User Tools

Site Tools


Translations of this page?:
km:tipitaka:book_038

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៣៨ - Book 38

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៣៨ - Tipitaka Book 038, for change log on ati.eu see here: រាយការណ៍ ភាគ ០៣៨



book_038.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_038.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៣៨

ទ. 1

សុត្តន្តបិដក

សំយុត្តនិកាយ

មហាវារវគ្គ

(មហាវគ្គោ)

ទសមភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

សតិប្បដ្ឋានសំយុត្ត (ទី៣)

(៣. សតិបដ្ឋានសំយុត្តំ)

អម្ពបាលិវគ្គ ទី១

(១. អម្ពបាលិវគ្គោ)

(អម្ពបាលិសូត្រ ទី១)

(១. អម្ពបាលិសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពបាលិវន1) ជិតក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ។

[២] ម្នាលភិក្ខុទាំងឡាយ ផ្លូវគឺ សតិប្បដ្ឋាន ៤ ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់ នូវទុក្ខ និងទោមនស្ស ដើម្បីបានសម្រេចនូវការត្រាស់ដឹង (អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការ) ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ សតិប្បដ្ឋាន ទាំង ៤ គឺអ្វីខ្លះ។

[៣] ម្នាលភិក្ខុទាំងឡាយ គឺភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។

[៤] ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺ សតិប្បដ្ឋាន ទាំង ៤ នេះ ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីរំលត់បង់ នូវទុក្ខ និងទោមនស្ស ដើម្បីបានសម្រេច នូវការត្រាស់ដឹង (អរិយមគ្គ ប្រកបដោយអង្គ ៨ ) ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវពុទ្ធភាសិតនេះ។ ភិក្ខុទាំងនោះ ក៏ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ។

(សតិសូត្រ ទី២)

(២. សតិសុត្តំ)

[៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពបាលិវន ជិតក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវជាអ្នកមានស្មារតី ជាអ្នកដឹងខ្លួន នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

[៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង។

[៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការដើរទៅខាងមុខ និងថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅទិសផ្សេងៗ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបត់ដៃជើង និងលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលទ្រទ្រង់ នូវសំពត់សង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបរិភោគភោជន ផឹកទឹក ទំពាស៊ី (ខាទនីយវត្ថុ) ជញ្ជបរស ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់នូវឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដើរ ឈរ អង្គុយ លក់ ភ្ញាក់ឡើង និយាយ និងនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវជាអ្នកមានស្មារតី មានសេចក្តីដឹងខ្លួន នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

(ភិក្ខុសូត្រ ទី៣)

(៣. ភិក្ខុសុត្តំ)

[៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេត្តពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ។

[៩] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្តាប់នូវធម៌ឯណា របស់ព្រះដ៏មានព្រះភាគហើយ ជាបុគ្គលម្នាក់ឯង ចៀសចេញទៅ មិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូមព្រះដ៏មានព្រះភាគ សំដែងនូវធម៌នោះ ឲ្យទានដល់ខ្ញុំព្រះអង្គ ដោយសង្ខេប។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា យ៉ាងនេះឯង មានពួកមោឃបុរសចំពូកខ្លះ ក្នុងលោកនេះ គ្រាន់តែអារាធនាតថាគត មួយទៀត គ្រាន់តែសំគាល់តថាគត ថាជាបុគ្គលគួរប្រព្រឹត្តតាមក្នុងធម៌ ដែលតថាគតសំដែងហើយ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងនូវធម៌ដោយសង្ខេប សូមព្រះសុគត ទ្រង់សំដែងនូវធម៌ ដោយសង្ខេបដល់ខ្ញុំព្រះអង្គ ធ្វើដូចម្តេចហ្ន៎ ឲ្យខ្ញុំព្រះអង្គ គប្បីដឹងច្បាស់នូវអត្ថ នៃភាសិត របស់ព្រះដ៏មានព្រះភាគបាន ធ្វើដូចម្តេចហ្ន៎ ឲ្យខ្ញុំព្រះអង្គ គប្បីជាអ្នកទទួលនូវមត៌ក នៃភាសិត របស់ព្រះដ៏មានព្រះភាគបាន។

[១០] ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរជំរះក្នុងកុសលធម៌ទាំងឡាយ ជាខាងដើមបង្អស់សិនចុះ។ ចុះអ្វីជាខាងដើម នៃកុសលធម៌ទាំងឡាយ។ គឺសីលដ៏បរិសុទ្ធ ១ ទិដ្ឋិត្រង់ ១ ម្នាលភិក្ខុ កាលណាសីលរបស់អ្នក បរិសុទ្ធផង ទិដ្ឋិត្រង់ផង។ ម្នាលភិក្ខុ កាលនោះ អ្នកអាស្រ័យសីល តាំងនៅក្នុងសីល ហើយគប្បីចំរើនសតិប្បដ្ឋាន ទាំង ៤ ដោយចំណែក ៣។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។

[១១] ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរពិចារណាឲ្យឃើ់ញនូវកាយក្នុងកាយ ជាខាងក្នុងជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី។ អ្នកចូរពិចារណា ឲ្យឃើញនូវកាយក្នុងកាយ ជាខាងក្រៅ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី។ អ្នកចូរពិចារណាឲ្យឃើញ នូវកាយក្នុងកាយ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី។ ក្នុងវេទនាទាំងឡាយ ជាខាងក្នុងក្តី។ ក្នុងវេទនាទាំងឡាយ ជាខាងក្រៅក្តី។ អ្នកចូរពិចារណា ឲ្យឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី។ ក្នុងចិត្តជាខាងក្នុងក្តី។ ក្នុងចិត្តជាខាងក្រៅក្តី។ អ្នកចូរពិចារណាឲ្យឃើញ នូវចិត្តក្នុងចិត្ត ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី ក្នុងធម៌ទាំងឡាយ ជាខាងក្នុងក្តី។ ក្នុងធម៌ទាំងឡាយ ជាខាងក្រៅក្តី។ អ្នកចូរពិចារណា ឲ្យឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញក្តី។

[១២] ម្នាលភិក្ខុ កាលណាអ្នកបានអាស្រ័យសីល តាំងនៅក្នុងសីល និងចំរើន នូវសតិប្បដ្ឋាន ទាំង ៤ នេះ ដោយ ៣ ចំណែកយ៉ាងនេះ។ ម្នាលភិក្ខុ កាលនោះ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ និងមានប្រាកដដល់អ្នក ទាំងយប់ទាំងថ្ងៃ ឯសេចក្តីសាបសូន្យ មិនមានឡើយ។

[១៣] គ្រានោះឯង ភិក្ខុនោះក៏រីករាយ អនុមោទនា ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធើ្វប្រទក្សិណ ចៀសចេញទៅ។ លំដាប់នោះ ភិក្ខុនោះ ចៀសចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ឯណា មិនយូរប៉ុន្មាន ក៏បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ទើបដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏បានជាព្រះអរហន្តមួយអង្គដែរ។

(សាលសូត្រ ទី៤)

(៤. សាលសុត្តំ)

[១៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះកោសល ក្នុងដែនពួកអ្នកកោសល។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ។បេ។ ទ្រង់ត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាភិក្ខុថ្មី ទើបនឹងបួស ទើបតែនឹងមកកាន់ធម្មវិន័យនេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ អ្នកទាំងឡាយ គប្បីឲ្យសមាទាន ឲ្យសេពគប់ ឲ្យតាំងនៅក្នុងការចំរើនសតិប្បដ្ឋាន ទាំង ៤។ សតិប្បដ្ឋានទាំង ៤ តើដូចម្តេច។

[១៥] ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរមកអាយ ចូរពិចារណាឲ្យឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្ត មានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បី សេចក្តីដឹងនូវកាយ តាមសភាវៈពិត។ អ្នកទាំងឡាយ ចូរពិចារណាឲ្យឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹង នូវវេទនា តាមសភាវៈពិត។ អ្នកទាំងឡាយ ចូរពិចារណាឲ្យឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្ត មានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងនូវចិត្ត តាមសភាវៈពិត។ អ្នកទាំងឡាយ ចូរពិចារណាឲ្យឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីដឹងនូវធម៌ទាំងឡាយ តាមសភាវៈពិត។

[១៦] ម្នាលភិក្ខុទាំងឡាយ ពួកសេក្ខភិក្ខុឯណា ជាអ្នកមិនទាន់ដល់ នូវអរហត្តមគ្គ ជាគ្រឿងផ្តាច់បង់ នូវមានះនៅឡើយ ហើយប្រាថ្នានូវធម៌ជាទីក្សេមចាកយោគៈ ដ៏ប្រសើរ សេក្ខភិក្ខុទាំងអម្បាលនោះ ជាអ្នកពិចារណាឃើ់ញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវកាយ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវវេទនាទាំងឡាយ។ ជាអ្នកពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវចិត្ត។ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹងនូវធម៌ទាំងឡាយ។

[១៧] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណា ជាអរហន្តខីណាស្រព ដែលមានព្រហ្មចារ្យ នៅរួចហើយ មានសោឡសកិច្ចបានធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន ដល់ហើយ ដោយលំដាប់ មានសញ្ញោជនៈ ក្នុងភពអស់ហើយ មានចិត្តរូចស្រឡះហើយ ព្រោះត្រាស់ដឹង ដោយប្រពៃ ភិក្ខុទាំងនោះ តែងពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក មិនជំពាក់ដោយកាយ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក មិនជំពាក់ដោយវេទនាទាំងឡាយ។ ជាអ្នកពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក មិនជំពាក់ដោយចិត្ត។ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានចិត្តមានអារម្មណ៍មូលតែមួយ មានចិត្តជ្រះថ្លា មានចិត្តតាំងខ្ជាប់ មានចិត្តខ្ពស់ឯក មិនជំពាក់ដោយធម៌ទាំងឡាយ។

[១៨] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណា ជាភិក្ខុថ្មី ទើបតែនឹងបួស ទើបនឹងមកកាន់ធម្មវិន័យនេះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអម្បាលនោះ អ្នកទាំងឡាយ គប្បីឲ្យសមាទាន ឲ្យសេពគប់ ឲ្យតាំងនៅ ក្នុងការចំរើនសតិប្បដ្ឋាន ទាំង ៤ នេះ។

(អកុសលរាសិសូត្រ ទី៥

(៥. អកុសលរាសិសុត្តំ)

[១៩] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ។ បេ។ បានត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសលដូច្នេះ បើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះនីវរណៈទាំង ៥។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់នេះ គឺ នីវរណៈទាំង ៥ នេះឯង។ នីវរណៈទាំង ៥ តើអ្វីខ្លះ។ គឺកាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះ នីវរណៈ ទាំង ៥ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់ គឺ នីវរណៈទាំង ៥នេះឯង។

[២០] ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤។ មា្នលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី នូវចិត្តក្នុងចិត្ត ជាប្រក្រតី នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។

(សកុណគ្ឃិសូត្រ ទី៦)

(៦. សកុណគ្ឃិសុត្តំ)

[២១] ម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងពីដើមមកថា មានសត្វខ្លែង ១ បានឆាបសត្វប្រចៀចដោយរហ័ស។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សត្វប្រចៀច កាលដែលសត្វខ្លែង កំពុងនាំយកទៅ ក៏ស្រែកបម្រះននៀលយ៉ាងនេះថា យើងជាសត្វឥតសិរី មានបុណ្យតិច បានជាត្រាច់ទៅក្នុងទីមិនមែនជាទីគោចរ ជាដែនរបស់អ្នកដទៃ។ បើថ្ងៃនេះ យើងត្រាច់ទៅក្នុងទីជាទីគោចរ ជាដែនរបស់បិតាខ្លួន សត្វខ្លែងនេះ មិនអាចនឹងតយុទ្ធនឹងយើងបានឡើយ។ សត្វខ្លែងឆ្លើយថា ម្នាលប្រចៀច ចុះទីណា ជាទីគោចររបស់ឯង ដែលជាដែនរបស់បិតារបស់ខ្លួន។ ប្រចៀចឆ្លើយថា ទីជាទីគោចរ គឺទីមានអាចម៍ដី ដែលគេទើបនឹងភ្ជួរដោយនង្គ័ល។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សត្វខ្លែងអាងកម្លាំងខ្លួន ពោលសរសើរកម្លាំងរបស់ខ្លួន ក៏លែងសត្វប្រចៀចទៅ ដោយពាក្យថា នែប្រចៀច ឯងហើរទៅចុះ ទុកជាឯងនៅក្នុងទីនោះ ក៏មិនរួចអំពីអញដែរ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សត្វប្រចៀច ក៏ហើរទៅកាន់ទីមានអាចម៍ដី ដែលគេទើបនឹងភ្ជួរដោយនង្គ័ល ហើយទំលើដុំដីធំមួយដុំ និយាយនឹងសត្វខ្លែងថា នែខ្លែង ឯងចូរមករកយើង ក្នុង កាលឥឡូវនេះចុះ នែខ្លែង ឯងចូរមករកយើង ក្នុងកាលឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ សត្វខ្លែងនោះ អាងកម្លាំងខ្លួន ពោលសរសើរកម្លាំងរបស់ខ្លួន ហើយសម្លបស្លាបទាំងពីរ ឆាបសត្វប្រចៀច ដោយរហ័ស។ ម្នាលភិក្ខុទាំងឡាយ កាលណាសត្វប្រចៀច បានដឹងច្បាស់ ថា សត្វខ្លែងនេះ ហើរមកជិតអាត្មាអញហើយ ក៏រត់ចូលទៅក្នុងចន្លោះដុំដីនោះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សត្វខ្លែង ក៏ទង្គិចទ្រូង ត្រង់ដុំដីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ដំណើរដែលសត្វប្រចៀច ត្រាច់ទៅក្នុងទីមិនមែនជាទីគោចរ ជាដែនរបស់អ្នកដទៃ ក៏មាន ដោយប្រការយ៉ាងនេះឯង។

[២២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ កុំត្រាច់ទៅ ក្នុងទីមិនមែនជាទីគោចរ ជាដែននៃបុគ្គលដទៃឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រាច់ទៅក្នុងទីមិនមែនជាទីគោចរ ជាដែននៃបុគ្គលដទៃ មារតែងបាននូវចន្លោះ មារតែងបាននូវអារម្មណ៍។ មា្នលភិក្ខុទាំងឡាយ ចុះទីមិនមែនជាទីគោចរ ជាដែននៃបុគ្គលដទៃ តើដូចម្តេច។ គឺកាមគុណ ទាំង ៥ នេះឯង។ កាមគុណ ទាំង ៥ តើអ្វីខ្លះ។ គឺរូបទាំងឡាយ ដែលគប្បីដឹង ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក ១។ សម្លេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក ១។ ក្លិនទាំងឡាយ ដែលគប្បីដឹង ដោយច្រមុះ ១។ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត ១។ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក ១។ ម្នាលភិក្ខុទាំងឡាយ នេះជាទីមិនមែនជាទីគោចរ របស់ភិក្ខុ ជាដែនរបស់បុគ្គលដទៃ។

[២៣] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅក្នុងទី ជាទីគោចរ ជាដែននៃបិតា របស់ខ្លួនចុះ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រាច់ទៅ ក្នុងទីជាទីគោចរ ជាដែននៃបិតារបស់ខ្លួន មារនឹងមិនបាននូវចន្លោះ មារនឹងមិនបាននូវអារម្មណ៍ឡើយ។ ម្នាលភិក្ខុទាំងឡាយ ចុះទីជាទីគោចរ របស់ភិក្ខុ ជាដែននៃបិតារបស់ខ្លួន តើដូចម្តេច។ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ នេះទី ជាទីគោចររបស់ភិក្ខុ ជាដែននៃបិតារបស់ខ្លួន។

(មក្កដសូត្រ ទី៧)

(៧. មក្កដសុត្តំ)

[២៤] ម្នាលភិក្ខុទាំងឡាយ ការត្រាច់ទៅនៃពួកស្វា និងពួកមនុស្ស មិនមានក្នុងប្រទេសឯណា ប្រទេសនោះ ជាប្រទេសនៃស្តេចភ្នំ ឈ្មោះហិមវន្ត ជាទីទៅបានដោយលំបាក ជាទីរដិបរដុប ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ពិតមែនតែការដែលត្រាច់ទៅបាននៃពួកស្វា ក្នុងប្រទេសឯណា ប្រទេសនោះ ជាប្រទេសនៃស្តេចភ្នំ ឈ្មោះហិមវន្ត ជាទីទៅបានដោយលំបាក ជាទីមិនរាបស្មើ តែពួកមនុស្សត្រាច់ទៅមិនបាន ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ការត្រាច់ទៅបាន នៃពួកស្វាក្តី ពួកមនុស្សក្តី ក្នុងប្រទេសឯណា ប្រទេសនោះ ជាប្រទេសនៃស្តេចភ្នំ ឈ្មោះហិមវន្ត មានភូមិភាគរាបស្មើល្អ ជាទីគួររីករាយក៏មាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីនោះឯង ពួកព្រាន ដាក់នូវជ័រស្អិត ក្នុងផ្លូវនៃស្វា ដើម្បីបៀតបៀននូវពួកស្វា។ ម្នាលភិក្ខុទាំងឡាយ ពួកស្វាឯណា មានជាតិជាសត្វមិនល្ងង់ខ្លៅ មានជាតិជាសត្វមិនរលោរលាំ នៅក្នុងទីនោះ ស្វាទាំងនោះ បានឃើញជ័រស្អិតនោះហើយ ក៏គេចចេញអំពីចម្ងាយ។ ឯស្វាឯណា មានជាតិជាសត្វល្ងង់ខ្លៅ មានជាតិជាសត្វរលោរលាំ ស្វានោះ ក៏ចូលទៅរកជ័រស្អិតនោះ ហើយចាប់ដោយដៃ ក៏ជាប់ដៃនឹងជ័រស្អិតនោះ ទើបគិតថា អាត្មាអញ នឹងដោះដៃចេញ ហើយចាប់ដោយដៃមួយទៀត ក៏ជាប់ដៃនឹងជ័រស្អិតនោះទៀត ទើបគិតថា អាត្មាអញ នឹងដោះដៃទាំងពីរចេញ ហើយក៏ចាប់ដោយជើង ក៏ជាប់ជើងនឹងជ័រស្អិតនោះ ទើបគិតថា អាត្មាអញ នឹងដោះដៃទាំងពីរ និងជើងចេញ ហើយចាប់ដោយជើងមួយទៀត ក៏ជាប់ជើងនឹងជ័រស្អិតនោះទៀត ទើបគិតថា អាត្មាអញ នឹងដោះដៃទាំងពីរផង ជើងទាំងពីរផង ហើយក៏ខាំដោយមាត់ ជាប់មាត់នឹងជ័រស្អិតនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ឯស្វានោះ ក៏ជាប់ចំណង ៥ ប្រការ ដេកដកដង្ហើមធំ ដល់នូវសេចក្តីវិនាស ដល់នូវសេចក្តីហិនហោច ជាសត្វគួរធ្វើតាមសេចក្តីប្រាថ្នា របស់ព្រានបាន។ ម្នាលភិក្ខុទាំងឡាយ ព្រានក៏ចាក់ស្វានោះ ហើយចាប់ភើចកន្រ្តាក់ស្វាឡើង អំពីទីនោះមិនលែង ហើយចេញទៅកាន់ទីតាមប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ ដំណើរដែលភិក្ខុត្រាច់ទៅ ក្នុងទីមិនមែនជាទីគោចរ ជាដែននៃបុគ្គលដទៃ រមែងមានដូច្នេះឯង។

[២៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ កុំត្រាច់ទៅក្នុងទីមិនមែនជាទីគោចរ ជាដែនរបស់បុគ្គលដទៃឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រាច់ទៅក្នុងទីមិនមែនជាទីគោចរ ជាដែនរបស់បុគ្គលដទៃ មារ រមែងបាននូវចន្លោះ មាររមែងបាននូវអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ចុះទីមិនមែនជាទីគោចរ របស់ភិក្ខុ ជាដែននៃបុគ្គលដទៃ តើដូចម្តេច។ គឺ កាមគុណ ទាំង ៥ នេះឯង។ កាមគុណ ទាំង ៥ តើដូចម្តេច។ គឺ រូបទាំងឡាយ ដែលគប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក ១។ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក ១។ ក្លិនទាំងឡាយ ដែលគប្បីដឹងដោយច្រមុះ ១។ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត ១។ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក ១។ ម្នាលភិក្ខុទាំងឡាយ នេះទី មិនមែនជាទីគោចរ របស់ភិក្ខុ ជាដែនរបស់បុគ្គលដទៃ។

[២៦] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរត្រាច់ទៅក្នុងទី ជាទីគោចរ ជាដែននៃបិតារបស់ខ្លួនចុះ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រាច់ទៅក្នុងទីជាទីគោចរ ជាដែននៃបិតារបស់ខ្លួន មារមិនបាននូវចន្លោះ មារមិនបាននូវអារម្មណ៍ឡើយ។ ម្នាលភិក្ខុទាំងឡាយ ចុះទីជាទីគោចរ របស់ភិក្ខុ ជាដែននៃបិតារបស់ខ្លួន តើដូចម្តេច។ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ នេះទី ជាទីគោចរ របស់ភិក្ខុ ជាដែននៃបិតារបស់ខ្លួន។

(សូទសូត្រ ទី៨)

(៨. សូទសុត្តំ)

[២៧] ម្នាលភិក្ខុទាំងឡាយ ដូចអ្នកចំអិនភត្ត ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ ផ្គត់ផ្គង់នូវព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ដោយម្ហូបទាំងឡាយ មានចំណែកប្លែកៗ គឺមានឱជារសជូរខ្លះ មានឱជារសល្វីងខ្លះ មានឱជារសហឺរខ្លះ មានឱជារសផ្អែមខ្លះ មានឱជារសខារខ្លះ មានឱជារសមិនខារខ្លះ មានឱជារសប្រៃខ្លះ មានឱជារសមិនប្រៃខ្លះ។ ម្នាលភិក្ខុទាំងឡាយ ជនអ្នកចំអិននូវភត្តនោះឯង ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ មិនរៀននូវវិធីចំអិនភត្ត របស់ខ្លួនថា ថ្ងៃនេះ ភត្ត និងម្ហូបបែបនេះ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលភត្ត និងម្ហូបបែបនេះក្តី ទ្រង់ទទួលហើយទទួលទៀត នូវភត្ត និងម្ហូបបែបនេះក្តី ទ្រង់ពោលសរសើរម្ហូបបែបនេះក្តី ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសជូរ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលនូវភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់ទទួលហើយ ទទួលទៀតនូវភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់សរសើរភត្ត និងម្ហូបមានឱជារសជូរក្តី ថ្ងៃនេះ ឱជារសល្វីង ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសហឺរ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសផ្អែម ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសមិនខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសប្រៃ ពេញចិត្តអញក្តី។ ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសមិនប្រៃ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលភត្ត និងម្ហូប មានឱជារសមិនប្រៃក្តី ទ្រង់ទទួលហើយ ទទួលទៀត នូវភត្ត និងម្ហូបមានឱជារសមិនប្រៃក្តី ទ្រង់ពោលសរសើរនូវភត្ត និងម្ហូបមានឱជារសមិនប្រៃក្តី។ ម្នាលភិក្ខុទាំងឡាយ អ្នកចំអិន នូវភត្តនោះឯង ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ រមែងមិនបាននូវគ្រឿងស្លៀកពាក់ មិនបាននូវថ្លៃឈ្នួល មិនបាននូវរង្វាន់ទាំងឡាយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ជនអ្នកចំអិននូវភត្តនោះ ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ មិនរៀននូវវិធីចំអិនភត្តរបស់ខ្លួន យ៉ាងណាមិញ។

[២៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ចិត្តក៏មិនតាំងនៅមាំ ឧបក្កិលេសទាំងឡាយ ក៏ភិក្ខុនោះ លះបង់មិនបាន ភិក្ខុនោះ មិនរៀនឲ្យចេះនូវនិមិត្តនោះ។ ជាអ្នកពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ចិត្តក៏មិនតាំងនៅមាំ ឧបក្កិលេសទាំងឡាយ ក៏ភិក្ខុនោះ លះបង់មិនបាន ភិក្ខុនោះ មិនរៀនឲ្យចេះ នូវនិមិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ ជាអ្នកមិនបាន នូវធម៌ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ននេះ និងមិនបាន នូវសតិ និងសម្បជញ្ញៈឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ មិនរៀនឲ្យចេះនូវនិមិត្ត នៃចិត្តរបស់ខ្លួន ក៏យ៉ាងនោះដែរ។

[២៩] ម្នាលភិក្ខុទាំងឡាយ ដូចជនអ្នកចំអិននូវភត្ត ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ ផ្គត់ផ្គង់នូវព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ដោយម្ហូបទាំងឡាយប្លែកៗ មានឱជារសជូរខ្លះ មានឱជារសល្វីងខ្លះ មានឱជារស ហឺរខ្លះ មានឱជារសផ្អែមខ្លះ មានឱជារសខារខ្លះ មានឱជារសមិនខារខ្លះ មានឱជារសប្រៃខ្លះ មានឱជារសសាបខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកចំអិននូវភត្តនោះឯង ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ រមែងរៀននូវវិធីចំអិនភត្ត របស់ខ្លួនថា ថ្ងៃនេះ ភត្ត និងម្ហូបបែបនេះ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលនូវភត្ត និងម្ហូបនេះក្តី ទ្រង់ទទួលហើយ ទទួលទៀត នូវភត្ត និងម្ហូបនេះក្តី ទ្រង់ពោលសរសើរភត្ត និងម្ហូបនេះក្តី ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសជូរ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់ទទួលហើយ ទទួលទៀត នូវភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់ពោលសរសើរភត្តនិងម្ហូបមានឱជារសជូរក្តី ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសល្វីង ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសហឺរ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសផ្អែម ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសមិនខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសប្រៃ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសសាប ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្តទទួលនូវភត្ត និងម្ហូបមានឱជារសសាបក្តី ទ្រង់ទទួលហើយ ទទួលទៀត នូវភត្ត និងម្ហូបមានឱជារសសាបក្តី ទ្រង់ពោលសរសើរភត្ត និងម្ហូបមានឱជារសសាបក្តី។ ម្នាលភិក្ខុទាំងឡាយ អ្នកចំអិននូវភត្តនោះឯង ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ តែងបាននូវគ្រឿងស្លៀកពាក់ផង បាននូវថ្លៃឈ្នួលផង បាននូវរង្វាន់ទាំងឡាយផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អ្នកចំអិនភត្តនោះ ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ រៀននូវវិធីចំអិនភត្តរបស់ខ្លួន យ៉ាងណាមិញ។

[៣០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ចិត្តក៏តាំងនៅមាំ ឧបក្កិលេសទាំងឡាយ ក៏ភិក្ខុនោះ លះបង់ចេញបាន ភិក្ខុនោះ ឈ្មោះថា រៀននូវនិមិត្តនោះ។ ជាអ្នកពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី។ ជាអ្នកពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី។ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ចិត្តក៏តាំងមាំ ឧបក្កិលេសទាំងឡាយ ក៏ភិក្ខុនោះ លះបង់ចេញបាន ភិក្ខុនោះឈ្មោះថា រៀននូវនិមិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ ជាអ្នកបាននូវធម៌ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ននេះឯង និងបាននូវសតិ និងសម្បជញ្ញៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ តែងរៀននូវនិមិត្ត នៃចិត្តរបស់ខ្លួន ក៏យ៉ាងនោះដែរ។

(គិលានសូត្រ ទី៩)

(៩. គិលានសុត្តំ)

[៣១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង វេលុវគ្រាម ទៀបក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ មកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរទៅនៅចាំវស្សាដោយជុំវិញ ក្រុងវេសាលី តាមមិត្ត តាមសន្ទិដ្ឋមិត្ត (មិត្តធ្លាប់បានជួបគ្នា) តាមសម្ភត្តមិត្ត (មិត្តស្និទ្ធស្នាល) តថាគត ក៏ចូលទៅចាំវស្សា នៅក្នុងវេលុវគ្រាមនេះដែរ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅចាំវស្សា ដោយជុំវិញក្រុងវេសាលី តាមមិត្ត តាមសន្ទិដ្ឋមិត្ត តាមសម្ភត្តមិត្ត។

[៣២] ព្រះដ៏មានព្រះភាគ ស្តេចទៅចាំវស្សា ក្នុងវេលុវគ្រាមនោះឯង។ គ្រានោះឯង កាលព្រះដ៏មានព្រះភាគ ស្តេចចូលទៅចាំវស្សាហើយ ព្រះអាពាធដ៏ក្លៀវក្លាកើតឡើយ វេទនាដ៏ខ្លាំង ស្ទើរតែនឹងមរណៈ ក៏ប្រព្រឹត្តទៅ។ ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ មានព្រះសតិសម្បជញ្ញៈ ទ្រង់អត់សង្កត់ មិនឲ្យវេទនាបៀតបៀនព្រះអង្គបាន។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះតម្រិះ ដូច្នេះថា តថាគត មិនប្រាប់ពួកឧបដ្ឋាក មិនលាភិក្ខុសង្ឃ ហើយបរិនិព្វាន ដោយមេត្តាចិត្តឯណា មេត្តាចិត្តនោះ មិនសមគួរឡើយ បើដូច្នោះ មានតែតថាគត បណ្តេញអាពាធនេះចេញ ដោយវិរិយៈ ហើយអធិដ្ឋានជីវិតសង្ខារទុក។ ទើបព្រះដ៏មានព្រះភាគ ទ្រង់បណ្តេញព្រះអាពាធនោះចេញ ដោយវិរិយៈ ហើយទ្រង់អធិដ្ឋានជីវិតសង្ខារទុក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់បានសះស្បើយ ចាកព្រះអាពាធ លុះទ្រង់សះស្បើយ ចាកព្រះអាពាធ មិនយូរប៉ុន្មាន ក៏ស្តេចមកគង់លើអាសនៈ ដែលគេក្រាលថ្វាយ ក្នុងម្លប់ខាងក្រោយវិហារ។

[៣៣] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីអត់ធន់ របស់ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ បានឃើញហើយ បពិត្រព្រះអង្គដ៏ចំរើន ការញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ របស់ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ បានឃើញហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាយរបស់ខ្ញុំព្រះអង្គ ហាក់ដូចជាមានទម្ងន់ពន់ពេក ទិសទាំងឡាយ ក៏មិនប្រាកដដល់ខ្ញុំព្រះអង្គ ធម៌ទាំងឡាយ ក៏មិនភ្លឺច្បាស់ ដល់ខ្ញុំព្រះអង្គ ព្រោះព្រះដ៏មានព្រះភាគ ទ្រង់ព្រះអាពាធ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែថា ខ្ញុំព្រះអង្គ នៅមានសេចក្តីសង្ឃឹមបន្តិចថា ព្រះដ៏មានព្រះភាគ នឹងមិនទាន់បរិនិព្វាននៅឡើយទេ ព្រោះព្រះដ៏មានព្រះភាគ មិនទាន់ប្រារព្ធភិក្ខុសង្ឃ ទ្រង់ព្រះរាជទានព្រះឱវាទណាមួយនៅឡើយ។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះ ភិក្ខុសង្ឃនឹកសង្ឃឹមតថាគត អ្វីទៀត។ ម្នាលអានន្ទ ធម៌ដែលតថាគត បានសំដែងហើយ ធ្វើមិនឲ្យមានក្នុង មិនឲ្យមានក្រៅហើយ។ ម្នាលអានន្ទ ក្នុងធម៌ទាំងឡាយ របស់តថាគត មិននៅក្នុងកណ្តាប់ដៃ នៃអាចារ្យឡើយ។ ម្នាលអានន្ទ គួរតែតថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹងរក្សាភិក្ខុសង្ឃ ដូច្នេះក្តី ថាភិក្ខុសង្ឃជាអ្នកពោលអាង ចំពោះតថាគត ដូច្នេះក្តី។ ម្នាលអានន្ទ ដោយពិតនោះ តថាគត គួរប្រារព្ធភិក្ខុសង្ឃ ហើយសំដែងឱវាទណាមួយទុក។ ម្នាលអានន្ទ តថាគត មិនដែលមានសេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹងរក្សាភិក្ខុសង្ឃ ដូច្នេះក្តី ថាភិក្ខុសង្ឃ ជាអ្នកពោលអាងចំពោះតថាគត ដូច្នេះក្តី។ ម្នាលអានន្ទ តថាគត នឹងប្រារព្ធភិក្ខុសង្ឃ ហើយសំដែងឱវាទណាមួយធ្វើអ្វី។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះ តថាគតគ្រាំគ្រា ចំរើនវ័យ ចាស់ ដល់ហើយនូវសេចក្តីថមថយ ដោយលំដាប់ មានអាយុ ៨០ ឆ្នាំហើយ វ័យរបស់តថាគត ក៏នៅតែប្រព្រឹត្តទៅបាន។ ម្នាលអានន្ទ ដូចរទេះចាស់ ដែលបរទៅបានដោយរណបឫស្សី យ៉ាងណាមិញ ម្នាលអានន្ទ កាយរបស់តថាគត នៅប្រព្រឹត្តទៅបាន ដូចជារណបឫស្សី ដូច្នោះដែរ។

[៣៤] ម្នាលអានន្ទ ក្នុងសម័យណា តថាគតបានចូលកាន់ចេតោសមាធិ មិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត នូវនិមិត្តទាំងពួង ព្រោះរំលត់នូវពួកវេទនាចំពូកខ្លះ ម្នាលអានន្ទ ក្នុងសម័យនោះ សេចក្តីសប្បាយដ៏ក្រៃលែង រមែងមានដល់តថាគត។ ម្នាលអានន្ទ ព្រោះហេតុនោះក្នុងសាសនានេះ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក កុំមានវត្ថុដទៃ ជាទីរឭក ឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីរឭក កុំមានវត្ថុដទៃ ជាទីរឭកឡើយ។

[៣៥] ម្នាលអានន្ទ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃ ជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលអានន្ទ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃ ជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក យ៉ាងនេះឯង។

[៣៦] ម្នាលអានន្ទ ពួកជនឯណានីមួយ មានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃ ជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក ក្នុងកាលឥឡូវនេះឬ ឬថា ក្នុងកាលជាអំណើសអំពីតថាគតទៅហើយ។ ម្នាលអានន្ទ ពួកភិក្ខុឯណានីមួយ មានសេចក្តីប្រាថ្នា នូវការសិក្សា ភិក្ខុទាំងនោះ នឹងប្រាកដមានក្នុងចំណែក ដ៏ប្រសើរក្រៃលែង។

(ភិក្ខុនុបស្សយសូត្រ ទី១០)

(១០. ភិក្ខុនុបស្សយសុត្តំ)

[៣៧] ក្នុងក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹកព្រហាម ចូលទៅកាន់លំនៅភិក្ខុនីមួយរូប លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ លំដាប់នោះឯង ពួកភិក្ខុនីច្រើនរូប ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនីទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ពួកភិក្ខុនីច្រើនរូបក្នុងទីនេះ មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ តែងដឹងច្បាស់ នូវគុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។ ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះហើយ ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះហើយ មា្នលនាងទាំងឡាយ ព្រោះថា ភិក្ខុ ឬភិក្ខុនីណាមួយ មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋានទាំង ៤ នុ៎ះជាគ្រឿងសង្ឃឹមរបស់ភិក្ខុ ឬភិក្ខុនីនោះ ភិក្ខុ ឬភិក្ខុនីនោះ នឹងដឹងច្បាស់ នូវគុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។ លំដាប់នោះឯង ព្រះអានន្ទដ៏មានអាយុ ក៏ធ្វើពួកភិក្ខុនីទាំងនោះ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយក្រោកចាកអាសនៈ ចៀសចេញទៅ។

[៣៨] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រឡប់មកពីបិណ្ឌបាត ក្នុងពេលខាងក្រោយ នៃភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់លំនៅភិក្ខុនីមួយរូប លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះឯង ពួកភិក្ខុនីច្រើនរូប ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកភិក្ខុនីទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងទីនេះ មានពួកភិក្ខុនីច្រើនរូប មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ តែងដឹងច្បាស់ នូវគុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។ បពិត្រព្រះអង្គដ៏ចំរើន កាលភិក្ខុនីទាំងនោះ ពោលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយទៅនឹង

ភិក្ខុនីទាំងនោះ ដូច្នេះថា ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះឯង ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះឯង មា្នលនាងទាំងឡាយ ព្រោះថា ភិក្ខុ ឬភិក្ខុនីណាមួយ មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ នុ៎ះជាគ្រឿងសង្ឃឹម របស់ភិក្ខុ ឬភិក្ខុនីនោះ ភិក្ខុ ឬភិក្ខុនីនោះ នឹងដឹងច្បាស់ នូវគុណវិសេស ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។

[៣៩] ម្នាលអានន្ទ យ៉ាងនុ៎ះឯង ម្នាលអានន្ទ យ៉ាងនុ៎ះឯង ម្នាលអានន្ទ ព្រោះថា ភិក្ខុ ឬភិក្ខុនីណាមួយ មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋានទាំង ៤ នុ៎ះជាគ្រឿងសង្ឃឹម របស់ភិក្ខុ ឬភិក្ខុនីនោះ ភិក្ខុ ឬភិក្ខុនីនោះ នឹងដឹងច្បាស់ នូវគុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។

[៤០] ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានប្រក្រតី ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ មានប្រក្រតីពិចារណាឃើញ នូវកាយក្នុងកាយ សេចក្តីក្តៅក្រហាយ ដោយកិលេស មានកាយជាអារម្មណ៍ តែងកើតឡើងក្នុងកាយក្តី សេចក្តីរួញរា នៃចិត្តក្តី ចិត្តតែងរសាត់អណ្តែត ទៅកាន់អារម្មណ៍ខាងក្រៅក្តី។ ម្នាលអានន្ទ ភិក្ខុនោះ ត្រូវតាំងចិត្តទុកក្នុងនិមិត្តគួរជាទីជ្រះថ្លាណាមួយចុះ។ កាលភិក្ខុនោះ តាំងចិត្តទុក ក្នុងនិមិត្តគួរជាទីជ្រះថ្លាណាមួយបានហើយ បាមោជ្ជៈ (សេចក្តីរីករាយ) រមែងកើតឡើង កាលភិក្ខុមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់ ភិក្ខុដែលមានកាយស្ងប់ តែងសោយនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលមានសេចក្តីសុខ រមែងតាំងនៅខ្ជាប់ខ្ជួន។ ភិក្ខុនោះ តែងពិចារណាឃើញច្បាស់ ដូច្នេះថា អាត្មាអញ បានតាំងចិត្ត ដើម្បីប្រយោជន៍ឯណា ប្រយោជន៍របស់អាត្មាអញនោះ ក៏បានសម្រេចហើយ ណ្ហើយចុះ ក្នុងកាលឥឡូវនេះ អាត្មាអញ ប្រមូលមកនូវចិត្ត (អំពីទីដែលគួរជ្រះថ្លា)។ ភិក្ខុនោះ រមែងប្រមូលមក នូវចិត្តបានផង មិនត្រិះរិះផង មិនពិចារណាផង ទើបដឹងច្បាស់ថា អាត្មាអញ មិនមានវិតក្កៈ មិនមានវិចារៈ មានតែស្មារតី និងសេចក្តីសុខ ប្រព្រឹត្តទៅ ក្នុងខាងក្នុង (អារម្មណ៍ជាទីគោចរ)។

[៤១] ម្នាលអានន្ទ មួយទៀត ភិក្ខុមានប្រក្រតីពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ។ នូវចិត្តក្នុងចិត្ត។ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ មានប្រក្រតី ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ សេចក្តីក្តៅក្រហាយ ដោយកិលេស មានធម៌ជាអារម្មណ៍ រមែងកើតឡើង ក្នុងកាយក្តី សេចក្តីរួញរា នៃចិត្តក្តី ចិត្តរសាត់អណ្តែត ទៅកាន់អារម្មណ៍ខាងក្រៅក្តី។ ម្នាលអានន្ទ ភិក្ខុនោះ ត្រូវតាំងចិត្តទុក ក្នុងនិមិត្ត ដែលគួរជាទីជ្រះថ្លាណាមួយចុះ។ កាលបើភិក្ខុនោះ តាំងចិត្តទុក ក្នុងនិមិត្តគួរជាទីជ្រះថ្លាណាមួយបានហើយ បាមោជ្ជៈ ក៏កើតឡើង កាលភិក្ខុមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ ភិក្ខុដែលមានកាយស្ងប់ រមែងសោយនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុដែលមានសេចក្តីសុខ រមែងតាំងនៅខ្ជាប់ខ្ជួន។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ ដូច្នេះថា អាត្មាអញ បានតាំងចិត្ត ដើម្បីប្រយោជន៍ឯណា ប្រយោជន៍របស់អាត្មាអញនោះ បានសម្រេចហើយ ណ្ហើយចុះ ឥឡូវនេះ អាត្មាអញ ប្រមូលមកនូវចិត្ត។ ភិក្ខុនោះ ទើបប្រមូលមកនូវចិត្តផង មិនត្រិះរិះផង មិនពិចារណាផង ទើបដឹងច្បាស់ថា អាត្មាអញ មិនមានវិតក្កៈ មិនមានវិចារៈ មានតែស្មារតី និងសេចក្តីសុខ ប្រព្រឹត្តទៅ ក្នុងខាងក្នុង (អារម្មណ៍ជាទីគោចរ)។ ម្នាលអានន្ទ ការតាំងចិត្ត ហើយភាវនា យ៉ាងនេះឯង។

[៤២] ម្នាលអានន្ទ ចុះការមិនតាំងចិត្ត ហើយភាវនា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅ តែងដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានតាំងទុកក្នុងអារម្មណ៍ខាងក្រៅ មួយទៀត ដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានរាយមាយ ផុតស្រឡះហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយវិញទៀត ដឹងច្បាស់ថា អាត្មាអញ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។

[៤៣] ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅហើយ ក៏ដឹងច្បាស់ថាចិត្តអាត្មាអញ មិនបានតាំងទុក ក្នុងអារម្មណ៍ខាងក្រៅ ទាំងដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានរាយមាយ ផុតស្រឡះហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយទៀត តែងដឹងច្បាស់ថា អាត្មាអញ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។

[៤៤] ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅ រមែងដឹងច្បាស់ថា ចិត្ត អាត្មាអញ មិនបានតាំងទុក ក្នុងអារម្មណ៍ខាងក្រៅ មួយទៀត ដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានរាយមាយ រួចផុតស្រឡះហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយវិញទៀត ដឹងច្បាស់ថា អាត្មាអញ ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។

[៤៥] ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅ រមែងដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) មួយទៀត ដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានរាយមាយ រួចផុតស្រឡះហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយវិញទៀត ដឹងច្បាស់ថា អាត្មាអញ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។

[៤៦] ម្នាលអានន្ទ ការមិនតាំងចិត្ត ហើយភាវនា យ៉ាងនេះឯង។ ម្នាលអានន្ទ ការតាំងចិត្ត ហើយភាវនា តថាគតសំដែងហើយ ការមិនតាំងចិត្ត ហើយភាវនា តថាគត ក៏បានសំដែងហើយ ដោយប្រការដូច្នេះឯង។ ម្នាលអានន្ទ កិច្ចឯណា ដែលព្រះសាស្តា ជាអ្នកស្វែងរកនូវប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្តីអនុគ្រោះ គប្បីធ្វើដល់សាវកទាំងឡាយ កិច្ចនោះ តថាគត បានធ្វើហើយ ដល់អ្នកទាំងឡាយ។ ម្នាលអានន្ទ កិច្ចទាំងនុ៎ះ គឺម្លប់ឈើ កិច្ចទាំងនុ៎ះ គឺទីស្ងាត់។ ម្នាលអានន្ទ អ្នកទាំងឡាយ ចូរពិចារណា ចូរកុំប្រមាទ កុំមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវភាសិតនេះហើយ។ ព្រះអានន្ទដ៏មានអាយុ ក៏ពេញចិត្ត រីករាយចំពោះភាសិតព្រះដ៏មានព្រះភាគ។

ចប់ អម្ពបាលិវគ្គ ទី១។

ឧទ្ទាននៃអម្ពបាលិវគ្គនោះគឺ

និយាយអំពីព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងអម្ពបាលិវន មាន ២ លើក អំពីភិក្ខុមានស្មារតី ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះកោសល ក្នុងដែន កោសល ១ អំពីគំនរអកុសល និងកុសល ១ អំពីសត្វខ្លែងឆាបប្រចៀច ១ អំពីប្រទេសដែលសត្វស្វា និងមនុស្ស ទៅបានដោយលំបាក ១ អំពីជនអ្នកចំអិននូវភត្ត ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់ព្រះប្រឈួនជាទម្ងន់ ១ អំពីព្រះអានន្ទដ៏មានអាយុ ចូលទៅកាន់លំនៅភិក្ខុនីមួយរូប ១។

នាឡន្ទវគ្គ ទី២

(២. នាលន្ទវគ្គោ)

(មហាបុរិសសូត្រ ទី១)

(១. មហាបុរិសសុត្តំ)

[៤៧] សាវត្ថីនិទាន។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មហាបុរស មហាបុរស បពិត្រព្រះអង្គដ៏ចំរើន ចុះបុគ្គលជាមហាបុរស ដោយហេតុដូចម្តេច។ ម្នាលសារីបុត្ត តថាគតហៅថា មហាបុរស ព្រោះមានចិត្តរួចផុតស្រឡះហើយ មិនមែនហៅថា មហាបុរស ព្រោះមានចិត្តមិនទាន់រួចផុតស្រឡះទេ។

[៤៨] ម្នាលសារីបុត្ត ភិក្ខុដែលឈ្មោះថាមានចិត្តរួចស្រឡះ តើដូចម្តេច។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ចិត្តក៏ប្រាសចាកតម្រេក រួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ជាអ្នកពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ចិត្តក៏ប្រាសចាកតម្រេក រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ម្នាលសារីបុត្ត ភិក្ខុដែលឈ្មោះថា មានចិត្តរួចស្រឡះ យ៉ាងនេះឯង។ ម្នាលសារីបុត្ត តថាគតហៅថា មហាបុរស ព្រោះមានចិត្តរួចស្រឡះ មិនមែនហៅថា មហាបុរស ព្រោះមិនមានចិត្តរួចស្រឡះទេ។

(នាលន្ទសូត្រ ទី២)

(២. នាលន្ទសុត្តំ)

[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទា។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តជ្រះថ្លា ចំពោះព្រះដ៏មានព្រះភាគយ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ដទៃ មានសេចក្តីត្រាស់ដឹង លើសជាងព្រះដ៏មានព្រះភាគ ក្នុងសម្ពោធិញ្ញាណនេះ មិនមានក្នុងអតីតកាលផង មិនមានក្នុងអនាគតកាលផង មិនមានក្នុងបច្ចុប្បន្នកាលផងឡើយ។ ម្នាលសារីបុត្ត អាសភិវាចា (វាចាដ៏អង់អាច) នេះ ដែលអ្នកបានពោលហើយ លើសលុបពេកណាស់ សីហនាទ ដែលខ្លួនកាន់យកតែមួយចំណែក អ្នកបានបន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តជ្រះថ្លា ក្នុងព្រះដ៏មានព្រះភាគយ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ដទៃ មានសេចក្តីត្រាស់ដឹងក្រៃលែង ជាងព្រះដ៏មានព្រះភាគ ក្នុងសម្ពោធិញ្ញាណនេះ មិនមានក្នុងអតីតកាលផង មិនមានក្នុងអនាគតកាលផង មិនមានក្នុងបច្ចុប្បន្នកាលផង។

[៥០] ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងអតីតកាល ព្រះដ៏មានព្រះភាគទាំងអស់នោះ អ្នកបានកំណត់ដឹង នូវចិត្តដោយចិត្តថា ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានសីលយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានធម៌យ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានបញ្ញាយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានធម៌ ជាគ្រឿងនៅយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គ មានវិមុត្តិយ៉ាងនេះខ្លះ ដូច្នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ កំណត់មិនបានទេ។

[៥១] ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងអនាគតកាល ព្រះដ៏មានព្រះភាគទាំងអស់នោះ អ្នកកំណត់ដឹង នូវចិត្តដោយចិត្តថា ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានសីលយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានធម៌យ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានបញ្ញាយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានធម៌ជាគ្រឿងនៅយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គ មានវិមុត្តិយ៉ាងនេះខ្លះ ដូច្នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ កំណត់មិនបានទេ។

[៥២] ម្នាលសារីបុត្ត ចុះតថាគតជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងបច្ចុប្បន្នកាលនេះ អ្នកកំណត់ដឹង នូវចិត្តដោយចិត្តថា ព្រះដ៏មានព្រះភាគ ព្រះអង្គមានសីលយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានធម៌យ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានបញ្ញាយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានធម៌ ជាគ្រឿងនៅយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានវិមុត្តិយ៉ាងនេះខ្លះ ដូច្នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ កំណត់មិនបានទេ។

[៥៣] ម្នាលសារីបុត្ត ការកំណត់ដឹងនូវចិត្តរបស់អ្នក មិនមានក្នុងព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ក្នុងកាលជាអតីត អនាគត បច្ចុប្បន្ននុ៎ះឡើយ។ ម្នាលសារីបុត្ត ចុះហេតុដូចម្តេច ក៏កាលឥឡូវនេះ អាសភិវាចាដ៏លើសលុប អ្នកបានពោលហើយ សីហនាទ ដែលខ្លួនកាន់យក ដោយចំណែកមួយ អ្នកបានបន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីជ្រះថ្លា ចំពោះព្រះដ៏មានព្រះភាគ យ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ដទៃ មានសេចក្តីត្រាស់ដឹងក្រៃលែងលើស ជាងព្រះដ៏មានព្រះភាគ ក្នុងសម្ពោធិញ្ញាណនេះ មិនមានក្នុងអតីតកាលផង មិនមានក្នុងអនាគតកាលផង មិនមានក្នុងបច្ចុប្បន្នកាលផង។ បពិត្រព្រះអង្គដ៏ចំរើន ពិតមែនតែការកំណត់ដឹង នូវចិត្តរបស់ខ្ញុំព្រះអង្គ ចំពោះព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ក្នុងអតីតកាល អនាគតកាល បច្ចុប្បន្នកាលនោះ មិនមានឡើយ ប៉ុន្តែការស្ទង់តាមធម៌ ខ្ញុំព្រះអង្គ បានដឹងច្បាស់ហើយ។

[៥៤] បពិត្រព្រះអង្គដ៏ចំរើន ដូចនគររបស់ព្រះរាជា នៅទីបំផុតដែន មានជើងកំពែងដ៏មាំ មានកំពែង និងសសរខឿនដ៏មាំ មានទ្វារតែមួយ នាយទ្វាររបស់ព្រះរាជានោះ ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា នៅប្រចាំត្រង់ទ្វារនោះ ចំាហាមឃាត់ជនទាំងឡាយ ដែលមិនស្គាល់ បើកឲ្យតែពួកជន ដែលស្គាល់ចូលទៅបាន។ នាយទ្វារនោះ ដើរត្រួតត្រាផ្លូវ តាមជួរកំពែង ដោយជុំវិញនគរនោះ ក៏មិនឃើញនូវទី-ត នៃកំពែងឬ ឬនៅចន្លោះនៃកំពែង ដោយហោចទៅ សូម្បីតែសត្វឆ្មា ក៏សសុលចូលពុំបាន។ នាយទ្វារនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកសត្វធំៗណាមួយ រមែងចូលទៅកាន់នគរនេះ ឬចេញមកវិញ ពួកសត្វទាំងអស់នោះ រមែងចូលទៅ ឬចេញតាមទ្វារនេះឯង យ៉ាងណាមិញ។ បពិត្រព្រះអង្គដ៏ចំរើន ការស្ទង់តាមធម៌ ខ្ញុំព្រះអង្គ បានដឹងហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះអរហន្តសម្មាសម្ពុទ្ធ មានក្នុងអតីតកាល ព្រះដ៏មានព្រះភាគទាំងអស់នោះ ទ្រង់លះបង់ នូវនីវរណៈ ទាំង ៥ ដែលជាឧបក្កិលេសនៃចិត្ត ដែលធ្វើបញ្ញា ឲ្យមានកំឡាំងថយ ទ្រង់មានព្រះហឫទ័យដំកល់ខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ ទ្រង់ចំរើននូវពោជ្ឈង្គ ទាំង ៧ ត្រាស់ដឹងចំពោះនូវអនុត្តរសម្មាសម្ពោធិធម៌ តាមសភាវៈពិត។ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះអរហន្តសម្មាសម្ពុទ្ធ មានក្នុងអនាគតកាល ព្រះដ៏មានព្រះភាគទាំងអស់នោះ ទ្រង់លះបង់នូវនីវរណៈ ទាំង ៥ ដែលជាឧបក្កិលេស នៃចិត្ត ដែលធ្វើបញ្ញា ឲ្យមានកំឡាំងថយ ទ្រង់មានព្រះហឫទ័យដំកល់ខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ ទ្រង់ចំរើននូវពោជ្ឈង្គទាំង ៧ ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិធម៌ តាមសភាវៈពិត។ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងកាលជាបច្ចុប្បន្ននេះ ក៏ទ្រង់លះបង់ នូវនីវណៈ ទាំង ៥ ដែលជាឧបក្កិលេសនៃចិត្ត ដែលធ្វើបញ្ញាឲ្យមានកំឡាំងថយ ទ្រង់មានព្រះហឫទ័យដំកល់ខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ ទ្រង់ចំរើននូវពោជ្ឈង្គទាំង ៧ ត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិធម៌ តាមសភាវៈពិត យ៉ាងនោះឯង។

[៥៥] ម្នាលសារីបុត្ត ត្រូវណាស់ហើយ ម្នាលសារីបុត្ត ព្រោះហេតុនោះ អ្នកគប្បីពោល នូវធម្មបរិយាយនេះ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ឲ្យរឿយៗចុះ។ ម្នាលសារីបុត្ត ព្រោះថា សេចក្តីងឿងឆ្ងល់ ឬសេចក្តីសង្ស័យ ក្នុងព្រះតថាគត នឹងមានដល់មោឃបុរសឯណា មោឃបុរសទាំងនោះ បានស្តាប់នូវធម្មបរិយាយនេះហើយ មុខជានឹងលះបង់ នូវសេចក្តីងឿងឆ្ងល់ ឬសេចក្តីសង្ស័យ ក្នុងព្រះតថាគតចេញបាន។

(ចុន្ទសូត្រ ទី៣)

(៣. ចុន្ទសុត្តំ)

[៥៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ មានអាពាធ មានសេចក្តីទុក្ខ មានជម្ងឺធ្ងន់ នៅក្នុងស្រុកនាឡកៈ ក្នុងដែនមគធៈ។ មានសាមណេរ ឈ្មោះចុន្ទ ជាឧបដ្ឋាក របស់ព្រះសារីបុត្តដ៏មានអាយុ។ គ្រានោះឯង ព្រះសារីបុត្ត ក៏បរិនិព្វាន ដោយអាពាធនោះ។

[៥៧] លំដាប់នោះឯង ចុន្ទសាមណេរ ក៏កាន់យកបាត្រ និងចីវរ របស់ព្រះសារីបុត្តដ៏មានអាយុ ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ ឯវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចុន្ទសាមណេរ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានហើយ នេះបាត្រចីវររបស់លោក។ ម្នាលអាវុសោចុន្ទ នេះជាដំណឹង ដែលអ្នកនាំមកជាដំបូង ម្នាលអាវុសោចុន្ទ មក យើងនឹងនាំគ្នាចូលទៅរកព្រះដ៏មានព្រះភាគ ដើម្បីគាល់ព្រះអង្គ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ចុន្ទសាមណេរ ក៏ទទូលពាក្យព្រះអានន្ទដ៏មានអាយុថា ករុណា លោកម្ចាស់។

[៥៨] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ និងចុន្ទសាមណេរ ក៏ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុន្ទសាមណេរនេះ បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានហើយ នេះបាត្រចីវររបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាយរបស់ខ្ញុំព្រះអង្គ ហាក់ដូចជារឹងស្តូកស្តឹង ទាំងទិសទាំងឡាយ ក៏មិនប្រាកដ ដល់ខ្ញុំព្រះអង្គ ទាំងធម៌ទាំងឡាយ ក៏មិនភ្លឺច្បាស់ ដល់ខ្ញុំព្រះអង្គដែរ ព្រោះបានឮថា ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានទៅហើយ។

[៥៩] ម្នាលអានន្ទ សារីបុត្តនាំយកសីលក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកសមាធិក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកបញ្ញាក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកវិមុត្តិក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកវិមុត្តិញ្ញាណទស្សនក្ខន្ធ បរិនិព្វានទៅហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ របស់ខ្ញុំព្រះអង្គ នាំយកសីលក្ខន្ធ បរិនិព្វានទៅក៏ទេ។បេ។ នាំយកវិមុត្តិញ្ញាណទស្សនក្ខន្ធ បរិនិព្វានទៅក៏ទេ។ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែព្រះសារីបុត្តដ៏មានអាយុ របស់ខ្ញុំព្រះអង្គ លោកជាអ្នកប្រដៅ ជាអ្នកពន្យល់ ជាអ្នកបំភ្លឺ ជាអ្នកបបួល ជាអ្នកឲ្យអាចហាន ជាអ្នកឲ្យរីករាយ ជាអ្នកមិនខ្ជិលច្រអូស ជាអ្នកអនុគ្រោះ ដល់ពួកសព្រហ្មចារ្យ ដោយធម៌ទេសនា យើងខ្ញុំទាំងឡាយ តែងរឭកតាមនូវធម្ម ឱជារស ធម្មសម្បត្តិ ធម្មានុគ្រោះ របស់ព្រះសារីបុត្តដ៏មានអាយុនោះ។

[៦០] ម្នាលអានន្ទ ដំណើរនោះ តថាគតបានប្រាប់មុនហើយថា ការផ្សេងៗគ្នា ការព្រាត់ប្រាស់គ្នា ការប្រព្រឹត្តទៅទីទៃពីគ្នា ចាកសត្វ និងសង្ខារទាំងពួង ជាទីស្រឡាញ់ ជាទីពេញចិត្ត ម្នាលអានន្ទ អ្នកគប្បីបានដំណើរនោះអំពីទីឯណា ដូច្នេះមិនមែនឬ។ របស់ឯណា ដែលកើតហើយ ចំរើនហើយ បច្ច័យតាក់តែងហើយ របស់នោះឯង តែងមានសេចក្តីវិនាសទៅជាធម្មតា។ បុគ្គលនឹងសង្ឃឹមថា សូមឲ្យរបស់នោះ កុំបីវិនាសឡើយ ហេតុនុ៎ះ មិនដែលមានឡើយ។

[៦១] ម្នាលអានន្ទ ដូចដើមឈើធំក្រៃលែងជាងឈើធំ ដែលមានខ្លឹម កំពុងតាំងនៅ ស្រាប់តែរលំទៅ យ៉ាងណា។ ម្នាលអានន្ទ កាលបើភិក្ខុសង្ឃជាច្រើន ប្រកបដោយសារធម៌ កំពុងឋិតនៅ ស្រាប់តែសារីបុត្តបរិនិព្វានទៅ ក៏យ៉ាងនោះឯង ម្នាលអានន្ទ ដំណើរនោះ អ្នកគប្បីបានអំពីទីឯណា។ របស់ឯណា ដែលកើតហើយ ចំរើនហើយ បច្ច័យតាក់តែងហើយ តែងមានសេចក្តីវិនាសទៅ ជាធម្មតា បុគ្គលនឹងសង្ឃឹមថា សូមឲ្យរបស់នោះ កុំវិនាសទៅឡើយ ហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក កុំបីមានវត្ថុដទៃជាទីរឭកឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីរឭក កុំបីមានវត្ថុដទៃ ជាទីរឭកឡើយ។

[៦២] ម្នាលអានន្ទ ភិក្ខុដែលមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ តែងពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មាន ព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលអានន្ទ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក យ៉ាងនេះឯង។

[៦៣] ម្នាលអានន្ទ ពួកភិក្ខុឯណានីមួយ ក្នុងកាលឥឡូវនេះក្តី ក្នុងកាលអំណើះអំពីតថាគតទៅក្តី នឹងមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក កុំបីមានវត្ថុដទៃជាទីរឭក មានធម៌ជាទីពឹង មានធម៌ ជាទីរឭក កុំបីមានវត្ថុដទៃ ជាទីរឭកចុះ។ ម្នាលអានន្ទ ពួកភិក្ខុឯណានីមួយ ជាអ្នកប្រាថ្នាការសិក្សា ភិក្ខុទាំងនោះ នឹងប្រាកដមាន ក្នុងចំណែកដ៏ប្រសើរក្រៃលេង។

(ឧក្កចេលសូត្រ ទី៤)

(៤. ឧក្កចេលសុត្តំ)

[៦៤] កាលដែលព្រះសារីបុត្ត និងព្រះមោគ្គល្លាន 2) បរិនិព្វានទៅហើយមិនយូរប៉ុន្មាន សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅទៀបឆ្នេរស្ទឹងគង្គា ជិតក្រុងឧក្កចេលា នាដែនវជ្ជី ជាមួយនិងភិក្ខុសង្ឃច្រើនរូប។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់នៅក្នុងទីវាល។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ក្រឡេកមើលទៅភិក្ខុសង្ឃ នៅស្ងៀមហើយ ក៏ទ្រង់ត្រាស់ទៅនឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែលសារីបុត្ត និងមោគ្គល្លាន មិនទាន់បរិនិព្វាននៅឡើយ ក៏បរិសទ្យនេះឯង ប្រាកដហាក់ដូចជាសូន្យ ដល់តថាគត។ ម្នាលភិក្ខុទាំងឡាយ (បើ) សារីបុត្ត និងមោគ្គល្លាន នៅក្នុងទិសឯណា ទិសនោះមិនសូន្យ ដល់តថាគតទេ ទាំងសេចក្តីមិនព្រួយបារម្ភ (របស់តថាគត) ក៏មានក្នុងទិសនោះ។

[៦៥] ម្នាលភិក្ខុទាំងឡាយ ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលមានហើយ ក្នុងអតីតកាលក្តី សាវកទាំងគូ របស់ព្រះដ៏មានព្រះភាគទាំងនោះ ក៏មានប្រមាណប៉ុណ្ណេះ ដូចជាសារីបុត្ត និងមោគ្គល្លានរបស់តថាគតដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងមានក្នុងអនាគតកាលក្តី សាវកទាំងគូ របស់ព្រះដ៏មានព្រះភាគទាំងនោះ ក៏មានប្រមាណប៉ុណ្ណេះ ដូចជាសារីបុត្ត និងមោគ្គល្លាន របស់តថាគតដែរ។

[៦៦] ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុអស្ចារ្យរបស់ពួកសាវក ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុចម្លែក របស់ពួកសាវក ព្រោះពួកសាវក ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ និងធ្វើតាមឱវាទ របស់តថាគតជាគ្រូហើយ នឹងបានជាទីស្រឡាញ់ផង ជាទីគាប់ចិត្តផង ជាទីគោរពផង ជាទីសរសើរផង នៃពួកបរិសទ្យ ទាំង ៤។ ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុអស្ចារ្យ របស់តថាគត ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុចម្លែក របស់តថាគត ព្រោះថា កាលបើសាវកទាំងគូ មានសភាពដូច្នេះ បរិនិព្វានទៅហើយ សេចក្តីសោកក្តី សេចក្តីខ្សឹកខ្សួលក្តី មិនមានដល់តថាគតឡើយ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលគប្បីបាននូវហេតុនោះអំពីទីណា។ ធម្មជាតឯណា ដែលកើតហើយ មានហើយ បច្ច័យប្រជុំតាក់តែងហើយ ក៏គង់មានកិរិយាទ្រុឌទ្រោមទៅ ជាធម្មតា (នឹងឃាត់) ថា ឱហ្ន៎ ធម្មជាតនោះ ចូរកុំទ្រុឌទ្រោមទៅ ហេតុនេះ រមែងមិនមានឡើយ។

[៦៧] ម្នាលភិក្ខុទាំងឡាយ កាលបើដើមឈើដែលធំ ជាឈើមានខ្លឹម កំពុងឋិតនៅ ឯមែកដែលធំៗ នៃឈើនោះ ក៏បាក់បែកទៅ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុសង្ឃដ៏ធំ មានខ្លឹមឋិតនៅ សារីបុត្ត និងមោគ្គល្លាន3) បរិនិព្វានទៅហើយ។ សារីបុត្ត និងមោគ្គល្លាននោះ បុគ្គលគប្បីរកបានក្នុងភិក្ខុសង្ឃនេះ អំពីទីណា ក៏យ៉ាងនោះឯង។ ធម្មជាតឯណា ដែលកើតហើយ មានហើយ បច្ច័យប្រជុំតាក់តែងហើយ (នឹងឃាត់) ថា ឱហ្ន៎ ធម្មជាតនោះ ចូរកុំទ្រុឌទ្រោមទៅ ហេតុនេះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក កុំយកវត្ថុដទៃជាទីពឹង ទីរឭកឡើយ ចូកយកធម៌ជាទីពឹង យកធម៌ជាទីរឭក កុំយកវត្ថុដទៃជា ទីពឹងទីរឭកឡើយ។

[៦៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយកវត្ថុដទៃ ជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក យ៉ាងនេះឯង។

[៦៩] ម្នាលភិក្ខុទាំងឡាយ មែនពិត ពួកភិក្ខុឯណានីមួយ ក្នុងកាលឥឡូវនេះក្តី ក្នុងកាលជាអំណើះ អំពីតថាគតទៅក្តី នឹងយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណានីមួយ ជាសិក្ខាកាម (អ្នកប្រាថ្នានូវការសិក្សា) ភិក្ខុទាំងនុ៎ះ នឹងមានសេចក្តីចំរើន ដរាបដល់កាលជាទីបំផុត។

(ពាហិយសូត្រ ទី៥)

(៥. ពាហិយសុត្តំ)

[៧០] សាវត្ថីនិទាន។ គ្រានោះ ព្រះពាហិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះពាហិយៈ ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គ បើបានស្តាប់ធម៌ របស់ព្រះដ៏មានព្រះភាគហើយ ជាបុគ្គលម្នាក់ឯង ចៀសចេញទៅ មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ម្នាលពាហិយៈ ក្នុងសាសនានេះ អ្នកចូរជម្រះ នូវដើម នៃកុសលធម៌សិន។ ចុះអ្វីជាដើម នៃកុសលធម៌។ គឺសីលស្អាតល្អ ១ ទិដ្ឋិត្រង់ ១។

[៧១] ម្នាលពាហិយៈ កាលណាបើអ្នកនឹងមានសីលស្អាតល្អ មានទិដ្ឋិត្រង់ល្អហើយ ម្នាលពាហិយៈ លំដាប់អំពីនោះទៅ អ្នកគប្បីអាស្រ័យសីល ដំកល់នៅក្នុងសីល ហើយចំរើននូវសតិប្បដ្ឋាន ៤ ចុះ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលពាហិយៈ ក្នុងសាសនានេះ អ្នកចូរពិចារណាឲ្យឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តី ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ចូរពិចារណា ឲ្យឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលពាហិយៈ កាលណាបើអ្នកនឹងអាស្រ័យសីល ដំកល់នៅក្នុងសីល ចំរើននូវសតិប្បដ្ឋាន ទាំង៤នេះ យ៉ាងនេះឯង ម្នាលពាហិយៈ លំដាប់អំពីនោះទៅ យប់ក្តី ថ្ងៃក្តី នឹងមក ដល់អ្នក សេចក្តីចំរើន នឹងប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនបានសាបសូន្យឡើយ។

[៧២] គ្រានោះ ព្រះពាហិយៈដ៏មានអាយុ ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចេញទៅ។ គ្រានោះ ព្រះពាហិយៈដ៏មានអាយុ ជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌ ដ៏ប្រសើរនោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះពាហិយៈដ៏មានអាយុ ក៏ជាព្រះអរហន្ត ១ អង្គដែរ។

(ឧត្តិយសូត្រ ទី៦)

(៦. ឧត្តិយសុត្តំ)

[៧៣] សាវត្ថីនិទាន។ គ្រានោះ ព្រះឧត្តិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះព្រះឧត្តិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គ កាលបើបានស្តាប់ធម៌ របស់ព្រះដ៏មានព្រះភាគហើយ ជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានចិត្តស្លុងទៅរកព្រះនិព្វាន។ ម្នាលឧត្តិយៈ បើដូច្នោះ ក្នុងសាសនានេះ អ្នកចូរជម្រះ នូវដើមនៃកុសលធម៌ទាំងឡាយសិន។ ចុះអ្វីជាដើម នៃកុសលធម៌ទាំងឡាយ។ គឺសីលស្អាតល្អ ១ ទិដ្ឋិត្រង់ ១។

[៧៤] ម្នាលឧត្តិយៈ កាលបើអ្នកនឹងមានសីលស្អាតល្អ មានទិដ្ឋិត្រង់ល្អហើយ ម្នាលឧត្តិយៈ លំដាប់អំពីនោះទៅ អ្នកត្រូវអាស្រ័យសីល ដំកល់នៅក្នុងសីល ហើយចំរើន នូវសតិប្បដ្ឋាន ៤ ចុះ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលឧត្តិយៈ ក្នុងសាសនានេះ អ្នកចូរពិចារណា ឲ្យឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ចូរពិចារណាឲ្យឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលឧត្តិយៈ កាលណាបើអ្នកអាស្រ័យនូវសីល ដំកល់នៅក្នុងសីល ចំរើននូវសតិប្បដ្ឋាន ទាំង ៤ នេះ យ៉ាងនេះហើយ លំដាប់អំពីនោះទៅ អ្នកនឹងបានដល់នូវត្រើយនៃវដ្តៈ ដែលជាលំនៅនៃមច្ចុ។

[៧៥] គ្រានោះ ព្រះឧត្តិយៈដ៏មានអាយុ ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏ មានព្រះភាគ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចេញទៅ។ លំដាប់នោះ ព្រះឧត្តិយៈដ៏មានអាយុ ជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានចិត្តស្លុងទៅរកព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌ ដ៏ប្រសើរនោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះឧត្តិយៈដ៏មានអាយុ ជាព្រះអរហន្ត ១ អង្គដែរ។

(អរិយសូត្រ ទី៧)

(៧. អរិយសុត្តំ)

[៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ជាគុណជាតិប្រសើរ ជាទីស្រោចស្រង់ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើនោះ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ តែងពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ទាំង ៤ នេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ជាគុណជាតិប្រសើរ ជាទីស្រោចស្រង់ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើនោះ។

(ព្រហ្មសូត្រ ទី៨)

(៨. ព្រហ្មសុត្តំ)

[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់ក្រោមដើមអជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលប្រទេស។ គ្រានោះ ព្រះដ៏មានព្រះភាគ គង់ក្នុងទីស្ងាត់ សម្ងំនៅតែមួយព្រះអង្គឯង ទ្រង់មានព្រះហឫទ័យត្រិះរិះកើតឡើង យ៉ាងនេះថា ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹង នូវធម៌ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ គឺភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយក្តី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ភិក្ខុ (ពិចារណាឃើញ នូវវេទនា) ក្នុងវេទនាទាំងឡាយក្តី។ ភិក្ខុ (ពិចារណាឃើញនូវចិត្ត) ក្នុងចិត្តក្តី។ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយក្តី មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។

[៧៨] គ្រានោះ ព្រហ្មឈ្មោះ សហម្បតិ ដឹងច្បាស់នូវសេចក្តីត្រិះរិះ ក្នុងព្រះហឫទ័យ របស់ព្រះដ៏មានព្រះភាគ ដោយចិត្ត (នៃខ្លួន) ហើយក៏បាត់អំពីព្រហ្មលោក មកប្រាកដ ក្នុងទីចំពោះព្រះភ័ក្ត្រ នៃព្រះដ៏មានព្រះភាគ (រហ័ស) ដូចបុរសមានកំឡាំង លានូវដៃ ដែលបត់ ឬបត់នូវដៃ ដែលលាហើយ យ៉ាងនោះឯង។ ទើបព្រហ្មឈ្មោះ សហម្បតិ ដណ្តប់សំពត់ បង់ក ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា

[៧៩] បពិត្រព្រះដ៏មានព្រះភាគ ព្រះពុទ្ធដីកានេះ យ៉ាងនេះឯង បពិត្រព្រះសុគត ព្រះពុទ្ធដីកានេះ យ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់ នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹង នូវធម៌ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យ ជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុត្រូវពិចារណាឲ្យឃើញ នូវកាយក្នុងកាយក្តី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ (ពិចារណាឃើញ នូវវេទនា) ក្នុងវេទនាទាំងឡាយក្តី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ (ពិចារណាឃើញ នូវចិត្ត) ក្នុងចិត្តក្តី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយក្តី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ បពិត្រព្រះអង្គដ៏ចំរើន ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។

[៨០] ព្រហ្មឈ្មោះសហម្បតិ បានពោលនូវពាក្យនេះ លុះព្រហ្មឈ្មោះសហម្បតិ បានពោលនូវពាក្យនេះហើយ ក៏ពោលនូវគាថា នេះតទៅទៀតថា

អ្នកមានប្រាជ្ញា ឃើញនូវព្រះនិព្វាន ជាទីបំផុតនៃកិរិយាអស់ទៅនៃជាតិ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ រមែងដឹងច្បាស់ នូវផ្លូវតែមួយ គឺបុព្វភាគសតិប្បដ្ឋាន ជនទាំងឡាយឯណា បានឆ្លងហើយ ក្នុងកាលមុនក្តី ឆ្លងក្នុងកាលឥឡូវនេះក្តី នឹងឆ្លងក្នុងខាងមុខក្តី នូវអន្លង់ (មានកាម ជាដើម) តាមផ្លូវនេះឯង។

(សេទកសូត្រ ទី៩)

(៩. សេទកសុត្តំ)

[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសេទកនិគម របស់ពួកសុម្ភជន ក្នុងសុម្ភជនបទ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានបុរស ជាធំក្នុងល្បែងរ៉ាវ4) ចណ្ឌាល លើកឡើងនូវរ៉ាវចណ្ឌាល ហើយហៅកូនសិស្សឈ្មោះ មេទកថាលិកា ថា នែមេទកថាលិកាជាសំឡាញ់ អ្នកចូរមកឡើងកាន់រ៉ាវចណ្ឌាល ហើយឈរ នៅលើ ក របស់យើងចុះ។ ម្នាលភិក្ខុទាំងឡាយ ឯកូនសិស្សឈ្មោះ មេទកថាលិកា ទទួលស្តាប់ពាក្យបុរស ជាធំក្នុងល្បែងរ៉ាវចណ្ឌាលថា អើលោកអាចារ្យ ហើយក៏ឡើងកាន់រ៉ាវចណ្ឌាល ឈរលើ ក អាចារ្យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ បុរសជាធំ ក្នុងល្បែងរ៉ាវចណ្ឌាល ពោលទៅនឹងកូនសិស្ស ឈ្មោះមេទកថាលិកា ដូច្នេះថា នែមេទកថាលិកាជាសំឡាញ់ អ្នកចូររក្សាយើង យើងនឹងរក្សាអ្នក កាលបើយើងទាំងពីរនាក់ គ្រប់គ្រងគ្នានិងគ្នា រក្សាគ្នានិងគ្នា យ៉ាងនេះហើយ នឹងសំដែងសិល្បៈផង នឹងបាននូវលាភផង នឹងបានចុះអំពីរ៉ាវចណ្ឌាល ដោយសួស្តីផង។

[៨២] ម្នាលភិក្ខុទាំងឡាយ កាលបើបុរសជាធំ ក្នុងល្បែងរ៉ាវចណ្ឌាល ពោលយ៉ាងនេះហើយ ឯកូនសិស្សឈ្មោះ មេទកថាលិកា ក៏ពោលតបទៅនឹងបុរសជាធំ ក្នុងល្បែងរ៉ាវចណ្ឌាល ដូច្នេះថា បពិត្រលោកអាចារ្យ ហេតុនុ៎ះ មិនទំនងទេ បពិត្រលោកអាចារ្យ លោកចូររក្សាខ្លួន (លោក) ចុះ ខ្ញុំនឹងរក្សាខ្លួន (ខ្ញុំ) ដែរ កាលបើយើងទាំងពីរនាក់ បានគ្រប់គ្រងខ្លួន រក្សាខ្លួន យ៉ាងនេះហើយ នឹងបានសំដែងសិល្បៈផង នឹងបាននូវលាភផង នឹងបានចុះអំពីរ៉ាវចណ្ឌាលដោយសួស្តីផង។ នុ៎ះជាឧបាយ ក្នុងការរក្សាខ្លួននោះ។ កូនសិស្សឈ្មោះមេទកថាលិកា ពោលទៅនឹងអាចារ្យ យ៉ាងណា ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់នូវរឿងនុ៎ះ (យ៉ាងនោះដែរ)។ ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុគិត) ថា អាត្មាអញ នឹងរក្សាខ្លួន ត្រូវសេពសតិប្បដ្ឋាន (បើគិត) ថា អាត្មាអញ នឹងរក្សាអ្នកដទៃ ក៏ត្រូវសេពសតិប្បដ្ឋានដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលរក្សាខ្លួនឈ្មោះថា រក្សាអ្នកដទៃ កាលរក្សាអ្នកដទៃ ឈ្មោះថា រក្សាខ្លួន។

[៨៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ កាលរក្សាខ្លួន ឈ្មោះថា រក្សាអ្នកដទៃ តើដូចម្តេច។ គឺដោយការសេព (កម្មដ្ឋាន) ដោយការចំរើន ដោយអំពើធ្វើរឿយៗ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលរក្សាខ្លួន ឈ្មោះថា រក្សាអ្នកដទៃ យ៉ាងនេះឯង។

[៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ កាលរក្សាអ្នកដទៃ ឈ្មោះថា រក្សាខ្នួន តើដូចម្តេច។ គឺដោយអំណត់ ដោយសេចក្តីមិនបៀតបៀន ដោយមេត្តាចិត្ត ដោយសេចក្តីអាណិត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលរក្សាអ្នកដទៃ ឈ្មោះថា រក្សាខ្លួន យ៉ាងនេះឯង។

[៨៥] ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុគិត) ថា អាត្មាអញ នឹងរក្សាខ្លួន ត្រូវសេពសតិប្បដ្ឋាន (បើគិត) ថា អាត្មាអញ នឹងរក្សាអ្នកដទៃ ក៏ត្រូវសេពសតិប្បដ្ឋានដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលរក្សាខ្លួន ឈ្មោះថា រក្សាអ្នកដទៃ កាលរក្សាអ្នកដទៃ ឈ្មោះថា រក្សាខ្លួន។

(ជនបទកល្យាណីសូត្រ ទី១០)

(១០. ជនបទកល្យាណីសុត្តំ)

[៨៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសេទកនិគម របស់ពួកសុម្ភជន ក្នុងសុម្ភជនបទ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា។

[៨៧] ម្នាលភិក្ខុទាំងឡាយ ដូចពួកមហាជនប្រជុំគ្នា ដោយគិតថា នាងជនបទកល្យាណី នាងជនបទកល្យាណី (ស្រីមានលំអក្នុងជនបទៗ) ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ពួកមហាជន ប្រជុំគ្នាច្រើនក្រៃលែង ដោយគិតថា នាងជនបទកល្យាណីនោះឯង មានលំនាំកិរិយាឧត្តម ក្នុងការរាំ មានលំនាំកិរិយាឧត្តម ក្នុងការច្រៀង នាងជនបទកល្យាណី រាំឥឡូវនេះ ច្រៀងឥឡូវនេះ។ គ្រានោះ មានបុរសដែលចង់រស់ មិនចង់ស្លាប់ មានប្រាថ្នាសេចក្តីសុខ ខ្ពើមទុក្ខ មកដល់ហើយ ក៏និយាយទៅនឹងបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន ភាជនៈប្រេង ដ៏ពេញស្មើនេះ អ្នកត្រូវរក្សាទុក ក្នុងចន្លោះមហោស្រពផង ក្នុងចន្លោះនាងជនបទកល្យាណីផង។ បុរសក៏លើកដាវឡើង ដើរតាមក្រោយៗ នៃបុរសនោះ ហើយពោលថា អ្នកនឹងធ្វើឲ្យកំពប់ប្រេង សូម្បីបន្តិចត្រង់ទីណា ក្បាលអ្នក នឹងធ្លាក់ចុះត្រង់ទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច បុរសនោះ មិនគួរយកចិត្តទុកដាក់ នឹងប្រេងឯណោះ ហើយនាំមក នូវសេចក្តីធ្វេសប្រហែស ខាងក្រៅដែរឬ។ ហេតុនោះ មិនគួរធ្វេសប្រហែសទេ ព្រះអង្គ។

[៨៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមានេះឯង តថាគតធ្វើដើម្បីពន្យល់ សេចក្តីនេះឯងជាសេចក្តីក្នុងរឿងនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ឯពាក្យថា ភាជនៈប្រេង ដ៏ពេញស្មើនេះ ជាឈ្មោះនៃកាយគតាសតិ។

[៨៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា កាយគតាសតិ យើងនឹងចំរើន នឹងធ្វើរឿយៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ ដំកល់ទុករឿយៗ សន្សំប្រារព្ធដោយល្អ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ នាឡន្ទវគ្គ ទី ២។

ឧទ្ទាននៃនាឡន្ទវគ្គនោះគឺ

និយាយអំពីមហាបុរស ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងក្រុងនាឡន្ទា ១ អំពីចុន្ទសាមណេរ ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនគរឧក្កចេលា ១ អំពីព្រះពាហិយៈ១ អំពីព្រះឧត្តិយៈ ១ អំពីសតិប្បដ្ឋាន ជារបស់ប្រសើរ១ អំពីសហម្បតិព្រហ្ម ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសេទកនិគម មានពីរលើក។

សីលដ្ឋិតិវគ្គ ទី៣

(៣. សីលដ្ឋិតិវគ្គោ)

(សីលសូត្រ ទី១)

(១. សីលសុត្តំ)

[៩០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យនេះ ព្រះអានន្ទដ៏មានអាយុ និងព្រះភទ្ទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត។ គ្រានោះ ព្រះភទ្ទៈដ៏មានអាយុ ចេញចាកទីស្ងាត់ ក្នុងវេលាសាយណ្ហសម័យហើយ ក៏ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរ ហើយ ក៏ពោលទៅនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា

[៩១] ម្នាលអានន្ទដ៏មានអាយុ សីល5) ជាកុសលទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ សីលជាកុសលទាំងនេះ តើព្រះដ៏មានព្រះភាគ ទ្រង់ពោលដើម្បីអ្វី។ ព្រះអានន្ទតបថា ម្នាលភទ្ទៈដ៏មានអាយុ ប្រពៃណាស់ហើយ ម្នាលភទ្ទៈដ៏មានអាយុ ការស្វែងរកប្រស្នា របស់អ្នកល្អណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរ ក៏សមទំនង។ ម្នាលភទ្ទៈដ៏មានអាយុ ព្រោះអ្នកបានសួរ យ៉ាងនេះថា ម្នាលអានន្ទដ៏មានអាយុ សីលជាកុសលទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ សីលជាកុសលទាំងនេះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលដើម្បីអ្វី។ ករុណា អាវុសោ។

[៩២] ម្នាលភទ្ទៈដ៏មានអាយុ សីលជាកុសលទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ សីលជាកុសលទាំងនេះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលកំណត់ ដើម្បីចំរើន នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភទ្ទៈដ៏មានអាយុ សីលជាកុសលទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ សីលជាកុសលទាំងនេះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលកំណត់ ដើម្បីចំរើននូវសតិប្បដ្ឋាន ទាំង ៤ នេះឯង។

(ចិរដ្ឋិតិសូត្រ ទី២)

(២. ចិរដ្ឋិតិសុត្តំ)

[៩៣] និទានដដែលនោះ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា

[៩៤] ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន។ ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន។ ម្នាលភទ្ទៈដ៏មានអាយុ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលភទ្ទៈដ៏មានអាយុ ការស្វែងរកប្រស្នា របស់អ្នកល្អណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរ ក៏សមទំនង។ ម្នាលភទ្ទៈដ៏មានអាយុ ព្រោះអ្នកបានសួរ យ៉ាងនេះថា ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន។ ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្មស្ថិតនៅអស់កាលយូរបាន។ ករុណា អាវុសោ។

[៩៥] ម្នាលអាវុសោ កាលបើព្រះតថាគត បរិនិពា្វនទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុមិនចំរើន មិនធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ ម្នាលអាវុសោ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈានិងទោមនស្ស ក្នុងលោក។ ម្នាលអាវុសោ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះឯង។

(បរិហានសូត្រ ទី៣)

(៣. បរិហានសុត្តំ)

[៩៦] សម័យមួយ ព្រះអានន្ទដ៏មានអាយុ និងព្រះភទ្ទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត។ គ្រានោះ ព្រះភទ្ទៈដ៏មានអាយុ ចេញចាកទីស្ងាត់ ក្នុងវេលាសាយណ្ហសម័យ ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា

[៩៧] ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យ។ ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្មមិនសាបសូន្យ។ ម្នាលភទ្ទៈដ៏មានអាយុ ប្រពៃណាស់ហើយ ម្នាលភទ្ទៈដ៏មានអាយុ ការស្វែងរកប្រស្នា របស់អ្នកល្អណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរ ក៏សមទំនង ម្នាលភទ្ទៈដ៏មានអាយុ ព្រោះអ្នកបានសាកសួរ យ៉ាងនេះថា ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យ។ ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្ម មិនសាបសូន្យ។ ករុណា អាវុសោ។

[៩៨] ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យ ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មមិនសាបសូន្យ ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យទៅ ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មមិនសាបសូន្យ ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។

(សុទ្ធសូត្រ ទី៤)

(៤. សុទ្ធសុត្តំ)

[៩៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤ យ៉ាង។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន មាន ៤ យ៉ាងនេះឯង។

(អញ្ញតរព្រាហ្មណសូត្រ ទី៥)

(៥. អញ្ញតរព្រាហ្មណសុត្តំ)

[១០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា

[១០១] បពិត្រព្រះគោតមដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅយូរបាន។ បពិត្រព្រះគោតមដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន។

[១០២] ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគតបរិនិព្វានទៅហើយ ព្រះសទ្ធម្មមិនស្ថិតនៅ អស់កាលយូរបាន ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះឯង។

[១០៣] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ពោលយ៉ាងនេះហើយ ព្រាហ្មណ៍នោះ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។

(បទេសសូត្រ ទី៦)

(៦. បទេសសុត្តំ)

[១០៤] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ ព្រះមហាមោគ្គល្លានដ៏មានអាយុ និងព្រះអនុរុទ្ធដ៏មានអាយុ គង់នៅក្នុងវត្តកណ្តកីវន ជិតក្រុងសាកេត។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ចេញចាកទីស្ងាត់ ក្នុងវេលាសាយណ្ហសម័យ ចូលទៅរកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយ ជាមួយនឹងព្រះអនុរុទ្ធដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា

[១០៥] ម្នាលអាវុសោអនុរុទ្ធ គេតែងពោលថា សេក្ខៈ សេក្ខៈ ដូច្នេះ ម្នាលអាវុសោ ចុះសេក្ខៈ តើដូចម្តេច។ ព្រះអនុរុទ្ធឆ្លើយថា ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា សេក្ខៈ ព្រោះបានចំរើននូវចំណែក6) នៃសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា សេក្ខៈ ព្រោះបានចំរើននូវចំណែក នៃសតិប្បដ្ឋាន ៤ នេះឯង។

(សមត្តសូត្រ ទី៧)

(៧. សមត្តសុត្តំ)

[១០៦] និទានដដែលនោះឯង។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា

[១០៧] ម្នាលអាវុសោអនុរុទ្ធ គេតែងពោលថា អសេក្ខៈ អសេក្ខៈ ដូច្នេះ ម្នាលអាវុសោ ចុះអសេក្ខៈ តើដូចម្តេច។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា អសេក្ខៈ ព្រោះបានចំរើននូវសេចក្តីសម្រេច7) នៃសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា អសេក្ខៈ ព្រោះបានចំរើន នូវសេចក្តីសម្រេច នៃសតិប្បដ្ឋាន ៤ នេះឯង។

(លោកសូត្រ ទី៨)

(៨. លោកសុត្តំ)

[១០៨] និទានដដែលនោះទៀត។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា

[១០៩] ចុះអនុរុទ្ធដ៏មានអាយុ បានដល់នូវភាវៈ នៃខ្លួនជាអ្នកមានអភិញ្ញាដ៏ធំ តើព្រោះបានចំរើន បានធ្វើរឿយៗ នូវធម៌ដូចម្តេច។ ម្នាលអាវុសោ ខ្ញុំបានដល់នូវភាវៈ នៃខ្លួនជាអ្នកមានអភិញ្ញាដ៏ធំ ព្រោះបានចំរើន បានធ្វើរឿយ ៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ក្នុងសាសនានេះ ខ្ញុំបានពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ខ្ញុំបានពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលអាវុសោ ខ្ញុំបានដល់នូវភាវៈ នៃខ្លួនជាបុគ្គលមានអភិញ្ញាដ៏ធំ ព្រោះបានចំរើន បានធ្វើរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ មួយទៀត ខ្ញុំបានដឹងច្បាស់ នូវលោកដ៏ច្រើន ព្រោះបានចំរើន បានធ្វើរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះដែរ។

(សិរិវឌ្ឍសូត្រ ទី៩)

(៩. សិរិវឌ្ឍសុត្តំ)

[១១០] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង សិរីវឌ្ឍគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់។ គ្រានោះ សិរីវឌ្ឍគហបតី ហៅបុរសម្នាក់មកថា នែបុរសដ៏ចំរើន ចូរអ្នកចូលទៅរក ព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ អ្នកចូរក្រាបថ្វាយបង្គំព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយសិរសា តាមពាក្យរបស់យើងថា បពិត្រលោកម្ចាស់ដ៏ចំរើន សិរីវឌ្ឍគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ គាត់សូមក្រាបថ្វាយបង្គំព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយសិរសា រួចហើយអ្នកចូរពោល យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមមេត្តាប្រោស សូមព្រះអានន្ទដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ ចូលទៅកាន់លំនៅ នៃសិរីវឌ្ឍគហបតី។ បុរសនោះ ទទួលស្តាប់ពាក្យសិរីវឌ្ឍគហបតីថា បាទលោក ហើយក៏ចូល ទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ លុះបុរសនោះ អង្គុយក្នុងទីសមគួរហើយ ទើបទូលព្រះអានន្ទ ដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សិរីវឌ្ឍគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ គាត់សូមក្រាបថ្វាយបង្គំព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយសិរសា ហើយនិយាយ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមមេត្តាប្រោស សូមព្រះអានន្ទដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ ចូលទៅកាន់លំនៅ នៃសិរីវឌ្ឍគហបតី។ ព្រះអានន្ទដ៏មានអាយុ ក៏ទទួលនិមន្តដោយតុណ្ហីភាព។

[១១១] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់លំនៅ នៃសិរីវឌ្ឍគហបតី លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយហើយ ក៏ពោលទៅ នឹងសិរីវឌ្ឍគហបតី ដូច្នេះថា

[១១២] ម្នាលគហបតី អ្នកល្មមអត់ទ្រាំបានដែរឬ អ្នកល្មមប្រព្រឹត្តទៅ បានស្រួលដែរឬ ទុក្ខវេទនា រមែងធូរថយទៅ មិនចំរើនឡើង ការថយទៅ (នៃទុក្ខវេទនា) រមែងប្រាកដ ការចំរើនឡើង មិនប្រាកដទេឬ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា មិនល្មមអត់ទ្រាំបានទេ មិនល្មមប្រព្រឹត្តទៅបានស្រួលទេ ទុក្ខវេទនា របស់ខ្ញុំករុណា ខ្លាំងពេកណាស់ រមែងចំរើនឡើង មិនបានធូរថយទេ ការចំរើនឡើង រមែងប្រាកដ ឯការធូរថយទៅ មិនប្រាកដទេ។

[១១៣] ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សា យ៉ាងនេះថា អាត្មាអញ នឹងពិចារណា នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ អាត្មាអញ នឹងពិចារណា នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលគហបតី អ្នកគប្បីសិក្សា យ៉ាងនេះចុះ។

[១១៤] បពិត្រលោកម្ចាស់ដ៏ចំរើន សតិប្បដ្ឋាន ៤ ឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ធម៌ទាំងនោះ មានព្រមក្នុងសន្តានខ្ញុំករុណា ៗ និងប្រាកដក្នុងធម៌ ទាំងនោះឯង។ បពិត្រលោកម្ចាស់ដ៏ចំរើន ព្រោះខ្ញុំករុណា ពិចារណា នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណា នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។

[១១៥] បពិត្រលោកម្ចាស់ដ៏ចំរើន ពួកសញ្ញោជនៈ ៥ ជាចំណែកខាងក្រោម ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា មិនឃើញច្បាស់ នូវសញ្ញោជនៈឯណានីមួយ ដែលខ្ញុំករុណាមិនទាន់លះបង់ ក្នុងខ្លួនសោះឡើយ។ ម្នាលគហបតី ជាលាភរបស់អ្នកហើយ ម្នាលគហបតី ភាពជាមនុស្ស អ្នកបានល្អហើយ ម្នាលគហបតី អ្នកបានព្យាករ នូវអនាគាមិផលហើយ។

(មានទិន្នសូត្រ ទី១០)

(១០. មានទិន្នសុត្តំ)

[១១៦] និទានដដែលនោះទៀត។ សម័យនោះឯង មានទិន្នគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់។ គ្រានោះ មានទិន្នគហបតី ហៅបុរសម្នាក់មកថា នែបុរសដ៏ចំរើន អ្នកចូរមកនេះ។បេ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា មិនល្មមអត់ទ្រាំបានទេ មិនល្មម ប្រព្រឹត្តទៅបានស្រួលទេ ទុក្ខវេទនា របស់ខ្ញុំករុណា ធ្ងន់ពេកណាស់ រមែងចំរើនឡើង មិនធូរថយទៅទេ ការចំរើនឡើង រមែងប្រាកដ ឯការធូរថយទៅ មិនប្រាកដទេ។

[១១៧] បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាត្រូវទុក្ខវេទនា មានសភាពដូច្នេះ ប៉ះពាល់ហើយ ក៏ពិចារណា នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណា នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។

[១១៨] បពិត្រលោកម្ចាស់ដ៏ចំរើន ពួកសញ្ញោជនៈ ៥ ជាចំណែកខាងក្រោម ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា មិនឃើញច្បាស់ នូវសញ្ញោជនៈឯណានីមួយ ដែលខ្ញុំករុណា មិនទាន់លះបង់ ក្នុងខ្លួនសោះឡើយ។ ម្នាលគហបតី ជាលាភរបស់អ្នកហើយ ម្នាលគហបតី ភាពជាមនុស្ស អ្នកបានល្អហើយ ម្នាលគហបតី អ្នកបានព្យាករ នូវអនាគាមិផលហើយ។

ចប់ សីលដ្ឋិតិវគ្គ ទី ៣។

ឧទ្ទាននៃសីលដ្ឋិតិវគ្គនោះគឺ

និយាយអំពីសីល ១ អំពីការស្ថិតនៅនៃព្រះសទ្ធម្ម ១ អំពីសេចក្តីសាបសូន្យនៃព្រះសទ្ធម្ម ១ អំពីសតិប្បដ្ឋានសុទ្ធ ១ អំពីព្រាហ្មណ៍ម្នាក់ ចូលទៅទូលសួរព្រះដ៏មានព្រះភាគ ១ អំពីបទេសភាវនា ១ អំពីសមត្តាភាវនា ១ អំពីព្រះអនុរុទ្ធដឹងច្បាស់នូវលោក ១ អំពីសិរីវឌ្ឍគហបតី ១ អំពីមានទិន្នគហបតី ១ រួមជា ១០។

អននុស្សុតវគ្គ ទី៤

(៤. អននុស្សុតវគ្គោ)

(អននុស្សុតសូត្រ ទី១)

(១. អននុស្សុតសុត្តំ)

[១១៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណាឃើញ នូវកាយក្នុងកាយ។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម ក៏កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវកាយក្នុងកាយ នោះឯងជាធម៌ដែលត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ ស្តាប់ហើយ ក្នុងកាលមុនថា (ការពិចារណាឃើញ នូវកាយក្នុងកាយ) តថាគត បានចំរើន ហើយ។

[១២០] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណាឃើញ នូវវេទនាក្នុងវេទនា។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម ក៏កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នោះឯង ជាធម៌ដែលត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា ការពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ តថាគត បានចំរើនហើយ។

[១២១] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណាឃើញ នូវចិត្តក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម ក៏កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវចិត្តក្នុងចិត្ត នោះឯង ជាធម៌ ដែលត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាល មុនថា ការពិចារណាឃើញ នូវចិត្តក្នុងចិត្ត តថាគតបានចំរើនហើយ។

[១២២] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម ក៏កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ នោះឯង ជាធម៌ដែលត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា ការពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ តថាគត បានចំរើនហើយ។

(វិរាគសូត្រ ទី២)

(២. វិរាគសុត្តំ)

[១២៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វានតែម្យ៉ាង។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វានតែម្យ៉ាង។

(វិរទ្ធសូត្រ ទី៣)

(៣. វិរទ្ធសុត្តំ)

[១២៤] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ដែលបុគ្គលឯណានីមួយ ខ្វល់ខ្វាយហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បានខ្វល់ខ្វាយហើយដែរ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ដែលបុគ្គលឯណានីមួយ ប្រារព្វហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បានប្រារព្ធហើយដែរ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលឯណានីមួយ ខ្វល់ខ្វាយហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បានខ្វល់ខ្វាយហើយដែរ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលឯណានីមួយ ប្រារព្ធហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បានប្រារព្ធហើយដែរ។

(ភាវិតសូត្រ ទី៤)

(៤. ភាវិតសុត្តំ)

[១២៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅព្រម ដើម្បីឆ្លងចាកវដ្តៈ ដែលមិនមែនជាត្រើយ ហើយដល់នូវព្រះនិព្វាន ដែលជាត្រើយ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅព្រម ដើម្បីឆ្លងចាកវដ្តៈ ដែលមិនមែនជាត្រើយ ហើយដល់នូវព្រះនិព្វាន ដែលជាត្រើយ។

(សតិសូត្រ ទី៥)

(៥. សតិសុត្តំ)

[១២៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានស្មារតី មានសេចក្តីដឹងខ្លួន នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានស្មារតី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានស្មារតី យ៉ាងនេះឯង។

[១២៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីដឹងខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់ថា វេទនាកើតឡើង ដឹងច្បាស់ថា វេទនាតាំងនៅ ដឹងច្បាស់ថា វេទនាដល់នូវសេចក្តីវិនាសទៅ។ ដឹងច្បាស់ថា វិតក្កៈ កើតឡើង ដឹងច្បាស់ថា វិតក្កៈតាំងនៅ ដឹងច្បាស់ថា វិតក្កៈដល់នូវសេចក្តីវិនាសទៅ។ ដឹងច្បាស់ថា បញ្ញាកើតឡើង ដឹងច្បាស់ថា បញ្ញាតាំងនៅ ដឹងច្បាស់ថា បញ្ញាដល់នូវសេចក្តីវិនាសទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីដឹងខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានស្មារតី មានសេចក្តីដឹងខ្លួន នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ដល់អ្នកទាំងឡាយ។

(អញ្ញាសូត្រ ទី៦)

(៦. អញ្ញាសុត្តំ)

[១២៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន មាន ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ បណ្តាផលទាំង ២ ផលណាមួយ នឹងបានជាប្រាកដ គឺនឹងបានសម្រេច នូវភាពជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ឬបើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេច នូវភាពជាព្រះអនាគាមីបុគ្គល ពុំខានឡើយ។

(ឆន្ទសូត្រ ទី៧)

(៧. ឆន្ទសុត្តំ)

[១២៩] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ឆន្ទៈឯណា មានក្នុងកាយ ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។

[១៣០] ភិក្ខុពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ឆន្ទៈឯណា មានក្នុងវេទនា ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។

[១៣១] ភិក្ខុពិចារណាឃើញនូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ឆន្ទៈឯណាមានក្នុងចិត្ត ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។

[១៣២] ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ឆន្ទៈឯណា មានក្នុងធម៌ ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។

(បរិញ្ញាតសូត្រ ទី៨)

(៨. បរិញ្ញាតសុត្តំ)

[១៣៣] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤។ សតិប្បដ្ឋានទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ កាយឈ្មោះថា ភិក្ខុនោះបានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះបានកំណត់ដឹងនូវកាយ។

[១៣៤] ភិក្ខុពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ វេទនា ឈ្មោះថា ភិក្ខុនោះ បានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះកំណត់ដឹងនូវវេទនា។

[១៣៥] ភិក្ខុពិចារណាឃើញនូវចិត្តក្នុងចិត្ត មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ នូវចិត្តក្នុងចិត្ត ចិត្ត ឈ្មោះថា ភិក្ខុនោះ បានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះបានកំណត់ដឹងនូវចិត្ត។

[១៣៦] ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ធម៌ ឈ្មោះថា ភិក្ខុនោះ បានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះបានកំណត់ដឹងនូវធម៌។

(ភាវនាសូត្រ ទី៩)

(៩. ភាវនាសុត្តំ)

[១៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសតិប្បដ្ឋានភាវនា ទាំង៤ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានភាវនា ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានភាវនា ៤។

(វិភង្គសូត្រ ទី១០)

(១០. វិភង្គសុត្តំ)

[១៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសតិប្បដ្ឋានផង នូវសតិប្បដ្ឋានភាវនាផង នូវបដិបទា ជាដំណើរទៅកាន់សតិប្បដ្ឋានភាវនាផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋាន។

[១៣៩] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានភាវនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវសភាពជាទីប្រជុំកើងឡើងក្នុងកាយ ពិចារណាឃើញ នូវសភាពជាទីវិនាសទៅក្នុងកាយ ពិចារណាឃើញ នូវសភាពជាទីប្រជុំកើតឡើង និងសភាពជាទីវិនាសទៅក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវសភាព ជាទីប្រជុំកើតឡើង ក្នុងវេទនាទាំងឡាយ ពិចារណាឃើញ នូវសភាពជាទីវិនាសទៅក្នុងវេទនាទាំងឡាយ ពិចារណាឃើញ នូវសភាពជាទីប្រជុំកើងឡើង និងសភាព ជាទីវិនាសទៅ ក្នុងវេទនាទាំងឡាយ។ ក្នុងចិត្តក៏ដូចគ្នា។ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានភាវនា។

[១៤០] ម្នាលភិក្ខុទាំងឡាយ បដិបទា ជាដំណើរទៅកាន់សតិប្បដ្ឋានភាវនា តើដូចម្តេច។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ហ្នឹងឯង។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសេចក្តីឃើញត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ ការនិយាយត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរឭកត្រូវ ១ ការដំកល់ចិត្តមាំត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់សតិប្បដ្ឋានភាវនា។

ចប់ អននុស្សុតវគ្គ ទី ៤។

ឧទាននៃអននុស្សុតវគ្គនោះគឺ

និយាយអំពីធម៌ដែលមិនធ្លាប់បានស្តាប់ ១ អំពីការប្រាសចាកតម្រេក ១ អំពីសេចក្តីខ្វល់ខ្វាយ ១ អំពីសតិប្បដ្ឋាន ដែលបុគ្គលចំរើនហើយ ១ អំពីភិក្ខុត្រូវមានស្មារតី ១ អំពីអរហត្តផល ១ អំពីការលះបង់ឆន្ទៈ ១ អំពីការកំណត់ដឹងនូវកាយ ១ អំពីសតិប្បដ្ឋានភាវនា ១ អំពីការចែក នៃសតិប្បដ្ឋាន ១ នោះត្រូវជា ១០។

អមតវគ្គ ទី៥

(៥. អមតវគ្គោ)

(អមតសូត្រ ទី១)

(១. អមតសុត្តំ)

[១៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ទុកជាព្រះនិព្វានមិនទាន់មានដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរមានចិត្តតាំងស៊ប់ ក្នុងសតិប្បដ្ឋាន ៤ ចុះ។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ ទុកជាព្រះនិព្វាន មិនទាន់មានដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរមានចិត្តតាំងស៊ប់ ក្នុងសតិប្បដ្ឋាន ៤ នេះចុះ។

(សមុទយសូត្រ ទី២)

(២. សមុទយសុត្តំ)

[១៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេចក្តីកើតឡើង នឹងសូន្យទៅ នៃសតិប្បដ្ឋាន ៤ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីកើតឡើង នៃកាយដូចម្តេច។ សេចក្តីកើតឡើងនៃកាយ ព្រោះកើតឡើងនៃអាហារ សេចក្តីរលត់នៃកាយ ព្រោះរលត់នៃអាហារ សេចក្តីកើតឡើង នៃវេទនាទាំងឡាយ ព្រោះកើតឡើងនៃផស្សៈ សេចក្តីរលត់ នៃវេទនាទាំងឡាយ ព្រោះរលត់នៃផស្សៈ សេចក្តីកើតឡើងនៃចិត្ត ព្រោះកើតឡើង នៃនាមរូប សេចក្តីរលត់នៃចិត្ត ព្រោះរលត់នៃនាមរូប សេចក្តីកើតឡើង នៃធម៌ទាំងឡាយ ព្រោះកើតឡើង នៃមនសិការៈ សេចក្តីរលត់ នៃធម៌ទាំងឡាយ ព្រោះរលត់នៃមនសិការៈ។

(មគ្គសូត្រ ទី៣)

(៣. មគ្គសុត្តំ)

[១៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគតបានត្រាស់ដឹងជាដម្បូង នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ នៅក្នុងទីដ៏ស្ងាត់ សម្ងំនៅ មានបរិវិតក្កៈក្នុងចិត្ត កើតឡើងយ៉ាងនេះថា

[១៤៤] ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសោក និងខ្សឹកខ្សួល ដើម្បីរលត់បង់ នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវមគ្គ ប្រកបដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ភិក្ខុពិចារណាឃើញកាយក្នុងកាយ ជាប្រក្រតីក្តី។ ភិក្ខុពិចារណាឃើញវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតីក្តី។ ភិក្ខុពិចារណាឃើញចិត្តក្នុងចិត្ត ជាប្រក្រតីក្តី។ ភិក្ខុ

ពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបានក្តី។ ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីរំលត់បង់ នូវទុក្ខនិងទោមនស្ស ដើម្បីបាននូវមគ្គប្រកប ដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។

[១៤៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម ដឹងនូវបរិវិតក្កៈក្នុងចិត្តតថាគត ដោយចិត្តខ្លួនហើយ ក៏បាត់អំពីព្រហ្មលោក មកប្រាកដចំពោះមុខតថាគត ដូចជាបុរសមានកម្លាំង លាដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃ ដែលខ្លួនលាចេញ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម បង់កសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះតថាគត បានពោលនឹងតថាគតដូច្នេះថា

[១៤៦] បពិត្រព្រះដ៏មានព្រះភាគ ផ្លូវ គឺសតិប្បដ្ឋាន ៤ នុ៎ះ យ៉ាងនេះហើយ បពិត្រព្រះសុគត ផ្លូវ គឺសតិប្បដ្ឋាន ៤ នុ៎ះ យ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចំរើន ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីរំលត់បង់ នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវមគ្គ ប្រកបដោយអង្គ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ សតិប្បដ្ឋាន ៤ តើដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុពិចារណាឃើញកាយក្នុងកាយ ជាប្រក្រតីក្តី។ ក្នុងវេទនាទាំងឡាយក្តី។ ក្នុងចិត្តក្តី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបានក្តី។ បពិត្រព្រះអង្គដ៏ចំរើន ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីរំលត់បង់ នូវទុក្ខនិងទោមនស្ស ដើម្បីបាន នូវមគ្គប្រកប ដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។

[១៤៧] ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ លំដាប់នោះ បានពោលពាក្យនេះ តទៅទៀតថា

បុគ្គលឃើញនូវទីបំផុត នៃការអស់ទៅនៃជាតិ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ រមែងដឹងច្បាស់ នូវផ្លូវមូលតែមួយ ជនទាំងឡាយ បានឆ្លងហើយ ក្នុងកាលមុនក្តី នឹងឆ្លង (ក្នុងអនាគត) ក្តី កំពុងឆ្លងក្នុងកាលឥឡូវនេះក្តី នូវឱឃៈបាន ដោយផ្លូវនុ៎ះឯង។

(សតិសូត្រ ទី៤)

(៤. សតិសុត្តំ)

[១៤៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីមានស្មារតី នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានស្មារតីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណាឃើញ នូវវេទនាក្នុងវេទានទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីមានស្មារតី នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

(កុសលរាសិ)សូត្រ ទី៥

(៥. កុសលរាសិសុត្តំ)

[១៤៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលថា កុសលរាសី ដូច្នេះ កាលបើពោលឲ្យត្រូវ គប្បីពោលចំពោះសតិប្បដ្ឋាន ៤។ ម្នាលភិក្ខុទាំងឡាយ ដ្បិតថាកុសលរាសីទាំងអស់នេះ ក៏គឺសតិប្បដ្ឋាន ៤ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលថា កុសលរាសី ដូច្នេះ កាលបើពោលឲ្យត្រូវ គប្បីពោល ចំពោះសតិប្បដ្ឋាន ៤ នេះ។ ម្នាលភិក្ខុទាំងឡាយ ដ្បិតថា កុសលរាសីទាំងអស់នេះ ក៏គឺសតិប្បដ្ឋាន ៤ នេះឯង។

(បាតិមោក្ខសំវរសូត្រ ទី៦)

(៦. បាតិមោក្ខសំវរសុត្តំ)

[១៥០] គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្តាប់ធម៌ឯណា របស់ព្រះដ៏មានព្រះភាគហើយ គប្បីជាបុគ្គលតែម្នាក់ឯង ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូមព្រះដ៏មានព្រះភាគ សំដែងធម៌នោះ ឲ្យទាន ដល់ខ្ញុំព្រះអង្គដោយសង្ខេប។

[១៥១] ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរជម្រះនូវហេតុជាខាងដើម ក្នុងកុសលធម៌ទាំង ឡាយចុះ។ ចុះអ្វី ជាខាងដើម នៃកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរសង្រួម ក្នុងបាតិមោក្ខសំវរៈ ប្រកបព្រមដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតែបន្តិចបន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។

[១៥២] ម្នាលភិក្ខុ កាលណាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ ប្រកបព្រមដោយអាចារៈ និងគោចរៈ ឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតែបន្តិចបន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុ កាលណោះ អ្នកគប្បីអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចំរើននូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ទាំង ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុ កាលណាអ្នកនឹងអាស្រ័យនូវសីល និងស្ថិតនៅក្នុងសីល និងចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ម្នាលភិក្ខុ កាលណោះ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ នឹងមានប្រាកដដល់អ្នកពិត ទាំងយប់ទាំងថ្ងៃ ឯសេចក្តីសាបសូន្យ មិនមានឡើយ។

[១៥៣] គ្រានោះឯង ភិក្ខុនោះ ត្រេកអរ អនុមោទនាភាសិត របស់ព្រះដ៏មានព្រះភាគ ហើយក្រោកចាកអាសនៈថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះឯង ភិក្ខុនោះ តែម្នាក់ឯង ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្រចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌នោះ មានព្រហ្មចរិយៈ ជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច បានធ្វើស្រេចហើយ កិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏បានជាព្រះអរហន្តមួយអង្គដែរ។

(ទុច្ចរិតសូត្រ ទី៧)

(៧. ទុច្ចរិតសុត្តំ)

[១៥៤] គ្រានោះឯង មានភិក្ខុមួយរូបទៀត ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ មេត្តាសំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ លុះខ្ញុំព្រះអង្គ បានស្តាប់ធម៌ របស់ព្រះដ៏មានព្រះភាគហើយ គប្បីជាបុគ្គលតែម្នាក់ឯង ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។

[១៥៥] ម្នាលភិក្ខុ ហេតុដូច្នោះ អ្នកចូរជម្រះហេតុ ជាខាងដើម ក្នុងកុសលធម៌ទាំងឡាយចុះ។ ចុះអ្វី ជាខាងដើម នៃកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកនឹងលះបង់កាយទុច្ចរិតចេញ ចំរើនកាយសុចរិត នឹងលះបង់វចីទុច្ចរិតចេញ ចំរើនវចីសុចរិត នឹងលះបង់មនោទុច្ចរិតចេញ ចំរើនមនោសុចរិត។

[១៥៦] ម្នាលភិក្ខុ កាលណាអ្នកនឹងលះបង់កាយទុច្ចរិតចេញ ចំរើនកាយសុចរិត នឹងលះបង់វចីទុច្ចរិត ចំរើនវចីសុចរិត នឹងលះបង់មនោទុច្ចរិត ចំរើនមនោសុចរិត ម្នាលភិក្ខុ កាលណោះ អ្នកគប្បីអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចំរើនសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរពិចារណា ឲ្យឃើញនូវកាយក្នុងកាយ ជាប្រក្រតី ចុះ។ ចូរពិចារណាឲ្យឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុ កាលណាអ្នកនឹងអាស្រ័យ នូវសីល ស្ថិតនៅក្នុងសីល ចំរើននូវសតិប្បដ្ឋាន ៤ នេះ យ៉ាងនេះ ម្នាលភិក្ខុ កាលណោះ សេចក្តីចំរើនក្នុងកុសលធម៌ទាំងឡាយ នឹងមានប្រាកដដល់អ្នកពិត ទាំងយប់ទាំងថ្ងៃ ឯសេចក្តីសាបសូន្យ ឥតមានឡើយ។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ បានជាព្រះអរហន្តមួយអង្គដែរ។

(មិត្តសូត្រ ទី៨)

(៨. មិត្តសុត្តំ)

[១៥៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះពួកជនឯណា មួយវិញទៀត ពួកជនឯណា ដែលជាមិត្ត អមាត្យ ញាតិ ឬសាលោហិត គប្បីសំគាល់នូវពាក្យ ដែលខ្លួនគួរស្តាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរញុំាងជនទាំងនោះ ឲ្យសមាទាន ឲ្យសេពគប់ ឲ្យស្ថិតនៅ ក្នុងការចំរើនសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវ អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះពួកជនឯណា មួយវិញទៀត ពួកជនឯណា ដែលជាមិត្ត អមាត្យ ញាតិ ឬសាលោហិត គប្បីសំគាល់នូវពាក្យ ដែលខ្លួនគួរស្តាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរញុំាងជនទាំងនោះ ឲ្យសមាទាន ឲ្យសេពគប់ ឲ្យស្ថិតនៅ ក្នុងការចំរើនសតិប្បដ្ឋាន ៤ នេះ។

(វេទនាសូត្រ ទី៩)

(៩. វេទនាសុត្តំ)

[១៥៨] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ ប្រការ។ វេទនា ៣ ប្រការ គឺអ្វីខ្លះ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ វេទនា ៣ មានប្រការដូច្នេះឯង។

[១៥៩] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ភិក្ខុគប្បីចំរើន ដើម្បីកំណត់ដឹង នូវវេទនាទាំង ៣ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ភិក្ខុគប្បីចំរើន ដើម្បីកំណត់ដឹង នូវវេទនាទាំង ៣ នេះឯង។

(អាសវសូត្រ ទី១០)

(១០. អាសវសុត្តំ)

[១៦០] ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន ៣ ប្រការ។ អាសវៈ ៣ ប្រការ ដូចម្តេចខ្លះ។ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាលភិក្ខុទាំងឡាយ អាសវៈ ៣ មានប្រការដូច្នេះឯង។

[១៦១] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ភិក្ខុគប្បីចំរើន ដើម្បីលះបង់អាសវៈទាំង ៣ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក ចេញបាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ភិក្ខុគប្បីចំរើន ដើម្បីលះបង់នូវអាសវៈ ទាំង ៣ នេះឯង។

ចប់ អមតវគ្គទី ៥។

ឧទ្ទានក្នុងអមតវគ្គនោះគឺ

ពោលអំពីអមតនិព្វាន ១ អំពីសេចក្តីកើតឡើង នៃសតិប្បដ្ឋាន ១ អំពីផ្លូវ ប្រព្រឹត្តទៅ ដើម្បីបរិសុទ្ធ ១ អំពីភិក្ខុមានស្មារតី ១ អំពីកុសលរាសី ១ អំពីការសង្រួម ក្នុងបដិមោក្ខសំវរៈ ១ អំពីការលះបង់ទុច្ចរិត ១ អំពីពួកជន មានមិត្តអមាត្យ ជាដើម ១ អំពីវេទនា ៣ ប្រការ ១ អំពីអាសវៈ ៣ ប្រការ ១។

សតិប្បដ្ឋានសំយុត្ត គង្គាទិបេយ្យាល (ទី៦)

(៦. គង្គាបេយ្យាលវគ្គោ)

[គង្គានទីអាទិសុត្តទ្វាទសកៈ ទី១-១២]

(១-១២. គង្គានទីអាទិសុត្តទ្វាទសកំ)

[១៦២] ម្នាលភិក្ខុទាំងឡាយ ដូចជាទន្លេគង្គាហូរទៅក្នុងទិសខាងកើត ទេរទៅក្នុងទិសខាងកើត ឈមទៅក្នុងទិសខាងកើត យ៉ាងណា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើនសតិប្បដ្ឋាន ៤ កាលធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ រមែងឱនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះឯង។

[១៦៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើនសតិប្បដ្ឋាន ៤ កាលធ្វើឲ្យច្រើននូវសតិប្បដ្ឋាន ៤ រមែងជាអ្នកឱនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ដូចម្តេច។ ម្នលាភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើនសតិប្បដ្ឋាន ៤ កាលធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ រមែងជាអ្នកឱនទៅរកព្រះនិព្វាន សសៀរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។បេ។

[អប្បមាទវគ្គ ទី៧]

(៧. អប្បមាទវគ្គោ)

[តថាគតាទិសុត្តទសកៈ ទី១-១០]

(១-១០. តថាគតាទិសុត្តទសកំ)

[ពលករណីយវគ្គ ទី៨]

(៨. ពលករណីយវគ្គោ)

[ពលាទិសុត្តទ្វាទសកៈ ទី១-១២]

(១-១២. ពលាទិសុត្តទ្វាទសកំ)

[ឯសនាវគ្គ ទី៩]

(៩. ឯសនាវគ្គោ)

[ឯសនាទិសុត្តទសកៈ ទី១-១០]

(១-១០. ឯសនាទិសុត្តទសកំ)

(ឱឃវគ្គ ទី១០)

(១០. ឱឃវគ្គោ)

(ឧទ្ធម្ភាគិយាទិសុត្តទសកៈ ទី១-១០)

(១-១០. ឧទ្ធម្ភាគិយាទិសុត្តទសកំ)

[១៦៤] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ ប្រការ។ សញ្ញោជនៈ ៥ គឺអ្វីខ្លះ។ គឺរូបរាគ (តម្រេកក្នុងរូប) ១ អរូបរាគ (តម្រេកក្នុងអរូប) ១ មានះ (សេចក្តីប្រកាន់ខ្លួន) ១ ឧទ្ធច្ចៈ (សេចក្តីរាយមាយ) ១ អវិជ្ជា (សេចក្តីល្ងង់ខ្លៅ) ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាសញ្ញោជនៈចំណែកខាងលើ ៥ ប្រការ។

[១៦៥] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ភិក្ខុគប្បីចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ មា្នលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ភិក្ខុគប្បីចំរើន ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ដែលជាចំណែកខាងលើ ៥ ប្រការនេះឯង។ (សតិប្បដ្ឋានសំយុត្ត បណ្ឌិតគប្បីឲ្យពិស្តារ ដូចជាមគ្គសំយុត្ត ដែលបានសំដែងឲ្យពិស្តាររួចហើយ)។

ចប់ គង្គាទិបេយ្យាល ទី ៦។

ឧទ្ទាននៃគង្គាទិបេយ្យាលនោះគឺ

ពោលអំពីទន្លេហូរទៅកាន់ទិសខាងកើត ៦ លើក ហូរទៅកាន់សមុទ្រ ៦ លើក ប្រាំមួយលើកពីរដង នេះត្រូវជា ១២ ហៅជាវគ្គ ១។

ចប់ សតិប្បដ្ឋានសំយុត្ត។

ឥន្ទ្រិយសំយុត្ត (ទី៤)

(៤. ឥន្ទ្រិយសំយុត្តំ)

សុទ្ធិកវគ្គ ទី១

(១. សុទ្ធិកវគ្គោ)

(សុទ្ធិកសូត្រ ទី១)

(១. សុទ្ធិកសុត្តំ)

[១៦៦] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាឥន្ទ្រិយ ៥ ប្រការ។

(បឋមសោតាបន្នសូត្រ ទី២)

(២. បឋមសោតាបន្នសុត្តំ)

[១៦៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវក ដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង និងរលត់ទៅ អានិសង្ស និងទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ទាំង ៥ នេះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនេះ ហៅថា សោតាបន្ន មានកិរិយាមិនធ្លាក់ចុះជាធម្មតា មានគតិទៀង មានការត្រាស់ដឹងទៅខាងមុខ។

(ទុតិយសោតាបន្នសូត្រ ទី៣)

(៣. ទុតិយសោតាបន្នសុត្តំ)

[១៦៨] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវក ដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ទាំង ៥ នេះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនេះ ហៅថាសោតាបន្ន មានការមិនធ្លាក់ចុះជាធម្មតា មានគតិទៀង មានការត្រាស់ដឹងទៅខាងមុខ។

(បឋមអរហន្តសូត្រ ទី៤)

(៤. បឋមអរហន្តសុត្តំ)

[១៦៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសតិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុ ដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយទាំង ៥ នេះ រមែងជាអ្នករួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់មាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា អរហន្តខីណាស្រព មានព្រហ្មចរិយ ប្រព្រឹត្តរួចហើយ មានសោឡសកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍នៃខ្លួន សម្រេចហើយមានសញ្ញោជនៈ ក្នុងភពអស់ហើយ រួចស្រឡះហើយ ព្រោះត្រាស់ដឹងដោយប្រពៃ។

(ទុតិយអរហន្តសូត្រ ទី៥)

(៥. ទុតិយអរហន្តសុត្តំ)

[១៧០] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុ ដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ទាំង ៥ នេះ រមែងរួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់មាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា អរហន្តខីណាស្រព មានព្រហ្មចរិយៈ ប្រព្រឹត្តរួចហើយ មានសោឡសកិច្ច ធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ នៃខ្លួនសម្រេចហើយ មានសញ្ញោជនៈ ក្នុងភពអស់ហើយ រួចស្រឡះហើយ ព្រោះត្រាស់ដឹងដោយប្រពៃ។

(បឋមសមណព្រាហ្មណសូត្រ ទី៦)

(៦. បឋមសមណព្រាហ្មណសុត្តំ)

[១៧១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណាមួយ មិនដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ទាំង ៥ នេះ។ ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ទាំងនោះ ប៉ែកខាងពួកសមណៈ មិនសន្មតថាជាសមណៈ ប៉ែកខាងពួកព្រាហ្មណ៍ ក៏មិនសន្មតថាជាព្រាហ្មណ៍ទេ ដ្បិតថាអ្នកដ៏មានអាយុទាំងនុ៎ះ មិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ ជារបស់សមណៈ ឬប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

[១៧២] ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែថា សមណៈឬព្រាហ្មណ៍ឯណា ដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ទាំង ៥ នេះ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះឯង ប៉ែកខាងពួកសមណៈ ទើបសន្មតថាជាសមណៈ ប៉ែកខាងពួកព្រាហ្មណ៍ ក៏សន្មតថាជាព្រាហ្មណ៍បាន ដ្បិតថា អ្នកដ៏មានអាយុទាំងនោះ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ ជារបស់សមណៈ និងប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

(ទុតិយសមណព្រាហ្មណសូត្រ ទី៧)

(៧. ទុតិយសមណព្រាហ្មណសុត្តំ)

[១៧៣] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈឬព្រាហ្មណ៍ ឯណាមួយ មិនដឹងច្បាស់ នូវសទ្ធិន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីកើតឡើង នៃសទ្ធិន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីរលត់ នៃសទ្ធិន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅ ដើម្បីរំលត់នៃសទ្ធិន្ទ្រិយ មិនដឹងច្បាស់ នូវវិរិយិន្ទ្រិយ។ បេ។ មិនដឹងច្បាស់ នូវសតិន្ទ្រិយ។ មិនដឹងច្បាស់ នូវសមាធិន្ទ្រិយ។ មិនដឹងច្បាស់ នូវបញ្ញិន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីកើតឡើង នៃបញ្ញិន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តី រលត់នៃបញ្ញិន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅ ដើម្បីរំលត់ នៃបញ្ញិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ប៉ែកខាងពួកសមណៈ ក៏មិនសន្មតថាជាសមណៈ ប៉ែកខាងពួកព្រាហ្មណ៍ ក៏មិនសន្មតថាជាព្រាហ្មណ៍ ដ្បិតថា អ្នកដ៏មានអាយុ ទាំងនុ៎ះ មិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ជារបស់សមណៈ ឬប្រយោជន៍ ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន។

[១៧៤] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈព្រាហ្មណ៍ឯណាមួយ ដឹងច្បាស់នូវសទ្ធិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីកើតឡើង នៃសទ្ធិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីរលត់ នៃសទ្ធិន្ទ្រិយ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃសទ្ធិន្ទ្រិយ ដឹងច្បាស់ នូវវិរិយិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីកើតឡើង នៃវិរិយិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីរលត់ នៃវិរិយិន្ទ្រិយ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃវិរិយិន្ទ្រិយ ដឹងច្បាស់ នូវសតិន្ទ្រិយ។ ដឹងច្បាស់នូវសមាធិន្ទ្រិយ។ ដឹងច្បាស់នូវបញ្ញិន្ទ្រិយ ដឹងច្បាស់នូវសេចក្តីកើតឡើង នៃបញ្ញិន្ទ្រិយ ដឹងច្បាស់នូវសេចក្តីរលត់ នៃបញ្ញិន្ទ្រិយ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃបញ្ញិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ប៉ែកខាងពួកសមណៈ ក៏សន្មតថាជាសមណៈ ប៉ែកខាងពួកព្រាហ្មណ៍ ក៏សន្មតថាជាព្រាហ្មណ៍ ដ្បិតថាអ្នកដ៏មានអាយុទាំងនោះ បានធ្វើ ឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ជារបស់សមណៈ និងប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន។

(ទដ្ឋព្វសូត្រ ទី៨)

(៨. ទដ្ឋព្វសុត្តំ)

[១៧៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសតិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។

[១៧៦] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូចម្តេច។ បណ្តាឥន្ទ្រិយ ទាំង ៥ នុ៎ះ សទ្ធិន្ទ្រិយ បណ្ឌិតគប្បីឃើញក្នុងអង្គ នៃសោតាបត្តិមគ្គ ទាំង ៤។

[១៧៧] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូចម្តេច។ បណ្តាឥន្ទ្រិយ ទាំងនុ៎ះ វិរិយិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងសម្មប្បធាន ទាំង ៤។

[១៧៨] ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូចម្តេច។ បណ្តាឥន្ទ្រិយទាំងនុ៎ះ សតិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងសតិប្បដ្ឋាន ទាំង ៤។

[១៧៩] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូចម្តេច។ បណ្តាឥន្ទ្រិយទាំងនុ៎ះ សមាធិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងឈាន ទាំង ៤។

[១៨០] ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូចម្តេច។ បណ្តាឥន្ទ្រិយទាំងនុ៎ះ បញ្ញិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងអរិយសច្ច ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥ ប្រការ ដូច្នេះឯង។

(បឋមវិភង្គសូត្រ ទី៩)

(៩. បឋមវិភង្គសុត្តំ)

[១៨១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។

[១៨២] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជា្របច្បាស់ នូវត្រៃលោក ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលមកកាន់ភពថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធិន្ទ្រិយ។

[១៨៣] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់ពួកអកុសលធម៌ និងការញុំាងពួកកុសលធម៌ ឲ្យបរិបូរណ៌ មានសេចក្តីប្រឹងប្រែង មានសេចក្តីខ្នះខ្នែងមាំ មិនដាក់ចុះ ក្នុងពួកកុសលធម៌។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិរិយិន្ទ្រិយ។

[១៨៤] ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានស្មារតី ប្រកបដោយបញ្ញាចាស់ក្លា ដ៏ប្រសើរ រឭកបាន ចាំបាននូវកិច្ច ដែលខ្លួនបានធ្វើយូរមកហើយ និងសំដី ដែលខ្លួននិយាយយូរមកហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិន្ទ្រិយ។

[១៨៥] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ធ្វើនូវព្រះនិព្វានជាអារម្មណ៍ហើយ បាននូវសមាធិ បាននូវឯកគ្គតាចិត្ត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមាធិន្ទ្រិយ។

[១៨៦] ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដ៏ប្រសើរ ជាគ្រឿងកំណត់ នូវសេចក្តី កើតឡើង និងរលត់ ជាចំណែក នៃសេចក្តីនឿយណាយ ជាធម្មជាតិប្រព្រឹត្តទៅ ដើម្បីដល់នូវសេចក្តីអស់ទៅ នៃទុក្ខដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥ ប្រការដូច្នេះឯង។

(ទុតិយវិភង្គសូត្រ ទី១០)

(១០. ទុតិយវិភង្គសុត្តំ)

[១៨៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។

[១៨៨] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់ នូវត្រៃលោក ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទូន្មាននូវបុរស ដែលគួរ ទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹង នូវអរិយសច្ចធម៌ លែងវិលមកកាន់ភពថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធិន្ទ្រិយ។

[១៨៩] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រារព្ធព្យាយាម ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីញុំាងពួកកុសលធម៌ ឲ្យបរិបូណ៌ មានសេចក្តីប្រឹងប្រែង មានសេចក្តីខ្នះខ្នែងមាំ មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។ អរិយសាវកនោះ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញុំាងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ។ ញុំាងឆន្ទៈ ឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលមិនទាន់ កើតឡើង ឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាម ដើម្បីញុំាងកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យដល់ព្រម មិនឲ្យវិនាស ឲ្យចំរើនធំទូលាយ ពេញបរិបូណ៌ក្រៃលែង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិរិយិន្ទ្រិយ។

[១៩០] ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានស្មារតី ប្រកបដោយបញ្ញាចាស់ក្លា ដ៏ប្រសើរ រឭកបាន ចាំបាននូវកិច្ច ដែលខ្លួនធ្វើយូរមកហើយ និងសំដី ដែលខ្លួននិយាយយូរមកហើយ។ អរិយសាវកនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិន្ទ្រិយ។

[១៩១] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ធ្វើនូវព្រះនិព្វានជាអារម្មណ៍ បាននូវសមាធិ បាននូវឯកគ្គតាចិត្ត។ អរិយសាវកនោះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កៈ វិចារៈ រួចក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតមានក្នុងសន្តាន ជាទីផូរផង់ មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះ ប្រាសចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិសម្បជញ្ញៈផង រមែងសោយសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ចូលកាន់តតិយជ្ឈាននោះ ព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្ស ក្នុងកាលមុនអស់ទៅផង ក៏ចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍ មិនមែនជាទុក្ខ មិនមែនជាសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមាធិន្ទ្រិយ។

[ ១៩២] ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដ៏ប្រសើរ ជាគ្រឿងកំណត់ នូវសេចក្តីកើត និងរលត់ ប្រព្រឹត្តទៅ ដើម្បីទំលុះទំលាយ ប្រព្រឹត្តទៅ ដើម្បីដល់នូវកិរិយាអស់ទៅ នៃទុក្ខដោយប្រពៃ។ អរិយសាវកនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុ ជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសេចក្តីរលត់នៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាហេតុឲ្យដល់នូវសេចក្តីរលត់នៃទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥ ប្រការ ដូច្នេះឯង។

ចប់ សុទ្ធិកវគ្គទី ១។

ឧទ្ទាននៃសុទ្ធិកវគ្គនោះគឺ

ពោលអំពីឥន្ទ្រិយសុទ្ធ ១ អំពីព្រះសោតាបន្ន មានពីរលើក អំពីព្រះអរហន្តដទៃទៀត មានពីរលើក អំពីសមណព្រាហ្មណ៍ ១ អំពីឥន្ទ្រិយ ដែលបណ្ឌិតគប្បីយល់ឃើញ ក្នុងអង្គ នៃសោតាបត្តិមគ្គ ជាដើម ១ អំពីការចែកឥន្ទ្រិយ មានពីរលើកដទៃទៀត។

មុទុតរវគ្គ ទី២

(២. មុទុតរវគ្គោ)

(បដិលាភសូត្រ ទី១)

(១. បដិលាភសុត្តំ)

[១៩៣] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។

[១៩៤] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវ ត្រៃលោក ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលមកកាន់ភពថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធិន្ទ្រិយ។

[១៩៥] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធ នូវសម្មប្បធាន ៤ រមែងបាននូវសេចក្តីព្យាយាមឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិរិយិន្ទ្រិយ។

[១៩៦] ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធ នូវសតិប្បដ្ឋាន ៤ រមែងបាននូវសតិឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិន្ទ្រិយ។

[១៩៧] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ធ្វើនូវព្រះនិព្វានជាអារម្មណ៍ រមែងបាននូវសមាធិ បានឯកគ្គតាចិត្ត។ មា្នលភិក្ខុទាំងឡាយ នេះហៅថា សមាធិន្ទ្រិយ។

[១៩៨] ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានប្រាជ្ញា ប្រកបដោយប្រាជ្ញាដ៏ប្រសើរ ជាគ្រឿងកំណត់ នូវសេចក្តីកើត និងរលត់ ប្រព្រឹត្តទៅ ដើម្បីទំលុះទំលាយ ជាហេតុឲ្យដល់នូវសេចក្តីអស់ទៅ នៃទុក្ខដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការ ដូច្នេះឯង។

(បឋមសំខិត្តសូត្រ ទី២)

(២. បឋមសំខិត្តសុត្តំ)

[១៩៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយទាំងនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥ ប្រការ ដូច្នេះឯង។

[២០០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះ បានជាអនាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អរហន្តនោះ បានជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អនាគាមីនោះ បានជាសោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ធម្មានុសារីនោះ។

(ទុតិយសំខិត្តសូត្រ ទី៣)

(៣. ទុតិយសំខិត្តសុត្តំ)

[២០១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង។

[២០២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះឯង បានជាអនាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អនាគាមីនោះ បានជាសោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់ធម្មានុសារីនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរផ្សេងគ្នា នៃឥន្ទ្រិយ ដំណើរផ្សេងគ្នា នៃផលក៏មាន ដំណើរផ្សេងគ្នានៃផល ដំណើរផ្សេងគ្នានៃបុគ្គលក៏មាន ដោយប្រការដូច្នេះឯង។

(តតិយសំខិត្តសូត្រ ទី៤)

(៤. តតិយសំខិត្តសុត្តំ)

[២០៣] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង។

[២០៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះឯង បានជាអនាគាមី ព្រោះមានឥន្ទ្រិយ ៥ទន់ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អនាគាមីនោះ បានជាសោតាបន្ន ព្រោះឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់ធម្មានុសារីនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកធ្វើមគ្គ ឲ្យពេញបរិបូណ៌ រមែងសម្រេច នូវផលដ៏បរិបូណ៌ ជាអ្នកធ្វើនូវចំណែកនៃមគ្គ រមែងសម្រេច នូវចំណែកនៃផលដែរ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវឥន្ទ្រិយ ៥ ថា មិនមែជាឥតផលទេ។

(បឋមវិត្ថារសូត្រ ទី៥)

(៥. បឋមវិត្ថារសុត្តំ)

[២០៥] ម្នាលភិក្ខុទាំង ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការ ដូច្នេះឯង។

[២០៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះឯង បានជា អន្តរាបរិនិព្វាយី (លោកដែលបរិនិព្វាន ក្នុងរវាងអាយុមិនទាន់ដល់ពាក់កណ្តាល) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជា ឧបហច្ចបរិនិព្វាយី (លោកដែលបរិនិព្វាន ក្នុងកាលអាយុហួសពាក់កណ្តាល ដរាបដល់ទីបំផុត) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អន្តរាបរិនិព្វាយីនោះ បានជា អសង្ខារបរិនិព្វាយី (លោកដែលបរិនិព្វាន ដោយមិនខំធ្វើសេចក្តីព្យាយាម) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧបហច្ចបរិនិព្វាយីនោះ បានជា សសង្ខារបរិនិព្វាយី (លោកដែលបរិនិព្វាន ដោយខំធ្វើសេចក្តីព្យាយាម) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អសង្ខារបរិនិព្វាយីនោះ បានជា ឧទ្ធំសោតអកនិដ្ឋគាមី (លោកដែលមានក្រសែធម៌ដ៏ខ្ពស់ ទៅកាន់អកនិដ្ឋភព ហើយបរិនិព្វានក្នុងទីនោះ) ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សសង្ខារបរិនិព្វាយីនោះ បានជាសកទាគាមីនោះ ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧទ្ធំសោតអកនិដ្ឋគាមីនោះ បានជាសោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ធម្មានុសារីនោះ។

(ទុតិយវិត្ថារសូត្រ ទី៦)

(៦. ទុតិយវិត្ថារសុត្តំ)

[២០៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការ ដូច្នេះឯង។

[២០៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយ ៥នេះឯង បានជាអន្តរាបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អរហន្តនោះ បានជាឧបហច្ចបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អន្តរាបរិនិព្វាយីនោះ បានជាអសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧបហច្ចបរិនិពា្វយីនោះ បានជាសសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អសង្ខារបរិនិព្វាយីនោះ បានជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សសង្ខារបរិនិព្វាយីនោះ បានជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧទ្ធំសោតអកនិដ្ឋគាមីនោះ បានជាសោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ធម្មានុសារីនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរផ្សេងគ្នា នៃឥន្ទ្រិយ ដំណើរផ្សេងគ្នា នៃផលក៏មាន ដំណើរផ្សេងគ្នានៃផល ដំណើរផ្សេងគ្នា នៃបុគ្គលក៏មាន ដោយប្រការដូច្នេះឯង។

(តតិយវិត្ថារសូត្រ ទី៧)

(៧. តតិយវិត្ថារសុត្តំ)

[២០៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង។

[២១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយ ៥ នេះឯង បានជាអន្តរាបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់អរហន្តនោះ បានជាឧបហច្ចបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អន្តរាបរិនិព្វាយីនោះ បានជាអសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧបហច្ចបរិនិព្វាយីនោះ បានជាសសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អសង្ខារបរិនិព្វាយីនោះ បានជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សសង្ខារបរិនិព្វាយីនោះ បានជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧទ្ធំសោតអកនិដ្ឋគាមីនោះ បានជាសោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់សកទាគាមីនោះ បានជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សោតាបន្ននោះ បានជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ធម្មានុសារីនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើមគ្គឲ្យបរិបូណ៌ រមែងបានសម្រេចផលដ៏បរិបូណ៌ ធ្វើនូវចំណែកនៃមគ្គ រមែងបានសម្រេច នូវចំណែកនៃផល ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវឥន្ទ្រិយ ៥ ថា មិនមែនជាឥតផលទេ។

(បដិបន្នសូត្រ ទី៨)

(៨. បដិបន្នសុត្តំ)

[២១១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង។

[២១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយ ៥នេះឯង ជាអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អរហន្តនោះ បានជាអនាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផលនោះ ជាអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អនាគាមីនោះ បានជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលនោះ ជាអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ព្រោះមានឥន្ទ្រិយ ៥ ទន់ជាង ឥន្ទ្រិយ របស់សកទាគាមីនោះ បានជាសោតាបន្ន ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយរបស់ អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផលនោះ ជាអ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សោតាបន្ននោះ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ មិនមានដល់ភិក្ខុឯណា ដោយបរិបូណ៌សព្វគ្រប់ទេ តថាគត ហៅភិក្ខុនោះថា ជាអ្នកស្ថិតនៅក្នុងពួកបុថុជ្ជនជាខាងក្រៅ (បុគ្គលទាំង ៨ ពួក)។

(សម្បន្នសូត្រ ទី៩)

(៩. សម្បន្នសុត្តំ)

[២១៣] គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សម គួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដែលព្រះអង្គត្រាស់ថា ភិក្ខុបរិបូណ៌ដោយឥន្ទ្រិយ បរិបូណ៌ដោយឥន្ទ្រិយ បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុជា អ្នកបរិបូណ៌ ដោយឥន្ទ្រិយ ដោយហេតុដូចម្តេច។

[២១៤] ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ចំរើនសទ្ធិន្ទ្រិយ ដែលមានដំណើរទៅ ដើម្បីសេចក្តីស្ងប់រំងាប់ មានដំណើរទៅ ដើម្បីសេចក្តីត្រាស់ដឹង ចំរើនវិរិយិន្ទ្រិយ ដែលមានដំណើរទៅដើម្បីសេចក្តីស្ងប់រំងាប់ មានដំណើរទៅ ដើម្បីសេចក្តីត្រាស់ដឹង ចំរើនសតិន្ទ្រិយ ដែលមានដំណើរទៅ ដើម្បីសេចក្តីស្ងប់រំងាប់ មានដំណើរទៅ ដើម្បីសេចក្តីត្រាស់ដឹង ចំរើនសមាធិន្ទ្រិយដែលមានដំណើរទៅ ដើម្បីសេចក្តីស្ងប់រំងាប់ មានដំណើរទៅ ដើម្បីសេចក្តីត្រាស់ដឹង ចំរើនបញ្ញិន្ទ្រិយ ដែលមានដំណើរទៅ ដើម្បីសេចក្តីស្ងប់រំងាប់ មានដំណើរទៅ ដើម្បីសេចក្តីត្រាស់ដឹង។ ម្នាលភិក្ខុ ភិក្ខុជាអ្នកបរិបូណ៌ ដោយឥន្ទ្រិយ ដោយហេតុដូច្នេះឯង។

(អាសវក្ខយសូត្រ ទី១០)

(១០. អាសវក្ខយសុត្តំ)

[២១៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង។

[២១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញា ដ៏ឧត្តម ដោយខ្លួនឯង នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ព្រោះបានចំរើន ធ្វើឲ្យច្រើន នូវឥន្ទ្រិយទាំង ៥ នេះឯង ក្នុងបច្ចុប្បន្ន។

ចប់ មុទុតរវគ្គ ទី ២។

ឧទ្ទាននៃមុទុតរវគ្គនោះគឺ

ពោលអំពីអ្នកបានសម្រេចឥន្ទ្រិយ ទាំងប្រាំ ១ អំពីឥន្ទ្រិយទាំងប្រាំ ដោយសង្ខេប មាន ៣ លើក ដោយពិស្តារដទៃទៀត មាន ៣ លើក អំពីអ្នកប្រតិបត្តិ ដើម្បីបានមគ្គផល ១ អំពីឥន្ទ្រិយទាំង ៥ ជាដំណើរទៅកាន់សេចក្តីស្ងប់រម្ងាប់ ១ អំពីវិមុត្តិ ជាហេតុអស់ទៅ នៃអាសវៈទាំងឡាយ ១។

ឆឡិន្ទ្រិយវគ្គ ទី៣

(៣. ឆឡិន្ទ្រិយវគ្គោ)

(បុនព្ភវសូត្រ ទី១)

(១. បុនព្ភវសុត្តំ)

[២១៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។ បេ។ បញ្ញិន្ទ្រិយ ១។

[២១៨] ម្នាលភិក្ខុទាំងឡាយ កាលតថាគតមិនទាន់ដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយទាំង ៥ នេះ អស់កាលត្រឹមណា។ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនទាន់ប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាលត្រឹមណោះ។

[២១៩] ម្នាលភិក្ខុទាំងឡាយ លុះកាលណាតថាគតដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយទាំង ៥ នេះ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ទើបតថាគត ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។ សេចក្តីដឹង និងសេចក្តីឃើញ កើតឡើង ដល់តថាគតថា សេចក្តីរួចវិសេសរបស់តថាគត មិនត្រឡប់កម្រើកទៀតឡើយ ជាតិនេះ ជាទីបំផុតត្រឹមនេះហើយ ឥឡូវនេះ ភពថ្មីមិនមានឡើយ។

(ជីវិតិន្ទ្រិយសូត្រ ទី២)

(២. ជីវិតិន្ទ្រិយសុត្តំ)

[២២០] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៣ ប្រការ។ ឥន្ទ្រិយ ៣ប្រការ ដូចម្តេចខ្លះ។ គឺឥត្ថិន្ទ្រិយ ១ បុរិសិន្ទ្រិយ ១ ជិវិតិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៣ ប្រការ ដូច្នេះឯង។

(អញ្ញិន្ទ្រិយសូត្រ ទី៣)

(៣. អញ្ញិន្ទ្រិយសុត្តំ)

[២២១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៣ ប្រការ។ ឥន្ទ្រិយ ៣ ប្រការ ដូចម្តេចខ្លះ។ គឺអនញ្ញាតញ្ញស្សាមីតិន្ទ្រិយ ១8) អញ្ញិន្ទ្រិយ ១9) អញ្ញាតាវិន្ទ្រិយ ១។ [គឺឥន្ទ្រិយ ដែលកើតឡើង ក្នុងអរហត្តផល ជាគុណ ដែលខ្លួនមិនធ្លាប់ដឹងអំពីមុន។ អដ្ឋកថា។] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៣ ប្រការ ដូច្នេះឯង។

(ឯកពីជីសូត្រ ទី៤)

(៤. ឯកពីជីសុត្តំ)

[២២២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការ ដូច្នេះឯង។

[២២៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានជាអរហន្ត ព្រោះពេញលេញបរិបូណ៌ ដោយឥន្ទ្រិយទាំង ៥ នេះឯង ជាអន្តរាបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អរហន្តនោះ ជាឧបហច្ចបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អន្តរាបរិនិព្វាយីនោះ ជាអសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧបហច្ចបរិនិព្វាយីនោះ ជាសសង្ខារបរិនិព្វាយី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់អសង្ខារបរិនិព្វាយីនោះ ជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សសង្ខារបរិនិព្វាយីនោះ ជាសកទាគាមី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឧទ្ធំសោតអកនិដ្ឋគាមីនោះ ជាឯកពីជី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សកទាគាមីនោះ ជាកោលង្កោលៈ ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ឯកពិជីនោះ ជាសត្តក្ខត្តុំបរមៈ ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់កោលង្កោលៈនោះ ជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សត្តក្ខត្តុំបរមៈនោះ ជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ធម្មានុសារីនោះ។

(សុទ្ធកសូត្រ ទី៥)

(៥. សុទ្ធកសុត្តំ)

[២២៤] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៦ ប្រការ ដូច្នេះឯង។

(សោតាបន្នសូត្រ ទី៦)

(៦. សោតាបន្នសុត្តំ)

[២២៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។

[២២៦] ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវកដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនេះ ហៅថាសោតាបន្ន មានកិរិយាមិនធ្លាក់ចុះជាធម្មតា មានគតិទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខ។

(អរហន្តសូត្រ ទី៧)

(៧. អរហន្តសុត្តំ)

[២២៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវ្ហិន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។

[២២៨] ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ ជាអ្នករួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់មាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា អរហន្តខីណាស្រព មានព្រហ្មចរិយៈ ប្រព្រឹត្តរួចហើយ មានសោឡសកិច្ច ធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ខ្លួន សម្រេចហើយ មានសញ្ញោជនៈ ក្នុងភពអស់ហើយ រួចស្រឡះហើយ ព្រោះត្រាស់ដឹងដោយប្រពៃ។

(សម្ពុទ្ធសូត្រ ទី៨)

(៨. សម្ពុទ្ធសុត្តំ)

[២២៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។

[២៣០] ម្នាលភិក្ខុទាំងឡាយ កាលតថាគតនៅមិនទាន់ដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ ដរាបណា។ ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនប្តេជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះ។

[២៣១] ម្នាលភិក្ខុទាំងឡាយ កាលណាតថាគតដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ។ ម្នាលភិក្ខុទាំងឡាយ កាលណោះ ទើបតថាគត ប្តេជ្ញាខ្លួនថា ជាអ្នកត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ឥតមានសេចក្តីដឹងឯទៀត ក្រៃលែងជាង ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។ មួយវិញទៀត សេចក្តីដឹង និងសេចក្តីឃើញ ក៏កើតឡើង ដល់តថាគតថា សេចក្តីរួចស្រឡះ របស់តថាគត មិនត្រឡប់ កម្រើកទៀតឡើយ ជាតិនេះ ជាទីបំផុត (ត្រឹមណេះហើយ) ឥឡូវនេះ ភពថ្មី មិនមានឡើយ។

(បឋមសមណព្រាហ្មណសូត្រ ទី៩)

(៩. បឋមសមណព្រាហ្មណសុត្តំ)

[២៣២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។

[២៣៣] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះទេ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ មិនសន្មតថាជាសមណៈ ក្នុងពួកសមណៈ ឬសន្មតថា ជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ ដ្បិតថា អ្នកដ៏មានអាយុទាំងនុ៎ះ មិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ ជារបស់សមណៈ ឬប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

[២៣៤] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ។ ម្នាលភិក្ខុ ទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបសន្មតថាជាសមណៈ ក្នុងពួកសមណៈផង សន្មតថា ជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ដ្បិតថា អ្នកដ៏មានអាយុទាំងនោះ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ ជារបស់សមណៈ និងប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

(ទុតិយសមណព្រាហ្មណសូត្រ ទី១០)

(១០. ទុតិយសមណព្រាហ្មណសុត្តំ)

[២៣៥] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ នូវចក្ខុន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីកើត នៃចក្ខុន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីរលត់ នៃចក្ខុន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃចក្ខុន្ទ្រិយ មិនដឹងច្បាស់ នូវសតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ មនិន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីកើត នៃមនិន្ទ្រិយ មិនដឹងច្បាស់ នូវសេចក្តីរលត់ នៃមនិន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃមនិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ។បេ។ មិនធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។

[២៣៦] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់នូវចក្ខុន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីកើត នៃចក្ខុន្ទ្រិយ ដឹងច្បាស់នូវសេចក្តីរលត់ នៃចក្ខុន្ទ្រិយ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃចក្ខុន្ទ្រិយ ដឹងច្បាស់ នូវសោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ មនិន្ទ្រិយ ដឹងច្បាស់នូវសេចក្តីកើត នៃមនិន្ទ្រិយ ដឹងច្បាស់ នូវសេចក្តីរលត់ នៃមនិន្ទ្រិយ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃមនិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបសន្មតថាជាសមណៈ ក្នុងពួកសមណៈផង សន្មតថា ជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ដ្បិតថា អ្នកដ៏មានអាយុទាំងនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ជារបស់សមណៈ និងប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

ចប់ ឆឡិន្ទ្រិយវគ្គ ទី ៣។

ឧទ្ទាននៃឆឡិន្ទ្រិយវគ្គនោះគឺ

និយាយអំពីព្រះដ៏មានព្រះភាគមិនវិលមកកាន់ភពថ្មីទៀត ១ អំពីឥន្ទ្រិយ ៣ មានជីវិតិន្ទ្រិយជាទីបំផុត ១ អំពីឥន្ទ្រិយ ៣ មានអញ្ញាតាវិន្ទ្រិយជាទីបំផុត ១ អំពីការត្រាស់ដឹងតែម្យ៉ាង ១ អំពីឥន្ទ្រិយ ៦ សុទ្ធ ១ អំពីព្រះសោតា ១ អំពីព្រះអរហន្ត មាន ២ លើក អំពីសមណព្រាហ្មណ៍មាន ២ លើក។

សុខិន្ទ្រិយវគ្គ ទី៤

(៤. សុខិន្ទ្រិយវគ្គោ)

(សុទ្ធិកសូត្រ ទី១)

(១. សុទ្ធិកសុត្តំ)

[២៣៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ10) នេះមាន ៥យ៉ាង។ ឥន្ទ្រិយ ៥ យ៉ាង តើអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ យ៉ាងនេះឯង។

(សោតាបន្នសូត្រ ទី២)

(២. សោតាបន្នសុត្តំ)

[២៣៨] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥ យ៉ាងគឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៣៩] ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវកដឹងច្បាស់តាមពិត នូវហេតុកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវឥន្ទ្រិយ ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនេះ ហៅថា សោតាបន្នបុគ្គល មានកិរិយាមិនធ្លាក់ចុះ ក្នុងអបាយជាធម្មតា ជាបុគ្គលទៀង ជាអ្នកមានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

(អរហន្តសូត្រ ទី៣)

(៣. អរហន្តសុត្តំ)

[២៤០] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៤១] ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុដឹងច្បាស់តាមពិត នូវហេតុកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវឥន្ទ្រិយទាំង ៥ នេះហើយ ជាអ្នករួចស្រឡះ (ចាកអាសវៈ) ព្រោះមិនប្រកាន់មាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា អរហន្តខីណាស្រព មានព្រហ្មចរិយធម៌ ប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ របស់ខ្លួន បានសម្រេចហើយ មានសញ្ញោជនៈ ក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ។

(បឋមសមណព្រាហ្មណសូត្រ ទី៤)

(៤. បឋមសមណព្រាហ្មណសុត្តំ)

[២៤២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥យ៉ាង គឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៤៣] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់តាមពិត នូវហេតុកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវឥន្ទ្រិយ ៥ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ មិនសន្មតថាជាសមណៈ ក្នុងពួកសមណៈ ឬសន្មតថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ ដ្បិតពួកអ្នកដ៏មានអាយុទាំងនុ៎ះ មិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

[២៤៤] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមពិត នូវហេតុកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវឥន្ទ្រិយ ៥ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបសន្មតថាសមណៈ ក្នុងពួកសមណៈផង សន្មតថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ដ្បិតពួកអ្នកដ៏មានអាយុទាំងនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផលផង ព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

(ទុតិយសមណព្រាហ្មណសូត្រ ទី៥)

(៥. ទុតិយសមណព្រាហ្មណសុត្តំ)

[២៤៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥ យ៉ាងគឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៤៦] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់ នូវសុខិន្ទ្រិយ មិនដឹងច្បាស់ នូវហេតុកើតឡើង នៃសុខិន្ទ្រិយ មិនដឹងច្បាស់ នូវការរលត់ នៃសុខិន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃសុខិន្ទ្រិយ មិនដឹងច្បាស់ នូវទុក្ខិន្ទ្រិយ។ មិនដឹងច្បាស់ នូវសោមនស្សិន្ទ្រិយ។ មិនដឹងច្បាស់ នូវទោមនស្សិន្ទ្រិយ។ មិនដឹងច្បាស់ នូវឧបេក្ខិន្ទ្រិយ។ មិនដឹងច្បាស់ នូវហេតុកើតឡើង នៃឧបេក្ខិន្ទ្រិយ មិនដឹងច្បាស់នូវការរលត់ នៃឧបេក្ខិន្ទ្រិយ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃឧបេក្ខិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនុ៎ះ មិនសន្មតថាសមណៈ ក្នុងពួកសមណៈ ឬសន្មតថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ ដ្បិតអ្នកដ៏មានអាយុទាំងនុ៎ះ មិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផល ឬព្រហ្មញ្ញផល ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

[២៤៧] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់ នូវសុខិន្ទ្រិយ ដឹងច្បាស់នូវហេតុកើតឡើង នៃសុខិន្ទ្រិយ ដឹងច្បាស់ នូវការរលត់ នៃសុខិន្ទ្រិយ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃសុខិន្ទ្រិយ ដឹងច្បាស់នូវទុក្ខិន្ទ្រិយ។ ដឹងច្បាស់ នូវសោមនស្សិន្ទ្រិយ។ ដឹងច្បាស់ នូវទោមនស្សិន្ទ្រិយ។ ដឹងច្បាស់ នូវឧបេក្ខិន្ទ្រិយ។ ដឹងច្បាស់នូវហេតុកើតឡើង នៃឧបេក្ខិន្ទ្រិយ ដឹងច្បាស់នូវការរលត់ នៃឧបេក្ខិន្ទ្រិយ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃឧបេក្ខិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបសន្មតថាសមណៈ ក្នុងពួកសមណៈផង សន្មតថាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង ដ្បិតអ្នកដ៏មានអាយុទាំងនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវសាមញ្ញផលផង ព្រហ្មញ្ញផលផង ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។

(បឋមវិភង្គសូត្រ ទី៦)

(៦. បឋមវិភង្គសុត្តំ)

[២៤៨] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥ យ៉ាងគឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៤៩] ម្នាលភិក្ខុទាំងឡាយ ចុះសុខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គលក៏បានសោយ នូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើតអំពីកាយសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខិន្ទ្រិយ។

[២៥០] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គល ក៏បានសោយ នូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើតអំពីកាយសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខិន្ទ្រិយ។

[២៥១] ម្នាលភិក្ខុទាំងឡាយ ចុះសោមនស្សិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងចិត្ត បុគ្គលក៏បានសោយ នូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើតអំពីមនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសោមនស្សិន្ទ្រិយ។

[២៥២] ម្នាលភិក្ខុទាំងឡាយ ចុះទោមនស្សិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងចិត្ត បុគ្គលក៏បានសោយ នូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើតអំពីមនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោមនស្សិន្ទ្រិយ។

[២៥៣] ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបានសោយ នូវអារម្មណ៍ជាទីត្រេកអរ ក៏មិនមែន មិនជាទីត្រេកអរ ក៏មិនមែនឯណា ដែល ប្រព្រឹត្តទៅ ក្នុងកាយក្តី ប្រព្រឹត្តទៅក្នុងចិត្តក្តី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧបេក្ខិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥ យ៉ាងនេះឯង។

(ទុតិយវិភង្គសូត្រ ទី៧)

(៧. ទុតិយវិភង្គសុត្តំ)

[២៥៤] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ៥ យ៉ាងតើអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៥៥] ម្នាលភិក្ខុទាំងឡាយ ចុះសុខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គល ក៏បានសោយ នូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើតអំពីកាយសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខិន្ទ្រិយ។

[២៥៦] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គល ក៏បានសោយ នូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើតអំពីកាយសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខិន្ទ្រិយ។

[២៥៧] ម្នាលភិក្ខុទាំងឡាយ ចុះសោមនស្សិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងចិត្ត បុគ្គលក៏បានសោយ នូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើតអំពីមនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សោមនស្សិន្ទ្រិយ។

[២៥៨] ម្នាលភិក្ខុទាំងឡាយ ចុះទោមនស្សិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងចិត្ត បុគ្គលក៏បានសោយ នូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើតអំពីមនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោមនស្សិន្ទ្រិយ។

[២៥៩] ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបានសោយ នូវអារម្មណ៍ជាទីត្រេកអរ ក៏មិនមែន មិនជាទីត្រេកអរ ក៏មិនមែនឯណា ដែលប្រព្រឹត្តទៅ ក្នុងកាយក្តី ប្រព្រឹត្តទៅ ក្នុងចិត្តក្តី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧបេក្ខិន្ទ្រិយ។

[២៦០] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ សុខិន្ទ្រិយ និងសោមនស្សិន្ទ្រិយ បណ្ឌិតគប្បីឃើញថា ជាសុខវេទនា។

[២៦១] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ទុក្ខិន្ទ្រិយ និងទោមនស្សិន្ទ្រិយ បណ្ឌិត គប្បីឃើញថា ជាទុក្ខវេទនា។

[២៦២] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ឧបេក្ខិន្ទ្រិយនេះ បណ្ឌិតគប្បីឃើញថា ជាអទុក្ខមសុខវេទនា។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥ យ៉ាងនេះឯង។

(តតិយវិភង្គសូត្រ ទី៨)

(៨. តតិយវិភង្គសុត្តំ)

[២៦៣] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ៥ យ៉ាងតើអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៦៤] ម្នាលភិក្ខុទាំងឡាយ ចុះសុខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងកាយ បុគ្គលក៏បានសោយ នូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើតអំពីកាយសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សុខិន្ទ្រិយ។

[២៦៥] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅ ក្នុងកាយ បុគ្គលក៏បានសោយ នូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើតអំពីកាយសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាទុក្ខិន្ទ្រិយ។

[២៦៦] ម្នាលភិក្ខុទាំងឡាយ ចុះសោមនស្សិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សេចក្តីត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងចិត្ត បុគ្គលបានសោយ នូវសេចក្តីសុខ និងសេចក្តីត្រេកអរនោះ ដែលកើតអំពីមនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសោមនស្សិន្ទ្រិយ។

[២៦៧] ម្នាលភិក្ខុទាំងឡាយ ចុះទោមនស្សិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីមិនត្រេកអរឯណា ដែលប្រព្រឹត្តទៅក្នុងចិត្ត បុគ្គលបានសោយ នូវសេចក្តីទុក្ខ និងសេចក្តីមិនត្រេកអរនោះ ដែលកើតអំពីមនោសម្ផស្ស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាទោមនស្សិន្ទ្រិយ។

[២៦៨] ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខិន្ទ្រិយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលបានសោយ នូវអារម្មណ៍ជាទីត្រេកអរ ក៏មិនមែន មិនជាទីត្រេកអរ ក៏មិនមែនឯណា ដែលប្រព្រឹត្តទៅ ក្នុងកាយក្តី ប្រព្រឹត្តទៅ ក្នុងចិត្តក្តី។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាឧបេក្ខិន្ទ្រិយ។

[២៦៩] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ សុខិន្ទ្រិយ និងសោមនស្សិន្ទ្រិយ បណ្ឌិតគប្បីឃើញថា ជាសុខវេទនា។

[២៧០] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ទុក្ខិន្ទ្រិយ និងទោមនស្សិន្ទ្រិយ បណ្ឌិតគប្បីឃើញថា ជាទុក្ខវេទនា។

[២៧១] ម្នាលភិក្ខុទាំងឡាយ បណ្តាឥន្ទ្រិយទាំងនោះ ឧបេក្ខិន្ទ្រិយនេះ បណ្ឌិតគប្បីឃើញថា ជាអទុក្ខមសុខវេទនា។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ យ៉ាងនេះ ចែកជា ៥ ឬបំប្រួញមកជា ៣ ក៏បាន ឬ ៣ ចែកជា ៥ ក៏បាន ដោយបរិយាយ ដូច្នេះឯង។

(កដ្ឋោបមសូត្រ ទី៩)

(៩. កដ្ឋោបមសុត្តំ)

[២៧២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ យ៉ាង។ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៧៣] ម្នាលភិក្ខុទាំងឡាយ សុខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា។ បុគ្គលនោះ កាលបើដល់នូវសេចក្តីសុខ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកដល់នូវសេចក្តីសុខ រមែងដឹងច្បាស់ថា សុខិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យ នូវផស្សៈជាបច្ច័យ នៃសុខវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ សុខិន្ទ្រិយនោះ ក៏រលត់ទៅ សុខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យ នៃសុខវេទនានោះឯង។

[២៧៤] ម្នាលភិក្ខុទាំងឡាយ ទុក្ខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យ នូវផស្សៈជាបច្ច័យ នៃទុក្ខវេទនា។ បុគ្គលនោះ កាលបើដល់នូវសេចក្តីទុក្ខ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកដល់នូវសេចក្តីទុក្ខ រមែងដឹងច្បាសថា ទុក្ខិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យ នូវផស្សៈជាបច្ច័យ នៃទុក្ខវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ ទុក្ខិន្ទ្រិយនោះ ក៏ រលត់ទៅ ទុក្ខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃទុក្ខវេទនានោះឯង។

[២៧៥] ម្នាលភិក្ខុទាំងឡាយ សោមនស្សិន្ទ្រិយកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យ នៃសោមនស្សវេទនា។ បុគ្គលនោះ កាលបើមានចិត្តរីករាយ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកមានចិត្តរីករាយ រមែងដឹងច្បាស់ថា សោមនស្សិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យ នៃសោមនស្សវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ សោមនស្សិន្ទ្រិយនោះ ក៏រលត់ទៅ សោមនស្សិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃសោមនស្សវេទនានោះឯង។

[២៧៦] ម្នាលភិក្ខុទាំងឡាយ ទោមនស្សិន្ទ្រិយ រមែងកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យ នៃទោមនស្សវេទនា។ បុគ្គលនោះ កាលបើតូចចិត្ត ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកតូចចិត្ត រមែងដឹងច្បាស់ថា ទោមនស្សិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យ នៃទោមនស្សវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ ទោមនស្សិន្ទ្រិយនោះ ក៏រលត់ទៅ ទោមនស្សិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យ នៃទោមនស្សវេទនានោះឯង។

[២៧៧] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យនៃឧបេក្ខាវេទនា។ បុគ្គលនោះ កាលបើមានចិត្តព្រងើយ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកមានចិត្តព្រងើយ រមែងដឹងច្បាស់ថា ឧបេក្ខិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យ នូវផស្សៈ ជាបច្ច័យ នៃឧបេក្ខាវេទនាកើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ ឧបេក្ខិន្ទ្រិយនោះ ក៏រលត់ទៅ ឧបេក្ខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃឧបេក្ខាវេទនានោះឯង។

[២៧៨] ម្នាលភិក្ខុទាំងឡាយ ដូចចំហាយកើតឡើង ភ្លើងរមែងកើតឡើង ព្រោះការពួត និងប្រជុំចុះ នៃឈើពំនួតពីរកំណាត់ ចំហាយឯណា ដែលកើតឡើង អំពីឈើពំនួតនោះ ចំហាយនោះ ក៏រលត់ស្ងប់រម្ងាប់ទៅ ព្រោះដាក់ឈើពំនួតទាំងនោះទីទៃពីគ្នា យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ សុខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យនៃសុខវេទនា។ បុគ្គលនោះ កាលបើដល់នូវសេចក្តីសុខ ក៏រមែងដឹងច្បាស់ថា អាត្មាអញ ជាអ្នកដល់នូវសេចក្តីសុខ រមែងដឹងច្បាស់ថា សុខិន្ទ្រិយឯណា កើតឡើងហើយ ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យនៃ សុខវេទនា កើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ សុខិន្ទ្រិយនោះ ក៏រលត់ទៅ សុខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃសុខវេទនានោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យនៃទុក្ខវេទនា។បេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអាស្រ័យនូវផស្សៈ ជាបច្ច័យនៃសោមនស្សវេទនា។ ម្នាលភិក្ខុទាំងឡាយ ព្រោះអាស្រ័យ នូវផស្សៈ ជាបច្ច័យនៃទោមនស្សវេទនា។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខិន្ទ្រិយ កើតឡើង ព្រោះ អាស្រ័យនូវផស្សៈ ជាបច្ច័យ នៃឧបេក្ខាវេទនា។ បុគ្គលនោះ កាលបើមានចិត្តព្រងើយ ក៏រមែង ដឹងច្បាស់ថា អាត្មាអញ ជាអ្នកមានចិត្តព្រងើយ រមែងដឹងច្បាស់ថា ឧបេក្ខិន្ទ្រិយ ឯណាកើត ឡើងហើយ ព្រោះអាស្រ័យ នូវផស្សៈជាបច្ច័យ នៃឧបេក្ខាវេទនា កើតអំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ ឧបេក្ខិន្ទ្រិយនោះ ក៏រលត់ទៅ ឧបេក្ខិន្ទ្រិយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះរលត់ផស្សៈ ជាបច្ច័យនៃឧបេក្ខាវេទនានោះឯង យ៉ាងនោះដែរ។

(ឧប្បដិបាដិកសូត្រ ទី១០)

(១០. ឧប្បដិបាដិកសុត្តំ)

[២៧៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ៥ យ៉ាង គឺដូចម្តេច។ គឺទុក្ខិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ១ សុខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៨០] ម្នាលភិក្ខុទាំងឡាយ ទុក្ខិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា ទុក្ខិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ ទុក្ខិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯទុក្ខិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានទេ។ ភិក្ខុនោះ ដឹងច្បាស់ នូវទុក្ខិន្ទ្រិយផង ដឹងច្បាស់នូវហេតុកើតឡើង នៃទុក្ខិន្ទ្រិយផង ដឹងច្បាស់ នូវការរលត់ទៅ នៃទុក្ខិន្ទ្រិយផង ទុក្ខិន្ទ្រិយ កើតឡើងហើយ ក្នុងទីឯណា ក៏រលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះទុក្ខិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ រមែងចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក។ ទុក្ខិន្ទ្រិយ កើតឡើងក្នុងបឋមជ្ឈាននេះ តែងរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់ នូវការរលត់ទៅ នៃទុក្ខិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។

[២៨១] ម្នាលភិក្ខុទាំងឡាយ ទោមនស្សិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា ទោមនស្សិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ ទោមនស្សិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯទោមនស្សិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានទេ។ ភិក្ខុនោះ រមែងដឹងច្បាស់ នូវទោមនស្សិន្ត្រិយផង ដឹងច្បាស់ នូវហេតុកើតឡើង នៃទោមនស្សិន្ទ្រិយផង ដឹងច្បាស់ នូវការរលត់ទៅ នៃទោមនស្សិន្ទ្រិយផង មួយវិញទៀត ទោមនស្សិន្ទ្រិយ កើតឡើងក្នុងទីឯណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះទោមនស្សិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះស្ងប់ស្ងាត់ នៃវិតក្កៈ និងវិចារៈ រមែងចូលកាន់ទុតិយជ្ឈាន មានសេចក្តីជ្រះថ្លាខ្លាំង ក្នុងសន្តាន មានភាពនៃចិត្ត ដ៏ខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន។ ទោមនស្សិន្ទ្រិយ កើតឡើង ក្នុងទុតិយជ្ឈាននេះ តែងរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់ នូវការរលត់ទៅ នៃទោមនស្សិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។

[២៨២] ម្នាលភិក្ខុទាំងឡាយ ចំណែកសុខិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា សុខិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ សុខិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯសុខិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានឡើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ នូវសុខិន្ទ្រិយផង ដឹងច្បាស់ នូវហេតុកើតឡើង នៃសុខិន្ទ្រិយផង ដឹងច្បាស់នូវការរលត់ទៅ នៃសុខិន្ទ្រិយផង មួយវិញទៀត សុខិន្ទ្រិយកើតឡើង ក្នុងទីឯណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះសុខិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបានតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ចូលកាន់តតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ។ សុខិន្ទ្រិយ កើតឡើង ក្នុងតតិយជ្ឈាននុ៎ះ រមែងរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់នូវការរលត់ នៃសុខិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។

[២៨៣] ម្នាលភិក្ខុទាំងឡាយ សោមនស្សិន្ទ្រិយ តែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ រមែងដឹងច្បាស់ យ៉ាងនេះថា សោមនស្សិន្ទ្រិយ កើតឡើងហើយ ដល់អាត្មាអញ សោមនស្សិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯសោមនស្សិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានឡើយ។ ភិក្ខុនោះ ដឹងច្បាស់ នូវសោមនស្សិន្ទ្រិយផង ដឹងច្បាស់ នូវហេតុកើតឡើង នៃសោមនស្សិន្ទ្រិយផង ដឹងច្បាស់ នូវការរលត់ទៅ នៃសោមនស្សិន្ទ្រិយផង មួយវិញទៀត សោមនស្សិន្ទ្រិយ កើតឡើង ក្នុងទីឯណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះសោមនស្សិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥត មានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង ព្រោះអស់ទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ចូល កាន់ចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ សោមនស្សិន្ទ្រិយ កើតឡើងហើយ ក្នុងចតុត្ថជ្ឈាននុ៎ះ ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ដឹងច្បាស់ នូវការរលត់ទៅ នៃសោមនស្សិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។

[២៨៤] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា ឧបេក្ខិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ ឧបេក្ខិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯឧបេក្ខិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានឡើយ។ ភិក្ខុនោះ ដឹងច្បាស់នូវឧបេក្ខិន្ទ្រិយផង ដឹងច្បាស់នូវហេតុកើតឡើង នៃឧបេក្ខិន្ទ្រិយផង ដឹងច្បាស់នូវការរលត់ទៅ នៃឧបេក្ខិន្ទ្រិយផង មួយវិញទៀត ឧបេក្ខិន្ទ្រិយ កើតឡើងក្នុងទីឯណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះឧបេក្ខិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កន្លង នូវនេវសញ្ញានាសញ្ញាយតនៈ ដោយសព្វគ្រប់ ហើយចូលកាន់សញ្ញាវេទយិតនិរោធ។ ឧបេក្ខិន្ទ្រិយ កើតឡើងក្នុងសញ្ញាវេទយិតនិរោធនុ៎ះ ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់នូវការរលត់ទៅ នៃឧបេក្ខិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។

ចប់ សុខិន្ទ្រិយវគ្គ ទី ៤។

ឧទ្ទាននៃសុខិន្ទ្រិយវគ្គនោះគឺ

និយាយអំពីឥន្ទ្រិយសុទ្ធ ១ អំពីសោតាបន្នបុគ្គល ១ អំពីភិក្ខុជាអរហន្ត ១ អំពីសមណព្រាហ្មណ៍ មានពីរលើក អំពីការចែកឥន្ទ្រិយ មាន ៣ លើក អំពីសុខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យផស្សៈ ដូចព្រនួតភ្លើង ១ អំពីភិក្ខុបានសម្រេចឈាន ១។

ជរាវគ្គ ទី៥

(៥. ជរាវគ្គោ)

(ជរាធម្មសូត្រ ទី១)

(១. ជរាធម្មសុត្តំ)

[២៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ នៃមិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ចេញអំពីទីពួនសម្ងំ (ផលសមាបត្តិ) ក្នុងសាយណ្ហសម័យ ហើយទ្រង់គង់ហាលព្រះបិដ្ឋិ (ខ្នង) ក្នុងទីកំដៅថ្ងៃខាងក្រោយ (ប្រាសាទ)។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយច្របាច់ នូវព្រះកាយ នៃព្រះដ៏មានព្រះភាគ ដោយដៃ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា

[២៨៦] អសា្ចរ្យណាស់ ព្រះអង្គ ចំឡែកណាស់ ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះឆវិវណ្ណ របស់ព្រះអង្គ មិនបរិសុទ្ធផូរផង់ ដូចអំពីមុនឡើយ ទាំងព្រះអង្គាវយវៈ ក៏ធូរជ្រាយ មានព្រះចម្មៈជ្រួញជ្រីវ ព្រះកាយក៏ទន់ទោរ ការប្រែប្រួល នៃឥន្ទ្រិយទាំងឡាយ គឺចក្ខុន្រ្ទិយ សោតិន្រ្ទិយ ឃានិន្រ្ទិយ ជីវិ្ហន្រ្ទិយ កាយិន្ទ្រិយ ក៏ឃើញប្រាកដ។

[២៨៧] អើ អានន្ទ ពាក្យនុ៎ះមែនហើយ ជរាធម៌ រមែងមាននៅត្រង់អវយវៈ ដែលកំពុងចំរើន ព្យាធិធម៌ មាននៅត្រង់ការដែលមិនមានរោគ មរណធម៌ ក៏មាននៅត្រង់ជីវិត។ ឆវិវណ្ណ (របស់តថាគត) មិនបរិសុទ្ធផូរផង់ដូចមុនទេ ទាំងអង្គាវយវៈ ក៏ថូរជ្រាយ មានស្បែកជ្រួញជ្រីវ កាយក៏ទន់ទោរ ការប្រែប្រួល នៃឥន្ទ្រិយទាំងឡាយ គឺចក្ខុន្រ្ទិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ ក៏ឃើញប្រាកដមែន។ ព្រះដ៏មានព្រះភាគ បានត្រាស់ភាសិតនេះហើយ លុះព្រះសុគត ទ្រង់ត្រាស់ភាសិតនេះរួចហើយ ទើបព្រះសាស្តា ត្រាស់គាថានេះ តទៅទៀតដូច្នេះ

[២៨៨]

ថ្វឺយសរីរៈនោះ រមែងមានក្នុងកាលដែលចាស់អាក្រក់ ក្នុងកាលដែលជរា ធ្វើឲ្យមានសម្បុរអាក្រក់ អត្តភាពជាទីត្រេកអរនៃចិត្ត ក៏ត្រូវជរាគ្របសង្កត់ដោយពិត។ ពួកសត្វទាំងអស់ មានមច្ចុប្រព្រឹត្តទៅខាងមុខ ទោះជនឯណា រស់នៅអស់ ១០០ ឆ្នាំក្តី ជននោះ ចៀសវាងនូវមច្ចុតិចតួច ក៏ពុំរួច មច្ចុ តែងញំាញី នូវសត្វទាំងអស់ ឥតសល់ឡើយ។

(ឧណ្ណាភព្រាហ្មណសូត្រ ទី២)

(២. ឧណ្ណាភព្រាហ្មណសុត្តំ)

[២៨៩] សាវត្ថីនិទាន។ គ្រាននោះឯង ឧណ្ណាភព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧណ្ណាភព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា

[២៩០] បពិត្រព្រះគោតមដ៏ចំរើន ឥន្ទ្រិយ ៥យ៉ាងនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា រមែងមិនទទួលនូវអារម្មណ៍ និងវិស័យ នៃគ្នានឹងគ្នាឡើយ។ ឥន្ទ្រិយ ៥ យ៉ាង គឺអ្វីខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វី ជាទីពឹង របស់ឥន្ទ្រិយ ទាំង ៥ យ៉ាងនេះ ដែលមានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលនូវអារម្មណ៍ និងវិស័យនៃគ្នានិងគ្នា ចុះសភាវៈដូចម្តេច រមែងទទួលនូវអារម្មណ៍ និងវិស័យនៃឥន្ទ្រិយទាំងនេះ។

[២៩១] ម្នាលព្រាហ្មណ៍ ឥន្ទ្រិយ ៥ យ៉ាងនេះ មានវិស័យផ្សេង ៗគ្នា មានអារម្មណ៍ផ្សេងៗ គ្នា រមែងមិនទទួលនូវអារម្មណ៍ និងវិស័យនៃគ្នានិងគ្នា។ ឥន្ទ្រិយ ៥ យ៉ាង គឺអ្វីខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១។ ម្នាលព្រាហ្មណ៍ កាលបើឥន្ទ្រិយ ទាំង ៥ យ៉ាងនេះ មានវិស័យផ្សេងៗ គ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលនូវអារម្មណ៍ និងវិស័យនៃគ្នានិងគ្នាហើយ មានតែចិត្តជាទីពឹង ទាំងចិត្ត ក៏រមែងទទួលនូវអារម្មណ៍ និងវិស័យ នៃឥន្ទ្រិយទាំងនោះ។

[២៩២] បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹងរបស់ចិត្ត។ ម្នាលព្រាហ្មណ៍ សតិ ជាទីពឹងរបស់ចិត្ត។

[២៩៣] បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹងរបស់សតិ។ ម្នាលព្រាហ្មណ៍ វិមុត្តិ ជាទីពឹងរបស់សតិ។

[២៩៤] បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹងរបស់វិមុត្តិ។ ម្នាលព្រាហ្មណ៍ និព្វានជាទីពឹងរបស់វិមុត្តិ។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹង របស់ព្រះនិព្វាន។ ម្នាលព្រាហ្មណ៍ អ្នកកន្លងហួសប្រស្នាហើយ អ្នកមិនអាចកាន់យក នូវទីបំផុតនៃប្រស្នាបានឡើយ។ ម្នាលព្រាហ្មណ៍ ព្រោះថា មគ្គព្រហ្មចរិយធម៌ ឈមទៅកាន់និព្វាន មាននិព្វានប្រព្រឹត្តទៅខាងមុខ មាននិព្វានជាទីបំផុត។

[២៩៥] គ្រានោះឯង ឧណ្ណាភព្រាហ្មណ៍ ក៏ត្រេកអរ អនុមោទនា នូវភាសិតនៃព្រះដ៏មានព្រះភាគ រួចក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។

[២៩៦] គ្រានោះ កាលឧណ្ណាភព្រាហ្មណ៍ ចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះដ៏មានព្រះភាគ ក៏ត្រាស់នឹងពួកភិក្ខុថា

[២៩៧] ម្នាលភិក្ខុទាំងឡាយ ផ្ទះកំពូល ឬសាលា ដែលមានកំពូល មានបង្អួចក្នុងទិសខាងជើង ឬទិសខាងកើត កាលបើព្រះអាទិត្យរះឡើង រស្មីចូលទៅតាមបង្អួចហើយ ស្ថិតនៅក្នុងទីណា មានឧបមាយ៉ាងណា។ បពិត្រព្រះអង្គដ៏ចំរើន រស្មីស្ថិតនៅត្រង់ជញ្ជាំងទិសខាងលិច។ ម្នាលភិក្ខុទាំងឡាយ ឯឧណ្ណាភព្រាហ្មណ៍ មានសទ្ធាខ្ជាប់ខ្ជួន ជាឫសស្ថិតនៅមាំមួន ចំពោះតថាគត ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយ ក្នុងលោកក្តី មិនងាយបំបែរ ឲ្យងាកចេញបានឡើយ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនេះ បើឧណ្ណាភព្រាហ្មណ៍ ធ្វើមរណកាល ឧណ្ណាភព្រាហ្មណ៍ ដែលប្រកបដោយសញ្ញោជនឯណាហើយ គប្បីមកកាន់លោកនេះម្តងទៀត សញ្ញោជននោះ មិនមានទេ។

(សាកេតសូត្រ ទី៣)

(៣. សាកេតសុត្តំ)

[២៩៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់ម្រឹគ ទៀបនគរសាកេត។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ ៥ នោះ គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យបរិយាយឯណា បរិយាយនោះ មានដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់ មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ សូមអារាធនា សូមព្រះដ៏មានព្រះភាគ បំភ្លឺសេចក្តី នៃភាសិតនុ៎ះឲ្យទាន បើពួកភិក្ខុ បានស្តាប់ព្រះវាចា របស់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំបាន។ បេ។

[២៩៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ ក៏គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ ៥ នោះ ក៏គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ មានដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ ក៏គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ នោះ ក៏គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។

[៣០០] ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយឯណា សទ្ធិន្ទ្រិយនោះ ក៏គឺសទ្ធាពលៈ សទ្ធាពលៈឯណា សទ្ធាពលៈនោះ ក៏គឺសទ្ធិន្ទ្រិយ វិរិយិន្ទ្រិយឯណា វិរិយិន្ទ្រិយនោះ ក៏គឺវិរិយពលៈ វិរិយពលៈឯណា វិរិយពលៈនោះ ក៏គឺវិរិយិន្ទ្រិយ សតិន្ទ្រិយឯណា សតិន្ទ្រិយនោះ ក៏គឺសតិពលៈ សតិពលៈឯណា សតិពលៈនោះ ក៏គឺសតិន្ទ្រិយ សមាធិន្ទ្រិយឯណា សមាធិន្ទ្រិយនោះ ក៏គឺសមាធិពលៈ សមាធិពលៈឯណា សមាធិពលៈនោះ ក៏គឺសមាធិន្ទ្រិយ បញ្ញិន្ទ្រិយឯណា បញ្ញិន្ទ្រិយនោះ ក៏គឺបញ្ញាពលៈ បញ្ញាពលៈឯណា បញ្ញាពលៈនោះ ក៏គឺបញ្ញិន្ទ្រិយ។

[៣០១] ម្នាលភិក្ខុទាំងឡាយ ដូចទន្លេហូរទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត កោះក៏មាននៅត្រង់កណ្តាល នៃទន្លេនោះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលដល់ នូវការរាប់ថា ទន្លេនោះមានខ្សែទឹកតែមួយ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ហេតុដែលដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកពីរ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ ក៏មានដែរ។

[៣០២] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកតែមួយ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទឹកឯណា មាននៅចុង នៃទិសខាងកើត នៃកោះនោះ និងទឹកឯណា មាននៅចុង នៃទិសខាងលិច នៃកោះនោះ។ ម្នាលភិក្ខុទាំងឡាយ ទឹកនោះៗ ដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកតែមួយ ព្រោះអាស្រ័យ នូវបរិយាយឯណា នេះឯងជាបរិយាយ។

[៣០៣] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលដល់នូវការរាប់ថា ទន្លេនោះ មានខែ្សទឹកពីរ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទឹកឯណា មាននៅចុង នៃទិសខាងជើង នៃកោះនោះ និងទឹកឯណា មាននៅចុង នៃទិសខាងត្បូង នៃកោះនោះ។ ម្នាលភិក្ខុទាំងឡាយ ទឹកនោះៗ ដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកពីរ ព្រោះអាស្រ័យ នូវបរិយាយឯណា នេះឯងជាបរិយាយ យ៉ាងណាមិញ។

[៣០៤] ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយឯណា សទ្ធិន្ទ្រិយនោះ ក៏គឺសទ្ធាពលៈ សទ្ធាពលៈឯណា សទ្ធាពលៈនោះ ក៏គឺសទ្ធិន្ទ្រិយ វិរិយិន្ទ្រិយឯណា វិរិយិន្ទ្រិយនោះ ក៏គឺវិរិយពលៈ វិរិយពលៈឯណា វិរិយពលៈនោះ ក៏គឺវិរិយិន្ទ្រយ សតិន្ទ្រិយឯណា សតិន្ទ្រិយនោះ ក៏គឺសតិពលៈ សតិពលៈឯណា សតិពលៈនោះ ក៏គឺសតិន្ទ្រិយ សមាធិន្ទ្រិយឯណា សមាធិន្ទ្រិយនោះ ក៏គឺសមាធិពលៈ សមាធិពលៈឯណា សមាធិពលៈនោះ ក៏គឺសមាធិន្ទ្រិយ បញ្ញិន្ទ្រិយឯណា បញ្ញិន្ទ្រិយនោះ ក៏គឺបញ្ញាពលៈ បញ្ញាពលៈឯណា បញ្ញាពលៈនោះ ក៏គឺបញ្ញិន្ទ្រិយ ក៏យ៉ាងនោះដែរ។

[៣០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុរមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ព្រោះបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ទាំង ៥ ហើយសម្រាន្តនៅ។

(បុព្វកោដ្ឋកសូត្រ ទី៤)

(៤. បុព្វកោដ្ឋកសុត្តំ)

[៣០៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបុព្វកោដ្ឋកនិគម ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់សួរបញ្ជាក់ព្រះសារីបុត្តដ៏មានអាយុថា

[៣០៧] ម្នាលសារីបុត្ត អ្នកជឿដែរឬ ថាសទ្ធិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាត ឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាត ឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។

[៣០៨] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនលុះដោយការជឿព្រះដ៏មានព្រះភាគ ក្នុងដំណើរនុ៎ះទេ ថាសទ្ធិន្ទ្រិយ។ បេ។ បញ្ញិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនោះ លុះតែពួកជន ដែលមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ប្រទះដោយប្រាជ្ញា ទើបលុះដោយការជឿជនដទៃ ក្នុងដំណើរនុ៎ះ ថាសទ្ធិន្ទ្រិយ។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ បើពួកជនឯណា ធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្វើឲ្យជាក់ច្បាស់ ប្រទះដោយប្រាជ្ញាហើយ ពួកជននោះ ឥតមានសង្ស័យ ឥតមានងឿងឆ្ងល់ ក្នុងដំណើរនុ៎ះឡើយ ថាសទ្ធិន្ទ្រិយ។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាត ឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ ឯខ្ញុំព្រះអង្គ ធ្លាប់ដឹង ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់ ប្រទះដោយប្រាជ្ញាហើយ ខ្ញុំព្រះអង្គ ឥតមានសង្ស័យ ឥតមានងឿងឆ្ងល់ ក្នុងដំណើរនុ៎ះទេ ថាសទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។

[៣០៩] ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត ព្រោះថា ដំណើរនោះ ពួកជនដែលមិនធ្លាប់ដឹង មិនឃើញ មិនយល់ មិនទាន់ធ្វើឲ្យជាក់ច្បាស់ មិនទាន់ប្រទះដោយប្រាជ្ញា ទើបលុះដោយការជឿជនដទៃ ក្នុងដំណើរនោះថា សទ្ធិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាត ឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។បេ។ ថា បញ្ញិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ ម្នាលសារីបុត្រ ដំណើរនុ៎ះ បើពួកជនឯណា ធ្លាប់ដឹង ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់ ប្រទះដោយប្រាជ្ញា ពួកជននោះ មិនមានសង្ស័យ មិនមានងឿងឆ្ងល់ ក្នុងដំណើរនោះឡើយ ថាសទ្ធិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ថាបញ្ញិន្ទ្រិយ ដែលបុគ្គលចំរើន ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។

(បឋមបុព្វារាមសូត្រ ទី៥)

(៥. បឋមបុព្វារាមសុត្តំ)

[៣១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទ របស់មិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែខ្លួនបានចំរើន ធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រពឹ្រត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់។បេ។

[៣១១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែខ្លួនបានចំរើន ធ្វើឲ្យក្រាស់ក្រែលនូវឥន្ទ្រិយមួយ ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ឥន្ទ្រិយតែមួយ គឺអ្វី។ គឺបញ្ញិន្ទ្រិយ។

[៣១២] ម្នាលភិក្ខុទាំងឡាយ សទ្ធាដែលសម្រេចទៅតាមបញ្ញិន្ទ្រិយនោះ ក៏តាំងនៅស៊ប់ វីរិយៈ ដែលសម្រេចទៅតាមបញ្ញិន្ទ្រិយនោះ ក៏តាំងនៅស៊ប់ សតិ ដែលសម្រេចទៅតាមបញ្ញិន្ទ្រិយ នោះ ក៏តាំងនៅស៊ប់ សមាធិ ដែលសម្រេចទៅតាមបញ្ញិន្ទ្រិយនោះ ក៏តាំងនៅស៊ប់ ចំពោះ អរិយសាវក ដែលមានបញ្ញា។

[៣១៣] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយមួយនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បាន ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ទុតិយបុព្វារាមសូត្រ ទី៦)

(៦. ទុតិយបុព្វារាមសុត្តំ)

[៣១៤] និទានដដែលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់។បេ។

[៣១៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយពីរ ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣១៦] ឥន្ទ្រិយពីរយ៉ាង តើអ្វីខ្លះ។ គឺបញ្ញាដ៏ប្រសើរ ១ វិមុត្តិដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បញ្ញាដ៏ប្រសើរឯណា របស់ភិក្ខុនោះ បញ្ញានោះ ឈ្មោះថា បញ្ញិន្ទ្រិយរបស់ ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា វិមុត្តិដ៏ប្រសើរឯណា របស់ភិក្ខុនោះ វិមុត្តិនោះ ឈ្មោះថា សមាធិន្ទ្រិយ របស់ភិក្ខុនោះ។

[៣១៧] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយពីរយ៉ាងនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(តតិយបុព្វារាមសូត្រ ទី៧)

(៧. តតិយបុព្វារាមសុត្តំ)

[៣១៨] និទានដដែលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ នៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់។បេ។

[៣១៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៤ យ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២០] ឥន្ទ្រិយ ៤ យ៉ាង តើអ្វីខ្លះ។ គឺវីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។

[៣២១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៤ យ៉ាងនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(ចតុត្ថបុព្វារាមសូត្រ ទី៨)

(៨. ចតុត្ថបុព្វារាមសុត្តំ)

[៣២២] និទានដដែលនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយប៉ុន្មានយ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយនៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់។បេ។

[៣២៣] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៥ យ៉ាង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាសថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២៤] ឥន្ទ្រិយ ៥ យ៉ាង តើអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។

[៣២៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៥ យ៉ាងនេះឯង ទើបភិក្ខុជាខីណាស្រព ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(បិណ្ឌោលភារទ្វាជសូត្រ ទី៩)

(៩. បិណ្ឌោលភារទ្វាជសុត្តំ)

[៣២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ សម័យនោះឯង ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២៧] គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២៨] បពិត្រព្រះអង្គដ៏ចំរើន ព្រះបិណ្ឌោលភារទ្វាជៈដ៏មានអាយុ ឃើញអំណាចប្រយោជន៍ដូចម្តេច ទើបប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣២៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៣ យ៉ាង ទើបបិណ្ឌោលភារទ្វាជភិក្ខុ ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣៣០] ឥន្ទ្រិយ ៣ យ៉ាង តើអ្វីខ្លះ។ គឺសតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។

[៣៣១] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ៣ យ៉ាងនេះឯង ទើបបិណ្ឌោលភារទ្វាជភិក្ខុ ប្រកាសនូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣៣២] ម្នាលភិក្ខុទាំងឡាយ ចុះឥន្ទ្រិយទាំង ៣ យ៉ាងនេះ មានអ្វីជាទីបំផុត។ មានការអស់ទៅជាទីបំផុត។ មានការអស់ទៅជាទីបំផុតនៃអ្វី។ នៃជាតិ ជរា មរណៈ។ ម្នាលភិក្ខុទាំងឡាយ បិណ្ឌោលភារទ្វាជភិក្ខុ ឃើញច្បាស់ថា ការអស់ទៅនៃជាតិ ជរា មរណៈ ដូច្នេះឯង ទើបប្រកាស នូវអរហត្តផលថា អាត្មាអញ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

(អាបណសូត្រ ទី១០)

(១០. អាបណសុត្តំ)

[៣៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគមឈ្មោះ អាបណៈ របស់ពួកអ្នកស្រុកអង្គៈ ក្នុងដែនអង្គៈ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ បានត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត អរិយសាវកឯណា ជ្រះថ្លា តាំងនៅ មាំមួន ចំពោះព្រះតថាគត អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ ឬសង្ស័យ ចំពោះព្រះតថាគត និងចំពោះសាសនា នៃព្រះតថាគតទេឬ។

[៣៣៤] បពិត្រព្រះអង្គដ៏ចំរើន អរិយសាវកឯណា ជ្រះថ្លា តាំងនៅមាំមួន ចំពោះព្រះតថាគតហើយ អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ ឬសង្ស័យ ចំពោះព្រះតថាគត និងចំពោះសាសនា នៃព្រះតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា អរិយសាវក អ្នកមានសទ្ធា គប្បីនឹកសង្ឃឹម នូវហេតុនុ៎ះ ជាប្រាកដ គឺអរិយសាវកនោះ នឹងប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញ នូវកុសលធម៌ទាំងឡាយ ជាអ្នកមានកម្លាំងចិត្ត មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។

[៣៣៥] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថាវីរិយៈឯណា របស់អរិយសាវកនោះ វីរិយៈនោះ ឈ្មោះថា វីរិយិន្ទ្រិយរបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺជាអ្នកមានស្មារតី ប្រកបដោយប្រាជ្ញាចាស់ក្លា ដ៏ប្រសើរ តែងនឹកបាន ចាំបាន នូវអំពើ ដែលធ្លាប់ធ្វើមកជាយូរហើយផង នូវពាក្យសំដីដែលធ្លាប់និយាយមកជាយូរហើយផង។

[៣៣៦] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សតិឯណា របស់អរិយសាវកនោះ សតិនោះ ឈ្មោះថា សតិន្ទ្រិយរបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺធ្វើនូវព្រះនិព្វាន ឲ្យជាអារម្មណ៍ ហើយនិងបាននូវសមាធិ និងបាននូវភាវៈ នៃចិត្តមានអារម្មណ៍តែមួយ។

[៣៣៧] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សមាធិឯណា របស់អរិយសាវកនោះ សមាធិនោះ ឈ្មោះថា សមាធិន្ទ្រិយ របស់លោក។ បពិត្រព្រះអង្គដ៏ចំរើន ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ មានចិត្តតាំងមាំ ដោយប្រពៃ នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺនឹងដឹងច្បាស់ យ៉ាងនេះថា សង្សារមានទីបំផុតកំណត់មិនបាន ទីបំផុតខាងដើម មិនប្រាកដ ដល់សត្វទាំងឡាយ ដែលមានអវិជ្ជា ជាគ្រឿងរារាំង មានតណ្ហាជាគ្រឿងប្រកប ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ ការប្រាសចាកតម្រេក និងការរលត់ឥតមានសេសសល់ នៃគំនរងងឹត គឺអវិជ្ជានុ៎ះឯង ជាផ្លូវដ៏ស្ងប់ ជាផ្លូវដ៏ប្រសើរ គឺការស្ងប់រម្ងាប់ទៅ នៃសង្ខារទាំងពួង លះបង់ នូវឧបធិក្កិលេសទាំងពួង ក្ស័យទៅនៃតណ្ហា ប្រាសចាកតម្រេក រលត់ទៅ (នៃកិលេស) ឈ្មោះថា និព្វាន។

[៣៣៨] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថាបញ្ញាឯណា របស់អរិយសាវកនោះ បញ្ញានោះ ឈ្មោះថា បញ្ញិន្ទ្រិយរបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន អរិយសាវក អ្នកមានសទ្ធានោះ បានផ្គូផ្គងស្រេច យ៉ាងនេះ នឹករឭកឃើញស្រេច យ៉ាងនេះ ដំកល់ទុកស្រេច យ៉ាងនេះ ដឹងច្បាស់ស្រេច យ៉ាងនេះ រមែងជឿស៊ប់ យ៉ាងនេះថា ធម៌ទាំងឡាយនេះឯង ជាធម៌ ដែលអាត្មាអញ ធ្លាប់ស្តាប់មកក្នុងកាលមុន ព្រោះហេតុនោះ អាត្មាអញ រមែងបានប៉ះពាល់ ដោយនាមកាយក្នុងកាលឥឡូវនេះផង ចាក់ធ្លុះធ្លាយ ឃើញដោយប្រាជ្ញាផង។

[៣៣៩] បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សទ្ធាឯណា របស់អរិយសាវកនោះ សទ្ធានោះ ឈ្មោះថា សទ្ធិន្ទ្រិយរបស់លោក។

[៣៤០] ម្នាលសារីបុត្ត ប្រពៃហើយៗ ម្នាលសារីបុត្ត អរិយសាវកឯណា ជ្រះថ្លា តាំងនៅមាំមួន ចំពោះព្រះតថាគត អរិយសាវកនោះ មិនគប្បីងឿងឆ្ងល់ ឬសង្ស័យ ចំពោះព្រះតថាគត និងចំពោះសាសនា នៃព្រះតថាគតឡើយ។ ម្នាលសារីបុត្ត ព្រោះថា អរិយសាវក អ្នកមានសទ្ធា នឹងនឹកសង្ឃឹមនូវហេតុនុ៎ះ ជាប្រាកដ គឺនឹងប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញ នូវកុសលធម៌ទាំងឡាយ ជាអ្នកមានកម្លាំងចិត្ត មានសេចក្តីប្រឹងប្រែងមាំមួន មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ។

[៣៤១] ម្នាលសារីបុត្ត ព្រោះថា វីរិយឯណា របស់អរិយសាវកនោះ វីរិយនោះ ឈ្មោះថា វីរិយិន្ទ្រិយ របស់លោក។ ម្នាលសារីបុត្ត ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺជាអ្នកមានស្មារតី ប្រកបដោយប្រាជ្ញាចាស់ក្លា ដ៏ប្រសើរ តែងនឹកបាន ចាំបាន នូវអំពើ ដែលធ្លាប់ធ្វើមកជាយូរហើយផង នូវពាក្យសំដី ដែលធ្លាប់និយាយមកជាយូរហើយផង។

[៣៤២] ម្នាលសារីបុត្ត ព្រោះថា សតិឯណា របស់អរិយសាវកនោះ សតិនោះ ឈ្មោះថា សតិន្ទ្រិយរបស់លោក។ ម្នាលសារីបុត្ត ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ហើយ នឹងបាននូវសមាធិ នឹងបាននូវភាវៈ នៃចិត្តមានអារម្មណ៍តែមួយ។

[៣៤៣] ម្នាលសារីបុត្ត ព្រោះថា សមាធិឯណា របស់អរិយសាវកនោះ សមាធិនោះ ឈ្មោះថា សមាធិន្ទ្រិយរបស់លោក។ ម្នាលសារីបុត្ត ដ្បិតអរិយសាវក អ្នកមានសទ្ធា ប្រារព្ធសេចក្តីព្យាយាម មានសតិដំកល់ខ្ជាប់ មានចិត្តតាំងមាំ ដោយប្រពៃ នឹងនឹកសង្ឃឹម នូវហេតុនុ៎ះជាប្រាកដ គឺនឹងដឹងច្បាស់យ៉ាងនេះថា សង្សារមានទីបំផុតកំណត់មិនបាន ទីបំផុតខាងដើម មិនប្រាកដ ដល់សត្វទាំងឡាយ ដែលមានអវិជ្ជា ជាគ្រឿងរារាំង មានតណ្ហា ជាគ្រឿងប្រកប ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ ការប្រាសចាកតម្រេក និងការរលត់ទៅ ឥតមានសេសសល់ នៃគំនរងងឹត គឺអវិជ្ជានុ៎ះឯង ជាផ្លូវដ៏ស្ងប់ ជាផ្លូវដ៏ប្រសើរ គឺការស្ងប់រម្ងាប់ទៅ នៃសង្ខារទាំងពួង លះបង់នូវឧបធិក្កិលេសទាំងពួង ក្ស័យទៅនៃតណ្ហា ប្រាសចាកតម្រេក រលត់ទៅ (នៃកិលេស) ឈ្មោះថា និព្វាន។

[៣៤៤] ម្នាលសារីបុត្ត ព្រោះថា បញ្ញាឯណារបស់អរិយសាវកនោះ បញ្ញានោះ ឈ្មោះថា បញ្ញិន្ទ្រិយរបស់លោក។ ម្នាលសារីបុត្ត អរិយសាវក អ្នកមានសទ្ធានោះ បានផ្គូផ្គងសេ្រច យ៉ាងនេះ នឹករឭកឃើញស្រេចយ៉ាងនេះ ដំកល់ទុកស្រេចយ៉ាងនេះ ដឹងច្បាស់ស្រេចយ៉ាងនេះ រមែងជឿស៊ប់ យ៉ាងនេះថា ធម៌ទាំងឡាយនេះឯង ជាធម៌ដែលអាត្មាអញ ធ្លាប់បានស្តាប់មកក្នុងកាលមុន ព្រោះហេតុនោះ អាត្មាអញ រមែងបានប៉ះពាល់ ដោយនាមកាយ ក្នុងកាលឥឡូវនេះផង ចាក់ធ្លុះធ្លាយ ឃើញដោយប្រាជ្ញាផង។

[៣៤៥] ម្នាលសារីបុត្ត ព្រោះថា សទ្ធាឯណា របស់អរិយសាវកនោះ សទ្ធានោះ ឈ្មោះថា សទ្ធិន្ទ្រិយរបស់លោក។

ចប់ ជរាវគ្គ ទី៥។

ឧទ្ទាននៃជរាវគ្គនោះគឺ

និយាយអំពីព្រះដ៏មានព្រះភាគ ទ្រង់ព្រះជរា ១ អំពីឧណ្ណាភព្រាហ្មណ៍ ១ អំពីព្រះដ៏មានព្រះភាគ គង់នៅក្នុងក្រុងសាកេត ១ អំពីព្រះដ៏មានព្រះភាគ គង់នៅក្នុងបុព្វកោដ្ឋកនិគម ១ អំពីព្រះដ៏មានព្រះភាគ គង់នៅក្នុងបុព្វារាម មាន ៤ លើក អំពីព្រះបិណ្ឌោលភារទ្វាជៈ ១ អំពីអរិយសាវក អ្នកមានសទ្ធា ១ រួមទាំងអស់ត្រូវជា ១០។

សូករខាតវគ្គ ទី៦

(៦. សូករខតវគ្គោ)

(សាលសូត្រ ទី១)

(១. សាលសុត្តំ)

[៣៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះកោសល ក្នុងដែលកោសល។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា

[៣៤៧] ម្នាលភិក្ខុទាំងឡាយ ស្រេចលើសីហៈ ជាស្តេចនៃម្រឹគ ប្រសើរជាងពួកសត្វតិរច្ឆានទាំងអស់ ដោយកំឡាំង ដោយសន្ទុះ ដោយសេចក្តីក្លៀវក្លា ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងពួកធម៌ចំណែកខាងការត្រាស់ដឹងទាំងអស់ ដោយការត្រាស់ដឹង ដូច្នោះឯង។

[៣៤៨] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ចំណែកខាងការត្រាស់ដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ វីរិយិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង វីរិយិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ សតិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង សតិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ សមាធិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង សមាធិន្ទ្រិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង។ បញ្ញិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។

[៣៤៩] ម្នាលភិក្ខុទាំងឡាយ ស្រេចលើសីហៈ ជាស្តេចនៃម្រឹគ ប្រសើរជាងពួកសត្វតិរច្ឆានទាំងអស់ ដោយកំឡាំង ដោយសន្ទុះ ដោយសេចក្តីក្លៀវក្លា ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងពួកធម៌ចំណែកខាងការត្រាស់ដឹងទាំងអស់ ដោយការត្រាស់ដឹង ដូច្នោះឯង។

(មល្លិកសូត្រ ទី២)

(២. មល្លិកសុត្តំ)

[៣៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះឧរុវេលកប្បៈ របស់ពួកអ្នកស្រុកមល្លក ក្នុងមល្លកជនបទ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា

[៣៥១] ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណ មិនបានកើតឡើង ដល់អរិយសាវកត្រឹមណា ឥន្ទ្រិយទាំង ៤ ក៏មិនទាន់ស្ថិតនៅត្រឹមនោះ ឥន្ទ្រិយទាំង ៤ មិនបានស្ថិតនៅស៊ប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណ កើតឡើងដល់អរិយសាវកកាលណា ឥន្ទ្រិយទាំង ៤ ក៏ស្ថិតនៅកាលនោះ ឥន្ទ្រិយទាំង ៤ ក៏ស្ថិតនៅស៊ប់កាលនោះ។

[៣៥២] ម្នាលភិក្ខុទាំងឡាយ ផ្ទះមានកំពូលដែលគេមិនទាន់លើកកំពូលត្រឹមណា បង្កង់ទាំងឡាយ ក៏មិនទាន់ស្ថិតនៅត្រឹមនោះ បង្កង់ទាំងឡាយ មិនទាន់ស្ថិតនៅស៊ប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែផ្ទះមានកំពូល ដែលគេលើកកំពូលឡើងកាលណា ទើបបង្កង់ទាំងឡាយ ស្ថិតនៅកាលនោះ បង្កង់ទាំងឡាយ ស្ថិតនៅស៊ប់កាលនោះឯង ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណ មិនទាន់កើតឡើង ដល់អរិយសាវកត្រឹមណា ឥន្ទ្រិយទាំង ៤ ក៏មិនទាន់ស្ថិតនៅត្រឹមនោះ ឥន្ទ្រិយទាំង៤ មិនទាន់ស្ថិតនៅស៊ប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែអរិយញ្ញាណកើតឡើង ដល់អរិយសាវកកាលណា ទើបឥន្ទ្រិយទាំង ៤។បេ។ ស្ថិតនៅស៊ប់កាលនោះ។ ឥន្ទ្រិយទាំង ៤ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ ក៏ដូច្នោះឯង។

[៣៥៣] ម្នាលភិក្ខុទាំងឡាយ សទ្ធារបស់អរិយសាវក អ្នកមានប្រាជ្ញា ដ៏សមគួរដល់ប្រាជ្ញានោះ ទើបស្ថិតនៅបាន វីរិយៈ ដ៏សមគួរដល់សទ្ធានោះ ទើបស្ថិតនៅបាន សតិដ៏សមគួរ ដល់វីរិយៈនោះ ទើបស្ថិតនៅបាន សមាធិដ៏សមគួរ ដល់សតិនោះ ទើបស្ថិតនៅបាន។

(សេខសូត្រ ទី៣)

(៣. សេខសុត្តំ)

[៣៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញ ជាសេក្ខបុគ្គល ភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញ ជាអសេក្ខបុគ្គល ព្រោះអាស្រ័យបរិយាយឯណា បរិយាយនោះ មានដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគ ជាឫសគល់។បេ។

[៣៥៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញ ជាសេក្ខបុគ្គល ភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ គប្បីដឹងច្បាស់ថា អាត្មាអញ ជាអសេក្ខបុគ្គល ព្រោះអាស្រ័យបរិយាយឯណា បរិយាយនោះមាន។

[៣៥៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យបរិយាយដូចម្តេច ទើបដឹងច្បាស់ថា អាត្មាអញ ជាសេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ក្នុងសាសនានេះ រមែងដឹងច្បាស់ តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុឲ្យកើតទុក្ខ ដឹងច្បាសតាមពិតថា នេះជាសភាវៈរំលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញ ជាសេក្ខបុគ្គល។

[៣៥៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខបុគ្គល រមែងពិចារណាឃើញថា សមណៈ ឬព្រាហ្មណ៍ដទៃ ក្រៅអំពីសាសនានេះ មាននរណាសំដែងធម៌ពិត មែន ប្រាកដ ដូចព្រះដ៏មានព្រះភាគ យ៉ាងនេះដែរឬ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ក្រៅអំពីសាសនានេះ មិនមាននរណាសំដែងធម៌ពិត មែន ប្រាកដ ដូចព្រះដ៏មានព្រះភាគ យ៉ាងនេះទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញ ជាសេក្ខបុគ្គល។

[៣៥៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខបុគ្គល រមែងដឹងច្បាស់ នូវឥន្ទ្រិយទាំង ៥ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ភិក្ខុជាសេក្ខបុគ្គល មិនទាន់បានប៉ះពាល់ នូវគតិដ៏ប្រសើរ និងផលដែលជាទីបំផុត ដោយកាយនៅឡើយទេ គ្រាន់តែពិចារណាឃើញ ធ្លុះធ្លាយដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសេក្ខបុគ្គល ស្ថិតនៅក្នុងសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញ ជាសេក្ខបុគ្គល។

[៣៥៩] ចុះភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យបរិយាយដូចម្តេច ទើបដឹងច្បាស់ថា អាត្មាអញ ជាអសេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គល ក្នុងសាសនានេះ រមែងដឹងច្បាស់ នូវឥន្ទ្រិយ ទាំង ៥ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ភិក្ខុជាអសេក្ខបុគ្គល រមែងបានប៉ះពាល់ នូវគតិដ៏ប្រសើរ និងផល ដែលជាទីបំផុត ដោយកាយផង ពិចារណាឃើញ ធ្លុះធ្លាយដោយប្រាជ្ញាផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញ ជាអសេក្ខបុគ្គល។

[៣៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអសេក្ខបុគ្គល រមែងដឹងច្បាស់ នូវឥន្ទ្រិយទាំង ៦ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។ រមែងដឹងច្បាស់ថា ឥន្ទ្រិយ ទាំង ៦ នេះឯង គង់នឹងរលត់ទៅ អស់ទាំងអស់គ្រប់អន្លើ ឥតមានសល់ផង ឥន្ទ្រិយទាំង ៦ ដទៃទៀត គង់នឹងមិនកើតឡើង ក្នុងកាលខ្លះៗផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញ ជាអសេក្ខបុគ្គល។

(បទសូត្រ ទី៤)

(៤. បទសុត្តំ)

[៣៦១] ម្នាលភិក្ខុទាំងឡាយ ស្នាមជើងរបស់ពួកសត្វ ដែលនៅលើផែនដី តែងប្រជុំចុះ ក្នុងស្នាមជើងដំរី ស្រេចលើស្នាមជើងដំរី ប្រសើរជាងស្នាមជើងសត្វទាំងអស់ ព្រោះស្នាមជើងវាធំ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ បទ គឺចំណែកធម៌ទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ស្រេចលើបទ គឺបញ្ញិន្ទ្រិយ ប្រសើរជាងឥន្ទ្រិយទាំងអស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង។

[៣៦២] ម្នាលភិក្ខុទាំងឡាយ ចុះបទដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ម្នាលភិក្ខុទាំងឡាយ បទ គឺសទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ បទ គឺវីរិយិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ បទ គឺសតិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ បទ គឺសមាធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ បទ គឺបញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។

(សារសូត្រ ទី៥)

(៥. សារសុត្តំ)

[៣៦៣] ម្នាលភិក្ខុទាំងឡាយ ស្នាមជើងរបស់ពួកសត្វ ដែលនៅលើផែនដី តែងប្រជុំចុះ ក្នុងស្នាមជើងដំរី ស្រេចលើស្នាមជើងដំរី ប្រសើរជាងស្នាមជើងសត្វទាំងអស់ ព្រោះស្នាមជើងវាធំ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ បទទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ស្រេច លើបទ គឺបញ្ញិន្ទ្រិយ ប្រសើរជាងបទទាំងអស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង។

[៣៦៤] ម្នាលភិក្ខុទាំងឡាយ ពួកក្លិនខ្លឹមឈើ ស្រេចលើក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិនខ្លឹមឈើទាំងអស់ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ជាចំណែកខាងការត្រាស់ដឹង ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងធម៌ទាំងអស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង។

[៣៦៥] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។

[៣៦៦] ម្នាលភិក្ខុទាំងឡាយ ពួកក្លិនខ្លឹមឈើ ស្រេចលើក្លិនខ្លឹមចន្ទន៍ក្រហម ប្រសើរជាងក្លិនខ្លឹមឈើទាំងអស់ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ជាចំណែកខាងការត្រាស់ដឹង ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងធម៌ទាំងអស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង។

(បតិដ្ឋិតសូត្រ ទី៦)

(៦. បតិដ្ឋិតសុត្តំ)

[៣៦៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយទាំង ៥ ជាឥន្ទ្រិយ ដែលភិក្ខុស្ថិតនៅក្នុងធម៌មួយ ទើបចំរើន ដោយប្រពៃបាន។ ធម៌ ១ គឺអ្វី។ គឺអប្បមាទ។

[៣៦៨] ម្នាលភិក្ខុទាំងឡាយ ចុះអប្បមាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រក្សាចិត្តក្នុងអាសវៈទាំងឡាយ និងក្នុងធម៌ទាំងឡាយ ដែលប្រកបដោយអាសវៈ។ កាលភិក្ខុនោះ រក្សាចិត្តក្នុងអាសវៈទាំងឡាយ និងក្នុងធម៌ ដែលប្រកបដោយអាសវៈទាំងឡាយ11) សទ្ធិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា វីរិយិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា សតិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា សមាធិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា បញ្ញិន្ទ្រិយ ក៏ដល់នូវការពេញលេញ ដោយភាវនា។

[៣៦៩] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯងហើយ ឥន្ទ្រិយទាំង ៥ ជាឥន្ទ្រិយ ដែលភិក្ខុស្ថិតនៅក្នុងធម៌មួយ ទើបចំរើនដោយប្រពៃបាន។

(សហម្បតិព្រហ្មសូត្រ ទី៧)

(៧. សហម្បតិព្រហ្មសុត្តំ)

[៣៧០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ បានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅនា អជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះ ព្រះដ៏មានព្រះភាគ នៅក្នុងទីស្ងាត់ ទ្រង់សម្ងំនៅក្នុងផលសមាបត្តិ កើតព្រះហឫទ័យ បរិវិតក្កៈ យ៉ាងនេះថា ឥន្ទ្រិយទាំង ៥ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វាន ជាទីបំផុត។ ឥន្ទ្រិយទាំង ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។ ឥន្ទ្រិយទាំង ៥ នេះ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទិ្រយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។

[៣៧១] គ្រានោះឯង សហម្បតិព្រហ្ម ដឹងនូវចេតោបរិវិតក្កៈ នៃព្រះដ៏មានព្រះភាគ ដោយចិត្ត (របស់ខ្លួន) ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគ ដូចជាបុរសមានកំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលា។

[៣៧២] គ្រានោះឯង សហម្បតិព្រហ្ម ធ្វើសំពត់បង់ក ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះសុគត សេចក្តីនុ៎ះ យ៉ាងហ្នឹងហើយ ឥន្ទ្រិយទាំង ៥ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្រ្ទិយចុះស៊ប់ កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។ ចុះឥន្ទ្រិយ ទាំង ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ដែលបុគ្គលចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់ កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។បេ។ បញ្ញិន្ទ្រិយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។ ឥន្ទ្រិយទាំង៥ នេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វាន ជាទីបំផុត។

[៣៧៣] បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយ ខ្ញុំព្រះអង្គបានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះកស្សបសម្មាសម្ពុទ្ធ ក្នុងកាលណោះ អ្នកផងតែងស្តាប់ខ្ញុំព្រះអង្គ យ៉ាងនេះថា សហកភិក្ខុ សហកភិក្ខុ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ នឿយណាយ ចាកកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយទាំង ៥ នេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិព្រហ្មលោក ពួកទេវតាទាំងនោះ ក៏ស្គាល់ខ្ញុំព្រះអង្គ ក្នុងទីនោះ យ៉ាងនេះថា សហម្បតិព្រហ្ម សហម្បតិព្រហ្ម ដូច្នេះ។

[៣៧៤] បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះសុគត សេចក្តីនុ៎ះ យ៉ាងហ្នឹងហើយ ខ្ញុំព្រះអង្គ ដឹងហេតុនុ៎ះ ខ្ញុំព្រះអង្គ ឃើញហេតុនុ៎ះ ដូចជាឥន្ទ្រិយទាំង ៥ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ រមែងជាឥន្ទ្រិយចុះស៊ប់កាន់ព្រះនិព្វាន មានព្រះនិព្វានជាខាងមុខ មានព្រះនិព្វានជាទីបំផុត។

(សូករខតសូត្រ ទី៨)

(៨. សូករខតសុត្តំ)

[៣៧៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងគូហា ឈ្មោះសូករខាតៈ នាភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ពិចារណាឃើញ នូវអំណាចប្រយោជន៍ ដូចម្តេច ទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនារបស់ព្រះតថាគតផង។

[៣៧៦] បពិត្រព្រះអង្គដ៏ចំរើន ព្រោះតែភិក្ខុជាខីណាស្រព ពិចារណាឃើញព្រះអរហត្ត ដ៏ប្រសើរ ដែលក្សេមចាកយោគៈដោយពិត ទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង។

[៣៧៧] ម្នាលសារីបុត្ត ប្រពៃហើយៗ ម្នាលសារីបុត្ត ព្រោះតែភិក្ខុជាខីណាស្រព ពិចារណាឃើញព្រះអរហត្ត ដ៏ប្រសើរ ដែលក្សេមចាកយោគៈដោយពិត ទើបប្រព្រឹត្ត ធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង។

[៣៧៨] ម្នាលសារីបុត្ត ភិក្ខុជាខីណាស្រព ពិចារណាឃើញព្រះអរហត្ត ដ៏ប្រសើរ ដែលក្សេមចាកយោគៈ រមែងប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង ដូចម្តេចខ្លះ។

[៣៧៩] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ក្នុងសាសនានេះ ចំរើននូវសទ្ធិន្ទ្រិយ ជាដំណើរទៅកាន់សេចក្តីស្ងប់រម្ងាប់ ជាដំណើរទៅកាន់សេចក្តីត្រាស់ដឹង។ ចំរើនវីរិយិន្ទ្រិយ។ ចំរើនសតិន្ទ្រិយ ចំរើនសមាធិន្ទ្រិយ។ ចំរើនបញ្ញិន្ទ្រិយ ជាដំណើរទៅកាន់សេចក្តីស្ងប់រម្ងាប់ ជាដំណើរទៅកាន់សេចក្តីត្រាស់ដឹង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ពិចារណាឃើញ ព្រះអរហត្ត ដ៏ប្រសើរ ដែលក្សេមចាកយោគៈនេះឯង ទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង។

[៣៨០] ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត ព្រោះតែភិក្ខុជាខីណាស្រព ពិចារណាឃើញព្រះអរហត្ត ដ៏ប្រសើរ ដែលក្សេមចាកយោគៈនុ៎ះឯង ទើបប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង។

[៣៨១] ម្នាលសារីបុត្ត ចុះភិក្ខុជាខីណាស្រព ដែលមានសេចក្តីកោតក្រែង ដ៏ប្រសើរ រមែងប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង ដូចម្តេចខ្លះ។

[៣៨២] បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ក្នុងសាសនានេះ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងព្រះសាស្តា ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងព្រះធម៌ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងព្រះសង្ឃ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងសិក្ខា ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង ក្នុងសមាធិ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ដែលមានសេចក្តីកោតក្រែង ដ៏ប្រសើរ រមែងប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង យ៉ាងនេះឯង។

[៣៨៣] ម្នាលសារីបុត្ត ប្រពៃហើយ ៗ ម្នាលសារីបុត្ត មែនហើយ ភិក្ខុជាខីណាស្រព ដែលមានសេចក្តីកោតក្រែង ដ៏ប្រសើរ រមែងប្រព្រឹត្តធ្វើសេចក្តីកោតក្រែង ដ៏ក្រៃលែង ក្នុងព្រះតថាគតផង ក្នុងសាសនា របស់ព្រះតថាគតផង យ៉ាងនុ៎ះឯង។

(បឋមឧប្បាទសូត្រ ទី៩)

(៩. បឋមឧប្បាទសុត្តំ)

[៣៨៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឥន្រ្ទិយ ៥ ប្រការនេះ ដែលមិនទាន់កើត បើបុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាលដទៃ អំពីកាលជាទីកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធទេ។ ឥន្ទ្រិយ ៥ តើអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វីរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយទាំង ៥ នេះឯង ដែលមិនទាន់កើត បើបុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាលដទៃ អំពីកាលជាទីកើត នៃព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធទេ។

(ទុតិយឧប្បាទសូត្រ ទី១០)

(១០. ទុតិយឧប្បាទសុត្តំ)

[៣៨៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ ដែលមិនទាន់កើត បើបុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាលដទៃ អំពីវិន័យ របស់ព្រះសុគតទេ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១ វិរិយិន្ទ្រិយ ១ សតិន្ទ្រិយ ១ សមាធិន្ទ្រិយ ១ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយទាំង ៥ នេះឯង ដែលមិនទាន់កើត បើបុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងកើតឡើង តែមិនមែនកើតឡើង ក្នុងកាលដទៃ អំពីវិន័យរបស់ព្រះសុគតទេ។

ចប់ សូករខាតវគ្គ ទី ៦។

ឧទ្ទាននៃសូករខាតវគ្គនោះគឺ

និយាយអំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដែនកោសល ១ ក្នុងមល្លកជនបទ ១ អំពីភិក្ខុជាសេក្ខបុគ្គល ១ អំពីស្នាមជើងដំរី ១ អំពីក្លិនខ្លឹមចន្ទន៍ ១ អំពីភិក្ខុស្ថិតនៅក្នុងធម៌ រមែងញុំាងឥន្ទ្រិយទាំង ៥ ឲ្យចំរើន ១ អំពីសហម្បតិព្រហ្ម ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសូករខាតគូហា ១ អំពីការកើតឡើង នៃឥន្ទ្រិយ ២ លើកដទៃទៀត។

ពោធិបក្ខិយវគ្គ ទី៧

(៧. ពោធិបក្ខិយវគ្គោ)

(សំយោជនសូត្រ ទី១)

(១. សំយោជនសុត្តំ)

[៣៨៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវសញ្ញោជនៈទាំងឡាយ។ ចុះឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីលះបង់សញ្ញោជនៈទាំងឡាយ។

(អនុសយសូត្រ ទី២)

(២. អនុសយសុត្តំ)

[៣៨៧] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកិរិយាដកចោល នូវអនុសយកិលេស។ ចុះឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកិរិយាដកចោល នូវអនុសយកិលេស។

(បរិញ្ញាសូត្រ ទី៣)

(៣. បរិញ្ញាសុត្តំ)

[៣៨៨] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវកាលយូរ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវកាលយូរ។

(អាសវក្ខយសូត្រ ទី៤)

(៤. អាសវក្ខយសុត្តំ)

[៣៨៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយ។

[៣៩០] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ បុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកិរិយាលះបង់ នូវសញ្ញោជនៈទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីកិរិយាដកចោល នូវអនុសយកិលេស ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវកាលយូរ ប្រព្រឹត្តទៅ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយ។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះឯង បុគ្គលបានចំរើន បានធ្វើឲ្យច្រើន រមែងប្រព្រឹត្តទៅ ដើម្បីកិរិយាលះបង់ នូវសញ្ញោជនៈទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីដកចោល នូវអនុសយក្កិលេស ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវកាលយូរ ប្រព្រឹត្តទៅ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយ។

(បឋមផលសូត្រ ទី៥)

(៥. បឋមផលសុត្តំ)

[៣៩១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥នេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាផលទាំង ២ ផលណាមួយ រមែងកើតប្រាកដ គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ពុំនោះសោត បើឧបាទានក្ខន្ធ នៅសេសសល់នៅឡើយ ក៏គង់បានអនាគាមិផលដែរ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ នេះឯង។

(ទុតិយផលសូត្រ ទី៦)

(៦. ទុតិយផលសុត្តំ)

[៣៩២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ផល ៧ អានិសង្ស ៧ រមែងកើតប្រាកដ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ នេះឯង។ ផល ៧ អានិសង្ស ៧ គឺអ្វីខ្លះ។ គឺបុគ្គលនោះ រមែងបានអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្ន បើមិនបានអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្នទេ ក៏គង់បានអរហត្តផល ក្នុងការទៀបស្លាប់ បើមិនបានអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្នទេ បើមិនបានអរហត្តផល ក្នុងកាលទៀបស្លាប់ទេ បុគ្គលនោះ ក៏គង់បានជាអន្តរាបរិនិព្វាយីបុគ្គល បានជាឧបហច្ចបរិនិព្វាយីបុគ្គល បានជាអសង្ខារបរិនិព្វាយិបុគ្គល បានជាសសង្ខារបរិនិព្វាយិបុគ្គល បានជាឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ព្រោះអស់ទៅ នៃសញ្ញោជនៈ ៥ ជាចំណែកខាងក្រោម។ ម្នាលភិក្ខុទាំងឡាយ ផល ៧ អានិសង្ស ៧ រមែងកើតប្រាកដ ព្រោះតែបានចំរើន បានធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ នេះឯង។

(បឋមរុក្ខសូត្រ ទី៧)

(៧. បឋមរុក្ខសុត្តំ)

[៣៩៣] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ ដែលនៅក្នុងជម្ពូទ្វីប មានតែដើមព្រីង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។

[៣៩៤] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ វិរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។

[៣៩៥] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ ដែលនៅក្នុងជម្ពូទ្វីប មានតែដើមព្រីង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។

(ទុតិយរុក្ខសូត្រ ទី៨)

(៨. ទុតិយរុក្ខសុត្តំ)

[៣៩៦] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកទេវតាជាន់តាវត្តឹង្ស មានតែដើមបារិច្ឆត្តកព្រឹក្ស ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។

[៣៩៧] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ វិរិយិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង វិរិយិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ សតិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង។ សមាធិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង។ បញ្ញិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។

[៣៩៨] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកទេវតាជាន់តាវត្តឹង្ស មានតែដើមបារិច្ឆត្តកព្រឹក្ស ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។

(តតិយរុក្ខសូត្រ ទី៩)

(៩. តតិយរុក្ខសុត្តំ)

[៣៩៩] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកអសុរ មានតែដើមច្រនៀង ប្រាកដជាប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រាកដជាប្រសើរជាងធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។

[៤០០] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។បេ។ បញ្ញិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។

[៤០១] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកអសុរ មានតែដើមច្រនៀង ប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រសើរជាពួកធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។

(ចតុត្ថរុក្ខសូត្រ ទី១០)

(១០. ចតុត្ថរុក្ខសុត្តំ)

[៤០២] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកគ្រុឌ មានតែដើមរកា ប្រសើរជាដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រសើរជាងពួកធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។

[៤០៣] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាចំណែកខាងការត្រាស់ដឹង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង សទ្ធិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។បេ។ បញ្ញិន្ទ្រិយ ជាធម៌ជាចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។

[៤០៤] ម្នាលភិក្ខុទាំងឡាយ ពួកដើមឈើឯណានីមួយ របស់ពួកគ្រុឌ មានតែដើមរកា ប្រសើរជាងដើមឈើទាំងនោះ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌ឯណានីមួយ ដែលជាចំណែកខាងការត្រាស់ដឹង មានតែបញ្ញិន្ទ្រិយ ប្រសើរជាពួកធម៌ទាំងនោះ ដោយការត្រាស់ដឹង ក៏ដូច្នោះដែរ។

ចប់ ពោធិបក្ខិយវគ្គ ទី ៧។

ឧទ្ទាននៃពោធិបក្ខិយវគ្គនោះគឺ

និយាយអំពីចំរើនឥន្ទ្រិយ ដើម្បីលះបង់សញ្ញោជនៈ ១ ដើម្បីដកចោល នូវអនុស័យ ១ ដើម្បីកំណត់ដឹងកាលយូរ ១ ដើម្បីកិរិយាអស់ទៅ នៃអាសវៈ ១ អំពីផល ២ លើក អំពីដើមឈើ ៤ លើក ហេតុនោះ បានជាហៅថាវគ្គ។

ឥន្ទ្រិយសំយុត្ត គង្គាទិបេយ្យាល (ទី៨)

(៨. គង្គាបេយ្យាលវគ្គោ)

(បាចីនាទិសុត្តទ្វាទសកៈ ទី១-១២)

(១-១២. បាចីនាទិសុត្តទ្វាទសកំ)

[៤០៥] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរក ព្រះនិព្វាន ក៏ដូច្នោះដែរ។

[៤០៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធិន្ទ្រិយ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីលះបង់ ចំរើននូវវិរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

[អប្បមាទវគ្គ ពលករណីយវគ្គ ឯសនាវគ្គ ទី៩-១១]

(៩-១១. អប្បមាទវគ្គោ-ពលករណីយវគ្គោ-ឯសនាវគ្គោ)

[អប្បមាទ ទី១-១០]

[១-១០. អប្បមាទ]

[ពលករណីយ ទី១-១២]

[១-១២. ពលករណីយ]

[ឯសនា ទី១-១០]

(១-១០. ឯសនា)

(ឱឃវគ្គ ទី១២)

(១២. ឱឃវគ្គោ)

(ឱឃាទិសុត្តទសកៈ ទី១-១០)

(១-១០. ឱឃាទិសុត្តទសកំ)

[៤០៧] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើនេះ មាន ៥។ ចុះសញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ គឺអ្វីខ្លះ។ គឺរូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ នេះឯង។

[៤០៨] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ភិក្ខុគួរចំរើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីកិរិយាលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ ឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធិន្ទ្រិយ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើននូវបញ្ញិន្ទ្រិយ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ ភិក្ខុគួរចំរើនដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីកិរិយាលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ (មគ្គសំយុត្ត ដែលឲ្យពិស្តារហើយយ៉ាងណា ពាក្យថា អាស្រ័យនូវវិវេក (ជាដើម) បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ)។

(គង្គាបេយ្យាលវគ្គ ទី១៣)

(១៣. គង្គាបេយ្យាលវគ្គោ)

(បាចីនាទិសុត្តទ្វាទសកៈ ទី១-១២)

(១-១២. បាចីនាទិសុត្តទ្វាទសកំ)

[៤០៩] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើន នូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏ដូច្នោះដែរ។

[៤១០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុចំរើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើននូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសទ្ធិន្ទ្រិយ មានកិរិយា កំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ ចំរើននូវបញ្ញិន្ទ្រិយ មានកិរិយាកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវឥន្ទ្រិយ ៥ ធ្វើឲ្យច្រើន នូវឥន្ទ្រិយ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរក ព្រះនិព្វាន យ៉ាងនេះឯង។

[អប្បមាទវគ្គ-ពលករណីយវគ្គ-ឯសនាវគ្គ ទី១៤-១៦]

(១៤-១៦. អប្បមាទវគ្គោ-ពលករណីយវគ្គោ-ឯសនាវគ្គា)

[អប្បមាទ ទី១-១០]

[១-១០. អប្បមាទ]

[ពលករណីយ ទី១-១២]

[១-១២. ពលករណីយ]

[ឯសនា ទី១-១០]

[១-១០. ឯសនា]

(ឱឃវគ្គ ទី១៧)

(១៧. ឱឃវគ្គោ)

(ឱឃាទិសុត្តទសកៈ ទី១-១០)

(១-១០. ឱឃាទិសុត្តទសកំ)

[៤១១] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើនេះ មាន ៥។ ចុះសញ្ញោជនៈ ជាចំណែកខាងលើមាន ៥ គឺអ្វីខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ នេះឯង។

[៤១២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ភិក្ខុគួរចំរើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ ចុះឥន្ទ្រិយ ៥ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធិន្ទ្រិយ មានកិរិយាកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត ចំរើននូវវីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មានកិរិយាកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ នេះ ភិក្ខុគួរចំរើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ (ក្នុងមគ្គសំយុត្ត យ៉ាងណា ឥន្ទ្រិយសំយុត្ត ក៏យ៉ាងនោះដែរ)។

ចប់ គង្គាទិបេយ្យាល ទី៨។

ឧទ្ទាននៃឥន្ទ្រិយសំយុត្តនោះគឺ

និយាយអំពីចំរើនឥន្ទ្រិយ ដើម្បីលះបង់សញ្ញោជនៈ ១ ដើម្បីដកអនុស័យ ១ ដើម្បីកំណត់ដឹងកាលយូរ ១ ដើម្បីកិរិយាអស់ទៅ នៃអាសវៈ ១ អំពីផល ពីរយ៉ាង ១ អំពីអានិសង្សប្រាំពីរយ៉ាង១ អំពីដើមឈើ ៤ លើក ហេតុនោះ បានជាហៅថាវគ្គ។

ចប់ ឥន្ទ្រិយសំយុត្ត។

សម្មប្បធានសំយុត្ត (ទី៥)

(៥. សម្មប្បធានសំយុត្តំ)

(សម្មប្បធានសំយុត្ត គង្គាបេយ្យាលវគ្គ ទី១)

(១. គង្គាបេយ្យាលវគ្គោ)

(បាចីនាទិសុត្តទ្វាទសកៈ ទី១-១២)

(១-១២. បាចីនាទិសុត្តទ្វាទសកំ)

[៤១៣] សាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ។បេ។ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សម្មប្បធាននេះ មាន ៤។ សម្មប្បធាន ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ១។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែងប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយ ១។ ញុំាងឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ១។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យចំរើនធំទូលាយ ឲ្យបរិបូណ៌ ជាភិយ្យោភាព ១។ ម្នាលភិក្ខុទាំងឡាយ សម្មប្បធាន មាន ៤ នេះឯង។

[៤១៤] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវសម្មប្បធាន ៤ ធ្វើឲ្យច្រើន នូវសម្មប្បធាន ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះដែរ។

[៤១៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើននូវសម្មប្បធាន ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ១។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលកើតឡើងហើយ ១។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិនទាន់កើត ឲ្យកើតឡើងបាន ១។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យចំរើនធំទូលាយ ឲ្យបរិបូណ៌ ជាភិយ្យោភាព ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវសម្មប្បធាន ៤ ធ្វើឲ្យច្រើន នូវសម្មប្បធាន ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

និយាយអំពីទន្លេគង្គា មានទំនាបទៅខាងកើត ៦ លើក អំពីទន្លេគង្គា មានទំនាបទៅរកសមុទ្រ ៦ លើក ទាំង ៦ លើក ២ ដងនុ៎ះ រួមជា ១២ លើក ហេតុនោះទើបហៅថាវគ្គ។

(គង្គាបេយ្យាល របស់សម្មប្បធានសំយុត្ត បណ្ឌិតគប្បីឲ្យពិស្តារ តាមទំនង នៃសម្មប្បធានចុះ)។

ចប់ ១ វគ្គ។

(អប្បមាទវគ្គ ទី២)

(២. អប្បមាទវគ្គោ)

[អប្បមាទ ទី១-១០]

[១-១០. អប្បមាទ]

និយាយអំពីព្រះតថាគត ១ អំពីស្នាមជើង ១ អំពីមេដំបូលផ្ទះ ១ អំពីក្លិនឫស ១ អំពីក្លិន ខ្លឹម ១ អំពីក្លិនផ្កាម្លិះ ១ អំពីស្តេចចក្រពត្តិ ១ អំពីព្រះចន្រ្ទ ១ អំពីព្រះអាទិត្យ ១ អំពីសំពត់ ១ រួមជា ១០។

(អប្បមាទវគ្គ បណ្ឌិតគប្បីឲ្យពិស្តារ តាមទំនង នៃសម្មប្បធានចុះ)។

ចប់ ១ វគ្គ។

(ពលករណីយវគ្គ ទី៣)

(៣. ពលករណីយវគ្គោ)

(បាចីនាទិសុត្តទ្វាទសកៈ ទី១-១២)

(១-១២. បាចីនាទិសុត្តទ្វាទសកំ)

[៤១៦] ម្នាលភិក្ខុទាំងឡាយ ការងារណាមួយ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង លុះតែអាស្រ័យនឹងផែនដី ស្ថិតលើផែនដី ទើបធ្វើការងារ ដែលត្រូវធ្វើដោយកម្លាំងទាំងអស់នោះបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុលុះតែអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ទើបចំរើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើន នូវសម្មប្បធាន ៤ បាន យ៉ាងនោះដែរ។

[៤១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចំរើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើន នូវសម្មប្បធាន ៤ បាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន ១។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យចំរើនធំទូលាយ បរិបូណ៌ ជាភិយ្យោភាព ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចំរើននូវសម្មប្បធាន ៤ ធ្វើឲ្យច្រើននូវសម្មប្បធាន ៤ យ៉ាងនេះឯង។ (ពលករណីយវគ្គ បណ្ឌិតគប្បីឲ្យពិស្តារ តាមទំនង នៃសម្មប្បធាន យ៉ាងនេះចុះ)។

(ឯសនាវគ្គ ទី៤)

(៤. ឯសនាវគ្គោ)

(ឯសនាទិសុត្តទសកៈ ទី១-១០)

(១-១០. ឯសនាទិសុត្តទសកំ)

[៤១៨] ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន ៣ យ៉ាង។ ការស្វែងរក ៣ យ៉ាង គឺអ្វីខ្លះ។ គឺការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន ៣ យ៉ាងនេះឯង។

[៤១៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចំរើននូវសម្មប្បធាន ៤ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការស្វែងរក ទាំង ៣ ប្រការនេះឯង។ សម្មប្បធាន ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសលដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យចំរើនធំទូលាយ បរិបូណ៌ ជាភិយ្យោភាព ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនសម្មប្បធាន ៤ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវការស្វែងរក ទាំង ៣ យ៉ាងនេះឯង។

(ឱឃវគ្គ ទី៥)

(៥. ឱឃវគ្គោ)

(ឱឃាទិសុត្តទសកៈ ទី១-១០)

(១-១០. ឱឃាទិសុត្តទសកំ)

[៤២០] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះ មាន ៥។ សញ្ញោជនៈ ជាចំណែកខាងលើ ៥ គឺអ្វីខ្លះ។ គឺរូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ នេះឯង។

[៤២១] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចំរើនសម្មប្បធាន ៤ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ សម្មប្បធាន ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យចំរើនធំទូលាយ បរិបូណ៌ ជាភិយ្យោភាព ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរចំរើនសម្មប្បធាន ៤ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ (បាលីសំដែងអំពីការស្វែងរក បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះ )។

ចប់ សម្មប្បធានសំយុត្ត។

ពលសំយុត្ត (ទី៦)

(៦. ពលសំយុត្តំ)

(ពលសំយុត្ត គង្គាបេយ្យាលវគ្គ ទី១)

(១. គង្គាបេយ្យាលវគ្គោ)

(ពលាទិសុត្តទ្វាទសកៈ ទី១-១២)

(១-១២. ពលាទិសុត្តទ្វាទសកំ)

[៤២២] ម្នាលភិក្ខុទាំងឡាយ ពលៈទាំងឡាយនេះ មាន ៥។ ពលៈ ៥ គឺអ្វីខ្លះ។ គឺសទ្ធាពលៈ ១ វិរិយពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១។ ម្នាលភិក្ខុទាំងឡាយ ពលៈមាន ៥ នេះឯង។

[៤២៣] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធ្វើឲ្យច្រើន នូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏ដូច្នោះដែរ។

[៤២៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥ រមែងមានទំនាបទៅរព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅរកការលះបង់ ចំរើននូវវិរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវពលៈ ៥ ធ្វើឲ្យច្រើន នូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

[អប្បមាទវគ្គោ (-ពលករណីយវគ្គោ-ឯសនាវគ្គោ) ទី២-៤]

(២-៤. អប្បមាទវគ្គោ (-ពលករណីយវគ្គោ-ឯសនាវគ្គោ))

[អប្បមាទ ទី១-១០]

[១-១០. អប្បមាទ]

[ពលករណីយ ទី១-១២]

[១-១២. ពលករណីយ]

[ឯសនា ទី១-១០]

[១-១០. ឯសនា]

(ឱឃវគ្គ ទី៥)

(៥. ឱឃវគ្គោ)

(ឱឃាទិសុត្តទសកៈ ទី១-១០)

(១-១០. ឱឃាទិសុត្តទសកំ)

[៤២៥] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះ មាន ៥។ ចុះសញ្ញោជនៈ ជាចំណែកខាងលើ ៥ គឺអ្វីខ្លះ។ គឺរូបរាគ ១ អរូបរាគ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ នេះឯង។

[៤២៦] មា្នលភិក្ខុទាំងឡាយ ពលៈ ៥ បុគ្គលគួរចំរើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ ពលៈ ៥ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីកិរិយាលះបង់ ចំរើននូវវិរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគ អាស្រ័យនូវនិរោធ បង្អោនទៅ ដើម្បីកិរិយាលះបង់។ ម្នាលភិក្ខុទាំងឡាយ ពលៈ ៥ នេះ បុគ្គលគួរចំរើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។

(គង្គាបេយ្យាលវគ្គ ទី៦)

(៦. គង្គាបេយ្យាលវគ្គោ)

(បាចីនាទិសុត្តទ្វាទសកៈ ទី១-១២)

(១-១២. បាចីនាទិសុត្តទ្វាទសកំ)

[៤២៧] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធ្វើឲ្យច្រើននូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏ដូច្នោះដែរ។

[៤២៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធើ្វឲ្យច្រើន នូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធាពលៈ មានកិរិយាកំចាត់បង់ នូវរាគៈជាទីបំផុត មានកិរិយាកំចាត់បង់ នូវទោសៈជាទីបំផុត មានកិរិយាកំចាត់បង់ នូវមោហៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវពលៈ ៥ ធ្វើឲ្យច្រើន នូវពលៈ ៥ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

[ឯសនាវគ្គ ទី៩]

(៩. ឯសនាវគ្គោ)

[ឯសនាទិសុត្តទ្វាទសកៈ ទី១-១២]

(១-១២. ឯសនាទិសុត្តទ្វាទសកំ)

(បាលីសំដែងអំពីការស្វែងរក មានកិរិយាកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈ ជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនេះចុះ)។

(ឱឃវគ្គ ទី១០)

(១០. ឱឃវគ្គោ)

(ឱឃាទិសុត្តទសកៈ ទី១-១០)

(១-១០. ឱឃាទិសុត្តទសកំ)

[៤២៩] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះ មាន ៥។ សញ្ញោជនៈ ជាចំណែកខាងលើ ៥ គឺអ្វីខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើមាន ៥ នេះឯង។

[៤៣០] ម្នាលភិក្ខុទាំងឡាយ ពលៈ ៥ ប្រការ បុគ្គលគួរចំរើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។ ពលៈ ៥ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសទ្ធាពលៈ មានកិរិយាកំចាត់បង់ នូវរាគៈ ជាទីបំផុត មានកិរិយាកំចាត់បង់ នូវទោសៈជាទីបំផុត មានកិរិយាកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ ចំរើននូវបញ្ញាពលៈ មានកិរិយាកំចាត់បង់ នូវរាគៈជាទីបំផុត មានកិរិយាកំចាត់បង់ នូវទោសៈ ជាទីបំផុត មានកិរិយាកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ពលៈ ៥ នេះ បុគ្គលគួរចំរើន ដើម្បីដឹង ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥ នេះឯង។

ចប់ ពលសំយុត្ត។

ឥទ្ធិបាទសំយុត្ត (ទី៧)

(៧. ឥទ្ធិបាទសំយុត្តំ)

បាវាលវគ្គ ទី១

(១. ចាបាលវគ្គោ)

(អបារសូត្រ ទី១)

(១. អបារសុត្តំ)

[៤៣១] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្តៈ ហើយបានដល់ព្រះនិព្វាន។ ឥទ្ធិបាទ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះឯង ដែលបុគ្គលចំរើនហើយ ធើ្វឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្តៈ ហើយបានដល់ព្រះនិព្វាន។

(វិរទ្ធសូត្រ ទី២)

(២. វិរទ្ធសុត្តំ)

[៤៣២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ពួកបុគ្គលណាមួយ លះបង់ហើយ អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ លះបង់ដែរ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ពួកបុគ្គលណាមួយ បានប្រារព្ធហើយ អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ ប្រារព្ធដែរ។ ឥទ្ធិបាទ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួកបុគ្គលណាមួយ លះបង់ហើយ អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ លះបង់ដែរ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួកបុគ្គលណាមួយ ប្រារព្ធហើយ អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ ប្រារព្ធដែរ។

(អរិយសូត្រ ទី៣)

(៣. អរិយសុត្តំ)

[៤៣៣] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ដល់អ្នកចំរើនឥទ្ធិបាទនោះ។ ឥទ្ធិបាទ ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវិមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកចំរើនឥទ្ធិបាទនោះ។

(និព្វិទាសូត្រ ទី៤)

(៤. និព្វិទាសុត្តំ)

[៤៣៤] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ៦។ វិរិយសមាធិ ១។ ចិត្តសមាធិ ១ ចំរើនឥទ្ធិបាទ ប្រកបដោយវិមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

(ឥទ្ធិបទេសសូត្រ ទី៥)

(៥. ឥទ្ធិបទេសសុត្តំ)

[៤៣៥] ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលកន្លងទៅហើយ បានញុំាងឥទ្ធិប្បទេស គឺឫទ្ធិ ជាចំណែកដោយអន្លើ12) ឲ្យសម្រេចហើយ សមណព្រាហ្មណ៍ទាំងអស់នោះ ក៏បានសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែលមិនទាន់មកដល់ នឹងញុំាងឥទ្ធិប្បទេស ឲ្យសម្រេចបាន សមណព្រាហ្មណ៍ទាំង អស់នោះ នឹងបានសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញុំាងឥទ្ធិប្បទេស ឲ្យសម្រេច សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ បានសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។

[៤៣៦] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានញុំាងឥទ្ធិប្បទេស ឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ បានសម្រេចហើយ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងញុំាងឥទ្ធិប្បទេស ឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ នឹងសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញុំាងឥទ្ធិប្បទេស ឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ ក៏សម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។

(សមត្តសូត្រ ទី៦)

(៦. សមត្តសុត្តំ)

[៤៣៧] ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានញុំាងសមត្តឫទ្ធិ13) ឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ បានសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងញុំាងសមត្តឫទ្ធិឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ នឹងសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡោយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញុំាងសមត្តឫទ្ធិឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ សម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។

[៤៣៨] ម្នាលភិក្ខុទាំងឡាយ សមណៈឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានញុំាងសមត្តឫទ្ធិ ឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ បានសម្រេច ព្រោះចំរើន ព្រោះ ធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងញុំាងសមត្តឫទ្ធិ ឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ នឹងសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ កំពុងញុំាងសមត្តឫទ្ធិ ឲ្យសម្រេច សមណព្រាហ្មណ៍ទាំងអស់នោះ សម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។

(ភិក្ខុសូត្រ ទី៧)

(៧. ភិក្ខុសុត្តំ)

[៤៣៩] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងអតីតកាល បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាព ដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះ ក៏បានសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងអនាគតកាល នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាព ដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះ នឹងសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងកាលឥឡូវនេះ កំពុងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាព ដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះ សម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗនូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។

[៤៤០] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងអតីតកាល បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាព ដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះ បានសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាន ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងអនាគតកាល នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាពដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះ នឹងសម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណាមួយ ក្នុងកាលឥឡូវនេះ កំពុងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងអត្តភាពដ៏ជាក់ស្តែង ភិក្ខុទាំងអស់នោះ សម្រេច ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។

(ពុទ្ធសូត្រ ទី៨)

(៨. ពុទ្ធសុត្តំ)

[៤៤១] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះ មាន ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដែលហៅថា អរហន្តសម្មាសម្ពុទ្ធ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។

(ញាណសូត្រ ទី៩)

(៩. ញាណសុត្តំ)

[៤៤២] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮ បានស្តាប់ ក្នុងកាលពីដើមថា នេះជាឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម កើតឡើងហើយ ក្នុងធម៌ ដែលតថាគត មិនធ្លាប់បានឮ បានស្តាប់ក្នុងកាលពីដើម) ថា ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារនោះឯង ដែលតថាគតត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮ បានស្តាប់មកពីដើមថា (នេះឯងជាឥទ្ធិបាទ) ដែលតថាគតចំរើនហើយ។

[៤៤៣] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮ បានស្តាប់ក្នុងកាលពីដើមថា នេះជាឥទ្ធិបាទ ប្រកបដោយវិរិយសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ តថាគត (មិនធ្លាប់បានឮ បានស្តាប់) ថា ឥទ្ធបាទ ប្រកបដោយវិរិយសមាធិ និងបធានសង្ខារនោះឯង ដែលតថាគតត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮ បានស្តាប់ ក្នុងកាលពីដើមថា (នេះជាឥទ្ធិបាទ) ដែលតថាគតបានចំរើនហើយ។

[៤៤៤] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮ បានស្តាប់ ក្នុងកាលពីដើមថា នេះជាឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ តថាគត (មិនធ្លាប់បានឮ បានស្តាប់) ថា ឥទ្ធិបាទប្រកបដោយចិត្តសមាធិ និងបធានសង្ខារនេះឯង ដែលតថាគតត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮ បានស្តាប់ ក្នុងកាលពីដើមថា (នេះជាឥទ្ធិបាទ) ដែលតថាគត បានចំរើនហើយ។

[៤៤៥] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់បានឮ បានស្តាប់ ក្នុងកាលពីដើមថា នេះជាឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ តថាគត (មិនធ្លាប់បានឮ បានស្តាប់) ថា ឥទ្ធិបាទប្រកបដោយវីមំសាសមាធិ និងបធានសង្ខារនេះឯង ដែលតថាគតត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮ បានស្តាប់ ក្នុងកាលពីដើមថា (នេះជាឥទ្ធិបាទ) ដែលតថាគត បានចំរើនហើយ។

(ចេតិយសូត្រ ទី១០)

(១០. ចេតិយសុត្តំ)

[៤៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ទ្រង់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត ហើយត្រឡប់អំពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ត្រាស់ហៅព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរកាន់យក នូវសំពត់និសីទនៈ តថាគត នឹងចូលទៅឯបាវាលចេតិយ ដើម្បីសម្រាក ក្នុងវេលាថ្ងៃ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់ នូវសំពត់និសីទនៈ ដើរតាមក្រោយ ៗ ព្រះដ៏មានព្រះភាគទៅ។

[៤៤៧] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅបាវាលចេតិយ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលបុគ្គលតាក់តែងថ្វាយ។ ព្រះអានន្ទដ៏មានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុបុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ។ ម្នាលអានន្ទ បុគ្គលណាមួយ បានចំរើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ កាលបើបុគ្គលនោះប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន។ ម្នាលអានន្ទ ឥទ្ធិបាទ ៤ តថាគតបានចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមល្អហើយ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចស្ថិតនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន។

[៤៤៨] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនិមិត្ត ជាឱឡារិក ទ្រង់ធ្វើឱកាស ជាឱឡារិក យ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បានឡើយ មិនបានអារាធនាព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ អស់ ១ អាយុកប្ប សូមព្រះសុគត ទ្រង់គង់នៅ អស់ ១ អាយុកប្ប ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត។

[៤៤៩] ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា (និងព្រះអានន្ទ) ជាគំរប់ពីរដង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់ ៣ ដងថា ម្នាលអានន្ទ ក្រុងវេសាលី គួរជាទីរីករាយ ឧទេនចេតិយ គួរជាទីរីករាយ គោតមកចេតិយ គួរជាទីរីករាយ សត្តម្ពចេតិយ គួរជាទីរីករាយ ពហុបុត្តកចេតិយ គួរជាទីរីករាយ សារន្ទទចេតិយ គួរជាទីរីករាយ បាវាលចេតិយ គួរជាទីរីករាយ។ ម្នាលអានន្ទ បុគ្គលណាមួយ បានចំរើន ឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីតាំងនៅ តាំងទុករឿយ ៗ សន្សំទុក ផ្តើមទុកល្អហើយ បើបុគ្គលនោះ ប្រាថ្នា អាចនៅអស់ ១ អាយុកប្ប ឬជាងមួយអាយុកប្បក៏បាន។ ម្នាលអានន្ទ តថាគត បានចំរើនឥទ្ធិបាទ ៤ បានធ្វើឲ្យរឿយ ៗ បានធ្វើឲ្យដូចជាយាន បានធ្វើឲ្យជាទីតាំងនៅ បានតាំងទុករឿយ ៗ បានសន្សំទុក បានផ្តើមទុកល្អហើយ។ ម្នាលអានន្ទ បើតថាគតប្រាថ្នា អាចនៅអស់មួយអាយុកប្ប ឬជាងមួយអាយុកប្បក៏បាន។

[៤៥០] កាលព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាសជាឱឡារិក យ៉ាងនេះក៏ដោយ ព្រះអានន្ទដ៏មានអាយុ នៅតែមិនយល់សេចក្តីច្បាស់លាស់ឡើយ មិនបានអារាធនា ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់គង់នៅអស់មួយអាយុកប្ប សូមព្រះសុគត ទ្រង់គង់នៅ អស់មួយអាយុកប្ប ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះឡើយ ព្រោះមារចូលមកជ្រែកចិត្ត។

[៤៥១] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ ចូរសំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ករុណា ព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ដើរប្រទក្សិណ ហើយអង្គុយជិតគល់ឈើមួយដើម ដ៏មិនឆ្ងាយប៉ុន្មាន។

[៤៥២] (កាលដែលព្រះអានន្ទដ៏មានអាយុ ចេញទៅមិនយូរប៉ុន្មាន) មារមានចិត្តបាប ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរក្នុងទីសមគួរ។ (លុះមារមានចិត្តបាប ឈរក្នុងទីសមគួរហើយ) ក៏ក្រាបទូលអារាធនាព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បរិនិព្វាន ក្នុងកាលឥឡូវនេះទៅ សូមព្រះសុគត និព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ ល្មមបរិនិព្វានហើយ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះថា នែមារមានចិត្តបាប (បើ) ពួកភិក្ខុជាសាវក របស់តថាគត ដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់ រៀនវាទៈ នៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលខ្លួនបានសង្កត់សង្កិនល្អ តាមពាក្យដែលសមហេតុ ហើយនិងសំដែងធម៌ ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត នឹងមិនទាន់បរិនិព្វានដរាបនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុជាសាវក របស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ ទាំងបានរៀននូវវាទៈ នៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ។ បពិត្រ ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ បរិនិព្វាន ក្នុងកាលឥឡូវនេះទៅ សូមព្រះសុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរព្រះដ៏មានព្រះភាគបរិនិព្វានហើយ។

[៤៥៣] បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះថា ម្នាលមារមានចិត្តបាប តថាគត នឹងមិនទាន់បរិនិព្វានទេ ព្រោះពួកភិក្ខុនី ជាសាវិការបស់តថាគត ឈ្លាស វាងវៃ ក្លៀវក្លា ជាពហុសូ្សត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈ នៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលខ្លួនបានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសំដែងធម៌ ប្រកបដោយបាដិហារ្យទេ។ បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនី ជាសាវិកា របស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀននូវវាទៈ នៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន នូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលខ្លួនសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ព្រោះឥឡូវនេះ ជាកាលគួរ ល្មមព្រះដ៏មានព្រះភាគ បរិនិព្វានហើយ។

[៤៥៤] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះថា ម្នាលមារមានចិត្តបាប តថាគត នឹងមិនទាន់បរិនិព្វានទេ ព្រោះពួកឧបាសក (ជាសាវក) របស់តថាគត។បេ។ ព្រោះពួកឧបាសិកា ជាសាវិកា របស់តថាគត ដែលឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ នៅមិនទាន់មាន ទាំងមិនទាន់រៀននូវវាទៈ នៃអាចារ្យរបស់ខ្លួន ហើយនិងប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិន នូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយនិងសំដែងធម៌ ប្រកបដោយបាដិហារ្យទេ។ បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ មានពួកឧបាសិកា ជាសាវិកា របស់ព្រះដ៏មានព្រះភាគ បានឈ្លាស វាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដោយកោតក្រែង ប្រព្រឹត្តតាមធម៌ ទាំងបានរៀននូវវាទៈ នៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន ទាំងសង្កត់សង្កិននូវបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យបានហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ព្រោះឥឡូវនេះ ជាកាលគួរល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ។

[៤៥៥] បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះថា ម្នាលមារមានចិត្តបាប តថាគត នឹងមិនទាន់បរិនិព្វានទេ ព្រោះព្រហ្មចារ្យ របស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា មិនទាន់ពេញបរិបូណ៌ ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃទេ។ បពិត្រព្រះអង្គដ៏ចំរើន ព្រហ្មចារ្យ របស់ព្រះដ៏មានព្រះភាគនោះ បានខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះសំដែងបាន ដោយល្អហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ព្រោះឥឡូវនេះ ជាកាលគួរ ល្មមព្រះដ៏មានព្រះភាគបរិនិព្វានហើយ។

[៤៥៦] កាលបើក្រុងមារក្រាបទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ក៏បានត្រាស់ ទៅនឹងក្រុងមារ មានចិត្តបាប ដូច្នេះថា ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិច ចុះ ការបរិនិព្វាន របស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែ អំពីកាលនេះទៅ តថាគត នឹង បរិនិព្វាន។

[៤៥៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះសតិសម្បជញ្ញៈ ទ្រង់ដាក់ អាយុសង្ខារ ព្ធដ៏បាវាលចេតិយ។ លុះព្រះដ៏មានព្រះភាគ ដាក់អាយុសង្ខារហើយ ក៏កើត កក្រើកផែនដីយ៉ាងធំ គួរឲ្យភ្លូកភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់ឮឡើង។

[៤៥៨] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវដំណើរនោះហើយ ក៏បន្លឺនូវឧទាននេះ ក្នុងវេលានោះថា

ព្រះពុទ្ធជាអ្នកប្រាជ្ញ ពិចារណាឃើញ នូវព្រះនិព្វាន ដែលមានគុណថ្លឹងមិនបានផង នូវភពផង លះបង់នូវសង្ខារ ដែលនាំសត្វទៅកាន់ភពហើយ ត្រេកអរចំពោះអារម្មណ៍ខាងក្នុង (ដោយអំណាចវិបស្សនា) មានចិត្តតាំងមាំ (ដោយអំណាចសមថៈ) បានទំលាយហើយ នូវបណ្តាញ គឺកិលេស ដែលកើតមាននៅក្នុងខ្លួនដូចជាក្រោះ។

ចប់ បាវាលវគ្គទី ១។

ឧទ្ទាននៃបាវាលវគ្គនោះគឺ

ឥទ្ធិបាទប្រព្រឹត្តទៅដើម្បីចេញចាកវដ្ត ១ ឥទ្ធិបាទដែលបុគ្គលលះបង់ ១ ឥទ្ធិបាទជាធម៌ដ៏ប្រសើរ ១ ប្រព្រឹត្តទៅ ដើម្បីរំលត់នូវទុក្ខ ១ ឲ្យសម្រេចឥទ្ធិប្បទេស ១ សមត្តឫទ្ធិ ១ ពួកភិក្ខុ១ និងភិក្ខុចំរើនឥទ្ធិបាទ១ ពុទ្ធញ្ញាណ កើតឡើងហើយ ១ បាវាលចេតិយ ១។

បាសាទកម្បនវគ្គ ទី២

(២. បាសាទកម្បនវគ្គោ)

(បុព្វសូត្រ ទី១)

(១. បុព្វសុត្តំ)

[៤៥៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលពីមុនដែលតថាគតនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងសម្ពោធិនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះថា អ្វីហ្ន៎ជាហេតុ អ្វីហ្ន៎ ជាបច្ច័យ ដើម្បីញុំាងឥទ្ធិបាទឲ្យចំរើន។

[៤៦០] ម្នាលភិក្ខុទាំងឡាយ តថាគតនោះមានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារថា ឆន្ទៈរបស់អញ នឹងមិនបានធូរថយណាស់ផង មិនបានផ្គងឡើងពេកផង មិនបានរួញខាងក្នុងផង មិនបាន រាយមាយទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជាបុគ្គលមានចិត្តបើកហើយ មានកិលេសមិនបានរួបរិត ចំរើននូវចិត្ត ប្រកបដោយពន្លឺដូច្នេះ។

[៤៦១] ភិក្ខុចំរើនឥទ្ធិបាទ ប្រកបដោយវិរិយសមាធិ និងបធានសង្ខារថា សេចក្តីព្យាយាមរបស់អញ នឹងមិនបានធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជាបុគ្គលមានចិត្តបើកហើយ មានកិលេសមិនបានរួបរឹតហើយ រមែងចំរើននូវចិត្ត ប្រកបដោយពន្លឺ ដូច្នេះ។

[៤៦២] ភិក្ខុចំរើនឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារថា ចិត្តរបស់អញ នឹងមិនបានធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុងផង មិនបានរាយមាយទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលថ្ងៃយ៉ាងណា វេលាយប់ ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជាបុគ្គលមានចិត្តបើកហើយ មានកិលេសមិនបានរួបរឹត រមែងចំរើននូវចិត្ត ប្រកបដោយពន្លឺ ដូច្នេះ។

[៤៦៣] ភិក្ខុរមែងចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារថា ប្រាជ្ញាជាគ្រឿងពិចារណារបស់អញ នឹងមិនធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញ ខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខ ក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជាបុគ្គលមានចិត្តបើកហើយ មានកិលេសមិនបានរួបរឹត រមែងចំរើននូវចិត្ត ប្រកបដោយពន្លឺដូច្នេះ។

[៤៦៤] កាលភិក្ខុបានចំរើនឥទ្ធិបាទទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) រមែងបានសម្រេចឫទ្ធិច្រើនប្រការ គឺតែម្នាក់ ប្លែងទៅជាច្រើននាក់ក៏បាន ឬច្រើននាក់ ប្លែងឲ្យមកតែម្នាក់វិញក៏បាន នៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន នៅខាងក្នុង ដើរទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ដើរទៅខាងក្រៅជញ្ជាំង (ដោយឥតទ្វារឥតផ្លូវ) ក៏បាន នៅខាងក្នុងកំពែង ដើរទៅខាងក្រៅកំពែងក៏បាន នៅខាងក្នុងភ្នំ ដើរទៅខាងក្រៅភ្នំវិញក៏បាន ឥតមានទើស ដូចគេដើរក្នុងទីវាល មុជងើបក្នុងផែនដី ដូចគេមុជងើបក្នុងទឹកក៏បាន ដើរលើទឹកឥតមានបែកធ្លាយ ដូចគេដើរលើផែនដីក៏បាន ហោះទៅព្ធដ៏អាកាសទាំងភ្នែន ដូចជាបក្សីសគុណជាតិក៏បាន យកដៃទៅស្ទាបអង្អែលព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែល មានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះក៏បាន ហោះទៅទាំងអំណាចខ្លួន រហូតដល់ព្រហ្មលោកក៏បាន។

[៤៦៥] កាលបើភិក្ខុចំរើនឥទ្ធិបាទទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) មានត្រចៀកដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួសត្រចៀក របស់មនុស្សធម្មតា រមែងឮសម្លេងពីរប្រការ គឺសម្លេងទិព្វ និងសម្លេងជារបស់មនុស្ស ទាំងឆ្ងាយ ទាំងជិតបាន។

[៤៦៦] កាលបើភិក្ខុចំរើនឥទ្ធិបាទ ទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) ក៏អាចកំណត់ដឹង នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃដោយចិត្ត (របស់ខ្លួន)បាន គឺចិត្ត (របស់សត្វដទៃ) ដែលប្រកបដោយរាគៈក្តី ក៏កំណត់ដឹងថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលរួញក្តី ក៏ស្គាល់ថា ចិត្តរួញ ចិត្តដែលរាយមាយក្តី ក៏ស្គាល់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺរូបាវចរៈ និងអរូបាវចរៈក្តី ក៏ស្គាល់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈក្តី ក៏ស្គាល់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជាសឧត្តរៈ គឺលោកិយចិត្តក្តី ក៏ស្គាល់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺលោកុត្តរចិត្តក្តី ក៏ស្គាល់ថា ចិត្តជាអនុត្តរៈ ចិត្តដែលតាំងមាំក្តី ក៏ស្គាល់ថា ចិត្តតាំងមាំ ចិត្ដដែលមិនតាំងមាំក្តី ក៏ស្គាល់ថា ចិត្តមិនតាំងមាំ ចិត្តដែលរួចស្រឡះ (ចាកកិលេសាសវៈ) ក្តី ក៏ស្គាល់ថា ចិត្តរួចស្រឡះ ចិត្តដែលមិនរួចស្រឡះក្តី ក៏ស្គាល់ថា ចិត្តមិនរួចស្រឡះ។

[៤៦៧] កាលបើភិក្ខុចំរើនឥទ្ធិបាទទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) រមែងរលឹកឃើញ បុព្វេនិវាស មានប្រការច្រើន។ បុព្វេនិវាស ដូចម្តេច។ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១ ពាន់ជាតិខ្លះ ១ សែនជាតិខ្លះ (រហូតដល់) ច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បខ្លះថា អញបានកើតក្នុងទីឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ មានកំណត់អាយុយ៉ាងនេះ លុះអាត្មាអញនោះ ច្យុតអំពីទីនោះហើយ ក៏ទៅកើតក្នុងទីឯនោះ ក្នុងទីនោះឯង អាត្មាអញ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ មានកំណត់អាយុយ៉ាងនេះ លុះអាត្មាអញនោះ ច្យុតអំពីទីនោះហើយ ទើបមកកើតក្នុងទីនេះទៀត រលឹកឃើញ នូវបុព្វេនិវាស មានប្រការច្រើន ព្រមទាំងអាការ គឺរូប និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយ ប្រការដូច្នេះ។

[៤៦៨] កាលបើភិក្ខុចំរើនឥទ្ធិបាទទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយភិក្ខុ (នោះ) មានទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា រមែងឃើញសត្វទាំងឡាយ គឺកំណត់ដឹងពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ សម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ ពួកសត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត តិះដៀលព្រះអរិយទាំងឡាយ ជាអ្នកយល់ខុស ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស ពួកសត្វ ទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងកំណើត តិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកខាងសត្វពួកនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុច្ចរិត ប្រកបដោយ មនោសុច្ចរិត មិនតិះដៀលព្រះអរិយៈទាំងឡាយ មានគំនិតយល់ត្រូវ ប្រកាន់នូវអំពើ តាម សេចក្តីយល់ត្រូវ ពួកសត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិសួគ៌ ទេវលោក ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុ ជារបស់មនុស្សធម្មតា ក៏បាន ឃើញនូវពួកសត្វ គឺកំណត់ដឹង នូវពួកសត្វកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ សម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់ខ្លះ ដែលទៅកើតតាមកម្មរបស់ខ្លួន។

[៤៦៩] កាលបើភិក្ខុចំរើនឥទ្ធិបាទទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ឧត្តមខ្លួនឯង ក្នុងអត្តភាពដ៏ជាក់ស្តែង។

(មហប្ផលសូត្រ ទី២)

(២. មហប្ផលសុត្តំ)

[៤៧០] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ យ៉ាងនេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយ ៗ ហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលបុគ្គលចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយ ៗ ហើយដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារថា ឆន្ទៈរបស់អញ នឹងមិនធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជាបុគ្គលមានចិត្តបើកហើយ មានកិលេសមិនរួបរឹត រមែងចំរើននូវចិត្ត ប្រកបដោយពន្លឺ ដូច្នេះ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ទិបាទ ប្រកបដោយវិមំសាសមាធិ និងបធានសង្ខារថា វីមំសា (ការពិចារណា) របស់អញ នឹងមិនធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង ដូច្នេះ ទាំងជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយ ក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជាបុគ្គលមានចិត្តបើកហើយ មានកិលេសមិនបាន រួបរឹត ចំរើននូវចិត្ត ប្រកបដោយពន្លឺដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលបុគ្គល ចំរើនយ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។

[៤៧១] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ រមែងបាននូវឥទ្ធិវិធៈ មានប្រការច្រើន គឺភិក្ខុតែម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ ក៏បាន។បេ។ ហោះទៅទាំងអំណាចខ្លួន រហូតដល់ព្រហ្មលោកក៏បាន។

[៤៧២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) បានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្ត ដែល មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ឧត្តមខ្លួនឯង ក្នុងអត្តភាព ដ៏ជាក់ ស្តែង។

(ឆន្ទសមាធិសូត្រ ទី៣)

(៣. ឆន្ទសមាធិសុត្តំ)

[៤៧៣] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យឆន្ទៈហើយ បាននូវសមាធិ បាននូវ ភាពនៃចិត្ត មានអារម្មណ៍តែមួយ។ នេះហៅថា ឆន្ទសមាធិ។ ភិក្ខុនោះញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសល ដ៏លាមក ដែលកើតឡើងហើយ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែកើតធំទូលាយ ចំរើនបរិបូណ៌។ នេះហៅថា បធានសង្ខារ។ នេះហៅថា ឆន្ទៈផង នេះហៅថា ឆន្ទសមាធិផង នេះហៅថា បធានសង្ខារផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។

[៤៧៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យវិរិយៈ ហើយបាននូវសមាធិ បាននូវភាព នៃចិត្តមានអារម្មណ៍តែមួយ។ នេះហៅថា វិរិយសមាធិ។ ភិក្ខុនោះ។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែកើតធំទូលាយ ចំរើន ពេញបរិបូណ៌។ នេះហៅថា បធានសង្ខារ។ នេះហៅថា វិរិយៈផង នេះហៅថា វិរិយសមាធិផង នេះហៅថា បធានសង្ខារផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ប្រកបដោយវិរិយសមាធិ និងបធានសង្ខារ។

[៤៧៥] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យនូវចិត្តហើយ បាននូវសមាធិ បាននូវភាព នៃចិត្តមានអារម្មណ៍តែមួយ។ នេះហៅថា ចិត្តសមាធិ។ ភិក្ខុនោះ។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែកើតធំទូលាយ ចំរើន ពេញ បរិបូណ៌។ នេះហៅថា បធានសង្ខារ។ នេះហៅថា ចិត្តផង នេះហៅថា ចិត្តសមាធិផង នេះហៅ ថា បធានសង្ខារផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ប្រកប ដោយចិត្តសមាធិ និងបធានសង្ខារ។

[៤៧៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យនូវវីមំសាហើយ បាននូវសមាធិ បាននូវភាព នៃចិត្តមានអារម្មណ៍តែមួយ។ នេះហៅថា វីមំសាសមាធិ។ ភិក្ខុនោះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន។បេ។ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើង ហើយ ឲ្យស្ថិតស្ថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែកើតធំទូលាយ ចំរើន ពេញបរិបូណ៌។ នេះហៅថា បធានសង្ខារ។ នេះហៅថា វីមំសាផង នេះហៅថា វីមំសាសមាធិផង នេះហៅថា បធានសង្ខារផង ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និង បធានសង្ខារ។

(មោគ្គល្លានសូត្រ ទី៤)

(៤. មោគ្គល្លានសុត្តំ)

[៤៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្រាសាទ នាបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុច្រើនរូប នៅក្នុងមិគារមាតុប្រាសាទជាន់ក្រោម ជាអ្នករវើររវាយ មានមានះដូចជាបបុស ងើបឡើងហើយ រជើបរជោរ មានមាត់រឹង មានវាចារោយរាយ មានស្មារតីវង្វេង ប្រាសចាកបញ្ញា មានចិត្ត មិនដំកល់មាំ មានចិត្តអណ្តែតអណ្តូង មានឥន្ទ្រិយមិនសង្រួម។

[៤៧៨] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ត្រាស់ហៅព្រះមហាមោគ្គល្លាន ដ៏មានអាយុថា ម្នាលមោគ្គល្លាន សព្រហ្មចារីភិក្ខុទាំងនោះឯង នៅក្នុងមិគារមាតុប្រាសាទ ជាន់ក្រោម ជាអ្នកមានចិត្តរវើរវាយ មានមានះដូចជាបបុស ងើបឡើងហើយ រជើបរជោរ មានមាត់រឹង មានសំដីរោយរាយ វង្វេង ភ្លេចស្មារតី ប្រាសចាកបញ្ញា មានចិត្តមិនដំកល់មាំ មានចិត្តអណ្តែតអណ្តូង មានឥន្រ្ទិយមិនសង្រួម ម្នាលមោគ្គល្លាន អ្នកចូរទៅញុំាងភិក្ខុទាំងនោះ ឲ្យសង្វេគ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ទទួលព្រះបន្ទូល ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយញុំាងមិគារមាតុប្រាសាទ ឲ្យកម្រើក ឲ្យរងើ្គ ឲ្យញាប់ញ័រ ដោយម្រាមមេជើងយ៉ាងណា ក៏សំដែងតាក់តែងនូវឫទ្ធិ មានសភាពយ៉ាងនោះ។

[៤៧៩] លំដាប់នោះឯង ភិក្ខុទាំងនោះ តក់ស្លុត កើតព្រឺព្រួចរោម ឈរក្នុងទីសមគួរ ប្រាប់គ្នាថា យីអើ អស្ចារ្យណាស់តើ យីអើ ចំឡែកណាស់តើ គ្មានខ្យល់សោះ មិគារមាតុប្រាសាទនេះ មានរណ្តៅដ៏ជ្រៅ កប់ក៏ជ្រៅ ឥតកម្រើក ឥតញាប់ញ័រ ស្រាប់តែកម្រើក រង្គើ ញាប់ញ័រ។

[៤៨០] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងភិក្ខុទាំងនោះ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចម្តេចហ្ន៎ ក៏អ្នកទាំងឡាយ តក់ស្លុត កើតព្រឺព្រួចរោម ឈរក្នុងទីសមគួរ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ស្ងប់ខ្យល់សោះ មិគារមាតុប្រាសាទនេះសោត មានរណ្តៅដ៏ជ្រៅ កប់ក៏ជ្រៅ ជារបស់ឥតកម្រើក ឥតញាប់ញ័រ ក៏ស្រាប់តែកម្រើក រង្គើ ញាប់ញ័រ។

[៤៨១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះមោគ្គល្លាន ប្រាថ្នានឹងឲ្យអ្នកទាំងឡាយសង្វេគ ទើបធ្វើមិគារមាតុប្រាសាទឲ្យកម្រើក រង្គើ ញាប់ញ័រ ដោយមេជើងទេតើ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ហេតុនោះ ដូចម្តេច ភិក្ខុឈ្មោះ មោគ្គល្លាន មានឫទ្ធិធំយ៉ាងនេះ មានអានុភាព ធំយ៉ាងនេះ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវធម៌ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះដ៏មានព្រះភាគ ជាមូល មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមព្រះដ៏មានព្រះភាគ សំដែងសេចក្តី នៃភាសិតនុ៎ះ ឲ្យទាន ភិក្ខុទាំងឡាយ ស្តាប់នូវភាសិត របស់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុក។

[៤៨២] ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ចុះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះ មោគ្គល្លាន មានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះមោគ្គល្លាន ក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារថា ឆន្ទៈរបស់អញ នឹងមិនធូរថយពេកផង។បេ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារថា វិមំសារបស់អញ នឹងមិនធូរថយពេកផង មិនផ្គងឡើងពេកផង មិនរួញខាងក្នុងផង មិនមានចិត្តរាយមាយ ទៅខាងក្រៅផង ទាំងជាបុគ្គលមានសញ្ញា ក្នុងខាងក្រោយ និងខាងមុខ គឺខាងមុខយ៉ាងណា ខាងក្រោយក៏យ៉ាងនោះ ខាងក្រោយយ៉ាងណា ខាងមុខក៏យ៉ាងនោះ ខាងក្រោមយ៉ាងណា ខាងលើក៏យ៉ាងនោះ ខាងលើយ៉ាងណា ខាងក្រោមក៏យ៉ាងនោះ វេលាថ្ងៃយ៉ាងណា វេលាយប់ក៏យ៉ាងនោះ វេលាយប់យ៉ាងណា វេលាថ្ងៃក៏យ៉ាងនោះ ជាបុគ្គលមានចិត្តបើក មានកិលេសមិនរួបរឹត ចំរើនចិត្តដែលប្រកបដោយពន្លឺដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះ មោគ្គល្លាន មានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។

[៤៨៣] ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានភិក្ខុ បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះឯង។បេ។ ទៅទាំងអំណាចខ្លួន រហូតដល់ព្រហ្មលោកនាយបាន។

[៤៨៤] ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានភិក្ខុ បានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងអត្តភាព ដែលឃើញជាក់ស្តែង ព្រោះចំរើន ព្រោះធ្វើឲ្យរឿយ ៗ នូវឥទ្ធិបាទ ៤ នេះ។ (បណ្ឌិតត្រូវញុំាងអភិញ្ញាទាំងឡាយ ឲ្យពិស្តារយ៉ាងនេះចុះ)។

(ឧណ្ណាភព្រាហ្មណសូត្រ ទី៥)

(៥. ឧណ្ណាភព្រាហ្មណសុត្តំ)

[៤៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុវកោសម្ពី។ លំដាប់នោះឯង ព្រាហ្មណ៍ឈ្មោះឧណ្ណាភៈ ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណ៍ឈ្មោះ ឧណ្ណាភៈ អង្គុយក្នុងទីសមគួរហើយ ក៏និយាយនឹងព្រះអានន្ទ ដ៏មានអាយុ ដូច្នេះថា

[៤៨៦] បពិត្រព្រះអានន្ទដ៏ចំរើន គេប្រព្រឹត្តព្រហ្មចារ្យ ក្នុងសំណាក់ព្រះសមណគោតម មានអ្វីជាប្រយោជន៍។ ម្នាលព្រាហ្មណ៍ គេប្រព្រឹត្តព្រហ្មចារ្យ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ មានការលះបង់ឆន្ទៈ ជាប្រយោជន៍។

[៤៨៧] បពិត្រព្រះអានន្ទដ៏ចំរើន ចុះមានផ្លូវ មានបដិបទា ដើម្បីលះបង់នូវឆន្ទៈនុ៎ះដែរឬ។ ម្នាលព្រាហ្មណ៍ មានផ្លូវ មានបដិបទា ដើម្បីលះបង់នូវឆន្ទៈនុ៎ះដែរ។

[៤៨៨] បពិត្រព្រះអានន្ទដ៏ចំរើន ចុះផ្លូវដូចម្តេច បដិបទា ដូចម្តេច ដើម្បីលះបង់នូវឆន្ទៈនុ៎ះ។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ទិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលព្រាហ្មណ៍ នេះឯងជាផ្លូវ នេះជាបដិបទា ដើម្បីលះបង់ឆន្ទៈនុ៎ះ។

[៤៨៩] បពិត្រព្រះអានន្ទដ៏ចំរើន កាលបើយ៉ាងនេះ វត្ថុដែលមាន នៅតែមាន វត្ថុដែលគ្មាន នៅតែគ្មាន ឯពាក្យដែលថា បុគ្គលនឹងលះបង់នូវឆន្ទៈ ដោយឆន្ទៈនុ៎ះ មិនសមហេតុទេ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អាត្មា នឹងសួរអ្នក ក្នុងដំណើរនុ៎ះវិញ គួរដល់អ្នកយ៉ាងណា អ្នកត្រូវព្យាករប្រស្នានោះ យ៉ាងនោះចុះ។

[៤៩០] ម្នាលព្រាហ្មណ៍ អ្នកយល់នូវដំណើរនោះ ដូចម្តេច អ្នកមានឆន្ទៈ ក្នុងកាលមុនថា អញនឹងទៅកាន់អារាម។ កាលអ្នកនោះ ទៅដល់អារាមហើយ ឆន្ទៈដែលកើតមុននោះ ក៏ស្ងប់រម្ងាប់ឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន យ៉ាងហ្នឹងហើយ។ សេចក្តីព្យាយាម របស់អ្នកក្នុងកាលមុនថា អញនឹងទៅកាន់អារាម។ កាលអ្នកនោះ ទៅដល់អារាមហើយ ព្យាយាម ដែលកើតមុននោះ ស្ងប់រម្ងាប់ឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន យ៉ាងហ្នឹងហើយ។ អ្នកបានមានចិត្ត ក្នុងកាលមុនថា អញនឹងទៅកាន់អារាម។ កាលបើអ្នកនោះ ទៅដល់អារាមហើយ ចិត្តដែលកើតមុននោះ ស្ងប់រម្ងាប់ឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន យ៉ាងហ្នឹងហើយ។ បញ្ញារបស់អ្នក បានកើតឡើង ក្នុងកាលមុនថា អញនឹងទៅកាន់អារាម។ កាលអ្នកនោះ ទៅដល់អារាមហើយ បញ្ញាដែលកើតមុននោះ ស្ងប់រម្ងាប់ដែរឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន យ៉ាងហ្នឹងហើយ។

[៤៩១] ម្នាលព្រាហ្មណ៍ ការនុ៎ះក៏ដូច្នោះដែរ ភិក្ខុជាព្រះអរហន្តខីណាស្រព មានព្រហ្មចារ្យ ប្រព្រឹត្តរួចហើយ មានសោឡសកិច្ច ធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ផ្ទាល់ខ្លួន ដល់ហើយ មានសំយោជនៈ ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះការដឹងដោយប្រពៃ ភិក្ខុនោះ មានឆន្ទៈក្នុងកាលមុន ដើម្បីឲ្យដល់អរហត្ត លុះសម្រេចអរហត្តហើយ ឆន្ទៈដែលកើតមុននោះ ក៏ស្ងប់រម្ងាប់ទៅ ភិក្ខុនោះ មានព្យាយាម ក្នុងកាលមុន ដើម្បីឲ្យដល់អរហត្ត លុះបានដល់អរហត្តហើយ ព្យាយាម ដែលកើតអំពីមុននោះ ក៏ស្ងប់រម្ងាប់ទៅ ភិក្ខុនោះ មានចិត្តក្នុងកាលមុន ដើម្បីឲ្យដល់អរហត្ត លុះដល់អរហត្តហើយ ចិត្តដែលកើតអំពីមុននោះ ក៏ស្ងប់រម្ងាប់ទៅ ភិក្ខុនោះ មានបញ្ញាក្នុងកាលមុន ដើម្បីឲ្យដល់អរហត្ត លុះបានដល់អរហត្តហើយ បញ្ញាដែលកើតអំពីមុននោះ ក៏ស្ងប់រម្ងាប់ទៅ។

[៤៩២] ម្នាលព្រាហ្មណ៍ អ្នកសម្គាល់ហេតុនោះដូចម្តេច កាលបើហេតុយ៉ាងនេះ វត្ថុដែលមាន នៅតែមាន វត្ថុដែលគ្មាន នៅតែគ្មានឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន ពិតមែនហើយ បើយ៉ាងនេះ វត្ថុដែលមាន នៅតែមាន វត្ថុដែលគ្មាន នៅតែគ្មាន បពិត្រព្រះអានន្ទដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ដូចគេផ្ងាររបស់ដែលផ្កាប់ ឬបើករបស់ដែលកំបាំង ពុំនោះ ដូចគេបា្រប់ផ្លូវ ដល់មនុស្សវង្វេង ឬដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យអ្នកមានចក្ខុ មើលឃើញរូបបាន។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលលោកសំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង។ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា សូមដល់ព្រះគោតមដ៏ចំរើននោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ សូមព្រះអានន្ទដ៏ចំរើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិតតាំងពីថ្ងៃនេះទៅ។

(បឋមសមណព្រាហ្មណសូត្រ ទី៦)

(៦. បឋមសមណព្រាហ្មណសុត្តំ)

[៤៩៣] ម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល មានពួកសមណៈ ឬព្រាហ្មណ៍មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ក្នុងអនាគតកាល គង់មានពួកសមណៈ ឬព្រាហ្មណ៍មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ក៏មានពួកសមណៈ ឬព្រាហ្មណ៍មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបានចំរើនឲ្យច្រើន នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទៈសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។

[៤៩៤] ម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល មានពួកសមណៈ ឬព្រាហ្មណ៍ មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងអនាគតកាល គង់មានពួកសមណៈ ឬព្រាហ្មណ៍មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ក៏មានពួកសមណៈ ឬព្រាហ្មណ៍ មានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះបានចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

(ទុតិយសមណព្រាហ្មណសូត្រ ទី៧)

(៧. ទុតិយសមណព្រាហ្មណសុត្តំ)

[៤៩៥] ម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល មានពួកសមណៈ ឬព្រាហ្មណ៍ បានសម្រេច នូវឥទ្ធិវិធៈ (ការសំណែងឫទ្ធិ) ច្រើនប្រការ គឺធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន នៅក្នុងទីកំបាំង ដើរទៅកាន់ទីវាល នៅខាងក្នុង ដើរចេញទៅខាងក្រៅ នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅកំពែង នៅខាងក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំ (ដោយឥតទ្វារ ឥតផ្លូវ) ឥតទើសទាល់ ដូចដើរលើអាកាសក៏បាន ងើបឡើងមុជចុះក្នុងផែនដី ដូចជាងើបឡើងមុជចុះ ក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយទឹក ហាក់ដូចជាដើរលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន យកដៃស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន ធ្វើអំណាច ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ក្នុងអនាគតកាល គង់មានសមណៈ ឬព្រាហ្មណ៍បានសម្រេច នូវឥទ្ធិវិធៈច្រើនប្រការ គឺនឹងធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន នៅក្នុងទីកំបាំង និងដើរទៅកាន់ទីវាល នៅខាងក្នុង ដើរចេញទៅខាងក្រៅ នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅកំពែង នៅខាងក្នុងភ្នំ ដើរចេញទៅក្រៅភ្នំ (ដោយឥតទ្វារ ឥតផ្លូវ) ឥតទើសទាល់ ដូចជាដើរលើអាកាសក៏បាន ងើបឡើង មុជចុះ ក្នុងផែនដី ដូចជាងើបឡើង មុជចុះ ក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយទឹក ហាក់ដូចជាដើរលើផែនដីក៏បាន និងទៅឯអាកាសទាំងភ្នែន ដូចជាសត្វស្លាបក៏បាន និងយកដៃស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន នឹងធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ក៏មានសមណៈ ឬព្រាហ្មណ៍ បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន នៅក្នុងទីកំបាំង ដើរទៅកាន់ទីវាល នៅខាងក្នុង ដើរចេញទៅខាងក្រៅ នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅកំពែង នៅក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំ (ដោយឥតទ្វារ ឥតផ្លូវ) ឥតទើសទាល់ ដូចជាដើរលើអាកាសក៏បាន ងើបឡើងមុជចុះ ក្នុងផែនដី ដូចជាងើបឡើងមុជចុះ ក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែនដូចជាសត្វស្លាបក៏បាន យកដៃស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។

[៤៩៦] ម្នាលភិក្ខុទាំងឡាយ ក្នុងអតីតកាល មានពួកសមណៈ ឬព្រាហ្មណ៍ បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងអនាគតកាល គង់មានពួកសមណៈ ឬព្រាហ្មណ៍បានសម្រេច នូវឥទ្ធិវិធៈ ច្រើនប្រការ គឺនឹងធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន។បេ។ នឹងធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ក៏បានពួកសមណៈ ឬព្រាហ្មណ៍ បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង។

(ភិក្ខុសូត្រ ទី៨)

(៨. ភិក្ខុសុត្តំ)

[៤៩៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏ព្រោះតែបានចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះដែរ។

(ឥទ្ធាទិទេសនាសូត្រ ទី៩)

(៩. ឥទ្ធាទិទេសនាសុត្តំ)

[៤៩៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវឫទ្ធិផង នូវឥទ្ធិបាទផង នូវការចំរើនឥទ្ធិបាទផង នូវបដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់សេចក្តីនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះឫទ្ធិដូចម្តេច។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាឫទ្ធិ។

[៤៩៩] ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិបាទ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ បានស៊ប់នូវឫទ្ធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា ឥទ្ធិបាទ។

[៥០០] ម្នាលភិក្ខុទាំងឡាយ ចុះការចំរើននូវឥទ្ធិបាទដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការចំរើននូវឥទ្ធិបាទ។

[៥០១] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរទៅកាន់ការចំរើន នូវឥទ្ធិបាទ ដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើន នូវឥទ្ធិបាទ។

(វិភង្គសូត្រ ទី១០)

(១០. វិភង្គសុត្តំ)

[៥០២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ នេះ ដែលភិក្ខុចំរើន ធ្វើឲ្យច្រើនហើយ ជាធម៌មានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិបាទ ៤ តើភិក្ខុចំរើនដូចម្តេច ធ្វើឲ្យច្រើនដូចម្តេច ទើបជាធម៌មានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដូច្នេះថា ឆន្ទៈរបស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹប នៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលជាខាងក្រោយ និងកាលមុន គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះ មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ ដោយប្រការដូច្នេះ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដូច្នេះថា វីមំសា របស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹប នៅខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលជាខាងក្រោយ និងកាលមុន គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះ មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ ដោយប្រការដូច្នេះ។

[៥០៣] ម្នាលភិក្ខុទាំងឡាយ ចុះឆន្ទៈដែលធូរថយខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឆន្ទៈឯណា ប្រកបដោយកោសជ្ជៈ (សេចក្តីខ្ជិលច្រអូស) សម្បយុត្ត ដោយកោសជ្ជៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឆន្ទៈ ដែលធូរថយខ្លាំងពេក។

[៥០៤] ម្នាលភិក្ខុទាំងឡាយ ចុះឆន្ទៈដែលផ្គងគំហុកខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឆន្ទៈឯណា ប្រកបដោយឧទ្ធច្ចៈ (សេចក្តីរវើរវាយ) សម្បយុត្តដោយឧទ្ធច្ចៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឆន្ទៈដែលផ្គងគំហុកខ្លាំងពេក។

[៥០៥] ម្នាលភិក្ខុទាំងឡាយ ចុះឆន្ទៈដែលរួញលឹបនៅខាងក្នុង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឆន្ទៈឯណា ប្រកបដោយថីនមិទ្ធៈ (សេចក្តីងងុយងោកងក់) សម្បយុត្តដោយថីនមិទ្ធៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឆន្ទៈដែលរួញលឹបនៅខាងក្នុង។

[៥០៦] ម្នាលភិក្ខុទាំងឡាយ ចុះឆន្ទៈដែលរាយមាយទៅខាងក្រៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឆន្ទៈឯណា រាយមាយទៅតាម ជាប់ទៅតាម ប្រារឰនូវបញ្ចកាមគុណខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឆន្ទៈដែលរាយមាយទៅខាងក្រៅ។

[៥០៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានសញ្ញាក្នុងកាលជាខាងក្រោយ និងកាលមុន គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាបុគ្គលមានសញ្ញាកាន់យកល្អ ធ្វើទុកក្នុងចិត្តល្អ ទ្រទ្រង់ទុកល្អ ចាក់ធ្លុះល្អ ដោយប្រាជ្ញា ក្នុងកាលជាខាងក្រោយ និងកាលមុន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសញ្ញាក្នុងកាលជាខាងក្រោយ និងកាលមុន គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ យ៉ាងនេះឯង។

[៥០៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ (មានសញ្ញា) ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា នូវកាយនេះឯង ខាងលើ តាំងអំពីបាទជើងឡើងមក ខាងក្រោមតាំងអំពីចុងសក់ ចុះទៅ មានស្បែករុំព័ទ្ធជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេង ៗ ថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ14) សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ (មានសញ្ញា) ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ យ៉ាងនេះឯង។

[៥០៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ (មានសញ្ញា) ក្នុងពេលថ្ងៃយ៉ាងណា ពេលយប់ក៏យ៉ាងនោះ ពេលយប់យ៉ាងណា ពេលថ្ងៃក៏យ៉ាងនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ក្នុងវេលាថ្ងៃ ដោយអាការទាំងឡាយឯណា ដោយសណ្ឋានទាំងឡាយឯណា ដោយនិមិត្តទាំងឡាយឯណា ភិក្ខុនោះ ក៏ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ក្នុងវេលាយប់ ដោយអាការទាំងឡាយនោះ ដោយសណ្ឋានទាំងឡាយនោះ ដោយនិមិត្តទាំងឡាយនោះដែរ ឬថា ភិក្ខុចំរើន នូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ក្នុងវេលាយប់ ដោយអាការទាំងឡាយឯណា ដោយសណ្ឋានទាំងឡាយឯណា ដោយនិមិត្តទាំងឡាយឯណា ភិក្ខុនោះ ក៏ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ក្នុងវេលាថ្ងៃ ដោយអាការទាំងឡាយនោះ ដោយសណ្ឋានទាំងឡាយនោះ ដោយនិមិត្តទាំងឡាយនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសញ្ញា ក្នុងពេលថ្ងៃយ៉ាងណា ពេលយប់ក៏យ៉ាងនោះ ពេលយប់យ៉ាងណា ពេលថ្ងៃក៏យ៉ាងនោះ យ៉ាងនេះឯង។

[៥១០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាបុគ្គលមានអាលោកសញ្ញាកាន់យកល្អ មានទិវាសញ្ញាអធិដ្ឋានដោយល្អ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ យ៉ាងនេះឯង។

[៥១១] ម្នាលភិក្ខុទាំងឡាយ ចុះព្យាយាមដែលធូរថយខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្យាយាមឯណា ប្រកបដោយកោសជ្ជៈ សម្បយុត្តដោយកោសជ្ជៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្យាយាមដែលធូរថយខ្លាំងពេក។

[៥១២] ម្នាលភិក្ខុទាំងឡាយ ចុះព្យាយាមដែលផ្គងគំហុកខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្យាយាមឯណា ប្រកបដោយឧទ្ធច្ចៈ សម្បយុត្តដោយឧទ្ធច្ចៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្យាយាមដែលផ្គងគំហុកខ្លាំងពេក។

[៥១៣] ម្នាលភិក្ខុទាំងឡាយ ចុះព្យាយាមដែលរួញលឹបនៅខាងក្នុង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្យាយាមឯណា ប្រកបដោយថីនមិទ្ធៈ សម្បយុត្តដោយថីនមិទ្ធៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្យាយាមដែលរួញលឹបនៅខាងក្នុង។

[៥១៤] ម្នាលភិក្ខុទាំងឡាយ ចុះព្យាយាមដែលរាយមាយទៅខាងក្រៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្យាយាមឯណា រាយមាយទៅតាម ជាប់ទៅតាម ប្រារឰនូវបញ្ចកាមគុណខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្យាយាម ដែលរាយមាយទៅខាងក្រៅ។បេ។

[៥១៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាន់យកអាលោកសញ្ញាដោយល្អ អធិដ្ឋានទិវាសញ្ញាដោយល្អ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ យ៉ាងនេះឯង។

[៥១៦] ម្នាលភិក្ខុទាំងឡាយ ចុះចិត្តដែលធូរថយខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចិត្តឯណា ប្រកបដោយកោសជ្ជៈ សម្បយុត្តដោយកោសជ្ជៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តដែលធូរថយខ្លាំងពេក។

[៥១៧] ម្នាលភិក្ខុទាំងឡាយ ចុះចិត្តដែលផ្គងគំហុកខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចិត្តឯណា ប្រកបដោយឧទ្ធច្ចៈ សម្បយុត្តដោយឧទ្ធច្ចៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តដែលផ្គងគំហុកខ្លាំងពេក។

[៥១៨] ម្នាលភិក្ខុទាំងឡាយ ចុះចិត្តដែលរួញលឹបនៅខាងក្នុង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចិត្តឯណា ប្រកបដោយថីនមិទ្ធៈ សម្បយុត្តដោយថីនមិទ្ធៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តដែលរួញលឹបនៅខាងក្នុង។

[៥១៩] ម្នាលភិក្ខុទាំងឡាយ ចុះចិត្តដែលរាយមាយទៅខាងក្រៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចិត្តឯណា រាយមាយទៅតាម ជាប់ទៅតាម ប្រារឰនូវបញ្ចកាមគុណខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តរាយមាយទៅខាងក្រៅ។បេ។

[៥២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ យ៉ាងនេះឯង។

[៥២១] ម្នាលភិក្ខុទាំងឡាយ ចុះវីមំសា ដែលធូរថយខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វីមំសាឯណា ប្រកបដោយកោសជ្ជៈ សម្បយុត្តដោយកោសជ្ជៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីមំសា ដែលធូរថយខ្លាំងពេក។

[៥២២] ម្នាលភិក្ខុទាំងឡាយ ចុះវីមំសាដែលផ្គងគំហុកខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វីមំសាឯណា ប្រកបដោយឧទ្ធច្ចៈ សម្បយុត្តដោយឧទ្ធច្ចៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីមំសា ដែលផ្គងគំហុកខ្លាំងពេក។

[៥២៣] ម្នាលភិក្ខុទាំងឡាយ ចុះវីមំសាដែលរួញលឹបនៅខាងក្នុង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វីមំសាឯណា ប្រកបដោយថីនមិទ្ធៈ សម្បយុត្តដោយថីនមិទ្ធៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីមំសា ដែលរួញលឹបនៅខាងក្នុង។

[៥២៤] ម្នាលភិក្ខុទាំងឡាយ ចុះវីមំសា ដែលរាយមាយទៅខាងក្រៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ វីមំសាឯណា រាយមាយទៅតាម ជាប់ទៅតាម ប្រារឰនូវបញ្ចកាមគុណខាងក្រៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីមំសា ដែលរាយមាយទៅខាងក្រៅ។បេ។

[៥២៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធបាទ ៤ ដែលភិក្ខុចំរើនយ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះហើយ រមែងជាធម៌មានផលច្រើន មានអានិសង្សច្រើន។

[៥២៦] ម្នាលភិក្ខុទាំងឡាយ កាលបើឥទ្ធិបាទ ៤ ដែលភិក្ខុចំរើនយ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះហើយ ភិក្ខុនោះ រមែងបានសម្រេច នូវឥទ្ធិវិធៈច្រើនប្រការ គឺមនុស្សម្នាក់ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។

[៥២៧] ម្នាលភិក្ខុទាំងឡាយ ឥទ្ធបាទ ៤ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើឲ្យច្រើន យ៉ាងនេះហើយ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមាន អាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ។ (អភិញ្ញា ទាំង ៦ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។

ចប់ បាសាទកម្បនវគ្គ ទី២។

ឧទ្ធាននៃវគ្គនេះគឺ

និយាយអំពីបុព្វេនិវាសានុស្សតិញ្ញាណ ១ អំពីឥទ្ធិបាទមានផលច្រើន ១ អំពីឆន្ទៈ ១ អំពីព្រះមោគ្គល្លាន ១ អំពីព្រាហ្មណ៍ ១ អំពីសមណព្រាហ្មណ៍ ២ លើក អំពីភិក្ខុ ១ អំពីទេសនា១ អំពីការចែកនូវឥទ្ធិបាទ ១។

អយោគុឡវគ្គ ទី៣

(៣. អយោគុឡវគ្គោ)

(មគ្គសូត្រ ទី១)

(១. មគ្គសុត្តំ)

[៥២៨] ទៀបក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ មុនកាលត្រាស់ដឹង កាលដែលតថាគត ទៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះ ដូច្នេះថា អ្វីហ្ន៎ ជាមគ្គ អ្វីហ្ន៎ ជាបដិបទា ដើម្បីចំរើននូវឥទ្ធិបាទ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ភិក្ខុនោះ តែងចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដូច្នេះថា ឆន្ទៈរបស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹប នៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលខាងក្រោយ និងកាលមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះដែរ លុះភិក្ខុនោះ គិតដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដូច្នេះថា វីមំសា របស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង មិនផ្គងគំហុកខ្លាំងពេកផង មិនរួញលឹបនៅខាងក្នុងផង មិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលជាខាងក្រោយ និងកាលមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះដែរ លុះភិក្ខុនោះ គិតដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ។

[៥២៩] ម្នាលភិក្ខុទាំងឡាយ កាលបើឥទ្ធិបាទ ៤ ដែលភិក្ខុចំរើនយ៉ាងនេះ ធ្វើឲ្យច្រើន យ៉ាងនេះហើយ ភិក្ខុរមែងបានសម្រេច នូវឥទ្ធិវិធៈច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។

[៥៣០] ម្នាលភិក្ខុទាំងឡាយ កាលបើឥទ្ធិបាទ ៤ ដែលភិក្ខុចំរើនយ៉ាងនេះ ធ្វើឲ្យច្រើន យ៉ាងនេះហើយ ភិក្ខុរមែងធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈ ដោយបញ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ។ (អភិញ្ញា ទាំង ៦ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។

(អយោគុឡសូត្រ ទី២)

(២. អយោគុឡសុត្តំ)

[៥៣១] ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ធ្លាប់ចូលទៅកាន់ព្រហ្មលោក ដោយឫទ្ធិ ដោយព្រះកាយ ដែលសម្រេចតាមព្រះទ័យដែរឬ ទើបជ្រាបច្បាស់នូវព្រហ្មលោក។ ម្នាលអានន្ទ តថាគត ធ្លាប់ចូលទៅកាន់ព្រហ្មលោក ដោយឫទ្ធិ ដោយកាយ ដែលសម្រេចតាមចិត្តមែន ទើបដឹងច្បាស់ នូវព្រហ្មលោក។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ធ្លាប់ចូលទៅកាន់ព្រហ្មលោកដោយឫទ្ធិ ដោយព្រះកាយ ដែលប្រកបដោយមហាភូតរូប ៤ នេះឬ ទើបជ្រាបច្បាស់ នូវព្រហ្មលោក។ ម្នាលអានន្ទ តថាគត ធ្លាប់ចូលទៅកាន់ព្រហ្មលោកដោយឫទ្ធិ ដោយកាយដែលប្រកបដោយមហាភូតរូប ៤ នេះឯង ទើបដឹងច្បាស់ នូវព្រហ្មលោក។

[៥៣២] បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ធ្លាប់ចូលទៅកាន់ព្រហ្មលោក ដោយឫទ្ធិ ដោយព្រះកាយ ដែលសម្រេចតាមព្រះទ័យ ដោយហេតុឯណា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ធ្លាប់ចូលទៅកាន់ព្រហ្មលោក ដោយឫទ្ធិ ដោយព្រះកាយ ប្រកបដោយមហាភូតរូប ៤ នេះ ជ្រាបច្បាស់នូវហេតុឯណា បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះៗ ជាអស្ចារ្យចំឡែកណាស់ របស់ព្រះដ៏មានព្រះភាគ។ ម្នាលអានន្ទ ព្រះតថាគតទាំងឡាយ ជាអស្ចារ្យផង ប្រកបដោយធម៌ជាអស្ចារ្យផង ម្នាលអានន្ទ ព្រះតថាគតទាំងឡាយ ចំឡែកផង ប្រកបដោយធម៌ដ៏ចំឡែកផង។

[៥៣៣] ម្នាលអានន្ទ សម័យណា តថាគត ដំកល់កាយក្នុងចិត្តផង ដំកល់ចិត្តក្នុងកាយផង ស្ទង់ចុះនូវសុខសញ្ញា និងលហុសញ្ញាក្នុងកាយ ម្នាលអានន្ទ សម័យនោះ កាយរបស់តថាគត ស្រាល ដោយវិសេសផង ទន់ដោយវិសេសផង គួរដល់ការងារ ដោយវិសេសផង មានរស្មីដោយវិសេសផង។

[៥៣៤] ម្នាលអានន្ទ ដុំដែកដែលក្តៅសព្វ អស់មួយថ្ងៃ ជាដុំដែកស្រាល ដោយវិសេសផង ទន់ដោយវិសេសផង គួរដល់ការងារ ដោយវិសេសផង មានពន្លឺផ្លេក ៗ ដោយវិសេសផង ដូចម្តេចមិញ។ ម្នាលអានន្ទ សម័យណា តថាគត ដំកល់កាយក្នុងចិត្តផង ដំកល់ចិត្តក្នុងកាយផង ស្ទង់ចុះនូវសុខសញ្ញា និងលហុសញ្ញាក្នុងកាយ ម្នាលអានន្ទ សម័យនោះ កាយរបស់តថាគត ស្រាលដោយវិសេសផង ទន់ដោយវិសេសផង គួរដល់ការងារ ដោយវិសេសផង មានពន្លឺផ្លេក ៗ ដោយវិសេសផង ក៏ដូច្នោះឯង។

[៥៣៥] ម្នាលអានន្ទ សម័យណា តថាគត ដំកល់កាយក្នុងចិត្តផង ដំកល់ចិត្តក្នុងកាយផង ស្ទង់ចុះនូវសុខសញ្ញា និងលហុសញ្ញាក្នុងកាយ ម្នាលអានន្ទ សម័យនោះ កាយរបស់តថាគត អណ្តែតអំពីផែនដី ទៅកាន់អាកាស ដោយឥតលំបាកសោះ។ តថាគតនោះ តែងបានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។

[៥៣៦] ម្នាលអានន្ទ ប៉ុយគរ ឬប៉ុយកប្បាស ដ៏ស្រាល មានធាតុជាជើងទ្រ អណ្តែតអំពីផែនដី ទៅកាន់អាកាស ដោយឥតលំបាកសោះ ដូចម្តេចមិញ។ ម្នាលអានន្ទ សម័យណា តថាគត ដំកល់កាយក្នុងចិត្តផង ដំកល់ចិត្តក្នុងកាយផង ស្ទង់ចុះនូវសុខសញ្ញា និងលហុសញ្ញា ក្នុងកាយ។បេ។ ក៏ដូច្នោះឯង។

[៥៣៧] ម្នាលអានន្ទ សម័យនោះ កាយរបស់តថាគតអណ្តែតអំពីផែនដី ទៅកាន់អាកាស ដោយឥតលំបាកសោះ។ តថាគតនោះ តែងបានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។

(ភិក្ខុសូត្រ ទី៣)

(៣. ភិក្ខុសុត្តំ)

[៥៣៨] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះ មាន ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ មាន ៤ នេះឯង។

[៥៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ក៏ព្រោះតែបានចំរើន បានធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

(សុទ្ធិកសូត្រ ទី៤)

(៤. សុទ្ធិកសុត្តំ)

[៥៤០] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះ មាន ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ មាន ៤ នេះឯង។

[៥៤១] ម្នាលភិក្ខុទាំងឡាយ បណ្តាផលទាំង ២ ផលណាមួយ រមែងកើតឡើងប្រាកដ (ដល់ភិក្ខុ) គឺអរហត្តផល កើតប្រាកដ ក្នុងបច្ចុប្បន្ន ឬកាលបើឧបាទាននៅមានសេសសល់នៅឡើយ ក៏គង់អនាគាមិផល កើតឡើងប្រាកដដែរ ព្រោះតែបានចំរើន បានធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

(បឋមផលសូត្រ ទី៥)

(៥. បឋមផលសុត្តំ)

[៥៤២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទនេះ មាន ៤។ ឥទ្ធិបាទ ៤ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ មាន ៤ នេះឯង។

(ទុតិយផលសូត្រ ទី៦)

(៦. ទុតិយផលសុត្តំ)

[៥៤៣] ម្នាលភិក្ខុទាំងឡាយ ផល ៧ ប្រការ អានិសង្ស ៧ ប្រការ រមែងកើតប្រាកដ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។ ផល ៧ ប្រការ អានិសង្ស ៧ ប្រការ ដូចម្តេចខ្លះ។ គឺបានសម្រេចអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្ន បើមិនបានសម្រេចអរហត្តផល យ៉ាងឆាប់ ក្នុងបច្ចុប្បន្នទេ គង់បានសម្រេចអរហត្តផល ក្នុងមរណកាលដែរ បើមិនបានសម្រេចអរហត្តផលយ៉ាងឆាប់ ក្នុងបច្ចុប្បន្នទេ បើមិនបានសម្រេចអរហត្តផល ក្នុងមរណកាលទេ ក៏គង់ក្នុងកាលជាខាងក្រោយ នឹងជាអន្តរាបនិព្វាយី ជាឧបហច្ចបរិនិព្វាយី ជាអសង្ខារបរិនិព្វាយី ជាសសង្ខារបរិនិព្វាយី ឬជាឧទ្ធំសោតអកនិដ្ឋគាមីមិនខាន ព្រោះអស់ទៅ នៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ផល ៧ ប្រការ អានិសង្ស ៧ ប្រការនេះ រមែងកើតប្រាកដ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

(បឋមអានន្ទសូត្រ ទី៧)

(៧. បឋមអានន្ទសុត្តំ)

[៥៤៤] សាវត្ថីនិទាន។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដូចម្តេចហៅថា ឥទ្ធិ (ឫទ្ធិ) ដូចម្តេច ហៅថា ឥទ្ធិបាទ ដូចម្តេចហៅថា ការចំរើនឥទ្ធិបាទ ដូចម្តេចហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។

[៥៤៥] ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានសម្រេចនូវឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលអានន្ទ នេះហៅថា ឥទ្ធិ (ឫទ្ធិ)។

[៥៤៦] ម្នាលអានន្ទ ចុះឥទ្ធិបាទ តើដូចម្តេច។ ម្នាលអានន្ទ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ។ ម្នាលអានន្ទ នេះហៅថា ឥទ្ធិបាទ។

[៥៤៧] ម្នាលអានន្ទ ចុះការចំរើនឥទ្ធិបាទ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលអានន្ទ នេះហៅថា ការចំរើនឥទ្ធិបាទ។

[៥៤៨] ម្នាលអានន្ទ ចុះបដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអានន្ទ នេះហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។

(ទុតិយអានន្ទសូត្រ ទី៨)

(៨. ទុតិយអានន្ទសុត្តំ)

[៥៤៩] លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ដូចម្តេចហៅថា ឥទ្ធិ ដូចម្តេចហៅថា ឥទ្ធិបាទ ដូចម្តេចហៅថា ការចំរើនឥទ្ធិបាទ ដូចម្តេចហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ។បេ។

[៥៥០] ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ បានសម្រេចនូវឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលអានន្ទ នេះហៅថា ឥទ្ធិ។

[៥៥១] ម្នាលអានន្ទ ចុះឥទ្ធិបាទ តើដូចម្តេច។ ម្នាលអានន្ទ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ។ ម្នាលអានន្ទ នេះហៅថា ឥទ្ធិបាទ។

[៥៥២] ម្នាលអានន្ទ ចុះការចំរើនឥទ្ធិបាទ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលអានន្ទ នេះហៅថា ការចំរើនឥទ្ធិបាទ។

[៥៥៣] ម្នាលអានន្ទ ចុះបដិបទាជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលអានន្ទ នេះហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។

[៥៥៤] គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដូចម្តេចហៅថា ឥទ្ធិ ដូចម្តេចហៅថា ឥទ្ធិបាទ ដូចម្តេចហៅថា ការចំរើនឥទ្ធិបាទ ដូចម្តេចហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។

(បឋមភិក្ខុសូត្រ ទី៩)

(៩. បឋមភិក្ខុសុត្តំ)

[៥៥៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានសម្រេចនូវឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិ។

[៥៥៦] ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិបាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះ នូវឫទ្ធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ។

[៥៥៧] ម្នាលភិក្ខុទាំងឡាយ ចុះការចំរើនឥទ្ធិបាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការចំរើនឥទ្ធិបាទ។

[៥៥៨] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។

(ទុតិយភិក្ខុសូត្រ ទី១០)

(១០. ទុតិយភិក្ខុសុត្តំ)

[៥៥៩] គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចម្តេចហៅថា ឥទ្ធិ ដូចម្តេចហៅថា ឥទ្ធិបាទ ដូចម្តេចហៅថា ការចំរើនឥទ្ធិបាទ ដូចម្តេចហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ។បេ។

[៥៦០] ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានសម្រេចនូវឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិ។

[៥៦១] ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិបាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ដែលប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ។

[៥៦២] ម្នាលភិក្ខុទាំងឡាយ ចុះការចំរើននូវឥទ្ធិបាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការចំរើនឥទ្ធិបាទ។

[៥៦៣] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។

(មោគ្គល្លានសូត្រ ទី១១)

(១១. មោគ្គល្លានសុត្តំ)

[៥៦៤] ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់សេចក្តីនោះ ដូចម្តេច មោគ្គលា្លនភិក្ខុ មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះបានចំរើន ធ្វើឲ្យច្រើន នូវធម៌ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ។បេ។

[៥៦៥] ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានភិក្ខុ មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះបានចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ មោគ្គល្លានភិក្ខុ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដូច្នេះថា ឆន្ទៈរបស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹបនៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលក្រោយ និងមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះ លុះមោគ្គល្លានភិក្ខុ គិតដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដូច្នេះថា វីមំសា របស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹបនៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង។បេ។ លុះមោគ្គល្លានភិក្ខុ គិតដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ។ ម្នាលភិក្ខុទាំងឡាយ មោគ្គល្លានភិក្ខុ មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៥៦៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត មោគ្គល្លានភិក្ខុ បានសម្រេចនូវឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការយ៉ាងនេះ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោក ក៏បាន ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៥៦៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត មោគ្គល្លានភិក្ខុ បានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

(តថាគតសូត្រ ទី១២)

(១២. តថាគតសុត្តំ)

[៥៦៨] ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់សេចក្តីនោះ ដូចម្តេច ព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវធម៌ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគ ជាមូល។បេ។

[៥៦៩] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ព្រះតថាគត ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដូច្នេះថា ឆន្ទៈរបស់អាត្មាអញ នឹងមិនធូរថយខ្លាំងពេកផង នឹងមិនផ្គងគំហុកខ្លាំងពេកផង នឹងមិនរួញលឹបនៅខាងក្នុងផង នឹងមិនរាយមាយទៅខាងក្រៅផង មានសញ្ញាក្នុងកាលក្រោយ និងមុនផង គឺកាលមុនយ៉ាងណា ក្រោយក៏យ៉ាងនោះ ក្រោយយ៉ាងណា មុនក៏យ៉ាងនោះ ក្រោមយ៉ាងណា លើក៏យ៉ាងនោះ លើយ៉ាងណា ក្រោមក៏យ៉ាងនោះ ថ្ងៃយ៉ាងណា យប់ក៏យ៉ាងនោះ យប់យ៉ាងណា ថ្ងៃក៏យ៉ាងនោះ លុះព្រះតថាគត ទ្រង់គិតដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ។ វិរិយសមាធិ១។ ចិត្តសមាធិ ១។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ដូច្នេះថា វីមំសា របស់អាត្មាអញ នឹងមិនធូរថយខ្លាំងផង នឹងមិនផ្គងគំហុកខ្លាំងពេកផង។បេ។ លុះព្រះតថាគត ទ្រង់គិត ដូច្នេះហើយ ក៏មានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៥៧០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត បានសម្រេចនូវឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។

[៥៧១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។ (អភិញ្ញា ទាំង ៦ បណ្ឌិតគប្បីឲ្យពិស្តារ)។

ចប់ អយោគុឡវគ្គ ទី៣។

ឧទ្ទាននៃអយោគុឡវគ្គនោះគឺ

និយាយអំពីមគ្គ ១ អំពីកាយប្រៀបដូចដុំដែក១ អំពីភិក្ខុចំរើនឥទ្ធិបាទ ១ អំពីផលសុទ្ធ មាន ២ លើក អំពីព្រះអានន្ទ មាន ២ លើក អំពីពួកភិក្ខុដទៃ មាន ២ លើក អំពីព្រះមោគ្គល្លាន ១ អំពីព្រះតថាគត ១។

ឥទ្ធិបាទសំយុត្ត គង្គាទិបេយ្យាល (ទី៤)

(៤. គង្គាបេយ្យាលវគ្គោ)

(គង្គានទីអាទិសុត្តទ្វាទសកៈ ទី១-១២)

(១-១២. គង្គានទីអាទិសុត្តទ្វាទសកំ)

[៥៧២] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គាមានទំនាបទៅខាងកើត មានជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ រមែងមានទំនាប ទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះដែរ។

[៥៧៣] មា្នលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើននូវឥទ្ធិបាទ ៤ ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ រមែងមានទំនាបទៅរកព្រះនិព្វាន មានជម្រាលទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើននូវឥទ្ធិបាទ ៤ ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ រមែងមានទំនាប ទៅរកព្រះនិព្វាន មានជម្រាល ទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

[អប្បមាទវគ្គ-ពលករណីយវគ្គ-ឯសនាវគ្គ ទី៥-៧]

(៥-៧. អប្បមាទវគ្គោ-ពលករណីយវគ្គោ-ឯសនាវគ្គោ)

(បាលីសំដែងអំពីការស្វែងរក បណ្ឌិតគប្បីឲ្យពិស្តារ ដូចក្នុងឥទ្ធិបាទចុះ)។

[អប្បមាទ ទី១-១០]

[១-១០. អប្បមាទ]

[ពលករណីយ ទី១-១២]

[១-១២. ពលករណីយ]

[ឯសនា ទី១-១០]

[១-១០. ឯសនា]

(ឱឃវគ្គ ទី៨)

(៨. ឱឃវគ្គោ)

(ឱឃាទិសុត្តទសកៈ ទី១-១០)

(១-១០. ឱឃាទិសុត្តទសកំ)

[៥៧៤] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈជាចំណែកខាងលើនេះ មាន ៥។ សញ្ញោជនៈ ៥ ដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈ ជាចំណែកខាងលើ មាន ៥ នេះឯង។

[៥៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើននូវឥទ្ធិបាទ ៤ ដើម្បីដឹងច្បាស់ ដើម្បី កំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែកខាងលើ ៥នេះឯង។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីចំរើន នូវឥទ្ធិបាទ ៤ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវសញ្ញោជនៈ ជាចំណែក ខាងលើ ៥ នេះឯង។ (មគ្គសំយុត្ត ដែលឲ្យពិស្តារហើយ យ៉ាងណា គង្គាបេយ្យាលៈ ក៏យ៉ាងនោះ បាលីសំដែងអំពីការស្វែងរក បណ្ឌិតគប្បីឲ្យពិស្តារ ដូចក្នុងឥទ្ធិបាទចុះ)។

ចប់ គង្គាទិបេយ្យាលៈ ទី៤។

ចប់ ឥទ្ធិបាទសំយុត្ត។

អនុរុទ្ធសំយុត្ត (ទី៨)

(៨. អនុរុទ្ធសំយុត្តំ)

រហោគតវគ្គ ទី១

(១. រហោគតវគ្គោ)

(បឋមរហោគតសូត្រ ទី១)

(១. បឋមរហោគតសុត្តំ)

[៥៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះអនុរ