអាយុ ក៏ទទួលពាក្យរបស់ទេវតានោះថា ចម្រើនពរ អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។

[៥២] លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គបានក្រោកឡើង ក្នុងបច្ចូសសម័យនៃរាត្រី ហើយក៏ចូលទៅកាន់ស្ទឹងតបោទា ដើម្បីស្រោចស្រប់ខ្លួន លុះស្រោចស្រប់ខ្លួន ក្នុងស្ទឹងតបោទារួចហើយ ឡើងមកវិញ មានតែចីវរមួយ ឈរសំដិលខ្លួន បពិត្រព្រះអង្គដ៏ចំរើន នាកាលរាត្រីបឋមយាម កន្លងហើយ ស្រាប់តែទេវតាមួយអង្គ មានរស្មីរុងរឿង ញុំាងស្ទឹងតបោទាទាំងមូល ឲ្យភ្លឺស្វាងរុងរឿង ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏ឋិតនៅនាអាកាស ពោលគាថានេះថា

នែភិក្ខុ លោកមិននៅបរិភោគ (កាមគុណ) មកដើរបិណ្ឌបាត ម្តេចក៏លោកមិនបរិភោគ ហើយសឹមត្រាច់បិណ្ឌបាត នែភិក្ខុ ចូរលោកបរិភោគ ហើយសឹមត្រាច់បិណ្ឌបាតចុះ កុំឲ្យកាល (នៅក្មេង) កន្លងហួសលោកឡើយ។

បពិត្រព្រះអង្គដ៏ចំរើន កាលទេវតានោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយតបនឹងទេវតានោះ ដោយគាថា ដូច្នេះថា

អាត្មាមិនដឹងកាល (ដែលត្រូវស្លាប់) ទេ ព្រោះកាល (ត្រូវស្លាប់) កំបាំងជិតមិនប្រាកដសោះ ហេតុនោះ បានជាអាត្មា មិននៅបរិភោគ មកត្រាច់បិណ្ឌបាត កុំឲ្យកាល (ធ្វើសមណធម៌) កន្លងហួសអាត្មាឡើយ។

បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ទេវតានោះ ត្រឡប់មកឈរលើប្រឹថពីវិញ ហើយនិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ លោកនៅកម្លោះ មកបួសទាំងនៅក្មេង កំពុងមានសក់ខ្មៅស្រិល ទើបតែពេញវ័យ កំពុងចម្រើន គឺបឋមវ័យ មិនទាន់បានលេងក្នុងកាមទាំងឡាយឡើយ នែភិក្ខុ ចូរលោកបរិភោគកាម ជារបស់មនុស្សវិញ លោកកុំលះបង់ នូវសន្ទិដ្ឋិកកាម ហើយស្ទុះទៅរកកាលិកកាមឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើទេវតានោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏បាននិយាយនឹងទេវតានោះ យ៉ាងនេះថា ម្នាលអាវុសោ អាត្មាលះបង់សន្ទិដ្ឋិកកាមហើយ មិនមែនស្ទុះទៅរកកាលិកកាមវិញទេ ម្នាលអាវុសោ តែអាត្មាលះបង់កាលិកកាម ប្រាថ្នាយកសន្ទិដ្ឋិកលោកុត្តរធម៌វិញ ម្នាលអាវុសោ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ ទេវតានោះ ក៏និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ ចុះកាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ ខ្លាំងពន់ពេក តើដូចម្តេច ធម៌នេះ ជាសន្ទិដ្ឋិកៈ ជាអកាលិកៈ ជាឯហិបស្សិកៈ ជាឱបនយិកៈ ជាបច្ចត្តវេទិតព្វធម៌ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបើទេវតានិយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏បានពោលនឹងទេវតានោះ យ៉ាងនេះថា ម្នាលអាវុសោ អាត្មាជាភិក្ខុថ្មី បួសមិនទាន់បានយូរប៉ុន្មាន ទើបតែមកកាន់ធម្មវិន័យនេះថ្មីៗ អាត្មា មិនអាចនឹងសំដែងប្រាប់អ្នក ដោយពិស្តារបានទេ ព្រះមានព្រះភាគ អង្គនោះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ទ្រង់គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយសួរសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគ ទ្រង់ដោះស្រាយដល់អ្នកយ៉ាងណា អ្នកត្រូវចាំសេចក្តីនោះ យ៉ាងនោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ ទេវតានោះ និយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា នែភិក្ខុ ព្រះមានព្រះភាគអង្គនោះ ខ្ញុំមិនងាយនឹងចូលទៅគាល់បានទេ ដ្បិតពួកទេវតាដទៃ ដែលមានស័ក្តិធំ ចោមរោមជុំវិញព្រះអង្គ នែភិក្ខុ ប្រសិនបើលោកចូលទៅគាល់ព្រះមានព្រះភាគ អង្គនោះ ហើយសួរសេចក្តីនុ៎ះផង ឯខ្ញុំព្រះករុណា ក៏មកស្តាប់ធម៌ដែរ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពាក្យរបស់ទេវតានេះ ជាពាក្យពិត ទេវតានោះ ឋិតនៅក្នុងទីនេះ មិនឆ្ងាយប៉ុន្មានទេ។ កាលព្រះសមិទ្ធិមានអាយុ និយាយយ៉ាងនេះហើយ ទេវតានោះ ក៏និយាយនឹងព្រះសមិទ្ធិមានអាយុថា នែភិក្ខុ ចូរលោកសួរចុះ នែភិក្ខុ ចូរលោកសួរចុះ ខ្ញុំមកដល់ហើយ។

[៥៣] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងទេវតានោះ ដោយគាថា ដូច្នេះថា

ពួកសត្វដែលមានសេចក្តីសំគាល់ក្នុងបញ្ចក្ខន្ធ ប្រកាន់ស្អិតក្នុងបញ្ចក្ខន្ធ មិនកំណត់យល់ច្បាស់ នូវបញ្ចក្ខន្ធ រមែងលុះក្នុងអំណាច នៃសេចក្តីស្លាប់ បុគ្គលដែលកំណត់យល់ច្បាស់ នូវបញ្ចក្ខន្ធហើយ រមែងមិនត្រូវការបុគ្គលអ្នកប្រាប់ទេ ព្រោះការនោះ មិនមានដល់បុគ្គលនោះឡើយ ហេតុនោះ ជនណាមួយ គប្បីដៀលបុគ្គលនោះ ដោយហេតុណា ហេតុនោះ មិនមានដល់បុគ្គលនោះទេ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកត្រូវនិយាយមកចុះ។

ទេវតានោះតបថា

បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គមិនបានដឹងសេចក្តី ដោយពិស្តារទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ដោយសេចក្តីសង្ខេបនេះ ឲ្យខ្ញុំព្រះអង្គបានយល់សេចក្តីដោយពិស្តារ។

[៥៤] ព្រះមានព្រះភាគត្រាស់ថា

បុគ្គលណា សំគាល់ខ្លួនថាស្មើនឹងគេ ថាវិសេសជាងគេ ឬថាថោកទាបជាងគេ បុគ្គលនោះ រមែងទាស់ទែង ដោយសេចក្តីសំគាល់នោះ បុគ្គលណា មិនបានញាប់ញ័រ ក្នុងសេចក្តីប្រកាន់ ទាំង៣ប្រការទេ សេចក្តីប្រកាន់ថាសើ្មនឹងគេ ថាវិសេសជាងគេ រមែងមិនមានដល់បុគ្គលនោះឡើយ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកចូរនិយាយមកចុះ។

ទេវតាតបថា

បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ ដោយសេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គមិនយល់សេចក្តី ដោយពិស្តារទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ ដោយសេចក្តីសង្ខេបនេះ ឲ្យខ្ញុំព្រះអង្គយល់ ដោយពិស្តារ។

[៥៥] ព្រះមានព្រះភាគត្រាស់ថា

បុគ្គលបានលះបង់នូវកង្វល់ហើយ រមែងមិនមករកវិមាន (ផ្ទៃនៃមាតាទៀត) ទេ បុគ្គលបានផ្តាច់បង់ចំណង់ក្នុងនាមរូបនេះហើយ ពួកទេវតា និងមនុស្សទាំងឡាយ រកមើលនូវបុគ្គលដែលផ្តាច់ធម៌ ជាគ្រឿងចាក់ស្រែះ ដែលមិនមានទុក្ខ មិនមានសេចក្តីអាឡោះអាឡ័យនោះ ក្នុងលោកនេះ ឬក្នុងលោកខាងមុខ ក្នុងឋានសួគ៌ ឬក្នុងលំនៅរបស់សត្វ8) គ្រប់កន្លែងមិនឃើញទេ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកចូរនិយាយមកចុះ។

[៥៦] បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគទ្រង់ត្រាស់ដោយសេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គបានយល់សេចក្តីដោយពិស្តារយ៉ាងនេះថា

បុគ្គលមិនត្រូវធ្វើកង្វល់ដ៏លាមក ដោយវាចា ដោយចិត្ត ឬដោយកាយ ក្នុងលោកទាំងអស់ បុគ្គលមានសតិ និងសម្បជញ្ញៈ បានលះបង់កាមទាំងឡាយហើយ មិនគួរសេពគប់នូវសេចក្តីទុក្ខ ដែលមិនប្រកបដោយប្រយោជន៍ទេ។

ចប់ នន្ទនវគ្គ ទី២។

ឧទ្ទាននៃនន្ទនវគ្គ នោះគឺ

នន្ទនសូត្រ១ នន្ទិសូត្រ១ នត្ថិបុត្តសមសូត្រ១ ខត្តិយសូត្រ១ សកមានសូត្រ១ និទ្ទាតន្ទិសូត្រ១ ទុក្ករសូត្រ១ ហិរិសូត្រ១ មានកុដិកាសូត្រ ជាគម្រប់៩ និងសមិទ្ធិសូត្រ ជាគម្រប់១០ ដែលបានពោលមកហើយ។

សត្តិវគ្គ ទី៣

(៣. សត្តិវគ្គោ)

សត្តិសូត្រ ទី១

(១. សត្តិសុត្តំ)

[៥៧] ទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ភិក្ខុអ្នកមានស្មារតី គប្បីប្រញាប់9) វៀរ ដើម្បីលះបង់នូវកាមរាគ ដូចជាបុរស ដែលគេប្រហារដោយលំពែង ឬដូចជាបុគ្គលដែលភ្លើងឆេះលើក្បាល។

[៥៨] ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុអ្នកមានស្មារតី គប្បីប្រញាប់វៀរ ដើម្បីលះបង់នូវសក្កាយទិដ្ឋិ ដូចជាបុរសដែលត្រូវគេប្រហារដោយលំពែង ឬដូចជាបុគ្គលដែលភ្លើងឆេះលើក្បាល។

ផុសតិសូត្រ ទី២

(២. ផុសតិសុត្តំ)

[៥៩] វិបាក រមែងមិនប៉ះពាល់បុគ្គល ដែលមិនបានប៉ះពាល់កម្ម វិបាកប៉ះពាល់តែបុគ្គលដែលប៉ះពាល់កម្មប៉ុណ្ណោះ ហេតុនោះ បានជាវិបាក រមែងប៉ះពាល់បុគ្គលដែលប៉ះពាល់កម្ម ជាអ្នកប្រទូស្តដល់បុគ្គលដែលមិនប្រទូស្ត។

[៦០] បុគ្គលណាប្រទូស្ត ចំពោះជនដែលមិនប្រទូស្ត ជាសត្វបរិសុទ្ធស្អាត ឥតមានទីទួល គឺកិលេស អំពើអាក្រក់រមែងត្រឡប់ឲ្យផល ដល់បុគ្គលពាលនោះវិញ ដូចជាបុគ្គលបាចធូលីល្អិតច្រាសខ្យល់។

ជដាសូត្រ ទី៣

(៣. ជដាសុត្តំ)

[៦១] តណ្ហាជាគ្រឿងចាក់ស្រែះខាងក្នុងក៏មាន តណ្ហាជាគ្រឿងចាក់ស្រែះខាងក្រៅក៏មាន ពពួកសត្វត្រូវតណ្ហា ជាគ្រឿងចាក់ស្រែះរួបរឹតហើយ បពិត្រព្រះគោតម ព្រោះហេតុនោះ ខ្ញុំព្រះអង្គសូមសួរព្រះអង្គថា អ្នកណាអាចកាប់ឆ្កានូវគ្រឿងចាក់ស្រែះ គឺតណ្ហានេះបាន។

[៦២] នរជនមានប្រាជ្ញា បានតាំងមាំ ក្នុងសីលហើយ ចម្រើននូវសមាធិចិត្ត និងវិបស្សនាបញ្ញា ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ប្រកបដោយបារិហារិយប្បញ្ញា ជាអ្នកឃើញភ័យក្នុងសង្សារ បុគ្គលនោះ ទើបកាប់ឆ្កានូវតណ្ហា ជាគ្រឿងចាក់ស្រែះនេះបាន ពួកបុគ្គលណា កំចាត់បង់រាគៈ ទោសៈ និងអវិជ្ជាបាន ជាអ្នកអស់អាសវៈ ឆ្ងាយចាកកិលេស ពួកបុគ្គលនោះ ឈ្មោះថា កាប់ឆ្កានូវតណ្ហា ជាគ្រឿងចាក់ស្រែះហើយ នាមនិងរូប ទាំងបដិឃសញ្ញា និងរូបសញ្ញា រលត់ទៅ ឥតមានសេសសល់ក្នុងទីណា តណ្ហាជាគ្រឿងចាក់ស្រែះនោះ រមែងរលត់ទៅក្នុងទីនុ៎ះ។

មនោនិវារណសូត្រ ទី៤

(៤. មនោនិវារណសុត្តំ)

[៦៣] បុគ្គលគួរឃាត់ហាមចិត្ត ចាកអំពើអាក្រក់ ឬល្អណាៗ ទុក្ខរមែងមិនមកដល់បុគ្គលនោះ ព្រោះអំពើនោះៗ បុគ្គលនោះ គួរហាមឃាត់ចិត្តសព្វអន្លើ បុគ្គលនោះ រមែងរួចចាកទុក្ខសព្វគ្រប់។

[៦៤] បុគ្គលមិនគួរហាមឃាត់ចិត្តសព្វអន្លើ និងចិត្តដែលដល់នូវសេចក្តីសង្រួមទេ លុះតែចិត្តអាក្រក់កើតឡើង ក្នុងកាលណាៗ ទើបត្រូវបុគ្គលហាមឃាត់ចិត្តក្នុងកាលនោះ។

អរហន្តសូត្រ ទី៥

(៥. អរហន្តសុត្តំ)

[៦៥] ភិក្ខុណាជាព្រះអរហន្ត មានកិច្ចធ្វើស្រេចហើយ អស់អាសវៈហើយ ទ្រទ្រង់រាងកាយ តែក្នុងជាតិជាទីបំផុត ភិក្ខុនោះ នៅតែនិយាយថា អាត្មានិយាយដូច្នេះក៏មាន ភិក្ខុនោះ នៅតែនិយាយថា ជនទាំងឡាយនិយាយ នឹងអាត្មាថាដូច្នេះ ក៏មាន។

[៦៦] ភិក្ខុណាជាអរហន្ត មានកិច្ចធ្វើស្រេចហើយ អស់អាសវៈហើយ ទ្រទ្រង់រាងកាយតែក្នុងជាតិ ជាទីបំផុត ភិក្ខុនោះ នៅតែនិយាយថា អាត្មានិយាយដូច្នេះក្តី ភិក្ខុនោះ នៅតែនិយាយថា ជនទាំងឡាយ និយាយនឹងអាត្មាដូច្នេះក្តី ភិក្ខុនោះ គ្រាន់តែឈ្មោះថា ជាអ្នកឈ្លាស បានយល់ច្បាស់នូវវោហារក្នុងលោក ហើយនិយាយតាមតែវោហារប៉ុណ្ណោះ។

[៦៧] ភិក្ខុណាជាព្រះអរហន្ត មានកិច្ចធ្វើស្រេចហើយ ជាព្រះខីណាស្រព ទ្រទ្រង់រាងកាយតែក្នុងជាតិ ជាទីបំផុត ភិក្ខុនោះ អាស្រ័យនូវមានះដែរឬ បានជាភិក្ខុនោះ នៅនិយាយថា អាត្មានិយាយដូច្នេះក៏មាន ភិក្ខុនោះ នៅនិយាយថា ជនទាំងឡាយ និយាយនឹងអាត្មាដូច្នេះក៏មាន។

[៦៨] ភិក្ខុដែលបានលះមានះចោលហើយ មិនមានធម៌ ជាគ្រឿងចាក់ស្រែះទេ ដ្បិតមានះ និងធម៌ជាគ្រឿងចាក់ស្រែះ ភិក្ខុនោះកំចាត់ចោលទាំងអស់ហើយ ភិក្ខុនោះ មានប្រាជ្ញាល្អ ផុតសេចក្តីសំគាល់ហើយ ទោះភិក្ខុនោះ នៅតែនិយាយថា អាត្មានិយាយដូច្នេះក្តី ភិក្ខុនោះ នៅតែនិយាយថា ពួកជននិយាយនឹងអាត្មាដូច្នេះក្តី ភិក្ខុនោះ គ្រាន់តែឈ្មោះថា ជាអ្នកឈ្លាស បានយល់ច្បាស់នូវវោហារក្នុងលោក ហើយនិយាយតាមតែវោហារប៉ុណ្ណោះ។

បជ្ជោតសូត្រ ទី៦

(៦. បជ្ជោតសុត្តំ)

[៦៩] លោកតែងភ្លឺច្បាស់ ដោយពន្លឺទាំងឡាយណា ពន្លឺទាំងឡាយនោះ មានប៉ុន្មានយ៉ាងក្នុងលោក យើងខ្ញុំមកទូលសួរព្រះមានព្រះភាគ តើដូចម្តេចហ្ន៎ យើងខ្ញុំនឹងដឹងនូវពន្លឺនោះបាន។

[៧០] ព្រះមានព្រះភាគត្រាស់ថា ពន្លឹក្នុងលោកនេះ មាន៤យ៉ាង មិនមានដល់៥ទេ ព្រះអាទិត្យរមែងភ្លឺបាន ក្នុងវេលាថ្ងៃ ព្រះចន្ទ្រភ្លឺបាន ក្នុងវេលាយប់ ភ្លើងភ្លឺបានទាំងថ្ងៃទាំងយប់គ្រប់វេលា ព្រះសម្ពុទ្ធ ប្រសើរជាងពួកដែលមានពន្លឺរុងរឿងនេះ ជាពន្លឺប្រសើរបំផុត។

សរសូត្រ ទី៧

(៧. សរសុត្តំ)

[៧១] ទេវតាទូលសួរថា ស្រះគឺសង្សារ ប្រព្រឹត្តទៅមិនបានក្នុងទីណា វដ្តៈវិលទៅមិនបាន ក្នុងទីណា នាម និងរូប រលត់ឥតមានសេសសល់ក្នុងទីណា។

[៧២] ព្រះមានព្រះភាគត្រាស់ថា ទឹក ដី ភ្លើង ខ្យល់ មិនតាំងនៅក្នុងទីណា ស្រះ គឺសង្សាប្រព្រឹត្តទៅមិនបានក្នុងទីនុ៎ះ វដ្តៈវិលទៅមិនបានក្នុងទីនុ៎ះដែរ នាម និងរូប ក៏រលត់ឥតមានសេសសល់ក្នុងទីនុ៎ះដែរ។

មហទ្ធនសូត្រ ទី៨

(៨. មហទ្ធនសុត្តំ)

[៧៣] ទេវតាទូលសួរថា ពួកក្សត្រិយ៍ ទុកជាមានទ្រព្យច្រើន មានភោគច្រើន មានទាំងដែន ក៏នៅតែមិនចេះឆ្អែត ក្នុងកាមទាំងឡាយទេ តែងប្រាថ្នារបស់ដទៃៗទៀត កាលបើពួកក្សត្រិយ៍ទាំងនោះ កើតសេចក្តីខ្វល់ខ្វាយ រសាត់ទៅតាមខ្សែនៃការមានបាន ចុះជនពួកណា ទើបអស់សេចក្តីខ្វល់ខ្វាយ បន្សាត់នូវសេចក្តីត្រេកអរ និងសេចក្តីប្រាថ្នាចោល ក្នុងលោកបាន។

[៧៤] ព្រះមានព្រះភាគ ត្រាស់ថា ជនពួកណា លះបង់ផ្ទះ លះបង់បុត្រ លះបង់សត្វចិញ្ចឹម ជាទីស្រឡាញ់ ហើយបួស បានកំចាត់បង់នូវរាគៈផង ទោសៈផង អវិជ្ជាផង អស់អាវៈ ជាអរហន្ត ជនពួកនោះ ទើបឈ្មោះថា អស់សេចក្តីខ្វល់ខ្វាយក្នុងលោក។

ចតុច្ចក្កសូត្រ ទី៩

(៩. ចតុចក្កសុត្តំ)

[៧៥] ទេវតាទូលសួរថា បពិត្រព្រះអង្គ អ្នកមានព្យាយាមធំ សរីរៈ មានចក្ក៤ មានទ្វារ៩ ពេញដោយសេចក្តីលោភ ប្រកបដោយ (តណ្ហា) កើតក្នុងភក់ល្បាប់ តើនឹងយាត្រាដូចម្តេចបាន។

[៧៦] ព្រះមានព្រះភាគត្រាស់ថា បុគ្គលត្រូវកាត់នូវកូនកំព្រាផង ព្រ័ត្រផង សេចក្តីប្រាថ្នា និងលោភៈដ៏លាមកផង ហើយដកតណ្ហា ឲ្យរលើងទាំងឫស ត្រូវយាត្រាតាមលំអាននេះឯង។

ឯណិជង្ឃសូត្រ ទី១០

(១០. ឯណិជង្ឃសុត្តំ)

[៧៧] ទេវតាទូលសួរថា ខ្ញុំព្រះអង្គទាំងឡាយ បានចូលទៅសួរបុគ្គល ដែលមានស្មងដូចជាទ្រាយ មានរូបរាងស្គម មានព្យាយាម មានអាហារតិច មិនលោភលន់ ហើយមិនអាឡោះអាឡ័យក្នុងកាមទាំងឡាយ ត្រាច់ទៅតែម្នាក់ឯង ដូចជាសត្វសីហៈ ឬដំរី ដ៏ប្រសើរ សួរថា បុគ្គលរួចចាកទុក្ខ តើដោយប្រការដូចម្តេច។

[៧៨] កាមគុណទាំង៥ មានចិត្តជាគម្រប់៦ អ្នកប្រាជ្ញបានប្រកាសហើយ ក្នុងលោក បុគ្គលកំចាត់សេចក្តីប្រាថ្នា ក្នុងកាមរូបនោះបានហើយ យ៉ាងនេះ ទើបរួចចាកទុក្ខ។

ចប់ សត្តិវគ្គ ទី៣។

ឧទ្ទានក្នុងសត្តិវគ្គនោះគឺ

សត្តិសូត្រ១ ផុសតិសូត្រ១ ជដាសូត្រ១ មនោនិវារណសូត្រ១ អរហន្តសូត្រ១ បជ្ជោតសូត្រ១ សរសូត្រ១ មហទ្ធនសូត្រ១ ជាគម្រប់៩ នឹងចតុច្ចក្កសូត្រ១ ជាគម្រប់១០ នឹងឯណិជង្ឃសូត្រ១។

សតុល្លប្បកាយិកវគ្គ ទី៤

(៤. សតុល្លបកាយិកវគ្គោ)

សព្ភិសូត្រ ទី១

(១. សព្ភិសុត្តំ)

[៧៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាម កន្លងហើយ មានពួកសតុល្លប្បកាយិកាទេវតា10) ជាច្រើន មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺរុងរឿង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។

[៨០] លុះទេវតាមួយអង្គ ឈរក្នុងទីដ៏សមគួរហើយ ទើបពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស ព្រោះដឹងច្បាស់នូវព្រះសទ្ធម្ម របស់ពួកសប្បុរស រមែងបានជាបុគ្គលប្រសើរ មិនអាក្រក់ឡើយ។

[៨១] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល នឹងពួកសប្បុរស បុគ្គលបានប្រាជ្ញា ព្រោះដឹងច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស មិនមែនបានអំពីទីដទៃឡើយ។

[៨២] លំដាប់នោះឯង ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បុគ្គលគួរតែអង្គុយរួម ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានដឹងនូវព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងមិនសោកសៅ ក្នុងកណ្តាលពួកជនអ្នកសោកសៅឡើយ។

[៨៣] លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បុគ្គលគួរតែអង្គុយរួម ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានដឹងច្បាស់ នូវព្រះសទ្ធម្ម របស់ពួកសប្បុរស រមែងរុងរឿងក្នុងកណ្តាលនៃញាតិ។

[៨៤] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បុគ្គលគួរតែអង្គុយរួម ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស សត្វទាំងឡាយបានដឹងច្បាស់ នូវព្រះសទ្ធម្មរបស់ពួកសប្បុរសហើយ រមែងទៅកាន់សុគតិបាន។

[៨៥] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល នឹងពួកសប្បុរស សត្វទាំងឡាយដឹងច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស រមែងឋិតនៅជាសុខអស់កាលយូរ។

លំដាប់នោះឯង ទេវតាមួយអង្គទៀត បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភាសិតអ្នកណាហ្ន៎ ជាសុភាសិត។

[៨៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ភាសិតរបស់អ្នកទាំងអស់ ជាសុភាសិត ដោយបរិយាយដែរហើយ តែអ្នកទាំងឡាយ ចូរស្តាប់ពាក្យរបស់តថាគតវិញថា

បុគ្គលគួរតែអង្គុយរួមជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាលនឹងពួកសប្បុរស បុគ្គលដឹងច្បាស់នូវព្រះសទ្ធម្មរបស់ពួកសប្បុរស រមែងរួចចាកទុក្ខទាំងអស់បាន។

មច្ឆរិសូត្រ ទី២

(២. មច្ឆរិសុត្តំ)

[៨៧] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាម កន្លងហើយ មានពួកសតុល្លប្បកាយិកាទេវតាជាច្រើន មានរស្មីរុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។

[៨៨] លុះទេវតាមួយអង្គ ឈរក្នុងទីដ៏សមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ព្រោះសេចក្តីកំណាញ់ និងសេចក្តីប្រមាទ បានជានរជនឲ្យទានមិនកើត យ៉ាងនេះ ទាន កាលបើបុគ្គលដឹងច្បាស់ ជាអ្នកប្រាថ្នានូវបុណ្យគួរតែឲ្យ។

[៨៩] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

មនុស្សកំណាញ់ ភ័យចំពោះហេតុណា ហើយមិនឲ្យទាន ហេតុនោះឯង ជាភ័យរបស់អ្នកមិនឲ្យ បុគ្គលកំណាញ់ ខ្លាចចំពោះហេតុណា ព្រោះសេចក្តីឃ្លាន និងស្រេក ហេតុនោះឯង តែងពាល់ត្រូវបុគ្គលពាល ក្នុងលោកនេះ និងលោកខាងមុខ ព្រោះហេតុនោះ សាធុជន គួរតែកំចាត់បង់នូវសេចក្តីកំណាញ់ ជាអ្នកគ្របសង្កត់នូវមន្ទិល ហើយត្រូវឲ្យទាន (ព្រោះថា) បុណ្យទាំងឡាយ ជាទីពឹងរបស់ពួកសត្វក្នុងលោកខាងមុខ។

[៩០] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ពួកជនណា កាលទ្រព្យមានតិច ក៏នៅតែឲ្យទានបាន ដូចជាអ្នកដើរផ្លូវឆ្ងាយ (ចែកស្បៀងដែលមានតិចតួច ដល់គ្នាបាន) កាលបើគេស្លាប់រាល់គ្នា ជននោះឈ្មោះថាមិនស្លាប់ ធម៌នេះ ជាធម៌របស់បុរាណាចារ្យ ជនពួកខ្លះ កាលទ្រព្យមានតិច ក៏នៅតែឲ្យទានបាន ជនពួកខ្លះ សូម្បីសម្បូណ៌ទ្រព្យច្រើន ក៏ឲ្យទានមិនកើត ទក្ខិណាទាន ដែលគេបែងអំពីទ្រព្យតិច ហើយឲ្យ រមែងមានផលស្មើគ្នានឹងទានរាប់ពាន់។

[៩១] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

កាលបើពួកសប្បុរស កំពុងឲ្យរបស់ដែលឲ្យបានដោយកម្រ កំពុងធ្វើអំពើដែលធ្វើបានដោយកម្រ ពួកអសប្បុរស ធ្វើតាមមិនបាន (ព្រោះ) ធម៌របស់ពួកសប្បុរស គឺពួកអសប្បុរសប្រព្រឹត្តតាមបានដោយកម្រ ព្រោះហេតុនោះ គតិរបស់ពួកសប្បុរស និងអសប្បុរស រមែងផ្សេងគ្នា អំពីលោកនេះទៅ គឺពួកអសប្បុរស ទៅកាន់នរក ពួកសប្បុរស ទៅកាន់ឋានសួគ៌។

លំដាប់នោះឯង ទេវតាមួយអង្គទៀត បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភាសិតរបស់អ្នកណាហ្ន៎ ជាសុភាសិត។

[៩២] ភាសិតរបស់អ្នកគ្រប់គ្នា ជាសុភាសិត ដោយបរិយាយដែរហើយ តែអ្នកទាំងឡាយ ចូរស្តាប់ពាក្យរបស់តថាគតវិញថា

ជនណា ចិញ្ចឹមភរិយាផង កាលបើទ្រព្យមានតិច នៅតែឲ្យទានបានផង ប្រព្រឹត្តធម៌បានផង ប្រព្រឹត្តនូវសេចក្តីខ្វល់ខ្វាយ (ក្នុងការងារ) ផង ពួកជនដែលមានការបូជារាប់ពាន់ ដល់បុគ្គលមួយសែននាក់ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះបាន។

[៩៣] លំដាប់នោះ ទេវតាមួយអង្គទៀត បានពោលគាថា ចំពោះព្រះមានព្រះភាគថា

យ័ញ្ញនុ៎ះ មានផលដ៏ទូលាយច្រើនដែរ នៅតែមិនដល់ទាន ដែលបុគ្គលឲ្យហើយ ដោយធម៌ដ៏ស្មើ តើដោយហេតុដូចម្តេច បុគ្គល មានការបូជារាប់ពាន់ ដល់បុគ្គលមួយពាន់នាក់នោះ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះ តើដូចម្តេច។

[៩៤] លំដាប់នោះឯង ព្រះមានព្រះភាគ បានត្រាស់នឹងទេវតានោះ ដោយគាថាថា

បុគ្គលពួកមួយ បានឋិតនៅស៊ប់ក្នុងធម៌មិនស្មើ ហើយបៀតបៀន សម្លាប់ ពុំនោះសោត ធ្វើបុគ្គលដទៃ ឲ្យសោកសៅ ទើបឲ្យទាន ទក្ខិណាទាននោះ ឈ្មោះថា មានមុខទទឹកដោយទឹកភ្នែក ប្រកបដោយអាជ្ញា មិនដល់នូវតម្លៃនៃទាន ដែលបុគ្គលឲ្យហើយ ដោយធម៌ដ៏ស្មើទេ បុគ្គលមានការបូជារាប់ពាន់ ដល់បុគ្គលមួយពាន់នាក់នោះ នៅតែមិនដល់មួយចំណិត របស់បុគ្គលយ៉ាងនោះ ដូច្នេះឯង។

សាធុសូត្រ ទី៣

(៣. សាធុសុត្តំ)

[៩៥] លំដាប់នោះឯង កាលរាត្រីបឋមយាមកន្លងទៅហើយ ពួកសតុល្លប្បកាយិកាទេវតាជាច្រើន មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ។

[៩៦] ទេវតាមួយអង្គ ឈរក្នុងទីដ៏សមគួរ បន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទានជាការប្រពៃណាស់ បុគ្គលឲ្យទានមិនបាន យ៉ាងនេះ ព្រោះសេចក្តីកំណាញ់ផង ព្រោះសេចក្តីប្រហែសផង ទាន កាលបើបុគ្គលដឹងច្បាស់ ជាអ្នកប្រាថ្នានូវបុណ្យ គួរតែឲ្យ។

[៩៧] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលទ្រព្យមានតិច នៅតែឲ្យបាន ជាការប្រពៃ ជនពួកខ្លះ សូម្បីមានទ្រព្យបន្តិចបន្តួច ក៏ឲ្យបាន ជនពួកខ្លះ មានទ្រព្យច្រើនតែឲ្យមិនកើត ទក្ខិណាទានដែលគេចែករំលែកអំពីទ្រព្យតិច ហើយឲ្យ មានផលស្មើគ្នានឹងទានដទៃរាប់ពាន់។

[៩៨] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលទ្រព្យមានតិច នៅតែឲ្យបាន ជាការប្រពៃ មួយទៀត ការឲ្យដោយសទ្ធា ជាការប្រពៃ ពួកអ្នកប្រាជ្ញ ពោលថា ទាន និងចម្បាំង មានកម្លាំងស្មើគ្នា ពួកសប្បុរស សូម្បីមានគ្នាតិច រមែងឈ្នះពួកអសប្បុរស ដែលមានគ្នាច្រើនបាន កាលបើបុគ្គលណាជឿ (កម្មផល) ហើយឲ្យទានសូម្បីបន្តិចបន្តួច បុគ្គលនោះ រមែងបានសេចក្តីសុខក្នុងលោកខាងមុខ ព្រោះតែទាននោះឯង។

[៩៩] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលទ្រព្យមានតិច នៅតែឲ្យបាន ជាការប្រពៃ ការឲ្យដោយសទ្ធា ជាការប្រពៃ មួយទៀត ការឲ្យនូវរបស់ដែលបានមកដោយធម៌ ជាការប្រពៃ ជនណាឲ្យទានដល់បុគ្គលអ្នកបានធម៌ អ្នកត្រាស់ដឹងដោយសេចក្តីសង្វាត និងសេចក្តីព្យាយាម ជន (នោះ) កន្លងបង់នូវវេតរណិនរក11) របស់ស្តេចយមៈ ហើយដល់នូវឋានទាំងឡាយ ជាទិព្វបាន។

[១០០] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលមានទ្រព្យតិច នៅតែឲ្យបាន ជាការប្រពៃ មួយទៀត ការឲ្យដោយសទ្ធា ជាការប្រពៃ ទាំងឲ្យរបស់ដែលបានមកដោយធម៌ ជាការប្រពៃ ប៉ុន្តែការពិចារណាហើយឲ្យ ទើបជាការប្រពៃពិត ព្រោះទានដែលបុគ្គលពិចារណាហើយឲ្យ ព្រះសុគតទ្រង់សរសើរ ពួកទក្ខិណេយ្យបុគ្គលណា មានក្នុងជីវលោកនេះ ទានដែលបុគ្គលឲ្យ ចំពោះពួកទក្ខិណេយ្យបុគ្គលនុ៎ះ មានផលច្រើន ដូចជាពូជ ដែលបុគ្គលសាបព្រោះក្នុងស្រែល្អ។

[១០១] លំដាប់នោះ ទេវតាដទៃទៀត បានបន្លឺនូវឧទាននេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទាន ជាការប្រពៃណាស់ កាលដែលមានទ្រព្យតិច នៅតែឲ្យបាន ជាការប្រពៃ ការឲ្យទានដោយសទ្ធា ជាការប្រពៃ ការឲ្យរបស់ដែលបានមកដោយធម៌ ជាការប្រពៃ ការពិចារណាហើយឲ្យ ក៏ជាការប្រពៃហើយ ប៉ុន្តែការសង្រួម គឺការមិនបៀតបៀន ក្នុងសត្វទាំងឡាយ ក៏រិតតែជាការប្រពៃណាស់ បុគ្គលណា មិនប្រព្រឹត្តបៀតបៀននូវសត្វទាំងឡាយ មិនធ្វើបាប ព្រោះខ្លាចការតិះដៀលអំពីអ្នកដទៃ ជនទាំងឡាយ តែងសរសើរបុគ្គលខ្លាចបាប មិនសរសើរបុគ្គលក្លៀវក្លា ក្នុងបាបនោះទេ ឯពួកសប្បុរសមិនធ្វើបាប ព្រោះខ្លាចបាប។

[១០២] លំដាប់នោះ ទេវតាដទៃទៀត បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភាសិតរបស់អ្នកណាហ្ន៎ ជាសុភាសិត។

[១០៣] ព្រះមានព្រះភាគត្រាស់ថា ភាសិត របស់អ្នកទាំងឡាយគ្រប់គ្នា ជាសុភាសិត ដោយបរិយាយដែរហើយ តែអ្នកទាំងឡាយ ចូរស្តាប់ពាក្យរបស់តថាគតវិញថា

ការឲ្យដោយសទ្ធា អ្នកប្រាជ្ញសរសើរ ដោយចំណែកច្រើនប្រការ តែថា ធម៌ជាឧបាយដើម្បីព្រះនិព្វាន ត្រឹមតែ១បទ ក៏ប្រសើរក្រៃលែងជាងទានទៅទៀត ព្រោះសប្បុរសទាំងឡាយជាន់ដើម ឬជាន់ដើមទៅទៀត ដែលជាអ្នកប្រកបដោយប្រាជ្ញា ក៏បានដល់ព្រះនិព្វានមែនពិត។

នសន្តិសូត្រ ទី៤

(៤. នសន្តិសុត្តំ)

[១០៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងហើយ ពួកសតុល្លកប្បកាយិកាទេវតា មានប្រមាណច្រើនអង្គ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរក្នុងទីដ៏សមគួរ។

[១០៥] ទេវតាមួយអង្គ ឈរក្នុងទីសមគួរហើយ ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

កាមទាំងឡាយក្នុងពួកមនុស្ស រកទៀងគ្មានទេ បុរសដែលជាប់ចំពាក់ក្នុងឥដ្ឋារម្មណ៍ទាំងឡាយ ស្រវឹងក្នុងឥដ្ឋារម្មណ៍ទាំងឡាយ ចេញចាកវដ្តៈ ដែលជាលំនៅនៃមារ ទៅកាន់ព្រះនិព្វាន ជាស្ថានមិនត្រឡប់មកវិញទៀត មិនបានទេ ឥដ្ឋារម្មណ៍ទាំងនោះ រមែងមានក្នុងលោកនេះ។ បញ្ចក្ខន្ធ កើតអំពីតណ្ហា សេចក្តីទុក្ខ ក៏កើតអំពីតណ្ហា ការកំចាត់បង់បញ្ចក្ខន្ធ ព្រោះកំចាត់បង់តណ្ហាបាន ការកំចាត់បង់វដ្តទុក្ខ ក៏ព្រោះកំចាត់បង់បញ្ចក្ខន្ធបាន។ អារម្មណ៍ ដ៏វិចិត្រទាំងឡាយក្នុងលោក ហៅថាកាមនោះ មិនបានទេ តម្រេកដែលបុគ្គលត្រិះរិះ ទើបហៅថា កាមរបស់បុរស អារម្មណ៍ដ៏វិចិត្រទាំងឡាយ តែងឋិតនៅក្នុងលោក តាមធម្មតា តែថាពួកអ្នកប្រាជ្ញ តែងកំចាត់បង់នូវសេចក្តីប្រាថ្នា ក្នុងអារម្មណ៍ទាំងនុ៎ះ។ បុគ្គលត្រូវលះបង់សេចក្តីក្រោធ ត្រូវរំសាយសេចក្តីប្រកាន់ ត្រូវឆ្លងឲ្យផុតសញ្ញោជនៈទាំងអស់ ព្រោះថា ទុក្ខទាំងឡាយ មិនធ្លាក់លើបុគ្គល ដែលមិនជាប់ចំពាក់ក្នុងនាមរូប ជាអ្នកឥតមានកង្វល់នោះទេ។ បុគ្គល លះសេចក្តីបញ្ញត្តិបានហើយ នឹងមិនបានមកកាន់វិមាន គឺផ្ទៃនៃមាតាទេ បុគ្គលកាត់បង់តណ្ហា ក្នុងនាមរូបនេះបានហើយ ពួកទេវតា និងពួកមនុស្ស ស្វែងរកបុគ្គល ដែលផ្តាច់បង់ធម៌ ជាគ្រឿងចាក់ស្រែះ ជាបុគ្គលឥតមានទុក្ខ ឥតមានតណ្ហានោះ មិនប្រទះក្នុងលោកនេះ ក្នុងលោកខាងមុខ ឬក្នុងឋានសួគ៌ ឬក៏ក្នុងលំនៅរបស់សត្វគ្រប់កន្លែង។

[១០៦] (ព្រះមោឃរាជ មានអាយុ បានទូលសួរថា)

បើពួកទេវតា និងមនុស្ស មើលមិនឃើញនូវបុគ្គលនោះ ដែលមានចិត្តរួចស្រឡះ យ៉ាងនោះហើយ ពួកទេវតា និងមនុស្សណា ក្នុងលោកនេះ ឬលោកខាងមុខ នមស្ការព្រះអង្គដ៏ប្រសើរជាងជន ជាអ្នកប្រព្រឹត្តប្រយោជន៍ ដល់នរជនទាំងឡាយ ពួកទេវតា និងមនុស្សនោះ គួរគេសរសើរឬទេ។

[១០៧] (ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងមោឃរាជថា)

ម្នាលភិក្ខុ ពួកទេវតា និងមនុស្សនោះ ឈ្មោះថា ជាបុគ្គលគួរបុគ្គលសរសើរបានផង ម្នាលភិក្ខុ ពួកបុគ្គលណា នមស្ការបុគ្គល ដែលរួចចាកតណ្ហា ដោយប្រការដូច្នោះនោះ ពួកបុគ្គលនោះឈ្មោះថា បានដឹងច្បាស់នូវធម៌ លះបង់នូវវិចិកិច្ឆា ជាបុគ្គលកន្លងបង់នូវធម៌ ជាគ្រឿងជាប់ចំពាក់បានផង។

ឧជ្ឈានសញ្ញិសូត្រ ទី៥

(៥. ឧជ្ឈានសញ្ញិសុត្តំ)

[១០៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលរាត្រីបឋមយាមកន្លងទៅហើយ ពួកទេវតាច្រើនអង្គ ជាអ្នកមានសេចក្តីសំគាល់ ក្នុងការពោលទោស មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឋិតនៅនាអាកាស។

[១០៩] ទេវតាមួយអង្គ ឋិតនៅនាអាកាសហើយ ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បុគ្គលណា ប្រកាសនូវខ្លួនដែលមានប្រការដទៃ ដោយប្រការដទៃ ការបរិភោគរបស់បុគ្គលនោះ ឈ្មោះថា បរិភោគ ដោយការលួចលាក់ ដូចជាព្រានសត្វស្លាប បញ្ឆោតបាញ់សត្វ យកសាច់មកបរិភោគ ព្រោះថា បុគ្គលធ្វើអំពើណា ត្រូវនិយាយចំពោះអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយចំពោះអំពើនោះទេ ព្រោះពួកអ្នកប្រាជ្ញ តែងកំណត់ដឹងពួកបុគ្គល ដែលបានតែខាងនិយាយ តែមិនធ្វើ។

[១១០] ព្រះមានព្រះភាគ ត្រាស់ថា

បដិបទានេះឯង ជាបដិបទាដ៏មាំ ពួកអ្នកប្រាជ្ញមានឈាន រមែងរួចចាកចំណងមារ ដោយបដិបទាណា បុគ្គល មិនអាចប្រតិបត្តិបដិបទានេះ ដោយគ្រាន់តែចេះនិយាយ ឬគ្រាន់តែស្តាប់ ដោយចំណែកមួយទេ ពួកអ្នកប្រាជ្ញ ដឹងច្បាស់នូវហេតុក្នុងលោក បានដឹងនូវចតុសច្ចធម៌ ជាអ្នករំលត់កិលេស បានឆ្លងនូវតណ្ហា ដែលផ្សាយទៅក្នុងលោក រមែងមិននិយាយអួតទេ។

[១១១] គ្រានោះឯង ទេវតាទាំងឡាយនោះ ប្រតិស្ឋានលើប្រឹថពី ហើយក្រាបសីរ្សៈទៀបព្រះបាទ នៃព្រះមានព្រះភាគ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសដែលប្រព្រឹត្តកន្លងគ្របសង្កត់ហើយ នូវខ្ញុំព្រះអង្គទាំងឡាយ តាមដោយខ្ញុំព្រះអង្គទាំងឡាយ ជាអ្នកល្ងង់ខ្លៅ ជាអ្នកវង្វេង ជាអ្នកមិនឈ្លាស ខ្ញុំព្រះអង្គទាំងឡាយណា បានមើលងាយព្រះមានព្រះភាគ ដែលជាបុគ្គលមិនគួរបៀតបៀន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់នូវទោស ដែលប្រព្រឹត្តកន្លង គ្របសង្កត់ហើយ ដល់ខ្ញុំព្រះអង្គទាំងឡាយនោះ ដើម្បីនឹងសង្រួមតទៅ។ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើការញញឹមឲ្យប្រាកដឡើង។

[១១២] លំដាប់នោះឯង ទេវតាទាំងនោះ ក៏ពោលទោសច្រើនហួសប្រមាណ ហើយហោះទៅឯអាកាស។ ទេវតាមួយអង្គ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បើអ្នកណាមិនអត់ទោសឲ្យ ដល់បុគ្គលអ្នកសំដែងទោស អ្នកនោះឈ្មោះថា មានសេចក្តីក្រោធនៅខាងក្នុង ធ្វើទោសឲ្យកាន់តែធ្ងន់ឡើង ឈ្មោះថា ឱបក្រសោបពៀរទុក (ដូចជាបុគ្គលពាក់ឡេវក្ឌុំ)។ បើទោសមិនមានទេ កំហុសក្នុងលោកនេះ ក៏មិនមានដែរ បើពៀរទាំងឡាយមិនរម្ងាប់ទេ ក្នុងលោកនេះ នឹងមានអ្នកឈ្លាសដូចម្តេចបាន។ បុគ្គលណា មិនមានទោស ប្រព្រឹត្តកន្លង (ដោយវាចា) បុគ្គលណា មិនមានកំហុស បុគ្គលណា មិនដល់នូវសេចក្តីភាន់ច្រឡំ បុគ្គលណា ជាអ្នកប្រាជ្ញ មានសតិសព្វកាលក្នុងលោកនេះ។

[១១៣] ព្រះមានព្រះភាគ ត្រាស់ថា

ព្រះតថាគតនោះ ជាព្រះពុទ្ធ ជាអ្នកមានសេចក្តីអនុគ្រោះ ដល់សព្វសត្វ មិនមានទោសប្រព្រឹត្តកន្លងទេ ព្រះតថាគតនោះ មិនមានកំហុសទេ ព្រះតថាគតនោះ មិនដល់នូវសេចក្តីភាន់ច្រឡំទេ ព្រះតថាគតនោះ ជាអ្នកមានប្រាជ្ញា មានសតិសព្វកាល ក្នុងលោកនេះ។ បើអ្នកណា មិនអត់ទោស ដែលប្រព្រឹត្តកន្លង ដល់បុគ្គលអ្នកសំដែងទោស អ្នកនោះឈ្មោះថា មានសេចក្តីក្រោធនៅខាងក្នុង ធ្វើទោសឲ្យកាន់តែធ្ងន់ឡើង ឈ្មោះថា ឱបក្រសោបពៀរទុក តថាគត មិនត្រេកអរនឹងពៀរនោះទេ តថាគត អត់ទោស ដែលប្រព្រឹត្តកន្លង ដល់អ្នកទាំងឡាយហើយ។

សទ្ធាសូត្រ ទី៦

(៦. សទ្ធាសុត្តំ)

[១១៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ពួកសតុល្លប្បកាយិកាទេវតា12) ជាច្រើន មានរស្មីល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។

[១១៥] លុះទេវតាមួយអង្គ ឋិតនៅ ក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

សទ្ធាជាទីពីរ របស់បុរស បើបុគ្គលមិនឋិតនៅក្នុងភាពជាអ្នកមិនមានសទ្ធាទេ យសបរិវារក្តី កិត្តិសព្ទក្តី តែងមានដល់បុរសនោះ ព្រោះតែការមិនឋិតនៅក្នុងភាពជាបុគ្គល មិនមានសទ្ធានោះ លុះបុគ្គលនោះ លះសរីរៈហើយ រមែងទៅកាន់ឋានសួគ៌។ បុគ្គលគប្បីលះបង់សេចក្តីក្រោធ គប្បីលះបង់មានះ គប្បីលះបង់សំយោជនៈទាំងពួង សង្គធម៌ទាំងឡាយ13) មិនធ្លាក់សង្កត់នូវបុគ្គលនោះ ដែលមិនជាប់ចំពាក់នៅក្នុងនាម និងរូប មិនមានសេចក្តីក្រវល់ក្រវាយឡើយ។

[១១៦] ពួកជនពាល ឥតប្រាជ្ញា តែងប្រកបរឿយៗ នូវសេចក្តីប្រមាទ អ្នកប្រាជ្ញ រមែងរក្សានូវសេចក្តីមិនប្រមាទ ដូចជាគេរក្សាទុក នូវទ្រព្យដ៏ប្រសើរ បុគ្គលកុំគប្បីប្រកបរឿយៗ នូវសេចក្តីប្រមាទ កុំប្រកបរឿយៗ នូវការមូលមិត្ត ដោយតម្រេកក្នុងកាមឡើយ ដ្បិតបុគ្គលអ្នកមិនប្រមាទ អ្នកមានឈាន រមែងដល់នូវសេចក្តីសុខដ៏ឧត្តម។

សមយសូត្រ ទី៧

(៧. សមយសុត្តំ)

[១១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ នាដែនសក្កៈ មួយអន្លើដោយភិក្ខុសង្ឃជាច្រើន ចំនួនភិក្ខុប្រាំរយរូប សុទ្ធតែជាព្រះអរហន្តទាំងអស់។ ក៏ពួកទេវតា មកអំពីលោកធាតុទាំង១០ ប្រជុំគ្នាដោយច្រើន ដើម្បីឃើញព្រះមានព្រះភាគ និងភិក្ខុសង្ឃ។

[១១៨] លំដាប់នោះឯង ពួកសុទ្ធាវាសទេវតា ទាំងបួនអង្គ ត្រិះរិះយ៉ាងនេះថា ព្រះមានព្រះភាគ អង្គនេះ គង់នៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ នាដែនសក្កៈ មួយអន្លើដោយភិក្ខុសង្ឃជាច្រើន ចំនួនភិក្ខុប្រាំរយរូប សុទ្ធតែជាអរហន្តទាំងអស់ ក៏ពួកទេវតា មកអំពីលោកធាតុ ទាំង១០ ប្រជុំគ្នាដោយច្រើន ដើម្បីឃើញព្រះមានព្រះភាគ និងភិក្ខុសង្ឃ បើដូច្នោះ គួរតែពួកយើង ចូលទៅគាល់ព្រះមានព្រះភាគដែរ លុះចូលទៅដល់ហើយ ពួកយើងគប្បីសំដែង នូវគាថាមួយម្នាក់ៗ ក្នុងសំណាក់នៃព្រះមានព្រះភាគ។

[១១៩] លំដាប់នោះឯង ទេវតាទាំងនោះ ក៏បាត់អំពីសុទ្ធាវាសទេវលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ ដូចជាបុរសមានកំឡាំង លាដៃដែលអង្កុញ ឬអង្កុញដៃដែលលា ដូច្នោះឯង។ ទេវតាទាំងនោះ ក៏ថ្វាយបង្គំដោយគោរព ចំពោះព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។

[១២០] លុះទេវតាមួយអង្គ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

សម័យនេះ ជាសម័យប្រជុំធំ ក្នុងដងព្រៃ ពួកទេវតា ក៏មកប្រជុំគ្នាហើយ យើងទាំងឡាយ មកកាន់ទីប្រជុំ ប្រកបដោយធម៌នេះ ដើម្បីឃើញអបរាជិតសង្ឃ គឺសង្ឃដែលមារផ្ចាញ់មិនបាន។

[១២១] លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ពួកភិក្ខុក្នុងទីប្រជុំនោះ ប្រកបដោយសមាធិ ធ្វើចិត្តរបស់ខ្លួន (ដែលវៀចកោង) ឲ្យជាចិត្តស្លូតត្រង់ ភិក្ខុជាបណ្ឌិតទាំងឡាយ តែងរក្សានូវឥន្ទ្រិយទាំងឡាយដោយល្អ ដូចជាសារថីកាន់ទប់នូវខ្សែបរទុកដូច្នោះឯង។

[១២២] លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ភិក្ខុទាំងនោះ កាត់បង់នូវបង្គោល គឺរាគៈ ទោសៈ មោហៈ កាត់បង់នូវរនុកទ្វារគឺរាគៈ ទោសៈ មោហៈ គាស់រំលើងនូវសសរគោល គឺរាគៈ ទោសៈ មោហៈ ហើយជាអ្នកមិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ជាអ្នកបរិសុទ្ធស្អាត ប្រាសចាកមន្ទិល ជានាគកម្លោះ មានចក្ខុ មានឥន្ទ្រិយទូន្មានល្អហើយ តែងត្រាច់ទៅ (ក្នុងទីទាំងពួងបាន តាមប្រាថ្នា)។

[១២៣] លំដាប់នោះ ទេវតាមួយអង្គទៀត ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ជនទាំងឡាយណាមួយ បានដល់នូវព្រះពុទ្ធ ជាទីរឭក ជនទាំងនោះ នឹងមិនទៅកាន់អបាយភូមិឡើយ លុះលះបង់រាងកាយ ជារបស់មនុស្សហើយ នឹងទៅបំពេញក្នុងពួកនៃទេវតាមិនខាន។

សកលិកសូត្រ ទី៨

(៨. សកលិកសុត្តំ)

[១២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឱទ្យានឈ្មោះ មទ្ទកុច្ឆិ ជាទីឲ្យអភ័យដល់ម្រឹគ ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះបាទនៃព្រះមានព្រះភាគ ទង្គិចដោយបំណែកថ្ម (ដែលទេវទត្តប្រមៀលមក)។ វេទនាដ៏មានកម្លាំង ជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត ក៏ប្រព្រឹត្តទៅ ក្នុងព្រះសរីរៈ នៃព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់សង្កត់ នូវវេទនាទាំងនោះបាន មិនលំបាកឡើយ។ គ្រានោះ ព្រះមានព្រះភាគ ត្រាស់បង្គាប់ភិក្ខុ ឲ្យក្រាលសង្ឃាដី មានជាន់បួន ទ្រង់សម្រេចព្រះសីហសេយ្យាខាងស្តាំ តម្រួតព្រះបាទខាងឆ្វេង លើព្រះបាទខាងស្តាំ ទ្រង់មានព្រះសតិសម្បជញ្ញៈ។

៥>[១៥]</span> លំដាប់នោះ កាលវេលារាត្រីបឋមយាម កន្លងទៅហើយ ពួកសតុល្លប្បកាយិកាទេវតា ៧០០អង្គ មានរស្មីដ៏ល្អ ញុំាងមទ្ទកុច្ឆិឱទ្យានទាំងមូលឲ្យភ្លឺ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។

[១២៦] លុះទេវតាមួយអង្គ ឋិតនៅ ក្នុងទីសមគួរហើយ ក៏បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

យីអើ ព្រះសមណគោតម ជានាគមែនហ្ន៎ ព្រោះព្រះអង្គ ជាបុគ្គលមានព្រះពលានុភាព ទោះបីវេទនាជាទុក្ខ ក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។

[១២៧] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ដូច្នេះថា

យីអើ ព្រះសមណគោតម ជាសីហៈមែនហ្ន៎ ព្រោះព្រះអង្គ ជាអ្នកមិនតក់ស្លុត ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។

[១២៨] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

យីអើ ព្រះសមណគោតម ជាអាជានេយ្យមែនហ្ន៎ ព្រោះព្រះអង្គទ្រង់ជ្រាបនូវហេតុ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។

[១២៩] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

យីអើ ព្រះសមណគោតម ជានិសភៈ14) មែនហ្ន៎ ព្រោះព្រះអង្គ ជាបុគ្គល ឥតមានអ្នកណាស្មើ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។

[១៣០] លំដាប់នោះ ទេវតាមួយអង្គទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

យីអើហ្ន៎ ព្រះសមណគោតម ព្រះអង្គ ជាធោរយ្ហបុគ្គលមែន ព្រោះព្រះអង្គ ជាអ្នកនាំទៅនូវធុរៈ ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅក្នុងព្រះសរីរៈ ក៏ព្រះអង្គមានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។

[១៣១] លំដាប់នោះ ទេវតាដទៃទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ដូច្នេះថា

យីអើហ្ន៎ ព្រះសមណគោតម ជាទន្តបុគ្គល (អ្នកប្រដៅព្រះហឫទ័យបាន) មែន ព្រោះព្រះអង្គ ជាអ្នកមិនមានពុតត្បុត ទោះបីវេទនា ជាទុក្ខក្លាខ្លាំង ក្រហល់ក្រហាយ មិនសប្បាយ មិនជាទីពេញចិត្ត កើតឡើង ប្រព្រឹត្តទៅ ក្នុងព្រះសរីរៈ ក៏ព្រះអង្គ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់ទ្រាំបាន មិនលំបាកឡើយ។

[១៣២] លំដាប់នោះ ទេវតាដទៃទៀត បន្លឺឧទានវាចានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ដូច្នេះថា

សូមព្រះអង្គ ទតចំពោះតែអរហត្តផលសមាធិ ដែលចម្រើនល្អហើយ និងចិត្តដែលរួចស្រឡះ ដោយផលវិមុត្តិហើយ សូមកុំទតនូវចិត្តដែលប្រព្រឹត្តទៅតាមរាគៈ ប្រព្រឹត្តទៅតាមទោសៈ និងចិត្តដែលសង្កត់សង្កិន នូវកិលេស ដោយសេចក្តីព្យាយាម របស់ខ្លួនហើយប្រព្រឹត្តទៅ អ្នកណាឡើយ នឹងរាប់អានបុគ្គល ដែលបៀតបៀននូវនាគបុរស សីហបុរស អាជានីយបុរស និសភបុរស ធោរយ្ហបុរស ទន្តបុរស មានសភាពយ៉ាងនេះ ដូចម្តេចបាន វៀរលែងតែបុគ្គលជាអន្ធពាលចេញ។

ពួកព្រាហ្មណ៍ អ្នកទ្រទ្រង់នូវវេទ ទាំង៥ ជាអ្នកប្រព្រឹត្តអាស្រ័យនូវតបៈ អស់មួយរយឆ្នាំគត់ ក៏ចិត្តរបស់ពួកព្រាហ្មន៍នោះ នៅតែមិនរួចស្រឡះដោយប្រពៃនៅឡើយ ព្រាហ្មណ៍ទាំងនោះ មានសភាពជាអ្នកធ្វើខ្លួនឲ្យថោកទាប មិនដល់នូវព្រះនិព្វានឡើយ។ បុគ្គលអ្នកជាប់ចំពាក់ដោយសីលពត្ត15) ព្រោះតណ្ហាគ្របសង្កត់ ទោះប្រព្រឹត្តនូវតបៈដ៏សៅហ្មង អស់មួយរយឆ្នាំ ក៏ចិត្តរបស់បុគ្គលទាំងនោះ មិនរួចស្រឡះ ដោយប្រពៃឡើយ បុគ្គលទាំងនោះ មានសភាពជាអ្នកធ្វើខ្លួនឲ្យថោកទាប មិនដល់នូវព្រះនិព្វានឡើយ។ ក្នុងលោកនេះ បុគ្គលអ្នកប្រាថ្នានូវមានះ រមែងមិនមានការទូន្មានឥន្ទ្រិយ បុគ្គលអ្នកមានចិត្តមិនតាំងមាំ រមែងមិនមានបញ្ញា បុគ្គលជាអ្នកប្រមាទ ទុកជានៅក្នុងព្រៃតែម្នាក់ឯង ក៏ឆ្លងនូវទីនៅ របស់មារទៅព្រះនិព្វាន ពុំបានឡើយ។ បុគ្គលណា លះមានះបានហើយ មានចិត្តតម្កល់នៅ ដោយប្រពៃ មានចិត្តផូរផង់ រួចស្រឡះចាកធម៌ ជាគ្រឿងសៅហ្មងទាំងពួង នៅក្នុងព្រៃតែម្នាក់ឯង ជាអ្នកមិនប្រមាទ បុគ្គលនោះ ទើបឆ្លងនូវទីនៅ របស់មារ ទៅព្រះនិព្វានបាន។

បឋមបជ្ជុន្នធីតុសូត្រ ទី៩

(៩. បឋមបជ្ជុន្នធីតុសុត្តំ)

[១៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ គ្រានោះ កាលដែលវេលារាត្រីបឋមយាមកន្លងទៅហើយ ទេវតាឈ្មោះ កោកនទា ជាធីតា នៃ បជ្ជុន្នទេវរាជ មានរស្មីដ៏ល្អ ញុំាងមហាវ័នទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។

[១៣៤] លុះទេវតាឈ្មោះ កោកនទា ជាធីតានៃបជ្ជុន្នទេវរាជ ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ខ្ញុំម្ចាស់ឈ្មោះ កោកនទា ខ្ញុំម្ចាស់ឈ្មោះ កោកនទា ជាធីតា នៃបជ្ជុន្នទេវរាជ សូមថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះអង្គ ជាកំពូលរបស់សត្វ ទ្រង់គង់នៅក្នុងមហាវ័ន ជិតក្រុងវេសាលី ក្នុងកាលមុន ខ្ញុំម្ចាស់បានឮថា ព្រះធម៌ គឺព្រះតថាគត អ្នកមានចក្ខុ ត្រាស់ដឹងហើយ ឥឡូវនេះ ខ្ញុំម្ចាស់ដឹងច្បាស់លាស់ (នូវធម៌) ដែលព្រះសុគតជាមុនីសម្តែងហើយ ពួកបុគ្គលអាប់ប្រាជ្ញាណាមួយ ប្រព្រឹត្តតិះដៀល នូវព្រះធម៌ដ៏ប្រសើរ នឹងចូលទៅដល់ រោរុវនរក រងទុក្ខដ៏ក្លា អស់រាត្រីយូរអង្វែង លុះតែបុគ្គលពួកណា មានខន្តី ចូលទៅរម្ងាប់កិលេស មានរាគៈ ជាដើម ក្នុងអរិយធម៌ ទើបបុគ្គលពួកនោះ លះបង់នូវរាងកាយ ជារបស់មនុស្ស ហើយនឹងចូលទៅបំពេញនូវកាយ ជារបស់ទេវតាបាន។

ទុតិយបជ្ជុន្នធីតុសូត្រ ទី១០

(១០. ទុតិយបជ្ជុន្នធីតុសុត្តំ)

[១៣៥] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ គ្រានោះ កាលដែលវេលារាត្រីបឋមយាមកន្លងទៅហើយ ទេវតា ឈ្មោះ ចុល្លកោកនទា ជាធីតានៃ បជ្ជុន្នទេវរាជ មានរស្មីដ៏ល្អ ញុំាងមហាវ័នទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។

[១៣៦] លុះទេវតាឈ្មោះ ចុល្លកោកនទា ជាធីតា នៃបជ្ជុន្នទេវរាជ ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ទេវតាឈ្មោះ កោកនទា ជាធីតានៃបជ្ជុន្នទេវរាជ មានរស្មីដ៏ភ្លឺ ដូចជាផ្លេកបន្ទោរ មកហើយក្នុងទីនេះ កាលនមស្ការព្រះពុទ្ធ ព្រះធម៌ (និងព្រះសង្ឃ) បានពោលនូវគាថានេះ ដ៏ប្រកបដោយអត្ថថា

ខ្ញុំម្ចាស់ក៏ត្រូវចែកនូវគាថានោះ ដោយបរិយាយដ៏ច្រើនប្រការ ធម៌បែបនោះ ខ្ញុំម្ចាស់នឹងសំដែង នូវសេចក្តីយ៉ាងសង្ខេប ធម៌ទាំងប៉ុន្មាននោះ ខ្ញុំម្ចាស់បានរៀនដោយចិត្ត (ជ្រះថ្លា)

បុគ្គលមិនគប្បីធ្វើបាប ដោយកាយវាចាចិត្ត បុគ្គលគប្បីលះបង់ នូវកង្វល់ ក្នុងលោកទាំងពួង គប្បីលះបង់ នូវកាមទាំងឡាយ គប្បីជាអ្នកមានសតិ និងសម្បជញ្ញៈ មិនគប្បីសេពអំពើឥតប្រយោជន៍ ដែលនាំមកនូវសេចក្តីទុក្ខ។

ចប់ សតុល្លប្បកាយិកវគ្គ ទី៤។

បញ្ជីរឿងក្នុងសតុល្លប្បកាយិកវគ្គនោះ គឺ

សព្ភិសូត្រ១ មច្ឆរិសូត្រ១ សាធុសូត្រ១ នសន្តិសូត្រ១ ឧជ្ឈានសញ្ញិសូត្រ១ សទ្ធាសូត្រ១ សមយសូត្រ១ សកលិកសូត្រ១ បជ្ជុន្នធិតុសូត្រ២។

អាទិត្តវគ្គ ទី៥

(៥. អាទិត្តវគ្គោ)

អាទិត្តសូត្រ ទី១

(១. អាទិត្តសុត្តំ)

[១៣៧] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះឯង កាលដែលវេលារាត្រីបឋមយាម កន្លងទៅហើយ ទេវតាមួយអង្គ មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។

[១៣៨] លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បុគ្គលជញ្ជូននូវភាជន៍ណា អំពីផ្ទះដែលភ្លើងកំពុងឆេះ ពុំនោះសោត ភ្លើងមិនទាន់ឆេះនូវវត្ថុណា ក្នុងផ្ទះនោះ ភាជន៍ និងវត្ថុនោះ ជាប្រយោជន៍នៃបុគ្គលនោះឯង សត្វលោកដែលជរា និងមរណៈឆេះយ៉ាងនេះ ត្រូវតែនាំទ្រព្យចេញ ដោយទានកុំខាន ទានដែលបុគ្គលឲ្យហើយ ឈ្មោះថា នាំចេញដោយល្អ វត្ថុដែលបុគ្គលឲ្យហើយ ជាវត្ថុមានសុខជាផល វត្ថុដែលបុគ្គលមិនឲ្យហើយ ជាវត្ថុមិនមានសុខជាផលទេ ពួកចោរតែងនាំទៅ ពួករាជការតែងរឹបយក ភ្លើងតែងឆេះវិនាសទៅ ពុំនោះសោត វេលាស្លាប់ទៅ ក៏រមែងលះបង់នូវសរីរៈ និងរបស់ដែលបុគ្គលធ្លាប់ហួងហែង អ្នកប្រាជ្ញដឹងនូវសេចក្តីនេះហើយ គប្បីបរិភោគផង ឲ្យទានផង បុគ្គលឲ្យទាន ទាំងបរិភោគ ឲ្យសមគួរតាមសភាពហើយ គេមិនដែលនិន្ទាទេ តែងបានទៅកើតក្នុងឋានសួគ៌។

កិន្ទទសូត្រ ទី២

(២. កិំទទសុត្តំ)

[១៣៩] ទេវតាក្រាបបង្គំសួរថា

បុគ្គលឲ្យអ្វី ឈ្មោះថា ឲ្យកម្លាំង ឲ្យអ្វី ឈ្មោះថា ឲ្យពណ៌សម្បុរ ឲ្យអ្វី ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យអ្វី ឈ្មោះថា ឲ្យចក្ខុ មួយទៀត បុគ្គលណា ឲ្យរបស់អ្វី ឈ្មោះថា ឲ្យគ្រប់យ៉ាង សូមព្រះអង្គ សំដែងប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គជាអ្នកសួរ។

[១៤០] ព្រះមានព្រះភាគត្រាស់ថា

បុគ្គលឲ្យបាយ ឈ្មោះថា ឲ្យកម្លាំង ឲ្យសំពត់ ឈ្មោះថា ឲ្យពណ៌សម្បុរ ឲ្យយានជំនិះ ឈ្មោះថា ឲ្យសេចក្តីសុខ ឲ្យប្រទីប ឈ្មោះថា ឲ្យចក្ខុ មួយទៀត បុគ្គលណា ឲ្យទីនៅអាស្រ័យ បុគ្គលនោះ ឈ្មោះថា ឲ្យវត្ថុគ្រប់យ៉ាង បុគ្គលណា ប្រៀនប្រដៅធម៌ បុគ្គលនោះ ឈ្មោះថា ឲ្យព្រះនិព្វាន។

អន្នសូត្រ ទី៣

(៣. អន្នសុត្តំ)

[១៤១] ទេវតាទូលថា

ជនទាំងពីរពួក គឺទេវតា និងមនុស្ស រមែងប្រាថ្នានូវបាយតែម្យ៉ាង អ្នកណា មិនប្រាថ្នានូវបាយ អ្នកនោះ ឈ្មោះថា យក្ខដោយពិត។

[១៤២] ព្រះមានព្រះភាគត្រាស់ថា

ជនទាំងឡាយណា មានចិត្តជ្រះថ្លា ឲ្យបាយនោះ ដោយសទ្ធា បាយនោះ រមែងចូលទៅរកជនទាំងនោះវិញ ក្នុងលោកនេះ និងលោកខាងមុខ ព្រោះហេតុនោះ សាធុជន គប្បីកំចាត់បង់ នូវសេចក្តីកំណាញ់ចេញ គ្របសង្កត់នូវមន្ទិល ហើយឲ្យទានចុះ (ព្រោះថា) បុណ្យទាំងឡាយ ជាទីពឹង នៃពួកសត្វក្នុងបរលោក។

ឯកមូលសូត្រ ទី៤

(៤. ឯកមូលសុត្តំ)

[១៤៣] ទេវតាទូលថា

ឥសី បានឆ្លងហើយ នូវសមុទ្របាតាល ដែលមានមូលមួយ គឺតណ្ហា មានអន្លង់ពីរ គឺសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ មានមន្ទិលបី គឺ រាគៈ ទោសៈ មោហៈ មានគ្រឿងផ្សាយចេញ ៥យ៉ាង គឺបញ្ចកាមគុណ មានកំនួចទឹក ១២ គឺ អាតយនៈ ទាំង១២។

អនោមិយសូត្រ ទី៥

(៥. អនោមសុត្តំ)

[១៤៤] ទេវតាទូលថា

អ្នកទាំងឡាយ ចូរមើលនូវព្រះមានព្រះភាគនោះ ព្រះអង្គមានព្រះនាមបរិបូណ៌ ព្រោះទ្រង់ប្រកបដោយគុណទាំងពួង ព្រះអង្គ ឃើញនូវប្រយោជន៍ ដ៏ល្អិតល្អ ជាអ្នកឲ្យនូវបញ្ញា ព្រះអង្គ មិនជាប់នៅក្នុងអាល័យ គឺកាម ព្រះអង្គត្រាស់ដឹងសព្វ ព្រះអង្គមានប្រាជ្ញាល្អ ព្រះអង្គស្តេចទៅក្នុងផ្លូវដ៏ប្រសើរ គឺ អរិយមគ្គ ព្រះអង្គស្វែងរកនូវគុណដ៏ធំ។

អច្ឆរាសូត្រ ទី៦

(៦. អច្ឆរាសុត្តំ)

[១៤៥] សមណទេវបុត្តពោលថា16)

ព្រៃឈ្មោះ មោហនៈ នោះ ជាព្រៃគឹកកង ដោយពួកនៃស្រីអប្សរ ជាទីសេពគប់នៃពួកបិសាច17) ធ្វើដូចម្តេចនឹងយាត្រា (ចេញអំពីព្រៃនេះ) ទៅបាន។

[១៤៦] ព្រះមានព្រះភាគត្រាស់ថា

ផ្លូវ គឺអដ្ឋង្គិកមគ្គនោះ ឈ្មោះថា ជាផ្លូវត្រង់ទិស គឺព្រះនិព្វាននោះ ឈ្មោះថា ជាទិសគ្មានភ័យ រថ គឺអដ្ឋង្គិកមគ្គ ឈ្មោះថា ជារថមិនឮសូរ ប្រកបដោយកង់ គឺធម៌ បានដល់សេចក្តីព្យាយាម ដោយកាយ និងចិត្ត ហិរិ និងឱត្តប្បៈ ជាទ្រពងនៃរថនោះ សតិ ជាព្រ័ត្រជ្រាមនៃរថនោះ តថាគតពោលថា ធម៌ គឺលោកុត្តរមគ្គ ជាសារថី មានសម្មាទិដ្ឋិ ជាសន្ទុះទៅខាងមុខ ជនណា ទោះស្រី ឬប្រុស បានយានបែបនោះហើយ ជននោះឯង នឹងដល់នូវទីជិត នៃព្រះនិព្វានដោយយាននុ៎ះមិនខាន។

វនរោបសូត្រ ទី៧

(៧. វនរោបសុត្តំ)

[១៤៧] ទេវតាទូលថា

បុណ្យ រមែងចម្រើនមិនដាច់ ទាំងថ្ងៃទាំងយប់ គ្រប់វេលា ដល់ជនពួកណា ជនពួកណា ឈ្មោះថា តាំងនៅក្នុងធម៌ ឈ្មោះថា បរិបូណ៌ដោយសីល គួរទៅកាន់ឋានសួគ៌បាន។

[១៤៨] ព្រះមានព្រះភាគត្រាស់ថា

ជនណា ដាំច្បារឈើ មានផ្កាផ្លែ ដាំច្បារឈើមានម្លប់ សាងស្ពាន សាងរោង ឲ្យទានទឹក ទាំងជីកស្រះ ជនទាំងឡាយណា ឲ្យនូវទីសំណាក់អាស្រ័យ បុណ្យ រមែងចម្រើនមិនដាច់ ទាំងថ្ងៃទាំងយប់គ្រប់វេលា ដល់ជនទាំងឡាយនោះ ជនទាំងនោះ ឈ្មោះថា ជាអ្នកតាំងនៅក្នុងធម៌ ឈ្មោះថា បរិបូណ៌ដោយសីល គួរទៅកាន់ឋានសួគ៌បាន។

ជេតវនសូត្រ ទី៨

(៨. ជេតវនសុត្តំ)

[១៤៩] អនាថបិណ្ឌិកទេវបុត្តពោលថា

វត្តជេតពននេះ ជាវត្តមានប្រយោជន៍ ដែលពួកឥសី គឺភិក្ខុសង្ឃ គង់នៅមិនដាច់ ជាវត្ត ដែលព្រះសម្ពុទ្ធជាធម្មរាជ ទ្រង់គង់នៅ ជាទីញុំាងបីតិ ឲ្យកើតដល់ខ្ញុំព្រះអង្គ សត្វទាំងឡាយ រមែងបរិសុទ្ធដោយអដ្ឋង្គិកមគ្គនេះ គឺកម្ម បានដល់មគ្គចេតនា វិជ្ជា បានដល់សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ធម្មៈ បានដល់សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ សីលៈ បានដល់សម្មាវាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈ ឈ្មោះថា ជីវិតដ៏ឧត្តម មិនមែនបរិសុទ្ធ ដោយគោត្រ ឬ ដោយទ្រព្យទេ ព្រោះហេតុនោះឯង បុរសជាបណ្ឌិត កាលបើឃើញច្បាស់នូវប្រយោជន៍របស់ខ្លួន គួរតែពិចារណានូវធម៌ ដោយឧបាយនៃប្រាជ្ញា រមែងបរិសុទ្ធ ក្នុងអរិយមគ្គនោះ យ៉ាងនេះឯង ព្រះសារីបុត្ត ទើបជាបុគ្គល (ប្រសើរ) ដោយបញ្ញាផង ដោយសីលផង ដោយការស្ងប់រម្ងាប់ផង ភិក្ខុដែលប្រសើរ ដោយគុណធម៌ប៉ុណ្ណេះ ទើបគួរជាអ្នកដល់នូវព្រះនិព្វាន។

មច្ឆរិសូត្រ ទី៩

(៩. មច្ឆរិសុត្តំ)

[១៥០] ទេវតាទូលថា

ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នកកំណាញ់ស្វិតស្វាញ ជាអ្នកពោលពាក្យទ្រគោះ ជាអ្នកធ្វើសេចក្តីអន្តរាយ18) ដល់ជនដទៃ ដែលកំពុងឲ្យទាន ផលវិបាករបស់ជនទាំងឡាយនោះ ដូចម្តេច សម្បរាយភព របស់ជនទាំងឡាយនោះ ដូចម្តេច យើងខ្ញុំមក ដើម្បីក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។

[១៥១] ព្រះមានព្រះភាគត្រាស់ថា

ក្នុងលោកនេះ ជនទាំងឡាយណា ជាអ្នកកំណាញ់ស្វិតស្វាញ ជាអ្នកពោលពាក្យទ្រគោះ ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ជនដទៃ ដែលកំពុងឲ្យទាន ជនទាំងឡាយនោះ តែងទៅកើតក្នុងនរក ក្នុងកំណើតសត្វតិរច្ឆាន និងក្នុងយមលោក ប្រសិនបើដល់នូវភាពជាមនុស្ស រមែងកើតក្នុងត្រកូលកំសត់ ស្វែងរកតែសំពត់ និងអាហារ និងសេចក្តីត្រេកអរ ក្នុងបញ្ចកាមគុណ និងល្បែង ក៏បានដោយកម្រ ពួកពាលតែងនឹកប៉ង នូវទ្រព្យណា អំពីទីដទៃ ទ្រព្យនោះ មិនដែលបានដល់ពួកពាលនោះឡើយ នេះជាផលវិបាក ក្នុងទិដ្ឋធម៌ គឺក្នុងទីដែលកើត ចំណែកសម្បរាយភព រមែងមានទុគ្គតិជាផល។

[១៥២] ទេវតាទូលថា

យើងខ្ញុំ ដឹងសេចក្តីនេះ ជាក់ច្បាស់ដូច្នេះហើយ យើងខ្ញុំសូមក្រាបបង្គំទូលសួរ នូវសេចក្តីដទៃ នឹងព្រះគោតមជាម្ចាស់ (តទៅទៀត) ក្នុងលោកនេះ ជនទាំងឡាយណា បាននូវអត្តភាពជាមនុស្សហើយ ជាអ្នកដឹង នូវពាក្យពោល ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកជ្រះថ្លា ទាំងមានសេចក្តីគោរពយ៉ាងខ្លាំង ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ផលវិបាក របស់ជនទាំងឡាយនោះ ដូចម្តេច សម្បរាយភព របស់ជនទាំងឡាយនោះ ដូចម្តេច យើងខ្ញុំមក ដើម្បីក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូចម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។

[១៥៣] ព្រះមានព្រះភាគត្រាស់ថា

ក្នុងលោកនេះ ជនទាំងឡាយណា បានអត្តភាពជាមនុស្សហើយ ជាអ្នកដឹងនូវពាក្យពោល ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកជ្រះថ្លា ទាំងមានសេចក្តីគោរពយ៉ាងខ្លាំង ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជនទាំងឡាយនោះ រមែងរុងរឿង ក្នុងឋានសួគ៌ ជនទាំងឡាយនោះ ទោះទៅកើតក្នុងទីណា បើដល់នូវអត្តភាពជាមនុស្ស រមែងកើតក្នុងត្រកូលដ៏ស្តុកស្តម្ភ ស្វែងរកសំពត់ និងអាហារ និងសេចក្តីត្រេកអរក្នុងបញ្ចកាមគុណ និងល្បែងបានដោយងាយ ទាំងមានអំណាច ផ្សាយទៅក្នុងភោគៈទាំងឡាយ ដែលអ្នកដទៃសន្សំបានមក សប្បាយរីករាយក្នុងចិត្ត នេះជាផលវិបាក ក្នុងទិដ្ឋធម៌ គឺក្នុងទីដែលកើត ចំណែកសម្បរាយភព រមែងមានសុគតិជាផល។

ឃដិករសូត្រ ទី១០

(១០. ឃដីការសុត្តំ)

[១៥៤] ទេវតាទូលថា

ភិក្ខុទាំង៧រូប បានទៅកើតក្នុងព្រហ្មលោក ឈ្មោះ អវិហា មានចិត្តរួចស្រឡះហើយ19) មានរាគៈ ទោសៈ អស់ហើយ ឆ្លងនូវតណ្ហាក្នុងលោករួចហើយ។ ភិក្ខុទាំងឡាយណា បានឆ្លងនូវកិលេស ជាគ្រឿងចំពាក់ ជាទីតាំងនៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក ភិក្ខុទាំងឡាយនោះ លុះលះបង់នូវរាងកាយ ជារបស់មនុស្សហើយ កន្លងនូវទិព្វយោគ គឺ សំយោជនៈ ទាំង៥ ជាចំណែកខាងលើ។ ភិក្ខុទាំងនោះគឺ ព្រះឧបកៈ១ ព្រះផលគណ្ឌៈ១ ព្រះបុក្កុសាតិ១ ជា៣រូប និងព្រះភទ្ទិយៈ១ ព្រះខណ្ឌទេវៈ១ ព្រះពហុទន្តី១ ព្រះសិង្គិយៈ១ (៤រូបនេះទៀត ជា៧) ភិក្ខុទាំងនោះ បានលះបង់នូវរាងកាយ ជារបស់មនុស្សហើយ ទើបកន្លងនូវទិព្វយោគបាន។

[១៥៥] ព្រះមានព្រះភាគត្រាស់ថា

អ្នកឯង ជាបុគ្គលមានកុសល បានពោលសរសើរនូវភិក្ខុទាំងនោះ ដែលជាអ្នកលះបង់ នូវអន្ទាក់នៃមារ ភិក្ខុទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា។

[១៥៦] ទេវតាទូលថា

ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា បុគ្គលនោះ វៀរតែព្រះមានព្រះភាគចេញ មិនមានទេ វៀរតែសាសនា របស់ព្រះអង្គចេញ មិនមានទេ នាមនិងរូប រលត់ទៅឥតមានសេសសល់ ក្នុងសាសនាណា ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌នោះ ក្នុងសាសនានេះ។

[១៥៧] ព្រះមានព្រះភាគត្រាស់ថា

អ្នកឯង ជាបុគ្គលពោលវាចាមានអត្ថដ៏ជ្រៅ ដែលដឹងបានដោយកម្រ យល់បានដោយកម្រក្រៃពេក អ្នកឯង ពោលវាចាបែបនេះ ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលដូចម្តេច។

[១៥៨] ទេវតាទូលថា

ខ្ញុំព្រះអង្គ ជាស្មូនឆ្នាំងឈ្មោះ ឃដិការ កើតក្នុងបុរីឈ្មោះ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធ ទ្រង់ព្រះនាមកស្សប ជាអ្នកវៀរចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅក្នុងស្រុកជាមួយនឹងព្រះអង្គ ជាសំឡាញ់នឹងព្រះអង្គ ក្នុងកាលមុន ខ្ញុំព្រះអង្គ ស្គាល់នូវភិក្ខុទាំង៧រូបនុ៎ះ ដែលមានចិត្តរួចស្រឡះហើយ មានរាគៈ និងទោសៈអស់ហើយ បានឆ្លងហើយនូវតណ្ហាក្នុងលោក។

[១៥៩] ព្រះមានព្រះភាគត្រាស់ថា

ម្នាលភគវៈ អ្នកឯងនិយាយយ៉ាងណា រឿងនុ៎ះ ក៏មានយ៉ាងនោះមែន ក្នុងកាលនោះ អ្នកឯងជាស្មូនឆ្នាំង ឈ្មោះឃដិការ កើតក្នុងបុរីឈ្មោះ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធកស្សប ជាអ្នកវៀរចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ (ជាអនាគាមី) ប្រាសចាកអាមិសៈ បាននៅក្នុងស្រុកជាមួយនឹងតថាគត ជាសំឡាញ់របស់តថាគត ក្នុងកាលមុន។ ការចួបជុំនឹងសម្លាញ់ពីបុរាណនេះ របស់យើងទាំងពីរនាក់ ដែលមានខ្លួនចម្រើនហើយ ជាអ្នកទ្រទ្រង់នូវសរីរៈជាទីបំផុត យ៉ាងនេះឯង។

ចប់ អាទិត្តវគ្គ ទី៥។

បញ្ជីរឿង ក្នុងអាទិត្តវគ្គនោះគឺ

អាទិត្តសូត្រ១ កិន្ទទសូត្រ១ អន្នសូត្រ១ ឯកមូលសូត្រ១ អនោមិយសូត្រ១ អច្ឆរាសូត្រ១ វនរោបសូត្រ១ ជេតវនសូត្រ១ មច្ឆរិសូត្រ១ ឃដិករសូត្រ១។

ជរាវគ្គ ទី៦

(៦. ជរាវគ្គោ)

ជរាសូត្រ ទី១

(១. ជរាសុត្តំ)

[១៦០] ទេវតាទូលថា

អ្វីហ្ន៎ ជាគុណជាតញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា អ្វីហ្ន៎ ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន អ្វីហ្ន៎ ជាកែវរបស់ជនទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន។

[១៦១] ព្រះមានព្រះភាគត្រាស់ថា

សីល ជាគុណជាត ញុំាងប្រយោជន៍ឲ្យសម្រេច ដរាបដល់ជរា សទ្ធា ដែលបុគ្គលតម្កល់ទុកហើយ ញុំាងប្រយោជន៍ឲ្យសម្រេចបាន បញ្ញា ជាកែវរបស់ជនទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។

អជរសាសូត្រ ទី២

(២. អជរសាសុត្តំ)

[១៦២] ទេវតាទូលថា

អ្វីហ្ន៎ ជាគុណជាតដ៏ចម្រើន ដោយមិនប្រែប្រួលទៅ អ្វីហ្ន៎ ដែលគេអធិដ្ឋានហើយ ញុំាងប្រយោជន៍ឲ្យសម្រេច អ្វីហ្ន៎ ជាកែវរបស់ជនទាំងឡាយ អ្វីហ្ន៎ ដែលពួកចោរនាំទៅមិនបាន។

[១៦៣] ព្រះមានព្រះភាគត្រាស់ថា

សីល ជាគុណជាតដ៏ចម្រើន ដោយមិនប្រែប្រួលទៅ សទ្ធា ដែលគេអធិដ្ឋានហើយ ញុំាងប្រយោជន៍ឲ្យសម្រេច បញ្ញា ជាកែវរបស់ជនទាំងឡាយ បុណ្យ ពួកចោរនាំទៅមិនបាន។

មិត្តសូត្រ ទី៣

(៣. មិត្តសុត្តំ)

[១៦៤] ទេវតាទូលថា

អ្វីហ្ន៎ ជាមិត្តរបស់អ្នកដើរផ្លូវ អ្វីហ្ន៎ ជាមិត្តក្នុងផ្ទះរបស់ខ្លួន អ្វីហ្ន៎ ជាមិត្តរបស់អ្នកមានធុរៈកើតឡើង អ្វីហ្ន៎ ជាមិត្តតាមទៅ ក្នុងភពខាងមុខ។

[១៦៥] ព្រះមានព្រះភាគត្រាស់ថា

បក្ខពួក ជាមិត្តរបស់អ្នកដើរផ្លូវ មាតា ជាមិត្តក្នុងផ្ទះរបស់ខ្លួន អ្នកដែលមានចិត្តប្រព្រឹត្តទៅស្មើគ្នា ជាមិត្តរបស់អ្នកដែលមានធុរៈកើតឡើងរឿយៗ បុណ្យទាំងឡាយ ដែលគេធ្វើហើយ ដោយខ្លួនឯង ជាមិត្តជាប់តាមទៅ ក្នុងភពខាងមុខ។

វត្ថុសូត្រ ទី៤

(៤. វត្ថុសុត្តំ)

[១៦៦] អ្វី ជាទីពំនាក់របស់មនុស្សទាំងឡាយ អ្វីជាសំឡាញ់ដ៏ប្រសើរ របស់មនុស្សទាំងឡាយ ក្នុងលោកនេះ ពួកសត្វមានជីវិត ដែលអាស្រ័យផែនដី រស់នៅនឹងអ្វី។

[១៦៧] ព្រះមានព្រះភាគត្រាស់ថា

កូន ជាទីពំនាក់របស់មនុស្សទាំងឡាយ ភរិយា ជាសំឡាញ់ដ៏ប្រសើរ របស់មនុស្សទាំងឡាយ (ក្នុងលោកនេះ) ពួកសត្វមានជីវិត ដែលអាស្រ័យផែនដី រស់នៅនឹងទឹកភ្លៀង។

បឋមជនសូត្រ ទី៥

(៥. បឋមជនសុត្តំ)

[១៦៨] ទេវតាទូលថា

អ្វីហ្ន៎ តែងញុំាងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅក្នុងសង្សារ អ្វីហ្ន៎ ជាមហាភ័យ របស់សត្វនោះ។

[១៦៩] ព្រះមានព្រះភាគត្រាស់ថា

តណ្ហា តែងញុំាងបុរសឲ្យកើត ចិត្តរបស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅ ក្នុងសង្សារ សេចក្តីទុក្ខ ជាមហាភ័យ របស់សត្វនោះ។

ទុតិយជនសូត្រ ទី៦

(៦. ទុតិយជនសុត្តំ)

[១៧០] ទេវតាទូលថា

អ្វីហ្ន៎ តែងញុំាងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅក្នុងសង្សារ សត្វលោក តែងគេចមិនរួចអំពីអ្វី។

[១៧១] ព្រះមានព្រះភាគត្រាស់ថា

តណ្ហា តែងញុំាងបុរសឲ្យកើត ចិត្ត របស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅក្នុងសង្សារ សត្វនោះឯង តែងគេចមិនរួចអំពីសេចក្តីទុក្ខ។

តតិយជនសូត្រ ទី៧

(៧. តតិយជនសុត្តំ)

[១៧២] ទេវតាទូលថា

អ្វីហ្ន៎ តែងញុំាងបុរសឲ្យកើត អ្វីហ្ន៎ របស់បុរសនោះ តែងស្ទុះទៅ អ្វីហ្ន៎ តែងអន្ទោលទៅកាន់សង្សារ អ្វីហ្ន៎ ជាទីប្រព្រឹត្តទៅខាងមុខ របស់សត្វនោះ។

[១៧៣] ព្រះមានព្រះភាគត្រាស់ថា

តណ្ហា តែងញុំាងបុរសឲ្យកើត ចិត្ត របស់បុរសនោះ តែងស្ទុះទៅ សត្វលោក តែងអន្ទោលទៅកាន់សង្សារ កម្ម ជាទីប្រព្រឹត្តទៅខាងមុខ របស់សត្វនោះ។

ឧប្បថសូត្រ ទី៨

(៨. ឧប្បថសុត្តំ)

[១៧៤] ទេវតាទូលថា

អ្វីហ្ន៎ ជាផ្លូវខុស អ្វីហ្ន៎ ដែលអស់ទៅតាមយប់ និងថ្ងៃ អ្វី ជាមន្ទិលរបស់ព្រហ្មចរិយៈ អ្វី ជាគ្រឿងសម្រាប់លាងសេចក្តីសៅហ្មងបាន ដែលមិនចាំបាច់មានទឹក។

[១៧៥] ព្រះមានព្រះភាគត្រាស់ថា

រាគៈ ជាផ្លូវខុស វ័យ តែងអស់ទៅតាមយប់ និងថ្ងៃ ស្ត្រី ជាមន្ទិលរបស់ព្រហ្មចរិយៈ ពួកសត្វនេះ រមែងជាប់នៅនឹងស្ត្រីនុ៎ះ តបៈ និងព្រហ្មចរិយៈ ជាធម៌សម្រាប់លាងសេចក្តីសៅហ្មងនោះ មិនចាំបាច់មានទឹកឡើយ។

ទុតិយសូត្រ ទី៩

(៩. ទុតិយសុត្តំ)

[១៧៦] ទេវតាទូលថា

អ្វីហ្ន៎ ជាទីពីររបស់បុរស អ្វីហ្ន៎ តែងគ្រប់គ្រងបុរសនោះ មួយទៀត សត្វត្រេកអរនឹងធម៌អ្វី ទើបរួចចាកទុក្ខទាំងពួងបាន។

[១៧៧] ព្រះមានព្រះភាគត្រាស់ថា

សទ្ធា ជាទីពីររបស់បុរស បញ្ញា រមែងគ្រប់គ្រងនូវបុរសនោះ មួយទៀត សត្វត្រេកអរនឹងព្រះនិព្វាន ទើបរួចចាកទុក្ខទាំងពួងបាន។

កវិសូត្រ ទី១០

(១០. កវិសុត្តំ)

[១៧៨] ទេវតាទូលថា

អ្វីហ្ន៎ ជាដើមហេតុនៃគាថាទាំងឡាយ អ្វីហ្ន៎ ជាគ្រឿងបង្កើតគាថាទាំងឡាយនោះ គាថា អាស្រ័យនឹងអ្វី អ្វីជាទីអាស្រ័យរបស់គាថាទាំងឡាយ។

[១៧៩] ព្រះមានព្រះភាគត្រាស់ថា

ឆន្ទ ជាដើមហេតុនៃគាថាទាំងឡាយ អក្ខរៈ ជាគ្រឿងបង្កើតគាថាទាំងឡាយនោះ គាថា អាស្រ័យនឹងនាម ចិន្តកវី ជាទីអាស្រ័យ របស់គាថាទាំងឡាយ។

ចប់ ជរាវគ្គ ទី៦។

បញ្ជីរឿងនៃជរាវគ្គនោះ គឺ

ជរាសូត្រ ១ អជរសាសូត្រ ១ មិត្តសូត្រ ១ វត្ថុសូត្រ ១ ជនសូត្រ ៣ ឧប្បថសូត្រ ១ ទុតិយសូត្រ ១ បំពេញវគ្គដោយកវិសូត្រ ១។

អន្ធវគ្គ ទី៧

(៧. អទ្ធវគ្គោ)

នាមសូត្រ ទី១

(១. នាមសុត្តំ)

[១៨០] ទេវតាទូលថា

អ្វីហ្ន៎ តែងធ្លាក់ចុះលើសត្វ និងសង្ខារទាំងពួង ដែលមិនមានអ្វីក្រៃលែងជាង សត្វទាំងពួង តែងប្រព្រឹត្តទៅតាមអំណាចធម៌មួយ គឺធម៌អ្វី។

[១៨១] ព្រះមានព្រះភាគត្រាស់ថា

នាម (ឈ្មោះ) តែងធ្លាក់ចុះលើសត្វ និងសង្ខារទាំងពួង មិនមានអ្វីក្រៃលែងជាងនាមឡើយ សត្វទាំងពួង តែងប្រព្រឹត្តទៅតាមអំណាចធម៌មួយ គឺនាម។

ចិត្តសូត្រ ទី២

(២. ចិត្តសុត្តំ)

[១៨២] ទេវតាទូលថា

អ្វី តែងនាំសត្វលោកទៅ អ្វីតែងភើចកន្ទ្រាក់សត្វលោកទៅ សត្វទាំងពួង តែងប្រព្រឹត្តទៅតាមអំណាចធម៌មួយ គឺធម៌អ្វី។

[១៨៣] ព្រះមានព្រះភាគត្រាស់ថា

ចិត្ត តែងនាំសត្វលោកទៅ ចិត្ត តែងភើចកន្ទ្រាក់សត្វលោកទៅ សត្វទាំងពួង តែងប្រព្រឹត្តទៅ តាមអំណាចធម៌មួយ គឺចិត្ត។

តណ្ហាសូត្រ ទី៣

(៣. តណ្ហាសុត្តំ)

[១៨៤] ទេវតាទូលថា

អ្វីហ្ន៎ តែងនាំសត្វលោកទៅ អ្វីហ្ន៎ តែងភើចកន្ទ្រាក់សត្វលោកទៅ សត្វទាំងពួង តែងប្រព្រឹត្តទៅ តាមអំណាចធម៌មួយ គឺធម៌អ្វី។

[១៨៥] ព្រះមានព្រះភាគត្រាស់ថា

តណ្ហា តែងនាំសត្វលោកទៅ តណ្ហា តែងភើចកន្ទ្រាក់សត្វលោកទៅ សត្វទាំងពួង តែងប្រព្រឹត្តទៅ តាមអំណាចធម៌មួយ គឺតណ្ហា។

សញ្ញោជនសូត្រ ទី៤

(៤. សំយោជនសុត្តំ)

[១៨៦] ទេវតាទូលថា

អ្វី ជាគ្រឿងចងសត្វលោកទុកនៅ អ្វីជាគ្រឿងត្រាច់ទៅ របស់សត្វលោកនោះ ព្រោះលះបង់អ្វី ទើបហៅថា ព្រះនិព្វាន។

[១៨៧] ព្រះមានព្រះភាគត្រាស់ថា

សត្វលោក មានសេចក្តីរីករាយ ជាគ្រឿងចង វិតក្កៈ ជាគ្រឿងត្រាច់ទៅ (របស់សត្វលោក) ព្រោះលះបង់តណ្ហា ទើបហៅថា ព្រះនិព្វាន។

ពន្ធនសូត្រ ទី៥

(៥. ពន្ធនសុត្តំ)

[១៨៨] ទេវតាទូលថា

អ្វី ជាគ្រឿងចងសត្វលោកទុកនៅ អ្វី ជាគ្រឿងត្រាច់ទៅ របស់សត្វលោកនោះ ព្រោះលះបង់អ្វី ទើបកាត់ចំណងទាំងពួងបាន។

[១៨៩] ព្រះមានព្រះភាគត្រាស់ថា

សត្វលោក មានសេចក្តីរីករាយ ជាគ្រឿងចង វិតក្កៈ ជាគ្រឿងត្រាច់ទៅ (របស់សត្វលោក) ព្រោះលះបង់តណ្ហា ទើបកាត់ចំណងទាំងពួងបាន។

អព្ភាហតសូត្រ ទី៦

(៦. អត្តហតសុត្តំ)

[១៩០] ទេវតាទូលថា

អ្វី គ្របសង្កត់សត្វលោក អ្វី ចោមរោម (សត្វលោក) អ្វី ជាសរមុតចុះទៅ អ្វី ដែលឆេះសព្វកាលទាំងពួង។

[១៩១] ព្រះមានព្រះភាគត្រាស់ថា

មច្ចុ គ្របសង្កត់សត្វលោក ជរា ចោមរោម (សត្វលោក) តណ្ហា ជាសរមុតចុះទៅ ឥច្ឆា ឆេះសព្វកាលទាំងពួង។

ឧឌ្ឌិតសូត្រ ទី៧

(៧. ឧឌ្ឌិតសុត្តំ)

[១៩២] ទេវតាទូលថា

អ្វី បញ្ជើចសត្វលោក អ្វី ចោមរោមសត្វលោក អ្វី បិទសត្វលោក សត្វលោក តែងឋិតនៅក្នុងអ្វី។

[១៩៣] ព្រះមានព្រះភាគត្រាស់ថា

តណ្ហា បញ្ជើចសត្វលោក ជរា ចោមរោមសត្វលោក មច្ចុ បិទសត្វលោក សត្វលោក ឋិតនៅក្នុងសេចក្តីទុក្ខ។

បិហិតសូត្រ ទី៨

(៨. បិហិតសុត្តំ)

[១៩៤] ទេវតាទូលថា

អ្វី បិទសត្វលោក សត្វលោក ឋិតនៅក្នុងអ្វី អ្វីបញ្ជើចសត្វលោក អ្វី ចោមរោមសត្វលោក។

[១៩៥] ព្រះមានព្រះភាគត្រាស់ថា

មច្ចុ បិទសត្វលោក សត្វលោក ឋិតនៅក្នុងសេចក្តីទុក្ខ តណ្ហា បញ្ជើចសត្វលោក ជរា ចោមរោមសត្វលោក។

ឥច្ឆាសូត្រ ទី៩

(៩. ឥច្ឆាសុត្តំ)

[១៩៦] ទេវតាទូលថា

អ្វី ចងឆ្វាក់សត្វលោកទុក សត្វលោករបូតរួចទៅ ព្រោះកំចាត់បង់នូវធម៌អ្វី សត្វលោក កាត់ផ្តាច់នូវចំណងទាំងពួងបាន ព្រោះលះបង់នូវអ្វី។

[១៩៧] ព្រះមានព្រះភាគត្រាស់ថា

សេចក្តីប្រាថ្នា ចងឆ្វាក់សត្វលោកទុក សត្វលោក របូតរួចទៅបាន ព្រោះកំចាត់បង់សេចក្តីប្រាថ្នា សត្វលោក កាត់ផ្តាច់នូវចំណងទាំងពួងបាន ព្រោះលះបង់សេចក្តីប្រាថ្នា។

លោកសូត្រ ទី១០

(១០. លោកសុត្តំ)

[១៩៨] ទេវតាទូលថា

លុះតែអ្វី កើតឡើង ទើបសត្វលោកកើតឡើងបាន សត្វលោក រមែងធ្វើនូវសេចក្តីស្និទ្ធស្នាលក្នុងអ្វី សត្វលោកប្រកាន់មាំនូវអ្វី សត្វលោក លំបាកព្រោះអ្វី។

[១៩៩] ព្រះមានព្រះភាគត្រាស់ថា

លុះតែអាយតនៈខាងក្នុងទាំង៦ កើតឡើង ទើបសត្វលោកកើតឡើងបាន សត្វលោក រមែងធ្វើនូវសេចក្តីស្និទ្ធស្នាលក្នុងអាយតនៈខាងក្រៅទាំង៦ សត្វលោកប្រកាន់មាំនូវអាយតនៈខាងក្នុងទាំង៦ សត្វលោក លំបាកព្រោះអាយតនៈខាងក្រៅទាំង៦។

ចប់ អន្ធវគ្គ ទី៧។

បញ្ជីរឿងនៃអន្ធវគ្គនោះ គឺ

សូត្រទាំងឡាយ១០នោះគឺ នាមសូត្រ១ ចិត្តសូត្រ១ តណ្ហាសូត្រ១ សញ្ញោជនសូត្រ១ ពន្ធនសូត្រ១ អព្ភាហតសូត្រ១ ឧឌ្ឌិតសូត្រ១ បិហិតសូត្រ១ ឥច្ឆាសូត្រ១ លោកសូត្រ១។

ឃត្វាវគ្គ ទី៨

(៨. ឆេត្វាវគ្គោ)

ឃត្វាសូត្រ ទី១

(១. ឆេត្វាសុត្តំ)

[២០០] ទេវតានោះ ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលគាថា ចំពោះព្រះមានព្រះភាគថា

បុគ្គលសម្លាប់អ្វីបាន ទើបដេកនៅជាសុខ សម្លាប់អ្វីបាន ទើបមិនសោក បពិត្រព្រះគោតម ព្រះអង្គគាប់ព្រះហឫទ័យ ចំពោះការសម្លាប់ធម៌ឯក តើធម៌អ្វី។

[២០១] ព្រះមានព្រះភាគត្រាស់ថា

បុគ្គលសម្លាប់សេចក្តីក្រោធបាន ទើបដេកនៅជាសុខ សម្លាប់សេចក្តីក្រោធបាន ទើបមិនសោក ម្នាលទេវតា ព្រះអរិយៈទាំងឡាយ តែងសរសើរការសម្លាប់សេចក្តីក្រោធ ដែលមានគល់ជាពិស មានចុងដ៏ផ្អែម លុះតែសម្លាប់សេចក្តីក្រោធនោះបាន ទើបមិនសោក។

រថសូត្រ ទី២

(២. រថសុត្តំ)

[២០២] ទេវតាទូលថា

អ្វី ជាគ្រឿងប្រាកដរបស់រថ អ្វី ជាគ្រឿងប្រាកដរបស់ភ្លើង អ្វី ជាគ្រឿងប្រាកដរបស់ដែន អ្វី ជាគ្រឿងប្រាកដរបស់ស្រី។

[២០៣] ព្រះមានព្រះភាគត្រាស់ថា

ទង់ ជាគ្រឿងប្រាកដរបស់រថ ផ្សែង ជាគ្រឿងប្រាកដរបស់ភ្លើង ព្រះរាជា ជាគ្រឿងប្រាកដរបស់ដែន ភស្តា ជាគ្រឿងប្រាកដរបស់ស្រី។

វិត្តសូត្រ ទី៣

(៣. វិត្តសុត្តំ)

[២០៤] ទេវតាទូលថា

ក្នុងលោកនេះ អ្វី ជាទ្រព្យដ៏ប្រសើររបស់បុរស អ្វី ដែលគេសន្សំល្អហើយ តែងនាំសេចក្តីសុខមកឲ្យ អ្វី មានរសឆ្ងាញ់ពិសាលើសលុបជាងរសទាំងឡាយ បណ្ឌិតទាំងឡាយពោលថា អ្នករស់នៅបែបណា ឈ្មោះថា ជាអ្នករស់នៅប្រសើ់របំផុត។

[២០៥] ព្រះមានព្រះភាគត្រាស់ថា

ក្នុងលោកនេះ សទ្ធា ជាទ្រព្យដ៏ប្រសើរ របស់បុរស ធម៌ ដែលគេសន្សំល្អហើយ តែងនាំសេចក្តីសុខមកឲ្យ ពាក្យសត្យ មានរសឆ្ងាញ់ពិសា លើសរសទាំងឡាយ បណ្ឌិតទាំងឡាយពោលថា អ្នករស់នៅដោយបញ្ញា ឈ្មោះថា ជាអ្នករស់នៅប្រសើ់របំផុត។

វុដ្ឋិសូត្រ ទី៤

(៤. វុដ្ឋិសុត្តំ)

[២០៦] ទេវតាទូលថា

បណ្តារបស់ដែលកើតមានឡើង អ្វី ជារបស់ប្រសើរ បណ្តារបស់ដែលធ្លាក់ចុះ អ្វី ជារបស់ប្រសើរ បណ្តាសត្វដើរទៅដោយជើង សត្វពួកណា ជាសត្វប្រសើរ បណ្តាអ្នកចេះនិយាយពីរោះ មនុស្សបែបណាប្រសើរ។

[២០៧] ទេវតាអង្គ១ ពោលកាត់ថា

បណ្តារបស់ដែលកើតមានឡើង ពូជស្រូវ ជារបស់ប្រសើរ បណ្តារបស់ដែលធ្លាក់ចុះ ទឹកភ្លៀង ជារបស់ប្រសើរ បណ្តាសត្វដើរទៅដោយជើង គោ ជាសត្វប្រសើរ បណ្តាអ្នកចេះនិយាយពីរោះ កូន ជាមនុស្សប្រសើរ។

[២០៨] ព្រះមានព្រះភាគត្រាស់ថា

បណ្តារបស់ដែលកើតមានឡើង វិជ្ជា ជាធម្មជាតិប្រសើរ បណ្តារបស់ដែលធ្លាក់ចុះ អវិជ្ជា ដែលធ្លាក់ចុះប្រសើរ បណ្តាសត្វដើរទៅដោយជើង ព្រះសង្ឃ ជាបុគ្គលប្រសើរ បណ្តាអ្នកចេះនិយាយពីរោះ ព្រះពុទ្ធជាបុគ្គលប្រសើរ។

ភីតសូត្រ ទី៥

(៥. ភីតាសុត្តំ)

[២០៩] ទេវតាទូលថា

ក្នុងលោកនេះ អ្វី ដែលប្រជុំជនច្រើនគ្នាតែងខ្លាច ហើយព្រះអង្គសំដែងថា ជាផ្លូវមានមែកបែកច្រើនណាស់ បពិត្រព្រះគោតមជាម្ចាស់ ព្រះអង្គមានបញ្ញាក្រាស់ ខ្ញុំព្រះអង្គសូមសួរថា នរជនតាំងនៅក្នុងធម៌ដូចម្តេច រមែងមិនភ័យទៅក្នុងបរលោក។

[២១០] ព្រះមានព្រះភាគត្រាស់ថា

សាធុជនតម្កល់វាចា និងចិត្ត ដោយប្រពៃ មិនធ្វើបាបដោយកាយ គ្រប់គ្រងនូវផ្ទះ ដែលមានបាយ និងទឹកច្រើន ជាអ្នកមានសទ្ធា មានចិត្តទន់ ជាអ្នកចែករលែក ជាអ្នកដឹងនូវពាក្យពោល ជនដែលតាំងនៅក្នុងធម៌ ទាំង៤ប្រការនេះ ឈ្មោះថា ជាអ្នកឋិតនៅក្នុងធម៌ រមែងមិនភ័យទៅក្នុងបរលោកទេ។

នជីរតិសូត្រ ទី៦

(៥. ភីតាសុត្តំ)

[២១១] ទេវតាទូលថា

អ្វី រមែងចាស់ជរា អ្វី រមែងមិនចាស់ជរា អ្វី ហៅថាផ្លូវខុស អ្វី ជាសេចក្តីអន្តរាយនៃធម៌ទាំងឡាយ អ្វី អស់ទៅតាមយប់និងថ្ងៃ អ្វី ជាមន្ទិលនៃព្រហ្មចរិយៈ អ្វី ជាធម្មជាតសម្រាប់លាងជម្រះ មិនចាំបាច់មានទឹក ចិត្តរមែងមិនឋិតនៅក្នុងច្រកទាំងឡាយណា ច្រកទាំងនោះ តើមានប៉ុន្មានក្នុងលោក យើងខ្ញុំព្រះអង្គ នាំគ្នាមកគាល់ព្រះមានព្រះភាគ ធ្វើម្តេចហ្ន៎ នឹងដឹងនូវសេចក្តីនោះបាន។

[២១២] ព្រះមានព្រះភាគត្រាស់ថា

រូបរបស់សត្វទាំងឡាយ រមែងចាស់ជរា នាម និងគោត្រ រមែងមិនចាស់ជរាឡើយ រាគៈ ហៅថាផ្លូវខុស លោភៈ ជាសេចក្តីអន្តរាយ នៃធម៌ទាំងឡាយ វ័យ អស់ទៅតាមយប់ និងថ្ងៃ ស្ត្រី ជាមន្ទិលរបស់ព្រហ្មចរិយៈ ប្រជាជនទាំងនេះ រមែងជាប់ចំពាក់នៅនឹងស្ត្រីទាំងនោះ តបធម៌ ឬព្រហ្មចរិយធម៌ ជាធម្មជាតសម្រាប់លាងជម្រះនូវមន្ទិលនោះ មិនចាំបាច់មានទឹកឡើយ ចិត្តរមែងមិនឋិតនៅ ក្នុងច្រកទាំងឡាយណា ច្រកទាំងនោះ មាន៦យ៉ាង ក្នុងលោក គឺសេចក្តីខ្ជិលច្រអូស១ សេចក្តីធ្វេសប្រហែស១ សេចក្តីមិនព្យាយាម១ ការមិនសង្រួម១ ការលក់១ សេចក្តីខ្ជិល១ ជនគប្បីវៀរបង់នូវច្រកទាំងនោះ ដោយប្រការទាំងពួងចុះ។

ឥស្សរសូត្រ ទី៧

(៧. ឥស្សរិយសុត្តំ)

[២១៣] ទេវតាទូលថា

អ្វីជាធំក្នុងលោក អ្វី ឧត្តមជាងទ្រព្យទាំងឡាយក្នុងលោក អ្វីដូចជាច្រែះចាប់សស្ត្រាក្នុងលោក អ្វី ជាសេចក្តីអន្តរាយក្នុងលោក អ្នកផងតែងឃាត់ខាំងទុកនូវជនដូចម្តេច កាលដែលនាំយកទ្រព្យទៅ មួយទៀត អ្នកផង តែងពេញចិត្ត ចំពោះជនដូចម្តេច កាលនាំយកទ្រព្យទៅ ពួកជនជាបណ្ឌិត តែងត្រេកអរ ចំពោះជនដូចម្តេច ដែលមករឿយៗ។

[២១៤] ព្រះមានព្រះភាគត្រាស់ថា

អំណាច ជាធំក្នុងលោក ស្ត្រី ឧត្តមជាងទ្រព្យទាំងឡាយក្នុងលោក សេចក្តីក្រោធ ដូចជាច្រែះចាប់សស្ត្រាក្នុងលោក ពួកចោរ ជាសេចក្តីអន្តរាយក្នុងលោក អ្នកផងតែងឃាត់ខាំងទុក នូវចោរ កាលដែលនាំយកទ្រព្យទៅ អ្នកផង តែងពេញចិត្ត ចំពោះសមណៈ កាលនាំយកទ្រព្យទៅ ពួកជនជាបណ្ឌិត តែងត្រេកអរ ចំពោះសមណៈ ដែលមករឿយៗ។

កាមសូត្រ ទី៨

(៨. កាមសុត្តំ)

[២១៥] ទេវតាទូលថា

របស់អ្វី ដែលអ្នកប្រាថ្នានូវប្រយោជន៍ មិនគប្បីប្រគល់ឲ្យគេ របស់អ្វី ដែលសត្វមិនគប្បីលះបង់ចោល វត្ថុអ្វី ជារបស់ល្អ ដែលបុគ្គលគួរបញ្ចេញ តែបើអាក្រក់វិញ បុគ្គលមិនគួរបញ្ចេញ។

[២១៦] ព្រះមានព្រះភាគត្រាស់ថា

បុរស មិនគប្បីប្រគល់ខ្លួនឲ្យគេទេ មិនគប្បីលះបង់ខ្លួនចោលទេ គួរបញ្ចេញវាចាពីរោះ មិនគួរបញ្ចេញវាចាអាក្រក់សោះឡើយ។

បាឋេយ្យសូត្រ ទី៩

(៩. បាថេយ្យសុត្តំ)

[២១៧] ទេវតាទូលថា

អ្វី រមែងចងទុកនូវស្បៀង គឺកុសល អ្វីជាទីនៅអាស្រ័យនៃភោគៈទាំងឡាយ អ្វីរមែងភើចកន្ទ្រាក់នរជនយកទៅ អ្វី ដែលបុគ្គលលះបង់បានដោយកម្រក្នុងលោក សត្វមានកិលេសក្រាស់ ជាប់ចំពាក់នៅ ក្នុងរបស់អ្វី ដែលដូចជាបក្សីជាប់អន្ទាក់។

[២១៨] ព្រះមានព្រះភាគត្រាស់ថា

សទ្ធា រមែងចងទុកនូវស្បៀង គឺកុសល សិរី ជាទីនៅអាស្រ័យនៃភោគៈទាំងឡាយ សេចក្តីប្រាថ្នា រមែងភើចកន្ទ្រាក់នរជនទៅ សេចក្តីប្រាថ្នា កម្របុគ្គលលះបង់បានក្នុងលោក សត្វមានកិលេសក្រាស់ រមែងជាប់នៅ ក្នុងសេចក្តីប្រាថ្នា ដូចជាបក្សីជាប់អន្ទាក់។

បជ្ជោតសូត្រ ទី១០

(១០. បជ្ជោតសុត្តំ)

[២១៩] ទេវតាទូលថា

អ្វី ជាគ្រឿងបំភ្លឺក្នុងលោក អ្វី ជាគ្រឿងភ្ញាក់រឭកក្នុងលោក អ្វី ជាសម្លាញ់ក្នុងការងារ របស់ពួកជនអ្នកចិញ្ចឹមជីវិត អ្វី ជាគ្រឿងចិញ្ចឹមជីវិតរបស់ពួកសត្វនោះ អ្វី តែងចិញ្ចឹមនូវបុគ្គលខ្ជិល និងមិនខ្ជិល ដូចជាមាតាចិញ្ចឹមបុត្ត ពួកសត្វណា ដែលអាស្រ័យផែនដី សត្វទាំងនោះ តែងរស់នៅនឹងអ្វី។

[២២០] ព្រះមានព្រះភាគត្រាស់ថា

បញ្ញា ជាគ្រឿងបំភ្លឺក្នុងលោក សតិ ជាគ្រឿងភ្ញាក់រឭកក្នុងលោក គោ ជាសម្លាញ់ក្នុងការងារ របស់ពួកជនអ្នកចិញ្ចឹមជីវិត នង្គ័ល ជាគ្រឿងចិញ្ចឹមជីវិត របស់ពួកសត្វនោះ ទឹកភ្លៀង តែងចិញ្ចឹមនូវបុគ្គលខ្ជិល និងមិនខ្ជិល ដូចជាមាតាចិញ្ចឹមបុត្ត ពួកសត្វ ដែលអាស្រ័យផែនដី តែងរស់នៅនឹងទឹកភ្លៀង។

អរណសូត្រ ទី១១

(១១. អរណសុត្តំ)

[២២១] ទេវតាទូលថា

ក្នុងលោកនេះ មនុស្សពួកណា ជាបុគ្គលមិនមានកិលេស ព្រហ្មចរិយៈ គឺមនុស្សពួកណា រក្សាហើយ រមែងមិនខូចខាតទៅវិញ ក្នុងលោកនេះ មនុស្សពួកណា រមែងស្គាល់ច្បាស់នូវសេចក្តីប្រាថ្នា មនុស្សពួកណា រួចខ្លួនជាអ្នកជា ក្នុងកាលទាំងពួង មាតាបិតាបងប្អូន រមែងក្រាបសំពះនូវបុគ្គលណា បុគ្គលនោះ តាំងនៅក្នុងគុណធម៌ដូចម្តេច ក្នុងលោកនេះ ក្សត្រិយ៍ទាំងឡាយ រមែងទ្រង់សំពះដោយគោរព នូវជនមានជាតិថោកទាប តើមនុស្សពួកណា។

[២២២] ព្រះមានព្រះភាគត្រាស់ថា

ក្នុងលោកនេះ ពួកខីណាសវសមណៈ ជាបុគ្គលមិនមានកិលេស ព្រហ្មចរិយៈ ដែលពួកព្រះខីណាស្រពរក្សាហើយ រមែងមិនខូចខាតទៅវិញ ពួកខីណាសវសមណៈ រមែងស្គាល់ច្បាស់ នូវសេចក្តីប្រាថ្នា ពួកខីណាសវសមណៈ រួចខ្លួនជាអ្នកជា ក្នុងកាលទាំងពួង មាតាបិតាបងប្អូន រមែងក្រាបសំពះនូវខីណាសវសមណៈនោះ ដែលជាអ្នកមានសីលដ៏ខ្ជាប់ខ្ជួន ក្នុងលោកនេះ ក្សត្រិយ៍ទាំងឡាយ រមែងទ្រង់សំពះ ដោយគោរព នូវជនមានជាតិថោកទាប ដែលជាសមណៈ។

ចប់ ឃត្វាវគ្គ ទី៨

បញ្ជីរឿងនៃឃត្វាវគ្គនោះ គឺ

ឃត្វាសូត្រ១ រថសូត្រ១ វិត្តសូត្រ១ វុដ្ឋិសូត្រ១ ភីតសូត្រ១ នជីរតិសូត្រ១ ឥស្សរសូត្រ១ កាមសូត្រ១ បាឋេយ្យសូត្រ១ បជ្ជោតសូត្រ១ អរណសូត្រ១។

ចប់ ទេវតាសំយុត្ត

ទេវបុត្តសំយុត្ត (ទី២)

(២. ទេវបុត្តសំយុត្តំ)

កស្សបវគ្គ ទី១

(១. បឋមវគ្គោ)

បឋមកស្សបសូត្រ ទី១

(១. បឋមកស្សបសុត្តំ)

[២២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះ កស្សប មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំដោយគោរព ចំពោះព្រះមានព្រះភាគហើយ ឋិតនៅក្នុងទីសមគួរ។ លុះកស្សបទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា ព្រះមានព្រះភាគ ទ្រង់ទូន្មានភិក្ខុ ឯខ្ញុំព្រះអង្គ មិនបានប្រៀនប្រដៅភិក្ខុទេ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលកស្សប បើដូច្នោះ ពាក្យប្រៀនប្រដៅ និងដម្បូន្មាន (នុ៎ះ) ចូរតាំងឡើងប្រាកដក្នុងទីនេះចុះ។

[២២៤] កស្សបទេវបុត្ត ក្រាបបង្គំទូលថា

បុគ្គលគួរសិក្សានូវពាក្យសុភាសិត នូវការចូលទៅភប់ប្រសព្វនឹងសមណៈ នូវអាសនៈតែមួយក្នុងទីស្ងាត់ នូវធម៌ជាគ្រឿងញុំាងចិត្តឲ្យស្ងប់រម្ងាប់។

ព្រះសាស្តាក៏ទ្រង់មានព្រះហឫទ័យរីករាយ។ លុះកស្សបទេវបុត្តដឹងថា ព្រះសាស្តាទ្រង់មានព្រះហឫទ័យរីករាយ នឹងពាក្យអាត្មាហើយ ក៏ថ្វាយបង្គំដោយគោរព ចំពោះព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏បាត់ក្នុងទីនោះឯង។

ទុតិយកស្សបសូត្រ ទី២

(២. ទុតិយកស្សបសុត្តំ)

[២២៥] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី… កស្សបទេវបុត្ត ឋិតនៅក្នុងទីសមគួរ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ភិក្ខុដែលជាអ្នកមានអានិសង្ស ក្នុងព្រះអរហត្តនោះ កាលបើចង់បានព្រះអរហត្ត គប្បីជាអ្នកមានឈាន ជាអ្នកមានចិត្តរួចស្រឡះ ដឹងនូវសេចក្តីអស់ទៅ និងសូន្យទៅនៃលោក ជាអ្នកមានចិត្តល្អ មិនគប្បីអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ឡើយ។

មាឃសូត្រ ទី៣

(៣. មាឃសុត្តំ)

[២២៦] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី… កាលវេលារាត្រីបឋមយាមកន្លងទៅហើយ មាឃទេវបុត្ត20) មានរស្មីដ៏ល្អ ក៏ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំដោយគោរព ចំពោះព្រះមានព្រះភាគហើយ ឋិតនៅក្នុងទីសមគួរ។

[២២៧] លុះមាឃទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលគាថានឹងព្រះមានព្រះភាគថា

បុគ្គលសម្លាប់អ្វី ទើបដេកជាសុខ សម្លាប់អ្វី ទើបមិនសោក បពិត្រព្រះគោតម ព្រះអង្គគាប់ព្រះហឫទ័យនឹងការសម្លាប់ធម៌មួយ តើគឺធម៌អ្វី។

[២២៨] ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលសម្លាប់សេចក្តីក្រោធបាន ទើបដេកជាសុខ សម្លាប់សេចក្តីក្រោធបាន ទើបមិនសោក ម្នាលវត្រភូ21) ព្រះអរិយៈទាំងឡាយ តែងសរសើរការសម្លាប់សេចក្តីក្រោធ ដែលមានឫសជាពិស មានចុងដ៏ផ្អែម ជនសម្លាប់សេចក្តីក្រោធនោះឯង ទើបមិនសោក។

មាគធសូត្រ ទី៤

(៤. មាគធសុត្តំ)

[២២៩] មាគធទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលនឹងព្រះមានព្រះភាគ ដោយគាថាថា

ពន្លឺក្នុងលោក មានប៉ុន្មានយ៉ាង លោកភ្លឺច្បាស់ដោយពន្លឺទាំងឡាយណា យើងខ្ញុំព្រះអង្គមកគាល់ ដើម្បីទូលសួរព្រះមានព្រះភាគ ធ្វើដូចម្តេចហ្ន៎ នឹងដឹងនូវពន្លឺនោះបាន។

[២៣០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

ពន្លឺក្នុងលោកនេះ មានតែ៤យ៉ាង មិនមានដល់៥យ៉ាងទេ គឺព្រះអាទិត្យភ្លឺក្នុងវេលាថ្ងៃ ព្រះចន្ទភ្លឺក្នុងវេលាយប់ ឯភ្លើងភ្លឺក្នុងទីនោះៗ ទាំងយប់ទាំងថ្ងៃ ព្រះសម្ពុទ្ធប្រសើរលើសពន្លឺទាំងឡាយ ពន្លឺនេះ មិនមានពន្លឺដទៃលើសលុបឡើយ។

ទាមលិសូត្រ ទី៥

(៥. ទាមលិសុត្តំ)

[២៣១] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី… គ្រានោះ កាលវេលារាត្រីបឋមយាមកន្លងហើយ ទាមលិទេវបុត្ត មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។

[២៣២] លុះទាមលិទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

សេចក្តីព្យាយាមនុ៎ះ ព្រាហ្មណ៍អ្នកមិនខ្ជិលច្រអូស គួរធ្វើដោយកិរិយាលះបង់ នូវកាមទាំងឡាយ ព្រាហ្មណ៍មិនប្រាថ្នានូវភព ដោយហេតុនោះទេ។

[២៣៣] (ព្រះមានព្រះភាគ ត្រាស់ថា ម្នាលទាមលិ)

កិច្ចរបស់ព្រាហ្មណ៍ មិនមានទេ ព្រោះថា ព្រាហ្មណ៍មានកិច្ចធ្វើរួចហើយ សត្វមិនបាននូវទីពឹង ក្នុងស្ទឹងទាំងឡាយដរាបណា រមែងឃ្វាងចាកដំណើរទាំងពួងដរាបនោះ លុះតែសត្វនោះ បាននូវទីពឹងផង ឋិតនៅលើគោកផង ទើបមិនឃ្វាង ជាអ្នកដល់នូវត្រើយមែនពិត ម្នាលទាមលិ នេះឧបមាដូចជាព្រាហ្មណ៍ ជាខីណាស្រព មានប្រាជ្ញាចាស់ ជាអ្នកមានឈាន ដល់ហើយនូវទីបំផុតនៃជាតិ និងមរណៈ ជាអ្នកដល់នូវត្រើយមែនពិត ឥតឃ្វាងដូច្នោះឯង។

កាមទសូត្រ ទី៦

(៦. កាមទសុត្តំ)

[២៣៤] កាមទទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដូច្នេះថា

បពិត្រព្រះមានព្រះភាគ កាលធ្វើសមណធម៌ បុគ្គលធ្វើបានដោយកម្រ បពិត្រព្រះមានព្រះភាគ ការធ្វើសមណធម៌ បុគ្គលធ្វើបានដោយកម្រក្រៃពេក។

(ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ)

លុះតែជនទាំងឡាយ ប្រកបដោយសេក្ខសីល មានសភាពជាអ្នកខ្ជាប់ខ្ជួន ទើបធ្វើសមណធម៌ ដែលបុគ្គលធ្វើបានដោយកម្រ សេចក្តីសន្តោសរបស់បុគ្គលចូលដល់នូវភាពជាបុគ្គលគ្មានផ្ទះ ជាគុណជាតនាំមកនូវសេចក្តីសុខ។

[២៣៥] កាមទទេវបុត្ត ក្រាបបង្គំទូលថា

បពិត្រព្រះមានព្រះភាគ សេចក្តីសន្តោសនេះ បុគ្គលបានដោយកម្រ។

(ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ)

លុះតែចិត្តរបស់ពួកជន ដែលត្រេកអរ ក្នុងភាវនាទាំងយប់ ទាំងថ្ងៃ ត្រេកអរក្នុងធម៌ ជាគ្រឿងចូលទៅជិត ញុំាងចិត្តឲ្យស្ងប់ ទើបបាននូវសេចក្តីសន្តោស ដែលបុគ្គលបានដោយកម្រ។

[២៣៦] កាមទទេវបុត្ត ក្រាបបង្គំទូលថា

បពិត្រព្រះមានព្រះភាគ ចិត្តនេះ បុគ្គលតម្កល់បានដោយកម្រ។

(ព្រះមានព្រះភាគត្រាស់ថា ម្នាលកាមទៈ)

លុះតែពួកជនណា ជាអរិយៈ ត្រេកអរក្នុងការរម្ងាប់នូវឥន្ទ្រិយ កាត់នូវបណ្តាញនៃមច្ចុបាន ម្នាលកាមទៈ ពួកជននោះ ទើបតម្កល់នូវចិត្ត ដែលបុគ្គលតម្កល់បានដោយកម្រ។

[២៣៧] កាមទទេវបុត្ត ក្រាបបង្គំទូលថា

បពិត្រព្រះមានព្រះភាគ ផ្លូវមិនរាបស្មើ បុគ្គលទៅបានដោយកម្រ។

ព្រះមានព្រះភាគត្រាស់ថា

ម្នាលកាមទៈ លុះតែពួកអរិយជន ទើបទៅក្នុងផ្លូវមិនរាបស្មើ ដែលបុគ្គលទៅបានដោយកម្រ ពួកជនមិនមែនជាអរិយៈ តែងមានក្បាលសំយុងចុះ ធ្លាក់ទៅក្នុងផ្លូវដ៏មិនរាបស្មើ ឯផ្លូវដ៏រាបស្មើ ជាផ្លូវសម្រាប់តែពួកអរិយជន ព្រោះថា ពួកអរិយជន តែងប្រព្រឹត្តស្មើ ក្នុងផ្លូវដ៏មិនរាបស្មើបាន។

បញ្ចាលចណ្ឌសូត្រ ទី៧

(៧. បញ្ចាលចណ្ឌសុត្តំ)

[២៣៨] បញ្ចាលចណ្ឌទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ឱហ្ន៎ បុគ្គលជាអ្នកមានប្រាជ្ញាក្រាស់ ជាអ្នកដឹងនូវឈាន ជាអ្នកត្រាស់ដឹង ជាអ្នកប្រសើរដោយការលះអស្មិមានះ ជាមុនី បានហើយនូវឱកាស គឺឈានក្នុងទីចង្អៀត។

[២៣៩] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបញ្ចាលចណ្ឌៈ)

ជនទាំងឡាយណា ទោះបីឋិតនៅក្នុងទីចង្អៀត ក៏បាននូវសតិ ព្រោះដល់នូវការរំលត់នូវអកុសលធម៌ ជនទាំងនោះ ឈ្មោះថា តម្កល់នៅដោយល្អប្រពៃ។

តាយនសូត្រ ទី៨

(៨. តាយនសុត្តំ)

[២៤០] គ្រានោះ កាលរាត្រីបឋមយាមកន្លងទៅហើយ តាយនទេវបុត្ត ជាបុរាណតិត្ថករ22) មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។

[២៤១] លុះតាយនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ទើបពោលគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បពិត្រព្រាហ្មណ៍ ចូរអ្នកកាត់ខ្សែតណ្ហា ចូរអ្នកបន្ទោបង់កាមទាំងឡាយ មុនី (បើ) មិនលះបង់កាមទាំងឡាយទេ ក៏មិនបាននូវឈាន បុគ្គលបើបានជាធ្វើព្យាយាម កុំគប្បីបន្ធូរបន្ថយព្យាយាមនោះឡើយ គប្បីធ្វើព្យាយាមនោះ ឲ្យមាំមួនឡើង ព្រោះថាបព្វជ្ជា ដែលបុគ្គលកាន់ធូរៗ រមែងរោយធូលី គឺកិលេសដ៏ក្រៃលែង អំពើអាក្រក់ដែលបុគ្គលមិនធ្វើហើយ ជាអំពើប្រសើរ អំពើអាក្រក់ តែងក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ មួយទៀត បុគ្គលធ្វើអំពើណា តែងមិនក្តៅតាមអំពើនោះ ដែលបុគ្គលធ្វើហើយ ជាអំពើល្អប្រសើរ ភាពជាសមណៈ ដែលអ្នកបួសកាន់មិនល្អ តែងប្រទាញចូល ទៅក្នុងនរក ដូចជាស្បូវដែលបុគ្គលកាន់មិនល្អ តែងមុតដៃ ដូច្នោះឯង ការងារណាមួយដ៏ធូរៗក្តី វត្តណាមួយ ដ៏សៅហ្មងក្តី ព្រហ្មចរិយធម៌ណាមួយ ដែលបុគ្គលប្រព្រឹត្តដោយសេចក្តីរង្កៀសក្តី កិច្ចនោះ ជាកិច្ចមិនមានផលធំឡើយ។

តាយនទេវបុត្ត បានពោលពាក្យនេះ លុះពោលពាក្យនេះរួច ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់ក្នុងទីនោះឯង។

[២៤២] កាលរាត្រីនោះកន្លងទៅ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា

ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ កាលរាត្រីបឋមយាមកន្លងទៅហើយ តាយនទេវបុត្ត ជាបុរាណតិត្ថករ មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺ ចូលមករកតថាគត លុះចូលមកដល់ហើយ ថ្វាយបង្គំតថាគត ឋិតនៅក្នុងទីសមគួរ។ លុះតាយនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថាទាំងនេះ ក្នុងសំណាក់តថាគតថា បពិត្រព្រាហ្មណ៍ ចូរអ្នកព្យាយាមកាត់ខ្សែតណ្ហា ចូរអ្នកបន្ទោបង់ នូវកាមទាំងឡាយ មុនី (បើ) មិនលះបង់នូវកាមទាំងឡាយទេ ក៏មិនបាននូវឈាន បុគ្គលបើបានជាធ្វើព្យាយាម កុំគប្បីបន្ធូរបន្ថយព្យាយាមនោះឡើយ គប្បីធ្វើព្យាយាមនោះ ឲ្យមាំមួនឡើង ព្រោះថាបព្វជ្ជា ដែលបុគ្គលកាន់ធូរៗ រមែងរោយនូវធូលី គឺកិលេសដ៏ក្រៃលែង អំពើអាក្រក់ ដែលបុគ្គលមិនធ្វើហើយ ជាអំពើប្រសើរ អំពើអាក្រក់ តែងក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ មួយទៀត បុគ្គលធ្វើនូវអំពើណា តែងមិនក្តៅតាមអំពើនោះ ដែលបុគ្គលធ្វើហើយ ជាអំពើល្អប្រសើរ ភាពជាសមណៈ ដែលអ្នកបួសកាន់មិនល្អ តែងប្រទាញចូល ទៅក្នុងនរក ដូចជាស្បូវ ដែលបុគ្គលកាន់មិនល្អ តែងមុតដៃ ដូច្នោះឯង ការងារណាមួយដ៏ធូរៗក្តី វត្តណាមួយ ដ៏សៅហ្មងក្តី ព្រហ្មចរិយធម៌ណាមួយ ដែលបុគ្គលប្រព្រឹត្ត ដោយសេចក្តីរង្កៀសក្តី កិច្ចនោះ ជាកិច្ចមិនមានផលធំឡើយ។

ម្នាលភិក្ខុទាំងឡាយ តាយនទេវបុត្ត បានពោលពាក្យនេះ លុះពោលពាក្យនេះរួច ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយបាត់ក្នុងទីនោះឯង ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររៀននូវតាយនគាថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទន្ទេញនូវតាយនគាថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទ្រទ្រង់នូវតាយនគាថា ម្នាលភិក្ខុទាំងឡាយ តាយនគាថា ប្រកបដោយប្រយោជន៍ ជាខាងដើមនៃព្រហ្មចរិយៈ។

ចន្ទិមសូត្រ ទី៩

(៩. ចន្ទិមសុត្តំ)

[២៤៣] ព្រះមានព្រះភាគទ្រង់គង់ជិតក្រុងសាវត្ថី… សម័យនោះឯង រាហុអសុរិន្ទ ចាប់ចន្ទិមទេវបុត្ត។ លំដាប់នោះ ចន្ទិមទេវបុត្ត រឭកដល់ព្រះមានព្រះភាគ បានពោលគាថានេះ ក្នុងវេលានោះថា

បពិត្រព្រះពុទ្ធអ្នកមានព្យាយាម កិរិយានមស្ការ ថ្វាយបង្គំ (របស់ខ្ញុំ) ចូរមានដល់ព្រះអង្គ ព្រះអង្គរួចស្រឡះ ចាកធម៌ទាំងពួង មានខន្ធ និងអាយតនៈជាដើម ខ្ញុំព្រះអង្គដល់នូវគ្រោះថ្នាក់ ដ៏ចង្អៀតហើយ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំ។

[២៤៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ប្រារព្ធចន្ទិមទេវបុត្ត ក៏ត្រាស់នឹងរាហុអសុរិន្ទ ដោយគាថា ថា ចន្ទិមទេវបុត្ត ដល់នូវតថាគតជាអរហន្ត ជាទីពឹងហើយ ម្នាលរាហុ អ្នកចូរលែងចន្ទទេវបុត្តចេញ ព្រះពុទ្ធទាំងឡាយ តែងទ្រង់អនុគ្រោះសត្វលោក។

[២៤៥] គ្រានោះឯង រាហុអសុរិន្ទលែងចន្ទិមទេវបុត្តហើយ ក៏ប្រញាប់ប្រញាល់ចូលទៅរកវេបចិត្តិអសុរិន្ទ លុះចូលទៅដល់ ក៏មានសេចក្តីសង្វេគ ព្រឺរោម ព្រឺស្បែក ឋិតនៅក្នុងទីសមគួរ។

[២៤៦] វេបចិត្តិអសុរិន្ទ បានពោលនឹងរាហុអសុរិន្ទ ដែលឋិតនៅក្នុងទីសមគួរដោយគាថាថា

ម្នាលរាហុ ហេតុដូចម្តេច បានជាអ្នកប្រញាប់លែងចន្ទទេវបុត្ត ហើយមានសភាពស្រពោនស្រពាប់ ហេតុដូចម្តេចបានជាអ្នកភ័យដល់ម្ល៉េះ។

[២៤៧] រាហុអសុរិន្ទ បានពោលគាថា ថា

ខ្ញុំជាបុគ្គលត្រូវចន្ទិមទេវបុត្តពោលគាថា ចំពោះព្រះពុទ្ធហើយ បើខ្ញុំមិនលែងចន្ទិមទេវបុត្តទេ ក្បាលខ្ញុំ មុខជានឹងបែកជា៧ភាគ ទោះបីខ្ញុំរស់នៅ ក៏មិនបានសេចក្តីសុខ។

សុរិយសូត្រ ទី១០

(១០. សូរិយសុត្តំ)

[២៤៨] សម័យនោះឯង រាហុអសុរិន្ទ ចាប់សុរិយទេវបុត្ត។ លំដាប់នោះ សុរិយទេវបុត្តរឭកដល់ព្រះមានព្រះភាគ បានពោលគាថានេះ ក្នុងវេលានោះថា

បពិត្រព្រះពុទ្ធអ្នកមានព្យាយាម កិរិយានមស្ការ របស់ខ្ញុំ ចូរមានដល់ព្រះអង្គនោះ ព្រះអង្គរួចស្រឡះចាកធម៌ទាំងពួង មានខន្ធ និងអាយតនៈជាដើម ខ្ញុំព្រះអង្គដល់នូវគ្រោះថ្នាក់ដ៏ចង្អៀតហើយ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំ។

[២៤៩] លំដាប់នោះឯង ព្រះមានព្រះភាគ ប្រារព្ធសុរិយទេវបុត្ត ក៏ត្រាស់នឹងរាហុអសុរិន្ទ ដោយគាថា ថា

សុរិយទេវបុត្ត ដល់នូវតថាគតជាអរហន្ត ជាទីពឹងហើយ ម្នាលរាហុ អ្នកចូរលែងសុរិយទេវបុត្តចេញ ព្រះពុទ្ធទាំងឡាយ តែងទ្រង់អនុគ្រោះសត្វលោក អ្នកណាមានកំដៅ មានពន្លឺភ្លឺផ្លេកៗ ដ៏រុងរឿង ក្នុងទីងងឹត មានសណ្ឋានមូល មានតេជះខ្ពង់ខ្ពស់ ម្នាលរាហុ អ្នកកុំលេបនូវអ្នកនោះ ដែលកំពុងតែចរទៅឰដ៏អាកាសឡើយ ម្នាលរាហុ អ្នកចូរលែងសុរិយទេវបុត្ត ជាកូនតថាគតចេញ។

[២៥០] លំដាប់នោះឯង រាហុអសុរិន្ទ បានលែងសុរិយទេវបុត្តហើយ ប្រញាប់ចូលទៅរកវេបចិត្តិអសុរិន្ទ លុះចូលទៅដល់ហើយ មានសេចក្តីសង្វេគព្រឺរោម ព្រឺស្បែក ឋិតនៅក្នុងទីសមគួរ។

[២៥១] វេបចិត្តិអសុរិន្ទ បានពោលនឹងរាហុអសុរិន្ទ ដែលឋិតនៅក្នុងទីសមគួរដោយគាថាថា

ម្នាលរាហុ ហេតុដូចម្តេច បានជាអ្នកប្រញាប់លែងសុរិយទេវបុត្ត ហើយមានសភាពស្រពោនស្រពាប់ ហេតុដូចម្តេច បានជាអ្នកភ័យដល់ម្ល៉េះ។

[២៥២] រាហុអសុរិន្ទ បានពោលគាថា ថា ខ្ញុំជាបុគ្គលត្រូវសុរិយទេវបុត្ត បានពោលគាថា ចំពោះព្រះពុទ្ធហើយ បើខ្ញុំមិនលែងសុរិយទេវបុត្តទេ ក្បាលរបស់ខ្ញុំ មុខជានឹងបែកជា៧ភាគ ទោះបីខ្ញុំរស់នៅ ក៏មិនបានសុខដែរ។

ចប់ កស្សបវគ្គ ទី១។

បញ្ជីរឿងនៃកស្សបវគ្គនោះ គឺ

សូត្រទាំង១០ នោះគឺ កស្សបសូត្រ២ មាឃសូត្រ១ មាគធសូត្រ១ ទាមលិសូត្រ១ កាមទសូត្រ១ បញ្ចាលចណ្ឌសូត្រ១ តាយនសូត្រ១ ចន្ទិមសូត្រ១ សុរិយសូត្រ១។

អនាថបិណ្ឌិកវគ្គ ទី២

(២. អនាថបិណ្ឌិកវគ្គោ)

ចន្ទិមសសូត្រ ទី១

(១. ចន្ទិមសសុត្តំ)

[២៥៣] ក្នុងអារាមជិតក្រុងសាវត្ថី… គ្រាកាលដែលរាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះ ចន្ទិមសៈ មានរស្មីរុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំចំពោះព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។

[២៥៤] ចន្ទិមសទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ជនទាំងឡាយណា បានដល់នូវឈាន មានចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ មានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានសតិ ជនទាំងឡាយនោះ នឹងដល់នូវសួស្តី ដូចជាម្រឹគនៅក្នុងកៀន23) ដែលមិនមានសត្វមូស។

[២៥៥] ព្រះមានព្រះភាគ ត្រាស់ថា

ជនទាំងឡាយណា បានដល់នូវឈាន ជាអ្នកមិនប្រមាទ បានលះបង់នូវកិលេស ជនទាំងឡាយនោះ នឹងដល់នូវត្រើយ គឺព្រះនិព្វាន ដូចជាត្រីកាត់នូវសំណាញ់បាន។

វេណ្ឌុសូត្រ ទី២

(២. វេណ្ឌុសុត្តំ)

[២៥៦] វេណ្ឌុទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

មនុស្សទាំងឡាយណា បានចូលទៅអង្គុយជិតព្រះសុគត ហើយជាអ្នកប្រកបព្យាយាម មិនប្រមាទ តែងសិក្សាតាម ក្នុងសាសនាព្រះគោតម មនុស្សទាំងនោះ ដល់នូវសេចក្តីសុខមែនពិត។

[២៥៧] (ព្រះមានបុណ្យត្រាស់ថា

នែវេណ្ឌុទេវបុត្ត) មនុស្សទាំងឡាយណា មានឈាន បានសិក្សាតាម ក្នុងចំណែកនៃពាក្យប្រៀនប្រដៅ ដែលតថាគត បានពោលហើយ មនុស្សទាំងឡាយនោះ កាលបើមិនប្រមាទ ក្នុងកាលគួរ មិនគប្បីលុះក្នុងអំណាចនៃមច្ចុបានឡើយ។

ទីឃលដ្ឋិសូត្រ ទី៣

(៣. ទីឃលដ្ឋិសុត្តំ)

[២៥៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រាកាលដែលរាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះ ទីឃលដ្ឋិ មានរស្មីរុងរឿង ញុំាងវត្តវេឡុវ័នទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគហើយ ឋិតនៅក្នុងទីសមគួរ។

[២៥៩] លុះទីឃលដ្ឋិទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ភិក្ខុដែលមានព្រះអរហត្តជាអានិសង្ស គប្បីជាអ្នកមានឈាន មានចិត្តរួចស្រឡះ គប្បីប្រាថ្នានូវសេចក្តីសម្រេចនៃហឫទ័យ គឺព្រះអរហត្ត ដឹងច្បាស់នូវកិរិយាកើតឡើង និងការសូន្យទៅ នៃសង្ខារលោក មានចិត្តល្អ មិនអាស្រ័យ (នូវតណ្ហា និងទិដ្ឋិ)។

នន្ទនសូត្រ ទី៤

(៤. នន្ទនសុត្តំ)

[២៦០] នន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលសួរព្រះមានព្រះភាគ ដោយគាថាថា

បពិត្រព្រះគោតម អ្នកមានបញ្ញាក្រាស់ ដូចជាផែនដី ញាណទស្សនៈ របស់ព្រះមានព្រះភាគ មិនមានអ្វីរារាំងបានទេ ព្រោះហេតុនោះ ខ្ញុំសូមសួរព្រះអង្គ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលដូចម្តេចថា ជាអ្នកមានសីល ហៅបុគ្គលដូចម្តេចថា ជាអ្នកមានបញ្ញា បុគ្គលដូចម្តេច ដែលអ្នកប្រាជ្ញ តែងហៅថា ជាអ្នកកន្លងនូវសេចក្តីទុក្ខបាន ទេវតាទាំងឡាយ តែងបូជានូវបុគ្គលដូចម្តេច។

[២៦១] ព្រះអង្គត្រាស់ថា

បុគ្គលណា មានសីល មានបញ្ញា មានខ្លួនចម្រើនហើយ មានចិត្តតាំងខ្ជាប់ ត្រេកអរក្នុងឈាន មានស្មារតី ប្រាសចាកសេចក្តីសោក លះបង់នូវកិលេសទាំងពួង មានអាសវៈអស់ហើយ ទ្រទ្រង់នូវរាងកាយ ជាទីបំផុត អ្នកប្រាជ្ញទាំងឡាយ តែងហៅបុគ្គលនោះថា ជាអ្នកមានសីល តែងហៅបុគ្គលនោះថា ជាអ្នកមានបញ្ញា បុគ្គលនោះ ដែលអ្នកប្រាជ្ញតែងហៅថា ជាអ្នកកន្លងនូវសេចក្តីទុក្ខបាន ទេវតាទាំងឡាយ តែងបូជានូវបុគ្គលនោះ។

ចន្ទនសូត្រ ទី៥

(៥. ចន្ទនសុត្តំ)

[២៦២] ចន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលសួរព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលដូចម្តេចហ្ន៎ ដែលមិនខ្ជិលទាំងយប់ទាំងថ្ងៃ តែងឆ្លងនូវអន្លង់បាន បុគ្គលដូចម្តេច មិនលិចចុះក្នុងអន្លង់ជ្រៅ ដែលមិនមានទីឋិតនៅខាងក្រោម មិនមានទីតោងក្នុងខាងលើ។

[២៦៣] ព្រះអង្គត្រាស់ថា

បុគ្គលបរិបូណ៌ ដោយសីល មានបញ្ញា មានចិត្តតាំងខ្ជាប់ មានព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅ កាន់ព្រះនិព្វានសព្វកាល រមែងឆ្លងនូវអន្លង់ដែលឆ្លងបានដោយកម្រ បុគ្គលណាប្រាសចាកកាមសញ្ញា កន្លងនូវរូបសញ្ញោជនៈ មានភពជាទីត្រេកអរ24) អស់ហើយ បុគ្គលនោះ រមែងមិនលិចចុះក្នុងអន្លង់ជ្រៅឡើយ។

វាសុទត្តសូត្រ ទី៦

(៦. វាសុទត្តសុត្តំ)

[២៦៤] វាសុទត្តទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ភិក្ខុមានស្មារតី គប្បីនៅដើម្បីលះបង់កាមរាគ (ដោយរហ័ស) ដូចជាបុរស ដែលគេប្រហារដោយលំពែង ឬដូចជាបុរស ដែលភ្លើងកំពុងឆេះលើក្បាល។

[២៦៥] ព្រះមានព្រះភាគត្រាស់ថា

ភិក្ខុមានស្មារតី គប្បីនៅដើម្បីលះបង់សក្កាយទិដ្ឋិ (ដោយរហ័ស) ដូចជាបុរស ដែលគេប្រហារ ដោយលំពែង ឬដូចជាបុរស ដែលភ្លើងកំពុងឆេះលើក្បាល។

សុព្រហ្មសូត្រ ទី៧

(៧. សុព្រហ្មសុត្តំ)

[២៦៦] សុព្រហ្មទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបទូលសួរព្រះមានព្រះភាគ ដោយគាថាថា

កាលបើកិច្ច គឺសេចក្តីទុក្ខទាំងឡាយ មិនទាន់កើតឡើងក្តី ឬកើតឡើងហើយក្តី ចិត្ត (របស់ខ្ញុំព្រះអង្គ) នេះតក់ស្លុតជានិច្ច ចិត្ត (របស់ខ្ញុំព្រះអង្គ) នេះរន្ធត់ជានិច្ច បើចិត្តដែលមិនតក់ស្លុត មាន ខ្ញុំព្រះអង្គ សូមសួរឲ្យព្រះអង្គប្រាប់ នូវចិត្តនោះ ដល់ខ្ញុំព្រះអង្គ។

[២៦៧] ព្រះអង្គត្រាស់ថា

តថាគតមិនឃើញសួស្តីរបស់ពួកសត្វ ក្រៅអំពីពោជ្ឈង្គ និងតបោគុណទេ ក្រៅអំពីការសង្រួមនូវឥន្ទ្រិយទេ ក្រៅអំពីការលះបង់ នូវកិលេសទាំងអស់ទេ។

លុះព្រះមានព្រះភាគ ពោលគាថានេះរួចហើយ។បេ។ ទេវបុត្តនោះ ក៏បាត់អំពីទីនោះទៅ។

កកុធសូត្រ ទី៨

(៨. កកុធសុត្តំ)

[២៦៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់សត្វម្រឹគ ជិតក្រុងសាកេត។ គ្រាកាលដែលរាត្រីបឋមយាម កន្លងទៅហើយ ទេវបុត្តឈ្មោះ កកុធៈ មានរស្មីរុងរឿង ញុំាងព្រៃអញ្ជ័នជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។

[២៦៩] លុះកកុធទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះសមណៈ ព្រះអង្គត្រេកអរដែរឬ។ ព្រះអង្គត្រាស់ថា ម្នាលអាវុសោ ត្រេកអរ ព្រោះបានអ្វី។ បពិត្រសមណៈ បើដូច្នោះ ព្រះអង្គសោយសោកដែរឬ។ ម្នាលអាវុសោ ចុះនរណាផ្ចាញ់អ្វី (បានជាសោយសោក)។ បពិត្រព្រះសមណៈ បើដូច្នោះ ព្រះអង្គមិនត្រេកអរ មិនសោយសោកទេឬ។ អើអាវុសោ។

[២៧០] កកុធទេវបុត្តទូលថា ព្រះអង្គជាភិក្ខុ មិនមានទុក្ខទេឬ សេចក្តីត្រេកអរ មិនមានទេឬ សេចក្តីអផ្សុកមិនគ្របសង្កត់ព្រះអង្គ ដែលគង់នៅម្នាក់ឯងទេឬ។

[២៧១] ព្រះមានព្រះភាគត្រាស់ថា ម្នាលយក្ស តថាគតមិនមានទុក្ខទេ ទាំងសេចក្តីត្រេកអរ ក៏មិនមាន ទាំងសេចក្តីអផ្សុក ក៏មិនគ្របសង្កត់តថាគត ដែលអង្គុយនៅតែម្នាក់ឯងឡើយ។

[២៧២] កកុធទេវបុត្តទូលថា ដូចម្តេចក៏ព្រះអង្គជាភិក្ខុមិនមានទុក្ខ ដូចម្តេចក៏មិនមានសេចក្តីត្រេកអរ ដូចម្តេចក៏សេចក្តីអផ្សុក មិនគ្របសង្កត់ព្រះអង្គ ដែលគង់នៅតែម្នាក់ឯង។

[២៧៣] ព្រះមានព្រះភាគត្រាស់ថា សេចក្តីត្រេកអរ រមែងមានដល់សត្វ ដែលមានសេចក្តីទុក្ខ25) សេចក្តីទុក្ខ រមែងមានដល់សត្វ ដែលមានសេចក្តីត្រេកអរ26) ម្នាលអាវុសោ អ្នកឯងចូរដឹងថា ភិក្ខុមិនមានសេចក្តីត្រេកអរ សេចក្តីទុក្ខក៏មិនមានដែរ។

[២៧៤] កកុធទេវបុត្តទូលថា ខ្ញុំព្រះអង្គ ខានឃើញភិក្ខុជាព្រាហ្មណ៍ ដែលរលត់កិលេស មិនមានសេចក្តីត្រេកអរ មិនមានទុក្ខ ឆ្លងនូវតណ្ហា ដែលជាគ្រឿងផ្សាយទៅក្នុងលោក អស់កាលយូរហើយ។

ឧត្តរសូត្រ ទី៩

(៩. ឧត្តរសុត្តំ)

[២៧៥] រាជគហនិទាន។ ឧត្តរទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ជីវិត គឺអាយុ មានប្រមាណតិចណាស់ តែងត្រូវជរានាំចូលទៅរក (សេចក្តីស្លាប់) សត្វដែលត្រូវជរានាំចូលទៅហើយ មិនមានទីជ្រកកោនឡើយ កាលបើបុគ្គលបានសំឡឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះហើយ គួរតែខំធ្វើបុណ្យទាំងឡាយ ដែលជាគុណជាតនាំសេចក្តីសុខមកឲ្យ។

[២៧៦] ព្រះមានព្រះភាគត្រាស់ថា

ជីវិត គឺអាយុ មានប្រមាណតិចណាស់ ដែលជរាតែងនាំចូលទៅរក (សេចក្តីស្លាប់) សត្វដែលត្រូវជរានាំចូលទៅហើយ មិនមានទីជ្រកកោនឡើយ កាលបើបុគ្គលបានសំឡឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះហើយ គប្បីជាអ្នកប្រាថ្នា នូវសន្តិភាព គឺព្រះនិព្វាន ហើយលះបង់នូវអាមិសៈ ក្នុងលោកចោលចេញ។

អនាថបិណ្ឌិកសូត្រ ទី១០

(១០. អនាថបិណ្ឌិកសុត្តំ)

[២៧៧] អនាថបិណ្ឌិកទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលនូវគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

វត្តជេតពននេះ ជាវត្តមានប្រយោជន៍ ដែលពួកឥសី គឺភិក្ខុសង្ឃគង់នៅមិនដាច់ ជាវត្តដែលព្រះសម្ពុទ្ធ ជាធម្មរាជ ទ្រង់គង់នៅ ជាទីញុំាងបីតិឲ្យកើតដល់ខ្ញុំព្រះអង្គ សត្វទាំងឡាយ រមែងបរិសុទ្ធដោយអដ្ឋង្គិកមគ្គនេះ គឺកម្មៈ បានដល់មគ្គចេតនា វិជ្ជា បានដល់សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ធម្មៈ បានដល់សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ សីលៈ បានដល់សម្មាវាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈ ឈ្មោះថា ជីវិតដ៏ឧត្តម មិនមែនបរិសុទ្ធដោយគោត្រ មិនមែនបរិសុទ្ធដោយទ្រព្យទេ ព្រោះហេតុនោះឯង បុរសជាបណ្ឌិត កាលបើឃើញច្បាស់នូវប្រយោជន៍ របស់ខ្លួន គួរតែពិចារណានូវធម៌ ដោយឧបាយនៃប្រាជ្ញា រមែងបរិសុទ្ធ ក្នុងអរិយមគ្គនោះ យ៉ាងនេះឯង ព្រះសារីបុត្ត ទើបជាបុគ្គល (ប្រសើរ) ដោយបញ្ញាផង ដោយសីលផង ដោយការស្ងប់រម្ងាប់ផង ភិក្ខុដែលប្រសើរដោយគុណធម៌ប៉ុណ្ណេះ ទើបគួរជាអ្នកដល់នូវព្រះនិព្វាន។

អនាថបិណ្ឌិកទេវបុត្ត បានពោលគាថានេះ លុះពោលដូច្នេះហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណហើយ ក៏បាត់អំពីទីនោះទៅ។

[២៧៨] លុះកន្លងរាត្រីនោះទៅ ទើបព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា

ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ កាលដែលរាត្រីបឋមយាម កន្លងទៅហើយ មានទេវបុត្តមួយអង្គ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ក៏ចូលមករកតថាគត លុះចូលមកដល់ ក្រាបថ្វាយបង្គំតថាគតហើយ ឋិតនៅក្នុងទីសមគួរ លុះទេវបុត្តនោះ ឋិតនៅក្នុងទីសមគួរហើយ បានពោលនូវគាថាទាំងនេះ ក្នុងសំណាក់តថាគតថា

វត្តជេតពននេះ ជាវត្តមានប្រយោជន៍ ដែលពួកឥសី គឺភិក្ខុសង្ឃនៅមិនដាច់ ជាវត្តដែលព្រះសម្ពុទ្ធ ជាធម្មរាជ ទ្រង់គង់នៅ ជាទីញុំាងបីតិឲ្យកើត ដល់ខ្ញុំព្រះអង្គ សត្វទាំងឡាយ រមែងបរិសុទ្ធ ដោយអដ្ឋង្គិកមគ្គនេះ គឺកម្មៈ បានដល់មគ្គចេតនា វិជ្ជា បានដល់សម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ធម្មៈ បានដល់សម្មាវាយាមៈ សម្មាសតិ និងសម្មាសមាធិ សីលៈ បានដល់សម្មាវាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈ ឈ្មោះថាជីវិតដ៏ឧត្តម មិនមែនបរិសុទ្ធដោយគោត្រ មិនមែនបរិសុទ្ធដោយទ្រព្យ ព្រោះហេតុនោះឯង បុរសជាបណ្ឌិត កាលបើឃើញច្បាស់ នូវប្រយោជន៍ របស់ខ្លួន គួរតែពិចារណានូវធម៌ ដោយឧបាយនៃប្រាជ្ញា រមែងបរិសុទ្ធ ក្នុងអរិយមគ្គនោះ យ៉ាងនេះឯង ព្រះសារីបុត្ត ទើបជាបុគ្គល (ប្រសើរ) ដោយបញ្ញាផង ដោយសីលផង ដោយការស្ងប់រម្ងាប់ផង ភិក្ខុដែលប្រសើរដោយគុណធម៌ប៉ុណ្ណេះ ទើបគួរជាអ្នកដល់នូវព្រះនិព្វាន។

ម្នាលភិក្ខុទាំងឡាយ ទេវបុត្តនោះ បានពោលគាថានេះ លុះពោលដូច្នេះហើយ ក្រាបថ្វាយបង្គំតថាគត ធ្វើប្រទក្សិណហើយ ក៏បាត់អំពីទីនោះទៅ។

[២៧៩] កាលបើព្រះមានព្រះភាគទ្រង់មានព្រះពុទ្ធដីកា យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទេវបុត្តនោះឯង ប្រាកដជាអនាថបិណ្ឌិក ព្រោះអនាថបិណ្ឌិកគហបតី ជ្រះថ្លាក្រៃពេក ក្នុងព្រះសារីបុត្តមានអាយុ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ មែនណាស់ហើយ ម្នាលអានន្ទ ដ្បិតថាហេតុទាំងអម្បាលមាណ ដែលបុគ្គលគប្បីដល់ ដោយសេចក្តីត្រិះរិះ ហេតុទាំងអម្បាលណោះ ខ្លួនអ្នកក៏បានសម្រេចហើយ ម្នាលអានន្ទ ទេវបុត្តនោះ គឺអនាថបិណ្ឌិកហ្នឹងឯង។

ចប់ អនាថបិណ្ឌិកវគ្គ ទី២។

បញ្ជីរឿងនៃអនាថបិណ្ឌិកវគ្គនោះ គឺ

ចន្ទិមសសូត្រ១ វេណ្ឌុសូត្រ១ ទីឃលដ្ឋិសូត្រ១ នន្ទនសូត្រ១ ចន្ទនសូត្រ១ វាសុទត្តសូត្រ១ សុព្រហ្មសូត្រ១ កកុធសូត្រ១ ឧត្តរសូត្រជាគំរប់ប្រាំបួន១ និងអនាថបិណ្ឌិកសូត្រ ជាគំរប់ដប់១។

នានាតិត្ថិយវគ្គ ទី៣

(៣. នានាតិត្ថិយវគ្គោ)

សិវសូត្រ ទី១

(១. សិវសុត្តំ)

[២៨០] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រាកាលដែលរាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះ សិវៈ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។

[២៨១] លុះ សិវទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បុគ្គលគួរទាក់ទង ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស ព្រោះដឹងច្បាស់នូវព្រះសទ្ធម្ម27) របស់ពួកសប្បុរស រមែងបានសេចក្តីល្អ មិនមានអាក្រក់ឡើយ បុគ្គលគួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានប្រាជ្ញា ព្រោះដឹងច្បាស់ នូវព្រះសទ្ធម្ម របស់ពួកសប្បុរស មិនមែនបានអំពីទីដទៃឡើយ បុគ្គលគួរទាក់ទង ជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងមិនសោកសៅ ក្នុងកណ្តាលពួកជនអ្នកសោកសៅឡើយ បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលបានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងរុងរឿង ក្នុងកណ្តាលពួកញាតិ បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស សត្វទាំងឡាយ បានដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងទៅកាន់សុគតិបាន បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស សត្វទាំងឡាយ ដឹងព្រះសទ្ធម្ម របស់ពួកសប្បុរស រមែងឋិតនៅ (ជាសុខ) អស់កាលយូរ។

[២៨២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា តបទៅនឹងសិវទេវបុត្តវិញ ដោយគាថា ថា

បុគ្គល គួរទាក់ទងជាមួយនឹងពួកសប្បុរសប៉ុណ្ណោះ គួរធ្វើសេចក្តីស្និទ្ធស្នាល ដោយពួកសប្បុរស បុគ្គលដឹងព្រះសទ្ធម្ម របស់ពួកសប្បុរសហើយ រមែងរួចចាកទុក្ខទាំងអស់បាន។

ខេមសូត្រ ទី២

(២. ខេមសុត្តំ)

[២៨៣] ខេមទេវបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ពោលគាថាទាំងនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

កម្មដ៏លាមកណា មានផលក្តៅផ្សា ពួកជនពាល ឥតប្រាជ្ញា មានខ្លួនដូចជាសត្រូវ រមែងប្រព្រឹត្តធ្វើនូវកម្មដ៏លាមក (នោះ) បុគ្គលធ្វើកម្មណាហើយ តែងក្តៅតាមក្នុងខាងក្រោយ (ឬ) បុគ្គល មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ ទទួលផលនៃកម្មណា កម្មដែលបុគ្គលធ្វើហើយនោះ មិនប្រពៃទេ បុគ្គលធ្វើកម្មណាហើយ មិនក្តៅតាមក្នុងខាងក្រោយ (ឬ) បុគ្គលមានសេចក្តីត្រេកអរ មានចិត្តល្អ ទទួលផលនៃកម្មណា កម្មដែលបុគ្គលធ្វើហើយនោះ ជាកម្មប្រពៃ បុគ្គលដឹងនូវកម្មណា ដែលជាប្រយោជន៍ដល់ខ្លួន ត្រូវតែធ្វើកម្មនោះជាមុនឲ្យហើយ អ្នកប្រាជ្ញដែលមានប្រាជ្ញា មានសេចក្តីប្រឹងប្រែង មិនត្រូវធ្វើកម្មដោយគំនិតដូចជាអ្នកបររទេះឡើយ អ្នកបររទេះ តែលះបង់ផ្លូវស្មើ លះបង់ផ្លូវធំចេញ ហើយបរឡើងលើផ្លូវមិនស្មើវិញ រមែងបាក់ភ្លៅរទេះ ហើយសញ្ជប់សញ្ជឹង យ៉ាងណាមិញ ឯបុគ្គលខ្លៅ តែគេចចេញអំពីកុសលធម៌ហើយ ប្រព្រឹត្តតាមអកុសលធម៌វិញ ក៏រមែងដល់នូវមាត់នៃមច្ចុ ហើយសញ្ជប់សញ្ជឹង ដូចជាអ្នកបររទេះបាក់ភ្លៅរទេះ យ៉ាងនោះឯង។

សេរីសូត្រ ទី៣

(៣. សេរីសុត្តំ)

[២៨៤] សេរីទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគ ដោយគាថា ថា

យក្សនោះឯង មិនត្រេកអរចំពោះបាយណា ឯទេវតា និងមនុស្សទាំងពីរពួក រមែងត្រេកអរ ចំពោះបាយនោះ។

[២៨៥] ព្រះមានព្រះភាគត្រាស់ថា

ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយនោះ ដោយសទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ព្រោះហេតុនោះ បុគ្គល គប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្របសង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទាន (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឹង របស់ពួកសត្វ ក្នុងលោកខាងមុខ។

[២៨៦] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សំដែងហើយ ដោយប្រពៃដូច្នេះថា

ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយនោះ ដោយសទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ព្រោះហេតុនោះ បុគ្គល គប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្របសង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទាន (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឹងរបស់ពួកសត្វ ក្នុងលោកខាងមុខ។

[២៨៧] បពិត្រព្រះអង្គដ៏ចំរើន ពីព្រេងនាយមក ខ្ញុំព្រះអង្គកើតជាស្តេច នាមថា សេរី ជាទាយក (អ្នកឲ្យទាន) ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យទាន ដល់សមណព្រាហ្មណ៍ អ្នកកំសត់ អ្នកដើរផ្លូវឆ្ងាយ អ្នកពណ៌នាហើយសូម និងស្មូមទាំងឡាយ ទៀបទ្វារទាំង៤។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ អគ្គមហេសី ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យដូច្នេះថា ព្រះសម្មតិទេព បានឲ្យទានហើយ ពួកយើងមិនទាន់បានឲ្យទានទេ សូមព្រះរាជានុញ្ញាត ឲ្យពួកយើងបានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី កាលបើមានគេពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏បានឲ្យទ្វារជាបឋម ដល់មហេសី មហេសី ក៏បានឲ្យទាន ក្នុងទ្វារជាបឋមនោះ ឯទានរបស់ខ្ញុំព្រះអង្គ ក៏ថយចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកក្សត្រិយ៍ជាចំណុះ ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យនេះ នឹងខ្ញុំព្រះអង្គថា ព្រះសម្មតិទេព បានឲ្យទានហើយ មហេសី ក៏បានឲ្យទានដែរ ឯពួកយើងមិនទាន់បានឲ្យទានសោះ សូមព្រះរាជានុញ្ញាត ឲ្យពួកយើងបានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី កាលបើមានគេពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ក៏បានឲ្យទ្វារទីពីរ ដល់ពួកក្សត្រិយ៍ចំណុះ ពួកក្សត្រិយ៍ចំណុះ ក៏បានឲ្យទាន ក្នុងទ្វារទីពីរនោះ ឯទានរបស់ខ្ញុំព្រះអង្គ ក៏ថយចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកពល ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យដូច្នេះថា ព្រះសម្មតិទេព បានឲ្យទានហើយ មហេសីបានឲ្យទានហើយ ពួកក្សត្រិយ៍ចំណុះ ក៏បានឲ្យទានដែរ ឯពួកយើង មិនទាន់បានឲ្យទានសោះ សូមព្រះរាជានុញ្ញាត ឲ្យពួកយើងបានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី កាលបើមានគេពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏បានឲ្យទ្វារទីបី ដល់ពួកពល ពួកពល ក៏បានឲ្យទាន ក្នុងទ្វារទីបីនោះ ឯទានរបស់ខ្ញុំព្រះអង្គ ក៏ថយចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យ ដូច្នេះថា ព្រះសម្មតិទេព បានឲ្យទានហើយ មហេសី បានឲ្យទានហើយ ពួកក្សត្រិយ៍ជាចំណុះ បានឲ្យទានហើយ ពួកពល ក៏បានឲ្យទានដែរ ឯពួកយើង មិនទាន់បានឲ្យទានសោះ សូមព្រះរាជានុញ្ញាត ឲ្យពួកយើងបានឲ្យទាន ធ្វើបុណ្យអាស្រ័យនឹងព្រះសម្មតិទេពផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី កាលបើមានគេពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏បានឲ្យទ្វារទីបួន ដល់ពួកព្រាហ្មណ៍ និងគហបតី ពួកព្រាហ្មណ៍ និងគហបតី ក៏បានឲ្យទាន ក្នុងទ្វារទីបួននោះ ឯទានរបស់ខ្ញុំព្រះអង្គ ក៏ថយចេញអស់។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួករាជបុរស ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យដូច្នេះថា ឥឡូវនេះ ព្រះសម្មតិទេព មិនដែលឲ្យទាន ក្នុងទីណាមួយឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើពួករាជបុរស ក្រាបទូលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏ពោលតប ទៅនឹងពួករាជបុរសទាំងនោះ ដូច្នេះថា នែព្រះស្តែង បើដូច្នោះ សួយណា ដែលកើតឡើង ក្នុងជនបទទាំងឡាយខាងក្រៅ អ្នកទាំងឡាយ ចូរញុំាងសួយពាក់កណ្តាលអំពីសួយនោះ ឲ្យចូលមកកាន់ព្រះរាជវាំង ហើយចូរឲ្យទានពាក់កណ្តាល ដល់សមណព្រាហ្មណ៍ អ្នកកំសត់ អ្នកដើរផ្លូវឆ្ងាយ អ្នកពណ៌នាហើយសូម និងស្មូមទាំងឡាយ ក្នុងជនបទនោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មិនបានដឹងប្រាកដ នូវទីបំផុតរបស់បុណ្យ ដែលខ្ញុំព្រះអង្គបានធ្វើហើយ អស់កាលយូរយ៉ាងនេះ និងទីបំផុតរបស់កុសល ដែលខ្ញុំព្រះអង្គបានធ្វើហើយ អស់កាលយូរយ៉ាងនេះថា បុណ្យមានប្រមាណប៉ុណ្ណេះផង ផលនៃបុណ្យ មានប្រមាណប៉ុណ្ណេះផង អាត្មាអញ គប្បីឋិតនៅ ក្នុងឋានសួគ៌ អស់កាលមានប្រមាណប៉ុណ្ណេះផង។

[២៨៨] បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ សំដែងហើយ ដោយប្រពៃដូច្នេះ

ពួកជនណា មានចិត្តជ្រះថ្លា ឲ្យនូវបាយនោះ ដោយសទ្ធា បាយនោះឯង រមែងទៅតាមនូវពួកជននោះវិញ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ព្រោះហេតុនោះ បុគ្គលគប្បីបន្ទោបង់ នូវសេចក្តីកំណាញ់ គ្របសង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ហើយ ឲ្យនូវទាន (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឺងរបស់សត្វ ក្នុងលោកខាងមុខ។

ឃដិការសូត្រ ទី៤

(៤. ឃដីការសុត្តំ)

[២៨៩] ឃដិការទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ភិក្ខុទាំង៧រូប បានទៅកើតក្នុងជាន់អវិហាហើយ ជាអ្នកមានចិត្តផុតស្រឡះ មានរាគៈ ទោសៈអស់ហើយ ឆ្លងនូវតណ្ហា ក្នុងលោកបាន។

[២៩០] ព្រះមានព្រះភាគត្រាស់ថា

បុគ្គលទាំងឡាយណា បានឆ្លងនូវសង្គកិលេស ជាលំនៅនៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក បុគ្គលទាំងនោះ បានលះបង់នូវរាងកាយ ជារបស់មនុស្សហើយ កន្លងនូវទិព្វយោគ គឺសំយោជនៈ ជាចំណែកខាងលើបាន។

[២៩១] ទេវតាទូលថា

ព្រះថេរៈ ទាំង៣រូបនោះ គឺ ព្រះថេរៈឈ្មោះ ឧបកៈ ១ ផលគណ្ឌៈ ១ បុក្កុសាតិ ១ (និងព្រះថេរៈ ៤រូបទៀត) គឺ ភទ្ទិយៈ ១ ខណ្ឌទេវៈ ១ ពាហុរគ្គិ ១ សិង្គិយៈ ១ ព្រះថេរៈទាំងនោះ បានលះបង់នូវរាងកាយ ជារបស់មនុស្ស ហើយកន្លងនូវទិព្វយោគបាន។

[២៩២] ព្រះមានព្រះភាគត្រាស់ថា

អ្នកឯង ជាអ្នកមានកុសល ពោលសរសើរគុណ នៃព្រះថេរៈទាំងនោះ ជាអ្នកលះបង់ នូវអន្ទាក់នៃមារ ចុះព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា។

[២៩៣] ទេវតាទូលថា

ព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា បុគ្គលនោះ វៀរតែព្រះមានព្រះភាគចេញ មិនមាន វៀរតែសាសនា របស់ព្រះអង្គចេញ មិនមាន នាម និងរូបរលត់ទៅ ឥតមានសេសសល់ ក្នុងធម៌ណា ឯព្រះថេរៈទាំងនោះ បានកាត់នូវចំណង គឺភព ព្រោះដឹងច្បាស់ នូវធម៌នោះ ក្នុងសាសនានេះ។

[២៩៤] ព្រះមានព្រះភាគត្រាស់ថា

អ្នកឯងបានជាពោលវាចាជ្រាលជ្រៅ កម្រដឹងបាន កម្រយល់បានក្រៃពេក តើអ្នកឯង ពោលវាចាប្រាកដដូច្នេះ ព្រោះដឹងច្បាស់ នូវធម៌របស់បុគ្គលណា។

[២៩៥] ទេវតាទូលថា

ខ្ញុំព្រះអង្គពីដើមជាស្មូនឆ្នាំង ឈ្មោះ ឃដិការ កើតក្នុងនិគមឈ្មោះ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធ ព្រះនាមកស្សប ជាអ្នកវៀរចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅក្នុងស្រុក ជាមួយនឹងព្រះអង្គ ជាសម្លាញ់នឹងព្រះអង្គ ក្នុងកាលមុន ខ្ញុំព្រះអង្គស្គាល់ច្បាស់ នូវភិក្ខុទាំង៧រូបនុ៎ះ ដែលមានចិត្តផុតស្រឡះ មានរាគៈ ទោសៈអស់ហើយ បានឆ្លងនូវតណ្ហាក្នុងលោក។

[២៩៦] ព្រះមានព្រះភាគត្រាស់ថា

ម្នាលភគ្គវៈ អ្នកឯង ពោលយ៉ាងណា ឯរឿងនុ៎ះ ក្នុងកាលនោះ ក៏មានយ៉ាងនោះមែន អ្នកឯងពីដើម ជាស្មូនឆ្នាំង ឈ្មោះឃដិការ កើតក្នុងនិគមឈ្មោះ វេភឡិង្គ ជាអ្នកចិញ្ចឹមមាតាបិតា ជាឧបាសក របស់ព្រះពុទ្ធ ព្រះនាមកស្សប ជាអ្នកវៀរចាកមេថុនធម្ម ប្រព្រឹត្តធម៌ដ៏ប្រសើរ ប្រាសចាកអាមិសៈ បាននៅក្នុងស្រុកជាមួយនឹងតថាគត ជាសម្លាញ់នឹងតថាគត ក្នុងកាលមុន។ នេះជាការដែលបានចួបជុំសម្លាញ់ ដែលមានក្នុងកាលមុនទាំងពីរនាក់ ដែលមានខ្លួនចម្រើនហើយ បានទ្រទ្រង់នូវសរីរៈ ជាទីបំផុតយ៉ាងនេះឯង។

ជន្តុសូត្រ ទី៥

(៥. ជន្តុសុត្តំ)

[២៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ពួកភិក្ខុជាច្រើនរូប នៅក្នុងអរញ្ញកុដិ ខាងភ្នំហេមពាន្ត ក្នុងដែនកោសល ជាអ្នកមានចិត្តរាយមាយ28) មានមានះដូចជាបបុសលើកឡើងហើយ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ ភ្លេចសតិ មិនដឹងខ្លួន មានចិត្តមិនខ្ជាប់ខ្ជួន មានចិត្តវិលទៅខុស មានឥន្ទ្រិយជាប្រក្រតី (ដូចជាគ្រហស្ថ)។

[២៩៨] គ្រានោះ ជន្តុទេវបុត្ត ក្នុងវេលាថ្ងៃឧបោសថ ទី១៥នោះ ក៏ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលនឹងភិក្ខុទាំងនោះ ដោយគាថាទាំងឡាយថា

កាលពីដើម មានពួកភិក្ខុ ជាសាវ័ករបស់ព្រះគោតម មានការរស់នៅជាសុខ ភិក្ខុទាំងនោះ ជាអ្នកមិនប្រាថ្នា ដោយការស្វែងរកបិណ្ឌបាត ជាអ្នកមិនប្រាថ្នា ដោយការស្វែងរកទីដេក ទីអង្គុយ ដឹងនូវសេចក្តីមិនទៀងក្នុងលោក ហើយក៏បានធ្វើនូវទីបំផុតនៃទុក្ខ ពួកភិក្ខុដែលធ្វើខ្លួន ឲ្យគេចិញ្ចឹមបានដោយកម្រ ស៊ីដេក ស៊ីដេក ដូចជាបុរសអ្នកធំក្នុងស្រុក ជជ្រកមមកនៅក្បែរផ្ទះ នៃបុគ្គលដទៃ ខ្ញុំធ្វើអញ្ជលី ចំពោះសង្ឃហើយ សូមពោលចំពោះភិក្ខុពួកខ្លះ ក្នុងសាសនានេះ ភិក្ខុទាំងនោះ ដែលគេបោះបង់ហើយ ក៏ឥតមានទីពឹងឡើយ ពួកប្រេតយ៉ាងណា ភិក្ខុទាំងនោះ ក៏យ៉ាងនោះដែរ ភិក្ខុទាំងឡាយណាប្រមាទ ខ្ញុំក៏ពោលសំដៅភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណាមិនប្រមាទ ខ្ញុំសូមធ្វើនមស្ការ ចំពោះភិក្ខុទាំងនោះ។

រោហិតស្សសូត្រ ទី៦

(៦. រោហិតស្សសុត្តំ)

[២៩៩] (ព្រះមានព្រះភាគ) ទ្រង់គង់នៅជិតក្រុងសាវត្ថី… លុះរោហិតស្សទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា បពិត្រព្រះអង្គដ៏ចំរើន ទីបំផុតនៃលោកនោះ បុគ្គលអាចដើម្បីដឹង ដើម្បីឃើញ ដើម្បីដល់ ដោយកិរិយាទៅដោយជើងបានដែរឬ។

[៣០០] ព្រះអង្គត្រាស់ថា ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹងបាន គប្បីឃើញបាន គប្បីដល់បាន ដោយការទៅដោយជើង ដូច្នេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ព្រោះព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ ទ្រង់ពោលហើយ ដោយប្រពៃថា ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយការទៅដោយជើងឡើយ។

[៣០១] បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយ ខ្ញុំព្រះអង្គ បានកើតជាឫស្សី ឈ្មោះ រោហិតស្ស ជាកូននៃព្រាន មានឫទ្ធិ ហោះទៅក្នុងអាកាសបាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសន្ទុះដូចខ្មាន់ធ្នូ ដែលមានធ្នូដ៏មាំ បានសិក្សាដោយប្រពៃ មានដៃស្ទាត់ មានយានចាត់ចែងហើយ មានគ្រឿងក្រោះធ្វើហើយ អាចយកព្រួញដែលស្រាល បាញ់កាត់ទទឹងស្រមោលដើមត្នោត ដោយមិនលំបាកសោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានការឈានទៅ នៃជំហាន មានសភាពដូចជាឈានអំពីសមុទ្រខាងកើត ទៅកាន់សមុទ្រខាងលិច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីប្រាថ្នា មានសភាពដូច្នេះ កើតឡើងថា អាត្មាអញនឹងដល់ នូវទីបំផុតនៃលោក ដោយការទៅដោយជើង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ប្រកបដោយសន្ទុះ មានសភាពដូច្នេះផង ប្រកបដោយការឈានទៅនៃជំហាន មានសភាពដូច្នេះផង វៀរលែងតែវេលាស៊ី ទំពាស៊ី និងក្រេបជញ្ជក់ វៀរលែងតែការធ្វើនូវឧច្ចារៈ បស្សាវៈ វៀរលែងតែការដេកលក់ និងការបន្ទោបង់ នូវសេចក្តីនឿយហត់ មានអាយុ១០០ឆ្នាំ រស់នៅ១០០ឆ្នាំ ដើរទៅអស់កំណត់១០០ឆ្នាំ គង់មិនបានដល់នូវទីបំផុត នៃលោកសោះ ហើយក៏ធ្វើមរណកាល ក្នុងរវាងនោះ។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ ទ្រង់ពោលហើយដោយប្រពៃថា ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយការទៅដោយជើងបានឡើយ។

[៣០២] ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយការទៅដោយជើង ដូច្នេះឡើយ ម្នាលអាវុសោ មួយទៀត តថាគត មិនបានពោលនូវដំណើរ ដែលសត្វមិនបានដល់ នូវទីបំផុតនៃសង្ខារលោក ហើយធ្វើនូវទីបំផុត នៃវដ្តទុក្ខទេ ម្នាលអាវុសោ ម្យ៉ាងទៀត តថាគត សំដែងនូវលោក គឺទុក្ខសច្ចផង នូវហេតុជាទីកើតឡើងនៃលោក គឺសមុទយសច្ចផង នូវទីរលត់នៃលោក គឺនិរោធសច្ចផង នូវបដិបទា ជាហេតុទៅកាន់ទីរលត់ នៃលោក គឺមគ្គសច្ចផង ក្នុងអត្តភាពប្រមាណមួយព្យាម ដែលប្រកបដោយសញ្ញា ប្រកបដោយចិត្តនេះទេតើ។

ទីបំផុតនៃលោក បុគ្គល មិនគប្បីដល់ ដោយការទៅដោយជើង ក្នុងកាលណាៗឡើយ ឯការមិនបានដល់នូវទីបំផុតនៃលោក ហើយរួចស្រឡះចាកទុក្ខ មិនមានទេ ព្រោះហេតុនោះ បុគ្គលអ្នកមានបញ្ញាល្អ ដឹងច្បាស់នូវលោក ដល់នូវទីបំផុតនៃលោក មានព្រហ្មចរិយធម៌នៅស្រេចហើយ មានបាបរម្ងាប់បង់ហើយ ដឹងនូវទីបំផុតនៃលោក រមែងមិនប្រាថ្នា នូវលោកនេះផង នូវលោកខាងមុខផង។

នន្ទសូត្រ ទី៧

(៧. នន្ទសុត្តំ)

[៣០៣] នន្ទទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងញុំាងសត្វឲ្យឆ្លងទៅ (រកសេចក្តីស្លាប់) ជំនាន់របស់វ័យទាំងឡាយ តែងលះបង់ដោយលំដាប់ទៅ កាលបើបុគ្គល បានសម្លឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះ គួរតែខំធ្វើបុណ្យទាំងឡាយ ដែលជាគុណ នាំសេចក្តីសុខមកឲ្យ។

[៣០៤] កាលទាំងឡាយ តែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងញុំាងសត្វឲ្យឆ្លងទៅ (រកសេចក្តីស្លាប់) ជំនាន់របស់វ័យទាំងឡាយ តែងលះបង់ ដោយលំដាប់ទៅ កាលបើបុគ្គល បានសម្លឹងឃើញភ័យ ក្នុងសេចក្តីស្លាប់នេះ សម្លឹងរំពឹងយកនូវសេចក្តីស្ងប់ គឺព្រះនិព្វាន ហើយលះបង់នូវអាមិសៈ ក្នុងលោកចោលចេញ។

នន្ទិវិសាលសូត្រ ទី៨

(៨. នន្ទិវិសាលសុត្តំ)

[៣០៥] នន្ទិវិសាលទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដោយគាថា ថា

បពិត្រព្រះអង្គអ្នកមានព្យាយាមធំ (យន្ត គឺសរីរៈនេះ) មានចក្រ ៤29) មានទ្វារ៩ ដ៏ពេញ (ដោយវត្ថុមិនស្អាត) ប្រកបដោយសេចក្តីលោភ ជាសរីរៈដូចជាភក់ បុគ្គលនឹងយាត្រា (ចេញចាកសរីរៈនោះ) ដោយប្រការដូចម្តេចបាន។

[៣០៦] ព្រះមានព្រះភាគ ត្រាស់ថា

បុគ្គលកាត់នូវចំណង គឺឧបនាហៈផង នូវព្រ័ត្រ គឺកិលេសផង នូវសេចក្តីប្រាថ្នា និងការលោភដ៏លាមកផង ដកចេញនូវតណ្ហា ព្រមទាំងឫសផង ទើបយាត្រា (ចេញចាកសរីរៈនោះបាន) ដោយប្រការយ៉ាងនេះឯង។

សុសិមសូត្រ ទី៩

(៩. សុសិមសុត្តំ)

[៣០៧] សាវត្ថីនិទាន។ គ្រានោះ ព្រះអានន្ទមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលអានន្ទ សារីបុត្ត គាប់ចិត្តនឹងអ្នក ដែរឬ។ ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្ត នឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតព្រះសារីបុត្តមានអាយុ ជាបណ្ឌិត បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញាច្រើន បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញាក្រាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញា ជាគ្រឿងរីករាយ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញារហ័ស បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញាមុត បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានបញ្ញា ជាគ្រឿងទម្លាយនូវកិលេស បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ គ្មានសេចក្តីប្រាថ្នា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកសន្តោស បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកស្ងប់ស្ងាត់ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកមិនច្រឡូកច្រឡំ ដោយគ្រហស្ថ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ មានព្យាយាមប្រារព្ធហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកប៉ិនសំដី បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកអត់ទ្រាំនឹងពាក្យសំដី បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកដាស់តឿនគេ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកតិះដៀលបុគ្គលបាប បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ។

[៣០៨] ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុនុ៎ះយ៉ាងនេះឯង ម្នាលអានន្ទ ហេតុនុ៎ះ យ៉ាងនេះឯង ម្នាលអានន្ទ មិនសមបើនឹងថា សារីបុត្ត មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ ម្នាលអានន្ទ ដ្បិតសារីបុត្ត ជាបណ្ឌិត ម្នាលអានន្ទ សារីបុត្ត ជាអ្នកមានបញ្ញាច្រើន ម្នាលអានន្ទ សារីបុត្ត ជាអ្នកមានបញ្ញាក្រាស់ ម្នាលអានន្ទ សារីបុត្ត មានបញ្ញា ជាគ្រឿងរីករាយ ម្នាលអានន្ទ សារីបុត្ត មានបញ្ញារហ័ស ម្នាលអានន្ទ សារីបុត្ត មានបញ្ញាមុត ម្នាលអានន្ទ សារីបុត្ត មានបញ្ញា ជាគ្រឿងទម្លាយនូវកិលេស ម្នាលអានន្ទ សារីបុត្ត គ្មានសេចក្តីប្រាថ្នា ម្នាលអានន្ទ សារីបុត្ត ជាអ្នកសន្តោស ម្នាលអានន្ទ សារីបុត្ត ជាអ្នកស្ងប់ស្ងាត់ ម្នាលអានន្ទ សារីបុត្ត ជាអ្នកមិនច្រឡូកច្រឡំ ដោយគ្រហស្ថ ម្នាលអានន្ទ សារីបុត្ត ជាអ្នកមានព្យាយាមប្រារព្ធហើយ ម្នាលអានន្ទ សារីបុត្ត ជាអ្នកប៉ិនសំដី ម្នាលអានន្ទ សារីបុត្ត ជាអ្នកអត់ទ្រាំនឹងពាក្យសំដី ម្នាលអានន្ទ សារីបុត្ត ជាអ្នកដាស់តឿនគេ ម្នាលអានន្ទ សារីបុត្ត ជាអ្នកតិះដៀលបុគ្គលបាប ម្នាលអានន្ទ មិនសមបើនឹងថា សារីបុត្ត មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ។

[៣០៩] គ្រាកាលដែលព្រះមានព្រះភាគ កំពុងត្រាស់សរសើរគុណ របស់ព្រះសារីបុត្តមានអាយុ ក៏សុសិមទេវបុត្ត ដែលមានទេវបុត្ត ជាបរិស័ទជាច្រើន ហែហមចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតនៅក្នុងទីសមគួរ។ លុះសុសិមទេវបុត្ត ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ហេតុនុ៎ះយ៉ាងនេះឯង បពិត្រព្រះសុគត ហេតុនុ៎ះយ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតព្រះសារីបុត្តមានអាយុ ជាបណ្ឌិត។បេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តមានអាយុ ជាអ្នកតិះដៀលបុគ្គលបាប បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនជាអ្នកប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ខ្ញុំព្រះអង្គ បានចូលទៅកាន់សំណាក់ទេវបុត្តជាបរិស័ទ ក៏បានឮសំឡេងជាច្រើន ដូច្នេះដែរថា ព្រះសារីបុត្តមានអាយុ ជាបណ្ឌិត ព្រះសារីបុត្តមានអាយុ មានបញ្ញាច្រើន ព្រះសារីបុត្តមានអាយុ មានបញ្ញាក្រាស់ ព្រះសារីបុត្ត មានអាយុ មានបញ្ញាជាគ្រឿងរីករាយ ព្រះសារីបុត្តមានអាយុ មានបញ្ញារហ័ស ព្រះសារីបុត្តមានអាយុ មានបញ្ញាមុត ព្រះសារីបុត្តមានអាយុ មានបញ្ញាជាគ្រឿងទម្លាយនូវកិលេស ព្រះសារីបុត្តមានអាយុ គ្មានសេចក្តីប្រាថ្នា ព្រះសារីបុត្តមានអាយុ ជាអ្នកសន្តោស ព្រះសារីបុត្តមានអាយុ ជាអ្នកស្ងប់ស្ងាត់ ព្រះសារីបុត្តមានអាយុ ជាអ្នកមិនច្រឡូកច្រឡំ ដោយគ្រហស្ថ ព្រះសារីបុត្តមានអាយុ មានព្យាយាមប្រារព្ធហើយ ព្រះសារីបុត្តមានអាយុ ជាអ្នកប៉ិនសំដី ព្រះសារីបុត្តមានអាយុ ជាអ្នកអត់ទ្រាំនឹងពាក្យសំដី ព្រះសារីបុត្តមានអាយុ ជាអ្នកដាស់តឿនគេ ព្រះសារីបុត្តមានអាយុ ជាអ្នកតិះដៀលបុគ្គលបាប បពិត្រព្រះអង្គដ៏ចំរើន មិនសមបើនឹងថា ព្រះសារីបុត្តមានអាយុ មិនគាប់ចិត្តនឹងបុគ្គលមិនពាល មិនប្រទូស្ត មិនវង្វេង មិនមានចិត្តវិបល្លាសទេ។

[៣១០] គ្រាកាលដែលសុសិមទេវបុត្ត កំពុងពោលសរសើរគុណ នៃព្រះសារីបុត្តមានអាយុ ក៏ទេវបុត្តជាបរិស័ទ របស់សុសិមទេវបុត្តនោះ មានសេចក្តីត្រេកអរ រីករាយ កើតបីតិសោមនស្ស បញ្ចេញនូវរស្មី មានប្រការផ្សេងៗ។

[៣១១] កែវពៃទូរ្យដ៏ល្អ ប្រកបដោយជាតិដ៏បរិសុទ្ធ មានជ្រុង៨ ដែលជាងបានច្នៃដោយល្អ ហើយដាក់លើសំពត់កម្ពលលឿងទុំ រមែងភ្លឺច្រាល រុងរឿង យ៉ាងណាមិញ កាលដែលសុសិមទេវបុត្ត កំពុងពោលសរសើរគុណ នៃព្រះសារីបុត្ត មានអាយុ ក៏ទេវបុត្តជាបរិស័ទ របស់សុសិមទេវបុត្ត មានសេចក្តីត្រេកអរ រីករាយ កើតបីតិសោមនស្ស បញ្ចេញរស្មីមានប្រការផ្សេងៗ ក៏យ៉ាងនោះដែរ។

[៣១២] គ្រឿងប្រដាប់ជាវិការៈនៃមាសជម្ពោនទ ដែលកូនជាងមាសដ៏ប៉ិនប្រសប់ បានឲ្យដីលើមាត់បាវ ហើយយកមកដាក់លើសំពត់កម្ពលលឿងទុំ រមែងភ្លឺច្រាល រុងរឿង យ៉ាងណាមិញ ក៏ទេវបុត្តជាបរិស័ទ របស់សុសិមទេវបុត្ត។បេ។ បញ្ចេញរស្មី មានប្រការផ្សេងៗ យ៉ាងនោះឯង។

[៣១៣] ផ្កាយព្រឹក ឰដ៏អាកាសដ៏ស្រឡះប្រាសចាកពពក ក្នុងសរទសម័យ រមែងភ្លឺច្រាល រុងរឿង យ៉ាងណាមិញ កាលដែល សុសិមទេវបុត្ត កំពុងពោលសរសើរគុណ របស់ព្រះសារីបុត្តមានអាយុ ក៏ទេវបុត្តជាបរិស័ទរបស់សុសិមទេវបុត្ត មានសេចក្តីត្រេកអរ រីករាយ កើតបីតិសោមនស្ស បញ្ចេញរស្មីមានប្រការផ្សេងៗ យ៉ាងនោះឯង។

[ ៣១៤] ព្រះអាទិត្យ ឰដ៏អាកាសដ៏ស្រឡះប្រាសចាកពពក ក្នុងសរទសម័យ ខ្ពស់ត្រដែត ឰដ៏អាកាស កំចាត់នូវងងឹត ដែលតាំងនៅលើអាកាសទាំងអស់ រមែងភ្លឺច្រាល រុងរឿង យ៉ាងណាមិញ កាលដែល សុសិមទេវបុត្ត កំពុងពោលសរសើរគុណ នៃព្រះសារីបុត្ត មានអាយុ ក៏ទេវបុត្តជាបរិស័ទ របស់សុសិមទេវបុត្ត មានសេចក្តីត្រេកអរ រីករាយ កើតបីតិសោមនស្ស បញ្ចេញរស្មីមានប្រការផ្សេងៗ យ៉ាងនោះឯង។

[៣១៥] លំដាប់នោះ សុសិមទេវបុត្ត ប្រារព្ធចំពោះព្រះសារីបុត្តមានអាយុ ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ព្រះសារីបុត្ត ប្រាកដថាជាបណ្ឌិត មិនមានសេចក្តីក្រោធ គ្មានសេចក្តីប្រាថ្នា ជាអ្នកស្លូតបូត មានខ្លួនទូន្មានហើយ ជាឥសី មានគុណដែលព្រះសាស្តា ទ្រង់នាំមកសរសើរហើយ។

[៣១៦] គ្រានោះ ព្រះមានព្រះភាគ ប្រារព្ធចំពោះព្រះសារីបុត្តមានអាយុហើយ ក៏ត្រាស់តបនឹងសុសិមទេវបុត្ត ដោយគាថា ថា

សារីបុត្តប្រាកដថាជាបណ្ឌិត មិនមានសេចក្តីក្រោធ គ្មានសេចក្តីប្រាថ្នា ជាអ្នកស្លូតបូត មានខ្លួនទូន្មានហើយ ចម្រើនហើយ ទូន្មានដោយល្អហើយ តែងប្រាថ្នានូវបរិនិព្វានកាល។

នានាតិត្ថិយសូត្រ ទី១០

(១០. នានាតិត្ថិយសាវកសុត្តំ)

[៣១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ គ្រាកាលដែលរាត្រីបឋមយាមកន្លងទៅហើយ មានពួកទេវបុត្តជាសាវ័ក នៃនានាតិរ្ថិយជាច្រើនអង្គ គឺទេវបុត្តឈ្មោះ អសមៈ ១ សហលី ១ និកៈ ១ អាកោដកៈ ១ វេដម្ពរី ១ មាណវគាមិយៈ ១ មានរស្មីដ៏រុងរឿង ញុំាងវត្តវេឡុវ័នជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ឋិតនៅក្នុងទីសមគួរ។

[៣១៨] លុះអសមទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ប្រារព្ធចំពោះគ្រូឈ្មោះ បូរណកស្សប ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

គ្រូឈ្មោះកស្សប មិនឃើញច្បាស់នូវបាប ក្នុងការកាត់ និងការសម្លាប់ ក្នុងការបៀតបៀន និងការវិនាស នៃទ្រព្យទាំងឡាយ ក្នុងលោកនេះ ទាំងមិនឃើញច្បាស់នូវបុណ្យរបស់ខ្លួនសោះឡើយ គ្រូឈ្មោះកស្សបនោះឯង គ្រាន់តែប្រាប់នូវសេចក្តីស្និទ្ធស្នាល គឺទីពឹងអាស្រ័យ (ដល់ពួកសត្វ) ក៏គួរដើម្បីធ្វើនូវការរាប់អាន (ថ្វាយបង្គំ របស់មនុស្ស) បូជា។

[៣១៩] លំដាប់នោះ សហលីទេវបុត្ត ប្រារព្ធចំពោះគ្រូឈ្មោះ មក្ខលិគោសាល ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

បុគ្គលមានខ្លួនសង្រួមហើយដោយប្រពៃ ព្រោះខ្ពើមបាបដោយតបៈ លះបង់នូវវាចា ជាគ្រឿងឈ្លោះជាមួយនឹងមហាជន ជាបុគ្គលស្ងប់រម្ងាប់ វៀរចាកកម្មប្រកបដោយទោស ពោលតែពាក្យពិត បុគ្គលមានសភាពដូច្នោះ រមែងមិនធ្វើនូវបាបដោយពិត។

[៣២០] លំដាប់នោះ និកទេវបុត្ត ប្រារព្ធនិគន្ថនាដបុត្ត ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ភិក្ខុជាបណ្ឌិត មានសេចក្តីខ្ពើមបាប សង្រួមដោយប្រពៃ គ្រប់យាមទាំង៤ ប្រាប់នូវហេតុ ដែលខ្លួនឃើញហើយផង នូវហេតុដែលខ្លួនឮហើយផង មិនឈ្មោះថា ធ្វើនូវអំពីអាក្រក់ដោយពិត។

[៣២១] លំដាប់នោះ អាកោដកទេវបុត្ត ប្រារព្ធចំពោះពួកនានាតិរ្ថិយ ហើយពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ពួកគ្រូនៃគណៈណា គឺគ្រូឈ្មោះ បកុធកកាតិយានៈ ១ និគន្ថនាដបុត្ត ១ មក្ខលិគោសាល ១ បូរណកស្សប ១ សុទ្ធតែដល់នូវភាពនៃខ្លួនជាសមណៈ គ្រូទាំងនោះ ឋិតនៅមិនឆ្ងាយអំពីពួកសប្បុរសដោយពិត។

[៣២២] គ្រានោះ វេដម្ពរីទេវបុត្ត ពោលទៅនឹងអាកោដកទេវបុត្ត ដោយគាថាថា

សត្វចចកខ្វាក់ លាមក ដើរទៅជាមួយនឹងសត្វសីហៈ សត្វចចក (នោះ) នឹងស្មើដោយសត្វសីហៈ ក្នុងកាលណាមួយ មិនមានទេ ឯគ្រូរបស់គណៈ ជាអ្នកអាក្រាត អ្នកពោលពាក្យកុហក មានមារយាទគួររឭកដោយសេចក្តីរង្កៀស ក៏មិនប្រហែលដោយពួកសប្បុរសដែរ។

[៣២៣] គ្រានោះ មារមានចិត្តបាប ជ្រែកចូលវេដម្ពរីទេវបុត្ត ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

សត្វទាំងឡាយណា ប្រកបក្នុងកិរិយាខ្ពើមបាប ដោយតបៈ រក្សានូវសេចក្តីស្ងប់ស្ងាត់ តាំងនៅក្នុងរូប ត្រេកអរចំពោះទេវលោក សត្វទាំងនោះឯង រមែងប្រៀនប្រដៅដោយប្រពៃ ដើម្បីទៅកាន់លោកខាងមុខ។

[៣២៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា នេះជាតួមារមានចិត្តបាប ហើយក៏ត្រាស់តបទៅនឹងមារមានចិត្តបាបវិញ ដោយគាថាថា

រូបទាំងឡាយណាមួយ មានក្នុងលោកនេះក្តី ក្នុងលោកខាងមុខក្តី និងរូបទាំងឡាយណា ដែលមានរស្មីរុងរឿងឰដ៏អាកាស ម្នាលមារ ឯរូបទាំងអស់នោះ អ្នកឯងបានសរសើរហើយ ដូចជានុយដែលគេបោះទៅ ដើម្បីសម្លាប់ពួកត្រី។

[៣២៥] គ្រានោះ មាណវគាមិយទេវបុត្ត ប្រារព្ធចំពោះព្រះមានព្រះភាគហើយ ពោលនូវគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ភ្នំវិបុលប្រសើរវិសេសជាងពួកភ្នំ ដែលនៅក្បែរក្រុងរាជគ្រឹះ ភ្នំសេត (ភ្នំកេលាស) ប្រសើរវិសេសជាងពួកភ្នំហេមពាន្ត ព្រះអាទិត្យ ប្រសើរវិសេសជាងសភាវៈ ដែលដើរទៅក្នុងអាកាស សមុទ្រ ប្រសើរវិសេសជាងទីដែលទ្រទ្រង់ទឹក ព្រះចន្ទ ប្រសើរវិសេសជាងពួកផ្កាយ ឯព្រះពុទ្ធ ប្រសើរជាងពួកមនុស្សលោក ព្រមទាំងទេវលោក។

ចប់ នានាតិត្ថិយវគ្គ ទី៣។

ឧទ្ទាននៃនានាតិត្ថិយវគ្គនោះ គឺ

សិវសូត្រ ១ ខេមសូត្រ ១ សេរីសូត្រ ១ ឃដិការសូត្រ ១ ជន្តុសូត្រ ១ រោហិតស្សសូត្រ ១ នន្ទសូត្រ ១ នន្ទិវិសាលសូត្រ ១ សុសិមសូត្រ ១ និងនានាតិត្ថិយសូត្រ ១ ជា១០។

ចប់ ទេវបុត្តសំយុត្ត។

កោសលសំយុត្ត (ទី៣)

(៣. កោសលសំយុត្តំ)

ទហរវគ្គ ទី១

(១. បឋមវគ្គោ)

ទហរសូត្រ ទី១

(១. ទហរសុត្តំ)

[៣២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើនូវសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់នៅក្នុងទីសមគួរ។

[៣២៧] លុះព្រះបាទបសេនទិកោសល គង់នៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា ព្រះគោតមដ៏ចម្រើនប្តេជ្ញាថា ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ដូច្នេះឬទេ។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ បុគ្គលនិយាយដោយប្រពៃ នូវពាក្យណាថា តថាគតត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ បុគ្គលពោលពាក្យនោះ ចំពោះតថាគត ឈ្មោះថា ពោលដោយប្រពៃ បពិត្រមហារាជ ព្រោះថា តថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណមែន។

[៣២៨] ព្រះរាជាត្រាស់ថា បពិត្រព្រះគោតមដ៏ចម្រើន ពួកសមណព្រាហ្មណ៍ណា ដែលមានពួក មានគណៈ ជាអាចារ្យរបស់គណៈ មានកេរ្តិ៍ឈ្មោះប្រាកដ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ ដូចជាកំពង់ ដែលជនជាច្រើន សន្មតថាជាសប្បុរស គឺគ្រូឈ្មោះបូរណកស្សប១ មក្ខលិគោសាល១ និគន្ថនាដបុត្ត១ សញ្ជយវេលដ្ឋបុត្ត១ បកុធកច្ចាយនៈ១ អជិតកេសកម្ពល១ ឯសមណព្រាហ្មណ៍ទាំងនោះ កាលដែលខ្ញុំព្រះអង្គបានសួរហើយថា លោកទាំងឡាយ ប្តេជ្ញាខ្លួនថា ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណឬ ក៏មិនប្តេជ្ញាខ្លួនថា ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ចំណែកព្រះគោតមដ៏ចម្រើន ក្មេងដោយកំណើតផង ថ្មីដោយផ្នួសផង មែនឬ។

[៣២៩] បពិត្រមហារាជ សភាវៈ៤ ពួកនេះ បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថា ក្មេងឡើយ ឯសភាវៈ៤ពួកនោះ តើដូចម្តេច បពិត្រមហារាជ ក្សត្រិយ៍ បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថា ក្មេង១ បពិត្រមហារាជ ពស់ បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថា ក្មេង១ បពិត្រមហារាជ ភ្លើង បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថាក្មេង គឺថាភ្លើងតិច១ បពិត្រមហារាជ ភិក្ខុ បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថាក្មេង១ បពិត្រមហារាជ សភាវៈ៤ពួកនេះឯង បុគ្គលមិនគប្បីមើលងាយថា ក្មេង មិនគប្បីរិះគន់ថាក្មេងឡើយ។

[៣៣០] ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះរួចហើយ ព្រះសុគតជាសាស្តា លុះត្រាស់ពាក្យនេះរួចហើយ ក៏ទ្រង់ត្រាស់ពាក្យដូច្នេះ តទៅទៀតថា

បុគ្គលមិនគប្បីមើលងាយក្សត្រិយ៍ ដែលបរិបូណ៌ដោយជាតិ មានជាតិដ៏ខ្ពង់ខ្ពស់ មានយសបរិវារថា ក្មេង មិនគប្បីរិះគន់ក្សត្រិយ៍នោះថា ក្មេងទេ ព្រោះក្សត្រិយ៍នោះ រមែងមានឋានៈជាធំជាងមនុស្ស លុះបានសោយរាជសម្បត្តិហើយ ក្សត្រិយ៍នោះ ទ្រង់ក្រោធឡើង រមែងព្យាយាមដ៏ក្លាខ្លាំង ចំពោះបុគ្គលនោះ ដោយព្រះរាជអាជ្ញា ព្រោះហេតុនោះ បុគ្គល កាលរក្សានូវជីវិតរបស់ខ្លួន គប្បីវៀរនូវក្សត្រិយ៍នោះ បុគ្គលឃើញនូវពស់ ក្នុងទីណា ទោះក្នុងស្រុកក្តី ព្រៃក្តី កុំគប្បីមើលងាយថាតូច កុំគប្បីបំពាននូវពស់នោះថាតូច ព្រោះពស់ មានតេជះ តែងត្រាច់ទៅដោយភេទ មានប្រការផ្សេងៗ ពស់នោះ បើចួបនឹងមនុស្សប្រុសក្តី ស្រីក្តី ដែលល្ងង់ តែងចឹកក្នុងកាលណាមួយ ព្រោះហេតុនោះ បុគ្គល កាលរក្សាជីវិតរបស់ខ្លួន គប្បីវៀរពស់នោះឲ្យស្រឡះ បុគ្គលមិនគប្បីមើលងាយភ្លើង ដែលមានអណ្តាត មានចំណី គឺឧសច្រើន មានផ្លូវ គឺស្នាមប្រឆេះខ្មៅ ថាជាភ្លើងតិច កុំគប្បីបំពានភ្លើងនោះថាតិចឡើយ ដ្បិតភ្លើងនោះ លុះបានកម្ទេចជាគ្រឿងឆេះហើយ នឹងទៅជាភ្លើងធំបាន ភ្លើងនោះ ចួបនឹងមនុស្សប្រុសក្តី ស្រីក្តី ដែលល្ងង់ តែងឆេះក្នុងកាលណាមួយ ព្រោះហេតុនោះ បុគ្គល កាលរក្សាជីវិតរបស់ខ្លួន គប្បីវៀរនូវភ្លើងនោះ ភ្លើងជាសភាវៈធ្វើឲ្យស្អាត ជាសភាវៈមានផ្លូវខ្មៅ បើឆេះនូវព្រៃណា ឯសភាវៈដុះនៅលើផែនដីទាំងឡាយ (មានឈើ និងស្មៅជាដើម) តែងដុះឡើងក្នុងព្រៃនោះវិញ ក្នុងកាលដែលកន្លងទៅនៃថ្ងៃ និងយប់ ឯភិក្ខុដែលបរិបូណ៌ដោយសីល បើឆេះនូវបុគ្គលណាដោយតេជះហើយ ពួកកូន និងសត្វចិញ្ចឹមរបស់បុគ្គលនោះ ក៏មិនមាននៅ ពួកជនជាញាតិ ក៏មិនបាននូវទ្រព្យ ឯពួកជនមិនមែនជាកូនចៅ និងជនមិនមែនជាញាតិទាំងនោះ (មិនចម្រើនឡើង) ដូចជាត្នោតកំបុតក ព្រោះហេតុនោះ បុរសជាបណ្ឌិត កាលបើឃើញច្បាស់នូវភ័យនៃខ្លួន គប្បីប្រព្រឹត្តឲ្យស្មើដោយប្រពៃ ចំពោះពស់ផង ភ្លើងផង ក្សត្រិយ៍ដែលមានយសផង និងភិក្ខុដែលបរិបូណ៌ដោយសីលផង។

[៣៣១] កាលបើព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះបាទបសេនទិកោសល ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ដូចបុគ្គលផ្ងារ នូវរបស់ដែលផ្កាប់ ឬបើកនូវរបស់ដែលកំបាំង ពុំនោះសោត ដូចបុគ្គលប្រាប់ផ្លូវដល់មនុស្សអ្នកវង្វេងទិស ឬទ្រោលនូវប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែក រមែងឃើញរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគ ទាំងព្រះធម៌ ទាំងភិក្ខុសង្ឃ ថាជាទីពឹង ទីរឭក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត តាំងតែអំពីថ្ងៃនេះជាដើមទៅ។

បុរិសសូត្រ ទី២

(២. បុរិសសុត្តំ)

[៣៣២] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី… គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា

បពិត្រព្រះអង្គដ៏ចំរើន ធម៌របស់បុរសមានប៉ុន្មានយ៉ាង កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ។

[៣៣៣] ព្រះមានព្រះភាគត្រាស់ថា

បពិត្រមហារាជ ធម៌របស់បុរសមាន៣យ៉ាង កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ ធម៌ទាំង៣ តើដូចម្តេច បពិត្រមហារាជ លោភៈ ជាធម៌របស់បុរស កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ បពិត្រមហារាជ ទោសៈ ជាធម៌របស់បុរស កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ បពិត្រមហារាជ មោហៈ ជាធម៌របស់បុរស កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ បពិត្រមហារាជ ធម៌របស់បុរស មាន៣យ៉ាងនេះឯង កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ។

[៣៣៤] ព្រះមានព្រះភាគ បានទ្រង់ត្រាស់ពាក្យនេះហើយ។បេ។

លោភៈ១ ទោសៈ១ មោហៈ១ កើតអំពីខ្លួន តែងសម្លាប់បុរសដែលមានចិត្តលាមក ដូចជាផ្លែ រមែងសម្លាប់ឈើដែលមានខ្លឹមខាងក្រៅ (មានឫស្សី និងបបុសជាដើម)។

រាជសូត្រ ទី៣

(៣. ជរាមរណសុត្តំ)

[៣៣៥] ជិតក្រុងសាវត្ថី… លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា

បពិត្រព្រះអង្គដ៏ចំរើន សត្វដែលកើតហើយ វៀរចាកជរា និងមរណៈបាន មានដែរឬ។

[៣៣៦] ព្រះអង្គត្រាស់ថា

បពិត្រមហារាជ សត្វដែលកើតហើយ វៀរចាកជរា និងមរណៈបាន មិនមានទេ បពិត្រមហារាជ ពួកខតិ្តយមហាសាលណា ដែលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាសនិងប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន សូម្បីពួកខត្តិយមហាសាលទាំងនោះ ដែលកើតហើយ វៀរចាកជរា និងមរណៈ មិនមានទេ បពិត្រមហារាជ ពួកព្រាហ្មណមហាសាលណា។បេ។ ពួកគហបតិមហាសាល អ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន សូម្បីពួកគហបតិមហាសាលទាំងនោះ ដែលកើតហើយ វៀរចាកជរា និងមរណៈ ក៏មិនមានដែរ បពិត្រមហារាជ ទុកជាពួកភិក្ខុណា ជាព្រះអរហន្ត មានអាសវៈអស់ហើយ មានព្រហ្មចរិយធម៌បានប្រព្រឹត្តហើយ មានសោឡសកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានអរហត្តផល ជាប្រយោជន៍របស់ខ្លួនបានសម្រេចហើយ មានភវសញ្ញោជនៈអស់រលីងហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ សូម្បីកាយនេះ របស់ព្រះអរហន្តនោះ ក៏គង់មានកិរិយាបែកធ្លាយទៅជាធម្មតា មានកិរិយាដាក់ចុះជាធម្មតា។

[៣៣៧] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។

រាជរថទាំងឡាយ ដែលជាងវិចិត្រហើយដោយប្រពៃ រមែងគ្រាំគ្រាទៅ សូម្បីសរីរៈ ក៏រមែងដល់នូវសេចក្តីគ្រាំគ្រា មានតែធម៌របស់ពួកសប្បុរស ទើបមិនដល់នូវសេចក្តីគ្រាំគ្រា ពួកសប្បុរស រមែងពោលជាមួយនឹងពួកសប្បុរស។

បិយសូត្រ ទី៤

(៤. បិយសុត្តំ)

[៣៣៨] ជិតក្រុងសាវត្ថី… លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា

បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនៅក្នុងទីស្ងាត់ សម្ងំនៅតែម្នាក់ឯង ក្នុងទីឯណោះ មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើងយ៉ាងនេះថា ខ្លួនជាទីស្រឡាញ់របស់បុគ្គលពួកណាហ្ន៎ ខ្លួនមិនជាទីស្រឡាញ់ របស់បុគ្គលពួកណាហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះដូច្នេះថា បុគ្គលណាមួយ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ខ្លួនមិនជាទីស្រឡាញ់របស់បុគ្គលពួកនោះ ទុកជាបុគ្គលទាំងនោះ ពោលយ៉ាងនេះថា ខ្លួនជាទីស្រឡាញ់របស់យើង ក៏ឈ្មោះថា ខ្លួនមិនជាទីស្រឡាញ់របស់បុគ្គលទាំងនោះ ដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថា ខ្លួនមិនជាទីស្រឡាញ់ គប្បីធ្វើនូវអំពើណា ដល់ខ្លួនមិនជាទីស្រឡាញ់ ឯបុគ្គលទាំងនោះ រមែងធ្វើនូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួនមិនជាទីស្រឡាញ់ របស់បុគ្គលទាំងនោះឡើយ លុះតែបុគ្គលណាមួយ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ទើបខ្លួនឈ្មោះថាជាទីស្រឡាញ់ របស់បុគ្គលទាំងនោះ ទុកជាបុគ្គលទាំងនោះ ពោលយ៉ាងនេះថា ខ្លួនមិនជាទីស្រឡាញ់ របស់យើង ក៏ឈ្មោះថា ខ្លួនជាទីស្រឡាញ់ របស់បុគ្គលទាំងនោះ ដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថា ខ្លួនជាទីស្រឡាញ់ គប្បីធ្វើនូវអំពើណាដល់ខ្លួនជាទីស្រឡាញ់ បុគ្គលទាំងនោះ តែងធ្វើនូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួនឈ្មោះថា ជាទីស្រឡាញ់របស់បុគ្គលទាំងនោះ។

[៣៣៩] ព្រះមានព្រះភាគ ត្រាស់ថា

បពិត្រមហារាជ ហេតុនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ ហេតុនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ បុគ្គលណាមួយ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត ខ្លួនឈ្មោះថា មិនជាទីស្រឡាញ់របស់បុគ្គលទាំងនោះឡើយ ទុកជាបុគ្គលទាំងនោះ ពោលយ៉ាងនេះថា ខ្លួនជាទីស្រឡាញ់របស់យើង ក៏ឈ្មោះថា ខ្លួនមិនជាទីស្រឡាញ់របស់បុគ្គលទាំងនោះដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច បពិត្រមហារាជ ព្រោះថា ខ្លួនមិនជាទីស្រឡាញ់ គប្បីធ្វើនូវអំពើណាដល់ខ្លួនមិនជាទីស្រឡាញ់ បុគ្គលទាំងនោះ តែងធ្វើនូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួនឈ្មោះថា មិនជាទីស្រឡាញ់របស់បុគ្គលទាំងនោះ បពិត្រមហារាជ លុះតែបុគ្គលណាមួយ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ទើបខ្លួនឈ្មោះថា ជាទីស្រឡាញ់របស់បុគ្គលទាំងនោះ ទុកជាបុគ្គលទាំងនោះ ពោលយ៉ាងនេះថា ខ្លួនមិនជាទីស្រឡាញ់របស់យើង ក៏ឈ្មោះថា ខ្លួនជាទីស្រឡាញ់របស់បុគ្គលទាំងនោះ ដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច បពិត្រមហារាជ ព្រោះថា ខ្លួនជាទីស្រឡាញ់ គប្បីធ្វើនូវអំពើណា ដល់ខ្លួនជាទីស្រឡាញ់ បុគ្គលទាំងនោះ តែងធ្វើនូវអំពើនោះ ដល់ខ្លួនដោយខ្លួនឯង ព្រោះហេតុនោះ ខ្លួនឈ្មោះថាជាទីស្រឡាញ់របស់បុគ្គលទាំងនោះ។

[៣៤០] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។

បើបុគ្គលដឹងខ្លួនថាជាទីស្រឡាញ់ហើយ កុំគប្បីប្រកបខ្លួននោះ ដោយបាបឡើយ ព្រោះថា ខ្លួននោះ មិនមែនរកបានដោយងាយទេ បុគ្គលអ្នកធ្វើអំពើអាក្រក់ មិនមែនរកសេចក្តីសុខបាន ដោយងាយទេ បុគ្គលដែលសេចក្តីស្លាប់គ្របសង្កត់ លះបង់ភព ជារបស់នៃមនុស្សទៅហើយ បុគ្គលនោះ មានអ្វីជារបស់ខ្លួន បុគ្គលនោះ កាន់យកអ្វីទៅ អ្វីទៅតាមបុគ្គលនោះបាន ដូចជាស្រមោល អន្ទោលតាមរូប ធម្មជាតទាំងពីរ គឺបុណ្យ និងបាប រមែងទៅតាមបុគ្គលនោះ សត្វធ្វើអំពើណា ទុកក្នុងលោកនេះ បុគ្គលនោះ មានអំពើនោះជារបស់ខ្លួន បុគ្គលនោះ កាន់យកអំពើនោះទៅ អំពើនោះទៅតាមបុគ្គលនោះ ដូចជាស្រមោល អន្ទោលតាមរូប ព្រោះហេតុនោះ បុគ្គលគប្បីធ្វើនូវកុសលដែលប្រព្រឹត្តទៅក្នុងបរលោក ឲ្យចម្រើនឡើង (ព្រោះ) បុណ្យទាំងឡាយ រមែងជាទីពឹងរបស់ពួកសត្វ ក្នុងបរលោក។

អត្តរក្ខិតសូត្រ ទី៥

(៥. អត្តរក្ខិតសុត្តំ)

[៣៤១] ព្រះបាទបសេនទិកោសល ទ្រង់គង់ក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា

បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនៅក្នុងទីស្ងាត់ សម្ងំនៅតែម្នាក់ឯង ក្នុងទីឯណោះ មានសេចក្តីត្រិះរិះ ក្នុងចិត្តកើតឡើង យ៉ាងនេះថា ខ្លួនរបស់បុគ្គលដូចម្តេចហ្ន៎ ដែលឈ្មោះថារក្សាហើយ ខ្លួនរបស់បុគ្គលដូចម្តេចហ្ន៎ ដែលឈ្មោះថា មិនរក្សាហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីយល់ឃើញដូច្នេះថា បុគ្គលណាមួយ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត បុគ្គលទាំងនោះ ឈ្មោះថា មិនរក្សាខ្លួនទេ បុគ្គលនោះ ទុកជាមានពលដំរីរក្សា មានពលសេះរក្សា មានពលរថរក្សា ឬមានពលថ្មើរជើងរក្សាក៏ដោយ តែថាបុគ្គលនោះ ឈ្មោះថា មិនរក្សាខ្លួនដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថា ការរក្សានេះ ជាខាងក្រៅ ការរក្សានេះ មិនមែនជាការរក្សាខាងក្នុងទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើបឈ្មោះថា មិនរក្សាខ្លួនទេ លុះតែបុគ្គលណាមួយ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ ទើបឈ្មោះថា រក្សាខ្លួន បុគ្គលនោះ ទុកជាមិនមានពលដំរីរក្សា មិនមានពលសេះរក្សា មិនមានពលរថរក្សា មិនមានពលថ្មើរជើងរក្សាក៏ដោយ គង់តែបុគ្គលទាំងនោះ ឈ្មោះថា រក្សាខ្លួនដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថា ការរក្សានេះជាខាងក្នុង ការរក្សានេះ មិនមែនជាការរក្សាខាងក្រៅទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើបឈ្មោះថា រក្សាខ្លួន។

[៣៤២] ព្រះមានព្រះភាគត្រាស់ថា

បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ សេចក្តីនុ៎ះ យ៉ាងនេះឯង បពិត្រមហារាជ មែនហើយ បុគ្គលណាមួយ ប្រព្រឹត្តទុច្ចរិតដោយកាយ។បេ។ ខ្លួនរបស់បុគ្គលទាំងនោះ ឈ្មោះថា មិនរក្សាទេ សេចក្តីនោះ ព្រោះហេតុដូចម្តេច បពិត្រមហារាជ ព្រោះថា ការរក្សានេះ ជាខាងក្រៅ ការរក្សានេះ មិនមែនជាការរក្សាខាងក្នុងទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើបឈ្មោះថា មិនរក្សាខ្លួនទេ បពិត្រមហារាជ លុះតែបុគ្គលណាមួយ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលទាំងនោះ ទើបឈ្មោះថា រក្សាខ្លួន ទុកជាមិនមានពលដំរីរក្សា មិនមានពលសេះរក្សា មិនមានពលរថរក្សា មិនមានពលថ្មើរជើងរក្សាក៏ដោយ គង់តែបុគ្គលទាំងនោះ ឈ្មោះថា រក្សាខ្លួនដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច បពិត្រមហារាជ ព្រោះថា ការរក្សានេះ ជាខាងក្នុង ការរក្សានេះ មិនមែនជាការរក្សាខាងក្រៅទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើបឈ្មោះថា រក្សាខ្លួន។

[៣៤៣] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។

សេចក្តីសង្រួមដោយកាយ ជាការប្រពៃ សេចក្តីសង្រួមដោយវាចា ជាការប្រពៃ សេចក្តីសង្រួមដោយចិត្ត ជាការប្រពៃ សេចក្តីសង្រួមក្នុងទ្វារទាំងអស់ ជាការប្រពៃ បុគ្គលមានសេចក្តីខ្មាស បានសង្រួម ក្នុងទ្វារទាំងអស់ បណ្ឌិតហៅថា រក្សាខ្លួន។

អប្បកសូត្រ ទី៦

(៦. អប្បកសុត្តំ)

[៣៤៤] ជិតក្រុងសាវត្ថី… លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា

បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនៅក្នុងទីស្ងាត់ សម្ងំនៅតែម្នាក់ឯង ក្នុងទីឯណោះ មានសេចក្តីត្រិះរិះក្នុងចិត្ត កើតឡើងយ៉ាងនេះថា សត្វទាំងឡាយឯណា បាននូវភោគៈដ៏ថ្លៃថ្លា លើសលុបហើយ មិនស្រវឹង (ដោយមានះ)ផង មិនប្រមាទផង មិនដល់នូវសេចក្តីប្រាថ្នាក្នុងកាមផង មិនប្រតិបត្តិខុស ក្នុងសត្វទាំងឡាយផង សត្វទាំងនោះ មានចំនួនតិចក្នុងលោក មួយទៀត សត្វទាំងឡាយណា បាននូវភោគៈដ៏ថ្លៃថ្លា លើសលុបហើយ តែងស្រវឹងផង ប្រមាទផង ដល់នូវសេចក្តីប្រាថ្នា ក្នុងកាមផង ប្រតិបត្តិខុស ក្នុងសត្វទាំងឡាយផង សត្វទាំងនោះ មានចំនួនច្រើនក្នុងលោក ដោយពិត។

[៣៤៥] ព្រះមានព្រះភាគត្រាស់ថា

បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ សេចក្តីនុ៎ះ យ៉ាងនេះឯង បពិត្រមហារាជ សត្វទាំងឡាយណា បាននូវភោគៈ ដ៏ថ្លៃថ្លា លើសលុបហើយ មិនស្រវឹងផង មិនប្រមាទផង មិនដល់នូវសេចក្តីប្រាថ្នា ក្នុងកាមផង មិនប្រតិបត្តិខុស ក្នុងសត្វទាំងឡាយផង សត្វទាំងនោះ មានចំនួនតិចក្នុងលោក សត្វទាំងឡាយណា បាននូវភោគៈ ដ៏ថ្លៃថ្លា លើសលុបហើយ តែងស្រវឹងផង ប្រមាទផង ដល់នូវសេចក្តីប្រាថ្នា ក្នុងកាមផង ប្រតិបត្តិខុស ក្នុងសត្វទាំងឡាយផង សត្វទាំងនុ៎ះ មានចំនួនច្រើនក្នុងលោក ដោយពិត។

[៣៤៦] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។

ពួកសត្វមានសេចក្តីត្រេកអរខ្លាំង ក្នុងកាម និងភោគៈទាំងឡាយ ប្រាថ្នាជ្រុលជ្រប់ក្នុងកាមទាំងឡាយ មិនដឹងនូវទោស ដែលប្រព្រឹត្តល្មើស ដូចជាពួកម្រឹគ មិនដឹងនូវអន្ទាក់ ដែលគេដាក់ ពួកសត្វនោះ រមែងមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ ព្រោះថា ផលនៃកម្មនោះ ជាផលលាមក។

អត្ថករណសូត្រ ទី៧

(៧. អឌ្ឌករណសុត្តំ)

[៣៤៧] លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា

បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ អង្គុយក្នុងរោងសម្រាប់កាត់សេចក្តី ក្នុងទីឯណោះ បានឃើញពួកខត្តិយមហាសាល ព្រាហ្មណមហាសាល និងគហបតិមហាសាល អ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន ពោលនូវពាក្យកុហក ចំពោះហេតុ ដែលដឹងច្បាស់ ព្រោះកាមជាហេតុ ព្រោះកាមជាដំណើរ ព្រោះកាមជាអធិករណ៍ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ណ្ហើយ អាត្មាអញ នឹងមានប្រយោជន៍អ្វី ដោយការកាត់សេចក្តី ក្នុងកាលឥឡូវនេះ បុគ្គលមានមុខល្អ នឹងប្រាកដដោយការកាត់សេចក្តី ក្នុងកាលឥឡូវនេះ។

[៣៤៨] ព្រះមានព្រះភាគត្រាស់ថា

បពិត្រមហារាជ សេចក្តីនុ៎ះយ៉ាងនេះឯង បពិត្រមហារាជ សេចក្តីនុ៎ះ យ៉ាងនេះឯង បពិត្រមហារាជ ពួកជនណា គឺខត្តិយមហាសាល ព្រាហ្មណមហាសាល និងគហបតិមហាសាល ដែលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន ពោលនូវពាក្យកុហក ចំពោះហេតុដែលដឹងច្បាស់ ព្រោះកាមជាហេតុ ព្រោះកាមជាដំណើរ ព្រោះកាមជាអធិករណ៍ អំពើនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង ដល់ពួកជនទាំងនោះ។

[៣៤៩] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។

ពួកសត្វ មានសេចក្តីត្រេកអរខ្លាំង ក្នុងកាម និងភោគៈទាំងឡាយ ប្រាថ្នាជ្រុលជ្រប់ ក្នុងកាមទាំងឡាយ មិនដឹងនូវទោស ដែលប្រព្រឹត្តល្មើស ដូចជាត្រីមិនស្គាល់លប ដែលគេដាក់ហើយ ពួកសត្វនោះ រមែងមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ ព្រោះថា ផលនៃកម្មនោះ ជាផលលាមក។

មល្លិកាសូត្រ ទី៨

(៨. មល្លិកាសុត្តំ)

[៣៥០] ជិតក្រុងសាវត្ថី… សម័យនោះ ព្រះបាទបសេនទិកោសល គង់ក្នុងប្រាសាទ ដ៏ប្រសើរជាន់ខាងលើ ជាមួយនឹងព្រះនាង មល្លិកាទេវី ។ គ្រានោះ ព្រះបាទបសេនទិកោសល មានព្រះបន្ទូលនឹងព្រះនាងមល្លិកាទេវី ដូច្នេះថា ម្នាលនាងមល្លិកា បុគ្គលដទៃណា ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួននាងទៅទៀត មានដែរឬ។ បពិត្រមហារាជ បុគ្គលដទៃណា ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនខ្ញុំម្ចាស់ មិនមានទេ បពិត្រមហារាជ ចុះបុគ្គលដទៃនីមួយ ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនព្រះអង្គទៅទៀត មានដែរឬ។ ម្នាលនាងមល្លិកា បុគ្គលដទៃនីមួយ ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនយើងទៅទៀត មិនមានទេ។

[៣៥១] លំដាប់នោះ ព្រះបាទបសេនទិកោសល ទ្រង់ចុះអំពីប្រាសាទ ហើយស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នៅក្នុងប្រាសាទ ដ៏ប្រសើរជាន់ខាងលើ ជាមួយនឹងនាងមល្លិកាទេវី ក្នុងទីឯណោះ បានសួរនាងមល្លិកាទេវី ដូច្នេះថា ម្នាលនាងមល្លិកា បុគ្គលដទៃណា ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួននាងទៅទៀត មានដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើខ្ញុំព្រះអង្គ សួរយ៉ាងនេះហើយ នាងមល្លិកាទេវី ក៏ពោលតបមកនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រមហារាជ បុគ្គលដទៃណា ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនខ្ញុំម្ចាស់ទៅទៀត មិនមានទេ បពិត្រមហារាជ ចុះបុគ្គលនីមួយ ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនព្រះអង្គទៅទៀត មានដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលបើនាងមល្លិកាទេវី សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គឆ្លើយតបនាងមល្លិកាទេវី ដូច្នេះវិញថា ម្នាលនាងមល្លិកា បុគ្គលដទៃនីមួយ ដែលជាទីស្រឡាញ់ ដោយវិសេសជាងខ្លួនយើងទៅទៀត មិនមានទេ។

[៣៥២] លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តីនេះហើយ ក៏ត្រាស់នូវគាថានេះ ក្នុងវេលានោះ ថា

បុគ្គល មានចិត្តរំពឹងគិតសព្វទិស រមែងរកមិនឃើញនូវបុគ្គលជាទីស្រឡាញ់ជាងខ្លួនក្នុងទីណាមួយទេ ខ្លួនទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃ យ៉ាងនោះឯង ព្រោះហេតុនោះ បុគ្គល ដែលស្រឡាញ់ខ្លួន មិនគប្បីបៀតបៀនបុគ្គលដទៃឡើយ។

យញ្ញសូត្រ ទី៩

(៩. យញ្ញសុត្តំ)

[៣៥៣] ជិតក្រុងសាវត្ថី… សម័យនោះ ព្រះបាទបសេនទិកោសល តាំងផ្តើមធ្វើមហាយ័ញ្ញ (បូជាធំ)។ ពួកគោឧសភៈ ៥០០ កូនគោឈ្មោល ៥០០ កូនគោញី ៥០០ ពពែ ៥០០ ចៀម ៥០០ គេចងភ្ជាប់នឹងសសរយ័ញ្ញ ដើម្បីបូជា។ ពួកជនណា ដែលជាខ្ញុំប្រុសក្តី ជាអ្នកបម្រើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ ត្រូវអាជ្ញាគម្រាមហើយ ត្រូវភ័យគម្រាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ ធ្វើនូវបរិកម្មទាំងឡាយ (ការរំពឹងគិត)។

[៣៥៤] គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់ពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទបសេនទិកោសល តាំងផ្តើមធ្វើមហាយ័ញ្ញ ក្នុងទីឯណោះ ពួកគោឧសភ៥០០ កូនគោឈ្មោល៥០០ កូនគោញី៥០០ ពពែ៥០០ ចៀម៥០០ គេចងភ្ជាប់នឹងសសរយ័ញ្ញ ដើម្បីបូជា ពួកជនណា ដែលជាខ្ញុំប្រុសក្តី ជាអ្នកបម្រើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ ត្រូវអាជ្ញាគម្រាមហើយ ត្រូវភ័យគម្រាមហើយ ក៏មានមុខទទឹកដោយទឹកភ្នែក ស្រែកយំ ធ្វើនូវបរិកម្មទាំងឡាយ។

[៣៥៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនុ៎ះហើយ ទើបត្រាស់នូវគាថាទាំងនេះ ក្នុងវេលានោះថា

(មហាយ័ញ្ញទាំងឡាយ) មានការរវល់ច្រើន គឺ អស្សមេធៈ30) ១ បុរិសមេធៈ31) ១ សម្មាបាសៈ32) ១ វាជបេយ្យ33) ១ និរគ្គឡៈ34) ១ យ័ញ្ញទាំងនោះ មិនមែនមានផលច្រើនទេ ពួកសត្វផ្សេងៗ គឺពពែ ចៀម គោ ត្រូវគេសម្លាប់ ក្នុងយ័ញ្ញណា ពួកបុគ្គលអ្នកប្រតិបត្តិល្អ អ្នកស្វែងរកគុណដ៏ធំ រមែងមិនប្រកបនូវយ័ញ្ញនោះឡើយ មួយទៀត ពួកយ័ញ្ញណា មិនមានកិច្ចកង្វល់ ជនទាំងឡាយ តែងបូជាយ័ញ្ញទាំងនោះ តាមលំដាប់ត្រកូល សព្វៗកាល ពួកសត្វផ្សេងៗ គឺពពែ ចៀម គោ បុគ្គលមិនបានសម្លាប់ក្នុងយ័ញ្ញនុ៎ះទេ ពួកបុគ្គលអ្នកប្រតិបត្តិល្អ អ្នកស្វែងរកគុណដ៏ធំ តែងប្រកបនូវយ័ញ្ញនុ៎ះ អ្នកប្រាជ្ញគប្បីបូជានូវយ័ញ្ញនុ៎ះ យ័ញ្ញនុ៎ះមានផលច្រើន ព្រោះថា កាលបើបុគ្គលបូជា នូវយ័ញ្ញនុ៎ះហើយ គុណដ៏ប្រសើរ រមែងមាន ឯសេចក្តីអាក្រក់ មិនមានឡើយ។

យ័ញ្ញ ជាសភាវៈមានផលដ៏បរិបូណ៌ផង ទេវតាទាំងឡាយ រមែងជ្រះថ្លាផង។

ពន្ធនសូត្រ ទី១០

(១០. ពន្ធនសុត្តំ)

[៣៥៦] សម័យនោះ ព្រះបាទបសេនទិកោសល ទ្រង់បង្គាប់រាជបុរសឲ្យចងពួកមហាជន។ ជនពួកខ្លះ គេចងដោយខ្សែ ជនពួកខ្លះ គេចងដោយខ្នោះ ជនពួកខ្លះ គេចងដោយច្រវាក់។ គ្រានោះ ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងសាវត្ថីឯណោះ ព្រះបាទបសេនទិកោសល បង្គាប់រាជបុរស ឲ្យចងពួកមហាជន ជនពួកខ្លះ គេចងដោយខ្សែ ជនពួកខ្លះ គេចងដោយខ្នោះ ជនពួកខ្លះ គេចងដោយច្រវាក់។

[៣៥៧] លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់នូវសេចក្តីនេះហើយ ទ្រង់ត្រាស់នូវគាថាទាំងនេះ ក្នុងវេលានោះថា

ចំណងណា ធ្វើដោយដែកក្តី កើតដោយឈើក្តី កើតដោយស្មៅដំណេកទន្សាយក្តី អ្នកប្រាជ្ញទាំងឡាយ មិនបានពោលនូវចំណងនោះ ថាមាំទេ សេចក្តីអាឡោះអាល័យណា ប្រកបដោយសេចក្តីត្រេក ដ៏ក្រៃលែង ក្នុងកែវមណី និងកុណ្ឌលផង ក្នុងកូន និងប្រពន្ធផង អ្នកប្រាជ្ញទាំងឡាយ ពោលនូវចំណងនុ៎ះ ថាជាចំណងមាំ ជាគ្រឿងទាញសត្វ ឲ្យចុះក្នុងអបាយ ជាចំណងធូរ ប៉ុន្តែបុគ្គលស្រាយបានដោយក្រ អ្នកប្រាជ្ញទាំងឡាយ រមែងកាត់នូវចំណងនេះហើយ វៀរចេញស្រឡះ ជាអ្នកលះបង់នូវកាមសុខ មិនមានអាឡោះអាល័យ។

ចប់ ទហរវគ្គ ទី១។

ឧទ្ទាន នៃទហរវគ្គនោះ គឺ

ទហរសូត្រ ១ បុរិសសូត្រ ១ រាជសូត្រ ១ បិយសូត្រ ១ អត្តានរក្ខិតសូត្រ ១ អប្បកសូត្រ ១ អត្ថករណសូត្រ ១ មល្លិកាសូត្រ ១ យញ្ញសូត្រ ១ ពន្ធនសូត្រ ១។

ជដិលវគ្គ ទី២

(២. ទុតិយវគ្គោ)

ជដិលសូត្រ ទី១

(១. សត្តជដិលសុត្តំ)

[៣៥៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើមិគារមាតុប្រាសាទ ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយទ្រង់គង់ត្រង់ក្លោងទ្វារខាងក្រៅ។ គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ ទ្រង់គង់នៅក្នុងទីសមគួរ។

[៣៥៩] ក៏សម័យនោះឯង ពួកជដិល៧នាក់ ពួកនិគ្រន្ថ៧នាក់ ពួកអចេល៧នាក់ ពួកឯកសាដកបុគ្គល៧នាក់ ពួកបរិព្វាជក៧នាក់ មានរោមក្លៀក មានក្រចក និងរោមឯទៀតដុះវែងៗ នាំគ្នារែកអម្រែកផ្សេងៗ ដើរជិតព្រះមានព្រះភាគ ហើយហួសទៅ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល ទ្រង់ក្រោកអំពីអាសនៈ ធ្វើនូវឧត្តរាសង្គ ឆៀងព្រះអង្សាម្ខាង លុតព្រះជានុមណ្ឌលខាងស្តាំលើផែនដី ប្រណម្យអញ្ជលី ចំពោះជដិល៧នាក់ផង និគ្រន្ថ៧នាក់ផង អចេល៧នាក់ផង ឯកសាដកបុគ្គល៧នាក់ផង បរិព្វាជក៧នាក់ផង ទ្រង់ប្រកាសព្រះនាមអស់វារៈបីដងថា បពិត្រលោកទាំងឡាយដ៏ចម្រើន ខ្ញុំជាព្រះរាជាបសេនទិកោសល… បពិត្រលោកទាំងឡាយដ៏ចម្រើន ខ្ញុំជាព្រះរាជាបសេនទិកោសល។ កាលដែលជដិល៧នាក់ និគ្រន្ថ៧នាក់ អចេល៧នាក់ ឯកសាដកបុគ្គល៧នាក់ បរិព្វាជក៧នាក់ទាំងនោះ ចៀសចេញទៅមិនយូរប៉ុន្មាន ទើបព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះស្តេចចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយទ្រង់គង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល ទ្រង់គង់ក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលទាំងឡាយណា ជាព្រះអរហន្តក្តី ជាអ្នកដល់នូវព្រះអរហត្តមគ្គក្តី ក្នុងលោក បណ្តាបុគ្គលទាំងនោះ លោកអស់ទាំងនេះ ជាព្រះអរហន្តមួយដែរ។

[៣៦០] ព្រះអង្គត្រាស់តបថា បពិត្រមហារាជ ពាក្យថា

បុគ្គលពួកនេះ ជាព្រះអរហន្តក្តី បុគ្គលពួកនេះ ដល់នូវអរហត្តមគ្គក្តី ដូច្នេះនេះ ព្រះអង្គជាគ្រហស្ថ នៅបរិភោគកាម អាស្រ័យព្រះក្រឡាបន្ទំ ចង្អៀតដោយព្រះរាជបុត្រ ប្រើប្រាស់នូវខ្លឹមចន្ទន៍ដ៏ល្អិត ទ្រទ្រង់នូវកម្រងផ្កា គ្រឿងក្រអូប និងគ្រឿងលាប ត្រេកអរនូវមាស និងប្រាក់ ក៏ដឹងបានដោយក្រពេកណាស់ បពិត្រមហារាជ សីល បុគ្គលគប្បីដឹងបាន ដោយការនៅរួមគ្នា ក៏សីលនោះឯង បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បីដឹងបានដោយកាលខ្លីទេ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បីដឹងបានឡើយ បពិត្រមហារាជ សេចក្តីស្អាត បុគ្គលគប្បីដឹងបាន ដោយពាក្យសំដី ឯសេចក្តីស្អាតនោះ បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បីដឹងបានដោយកាលខ្លីឡើយ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បីដឹងបានឡើយ បពិត្រមហារាជ កម្លាំងបញ្ញា បុគ្គលគប្បីដឹង ក្នុងពេលដែលមានសេចក្តីអន្តរាយ ឯកម្លាំងនោះ បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បីដឹងបានដោយកាលខ្លីឡើយ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បីដឹងបានឡើយ បពិត្រមហារាជ បញ្ញា បុគ្គលគប្បីដឹងបាន ដោយការសាកសួរ ឯបញ្ញានោះ បុគ្គលគប្បីដឹងបានដោយកាលវែង មិនគប្បីដឹងបានដោយកាលខ្លីឡើយ បុគ្គលធ្វើទុកក្នុងចិត្ត ទើបដឹងបាន បុគ្គលមិនធ្វើទុកក្នុងចិត្ត មិនគប្បីដឹងបានឡើយ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បីដឹងបានឡើយ។

[៣៦១] ព្រះបាទបសេនទិកោសល ទូលថា

បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះអង្គបានសំដែងសេចក្តីនេះថា បពិត្រមហារាជ ពាក្យនេះ ព្រះអង្គជាគ្រហស្ថ នៅបរិភោគកាម ដឹងបានដោយកម្រ។បេ។ បុគ្គលមានបញ្ញា ទើបដឹងបាន បុគ្គលឥតបញ្ញា មិនគប្បីដឹងបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ពួកបុរសរបស់ខ្ញុំព្រះអង្គទាំងនេះ ជាអ្នកឈ្លបដើររករឿង បានដឹងរឿងអ្នកជនបទ រួចត្រឡប់មកវិញ កាលបើបុរសទាំងនោះ យករឿងបានមុនហើយ ទើបខ្ញុំព្រះអង្គពិនិត្យជាខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ បុរសទាំងនោះ បានបន្សាត់បង់នូវធុលី និងមន្ទិលនោះ ងូតដោយស្រួលបួល លាបដោយប្រពៃ ហើយកោរសក់ និងពុកមាត់ ស្លៀកសំពត់មានពណ៌ស ឲ្យគេបម្រើឆ្អែតស្កប់ស្កល់ ដោយកាមគុណទាំង៥។

[៣៦២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវសេចក្តីនុ៎ះហើយ ទើបត្រាស់នូវគាថាទាំងឡាយនេះ ក្នុងវេលានោះថា

ជនមិនមែនមានជាតិល្អ ដោយសម្បុរ និងរូបទេ បុគ្គលមិនត្រូវស្និទ្ធស្នាលដោយការឃើញភ្លាមទេ ព្រោះថា ពួកជនមិនសង្រួម ត្រាច់ទៅក្នុងលោកនេះបាន ដោយសារភណ្ឌបរិក្ខារ របស់ពួកជនដែលសង្រួមល្អ កុណ្ឌល ជាវិការនៃដី មានរូបប្រៀបដូចជាកុណ្ឌលមាសក្តី មាសកជាវិការៈនៃលោហៈ ស្រោបដោយមាសក្តី (យ៉ាងណា) ជនទាំងឡាយ មានបរិវារហែហម មិនស្អាតខាងក្នុង ស្អាតតែខាងក្រៅ តែងត្រាច់ទៅក្នុងលោកបាន (យ៉ាងនោះដែរ)។

បញ្ចរាជសូត្រ ទី២

(២. បញ្ចរាជសុត្តំ)

[៣៦៣] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក៏សម័យនោះឯង ព្រះរាជាទាំងឡាយ ៥អង្គ មានព្រះបាទបសេនទិ ជាប្រធាន កំពុងឲ្យគេបម្រើឆ្អែតស្កប់ស្កល់ ដោយកាមគុណ ទាំង៥ ក៏កើតមានអន្តរាកថា ដូច្នេះថា បណ្តាកាមទាំងឡាយ អ្វីហ្ន៎ ប្រសើរជាងគេ។ បណ្តាព្រះរាជាទាំងនោះ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រូបប្រសើរជាងគេ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ សំឡេងប្រសើរជាងគេ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ក្លិនប្រសើរជាងគេ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រសប្រសើរជាងគេ។ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ផ្សព្វប្រសើរជាងគេ។ ព្រះរាជាទាំងនោះ មិនអាចញុំាងគ្នា និងគ្នាឲ្យយល់បានក្នុងកាលណាឡើយ ទើបព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ពាក្យនេះ នឹងព្រះរាជាទាំងនោះថា ម្នាលគ្នាយើងទាំងឡាយ មក យើងនឹងចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ យើងនឹងទូលសួរនូវសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ បើព្រះមានព្រះភាគ ទ្រង់ព្យាករចំពោះយើងទាំងឡាយយ៉ាងណា យើងទាំងឡាយ នឹងចាំទុកនូវព្យាករណ៍នោះយ៉ាងនោះ។ ព្រះរាជាទាំងនោះ ទទួលស្តាប់ (នូវព្រះបន្ទូល) នៃព្រះបាទបសេនទិកោសលថា ព្រះករុណាវិសេស។

[៣៦៤] លំដាប់នោះឯង ព្រះរាជាទាំង៥អង្គ មានព្រះបាទបសេនទិ ជាប្រធាននោះ ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់នៅក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ជាព្រះរាជាទាំង៥ កំពុងឲ្យគេបម្រើឆ្អែតស្កប់ស្កល់ ដោយកាមគុណទាំង៥ ក្នុងទីឯណោះ ក៏កើតមានអន្តរាកថា ដូច្នេះថា បណ្តាកាមទាំងឡាយ អ្វីហ្ន៎ ប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រូបប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ សំឡេងប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ក្លិនប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ រសប្រសើរជាងគេ ព្រះរាជាពួកខ្លះ ពោលយ៉ាងនេះថា បណ្តាកាមទាំងឡាយ ផ្សព្វប្រសើរជាងគេ បពិត្រព្រះអង្គដ៏ចំរើន បណ្តាកាមទាំងឡាយ អ្វីហ្ន៎ ដែលប្រសើរជាងគេ។

[៣៦៥] ព្រះអង្គត្រាស់ថា បពិត្រមហារាជ បណ្តាកាមគុណទាំង៥ តថាគតពោលសំដៅត្រង់របស់ជាទីគាប់ចិត្តបំផុត ថាប្រសើរជាងគេ បពិត្រមហារាជ ព្រោះថា រូបទាំងឡាយណា ជាទីគាប់ចិត្តរបស់បុគ្គលខ្លះ រូបទាំងនោះ ទៅជាមិនគាប់ចិត្ត របស់បុគ្គលខ្លះក៏មាន បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ដោយរូបទាំងឡាយណា បុគ្គលនោះ ក៏មិនប្រាថ្នារូបឯទៀត ដែលលើសលុប ឬឧត្តមជាងរូបទាំងនោះឡើយ រូបទាំងនោះ ជារូបក្រៃលែង របស់បុគ្គលនោះ រូបទាំងនោះ ជារូបប្រសើរលើស របស់បុគ្គលនោះ។ បពិត្រមហារាជ សំឡេងទាំងឡាយណា… បពិត្រមហារាជ ក្លិនទាំងឡាយណា… បពិត្រមហារាជ រសទាំងឡាយណា… បពិត្រមហារាជ ផ្សព្វទាំងឡាយណា ជាទីគាប់ចិត្តបុគ្គលខ្លះ ផ្សព្វទាំងនោះ ទៅជាមិនជាទីគាប់ចិត្តបុគ្គលខ្លះក៏មាន បុគ្គលនោះ មានសេចក្តីពេញចិត្ត មានតម្រិះបរិបូណ៌ដោយផ្សព្វទាំងឡាយណា បុគ្គលនោះ ក៏មិនប្រាថ្នានូវផ្សព្វឯទៀត សូម្បីលើសលុប ឬឧត្តមជាងផ្សព្វទាំងនោះឡើយ ផ្សព្វទាំងនោះ ជាផ្សព្វក្រៃលែង របស់បុគ្គលនោះ ផ្សព្វទាំងនោះ ជាផ្សព្វប្រសើរលើស របស់បុគ្គលនោះ។

[៣៦៦] ក្នុងសម័យនោះឯង ឧបាសកឈ្មោះ ចន្ទនង្គលិកៈ អង្គុយនៅក្នុងបរិស័ទនោះ។ លំដាប់នោះ ចន្ទនង្គលិកឧបាសក ក្រោកអំពីអាសនៈ ធ្វើសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងហេតុមួយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងហេតុមួយ។ ព្រះមានព្រះភាគ បានត្រាស់ថា ម្នាលចន្ទនង្គលិកៈ អ្នកចូរសំដែងហេតុនោះចុះ។ លំដាប់នោះ ចន្ទនង្គលិកឧបាសក បានសរសើរព្រះមានព្រះភាគ ក្នុងទីចំពោះព្រះភក្ត្រ ដោយគាថាដ៏សមគួរ ដល់សេចក្តីនោះថា

ផ្កាឈូក (ក្រហមច្រាល) រីកក្នុងវេលាព្រឹក មានក្លិនក្រអូប មិនប្រាសចាកក្លិន យ៉ាងណា អ្នកចូរមើលនូវព្រះសម្មាសម្ពុទ្ធ មានរស្មីផ្សាយចេញអំពីព្រះអង្គ កំពុងរុងរឿង ដូចព្រះអាទិត្យ ដែលរុងរឿងក្នុងអាកាស យ៉ាងនោះឯង។

[៣៦៧] គ្រានោះឯង ព្រះរាជាទាំង៥អង្គនោះ ទ្រង់បានបំពាក់នូវចន្ទនង្គលិកឧបាសក ដោយសំពត់ឧត្តរាសង្គទាំង៥។ លំដាប់នោះឯង ចន្ទនង្គលិកឧបាសក ថ្វាយសំពត់ឧត្តរាសង្គទាំង៥នោះ ដល់ព្រះមានព្រះភាគ។

ទោណបាកសូត្រ ទី៣

(៣. ទោណបាកសុត្តំ)

[៣៦៨] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ក៏ក្នុងសម័យនោះឯង ព្រះបាទបសេនទិកោសល ទ្រង់សោយនូវព្រះស្ងោយ ដែលពួកពិសេសចំអិនដោយអង្ករមួយទោណៈ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល ទ្រង់សោយរួចហើយ ទ្រង់ដកព្រះអស្សាសៈធំ ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះស្តេចចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ គង់ក្នុងទីសមគួរ។

[៣៦៩] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ព្រះបាទបសេនទិកោសលនោះ សោយរួចហើយ ទ្រង់ដកព្រះអស្សាសៈធំ ទើបត្រាស់នូវគាថានេះ ក្នុងវេលានោះថា

មនុស្ស មានស្មារតីសព្វកាល ដឹងប្រមាណក្នុងភោជនដែលខ្លួនបានហើយ រមែងមានវេទនាស្រាល អាហារនោះ តែងរក្សាអាយុ ជ្រួតជ្រាបបន្តិចម្តងៗ។

[៣៧០] ក៏សម័យនោះឯង មាណពឈ្មោះ សុទស្សនៈ ឈរនៅក្រោយព្រះបិដ្ឋិ នៃព្រះបាទបសេនទិកោសល។ គ្រានោះ ព្រះបាទបសេនទិកោសល ទ្រង់ហៅសុទស្សនមាណព មកថា ម្នាលបាសុទស្សនៈ អ្នកចូរមករៀននូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគ ហើយសូត្រក្នុងកាលដែលនាំមកនូវភត្តដល់អញ អញនឹងឲ្យកហាបណៈមួយរយ ជានិច្ចភត្ត ដល់អ្នករាល់ថ្ងៃ។ សុទស្សនមាណព ទទួលព្រះរាជឱង្ការព្រះបាទបសេនទិកោសលថា សូមទ្រង់ព្រះមេត្តាប្រោស ប្រសើរណាស់ ក៏រៀននូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគហើយ សូត្រក្នុងកាលនាំភត្តមកថ្វាយព្រះបាទបសេនទិកោសលថា

មនុស្ស មានស្មារតីសព្វកាល ដឹងប្រមាណក្នុងភោជនដែលខ្លួនបានហើយ រមែងមានវេទនាស្រាល អាហារនោះ តែងរក្សាអាយុ ជ្រួតជ្រាបបន្តិចម្តងៗ។

[៣៧១] គ្រានោះឯង ព្រះបាទបសេនទិកោសល ទ្រង់កំណត់អង្ករមួយនាឡិតាមលំដាប់។ ក្នុងសម័យតមកទៀត ទើបព្រះបាទបសេនទិកោសល មានព្រះកាយផូរផង់ល្អ ទ្រង់យកព្រះហស្តស្ទាបព្រះអង្គហើយ បន្លឺនូវឧទាននេះ ក្នុងវេលានោះថា ឱហ្ន៎ ព្រះមានព្រះភាគនោះ ទ្រង់អនុគ្រោះយើងដោយប្រយោជន៍២ប្រការគឺ ប្រយោជន៍បច្ចុប្បន្ន១ ប្រយោជន៍បរលោក១។

បឋមសង្គាមវត្ថុសូត្រ ទី៤

(៤. បឋមសង្គាមសុត្តំ)

[៣៧២] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា លើកទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសី។ ព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ។ ទើបព្រះបាទបសេនទិកោសល ទ្រង់រៀបចតុរង្គសេនា តទល់គ្នានឹងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ឰដ៏ដែនកាសី។ គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសលច្បាំងគ្នា។ ក៏ក្នុងសង្គ្រាមនោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់ផ្ចាញ់ព្រះបាទបសេនទិកោសលបាន។ លុះព្រះបាទបសេនទិកោសល ទ្រង់បរាជ័យហើយ ក៏ស្តេចចូលមកកាន់ក្រុងសាវត្ថី ជាព្រះរាជធានីរបស់ព្រះអង្គវិញ។

[៣៧៣] គ្រានោះឯង ភិក្ខុច្រើនរូបស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់បិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងអម្បាលនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលានេះ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា ទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសីឯណោះ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា មកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ព្រះបាទបសេនទិកោសល ក៏ទ្រង់រៀបចតុរង្គសេនា ទៅតទល់គ្នានឹងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ឰដ៏ដែនកាសី បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសល ក៏បានច្បាំងគ្នា បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងសង្គ្រាមនោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ទ្រង់ផ្ចាញ់ព្រះបាទបសេនទិកោសល ឲ្យចាញ់បាន បពិត្រព្រះអង្គដ៏ចំរើន លុះព្រះបាទបសេនទិកោសល ទ្រង់បរាជ័យហើយ ក៏ស្តេចចូលមកកាន់ក្រុងសាវត្ថី ជាព្រះរាជធានីរបស់ព្រះអង្គវិញ។

[៣៧៤] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ មានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានព្រះទ័យឱនទៅរកសេចក្តីអាក្រក់ ក៏ឯព្រះបាទបសេនទិកោសល មានមិត្តល្អ មានសំឡាញ់ល្អ មានព្រះទ័យឱនទៅរកសេចក្តីល្អ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃនេះ ព្រះបាទបសេនទិកោសល ទ្រង់បរាជ័យ ហើយផ្ទំជាទុក្ខក្នុងរាត្រីនេះ ដោយប្រការយ៉ាងនេះ។

[៣៧៥] ព្រះមានព្រះភាគ បានត្រាស់នូវភាសិតនេះ។បេ។

បុគ្គលអ្នកឈ្នះ តែងប្រទះពៀរ បុគ្គលអ្នកចាញ់ តែងដេកកើតទុក្ខ បុគ្គលអ្នកស្ងប់រម្ងាប់ លះបង់នូវការឈ្នះ និងការចាញ់បានហើយ តែងដេកជាសុខ។

ទុតិយសង្គាមវត្ថុសូត្រ ទី៥

(៥. ទុតិយសង្គាមសុត្តំ)

[៣៧៦] គ្រានោះឯង ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ទ្រង់រៀបចតុរង្គសេនា ទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសី។ ព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ។ ទើបព្រះបាទបសេនទិកោសល ស្តេចរៀបចតុរង្គសេនា ទៅតទល់គ្នា នឹងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ឰដ៏ដែនកាសី។ គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសល ក៏ច្បាំងគ្នា។ ឯក្នុងសង្គ្រាមនោះឯង ព្រះបាទបសេនទិកោសល ញុំាងព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ឲ្យចាញ់ ហើយចាប់យកព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈនោះបានទាំងរស់។

[៣៧៧] គ្រានោះឯង ព្រះបាទបសេនទិកោសល មានសេចក្តីត្រិះរិះថា ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈនេះ ប្រទូស្តនឹងអាត្មាអញ ដែលជាអ្នកមិនប្រទូស្ត ពិតមែនហើយ តែថាស្តេចនោះ ត្រូវជាក្មួយរបស់អាត្មាអញ បើដូច្នោះ មានតែអាត្មាអញ រឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែងព្រះបាទអជាតសត្តុនោះ ឲ្យរួចទៅទាំងរស់វិញ។ លំដាប់នោះឯង ព្រះបាទបសេនទិកោសល បានរឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែងព្រះបាទអជាតសត្តុនោះ ឲ្យរួចទៅទាំងរស់វិញ។

[៣៧៨] គ្រានោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងពេលក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសីឯណោះ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ បពិត្រព្រះអង្គដ៏ចំរើន ទើបព្រះបាទបសេនទិកោសល រៀបចតុរង្គសេនា ទៅចាំតទល់គ្នា នឹងព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ឰដ៏ដែនកាសី បពិត្រព្រះអង្គដ៏ចំរើន ឯព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសល ក៏ច្បាំងគ្នា បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងសង្គ្រាមនោះ ព្រះបាទបសេនទិកោសល ទ្រង់ផ្ចាញ់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ឲ្យបរាជ័យហើយ ចាប់យកព្រះបាទអជាតសត្តុនោះបានទាំងរស់ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ព្រះបាទបសេនទិកោសល មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈនេះ ប្រទូស្តចំពោះអាត្មាអញ ដែលជាអ្នកមិនប្រទូស្តក៏មែនហើយ តែថា ស្តេចនោះ ត្រូវជាក្មួយរបស់អាត្មាអញ បើដូច្នោះ មានតែអាត្មាអញ រឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែងព្រះបាទអជាតសត្តុនោះ ឲ្យរួចទៅទាំងរស់វិញ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ព្រះបាទបសេនទិកោសល ក៏បានរឹបយកពលដំរីទាំងអស់ រឹបយកពលសេះទាំងអស់ រឹបយកពលរថទាំងអស់ រឹបយកពលថ្មើរជើងទាំងអស់ របស់ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ហើយលែងព្រះបាទអជាតសត្តុនោះ ឲ្យរួចទៅទាំងរស់វិញ។

[៣៧៩] គ្រាកាលដែលព្រះមានព្រះភាគ ជ្រាបសេចក្តីនុ៎ះច្បាស់ហើយ ទ្រង់ត្រាស់ព្រះគាថាទាំងនេះ ក្នុងវេលានោះថា

ការរឹបជាន់ សម្រេចដល់បុរសនោះ ដរាបណា បុរសនោះ ឈ្មោះថា រឹបជាន់គេ ដរាបនោះ ជនទាំងឡាយដទៃ រឹបជាន់គេក្នុងកាលណា គេដែលពួកជនដទៃរឹបជាន់នោះ នឹងរឹបជាន់វិញ ក្នុងកាលនោះ បាបមិនទាន់ឲ្យផល ដរាបណា បុគ្គលពាល តែងសំគាល់បាបនោះថា គ្រាន់តែជាហេតុ ដរាបនោះ លុះតែបាបឲ្យផល ក្នុងកាលណា បុគ្គលពាល រមែងដល់នូវទុក្ខ ក្នុងកាលនោះ អ្នកសម្លាប់គេ តែងបានគេសម្លាប់ខ្លួនវិញ អ្នកឈ្នះគេ តែងបានគេឈ្នះខ្លួនវិញ អ្នកជេរគេ តែងបានគេជេរខ្លួនវិញ អ្នកប្រទូស្តគេ តែងបានគេប្រទូស្តខ្លួនវិញ មួយទៀត អ្នកដែលគេរឹបជាន់នោះ រមែងរឹបជាន់គេវិញ តាមការដែលផ្លាស់ប្តូរនៃកម្ម។

ធីតុសូត្រ ទី៦

(៦. មល្លិកាសុត្តំ)

[៣៨០] សាវត្ថីនិទាន។ គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ ទ្រង់គង់នៅក្នុងទីសមគួរ។ លំដាប់នោះ បុរសម្នាក់ ចូលទៅគាល់ព្រះបាទបសេនទិកោសល លុះចូលទៅដល់ហើយ ខ្សឹបទូលព្រះបាទបសេនទិកោសលថា បពិត្រព្រះសម្មតិទេព ព្រះនាងមល្លិកាទេវី ប្រសូតព្រះរាជធីតាហើយ។ កាលបើបុរសនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទបសេនទិកោសល ក៏មានព្រះហឫទ័យអាក់អន់។

[៣៨១] លុះព្រះមានព្រះភាគ ទ្រង់ជ្រាបថា ព្រះបាទបសេនទិកោសល មានព្រះហឫទ័យអាក់អន់ហើយ ទើបត្រាស់នូវគាថាទាំងឡាយនេះ ក្នុងវេលានោះថា

បពិត្រព្រះអង្គជាធំជាងជន សូមព្រះអង្គចិញ្ចឹមតែស្ត្រីមួយពួក ដែលមានបញ្ញា មានសីល មានម្តាយក្មេក និងឪពុកក្មេកដូចជាទេព្តា ជាអ្នកធ្វើវត្តដល់ប្តី ជាស្ត្រីប្រសើរ បពិត្រព្រះអង្គជាធំក្នុងទិស បុរសណា កើតចាកស្ត្រីនោះ បុរសនោះ ជាអ្នកក្លៀវក្លា ឯបុត្តនៃភរិយាល្អប្រាកដដូច្នោះ តែងប្រៀនប្រដៅនូវជន ដែលនៅក្នុងដែនបាន។

បឋមអប្បមាទសូត្រ ទី៧

(៧. អប្បមាទសុត្តំ)

[៣៨២] ទៀបក្រុងសាវត្ថី… លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ទ្រង់ត្រាស់នឹងព្រះមានព្រះភាគ ដូច្នេះថា ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ មានដែរឬ ព្រះអង្គ។ ព្រះអង្គត្រាស់ថា ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ មានដែរ មហារាជ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌តែមួយ ដែលឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ តើដូចម្តេចខ្លះ។

[៣៨៣] ព្រះអង្គត្រាស់ថា បពិត្រមហារាជ ធម៌តែមួយ គឺអប្បមាទធម៌ តែងឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១។ បពិត្រមហារាជ ដានជើងណាមួយ នៃពួកសត្វដែលដើរលើផែនដី ដានជើងទាំងអស់នោះ រមែងប្រជុំចុះ ក្នុងដានជើងដំរី ដានជើងដំរី ប្រាកដជាធំជាងដានជើងសត្វទាំងអម្បាលនោះ ព្រោះថា ដានជើងដំរី ជាដានជើងធំ យ៉ាងណាមិញ បពិត្រមហារាជ ធម៌តែមួយ គឺអប្បមាទធម៌ តែងឲ្យសម្រេចប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងលោកនេះ១ ប្រយោជន៍ក្នុងលោកខាងមុខ១ យ៉ាងនោះឯង។

[៣៨៤] ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ។បេ។

បុគ្គល កាលប្រាថ្នានូវអាយុ ភាពជាអ្នកមិនមានរោគ សម្បុរកាយ ឋានសួគ៌ ត្រកូលខ្ពស់ និងសេចក្តីត្រេកអរទាំងឡាយ ដ៏លើសលុបតៗទៅ (គួរតែធ្វើសេចក្តីមិនប្រមាទ) បណ្ឌិតទាំងឡាយ តែងសរសើរសេចក្តីមិនប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ បណ្ឌិតជាអ្នកមិនប្រមាទ តែងបានប្រយោជន៍ទាំងពីរ គឺប្រយោជន៍ណា ក្នុងបច្ចុប្បន្នក្តី ប្រយោជន៍ណា ដែលមានក្នុងបរលោកក្តី ធីរជន ឈ្មោះថាបណ្ឌិត ព្រោះការបាននូវប្រយោជន៍ទាំងពីរនោះ។

ទុតិយអប្បមាទសូត្រ ទី៨

(៨. កល្យាណមិត្តសុត្តំ)

[៣៨៥] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… គង់នៅក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គពួនសម្ងំនៅក្នុងទីស្ងាត់ ក្នុងទីឯណោះ មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើងយ៉ាងនេះថា ធម៌ដែលព្រះមានព្រះភាគត្រាស់ហើយដោយប្រពៃ ធម៌នោះឯង ជារបស់បុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន មិនមែនជារបស់បុគ្គល អ្នកមានមិត្តអាក្រក់ អ្នកមានសម្លាញ់អាក្រក់ អ្នកបង្អោនទៅរកបាបជនឡើយ។ បពិត្រមហារាជ នុ៎ះយ៉ាងនេះមែនហើយ បពិត្រមហារាជ នុ៎ះយ៉ាងនេះមែនហើយ បពិត្រមហារាជ ធម៌ដែលតថាគតត្រាស់ហើយដោយប្រពៃ ធម៌នោះឯង ជារបស់បុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន មិនមែនជារបស់បុគ្គលអ្នកមានមិត្តអាក្រក់ អ្នកមានសម្លាញ់អាក្រក់ អ្នកបង្អោនទៅរកបាបជនឡើយ។

[២៨៦] បពិត្រមហារាជ សម័យមួយ តថាគតនៅក្នុងនិគមឈ្មោះនគរកៈ របស់ពួកសក្យជន ក្នុងសក្កជនបទឯណោះ។ បពិត្រមហារាជ លំដាប់នោះឯង ភិក្ខុឈ្មោះអានន្ទ បានចូលទៅរកតថាគត លុះចូលទៅដល់ ថ្វាយបង្គំតថាគតហើយ អង្គុយក្នុងទីសមគួរ។ បពិត្រមហារាជ លុះអានន្ទភិក្ខុ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះជាគុណពាក់កណ្តាល របស់មគ្គព្រហ្មចរិយៈ។ បពិត្រមហារាជ កាលអានន្ទភិក្ខុ ក្រាបទូលយ៉ាងនេះហើយ តថាគត បានត្រាស់នឹងអានន្ទភិក្ខុ ដូច្នេះថា ម្នាលអានន្ទ អ្នកកុំនិយាយយ៉ាងនេះឡើយ ឯភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះចាត់ជាមគ្គព្រហ្មចរិយៈទាំងមូល ម្នាលអានន្ទ មគ្គព្រហ្មចរិយៈនុ៎ះ កើតប្រាកដ ដល់ភិក្ខុដែលជាអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន ភិក្ខុនោះ នឹងចម្រើននូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ និងធ្វើឲ្យរឿយៗ នូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ។

[៣៨៧] ម្នាលអានន្ទ ចុះភិក្ខុអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន ចម្រើននូវមគ្គ ប្រកបដោយអង្គ៨ ដ៏ប្រសើរ ធ្វើឲ្យរឿយៗ នូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ ដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគ អាស្រ័យនិរោធ មានកិរិយាបង្អោនចិត្តទៅ ដើម្បីលះកិលេស ចម្រើននូវសម្មាសង្កប្ប… ចម្រើននូវសម្មាវាចា… ចម្រើននូវសម្មាកម្មន្ត… ចម្រើននូវសម្មាអាជីវៈ… ចម្រើននូវសម្មាវាយាមៈ… ចម្រើននូវសម្មាសតិ… ចម្រើននូវសម្មាសមាធិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគ អាស្រ័យនិរោធ មានកិរិយាបង្អោនចិត្តទៅ ដើម្បីលះបង់កិលេស។ ម្នាលអានន្ទ ភិក្ខុអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន តែងចម្រើននូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ តែងធ្វើឲ្យរឿយៗ នូវមគ្គប្រកបដោយអង្គ៨ដ៏ប្រសើរ ដោយប្រការយ៉ាងនេះឯង។ ម្នាលអានន្ទ ភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះជាតួមគ្គព្រហ្មចរិយៈទាំងមូល ដោយហេតុណា ហេតុនោះ បុគ្គលត្រូវដឹង ដោយបរិយាយនេះឯង។ ម្នាលអានន្ទ សត្វទាំងឡាយ មានជាតិជាធម្មតា រមែងរួចចាកជាតិ សត្វទាំងឡាយ មានជរាជាធម្មតា រមែងរួចចាកជរា សត្វទាំងឡាយ មានព្យាធិជាធម្មតា រមែងរួចចាកព្យាធិ សត្វទាំងឡាយ មានមរណៈជាធម្មតា រមែងរួចចាកមរណៈ សត្វទាំងឡាយ មានសោក បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាសជាធម្មតា រមែងរួចចាកសោក បរិទេវៈ ទុក្ខ ទោមនស្ស និងឧបាយាសទាំងឡាយបាន ក៏ព្រោះអាស្រ័យនឹងតថាគតជាមិត្តល្អ។ ម្នាលអានន្ទ ភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះជាតួមគ្គព្រហ្មចរិយៈទាំងមូល ដោយហេតុណា ហេតុនោះ បុគ្គលត្រូវដឹងដោយបរិយាយនេះឯង។

[៣៨៨] បពិត្រមហារាជ ព្រោះហេតុនោះ ក្នុងសាសនានេះ ព្រះអង្គគប្បីសិក្សាយ៉ាងនេះថា អាត្មាអញ ជាអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន។ បពិត្រមហារាជ ព្រះអង្គគប្បីសិក្សាយ៉ាងនេះឯង។ បពិត្រមហារាជ ធម៌មួយនេះ គឺសេចក្តីមិនប្រមាទ ក្នុងធម៌ជាកុសលទាំងឡាយ ព្រះអង្គជាអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន គួរតែអាស្រ័យនៅកុំខាន។ បពិត្រមហារាជ កាលបើព្រះអង្គជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីស្រីស្នំដែលដើរហែតាម ក៏គង់មានសេចក្តីត្រិះរិះថា ព្រះរាជាមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីក្សត្រទាំងឡាយ ដែលជាចំណុះ គង់មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជាជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីពួកពល គង់មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជា ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីអ្នកនិគម និងអ្នកជនបទ គង់មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះរាជា ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទ បើដូច្នោះ មានតែយើងទាំងឡាយ ជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទដែរ។ បពិត្រមហារាជ កាលបើព្រះអង្គជាអ្នកមិនប្រមាទ អាស្រ័យសេចក្តីមិនប្រមាទហើយ សូម្បីខ្លួនក្តី ក៏នឹងឈ្មោះថា ព្រះអង្គបានគ្រប់គ្រងរក្សា ស្រីស្នំក្តី ក៏នឹងឈ្មោះថា ព្រះអង្គបានគ្រប់គ្រងរក្សា ព្រះឃ្លាំង និងជង្រុកក្តី ក៏នឹងឈ្មោះថា ព្រះអង្គបានគ្រប់គ្រងរក្សា។

[៣៨៩] ព្រះមានព្រះភាគ បានត្រាស់នូវគាថានេះ។បេ។

បុគ្គលកាលប្រាថ្នានូវភោគៈទាំងឡាយ ឲ្យច្រើនលើសលុបតៗទៅ (គួរតែធ្វើសេចក្តីមិនប្រមាទ) បណ្ឌិតទាំងឡាយ តែងសរសើរនូវសេចក្តីមិនប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ បណ្ឌិតអ្នកមិនប្រមាទ តែងបានសម្រេចប្រយោជន៍ទាំងពីរ គឺ ប្រយោជន៍ណាក្នុងបច្ចុប្បន្នក្តី ប្រយោជន៍ណា ក្នុងបរលោកក្តី ធីរជនឈ្មោះថា បណ្ឌិត ព្រោះបាននូវប្រយោជន៍នោះៗ។

បឋមាបុត្តកសូត្រ ទី៩

(៩. បឋមអបុត្តកសុត្តំ)

[៣៩០] ទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ ទាំងក្នុងវេលាថ្ងៃត្រង់ លុះស្តេចយាងដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយទ្រង់គង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់ដូច្នេះថា បពិត្រមហារាជ ចុះព្រះអង្គទើបនឹងស្តេចមកពីណាទាំងថ្ងៃត្រង់។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតី ក្នុងក្រុងសាវត្ថីនេះ ធ្វើមរណកាលទៅហើយ ខ្ញុំព្រះអង្គ នាំទ្រព្យរបស់សេដ្ឋី ដែលគ្មានកូននោះ មកកាន់ខាងក្នុងព្រះរាជវាំង បពិត្រព្រះអង្គដ៏ចំរើន គ្រាន់តែប្រាក់មានប៉ែតសិបសែនទៅហើយ នឹងបាច់ពោលទៅថ្វី ដល់រូបិយៈ35) បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតីនោះ មានការបរិភោគភត្តបែបនេះ គឺគាត់បរិភោគបាយចុងអង្ករ មានជ្រក់ជាគម្រប់ពីរ មានការប្រើប្រាស់សំពត់បែបនេះ គឺគាត់ស្លៀកសំពត់សំបកធ្មៃប៉ះជា៣ផ្ទាំង36) មានការប្រើប្រាស់យានបែបនេះ គឺគាត់ជិះរថតូចកញ្ចាស់ បាំងឆត្រស្លឹកយ៉ាងតូច។

[៣៩១] បពិត្រមហារាជ ពាក្យនេះយ៉ាងនេះហើយ បពិត្រមហារាជ ពាក្យនេះ យ៉ាងនេះហើយ បពិត្រមហារាជ ធម្មតាអសប្បុរស បើបានភោគៈច្រើនលើសលុបហើយ មិនធ្វើខ្លួនឲ្យសុខ មិនបំពេញខ្លួន មិនធ្វើមាតាបិតាឲ្យសុខ មិនបំពេញមាតាបិតា មិនធ្វើបុត្តភរិយាឲ្យបានសុខ មិនបំពេញបុត្តភរិយា មិនធ្វើពួកបុរសជាទាសកម្មករ ឲ្យបានសុខ មិនបំពេញពួកបុរស ជាទាសកម្មករ មិនធ្វើពួកមិត្ត និងអាមាត្យឲ្យបានសុខ មិនបំពេញពួកមិត្ត និងអាមាត្យ ទាំងមិនតំកល់ទុកនូវទក្ខិណាទាន ក្នុងសមណព្រាហ្មណ៍ទាំងឡាយ ដែលជាទានមានផលខ្ពង់ខ្ពស់ ជាទានឲ្យនូវអារម្មណ៍ មានរូបជាដើម ដ៏ប្រសើរដោយប្រពៃ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីសួគ៌ឡើយ។ កាលបើអសប្បុរសនោះ មិនប្រើប្រាស់ភោគសម្បត្តិទាំងនោះដោយស្រួល យ៉ាងនេះហើយ ព្រះរាជាទាំងឡាយ នាំយកទៅខ្លះ ពួកចោរនាំយកទៅខ្លះ ភ្លើងឆេះខូចទៅខ្លះ ទឹកបន្សាត់ទៅខ្លះ ពួកញាតិដែលមិនជាទីស្រឡាញ់ នាំយកទៅខ្លះ។ បពិត្រមហារាជ កាលបើភោគៈទាំងនោះ ដែលអសប្បុរសនោះ មិនប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ រមែងដល់នូវការអស់ទៅ មិនដល់នូវការប្រើប្រាស់បានឡើយ។ បពិត្រមហារាជ ស្រះបោក្ខរណី ក្នុងទីគ្មានមនុស្ស មានទឹកថ្លា មានទឹកត្រជាក់ មានទឹកឆ្ងាញ់ មានទឹកស (ដោយអន្លើ) មានកំពង់ល្អ គួរជាទីត្រេកអរ អ្នកផងមិនទៅដងទឹកនោះ មិនផឹកទឹកនោះ មិនងូតទឹកនោះ មិនយកទឹកនោះ ទៅប្រើប្រាស់ តាមសមគួរដល់សេចក្តីត្រូវការឡើយ បពិត្រមហារាជ ឯទឹកនោះ កាលគេមិនប្រើប្រាស់ ដោយប្រពៃ យ៉ាងនេះហើយ គប្បីដល់នូវការអស់ទៅ មិនដល់នូវការប្រើប្រាស់បាន យ៉ាងណា បពិត្រមហារាជ អសប្បុរស បានភោគៈច្រើនលើសលុបហើយ មិនធ្វើខ្លួនឲ្យសុខ មិនបំពេញខ្លួន។បេ។ បពិត្រមហារាជ កាលបើភោគៈទាំងឡាយ ដែលអសប្បុរសនោះមិនប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ តែងដល់នូវការអស់ទៅ មិនដល់នូវការប្រើប្រាស់បាន យ៉ាងនោះឯង។

[៣៩២] បពិត្រមហារាជ ចំណែកសប្បុរស បានភោគៈច្រើនលើសលុបហើយ តែងធ្វើខ្លួនឲ្យសុខ បំពេញខ្លួន ធ្វើមាតាបិតាឲ្យសុខ បំពេញមាតាបិតា ធ្វើបុត្តភរិយាឲ្យសុខ បំពេញបុត្តភរិយា ធ្វើពួកបុរសជាទាសកម្មករ ឲ្យសុខ បំពេញពួកបុរស ជាទាសកម្មករ ធ្វើពួកមិត្ត និងអាមាត្យឲ្យសុខ បំពេញពួកមិត្ត និងអាមាត្យ ទាំងបានតម្កល់ទុកនូវទក្ខិណាទាន ក្នុងសមណព្រាហ្មណ៍ទាំងឡាយ ដែលជាទានមានផលខ្ពង់ខ្ពស់ ជាទានឲ្យនូវអារម្មណ៍ មានរូបជាដើម ដ៏ប្រសើរដោយប្រពៃ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីសួគ៌។ កាលបើសប្បុរសនោះ បានប្រើប្រាស់ភោគសម្បត្តិទាំងនោះ ដោយប្រពៃ យ៉ាងនេះហើយ ពួកព្រះរាជា ក៏មិននាំយកទៅ ពួកចោរក៏មិនលួចទៅ ភ្លើងក៏មិនឆេះ ទឹកក៏មិនបន្សាត់ទៅ ពួកញាតិដែលមិនជាទីស្រឡាញ់ ក៏មិនបាននាំយកទៅ។ បពិត្រមហារាជ ភោគៈទាំងនោះ ដែលសប្បុរសនោះ ប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ រមែងដល់នូវការប្រើប្រាស់បាន មិនដល់នូវការអស់ទៅឡើយ។ បពិត្រមហារាជ ស្រះបោក្ខរណី ដែលនៅជិតស្រុក ឬនិគម មានទឹកថ្លា មានទឹកត្រជាក់ មានទឹកឆ្ងាញ់ មានទឹកស (ដោយអន្លើ) មានកំពង់ល្អ គួរជាទីត្រេកអរ អ្នកផងទៅដងទឹកនោះមកខ្លះ ផឹកខ្លះ ងូតខ្លះ ប្រើប្រាស់តាមសមគួរ ដល់សេចក្តីត្រូវការខ្លះ បពិត្រមហារាជ ឯទឹកនោះ ដែលអ្នកផងបរិភោគដោយប្រពៃ យ៉ាងនេះហើយ គប្បីដល់នូវការប្រើប្រាស់បាន មិនដល់នូវការអស់ទៅឡើយ យ៉ាងណាមិញ បពិត្រមហារាជ សប្បុរស បានភោគៈច្រើនលើសលុបហើយ តែងធ្វើខ្លួនឲ្យសុខ បំពេញខ្លួន។បេ។ កាលបើភោគសម្បត្តិទាំងនោះ ដែលសប្បុរសនោះ ប្រើប្រាស់ដោយប្រពៃ យ៉ាងនេះហើយ តែងដល់នូវការប្រើប្រាស់បាន មិនដល់នូវការអស់ទៅឡើយ យ៉ាងនោះឯង។

[៣៩៣] ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះហើយ។បេ។

បុរស បានចួបប្រទះនឹងទឹក ដែលដក់នៅក្នុងទីគ្មានមនុស្ស ជាទឹកផឹកមិនបាន យ៉ាងណាមិញ បុរសអាក្រក់ បាននូវទ្រព្យហើយ មិនប្រើប្រាស់ខ្លួនឯង មិនឲ្យទាន យ៉ាងនោះឯង ឯអ្នកប្រាជ្ញ ជាអ្នកចេះដឹងនោះ បើបានភោគសម្បត្តិហើយ តែងប្រើប្រាស់ខ្លួនឯងខ្លះ ធ្វើកិច្ចឯទៀតៗខ្លះ អ្នកប្រាជ្ញនោះ ជាបុគ្គលប្រសើរ ចំណាយចិញ្ចឹមពួកញាតិខ្លះ ឥតមានគេតិះដៀល (លុះស្លាប់ទៅ) ក៏ទៅកាន់ស្ថានសួគ៌។

ទុតិយាបុត្តកសូត្រ ទី១០

(១០. ទុតិយអបុត្តកសុត្តំ)

[៣៩៤] គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ ទាំងថ្ងៃត្រង់ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ គង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា បពិត្រមហារាជ ចុះព្រះអង្គទើបនឹងស្តេចមកពីណា ទាំងថ្ងៃត្រង់។ ព្រះបាទបសេនទិកោសល ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតី ក្នុងក្រុងសាវត្ថីនេះ ធ្វើមរណកាលទៅហើយ ខ្ញុំព្រះអង្គមកនាំយកទ្រព្យសេដ្ឋីគ្មានកូននោះ ទៅកាន់ខាងក្នុងព្រះរាជវាំង បពិត្រព្រះអង្គដ៏ចំរើន គ្រាន់តែប្រាក់មានមួយរយសែនទៅហើយ នឹងបាច់ពោលទៅថ្វីដល់រូបិយៈ បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតីនោះ មានការបរិភោគភត្តបែបនេះ គឺគាត់បរិភោគបាយចុងអង្ករ មានជ្រក់ជាគម្រប់ពីរ មានការប្រើប្រាស់សំពត់បែបនេះ គឺគាត់ប្រើប្រាស់សំពត់សំបកធ្មៃប៉ះជា៣ផ្ទាំង មានការប្រើប្រាស់យានបែបនេះ គឺគាត់ជិះរថតូចកញ្ចាស់ បាំងឆត្រស្លឹកយ៉ាងតូច។

[៣៩៥] បពិត្រមហារាជ ពាក្យនេះយ៉ាងនេះហើយ បពិត្រមហារាជ ពាក្យនេះ យ៉ាងនេះហើយ បពិត្រមហារាជ កាលពីព្រេងនាយមក សេដ្ឋីគហបតីនោះ បានឲ្យគេប្រតិបត្តិព្រះតគរសិខីបច្ចេកសម្ពុទ្ធ ដោយបិណ្ឌបាតថា អ្នកទាំងឡាយ ចូរឲ្យនូវដុំបាយដល់សមណៈ ដូច្នេះ លុះពោលរួចហើយ ក៏ក្រោកអំពីអាសនៈ ចៀសចេញទៅ លុះសេដ្ឋីគហបតីនោះ ឲ្យរួចហើយ ជាអ្នកមានសេចក្តីក្តៅក្រហាយ ក្នុងពេលជាខាងក្រោយថា ទាសៈទាំងឡាយក្តី កម្មករទាំងឡាយក្តី គប្បីបរិភោគនូវបិណ្ឌបាតនេះប្រសើរជាង មិនតែប៉ុណ្ណោះ សេដ្ឋីគហបតីនោះ បានទាំងផ្តាច់ជីវិតកូនម្នាក់របស់បង ព្រោះហេតុនៃទ្រព្យ។ បពិត្រមហារាជ សេដ្ឋីគហបតីនោះ បានឲ្យគេប្រតិបត្តិព្រះតគរសិខីបច្ចេកសម្ពុទ្ធ ដោយបិណ្ឌបាតហើយ បានទៅកាន់សុគតិសួគ៌ទេវលោក អស់វារៈ៧ដង ដោយវិបាករបស់កម្មនោះឯង បានដំណែងជាសេដ្ឋី ក្នុងក្រុងសាវត្ថីនេះឯង អស់វារៈ៧ដង ដោយសេសសល់ផលកម្មនោះឯង។ បពិត្រមហារាជ លុះសេដ្ឋីគហបតីនោះឲ្យរួចហើយ ជាអ្នកមានសេចក្តីក្តៅក្រហាយ ក្នុងពេលជាខាងក្រោយថា ទាសៈទាំងឡាយក្តី កម្មករទាំងឡាយក្តី គប្បីបរិភោគនូវបិណ្ឌបាតនេះប្រសើរជាង ដោយវិបាកនៃកម្មនោះ បានជាសេដ្ឋីគហបតីនោះ មិនបង្អោនចិត្តទៅ ដើម្បីបរិភោគនូវភត្តឆ្ងាញ់ពិសា មិនបង្អោនចិត្តទៅ ដើម្បីប្រើប្រាស់សំពត់ល្អថ្លៃថ្លា មិនបង្អោនចិត្តទៅ ដើម្បីប្រើប្រាស់យានល្អ មិនបង្អោនចិត្តទៅ ដើម្បីបរិភោគបញ្ចកាមគុណដ៏ថ្លៃថ្លា។ បពិត្រមហារាជ សេដ្ឋីគហបតីនោះ ផ្តាច់ជីវិតកូនប្រុសម្នាក់ របស់បង ព្រោះហេតុនៃទ្រព្យ បានជាឆេះនៅក្នុងនរក អស់ឆ្នាំជាច្រើន អស់ពាន់នៃឆ្នាំជាច្រើន អស់សែននៃឆ្នាំជាច្រើន ដោយវិបាកនៃកម្មនោះ ជនទាំងឡាយ តែងទៅនាំយកទ្រព្យសេដ្ឋីគ្មានកូននេះ មកដាក់ព្រះឃ្លាំង អស់វារៈជាគម្រប់៧ដងនេះហើយ ដោយសេសសល់នៃផលកម្មនោះឯង អស់រយនៃឆ្នាំជាច្រើន។ បពិត្រមហារាជ បុណ្យចាស់របស់សេដ្ឋីគហបតីនោះ អស់រលីងទៅ ទាំងបុណ្យថ្មី គាត់ក៏មិនសន្សំឡើង។ បពិត្រមហារាជ ក៏ក្នុងថ្ងៃនេះ សេដ្ឋីគហបតីនោះ ឆេះក្នុងមហារោរុវនរក។ បពិត្រព្រះអង្គដ៏ចំរើន សេដ្ឋីគហបតី ចូលទៅកាន់មហារោរុវនរក មែនឬ។ បពិត្រមហារាជ សេដ្ឋីគហបតី ចូលទៅកាន់ មហារោរវនរក មែន។

[៣៩៦] ព្រះមានព្រះភាគ ទ្រង់បានត្រាស់នូវពាក្យនេះហើយ។បេ។

របស់ណាមួយ គឺស្រូវ ទ្រព្យ ប្រាក់ មាស ដែលខ្លួនហួងហែងក្តី ជនទាំងឡាយណា គឺទាសៈ កម្មករ អ្នកបម្រើ និងអ្នកស៊ីឈ្នួលនៃខ្លួននោះក្តី បុគ្គលមិនគប្បីកាន់យករបស់ទាំងអស់នោះទៅបានទេ ត្រូវតែលះបង់របស់ទាំងអស់នោះ ហើយទៅ លុះតែបុគ្គលធ្វើកម្មណា ដោយកាយ ដោយវាចា ឬដោយចិត្ត កម្មនោះឯង ជារបស់ខ្លួននៃបុគ្គលនោះ បុគ្គលតែងកាន់យកនូវកម្មនោះទៅ កម្មនោះ តែងទៅតាមនូវបុគ្គលនោះ ដូចជាស្រមោល អន្ទោលតាមប្រាណ ព្រោះហេតុនោះ សាធុជន គួរធ្វើកម្មជាកុសល ដែលប្រព្រឹត្តទៅក្នុងបរលោកឲ្យចម្រើន (ព្រោះថា) បុណ្យទាំងឡាយ តែងជាទីពឹងរបស់សត្វទាំងឡាយ ក្នុងបរលោក។

ចប់ ជដិលវគ្គ ទី២។

បញ្ជីរឿង នៃជដិលវគ្គទីពីរនោះ គឺ

ជដិលសូត្រ១ បញ្ចរាជសូត្រ១ ទោណបាកសូត្រ១ សង្គាមសូត្រ២ ដែលលោកពោលហើយ ធីតុសូត្រ១ អប្បមាទសូត្រ២ អបុត្តកសូត្រ២ ដែលលោកពោលហើយ ព្រោះហេតុនោះ បានជាលោកហៅថា វគ្គ។

បុគ្គលវគ្គ ទី៣

(៣. តតិយវគ្គោ)

បុគ្គលសូត្រ ទី១

(១. បុគ្គលសុត្តំ)

៣៩៧>[៣៩៧]</span> ទៀបក្រុងសាវត្ថី…. គ្រានោះឯង ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់នៅក្នុងទីសមគួរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះបាទបសេនទិកោសល ដែលគង់ក្នុងទីសមគួរហើយ ដូច្នេះថា បពិត្រមហារាជ បុគ្គល៤ពួក មានប្រាកដក្នុងលោក បុគ្គល៤ពួក តើដូចម្តេច គឺ បុគ្គលងងឹត មានងងឹតទៅខាងមុខ១ បុគ្គលងងឹត មានពន្លឺទៅខាងមុខ១ បុគ្គលភ្លឺ មានងងឹតទៅខាងមុខ១ បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ១។

[៣៩៨] បពិត្រមហារាជ បុគ្គលងងឹត មានងងឹតទៅខាងមុខ ដូចម្តេច។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលទាប គឺក្នុងត្រកូលចណ្ឌាល ឬត្រកូលជាងផែង ត្រកូលព្រាន ឬក៏ត្រកូលធ្វើរថ ត្រកូលអ្នកចោលសម្រាម ជាត្រកូលអ្នកក្រីក្រ មិនសូវមានបាយទឹក និងភោជន ចិញ្ចឹមជីវិតដោយលំបាក រកបាយបរិភោគ និងសំពត់ស្លៀកបានដោយលំបាក បុគ្គលនោះ មានសម្បុរក៏អាក្រក់ មិនគួរមើល ទាបតឿ មានអាពាធច្រើន ខ្វាក់ភ្នែក ឬក្ងែងក្ងង់ ខ្ចក ឬខ្វិន រកបាយ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងស្រឡាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងឧបករណ៍នៃប្រទីប មិនបានជាប្រក្រតី។ បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ក៏ចូលទៅកាន់កំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក។ បពិត្រមហារាជ ប្រៀបដូចជាបុរស ចេញអំពីទីងងឹតឈឹង ទៅកាន់ទីងងឹតឈឹង ឬចេញអំពីទីងងឹតព្រិលៗ ទៅកាន់ទីងងឹតព្រិលៗ ចេញអំពីទីមន្ទិលក្រហម ទៅកាន់ទីមន្ទិលក្រហម យ៉ាងណា បពិត្រមហារាជ តថាគតពោលថា បុគ្គលនេះ ក៏យ៉ាងនោះដែរ។ បពិត្រមហារាជ យ៉ាងនេះឯង ហៅថា បុគ្គលងងឹត មានងងឹតទៅខាងមុខ។

[៣៩៩] បពិត្រមហារាជ បុគ្គលងងឹត មានពន្លឺទៅខាងមុខ តើដូចម្តេច។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលទាប គឺក្នុងត្រកូលចណ្ឌាល ឬត្រកូលជាងផែង ត្រកូលព្រាន ឬត្រកូលអ្នកធ្វើរថ ត្រកូលអ្នកចោលសម្រាម ជាត្រកូលអ្នកក្រីក្រ មិនសូវមានបាយទឹក និងភោជន ចិញ្ចឹមជីវិតដោយលំបាក រកបាយបរិភោគ និងសំពត់ស្លៀកបានដោយលំបាក។ បុគ្គលនោះ មានសម្បុរអាក្រក់ មិនគួរមើល ទាបតឿ មានអាពាធច្រើន ខ្វាក់ភ្នែក ឬក្ងែងក្ងង់ ខ្ចក ឬខ្វិន រកបាយ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប និងគ្រឿងស្រឡាប ទីដេក ទីសំណាក់អាស្រ័យ ឬគ្រឿងឧបករណ៍នៃប្រទីប មិនបានជាប្រក្រតី។ បុគ្គលនោះ តែងប្រព្រឹត្តសុចរិត ដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត។ លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ក៏ចូលទៅកាន់សុគតិសួគ៌ទេវលោក។ បពិត្រមហារាជ ប្រៀបដូចជាបុរស ឈានអំពីផែនដី ឡើងទៅលើបល្ល័ង្ក ឬឈានអំពីបល្ល័ង្ក ឡើងទៅលើខ្នងសេះ ឈានអំពីខ្នងសេះ ឡើងទៅលើ កដំរី ឬឈានអំពីកដំរី ឡើងទៅលើប្រាសាទ យ៉ាងណាមិញ បពិត្រមហារាជ តថាគតពោលថា បុគ្គលនេះ ក៏យ៉ាងនោះដែរ។ បពិត្រមហារាជ យ៉ាងនេះឯង ហៅថា បុគ្គលងងឹត មានពន្លឺទៅខាងមុខ។

[៤០០] បពិត្រមហារាជ ចុះ បុគ្គលភ្លឺ មានងងឹតទៅខាងមុខវិញ តើដូចម្តេច។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូលព្រាហ្មណមហាសាល ឬក៏ត្រកូលគហបតិមហាសាល ជាត្រកូលស្តុកស្តម្ភ មានធនច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន។ បុគ្គលនោះ មានរូបក៏ល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង រកបាយ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប និងគ្រឿងស្រឡាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងឧបករណ៍នៃប្រទីប បានជាប្រក្រតី។ បុគ្គលនោះ តែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ក៏ចូលទៅកាន់កំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក។ បពិត្រមហារាជ ប្រៀបដូចបុរស ចុះអំពីប្រាសាទ មកកាន់កដំរី ចុះអំពីកដំរី មកកាន់ខ្នងសេះ ចុះអំពីខ្នងសេះ មកកាន់បល្ល័ង្ក ចុះអំពីបល្ល័ង្ក មកកាន់ផែនដី ចេញអំពីផែនដី ចូលទៅកាន់ទីងងឹតឈឹង យ៉ាងណាមិញ បពិត្រមហារាជ តថាគតពោលថា បុគ្គលនេះ ក៏យ៉ាងនោះដែរ។ បពិត្រមហារាជ យ៉ាងនេះឯង ហៅថា បុគ្គលភ្លឺ មានងងឹតទៅខាងមុខ។

[៤០១] បពិត្រមហារាជ បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ តើដូចម្តេច។ បពិត្រមហារាជ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូលព្រាហ្មណមហាសាល ឬក៏ត្រកូលគហបតិមហាសាល ជាត្រកូលស្តុកស្តម្ភ មានធនច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន។ បុគ្គលនោះ មានរូបក៏ល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង រកបាយ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប និងគ្រឿងស្រឡាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងឧបករណ៍នៃប្រទីប បានជាប្រក្រតី។ បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត។ លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ បែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ក៏ចូលទៅកាន់សុគតិសួគ៌ ទេវលោក។ បពិត្រមហារាជ ប្រៀបដូចបុរស ឆ្លងអំពីបល្ល័ង្ក ទៅកាន់បល្ល័ង្ក ឬឆ្លងអំពីខ្នងសេះ ទៅកាន់ខ្នងសេះ ឆ្លងអំពីកដំរី ទៅកាន់កដំរី ឆ្លងអំពីប្រាសាទ ទៅកាន់ប្រាសាទ យ៉ាងណាមិញ បពិត្រមហារាជ តថាគតពោលថា បុគ្គលនេះ ក៏យ៉ាងនោះដែរ។ បពិត្រមហារាជ យ៉ាងនេះឯង ហៅថា បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ។ បពិត្រមហារាជ បុគ្គលទាំង៤ពួកនេះឯង តែងមានប្រាកដក្នុងលោក។

[៤០២] ព្រះអង្គទ្រង់ត្រាស់នូវពាក្យនេះ។បេ។

បពិត្រព្រះរាជា បុរសទ័លក្រ ឥតមានសទ្ធា មានតែសេចក្តីកំណាញ់ និងសេចក្តីស្មូរកន្ទ្រឹស មានតម្រិះអាក្រក់ យល់ខុស មិនអើពើ រមែងជេរគម្រាមពួកសមណៈ ឬព្រាហ្មណ៍ ឬក៏ពួកបុគ្គលដទៃ ដែលពណ៌នាហើយសូម ជាអ្នកមិនត្រូវការ ជាអ្នកខឹង ហាមឃាត់ជន ដែលកំពុងឲ្យនូវភោជន ដល់ពួកស្មូម បពិត្រព្រះរាជា ជាធំជាងជន បុរសបែបនោះ កាលបើស្លាប់ទៅហើយ ទៀងតែចូលទៅកាន់នរក ដ៏ជ្រៅពន្លឹក (យ៉ាងនេះ) ឈ្មោះថា បុគ្គលងងឹត មានងងឹតទៅខាងមុខ បពិត្រព្រះរាជា បុរសជាអ្នកទ័លក្រ តែថាមិនកំណាញ់ មានសទ្ធា រមែងឲ្យទាន ជាជនមានតម្រិះប្រសើរ មានចិត្តមិនរាយមាយ រមែងក្រោកឡើង គោរពពួកសមណព្រាហ្មណ៍ ឬពួកបុគ្គលដទៃ ដែលពណ៌នាហើយសូម សិក្សាដើម្បីប្រព្រឹត្តស្មើ មិនហាមឃាត់ជនកំពុងឲ្យភោជនដល់ពួកស្មូម បពិត្រព្រះរាជាជាធំជាងជន បុរសបែបនោះ កាលបើស្លាប់ទៅ រមែងចូលទៅកាន់ត្រៃទិព្វស្ថាន (យ៉ាងនេះ) ឈ្មោះថា បុគ្គលងងឹត មានពន្លឺទៅខាងមុខ បពិត្រព្រះរាជា បើបុរសជាអ្នកស្តុកស្តម្ភ ឥតមានសទ្ធា មានតែសេចក្តីកំណាញ់ និងសេចក្តីស្មូរកន្ទ្រឹស មានតម្រិះអាក្រក់ យល់ខុស មិនអើពើ រមែងជេរគម្រាមពួកសមណព្រាហ្មណ៍ ឬពួកបុគ្គលដទៃ ដែលពណ៌នាហើយសូម ជាអ្នកមិនត្រូវការ ជាអ្នកខឹង ហាមឃាត់ជនកំពុងឲ្យនូវភោជន ដល់ពួកស្មូម បពិត្រព្រះរាជា ជាធំជាងជន បុរសបែបនោះ កាលបើស្លាប់ទៅ រមែងចូលទៅកាន់នរក ដ៏ជ្រៅពន្លឹក (យ៉ាងនេះ) ឈ្មោះថា បុគ្គលភ្លឺ មានងងឹតទៅខាងមុខ បពិត្រព្រះរាជា បើបុរសជាអ្នកស្តុកស្តម្ភ មានសទ្ធា មិនមានសេចក្តីកំណាញ់ រមែងឲ្យទាន ជាជនមានតម្រិះប្រសើរ មានចិត្តមិនរាយមាយ រមែងក្រោកឡើង គោរពបង្គំពួកសមណព្រាហ្មណ៍ ឬពួកបុគ្គល ដែលពណ៌នាហើយសូម សិក្សាដើម្បីប្រព្រឹត្តស្មើ មិនហាមឃាត់នូវជនកំពុងឲ្យនូវភោជន ដល់ពួកស្មូម បពិត្រព្រះរាជា ជាធំជាងជន បុរសបែបនោះ កាលបើស្លាប់ទៅ រមែងចូលទៅកាន់ត្រៃទិព្វស្ថាន (យ៉ាងនេះ) ឈ្មោះថា បុគ្គលភ្លឺ មានពន្លឺទៅខាងមុខ។

អយ្យិកាសូត្រ ទី២

(២. អយ្យិកាសុត្តំ)

[៤០៣] សាវត្ថីនិទាន។ គ្រានោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ ទាំងថ្ងៃត្រង់ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បពិត្រមហារាជ អើហ្ន៎ មហារាជ ស្តេចមកពីទីណា ទាំងថ្ងៃត្រង់ដូច្នេះ។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអយ្យិកាខ្ញុំព្រះអង្គ គ្រាំគ្រា ព្រឹទ្ធា ចាស់ កន្លងកាលវែងឆ្ងាយហើយ ចូលមកក្នុងបច្ចិមវ័យហើយ មានព្រះជន្ម ១២០វស្សា អំពីកំណើត (ឥឡូវនេះ) ធ្វើមរណកាលទៅហើយ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះអយ្យិកា ក៏ជាទីស្រឡាញ់ ជាទីពេញចិត្ត បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើខ្ញុំព្រះអង្គ ដូរដោយហត្ថិរ័តន៍ កុំឲ្យអយ្យិកា របស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបាន ដូច្នេះ ខ្ញុំព្រះអង្គ នឹងឲ្យហត្ថិរ័តន៍ ដោយគិតថា កុំឲ្យអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើខ្ញុំព្រះអង្គ ដូរដោយអស្សរ័តន៍ កុំឲ្យព្រះអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបាន ដូច្នេះ ខ្ញុំព្រះអង្គនឹងឲ្យអស្សរ័តន៍ ដោយគិតថា កុំឲ្យព្រះអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើខ្ញុំព្រះអង្គ ដូរដោយស្រុកសួយ កុំឲ្យព្រះអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបាន ដូច្នេះ ខ្ញុំព្រះអង្គនឹងឲ្យស្រុកសួយ ដោយគិតថា កុំឲ្យព្រះអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើខ្ញុំព្រះអង្គ ដូរដោយជនបទ កុំឲ្យព្រះអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបាន ដូច្នេះ ខ្ញុំព្រះអង្គនឹងឲ្យជនបទ ដោយគិតថា កុំឲ្យព្រះអយ្យិការបស់ខ្ញុំព្រះអង្គ ធ្វើមរណកាលបានឡើយ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សុភាសិតនេះ ព្រះអង្គត្រាស់ថា សត្វទាំងអស់ មានសេចក្តីស្លាប់ជាធម្មតា មានសេចក្តីស្លាប់ ជាទីបំផុត មិនកន្លងនូវសេចក្តីស្លាប់បានឡើយ។

[៤០៤] ព្រះអង្គត្រាស់ថា បពិត្រមហារាជ នុ៎ះយ៉ាងនេះហើយ បពិត្រមហារាជ នុ៎ះ យ៉ាងនេះហើយ សត្វទាំងអស់ មានសេចក្តីស្លាប់ជាធម្មតា មានសេចក្តីស្លាប់ជាទីបំផុត មិនកន្លងនូវសេចក្តីស្លាប់បានទេ។ បពិត្រមហារាជ ប្រៀបដូចជាភាជន៍ នៃស្មូនឆ្នាំងទាំងឡាយ ណាមួយ ទោះបីឆៅក្តី ឆ្អិនក្តី ភាជន៍ទាំងអស់នោះ ក៏គង់មានកិរិយាបែកធ្លាយជាធម្មតា មានកិរិយាបែកធ្លាយ ជាទីបំផុត មិនកន្លងនូវកិរិយាបែកធ្លាយបានឡើយ យ៉ាងណាមិញ បពិត្រមហារាជ សត្វទាំងអស់ មានសេចក្តីស្លាប់ជាធម្មតា មានសេចក្តីស្លាប់ជាទីបំផុត មិនកន្លងនូវសេចក្តីស្លាប់បានឡើយ ក៏យ៉ាងនោះឯង។

[៤០៥] ព្រះអង្គទ្រង់ត្រាស់នូវពាក្យនេះ។បេ។

សត្វទាំងអស់ មុខជានឹងស្លាប់ ព្រោះថា ជីវិត (របស់សត្វ) មានសេចក្តីស្លាប់ ជាទីបំផុត សត្វទាំងឡាយ ទទួលយកផលបុណ្យ ផលបាបហើយ នឹងទៅតាមយថាកម្ម គឺអ្នកធ្វើបាប តែងទៅកាន់នរក ចំណែកខាងអ្នកធ្វើបុណ្យ តែងទៅកាន់សុគតិភព ព្រោះហេតុនោះ បុគ្គលគួរតែធ្វើបុណ្យ ដែលនាំទៅក្នុងបរលោក ឲ្យចម្រើន (ព្រោះថា) បុណ្យទាំងឡាយ ជាទីពឹង របស់ពួកសត្វ ក្នុងបរលោក។

លោកសូត្រ ទី៣

(៣. លោកសុត្តំ)

[៤០៦] ទៀបក្រុងសាវត្ថី…. លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌របស់លោក មានប៉ុន្មានយ៉ាង កាលដែលកើតឡើង តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ។

[៤០៧] ព្រះអង្គត្រាស់ថា បពិត្រមហារាជ ធម៌របស់លោក មាន៣យ៉ាង កាលដែលកើតឡើង តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ។ ធម៌៣យ៉ាង ដូចម្តេច។ បពិត្រមហារាជ លោភៈ ជាធម៌របស់លោក១ កាលដែលកើតឡើង តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ បពិត្រមហារាជ ទោសៈ ជាធម៌របស់លោក១ កាលដែលកើតឡើង តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ បពិត្រមហារាជ មោហៈ ជាធម៌របស់លោក១ កាលដែលកើតឡើង តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ។ បពិត្រមហារាជ ធម៌របស់លោក ទាំង៣នេះឯង កាលដែលកើតឡើង តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ។

[៤០៨] ព្រះអង្គទ្រង់ត្រាស់នូវពាក្យនេះ។បេ។

លោភៈក្តី ទោសៈក្តី មោហៈក្តី កើតអំពីខ្លួនហើយ តែងបៀតបៀននូវបុរស ដែលមានចេតនាអាក្រក់វិញ ដូចផ្លែរបស់ខ្លួន បៀតបៀននូវឈើ ដែលមានសម្បកជាខ្លឹម។

ឥស្សត្ថសូត្រ ទី៤

(៤. ឥស្សត្តសុត្តំ)

[៤០៩] ទៀបក្រុងសាវត្ថី…. លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទាន តើបុគ្គលត្រូវឲ្យដល់បុគ្គលណា។ ព្រះអង្គត្រាស់ថា បពិត្រមហារាជ ចិត្តជ្រះថា្ល ចំពោះបុគ្គលណា (ត្រូវឲ្យដល់បុគ្គលនោះ)។ បពិត្រព្រះអង្គដ៏ចំរើន ទាន ដែលបុគ្គលឲ្យហើយ ដល់បុគ្គលណា ទើបមានផលច្រើន។

[៤១០] ព្រះអង្គត្រាស់ថា បពិត្រមហារាជ ពាក្យថា ទាន បុគ្គលត្រូវឲ្យដល់បុគ្គលណា នេះជាពាក្យដទៃ ពាក្យថា ទាន ដែលបុគ្គលឲ្យហើយ ដល់បុគ្គលណា ទើបមានផលច្រើន នេះក៏ជាពាក្យដទៃដែរ បពិត្រមហារាជ ទាន ដែលបុគ្គលឲ្យ ដល់បុគ្គលមានសីល ទើបមានផលច្រើន ទាន ដែលបុគ្គលឲ្យដល់បុគ្គលទ្រុស្តសីល មិនមានផលច្រើនទេ។ បពិត្រមហារាជ បើដូច្នោះ តថាគត នឹងសួរព្រះអង្គ ក្នុងប្រស្នានេះ ប្រស្នានេះគាប់ចិត្តព្រះអង្គ យ៉ាងណា ត្រូវព្រះអង្គព្យាករប្រស្នានោះ យ៉ាងនោះ។

[៤១១] បពិត្រមហារាជ ព្រះអង្គសំគាល់ហេតុនោះដូចម្តេច ក្នុងជនបទនេះ មានចម្បាំងមកប្រាកដ ដល់ព្រះអង្គហើយ ប្រសិនបើសង្គ្រាមលើកគ្នាជាពួកមកដល់ហើយ តែថាខត្តិយកុមារ មិនបានសិក្សា មិនមានថ្វីដៃ មិនទាន់កបន្ទាយ មិនចេះថ្លែងសរ មានសេចក្តីខ្លាច រន្ធត់ តក់ស្លុត រត់ទៅជាប្រក្រតី តើព្រះអង្គគួរចិញ្ចឹមបុរសនោះដែរឬ ព្រះអង្គត្រូវការដោយបុរសបែបនោះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនគួរចិញ្ចឹមបុរសនោះ ខ្ញុំព្រះអង្គ មិនត្រូវការដោយបុរសបែបនោះឡើយ។ ប្រសិនបើសង្គ្រាមលើកគ្នាជាពួកមកដល់ហើយ តែថាកុមារ របស់ព្រាហ្មណត្រកូល មិនបានសិក្សា។បេ។ ប្រសិនបើសង្គ្រាមលើកគ្នាជាពួកមកដល់ហើយ តែថាកុមាររបស់វេស្សត្រកូល មិនបានសិក្សា។បេ។ ប្រសិនបើសង្គ្រាមលើកគ្នាជាពួក មកដល់ហើយ តែថាកុមាររបស់សុទ្ទត្រកូល មិនបានសិក្សា។បេ។ ខ្ញុំព្រះអង្គ ក៏មិនត្រូវការ ដោយបុរសបែបដូច្នោះឡើយ។

[៤១២] បពិត្រមហារាជ ព្រះអង្គសំគាល់នូវហេតុនោះដូចម្តេច ក្នុងជនបទនេះ មានចម្បាំងមកប្រាកដ ដល់ព្រះអង្គហើយ ប្រសិនបើសង្គ្រាមលើកគ្នាជាពួក មកដល់ហើយ ចួនជាខត្តិយកុមារ បានសិក្សាល្អ មានថ្វីដៃ បានទាំងកបន្ទាយ ចេះថ្លែងសរ ឥតមានសេចក្តីខ្លាច រន្ធត់ តក់ស្លុត មិនរត់ទៅឡើយ តើព្រះអង្គ គួរចិញ្ចឹមបុរសនោះដែរឬ ព្រះអង្គត្រូវការដោយបុរសបែបនោះ ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរចិញ្ចឹមបុរសនោះ ខ្ញុំព្រះអង្គ ត្រូវការដោយបុរសបែបនោះដែរ។ ប្រសិនបើសង្គ្រាមលើកគ្នាជាពួក មកដល់ហើយ កុមាររបស់ព្រាហ្មណត្រកូល។បេ។ ប្រសិនបើសង្គ្រាមលើកគ្នាជាពួក មកដល់ហើយ កុមាររបស់វេស្សត្រកូល។បេ។ ប្រសិនបើសង្គ្រាមលើកគ្នាជាពួក មកដល់ហើយ កុមាររបស់សុទ្ទត្រកូល បានសិក្សាល្អ មានថ្វៃដៃ បានទាំងកបន្ទាយ ចេះថ្លែងសរ ឥតមានសេចក្តីខ្លាច រន្ធត់ តក់ស្លុត មិនរត់ទៅឡើយ តើព្រះអង្គ គួរចិញ្ចឹមបុរសនោះដែរឬ ព្រះអង្គត្រូវការដោយបុរសបែបនោះ ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរចិញ្ចឹមបុរសនោះ ខ្ញុំព្រះអង្គ ត្រូវការ ដោយបុរសបែបនោះដែរ។

[៤១៣] បពិត្រមហារាជ បើបុគ្គលចេញចាកត្រកូល ចេញចាកផ្ទះ ហើយចូលមកកាន់ផ្នួស បុគ្គលនោះឯង បានលះបង់អង្គ៥ ប្រកបដោយអង្គ៥ ទានដែលបុគ្គលឲ្យដល់បុគ្គលនោះ ទើបមានផលច្រើន ក៏យ៉ាងនោះឯង។ អង្គ៥ ដែលបុគ្គលនោះ បានលះបង់ ដូចម្តេច។ គឺ កាមច្ឆន្ទៈ បុគ្គលនោះ បានលះបង់ហើយ១ ព្យាបាទៈ បុគ្គលនោះ បានលះបង់ហើយ១ ថីនមិទ្ធៈ បុគ្គលនោះ បានលះបង់ហើយ១ ឧទ្ធច្ចកុក្កុច្ចៈ បុគ្គលនោះ បានលះបង់ហើយ១ វិចិកិច្ឆា បុគ្គលនោះ បានលះបង់ហើយ១។ អង្គទាំង៥នេះ បុគ្គលនោះ បានលះបង់អស់ហើយ។ បុគ្គលប្រកបដោយអង្គ៥ ដូចម្តេច។ បុគ្គល ប្រកបដោយសីលក្ខន្ធ ជារបស់អសេក្ខៈ១ ប្រកបដោយសមាធិក្ខន្ធ ជារបស់អសេក្ខៈ១ ប្រកបដោយបញ្ញាខន្ធ ជារបស់អសេក្ខៈ១ ប្រកបដោយវិមុត្តិក្ខន្ធ ជារបស់អសេក្ខៈ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជារបស់អសេក្ខៈ១។ បុគ្គល បានប្រកបដោយអង្គ ទាំង៥នេះ។ ទាន ដែលបុគ្គលឲ្យដល់បុគ្គល ដែលបានលះបង់អង្គ៥ ប្រកបដោយអង្គ៥ហើយ ទើបមានផលច្រើន ដូច្នេះឯង។

[៤១៤] ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះ។បេ។

សិល្បសាស្ត្រខ្មាន់ធ្នូក្តី កម្លាំង និងសេចក្តីព្យាយាមក្តី មានក្នុងមាណពណា ព្រះរាជា ដែលត្រូវការដោយចម្បាំង គួរចិញ្ចឹមមាណពនោះ មិនគួរចិញ្ចឹមមាណពដែលឥតក្លៀវក្លា ដោយហេតុ គឺជាតិឡើយ ធម៌ទាំងឡាយ គឺសេចក្តីអត់ធន់ និងសេចក្តីស្លូត (ព្រះអរហត្ត) តាំងនៅក្នុងបុគ្គលណាហើយ បុគ្គល ត្រូវតែបូជានូវបុគ្គលនោះ សូម្បីមានជាតិ ដ៏ថោកទាប តែជាអ្នកប្រាជ្ញ ចិញ្ចឹមជីវិតដ៏ប្រសើរ បុគ្គល គប្បីឲ្យគេធ្វើអាស្រម ជាទីត្រេកអរ ហើយញុំាងពហុស្សូត ឲ្យនៅក្នុងទីនុ៎ះ បុគ្គល គប្បីជីកអណ្តូង ឬស្រះ ក្នុងព្រៃ ធ្វើស្ពាន ក្នុងទីដែលលំបាកឆ្លង បុគ្គលមានចិត្តជ្រះថ្លា គប្បីឲ្យបាយ ទឹក ខាទនីយៈ សំពត់ និងទីសេនាសនៈទាំងឡាយ ដល់ពួកបុគ្គល ដែលមានកាយ និងចិត្តត្រង់ មហាមេឃ គ្រហឹម មានរបៀបផ្លេកបន្ទោរ មានកំពូលរាប់រយ បង្អុរចុះលើផែនដី ញុំាងទីទួល និងទីទាបឲ្យពេញបាន យ៉ាងណាមិញ បុគ្គលជាបណ្ឌិត មានសទ្ធា ចេះដឹងហើយ តាក់តែងភោជនឲ្យពួកវណិព្វកៈឆ្អែត ដោយបាយ និងទឹក ក៏យ៉ាងនោះដែរ បុគ្គលមានចិត្តត្រេកអរ បាចសាចទ្រព្យធ្វើជាទាន ពោលពាក្យថា អ្នកទាំងឡាយ ចូរឲ្យ អ្នកទាំងឡាយ ចូរឲ្យ ដូច្នេះ ពាក្យនោះ បុគ្គលនោះ បានបញ្ចេញឲ្យលាន់ឮហើយ ធារទឹក គឺ បុណ្យ ដ៏ធំទូលាយនោះ នឹងបង្អុរចុះលើបុគ្គលអ្នកឲ្យ ដូចជាមហាមេឃ ដែលបង្អុរភ្លៀងមកលើផែនដីដែរ។

បព្វតោបមសូត្រ ទី៥

(៥. បព្វតូបមសុត្តំ)

[៤១៥] សាវត្ថីនិទាន។ គ្រានោះ ព្រះបាទបសេនទិកោសល ស្តេចចូលទៅគាល់ព្រះមានព្រះភាគ ទាំងថ្ងៃត្រង់ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់នៅក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់នៅក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា អើហ្ន៎ មហារាជ ព្រះអង្គទើបស្តេចយាងមកពីទីណា ទាំងថ្ងៃត្រង់។ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេច បានមុទ្ធាភិសេករួចហើយ ស្រវឹងជ្រប់ដោយភាពជាធំ មានសេចក្តីត្រេកអរ ក្នុងកាមគ្របសង្កត់ ដល់នូវការមាំមួន ក្នុងជនបទ នៅត្រួតត្រាបឋវីមណ្ឌលដ៏ធំ តែងមានរាជកិច្ចណា ឥឡូវនេះ ខ្ញុំព្រះអង្គ ដល់នូវការខ្វល់ខ្វាយ ចំពោះរាជកិច្ចនោះ។

[៤១៦] បពិត្រមហារាជ ព្រះអង្គសំគាល់ហេតុនោះ ដូចម្តេច បុរសរបស់ព្រះអង្គ ក្នុងជនបទនេះ មានពាក្យគួរជឿ មានពាក្យគួរធ្វើតាម មកពីទិសខាងកើត បុរសនោះ ចូលមកគាល់ព្រះអង្គ ក្រាបបង្គំទូលយ៉ាងនេះថា សូមព្រះរាជតេជះតំកល់លើត្បូង បពិត្រមហារាជ សូមទ្រង់ជ្រាប ខ្ញុំព្រះអង្គទើបនឹងមកអំពីទិសខាងកើត បានឃើញភ្នំធំខ្ពស់ ស្មើនឹងអាកាស រមៀលមកកិនសត្វទាំងអស់ ក្នុងទីនោះ បពិត្រមហារាជ សូមព្រះអង្គធ្វើកិច្ច ដែលទ្រង់ត្រូវធ្វើឥឡូវនេះចុះ។ លំដាប់នោះ បុរសទីពីរ មកអំពីទិសខាងត្បូង។បេ។ លំដាប់នោះ បុរសទីបី មកអំពីទិសខាងលិច។បេ។ លំដាប់នោះ បុរសទីបួន មានពាក្យគួរជឿ មានពាក្យគួរធ្វើតាម មកអំពីទិសខាងជើង បុរសនោះ ចូលមកគាល់ព្រះអង្គ ក្រាបបង្គំទូល យ៉ាងនេះថា សូមព្រះរាជតេជះ តំកល់លើត្បូង បពិត្រមហារាជ សូមទ្រង់ជ្រាប ខ្ញុំព្រះអង្គ ទើបនឹងមកអំពីទិសខាងជើង បានឃើញភ្នំធំខ្ពស់ ស្មើនឹងអាកាស រមៀលមកកិនសត្វទាំងអស់ ក្នុងទីនោះ បពិត្រមហារាជ សូមព្រះអង្គធ្វើកិច្ច ដែលទ្រង់ត្រូវធ្វើឥឡូវនេះចុះ។ បពិត្រមហារាជ កាលបើភ័យធំយ៉ាងនេះ កើតឡើងក្តី ហេតុអាក្រក់ គឺការអស់ទៅ នៃមនុស្សក្តី មនុស្សភាព ដែលសត្វបានដោយក្រក្តី ព្រះអង្គអាចធ្វើបានដែរឬ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើភ័យធំយ៉ាងនេះ កើតឡើងក្តី ហេតុអាក្រក់ គឺការអស់ទៅ នៃមនុស្សក្តី មនុស្សភាព ដែលសត្វបានដោយក្រក្តី ខ្ញុំព្រះអង្គ គប្បីធ្វើដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការប្រព្រឹត្តិស្មើ ក្រៅអំពីការធ្វើកុសល ក្រៅអំពីការធ្វើបុណ្យ។

[៤១៧] ព្រះអង្គត្រាស់ថា បពិត្រមហារាជ តថាគតសូមថ្វាយព្រះពរព្រះអង្គ បពិត្រមហារាជ តថាគត សូមថ្វាយដំណឹងព្រះអង្គ បពិត្រមហារាជ ជរា និងមរណៈ រមែងគ្របសង្កត់ព្រះអង្គពិត បពិត្រមហារាជ កាលបើជរា និងមរណៈគ្របសង្កត់ព្រះអង្គ តើព្រះអង្គ ត្រូវធ្វើដូចម្តេច។ ព្រះបាទបសេនទិកោសល ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើជរា និងមរណៈគ្របសង្កត់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ គប្បីធ្វើដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការប្រព្រឹត្តិស្មើ ក្រៅអំពីការធ្វើកុសល ក្រៅអំពីការធ្វើបុណ្យ បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេច បានមុទ្ធាភិសេកហើយ ស្រវឹងជ្រប់ ដោយភាពជាធំ មានសេចក្តីត្រេកអរ ក្នុងកាម មកគ្របសង្កត់ ដល់នូវការមាំមួនក្នុងជនបទ នៅត្រួតត្រាបឋវីមណ្ឌលដ៏ធំ តែងមានចម្បាំង ដោយដំរីណា បពិត្រព្រះអង្គដ៏ចំរើន ចម្បាំងដោយដំរីទាំងនោះ នឹងយកជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈគ្របសង្កត់ ពុំបាន បពិត្រព្រះអង្គដ៏ចម្រើន ឯក្សត្រ ជាស្តេចបានមុទ្ធាភិសេកហើយ។បេ។ នៅត្រួតត្រាបឋវីមណ្ឌលដ៏ធំ រមែងមានចម្បាំងដោយសេះ។បេ។ រមែងមានចម្បាំងដោយរថ។បេ។ រមែងមានចម្បាំងដោយពលថ្មើរជើង បពិត្រព្រះអង្គដ៏ចម្រើន ចម្បាំងដោយពលថ្មើរជើងទាំងនោះ នឹងយកជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈគ្របសង្កត់ ពុំបានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងរាជត្រកូលនេះ ទោះបីមានពួកមហាមាត្យ ដែលជាមន្ត្រី ល្មមនឹងទម្លាយពួកសត្រូវ ដែលមកដល់ដោយអាថ៌កម្បាំងទាំងឡាយបាន បពិត្រព្រះអង្គដ៏ចម្រើន ចម្បាំងដោយអាថ៌កម្បាំងទាំងនោះ នឹងយកជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈ មកគ្របសង្កត់ ពុំបានដែរ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងរាជត្រកូលនេះ មានប្រាក់ និងមាសជាច្រើន ដែលឋិតនៅលើផែនដីក្តី ដែលឋិតនៅលើអាកាសក្តី ល្មមឲ្យខ្ញុំព្រះអង្គ កំចាត់ពួកសត្រូវដែលមកដល់ ដោយទ្រព្យបាន បពិត្រព្រះអង្គដ៏ចម្រើន តែថា ចម្បាំងដោយទ្រព្យទាំងនោះ នឹងយកជាគតិ យកជាវិស័យ ក្នុងវេលាដែលជរា និងមរណៈគ្របសង្កត់ ក៏ពុំបាន បពិត្រព្រះអង្គដ៏ចម្រើន កាលដែលជរា និងមរណៈ មកគ្របសង្កត់ ខ្ញុំព្រះអង្គ អាចធ្វើដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការប្រព្រឹត្តិស្មើ ក្រៅអំពីការធ្វើកុសល ក្រៅអំពីការធ្វើបុណ្យ។

[៤១៨] ព្រះអង្គត្រាស់ថា បពិត្រមហារាជ នុ៎ះយ៉ាងហ្នឹងហើយ បពិត្រមហារាជ នុ៎ះយ៉ាងហ្នឹងហើយ កាលជរា និងមរណៈមកគ្របសង្កត់ ព្រះអង្គ អាចធ្វើដូចម្តេចបាន ក្រៅអំពីការប្រព្រឹត្តិធម៌ ក្រៅអំពីការប្រព្រឹត្តិស្មើ ក្រៅអំពីការធ្វើកុសល ក្រៅអំពីការធ្វើបុណ្យ។

[៤១៩] ព្រះមានព្រះភាគ បានត្រាស់នូវភាសិតនេះ។បេ។

ភ្នំថ្មតាន់សុទ្ធ ដ៏ធំទូលាយ ទល់នឹងអាកាស រលំចុះមកកិនពួកសត្វជុំវិញ ក្នុងទិសទាំង៤ យ៉ាងណាមិញ ជរា និងមច្ចុ តែងគ្របសង្កត់ពួកសត្វទាំងឡាយ ទោះក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ មនុស្សចណ្ឌាល ត្រកូលអ្នកចោលសម្រាម យ៉ាងនោះឯង ឥតមានវៀរលែងបុគ្គលណាមួយឡើយ តែងញាំញីពួកសត្វទាំងអស់ ទីរបស់ពួកពលដំរី មិនមានក្នុងមច្ចុសង្គ្រាមនោះទេ ទីរបស់ពួកពលរថ ក៏មិនមាន ទាំងទីរបស់ពួកពលថ្មើរជើង ក៏មិនមាន ក្នុងមច្ចុសង្គ្រាមនោះដែរ មួយទៀត ឥតមានអ្នកណាមួយ អាចឈ្នះ (នូវជរា និងមរណៈនោះ) ដោយចម្បាំង ដោយអាថ៌កំបាំង ឬដោយទ្រព្យបានឡើយ ព្រោះហេតុនោះ បុរសជាបណ្ឌិត អ្នកមានប្រាជ្ញា កាលឃើញប្រយោជន៍របស់ខ្លួន ក៏គួរញុំាងសទ្ធា ឲ្យតំកល់នៅក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បុគ្គលណា ប្រព្រឹត្តធម៌ដោយកាយ ដោយវាចា ឬដោយចិត្ត បណ្ឌិតទាំងឡាយ តែងសរសើរបុគ្គលនោះ ក្នុងលោកនេះឯង លុះបុគ្គលនោះរំលាងខន្ធ ទៅកាន់បរលោក តែងត្រេកអរ ក្នុងឋានសួគ៌ទៀត។

ចប់ បុគ្គលវគ្គ ទី៣។

បញ្ជីរឿង នៃបុគ្គលវគ្គនោះ គឺ

បុគ្គលសូត្រ១ អយ្យិកាសូត្រ១ លោកសូត្រ១ ឥស្សត្ថសូត្រ១ បព្វតោបមសូត្រ១ ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់ត្រាស់ហើយ នេះហៅថា កោសលបញ្ចកៈ។

ចប់ កោសលសំយុត្ត។

មារសំយុត្ត (ទី៤)

(៤. មារសំយុត្តំ)

តបោកម្មវគ្គ ទី១

(១. បឋមវគ្គោ)

តបោកម្មសូត្រ ទី១

(១. តបោកម្មសុត្តំ)

[៤២០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងត្រាស់ដឹងជាដំបូង គង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ ពួនសម្ងំ មានព្រះហឫទ័យត្រិះរិះកើតឡើង យ៉ាងនេះថា អាត្មាអញ រួចចាកទុក្ករកិរិយានោះហើយហ្ន៎ ឱហ្ន៎ អាត្មាអញ រួចចាកទុក្ករកិរិយា ដែលមិនប្រកបដោយប្រយោជន៍នោះ ល្អហើយ ឱហ្ន៎ អាត្មាអញ ជាអ្នកបានត្រាស់ដឹងនូវពោធិញ្ញាណ ប្រពៃហើយ។

[៤២១] លំដាប់នោះឯង មារមានចិត្តបាប បានដឹងសេចក្តីត្រិះរិះ ក្នុងព្រះហឫទ័យ របស់ព្រះមានព្រះភាគ ដោយចិត្តរបស់ខ្លួនហើយ ចូលទៅជិតព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា

ពួកមាណព ចេញចាកតបោកម្ម ហើយបរិសុទ្ធ ដោយផ្លូវណា ព្រះអង្គ ជាអ្នកមិនទាន់បរិសុទ្ធ ដើរវាងផ្លូវដ៏បរិសុទ្ធនោះ ហើយសំគាល់ខ្លួន ថាជាអ្នកបរិសុទ្ធ។

[៤២២] ព្រះមានព្រះភាគ ទ្រង់ជ្រាប់ច្បាស់ថា អ្នកនេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាប ដោយគាថាទាំងឡាយថា

តថាគត ដឹងនូវតបៈដទៃណាមួយ ដែលមិនប្រកបដោយប្រយោជន៍ថា តបៈទាំងអស់ មិនជាតបៈនាំមកនូវប្រយោជន៍ឡើយ ដូចបុគ្គលកាន់ច្រវា និងថ្នោល អុំដោលទូកលើគោក ដូច្នេះ ហើយចម្រើននូវសីលផង នូវសមាធិផង នូវបញ្ញាផង ដើម្បីត្រាស់ដឹងនូវមគ្គ ឥឡូវនេះ ក៏បានដល់នូវសេចក្តីបរិសុទ្ធិ ដ៏ប្រសើរហើយ ម្នាលមារ អ្នកឯង តថាគតបានកំចាត់ចេញហើយ។

គ្រានោះឯង មារមានចិត្តបាប ក៏កើតទុក្ខ ទោមនស្ស ដោយគិតថា ព្រះមានព្រះភាគ ស្គាល់ច្បាស់នូវអញ ព្រះសុគត ស្គាល់ច្បាស់នូវអញ ដូច្នេះហើយ ក៏ស្រាប់តែបាត់ចាកទីនោះទៅ។

នាគសូត្រ ទី២

(២. ហត្ថិរាជវណ្ណសុត្តំ)

[៤២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងបានត្រាស់ដឹងជាដំបូង គង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរនៃស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង ព្រះមានព្រះភាគ គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង។ ចួនជាភ្លៀង ក៏រលឹមស្រឹបៗ។

[៤២៤] លំដាប់នោះ មារមានចិត្តបាប មានប្រាថ្នា ដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើង ដល់ព្រះមានព្រះភាគ ក៏និម្មិតភេទជាស្តេចដំរីធំ ហើយចូលសំដៅទៅរកព្រះមានព្រះភាគ។ ក្បាលរបស់ដំរីនោះ មានទំហំប៉ុនថ្មខ្មៅដ៏ធំ។ ភ្លុករបស់វា ដូចប្រាក់សុទ្ធ។ ប្រមោយរបស់វា ដូចយាមនង្គ័លដ៏ធំ។

[៤២៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា នេះជាមារមានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាបនោះ ដោយគាថាដូច្នេះថា

អ្នកឯង កាលអន្ទោលទៅមក អស់កាលយូរអង្វែង បានតំណែងភេទល្អខ្លះ មិនល្អខ្លះ ម្នាលមារមានចិត្តបាប អ្នកឯង មិនគួរនឹងធ្វើដូច្នោះឡើយ ម្នាលមារ ទាំងអ្នកឯងសោត ក៏តថាគត បានកំចាត់ចោលស្រឡះហើយដែរ។

គ្រានោះឯង មារមានចិត្តបាប ក៏កើតទុក្ខ តូចចិត្ត ដោយគិតថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

សុភសូត្រ ទី៣

(៣. សុភសុត្តំ)

[៤២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើបនឹងបានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ទៀបឆ្នេរនៃស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង។ ចួនជាភ្លៀង ក៏រលឹមស្រឹបៗ។

[៤២៧] គ្រានោះឯង មារមានចិត្តបាប ប្រាថ្នានឹងញុំាងភ័យ សេចក្តីតក់ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើង ដល់ព្រះមានព្រះភាគ ក៏ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏សំដែងនូវភេទដ៏ខ្ពស់ និងទាប ល្អខ្លះ មិនល្អខ្លះ ក្នុងទីជិតនៃព្រះមានព្រះភាគ។

[៤២៨] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា នេះជាមារមានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាបនោះ ដោយគាថាដូច្នេះថា

អ្នកឯង កាលអន្ទោលទៅមក អស់កាលយូរអង្វែង បានតំណែងភេទល្អខ្លះ មិនល្អខ្លះ ម្នាលមារ អ្នកឯង មិនគួរនឹងធ្វើដូច្នោះឡើយ ម្នាលមារ អ្នកឯង តថាគត បានកំចាត់ចោលស្រឡះហើយ (ព្រោះថា) បុគ្គលទាំងឡាយណា បានសម្រួមល្អ ដោយកាយ ដោយវាចា ដោយចិត្តហើយ ម្នាលមារ បុគ្គលនោះឯង មិនលុះក្នុងអំណាចអ្នកឯងឡើយ មិនមែនជាសិស្សគណ របស់អ្នកឯងជាមារឡើយ។

គ្រានោះ មារមានចិត្តបាប។បេ។ ក៏អន្តរធាន ចាកទីនោះទៅ។

បឋមបាសសូត្រ ទី៤

(៤. បឋមមារបាសសុត្តំ)

[៤២៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អរហត្តផលវិមុត្តិ ដ៏ប្រសើរ តថាគត បានសម្រេចហើយ អរហត្តផលវិមុត្តិ ដ៏ប្រសើរ តថាគត បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះការយកចិត្តទុកដាក់ ដោយឧបាយ ព្រោះសេចក្តីព្យាយាមដ៏ល្អដោយឧបាយ ម្នាលភិក្ខុទាំងឡាយ ទាំងចំណែកអ្នកទាំងឡាយ ក៏ចូរសម្រេចនូវអរហត្តផលវិមុត្តិដ៏ប្រសើរ ចូរធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផលវិមុត្តិដ៏ប្រសើរ ព្រោះការយកចិត្តទុកដាក់ ដោយឧបាយ ព្រោះសេចក្តីព្យាយាមដ៏ល្អ ដោយឧបាយ។

[៤៣០] គ្រានោះឯង មារមានចិត្តបាប បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ ដោយគាថាដូច្នេះថា

ព្រះអង្គ ជាប់ហើយដោយអន្ទាក់នៃមារ អន្ទាក់ទាំងឡាយណាៗ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ព្រះអង្គជាប់ហើយ ដោយអន្ទាក់ទាំងនោះ ព្រះអង្គជាប់ចំពាក់ហើយ ដោយចំណងនៃមារ បពិត្រព្រះសមណៈ ព្រះអង្គមិនរួច (ចាកវិស័យ) របស់ខ្ញុំឡើយ។

[៤៣១] ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា

តថាគត រួចហើយចាកអន្ទាក់នៃមារ អន្ទាក់ទាំងឡាយណាៗ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី តថាគត បានរួចស្រឡះហើយ ចាកអន្ទាក់ទាំងនោះ តថាគត រួចហើយចាក ចំណងរបស់មារ ម្នាលមារ ទាំងអ្នកឯងសោត ក៏តថាគត កំចាត់បានហើយដែរ។

គ្រានោះ មារមានចិត្តបាប។បេ។ ក៏អន្តរធានចាកទីនោះទៅ។

ទុតិយបាសសូត្រ ទី៥

(៥. ទុតិយមារបាសសុត្តំ)

[៤៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត រួចហើយចាកអន្ទាក់ទាំងអស់ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ ទាំងអ្នកទាំងឡាយសោត ក៏បានរួចចាកអន្ទាក់ទាំងអស់ដែរ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ចារិក ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ តែអ្នកទាំងឡាយ កុំទៅពីរនាក់ តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ សម្តែងធម៌ មានលំអបទដើម លំអបទកណ្តាល លំអបទចុង បរិបូណ៌ដោយអត្ថ និងព្យញ្ជនៈ អ្នកទាំងឡាយ ចូរប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ សត្វទាំងឡាយ ដែលមានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែក គឺបញ្ញា សត្វទាំងនោះ នឹងសាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយ បម្រុងនឹងត្រាស់ដឹងធម៌ ក៏មានដែរ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ក៏នឹងចូលទៅឯសេនានិគម ក្នុងឧរុវេលាប្រទេស ដើម្បីសម្តែងធម៌ដែរ។

[៤៣៣] គ្រានោះឯង មារមានចិត្តបាប ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ព្រះអង្គជាប់ចំពាក់ហើយ ដោយអន្ទាក់ទាំងពួង ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី បពិត្រព្រះសមណៈ ព្រះអង្គជាបុគ្គលជាប់ចំពាក់ ដោយចំណងដ៏មាំ ព្រះអង្គមិនរួច (ចាកវិស័យ) របស់ខ្ញុំឡើយ។

[៤៣៤] ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា

តថាគត រួចចាកអន្ទាក់ទាំងអស់ហើយ ទោះជារបស់ទេវតាក្តី ជារបស់មនុស្សក្តី តថាគត រួចស្រឡះ ចាកចំណងដ៏មាំហើយ នែមារ ទាំងអ្នកឯង ក៏តថាគត បានកំចាត់ហើយដែរ។

គ្រានោះឯង មារមានចិត្តបាប។បេ។ បាត់ចាកទីនោះទៅ។

សប្បសូត្រ ទី៦

(៦. សប្បសុត្តំ)

[៤៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង។ ចួនជាមានភ្លៀងរលឹមស្រឹបៗ។

[៤៣៦] លំដាប់នោះឯង មារមានចិត្តបាប មានប្រាថ្នានឹងញុំាងភ័យ សេចក្តីតក់ស្លុត ការព្រួចព្រឺរោម ឲ្យកើតឡើង ដល់ព្រះមានព្រះភាគ ទើបនិម្មិតភេទជាស្តេចពស់១ធំ ហើយលូនចូលទៅរកព្រះមានព្រះភាគ។ កាយរបស់ស្តេចពស់នោះ ប៉ុនទូកធំ១ ដែលធ្វើដោយដើមឈើទាំងមូល។ ពពាររបស់វា ប៉ុនកន្ទេលធំសម្រាប់ហាលម្សៅ របស់អ្នកធ្វើសុរា។ ភ្នែករបស់វា ប៉ុនភាជន៍សំរិទ្ធិ៍ធំសម្រាប់សោយ37) របស់ព្រះបាទបសេនទិកោសល។ អណ្តាតរបស់វា លៀនចេញអំពីមាត់មក ដូចផ្លេកបន្ទោរផ្សាយចេញក្នុងកាលមេឃគ្រហឹម។ សូរសន្ធឹកនៃខ្យល់ដង្ហើមចេញចូលរបស់វា ដូចសំឡេងនៃស្នប់របស់ជាងលោហៈ ដែលគេកំពុងសប់។

[៤៣៧] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ពស់នេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបទ្រង់ត្រាស់នឹងមារមានចិត្តបាបនោះ ដោយគាថាដូច្នេះថា

បុគ្គលណា គប់រកនូវសុញ្ញាគារស្ថាន ដើម្បីដេក បុគ្គលនោះ ឈ្មោះថា អ្នកប្រាជ្ញមានខ្លួនសង្រួមហើយ បុគ្គលនោះឈ្មោះថា ប្រព្រឹត្តលះបង់ (នូវសេចក្តីអាល័យ) ក្នុងអត្តភាពនោះ ព្រោះថា ការប្រព្រឹត្តិលះបង់ (នូវសេចក្តីអាល័យ) ក្នុងអត្តភាពនោះ របស់បុគ្គលមានសភាពដូច្នោះ ជាការសមគួរហើយ ពួកសត្វដែលសញ្ចរទៅមក (មានខ្លាធំ ជាដើម) ក៏មានច្រើន អារម្មណ៍ដែលគួរខ្លាច ក៏មានច្រើន ទាំងរបោម និងសត្វទីឃជាតិ ក៏មានច្រើន ព្រះមហាមុនី ដែលនៅក្នុងសុញ្ញាគារស្ថាន ក៏មិនព្រឺព្រួចរោម ព្រោះអារម្មណ៍ដែលគួរខ្លាចទាំងនោះឡើយ (កាលបើ) អាកាសគប្បីបែក ផែនដី គប្បីកម្រើក ពួកសត្វទាំងអស់ គប្បីតក់ស្លុតក្តី សត្វទាំងឡាយ ទ្រទ្រង់សរ ឰដ៏ទ្រូងក្តី ព្រះពុទ្ធទាំងឡាយ មិនធ្វើទីពឹងចំពោះខន្ធូបធិទាំងឡាយឡើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគស្គាល់អញ ព្រះសុគតស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ។

សុប្បតិសូត្រ ទី៧

(៧. សុបតិសុត្តំ)

[៤៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចង្ក្រមក្នុងទីវាលស្រឡះ ដល់យប់ជ្រៅ ទ្រង់លាងព្រះបាទទាំងគូ ក្នុងបច្ចូសសម័យនៃរាត្រី ហើយចូលទៅកាន់វិហារ សម្រេចនូវសីហសេយ្យា ផ្អៀងទៅខាងស្តាំ យកព្រះបាទតម្រួតព្រះបាទ ទ្រង់មានសតិសម្បជញ្ញៈ យកព្រះហឫទ័យទុកដាក់នូវឧដ្ឋានសញ្ញា។

[៤៣៩] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថាដូច្នេះថា

ព្រះអង្គផ្ទំលក់ដូចម្តេច ព្រោះហេតុដូចម្តេចហ្ន៎ បានជាព្រះអង្គផ្ទំលក់ ហេតុដូចម្តេច បានជាព្រះអង្គផ្ទំលក់ ដូចជាមនុស្សស្លាប់ ព្រះអង្គផ្ទំលក់ ដោយស្មានថា សុញ្ញាគារស្ថាន អាត្មាអញ (បានហើយ) ព្រះអាទិត្យ រះឡើងហើយ ហេតុដូចម្តេច បានជាព្រះអង្គនៅតែផ្ទំលក់។

[៤៤០] ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់តបថា

បុគ្គលណា មិនមានតណ្ហា ដូចជាបណ្តាញ ដែលជាប់ទៅក្នុងអារម្មណ៍ផ្សេងៗ ដើម្បីនាំទៅក្នុងភពណាមួយទេ បុគ្គលនោះឈ្មោះថា ជាព្រះពុទ្ធ តែងដេកលក់ ព្រោះការអស់ទៅនៃឧបធិទាំងពួង ម្នាលមារ ចុះមានប្រយោជន៍អ្វី ដល់អ្នកឯង ក្នុងដំណើរនោះ។

គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏អន្តរធានចាកទីនោះទៅ។

នន្ទនសូត្រ ទី៨

(៨. នន្ទតិសុត្តំ)

[៤៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។

[៤៤២] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលគាថានេះ ក្នុងទីជិតនៃព្រះមានព្រះភាគថា

អ្នកមានកូន តែងត្រេកអរនឹងកូន អ្នកមានគោ តែងត្រេកអរនឹងគោដូចគ្នា ឯឧបធិទាំងឡាយ ជាទីត្រេកអររបស់ជន បុគ្គលណា មិនមានឧបធិ បុគ្គលនោះ រមែងមិនត្រេកអរឡើយ។

[៤៤៣] ព្រះសម្ពុទ្ធត្រាស់តបថា

អ្នកមានកូន តែងក្រៀមក្រំចិត្តនឹងកូន អ្នកមានគោ តែងក្រៀមក្រំចិត្តនឹងគោដូចគ្នា ឧបធិ ជាទីក្រៀមក្រំចិត្តរបស់ជន បុគ្គលណា មិនមានឧបធិ បុគ្គលនោះ រមែងមិនក្រៀមក្រំចិត្តឡើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

បឋមអាយុសូត្រ ទី៩

(៩. បឋមអាយុសុត្តំ)

[៤៤៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អាយុ របស់មនុស្សទាំងឡាយនេះ តិចណាស់ សត្វដែលត្រូវទៅកាន់បរលោក គួរធ្វើកុសល គួរប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថាមិនស្លាប់ មិនមានទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលរស់នៅយ៉ាងយូរត្រឹមមួយរយឆ្នាំ ឬថយចុះមកក៏មាន លើសជាងបន្តិចក៏មាន។

[៤៤៥] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

អាយុរបស់មនុស្សទាំងឡាយ វែង សប្បុរស មិនគួរខ្ពើមឆ្អើមអាយុនោះឡើយ បុគ្គលគប្បីប្រព្រឹត្តខ្លួន ឲ្យដូចជាកូនក្មេងស្រវឹងទឹកដោះ (ព្រោះថា) ដំណើរមកនៃមច្ចុ មិនមានទេ។

[៤៤៦] ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា

អាយុរបស់មនុស្សទាំងឡាយ តិច សប្បុរស គួរខ្ពើមឆ្អើមអាយុនោះ បុគ្គលគួរខំប្រព្រឹត្ត (សុចរិត) ដូចបុគ្គល ដែលភ្លើងកំពុងឆេះក្បាល (ព្រោះ) ដំណើរមិនមក នៃសេចក្តីស្លាប់ មិនមានឡើយ។

គ្រានោះ មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។

ទុតិយអាយុសូត្រ ទី១០

(១០. ទុតិយអាយុសុត្តំ)

[៤៤៧] សម័យនោះ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងរាជគ្រឹះ។បេ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អាយុរបស់មនុស្សទាំងឡាយនេះ តិចពេក សត្វដែលត្រូវទៅកាន់បរលោក គួរធ្វើកុសល គួរប្រព្រឹត្តព្រហ្មចរិយធម៌ សត្វដែលកើតហើយ ឈ្មោះថា មិនស្លាប់ មិនមានទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលរស់នៅយ៉ាងយូរ ត្រឹមមួយរយឆ្នាំ ឬថយតិចចុះក៏មាន លើសជាងបន្តិចទៅក៏មាន។

[៤៤៨] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

បើថ្ងៃនិងយប់ មិនកន្លងទៅ ជីវិតក៏មិនរួញថយចុះដែរ អាយុនៃសត្វទាំងឡាយ តែងប្រព្រឹត្តទៅតាម (ថ្ងៃនិងយប់) ដូចខ្នងកង់ ដែលវិលទៅតាមក្បាលក្រពើនៃរទេះ។

[៤៤៩] ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា

ថ្ងៃនិងយប់ តែងកន្លងទៅ ជីវិតតែងរួញថយចុះមក អាយុរបស់សត្វទាំងឡាយ ចេះតែអស់ទៅ ដូចទឹកស្ទឹងតូចទាំងឡាយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ។

ចប់ តបោកម្មវគ្គ ទី១។

បញ្ជីរឿងនៃតបោកម្មវគ្គនោះ គឺ

តបោកម្មសូត្រ១ នាគសូត្រ១ សុភសូត្រ១ បឋមបាសសូត្រ១ ទុតិយបាសសូត្រ១ សប្បសូត្រ១ សុប្បតិសូត្រ១ នន្ទនសូត្រ១ បឋមអាយុសូត្រ១ ទុតិយអាយុសូត្រ១។

បាសាណវគ្គ ទី២

(២. ទុតិយវគ្គោ)

បាសាណសូត្រ ទី១

(១. បាសាណសុត្តំ)

[៤៥០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីវាលស្រឡះ ក្នុងវេលារាត្រីងងឹតសូន្យឈឹង។ ចួនជាមានភ្លៀងរលឹមស្រឹបៗ។

[៤៥១] គ្រានោះឯង មារមានចិត្តបាប ប្រាថ្នានឹងញុំាងភ័យ សេចក្តីតក់ស្លុត សេចក្តីព្រួចព្រឺរោម ឲ្យកើតឡើង ដល់ព្រះមានព្រះភាគ ហើយចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ប្រមៀលថ្មធំៗ ក្នុងទីជិតនៃព្រះមានព្រះភាគ។

[៤៥២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះជាមារមានចិត្តបាប ដូច្នេះ ទើបត្រាស់នឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

បើទុកជាអ្នកឯង ប្រមៀលភ្នំគិជ្ឈកូដអស់ទាំងមូល ក៏ព្រះពុទ្ធទាំងឡាយ ដែលមានចិត្តផុតស្រឡះ ដោយប្រពៃហើយ មិនបានញាប់ញ័រទេ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

សីហសូត្រ ទី២

(២. កិន្នុសីហសុត្តំ)

[៤៥៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មានបរិស័ទជាច្រើន គាល់ត្រៀបត្រា កំពុងសម្តែងធម៌។ វេលានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង មានបរិស័ទជាច្រើន គាល់ត្រៀបត្រា កំពុងសម្តែងធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅជិតព្រះសមណគោតមនោះ ដើម្បីនឹងធ្វើបញ្ញាចក្ខុឲ្យវិនាស។

[៤៥៤] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ម្តេចក៏ព្រះអង្គ ក្លៀវក្លាក្នុងបរិស័ទម្ល៉េះ បន្លឺដូចជាសីហៈ មានអ្នកចំបាប់តនឹងព្រះអង្គដែរឬ បានជាព្រះអង្គ សំគាល់ថាមានជ័យជំនះ។

[៤៥៥] ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា

អ្នកមានព្យាយាមធំ ក្លៀវក្លាក្នុងពួកបរិស័ទ រមែងបន្លឺឡើង យ៉ាងហ្នឹងឯង ព្រះតថាគតទាំងឡាយ ជាអ្នកបរិបូណ៌ដោយកម្លាំង ទ្រង់បានឆ្លងនូវតណ្ហា ដែលជាប់ចំពាក់ក្នុងលោកហើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ។

សកលិកសូត្រ ទី៣

(៣. សកលិកសុត្តំ)

[៤៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងឱទ្យានឈ្មោះ មទ្ទកុច្ឆិ38) ជាទីឲ្យអភ័យដល់សត្វម្រឹគ ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះបាទរបស់ព្រះមានព្រះភាគ ជាំដាំដោយបំណែកថ្ម។ បានឮថា ព្រះមានព្រះភាគ មានវេទនាច្រើន ប្រជុំក្នុងព្រះសរីរៈ ជាទុក្ខ ក្លៀវក្លា រឹង ខ្លោចផ្សា មិនត្រជាក់ មិនជាទីគាប់ចិត្ត។ បានឮថា ព្រះមានព្រះភាគ ទ្រង់មានព្រះសតិសម្បជញ្ញៈ មិនត្អូញត្អែរ ទ្រង់អត់ទ្រាំ នូវវេទនាទាំងនោះ។ ទើបព្រះមានព្រះភាគ ទ្រង់ក្រាលសង្ឃាដី៤ជាន់ សម្រេចសីហសេយ្យា ផ្អៀងទៅខាងស្តាំ យកព្រះបាទតម្រួតព្រះបាទ មានព្រះសតិសម្បជញ្ញៈ។

[៤៥៧] គ្រានោះឯង មារមានចិត្តបាប បានចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថាថា

ព្រះអង្គ ទ្រង់ផ្ទំដោយសេចក្តីវង្វេងជ្រប់ឬ ឬក៏ផ្ទំដូចជាបុគ្គលដែលស្រវឹង ដោយការធ្វើកាព្យឃ្លោង ប្រយោជន៍របស់ព្រះអង្គ មិនមានច្រើនទេឬ ព្រោះហេតុអ្វី ព្រះអង្គជាបុគ្គលម្នាក់ឯង មានព្រះភក្ត្រឆ្ពោះទៅកាន់ការលក់ ទ្រង់ផ្ទំលក់លើអាសនៈសម្រាប់ផ្ទំដ៏ស្ងាត់យ៉ាងនេះ។

[៤៥៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា

តថាគត មិនមែនសិង ដោយសេចក្តីវង្វេងជ្រប់ទេ មិនមែនសិងដូចជាបុគ្គលដែលស្រវឹង ដោយការធ្វើកាព្យឃ្លោងទេ តថាគត បានសម្រេចប្រយោជន៍ ប្រាសចាកសេចក្តីសោកហើយ តថាគត តែម្នាក់ឯង ជាអ្នកអនុគ្រោះ ដល់សត្វទាំងអស់ សិងលើអាសនៈសម្រាប់សិងដ៏ស្ងាត់ ឯពួកជនណា ដែលមានសរ មុតត្រង់ទ្រូង (សរនោះ) រមែងជ្រួតជ្រាបទៅកាន់ហឫទ័យភ្លាមៗ ជនទាំងនោះឯង ឈ្មោះថា ប្រកបដោយសរ រមែងបាននូវការដេកលក់ ក្នុងលោកនេះ តថាគត ជាអ្នកប្រាសចាកសរ លែងដេកលក់ហើយ កាលតថាគត ភ្ញាក់ ក៏លែងរង្កៀស ទាំងលែងខ្លាចនឹងការដេកលក់ ព្រោះហេតុអ្វី (ព្រោះថា) ថ្ងៃនិងយប់ មិនបានដុតកំដៅ នូវតថាគតឡើយ (ឈ្មោះថាការងារមួយ ដែលមិនទាន់សម្រេច) របស់តថាគត មិនមានឡើយ តថាគត មិនបានឃើញសេចក្តីសាបសូន្យណាមួយ ក្នុងលោកឡើយ ព្រោះហេតុនោះ តថាគត ឈ្មោះថា មានសេចក្តីអនុគ្រោះ ចំពោះសត្វទាំងអស់ ទើបផ្ទំលក់។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

បដិរូបសូត្រ ទី៤

(៤. បតិរូបសុត្តំ)

[៤៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងព្រាហ្មណគ្រាម ឈ្មោះ ឯកសាលា នាដែនកោសល។ សម័យនោះឯង ព្រះមានព្រះភាគ មានគិហិបរិស័ទជាច្រើន គាល់ត្រៀបត្រា ហើយទ្រង់សំដែងធម៌។ វេលានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង មានគិហិបរិស័ទជាច្រើន គាល់ត្រៀបត្រា សំដែងធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះសមណគោតម ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស។

[៤៦០] លំដាប់នោះឯង មារមានចិត្តបាប ក៏ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ បានពោលនឹងព្រះមានព្រះភាគ ដោយគាថាដូច្នេះថា

ព្រះអង្គទ្រង់ប្រៀនប្រដៅនូវបុគ្គលដទៃ ដោយពាក្យណា ពាក្យនុ៎ះ មិនសមគួរដល់ព្រះអង្គទេ ព្រះអង្គប្រព្រឹត្តនូវធម្មកថានោះ កុំជាប់ចំពាក់ចិត្ត ក្នុងអំណរ និងកំហឹងឡើយ។

[៤៦១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា

ព្រះសម្ពុទ្ធ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ តែងប្រៀនប្រដៅនូវបុគ្គលដទៃ ព្រះតថាគត ទ្រង់ផុតស្រឡះ ចាកអំណរ និងកំហឹងហើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

មានសសូត្រ ទី៥

(៥. មានសសុត្តំ)

[៤៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។

[៤៦៣] លំដាប់នោះឯង មារមានចិត្តបាប ចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

អន្ទាក់ គឺរាគៈណា ដែលត្រាច់ទៅលើអាកាស តែងតែប្រព្រឹត្តទៅក្នុងចិត្ត ខ្ញុំនឹងបៀតបៀនព្រះអង្គ ដោយអន្ទាក់នោះ បពិត្រព្រះសមណៈ ព្រះអង្គមិនរួច (ចាកវិស័យ) របស់ខ្ញុំឡើយ។

[៤៦៤] ព្រះសម្ពុទ្ធទ្រង់ត្រាស់តបថា

រូប សំឡេង ក្លិន រស ផ្សព្វ ដែលជាទីត្រេកអរ របស់ចិត្ត តថាគត បានប្រាសចាកសេចក្តីពេញចិត្ត ចំពោះអារម្មណ៍ទាំងនោះហើយ ម្នាលមារ អ្នកឯង ក៏តថាគតបានកំចាត់ចេញហើយ។

លំដាប់នោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

បត្តសូត្រ ទី៦

(៦. បត្តសុត្តំ)

[៤៦៥] ក្នុងវត្តទៀបក្រុងសាវត្ថី…។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់លើកយកឧបាទានក្ខន្ធ ទាំង៥ប្រការ មកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងត្រចៀកប្រុងចាំស្តាប់ធម៌។ លំដាប់នោះឯង មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង លើកយកឧបាទានក្ខន្ធ ទាំង៥ប្រការ មកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងត្រចៀកប្រុងចាំស្តាប់ធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះសមណគោតម ដើម្បីនឹងធ្វើបញ្ញាចក្ខុ ឲ្យវិនាសចេញ។ ក៏សម័យនោះឯង ចួនជាមានបាត្រច្រើន ដែលដាក់ទុកក្នុងទីវាលស្រឡះ។

[៤៦៦] គ្រានោះ មារមានចិត្តបាប បាននិម្មិតខ្លួនឲ្យមានភេទដូចជាគោហើយ ដើរសំដៅទៅត្រង់បាត្រទាំងនោះ។ គ្រានោះឯង ភិក្ខុ១រូប បានស្រែកប្រាប់ទៅភិក្ខុ១រូបថា ហ៏ភិក្ខុ ភិក្ខុ គោនុ៎ះ បំបែកបាត្រហើយ។ កាលបើភិក្ខុនោះ ពោលដូច្នោះហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់នឹងភិក្ខុនោះ ដូច្នេះថា នែភិក្ខុ នុ៎ះមិនមែនជាគោទេ នុ៎ះឯង គឺមារមានចិត្តបាប មកដើម្បីធ្វើបញ្ញាចក្ខុ របស់អ្នកទាំងឡាយ ឲ្យវិនាសទេតើ។

[៤៦៧] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះជាមារមានចិត្តបាប ដូច្នេះហើយ ទើបត្រាស់នឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

ខន្ធបញ្ចកៈណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ បុគ្គលនឿយណាយ ក្នុងខន្ធបញ្ចកៈនោះ យ៉ាងនេះថា នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជារបស់អញ សូម្បីមារ និងសេនានៃមារ កាលស្វែងរកក្នុងឋានទាំងពួង ក៏មិនបានឃើញនូវអត្តភាពក្សេមក្សាន្ត ប្រាសចាកតម្រេក កន្លងបង់នូវសំយោជនៈទាំងពួង យ៉ាងនេះឡើយ។

គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។

អាយតនសូត្រ ទី៧

(៧. ឆផស្សាយតនសុត្តំ)

[៤៦៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់លើកយកផស្សាយតនៈ ទាំង៦ប្រការ មកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា។ ឯភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងសោតប្រសាទ ប្រុងស្តាប់ធម៌។ គ្រានោះឯង មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង បានលើកយកផស្សាយតនៈ ទាំង៦ប្រការ មកពន្យល់ពួកភិក្ខុ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងសោតប្រសាទ ប្រុងស្តាប់ធម៌ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះសមណគោតម ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស។

[៤៦៩] គ្រានោះឯង មារមានចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសំឡេងយ៉ាងខ្លាំង ដែលគួរខ្លាច ស្ញប់ស្ញែង ក្នុងទីជិតព្រះមានព្រះភាគថា ហ៏ញ័រផែនដីហើយ។ គ្រានោះឯង ភិក្ខុមួយរូប បានស្រែកប្រាប់ភិក្ខុមួយរូប យ៉ាងនេះថា នែភិក្ខុ ភិក្ខុ ផែនដីនេះហាក់ដូចជាញ័រ។ កាលភិក្ខុនោះ ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលភិក្ខុ ផែនដីនេះមិនមែនញ័រទេ នុ៎ះជាមារមានចិត្តបាប មកដើម្បីធ្វើបញ្ញាចក្ខុ របស់អ្នកទាំងឡាយ ឲ្យវិនាសទេតើ។

[៤៧០] លុះព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបត្រាស់នឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

រូប សំឡេង ក្លិន រស ផ្សព្វ ធម្មារម្មណ៍ទាំងអស់ របស់ទាំងនុ៎ះ ជាអាមិសៈក្នុងលោកដ៏ពន្លឹក សត្វលោក តែងជ្រប់ចុះក្នុងអារម្មណ៍ទាំងនុ៎ះ សាវ័កដែលមានស្មារតី របស់ព្រះពុទ្ធ បានឆ្លងផុតនូវអារម្មណ៍នុ៎ះផង បានកន្លងបង់នូវវដ្តៈ ជាទីនៅរបស់មារផង ហើយរុងរឿងដូចជាព្រះអាទិត្យ។

គ្រានោះឯង មារ។បេ។ ក៏បាត់ចាកទីនោះទៅ។

បិណ្ឌសូត្រ ទី៨

(៨. បិណ្ឌសុត្តំ)

[៤៧១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា នាដែនមគធៈ។ សម័យនោះឯង ក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា មានវត្ថុសម្រាប់ទទួលភ្ញៀវ របស់កូនក្មេងទាំងឡាយ។ គ្រានោះ ក្នុងបុព្វណ្ហសម័យ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅបិណ្ឌបាត ក្នុងស្រុកព្រាហ្មណ៍ ឈ្មោះបញ្ចសាលា។ សម័យនោះឯង មារមានចិត្តបាប ចូលជ្រែកពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកបញ្ចសាលា ដោយគិតថា កុំឲ្យព្រះសមណគោតម បានចង្ហាន់។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចូលទៅបិណ្ឌបាត ក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា ដោយបាត្រ ដែលលាងហើយយ៉ាងណា ទ្រង់ត្រឡប់មកវិញ ដោយបាត្រ ដែលលាងហើយ យ៉ាងនោះដដែល។

[៤៧២] គ្រានោះឯង មារមានចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏សួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រសមណៈ ចុះព្រះអង្គបានចង្ហាន់ដែរឬ។ ព្រះអង្គត្រាស់តបថា ម្នាលមារ ក្រែងអ្នកឯង ធ្វើតថាគតមិនឲ្យបានចង្ហាន់ឬ។ មារតបថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ សូមព្រះមានព្រះភាគ ចូលទៅបិណ្ឌបាត ក្នុងព្រាហ្មណគ្រាម ឈ្មោះបញ្ចសាលា ជាលើកទីពីរទៀតចុះ ខ្ញុំព្រះអង្គ នឹងធ្វើឲ្យព្រះមានព្រះភាគ បានចង្ហាន់វិញ។

[៤៧៣] ព្រះមានព្រះភាគ ត្រាស់តបថា

មារបៀតបៀននូវតថាគតនោះ រមែងបាននូវបាប ម្នាលមារមានចិត្តបាប អ្នកសំគាល់ថា បាបមិនឲ្យផល ដល់ខ្លួនអញទេឬ យើងដែលឥតមានកង្វល់ ឈ្មោះថា រស់នៅដោយសេចក្តីសុខល្អណាស់ ពួកយើង ជាអ្នកមានបីតិជាអាហារ ដូចពួកទេវតានៅឋានអាភស្សរៈ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

កស្សកសូត្រ ទី៩

(៩. កស្សកសុត្តំ)

[៤៧៤] សាវត្ថីនិទាន។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា ដែលប្រកបព្រម ដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង មានសោតប្រសាទផ្ទៀងប្រុងស្តាប់ធម៌។ គ្រានោះឯង មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា សមណគោតមនេះឯង ពន្យល់ភិក្ខុទាំងឡាយ ដោយធម្មីកថា ដែលប្រកបដោយព្រះនិព្វាន។បេ។ បើដូច្នោះ គួរអញចូលទៅរកព្រះសមណគោតមនោះ ដើម្បីធ្វើបញ្ញាចក្ខុឲ្យវិនាស។

[៤៧៥] គ្រានោះឯង មារមានចិត្តបាប និម្មិតខ្លួនឲ្យមានភេទដូចជាអ្នកភ្ជួររាស់ លីនង្គ័លយ៉ាងធំ កាន់ដងជន្លួញយ៉ាងវែង មានសក់កន្ទ្រើង ស្លៀកសំពត់ធ្មៃ មានជើងប្រឡាក់ភក់ ដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ ព្រះអង្គបានឃើញគោផងទេ។ ព្រះអង្គត្រាស់តបថា ចុះអ្នកឯងត្រូវការអ្វីដោយគោ។ មារសួរថា បពិត្រសមណៈ ភ្នែករបស់ខ្ញុំ រូបរបស់ខ្ញុំ ចក្ខុសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់ខ្ញុំ បពិត្រសមណៈ ព្រះអង្គទៅក្នុងទីណា ទើបរួចចាកវិស័យរបស់ខ្ញុំ បពិត្រសមណៈ ត្រចៀករបស់ខ្ញុំ សំឡេងរបស់ខ្ញុំ។បេ។ បពិត្រសមណៈ ច្រមុះរបស់ខ្ញុំ ក្លិនរបស់ខ្ញុំ។បេ។ បពិត្រសមណៈ អណ្តាតរបស់ខ្ញុំ រសរបស់ខ្ញុំ។បេ។ បពិត្រសមណៈ កាយរបស់ខ្ញុំ ផោដ្ឋព្វៈរបស់ខ្ញុំ។បេ។ បពិត្រសមណៈ ចិត្តរបស់ខ្ញុំ ធម្មារម្មណ៍របស់ខ្ញុំ មនោសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់ខ្ញុំ បពិត្រសមណៈ ព្រះអង្គទៅក្នុងទីណា ទើបរួចចាកវិស័យរបស់ខ្ញុំ។

[៤៧៦] ព្រះអង្គត្រាស់ថា

ម្នាលមារ ភ្នែករបស់អ្នក រូបរបស់អ្នក ចក្ខុសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់អ្នកពិតមែន ម្នាលមារ តែថា ចក្ខុមិនមាន រូបមិនមាន ចក្ខុសម្ផ័ស្ស និងវិញ្ញាណាយតនៈមិនមានក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែនជាគតិរបស់អ្នកឯងឡើយ ម្នាលមារ ត្រចៀករបស់អ្នក សំឡេងរបស់អ្នក សោតសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន ម្នាលមារ តែថា ត្រចៀកមិនមាន សំឡេងមិនមាន សោតសម្ផ័ស្ស និងវិញ្ញាណាយតនៈមិនមានក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែនជាគតិរបស់អ្នកឯងឡើយ ម្នាលមារ ច្រមុះរបស់អ្នក ក្លិនរបស់អ្នក ឃានសម្ផ័ស្ស និងវិញ្ញាណាយតនៈរបស់អ្នកពិតមែន ម្នាលមារ តែថា ច្រមុះមិនមាន ក្លិនមិនមាន ឃានសម្ផ័ស្ស និងវិញ្ញាណាយតនៈមិនមាន ក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែនជាគតិ របស់អ្នកឯងឡើយ ម្នាលមារ អណ្តាតរបស់អ្នក រសរបស់អ្នក ជិវ្ហាសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន។បេ។ ម្នាលមារ កាយរបស់អ្នក ផ្សព្វរបស់អ្នក កាយសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន។បេ។ ម្នាលមារ ចិត្តរបស់អ្នក ធម្មារម្មណ៍របស់អ្នក មនោសម្ផ័ស្ស និងវិញ្ញាណាយតនៈ របស់អ្នកពិតមែន ម្នាលមារ តែថា ចិត្តមិនមាន ធម្មារម្មណ៍មិនមាន មនោសម្ផ័ស្ស និងវិញ្ញាណាយតនៈ មិនមានក្នុងទីណា ម្នាលមារ ក្នុងទីនោះ មិនមែនជាគតិ របស់អ្នកទេ។

[៤៧៧] មារពោលតបថា

ជនទាំងឡាយណា តែងពោលនូវរបស់ណាថា នេះរបស់អញ ដូច្នេះក្តី ពោលថា អញដូច្នេះក្តី បើព្រះទ័យរបស់ព្រះអង្គ មានក្នុងរបស់នុ៎ះ នៃជនទាំងនោះដែរ បពិត្រសមណៈ ព្រះអង្គមិនរួចចាកវិស័យ របស់ខ្ញុំឡើយ។

[៤៧៨] ព្រះសម្ពុទ្ធត្រាស់ថា

ពួកជនពោលដៅយករបស់ណា របស់នោះមិនមាន ដល់តថាគតទេ ពួកជនណាពោលថា (អញដូច្នេះ) ពួកជននោះ មិនដូចតថាគតទេ ម្នាលមារ អ្នកឯង ចូរដឹងយ៉ាងនេះចុះ អ្នកឯងមិនឃើញផ្លូវតថាគតទេ។

គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។

រជ្ជសូត្រ ទី១០

(១០. រជ្ជសុត្តំ)

[៤៧៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងខ្ទមក្នុងព្រៃ នាហិមវន្តប្បទេស ក្នុងដែនកោសល។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីស្ងាត់ ពួនសម្ងំនៅ (ក្នុងផលសមាបត្តិ) មានព្រះទ័យត្រិះរិះ កើតឡើងយ៉ាងនេះថា កាលបើតថាគត មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ អាចនឹងសោយរាជ្យដោយធម៌បានឬហ្ន៎។

[៤៨០] គ្រានោះឯង មារមានចិត្តបាប ដឹងនូវបរិវិតក្កៈ ក្នុងព្រះទ័យរបស់ព្រះមានព្រះភាគ ដោយចិត្តរបស់ខ្លួនហើយ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ សូមសោយរាជ្យដោយធម៌ចុះ សូមព្រះសុគត សោយរាជ្យដោយធម៌ចុះ។ ព្រះអង្គត្រាស់ថា ម្នាលមារ ចុះអ្នកឯង ឃើញហេតុដូចម្តេច របស់តថាគត បានជាអ្នកឯងពោលនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ មិនសម្លាប់ មិនឲ្យគេសម្លាប់ មិនបំផ្លាញគេ មិនឲ្យគេបំផ្លាញ មិនសោកសៅ មិនធ្វើគេឲ្យសោកសៅ សូមសោយរាជ្យដោយធម៌ចុះ សូមព្រះសុគត សោយរាជ្យដោយធម៌ចុះ។ មារទូលតបថា

បពិត្រព្រះអង្គដ៏ចំរើន ព្រោះ ឥទ្ធិបាទ ៤ប្រការ ព្រះមានព្រះភាគ បានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើឲ្យជាទីតាំងហើយ បានឲ្យឋិតនៅរឿយៗហើយ បានសន្សំហើយ បានប្រារព្ធដោយប្រពៃហើយ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើព្រះមានព្រះភាគ ប៉ុនប៉ងនឹងអធិដ្ឋានស្តេចភ្នំឈ្មោះ ហិមវន្ត ឲ្យទៅជាមាស ភ្នំនោះ ក៏ក្លាយទៅជាភ្នំមាសបាន។

[៤៨១] ព្រះអង្គត្រាស់ថា

ភ្នំមាសសុទ្ធ មានសម្បុរល្អ ទោះបីភ្នំពីរ ក៏មិនល្មមគ្រាន់ដល់បុគ្គលម្នាក់ឡើយ បុគ្គលដឹងដូច្នេះ គួរប្រព្រឹត្តស្មើ សត្វណា បានឃើញសេចក្តីទុក្ខ ដែលមានកាមជាហេតុ សត្វនោះ នឹងបង្អោនចិត្តទៅរកកាម ដូចម្តេចកើត លុះសត្វបានដឹងច្បាស់ នូវឧបធិ ក្នុងលោកថា ជាគ្រឿងចំពាក់ដូច្នេះហើយ គួរសិក្សាដើម្បីកំចាត់បង់ នូវឧបធិនោះចេញ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគ ស្គាល់អញ ព្រះសុគត ស្គាល់អញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

ចប់ បាសាណវគ្គ ទី២។

បញ្ជីរឿងនៃបាសាណវគ្គនោះ គឺ

បាសាណសូត្រ១ សីហសូត្រ១ សកលិកសូត្រ១ បដិរូបសូត្រ១ មានសសូត្រ១ បត្តសូត្រ១ អាយតនសូត្រ១ បិណ្ឌសូត្រ១ កស្សកសូត្រ១ រជ្ជសូត្រ១ រួមត្រូវជា១០សូត្រ។

សម្ពហុលវគ្គ ទី៣

(៣. តតិយវគ្គោ)

សម្ពហុលសូត្រ ទី១

(១. សម្ពហុលសុត្តំ)

[៤៨២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុកសិលាវតី ក្នុងដែនសក្កៈ។ សម័យនោះឯង ពួកភិក្ខុច្រើនរូប ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅហើយ នៅក្នុងទីជិតនៃព្រះមានព្រះភាគ។

[៤៨៣] គ្រានោះឯង មារមានចិត្តបាប និម្មិតភេទជាព្រាហ្មណ៍ មានផ្នួងសក់ធំ ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក ជាមនុស្សចាស់គ្រាំគ្រា មានកាយកោង ដូចបង្កង់ផ្ទះ ដកដង្ហើមចូលឮសូរឃរូកៗ កាន់ឈើច្រត់ដើមល្វា ចូលទៅរកពួកភិក្ខុ លុះចូលទៅដល់ និយាយនឹងពួកភិក្ខុនោះ ដូច្នេះថា លោកដ៏ចម្រើនទាំងឡាយ ជាអ្នកបួស នៅក្មេងកម្លោះ មានសក់ខ្មៅស្រិល ប្រកបដោយវ័យល្អ គឺបឋមវ័យ មិនទាន់ដែលលេងកាមទាំងឡាយទេ ចូរលោកដ៏ចម្រើនទាំងឡាយ បរិភោគកាម ជារបស់មនុស្សសិន ចូរលោកទាំងឡាយ កុំលះបង់សន្ទិដ្ឋិកកាម39) ហើយស្ទុះទៅរកកាលិកកាម40) ឡើយ។ ពួកភិក្ខុតបវិញថា ម្នាលព្រាហ្មណ៍ ពួកយើងមិនមែនលះបង់សន្ទិដ្ឋិកកាម ស្ទុះទៅរកកាលិកកាមទេ ម្នាលព្រាហ្មណ៍ ពួកយើងលះបង់កាលិកកាម ស្ទុះទៅរកសន្ទិដ្ឋិកលោកុត្តរធម៌ទេតើ ម្នាលព្រាហ្មណ៍ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ មានច្រើនក្រៃលែង ធម៌នេះ ជាធម៌ដែលត្រូវឃើញច្បាស់ខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងបានចំពោះខ្លួនឯង។ កាលពួកភិក្ខុ ពោលយ៉ាងនេះ មារមានចិត្តបាប ក៏ងក់ក្បាល លៀនអណ្តាត ធ្វើថ្ងាសឲ្យមានផ្នត់៣ជាន់ ហើយច្រត់ឈើច្រត់ ដើរចៀសចេញទៅ។

[៤៨៤] ទើបភិក្ខុទាំងនោះ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានជោគ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានជោគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ជាអ្នកមិនប្រមាទ ព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីជិតព្រះអង្គឯណោះ បពិត្រព្រះអង្គដ៏ចំរើន ស្រាប់តែមានព្រាហ្មណ៍ម្នាក់ មានផ្នួងសក់ធំ ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក ជាមនុស្សចាស់ជរា មានកាយកោង ដូចបង្កង់ផ្ទះ ដកដង្ហើមឮឃរូកៗ កាន់ឈើច្រត់ដើមល្វា ចូលទៅរកពួកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ បាននិយាយនឹងពួកខ្ញុំព្រះអង្គ យ៉ាងនេះថា លោកទាំងឡាយដ៏ចម្រើន ជាអ្នកបួស នៅក្មេងកម្លោះ មានសក់ខ្មៅស្រិល ប្រកបដោយវ័យល្អ គឺបឋមវ័យ មិនទាន់ដែលលេងក្នុងកាមទាំងឡាយ ចូរលោកដ៏ចម្រើនទាំងឡាយ បរិភោគកាម ជារបស់មនុស្សសិន កុំលះបង់សន្ទិដ្ឋិកកាម ស្ទុះទៅរកកាលិកកាមឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រាហ្មណ៍នោះ ពោលយ៉ាងនេះ ពួកខ្ញុំព្រះអង្គ ក៏បានតបនឹងព្រាហ្មណ៍នោះ ដូច្នេះថា ម្នាលព្រាហ្មណ៍ យើងមិនមែនលះបង់សន្ទិដ្ឋិកកាម ស្ទុះទៅរកកាលិកកាមទេ ម្នាលព្រាហ្មណ៍ ពួកយើងលះបង់កាលិកកាម ស្ទុះទៅរកសន្ទិដ្ឋិកលោកុត្តរធម៌ទេតើ ម្នាលព្រាហ្មណ៍ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាលិកកាមនុ៎ះ មានច្រើនក្រៃលែង ធម៌នេះ ជាធម៌ដែលត្រូវឃើញច្បាស់ខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនមកទុកក្នុងខ្លួន ជាធម៌ដែលពួកវិញ្ញូជន គប្បីដឹងបានចំពោះខ្លួនឯង បពិត្រព្រះអង្គដ៏ចំរើន កាលបើយើងខ្ញុំព្រះអង្គ ពោលយ៉ាងនេះ ព្រាហ្មណ៍នោះ ក៏ងក់ក្បាល លៀនអណ្តាត ធ្វើថ្ងាសឲ្យមានផ្នត់ ៣ជាន់ ហើយច្រត់ឈើច្រត់ ដើរចៀសចេញទៅ។

[៤៨៥] ព្រះអង្គទ្រង់ត្រាស់តបថា ម្នាលភិក្ខុទាំងឡាយ អ្នកនុ៎ះ មិនមែនជាព្រាហ្មណ៍ទេ អ្នកនុ៎ះ ជាមារមានចិត្តបាប មកដើម្បីធ្វើបញ្ញាចក្ខុ របស់អ្នកទាំងឡាយឲ្យវិនាសទេតើ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបសេចក្តីនុ៎ះហើយ ទើបត្រាស់គាថានេះ ក្នុងវេលានោះថា

សត្វណាបានឃើញសេចក្តីទុក្ខ ដែលមានកាមណាជាហេតុ សត្វនោះ នឹងបង្អោនចិត្តទៅរកកាមនោះ ដូចម្តេចកើត (បើ) សត្វ បានដឹងច្បាស់ នូវឧបធិកិ្កលេស ថាជាគ្រឿងចំពាក់ក្នុងលោក ដូច្នេះហើយ គួរសិក្សាដើម្បីកំចាត់បង់ នូវឧបធិក្កិលេសនោះចេញ។

សមិទ្ធិសូត្រ ទី២

(២. សមិទ្ធិសុត្តំ)

[៤៨៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុក សិលាវតី ក្នុងដែនសក្កៈ។ សម័យនោះឯង ព្រះសមិទ្ធិមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីជិត នៃព្រះមានព្រះភាគ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ នៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះ កើតឡើងក្នុងចិត្ត យ៉ាងនេះថា អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានព្រះអរហន្ត សម្មាសម្ពុទ្ធជាគ្រូ អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ បានបួសក្នុងធម្មវិន័យ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយដោយប្រពៃ យ៉ាងនេះ អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានពួកបុគ្គលមានសីល មានធម៌ដ៏ល្អ ជាសព្រហ្មចារី។

[៤៨៧] លំដាប់នោះឯង មារមានចិត្តបាប បានដឹងសេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះសមិទ្ធិមានអាយុ ដោយចិត្តរបស់ខ្លួន ក៏ចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសំឡេងគួរខ្លាច គួរស្ញប់ស្ញែងយ៉ាងខ្លាំង ក្នុងទីជិតព្រះសមិទ្ធិមានអាយុ ចំណែកផែនដី ហាក់ដូចជាលាន់រំពង។

[៤៨៨] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នក មិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីជិតព្រះមានព្រះភាគឯណោះ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គនោះ នៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះ កើតឡើងក្នុងចិត្ត យ៉ាងនេះថា អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានព្រះអរហន្ត សម្មាសម្ពុទ្ធជាគ្រូ អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ បានបួសក្នុងធម្មវិន័យ ដែលព្រះអង្គ ទ្រង់សំដែងហើយដោយប្រពៃ យ៉ាងនេះ អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានពួកបុគ្គលមានសីល មានធម៌ដ៏ល្អ ជាសព្រហ្មចារី បពិត្រព្រះអង្គដ៏ចំរើន សំឡេងគួរខ្លាច គួរស្ញប់ស្ញែងយ៉ាងខ្លាំង ក៏កើតមាន ក្នុងទីជិតខ្ញុំព្រះអង្គនោះ ចំណែកផែនដី ហាក់ដូចជាលាន់ឮរំពង។

[៤៨៩] ព្រះអង្គទ្រង់ត្រាស់តបថា ម្នាលសមិទ្ធិ នុ៎ះមិនមែនជាផែនដីលាន់ឮរំពងទេ នុ៎ះជាមារមានចិត្តបាប មកដើម្បីធ្វើបញ្ញាចក្ខុរបស់អ្នក ឲ្យវិនាសទេតើ ម្នាលសមិទ្ធិ ចូរអ្នកទៅចុះ អ្នកកុំប្រមាទ ខំព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីនោះវិញចុះ។ ព្រះសមិទ្ធិមានអាយុ ក៏ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ដូច្នេះហើយ ក្រោកអំពីអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ដើរចេញទៅ។

[៤៩០] ព្រះសមិទ្ធិមានអាយុ មិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីនោះឯង អស់វារៈ ជាគម្រប់ពីរដង។ ព្រះសមិទ្ធិមានអាយុ នៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងកម្មដ្ឋាន អស់វារៈ ជាគម្រប់ពីរដង។បេ។ មារមានចិត្តបាប បានដឹងសេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះសមិទ្ធិមានអាយុ ដោយចិត្តរបស់ខ្លួន អស់វារៈជាគម្រប់ពីរដងផង។បេ។ ចំណែកផែនដី ហាក់ដូចជាលាន់ឮរំពង។

[៤៩១] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ ដឹងច្បាស់ថា អ្នកនេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបពោលនឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

អាត្មាចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយសទ្ធា សតិ និងបញ្ញា អាត្មាបានដឹងហើយ ទាំងចិត្តសោត ក៏បានតាំងល្អហើយ ចូរអ្នកធ្វើរូប (ដែលគួរខ្លាច) តាមប្រាថ្នាចុះ អ្នកមិនអាចធ្វើអាត្មា ឲ្យញាប់ញ័របានឡើយ។

គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា សមិទ្ធិភិក្ខុ ស្គាល់អាត្មាអញ ដូច្នេះហើយ ក៏បាត់ចាកទីនោះទៅ។

គោធិកសូត្រ ទី៣

(៣. គោធិកសុត្តំ)

[៤៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះគោធិកៈមានអាយុ នៅក្នុងកាឡសិលា ខាងភ្នំឥសិគិលិ។

[៤៩៣] គ្រានោះឯង ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា។ លំដាប់នោះឯង ព្រះគោធិកៈមានអាយុ សាបសូន្យចាកចេតោវិមុត្តិ ដែលប្រកបតាមកាលវេលានោះ។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយក៏បាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈ ជាគម្រប់ពីរដង។ ព្រះគោធិកៈមានអាយុ សាបសូន្យ ចាកចេតោវិមុត្តិ ប្រកបតាមកាលវេលានោះ អស់វារៈជាគម្រប់ពីរដងទៀត។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈ ជាគម្រប់បីដង។ ព្រះគោធិកៈមានអាយុ។បេ។ សាបសូន្យ ចាកចេតោវិមុត្តិនោះ អស់វារៈជាគម្រប់បីដង។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ។បេ។ បាននូវចេតោវិមុត្តិ អស់វារៈជាគម្រប់៤ដង។ ព្រះគោធិកៈមានអាយុ។បេ។ សាបសូន្យចាកចេតោវិមុត្តិនោះ អស់វារៈជាគម្រប់៤ដង។ ព្រះគោធិកៈមានអាយុ។បេ។ បាននូវចេតោវិមុត្តិ អស់វារៈ ជាគម្រប់៥ដង។ ព្រះគោធិកៈមានអាយុ។បេ។ សាបសូន្យចាកចេតោវិមុត្តិ អស់វារៈជាគម្រប់៥ដង។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈជាគម្រប់៦ដង។ ព្រះគោធិកៈមានអាយុ សាបសូន្យចាកចេតោវិមុត្តិ ប្រកបតាមកាលវេលានោះ អស់វារៈ ជាគម្រប់៦ដងទៀត។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយក៏បាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈជាគម្រប់៧ដង។ គ្រានោះឯង ព្រះគោធិកៈមានអាយុ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ សាបសូន្យចាកចេតោវិមុត្តិ ប្រកបតាមកាល ដរាបអស់វារៈជាគម្រប់៦ដងហើយ បើដូច្នោះ គួរតែអាត្មាអញ យកកាំបិតមក។

[៤៩៤] គ្រានោះឯង មារមានចិត្តបាប បានដឹងនូវបរិវិតក្កៈ ក្នុងចិត្តរបស់ព្រះគោធិកៈមានអាយុ ដោយចិត្ត (របស់ខ្លួន) ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹងព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា

បពិត្រព្រះអង្គ អ្នកមានព្យាយាមធំ មានប្រាជ្ញាច្រើន រុងរឿងដោយឫទ្ធិ និងយស កន្លងបង់នូវពៀរ និងភ័យគ្រប់ប្រការ ទ្រង់មានចក្ខុ ខ្ញុំព្រះអង្គ សូមក្រាបថ្វាយបង្គំព្រះបាទា បពិត្រព្រះអង្គ អ្នកមានព្យាយាមធំ សាវ័ករបស់ព្រះអង្គ ត្រូវសេចក្តីស្លាប់គ្របសង្កត់ ប្រាថ្នាគិតនូវសេចក្តីស្លាប់ បពិត្រព្រះអង្គ អ្នកទ្រទ្រង់នូវអានុភាព សូមព្រះអង្គឃាត់ នូវសាវ័កនោះ បពិត្រព្រះមានព្រះភាគ អ្នកល្បីក្នុងប្រជុំជន សាវ័ករបស់ព្រះអង្គ ជាសេក្ខបុគ្គល មានបំណងមិនទាន់សម្រេច នៅត្រេកអរក្នុងសាសនា គប្បីធ្វើមរណកាលដូចម្តេចបាន។

សម័យនោះឯង ព្រះគោធិកៈមានអាយុ ក៏យកកាំបិតមក។

[៤៩៥] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា អ្នកនេះ ជាមារមានចិត្តបាប ដូច្នេះហើយ ទើបពោលនឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

ពិតមែន អ្នកប្រាជ្ញទាំងឡាយ តែងធ្វើយ៉ាងនេះឯង រមែងមិននឹកស្តាយ នូវជីវិត គោធិកភិក្ខុ បានដកតណ្ហា ព្រមទាំងឫស បរិនិព្វានហើយ។

[៤៩៦] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ មក យើងនឹងចូលទៅឯ កាឡសិលា ខាងភ្នំឥសិគិលិ ដ្បិតគោធិកកុលបុត្រ យកកាំបិតមកហើយ។ ពួកភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគ ថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅកាន់កាឡសិលា ខាងភ្នំឥសិគិលិ មួយអន្លើ ដោយពួកភិក្ខុច្រើនរូប។ ព្រះមានព្រះភាគ ក៏បានឃើញគោធិកៈមានអាយុ កំពុងដេកផ្ងារ ផ្ងើយ-ក លើគ្រែ អំពីចម្ងាយលឹមៗ។ សម័យនោះឯង ផ្សែង និងអ័ព្ទ ក៏បក់ទៅកាន់ទិសខាងកើតខ្លះ បក់ទៅកាន់ទិសខាងលិចខ្លះ បក់ទៅកាន់ទិសខាងជើងខ្លះ បក់ទៅកាន់ទិសខាងត្បូងខ្លះ បក់ទៅកាន់ទិសខាងលើខ្លះ បក់ទៅកាន់ទិសខាងក្រោមខ្លះ បក់ទៅកាន់ទិសតូចខ្លះ។

[៤៩៧] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញនូវផ្សែង និងអ័ព្ទនុ៎ះ បក់ទៅកាន់ទិសខាងកើត បក់ទៅកាន់ទិសខាងលិច បក់ទៅកាន់ទិសខាងជើង បក់ទៅកាន់ទិសខាងត្បូង បក់ទៅកាន់ទិសខាងលើ បក់ទៅកាន់ទិសខាងក្រោម បក់ទៅកាន់ទិសតូច ឬទេ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ នុ៎ះឯង ជាមារមានចិត្តបាប កំពុងស្វែងរកបដិសន្ធិវិញ្ញាណ នៃគោធិកកុលបុត្តថា វិញ្ញាណរបស់គោធិកកុលបុត្ត ឋិតនៅក្នុងទីណា ម្នាលភិក្ខុទាំងឡាយ ឯគោធិកកុលបុត្ត មានវិញ្ញាណមិនបានឋិតនៅទេ បរិនិព្វានហើយ។

[៤៩៨] គ្រានោះឯង មារមានចិត្តបាប យកពិណមានពណ៌លឿង ដូចផ្លែព្នៅ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ខ្ញុំព្រះអង្គ បានស្វែងរក (វិញ្ញាណ) របស់គោធិកកុលបុត្ត ក្នុងទិសខាងលើផង ខាងក្រោមផង ទិសទទឹងផង ទិសធំ ទិសតូចផង មិនបានចួបប្រទះសោះឡើយ ចុះគោធិកៈនោះ ទៅក្នុងទីណា។

[៤៩៩] ព្រះអង្គត្រាស់តបថា គោធិកភិក្ខុ ជាអ្នកប្រាជ្ញ បរិបូណ៌ដោយប្រាជ្ញា ជាអ្នកមានឈាន អ្នកត្រេកអរក្នុងឈាន សព្វកាល ខំប្រឹងប្រែងទាំងថ្ងៃ ទាំងយប់ មិនគិតស្តាយជីវិត បានឈ្នះសេនារបស់មច្ចុ មិនមកកាន់ភពថ្មីទៀត ដកតណ្ហា ព្រមទាំងឫស បរិនិព្វានហើយ។ កាលមារនោះ កំពុងត្រូវសោកគ្របសង្កត់ ពិណក៏របូតចេញអំពីក្លៀក តពីនោះមក យក្ខនោះ ក៏មានសេចក្តីតូចចិត្ត ហើយក៏បាត់ចាកទីនោះទៅ។

សត្តវស្សសូត្រ ទី៤

(៤. សត្តវស្សានុពន្ធសុត្តំ)

[៥០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្រោមអជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ សម័យនោះឯង មារមានចិត្តបាប ជាប់តាមព្រះមានព្រះភាគ អស់៧ឆ្នាំ រមិលមើលទោស តែមិនបានឃើញទោសឡើយ។

[៥០១] គ្រានោះ មារមានចិត្តបាប ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ព្រះអង្គត្រូវសេចក្តីសោកគ្របសង្កត់ ទើបសញ្ជប់សញ្ជឹងនៅក្នុងព្រៃឬ ព្រះអង្គប្រាថ្នានូវទ្រព្យបានឈ្នះហើយឬ ឬក៏ព្រះអង្គធ្វើអំពើអាក្រក់ណាមួយ ក្នុងស្រុកទេដឹង ព្រោះហេតុអ្វី ព្រះអង្គមិនយកពួកជនធ្វើជាមិត្ត មិត្តរបស់ព្រះអង្គ រមែងមិនសម្រេចដោយហេតុណាមួយឡើយ។

[៥០២] ព្រះអង្គត្រាស់តបថា តថាគត ជីកឫសគល់សេចក្តីសោកទាំងអស់ហើយ មិនមានអំពើអាក្រក់ មិនសោកសៅ សញ្ជប់សញ្ជឹងទេ ម្នាលមារ តថាគត ឈ្នះនូវតណ្ហា គឺសេចក្តីលោភ ក្នុងភពទាំងអស់ហើយ ជាអ្នកមិនមានអាសវៈ តែងស្មឹងស្មាធិ៍។

[៥០៣] មារតបថា ជនទាំងឡាយណា តែងពោលនូវរបស់ណាថា នេះរបស់អញ ដូច្នេះក្តី ពោលថា អញ ដូច្នេះក្តី បើព្រះហឫទ័យរបស់ព្រះអង្គ មានក្នុងរបស់នុ៎ះដែរ បពិត្រសមណៈ ព្រះអង្គមិនរួចចាកវិស័យរបស់ខ្ញុំឡើយ។

[៥០៤] ព្រះអង្គត្រាស់ថា ពួកជន ពោលដៅយករបស់ណា របស់នោះ មិនមានដល់តថាគតទេ ពួកជនណាពោលថា (អញដូច្នេះ) ពួកជននោះ មិនដូចតថាគតទេ ម្នាលមារ អ្នកឯងចូរដឹងយ៉ាងនេះចុះ អ្នកឯង មិនឃើញផ្លូវនៃតថាគតទេ។

[៥០៥] មារទូលថា ប្រសិនបើព្រះអង្គបាននូវផ្លូវ ដែលព្រះអង្គបានត្រាស់ដឹងហើយ ជាផ្លូវដ៏ក្សេម ជាផ្លូវសម្រាប់ទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ ចូរព្រះអង្គ ចេញទៅ ចូរព្រះអង្គទៅចុះ ព្រះអង្គជាបុគ្គលម្នាក់ឯង ប្រៀនប្រដៅបុគ្គលដទៃ ដូចម្តេចកើត។

[៥០៦] ព្រះអង្គត្រាស់ថា ពួកជនណា ប្រាថ្នាទៅកាន់ត្រើយ គឺព្រះនិព្វាន លះបង់នូវព្រះនិព្វាន ដែលមិនមែនជាឱកាសនៃមច្ចុ តថាគត កាលបើពួកជននោះ សួរហើយ នឹងប្រាប់ថា ធម្មជាតណាជារបស់ពិត ធម្មជាតនោះ មិនមានឧបធិក្កិលេសឡើយ។

[៥០៧] មារពោលតបថា បពិត្រព្រះអង្គដ៏ចំរើន ស្រុក ឬនិគម មានស្រះបោក្ខរណីនៅជិត ក្នុងស្រះនោះ មានក្តាម១ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះឯង ពួកក្មេងប្រុស ឬក្មេងស្រី ច្រើននាក់ នាំគ្នាចេញទៅអំពីស្រុក ឬនិគមនោះ ចូលសំដៅទៅរកស្រះបោក្ខរណី លុះចូលទៅដល់ហើយ ទើបស្រង់ក្តាមនោះ អំពីទឹក មកដាក់លើគោក បពិត្រព្រះអង្គដ៏ចំរើន ក្តាមនោះ លានូវជើងណាៗ ពួកក្មេងប្រុស ឬក្មេងស្រី ក៏យកកំណាត់ឈើ ឬអំបែង មកកាច់បំបាក់ កម្ទេចចោល នូវជើងនោះៗទៅ បពិត្រព្រះអង្គដ៏ចំរើន លុះក្តាមនោះ មានជើងទាំងអស់ ត្រូវគេកាច់បំបាក់ កម្ទេចចោល យ៉ាងនេះហើយ ក៏មិនគួរនឹងចុះកាន់ស្រះបោក្ខរណីនោះ ឲ្យដូចជាក្នុងពេលមុនបានទៀតឡើយ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន មានឧបមេយ្យដូចយ៉ាងអំពើណាមួយ ដែលជាចម្រូងចម្រាស់ ជាទំនាស់ ញាប់ញ័រ អំពើទាំងអស់នោះ ព្រះមានព្រះភាគ បានកាច់បំបាក់ កម្ទេចចោលហើយ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលឥឡូវនេះ ខ្ញុំព្រះអង្គ មិនគួរនឹងចូលទៅរមិលមើលទោស ចំពោះព្រះមានព្រះភាគបានទៀតឡើយ។

[៥០៨] គ្រានោះឯង មារមានចិត្តបាប ក៏បានពោលគាថា ដែលគួរនឿយណាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា

ក្អែក ឃើញថ្មដែលមានសម្បុរដូចខ្លាញ់ខាប់ ហើរក្រឡឹងជុំវិញ ដោយគិតថា យើងនឹងបាននូវអាហារទន់ ក្នុងទីនុ៎ះ អាហារឆ្ងាញ់ នឹងគប្បីមាន លុះក្អែកនោះ មិនបាននូវអាហារឆ្ងាញ់ ក្នុងទីនោះហើយ ក៏ព្យាយាមហើរចេញទៅ បពិត្រព្រះគោតម យើងក៏នឿយណាយ ដូចជាក្អែក ដែលចួបប្រទះនឹងថ្ម ដូច្នោះដែរ។

លុះមារមានចិត្តបាប បានពោលគាថា ដែលគួរនឿយណាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគរួចហើយ ក៏គេចចេញពីទីនោះ ទៅអង្គុយពែនភ្នែនលើផែនដីនៅស្ងៀម អៀនអន់ ឱនក ដាក់មុខចុះ សញ្ជប់សញ្ជឹង មិនក្លៀវក្លា គូសផែនដីដោយកំណាត់ឈើ ក្នុងទីជិតនៃព្រះមានព្រះភាគ។

មារធីតុសូត្រ ទី៥

(៥. មារធីតុសុត្តំ)

[៥០៩] គ្រានោះឯង ធីតារបស់មារ ឈ្មោះ នាងតណ្ហា ១ អរតី ១ រាគា ១ នាំគ្នាចូលទៅរកមារមានចិត្តបាប លុះចូលទៅដល់ ក៏ពោលនឹងមារមានចិត្តបាប ដោយគាថា ដូច្នេះថា

បពិត្របិតា ព្រះអង្គតូចចិត្តដោយហេតុអ្វី ព្រះអង្គសោកស្តាយបុរសណាហ្ន៎ យើងខ្ញុំម្ចាស់ នឹងចងបុរសនោះ ដោយអន្ទាក់ គឺរាគៈ ហើយនាំមក ដូចជាបុគ្គលចងដំរីព្រៃ បុរសនោះ នឹងលុះក្នុងអំណាចរបស់ព្រះអង្គ។

[៥១០] មារតបថា ព្រះសុគត ជាព្រះអរហន្តក្នុងលោក មិនងាយនឹងនាំមក ដោយរាគៈបានឡើយ លោកកន្លងនូវវដ្តៈ ជាទីតាំងនៃមាររួចហើយ ព្រោះហេតុនោះ ទើបអញសោកស្តាយក្រែលែង។

[៥១១] លំដាប់នោះ ធីតារបស់មារឈ្មោះ នាងតណ្ហា១ អរតី១ រាគា១ បាននាំគ្នាចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទាព្រះអង្គ។ គ្រានោះឯង ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុងព្រះហឫទ័យឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១២] គ្រានោះឯង ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីដ៏សមគួរ ហើយក៏គិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់បុរសទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរពួកយើងនិម្មិតនូវវណ្ណៈ នៃនាងកុមារីមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ ទើបធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ នាំគ្នានិម្មិតនូវវណ្ណៈ នៃនាងកុមារីមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់ ហើយចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទារបស់ព្រះអង្គ។ ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុងព្រះហឫទ័យ នឹងពាក្យនោះឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១៣] គ្រានោះឯង ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីសមគួរ ហើយគិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់បុរសទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរពួកយើងនិម្មិតនូវវណ្ណៈស្រីមិនទាន់សម្រាលមួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ ទើបធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ និម្មិតនូវវណ្ណៈស្រីមិនទាន់សម្រាល មួយរយ ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់ ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រសមណៈ យើងទាំងឡាយ សូមបម្រើបាទាព្រះអង្គ។ ព្រះមានព្រះភាគ មិនបានធ្វើទុកក្នុងព្រះហឫទ័យនឹងពាក្យនោះឡើយ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១៤] លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីដ៏សមគួរ ទើបគិតព្រមគ្នា យ៉ាងនេះថា សេចក្តីប្រាថ្នារបស់បុរសទាំងឡាយ ផ្សេងៗគ្នា បើដូច្នោះ គួរតែពួកយើងនិម្មិតនូវវណ្ណៈស្រីមួយរយ ដែលទើបសម្រាលម្តង ក្នុងមួយៗ ធ្វើឲ្យបែកទៅជាមានវណ្ណៈមួយរយៗនាក់។ គ្រានោះឯង នាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈស្រីមួយរយ ដែលទើបសម្រាលម្តង ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១៥] លំដាប់នោះ នាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈ ស្រីមួយរយ ដែលសម្រាលអស់វារៈពីរដង ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១៦] លំដាប់នោះឯង នាងតណ្ហា១។បេ។ ពួកយើងនិម្មិតនូវវណ្ណៈស្រីមួយរយ មានវ័យជាកណ្តាល។ គ្រានោះឯង នាងតណ្ហា១។បេ។ ក៏និម្មិតនូវវណ្ណៈស្រី មួយរយ មានវ័យជាកណ្តាល ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១៧] លំដាប់នោះ នាងតណ្ហា១។បេ។ ពួកយើងនិម្មិតនូវវណ្ណៈស្រីចាស់ មួយរយ។ ទើបនាងតណ្ហា១។បេ។ និម្មិតនូវវណ្ណៈស្រីចាស់ មួយរយ ចូលទៅរកព្រះមានព្រះភាគ។បេ។ ព្រោះព្រះអង្គ មានព្រះហឫទ័យចុះស៊ប់ ក្នុងព្រះនិព្វានដ៏ប្រសើរ ជាទីអស់ទៅនៃឧបធិហើយ។

[៥១៨] លំដាប់នោះ ធីតារបស់មារ ឈ្មោះ តណ្ហា១ អរតី១ រាគា១ គេចចេញទៅក្នុងទីសមគួរ ហើយពោលដូច្នេះថា ឮថា បិតារបស់យើង បានពោលពិតមែនថា

ព្រះសុគត ជាព្រះអរហន្តក្នុងលោក មិនងាយនឹងនាំមក ដោយរាគៈបានឡើយ ព្រះអង្គកន្លងវដ្តៈ ជាទីតាំងនៃមាររួចហើយ ព្រោះហេតុនោះ ទើបអញសោកស្តាយក្រែលែង។

ព្រោះថាពួកយើង ព្យាយាម (ធ្វើ) សមណៈ ឬព្រាហ្មណ៍ណា ដែលមានរាគៈ មិនទាន់ទៅប្រាសនៅឡើយ ដោយសេចក្តីព្យាយាមនេះ ហឫទ័យ របស់សមណព្រាហ្មណ៍នោះ គប្បីបែក ឬឈាមដ៏ក្តៅ គប្បីខ្ពុរចេញអំពីមាត់ ឬដល់នូវសេចក្តីឆ្កួត ពុំនោះ រាយមាយចិត្ត ដូចយ៉ាងដើមបបុស មានពណ៌ខៀវ ដែលបុគ្គលដកចេញ តែងស្វិតស្រពោន ក្រៀមទៅយ៉ាងណា សមណព្រាហ្មណ៍នោះ គប្បីស្វិត ស្រពោនក្រៀមទៅ ដូច្នោះដែរ។ លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ បាននាំគ្នាចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរក្នុងទីដ៏សមគួរ។

[៥១៩] លុះមារធីតា ឈ្មោះនាងតណ្ហា ឈរនៅក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ព្រះអង្គ មានសេចក្តីសោកគ្របសង្កត់ ទើបសញ្ជប់សញ្ជឹងនៅក្នុងព្រៃឬ ព្រះអង្គ កាលប្រាថ្នានូវទ្រព្យ ត្រូវចាញ់គេហើយឬ ឬក៏ព្រះអង្គ ធ្វើអំពើអាក្រក់ណាមួយ ក្នុងស្រុកទេដឹង ព្រោះហេតុអ្វី បានជាព្រះអង្គមិនធ្វើនូវមិត្តភាព ជាមួយនឹងពួកជន មិត្តភាពរបស់ព្រះអង្គ មិនសម្រេចដោយហេតុណាមួយឬ។

[៥២០] ព្រះអង្គត្រាស់ថា តថាគត តែម្នាក់ឯង បានឈ្នះនូវសេនា ដែលមានសភាពគួរស្រឡាញ់ គួរត្រេកអរ កំពុងចម្រើនឈាន ក៏បានចួបនូវសេចក្តីសុខ ក្នុងព្រះអរហត្ត ដែលជាចំណែកនៃប្រយោជន៍ ឬជាសេចក្តីស្ងប់នៃហឫទ័យ ព្រោះហេតុនោះ បានជាតថាគត មិនធ្វើមិត្តភាព ជាមួយនឹងពួកជន មិត្តភាពរបស់តថាគត មិនសម្រេច ដោយហេតុណាមួយឡើយ។

[៥២១] ទើបមារធីតាឈ្មោះ អរតី បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

ភិក្ខុក្នុងសាសនានេះ ជាអ្នកច្រើនដោយវិហារធម៌ ដូចម្តេច បានឆ្លងនូវអន្លង់ ប្រព្រឹត្តទៅក្នុងទ្វារទាំង៥ ហើយឆ្លងអន្លង់ ប្រព្រឹត្តទៅក្នុងមនោទ្វារមួយទៀត ជាគម្រប់៦ ក្នុងអត្តភាពនេះ កាមសញ្ញាទាំងឡាយ ជាខាងក្រៅ មិនបានប្រទះបុគ្គលមានឈានច្រើននោះ ដោយប្រការដូចម្តេច។

[៥២២] ព្រះអង្គត្រាស់ថា បុគ្គល មានកាយស្ងប់រម្ងាប់ មានចិត្តរួចស្រឡះ ដោយប្រពៃហើយ មិនបានតាក់តែង មានស្មារតី មិនមានទីអាល័យ បានដឹងច្បាស់នូវចតុសច្ចធម៌ មានចតុត្ថជ្ឈានប្រាសចាកវិតក្កៈ មិនកម្រើក (ព្រោះទោសៈ) មិនរឭក (ព្រោះរាគៈ) មិនងោកងក់ (ព្រោះមោហៈ) ភិក្ខុក្នុងសាសនានេះ ជាអ្នកច្រើនដោយវិហារធម៌ យ៉ាងនេះ ឆ្លងនូវអន្លង់ ប្រព្រឹត្តទៅក្នុងទ្វារទាំង៥ បានឆ្លងនូវអន្លង ប្រព្រឹត្តទៅក្នុងមនោទ្វារមួយទៀត ជាគម្រប់៦ ក្នុងអត្តភាពនេះ កាមសញ្ញាទាំងឡាយ ជាខាងក្រៅ មិនបានប្រទះបុគ្គល មានឈានច្រើននោះ យ៉ាងនេះឯង។

[៥២៣] គ្រានោះឯង មារធីតាឈ្មោះ រាគា បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា

បុគ្គល ជាអ្នកប្រព្រឹត្តទៅក្នុងគណៈ និងសង្ឃ បានកាត់បង់នូវតណ្ហា មួយទៀត ពួកជនច្រើននាក់ មានសទ្ធា នឹងប្រព្រឹត្តដោយចំណែកមួយ ព្រះសាស្តានេះ មិនមានទីអាល័យ បានដណ្តើមយក នូវប្រជុំជនដ៏ច្រើន អំពីដៃនៃមច្ចុរាជ ហើយនាំទៅកាន់ត្រើយ គឺព្រះនិព្វាន។

[៥២៤] ព្រះតថាគតទាំងឡាយ មានព្យាយាមធំ តែងដឹកនាំសត្វ ដោយព្រះសទ្ធម្ម ច្រណែនអ្វីដល់ព្រះតថាគតទាំងឡាយ ដែលជាអ្នកប្រាជ្ញ អាចដឹកនាំសត្វដោយធម៌។

[៥២៥] លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ បាននាំគ្នាចូលទៅរកមារមានចិត្តបាប។ មារមានចិត្តបាប ក៏បានឃើញនូវមារធីតាឈ្មោះ នាងតណ្ហា១ អរតី១ រាគា១ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលដោយគាថាទាំងឡាយ ដូច្នេះថា

នាងទាំងឡាយជាពាល ញាំញីភ្នំ ដោយដើមកុមុទ ជីកភ្នំ ដោយក្រចក ទំពាដែក ដោយធ្មេញ ហាក់ដូចជាយកដុំថ្ម មកតំកល់លើក្បាល ហើយស្វែងរកទីពឹង ក្នុងបាតាល បៀតបៀនព្រះសមណគោតម ហាក់ដូចជាប្រហារនូវដង្គត់ត្រង់ទ្រូង (ខ្លួនឯង) ចូរនាងទាំងឡាយចេញទៅ។ នាងតណ្ហា អរតី រាគា ក៏នាំគ្នាដើរមក ដោយសេចក្តីរុងរឿង ព្រះសាស្តា បណ្តេញនូវនាងទាំងនោះ ពីទីនោះចេញ ដូចជាខ្យល់ ដែលបក់ផាត់នូវប៉ុយ ដែលធ្លាក់ចុះអំពីផ្លែ។

ចប់ សម្ពហុលវគ្គ ទី៣។

បញ្ជីរឿងនៃ សម្ពហុលវគ្គ នោះគឺ

សម្ពហុលសូត្រ១ សមិទ្ធិសូត្រ១ គោធិកសូត្រ១ សត្តវស្សសូត្រ១ ជាគម្រប់៥ នឹងមារធីតុសូត្រនេះ ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់សំដែងហើយ។

ចប់ មារសំយុត្ត។

ចប់ ភាគ២៩

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
សំយុត្តនិកាយ sut.sn
សគាថវគ្គ បឋមភាគ sut.sn.v1
ទេវតាសំយុត្ត sut.sn.01
នឡវគ្គ ទី ១ sut.sn.01.v01
ឱឃតរណសូត្រ ទី ១ ? sut.sn.01.001
និមោក្ខសូត្រ ទី ២ ? sut.sn.01.002
ឧបនេយ្យសូត្រ ទី ៣ ? sut.sn.01.003
អច្ចេន្តិសូត្រ ទី ៤ ? sut.sn.01.004
គតិច្ឆិន្ទិសូត្រ ទី ៥ ? sut.sn.01.005
ជាគរសូត្រ ទី ៦ ? sut.sn.01.006
អប្បដិវិទិតសូត្រ ទី ៧ ? sut.sn.01.007
សុសម្មុដ្ឋសូត្រ ទី ៨ ? sut.sn.01.008
មានកាមសូត្រ ទី ៩ ? sut.sn.01.009
អរញ្ញសូត្រ ទី ១០ ? sut.sn.01.010
នន្ទនវគ្គ ទី ២ sut.sn.01.v02
នន្ទនសូត្រ ទី ១ ? sut.sn.01.011
នន្ទិសូត្រ ទី ២ ? sut.sn.01.012
នត្ថិបុត្តសមសូត្រ ទី ៣ ? sut.sn.01.013
ខត្តិយសូត្រ ទី ៤ ? sut.sn.01.014
សកមានសូត្រ ទី ៥ ? sut.sn.01.015
និទ្ទាតន្ទិសូត្រ ទី ៦ ? sut.sn.01.016
ទុក្ករសូត្រ ទី ៧ ? sut.sn.01.017
ហិរិសូត្រ ទី ៨ ? sut.sn.01.018
កុដិកាសូត្រ ទី ៩ ? sut.sn.01.019
សមិទ្ធិសូត្រ ទី ១០ ? sut.sn.01.020
សតិវគ្គ ទី ៣ sut.sn.01.v03
សតិសូត្រ ទី ១ ? sut.sn.01.021
ផុសតិសូត្រ ទី ២ ? sut.sn.01.022
ជដាសូត្រ ទី ៣ ? sut.sn.01.023
មនោនិវារណសូត្រ ទី ៤ ? sut.sn.01.024
អរហន្តសូត្រ ទី ៥ ? sut.sn.01.025
បជ្ជោតសូត្រ ទី ៦ ? sut.sn.01.026
សរសូត្រ ទី ៧ ? sut.sn.01.027
មហទ្ធនសូត្រ ទី ៨ ? sut.sn.01.028
ចតុចក្កសូត្រ ទី ៩ ? sut.sn.01.029
ឯណិជង្ឈសូត្រ ទី ១០ ? sut.sn.01.030
សតុល្លប្បកាយិកវគ្គ ទី ៤ sut.sn.01.v04
សព្ភិសូត្រ ទី ១ ? sut.sn.01.031
មច្ឆរិសូត្រ ទី ២ ? sut.sn.01.032
សាធុសូត្រ ទី ៣ ? sut.sn.01.033
នសន្តិសូត្រ ទី ៤ ? sut.sn.01.034
ឧជ្ឈានសញ្ញិសូត្រ ទី ៥ ? sut.sn.01.035
សទ្ធាសូត្រ ទី ៦ ? sut.sn.01.036
សមយសូត្រ ទី ៧ ? sut.sn.01.037
សកលិកសូត្រ ទី ៨ ? sut.sn.01.038
បឋមបជ្ជុនធីតុសូត្រ ទី ៩ ? sut.sn.01.039
ទុតិយបជ្ជុនធីតុសូត្រ ទី ១០ ? sut.sn.01.040
អាទិត្តវគ្គ ទី ៥ sut.sn.01.v05
អាទិត្តសូត្រ ទី ១ ? sut.sn.01.041
កិន្ទទសូត្រ ទី ២ ? sut.sn.01.042
អន្នសូត្រ ទី ៣ ? sut.sn.01.043
ឯកមូលសូត្រ ទី ៤ ? sut.sn.01.044
អនោមិយសូត្រ ទី៥ ? sut.sn.01.045
អច្ចរាសូត្រ ទី ៦ ? sut.sn.01.046
វនរោបសូត្រ ទី ៧ ? sut.sn.01.047
ជេតវនសូត្រ ទី ៨ ? sut.sn.01.048
មច្ឆរិសូត្រ ទី ៩ ? sut.sn.01.049
ឃដិករសូត្រ ទី ១០ ? sut.sn.01.050
ជរាវគ្គ ទី ៦ sut.sn.01.v06
ជរាសូត្រ ទី ១ ? sut.sn.01.051
អជរសាសូត្រ ទី ២ ? sut.sn.01.052
មិត្តសូត្រ ទី ៣ ? sut.sn.01.053
វត្ថុសូត្រ ទី ៤ ? sut.sn.01.054
បឋមជនសូត្រ ទី ៥ ? sut.sn.01.055
ទុតិយជនសូត្រ ទី ៦ ? sut.sn.01.056
តតិយជនសូត្រ ទី ៧ ? sut.sn.01.057
ឧប្បថសូត្រ ទី ៨ ? sut.sn.01.058
ទុតិយសូត្រ ទី ៩ ? sut.sn.01.059
ភវិសូត្រ ទី ១០ ? sut.sn.01.060
អន្ធវគ្គ ទី ៧ sut.sn.01.v07
នាមសូត្រ ទី ១ ? sut.sn.01.061
ចិត្តសូត្រ ទី ២ ? sut.sn.01.062
តណ្ហាសូត្រ ទី ៣ ? sut.sn.01.063
សញ្ញោជនសូត្រ ទី ៤ ? sut.sn.01.064
ពន្ធនសូត្រ ទី ៥ ? sut.sn.01.065
អព្ភាហតសូត្រ ទី ៦ ? sut.sn.01.066
ឧឌ្ឌិតសូត្រ ទី ៧ ? sut.sn.01.067
បហិតសូត្រ ទី ៨ ? sut.sn.01.068
ឥច្ឆាសូត្រ ទី ៩ ? sut.sn.01.069
លោកសូត្រ ទី ១០ ? sut.sn.01.070
ឃត្វាវគ្គ ទី ៨ sut.sn.01.v08
ឃត្វាសូត្រ ទី ១ ? sut.sn.01.071
រថសូត្រ ទី ២ ? sut.sn.01.072
វិត្តសូត្រ ទី ៣ ? sut.sn.01.073
វុដ្ឋិសូត្រ ទី ៤ ? sut.sn.01.074
ភីតសូត្រ ទី ៥ ? sut.sn.01.075
នជិរតិសូត្រ ទី ៦ ? sut.sn.01.076
ឥស្សរសូត្រ ទី ៧ ? sut.sn.01.077
កាមសូត្រ ទី ៨ ? sut.sn.01.078
បាថេយ្យសូត្រ ទី ៩ ? sut.sn.01.079
បជ្ជោតសូត្រ ទី ១០ ? sut.sn.01.080
អរណសូត្រ ទី ១១ ? sut.sn.01.081
ទេវបុត្តសំយុត្ត sut.sn.02
កស្សបវគ្គ ទី ១ ? sut.sn.02.v01
បឋមកស្សបសូត្រ ទី ១ ? sut.sn.02.001
ទុតិយកស្សបសូត្រ ទី ២ ? sut.sn.02.002
មាឃសូត្រ ទី ៣ ? sut.sn.02.003
មាគធសូត្រ ទី ៤ ? sut.sn.02.004
ទាមលិសូត្រ ទី ៥ ? sut.sn.02.005
កាមទសូត្រ ទី ៦ ? sut.sn.02.006
បញ្ចាលចណ្ឌសូត្រ ទី ៧ ? sut.sn.02.007
តាយនសូត្រ ទី ៨ ? sut.sn.02.008
ចន្ទិមសូត្រ ទី ៩ ? sut.sn.02.009
សុរិយសូត្រ ទី ១០ ? sut.sn.02.010
អនាថបិណ្ឌិកវគ្គ ទី ២ ? sut.sn.02.v02
ចន្ទិមសសូត្រ ទី ១ ? sut.sn.02.011
វេណ្ឌុសូត្រ ទី ២ ? sut.sn.02.012
ទីឃលដ្ឋិសូត្រ ទី ៣ ? sut.sn.02.013
នន្ទនសូត្រ ទី ៤ ? sut.sn.02.014
ចន្ទនសូត្រ ទី ៥ ? sut.sn.02.015
វាសុទត្តសូត្រ ទី ៦ ? sut.sn.02.016
សុព្រហ្មសូត្រ ទី ៧ ? sut.sn.02.017
កកុធសូត្រ ទី ៨ ? sut.sn.02.018
ឧត្តរសូត្រ ទី ៩ ? sut.sn.02.019
អនាថបិណ្ឌិកសូត្រ ទី ១០ ? sut.sn.02.020
នានាតិត្ថិយវគ្គ ទី ៣ ? sut.sn.02.v03
សិវសូត្រ ទី ១ ? sut.sn.02.021
ខេមសូត្រ ទី ២ ? sut.sn.02.022
សេរីសូត្រ ទី ៣ ? sut.sn.02.023
ឃដិការសូត្រ ទី ៤ ? sut.sn.02.024
ជន្តុសូត្រ ទី ៥ ? sut.sn.02.025
រោហិតស្សសូត្រ ទី ៦ ? sut.sn.02.026
នន្ទសូត្រ ទី ៧ ? sut.sn.02.027
នន្ទិវិសាលសូត្រ ទី ៨ ? sut.sn.02.028
សុសិមសូត្រ ទី ៩ ? sut.sn.02.029
នានាតិត្ថិយសូត្រ ទី ១០ ? sut.sn.02.030
កោសលសំយុត្ត sut.sn.03
ទហរវគ្គ ទី ១ ? sut.sn.03.v01
ទហរសូត្រ ទី ១ ? sut.sn.03.001
បុរិសសូត្រ ទី ២ ? sut.sn.03.002
រាជសូត្រ ទី ៣ ? sut.sn.03.003
បិយសូត្រ ទី ៤ ? sut.sn.03.004
អត្តរក្ខិតសូត្រ ទី ៥ ? sut.sn.03.005
អប្បកសូត្រ ទី ៦ ? sut.sn.03.006
អត្ថករណសូត្រ ទី ៧ ? sut.sn.03.007
មល្លិកាសូត្រ ទី ៨ ? sut.sn.03.008
យញ្ញសូត្រ ទី ៩ ? sut.sn.03.009
ពន្ធនសូត្រ ទី ១០ ? sut.sn.03.010
ជដិលវគ្គ ទី ២ ? sut.sn.03.v02
ជដិលសូត្រ ទី ១ ? sut.sn.03.011
បញ្ចរាជសូត្រ ទី ២ ? sut.sn.03.012
ទោណបាកសូត្រ ទី ៣ ? sut.sn.03.013
បឋមសង្គាមវត្ថុសូត្រ ទី ៤ ? sut.sn.03.014
ទុតិយសង្គាមវត្ថុសូត្រ ទី ៥ ? sut.sn.03.015
ធីតុសូត្រ ទី ៦ ? sut.sn.03.016
បឋមអប្បមាទសូត្រ ទី ៧ ? sut.sn.03.017
ទុតិយអប្បមាទសូត្រ ទី ៨ ? sut.sn.03.018
បឋមាបុត្តកសូត្រ ទី ៩ ? sut.sn.03.019
ទុតិយាបុត្តកសូត្រ ទី ១០ ? sut.sn.03.020
បុគ្គលវគ្គ ទី ៣ ? sut.sn.03.v03
បុគ្គលសូត្រ ទី ១ ? sut.sn.03.021
អយ្យិកាសូត្រ ទី ២ ? sut.sn.03.022
លោកសូត្រ ទី ៣ ? sut.sn.03.023
ឥស្សត្ថសូត្រ ទី ៤ ? sut.sn.03.024
បព្វតោបមសូត្រ ទី ៥ ? sut.sn.03.025
មារសំយុត្ត sut.sn.04
តបោកម្មវគ្គ ទី ១ ? sut.sn.04.v01
តបោកម្មសូត្រ ទី ១ ? sut.sn.04.001
នាគសូត្រ ទី ២ ? sut.sn.04.002
សុភសូត្រ ទី ៣ ? sut.sn.04.003
បឋមបាសសូត្រ ទី ៤ ? sut.sn.04.004
ទុតិយបាសសូត្រ ទី ៥ ? sut.sn.04.005
សប្បសូត្រ ទី ៦ ? sut.sn.04.006
សុប្បតិសូត្រ ទី ៧ ? sut.sn.04.007
នន្ទនសូត្រ ទី ៨ ? sut.sn.04.008
បឋមអាយុសូត្រ ទី ៩ ? sut.sn.04.009
ទុតិយអាយុសូត្រ ទី ១០ ? sut.sn.04.010
បាសាណវគ្គ ទី ២ ? sut.sn.04.v02
បាសាណសូត្រ ទី ១ ? sut.sn.04.011
សីហសូត្រ ទី ២ ? sut.sn.04.012
សកលិកសូត្រ ទី ៣ ? sut.sn.04.013
បដិរូបសូត្រ ទី ៤ ? sut.sn.04.014
មានសសូត្រ ទី ៥ ? sut.sn.04.015
បត្តសូត្រ ទី ៦ ? sut.sn.04.016
អាយតនសូត្រ ទី ៧ ? sut.sn.04.017
បិណ្ឌសូត្រ ទី ៨ ? sut.sn.04.018
កស្សកសូត្រ ទី ៩ ? sut.sn.04.019
រជ្ជសូត្រ ទី ១០ ? sut.sn.04.020
សម្ពហុលវគ្គ ទី ៣ ? sut.sn.04.v04
សម្ពហុលសូត្រ ទី ១ ? sut.sn.04.021
សមិទ្ធិសូត្រ ទី ២ ? sut.sn.04.022
គោធិកសូត្រ ទី ៣ ? sut.sn.04.023
សត្តវស្សសូត្រ ទី ៤ ? sut.sn.04.024
មារធីតុសូត្រ ទី ៥ ? sut.sn.04.025

1)
សំដៅយក រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ។
2)
ឧបធិ មាន៤យ៉ាងគឺ កាមូបធិ១ ខន្ធូបធិ១ កិលេសូបធិ១ អភិសង្ខារូបធិ១ តែក្នុងទីនេះ លោកសំដៅយកកាមូបធិ គឺទេវតានោះ សំដៅយកអ្នកខ្សត់សម្បត្តិកាមគុណ រមែងរកអ្វីត្រេកអរនឹងគេគ្មានទេ។
3)
អដ្ឋកថា ដំរីក្តី សេះក្តី គោក្តី ដែលចេះដឹង យល់ហេតុឆាប់បាន ហៅថា អាជានេយ្យ។
4)
សន្ទិដ្ឋិកកាម សំដៅយកកាមរបស់មនុស្ស។
5)
កាលិកកាម សំដៅយកកាមរបស់ទេវតា។
6)
១.២សំដៅយកកាមរបស់មនុស្ស និងទេវតា
7) , 17)
8)
ទីលំនៅរបស់សត្វ ក្នុងទីនេះ បានដល់ ភព៣ កំណើត៤ គតិ៥ វិញ្ញាណដ្ឋិតិ៧ លំនៅរបស់សត្វ ទាំង៩។
9)
តាមន័យក្នុងអដ្ឋកថា ឲ្យប្រែថា គប្បីនៅ គឺថា គប្បីសម្រេចឥរិយាបថទាំង៤។
10)
សតៈ ប្រែថាសប្បុរស ឧល្លប្បកា ប្រែថាពោល កាយិកា ប្រែថាពួក គឺទេវតាពួកនេះ កាលនៅជាពាណិជ លិចសំពៅក្នុងសមុទ្រ បានពោលសមាទានធម៌របស់សប្បុរស និច្ចសីល អំពីបុរសម្នាក់ ហើយបានទៅកើតក្នុងឋានសួគ៌ បានជាឈ្មោះថា សតុល្លប្បកាយិកា។ អដ្ឋកថា។
11)
អដ្ឋកថា ថា មិនមែនត្រឹមតែវេតរណិនរកទេ រាប់បញ្ចូលទាំងនរកឯទៀត មានសញ្ជីវនរក និងកាឡសុត្តនរកជាដើម។
12)
ទេវតាដែលបានអណ្តែតទៅកើតក្នុងឋានសួគ៌ ដោយអំណាចកាន់ធម៌ របស់សប្បុរស។
13)
សង្គៈប្រាំប្រការ មានកិលេសសង្គៈ ជាដើម។ អដ្ឋកថា។
14)
អដ្ឋកថា ថា គោឈ្មោល ដែលជាធំជាងគោ១រយ ហៅថាឧសភៈ ជាធំជាងគោ១ពាន់ ហៅថា អាសភៈ ជាធំជាងគោ១ម៉ឺន ហៅថា និសភៈ។ ព្រះមានព្រះភាគ ទ្រង់ប្តេជ្ញានូវឋានៈដ៏ប្រសើរ ទើបទ្រង់ព្រះនាមថា និសភៈ។
15)
អដ្ឋកថាថា ជាប់ចំពាក់ដោយទំនៀម និងប្រក្រតីទាំងឡាយ មានទំនៀម និងប្រក្រតីនៃពពែ និងឆ្កែ ជាដើម។
16)
១.២ សមណទេវបុត្តនោះ ហៅព្រៃនន្ទវ័ន ជាព្រៃមោហនៈ ហៅពួកទេវតា ថាពួកបិសាច ព្រោះមិនមានសេចក្តីគាប់ចិត្ត ចំពោះព្រៃនន្ទវ័ន និងពួកទេវតានោះសោះ។
18)
ធ្វើសេចក្តីអន្តរាយឋានសួគ៌របស់ទាយក ធ្វើនូវសេចក្តីអន្តរាយលាភរបស់បដិគ្គាហកៈ។ អដ្ឋកថា។
19)
រួចស្រឡះ ដោយអរហត្តផលវិមុត្តិ បន្ទាប់អំពីកាលដែលកើតក្នុងព្រហ្មលោក ឈ្មោះអវិហា។ អដ្ឋកថា។
20)
ព្រះឥន្ទ
21)
ជាឈ្មោះនៃព្រះឥន្ទ្រ។ ព្រះឥន្ទ្រនោះ បានជាឈ្មោះថាវត្រភូ ព្រោះគ្របសង្កត់នូវជនដទៃ ដោយវត្ត (៧យ៉ាងមានចិញ្ចឹមមាតាបិតាជាដើម) ហើយដល់នូវភាពជាធំជាងទេវតា។
22)
ពីដើមធ្លាប់ជាមេលទ្ធិ ជាអ្នកបង្កើតទិដ្ឋិ៦២។
23)
កៀនភ្នំ ឬកៀនទន្លេ។
24)
បានដល់កម្មាភិសង្ខារ៣។
25)
សំដៅយកវដ្តទុក្ខ
26)
សំដៅយកតណ្ហា
27)
សំដៅយកសីល៥។
28)
បុគ្គលមានប្រក្រតីជាអ្នករាយមាយ ដោយសំគាល់ថា គួរក្នុងរបស់ដែលមិនគួរផង សំគាល់ថា មិនគួរក្នុងរបស់ដែលគួរផង សំគាល់ថា ជាទោស ក្នុងរបស់ដែលមិនមានទោសផង សំគាល់ថា មិនមានទោស ក្នុងរបស់ដែលជាទោសផង។ អដ្ឋកថា។
29)
សំដៅយកឥរិយាបថ៤។
30)
អស្សមេធំ សម្លាប់សេះ។
31)
បុរិសមេធំ សម្លាប់បុរស
32)
សម្មាបាសំ ពួកជននាំគ្នាបោះកាំនឹម ទៅឰដ៏អាកាសរាល់ៗថ្ងៃ កាំនឹមនោះ ធ្លាក់ចុះត្រង់កន្លែងណា ក៏នាំគ្នាទៅសាងវេទិកា គឺទីសម្រាប់បូជាយ័ញ្ញត្រង់កន្លែងនោះ។
33)
វាជបេយ្យំ ផឹកទឹកផ្អែម មានសប្បិ និងទឹកឃ្មុំ ជាដើម។
34)
និរគ្គឡំ មិនមានទ្វារបើកបិទ។
35)
រូបិយៈនោះ សំដៅយករបស់ដុំ ដូចមាស ប្រាក់ ទង់ដែង សំរិទ្ធិ ផាល និងដឹង ជាដើមខ្លះ សំដៅយករូបិយភណ្ឌ ដូចភាជនៈសម្រាប់ប្រើប្រាស់ជាដើមខ្លះ។ អដ្ឋកថា។
36)
សំពត់ធ្មៃ បីកន្សែង ដេរភ្ជាប់គ្នា៣អន្លើ។
37)
ភាជន៍សម្រាប់សោយរបស់ព្រះបាទបសេនទិកោសលនេះ ទំហំប៉ុនកង់រាជរថ។
38)
កាលដែលព្រះបាទអជាតសត្តុរាជ ស្ថិតនៅក្នុងផ្ទៃព្រះមាតា។ ទ្រង់ជ្រាបថា ព្រះរាជឱរសនេះ ជាសត្រូវនឹងព្រះបិតារបស់ខ្លួន នឹងសម្លាប់ព្រះបិតាមិនខាន ហើយក៏ឲ្យគេច្របាច់ផ្ទៃ បំណងនឹងរំលូតព្រះរាជឱរសនោះ ក្នុងឱទ្យាននេះឯង បានជាហៅថា មទ្ទកុច្ឆិឱទ្យាន ប្រែថា សួនច្របាច់ផ្ទៃ។ អដ្ឋកថា។
39)
សំដៅយកកាម ជារបស់មនុស្ស។
40)
សំដៅយកកាម ជារបស់ទិព្វ។
km/tipitaka/book_029.txt · ពេលកែចុងក្រោយ: 2023/04/04 08:46 និពន្ឋដោយ Johann