-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៤១ - Book 41
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170218 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20170218 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៤១ - Tipitaka Book 041, for change log on ati.eu see here: រាយការណ៍ ភាគ ០៤១
គំរូ ឯកសារ ផ្សេងទៀត ៖
book_041.pdf
លេខសម្គាល់
លេខទំព៍រ
ទ. 1
(អង្គុត្តរនិកាយ)
ទុតិយភាគ
ភាគទី ៤១
តិកនិបាត
បឋមបណ្ណាសក
ពាលវគ្គ ទី១ | រថការវគ្គ ទី២ | បុគ្គលវគ្គ ទី៣ | ទេវទូតវគ្គ ទី៤ | ចូឡវគ្គ ទី៥
ទុតិយបណ្ណាសក
ព្រាហ្មណវគ្គ ទី១ (៦) | មហាវគ្គ ទី២ (៧) | អានន្ទវគ្គ ទី៣ (៨) | សមណវគ្គ ទី៤ (៩) | លោណផលវគ្គ ទី៥ (១០)
តតិយបណ្ណាសក
សម្ពោធិវគ្គ ទី១ (១១) | អាបាយិកវគ្គ ទី២ (១២) | កុសិនារវគ្គ ទី៣ (១៣) | យោធាជីវវគ្គ ទី៤ (១៤) | មង្គលវគ្គ ទី៥ (១៥)
សូត្រមិនសង្រ្គោះចូលក្នុងបណ្ណាសក
អចេលកវគ្គ ទី១ (១៦) | កម្មបថបេយ្យាល ទី២ (១៧) | រាគបេយ្យាល ទី៣ (១៨)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(១. បឋមបណ្ណាសកំ)
(១. ពាលវគ្គោ)
(១. ភយសុត្តំ)
[១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភ័យទាំងឡាយណាមួយ កើតឡើង ភ័យទាំងអស់នោះ តែងកើតអំពីជនពាល មិនមែនកើតអំពីបណ្ឌិតទេ ឧបទ្រព (ចង្រៃ) ទាំងឡាយណាមួយកើតឡើង ឧបទ្រពទាំងអស់នោះ តែងកើតឡើងអំពីជនពាល មិនមែនកើតអំពីបណ្ឌិតទេ ឧបស័គ្គ (សេចក្ដីទើសទាក់) ទាំងឡាយណាមួយ កើតឡើង ឧបស័គ្គទាំងអស់នោះ តែងកើតឡើងអំពីជនពាល មិនមែនកើតអំពីបណ្ឌិតឡើយ។ ម្នាលភិក្ខុទាំងឡាយ ភ្លើងតែងឆេះរាល អំពីផ្ទះបបុស ឬផ្ទះស្មៅ មកឆេះផ្ទះកំពូលទាំងឡាយ ដែលគេលាបទាំងខាងក្នុង ទាំងខាងក្រៅ មិនមានខ្យល់ចូល មានសន្ទះទ្វារ ដ៏ជិតស្និទ្ធ មានបង្អួចបិទជិតបាន ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភ័យទាំងឡាយណាមួយ កើតឡើង ភ័យទាំងអស់នោះ តែងកើតឡើងអំពីជនពាល មិនមែនកើតអំពីបណ្ឌិតទេ ឧបទ្រពទាំងឡាយណាមួយ កើតឡើង ឧបទ្រពទាំងអស់នោះ តែងកើតឡើងអំពីជនពាល មិនមែនកើតអំពីបណ្ឌិតទេ ឧបស័គ្គទាំងឡាយណាមួយកើតឡើង ឧបស័គ្គទាំងអស់នោះ តែងកើតអំពីជនពាល មិនមែនកើតអំពីបណ្ឌិតទេ ក៏ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ជនពាលប្រកបដោយភ័យ ដ៏ពន្លឹក បណ្ឌិតមិនមានភ័យដ៏ពន្លឹកទេ ជនពាលប្រកបដោយឧបទ្រព បណ្ឌិតមិនមានឧបទ្រពទេ ជនពាលប្រកបដោយឧបស័គ្គ បណ្ឌិតមិនមានឧបស័គ្គទេ។ ម្នាលភិក្ខុទាំងឡាយ ភ័យមិនមានមកអំពីបណ្ឌិត ឧបទ្រពមិនមានមកអំពីបណ្ឌិត ឧបស័គ្គមិនមានមកអំពីបណ្ឌិតទេ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ គួរអ្នកទាំងឡាយសិក្សា យ៉ាងនេះថា បុគ្គលប្រកបដោយធម៌ ៣យ៉ាង ណា ដែលគេគួរស្គាល់បានថា ជាពាល បុគ្គលដែលវៀរធម៌ ទាំង ៣យ៉ាងនោះហើយ ប្រកបដោយធម៌ ៣ ណា ដែលគេគួរស្គាល់បានថា ជាបណ្ឌិត ពួកយើងនឹងប្រព្រឹត្ត សមាទានធម៌ ទាំង៣នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង។
(២. លក្ខណសុត្តំ)
[២] ម្នាលភិក្ខុទាំងឡាយ ជនពាល មានកម្មជាលក្ខណៈ បណ្ឌិតក៏មានកម្មជាលក្ខណៈ ប្រាជ្ញាតែងមានសេចក្ដីរុងរឿង ក្នុងការប្រព្រឹត្តិមិនដាច់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង គួរសំគាល់បានថាជាជនពាល។ ធម៌៣ តើដូចម្ដេច។ គឺ កាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំង ៣ នេះឯង ដែលគួរសំគាល់បាន ថាជាជនពាល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ គួរសំគាល់បាន ថាជាបណ្ឌិត។ ធម៌៣ តើដូចម្ដេច។ គឺកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ទាំង៣ នេះឯង ដែលគួរសំគាល់បាន ថាជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា បុគ្គលប្រកបដោយធម៌ ៣ ណា ដែលគួរសំគាល់បានថា ជាជនពាល បុគ្គលវៀរធម៌ ទាំង៣នោះ ហើយប្រកបដោយធម៌៣ ណា ដែលគួរសំគាល់បានថាជាបណ្ឌិត យើងទាំងឡាយ នឹងសមាទាន ប្រព្រឹត្តធម៌ ទាំង៣នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង។
(៣. ចិន្តីសុត្តំ)
[៣] ម្នាលភិក្ខុទាំងឡាយ ពាលលក្ខណៈ1) ពាលនិមិត្ត2) ពាលាបទាន របស់បុគ្គលពាល3) នេះ មាន៣យ៉ាង។ ៣យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ជនពាលក្នុងលោកនេះ អ្នកគិតគំនិតអាក្រក់ ១ អ្នកនិយាយសំដីអាក្រក់ ១ អ្នកធ្វើអំពើអាក្រក់ ១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនពាលមិនបានគិតគំនិតអាក្រក់ក្ដី មិនបាននិយាយសំដីអាក្រក់ក្ដី មិនបានធ្វើអំពើអាក្រក់ក្ដីទេ បណ្ឌិតទាំងឡាយ គប្បីស្គាល់បុគ្គលនោះថា អ្នកដ៏ចំរើននេះ ជាជនពាល ជាអសប្បុរស ដូចម្តេចបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះជនពាល ជាអ្នកគិតគំនិតអាក្រក់ផង ជាអ្នកនិយាយសំដីអាក្រក់ផង ជាអ្នកធ្វើអំពើអាក្រក់ផង បានជាបណ្ឌិតទាំងឡាយ ស្គាល់បុគ្គលនោះថា អ្នកដ៏ចំរើននេះ ជាជនពាល ជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ពាលលក្ខណៈ ពាលនិមិត្ត ពាលាបទាន នៃជនពាល ៣យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតលក្ខណៈ4) បណ្ឌិតនិមិត្ត5) បណ្ឌិតាបទាន6) របស់បុគ្គលជាបណ្ឌិតនេះ មាន៣យ៉ាង។ ៣យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតក្នុងលោកនេះ ជាអ្នកគិតគំនិតល្អ ១ និយាយសំដីល្អ ១ ធ្វើអំពើល្អ ១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបណ្ឌិត ជាអ្នកមិនបានគិតគំនិតល្អផង មិនបាននិយាយសំដីល្អផង មិនបានធ្វើអំពើល្អផងទេ បណ្ឌិតទាំងឡាយ គប្បីស្គាល់បុគ្គលនោះថា អ្នកដ៏ចំរើននេះ ជាបណ្ឌិត ជាសប្បុរស ដូចម្ដេចបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះបណ្ឌិត ជាអ្នកគិតគំនិតល្អផង និយាយសំដីល្អផង ធ្វើអំពើល្អផង បានជាបណ្ឌិតទាំងឡាយ ស្គាល់បុគ្គលនោះថា អ្នកដ៏ចំរើននេះ ជាបណ្ឌិត ជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតលក្ខណៈ បណ្ឌិតនិមិត្ត បណ្ឌិតាបទាន របស់បុគ្គលជាបណ្ឌិត ៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះអ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះថា បុគ្គល ប្រកបដោយធម៌ ៣ ណា ដែលស្គាល់បាន ថាជាជនពាល បុគ្គលវៀរធម៌ ទាំង៣នោះ ហើយប្រកបដោយធម៌ ៣ ណា ដែលស្គាល់បាន ថាជាបណ្ឌិត យើងទាំងឡាយ នឹងសមាទាន ប្រព្រឹត្តធម៌ទាំង៣ យ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះចុះ។
(៤. អច្ចយសុត្តំ)
[៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង ដែលសំគាល់បាន ថាជាជនពាល។ ធម៌៣ តើដូចម្ដេច។ គឺបុគ្គលមិនឃើញទោសរបស់ខ្លួន តាមទោស ១ លុះឃើញទោសតាមទោសហើយ មិនសំដែងទោសឲ្យសមគួរ តាមធម៌ ១ ទុកជាសំដែងទោសរបស់ខ្លួន ប្រាប់បុគ្គលដទៃហើយ ក៏មិនទទួលទោស ឲ្យសមគួរតាមធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ នេះឯង ដែលគប្បីដឹងបាន ថាជាជនពាល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ គប្បីដឹងបាន ថាជាបណ្ឌិត។ ធម៌៣ តើដូចម្ដេច។ គឺ បុគ្គលឃើញទោសរបស់ខ្លួនតាមទោស ១ លុះឃើញទោសតាមទោសហើយ ក៏សំដែងទោស ឲ្យសមគួរតាមធម៌ ១ លុះសំដែងទោស ប្រាប់បុគ្គលដទៃហើយ ក៏ទទួលទោស ឲ្យសមគួរតាមធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣នេះឯង ដែលគប្បីដឹងបាន ថាជាបណ្ឌិត។
(៥. អយោនិសោសុត្តំ)
[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣យ៉ាង គប្បីដឹងបាន ថាជាជនពាល។ ធម៌៣ តើដូចម្ដេច។ គឺ ជាអ្នកតាក់តែង នូវប្រស្នាដោយមិនត្រូវទំនង ១ ជាអ្នកដោះស្រាយប្រស្នា ដោយមិនត្រូវទំនង ១ បើអ្នកដទៃដោះស្រាយប្រស្នាដោយត្រូវទំនងហើយ ក៏មិនសរសើរដោយបទ និងព្យញ្ជនៈ ជាបរិមណ្ឌលស្រួលបរិបូណ៌ឡើយ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ នេះឯង ដែលគួរស្គាល់បាន ថាជាជនពាល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ គួរស្គាល់បាន ថាជាបណ្ឌិត។ ធម៌៣ តើដូចម្ដេច។ គឺ ជាអ្នកតាក់តែងប្រស្នា ដោយត្រូវទំនង ១ ជាអ្នកដោះស្រាយប្រស្នា ដោយត្រូវវទំនង ១ បើអ្នកដទៃដោះប្រស្នា ដោយត្រូវទំនងហើយ ក៏សរសើរ ដោយបទ និងព្យញ្ជនៈ ជាបរិមណ្ឌល ស្រួលបរិបូណ៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ នេះឯង ដែលគួរស្គាល់បាន ថាជាបណ្ឌិត។
(៦. អកុសលសុត្តំ)
[៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ យ៉ាង គួរស្គាល់បានថាជាជនពាល។ ធម៌៣ តើដូចម្ដេច។ គឺ កាយកម្ម ជាអកុសល ១ វចីកម្ម ជាអកុសល ១ មនោកម្ម ជាអកុសល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ នេះឯង ដែលគប្បីដឹងបាន ថាជាជនពាល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ គប្បីដឹងបាន ថាជាបណ្ឌិត។ ធម៌៣ តើដូចម្ដេច។ គឺ កាយកម្ម ជាកុសល ១ វចីកម្ម ជាកុសល ១ មនោកម្ម ជាកុសល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ យ៉ាងនេះឯង ដែលគប្បីដឹងបាន ថាជាបណ្ឌិត។
(៧. សាវជ្ជសុត្តំ)
[៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ ធម៌៣យ៉ាង គួរស្គាល់បានថាជាជនពាល។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺ កាយកម្ម ប្រកបដោយទោស ១ វចីកម្ម ប្រកបដោយទោស ១ មនោកម្ម ប្រកបដោយទោស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ នេះឯង ដែលគប្បីដឹងបាន ថាជាជនពាល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ គួរស្គាល់បាន ថាជាបណ្ឌិត។ ធម៌៣ តើដូចម្ដេច។ គឺកាយកម្មមិនមានទោស១ វចីកម្មមិនមានទោស១ មនោកម្មមិនមានទោស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ យ៉ាងនេះឯង ដែលគប្បីដឹងបាន ថាជាបណ្ឌិត។
(៨. សព្យាពជ្ឈសុត្តំ)
[៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ យ៉ាង គួរស្គាល់បានថាជាជនពាល។ ធម៌៣ តើដូចម្ដេច។ គឺកាយកម្ម ប្រកបដោយសេចក្ដីបៀតបៀន ១ វចីកម្មប្រកបដោយសេចក្ដីបៀតបៀន ១ មនោកម្ម ប្រកបដោយសេចក្ដីបៀត បៀន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាងនេះឯង ដែលគប្បីដឹងបាន ថាជាជនពាល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ យ៉ាង គួរស្គាល់បាន ថាជាបណ្ឌិត។ ធម៌៣ តើដូចម្ដេច។ គឺ កាយកម្មមិនមានសេចក្ដីបៀតបៀន ១ វចីកម្ម មិនមានសេចក្ដីបៀតបៀន ១ មនោកម្ម មិនមានសេចក្ដីបៀតបៀន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ នេះឯង ដែលគប្បីដឹងបាន ថាជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា បុគ្គលប្រកបដោយធម៌ ៣ ណា ដែលគួរស្គាល់ថាជាជនពាល បុគ្គលបានវៀរបង់ នូវធម៌៣នោះ ហើយប្រកបដាយធម៌៣ណា ដែលគួរស្គាល់បាន ថាជាបណ្ឌិត យើងទាំងឡាយ នឹងសមាទាន ប្រព្រឹត្តនូវធម៌ទាំង៣នោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
(៩. ខតសុត្តំ)
[៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ជាអ្នកមិនឈ្លាសវៃ ជាអសប្បុរសប្រកបដោយធម៌ ៣យ៉ាង រមែងរក្សាខ្លួន ដែលមានទីពឹងជីកគាស់ចោលហើយ មានទីពឹងបំផ្លាញចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្ដីតិះដៀល របស់វិញ្ញូជនទាំងឡាយផង បាននូវបាបច្រើនផង។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺ កាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ជាអ្នកមិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌៣ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលមានទីពឹងជីកគាស់ចោលហើយ មានទីពឹងបំផ្លាញចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្ដីតិះដៀល របស់វិញ្ញូជនទាំងឡាយផង បាននូវបាបច្រើនផង។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតមានប្រាជ្ញាឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌៣យ៉ាង រមែងរក្សាខ្លួន ដែលមានទីពឹងមិនបានជីកគាស់ចោល មានទីពឹងមិនបានបំផ្លាញចោល ជាអ្នកមិនមានទោសផង មិនមានសេចក្ដីតិះដៀល អំពីវិញ្ញូជនទាំងឡាយផង បាននូវបុណ្យច្រើនផង។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតមានប្រាជ្ញាឈ្លាសវៃ ជាសប្បុរស ប្រកបដោយធម៌៣ នេះឯង រមែងរក្សាខ្លួន ដែលមានទីពឹងមិនបានជីកគាស់ចោល មានទីពឹងមិនបានបំផ្លាញចោល ជាអ្នកមិនមានទោសផង មិនមានសេចក្ដីតិះដៀល អំពីវិញ្ញូជនទាំងឡាយផង បាននូវបុណ្យច្រើនផង។
(១០. មលសុត្តំ)
[១០] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលពាល ប្រកបដោយធម៌៣យ៉ាង មិនលះបង់ នូវមន្ទិល ៣ យ៉ាងទេ នឹងធ្លាក់ក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺជាអ្នកទ្រុស្តសីល ទាំងមិនលះបង់មន្ទិល គឺភាវៈទ្រុស្តសីល ១ ជាអ្នកច្រណែន ទាំងមិនលះបង់មន្ទិល គឺសេចក្ដីច្រណែន ១ ជាអ្នកកំណាញ់ ទាំងមិនលះបង់មន្ទិល គឺសេចក្ដីកំណាញ់ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ប្រកបដោយធម៌ ៣ យ៉ាងនេះឯង មិនលះបង់មន្ទិល ៣ យ៉ាងនេះឯង តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតប្រកបដោយធម៌៣យ៉ាង លះបង់នូវមន្ទិល៣យ៉ាង ដូចជាគេនាំយកទៅដំកល់ទុក ក្នុងស្ថានសួគ៌។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺជាអ្នកមានសីល ទាំងលះបង់ នូវមន្ទិល គឺភាវៈទ្រុស្តសីល ១ ជាអ្នកមិនច្រណែន ទាំងលះបង់ នូវមន្ទិល គឺ សេចក្ដីច្រណែន ១ ជាអ្នកមិនមានកំណាញ់ ទាំងលះបង់នូវមន្ទិល គឺសេចក្ដីកំណាញ់ ១។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិត ប្រកបដោយធម៌ ៣ យ៉ាងនេះ លះបង់នូវមន្ទិល ៣ យ៉ាងនេះឯង ដូចជាគេនាំយកទៅដំកល់ទុក ក្នុងស្ថានសួគ៌។
ចប់ ពាលវគ្គ ទី១។
ឧទ្ទាននៃពាលវគ្គនោះគឺ
សំដែងអំពីភ័យ ១ លក្ខណៈ ១ គំនិត ១ ទោស ១ ខុសទំនង ១ អកុសល ១ ប្រកបដោយទោស ១ ប្រកបដោយសេចក្ដីបៀតបៀន ១ មានទីពឹងជីកគាស់ ចោល ១ មន្ទិល ១។
(២. រថការវគ្គោ)
(១. ញាតសុត្តំ)
[១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកេរ្ដិ៍ឈ្មោះ ប្រកបដោយធម៌ ៣យ៉ាងជាអ្នកប្រតិបត្តិ ដើម្បីមិនជាគុណ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីជាទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌៣ យ៉ាង តើដូចម្ដេច។ គឺភិក្ខុបបួលអ្នកផងក្នុងកាយកម្ម ដែលមិនសមគួរ ១ បបួលក្នុងវចីកម្ម ដែលមិនសមគួរ ១ បបួលក្នុងធម៌ទាំងឡាយ7) ដែលមិនសមគួរ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកេរ្ដិ៍ឈ្មោះ ប្រកបដោយធម៌៣ នេះឯង រមែងប្រតិបត្តិ ដើម្បីមិនជាគុណ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីជាទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកេរ្តិ៍ឈ្មោះ ប្រកបដោយធម៌ ៣យ៉ាង ជាអ្នកប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺភិក្ខុបបួលអ្នកផង ក្នុងកាយកម្ម ដែលសមគួរ ១ បបួលក្នុងវចីកម្ម ដែលសមគួរ ១ បបួលក្នុងធម៌ទាំងឡាយ ដែលសមគួរ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកេរ្តិ៍ឈ្មោះ ប្រកបដោយធម៌ ៣យ៉ាងនេះឯង ជាអ្នកប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
(២. សារណីយសុត្តំ)
[១២] ម្នាលភិក្ខុទាំងឡាយ ហេតុទាំងឡាយ ដែលព្រះរាជា ជាក្សត្រិយ៍បានមុទ្ធាភិសេកហើយ នៅតែរលឹកចាំបាន រហូតដល់អស់ព្រះជន្មនេះ មាន៣យ៉ាង។ ហេតុ៣យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក ទ្រង់ព្រះសម្ភព ក្នុងប្រទេសណា នេះជាហេតុ ទី១ ដែលព្រះរាជា ជាក្សត្រិយ៍ បានមុទ្ធាភិសេកហើយ នៅតែរលឹកចាំបាន រហូតដល់អស់ព្រះជន្ម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជា ជាក្សត្រិយ៍ បានមុទ្ធាភិសេក ក្នុងប្រទេសណា នេះជាហេតុ ទី២ ដែលព្រះរាជា ជាក្សត្រិយ៍ បានមុទ្ធាភិសេកហើយ នៅតែរលឹកចាំបាន រហូតដល់អស់ព្រះជន្ម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់ផ្ចាញ់សង្រ្គាម បានឈ្នះសង្រ្គាមហើយ ទ្រង់គ្រប់គ្រងទីសង្រ្គាមនោះឯង ក្នុងប្រទេសណា នេះជាហេតុ ទី៣ ដែលព្រះរាជា ជាក្សត្រិយ៍ បានមុទ្ធាភិសេកហើយ នៅតែរលឹកចាំបានរហូតដល់អស់ព្រះជន្ម។ ម្នាលភិក្ខុទាំងឡាយ ហេតុ៣នេះឯង ដែលព្រះរាជា ជាក្សត្រិយ៍ បានមុទ្ធាភិសេកហើយ នៅតែរលឹកចាំបាន រហូតដល់អស់ព្រះជន្ម។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំងឡាយ ដែលភិក្ខុគួររលឹក រហូតដល់អស់ជីវិត ឲ្យដូចជាព្រះមហាក្សត្រិយ៍នោះ នេះ មាន៣យ៉ាង។ ហេតុ ៣យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកោរសក់ កោរពុកមាត់ ពុកចង្កា ស្លៀកដណ្ដប់សំពត់ កាសាយៈ ចេញចាកផ្ទះ ចូលកាន់ផ្នួស ក្នុងប្រទេសណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី១ ដែលភិក្ខុគួររលឹក រហូតដល់អស់ជីវិត។ ម្នាលភិក្ខុទាំងឡាយមួយទៀត ភិក្ខុដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះធម៌ ជាគ្រឿងរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់សេចក្ដីរលត់ទុក្ខ ក្នុងប្រទេសណា ម្នាលភិក្ខុ ទាំងឡាយ នេះជាហេតុ ទី២ ដែលភិក្ខុគួររលឹក រហូតដល់អស់ជីវិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួនឯង នាបច្ចុប្បន្ន ក្នុងប្រទេសណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុ ទី៣ ដែលភិក្ខុគួររលឹក រហូតដល់អស់ជីវិត។ ម្នាលភិក្ខុទាំងឡាយ ហេតុ៣ យ៉ាងនេះឯង ដែលភិក្ខុគួរតែរលឹកចាំបាន រហូតដល់អស់ជីវិត។
(៣. អាសំសសុត្តំ)
[១៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ ពួកនេះ មានប្រាកដក្នុងលោក។ បុគ្គល ៣ ពួក តើដូចម្ដេច។ គឺបុគ្គលមិនមានសេចក្ដីប្រាថ្នា ១ មានសេចក្ដីប្រាថ្នា ១ ប្រាសចាកសេចក្ដីប្រាថ្នា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានសេចក្ដីប្រាថ្នា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកកើតក្នុងត្រកូលទាប គឺត្រកូលចណ្ឌាល ត្រកូលអ្នកត្បាញផែង ត្រកូលអ្នកនេសាទ ត្រកូលអ្នកធ្វើរថ ត្រកូលអ្នកចោលសម្រាម ឬត្រកូលអ្នកកំសត់ ដែលមានបាយ និងទឹក និងភោជនតិច ប្រព្រឹត្ត ចិញ្ចិមជីវិតលំបាក ជាត្រកូល ដែលរកអាហារសម្រាប់បរិភោគនិងសំពត់សម្រាប់ស្លៀកដណ្ដប់បានដោយលំបាក។ បុគ្គលនោះសោត មានសម្បុរអាក្រក់ អ្នកផងមិនចង់ពិតពិលរមិលមើល ជាមនុស្សតឿ មានជម្ងឺច្រើនខ្វាក់ម្ខាង ក្ងែង ខ្ចក ឬមានអវយវៈម្ខាងពិការ ជាអ្នកមិនបានបាយ ទឹក សំពត់យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក លំនៅ និងគ្រឿងប្រទីប។ បុគ្គលនោះ ឮដំណឹងថា ក្សត្រិយ៍ទ្រង់ព្រះនាមនេះ ពួកក្សត្រិយ៍បានអភិសេកដោយខត្តិយាភិសេកហើយ។ បុគ្គលនោះ រមែងមិនត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ ពួកក្សត្រិយ៍ នឹងអភិសេកអញ ដោយខត្តិយាភិសេកផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមិនមានសេចក្ដីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសេចក្ដីប្រាថ្នា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រះរាជបុត្រច្បង របស់ខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជារាជកុមារ ដែលគេមិនទាន់ អភិសេក ដោយរាជាភិសេកនៅឡើយទេ តែព្រះរាជកុមារ មិនមានញាប់ញ័រ(ចង់បាន)។ ព្រះរាជបុត្រនោះ ឮដំណឹងថា ព្រះខត្តិយរាជព្រះនាមនេះ ពួកក្សត្រិយ៍ បានអភិសេក ដោយខត្តិយាភិសេកហើយ។ ព្រះរាជបុត្រនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ ពួកក្សត្រិយ៍ នឹងអភិសេកអញ ដោយខត្តិយាភិសេកផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសេចក្ដីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលប្រាសចាកសេចក្ដីប្រាថ្នា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ខត្តិយរាជ ក្នុងលោកនេះ បានមុទ្ធាភិសេកហើយ។ ព្រះរាជាអង្គនោះ ឮដំណឹងថា ខត្តិយរាជព្រះនាមនេះ ពួកក្សត្រិយ៍ បានអភិសេក ដោយខត្តិយាភិសេកហើយ។ ព្រះរាជាអង្គនោះ មិនមានព្រះរាជតម្រិះ យ៉ាងនេះថា កាលណាហ្ន៎ ពួកក្សត្រិយ៍ នឹងអភិសេកអញ ដោយខត្តិយាភិសេកផង។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះសេចក្ដីប៉ុនប៉ង ក្នុងរាជាភិសេកណា របស់ព្រះរាជា ដែលមិនទាន់អភិសេក ក្នុងកាលមុននោះ សេចក្ដីប៉ុនប៉ង ក្នុងរាជាភិសេក របស់ព្រះរាជាអង្គនោះៗ បានស្កប់ព្រះរាជហឫទ័យហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលប្រាសចាកសេចក្ដីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះឯង មានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួក មានប្រាកដក្នុងពួកភិក្ខុ ក៏យ៉ាងនោះដែរ។ បុគ្គល៣ពួក តើដូចម្ដេច។ គឺបុគ្គលមិនមានសេចក្ដីប្រាថ្នា ១ មានសេចក្ដីប្រាថ្នា ១ ប្រាសចាកសេចក្ដីប្រាថ្នា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានសេចក្ដីប្រាថ្នា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌អាក្រក់ មានអំពើមិនល្អ មានមារយាទគួរឲ្យអ្នកផងរង្កៀស ជាអ្នកបិទបាំងបាបកម្មទុក មិនមែនជាសមណៈ តែប្ដេជ្ញាខ្លួនថា ជាសមណៈ មិនប្រព្រឹត្តព្រហ្មចារ្យ តែប្ដេជ្ញាខ្លួនថា ជាអ្នកប្រព្រឹត្តព្រហ្មចារ្យ ជាអ្នកស្អុយខាងក្នុង មានចិត្តទទឹកដោយរាគៈ មានជាតិដ៏ជ្រោកជ្រាក។ បុគ្គលនោះ ឮដំណឹងថា ភិក្ខុឈ្មោះនេះ ធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញា ដ៏ឧត្ដមខ្លួនឯង នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន។ បុគ្គលនោះ មិនមានសេចក្ដីត្រិះរិះយ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញ នឹងធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញា ដ៏ឧត្ដមខ្លួនឯង នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ននេះផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមិនមានសេចក្ដីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានប្រាថ្នា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល មានធម៌ល្អ។ ភិក្ខុនោះ ឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញា ដ៏ឧត្តមខ្លួនឯង នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន។ ភិក្ខុនោះ មានសេចក្ដីត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញ នឹងធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញា ដ៏ឧត្ដមខ្លួនឯង នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសេចក្ដីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រាសចាកសេចក្ដីប្រាថ្នា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានះ ជាអរហន្តខីណាស្រព។ ភិក្ខុនោះ ឮដំណឹងថា ភិក្ខុឈ្មោះនេះ បានធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញា ដ៏ឧត្ដមខ្លួងឯង នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន។ ភិក្ខុនោះ មិនមានសេចក្ដីត្រិះរិះ យ៉ាងនេះថា កាលណាហ្ន៎ អាត្មាអញ នឹងធ្វើឲ្យជាក់ច្បាស់ បានដល់ដោយប្រាជ្ញា ដ៏ឧត្ដមខ្លួនឯង នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ក្នុងបច្ចុប្បន្នផង។ ដំណើរនោះ តើព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះសេចក្ដីប៉ុនប៉ងនូវវិមុត្តិណា របស់ភិក្ខុ ដែលមិនទាន់មានវិមុត្តិ ក្នុងកាលមុន សេចក្ដីប៉ុនប៉ង នូវវិមុត្តិ របស់ភិក្ខុនោះ ៗ បានស្កប់ស្កល់ចិត្តហើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលប្រាសចាកសេចក្ដីប្រាថ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៣ នេះឯង មានប្រាកដ ក្នុងពួកភិក្ខុ។
(៤. ចក្កវត្តិសុត្តំ)
[១៤] ម្នាលភិក្ខុទាំងឡាយ ស្ដេចចក្រពត្តិអង្គណា ប្រកបដោយធម៌8) ទ្រង់ធម៌9) ស្ដេចអង្គនោះ ទ្រង់ញុំាងចក្រ ដែលមិនមែនជារបស់ស្ដេច ឲ្យប្រព្រឹត្តទៅ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ មានភិក្ខុ ១រូប ក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ចក្ររបស់ស្ដេចចក្រពត្តិ ប្រកបដោយធម៌ ទ្រង់ធម៌ តើដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលភិក្ខុ ចក្រនោះ ក៏គឺធម៌10) ដូច្នេះ រួចទ្រង់ត្រាស់តទៅទៀតថា មា្នលភិក្ខុ ក្នុងលោកនេះ ស្ដេចចក្រពត្តិ ប្រកបដោយធម៌ ទ្រង់ធម៌ ទ្រង់អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់គ្រប់គ្រង ប្រកបដោយធម៌ ចំពោះជនខាងក្នុង ម្នាលភិក្ខុ មួយទៀត ស្ដេចចក្រពត្តិ ប្រកបដោយធម៌ ទ្រង់ធម៌ ទ្រង់អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រងប្រកបដោយធម៌ ចំពោះពួកក្សត្រិយ៍អ្នកចុះចូល ពួកពល ពួកព្រាហ្មណ៍ គហបតី ពួកអ្នកនិគម អ្នកជនបទ ពួកសមណព្រាហ្មណ៍ និងពួកម្រឹគបក្សី។ ម្នាលភិក្ខុ លុះស្ដេចចក្រពត្តិ ប្រកបដោយធម៌ ទ្រង់ធម៌ អង្គនោះឯង អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សាទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះជនខាងក្នុង ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះពួកក្សត្រិយ៍អ្នកចុះចូល ពួកពល ពួកព្រាហ្មណ៍ គហបតី ពួកអ្នកនិគម ជនបទ ពួកសមណព្រាហ្មណ៍ និងពួកម្រឹគបក្សី ទើបញុំាងចក្រ ឲ្យប្រព្រឹត្តតាមធម៌កើត។ ចក្រនោះ មនុស្សណាមួយ ជាសត្រូវ ធ្វើបដិវត្តដោយដៃពុំបានឡើយ។ ម្នាលភិក្ខុ សេចក្ដីនេះ មានដូចជាព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌11) ទ្រង់ធម៌12) អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះកាយកម្មថា កាយកម្មបែបនេះ គួរសេព កាយកម្មបែបនេះ មិនគួរសេពឡើយ។ ម្នាលភិក្ខុ មួយទៀត ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ ទ្រង់ធម៌ អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះវចីកម្មថា វចីកម្មបែបនេះ គួរសេព វចីកម្មបែបនេះ មិនគួរសេពឡើយ។ ម្នាលភិក្ខុ មួយទៀត ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ប្រកបដោយធម៌ ទ្រង់ធម៌ អាស្រ័យធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រងប្រកបដោយធម៌ ចំពោះមនោកម្មថា មនោកម្មបែបនេះ គួរសេព មនោកម្មបែបនេះ មិនគួរសេពឡើយ។ ម្នាលភិក្ខុ ព្រះតថាគតនោះឯង ជាអរហន្ដ សម្មាសម្ពុទ្ធ ប្រកបដោយធម៌ ទ្រង់ធម៌ អាស្រ័យនូវធម៌តែមួយយ៉ាង ធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌ជាអធិបតី ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះកាយកម្ម ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះវចីកម្ម ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះមនោកម្ម ញុំាងធម្មចក្រ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ តាមធម៌នុ៎ះឯង។ ចក្កនោះ សមណៈ ឬព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬអ្នកណាមួយ ក្នុងលោក ធ្វើបដិវត្តពុំបានឡើយ។
ឬ បចេតនសូត្រ
(៥. សចេតនសុត្តំ)
[១៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ប្រថាប់នៅក្នុងឥសិបតនមិគទាយវន ជិតក្រុងពារាណសី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ បានត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះដ៏មានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានព្រះរាជា ១ព្រះអង្គ ព្រះនាមបចេតនៈ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទបចេតនៈ ទ្រង់ត្រាស់ទៅនឹងជាងរថម្នាក់ថា ម្នាលជាងរថជាសម្លាញ់ អំណឹះទៅ៦ខែ អំពីខែនេះ យើងនឹងមានសង្រ្គាម ម្នាលជាងរថសម្លាញ់ អ្នកអាចធ្វើចក្រ ១ គូយ៉ាងថ្មី ឲ្យយើងបានឬទេ។ ម្នាលភិក្ខុទាំងឡាយ ជាងរថ បានក្រាបបង្គំទូលតបព្រះបាទបចេតនៈថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ អាចធ្វើបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ជាងរថ ធ្វើចក្រឲ្យសម្រេចបានតែម្ខាង ក្នុងវេលា ៦ ខែ ខ្វះ៦ រាត្រី។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះបាទបចេតនៈ ទ្រង់ត្រាស់ប្រាប់ជាងធ្វើរថថា ម្នាលជាងរថសម្លាញ់ កន្លងទៅ ៦ ថ្ងៃ អំពីថ្ងៃនេះ យើងនឹងមានសង្រ្គាម ចក្រ១គូយ៉ាងថ្មី អ្នកធ្វើសម្រេចហើយឬ។ សូមទ្រង់ព្រះមេត្តាប្រោស ធ្វើអស់ ៦ខែ ខ្វះ ៦ រាត្រីនេះឯង ហើយបានតែចក្រម្ខាង។ ម្នាលជាងរថសម្លាញ់ ចុះអ្នកអាចធ្វើចក្រ ទី២ ឲ្យសម្រេច ត្រឹមតែ៦ ថ្ងៃនេះ បានឬទេ។ ម្នាលភិក្ខុទាំងឡាយ ជាងរថបានទទួលតបព្រះឱង្ការព្រះបាទបចេតនៈថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ អាចធ្វើបាន។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ជាងរថធ្វើចក្រ ទី២ ឲ្យសម្រេចត្រឹមតែ ៦ ថ្ងៃ រួចនាំយកចក្រទាំង ១គូយ៉ាងថ្មី (នោះ) ចូលទៅគាល់ព្រះបាទបចេតនៈ លុះចូលទៅដល់ហើយ ទើបក្រាបបង្គំទូលព្រះបាទបចេតនៈ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស នេះហើយចក្រ ១គូយ៉ាងថ្មី របស់ព្រះករុណា ខ្ញុំព្រះអង្គ ធ្វើសម្រេចហើយ។ ព្រះបាទបចេតនៈទ្រង់ត្រាស់សួរថា អើជាងរថសម្លាញ់ ចក្រណា ដែលអ្នកធ្វើឲ្យសម្រេច អស់ ៦ខែ ខ្វះ៦រាត្រីក្ដី ចក្រណា ដែលអ្នកធ្វើឲ្យសម្រេច ត្រឹមតែ ៦ ថ្ងៃក្ដី ចក្រទាំង ២នេះ មានដំណើរផ្សេងគ្នា ដូចម្ដេច យើងមិនទាន់យល់ការណ៍ផ្សេងគ្នា នៃចក្រទាំង២នុ៎ះ ថាដូចម្ដេចឡើយ។ បពិត្រព្រះសម្មតិទេព ការណ៍ផ្សេងគ្នា នៃចក្រទាំង២នុ៎ះមាន សូមទ្រង់ចាំទតការណ៍ផ្សេងគ្នា (នោះ) ចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ជាងរថ បង្វិលចក្រ ដែលធ្វើឲ្យសម្រេច អស់ត្រឹមតែ ៦ថ្ងៃ ឲ្យវិលទៅ។ កាលចក្រនោះវិលទៅ ក៏ទៅកាន់ទីអស់កំណត់ត្រឹមតែមួយវិលប៉ុណ្ណោះ ហើយត្រឡប់ដួលលើផែនដី។ រួចទើបជាងរថបង្វិលចក្រ ដែលធ្វើឲ្យសម្រេច អស់៦ខែ ខ្វះ៦រាត្រី ឲ្យវិលទៅម្ដងទៀត។ កាលចក្រនោះវិលទៅ ក៏ទៅកាន់ទីអស់កំណត់ត្រឹមតែមួយកំឡាំងបង្វិលប៉ុណ្ណោះ ហើយក៏នៅនឹងថ្កល់ ហាក់ដូចជាខ្ទាស់ត្រង់ភ្លៅ។ ព្រះបាទបចេតនៈ ត្រាស់សួរថា ម្នាលជាងរថសម្លាញ់ ចុះហេតុដូចម្ដេច បច្ច័យដូចម្ដេច បានជាចក្រណា ដែលអ្នកធ្វើឲ្យសម្រេច ត្រឹមតែ៦ថ្ងៃ ចក្រនោះ ដែលអ្នកបង្វិលទៅ ក៏ទៅកាន់ទីអស់កំណត់ ត្រឹមតែមួយវិលប៉ុណ្ណោះ ហើយត្រឡប់ដួលចុះ លើផែនដី។ ម្នាលជាងរថសម្លាញ់ ហេតុដូចម្ដេច បច្ច័យដូចម្ដេច បានជាចក្រណា ដែលអ្នកធ្វើឲ្យសម្រេច អស់៦ខែ ខ្វះ៦រាត្រី ចក្រនោះ ដែលអ្នកបង្វិលទៅ ក៏ទៅកាន់ទីអស់កំណត់ ត្រឹមតែមួយវិលប៉ុណ្ណោះ ហើយក៏តាំងនៅនឹងថ្កល់ ហាក់ដូចជាខ្ទាស់ត្រង់ភ្លៅ។ ជាងរថក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ចក្រណា ដែលធ្វើឲ្យសម្រេចត្រឹម ៦ថ្ងៃ ចក្រនោះឯង មានខ្នងកង់វៀច ពករដិបរដុប មានជាប់ស្រាយផង កាំក៏វៀច ពករដិបរដុប មានជាប់ស្រាយផង ដុំវៀច មានពករដិបដុប មានជាប់ស្រាយផង។ ចក្រនោះ ដែលខ្ញុំព្រះអង្គបង្វិល ក៏វិលទៅកាន់ទីអស់កំណត់ ត្រឹមតែមួយកំឡាំងបង្វិលប៉ុណ្ណោះ ហើយត្រឡប់ដួលលើផែនដី ព្រោះមានខ្នងកង់វៀច ពករដិបរដុប មានជាប់ស្រាយផង ព្រោះកាំវៀច ពករដិបរដុប មានជាប់ស្រាយផង ព្រោះដុំវៀច មានពករដិបរដុប ជាប់ស្រាយផង។ បពិត្រព្រះសម្មតិទេព ចំណែកចក្រណា ដែលធ្វើឲ្យសម្រេចអស់ ៦ខែ ខ្វះ៦រាត្រី ចក្រនោះ មានខ្នងកង់មិនវៀច មិនមានពករដិបរដុប មិនមានស្រាយផង មានកាំមិនវៀច មិនមានពករដិបដុប មិនមានស្រាយផង មានដុំមិនវៀច មិនមានពករដិបរដុប មិនមានស្រាយផង។ ចក្រនោះ ដែលខ្ញុំព្រះអង្គបង្វិល ក៏វិលទៅកាន់ទីអស់កំណត់ ត្រឹមតែមួយកំឡាំងបង្វិលប៉ុណ្ណោះ ហើយនៅគាំង ហាក់ដូចជាខ្ទាស់ត្រង់ភ្លៅ ព្រោះមានខ្នងកង់មិនវៀច មិនមានពករដិបដុប មិនមានស្រាយ ព្រោះមានកាំមិនវៀច មិនមានពករដិបរដុប មិនមានស្រាយ ព្រោះមានដុំមិនវៀច មិនមានពករដិបរដុប មិនមានស្រាយផង។ ម្នាលភិក្ខុទាំងឡាយ គំនិតរបស់អ្នកទាំងឡាយ ទំនងជាយល់យ៉ាងនេះថា ជាងរថនោះ ក្នុងសម័យនោះ គឺអ្នកដទៃផ្សេង ដោយពិត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនត្រូវយល់ដំណើរនោះ យ៉ាងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ជាងរថនោះ ក្នុងសម័យនោះ គឺតថាគតហ្នឹងឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ តថាគត ជាអ្នកចេះស្គាល់ពួកឈើវៀច ឈើមានពករដិបរដុប ឈើមានស្រាយ។ ម្នាលភិក្ខុទាំងឡាយ លុះតថាគត បានជាអរហន្ដ សម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ ជាអ្នកយល់ស្គាល់ ក្នុងកាយវៀច កាយមានពក កាយមានស្រាយ ជាអ្នកយល់ស្គាល់ ក្នុងពាក្យវៀច ពាក្យមានពក ពាក្យមានស្រាយ ជាអ្នកយល់ស្គាល់ ក្នុងមនោវៀច មនោមានពក មនោមានស្រាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយមិនបានលះបង់កាយវៀច កាយមានពក កាយមានស្រាយ មិនបានលះបង់ពាក្យវៀច ពាក្យមានពក ពាក្យមានស្រាយ មិនបានលះបង់ចិត្តវៀច ចិត្តមានពក ចិត្តមានស្រាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីទាំងនោះ ឈ្មោះថា រលំចាកធម៌វិន័យនេះ យ៉ាងនេះឯង ដូចជាចក្រ ដែលធ្វើឲ្យសម្រេច ត្រឹម៦ថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ បានលះបង់កាយវៀច កាយមានពក កាយមានស្រាយ បានលះបង់ពាក្យវៀច ពាក្យមានពក ពាក្យមានស្រាយ បានលះបង់ចិត្តវៀច ចិត្តមានពក ចិត្តមានស្រាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីទាំងនោះ ឈ្មោះថា តាំងនៅក្នុងធម៌វិន័យនេះ យ៉ាងនេះឯង ដូចចក្រ ដែលធ្វើអស់ ៦ខែ ខ្វះ៦រាត្រី ទើបស្រេចនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់កាយវៀច កាយមានពក កាយមានស្រាយ នឹងលះបង់ពាក្យវៀច ពាក្យមានពក ពាក្យមានស្រាយ នឹងលះបង់ចិត្តវៀច ចិត្តមានពក ចិត្តមានស្រាយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះឯង។
(៦. អបណ្ណកសុត្តំ)
[១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣យ៉ាង ឈ្មោះថា អ្នកប្រតិបត្តិ នូវសេចក្ដីប្រតិបត្តិមិនខុស ទាំងហេតុ ក៏ឈ្មោះថា លោកបានផ្គង ដើម្បីឲ្យអស់អាសវៈទាំងឡាយ។ ធម៌៣ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ១ ជាអ្នកដឹងប្រមាណ ក្នុងភោជន ១ ជាអ្នកប្រកបរឿយៗ នូវការភ្ញាក់រលឹក ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូប ដោយភ្នែកហើយ តែជាអ្នកមិនបានកួចកាន់នូវនិមិត្ត មិនបានកួចកាន់ នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្គត់ នូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវសេចក្ដីសង្រួម ក្នុងចក្ខុន្រ្ទិយ បានឮសំឡេង ដោយត្រចៀកហើយ។ បេ។ បានធុំក្លិន ដោយច្រមុះហើយ។ បេ។ បានជញ្ជក់ជញ្ជាបរស ដោយអណ្ដាតហើយ។ បេ។ បានពាល់ត្រូវ នូវផោដ្ធព្វៈ ដោយកាយហើយ។ បេ។ បានដឹងច្បាស់ នូវធម្មារម្មណ៍ ដោយចិត្តហើយ តែជាអ្នកមិនបានកួចកាន់ នូវនិមិត្ត មិនបានកួចកាន់ នូវអុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុតែ មិនបានសង្រួម នូវមនិន្រ្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវសេចក្ដីសង្រួមក្នុងមនិន្រ្ទិយ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ភិក្ខុជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានពិចារណា ដោយឧបាយនៃប្រាជ្ញា បរិភោគ នូវអាហារដោយគិតថា មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែងដើម្បីប្រដាប់ មិនមែនដើម្បីស្អិតស្អាងទេ គ្រាន់តែដើម្បីឲ្យតាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិត ឲ្យប្រព្រឹត្តទៅ ដើម្បីកំចាត់បង់ នូវសេចក្ដីលំបាក ដើម្បីអនុគ្រោះព្រហ្មចរិយធម៌ អាត្មាអញ នឹងកំចាត់បង់ នូវវេទនាចាស់ផង មិនឲ្យវេទនាថ្មីកើតឡើងបានផង ការប្រព្រឹត្តិទៅ នៃឥរិយាបថ ៤ ក្ដី ការមិនមានទោសគឺមិនខ្ជិលច្រអូសក្ដី ការនៅជាសុខក្ដី នឹងមានដល់អាត្មាអញ ដោយប្រការដូច្នោះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ភិក្ខុជាអ្នកដឹងប្រមាណ ក្នុងភោជន។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រកបរឿយៗនូវការភ្ញាក់រលឹក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ (ធម៌ជាគ្រឿងរារាំង) ដោយការចង្រ្កម ដោយការអង្គុយ អស់១ថ្ងៃ រមែងធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ ដោយការចង្រ្កម ដោយការអង្គុយ អស់បឋមយាមនៃរាត្រី សម្រេចនូវសីហសេយ្យាសន៍ ផ្អៀងទៅខាងស្ដាំ អស់មជ្ឈិមយាមនៃរាត្រី តម្រួតជើងលើជើង ប្រកបដោយសតិសម្បជញ្ញៈ ធ្វើទុកក្នុងចិត្ត នូវសេចក្ដីសំគាល់ថា នឹងក្រោក ហើយក៏ក្រោក ក្នុងបច្ឆិមយាមនៃរាត្រី ធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ ដោយការចង្រ្កម ដោយការអង្គុយ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ភិក្ខុជាអ្នកប្រកបរឿយៗ នូវការភ្ញាក់រលឹក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣យ៉ាងនេះឯង ឈ្មោះថា អ្នកប្រតិបត្តិ នូវសេចក្ដីប្រតិប័ទមិនខុស ទាំងហេតុ ក៏ឈ្មោះថា លោកបានផ្គង ដើម្បីឲ្យ អស់អាសវៈទាំងឡាយ។
(៧. អត្តព្យាពាធសុត្តំ)
[១៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៣យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បី បៀតបៀនខ្លួនឯងផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គល ទាំង២ផង។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺកាយទុច្ចរិត ១ វចីទុច្ចរិត១ មនោទុច្ចរិត១។ ម្នាលភិក្ខុទាំងឡាយ ធម៌៣នេះឯង តែងប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គល ទាំង២ផង។ ម្នាលភិក្ខុទាំងឡាយ ធម៌៣យ៉ាងនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំង២ផង។ ធម៌៣ តើដូចម្ដេច។ គឺ កាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣នេះឯង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំង ២ផង។
(៨. ទេវលោកសុត្តំ)
[១៨] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម ប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីទៅកើតក្នុងទេវលោកឬ។ ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជកជាអន្យតិរ្ថិយ សួរយ៉ាងនេះ អ្នកទាំងឡាយ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម អាយុទិព្វ សម្បុរទិព្វ សេចក្ដីសុខទិព្វ យសទិព្វ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម ភាពជាអធិបតីជាទិព្វ ដោយប្រការដូច្នេះហើយ។ ម្នាលភិក្ខុទាំងឡាយ បើម្ល៉ោះទៅហើយ អ្នកទាំងឡាយ គប្បីជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម នឹងកាយទុច្ចរិត នឹងវចីទុច្ចរិត… គប្បីជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើមនឹងមនោទុច្ចរិត។
(៩. បឋមបាបណិកសុត្តំ)
[១៩] ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ ៣ ជាអ្នកមិនគួរបានភោគៈ ដែលមិនទាន់បានផង មិនគួរធ្វើភោគៈ ដែលរកបានហើយ ឲ្យចំរើនឡើងផង។ អង្គ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ មិនចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងបុព្វណ្ហសម័យ ១ មិនចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងជម្ឈន្ដិកសម័យ ១ មិនចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ៣នេះឯង រមែងមិនគួរបានភោគៈ ដែលមិនទាន់បានផង មិនគួរធ្វើភោគៈ ដែលរកបានមកហើយ ឲ្យចំរើនឡើងផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង៣ មិនគួរបានកុសលធម៌ ដែលមិនទាន់បានផង មិនគួរធ្វើកុសលធម៌ ដែលកើតហើយ ឲ្យចំរើនឡើងផង ក៏យ៉ាងនោះដែរ។ ធម៌៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនអធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងបុព្វណ្ហសម័យ ១ មិនអធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១មិនអធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង៣នេះឯង មិនគួរបានកុសលធម៌ ដែលមិនទាន់បានផង មិនគួរធ្វើកុសលធម៌ ដែលបានហើយ ឲ្យចំរើនឡើងផង។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ ៣ ទើបគួរបាននូវភោគៈ ដែលមិនទាន់បានមកផង គួរធ្វើភោគៈ ដែលបានមកហើយ ឲ្យចំរើនឡើងផង។ អង្គ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ ចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងបុព្វណ្ហសម័យ ១ ចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១ ចាត់ចែងការងារ ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារ ប្រកបដោយអង្គ ទាំង៣ នេះឯង ទើបគួរបាននូវភោគៈ ដែលមិនទាន់បានផង គួរធ្វើភោគៈ ដែលរកបានមកហើយ ឲ្យចំរើនឡើងផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣យ៉ាងគួរបានកុសលធម៌ ដែលមិនទាន់បានផង គួរធ្វើកុសលធម៌ ដែលបានហើយ ឲ្យចំរើនឡើងផង ក៏យ៉ាងនោះដែរ។ ធម៌ ៣ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ក្នុងបុព្វណ្ហសម័យយ ១ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង៣នេះឯង ទើបគួរបានកុសលធម៌ ដែលមិនទាន់បានផង គួរធ្វើកុសលធម៌ ដែលបានហើយ ឲ្យចំរើនឡើងផង។
(១០. ទុតិយបាបណិកសុត្តំ)
[២០] ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ ៣ មិនយូរប៉ុន្មាន រមែងដល់ នូវការចំរើន បរិបូណ៌ក្នុងភោគៈ។ អង្គ ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ ជាអ្នកមានបញ្ញាចក្ខុ ១ មានព្យាយាម ដ៏ប្រសើរ១ សម្បូណ៌ដោយទីពឹង១។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារ ដែលមានបញ្ញាចក្ខុ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ រមែងស្គាល់ទំនិញថា ទំនិញនេះ អញទិញមកថ្លៃប៉ុណ្ណេះ កាលបើអញលក់ទៅវិញថ្លៃប៉ុណ្ណេះ នឹងបានដំឡៃត្រឹមប៉ុណ្ណេះ នឹងបានចំណេញប៉ុណ្ណេះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អ្នកផ្សារមានបញ្ញាចក្ខុ។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារមានព្យាយាម ដ៏ប្រសើរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ រមែងឆ្លៀវឆ្លាស ក្នុងការទិញទំនិញផង លក់ទំនិញផង។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អ្នកផ្សារមានព្យាយាម ដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកផ្សារ សម្បូណ៌ដោយទីពឹង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ រមែងមានពួកគហបតី ឬគហបតិបុត្រ ដែលស្ដុកស្ដម្ភមានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន ស្គាល់អ្នកផ្សារនោះ យ៉ាងនេះថា អ្នកផ្សារដ៏ចំរើននេះ មានបញ្ញាចក្ខុផង មានព្យាយាម ដ៏ប្រសើរផង ជាអ្នកអង់អាចដើម្បីរក្សាកូនប្រពន្ធផង ដើម្បីផ្ដល់នូវទ្រព្យ ដល់យើងមួយដង មួយកាលបានផង។ គហបតី ឬគហបតីបុត្រទាំងនោះ អញ្ជើញអ្នកផ្សារនោះ ដោយភោគៈទាំងឡាយថា ម្នាលអ្នកផ្សារសម្លាញ់ ចូរអ្នកយកភោគៈអំពីនេះ ទៅចិញ្ចឹមកូនប្រពន្ធចុះ ចូរផ្ដល់នូវទ្រព្យ ដល់យើង មួយដងមួយកាលផងចុះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អ្នកផ្សារសម្បូណ៌ដោយទីពឹង។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ ទាំង៣ នេះឯង មិនយូរប៉ុន្មាន រមែងដល់នូវការចំរើន បរិបូណ៌ក្នុងភោគៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌៣ មិនយូរប៉ុន្មាន គង់ដល់នូវការចំរើន បរិបូណ៌ ក្នុងកុសលធម៌ ក៏យ៉ាងនោះដែរ។ ធម៌៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានបញ្ញាចក្ខុ ១ មានព្យាយាម ដ៏ប្រសើរ ១ សម្បូណ៌ដោយទីពឹង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានបញ្ញាចក្ខុ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងដឹងច្បាស់ តាមពិតថា នេះទុក្ខ…. ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថាភិក្ខុមានបញ្ញាចក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានព្យាយាម ដ៏ប្រសើរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកតាំងផ្ដើមសេចក្ដីព្យាយាម ដើម្បីលះបង់អកុសលធម៌ ធ្វើកុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្ដីប្រឹងប្រែង ដ៏មុតមាំ មិនបោះបង់ព្យាយាម ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា ភិក្ខុមានព្យាយាមដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកសម្បូណ៌ដោយទីពឹង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងបានពួកភិក្ខុ ដែលមានសេចក្ដីចេះដឹងច្រើន ចេះចាំស្ទាត់ ក្នុងនិកាយ ជាអ្នកទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ភិក្ខុនោះក៏ចូលទៅដណ្ដឹង សាកសួរពួកភិក្ខុទាំងនោះ មួយដងមួយកាលថា បពិត្រព្រះករុណាដ៏ចំរើន កិច្ចនេះតើដូចម្ដេច ប្រយោជន៍នៃកិច្ចនេះ តើដូចម្ដេច។ ចំណែកលោកដ៏មានអាយុទាំងនោះ ក៏បើកនូវសេចក្ដី ដ៏កំបាំងផង ធ្វើឲ្យរាក់ នូវសេចក្ដីដែលជ្រៅផង បន្ទោបង់ នូវសេចក្ដីសង្ស័យ ក្នុងធម៌ ដែលគួរសង្ស័យ ដ៏ច្រើនប្រការផង ដល់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា ភិក្ខុសម្បូណ៌ដោយទីពឹង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង៣នេះឯងហើយ មិនយូរប៉ុន្មាន គង់ដល់នូវសេចក្ដីចំរើន បរិបូណ៌ ក្នុងកុសលធម៌ ទាំងឡាយ។
ចប់ រថការវគ្គ ទី២។
ឧទ្ទាននៃរថការវគ្គនោះគឺ
សំដែងអំពីភិក្ខុមានកេរ្ដិ៍ឈ្មោះ ១ ហេតុដែលស្ដេចគប្បីរលឹក ១ ភិក្ខុ ១ ស្ដេចចក្រពត្តិ ១ ព្រះបាទបចេតនៈ ១ ភិក្ខុប្រតិបត្តិអបណ្ណកប្បដិបទា ១ អន្យតិរិ្ថយថា ព្រះសម្ពុទ្ធប្រព្រឹត្ត ដើម្បីកើតក្នុងទេវលោក ១ អ្នកផ្សារ ប្រកបដោយធម៌ ៣ មាន២លើក។
(៣. បុគ្គលវគ្គោ)
(១. សមិទ្ធសុត្តំ)
[២១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះសវិដ្ឋៈដ៏មានអាយុ និងព្រះមហាកោដិ្ឋតៈ ដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសេវិដ្ឋៈដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួររួចហើយ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោ សវិដ្ឋៈ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៣ពួក តើដូចម្ដេច។ គឺកាយសក្ខិ (មានកាយជាបន្ទាល់) ១ ទិដ្ឋិប្បត្ត (ដល់ដោយទិដ្ឋិ គឺបញ្ញា) ១ សទ្ធាវិមុត្ត (រួចចាកកិលេសដោយសទ្ធា) ១។ ម្នាលអាវុសោ បុគ្គល៣ ពួកនេះឯង រមែងមាននៅក្នុងលោក។ ម្នាលអាវុសោ បណ្ដាបុគ្គល ទាំង៣ ពួកនេះ បុគ្គលដូចម្ដេច ដែលល្អជាងនិងឧត្ដមជាង ដែលគាប់ចិត្តលោក។ ម្នាលអាវុសោសារីបុត្ត បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ គឺកាយសក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាលអាវុសោ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាលអាវុសោ បណ្ដាបុគ្គល៣ពួកនេះ បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង រមែងគាប់ចិត្តខ្ញុំ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោ ដ្បិតថា សទ្ធិន្រ្ទិយរបស់បុគ្គលនេះ មានប្រមាណច្រើនក្រៃពេក។ លំដាប់នោះឯង ព្រះសារីបុត្តដ៏មានអាយុ បានពោលនឹងព្រះមហាកោដ្ឋិតៈដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ កោដ្ឋិតៈ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ គឺកាយសក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាលអាវុសោ បុគ្គល៣ ពួកនេះឯង រមែងមាននៅក្នុងលោក។ ម្នាលអាវុសោ បណ្ដាបុគ្គល៣ពួកនេះ បុគ្គលដូចម្ដេច ដែលល្អជាងគេ និងឧត្ដមជាងគេ ដែលគាប់ចិត្តលោក។ ម្នាលអាវុសោ សារីបុត្ត បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ គឺកាយសក្ខិ ១ ទដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាលអាវុសោ បុគ្គល ៣ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាលអាវុសោ បណ្ដាបុគ្គល៣ ពួកនេះ បុគ្គលណា ជាកាយសក្ខិ បុគ្គលទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង រមែងគាប់ចិត្តខ្ញុំ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោ ដ្បិតថា សមាធិន្រ្ទិយរបស់បុគ្គលនេះ មានប្រមាណច្រើនក្រៃពេក។ លំដាប់នោះ ព្រះមហាកោដ្ឋិតៈដ៏មានអាយុ បានពោលនឹងព្រះសារីបុត្តដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ សារីបុត្ត បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៣ពួក តើដូចម្ដេច។ គឺកាយសក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាលអាវុសោ បុគ្គល៣ពួកនេះ រមែងងមាននៅក្នុងលោក។ ម្នាលអាវុសោ បណ្ដាបុគ្គលទាំង ៣ ពួកនេះ បុគ្គលដូចម្ដេច ដែលល្អជាងគេ និងឧត្ដមជាងគេ ដែលគាប់ចិត្តលោក។ ម្នាលអាវុសោ កោដ្ឋិតៈ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ គឺកាយសក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាលអាវុសោ បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាលអាវុសោ បណ្ដាលបុគ្គល៣ពួកនេះ បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គលទាំង៣ ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង រមែងគាប់ចិត្តខ្ញុំ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសា ដ្បិតថា បញ្ញិន្រ្ទិយរបស់បុគ្គលនេះ មានប្រមាណច្រើនក្រៃពេក។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ បានពោលនឹងព្រះសវិដ្ឋៈដ៏មានអាយុផង និងព្រះមហាកោដ្ឋិតៈដ៏មានអាយុផង ដូច្នេះថា ម្នាលអាវុសោ បដិភាណ (ប្រាជ្ញាវាងវៃ) ដែលយើងទាំងអស់គ្នា ព្យាករទៅតាមអធ្យាស្រ័យរបស់ខ្លួន ម្នាលអាវុសោ មក ពួកយើងនឹងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសួរសេចក្ដីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងទ្រង់ព្យាករ ដល់យើងយ៉ាងណា យើងនឹងចាំសេចក្ដីនោះ ទុកយ៉ាងនោះ។ ព្រះសវិដ្ឋៈដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ ទទួលស្ដាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា ករុណា អាវុសោ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ព្រះសវិដ្ឋៈដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលពាក្យ ដែលចរចា ជាមួយនឹងព្រះសវិដ្ឋៈដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ តាំងពីដើមទាំងអស់នោះ ចំពោះព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គលមិនងាយនឹងព្យាករ ដោយដាច់ខាតថា បណ្ដាបុគ្គល ទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង ដូច្នេះទេ។ ម្នាលសារីបុត្ត ហេតុនុ៎ះ រមែងមានដោយពិតថា បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលនោះ ប្រតិបត្តិ ដើម្បីអរហត្តមគ្គ បុគ្គលណា ជាកាយសក្ខិ បុគ្គលនោះ ជាសកទាគាមី ឬជា អនាគាមី មួយទៀត បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គលនោះ ជាសកទាគាមី ឬជាអនាគាមី ក៏មាន។ ម្នាលសារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គលមិនងាយព្យាករ ដោយដាច់ខាតថា បណ្ដាបុគ្គល ទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្តមជាង ដូច្នេះទេ។ ម្នាលសារីបុត្ត ហេតុនុ៎ះ រមែងមានដោយពិតថា បុគ្គលណា ជាកាយសក្ខិ បុគ្គលនោះ ប្រតិបត្តិដើម្បីអរហត្តមគ្គ បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលនោះ ជាសកទាគាមី ឬជាអនាគាមី មួយទៀត បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គលនោះ ជាសកទាគាមី ឬជាអនាគាមី ក៏មាន។ ម្នាលសារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គលមិនងាយនឹងព្យាករ ដោយដាច់ខាតថា បណ្ដាបុគ្គល ទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង ដូច្នេះទេ។ ម្នាលសារីបុត្ត ហេតុនុ៎ះ រមែងមានដោយពិតថា បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គលនោះ ប្រតិបត្តិ ដើម្បីអរហត្តមគ្គ បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលនោះ ជាសកទាគាមី ឬអនាគាមី មួយវិញទៀត បុគ្គលណា ជាកាយសក្ខិ បុគ្គលនោះ ជាសកទាគាមី ឬអនាគាមី ក៏មាន។ ម្នាលសារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គលមិនងាយនឹងព្យាករ ដោយដាច់ខាតថា បណ្ដាបុគ្គល ទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមឯង ដូច្នេះទេ។
(២. គិលានសុត្តំ)
[២២] ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺ ៣ពួកនេះ រមែងមាននៅក្នុងលោក។ អ្នកជម្ងឺ ៣ពួក ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺពួកខ្លះ ក្នុងលោកនេះ បានភោជនជាទីសប្បាយក្ដី មិនបានភោជនជាទីសប្បាយក្ដី បានភេសជ្ជៈជាទីសប្បាយក្ដី មិនបានភេសជ្ជៈជាទីសប្បាយក្ដី បានឧបដ្ឋាក ដ៏សមគួរក្ដី មិនបានឧបដ្ឋាក ដ៏សមគួរក្ដី ក៏នៅតែមិនសះស្បើយ ចាកជម្ងឺនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ា់ងទៀត អ្នកជម្ងឺពួកខ្លះ ក្នុងលោកនេះ បានភោជនជាទីសប្បាយក្ដី មិនបានភោជនជាទីសប្បាយក្ដី បានភេសជ្ជៈជាទីសប្បាយក្ដី មិនបានភេសជ្ជៈជាទីសប្បាយក្ដី បានឧបដ្ឋាកដ៏សមគួរក្ដី មិនបានឧបដ្ឋាកដ៏សមគួរក្តី ក៏រមែងសះស្បើយ ចាកជម្ងឺនោះបាន។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អ្នកជម្ងឺពួកខ្លះក្នុងលោកនេះ បានភោជនជាទីសប្បាយ មិនមែនជាមិនបានភោជនជាទីសប្បាយទេ បានភេសជ្ជៈជាទីសប្បាយ មិនមែនជាមិនបានភេសជ្ជៈជាទីសប្បាយទេ បានឧបដ្ឋាកដ៏សមគួរ មិនមែនជាមិនបានឧបដ្ឋាកដ៏សមគួរទេ ទើបសះស្បើយ ចាកជម្ងឺនោះបាន។ ម្នាលភិក្ខុទាំងឡាយ បណ្ដាអ្នកជម្ងឺ ទាំង ៣ ពួកនោះ អ្នកជម្ងឺណា បានភោជនជាទីសប្បាយ មិនមែនជាមិនបានភោជនជាទីសប្បាយទេ បានភេសជ្ជៈជាទីសប្បាយ មិនមែនជាមិនបានភេសជ្ជៈជាទីសប្បាយទេ បានឧបដ្ឋាក ដ៏សមគួរ មិនមែនជាមិនបានឧបដ្ឋាក ដ៏សមគួរទេ ទើបសះស្បើយ ចាកជម្ងឺនោះបាន ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតគិលានភត្ត (អាហារសម្រាប់អ្នកជម្ងឺ) អនុញ្ញាតគិលានភេសជ្ជៈ (ថ្នាំរក្សាជម្ងឺ) អនុញ្ញាតគិលានុបដ្ឋាក (អ្នកថែជម្ងឺ) ព្រោះអាស្រ័យអ្នកជម្ងឺនេះឯង ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ព្រោះអាស្រ័យអ្នកជម្ងឺនេះ សូម្បីអ្នកជម្ងឺទាំងឡាយឯទៀតៗ ភិក្ខុគួរថែរក្សាដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺ៣ ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ យ៉ាងហ្នឹងដែរ បុគ្គល៣ពួកនេះ ប្រៀបដូចអ្នកជម្ងឺ រមែងមាននៅក្នុងលោក។ បុគ្គល ៣ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានឃើញព្រះតថាគតក្ដី មិនបានឃើញព្រះតថាគតក្ដី បានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយក្ដី មិនបានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយក្ដី រមែងចុះស៊ប់ កាន់សេចក្ដីនិយម ដ៏គាប់ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ បានឃើញព្រះតថាគតក្ដី មិនបានឃើញព្រះតថាគតក្ដី បានស្ដាប់ធម៌វិន័យ ដែលព្រះតថាគតសំដែងហើយក្ដី មិនបានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយក្ដី រមែងចុះស៊ប់ កាន់សេចក្ដីនិយម ដ៏គាប់ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ បានឃើញព្រះតថាគត មិនមែនជាមិនបានឃើញទេ បានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយ មិនមែនជាមិនបានស្ដាប់ទេ រមែងចុះស៊ប់ កាន់សេចក្ដីនិយម ដ៏គាប់ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបុគ្គល ទាំង៣ពួកនោះ បុគ្គលណា បានឃើញព្រះតថាគត មិនមែនជាមិនបានឃើញទេ បានស្ដាប់ធម៌វិន័យ ដែលព្រះតថាគត សំដែងហើយ មិនមែនជាមិនបានស្ដាប់ទេ រមែងចុះស៊ប់ កាន់សេចក្ដីនិយម ដ៏គាប់ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនា ដែលព្រះតថាគត អនុញ្ញាតហើយ ព្រោះអាស្រ័យបុគ្គលនេះ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ធម៌ដែលព្រះតថាគត គប្បីសំដែង ដល់ភិក្ខុទាំងឡាយ ឯទៀតសោត ក៏ព្រោះអាស្រ័យបុគ្គលនេះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង៣ ពួកនេះ មានសេចក្ដីប្រៀបដូចអ្នកជម្ងឺ រមែងមាននៅក្នុងលោក។
(៣. សង្ខារសុត្តំ)
[២៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខ។ បុគ្គលនោះ លុះប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខហើយ រមែងចូលទៅកាន់លោក ប្រកបដោយទុក្ខ ផស្សៈ ដែលប្រកបដោយទុក្ខទាំងឡាយ រមែងពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខនោះ។ បុគ្គលនោះ កាលដែលផស្សៈ ប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងទទួលវេទនា ប្រកបដោយទុក្ខ មានទុក្ខតែម្យ៉ាង ដូចពួកសត្វ ដែលកើតក្នុងនរក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រមូលមក នូវកាយសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ មិនប្រកបដោយទុក្ខ។ បុគ្គលនោះ លុះប្រមូលមក នូវកាយសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ មិនប្រកបដោយទុក្ខហើយ រមែងចូលទៅកាន់លោក ដែលមិនប្រកបដោយទុក្ខ។ ផស្សៈទាំងឡាយ ដែលមិនប្រកបដោយទុក្ខ ពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក មិនប្រកបដោយទុក្ខនោះ។ បុគ្គលនោះ កាលដែលផស្សៈ មិនប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងទទួលវេទនា មិនប្រកបដោយទុក្ខ មានសុខតែម្យ៉ាង ដូចទេវតាជាន់សុភកិណ្ហៈ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ។ បុគ្គលនោះ លុះប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះហើយ រមែងចូលទៅកាន់លោក ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ។ ផស្សៈទាំងឡាយ ដែលប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ រមែងពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះនោះ។ បុគ្គលនោះ កាលដែលផស្សៈ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ពាល់ត្រូវហើយ រមែងទទួលវេទនា ប្រកបដោយទុក្ខខ្លះ ឥមានទុក្ខខ្លះ មានសុខ និងទុក្ខ ច្រឡូកច្រឡំគ្នា ដូចមនុស្សនិងទេវតាពួកខ្លះ វិនិបាតពួកខ្លះ។13) ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។
(៤. ពហុការសុត្តំ)
[២៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) មាន៣ពួកនេះ មានឧបការៈច្រើន ដល់បុគ្គល (ជាសិស្ស)។ បុគ្គល៣ ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដល់នូវព្រះពុទ្ធ ជាទីពឹង ដល់នូវព្រះធម៌ ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង ព្រោះអាស្រ័យបុគ្គលណា ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឈ្មោះថា មានឧបការៈច្រើន ដល់បុគ្គលនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលដឹងច្បាស់ តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទីកើតឡើងនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសេចក្ដីរលត់ទៅនៃទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ព្រោះអាស្រ័យបុគ្គលណា ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះហៅថា មានឧបការៈច្រើន ដល់បុគ្គលនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយដោយប្រាជ្ញា ដ៏ឧត្ដមដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្តនៅ ព្រោះអាស្រ័យបុគ្គលណា ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឈ្មោះថា មានឧបការៈច្រើន ដល់បុគ្គលនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ ឈ្មោះថា មានឧបការៈច្រើន ដល់បុគ្គល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតពោលថា បុគ្គលឯទៀត មានឧបការៈច្រើន ដល់បុគ្គលនេះ លើសជាងបុគ្គលទាំង៣ ពួកនេះទៅទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត តថាគតពោលថា បុគ្គលនេះ មិនងាយនឹងតបគុណ ដល់បុគ្គល ទាំង៣ ពួកនេះ ដោយការថ្វាយបង្គំ ការក្រោកទទួល ការធ្វើអញ្ជលិកម្ម សមីចិកម្ម និងការប្រគេនចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺបានទេ។
(៥. វជិរូបមសុត្តំ)
[២៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៣ ពួក តើដូចម្ដេច។ គឺបុគ្គលមានចិត្តប្រៀបដូចដំបៅចាស់ ១ បុគ្គលមានចិត្តប្រៀបដូចផ្លេកបន្ទោរ ១ បុគ្គលមានចិត្តប្រៀបដូចពេជ្រ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល មានចិត្តប្រៀបដូចដំបៅចាស់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធច្រើន ដោយសេចក្ដីតានតឹង សូម្បីគេពោលតែបន្តិចបន្ដួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យកើតប្រាកដឡើង។ ម្នាលភិក្ខុទាំងឡាយ ដូចជាដំបៅចាស់ ដែលត្រូវប៉ះទង្គិច ដោយកំណាត់ឈើ ឬអំបែង រមែងក្លាយឡើង លើសប្រមាណ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីគេពោលតែបន្ដិចបន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យកើតប្រាកដឡើង ក៏មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានចិត្តប្រៀបដូចដំបៅចាស់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានចិត្តប្រៀបដូចផ្លេកបន្ទោរ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុ ជាទីកើតឡើង នៃទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសេចក្ដីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសមានចក្ខុ គប្បីឃើញនូវរូបទាំងឡាយ ក្នុងខណៈដែលមានផ្លេកបន្ទោរភ្លែតៗ ក្នុងវេលាយប់ងងឹតសូន្យឈឹង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ… ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានចិត្តប្រៀបដូចផ្លេកបន្ទោរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានចិត្តប្រៀបដូចពេជ្រ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ ដូចជាវត្ថុអ្វីមួយ គឺកែវមណី ឬថ្ម ជាវត្ថុដែលពេជ្របំបែកចេញមិនបាននោះ មិនមានឡើយ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ព្រោះអស់អាសវៈទាំងឡាយ សម្រេចសម្រាន្តនៅ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានចិត្តប្រៀបដូចពេជ្រ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។
(៦. សេវិតព្វសុត្តំ)
[២៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរធ្វើសក្ការៈ ធ្វើសេចក្ដីគោរព ហើយទើបសេពគប់ ចូលទៅអង្គុយជិត ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ដែលគេមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសាបសូន្យ ចាកសីល សមាធិ បញ្ញា ម្នាលភិក្ខុទាំងឡាយ បុគ្គល មានសភាពយ៉ាងនេះ គេមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត លើកលែងតែមានសេចក្ដីអាណិត ឬលើកលែងតែមានសេចក្ដីអនុគ្រោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកស្មើគ្នា ដោយសីល សមាធិ បញ្ញា ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះគេគិតថា សីលកថា របស់ពួកសប្បុរសអ្នកមានសីលស្មើគ្នា នឹងមានដល់ពួកយើងផង សីលកថានោះ នឹងមានសេចក្ដីចំរើន ដល់ពួកយើងផង សីលកថានោះ នឹងនាំឲ្យបានសុខដល់ពួកយើងផង សមាធិកថា របស់ពួកសប្បុរស អ្នកមានសមាធិស្មើគ្នា នឹងមានដល់ពួកយើងផង សមាធិកថានោះ នឹងមានសេចក្ដីចំរើន ដល់ពួកយើងផង សមាធិកថានោះ នឹងនាំឲ្យបានសេចក្ដីសុខ ដល់ពួកយើងផង បញ្ញាកថា របស់ពួកសប្បុរស អ្នកមានបញ្ញាស្មើគ្នា នឹងមានដល់ពួកយើងផង បញ្ញាកថានោះ នឹងមានសេចក្ដីចំរើន ដល់ពួកយើងផង បញ្ញាកថានោះ នឹងនាំឲ្យបានសេចក្ដីសុខដល់ពួកយើងផង។ ហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលគេគួរធ្វើសក្ការៈ ធ្វើសេចក្ដីគោរព ហើយទើបសេពគប់ ចូលទៅអង្គុយជិត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកលើសដោយសីល សមាធិ បញ្ញា ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ដែលគួរធ្វើសក្ការៈ ធ្វើសេចក្ដីគោរព ហើយទើបសេពគប់ ចូលទៅអង្គុយជិត។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះគេគិតថា អាត្មាអញ នឹងបំពេញសីលក្ខន្ធ ដែលមិនទាន់បរិបូណ៌ ឲ្យបរិបូណ៌ឡើងផង នឹងអនុគ្រោះសីលក្ខន្ធ ដែលបរិបូណ៌ហើយ ក្នុងទីនោះៗ ដោយបញ្ញាផង នឹងបំពេញសមាធិក្ខន្ធ ដែលមិនទាន់បរិបូណ៌ ឲ្យបរិបូណ៌ឡើងផង នឹងអនុគ្រោះសមាធិក្ខន្ធ ដែលបរិបូណ៌ហើយ ក្នុងទីនោះៗ ដោយបញ្ញាផង នឹងបំពេញបញ្ញាខន្ធ ដែលមិនទាន់បរិបូណ៌ ឲ្យបរិបូណ៌ឡើងផងនឹងអនុគ្រោះបញ្ញាខន្ធ ដែលបរិបូណ៌ហើយ ក្នុងទីនោះៗ ដោយបញ្ញាផង។ ហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ដែលគេគួរធ្វើសក្ការៈ ធ្វើសេចក្ដីគោរព ហើយទើបសេពគប់ ចូលទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុរសអ្នកសេពគប់បុគ្គលថោកទាប រមែងសាបសូន្យ បើសេពគប់បុគ្គលស្មើគ្នា មិនគប្បីសាបសូន្យ ក្នុងកាលណាឡើយ បើបុរសចូលទៅគប់រកបុគ្គល ដែលប្រសើរ (ជាងខ្លួន) រមែងចំរើនឆាប់ ព្រោះហេតុនោះ បុរស គួរគប់នឹងបុគ្គល ដែលប្រសើរលើសខ្លួន (ទើបប្រសើរ)។
(៧. ជិគុច្ឆិតព្វសុត្តំ)
[២៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរព្រងើយកន្តើយ មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មិនស្អាត មានកិរិយាមារយាទ ប្រកបដោយសេចក្ដីរង្កៀស មានការងារលាក់លៀមទុក មិនមែនជាសមណៈ ប្ដេជ្ញាថាជាសមណៈ មិនមែនជាព្រហ្មចារី ប្ដេជ្ញាថាជាព្រហ្មចារី ស្អុយខាងក្នុង មានចិត្តជោគជាំដោយរាគៈ មានចិត្តជ្រោកជ្រាក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គលដែលគេគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលមិនលុះទៅតាមដំណើរទិដ្ឋិ របស់បុគ្គលមានសភាពយ៉ាងនេះ ក៏ពិតមែនហើយ ប៉ុន្តែថា បុគ្គលនោះ គង់មានកិត្តិសព្ទដ៏លាមក ល្បីឡើងថា បុរសបុគ្គលមានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានគូកនអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ដូចជាពស់លូនទៅក្នុងលាមក ទុកជាមិនចិក ក៏ពិតមែន ប៉ុន្តែថា លាមក គង់ប្រឡាក់ពស់នោះមិនខាន យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលុះទៅតាមដំណើរទិដ្ឋិ របស់បុគ្គលមានសភាពយ៉ាងនេះ ក៏ពិតមែន ប៉ុន្តែថា បុគ្គលនោះ មានកិត្តិសព្ទ ដ៏លាមក ល្បីឡើងថា បុរសបុគ្គល មានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានគូកនអាក្រក់ ក៏យ៉ាងនោះដែរ។ ព្រោះហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គលដែលគេគួរខ្ពើម មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលគេគួរព្រងើយកន្តើយ មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីគេនិយាយតែបន្តិចបន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យប្រាកដឡើង។ ម្នាលភិក្ខុទាំងឡាយ ដូចជាដំបៅចាស់ ដែលត្រូវប៉ះទង្គិច ដោយកំណាត់ឈើ ឬអំបែង រមែងក្លាយឡើង លើសប្រមាណយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីគេនិយាយតែបន្តិចបន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យប្រាកដឡើង យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ដូចជាអង្កត់ភ្លើងឧសដង្កោ ដែលគេកៀស ដោយកំណាត់ឈើ ឬអំបែង រមែងធ្វើសំឡេង ឮចិចិដៈ14) ធ្វើសំឡេង ឮចិដិចិដៈ ដោយក្រៃលែង លើសប្រមាណយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីគេនិយាយបន្តិចបន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដី មិនសប្បាយចិត្ត ឲ្យប្រាកដឡើង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជារណ្ដៅលាមក ដែលបុគ្គលឆ្កឹស ដោយកំណាត់ឈើ ឬអំបែង រមែងមានក្លិនស្អុយដោយក្រៃលែង លើសប្រមាណ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកក្រោធ ច្រើនដោយសេចក្ដីតានតឹង សូម្បីតែគេនិយាយបន្តិចបន្តួច ក៏ជាប់ចិត្តក្រោធ ព្យាបាទ ប្រកាន់រឹងត្អឹង ធ្វើសេចក្ដីក្រោធ ទោសៈ និងសេចក្ដីមិនសប្បាយចិត្ត ឲ្យប្រាកដឡើង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គលដែលគេគួរព្រងើយកន្តើយ មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះគេគិតថា ជន (នេះ) គប្បីជេរអាត្មាអញខ្លះ ផ្ដាសាអាត្មាអញខ្លះ ធ្វើអាត្មាអញ ឲ្យខូចប្រយោជន៍ខ្លះ។ ព្រោះហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គល ដែលគេគួរព្រងើយកន្តើយ មិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសីល មានកល្យាណធម៌។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះឈ្មោះថា ជាបុគ្គលគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលុះទៅតាមដំណើរទិដ្ឋិ របស់បុគ្គលមានសភាពយ៉ាងនេះ ក៏ពិតមែន ប៉ុន្តែបុគ្គលនោះ គង់មានកិត្តិសព្ទ ដ៏ពីរោះ ល្បីឡើងថា បុរសបុគ្គល មានមិត្តល្អ មានសំឡាញ់ល្អ មានគូកនល្អ។ ព្រោះហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ឈ្មោះថា ជាបុគ្គលគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុរសអ្នកសេពគប់បុគ្គលថោកទាប រមែងសាបសូន្យ បើសេពគប់បុគ្គលស្មើគ្នា មិនគប្បីសាបសូន្យ ក្នុងកាលណាឡើយ បុរសចូលទៅគប់រកបុគ្គលប្រសើរ (ជាងខ្លួន) រមែងចំរើនឆាប់ ព្រោះហេតុនោះ បុរសគួរគប់រកនឹងបុគ្គលដ៏ប្រសើរលើសខ្លួន (ទើបប្រសើរ)។
(៨. គូថភាណីសុត្តំ)
[២៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ គឺបុគ្គលមានសំដីស្អុយ ដូចលាមក ១ បុគ្គលមានសំដីក្រអូបដូចផ្កា ១ បុគ្គលមានសំដីផ្អែម ដូចទឹកឃ្មុំ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសំដីស្អុយ ដូចលាមក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់សភា (ទីប្រជុំ) ក្ដី ទៅក្នុងបរិសទ្យក្ដី ទៅក្នុងកណ្ដាលញាតិក្ដី ទៅក្នុងកណ្ដាលពួកសេនាក្ដី ទៅក្នុងកណ្ដាលរាជត្រកូលក្ដី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា ម្នាលបុរសដ៏ចំរើន អ្នកចូលមកនេះ អ្នកដឹងហេតុណា ចូរនិយាយហេតុនោះ។ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំដឹងក្ដី កាលដឹង និយាយថា ខ្ញុំមិនដឹងក្ដី កាលមិនឃើញ និយាយថា ខ្ញុំឃើញក្ដី កាលឃើញ និយាយថា ខ្ញុំមិនឃើញក្ដី ជាអ្នកពោលពាក្យកុហក ដោយដឹងខ្លួន ព្រោះហេតុតែខ្លួនក្ដី ព្រោះហេតុអ្នកដទៃក្ដី ព្រោះហេតុសំណូកបន្តិចបន្តួចក្ដី ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសំដីស្អុយ ដូចលាមក។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសំដីក្រអូបដូចផ្កា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់សភា (ទីប្រជុំ) ក្ដី ទៅក្នុងបរិសទ្យក្ដី ទៅក្នុងកណ្ដាលញាតិក្ដី ទៅក្នុងកណ្ដាលពួកសេនាក្ដី ទៅក្នុងកណ្ដាលរាជត្រកូលក្ដី ដែលគេនាំទៅធ្វើជាសាក្សី ហើយសួរថា ម្នាលបុរសដ៏ចំរើន អ្នកចូរមកនេះ អ្នកដឹងហេតុណា ចូរនិយាយហេតុនោះ។ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំមិនដឹងក្ដី កាលដឹងនិយាយថា ខ្ញុំដឹងក្ដី កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញក្ដី កាលឃើញនិយាយថា ខ្ញុំឃើញក្ដី ជាអ្នកមិនពោលពាក្យកុហក ដោយដឹងខ្លួន ព្រោះតែខ្លួនក្ដី ព្រោះហេតុអ្នកដទៃក្ដី ព្រោះហេតុតែសំណូកបន្តិចបន្តួចក្ដី ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសំដីក្រអូបដូចផ្កា។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានសំដីផ្អែម ដូចទឹកឃ្មុំ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់វាចាអាក្រក់ វៀរចាកវាចាអាក្រក់ សំដីណា ជាសំដីឥតទោស ជាសុខដល់ត្រចៀក គួរជាទីស្រឡាញ់ ជ្រាបចូលទៅក្នុងដួងចិត្ត ជាសំដីអ្នកក្រុង ដែលជាទីពេញចិត្ត នៃជនច្រើន ជាទីគាប់ចិត្ត នៃជនច្រើន ជាអ្នកពោលនូវសំដី មានសភាពដូច្នោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានសំដីផ្អែម ដូចទឹកឃ្មុំ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។
(៩. អន្ធសុត្តំ)
[២៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ គឺបុគ្គលខ្វាក់ ១ បុគ្គលមានភ្នែកម្ខាង ១ បុគ្គលមានភ្នែកទាំងពីរខាង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្វាក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ គប្បីបាននូវភោគៈ ដែលខ្លួនមិនធ្លាប់បានក្ដី គប្បីធ្វើនូវភោគៈ ដែលខ្លួនបានហើយ ឲ្យចំរើនឡើងក្ដី ដោយចក្ខុមានសភាពយ៉ាងណា ចក្ខុមានសភាពយ៉ាងនោះ មិនមានឡើយ មួយទៀត បុគ្គលគប្បីដឹង នូវពួកធម៌ ជាកុសល និងអកុសល ដឹងពួកធម៌ ដែលមានទោស និងឥតទោស ដឹងពួកធម៌ថោកទាប និងឧត្ដម ដឹងពួកធម៌ ដែលមានចំណែកជាទំនាស់គ្នាដោយអំណាចធម៌ខ្មៅ និងធម៌ស ដោយចក្ខុមានសភាពយ៉ាងណា សូម្បីចក្ខុមានសភាពយ៉ាងនោះ ក៏មិនមាន ដល់បុគ្គលនោះដែរ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលខ្វាក់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានភ្នែកម្ខាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ គប្បីបានភោគៈ ដែលខ្លួនមិនធ្លាប់បានក្ដីគប្បីធ្វើភោគៈ ដែលខ្លួនបានហើយ ឲ្យចំរើនឡើងក្ដី ដោយចក្ខុមានសភាពយ៉ាងណា ចក្ខុមានសភាពយ៉ាងនោះ រមែងមាន។ ប៉ុន្តែបុគ្គលនោះ គប្បីដឹងពួកធម៌ ជាកុសល និងអកុសល ដឹងពួកធម៌មានទោស និងឥតទោស ដឹងពួកធម៌ ដែលថោកទាប និងឧត្ដម ដឹងពួកធម៌ ដែលមានចំណែកជាទំនាស់គ្នា ដោយអំណាចធម៌ខ្មៅ និងធម៌ស ដោយដោយចក្ខុមានសភាពយ៉ាងណា សូម្បីចក្ខុមានសភាពយ៉ាងនោះ ក៏មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានភ្នែកម្ខាង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានភ្នែកទាំងពីរខាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ គប្បីបាននូវភោគៈ ដែលខ្លួនមិនធ្លាប់បានក្ដី ធ្វើនូវភោគៈ ដែលខ្លួនបានហើយ ឲ្យចំរើនឡើងក្ដី ដោយចក្ខុមានសភាពយ៉ាងណា ចក្ខុមានសភាពយ៉ាងនោះ ក៏មាន មួយទៀត បុគ្គលនោះ គប្បីដឹងពួកធម៌ ជាកុសល និងអកុសល ដឹងពួកធម៌មានទោស និងឥតទោស ដឹងពួកធម៌ថោកទាប និងឧត្ដម ដឹងពួកធម៌ ដែលមានចំណែកជាទំនាស់គា្ន ដោយអំណាចធម៌ខ្មៅនិងធម៌ស ដោយចក្ខុមានសភាពយ៉ាងណា សូម្បីចក្ខុមានសភាពយ៉ាងនោះក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានចក្ខុទាំងពីរខាង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ ភោគៈទាំងឡាយ មានសភាពដូច្នោះ មិនមានដល់បុគ្គលខ្វាក់ឡើយ បុគ្គលខ្វាក់ មិនដែលធ្វើបុណ្យទាំងឡាយទេ ការចាប់ខុស ចំពោះប្រយោជន៍ទាំងពីរ រមែងមាន ដល់បុគ្គលខ្វាក់ ខូចចក្ខុ។ មួយទៀត បុគ្គលដែលហៅថា មានភ្នែកម្ខាងនេះ ជាអ្នកច្រឡូកច្រឡំ ដោយកុសលធម៌ និងអកុសលធម៌ ស្វែងរកភោគៈទាំងឡាយ ដោយថេយ្យចិត្ត ជាអ្នកឈ្លាស ប្រមូលមក នូវអំពើទាំងពីរ ដោយកូដកម្ម15) ផង ដោយការពោលពាក្យកុហកផង ជាមនុស្សបរិភោគកាម បុគ្គលដែលមានចក្ខុតែម្ខាងនោះ លុះរំលាងខន្ធ អំពីលោកនេះហើយ ទៅកាន់នរក រងទុក្ខខ្លោចផ្សា។ ចំណែកខាងបុរសបុគ្គល ដែលហៅថា មានចក្ខុទាំងពីរខាង ជាអ្នកប្រសើរ ដោយភោគៈទាំងឡាយ ដែលខ្លួនបានមកដោយធម៌ ឲ្យទ្រព្យដែលខ្លួនរកបាន ដោយសេចក្ដីព្យាយាម មានតម្រិះដ៏ប្រសើរ ជាជនមានចិត្តឥតសង្ស័យ រមែងចូលទៅកាន់ស្ថានដ៏ចំរើន ដែលខ្លួនបានទៅ ហើយមិនសោកសៅ បុគ្គល គប្បីវៀរមនុស្សខ្វាក់ផង មនុស្សមានភ្នែកម្ខាងផង អំពីចម្ងាយ ហើយគប្បីសេពគប់បុរសបុគ្គល ដ៏ប្រសើរ មានភ្នែកទាំងពីរខាងចុះ។
(១០. អវកុជ្ជសុត្តំ)
[៣០] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ គឺបុគ្គលមានប្រាជ្ញា ដូចជាក្អមផ្កាប់ ១ បុគ្គលមានប្រាជ្ញា ដូចថ្នក់លេច ១ បុគ្គលមានប្រាជ្ញា ដ៏ទូលាយ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល មានប្រាជ្ញាដូចក្អមផ្កាប់ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ នៃពួកភិក្ខុរឿយៗ ពួកភិក្ខុសំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុងប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ក៏មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះ សូម្បីក្រោកពីអាសនៈនោះហើយ ក៏មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម ត្រង់កណ្ដាល និងខាងចុង នៃកថានោះដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមផ្កាប់ ទឹកដែលគេចាក់ទៅលើក្អមនោះ ក៏ហូរចេញអស់ទៅ មិនដក់នៅបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ នៃភិក្ខុទាំងឡាយរឿយៗ ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ហើយប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ កាលដែលអង្គុយលើអាសនៈនោះ ក៏មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះ ទុកជាក្រោកឡើង អំពីអាសនៈនោះហើយ ក៏នៅតែមិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានប្រាជ្ញា ដូចជាក្អមផ្កាប់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានប្រាជ្ញាដូចថ្នក់លេច តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗ ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះដែរ តែលុះក្រោកចេញ អំពីអាសនៈនោះទៅហើយ ក៏មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបង្អែមផ្សេងៗ ដែលលាយច្រឡំគ្នា គឺមានល្ង អង្ករ នំ ម្សៅ ផ្លែពុទ្រា ក្នុងថ្នក់លេចនៃបុរស បុរសនោះ កាលក្រោកអំពីអាសនៈនោះ ក៏ជ្រុះរាត់រាយ ព្រោះភ្លេចស្មារតី យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗ ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ប្រកាសព្រហ្មចរិយធម៌ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ក៏ធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្តត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះ លុះក្រោកអំពីអាសនៈនោះទៅ ក៏មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានប្រាជ្ញា ដូចជាថ្នក់លេច។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានប្រាជ្ញា ដ៏ទូលាយ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗ ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ក៏ធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះ ទុកជាក្រោកអំពីអាសនៈនោះទៅហើយ ក៏នៅតែធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះទៀត។ ម្នាលភិក្ខុទាំងឡាយ ដូចជាក្អមផ្ងារ ទឹកដែលគេចាក់ក្នុងក្អមនោះ ក៏ដក់នៅ មិនហូរចេញទៅបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗ ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ប្រកាសព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ក៏ធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះ ទុកជាក្រោកអំពីអាសនៈនោះហើយ ក៏នៅតែធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានប្រាជ្ញាដ៏ទូលាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។
បុរសមានប្រាជ្ញា ដូចក្អមផ្កាប់ គឺជាអ្នកឥតប្រាជ្ញា ឥតសេចក្ដីពិចារណា បុរសមានសភាពដូច្នោះ ទុកជាចូលទៅកាន់សំណាក់ភិក្ខុទាំងឡាយ សូម្បីរឿយៗ ក៏មិនអាច ដើម្បីរៀនធម៌ ត្រង់ខាងដើម ត្រង់កណ្ដាល ត្រង់ខាងចុង នៃកថា (នោះ) បាន ព្រោះថា ប្រាជ្ញា មិនមានដល់បុគ្គលនោះឡើយ។ បុរសមានប្រាជ្ញា ដូចថ្នក់លេច តថាគតពោលថា ប្រសើរជាង បុរសមានប្រាជ្ញាដូចជាក្អមផ្កាប់នុ៎ះ បុរសមានសភាពដូច្នោះ បើទុកជាចូលទៅកាន់សំណាក់ នៃភិក្ខុទាំងឡាយ សូម្បីរឿយៗ អង្គុយលើអាសនៈនោះ រៀនធម៌ខាងដើម ត្រង់កណ្ដាល ត្រង់ខាងចុង នៃកថា (នោះ) បានដែរ តែលុះក្រោកចេញទៅ ក៏កំណត់ចាំព្យញ្ជនៈមិនបាន ព្រោះថា បុរសនោះ ភ្លេចព្យញ្ជនៈ ដែលខ្លួនរៀនហើយ។ ចំណែកខាងបុរសមានប្រាជ្ញា ដ៏ទូលាយ តថាគតពោលថា ប្រសើរជាង បុរសមានប្រាជ្ញាដូចថ្នក់លេចនុ៎ះ បុរសមានសភាពដូច្នោះ កាលបើចូលទៅកាន់សំណាក់ នៃភិក្ខុទាំងឡាយ សូម្បីរឿយៗ អង្គុយលើអាសនៈនោះ រៀនធម៌ ត្រង់ខាងដើម ត្រង់កណ្ដាល ត្រង់ខាងចុង នៃកថា (នោះ) ចាំទុកនូវព្យញ្ជនៈបាន ជាជនមានតម្រិះដ៏ប្រសើរ មានចិត្តឥតសង្ស័យ ជាអ្នកប្រតិបត្តិនូវធម៌ ដ៏សមគួរដល់ធម៌ គប្បីធ្វើនូវទីបំផុតនៃទុក្ខបាន។
ចប់ បុគ្គលវគ្គ ទី៣។
ឧទ្ទាននៃបុគ្គលវគ្គនោះគឺ
ពោលអំពីព្រះសវិដ្ឋត្ថេរ ១ អំពីអ្នកជម្ងឺ ១ អំពីសង្ខារ ១ អំពីបុគ្គលមានឧបការៈច្រើន ១ អំពីបុគ្គល ប្រៀបដូចពេជ្រ ជាដើម ១ អំពីបុគ្គលគួរសេពគប់ ជាដើម ១ អំពីបុគ្គលគួរខ្ពើម ជាដើម ១ អំពីបុគ្គលមានសំដីស្អុយ ដូចលាមក ជាដើម ១ អំពីបុគ្គលខ្វាក់ ជាដើម ១ អំពីបុគ្គលមានប្រាជ្ញា (ដូចក្អម) ផ្កាប់ ជាដើម ១។
(៤. ទេវទូតវគ្គោ)
(១.សព្រហ្មកសុត្តំ)
[៣១] ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយព្រហ្ម ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយបុព្វាចារ្យ (អាចារ្យដើម) ម្នាលភិក្ខុទាំងឡាយ កូនរបស់ត្រកូលទាំងឡាយណា បានបូជាមាតាបិតា ក្នុងផ្ទះរបស់ខ្លួន ត្រកូលទាំងនោះ ឈ្មោះថា ប្រកបដោយអាហុនេយ្យ (អ្នកគួរទទួលរបស់ ដែលកូនប្រុសស្រីបូជា)។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រហ្មនុ៎ះ ជាឈ្មោះមាតាបិតា ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វាចារ្យនុ៎ះ ជាឈ្មោះមាតាបិតា ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាហុនេយ្យនុ៎ះ ជាឈ្មោះមាតាបិតា។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះមាតាបិតា ជាអ្នកមានឧបការៈច្រើន ជាអ្នកបីបាច់ រក្សាចិញ្ចឹមកូន ជាអ្នកឲ្យកូនបានឃើញលោកនេះ។
មាតាបិតា លោកហៅថា ព្រហ្មផង ថា បុព្វាចារ្យផង ថា អាហុនេយ្យផង របស់កូនទាំងឡាយ ព្រោះជាអ្នកអនុគ្រោះ នូវពពួកសត្វ។ ព្រោះហេតុនោះ បណ្ឌិតត្រូវតែនមស្ការ ធ្វើសក្ការៈមាតាបិតាទាំងនោះ ដោយបាយ ទឹក សំពត់ ទីដេក គ្រឿងដុសខាត់ ទឹកងូត និងទឹកលាងជើង បណ្ឌិតរមែងសរសើរកូននោះ ព្រោះការបម្រើមាតាបិតានោះ ក្នុងលោកនេះ (កូននោះ) លុះលះលោកនេះ ទៅកាន់បរលោក រមែងរីករាយ ក្នុងស្ថានសួគ៌។
(២. អានន្ទសុត្តំ)
[៣២] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បើអហង្ការទិដ្ឋិ មមង្ការតណ្ហានិងមានានុស័យ មិនមានក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ភិក្ខុគប្បីដល់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅយ៉ាងណា ការបាននូវសមាធិ មានសភាពយ៉ាងនោះ គប្បីមានដល់ភិក្ខុដែរឬ។ ម្នាលអានន្ទ បើអហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងកាយ ដែលប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ភិក្ខុគប្បីដល់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅ យ៉ាងណា ការបាននូវសមាធិ មានសភាពយ៉ាងនោះ គប្បីមានដល់ភិក្ខុដែរ បពិត្រព្រះអង្គដ៏ចំរើន អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលបាននូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅយ៉ាងណា ការបាននូវសមាធិ មានភាពយ៉ាងនោះ គប្បីមានដល់ភិក្ខុ តើដូចម្ដេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្ដីត្រិះរិះដូច្នេះថា ធម្មជាត ដែលហៅថា ស្ងប់ ធម្មជាត ដែលហៅថា ឧត្ដមនោះ គឺការស្ងប់រម្ងាប់សង្ខារទាំងអស់ ការលះបង់ឧបធិទាំងអស់ ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ គឺព្រះនិព្វានហ្នឹងឯង។ ម្នាលអានន្ទ អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា មានានុស័យ មិនមានក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលបាននូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ភិក្ខុគប្បីបាន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅ យ៉ាងណា ការបាននូវសមាធិ មានសភាពយ៉ាងនោះ គប្បីមានដល់ភិក្ខុ យ៉ាងនេះឯង ម្នាលអានន្ទ ពាក្យថា
បុគ្គលណាដឹងច្បាស់ នូវរបស់ខ្លួន និងរបស់ជនដទៃ ក្នុងលោក រមែងមិនមានសេចក្ដីញាប់ញ័រ ក្នុងអារម្មណ៍នីមួយទេ តថាគតពោលថា បុគ្គលនោះ ស្ងប់រម្ងាប់ ប្រាសចាកផ្សែង គឺ ទុច្ចរិត មិនមានសេចក្ដីទុក្ខ មិនមានតណ្ហា បានឆ្លងជាតិ និងជរាហើយ ដូច្នេះនេះ ដែលតថាគតពោលហើយ ក្នុងបុណ្ណកប្បញ្ហា បរាយនវគ្គ សំដៅហេតុនុ៎ះឯង។
(៣. សារិបុត្តសុត្តំ)
[៣៣] គ្រានោះ ព្រះសារីបុត្តមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលសារីបុត្ត តថាគតសំដែងធម៌ ដោយបំប្រួញខ្លះ ម្នាលសារីបុត្ត តថាគត គួរសំដែងធម៌ ដោយពិស្ដារខ្លះ ម្នាលសារីបុត្ត តថាគត គួរសំដែងធម៌ ទាំងបំប្រួញ ទាំងពិស្ដារខ្លះ ដ្បិតថា ពួកបុគ្គលអ្នកយល់ធម៌ រកបានដោយកម្រ។ បពិត្រព្រះមានព្រះភាគ ជាកាលគួរនឹងសំដែងធម៌នុ៎ះហើយ បពិត្រព្រះសុគត ជាកាលគួរនឹងសំដែងធម៌នុ៎ះហើយ ប្រសិនបើព្រះមានព្រះភាគ សំដែងធម៌ដោយសង្ខេបក្ដី សំដែងធម៌ ដោយពិស្ដារក្ដី សំដែងធម៌ ទាំងសង្ខេប ទាំងពិស្ដារក្ដី ពួកអ្នកយល់ធម៌ គង់នឹងមាន។ ម្នាលសារីបុត្ត ហេតុនោះ ភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាយ៉ាងនេះថា អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ នឹងមិនមានក្នុងកាយ ប្រកបដោយវិញ្ញាណនេះផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ នឹងមិនមាន ក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលបានចេតោវិមុត្តិ និងបញ្ញាវិមុត្តណា យើងនឹងបាននូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេចសម្រាន្តនៅ។ ម្នាលសារីបុត្ត អ្នកត្រូវសិក្សា យ៉ាងនេះចុះ។ ម្នាលសារីបុត្ត កាលណាភិក្ខុមិនមានអហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង មិនមានអហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ ក្នុងនិមិត្តទាំងអស់ ព្ធដ៏ខាងក្រៅផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និងមានានុស័យ មិនមានដល់ភិក្ខុ ដែលបានចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ភិក្ខុរមែងបាន នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តនោះ សម្រេចសម្រាន្តនៅ។ ម្នាលសារីបុត្ត ភិក្ខុនេះ តថាគតហៅថា បានផ្ដាច់ផ្ដិល នូវតណ្ហា គាស់រំលើង នូវសំយោជនៈ បានធ្វើនូវទីបំផុតទុក្ខ ព្រោះត្រាស់ដឹង នូវកិរិយាលះបង់មានះ ដោយឧបាយដ៏ល្អ ម្នាលសារីបុត្ត ពាក្យថា
តថាគត សំដែងនូវការលះបង់កាមសញ្ញា និងទោមនស្សទាំងពីរផង នូវការបន្ទោបង់ថីនៈផង នូវការហាមឃាត់កុក្កុច្ចៈផង នូវធម៌ដ៏ស្អាត ដោយឧបេក្ខា និងសតិផង នូវប្រធាននៃសេចក្ដីត្រិះរិះធម៌ផង នូវការរួចស្រឡះ ដោយអរហត្តផលផង ថាជាការទំលាយបង់ នូវអវិជ្ជា ដូច្នេះនេះ ដែលតថាគតពោលហើយ ក្នុងឧទយ្យញ្ហា បារាយនវគ្គ សំដៅហេតុនេះឯង។
(៤. និទានសុត្តំ)
[៣៤] ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៣នេះ ជាហេតុឲ្យកើតកម្ម។ ធម្មជាត៣ តើដូចម្ដេច។ គឺលោភៈ ជាហេតុឲ្យកម្ម ១ ទោសៈ ជាហេតុឲ្យកើតកម្ម ១ មោហៈ ជាហេតុឲ្យកើតកម្ម ១។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើព្រោះលោភៈ កើតអំពីលោភៈ មានលោភៈជាហេតុ មានលោភៈជាដែនកើត អត្តភាពបុគ្គលនោះ កើតក្នុងទីណា កម្មនោះ រមែងឲ្យផលក្នុងទីនោះ កម្មនោះឲ្យផលក្នុងទីណា បុគ្គលរមែងទទួលផល នៃកម្មនោះ ក្នុងទីនោះ គឺអត្តភាពជាបច្ចុប្បន្ន ឬអត្តភាព ដែលកើតបន្ទាប់ ឬអត្តភាពដទៃ ដែលអន្ទោលតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើហើយ ព្រោះទោសៈ កើតអំពីទោសៈ មានទោសៈជាហេតុ មានទោសៈជាបច្ច័យ អត្តភាពរបស់បុគ្គលនោះ កើតក្នុងទីណា កម្មនោះ រមែងឲ្យផលក្នុងទីនោះ កម្មនោះ ឲ្យផលក្នុងទីណា បុគ្គលរមែងទទួលផលរបស់កម្មនោះ ក្នុងទីនោះ គឺអត្តភាព ជាបច្ចុប្បន្នក្ដី អត្តភាព ដែលកើតបន្ទាប់ក្ដី អត្តភាពដទៃ ដែលអន្ទោលតទៅទៀតក្ដី។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើដោយមោហៈ កើតអំពីមោហៈ មានមោហៈជាហេតុ មានមោហៈជាបច្ច័យ អត្តភាពរបស់បុគ្គលនោះ កើតក្នុងទីណា កម្មនោះ រមែងឲ្យផលក្នុងទីនោះ កម្មនោះ រមែងឲ្យផល ក្នុងទីណា បុគ្គលរមែងទទួលផល របស់កម្មនោះ ក្នុងទីនោះ គឺអត្តភាព ជាបច្ចុប្បន្នក្ដី អត្តភាពដែលកើតបន្ទាប់ក្ដី អត្តភាពដទៃដែលអន្ទោលតទៅទៀតក្ដី។ ម្នាលភិក្ខុទាំងឡាយ ដូចពូជ ដែលមិនបែក មិនស្អុយ មិនខូច ដោយខ្យល់ និងកំដៅថ្ងៃ ប្រកបដោយខ្លឹមសារ (ជាគ្រាប់មានសាច់ពេញលេញ) គេទុកដាក់ស្រួលបួល ដែលបុគ្គលសាបព្រោះ លើទីដែលភ្ជួររាស់ល្អ ក្នុងស្រែមានជីរជាតិ ភ្លៀងសោត ក៏ផ្ដល់ធារទឹកដោយស្រួល ម្នាលភិក្ខុទាំងឡាយ បើពូជទាំងនោះ សមប្រកបយ៉ាងនេះ ដល់នូវការលូតលាស់ ដុះដាលបែកគុម្ព យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើ ព្រោះលោភៈ កើតអំពីលោភៈ មានលោភៈជាហេតុ មានលោភៈជាបច្ច័យ អត្តភាពរបស់បុគ្គលនោះកើតក្នុងទីណា កម្មនោះ រមែងឲ្យផល ក្នុងទីនោះ កម្មនោះ ឲ្យផលក្នុងទីណា បុគ្គលរមែងទទួលផល របស់កម្មនោះ ក្នុងទីនោះ គឺអត្តភាព ក្នុងបច្ចុប្បន្នក្ដី អត្តភាពដែលកើតបន្ទាប់ក្ដី អត្តភាពដទៃ ដែលអន្ទោលតទៅក្ដី។ កម្មណា ដែលបុគ្គលធ្វើ ព្រោះទោសៈ។ បេ។ កម្មណា ដែលបុគ្គលធ្វើ ព្រោះមោហៈ។ បេ។ ក្នុងអត្តភាពដទៃ ដែលអន្ទោលតទៅក្ដី។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត៣នេះឯង ជាហេតុឲ្យកើតកម្មទាំងឡាយ ក៏យ៉ាងនោះដែរ។
[៣៥] ម្នាលភិក្ខុទាំងឡាយ ធម្មជាត ៣នេះ ជាហេតុឲ្យកើតកម្មទាំងឡាយ។ ធម្មជាត៣ តើដូចម្ដេច។ គឺអលោភៈ ជាហេតុឲ្យកើតកម្មទាំងឡាយ ១ អទោសៈ ជាហេតុឲ្យកើតកម្មទាំងឡាយ ១ អមោហៈ ជាហេតុឲ្យកើតកម្មទាំងឡាយ១។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើ ព្រោះអលោភៈ កើតអំពីអលោភៈ មានអលោភៈជាហេតុ មានអលោភៈជាបច្ច័យ បើសេចក្ដីលោភ មិនមានហើយ កម្មនោះ ឈ្មោះថា បុគ្គលបានលះបង់យ៉ាងនេះ ជាកម្មមានឫសគល់ ផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើមិនឲ្យមានពូជ ជាកម្មមិនកើត តទៅទៀតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើ ព្រោះអទោសៈ កើតអំពីអទោសៈ មានអទោសៈជាហេតុ មានអទោសៈជាបច្ច័យ កាលបើទោសៈ មិនមានហើយ កម្មនោះឈ្មោះថា បុគ្គលបានលះបង់យ៉ាងនេះ ជាកម្មមានឫសផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើមិនឲ្យមានពូជ ជាកម្មមិនកើតតទៅទៀត ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើព្រោះអមោហៈ កើតអំពីអមោហៈ មានអមោហៈ ជាហេតុ មានអមោហៈ ជាបច្ច័យ កាលបើអមោហៈមិនមានហើយ កម្មនោះ ឈ្មោះថា បុគ្គលបានលះបង់ហើយ យ៉ាងនេះ ជាកម្មមានឫសគល់ផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ជាកម្មមិនកើតតទៅទៀតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ដូចជាពូជ ដែលមិនបែក មិនស្អុយ មិនវិនាសដោយខ្យល់ និងកំដៅថ្ងៃ ប្រកបដោយខ្លឹមសារ គេទុកដាក់ល្អ បុរសគប្បីដុត នូវពូជនោះ ដោយភ្លើង ដុតដោយភ្លើងរួចហើយ ធ្វើជាធ្យូងម៉ត់ ធ្វើជាធ្យូងម៉ត់រួចហើយ ក៏បាចទៅក្នុងខ្យល់ដ៏ខ្លាំងក្ដី បណ្ដែតក្នុងស្ទឹង ដែលមានខ្សែទឹកហូរត្របាញ់ក្ដី ម្នាលភិក្ខុទាំងឡាយ បើពូជាទាំងនោះ ត្រូវគេបំផ្លាញយ៉ាងនេះ មុខជានឹងមានកំណើតផ្ដាច់ផ្ដិល ធ្វើមិនឲ្យកើតទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ជាពូជមិនកើតតទៅទៀត ជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ កម្មណា ដែលបុគ្គលធ្វើ ព្រោះអលោភៈ កើតអំពីអលោភៈ មានអលោភៈ ជាហេតុ មានអលោភៈ ជាបច្ច័យ កាលបើលោភៈ មិនមានហើយ កម្មនោះ ឈ្មោះថា បុគ្គលបានលះបង់ហើយ យ៉ាងនេះ ជាកម្មមានឫសគល់ផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ជាកម្មមិនកើតតទៅទៀតជាធម្មតា។ កម្មណា ដែលបុគ្គលធ្វើ ព្រោះអទោសៈ។ បេ។ កម្មណា ដែលបុគ្គលធ្វើ ព្រោះអមោហៈ។ បេ។ ធ្វើឲ្យវិនាស ជាកម្មមិនកើតតទៅទៀត ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ធម្មជាត៣ នេះឯង ជាហេតុឲ្យកើតកម្មទាំងឡាយ។
បុគ្គលពាលជាអ្នកមិនដឹងច្បាស់នូវកម្ម ដែលកើតអំពីលោភៈផង កើតអំពីទោសៈផង កើតអំពីមោហៈផង កម្មណា ដែលបុគ្គលនោះធ្វើហើយ ទោះតិចក្ដី ច្រើនក្ដី បុគ្គលនោះ ត្រូវរងកម្មនោះ ក្នុងអត្តភាពនេះឯង វត្ថុដទៃ មិនមានទេ ហេតុនោះ ភិក្ខុ (ណា) ជាអ្នកដឹង (រមែងមិនធ្វើនូវកម្ម ដែលកើតអំពី) លោភៈផង ទោសៈផង មោហៈផង (ភិក្ខុនោះ) ឈ្មោះថា ញុំាងវិជ្ជា ឲ្យកើតឡើង ហើយលះបង់ នូវទុគ្គតិទាំងអស់បាន។
(៥. ហត្ថកសុត្តំ)
[៣៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើកម្រាលស្លឹកឈើ ដែលជ្រុះក្នុងព្រៃឆ្នង់ ជិតផ្លូវគោ ក្នុងដែនអាឡវី។ លំដាប់នោះឯង ព្រះរាជកុមារ ព្រះនាមហត្ថកអាឡវក ត្រាច់ទៅមក ដើម្បីសម្រួលព្រះជង្ឃា ក៏បានឃើញព្រះមានព្រះភាគ ទ្រង់គង់លើកម្រាលស្លឹកឈើ ក្នុងព្រែឆ្នង់ ជិតផ្លូវគោ លុះឃើញហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគហើយ គង់ក្នុងទីសមគួរ។ លុះហត្ថកអាឡវក គង់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគទ្រង់ផ្ទំស្រួលទេឬ។ ម្នាលកុមារ យ៉ាងហ្នឹងហើយ តថាគត បានសិងស្រួលហើយ ពួកជនណា ដេកស្រួលក្នុងលោក បណ្ដាជនទាំងនោះ តថាគត ក៏ជាអ្នកសិងស្រួលមួយនឹងគេដែរ។ បពិត្រព្រះអង្គដ៏ចំរើន រាត្រីក្នុងហេមន្តរដូវ ត្រជាក់ កាលក្នុង ៨ថ្ងៃ ជាចន្លោះ (ខែមាឃ និងខែផល្គុន) ជាសម័យធ្លាក់ទឹកសន្សើម ផែនដីដែលត្រូវក្រចកជើងគោ ជាន់ខូងរដិបរដុប ក៏រឹង កម្រាលស្លឹកឈើ ក៏ស្ដើង អស់ទាំងស្លឹកឈើ ក៏រង្វើល សំពត់កាសាយៈ ក៏ត្រជាក់ ខ្យល់វល់ ដ៏ត្រជាក់ ក៏បក់មក កាលបើយ៉ាងហ្នឹង ម្ដេចក៏ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលកុមារ យ៉ាងហ្នឹងហើយ តថាគត បានសិងស្រួលហើយ។ ពួកជនណា ដេកស្រួលក្នុងលោក បណ្ដាជនទាំងនោះ តថាគត ក៏ជាអ្នកសិងស្រួលមួយនឹងគេដែរ។ ម្នាលកុមារ បើដូច្នោះ តថាគតនឹងសួរអ្នក ក្នុងដំណើរនុ៎ះ ថាបើអ្នកគាប់ចិត្តយ៉ាងណា គប្បីព្យាករ នូវដំណើរនោះ យ៉ាងនោះចុះ។ ម្នាលកុមារ អ្នកសំគាល់ហេតុនោះដូចម្ដេច គហបតី ឬគហបតិបុត្រ ក្នុងលោកនេះ មានផ្ទះកំពូល បូកលាបខាងក្នុង ទាំងបូកលាបខាងក្រៅ ខ្យល់ចូលមិនរួច មានទ្វារដ៏ជិត មានបង្អួចបិទជិត ក្នុងផ្ទះនោះ មានបល្ល័ង្កក្រាលដោយកម្រាលគោណកៈ ក្រាលដោយកម្រាលបដិកៈ ក្រាលដោយកម្រាលបដលិកៈ មានកម្រាលដ៏ប្រសើរ ជាវិការនៃស្បែកឈ្មុស16) មានខ្នើយក្រហមទាំងពីរខាង ព្រមទាំងពិតានក្រហម ទាំងប្រទីបប្រេង ក៏ឆេះភ្លឺក្នុងផ្ទះនោះ មានប្រពន្ធ៤នាក់ នៅផ្គត់ផ្គង់បម្រើ ដោយសេចក្ដីគាប់ចិត្ត។ ម្នាលកុមារ អ្នកសំគាល់ហេតុនោះ ដូចម្ដេច បុគ្គលនោះ គួរដេកជាសុខ ឬទេ ឬអ្នកមានសេចក្ដីយល់ ក្នុងដំណើរនុ៎ះ ដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលនោះ គួរដេកជាសុខ ពួកជនណា ដេកជាសុខ ក្នុងលោក បណ្ដាជនទាំងនោះ អ្នកនោះ ជាអ្នកដេកជាសុខមួយនឹងគេដែរ។ ម្នាលកុមារ អ្នកសំគាល់ហេតុនោះ ដូចម្ដេច គហបតី ឬគហបតិបុត្រនោះ កើតសេចក្ដីរសាប់រសល់ ផ្សាយទៅក្នុងកាយ ក្នុងចិត្ត ដែលបណ្ដាលអំពីរាគៈ គហបតី ឬគហបតិបុត្រនោះ ត្រូវសេចក្ដីរសាប់រសល់ ដែលបណ្ដាលអំពីរាគៈណា រោលរាល តើត្រូវដេកជាទុក្ខ ឬទេ។ យ៉ាងនឹងហើយ ព្រះអង្គ។ ម្នាលកុមារ គហបតី ឬគហបតិបុត្រនោះ ត្រូវសេចក្ដីរសាប់រសល់ ដែលបណ្ដាលអំពីរាគៈណា រោលរាល ត្រូវដេកជាទុក្ខ រាគៈនោះ តថាគត បានលះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់ហើយ ធ្វើមិនឲ្យកើតទៀត ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យមានទីកើតតទៅទៀត ជាធម្មតា ហេតុនោះ ទើបតថាគតបានសិងជាសុខ ម្នាលកុមារ អ្នកសំគាល់ហេតុនោះ ដូចម្ដេច គហបតី ឬគហបតិបុត្រ កើតសេចក្ដីរសាប់រសល់ ដែលបណ្ដាលអំពីទោសៈ។ បេ។ កើតសេចក្ដីរសាប់រសល់ផ្សាយទៅក្នុងកាយ ក្នុងចិត្ត ដែលបណ្ដាលអំពីមោហៈ បុគ្គលនោះ ត្រូវសេចក្ដីរសាប់រសល់ ដែលបណ្ដាលអំពីមោហៈណា រោលរាល តើត្រូវដេកជាទុក្ខ ឬទេ។ យ៉ាងហ្នឹងហើយ ព្រះអង្គ។ ម្នាលកុមារ គហបតី ឬគហបតិបុត្រនោះ ត្រូវសេចក្ដីរសាប់រសល់ ដែលបណ្ដាលអំពីមោហៈណា រោលរាល ត្រូវដេកជាទុក្ខ មោហៈនោះ តថាគត លះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់ហើយ ធ្វើមិនឲ្យកើតទៀត ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យមានទីកើតតទៅទៀត ជាធម្មតា ហេតុនោះ ទើបតថាគត បានសិងជាសុខ។
អ្នកណាមានបាបបន្សាត់ចោល រំលត់ទុក្ខហើយ រមែងដេកជាសុខសព្វកាល បុគ្គលណា មិនជាប់ជំពាក់ ក្នុងកាមទាំងឡាយ មានសេចក្ដីត្រជាក់ មិនមានឧបធិក្កិលេស បានផ្ដាច់បង់ នូវតណ្ហាទាំងអស់ បន្ទោបង់ នូវសេចក្ដីក្រវល់ក្រវាយ ក្នុងហឫទ័យ បុគ្គលស្ងប់ រមែងដេកជាសុខ ដល់នូវការស្ងប់ នៃចិត្តបាន។
(៦. ទេវទូតសុត្តំ)
[៣៧] ម្នាលភិក្ខុទាំងឡាយ ទេវទូតនេះ មាន៣ ពួក។ ទេវទូត៣ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅខាងមុខ តែងកើតក្នុងប្រេត អសុរកាយ តិរច្ឆាន នរក។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុគ្គលនោះ ត្រង់ដើមដៃទាំងពីរ នាំទៅថា្វយដល់យមរាជ ដោយពាក្យថា បពិត្រលោក បុរសនេះ ប្រព្រឹត្តខុសក្នុងមាតា ប្រព្រឹត្តខុសក្នុងបិតា ប្រព្រឹត្តខុស ក្នុងសមណៈ ប្រព្រឹត្តខុស ក្នុងខីណាសវព្រាហ្មណ៍ មិនកោតខ្លាចបុគ្គលជាធំក្នុងត្រកូល សូមលោកដាក់អាជ្ញា ដល់បុរសនេះ។ ម្នាលភិក្ខុទាំងឡាយ យមរាជដេញដោល ចោទសាកសួរទេវទូត ទី១ ចំពោះបុរសនោះថា ម្នាលបុរសដ៏ចំរើន អ្នកបានឃើញទេវទូត ទី១ ដែលកើតប្រាកដ ក្នុងពួកមនុស្សឬទេ។ បុរសនោះ ក៏ក្រាបទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ យមរាជ ពោលទៅនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកបានឃើញស្រី ឬប្រុស ដែលអាយុ៨០ក្ដី អាយុ៩០ក្ដី អាយុ១០០ឆ្នាំក្ដី គ្រាំគ្រាដោយជាតិ ទោរដូចជាបង្កង់ មានខ្នងកោង មានឈើច្រត់នាំមុខ ដើររញីរញ័រ រសាប់រសល់ព្រោះជរា មានវ័យកន្លងហើយ ធ្មេញបាក់ សក់ស្កូវ មានក្បាលឆក មានក្បាលទំពែក មានស្បែកជ្រីវ មានខ្លួនដាស ដោយប្រជ្រុយ ក្នុងពួកមនុស្សដែរឬទេ។ បុរសនោះក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញហើយ។ ម្នាលភិក្ខុទាំងឡាយ យមរាជ ពោលនឹងបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកឯងជាមនុស្សដឹងក្ដី មានស្មារតីចាស់ហើយ តែមិនមានគំនិតយ៉ាងនេះថា អាត្មាអញ ក៏មានសេចក្ដីគ្រាំគ្រាជាធម្មតា មិនកន្លងសេចក្ដីគ្រាំគ្រាបានឡើយ បើដូច្នោះ គួរអាត្មាអញ ធ្វើសេចក្ដីល្អដោយកាយ វាចា ចិត្ត។ បុរសនោះ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនអាច (នឹកឃើញទៅហើយ) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជាប្រហែសទៅហើយ។ ម្នាលភិក្ខុទាំងឡាយ យមរាជពោលនឹងបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកមិនបានធ្វើ នូវអំពើល្អ ដោយកាយ វាចា ចិត្ត ព្រោះតែសេចក្ដីប្រហែស ម្នាលបុរសដ៏ចំរើន ពួកនិរយបាល នឹងធ្វើទោសអ្នក តាមអំពើ ដែលអ្នកប្រហែសហើយនោះឯង អំពើបាបនោះឯង មិនមែនមាតាធ្វើ មិនមែនបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនពួកមិត្ត និងអាមាត្យធ្វើ មិនមែនពួកញាតិនិងសាលោហិតធ្វើ មិនមែនពួកទេវតាធ្វើ មិនមែនពួកសមណៈ និងព្រាហ្មណ៍ធ្វើទេ អំពើអាក្រក់នោះ អ្នកឯង ធ្វើជាប្រាកដ អ្នកឯងនឹងទទួលផល នៃអំពើអាក្រក់នោះ។ ម្នាលភិក្ខុទាំងឡាយ យមរាជដេញដោល ចោទសាកសួរទេវទូត ទី១ ចំពោះបុរសនោះហើយ ក៏ដេញដោល ចោទសាកសួរទេវទូត ទី២ ថា នែបុរសដ៏ចំរើន អ្នកបានឃើញទេវទូត ទី២ កើតប្រាកដ ក្នុងពួកមនុស្សឬទេ។ បុរសនោះក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ យមរាជពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកបានឃើញស្រីក្ដី ប្រុសក្ដី មានអាពាធ ដល់នូវសេចក្ដីទុក្ខ ឈឺធ្ងន់ ដេកច្របល់ក្នុងមូត្រ និងករីសខ្លួន ដែលពួកជនដទៃ គ្រាហ៍ឲ្យក្រោក ពួកជនដទៃ ផ្ដេកឲ្យដេកក្នុងពួកមនុស្សដែរឬទេ។ បុរសនោះ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញហើយ។ ម្នាលភិក្ខុទាំងឡាយ យមរាជពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកឯងជាមនុស្សដឹងក្ដី ចាស់ហើយ ក៏នៅតែឥតមានគំនិត ដូច្នេះថា អញមានព្យាធិ ជាធម្មតា មិនកន្លងព្យាធិបានឡើយ គួរតែអាត្មាអញ ធ្វើល្អដោយកាយ វាចា ចិត្ត។ បុរសនោះ ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជាមិនអាច (នឹកឃើញទៅហើយ) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជាប្រហែសទៅហើយ។ ម្នាលភិក្ខុទាំងឡាយ យមរាជ ពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកមិនបានធ្វើកុសល ដោយកាយ វាចា ចិត្ត ព្រោះសេចក្ដីធ្វេសប្រហែស នែបុរសដ៏ចំរើន អើពួកនិរយបាល នឹងធ្វើទោសអ្នក តាមអំពើដែលអ្នកប្រហែសហើយនោះ អំពើអាក្រក់នោះឯង មិនមែនមាតាធ្វើ មិនមែនបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនពួកមិត្ត និងអាមាត្យធ្វើ មិនមែនពួកញាតិ និងសាលោហិតធ្វើ មិនមែនពួកទេវតាធ្វើ មិនមែនពួកសមណៈ និងព្រាហ្មណ៍ធ្វើទេ អំពើអាក្រក់នោះ អ្នកឯងធ្វើជាប្រាកដ អ្នកនឹងទទួលផល នៃអំពើអាក្រក់នោះ។ ម្នាលភិក្ខុទាំងឡាយ លុះយមរាជ ដេញដោល ចោទសាកសួរទេវទូត ទី២ ចំពោះបុរសនោះហើយ ក៏ដេញដោល ចោទសាកសួរទេវទូត ទី៣ ថា ម្នាលបុរសដ៏ចំរើន អ្នកបានឃើញទេវទូត ទី៣ កើតប្រាកដ ក្នុងពួកមនុស្សខ្លះឬទេ។ បុរសនោះ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ យមរាជពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកបានឃើញស្រីក្ដី ប្រុសក្ដី ដែលស្លាប់ ១ថ្ងៃក្ដី ស្លាប់ ២ថ្ងៃក្ដី ស្លាប់៣ថ្ងៃក្ដី ជាអសុភហើមប៉ោង មានសម្បុរខៀវ មានខ្ទុះហូរចេញ ក្នុងពួកមនុស្សដែរឬទេ។ បុរសនោះ ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញហើយ។ ម្នាលភិក្ខុទាំងឡាយ យមរាជ ពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកឯងជាមនុស្សដឹងក្ដី ចាស់ហើយ នៅតែមិនមានសេចក្ដីត្រិះរិះ ដូច្នេះថា អាត្មាអញ មានសេចក្ដីស្លាប់ ជាធម្មតា មិនកន្លងសេចក្ដីស្លាប់ទៅបាន គួរតែអាត្មាអញ ធ្វើល្អដោយកាយ វាចា ចិត្ត។ បុរសនោះ ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជាមិនអាច (នឹកឃើញទៅហើយ) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជាប្រហែសធ្វេសទៅហើយ។ ម្នាលភិក្ខុទាំងឡាយ យមរាជ ពោលនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកមិនបានធ្វើកុសល ដោយកាយ វាចា ចិត្ត ព្រោះសេចក្ដីប្រហែសធ្វេស អើបុរសដ៏ចំរើន មុខជាពួកនិរយបាល នឹងធ្វើទោសអ្នក តាមអំពើដែលអ្នកប្រហែសហើយនោះ អំពើអាក្រក់នោះឯង មិនមែនមាតាធ្វើ មិនមែនបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនពួកមិត្ត និងអាមាត្យធ្វើ មិនមែនពួកញាតិ និងសាលោហិតធ្វើ មិនមែនពួកទេវតាធ្វើ មិនមែនពួកសមណៈ ព្រាហ្មណ៍ធ្វើទេ ប្រាកដជាអ្នកឯង ធ្វើអំពើអាក្រក់នោះ អ្នកឯងនឹងទទួលយកផល នៃអំពើអាក្រក់នោះ។ ម្នាលភិក្ខុទាំងឡាយ លុះយមរាជ ដេញដោល ចោទសាកសួរទេវទូត ទី៣ ហើយ ក៏ស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ធ្វើកម្មករណ៍ ដែលហៅថា ចំណង៥ប្រការ ចំពោះបុរសនោះ គឺបោះដែកគោលដ៏ក្ដៅ ទៅត្រង់ដៃ បោះដែកគោលដ៏ក្ដៅ ទៅត្រង់ដៃទី២បោះដែកគោលដ៏ក្ដៅ ទៅត្រង់ជើង បោះដែកគោលដ៏ក្ដៅ ទៅត្រង់ជើងទីពីរបោះដែកគោលដ៏ក្ដៅ ត្រង់កណ្ដាលទ្រូង។ បុរសនោះ ទទួលវេទនាដ៏ក្លា ក្ដៅក្រហាយ ក្នុងនរកនោះ អំពើអាក្រក់នោះមិនទាន់អស់ ដរាបណា មិនទាន់ធ្វើមរណកាល ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ផ្ដេកបុរសនោះ ចាំងដោយដឹងទាំងឡាយ។ បុរសនោះ ក៏ទទួលទុក្ខវេទនា ដ៏ក្លារឹង ផ្សាខ្លោច ក្នុងនរកនោះ អំពើអាក្រក់នោះ មិនទាន់អស់ ដរាបណា មិនទាន់ធ្វើមរណកាលដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ បញ្ឈរ ឲ្យមានជើងឡើងលើ ក្បាលចុះក្រោម ច្រាស់នឹងកាំបិតព្រាទាំងឡាយ… ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមបុរសនោះនឹងរថ បរទៅមកលើផែនដី ដែលមានភ្លើងឆេះ រុងរឿងសន្ធោសន្ធៅ… ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ឲ្យបុរសនោះ ឡើងចុះភ្នំរងើកភ្លើងដ៏ធំ ដែលភ្លើងកំពុងឆេះច្រាលឆ្អៅ សន្ធោសន្ធៅ… ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះបញ្ឈរជើងឡើងលើ ក្បាលចុះក្រោម បោះទៅក្នុងខ្ទះលោហៈដ៏ក្ដៅ ដែលឆេះច្រាលឆ្អៅសន្ធោសន្ធៅ។ បុរសនោះ ត្រូវបាបកម្មស្ងោរ នៅក្នុងខ្ទះលោហៈនោះ ផុលឡើងដូចជាពពុះទឹក។ កាលបុរសនោះ ត្រូវបាបកម្មស្ងោរ នៅក្នុងខ្ទះលោហៈនោះ ផុលឡើង ដូចជាពពុះទឹក ជួនណាពុះខ្ជោលឡើងលើម្ដង លិចចុះក្រោមម្ដង ជួនណាទៅទទឹងម្ដង។ បុរសនោះ ក៏ទទួលវេទនាជាទុក្ខដ៏ក្លារឹង ក្ដៅក្រហាយ ក្នុងនរកនោះ អំពើអាក្រក់មិនទាន់អស់ ដរាបណា ក៏មិនទាន់ធ្វើមរណកាល ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ទើបពួកនិរយបាល បោះបុរសនោះ ទៅក្នុងមហានរក (មហាអវីចិ)។ ម្នាលភិក្ខុទាំងឡាយ ឯមហានរកនោះឯង
មានជ្រុង៤ មានទ្វារ៤ ដែលកម្មចែកហើយ ដោយចំណែក វាស់ដោយចំណែក មានកំពែងដែកព័ទ្ធជុំវិញ ប្រក់ដោយដែក ផែនដីរបស់នរកនោះ សុទ្ធតែដែកច្រាលឆ្អៅ ប្រកបដោយភ្លើង ផ្សាយទៅអស់ ១០០យោជន៍ជុំវិញ តាំងនៅសព្វៗកាល។
ម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងមកថា យមរាជ មានសេចក្ដីត្រិះរិះ ដូច្នេះថា ម្នាលអ្នកដ៏ចំរើន ឮថា ពួកសត្វណា ធ្វើអំពើអាក្រក់ក្នុងលោក ពួកសត្វនោះ ត្រូវពួកនិរយបាល ធ្វើកម្មករណ៍ផ្សេងៗ មានសភាពយ៉ាងនេះ អើហ្ន៎ សូមឲ្យអាត្មាអញ បានកើតជាមនុស្ស សូមឲ្យព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ កើតក្នុងលោក អាត្មាអញសោត គប្បីបានអង្គុយជិត ព្រះដ៏មានព្រះភាគនោះ គប្បីសំដែងធម៌ អាត្មាអញ គប្បីយល់ធម៌ របស់ព្រះដ៏មានព្រះភាគនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងបានឮនូវហេតុនោះ អំពីសំណាក់ នៃសមណៈ ឬព្រាហ្មណ៍ដទៃ ហើយសំដែង យ៉ាងនេះក៏ទេ ម្នាលភិក្ខុទាំងឡាយ ប្រាកដជាតថាគត បានសំដែងហេតុនោះឯង ដែលតថាគត ដឹងដោយខ្លួនឯង ឃើញដោយខ្លួនឯង យល់ជាក់ច្បាស់ ដោយខ្លួនឯង។ មាណពណា ដែលទេវទូតដាស់តឿនហើយ នៅតែប្រហែសធ្វេស មាណព នោះ ទៅកើតក្នុងពួកថោកទាប រមែងសោកសង្រេង អស់រាត្រីវែង។ នរជនណាជាសប្បុរស ស្ងប់ទុក្ខក្នុងលោកនេះ ដែលទេវទូត ដាស់តឿនហើយ មិនប្រហែសធ្វេស ក្នុងអរិយធម៌ ក្នុងកាលខ្លះ ឃើញភ័យ ក្នុងឧបាទាន ជាដែនកើតនៃជាតិ និងមរណៈ រមែងរួចស្រឡះ ព្រោះមិនប្រកាន់ ក្នុងការអស់ជាតិ និងមរណៈ នរជននោះ ដល់នូវសេចក្ដីក្សេម និងសុខ រលត់កិលេស ក្នុងបច្ចុប្បន្ន កន្លងបង់ នូវពៀរនិងភ័យទាំងអស់ កន្លងនូវសេចក្ដីទុក្ខ ទាំងអស់បាន។
(៧. ចតុមហារាជសុត្តំ)
[៣៨] ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃទី៨ នៃបក្ខ ពួកអាមាត្យ ជាបរិសទ្យ របស់ស្ដេចធំ ទាំង៤ តែងដើរត្រួតលោកនេះ ដោយគិតថា បណ្ដាមនុស្សទាំងឡាយ គង់មានពួកមនុស្សជាច្រើន ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ រក្សាបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយខ្លះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃ ទី១៤ នៃបក្ខ ពួករាជបុត្រ របស់ស្ដេចធំ ទាំង៤ តែងដើរត្រួតលោកនេះ ដោយគិតថា បណ្ដាមនុស្សទាំងឡាយ គង់មានពួកមនុស្សជាច្រើន ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយ ខ្លះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃបណ្ណរសីឧបោសថនោះ ពួកស្ដេចធំ ទាំង៤ តែងដើរត្រួតមើលលោកនេះខ្លួនឯង ដោយគិតថា បណ្ដាមនុស្សទាំងឡាយ គង់មានពួកមនុស្សជាច្រើន ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយ ខ្លះដែរឬ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាមនុស្សទាំងឡាយ បើពួកមនុស្ស ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយ មានតិចគ្នា។ ម្នាលភិក្ខុទាំងឡាយ ស្ដេចធំ ទាំង៤ ប្រាប់ដំណឹងនោះ ដល់ពួកទេវតាស្ថានតាវត្តឹង្ស ដែលអង្គុយប្រជុំគ្នា ក្នុងសាលាសុធម្មាថា នែអ្នកនិទ៌ុក្ខទាំងឡាយ បណ្ដាមនុស្សទាំងឡាយ ពួកមនុស្ស ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើកុសលទាំងឡាយ តិចគ្នាណាស់។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួកតាវត្តឹង្សទេវតា តូចចិត្តថា ម្នាលអ្នកដ៏ចំរើន ពួកទេវតានឹងសាបសូន្យ ពួកអសុរនឹងកុះករ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាមនុស្សទាំងឡាយ បើពួកមនុស្ស ជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយ មានចំនួនច្រើនគ្នា។ ម្នាលភិក្ខុទាំងឡាយ សេ្ដចធំ ទាំង៤ តែងប្រាប់ដំណឹងនោះ ដល់តាវត្តឹង្សទេវតា ដែលអង្គុយប្រជុំ ក្នុងសាលាឈ្មោះសុធម្មាថា ម្នាលអ្នកនិទ៌ុក្ខទាំងឡាយ បណ្ដាមនុស្សទាំងឡាយ ពួកមនុស្សជាអ្នកគោរពមាតា គោរពបិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោតក្រែងបុគ្គលជាធំ ក្នុងត្រកូល រក្សាបកតិឧបោសថ ធ្វើបដិជាគរឧបោសថ ធ្វើបុណ្យទាំងឡាយច្រើនគ្នា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួកតាវត្តឹង្សទេវតា មានសេចក្ដីពេញចិត្តថា ម្នាលអ្នកដ៏ចំរើន ពួកទេវតានឹងកុះករ ពួកអសុរនឹងសាបសូន្យ។
(៨. ទុតិយចតុមហារាជសុត្តំ)
[៣៩] ម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងមក កាលសក្កទេវរាជ ជាធំជាងពួកទេវតា ដាស់តឿនក្រើនរំលឹកពួកតាវត្តឹង្សទេវតា បានពោលគាថានេះ ក្នុងពេលនោះថា
នរៈណា ដូចជាយើង នរៈនោះ ត្រូវរក្សាឧបោសថ ប្រកបដោយអង្គ ៨ ក្នុងតិថី ទី១៤ ផង តិថី ទី១៥ ផង ទី៨ នៃបក្ខផង បាដិហារិយបក្ខផង
ម្នាលភិក្ខុទាំងឡាយ គាថានោះឯង ដែលសក្កៈ ជាធំជាងទេវតា ច្រៀងទាស់ហើយ មិនមែនច្រៀងត្រូវទេ ពោលទាស់ហើយ មិនមែនពោលត្រូវទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះសក្កៈ ជាធំជាងពួកទេវតា មិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណា ជាអរហន្តខីណាស្រព នៅចប់ព្រហ្មចារ្យហើយ មានកិច្ចធ្វើរួចហើយ មានភារៈ ដាក់ចុះហើយ សម្រេចអរហត្តហើយ អស់សំយោជនៈ ក្នុងភពហើយ ជាអ្នកផុតស្រឡះ ព្រោះដឹងនូវហេតុ ភិក្ខុនោះឯងទើបគួរពោល នូវគាថានោះថា
នរៈណា ប្រាកដដូចជាយើង នរៈនោះ ត្រូវរក្សាឧបោសថ ប្រកបដោយអង្គ៨ ក្នុងតិថី ទី១៤ផង ទី១៥ផង ទី៨ នៃបក្ខផង បាដិហារយបក្ខផង។
ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ។ ម្នាលភិក្ខុទាំងឡាយ ធ្លាប់មានរឿងមក កាលសក្កទេវរាជ ជាធំជាងពួកទេវតា ដាស់តឿនពួកតាវត្តឹង្សទេវតា បានពោលគាថានេះ ក្នុងពេលនោះថា
នរៈណា ប្រាកដដូចជាយើង នរៈនោះ ត្រូវរក្សាឧបោសថ ប្រកបដោយអង្គ៨ ក្នុងតិថី ទី ១៤ ផង ទី ១៥ផង ទី៨ នៃបក្ខផង បាដិហារិបក្ខផង។
ម្នាលភិក្ខុទាំងឡាយ គាថានោះ សក្កទេវរាជជាធំ ជាងទេវតា ច្រៀងទាស់ហើយ មិនមែនច្រៀងត្រូវទេ ពោលទាស់ហើយ មិនមែនពោលត្រូវទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះសក្កៈ ជាធំជាងទេវតា មិនទាន់ផុតចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្ដីតានតឹង តថាគតហៅថា មិនទាន់ផុតចាកទុក្ខ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុ ជាអរហន្តខីណាស្រព នៅចប់ព្រហ្មចារ្យហើយ មានកិច្ចធ្វើរួចហើយ មានភារៈដាក់ចុះហើយ បានសម្រេចអរហត្តហើយ មានសំយោជនៈ ក្នុងភពអស់ហើយ រួចស្រឡះហើយ ព្រោះដឹងនូវហេតុ ភិក្ខុនោះ ទើបគួរពោល នូវគាថានោះថា
នរៈណា ប្រាកដដូចជាយើង នរៈនោះ ត្រូវរក្សាឧបោសថ ប្រកបដោយអង្គ ៨ ក្នុងតិថី ទី១៤ផង ទី១៥ផង ទី៨ នៃបក្ខផង បាដិហារិយបក្ខផង។
ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ រួចស្រឡះ ចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្ដីតានតឹង តថាគតហៅថា រួចស្រឡះចាកទុក្ខ។
(៩. សុខុមាលសុត្តំ)
[៤០] ម្នាលភិក្ខុទាំងឡាយ តថាគត ធ្លាប់សុខដ៏ក្រៃលែង ធ្លាប់សុខជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ព្រះបិតាតថាគត ទ្រង់ឲ្យជីកស្រះបោក្ខរណី ក្នុងព្រះរាជនិវេសន៍ ទ្រង់ឲ្យដាំឧប្បលខៀវមួយកន្លែង ឈូកស មួយកន្លែង ឈូកក្រហម មួយកន្លែង ប្រយោជន៍ដល់តថាគតប៉ុណ្ណោះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែនទ្រទ្រង់ត្រឹមតែលំអិតខ្លឹមចន្ទន៍ ក្នុងដែនកាសី17) ប៉ុណ្ណោះទេ ម្នាលភិក្ខុទាំងឡាយ ឈ្នួតរបស់តថាគត ក៏មកពីដែនកាសី អាវ និងសំពត់ទទូរ ក៏មកពីដែនកាសី សំពត់ស្លៀក ក៏មកពីដែនកាសី សំពត់បង់ក ក៏មកពីដែនកាសី។ ម្នាលភិក្ខុទាំងឡាយ គេបាំងស្វេតច្ឆត្រ ឲ្យតថាគត ទាំងយប់ ទាំងថ្ងៃ ដោយការពារ មិនឲ្យត្រជាក់ក្ដី ក្ដៅក្ដី ធូលីក្ដី ស្មៅក្ដី ទឹកសន្សើមក្ដី ប៉ះត្រូវតថាគតនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានប្រាសាទ ៣ គឺប្រាសាទ ដែលសម្រាប់នៅ ក្នុងរដូវត្រជាក់ ១ សម្រាប់នៅ ក្នុងរដូវក្ដៅ ១ សម្រាប់នៅ ក្នុងរដូវភ្លៀង ១។ ម្នាលភិក្ខុទាំងឡាយ តថាគតមានគេបម្រើ ដោយតូរ្យតន្រ្តី មិនលាយដោយប្រុស អស់៤ខែ ក្នុងវស្សានរដូវ ក្នុងប្រាសាទសម្រាប់រដូវភ្លៀង មិនដែលចុះមកខាងក្រោមប្រាសាទ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលំនៅទាំងឡាយ របស់ពួកជនដទៃ គេឲ្យបាយចុងអង្ករ ដែលមានទឹកជ្រក់ ជាគំរប់ពីរ ដល់ទាសៈ និងអ្នកធ្វើការងារ និងបុរសអ្នកអាស្រ័យចិញ្ចឹមជីវិតយ៉ាងណា ម្នាលភិក្ខុទាំងឡាយ ចំណែកក្នុងនិវេសនស្ថាន របស់ព្រះបិតាតថាគត គេឲ្យបាយអង្ករស្រូវសាលី និងសាច់ ដល់ទាសៈ និងអ្នកធ្វើការ និងបុរសអ្នកអាស្រ័យចិញ្ចឹមជីវិត តែយ៉ាងហ្នឹងឯង។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ប្រកប ដោយឫទ្ធិ មានសភាពយ៉ាងនេះផង ដោយសេចក្ដីសុខ ដ៏ក្រៃលែង យ៉ាងនេះផង មានសេចក្ដីត្រិះរិះ ដូច្នេះថា បុថុជ្ជន ដែលមិនបានរៀនសូត្រ មានជរា ជាធម្មតា មិនកន្លងនូវជរាឡើយ លុះឃើញអ្នកដទៃគ្រាំគ្រា រំលងខ្លួនឯងទៅ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម (នឹងអ្នកដទៃវិញ) ចំណែកអាត្មាអញ មានជរា ជាធម្មតាដែរ មិនកន្លងជរាបានឡើយ បើអាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ លុះឃើញអ្នកដទៃហើយ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម ហេតុនោះ មិនសមគួរ ដល់អាត្មាអញទេ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ពិចារណាឃើញច្បាស់ ដូច្នេះហើយ ក៏លះបង់ នូវសេចក្ដីស្រវឹង ក្នុងវ័យទាំងអស់។ បុថុជ្ជន មិនបានរៀនសូត្រខ្លួនឯង មានព្យាធិជាធម្មតា មិនកន្លងនូវព្យាធិទៅបាន លុះឃើញអ្នកដទៃមានព្យាធិ រំលងខ្លួនឯងទៅ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម (អ្នកដទៃវិញ)។ សូម្បីអាត្មាអញ ក៏មានព្យាធិ ជាធម្មតាដែរ មិនកន្លងព្យាធិបាន បើអាត្មាអញ មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបាន លុះឃើញអ្នកដទៃ មានព្យាធិហើយ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម ហេតុនោះ មិនសមគួរ ដល់អាត្មាអញទេ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ កាលពិចារណាឃើញ ដូច្នេះ ក៏លះបង់សេចក្ដីស្រវឹង ព្រោះមិនមានរោគ ដោយប្រការទាំងពួង។ បុថុជ្ជន ដែលមិនបានរៀនសូត្រខ្លួនឯង មានមរណៈ ជាធម្មតា មិនកន្លងមរណៈទៅបាន លុះឃើញអ្នកដទៃស្លាប់ រំលងខ្លួនឯងទៅ នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម (បុគ្គលដទៃវិញ)។ អាត្មាអញ ក៏មានមរណៈ ជាធម្មតាដែរ មិនកន្លងមរណៈបាន ប្រសិនបើអាត្មាអញ មានមរណៈ ជាធម្មតាដែរ មិនកន្លងមរណៈបានទេ លុះឃើញអ្នកដទៃ ស្លាប់ហើយ ក៏នឿយណាយ ជិនឆ្អន់ ខ្ពើមរអើម ហេតុនោះ ក៏មិនសមគួរ ដល់អាត្មាអញទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតនោះ ពិចារណាឃើញ ដូច្នេះ សេចក្ដីស្រវឹង ព្រោះជីវិតនោះ ក៏បាត់ទៅ ដោយប្រការទាំងពួង។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីស្រវឹងនេះ មាន៣យ៉ាង។ សេចក្ដីស្រវឹង៣យ៉ាង តើអ្វីខ្លះ។ គឺស្រវឹងព្រោះវ័យ ១ ស្រវឹងព្រោះមិនមានរោគ ១ ស្រវឹងព្រោះជីវិត ១។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ដែលមិនបានរៀនសូត្រ ស្រវឹង ដោយសេចក្ដីស្រវឹងព្រោះវ័យ តែងប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ បុថុជ្ជននោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតជាប្រេត តិរច្ឆាន អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជ ដែលមិនបានរៀនសូត្រ ស្រវឹងដោយសេចក្ដីស្រវឹង ព្រោះមិនមានរោគ។ បេ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនដែលមិនបានរៀនសូត្រ ស្រវឹងដោយសេចក្ដីស្រវឹង ព្រោះជីវិត តែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ បុថុជ្ជននោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើតជាប្រេត តិរច្ឆាន អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្រវឹងដោយសេចក្ដីស្រវឹង ព្រោះវ័យក្ដី តែងលាសិក្ខា ត្រឡប់មកកាន់ភេទដ៏ថោកទាប ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្រវឹង ដោយសេចក្ដីស្រវឹង ព្រោះមិនមានរោគក្ដី តែងលាសិក្ខា វិលត្រឡប់មកកាន់ភេទដ៏ថោកទាប ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្រវឹង ដោយសេចក្ដីស្រវឹងព្រោះជីវិតក្ដី តែងលាសិក្ខា ហើយត្រឡប់មកកាន់ភេទដ៏ថោកទាប។
ពួកបុថុជ្ជន មានព្យាធិជាធម្មតា មានជរាជាធម្មតា មានមរណៈ ជាធម្មតា ធម្មតា (ខ្លួន) យ៉ាងណា ក៏ត្រូវតែមានយ៉ាងនោះ តែខ្ពើម (បុគ្គលដទៃ)។ ប្រសិនបើតថាគត ខ្ពើមរអើម នូវហេតុនោះ ក្នុងសត្វទាំងឡាយ ដែលមានធម្មតា យ៉ាងនេះ សេចក្ដីខ្ពើមរអើមនោះ មិនសមគួរ ដល់តថាគត ដែលនៅយ៉ាងនោះទេ។ កាលតថាគត កំពុងនៅ យ៉ាងនេះ បានដឹងនូវធម៌ ដែលមិនមានឧបធិ ក៏បានគ្របសង្កត់សេចក្ដីស្រវឹងព្រោះមិនមានរោគ ព្រោះវ័យ ព្រោះជីវិតទាំងពួងបាន ព្រោះឃើញនូវនេក្ខម្ម ដោយសេចក្ដីក្សេម។ កាលតថាគតនោះ ឃើញច្បាស់នូវព្រះនិព្វាន ក៏កើតឧស្សាហ៍ តថាគត មិនគួរដើម្បីសេព នូវកាមទាំងឡាយ ក្នុងកាលឥឡូវនេះទេ នឹងមិនត្រឡប់មករក(កាម) វិញទេ មានព្រហ្មចារ្យប្រព្រឹត្តទៅខាងមុខ។
(១០. អាធិបតេយ្យសុត្តំ)
[៤១] ម្នាលភិក្ខុទាំងឡាយ អាធិបតេយ្យ (ភាពជាធំ) នេះ មាន៣យ៉ាង។ អាធិបតេយ្យ ៣យ៉ាង តើអ្វីខ្លះ។ គឺអត្តាធិបតេយ្យ ១ លោកាធិបតេយ្យ ១ ធម្មាធិបតេយ្យ ១។ ម្នាលភិក្ខុទាំងឡាយ អត្តាធិបតេយ្យ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅជិតគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី រមែងពិចារណាឃើញច្បាស់ យ៉ាងនេះថា អាត្មាអញ មិនមែនចេញចាកផ្ទះ មកបួស ព្រោះហេតុតែចីវរទេ មិនមែនព្រោះហេតុតែបិណ្ឌបាតទេ មិនមែនព្រោះហេតុតែសេនាសនៈទេ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែភពតូច ភពធំ18) ទេ ក៏អាត្មាអញ ជាបុគ្គលដែលជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ មានទុក្ខប្រព្រឹត្តទៅខាងមុខ ធ្វើម្ដេចហ្ន៎ គប្បីធ្វើទីបំផុតគំនរទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ អាត្មាអញសោត បានលះបង់កាមបែបណាហើយ ចេញចាកផ្ទះមកបួស គប្បីស្វែងរកនូវកាមបែបនោះក្ដី នូវអំពើអាក្រក់ ខ្លាំងជាងកាមទាំងនោះក្ដី ការនោះ មិនសមគួរ ដល់អាត្មាអញទេ។ ភិក្ខុនោះ តែងពិចារណា ដូច្នេះថា អាត្មាអញ នឹងប្រារព្ធព្យាយាម មិនឲ្យធូរថយ នឹងប្រុសស្មារតី មិនឲ្យវង្វេងភ្លាត់ ឲ្យកាយ19) ស្ងប់រម្ងាប់ មិនឲ្យរសាប់រសល់ ឲ្យចិត្តដំកល់មាំ មានអារម្មណ៍តែមួយ។ ភិក្ខុនេះ ធ្វើខ្លួនឯង ឲ្យជាអាធិបតេយ្យហើយ រមែងលះបង់អកុសល ចំរើនកុសល លះបង់អំពើ ដែលប្រកបដោយទោស ចំរើនតែអំពើ ដែលមិនមានទោស រក្សាខ្លួនឲ្យស្អាត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អត្តាធិបតេយ្យ។ ម្នាលភិក្ខុទាំងឡាយ លោកាធិបតេយ្យ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅជិតគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី រមែងពិចារណា ដូច្នេះថា អាត្មាអញ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែចីវរទេ មិនមែនព្រោះហេតុតែបិណ្ឌបាតទេ មិនមែនព្រោះហេតុតែសេនាសនៈទេ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែភពតូច ភពធំទេ ក៏អាត្មាអញ ជាបុគ្គលដែលជាតិ ជរា មរណៈ សោក សេចក្ដីខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្ដីចង្អៀតចង្អល់ គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ មានសេចក្ដីទុក្ខប្រព្រឹត្តទៅខាងមុខ ធ្វើម្ដេចហ្ន៎ គប្បីធ្វើទីបំផុតគំនរទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ អាត្មាអញ បួសយ៉ាងនេះហើយ ត្រិះរិះកាមវិតក្កៈក្ដី ត្រិះរិះព្យាបាទវិតក្កៈក្ដី ត្រិះរិះវិហឹសាវិតក្កៈក្ដី លោកសន្និវាសនេះសោត ក៏ធំ ទោះក្នុងលោកសន្និវាសធំមែន ក៏គង់មានសមណព្រាហ្មណ៍ ជាអ្នកមានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តបុគ្គលដទៃ ពួកសមណព្រាហ្មណ៍ទាំងនោះ រមែងឃើញអំពីចម្ងាយ ទោះនៅជិត ក៏មិនប្រាកដ រមែងដឹងច្បាស់ នូវចិត្តដោយចិត្ត ពួកសមណព្រាហ្មណ៍ទាំងនោះ គង់ដឹងអាត្មាអញ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន សូមអ្នកមើលកុលបុត្រនេះ ចេញចាកផ្ទះមកបួស ដោយសទ្ធាហើយ នៅតែច្របូកច្របល់ ដោយធម៌ ជាអកុសលដ៏លាមក។ ម្យ៉ាងទៀត គង់មានពួកទេវតា ដែលមានឫទ្ធិ មានទិព្វចក្ខុ ដឹងចិត្តបុគ្គលដទៃ ពួកទេវតាទាំងនោះ តែងឃើញអំពីចម្ងាយ ទោះនៅជិត ក៏មិនប្រាកដ រមែងដឹងចិត្តដោយចិត្ត ពួកទេវតាទាំងនោះ គង់ដឹងអាត្មាអញ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន សូមអ្នកមើលកុលបុត្រនេះ ចេញចាកផ្ទះ មកបួសដោយសទ្ធាហើយ នៅតែច្របូកច្របល់ ដោយធម៌ ជាអកុសលដ៏លាមក។ ភិក្ខុនោះ ពិចារណា ដូច្នេះថា អាត្មាអញ នឹងប្រារព្ធព្យាយាម មិនឲ្យធូរថយ នឹងប្រុងសតិ មិនឲ្យវង្វេងភ្លេច ឲ្យកាយស្ងប់រម្ងាប់ មិនឲ្យធូរថយ ឲ្យចិត្តដំកល់មាំ មានអារម្មណ៍តែមួយ។ លុះភិក្ខុនោះ ប្រារព្ធលោក ឲ្យជាអាធិបតេយ្យហើយ តែងលះបង់អកុសល ចំរើនកុសល លះបង់អំពើ ដែលប្រកបដោយទោស ចំរើនតែអំពើ ដែលមិនមានទោស រក្សាខ្លួនឲ្យស្អាត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា លោកាធិបតេយ្យ។ ម្នាលភិក្ខុទាំងឡាយ ធម្មាធិបតេយ្យ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្ដី នៅជិតគល់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី តែងពិចារណា ដូច្នេះថា អាត្មាអញ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែចីវរទេ មិនមែនព្រោះហេតុតែបិណ្ឌបាតទេ មិនមែនព្រោះហេតុតែសេនាសនៈទេ មិនមែនចេញចាកផ្ទះមកបួស ព្រោះហេតុតែភពតូច ភពធំទេ ក៏អាត្មាអញ ជាបុគ្គល ដែលជាតិ ជារា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ គ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់ មានទុក្ខប្រព្រឹត្តទៅខាងមុខ ធ្វើម្ដេចហ្ន៎ គប្បីធ្វើទីបំផុតគំនរទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន។ ធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ល្អហើយ ជាធម៌ដែលអរិយបុគ្គល ឃើញច្បាស់ដោយខ្លួនឯង ឲ្យផលមិនរង់ចាំកាល គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ ដែលវិញ្ញូជន គប្បីដឹងច្បាស់ចំពោះខ្លួន។ គង់មានសព្រហ្មចារីបុគ្គលដឹង ឬឃើញដែរ។ អាត្មាអញបួសក្នុងធម៌វិន័យ ដែលព្រះមានព្រះភាគ ទ្រង់សំដែងល្អហើយយ៉ាងនេះត្រឡាំង ទៅជាអ្នកខ្ជិល ប្រហែលធ្វេស ហេតុនោះ មិនសមគួរទេ។ ភិក្ខុនោះ តែងពិចារណាដូច្នេះថា អាត្មាអញ នឹងប្រារព្ធព្យាយាម មិនឲ្យធូរថយ នឹងប្រុងស្មារតី មិនឲ្យវង្វេងភ្លេច ឲ្យកាយស្ងប់រម្ងាប់ មិនឲ្យរសាប់រសល់ ឲ្យចិត្តដំកល់មាំ មានអារម្មណ៍តែមួយ។ ភិក្ខុនោះ ប្រារព្ធធម៌ហ្នឹងឯង ឲ្យជាអាធិតេយ្យ ហើយលះបង់អកុសល ចំរើនតែកុសល លះបង់អំពើប្រកបដោយទោស ចំរើនអំពើ ដែលមិនមានទោស រក្សាខ្លួនឲ្យស្អាត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម្មាធិបតេយ្យ។ ម្នាលភិក្ខុទាំងឡាយ អាធិបតេយ្យ មាន៣យ៉ាងនេះឯង។
ធម្មតា បុគ្គលអ្នកធ្វើអំពើអាក្រក់ ក្នុងលោក មិនដែលកំបាំងទេ ម្នាលបុរស ខ្លួនអ្នកឯង រមែងដឹងថា ពិត ឬមិនពិត (ខ្លួនឯង) ម្នាលអ្នកដ៏ចំរើន អ្នកឯងជាសាក្សីចំពោះខ្លួនយ៉ាងល្អ អ្នកឯងផ្ទញ់ផ្ទាល់ខ្លួនឯង បើអ្នកឯងបិទបាំងអំពើអាក្រក់ ដែលមានក្នុងខ្លួននោះឯងហើយ ទេវតាទាំងឡាយ និងព្រះតថាគតទាំងឡាយ រមែងឃើញបុគ្គលពាល ដែលប្រព្រឹត្តខុសក្នុងលោក ហេតុនោះ បុគ្គល ត្រូវមានខ្លួនជាធំ ប្រុងស្មារតី ប្រព្រឹត្តផង មានលោកជាធំ ទាំងមានប្រាជ្ញាចាស់ មានឈានផង មានធម៌ជាធំ ទាំងប្រព្រឹត្តតាមធម៌ផង ជាអ្នកប្រាជ្ញ មានព្យាយាមទៀងទាត់ រមែងមិនថោកថយ បុគ្គលណា មានព្យាយាម ញំាញី គ្របសង្កត់មារ ជាអ្នកបំផ្លាញ រមែងសម្រេច នូវព្រះនិព្វាន ជាទីអស់ទៅនៃជាតិ បុគ្គលបែបនោះ ជាអ្នកជ្រាបច្បាស់នូវលោក មានប្រាជ្ញាល្អ ជាអ្នកប្រាជ្ញ មិនមានចំណង់ ក្នុងធម៌ទាំងអស់។
ចប់ ទេវទូតវគ្គ ទី៤។
ឧទ្ទាននៃទេវទូតវគ្គនោះគឺ
មាតាដូចជាព្រហ្ម ១សូត្រ រឿងព្រះអានន្ទ ១សូត្រ រឿងព្រះសារីបុត្រ ១សូត្រ ហេតុនៃកម្ម ១សូត្រ ហត្ថក ១សូត្រ ទេវទូត ១សូត្រ ទេវរាជ ២សូត្រ ពោធិសត្វធ្លាប់សុខ ១សូត្រ អាធិបតេយ្យ ១សូត្រ។
(៥. ចូឡវគ្គោ)
(១. សម្មុខីភាវសុត្តំ)
[៤២] ម្នាលភិក្ខុទាំងឡាយ កុលបុត្រមានសទ្ធា រមែងបានបុណ្យច្រើន ព្រោះមានរបស់ ៣ ក្នុងទីចំពោះមុខ។ របស់ ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រមានសទ្ធា រមែងបានបុណ្យច្រើន ព្រោះមានសទ្ធា ក្នុងទីចំពោះមុខ ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រមានសទ្ធា រមែងបានបុណ្យច្រើន ព្រោះមានទេយ្យធម៌ ក្នុងទីចំពោះមុខ ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រមានសទ្ធា រមែងបានបុណ្យច្រើន ព្រោះមានទក្ខិណេយ្យបុគ្គល ក្នុងទីចំពោះមុខ ១។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រមានសទ្ធា តែងបានបុណ្យច្រើន ព្រោះមានរបស់៣នេះឯង ក្នុងទីចំពោះមុខ។
(២. តិឋានសុត្តំ)
[៤៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសទ្ធាជ្រះថ្លា បណ្ឌិតត្រូវដឹងដោយហេតុ៣យ៉ាង។ ហេតុ៣ យ៉ាង គឺអ្វីខ្លះ។ គឺបុគ្គលនោះ ចង់ឃើញបុគ្គលមានសីល ១ ចង់ស្ដាប់ព្រះសទ្ធម្ម ១ មានចិត្តប្រាសចាកសេចក្ដីកំណាញ់ជាមន្ទិល នៅគ្រប់គ្រងផ្ទះ មានការលះរួចហើយ មានដៃលាងហើយ ត្រេកអរ ក្នុងការលះ ជាអ្នកគួរដល់ស្មូម ជាអ្នកត្រេកអរ ក្នុងការឲ្យ និងការចែករំលែក១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសទ្ធាជ្រះថ្លា បណ្ឌិតត្រូវដឹង ដោយហេតុ៣ យ៉ាងនេះ។
បុគ្គលណា ចង់ឃើញពួកបុគ្គលមានសីល ចង់ស្ដាប់ព្រះសទ្ធម្ម កំចាត់បង់នូវមន្ទិល គឺសេចក្ដីកំណាញ់ បុគ្គលនោះឯង ហៅថា អ្នកមានសទ្ធា។
(៣. អត្ថវសសុត្តំ)
[៤៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលឃើញអំណាចប្រយោជន៍ ៣ យ៉ាង ទើបគួរសំដែងធម៌ ដល់បុគ្គលដទៃ។ អំណាចប្រយោជន៍ ៣យ៉ាង តើដូចម្ដេច។ បុគ្គលអ្នកសំដែងធម៌នោះ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១ បុគ្គលអ្នកស្ដាប់ធម៌នោះ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១ បុគ្គលអ្នកសំដែងធម៌ និងបុគ្គលអ្នកស្ដាប់ធម៌ ទាំងពីរនាក់ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលយល់អំណាចប្រយោជន៍ ៣ យ៉ាងនេះឯង ទើបគួរសំដែងធម៌ ដល់បុគ្គលដទៃបាន។
(៤. កថាបវត្តិសុត្តំ)
[៤៥] ម្នាលភិក្ខុទាំងឡាយ សំដីដែលប្រព្រឹត្តទៅស្រួល ដោយហេតុ៣យ៉ាង។ ហេតុ៣ យ៉ាង តើដូចម្ដេច។ គឺបុគ្គលអ្នកសំដែងធម៌ បានយល់អដ្ឋកថាទាំងយល់បាលី ១ បុគ្គលអ្នកស្តាប់ធម៌នោះ បានយល់អដ្ឋកថា ទាំងយល់បាលី ១ បុគ្គលអ្នកសំដែងធម៌ និងបុគ្គលអ្នកស្ដាប់ធម៌ ទាំងពីរនាក់ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១។ ម្នាលភិក្ខុទាំងឡាយ សំដីដែលប្រព្រឹត្តទៅស្រួល ដោយហេតុ៣យ៉ាងនេះឯង។
(៥. បណ្ឌិតសុត្តំ)
[៤៦] ម្នាលភិក្ខុទាំងឡាយ ហេតុ៣យ៉ាងនេះ ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ។ ហេតុ៣យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ទានជាគុណជាត ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ ១ ម្នាលភិក្ខុទាំងឡាយ បព្វជ្ជា ជាគុណជាតិ ដែលបណ្ឌិតបញ្ញត្តហើយ ១ ដែលសប្បុរសបញ្ញត្តហើយ ១ មាតាបិតុបដ្ឋាន (ការបម្រើមាតាបិតា) ជាគុណជាត ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ ១។ ម្នាលភិក្ខុទាំងឡាយ ហេតុ៣យ៉ាងនេះឯង ជាគុណជាត ដែលបណ្ឌិតបញ្ញត្តហើយ ដែលសប្បុរសបញ្ញត្តហើយ។
ទានជាគុណជាត ដែលពួកសប្បុរសបញ្ញត្តហើយ ការមិនបៀតបៀន ការសង្រួម ការទូន្មានខ្លួន ជាគុណជាត ដែលសប្បុរសបញ្ញត្តហើយ ការបម្រើមាតាបិតា ជាគុណជាត ដែលសប្បុរសបញ្ញត្តហើយ បណ្ឌិតជាអ្នកប្រសើរ ប្រកបដោយសេចក្ដីយល់ឃើញ គួរប្រតិបត្តិនូវហេតុ របស់សប្បុរស ជាអ្នកស្ងប់ ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរ បណ្ឌិតនោះ រមែងទៅកាន់ទេវលោក ជាទីក្សេម។
(៦. សីលវន្តសុត្តំ)
[៤៧] ម្នាលភិក្ខុទាំងឡាយ ពួកបព្វជិត ជាអ្នកមានសីល ចូលទៅនៅអាស្រ័យស្រុក ឬនិគមណា ពួកមនុស្សក្នុងស្រុក ឬនិគមនោះ រមែងបានបុណ្យច្រើន ដោយហេតុ ៣ប្រការ។ ហេតុ៣ប្រការ តើដូចម្ដេច។ គឺកាយ ១ វាចា ១ ចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ពួកបព្វជិត ជាអ្នកមានសីល ចូលទៅនៅអាស្រ័យស្រុក ឬនិគមណា ពួកមនុស្សក្នុងស្រុក ឬនិគមនោះ រមែងបានបុណ្យច្រើន ដោយហេតុ៣ ប្រការនេះ។
(៧. សង្ខតលក្ខណសុត្តំ)
[៤៨] ម្នាលភិក្ខុទាំងឡាយ សង្ខតលក្ខណៈ20) របស់សង្ខតធម៌21) នេះ មាន៣យ៉ាង។ សង្ខតលក្ខណៈ ៣ យ៉ាង តើដូចម្ដេច។ គឺការកើត រមែងប្រាកដ ១ ការបែកធ្លាយ រមែងប្រាកដ ១ ការប្រែប្រួល នៃសភាវៈ ដែលតាំងនៅ រមែងប្រាកដ ១។ ម្នាលភិក្ខុទាំងឡាយ នេះជាសង្ខតលក្ខណៈ របស់សង្ខតធម៌ ទាំង៣ យ៉ាង។
(៨. អសង្ខតលក្ខណសុត្តំ)
[៤៩] ម្នាលភិក្ខុទាំងឡាយ អសង្ខតលក្ខណៈ នៃអសង្ខតធម៌នេះ មាន៣យ៉ាង។ អសង្ខតលក្ខណៈ ៣យ៉ាង តើដូចម្ដេច។ គឺការកើត មិនប្រាកដ ១ ការបែកធ្លាយ មិនប្រាកដ ១ ការប្រែប្រួល នៃសភាវៈ ដែលតាំងនៅ មិនប្រាកដ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាអសង្ខតលក្ខណៈ របស់អសង្ខតធម៌ ទាំង៣យ៉ាង។
(៩. បព្វតរាជសុត្តំ)
[៥០] ម្នាលភិក្ខុទាំងឡាយ ឈើធំអាស្រ័យស្ដេចភ្នំ ឈ្មោះហិមវន្ដ រមែងចំរើន ដោយសេចក្ដីចំរើន ៣យ៉ាង។ សេចក្ដីចំរើន ៣យ៉ាង តើដូចម្ដេច។ គឺចំរើនដោយមែក ស្លឹក និងត្រួយ ១ ចំរើនដោយសម្បក និងក្រមរ ១ ចំរើនដោយស្រាយនិងខ្លឹម ១។ ម្នាលភិក្ខុទាំងឡាយ ឈើធំអាស្រ័យស្ដេចភ្នំ ឈ្មោះហិមវន្ត រមែងចំរើន ដោយសេចក្ដីចំរើន ៣យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ជនខាងក្នុង អាស្រ័យ ម្ចាស់ត្រកូល ដែលមានសទ្ធា រមែងចំរើន ដោយសេចក្ដីចំរើន ៣យ៉ាង។ ការចំរើន៣យ៉ាង តើដូចម្ដេច។ គឺចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ជនខាងក្នុង អាស្រ័យម្ចាស់ត្រកូល ដែលមានសទ្ធា រមែងចំរើន ដោយសេចក្ដីចំរើន ៣ យ៉ាងនេះឯង។
ភ្នំដ៏ហើយដោយថ្ម ពួកឈើជាច្បងក្នុងព្រៃ រមែងចំរើន ព្រោះអាស្រ័យភ្នំនោះ ក្នុងព្រៃធំ ជាអរញ្ញស្ថាន យ៉ាងណាមិញ កូនប្រពន្ធផង ផៅពង្សផង ពួកអមាត្យផង ពួកញាតិផង ពួកជនដែលរស់នៅ ដោយសារជននោះផង រមែងចំរើន ព្រោះអាស្រ័យម្ចាស់ត្រកូល ដែលបរិបូណ៌ដោយសីល មានសទ្ធា ក្នុងលោកនេះ ក៏យ៉ាងនោះដែរ។ ជនទាំងនោះ ឃើញសីលផង ចាគៈផង សុចរិតផង របស់ម្ចាស់ត្រកូល ដែលមានសីលនោះហើយ រមែងប្រព្រឹត្តតាមពួកជនអ្នកមានប្រាជ្ញាឈ្លាសនោះ លុះប្រព្រឹត្តធម៌ ដែលជាផ្លូវជាទីទៅកាន់សុគតិ ក្នុងលោកនេះ ហើយជាអ្នកមានសេចក្ដីប្រាថ្នា ក្នុងកាម មានសេចក្ដីត្រេកអរ រមែងរីករាយ ក្នុងទេវលោក។
(១០. អាតប្បករណីយសុត្តំ)
[៥១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរធ្វើព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដោយហេតុ ៣យ៉ាង។ ហេតុ ៣យ៉ាង ដូចម្ដេចខ្លះ។ គឺភិក្ខុគួរធ្វើ នូវព្យាយាម ដើម្បីញុំាងអកុសល ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ១ គួរធ្វើព្យាយាម ដើម្បីញុំាកុសលធម៌ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ១ គួរធ្វើព្យាយាម ដើម្បីអត់សង្កត់ នូវវេទនាមានក្នុងសរីរៈ ដែលកើតឡើងហើយ ទ្រាំបានដោយលំបាក ក្លៀវក្លា ក្រហល់ក្រហាយ មិនឆ្ងាញ់ មិនគាប់ចិត្ត ជាវេទនាផ្ដិលផ្ដាច់ជីវិត ១ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុធ្វើព្យាយាម ដើម្បីញុំាងអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ធ្វើព្យាយាមដើម្បីញុំាងកុសលធម៌ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ធ្វើព្យាយាមអត់សង្កត់ នូវវេទនា មានក្នុងសរីរៈ ដែលកើតឡើងហើយ អត់ទ្រាំលំបាក ដ៏ក្លៀវក្លា ក្រហល់ក្រហាយ មិនឆ្ងាញ់ មិនពេញចិត្ត ជាវេទនាផ្ដិលផ្ដាច់នូវជីវិត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះឈ្មោះថា មានព្យាយាម ដុតកំដៅកិលេស មានបញ្ញា មានស្មារតី ដើម្បីធ្វើនូវទីបំផុតទុក្ខ ដោយប្រពៃបាន។
(១១. មហាចោរសុត្តំ)
[៥២] ម្នាលភិក្ខុទាំងឡាយ មហាចោរដែលប្រកបដោយអង្គ ៣ រមែងកាត់នូវទីត នៃផ្ទះខ្លះ ប្លន់ធំខ្លះ ប្លន់ផ្ទះមួយខ្លះ ចាំស្កាត់ក្នុងផ្លូវខ្លះ។ អង្គ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ក្នុងលោកនេះ អាស្រ័យទីដែលមិនស្មើ ១ អាស្រ័យព្រៃញាតស្បាត ១ អាស្រ័យអ្នកមានកំម្លាំង ១។ ម្នាលភិក្ខុទាំងឡាយ មហាចោរ អាស្រ័យទីដែលមិនស្មើ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរក្នុងលោកនេះ អាស្រ័យទី ជាចន្លោះកោះ នៃទន្លេខ្លះ អាស្រ័យនូវភ្នំមិនស្មើខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាចោរ អាស្រ័យនូវទីមិនស្មើ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ជាអ្នកអាស្រ័យព្រៃញាតស្បាត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ក្នុងលោកនេះ អាស្រ័យនូវព្រៃស្បាតស្មៅខ្លះ ព្រៃស្បាតឈើខ្លះ ត្រើយច្រាំងខ្លះ ដងព្រៃធំខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាចោរជាអ្នកអាស្រ័យព្រៃញាតស្បាត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មហាចោរអាស្រ័យអ្នកមានកម្លាំង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរក្នុងលោកនេះ អាស្រ័យស្ដេចឬរាជមហាមាត្យ មហាចោរនោះ មានសេចក្ដីសង្ឃឹម ដូច្នេះថា បើបុគ្គលណាមួយប្ដឹងអ្វីៗពីអញ ពួកស្ដេច ឬពួករាជមហាមាត្យ ទាំងនេះ មុខជានឹងពោលបង្រ្គបឲ្យអញមិនខាន។ បើបុគ្គលណាប្ដឹងអ្វីៗពីចោរនោះ ពួកស្ដេច ឬពួករាជមហាមាត្យនោះ រមែងពោលបង្រ្គបបុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ មហាចោរអាស្រ័យអ្នកមានកម្លាំង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ដែលប្រកបដោយអង្គ៣ យ៉ាងនេះឯង រមែងកាត់នូវទីតខ្លះ ប្លន់ធំខ្លះ ប្លន់ផ្ទះតែមួយខ្លះ នៅចាំស្កាត់ក្នុងផ្លូវខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានមារយាទអាក្រក់ ដែលប្រកបដោយធម៌ ៣ក៏យ៉ាងនោះដែរ រមែងរក្សាខ្លួន ដែលគាស់រំលើង បំផ្លាញគុណ ជាអ្នកប្រកបដោយទោសធំផង ប្រកបដោយទោសតូចផង ដែលពួកវិញ្ញូជនត្រូវតិះដៀលផង រមែងទទួលបាបច្រើនផង។ ធម៌៣ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ ក្នុងសាសនានេះ អាស្រ័យអំពើមិនស្មើ ១ អាស្រ័យសេចក្ដីយល់ដ៏សាំញុំា ១ អាស្រ័យអ្នកមានកំឡាំង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ អាស្រ័យអំពើមិនស្មើ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ ក្នុងសាសនានេះ ប្រកបដោយកាយកម្មមិនស្មើផង ប្រកបដោយវចីកម្មមិនស្មើផង ប្រកបដោយមនោកម្មមិនស្មើផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ អាស្រ័យអំពើមិនស្មើ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ អាស្រ័យសេចក្ដីយល់ ដ៏សាំញុំា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ ក្នុងសាសនានេះ ជាអ្នកយល់ខុស ប្រកបដោយអន្តគ្គាហិកាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ អាស្រ័យសេចក្ដីយល់ដ៏សាំញុំា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ អាស្រ័យអ្នកមានកំឡាំង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ ក្នុងសាសនានេះ បានអាស្រ័យស្ដេច ឬរាជមហាមាត្យ ភិក្ខុអាក្រក់នោះ តែងមានសេចក្ដីត្រិះរិះ យ៉ាងនេះថា បើអ្នកណាមួយ ចោទប្រកាន់អ្វីអំពីអញ ព្រះរាជាទាំងឡាយនេះ ឬពួករាជមហាមាត្យទាំងនេះ នឹងពោលសេចក្ដីបង្រ្គបឲ្យអញ។ បើបុគ្គលណាមួយ ចោទប្រកាន់តិចតួច អំពីភិក្ខុនោះ ព្រះរាជា ឬរាជមហាមាត្យទាំងនោះ តែងពោលសេចក្ដីបង្រ្គបបុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាក្រក់ អាស្រ័យអ្នកមានកំឡាំង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានមារយាទអាក្រក់ ដែលប្រកបដោយធម៌ ៣យ៉ាង នេះឯង រមែងរក្សាខ្លួន ដែលគាស់រំលើង បំផ្លាញគុណ ជាអ្នកប្រកបដោយទោសធំផង ប្រកបដោយទោសតូចផង ដែលពួកវិញ្ញូជន ត្រូវតិះដៀលផង រមែងទទួលបាបច្រើនផង។
ចប់ ចូឡវគ្គ ទី៥។
ឧទ្ទាននៃចូឡវគ្គនោះគឺ
អំពីរបស់៣ចំពោះមុខ ១សូត្រ សទ្ធាត្រូវដឹងដោយហេតុបី ១សូត្រ អំណាចប្រយោជន៍ ១សូត្រ សំដីប្រព្រឹត្តទៅស្រួល ១សូត្រ បណ្ឌិតបញ្ញត្ត ២សូត្រ ភិក្ខុមានសីល ១សូត្រ សង្ខតធម៌ ១សូត្រ អសង្ខតធម៌ ១សូត្រ ឈើធំអាស្រ័យភ្នំ ១សូត្រ ព្យាយាម ១សូត្រ មហាចោរ ១សូត្រ រួមជា ១១សូត្រ។
ចប់ បឋមបណ្ណាសក។
(២. ទុតិយបណ្ណាសកំ)
((៦) ១. ព្រាហ្មណវគ្គោ)
(១. បឋមទ្វេព្រាហ្មណសុត្តំ)
[៥៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង មានព្រាហ្មណ៍២ នាក់ ជរា មានវ័យចំរើន ចាស់ មានវ័យកន្លង ចូលដល់បច្ឆិមវ័យ តាំងពីកើតមកបាន ១២០ ឆ្នាំហើយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងពាក្យគួរឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំជាព្រាហ្មណ៍ ជរា មានវ័យចំរើនហើយ ចាស់ កន្លងវ័យចូលដល់បច្ឆិមវ័យតាំងពីកើតមកបាន ១២០ ឆ្នាំហើយ តែយើងខ្ញុំទាំងនោះ មិនបានធ្វើសេចក្ដីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹង ដើម្បីការពារភ័យ សូមព្រះគោតមដ៏ចំរើន ទូន្មានយើងខ្ញុំ សូមព្រះគោតមដ៏ចំរើន ប្រៀនប្រដៅពួកយើងខ្ញុំ ដើម្បីប្រយោជន៍ ដើម្បីសុខ ដល់យើងខ្ញុំ អស់កាលយូរ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា អើអ្នកទាំងឡាយ ជាព្រាហ្មណ៍ជរា មានវ័យចំរើនហើយ ចាស់កន្លងវ័យ ចូលដល់បច្ឆិមវ័យ តាំងពីកើតមកបាន ១២០ ឆ្នាំហើយ តែថា អ្នកទាំងនោះ មិនបានធ្វើសេចក្ដីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹង ដើម្បីការពារភ័យ ម្នាលព្រាហ្មណ៍ទាំងឡាយ សត្វលោកនេះ ដែលជរា ព្យាធិ មរណៈ បញ្ជូន22) តៗ គ្នា ម្នាលព្រាហ្មណ៍ទាំងឡាយ កាលបើសត្វលោក ដែលជរា ព្យាធិ មរណៈ បញ្ជូនតៗ គ្នា យ៉ាងនេះ សេចក្ដីសង្រួមដោយកាយ សេចក្ដីសង្រួមដោយវាចា សេចក្ដីសង្រួមដោយចិត្តណា ពីឥឡូវនេះទៅ បុណ្យដែលកើតអំពីសេចក្ដីសង្រួមនោះ ជាទីជ្រកកោនផង ជាទីពួនផង ជាទីពឹងផង ជាទីរឭកផង ជាទីសង្ឃឹមផង របស់បុគ្គលអ្នកទៅកាន់បរលោកនោះ។
ជីវិត គឺអាយុមានប្រមាណតិច ដែលជរា បញ្ជូនតៗគ្នា ទីពឹងទាំងឡាយ មិនមានដល់បុគ្គល ដែលជរាបញ្ជូនតៗគ្នាទៅ កាលបើបុគ្គលឃើញភ័យ ក្នុងមរណៈនុ៎ះ គួរធ្វើនូវបុណ្យទាំងឡាយ ដែលជាហេតុនាំមកនូវសេចក្ដីសុខ។ សេចក្ដីសង្រួម ដោយកាយ វាចា ចិត្តណា តាំងពីឥឡូវនេះទៅ បុណ្យដែលកើតអំពីការសង្រួមនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាសុខ ដល់បុគ្គលដែលទៅកាន់បរលោកនោះ (ព្រោះហេតុនោះ) កាលបើបុគ្គលរស់នៅ គួរតែធ្វើបុណ្យ។
(២. ទុតិយទ្វេព្រាហ្មណសុត្តំ)
[៥៤] គ្រានោះឯង ព្រាហ្មណ៍ ២នាក់ ជរា មានវ័យចំរើនហើយ ចាស់កន្លងវ័យ ចូលដល់បច្ឆិមវ័យ តាំងពីកើតមកបាន ១២០ ឆ្នាំហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍ទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងជាព្រាហ្មណ៍ជរា មានវ័យចំរើនហើយ ចាស់កន្លងវ័យហើយ ចូលដល់បច្ឆិមវ័យ តាំងពីកើតមកបាន ១២០ឆ្នាំហើយ តែយើងទាំងនោះ មិនបានធ្វើសេចក្ដីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹង ការពារភ័យសោះ សូមព្រះគោតមដ៏ចំរើន ទូន្មានយើងខ្ញុំព្រះអង្គ សូមព្រះគោតមដ៏ចំរើន ប្រៀនប្រដៅយើងខ្ញុំព្រះអង្គ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់យើងខ្ញុំព្រះអង្គ អស់កាលដ៏យូរ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា អើអ្នកទាំងឡាយ ជាព្រាហ្មណ៍ជរា មានវ័យចំរើនហើយ ចាស់ កន្លងវ័យ ចូលដល់បច្ឆិមវ័យ តាំងពីកើតមក បាន ១២០ ឆ្នាំហើយ តែថា អ្នកទាំងនោះ មិនបានធ្វើសេចក្ដីល្អ មិនបានធ្វើកុសល មិនបានធ្វើទីពឹង ការពារភ័យសោះ ម្នាលព្រាហ្មណ៍ទាំងឡាយ សត្វលោកនេះ ក្ដៅក្រហាយព្រោះជរា ព្យាធិ មរណៈ ម្នាលព្រាហ្មណ៍ទាំងឡាយ កាលបើសត្វលោកក្ដៅក្រហាយ ព្រោះជរា ព្យាធិ មរណៈ យ៉ាងនេះហើយ សេចក្ដីសង្រួមដោយកាយ សេចក្ដីសង្រួមដោយវាចា សេចក្ដីសង្រួមដោយចិត្តណា តាំងពីឥឡូវនេះទៅ បុណ្យ (ដែលកើតអំពីសេចក្ដីសង្រួម) នោះ ជាទីជ្រកកោនផង ជាទីពួនផង ជាទីពឹងផង ជាទីរឭកផង ជាទីសង្ឃឹមផង របស់បុគ្គលដែលទៅកាន់បរលោកនោះ។
កាលបើផ្ទះ ត្រូវភ្លើងឆេះ ជនម្ចាស់ផ្ទះ តែងជញ្ជូនភាជន៍ណា ចេញផុត (អំពីផ្ទះ) ឬទ្រព្យណា ក្នុងផ្ទះនោះ (ដែលគេជញ្ជូនចេញហើយ) ភ្លើងឆេះមិនបាន ទ្រព្យនោះ រមែងបានជាប្រយោជន៍របស់គេ យ៉ាងណា សត្វលោក ដែលត្រូវភ្លើង គឺជរា និងមរណៈ ឆាបឆេះ គួរប្រញាប់ជញ្ជូនចេញឲ្យផុត (អំពីផ្ទះ គឺរាងកាយ) ដោយការឲ្យទាន (ព្រោះថា) ទានដែលគេឲ្យហើយ ឈ្មោះថា បានជញ្ជូនដោយល្អ ក៏យ៉ាងនោះដែរ។ ការសង្រួមដោយកាយ វាចា ចិត្តណា ពីឥឡូវនេះទៅ បុណ្យ (ដែលកើតមកអំពីការសង្រួម) នោះ រមែងកើតសុខ ដល់បុគ្គលដែលទៅកាន់បរលោកហើយនោះ ហេតុនោះ កាលបើបុគ្គលរស់នៅ គួរតែធ្វើបុណ្យ។
(៣. អញ្ញតរព្រាហ្មណសុត្តំ)
[៥៥] គ្រានោះឯង មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះដ៏មានព្រះភាគ។ បេ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គតែងសំដែងថា ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងចិត្ត របស់ខ្លួនបាន ដែលពួកអ្នកប្រាជ្ញ គប្បីឃើញ ចំពោះខ្លួន តើដោយហេតុដូចម្ដេច។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលត្រេកអរ ដែលរាគៈគ្របសង្កត់ មានចិត្តប្រកាន់មាំ តែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងរងទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ កាលបើលះបង់រាគៈហើយ បុគ្គលរមែងមិនគិតដើម្បីបៀតបៀនខ្លួនឯងផង មិនគិតដើម្បីបៀតបៀនអ្នកដទៃផង មិនគិតដើម្បីបៀតបៀនខ្លួនឯង នឹងអ្នកដទៃផង រមែងមិនរងទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលព្រាហ្មណ៍ យ៉ាងនេះឯងហើយ ឈ្មោះថាធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ម្នាលព្រាហ្មណ៍ បុគ្គលប្រទូស្ត ដែលទោសៈគ្របសង្កត់ មានចិត្តប្រកាន់មាំ តែងគិត ដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងទទួលទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ កាលបើលះទោសៈបានហើយ បុគ្គលតែងមិនគិត ដើម្បីបៀតបៀនខ្លួនឯងផង មិនគិតដើម្បីបៀតបៀនអ្នកដទៃផង មិនគិត ដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃផង រមែងមិនទទួលទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលព្រាហ្មណ៍ យ៉ាងនេះហើយ ឈ្មោះថា ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ម្នាលព្រាហ្មណ៍ បុគ្គលវង្វេង ដែលមោហៈគ្របសង្កត់ មានចិត្តប្រកាន់មាំ តែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងទទួលទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ កាលបើលះមោហៈហើយ បុគ្គលមិនគិត ដើម្បីបៀតបៀនខ្លួនឯងផង មិនគិតដើម្បីបៀតបៀនអ្នកដទៃផង មិនគិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃផង រមែងមិនទទួលទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលព្រាហ្មណ៍ យ៉ាងនេះហើយ ឈ្មោះថា ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុក ក្នុងចិត្តរបស់ខ្លួនបាន ដែលវិញ្ញូជន គប្បីដឹងច្បាស់ ដោយខ្លួនឯង។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។
(៤. បរិព្វាជកសុត្តំ)
[៥៦] គ្រានោះឯង មានព្រាហ្មណ៍បរិព្វាជកម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ បេ។ លុះព្រាហ្មណ៍បរិព្វាជកនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គតែងសំដែងថា ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផលមិនរង់ចាំកាល គួរហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុក ក្នុងចិត្តរបស់ខ្លួន ដែលពួកវិញ្ញូជន គប្បីដឹងច្បាស់ ដោយខ្លួនឯង តើដោយហេតុដូចម្ដេច។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលត្រេកអរ ដែលរាគៈគ្របសង្កត់ មានចិត្តប្រកាន់មាំ រមែងគិត ដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងទទួលទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ កាលបើលះបង់រាគៈបានហើយ បុគ្គលរមែងមិនគិត ដើម្បីបៀតបៀនខ្លួនឯងផង មិនគិតដើម្បីបៀតបៀនអ្នកដទៃផង មិនគិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃផង រមែងមិនទទួលទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលព្រាហ្មណ៍ បុគ្គលត្រេកអរ ដែលរាគៈគ្របសង្កត់ មានចិត្តប្រកាន់មាំ រមែងប្រពឹ្រត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្ត។ កាលបើលះបង់រាគៈហើយ បុគ្គលរមែងមិនប្រព្រឹត្តទុច្ចរិត ដោយកាយ មិនប្រព្រឹត្តទុច្ចរិតដោយវាចា មិនប្រព្រឹត្តទុច្ចរិតដោយចិត្ត។ ម្នាលព្រាហ្មណ៍ បុគ្គលត្រេកអរ ដែលរាគៈគ្របសង្កត់ មានចិត្តប្រកាន់មាំ រមែងមិនដឹង នូវប្រយោជន៍របស់ខ្លួន តាមពិតខ្លះ មិនដឹងនូវ ប្រយោជន៍ របស់បុគ្គលដទៃតាមពិតខ្លះ មិនដឹងនូវប្រយោជន៍ខ្លួនឯង និងអ្នកដទៃតាមពិតខ្លះ។ កាលបើលះបង់រាគៈបានហើយ បុគ្គលរមែងដឹង នូវប្រយោជន៍របស់ខ្លួនតាមពិតផង ដឹងនូវប្រយោជន៍ របស់អ្នកដទៃតាមពិតផង ដឹងនូវប្រយោជន៍ខ្លួន និងអ្នកដទៃតាមពិតផង។ ម្នាលព្រាហ្មណ៍ យ៉ាងនេះឯងហើយ ឈ្មោះថា ធម៌ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង… ម្នាលព្រាហ្មណ៍ បុគ្គលប្រទូស្ត។ បេ។ ម្នាលព្រាហ្មណ៍ បុគ្គលវង្វេង ដែលមោហៈ គ្របសង្កត់ មានចិត្តប្រកាន់មាំ រមែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងទទួលទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ កាលបើលះបង់មោហៈបានហើយ បុគ្គល រមែងមិនគិតដើម្បីបៀតបៀនខ្លួនឯងផង មិនគិតដើម្បីបៀតបៀនអ្នកដទៃផង មិនគិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃផង រមែងមិនទទួលទុក្ខ ទោមស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលព្រាហ្មណ៍ បុគ្គលវង្វេង ដែលមោហៈគ្របសង្កត់ មានចិត្តប្រកានមាំ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ កាលបើលះមោហៈបានហើយ បុគ្គលរមែងមិនប្រព្រឹត្តទុច្ចរិត ដោយកាយ មិនប្រព្រឹត្តទុច្ចរិតដោយវាចា មិនប្រព្រឹត្តទុច្ចរិតដោយចិត្ត ម្នាលព្រាហ្មណ៍ បុគ្គលវង្វេង ដែលមោហៈគ្របសង្កត់ មានចិត្តប្រកាន់មាំ រមែងមិនដឹង នូវប្រយោជន៍របស់ខ្លួនតាម ពិតខ្លះ មិនដឹងនូវប្រយោជន៍ របស់បុគ្គលដទៃតាមពិតខ្លះ មិនដឹងនូវប្រយោជន៍ខ្លួនឯង និងអ្នកដទៃតាមពិតខ្លះ។ កាលបើលះមោហៈបានហើយ បុគ្គល រមែងដឹងនូវប្រយោជន៍ របស់ខ្លួនតាមពិតផង ដឹងនូវប្រយោជន៍អ្នកដទៃ តាមពិតផង ដឹងនូវប្រយោជន៍ខ្លួន និងអ្នកដទៃតាមពិតផង។ ម្នាលព្រាហ្មណ៍ យ៉ាងនេះឯង ឈ្មោះថា ធម៌ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផលមិនរង់ចាំកាល គួរហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុក ក្នុងចិត្តរបស់ខ្លួនបាន ដែលពួកវិញ្ញូជន គប្បីដឹងច្បាស់ ដោយខ្លួនឯង។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។
(៥. និព្វុតសុត្តំ)
[៥៧] គ្រានោះឯង ព្រាហ្មណ៍ឈ្មោះ ជានុស្សោណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ បេ។ លុះជានុស្សោណីព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គតែងសំដែងថា ព្រះនិព្វាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ព្រះនិព្វានជាធម្មជាត ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។ បពិត្រព្រះគោតមដ៏ចំរើន ព្រះនិព្វាន ជាធម្មជាត ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផលមិនរង់ចាំកាល គួរហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងចិត្តរបស់ខ្លួនបាន ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ដោយខ្លួនឯង តើដោយហេតុដូចម្ដេច។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលត្រេកអរ ដែលរាគៈគ្របសង្កត់ មានចិត្តប្រកាន់មាំ រមែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងទទួលទុក្ខ ទោមនស្សប្រព្រឹត្តទៅក្នុងចិត្ត។ កាលបើលះរាគៈបានហើយ បុគ្គលរមែងមិនគិត ដើម្បីបៀតបៀនខ្លួនផង មិនគិតដើម្បីបៀតបៀនអ្នកដទៃផង មិនគិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃផង រមែងមិនទទួលទុក្ខទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលព្រាហ្មណ៍ យ៉ាងនេះឯងហើយ ព្រះនិព្វាន ឈ្មោះថា ជាធម្មជាត ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង… ម្នាលព្រាហ្មណ៍ បុគ្គលប្រទូស្ត។ បេ។ ម្នាលព្រាហ្មណ៍ បុគ្គលវង្វេង ដែលមោហៈ គ្របសង្កត់ មានចិត្តប្រកាន់មាំ រមែងគិតដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃខ្លះ ក៏រមែងទទួលទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ កាលបើលះបង់មោហៈហើយ បុគ្គលរមែងមិនគិត ដើម្បីបៀតបៀនខ្លួនផង មិនគិតដើម្បីបៀតបៀនអ្នកដទៃផង មិនគិតដើម្បីបៀតបៀនខ្លួនឯង និងអ្នកដទៃផង រមែងមិនទទួលទុក្ខ ទោមនស្ស ដែលប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលព្រាហ្មណ៍ យ៉ាងនេះឯងហើយ ព្រះនិព្វាន ឈ្មោះថា ជាធម្មជាត ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ម្នាលព្រាហ្មណ៍ បុគ្គលនេះ ទទួលនូវការអស់រាគៈ ឥតសេសសល់ ទទួលនូវការអស់ទោសៈ ឥតសេសសល់ ទទួលនូវការអស់មោហៈ ឥតសេសសល់។ ម្នាលព្រាហ្មណ៍ យ៉ាងនេះឯងហើយ ព្រះនិព្វាន ឈ្មោះថា ជាធម្មជាត ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផលមិនរង់ចាំកាល គួរហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុក ក្នុងចិត្តរបស់ខ្លួន ដែលពួកវិញ្ញូជន គប្បីដឹងច្បាស់ ដោយខ្លួនឯង។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមទៅ។
(៦. បលោកសុត្តំ)
[៥៨] គ្រានោះឯង មានព្រាហ្មណ៍មហាសាលម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ បេ។ លុះព្រាហ្មណ៍មហាសាលនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យនេះ អំពីពួកព្រាហ្មណ៍ជាន់មុន មានវ័យចំរើន ចាស់ ជាអាចារ្យតៗគ្នាមក និយាយថា កាលពីដើម លោកនេះ ពេញពាសដោយពួកមនុស្ស ហាក់ដូចជាអវីចិមហានរក ស្រុក និគម ជនបទ រាជធានី (ជិតៗគ្នា) ល្មមចម្ងាយមាន់ហើរដល់។ បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្ដេច បច្ច័យដូចម្ដេច ដែលនាំឲ្យពួកមនុស្ស ក្នុងកាលឥឡូវនេះ អស់ទៅ តិចទៅ ស្រុកទៅជាមិនមែនស្រុក និគម ទៅជាមិនមែននិគម នគរទៅជាមិនមែននគរ ជនបទ ទៅជាមិនមែនជនបទ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកមនុស្សឥឡូវនេះ ត្រេកអរក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹត កាលបើមនុស្សទាំងនោះ ត្រេកអរក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹតហើយ ក៏ចាប់យកសស្រ្តាដ៏មុត ផ្ដាច់ជីវិតគ្នានឹងគ្នា ហេតុនោះ បានជាពួកមនុស្សដ៏ច្រើន ក៏ធ្វើមរណកាល។ ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ ដែលនាំពួកមនុស្ស ក្នុងកាលឥឡូវនេះ អស់ទៅ តិចទៅ ស្រុកទៅជាមិនមែនស្រុក និគមទៅជាមិនមែននិគម នគរទៅជាមិនមែននគរ ជនបទទៅជាមិនមែនជនបទ។ ម្នាលព្រាហ្មណ៍ មួយទៀត ពួកមនុស្សឥឡូវនេះ ត្រេកអរក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹត កាលបើពួកមនុស្សទាំងនោះ ត្រេកអរក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹត ភ្លៀងក៏មិនបង្អោរនូវមេទឹក ដោយប្រពៃ ហេតុនោះ បានជាកើតទុរ្ភិក្ស សំទូងមិនល្អ ក្រាស៊ី ស្កកស្គឺ ហេតុនោះ បានជាពួកមនុស្សដ៏ច្រើន ធ្វើមរណកាល។ ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច័្ចយ ដែលនាំឲ្យពួកមនុស្សឥឡូវនេះ អស់ទៅ តិចទៅ ស្រុកទៅជាមិនមែនស្រុក និគមទៅជាមិនមែននិគម នគរទៅជាមិនមែននគរ ជនបទទៅជាមិនមែនជនបទ។ ម្នាលព្រាហ្មណ៍ មួយទៀត ពួកមនុស្សឥឡូវនេះ ត្រេកអរក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹត កាលបើពួកមនុស្សទាំងនោះ ត្រេកអរក្នុងអធម្មរាគៈ ត្រូវវិសមលោភៈគ្របសង្កត់ ត្រូវមិច្ឆាធម៌រួបរឹតហើយ យក្ខទាំងឡាយ ក៏លែងពួកអមនុស្ស ដ៏កាច (ឲ្យចាប់) ហេតុនោះ បានជាមនុស្សដ៏ច្រើន ធ្វើមរណកាល។ ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកមនុស្សឥឡូវនេះ អស់ទៅ តិចទៅ ស្រុកទៅជាមិនមែនស្រុក និគមទៅជាមិនមែននិគម នគរទៅជាមិនមែននគរ ជនបទទៅជាមិនមែនជនបទ។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។
(៧. វច្ឆគោត្តសុត្តំ)
[៥៩] គ្រានោះឯង វច្ឆគោត្របរិព្វាជក ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវច្ឆគោត្របរិព្វាជក អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ បានឮពាក្យនេះថា ព្រះសមណគោតម ត្រាស់យ៉ាងនេះថា បុគ្គលគួរឲ្យទាន ដល់តថាគត មិនគួរឲ្យទាន ដល់ពួកជនដទៃឡើយ បុគ្គលគួរឲ្យទាន ដល់ពួកសាវកតថាគត មិនគួរឲ្យទានដល់ពួកសាវកគ្រូដទៃឡើយ ទាន ដែលបុគ្គលឲ្យ ដល់តថាគតហើយ មានផលច្រើន ទានដែលបុគ្គលឲ្យ ដល់ពួកជនដទៃ មិនមានផលច្រើនទេ ទានដែលបុគ្គលឲ្យដល់ពួកសាវក នៃតថាគត មានផលច្រើន ទានដែលបុគ្គលឲ្យ ដល់ពួកសាវករបស់គ្រូដទៃ មិនមានផលច្រើនទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកជនណានិយាយយ៉ាងនេះថា ព្រះសមណគោតម ត្រាស់យ៉ាងនេះថា បុគ្គលគួរឲ្យទានដល់តថាគតតែមួយយ៉ាង មិនគួរឲ្យទាន ដល់ពួកជនដទៃឡើយ បុគ្គលគួរឲ្យទានដល់ពួកសាវក របស់តថាគតតែមួយយ៉ាង មិនគួរឲ្យទាន ដល់ពួកសាវក របស់ពួកគ្រូដទៃឡើយ ទានដែលបុគ្គលឲ្យដល់តថាគត មានផលច្រើន ទានដែលបុគ្គលឲ្យដល់ពួកជនដទៃ មិនមានផលច្រើនទេ ទានដែលបុគ្គលឲ្យ ដល់ពួកសាវកតថាគត មានផលច្រើន ទានដែលបុគ្គលឲ្យ ដល់ពួកសាវក របស់ពួកគ្រូដទៃ មិនមានផលច្រើនឡើយ។ ពួកជនទាំងនោះ ឈ្មោះថា និយាយតាមពាក្យ ដែលព្រះគោតមដ៏ចំរើនពោលហើយ មិននិយាយបង្កាច់ ព្រះគោតមដ៏ចំរើន ដោយពាក្យមិនពិត ទាំងឈ្មោះថា ព្យាករនូវធម៌ សមគួរដល់ធម៌ លំនាំនៃពាក្យប្រកបដោយហេតុនីមួយ មិនមកកាន់ឋានៈ ដែលគប្បីតិះដៀលទេឬ ព្រោះយើងមិនមានប្រាថ្នាដើម្បីនិយាយបង្កាច់ព្រះគោតមដ៏ចំរើនទេ។ ម្នាលវច្ឆៈ ពួកជនណា និយាយយ៉ាងនេះថា ព្រះសមណគោតម ត្រាស់យ៉ាងនេះថា បុគ្គលត្រូវឲ្យទានដល់តថាគតតែមួយយ៉ាង។ បេ។ ទានដែលបុគ្គលឲ្យ ដល់ពួកសាវក របស់ពួកគ្រូដទៃ មិនមានផលច្រើនទេ ពួកជនទាំងនោះ ឈ្មោះថា មិននិយាយតាមពាក្យដែលតថាគតពោលហើយ មួយទៀត ពួកជនទាំងនោះ ឈ្មោះថា និយាយបង្កាច់តថាគត ដោយពាក្យមិនទៀង មិនពិត ម្នាលវច្ឆៈ អ្នកណា ហាមឃាត់បុគ្គលដទៃកំពុងឲ្យទាន អ្នកនោះ ឈ្មោះថា ធ្វើអន្តរាយដល់ជន៣ នាក់ ឈ្មោះថា បៀតបៀន ដល់ជន៣នាក់។ ដល់ជន៣នាក់ ដូចម្ដេច។ គឺជាអ្នកធ្វើឲ្យអន្តរាយបុណ្យ របស់ទាយក ១ ធ្វើឲ្យអន្តរាយលាភ របស់បដិគ្គាហកៈទាំងឡាយ ១ គាស់រំលើងគុណរបស់ខ្លួនផង កំចាត់គុណរបស់ខ្លួនផង ដែលមានក្នុងកាលមុន ១។ ម្នាលវច្ឆៈ អ្នកណាហាមឃាត់បុគ្គលដទៃកំពុងឲ្យទាន អ្នកនោះឈ្មោះថា ធ្វើអន្តរាយ ដល់ជនទាំង ៣នាក់នេះ បៀតបៀនដល់ជនទាំង៣នាក់នេះ។ ម្នាលវច្ឆៈ ចំណែកខាងតថាគត ពោលយ៉ាងនេះថា សូម្បីពួកសត្វមានជីវិតណា ដែលនៅក្នុងអណ្ដូងស្មោកគ្រោកក្ដី រណ្ដៅស្មោកគ្រោកក្ដី ជនណាចាក់នូវទឹកលាងចានក្ដី ទឹកលាងឆ្នាំងក្ដី ក្នុងទីស្មោកគ្រោកនោះ ដោយគិតថា ពួកសត្វណា មានក្នុងទីស្មោកគ្រោកនោះ សត្វទាំងនោះ ចូរញុំាងជីវិត ឲ្យរស់នៅ ដោយកាកអាហារនោះចុះ ម្នាលវច្ឆៈ គ្រាន់តែប៉ុណ្ណឹងទេ តថាគតហៅថា ហេតុជាទីមក នៃបុណ្យ ចាំបាច់ពោលទៅថ្វី ដល់ពួកមនុស្ស។ ម្នាលវច្ឆៈ តថាគតគ្រាន់តែពោលថា ទានដែលឲ្យដល់បុគ្គលមានសីល មានផលច្រើន ដល់បុគ្គលទ្រុស្តសីល មិនដូច្នោះទេ។ ព្រោះបុគ្គលមានសីលនោះ លះអង្គ៥ ប្រកបដោយអង្គ៥។ លះអង្គ៥ ដូចម្ដេច។ គឺជាអ្នកលះកាមច្ឆន្ទៈ ១ លះព្យាបាទៈ ១ លះថីនមិទ្ធៈ ១ លះឧទ្ធច្ចកុក្កុច្ចៈ ១ លះវិចិកិច្ឆា ១។ នេះឈ្មោះថា លះអង្គ៥។ បុគ្គលប្រកបដោយអង្គ៥ តើដូចម្ដេច។ គឺជាអ្នកប្រកបដោយសីលក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយសមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយបញ្ញាខន្ធ ជាអសេក្ខៈ ១ ប្រកបដោយវិមុត្តិក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជាអសេក្ខៈ ១។ បុគ្គលប្រកបដោយអង្គ ទាំង៥នេះ។ តថាគតពោលថា ទានដែលបុគ្គលឲ្យ ចំពោះបុគ្គលអ្នកលះអង្គ៥ ប្រកបដោយអង្គ៥ មានផលច្រើន ដោយប្រការដូច្នេះ។
គោឈ្មោល កើតក្នុងពួកមេគោណាមួយ ទោះសម្បុរខ្មៅក្ដី សក្ដី ក្រហមក្ដី លឿងក្ដី ពព្រុសក្ដី មានរូបរាងស្រដៀងនឹងកូនវាក្ដី ប្រផេះក្ដី ដែលគេបង្ហាត់ បានបត់ ជាគោសម្រាប់ដឹកនាំ បរិបូណ៌ ដោយកំឡាំង មានសន្ទុះល្អ គេទឹមគោនោះ ក្នុងរទេះ គេមិនបានគិតគូរ ដល់ពណ៌សម្បុរ នៃគោនោះឡើយ យ៉ាងណាមិញ បុគ្គលល្អ កើតក្នុងត្រកូលណាមួយ ទោះជាក្សត្រិយ៍ក្ដី ព្រាហ្មណ៍ក្ដី វេស្សៈក្ដី សុទ្ទៈក្ដី ចណ្ឌាលក្ដី បុក្កុសៈក្ដី ដែលបានទូន្មានចិត្ត ឲ្យប្រាសចាកកិលេស ស្ថិតនៅក្នុងធម៌ បរិបូណ៌ដោយសីល និយាយពាក្យសច្ចៈ មានចិត្តប្រកបដោយហិរិ លះជាតិ និងមរណៈ បរិបូណ៌ដោយព្រហ្មចារ្យ មានភារៈដាក់ចុះហើយ ប្រាសចាករាគៈ មានសោឡសកិច្ច ធ្វើស្រេចហើយ មិនមានអាសវៈ ជាអ្នកដល់23) ត្រើយ នៃធម៌ទាំងអស់24) មិនប្រកាន់មាំ ប្រាសចាកកំដៅ គឺកិលេស ទានដែលបុគ្គលឲ្យហើយក្នុងខេត្ត ដែលប្រាសចាកធូលី មានរាគៈ ជាដើមនោះឯង ជាទានមានផលធំទូលាយ ក៏យ៉ាងនោះដែរ។ ចំណែកខាងពួកបុគ្គលពាល អប្បប្រាជ្ញា មិនបានរៀនសូត្រ មិនស្គាល់ (បុញ្ញក្ខេត្ត) រមែងឲ្យទានខាងក្រៅ (ពុទ្ធសាសនា) មិនដែលចូលទៅជិតពួកសប្បុរស។ បើពួកបុគ្គលណា ចូលទៅជិតពួកសប្បុរស ជាអ្នកមានប្រាជ្ញា សន្មតថា ជាអ្នកប្រាជ្ញ សទ្ធាជាឫសគល់ របស់ពួកបុគ្គលនោះ ស្ថិតនៅក្នុងព្រះសុគត បុគ្គលទាំងនោះ រមែងទៅកាន់ទេវលោក ឬក៏កើតក្នុងត្រកូល (មានត្រកូលក្សត្រិយ៍ ជាដើម) នាលោកនេះ ជាពួកបណ្ឌិត សម្រេចនូវព្រះនិព្វានតាមលំដាប់។
(៨. តិកណ្ណសុត្តំ)
[៦០] គ្រានោះឯង តិកណ្ណព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះតិកណ្ណព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏និយាយសរសើរព្រាហ្មណ៍ទាំងឡាយ អ្នកបានវិជ្ជា៣ ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា ពួកព្រាហ្មណ៍ បានវិជ្ជា៣យ៉ាងនេះ ពួកព្រាហ្មណ៍បានវិជ្ជា៣ ដូច្នេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ចុះពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍អ្នកបានវិជ្ជា៣ដោយប្រការយ៉ាងណា។ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្នុងលោកនេះ ជាឧភតោសុជាត (មានជាតិល្អទាំងពីរខាង) គឺអំពីមាតាផង អំពីបិតាផង កើតអំពីផ្ទៃ ដ៏បរិសុទ្ធស្អាត ដែលបុគ្គលមិនរង្កៀស មិនតិះដៀល ដោយពោលអំពីជាតិបាន ដរាបអំពីជួរជីតា គំរប់ ៧ ជាអ្នករាយមន្ត ចេះចាំមន្ត ជាអ្នកដល់ត្រើយ នៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ មានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នកចេះបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្រ្ត និងមហាបុរិសលក្ខណសាស្រ្ត។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍ អ្នកបានវិជ្ជា៣ យ៉ាងនេះឯង។ ម្នាលព្រាហ្មណ៍ ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍ អ្នកបានវិជ្ជា៣ ដោយឡែក ឯវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក។ បពិត្រព្រះគោតមដ៏ចំរើន ចុះវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ តើដូចម្ដេច វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ យ៉ាងណា សូមព្រះគោតមដ៏ចំរើន មេត្តាសំដែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរប្រុងស្ដាប់ ប្រុងធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ តិកណ្ណព្រាហ្មណ៍ ទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិត្តកៈ និងវិចារៈ មានបីតិ និងសុខ កើតអំពីវិវេក សម្រេចសម្រាន្តនៅ ព្រោះស្ងប់វិតក្កៈ វិចារៈ ក៏ចូលដល់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្ដីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ វិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ សម្រេចសម្រាន្តនៅ ព្រោះប្រាសចាកបីតិផង ជាអ្នកព្រងើយកន្ដើយ មានសតិសម្បជញ្ញៈផង ទទួលសុខដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល ដែលបានតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានកិរិយានៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏ចូលកាន់តតិយជ្ឈាននោះ សម្រេចសម្រាន្តនៅ ព្រោះលះបង់សុខផង លះបង់ទុក្ខផង អស់សោមនស្ស ទោមនស្ស ក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន មានអារម្មណ៍មិនជាទុក្ខ មិនជាសុខ មានសតិ ដ៏បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ។ កាលបើចិត្ត តាំងខ្ជាប់ខ្ជួន បរិសុទ្ធស្អាត មិនមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តមិនញាប់ញ័រយ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណភិក្ខុនោះ រឭកឃើញនូវខន្ធ ដែលសត្វអាស្រ័យនៅ ក្នុងកាលមុន ជាច្រើនប្រការ គឺរឭកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០.០០០ជាតិខ្លះ រឭកអស់សំវដ្ដកប្បជាច្រើន វិវដ្ដកប្បជាច្រើន សំវដ្ដវិវដ្ដកប្បជាច្រើនក៏បាន ថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើត ក្នុងភពឯណោះ ដែលកើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ អាត្មាអញនោះ លុះច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ភិក្ខុនោះ រឭកបាននូវខន្ធ ដែលខ្លួននៅ ក្នុងកាលមុន ជាច្រើនប្រការ ព្រមទាំងអាការៈ គឺសម្បុរ និងអាហារ ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រ ដោយប្រការដូច្នេះ។ នេះជាវិជ្ជាទី១ ដែលភិក្ខុនោះបានសម្រេចហើយ អវិជ្ជាក៏បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុមិនមានសេចក្ដីប្រមាទ មានសេចក្ដីព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធស្អាត មិនមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តមិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីសត្តានំ ចុតូបបាតញ្ញាណ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងចក្ខុជារបស់មនុស្សធម្មតា រមែងឃើញពួកសត្វ ដែលកំពុងច្យុត ដែលកំពុងកើត ដឹងច្បាស់នូវពួកសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួនថា អើហ្ន៎ ពួកសត្វនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់អំពើមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ឯពួកសត្វទាំងអម្បាលនេះ បានប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលព្រះអរិយៈទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់អំពីជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វ ដែលច្យុត ដែលកើត ក៏ដឹងច្បាស់ នូវពួកសត្វថោកទាប ឧត្ដម មានសម្បុរល្អ សម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ។ នេះជាវិជ្ជាទី២ ដែលភិក្ខុនោះ បានសម្រេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។ កាលបើចិត្ត តាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តមិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាសេចក្ដីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាបដិបទា នាំឲ្យបានដល់នូវសេចក្ដីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈទាំងឡាយ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាសេចក្ដីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះជាបដិបទា នាំឲ្យដល់នូវសេចក្ដីរលត់អាសវៈ។ កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ នេះជាវិជ្ជាទី៣ ដែលភិក្ខុនោះ បានសម្រេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។
ចិត្តរបស់បុគ្គលណា មានសីលមិនខ្ពស់ទាប មានប្រាជ្ញាចាស់ក្លា អ្នកដុតកំដៅកិលេស ជាចិត្តដ៏ស្ទាត់ មានអារម្មណ៍តែមួយ តាំងខ្ជាប់ខ្ជួន (ដោយអារម្មណ៍) ពួកអ្នកប្រាជ្ញ ហៅបុគ្គលនោះ ថាជាអ្នកបន្ទោបង់ នូវងងឹត ជាអ្នកប្រាជ្ញបានវិជ្ជា ៣ លះបង់មច្ចុ ជាប្រយោជន៍ដល់ទេវតា និងមនុស្ស លះបង់នូវបាបធម៌ទាំងអស់ បរិបូណ៌ដោយវិជ្ជា ៣ មានកិរិយា នៅដោយសេចក្ដីមិនភាន់ច្រឡំ ចាក់ធ្លុះនូវសច្ចៈ ទាំង៤ ទ្រទ្រង់នូវសរីរៈ មានក្នុងទីបំផុត ពួកទេវតា និងមនុស្ស តែងនមស្ការព្រះគោតមនោះ។ បុគ្គលណាដឹងនូវបុព្វេនិវាស ឃើញនូវសួគ៌ និងអបាយ មួយទៀត ជាខីណាសវមុនិ ដល់នូវការអស់ទៅនៃជាតិដឹងហើយ បានសម្រេចសម្រាន្តនៅ ដោយទីបំផុត នៃកិច្ច បានវិជ្ជា៣ ដោយវិជ្ជា៣នុ៎ះ តថាគត ហៅបុគ្គលអ្នកបានវិជ្ជា៣នោះ ថាជាព្រាហ្មណ៍ មិនមែនហៅបុគ្គលដទៃ តាមពាក្យដែលគេធ្លាប់ហៅឡើយ។
ម្នាលព្រាហ្មណ៍ វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន វិជ្ជា៣ របស់ព្រាហ្មណ៍ទាំងឡាយ ដោយឡែក វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក បពិត្រព្រះគោតមដ៏ចំរើន តែថា វិជ្ជា៣ របស់ព្រាហ្មណ៍ទាំងឡាយ មិនដល់នូវចំណែក ទី១៦ ៗ ដង នៃវិជ្ជា ៣ ក្នុងវិន័យរបស់អរិយៈនេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុក នូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ។
(៩. ជាណុស្សោណិសុត្តំ)
[៦១] គ្រានោះឯង ជានុស្សោណីព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ បេ។ លុះជានុស្សោណីព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន គ្រឿងបូជាក្ដី មតកភត្ត ដែលឲ្យដោយសទ្ធាក្ដី អាហារជាសំរាប់ ដែលគប្បីឲ្យ ដល់បុគ្គលដទៃក្ដី ទេយ្យធម៌ គឺវត្ថុក្រៅពីនោះក្ដី របស់បុគ្គលណា បុគ្គលនោះ គួរឲ្យទាន ចំពោះព្រាហ្មណ៍ទាំងឡាយ អ្នកបានវិជ្ជា៣ដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ចុះពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍អ្នកមានវិជ្ជា៣ ដោយប្រការយ៉ាងណា។ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ក្នុងលោកនេះ ជាឧភតោសុជាត (មានជាតិល្អទាំងពីរខាង) គឺខាងមាតា និងខាងបិតា កើតអំពីគភ៌ ដ៏បរិសុទ្ធ មិនមានបុគ្គលរង្កៀស មិនមានគេតិះដៀល ដោយពោលអំពីជាតិកំណើតបាន ដរាបអំពីជួរ នៃជីតា គំរប់៧ ស្វាធ្យាយ ទ្រទ្រង់នូវមន្ត ដល់ត្រើយ នៃត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ខុ និងកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឈ្មោះ ឥតិហាសៈ ជាគំរប់៥ ជាអ្នកចេះបទ និងវេយ្យាករណ៍ ជាអ្នកស្ទាត់ជំនាញ ក្នុងលោកាយតសាស្រ្ត និងមហាបុរិសលក្ខណៈ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍អ្នកបានវិជ្ជា៣ យ៉ាងនេះឯង។ ម្នាលព្រាហ្មណ៍ ពួកព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍ អ្នកបានវិជ្ជា៣ ដោយឡែក ឯវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក។ បពិត្រព្រះគោតមដ៏ចំរើន ចុះវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ តើដូចម្ដេច វិជ្ជា៣ ក្នុងវិន័យរបស់អរិយៈយ៉ាងណា សូមព្រះគោតមដ៏ចំរើន មេត្តាប្រោសសំដែងធម៌ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរប្រុងស្ដាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ជានុស្សោណីព្រាហ្មណ៍ ទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ ក៏ចូលចតុត្ថជ្ឈាន។ កាលបើចិត្ត តាំងខ្ជាប់ខ្ជួន បរិសុទ្ធស្អាត ឥតមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ រឭកឃើញ នូវបុព្វេនិវាសច្រើនប្រការ។ បេ។ នេះជាវិជ្ជាទី១ ដែលភិក្ខុនោះ បានសំរេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។ កាលបើចិត្ត តាំងខ្ជាប់ បរិសុទ្ធស្អាត ឥតមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បី សត្តានំ ចុតូបបាតញ្ញាណ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុជារបស់មនុស្សធម្មតា ឃើញពួកសត្វ។ បេ។ នេះ ជាវិជ្ជាទី២ ដែលភិក្ខុនោះ បានសម្រេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុអ្នកមិនមានសេចក្ដីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។ កាលបើចិត្ត តាំងខ្ជាប់ខ្ជួន បរិសុទ្ធស្អាត ឥតមានកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។ បេ។ ដឹងច្បាស់តាមពិតថា នេះជាបដិបទា នាំឲ្យដល់សេចក្ដីរលត់ទុក្ខ។ ដឹងច្បាស់តាមពិតថា ទាំងអស់នេះ ជាអាសវៈ។ បេ។ ដឹងច្បាស់តាមពិតថា នេះជាបដិបទា នាំឲ្យបានដល់សេចក្ដីរលត់អាសវៈ។ កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏រួចស្រឡះ ចាកកាមាសវៈផង ចិត្តក៏រួចស្រឡះ ចាកភវាសវៈផង ចិត្តក៏រួចស្រឡះ ចាកអវិជ្ជាសវៈផង កាលចិត្តរួចស្រឡះហើយ ញាណកើតឡើងថា ចិត្តរួចស្រឡះហើយ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ នេះជាវិជ្ជាទី៣ ដែលភិក្ខុនោះ បានសម្រេចហើយ អវិជ្ជាបាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតបាត់ទៅ ពន្លឺក៏កើតឡើង (ជាផល) សមគួរដល់ភិក្ខុអ្នកមិនមានសេចក្ដីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន។
បុគ្គលណា បរិបូណ៌ដោយសីល និងវ័ត មានចិត្តបញ្ជូនទៅរកព្រះនិព្វាន មានចិត្តដំកល់មាំ ចិត្តរបស់បុគ្គលណា ស្ទាត់ ប្រសើរឯក ខ្ជាប់ខ្ជួនប្រពៃ បុគ្គលណា ដឹងនូវបុព្វេនិវាសផង ឃើញនូវសួគ៌ និងអបាយផង មួយទៀត ដល់នូវការអស់ទៅនៃជាតិ បានដឹងច្បាស់ហើយ សម្រេចសម្រាន្តនៅ ដោយទីបំផុតនៃកិច្ច ជាខីណាសវមុនិ អ្នកបានវិជា្ជ៣ ដោយវិជ្ជា៣នុ៎ះ តថាគត ហៅបុគ្គល អ្នកបានវិជ្ជា៣នោះ ថាជាព្រាហ្មណ៍ មិនហៅបុគ្គលដទៃ តាមពាក្យ ដែលគេធ្លាប់ពោលឡើយ។
ម្នាលព្រាហ្មណ៍ វិជ្ជា៣ក្នុងវិន័យរបស់អរិយៈ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន វិជ្ជា៣ របស់ពួកព្រាហ្មណ៍ ដោយឡែក ឯវិជ្ជា៣ ក្នុងវិន័យរបស់អរិយៈ ដោយឡែក បពិត្រព្រះគោតមដ៏ចំរើន វិជ្ជា៣ របស់ពួកព្រាហ្មណ៍ មិនដល់នូវចំណែក ទី១៦ៗដង នៃវិជ្ជា ៣ ក្នុងវិន័យរបស់អរិយៈនេះទេ។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ។
(១០. សង្គារវសុត្តំ)
[៦២] គ្រានោះឯង សង្គារវព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសង្គារវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន យើងទាំងឡាយ ឈ្មោះថាជាព្រាហ្មណ៍ បូជានូវយញ្ញខ្លួនឯងខ្លះ ប្រើគេឲ្យបូជាខ្លះ បពិត្រព្រះគោតមដ៏ចំរើន ក្នុងដំណើរនោះ ព្រាហ្មណ៍ណា បូជាយញ្ញ ដោយខ្លួនឯងផង ព្រាហ្មណ៍ណា ប្រើគេឲ្យបូជាផង ព្រាហ្មណ៍ទាំងអស់នោះ ឈ្មោះថា ប្រតិបត្តិ នូវសេចក្ដីប្រតិប័ទ ជាហេតុឲ្យកើតបុណ្យ ដែលប្រព្រឹត្តទៅ ក្នុងសរីរៈដ៏ច្រើន ព្រោះហេតុតែការបូជានេះ បពិត្រព្រះគោតមដ៏ចំរើន ចំណែកខាងបុគ្គលណា ចេញចាកត្រកូលណាក្ដី ចេញចាកផ្ទះណាក្ដី ហើយបួសក្នុងសំណាក់បុគ្គលមិនមានផ្ទះ ក៏ទូន្មានចំពោះខ្លួនមួយៗ រម្ងាប់ចំពោះខ្លួនមួយៗ រំលត់ទុក្ខ ចំពោះខ្លួនមួយៗ បុញ្ញប្បដិបទានេះ ប្រពឹត្តទៅក្នុងសរីរៈតែមួយ រមែងមានដល់បុគ្គលនោះ យ៉ាងនេះ ព្រោះហេតុតែបព្វជ្ជានេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ តថាគត នឹងត្រឡប់សួរដំណើរនោះ ចំពោះអ្នកវិញ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយប្រស្នានោះ យ៉ាងនោះចុះ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ព្រះតថាគត កើតឡើង ក្នុងលោកនេះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក មិនមានបុគ្គលដទៃ ប្រសើរជាង ជាសារថី ទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ច ទាំង៤ លែងវិលមកកាន់ភពថ្មីទៀត ព្រះតថាគតនោះ ពោលយ៉ាងនេះថា នេះជាផ្លូវ នេះជាបដិបទា ក្នុងដំណើរនោះ ដូចតថាគតប្រតិបត្តិ បានធ្វើឲ្យជាក់ច្បាស់ នូវការចុះស៊ប់ កាន់ព្រហ្មចរិយៈដ៏ប្រសើរ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ទើបប្រកាសប្រាប់ (សត្វដទៃ) ថា អើ អ្នកទាំងឡាយ ចូរមក អ្នកទាំងឡាយ ចូរប្រតិបត្តិ ធ្វើឲ្យជាក់ច្បាស់ នូវការចុះស៊ប់ កាន់ព្រហ្មចរិយៈដ៏ប្រសើរ ដោយប្រាជ្ញាខ្លួនឯង សម្រេចសម្រាន្តនៅ យ៉ាងណា អ្នកទាំងឡាយ ចូរប្រតិបត្តិយ៉ាងនោះចុះ។ ព្រះសាស្ដានេះ តែងសំដែងធម៌ផង ពួកជនដទៃ ប្រតិបត្តិតាមបែបនោះផង ដោយប្រការដូច្នេះ។ ការប្រមាណនៃសត្វទាំងឡាយនោះ មានរយដ៏ច្រើនផង មានពាន់ដ៏ច្រើនផង មានសែនដ៏ច្រើនផង ម្នាលព្រាហ្មណ៍ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច កាលបើហេតុមានយ៉ាងនេះ បុញ្ញប្បដិបទានេះ ឈ្មោះថា ប្រព្រឹត្តទៅ ក្នុងសរីរៈតែមួយ ឬប្រព្រឹត្តទៅ ក្នុងសរីរៈដ៏ច្រើន ព្រោះហេតុតែបព្វជ្ជា ដោយប្រការដូច្នេះ។ បពិត្រព្រះគោតមដ៏ចំរើន កាលបើហេតុមានយ៉ាងនេះ បុញ្ញប្បដិបទានេះ ឈ្មោះថា ប្រពឹត្តទៅ ក្នុងសរីរៈដ៏ច្រើន ព្រោះហេតុតែបព្វជ្ជានេះ ដូច្នេះ។ កាលបើព្រាហ្មណ៍និយាយ យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បាននិយាយនឹងសង្គារវព្រាហ្មណ៍ ដូច្នេះថា ម្នាលព្រាហ្មណ៍ បណ្ដាបដិបទា ទាំង២នេះ អ្នកគាប់ចិត្តបដិបទាណា ថាមានសេចក្ដីត្រូវការតិចផង មានការរៀបចំតិចផង មានផលច្រើនផង មានអានិសង្សច្រើនផង។ កាលបើព្រះអានន្ទ និយាយយ៉ាងនេះហើយ សង្គារវព្រាហ្មណ៍ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បុគ្គលដូចជាព្រះគោតមដ៏ចំរើន និងព្រះអានន្ទដ៏ចំរើនទាំងនេះ ខ្ញុំត្រូវបូជា ខ្ញុំត្រូវសរសើរ។ ព្រះអានន្ទដ៏មានអាយុ បាននិយាយនឹងសង្គារវព្រាហ្មណ៍ ជាគំរប់២ដង ដូច្នេះថា ម្នាលព្រាហ្មណ៍ អាត្មាមិនសួរអ្នកថា ពួកបុគ្គលដូចម្ដេច ដែលអ្នកត្រូវបូជា ឬ ពួកបុគ្គលដូចម្ដេច ដែលអ្នកត្រូវសរសើរ យ៉ាងនេះទេ។ ម្នាលព្រាហ្មណ៍ អាត្មាសួរអ្នក យ៉ាងនេះថា ម្នាលព្រាហ្មណ៍ បណ្ដាបដិបទាទាំងពីរនេះ អ្នកគាប់ចិត្តបដិបទាណាថា មានសេចក្ដីត្រូវការតិចផង មានការរៀបចំតិចផង មានផលច្រើនផង មានអានិសង្សច្រើនផង ដូច្នេះទេតើ។ សង្គារវព្រាហ្មណ៍ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់២ដង ដូច្នេះថា បុគ្គលដូចជាព្រះសមណគោតមដ៏ចំរើន និងព្រះអានន្ទដ៏ចំរើននេះ ខ្ញុំត្រូវបូជា ខ្ញុំត្រូវសរសើរ។ ព្រះអានន្ទដ៏មានអាយុ បាននិយាយនឹងសង្គារវព្រាហ្មណ៍ ជាគំរប់៣ ដង ដូច្នេះ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អាត្មាមិនសួរអ្នកថា ពួកបុគ្គលដូចម្ដេច ដែលអ្នកត្រូវបូជា ឬពួកបុគ្គលដូចម្ដេច ដែលអ្នកត្រូវសរសើរទេ។ ម្នាលព្រាហ្មណ៍ អាត្មាសួរអ្នក យ៉ាងនេះថា ម្នាលព្រាហ្មណ៍ បណ្ដាបដិបទា ទាំងពីរនេះ អ្នកកាន់បដិបទាណា ថា មានសេចក្ដីត្រូវការតិចផង មានការរៀបចំតិចផង មានផលច្រើនផង មានអានិសង្សច្រើនផង ដូច្នេះទេតើ។ សង្គារវព្រាហ្មណ៍ បាននិយាយនឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់៣ដង ដូច្នេះថា បុគ្គលដូចជាព្រះគោតមដ៏ចំរើន និងព្រះអានន្ទដ៏ចំរើននេះ ខ្ញុំត្រូវបូជា ខ្ញុំត្រូវសរសើរ។ លំដាប់នោះឯង ព្រះដ៏មានព្រះភាគ មានសេចក្ដីត្រិះរិះ ដូច្នេះថា សង្គារវព្រាហ្មណ៍ ត្រូវអានន្ទសួរប្រស្នា ប្រកបដោយហេតុ ដរាប៣ដងហើយ បន្លប់មិនដោះស្រាយបើដូច្នោះ មានតែតថាគតដោះស្រាយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាស់នឹងសង្គារវព្រាហ្មណ៍ ដូច្នេះថា ម្នាលព្រាហ្មណ៍ ថ្ងៃនេះ អន្តរាកថា (ពាក្យពោលក្នុងចន្លោះ ឬរវាង) ដូចម្ដេចកើតឡើង ដល់ពួកជន ដែលអង្គុយប្រជុំគ្នា ក្នុងរាជបរិសទ្យ ក្នុងខាងក្នុងរាជបុរី។ បពិត្រព្រះគោតមដ៏ចំរើន ថ្ងៃនេះ ខាងក្នុងរាជបុរី អន្ដរាកថានេះឯង កើតឡើងដល់ពួកជន ដែលអង្គុយប្រជុំគ្នា ក្នុងរាជបរិសទ្យថាបានឮថា កាលពីដើម ពួកភិក្ខុមានប្រមាណតិច តែភិក្ខុអ្នកមានឧត្ដរិមនុស្សធម៌ សំដែងឥទ្ធិប្បាដិហារ្យបាន មានច្រើន ឥឡូវនេះ ពួកភិក្ខុមានច្រើនមែន តែភិក្ខុអ្នកមានឧត្ដរិមនុស្សធម៌ សំដែងឥទ្ធិប្បាដិហារ្យបាន មានប្រមាណតិចវិញ។ បពិត្រព្រះគោតមដ៏ចំរើន ថ្ងៃនេះ ខាងក្នុងរាជបុរី អន្តរាកថានេះ កើតឡើង ដល់ពួកជន ដែលអង្គុយប្រជុំគា្ន ក្នុងរាជបរិសទ្យ។ ម្នាលព្រាហ្មណ៍ បាដិហារ្យនេះ មាន៣។ បាដិហារ្យ៣ ដូចម្ដេច។ គឺឥទ្ធិប្បាដិហារ្យ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ១។ ម្នាលព្រាហ្មណ៍ ឥទ្ធិប្បាដិហារ្យ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ បានសម្រេចឫទ្ធិច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់វិញ ក៏បាន ដើរទៅមិនជាប់ចំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង ទីខាងក្រៅភ្នំ ហាក់ដូចជាដើរទៅ ក្នុងអាកាស ក៏បាន ធ្វើនូវការងើបឡើង ឬមុជចុះក្នុងផែនដី ហាក់ដូចជាងើបឡើង ឬមុជចុះ ក្នុងទឹកក៏បាន ដើរលើទឹកមិនបែកធ្លាយ ហាក់ដូចជា ដើរលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ហាក់ដូចសត្វស្លាប ក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់ព្រះចន្ទ ព្រះអាទិត្យនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលព្រាហ្មណ៍ នេះហៅថា ឥទ្ធិប្បាដិហារ្យ។ ម្នាលព្រាហ្មណ៍ អាទេសនាបាដិហារ្យ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទាយ (ចិត្ត) តាមនិមិត្តថា មនោរបស់អ្នក យ៉ាងនេះខ្លះ មនោរបស់អ្នក ដោយប្រការដូច្នេះខ្លះ ចិត្តអ្នក ដូច្នេះខ្លះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាច់ទាយចិត្ត តាមនិមិត្តទេ គ្រាន់តែឮសំឡេងពួកមនុស្ស ពួកអមនុស្ស និងពួកទេវតាហើយ ក៏ទាយបានថា មនោរបស់អ្នក យ៉ាងនេះខ្លះ មនោរបស់អ្នក ដោយប្រការដូច្នេះខ្លះ ចិត្តអ្នកដូច្នេះខ្លះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាច់ទាយចិត្ត តាមនិមិត្តទេ មិនបាច់ឮសំឡេងពួកមនុស្ស ពួកអមនុស្ស និងពួកទេវតា ហើយទាយទេ គ្រាន់តែឮសូរវិតក្ករៈ វិចារៈ របស់បុគ្គល ដែលត្រិះរិះពិចារណា ក៏ទាយបានថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក ដោយប្រការដូច្នេះខ្លះ គំនិត អ្នកដូច្នេះខ្លះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។ ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាច់ទាយចិត្ត តាមនិមិត្តទេ ទាំងមិនបាច់ស្ដាប់សំឡេងពួកមនុស្ស ពួកអមនុស្ស ពួកទេវតា ហើយទាយទេ ទាំងមិនបាច់ស្ដាប់សូរវិតក្កៈ វិចារៈ របស់មនុស្សដែលត្រិះរិះ ដែលពិចារណា ហើយទាយទេ ប៉ុន្តែថា កំណត់ដឹងចិត្ត ដោយចិត្តនៃបុគ្គល ដែលចូលសមាធិ មិនមានវិតក្កៈ មិនមានវិចារៈថា មនោសង្ខារទាំងឡាយ របស់បុគ្គលដ៏ចំរើននេះ តាំងទុកហើយយ៉ាងណា បុគ្គលដ៏ចំរើន នឹងត្រិះរិះនូវវិតក្កៈ ឈ្មោះឯណោះ អំពីលំដាប់នៃចិត្តនេះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។ ម្នាលព្រាហ្មណ៍ នេះហៅថា អាទេសនាបាដិហារ្យ។ ម្នាលព្រាហ្មណ៍ ចុះអនុសាសនីបាដិហារ្យ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រៀនប្រដៅយ៉ាងនេះថា អ្នកទាំងឡាយ ត្រូវត្រិះរិះយ៉ាងនេះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្ត យ៉ាងនេះ កុំធ្វើទុកក្នុងចិត្ត យ៉ាងនេះឡើយ ចូរលះបង់ នូវអំពើនេះចេញ ចូរឱបក្រសោប នូវអំពើនេះចុះ។ ម្នាលព្រាហ្មណ៍ នេះហៅថា អនុសាសនីបាដិហារ្យ។ ម្នាលព្រាហ្មណ៍ បាដិហារ្យ មាន៣ប្រការនេះឯង។ ម្នាលព្រាហ្មណ៍ បណ្ដាបាដិហារ្យ ទាំង៣នេះ អ្នកគាប់ចិត្តបាដិហារ្យណា ថា ល្អផង ឧត្ដមផង។ បពិត្រព្រះគោតមដ៏ចំរើន បណ្ដាបាដិហារ្យទាំងនោះ បាដិហារ្យ ដែលបុគ្គលពួកខ្លះ ក្នុងលោកនេះ បានសម្រេចឫទ្ធិច្រើនប្រការ។ បេ។ ធ្វើអំណោច ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោក បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យនេះ បុគ្គលណា ធ្វើបាដិហារ្យនោះ បុគ្គលនោះឯង រមែងបានបាដិហារ្យនោះ បុគ្គលណា ធ្វើបាដិហារ្យនោះ បាដិហារ្យនោះ តែងមានដល់បុគ្គលនោះឯង។ បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យនេះ ប្រាកដដល់ខ្ញុំព្រះអង្គ បីដូចរូបភាព ប្រកបដោយកលមាយា។ បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យណា ដែលបុគ្គលពួកខ្លះ ក្នុងលោកនេះ ទាយចិត្តតាមនិមិត្តបាន ថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក ដោយប្រការដូច្នេះខ្លះ ចិត្តរបស់អ្នក ដូច្នេះខ្លះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាច់ទាយចិត្ត តាមនិមិត្តទេ គ្រាន់តែឮសំឡេងពួកមនុស្ស ពួកអមនុស្ស ឬពួកទេវតា ហើយទាយបាន មិនបាច់ឮសំឡេងពួកមនុស្ស ពួកអមនុស្ស ឬពួកទេវតា ហើយទាយ គ្រាន់តែឮសូរវិតក្កៈ វិចារៈ របស់បុគ្គលកំពុងត្រិះរិះ កំពុងពិចារណា ហើយទាយត្រូវ មិនបាច់ឮសូរវិតក្កៈ វិចារៈ របស់បុគ្គលកំពុងត្រិះរិះ កំពុងពិចារណា ហើយទាយទេ គ្រាន់តែកំណត់ដឹងចិត្ត ដោយចិត្ត របស់អ្នកបានសមាធិ មិនមានវិតក្កៈ មិនមានវិចារៈថា មនោសង្ខារទាំងឡាយ របស់បុគ្គលដ៏ចំរើននេះ តាំងទុកយ៉ាងណា បុគ្គលដ៏ចំរើន នឹងត្រិះរិះនូវវិតក្កៈ ឈ្មោះឯណោះ តាមលំដាប់នៃចិត្តនេះ។ បុគ្គលនោះ ទោះបីទាយច្រើន ហេតុដែលទាយដូច្នោះនោះ ក៏មិនភ្លាត់ បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យនេះ បុគ្គលណា បានធ្វើបាដិហារ្យនោះ បុគ្គលនោះឯង បាននូវបាដិហារ្យនោះ បុគ្គលណា ធ្វើបាដិហារ្យនោះ បាដិហារ្យនោះ រមែងមានដល់បុគ្គលនោះឯង។ បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យនេះ ប្រាកដដល់ខ្ញុំព្រះអង្គ បីដូចរូបភាព ប្រកបដោយកលមាយា។ បពិត្រព្រះគោតមដ៏ចំរើន បាដិហារ្យណា ដែលបុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្ត យ៉ាងនេះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ ចូរលះបង់អំពើនេះចេញ ចូរប្រកបអំពើនេះវិញ។ បពិត្រព្រះគោតមដ៏ចំរើន បណ្ដាបាដិហារ្យ ទាំង៣នេះ ខ្ញុំព្រះអង្គ គាប់ចិត្តបាដិហារ្យនេះ ល្អផង ឧត្ដមផង។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ ពាក្យដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងហើយនេះ ថាជាសុភាសិត យើងខ្ញុំចាំទុកនូវព្រះគោតមដ៏ចំរើន ដែលប្រកបដោយបាដិហារ្យ ទាំង៣នេះ ព្រោះព្រះគោតមដ៏ចំរើន បានសម្រេចឫទ្ធិច្រើនប្រការ។ បេ។ ប្រើអំណាច ឲ្យប្រពឹ្រត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោក ព្រោះព្រះគោតមដ៏ចំរើន កំណត់ដឹង នូវចិត្តដោយចិត្ត របស់បុគ្គល អ្នកបានសមាធិ ឥតមានវិតក្កៈ ឥតមានវិចារៈថា មនោសង្ខារទាំងឡាយ ដែលបុគ្គលដ៏ចំរើននេះ ដំកល់ទុក បុគ្គលដ៏ចំរើននេះ នឹងត្រិះរិះ នូវវិតក្កៈឈ្មោះឯណោះ ក្នុងលំដាប់នៃចិត្តនេះ ដ្បិតព្រះគោតមដ៏ចំរើន ប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្ត យ៉ាងនេះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ ចូរលះបង់អំពើនេះចេញ ចូរប្រកបអំពើនេះចុះ។ ម្នាលព្រាហ្មណ៍ វាចាអែបនែប ដែលអ្នកពោលហើយ ប៉ះត្រូវតថាគតដោយពិត មានតែតថាគត នឹងសំដែងដល់អ្នក ម្នាលព្រាហ្មណ៍ ព្រោះតថាគត បានសម្រេចឫទ្ធិច្រើនប្រការ។ បេ។ ប្រើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោក ម្នាលព្រាហ្មណ៍ ព្រោះតថាគត កំណត់ដឹង នូវចិត្តដោយចិត្ត របស់បុគ្គលអ្នកបានសមាធិ ឥតមានវិតក្កៈ ឥតមានវិចារៈថា មនោសង្ខារទាំងឡាយ ដែលបុគ្គលដ៏ចំរើននេះ បានដំកល់ទុក បុគ្គលដ៏ចំរើននេះ នឹងត្រិះរិះ នូវវិតក្កៈឈ្មោះឯណោះ ក្នុងលំដាប់នៃចិត្តនេះ ម្នាលព្រាហ្មណ៍ ព្រោះតថាគត ប្រៀនប្រដៅ យ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះ កុំត្រិះរិះយ៉ាងនេះឡើយ ចូរធ្វើទុកក្នុងចិត្ត យ៉ាងនេះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ ចូរលះបង់អំពើនេះចេញ ចូរប្រកបអំពើនេះវិញ។ បពិត្រព្រះគោតមដ៏ចំរើន ចុះភិក្ខុអង្គណាមួយដទៃទៀត ដែលប្រកបដោយបាដិហារ្យ ទាំង៣ នេះ លើកលែងតែព្រះគោតមដ៏ចំរើនចេញ មានដែលឬ។ ម្នាលព្រាហ្មណ៍ មិនមានត្រឹមមួយរយ មិនមានត្រឹម២រយ មិនមានត្រឹម៣រយ មិនមានត្រឹម៤រយ មិនមានត្រឹមតែ៥រយទេ ដែលពិតនោះ ពួកភិក្ខុ ដែលប្រកបដោយបាដិហារ្យ ទាំង៣នេះ មានច្រើនណាស់។ បពិត្រព្រះគោតមដ៏ចំរើន ចុះឥឡូវនេះ ពួកភិក្ខុទាំងនោះ នៅក្នុងទីណា។ ម្នាលព្រាហ្មណ៍ នៅក្នុងពួកភិក្ខុនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចជាគេផ្ងា របស់ដែលផ្កាប់ ឬបើកបង្ហាញ របស់បិទបាំង ឬក៏ប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះ ដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យមនុស្សមានចក្ខុ មើលឃើញរូបទាំងឡាយបាន យ៉ាងណា ធម៌ដែលព្រះគោតមដ៏ចំរើន ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គនុ៎ះ សូមដល់ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់សរណគមន៍ ជាទីពឹង ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមទៅ។
ចប់ ព្រាហ្មណ៍វគ្គ ទី១។
ឧទ្ទាននៃព្រាហ្មណវគ្គនោះគឺ
ពោលអំពីជន ២ លើក អំពីព្រាហ្មណ៍ ១ អំពីបរិព្វាជក ១ អំពីសេចក្ដីរលត់១ អំពីសត្វលោក ដែលជាប់ជំពាក់ ដោយអធម្មរាគៈ ជាដើម ១ អំពីសេចក្ដីប្រាថ្នាដ៏ក្រៃលែង ១ អំពីព្រាហ្មណ៍ ឈ្មោះតិកណ្ណៈ ១ អំពីព្រាហ្មណ៍ឈ្មោះ ជាណុស្សោណី ១ អំពីព្រាហ្មណ៍ឈ្មោះ សង្គារវៈ ១។
((៧) ២. មហាវគ្គោ)
(១. តិត្ថាយតនាទិសុត្តំ)
[៦៣] ម្នាលភិក្ខុទាំងឡាយ លទ្ធិនៃតិរ្ថិយ មាន៣ យ៉ាងដែលពួកបណ្ឌិតសាកសួររឿយៗ ដេញដោលរឿយៗ ប្រដៅរឿយៗ ប្រព្រឹត្តទៅតាមនូវបរម្បរាចារ្យ ហើយតាំងនៅក្នុងអកិរិយមតិ។ លទ្ធិនៃតិរ្ថិយ ៣យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ) ព្រោះហេតុតែអំពើដែលគេបានធ្វើហើយ ក្នុងកាលមុន។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះ ថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលទទួលហើយ) ព្រោះហេតុតែព្រះឥសូរ បានតាក់តែងមក ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍មួយពួក មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ) ព្រោះមិនមានហេតុ មិនមានបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ) ព្រោះហេតុតែអំពើ ដែលគេបានធ្វើហើយ ក្នុងកាលមុន តថាគតបានចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយពោលយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ឮថា អ្នកទាំងឡាយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬ ជាទុក្ខ ឬ មិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ) ព្រោះហេតុតែអំពើ ដែលគេបានធ្វើហើយ ក្នុងកាលមុន ពិតមែនឬ។ បើសមណព្រាហ្មណ៍ទាំងនោះ ដែលតថាគតសួរយ៉ាងនេះហើយ ក៏ប្ដេជ្ញាថា ព្រះករុណា ព្រះអង្គ តថាគត ក៏និយាយទៅនឹងពួកសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះវិញថា បើដូច្នោះ អ្នកដ៏មានអាយុទាំងឡាយ នឹងប្រព្រឹត្តបាណាតិបាត ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងប្រព្រឹត្តអទិន្នាទាន ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងប្រព្រឹត្តអព្រហ្មចារ្យ ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងប្រព្រឹត្តមុសាវាទ ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងប្រព្រឹត្តបិសុណាវាចា ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងប្រព្រឹត្តផរុសវាចា ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងប្រព្រឹត្តសម្ជប្បលាបៈ ព្រោះហេតុតែអំពើដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងជាអ្នកច្រើនដោយអភិជ្ឈា ព្រោះហេតុតែអំពើ ដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងមានចិត្តព្យាបាទ ព្រោះហេតុតែអំពើ ដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន នឹងជាមិច្ឆាទិដ្ឋិ ព្រោះហេតុតែអំពើ ដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រាថ្នា ឬសេចក្ដីព្យាយាមថា កិច្ចនេះ គួរធ្វើក្ដី កិច្ចនេះ មិនគួរធ្វើក្ដី មិនសម្រេចដល់ពួកបុគ្គល ដែលប្រកាន់នូវអំពើ ដែលខ្លួនបានធ្វើហើយ ក្នុងកាលមុនថា មានសារៈទេ។ កាលបើកិច្ច ដែលគួរធ្វើ និងមិនគួរធ្វើ មិនប្រាកដដោយពិត ដោយមាំមួនហើយ សមណវាទ ដែលប្រកបដោយហេតុ ចំពោះខ្លួន ក៏មិនសម្រេច ដល់ពួកបុគ្គល ដែលភាន់ភាំងសតិ និងមិនមានការរក្សាឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាវាទៈ របស់តថាគត ប្រកបដោយហេតុទី១ ជាធម៌សង្កត់សង្កិនពួកសមណព្រាហ្មណ៍ទាំងនោះ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណាមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ រមែងទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ) ព្រោះហេតុតែព្រះឥសូរ បានតាក់តែងមក តថាគត ចូលទៅរកសមណព្រាហ្មណ៍ទាំងនោះហើយ ពោលយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ឮថាអ្នកទាំងឡាយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ) ព្រោះហេតុតែព្រះឥសូរ បានតាក់តែងមកពិតឬ។ បើតថាគត សួរយ៉ាងនេះហើយ សមណព្រាហ្មណ៍ទាំងនោះ ក៏ប្ដេជ្ញាថា ព្រះករុណា ព្រះអង្គ តថាគត ក៏ពោលទៅនឹងសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះវិញថា បើដូច្នោះ អ្នកដ៏មានអាយុទាំងឡាយ នឹងប្រព្រឹត្តបាណាតិបាត ព្រោះហេតុតែព្រះឥសូរបានតាក់តែងមក។ បេ។ នឹងមានគំនិតយល់ខុស ព្រោះហេតុតែព្រះឥសូរ បានតាក់តែងមក។ សេចក្ដីប្រាថ្នា ឬសេចក្ដីព្យាយាមថា កិច្ចនេះ គួរធ្វើក្ដី កិច្ចនេះ មិនគួរធ្វើក្ដី មិនសម្រេច ដល់ពួកបុគ្គល ដែលប្រកាន់នូវសេចក្ដីយល់ថា ព្រះឥសូរ អ្នកតាក់តែងមកថា មានសារៈទេ។ កាលបើកិច្ចគួរធ្វើ និងមិនគួរធ្វើ មិនប្រាកដដោយពិត ដោយមាំមួនទេ សមណវាទ ដែលប្រកបដោយហេតុចំពោះខ្លួន ក៏មិនសម្រេចដល់បុគ្គល ដែលភ្លេចសតិ និងមិនមានការរក្សាឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាវាទៈ របស់តថាគត ប្រកបដោយហេតុទី២ ជាធម៌សង្កត់សង្កិនពួកសមណព្រាហ្មណ៍ទាំងនោះ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខឬជាទុក្ខ ឬមិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ) ព្រោះមិនមានហេតុ មិនមានបច្ច័យ តថាគត ក៏បានចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយពោលលយ៉ាងនេះថា ម្នាលអ្នកដ៏មានអាយុទាំងឡាយ ឮថា អ្នកទាំងឡាយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ ទទួលនូវអារម្មណ៍ណាមួយ ជាសុខ ឬជាទុក្ខ ឬ មិនមែនទុក្ខ មិនមែនសុខ អារម្មណ៍ទាំងអស់នោះ (ដែលបុគ្គលបានទទួលហើយ) ព្រោះមិនមានហេតុ មិនមានបច្ច័យ ពិតឬ។ បើតថាគតសួរ យ៉ាងនេះហើយ សមណព្រាហ្មណ៍ទាំងនោះ ប្ដេជ្ញាព្រមថា ព្រះករុណា ព្រះអង្គ តថាគតពោលទៅនឹងសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះវិញថា បើដូច្នោះ អ្នកដ៏មានអាយុទាំងឡាយ នឹងប្រព្រឹត្តបាណាតិបាត ព្រោះមិនមានហេតុ មិនមានបច្ច័យ។ បេ។ នឹងគំនិតយល់ខុស ព្រោះមិនមានហេតុ មិនមានបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រាថ្នា ឬសេចក្ដីព្យាយាមថា កិច្ចនេះ គួរធ្វើក្ដី កិច្ចនេះ មិនគួរធ្វើក្ដី មិនសម្រេចដល់ពួកបុគ្គល ដែលប្រកាន់នូវអំពើ ដែលមិនមានហេតុ ថាជាសារៈឡើយ។ កាលបើកិច្ចដែលគួរធ្វើ និងមិនគួរធ្វើ មិនប្រាកដដោយពិត ដោយមាំមួនទេ សមណវាទដែលប្រកបដោយហេតុចំពោះខ្លួន ក៏មិនសម្រេច ដល់ពួកបុគ្គល ដែលភ្លេចស្មារតីនិងមិនមានការរក្សាឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាវាទៈរបស់តថាគតប្រកបដោយហេតុទី ៣ ជាធម៌សង្កត់សង្កិនពួកសមណព្រាហ្មណ៍ទាំងនោះ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ លទ្ធិនៃតិរ្ថិយ ទាំង៣ យ៉ាងនេះឯងហើយ ដែលបណ្ឌិតសាកសួររឿយ ៗ ដេញដោលរឿយៗ ប្រដៅរឿយៗ ប្រព្រឹត្តតាមបរម្បរាចារ្យ តាំងនៅដោយអកិរិយមតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងមកហើយនេះ ពួកសមណព្រហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងមកហើយ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះធាតុ៦ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះ ផស្សាយតនៈ៦ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន។ ម្នាលភិក្ខុទាំង ឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះ មនោបវិចារ ១៨ ពួកសមណ ព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះអរិយសច្ច ៤ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន។ ម្នាលភិក្ខុទាំង ឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះធាតុ៦ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យនុ៎ះ តថាគតបានពោលដូច្នេះឯង។ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ (ព្រោះអាស្រ័យ) នូវធាតុ ៦ នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ អាកាសធាតុ១ វិញ្ញាណធាតុ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះធាតុ៦ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យណា ដែលតថាគត បានពោលដូច្នេះហើយ ពាក្យនុ៎ះ តថាគតបានពោលហើយ ព្រោះអាស្រ័យនូវហេតុនេះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះផស្សាយតនៈ ៦ ពួកសមណព្រាហ្មណ៍ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យនោះ តថាគតបានពោលហើយដូច្នេះឯង។ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យ នូវហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ (ព្រោះអាស្រ័យ) នូវផស្សាយតនៈ ៦នេះ គឺ ផស្សាយតនៈគឺចក្ខុ១ ផស្សាយតនៈគឺសោតៈ ១ ផស្សាយតនៈគឺឃានៈ១ ផស្សាយតនៈគឺជិវ្ហា១ ផស្សាយតនៈគឺកាយៈ១ ផស្សាយតនៈគឺមនោ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះ ផស្សាយតនៈ ៦ ពួកសមណព្រាហ្មណ៍ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យណា ដែលតថាគត បានពោលហើយដូច្នេះ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុនេះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតបានសំដែងហើយថា នេះ មនោបវិចារ ១៨ ពួកសមណព្រាហ្មណ៍ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យនុ៎ះតថាគត បានពោលហើយដូច្នេះឯង។ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុអ្វី។ ព្រោះឃើញ នូវរូបដោយចក្ខុ ហើយពិចារណានូវរូប ដែលជាទីតាំង នៃសោមនស្ស ពិចារណា នូវរូបដែលជាទីតាំង នៃទោមនស្ស ពិចារណានូវរូប ដែលជាទីតាំង នៃឧបេក្ខា ឮសំឡេងដោយត្រចៀក… ហិតក្លិនដោយច្រមុះ… ជញ្ជក់នូវរស ដោយអណ្ដាត… ពាល់ត្រូវនូវផោដ្ធព្វ ដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ពិចារណា នូវធម្មារម្មណ៍ ដែលជាទីតាំង នៃសោមនស្ស ពិចារណា នូវធម្មារម្មណ៍ ដែលជាទីតាំងនៃទោមនស្ស ពិចារណា នូវធម្មារម្មណ៍ដែលជាទីតាំង នៃឧបេក្ខា។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះ មនោបវិចារ ១៨ ពួកសមណព្រហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យណាដែលតថាគត បានពោលហើយដូច្នេះ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យ នូវហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះអរិយសច្ច ៤ ពួកសមណព្រាហ្មណ៍ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យនុ៎ះ តថាគតបានពោលហើយ ដូច្នេះឯង។ ពាក្យដែលតថាគត បានពោលហើយនុ៎ះ ព្រោះអាស្រ័យនូវហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ការចុះកាន់គភ៌ ព្រោះអាស្រ័យនូវធាតុ កាលបើចុះកាន់គភ៌មាន នាមរូបក៏មាន កាលបើនាមរូបជាបច្ច័យមាន សឡាយតនៈក៏មាន កាលបើសឡាយតនៈជាបច្ច័យមាន ផស្សៈក៏មាន កាលបើផស្សៈជាបច្ច័យមាន វេទនាក៏មាន។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹង នូវអារម្មណ៍ (ទាំងនោះ) ទើបតថាគតបញ្ញត្តថា នេះជាទុក្ខ បញ្ញត្តថា នេះជាទុក្ខសមុទ័យ បញ្ញត្តថា នេះជាទុក្ខនិរោធ បញ្ញត្តថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ច តើដូចម្ដេច។ គឺជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ សោកទុក្ខ បរិទេវទុក្ខ ទុក្ខទុក្ខ ទោមនស្សទុក្ខ ឧបាយាសទុក្ខ អប្បិយេហិសម្បយោគទុក្ខ បិយេហិ វិប្បយោគទុក្ខ យម្បិច្ឆំ ន លភតិ តម្បិទុក្ខសង្ខិត្តេន បញ្ចុបាទានក្ខន្ធទុក្ខ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខសមុទយអរិយសច្ច តើដូចម្ដេច។ គឺ សង្ខារកើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សកើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរា និងមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្ដីសោក ខ្សឹកខ្សួល ទុក្ខទោមនស្ស តានតឹង ក៏កើតមានព្រម។ សេចក្ដីកើតឡើង នៃកងទុក្ខទាំងអស់នេះ រមែងមានយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខសមុទយអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខនិរោធអរិយសច្ច តើដូចម្ដេច។ សេចក្ដីរលត់សង្ខារ ព្រោះវិនាស រលត់ មិនមានសេសសល់នៃអវិជា្ជ សេចក្ដីរលត់វិញ្ញាណ ព្រោះរលត់សង្ខារ សេចក្ដីរលត់នាមរូប ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូប សេចក្ដីរលត់ផស្សៈ ព្រោះរលត់សឡាយតនៈ សេចក្ដីរលត់វេទនា ព្រោះរលត់ផស្សៈ សេចក្ដីរលត់តណ្ហា ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហា សេចក្ដីរលត់ភព ព្រោះរលត់ឧបាទាន សេចក្ដីរលត់ជាតិ ព្រោះរលត់ភព សេចក្ដីចាស់ ស្លាប់ រលត់ ព្រោះរលត់ជាតិ សេចក្ដីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងការចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏រលត់ទៅ។ សេចក្ដីរលត់ នៃកងទុក្ខទាំងអស់នេះ តែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្ដេច។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង គឺសម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាម ១ សម្មាសតិ១ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគត បានសំដែងហើយថា នេះអរិយសច្ច ៤ ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញ សង្កត់សង្កិនមិនបាន ធ្វើឲ្យសៅហ្មងមិនបាន តិះដៀលមិនបាន ស្អប់ខ្ពើមមិនបាន ពាក្យណា ដែលតថាគតពោលហើយ ដូច្នេះ ពាក្យនេះ តថាគតពោលហើយ ព្រោះអាស្រ័យនូវហេតុនុ៎ះ។
(២. ភយសុត្តំ)
[៦៤] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនមិនចេះដឹង រមែងពោលថា អមាតាបុត្តិកភ័យ (ភ័យដែលមាតាមិនបានឃើញបុត្រ បុត្រមិនបានឃើញមាតា) នេះ មាន៣យ៉ាង។ ភ័យ៣យ៉ាង ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សម័យដែលមានកំដៅភ្លើងធំតាំងឡើង។ ម្នាលភិក្ខុទាំងឡាយ កាលបើកំដៅភ្លើងធំ តាំងឡើងហើយ អ្នកស្រុកក៏ក្ដៅ អ្នកនិគមក៏ក្ដៅ អ្នកនគរក៏ក្ដៅ ដោយភ្លើងនោះ កាលបើអ្នកស្រុកក្ដៅ អ្នកនិគមក្ដៅ អ្នកនគរក្ដៅ មាតាក៏មិនបានឃើញកូន ទាំងកូន ក៏មិនបានឃើញមាតា ក្នុងកាលដែលអគ្គិភ័យ កើតឡើងនោះ។ ម្នាលភិក្ខុទាំងឡាយ បុចុជ្ជនអ្នកមិនចេះដឹង តែងពោលថា នេះជា អមាតាបុត្តិកភ័យ ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សម័យដែលមហាមេឃតាំងឡើង គឺបង្អុរភ្លៀង ឲ្យធ្លាក់ចុះ។ ម្នាលភិក្ខុទាំងឡាយ កាលបើមហាមេឃ បង្អុរភ្លៀងធ្លាក់ចុះ អន្លង់ទឹកធំ រមែងកើតព្រម កាលបើជំនន់ធំ កើតព្រមហើយ អ្នកស្រុករមែងរសាត់ទៅ អ្នកនិគម រមែងរសាត់ទៅ អ្នកនគរ រមែងរសាត់ទៅ ដោយទឹកនោះ កាលបើអ្នកស្រុករសាត់ទៅ អ្នកនិគមរសាត់ទៅ អ្នកនគររសាត់ទៅ មាតាក៏មិនបានឃើញកូន ទាំងកូន ក៏មិនបានឃើញមាតា ក្នុងពេលដែលឧទកភ័យ កើតឡើងនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងពោលថា នេះជា អមាតាបុត្តិកភ័យ ទី២។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សម័យដែលមាន អដវីសង្កោបភ័យ (គឺសេចក្ដីកម្រើក ចោរក្នុងដងព្រៃ)25) នោះ ពួកអ្នកជនបទ ក៏នាំគ្នាឡើងកាន់ចក្កយានបរទៅ។ ម្នាលភិក្ខុទាំងឡាយ កាលបើ អដវីសង្កោបភ័យ មានហើយ ពួកអ្នកជនបទ នាំគ្នាឡើងកាន់ចក្កយាន បរទៅ មាតាក៏មិនបានឃើញបុត្រ ទាំងបុត្រ ក៏មិនបានឃើញមាតា ក្នុងកាលដែល អដវីសង្កោបភ័យ កើតឡើងនោះ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង តែងពោលថា នេះជា អមាតាបុត្តិកភ័យ ទី៣។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងពោលថា អមាតាបុត្តិកភ័យ មាន៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងពោល នូវសមាតាបុត្តិកភ័យ (ភ័យដែលមាតា និងបុត្រនៅឃើញគ្នាបាន) ថាជា អមាតាបុត្តិកភ័យ (ភ័យដែលមាតា និងបុត្រមិនបានឃើញគ្នា) នេះ មាន៣យ៉ាង។ ភ័យ ៣ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ សម័យដែលមានកំដៅភ្លើងធំ តាំងឡើង។ ម្នាលភិក្ខុទាំងឡាយ កាលបើកំដៅភ្លើងធំ តាំងឡើងហើយ អ្នកស្រុកក៏ក្ដៅ អ្នកនិគមក៏ក្ដៅ អ្នកនគរក៏ក្ដៅ ដោយភ្លើងនោះ កាលបើអ្នកស្រុកក្ដៅ អ្នកនិគមក្ដៅ អ្នកនគរក្ដៅ សម័យនោះ ជួនកាលមាតាបានឃើញបុត្រ បុត្រក៏បានឃើញមាតាខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងពោលនូវសមាតាបុត្តិកភ័យ នេះថាជា អមាតាបុត្តិកភ័យ ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀតសម័យដែលមានមហាមេឃបង្អុរភ្លៀង។ ម្នាលភិក្ខុទាំងឡាយ កាលបើមហាមេឃ បង្អុរភ្លៀងហើយ ជំនន់ធំ ក៏កើតឡើង កាលបើជំនន់ទឹកធំ កើតហើយ ពួកអ្នកស្រុក ក៏រសាត់ទៅ អ្នកនិគម ក៏រសាត់ទៅ អ្នកនគរ ក៏រសាត់ទៅ ដោយទឹកនោះ កាលបើអ្នកស្រុករសាត់ទៅ អ្នកនិគមរសាត់ទៅ អ្នកនគរក៏រសាត់ទៅ សម័យនោះ ជួនកាលមាតា ក៏បានឃើញបុត្រ បុត្រក៏បានឃើញមាតាខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុចុជ្ជន អ្នកមិនចេះដឹង តែងពោលនូវសមាតាបុត្តិកភ័យ នេះថាជា អមាតាបុត្តិកភ័យ ទី២។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សម័យដែលមាន អដវីសង្កោបភ័យ ពួកអ្នកជនបទ ក៏នាំគ្នាឡើងកាន់ចក្កយាន បរទៅ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត កាលបើអដវីសង្កោបភ័យមានហើយ ពួកអ្នកជនបទ ក៏នាំគ្នាឡើងកាន់ចក្កយាន បរទៅ សម័យនោះ ជួនកាល មាតាបានឃើញបុត្រ បុត្រក៏បានឃើញមាតាខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង តែងពោលនូវសមាតាបុត្តិកភ័យនេះ ថាជាអមាតាបុត្តិកភ័យ ទី៣។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នកមិនចេះដឹង រមែងពោលនូវសមាតាបុត្តិកភ័យ ៣ យ៉ាងនេះឯងថា ជាអមាតាបុត្តិកភ័យ។ ម្នាលភិក្ខុទាំងឡាយ អមាតាបុត្តិកភ័យនេះ មាន៣ យ៉ាង។ អមាតាបុត្តិកភ័យ ៣ យ៉ាង តើដូចម្ដេច។ គឺជរាភ័យ ភ័យព្រោះជរា១ ព្យាធិភ័យ ភ័យព្រោះព្យាធិ១ មរណភ័យ ភ័យព្រោះមរណៈ១។ ម្នាលភិក្ខុទាំងឡាយ មាតាមិនបានឃើញបុត្រ ដែលកំពុងជរា យ៉ាងនេះថា អាត្មាអញចាស់ សូមកុំឲ្យបុត្រអាត្មាអញចាស់ឡើយ ចំណែកខាងបុត្រ ក៏មិនបានឃើញមាតា ដែលកំពុងចាស់ យ៉ាងនេះថា អាត្មាអញ សូមកុំឲ្យមាតារបស់អញ ចាស់ឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតាមិនបានឃើញបុត្រដែលកំពុងមានព្យាធិ យ៉ាងនេះថា អាត្មាអញ មានព្យាធិ សូមកុំឲ្យបុត្ររបស់អាត្មាអញ មានព្យាធិឡើយ ចំណែកខាងបុត្រ មិនបានឃើញមាតា ដែលកំពុងមានព្យាធិ យ៉ាងនេះថា អាត្មាអញ មានព្យាធិ សូមកុំឲ្យមាតារបស់អាត្មាអញ មានព្យាធិឡើយ។ ម្នាលភិក្ខុទាំងឡាយ មាតាមិនបានឃើញបុត្រ ដែលស្លាប់យ៉ាងនេះថា អាត្មាអញ រមែងស្លាប់ សូមកុំឲ្យបុត្ររបស់អញ ស្លាប់ឡើយ ចំណែកខាងបុត្រ ក៏មិនបានឃើញមាតា ដែលស្លាប់ យ៉ាងនេះថា អាត្មាអញ រមែងតែស្លាប់ សូមកុំឲ្យមាតារបស់អាត្មាអញ ស្លាប់ឡើយ ម្នាលភិក្ខុទាំងឡាយ អមាតាបុត្តិកភ័យ មាន៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មគ្គ និងបដិបទា រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ ដើម្បីកន្លងបង់ នូវសមាតាបុត្តិកភ័យ ទាំង៣ យ៉ាងនេះផង នូវអមាតាបុត្តិកភ័យ ទាំង៣ យ៉ាងនេះផង។ ម្នាលភិក្ខុទាំងឡាយ មគ្គ តើដូចម្ដេច បដិបទា តើដូចម្ដេច រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ កន្លងបង់ នូវសមាតាបុត្តិកភ័យ ទាំង៣យ៉ាងនេះបានផង នូវអមាតាបុត្តិកភ័យ ទាំង៣ នេះបានផង។ មគ្គ ដែលប្រកបដោយអង្គ៨ ដ៏ប្រសើរនេះឯង គឺសម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា មគ្គ នេះហៅថា បដិបទា ប្រព្រឹត្តទៅ ដើម្បីលះបង់ ដើម្បីកន្លងបង់ នូវសមាតាបុត្តិកភ័យ ទាំង៣ យ៉ាងនេះផង នូវអមាតាបុត្តិកភ័យ ទាំង៣យ៉ាងនេះផង។
(៣. វេនាគបុរសុត្តំ)
[៦៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្ដេចទៅកាន់ចារិក ក្នុងកោសលជនបទ មួយអន្លើដោយភិក្ខុសង្ឃជាច្រើនអង្គ ទ្រង់បានចូលទៅដល់ព្រាហ្មណគ្រាម ឈ្មោះវេនាគបុរី នៃកោសលជនបទ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងវេនាគបុរី បានឮច្បាស់ នូវដំណឹងនោះហើយ ទើបប្រកាសសេចក្ដីថា ម្នាលគ្នាយើង ឮថាព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ហើយស្ដេចបានមកដល់វេនាគបុរី។ កិត្តិស័ព្ទសរសើរព្រះគោតមដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយ សុះសាយ យ៉ាងនេះថា ព្រះដ៏មានព្រះភាគនោះ ទ្រង់ព្រះនាមថា អរហំ ថា សម្មាសម្ពុទ្ធោ ថា វិជ្ជាចរណសម្បន្នោ ថា សុគតោ ថា លោកវិទូ ថាអនុត្តរោ ថា បុរិសទម្មសារថិ ថា សត្ថាទេវមនុស្សានំ ថា ពុទ្ធោ ថា ភគវា ព្រះអង្គបានតា្រស់ដឹង បានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ព្រះអង្គសំដែងធម៌ ពីរោះបទដើម ពីរោះបទកណ្ដាល និងពីរោះបទខាងចុង ទ្រង់ប្រកាស នូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរ ដែលបានឃើញ បានជួបនឹងព្រះអរហន្ដទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃពេក។ លំដាប់នោះឯង ព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងវេនាគបុរី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យ ដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ពួកខ្លះអង្គុយក្នុងទីដ៏សមគួរប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ ពួកខ្លះ ញុំាងនាម និងគោត្រ ឲ្យឮឡើង អង្គុយក្នុងទីសមគួរ ពួកខ្លះអង្គុយស្ងៀម ក្នុងទីសមគួរ។ ព្រាហ្មណ៍ ជាវច្ឆគោត្រ អ្នកនៅក្នុងវេនាគបុរី អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន សេចក្ដីអស្ចារ្យមិនធ្លាប់កើត ក៏កើតមាន បពិត្រព្រះគោតមដ៏ចំរើន ឥន្រ្ទិយរបស់ព្រះគោតមដ៏ចំរើន ជ្រះថ្លា ទាំងសម្បុរស្បែក ក៏បរិសុទ្ធ ផូរផង់ ដោយពិត បពិត្រព្រះគោតមដ៏ចំរើន ប្រៀបដូចជាផ្លែពុទ្រាទុំ ក្នុងសារទកាល បរិសុទ្ធ ផូរផង់ យ៉ាងណាមិញ ឥន្រ្ទិយរបស់ព្រះគោតមដ៏ចំរើន ជ្រះថ្លា ទាំងសម្បុរស្បែក ក៏បរិសុទ្ធ ផូរផង់ យ៉ាងនោះដែរ។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ប្រៀបដូចជាផ្លែត្មោតទុំ បរិសុទ្ធល្អ ជ្រុះចាកទង យ៉ាងណាមិញ ឥន្រ្ទិយរបស់ព្រះគោតមដ៏ចំរើន ជ្រះថ្លា ទាំងសម្បុរស្បែក ក៏បរិសុទ្ធ ផូរផង់ យ៉ាងនោះដែរ។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ដូចដុំមាសជម្ពោនទៈ ដែលកម្មារបុត្រ អ្នកឈ្លាស ធ្វើបរិកម្មល្អ ទាំងរំលាយល្អហើយដំកល់ទុក លើសំពត់កម្ពល មានពណ៌លឿងទុំ រមែងភ្លឺផង ច្បាស់ផង រុងរឿងផង យ៉ាងណាមិញ ឥន្រ្ទិយរបស់ព្រះគោតមដ៏ចំរើន ជ្រះថ្លា ទាំងសម្បុរស្បែក ក៏បរិសុទ្ធ ផូរផង់ យ៉ាងនោះដែរ។ បពិត្រព្រះគោតមដ៏ចំរើន ឧច្ចាសយនៈ និងមហាសយនៈទាំងនោះ មានដោយពិត គឺអាសន្ទិ (អាសនៈ ដែលខ្ពស់ហួសប្រមាណ) ១ បល្លង្ក (គ្រែដែលមានជើងវិចិត្រដោយរូបសត្វសាហាវ)១ គោណកៈ (ព្រំដែលមានរោមវែងជាង ៤ ធ្នាប់)១ ចិត្តិកា (កម្រាល ដែលគេធ្វើដោយរោមសត្វវិចិត្រដោយរតនៈ) ១ បដិកា (កម្រាលដែលមានពណ៌ស ធ្វើដោយរោមសត្វ) ១បដលិកា (កម្រាលដែលធ្វើដោយរោមសត្វជាផ្កាចង្កោម)១ តូលិកា (កម្រាលដែលញាត់ដោយសំឡី)១ វិកតិកា (កម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វមានសីហៈ និងខ្លាធំ ជាដើម)១ ឧទ្ធលោមី (កម្រាលដែលធ្វើដោយរោមសត្វមានជាយទាំងពីរខាង) ១ ឯកន្ដលោមី (កម្រាលដែលធ្វើដោយរោមសត្វ មានជាយតែម្ខាង) ១ កដ្ឋិស្សៈ (កម្រាលដែលធ្វើដោយអំបោះ លាយសូត្រ ដោតក្រងដោយរតនៈ) ១ កោសេយ្យៈ (កម្រាលដែលធ្វើដោយសូត្រ ដោតក្រងដោយរតនៈ) ១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមពួកស្រីរបាំ១០ នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងដំរី) ១ អស្សត្ថរៈ (កម្រាលសម្រាប់ក្រាលលើខ្នងសេះ ១ រថត្ថរៈ(កម្រាលសម្រាប់ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាលដែលគេធ្វើដោយស្បែកខ្លាឃ្មុំ) ១ កាទលិមិគប្បវរប្បច្ចត្ថរណៈ (កម្រាលដ៏ឧត្តម ដែលធ្វើដោយស្បែកសត្វឈ្មុស)១ សឧត្តរច្ចទៈ (ទីដេក ដែលមានពិតានក្រហម)១ ឧភតោលោហិតកុបធានៈ (ខ្នើយមានពណ៌ក្រហមទាំងពីរខាង)១ ព្រះគោតមទ្រង់បានតាមសេចក្ដីប្រាថ្នា ទ្រង់បានដោយងាយ ទ្រង់បានដោយមិនលំបាក នូវឧច្ចាសយនៈ និងមហាសយនៈ មានសភាពយ៉ាងនេះ ដោយពិត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ឧច្ចាសយនៈ និងមហាសយនៈទាំងនោះគឺ អាសន្ទិ ១… ឧភតោលោហិតកុបធានៈ ១ ពួកបព្វជិតបានដោយលំបាក ប្រសិនបើបព្វជិតបានហើយ ក៏មិនគួរប្រើប្រាស់បានទេ។ ម្នាលព្រហ្មណ៍ ឥឡូវនេះ តថាគតជាអ្នកបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវឧច្ចាសយនៈ និងមហាសយនៈ ៣ យ៉ាងនេះឯង។ ឧច្ចាសយនៈ និងមហាសយនៈ ៣យ៉ាង តើដូចម្ដេច។ គឺឧច្ចាសយនៈ និងមហាសយនៈជាទិព្វ ១ ឧច្ចាសយនៈ និងមហាសយនៈ ជារបស់ព្រហ្ម១ ឧច្ចាសយនៈ និងមហាសយនៈ ជារបស់អរិយៈ១។ ម្នាលព្រាហ្មណ៍ ឥឡូវនេះ តថាគត បានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវឧច្ចាសយនៈ និងមហាសយនៈ ៣ យ៉ាងនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន ឥឡូវព្រះគោតមដ៏ចំរើន បានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវឧច្ចាសយនៈ និងមហាសយនៈជាទិព្វនោះ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ ក្នុងទីឯណោះ តថាគត បានចូលទៅអាស្រ័យ នូវស្រុក ឬនិគម ក្នុងបុព្វណ្ហសម័យ តថាគតស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ស្រុក និងនិគមនោះឯង ដើម្បីបិណ្ឌបាត្រ កាលតថាគត ត្រឡប់ពីបិណ្ឌបាត្រក្នុងបច្ឆាភត្ត ក៏ចូលទៅកាន់ព្រៃ តថាគតឯង ក៏ប្រមូលយកស្មៅ ឬស្លឹកឈើទាំងនោះ ដែលមានក្នុងព្រៃនោះ ឲ្យនៅតែមួយកន្លែង ហើយអង្គុយពែនភ្នែន ដំកល់កាយឲ្យត្រង់ តាំងសតិ ឆ្ពោះទៅកាន់កម្មដ្ឋាន តថាគតនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបិតិ និងសុខ ដែលកើតអំពីសេចក្ដីស្ងប់ស្ងាត់ សម្រេចសម្រាន្តនៅ ព្រោះរម្ងាប់នូវវិតក្កៈ វិចារ ក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្ដាននៃខ្លួន ប្រកបដោយសេចក្ដីជ្រះថ្លា គឺសទ្ធា មានសភាព ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ក៏សម្រេចសម្រាន្តនៅ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះបានដល់ នូវតតិយជ្ឈាននោះ ទើបសម្រេចសម្រាន្តនៅ ព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង ព្រោះអស់ទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ក៏សម្រេចសម្រាន្តនៅ។ ម្នាលព្រាហ្មណ៍ បើតថាគតនោះ ចង្រ្កមមានសភាពយ៉ាងនេះ ទីចង្រ្កមជាទិព្វនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះ ឈរ មានសភាពយ៉ាងនេះ ទីឈរជាទិព្វនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះ អង្គុយមានសភាពយ៉ាងនេះ ទីអង្គុយជាទិព្វនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះ សម្រេចនូវសំណឹង មានសភាពយ៉ាងនេះ សំណឹងដ៏ខ្ពស់ និងអង្គុយ ដ៏ប្រសើរជាទិព្វនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ។ ម្នាលព្រាហ្មណ៍ ឥឡូវតថាគត ជាអ្នកបានតាមសេចក្ដីប្រាថ្នា ជាអ្នកបានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជាទិព្វនោះឯង។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ មានបុគ្គលណាដទៃ អាចនឹងបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវទីដេកដ៏ខ្ពស់និងទីអង្គុយដ៏ប្រសើរ ជាទិព្វ មានសភាពយ៉ាងនេះបានឡើយ លើកលែងតែព្រះគោតមដ៏ចំរើនចេញ។ បពិត្រព្រះគោតមដ៏ចំរើន ឥឡូវព្រះគោតមដ៏ចំរើន ទ្រង់បានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវទីដេកដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់ព្រហ្មនោះ តើដូចម្ដេច។ ម្នាលព្រាហ្មណ៍ ក្នុងទីឯណោះ តថាគត ចូលទៅអាស្រ័យស្រុក ឬនិគមណា តថាគតស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុក និងនិគមនោះឯង ដើម្បីបិណ្ឌបាត កាលតថាគតនោះ ត្រឡប់ពីបិណ្ឌបាត ក្នុងបច្ឆាភត្តហើយចូលទៅក្នុងដងព្រៃ តថាគតនោះ បានប្រមូលនូវស្មៅ ឬស្លឹកឈើទាំងនោះ ដែលមានក្នុងដងព្រៃនោះ ឲ្យដំកល់នៅមួយកន្លែង ហើយអង្គុយពែនភ្នែន ដំកល់កាយឲ្យត្រង់ ប្រុងសតិ ឲ្យមានមុខឆ្ពោះទៅកាន់កម្មដ្ឋាន តថាគតនោះ មានចិត្តប្រកបដោយមេត្តា ទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ និងទិសទី៤ ក៏ដូចគ្នាផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ដោយអាការទាំងពួង ក្នុងទីទាំងពួង មានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ និងទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ដោយអាការទាំងពួង ក្នុងទីទាំងពួង។ ម្នាលព្រាហ្មណ៍ បើតថាគតនោះ ចង្រ្កមយ៉ាងនេះ ជាទីចង្រ្កមដ៏ប្រសើរ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះ ឈរយ៉ាងនេះ… អង្គុយ… សម្រេចនូវសំណឹង សំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់ព្រហ្មនោះ រមែងមានដល់តថាគត ក្នុងសម័យនោះ។ ម្នាលព្រាហ្មណ៍ តថាគត ជាអ្នកបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងអង្គុយទីដ៏ប្រសើរ ជារបស់ព្រហ្មនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ តើមានបុគ្គលដទៃឯណា នឹងបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់ព្រហ្ម មានសភាពយ៉ាងនេះ លើកលែងតែព្រះគោតមដ៏ចំរើនចេញ។ បពិត្រព្រះគោតមដ៏ចំរើន ឥឡូវ ព្រះគោតមដ៏ចំរើន បានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់អរិយៈដូចម្ដេច។ ម្នាលព្រាហ្មណ៍ ក្នុងទីឯណោះ តថាគតនោះ ចូលទៅអាស្រ័យ នូវស្រុក ឬនិគមណា តថាគតនោះ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ស្រុក ឬនិគមនោះឯង ដើម្បីបិណ្ឌបាត កាលតថាគតនោះ ត្រឡប់ពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ចូលទៅកាន់ដងព្រៃ តថាគតនោះ ប្រមូលនូវស្មៅ ឬស្លឹកឈើទាំងនោះ ក្នុងដងព្រៃនោះ ឲ្យតាំងនៅក្នុងទី១ ហើយអង្គុយពែនភ្នែន ដំកល់កាយឲ្យត្រង់ ប្រុងស្មារតី ឆ្ពោះទៅកាន់កម្មដ្ឋាន តថាគតនោះ ដឹងយ៉ាងនេះថា រាគៈតថាគត បានលះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈ ដល់នូវការសាបសូន្យ មានសភាពមិនកើតឡើងតទៅឡើយ ទោសៈតថាគត បានលះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈ ដល់នូវការសាបសូន្យ មានសភាពមិនកើតឡើងតទៅ មោហៈ តថាគត បានលះបង់ហើយ បានផ្ដាច់ផ្ដិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈ ដល់នូវការសាបសូន្យ មានសភាពមិនកើតឡើងតទៅឡើយ។ ម្នាលព្រាហ្មណ៍ បើតថាគតនោះ ចង្រ្កមមានសភាពយ៉ាងនេះ ទីចង្រ្កមជារបស់អរិយៈនុ៎ះ រមែងមានដល់តថាគត ក្នុងសម័យនោះ ម្នាលព្រាហ្មណ៍ បើតថាគតនោះឈរ មានសភាពយ៉ាងនេះ… អង្គុយ… សម្រេចនូវសំណឹង សំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់អរិយៈនុ៎ះ រមែងមានដល់តថាគតក្នុងសម័យនោះ។ ម្នាលព្រាហ្មណ៍ តថាគត ជាអ្នកបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរជារបស់អរិយៈនេះឯង។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកណាស់ តើមានបុគ្គលដទៃឯណា នឹងបានតាមសេចក្ដីប្រាថ្នា បានដោយងាយ បានដោយមិនលំបាក នូវសំណឹងដ៏ខ្ពស់ និងទីអង្គុយដ៏ប្រសើរ ជារបស់អរិយៈ មានសភាពយ៉ាងនេះ លើកលែងតែព្រះគោតមដ៏ចំរើនចេញ។ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចជាបុគ្គលផ្ងាររបស់ ដែលគេផ្កាប់ ឬបើករបស់ ដែលគេបិទបាំង ពុំនោះ ក៏ដូចគេប្រាប់ផ្លូវ ដល់បុគ្គលអ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលបំភ្លឺប្រទីបប្រេង ក្នុងទីងងឹត ឲ្យបុគ្គលអ្នកមានចក្ខុឃើញនូវរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះគោតមដ៏ចំរើន សំដែងដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ។ យើងខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុកនូវយើងខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។
(៤. សរភសុត្តំ)
[៦៦] សម័យមួយ ព្រះដ៏មានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង សរភបរិព្វាជក (បួសក្នុងព្រះពុទ្ធសាសនា) ទើបតែនឹង (សឹក) ចាកធម្មវិន័យនេះ បរិព្វាជកនោះ ដ៏ពោលពាក្យយ៉ាងនេះ ក្នុងបរិសទ្យ ក្នុងរាជគ្រឹះថា ធម៌របស់ពួកសមណសក្យបុត្តិយ៍ អញបានដឹងច្បាស់ហើយ លុះអាត្មាអញ បានដឹងច្បាស់ នូវធម៌របស់ពួកសមណសក្យបុត្តិយ៍ហើយ ទើបអាត្មាអញ សឹកចាកធម្មវិន័យនោះ យ៉ាងនេះ។ លំដាប់នោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ភិក្ខុទាំងនោះ បានស្ដាប់នូវវាចា ដែលសរភបរិព្វាជក ពោលក្នុងបរិសទ្យ ក្នុងក្រុងរាជគ្រឹះ យ៉ាងនេះថា ធម៌របស់ពួកសមណសក្យបុត្តិយ៍ អញបានដឹងច្បាស់ហើយ លុះអាត្មាអញ ដឹងច្បាស់នូវធម៌ របស់សមណសក្យបុត្តិយ៍ហើយ ទើបអាត្មាអញ សឹកចាកធម្មវិន័យនេះ។ លំដាប់នោះឯង ភិក្ខុទាំងនោះ ត្រេចទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាលត្រឡប់ពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សរភបរិព្វាជក ទើបនឹងសឹកចាកធម្មវិន័យនេះ គាត់ក៏ពោលនូវពាក្យ ក្នុងបរិសទ្យ ក្នុងក្រុងរាជគ្រឹះ យ៉ាងនេះថា ធម៌របស់ពួកសមណសក្យបុត្តិយ៍ អញបានដឹងច្បាស់ហើយ លុះអាត្មាអញ បានដឹងច្បាស់ ធម៌របស់ពួកសមណសក្យបុត្តិយ៍ហើយ ទើបអាត្មាអញ សឹកចាកធម្មវិន័យនោះ យ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ចូលទៅជួបនឹងសរភបរិព្វាជក ក្នុងបរិព្វាជការាម ក្បែរឆ្នេរស្ទឹងឈ្មោះ សប្បិនី ដោយសេចក្ដីអនុគ្រោះ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅជួបនឹងសរភបរិព្វាជក ក្នុងបរិព្វាជការាម ក្បែរឆ្នេរស្ទឹងឈ្មោះសប្បិនី លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ បានត្រាស់ទៅនឹងសរភបរិព្វាជក ដូច្នេះថា ម្នាលសរភៈ ឮថា អ្នកនិយាយយ៉ាងនេះថា ធម៌របស់ពួកសមណសក្យបុត្តិយ៍ អាត្មាអញ បានដឹងច្បាស់ហើយ លុះអាត្មាអញ បានដឹងច្បាស់ធម៌ របស់ពួកសមណសក្យបុត្តិយ៍ហើយ ទើបអាត្មាអញ សឹកចាកធម្មវិន័យនោះ យ៉ាងនេះ ពិតមែនឬ។ កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សរភបរិព្វាជក ក៏នៅស្ងៀម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទៅនឹងសរភបរិព្វាជក អស់វារ ២ ដងថា ម្នាលសរភៈ អ្នកចូរនិយាយទៅមើលថា ដូចម្ដេច ធម៌របស់ពួកសមណសក្យបុត្តិយ៍ អ្នកបានដឹងហើយ ប្រសិនបើមិនទាន់គ្រប់គ្រាន់ដល់អ្នកទេ តថាគតនឹងបំពេញឲ្យ តែបើគ្រប់គ្រាន់ដល់អ្នកហើយ តថាគតនឹងអនុមោទនា។ សរភបរិព្វាជកក៏ស្ងៀម អស់វារៈ ២ ដង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទៅនឹងសរភបរិព្វាជកអស់វារៈ៣ ដងទៀតថា ម្នាលសរភៈ ធម៌របស់ពួកសមណសក្យបុត្តិយ៍ មានតែតថាគត ទើបឲ្យប្រាកដបានថា ម្នាលសរភៈ អ្នកចូរនិយាយទៅមើល ថាដូចម្ដេច ធម៌របស់ពួកសមណសក្យបុត្តិយ៍ ដែលអ្នកបានដឹងហើយ ប្រសិនបើមិនទាន់គ្រប់គ្រាន់ដល់អ្នកទេ តថាគត នឹងបំពេញឲ្យ តែបើគ្រប់គ្រាន់ដល់អ្នកហើយ តថាគតនឹងអនុមោទនា។ សរភបរិព្វាជក ក៏ស្ងៀមអស់វារៈ៣ដង។ លំដាប់នោះ បរិព្វាជកទាំងនោះ បាននិយាយទៅនឹងសរភបរិព្វាជក ដូច្នេះថា ម្នាលអាវុសោសរភៈ អ្នកគប្បីសូមនូវវត្ថុណា ចំពោះព្រះសមណគោតម ឯព្រះសមណគោតមទ្រង់បវារណាវត្ថុនោះឯងដល់អ្នក ម្នាលអាវុសោសរភៈ អ្នកចូរនិយាយទៅមើលថា ដូចម្ដេច ធម៌របស់ពួកសមណសក្យបុត្តិយ៍ អ្នកបានដឹងហើយ ប្រសិនបើមិនទាន់គ្រប់គ្រាន់ដល់អ្នកទេ ព្រះសមណគោតម នឹងបំពេញឲ្យ តែបើគ្រប់គ្រាន់ដល់អ្នកហើយ ព្រះសមណគោតម នឹងទទួលអនុមោទនា។ កាលបរិព្វាជកទាំងនោះនិយាយយ៉ាងនេះហើយ សរភបរិព្វាជក ក៏នៅស្ងៀម មានមុខសំយុងចុះ មានកឱនចុះ មានមុខជ្រប់ចុះ ស្រពោនមុខ រកនិយាយតបត មកវិញមិនរួចឡើយ ក៏អង្គុយទៅ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា សរភបរិព្វាជក នៅស្ងៀម មានមុខសំយុងចុះ មានកឱនចុះ មានមុខជ្រប់ចុះ ស្រពោន មិននិយាយតបហើយ ក៏ទ្រង់ត្រាស់ទៅនឹងបរិព្វាជកទាំងនោះ ដូច្នេះថា ម្នាលបរិព្វាជកទាំងឡាយ បុគ្គលណា ពោលចំពោះតថាគត យ៉ាងនេះថា ធម៌ទាំងនេះ ដែលព្រះអង្គជាសម្មាសម្ពុទ្ធ គ្រាន់តែប្ដេជ្ញា មិនទាន់បានត្រាស់ដឹងទេ តថាគត គប្បីសាកសួរ ដេញដោល ឈ្លេចឈ្លីមែនទែន ចំពោះបុគ្គលនោះ ក្នុងពាក្យដែលតថាគត បានសំដែងហើយនោះ បុគ្គលនោះឯង កាលបើត្រូវតថាគត សាកសួរ ដេញដោល ឈ្លេចឈ្លីមែនទែន ក៏ឥតមានហេតុ ឥតមានឱកាល គួរនឹងឲ្យបុគ្គលនោះ មិនដល់នូវឋានៈ ៣ ឋានៈណាមួយ គឺបំបិទពាក្យដទៃ ដោយពាក្យដទៃ ឬនាំពាក្យពីខាងក្រៅចេញ១ បញ្ចេញនូវសេចក្ដីក្រោធផង នូវទោសៈផង នូវអាការមិនត្រេកអរផង ១ មានសភាពស្ងៀម មានមុខសំយុងចុះ មានកឱនចុះ មានមុខជ្រប់ចុះ ស្រពោន រកនិយាយតបត មកវិញមិនរួច នឹងអង្គុយនៅ១ ដូចជាសរភបរិព្វាជក។ ម្នាលបរិព្វាជកទាំងឡាយ បុគ្គលណា គប្បីពោល ចំពោះតថាគត យ៉ាងនេះថា អាសវៈទាំងនេះ ដែលព្រះអង្គ ជាខីណាសវៈ គ្រាន់តែប្ដេជ្ញា មិនទាន់បានអស់រលីងទេ តថាគត គប្បីសាកសួរ ដេញដោល ឈ្លេចឈ្លីមែនទែន ចំពោះបុគ្គលនោះ ក្នុងពាក្យដែលតថាគត សំដែងហើយនោះ បុគ្គលនោះឯង កាលបើត្រូវតថាគតសាកសួរ ដេញដោល ឈ្លេចឈ្លីមែនទែន ក៏ឥតមានហេតុ ឥតមានឱកាស គួរនឹងឲ្យបុគ្គលនោះ មិនដល់នូវឋានៈ ៣ ឋានៈណាមួយ គឺបំបិទពាក្យដទៃដោយពាក្យដទៃ ឬនាំពាក្យខាងក្រៅចេញ ១ បញ្ចេញនូវសេចក្ដីក្រោធផង នូវទោសៈផង នូវអាការមិនត្រេកអរផង ១ មានសភាពស្ងៀម មានមុខសំយុងចុះ មានកឱនចុះ មានមុខជ្រប់ចុះ ស្រពោន រកនិយាយតបត មកវិញមិនរួច និងអង្គុយនៅ១ ដូចជាសរភបរិព្វាជក។ ម្នាលបរិព្វាជកទាំងឡាយ បុគ្គលណា គប្បីពោល ចំពោះតថាគត យ៉ាងនេះថា ធម៌ គឺសច្ចៈ ៤ ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ដល់មគ្គ និងផលណា ធម៌នោះ មិនប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទៅនៃទុក្ខ ដោយប្រពៃ ដល់បុគ្គលអ្នកធ្វើ ដើម្បីមគ្គផលនោះទេ តថាគត គប្បីសាកសួរ ដេញដោល ឈ្លេចឈ្លីមែនទែន ចំពោះបុគ្គលនោះ ក្នុងធម៌ដែលតថាគតសំដែងហើយ បុគ្គលនោះឯង កាលបើត្រូវតថាគតសាកសួរ ដេញដោល ឈ្លេចឈ្លីមែនទែន ក៏ឥតមានហេតុ ឥតមានឱកាស គួរនឹងឲ្យបុគ្គលនោះ មិនដល់នូវឋានៈ ៣ ឋានៈណាមួយ គឺបំបិទពាក្យដទៃ ដោយពាក្យដទៃ ឬនាំពាក្យខាងក្រៅចេញ១ បញ្ចេញនូវសេចក្ដីក្រោធផង នូវទោសៈផង នូវអាការមិនត្រេកអរផង១មានសភាពស្ងៀម មានមុខសំយុងចុះ មានកឱនចុះ មានមុខជ្រប់ចុះ ស្រពោន រកនិយាយតបត មកវិញមិនរួច និងអង្គុយនៅ ១ ដូចជាសរភបរិព្វាជក។ លំដាប់នោះ ព្រះមានព្រះភាគ បន្លឺនូវសីហនាទ អស់វារៈ ៣ដង ក្នុងបរិព្វាជការាម ជិតឆ្នេរស្ទឹងសប្បិនី ហើយហោះទៅកាន់វេហាស៍។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់និមន្តមិនយូរប៉ុន្មាន បរិព្វាជកទាំងនោះ ក៏និយាយចាក់ដោត ទៅនឹងសរភបរិព្វាជក ដោយជន្លួញ គឺសំដី ដោយជុំវិញថា ម្នាលអាវុសោ សរភៈ ប្រៀបដូចជាចចកចាស់ ក្នុងព្រៃធំ គិតថា អញនឹងបន្លឺ នូវសីហនាទ ហើយក៏បន្លឺនូវសំឡេង ជាសំឡេងចចកដដែល បន្លឺនូវសំឡេង ក៏នៅជាសំឡេងស្អាដដែល យ៉ាងណាមិញ ម្នាលអាវុសា សរភៈ អ្នកវៀរចាកព្រះសមណគោតមចេញ គិតថា អញនឹងបន្លឺ នូវសីហនាទ ហើយក៏បន្លឺដូចជាសំឡេងរបស់ចចក ដែលបន្លឺនូវសំឡេង ក៏នៅជាសំឡេងស្អាដដែល យ៉ាងនោះដែរ។ ម្នាលអាវុសោ សរភៈ ប្រៀបដូចជាមាន់ញី គិតថា អញនឹងរងាវ ឲ្យដូចជាមាន់ឈ្មោល ហើយក៏រងាវជាសំឡេងមាន់ញីដដែល យ៉ាងណាមិញ ម្នាលអាវុសោសរភៈ អ្នកវៀរចាកព្រះសមណគោតមចេញ គិតថា អញនឹងរងាវ ឲ្យដូចជាមាន់ឈ្មោល ហើយរងាវជាសំឡេងមាន់ញីដដែល យ៉ាងនោះដែរ។ ម្នាលអាវុសោសរភៈ ប្រៀបដូចគោបា សំគាល់នូវសំឡេង ដែលខ្លួនគប្បីបន្លឺឡើងដ៏ខ្លាំង ក្នុងរោងគោ ដែលមិនមានគោបា យ៉ាងណាមិញ ម្នាលអាវុសោសរភៈ អ្នកវៀរចាកព្រះសមណគោតមចេញហើយ សំគាល់នូវសំឡេង ដែលខ្លួនគប្បីបន្លឺឡើងខ្លាំង ក៏យ៉ាងនោះដែរ។ លំដាប់នោះបរិព្វាជកទាំងនោះ ពោលពាក្យចាក់ដោត ចំពោះសរភបរិព្វាជក ដោយជន្លួញ គឺ ពាក្យដោយជុំវិញ។
(៥. កេសមុត្តិសុត្តំ)
[៦៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេចទៅកាន់ចារិក ក្នុងកោសលជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន ក៏បានទៅដល់និគមឈ្មោះ កេសបុត្រ របស់ពួកក្សត្រិយ៍ឈ្មោះ កាលាមៈ។ ពួកកាលាមក្សត្រិយ៍ នៅក្នុងកេសបុត្តនិគម បានឮដំណឹងហើយ ប្រកាសប្រាប់គ្នាថា ម្នាលគ្នាយើងដ៏ចំរើន បានឮថា ព្រះសមណគោតមជាសក្យបុត្រ ចេញពីសក្យត្រកូល បួសហើយ បានមកដល់កេសបុត្តនិគម កិត្តិស័ព្ទសរសើរព្រះគោតមដ៏ចំរើននោះឯង ពីរោះ ល្បីខ្ចរខ្ចាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាព្រះអរហន្ត ទ្រង់ត្រាស់ដឹងនូវធម៌ទាំងពួង ដោយព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់ប្រសើរជាងសត្វលោក ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មាន ជាសាស្ដាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវចតុរារិយសច្ច ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះដ៏មានព្រះភាគ អង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្ដម ដោយព្រះអង្គឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងពួកសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយអាចប្រកាសបាន ព្រះអង្គ ទ្រង់សំដែងធម៌ ពីរោះបទដើម ពីរោះបទកណ្ដាល ពីរោះបទចុង ព្រះអង្គ ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពដូច្នោះ ជាការប្រពៃពេកណាស់។ លំដាប់នោះ ពួកកាលាមក្សត្រិយ៍ នៅក្នុងកេសបុត្តនិគម បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះ ក៏ធ្វើសេចក្ដីរីករាយ ជាមួយព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ ពួកខ្លះ ប្រកាសនាម និងគោត្ត អង្គុយក្នុងទីសមគួរ ពួកខ្លះ អង្គុយស្ងៀម ក្នុងទីសមគួរ។ លុះពួកកាលាមក្សត្រ ក្នុងកេសបុត្តនិគម អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំទូលព្រះដ៏ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍មួយពួក មកកាន់កេសបុត្តនិគម សមណព្រាហ្មណ៍ទាំងនោះ សំដែងប្រកាស នូវវាទៈគឺ លទ្ធិរបស់ខ្លួនឯង បៀតបៀន មើលងាយ បង្អាប់បង្អោន លើកទំលាក់នូវវាទៈរបស់បុគ្គលដទៃ បពិត្រព្រះអង្គដ៏ចំរើន មានសមណព្រាហ្មណ៍ដទៃ មួយពួកទៀត មកកាន់កេសបុត្តនិគម សមណព្រាហ្មណ៍ទាំងនោះ ក៏សំដែងប្រកាស នូវវាទៈរបស់ខ្លួនឯង បៀតបៀន មើលងាយ បង្អាប់បង្អោន លើកទំលាក់ នូវវាទៈរបស់បុគ្គលដទៃដែរ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ មានសេចក្ដីងឿងឆ្ងល់សង្ស័យពេកណាស់ ចុះបណ្ដាសមណព្រាហ្មណ៍ដ៏ចំរើនទាំងនេះ អ្នកណានិយាយពិត អ្នកណានិយាយកុហក។ ម្នាលកាលាមក្យត្រិយ៍ គួរអ្នកទាំងឡាយ ងឿងឆ្ងល់ដែរ គួរសង្ស័យដែរ ព្រោះការងឿងឆ្ងល់ និងការសង្ស័យ កើតឡើងដល់អ្នកទាំងឡាយ ក្នុងទីនេះហើយ។ ម្នាលកាលាមក្សត្រិយ៍ទាំងឡាយ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ដោយអាងក្បួនតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដំរួយផ្សែផ្សំ កុំប្រកាន់ដោយគ្រាន់តែត្រិះរិះ នូវអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យសមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរ (ជឿ) កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រិយ៍ កាលណាបើអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងនេះ ជាអកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ អ្នកប្រាជ្ញតិះដៀល ធម៌ទាំងនេះ បុគ្គល បានសមាទាន ពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ម្នាលកាលាមក្សត្រិយ៍ទាំងឡាយ ក្នុងកាលនោះ អ្នកទាំងឡាយ ត្រូវលះបង់ចោលចេញ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ នូវហេតុនោះ ដូចម្ដេច លោភៈ កាលកើតឡើង ក៏កើតឡើងក្នុងសន្ដាន របស់បុរស ដើម្បីជាប្រយោជន៍ ឬ ដើម្បិមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន ដើម្បីមិនជាប្រយោជន៍ទេ។ ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកល្មោភ ត្រូវសេចក្ដីលោភគ្របសង្កត់ មានចិត្តត្រូវសេចក្ដីលោភរួបរឹត រមែងសម្លាប់នូវសត្វមានជីវិតខ្លះ កាន់យកនូវទ្រព្យ ដែលបុគ្គលដទៃមិនបានឲ្យខ្លះ គប់រកនូវភរិយាអ្នកដទៃខ្លះ និយាយកុហកខ្លះ ដឹកនាំបុគ្គលដទៃដើម្បីហេតុនោះខ្លះ ហេតុនេះប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខអស់កាលដ៏អង្វែង ដល់បុគ្គលនោះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច ទោសៈ កាលកើតឡើង ក៏កើតឡើង ក្នុងសន្ដាននៃបុរស ដើម្បីជាប្រយោជន៍ ឬ ដើម្បីមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន ដើម្បីមិនជាប្រយោជន៍ទេ។ ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកប្រទូស្ត ត្រូវទោសៈគ្របសង្កត់ មានចិត្តត្រូវទោសៈរួបរឹត រមែងសម្លាប់នូវសត្វមានជីវិតខ្លះ រមែងកាន់យកទ្រព្យ របស់បុគ្គលដទៃ ដែលគេមិនបានឲ្យខ្លះ គប់រកនូវភរិយាអ្នកដទៃខ្លះ និយាយកុហកខ្លះ ដឹកនាំបុគ្គលដទៃដើម្បីហេតុនោះខ្លះ ហេតុនេះ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខអស់កាលជាអង្វែង ដល់បុគ្គលនោះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច មោហៈ កាលកើតឡើង ក៏កើតឡើងក្នុងសន្ដាន នៃបុរស ដើម្បីជាប្រយោជន៍ ឬ ដើម្បីមិនជាប្រយោជន៍ទេ។ បពិត្រព្រះអង្គដ៏ចំរើន ដើម្បីមិនជាប្រយោជន៍ទេ។ ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកវង្វេង ត្រូវមោហៈគ្របសង្កត់ មានចិត្តត្រូវមោហៈរួបរឹត រមែងសម្លាប់សត្វមានជីវិតខ្លះ កាន់យកទ្រព្យ របស់បុគ្គលដទៃ ដែលគេមិនបានឲ្យខ្លះ គប់រកនូវភរិយាអ្នកដទៃខ្លះ និយាយកុហកខ្លះ បបួលបុគ្គលដទៃ ដើម្បីហេតុនោះខ្លះ ហេតុនេះប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ អស់កាលជាអង្វែង ដល់បុគ្គលនោះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យ៉ាងហ្នឹងហើយ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច ធម៌នេះជាកុសល ឬជាអកុសល។ ជាអកុសល ព្រះអង្គ។ ជាធម៌ប្រកបដោយទោស ឬមិនប្រកបដោយទោសទេ។ ជាធម៌ប្រកបដោយទោស ព្រះអង្គ។ ជាធម៌ដែលអ្នកប្រាជ្ញតិះដៀល ឬអ្នកប្រាជ្ញសរសើរ។ ជាធម៌ ដែលអ្នកប្រាជ្ញតិះដៀល ព្រះអង្គ។ ធម៌ទាំងនេះ ដែលបុគ្គលសមាទានពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ឬ មិនប្រព្រឹត្តទៅទេ ឬក៏ក្នុងដំណើរនុ៎ះ ដូចម្ដេចទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងនេះ ដែលបុគ្គលសមាទាន បរិបូណ៌ហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ យើងខ្ញុំក៏យល់ក្នុងដំណើរនុ៎ះ ដូច្នោះដែរ។ ម្នាលកាលាមក្សត្រិយ៍ តថាគតបានសំដែង នូវហេតុនោះ ដូច្នេះហើយថា ម្នាលកាលាមក្សត្រិយ៍ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ ដោយអាងក្បួនតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដំរួយផ្សែផ្សំ កុំប្រកាន់ដោយគ្រាន់តែត្រិះរិះ នូវអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្តតាមការពិនិត្យថាសមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរ (ជឿ) កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រិយ៍ កាលណាបើអ្នកដឹង ដោយខ្លួនឯងថា ធម៌ទាំងនេះ ជាអកុសល ធម៌ទាំងនេះ ប្រកបដោយទោស ធម៌ទាំងនេះ ដែលអ្នកប្រាជ្ញតិះដៀល ធម៌ទាំងនេះ ដែលបុគ្គលសមាទាន ពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ម្នាលកាលាមក្សត្រិយ៍ទាំងឡាយ ក្នុងកាលនោះ អ្នកត្រូវលះបង់ចោលចេញ ពាក្យណា ដែលតថាគតសំដែងហើយ ពាក្យនោះ តថាគតពោលហើយ ព្រោះអាស្រ័យ នូវហេតុនេះ ដោយប្រការដូច្នេះ។ ម្នាលកាលាមក្សត្រិយ៍ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ដោយអាងក្បួនតម្រា កុំប្រកាន់តាមហេតុដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដំរួយផ្សែផ្សំ កុំប្រកាន់ដោយគ្រាន់តែត្រិះរិះ នូវអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យថាសមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរ (ជឿ) កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រិយ៍ កាលណាបើអ្នកដឹង ដោយខ្លួនឯងថា ធម៌ទាំងនេះ ជាកុសល ធម៌ទាំងនេះ មិនមានទោស ធម៌ទាំងនេះ ដែលអ្នកប្រាជ្ញសរសើរ ធម៌ទាំងនេះ ដែលបុគ្គលសមាទានពេញលេញហើយ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ម្នាលកាលាមក្សត្រិយ៍ ក្នុងកាលនោះ អ្នកទាំងឡាយ ចូរដល់នូវធម៌ទាំងនោះ ហើយនៅ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច អលោភៈ កាលកើតឡើង ក៏កើតក្នុងសន្ដាន របស់បុរស ដើម្បីជាប្រយោជន៍ ឬមិនជាប្រយោជន៍ទេ។ ដើម្បីជាប្រយោជន៍ ព្រះអង្គ។ ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកមិនល្មោភ មិនត្រូវសេចក្ដីលោភគ្របសង្កត់ មានចិត្តមិនត្រូវសេចក្ដីលោភរួបរឹត មិនសម្លាប់សត្វ មិនកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មិនគប់រកភរិយាអ្នកដទៃ មិននិយាយកុហក ទាំងមិនបានដឹកនាំអ្នកដទៃ ដើម្បីហេតុនោះ តើហេតុនេះប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ អស់កាលជាអង្វែង ដល់បុគ្គលនោះដែរឬ។ យ៉ាងហ្នឹងហើយ ព្រះអង្គ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច អទោសៈ កាលកើតឡើង ក៏កើតឡើងក្នុងសន្ដាន របស់បុរស ដើម្បីជាប្រយោជន៍ ឬដើម្បីមិនជាប្រយោជន៍ទេ។ ដើម្បីជាប្រយោជន៍ ព្រះអង្គ។ ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកមិនប្រទូស្ត មិនត្រូវទោសៈគ្របសង្កត់ មានចិត្តមិនត្រូវទោសៈរួបរឹត មិនសម្លាប់សត្វ មិនកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មិនគប់រកភរិយាអ្នកដទៃ មិននិយាយកុហក ទាំងមិនបានដឹកនាំបុគ្គលដទៃ ដើម្បីហេតុនោះ តើហេតុនេះ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ អស់កាលជាអង្វែង ដល់បុគ្គលនោះដែរឬ។ យ៉ាងហ្នឹងហើយ ព្រះអង្គ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច អមោហៈ កាលកើតឡើង ក៏កើតឡើងក្នុងសន្ដាន របស់បុរស ដើម្បីជាប្រយោជន៍ ឬដើម្បីមិនជាប្រយោជន៍ទេ។ ដើម្បីជាប្រយោជន៍ ព្រះអង្គ។ ម្នាលកាលាមក្សត្រិយ៍ ចុះបុរសបុគ្គលនេះ ជាអ្នកមិនវង្វេង មិនត្រូវមោហៈគ្របសង្កត់ មានចិត្តមិនត្រូវមោហៈរួបរឹត មិនសម្លាប់សត្វ មិនកាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ មិនគប់រកភរិយាអ្នកដទៃ មិននិយាយកុហក ទាំងមិនដឹកនាំបុគ្គលដទៃ ដើម្បីហេតុនោះ តើហេតុនេះប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ អស់កាលអង្វែង ដល់បុគ្គលនោះដែរឬ។ យ៉ាងហ្នឹងហើយ ព្រះអង្គ។ ម្នាលកាលាមក្សត្រិយ៍ អ្នកសំគាល់ហេតុនោះ ដូចម្ដេច ធម៌នេះ ជាកុសល ឬអកុសល។ ជាកុសល ព្រះអង្គ។ ប្រកបដោយទោស ឬមិនប្រកបដោយទោសទេ។ មិនប្រកបដោយទោសទេ ព្រះអង្គ។ ជាធម៌ ដែលអ្នកប្រាជ្ញតិះដៀល ឬ អ្នកប្រាជ្ញសរសើរ។ ជាធម៌ដែលអ្នកប្រាជ្ញសរសើរព្រះអង្គ។ ធម៌ដែលបុគ្គលសមាទានពេញលេញហើយ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ឬមិនប្រព្រឹត្តទៅទេ ឬក៏ក្នុងដំណើរនុ៎ះ ដូចម្ដេចទៅវិញ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលបុគ្គលសមាទានពេញលេញហើយ ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ យើងខ្ញុំក៏យល់ក្នុងដំណើរនុ៎ះដូច្នោះដែរ។ ម្នាលកាលាមក្សត្រិយ៍ តថាគត បានសំដែងនូវហេតុនោះ ដូច្នេះហើយថា ម្នាលកាលាមក្សត្រិយ៍ អ្នកចូរមក អ្នកកុំប្រកាន់ ដោយគ្រាន់តែឮតាមគ្នា អ្នកកុំប្រកាន់តាមពាក្យបរម្បរា អ្នកកុំប្រកាន់ ដោយបានឮថាដូច្នេះ កុំប្រកាន់ដោយអាងក្បួងតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដម្រួយផ្សែផ្សំ កុំប្រកាន់ដោយត្រិះរិះ តាមអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្តតាមការពិនិត្យថា សមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរ (ជឿ) កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ម្នាលកាលាមក្សត្រិយ៍ កាលណាបើដឹងដោយខ្លួនឯងថា ធម៌នេះ ជាកុសល ធម៌នេះ មិនប្រកបដោយទោស ធម៌នេះ ដែលអ្នកប្រាជ្ញសរសើរ ធម៌នេះ ដែលបុគ្គលសមាទានពេញលេញហើយ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ ម្នាលកាលាមក្សត្រិយ៍ ក្នុងកាលនោះ អ្នកទាំងឡាយ ចូរដល់នូវធម៌ទាំងនោះ ហើយនៅ ហេតុនោះ តថាគតបានពោលហើយ ដោយប្រការដូច្នេះ ពាក្យនុ៎ះ តថាគតបានពោលហើយ ព្រោះអាស្រ័យនូវហេតុនេះ។ ម្នាលកាលាមក្សត្រិយ៍ អរិយសាវកនោះឯង មិនមានអភិជ្ឈា មិនមានព្យាបាទ មិនវង្វេង មានសម្បជញ្ញៈ មានសតិយ៉ាងនេះឯង មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចគ្នា ផ្សាយទៅទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ មានចិត្តប្រកបដោយមេត្តា ជាចិត្តទូលាយ ដល់នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ដោយអាការទាំងពួង ក្នុងទីទាំងពួង មានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ និងទិសទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ដោយអាការទាំងពួង ក្នុងទីទាំងពួង។ ម្នាលកាលាមក្សត្រិយ៍ អរិយសាវកនោះឯង មិនមានចិត្តចងពៀរយ៉ាងនេះ មិនមានចិត្តព្យាបាទយ៉ាងនេះ មិនមានចិត្តសៅហ្មងយ៉ាងនេះ មានចិត្តស្អាត យ៉ាងនេះហើយ ជាអ្នកបាននូវអានិសង្ស ៤ យ៉ាង ក្នុងបច្ចុប្បន្ន បើបរលោកមាន ផល និងវិបាក នៃអំពើទាំងឡាយ ដែលបុគ្គលធ្វើល្អ និងអាក្រក់ក៏មាន លុះអាត្មាអញ ទំលាយរាងកាយ ស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ដោយហេតុណា ហេតុនោះ ជាឋានៈ នេះជាអានិសង្ស ទី១ ដែលអរិយសាវកនោះ បានហើយ។ បើបរលោកមិនមាន ផលនិងវិបាក នៃអំពើដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ ក៏មិនមាន អាត្មាអញរក្សានូវខ្លួន ឲ្យជាបុគ្គលមិនមានពៀរ មិនមានព្យាបាទ មិនមានទុក្ខ មានតែសេចក្ដីសុខ ក្នុងបច្ចុប្បន្ននេះឯង នេះជាអានិសង្ស ទី ២ ដែលអរិយសាវកនោះបានហើយ។ បើអំពើអាក្រក់ ដែលបុគ្គលធ្វើហើយ ឈ្មោះថា បានធ្វើហើយ អញមិនដែលគិតនូវអំពើអាក្រក់ របស់បុគ្គលណាមួយ សេចក្ដីទុក្ខ នឹងពាល់ត្រូវនូវអាត្មាអញ ដែលមិនបានធ្វើ នូវអំពើអាក្រក់អំពីទីណាបាន នេះជាអានិសង្ស ទី៣ ដែលអរិយសាវកនោះ បានហើយ។ បើអំពើអាក្រក់ ដែលបុគ្គលធ្វើហើយ ឈ្មោះថា មិនបានធ្វើ អាត្មាអញ នឹងពិចារណាឃើញច្បាស់ នូវខ្លួនដ៏បរិសុទ្ធ ដោយហេតុទាំងពីរ ក្នុងលោកនេះ នេះជាអានិសង្ស ទី៤ ដែលអរិយសាវកនោះ បានហើយ។ ម្នាលកាលាមក្សត្រិយ៍ អរិយសាវកនោះឯង មិនមានចិត្តប្រកបដោយពៀរ យ៉ាងនេះ មិនមានចិត្តព្យាបាទ យ៉ាងនេះ មិនមានចិត្តសៅហ្មង យ៉ាងនេះ មានចិត្តបរិសុទ្ធ យ៉ាងនេះ នេះជាអានិសង្ស ៤យ៉ាង ដែលអរិយសាវកនោះ បានក្នុងបច្ចុប្បន្ន។ បពិត្រព្រះដ៏មានព្រះភាគ ហេតុនុ៎ះ យ៉ាងនេះឯង បពិត្រព្រះសុគត ហេតុនុ៎ះ យ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន អរិយសាវកនោះឯង មិនមានចិត្តប្រកបដោយពៀរយ៉ាងនេះ មិនមានចិត្តព្យាបាទយ៉ាងនេះ មិនមានចិត្តសៅហ្មងយ៉ាងនេះ មានចិត្តបរិសុទ្ធយ៉ាងនេះ ទើបអរិយសាវកនោះ បាននូវអានិសង្ស៤យ៉ាង ក្នុងបច្ចុប្បន្ន បើបរលោកមាន ផលនិងវិបាកនៃអំពើ ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ក៏មាន លុះអាត្មាអញ ទំលាយរាងកាយ ស្លាប់ទៅ នឹងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ដោយហេតុណា ហេតុនោះ ជាឋានៈ នេះជាអានិសង្ស ទី១ ដែលអរិយសាវកនោះ បានហើយ។ បើបរលោកមិនមាន ផលនិងវិបាកនៃអំពើដែលបុគ្គលធ្វើល្អ និងអាក្រក់ក៏មិន អាត្មាអញ នឹងរក្សាខ្លួន ឲ្យជាបុគ្គលមិនមានពៀរ មិនមានព្យាបាទ មិនមានទុក្ខ មានតែសេចក្ដីសុខ ក្នុងបច្ចុប្បន្ននេះឯង នេះ ជាអានិសង្ស ទី២ ដែលអរិយសាវកនោះ បានហើយ។ បើអំពើអាក្រក់ ដែលបុគ្គលធ្វើហើយ ឈ្មោះថាបានធ្វើ អាត្មាអញ មិនដែលគិត នូវអំពើអាក្រក់ របស់បុគ្គលណាមួយឡើយ សេចក្ដីទុក្ខ នឹងពាល់ត្រូវ នូវអាត្មាអញ ដែលមិនធ្វើអំពើអាក្រក់អំពីទីណាបាន នេះជាអានិសង្ស ទី៣ ដែលអរិសាវកនោះ បានហើយ។ បើអំពើអាក្រក់ ដែលបុគ្គលធ្វើហើយ ឈ្មោះថា មិនបានធ្វើ អាត្មាអញ នឹងពិចារណាឃើញច្បាស់ នូវខ្លួនដ៏បរិសុទ្ធ ដោយហេតុ ទាំង២ ក្នុងលោកនេះ នេះជាអានិសង្ស ទី៤ ដែលអរិយសាវកនោះ បានហើយ។ បពិត្រព្រអង្គដ៏ចំរើន អរិយសាវកនោះឯង មិនមានចិត្តប្រកបដោយពៀរយ៉ាងនេះ មិនមានចិត្តព្យាបាទយ៉ាងនេះ មិនមានចិត្តសៅហ្មងយ៉ាងនេះ មានចិត្តបរិសុទ្ធយ៉ាងនេះ នេះ ជាអានិសង្ស៤យ៉ាង ដែលអរិយសាវកនោះ បានក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់។ បេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ថាជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ចាំទុកនូវយើងខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមតទៅ។
(៦. សាឡ្ហសុត្តំ)
[៦៨] សម័យមួយ ព្រះនន្ទកៈ ដ៏មានអាយុ គង់ក្នុងប្រាសាទរបស់មិគារមាតា ក្នុងវត្តបុព្វារាម ទៀបក្រុងសាវត្ថី។ គ្រានោះ សាឡ្ហៈ ជាចៅរបស់មិគារសេដ្ឋីនិងរោហនៈ ជាចៅរបស់បេខុណិយសេដ្ឋី នាំគ្នាចូលទៅរកព្រះនន្ទកៈដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះនន្ទកៈដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះសាឡ្ហៈ ជាចៅរបស់មិគារសេដ្ឋី អង្គុយនៅក្នុងទីសមគួរ ព្រះនន្ទកៈដ៏មានអាយុ បានពោលដូច្នេះថា ម្នាលសាឡ្ហៈ និងរោហនៈ អ្នកទាំងឡាយ ចូលមក អ្នកទាំងឡាយ កុំប្រកាន់ដោយការឮតៗគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយឮថាដូច្នេះ កុំប្រកាន់ដោយការអាងក្បួនតម្រា កុំប្រកាន់តាមហេតុដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដម្រួយផ្សែផ្សំ កុំប្រកាន់ដោយត្រិះរិះ តាមអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យថា សមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរជឿ កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើងឡើយ ម្នាលសាឡ្ហៈ និងរោហនៈ កាលណាអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងអម្បាលនេះ ជាអកុសល ធម៌ទាំងអម្បាលនេះ ប្រកបដោយទោស ធម៌ទាំងអម្បាលនេះ ដែលអ្នកប្រាជ្ញតិះដៀល ធម៌ទាំងអម្បាលនេះ ដែលបុគ្គលបានសមាទាន ឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ម្នាលសាឡ្ហៈ និងរោហនៈ កាលណោះ អ្នកទាំងឡាយ ត្រូវលះចោលចេញ។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះដូចម្ដេច លោភៈមានដែរឬ។ សាឡ្ហៈ និងរោហនៈឆ្លើយថា មានដែរលោកម្ចាស់។ មា្នលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា លោភៈ ជាអភិជ្ឈា។ ម្នាលសាឡ្ហៈ និងរោហនៈ បុគ្គលអ្នកល្មោភច្រើន ដោយអភិជ្ឈានេះ រមែងសម្លាប់សត្វខ្លះ កាន់យករបស់ ដែលគេមិនបានឲ្យខ្លះ ប្រព្រឹត្តខុស ក្នុងភរិយារបស់អ្នកដទៃខ្លះពោលពាក្យកុហកខ្លះ ដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះខ្លះ ដែលជាហេតុឲ្យប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្តីទុក្ខ អស់កាលជាយូរអង្វែង ដល់បុគ្គលនោះមែនឬ។ មែន លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ទោសៈមានដែរឬ។ មានដែរ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា ទោសៈ ជាព្យាបាទ។ ម្នាលសាឡ្ហៈ និងរោហនៈ បុគ្គលអ្នកប្រទូស្ត មានចិត្តប្រកបដោយព្យាបាទនេះ តែងសម្លាប់សត្វខ្លះ កាន់យករបស់ ដែលគេមិនបានឲ្យខ្លះ គប់រកនូវភរិយា របស់អ្នកដទៃខ្លះ ពោលពាក្យកុហកខ្លះ ដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះខ្លះ ដែលជាហេតុឲ្យប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ អស់កាលជាយូរអង្វែង ដល់បុគ្គលនេះមែនឬ។ មែន លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច មោហៈ មានដែរឬទេ។ មានដែរ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា មោហៈ ជាអវិជ្ជា។ ម្នាលសាឡ្ហៈ និងរោហនៈ បុគ្គលអ្នកវង្វេង ប្រកបទៅដោយអវិជ្ជានេះ រមែងសម្លាប់សត្វខ្លះ កាន់យករបស់ ដែលគេមិនបានឲ្យខ្លះ គប់រកនូវភរិយា របស់អ្នកដទៃខ្លះ ពោលពាក្យកុហកខ្លះ ដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះខ្លះ ដែលជាហេតុ ឲ្យប្រព្រឹត្តទៅ ដើម្បីអំពើមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ អស់កាលជាយូរអង្វែង ដល់បុគ្គលនោះមែនឬ។ មែន លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះដូចម្ដេច ធម៌ទាំងអម្បាលនេះ ជាកុសល ឬជាអកុសល។ ជាអកុសល លោកម្ចាស់។ ប្រកបដោយទោស ឬមិនប្រកបដោយទោស។ ប្រកបដោយទោសលោកម្ចាស់។ ជាធម៌ ដែលអ្នកប្រាជ្ញតិះដៀល ឬជាធម៌ដែលអ្នកប្រាជ្ញសរសើរ។ ជាធម៌ដែលអ្នកប្រាជ្ញតិះដៀល លោកម្ចាស់។ ជាធម៌ ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ ឬមិនមែនទេ ឬ មួយក្នុងដំណើរនុ៎ះ មានប្រការដូចម្តេចទៅវិញ។ បពិត្រព្រះករុណា ដ៏ចំរើន អកុសលធម៌ ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខមែន យើងខ្ញុំយល់យ៉ាងនេះដែរ ក្នុងដំណើរនុ៎ះ។ ព្រះនន្ទកៈពោលថា ម្នាលសាឡ្ហៈ និងរោហនៈ យើងបានពោលនូវពាក្យណា ដូច្នេះយ៉ាងនេះថា ម្នាលសាឡ្ហៈ និងរោហនៈ អ្នកទាំងឡាយ ចូរមក អ្នកទាំងឡាយ កុំប្រកាន់ដោយការឮតៗគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ដោយការអាងក្បួនតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដម្រួយផ្សែផ្សំ កុំប្រកាន់ដោយត្រិះរិះតាមអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការពិនិត្យថា សមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរជឿ កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ដូច្នេះឡើយ ម្នាលសាឡ្ហៈ និងរោហនៈ កាលណាអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងអម្បាលនេះ ជាអកុសលធម៌ទាំងអម្បាលនេះ ប្រកបដោយទោស ធម៌ទាំងអម្បាលនេះ ដែលអ្នកប្រាជ្ញតិះដៀល ធម៌ទាំងអម្បាលនេះ ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្ដីទុក្ខ ម្នាលសាឡ្ហៈ និងរោហនៈ កាលណោះ អ្នកទាំងឡាយ ត្រូវលះចោលចេញ ពាក្យណា ដែលយើងពោលហើយ ដូច្នេះ ពាក្យនុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យហេតុនេះ។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកទាំងឡាយ ចូរមក អ្នកទាំងឡាយ កុំប្រកាន់ ដោយការឮតៗគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ដោយការអាងក្បួនតម្រា កុំប្រកាន់តាមហេតុ ដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដម្រួយផ្សែផ្សំ កុំប្រកាន់ដោយត្រិះរិះតាមអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្តតាមការពិនិត្យថា សមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរជឿ កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើងឡើយ ម្នាលសាឡ្ហៈ និងរោហនៈ កាលណាអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងអម្បាលនេះ ជាកុសល ធម៌ទាំងអម្បាលនេះ មិនប្រកបដោយទោស ធម៌ទាំងអម្បាលនេះ ដែលអ្នកប្រាជ្ញសរសើរ ធម៌ទាំងអម្បាលនេះ ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ មា្នលសាឡ្ហៈ និងរោហនៈ កាលណោះ អ្នកទាំងឡាយ គួរចូលទៅសម្រេចសម្រាន្តនៅចុះ។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អលោភៈ មានដែរឬ។ មានដែរ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា អលោភៈ ជាអនភិជ្ឈា (សេចក្ដីមិនលោភ) ម្នាលសាឡ្ហៈ និងរោហនៈ បុគ្គលអ្នកមិនល្មោភ មិនមានអភិជ្ឈានេះ រមែងមិនសម្លាប់សត្វ មិនកាន់យកនូវវត្ថុដែលគេមិនបានឲ្យ មិនគប់រក នូវភរិយារបស់អ្នកដទៃ មិនពោលពាក្យកុហក ដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះ ដែលជាហេតុប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែង ដល់បុគ្គលនោះមែនឬ។ មែនហើយ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អទោសៈ មានដែរឬ។ មានដែរ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនុ៎ះថា អទោសៈ ជាអព្យាបាទ (សេចក្ដីមិនប្រទូស្ត)។ ម្នាលសាឡ្ហៈ និងរោហនៈ បុគ្គលអ្នកមិនប្រទូស្ដ មានចិត្តមិនព្យាបាទនេះ រមែងមិនសម្លាប់សត្វ មិនកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ មិនគប់រកនូវភរិយា របស់អ្នកដទៃ មិនពោលពាក្យកុហក ដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះ ដែលជាហេតុឲ្យប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែង ដល់បុគ្គលនោះមែនឬ។ មែនហើយ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច អមោហៈ មានដែរឬ។ មានដែរ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អាត្មាពោលសេចក្ដីនោះថា អមោហៈ ជាវិជ្ជា។ ម្នាលសាឡ្ហហៈ និងរោហនៈ បុគ្គលអ្នកមិនវង្វេង ប្រកបដោយវិជ្ជានេះ រមែងមិនសម្លាប់សត្វ មិនកាន់យក នូវវត្ថុដែលគេមិនបានឲ្យ មិនគប់រក នូវភរិយារបស់អ្នកដទៃ មិនពោលពាក្យកុហកដឹកនាំអ្នកដទៃ ដើម្បីអំពើដូច្នោះ ដែលជាហេតុឲ្យប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ អស់កាលជាយូរអង្វែង ដល់បុគ្គលនោះមែនឬ។ មែនហើយ លោកម្ចាស់។ ម្នាលសាឡ្ហៈ និងរោហនៈ អ្នកសំគាល់សេចក្ដីនោះ ដូចម្ដេច ធម៌ទាំងអម្បាលនេះ ជាកុសល ឬជាអកុសល។ ជាកុសល លោកម្ចាស់។ ប្រកបដោយទោស ឬមិនប្រកបដោយទោស។ មិនប្រកបដោយទោសទេ លោកម្ចាស់។ ជាធម៌ ដែលអ្នកប្រាជ្ញតិះដៀល ឬជាធម៌ ដែលអ្នកប្រាជ្ញសរសើរ។ ជាធម៌ដែលអ្នកប្រាជ្ញសរសើរ លោកម្ចាស់។ ជាធម៌ ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ និងសេចក្ដីសុខ ឬមិនមែនទេ ឬមួយក្នុងដំណើរនុ៎ះ មានប្រការដូចម្ដេចទៅវិញ។ បពិត្រព្រះករុណាដ៏ចំរើន ធម៌ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្ដីសុខ យើងខ្ញុំក៏យល់យ៉ាងនេះដែរ ក្នុងដំណើរនុ៎ះ។ ព្រះនន្ទកៈពោលថា ម្នាលសាឡ្ហៈ និងរោហនៈ យើងបានពោល នូវពាក្យណាដូច្នេះថា ម្នាលសាឡ្ហៈ និងរោហនៈ អ្នកទាំងឡាយ ចូលមក អ្នកទាំងឡាយ កុំប្រកាន់ដោយការឮតៗគ្នា កុំប្រកាន់តាមពាក្យបរម្បរា កុំប្រកាន់ដោយបានឮថាដូច្នេះ កុំប្រកាន់ដោយការអាងក្បួនតម្រា កុំប្រកាន់តាមហេតុដែលត្រិះរិះ កុំប្រកាន់ដោយកាត់ដម្រួយផ្សែផ្សំ កុំប្រកាន់ដោយត្រិះរិះតាមអាការ កុំប្រកាន់ដោយសេចក្ដីពេញចិត្ត តាមការ ពិនិត្យថា សមនឹងសេចក្ដីយល់ឃើញ កុំប្រកាន់ដោយយល់ថា មានសភាពគួរជឿ កុំប្រកាន់ដោយគិតថា សមណៈ (នេះ) ជាគ្រូរបស់យើង ដូច្នេះឡើយ ម្នាលសាឡ្ហៈ និងរោហនៈ កាលណាអ្នកទាំងឡាយ ដឹងដោយខ្លួនឯងថា ធម៌ទាំងអម្បាលនេះ ជាកុសល ធម៌ទាំងអម្បាលនេះ ប្រកបដោយទោស ធម៌ទាំងអម្បាលនេះ ជាធម៌ដែលអ្នកប្រាជ្ញសរសើរ ធម៌ទាំងអម្បាលនេះ ដែលបុគ្គលសមាទានឲ្យពេញលេញហើយ តែងប្រពឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្ដីសុខ ម្នាលសាឡ្ហៈ និងរោហនៈ កាលណោះ អ្នកទាំងឡាយ គួរចូលទៅសម្រេចសម្រាន្តនៅចុះ ពាក្យណាដែលអាត្មាបានពោលហើយ ដូច្នេះ ពាក្យនុ៎ះ អាត្មាបានពោលទុកហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលសាឡ្ហៈ និងរោហនៈ អរិយសាវកនោះ ប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ ជាអ្នកមិនវង្វេង មានសម្បជញ្ញៈ មានសតិដំកល់ខ្ជាប់យ៉ាងនេះហើយ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទោះទិសទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង ផ្សាយទៅកាន់លោកទាំងអស់ ដោយប្រការទាំងពួង ក្នុងទីទាំងពួង… មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទោះទិសទី២ ទី៣ ទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ ដល់នូវសភាពជាធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ផ្សាយទៅកាន់លោកទាំងអស់ ដោយប្រការទាំងពួង ក្នុងទីទាំងពួង។ ព្រះអរិយសាវកនោះ ដឹងច្បាស់យ៉ាងនេះថា ទុក្ខសច្ច ក៏មាន សមុទយសច្ចក៏មាន មគ្គសច្ច ក៏មាន និរោធសច្ច ជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែង នូវសញ្ញាក៏មាន។ កាលព្រះអរិយសាវកនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តរមែងរួចចាកកាមាសវៈផង ចិត្តរមែងរួចចាកភវាសវៈផង ចិត្តរមែងរួចចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ សេចក្ដីដឹងច្បាស់ ក៏កើតឡើងថា ចិត្តរួចផុតស្រឡះហើយ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះអរិយសាវកនោះ ដឹងច្បាស់យ៉ាងនេះថា លោភៈ កើតមានដល់អាត្មាអញ ក្នុងកាលមុន ធម្មជាតនោះ ជាអកុសល ឥឡូវនេះ លោភៈនោះ មិនមានឡើយ ធម្មជាតនោះ ឈ្មោះថា ជាកុសល ទោសៈ កើតមានដល់អាត្មាអញ ក្នុងកាលមុន… មោហៈ កើតមានដល់អាត្មាអញ ក្នុងកាលមុន ធម្មជាតនោះ ជាអកុសល ឥឡូវនេះ មោហៈនោះ មិនមានឡើយ ធម្មជាតនោះ ឈ្មោះថា ជាកុសលដូច្នេះ។ ព្រះអរិយសាវកនោះ អស់សេចក្ដីស្រេកឃ្លាន ជាអ្នករលត់កិលេស មានសេចក្ដីត្រជាក់ ជាប្រក្រតី ទទួលនូវសេចក្ដីសុខ មានខ្លួនដ៏ប្រសើរ នៅក្នុងបច្ចុប្បន្ន។
(៧. កថាវត្ថុសុត្តំ)
[៦៩] ម្នាលភិក្ខុទាំងឡាយ កថាវត្ថុនេះ មាន៣យ៉ាង។ កថាវត្ថុ ៣យ៉ាងដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ គឺបុគ្គលពោលពាក្យប្រារព្ធហេតុ ជាអតីតកាលថា ហេតុជាអតីតកាល មានមកហើយយ៉ាងនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពោលពាក្យប្រារព្ធហេតុ ជាអនាគតកាលថា ហេតុជាអនាគតកាល នឹងមានយ៉ាងនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពោលពាក្យប្រារព្ធហេតុ ជាបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះថា ហេតុជាបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះ យ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទះ ដោយពាក្យសំដីថា នេះជាបុគ្គល ដែលគួរសាកច្ឆា ឬមិនគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ មិនព្យាករប្រស្នា ដែលគេសួរ ព្យាករតែមួយចំណែក (តែម្ដង) មិនព្យាករ ដោយការចែករលែក នូវប្រស្នាដែលគួរព្យាករ ដោយការចែករលែក មិនព្យាករដោយការសួរតបទៅវិញ នូវប្រស្នាដែលគួរព្យាករ ដោយការសួរតបទៅវិញ មិនបញ្ឈប់ នូវប្រស្នាដែលគួរបញ្ឈប់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះឈ្មោះថា ជាបុគ្គល មិនគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នា ក៏ព្យាករប្រស្នា ដែលគួរព្យាករ ដោយចំណែកមួយ តែមួយចំណែក (ប៉ុណ្ណោះ) ព្យាករដោយការចែករលែក នូវប្រស្នាដែលគួរព្យាករ ដោយការចែករលែក ព្យាករដោយការសួរតបទៅវិញ នូវប្រស្នាដែលគួរព្យាករដោយការសួរតបទៅវិញ បញ្ឈប់នូវប្រស្នា ដែលគួរបញ្ឈប់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គលគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទៈ ដោយពាក្យសំដីថា នេះជាបុគ្គល ដែលគួរសាកច្ឆា ឬមិនគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលនេះ ដែលត្រូវគេសួរប្រស្នាហើយ មិនតាំងនៅក្នុងឋានៈ (ហេតុដែលកើតមាន) និងអដ្ឋានៈ (ហេតុដែលមិនកើតមាន) មិនតាំងនៅ ក្នុងបរិកប្បៈ (ការកំណត់សួរ និងឆ្លើយ) មិនតាំងនៅ ក្នុងវាទៈដែលខ្លួនចេះ មិនតាំងនៅ ក្នុងបដិបទា ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គល មិនគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ ក៏តាំងនៅក្នុងឋានៈ និងអដ្ឋានៈ តាំងនៅក្នុងបរិកប្បៈ តាំងនៅក្នុងវាទៈ ដែលខ្លួនចេះដឹង តាំងនៅក្នុងបដិបទា ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គល គួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទះ ដោយពាក្យសំដីថា នេះជាបុគ្គលគួរសាកច្ឆា ឬ មិនគួរសាកច្ឆា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ ក៏ពោលពាក្យបន្លែបន្លប់ ផ្ដេសផ្ដាស នាំយកសំដីខាងក្រៅ មកដំណាល ធ្វើសេចក្ដីក្រោធខឹង និងសេចក្ដីតូចចិត្តឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គលមិនគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ មិនពោលពាក្យបន្លែបន្លប់ ផ្ដេសផ្ដាស មិននាំយកសំដីខាងក្រៅ មកដំណាល មិនធ្វើសេចក្ដីក្រោធខឹង និងសេចក្ដីតូចចិត្ត ឲ្យប្រាកដឡើង ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គល គួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទះ ដោយពាក្យសំដីថា នេះជាបុគ្គល ដែលគួរសាកច្ឆា ឬមិនគួរសាកច្ឆា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ និយាយប៉ប៉ាច់ប៉ប៉ោច និយាយសង្កត់សង្ដិន និយាយសើចលេង ប្រុងចាប់ថ្នាក់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គលមិនគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរប្រស្នាហើយ មិននិយាយប៉ប៉ាច់ប៉ប៉ោច មិននិយាយសង្កត់សង្កិន មិននិយាយសើចលេង មិនប្រុងចាប់ថ្នាក់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គលគួរសាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បីដឹង ស្គាល់បុគ្គល ដោយការចួបប្រទះ ដោយពាក្យសំដីថា នេះជាបុគ្គលមានឧបនិស្ស័យ ឬមិនមានឧបនិស្ស័យ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលមិនផ្ទៀងត្រចៀកស្ដាប់ ជាបុគ្គលមិនមានឧបនិស្ស័យ បុគ្គលដែលផ្ទៀងត្រចៀកស្ដាប់ ជាបុគ្គលមានឧបនិស្ស័យ។ បុគ្គលដែលមានឧបនិស្ស័យនោះ រមែងដឹងច្បាស់ នូវធម៌មួយ រមែងកំណត់ដឹង នូវធម៌មួយ រមែងលះបង់ នូវធម៌មួយ រមែងធ្វើឲ្យជាក់ច្បាស់ នូវធម៌មួយ។ កាលបុគ្គលនោះ ដឹងច្បាស់នូវធម៌មួយ កំណត់ដឹង នូវធម៌មួយ លះបង់នូវធម៌មួយ ធ្វើឲ្យជាក់ច្បាស់ នូវធម៌មួយ រមែងពាល់ត្រូវនូវវិមុត្តិ ដោយប្រពៃបាន។ ម្នាលភិក្ខុទាំងឡាយ ការនិយាយ ការប្រឹក្សាគ្នា ឧបនិស្ស័យ និងការផ្ទៀងត្រចៀកស្ដាប់ សុទ្ធតែមានការរួចផុតនៃចិត្ត ព្រោះមិនប្រកាន់មាំ នុ៎ះជាប្រយោជន៍។
ជនទាំងឡាយណា និយាយ (ទាំងកំហឹង) ជាអ្នកប្រកាន់ខ្ជាប់ ជាអ្នកលើកដំកើងខ្លួន ពោលទាក់ទង ដល់អនរិយគុណ ជាអ្នកស្វែងរកកំហុសគ្នា ទៅវិញទៅមក តែងត្រេកអរ ចំពោះពាក្យទុព្ភាសិត សេចក្ដីភ្លាំងភ្លាត់ ភាន់ច្រឡំនឹងការផ្ចាញ់សំដីនៃគ្នានឹងគ្នា ឯអរិយជន មិនប្រព្រឹត្តការនិយាយដូច្នោះឡើយ។ បើអរិយជន មិនបា្រថ្នានឹងនិយាយ ក៏ជាអ្នកឈ្លាស ស្គាល់កាល និយាយតែពាក្យសំដី ដែលប្រកបដោយធម៌ ជាសំដី ដែលអរិយជន ធ្លាប់ប្រព្រឹត្តមកហើយ ជាអ្នកមានប្រាជ្ញា មិនក្រោធ មិនលើកខ្លួន មានចិត្តឥតមានមានះគ្របសង្កត់ ជាអ្នកមិនលើកកំពស់ ជាអ្នកមិនរួសរាន់ លោកជាអ្នកមិនមានឫស្យា និងសេចក្ដីប្រកាន់ខ្លួន ដឹងពិតហើយ ទើបនិយាយសំដី ដែលគេនិយាយត្រូវ ក៏អនុមោទនា កាលបើគេនិយាយខុស ក៏មិនដេញដោល មិនប្រុងប្រណាំងប្រជែង មិនអាងហេតុចាប់ខុសគេ មិននិយាយប៉ប៉ាច់ប៉ប៉ោច មិននិយាយសង្កត់សង្កិនគេ មិននិយាយបាតដៃជាខ្នងដៃ។ ការប្រឹក្សាគ្នា របស់សប្បុរសទាំងឡាយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីសេចក្ដីជ្រះថ្លា អរិយជនទាំងឡាយ តែងប្រឹក្សាគ្នា យ៉ាងនេះ នេះជាការប្រឹក្សា នៃអរិយជនទាំងឡាយ បុគ្គលអ្នកមានបញ្ញា កាលបើដឹងសេចក្ដីនុ៎ះច្បាស់ហើយ មិនគួរនិយាយប្រឹក្សា លើកដំកើងតែខ្លួនឯងឡើយ។
(៨. អញ្ញតិត្ថិយសុត្តំ)
[៧០] ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរ (អ្នកទាំងឡាយ) យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងឡាយអម្បាលនេះ មាន៣ យ៉ាង។ ធម៌ទាំង ៣ យ៉ាង តើដូចម្ដេច។ គឺរាគៈ១ ទោសៈ១ មោហៈ១។ ម្នាលអាវុសោទាំងឡាយ ធម៌ មាន៣ យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង៣ យ៉ាងនេះ ប្លែកគ្នា ដូចម្ដេច មានអធិប្បាយដូចម្ដេច មានសេចក្ដីផ្សេងគ្នាដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កាលត្រូវគេសួរ យ៉ាងនេះហើយ គប្បីព្យាករ ដូចម្ដេច ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងអម្បាលនោះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាទីតាំង មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹង។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ សូមព្រះរាជទានឱកាស សូមព្រះដ៏មានព្រះភាគ បំភ្លឺសេចក្ដី នៃភាសិតនុ៎ះ ឲ្យទាន ភិក្ខុទាំងឡាយ បានស្ដាប់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្ដាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹង សំដែង។ ភិក្ខុទាំងអម្បាលនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ធម៌ទាំងអម្បាលនេះ មាន៣ យ៉ាង។ ធម៌៣ យ៉ាង តើដូចម្ដេច។ គឺរាគៈ១ ទោសៈ១ មោហៈ១។ មា្នលអាវុសោទាំងឡាយ ធម៌មាន៣យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង៣យ៉ាងនេះ ប្លែកគ្នាដូចម្ដេច មានអធិប្បាយដូចម្ដេច មានសេចក្ដីផ្សេងគ្នា ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយ ត្រូវគេសួរយ៉ាងនេះហើយ គប្បីដោះស្រាយ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយអម្បាលនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ រាគៈ មានទោសតិច ប៉ុន្ដែក្រសាបរលាប ទោសៈមានទោសច្រើន ប៉ុន្ដែឆាប់សាបរលាប មោហៈ មានទោសច្រើនផង ក្រសាបរលាបផង។ ម្នាលអាវុសោទាំងឡាយ ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យរាគៈ ដែលមិនទាន់កើត ឲ្យកើតឡើងក្ដី រាគៈ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនច្រើនឡើងក្ដី។ គួរដោះស្រាយថា សុភនិមិត្ត (អារម្មណ៍ដែលល្អ)។ កាលបុគ្គលនោះ ធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត ដោយមិនជាឧបាយ នៃបញ្ញា រាគៈ ដែលមិនទាន់កើតឡើង ក៏កើតឡើងផង រាគៈដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនច្រើនឡើងផង។ ម្នាលអាវុសាទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យរាគៈ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងផង រាគៈដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនច្រើនឡើងផង។ ម្នាលអាវុសោទាំងឡាយ ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទោសៈ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី ទោសៈដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនច្រើនឡើងក្ដី។ គួរដោះស្រាយថា បដិឃនិមិត្ត (អារម្មណ៍ដែលទាស់ចិត្ត)។ កាលបុគ្គលនោះ ធ្វើទុកក្នុងចិត្ត នូវបដិឃនិមិត្ត ដោយមិនជាឧបាយនៃបញ្ញា ទោសៈ ដែលមិនទាន់កើតឡើង ក៏កើតឡើងផង ទោសៈដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនច្រើនឡើងផង ម្នាលអាវុសោទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទោសៈ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងផង ទោសៈ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនឡើងផង។ មា្នលអាវុសោទាំងឡាយ ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមោហៈ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងក្ដី មោហៈដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនច្រើនឡើងក្ដី។ គួរដោះស្រាយថា អយោនិសោមនសិការៈ (ការមិនធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា)។ កាលបុគ្គលនោះ មិនធ្វើទុកក្នុងចិត្ត ដោយជាឧបាយនៃបញ្ញា មោហៈ ដែលមិនទាន់កើតឡើង ក៏កើតឡើងផង មោហៈដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនច្រើនឡើងផង។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមោហៈ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងផង មោហៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនច្រើនឡើងផង។ ម្នាលអាវុសោទាំងឡាយ ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យរាគៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី រាគៈដែលកើតឡើងហើយ ក៏លះបង់ចេញបានក្ដី។ គួរដោះស្រាយថា អសុភនិមិត្ត (អារម្មណ៍ដែលមិនល្អ)។ កាលបុគ្គលនោះ ធ្វើទុកក្នុងចិត្ត នូវអសុភនិមិត្ត ដោយឧបាយនៃបញ្ញា រាគៈដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង រាគៈដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យរាគៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបានផង រាគៈដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។ ម្នាលអាវុសោទាំងឡាយ ចុះអ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទោសៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងក្ដី ទោសៈដែលកើតឡើងហើយ ក៏លះបង់ចេញបានក្ដី។ គួរដោះស្រាយថា មេត្តាចេតោវិមុត្តិ (គ្រឿងរួចផុតនៃចិត្ត ដោយអំណាចមេត្តា)។ កាលបុគ្គលនោះ ធ្វើទុកក្នុងចិត្ត នូវមេត្តាចេតោវិមុត្តិ ដោយឧបាយនៃបញ្ញា ទោសៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ទោសៈដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទោសៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងផង ទោសៈដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។ ម្នាលអាវុសោទាំងឡាយ អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យមោហៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងក្ដី មោហៈដែលកើតឡើងហើយ ក៏លះបង់ចេញបានក្ដី។ គួរដោះស្រាយថា យោនិសោមនសិការៈ (ការធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា) កាលបុគ្គលនោះ ធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា មោហៈដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង មោហៈ ដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។ ម្នាលអាវុសោទាំងឡាយ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យមោហៈ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងផង មោហៈដែលកើតឡើងហើយ ក៏លះបង់ចេញបានផង។
(៩. អកុសលមូលសុត្តំ)
[៧១] ម្នាលភិក្ខុទាំងឡាយ អកុសលមូល (ឫសគល់ នៃអកុសល) នេះ មាន ៣ យ៉ាង។ អកុសលមូល ៣ យ៉ាង តើដូចម្ដេច។ គឺលោភៈ ជាអកុសលមូល ១ ទោសៈ ជាអកុសលមូល ១ មោហៈ ជាអកុសលមូល ១។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា ជាតួលោភៈ សភាវៈនោះ ជាអកុសល បុគ្គលអ្នកល្មោភ តែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ក៏ជាអកុសលដែរ បុគ្គលអ្នកល្មោភ ត្រូវលោភៈគ្របសង្កត់ មានចិត្តត្រូវលោភៈរួបរឹត តែងរករឿង បង្កទុក្ខដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញជាអ្នកមានកំឡាំងខ្លះ ដោយហេតុណា ហេតុនោះ ហៅថា ជាអកុសល។ អកុសលធម៌ទាំងឡាយ ដ៏លាមកជាច្រើន កើតអំពីលោភៈ មានលោភៈជាដើមហេតុ មានលោភៈជាប្រភព មានលោភៈជាបច្ច័យ ទាំងអម្បាលនេះ រមែងប្រជុំកើតព្រមដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា ជាតួទោសៈ សភាវៈនោះ ក៏ជាអកុសល បុគ្គលអ្នកប្រទូស្ត តែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ក៏ជាអកុសលដែរ បុគ្គលអ្នកប្រទូស្ត ត្រូវទោសៈគ្របសង្កត់ មានចិត្តត្រូវទោសៈរួបរឹត តែងរករឿង បង្កទុក្ខដែលមិនពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំងខ្លះ ដោយហេតុណា ហេតុនោះហៅថា ជាអកុសល។ អកុសលធម៌ទាំងឡាយ ដ៏លាមកជាច្រើន ដែលកើតអំពីទោសៈ មានទោសៈជាដើមហេតុ មានទោសៈជាប្រភព (ជាដែន កើត) មានទោសៈជាបច្ច័យ ទាំងអម្បាលនេះ រមែងប្រជុំកើតព្រម ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា ជាតួមោហៈ សភាវៈនោះ ជាអកុសល បុគ្គលអ្នកវង្វេង តែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ហៅថាជាអកុសល បុគ្គលអ្នកវង្វេង ត្រូវមោហៈគ្របសង្កត់ មានចិត្តត្រូវមោហៈរួបរឹត តែងរករឿង បង្កទុក្ខដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ចេញខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំងខ្លះ ដោយហេតុណា ហេតុនោះហៅថា ជាអកុសល។ អកុសលធម៌ទាំងឡាយ ដ៏លាមកជាច្រើន ដែលកើតអំពីមោហៈ មានមោហៈជាដើមហេតុ មានមោហៈជាប្រភព មានមោហៈជាបច្ច័យ ទាំងអម្បាលនេះ រមែងប្រជុំកើតព្រម ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពដូច្នេះនេះ ហៅថា អកាលវាទី (និយាយក្នុងកាលមិនគួរ) ខ្លះ អភូតវាទី (និយាយពាក្យមិនពិត) ខ្លះ អនត្ថវាទី (និយាយពាក្យ ដែលមិនមានប្រយោជន៍) ខ្លះ អធម្មវាទី (និយាយមិនត្រូវតាមធម៌) ខ្លះ អវិនយវាទី (និយាយមិនត្រូវតាមវិន័យ)ខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូចម្ដេច បានជាបុគ្គលមានសភាពយ៉ាងនេះ ហៅថា អកាលវាទីខ្លះ អភូតវាទីខ្លះ អនត្ថវាទីខ្លះ អធម្មវាទីខ្លះ អវិនយវាទីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពិតណាស់ ព្រោះថា បុគ្គលនេះ តែងបង្កទុក្ខ ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញជាអ្នកមានកំឡាំងខ្លះ តែកាលបើអ្នកដទៃ ហ៊ាននិយាយដោយសេចក្ដីពិត ក៏បដិសេធ មិនព្រមទទួលដឹង កាលបើគេនិយាយ ដោយសេចក្ដីមិនពិត ក៏មិនធ្វើព្យាយាម ដើម្បីដឹង នូវសេចក្ដីមិនពិតនោះថា ពាក្យនោះ មិនមែនទេ ដូច្នេះក្ដី ពាក្យនុ៎ះ មិនពិតទេ ដូច្នេះក្ដី ព្រោះហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ហៅថា អកាលវាទីខ្លះ អភូតវាទីខ្លះ អនត្ថវាទីខ្លះ អធម្មវាទីខ្លះ អវិនយវាទីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ត្រូវអកុសលធម៌ទាំងឡាយ ដ៏លាមក កើតអំពីលោភ គ្របសង្កត់ មានចិត្តត្រូវអកុសលធម៌រួបរឹត តែងនៅជាទុក្ខ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង និងសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ ស្លាប់ទៅ មានទុគ្គតិជាទីប្រាកដ។ កើតអំពីទោសៈ។បេ។ ត្រូវអកុសលធម៌ទាំងឡាយ ដ៏លាមក កើតអំពីមោហៈ គ្របសង្កត់មានចិត្តត្រូវអកុសលធម៌រួបរឹត តែងនៅជាទុក្ខ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង និងសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ មានទុគ្គតិជាទីប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ដូចដើមសាលព្រឹក្ស ដើមផ្ចឹក ឬដើមពង្រ ត្រូវពួរជ្រៃ ៣ដើម រួបរឹតពីខាងលើ ព័ទ្ធព័ន្ធដោយជុំវិញ រមែងដល់នូវសេចក្ដីមិនចំរើន ដល់នូវសេចក្ដីវិនាស ដល់នូវខូចខាត និងសេចក្ដីហិនហោច យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ត្រូវអកុសលធម៌ទាំងឡាយ ដ៏លាមក តែងកើតអំពីលោភៈ គ្របសង្កត់ មានចិត្តត្រូវអកុសលធម៌រួបរឹត តែងនៅជាទុក្ខ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង និងសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ ស្លាប់ទៅ មានទុគ្គតិជាទីប្រាកដ។ កើតអំពីទោសៈ។ បេ។ ត្រូវអកុសលធម៌ទាំងឡាយ ដ៏លាមកតែងកើតអំពីមោហៈ គ្របសង្កត់ មានចិត្តត្រូវអកុសលធម៌រួបរឹត តែងនៅជាទុក្ខ ប្រកបដោយសេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង និងសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ ស្លាប់ទៅ មានទុគ្គតិជាទីប្រាកដ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ អកុសលមូល មាន៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កុសលមូល (ឫសគល់នៃកុសល) នេះ មាន ៣យ៉ាង។ កុសលមូល ៣ យ៉ាង តើដូចម្ដេច។ គឺអលោភៈ ជាកុសលមូល១ អទោសៈ ជាកុសលមូល១ អមោហៈ ជាកុសលមូល១។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ជាអលោភៈ ធម្មជាតនោះ ជាកុសល បុគ្គលអ្នកមិនល្មោភ តែងសន្សំនូវកម្មណា ដោយកាយ វាចាចិត្ត កម្មនោះ ក៏ជាកុសល បុគ្គលអ្នកមិនល្មោភ ត្រូវលោភៈមិនគ្របសង្កត់ មានចិត្តត្រូវលោភៈមិនរួបរឹត មិនរករឿងបង្កទុក្ខ ដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបងខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំងខ្លះដោយហេតុណា ហេតុនោះ ហៅថា ជាកុសល។ កុសលធម៌ទាំងឡាយ ច្រើនប្រការ ដែលកើតអំពី អលោភៈ មានអលោភៈ ជាដើមហេតុ មានអលោភៈជាប្រភព មានអលោភៈជាបច្ច័យ ទាំងអម្បាលនេះ រមែងកើតព្រម ដល់បុគ្គលនោះដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ជាអទោសៈ ធម្មជាតនោះជាកុសល បុគ្គលអ្នកមិនប្រទូស្ត តែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ក៏ជាកុសល បុគ្គលអ្នកមិនប្រទូស្ត ត្រូវទោសៈ មិនគ្របសង្កត់ មានចិត្តត្រូវទោសៈមិនរួបរឹត មិនរករឿងបង្កទុក្ខ ដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំខ្លះ ដោយហេតុណា ហេតុនោះ ក៏ជាអកុសល។ កុសលធម៌ទាំងឡាយជាច្រើន ដែលកើតអំពីអទោសៈ មានអទោសៈជាដើមហេតុ មានអទោសៈ ជាប្រភព មានអទោសៈជាបច្ច័យ ទាំងអម្បាលនេះ រមែងកើតព្រម ដល់បុគ្គលនោះ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ជាអមោហៈ ធម្មជាតនោះ ជាកុសល បុគ្គលអ្នកមិនវង្វេង តែងសន្សំនូវកម្មណា ដោយកាយ វាចា ចិត្ត កម្មនោះ ក៏ជាកុសល បុគ្គលអ្នកមិនវង្វេង ត្រូវមោហៈមិនគ្របសង្កត់ មានចិត្តត្រូវមោហៈមិនរួបរឹត មិនបានរករឿងបង្កទុក្ខ ដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំងខ្លះ ដោយហេតុណា ហេតុនោះ ក៏ជាកុសល។ កុសលធម៌ទាំងឡាយច្រើន កើតអំពីអមោហៈ មានអមោហៈ ជាដើមហេតុ មានអមោហៈជាប្រភព មានអមោហៈជាបច្ច័យ ទាំងអម្បាលនេះ រមែងកើតព្រម ដល់បុគ្គលនោះ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសភាពយ៉ាងនេះ ហៅថា កាលវាទី (និយាយក្នុងកាលដែលគួរ)ខ្លះ ភូតវាទី (និយាយពាក្យពិត)ខ្លះ អត្ថវាទី (និយាយពាក្យដែលជាប្រយោជន៍)ខ្លះ ធម្មវាទី (និយាយត្រូវតាមធម៌)ខ្លះ វិនយវាទី (និយាយត្រូវតាមវិន័យ)ខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុដូចម្ដេច បុគ្គលដែលមានសភាពដូច្នេះ ហៅថា កាលវាទីខ្លះ ភូតវាទីខ្លះ អត្ថវាទីខ្លះ ធម្មវាទីខ្លះ វិនយវាទីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពិតណាស់ ព្រោះថា បុគ្គលនេះ មិនបង្កទុក្ខ ដែលមិនមានពិត ដល់អ្នកដទៃ ដោយការសម្លាប់ខ្លះ ដោយការចាប់ចងខ្លះ ដោយការបំផ្លាញខ្លះ ដោយការតិះដៀលខ្លះ ដោយការបំបរបង់ខ្លះ ដោយអាងកំឡាំងថា អាត្មាអញ ជាអ្នកមានកំឡាំងខ្លះ តែកាលបើអ្នកដទៃ និយាយដោយសេចក្ដីពិត ក៏ទទួលរ៉ាប់រង មិនបដិសេធ កាលបើគេនិយាយ ដោយសេចក្ដីមិនពិត ក៏ធ្វើសេចក្ដីព្យាយាម ដើម្បីដឹងនូវសេចក្ដីមិនពិតនោះថា ពាក្យនុ៎ះ មិនមែនទេ ដូច្នេះក្ដី ពាក្យនោះ មិនពិតទេដូច្នេះក្ដី ព្រោះហេតុនោះ បុគ្គលមានសភាពយ៉ាងនេះ ហៅថា កាលវាទីខ្លះ ភូតវាទីខ្លះ អត្ថវាទីខ្លះ ធម្មវាទីខ្លះ វិនយវាទីខ្លះ។ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតអំពីលោភៈ ដែលបុគ្គលមានសភាពយ៉ាងនេះ លះបង់បានហើយ គាស់រំលើងឫសគល់អស់ហើយ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើមិនឲ្យមានបែបភាព មានកិរិយាមិនកើតតទៅទៀត ជាធម្មតា (បុគ្គលមានសភាពយ៉ាងនេះ) តែងនៅជាសុខ ឥតមានសេចក្ដីចង្អៀតចង្អល់ ឥតមានសេចក្ដីតានតឹង ឥតមានសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន រមែងបរិនិព្វាន ក្នុងបច្ចុប្បន្ន។ ដែលកើតអំពីទោសៈ។បេ។ អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតអំពីមោហៈ បុគ្គលនោះ លះបានហើយ គាស់រំលើងឫសគល់អស់ហើយ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើមិនឲ្យមានបែបភាព មានកិរិយាមិនកើតតទៅទៀត ជាធម្មតា បុគ្គលមានសភាពយ៉ាងនេះ តែងនៅជាសុខ ឥតមានសេចក្ដីចង្អៀតចង្អល់ ឥតមានសេចក្ដីតានតឹង ឥតមានសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន រមែងបរិនិព្វាន ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ដូចដើមសាលព្រឹក្ស ដើមផ្ចឹក ឬដើមពង្រត្រូវពួរជ្រៃ៣ ដើម រួបរឹតព័ទ្វព័ន្ធ ដោយជុំវិញ។ កាលណោះ មានបុរសកាន់ចប និងកញ្ជើ ដើរមក បុរសនោះ ក៏កាប់ពួរជ្រៃ ត្រង់គល់ លុះកាប់គល់រួចហើយ ជីកគាស់ លុះជីកគាស់ហើយ ក៏ភើចយកឫសទាំងឡាយ ដោយហោចទៅ សូម្បីប៉ុនលំពង់ស្បូវភ្លាំង (ក៏មិនឲ្យសល់) បុរសនោះ ក៏កាត់ពួរជ្រៃនោះ ឲ្យជាកំណាត់តូចកំណាត់ធំ លុះកាត់ឲ្យជាកំណាត់តូច កំណាត់ធំរួចហើយ ក៏ពុះ លុះពុះរួចហើយ ក៏ធ្វើឲ្យជាចម្រៀកៗ លុះធ្វើឲ្យជាចម្រៀកៗរួចហើយ ក៏ហាលខ្យល់ និងកំដៅថ្ងៃឲ្យស្ងួត លុះហាលខ្យល់ និងកំដៅថ្ងៃរួចហើយ ក៏ដុតដោយភ្លើង លុះដុតដោយភ្លើងរួចហើយ ក៏ធ្វើឲ្យជាធ្យូង លុះធ្វើឲ្យជាធ្យូងរួចហើយ ក៏បាចសាចទៅតាមខ្យល់ដ៏ខ្លាំង ឬបណ្ដែតទៅតាមខ្សែទឹកស្ទឹង ដែលហូរខ្លាំង ម្នាលភិក្ខុទាំងឡាយ ពួរជ្រៃទាំងអម្បាលនោះ ដែលបុគ្គលនោះ គាស់រំលើងឫសគល់អស់ហើយ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើមិនឲ្យមានបែបភាព មានកិរិយាមិនកើតតទៅទៀត ជាធម្មតាយ៉ាងនេះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតអំពីលោភៈ ដែលបុគ្គលមានសភាពយ៉ាងនេះ លះបានហើយ បានគាស់រំលើងឫសគល់អស់ហើយ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើមិនឲ្យមានបែបភាព មានកិរិយាមិនកើតតទៅទៀត ជាធម្មតា បុគ្គលមានសភាពយ៉ាងនេះ តែងនៅជាសុខ មិនមានសេចក្ដីចង្អៀតចង្អល់ មិនមានសេចក្ដីតានតឹង មិនមានសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន រមែងបរិនិព្វាន ក្នុងបច្ចុប្បន្ន។ កើតអំពីទោសៈ។ បេ។ អកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតអំពីមោហៈ បុគ្គលនោះ លះបានហើយ គាស់រំលើងឫសគល់អស់ហើយ ធ្វើឲ្យដូចជាដើមត្នោតកំបុតក ធ្វើមិនឲ្យមានបែបភាព មានកិរិយាមិនកើតតទៅទៀត ជាធម្មតា បុគ្គលមានសភាពយ៉ាងនេះ តែងនៅជាសុខ មិនមានសេចក្ដីចង្អៀតចង្អល់ មិនមានសេចក្ដីតានតឹង មិនមានសេចក្ដីក្ដៅក្រហាយ ក្នុងបច្ចុប្បន្ន រមែងបរិនិព្វាន ក្នុងបច្ចុប្បន្ន ក៏យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កុសលមូល មាន៣ យ៉ាងនេះឯង។
(១០. ឧបោសថសុត្តំ)
[៧២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ របស់មិគារមាតា ក្នុងវត្តបុព្វារាម ទៀបក្រុងសាវត្ថី។ គ្រានោះ ថ្ងៃនោះ ជាថ្ងៃឧបោសថសីល នាងវិសាខាមិគារមាតា ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនាងវិសាខាមិគារមាតា អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលនាងវិសាខា ចុះនាងមកពីណា ទាំងថ្ងៃម៉្លេះ។ នាងវិសាខា ក្រាបបង្គំទូលថា ថ្ងៃនេះខ្ញុំម្ចាស់រក្សាឧបោសថៈព្រះអង្គ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលនាងវិសាខា ឧបោសថៈនេះ មាន៣ យ៉ាង។ ឧបោសថៈ ៣យ៉ាង តើដូចម្ដេច។ គឺ គោបាលកុបោសថៈ (ឧបោសថៈរបស់គង្វាលគោ) ១ និគណ្ឋុបោសថៈ (ឧបោសថៈរបស់និគ្រណ្ឋ) ១ អរិយុបោសថៈ (ឧបោសថៈ របស់ព្រះអរិយៈ) ១។ ម្នាលនាងវិសាខា ចុះ គោបាលកុបោសថៈ តើដូចម្ដេច។ ម្នាលនាងវិសាខា ដូចគង្វាលគោ ប្រគល់គោទាំងឡាយ ដល់អ្នកម្ចាស់គោ ក្នុងវេលាល្ងាច រួចហើយគិតរំពឹង ដូច្នេះថា ថ្ងៃនេះ គោទាំងឡាយ ត្រាច់រកស៊ី ក្នុងទីឯណោះៗ ផឹកទឹកក្នុងទីឯណោះ ៗ ស្អែកនេះ គោទាំងឡាយ នឹងត្រាច់ទៅរកស៊ី ក្នុងទីឯណោះ ៗ នឹងផឹកទឹកក្នុងទីឯណោះៗ យ៉ាងណាមិញ។ ម្នាលនាងវិសាខា បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នករក្សាឧបោសថសីលហើយ គិតជញ្ជឹង ដូច្នេះថា ក្នុងថ្ងៃនេះ អាត្មាអញបានទំពាស៊ី នូវខាទនីយៈនេះផង ៗ អាត្មាអញ បានបរិភោគ នូវភោជនីយៈនេះផង ៗ ស្អែកនេះ អាត្មាអញ នឹងទំពាស៊ី នូវខាទនីយៈនេះផង ៗ នឹងបរិភោគ នូវខាទនីយៈនេះផង ៗ បុគ្គលនោះ មានចិត្តប្រកបដោយអភិជ្ឈា តែងញុំាងថ្ងៃ ឲ្យប្រព្រឹត្តកន្លងទៅ ដោយលោភៈនោះ ក៏យ៉ាងនោះឯង។ ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា គោបាលកុបោសថៈ។ ម្នាលនាងវិសាខា គោបាលកុបោសថៈ ដែលបុគ្គលរក្សាយ៉ាងនេះ ជាឧបោសថៈ មិនមានផលច្រើន មិនមានអានិសង្សច្រើន មិនមានសេចក្ដីរុងរឿងច្រើន មិនផ្សាយផលច្រើនទេ។ ម្នាលនាងវិសាខា ចុះ និគណ្ឋុបោសថៈ តើដូចម្ដេច។ ម្នាលនាងវិសាខា មានពួកសមណៈ ហៅថានិគណ្ឋៈ សមណៈអម្បាលនោះ តែងដឹកនាំសាវក យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកចូរមកអាយ សត្វទាំងឡាយណា មាននៅក្នុងទិសខាងកើត ខាងនាយ ពី១០០យោជន៍ទៅ អ្នកចូរដាក់អាជ្ញា (សម្លាប់) សត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងលិច ខាងនាយពី១០០យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងជើង ខាងនាយពី១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងត្បូង ខាងនាយពី ១០០យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ។ ពួកនិគ្រណ្ឋ តែងដឹកនាំសាវក ឲ្យអាណិត អនុគ្រោះចំពោះពួកសត្វខ្លះ តែងដឹកនាំសាវក មិនឲ្យអាណិត មិនឲ្យអនុគ្រោះ ចំពោះពួកសត្វខ្លះ។ ក្នុងថ្ងៃឧបោសថៈនោះ គេតែងដឹកនាំសាវក យ៉ាងនេះថា នែបុរសដ៏ចំរើន អ្នកចូរមកអាយ អ្នកចូរស្រាតសំពត់ឲ្យអស់ ហើយពោលយ៉ាងនេះថា អាត្មាអញមិនទាក់ទាមនឹងនរណាៗ ក្នុងទីណា ៗ នឹងមានកង្វល់ក្នុងរបស់អ្វីៗ ក្នុងទីណាៗ ក៏មិនមានដល់អាត្មាអញឡើយ តែមាតាបិតារបស់គេ ក៏ដឹងថា នេះបុត្ររបស់អញទាំងខ្លួនគេ ក៏ដឹងថា នេះមាតាបិតារបស់អញ បុត្រភរិយារបស់គេ ក៏ដឹងថា នេះជាស្វាមីរបស់អញ ទាំងខ្លួនគេ ក៏ដឹងថា នេះជាបុត្រភរិយា របស់អញ ពួកបុរសជាទាសកម្មកររបស់គេ ក៏ដឹងថា នេះជាម្ចាស់របស់អញ ទាំងខ្លួនគេ ក៏ដឹងថា នេះជាពួកបុរស ដែលជាទាសកម្មកររបស់អញ (សាវកទាំងនោះ) ត្រូវគេដឹកនាំក្នុងសច្ចៈដូច្នេះ ក្នុងសម័យណា (អ្នកដឹកនាំ) ឈ្មោះថា ដឹកនាំក្នុងមុសាវាទ ក្នុងសម័យនោះ។ តថាគតពោលថា ពាក្យដឹកនាំនេះ ជាពាក្យមុសាវាទរបស់គេ។ លុះកន្លងរាត្រីនោះហើយ គេបរិភោគភោគៈទាំងអម្បាលនោះ ដែលម្ចាស់គេមិនបានឲ្យ។ តថាគតពោលថា ការបរិភោគនេះ ជាអទិន្នាទានរបស់គេ។ ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា និគណ្ឋុបោសថៈ។ ម្នាលនាងវិសាខា និគណ្ឋុបោសថៈ ដែលគេរក្សាយ៉ាងនេះ ជាឧបោសថៈមិនមានផលច្រើន មិនមានអានិសង្សច្រើន មិនមានសេចក្ដីរុងរឿងច្រើន មិនផ្សាយផលច្រើនទេ។ ម្នាលនាងវិសាខា ចុះអរិយុបោសថៈ តើដូចម្ដេច។ ម្នាលនាងវិសាខា ការធ្វើចិត្តដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការធ្វើចិត្តដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្ដីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ព្រះអង្គជ្រាបច្បាស់ នូវត្រៃលោក ព្រះអង្គប្រសើរដោយសិលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាសារថី អ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ កាលអរិយសាវកនោះ កំពុងរឭក នូវព្រះតថាគត ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន ម្នាលនាងវិសាខា ដូចការជម្រះក្បាល ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការជម្រះក្បាល ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា ការអាស្រ័យកាក (កន្ទួតព្រៃ) ផង អាស្រ័យដីផង អាស្រ័យទឹកផង អាស្រ័យសេចក្ដីព្យាយាម ដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបធ្វើក្បាល ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាមយ៉ាងនេះ យ៉ាងណាមិញ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម ក៏យ៉ាងនោះដែរ។ ម្នាលនាងវិសាខា ចុះការធ្វើចិត្តដែលសៅហ្មង ឲ្យផូរផង់ ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។ បេ។ ព្រះអង្គត្រាស់ដឹង នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ កាលអរិយសាវកនោះ កំពុងរឭករឿយៗ នូវព្រះតថាគត ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថារក្សា ព្រហ្មុបោសថៈ (ឧបោសថៈរបស់ព្រហ្ម) នៅរួមនឹងព្រហ្ម ចិត្តរបស់គេប្រារព្ធចំពោះព្រហ្ម រមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបកិ្កលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវព្រះធម៌ថា ព្រះធម៌ ដែលព្រះដ៏មានព្រះភាគត្រាស់ ប្រពៃហើយ ជាធម៌ដែលបុគ្គលប្រតិបត្តិ គប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌គួរហៅអ្នកដទៃ ឲ្យចូលមកមើលបាន ជាធម៌គួរបង្អោនចូលមកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជន គប្បីដឹងចំពោះខ្លួន។ កាលអរិយសាវកនោះ កំពុងរឭកនូវព្រះធម៌ ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ដូចការជម្រះកាយ ដែលមិនស្អាត រមែងឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការជម្រះកាយ ដែលមិនស្អាត រមែងឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា ការអាស្រ័យដុំលំអិត សម្រាប់ជម្រះកាយផង អាស្រ័យលំអិត សម្រាប់ងូតផង អាស្រ័យទឹកផង អាស្រ័យសេចក្ដីព្យាយាម ដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបធ្វើការជម្រះកាយ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ យ៉ាងណាមិញ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនោះដែរ។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវព្រះធម៌ថា ព្រះធម៌ ដែលព្រះដ៏មានព្រះភាគ ត្រាស់ទុកប្រពៃហើយ។ បេ។ ជាធម៌ដែលវិញ្ញូជនទាំងឡាយ គប្បីដឹងចំពោះខ្លួន។ កាលអរិយសាវកនោះ កំពុងរឭកនូវព្រះធម៌ ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថា រក្សាធម្មុបោសថៈ នៅរួមដោយធម៌ ចិត្តរបស់អរិយសាវកនោះ ប្រារព្ធចំពោះព្រះធម៌ រមែងជ្រះថ្លា សេចក្ដីរីករាយ ក៏រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ការធ្វើចិត្តដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿងៗ នូវព្រះសង្ឃថា ពួកសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិប្រពៃហើយ ពួកសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិត្រង់ហើយ ពួកសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិសមគួរហើយ គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា ពួកសាវកណា បើរាប់ជាគូ នៃបុរសបាន៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ពួក សាវកនៃព្រះដ៏មានព្រះភាគនុ៎ះ គួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលនាំមក អំពីចម្ងាយ ហើយបូជា គួរទទួលនូវអាគន្ដុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ជាបុញ្ញក្ខេត្ត នៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ កាលអរិយសាវកនោះ កំពុងរឭករឿងៗ នូវព្រះសង្ឃ ចិត្តរមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយ សាវកនោះ ក៏លះបង់បាន។ ម្នាលនាងវិសាខា ដូចការធ្វើសំពត់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការធ្វើសំពត់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា ព្រោះអាស្រ័យចំហាយផង អាស្រ័យទឹកក្បុងផង អាស្រ័យអាចម៍គោផង អាស្រ័យទឹកផង អាស្រ័យសេចក្ដីព្យាយាម ដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបធ្វើសំពត់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ យ៉ាងណាមិញ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម ក៏យ៉ាងនោះឯង។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ រមែងរឭករឿយៗ នូវព្រះសង្ឃថា ពួកសាវក នៃព្រះដ៏មានព្រះភាគ លោកប្រតិបត្តិប្រពៃហើយ… ជាបុញ្ញក្ខេត្តនៃសត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ កាលព្រះអរិយសាវកនោះ កំពុងរឭករឿយៗ នូវព្រះសង្ឃ ចិត្តក៏ជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថា រក្សាសង្ឃុបោសថៈ នៅរួមជាមួយនឹងព្រះសង្ឃ ចិត្តរបស់អរិយសាវកនោះ ប្រារព្ធចំពោះព្រះសង្ឃ រមែងជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង រមែងឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាមយ៉ាងនេះឯង។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ រឭករឿយៗ នូវសីលរបស់ខ្លួន ជាសីលមិនដាច់ មិនធ្លុះធ្លាយ មិនពព្រុស មិនពពាល ជាសីលអ្នកជា ជាសីល ដែលវិញ្ញូជនសរសើរហើយ ជាសីលមិនប៉ះពាល់ដោយតណ្ហា និងទិដ្ឋិ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ កាលអរិយសាវកនោះ កំពុងរឭករឿយៗ នូវសីល ចិត្តក៏ជ្រះថ្លា សេចក្ដីរីករាយ រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ដូចការដុសខាត់កញ្ចក់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការដុសខាត់កញ្ចក់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា ព្រោះអាស្រ័យប្រេងផង អាស្រ័យផេះផង អាស្រ័យច្រាសផង អាស្រ័យសេចក្ដីព្យាយាម ដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបដុសខាត់កញ្ចក់ ដែលមិនស្អាត ឲ្យស្អាតបាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ យ៉ាងណាមិញ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម ក៏យ៉ាងនោះឯង។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ រឭករឿយៗ នូវសីលរបស់ខ្លួន ដែលជាសីលមិនដាច់ មិនធ្លុះធ្លាយ… ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ កាលអរិយសាវកនោះ កំពុងរឭករឿយៗ នូវសីល ចិត្តក៏រមែងជ្រះថ្លា សេចក្ដីរីករាយ ក៏កើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថា រក្សាសីលុបោសថៈ នៅរួមដោយសីល មួយទៀត ចិត្តរបស់អរិយសាវកនោះ ប្រារព្ធចំពោះសីល ក៏ជ្រះថ្លា សេចក្ដីរីករាយ ក៏រមែងកើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះឯង។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ រឭករឿយៗ នូវទេវតាទាំងឡាយថា ពួកទេវតាជាន់ចាតុម្មហា រាជិកៈក៏មាន ពួកទេវតាជាន់តាវត្តឹង្សក៏មាន ពួកទេវតាជាន់យាមៈក៏មាន ពួកទេវតាជាន់តុសិតក៏មាន ពួកទេវតាជាន់និម្មានរតីក៏មាន ពួកទេវតាជាន់បរនិម្មិតវសវត្តីក៏មាន ពួកទេវតា ដែលរាប់បញ្ជូលក្នុងពួកព្រហ្មក៏មាន ពួកទេវតាជាន់ខ្ពស់ឡើងទៅទៀតក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើត ក្នុងភពនោះ សទ្ធាមានសភាពដូច្នោះ របស់អាត្មាអញ ក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយសីល មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើត ក្នុងភពនោះ សីលមានសភាពដូច្នោះ របស់អាត្មាអញ ក៏មាន ទេវតាទាំងអម្បាលនោះប្រកបដោយសុតៈ មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានមកកើតក្នុងភពនោះ សុតៈមានសភាពដូច្នោះ របស់អាត្មាអញក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយចាគៈ មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើត ក្នុងភពនោះ ចាគៈមានសភាពដូច្នោះ របស់អាត្មាអញក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយបញ្ញា មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើតក្នុងភពនោះ បញ្ញាមានសភាពដូច្នោះ របស់អាត្មាអញក៏មាន។ កាលអរិយសាវកនោះ រឭករឿយៗ នូវសទ្ធា សីលៈសុតៈ ចាគៈ បញ្ញារបស់ខ្លួន និងរបស់ទេវតាទាំងអម្បាលនោះ ចិត្តក៏ជ្រះថ្លា សេចក្ដីរីករាយ ក៏កើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ដូចការដុសខាត់មាស ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម។ ម្នាលនាងវិសាខា ចុះការដុសខាត់មាស ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា ព្រោះអាស្រ័យបាវមាសផង អាស្រ័យដីប្រៃផង អាស្រ័យរង្គផង អាស្រ័យស្នប់ និងដង្កាប់ផង អាស្រ័យសេចក្ដីព្យាយាមដ៏សមគួរ ដល់កិច្ចនោះ របស់បុរសផង ទើបដុសខាត់មាស ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះ យ៉ាងណាមិញ។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម ក៏ដូច្នោះ យ៉ាងនោះឯង។ ម្នាលនាងវិសាខា ចុះការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម តើដូចម្ដេច។ ម្នាលនាងវិសាខា អរិយសាវក ក្នុងធម្មវិន័យនេះ តែងរឭករឿយៗ នូវទេវតាថា ពួកទេវតាជាន់ចាតុម្មហារាជិកៈក៏មាន ពួកទេវតាជាន់តាវត្តិង្សក៏មាន។បេ។ ពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្មក៏មាន ពួកទេវតាជាន់ខ្ពស់ឡើងទៅទៀតក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយសទ្ធា មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើតក្នុងភពនោះសទ្ធាមានសភាពដូច្នោះ របស់អាត្មាអញក៏មាន ទេវតាទាំងអម្បាលនោះ ប្រកបដោយសុតៈ… ដោយចាគៈ… ដោយបញ្ញា… មានសភាពយ៉ាងណា ច្យុតចាកអត្តភាពនេះហើយ ទើបបានទៅកើតក្នុងភពនោះ បញ្ញាមានសភាពដូច្នោះ របស់អាត្មាអញក៏មាន។ កាលអរិយសាវកនោះ រឭករឿយៗ នូវសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា របស់ខ្លួន និងរបស់ទេវតាទាំងនោះ ចិត្តក៏ជ្រះថ្លា សេចក្ដីរីករាយ ក៏កើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា អរិយសាវកនេះ ហៅថា ទេវតូបោសថៈ នៅរួមជាមួយនឹងពួកទេវតា មួយទៀត ចិត្តរបស់អរិយសាវកនោះ ប្រារព្ធទេវតា ក៏ជ្រះថ្លា សេចក្ដីរីករាយ ក៏កើតឡើង ឧបក្កិលេសទាំងឡាយណា របស់ចិត្ត ឧបក្កិលេសទាំងឡាយនោះ អរិយសាវកនោះ ក៏លះបង់ចេញបាន។ ម្នាលនាងវិសាខា ការធ្វើចិត្ត ដែលសៅហ្មង ឲ្យផូរផង់បាន ដោយសេចក្ដីព្យាយាម យ៉ាងនេះឯង។ ម្នាលនាងវិសាខា អរិយសាវកនោះ តែងពិចារណាឃើញ ដូច្នេះថា ព្រះអរហន្ដទាំងឡាយ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តាដាក់ចុះហើយ មានសេចក្ដីខ្មាសបាប ប្រកបដោយសេចក្ដីអាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ចំពោះសព្វសត្វ ដែលមានជីវិត ដរាបដល់អស់ជីវិត ឯអាត្មាអញ ក្នុងថ្ងៃនេះ ក៏លះបង់បាណាតិបាត រៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានសស្រ្តាដាក់ចុះហើយ មានសេចក្ដីខ្មាសបាប ប្រកបដោយសេចក្ដីអាណិត ជាអ្នកអនុគ្រោះដោយប្រយោជន៍ ចំពោះសព្វសត្វ ដែលមានជីវិត អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញ ឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈឈ្មោះថាអាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្តទាំងឡាយ លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នាយកតែរបស់ដែលគេឲ្យ មានខ្លួនមិនលួច ស្អាតរហូតអស់១ជីវិត អាត្មាអញ ក្នុងថ្ងៃនេះ ក៏លះបង់អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែរបស់ដែលគេឲ្យ ប្រាថ្នាយកតែរបស់ ដែលគេឲ្យ មានខ្លួនមិនលួច ស្អាតនៅអស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្ដទាំងឡាយផង ឧបោសថៈឈ្មោះថា អាត្មាអញបានរក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្តទាំងឡាយ លះបង់អព្រហ្មចរិយៈជាព្រហ្មចារីបុគ្គល ជាអ្នកប្រព្រឹត្តឆ្ងាយចាក (អព្រហ្មចរិយៈ) វៀរចាកមេថុន ដែលជាធម៌ របស់អ្នកស្រុក អាត្មាអញក្នុងថ្ងៃនេះ ក៏លះបង់អព្រហ្មចរិយៈ ជាព្រហ្មចារីបុគ្គល ជាអ្នកប្រព្រឹត្តឆ្ងាយចាក (អព្រហ្មចរិយៈ) រៀរចាកមេថុន ដែលជាធម៌ របស់អ្នកស្រុក អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈឈ្មោះថា អាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្តទាំងឡាយ លះបង់នូវមុសាវាទ រៀរចាកមុសាវាទ និយាយតែពាក្យពិត តភ្ជាប់តែពាក្យពិត មានពាក្យខ្ជាប់ខ្លួន មានពាក្យគួរជឿ មិនពោលបង្កាច់សត្វលោក រហូតអស់មួយជីវិត អាត្មាអញក្នុងថ្ងៃនេះ ក៏លះបង់នូវមុសាវាទ វៀរចាកមុសាវាទ និយាយតែពាក្យពិត តភ្ជាប់តែពាក្យពិត មានពាក្យខ្ជាប់ខ្ជួន មានពាក្យគួរជឿ មិនពោលបង្ដាច់សត្វលោក អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈឈ្មោះថា អាត្មាអញ រក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្តទាំងឡាយ លះបង់ការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ រហូតអស់មួយជីវិត ឯអាត្មាអញ ក្នុងថ្ងៃនេះ ក៏លះបង់ការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទ វៀរចាកការក្រេបផឹក នូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្ដីប្រមាទ អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈ ឈ្មោះថាអាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្តទាំងឡាយ បរិភោគភត្តតែម្ដង រៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគខុសកាល រហូតអស់មួយជីវិត អាត្មាអញក្នុងថ្ងៃនេះ ក៏បរិភោគភត្តតែម្ដង វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគខុសកាល អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈ ឈ្មោះថាអាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្តទាំងឡាយ វៀរចាកការមើលនូវរបាំ និងការស្ដាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវ ដល់កុសលធម៌ និងការទ្រទ្រង់ប្រដាប់ ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេងៗ អាត្មាអញក្នុងថ្ងៃនេះ ក៏វៀរចាកការមើលរបាំ និងការស្ដាប់ចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវ ដល់កុសលធម៌ និងការទ្រទ្រង់ប្រដាប់ ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាបផ្សេង ៗ អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈ ឈ្មោះថា អាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ព្រះអរហន្ដទាំងឡាយ លះបង់ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ វៀរស្រឡះចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ សម្រេចទីដេកដ៏ទាប លើគ្រែក្ដី លើកម្រាលស្មៅក្ដី រហូតអស់មួយជីវិត អាត្មាអញ ក្នុងថ្ងៃនេះ ក៏លះបង់ទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ វៀរស្រឡះ ចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ សម្រេចទីដេកដ៏ទាប លើគ្រែក្ដី លើកម្រាលស្មៅក្ដី អស់យប់នេះ និងថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើតាមព្រះអរហន្តទាំងឡាយផង ឧបោសថៈ ឈ្មោះថាអាត្មាអញ បានរក្សាផង ដោយអង្គនេះឯង។ ម្នាលនាងវិសាខា យ៉ាងនេះឈ្មោះថា អរិយុបោសថៈ ម្នាលនាងវិសាខា អរិយុបោសថៈ ដែលបុគ្គលរក្សាយ៉ាងនេះ តែងមានផលច្រើន មានអានិសង្សច្រើន មានសេចក្ដីរុងរឿងច្រើន ផ្សាយផលទៅច្រើន។ មានផលច្រើនយ៉ាងណា មានអានិសង្សច្រើនយ៉ាងណា មានសេចក្ដីរុងរឿងច្រើនយ៉ាងណា ផ្សាយផលទៅច្រើនយ៉ាងណា។ ម្នាលនាងវិសាខា ប្រៀបដូចបុគ្គលណាមួយ គប្បីគ្រងរាជសម្បត្តិ ជាឥស្សរិយាធិបតី នៃមហាជនបទ ទាំង១៦នេះ ដែលមានរតនៈ៧ ប្រការដ៏ច្រើន មហាជនបទ ទាំង១៦ គឺ អង្គៈ មគធៈ កាសី កោសលៈ រជ្ជី មល្លៈ ចេតី វង្សៈ កុរុ បញ្ចាលៈ មច្ឆៈ សុរសេនៈ អស្សកៈ អវន្តី គន្ធារៈ កម្ពោជៈ រាជសម្បត្តិរបស់បុគ្គលនុ៎ះ មានដំឡៃមិនស្មើចំណិត ទី១៦ៗ លើក នៃឧបោសថៈ ប្រកបដោយអង្គ ៨ ឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលនាងវិសាខា រាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខទិព្វ (ឃើញ) ស្ដើងស្ដួចណាស់។ ម្នាលនាងវិសាខា ៥០ ឆ្នាំរបស់មនុស្ស ជាមួយយប់ មួយថ្ងៃ របស់ពួកទេវតាជាន់ចាតុម្មហារាជិកៈ រាប់តាមរាត្រីនោះ ៣០រាត្រី ជាមួយខែ រាប់តាមខែនោះ ១២ខែ ជាមួយឆ្នាំ រាប់តាមឆ្នាំនោះ ៥០០ឆ្នាំទិព្វ ជាប្រមាណ នៃអាយុរបស់ពួកទេវតាជាន់ចាតុម្មហារាជិកៈ។ ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សាឧបោសថៈ ប្រកបដោយអង្គ ៨ ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិកៈ។ ម្នាលនាងវិសាខា ដែលថារាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខទិព្វ (ឃើញ) ស្ដើងស្ដួចនេះ តថាគតពោលសំដៅយកត្រង់ហេតុនុ៎ះឯង។ ម្នាលនាងវិសាខា ១០០ឆ្នាំ របស់មនុស្ស ជាមួយយប់មួយថ្ងៃ របស់ទេវតាជាន់តាវត្តិង្ស រាប់តាមរាត្រីនោះ ៣០រាត្រី ជា១ខែ រាប់តាមខែនោះ ១២ខែជាមួយឆ្នាំ រាប់តាមឆ្នាំនោះ១០០០ឆ្នាំទិព្វ ជាប្រមាណនៃអាយុរបស់ពួកទេវតាជាន់តាវត្តិង្ស។ ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សាឧបោសថៈ ប្រកបដោយអង្គ ៨ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតា ជាន់តាវត្តិង្ស។ ម្នាលនាងវិសាខា ដែលថារាជសម្បត្តិ ជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខទិព្វ (ឃើញ) ស្ដើងស្ដួចនេះ តថាគតពោលសំដៅយកត្រង់ហេតុនុ៎ះឯង។ ម្នាលនាងវិសាខា ២០០ឆ្នាំរបស់មនុស្ស ជាមួយយប់មួយថ្ងៃ របស់ពួកទេវតាជាន់យាមៈ រាប់តាមរាត្រីនោះ ៣០រាត្រី ជា១ខែ រាប់តាមខែនោះ ១២ខែជា១ឆ្នាំ រាប់តាមឆ្នាំនោះ ២០០០ឆ្នាំទិព្វ ជាប្រមាណនៃអាយុ របស់ពួកទេវតាជាន់យាមៈ។ ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សានូវឧបោសថៈ ប្រកបដោយអង្គ៨ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតាជាន់យាមៈ។ ម្នាលនាងវិសាខា ដែលថារាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខទិព្វ (ឃើញ)ស្ដើងស្ដួចនេះ តថាគតពោលសំដៅយកត្រង់ហេតុនុ៎ះឯង។ ម្នាលនាងវិសាខា ៤០០ឆ្នាំ របស់មនុស្ស ជាមួយយប់មួយថ្ងៃ របស់ពួកទេវតាជាន់តុសិត រាប់តាមរាត្រីនោះ ៣០រាត្រី ជា១ខែ រាប់តាមខែនោះ ១២ ខែ ជា១ឆ្នាំ រាប់តាមឆ្នាំនោះ៤០០០ឆ្នាំទិព្វ ជាប្រមាណនៃអាយុ របស់ពួកទេវតាជាន់តុសិត។ ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សានូវឧបោសថៈ ប្រកបដោយអង្គ ៨ ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតាជាន់តុសិត។ ម្នាលនាងវិសាខា ដែលថា រាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខទិព្វ (ឃើញ) ស្ដើងស្ដួចនេះតថាគតពោលសំដៅយកត្រង់ហេតុនុ៎ះឯង។ ម្នាលនាងវិសាខា ៨០០ឆ្នាំ របស់មនុស្ស ជាមួយយប់មួយថ្ងៃ របស់ពួកទេវតាជាន់និម្មានរតី រាប់តាមរាត្រីនោះ ៣០ រាត្រី ជា១ខែ រាប់តាមខែនោះ ១២ខែ ជា១ឆ្នាំ រាប់តាមឆ្នាំនោះ ៨០០ឆ្នាំទិព្វជាប្រមាណ នៃអាយុរបស់ពួកទេវតាជាន់និម្មានរតី។ ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សានូវឧបោសថៈ ប្រកបដោយអង្គ ៨ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតាជាន់និម្មានរតី។ ម្នាលនាងវិសាខា ដែលថា រាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខ (ឃើញ) ស្ដើងស្ដួចនេះ តថាគតពោលសំដៅយកត្រង់ហេតុនុ៎ះឯង។ ម្នាលនាងវិសាខា ១.៦០០ ឆ្នាំ របស់មនុស្ស ជាមួយយប់មួយថ្ងៃ របស់ពួកទេវតាជាន់បរនិម្មិតវសវត្តី រាប់តាមរាត្រីនោះ ៣០ រាត្រី ជា១ខែ រាប់តាមខែនោះ ១២ ខែ ជា១ឆ្នាំ រាប់តាមឆ្នាំនោះ ១៦០០ ឆ្នាំទិព្វជាប្រមាណ នៃអាយុរបស់ពួកទេវតាជាន់បរនិម្មិតវសវត្តី។ ម្នាលនាងវិសាខា ហេតុនុ៎ះ រមែងមានប្រាកដ ត្រង់ពាក្យថា ស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ រក្សានូវឧបោសថៈ ប្រកបដោយអង្គ៨ ហើយ លុះដល់រំលាងកាយ ស្លាប់ទៅ ទៅកើតរួមជាមួយនឹងពួកទេវតាជាន់បរនិម្មិតវសវត្តី។ ម្នាលនាងវិសាខា ដែលថា រាជសម្បត្តិជារបស់មនុស្ស ប្រៀបធៀបនឹងសេចក្ដីសុខទិព្វ (ឃើញ) ស្ដើងស្ដួច នេះតថាគត ពោល សំដៅយកត្រង់ហេតុនុ៎ះឯង។
បុរស ឬស្រ្តី មិនគប្បីសម្លាប់សត្វ១ មិនគប្បីលួចយកទ្រព្យ ដែលម្ចាស់គេមិនបានឲ្យ ១ មិនគប្បីនិយាយកុហក១ មិនគប្បីក្រេបផឹក នូវទឹកស្រវឹង ១ គប្បីវៀរចាកមេថុន ដែលមិនមែនជាសេចក្ដីប្រព្រឹត្តិដ៏ប្រសើរ១ មិនគប្បីបរិភោគភោជន ក្នុងវេលារាត្រី និងភោជន ក្នុងវេលាខុសកាល ១ មិនគប្បីទ្រទ្រង់កម្រងផ្កា មិនគប្បីប្រើប្រាស់គ្រឿងក្រអូប ១ គប្បីដេកលើគ្រែ (ដែលត្រូវប្រមាណ) ឬកម្រាល ដែលក្រាលផ្ទាស់នឹងផែនដី ១ (បណ្ឌិតទាំងឡាយ ពោលសរសើរ) ឧបោសថៈ ប្រកបដោយអង្គ ៨នុ៎ះ ដែលព្រះពុទ្ធ ទ្រង់ដល់នូវទីបំផុតនៃទុក្ខ ទ្រង់ប្រកាសទុកហើយ។ ព្រះចន្រ្ទ និងព្រះអាទិត្យ ទាំងពីរមានរស្មីដ៏រុងរឿង ភ្លឺឆ្លុះផ្សាយចេញទៅ អស់ទីមានកំណត់ត្រឹមណា មួយទៀត ព្រះចន្រ្ទ និងព្រះអាទិត្យ មាននាទីកំចាត់បង់ នូវងងឹត មានដំណើរទៅក្នុងអាកាស ចាំងពន្លឺសព្វទិស តែងបំភ្លឺក្នុងផ្ទៃមេឃ ទ្រព្យណាមួយ ដែលមាននៅក្នុងចន្លោះនុ៎ះ គឺកែវមុក្តា កែវមណី កែវពៃទូរ្យដ៏ល្អ មួយវិញទៀត ដែលហៅថា មាសសិង្គី មាសកាញ្ចនៈ មាសជាតរូប និងមាសហដកៈ ទ្រព្យទាំងអម្បាលនោះ (មានដំឡៃ) មិនដល់នូវចំណិត ទី១៦ ៗ លើក នៃឧបោសថៈ ប្រកបដោយអង្គ ៨ ឡើយ ដូចពួកផ្កាយទាំងអស់(ភ្លឺ) មិនដល់ពន្លឺព្រះចន្រ្ទឡើយ ព្រោះហេតុនោះ ស្រ្តីបុរស ដែលជាអ្នកមានសីល បានរក្សាឧបោសថៈ ប្រកបដោយអង្គ ៨ ធ្វើបុណ្យទាំងឡាយដែលមានសុខជាកម្រៃ ជាអ្នកមិនត្រូវគេតិះដៀល តែងទៅកើតក្នុងស្ថានសួគ៌។
ចប់ មហាវគ្គ ទី២។
ឧទ្ទាននៃមហាវគ្គនោះគឺ
និយាយអំពីតិត្ថាយតនៈ១ អំពីអមាតាបុត្តិកភ័យ ១ អំពីអ្នកស្រុកវេនាគបុរៈ ១ អំពីសរភបរិព្វាជក ១ អំពីអ្នកនិគមកេសបុត្ត ១ អំពីសាឡ្ហៈ ចៅរបស់មិគារសេដ្ឋី ១ អំពីកថាវត្ថុ ១ អំពីតិរ្ថិយទាំងឡាយ ១ អំពីអកុសលមូល និងកុសលមូល ១ អំពីឧបោសថៈ ១។
((៨) ៣. អានន្ទវគ្គោ)
(១. ឆន្នសុត្តំ)
[៧៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ឆន្នបរិព្វាជក ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលរាក់ទាក់ ជាមួយនឹងព្រះ អានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឆន្នបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏និយាយនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា នែអាវុសោអានន្ទ លោកបញ្ញត្តការលះបង់រាគៈ បញ្ញត្តការលះបង់ទោសៈ បញ្ញត្តការលះបង់មោហៈ។ ម្នាលអាវុសោ យើងសោត ក៏បញ្ញត្តការលះបង់រាគៈ បញ្ញត្តការលះបង់ទោសៈ បញ្ញត្តការលះបង់មោហៈដែរ។ ម្នាលអាវុសោ តែថាលោកឃើញទោស ក្នុងរាគៈដូចម្ដេច បានជាបញ្ញត្តការលះបង់រាគៈ ឃើញទោស ក្នុងមោហៈដូចម្ដេច បានជាបញ្ញត្តការលះបង់ទោសៈ ឃើញទោស ក្នុងមោហៈដូចម្ដេច បានជាបញ្ញត្តការលះបង់មោហៈ។ ម្នាលអាវុសោ បុគ្គលអ្នកត្រេកត្រអាល ត្រូវរាគៈគ្របសង្កត់ មានចិត្តត្រូវរាគៈរួបរឹត រមែងគិត ដើម្បីបៀតបៀនខ្លួនឯងខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនទាំងពីរខាងខ្លះ រមែងទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តខ្លះ កាលលះបង់រាគៈបានហើយ បុគ្គលរមែងមិនគិត ដើម្បីបៀតបៀនខ្លួនឯង មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង មិនទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលអាវុសោ បុគ្គលអ្នកត្រេកត្រអាល ត្រូវរាគៈគ្របសង្កត់ មានចិត្តត្រូវរាគៈរួបរឹត រមែងប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត កាលបើលះរាគៈបានហើយ បុគ្គលរមែងមិនប្រព្រឹត្តទុច្ចរិតដោយកាយ មិនប្រព្រឹតទុច្ចរិតដោយវាចា មិនប្រព្រឹត្តទុច្ចរិតដោយចិត្ត។ ម្នាលអាវុសោ បុគ្គលអ្នកត្រេកត្រអាល ត្រូវរាគៈគ្របសង្កត់ មានចិត្តត្រូវរាគៈរួបរឹត រមែងមិនដឹងច្បាស់ នូវប្រយោជន៍របស់ខ្លួន តាមពិតខ្លះ មិនដឹងច្បាស់នូវប្រយោជន៍ របស់បុគ្គលដទៃ តាមពិតខ្លះ មិនដឹងច្បាស់ នូវប្រយោជន៍ទាំងពីរខាង តាមពិតខ្លះ កាលបើលះបង់រាគៈបានហើយ បុគ្គលរមែងដឹងច្បាស់ នូវប្រយោជន៍របស់ខ្លួន តាមពិតផង ដឹងច្បាស់នូវប្រយោជន៍បុគ្គលដទៃ តាមពិតផង ដឹងច្បាស់នូវប្រយោជន៍ទាំងពីរខាង តាមពិតផង។ ម្នាលអាវុសោ រាគៈជាគ្រឿងធ្វើឲ្យងងឹត ធ្វើឲ្យដូចជាគ្មានចក្ខុ ធ្វើឲ្យគ្មានញាណ ឲ្យរលត់បញ្ញា ជាប៉ែកខាងសេចក្ដីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ។ ម្នាលអាវុសោ បុគ្គលអ្នកប្រទូស្ត។ បេ។ ម្នាលអាវុសោ បុគ្គលអ្នកវង្វេង ត្រូវសេចក្ដីវង្វេងគ្របសង្កត់ មានចិត្តត្រូវសេចក្ដីវង្វេងរួបរឹត រមែងគិតដើម្បីបៀតបៀនខ្លួនខ្លះ គិតដើម្បីបៀតបៀនអ្នកដទៃខ្លះ គិតដើម្បីបៀតបៀនទាំងពីរខាងខ្លះ តែងទទួលទុក្ខទោមនស្សប្រព្រឹត្តទៅក្នុងចិត្តខ្លះ កាលបើលះមោហៈបានហើយ បុគ្គលរមែងមិនគិត ដើម្បីបៀតបៀនខ្លួន មិនគិតដើម្បីបៀតបៀនអ្នកដទៃ មិនគិតដើម្បីបៀតបៀនទាំងពីរខាង មិនទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្ត។ ម្នាលអាវុសោ បុគ្គលអ្នកវង្វេង ត្រូវមោហៈគ្របសង្កត់ មានចិត្តត្រូវមោហៈរួបរឹត រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត កាលបើលះបង់មោហៈបានហើយ បុគ្គលរមែងមិនប្រព្រឹត្តទុច្ចរិតដោយកាយ មិនប្រព្រឹត្តទុច្ចរិតដោយវាចា មិនប្រព្រឹត្តទុច្ចរិតដោយចិត្ត។ ម្នាលអាវុសោ បុគ្គលអ្នកវង្វេង ត្រូវមោហៈគ្របសង្កត់ មានចិត្តត្រូវមោហៈរួបរឹត រមែងមិនដឹងច្បាស់ នូវប្រយោជន៍ខ្លួន តាមពិតខ្លះ មិនដឹងច្បាស់ នូវប្រយោជន៍អ្នកដទៃ តាមពិតខ្លះ មិនដឹងច្បាស់ នូវប្រយោជន៍ទាំងពីរខាង តាមពិតខ្លះ កាលបើលះមោហៈបានហើយ បុគ្គលរមែងដឹងច្បាស់ នូវប្រយោជន៍ខ្លួន តាមពិតផង ដឹងច្បាស់នូវប្រយោជន៍អ្នកដទៃ តាមពិតផង ដឹងច្បាស់នូវប្រយោជន៍ទាំងពីរខាង តាមពិតផង។ ម្នាលអាវុសោ មោហៈជាគ្រឿងធ្វើឲ្យងងឹត ធ្វើឲ្យដូចជាគ្មានចក្ខុ ធ្វើឲ្យគ្មានញាណ ឲ្យរលត់បញ្ញា ជាប៉ែកខាងសេចក្ដីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ។ ម្នាលអាវុសោ យើងឃើញទោស ក្នុងរាគៈនេះឯងហើយ ទើបបញ្ញត្ត នូវការលះបង់រាគៈ ឃើញទោស ក្នុងទោសៈនេះហើយ ទើបបញ្ញត្តនូវការលះទោសៈ ឃើញទោស ក្នុងមោហៈនេះហើយ ទើបបញ្ញត្ត នូវការលះមោហៈ។ ម្នាលអាវុសោ ចុះផ្លូវប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ មោហៈ នុ៎ះ មានដែរឬទេ។ ម្នាលអាវុសោ ផ្លូវប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ មោហៈ នុ៎ះមាន។ ម្នាលអាវុសោ ចុះផ្លូវប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ មោហៈ នុ៎ះ តើដូចម្ដេច។ ផ្លូវប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង គឺ សេចក្ដីឃើញត្រូវ ១ សេចក្ដីត្រិះរិះត្រូវ ១ វាចាត្រូវ ១ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរលឹកត្រូវ ១ ការដំកល់ចិត្តមាំត្រូវ ១។ ម្នាលអាវុសោ នេះឯង ជាផ្លូវប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ មោហៈ នុ៎ះ។ ម្នាលអាវុសោ ផ្លូវប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ មោហៈនុ៎ះ ជាផ្លូវប្រសើរល្អហើយ។ ម្នាលអាវុសោអានន្ទ ហេតុនោះ គួរតែកុំធ្វេសប្រហែសឡើយ។
(២. អាជីវកសុត្តំ)
[៧៤] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះ គហបតី ជាសាវករបស់អាជីវកម្នាក់ ចូលទៅរកព្រះអានន្ទ ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះគហបតី ជាសាវកអាជីវកនោះ អង្គុយក្នុងទីសមគួរហើយ សួរព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រអានន្ទដ៏ចំរើន (យើងទាំងពីរនាក់) អ្នកណាសំដែងធម៌ត្រូវ ពួកអ្នកណា ឈ្មោះថា ប្រតិបត្តិត្រូវ ក្នុងលោក ពួកអ្នកណា ឈ្មោះថា ដើរត្រូវក្នុងលោក។ ម្នាលគហបតី បើដូច្នោះ អាត្មានឹងត្រឡប់សួរទៅអ្នក ក្នុងហេតុនុ៎ះវិញ បើហេតុនោះ គួរដល់អ្នកយ៉ាងណា ត្រូវអ្នកដោះស្រាយហេតុនោះ យ៉ាងនោះចុះ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ដូចម្ដេច ពួកបុគ្គលណា សំដែងធម៌ ដើម្បីលះរាគៈ សំដែងធម៌ដើម្បីលះទោសៈ សំដែងធម៌ដើម្បីលះមោហៈ អ្នកទាំងនោះឈ្មោះថា សំដែងធម៌ត្រូវឬទេ ឬថាអ្នកមានសេចក្ដីយល់ដូចម្ដេច ក្នុងដំណើរនុ៎ះ។ បពិត្រអានន្ទដ៏ចំរើន ពួកបុគ្គលណា សំដែងធម៌ដើម្បីលះរាគៈ សំដែងធម៌ដើម្បីលះទោសៈ សំដែងធម៌ដើម្បីលះមោហៈ បុគ្គលទាំងនោះ ឈ្មោះថាសំដែងធម៌ត្រូវហើយ ខ្ញុំមានសេចក្ដីយល់ ក្នុងដំណើរនុ៎ះ យ៉ាងនេះដែរ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ដូចម្ដេច ពួកបុគ្គលណា ប្រតិបត្តិដើម្បីលះរាគៈ ប្រតិបត្តិដើម្បីលះទោសៈ ប្រតិបត្តិដើម្បីលះមោហៈ ពួកបុគ្គលនោះ ឈ្មោះថា ប្រតិបត្តិត្រូវក្នុងលោកឬទេ ឬថាអ្នកមានសេចក្ដីយល់ ក្នុងដំណើរនុ៎ះ ដូចម្ដេច។ បពិត្រអានន្ទដ៏ចំរើន ពួកបុគ្គលណា ប្រតិបត្តិដើម្បីលះរាគៈ ប្រតិបត្តិដើម្បីលះទោសៈ ប្រតិបត្តិដើម្បីលះមោហៈ ពួកបុគ្គលនោះ ឈ្មោះថា ប្រតិបត្តិត្រូវក្នុងលោក ខ្ញុំមានសេចក្ដីយល់យ៉ាងនេះ ក្នុងដំណើរនុ៎ះ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ដូចម្ដេច ពួកបុគ្គលណា បានលះរាគៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យកើតឡើងតទៅទៀតជាធម្មតា ពួកបុគ្គលណា លះទោសៈហើយ។ បេ។ ពួកបុគ្គលណា លះមោហៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា ពួកបុគ្គលនោះ ឈ្មោះថា ដើរត្រូវហើយ ក្នុងលោកឬទេ ឬក៏អ្នកមានសេចក្ដីយល់ ដូចម្ដេច ក្នុងដំណើរនុ៎ះ។ បពិត្រលោកដ៏ចំរើន ពួកបុគ្គលណា លះរាគៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា ពួកបុគ្គលណា លះទោសៈ ហើយ។ បេ។ ពួកបុគ្គលណាលះមោហៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យកើតឡើងតទៅទៀត ជាធម្មតា ពួកបុគ្គលនោះឈ្មោះថា ដើរត្រូវ ក្នុងលោកហើយ ខ្ញុំមានសេចក្ដីយល់យ៉ាងនេះ ក្នុងដំណើរនុ៎ះ។ ម្នាលគហបតី អ្នកបានដោះស្រាយហើយ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ពួកបុគ្គលណា សំដែងធម៌ ដើម្បីលះរាគៈ សំដែងធម៌ដើម្បីលះទោសៈ សំដែងធម៌ដើម្បីលះមោហៈ បុគ្គលនោះ ឈ្មោះថាសំដែងត្រូវហើយ។ អ្នកបានដោះស្រាយហើយ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ពួកបុគ្គលណា បានប្រតិបត្តិដើម្បីលះរាគៈ ប្រតិបត្តិដើម្បីលះទោសៈ ប្រតិបត្តិដើម្បីលះមោហៈ បុគ្គលទាំងនោះឈ្មោះថា ប្រតិបត្តិត្រូវក្នុងលោក។ អ្នកបានដោះស្រាយហើយ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ពួកបុគ្គលណា បានលះរាគៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត ជាធម្មតា ពួកបុគ្គលណា បានលះទោសៈហើយ។ បេ។ ពួកបុគ្គលណា បានលះមោហៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស មិនឲ្យកើតតទៅទៀត ជាធម្មតា ពួកបុគ្គលនោះ ឈ្មោះថា ដើរត្រូវក្នុងលោក។ បពិត្រលោកដ៏ចំរើន អស្ចារ្យណាស់ បពិត្រលោកដ៏ចំរើន ចំឡែកណាស់ ឈ្មោះថា មិនមានការលើកដំកើងតែធម៌ខ្លួនផង មិនមានការបន្ដុះបង្អាប់ធម៌បុគ្គលដទៃផង សំដែងធម៌ត្រង់ តាមតែហេតុ និយាយចំពោះតែសេចក្ដី ទាំងមិនទាញមករកតែប៉ែកខាងខ្លួនផង។ បពិត្រអានន្ទដ៏ចំរើន លោក (ហ្នឹងហើយ) សំដែងធម៌ដើម្បីលះរាគៈ សំដែងធម៌ដើម្បីលះទោសៈ សំដែងធម៌ដើម្បីលះមោហៈ លោកសំដែងធម៌ត្រូវហើយ បពិត្រអានន្ទដ៏ចំរើន លោកប្រតិបត្តិដើម្បីលះរាគៈ ប្រតិបត្តិដើម្បីលះទោសៈ ប្រតិបត្តិដើម្បីលះមោហៈ ប្រតិបត្តិត្រូវហើយ ក្នុងលោក បពិត្រអានន្ទដ៏ចំរើន លោកបានលះរាគៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត ជាធម្មតា លោកបានលះទោសៈហើយ។បេ។ លោកបានលះមោហៈហើយ បានរំលើងឫសគល់ចោលហើយ ធ្វើមិនឲ្យដុះទៀតបាន ដូចជាត្នោតកំបុតក ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត ជាធម្មតា លោកឈ្មោះថា ដើរត្រូវក្នុងលោក។ បពិត្រលោកដ៏ចំរើន ពីរោះណាស់ បពិត្រលោកដ៏ចំរើន ពីរោះណាស់។ បពិត្រលោកដ៏ចំរើន ដូចគេផ្ងារ របស់ដែលផ្កាប់ ឬបើកបង្ហាញ របស់ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់មនុស្សអ្នកវង្វេង ពុំនោះសោត ដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែក រមែងមើលឃើញរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលលោកម្ចាស់អានន្ទ បានសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ ក៏យ៉ាងនោះដែរ។ បពិត្រអានន្ទដ៏ចំរើន ខ្ញុំនោះ ដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរលឹក សូមលោកម្ចាស់អានន្ទ ចាំទុកនូវខ្ញុំព្រះករុណា ជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះតទៅ។
(៣. មហានាមសក្កសុត្តំ)
[៧៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលព័ស្ដុ ក្នុងដែនសក្កៈ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បើយអំពីជម្ងឺ ទើបតែនឹងស្បើយអំពីជម្ងឺ មិនទាន់យូរប៉ុន្មាន។ គ្រានោះ មហានាមសក្កៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះមហានាមសក្កៈ គង់ក្នុងទីសមគួរហើយ ក៏ក្រាបថ្វាយបង្គំ ទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ដឹងច្បាស់នូវធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងអស់កាលជាយូរហើយ យ៉ាងនេះថា ញាណមានដល់បុគ្គល ដែលមានចិត្តដំកល់ខ្ជាប់ មិនមានដល់បុគ្គល ដែលមានចិត្តមិនដំកល់ខ្ជាប់ទេ។ បពិត្រព្រះអង្គដ៏ចំរើន សមាធិ កើតមុន ញាណកើតក្រោយ ឬក៏ញាណកើតមុន សមាធិកើតក្រោយ។ លំដាប់ នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដីត្រិះរិះ ដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់ស្បើយអំពីជម្ងឺ ទើបតែនឹងស្បើយអំពីជម្ងឺ មិនទាន់យូរប៉ុន្មាន ស្រាប់តែមហានាមសក្កៈនេះ សួរប្រស្នា ដ៏ជ្រៅក្រៃពេក ចំពោះព្រះដ៏មានព្រះភាគ បើដូច្នោះ គួរតែអាត្មាអញ នាំមហានាមសក្កៈ ទៅក្នុងទីសមគួរ ហើយសំដែងធម៌។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ក៏ចាប់ព្រះពាហា នៃមហានាមសក្កៈ នាំទៅក្នុងទីសមគួរ ហើយនិយាយនឹងមហានាមសក្កៈ ដូច្នេះថា បពិត្រព្រះមហានាម សេក្ខសីល ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ អសេក្ខសីល ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ សេក្ខសមាធិ ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ អសេក្ខសមាធិ ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ សេក្ខប្បញ្ញា ក៏ព្រះដ៏មានព្រះ ភាគ ទ្រង់សំដែងហើយ អសេក្ខប្បញ្ញា ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដែរ។ បពិត្រមហានាម ចុះសេក្ខសីល តើដូចម្ដេច។ បពិត្រមហានាម ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។ បេ។ សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។ បពិត្រមហានាម នេះហៅថា សេក្ខសីល។ បពិត្រមហានាម ចុះសេក្ខសមាធិ តើដូចម្ដេច។ បពិត្រមហានាម ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ។ បពិត្រមហានាម នេះហៅថា សេក្ខសមាធិ។ បពិត្រមហានាម ចុះសេក្ខប្បញ្ញា តើដូចម្ដេច។ បពិត្រមហានាម ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។ បេ។ ដឹងច្បាស់តាមពិត ថា នេះជាបដិបទា ដំណើរទៅកាន់ទីរំលត់ទុក្ខ។ បពិត្រមហានាម នេះហៅថា សេក្ខប្បញ្ញា។ បពិត្រមហានាម អរិយសាវកនោះ អ្នកបរិបូណ៌ដោយសីលយ៉ាងនេះ បរិបូណ៌ដោយសមាធិយ៉ាងនេះ បរិបូណ៌ដោយបញ្ញាយ៉ាងនេះ រមែងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈ ទាំងឡាយ ដោយប្រាជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ បពិត្រមហានាម សេក្ខសីល ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ អសេក្ខសីល ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ សេក្ខសមាធិ ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ អសេក្ខសមាធិ ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ សេក្ខប្បញ្ញា ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ អសេក្ខប្បញ្ញា ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ យ៉ាងនេះឯង។
(៤. និគណ្ឋសុត្តំ)
[៧៦] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវន ជិតក្រុងវេសាលី។ គ្រានោះ ស្ដេចលិច្ឆវិ នាមអភ័យ និងស្ដេចលិច្ឆវិ នាមបណ្ឌិតកុមារកៈ ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយគង់ក្នុងទីសមគួរ។ លុះស្ដេចលិច្ឆវិ នាមអភ័យ អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រអានន្ទដ៏ចំរើន និគណ្ឋនាដបុត្រ ជាសព្វញ្ញូ ឃើញសព្វ តែងប្ដេជ្ញានូវញាណទស្សនៈ (សព្វញ្ញុតញ្ញាណ) មិនមានសេសសល់ថា អាត្មាអញ ទោះដើរក្ដី ឈរក្ដី ដេកលក់ក្ដី ភ្ញាក់ឡើងក្ដី ញាណទស្សនៈតាំងឡើង ឥតចន្លោះរាល់ពេល។ និគណ្ឋនាដបុត្រនោះ តែងបញ្ញត្តនូវកិច្ច ធ្វើឲ្យអស់ទៅ នៃកម្មចាស់ទាំងឡាយ ដោយតបធម៌ បញ្ញត្តនូវការសំឡាប់បច្ច័យ ព្រោះមិនធ្វើកម្មថ្មីទាំងឡាយ ការអស់ទុក្ខ ព្រោះអស់កម្ម ការអស់វេទនា ព្រោះអស់ទុក្ខ ទុក្ខទាំងពួង នឹងសាបរលាបទៅ ព្រោះអស់វេទនា ដោយប្រការដូច្នេះឯង ការកន្លងនូវ (វដ្ដទុក្ខ) ដោយវិសុទ្ធិ ដែលត្រូវឃើញចំពោះខ្លួន ជាគ្រឿងធ្វើឲ្យកិលេសសាបរលាបនុ៎ះ យ៉ាងនេះ។ បពិត្រអានន្ទដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ទ្រង់សំដែងដូចម្ដេច ក្នុងសាសនានេះ។ ម្នាលអភ័យ និជ្ជរាវិសុទ្ធិ (វិសុទ្ធិ ជាគ្រឿងធ្វើកិលេសឲ្យសាបរលាប) ទាំង៣នេះ ដែលព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ ដើម្បីសេចក្ដីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លង នូវសោក និងខ្សឹកខ្សួលទាំងឡាយ ដើម្បីរលត់ទៅ នៃទុក្ខ និងទោមនស្សទាំងឡាយ ដើម្បីត្រាស់ដឹង នូវមគ្គដែលប្រកបដោយវិបស្សនា ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ និជ្ជរាវិសុទ្ធិ ទាំង៣ តើដូចម្ដេច។ ម្នាលអភ័យ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។ បេ។ សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ភិក្ខុនោះ មិនធ្វើកម្មថ្មីផង26) បានពាល់ត្រូវរឿយៗ នូវកម្មចាស់27) ហើយ ធ្វើឲ្យអស់ទៅផង ព្រោះវិសុទ្ធិ ជាធម្មជាតិ ដែលបុគ្គលគប្បីឃើញ ដោយខ្លួនឯង ជាគ្រឿងធ្វើកិលេស ឲ្យសាបរលាប ឲ្យនូវផលមិនរង់ចាំកាល គួរដើម្បីបង្ហាញឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួនបាន ជាធម្មជាតិ ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ ចំពោះខ្លួន។ ម្នាលអភ័យ ភិក្ខុនោះ បរិបូណ៌ដោយសីល យ៉ាងនេះ ក៏ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ។ ភិក្ខុនោះ មិនធ្វើកម្មថ្មីផង ពាល់ត្រូវរឿយៗ នូវកម្មចាស់ហើយ ធ្វើឲ្យអស់ទៅផង ព្រោះវិសុទ្ធិ ជាធម្មជាតិ ដែលបុគ្គលគប្បីឃើញ ដោយខ្លួនឯង ជាគ្រឿងធ្វើកិលេស ឲ្យសាបរលាប ឲ្យនូវផលមិនរង់ចាំកាល គួរដើម្បីបង្ហាញ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួនបាន ជាធម្មជាតិ ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ ចំពោះខ្លួន។ ម្នាលអភ័យ ភិក្ខុនោះ បរិបូណ៌ដោយសីលយ៉ាងនេះ បរិបូណ៌ដោយសមាធិយ៉ាងនេះ រមែងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ភិក្ខុនោះ មិនធ្វើកម្មថ្មីផង ពាល់ត្រូវរឿយ ៗ នូវកម្មចាស់ហើយ ធ្វើឲ្យអស់ទៅផង ព្រោះវិសុទ្ធិ ជាធម្មជាតិដែលបុគ្គលគប្បីឃើញ ដោយខ្លួនឯង ជាគ្រឿងធ្វើកិលេស ឲ្យសាបរលាប ឲ្យនូវផល មិនរង់ចាំកាល គួរដើម្បីបង្ហាញ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួនបាន ជាធម្មជាតិ ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ ចំពោះខ្លួន។ ម្នាលអភ័យ នេះឯង និជ្ជរាវិសុទ្ធិ ទាំង៣ ដែលព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានសំដែងហើយ ដោយប្រពៃ ដើម្បីសេចក្ដីស្អាត របស់សត្វទាំងឡាយ ដើម្បីកន្លងនូវសោក និងខ្សឹកខ្សួលទាំងឡាយ ដើម្បីរលត់ទុក្ខ និងទោមនស្សទាំងឡាយ ដើម្បីត្រាស់ដឹង នូវមគ្គប្រកបដោយវិបស្សនា ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ កាលបើព្រះអានន្ទ ដ៏មានអាយុ សំដែងយ៉ាងនេះហើយ ស្ដេចលិច្ឆវិ នាមបណ្ឌិតកុមារកៈ ក៏និយាយនឹងស្ដេចលិច្ឆវិ នាមអភ័យ ដូច្នេះថា នែអភ័យ ជាសំឡាញ់ ចុះហេតុអ្វី បានជាអ្នកមិនអនុមោទនាសុភាសិត របស់ព្រះអានន្ទដ៏មានអាយុ ដោយសុភាសិត។ នែសំឡាញ់ ថ្វីក៏ខ្ញុំមិនអនុមោទនាសុភាសិត របស់ព្រះអានន្ទដ៏មានអាយុ ដោយសុភាសិត។ អ្នកណាមិនអនុមោទនា នូវសុភាសិតរបស់ព្រះអនន្ទដ៏មានអាយុ ដោយសុភាសិតទេ ក្បាលរបស់អ្នកនោះ មុខជាធ្លាក់ចុះមិនខាន។
(៥. និវេសកសុត្តំ)
[៧៧] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលអានន្ទ អ្នកទាំងឡាយ គប្បីអនុគ្រោះអ្នកណា ឬថា ពួកជនណា ដែលជាមិត្រក្ដី អាមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី គប្បីសំគាល់នូវពាក្យ ដែលត្រូវស្ដាប់ ម្នាលអានន្ទ ជនទាំងនោះ អ្នកទាំងឡាយ គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ ក្នុងឋានៈ ៣ យ៉ាង។ ឋានៈ៣ យ៉ាងនេះ តើដូចម្ដេច។ គឺគួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ ក្នុងសេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថី ទូន្មាននូវបុរស ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល នូវត្រៃភព លែងវិលត្រឡប់មកកើតទៀត ១ គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ ក្នុងសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះធម៌ថា ធម៌ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ជាធម៌ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង ឲ្យនូវផល មិនរង់ចាំកាល គួរនឹង ហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន គួរបង្អោនចូលមកទុកក្នុងខ្លួន អ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ ចំពោះខ្លួន ១ គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ ក្នុងសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះ ភាគ ប្រតិបត្តិដោយប្រពៃ ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយត្រង់ ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីត្រាស់ដឹង នូវព្រះនិព្វាន ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិគួរដល់សាមីចិកម្ម ព្រះសង្ឃជាសាវក នៃព្រះដ៏មានព្រះភាគនុ៎ះ រាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀងជាបុរសបុគ្គល មាន៨ពួក លោកគួរទទួល នូវរបស់ដែលគេរៀបទទួលភ្ញៀវ គួរទទួលនូវរបស់ ដែលគេនាំមកបូជា គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្ត របស់សត្វលោក ដ៏ប្រសើរបំផុត។ ម្នាលអានន្ទ សេចក្ដីប្រែប្រួល មានចំពោះតែមហាភូតរូប ៤ គឺបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ ឯសេចក្ដីប្រែប្រួល របស់អរិយសាវក ដែលប្រកបដោយសេចក្ដីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ មិនមានសោះឡើយ។ នេះជាសេចក្ដីប្រែប្រួល ក្នុងហេតុនោះ។ ម្នាលអានន្ទ ពាក្យថា អរិយសាវកនោះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធហើយ មុខជានឹងទៅកើតក្នុងនរកក្ដី កំណើតតិរច្ឆានក្ដី ប្រេតវិស័យក្ដី ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ សេចក្ដីប្រែប្រួល មានចំពោះតែមហាភូតរូប ៤ គឺបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ ឯសេចក្ដីប្រែប្រួល។ បេ។ ក្នុងព្រះធម៌ មិនគប្បីមានឡើយ សេចក្ដីប្រែប្រួល មិនមានដល់អរិយសាវក ដែលប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃសោះទេ។ នេះជាសេចក្ដីប្រែប្រួល ក្នុងហេតុនោះ។ ម្នាលអានន្ទ ពាក្យថា អរិយសាវក ដែលប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃនោះ មុខជានឹងទៅកើតក្នុងនរកក្ដី កំណើតតិរច្ឆានក្ដី ប្រេតវិស័យក្ដី ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ អ្នកទាំងឡាយ គប្បីអនុគ្រោះអ្នកណា ឬថា អ្នកណាជាមិត្រក្ដី អាមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី គប្បីសំគាល់នូវពាក្យ ដែលត្រូវស្ដាប់ ម្នាលអានន្ទ ជនទាំងនោះ អ្នកទាំងឡាយ គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ ក្នុងឋានៈ ៣យ៉ាងនេះ។
(៦. បឋមភវសុត្តំ)
[៧៨] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់សំដែងថា ភព ភព ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា ភព តើដោយហេតុដូចម្ដេច។ ម្នាលអានន្ទ បើកម្មដែលឲ្យផល (សម្រេច) ក្នុងកាមធាតុ មិនមានហើយ កាមភព គប្បីមានប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណជាពូជ តណ្ហាជាទឹក វិញ្ញាណរបស់ពួកសត្វ ដែលមានអវិជ្ជា ជាទំនប់ មានតណ្ហាជាគ្រឿងព័ន្ធព័ទ្ធ ដំកល់នៅស៊ប់ហើយ ក្នុងធាតុដ៏ថោកទាប គឺកាមធាតុ ការកើតចំពោះក្នុងភពថ្មីតទៅទៀត រមែងមានយ៉ាងនេះ។ ម្នាលអានន្ទ បើកម្មដែលឲ្យផល ក្នុងរូបធាតុ មិនមានហើយ រូបភព គប្បីមានប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណជាពូជ តណ្ហាជាទឹក អភិសង្ខារវិញ្ញាណ របស់ពួកសត្វ ដែលមានអវិជ្ជាជាទំនប់ មានតណ្ហាជាគ្រឿងព័ន្ធព័ទ្ធ រមែងដំកល់នៅស៊ប់ ក្នុងធាតុជាន់កណ្ដាល គឺរូបធាតុ ការកើតចំពោះក្នុងភពថ្មីតទៅទៀត រមែងមានយ៉ាងនេះ។ ម្នាលអានន្ទ បើកម្ម ដែលឲ្យផល ក្នុងអរូបធាតុ មិនមានហើយ អរូបភព គប្បីមានប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណ ជាពូជ តណ្ហាជាទឹក ទើបអភិសង្ខារវិញ្ញាណ របស់ពួកសត្វ ដែលមានអវិជ្ជា ជាទំនប់ មានតណ្ហា ជាគ្រឿងព័ន្ធព័ទ្ធ រមែងដំកល់នៅ ក្នុងធាតុជាន់ខ្ពស់ គឺអរូបធាតុ ការកើតចំពោះក្នុងភពថ្មីតទៅទៀត រមែងមានយ៉ាងនេះ។ ម្នាលអានន្ទ ភព រមែងមាន យ៉ាងនេះឯង។
(៧. ទុតិយភវសុត្តំ)
[៧៩] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ភព ភព ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា ភព តើដោយហេតុដូចម្ដេច។ ម្នាលអានន្ទ បើកម្មដែលឲ្យផល ក្នុងកាមធាតុ មិនមានហើយ កាមភពគប្បីមានប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណជាពូជ តណ្ហាជាទឹក ចេតនា និងសេចក្ដីប្រាថ្នា របស់ពួកសត្វ ដែលមានអវិជ្ជាជាទំនប់ មានតណ្ហា ជាគ្រឿងព័ន្ធព័ទ្ធ រមែងដំកល់នៅស៊ប់ ក្នុងធាតុដ៏ថោកទាប គឺកាមធាតុ ការកើតចំពោះក្នុងភពថ្មីតទៅទៀត រមែងមាន យ៉ាងនេះ។ ម្នាលអានន្ទ បើកម្មដែលឲ្យផល ក្នុងរូបធាតុ មិនមានហើយ រូបភព គប្បីមានប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណជាពូជ តណ្ហាជាទឹក ចេតនា និងសេចក្ដីប្រាថ្នា របស់ពួកសត្វ ដែលមានអវិជ្ជាជាទំនប់ មានតណ្ហា ជាគ្រឿងព័ន្ធព័ទ្ធ រមែងដំកល់នៅស៊ប់ ក្នុងធាតុជាន់កណ្ដាល គឺរូបធាតុ ការកើតចំពោះក្នុងភពថ្មីតទៅទៀត រមែងមានយ៉ាងនេះ។ ម្នាលអានន្ទ បើកម្មដែលឲ្យផល ក្នុងអរូបធាតុ មិនមានហើយ អរូបភព គប្បីមានប្រាកដដែរឬទេ។ បពិត្រព្រះអង្គចំរើន ហេតុនុ៎ះ មិនមានទេ ម្នាលអានន្ទ ព្រោះហេតុថា កម្ម ជាស្រែ វិញ្ញាណ ជាពូជ តណ្ហា ជាទឹក ចេតនា និងសេចក្ដីប្រាថ្នា របស់ពួកសត្វ ដែលមានអវិជ្ជា ជាទំនប់ មានតណ្ហា ជាគ្រឿងព័ន្ធព័ទ្ធ រមែងដំកល់នៅស៊ប់ ក្នុងធាតុជាន់ខ្ពស់ គឺអរូធាតុ ការកើតចំពោះក្នុងភពថ្មីតទៅទៀត រមែងមានយ៉ាងនេះ ម្នាលអានន្ទ ភព រមែងមាន យ៉ាងនេះឯង។
(៨. សីលព្វតសុត្តំ)
[៨០] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលអានន្ទ សីល និងវ័ត ជីវិត28) ព្រហ្មចារ្យ និងការចំរើន ដោយយល់ថា មានខ្លឹម ទាំងអស់ សុទ្ធតែមានផលឬ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងសេចក្ដីនុ៎ះមិនគួរព្យាករ ដោយចំណែកតែម្យ៉ាងទេ។ ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកចែកសេចក្ដីទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលសេពនូវសីលវ័ត ជីវិត ព្រហ្មចារ្យ និងការចំរើន ដោយយល់ថា មានខ្លឹមណា អកុសលធម៌ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ វិនាសទៅ សីល វ័ត ជីវិត ព្រហ្មចារ្យ និងការបំរើ ដោយយល់ថា មានខ្លឹម មានសភាពយ៉ាងនេះ ឈ្មោះថា ឥតផលទេ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលសេពនូវសីលវ័ត ជីវិត ព្រហ្មចារ្យ និងការបំរើ ដោយយល់ថា មានខ្លឹមណា អកុសលធម៌ទាំងឡាយ វិនាសទៅ កុសលធម៌ទាំងឡាយ ចំរើនឡើង សីលវ័ត ជីវិត ព្រហ្មចារ្យ និងការបំរើ ដោយយល់ថា មានខ្លឹម មានសភាពយ៉ាងនេះ ទើបឈ្មោះថា មានផល។ លុះព្រះអានន្ទដ៏មានអាយុ ក្រាបទូលពាក្យនេះហើយ ព្រះសាស្ដា ក៏ទ្រង់គាប់ព្រះទ័យ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ដឹងថា ព្រះសាស្ដារបស់អាត្មាអញ គាប់ព្រះទ័យហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចហើយចេញទៅ។ កាលដែលព្រះអានន្ទដ៏មានអាយុ ចេញទៅ មិនយូរប៉ុន្មាន ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អានន្ទ ជាសេក្ខបុគ្គល ប៉ុន្ដែបុគ្គលដែលត្រឹមស្មើដោយបញ្ញា របស់អានន្ទនុ៎ះ មិនងាយនឹងរកបានទេ។
(៩. គន្ធជាតសុត្តំ)
[៨១] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្លិននៃគន្ធជាត ដែលផ្សាយទៅកាន់ទីបណ្ដោយខ្យល់បាន ទៅច្រាសខ្យល់មិនបាន នេះ មាន៣ យ៉ាង។ គន្ធជាត ៣យ៉ាង តើដូចម្ដេច។ គឺក្លិនឫស ១ ក្លិនខ្លឹម ១ ក្លិនផ្កា ១។ បពិត្រព្រះអង្គដ៏ចំរើន ក្លិនគន្ធជាត ទាំង៣ នេះឯង ផ្សាយទៅបានតែទីបណ្ដោយខ្យល់ ទៅច្រាសខ្យល់មិនបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ក្រែងមានក្លិនគន្ធជាតអ្វី ដែលផ្សាយទៅបណ្ដោយខ្យល់ក៏បាន ផ្សាយទៅច្រាសខ្យល់ក៏បាន ផ្សាយទៅទាំងបណ្ដោយខ្យល់ និងច្រាសខ្យល់ក៏បាន មានដែរឬទេ។ ម្នាលអានន្ទ ក្លិនគន្ធជាត ដែលផ្សាយទៅបណ្ដោយខ្យល់ក៏បាន ទៅច្រាសខ្យល់ក៏បាន ទៅបណ្ដោយខ្យល់ និងច្រាសខ្យល់ក៏បាន មានដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះគន្ធជាត ដែលផ្សាយទៅបណ្ដោយខ្យល់ក៏បាន ច្រាសខ្យល់ក៏បាន ទាំងបណ្ដោយខ្យល់ និងច្រាសខ្យល់ក៏បាន តើដូចម្ដេច។ ម្នាលអានន្ទ ក្នុងលោកនេះ ស្រ្តីក្ដី បុរសក្ដី ក្នុងស្រុក ឬនិគមណា បានដល់ព្រះពុទ្ធ ជាទីរលឹក បានដល់ព្រះធម៌ ជាទីរលឹក បានដល់ព្រះសង្ឃ ជាទីរលឹក វៀរចាកការសំឡាប់សត្វ វៀរចាកការលួចលាក់យកវត្ថុ ដែលគេមិនបានឲ្យ វៀរចាកការប្រព្រឹត្តិខុសក្នុងកាម វៀរចាកការនិយាយកុហក វៀរចាកហេតុជាទីតាំង នៃសេចក្ដីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេវ័យ ជាអ្នកមានសីល មានធម៌ល្អ មានចិត្តប្រាសចាកសេចក្ដីកំណាញ់ជាមន្ទិល នៅគ្រប់គ្រងផ្ទះ ជាអ្នកមានទានបរិច្ចាគហើយ មានដៃលាងស្អាតហើយ ជាអ្នកត្រេកអរ ក្នុងការលះ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករលែក សមណព្រាហ្មណ៍ ក្នុងទិសទាំងឡាយ រមែងសរសើរបុគ្គលនោះថា ស្រ្ដីក្ដី បុរសក្ដី ក្នុងស្រុក ឬនិគមឈ្មោះឯណោះ ដល់ព្រះពុទ្ធ ជាទីរលឹក ដល់ព្រះធម៌ ជាទីរលឹក ដល់ព្រះសង្ឃ ជាទីរលឹក វៀរចាកការសម្លាប់សត្វ វៀរចាកការលួចយកវត្ថុ ដែលគេមិនបានឲ្យ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ វៀរចាកការនិយាយកុហក វៀរចាកហេតុ ជាទីតាំងនៃសេចក្ដីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាអ្នកមានសីល មានធម៌ល្អ មានចិត្តប្រាសចាកសេចក្ដីកំណាញ់ជាមន្ទិល នៅគ្រប់គ្រងផ្ទះ មានទានបរិច្ចាគហើយ មានដៃលាងស្អាតហើយ ជាអ្នកត្រេកអរក្នុងការលះ គួរគេសូមបាន ត្រេកអរក្នុងការចែករលែកទាន។ សូម្បីពួកទេវតា ក៏តែងសរសើរបុគ្គលនោះថា ស្រ្តីក្ដី បុរសក្ដី ក្នុងស្រុក ឬនិគមឈ្មោះឯណោះ ជាអ្នកដល់ព្រះពុទ្ធ ជាទីរលឹក។ បេ។ គួរគេសូមបាន ត្រេកអរក្នុងការចែករលែកទាន។ ម្នាលអានន្ទ ក្លិននៃគន្ធជាតនេះឯង ទើបផ្សាយទៅបណ្ដោយខ្យល់ក៏បាន ច្រាសខ្យល់ក៏បាន ទាំងបណ្ដោយខ្យល់ ទាំងច្រាសខ្យល់ក៏បាន។
ក្លិនផ្កាផ្សាយទៅច្រាសខ្យល់ មិនបានទេ ទោះ (ក្លិន) ខ្លឹមចន្ទន៍ ក្រឹស្នា និងម្លិះលា ក៏ផ្សាយទៅច្រាសខ្យល់មិនបានដែរ មានតែក្លិនរបស់សប្បុរសទាំងឡាយ ទើបផ្សាយទៅច្រាសខ្យល់បាន សប្បុរស រមែងផ្សព្វផ្សាយទៅកាន់ទិសទាំងពួង។
(១០. ចូឡនិកាសុត្តំ)
[៨២] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្ដាប់ចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគ យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ អភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក បានញុំាងលោកធាតុ ទាំង១០០០ ឲ្យដឹងច្បាស់ ដោយសំឡេងបាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ ដោយសំឡេងបាន ម្នាលអានន្ទអភិភូនោះ ជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាព ប្រមាណមិនបាន ទេ។ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ជាគំរប់២ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្ដាប់ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគ យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ អភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក ញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ ដោយសំឡេងបាន បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ ដោយសំឡេងបាន។ ម្នាលអានន្ទ អភិភូនោះ ជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាព ប្រមាណមិនបានទេ។ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ជាគំរប់៣ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្ដាប់ចំពោះព្រះភក្រ្តព្រះមានព្រះភាគ បានទទួលចំពោះព្រះភក្រ្តព្រះមានព្រះភាគ យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ អភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក ញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ ដោយសំឡេងបាន បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណា ឲ្យដឹងច្បាស់ ដោយសំឡេងបាន។ ម្នាលអានន្ទ លោកធាតុតូច១០០០ អ្នកបានស្ដាប់ហើយ។ បពិត្រព្រះដ៏មានព្រះភាគ ជាកាលគួរនឹងសំដែងរឿងនុ៎ះហើយ។ បពិត្រព្រះសុគត ជាកាលគួរនឹងសំដែងរឿងនុ៎ះហើយ ព្រោះថាព្រះដ៏មានព្រះភាគ សំដែងធម៌ណា ភិក្ខុទាំងឡាយ បានស្ដាប់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុកនូវធម៌នោះ។ ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្ដាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែងប្រាប់។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ព្រះចន្រ្ទ និងព្រះអាទិត្យ ដ៏រុងរឿង គោចរទៅ បំភ្លឺទិសទាំង ឡាយ បានត្រឹមណា ត្រឹមណោះ ជាលោកមួយ (ត្រូវកំណត់យកលោកនោះ)១០០០ ក្នុងលោកដែលកំណត់ ១០០០ដងនោះ មានព្រះចន្រ្ទ ១០០០ព្រះអាទិត្យ ១០០០ សេ្ដចភ្នំសិនេរុ ១០០០ ជម្ពូទ្វីប ១០០០ អបរគោយានទ្វីប ១០០០ឧត្ដរកុរុទ្វីប ១០០០ បុព្វវិទេហទ្វីប ១០០០ មហាសមុទ្រ ៤០០០ មហារាជ (លោកបាល) ៤០០០ ស្ថានចាតុម្មហារាជិកៈ ១០០០ ស្ថានតាវត្តិង្ស ១០០០ស្ថានយាមៈ ១០០០ ស្ថានតុសិត ១០០០ ស្ថាននិម្មានរតី ១០០០ ស្ថានបរនិម្មិតវសវត្តី ១០០០ ព្រហ្មលោក ១០០០។ ម្នាលអានន្ទ នេះហៅថា សហស្សីចូឡនិកាលោកធាតុ29) (លោកធាតុតូច)។ ម្នាលអានន្ទ សហស្សីចូឡនិកាលោកធាតុកំណត់ត្រឹមណា ត្រឹមណោះ ទុកជាលោកមួយ (លោកនោះកំណត់) ១០០០ដង ម្នាលអានន្ទ នេះហៅថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុ។30) ម្នាលអានន្ទ ទ្វិសហស្សីមជ្ឈិមិកាលោកធាតុត្រឹមណា ត្រឹមណោះ ជាលោកមួយ (លោកនោះកំណត់) ១០០០ដង ម្នាលអានន្ទ នេះហៅថា តិសហស្សីមហាសហស្សីលោកធាតុ។31) ម្នាលអានន្ទ កាលបើតថាគតប្រាថ្នា គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ ដោយសំឡេងបានឬថា គប្បីប្រាថ្នាដល់ត្រឹមណាក៏បាន32) ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ ដោយសំឡេងបាន ឬថា គប្បីប្រាថ្នាដល់ត្រឹមណាក៏បាន តើដូចម្ដេច។ ម្នាលអានន្ទ ក្នុងលោកនេះ តថាគត ផ្សាយរស្មីទៅកាន់តិសហស្សីមហាសហស្សីលោកធាតុ កាលណា ពួកសត្វទាំងនោះ ស្គាល់ច្បាស់នូវពន្លឺនោះបាន ក្នុងកាលនោះ តថាគតគប្បីធ្វើនូវសំឡេងឲ្យគឹកកង ញុំាងសំឡេងឲ្យលាន់ឮ ម្នាលអានន្ទ តថាគត គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ ដោយសំឡេងបាន ឬថា គប្បីប្រាថ្នាដល់ណា ក៏បានយ៉ាងនេះឯង។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូល យ៉ាងនេះថា ឱ ជាលាភរបស់ខ្ញុំព្រះអង្គហើយ ខ្ញុំព្រះអង្គ ឈ្មោះថា បានល្អហើយ ព្រោះថា ព្រះសាស្ដារបស់ខ្ញុំព្រះអង្គ មានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ។ កាលបើព្រះអានន្ទដ៏មានអាយុ និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏និយាយតបនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអានន្ទ ប្រសិនបើព្រះសាស្ដារបស់អ្នក មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ តើអ្នកនឹងបានអ្វី ក្នុងដំណើរនុ៎ះ។ កាលបើព្រះឧទាយិដ៏មានអាយុ និយាយយ៉ាងនេះហើយ ព្រះដ៏មាន ព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុ ដូច្នេះថា ម្នាលឧទាយិ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលឧទាយិ បើអានន្ទ មិនទាន់ប្រាសចាករាគៈ យ៉ាងនេះ ហើយគប្បីធ្វើមរណកាល ដោយចិត្តជ្រះថ្លានោះ អានន្ទគប្បីសោយទេវរជ្ជសម្បត្តិ ក្នុងទេវលោក ៧ដង សោយមហារជ្ជសម្បត្តិ ក្នុងជម្ពូទ្វីបនេះ ៧ ដង ម្នាលឧទាយិ តែថា អានន្ទនឹងបរិនិព្វាន ក្នុងអត្តភាពជាបច្ចុប្បន្ននេះ។
ចប់ អានន្ទវគ្គ ទី៣។
ឧទ្ទាននៃអានន្ទវគ្គនោះ គឺ
រឿងឆន្នបរិព្វាជក ១សូត្រ អាជីវកសាវក ១សូត្រ មហានាមសក្កៈ ១សូត្រ និគ្គណ្ឋនាដបុត្រ ១សូត្រ ការដឹកនាំឲ្យល្អ ១សូត្រ កម្មថ្មី ១សូត្រ រឿងភព មានដូចគ្នានោះ ១សូត្រ សីលវ័ត ១សូត្រ ក្លិន ១សូត្រ ចូឡនិកាលោកធាតុ ១សូត្រ។
((៩) ៤. សមណវគ្គោ)
(១. សមណសុត្តំ)
[៨៣] ម្នាលភិក្ខុទាំងឡាយ សមណកិច្ចរបស់សមណៈនេះ មាន៣យ៉ាង។ កិច្ច ៣យ៉ាង តើដូចម្ដេច។ គឺការសមាទាន នូវអធិសីលសិក្ខា ១ ការសមាទាន នូវអធិចិត្តសិក្ខា ១ ការសមាទាន នូវអធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាសមណកិច្ច របស់សមណៈ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងនឹងមានសេចក្ដីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិសីលសិក្ខា យើងនឹងមានសេចក្ដីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិចិត្តសិក្ខា យើងនឹងមានសេចក្តីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិប្បញ្ញាសិក្ខា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
(២. គទ្រភសុត្តំ)
[៨៤] ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចលា ជាប់តាមហ្វូងគោ អំពីក្រោយៗថា អញជាគោដែរ អញជាគោដែរ។ តែសម្បុរលានោះ មិនមែនដូចជាសម្បុររបស់ពួកគោទេ សម្រែកបែបលានោះ ក៏មិនដូចពួកគោទេ ស្នាមជើងបែបលានោះ ក៏មិនដូចពួកគោទេ។ លានោះ ជាប់តាមហ្វូងគោ អំពីក្រោយៗថា អញជាគោដែរ អញជាគោដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ជាប់តាមភិក្ខុសង្ឃ អំពីក្រោយៗថា អាត្មាអញ ជាភិក្ខុដែរ អាត្មាអញ ជាភិក្ខុដែរ។ តែសេចក្ដីប៉ុនប៉ងបែបនោះ របស់ភិក្ខុនោះ មិនមានក្នុងការសមាទាន នូវអធិសីលសិក្ខា ដូចជាពួកភិក្ខុដទៃទេ សេចក្ដីប៉ុនប៉ងបែបនោះ មិនមានក្នុងការសមាទាន នូវអធិចិត្តសិក្ខា ដូចជាពួកភិក្ខុដទៃទេ សេចក្ដីប៉ុនប៉ងបែបនោះ មិនមានក្នុងការសមាទាន នូវអធិប្បញ្ញាសិក្ខា ដូចជាពួកភិក្ខុដទៃទេ។ ភិក្ខុនោះ គ្រាន់តែជាប់តាមភិក្ខុសង្ឃ អំពីក្រោយៗ ថា អាត្មាអញ ជាភិក្ខុដែរ អាត្មាអញ ជាភិក្ខុដែរប៉ុណ្ណោះ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងនឹងមានសេចក្ដីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិសីលសិក្ខា យើងនឹងមានសេចក្ដីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិចិត្តសិក្ខា យើងនឹងមានសេចក្តីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិប្បញ្ញាសិក្ខា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។
(៣. ខេត្តសុត្តំ)
[៨៥] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើមុន របស់គហបតី អ្នកភ្ជួរនេះមាន ៣ យ៉ាង។ កិច្ច ៣ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ គហបតីអ្នកភ្ជួរ ក្នុងលោកនេះ មុនដម្បូង ត្រូវភ្ជួររាស់ស្រែឲ្យល្អ លុះភ្ជួររាស់ស្រែ ឲ្យល្អដំបូងហើយ ក៏សាបព្រោះពូជ តាមកាលដ៏គួរ លុះសាបព្រោះពូជ ក្នុងកាលដ៏គួរហើយ ក៏បញ្ចូលទឹកខ្លះ បញ្ចេញទឹកខ្លះ តាមសម័យដ៏គួរ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាកិច្ចដែលត្រូវធ្វើមុន របស់គហបតី អ្នកភ្ជួរ៣យ៉ាង។ ម្នាលភិក្ខុទាំងឡាយ បុព្វកិច្ចរបស់ភិក្ខុនេះ ក៏មាន៣យ៉ាង ដូច្នោះដែរ។ កិច្ច៣យ៉ាង តើដូចម្ដេច។ គឺការសមាទាននូវអធិសីលសិក្ខា ១ ការសមាទាន នូវអធិចិត្តសិក្ខា ១ ការសមាទាននូវអធិប្បញ្ញាសិក្ខា១។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាបុព្វកិច្ច៣ យ៉ាង របស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងនឹងមានសេចក្ដីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាននូវអធិសីលសិក្ខា យើងនឹងមានសេចក្ដីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិចិត្តសិក្ខា យើងនឹងមានសេចក្ដីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិប្បញ្ញាសិក្ខា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។
(៤. វជ្ជិបុត្តសុត្តំ)
[៨៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវន ជិតក្រុងវេសាលី។ គ្រានោះ វជ្ជិបុត្តកភិក្ខុ មួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះវជ្ជិបុត្តកភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សិក្ខាបទ ១៥០ ដែលសម្រេចហើយនេះ មកកាន់ឧទ្ទេស រាល់កន្លះខែ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនអាចនឹងសិក្សា ក្នុងសិក្ខាបទទាំងនុ៎ះបានទេ។ ម្នាលភិក្ខុ ចុះអ្នកអាចសិក្សាក្នុងសិក្ខា៣ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ បានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គអាចនឹងសិក្សា ក្នុងសិក្ខា៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុ បើដូច្នោះ ក្នុងសាសនានេះ អ្នកចូរសិក្សា ក្នុងសិក្ខា៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ចុះ ម្នាលភិក្ខុ កាលណាបើអ្នក នឹងសិក្សានូវអធិសីលផង សិក្សានូវអធិចិត្តផង សិក្សានូវអធិប្បញ្ញាផង កាលបើអ្នកកំពុងសិក្សា នូវអធិសីលផង សិក្សានូវអធិចិត្តផង សិក្សានូវអធិប្បញ្ញាផង អ្នកគង់នឹងបានលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ (មិនខាន) ព្រោះតែការលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ អ្នកនោះ នឹងមិនធ្វើអំពើ ដែលជាអកុសល ទាំងមិនសេព នូវអំពើដែលលាមក។ លុះសម័យតមក ភិក្ខុនោះ ក៏សិក្សាអធិសីលផង សិក្សាអធិចិត្តផង សិក្សាអធិប្បញ្ញាផង។ កាលភិក្ខុនោះ កំពុងសិក្សាអធិសីលផង សិក្សាអធិចិត្តផង សិក្សាអធិប្បញ្ញាផង ភិក្ខុនោះ ក៏បានលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ ព្រោះតែការលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ ភិក្ខុនោះ មិនបានធ្វើអំពើដែលជាអកុសល ទាំងមិនបានសេពនូវអំពើដែលលាមកឡើយ។
(៥. សេក្ខសុត្តំ)
[៨៧] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់សំដែងថា ភិក្ខុជាសេក្ខៈសេក្ខៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាសេក្ខៈ តើដោយហេតុដូចម្ដេច។ ម្នាលភិក្ខុ ព្រោះតែភិក្ខុនៅសិក្សា ហេតុនោះ បានជាតថាគតហៅថា សេក្ខៈ។ នៅសិក្សាអ្វី។ ម្នាលភិក្ខុ នៅសិក្សាអធិសីលផង នៅសិក្សាអធិចិត្តផង នៅសិក្សាអធិប្បញ្ញាផង ហេតុនោះបានជាតថាគតហៅថា សេក្ខៈ។
មគ្គញ្ញាណជាបឋម ក្នុងការអស់ទៅ នៃកិលេស រមែងកើតឡើង ដល់សេក្ខបុគ្គល នៅកំពុងសិក្សា ជាអ្នកប្រតិបត្តិនូវផ្លូវដ៏ត្រង់ អរហត្តផល តែងកើតឡើងជាលំដាប់ អំពីមគ្គញ្ញាណទី៤នោះ តពីនោះទៅ បច្ចវេក្ខណញ្ញាណ ក្នុងការអស់ទៅ នៃសំយោជនៈក្នុងភព រមែងមានដល់បុគ្គល ដែលមានចិត្តរួចស្រឡះហើយ ដោយអរហត្តផល វិមុត្តិ ជាតាទិបុគ្គល (អ្នកមិនញាប់ញ័រ ដោយលោកធម៌) ថា ការរួចស្រឡះ របស់អាត្មាអញ មិនបានកំរើកឡើយ។
(៦. បឋមសិក្ខាសុត្តំ)
[៨៨] ម្នាលភិក្ខុទាំងឡាយ សិក្ខាបទ ១៥០ ដែលសម្រេចហើយនេះ តែងមកកាន់ឧទ្ទេស រាល់កន្លះខែ ដែលជាទីសិក្សារបស់ពួកកុលបុត្រ អ្នកប្រាថ្នានូវប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ សិក្ខានេះមាន៣ ដែលជាទីប្រជុំចុះ របស់សិក្ខាបទ១៥០ ទាំងអស់នុ៎ះ។ សិក្ខា៣ តើដូចម្ដេច។ គឺអធិសីលសិក្ខា១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងសិក្ខា៣ ដែលជាទីប្រជុំចុះ របស់សិក្ខាបទទាំងអស់នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ ធ្វើល្មមប្រមាណ ក្នុងសមាធិ ធ្វើល្មមប្រមាណក្នុងបញ្ញា ភិក្ខុនោះ នៅត្រូវសិក្ខាបទតូច និងតូចបន្ទាប់33) ទាំងនោះខ្លះ នៅចេញចាក (អាបត្តិ) ខ្លះ។ ហេតុនោះ នឹងទៅជាអ្វី។ ម្នាលភិក្ខុទាំងឡាយ តថាគតនៅតែមិនឲ្យឈ្មោះថា ជាអភព្វ ក្នុងការត្រូវអាបត្តិហើយចេញចាកអាបត្តិនុ៎ះទេ។ ពួកសិក្ខាបទណា ជាខាងដើម នៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គព្រហ្មចារ្យទី៤ ភិក្ខុនោះ ជាអ្នកមានសីលជាប់មិនដាច់ផង មានសីលតាំងនៅផង សមាទានសិក្សា ក្នុងសិក្ខាបទទាំងនោះ។ ភិក្ខុនោះ នៅតែបានសោតៈ ព្រោះការអស់សំយោជនៈ ៣ មានសភាពជាអ្នកមិនបានធ្លាក់ចុះ ក្នុងបាយ ជាអ្នកទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើល្មមប្រមាណក្នុងសមាធិ ធ្វើល្មមប្រមាណក្នុងបញ្ញា ភិក្ខុនោះ នៅតែត្រូវសិក្ខាបទតូច និងតូចដោយលំដាប់ខ្លះ ចេញចាកខ្លះ។ ហេតុនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តថាគតនៅតែមិនឲ្យឈ្មោះថា ជាអភព្វ ក្នុងការត្រូវ និងការចេញនុ៎ះទេ។ ពួកសិក្ខាបទណា ជាខាងដើមនៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គព្រហ្មចារ្យ ឲ្យតែភិក្ខុនោះ មានសីលខ្ជាប់ខ្ជួនផង មានសីលស្ថិតស្ថេរផង សមាទានសិក្សា ក្នុងសិក្ខាបទទាំងនោះ។ ភិក្ខុនោះ នៅតែបានជាសកទាគាមី ព្រោះអស់សញ្ញោជនៈ៣ ព្រោះតែស្រាលស្កើងរាគៈ ទោសៈ មោហៈ មកកាន់លោកនេះម្ដងទៀត ក៏ធ្វើនូវទីបំផុតទុក្ខ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ ធ្វើល្មមប្រមាណ ក្នុងបញ្ញា ភិក្ខុនោះ នៅតែត្រូវសិក្ខាបទតូច និងតូចបន្ទាប់នោះខ្លះ ចេញចាកខ្លះ។ ហេតុនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តថាគតនៅតែមិនឲ្យឈ្មោះថា ជា អភព្វ ព្រោះការត្រូវ និងការចេញចាកនុ៎ះទេ។ ពួកសិក្ខាបទណា ជាខាងដើមនៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គព្រហ្មចារ្យ ភិក្ខុនោះ មានសីលខ្ជាប់ខ្ជួនផង មានសីលស្ថិតស្ថេរផង សមាទានសិក្សា ក្នុងសិក្ខាបទទាំងនោះ។ ភិក្ខុនោះ ជាឱបបាតិកៈ ព្រោះអស់សំយោជនៈ ជាចំណែកខាងក្រោម ៥ បរិនិព្វាន ក្នុងស្ថានសុទ្ធាវាសនោះ ទៀងតែមិនត្រឡប់មកពីលោកនោះវិញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ ក្នុងសមាធិ ធ្វើឲ្យបរិបូណ៌ក្នុងបញ្ញា ភិក្ខុនោះ នៅតែត្រូវសិក្ខាបទតូច និងតូចបន្ទាប់នោះខ្លះ ចេញចាកខ្លះ។ ហេតុនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តថាគតនៅតែមិនទាន់ឲ្យឈ្មោះថា ជា អភព្វ ព្រោះការត្រូវ និងការចេញចាកនុ៎ះទេ។ ពួកសិក្ខាបទណា ជាខាងដើមនៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គព្រហ្មចារ្យ ភិក្ខុនោះ មានសីលខ្ជាប់ខ្ជួនផង មានសីលស្ថិតស្ថេរផង សមាទាន សិក្សាក្នុងសិក្ខាបទទាំងនោះ។ ភិក្ខុនោះ នៅតែធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកធ្វើបានដោយអន្លើ រមែងសម្រេចមគ្គផល ដោយអន្លើ34) បុគ្គលជាអ្នកធ្វើឲ្យបរិបូណ៌ រមែងសម្រេចមគ្គផលបរិបូណ៌35) ម្នាលភិក្ខុទាំងឡាយ តថាគតនៅតែសំដែងថា សិក្ខាបទទាំងឡាយ មិនមែនឥតអំពើឡើយ។
(៧. ទុតិយសិក្ខាសុត្តំ)
[៨៩] ម្នាលភិក្ខុទាំងឡាយ សិក្ខាបទ ១៥០ ដែលសម្រេចហើយនេះ តែងមកកាន់ឧទ្ទេស រាល់កន្លះខែ ដែលជាទីសិក្សា របស់ពួកកុលបុត្រ អ្នកប្រាថ្នានូវប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ សិក្ខានេះ មាន៣ ដែលជាទីប្រជុំចុះ របស់សិក្ខាបទទាំងអស់នុ៎ះ។ សិក្ខា៣ តើអ្វីខ្លះ។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងសិក្ខា៣ ដែលជាទីប្រជុំចុះ នៃសិក្ខាបទទាំងអស់នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើល្មមប្រមាណក្នុងសមាធិ ភិក្ខុនោះ នៅតែត្រូវសិក្ខាបទតូច និងតូចបន្ទាប់នោះខ្លះ ចេញចាកខ្លះ។ ហេតុនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ឲ្យឈ្មោះថា ជា អភព្វក្នុងហេតុនុ៎ះទេ។ ពួកសិក្ខាបទណា ជាខាងដើមនៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គព្រហ្មចារ្យ ឲ្យតែភិក្ខុនោះ មានសីលទៀងទាត់ ស្ថិតស្ថេរ សមាទានសិក្សា ក្នុងសិក្ខាបទទាំងនេះ។ ភិក្ខុនោះគង់បានជាសត្តក្ខត្តុបរមៈ ព្រោះការអស់រលីង នៃសញ្ញោជនៈ៣ ត្រេចរង្គាត់ អន្ទោលទៅក្នុងទេវលោក និងមនុស្សលោក យ៉ាងច្រើនត្រឹម ៧ ជាតិ ក៏ធ្វើនូវទីបំផុតទុក្ខបាន។ ភិក្ខុនោះ ជា កោលង្កោលៈ ព្រោះអស់សញ្ញោជនៈ ៣ ត្រេចរង្គាត់ អន្ទោលទៅកាន់ត្រកូល២ ឬ36) ៣ ក៏ធ្វើនូវទីបំផុតទុក្ខបាន។ ភិក្ខុនោះ ជាឯកពីជី ព្រោះអស់សញ្ញោជនៈ ៣ កើតក្នុងភពជារបស់មនុស្សតែម្ដងប៉ុណ្ណោះ ក៏ធ្វើនូវទីបំផុតទុក្ខបាន។ ភិក្ខុនោះ ជាសកទាគាមី ព្រោះអស់សំយោជនៈ៣ ព្រោះស្រាលស្ដើងរាគៈ ទោសៈ មោហៈ មកកាន់លោកនេះ តែម្ដងទៀត ក៏ធ្វើនូវទីបំផុតទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ ធ្វើល្មមប្រមាណ ក្នុងសញ្ញា ភិក្ខុនោះ នៅត្រូវបរិក្ខាបទតូច និងតូចបន្ទាប់ខ្លះ ចេញចាកខ្លះ។ ហេតុនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ឲ្យឈ្មោះថា ជា អភព្វ ក្នុងហេតុនុ៎ះទេ។ ពួកសិក្ខាបទណា ជាខាងដើមនៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គព្រហ្មចារ្យ ភិក្ខុនោះ មានសីលទៀងទាត់ ស្ថិតស្ថេរ សមាទាន សិក្សាក្នុងសិក្ខាបទទាំងនោះ។ ភិក្ខុនោះ ជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ ភិក្ខុនោះ ជាសសង្ខារបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ ភិក្ខុនោះ ជាអសង្ខារបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ ភិក្ខុនោះ ជាឧបហច្ចបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម៥។ ភិក្ខុនោះ ជាអន្តរាបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម៥។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ ធ្វើឲ្យបរិបូណ៌ក្នុងបញ្ញា ភិក្ខុនោះ នៅត្រូវសិក្ខាបទតូច និងតូចបន្ទាប់ទាំងនោះខ្លះ ចេញចាកខ្លះ។ ហេតុនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ឲ្យឈ្មោះថា ជា អភព្វ ក្នុងហេតុនុ៎ះទេ។ ពួកសិក្ខាបទណា ជាខាងដើមនៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គព្រហ្មចារ្យ ឲ្យតែភិក្ខុនោះមានសីលខ្ជាប់ខ្ជួន មានសីលស្ថិតស្ថេរ សមាទានសិក្សាក្នុងសិក្ខាបទទាំងនោះ។ ភិក្ខុនោះ គង់បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ក្រៃលែងខ្លួនឯងក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកធ្វើបានដោយអន្លើ រមែងញុំាងមគ្គផលដោយអន្លើ ឲ្យសម្រេច បុគ្គលអ្នកធ្វើឲ្យបរិបូណ៌ រមែងញុំាងមគ្គផល ឲ្យសម្រេចបានបរិបូណ៌ ដោយប្រការដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ តថាគតនៅតែសំដែងថា សិក្ខាបទ ទាំងឡាយ មិនមែនឥតអំពើទេ។
(៨. តតិយសិក្ខាសុត្តំ)
[៩០] ម្នាលភិក្ខុទាំងឡាយ សិក្ខាបទ ១៥០ ដែលសម្រេចហើយនេះ មកកាន់ឧទ្ទេស រាល់កន្លះខែ ដែលជាទីសិក្សា របស់កុលបុត្រ អ្នកប្រាថ្នាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ សិក្ខានេះ មាន៣ ដែលជាទីប្រជុំ របស់សិក្ខាបទទាំងអស់នុ៎ះ។ សិក្ខា៣ តើដូចម្ដេចខ្លះ។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងសិក្ខា៣ ដែលជាទីប្រជុំ នៃសិក្ខាបទទាំងអស់នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើឲ្យបរិបូណ៌ក្នុងសមាធិ ធ្វើឲ្យបរិបូណ៌ក្នុងបញ្ញា ភិក្ខុនោះ នៅតែត្រូវសិក្ខាបទតូច និងតូចបន្ទាប់ទាំងនោះខ្លះ ចេញចាកខ្លះ។ ហេតុនោះ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ឲ្យឈ្មោះថា ជាអភព្វ ក្នុងហេតុនុ៎ះទេ។ ពួកសិក្ខាបទណា ជាខាងដើម នៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គព្រហ្មចារ្យ ឲ្យតែភិក្ខុមានសីលខ្ជាប់ខ្ជួន មានសីលស្ថិតស្ថេរ សមាទាន សិក្សាក្នុងសិក្ខាបទទាំងនោះ។ ភិក្ខុនោះ គង់ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងបច្ចុប្បន្ន។ ទោះបីមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវអរហត្តផលនោះទេ គង់បានសម្រេចភាពជាអន្តរាបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ បើទុកជាមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវអន្តរាបរិនិព្វាយីនោះទេ គង់បានសម្រេចភាពជាឧបហច្ចបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ ឬថា បើ មិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវឧបហច្ចបរិនិព្វាយីនោះទេ គង់បានសម្រេចភាពជាអសង្ខារបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ ពុំនោះសោត បើមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវអសង្ខារបរិនិព្វាយីនោះទេ គង់បានសម្រេច ភាពជាសសង្ខារបរិនិព្វាយី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម៥។ ទោះបីមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវសសង្ខារបរិនិព្វាយីនោះទេ គង់បានសម្រេច ភាពជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម៥។ កាលបើមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវឧទ្ធំសោតអកនិដ្ឋគាមីនោះទេ គង់តែបានសម្រេចភាពជាសកទាគាមី ព្រោះអស់សញ្ញោជនៈ ៣ ព្រោះស្រាលស្ដើងរាគៈ ទោសៈ មោហៈ មកកាន់លោកនេះ ត្រឹមតែម្ដង ក៏ធ្វើនូវទីបំផុតទុក្ខបាន។ កាលបើមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវសកទាគាមិផលនោះទេ ដោយហោចទៅ គង់បានសម្រេចភាពជាឯកពីជីសោតៈ ព្រោះអស់សញ្ញោជនៈ ៣ កើតក្នុងភព ជារបស់មនុស្សតែម្ដងប៉ុណ្ណោះ ក៏ធ្វើនូវទីបំផុត នៃទុក្ខបាន។ ឬក៏មិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវឯកពីជីនោះទេ គង់បានសម្រេចភាពជាកោលង្កោលៈ ព្រោះអស់សញ្ញោជនៈ៣ ត្រេចរង្គាត់ អន្ទោលទៅកាន់ត្រកូល២ ឬ៣ ក៏ធ្វើនូវទីបំផុតទុក្ខបាន។ ពុំនោះសោត កាលបើមិនទាន់សម្រេច មិនទាន់ចាក់ធ្លុះ នូវកោលង្កោលៈនោះទេ គង់បានសម្រេចភាពជាសត្តក្ខត្តុបរមៈ ព្រោះអស់សញ្ញោជនៈ ៣ ត្រេចរង្គាត់ អន្ទោលទៅ ក្នុងទេវលោក និងមនុស្សលោកយ៉ាងច្រើន ត្រឹម៧ជាតិ ក៏ធ្វើនូវទីបំផុតទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកធ្វើឲ្យបរិបូណ៌ រមែងសម្រេចមគ្គផលបរិបូណ៌ បុគ្គលអ្នកធ្វើបានដោយអន្លើ រមែងសម្រេចមគ្គផលដោយអន្លើ ដោយប្រការដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ តថាគតនៅតែសំដែងថា សិក្ខាបទទាំងឡាយ មិនមែនឥតអំពើទេ។
(៩. បឋមសិក្ខត្តយសុត្តំ)
[៩១] ម្នាលភិក្ខុទាំងឡាយ សិក្ខានេះ មាន៣។ សិក្ខា៣ តើដូចម្ដេច។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុទាំងឡាយ អធិសីលសិក្ខា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។ បេ។ សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិសីលសិក្ខា។ ម្នាលភិក្ខុទាំងឡាយ អធិចិត្តសិក្ខា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម។ បេ។ បានដល់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិចិត្តសិក្ខា។ ម្នាលភិក្ខុទាំងឡាយ អធិប្បញ្ញាសិក្ខា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។ បេ។ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិប្បញ្ញាសិក្ខា។ ម្នាលភិក្ខុទាំងឡាយ នេះឯងសិក្ខា៣។
(១០. ទុតិយសិក្ខត្តយសុត្តំ)
[៩២] ម្នាលភិក្ខុទាំងឡាយ សិក្ខានេះ មាន៣។ សិក្ខា៣ តើដូចម្ដេច។ គឺ អធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុទាំងឡាយ អធិសីលសិក្ខា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។ បេ។ សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អធិសីលសិក្ខា។ ម្នាលភិក្ខុទាំងឡាយ អធិចិត្តសិក្ខា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថ