-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៤៥ - Book 45
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170610 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20170610 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៤៥ - Tipitaka Book 045, for change log on ati.eu see here: រាយការណ៍ ភាគ ០៤៥
គំរូ ឯកសារ ផ្សេងទៀត ៖
book_045.pdf
លេខសម្គាល់
លេខទំព៍រ
ទ. 1
(អង្គុត្តរនិកាយោ)
ឆដ្ឋភាគ
ភាគទី ៤៥
បញ្ចកនិបាត
តតិយបណ្ណាសក (ទី៣)
ផាសុវិហារវគ្គ ទី១ (១១) | អន្ធកវិន្ទវគ្គ ទី២ (១២) | គិលានវគ្គ ទី៣ (១៣) | រាជវគ្គ ទី៤ (១៤) | តិកណ្ឌកីវគ្គ ទី៥ (១៥)
ចតុត្ថបណ្ណាសក (ទី៤)
សទ្ធម្មវគ្គ ទី១ (១៦) | អាឃាតវគ្គ ទី២ (១៧) | ឧបាសកវគ្គ ទី៣ (១៨) | អរញ្ញវគ្គ ទី៤ (១៩) | ព្រាហ្មណវគ្គ ទី៥ (២០)
បញ្ចមបណ្ណាសក (ទី៥)
កិមិលវគ្គ ទី១ (២១) | អក្កោសកវគ្គ ទី២ (២២) | ទីឃចារិកវគ្គ ទី៣ (២៣) | អាវាសិកវគ្គ ទី៤ (២៤) | ទុច្ចរិតវគ្គ ទី៥ (២៥) | ពួកសូត្រមិនសង្រ្គោះក្នុងវគ្គ (ទី៦/២៦) | (សម្មុតិបេយ្យាល ទី១/២៧) | (សិក្ខាបទបេយ្យាលំ ទី២/២៨) | រាគបេយ្យាល (ទី៣/២៩)
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(៣. តតិយបណ្ណាសសកំ)
((១១) ១. ផាសុវិហារវគ្គោ)
(១. សារជ្ជសុត្តំ)
[១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គលនេះមាន ៥ យ៉ាង។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានសីល ១ បានស្តាប់ច្រើន ១ ប្រារព្ធព្យាយាម ១ មានប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានសទ្ធា មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកមានសទ្ធា ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកទ្រុស្តសីល មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកមានសីល ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចេះដឹងតិច មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកចេះដឹងច្រើន ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកខ្ជិលច្រអូស មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកប្រារព្ធព្យាយាម ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឥតប្រាជ្ញា មានសេចក្តីអៀនអន់ឯណា ភិក្ខុអ្នកមានប្រាជ្ញា ឥតមានសេចក្តីអៀនអន់នោះទេ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងធ្វើឲ្យក្លៀវក្លា របស់សេក្ខបុគ្គល មាន ៥ យ៉ាងនេះឯង។
(២. ឧស្សង្កិតសុត្តំ)
[២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបដោយធម៌ ៥ យ៉ាង សូម្បីតែលោក អ្នកមានធម៌មិនកំរើក (ព្រះខីណាស្រព) ក៏រមែងត្រូវគេរង្កៀស សង្ស័យថា ជាភិក្ខុអាក្រក់ដែរ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកត្រេចទៅកាន់សំណាក់ស្រីពេស្យា ១ ត្រេចទៅកាន់សំណាក់ស្រីមេម៉ាយ ១ ត្រេចទៅកាន់សំណាក់ស្រីក្រមុំចាស់ ១ ត្រេចទៅកាន់សំណាក់មនុស្សខ្ទើយ ១ ត្រេចទៅកាន់សំណាក់ភិក្ខុនី ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង សូម្បីតែលោកអ្នកមានធម៌មិនកំរើក (ព្រះខីណាស្រព) ក៏រមែងត្រូវគេរង្កៀស សង្ស័យថា ជាភិក្ខុអាក្រក់មិនខានដែរ។
(៣. មហាចោរសុត្តំ)
[៣] ម្នាលភិក្ខុទាំងឡាយ មហារចោរ ប្រកបដោយអង្គ ៥ យ៉ាង រមែងកាត់ទីតខ្លះ ប្លន់ធំខ្លះ ប្លន់ផ្ទះ ១ ខ្លះ ឈរចាំស្ទាក់អ្នកដំណើរតាមផ្លូវខ្លះ។ អង្គ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ក្នុងលោកនេះ ជាអ្នកអាស្រ័យនៅទីមិនស្មើ ១ អាស្រ័យព្រៃស្បាត ១ អាស្រ័យជនអ្នកមានកំឡាំង ១ ជាអ្នកសូកទ្រព្យ ១ ជាអ្នកត្រេចទៅម្នាក់ឯង ១។
ម្នាលភិក្ខុទាំងឡាយ ចុះមហាចោរ អ្នកអាស្រ័យនៅទីមិនស្មើ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មហារចោរ ក្នុងលោកនេះ ជាអ្នកអាស្រ័យនៅជង្ហុកស្ទឹង រឺអាស្រ័យនៅភ្នំ ដែលមិនរាបស្មើ ម្នាលភិក្ខុទាំងឡាយ មហារចោរ អ្នកអាស្រ័យនូវទីមិនស្មើ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមហារចោរ អ្នកអាស្រ័យព្រៃស្បាត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ក្នុងលោកនេះ អាស្រ័យនៅស្បាតស្មៅខ្លះ ស្បាតឈើខ្លះ ឆ្នេរស្ទឹងខ្លះ ដងព្រៃធំខ្លះ ម្នាលភិក្ខុទាំងឡាយ មហាចោរ អ្នកអាស្រ័យនូវព្រៃស្បាត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមហារចោរ អាស្រ័យជនអ្នកមានកំឡាំង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ក្នុងលោកនេះ អាស្រ័យព្រះរាជាខ្លះ អាស្រ័យរាជមហាមាត្យខ្លះ មហាចោរនោះ តែងអាងយ៉ាងនេះថា បើនរណាប្តឹងអ្វីៗពីអញ ពួកស្តេច ឬរាជមហាមាត្យទាំងនេះ មុខជាកាត់សេចក្តីបង្រ្គបចោល បើនរណាមួយ ប្តឹងអ្វីៗពីចោរនោះ ពួកស្តេច ឬរាជមហាមាត្យទាំងនោះ ក៏កាត់សេចក្តីបង្រ្គប ឲ្យចោរនោះ ម្នាលភិក្ខុទាំងឡាយ មហាចោរ អ្នកអាស្រ័យជនមានកំឡាំង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមហាចោរ សូកដោយទ្រព្យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ក្នុងលោកនេះ ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មហាចោរនោះ តែងអាងយ៉ាងនេះថា បើនរណាមួយ ប្តឹងអ្វីៗពីអញ អញ (នឹងយក) ភោគៈអំពីទ្រព្យនេះ ទៅសូក បើនរណាមួយ ប្តឹងអ្វីៗ អំពីចោរនោះ ចោរនោះ (ក៏យក) ភោគៈអំពីទ្រព្យនោះ ទៅសូក ម្នាលភិក្ខុទាំងឡាយ មហាចោរ អ្នកសូកដោយភោគៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះមហាចោរ អ្នកត្រេចទៅតែម្នាក់ឯង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ក្នុងលោកនេះ តែងធ្វើការសង្កត់សង្កិនតែម្នាក់ឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះមហាចោរនោះគិតថា អាថ៌កំបាំងរបស់អញ កុំខ្ចរខ្ចាយទៅក្រៅឡើយ ម្នាលភិក្ខុទាំងឡាយ មហាចោរ ជាអ្នកត្រេចទៅតែម្នាក់ឯង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មហាចោរ ប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងកាត់នូវទីតខ្លះ ប្លន់ធំខ្លះ ប្លន់ផ្ទះ ១ ខ្លះ ចាំស្កាត់អ្នកដំណើរខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងរក្សាខ្លួន ដែលគាស់រំលើង បំផ្លាញគុណធម៌ចោលផង ប្រកបដោយទោសផង គួរជាទីតិះដៀល នៃអ្នកប្រាជ្ញទាំងឡាយផង ទទួលនូវបាបដ៏ច្រើនផង ក៏យ៉ាងនោះដែរ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប ក្នុងសាសនានេះ អាស្រ័យកិរិយាមិនស្មើ ១ អាស្រ័យសេចក្តីយល់សាំញុំា ១ អាស្រ័យជនមានកំឡាំង ១ សូកដោយទ្រព្យ ១ ត្រេចទៅតែម្នាក់ឯង ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបាប អាស្រ័យកិរិយាមិនស្មើ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប ក្នុងសាសនានេះ ប្រកបដោយកាយកម្មមិនស្មើ ប្រកបដោយវចីកម្មមិនស្មើ ប្រកបដោយមនោកម្មមិនស្មើ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប អាស្រ័យកិរិយាមិនស្មើ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបាប អាស្រ័យសេចក្តីយល់សាំញុំា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប ក្នុងសាសនានេះ យល់ខុស ប្រកបដោយអន្តគ្គាហិកាទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប អាស្រ័យសេចក្តីយល់សាំញុំា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបាប អាស្រ័យជនមានកំឡាំង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប ក្នុងសាសនានេះ អាស្រ័យពួកស្តេច ឬ ពួករាជមហាមាត្យ ភិក្ខុបាបនោះ តែងអាងយ៉ាងនេះថា បើនរណាមួយ ចោទអ្វីៗ អំពីអញ ពួកស្តេច ឬពួករាជមហាមាត្យទាំងនោះ គង់នឹងជម្រះសេចក្តីបង្រ្គបឲ្យ បើនរណាមួយ ចោទអ្វីៗ អំពីភិក្ខុនោះ ពួកស្តេច ឬពួករាជមហាមាត្យទាំងនោះ ក៏ជំរះសេចក្តីបង្រ្គបឲ្យភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប អាស្រ័យជនមានកំឡាំង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបាប អ្នកសូកដោយទ្រព្យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប ក្នុងសាសនានេះ ជាអ្នកសម្បូរចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុនោះ តែងអាងយ៉ាងនេះថា បើនរណាមួយ ចោទអ្វីៗអំពីអញ អញនឹងយកលាភអំពីបច្ច័យនេះ ទៅសូក។ បើនរណាមួយ ចោទអ្វីៗ អំពីភិក្ខុនោះ ភិក្ខុនោះ ក៏យកលាភអំពីបច្ច័យនោះ ទៅសូក ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប អ្នកសូកដោយទ្រព្យ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុបាប ត្រេចទៅម្នាក់ឯង តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាបក្នុងសាសនានេះ តែម្នាក់ឯង សម្រេចការនៅក្នុងជនបទទាំងឡាយ ជាទីបំផុតដែន ភិក្ខុនោះចូលទៅរកត្រកូលទាំងឡាយ ក្នុងជនបទនោះ រមែងបានលាភ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាបត្រេចទៅតែម្នាក់ឯង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបាប ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលគាស់រំលើង បំផ្លាញគុណធម៌ចោលផង ប្រកបដោយទោសផង គួរអ្នកប្រាជ្ញទាំងឡាយ តិះដៀលផង ទទួលបាបច្រើនផង។
(៤. សមណសុខុមាលសុត្តំ)
[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាសមណសុខុមាលក្នុងពួកសមណៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បើគេអង្វរ ក៏ប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរ ក៏ប្រើប្រាស់តិច គេអង្វរ ក៏បរិភោគបិណ្ឌបាតច្រើន គេមិនអង្វរ ក៏បរិភោគតិច គេអង្វរ ក៏ប្រើប្រាស់សេនាសនៈច្រើន គេមិនអង្វរ ក៏ប្រើប្រាស់តិច គេអង្វរ ក៏បរិភោគគិលានប្បច្ចយភេសជ្ជបរិក្ខារច្រើន គេមិនអង្វរ ក៏បរិភោគតិច ១ ភិក្ខុនោះ នៅជាមួយនឹងពួកសព្រហ្មចារីណា ពួកសព្រហ្មចារីនោះ តែងរាប់រកភិក្ខុនោះ ដោយកាយកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្ត (នោះ) តិច តែងរាប់រកដោយវចីកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច តែងរាប់រកដោយមនោកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច នាំចូលទៅជិតតែរបស់ ដែលគួរនាំចូលទៅជិតជាទីគាប់ចិត្ត មិនគាប់ចិត្តតិច ១ ជម្ងឺដែលតាំងឡើង អំពីប្រមាត់ក្តី តាំងឡើងអំពីស្លេស្មក្តី តាំងឡើងអំពីខ្យល់ក្តី កើតអំពីធាតុប្រជុំក្តី កើតអំពីរដូវប្រែប្រួលក្តី កើតអំពីរក្សាឥរិយាបថមិនស្មើក្តី កើតអំពីសេចក្តីព្យាយាម (របស់គេ មានវាយ ចង ជាដើម) ក្តី កើតអំពីផលនៃកម្មក្តី ជម្ងឺទាំងឡាយនោះ មិនកើតឡើងដល់ភិក្ខុនោះច្រើនទេ ជាអ្នកមានអាពាធតិច ១ ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យដោយចិត្តដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ចូលដល់ចេតោវិមុតិ្ត និងបញ្ញាវិមុតិ្ត ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាសមណសុខុមាល ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើគេពោលសរសើរសមណៈណាថា ជាសមណសុខុមាល ក្នុងពួកសមណៈ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ គួរគេពោលសរសើរតថាគតថា ជាសមណសុខុមាល ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា តថាគត បើគេអង្វរ ក៏ប្រើប្រាស់ចីវរច្រើន បើគេមិនគេអង្វរ ក៏ប្រើប្រាស់តិច បើគេអង្វ ក៏បរិភោគបិណ្ឌបាតច្រើន បើគេមិនអង្វរ ក៏បរិភោគតិច បើគេអង្វរ ក៏ប្រើប្រាស់សេនាសនៈច្រើន បើគេមិនអង្វរ ក៏ប្រើប្រាស់តិច បើគេអង្វរ ក៏បរិភោគគិលានប្បច្ចយភេសជ្ជបរិក្ខារច្រើន បើគេមិនអង្វរ ក៏បរិភោគតិច មួយទៀត តថាគតនៅជាមួយនឹងពួកភិក្ខុណា ពួកភិក្ខុនោះ តែងគប់រកតថាគត ដោយកាយកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្ត (នោះ) តិច តែងគប់រក ដោយវចីកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច តែងគប់រកដោយមនោកម្ម ជាទីគាប់ចិត្តច្រើន ដែលមិនគាប់ចិត្តតិច តែងនាំចូលទៅជិត នូវរបស់ដែលគួរនាំចូលទៅជិត ជាទីគាប់ចិត្តច្រើន ដែលមិនគាប់ចិត្តតិច មួយទៀត ជម្ងឺដែលកើតអំពីប្រមាត់ក្តី កើតអំពីស្លេស្មក្តី កើតអំពីខ្យល់ក្តី កើតអំពីធាតុដែលប្រជុំគ្នាក្តី កើតអំពីរដូវប្រែប្រួលក្តី កើតអំពីរក្សាឥរិយាបថមិនស្មើក្តី កើតអំពីសេចក្តីព្យាយាម (របស់គេ មានវាយ ចង ជាដើម) ក្តី កើតអំពីផលនៃកម្មក្តី ជម្ងឺទាំងនោះ មិនកើតដល់តថាគតច្រើនទេ តថាគត ក៏ឈ្មោះថា ជាអ្នកមានអាពាធតិច ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យដោយចិត្តដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ចូលដល់។បេ។ ព្រោះអស់អាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលសរសើរសមណៈណាថា ជាសមណសុខុមាល ក្នុងពួកសមណៈ ដូច្នេះនោះ ម្នាលភិក្ខុទាំងឡាយ គួរគេពោលសរសើរតថាគតថា ជាសមណសុខុមាល ក្នុងពួកសមណៈដូច្នេះ។
(៥. ផាសុវិហារសុត្តំ)
[៥] ម្នាលភិក្ខុទាំងឡាយ ការនៅសប្បាយនេះ មាន ៥ យ៉ាង។ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ តាំងទុកនូវកាយកម្ម ប្រកបដោយមេត្តា ក្នុងសព្រហ្មចារីទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ១ ភិក្ខុតាំងទុកនូវវចីកម្មប្រកបដោយមេត្តា ក្នុងសព្រហ្មចារីទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ១ ភិក្ខុតាំងទុកនូវមនោកម្ម ប្រកបដោយមេត្តា ក្នុងសព្រហ្មចារីទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ១ ជាភិក្ខុប្រកបដោយសីលស្មើគ្នា និងសព្រហ្មចារីទាំងឡាយ ដោយសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរបស់អ្នកជា ជាសីលដែលអ្នកប្រាជ្ញសរសើរ ជាសីលដែលតណ្ហា និងទិដ្ឋិមិនប៉ះពាល់ ជាសីលប្រព្រីត្តទៅ ដើម្បីសមាធិ ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ ១ ប្រកបដោយសេចក្តីយល់ស្មើគ្នា នឹងសព្រហ្មចារីទាំងឡាយ ដោយសេចក្តីយល់ដ៏ប្រសើរ ជាគ្រឿងចេញចាកទុក្ខ នាំជនអ្នកធ្វើតាមសេចក្តីយល់នោះ ឲ្យអស់ទុក្ខដោយប្រពៃបាន ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា ការនៅសប្បាយ ៥ យ៉ាង។
(៦. អានន្ទសុត្តំ)
[៦] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ បានក្រាបទូលសួរព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ គួរនៅសប្បាយបាន ដោយហេតុប៉ុន្មានយ៉ាងហ្ន៎។ ម្នាលអានន្ទ កាលណាភិក្ខុបរិបូណ៌ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីល ម្នាលអានន្ទ ភិក្ខុសង្ឃដែលគួរនៅសប្បាយ ដោយហេតុប៉ុណ្ណេះឯង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ គួរនៅសប្បាយបាន ដោយបរិយាយដទៃទៀត តើមានដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ មានដែរ។ ម្នាលអានន្ទ កាលដែលភិក្ខុបរិបូណ៌ ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីលផង ជាអ្នកពិនិត្យតែខ្លួនឯង មិនពិនិត្យភិក្ខុដទៃផង ម្នាលអានន្ទ ភិក្ខុសង្ឃគួរនៅសប្បាយ ដោយហេតុមានប្រមាណប៉ុណ្ណេះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃគួរនៅសប្បាយ ដោយបរិយាយដទៃទៀត មានដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ នៅមានទៀត ម្នាលអានន្ទ កាលដែលភិក្ខុបរិបូណ៌ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីលផង ពិនិត្យតែខ្លួនឯង មិនពិនិត្យភិក្ខុដទៃផង ទោះជាអ្នកមិនល្បីឈ្មោះ គឺមានបុណ្យតិច ក៏មិនរន្ធត់ ព្រោះតែខ្លួនមិនល្បីឈ្មោះនោះផង។ ម្នាលអានន្ទ ភិក្ខុសង្ឃគួរនៅសប្បាយ ដោយហេតុប៉ុណ្ណេះឯង បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃគួរនៅសប្បាយដោយបរិយាយដទៃទៀត មានដែរឬទេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ នៅមានទៀត ម្នាលអានន្ទ កាលដែលភិក្ខុបរិបូណ៌ ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីលផង ពិនិត្យតែខ្លួនឯង មិនពិនិត្យភិក្ខុដទៃផង ទោះជាអ្នកមិនល្បីឈ្មោះ ក៏មិនរន្ធត់ ព្រោះតែខ្លួនមិនល្បីឈ្មោះនោះផង ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យចិត្តដ៏ក្រៃលែង ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្ន។ ម្នាលអានន្ទ ភិក្ខុសង្ឃ គួរនៅសប្បាយ ដោយហេតុប៉ុណ្ណេះឯង។ បពិត្រព្រះអង្គដ៏ចំរើនភិក្ខុសង្ឃ គួរនៅសប្បាយ ដោយបរិយាយដទៃទៀត មានដែរឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលអានន្ទ នៅមានទៀត។ ម្នាលអានន្ទ កាលដែលភិក្ខុអ្នកបរិបូណ៌ ដោយសីលខ្លួនឯង មិនតិះដៀលភិក្ខុដទៃ ព្រោះតែអធិសីលផង ពិនិត្យតែខ្លួនឯង មិនពិនិត្យភិក្ខុដទៃផង ទោះជាអ្នកមិនល្បីឈ្មោះ ក៏មិនរន្ធត់ផង ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យចិត្តដ៏ក្រៃលែង ជាគ្រឿងនៅសប្បាយ ក្នុងបច្ចុប្បន្នផង បានដល់ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្នផង។ ម្នាលអានន្ទ ភិក្ខុសង្ឃគួរនៅសប្បាយ ដោយហេតុប៉ុណ្ណេះឯង។ ម្នាលអានន្ទ តថាគតពោលថា ធម៌ជាគ្រឿងនៅសប្បាយឯទៀត ជាធម៌លើសលុបជាង ឬថ្លៃថ្លាជាងធម៌ជាគ្រឿងនៅសប្បាយនេះ គ្មានទេ។
(៧. សីលសុត្តំ)
[៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកគួរទទួលគ្រឿងបូជា គួរទទួលអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសីល ១ បរិបូណ៌ដោយសមាធិ ១ បរិបូណ៌ដោយបញ្ញា ១ បរិបូណ៌ដោយវិមុត្តិ ១ បរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកគួរទទួលគ្រឿងបូជា គួរទទួលអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។
(៨. អសេខសុត្តំ)
[៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកគួរទទួលគ្រឿងបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រកបដោយសីលក្ខន្ធជាអសេក្ខ ១ ប្រកបដោយសមាធិក្ខន្ធជាអសេក្ខ ១ ប្រកបដោយបញ្ញាខន្ធជាអសេក្ខ ១ ប្រកបដោយវិមុត្តិក្ខន្ធជាអសេក្ខ ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធជាអសេក្ខ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកគួរទទួលគ្រឿងបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។
(៩. ចាតុទ្ទិសសុត្តំ)
[៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកត្រេចទៅបាន ក្នុងទិសទាំង ៤។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ ប្រកបដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសទាំងឡាយទោះមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ អ្នកស្តាប់ច្រើន ចាំរឿងដែលស្តាប់ហើយ ចាំមិនភ្លេច នូវរឿងដែលស្តាប់ហើយ ពួកធម៌ណា ពីរោះខាងដើម ពីរោះកណ្តាល ពីរោះខាងចុង ប្រកាសព្រហ្មចរិយៈ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ បរិសុទ្ធពេញលេញអស់ជើង ភិក្ខុនោះ បានស្តាប់ធម៌ មានសភាពយ៉ាងនោះច្រើន ចាំស្ទាត់ រត់មាត់ យល់ច្បាស់ដោយចិត្ត ចាក់ធ្លុះល្អដោយប្រាជ្ញា ១ ជាអ្នកសន្តោស ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ក្រៃលែង ជាគ្រឿងនៅសប្បាយក្នុងបច្ចុប្បន្ន ១ ជាអ្នកបានដល់ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះក្ស័យទៅ នៃអាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ នេះឯង ទើបឈ្មោះថា ជាអ្នកត្រេចទៅបាន ក្នុងទិសទាំង ៤។
(១០. អរញ្ញសុត្តំ)
[១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរអាស្រ័យសេនាសនៈ ស្ងាត់ ជាព្រៃដែលមិនមែនជាទីឧបចារៈ របស់មនុស្ស។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត។បេ។ ចាក់ធ្លុះល្អដោយប្រាជ្ញា ១ ជាអ្នកប្រារព្ធព្យាយាម។បេ។ មានកំឡាំងប្រឹងប្រែងយ៉ាងខ្លាំង មិនបោះបង់ធុរៈ ក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកបានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យចិត្តដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ជាអ្នកបានចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះក្ស័យទៅ នៃអាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ក្រៃលែងខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរអាស្រ័យសេនាសនៈស្ងាត់ ជាព្រៃដែលមិនមែនជាទីឧបចារៈរបស់មនុស្ស។
ចប់ ផាសុវិហារវគ្គ ទី១។
ឧទ្ទាននៃផាសុវិហារវគ្គនោះគឺ
ធម៌ធ្វើឲ្យអៀនអន់ ១ ភិក្ខុដែលគេរង្កៀស ១ ចោរ ១ សមណសុខុមាល ១ ជាគំរប់ ៥ នឹងភិក្ខុនៅសប្បាយ ព្រះអានន្ទ ១ ភិក្ខុប្រកបដោយសីលជាដើម ១ ភិក្ខុប្រកបដោយសីលជាសេក្ខៈជាដើម ១ ភិក្ខុត្រេចទៅបាន ក្នុងទិសទាំងបួន ១ ភិក្ខុនៅក្នុងព្រៃ ១។
((១២) ២. អន្ធកវិន្ទវគ្គោ)
(១. កុលូបកសុត្តំ)
[១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចូលទៅកាន់ត្រកូល ប្រកបដោយធម៌ ៥ យ៉ាង ត្រកូលទាំងឡាយ រមែងមិនស្រឡាញ់ផង មិនពេញចិត្តផង មិនគោរពផង មិនសរសើរផង។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ គឺជាអ្នកស្និទស្នាល ចំពោះត្រកូល ដែលមិនមានសេចក្តីរាប់អានខ្លួន ១ ខ្លួនមិនមែនជាឥស្សរៈ តែលើកខ្លួនជាឥស្សរៈ ១ ជាអ្នកចូលទៅរាប់រកដើម្បីផ្សះផ្សាត្រកូល ដែលបែកបាក់គ្នា ១ ជាអ្នកច្រើនខ្សឹបជិតត្រចៀកអ្នកឯទៀត ១ ជាអ្នកសូមគេចែៗ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចូលទៅកាន់ត្រកូល ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ត្រកូលទាំងឡាយ រមែងមិនស្រឡាញ់ផង មិនពេញចិត្តផង មិនគោរពផង មិនសរសើរផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចូលទៅកាន់ត្រកូល ដែលប្រកបដោយធម៌ ៥ យ៉ាង ត្រកូលទាំងឡាយ រមែងស្រឡាញ់ផង ពេញចិត្តផង គោរពផង សរសើរផង។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកមិនស្និទស្នាលចំពោះត្រកូល ដែលមិនមានសេចក្តីរាប់អានខ្លួន ១ ខ្លួនមិនមែនជាឥស្សរៈ ក៏មិនលើកខ្លួនជាឥស្សរៈ ១ ជាអ្នកមិនចូលទៅរាប់រក ដើម្បីផ្សះផ្សាត្រកូល ដែលបែកបាក់គ្នា ១ ជាអ្នកមិនខ្សឹបជិតត្រចៀកអ្នកឯទៀត ១ ជាអ្នកមិនសូមគេចែៗ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចូលទៅកាន់ត្រកូល ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង ត្រកូលទាំងឡាយ រមែងស្រឡាញ់ផង ពេញចិត្តផង គោរពផង សរសើរផង។
(២. បច្ឆាសមណសុត្តំ)
[១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនគួរយកជាបច្ឆាសមណៈឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុដើរឆ្ងាយពេក ឬជិតពេក ១ មិនទទួលយកបាត្រ ឬវត្ថុដែលនៅក្នុងបាត្រ ១ មិនហាមឃាត់ព្រះថេរៈ ដែលនិយាយជិតត្រូវអាបត្តិ ១ កាលព្រះថេរៈ កំពុងនិយាយ ក៏និយាយពាក្យកាត់ត្រង់ចន្លោះៗ ១ ជាអ្នកអ័ប្បឥតប្រាជ្ញា ល្ងង់ខ្លៅ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនគួរយកជាបច្ឆាសមណៈឡើយ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរយកជាបច្ឆាសមណៈបាន។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុមិនដើរឆ្ងាយពេក មិនជិតពេក ១ ទទួលយកបាត្រ ឬវត្ថុដែលនៅក្នុងបាត្រ ១ ហាមឃាត់ព្រះថេរៈ ដែលនិយាយជិតត្រូវអាបត្តិ ១ កាលព្រះថេរៈ កំពុងនិយាយ មិននិយាយពាក្យកាត់ត្រង់ចន្លោះៗ ១ ជាអ្នកមានប្រាជ្ញា មិនល្ងង់ មិនខ្លៅ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរយកជាបច្ឆាសមណៈបាន។
(៣. សម្មាសមាធិសុត្តំ)
[១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនគួរនឹងចូលកាន់សម្មាសមាធិបានឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនគួរនឹងចូលកាន់សម្មាសមាធិបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរនឹងចូលកាន់សម្មាសមាធិបាន។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរចូលកាន់សម្មាសមាធិបាន។
(៤. អន្ធកវិន្ទសុត្តំ)
[១៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអន្ធកវិន្ទគ្រាម ក្នុងដែនមគធៈ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ភិក្ខុទាំងឡាយណា ទើបតែនឹងបួសថ្មី មកកាន់ធម៌វិន័យនេះ ក្នុងកាលឥឡូវនេះ ម្នាលអានន្ទ ភិក្ខុទាំងនោះ ត្រូវអ្នករាល់គ្នាឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ក្នុងធម៌ ៥ យ៉ាង។ ក្នុងធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងបាតិមោក្ខសំវរសីល ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញនូវភ័យក្នុងទោសបន្តិបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងឥន្រ្ទិយសំវរៈ ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ តាំងស្មារតីរក្សា (ទ្វារ) តាំងស្មារតីប្រកបដោយញាណ ជាអ្នកមានចិត្តរក្សាស្មារតី ប្រកបដោយចិត្តរក្សាស្មារតីដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងពាក្យសំដី ឲ្យមានទីបំផុត ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរមក ចូរជាអ្នកមានពាក្យសំដីតិច ធ្វើពាក្យសំដីឲ្យមានទីបំផុតដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងសេចក្តីស្ងប់កាយ ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរមក ចូរជាអ្នកនៅក្នុងព្រៃជាវត្ត គប់រកសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច ព្រៃធំ ដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងការយល់ឃើញត្រូវ ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរជាអ្នកយល់ត្រូវ ប្រកបដោយការយល់ឃើញត្រូវ ដូច្នេះ ១។ ម្នាលអានន្ទ ភិក្ខុទាំងឡាយណា ទើបនឹងបួសថ្មី មកកាន់ធម៌វិន័យនេះ ក្នុងកាលឥឡូវនេះ ម្នាលអានន្ទ ភិក្ខុទាំងនោះ ត្រូវអ្នករាល់គ្នា ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងធម៌ទាំង ៥ នេះឯង។
(៥. មច្ឆរិនីសុត្តំ)
[១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនីកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនីមិនកំណាញ់អាវាស ១ មិនកំណាញ់ត្រកូល ១ មិនកំណាញ់លាភ ១ មិនកំណាញ់គុណ ១ មិនកំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាងនេះឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។
(៦. វណ្ណនាសុត្តំ)
[១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនីមិនពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរបុគ្គល ដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀលបុគ្គល ដែសគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសំដែងនូវសេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសំដែងនូវសេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១ ធ្វើសទ្ធាទេយ្យវត្ថុ ឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនីបានពិចារណា ស្ទាបស្ទង់មើលរួច ទើបតិះដៀល បុគ្គលដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសរសើរបុគ្គល ដែលគួរសរសើរ ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសំដែងនូវសេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសំដែងនូវសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១ មិនធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។
(៧. ឥស្សុកិនីសុត្តំ)
[១៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនី មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរ បុគ្គលដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀល បុគ្គលដែលគួរសរសើរ ១ ជាអ្នកច្រណែន ១ កំណាញ់ ១ ធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនី បានពិចារណា ស្ទាបស្ទង់មើលរួច ទើបតិះដៀលបុគ្គល ដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសរសើរបុគ្គល ដែលគួរសរសើរ ១ ជាអ្នកមិនច្រណែន ១ មិនកំណាញ់ ១ មិនធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។
(៨. មិច្ឆាទិដ្ឋិកសុត្តំ)
[១៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនី មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរបុគ្គល ដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀលបុគ្គល ដែលគួរសរសើរ ១ ជាអ្នកមានសេចក្តីយល់ខុស ១ មានសេចក្តីត្រិះរិះខុស ១ ធ្វើសទ្ធាទេយ្យវត្ថុ ឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនី បានពិចារណា ស្ទាបស្ទង់មើល រួចទើបតិះដៀលបុគ្គល ដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើល រួចទើបសរសើរបុគ្គល ដែលគួរសរសើរ ១ ជាអ្នកមានសេចក្តីយល់ឃើញត្រូវ ១ មានសេចក្តីត្រិះរិះត្រូវ ១ មិនធ្វើសទ្ធាទេយ្យវត្ថុ ឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។
(៩. មិច្ឆាវាចាសុត្តំ)
[១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនី មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរបុគ្គល ដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀលបុគ្គល ដែលគួរសរសើរ ១ ជាអ្នកមានវាចាខុស ១ មានកាងារខុស ១ ធ្វើសទ្ធាទេយ្យវត្ថុ ឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនី បានពិចារណា ស្ទាបស្ទង់មើល រួចទើបតិះដៀលបុគ្គល ដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើល រួចទើបសរសើរបុគ្គល ដែលគួរសរសើរ ១ មានវាចាត្រូវ ១ មានការងារត្រូវ ១ មិនធ្វើសទ្ធាទេយ្យវត្ថុ ឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។
(១០. មិច្ឆាវាយាមសុត្តំ)
[២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនី មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរបុគ្គល ដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយតិះដៀលបុគ្គល ដែលគួរសរសើរ ១ មានព្យាយាមខុស ១ មានសតិខុស ១ ធ្វើសទ្ធាទេយ្យវត្ថុ ឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី ប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុនី បានពិចារណា ស្ទាបស្ទង់មើល រួចទើបតិះដៀលបុគ្គល ដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើល រួចទើបសរសើរបុគ្គល ដែលគួរសរសើរ ១ មានព្យាយាមត្រូវ ១ មានសតិត្រូវ ១ មិនធ្វើសទ្ធាទេយ្យវត្ថុ ឲ្យធ្លាក់ចុះ ១។ ដោយធម៌នេះឯង។បេ។
ចប់ អន្ធកវិន្ទវគ្គ ទី២។
ឧទ្ទាននៃអន្ធកវិន្ទវគ្គនោះគឺ
និយាយអំពីភិក្ខុ ចូលទៅកាន់ត្រកូល ១ អំពីភិក្ខុជាបច្ឆាសមណៈ ១ អំពីភិក្ខុមិនគួរចូលកាន់សម្មាសមាធិ ១ អំពីព្រះដ៏មានព្រះភាគ គង់ក្នុងអន្ធកវិន្ទគ្រាម ១ អំពីសេចក្តីកំណាញ់ ១ អំពីសេចក្តីសរសើរ ១ អំពីភិក្ខុនី មានសេចក្តីច្រណែន ១ អំពីសេចក្តីយល់ខុស ១ អំពីវាចា ១ អំពីព្យាយាម ១។
((១៣) ៣. គិលានវគ្គោ)
(១. គិលានសុត្តំ)
[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅឯគិលានសាលា (មន្ទីរព្យាបាលជម្ងឺ)។ ព្រះអង្គបានឃើញភិក្ខុ ១ រូប មានជម្ងឺ កម្លាំងដាប លុះឃើញហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ស៊ប់ហើយ ទើបត្រាស់ទៅនឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ (បើ) ធម៌ ៥ យ៉ាង មិនលះបង់ នូវបុគ្គលណាមួយ ដែលមានជម្ងឺកំឡាំងដាបទេ គុណវិសេសនុ៎ះ នឹងកើតប្រាកដដល់បុគ្គលនោះ គឺបុគ្គលនោះ មិនយូរប៉ុន្មាន នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអសវៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ ក្នុងកាយថា មិនស្អាត ១ ជាអ្នកសំគាល់ ក្នុងអាហារ ថាជារបស់បដិកូល ១ ជាអ្នកសំគាល់ក្នុងលោកទាំងអស់ ថាជាសភាពមិនគួរត្រេកអរ ១ ជាអ្នកពិចារណាឃើញរឿយៗ ក្នុងសង្ខារទាំងពួងថា មិនទៀង ១ ទាំងមរណៈសញ្ញា របស់បុគ្គលនោះ ក៏តាំងនៅស៊ប់ ក្នុងសន្តាន ១។ ម្នាលភិក្ខុទាំងឡាយ (បើ) ធម៌ទាំង ៥ យ៉ាងនេះ មិនលះបង់បុគ្គលណាមួយ ដែលមានជម្ងឺកម្លាំងដាបទេ គុណវិសេសនុ៎ះ នឹងកើតប្រាកដ ដល់បុគ្គលនោះ គឺបុគ្គលនោះ មិនយូរប៉ុន្មាន នឹងធ្វើឲ្យជាក់ច្បាស់ សម្រេច។បេ។ ព្រោះអស់អាសវៈ។
(២. សតិសូបដ្ឋិតសុត្តំ)
[២២] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណាមួយ ទោះភិក្ខុក្តី ភិក្ខុនីក្តី ចំរើននូវធម៌ ៥ យ៉ាង ធ្វើឲ្យច្រើននូវធម៌ ៥ យ៉ាង បណ្តាផលទាំង ២ ប្រការ ផលណាមួយ នឹងកើតប្រាកដដល់បុគ្គលនោះ គឺថានឹងបានអរហត្តផល ឬកាលបើឧបាទាននៅមានសល់ ក៏គង់នឹងបាននូវភាពជាអនាគាមិបុគ្គល ក្នុងបច្ចុប្បន្ន ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានដំកល់ស្មារតី ក្នុងសន្តាន ១ ជាអ្នកពិចារណាឃើញរឿយៗ ក្នុងកាយថា មិនស្អាត ដោយបញ្ញាជាគ្រឿងកំណត់ដឹងនូវការកើត និងការរលត់នៃធម៌ទាំងឡាយ ១ ជាអ្នកសំគាល់ក្នុងអាហារថា ជារបស់បដិកូល ១ ជាអ្នកសំគាល់ ក្នុងលោកទាំងអស់ថា មិនគួរត្រេកអរ ១ ជាអ្នកសំគាល់ ក្នុងសង្ខារទាំងពួងថា មិនទៀង ១។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណាមួយ ទោះភិក្ខុក្តី ភិក្ខុនីក្តី ចំរើននូវធម៌ ៥ យ៉ាងនេះ ធ្វើឲ្យច្រើន នូវធម៌ ៥ យ៉ាងនេះ បណ្តាផលទាំង ២ ប្រការ ផលណាមួយ នឹងកើតប្រាកដ ដល់បុគ្គលនោះ គឺនឹងបានអរហត្តផល ឬកាលបើឧបាទាននៅមានសល់ ក៏គង់នឹងបាននូវភាពជាអនាគាមិបុគ្គល ក្នុងបច្ចុប្បន្ន។
(៣. បឋមឧបដ្ឋាកសុត្តំ)
[២៣] ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺប្រកបដោយធម៌ ៥ យ៉ាង ជាបុគ្គលលំបាកបម្រើ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកមិនចេះធ្វើខ្លួនឲ្យសប្បាយ ១ មិនដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នកមិនរានថ្នាំ ១ មិនប្រាប់ជម្ងឺតាមពិត ដល់អ្នកបម្រើជម្ងឺដែលប្រាថ្នានូវសេចក្តីចំរើន ឬជម្ងឺដែលចំរើនឡើង មិនប្រាប់ថាចំរើនឡើង ឬជម្ងឺដែលធូរថយ មិនប្រាប់ថាធូរថយ ឬក៏ជម្ងឺដែលនៅនឹង មិនប្រាប់ថានៅនឹង ១ ជាអ្នកមិនចេះអត់ធន់ចំពោះវេទនាប្រជុំក្នុងសរីរៈ ជាទុក្ខដ៏ក្លាខ្លាំង ខ្លោចផ្សា មិនស្រួល មិនជាទីពេញចិត្ត ជាវេទនា អាចនាំយកជីវិតបាន ដែលកើតហើយ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាបុគ្គលលំបាកបម្រើ។ ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺប្រកបដោយធម៌ ៥ យ៉ាង ជាបុគ្គលងាយបម្រើ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺជាអ្នកចេះធ្វើខ្លួនឲ្យសប្បាយ ១ ដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នករានថ្នាំ ១ ប្រាប់ជម្ងឺតាមពិត ដល់អ្នកបម្រើជម្ងឺ ដែលប្រាថ្នានូវសេចក្តីចំរើន ឬជម្ងឺដែលចំរើនឡើង ប្រាប់ថាចំរើនឡើង ឬជម្ងឺធូរថយ ប្រាប់ថា ធូរថយ ឬក៏ជម្ងឺនៅនឹង ប្រាប់ថានៅនឹង ១ ជាអ្នកអត់ធន់ចំពោះវេទនា ដែលប្រជុំក្នុងសរីរៈ ជាទុក្ខដ៏ក្លាខ្លាំង ខ្លោចផ្សា មិនស្រួល មិនជាទីពេញចិត្ត ជាវេទនាអាចនាំយកនូវជីវិតបាន ដែលកើតហើយ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាបុគ្គលងាយបម្រើ។
(៤. ទុតិយឧបដ្ឋាកសុត្តំ)
[២៤] ម្នាលភិក្ខុទាំងឡាយ អ្នកបម្រើជម្ងឺប្រកបដោយធម៌ ៥ យ៉ាង មិនគួរនឹងបម្រើជម្ងឺទេ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកមិនប្រសប់ចាត់ចែងថ្នាំ ១ មិនស្គាល់នូវការសប្បាយ និងមិនសប្បាយ ១ ធ្វើអ្នកជម្ងឺ ឲ្យឈមទៅរកការមិនសប្បាយ ទាំងមិននាំសេចក្តីសប្បាយចូលមក ១ បម្រើជម្ងឺដោយចង់បានអាមិស មិនបម្រើដោយមេត្តាចិត្ត ជាអ្នកខ្ពើម ចំពោះការនាំយកឧច្ចារៈ បស្សាវៈ កំអួត ឬទឹកមាត់ទៅចោល ១ ជាអ្នកមិនប្រសប់ធ្វើអ្នកជម្ងឺ ឲ្យយល់ឃើញ ឲ្យកាន់យក ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា តាមកាលគួរ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកបម្រើជម្ងឺ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនគួរនឹងបម្រើជម្ងឺបានឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកបម្រើជម្ងឺ ប្រកបដោយធម៌ ៥ យ៉ាង ទើបគួរនឹងបម្រើជម្ងឺបាន។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកប្រសប់ចាត់ចែងថ្នាំ ១ ស្គាល់នូវការសប្បាយ និងមិនសប្បាយ ១ នាំចេញនូវសេចក្តីមិនសប្បាយ ធ្វើអ្នកជម្ងឺឲ្យឈមទៅរកការសប្បាយ ១ បម្រើជម្ងឺដោយមេត្តាចិត្ត មិនបម្រើដោយចង់បានអាមិស ទាំងមិនខ្ពើម ចំពោះការនាំយកឧច្ចារៈ បស្សាវៈ កំអួត ឬទឹកមាត់ទៅចោល ១ ជាអ្នកប្រសប់ធ្វើអ្នកជម្ងឺ ឲ្យយល់ឃើញ ឲ្យកាន់យក ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា តាមកាលគួរ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកបម្រើជម្ងឺ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរនឹងបម្រើជម្ងឺបាន។
(៥. បឋមអនាយុស្សាសុត្តំ)
[២៥] ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ (ធម៌ធ្វើឲ្យអាយុថយ) នេះ មាន ៥ យ៉ាង។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកមិនចេះធ្វើខ្លួនឲ្យសប្បាយ ១ មិនដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហារមិនរលួយ ១ ជាអ្នកត្រេចទៅមិនត្រូវតាមកាល ១ ជាអ្នកមិនប្រព្រឹត្តធម៌ដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ (ធម៌ធ្វើឲ្យចំរើនអាយុ) នេះ មាន ៥ យ៉ាង។ ធម៌ ៥ យ៉ាងតើដូចម្តេចខ្លះ។ គឺជាអ្នកចេះធ្វើខ្លួនឲ្យសប្បាយ ១ ដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហាររលួយ ១ ជាអ្នកត្រេចទៅត្រូវតាមកាល ១ ប្រព្រឹត្តធម៌ដ៏ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ មាន ៥ យ៉ាងនេះឯង។
(៦. ទុតិយអនាយុស្សាសុត្តំ)
[២៦] ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ (ធម៌ធ្វើឲ្យអាយុថយ) នេះ មាន ៥ យ៉ាង។ ធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកមិនចេះធ្វើខ្លួនឲ្យសប្បាយ ១ មិនដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហារមិនរលួយ ១ ជាអ្នកទ្រុស្តសីល ១ ជាអ្នកមានមិត្តអាក្រក់ ១។ ម្នាលភិក្ខុទាំងឡាយ អនាយុស្សធម៌ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ (ធម៌ធ្វើឲ្យចំរើនអាយុ) នេះ មាន ៥ យ៉ាង។ ធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ គឺជាអ្នកចេះធ្វើខ្លួនឲ្យសប្បាយ ១ ដឹងប្រមាណ ក្នុងការសប្បាយ ១ ជាអ្នកបរិភោគអាហាររលួយ ១ ជាអ្នកមានសីល ១ ជាអ្នកមានកល្យាណមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ អាយុស្សធម៌ មាន ៥ យ៉ាងនេះឯង។
(៧. វបកាសសុត្តំ)
[២៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនគួរនឹងចេញចាកសង្ឃ1) (ទៅនៅតែម្នាក់ឯង) ទេ។ ប្រកបដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនសន្តោសដោយចីវរ តាមមានតាមបាន ១ មិនសន្តោសដោយបិណ្ឌបាត តាមមានតាមបាន ១ មិនសន្តោសដោយសេនាសនៈ តាមមានតាមបាន ១ មិនសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ជាអ្នកក្រាស់ដោយសេចក្តីត្រិះរិះក្នុងកាម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនគួរនឹងចេញចាកសង្ឃ (ទៅនៅតែម្នាក់ឯង) ទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងទើបគួរចេញចាកសង្ឃ (ទៅនៅតែម្នាក់ឯង) បាន។ ប្រកបដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរ តាមមានតាមបាន ១ សន្តោស ដោយបិណ្ឌបាត តាមមានតាមបាន ១ សន្តោសដោយសេនាសនៈ តាមមានតាមបាន ១ សន្តោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ជាអ្នកក្រាស់ដោយសេចក្តីត្រិះរិះ ក្នុងការចេញចាកកាម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរចេញចាកសង្ឃ (ទៅនៅតែម្នាក់ឯង) បាន។
(៨. សមណសុខសុត្តំ)
[២៨] ម្នាលភិក្ខុទាំងឡាយ សមណទុក្ខ (ទុក្ខរបស់សមណៈ) នេះ មាន ៥ យ៉ាង។ ទុក្ខ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនសន្តោសដោយចីវរ តាមមានតាមបាន ១ មិនសន្តោសដោយបិណ្ឌបាត តាមមានតាមបាន ១ មិនសន្តោស ដោយសេនាសនៈ តាមមានតាមបាន ១ មិនសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ប្រព្រឹត្តព្រហ្មចរិយធម៌ទាំងមិនត្រេកអរ ១។ ម្នាលភិក្ខុទាំងឡាយ សមណទុក្ខ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សមណសុខ (សុខរបស់សមណៈ) មាន ៥ យ៉ាង។ សុខ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរ តាមមានតាមបាន ១ សន្តោសដោយបិណ្ឌបាត តាមមានតាមបាន ១ សន្តោសដោយសេនាសនៈ តាមមានតាមបាន ១ សន្តោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ប្រព្រឹត្តព្រហ្មចរិយៈ ដោយសេចក្តីត្រេកអរ ១។ ម្នាលភិក្ខុទាំងឡាយ សមណសុខ មាន ៥ យ៉ាងនេះឯង។
(៩. បរិកុប្បសុត្តំ)
[២៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៥ ពួកនេះ ជាអ្នកទៅកាន់អបាយ ទៅកាន់នរក មានសភាពកំរើក ជាបុគ្គលកែប្រែមិនបាន។ បុគ្គល ៥ ពួក តើដូចម្តេច។ គឺបុគ្គលផ្តាច់ជីវិតមាតា ១ បុគ្គលផ្តាច់ជីវិតបិតា ១ បុគ្គលផ្តាច់ជីវិតព្រះអរហន្ត ១ បុគ្គលធ្វើលោហិតរបស់តថាគត ឲ្យពុរពងឡើង ដោយចិត្តប្រទូស្ត ១ បុគ្គលបំបែកសង្ឃ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៥ ពួកនេះឯង ជាអ្នកទៅកាន់អបាយ ទៅកាន់នរក មានសភាពកំរើក ជាបុគ្គលកែប្រែមិនបាន។
(១០. ព្យសនសុត្តំ)
[៣០] ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាសនេះ មាន ៥ យ៉ាង។ សេចក្តីវិនាស ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺវិនាសញាតិ ១ វិនាសទ្រព្យ ១ វិនាសព្រោះរោគ ១ វិនាសសីល ១ វិនាសទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុវិនាសញាតិ ឬព្រោះហេតុវិនាសទ្រព្យ ឬក៏ហេតុតែវិនាសព្រោះរោគ ក៏ទេ ម្នាលភិក្ខុទាំងឡាយ ពួកសត្វបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុវិនាសសីល ឬព្រោះហេតុវិនាសទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាស មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌នេះ មាន ៥ យ៉ាង។ ការបរិបូណ៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺបរិបូណ៌ដោយញាតិ ១ បរិបូណ៌ដោយទ្រព្យ ១ បរិបូណ៌ដោយការមិនមានរោគ ១ បរិបូណ៌ដោយសីល ១ បរិបូណ៌ដោយទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុបរិបូណ៌ដោយញាតិ ឬព្រោះហេតុតែបរិបូណ៌ដោយទ្រព្យ ឬក៏ព្រោះហេតុតែបរិបូណ៌ ដោយការមិនមានរោគ ក៏ទេ ម្នាលភិក្ខុទាំងឡាយ ពួកសត្វបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតឯសុគតិសួគ៌ ទេវលោក ព្រោះហេតុបរិបូណ៌ដោយសីល ឬព្រោះហេតុបរិបូណ៌ដោយទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌ មាន ៥ យ៉ាងនេះឯង។
ចប់ គិលានវគ្គ ទី៣។
ឧទ្ទាននៃគិលានវគ្គនោះ គឺ
និយាយអំពីភិក្ខុមានជម្ងឺ ១ អំពីដំកល់ស្មារតី ១ អំពីបុគ្គលបម្រើជម្ងឺ ២លើក អំពីអាយុ ២ លើក អំពីបុគ្គលមិនគួរចេញចាកសង្ឃ ១ អំពីទុក្ខ ១ អំពីបុគ្គលជាអ្នកកម្រើក ១ អំពីការបរិបូណ៌ ១។
((១៤) ៤. រាជវគ្គោ)
(១. បឋមចក្កានុវត្តនសុត្តំ)
[៣១] ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិ ប្រកបដោយអង្គ ៥ យ៉ាង រមែងញុំាងអាណាចក្រ ឲ្យប្រព្រឹត្តទៅ ដោយកុសលធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹតិ្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិ ក្នុងលោកនេះ ទ្រង់ឈ្វេងយល់ នូវប្រយោជន៍ (នៃរាជការ) ១ ទ្រង់ចាំនូវប្រវេណីធម៌ ១ ទ្រង់ស្គាល់ប្រមាណ ក្នុងអាជ្ញា ឬគ្រឿងបូជា ១ ទ្រង់ស្គាល់កាល ១2) ទ្រង់ស្គាល់បរិសទ្យ ១3) ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងញ៉ាំងព្រះរាជអាណាចក្រ ឲ្យប្រព្រឹត្តទៅដោយធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ ៥ ប្រការដូច្នោះដែរ ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ដោយធម៌បាន ធម្មចក្រនោះឯង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោកនេះ ជាអ្នកដឹងអត្ថ ១ ដឹងធម៌ ១ ដឹងប្រមាណ4) ១ ដឹងកាល ១5) ដឹងបរិសទ្យ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងញ៉ាំងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ដោយធម៌បាន ធម្មចក្រនោះឯង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។
(២. ទុតិយចក្កានុវត្តនសុត្តំ)
[៣២] ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះរាជាចក្រពត្តិ ប្រកបដោយអង្គ ៥ យ៉ាង រមែងញ៉ាំងអាណាចក្រ ដែលបិតាធ្លាប់ឲ្យប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅតាមលំដាប់ដោយធម៌បាន អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ស្តេចចក្រពត្តិ ក្នុងលោកនេះ ទ្រង់ឈ្វេងយល់ នូវប្រយោជន៍ (នៃរាជការ) ១ ទ្រង់ចាំនូវប្រវេណីធម៌ ១ ទ្រង់ស្គាល់ប្រមាណ ក្នុងអាជ្ញា ឬគ្រឿងបូជា ១ ទ្រង់ស្គាល់កាល ១ ទ្រង់ស្គាល់បរិសទ្យ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះរាជាចក្រពត្តិប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងញ៉ាំងអាណាចក្រ ដែលបិតាធ្លាប់ឲ្យប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅ តាមលំដាប់ដោយធម៌បាន អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្ស មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ប្រកបដោយធម៌ ៥ យ៉ាងដូច្នោះដែរ ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ដែលតថាគតធ្លាប់ឲ្យប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅតាមលំដាប់ ដោយប្រពៃបាន ធម្មចក្រនោះ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្រ ជាអ្នកដឹងអត្ថ ១ ដឹងធម៌ ១ ដឹងប្រមាណ ១ ដឹងកាល ១ ដឹងបរិសទ្យ ១។ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ដែលព្រះតថាគត ធ្លាប់ឲ្យប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅតាមលំដាប់ ដោយប្រពៃបាន ធម្មចក្រនោះ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។
(៣. ធម្មរាជាសុត្តំ)
[៣៣] ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិណា ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ ព្រះរាជានោះឯង មិនញុំាងអាណាចក្រ ដែលមិនជារបស់ព្រះរាជា ឲ្យប្រព្រឹត្តទៅឡើយ។6) កាលព្រះដ៏មានបុណ្យ ទ្រង់ត្រាស់យ៉ាងនេះ ភិក្ខុមួយរូប បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្នកណា ជាស្តេចរបស់ព្រះរាជាចក្រពត្តិ ដែលប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ព្រះធម៌ (ជាស្តេច) ដូច្នេះហើយ ត្រាស់ថា ម្នាលភិក្ខុ ព្រះរាជាចក្រពត្តិ ក្នុងលោកនេះ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ ទ្រង់ទីពឹងនូវធម៌តែមួយយ៉ាង ហើយធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់ យកធម៌ជាធំ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះអន្តោជន គឺអគ្គមហេសី បុត្តធីតា។ ម្នាលភិក្ខុ មួយទៀត ព្រះរាជាចក្រពត្តិ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌។បេ។ យកធម៌ជាធំ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះពួកក្សត្រិយ៍ (ដែលបានមុទ្ធាភិសេក) ចំពោះពួកក្សត្រិយ៍ ដែលចុះចូល ចំពោះពួកពល ចំពោះព្រាហ្មណ៍ គហបតី ចំពោះអ្នកនិគម អ្នកជនបទ ចំពោះសមណព្រាហ្មណ៍ ចំពោះម្រឹគ បក្សី។ ម្នាលភិក្ខុ ព្រះរាជាចក្រពត្តិនោះឯង ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌។បេ។ យកធម៌ជាធំ លុះចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះអន្តោជន លុះចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះពួកក្សត្រិយ៍ ចំពោះពួកក្សត្រិយ៍ ដែលចុះចូល ចំពោះពួកពល ចំពោះព្រាហ្មណ៍ គហបតី ចំពោះអ្នកនិគម អ្នកជនបទ ចំពោះសមណព្រាហ្មណ៍ ចំពោះពួកម្រឹគ បក្សីរួចហើយ ទើបញុំាងអាណាចក្រ ឲ្យប្រព្រឹត្តទៅ ដោយធម៌តែមួយយ៉ាង អាណាចក្រនោះឯង សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។ ម្នាលភិក្ខុ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ជាធម្មិកធម្មរាជ ក៏យ៉ាងនោះដែរ តែងទីពឹងនូវធម៌តែមួយយ៉ាង ហើយធ្វើសក្ការៈចំពោះធម៌ គោរពធម៌ កោតក្រែងធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់ យកធម៌ជាធំ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះភិក្ខុទាំងឡាយថា កាយកម្មបែបនេះ ត្រូវសេព កាយកម្មបែបនេះ មិនត្រូវសេពទេ វចីកម្មបែបនេះ ត្រូវសេព វចីកម្មបែបនេះ មិនត្រូវសេពទេ មនោកម្មបែបនេះ ត្រូវសេព មនោកម្មបែបនេះ មិនត្រូវសេពទេ ការចិញ្ចឹមជីវិតបែបនេះ ត្រូវសេព ការចិញ្ចឹមជីវិតបែបនេះ មិនត្រូវសេពទេ ស្រុកនិគមបែបនេះ ត្រូវសេព ស្រុកនិគមបែបនេះ មិនត្រូវសេពគប់ទេ។ ម្នាលភិក្ខុ មួយទៀត ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ជាធម្មិកធម្មរាជ។បេ។ យកធម៌ជាធំ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះភិក្ខុនី … ចំពោះឧបាសក … ចំពោះឧបាសិកាថា កាយកម្មបែបនេះ ត្រូវសេព កាយកម្មបែបនេះ មិនត្រូវសេពទេ។បេ។ ស្រុកនិគមបែបនេះ ត្រូវសេព ស្រុកនិគមបែបនេះ មិនត្រូវសេពទេ។ ម្នាលភិក្ខុ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ជាធម្មិកធម្មរាជនោះឯង។បេ។ យកធម៌ជាធំ លុះចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះភិក្ខុ ចាត់ចែងនូវការរក្សា ការពារ គ្រប់គ្រងប្រកបដោយធម៌ ចំពោះភិក្ខុនី … ចំពោះឧបាសក … ចំពោះឧបាសិការួចហើយ ទើបញុំាងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ដោយធម៌តែមួយយ៉ាង ធម្មចក្រនោះ ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ។
(៤. យស្សំទិសំសុត្តំ)
[៣៤] ម្នាលភិក្ខុទាំងឡាយ ព្រះរាជាជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ប្រកបដោយអង្គ ៥ យ៉ាង ទ្រង់ប្រថាប់ក្នុងទិសឯណាៗ ក៏រមែងប្រថាប់តែក្នុងដែន របស់ព្រះអង្គដដែល។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាជាក្សត្រិយ៍ដែលបានមុទ្ធាភិសេកហើយ ក្នុងលោកនេះ ទ្រង់មានព្រះជាតិដ៏ល្អ ទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីដំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ព្រះជាតិបាន ១ ព្រះអង្គជាស្តេចស្តុកស្តម្ភ មានព្រះរាជទ្រព្យច្រើន មានភោគសម្បត្តិច្រើន មានឃ្លាំង និងជង្រុកដ៏បរិបូណ៌ ១ ព្រះអង្គមានរេហ៍ពល ប្រកបដោយចតុរង្គសេនា ដែលអាចស្តាប់បង្គាប់ ធ្វើតាមព្រះរាជឱវាទ ១ បរិនាយករតន៍ នៃព្រះអង្គ ជាអ្នកប្រាជ្ញវាងវៃ មានប្រាជ្ញា អង់អាច តែងគិតឃើញប្រយោជន៍ ដែលជាអតីត អនាគត និងបច្ចុប្បន្ន ១ ធម៌ទាំង ៤ យ៉ាងនេះឯង រមែងញុំាងយសបរិវារ របស់ក្សត្រិយ៍នោះ ឲ្យចាស់ក្លា។ ព្រះរាជានោះ ប្រកបដោយធម៌ ដែលមានយសបរិវារ ជាគំរប់ ៥ នេះ ទ្រង់ប្រថាប់ក្នុងទិសឯណាៗ រមែងប្រថាប់តែក្នុងដែនរបស់ព្រះអង្គដដែល។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ដំណើរនុ៎ះឯង ជាទំនៀមរបស់បុគ្គលទាំងឡាយ ដែលមានជ័យជំនះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ ស្ថិតនៅក្នុងទិសឯណាៗ រមែងស្ថិតនៅ ដោយវិមុត្តិចិត្តតែមួយយ៉ាង។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សិក្សាក្នុងសិក្ខាបទទាំងឡាយ ដូចជាព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់បរិបូណ៌ដោយព្រះជាតិ ១ ជាអ្នកចេះដឹងច្រើន។បេ។ ជាអ្នកមុតធ្លុះដោយទិដ្ឋិ ដូចព្រះរាជាជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ជាស្តេចស្តុកស្តម្ភ មានព្រះរាជទ្រព្យច្រើន មានភោគសម្បត្តិច្រើន មានឃ្លាំង និងជង្រុកបរិបូណ៌ ១ មានសេចក្តីព្យាយាមប្រារព្ធ ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដើម្បីញ៉ាំងកុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកំឡាំងចិត្ត មានសេចក្តីខ្មីឃ្មាតដ៏មាំ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ដូចជាព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ព្រះអង្គបរិបូណ៌ដោយកំឡាំង ១ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងកំណត់ដឹង នូវការកើត និងការរលត់ ជាប្រាជ្ញាដ៏ប្រសើរ អាចទំលុះទំលាយ (នូវគំនរនៃលោភៈជាដើម) ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យដល់នូវការអស់ទៅ ដោយប្រពៃ ដូចជាព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់បរិបូណ៌ ដោយបរិនាយករតនៈ ១ ធម៌ទាំង ៤ យ៉ាងនេះឯង រមែងញ៉ាំងវិមុត្តិ របស់ភិក្ខុនោះ ឲ្យចាស់ក្លា ១។ ភិក្ខុនោះ ប្រកបដោយធម៌ មានវិមុត្តិ ជាគំរប់ ៥ នេះ នៅក្នុងទិសឯណាៗ រមែងស្ថិតនៅ ដោយវិមុត្តិចិត្តតែមួយយ៉ាង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ដំណើរនុ៎ះឯង ជាទំនៀមរបស់ភិក្ខុ ដែលមានចិត្តរួចស្រឡះ ចាកកិលេស។
(៥. បឋមបត្ថនាសុត្តំ)
[៣៥] ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជាព្រះរាជកុមារ ប្រកបដោយអង្គ ៥ យ៉ាង តែងប្រាថ្នានូវរាជ្យ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជ ដែលបានមុទ្ធាភិសេក ជាព្រះរាជកុមារ មានព្រះជាតិដ៏ល្អ ទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីដំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ព្រះជាតិបាន ១ ព្រះអង្គមានព្រះរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយព្រះឆវីវណ្ណល្អក្រៃលែង ១ ព្រះអង្គជាទីស្រលាញ់ សព្វព្រះរាជហឫទ័យ នៃព្រះមាតាព្រះបិតា ១ ជាទីស្រលាញ់ ជាទីគាប់ចិត្ត របស់អ្នកនិគម អ្នកជនបទ ១ ហេតុជាទីកើត នៃសិល្បសាស្រ្តឯណា សម្រាប់ខត្តិយរាជទាំងឡាយដែលបានមុទ្ធាភិសេកហើយ ទោះជាសិល្ប: ខាងដំរីក្តី សេះក្តី រថក្តី ធ្នូក្តី ព្រះអង្គជាអ្នកសិក្សាឥតមានទើសទាល់ ក្នុងសិល្បសាស្រ្តនោះ ១។ ព្រះរាជបុត្រច្បងនោះ តែងមានសេចក្តីត្រិះរិះយ៉ាងនេះថា ខ្លួនអញហ្នឹងឯង មានជាតិដ៏ល្អ ទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចេញចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីដំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបាន ព្រោះហេតុអ្វី អញនឹងមិនប្រាថ្នានូវរាជ្យ អញហ្នឹងឯង ជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង ព្រោះហេតុអ្វី អញមិនប្រាថ្នានូវរាជ្យ អញជាទីស្រលាញ់ ពេញចិត្ត នៃព្រះមាតា និងព្រះបិតា ព្រោះហេតុអ្វី អញមិនប្រាថ្នានូវរាជ្យ អញជាទីស្រលាញ់ ជាទីគាប់ចិត្ត នៃអ្នកនិគម អ្នកជនបទ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវរាជ្យ ហេតុជាទីកើត នៃសិល្បសាស្ត្រឯណា សម្រាប់ខត្តិយរាជទាំងឡាយ ដែលបានមុទ្ធាភិសេកហើយ ទោះជាសិល្ប: ខាងដំរីក្តី សេះក្តី រថក្តី ធ្នូក្តី អញជាអ្នកសិក្សាឥតមានទើសទាល់ ក្នុងសិល្បសាស្រ្តនោះ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវរាជ្យ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជាព្រះរាជកុមារ ប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងប្រាថ្នានូវរាជ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ តែងប្រាថ្នា នូវការអស់ទៅនៃអាសវៈទាំងឡាយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿពោធិញ្ញាណរបស់តថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។ បេ។ ព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ត្រៃភពទៀត ១ ជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយតេជោធាតុចាស់ល្មម មិនត្រជាក់ពេក មិនក្តៅពេក យ៉ាងកណ្តាល គួរដល់សេចក្តីព្យាយាម ១ មិនជាអ្នកលេងបោកប្រាស មិនមានមាយា ជាអ្នកធ្វើឲ្យជាក់ច្បាស់នូវខ្លួន គួរតាមសេចក្តីពិត ក្នុងសំណាក់សាស្តា ឬក្នុងសំណាក់ នៃសព្រហ្មចារីទាំងឡាយ ដែលជាអ្នកចេះដឹង ១ ជាបុគ្គលប្រារព្ធព្យាយាម ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដើម្បីញុំាងកុសលធម៌ ឲ្យដុះដាលឡើង ជាបុគ្គលមានកំឡាំងចិត្ត មានសេចក្តីសង្វាតដ៏មាំ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលអាចកំណត់ដឹង នូវសេចក្តីកើត និងការរលត់បាន ជាប្រាជ្ញាដ៏បរិសុទ្ធ អាចទំលុះទំលាយ (នូវគំនរនៃលោភៈជាដើម) ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យដល់នូវការអស់ទៅ ដោយប្រពៃ ១។ ភិក្ខុនោះ រមែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា អញហ្នឹងឯង ជាអ្នកមានសទ្ធា ជឿព្រះពោធិញ្ញាណ របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ។បេ។ ព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ត្រៃភពទៀត ព្រោះអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយតេជោធាតុចាស់ល្មម មិនត្រជាក់ពេក មិនក្តៅពេក យ៉ាងកណ្តាល គួរដល់សេចក្តីព្យាយាម ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមិនលេងបោកប្រាស មិនមានមាយា ជាអ្នកធ្វើឲ្យជាក់ច្បាស់នូវខ្លួន គួរតាមសេចក្តីពិតក្នុងសំណាក់សាស្តា ឬក្នុងសំណាក់ នៃសព្រហ្មចារីទាំងឡាយ ដែលជាអ្នកចេះដឹង ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាបុគ្គលប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌ទាំងឡាយ។បេ។ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញជាអ្នកមានប្រាជ្ញា។បេ។ ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យដល់នូវការអស់ទៅ ដោយប្រពៃ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ។
(៦. ទុតិយបត្ថនាសុត្តំ)
[៣៦] ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ប្រកបដោយអង្គ ៥ យ៉ាង រមែងប្រាថ្នា នូវឧបរាជ្យ (ភាពជាស្តេចបន្ទាប់)។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជ ដែលបានមុទ្ធាភិសេកហើយ ជាព្រះរាជកុមារ មានព្រះជាតិដ៏ល្អទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូត្រចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីតំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ព្រះជាតិបាន ១ មានព្រះរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយព្រះឆវីវណ្ណល្អក្រៃលែង ១ ជាទីស្រឡាញ់ គាប់ព្រះហឫទ័យ របស់ព្រះមាតាព្រះបិតា ១ ជាទីស្រឡាញ់ ពេញចិត្ត របស់ពួកពល ១ ជាអ្នកប្រាជ្ញ ឈ្លាសវៃ មានប្រាជា្ញអង់អាច ៗ គិតឃើញនូវប្រយោជន៍ ដែលជាអតីត អនាគត បច្ចុប្បន្ន ១។ ព្រះរាជបុត្រច្បងនោះ តែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា អញហឹ្នងឯង ជាអ្នកមានកំណើតល្អ ទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូត្រចាកព្រះគភ៌ ដ៏បរិសុទ្ធ អំពីតំណនៃអយ្យកោ និងអយ្យិកា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបាន ព្រោះហេតុអ្វី អញមិនប្រាថ្នានូវឧបរាជ្យ អញហ្នឹងឯង ជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវឧបរាជ្យ អញហ្នឹងឯង ជាទីស្រឡាញ់ គាប់ព្រះហឫទ័យ នៃព្រះមាតា និងព្រះបិតា ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវឧបរាជ្យ អញហ្នឹងឯង ជាទីស្រឡាញ់ ពេញចិត្តនៃពួកពល ព្រោះហេតុអ្វី អញមិនប្រាថ្នានូវឧបរាជ្យ អញហ្នឹងឯង ជាអ្នកប្រាជ្ញ ឈ្លាសវៃ មានប្រាជ្ញាអង់អាចៗ គិតឃើញនូវប្រយោជន៍ ដែលជាអតីត អនាគត បច្ចុប្បន្ន ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវឧបរាជ្យ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជបុត្រច្បង របស់ព្រះខត្តិយរាជដែលបានមុទ្ធាភិសេកហើយ ប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងប្រាថ្នានូវឧបរាជ្យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ រមែងប្រាថ្នា នូវការអស់ទៅនៃអាសវៈទាំងឡាយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។បេ។ សិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកមានសេចក្តីចេះដឹងច្រើន។បេ។ ជាអ្នកមុតធ្លុះ ដោយសម្មាទិដ្ឋិ ១ ជាអ្នកមានចិត្តដំកល់ស៊ប់ ក្នុងសតិប្បដ្ឋានទាំងបួន ១ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់អកុសលធម៌។បេ។ មិនដាក់ធុរៈចោលក្នុងកុសលធម៌ ១ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ដែលអាចកំណត់ដឹង នូវការកើតនិងការរលត់បាន ជាប្រាជ្ញាដ៏បរិសុទ្ធ អាចទំលុះទំលាយ (នូវគំនរនៃលោភៈជាដើម) ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យអស់ទៅដោយប្រពៃ ១។ ភិក្ខុនោះ តែងមានសេចក្តីត្រិះរិះ យ៉ាងនេះថា អញហ្នឹងឯង ជាអ្នកមានសីល។បេ។ សិក្សាក្នុងសិក្ខាបទទាំងឡាយ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមានសេចក្តីចេះដឹងច្រើន ចងចាំនូវសូត្រ ចាំស្ទាត់នូវសូត្រ។បេ។ ជាអ្នកមុតធ្លុះ ដោយសម្មាទិដ្ឋិ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមានចិត្តដំកល់ស៊ប់ ក្នុងសតិប្បដ្ឋាន ៤ ព្រោះហេតុអ្វី អញមិនប្រាថ្នានូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ទាំងឡាយ។បេ។ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវការអស់ទៅ នៃអាសវៈទាំងឡាយ អញហ្នឹងឯង ជាអ្នកមានប្រាជ្ញា។បេ។ ជាប្រាជ្ញាធ្វើកងទុក្ខ ឲ្យដល់នូវការអស់ទៅ ដោយប្រពៃបាន ព្រោះហេតុអ្វី អញមិនប្រាថ្នា នូវការអស់ទៅ នៃអាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងប្រាថ្នា នូវការអស់ទៅ នៃអាសវៈទាំងឡាយ។
(៧. អប្បំសុបតិសុត្តំ)
[៣៧] ម្នាលភិក្ខុទាំងឡាយ ជន ៥ ពួកនេះ ក្នុងវេលារាត្រី រមែងដេកលក់តិច ភ្ញាក់រលឹកច្រើន។ ជន ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺស្រីដែលមានប្រាថ្នា ចំពោះបុរស (ដោយអសទ្ធម្ម) ក្នុងវេលារាត្រី រមែងដេកលក់តិច ភ្ញាក់រលឹកច្រើន ១ ម្នាលភិក្ខុទាំងឡាយ បុរសដែលមានប្រាថ្នា ចំពោះស្រី (ដោយអសទ្ធម្ម) ក្នុងវេលារាត្រី រមែងដេកលក់តិច ភ្ញាក់រលឹកច្រើន ១ ម្នាលភិក្ខុទាំងឡាយ ចោរដែលប្រាថ្នាកាន់យក (ទ្រព្យរបស់គេ) ក្នុងវេលារាត្រី ដេកលក់តិច ភ្ញាក់រលឹកច្រើន ១ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាខ្វល់ខ្វាយ ក្នុងរាជកិច្ច ក្នុងវេលារាត្រី ផ្ទំលក់តិច ភ្ញាក់រលឹកច្រើន ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានប្រាថ្នា ដើម្បីអស់សញ្ញោជនៈ (ព្រះនិព្វាន) ក្នុងវេលារាត្រី ដេកលក់តិច ភ្ញាក់រលឹកច្រើន ១។ ម្នាលភិក្ខុទាំងឡាយ ពួកជន ៥ ពួកនេះឯង ក្នុងវេលារាត្រី ដេកលក់តិច ភ្ញាក់រលឹកច្រើន។
(៨. ភត្តាទកសុត្តំ)
[៣៨] ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាង ជាសត្វបានតែខាងស៊ីអាហារផង វាតទីឱកាសផង7) ជម្រះសំអាតអាចម៍ (ត្រង់ឱកាសនោះ) ផង កាន់យកស្លាកផង8) តែដល់នូវការរាប់ថា ជាដំរី ដ៏ប្រសើររបស់ស្តេចដែរ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ដំរី ដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ដំរី ដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាងនេះឯង ជាសត្វបានតែខាងស៊ីអាហារផង វាតទីឱកាសផង ជម្រះសំអាតអាចម៍ (ត្រង់ទីឱកាសនោះ) ផង ទទួលយកស្លាកផង តែដល់នូវការរាប់ថា ជាដំរី ដ៏ប្រសើររបស់ស្តេចដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ ជាអ្នកបានតែខាងបរិភោគ នូវចង្ហាន់ផង ផ្សាយនូវឱកាសផង ដុសខាត់នូវតាំងផង កាន់យកនូវស្លាកផង តែដល់នូវការរាប់ថា ជាភិក្ខុដែរ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកបានតែខាងបរិភោគចង្ហាន់ផង ផ្សាយឱកាសផង ដុសខាត់នូវតាំងផង កាន់យកនូវស្លាកផង តែដល់នូវការរាប់ថា ជាភិក្ខុដែរ។
(៩. អក្ខមសុត្តំ)
[៣៩] ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាង មិនគួរជារាជយាន មិនសមជារាជបម្រើ មិនដល់នូវការរាប់ថា ជាអង្គរបស់ស្តេចបានឡើយ។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងរូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានឃើញពួកពលដំរីក្តី ឃើញពួកពលសេះក្តី ឃើញពួកពលរថក្តី ឃើញពួកពលថ្មើរជើងក្តី ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងរូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងសំឡេង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានឮសូរសន្ធឹកដំរីក្តី ឮសូរសន្ធឹកសេះក្តី ឮសូរសន្ធឹករថក្តី ឮសូរសន្ធឹកពលថ្មើរជើងក្តី ឮសូរកងរំពង នៃស្គរតូច ស្គរធំ ស័ង្ខ ស្គរសឹកសង្រ្គាមក្តី ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងសំឡេង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងក្លិន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានធុំក្លិនមូត្រលាមក របស់ដំរីដែលមានជាតិខ្ពង់ខ្ពស់ ធ្លាប់ចុះស្នាម ក្នុងសង្រ្គាមរបស់ស្តេចដទៃ ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងក្លិន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម មិនមានគេរាប់អានដោយឲ្យស្មៅ និងទឹកម្តងក្តី មិនមានគេរាប់អាន ដោយឲ្យស្មៅ និងទឹក ២ដងក្តី ៣ដងក្តី ៤ដងក្តី ៥ដងក្តី ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហ៊ានចូលទៅកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងផ្សព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម ត្រូវមុតដោយកម្លាំងព្រួញ ១ក្តី ឬត្រូវមុតដោយកម្លាំងព្រួញ ២ក្តី ៣ក្តី ៤ក្តី ៥ក្តី ក៏ក្រាបក្រាញ មិនរុលទៅមុខ មិនហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច មិនអត់ធន់នឹងផ្សព្វ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាងនេះឯង មិនគួរជារាជយាន មិនសមជារាជបម្រើ មិនដល់នូវការរាប់ថា ជាអង្គរបស់ស្តេចបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ ជាអ្នកមិនគួរទទួលនូវទាន ដែលគេនាំមកបូជា មិនគួរទទួលនូវវត្ថុ ដែលគេរៀបដើម្បីភ្ញៀវ មិនគួរទទួលនូវទក្ខិណាទាន មិនគួរគេធ្វើអញ្ជលិកម្ម មិនមែនជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោកឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស ១ មិនអត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ មិនអត់ធន់នឹងរូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយភ្នែក រមែងត្រេកអរ ក្នុងរូបដែលគួរត្រេកអរ មិនអាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនអត់ធន់នឹងរូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនអត់ធន់នឹងសំឡេង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឮសំឡេងដោយត្រចៀក រមែងត្រេកអរក្នុងសំឡេង ដែលគួរត្រេកអរ មិនអាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនអត់ធន់នឹងសំឡេង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនអត់ធន់នឹងក្លិន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធុំក្លិនដោយច្រមុះ រមែងត្រេកអរក្នុងក្លិន ដែលគួរត្រេកអរ មិនអាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនអត់ធន់នឹងក្លិន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនអត់ធន់នឹងរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ លិទ្ធភ្លក្សរស ដោយអណ្តាត រមែងត្រេកអរក្នុងរសដែលគួរត្រេកអរ មិនអាចដើម្បីដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនអត់ធន់នឹងរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនអត់ធន់នឹងផ្សព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានពាល់ត្រូវនូវផ្សព្វដោយកាយ រមែងត្រេកអរក្នុងផ្សព្វ ដែលគួរត្រេកអរ មិនអាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនអត់ធន់នឹងផ្សព្វយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនគួរទទួលនូវទាន ដែលគេនាំមកបូជា មិនគួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ មិនគួរទទួលនូវទក្ខិណាទាន មិនគួរគេធ្វើអញ្ជលិកម្ម មិនមែនជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោកឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាង ទើបគួរជារាជយាន គួរជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ស្តេចបាន។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វអត់ធន់នឹងរូប ១ អត់ធន់នឹងសម្លេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ អត់ធន់នឹងរូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានឃើញពួកពលដំរីក្តី ឃើញពួកពលសេះក្តី ឃើញពួកពលរថក្តី ឃើញពួកពលថ្មើរជើងក្តី ក៏មិនក្រាប មិនក្រាញ រមែងរុលទៅមុខ អាចហ៊ានចុះកាន់សង្រ្គាម។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងរូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងសំឡេង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម បានឮសូរសន្ធឹកដំរីក្តី ឮសូរសន្ធឹកសេះក្តី ឮសូរសន្ធឹករថក្តី ឮសូរសន្ធឹកពលថ្មើរជើងក្តី ឬឮសូរគឹកកងរំពងស្គរតូច ស្គរធំ ស័ង្ខ ស្គរសឹកសង្រ្គាមក្តី មិនក្រាប មិនក្រាញ រមែងរុលទៅមុខ អាចហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងសំឡេង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងក្លិន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម ធុំក្លិនមូត្រលាមកជារបស់ដំរីដែលមានជាតិខ្ពង់ខ្ពស់ ធ្លាប់ចុះស្នាមសង្រ្គាមរបស់ស្តេច ក៏មិនក្រាប មិនក្រាញ រមែងរុលទៅមុខ អាចហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងក្លិន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម មិនមានគេរាប់អានដោយឲ្យទឹកនិងស្មៅម្តងក្តី មិនមានគេរាប់អានដោយឲ្យស្មៅនិងទឹក ២ ដងក្តី ៣ ដងក្តី ៤ ដងក្តី ៥ ដងក្តី ក៏មិនក្រាប មិនក្រាញ រមែងរុលទៅមុខ អាចហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងផ្សព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម ត្រូវមុតដោយកម្លាំងព្រួញ ១ ក្តី ឬត្រូវមុតដោយកម្លាំងព្រួញ ២ ក្តី ៣ ក្តី ៤ ក្តី ៥ ក្តី ក៏មិនក្រាប មិនក្រាញ រមែងរុលទៅមុខ អាចហ៊ានចុះកាន់សង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច អត់ធន់នឹងផ្សព្វ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាងនេះឯង ទើបគួរជារាជយាន សមជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ស្តេចបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ដូច្នោះដែរ ទើបគួរទទួលនូវទានដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងផ្សព្វ ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកអត់ធន់នឹងរូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឃើញរូប ដោយភ្នែក មិនត្រេកអរ ក្នុងរូបដែលគួរត្រេកអរ អាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុអត់ធន់នឹងរូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអត់ធន់នឹងសំឡេង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានឮនូវសម្លេងដោយត្រចៀក មិនត្រេកអរ ក្នុងសំឡេងដែលគួរត្រេកអរ អាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុអត់ធន់នឹងសំឡេង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអត់ធន់នឹងក្លិន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានធុំក្លិនដោយច្រមុះ មិនត្រេកអរ ក្នុងក្លិនដែលគួរត្រេកអរ អាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុឲ្យអត់ធន់នឹងក្លិន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអត់ធន់នឹងរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ លិទ្ធភ្លក្សរសដោយអណ្តាត មិនត្រេកអរ ក្នុងរសដែលគួរត្រេកអរ អាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុអត់ធន់នឹងរស យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកអត់ធន់នឹងផ្សព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពាល់ត្រូវនូវផ្សព្វ ដោយកាយ មិនត្រេកអរក្នុងផ្សព្វ ដែលគួរត្រេកអរ អាចដំកល់ចិត្តឲ្យនឹងបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុអត់ធន់នឹងផ្សព្វ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរទទួលនូវទាន ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។
(១០. សោតសុត្តំ)
[៤០] ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ យ៉ាង គួរជារាជយាន សមជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជាបាន។ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ជាសត្វប្រសប់ខាងការស្តាប់ពាក្យ ១ សម្លាប់ (សត្រូវ) ១ រក្សាខ្លួន ១ អត់ធន់ ១ ទៅកាន់ទិស ១។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វ (ប្រសប់) ខាងការស្តាប់ពាក្យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ កាលបើសារថី អ្នកបង្ហាត់ដំរី ប្រើឲ្យធ្វើការណា ទោះបីខ្លួនធ្លាប់ធ្វើក្តី មិនធ្លាប់ធ្វើក្តី ក៏ខំផ្ចិតផ្ចង់យកចិត្តទុកដាក់នឹងការណ៍នោះ ប្រមូលការណ៍ទាំងអស់ដោយចិត្ត ហើយផ្ទៀងត្រចៀកស្តាប់ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វ (ប្រសប់) ខាងការស្តាប់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វសម្លាប់ (សត្រូវ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម រមែងសម្លាប់ដំរីខ្លះ សម្លាប់ទម័កដំរីខ្លះ សម្លាប់សេះខ្លះ សម្លាប់អ្នកជិះសេះខ្លះ បៀតបៀនរថខ្លះ សម្លាប់អ្នកបររថខ្លះ សម្លាប់ពលថ្មើរជើងខ្លះ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វសម្លាប់ (សត្រូវ) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វចេះរក្សាខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម រមែងរក្សាកាយខាងមុខ រក្សាកាយខាងក្រោយ រក្សាជើងខាងមុខ រក្សាជើងខាងក្រោយ រក្សាក្បាល រក្សាត្រចៀក រក្សាភ្លុក រក្សាប្រមោយ រក្សារោមកន្ទុយ រក្សាទម័ក ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វចេះរក្សា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វអត់ធន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ ទៅកាន់សង្រ្គាម ជាសត្វអត់ធន់នឹងការប្រហារដោយលំពែង ប្រហារដោយព្រួញ ប្រហារដោយប៉ូវថៅ និងសួរគឹកកងរំពងស្គរតូច ស្គរធំ ស័ង្ខ ស្គរសឹកសង្រ្គាម ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វអត់ធន់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះដំរីដ៏ប្រសើររបស់ស្តេច ជាសត្វទៅកាន់ទិស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ក្នុងលោកនេះ កាលបើសារថី អ្នកបង្ហាត់ដំរី ប្រើឲ្យទៅកាន់ទិសណា ទោះបីខ្លួនធ្លាប់ទៅក្តី មិនធ្លាប់ទៅក្តី ទៅកាន់ទិសនោះ ដោយឆាប់រហ័សបាន ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ជាសត្វទៅកាន់ (ទិស) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ដំរីដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៥ នេះឯង ទើបជាសត្វគួរជារាជយាន សមជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជាបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ក៏ ដូច្នោះដែរ ទើបគួរទទួលនូវទាន ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រសប់ខាងការស្តាប់ ១ សម្លាប់ (អកុសលវិតក្ក) ១ រក្សាឥន្រ្ទិយ ១ អត់ធន់ ១ ទៅកាន់ (ទិស គឺព្រះនិព្វាន) ១។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រសប់ខាងការស្តាប់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ខំផ្ចិតផ្ចង់យកចិត្តទុកដាក់ ក្នុងធម៌វិន័យ ដែលតថាគតប្រកាសហើយសំដែងទុក ប្រមូលនូវធម៌ទាំងពួងដោយចិត្ត ហើយផ្ទៀងត្រចៀកស្តាប់ធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រសប់ខាងការស្តាប់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកសម្លាប់ (អកុសលវិតក្ក) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទទួលទុក លះបង់ បន្ទោបង់ សម្លាប់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវកាមវិតក្កដែលកើតហើយ នូវព្យាបាទវិតក្ក ដែលកើតហើយ … នូវវិហឹសាវិតក្ក ដែលកើតហើយ … មិនទទួលទុក លះបង់ បន្ទោបង់ សម្លាប់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវធម៌ជាបាបអកុសល ដែលកើតហើយរឿយៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសម្លាប់ (អកុសលវិតក្ក) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នករក្សា (ឥន្រ្ទិយ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក ហើយមិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួម ចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទិយណា ប្រតិបត្តិដើម្បីសង្រួម នូវចក្ខុន្រ្ទិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក … ធុំក្លិនដោយច្រមុះ … លិទ្ធរសដោយអណ្តាត … ពាល់ត្រូវនូវផ្សព្វដោយកាយ … ដឹងច្បាស់នូវធម្មារម្មណ៍ ដោយចិត្ត ហើយមិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនសង្រួមមនិន្រ្ទិយណា ប្រតិបត្តិដើម្បីសង្រួម នូវមនិន្រ្ទិយនោះ រក្សាមនិន្រ្ទិយ ដល់នូវការសង្រួម ក្នុងមនិន្ទ្រិយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករក្សាឥន្ទ្រិយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកអត់ធន់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធន់នឹងត្រជាក់ ក្តៅ សេចក្តីឃ្លាន ស្រេក សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ សត្វទីឃជាតិ និងពាក្យពោលអាក្រក់ គួរឲ្យកើតទុក្ខ ជាអ្នកប្រកបដោយជាតិ ចេះអត់សង្កត់ នូវវេទនាដែលប្រជុំក្នុងសរីរៈ ជាទុក្ខដ៏ក្លាខ្លាំង ខ្លោចផ្សា មិនស្រួល មិនជាទីគាប់ចិត្ត ជាវេទនាគួរនាំយកនូវជីវិត ដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអត់ធន់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នក (ទៅកាន់ទិស) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទិស ពោលគឺការរម្ងាប់សង្ខារទាំងអស់ ការលះចោលនូវឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ ការមិនមានតណ្ហាជាគ្រឿងចាក់ស្រែះឯណា ដែលបុគ្គលមិនធ្លាប់ទៅដោយកាលយូរអង្វែងនេះ ភិក្ខុក្នុងសាសនានេះ ជាអ្នកទៅកាន់ទិសនោះ បានដោយឆាប់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកទៅ (កាន់ទិស) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរទទួលនូវទាន ដែលគេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរគេធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក។
ចប់ រាជវគ្គ ទី៤។
ឧទ្ទាននៃរាជវគ្គនោះ គឺ
និយាយអំពីស្តេចចក្រពត្តិញ៉ាំងអាណាចក្រឲ្យប្រព្រឹត្តទៅ ១ អំពីព្រះរាជបុត្រប្រព្រឹត្តទៅតាមអាណាចក្រ ១ អំពីស្តេចចក្រពត្តិជាធម្មរាជ ១ អំពីស្តេចចក្រពត្តិគង់នៅក្នុងទិស ១ អំពីសេចក្តីប្រាថ្នា ២ លើក អំពីបុគ្គលដេកលក់តិច ១ អំពីដំរីស៊ីនូវអាហារច្រើន ១ អំពីដំរីមិនអត់ធន់ ១ អំពីដំរីជាសត្វប្រសប់ខាងការស្តាប់ ១។
((១៥) ៥. តិកណ្ឌកីវគ្គោ)
(១. អវជានាតិសុត្តំ)
[៤១] ម្នាលភិក្ខុទាំងឡាយ បុគ្កល ៥ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៥ ពួក ដូចម្តេចខ្លះ។ គឺបុគ្គលឲ្យហើយ ត្រឡប់មើលងាយគេវិញ ១ មើលងាយព្រោះការនៅរួមគ្នា ១ មានការកាន់យកតាមពាក្យគេជាប្រមាណ ១ ជាអ្នកលេះឡោះ ១ ជាអ្នកល្ងង់ខ្លៅ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឲ្យហើយ ត្រឡប់មើលងាយគេវិញ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ ឲ្យនូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារជាបច្ច័យ ដល់អ្នកមានជម្ងឺ ដល់បុគ្គល (ដទៃ)។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ រមែងឲ្យ បុគ្គលនេះរមែងទទួល។ លុះឲ្យរួចហើយ ត្រឡប់មើលងាយអ្នកទទួលនោះវិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យហើយ ត្រឡប់មើលងាយគេវិញ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមើលងាយ ព្រោះការនៅរួមគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលក្នុងលោកនេះ នៅរួមជាមួយនឹងបុគ្គលអស់ ២ រឺ ៣ ឆ្នាំ។ មើលងាយបុគ្គលនោះ ព្រោះការនៅរួមគ្នា ម្នាលភិក្ខុទាំងឡាយ បុគ្គលមើលងាយ ព្រោះការនៅរួមគ្នា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានការកាន់យកតាមពាក្យគេជាប្រមាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កាលគេពោលសសើរ ឬតិះដៀលដល់បុគ្គលដទៃ រមែងជឿស៊ប់ នូវពាក្យនោះមួយរំពេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានការកាន់យកតាមពាក្យគេជាប្រមាណ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលលេះឡោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកមានសទ្ធាតិច មានការសេពគប់តិច មានសេចក្តីស្រលាញ់តិច មានសេចក្តីជ្រះថ្លាតិច ម្នាលភិក្ខុទាំងឡាយ បុគ្គលលេះឡោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលល្ងង់ខ្លៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងនូវធម៌ជាកុសល និងធម៌ជាអកុសល មិនដឹងនូវធម៌ប្រកបដោយទោស និងធម៌មិនប្រកបដោយទោស មិនដឹងនូវធម៌ថោកទាប និងធម៌ដ៏ឧត្តម មិនដឹងនូវធម៌មានចំណែកប្រៀបដោយខ្មៅ និងស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលល្ងង់ខ្លៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៥ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
(២. អារភតិសុត្តំ)
[៤២] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៥ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងប្រារព្ធផង មានសេចក្តីក្តៅក្រហាយផង9) ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងប្រារព្ធ តែមិនមានសេចក្តីក្តៅក្រហាយ10) ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិនប្រារព្ធ តែមានសេចក្តីក្តៅក្រហាយ11) ទាំងមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិនប្រារព្ធ មិនមានសេចក្តីក្តៅក្រហាយ តែមិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ រមែងមិនប្រារព្ធ មិនមានសេចក្តីក្តៅក្រហាយ ដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង ១។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៥ ពួកនោះ បុគ្គលណា រមែងប្រារព្ធផង មានសេចក្តីក្តៅក្រហាយផង មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់ផង។ បុគ្គលនោះ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះថា អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ រមែងមាន អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ រមែងចំរើន ដល់លោកដ៏មានអាយុ ហេតុនោះ សូមលោកដ៏មានអាយុ លះបង់នូវអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ បន្ទោបង់ នូវអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ហើយចំរើននូវចិត្ត និងបញ្ញាដោយល្អចុះ ធ្វើយ៉ាងនេះ ទើបលោកដ៏មានអាយុ ស្មើគ្នានឹងបុគ្គលទី៥ ឯណោះបាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៥ ពួកនោះ បុគ្គលណា រមែងប្រារព្ធ តែមិនមានសេចក្តីក្តៅក្រហាយ មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់។ បុគ្គលនោះ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះថា អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ រមែងមាន អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ មិនចំរើន ដល់លោកដ៏មានអាយុទេ ហេតុនោះ សូមលោកដ៏មានអាយុ លះបង់នូវអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ ហើយចំរើននូវចិត្ត និងបញ្ញាដោយល្អចុះ ធ្វើយ៉ាងនេះ ទើបលោកដ៏មានអាយុ ស្មើគ្នានឹងបុគ្គលទី ៥ ឯណោះបាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៥ ពួកនោះ បុគ្គលណា រមែងមិនប្រារព្ធ តែមានសេចក្តីក្តៅក្រហាយ មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់។ បុគ្គលនោះ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះថា អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ រមែងមិនមាន អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ តែងចំរើនឡើង ដល់លោកដ៏មានអាយុ ហេតុនោះ សូមលោកដ៏មានអាយុ បន្ទោបង់ នូវអាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ហើយចំរើននូវចិត្ត និងបញ្ញាដោយល្អចុះ ធ្វើយ៉ាងនេះ ទើបលោកដ៏មានអាយុ ស្មើគ្នានឹងបុគ្គលទី ៥ ឯណោះបាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៥ ពួកនោះ បុគ្គលណា រមែងមិនប្រារព្ធ មិនមានសេចក្តីក្តៅក្រហាយ មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌ធ្វើនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ឲ្យរលត់ទៅ ឥតមានសេសសល់។ បុគ្គលនោះ អ្នកទាំងឡាយ គប្បីពោលយ៉ាងនេះថា អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីប្រារព្ធ រមែងមិនមាន អាសវៈទាំងឡាយ ដែលកើតអំពីសេចក្តីក្តៅក្រហាយ ក៏មិនចំរើនឡើង ដល់លោកដ៏មានអាយុទេ ហេតុនោះ សូមលោកដ៏មានអាយុ ចំរើននូវចិត្ត និងបញ្ញាដោយល្អចុះ ធ្វើយ៉ាងនេះ ទើបលោកដ៏មានអាយុ ស្មើគ្នានឹងបុគ្គលទី ៥ ឯណោះបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ កាលបើអ្នកទាំងឡាយ ទូន្មានប្រៀនប្រដៅ តាមបុគ្គលទី ៥ ឯណោះ យ៉ាងនេះ គង់បានដល់នូវការអស់ទៅ នៃអាសវៈទាំងឡាយ ដោយលំដាប់ដូច្នេះឯង។
(៣. សារន្ទទសុត្តំ)
[៤៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត។ សម័យនោះ ពួកលិច្ឆវី មានប្រមាណ ៥០០ នាក់ បានប្រជុំសន្ទនាគ្នា ក្នុងសារន្ទទចេតិយ កើតមានអន្តរាកថានេះឡើងថា ការកើតប្រាកដ នៃកែវទាំង ៥ ជារបស់រកបានដោយកម្រក្នុងលោក។ កែវទាំង ៥ ដូចម្តេចខ្លះ។ គឺការកើតប្រាកដ នៃដំរីកែវ រកបានដោយកម្រក្នុងលោក ១ ការកើតប្រាកដ នៃសេះកែវ រកបានដោយកម្រក្នុងលោក ១ ការកើតប្រាកដ នៃកែវមណី រកបានដោយកម្រក្នុងលោក ១ ការកើតប្រាកដ នៃស្រីកែវ រកបានដោយកម្រក្នុងលោក ១ ការកើតប្រាកដ នៃគហបតីកែវ រកបានដោយកម្រក្នុងលោក ១។ ការកើតបា្រកដនៃកែវទាំង ៥ នេះឯង រកបានដោយកម្រក្នុងលោក។ លំដាប់នោះ ពួកលិច្ឆវីទាំងនោះ បញ្ជូនបុរសម្នាក់ទៅក្នុងផ្លូវថា នែបុរស បើអ្នកឃើញព្រះដ៏មានព្រះភាគ ស្តេចមកក្នុងកាលណា អ្នកគប្បីប្រាប់យើងទាំងឡាយ ក្នុងកាលនោះ។ បុរសនោះ បានឃើញព្រះដ៏មានព្រះភាគ ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ចូលទៅរកពួកលិច្ឆវីទាំងនោះ លុះចូលទៅដល់ហើយ ទើបពោលទៅនឹងពួកលិច្ឆវីទាំងនោះថា នុ៎ះហ្ន៎ ព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ កំពុងតែស្តេចមក សូមអ្នកទាំងឡាយ សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ពួកលិច្ឆវីទាំងនោះ បាននាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយស្ថិតក្នុងទីសមគួរ។ លុះពួកលិច្ឆវីទាំងនោះ ស្ថិតក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះដ៏មានព្រះភាគ ស្តេចចូលទៅកាន់សារន្ទទចេតិយ ដើម្បីសេចក្តីអនុគ្រោះ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ លំដាប់នោះ ព្រះដ៏មានព្រះភាគ បានស្តេចចូលទៅកាន់សារន្ទទចេតិយ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ទើបត្រាស់ទៅនឹងពួកលិច្ឆវីទាំងនោះ ដូច្នេះថា ម្នាលលិច្ឆវីទាំងឡាយ អ្នកទាំងឡាយ អង្គុយប្រជុំសន្ទនាគ្នា ដោយកថាដូចម្តេចហ្ន៎ ក្នុងកាលឥឡូវនេះ ចុះអន្តរាកថាដូចម្តេច ដែលអ្នកទាំងឡាយ និយាយគ្នាមិនទាន់ស្រេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ អង្គុយប្រជុំសន្ទនាគ្នា ក្នុងទីនេះ កើតមានអន្តរាកថានេះឡើងថា ការកើតប្រាកដ នៃកែវទាំង ៥ ប្រការ រកបានដោយកម្រក្នុងលោក។ កែវ ៥ ប្រការ ដូចម្តេចខ្លះ។ គឺការកើតប្រាកដ នៃដំរីកែវ រកបានដោយកម្រក្នុងលោក នៃសេះកែវ … នៃកែវមណី … នៃស្រីកែវ … ការកើតប្រាកដ នៃគហបតីកែវ រកបានដោយកម្រក្នុងលោក។ ការកើតប្រាកដនៃកែវទាំង ៥ នេះឯង រកបានដោយកម្រក្នុងលោក។ ម្នាលលិច្ឆវីទាំងឡាយ អន្តរាកថាប្រារព្ធកាម កើតឡើងដល់អ្នកទាំងឡាយ ដែលមានចិត្តជ្រប់ ក្នុងកាមទៅហើយហ្ន៎។ ម្នាលលិច្ឆវីទាំងឡាយ ការកើតប្រាកដ នៃរតនៈ ៥ ប្រការ រកបានដោយកម្រក្នុងលោក។ រតនៈ ៥ ដូចម្តេចខ្លះ។ គឺការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ រកបានដោយកម្រក្នុងលោក ១ បុគ្គលអ្នកសំដែង នូវធម្មវិន័យ ដែលព្រះតថាគតទ្រង់ប្រកាសហើយ រកបានដោយកម្រក្នុងលោក ១ បុគ្គលអ្នកដឹងនូវធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ រកបានដោយកម្រក្នុងលោក ១ បុគ្គលអ្នកដឹងនូវធម្មវិន័យ ដែសព្រះតថាគតប្រកាសហើយ សំដែងហើយៗ ប្រតិបត្តិធម៌ តាមគួរដល់ធម៌ រកបានដោយកម្រក្នុងលោក ១ បុគ្គលអ្នកដឹងឧបការគុណដែលបុគ្គលដទៃធ្វើហើយ ធ្វើតបវិញ រកបានដោយកម្រក្នុងលោក ១។ ម្នាលលិច្ឆវីទាំងឡាយ ការកើតប្រាកដ នៃរតនៈទាំង ៥ នេះឯង រកបានដោយកម្រក្នុងលោក។
(៤. តិកណ្ឌកីសុត្តំ)
[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងតិកណ្ឌកីវន (ព្រៃខ្នុរ ៣ ដើម) ជិតក្រុងសាកេត។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា គួរខ្ពើម ក្នុងអារម្មណ៍ដែលមិនគួរខ្ពើម តាមកាលគួរ ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា មិនគួរខ្ពើម ក្នុងអារម្មណ៍ដែលគួរខ្ពើម តាមកាលគួរ ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា គួរខ្ពើម ក្នុងអារម្មណ៍ដែលមិនគួរខ្ពើមផង ក្នុងអារម្មណ៍គួរខ្ពើមផង តាមកាលគួរ ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា មិនគួរខ្ពើម ក្នុងអារម្មណ៍ដែលគួរខ្ពើមផង ក្នុងអារម្មណ៍ដែលមិនគួរខ្ពើមផង តាមកាលគួរ ជាការប្រពៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរវៀរលែងនូវអារម្មណ៍ទាំងពីរនោះ គឺអារម្មណ៍មិនគួរខ្ពើម និងអារម្មណ៍គួរខ្ពើម ចេញហើយ មានស្មារតីដឹងខ្លួន តាំងនៅជាកណ្តាល តាមកាលគួរ ជាការប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ គប្បីសំគាល់ថា គួរខ្ពើម ក្នុងអារម្មណ៍ដែលមិនគួរខ្ពើម ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា គួរខ្ពើម ក្នុងអារម្មណ៍ដែលមិនគួរខ្ពើម ព្រោះអាស្រ័យអំណាចប្រយោជន៍នេះថា រាគៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីត្រេកអរឡើយ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ គប្បីសំគាល់ថា មិនគួរខ្ពើម ក្នុងអារម្មណ៍ដែលគួរខ្ពើម ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា មិនគួរខ្ពើម ក្នុងអារម្មណ៍ដែលគួរខ្ពើម ព្រោះអាស្រ័យអំណាចប្រយោជន៍នេះថា ទោសៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីប្រទូស្តឡើយ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ គប្បីសំគាល់ថា គួរខ្ពើម ក្នុងអារម្មណ៍ដែលមិនគួរខ្ពើមផង ក្នុងអារម្មណ៍ដែលគួរខ្ពើមផង ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា គួរខ្ពើម ក្នុងអារម្មណ៍ដែលមិនគួរខ្ពើមផង ក្នុងអារម្មណ៍ដែសគួរខ្ពើមផង ព្រោះអាស្រ័យអំណាចប្រយោជន៍នេះថា រាគៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីត្រេកអរឡើយ ទោសៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីប្រទូស្តឡើយ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ គប្បីសំគាល់ថា មិនគួរខ្ពើម ក្នុងអារម្មណ៍ដែលគួរខ្ពើមផង ក្នុងអារម្មណ៍ដែសមិនគួរខ្ពើមផង ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីសំគាល់ថា មិនគួរខ្ពើម ក្នុងអារម្មណ៍ដែលគួរខ្ពើមផង ក្នុងអារម្មណ៍ ដែលមិនគួរខ្ពើមផង ព្រោះអាស្រ័យអំណាចប្រយោជន៍នេះថា ទោសៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីប្រទូស្តឡើយ រាគៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីត្រេកអរឡើយ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ គប្បីវៀរលែងនូវអារម្មណ៍ទាំង ២ នោះ គឺអារម្មណ៍មិនគួរខ្ពើម និងគួរខ្ពើមចេញហើយ មានស្មារតីដឹងខ្លួន តាំងនៅជាកណ្តាល ព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីវៀរលែងនូវអារម្មណ៍ទាំង ២ នោះ គឺអារម្មណ៍មិនគួរខ្ពើម និងគួរខ្ពើមចេញ មានស្មារតីដឹងខ្លួន តាំងនៅជាកណ្តាល ព្រោះអាស្រ័យអំណាចប្រយោជន៍នេះថា រាគៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីត្រេកអរបន្តិចបន្តួច ក្នុងអារម្មណ៍នីមួយ ក្នុងប្រទេសណាមួយឡើយ ទោសៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីប្រទូស្តបន្តិចបន្តួច ក្នុងអារម្មណ៍នីមួយ ក្នុងប្រទេសណាមួយឡើយ មោហៈកុំកើតឡើងដល់អាត្មាអញ ក្នុងធម៌ទាំងឡាយ ជាទីតាំងនៃសេចក្តីវង្វេងបន្តិចបន្តួច ក្នុងអារម្មណ៍នីមួយ ក្នុងប្រទេសណាមួយឡើយ។
(៥. និរយសុត្តំ)
[៤៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង ដូចជាគេនាំទៅទម្លាក់ក្នុងនរក។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺបុគ្គលអ្នកសំឡាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ១ ប្រកបដោយហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង ដូចជាគេនាំទៅទម្លាក់ក្នុងនរក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង ដូចជាគេនាំទៅដាក់ក្នុងស្ថានសួគ៌។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺបគ្គលវៀរចាកការសំឡាប់សត្វ ១ វៀរចាកការលួចទ្រព្យគេ ១ វៀរចាកការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ វៀរចាកការនិយាយពាក្យកុហក ១ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង ដូចជាគេនាំទៅដាក់ក្នុងស្ថានសួគ៌។
(៦. មិត្តសុត្តំ)
[៤៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង មិនគួរគប់រកយកជាមិត្រឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺភិក្ខុប្រើឲ្យធ្វើការងារ ១ បង្កអធិករណ៍ ១ ជាសឹកសត្រូវ ក្នុងពួកភិក្ខុជាប្រធាន ១ ត្រេចទៅក្នុងទីឆ្ងាយ និងទីមិនមានកំណត់រឿយៗ ១ មិនអង់អាច ដើម្បីពន្យល់ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា តាមកាលគួរ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះ មិនគួរគប់រកយកជាមិត្រឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរគប់រកយកជាមិត្របាន។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺភិក្ខុមិនប្រើឲ្យធ្វើការងារ ១ មិនបង្កអធិករណ៍ ១ មិនជាសឹកសត្រូវ ក្នុងពួកភិក្ខុជាប្រធាន ១ មិនត្រេចទៅក្នុងទីឆ្ងាយ និងទីមិនមានកំណត់រឿយៗ ១ ជាអ្នកអង់អាច ដើម្បីពន្យល់ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា តាមកាលគួរ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង គួរគប់រកយកជាមិត្របាន។
(៧. អសប្បុរិសទានសុត្តំ)
[៤៧] ម្នាលភិក្ខុទាំងឡាយ អសប្បុរិសទាននេះ មាន ៥ យ៉ាង។ អសប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយមិនគោរព (ក្នុងទេយ្យធម៌) ១ ឲ្យទានដោយមិនធ្វើនូវសេចក្តីគោរព (ក្នុងបដិគ្គាហក) ១ មិនឲ្យដោយដៃខ្លួន ១ ឲ្យទានដូចជាបោះចោល ១ ឲ្យទានដោយឃើញថាមិនឲ្យផល ១។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសទាន មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះ មាន ៥ យ៉ាង។ សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយគោរព ១ ឲ្យដោយធ្វើនូវសេចក្តីគោរព ១ ឲ្យទានដោយដៃខ្លួនឯង ១ ឲ្យទានមិនដូចជាបោះចោល ១ ឲ្យទានដោយឃើញថាឲ្យផល ១។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាន មាន ៥ យ៉ាងនេះឯង។
(៨. សប្បុរិសទានសុត្តំ)
[៤៨] ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះ មាន ៥ យ៉ាង។ សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយសទ្ធា ១ ឲ្យទានដោយគោរព ១ ឲ្យទានតាមកាលគួរ ១ ឲ្យទានដោយចិត្តអនុគ្រោះ ១ ឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយសទ្ធា ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង ជាបុគ្គលមានរូបល្អ គួររមិលមើល ជាទីជ្រះថ្លា ប្រកបដោយភាពជាអ្នកមានសម្បុរល្អដ៏ក្រៃលែងផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយគោរព ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង ពួកជនណា ទោះកូនក្តី ប្រពន្ធក្តី ខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី របស់បុគ្គលនោះ ជនទាំងនោះ តែងស្តាប់ដោយល្អ ផ្អៀងស្រោត តាំងចិត្តដើម្បីដឹងផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានតាមកាលដ៏គួរ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង ប្រយោជន៍ គឺភោគៈដ៏ពោរពេញ រមែងមកតាមកាលដ៏គួរ ដល់បុគ្គលនោះផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយចិត្តអនុគ្រោះ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង រមែងបង្អោនចិត្តទៅ ដើម្បីបរិភោគក្នុងកាមគុណ ៥ ដ៏លើសលុបផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង សេចក្តីអន្តរាយនៃភោគៈទាំងឡាយ មិនមានមកអំពីទីណាមួយ គឺអំពីភ្លើង អំពីទឹក អំពីស្តេច អំពីចោរ អំពីហេតុមិនជាទីស្រលាញ់ និងអំពីមនុស្សជាទាយាទ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទានមាន ៥ យ៉ាងនេះឯង។
(៩. បឋមសមយវិមុត្តសុត្តំ)
[៤៩] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុជាសមយវិមុត្ត។12) ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺត្រេកអរក្នុងការងារ ១ ត្រេកអរក្នុងការពោលតិរច្ឆានកថា ១ ត្រេកអរក្នុងការដេកលក់ ១ ត្រេកអរក្នុងពួកគណៈ ១ មិនពិចារណាចិត្តតាមវិមុត្ត ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺមិនត្រេកអរក្នុងការងារ ១ មិនត្រេកអរ ក្នុងការពោលតិរច្ឆានកថា ១ មិនត្រេកអរ ក្នុងការដេកលក់ ១ មិនត្រេកអរ ក្នុងពួកគណៈ ១ ពិចារណាចិត្តតាមវិមុត្ត ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត។
(១០. ទុតិយសមយវិមុត្តសុត្តំ)
[៥០] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺ ត្រេកអរក្នុងការងារ ១ ត្រេកអរក្នុងការពោលតិរច្ឆានកថា ១ ត្រេកអរក្នុងការដេកលក់ ១ មិនបានគ្រប់គ្រងរក្សាទ្វារក្នុងឥន្រ្ទិយទាំងឡាយ ១ មិនដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺមិនត្រេកអរក្នុងការងារ ១ មិនត្រេកអរក្នុងការពោលតិរច្ឆានកថា ១ មិនត្រេកអរក្នុងការដេកលក់ ១ គ្រប់គ្រងរក្សាទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ១ ដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសមយវិមុត្ត។
ចប់ តិកណ្ឌកីវគ្គ ទី៥។
ឧទ្ទាននៃតិកណ្ឌកីវគ្គនោះគឺ
និយាយអំពីបុគ្គលឲ្យហើយ ត្រឡប់មើលងាយវិញ ១ អំពីភិក្ខុប្រារព្ធ ១ អំពីពួកលិច្ឆវីប្រជុំគ្នា ក្នុងសារន្ទទចេតិយ ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងតិកណ្ឌកីវន ១ អំពីធម៌ដែលនាំឲ្យធ្លាក់ទៅក្នុងនរក និងនាំឲ្យទៅកើតស្ថានសួគ៌ ១ អំពីមិត្តគួរគប់រក និងមិនគួរគប់រក ១ អំពីអសប្បុរិសទាន ១ អំពីសប្បុរិសទាន ១ អំពីភិក្ខុជាសមយវិមុត្ត ២លើក។
ចប់ បណ្ណាសក ទី៣។
(៤. ចតុត្ថបណ្ណាសកំ)
((១៦) ១. សទ្ធម្មវគ្គោ)
(១. បឋមសម្មត្តនិយាមសុត្តំ)
[៥១] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង សូម្បីស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីឈានចុះកាន់និយាម គឺមគ្គ ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺមើលងាយពាក្យពោល ១ មើលងាយបុគ្គលអ្នកពោល ១ មើលងាយខ្លួនឯង ១ មានចិត្តរវើរវាយស្តាប់ធម៌ ១ មានចិត្តមិននឹងនួននៅក្នុងអារម្មណ៍តែមួយ គឺមិនយកចិត្តទុកដាក់ ដោយឧបាយប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះ សូម្បីស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីឈានចុះកាន់ និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង កាលស្តាប់ព្រះសទ្ធម្ម គួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺមិនមើលងាយពាក្យពោល ១ មិនមើលងាយបុគ្គលអ្នកពោល ១ មិនមើលងាយខ្លួនឯង ១ មានចិត្តមិនរវើរវាយស្តាប់ធម៌ ១ មានចិត្តនឹងនួននៅក្នុងអារម្មណ៍តែមួយ គឺយកចិត្តទុកដាក់ដោយឧបាយប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង កាលស្តាប់ព្រះសទ្ធម្ម ទើបគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។
(២. ទុតិយសម្មត្តនិយាមសុត្តំ)
[៥២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង សូម្បីស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺមើលងាយពាក្យពោល ១ មើលងាយបុគ្គលអ្នកពោល ១ មើលងាយខ្លួនឯង ១ អ័ប្បឥតប្រាជ្ញាល្ងង់ខ្លៅលលា ១ សំគាល់ថា បានដឹងក្នុងហេតុដែលខ្លួនមិនដឹង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង សូម្បីស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង កាលស្តាប់ព្រះសទ្ធម្ម ទើបគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺមិនមើលងាយពាក្យពោល ១ មិនមើលងាយបុគ្គលអ្នកពោល ១ មិនមើលងាយខ្លួនឯង ១ ជាអ្នកមានប្រាជ្ញា មិនល្ងង់ខ្លៅ មិនលលា ១ មិនសំគាល់ថា បានដឹងក្នុងហេតុដែលខ្លួនមិនបានដឹង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ ធម៌ ៥ យ៉ាងនេះឯង កាលស្តាប់ព្រះសទ្ធម្ម ទើបគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។
(៣. តតិយសម្មត្តនិយាមសុត្តំ)
[៥៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង សូម្បីស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺជាអ្នកលុបគុណគេ មានសេចក្តីលុបគុណគ្របសង្កត់ ហើយស្តាប់ធម៌ ១ មានចិត្តប្រុងសង្កត់សង្កិនស្វែងរកទោស ហើយស្តាប់ធម៌ ១ ជាអ្នកមានចិត្តតក់ម៉ក់របឹងរឹងរូស ក្នុងបុគ្គលអ្នកសំដែងធម៌ ១ ជាអ្នកអ័ប្បឥតបញ្ញា ល្ងង់ខ្លៅលលា ១ ជាអ្នកសំគាល់ថា បានដឹងក្នុងហេតុ ដែលខ្លួនមិនបានដឹង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង សូម្បីស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង កាលស្តាប់ព្រះសទ្ធម្ម ទើបគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺជាអ្នកមិនលុបគុណគេ មិនមានសេចក្តីលុបគុណគ្របសង្កត់ ហើយស្តាប់ធម៌ ១ មានចិត្តមិនប្រុងសង្កត់សង្កិន មិនស្វែងរកទោស ហើយស្តាប់ធម៌ ១ ជាអ្នកមានចិត្តមិនតក់ម៉ក់ មិនរបឹងរឹងរូស ក្នុងបុគ្គលអ្នកសំដែងធម៌ ១ ជាអ្នកមានបញ្ញា មិនល្ងង់ខ្លៅ មិនលលា ១ មិនសំគាល់ថា បានដឹងក្នុងហេតុ ដែលខ្លួនមិនដឹង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង កាលស្តាប់ព្រះសទ្ធម្ម ទើបគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន។
(៤. បឋមសទ្ធម្មសម្មោសសុត្តំ)
[៥៤] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្ម សាបសូន្យ អន្តរធានទៅ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ មិនស្តាប់ធម៌ដោយគោរព ១ មិនរៀនធម៌ដោយគោរព ១ មិនទ្រទ្រង់ (ចាំទុក) ធម៌ដោយគោរព ១ មិនពិចារណាអត្ថនៃធម៌ ដែលខ្លួនទ្រទ្រង់ហើយដោយគោរព ១ ដឹងអត្ថ ដឹងធម៌ហើយ មិនប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ដោយគោរព ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ ស្តាប់ធម៌ដោយគោរព ១ រៀនធម៌ដោយគោរព ១ ទ្រទ្រង់ធម៌ដោយគោរព ១ ពិចារណាអត្ថនៃធម៌ ដែលខ្លួនទ្រទ្រង់ហើយដោយគោរព ១ ដឹងអត្ថ ដឹងធម៌ហើយ ប្រតិបត្តិធម៌ តាមសមគួរដល់ធម៌ដោយគោរព ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។
(៥. ទុតិយសទ្ធម្មសម្មោសសុត្តំ)
[៥៥] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្ម សាបសូន្យ អន្តរធានទៅ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ មិនរៀនធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ មិនសំដែងធម៌តាមដែលបានស្តាប់មក តាមដែលបានរៀនមក ដល់បុគ្គលដទៃ ដោយពិស្តារ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ មិនបង្ហាញធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ដល់បុគ្គលដទៃ ដោយពិស្តារ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ មិនធ្វើនូវការស្វាធ្យាយ (ទន្ទេញ) ធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ដោយពិស្តារ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ មិនត្រិះរិះរឿយៗ មិនពិចារណារឿយៗ ដោយចិត្ត មិនជញ្ជឹងរឿយៗ ក្នុងចិត្តនូវធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៥ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ សំដែងធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ដល់បុគ្គលដទៃ ដោយពិស្តារ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ បង្ហាញធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ដល់បុគ្គលដទៃ ដោយពិស្តារ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ធ្វើសេចក្តីស្វាធ្យាយធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក ដោយពិស្តារ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ជញ្ជឹងរឿយៗ ក្នុងចិត្តនូវធម៌ តាមដែលបានស្តាប់មក តាមដែលបានរៀនមក។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៥ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។
(៦. តតិយសទ្ធម្មសម្មោសសុត្តំ)
[៥៦] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្ម សាបសូន្យ អន្តរធានទៅ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀននូវព្រះសូត្រដែលខ្លួនរៀនខុស ដោយបទ និងព្យញ្ជនៈ ដែលរៀបរៀងខុស ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងខុស រមែងយល់សេចក្តីបានដោយកម្រ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅបានដោយក្រ ប្រកបដោយធម៌ ដែលធ្វើឲ្យគេប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ មិនទទួលពាក្យប្រៀនប្រដៅខាងស្តាំ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគម គឺនិកាយដ៏ស្ទាត់ ចងចាំនូវព្រះសូត្រ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ មិនឲ្យភិក្ខុដទៃរៀនព្រះសូត្រដោយគោរព លុះអំណើះឥតពីភិក្ខុទាំងនោះទៅ ព្រះសូត្រក៏ដាច់ឫស មិនប្រតិស្ឋាននៅ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ប្រព្រឹត្តទៅដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយជាថេរៈ ជាអ្នកប្រតិបត្តិដើម្បីឲ្យកើតលាភច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធាន ក្នុងការប្រតិបត្តិបន្ធូរបន្ថយ ដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវគុណវិសេសដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចនូវគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ប្រជុំជនដែលកើតជាខាងក្រោយ គឺ សទ្ធិវិហារិក អន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុជាថេរៈទាំងនោះ ប្រជុំជនជាខាងក្រោយទាំងនោះ ក៏ជាអ្នកប្រតិបត្តិ ដើម្បីឲ្យកើតលាភច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការប្រតិបត្តិបន្ធូបន្ថយ ដាក់ធុរៈក្នុងវិវេក មិនប្រារព្ធនូវព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីសម្រេចនូវគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែសខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សង្ឃបែកគ្នា ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ ការជេគ្នានិងគ្នា ក៏មាន ការប្រទេចផ្តាសាគ្នានិងគ្នា ក៏មាន ការបោះពាក្យសំដីទៅរកគ្នានិងគ្នា ក៏មាន ការលះបង់គ្នានិងគ្នា ក៏មាន ពួកជនដែលមិនទាន់ជ្រះថ្លាក្នុងសង្ឃទាំងនោះ ក៏មិនមានសេចក្តីជ្រះថ្លា ដែលជ្រះថ្លាស្រាប់ហើយ ក៏ងាកចិត្តលែងជ្រះថ្លាវិញ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៥ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្ម ឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀននូវព្រះសូត្រ ដែលខ្លួនរៀនត្រូវ ដោយបទ និងព្យញ្ជនៈដែលរៀបរៀងត្រូវ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ រមែងយល់សេចក្តីបានងាយ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅងាយ ប្រកបដោយធម៌ ធ្វើឲ្យជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ ទទួលពាក្យប្រៀនប្រដៅខាងស្តាំ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ប្រព្រឹត្តទៅដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយណា មានសេចក្តីចេះដឹងច្រើន មានអាគម គឺនិកាយដ៏ស្ទាត់ ចងចាំនូវព្រះសូត្រ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ ឲ្យភិក្ខុដទៃរៀនព្រះសូត្រដោយគោរព លុះអំណើះឥតពីភិក្ខុទាំងនោះទៅ ព្រះសូត្រក៏មិនបានដាច់ឫស ប្រតិស្ឋាននៅបាន។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយជាថេរៈ មិនប្រតិបត្តិដើម្បីឲ្យកើតលាភច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ដាក់ធុរៈក្នុងការប្រតិបត្តិបន្ធូរបន្ថយចេញ ជាប្រធានក្នុងវិវេក ប្រារព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចនូវគុណវិសេស ដែលខ្លួនមិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ប្រជុំជនដែលកើតជាខាងក្រោយ គឺ សទ្ធិវិហារិក អន្តេវាសិក ក៏យកតម្រាប់តាមពួកភិក្ខុជាថេរៈទាំងនោះ បច្ឆិមជននោះឯង ក៏មិនជាអ្នកប្រតិបត្តិដើម្បីឲ្យកើតលាភច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ដាក់ធុរៈ ក្នុងការប្រតិបត្តិបន្ធូរបន្ថយចេញ ជាប្រធានក្នុងវិវេក ប្រារព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចនូវគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សង្ឃព្រមព្រៀងគ្នា មានសេចក្តីរីករាយរកគ្នា មិនទាស់ទែងគ្នា មានឧទេ្ទសជាមួយគ្នា រមែងនៅជាសុខ ម្នាលភិក្ខុទាំងឡាយ កាលបើ សង្ឃព្រមព្រៀងគ្នាហើយ ការជេគ្នានិងគ្នា ក៏មិនមាន ការប្រទេចផ្តាសាគ្នានិងគ្នា ក៏មិនមាន ការបោះពាក្យសំដីទៅរកគ្នានិងគ្នា ក៏មិនមាន ការលះបង់គ្នានិងគ្នា ក៏មិនមាន ពួកជនដែលមិនទាន់ជ្រះថ្លា ក្នុងសង្ឃទាំងនោះ ក៏រមែងជ្រះថ្លាឡើង ដែលជ្រះថ្លាស្រាប់ហើយ ក៏រឹងរឹតតែជ្រះថ្លាឡើង។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៥ ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ។
(៧. ទុក្កថាសុត្តំ)
[៥៧] ម្នាលភិក្ខុទាំងឡាយ កថារបស់បុគ្គល ៥ ពួក ជាកថាអាក្រក់ ដោយការលើកយកបុគ្គលទៅប្រៀបនិងបុគ្គល។ កថារបស់បុគ្គល ៥ ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ការពោលអំពីសទ្ធា របស់បុគ្គលមិនមានសទ្ធា ជាកថាអាក្រក់ ១ ការពោលអំពីសីល របស់បុគ្គលទ្រុស្តសីល ជាកថាអាក្រក់ ១ ការពោលអំពីការចេះដឹងច្រើន របស់បុគ្គលចេះដឹងតិច ជាកថាអាក្រក់ ១ ការពោលអំពីការលះ របស់បុគ្គលកំណាញ់ ជាកថាអាក្រក់ ១ ការពោលអំពីប្រាជ្ញា របស់បុគ្គលឥតប្រាជ្ញា ជាកថាអាក្រក់ ១។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីសទ្ធា របស់បុគ្គលមិនមានសទ្ធា ជាកថាអាក្រក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនមានសទ្ធា កាលបើពោលអំពីសទ្ធា រមែងរអាក់រអួល កម្រើកញាប់ញ័រ ឃ្នាន់ខ្នាញ់ ធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលមិនមានសទ្ធានោះ មិនឃើញច្បាស់នូវសទ្ធាសម្បទានោះក្នុងខ្លួន មិនបាននូវបីតិ និងបាមោជ្ជៈ ព្រោះសទ្ធានោះជាហេតុផង ព្រោះហេតុនោះ ការពោលអំពីសទ្ធា របស់បុគ្គលមិនមានសទ្ធា ទើបជាកថាអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទ្រុស្តសីល ពោលអំពីសីល ជាកថាអាក្រក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល កាលបើពោលអំពីសីល រមែងរអាក់រអួល កម្រើកញាប់ញ័រ ឃ្នាន់ខ្នាញ់ ធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលទ្រុស្តសីលនោះ មិនឃើញច្បាស់ នូវសីលសម្បទានោះក្នុងខ្លួន ព្រមទាំងមិនបាននូវបីតិ និងបាមោជ្ជៈ ព្រោះសីលនោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីសីល របស់បុគ្គលទ្រុស្តសីល ទើបជាកថាអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីការចេះដឹងច្រើនរបស់បុគ្គលចេះដឹងតិច ជាកថាអាក្រក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកចេះដឹងតិច កាលពោលអំពីការចេះដឹងច្រើន រមែងរអាក់រអួល កម្រើកញាប់ញ័រ ឃ្នាន់ខ្នាញ់ ធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលអ្នកចេះដឹងតិចនោះ មិនឃើញច្បាស់ នូវសុតសម្បទានោះក្នុងខ្លួន ព្រមទាំងមិនបាននូវបីតិ និងបាមោជ្ជៈ ព្រោះការចេះដឹងតិចនោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីការចេះដឹងច្រើន របស់បុគ្គលចេះដឹងតិច ទើបជាកថាអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីការលះ របស់បុគ្គលកំណាញ់ ជាកថាអាក្រក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកំណាញ់ កាលបើពោលអំពីការលះ រមែងរអាក់រអួល កម្រើកញាប់ញ័រ ឃ្នាន់ខ្នាញ់ ធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលកំណាញ់នោះ មិនឃើញច្បាស់ នូវចាគសម្បទានោះក្នុងខ្លួន ព្រមទាំងមិនបាននូវបីតិ និងបាមោជ្ជៈ ព្រោះមានការលះនោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីការលះ របស់បុគ្គលកំណាញ់ ទើបជាកថាអាក្រក់។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីបញ្ញា របស់បុគ្គលឥតបញ្ញា ជាកថាអាក្រក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ័ប្បឥតបញ្ញា កាលពោលអំពីបញ្ញា រមែងរអាក់រអួល កម្រើកញាប់ញ័រ ឃ្នាន់ខ្នាញ់ ធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលអ័ប្បឥតបញ្ញានោះ មិនឃើញច្បាស់នូវបញ្ញាសម្បទានោះក្នុងខ្លួន ព្រមទាំងមិនបាននូវបីតិ និងបាមោជ្ជៈ ព្រោះបញ្ញានោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីបញ្ញា របស់បុគ្គលអ័ប្បឥតបញ្ញា ទើបជាកថាអាក្រក់។ ម្នាលភិក្ខុទាំងឡាយ កថារបស់បុគ្គលទាំង ៥ ពួកនេះឯង ជាកថាអាក្រក់ ដោយលើកយកបុគ្គលទៅប្រៀបនឹងបុគ្គល។ ម្នាលភិក្ខុទាំងឡាយ កថារបស់បុគ្គល ៥ ពួក ជាកថាល្អ ដោយលើកយកបុគ្គលទៅប្រៀបនឹងបុគ្គល។ កថារបស់បុគ្គល ៥ ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ការពោលអំពីសទ្ធា របស់បុគ្គលមានសទ្ធា ជាកថាល្អ ១ ការពោលអំពីសីល របស់បុគ្គលមានសីល ជាកថាល្អ ១ ការពោលអំពីការចេះដឹងច្រើន របស់បុគ្គលចេះដឹងច្រើន ជាកថាល្អ ១ ការពោលអំពីការលះ របស់បុគ្គលបរិច្ចាគ ជាកថាល្អ ១ ការពោលអំពីបញ្ញា របស់បុគ្គលមានបញ្ញា ជាកថាល្អ ១។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីសទ្ធា របស់បុគ្គលមានសទ្ធា ជាកថាល្អតើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសទ្ធា កាលបើពោលអំពីសទ្ធា រមែងមិនរអាក់រអួល មិនកម្រើកញាប់ញ័រ មិនឃ្នាន់ខ្នាញ់ មិនធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាបុគ្គលមានសទ្ធានោះ ឃើញច្បាស់នូវសទ្ធាសម្បទានោះក្នុងខ្លួន ព្រមទាំងបាននូវបីតិ និងបាមោជ្ជៈ ព្រោះសទ្ធានោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីសទ្ធា របស់បុគ្គលមានសទ្ធា ទើបជាកថាល្អ។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីសីល របស់បុគ្គលមានសីល ជាកថាល្អ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសីល កាលបើពោលអំពីសីល រមែងមិនរអាក់រអួល មិនកម្រើកញាប់ញ័រ មិនឃ្នាន់ខ្នាញ់ មិនធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថាបុគ្គលមានសីលនោះ ឃើញច្បាស់នូវសីលសម្បទានោះក្នុងខ្លួន ព្រមទាំងបាននូវបីតិ និងបាមោជ្ជៈ ព្រោះសីលនោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីសីល របស់បុគ្គលមានសីល ទើបជាកថាល្អ។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីការចេះដឹងច្រើន របស់បុគ្គលចេះដឹងច្រើន ជាកថាល្អ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកចេះដឹងច្រើន កាលបើពោលអំពីការចេះដឹងច្រើន រមែងមិនរអាក់រអួល មិនកម្រើកញាប់ញ័រ មិនឃ្នាន់ខ្នាញ់ មិនធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលចេះដឹងច្រើននោះ ឃើញច្បាស់នូវសុតសម្បទានោះក្នុងខ្លួន ព្រមទាំងបាននូវបីតិ និងបាមោជ្ជៈ ព្រោះការចេះដឹងច្រើននោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីការចេះដឹងច្រើន របស់បុគ្គលចេះដឹងច្រើន ទើបជាកថាល្អ។ ម្នាលភិក្ខុទាំងឡាយ ចុះការពោលអំពីការបរិច្ចាគទាន របស់បុគ្គលអ្នកបរិច្ចាគ ជាកថាល្អ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានការលះ កាលបើពោលអំពីការលះ រមែងមិនរអាក់រអួល មិនកម្រើកញាប់ញ័រ មិនឃ្នាន់ខ្នាញ់ មិនធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលអ្នកមានការលះ រមែងឃើញច្បាស់នូវចាគសម្បទានោះក្នុងខ្លួន ព្រមទាំងបាននូវបីតិ និងបាមោជ្ជៈ ព្រោះការលះនោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីការលះ របស់បុគ្គលអ្នកលះ ទើបជាកថាល្អ។ ម្នាលភិក្ខុទាំងឡាយ ការពោលអំពីបញ្ញា របស់បុគ្គលមានបញ្ញា ជាកថាល្អ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានបញ្ញា កាលបើពោលអំពីបញ្ញា រមែងមិនរអាក់រអួល មិនកម្រើកញាប់ញ័រ មិនឃ្នាន់ខ្នាញ់ មិនធ្វើសេចក្តីក្រោធខឹង និងសេចក្តីមិនត្រេកអរ ឲ្យប្រាកដ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលមានបញ្ញានោះ ឃើញច្បាស់នូវបញ្ញាសម្បទានោះក្នុងខ្លួន ព្រមទាំងបាននូវបីតិ និងបាមោជ្ជៈ ព្រោះបញ្ញានោះជាហេតុ ព្រោះហេតុនោះ ការពោលអំពីបញ្ញា របស់បុគ្គលមានបញ្ញា ទើបជាកថាល្អ។ ម្នាលភិក្ខុទាំងឡាយ កថារបស់បុគ្គលទាំង ៥ ពួកនេះឯង ជាកថាល្អ ដោយលើកយកបុគ្គលទៅប្រៀបនឹងបុគ្គល។
(៨. សារជ្ជសុត្តំ)
[៥៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងស្រុតចុះកាន់សេចក្តីញញើតញញើម។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសទ្ធា ១ ទ្រុស្តសីល ១ មានសេចក្តីចេះដឹងតិច ១ ខ្ជិលច្រអូស ១ អ័ប្បឥតបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងស្រុតចុះកាន់សេចក្តីញញើតញញើម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងជាអ្នកក្លៀវក្លា។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានសីល ១ ចេះដឹងច្រើន ១ ប្រារព្ធព្យាយាម ១ មានបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងជាអ្នកក្លៀវក្លា។
(៩. ឧទាយីសុត្តំ)
[៥៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះ ព្រះឧទាយិដ៏មានអាយុ មានបរិសទ្យគ្រហស្ថជាច្រើនចោមរោម កំពុងអង្គុយសំដែងធម៌។ ព្រះអានន្ទដ៏មានអាយុ បានឃើញព្រះឧទាយិដ៏មានអាយុ មានបរិសទ្យគ្រហស្ថជាច្រើនចោមរោម កំពុងអង្គុយសំដែងធម៌ លុះឃើញហើយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះឧទាយិដ៏មានអាយុ មានបរិសទ្យគ្រហស្ថជាច្រើនចោមរោម កំពុងអង្គុយសំដែងធម៌។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ការសំដែងធម៌ ដល់ជនដទៃ មិនអាចធ្វើបានដោយងាយទេ ម្នាលអានន្ទ កាលភិក្ខុសំដែងធម៌ ដល់ជនដទៃ គប្បីដំកល់ធម៌ ៥ យ៉ាង ឲ្យមានក្នុងខ្លួនសិន ទើបគួរសំដែងធម៌ ដល់ជនដទៃ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ ភិក្ខុត្រូវសំដែងធម៌ ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសំដែងនូវអនុបុព្វីកថា ១ ភិក្ខុត្រូវសំដែងធម៌ ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសំដែងដោយលើកអាងហេតុផល ១ ភិក្ខុត្រូវសំដែងធម៌ ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសំដែងពាក្យដោយអាស្រ័យសេចក្តីអាណិត (ដល់អ្នកស្តាប់) ១ ភិក្ខុត្រូវសំដែងធម៌ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញនឹងមិនសំដែង ព្រោះហេតុនៃអាមិស ១ ភិក្ខុត្រូវសំដែងធម៌ដល់បុគ្គលដទៃ ដោយតាំងចិត្តថា អាត្មាអញ នឹងសំដែងដោយមិនបានបៀតបៀនខ្លួនឯង និងបុគ្គលដទៃ ១។ ម្នាលអានន្ទ ការសំដែងធម៌ ដល់ជនដទៃ មិនអាចធ្វើបានដោយងាយទេ ម្នាលអានន្ទ កាលភិក្ខុសំដែងធម៌ ដល់ជនដទៃ ត្រូវដំកល់ធម៌ ៥ យ៉ាងនេះ ឲ្យមានក្នុងខ្លួនសិន ទើបគួរសំដែងធម៌ដល់ជនដទៃ។
(១០. ទុប្បដិវិនោទយសុត្តំ)
[៦០] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ កើតឡើងហើយ បន្ទោបង់បានដោយកម្រ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺរាគៈកើតឡើងហើយ បន្ទោបង់បានដោយកម្រ ១ ទោសៈកើតឡើងហើយ បន្ទោបង់បានដោយកម្រ ១ មោហៈកើតឡើងហើយ បន្ទោបង់បានដោយកម្រ ១ បដិភាណៈ (ការល្មោភនិយាយ) កើតឡើងហើយ បន្ទោបង់បានដោយកម្រ ១ គមិកចិត្ត (ចិត្តប្រាថ្នានឹងទៅ) កើតឡើងហើយ បន្ទោបង់បានដោយកម្រ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ កើតឡើងហើយ បន្ទោបង់បានដោយកម្រ។
ចប់ សទ្ធម្មវគ្គ ទី១។
ឧទ្ទាននៃសទ្ធម្មវគ្គនោះគឺ
និយាយអំពីការទូន្មានខ្លួន ដោយព្រះសទ្ធម្ម មាន៣លើក អំពីសេចក្តីសាបសូន្យនៃព្រះសទ្ធម្ម មាន ៣លើក អំពីពាក្យពោលអាក្រក់ ១ អំពីសេចក្តីញញើតញញើម ១ អំពីព្រះឧទាយិ ១ អំពីធម៌ដែលបន្ទោបង់បានដោយកម្រ ១។
((១៧) ២. អាឃាតវគ្គោ)
(១. បឋមអាឃាតបដិវិនយសុត្តំ)
[៦១] ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើងដល់ភិក្ខុ ភិក្ខុត្រូវកំចាត់បង់ដោយសព្វគ្រប់ ព្រោះអាឃាតប្បដិវិន័យណា អាឃាតប្បដិវិន័យនេះ មាន៥យ៉ាង។ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើង ចំពោះបុគ្គលណា ភិក្ខុត្រូវចំរើនមេត្តាចិត្ត ចំពោះបុគ្គលនោះ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើងចំពោះបុគ្គលណា ភិក្ខុត្រូវចំរើនករុណាចិត្ត ចំពោះបុគ្គលនោះ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើង ចំពោះបុគ្គលណា ភិក្ខុត្រូវចំរើនឧបេក្ខាចិត្ត ចំពោះបុគ្គលនោះ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើងចំពោះបុគ្គលណា ភិក្ខុត្រូវប្រតិបត្តិ នូវការមិនធ្វើទុកក្នុងចិត្ត ដោយស្មារតីចំពោះបុគ្គលនោះ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើង ចំពោះបុគ្គលណា ភិក្ខុត្រូវតាំងទុក នូវភាពនៃខ្លួនជាអ្នកមានកម្មជារបស់ខ្លួន ចំពោះបុគ្គលនោះថា អ្នកនេះ មានកម្មជារបស់ខ្លួន ជាអ្នកទទួលយកនូវកម្ម មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីពំនាក់ អ្នកនេះនឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី គង់អ្នកនោះទទួលយកកម្មនោះពុំខានឡើយ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើងដល់ភិក្ខុ ភិក្ខុត្រូវកំចាត់បង់ដោយសព្វគ្រប់ ព្រោះអាឃាតប្បដិវិន័យណា អាឃាតប្បដិវិន័យនេះ មាន ៥ យ៉ាង។
(២. ទុតិយអាឃាតបដិវិនយសុត្តំ)
[៦២] ព្រះសារីបុត្តដ៏មានអាយុ ហៅពួកភិក្ខុ ក្នុងទីនោះថា នែអាវុសោភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ក៏ទទួលស្តាប់ពាក្យព្រះសារីបុត្តដ៏មានអាយុថា អាវុសោ ដូច្នេះ។ ព្រះសារីបុត្តដ៏មានអាយុ ក៏មានថេរវាចា យ៉ាងនេះថា នែអាវុសោទាំងឡាយ គំនុំកើតឡើងដល់ភិក្ខុ ភិក្ខុត្រូវកំចាត់បង់ដោយសព្វគ្រប់ ព្រោះអាឃាតប្បដិវិន័យណា អាឃាតប្បដិវិន័យនេះមាន ៥ យ៉ាង។ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ក្នុងលោកនេះ មានបុគ្គលខ្លះ ជាអ្នកមានការប្រព្រឹត្តិ ដោយកាយមិនបរិសុទ្ធ មានការប្រព្រឹត្តិ ដោយវាចាដ៏បរិសុទ្ធ ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលមានសភាពយ៉ាងនេះចេញ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ក្នុងលោកនេះ មានបុគ្គលខ្លះ ជាអ្នកមានការប្រព្រឹត្តិ ដោយវាចាមិនបរិសុទ្ធ តែមានការប្រព្រឹត្តិ ដោយកាយដ៏បរិសុទ្ធ ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលមានសភាពយ៉ាងនេះចេញ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ក្នុងលោកនេះ មានបុគ្គលខ្លះ មានការប្រព្រឹតិ្តដោយកាយ មិនបរិសុទ្ធ មានការប្រព្រឹត្តិ ដោយវាចាមិនបរិសុទ្ធ តែបានឱកាសស្ងប់នៃចិត្តផង សេចក្តីជ្រះថ្លានៃចិត្តផង ក្នុងកាលម្តងៗ ដែរ ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលមានសភាពយ៉ាងនេះចេញ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ក្នុងលោកនេះ មានបុគ្គលខ្លះ មានការប្រព្រឹត្តិដោយកាយមិនបរិសុទ្ធ មានការប្រព្រឹត្តិ ដោយវាចាមិនបរិសុទ្ធ ទាំងមិនបានឱកាសស្ងប់នៃចិត្តផង សេចក្តីជ្រះថ្លានៃចិត្តផង ក្នុងកាលម្តងៗទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលមានសភាពយ៉ាងនេះចេញ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ក្នុងលោកនេះមានបុគ្គលខ្លះ មានការប្រព្រឹត្តិ ដោយកាយដ៏បរិសុទ្ធ មានការប្រព្រឹត្តិ ដោយវាចាដ៏បរិសុទ្ធ ទាំងបានឱកាសស្ងប់នៃចិត្តផង សេចក្តីជ្រះថ្លានៃចិត្តផង ក្នុងកាលម្តងៗ ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលមានសភាពយ៉ាងនេះចេញ ១។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មានការប្រព្រឹត្តិដោយកាយមិនបរិសុទ្ធ តែមានការប្រព្រឹត្តិ ដោយវាចាដ៏បរិសុទ្ធ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ដូចជាភិក្ខុអ្នកទ្រទ្រង់សំពត់បង្សុកូល បានឃើញផែនសំពត់នៅនាច្រកផ្លូវ ហើយជាន់នឹងជើងឆ្វេង លាត្រដាងមើលដោយជើងស្តាំ ហើយហែកសំពត់យកតែត្រង់កន្លែងដែលមានសាច់ជាប់ រួចកាន់យក ដើរចៀសចេញទៅ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលណា មានការប្រព្រឹត្តិ ដោយកាយមិនបរិសុទ្ធ តែមានការប្រព្រឹត្តិ ដោយវាចាដ៏បរិសុទ្ធ ភិក្ខុមិនត្រូវធ្វើទុកក្នុងចិត្ត នូវសេចក្តីប្រព្រឹត្តិ ដោយកាយមិនបរិសុទ្ធ របស់បុគ្គលនោះ ក្នុងសម័យនោះឡើយ ត្រូវធ្វើទុកក្នុងចិត្ត តែត្រង់សេចក្តីប្រព្រឹត្តិ ដោយវាចាដ៏បរិសុទ្ធ របស់បុគ្គលនោះ ក្នុងសម័យនោះប៉ុណ្ណោះ ក៏យ៉ាងនោះដែរ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មានការប្រព្រឹត្តិ ដោយវាចាមិនបរិសុទ្ធ តែមានការប្រព្រឹត្តិ ដោយកាយដ៏បរិសុទ្ធ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ស្រះបោក្ខរណី ពាសពេញដោយសារាយ និងចក មានបុរសក្តៅខ្លាំងដោយកំដៅថ្ងៃ ត្រូវកំដៅថ្ងៃគ្របសង្កត់ នឿយហត់ អន្ទះអន្ទែង ស្រេក ដើរមកដល់ បុរសនោះ ក៏ចុះទៅរកស្រះបោក្ខរណីនោះ ហើយវែកសារាយ និងចក ដោយដៃទាំងពីរ រួចក្បង់ទឹកផឹកដោយកំបង់ដៃ ទើបដើរចេញទៅ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលណា មានការប្រព្រឹត្តិ ដោយវាចាមិនបរិសុទ្ធ តែមានការប្រព្រឹត្តិ ដោយកាយដ៏បរិសុទ្ធ ភិក្ខុមិនត្រូវធ្វើទុកក្នុងចិត្ត នូវសេចក្តីប្រព្រឹត្តិ ដោយវាចាមិនបរិសុទ្ធ របស់បុគ្គលនោះ ក្នុងសម័យនោះឡើយ ត្រូវធ្វើទុកក្នុងចិត្ត តែត្រង់សេចក្តីប្រព្រឹត្តិ ដោយកាយដ៏បរិសុទ្ធ របស់បុគ្គលនោះ ក្នុងសម័យនោះប៉ុណ្ណោះវិញ ក៏យ៉ាងនោះដែរ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះ ដោយប្រការយ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មានសេចក្តីប្រព្រឹត្តិ ដោយកាយមិនបរិសុទ្ធ មានសេចក្តីប្រព្រឹត្តិ ដោយវាចាក៏មិនបរិសុទ្ធ តែបានឱកាសស្ងប់នៃចិត្ត និងជ្រះថ្លានៃចិត្ត ក្នុងកាលម្តងៗ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ដូចទឹកដ៏តិច ដក់ក្នុងដានជើងគោ មានបុរសក្តៅខ្លាំងដោយកំដៅថ្ងៃ ត្រូវកំដៅថ្ងៃគ្របសង្កត់ នឿយហត់ អន្ទះអន្ទែង ស្រេក ដើរមកដល់ បុរសអ្នកស្រេកទឹកនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ទឹកក្នុងដានជើងគោនេះមានតិច បើជាអាត្មាអញដងផឹក ដោយកំបង់ដៃ ឬដោយភាជនៈ ក៏ឈ្មោះថា អាត្មាអញធ្វើទឹកនោះឲ្យកក្រើកផង ឲ្យល្អក់ផង ទាំងធ្វើទឹកនោះ ឲ្យជាទឹកផឹកមិនបានផង បើដូច្នោះ មានតែអាត្មាអញ ច្រត់លុតជង្គង់ ឱនផឹកដូចជាគោ ហើយដើរចេញទៅចុះ ដូច្នេះបុរសនោះ ក៏ច្រត់ដៃលុតជង្គង់ ឱនផឹកដូចជាគោ រួចចៀសចេញទៅ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលណា មានសេចក្តីប្រព្រឹត្តិ ដោយកាយមិនបរិសុទ្ធ មានសេចក្តីប្រព្រឹត្តិ ដោយវាចាក៏មិនបរិសុទ្ធ តែបានឱកាសស្ងប់នៃចិត្តផង សេចក្តីជ្រះថ្លានៃចិត្តផង ក្នុងកាលម្តងៗ ភិក្ខុមិនត្រូវធ្វើទុកក្នុងចិត្ត នូវសេចក្តីប្រព្រឹត្តិ ដោយកាយមិនបរិសុទ្ធ របស់បុគ្គលនោះ ក្នុងសម័យនោះឡើយ មិនត្រូវធ្វើទុកក្នុងចិត្ត នូវសេចក្តីប្រព្រឹត្តិ ដោយវាចាមិនបរិសុទ្ធ របស់បុគ្គលនោះ ក្នុងសម័យនោះឡើយ (ព្រោះ) បុគ្គលនោះ បានឱកាសស្ងប់នៃចិត្តផង សេចក្តីជ្រះថ្លានៃចិត្តផង ក្នុងកាលម្តងៗ ឯណា ភិក្ខុត្រូវធ្វើទុកក្នុងចិត្តតែត្រង់ការបានឱកាសស្ងប់នៃចិត្តផង សេចក្តីជ្រះថ្លានៃចិត្តផង ក្នុងកាលម្តងៗ នោះ របស់បុគ្គលនោះ ក្នុងសម័យនោះប៉ុណ្ណោះ ក៏យ៉ាងនោះដែរ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះ ដោយប្រការយ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ បណ្តាលបុគ្គលទាំងនោះ បុគ្គលណា មានសេចក្តីប្រព្រឹត្តិ ដោយកាយមិនបរិសុទ្ធ មានសេចក្តីប្រព្រឹត្តិ ដោយវាចាក៏មិនបរិសុទ្ធ ទាំងមិនបានឱកាសស្ងប់នៃចិត្តផង សេចក្តីជ្រះថ្លានៃចិត្តផង ក្នុងកាលម្តងៗទេ តើភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ដូចបុរសមានអាពាធ ដល់នូវសេចក្តីទុក ឈឺធ្ងន់ ដើរទៅកាន់ផ្លូវឆ្ងាយ ស្រុកបុរសនោះ ក៏នៅឆ្ងាយទៅមុខផង ស្រុកបុរសនោះ ក៏នៅឆ្ងាយទៅក្រោយផង បុរសនោះ មិនបាននូវភោជនទាំងឡាយជាទីសប្បាយ មិនបានភេសជ្ជៈទាំងឡាយជាទីសប្បាយ មិនបានអ្នកទំនុកបម្រុងដ៏សមគួរ មិនបានជនអ្នកនាំទៅរកស្រុកសោះ ស្រាប់តែមានបុរសម្នាក់ទៀត ដើរទៅកាន់ផ្លូវឆ្ងាយដែរ ក៏ឃើញបុរសនោះ គាត់ក៏តាំងទុកនូវសេចក្តីករុណា ក្នុងបុរស (មានអាពាធ) នោះ តាំងទុកនូវសេចក្តីអាណិត តាំងទុកនូវសេចក្តីអនុគ្រោះ (ដោយបំណងថា) ធ្វើដូចម្តេចហ្ន៎ ឲ្យបុរសនេះ បាននូវភោជនទាំងឡាយជាទីសប្បាយ បាននូវភេសជ្ជៈទាំងឡាយជាទីសប្បាយ បាននូវអ្នកទំនុកបម្រុងដ៏សមគួរ បាននូវជនអ្នកនាំទៅរកស្រុកផងទៅអេះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថាបុរសនេះ កុំដល់នូវសេចក្តីវិនាស ត្រង់កន្លែងនេះឡើយ មានឧបមាយ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ បុគ្គលណា មានសេចក្តីប្រព្រឹត្តិ ដោយកាយមិនបរិសុទ្ធ មានសេចក្តីប្រព្រឹត្តិ ដោយវាចាក៏មិនបរិសុទ្ធ ទាំងមិនបានឱកាសស្ងប់នៃចិត្ត និងសេចក្តីជ្រះថ្លានៃចិត្ត ក្នុងកាលម្តង ៗ ទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវតាំងទុកនូវសេចក្តីករុណា ត្រូវតាំងទុកនូវសេចក្តីអាណិត ត្រូវតាំងទុកនូវសេចក្តីអនុគ្រោះ ចំពោះបុគ្គលមានសភាពយ៉ាងនេះ (ដោយបំណងថា) ធ្វើដូចម្តេចហ្ន៎ អ្នកនេះគប្បីលះកាយទុច្ចរិត ហើយចំរើនកាយសុចរិត លះវចីទុច្ចរិត ហើយចំរើនវចីសុចរិត លះមនោទុច្ចរិត ហើយចំរើនមនោសុចរិតនឹងគេអេះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថាកុំឲ្យអ្នកនេះ បែកធ្លាយរាងកាយស្លាប់ទៅ កើតក្នុងកំណើតតិរច្ឆាន បិត្តិវិស័យ អសុរកាយ និងនរកបានឡើយ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលណា មានសេចក្តីប្រព្រឹត្តិ ដោយកាយបរិសុទ្ធ មានសេចក្តីប្រព្រឹត្តិ ដោយវាចាក៏បរិសុទ្ធ ទាំងបានឱកាសស្ងប់នៃចិត្ត និងសេចក្តីជ្រះថ្លានៃចិត្ត ក្នុងកាលម្តង ៗ តើភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ស្រះបោក្ខរណី មានទឹកថ្លា ឆ្ងាញ់ ត្រជាក់ ស មានកំពង់រាបល្អ គួររីករាយ ដេរដាសដោយដើមឈើផ្សេងៗ ហើយមានបុរសក្តៅខ្លាំង ដោយកំដៅថ្ងៃ ត្រូវកំដៅថ្ងៃគ្របសង្កត់ នឿយហត់ អន្ទះអន្ទែង ស្រេក ដើរមកដល់ បុរសនោះ ក៏ចុះក្នុងស្រះបោក្ខរណីនោះ ងូតផង ផឹកផង ហើយត្រលប់ឡើងមកអង្គុយ ឬដេកក្រោមម្លប់ឈើ ប្របស្រះបោក្ខរណីនោះឯង មានឧបមាយ៉ាងណា ម្នាលអាវុសោទាំងឡាយ បុគ្គលណា មានសេចក្តីប្រព្រឹត្តិ ដោយកាយដ៏បរិសុទ្ធ មានសេចក្តីប្រព្រឹត្តិ ដោយវាចាក៏បរិសុទ្ធ ទាំងបានឧកាសស្ងប់នៃចិត្ត និងសេចក្តីជ្រះថ្លានៃចិត្ត ក្នុងកាលម្តងៗ ភិក្ខុត្រូវធ្វើទុកក្នុងចិត្ត នូវសេចក្តីប្រព្រឹត្តិ ដ៏កាយដ៏បរិសុទ្ធ របស់បុគ្គលនោះ ក្នុងសម័យនោះផង ត្រូវធ្វើទុកក្នុងចិត្ត នូវសេចក្តីប្រព្រឹត្តិ ដោយវាចាដ៏បរិសុទ្ធ របស់បុគ្គលនោះ ក្នុងសម័យនោះផង (ព្រោះ) បុគ្គលនោះ បានឱកាសស្ងប់នៃចិត្ត និងសេចក្តីជ្រះថ្លានៃចិត្ត ក្នុងកាលម្តងៗ ឯណា ភិក្ខុត្រូវធ្វើទុកក្នុងចិត្ត នូវការបាននូវឱកាសស្ងប់នៃចិត្ត និងសេចក្តីជ្រះថ្លានៃចិត្ត ក្នុងកាលម្តងៗ នោះ របស់បុគ្គលនោះ ក្នុងសម័យនោះផង ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ភិក្ខុត្រូវកំចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ ចិត្តជ្រះថ្លា ព្រោះមកភប់ប្រសព្វនឹងបុគ្គលដែលមានគុណគួរឲ្យជ្រះថ្លាបំផុត។ ម្នាលអាវុសោទាំងឡាយ គំនុំកើតឡើងដល់ភិក្ខុ ភិក្ខុត្រូវកំចាត់បង់សព្វគ្រប់ ដោយអាឃាតប្បដិវិន័យណា អាឃាតប្បដិវិន័យនេះ មាន៥យ៉ាង។
(៣. សាកច្ឆសុត្តំ)
[៦៣] ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុ ក្នុងទីនោះថា។ បេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរសាកសួរ (ធម៌អាថ៌) នឹងសព្រហ្មចារីទាំងឡាយបាន។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ក្នុងសាសនានេះ មានភិក្ខុជាអ្នកបរិបូណ៌ ដោយសីលខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលមកក្នុងសីលសម្បទាកថា ១ បរិបូរណ៌ដោយសមាធិខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលមកក្នុងសមាធិសម្បទាកថា ១ បរិបូរណ៌ដោយបញ្ញាខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលមកក្នុងបញ្ញាសម្បទាកថា ១ បរិបូរណ៌ដោយវិមុត្តិខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលមកក្នុងវិមុត្តិសម្បទាកថា ១ បរិបូរណ៌ដោយវិមុត្តិញ្ញាណទស្សនៈខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលមកក្នុងវិមុត្តិញ្ញាណទស្សនសម្បទាកថា ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង គួរសាកសួរនឹងសព្រហ្មចារីទាំងឡាយបាន។
(៤. សាជីវសុត្តំ)
[៦៤] ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុ ក្នុងទីនោះថា។ បេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរដល់សាជីវៈ ជាមួយនឹងសព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានភិក្ខុជាអ្នកបរិបូរណ៌ដោយសីលខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលមកក្នុងសីលសម្បទាកថា ១ បរិបូរណ៌ដោយសមាធិខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលមកក្នុងសមាធិសម្បទាកថា ១ បរិបូរណ៌ដោយបញ្ញាខ្លួនឯង ទាំងព្យាករនូវប្រស្នាដែលមកក្នុងបញ្ញាសម្បទាកថា ១ បរិបូរណ៌ដោយវិមុត្តិខ្លួនឯង ទាំងព្យាករនូវប្រស្នាដែលមកក្នុងវិមុត្តិសម្បទាកថា ១ បរិបូរណ៌ដោយវិមុត្តិញាណទស្សនៈខ្លួនឯង ទាំងព្យាករនូវប្រស្នាដែលមកក្នុងវិមុត្តិញាណទស្សន សម្បទាកថា ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង គួរដល់សាជីវៈជាមួយនឹងសព្រហ្មចារីទាំងឡាយ។
(៥. បញ្ហបុច្ឆាសុត្តំ)
[៦៥] ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុ ក្នុងទីនោះថា។បេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាសួរប្រស្នានឹងអ្នកដទៃ ភិក្ខុអស់នោះ (រមែងសួរ) ដោយហេតុទាំង ៥ យ៉ាង ឬបណ្តាហេតុទាំង ៥ យ៉ាងនុ៎ះ ហេតុណាមួយ។ ហេតុទាំង ៥ យ៉ាង តើដូចម្តេច។ គឺភិក្ខុសួរប្រស្នានឹងអ្នកដទៃ ព្រោះស្មារតីទន់ ព្រោះល្ងង់ខ្លៅ ១ មានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នា ហើយសួរប្រស្នានឹងអ្នកដទៃ ១ សួរប្រស្នានឹងអ្នកដទៃ ដើម្បីសង្កត់សង្កិន ១ មិនចង់ដឹង ហើយសួរប្រស្នានឹងអ្នកដទៃ ១ មួយយ៉ាងទៀត ភិក្ខុមានគំនិតយ៉ាងនេះហើយ សួរប្រស្នានឹងអ្នកដទៃ ថាបើ ភិក្ខុដែលអាត្មាអញសួរប្រស្នាហើយ រកដោះសាដោយត្រឹមត្រូវបាន ការដោះសានុ៎ះ ជាការល្អ បើអាត្មាអញសួរប្រស្នាហើយ ដោះសាដោយត្រឹមត្រូវមិនបានទេ អាត្មាអញនឹងដោះសាដោយត្រឹមត្រូវ ឲ្យភិក្ខុនោះវិញ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាសួរប្រស្នានឹងអ្នកដទៃ ភិក្ខុអស់នោះ (រមែងសួរ) ដោយហេតុទាំង ៥ យ៉ាងនេះ ឬបណ្តាហេតុទាំង ៥ យ៉ាងនុ៎ះ ហេតុណាមួយក៏មាន។ ម្នាលអាវុសោទាំងឡាយ ចំណែកខាងខ្ញុំ មានគំនិតយ៉ាងនេះ ទើបសួរប្រស្នានឹងអ្នកអ្នកដទៃ ថាបើ ភិក្ខុដែលអាត្មាអញសួរប្រស្នាហើយ គេព្យាករដោយត្រឹមត្រូវបាន ការព្យាករណ៍ដោយត្រឹមត្រូវដូច្នេះនេះ ជាការល្អ បើអាត្មាអញសួរប្រស្នាហើយ គេព្យាករដោយត្រឹមត្រូវមិនបានទេ អាត្មាអញនឹងព្យាករដោយត្រឹមត្រូវ ឲ្យភិក្ខុនោះវិញ ១។
(៦. និរោធសុត្តំ)
[៦៦] ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុក្នុងទីនោះថា។បេ។ ម្នាលអាវុសោទាំងឡាយ ក្នុងសាសនានេះ ភិក្ខុបរិបូរណ៌ដោយសីល បរិបូរណ៌ដោយសមាធិ បរិបូរណ៌ដោយបញ្ញា គួរចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះតែងតែមាន បើមិនបានសម្រេចអរហត្ត ក្នុងកាលជាបច្ចុប្បន្នទេ ក៏ផ្លោះរំលងនូវការកើតរួមនឹងពួកទេវតាអ្នកបរិភោគនូវកវឡិង្ការាហារ13) ហើយកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ14) រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះតែងតែមាន។ កាលបើព្រះសារីបុត្ត មានថេរវាចាយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏និយាយនឹងព្រះសារីបុត្តដ៏មានអាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ដំណើរនុ៎ះមិនសមហេតុ មិនសមផលទេ ដែលថា ភិក្ខុនោះ ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ មិនដែលមានទេ។ អស់វារៈជាគំរប់ ២ ដងផង។ បេ។ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុ អស់វារៈជាគំរប់ ៣ ដងថា ម្នាលអាវុសោទាំងឡាយ ក្នុងសាសនានេះ ភិក្ខុបរិបូរណ៌ដោយសីល បរិបូរណ៌ដោយសមាធិ បរិបូរណ៌ដោយបញ្ញា ហើយចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ តែងតែមាន បើមិនបានសម្រេចអរហត្ត ក្នុងកាលជាបច្ចុប្បន្នទេ ក៏ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ តែងតែមាន។ ព្រះឧទាយិដ៏មានអាយុ និយាយនឹងព្រះសារីបុត្តដ៏មានអាយុ ជាគំរប់ ៣ ដងយ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ដំណើរនុ៎ះ មិនសមហេតុ មិនសមផលទេ ដែលថា ភិក្ខុនោះ ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ មិនដែលមានទេ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឧទាយិដ៏មានអាយុ ចេះតែហាមឃាត់ (ពាក្យ) អាត្មាអញ អស់ ៣ ដងមកហើយ ភិក្ខុណាមួយ ក៏មិនអនុមោទនា (ពាក្យ) អាត្មាអញសោះ បើដូច្នោះ មានតែអាត្មាអញ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ក៏មានថេរវាចានឹងពួកភិក្ខុថា ម្នាលអាវុសោទាំងឡាយ ក្នុងសាសនានេះ ភិក្ខុបរិបូរណ៌ដោយសីល បរិបូរណ៌ដោយសមាធិ បរិបូរណ៌ដោយបញ្ញា គួរចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ តែងតែមាន បើមិនបានសម្រេចអរហត្ត ក្នុងកាលជាបច្ចុប្បន្នទេ ក៏ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះតែងតែមាន។ កាលបើព្រះសារីបុត្តដ៏មានអាយុ មានថេរវាចាយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏មានថេរវាចានឹងព្រះសារីបុត្តដ៏មានអាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ដំណើរនោះ មិនសមហេតុ មិនសមផលទេ ដែលថាភិក្ខុនោះ ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ មិនដែលមានទេ។ អស់វារៈ ២ ដង។ បេ។ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុ អស់ វារៈ ៣ ដងថា ម្នាលអាវុសោទាំងឡាយ ក្នុងសាសនានេះ ភិក្ខុបរិបូរណ៌ដោយសីល បរិបូរណ៌ដោយសមាធិ បរិបូរណ៌ដោយបញ្ញា គួរចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ តែងតែមាន បើមិនបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្ននេះទេ ក៏ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះតែងតែមាន។ ព្រះឧទាយិដ៏មានអាយុ មានថេរវាចានឹងព្រះសារីបុត្តដ៏មានអាយុ អស់វារៈជាគំរប់ ៣ ដងយ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ដំណើរនេះ មិនសមហេតុ មិនសមផលទេ ដែលថា ភិក្ខុនោះ ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ មិនដែលមានទេ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អម្បាលទីចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ ម្តេចព្រះឧទាយិដ៏មានអាយុ ក៏នៅតែរារាំងពាក្យរបស់អាត្មាអញ អស់វារៈជាគំរប់ ៣ ដង រកភិក្ខុណាមួយ អនុមោទនាពាក្យរបស់អាត្មាអញគ្មានសោះ បើដូចច្នោះ គួរតែអាត្មាអញនៅស្ងៀមទៅចុះ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ក៏នៅស្ងៀម។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅព្រះឧទាយិដ៏មានអាយុថា ម្នាលឧទាយិ តើអ្នកយល់ពួកទេវតា ដែលសម្រេចដោយចិត្តដូចម្តេច។ ព្រះឧទាយិដ៏មានអាយុ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា មិនមានរូប មានតែសញ្ញា (ខ្ញុំព្រះអង្គយល់ពួកទេវតានោះ)។ ព្រះសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលឧទាយិ ប្រយោជន៍អ្វី ដោយការនិយាយ ជាមួយនឹងអ្នកដែលជាបុគ្គលពាលមិនឈ្លាស ខ្លួនអ្នកដឹងបានតែពាក្យ ដែលខ្លួនត្រូវពោល។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា មើលចុះអានន្ទ (តទៅ) ពួកអ្នកគង់ព្រងើយកន្តើយនឹងភិក្ខុជាថេរៈ ដែលគេបៀតបៀន ម្នាលអានន្ទ មិនគួបើនឹងមិនមានសេចក្តីករុណា ចំពោះភិក្ខុអ្នកឆ្លាស ដែលគេបៀតបៀនសោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុបរិបូរដោយសីល បរិបូរណ៌ដោយសមាធិ បរិបូរណ៌ដោយបញ្ញា គួរចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះ តែងតែមាន បើមិនបានសម្រេចអរហត្ត ក្នុងកាលជាបច្ចុប្បន្ននេះទេ ក៏ផ្លោះរំលងនូវការកើតជាមួយនឹងពួកទេវតា អ្នកបរិភោគនូវកវឡិង្ការាហារ ហើយទៅកើតក្នុងពួកទេវតា ដែលសម្រេចដោយចិត្តណាមួយ រួចចូលកាន់សញ្ញាវេទយិតនិរោធក៏បាន ចេញក៏បាន ហេតុនេះតែងតែមាន។ ព្រះដ៏មានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះហើយ លុះព្រះសុគត ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះហើយ ទើបក្រោកចាកអាសនៈ រួចចូលទៅកាន់គន្ធកុដិ។ កាលព្រះដ៏មានព្រះភាគ ចេញទៅមិនយូរប៉ុន្មាន ព្រះអានន្ទដ៏មានអាយុ ក៏ចូលទៅរកព្រះឧបវានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏មានថេរវាចានឹងព្រះឧបវានៈដ៏មានអាយុយ៉ាងនេះថា ម្នាលអាវុសោឧបវានៈ ឥឡូវនេះ ពួកភិក្ខុដទៃ បៀតបៀនពួកភិក្ខុជាថេរៈ យើងមិនទាន់បានសួរពួកភិក្ខុទាំងនោះទេ។ ម្នាលអាវុសោឧបវានៈ ហេតុនេះ មិនជាអស្ចារ្យទេ ដែលព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីស្ងាត់ ក្នុងសាយណ្ហសម័យ ហើយត្រាស់ប្រារព្ធនូវហេតុនេះឯង ដូចជាទ្រង់ត្រាស់បំភ្លឺនូវព្រះឧបវានៈដ៏មានអាយុ ក្នុងហេតុនុ៎ះដែរ។ ឥឡូវនេះ សេចក្តីទោមនស្ស ក៏ច្រៀតចូល (ក្នុងចិត្ត) របស់យើងដែរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីស្ងាត់ ក្នុងសាយណ្ហសម័យ ហើយស្តេចយាងចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលទុកថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស្រេចហើយ ក៏បានត្រាស់នឹងព្រះឧបវានៈដ៏មានអាយុយ៉ាងនេះថា ម្នាលឧបវានៈ ភិក្ខុជាថេរៈ ប្រកបដោយធម៌ប៉ុន្មានយ៉ាង ទើបជាទីស្រលាញ់ ជាទីគាប់ចិត្ត គួរគោរព និងគួរសរសើរ របស់សព្រហ្មចារីទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាថេរៈ ប្រកបដោធម៌ ៥ យ៉ាង ទើបជាទីស្រឡាញ់ ជាទីគាប់ចិត្ត គួរគោរព នឹងគួរសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងសាសនានេះ ភិក្ខុជាថេរៈ ជាអ្នកមានសីល។បេ។ សិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកចេះដឹងច្រើន។ បេ។ ជាអ្នកចាក់ធ្លុះល្អដោយប្រាជ្ញា ១ ជាអ្នកមានវាចាដ៏ពីរោះ មានសំដីដ៏ផ្អែមល្ហែម ប្រកបដោយវាចាជារបស់អ្នកក្រុង ជាវាចាក្បោះក្បាយ មិនមានទោស គួរធ្វើអ្នកដទៃឲ្យដឹងសេចក្តីច្បាស់លាស់បាន ១ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ នូវឈានទាំង ៤ ជាគ្រឿងនៅជាសុខ ក្នុងកាលជាបច្ចុប្បន្ន ដែលប្រកបដោយចេតសិកដ៏ថ្លៃថ្លា ១ បានធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាងនេះ ទើបជាទីស្រឡាញ់ ជាទីគាប់ចិត្ត គួរគោរព និងគួរសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ម្នាលឧបវានៈ ត្រូវណាស់ហើយ ត្រូវណាស់ហើយ ម្នាលឧបវានៈ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបជាទីស្រឡាញ់ ជាទីគាប់ចិត្ត គួរគោរព និងគួរសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ម្នាលឧបវានៈ បើធម៌ ៥ យ៉ាងនេះ មិនមានដល់ភិក្ខុជាថេរៈទេ តើពួកសព្រហ្មចារី គួរធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុជាថេរៈនោះ ត្រង់ធ្មេញបាក់ សក់ស្កូវ និងស្បែកជ្រួញជ្រីវ ឬដូចម្តេច។ ម្នាលឧបវានៈ ព្រោះហេតុនោះ ធម៌៥យ៉ាងនេះ រមែងមានដល់ភិក្ខុជាថេរៈ ទើបពួកសព្រហ្មចារី ធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុជាថេរៈនោះបាន។
(៧. ចោទនាសុត្តំ)
[៦៧] ព្រះសារីបុត្តដ៏មានអាយុ បានហៅពួកភិក្ខុ ក្នុងទីនោះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកដាស់តឿន ចង់ដាស់តឿនភិក្ខុដទៃ គួរដំកល់ធម៌ ៥ យ៉ាងទុកក្នុងខ្លួន ហើយសឹមដាស់តឿនភិក្ខុដទៃ។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ( គឺភិក្ខុគិតថា) អាត្មាអញនិយាយដាស់តឿនក្នុងកាលគួរ មិននិយាយដាស់តឿនក្នុងកាលមិនគួរ ១ អាត្មាអញនិយាយដាស់តឿនដោយពាក្យពិត មិននិយាយដាស់តឿនដោយពាក្យមិនពិត ១ អាត្មាអញនិយាយដាស់តឿនដោយពាក្យពីរោះ មិននិយាយដាស់តឿនដោយពាក្យទ្រគោះ ១ អាត្មាអញនិយាយដាស់តឿន ដោយពាក្យដែលប្រកបដោយប្រយោជន៍ មិននិយាយដាស់តឿន ដោយពាក្យដែលមិនប្រកបដោយប្រយោជន៍ ១ អាត្មាអញនិយាយដាស់តឿនដោយចិត្តមេត្តា មិននិយាយដាស់តឿនដោយទោសចិត្ត ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកដាស់តឿន ចង់ដាស់តឿនភិក្ខុដទៃ គួរដំកល់ធម៌ ៥ យ៉ាងនេះ ទុកក្នុងខ្លួន ហើយសឹមដាស់តឿនភិក្ខុដទៃ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំឃើញបុគ្គលខ្លះ ក្នុងលោកនេះ ដែលគេដាស់តឿនក្នុងកាលមិនគួរ មិនដាស់តឿនក្នុងកាលគួរ ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿនដោយពាក្យមិនពិត មិនដាស់តឿនដោយពាក្យពិត ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿនដោយពាក្យទ្រគោះ មិនដាស់តឿនដោយពាក្យពីរោះ ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿនដោយពាក្យមិនប្រកបដោយប្រយោជន៍ មិនដាស់តឿនដោយពាក្យ ដែលប្រកបដោយប្រយោជន៍ ហើយមានសេចក្តីខឹង ១ ដែសគេដាស់តឿនដោយទោសចិត្ត មិនដាស់តឿនដោយចិត្តមេត្តា ហើយមានសេចក្តីខឹង ១។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុមានគេដាស់តឿន មិនប្រកបដោយធម៌ គួរតាំងទុកនូវសេចក្តីមិនក្តៅក្រហាយ ដោយអាការៈ ៥ យ៉ាង ដោយគិតថា គេដាស់តឿនអ្នក ក្នុងកាលមិនគួរ មិនដាស់តឿនក្នុងកាលគួរ គួរតែអ្នកមិនមានសេចក្តីក្តៅក្រហាយ ១ គេដាស់តឿនអ្នកដោយពាក្យមិនពិត មិនដាស់តឿនដោយពាក្យពិត គួរតែអ្នកមិនមានសេចក្តីក្តៅក្រហាយ ១ គេដាស់តឿនអ្នកដោយពាក្យទ្រគោះ មិនដាស់តឿនដោយពាក្យពីរោះ គួរតែអ្នកមិនមានសេចក្តីក្តៅក្រហាយ ១ គេដាស់តឿនអ្នកដោយពាក្យមិនប្រកបដោយប្រយោជន៍ មិនដាស់តឿនដោយពាក្យដែលប្រកបដោយប្រយោជន៍ គួរតែអ្នកមិនមានសេចក្តីក្តៅក្រហាយ ១ គេដាស់តឿនអ្នកដោយទោសចិត្ត មិនដាស់តឿនដោយចិត្តមេតា្ត គួរតែអ្នកមិនមានសេចក្តីក្តៅក្រហាយ ១។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុមានគេដាស់តឿន មិនប្រកបដោយធម៌ គួរតាំងទុកនូវសេចក្តីមិនក្តៅក្រហាយ ដោយអាការៈ ៥ យ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកដាស់តឿនគេ មិនប្រកបដោយធម៌ ត្រូវបានសេចក្តីក្តៅក្រហាយ ដោយអាការៈ ៥ យ៉ាង ដោយគិតថា ម្នាលអាវុសោ អ្នកឯងដាស់តឿនគេ ក្នុងកាលមិនគួរ មិនដាស់តឿនគេក្នុងកាលគួរ ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១ ម្នាលអាវុសោ អ្នកឯងដាស់តឿនគេដោយពាក្យមិនពិត មិនដាស់តឿនគេដោយពាក្យពិត ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១ ម្នាលអាវុសោ អ្នកឯងដាស់តឿនគេដោយពាក្យទ្រគោះ មិនដាស់តឿនគេដោយពាក្យពីរោះ ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១ ម្នាលអាវុសោ អ្នកឯងដាស់តឿនគេដោយពាក្យមិនប្រកបដោយប្រយោជន៍ មិនដាស់តឿនគេ ដោយពាក្យដែលប្រកបដោយប្រយោជន៍ ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១។ ម្នាលអាវុសោ អ្នកឯងដាស់តឿនគេដោយទោសចិត្ត មិនដាស់តឿនគេដោយចិត្តមេត្តា ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកដាស់តឿនគេ មិនប្រកបដោយធម៌ ត្រូវបានសេចក្តីក្តៅក្រហាយ ដោយអាការៈ ៥ យ៉ាងនេះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះហេតុថា ដូចយ៉ាងភិក្ខុដទៃ ក៏មិនត្រូវសំគាល់នូវភិក្ខុ ដែលខ្លួនត្រូវដាស់តឿន ដោយពាក្យមិនពិតដែរ។ ម្នាលអាវុសោទាំងឡាយ ខ្ញុំឃើញបុគ្គលខ្លះ ក្នុងលោកនេះ ដែលគេដាស់តឿន ក្នុងកាលគួរ មិនដាស់តឿន ក្នុងកាលមិនគួរ ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿន ដោយពាក្យពិត មិនដាស់តឿនដោយពាក្យមិនពិត ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿន ដោយពាក្យពីរោះ មិនដាស់តឿន ដោយពាក្យទ្រគោះ ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿន ដោយពាក្យប្រកបដោយប្រយោជន៍ មិនដាស់តឿន ដោយពាក្យមិនប្រកបដោយប្រយោជន៍ ហើយមានសេចក្តីខឹង ១ ដែលគេដាស់តឿន ដោយចិត្តមេត្តា មិនដាស់តឿន ដោយទោសចិត្ត ហើយមានសេចក្តីខឹង ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុដែលគេដាស់តឿនប្រកបដោយធម៌ ត្រូវបានសេចក្តីក្តៅក្រហាយ ដោយអាការៈ ៥ យ៉ាង ដោយគិតថា គេដាស់តឿនអ្នក ក្នុងកាលគួរ គេមិនដាស់តឿនអ្នក ក្នុងកាលមិនគួរ ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១ គេដាស់តឿនអ្នក ដោយពាក្យពិត មិនដាស់តឿន ដោយពាក្យមិនពិត ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១ គេដាស់តឿនអ្នក ដោយពាក្យពីរោះ មិនដាស់តឿនអ្នក ដោយពាក្យទ្រគោះ ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១ គេដាស់តឿនអ្នក ដោយពាក្យប្រកបដោយប្រយោជន៍ មិនដាស់តឿន ដោយពាក្យដែលមិនប្រកបដោយប្រយោជន៍ ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១ គេដាស់តឿនអ្នក ដោយចិត្តមេត្តា មិនដាស់តឿន ដោយទោសចិត្ត ត្រូវតែអ្នកឯងបានសេចក្តីក្តៅក្រហាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុដែលគេដាស់តឿនប្រកបដោយធម៌ ត្រូវបានសេចក្តីក្តៅក្រហាយ ដោយអាការៈ ៥ យ៉ាងនេះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកដាស់តឿនគេ ប្រកបដោយធម៌ ត្រូវបានសេចក្តីមិនក្តៅក្រហាយ ដោយអាការៈ ៥ យ៉ាង ដោយគិតថា ម្នាលអាវុសោ អ្នកឯងដាស់តឿនគេ ក្នុងកាលគួរ មិនដាស់តឿនគេ ក្នុងកាលមិនគួរ ត្រូវតែអ្នកឯងមិនបានសេចក្តីក្តៅក្រហាយ ១ ម្នាលអាវុសោ អ្នកឯងដាស់តឿនគេ ដោយពាក្យពិត មិនដាស់តឿនគេ ដោយពាក្យមិនពិត ត្រូវតែអ្នកឯងមិនបានសេចក្តីក្តៅក្រហាយ ១ ម្នាលអាវុសោ អ្នកឯងដាស់តឿនគេ ដោយពាក្យពីរោះ មិនដាស់តឿនគេ ដោយពាក្យទ្រគោះ ត្រូវតែអ្នកឯងមិនបានសេចក្តីក្តៅក្រហាយ ១ ម្នាលអាវុសោ អ្នកឯងដាស់តឿនគេ ដោយពាក្យប្រកបដោយប្រយោជន៍ មិនដាស់តឿនគេ ដោយពាក្យមិនប្រកបដោយប្រយោជន៍ ត្រូវតែអ្នកឯងមិនបានសេចក្តីក្តៅក្រហាយ ១ ម្នាលអាវុសោ អ្នកឯងដាស់តឿនគេ ដោយចិត្តមេត្តា មិនដាស់តឿនគេ ដោយទោសចិត្ត ត្រូវតែអ្នកឯងមិនបានសេចក្តីក្តៅក្រហាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកដាស់តឿនគេ ប្រកបដោយធម៌ ត្រូវបានសេចក្តីមិនក្តៅក្រហាយដោយអាការៈ ៥ យ៉ាងនេះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ដូចយ៉ាងភិក្ខុដទៃ ក៏ត្រូវសំគាល់ភិក្ខុដែលខ្លួនត្រូវដាស់តឿនដោយពាក្យពិតដែរ។ ម្នាលអាវុសោទាំងឡាយ បុគ្គលដែលគេដាស់តឿន ត្រូវប្រតិស្ឋានក្នុងធម៌ ២ យ៉ាង គឺសច្ចៈ ១ សេចក្តីមិនខឹង ១។ ម្នាលអាវុសោទាំងឡាយ ពួកភិក្ខុគប្បីដាស់តឿនពួកបុគ្គលដទៃ ដោយអាការៈ ៥ យ៉ាង គឺ (ដាស់តឿន) ក្នុងកាលគួរក៏មាន មិនគួរក៏មាន ១ ដោយពាក្យពិតក៏មាន មិនពិតក៏មាន ១ ដោយពាក្យពីរោះក៏មាន ពាក្យទ្រគោះក៏មាន ១ ដោយពាក្យប្រកបដោយប្រយោជន៍ក៏មាន មិនប្រកបដោយប្រយោជន៍ក៏មាន ១ ដោយចិត្តមេត្តាក៏មាន ដោយទោសចិត្តក៏មាន ១។ (ភិក្ខុអ្នកដាស់តឿនគេ ត្រូវតាំងចិត្ត) ថា ទោះបីអាត្មាអញ ក៏គួរប្រតិស្ឋានក្នុងធម៌ ២ យ៉ាង គឺសច្ចៈ ១ សេចក្តីមិនខឹង ១ ដែរ។ បើអាត្មាអញដឹងថា ធម៌នុ៎ះ មាននៅក្នុងអាត្មាអញ អាត្មាអញ គួរនិយាយប្រាប់គេថាមាន (ព្រោះ) ធម៌នុ៎ះ មាននៅក្នុងអាត្មាអញមែន។ បើអាត្មាអញដឹងថា ធម៌នោះ មិនមានក្នុងអាត្មាអញទេ គួរអាត្មាអញ និយាយប្រាប់គេថា មិនមាន (ព្រោះ) ធម៌នុ៎ះ មិនមានក្នុងអាត្មាអញមែន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត កាលដែលអ្នកពោលយ៉ាងនេះហើយ មានពួកមោឃបុរសខ្លះ ក្នុងសាសនានេះ មិនទទួលយកដោយផ្ចិតផ្ចង់ឡើយ។ ព្រះសារីបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកណា ដែលមិនមានសទ្ធា ត្រូវការតែនឹងចិញ្ចឹមជីវិត ចេញចាកផ្ទះ ហើយចូលមកកាន់ផ្នួសដោយមិនមានសទ្ធា ជាអ្នកអួតអាង មានមាយា បោកប្រាស់ មានចិត្តរាយមាយ លើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស មិនគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបនូវការភ្ញាក់រលឹក មិនបានក្រឡេកមើល ក្នុងភាពនៃខ្លួនជាសមណៈ មិនមានសេចក្តីគោរព ដ៏ក្លៀវក្លាក្នុងសិក្ខា ជាអ្នកល្មោភ មានសេចក្តីព្យាយាម ក្នុងការប្រព្រឹត្តិធូរថយ ជាប្រធានខាងការប្រព្រឹត្តិជ្រោកជ្រាក ដាក់ចោលនូវធុរៈ ក្នុងវិវេក ខ្ជឹលច្រអូស មានព្យាយាមថោកថយ មានស្មារតីភ្លេចភ្លាំង មិនមានសម្បជញ្ញៈ មិនបានតាំងចិត្តមាំ មានចិត្តរវើរវាយ ជាមនុស្សអ័ប្បឥតប្រាជ្ញា ជាមនុស្សលលា បុគ្គលពួកនោះ កាលដែលខ្ញុំព្រះអង្គ ពោលយ៉ាងនេះ រមែងមិនទទួលយកដោយផ្ចិតផ្ចង់ឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ន័យមួយទៀត ពួកកុលបុត្តណា ដែលចេញចាកផ្ទះហើយ ចូលមកកាន់ផ្នួសដោយសទ្ធា ជាអ្នកមិនអួតអាង មិនមានមាយា មិនបោកប្រាស់ មិនមានចិត្តរាយមាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដីផ្តេសផ្តាស គ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន ប្រកបក្នុងការភ្ញាក់រលឹក មានការក្រឡេកមើល ក្នុងភាពនៃខ្លួនជាសមណៈ មានសេចក្តីគោរពដ៏ក្លៀវក្លា ក្នុងសិក្ខា មិនល្មោភ មានព្យាយាមក្នុងការប្រព្រឹត្តិមិនធូថយ ដាក់ការប្រព្រឹត្តិជ្រោកជ្រាកចោល ជាអ្នកនាំអាទិ៍ ក្នុងសេចក្តីស្ងប់ស្ងាត់ (ព្រះនិពា្វន) ជាអ្នកប្រារព្ធនូវព្យាយាម មានចិត្តស្លុង ទៅកាន់ព្រះនិពា្វន ប្រុងស្មារតី មានសម្បជញ្ញៈ បានតាំងទុកនូវចិត្តដ៏មាំមួន មានចិត្តនឹង នៅក្នុងអារម្មណ៍តែមួយ មានបញ្ញាមិនលលា កុលបុត្តពួកនោះ កាលដែលខ្ញុំព្រះអង្គពោលយ៉ាងនេះហើយ រមែងទទួលយកដោយផ្ចិតផ្ចង់។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលសារីបុត្ត ពួកបុគ្គលណា មិនមានសទ្ធា មានសេចក្តីត្រូវការតែនឹងចិញ្ចឹមជីវិត ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយមិនមានសទ្ធា ជាអ្នកអួតអាង មានមាយា បោកប្រាស មានចិត្តរាយមាយ លើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស មិនបានគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនស្គាល់ប្រមាណ ក្នុងភោជន មិនប្រកបនូវការភ្ញាក់រលឹក មិនបានក្រឡេកមមើល ក្នុងភាពនៃខ្លួនជាសមណៈ មិនមានសេចក្តីគោរពដ៏ក្លៀវក្លា ក្នុងសិក្ខា ជាអ្នកល្មោភ មានសេចក្តីព្យាយាម ក្នុងការប្រព្រឹត្តិធូរថយ ជាប្រធានខាងការប្រព្រឹត្តិដ៏ជ្រោកជ្រាក ដាក់ចោលនូវធុរៈក្នុងវិវេក ខ្ជិលច្រអូស មានព្យាយាមថោកថយ មានស្មារតីភ្លេចភ្លាំង មិនមានសម្បជញ្ញៈ មិនបានតាំងចិត្តមាំ មានចិត្តរវើរវាយ ជាមនុស្សអ័ប្បឥតបញ្ញា ជាមនុស្សលលា ពួកបុគ្គលនោះ លើកទុកដោយឡែកសិន ម្នាលសារីបុត្ត ពួកកុលបុត្តណា ដែលចេញចាកផ្ទះហើយ ចូលមកកាន់ផ្នួសដោយសទ្ធា មិនជាអ្នកអួតអាង មិនមានមាយា មិនបោកប្រាស មិនរាយមាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនជាអ្នកមាត់រឹង មិនមានសំដីផ្តេសផ្តាស ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ស្គាល់ប្រមាណក្នុងភោជន ប្រឹងប្រកបនូវការភ្ញាក់រលឹក ក្រឡេកមើល ក្នុងភាពនៃខ្លួនជាសមណៈ មានសេចក្តីគោរពដ៏ក្លៀវក្លា ក្នុងសិក្ខា មិនល្មោភ មិនប្រព្រឹត្តធូរថយ ដាក់ចោលនូវធុរៈ ក្នុងការប្រព្រឹត្តិជ្រោកជ្រាក ជាអ្នកនាំអាទិ៍ក្នុងវិវេក ប្រារព្ធនូវព្យាយាម មានចិត្តស្លុងទៅកាន់ព្រះនិពា្វន ប្រុងស្មារតី មានសម្បជញ្ញៈ តាំងចិត្តមាំ មានចិត្តនឹង ក្នុងអារម្មណ៍តែមួយ មានបញ្ញា មិនលលា ម្នាលសារីបុត្ត អ្នកត្រូវនិយាយទៅរកតែពួកកុលបុត្តនោះបានហើយ។ ម្នាលសារីបុត្ត អ្នកចូរទូន្មានពួកសព្រហ្មចារី ម្នាលសារីបុត្ត អ្នកចូរប្រៀនប្រដៅពួកសព្រហ្មចារី ដោយតាំងចិត្តថា អាត្មាអញ នឹងធ្វើពួកសព្រហ្មចារី ឲ្យចេញផុតចាកអសទ្ធម្ម ហើយឲ្យប្រតិស្ថាន ក្នុងព្រះសទ្ធម្ម។ ម្នាលសារីបុត្ត អ្នកត្រូវសិក្សាយ៉ាងនេះឯង។
(៨. សីលសុត្តំ)
[៦៨] ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចាហៅពួកភិក្ខុមក ក្នុងទីនោះ។បេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុទ្រុស្តសីល វិបត្តិចាកសីល ជាហេតុសាបសូន្យចាកសម្មាសមាធិ កាលបើសម្មាសមាធិ មិនមានហើយ ភិក្ខុវិបត្តិចាកសម្មាសមាធិ ជាហេតុសាបសូន្យចាកយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈមិនមានហើយ ភិក្ខុវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ជាហេតុសាបសូន្យចាកនិព្វិទាវិរាគៈ កាលបើនិព្វិទាវិរាគៈ មិនមានហើយ ភិក្ខុវិបត្តិចាកនិព្វិទាវិរាគៈ ជាហេតុសាបសូន្យ ចាកវិមុត្តិញ្ញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ដូចជាដើមឈើ ដែលវិបត្តិចាកមែក និងស្លឹកហើយ ក្រមរនៃដើមឈើនោះក្តី ក៏មិនបរិបូណ៌ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនបរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុទ្រុស្តសីល វិបត្តិចាកសីល ជាហេតុសាបសូន្យ ចាកសម្មាសមាធិ កាលបើសម្មាសមាធិ មិនមានហើយ ភិក្ខុវិបត្តិចាកសម្មាសមាធិ ជាហេតុសាបសូន្យ ចាកយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈមិនមានហើយ ភិក្ខុវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ជាហេតុសាបសូន្យ ចាកនិព្វិទាវិរាគៈ កាលបើនិព្វិទាវិរាគៈ មិនមានហើយ ភិក្ខុវិបត្តិ ចាកនិព្វិទាវិរាគៈ ជាហេតុសាបសូន្យ ចាកវិមុត្តិញ្ញាណទស្សន ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសីល បរិបូណ៌ដោយសីល ឈ្មោះថា បរិបូណ៌ដោយហេតុនៃសម្មាសមាធិ កាលបើមានសម្មាសមាធិហើយ ភិក្ខុបរិបូណ៌ដោយសម្មាសមាធិ ឈ្មោះថា បរិបូណ៌ដោយហេតុ នៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈមានហើយ ភិក្ខុបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ ឈ្មោះថា បរិបូណ៌ដោយហេតុនៃនិព្វិទាវិរាគៈ កាលបើនិព្វិទាវិរាគៈមានហើយ ភិក្ខុបរិបូណ៌ដោយនិព្វិទាវិរាគៈ ឈ្មោះថា បរិបូណ៌ដោយហេតុវិមុត្តិញ្ញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ដូចដើមឈើដែលបរិបូណ៌ដោយមែក និងស្លឹក ហើយក្រមរនៃដើមឈើនោះក្តី ក៏បរិបូណ៌ សម្បកក្តី ស្រាយក្តី ខ្លឹមក្តី ក៏បរិបូណ៌ យ៉ាងណាមិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកមានសីល បរិបូណ៌ដោយសីល ឈ្មោះថា បរិបូណ៌ដោយហេតុ នៃសម្មាសមាធិ កាលបើសម្មាសមាធិមានហើយ ភិក្ខុបរិបូណ៌ដោយសម្មាសមាធិ ឈ្មោះថា បរិបូណ៌ដោយហេតុ នៃយថាភូតញ្ញាណទស្សនៈ កាលបើយថាភូតញ្ញាណទស្សនៈមានហើយ ភិក្ខុបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ ឈ្មោះថា បរិបូណ៌ដោយហេតុនៃនិព្វិទាវិរាគៈ កាលបើនិព្វិទាវិរាគៈមានហើយ ភិក្ខុបរិបូណ៌ដោយនិព្វិទាវិរាគៈ ឈ្មោះថា បរិបូណ៌ដោយហេតុ នៃវិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។
(៩. ខិប្បនិសន្តិសុត្តំ)
[៦៩] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ បានចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានរីករាយជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់ក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏មានថេរវាចានឹងព្រះសារីបុត្តដ៏មានអាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ភិក្ខុជាអ្នកពិចារណាឃើញឆាប់ ក្នុងពួកធម៌ជាកុសលផង ជាអ្នកកាន់យកនូវធម៌ ដែលខ្លួនកាន់យកដោយល្អផង កាន់យកនូវធម៌បានច្រើនផង មិនភ្លេចធម៌ ដែលខ្លួនកាន់យកហើយផង តើដោយហេតុប៉ុន្មានហើយ។ ព្រះសារីបុត្តមានថេរវាចាថា អានន្ទដ៏មានអាយុ ជាពហុស្សូតស្រាប់ហើយ ចូរអានន្ទដ៏មានអាយុ សំដែង (ខ្លួនឯង) ចុះ។ ព្រះអានន្ទ មានថេរវាចាថា ម្នាលអាវុសោសារីបុត្ត បើដូច្នោះ លោកចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ ខ្ញុំនឹងសំដែង។ ព្រះសារីបុត្តដ៏មានអាយុ ក៏បានទទួលស្តាប់ថេរវាចាព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទដ៏មានអាយុ មានថេរវាចា យ៉ាងនេះថា ម្នាលអាវុសោសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាសក្នុងអត្ថផង ឈា្លសក្នុងធម៌ផង ឈ្លាសក្នុងប្រភេទអក្សរផង ឈ្លាសក្នុងភាសាផង ឈ្លាសទាំងដើម ទាំងចុង15) (នៃអត្ថ និងធម៌ជាដើម) ផង។ ម្នាលអាវុសោសារីបុត្ត ភិក្ខុជាអ្នកពិចារណាឃើញឆាប់ ក្នុងពួកកុសលធម៌ផង ជាអ្នកកាន់យកនូវធម៌ ដែលខ្លួនកាន់យកដោយល្អផង កាន់យកនូវធម៌បានច្រើនផង មិនភ្លេចធម៌ ដែលខ្លួនកាន់យកហើយផង ដោយហេតុប៉ុណ្ណេះឯង។ ព្រះសារីបុត្ត មានថេរវាចាថា ម្នាលអាវុសោ អស្ចារ្យណាស់ ម្នាលអាវុសោ ចំឡែកណាស់ ពាក្យដែលអានន្ទដ៏មានអាយុពោលមកហើយនេះ ជាសុភាសិតប្រាកដ មួយទៀត យើងនឹងចាំទុក នូវព្រះអានន្ទដ៏មានអាយុថា ជាអ្នកប្រកបដោយធម៌ ៥ យ៉ាងនេះ គឺអានន្ទដ៏មានអាយុ ជាអ្នកឈ្លាសក្នុងអត្ថ ១ ឈ្លាសក្នុងធម៌ ១ ឈ្លាសក្នុងអក្ខរប្បភេទ ១ ឈ្លាសក្នុងភាសា ១ ឈ្លាសទាំងដើមទាំងចុង ១។
(១០. ភទ្ទជិសុត្តំ)
[៧០] សម័យ ១ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះឯង ព្រះភទ្ទជិដ៏មានអាយុ បានចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏បានរីករាយជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ គួររីករាយ និងពាក្យគួររលឹកហើយ ក៏គង់ក្នុងទីសមគួរ។ លុះព្រះភទ្ទជិដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ព្រះអានន្ទដ៏មានអាយុ ក៏មានថេរវាចា យ៉ាងនេះថា ម្នាលអាវុសោភទ្ទជិ ការឃើញដូចម្តេច ដែលប្រសើរលើសជាងការឃើញទាំងឡាយ ការស្តាប់ដូចម្តេច ដែលប្រសើរ លើសជាងការស្តាប់ទាំងឡាយ សុខដូចម្តេច ដែលប្រសើរលើសជាងសុខទាំងឡាយ ការសំគាល់ដូចម្តេច ដែលប្រសើរលើសជាងការសំគាល់ទាំងឡាយ ទីកើតដូចម្តេច ដែលប្រសើរលើសជាងទីកើតទាំងឡាយ។ ព្រះភទ្ទជិដ៏មានអាយុ មានថេរវាចាតបថា ម្នាលអាវុសោ មានព្រហ្មដែលជាអ្នកគ្របសង្កត់ (លើព្រហ្មឯទៀត) ដែលព្រហ្មឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន។ បុគ្គលណាឃើញនូវព្រហ្មនោះ ការឃើញនេះ ឈ្មោះថា ប្រសើរលើសជាងការឃើញទាំងឡាយ។ ម្នាលអាវុសោ មានពួកទេវតា ឈ្មោះអាភស្សរៈ ជ្រួតជ្រាប ស្កប់ស្កល់ ដោយសេចក្តីសុខ ពួកទេវតាទាំងនោះ តែងបន្លឺឡើងនូវឧទាន ក្នុងកាលម្តងៗ ថា ឱហ្ន៎ ចំជាសុខ ចំជាសុខមែន។ បុគ្គលណា ឮសំឡេងនោះ ការឮនេះ ឈ្មោះថា ប្រសើរលើសជាងការឮទាំងឡាយ។ ម្នាលអាវុសោ មានពួកទេវតា ឈ្មោះសុភកិណ្ហៈ ពួកទេវតាទាំងនោះ ត្រេកអរតែនឹងសេចក្តីស្ងប់ សោយសេចក្តីសុខ សុខនេះឈ្មោះថា ប្រសើរលើសជាងសុខទាំងឡាយ។ ម្នាលអាវុសោ មានពួកទេវតា ដែលទៅកើតក្នុងអាកិញ្ចញ្ញាយតនភព សេចក្តីសំគាល់ (របស់ពួកទេវតា) នេះ ឈ្មោះថា ប្រសើរលើសជាងសេចក្តីសំគាល់ទាំងឡាយ។ ម្នាលអាវុសោ មានពួកទេវតា ដែលទៅកើតក្នុងនេវសញ្ញានាសញ្ញាយតនភពនេះ ឈ្មោះថាប្រសើរលើសជាងភពទាំងឡាយ។ សំដីព្រះភទ្ទជិដ៏មានអាយុនេះ សមគ្នានឹងសំដីរបស់ជនច្រើន។ អានន្ទដ៏មានអាយុ ជាពហុស្សូតស្រាប់ហើយ ចូរអានន្ទដ៏មានអាយុ សំដែង (ខ្លួនឯង) ចុះ។ ម្នាលអាវុសោ ភទ្ទជិ បើដូច្នោះ អ្នកចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ ខ្ញុំនឹងសំដែង។ ព្រះភទ្ទជិដ៏មានអាយុ បានទទួលស្តាប់ថេរវាចាព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទដ៏មានអាយុ បានសំដែងយ៉ាងនេះថា ម្នាលអាវុសោ បុគ្គលឃើញយ៉ាងណា ដែលជាហេតុឲ្យអាសវៈទាំងឡាយ អស់ទៅដោយលំដាប់ ការឃើញនេះ ឈ្មោះថា ប្រសើរជាងការឃើញទាំងឡាយ។ បុគ្គលស្តាប់យ៉ាងណា ដែសជាហេតុឲ្យអាសវៈទាំងឡាយ អស់ទៅដោយលំដាប់ ការស្តាប់នេះឈ្មោះថា ប្រសើរលើសជាងការស្តាប់ទាំងឡាយ។ បុគ្គលបានសុខយ៉ាងណា ដែលជាហេតុឲ្យអាសវៈទាំងឡាយ អស់ទៅដោយលំដាប់ សុខនេះឈ្មោះថា ប្រសើរលើសជាងសុខទាំងឡាយ។ បុគ្គលមានសេចក្តីសំគាល់យ៉ាងណា ដែលជាហេតុឲ្យអាសវៈទាំងឡាយ អស់ទៅដោយលំដាប់ សេចក្តីសំគាល់នេះ ឈ្មោះថា ប្រសើរលើសជាង សេចក្តីសំគាល់ទាំងឡាយ។ បុគ្គលកើតយ៉ាងណា ដែលជាហេតុឲ្យអាសវៈទាំងឡាយ អស់ទៅដោយលំដាប់ ទីកើតនេះឈ្មោះថា ប្រសើរលើសជាងទីកើតទាំងឡាយ។
ចប់ អាឃាតវគ្គ ទី២។
ឧទ្ទាននៃអាឃាតវគ្គនោះគឺ
និយាយអំពីធម៌សម្រាប់កំចាត់បង់នូវគំនុំ ២លើក ភិក្ខុគួរសាកច្ឆា ១ ភិក្ខុគួរដល់សាជីវៈ ១ ការបុច្ឆា ១ ការចូលសញ្ញាវេទយិតនិរោធ ១ ការដាស់តឿន ១ ភិក្ខុវិបត្តិចាកសីល ១ ការពិចារណាធម៌ ១ រឿងព្រះភទ្ទជិ ១។
((១៨) ៣. ឧបាសកវគ្គោ)
(១. សារជ្ជសុត្តំ)
[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ឧបាសក ប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមានចិត្តចុះកាន់សេចក្តីញញើតញញើម។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកសម្លាប់សត្វ ១ ជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ ជាអ្នកនិយាយពាក្យកុហក ១ ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកមានចិត្តចុះកាន់សេចក្តីញញើតញញើម។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកក្លៀវក្លា។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺ ឧបាសកជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកក្លៀវក្លា។
(២. វិសារទសុត្តំ)
[៧២] ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមិនក្លៀវក្លា នៅគ្រប់គ្រងផ្ទះ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកសម្លាប់សត្វ ១។បេ។ ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំង នៃសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកមិនក្លៀវក្លា នៅគ្រប់គ្រងផ្ទះ។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកវៀរចាកបាណាតិបាត ១។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥យ៉ាងនេះឯង ជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះ។
(៣. និរយសុត្តំ)
[៧៣] ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ចោល។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកសម្លាប់សត្វ ១។បេ។ ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំង នៃសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ចោល។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងរមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកវៀរចាកបាណាតិបាត ១។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់។
(៤. វេរសុត្តំ)
[៧៤] គ្រានោះឯង អនាថបិណ្ឌិកគហបតី បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលគហបតី បុគ្គលមិនបានលះបង់នូវភ័យ នូវពៀរ ៥ យ៉ាង ហៅថា ជាអ្នកទ្រុស្តសីលផង តែងទៅកើតក្នុងនរកផង។ ពៀរ ៥ យ៉ាង តើដូចម្តេច។ គឺបាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ សុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលគហបតី បុគ្គលមិនបានលះនូវភ័យ នូវពៀរ ៥ យ៉ាងនេះឯង ហៅថា ជាអ្នកទ្រុស្តសីលផង តែងទៅកើតក្នុងនរកផង។ ម្នាលគហបតី បុគ្គលបានលះនូវភ័យ នូវពៀរ ៥ យ៉ាង ហៅថា ជាអ្នកមានសីលផង តែងទៅកើតក្នុងសុគតិផង។ ពៀរ ៥ យ៉ាង តើដូចម្តេច។ គឺបាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ សុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលគហបតី បុគ្គលលះនូវភ័យ នូវពៀរ ៥ យ៉ាងនេះឯង ហៅថា ជាអ្នកមានសីលផង តែងទៅកើតក្នុងសុគតិផង។ ម្នាលគហបតី បុគ្គលអ្នកសម្លាប់សត្វ តែងបាននូវភ័យ នូវពៀរជាបច្ចុប្បន្នផង បាននូវភ័យ នូវពៀរទៅខាងមុខផង ទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះបច្ច័យ គឺ បាណាតិបាតណា បុគ្គលវៀរចាកបាណាតិបាតនោះហើយ រមែងមិនបាននូវភ័យ នូវពៀរជាបច្ចុប្បន្នផង មិនបាននូវភ័យ នូវពៀរទៅខាងមុខផង មិនទទួលទុក្ខទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង។ បុគ្គលវៀរចាកបាណាតិបាតហើយ ភ័យ ពៀរនោះ រមែងស្ងប់រម្ងាប់ ដោយប្រការយ៉ាងនេះ។ ម្នាលគហបតី បុគ្គលអ្នកកាន់យករបស់ដែលគេមិនបានឲ្យ … ម្នាលគហបតី បុគ្គលអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ … ម្នាលគហបតី បុគ្គលអ្នកនិយាយកុហក … ម្នាលគហបតី បុគ្គលអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំង នៃសេចក្តីធ្វេសប្រហែស រមែងបាននូវភ័យ នូវពៀរជាបច្ចុប្បន្នផង បាននូវភ័យ នូវពៀរទៅខាងមុខផង ទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះបច្ច័យ គឺសុរាមេរយមជ្ជប្បមាទដ្ឋានណា បុគ្គវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាននោះ រមែងមិនបាននូវភ័យ នូវពៀរជាបច្ចុប្បន្នផង មិនបាននូវភ័យ នូវពៀរទៅខាងមុខផង មិនទទួលទុក្ខ ទោមនស្ស ប្រព្រឹត្តទៅក្នុងចិត្តផង។ បុគ្គលវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានហើយ ភ័យ ពៀរនោះ រមែងស្ងប់រម្ងាប់ ដោយប្រការយ៉ាងនេះ។
នរៈណា សម្លាប់សត្វផង និយាយពាក្យកុហកផង កាន់យកទ្រព្យ ដែលគេមិនបានឲ្យក្នុងលោកផង ក្បត់នឹងប្រពន្ធជនដទៃផង ប្រកបនូវការផឹកសុរា និងមេរ័យផង នរៈអ្នកមិនបានលះនូវពៀរ ៥ យ៉ាងនោះ ហៅថា ជាអ្នកទ្រុស្តសីល ជាអ្នកអ័ប្បឥតបញ្ញា លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក។ នរៈណា មិនសម្លាប់សត្វ មិននិយាយកុហក មិនកាន់យកទ្រព្យ ដែសគេមិនបានឲ្យក្នុងលោក មិនក្បត់នឹងប្រពន្ធជនដទៃ និងមិនប្រកបនូវការផឹកសុរា និងមេរ័យ នរៈអ្នកបានលះនូវពៀរ ៥ យ៉ាងនោះ ហៅថា ជាអ្នកមានសីល ជាអ្នកប្រកបដោយបញ្ញា លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងសុគតិ។
(៥. ចណ្ឌាលសុត្តំ)
[៧៥] ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា ចណ្ឌាលឧបាសកផង ឈ្មោះថា មលឧបាសកផង ឈ្មោះថា បដិកិដ្ឋឧបាសកផង។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺ ឧបាសក ជាអ្នកមិនមានសទ្ធា ១ ជាអ្នកទ្រុស្តសីល ១ ប្រកាន់មង្គលភ្ញាក់ផ្អើល ១ ជឿតែមង្គល មិនជឿកម្ម ១ សែ្វងរកទក្ខិណេយ្យបុគ្គល ខាងក្រៅពុទ្ធសាសនា ហើយធ្វើបុណ្យនឹងទក្ខិណេយ្យបុគ្គលនោះ ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកប ដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា ចណ្ឌាលឧបាសកផង ឈ្មោះថា មលឧបាសកផង ឈ្មោះថា បដិកិដ្ឋឧបាសកផង។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា រតនឧបាសកផង ឈ្មោះថា បទុមឧបាសកផង ឈ្មោះថា បុណ្ឌរីកឧបាសកផង។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកមានសទ្ធា ១ ជាអ្នកមានសីល ១ ជាអ្នកមិនប្រកាន់មង្គលភ្ញាក់ផ្អើល ១ ជឿតែកម្ម មិនជឿមង្គល ១ មិនស្វែងរកទក្ខិណេយ្យបុគ្គល ខាងក្រៅពុទ្ធសាសនា ធ្វើបុណ្យតែក្នុងពុទ្ធសាសនានេះ ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា រតនឧបាសកផង ឈ្មោះថា បទុមឧបាសកផង ឈ្មោះថា បុណ្ឌរីកឧបាសកផង។
(៦. បីតិសុត្តំ)
[៧៦] គ្រានោះ អនាថបិណ្ឌិកគហបតី មានឧបាសកប្រមាណប្រាំរយ ជាបរិវារ ចូលទៅគាល់ព្រះដ៏មានព្រភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា យ៉ាងនេះថា ម្នាលគហបតី ពួកអ្នកបានទំនុកបម្រុងភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារហើយ។ ម្នាលគហបតី ពួកអ្នកមិនគួរធ្វើសេចក្តីត្រេកអរ ដោយគ្រាន់តែគិតថា ពួកយើងបានទំនុកបម្រុងភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារប៉ុណ្ណោះឡើយ។ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ ពួកអ្នកត្រូវសិក្សា យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកយើងនឹងបានចូលកាន់បីតិ ដ៏ស្ងប់ស្ងាត់ ក្នុងកាលដ៏គួរ។ ម្នាលគហបតី ពួកអ្នកត្រូវសិក្សា យ៉ាងនេះឯង។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ពេញជាសុភាសិត ដែលព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលគហបតី ពួកអ្នកបានទំនុកបម្រុងភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារហើយ។ ម្នាលគហបតី ពួកអ្នកមិនគួរធ្វើសេចក្តីត្រេកអរ ដោយគ្រាន់តែគិតថា ពួកយើងបានទំនុកបម្រុងភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ប៉ុណ្ណោះឡើយ។ ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ ពួកអ្នកត្រូវសិក្សាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ពួកយើងនឹងបានចូលកាន់បីតិ ដ៏ស្ងប់ស្ងាត់ក្នុងកាលដ៏គួរ។ ម្នាលគហបតី ពួកអ្នកត្រូវសិក្សាយ៉ាងនេះឯង។ បពិត្រព្រះអង្គដ៏ចំរើន សម័យណា អរិយសាវក បានចូលកាន់បីតិ ដ៏ស្ងប់ស្ងាត់ សម័យនោះ ហេតុ ៥ យ៉ាង មិនមានដល់អរិយសាវកនោះឡើយ គឺទុក្ខ ទោមនស្សណា ដែលជាគ្រឿងប្រកបដោយកាម របស់អរិយសាវកនោះ ទុក្ខ ទោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១ សុខ សោមនស្សណា ដែលប្រកបដោយកាម របស់អរិយសាវកនោះ សុខ សោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១ ទុក្ខ ទោមនស្សណា ដែលប្រកបដោយអកុសល របស់អរិយសាវកនោះ ទុក្ខទោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១ សុខ សោមនស្សណា ដែលប្រកបដោយអកុសល របស់អរិយសាវកនោះ សុខ សោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១ ទុក្ខ ទោមនស្សណា ដែសប្រកបដោយកុសល របស់ អរិយសាវកនោះ ទុក្ខ ទោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១។ បពិត្រព្រះអង្គដ៏ចំរើនសម័យណា អរិយសាវក បានចូលកាន់បីតិដ៏ស្ងប់ស្ងាត់ សម័យនោះ ហេតុ ៥ យ៉ាងនេះ មិនមានដល់អរិយសាវកនោះឡើយ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត សម័យណា អរិយសាវក បានចូលកាន់បីតិ ដ៏ស្ងប់ស្ងាត់ សម័យនោះ ហេតុ ៥ យ៉ាង មិនមានដល់អរិយសាវកនោះឡើយ គឺទុក្ខ ទោមនស្សណា ដែលប្រកបដោយកាម របស់អរិយសាវកនោះ ទុក្ខ ទោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១ សុខ សោមនស្សណា ដែលប្រកបដោយកាម របស់អរិយសាវកនោះ សុខ សោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១ ទុក្ខ ទោមនស្សណា ដែលប្រកបដោយអកុសល របស់អរិយសាវកនោះ ទុក្ខ ទោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១ សុខ សោមនស្សណា ដែលប្រកបដោយអកុសល របស់អរិយសាវកនោះ សុខ សោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១ ទុក្ខ ទោមនស្សណា ដែលប្រកបដោយកុសល របស់អរិយសាវកនោះ ទុក្ខ ទោមនស្សនោះ មិនមានដល់អរិយសាវកនោះ ក្នុងសម័យនោះ ១។ ម្នាលសារីបុត្ត សម័យណា អរិយសាវកបានចូលកាន់បីតិ ដ៏ស្ងប់ស្ងាត់ សម័យនោះ ហេតុ ៥ យ៉ាងនេះឯង មិនមានដល់អរិយសាវកនោះឡើយ។
(៧. វណិជ្ជាសុត្តំ)
[៧៧] ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើឡើយ។ ជំនួញ ៥ យ៉ាង តើដូចម្តេច។ គឺការជួញគ្រឿងសស្រា្តវុធ ១ ការជួញមនុស្ស ១ ការជួញ (សត្វដែលគេសម្លាប់យក) សាច់ ១ ការជួញគ្រឿងស្រវឹង ១ ការជួញថ្នាំពិស ១។ ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ ប្រការនេះឯង ឧបាសកមិនគួរធ្វើឡើយ។
(៨. រាជាសុត្តំ)
[៧៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ដែលឃើញ ដែលឮថា បុរសនេះ បានលះបាណាតិបាត វៀរចាកបាណាតិបាត ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើឲ្យគួរតាមទោស ព្រោះហេតុតែវៀរចាកបាណាតិបាតដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ មិនដែលមានទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ទោះបីតថាគត ក៏មិនដែលឃើញ មិនដែលឮហេតុនុ៎ះថា បុរសនេះ បានលះបង់បាណាតិបាត វៀរចាកបាណាតិបាត ស្តេចទាំងឡាយ ចាប់នូវបុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើឲ្យគួរតាមទោស ព្រោះហេតុតែវៀរចាកបាណាតិបាតដែរ។ មួយទៀត អ្នកផងតែងដឹងនូវបាបកម្ម របស់បុរសនោះថា បុរសនេះ សម្លាប់ប្រុស ឬស្រី ចាកជីវិត ស្តេចទាំងឡាយ ចាប់បុរសនោះ សម្លាប់ ចង បណ្តេញ ឬធ្វើឲ្យសមគួរតាមទោស ព្រោះហេតុតែបាណាតិបាត។ អ្នកទាំងឡាយ ដែលឃើញ ដែលឮបែបនេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ដែលឃើញ ដែលឮរួចមកហើយ គង់នឹងឮតទៅទៀតមិនខាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ដែលឃើញ ដែលឮថា បុរសនេះ បានលះនូវអទិន្នាទាន វៀរចាកអទិន្នាទាន ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែវៀរចាកអទិន្នាទាន ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដែលបានឃើញ មិនដែលបានឮសោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ទោះបីតថាគត ក៏មិនដែលបានឃើញ មិនដែលបានឮ នូវហេតុនុ៎ះថា បុរសនេះ បានលះអទិន្នាទាន វៀរចាកអទិន្នាទាន សេ្តចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែវៀរចាកអទិន្នាទានដែរ។ មួយទៀត អ្នកផងតែងដឹងនូវបាបកម្មរបស់បុរសនោះថា បុរសនេះ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ក្នុងស្រុក ឬក្នុងព្រៃ ដោយចំណែកនៃចិត្តលួច ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែអទិន្នាទាន។ អ្នកទាំងឡាយ ដែលបានឃើញ ឬបានឮបែបយ៉ាងនេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គបានឃើញ បានឮរួចមកហើយ គង់នឹងឮតទៅទៀតមិនខាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ដែលបានឃើញ បានឮថា បុរសនេះ បានលះបង់នូវកាមេសុមិច្ឆាចារ វៀរចាកកាមេសុមិច្ឆាចារ ស្តេចទាំងឡាយ ចាប់បុរសនោះ ហើយសម្លាប់ ចង បណ្តេញ ឬ ធ្វើតាមទោស ព្រោះហេតុតែវៀរចាកកាមេសុមិច្ឆាចារ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដែលបានឃើញ មិនដែលបានឮសោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ទោះបីតថាគត ក៏មិនដែលបានឃើញ មិនដែលបានឮ នូវហេតុនុ៎ះថា បុរសនេះបានលះបង់ នូវកាមេសុមិច្ឆាចារ វៀរចាកកាមេសុមិច្ឆាចារ ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែវៀរចាកកាមេសុមិច្ឆាចារដែរ។ មួយទៀត អ្នកផង តែងដឹងនូវបាបកម្ម របស់បុរសនោះថា បុរសនេះ ដល់នូវសេចក្តីប្រព្រឹត្តិក្នុងពួកស្រ្តី នៃជនដទៃ និងពួកកុមារី នៃជនដទៃ ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែកាមេសុមិច្ឆាចារ។ អ្នកទាំងឡាយ ដែលបានឃើញ បានឮបែបនេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គបានឃើញ បានឮរួចមកហើយ គង់នឹងឮតទៅទៀត មិនខាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ដែលបានឃើញ បានឮថា បុរសនេះ បានលះមុសាវាទ វៀរចាកមុសាវាទ ស្តេចទាំងឡាយ ចាប់នូវបុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធើ្វតាមទោស ព្រោះហេតុតែវៀរចាកមុសាវាទ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដែលបានឃើញ មិនដែលបានឮសោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ទោះបីតថាគត ក៏មិនដែលបានឃើញ មិនដែលបានឮ នូវហេតុនុ៎ះថា បុរសនេះ បានលះមុសាវាទ វៀរចាកមុសាវាទ ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែវៀរចាកមុសាវាទដែរ។ មួយទៀត អ្នកផងតែងដឹងនូវបាបកម្ម របស់បុរសនោះថា បុរសនេះ កាច់បង់នូវប្រយោជន៍ របស់គហបតី ឬគហបតិបុត្ត ដោយពាក្យមុសាវាទ ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស។ អ្នកទាំងឡាយ ដែលបានឃើញ បានឮបែបនេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ដែលបានឃើញ បានឮរួចមកហើយ គង់នឹងឮតទៅទៀតមិនខាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច អ្នកទាំងឡាយ ដែលបានឃើញ បានឮថា បុរសនេះ បានលះបង់នូវសុរាមេរយមជ្ជប្បមាទដ្ឋាន វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនដែលបានឃើញ មិនដែលបានឮសោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ទោះបីតថាគត ក៏មិនដែលបានឃើញ មិនដែលបានឮ នូវហេតុនុ៎ះថា បុរសនេះបានលះនូវសុរាមេរយមជ្ជប្បមាទដ្ឋាន វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានដែរ។ មួយទៀត អ្នកផងតែងដឹងនូវបាបកម្ម របស់បុរសនោះថា បុរសនេះ ប្រកបនូវសុរាមេរយមជ្ជប្បមាទដ្ឋានហើយ ផ្តាច់ផ្តិលនូវស្រ្តី ឬបុរសចាកជីវិត បុរសនេះ ប្រកបនូវសុរាមេរយមជ្ជប្បមាទដ្ឋានហើយ កាន់យកនូវទ្រព្យ ដែលគេមិនបានឲ្យ ក្នុងស្រុក ឬក្នុងព្រៃ ដោយចំណែកនៃចិត្តលួច បុរសនេះ ប្រកបនូវសុរាមេរយមជ្ជប្បមាទដ្ឋានហើយ ដល់នូវការប្រព្រឹត្តិ ក្នុងពួកស្រី្ត នៃជនដទៃ ក្នុងពួកកុមារី នៃជនដទៃ បុរសនេះ ប្រកបនូវសុរាមេរយមជ្ជប្បមាទដ្ឋានហើយ កាច់បង់នូវប្រយោជន៍ របស់គហបតី ឬគហបតីបុត្តដោយមុសាវាទ ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែសុរាមេរយមជ្ជប្បមាទដ្ឋាន។ អ្នកទាំងឡាយ ដែលបានឃើញ បានឮបែបនេះដែរឬទេ។ បពិត្រព្រះអង្គ ពួកខ្ញុំព្រះអង្គ បានឃើញ បានឮរួចមកហើយ គង់នឹងឮតទៅទៀត មិនខាន។
(៩. គិហិសុត្តំ)
[៧៩] គ្រានោះ អនាថបិណ្ឌិកគហបតី មានឧបាសកប្រមាណប្រាំរយជាបរិវារ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ពួកអ្នកគួរដឹងនូវគ្រហស្ថនីមួយ ដែលស្លៀកស មានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ ប្រការផង បានតាមប្រាថ្នា បានមិនលំបាក បានមិនក្រ នូវការសម្រេចសម្រាន្តជាសុខ ក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិក ដ៏ខ្ពងខ្ពស់ទាំង ៤ ផង កាលបើគ្រហស្ថនោះ ប្រាថ្នាព្យាករខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញអស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ អាត្មាអញ ជាសោតាបន្នបុគ្គល មិនមានការធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខ។ គ្រហស្ថដែលមានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ ប្រការ តើដូចម្តេច។ ម្នាលសារីបុត្ត អរិយសាវក ក្នុងសាសនានេះ ជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ គ្រហស្ថ ជាអ្នកមានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ នេះ។ គ្រហស្ថ ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានមិនក្រ នូវការសម្រេចសម្រាន្ត ជាសុខក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិកដ៏ខ្ពង់ខ្ពស់ទាំង ៤ តើដូចម្តេច។ ម្នាលសារីបុត្ត អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយប្រពៃ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ប្រសើរបំផុត ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ដូច្នេះ។ នេះជាការសម្រេចសម្រាន្តជាសុខ ក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិកដ៏ខ្ពង់ខ្ពស់ ទី ១ ដែលអរិយសាវកនោះ បានជួបប្រទះហើយ នាំឲ្យចិត្ត ដែលមិនទាន់បរិសុទ្ធ ឲ្យបរិសុទ្ធ និងនាំឲ្យចិត្ត ដែលមិនទាន់ផូរផង់ ឲ្យផូរផង់។ ម្នាលសារីបុត្ត មួយទៀត អរិយសាវកប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ថា ធម៌ដែលព្រះដ៏មានព្រះភាគសំដែងហើយ ដោយប្រពៃជាធម៌ដែលព្រះអរិយបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យផលមិនរង់ចាំកាល ជាធម៌គួរហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌គប្បីបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលវិញ្ញូជន គប្បីដឹងដោយខ្លួនឯង។ នេះជាការសម្រេចសម្រាន្តជាសុខក្នុងបច្ចុប្បន្ន ដ៏ប្រកបដោយចេតសិកដ៏ខ្ពង់ខ្ពស់ ទី២ ដែលអរិយសាវកនោះ បានជួបប្រទះហើយ នាំឲ្យចិត្ត ដែលមិនទាន់បរិសុទ្ធ ឲ្យបរិសុទ្ធ និងនាំឲ្យចិត្ត ដែលមិនទាន់ផូរផង់ ឲ្យផូរផង់។ ម្នាលសារីបុត្ត មួយទៀត អរិយសាវក ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះសង្ឃថា ពួកសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយប្រពៃ ពួកសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយត្រង់ ពួកសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិដើម្បីព្រះនិពា្វន ពួកសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិដ៏សមគួរ ពួកសាវកនោះ បើរាប់ជាគូនៃបុរស មាន ៤ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ពួកសាវករបស់ព្រះដ៏មានព្រះភាគនុ៎ះ លោកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា លោកគួរទទួលនូវអាគន្តុកទាន លោកគួរទទួលនូវទក្ខិណាទាន ជាបុគ្គលដែលសត្វលោក គប្បីធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោកដូច្នេះ។ នេះជាការសម្រេចសម្រាន្ត ជាសុខក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិកដ៏ខ្ពង់ខ្ពស់ ទី៣ ដែលអរិយសាវកនោះ បានជួបប្រទះហើយ នាំឲ្យចិត្ត ដែលមិនទាន់បរិសុទ្ធឲ្យបរិសុទ្ធ និងនាំឲ្យចិត្ត ដែលមិនទាន់ផូរផង់ ឲ្យផូរផង់។ ម្នាលសារីបុត្ត មួយទៀត អរិយសាវក ប្រកបដោយសីលទាំងឡាយ ជាទីគាប់ចិត្ត របស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលរបស់មនុស្សអ្នកជា ជាសីលដែលអ្នកប្រាជ្ញសរសើរ ជាសីលមិនប៉ះពាល់ដោយតណ្ហា និងទិដ្ឋិ ជាសីលញុំាងសមាធិឲ្យប្រព្រឹត្តទៅបាន។ នេះជាការសម្រេចសម្រាន្ត ជាសុខក្នុងបច្ចុប្បន្ន ដ៏ប្រកបដោយចេតសិកដ៏ខ្ពង់ខ្ពស់ ទី៤ ដែលអរិយសាវកនោះ បានជួបប្រទះហើយ នាំឲ្យចិត្ត ដែលមិនទាន់បរិសុទ្ធ ឲ្យបរិសុទ្ធ និងនាំឲ្យចិត្ត ដែលមិនទាន់ផូរផង់ ឲ្យផូរផង់។ គ្រហស្ថដែលជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានមិនក្រ នូវការសម្រេចសម្រាន្ត ជាសុខក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិកដ៏ខ្ពង់ខ្ពស់ ៤ យ៉ាងនេះឯង។ ម្នាលសារីបុត្ត អ្នកត្រូវដឹងនូវគ្រហស្ថណាមួយ ដែលជាអ្នកស្លៀកស មានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ នេះផង បានតាមប្រាថ្នា បានមិនលំបាក បានមិនក្រ នូវការសម្រេចសម្រាន្ត ជាសុខក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិកដ៏ខ្ពង់ខ្ពស់ ៤ យ៉ាងនេះផង កាលបើគ្រហស្ថនោះ បា្រថ្នាព្យាករខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយ ទុគ្គតិ វិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល មានការមិនបានធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខ ដូច្នេះ។
បើអ្នកប្រាជ្ញ ឃើញភ័យក្នុងនរកហើយ ត្រូវវៀរបាបទាំងឡាយ សមាទាននូវអរិយធម៌ (សីល ៥)។ កាលបើមានសេចក្តីព្យាយាម មិនត្រូវបៀតបៀនសត្វទាំងឡាយផង កាលដឹង មិនត្រូវនិយាយកុហកផង មិនត្រូវកាន់យកទ្រព្យ ដែលគេមិនបានឲ្យផង ត្រូវសន្តោសតែនឹងភរិយារបស់ខ្លួន មិនត្រូវត្រេកត្រអាលនឹងភរិយារបស់ជនដទៃផង មិនត្រូវផឹកមេរ័យ និងសុរា ដែលនាំចិត្តឲ្យវង្វេងផង។ បុគ្គលគួររលឹក នូវព្រះសម្ពុទ្ធផង ត្រិះរិះនូវធម៌ឲ្យរឿយៗផង ចំរើនចិត្តដែលជាប្រយោជន៍ មិនមានព្យាបាទ ដើម្បីប្រយោជន៍ដល់ទេវលោកផង។ កាលបើមានទេយ្យធម៌គ្រប់គ្រាន់ បុគ្គលអ្នកត្រូវការបុណ្យ អ្នកស្វែងរកបុណ្យ បានឲ្យទាន ចំពោះពួកសប្បុរសជាមុនហើយ ទាននោះ ជាទានមានផលបរិបូណ៌។ ម្នាលសារីបុត្ត តថាគត នឹងសំដែងនូវពួកសប្បុរស អ្នកចូរស្តាប់តថាគតចុះ គោឈ្មោលកើតក្នុងមេគោណាមួយ ទោះសម្បុរខ្មៅក្តី សក្តី ក្រហមក្តី លឿងក្តី ពព្រុសក្តី មានរូបប្រហែលនឹងកូនរបស់ខ្លួនក្តី ប្រផេះក្តី ដែលគេបង្វឹកបានបទហើយ ជាសត្វអាចនាំទៅនូវធុរៈបាន បរិបូណ៌ដោយកំឡាំង មានល្បឿនដ៏ពូកែ ពួកជនទឹមគោនោះ ក្នុងភារៈ គេមិនរើសអើងសម្បុរ នៃគោនោះឡើយ មានឧបមាយ៉ាងណាមិញ បុគ្គលមានមារយាទល្អ កើតក្នុងស្រី្តណាមួយ ទោះបីជាក្សត្រឬព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាល បុក្កុសៈ តែបានទូន្មានល្អ ប្រដៅងាយ តាំងនៅក្នុងធម៌ បរិបូណ៌ដោយសីល ពោលពាក្យសច្ចៈ មានចិត្តប្រកបដោយហិរិ លះបង់នូវការកើត និងស្លាប់ មានព្រហ្មចរិយៈពេញលេញ ទំលាក់ចោលនូវភារៈ ប្រាសចាកគ្រឿងសៅហ្មង ធ្វើនូវកិច្ចស្រេច មិនមានអាសវៈ ចេះចប់ធម៌ទាំងពួង រលត់ទុក្ខ ព្រោះមិនប្រកាន់ ទាន (ដែលទាយកឲ្យ) ចំពោះបុគ្គលដែលជាបុញ្ញក្ខេត្ត ប្រាសចាកធូលីនោះ ជាទានមានផលពេញបរិបូណ៌ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ ពួកជនពាល ដែលមិនដឹង ឥតប្រាជ្ញា គ្មានការស្តាប់ តែងឲ្យទានខាងក្រៅ មិនចូលទៅអង្គុយជិតពួកសប្បុរសឡើយ។ ជនពួកណា តែងចូលទៅអង្គុយជិតពួកសប្បុរស ដែលប្រកបដោយប្រាជ្ញា ដែលអ្នកប្រាជ្ញសន្មតហើយ ជនពួកនោះ រមែងមានសទ្ធាជាមូល ប្រតិស្ឋានក្នុងព្រះសុគត មិនតែប៉ុណ្ណោះ ជនពួកនោះ រមែងទៅកាន់ទេវលោក ឬកើតក្នុងត្រកូលនាលោកនេះ រមែងជាបណ្ឌិត ដល់នូវព្រះនិព្វានដោយលំដាប់។
(១០. គវេសីសុត្តំ)
[៨០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រេចទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃជាច្រើន។ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរ ទៅកាន់ផ្លូវឆ្ងាយ បានទតឃើញព្រៃសាលព្រឹក្សដ៏ធំ ក្នុងប្រទេសមួយ លុះទ្រង់ទតឃើញហើយ ក៏យាងចុះអំពីផ្លូវ ស្តេចទៅកាន់ព្រៃសាលព្រឹក្សនោះ លុះចូលទៅដល់ហើយ ក៏អាស្រ័យនៅនឹងព្រៃសាលព្រឹក្សនោះ រួចទ្រង់ធ្វើនូវការញញឹមឲ្យប្រាកដ ត្រង់ប្រទេសមួយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានបរិវិតក្កយ៉ាងនេះថា អ្វីហ្ន៎ ដែលជាហេតុ អ្វីហ្ន៎ ដែលជាបច្ច័យ នាំឲ្យព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវការញញឹម ឲ្យប្រាកដ។ (ព្រោះ) ព្រះតថាគតទាំងឡាយ មិនដែលធ្វើនូវការញញឹម ដោយឥតហេតុឡើយ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូលសួរព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីហ្ន៎ ដែលជាហេតុ អ្វីហ្ន៎ ដែលជាបច្ច័យ នាំឲ្យព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវការញញឹមឲ្យប្រាកដ។ (ព្រោះ) ព្រះតថាគតទាំងឡាយ មិនដែលធ្វើនូវការញញឹម ដោយឥតហេតុឡើយ។ ម្នាលអានន្ទ ហេតុធ្លាប់មានមកហើយថា ត្រង់ប្រទេសនេះ មាននគរមួយ ជានគរស្តុកស្តម្ភ មាំមួន មានជនច្រើន មានមនុស្សកុះករ។ ម្នាលអានន្ទ មួយទៀត ព្រះដ៏មានព្រះភាគ ព្រះនាមកស្សបអរហន្តសម្មាសម្ពុទ្ធ ទ្រង់ចូលទៅអាស្រ័យក្នុងនគរនោះ។ ម្នាលអានន្ទ ព្រះដ៏មានព្រះភាគ ព្រះនាមកស្សប អរហន្តសម្មាសម្ពុទ្ធ មានឧបាសកម្នាក់ ឈ្មោះភវេសី ជាអ្នកមិនបានធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយទេ។ ម្នាលអានន្ទ ទាំងពួកឧបាសកចំនួនប្រាំរយ ដែលភវេសីឧបាសក បានសំដែងពន្យល់ ឲ្យសមាទានហើយ ក៏ជាអ្នកមិនបានធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយដែរ។ ម្នាលអានន្ទ គ្រានោះ ភវេសីឧបាសក មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យពួកឧបាសកទាំងប្រាំរយនេះសមាទាន តែអាត្មាអញ មិនទាន់ជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយទេ ឯពួកឧបាសកទាំងប្រាំរយនេះ ក៏មិនជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយឡើយ សុទ្ធតែស្មើៗគ្នា ដូច្នេះ មិនមានលើសលុបជាងគ្នាតិចតួចឡើយ បើដូច្នោះ គួរតែអាត្មា (ធ្វើ) ឲ្យលើសលុបជាងចុះ។ ម្នាលអានន្ទ លំដាប់នោះ ភវេសីឧបាសក បានចូលទៅរកពួកឧបាសកទាំងប្រាំរយនោះ លុះចូលទៅដល់ហើយ បាននិយាយទៅរកពួកឧបាសកទាំងប្រាំរយនោះ យ៉ាងនេះថា អំពីថ្ងៃនេះទៅមុខ អ្នកដ៏មានអាយុទាំងឡាយ ចូរចាំទុកនូវខ្ញុំ ថាជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ។ ម្នាលអានន្ទ គ្រានោះឯង ពួកឧបាសកទាំងប្រាំរយនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ភវេសីជាម្ចាស់ហ្នឹងឯង មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យពួកយើងសមាទាន អម្បាលភវេសីជាម្ចាស់ ម្តេច គង់ជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយទៅហើយ ចុះពួកយើងចាំអ្វីទៀត។ ម្នាលអានន្ទ លំដាប់នោះឯង ពួកឧបាសកទាំងប្រាំរយនោះ បានចូលទៅរកភវេសីឧបាសក លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភវេសីឧបាសក យ៉ាងនេះថា អំពីថ្ងៃនេះទៅមុខ ភវេសីជាម្ចាស់ សូមចាំទុកនូវពួកឧបាសកទាំងប្រាំរយនេះ ថាជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយដែរ។ ម្នាលអានន្ទ លំដាប់នោះ ភវេសីឧបាសក មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញហ្នឹងឯង មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យពួកឧបាសកទាំងប្រាំរយនេះ សមាទាន ឯអាត្មាអញ ជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ ទាំងពួកឧបាសកប្រាំរយនេះ ក៏ជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយដែរ សុទ្ធតែស្មើៗគ្នា ដូច្នេះ មិនមានលើសលុបជាងគ្នាតិចតួចឡើយ បើដូច្នោះ គួរតែអាត្មាអញ (ធ្វើ) ឲ្យលើសលុបជាងចុះ។ ម្នាលអានន្ទ លំដាប់នោះឯង ភវេសីឧបាសក បានចូលទៅរកពួកឧបាសកទាំងប្រាំរយនោះ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងពួកឧបាសកទាំងប្រាំរយនោះ យ៉ាងនេះថា អំពីថ្ងៃនេះទៅមុខ ពួកអ្នកដ៏មានអាយុ ចូរចាំទុកនូវខ្ញុំ ថាជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ឆ្ងាយវៀរចាកមេថុន ជាធម៌របស់អ្នកស្រុក។ ម្នាលអានន្ទ លំដាប់នោះឯង ឧបាសកទាំងប្រាំរយនោះមានសេចក្តីត្រិះរិះ យ៉ាងនេះថា ភវេសីជាម្ចាស់ហ្នឹងឯង មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យពួកយើងសមាទាន អម្បាលភវេសីជាម្ចាស់ ម្តេចគង់ជាអ្នកប្រព្រឹត្ត នូវធម៌ដ៏ប្រសើរ ឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុកទៅហើយ ចុះពួកយើងចាំអ្វីទៀត។ ម្នាលអានន្ទ គ្រានោះ ឧបាសកទាំងប្រាំរយនោះ បានចូលទៅរកភវេសីឧបាសក លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភវេសីឧបាសក យ៉ាងនេះថា អំពីថ្ងៃនេះទៅមុខ ភវេសីជាម្ចាស់ ចូរចាំទុកនូវឧបាសកទាំងប្រាំរយនេះថា ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ឆ្ងាយវៀរចាកមេថុន ជាធម៌របស់អ្នកស្រុកដែរហើយ។ ម្នាលអានន្ទ លំដាប់នោះឯង ភវេសីឧបាសក មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញហ្នឹងឯង មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យឧបាសកទាំងប្រាំរយនេះសមាទាន តែថាអាត្មាអញ ជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ សូម្បីឧបាសកទាំងប្រាំរយនេះ ក៏ជាអ្នកធ្វើឲ្យពេញលេញ ក្នុងសីលទាំងឡាយដែរ មួយទៀត អាត្មាអញជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក សូម្បីពួកឧបាសកទាំងប្រាំរយនេះ ក៏ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ឆ្ងាយវៀរចាកមេថុន ជាធម៌របស់អ្នកស្រុកដែរ សុទ្ធតែស្មើៗគ្នា ដូច្នេះ មិនមានលើសលុបជាងគ្នាតិចតួចឡើយ បើដូច្នេះ គួរតែអាត្មាអញប្រតិបត្តិឲ្យលើសលុបជាងទៅចុះ។ ម្នាលអានន្ទ លំដាប់នោះឯង ភវេសីឧបាសក បានចូលទៅរកពួកឧបាសកទាំងប្រាំរយនោះ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងឧបាសកទាំងប្រាំរយនោះ យ៉ាងនេះថា អំពីថ្ងៃនេះទៅមុខ ពួកអ្នកដ៏មានអាយុ ចូរចាំទុកនូវខ្ញុំ ថាជាអ្នកបរិភោគភត្តតែម្តង វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគ ក្នុងវេលាវិកាល។ ម្នាលអានន្ទ លំដាប់នោះឯង ឧបាសកទាំងប្រាំរយនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ភវេសីជាម្នាស់ មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យពួកយើងសមាទាន អម្បាលភវេសីជាម្ចាស់ ម្តេចគង់ជាអ្នកបរិភោគភត្តតែម្តង វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគក្នុងវេលាវិកាលទៅហើយ ចុះពួកយើងចាំអ្វីទៀតហ្ន៎។ ម្នាលអានន្ទ លំដាប់នោះឯង ឧបាសកទាំងប្រាំរយនោះ បានចូលទៅរកភវេសីឧបាសក លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភវេសីឧបាសក យ៉ាងនេះថា អំពីថ្ងៃនេះទៅមុខ ភវេសីជាម្ចាស់ សូមចាំទុក នូវឧបាសកទាំងប្រាំរយនេះ ថាជាអ្នកបរិភោគភត្តតែម្តង វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគក្នុងវេលាវិកាលដែរហើយ។ ម្នាលអានន្ទ លំដាប់នោះ ភវេសីឧបាសក មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញហ្នឹងឯង មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យឧបាសកទាំងប្រាំរយនេះ សមាទាន តែថាអាត្មាអញ ជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ សូម្បីឧបាសកទាំងប្រាំរយនេះ ក៏ជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយដែរ មួយទៀត អាត្មាអញ ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក សូម្បីឧបាសកទាំងប្រាំរយនេះ ក៏ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ ឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុកដែរ មួយទៀត អាត្មាអញ ជាអ្នកបរិភោគភត្តតែម្តង វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគ ក្នុងវេលាវិកាល សូម្បីឧបាសកទាំងប្រាំរយនេះ ក៏ជាអ្នកបរិភោគភត្តតែម្តង វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកការបរិភោគ ក្នុងវេលាវិកាលដែរ សុទ្ធតែស្មើៗគ្នាដូច្នេះ មិនមានលើសលុបជាងគ្នាតិចតួចឡើយ បើដូច្នោះ គួរតែអាត្មាអញ (ធ្វើ) ឲ្យលើសលុបជាងទៅចុះ។ ម្នាលអានន្ទ លំដាប់នោះ ភវេសីឧបាសក បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ព្រះនាមកស្សបអរហន្តសម្មាសម្ពុទ្ធ លុះចូលទៅដល់ហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ ព្រះនាមកស្សបអរហន្តសម្មាសម្ពុទ្ធ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ ម្នាលអានន្ទ ភវេសីឧបាសក ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ព្រះនាមកស្សបអរហន្តសម្មាសម្ពុទ្ធ។ ម្នាលអានន្ទ ភវេសីភិក្ខុ បានឧបសម្បទាមិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង មិនប្រមាទ ខំប្រឹងដុតបំផ្លាញនូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ដែលចេញចាកផ្ទះហើយ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរគុណណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរគុណនោះ ដែលមានព្រហ្មចរិយៈ ជាទីបំផុតដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងកាលជាបច្ចុប្បន្ន រួចបានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ចដែលត្រូវធ្វើ អាត្មាអញ បានធ្វើស្រេចហើយ កិច្ចដទៃ ក្រៅអំពីមគ្គភាវនាកិច្ចនេះ មិនមានទៀតឡើយ ម្នាលអានន្ទ ឯភវេសីភិក្ខុ ក៏បានជាព្រះអរហន្តមួយ ក្នុងពួកព្រះអរហន្តទាំងឡាយដែរ។ ម្នាលអានន្ទ លំដាប់នោះ ឧបាសកទាំងប្រាំរយនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ភវេសីជាម្ចាស់ហ្នឹងឯង មានឧបការៈច្រើន ជាអ្នកនាំអាទិ ឲ្យពួកយើងសមាទាន អម្បាលភវេសីជាម្ចាស់ ម្តេចគង់កោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកដណ្តប់នូវសម្ពត់ ដែលជ្រលក់ដោយទឹកចត់ រួចចេញចាកផ្ទះ ចូលកាន់ផ្នួសទៅហើយ ចុះពួកយើងចាំអ្វីទៀត។ ម្នាលអានន្ទ លំដាប់នោះ ឧបាសកទាំងប្រាំរយនោះ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ព្រះនាមកស្សបអរហន្តសម្មាសម្ពុទ្ធ លុះចូលទៅដល់ហើយ ក៏បានក្រាបទូលព្រះដ៏មានព្រះភាគ ព្រះនាមកស្សបអរហន្តសម្មាសម្ពុទ្ធ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ គួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់ព្រះដ៏មានព្រះភាគដែរ។ ម្នាលអានន្ទ ឧបាសកទាំងប្រាំរយនោះ ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគ ព្រះនាមកស្សប អរហន្តសម្មាសម្ពុទ្ធ។ ម្នាលអានន្ទ លំដាប់នោះ ភវេសីភិក្ខុ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ជាអ្នកបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ នូវវិមុត្តិសុខ ដ៏ប្រសើរបំផុតនេះ ធ្វើម្តេហ្ន៎ ភិក្ខុទាំងប្រាំរយនេះ គប្បីបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយមិនក្រ នូវវិមុត្តិសុខដ៏ប្រសើរបំផុតនេះផងអេះ។ ម្នាលអានន្ទ លំដាប់នោះ ភិក្ខុទាំងប្រាំរយនោះ ក៏ចៀសចេញទៅតែម្នាក់ៗឯង មិនប្រមាទ ខំប្រឹងដុតបំផ្លាញ នូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ដែលចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរគុណណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់នូវអនុត្តរគុណនោះ ដែលមានព្រហ្មចរិយៈជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងកាលជាបច្ចុប្បន្ន រួចបានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តចប់ហើយ សោឡសកិច្ច ដែលត្រូវធ្វើ អាត្មាអញបានធ្វើស្រេចហើយ កិច្ចដទៃក្រៅអំពីមគ្គភាវនាកិច្ចនេះ មិនមានទៀតឡើយ។ ម្នាលអានន្ទ ភិក្ខុទាំងប្រាំរយនោះ មានភវេសីភិក្ខុជាប្រធាន កាលប្រឹងប្រែងឲ្យម៉ត់ចត់លើសលុបឡើងទៅ ក៏បានធ្វើឲ្យជាក់ច្បាស់ នូវវិមុត្តិដ៏ប្រសើរ ដោយប្រការដូច្នេះឯង។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ ពួកអ្នកត្រូវសិក្សាយ៉ាងនេះថា ពួកយើង កាលប្រឹងប្រែងឲ្យម៉ត់ចត់ លើសលុបឡើងទៅ គង់ធ្វើឲ្យជាក់ច្បាស់នូវវិមុត្តិដ៏ប្រសើរបាន។ ម្នាលអានន្ទ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះចុះ។
ចប់ ឧបាសកវគ្គ ទី៣។
ឧទ្ទាននៃឧបាសកវគ្គនោះ គឺ
និយាយអំពីការញញើតញញើម ១ ក្លៀវក្លា ១ នរក ១ ពៀរ ១ ចណ្ឌាលឧបាសកជាគំរប់ប្រាំ បីតិ ១ ជំនួញ ១ ពួកស្តេច ១ គ្រហស្ថអ្នកស្លៀកស ១ ភវេសីឧបាសក ១។
((១៩) ៤. អរញ្ញវគ្គោ)
(១. អារញ្ញិកសុត្តំ)
[៨១] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុអ្នកនៅក្នុងព្រៃ (ប្រព្រឹត្តអារញ្ញិកង្គ) នេះ មាន ៥ ពួក។ ភិក្ខុអ្នកនៅក្នុងព្រៃ ៥ ពួក តើដូចម្តេច។ គឺភិក្ខុអ្នកនៅក្នុងព្រៃ ព្រោះមិនដឹង ព្រោះខ្លៅល្ងង់ ១ នៅក្នុងព្រៃ ព្រោះប្រាថ្នាលាមក លុះក្នុងសេចក្តីប្រាថ្នា ១ នៅក្នុងព្រៃ ព្រោះឆ្កួតរាយមាយចិត្ត ១ នៅក្នុងព្រៃ ព្រោះគិតថា ការនៅក្នុងព្រៃ ព្រះពុទ្ធទាំងឡាយ និងពួកពុទ្ធសាវកសរសើរហើយ ១ នៅក្នុងព្រៃ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត់ (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅក្នុងព្រៃ មាន ៥ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណា្តភិក្ខុអ្នកនៅក្នុងព្រៃទាំង ៥ ពួកនេះ ភិក្ខុណា អ្នកនៅក្នុងព្រៃ ដែលជាអ្នកនៅក្នុងព្រៃ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត់ (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ បណ្តាភិក្ខុអ្នកនៅក្នុងព្រៃទាំង ៥ ពួកនេះ ភិក្ខុអ្នកនៅក្នុងព្រៃបែបនេះ ឈ្មោះថាខ្ពង់ខ្ពស់ផង ប្រសើរផង ជាចំបងផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចជាខីរៈ កើតមកអំពីមេគោ ទធិកើតមកអំពីខីរៈ នវនីតកើតមកអំពីទធិ សប្បិកើតមកអំពីនវនីត សប្បិមណ្ឌកើតមកអំពីសប្បិ សប្បិមណ្ឌប្រាកដថាប្រសើរជាង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុអ្នកនៅក្នុងព្រៃទាំង ៥ ពួកនេះ ភិក្ខុណា អ្នកនៅក្នុងព្រៃ ដែលជាអ្នកនៅក្នុងព្រៃ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ បណ្តាភិក្ខុអ្នកនៅក្នុងព្រៃទាំង ៥ ពួកនេះ ភិក្ខុអ្នកនៅក្នុងព្រៃបែបនេះ ឈ្មោះថាខ្ពង់ខ្ពស់ផង ប្រសើរផង ជាចំបងផង ឧត្តមផង ថ្លៃថ្លាផង។
(២. ចីវរសុត្តំ)
[៨២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបំសុកូលិកង្គនេះ មាន ៥ ពួក។បេ។
(៣. រុក្ខមូលិកសុត្តំ)
[៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តរុក្ខមូលិកង្គនេះ មាន ៥ ពួក។បេ។
(៤. សោសានិកសុត្តំ)
[៨៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តសោសានិកង្គនេះ មាន ៥ ពួក។បេ។
(៥. អព្ភោកាសិកសុត្តំ)
[៨៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តអញ្ភេកាសិកង្គនេះ មាន ៥ ពួក។បេ។
(៦. នេសជ្ជិកសុត្តំ)
[៨៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តនេសជ្ជិកង្គនេះ មាន ៥ ពួក។បេ។
(៧. យថាសន្ថតិកសុត្តំ)
[៨៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តយថាសន្ថតិកង្គនេះ មាន ៥ ពួក។បេ។
(៨. ឯកាសនិកសុត្តំ)
[៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តឯកាសនិកង្គនេះ មាន ៥ ពួក។បេ។
(៩. ខលុបច្ឆាភត្តិកសុត្តំ)
[៨៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តខលុបច្ឆាភត្តិកង្គនេះ មាន ៥ ពួក។បេ។
(១០. បត្តបិណ្ឌិកសុត្តំ)
[៩០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គនេះ មាន ៥ ពួក។ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ ៥ ពួក តើដូចម្តេច។ គឺ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះមិនដឹង ព្រោះខ្លៅល្ងង់ ១ ប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះប្រាថ្នាលាមក១ លុះក្នុងសេចក្តីប្រាថ្នា ១ ប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះឆ្កួតរាយមាយចិត្ត ១ ប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះគិតថាបត្តបិណ្ឌិកង្គនេះ ព្រះពុទ្ធទាំងឡាយ និងពួកពុទ្ធសាវកសរសើរហើយ ១ ប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត់ (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ មាន ៥ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គទាំង ៥ ពួកនេះ ភិក្ខុណា អ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ ជាអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត់ (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ បណ្តាភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គទាំង ៥ ពួកនេះ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គបែបនេះ ឈ្មោះថាខ្ពង់ខ្ពស់ផង ប្រសើរផង ចំបងផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចជាខីរៈកើតអំពីមេគោ ទធិកើតអំពីខីរៈ នវនីតកើតអំពីទធិ សប្បិកើតអំពីនវនីត សប្បិមណ្ឌកើតអំពីសប្បិ សប្បិមណ្ឌ ប្រាកដថាប្រសើរលើសជាង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គទាំង ៥ ពួកនេះ ភិក្ខុណា អ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ ជាអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិច អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីដុសខាត់ (កិលេស) អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីត្រូវការដោយការប្រតិបត្តិល្អ បណ្តាភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គទាំង ៥ ពួកនេះ ភិក្ខុអ្នកប្រព្រឹត្តបត្តបិណ្ឌិកង្គបែបនេះ ឈ្មោះថាខ្ពង់ខ្ពស់ផង ប្រសើរផង ជាចំបងផង ឧត្តមផង ថ្លៃថ្លាផង។
ចប់ អរញ្ញវគ្គ ទី៤។
ឧទ្ទាននៃអរញ្ញវគ្គនោះគឺ
និយាយអំពីភិក្ខុអ្នកប្រព្រឹត្តអារញ្ញិកង្គ ១ ប្រព្រឹត្តបំសុកូលិកង្គ ១ ប្រព្រឹត្តរុក្ខមូលិកង្គ ១ ប្រព្រឹត្តសោសានិកង្គ ១ ប្រព្រឹត្តអញ្ភេកាសិកង្គ ១ ប្រព្រឹត្តនេសជ្ជិកង្គ ១ ប្រព្រឹត្តយថាសន្ថតិកង្គ ១ ប្រព្រឹត្តឯកាសនិកង្គ ១ ប្រព្រឹត្តខលុបច្ឆាភត្តិកង្គ ១ ប្រព្រឹត្តបត្តបិណ្ឌិកង្គ ១។
((២០) ៥. ព្រាហ្មណវគ្គោ)
(១. សោណសុត្តំ)
[៩១] ម្នាលភិក្ខុទាំងឡាយ ទំនៀមរបស់ពួកព្រាហ្មណ៍អំពីបុរាណនេះ មាន ៥ យ៉ាង រមែងប្រាកដស្មើក្នុងពួកសុនខ មិនប្រាកដក្នុងពួកព្រាហ្មណ៍ឥឡូវនេះទេ។ ទំនៀមរបស់ព្រាហ្មណ៍ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បានឮមក ក្នុងកាលពីដើម ពួកព្រាហ្មណ៍តែងគប់រកនាងព្រាហ្មណី មិនគប់រកស្រីមិនមែនជាព្រាហ្មណីទេ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកព្រាហ្មណ៍ គប់រកស្រីជាព្រាហ្មណីខ្លះ គប់រកស្រីមិនមែនជាព្រាហ្មណីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកសុនខ រមែងគប់រកតែសុនខញី មិនគប់រកជាតិសត្វ មិនមែនជាសុនខញីឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាទំនៀមរបស់ពួកព្រាហ្មណ៍ អំពីបុរាណទី ១ តែងប្រាកដស្មើក្នុងពួកសុនខ មិនប្រាកដក្នុងពួកព្រាហ្មណ៍ឥឡូវនេះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលពីដើម ពួកព្រាហ្មណ៍ រមែងគប់រកព្រាហ្មណី ដែលមានរដូវ មិនគប់រកព្រាហ្មណី ដែលមិនមានរដូវទេ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកព្រាហ្មណ៍តែងគប់រកព្រាហ្មណី ដែលមានរដូវខ្លះ គប់រកព្រាហ្មណី ដែលមិនមានរដូវខ្លះ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកសុនខ រមែងគប់រកសុនខញី ដែលមានរដូវ មិនគប់រកសុនខញី ដែលមិនមានរដូវទេ ម្នាលភិក្ខុទាំងឡាយ នេះជាទំនៀមរបស់ព្រាហ្មណ៍ អំពីបុរាណទី ២ រមែងប្រាកដស្មើ ក្នុងពួកសុនខ មិនប្រាកដក្នុងពួកព្រាហ្មណ៍ ក្នុងកាលឥឡូវនេះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលពីដើម ពួកព្រាហ្មណ៍មិនបានទិញ មិនបានលក់ នូវនាងព្រាហ្មណីទេ គ្រាន់តែប្រព្រឹត្តទៅ ដើម្បីផ្សំផ្គុំនូវសំវាស តាមសេចក្តីស្រឡាញ់ និងមិនស្រឡាញ់ប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកព្រាហ្មណ៍ ទិញខ្លះ លក់ខ្លះ នូវនាងព្រាហ្មណី ប្រព្រឹត្តទៅ ដើម្បីផ្សំផ្គុំនូវសំវាស តាមសេចក្តីស្រឡាញ់ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកសុនខ នៅតែមិនបានទិញ មិនបានលក់នូវសុនខញីដែរ គ្រាន់តែប្រព្រឹត្តទៅ ដើម្បីរួមនូវសំវាស តាមសេចក្តីស្រឡាញ់ប៉ុណ្ណោះ ម្នាលភិក្ខុឡាយ នេះជាទំនៀមរបស់ព្រាហ្មណ៍ អំពីបុរាណ ទី ៣ រមែងប្រាកដស្មើ ក្នុងពួកសុនខ មិនប្រាកដក្នុងពួកព្រាហ្មណ៍ទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលពីដើមមក ពួកព្រាហ្មណ៍មិនបានធ្វើនូវការសន្សំទុកដាក់ នូវទ្រព្យខ្លះ ស្រូវខ្លះ ប្រាក់ខ្លះ មាសខ្លះទេ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកព្រាហ្មណ៍ធ្វើនូវការសន្សំទុកដាក់ នូវទ្រព្យខ្លះ ស្រូវខ្លះ ប្រាក់ខ្លះ មាសខ្លះ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកសុនខ មិនធ្វើនូវការសន្សំទុកដាក់ នូវទ្រព្យខ្លះ ស្រូវខ្លះ ប្រាក់ខ្លះ មាសខ្លះដែរ ម្នាលភិក្ខុទាំងឡាយ នេះជាទំនៀមរបស់ព្រាហ្មណ៍ពីបុរាណទី ៤ តែងប្រាកដស្មើក្នុងពួកសុនខ មិនប្រាកដក្នុងពួកព្រាហ្មណ៍ ក្នុងកាលឥឡូវនេះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលពីដើម ពួកព្រាហ្មណ៍ តែងស្វែងរកនូវភិក្ខា ក្នុងពេលល្ងាចតាមពេលល្ងាច ក្នុងពេលព្រឹក តាមពេលព្រឹក។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកព្រាហ្មណ៍ បរិភោគ (អាហារ) បំពេញពោះ ដរាបដល់ឆ្អែត ហើយកាន់យកអាហារដ៏សេសសល់ ចៀសចេញទៅ។ ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ពួកសុនខ ក៏ស្វែងរក (អាហារ) ក្នុងពេលល្ងាច តាមពេលល្ងាច ក្នុងពេលព្រឹក តាមពេលព្រឹក ម្នាលភិក្ខុទាំងឡាយ នេះជាទំនៀមរបស់ព្រាហ្មណ៍ ពីបុរាណទី ៥ រមែងប្រាកដស្មើក្នុងពួកសុនខ មិនប្រាកដក្នុងពួកព្រាហ្មណ៍ ក្នុងកាលឥឡូវនេះទេ។ ម្នាលភិក្ខុទាំងឡាយ ទំនៀមរបស់ព្រាហ្មណ៍ពីបុរាណទាំង ៥ យ៉ាងនេះឯង រមែងប្រាកដស្មើ ក្នុងពួកសុនខ មិនប្រាកដក្នុងពួកព្រាហ្មណ៍ ក្នុងកាលឥឡូវនេះទេ។
(២. ទោណព្រាហ្មណសុត្តំ)
[៩២] គ្រានោះឯង ទោណព្រាហ្មណ៍ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះទោណព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គបានឮថា ព្រះសមណគោតម មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយ ដែលចាស់គ្រាំគ្រា ជាព្រិទ្ធាចារ្យមានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ មិនអញ្ជើញដោយអាសនៈ។ បពិត្រព្រះគោតមដ៏ចំរើន ពាក្យដែលខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះគោតមដ៏ចំរើន មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយ ដែលចាស់គ្រាំគា្រ ជាព្រិទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ មិនអញ្ជើញដោយអាសនៈ។ បពិត្រព្រះគោតមដ៏ចំរើន កិច្ចមានការមិនសំពះ ជាដើមនោះ ជាទំនងពុំសមគួរឡើយ។ ម្នាលទោណៈ អ្នកមិនប្តេជ្ញាថាជាព្រាហ្មណ៍ទេឬ។ បពិត្រព្រះគោតមដ៏ចំរើន បុគ្គលកាលនឹងពោលនូវរឿងនោះឲ្យត្រូវ គួរពោលថា ព្រាហ្មណ៍អ្នកមានកំណើតស្អាតទាំងពីរខាង គឺខាងមាតា និងខាងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណ នៃជីដូនជីតា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបាន ជាអ្នករាយមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់ ៥ ជាអ្នកដឹងនូវបទ និងវេយ្យាករណ៍ ជាអ្នកមិនថោកថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្រ្ត និងមហាបុរិសលក្ខណព្យាករណសាស្រ្ត បពិត្រព្រះគោតមដ៏ចំរើន បុគ្គលកាលនឹងពោល នូវរឿងនោះឲ្យត្រូវ គប្បីពោលនូវខ្ញុំព្រះអង្គហ្នឹងឯង។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា ខ្ញុំព្រះអង្គជាព្រាហ្មណ៍ មានកំណើតស្អាតទាំងពីរខាង គឺខាងមាតា និងខាងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណ នៃជីដូនជីតា ជាគំរប់ ៧ មិនមានអ្នកណារិះគន់តិះដៀល ដោយពោលដល់ជាតិកំណើតបាន ជាអ្នករាយមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរប្បភេទៈ គឺសិក្ខា និងនិរុតិ្ត ដែលមានគម្ពីរឥតិហាសៈ ជាគំរប់ ៥ ជាអ្នកដឹងនូវបទ និងវេយ្យាករណ៍ ជាអ្នកមិនថោកថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្រ្ត និងមហាបុរិសលក្ខណព្យាករណសាស្រ្ត។ ម្នាលទោណៈ ពួកឥសីទាំងអម្បាលមាណ ជាប្រធានរបស់ព្រាហ្មណ៍ទាំងឡាយ អ្នកធ្វើនូវមន្តទាំងឡាយ នឹងញុំាងមន្តទាំងឡាយ ឲ្យប្រព្រឹត្តទៅបាន ក៏បទមន្ត និងចម្រៀងចាស់នេះ ដែលពួកឥសីបានពោល ធ្វើឲ្យជាគំនរដល់ព្រាហ្មណ៍ទាំងឡាយណា ពួកព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ រមែងច្រៀងតាម ពោលតាមនូវបទមន្ត និងចម្រៀងនោះ តែងពោលតាមបទមន្ត ដែលពួកឥសីពោលហើយនោះ បង្ហាញតាមបទមន្ត និងចំរៀង ដែលពួកឥសីបង្ហាញហើយ ឥសីទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្ត ១ យមទគ្គិ ១ អង្គីរស ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ ឥសីទាំងនោះ តែងនាំគ្នាបញ្ញត្ត នូវព្រាហ្មណ៍ទាំង ៥ នេះ គឺព្រហ្មសមៈ ១ ទេវសមៈ ១ មរិយាទៈ ១ សម្ភិន្នមរិយាទៈ ១ និងព្រាហ្មណ៍ចណ្ឌាល ជាគំរប់ ៥។ ម្នាលទោណៈ អ្នកជាព្រាហ្មណ៍អ្វី ក្នុងពួកព្រាហ្មណ៍ទាំង ៥ នោះ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ មិនស្គាល់ព្រាហ្មណ៍ទាំង ៥ នេះទេ ខ្ញុំព្រះអង្គ គ្រាន់តែស្គាល់ថា ជាព្រាហ្មណ៍ប៉ុណ្ណេះឯង ប្រពៃណាស់ហើយ ព្រះគោតមដ៏ចំរើន សូមព្រះគោតមដ៏ចំរើន សំដែងធម៌ ឲ្យខ្ញុំព្រះអង្គស្គាល់ព្រាហ្មណ៍ទាំង ៥ នេះឲ្យទាន។ ម្នាលទោណៈ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង ទោណព្រាហ្មណ៍ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ដូច្នេះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលទោណៈ ព្រាហ្មណ៍ឈ្មោះ ព្រហ្មសមៈ តើដូចម្តេច។ ម្នាលទោណៈ ព្រាហ្មណ៍ក្នុងលោកនេះ ជាអ្នកមានកំណើតស្អាតទាំងពីរខាង គឺខាងមាតានិងខាងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណ នៃជីដូនជីតា ជាគំរប់ ៧ មិនមានអ្នកណារិះគន់តិះដៀល ដោយពោលដល់ជាតិកំណើតបាន ព្រាហ្មណ៍នោះ តែងរៀនយកនូវមន្ត ប្រព្រឹត្តកោមារ16) ព្រហ្មចរិយៈអស់ ៤៨ ឆ្នាំ លុះរៀនយកនូវមន្ត ប្រព្រឹត្តកោមារព្រហ្មចរិយៈអស់ ៤៨ ឆ្នាំរួចហើយ ក៏ស្វែងរកនូវទ្រព្យ សម្រាប់អាចារ្យ ដើម្បីអាចារ្យ ដោយធម៌ មិនស្វែងរកខុសធម៌ឡើយ។ ម្នាលទោណៈ ធម៌ដូចម្តេច ក្នុងការស្វែងរកនោះ។ គឺព្រាហ្មណ៍នោះ មិនបានស្វែងរកដោយការភ្ជួរ មិនបានស្វែងរកដោយការជួញ មិនបានស្វែងរកដោយការរក្សាគោ មិនបានស្វែងរកដោយអំពើនៃឋានៈជាទាហាន មិនបានស្វែងរកដោយភាពជារាជបុរស មិនបានស្វែងរកដោយសិប្បកម្មណានីមួយឡើយ គ្រាន់តែស្វែងរកដោយការត្រេចទៅ ដើម្បីភិក្ខាប៉ុណ្ណោះ មិនបានមើលងាយនូវភិក្ខាភាជនៈឡើយ។ ព្រាហ្មណ៍នោះ ប្រគល់ទ្រព្យសម្រាប់អាចារ្យ ដល់អាចារ្យ ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះមកបួស។ ព្រាហ្មណ៍នោះ កាលដែលបានបួសយ៉ាងនេះហើយ ជាអ្នកមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី ១ ផ្សាយទៅកាន់ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ មានចិត្តប្រកបដោយមេត្តា ចិត្តទូលាយ ដល់នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង មានចិត្តប្រកបដោយករុណា … មានចិត្តប្រកបដោយមុទិតា … មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ផ្សាយទៅកាន់ទិសទី ២ ទិសទី ៣ ទិសទី ៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ មានចិត្តប្រកបដោយឧបេកា្ខ ជាចិត្តទូលាយ ដល់នូវសភាវៈធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង។ ព្រាហ្មណ៍នោះ លុះបានចំរើននូវព្រហ្មវិហារទាំង ៤ នេះហើយ ក៏ទំលាយរាងកាយ ស្លាប់ទៅ ទៅកើតក្នុងសុគតិ និងព្រហ្មលោក ម្នាលទោណៈ ព្រាហ្មណ៍ជាព្រហ្មសមៈ យ៉ាងនេះឯង។ ម្នាលទោណៈ ចុះព្រាហ្មណ៍ជាទេវសមៈនោះ តើដូចម្តេច។ ម្នាលទោណៈ ព្រាហ្មណ៍ក្នុងលោកនេះ ជាអ្នកមានកំណើតស្អាតទាំងពីរខាង គឺខាងមាតា និងខាងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណ នៃជីដូនជីតា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀលដោយពោលដល់ជាតិកំណើតបាន ព្រាហ្មណ៍នោះ ក៏រៀនយកនូវមន្ត ប្រព្រឹត្តនូវកោមារព្រហ្មចរិយៈអស់ ៤៨ ឆ្នាំ លុះរៀនយកនូវមន្ត ប្រព្រឹត្តនូវកោមារព្រហ្មចរិយៈ អស់ ៤៨ ឆ្នាំរួចហើយ ទើបស្វែងរកទ្រព្យ សម្រាប់អាចារ្យ ដើម្បីអាចារ្យ ដោយគន្លងធម៌ មិនស្វែងរកខុសគន្លងធម៌ឡើយ។ ម្នាលទោណៈ ធម៌ដូចម្តេច ក្នុងការស្វែងរកនោះ។ គឺព្រាហ្មណ៍នោះ មិនបានស្វែងរកដោយការភ្ជួរ មិនបានស្វែងរកដោយការជួញ មិនបានស្វែងរកដោយការរក្សាគោ មិនបានស្វែងរកដោយអំពើនៃឋានៈជាទាហាន មិនបានស្វែងរកដោយភាពជារាជបុរស មិនបានស្វែងរកដោយសិប្បកម្មណានីមួយឡើយ គ្រាន់តែស្វែងរក ដោយការត្រេចទៅ ដើម្បីភិក្ខាប៉ុណ្ណោះ មិនបានមើលងាយនូវភិក្ខាភាជនៈឡើយ។ ព្រាហ្មណ៍នោះ ប្រគល់ទ្រព្យសម្រាប់អាចារ្យ ដល់អាចារ្យ ហើយក៏ស្វែងរកភរិយាដោយធម៌ មិនស្វែងរកខុសធម៌ឡើយ។ ម្នាលទោណៈ ធម៌ដូចម្តេច ក្នុងការស្វែងរកនោះ។ គឺព្រាហ្មណ៍នោះ មិនបានស្វែងរកដោយការទិញ មិនបានស្វែងរក ដោយការលក់ដូរ ស្វែងរកតែព្រាហ្មណី ដែលគេបរិច្ចាគដោយប្រោះទឹកឲ្យព្រាហ្មណ៍នោះ រមែងគប់រកនាងព្រាហ្មណីផងគ្នា មិនគប់រកស្រ្តីក្សត្រិយ៍ មិនគប់រកស្រ្តីវេស្សៈ គឺស្រ្តីអ្នកជួញ ឬធ្វើស្រែចំការ មិនគប់រកស្រី្តសុទ្រៈ គឺស្រ្តីធ្វើគូលី ស៊ីឈ្នួលគេ មិនគប់រកស្រី្តចណ្ឌាល មិនគប់រកស្ត្រីនេសាទ មិនគប់រកស្រី្ត ដែលមានភ្នួងសក់ (សក់ជុក) មិនគប់រកស្រ្តីជាងរថ មិនគប់រកស្រ្តីអ្នកចោលសំរាម មិនគប់រកស្រ្តី ដែលមានគភ៌ មិនគប់រកស្រ្តី ដែលមានកូននៅបៅ មិនគប់រកស្ត្រី ដែលមិនមានរដូវ។ ម្នាលទោណៈ ចុះហេតុអ្វី បានជាព្រាហ្មណ៍ មិនគប់រកស្រី្ត ដែលមានគភ៌។ ម្នាលទោណៈ ប្រសិនបើព្រាហ្មណ៍ គប់រកស្រី្តដែលមានគភ៌ហើយ មាណវកៈ និងមាណវិកានោះ ឈ្មោះថា កើតក្នុងគំនរលាមកធំ មានក្លិនអាក្រក់ក្រៃពេក ម្នាលទោណៈ ព្រោះហេតុនោះ បានជាព្រាហ្មណ៍ មិនគប់រកស្ត្រីដែលមានគភ៌ឡើយ។ ម្នាលទោណៈ ចុះហេតុអ្វី បានជាព្រាហ្មណ៍ មិនគប់រកស្ត្រី ដែលមានកូននៅបៅ។ ម្នាលទោណៈ ប្រសិនបើព្រាហ្មណ៍ គប់រកស្រ្តី ដែលមានកូននៅបៅហើយ មាណវកៈ និងមាណវិកានោះ ឈ្មោះថា ផឹករបស់មិនស្អាត ម្នាលទោណៈ ព្រោះហេតុនោះ បានជាព្រាហ្មណ៍ មិនគប់រកស្រ្តី ដែលមានកូននៅបៅ។ ឯនាងព្រាហ្មណី របស់ព្រាហ្មណ៍នោះ មិនមានប្រយោជន៍ដោយកាម មិនមានប្រយោជន៍ដោយការលេង មិនមានប្រយោជន៍ដោយសេចក្តីត្រេកអរក្នុងកាម នាងព្រាហ្មណី របស់ព្រាហ្មណ៍នោះ មានប្រយោជន៍ដោយបុត្រប៉ុណ្ណោះ ព្រាហ្មណ៍នោះ ញុំាងមេថុនឲ្យកើតឡើង ហើយកោរសក់ និងពុកមាត់ ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះមកបួស។ ព្រាហ្មណ៍នោះ កាលដែលបានបួស យ៉ាងនេះហើយ ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ដល់នូវចតុត្ថជ្ឈាន។ ព្រាហ្មណ៍នោះ រមែងចំរើននូវឈានទាំង ៤ នេះ លុះទំលាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលទោណៈ ព្រាហ្មណ៍ជាទេវសមៈ យ៉ាងនេះឯង។ ម្នាលទោណៈ ចុះព្រាហ្មណ៍ ជាមរិយាទៈ តើដូចម្តេច។ ម្នាលទោណៈ ព្រាហ្មណ៍ក្នុងលោកនេះ ជាអ្នកមានកំណើតស្អាត ទាំងពីរខាង គឺខាងមាតា និងខាងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណ នៃជីដូនជីតាជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀលដោយពោលដល់ជាតិកំណើតបាន។ ព្រាហ្មណ៍នោះ ក៏រៀនយកនូវមន្ត ប្រព្រឹត្តកោមារព្រហ្មចរិយៈ អស់ ៤៨ ឆ្នាំ លុះរៀនយកនូវមន្ត ប្រព្រឹត្តកោមារព្រហ្មចរិយៈអស់ ៤៨ ឆ្នាំ រួចហើយ ក៏ស្វែងរកទ្រព្យសម្រាប់អាចារ្យ ដើម្បីអាចារ្យ ដោយធម៌ មិនស្វែងរកខុសធម៌ឡើយ។ ម្នាលទោណៈ ធម៌ដូចម្តេច ក្នុងការស្វែងរកនោះ។ គឺព្រាហ្មណ៍នោះ មិនបានស្វែងរក ដោយការភ្ជួរ មិនបានស្វែងរក ដោយការជួញ មិនបានស្វែងរក ដោយការរក្សាគោ មិនបានស្វែងរក ដោយអំពើនៃឋានៈជាទាហាន មិនបានស្វែងរក ដោយភាវៈជារាជបុរស មិនបានស្វែងរក ដោយសិប្បកម្មណានីមួយ ហើយស្វែងរក ដោយការត្រេចទៅ ដើម្បីភិក្ខាតែប៉ុណ្ណោះ មិនបានមើលងាយនូវភិក្ខាភាជនៈឡើយ។ ព្រាហ្មណ៍នោះ ប្រគល់ទ្រព្យសម្រាប់អាចារ្យ ដល់អាចារ្យ ហើយស្វែងរកភរិយាដោយធម៌ មិនស្វែងរកខុសធម៌ឡើយ។ ម្នាលទោណៈ ធម៌ដូចម្តេច ក្នុងការស្វែងរកនោះ។ គឺ ព្រាហ្មណ៍នោះ មិនបានស្វែងរកដោយការទិញ មិនបានស្វែងរក ដោយការលក់ដូរ ស្វែងរកតែព្រាហ្មណី ដែលគេបរិច្ចាគ ដោយប្រោះទឹកឲ្យ ព្រាហ្មណ៍នោះ គប់រកតែនាងព្រាហ្មណីផងគ្នា មិនបានគប់រកស្រ្តីក្សត្រិយ៍ មិនបានគប់រកស្ត្រីវេស្សៈ មិនបានគប់រកស្រ្តីសុទ្រៈ មិនបានគប់រកស្ត្រីចណ្ឌាល មិនបានគប់រកស្រ្តីនេសាទ មិនបានគប់រកស្រ្តី ដែលមានភ្នួងសក់ (សក់ជុក) មិនបានគប់រកស្រី្តជាងរថ មិនបានគប់រកស្ត្រីអ្នកចោលសម្រាម មិនបានគប់ស្រ្តីដែលមានគភ៌ មិនបានគប់រកស្ត្រី ដែលមានកូននៅបៅ មិនបានគប់រកស្រី្ត ដែលមិនមានរដូវ។ ម្នាលទោណៈ ចុះហេតុអ្វី បានជាព្រាហ្មណ៍ មិនគប់រកស្ត្រីដែលមានគភ៌។ ម្នាលទោណៈ ប្រសិនបើព្រាហ្មណ៍ គប់រកស្ត្រីដែលមានគភ៌ហើយ មាណវកៈ និងមាណវិកានោះ ឈ្មោះថា កើតក្នុងគំនរលាមកដ៏ធំ អាក្រក់ក្រៃពេក ម្នាលទោណៈ ព្រោះហេតុនោះ បានជាព្រាហ្មណ៍ មិនគប់រកស្រី្ត ដែលមានគភ៌ឡើយ។ ម្នាលទោណៈ ចុះហេតុអ្វី បានជាព្រាហ្មណ៍ មិនគប់រកស្រ្តីដែលមានកូននៅបៅ។ ម្នាលទោណៈ ប្រសិនបើព្រាហ្មណ៍ គប់រកស្រ្តី ដែលមានកូននៅបៅហើយ មាណវកៈ និងមាណវិកានោះ ឈ្មោះថា ជាអ្នកផឹករបស់មិនស្អាត ម្នាលទោណៈ ព្រោះហេតុនោះ បានជាព្រាហ្មណ៍ មិនគប់រកស្រ្តី ដែលមានកូននៅបៅ នាងព្រាហ្មណីរបស់ព្រាហ្មណ៍នោះ ជាអ្នកមិនមានប្រយោជន៍ដោយកាម មិនមានប្រយោជន៍ដោយការលេង មិនមានប្រយោជន៍ដោយសេចក្តីត្រេកអរក្នុងកាម នាងព្រាហ្មណីរបស់ព្រាហ្មណ៍ មានប្រយោជន៍ដោយបុត្រតែប៉ុណ្ណោះ។ ព្រាហ្មណ៍នោះ ញុំាងមេថុនឲ្យកើតឡើងហើយ ក៏ប្រាថ្នាមិនដាច់នូវសេចក្តីត្រេកអរ ក្នុងបុត្រនោះឯង ក៏នៅគ្រប់គ្រងទ្រព្យសម្បត្តិ មិនបានចេញចាកផ្ទះមកបួសឡើយ។ ឯព្រាហ្មណ៍ ជាមរិយាទៈ តែងឋិតនៅក្នុងធម៌នោះ របស់ពួកព្រាហ្មណ៍អំពីបុរាណរៀងមក មិនបានប្រព្រឹត្តកន្លង នូវធម៌នោះឡើយ។ មរិយាទព្រាហ្មណ៍ ឋិតនៅក្នុងធម៌នោះ របស់ពួកព្រាហ្មណ៍អំពីបុរាណរៀងមក មិនបានប្រព្រឹត្តកន្លង នូវធម៌នោះដូច្នេះឯង ម្នាលទោណៈ ព្រោះហេតុនោះ បានជាហៅថា ព្រាហ្មណ៍មរិយាទៈ។ ម្នាលទោណៈ ព្រាហ្មណ៍ជាមរិយាទៈ យ៉ាងនេះឯង។ ម្នាលទោណៈ ចុះព្រាហ្មណ៍ ជាសម្ភិន្នមរិយាទៈ តើដូចម្តេច។ ម្នាលទោណៈ ព្រាហ្មណ៍ក្នុងលោកនេះ មានកំណើតស្អាតទាំងពីរខាង គឺខាងមាតា និងខាងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណ នៃជីដូនជីតា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀលដោយពោលដល់ជាតិកំណើតបានឡើយ។ ព្រាហ្មណ៍នោះ រមែងរៀនយកនូវមន្ត ប្រព្រឹត្តកោមារព្រហ្មចរិយៈ អស់ ៤៨ ឆ្នាំ លុះរៀនយកនូវមន្ត ប្រព្រឹត្តកោមារព្រហ្មចរិយៈ អស់ ៤៨ ឆ្នាំរួចហើយ ស្វែងរកនូវទ្រព្យសម្រាប់អាចារ្យ ដើម្បីអាចារ្យ ដោយធម៌ មិនស្វែងរកខុសធម៌ឡើយ។ ម្នាលទោណៈ បណ្តាការស្វែងរកទាំងនោះ ការស្វែងរកដោយធម៌ តើដូចម្តេច។ គឺព្រាហ្មណ៍នោះ មិនបានស្វែងរក ដោយការភ្ជួរ មិនបានស្វែងរក ដោយការជួញ មិនបានស្វែងរក ដោយការរក្សាគោ មិនបានស្វែងរក ដោយអំពើនៃឋានៈជាទាហាន មិនបានស្វែងរក ដោយភាវៈជារាជបុរស មិនបានស្វែងរក ដោយសិប្បកម្មណានីមួយឡើយ គ្រាន់តែស្វែងរក ដោយការត្រេចទៅ ដើម្បីភិក្ខាប៉ុណ្ណោះ មិនបានមើលងាយនូវភិក្ខាភាជនៈឡើយ។ ព្រាហ្មណ៍នោះ ប្រគល់ទ្រព្យសម្រាប់អាចារ្យ ដល់អាចារ្យហើយ ក៏ស្វែងរកភរិយា ដែលគេបរិចា្ចគ ដោយប្រោះទឹកឲ្យ ដោយធម៌ខ្លះ មិនដោយធម៌ខ្លះ ដោយការទិញខ្លះ ដោយការលក់ដូរខ្លះ ព្រាហ្មណ៍នោះ រមែងគប់រកនាងព្រាហ្មណីខ្លះ គប់រកស្រ្តីក្សត្រិយ៍ខ្លះ គប់រកស្ត្រីវេស្សៈខ្លះ គប់រកស្រ្តីសុទ្រៈខ្លះ គប់រកស្រ្តីចណ្ឌាលខ្លះ គប់រកស្រ្តីនេសាទខ្លះ គប់រកស្រ្តី ដែលមានភ្នួងសក់ (សក់ជុក) ខ្លះ គប់រកស្ត្រីជាងរថខ្លះ គប់រកស្រ្តីអ្នកចោលសម្រាមខ្លះ គប់រកស្រ្តីដែលមានគភ៌ខ្លះ គប់រកស្រ្តីដែលមានកូននៅបៅខ្លះ គប់រកស្រ្តីដែលមានរដូវខ្លះ គប់រកស្រ្តីដែលមិនមានរដូវខ្លះ។ ព្រាហ្មណីរបស់ព្រាហ្មណ៍នោះ ជាអ្នកមានប្រយោជន៍ដោយកាមខ្លះ មានប្រយោជន៍ដោយការលេងខ្លះ មានប្រយោជន៍ដោយការត្រេកអរក្នុងកាមខ្លះ នាងព្រាហ្មណីរបស់ព្រាហ្មណ៍ មានប្រយោជន៍ដោយបុត្រខ្លះ។ ព្រាហ្មណ៍ ជាមរិយាទៈ មិនបានឋិតនៅក្នុងធម៌នោះ របស់ពួកព្រាហ្មណ៍អំពីបុរាណរៀងមក រមែងប្រព្រឹត្តកន្លងនូវធម៌នោះ។ ព្រាហ្មណ៍មរិយាទៈ មិនបានឋិតនៅក្នុងធម៌នោះ ប្រព្រឹត្តកន្លងលើស នូវធម៌របស់ពួកព្រាហ្មណ៍ អំពីបុរាណរៀងមក រមែងប្រព្រឹត្តកន្លងនូវធម៌នោះ ម្នាលទោណៈ ព្រោះហេតុនោះ បានជាហៅថា ព្រាហ្មណ៍ ជាសម្ភិន្នមរិយាទៈ ដូច្នេះឯង។ ម្នាលទោណៈ ព្រាហ្មណ៍ ជាសម្ភិន្នមរិយាទៈ យ៉ាងនេះឯង។ ម្នាលទោណៈ ព្រាហ្មណ៍ ជាព្រាហ្មណចណ្ឌាល តើដូចម្តេច។ ម្នាលទោណៈ ព្រាហ្មណ៍ក្នុងលោកនេះ ជាអ្នកមានកំណើតស្អាតទាំងពីរខាង គឺខាងមាតា និងខាងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ អំពីតំណ នៃជីដូននិងជីតា ជាគំរប់ ៧ មិនមានអ្នកណារិះគន់ តិះដៀលដោយពោលដល់ជាតិកំណើតបានឡើយ។ ព្រាហ្មណ៍នោះ រមែងរៀនយកនូវមន្ត ប្រព្រឹត្តកោមារព្រហ្មចរិយៈ អស់ ៤៨ ឆ្នាំ លុះរៀនយកនូវមន្ត ប្រព្រឹត្តកោមារព្រហ្មចរិយៈ អស់ ៤៨ ឆ្នាំរួចហើយ ក៏ស្វែងរកនូវទ្រព្យសម្រាប់អាចារ្យ ដើម្បីអាចារ្យ ដោយធម៌ខ្លះ មិនដោយធម៌ខ្លះ ដោយការភ្ជួរខ្លះ ដោយការជួញខ្លះ ដោយការរក្សាគោខ្លះ ដោយអំពើនៃឋានៈជាទាហានខ្លះ ដោយសិប្បកម្មណានីមួយខ្លះ ដោយភាវៈជារាជបុរសខ្លះ គ្រាន់តែស្វែងរក ដោយការត្រេចទៅ ដើម្បីភិក្ខាប៉ុណ្ណោះ មិនបានមើលងាយ នូវភិក្ខាភាជនៈឡើយ។ ព្រាហ្មណ៍នោះ ក៏ប្រគល់ទ្រព្យ សម្រាប់អាចារ្យ ដល់អាចារ្យហើយ ក៏ស្វែងរកភរិយា ដែលគេបរិច្ចាគ ដោយប្រោះទឹកឲ្យ ដោយធម៌ខ្លះ មិនដោយធម៌ខ្លះ ដោយការទិញខ្លះ ដោយការលក់ដូរខ្លះ ព្រាហ្មណ៍នោះ រមែងគប់រកនាងព្រាហ្មណីខ្លះ គប់រកស្រ្តីក្សត្រិយ៍ខ្លះ គប់រកស្រ្តីវេស្សៈខ្លះ គប់រកស្រ្តីសុទ្រៈខ្លះ គប់រកស្ត្រីចណ្ឌាលខ្លះ គប់រកស្រ្តីនេសាទខ្លះ គប់រកស្ត្រី ដែលមានភ្នួងសក់ខ្លះ គប់រកស្រ្តីជាងរថខ្លះ គប់រកស្រ្តីដែលចោលសម្រាមខ្លះ គប់រកស្រី្តដែលមានគភ៌ខ្លះ គប់រកស្ត្រីដែលមានកូននៅបៅខ្លះ គប់រកស្ត្រីដែលមានរដូវខ្លះ គប់រកស្រ្តីដែលមិនមានរដូវខ្លះ។ នាងព្រាហ្មណីរបស់ព្រាហ្មណ៍នោះ ជាអ្នកមានប្រយោជន៍ដោយកាមខ្លះ មានប្រយោជន៍ដោយការលេងខ្លះ មានប្រយោជន៍ដោយសេចក្តីត្រេកអរខ្លះ នាងព្រាហ្មណីរបស់ព្រាហ្មណ៍ មានប្រយោជន៍ដោយបុត្រខ្លះ។ ព្រាហ្មណ៍នោះ រមែងចិញ្ចឹមជីវិត ដោយការងារទាំងពួង ពួកព្រាហ្មណ៍ក៏បាននិយាយនឹងព្រាហ្មណ៍នោះ យ៉ាងនេះថា ហេតុអ្វី បានជាព្រាហ្មណ៍ដ៏ចំរើន ប្តេជ្ញាចិញ្ចឹមជីវិត ដោយការងារទាំងពួង។ ព្រាហ្មណ៍នោះ បាននិយាយយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើនប្រៀបដូចភ្លើង រមែងឆេះរបស់ស្អាតខ្លះ ឆេះរបស់មិនស្អាតខ្លះ ភ្លើងក៏មិនបានប្រឡាក់ជាប់ដោយរបស់នោះទេ យ៉ាងណាមិញ ម្នាលអ្នកទាំងឡាយដ៏ចំរើន បើទុកជាព្រាហ្មណ៍ ចិញ្ចឹមជីវិតដោយអំពើទាំងពួង ព្រាហ្មណ៍ក៏មិនបានជាប់ប្រឡាក់ ដោយការងារទាំងពួងនោះ ព្រាហ្មណ៍តែងចិញ្ចឹមជីវិត ដោយការងារទាំងពួងដូច្នេះ ក៏យ៉ាងនោះដែរ ម្នាលទោណៈ ព្រោះហេតុនោះ បានជាហៅថា ព្រាហ្មណ៍ ជាព្រាហ្មណ៍ចណ្ឌាល ម្នាលទោណៈ ព្រាហ្មណ៍ជាព្រាហ្មណចណ្ឌាល យ៉ាងនេះឯង។ ម្នាលទោណៈ ពួកឥសីជាប្រធាន របស់ពួកព្រាហ្មណ៍ អ្នកធ្វើមន្ត អ្នកញុំាងមន្ត ឲ្យប្រព្រឹត្តទៅ ពួកព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ រមែងច្រៀងតាមមន្តនោះ ពោលតាមមន្តនោះ ពោលតាមមន្ត ដែលឥសីពោលហើយ បង្រៀនតាមមន្ត ដែលឥសីបង្រៀនហើយ ជាមន្តពីបុរាណ ជាមន្តបទ ដែលឥសីច្រៀងហើយ ឲ្យប្រព្រឹត្តទៅហើយ បានធ្វើឲ្យជាគំនរទុកហើយ ឥសីទាំងនោះ គឺ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ ឥសីទាំងនោះ រមែងបញ្ញត្តព្រាហ្មណ៍ទាំង ៥ នេះ គឺ ព្រហ្មសមៈ ១ ទេវសមៈ ១ មរិយាទៈ ១ សម្ភិន្នមរិយាទៈ ១ គំរប់ ៥ នឹងព្រាហ្មណចណ្ឌាល។ ម្នាលទោណៈ អ្នកជាព្រាហ្មណ៍អ្វី ក្នុងព្រាហ្មណ៍ទាំងនោះ។ បពិត្រព្រះគោតមដ៏ចំរើន បើតាមទំនងនេះ ខ្ញុំព្រះអង្គ មិនពេញជាព្រាហ្មណចណ្ឌាលទេ បពិត្រព្រះគោតមដ៏ចំរើន ភាសិតនេះច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវទីពឹង ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមរៀងទៅ។
(៣. សង្គារវសុត្តំ)
[៩៣] គ្រានោះឯង សង្គារវព្រាហ្មណ៍ (ព្រាហ្មណ៍ឈ្មោះសង្គារវៈ) បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសង្គារវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូលសួរព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ បានជាមន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង ជួនកាលមិនបានប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ។ បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ បានជាមន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង ជួនកាលប្រាកដ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ។ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តត្រូវកាមរាគរួបរឹត ត្រូវកាមរាគគ្របសង្កត់ហើយ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញនូវកាមរាគ ដែលកើតឡើង សម័យនោះ ក៏មិនបានដឹង មិនបានឃើញតាមពិត នូវប្រយោជន៍របស់ខ្លួនខ្លះ សម័យនោះ មិនបានដឹង មិនបានឃើញតាមពិត នូវប្រយោជន៍អ្នកដទៃខ្លះ សម័យនោះ មិនបានដឹង មិនបានឃើញតាមពិត នូវប្រយោជន៍ទាំងពីរខ្លះ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលគេបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងមិនបានប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈពេញដោយទឹក ដែលលាយដោយល័ខ ឬរមៀត ពណ៌លឿង ឬពណ៌ហង្សបាទ បុរសមានចក្ខុ ពិចារណាមើលមុខនិមិត្តរបស់ខ្លួនក្នុងភាជនៈនោះ មិនគប្បីដឹង មិនគប្បីឃើញតាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តត្រូវកាមរាគរួបរឹត ត្រូវកាមរាគគ្របសង្កត់ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញនូវកាមរាគ ដែលកើតឡើងសម័យនោះ ក៏មិនបានដឹង មិនបានឃើញតាមពិត នូវប្រយោជន៍របស់ខ្លួនខ្លះ សម័យនោះ មិនបានដឹង មិនបានឃើញតាមពិត នូវប្រយោជន៍អ្នកដទៃខ្លះ សម័យនោះ មិនបានដឹង មិនបានឃើញតាមពិត នូវប្រយោជន៍ទាំងពីរខ្លះ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងមិនបានប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ មួយទៀត សម័យណា បុគ្គលមានចិត្តត្រូវព្យាបាទរួបរឹត ត្រូវព្យាបាទគ្របសង្កត់ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវព្យាបាទដែលកើតឡើង។បេ។ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងមិនបានប្រាកដ មិនបាច់ពោលដល់មន្តដែលមិនបានស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈពេញដោយទឹក ត្រូវភ្លើងឆេះហើយ ក៏ពុះឡើងចំហាយ បុរសមានចក្ខុ ពិចារណាមុខនិមិត្តរបស់ខ្លួនក្នុងភាជនៈនោះ មិនគប្បីដឹង មិនគប្បីឃើញតាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តត្រូវព្យាបាទរួបរឹត ត្រូវព្យាបាទគ្របសង្កត់ហើយ រមែងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវព្យាបាទដែលកើតឡើង។បេ។ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងមិនមានប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនស្វាធ្យាយឡើយ។ ម្នាលព្រាហ្មណ៍ មួយទៀត សម័យណា បុគ្គលមានចិត្តត្រូវថីនមិទ្ធរួបរឹត ត្រូវថីនមិទ្ធគ្របសង្កត់ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវថីនមិទ្ធ ដែលកើតឡើង។បេ។ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងមិនប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈពេញដោយទឹក ដែលសារាយ និងចករួបរឹត បុរសមានចក្ខុ បានពិចារណាមុខនិមិត្ត របស់ខ្លួនក្នុងភាជនៈនោះ ក៏មិនគប្បីដឹង មិនគប្បីឃើញតាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តត្រូវថីនមិទ្ធរួបរឹត ត្រូវថីនមិទ្ធគ្របសង្កត់ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវថីនមិទ្ធដែលកើតឡើង។ បេ។ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង ក៏មិនបានប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ មួយទៀតសម័យណា បុគ្គលមានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈរួបរឹត ត្រូវឧទ្ធច្ចៈ កុក្កុច្ចៈគ្របសង្កត់ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវឧទ្ធច្ចៈ កុក្កុច្ចៈដែលកើតឡើង។ បេ។ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង ក៏មិនបានប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈពេញដោយទឹក ត្រូវខ្យល់បក់ ក៏ញាប់ញ័រ កម្រើក កើតទៅជារលក បុរសមានចក្ខុ បានពិចារណា មើលមុខនិមិត្តរបស់ខ្លួន ក្នុងភាជនៈនោះ មិនគប្បីដឹង មិនគប្បីឃើញតាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈរួបរឹត ត្រូវឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើង។ បេ។ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង ក៏មិនបានប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ មួយទៀត សម័យណា បុគ្គលមានចិត្ត ត្រូវវិចិកិច្ឆារួបរឹត ត្រូវវិចិកិច្ឆាគ្របសង្កត់ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវវិចិកិច្ឆា ដែលកើតឡើង។ បេ។ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង ក៏មិនបានប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈ ពេញដោយទឹកល្អក់ មិនបាននៅនឹង កើតទៅជាភក់ បុគ្គលដំកល់ទុកក្នុងទីងងឹត បុរសមានចក្ខុ ពិចារណាមើលមុខនិមិត្តរបស់ខ្លួន ក្នុងភាជនៈនោះ ក៏មិនគប្បីដឹង មិនគប្បីឃើញតាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្ត ត្រូវវិចិកិច្ឆារួបរឹត ត្រូវវិចិកិច្ឆាគ្របសង្កត់ ទាំងមិនដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវវិចិកិច្ឆាដែលកើតឡើង។ បេ។ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង ក៏មិនបានប្រាកដ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តដែលកាមរាគ មិនបានរួបរឹត ដែលកាមរាគមិនបានគ្របសង្កត់ ទាំងដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវកាមរាគ ដែលកើតឡើង សម័យនោះ ក៏ដឹងច្បាស់ ឃើញច្បាស់តាមពិត នូវប្រយោជន៍ខ្លួនឯងខ្លះ សម័យនោះ ដឹងច្បាស់ ឃើញច្បាស់តាមពិត នូវប្រយោជន៍អ្នកដទៃខ្លះ សម័យនោះ ដឹងច្បាស់ ឃើញច្បាស់តាមពិត នូវប្រយោជន៍ទាំងពីរខ្លះ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងប្រាកដ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈពេញដោយទឹក ដែលមិនបានច្រឡំដោយល័ខ ឬរមៀត ពណ៌លឿង ឬពណ៌ហង្សបាទ បុរសមានចក្ខុ ពិចារណាមើលមុខនិមិត្ត របស់ខ្លួនក្នុងភាជនៈនោះ គប្បីដឹងច្បាស់ ឃើញច្បាស់តាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្ត ដែលកាមរាគមិនបានរួបរឹត ដែលកាមរាគមិនបានគ្របសង្កត់ ទាំងដឹងច្បាស់តាមពិត នូវកាមរាគ ដែលកើតឡើង សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់តាមពិត នូវប្រយោជន៍ខ្លួនខ្លះ សម័យនោះ ដឹងច្បាស់ ឃើញច្បាស់តាមពិត នូវប្រយោជន៍អ្នកដទៃខ្លះ សម័យនោះ ដឹងច្បាស់ ឃើញច្បាស់ តាមពិតនូវប្រយោជន៍ទាំងពីរខ្លះ (ព្រោះហេតុនោះ) មន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងប្រាកដ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ មួយទៀត សម័យណា បុគ្គលមានចិត្តដែលព្យាបាទមិនបានរួបរឹត ដែលព្យាបាទមិនបានគ្របសង្កត់ ទាំងដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវព្យាបាទ ដែលកើតឡើង។ បេ។ មន្តទាំងឡាយដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងប្រាកដ មិនបាច់ពោលដល់មន្តដែលស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈពេញដោយទឹក មិនបានក្តៅ មិនបានពុះ មិនបានចំហាយឡើងដោយភ្លើង បុរសមានចក្ខុ បានពិចារណាមើលមុខនិមិត្តរបស់ខ្លួនក្នុងភាជនៈនោះ គប្បីដឹងច្បាស់ ឃើញច្បាស់តាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្ត ដែលព្យាបាទមិនបានរួបរឹត ដែលព្យាបាទមិនបានគ្របសង្កត់ ទាំងដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវព្យាបាទដែលកើតឡើង។ បេ។ មន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងប្រាកដ មិនបាច់ពោលដល់មន្ត ដែលបានស្វាធ្យាយឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ មួយទៀត សម័យណា បុគ្គលមានចិត្ត ដែលថីនមិទ្ធមិនបានរួបរឹត ដែលថីនមិទ្ធមិនបានគ្របសង្កត់ ទាំងដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវថីនមិទ្ធ ដែលកើតឡើង។ បេ។ មន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងប្រាកដ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈពេញដោយទឹក ដែលសារាយ និងចកមិនបានរួបរឹត បុរសមានចក្ខុ បានពិចារណាមើលមុខនិមិត្តរបស់ខ្លួន ក្នុងភាជនៈនោះ គប្បីដឹងច្បាស់ ឃើញច្បាស់តាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្ត ដែលថីនមិទ្ធមិនបានរួបរឹត ដែលថីនមិទ្ធមិនបានគ្របសង្កត់ ទាំងដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវថីនមិទ្ធ ដែលកើតឡើង។ បេ។ មន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងប្រាកដ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ មួយទៀត សម័យណា បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈមិនបានរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈមិនបានគ្របសង្កត់ ទាំងដឹងច្បាស់តាមពិត នូវការរលាស់ចេញនូវឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើង។ បេ។ មន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងប្រាកដ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈពេញដោយទឹក ដែលខ្យល់មិនបានបក់ មិនបានឲ្យកំរើក មិនបានឲ្យញាប់ញ័រ មិនមានរលក បុរសមានចក្ខុ បានពិចារណាមើលមុខនិមិត្តរបស់ខ្លួន ក្នុងភាជនៈនោះ គប្បីដឹងច្បាស់ ឃើញច្បាស់តាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តដែលឧទ្ធច្ចកុក្កុច្ចៈ មិនបានរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈ មិនបានគ្របសង្កត់ ទាំងដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើង។ បេ។ មន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងប្រាកដ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ មួយទៀត សម័យណា បុគ្គលមានចិត្តដែលវិចិកិច្ឆាមិនបានរួបរឹត ដែលវិចិកិច្ឆាមិនបានគ្របសង្កត់ហើយ ទាំងដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវវិចិកិច្ឆាដែលកើតឡើង។ បេ។ មន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងប្រាកដ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ ម្នាលព្រាហ្មណ៍ ដូចភាជនៈពេញដោយទឹកថ្លាស្អាត មិនល្អក់ ដែលបុគ្គលយកទៅដំកល់ទុកក្នុងទីមានពន្លឺ បុរសមានចក្ខុ បានពិចារណាមើលមុខនិមិត្តរបស់ខ្លួន ក្នុងភាជនៈនោះ គប្បីដឹងច្បាស់ ឃើញច្បាស់តាមពិត យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ សម័យណា បុគ្គលមានចិត្តដែលវិចិកិច្ឆា មិនបានរួបរឹត ដែលវិចិកិច្ឆា មិនបានគ្របសង្កត់ ទាំងដឹងច្បាស់តាមពិត នូវការរលាស់ចេញ នូវវិចិកិច្ឆា ដែលកើតឡើង។ បេ។ មន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងប្រាកដ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ ក៏យ៉ាងនោះដែរ។ ម្នាលព្រាហ្មណ៍ នេះឯងជាហេតុ នេះឯងជាបច្ច័យ ឲ្យមន្តទាំងឡាយ ដែលបុគ្គលបានស្វាធ្យាយ អស់កាលជាយូរអង្វែង មិនឲ្យប្រាកដ ក្នុងកាលខ្លះ មិនបាច់ពោលដល់មន្ត ដែលមិនបានស្វាធ្យាយឡើយ។ ម្នាលព្រាហ្មណ៍ នេះឯងជាហេតុ នេះឯងជាបច្ច័យ ឲ្យមន្តទាំងឡាយ ដែលបុគ្គលមិនបានស្វាធ្យាយ អស់កាលជាយូរអង្វែង រមែងឲ្យប្រាកដ ក្នុងកាលខ្លះ មិនបាច់ពោលដល់មន្ត ដែលស្វាធ្យាយឡើយ។ បពិត្រព្រះគោតមដ៏ចំរើន ភាសិតនេះច្បាស់ណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។
(៤. ការណបាលីសុត្តំ)
[៩៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ជិតមហាវន ក្បែរក្រុងវេសាលី។ ក៏ក្នុងសម័យនោះឯង ការណបាលិព្រាហ្មណ៍ (ព្រាហ្មណ៍ឈ្មោះការណបាលី) តែងប្រើជនឲ្យធ្វើការងារ របស់ពួកលិច្ឆវិរាជ។ ការណបាលិព្រាហ្មណ៍ បានឃើញបិង្គិយានិព្រាហ្មណ៍ (ព្រាហ្មណ៍ឈ្មោះបិង្គិយានិ) កំពុងដើរមកអំពីចម្ងាយ ក៏និយាយទៅនឹងបិង្គិយានិព្រាហ្មណ៍ ដូច្នេះថា បិង្គិយានិដ៏ចំរើន មកពីណាហ្ន៎ ក្នុងវេលាថ្ងៃត្រង់។ ម្នាលអ្នកដ៏ចំរើន ខ្ញុំទើបនឹងមកអំពីសំណាក់ព្រះសមណគោតម ក្នុងទីឯណោះ។ បិង្គិយានិដ៏ចំរើនសំគាល់នូវហេតុនោះដូចម្តេច សំគាល់ក្នុងសេចក្តីឈ្លាសវៃ ដោយប្រាជ្ញារបស់ព្រះសមណគោតមថាជាបណ្ឌិតឬ។ ម្នាលអ្នកដ៏ចំរើន ខ្ញុំជាអ្វី ខ្ញុំនឹងដឹងក្នុងការឈ្លាសវៃ ដោយប្រាជ្ញារបស់ព្រះសមណគោតម ដូចម្តេចបាន។ បុគ្គលណា ដឹងក្នុងការឈ្លាសវៃ ដោយប្រាជ្ញារបស់ព្រះសមណគោតមបាន បុគ្គលនោះ ស្រដៀងគ្នានឹងព្រះសមណគោតមដោយពិត ឮថាបិង្គិយានិដ៏ចំរើន រមែងសរសើរព្រះសមណគោតម ដោយពាក្យសរសើរដ៏លើសលុបដូច្នេះ ម្នាលអ្នកដ៏ចំរើន ខ្ញុំជាអ្វី ខ្ញុំនឹងសរសើរព្រះសមណគោតម ដូចម្តេច។ ព្រះគោតមដ៏ចំរើននោះ ប្រសើរក្រៃពេក ប្រសើរជាងទេវតា និងមនុស្សទាំងឡាយដូច្នេះ បិង្គិយានិដ៏ចំរើន ឃើញនូវអំណាចប្រយោជន៍ដូចម្តេច បានជាជ្រះថ្លា ក្នុងព្រះសមណគោតមយ៉ាងនេះ ម្នាលអ្នកដ៏ចំរើន ដូចបុរស ដែលឆ្អែតដោយរសដ៏ប្រសើរ រមែងមិនប្រាថ្នានូវរសទាំងឡាយដទៃ ដ៏ថោកទាបឡើយ យ៉ាងណាមិញ ម្នាលអ្នកដ៏ចំរើន (បុរស) រមែងស្តាប់ធម៌ ទោះបីជាសុត្តៈ ឬជាគេយ្យៈ ទោះបីជាវេយ្យាករណៈ ឬជាអព្ភូតធម្មៈ របស់ព្រះគោតមដ៏ចំរើននោះ ក្នុងកាលណាៗហើយ (បុរសនោះ) ក៏មិនប្រាថ្នានូវវាទៈ របស់ពួកសមណព្រាហ្មណ៍ជាច្រើនដទៃ ក្នុងកាលនោះៗឡើយ ម្នាលអ្នកដ៏ចំរើន មួយទៀត ដូចបុរសត្រូវសេចក្តីស្រេកឃ្លាន និងភាពនៃកម្លាំងថមថយ គ្របសង្កត់ហើយ គប្បីបាននូវនំមានរសឆ្ងាញ់ បុរសនោះ លិទ្ធភ្លក់ ក្នុងកាលណាៗ ក៏បាននូវរសឆ្ងាញ់ ដ៏មិនលាយឡំ ក្នុងកាលនោះៗ យ៉ាងណាមិញ ម្នាលអ្នកដ៏ចំរើន (បុរស) ស្តាប់ធម៌ ទោះបីសុត្តៈ ឬ គេយ្យៈ ទោះបីវេយ្យាករណៈ ឬអព្ភូតធម្មៈ របស់ព្រះគោតមដ៏ចំរើននោះ ក្នុងកាលណាៗ តែងបាននូវភាវៈពេញចិត្ត តែងបាននូវសេចក្តីជ្រះថ្លានៃចិត្ត ក្នុងកាលនោះៗ ក៏យ៉ាងនោះឯង។ ម្នាលអ្នកដ៏ចំរើន មួយទៀត ដូចបុរសបានដុំខ្លឹមចន្ទន៍ នៃខ្លឹមចន្ទន៍លឿង ឬខ្លឹមចន្ទន៍ក្រហម ហើយគប្បីហិតស្រូប ទោះបីអំពីគល់ ឬអំពីកណ្តាល ឬអំពីចុង ក្នុងកាលណាៗ គង់បាននូវក្លិនក្រអូប មិនលាយឡំដូចគ្នា យ៉ាងណាមិញ ម្នាលអ្នកដ៏ចំរើន (បុរស) ស្តាប់ធម៌ ទោះបីសុត្តៈ ឬគេយ្យៈ ទោះបីវេយ្យករណៈ ឬអព្ភូតធម្មៈ របស់ព្រះគោតមដ៏ចំរើននោះ ក្នុងកាលណាៗ ហើយ តែងបាននូវបាមោជ្ជៈ តែងបាននូវសោមនស្ស ក្នុងកាលនោះៗ ក៏យ៉ាងនោះឯង។ ម្នាលអ្នកដ៏ចំរើន មួយទៀត ដូចបុរសមានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺធ្ងន់ ពេទ្យអ្នកឈ្លាសអង់អាច គប្បីនាំបង់ នូវអាពាធ របស់បុរសនោះចេញបាន ដោយឋានៈ យ៉ាងណាមិញ ម្នាលអ្នកដ៏ចំរើន (បុរស) ស្តាប់នូវធម៌ ទោះបីសុត្តៈ ឬ គេយ្យៈ ទោះបីវេយ្យាករណៈ ឬអព្ភូតធម្មៈ របស់ព្រះគោតមដ៏ចំរើននោះ ក្នុងកាលណាៗហើយ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ ក៏ដល់នូវសេចក្តីវិនាស ក្នុងកាលនោះៗ ក៏យ៉ាងនោះឯង។ ម្នាលអ្នកដ៏ចំរើន មួយទៀត ដូចស្រះបោក្ខរណីមានទឹកថ្លា មានទឹកឆ្ងាញ់ មានទឹកត្រជាក់ មានទឹកស មានកំពង់រាបស្មើ គួរជាទីត្រេកអរ ជួនជាមានបុរសម្នាក់មកដល់ បុរសនោះ ត្រូវសេចក្តីក្តៅរោលរាល ត្រូវសេចក្តីក្តៅគ្របសង្កត់ នឿយព្រួយលំបាកតាមផ្លូវ តក់ស្លុតស្រេកឃ្លាន ក៏ចុះទៅកាន់ស្រះបោក្ខរណីនោះ ងូតផង ផឹកផង គប្បីកំចាត់បង់ នូវសេចក្តីក្រវល់ក្រវាយ សេចក្តីលំបាក សេចក្តីក្តៅក្រហាយទាំងពួងបាន យ៉ាងណាមិញ ម្នាលអ្នកដ៏ចំរើន (បុរស) ស្តាប់ធម៌ ទោះបីសុត្តៈ ឬគេយ្យៈ ទោះបីវេយ្យាករណៈ ឬអព្ភូតធម្មៈ របស់ព្រះគោតមដ៏ចំរើននោះ ក្នុងកាលណាៗ ហើយ សេចក្តីក្រវល់ក្រវាយ សេចក្តីលំបាក សេចក្តីក្តៅក្រហាយទាំងពួង ក៏ស្ងប់រម្ងាប់ទៅ ក្នុងកាលនោះៗ ក៏យ៉ាងនោះឯង។ កាលដែលបិង្គិយានិព្រាហ្មណ៍ ពោលយ៉ាងនេះហើយ ការណបាលិព្រាហ្មណ៍ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយលុតមណ្ឌលជង្គង់ខាងស្តាំលើផែនដី ប្រណម្យអញ្ជលី ចំពោះទៅព្រះដ៏មានព្រះភាគ ហើយបន្លឺនូវឧទាន ជាគំរប់ ៣ ដងថា សូមនមស្ការព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ សូមនមស្ការព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ សូមនមស្ការព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។ ម្នាលបិង្គិយានិដ៏ចំរើន ច្បាស់ណាស់ ម្នាលបិង្គិយានិដ៏ចំរើន ច្បាស់ពេកណាស់ ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬបើកបង្ហាញរបស់ដែលកំបាំង ពុំនោះដូចជាគេ ប្រាប់ផ្លូវ ដល់អ្នកវង្វេង ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានចក្ខុ តែងឃើញនូវរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលបិង្គិយានិដ៏ចំរើន បានប្រកាសដោយអនេកបរិយាយ ក៏យ៉ាងនោះឯង។ ម្នាលបិង្គិយានិដ៏ចំរើន ខ្ញុំសូមដល់នូវព្រះគោតមដ៏ចំរើននោះផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូមបិង្គិយានិដ៏ចំរើនចាំទុកនូវខ្ញុំថា ជាឧបាសកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។
(៥. បិង្គិយានីសុត្តំ)
[៩៥] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងកូដាគារសាលា ជិតព្រៃមហាវនក្បែរក្រុងវេសាលី។ ក្នុងសម័យនោះឯង ពួកស្តេចលិច្ឆវីប្រមាណ ៥០០ អង្គ នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ។ ពួកស្តេចលិច្ឆវីខ្លះ មានគ្រឿងប្រដាប់ខៀវ មានសម្បុរខៀវ មានសំពត់ខៀវ មានគ្រឿងតាក់តែងខៀវ ពួកស្តេចលិច្ឆវីខ្លះ មានគ្រឿងប្រដាប់លឿង មានសម្បុរលឿង មានសំពត់លឿង មានគ្រឿងតាក់តែងលឿង ពួកស្តេចលិច្ឆវីខ្លះ មានគ្រឿងប្រដាប់ក្រហម មានសម្បុរក្រហម មានសំពត់ក្រហម មានគ្រឿងតាក់តែងក្រហម ពួកស្តេចលិច្ឆវីខ្លះ មានគ្រឿងប្រដាប់ស មានសម្បុរស មានសំពត់ស មានគ្រឿងតាក់តែងស ព្រះដ៏មានព្រះភាគ រមែងរុងរឿងកន្លងពួកស្តេចលិច្ឆវីនោះ ដោយសម្បុរផង ដោយយសផង។ គ្រានោះ បិង្គិយានិព្រាហ្មណ៍ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ ហើយក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ សំដែងបន្តិច បពិត្រព្រះសុគត ខ្ញុំព្រះអង្គសំដែងបន្តិច។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបិង្គិយានី អ្នកចូរសំដែងចុះ។ គ្រានោះឯង បិង្គិយានិព្រាហ្មណ៍ ក៏ពោលសរសើរ ដោយសាររូបគាថា ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា
ផ្កាឈូកឈ្មោះកោកនុទៈ មានក្លិនក្រអូប រីកអំពីព្រឹក មានក្លិនមិនបានទៅប្រាស យ៉ាងណាមិញ អ្នកចូរមើលព្រះដ៏មានព្រះភាគ មានរស្មីផ្សាយចេញពីព្រះអង្គ ដ៏រុងរឿង ដូចព្រះអាទិត្យ ដែលរុងរឿង ក្នុងកណ្តាលពពក ក៏យ៉ាងនោះឯង។
គ្រានោះឯង ពួកស្តេចលិច្ឆវីទាំងនោះ បានញុំាងបិង្គិយានិព្រាហ្មណ៍ ឲ្យស្លៀកដណ្តប់ ដោយសំពត់ឧត្តរាសង្គៈ ៥០០។ លំដាប់នោះឯង បិង្គិយានិព្រាហ្មណ៍ បានញុំាងព្រះដ៏មានព្រះភាគ ឲ្យស្លៀកដណ្តប់ ដោយសំពត់ឧត្តរាសង្គៈ ទាំង ៥០០ នោះ។ វេលានោះ ព្រះដ៏មានព្រះភាគ បានត្រាស់ទៅនឹងពួកស្តេចលិច្ឆវីទាំងនោះ ដូច្នេះថា ការកើតប្រាកដនៃរតនៈ ៥ យ៉ាង រកបានដោយកម្រ ក្នុងលោក។ ការកើតប្រាកដនៃរតនៈទាំង ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺការកើតប្រាកដនៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ រកបានដោយកម្រ ក្នុងលោក ១ បុគ្គលដែលចេះសំដែងធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ រកបានដោយកម្រ ក្នុងលោក ១ បុគ្គលដែលដឹងច្បាស់លាស់នូវធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ សំដែងហើយ រកបានដោយកម្រ ក្នុងលោក ១ បុគ្គលដែលដឹងច្បាស់លាស់ នូវធម្មវិន័យ ដែលព្រះតថាគតប្រកាសហើយ សំដែងហើយ ប្រតិបត្តិនូវធម៌តាមធម៌ រកបានដោយកម្រ ក្នុងលោក ១ កតញ្ញុកតវេទីបុគ្គល រកបានដោយកម្រ ក្នុងលោក ១។ ម្នាលលិច្ឆវីទាំងឡាយ ការកើតប្រាកដ នៃរតនៈទាំង ៥ យ៉ាងនេះឯង រកបានដោយកម្រក្នុងលោក។
(៦. មហាសុបិនសុត្តំ)
[៩៦] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វមិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មានមហាសុបិន ៥ យ៉ាង កើតឡើងប្រាកដ។ មហាសុបិន ៥ នោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហា ប្រឋពីនេះ ជាសំណឹងដ៏ប្រសើរ ស្តេចភ្នំឈ្មោះហិមវន្តជាខ្នើយ ព្រះហស្តឆ្វេងសណ្តូកចុះ ក្នុងសមុទ្រខាងកើត ព្រះហស្តស្តាំសណ្តូកចុះ ក្នុងសមុទ្រខាងលិច ព្រះបាទទាំងគូសណ្តូកចុះ ក្នុងសមុទ្រខាងត្បូង។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទី ១ នេះ ក៏កើតឡើងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មានស្មៅចិញ្ចៀន ១ សរសៃ ដុះលេចអំពីផ្ចិតទៅទល់នឹងអាកាស ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទី ២ នេះ ក៏កើតឡើងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មានពួកសត្វដង្កូវខ្លួនស ក្បាលខ្មៅ វារចេញអំពីព្រះបាទទាំងគូ (ចាប់ដើមអំពីចុងក្រចក) ចោមរោមជិត ដរាបដល់មណ្ឌលនៃជង្គង់ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទី ៣ នេះ ក៏កើតឡើងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មានសត្វបក្សី ៤ ពួក មានសម្បុរផ្សេងៗគ្នា ហើរមកអំពីទិសទាំង ៤ មកក្រាបចុះទៀបបាទមូល ក៏ត្រឡប់ជាមានសម្បុរសទាំងអស់ទៅវិញ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទី ៤ នេះ ក៏កើតឡើងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង រមែងចង្រ្កមលើភ្នំលាមកធំ មិនបានប្រឡាក់ដោយលាមកឡើយ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទី ៥ នេះ ក៏កើតឡើងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង ផែនដីធំនេះ ជាសយនៈដ៏ប្រសើរ ស្តេចភ្នំហិមវន្តជាខ្នើយ ព្រះហស្តឆ្វេងសណ្តូកចុះ ក្នុងសមុទ្រខាងកើត ព្រះហស្តស្តាំសណ្តូកចុះ ក្នុងសមុទ្រខាងលិច ព្រះបាទទាំងគូសណ្តូកចុះ ក្នុងសមុទ្រខាងត្បូង ម្នាលភិក្ខុទាំងឡាយ នេះជាមហាសុបិនទី ១ កើតឡើងប្រាកដ ដើម្បីត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណ ដែលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ បានត្រាស់ដឹងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មានស្មៅចិញ្ចៀន ១ សរសៃ ដុះលេចអំពីផ្ចិត ទៅទល់នឹងអាកាស ម្នាលភិក្ខុទាំងឡាយ នេះជាមហាសុបិនទី ២ កើតឡើងប្រាកដ ដើម្បីត្រាស់ដឹង នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ បានត្រាស់ដឹងហើយ ដរាបតែទេវតា និងមនុស្សទាំងឡាយ ប្រកាសបានដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មានពួកដង្កូវខ្លួនស ក្បាលខ្មៅ វារចេញអំពីព្រះបាទទាំងគូ ចោមរោមជិត ដរាបដល់មណ្ឌលនៃជង្គង់ ម្នាលភិក្ខុទាំងឡាយ នេះជាមហាសុបិនទី ៣ កើតឡើងប្រាកដ ដើម្បីត្រាស់ដឹង (នូវគុណ) ដែលពួកគ្រហស្ថច្រើន ស្លៀកពាក់គ្រឿងប្រដាប់មានពណ៌ស ដល់នូវព្រះតថាគត ជាសរណៈស្មើដោយជីវិត។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មានសត្វស្លាប ៤ ពួក មានសម្បុរផ្សេងៗគ្នា ហើរមកអំពីទិសទាំង ៤ មកក្រាបទៀបបាទមូល មានខ្លួនត្រឡប់ជាសទាំងអស់ ម្នាលភិក្ខុទាំងឡាយ នេះជាមហាសុបិនទី ៤ កើតឡើងប្រាកដ ដើម្បីត្រាស់ដឹង (នូវគុណ) ដែលវណ្ណៈទាំង ៤ នេះ គឺ ខត្តិយៈ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្រៈ ១ វណ្ណៈទាំង ៤ នោះ ចេញចាកផ្ទះ មកបួសក្នុងធម្មវិន័យ ដែលព្រះតថាគត បានសំដែងហើយ ធ្វើឲ្យជាក់ច្បាស់ នូវវិមត្តិដ៏ប្រសើរ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង រមែងចង្រ្កមលើភ្នំលាមក មិនប្រឡាក់ដោយលាមកឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាមហាសុបិនទី ៥ កើតឡើងប្រាកដ ដើម្បីត្រាស់ដឹង (នូវគុណ) ដែលព្រះតថាគត ជាបុគ្គលមានលាភ គឺបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តែព្រះតថាគត មិនបានជាប់ចំពាក់ មិនបានជ្រប់ មិនបានសុបសៅ ក្នុងលាភទាំងនោះឡើយ មានការឃើញលាភនោះ ថាជាទោស មានបញ្ញាជាគ្រឿងរលាស់ចេញ ហើយទើបបរិភោគ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទាំង ៥ នេះ ក៏បានកើតឡើងប្រាកដ។
(៧. វស្សសុត្តំ)
[៩៧] ម្នាលភិក្ខុទាំងឡាយ អន្តរាយនៃភ្លៀងនេះ មាន ៥ យ៉ាង ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។ អន្តរាយនៃភ្លៀង ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តេជោធាតុ កើតឡើង ក្នុងអាកាសខាងលើ ដោយហេតុនោះហើយ បានជាមេឃ (ពពក) តាំងឡើង ត្រឡប់ជាស្រឡះទៅវិញ ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀងទី ១ ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត វាយោធាតុកើតឡើង ក្នុងអាកាសខាងលើ ដោយហេតុនោះហើយ បានជាមេឃតាំងឡើង ត្រឡប់ជាស្រឡះទៅវិញ ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀងទី ២ ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រាហុអសុរិន្ទ ត្រងទឹកដោយដៃ ហើយជះទៅ ក្នុងមហាសមុទ្រ ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀងទី ៣ ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកវស្សវលាហកទេវបុត្ត ធ្វេសប្រហែស ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀងទី ៤ ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកមនុស្សជាអ្នកមិនប្រកបដោយធម៌ ម្នាលភិក្ខុទាំងឡាយ នេះជាអន្តរាយនៃភ្លៀងទី ៥ ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។ ម្នាលភិក្ខុទាំងឡាយ អន្តរាយនៃភ្លៀង មាន ៥ យ៉ាងនេះឯង ដែលពួកជនអ្នកទាយនូវនិមិត្ត មិនបានដឹង ទាំងចក្ខុរបស់ពួកជនអ្នកទាយនូវនិមិត្ត ក៏មិនមុតធ្លុះ។
(៨. វាចាសុត្តំ)
[៩៨] ម្នាលភិក្ខុទាំងឡាយ វាចាដែលប្រកបដោយអង្គ ៥ ឈ្មោះថាសុភាសិត មិនមែនជាទុព្ភាសិត ជាវាចាមិនប្រកបដោយទោសផង ដែលពួកអ្នកប្រាជ្ញា មិនគប្បីតិះដៀលផង។ វាចាដែលប្រកបដោយអង្គ ៥ តើដូចម្តេច។ គឺវាចាដែលពោលប្រកបតាមកាល ១ វាចាដែលពោលពិត ១ វាចាដែលពោលទន់ភ្លន់ ១ វាចាដែលពោលប្រកបដោយប្រយោជន៍ ១ វាចាដែលពោលប្រកបដោយមេត្តាចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ វាចាដែលប្រកបដោយអង្គ ៥ នេះឯង ឈ្មោះថាសុភាសិត មិនមែនជាទុព្ភាសិតទេ ជាវាចាមិនប្រកបដោយទោសផង ដែលពួកអ្នកប្រាជ្ញ មិនគប្បីតិះដៀលផង។
(៩. កុលសុត្តំ)
[៩៩] ម្នាលភិក្ខុទាំងឡាយ ពួកបព្វជិតមានសីល ចូលទៅកាន់ត្រកូលណាហើយ ពួកមនុស្សក្នុងត្រកូលនោះ រមែងបានបុណ្យច្រើន ដោយឋានៈ ៥ យ៉ាង។ ឋានៈ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ មនុស្សទាំងឡាយ បានឃើញ ក៏មានចិត្តជ្រះថ្លា ម្នាលភិក្ខុទាំងឡាយ ត្រកូលនោះ ក៏ប្រតិបត្តិ ប្រព្រឹត្តទៅ ដើម្បីទៅកាន់ស្ថានសួគ៌ ក្នុងសម័យនោះ ១។ ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ ពួកមនុស្ស រមែងក្រោកទទួលថ្វាយបង្គំ ក្រាលអាសនៈប្រគេន ម្នាលភិក្ខុទាំងឡាយ ត្រកូលនោះ ក៏ប្រតិបត្តិនូវបដិបទាប្រព្រឹត្តទៅ ដើម្បីទៅកាន់ត្រកូលខ្ពង់ខ្ពស់ ក្នុងសម័យនោះ ១។ ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ ពួកមនុស្ស ក៏បន្ទោបង់មន្ទិល គឺសេចក្តីកំណាញ់ ម្នាលភិក្ខុទាំងឡាយ ត្រកូលនោះ ក៏ប្រតិបត្តិនូវបដិបទា ប្រព្រឹត្តទៅ ដើម្បីបាននូវយសសក្តិធំ ក្នុងសម័យនោះ ១។ ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ ពួកមនុស្ស រមែងចែករលែក (នូវទាន) តាមសមគួរដល់សេចក្តីអង់អាច តាមសមគួរដល់កម្លាំង ម្នាលភិក្ខុទាំងឡាយ ត្រកូលនោះ ក៏ប្រតិបត្តិនូវបដិបទា ប្រព្រឹត្តទៅ ដើម្បីបាននូវភោគសម្បត្តិច្រើន ក្នុងសម័យនោះ ១។ ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ ពួកមនុស្ស ក៏សាកសួរ សាកច្ឆាស្តាប់ធម៌ ម្នាលភិក្ខុទាំងឡាយ ត្រកូលនោះ ក៏ប្រតិបត្តិនូវបដិបទា ប្រព្រឹត្តទៅ ដើម្បីបាននូវបញ្ញាច្រើន ក្នុងសម័យនោះ ១។ ម្នាលភិក្ខុទាំងឡាយ ពួកបព្វជិតមានសីល ចូលទៅកាន់ត្រកូលក្នុងសម័យណាហើយ ពួកមនុស្សក្នុងត្រកូលនោះ រមែងបានបុណ្យច្រើន ដោយឋានៈ ៥ យ៉ាងនេះ។
(១០. និស្សារណីយសុត្តំ)
[១០០] ម្នាលភិក្ខុទាំងឡាយ ពួកធាតុដែលគួររលាស់ចេញនេះ មាន ៥ យ៉ាង។ ធាតុដែលគួររលាស់ចេញ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្ត នូវកាមទាំងឡាយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់នៅ ក្នុងកាមទាំងឡាយ មួយទៀត កាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវនេក្ខម្មៈ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ក្នុងនេក្ខម្មៈ ចិត្តនោះ របស់ភិក្ខុនោះ ក៏ប្រព្រឹត្តទៅល្អ ចំរើនល្អ ដាច់ស្រឡះ ផុតស្រឡះ ប្រាសស្រឡះ ចាកកាមទាំងឡាយ អាសវៈទាំងឡាយណា មានកាមជាបច្ច័យ នាំមកនូវសេចក្តីទុក្ខ និងសេចក្តីក្រវល់ក្រវាយកើតឡើង បុគ្គលនោះ ក៏ផុតចាកអាសវៈទាំងនោះ បុគ្គលនោះ ក៏លែងទទួលនូវវេទនានោះ។ នេះហៅថា ការរលាស់ចេញនូវកាមទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុកក្នុងចិត្តនូវសេចក្តីព្យាបាទ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់នៅ ក្នុងសេចក្តីព្យាបាទ កាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវសេចក្តីមិនព្យាបាទ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ក្នុងសេចក្តីមិនព្យាបាទ ចិត្តនោះរបស់ភិក្ខុនោះ ប្រព្រឹត្តទៅល្អ ចំរើនល្អ ដាច់ស្រឡះ ផុតស្រឡះ ប្រាសស្រឡះ ចាកសេចក្តីព្យាបាទ អាសវៈទាំងឡាយណា មានព្យាបាទជាបច្ច័យ នាំមកនូវសេចក្តីទុក្ខ និងសេចក្តីក្រវល់ក្រវាយកើតឡើង បុគ្គលនោះ ក៏ផុតចាកអាសវៈទាំងនោះ បុគ្គលនោះ ក៏លែងទទួលនូវវេទនានោះ។ នេះហៅថា ការរលាស់ចេញនូវព្យាបាទ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុកក្នុងចិត្ត នូវសេចក្តីបៀតបៀន ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់នៅ ក្នុងសេចក្តីបៀតបៀន កាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវសេចក្តីមិនបៀតបៀន ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ក្នុងសេចក្តីមិនបៀតបៀន ចិត្តនោះ របស់ភិក្ខុនោះ ប្រព្រឹត្តទៅល្អ ចំរើនល្អ ដាច់ស្រឡះ ផុតស្រឡះ ប្រាសស្រឡះ ចាកសេចក្តីបៀតបៀន ឯអាសវៈទាំងឡាយណា មានសេចក្តីបៀតបៀនជាបច្ច័យ នាំមកនូវសេចក្តីទុក្ខ និងសេចក្តីក្រវល់ក្រវាយកើតឡើង បុគ្គលនោះ ក៏ផុតចាកអាសវៈទាំងនោះ បុគ្គលនោះ លែងទទួលនូវវេទនានោះ។ នេះហៅថា ការរលាស់ចេញ នូវសេចក្តីបៀតបៀន។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុកក្នុងចិត្ត ក្នុងរូបទាំងឡាយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់នៅ ក្នុងរូបទាំងឡាយ កាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវរូប ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ក្នុងអរូបបាន ចិត្តនោះ របស់ភិក្ខុនោះ ប្រព្រឹត្តទៅល្អ ចំរើនល្អ ដាច់ស្រឡះ ផុតស្រឡះ ប្រាសស្រឡះ ចាករូបទាំងឡាយ អាសវៈទាំងឡាយណា មានរូបជាបច្ច័យ នាំមកនូវសេចក្តីទុក្ខ និងក្រវល់ក្រវាយកើតឡើង ភិក្ខុនោះ ក៏ផុតចាកអាសវៈទាំងនោះ ភិក្ខុនោះ លែងទទួលនូវវេទនានោះ។ នេះហៅថា ការរលាស់ចេញនូវរូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុធ្វើទុកក្នុងចិត្តនូវសក្កាយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រប់នៅក្នុងសក្កាយ កាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសក្កាយនិរោធតែមួយយ៉ាង ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ក្នុងសកា្កយនិរោធបាន ចិត្តនោះ របស់ភិក្ខុនោះ ប្រព្រឹត្តទៅល្អ ចំរើនល្អ ដាច់ស្រឡះ ផុតស្រឡះ ប្រាសស្រឡះ ចាកសក្កាយ អាសវៈទាំងឡាយណា មានសកា្កយជាបច្ច័យ នាំមកនូវសេចក្តីទុក្ខ និងសេចក្តីក្រវល់ក្រវាយកើតឡើង ភិក្ខុនោះ ក៏ផុតចាកអាសវៈទាំងនោះ ភិក្ខុនោះ លែងទទួលនូវវេទនានោះ។ នេះហៅថា ការរលាស់ចេញនូវសក្កាយ។ សេចក្តីត្រេកអរ ក្នុងកាមក្តី របស់ភិក្ខុនោះ ក៏មិនបានកើត សេចក្តីត្រេកអរ ក្នុងការព្យាបាទក្តី ក៏មិនបានកើត សេចក្តីត្រេកអរ ក្នុងការបៀតបៀនក្តី ក៏មិនបានកើត សេចក្តីត្រេកអរក្នុងរូបក្តី ក៏មិនបានកើត សេចក្តីត្រេកអរ ក្នុងសក្កាយក្តី ក៏មិនបានកើត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា មិនមានសេចក្តីអាល័យ បានផ្តាច់បង់នូវតណ្ហា បានកំចាត់កំចាយ នូវសញ្ញោជនៈ ព្រោះមិនដេកត្រាំ ក្នុងសេចក្តីត្រេកអរក្នុងកាមផង មិនដេកត្រាំក្នុងសេចក្តីត្រេកអរ ក្នុងព្យាបាទផង មិនដេកត្រាំក្នុងសេចក្តីត្រេកអរ ក្នុងការបៀតបៀនផង មិនដេកត្រាំក្នុងសេចក្តីត្រេកអរ ក្នុងរូបផង មិនដេកត្រាំ ក្នុងសេចក្តីត្រេកអរ ក្នុងសក្កាយផង ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះបានត្រាស់ដឹង នូវមានះដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ធាតុទាំងឡាយ ដែលគួររលាស់ចេញ មាន ៥ យ៉ាងនេះឯង។
ចប់ព្រាហ្មណវគ្គ ទី៥។
ចប់ បណ្ណាសក ទី៤។
ឧទ្ទាននៃព្រាហ្មណវគ្គនោះ គឺ
និយាយអំពីសោណព្រាហ្មណ៍ ១ ទោណព្រាហ្មណ៍ ១ សង្គារវព្រាហ្មណ៍ ១ ការណបាលិព្រាហ្មណ៍ ១ បិង្គិយានិព្រាហ្មណ៍ ១ មហាសុបិន ១ រឿងភ្លៀង ១ វាចា ១ ត្រកូល ១ ធាតុទាំងឡាយ ដែលគួររលាស់ចេញ ១។
(៥. បញ្ចមបណ្ណាសកំ)
((២១) ១. កិមិលវគ្គោ)
(១. កិមិលសុត្តំ)
[១០១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវន ជិតស្រុកកិមិលា។ គ្រានោះ ព្រះកិមិលៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះកិមិលៈដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគតបរិនិព្វានទៅ ព្រះសទ្ធម្មមិនប្រតិស្ឋាននៅយូរបាន។ ម្នាលកិមិល កាលព្រះតថាគតបរិនិព្វានទៅ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ មិនគោរព មិនកោតក្រែងក្នុងព្រះសាស្តា មិនគោរព មិនកោតក្រែង ក្នុងព្រះធម៌ មិនគោរព មិនកោតក្រែង ក្នុងព្រះសង្ឃ មិនគោរព មិនកោតក្រែង ក្នុងសិក្ខា មិនគោរព មិនកោតក្រែង នូវគ្នានិងគ្នា។ ម្នាលកិមិលៈ នេះឯងជាហេតុ នេះជាបច្ច័យ ដែលព្រះតថាគតបរិនិព្វានទៅ ព្រះសទ្ធម្មមិនប្រតិស្ឋាននៅយូរបាន។ បពិត្រព្រះអង្គដ៏ចំរើនចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគតបរិនិព្វានទៅ ព្រះសទ្ធម្មប្រតិស្ឋាននៅយូរបាន។ ម្នាលកិមិលៈ កាលព្រះតថាគតបរិនិព្វានទៅ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ មានសេចក្តីគោរព កោតក្រែង ក្នុងព្រះសាស្តា មានសេចក្តីគោរពកោតក្រែង ក្នុងព្រះធម៌ មានសេចក្តីគោរពកោតក្រែង ក្នុងព្រះសង្ឃ មានសេចក្តីគោរពកោតក្រែង ក្នុងសិក្ខា មានសេចក្តីគោរពកោតក្រែង នូវគ្នានិងគ្នា។ ម្នាលកិមិលៈ នេះឯងជាហេតុ នេះជាបច្ច័យ ដែលព្រះតថាគតបរិនិព្វានទៅ ព្រះសទ្ធម្មប្រតិស្ឋាននៅយូរបាន។
(២. ធម្មស្សវនសុត្តំ)
[១០២] ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃការស្តាប់ព្រះសទ្ធម្ម នេះមាន ៥ យ៉ាង។ អានិសង្ស ៥យ៉ាង គឺអ្វីខ្លះ។ គឺអ្នកស្តាប់តែងបានស្តាប់រឿងមិនទាន់បានស្តាប់ ១ រឿងណាដែលធ្លាប់ស្តាប់ហើយ តែមិនទាន់ចូលចិត្តច្បាស់ នឹងចូលចិត្តច្បាស់ឡើងបាន ១ កំចាត់បង់សេចក្តីសង្ស័យចេញបាន ១ ធ្វើសេចក្តីឃើញឲ្យត្រង់ ១ ចិត្តអ្នកស្តាប់ រមែងជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃការស្តាប់ធម៌ មាន ៥ យ៉ាងនេះឯង។
(៣. អស្សាជានីយសុត្តំ)
[១០៣] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន របស់ព្រះរាជា ប្រកបដោយអង្គ ៥ ជាសេះគួរដល់ព្រះរាជា ជាទីប្រើប្រាស់របស់ព្រះរាជា ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជាបាន។ ប្រកបដោយអង្គ ៥ យ៉ាង គឺអ្វីខ្លះ។ គឺមានចិត្តត្រង់ ១ មានសន្ទុះលឿន ១ មានចិត្តទន់ ១ មានចិត្តអត់ធន់ ១ មានចិត្តស្ងប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន របស់ព្រះរាជា ប្រកបដោយអង្គទាំង ៥ នេះ ទើបជាសេះគួរដល់ព្រះរាជា ជាទីប្រើប្រាស់របស់ព្រះរាជា ដល់នូវការរាប់ថា ជាអង្គរបស់ព្រះរាជាបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៥ ក៏យ៉ាងនោះដែរ ទើបជាអ្នកគួរទទួលគ្រឿងបូជា គួរទទួលអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរធ្វើអញ្ជលី ជាបុញ្ញក្ខេត្តរបស់សត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។ ប្រកបដោយអង្គ ៥ យ៉ាង គឺអ្វីខ្លះ។ គឺមានចិត្តត្រង់ ១ មានសន្ទុះលឿន ១ មានចិត្តទន់ ១ មានចិត្តអំណត់ ១ មានចិត្តស្ងប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៥ នេះ ទើបជាអ្នកគួរទទួលគ្រឿងបូជា គួរទទួលអាគន្តុកទាន គួរដល់ទក្ខិណាទាន គួរធ្វើអញ្ជលី ជាបុញ្ញក្ខេត្តរបស់សត្វលោក រកខេត្តដទៃក្រៃលែងជាងគ្មាន។
(៤. ពលសុត្តំ)
[១០៤] ម្នាលភិក្ខុទាំងឡាយ ពលៈនេះ មាន ៥ យ៉ាង។ ពលៈ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសទ្ធាពលៈ ១ ហិរិពលៈ ១ ឱត្តប្បពលៈ ១ វីរិយពលៈ ១ បញ្ញាពលៈ ១។ ម្នាលភិក្ខុទាំងឡាយ ពលៈមាន ៥ យ៉ាងនេះឯង។
(៥. ចេតោខិលសុត្តំ)
[១០៥] ម្នាលភិក្ខុទាំងឡាយ ចំរឹងនៃចិត្តនេះ មាន ៥ យ៉ាង។ ចំរឹងនៃចិត្ត ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាសង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ នេះជាចំរឹងនៃចិត្ត ទី ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងព្រះធម៌ … ក្នុងព្រះសង្ឃ … ក្នុងសិក្ខា … ភិក្ខុមានចិត្តខឹងអាក់អន់គ្នាន់ក្នាញ់ របឹងរឹងរូសក្នុងសព្រហ្មចារីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានចិត្តខឹងអាក់អន់គ្នាន់ក្នាញ់ របឹងរឹងរូស ក្នុងសព្រហ្មចារីទាំងឡាយ ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ នេះជាចំរឹងនៃចិត្តទី ៥។ ម្នាលភិក្ខុទាំងឡាយ ចំរឹងនៃចិត្តមាន ៥ យ៉ាងនេះឯង។
(៦. វិនិពន្ធសុត្តំ)
[១០៦] ម្នាលភិក្ខុទាំងឡាយ ចំណងនៃចិត្តនេះ មាន ៥ យ៉ាង។ ចំណងនៃចិត្ត ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកឆន្ទៈ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្រហល់ក្រហាយ មិនទាន់ប្រាសចាកតណ្ហា ក្នុងកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនទាន់ប្រាសចាកតម្រេក មិនទាន់ប្រាសចាកឆន្ទៈ មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាកសេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីក្រហល់ក្រហាយ មិនទាន់ប្រាសចាកតណ្ហា ក្នុងកាមទាំងឡាយ ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ នេះជាចំណងនៃចិត្ត ទី ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនទាន់ប្រាសចាកតម្រេកក្នុងកាយ … មិនទាន់ប្រាសចាកតម្រេកក្នុងរូប … បរិភោគទាល់តែឆ្អែតពេញពោះ ប្រកបការដេកជាសុខ ផ្អែកជាសុខ លក់ជាសុខ … ប្រព្រឹត្តព្រហ្មចរិយៈដោយប្រាថ្នា នូវទេវនិកាយណាមួយថា អាត្មាអញ នឹងបានជាទេវតាសក្តិធំ ឬទេវតាសក្តិតូច ដោយសីលនេះ វត្តនេះ សេចក្តីព្យាយាមនេះ ឬដោយព្រហ្មចរិយៈនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាប្រព្រឹត្តព្រហ្មចរិយៈ ដោយប្រាថ្នាទេវនិកាយណាមួយថា អាត្មាអញ នឹងបានជាទេវតាសក្តិធំ ឬទេវតាសក្តិតូច ដោយសីលនេះ វត្តនេះ សេចក្តីព្យាយាមនេះ ឬដោយព្រហ្មចរិយៈនេះ ចិត្តរបស់ភិក្ខុនោះ មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយ ៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ ចិត្តរបស់ភិក្ខុណា មិនបង្អោនទៅ ដើម្បីដុតកំដៅកិលេស ដើម្បីប្រកបរឿយៗ ដើម្បីធ្វើមិនដាច់ ដើម្បីតាំងមាំ នេះជាចំណងនៃចិត្ត ទី៥។ ម្នាលភិក្ខុទាំងឡាយ ចំណងនៃចិត្ត មាន ៥ យ៉ាងនេះឯង។
(៧. យាគុសុត្តំ)
[១០៧] ម្នាលភិក្ខុទាំងឡាយ អានិសង្សបបរនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំចាត់បង់សេចក្តីឃ្លាន ១ កំចាត់បង់សេចក្តីស្រេក ១ ញុំាងខ្យល់ឲ្យប្រព្រឹត្តទៅសព្វ ១ ញុំាងសរសៃឲ្យស្អាត ១ ញុំាងអាហារថ្មីដែលនៅសល់ ឲ្យឆ្អិន ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សបបរ មាន ៥ យ៉ាងនេះឯង។
(៨. ទន្តកដ្ឋសុត្តំ)
[១០៨] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិនទំពាឈើស្ទន់នេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមានចក្ខុមិនស្អាត ១ មាត់មានក្លិនស្អុយ ១ សរសៃនាំរសអាហារមិនបរិសុទ្ធ ១ ប្រមាត់ និងស្លេស្មរួបរឹតបាយ ១ មិនឆ្ងាញ់បាយ ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងការមិនទំពាឈើស្ទន់ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងការទំពាឈើស្ទន់នេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺនាំឲ្យមានចក្ខុស្អាត ១ មាត់មិនមានក្លិនស្អុយ ១ សរសៃនាំរសអាហារបរិសុទ្ធ ១ ប្រមាត់ និងស្លេស្មមិនរួបរឹតបាយ ១ ឆ្ងាញ់បាយ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងការទំពាឈើស្ទន់ មាន ៥ យ៉ាងនេះឯង។
(៩. គីតស្សរសុត្តំ)
[១០៩] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលពោលធម៌ដោយសំឡេងច្រៀងវែងនេះមាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯងក៏ត្រេកអរ ក្នុងសំឡេងនោះ ១ ជនទាំងឡាយដទៃ ក៏ត្រេកអរ ក្នុងសំឡេងនោះ ១ គហបតីទាំងឡាយ ពោលទោសថា ពួកយើងច្រៀងយ៉ាងណា ពួកសមណសក្យបុត្តិយ៍ទាំងនេះ ក៏ច្រៀងយ៉ាងនោះដែរ ១ បុគ្គលពេញចិត្តក្នុងការសូត្ររលាក់រលែកសំឡេង រមែងខូចសមាធិ ១ ពួកជនខាងក្រោយ នឹងដល់នូវទិដ្ឋានុគតិ (យកតម្រាប់តាម) ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលពោលធម៌ ដោយសំឡេងច្រៀងវែង មាន ៥ យ៉ាងនេះឯង។
(១០. មុដ្ឋស្សតិសុត្តំ)
[១១០] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលដេកលក់ ភ្លេចស្មារតី មិនដឹងខ្លួននេះមាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺដេកលក់ជាទុក្ខ ១ ភ្ញាក់ឡើងជាទុក្ខ ១ យល់សបិ្តអាក្រក់ ១ ទេវតាមិនរក្សា ១ អសុចិហូរចេញ ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលដេកលក់ ភ្លេចស្មារតី មិនដឹងខ្លួន មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលដេកលក់ ប្រុងស្មារតី ដឹងខ្លួននេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺដេកលក់ជាសុខ ១ ភ្ញាក់ឡើងជាសុខ ១ មិនយល់សប្តិអាក្រក់ ១ ទេវតារក្សា ១ អសុចិមិនហូរចេញ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលដេកលក់ ប្រុងស្មារតី ដឹងខ្លួន មាន ៥ យ៉ាងនេះឯង។
ចប់ កិមិលវគ្គ ទី១។
ឧទ្ទាននៃកិមិលវគ្គនោះ គឺ
ពោលអំពីរឿងកិមិលតេ្ថរ ១ អំពីអានិសង្សស្តាប់ធម៌ ១ អំពីសេះអាជានេយ្យ ១ អំពីធម៌ជាកម្លាំង ១ អំពីចំរឹងនៃចិត្ត ១ អំពីចំណងនៃចិត្ត ១ អំពីអានិសង្សបបរ ១ អំពីឈើស្ទន់ ១ អំពីការពោលធម៌ដោយសំឡេងច្រៀងវែង ១ អំពីការដេកលក់ ភ្លេចស្មារតី។
((២២) ២. អក្កោសកវគ្គោ)
(១. អក្កោសកសុត្តំ)
[១១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជេរប្រទេច តិះដៀលព្រះអរិយៈ ចំពោះសព្រហ្មចារីទាំងឡាយ ទោស ៥ យ៉ាង តែងប្រាកដឡើង ដល់ភិក្ខុនោះ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកត្រូវបារាជិក អស់ផ្លូវកែខៃ ១ ជាអ្នកត្រូវអាបត្តិដ៏សៅហ្មងណាមួយ ១ ជាអ្នកប៉ះពាល់នូវរោគយ៉ាងធ្ងន់ ១ ជាអ្នកស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជេរ ប្រទេច តិះដៀលព្រះអរិយៈ ចំពោះសព្រហ្មចារីទាំងឡាយ ទោស ៥ យ៉ាងនេះ តែងប្រាកដឡើងដល់ភិក្ខុនោះ។
(២. ភណ្ឌនការកសុត្តំ)
[១១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវជំលោះ ធ្វើនូវវិវាទ ធ្វើនូវតិរច្ឆានកថា ធ្វើនូវអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាង តែងប្រាកដឡើងដល់ភិក្ខុនោះ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនបានគុណវិសេស ដែលខ្លួនមិនទាន់បាន ១ គុណវិសេស ដែលខ្លួនបានហើយ សាបសូន្យទៅវិញ ១ កិត្តិសព្ទអាក្រក់ រមែងខ្ចរខ្ចាយទៅ ១ ស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយសា្លប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើជំលោះ ធ្វើវិវាទ ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាងនេះ តែងប្រាកដឡើងដល់ភិក្ខុនោះ។
(៣. សីលសុត្តំ)
[១១៣] ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ក្នុងលោកនេះ តែងដល់នូវសេចក្តីវិនាសសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី១ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ តែងមានកិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី២ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏គ្មានក្លៀវក្លា តែងមានមុខឱនចុះ ដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៣ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងស្លាប់វង្វេងស្មារតី ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៤ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៥ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីលនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសីល បរិបូណ៌ដោយសីល ក្នុងលោកនេះ តែងបាននូវគំនរសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ១ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ តែងមានកិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ២ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី តែងក្លៀវក្លា មិនឱនមុខចុះដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៣ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល តែងស្លាប់ មិនវង្វេងស្មារតីឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៤ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៥ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីល មាន ៥ យ៉ាងនេះឯង។
(៤. ពហុភាណិសុត្តំ)
[១១៤] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលនិយាយច្រើននេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺនិយាយកុហក ១ និយាយញុះញង់ ១ និយាយពាក្យអាក្រក់ ១ និយាយពាក្យឥតប្រយោជន៍ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលនិយាយច្រើន មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលនិយាយតិចនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិននិយាយកុហក ១ មិននិយាយញុះញង់ ១ មិននិយាយពាក្យអាក្រក់ ១ មិននិយាយឥតប្រយោជន៍ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលនិយាយតិច មាន ៥ យ៉ាងនេះឯង។
(៥. បឋមអក្ខន្តិសុត្តំ)
[១១៥] ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់នេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនច្រើន ១ ជាអ្នកច្រើនដោយពៀរ ១ ច្រើនដោយទោស ១ តែងស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់នេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាទីស្រឡាញ់ ជាទីពេញចិត្តរបស់ជនច្រើន ១ មិនច្រើនដោយពៀរ ១ មិនច្រើនដោយទោស ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់ មាន ៥ យ៉ាងនេះឯង។
(៦. ទុតិយអក្ខន្តិសុត្តំ)
[១១៦] ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់ នេះមាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់ជនច្រើន ១ ជាមនុស្សអាក្រក់ ១ ជាមនុស្សមានសេចក្តីក្តៅក្រហាយ ១ តែងស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់នេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាទីស្រឡាញ់ ជាទីពេញចិត្តរបស់ជនច្រើន ១ មិនជាមនុស្សអាក្រក់ ១ មិនក្តៅក្រហាយ ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់ មាន ៥ យ៉ាងនេះឯង។
(៧. បឋមអបាសាទិកសុត្តំ)
[១១៧] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គល អ្នកមានអំពើមិនជាទីជ្រះថ្លានេះមាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯង ក៏តិះដៀលខ្លួនបាន ១ អ្នកប្រាជ្ញទាំងឡាយពិចារណាហើយ រមែងតិះដៀលបាន ១ កិត្តិសព្ទអាក្រក់ខ្ចរខ្ចាយទៅ ១ តែងស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គល អ្នកមានអំពើមិនជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯង តិះដៀលខ្លួនឯងមិនបាន ១ អ្នកប្រាជ្ញទាំងឡាយ ពិចារណាហើយ រមែងសរសើរ ១ កិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង។
(៨. ទុតិយអបាសាទិកសុត្តំ)
[១១៨] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គល អ្នកមានអំពើមិនជាទីជ្រះថ្លានេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជន ដែលមិនទាន់ជ្រះថ្លា រមែងមិនជ្រះថ្លា ១ ពួកជនខ្លះដែលជ្រះថ្លាហើយ ក៏ត្រឡប់ជាងាកចិត្តចេញ ១ ឈ្មោះថា មិនធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយនឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ មិនជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកជនដែលមិនទាន់ជ្រះថ្លា រមែងជ្រះថ្លា ១ ពួកជនដែលជ្រះថ្លារួចហើយ រឹតតែជ្រះថ្លាឡើង ១ ឈ្មោះថា ធ្វើតាមពាក្យប្រដៅរបស់ព្រះសាស្តា ១ ប្រជុំជនខាងក្រោយ នឹងយកតម្រាប់តាម ១ ចិត្តរបស់បុគ្គលនោះ រមែងជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គល អ្នកមានអំពើជាទីជ្រះថ្លា មាន ៥ យ៉ាងនេះឯង។
(៩. អគ្គិសុត្តំ)
[១១៩] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើងនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺឲ្យងងឹតភ្នែក ១ ធ្វើសម្បុរឲ្យអាក្រក់ ១ ធ្វើកម្លាំងឲ្យខ្សោយ ១ កុះករដោយពួកគណៈ ១ ប្រព្រឹត្តទៅ ដើម្បីតិរច្ឆានកថា ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងភ្លើង មាន ៥ យ៉ាងនេះឯង។
(១០. មធុរាសុត្តំ)
[១២០] ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរានេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺទីមិនស្មើ ១ មានធុលីច្រើន ១ មានឆ្កែសាហាវ ១ មានយក្សកាច ១ រកបាយបានក្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោសក្នុងដែនមធុរា មាន ៥ យ៉ាងនេះឯង។
ចប់ អក្កោសកវគ្គ ទី២។
ឧទ្ទាននៃអក្កោសកវគ្គនោះ គឺ
ពោលអំពីរឿងជេរប្រទេច ១ អំពីរឿងប្រកួតប្រកាន់ ១ អំពីសីល ១ អំពីរឿងនិយាយច្រើន ១ អំពីសេចក្តីមិនអត់ធន់ ២ រឿង អំពីសេចក្តីមិនជ្រះថ្លា ២ រឿង អំពីទោសក្នុងភ្លើង ១ អំពីទោសក្នុងដែនមធុរា ១។
((២៣) ៣. ទីឃចារិកវគ្គោ)
(១. បឋមទីឃចារិកសុត្តំ)
[១២១] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រកបរឿយៗ នូវការដើរឆ្ងាយ ដើរមិនឈប់។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខានស្តាប់រឿង ដែលខ្លួនមិនធ្លាប់ស្តាប់ ១ រឿងដែលធ្លាប់ស្តាប់ហើយ មិនចូលចិត្តច្បាស់ ១ មិនក្លៀវក្លាដោយរឿងខ្លះ ដែលបានស្តាប់ហើយ ១ មានរោគធ្ងន់មកប៉ះពាល់ ១ ឥតមានមិត្រសំឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រកបរឿយៗ នូវការដើរឆ្ងាយ ដើរមិនឈប់។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលដើរតែល្មមៗ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺបានស្តាប់រឿងដែលមិនធ្លាប់បានស្តាប់ ១ រឿងធ្លាប់ស្តាប់ហើយនឹងចូលចិត្តច្បាស់ ១ ក្លៀវក្លាដោយរឿងខ្លះ ដែលបានស្តាប់ហើយ ១ មិនមានរោគជាទម្ងន់មកប៉ះពាល់ ១ មានមិត្រសំឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងបុគ្គលដើរតែល្មមៗ។
(២. ទុតិយទីឃចារិកសុត្តំ)
[១២២] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រកបរឿយៗ នូវការដើរឆ្ងាយ ដើរមិនឈប់។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនបានគុណវិសេស ដែលខ្លួនមិនទាន់បាន ១ គុណវិសេសដែលខ្លួនបានហើយ ក៏សាបសូន្យទៅវិញ ១ មិនក្លៀវក្លាដោយគុណវិសេសបន្តិចបន្តួច ដែលខ្លួនបានហើយ ១ មានរោគយ៉ាងធ្ងន់មកប៉ះពាល់ ១ ឥតមិត្រសំឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាង រមែងមានដល់បុគ្គលប្រកបរឿយៗ នូវការដើរឆ្ងាយ ដើរមិនឈប់។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលដើរតែល្មមៗ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺគុណវិសេស ដែលខ្លួនមិនបាន ក៏គង់នឹងបាន ១ គុណវិសេសដែលខ្លួនបានហើយ មិនសាបសូន្យទៅវិញ ១ ក្លៀវក្លាដោយគុណវិសេសបន្តិបន្តួច ដែលខ្លួនបានហើយ ១ ឥតមានរោគយ៉ាងធ្ងន់មកប៉ះពាល់ ១ មានមិត្រសំឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលដើរតែល្មមៗ។
(៣. អតិនិវាសសុត្តំ)
[១២៣] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលនៅជាប់មិនដាច់។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកមានទ្រព្យសម្បត្តិច្រើន សន្សំទ្រព្យសម្បត្តិច្រើន ១ ជាអ្នកមានភេសជ្ជៈច្រើន សន្សំភេសជ្ជៈច្រើន ១ ជាអ្នកមានកិច្ចការច្រើន ត្រូវធ្វើការច្រើន មិនឈ្លាសក្នុងកិច្ចការ ១ ច្រឡូកច្រឡំដោយពួកគ្រហស្ថ និងបុព្វជិត នៅរួមតែនឹងគ្រហស្ថដែលមិនសមគួរ ១ កាលបើចេញអំពីអាវាសនោះទៅ ចេញទៅទាំងអាឡោះអាល័យ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលនៅជាប់មិនដាច់។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលនៅតែល្មម ៗ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនមានទ្រព្យសម្បត្តិច្រើន មិនសន្សំទ្រព្យសម្បត្តិច្រើន ១ មិនមានភេសជ្ជៈច្រើន មិនសន្សំភេសជ្ជៈច្រើន ១ មិនមានកិច្ចការច្រើន មិនត្រូវធ្វើកិច្ចការច្រើន ជាអ្នកឈ្លាសក្នុងការងារទាំងឡាយ ១ មិនច្រឡូកច្រឡំដោយពួកគ្រហស្ថ និងបព្វជិត មិននៅរួមជាមួយនឹងគ្រហស្ថដ៏មិនសមគួរ ១ កាលបើចៀសចេញពីអាវាសនោះទៅ ចៀសចេញទៅទាំងមិនអាឡោះអាល័យ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងបុគ្គលនៅតែល្មមៗ។
(៤. មច្ឆរីសុត្តំ)
[១២៤] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលនៅជាប់មិនដាច់។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលនៅជាប់មិនដាច់។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលនៅតែល្មមៗ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកមិនកំណាញ់អាវាស ១ មិនកំណាញ់ត្រកូល ១ មិនកំណាញ់លាភ ១ មិនកំណាញ់គុណ ១ មិនកំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលនៅតែល្មមៗ។
(៥. បឋមកុលូបកសុត្តំ)
[១២៥] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ភិក្ខុ អ្នកចូលទៅកាន់ត្រកូល។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺរមែងត្រូវអាបត្តិ ព្រោះត្រាច់ទៅមិនលា ១ រមែងត្រូវអាបត្តិ ព្រោះអង្គុយក្នុងទីស្ងាត់ ១ ត្រូវអាបត្តិ ព្រោះអង្គុយក្នុងទីកំបាំង ១ ត្រូវអាបត្តិ ព្រោះសំដែងធម៌ ដល់មាតុគ្រាម លើសជាង ៥ ឬ៦ម៉ាត់ ១ ជាអ្នកច្រើនដោយសេចក្តីត្រិះរិះ ក្នុងផ្លូវកាម ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ភិក្ខុ អ្នកចូលទៅកាន់ត្រកូល។
(៦. ទុតិយកុលូបកសុត្តំ)
[១២៦] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ភិក្ខុ អ្នកចូលទៅកាន់ត្រកូល ច្រឡូកច្រឡំ ក្នុងត្រកូលហួសវេលា។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺឃើញមាតុគ្រាមរឿយៗ ១ កាលបើឃើញហើយ រមែងជាប់ចិត្ត ១ កាលបើជាប់ចិត្តហើយ រមែងមានសេចក្តីស្និទ្ធស្នាល ១ កាលបើមានសេចក្តីស្និទ្ធស្នាលហើយ រមែងចុះចិត្ត (ស្រឡាញ់) ១ ដែលចុះចិត្តស្រឡាញ់ហើយ រមែងមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈ នឹងត្រូវអាបត្តិ សៅហ្មង ឬនឹងលាសិក្ខា ត្រឡប់ទៅកាន់ភេទថោកទាបវិញ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់ភិក្ខុ អ្នកចូលទៅកាន់ត្រកូល ច្រឡូកច្រឡំ ក្នុងត្រកូលហួសវេលា។
(៧. ភោគសុត្តំ)
[១២៧] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺភោគៈសាធារណៈដល់ភ្លើង ១ ភោគៈសាធារណៈដល់ទឹក ១ ភោគៈសាធារណៈដល់ព្រះរាជា ១ ភោគៈសាធារណៈដល់ចោរ ១ ភោគៈសាធារណៈដល់អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺអាស្រ័យភោគៈ ហើយញុំាងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាខ្លួនឲ្យសុខសប្បាយ ១ ញុំាងមាតា និងបិតាឲ្យសុខ ឲ្យឆ្អែត រក្សាមាតាបិតាឲ្យសុខសប្បាយ ១ ញុំាងកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខ ឲ្យឆ្អែត រក្សាកូនប្រពន្ធ ខ្ញុំ និងបុរសជាកម្មករ ឲ្យសុខសប្បាយ ១ ញុំាងមិត្រ និងអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាមិត្រអាមាត្យឲ្យបានសុខសប្បាយ ១ ដំកល់ទុកនូវទាន មានផលដ៏ខ្ពស់ ក្នុងពួកសមណព្រាហ្មណ៍ ជាទានឲ្យនូវអារម្មណ៍ដ៏ប្រសើរល្អ មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងភោគៈទាំងឡាយ។
(៨. ឧស្សូរភត្តសុត្តំ)
[១២៨] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងត្រកូលអ្នកបរិភោគអាហារក្នុងវេលាថ្ងៃពេក។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺភ្ញៀវជាអាគន្តុកៈណា (មកកាន់ផ្ទះ) ជនក្នុងត្រកូលមិនបានបូជា ភ្ញៀវជាអាគន្តុកៈនោះ តាមកាល ១ ពួកទេវតាណាជាអ្នកទទួលពលិកម្ម ជនក្នុងត្រកូលមិនបានបូជាពួកទេវតានោះតាមកាល ១ ពួកសមណព្រាហ្មណ៍ណា ជាអ្នកបរិភោគភត្តតែ ១ ពេល វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកវិកាលភោជន ជនក្នុងត្រកូលមិនបានបូជាពួកសមណព្រាហ្មណ៍នោះតាមកាល ១ ខ្ញុំ និងបុរសជាកម្មករ មុខក្រៀម ប្រឹងធ្វើការងារ ១ ភត្តដែលខ្លួនបរិភោគខុសកាលហើយ ក៏ឥតឱជារស ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងត្រកូល ដែលបរិភោគអាហារ ក្នុងពេលថ្ងៃពេក។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងត្រកូល អ្នកបរិភោគអាហារ ត្រូវវេលា។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពួកភ្ញៀវជាអាគន្តុកៈណា (មកកាន់ផ្ទះ) ជនក្នុងត្រកូល បានបូជាពួកភ្ញៀវ ជាអាគន្តុកៈនោះតាមកាល ១ ពួកទេវតាណាជាអ្នកទទួលពលិកម្ម ពួកជនក្នុងត្រកូល បានបូជាពួកទេវតានោះតាមកាល ១។ ពួកសមណព្រាហ្មណ៍ណា ជាអ្នកបរិភោគភត្តតែ ១ ពេល វៀរចាកការបរិភោគក្នុងរាត្រី វៀរចាកវិកាលភោជន ពួកជនក្នុងត្រកូលបានបូជាពួកសមណព្រាហ្មណ៍នោះ តាមកាល ១ ពួកខ្ញុំ និងបុរសជាកម្មករ មានមុខមិនក្រៀម ប្រឹងធ្វើការងារ ១ ភត្តដែលខ្លួនបរិភោគត្រូវពេលហើយ ក៏មានឱជារសឆ្ងាញ់ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានក្នុងត្រកូល អ្នកបរិភោគភត្តត្រូវពេល។
(៩. បឋមកណ្ហសប្បសុត្តំ)
[១២៩] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពស់វែកមិនស្អាត ១ មានក្លិនស្អុយ ១ គួរតក់ស្លុត ១ គួរខ្លាច ១ ទ្រុស្តមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ដូច្នេះដែរ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមាតុគ្រាមមិនស្អាត ១ មានក្លិនស្អុយ ១ គួរតក់ស្លុត ១ គួរខ្លាច ១ ទ្រុស្តមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម។
(១០. ទុតិយកណ្ហសប្បសុត្តំ)
[១៣០] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពស់វែកមានចិត្តក្រោធ ១ ចងពៀរ ១ មានពិសពន្លឹក ១ មានអណ្តាតអាក្រក់ ១ ទ្រុស្តមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែកម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ដូច្នោះដែរ។ ទោស ៥ យ៉ាង ៥ គឺអ្វីខ្លះ។ គឺមាតុគ្រាមច្រើនក្រោធ ១ ចងគំនុំ ១ មានពិសពន្លឹក ១ មានអណ្តាតអាក្រក់ ១ ទ្រុស្តមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមមានពិសពន្លឹកនេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមមានរាគៈខ្លាំងក្លា។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមមានអណ្តាតអាក្រក់នេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមមានវាចាញុះញង់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមជាអ្នកទ្រុស្តមិត្រនេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមប្រព្រឹត្តក្បត់ចិត្តស្វាមី។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម។
ចប់ ទីឃចារិកវគ្គ ទី៣។
ឧទ្ទាននៃទីឃចារិកវគ្គនោះ គឺ
និយាយអំពីចារិក ទៅកាន់ទីឆ្ងាយ ២រឿង អំពីការនៅជាប់មិនដាច់ ១ អំពីសេចក្តីកំណាញ់ ១ អំពីការចូលទៅកាន់ត្រកូល ២រឿង អំពីភោគៈ ១ អំពីភត្ត ១ អំពីពស់វែក ២រឿង។
((២៤) ៤. អាវាសិកវគ្គោ)
(១. អាវាសិកសុត្តំ)
[១៣១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង មិនគួរសរសើរឡើយ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស មិនបរិបូណ៌ដោយមារយាទ មិនបរិបូណ៌ដោយវត្ត ១ មិនជាពហុស្សូត មិនទ្រទ្រង់នូវពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ១ មិនត្រេកអរក្នុងទីស្ងាត់ មិនត្រេកអរក្នុងកុសលធម៌ ១ មានវាចាមិនពីរោះ និយាយមិនពីរោះ ១ ឥតប្រាជ្ញា ល្ងង់ខ្លៅ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនគួរសរសើរឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង គួរសរសើរ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស បរិបូណ៌ដោយមារយាទ បរិបូណ៌ដោយវត្ត ១ ជាពហុស្សូត ទ្រទ្រង់ពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ ១ ជាអ្នកដុសខាត់ចិត្ត ត្រេកអរក្នុងទីស្ងាត់ ត្រេកអរក្នុងកុសលធម៌ ១ ជាអ្នកមានវាចាពីរោះ ចេះនិយាយពីរោះ ១ ជាអ្នកមានប្រាជ្ញា មិនល្ងង់ខ្លៅ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងនេះឯង គួរសរសើរ។
(២. បិយសុត្តំ)
[១៣២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងជាទីស្រលាញ់ ជាទីពេញចិត្ត ជាទីគោរព គួរសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចារៈ ឃើញភ័យក្នុងទោស សូម្បីមានប្រមាណតិច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត ទ្រទ្រង់ពុទ្ធវចនៈ ដែលខ្លួនបានស្តាប់ហើយ បានសន្សំហើយ ធម៌ទាំងឡាយណា មានពីរោះខាងដើម ពីរោះកណ្តាល ពីរោះខាងចុង ប្រកាសនូវព្រហ្មចរិយៈ ប្រកបដោយអត្ថ និងព្យញ្ជនៈបរិសុទ្ធ បរិបូណ៌សព្វគ្រប់ ធម៌មានសភាពដូចច្នោះ ភិក្ខុនោះ បានស្តាប់ច្រើន បានចាំរត់មាត់ រំពឹងដោយចិត្ត ចាក់ធ្លុះដោយសេចក្តីយល់ នូវធម៌មានសភាពដូច្នោះ ១ ជាអ្នកមានវាចាពីរោះ និយាយពីរោះ ប្រកបដោយវាចាជារបស់អ្នកក្រុង ជាវាចាច្បាស់លាស់ ជាវាចាប្រាសចាកទោស អាចញ៉ាំងមហាជន ឲ្យដឹងសេចក្តីបាន ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានមិនលំបាក បានបរិបូណ៌នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ជាអ្នកធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះក្ស័យអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាទីស្រលាញ់ ជាទីពេញចិត្ត ជាទីគោរព គួរសរសើរ របស់សព្រហ្មចារីទាំងឡាយ។
(៣. សោភនសុត្តំ)
[១៣៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងញ៉ាំងអាវាសឲ្យល្អ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស ជាអ្នកមានសីល។ បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត។បេ។ ចាក់ធ្លុះដោយសេចក្តីយល់ ១ ជាអ្នកមានវាចាពីរោះ និយាយពីរោះ ប្រកបដោយសំដីនៃអ្នកក្រុង ជាសំដីច្បាស់លាស់ ជាវាចាប្រាសចាកទោស អាចញ៉ាំងមហាជន ឲ្យដឹងសេចក្តីបាន ១ ជាអ្នកអង់អាច ដើម្បីពន្យល់មនុស្ស ដែលបានមករកខ្លួន ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានមិនលំបាក បានបរិបូណ៌នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ នេះ រមែងញ៉ាំងអាវាសឲ្យល្អ។
(៤. ពហូបការសុត្តំ)
[១៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងជាអ្នកមានឧបការៈច្រើន ដល់អាវាស។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស ជាអ្នកមានសីល។បេ។ សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាពហុស្សូត។បេ។ ចាក់ធ្លុះដោយសេចក្តីយល់ ១ ជួសជុលទីសេនាសនៈ ដែលបាក់បែក ១ មានភិក្ខុសង្ឃជាច្រើននិមន្តចូលមក ភិក្ខុទាំងឡាយ មកអំពីដែនផ្សេងៗគ្នា ភិក្ខុជាចៅអាវាស ក៏ចូលទៅប្រាប់ដល់គ្រហស្ថទាំងឡាយថា ម្នាលអាវុសោទាំងឡាយ មានភិក្ខុសង្ឃជាច្រើន ភិក្ខុទាំងឡាយ មកអំពីដែនផ្សេងៗគ្នា អ្នកទាំងឡាយ ចូរធ្វើបុណ្យ ពេលនេះជាពេលត្រូវធ្វើបុណ្យ ១ ជាអ្នកបានដូចសេចក្តីប្រាថ្នា បានមិនលំបាក បានបរិបូណ៌នូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ ប្រការនេះ រមែងជាអ្នកមានឧបការច្រើនដល់អាវាស។
(៥. អនុកម្បសុត្តំ)
[១៣៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងជាអ្នកអនុគ្រោះ ដល់ពួកគ្រហស្ថ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស ណែនាំគ្រហស្ថ ឲ្យតាំងនៅក្នុងអធិសីល ១ ណែនាំឲ្យឃើញធម៌ ១ ចូលទៅជិតមនុស្សមានជម្ងឺហើយ រំលឹកឲ្យមានស្មារតីថា នែអ្នកដ៏មានអាយុទាំងឡាយ អ្នកទាំងឡាយ ចូរដំកល់ទុកនូវស្មារតី ឲ្យតាំងនៅក្នុងអរហគុណ ១ មានភិក្ខុសង្ឃចូលមកច្រើន ភិក្ខុទាំងឡាយ មកអំពីដែនផ្សេងៗ ភិក្ខុចៅអាវាស ចូលទៅប្រាប់ពួកគ្រហស្ថថា ម្នាលអាវុសោទាំងឡាយ មានភិក្ខុសង្ឃចូលមកច្រើន ភិក្ខុទាំងឡាយមកអំពីដែនផ្សេងៗ អ្នកទាំងឡាយ ចូលនាំគ្នាធ្វើបុណ្យ ពេលនេះ ជាពេលគួរធ្វើបុណ្យ ១ ពួកទាយក ប្រគេនភោជនណា ដល់ភិក្ខុនោះ ជារបស់សៅហ្មងក្តី ល្អក្តី ខ្លួនឯង ក៏បរិភោគភោជននោះ មិនធ្វើសទ្ធាទេយ្យរបស់ទាយកឲ្យធ្លាក់ចុះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងជាអ្នកអនុគ្រោះ ដល់ពួកគ្រហស្ថ។
(៦. បឋមអវណ្ណារហសុត្តំ)
[១៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស មិនបានស្ទាបស្ទង់ពិចារណាមើល ហើយពោលសរសើរគុណបុគ្គល ដែលមិនគួរសរសើរ ១ មិនបានស្ទាបស្ទង់ពិចារណាមើល ហើយពោលទោសបុគ្គលដែលគួរសរសើរគុណ ១ មិនបានស្ទាបស្ទង់ពិចារណាមើល ហើយខ្ទាំងខ្ទប់សេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ មិនបានស្ទាបស្ទង់ពិចារណាមើល ហើយខ្ទាំងខ្ទប់សេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១ ញុំាងសទ្ធាទេយ្យរបស់ទាយកឲ្យធ្លាក់ចុះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ដូចគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស បានស្ទាបស្ទង់ពិចារណាមើល ហើយពោលទោសបុគ្គលដែលគួរពោលទោស ១ បានស្ទាបស្ទង់ពិចារណាមើល ហើយសរសើរគុណបុគ្គលដែលគួរសរសើរ ១ បានស្ទាបស្ទង់ពិចារណាមើល ហើយខ្ទាំងខ្ទប់សេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ បានស្ទាបស្ទង់ពិចារណាមើល ហើយដំកល់ទុក នូវសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១ ញុំាងសទ្ធាទេយ្យរបស់ទាយក មិនឲ្យធ្លាក់ចុះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់។
(៧. ទុតិយអវណ្ណារហសុត្តំ)
[១៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស មិនបានស្ទាបស្ទង់ពិចារណាមើល ហើយសរសើរគុណបុគ្គល ដែលមិនគួរសរសើរ ១ មិនបានស្ទាបស្ទង់ពិចារណាមើល ហើយពោលទោសបុគ្គល ដែលគួរសរសើរ ១ ជាអ្នកកំណាញ់អាវាស ជាប់ក្នុងអាវាស ១ ជាអ្នកកំណាញ់ត្រកូល ជាប់ក្នុងត្រកូល ១ ញុំាងសទ្ធាទេយ្យរបស់ទាយក ឲ្យធ្លាក់ចុះ ១។ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស បានស្ទាបស្ទង់ពិចារណាមើល ហើយពោលទោស បុគ្គលដែលគួរពោលទោស ១ បានស្ទាបស្ទង់ពិចារណាមើល ហើយសរសើរគុណបុគ្គលដែលគួរសរសើរ ១ មិនជាអ្នកកំណាញ់អាវាស មិនជាប់ក្នុងអាវាស ១ មិនជាអ្នកកំណាញ់ត្រកូល មិនជាប់ក្នុងត្រកូល ១ មិនញុំាងសទ្ធាទេយ្យរបស់ទាយក ឲ្យធ្លាក់ចុះ ១។ ៥ យ៉ាងនេះឯង។បេ។
(៨. តតិយអវណ្ណារហសុត្តំ)
[១៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស មិនបានស្ទាបស្ទង់ពិចារណាមើល ហើយសរសើរគុណបុគ្គលដែលមិនគួរសរសើរ ១ មិនបានស្ទាបស្ទង់ពិចារណាមើល ហើយពោលទោសបុគ្គលដែលគួរសរសើរ ១ ជាអ្នកកំណាញ់អាវាស ១ ជាអ្នកកំណាញ់ត្រកូល ១ ជាអ្នកកំណាញ់លាភ ១។ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាចៅអាវាស បានស្ទាបស្ទង់ពិចារណាមើល ហើយពោលទោសបុគ្គលដែលគួរពោលទោស ១ បានស្ទាបស្ទង់ពិចារណាមើល ហើយសរសើរគុណបុគ្គល ដែលគួរសរសើរ ១ មិនជាអ្នកកំណាញ់អាវាស ១ មិនជាអ្នកកំណាញ់ត្រកូល ១ មិនជាអ្នកកំណាញ់លាភ ១។ ៥ យ៉ាងនេះឯង។ បេ។
(៩. បឋមមច្ឆរិយសុត្តំ)
[១៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកកំណាញ់អាវាស ១ ជាអ្នកកំណាញ់ត្រកូល ១ ជាអ្នកកំណាញ់លាភ ១ ជាអ្នកកំណាញ់គុណ ១ ជាអ្នកញុំាងសទ្ធាទេយ្យរបស់ទាយក ឲ្យធ្លាក់ចុះ ១។ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមិនកំណាញ់អាវាស ១ ជាអ្នកមិនកំណាញ់ត្រកូល ១ ជាអ្នកមិនកំណាញ់លាភ ១ ជាអ្នកមិនកំណាញ់គុណ ១ មិនញុំាងសទ្ធាទេយ្យរបស់ទាយក ឲ្យធ្លាក់ចុះ ១។ ៥ យ៉ាងនេះឯង។បេ។
(១០. ទុតិយមច្ឆរិយសុត្តំ)
[១៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកកំណាញ់អាវាស ១ ជាអ្នកកំណាញ់ត្រកូល ១ ជាអ្នកកំណាញ់លាភ ១ ជាអ្នកកំណាញ់គុណ ១ ជាអ្នកកំណាញ់ធម៌ ១។ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាចៅអាវាស ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមិនកំណាញ់អាវាស ១ ជាអ្នកមិនកំណាញ់ត្រកូល ១ ជាអ្នកមិនកំណាញ់លាភ ១ ជាអ្នកមិនកំណាញ់គុណ ១ ជាអ្នកមិនកំណាញ់ធម៌ ១។ ៥ យ៉ាងនេះឯង។បេ។
ចប់ អាវាសិកវគ្គ ទី៤។
ឧទ្ទាននៃអាវាសិកវគ្គនោះ គឺ
និយាយអំពីភិក្ខុចៅអាវាស ដែលមិនគួរសរសើរ ១ អំពីចៅអាវាស មិនជាទីស្រឡាញ់ដល់ពួកសព្រហ្មចារ្យ ១ អំពីចៅអាវាស ធ្វើអាវាសឲ្យល្អ ១ អំពីចៅអាវាស មានឧបការៈច្រើន ១ អំពីចៅអាវាស មានសេចក្តីអនុគ្រោះ ដល់គ្រហស្ថ ១ អំពីចៅអាវាស កើតក្នុងនរក ឬស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់ ១ អំពីចៅអាវាស ជាអ្នកពោលទោស ១ អំពីចៅអាវាស ជាប់ក្នុងអាវាស និងត្រកូល ១ អំពីចៅអាវាស មានសេចក្តីកំណាញ់ ជាគំរប់បួន ១ អំពីចៅអាវាស មានកំណាញ់ ៥ យ៉ាង ១។
((២៥) ៥. ទុច្ចរិតវគ្គោ)
(១. បឋមទុច្ចរិតសុត្តំ)
[១៤១] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯង តិះដៀលខ្លួនឯងបាន ១ អ្នកប្រាជ្ញទាំងឡាយ ពិចារណាហើយ តិះដៀលបាន ១ កិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ១ វេលាស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯង មិនតិះដៀលខ្លួនឯងបាន ១ អ្នកប្រាជ្ញទាំងឡាយ ពិចារណាហើយ សរសើរ ១ កិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ១ វេលាស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ។
(២. បឋមកាយទុច្ចរិតសុត្តំ)
[១៤២] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់ ដោយកាយ។បេ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ ដោយកាយ។បេ។
(៣. បឋមវចីទុច្ចរិតសុត្តំ)
[១៤៣] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់ ដោយវាចា។បេ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ ដោយវាចា។បេ។
(៤. បឋមមនោទុច្ចរិតសុត្តំ)
[១៤៤] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់ ដោយចិត្ត។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯង តិះដៀលខ្លួនឯងបាន ១ អ្នកប្រាជ្ញទាំងឡាយពិចារណាហើយ តិះដៀលបាន ១ កិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ១ វេលាស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់ ដោយចិត្ត។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ ដោយចិត្ត។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯង មិនតិះដៀលខ្លួនឯងបាន ១ អ្នកប្រាជ្ញទាំងឡាយ ពិចារណាហើយ ក៏សរសើរ ១ កិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ១ វេលាស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ ដោយចិត្ត។
(៥. ទុតិយទុច្ចរិតសុត្តំ)
[១៤៥] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯង តិះដៀលខ្លួនឯងបាន ១ អ្នកប្រាជ្ញទាំងឡាយ ពិចារណាហើយ តិះដៀលបាន ១ កិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ១ ឃ្លៀងឃ្លាតចាកព្រះសទ្ធម្ម ១ តាំងនៅក្នុងអសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯង មិនតិះដៀលខ្លួនឯងបាន ១ អ្នកប្រាជ្ញទាំងឡាយ ពិចារណាហើយ សរសើរ ១ កិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ១ ឃ្លៀងឃ្លាតចាកអសទ្ធម្ម ១ តាំងនៅក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ។
(៦. ទុតិយកាយទុច្ចរិតសុត្តំ)
[១៤៦] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់ ដោយកាយ។បេ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ ដោយកាយ។បេ។
(៧. ទុតិយវចីទុច្ចរិតសុត្តំ)
[១៤៧] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់ ដោយវាចា។បេ។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ ដោយវាចា។បេ។
(៨. ទុតិយមនោទុច្ចរិតសុត្តំ)
[១៤៨] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់ ដោយចិត្ត។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯង តិះដៀលខ្លួនឯងបាន ១ អ្នកប្រាជ្ញទាំងឡាយ ពិចារណាហើយ តិះដៀលបាន ១ កិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ១ ឃ្លៀងឃ្លាតចាកព្រះសទ្ធម្ម ១ តាំងនៅក្នុងអសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តអាក្រក់ ដោយចិត្ត។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ ដោយចិត្ត។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺខ្លួនឯង មិនតិះដៀលខ្លួនឯងបាន ១ អ្នកប្រាជ្ញទាំងឡាយ ពិចារណាហើយសរសើរ ១ កិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ១ ឃ្លៀងឃ្លាតចាកអសទ្ធម្ម ១ តាំងនៅក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ៥ យ៉ាងនេះ រមែងមានដល់បុគ្គលប្រព្រឹត្តល្អ ដោយចិត្ត។
(៩. សិវថិកសុត្តំ)
[១៤៩] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងព្រៃស្មសាន។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាទីមិនស្អាត ១ មានក្លិនស្អុយ ១ ប្រកបដោយភ័យ ១ ជាទីនៅរបស់ពួកអមនុស្សកាច ១ ជាទីទ្រហោយំ របស់ជនច្រើន ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមាន ក្នុងព្រៃស្មសាន។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងបុគ្គលដូចជាព្រៃស្មសាន ក៏ដូច្នោះដែរ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយវចីកម្មមិនស្អាត ប្រកបដោយមនោកម្មមិនស្អាត នេះតថាគតហៅបុគ្គលនោះថា មិនស្អាត ម្នាលភិក្ខុទាំងឡាយ ដូចជាព្រៃស្មសាននោះ ជាទីមិនស្អាត ម្នាលភិក្ខុទាំងឡាយ តថាគតថាបុគ្គលនេះ មានឧបមេយ្យដូច្នោះ ១។ កាលបើបុគ្គលនោះ ប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយវចីកម្មមិនស្អាត ប្រកបដោយមនោកម្មមិនស្អាតហើយ កិត្តិសព្ទដ៏អាក្រក់ ក៏ខ្ចរខ្ចាយទៅ នេះតថាគតហៅបុគ្គលនោះថា មានក្លិនស្អុយ ម្នាលភិក្ខុទាំងឡាយ ដូចព្រៃស្មសាននោះ ជាទីមានក្លិនស្អុយ ម្នាលភិក្ខុទាំងឡាយ តថាគតថាបុគ្គលនេះ មានឧបមេយ្យដូច្នោះ ១។ ពួកសព្រហ្មចារីដែលមានសីលជាទីស្រឡាញ់ តែងចៀសវាងបុគ្គលអ្នកប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយវចីកម្មមិនស្អាត ប្រកបដោយមនោកម្មមិនស្អាតនោះអំពីចម្ងាយ នេះតថាគតហៅបុគ្គលនោះថា ប្រកបដោយភ័យ ម្នាលភិក្ខុទាំងឡាយ ដូចព្រៃស្មសាននោះ ជាទីប្រកបដោយភ័យ ម្នាលភិក្ខុទាំងឡាយ តថាគតថា បុគ្គលនេះ មានឧបមេយ្យដូច្នោះ ១។ បុគ្គលនោះ ប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយវចីកម្មមិនស្អាត ប្រកបដោយមនោកម្មមិនស្អាត តែងនៅរួមជាមួយនឹងពួកបុគ្គលស្មើគ្នា នេះតថាគតហៅបុគ្គលនោះថា ជាលំនៅនៃអមនុស្សសាហាវ ម្នាលភិក្ខុទាំងឡាយ ដូចព្រៃស្មសាននោះ ជាទីនៅរបស់អមនុស្សសាហាវ ម្នាលភិក្ខុទាំងឡាយ តថាគតថា បុគ្គលនេះ មានឧបមេយ្យដូច្នោះ ១។ ពួកសព្រហ្មចារី ដែលមានសីលជាទីស្រឡាញ់ បានឃើញបុគ្គលអ្នកប្រកបដោយកាយកម្មមិនស្អាត ប្រកបដោយវចីកម្មមិនស្អាត ប្រកបដោយមនោកម្មមិនស្អាតនោះ តែងតិះដៀលថា ឱហ៎្ន ពួកយើងរងទុក្ខ ព្រោះតែនៅរួបរួមជាមួយនឹងពួកបុគ្គលយ៉ាងនេះ នេះតថាគតហៅបុគ្គលនោះថា ជាទីទ្រហោយំ ម្នាលភិក្ខុទាំងឡាយ ដូចព្រៃស្មសាននោះ ជាទីទ្រហោយំ របស់ជនច្រើន ម្នាលភិក្ខុទាំងឡាយ តថាគតថា បុគ្គលនេះ មានឧបមេយ្យដូច្នោះ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥យ៉ាងនេះ រមែងមានក្នុងបុគ្គល មានឧបមេយ្យដូចព្រៃស្មសាន។
(១០. បុគ្គលប្បសាទសុត្តំ)
[១៥០] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងសេចក្តីជ្រះថ្លាចំពោះបុគ្គល។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជ្រះថ្លា ក្នុងបុគ្គលណា បុគ្គលនោះ ត្រូវអាបត្តិ តាមដែលសង្ឃលើកវត្តនោះ បុគ្គលអ្នកជ្រះថ្លានោះ ត្រិះរិះយ៉ាងនេះថា បុគ្គលណា ជាទីស្រឡាញ់ ពេញចិត្តរបស់អញ បុគ្គលនោះ ត្រូវសង្ឃលើកវត្តហើយ ដូច្នេះ ក៏ច្រើនតែមិនជ្រះថ្លា ក្នុងពួកភិក្ខុ កាលមិនជ្រះថ្លាច្រើន ក្នុងពួកភិក្ខុហើយ ក៏មិនសេពគប់នឹងពួកភិក្ខុដទៃ កាលមិនសេពគប់នឹងពួកភិក្ខុដទៃហើយ ក៏មិនស្តាប់ព្រះសទ្ធម្ម កាលមិនស្តាប់ព្រះសទ្ធម្មហើយ រមែងសាបសូន្យចាកព្រះសទ្ធម្ម ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី១ ក្នុងសេចក្តីជ្រះថ្លា ចំពោះបុគ្គល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលជ្រះថ្លាក្នុងបុគ្គលណា បុគ្គលនោះ ត្រូវអាបត្តិ តាមដែលសង្ឃឲ្យបុគ្គលនោះអង្គុយក្នុងទីបំផុតនោះ បុគ្គលអ្នកជ្រះថ្លានោះ ត្រិះរិះយ៉ាងនេះថា បុគ្គលណា ជាទីស្រឡាញ់ ពេញចិត្តរបស់អញ បុគ្គលនោះ ត្រូវសង្ឃ ឲ្យអង្គុយក្នុងទីចុងគេបំផុត ដូច្នេះ ក៏មិនជ្រះថ្លាច្រើន ក្នុងពួកភិក្ខុ កាលមិនជ្រះថ្លាច្រើន ក្នុងពួកភិក្ខុហើយ ក៏មិនសេពគប់នឹងពួកភិក្ខុដទៃ កាលបើមិនសេពគប់នឹងពួកភិក្ខុដទៃហើយ ក៏មិនបានស្តាប់ព្រះសទ្ធម្ម កាលបើមិនបានស្តាប់ព្រះសទ្ធម្មហើយ ក៏សាបសូន្យចាកព្រះសទ្ធម្ម ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី២ ក្នុងសេចក្តីជ្រះថ្លាចំពោះបុគ្គល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលជ្រះថ្លា ក្នុងបុគ្គលណា បុគ្គលនោះ ក៏ចៀសចេញទៅកាន់ទិស។បេ។ បុគ្គលនោះ ក៏សឹកទៅ។បេ។ បុគ្គលនោះ ក៏ស្លាប់ទៅ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បុគ្គលណា ដែលជាទីស្រឡាញ់ ពេញចិត្តរបស់អញ បុគ្គលនោះ ស្លាប់ទៅហើយ ដូច្នេះ ក៏មិនសេពគប់នឹងពួកភិក្ខុដទៃ កាលបើមិនសេពគប់នឹងពួកភិក្ខុដទៃហើយ ក៏មិនបានស្តាប់ព្រះសទ្ធម្ម កាលមិនបានស្តាប់ព្រះសទ្ធម្មហើយ ក៏នឹងសាបសូន្យចាកព្រះសទ្ធម្ម ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៥ ក្នុងសេចក្តីជ្រះថ្លាចំពោះបុគ្គល។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងសេចក្តីជ្រះថ្លាចំពោះបុគ្គល។
ចប់ ទុច្ចរិតវគ្គ ទី៥។
ឧទ្ទាននៃទុច្ចរិតវគ្គនោះ គឺ
និយាយពីទោស និងអានិសង្សនៃទុច្ចរិត និងសុចរិត ១ អំពីកាយទុច្ចរិត និងកាយសុចរិត ១ អំពីវចីទុច្ចរិត និងវចីសុចរិត ១ អំពីមនោទុច្ចរិត និងមនោសុចរិត ១ អំពីទុច្ចរិត និងសុចរិត ៤លើកដទៃទៀត ជាពីរដង អំពីព្រៃស្មស្មាន ១ អំពីសេចក្តីជ្រះថ្លាចំពោះបុគ្គល។
ចប់ បណ្ណាសក ទី៥។
((២៦) ៦. ឧបសម្បទាវគ្គោ)
(១. ឧបសម្បាទេតព្វសុត្តំ)
[១៥១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរញ៉ាំងកុលបុត្តឲ្យឧបសម្បទាបាន។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសីលក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយសមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប ដោយបញ្ញាខន្ធ ជាអសេក្ខៈ ១ ប្រកបដោយវិមុតិ្តក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជាអសេក្ខៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង គួរញ៉ាំងកុលបុត្ត ឲ្យឧបសម្បទាបាន។
(២. និស្សយសុត្តំ)
[១៥២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរឲ្យនិស្ស័យបាន។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសីលក្ខន្ធ ជាអសេក្ខៈ ១។បេ។ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជាអសេក្ខៈ ១។ ៥ យ៉ាងនេះឯង។បេ។
(៣. សាមណេរសុត្តំ)
[១៥៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរឲ្យសាមណេរបំរើបាន។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកប ដោយសីលក្ខន្ធ ជាអសេក្ខៈ ១។បេ។ ប្រកបដោយវិមុត្តិញ្ញាណទស្សនក្ខន្ធ ជាអសេក្ខៈ ១។ ៥ យ៉ាងនេះឯង។បេ។
(៤. បញ្ចមច្ឆរិយសុត្តំ)
[១៥៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីកំណាញ់នេះ មាន ៥ យ៉ាង។ សេចក្តីកំណាញ់ ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីកំណាញ់ ៥ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីកំណាញ់ ៥ យ៉ាងនេះ សេចក្តីកំណាញ់ធម៌នេះ ជាសេចក្តីកំណាញ់ ដែលអ្នកប្រាជ្ញតិះដៀល។
(៥. មច្ឆរិយប្បហានសុត្តំ)
[១៥៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ ដើម្បីលះបង់ ផ្តាច់បង់ នូវសេចក្តីកំណាញ់ ៥ យ៉ាង។ សេចក្តីកំណាញ់ ៥ យ៉ាង គឺអ្វីខ្លះ។ គឺប្រព្រឹត្តព្រហ្មចរិយៈ ដើម្បីលះបង់ ផ្តាច់បង់ នូវសេចក្តីកំណាញ់ អាវាស ១ នូវសេចក្តីកំណាញ់ត្រកូល ១… នូវសេចក្តីកំណាញ់លាភ ១ … នូវសេចក្តីកំណាញ់គុណ ១ ប្រព្រឹត្តព្រហ្មចរិយៈ ដើម្បីលះបង់ ផ្តាច់បង់នូវសេចក្តីកំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រព្រឹត្តព្រហ្មចរិយ ដើម្បីលះបង់ ផ្តាច់បង់ នូវសេចក្តីកំណាញ់ទាំង ៥ យ៉ាងនេះឯង។
(៦. បឋមឈានសុត្តំ)
[១៥៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ យ៉ាង មិនគួរដើម្បីបានបឋមជ្ឈាន។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១។ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ទាំង ៥ យ៉ាងនេះ មិនគួរដើម្បីបានបឋមជ្ឈានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៥ យ៉ាងនេះ គួរដើម្បីបានបឋមជ្ឈាន។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ទាំង ៥ យ៉ាងនេះ គួរដើម្បីបានបឋមជ្ឈាន។
(៧-១៣. ទុតិយឈានសុត្តាទិសត្តកំ)
[១៥៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ យ៉ាង មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវទុតិយជ្ឈាន … នូវតតិយជ្ឈាន … នូវចតុត្ថជ្ឈាន … នូវសោតាបត្តិផល … នូវសកទាគាមិផល … នូវអនាគាមិផល … នូវអរហត្ត។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ យ៉ាងនេះឯង មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តទ្បើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៥ យ៉ាង គួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។ ម្នាលភិក្ខុទាំងទ្បាយ បុគ្គលលះបង់ធម៌ ៥ យ៉ាងនេះឯង គួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។
(១៤. អបរបឋមឈានសុត្តំ)
[១៥៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ យ៉ាង មិនគួរដើម្បីបានបឋមជ្ឈាន។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ ជាមនុស្សអកតញ្ញូ អកតវេទី ១។ ម្នាលភិក្ខុទាំងទ្បាយ បុគ្គលមិនលះបង់ធម៌ ៥ យ៉ាងនេះឯង មិនគួរដើម្បីបានបឋមជ្ឈានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៥ យ៉ាង គួរដើម្បីបានបឋមជ្ឈាន។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ ជាមនុស្សអកតញ្ញូ អកតវេទី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៥ យ៉ាងនេះឯង គួរដើម្បីបានបឋមជ្ឈាន។
(១៥-២១. អបរទុតិយឈានសុត្តាទិសត្តកំ)
[១៥៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ យ៉ាង មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវទុតិយជ្ឈាន … នូវតតិយជ្ឈាន … នូវចតុត្ថជ្ឈាន … នូវសោតាបត្តិផល … នូវសកទាគាមិផល … នូវអនាគាមិផល … នូវអរហត្តឡើយ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ ជាមនុស្សអកតញ្ញូ អកតវេទី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៥ យ៉ាងនេះ មិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៥ យ៉ាង គួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ ជាមនុស្សអកតញ្ញូ អកតវេទី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៥ យ៉ាងនេះឯង គួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។
(១. សម្មុតិបេយ្យាលំ)
(១. ភត្តុទ្ទេសកសុត្តំ)
[១៦០] ម្នាលភិក្ខុទាំឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង សង្ឃមិនគួរសន្មតឲ្យជាភត្តុទ្ទេសកៈ។ ប្រកបដោធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺលុះក្នុងឆន្ទាគតិ ១ លុះក្នុងទោសាគតិ ១ លុះក្នុងមោហាគតិ ១ លុះក្នុងភយាគតិ ១ មិនដឹងភត្ត ដែលខ្លួនគួរសំដែង និងមិនគួរសំដែង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោធម៌ ៥ យ៉ាងនេះឯង សង្ឃមិនគួរសន្មតឲ្យជាភត្តុទ្ទេសកៈឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោធម៌ ៥ យ៉ាង សង្ឃគួរសន្មតឲ្យជាភត្តុទ្ទេសកៈបាន។ ប្រកបដោធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនលុះក្នុងឆន្ទាគតិ ១ មិនលុះក្នុងទោសាគតិ ១ មិនលុះក្នុងមោហាគតិ ១ មិនលុះក្នុងភយាគតិ ១ ដឹងនូវភត្ត ដែលខ្លួនគួរសំដែង និងមិនគួរសំដែង ១។ ម្នាលភិក្ខុទាំឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង សង្ឃគួរសន្មតឲ្យជាភត្តុទ្ទេសកៈបាន។
[១៦១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង សង្ឃមិនគួរសន្មតឲ្យជាភត្តុទ្ទេសកៈឡើយ បើសន្មតក៏មិនគួរប្រើ។បេ។ សន្មតហើយ គួរប្រើ។បេ។ បណ្ឌិតគប្បីដឹងថាជាពាល។បេ។ បណ្ឌិតគប្បីដឹងថា ជាអ្នកប្រាជ្ញ។បេ។ រមែងរក្សាខ្លួន ដែលជីករំលើងគុណចោល។បេ។ រក្សាខ្លួនដូចជាដើមឈើ ដែលមិនជីករំលើងគុណចោល។បេ។ រមែងទៅកើត ក្នុងនរក ដូចជាគេនាំយកទៅទំលាក់។បេ។ រមែងទៅកើត ក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់។បេ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនលុះក្នុងឆន្ទាគតិ ១ មិនលុះក្នុងទោសាគតិ ១ មិនលុះក្នុងមោហាគតិ ១ មិនលុះក្នុងភយាគតិ ១ ដឹងនូវភត្ត ដែលខ្លួនគួរសំដែង និងមិនគួរសំដែង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់។
(២-១៤. សេនាសនបញ្ញាបកសុត្តាទិតេរសកំ)
[១៦២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបដោយធម៌ ៥ យ៉ាង សង្ឃមិនគួរសន្មតឲ្យជាសេនាសនប្បញ្ញាបកៈ … មិនដឹងនូវសេនាសនៈ ដែលខ្លួនគួរចាត់ចែង និងមិនគួរចាត់ចែង … សង្ឃគួរសន្មតឲ្យជាសេនាសនប្បញ្ញាបកៈ … ដឹងនូវសេនាសនៈ ដែលខ្លួនគួរចាត់ចែង និងមិនគួរចាត់ចែង … សង្ឃមិនគួរសន្មត ឲ្យជាសេនាសនគ្គាហាបកៈ … មិនដឹងនូវសេនាសនៈ ដែលខ្លួនគួរចាត់ចែង និងមិនគួរចាត់ចែង … សង្ឃគួរសន្មត ឲ្យជាសេនាសនគ្គាហាបកៈ … ដឹងនូវសេនាសនៈ ដែលខ្លួនគួរចាត់ចែង និងមិនគួរចាត់ចែង … សង្ឃមិនគួរសន្មតឲ្យជាភណ្ឌាគារិកៈ … មិនដឹងនូវទ្រព្យ ដែលខ្លួនគួររក្សាទុក និងមិនគួររក្សាទុក … សង្ឃគួរសន្មតឲ្យជាភណ្ឌាគារិកៈ … ដឹងនូវទ្រព្យ ដែលខ្លួនគួររក្សាទុក និងមិនគួររក្សាទុក … សង្ឃមិនគួរសន្មត ឲ្យជាចីវររប្បដិគ្គាហកៈ … មិនដឹងចីវរ ដែសខ្លួនគួរទទួល និងមិនគួរទទួល … សង្ឃគួរសន្មតឲ្យជាចីវរប្បដិគ្គាហកៈ … ដឹងនូវចីវរ ដែលខ្លួនគួរទទួល និងមិនគួរទទួល … សង្ឃមិនគួរសន្មតឲ្យជាចីវរភាជកៈ … មិនដឹងនូវចីវរ ដែលខ្លួនគួរចែក និងមិនគួរចែក … សង្ឃគួរសន្មតឲ្យជាចីវរភាជកៈ … ដឹងនូវចីវរ ដែលខ្លួនគួរចែក និងមិនគួរចែក … សង្ឃមិនគួរសន្មតឲ្យជាយាគុភាជកៈ (អ្នកចែកបបរ) … សង្ឃគួរសន្មតឲ្យជាយាគុភាជកៈ … សង្ឃមិនគួរសន្មត ឲ្យជាផលភាជកៈ (អ្នកចែកផ្លែឈើ)… សង្ឃគួរសន្មតឲ្យជាផលភាជកៈ… សង្ឃមិនគួរសន្មតឲ្យជាខជ្ជកភាជកៈ (អ្នកចែកបង្អែម) … មិនដឹងបង្អែម ដែលខ្លួនគួរចែក និងមិនគួរចែក … សង្ឃគួរសន្មតឲ្យជាខជ្ជកភាជកៈ … ដឹងបង្អែមដែលខ្លួនគួរចែក និងមិនគួរចែក … សង្ឃមិនគួរសន្មត ឲ្យជាអប្បមត្តកវិស្សជ្ជកៈ (ចំណាយរបស់បន្តិបន្តួច) … មិនដឹងរបស់បន្តិចបន្តួច ដែលខ្លួនគួរចំណាយ និងមិនគួរចំណាយ សង្ឃគួរសន្មត ឲ្យជាអប្បមត្តកវិស្សជ្ជកៈ … ដឹងនូវរបស់បន្តិចបន្តួច ដែលខ្លួនគួរចំណាយ និងមិនគួរចំណាយ … សង្ឃមិនគួរសន្មតឲ្យជាសាដិយគ្គាហាបកៈ (អ្នកប្រើគេឲ្យកាន់យកនូវសំពត់ងូតទឹក) … មិនដឹងសំពត់ងូតទឹក ដែលខ្លួនគួរកាន់យក និងមិនគួរកាន់យក … សង្ឃគួរសន្មត ឲ្យជាសាដិយគ្គាហាបកៈ … ដឹងនូវសំពត់ងូតទឹក ដែលខ្លួនគួរកាន់យក និងមិនគួរកាន់យក … សង្ឃមិនគួរសន្មតឲ្យជាបត្តគ្គាហាបកៈ (អ្នកប្រើគេឲ្យកាន់យកបាត្រ) … មិនដឹងនូវបាត្រ ដែលខ្លួនគួរកាន់យក និងមិនគួរកាន់យក … សង្ឃគួរសន្មត ឲ្យជាបត្តគ្គាហាបកៈ … ដឹងនូវបាត្រ ដែលខ្លួនគួរកាន់យក និងមិនគួរកាន់យក… សង្ឃមិនគួរសន្មត ឲ្យជាអារាមិកបេសកៈ (អ្នកប្រើញោមវត្ត) … មិនដឹងញោមវត្ត ដែលខ្លួនគួរប្រើ និងមិនគួរប្រើ … សង្ឃគួរសន្មត ឲ្យជាអារាមិកបេសកៈ … ដឹងញោមវត្ត ដែលខ្លួនគួរប្រើ និងមិនគួរប្រើ… សង្ឃមិនគួរសន្មត ឲ្យជាសាមណេបេសកៈ (អ្នកប្រើសាមណេរ) … សង្ឃគួរសន្មតឲ្យជាសាមណេបេសកៈ … បើបានជាសន្មតហើយ មិនគួរប្រើឡើយ បើបានជាសន្មតរួចហើយ គួរប្រើ … បណ្ឌិតគប្បីជ្រាបថាជាពាល … បណ្ឌិតគប្បីជ្រាបថាជាអ្នកប្រាជ្ញ … រមែងរក្សាខ្លួន ដែលគាស់ជីករំលើងគុណចោល … រមែងរក្សាខ្លួន ដែលមិនគាស់រំលើងគុណចោល … រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់… មិនដឹងសាមណេរ ដែលគួរប្រើ និងមិនគួរប្រើ … រមែងទៅកើត ក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុមិនលុះក្នុងឆន្ទាគតិ ១ មិនលុះក្នុងទោសាគតិ ១ មិនលុះក្នុងមោហាគតិ ១ មិនលុះក្នុងភយាគតិ ១ ដឹងនូវសាមណេរ ដែលគួរប្រើ និងមិនគួរប្រើ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រើសាមណេរ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើត ក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។
(២. សិក្ខាបទបេយ្យាលំ)
(១. ភិក្ខុសុត្តំ)
[២៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើត ក្នុងនរក ដូចគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកសំឡាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តធម៌មិនប្រសើរ ១ និយាយកុហក ១ ផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងទៅកើត ក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើត ក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកវៀរចាកការសំឡាប់សត្វ ១ វៀរចាកការលួចទ្រព្យគេ ១ វៀរចាកការប្រព្រឹត្តិធម៌ មិនប្រសើរ ១ វៀរចាកការនិយាយកុហក ១ វៀរចាកការផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងទៅកើត ក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់ ១។
(២-៧. ភិក្ខុនីសុត្តាទិឆក្កំ)
[១៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី … សិក្ខមានា … សាមណេរ… សាមណេរី… ឧបាសក … ឧបាសិកា ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ ១។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកសំឡាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ និយាយកុហក ១ ផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកា ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកវៀរចាកការសំឡាប់សត្វ ១ វៀរចាកការលួចទ្រព្យគេ ១ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ១ វៀរចាកការនិយាយកុហក ១ វៀរចាកការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសិកាប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។
(៨. អាជីវកសុត្តំ)
[១៦៥] ម្នាលភិក្ខុទាំងឡាយ អាជីវកប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកសំឡាប់សត្វ ១ លួចទ្រព្យគេ ១ ជាអ្នកប្រព្រឹត្តធម៌ មិនប្រសើរ ១ និយាយកុហក ១ ផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ ១។ ម្នាលភិក្ខុទាំងឡាយ អាជីវកប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។
(៩-១៧. និគណ្ឋសុត្តាទិនវកំ)
[១៦៦] ម្នាលភិក្ខុទាំងឡាយ និគ្រន្ថ… មុណ្ឌសាវក… ជដិលកៈ… បរិពា្វជក… មាគណ្ឌិកៈ… តេទណ្ឌិក… អារុទ្ធកៈ… គោតមកៈ… ទេវធម្មិកៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើត ក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ ១ លួចទ្រព្យគេ ១ ប្រព្រឹត្តធម៌ មិនប្រសើរ ១ និយាយកុហក ១ ផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ១។ ម្នាលភិក្ខុទាំងឡាយ ទេវធម្មិកៈប្រកបដោយធម៌ ៥ យ៉ាងនេះ រមែងទៅកើត ក្នុងនរក ដូចជាគេនាំយកទៅទំលាក់។
(៣. រាគបេយ្យាលំ)
(១. ភិក្ខុសុត្តំ)
[១៦៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាង គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសំគាល់ឃើញថាមិនស្អាត ១ សំគាល់ឃើញក្នុងសេចក្តីស្លាប់ ១ សំគាល់ ឃើញថាមានទោស ១ សំគាល់ឃើញថាគួរខ្ពើម ក្នុងអាហារ ១ សំគាល់ឃើញថាមិនគួរត្រេកអរ ក្នុងលោកទាំងពួង ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ គួរចំរើនដើម្បីដឹងច្បាស់នូវរាគៈ។
[១៦៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងគួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសំគាល់ឃើញថាមិនទៀង ១ សំគាល់ឃើញថាជាទុក្ខ ក្នុងរបស់មិនទៀង ១ សំគាល់ឃើញថាមិនមែនរបស់ខ្លួន ក្នុងរបស់ជាទុក្ខ សំគាល់ឃើញ ក្នុងធម៌ជាគ្រឿងលះ ១ សំគាល់ឃើញក្នុងធម៌ ជាគ្រឿងនឿយណាយ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។
[១៦៩] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាង គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។
[១៧០] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាង គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសទ្ធាពលៈ ១ វីរិយពលៈ ១ សតិពលៈ សមាធិពលៈ ១ បញ្ញាពលៈ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង គួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។
[១៧១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាង គួរចំរើន ដើម្បីកំណត់ដឹងនូវរាគៈ។បេ។ ដើម្បីអស់ទៅ ដើម្បីលះ ដើម្បីក្ស័យ ដើម្បីសូន្យទៅ ដើម្បីនឿយណាយ ដើម្បីរំលត់ ដើម្បីលះបង់ ដើម្បីរលាស់នូវរាគៈ។បេ។ ធម៌ ៥ យ៉ាងនេះ គួរចំរើន ដើម្បីដឹងច្បាស់នូវទោសៈ មោហៈ កោធៈ ឧបនាហៈ (ចងក្រោធទុក) មក្ខៈ (រមិលគុណ) បលាសៈ (លើកខ្លួនផ្ទឹម) ឥស្សា (ឫស្យា) មច្ឆរិយៈ (កំណាញ់) មាយា (បិទបាំងទោស) សាថេយ្យៈ (អួតអាង) ថម្ភៈ (មុខរឹង) សារម្ភៈ (ប្រណាំងវាស្នា) មានះ (ប្រកាន់ខ្លួន) អតិមានះ (មើលងាយគេ) មទៈ (ស្រវឹង) បមាទៈ (ប្រាសចាកសតិ)។បេ។ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះ ដើម្បីក្ស័យ ដើម្បីសូន្យទៅ ដើម្បីនឿយណាយ ដើម្បីរំលត់ ដើម្បីលះបង់ ដើម្បីរលាស់នូវទោសៈ។
ចប់ បញ្ចកនិបាត។
ចប់ ភាគ៤៥។
លេខ ទំព័រ | លេខសម្គាល់ | |
សុត្តន្តបិដក | sut | |
អង្គុត្តរនិកាយ | ១ | sut.an |
---|---|---|
បញ្ចកនិបាត ឆដ្ឋភាគ | ១ | sut.an.05 |
តតិយបណ្ណាសក | ||
ផាសុវិហារវគ្គ ទី១ | ១ | sut.an.05.v11 |
អន្ធកវិន្ទវគ្គ ទី២ | ១៩ | sut.an.05.v12 |
គិលានវគ្គ ទី៣ | ៣០ | sut.an.05.v13 |
រាជវគ្គ ទី៤ | ៤១ | sut.an.05.v14 |
តិកណ្ឌកីវគ្គ ទី៥ | ៧៣ | sut.an.05.v15 |
ចតុត្ថបណ្ណាសក | ||
សទ្ធម្មវគ្គ ទី១ | ៩២ | sut.an.05.v16 |
អាឃាតវគ្គ ទី២ | ១១៤ | sut.an.05.v17 |
ឧបាសកវគ្គ ទី៣ | ១៥០ | sut.an.05.v18 |
អរញ្ញវគ្គ ទី៤ | ១៨៣ | sut.an.05.v19 |
ព្រាហ្មណវគ្គ ទី៥ | ១៨៨ | sut.an.05.v20 |
បញ្ចមបណ្ណាសក | ||
កិមិលវគ្គ ទី១ | ២៣៧ | sut.an.05.v21 |
អក្កោសកវគ្គ ទី២ | ២៤៦ | sut.an.05.v22 |
ទីឃចារិកវគ្គ ទី៣ | ២៥៥ | sut.an.05.v23 |
អាវាសិកវគ្គ ទី៤ | ២៦៤ | sut.an.05.v24 |
ទុច្ចរិតវគ្គ ទី៥ | ២៧៤ | sut.an.05.v25 |
ពួកសូត្រមិនសង្រ្គោះក្នុងវគ្គ | ២៨៣ | sut.an.05.v26-29 |