-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៥៤ - Book 54
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20180209 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20180209 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៥៤ - Tipitaka Book 054, for change log on ati.eu see here: រាយការណ៍ ភាគ ០៥៤
គំរូ ឯកសារ ផ្សេងទៀត ៖
book_054.pdf
លេខសម្គាល់
លេខទំព៍រ
ទ. 1
(ខុទ្ទកនិកាយោ)
តតិយភាគ
ភាគទី ៥៤
ឧរគវគ្គ ទី១ | ចូឡវគ្គ ទី២ | មហាវគ្គ ទី៣ | អដ្ឋកវគ្គ ទី៤ | បារាយនវគ្គ ទី៥
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(សុត្តនិបាត)
(១. ឧរគវគ្គោ)
(១. ឧរគសុត្តំ)
[១] ភិក្ខុណា បន្ទោបង់សេចក្តីក្រោធ ដែលឆួលឡើងហើយ ដូចបុគ្គលបន្សាបពិសពស់ ដែលជ្រាបទៅដោយឱសថទាំងឡាយ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ1) ដូចពស់សកសំណកចាស់ គ្រាំគ្រាចេញ។ ភិក្ខុណា ផា្តច់បង់រាគៈ មិនមានសេសសល់ ដូចគេកាត់ផ្កាឈូក ដែលដុះក្នុងស្រះ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់ គ្រំាគ្រាចេញ។ ភិក្ខុណា បានផ្តាច់បង់តណ្ហា មិនមានសេសសល់ ញុំាងតណ្ហា ដែលជាកិលេសជាតិ ត្រាច់ទៅ អន្ទោលទៅដោយរហ័ស ឲ្យរីងស្ងួត ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់ គ្រាំគ្រាចេញ។ ភិក្ខុណា កំចាត់មានះ មិនមានសេសសល់ ដូចជំនន់ធំ កំចាត់បង់នូវស្ពានបបុស ដែលទុព្វលភាពកៃ្រលែង ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់ គ្រាំគ្រាចេញ។ ភិក្ខុណា កាលសែ្វងរកមិនបាននូវសារៈ ក្នុងភពទាំងឡាយ ដូចបុគ្គលសែ្វងរកនូវផ្កាឰដ៏ដើមល្វាទាំងឡាយ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់ គ្រំាគ្រាចេញ។ សេចក្តីក្រោធ មិនមានក្នុងសន្តាននៃភិក្ខុណា មួយទៀត ភិក្ខុណា ប្រព្រឹត្តកន្លងនូវបុណ្យ និងបាប ភិក្ខុនោះ ឈ្មោះថា បានលះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់ គ្រំាគ្រាចេញ។ ភិក្ខុណា កំចាត់បង់ ផ្តាច់បង់ ឲ្យជ្រះស្រឡះ នូវវិតក្កៈទាំងឡាយ ខាងក្នុងសន្តាន មិនមានសេសសល់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់ គ្រំាគ្រាចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ប្រព្រឹត្តកន្លងនូវបបញ្ចធម៌2) ទាំងអស់នេះបាន ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រាចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ព្រោះដឹងច្បាស់ថា ធម្មជាត មានខន្ធជាដើមទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រំាគ្រាចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាកលោភៈ ដោយគិតថា ធម្មជាត មានខន្ធជាដើមទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រាចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាករាគៈ ដោយគិតថា ធម្មជាត មានខន្ធជាដើម ទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់ គ្រាំគ្រាចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាកទោសៈ ដោយគិតថា ធម្មជាត មានខន្ធជាដើមទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រាចេញ។ ភិក្ខុណា មិនស្ទុះទៅ មិនក្រាញនៅ ជាអ្នកប្រាសចាកមោហៈ ដោយគិតថា ធម្មជាត មានខន្ធជាដើមទាំងអស់នេះ មិនទៀងទាត់ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រាចេញ។ អនុស្សយក្កិលេសណាមួយ មិនមានដល់ភិក្ខុណា ឬអកុសលមូល ដែលភិក្ខុដកចេញហើយ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រាចេញ។ អនុស្សយក្កិលេសណាមួយ ដែលកើតអំពីសេចក្តីក្រវល់ក្រវាយ មិនមានដល់ភិក្ខុណា ឬបច្ច័យដើម្បីដើរមកកាន់ត្រើយខាងអាយ មិនមាន ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រាចេញ។ អនុស្សយក្កិលេសណាមួយ ដែលកើតអំពីព្រៃតូច គឺតណ្ហា មិនមានដល់ភិក្ខុណា សេចក្តីសម្រេចដោយហេតុ (តណ្ហា) ដើម្បីភពដែលជាប់ជំពាក់ហើយ មិនមាន ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រាចេញ។ ភិក្ខុណា លះបង់នីវរណៈ ៥ ប្រការ ជាអ្នកមិនតានតឹង ឆ្លងសេចក្តីងឿងឆ្ងល់ ប្រាសចាកសរ គឺកិលេស ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រាចេញ។
ចប់ ឧរគសូត្រ ទី១។
(២. ធនិយសុត្តំ)
[២] (សេដ្ឋិបុត្ត ឈ្មោះធនិយគោបៈ ពោលថា) យើងមានបាយចំអិនហើយ មានទឹកដោះរូតហើយ ជាអ្នកនៅជាមួយជនបរិស័ទ ទៀបឆេ្នរទនេ្លមហី ខ្ទម យើងបានប្រក់ហើយ ភើ្លងក៏បង្កាត់ហើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគត្រាស់ថា) តថាគត មិនមានសេចក្តីក្រោធ បា្រសចាកសេចក្តីរឹងតឹ្អងហើយ នៅអស់រាត្រីមួយ ក្បែរឆ្នេរទន្លេមហី ខ្ទម គឺអត្តភាព មានដំបូលបើកចេញហើយ ភ្លើង3) រលត់ហើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ធនិយគោបៈ ពោលថា) របោម ក៏មិនមាន គោទាំងឡាយ ក៏ដើរទៅក្នុងច្រក ដែលមានស្មៅលូតលាស់ល្អ គោទាំងឡាយ ក៏អត់ធន់នឹងភ្លៀងដែលបង្អុរមក ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគត្រាស់ថា) ក្បូន តថាគតបានចង ចាត់ចែងស្រេចហើយ តថាគត បានឆ្លងដល់ត្រើយ កំចាត់បង់នូវឱឃៈបាន សេចក្តីត្រូវការដោយក្បូន មិនមានទៀតទេ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ធនិយគោបៈ ពោលថា) ប្រពន្ធរបស់យើង ជាអ្នកសា្តប់បង្គាប់ ជាស្ត្រីមិនឡេះឡោះ ជាទីពេញចិត្ត គួរនៅរួមអស់កាលដ៏វែង យើងមិនដែលឮសំដីដ៏អាក្រក់តិចតួច របស់ប្រពន្ធនោះឡើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគ ត្រាស់ថា) ចិត្តរបស់តថាគត ជាធម្មជាតស្តាប់បង្គាប់ ជាចិត្តរួចស្រឡះហើយ តថាគត បានអប់រំហើយ ទូន្មានល្អហើយ អស់កាលដ៏វែង ចំណែកបាប មិនមានដល់តថាគតទៀតទេ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ធនិយគោបៈ ពោលថា) យើងជាអ្នកចិញ្ចឹមជីវិតដោយថ្លៃឈ្នួលចំពោះខ្លួនឯង ចំណែកខាងកូនទាំងឡាយរបស់យើង មានសេចក្តីមូលមិត្ត ឥតមានរោគទេ យើងមិនដែលឮហេតុអាក្រក់តិចតួច របស់កូននោះឡើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគ ត្រាស់ថា) តថាគត មិនមែនជាអ្នកស៊ីឈ្នួលអ្នកណាមួយទេ តថាគត ត្រាច់ទៅដោយឥតមានជាប់ចំពាក់ក្នុងលោកទាំងមូល សេចក្តីត្រូវការដោយថ្លៃឈ្នួល មិនមានទេ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ធនិយគោបៈ ពោលថា) គោជំទង់ក៏មាន កូនគោកំពុងបៅដោះក៏មាន មេគោមានគភ៌ និងមេគោកំពុងដោយឈ្មោល ក៏មាន គោឈ្មោលជាគោបារបស់យើងក៏មាន ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគ ត្រាស់ថា) គោជំទង់ក៏មិនមាន កូនគោកំពុងបៅដោះ ក៏មិនមាន មេគោមានគភ៌ និងមេគោកំពុងដោយឈ្មោល ក៏មិនមាន គោឈ្មោលជាគោបា របស់តថាគត ក៏មិនមាន ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ធនិយគោបៈ ពោលថា) បង្គោលស្នឹង (សម្រាប់ចងគោ) យើងបានបោះមិនរង្កៀកទេ ខ្សែពួរទាំងឡាយ ដែលវេញអំពីស្មៅយ៉ាប្លង ក៏នៅថ្មី មានសណ្ឋាននៅល្អ កូនគោកំពុងបៅដោះ មិនអាចទាញផ្តាច់បានទេ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគ ត្រាស់ថា) តថាគត ផ្តាច់ចំណង គឺសំយោជនៈ ចំណែកខាងលើប្រាំ ដូចគោឧសភៈ ផា្តច់នូវចំណង ទំលាយចំណង គឺសំយោជនៈប្រាំ ខាងក្រោម ដូចដំរីទំលាយវល្លិ៍ផោម មិនបានចូលទៅកាន់ដំណេកក្នុងគភ៌ទៀតទេ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
ខណៈនោះឯង មហាមេឃ បង្អុរភ្លៀងឲ្យពេញនូវទីទាប និងទីទួល ធនិយគោបៈ បានឮសូរភ្លៀងបង្អុរ ក៏ពោលនូវសេចក្តីនេះថា ឱលាភរបស់យើងមិនមែនតិចទេ ព្រោះយើងបានឃើញនូវព្រះមានព្រះភាគ បពិត្រព្រះអង្គមានចក្ខុ យើងសូមដល់ព្រះអង្គជាទីពឹង សូមព្រះមហាមុនី ជាសាស្តាចារ្យនៃយើង។ យើងទាំងឡាយ គឺប្រពន្ធ និងខ្ញុំព្រះអង្គ ជាអ្នកស្តាប់បង្គាប់ សូមប្រព្រឹត្តនូវព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសុគត សូមជាអ្នកបានដល់ត្រើយនៃជាតិ និងមរណៈ ធ្វើទីបំផុតនៃទុក្ខ។
(មារមានចិត្តបាប និយាយថា) បុគ្គលមានបុត្ត រមែងត្រេកអរនឹងបុត្តទាំងឡាយ បុគ្គលមានគោ រមែងត្រេកអរនឹងគោទាំងឡាយ ដូច្នោះដែរ ការត្រេកអររបស់នរជន រមែងមាន ព្រោះតែឧបធិទាំងឡាយ (គ្រឿងជាប់ជំពាក់) បុគ្គលណា មិនមានឧបធិ បុគ្គលនោះ ទើបមិនត្រេកអរ។
(ព្រះមានព្រះភាគ ត្រាស់ថា) បុគ្គលមានបុត្ត រមែងសោកនឹងបុត្តទាំងឡាយ បុគ្គលមានគោ រមែងសោកនឹងគោទាំងឡាយ ដូច្នោះដែរ ការសោករបស់នរជន រមែងមានព្រោះតែឧបធិទាំងឡាយ លុះតែបុគ្គលណា មិនមានឧបធិ បុគ្គលនោះ ទើបមិនសោក។
ចប់ ធនិយសូត្រ ទី២
(៣. ខគ្គវិសាណសុត្តំ)
[៣] បុគ្គលដាក់អាជ្ញាចោលចេញ ចំពោះពួកសត្វទាំងអស់ មិនបានបៀតបៀននូវសត្វទាំងនោះ សូម្បីសត្វណាមួយ មិនគប្បីប្រាថ្នានូវបុត្ត តើគប្បីត្រូវការសំឡាញ់អំពីណា គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
សេចក្តីស្រឡាញ់ រមែងមានដល់បុគ្គល ដែលច្រឡូកច្រឡំ ទុក្ខដែលជាប់តាមចំពោះសេចក្តីស្រឡាញ់នេះ ក៏រមែងកើតឡើង បុគ្គលឃើញទោស ដែលកើតអំពីសេចក្តីស្រឡាញ់ហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលអ្នកមានចិត្តប្រតិព័ទ្ធ កាលអនុគ្រោះនូវពួកមិត្ត ដែលមានចិត្តល្អ រមែងញុំាងប្រយោជន៍ ឲ្យសាបសូន្យ បុគ្គលកាលឃើញនូវភ័យ ក្នុងការមូលមិត្តគ្នានុ៎ះហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។ សេចក្តីស្រឡាញ់ចំពោះកូន និងប្រពន្ធ ដូចឫស្សី ដែលបែកគុម្ព ចាក់កណ្តាញ់ បុគ្គល កាលមិនជាប់ជំពាក់ ដូចជាទំពាំងឫស្សី គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ម្រឹគក្នុងព្រៃ ជាសត្វមិនជាប់បំណង ទៅរកចំណីតាមចំណង់ចិត្តបាន យ៉ាងណា វិញ្ញូជន កាលបើឃើញសេរីភាព4) (យ៉ាងនោះ) គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ការហៅរក រមែងមានដល់ជនស្ថិតនៅក្នុងកណ្តាលនៃសំឡាញ់ គឺការនៅ ការឈរ និងការត្រាច់ចារិក បុគ្គលកាលបើឃើញសេរីភាព ដែល (ពួកជនពាល) មិនប្រាថ្នា គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ការលេង ការត្រេកអរក្នុង (កាមគុណ) រមែងមានដល់ជនស្ថិតនៅក្នុងកណ្តាលនៃសំឡាញ់ មួយទៀត សេចក្តីស្រឡាញ់ដ៏ធំទូលាយ រមែងមានក្នុងបុត្តទាំងឡាយ បុគ្គលកាលបើធុញទ្រាន់នឹងការព្រាត់ប្រាស ចាកសត្វ និងសង្ខារជាទីស្រឡាញ់ហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គល ជាអ្នកនៅជាសុខ ក្នុងទិសទាំង ៤ មិនលំបាក ត្រេកអរដោយបរិក្ខារ តាមមានតាមបាន ជាអ្នកអត់ធន់ ចំពោះអន្តរាយទាំងឡាយ ទាំងជាអ្នកមិនតក់ស្លុត គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បព្វជិតពួកខ្លះ ឬគ្រហស្ថអ្នកគ្រប់គ្រងផ្ទះ គេសង្រ្គោះបានដោយកម្រ បុគ្គលមិនមានសេចក្តីខ្វល់ខ្វាយ ចំពោះបុត្តនៃបុគ្គលដទៃ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ធីរបុរស លះបង់នូវវត្ថុទាំងឡាយ ជាគ្រឿងប្រាកដនូវភាពជាគ្រហស្ថ កាត់ចំណងរបស់គ្រហស្ថទាំងឡាយ ដូចជារលួសផ្អុងជំរុះស្លឹក គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បើបុគ្គលបានអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅដោយប្រពៃ ជាសំឡាញ់ មានប្រាជ្ញាខ្ជាប់ខ្ជួន ត្រាច់ទៅជាមួយគ្នា គ្របសង្កត់នូវសេចក្តីអន្តរាយទាំងពួងបាន គប្បីមានចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយសំឡាញ់នោះទៅចុះ។
បើបុគ្គល រកអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅដោយប្រពៃ ជាសំឡាញ់ មានប្រាជ្ញាខ្ជាប់ខ្ជួន ត្រាច់ទៅជាមួយគ្នាពុំបានទេ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចព្រះរាជាលះបង់នូវដែន ដែលព្រះអង្គឈ្នះហើយ ឬដូចដំរីឈ្មោះមាតង្គៈ លះបង់ហ្វូង ត្រាច់ទៅក្នុងព្រៃ។
តាមពិត យើងសសើរនូវការបរិបូណ៌ដោយសំឡាញ់ហើយ តែសំឡាញ់មានគុណប្រសើរជាង និងសំឡាញ់មានគុណស្មើ បុគ្គលគួរសេពគប់ រាប់រក បើ (កុលបុត្រចង់បានប្រយោជន៍) រកសំឡាញ់ទាំងនុ៎ះពុំបានទេ គប្បីជាអ្នកបរិភោគភោជនដែលមិនមានទោស ហើយត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលឃើញនូវកងមាសទាំងពីរដ៏ភ្លឺផ្លេក ដែលជាងមាសធ្វើសម្រេចហើយដោយល្អ រណ្តំគ្នា ឰដ៏ដៃ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ការចរចាដោយវាចាក្តី ការជាប់ចំពាក់ក្តី ជាមួយនឹងកុមារជាគំរប់ពីរ មានដល់អញ យ៉ាងនេះ បុគ្គលកាលបើឃើញនូវភ័យនុ៎ះ តទៅខាងមុខហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ពិតណាស់ កាមទាំងឡាយដ៏វិចិត្រ មានរសផ្អែម ជាទីរីករាយនៃចិត្ត តែងញំាញីនូវចិត្ត ដោយសភាពដ៏ប្លែក ៗ បុគ្គលឃើញទោស ក្នុងកាមគុណទាំងឡាយហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ចង្រៃ បូស ឧបទ្រព រោគ កិលេស ដូចសរ និងភ័យទាំងនុ៎ះ រមែងមានដល់យើង (ព្រោះកាម) បុគ្គលកាលបើឃើញភ័យនុ៎ះ ក្នុងកាមគុណទាំងឡាយហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលគ្របសង្កត់នូវសត្រូវទាំងអស់នុ៎ះ គឺត្រជាក់ ក្តៅ គម្លាន សម្រេក ខ្យល់ និងកំដៅថ្ងែ របោម និងពស់ហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ដំរី មានខ្លួនសមរម្យ មាំមួន មានសម្បុរដូចផ្កាឈូក កាលលះបង់នូវហ្វូង ហើយនៅក្នុងព្រៃ គួរដល់អធ្យាស្រ័យ យ៉ាងណា បុគ្គលគប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស (យ៉ាងនោះ)។
បុគ្គលបាននូវវិមុត្តិ ប្រព្រឹត្តទៅ ក្នុងសម័យ គឺលោកិយសមាបត្តិ ដោយហេតុណា ហេតុនោះ មិនមែនជាទីតាំងនៃបុគ្គលអ្នកត្រេកអរក្នុងពួកទេ បុគ្គលពិចារណាពាក្យ របស់ព្រះពុទ្ធ ជាព្រះអាទិច្ចពន្ធុហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលកន្លងនូវទិដ្ឋិអាក្រក់ ដល់នូវធម៌ទៀង មានមគ្គបានហើយ មិនបាច់មានអ្នកដទៃដឹកនាំ ព្រោះដឹងថា អាត្មាអញ មានញាណកើតហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គល មិនជាប់ចិត្តក្នុងអាហារ មិនកុហក មិនមានសេចក្តីស្រេកឃ្លាន ជាអ្នកមិនលុបគុណគេ កំចាត់បង់មោហៈ ដូចជាទឹកចត់ចេញបាន មិនមានទីអាស្រ័យ (គឺកិលេស) ក្នុងលោកទាំងមូល គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលគប្បីវៀរនូវសំឡាញ់ដ៏អាក្រក់ ដែលបង្ហាញនូវអំពើមិនជាប្រយោជន៍ អាស្រ័យនៅក្នុងកម្មមិនស្មើ (គឺទុច្ចរិត) មិនគប្បីសេពគប់នូវសំឡាញ់ដែលជាប់ចំពាក់ ដែលស្រវឹង (ក្នុងកាមគុណ) ដោយខ្លួនឯង គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលគប្បីគប់រកនូវមិត្តជាពហុស្សូត ទ្រទ្រង់នូវធម៌ ប្រកបដោយកម្មដ៏ថ្លៃថ្នូរ មានប្រាជ្ញាវាងវៃ លុះដឹងច្បាស់នូវប្រយោជន៍ទាំងឡាយហើយ គប្បីបន្ទោបង់ នូវសេចក្តីសង្ស័យចេញ ត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គល មិនតាក់តែងនូវការលេងផង ការត្រេកអរផង កាមសុខផង ក្នុងលោក មិនអាឡោះអាល័យ វៀរចាកទីជាទីស្អិតស្អាង អ្នកពោលពាក្យពិត គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលលះបង់កូនផង ប្រពន្ធផង បិតាផង មាតាផង ទ្រព្យទាំងឡាយផង ស្រូវទាំងឡាយផង ផៅពង្សទាំងឡាយផង កាមទាំងឡាយ តាមចំណែករៀងខ្លួនផង គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
កាមគុណនេះ ជាគ្រឿងជាប់ចំពាក់ សុខក្នុងកាមគុណនេះ មានប្រមាណតិច កាមគុណ មានសេចក្តីត្រេកអរតិច ទុក្ខក្នុងកាមគុណនេះ ច្រើនក្រៃលែង បុគ្គលអ្នកមានបញ្ញា ដឹងច្បាស់ថា ការជាប់ចំពាក់ក្នុងកាមគុណនុ៎ះ ដូចជាបូស គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលទំលាយនូវសំយោជនៈ ដូចត្រីក្នុងទឹក ទំលាយបង់នូវបណ្តាញ មិនត្រឡប់មក (រកសំយោជនៈ) វិញ ដូចជាភ្លើងឆេះ (មិនត្រឡប់វិលវិញ) គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលមានចក្ខុដាក់ចុះ មានជើងមិនរពឹស5) មានឥន្ទ្រិយគ្រប់គ្រងល្អ មានចិត្តរក្សាទុក មិនជោកជាំ មិនរោលរាល (ដោយកិលេស) គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលលះបង់នូវវត្ថុជាគ្រឿងប្រាកដ នូវភាពជាគ្រហស្ថ ដូចដើមបារិច្ឆត្តព្រឹក្ស មានស្លឹកជំរុះហើយ គប្បីជាអ្នកមានសំពត់កាសាយៈ ចេញបួស ត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលមិនធ្វើសេចក្តីប្រាថ្នា ក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ (ក្នុងអាហារ) មិនចិញ្ចឹមអ្នកដទៃ ជាអ្នកត្រាច់ទៅតាមច្រក មិនមានចិត្តជាប់ចំពាក់ក្នុងត្រកូលផ្សេង ៗ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលលះបង់នូវនីវរណៈទាំង ៥ បន្ទោបង់នូវឧបក្កិលេសនៃចិត្តទាំងអស់ចេញបាន ជាអ្នកមិនអាស្រ័យ (ដោយតណ្ហា) កាត់បង់នូវទោស ដែលកើតអំពីសេចក្តីស្រឡាញ់ហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលបានធ្វើនូវសុខទុក្ខ និងសោមនស្ស ទោមនស្ស ក្នុងកាលមុន ឲ្យនៅពីក្រោយខ្នងហើយ បាននូវឧបេក្ខាសមថៈ (ក្នុងចតុត្ថជ្ឈាន) ដ៏បរិសុទ្ធហើយ គប្បីត្រាច់ទៅ តែម្នាក់ឯង ដូចកុយរមាស។
បុគ្គល មានសេចក្តីព្យាយាម ប្រារព្ធដើម្បីដល់នូវព្រះនិព្វាន មានចិត្តមិនរួញរា អ្នកប្រព្រឹត្តមិនខ្ជិលច្រអូស មានសេចក្តីប្រឹងប្រែងដ៏មាំ ប្រកបដោយកម្លាំងប្រាជ្ញាហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលមិនលះបង់នូវឈាន ជាធម្មជាតស្ងប់ស្ងាត់ (ចាកសត្វ និងសង្ខារ) ជាអ្នកប្រព្រឹត្តធម៌ដ៏សមគួរ ក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណាឃើញទោស ក្នុងភពទាំងឡាយហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលកាលប្រាថ្នានូវការអស់តណ្ហា ជាអ្នកមិនប្រហែស មិនឆ្កួត មិនគ ជាអ្នកមានការចេះដឹង មានស្មារតី មានធម៌ពិចារណាហើយ ជាបុគ្គលទៀង មានសេចក្តីព្យាយាម គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលមិនតក់ស្លុត (ក្នុងលក្ខណៈ មានមិនទៀងជាដើម) ដូចសីហៈ មិនតក់ស្លុតនឹងសំឡេងទាំងឡាយ មិនបានជាប់ជំពាក់ (ក្នុងធម៌ទាំងឡាយ មានខន្ធជាដើម) ដូចខ្យល់ មិនជាប់នឹងសំណាញ់ មិនជាប់ (ដោយតណ្ហា និងលោភៈ) ដូចឈូកមិនទទឹកដោយទឹក គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលគប្បីអាស្រ័យនូវសេនាសនៈដ៏ស្ងាត់ ដូចជាសីហៈ ជាសេ្តចសត្វ មានកំលាំងចង្កូម ត្រាច់គ្របសង្កត់ កំហែងនូវពួកម្រឹគ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលកាលចំរើនមេត្តាផង ឧបេក្ខាផង ករុណាផង មុទិតាផង ដែលជាហេតុរួចស្រឡះ (ចាកកិលេស) ក្នុងកាលគួរ មិនថ្នាំងថ្នាក់ចំពោះសត្វលោកទាំងអស់ហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
បុគ្គលលះបង់រាគៈផង ទោសៈផង មោហៈផង ទំលាយនូវសំយោជនៈទាំងឡាយ មិនតក់ស្លុតក្នុងការក្ស័យជីវិត គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ពួកមនុស្ស មានប្រយោជន៍ជាហេតុ ទើបគប់រកផង បំរើផង ពួកមិត្តសំឡាញ់ទាំងឡាយ ដែលឥតហេតុ រកបានដោយក្រ ក្នុងថ្ងៃនេះ ពួកមនុស្ស (ច្រើនតែ) មានប្រាជ្ញាចំពោះប្រយោជន៍របស់ខ្លួន ជាអ្នកប្រកបដោយអំពើមិនស្អាត បុគ្គលគប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
ចប់ ខគ្គវិសាណសូត្រ ទី៣
(៤. កសិភារទ្វាជសុត្តំ)
[៤] ខ្ញុំបានសា្តប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទក្ខិណាគិរិមហាវិហារ (អាស្រ័យ) ក្នុងស្រុកព្រាហ្មណ៍ឈ្មោះឯកនាឡា ក្នុងដែនមគធៈ។ សម័យនោះឯង កសិភារទ្វាជព្រាហ្មណ៍ មាននង្គ័លចំនួន ៥០០ ប្រកបក្នុងកាលសាបព្រោះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់យាងសំដៅទៅត្រង់កន្លែងការងារ របស់កសិភារទ្វាជព្រាហ្មណ៍។ សម័យនោះឯង ការអង្គាសបាយ របស់កសិភារទ្វាជព្រាហ្មណ៍ ក៏កំពុងប្រពឹត្តទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ឆៀងចូលទៅកាន់ទីអង្គាសបាយ (របស់កសិភារទ្វាជព្រាហ្មណ៍) លុះចូលទៅដល់ហើយ ក៏ទ្រង់ឈរនៅក្នុងទីដ៏សមគួរ។ កសិភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ កំពុងទ្រង់ឈរនៅ ដើម្បីបិណ្ឌបាតហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះសមណៈ ខ្ញុំព្រះអង្គ ភ្ជួររាស់ផង សាបព្រោះផង លុះភ្ជួររាស់ សាបព្រោះហើយ ទើបបរិភោគ។ បពិត្រព្រះសមណៈ ចំណែកព្រះអង្គ ចូរភ្ជួររាស់សាបព្រោះ លុះព្រះអង្គភ្ជួររាស់ សាបព្រោះហើយ ចូរបរិភោគចុះ។
ម្នាលព្រាហ្មណ៍ តថាគតក៏ភ្ជួររាស់ផង សាបព្រោះផង លុះតថាគតភ្ជួររាស់ សាបព្រោះហើយ ទើបបរិភោគដែរ។ បពិត្រព្រះសមណៈ យើងខ្ញុំមិនបានឃើញនឹមក្តី នង្គ័លក្តី្ត ផាលក្តី ជន្លួញក្តី សត្វបំរើក្តី របស់ព្រះគោតមដ៏ចំរើនសោះ ប៉ុន្តែហេតុអ្វីបានជាព្រះគោតមដ៏ចំរើននិយាយយ៉ាងនេះថា ម្នាលព្រាហ្មណ៍ តថាគតភ្ជួររាស់ផង សាបព្រោះផង លុះភ្ជួររាស់ សាបព្រោះហើយ ទើបបរិភោគដែរ។
លំដាប់នោះ កសិភារទ្វាជព្រាហ្មណ៍ បានពោលចំពោះព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
[៥] ព្រះអង្គប្តេជ្ញាថាជាអ្នកភ្ជួររាស់ ប៉ុន្តែយើងមិនឃើញនូវការភ្ជួររាស់របស់ព្រះអង្គសោះ យើងសួរនូវការភ្ជួររាស់ សូមព្រះអង្គបា្រប់ឲ្យយើងដឹងនូវការភ្ជួររាស់របស់ព្រះអង្គ។
(ព្រះអង្គត្រាស់ថា) តថាគត មានសទ្ធាជាពូជ មានតបធម៌6) ជាភ្លៀង មានប្រាជ្ញាជានឹម និងនង្គ័ល តថាគត មានហិរិជាចន្ទោល មានចិត្តជាខ្សែ មានសតិជាផាល និងជន្លួញ។ តថាគត គ្រប់គ្រងកាយ គ្រប់គ្រងវាចា សង្រួមនូវអាហារក្នុងផ្ទៃ ធ្វើនូវការជម្រះ (នូវស្មៅ គឺកិលេស) ដោយសច្ចៈ តថាគត មានការស្ងប់ស្ងៀមជាគ្រឿងឈប់សម្រាក។ វីរិយៈរបស់តថាគត ជាគ្រឿងនាំទៅនូវធុរៈ ជាហេតុនាំឲ្យបាននូវព្រះនិព្វានដ៏ក្សេមចាកយោគៈ ទៅកាន់ទីដែលគេទៅ មិនសោកសៅ ជាទីដែលគេមិនត្រឡប់វិញ។ ការភ្ជួររាស់ដែលតថាគតភ្ជួររាស់ហើយយ៉ាងនេះ ជាគុណជាតិមានផលមិនចេះស្លាប់ទេ បុគ្គលធ្វើនូវការភ្ជួររាស់បែបនុ៎ះ ទើបរួចចាកទុក្ខទាំងពួង។
[៦] គ្រានោះឯង កសិភារទ្វាជព្រាហ្មណ៍ ក៏ដោះបាយដាក់ក្នុងភាជន៍សំរិត7) ដ៏ធំ បង្អោនចូលទៅថ្វាយព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចំរើន សោយបាយាសចុះ ព្រះគោតមដ៏ចំរើន ក៏ជាអ្នកភ្ជួររាស់ ព្រោះថា ព្រះគោតមដ៏ចំរើន រមែងភ្ជួររាស់ ចំពោះការភ្ជួររាស់ ដែលមានផលមិនចេះស្លាប់។
ភោជនដែលតថាគតពោលហើយដោយគាថា ជាវត្ថុមិនគួរដល់ការបរិភោគទេ ម្នាលព្រាហ្មណ៍ នេះមិនមែនជាទំនៀមរបស់ពួកជនអ្នកឃើញច្បាស់ (នូវអាជីវបារិសុទ្ធិ) ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់នូវភោជន ដែលពោលហើយដោយគាថា ម្នាលព្រាហ្មណ៍ កាលបើធម៌មាននៅ ការស្វែងរកនេះ ជាការប្រព្រឹត្តិចិញ្ចឹមជីវិត។ អ្នកចូរផ្គត់ផ្គង់ ចំពោះលោកអ្នកស្វែងនូវគុណធំ បរិបូណ៌ដោយគុណសព្វគ្រប់ មានអាសវៈអស់ហើយ ស្ងប់រម្ងាប់ចាកកុក្កុច្ចៈ ដោយវត្ថុដទៃ និងបាយទឹកផងចុះ ព្រោះថា ការផ្គត់ផ្គង់នោះ ជាបុញ្ញក្ខេត្តរបស់បុគ្គលអ្នកប្រាថា្នបុណ្យ។
[៧] បពិត្រព្រះគោតមដ៏ចំរើន បើដូច្នេះ តើខ្ញុំព្រះអង្គឲ្យនូវបាយាសនេះដល់បុគ្គលណាវិញ។ ម្នាលព្រាហ្មណ៍ តថាគត មិនឃើញបុគ្គលដែលបរិភោគបាយាស ដល់នូវការសុះរលាយល្អ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសទេ វៀរលែងតែតថាគត ឬសាវ័កនៃតថាគតចេញ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចាក់បាយាសនោះ ក្នុងទីដែលគ្មានវត្ថុស្រស់ ឬទម្លាក់ទៅក្នុងទឹក ដែលគ្មានសត្វទៅចុះ។ គ្រានោះឯង កសិភារទ្វាជព្រាហ្មណ៍ក៏ទម្លាក់បាយាសនោះ ទៅក្នុងទឹកដែលគ្មានសត្វ។ លំដាប់នោះ បាយាសនោះ ដែលព្រាហ្មណ៍ទម្លាក់ចុះទៅក្នុងទឹកហើយ ក៏ឮសំឡេងឆុរ ៗ ឮសំឡេងឆាវ ៗ ហុយផ្សែងទ្រុប ហុយផ្សែងទ្រលោម។ ដុំដែកដែលឆេះក្តៅអស់មួយថ្ងៃ ដែលគេដាក់ចុះក្នុងទឹក រមែងឮសំឡេងឆុរ ៗ ឮសំឡេងឆាវ ៗ ហុយផ្សែងទ្រុប ហុយផ្សែងទ្រលោម យ៉ាងណាមិញ បាយាសដែលព្រាហ្មណ៍ទម្លាក់ទៅក្នុងទឹក ក៏ឮសំឡេងឆុរ ៗ ឮសំឡេងឆាវ ៗ ហុយផ្សែងទ្រុប ហុយផ្សែងទ្រលោម ក៏យ៉ាងនោះដែរ។
[៨] គ្រានោះឯង កសិភារទ្វាជព្រាហ្មណ៍ មានចិត្តតក់ស្លុត ព្រឺរោម ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបសិរ្ស: ទៀបព្រះបាទព្រះមានព្រះភាគ សរសើរព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចមនុស្សផ្ងាររបស់ដែលផ្កាប់ ឬដូចគេបើកបង្ហាញរបស់ដែលបិទបាំង ឬក៏ដូចគេប្រាប់នូវផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីបក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុទាំងឡាយ ឃើញនូវរូបទាំងឡាយបាន។ ខ្ញុំព្រះអង្គនុ៎ះ សូមដល់ព្រះគោតមមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ។ ខ្ញុំព្រះអង្គ គប្បីបាននូវបព្វជ្ជា គប្បីបាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះគោតមដ៏ចំរើន។ កសិភារទ្វាជព្រាហ្មណ៍ ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លុះព្រះភារទ្វាជៈដ៏មានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង មិនធ្វេសប្រហែស មានសេចក្តីព្យាយាម មានចិត្តស្លុងទៅកាន់ព្រះនិព្វាន ពួកកុលបុត្តចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌នោះ ដ៏ជាទីបំផុតនៃព្រហ្មចរិយៈ ដោយប្រាជា្ញដ៏ឧត្តមរបស់ខ្លួនឯង ក្នុងអត្តភាពនេះ បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះភារទ្វាជៈដ៏មានអាយុ រាប់ថា ជាព្រះអរហន្តមួយអង្គដែរ។
ចប់ កសិភារទ្វាជសូត្រ ទី៤។
(៥. ចុន្ទសុត្តំ)
[៩] (ចុន្ទកម្មារបុត្ត ក្រាបទូលសួរព្រះមានព្រះភាគថា) ខ្ញុំព្រះអង្គ សូមទូលសួរព្រះអង្គ ជាអ្នកប្រាជ្ញ មានបញ្ញាច្រើន ជាព្រះពុទ្ធ ជាម្ចាស់នៃធម៌ ប្រាសចាកតណ្ហាដ៏ឧត្តម ជាងសត្វជើងពីរ ប្រសើរជាងសារថីទាំងឡាយ តើពួកសមណៈក្នុងលោកនេះ មានប៉ុន្មាន សូមព្រះអង្គសំដែងប្រាប់នូវពួកសមណៈនោះឲ្យទាន។
(ព្រះមានព្រះភាគត្រាស់ថា ម្នាលចុន្ទ) សមណៈមានត្រឹមតែ ៤ ពួក មិនមានដល់គំរប់ ៥ ទេ កាលបើអ្នកសួរបញ្ជាក់ហើយ តថាគតនឹងប្រាប់នូវសមណៈទាំងនោះដល់អ្នក គឺសមណៈឈ្នះកិលេសដោយមគ្គ ១ សមណៈសំដែងប្រាប់នូវមគ្គ ១ សមណៈរស់នៅក្នុងមគ្គ ១ សមណៈប្រទូស្តនូវមគ្គ ១។
(ចុន្ទកម្មារបុត្ត ទូលសួរថា) ព្រះពុទ្ធទាំងឡាយ តែងសំដែងនូវសមណៈណាថា ជាសមណៈឈ្នះកិលេសដោយមគ្គ សមណៈដុតបំផ្លាញនូវកិលេសដោយមគ្គ ជាបុគ្គលថ្លឹងមិនបាន រស់នៅក្នុងមគ្គ ខ្ញុំសួរហើយ សូមព្រះអង្គសំដែងប្រាប់ឲ្យទាន មួយទៀត សូមព្រះអង្គប្រាប់នូវសមណៈអ្នកប្រទូស្តនូវមគ្គ ដល់ខ្ញុំព្រះអង្គ។
(ព្រះមានព្រះភាគ ត្រាស់ថា) សមណៈណា កន្លងផុតនូវសេចក្តីសង្ស័យ ប្រាសចាកសរ គឺកិលេស ត្រេកអរក្នុងព្រះនិព្វាន មិនជាប់ចំពាក់ដោយតណ្ហា ជាអ្នកណែនាំសត្វលោក ព្រមទាំងទេវលោក ព្រះពុទ្ធទាំងឡាយ សំដែងនូវសមណៈបែបនោះ ថាជាអ្នកឈ្នះកិលេសដោយមគ្គ។សមណៈណា ក្នុងសាសនានេះ ដឹងនូវព្រះនិព្វាន ថាជាគុណជាតឧត្តមក្រៃលែង ហើយសំដែងចែកនូវនិព្វានធម៌ ក្នុងលោកនេះ អ្នកប្រាជ្ញទាំងឡាយ ហៅសមណៈ ដែលជាអ្នកកាត់បង់នូវសេចក្តីសង្ស័យ ជាអ្នកប្រាជ្ញ មិនមានសេចក្តីញាប់ញ័រនោះថា ជាអ្នកសំដែងប្រាប់មគ្គ ជាសមណៈ ទី ២ នៃភិក្ខុទាំងឡាយ។ សមណៈណា មានស្មារតីសង្រួមហើយ សេពនូវគន្លង មិនមានទោស រស់នៅក្នុងមគ្គ ជាផ្លូវនៃធម៌ គឺព្រះនិព្វាន ដែលព្រះពុទ្ធសំដែងប្រពៃហើយ អ្នកប្រាជ្ញទាំងទ្បាយ ហៅសមណៈនោះ ថាជាអ្នករស់នៅក្នុងមគ្គ ជាសមណៈទី ៣ នៃភិក្ខុទាំងទ្បាយ។ សមណៈណា ធ្វើនូវភេទរបស់ពួកអ្នកមានវត្តល្អ ឲ្យជាគ្រឿងបិទបាំង ជាអ្នកស្ទុះស្ទា អ្នកទ្រុស្តត្រកូលមានឫកពាឃ្នើសឃ្នង មានកលមាយា មិនសង្រួម ពោលពាក្យ8) ឡេះឡោះ ប្រព្រឹត្តបន្លំ សមណៈនោះ ឈ្មោះថា ជាអ្នកទ្រុស្តនូវមគ្គ។ គ្រហស្ថណា ជាអ្នកចេះដឹង ជាអរិយសាវ័ក ប្រកបដោយប្រាជ្ញា ស្គាស់ច្បាស់នូវសមណៈទាំងនុ៎ះ សទ្ធារបស់គ្រហស្ថនោះ រមែងមិនសាបសូន្យទេ ព្រោះដឹងថា ពួកសមណៈទាំងអស់ មិនដូច្នោះទេ ព្រោះឃើញដូច្នេះ គប្បីប្រៀបនូវសមណៈមិនអាក្រក់ ឲ្យស្មើដោយសមណៈអាក្រក់ ឬគប្បីប្រៀបនូវសមណៈបរិសុទ្ធ ឲ្យស្មើដោយសមណៈមិនបរិសុទ្ធ ដូចម្តេចកើត។
ចប់ ចុន្ទសូត្រ ទី៥។
(៦. បរាភវសុត្តំ)
[១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ទេវតា ១ អង្គ កាលដែលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាងហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតក្នុងទីសមគួរ។ លុះទេវតានោះ ស្ថិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នេះថា។
[១១] យើងទាំងទ្បាយ មកដើម្បីសួរព្រះគោតមដ៏ចំរើន (ដោយគិតថា) យើងទាំងទ្បាយ សូមសួរអំពីបុរសបុគ្គល ដែលមានសេចក្តីវិនាស ចុះអ្វីជាប្រធាននៃសេចក្តីវិនាស។
(ព្រះមានព្រះភាគ ត្រាស់ថា) បុរសដែលចំរើន ជាបុគ្គល គឺបណ្ឌិតដឹងបានដោយងាយ បុរសដែលវិនាស ជាបុគ្គល គឺបណ្ឌិតដឹងបានដោយងាយដែរ បុគ្គលអ្នកប្រាថ្នាធម៌ រមែងចំរើន អ្នកស្អប់ធម៌ រមែងវិនាស។
យើងទាំងទ្បាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ១ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ២ អ្វីជាប្រធាននៃសេចក្តីវិនាស។
បុគ្គលមានពួកអសប្បុរសជាទីស្រឡាញ់ មិនធ្វើសេចក្តីស្រឡាញ់ចំពោះពួកសប្បុរស ពេញចិត្តចំពោះធម៌របស់ពួកអសប្បុរស នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ២ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស។
ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខិ្ជលច្រអូសក្តី ប្រាកដតែខាងក្រោធក្តី នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៣ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៤ អ្វីជាប្រធាននៃសេចក្តីវិនាស។
បុគ្គលជាអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់ មានវ័យកន្លងហើយ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៤ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៥ អ្វីជាប្រធាននៃសេចក្តីវិនាស។
បុគ្គលបញ្ឆោតព្រាហ្មណ៍ក្តី សមណៈក្តី ឬអ្នកសូមដទៃក្តី ដោយពាក្យកុហក នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៥ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៦ អ្វីជាប្រធាននៃសេចក្តីវិនាស។
បុរសបុគ្គល មានទ្រព្យជាគ្រឿងត្រេកអរច្រើន មានប្រាក់ សម្បូណ៌ភោជន បរិភោគនូវភោជនមានរសឆ្ងាញ់តែម្នាក់ឯង នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៦ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៧ អ្វីជាប្រធាននៃសេចក្តីវិនាស។
ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាងទ្រព្យក្តី រឹងត្អឹងដោយអាងគោត្រកូលក្តី ហើយមើលងាយញាតិរបស់ខ្លួន នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាស ទី ៧ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៨ អ្វីជាប្រធាននៃសេចក្តីវិនាស។
ជនជាអ្នកលេងស្រីក្តី លេងសុរាក្តី លេងល្បែងភ្នាល់ក្តី រមែងញុំាងទ្រព្យ ដែលខ្លួនបានហើយ បានហើយ ឲ្យវិនាសទៅ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៨ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៩ អ្វីជាប្រធាននៃសេចក្តីវិនាស។
ជនមិនត្រេកអរនឹងប្រពន្ធរបស់ខ្លួន ទៅខូចចំពោះពួកស្រីពេស្យា ឬខូចចំពោះប្រពន្ធនៃបុគ្គលដទៃ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៩ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ១០ អ្វីជាប្រធាននៃសេចក្តីវិនាស។
បុរសមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមានដោះក្បំ ដូចជាផ្លែទន្លាប់ រមែងដេកមិនលក់ ព្រោះសេចក្តីប្រច័ណ្ឌចំពោះស្រ្តីនោះ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ១០ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ១១ អ្វីជាប្រធាននៃសេចក្តីវិនាស។
បុរសបុគ្គល តាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរសបែបនោះដែរ ក្នុងឋានៈជាធំ នោះជាប្រធាននៃសេចក្តីវិនាស។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ១១ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ១២ អ្វីជាប្រធាននៃសេចក្តីវិនាស។
បុគ្គលដែលកើតក្នុងខតិ្តយត្រកូល មានភោគៈតិច តែមានសេចក្តីប្រាថ្នាធំ ទៅប្រាថ្នារជ្ជសម្បត្តិ នោះជាប្រធាននៃសេចក្តីវិនាស។
បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញដ៏ប្រសើរ ពិចារណាឃើញច្បាស់ នូវសេចក្តីវិនាសទាំងនុ៎ះក្នុងលោក បណ្ឌិតនោះ រមែងគប់រកនូវលោក ដែលមានសេចក្តីសុខដ៏ក្សេមក្សាន្ត។9)
ចប់ បរាភវសូត្រ ទី៦។
(៧. វសលសុត្តំ)
[១២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ យាងទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ សម័យនោះឯង អគ្គិកភារទ្វាជព្រាហ្មណ៍ (ព្រាហ្មណ៍ឈ្មោះភារទ្វាជៈ អ្នកបង្កាត់ភ្លើង) កំពុងបង្កាត់ភ្លើង ផ្គូផ្គងគ្រឿងបូជាក្នុងលំនៅ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាច់ទៅកាន់លំដាប់ច្រក (ផ្ទះ) ដើម្បីបិណ្ឌបាត ឆៀងចូលទៅត្រង់លំនៅរបស់អគិ្គកភារទ្វាជព្រាហ្មណ៍។ អគ្គិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ យាងមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលទ្រគោះទៅរកព្រះមានព្រះភាគថា នែស្រមណ៍កំណោរ អ្នកចូរឈប់ក្នុងទីនេះសិន។ នែសមណៈ អ្នកចូរឈប់ក្នុងទីនេះសិន នែអ្នកថោកទាប អ្នកចូរឈប់ក្នុងទីនេះសិន។
កាលដែលអគ្គិកភារទ្វាជព្រាហ្មណ៍ និយាយយ៉ាងនេះហើយ ព្រះមានព្រះភាគ ត្រាស់តបនឹងអគ្គិកភារទ្វាជព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ អ្នកស្គាល់បុគ្គលថោកទាប ឬធម៌ដែលធ្វើឲ្យថោកទាបដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំមិនទាន់ស្គាល់បុគ្គលថោកទាប ឬធម៌ដែលធ្វើឲ្យថោកទាបទេ សូមព្រះគោតមដ៏ចំរើន សំដែងធម៌ដែលជាហេតុឲ្យខ្ញុំស្គាល់បុគ្គលថោកទាប ឬធម៌ដែលធ្វើឲ្យថោកទាបផង។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយល្អចុះ តថាគតនឹងសំដែងប្រាប់។ អគិ្គកភារទ្វាជព្រាហ្មណ៍ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ សំដែងសេចក្តីនុ៎ះថា
[១៣] បុគ្គលណា មានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក (គំនុំ) ជាបុគ្គលបាប លុបគុណគេ ប្រាសចាកសម្មាទិដ្ឋិ មានមាយា អ្នកចូរដឹងបុគ្គលនោះថា ជាបុគ្គលថោកទាប។ បុគ្គលណា ក្នុងលោកនេះ បៀតបៀននូវសត្វ ដែលមានកំណើតម្តង ឬមានកំណើតពីរដង10) ឬបុគ្គលណា មិនមានសេចក្តីអាណិតចំពោះសត្វ អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា សម្លាប់ ឬឡោមរឹបជាន់នូវអ្នកស្រុក ឬអ្នកនិគម ដែលអ្នកផងដឹងច្បាស់ ជាអ្នកសង្កត់សង្កិនគេ អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា កាន់យកទ្រព្យក្នុងស្រុក ឬក្នុងព្រៃដែលបុគ្គលប្រកាន់ថាជារបស់អញ ជាទ្រព្យដែលគេមិនឲ្យ ដោយអាការលួច អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា បុលទ្រព្យគេ យកមកប្រើប្រាស់ ហើយគេចកែថា (អញ) មិនចំពាក់បំណុលអ្នកទេ អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា សម្លាប់អ្នកផង ដែលដើរក្នុងផ្លូវ ដោយប្រាថ្នាទ្រព្យរបស់ណាមួយ ដណើ្តមយកទ្រព្យរបស់ណាមួយ អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា គេសួរជាបន្ទាល់ និយាយកុហក ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុនៃទ្រព្យក្តី អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា ប្រព្រឹត្តខូចចំពោះប្រពន្ធ របស់ពួកញាតិ ឬសម្លាញ់ ដោយការកំហែង ឬដោយការស្រឡាញ់ស្ម័គ្រចិត្ត អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា ជាអ្នកស្តុកស្តម តែមិនចិញ្ចឹមមាតា ឬបិតាដែលចាស់ជរា មានវ័យកន្លងហើយ អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា ប្រហារមាតា ឬបិតា បងប្អូនប្រុស បងប្អូនស្រី ឬម្តាយក្មេក ឬក៏ជេរប្រទេចដោយវាចា អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា កាលដែលគេសួរចំពោះហេតុមានប្រយោជន៍ ហើយពន្យល់ប្រាប់ហេតុដែលគ្មានប្រយោជន៍ បង្ហាញដោយពាក្យបិទបាំង អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា បានធ្វើបាបកម្ម ហើយប្រាថ្នាថា អ្នកផងកុំគប្បីដឹងនូវអញ បុគ្គលណា មានការងារបិទបាំង អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា ទៅកាន់ត្រកូលញាតិមិត្តដទៃ ទាំងបានបរិភោគភោជនដ៏ស្អាត ហើយមិនបានបូជាគេ ដែលមកកាន់ផ្ទះរបស់ខ្លួនវិញ អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា បញ្ឆោតព្រាហ្មណ៏ក្តី សមណៈក្តី ឬអ្នកសូមឯទៀតក្តី ដោយពាក្យកុហក អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា ជេរសមណៈ ឬព្រាហ្មណ៍ដោយវាចាក្តី មិនឲ្យភោជន ក្នុងវេលាភត្តកាល ដែលគួរទំនុកបម្រុងក្តី អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា ក្នុងលោកនេះ ត្រូវមោហៈរួបរឹតហើយ កាលស្វែងរកចំពោះទ្រព្យណាមួយ ក៏និយាយបោកប្រាស់ ដោយពាក្យមិនពិត (នឹងស្រ្តី) អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា លើកតំកើងខ្លួនឯង ឬបន្តុះបង្អាប់ពួកជនដទៃ តែខ្លួនជាអ្នកសាបសូន្យ (ចាកគុណវុឌ្ឍិ) ព្រោះការតំកើង និងការបន្តុះបង្អាប់របស់ខ្លួន អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា កោងកាចក្តី ស្មូរកន្ទ្រឹសក្តី មានសេចក្តីប្រាថ្នាអាក្រក់ក្តី កំណាញ់ក្តី អំនួតក្តី មិនអៀនខ្មាសក្តី មិនខ្លាចបាបក្តី អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោទាប។
បុគ្គលណា ជេរប្រទេចព្រះពុទ្ធ ឬសាវ័ករបស់ព្រះពុទ្ធ ឬបរិពា្វជក ឬក៏គ្រហស្ថ អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា មិនមែនជាអរហន្តទេ តែប្តេជា្ញ (ខ្លួន) ថាជាអរហន្ត បុគ្គលនោះ ជាចោរក្នុងលោក ព្រមទាំងព្រហ្មលោក នេះឯងជាបុគ្គលថោកទាបបំផុត។
បុគ្គលថោកទាបទាំងនេះឯង តថាគតបានប្រកាសហើយ បុគ្គលមិនមែនថោកទាប ព្រោះជាតិ មិនមែនជាព្រាហ្មណ៍ព្រោះជាតិទេ បុគ្គលថោកទាប ព្រោះកម្ម ជាព្រាហ្មណ៍ ក៏ព្រោះកម្ម។
អ្នកទាំងឡាយ ចូរដឹងនូវសេចក្តីនោះ ដោយពាក្យនេះចុះ ដូចឧទាហរណ៍នេះឯង កូនរបស់មនុស្សចណ្ឌាល មានឈ្មោះបា្រកដថា សោបាកមាតង្គៈ មាតង្គកុមារនោះ បាននូវយសដ៏ប្រសើរ ដែលគេបានដោយក្រក្រៃលែង ពួកក្សត្រ ព្រាហ្មណ៍ជាច្រើន តែងមកកាន់ទីបំរើរបស់កុមារនោះ។
មាតង្គកុមារនោះ ឡើងកាន់យាន គឺសមាបត្តិ ៨ អាចឲ្យទៅកាន់ទេវលោក បា្រសចាកធូលី គឺកិលេស ជាផ្លូវធំ នឿយណាយនឹងកាមរាគហើយ ទៅកើតក្នុងព្រហ្មលោក។
ជាតិ មិនមែនឃាត់មាតង្គៈនោះ ចាកការកើតក្នុងព្រហ្មលោកទេ។ ពួកព្រាហ្មណ៍ ជាផៅពង្សព្រោះមន្ត កើតក្នុងត្រកូលអ្នករៀនមន្ត ពួកព្រាហ្មណ៍ទាំងនោះ រមែងប្រាកដក្នុងបាបកម្មទាំងទ្បាយរឿយ ៗទុគ្គតិដែលអ្នកផងគួរតិះដៀល ក្នុងបច្ចុប្បន្នក៏មាន ក្នុងបរលោកក៏មាន (ព្រោះបាបកម្មជាបច្ច័យ)។
ជាតិ មិនមែនឃាត់ពួកព្រាហ្មណ៍ទាំងនោះ ចាកទុគ្គតិ ឬចាកការតិះដៀលទេ។ បុគ្គលមិនមែនថោកទាប ព្រោះជាតិ មិនមែនជាព្រាហ្មណ៍ ព្រោះជាតិទេ បុគ្គលថោកទាប ព្រោះកម្ម ជាព្រាហ្មណ៍ ក៏ព្រោះកម្មដែរ។
[១៤] ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ អគ្គិកភារទ្វាជព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ ដូចគេផ្ងារនូវរបស់ដែរផ្កាប់ ឬដូចគេបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចគេបំភ្លឺប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ មើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះទៅ។
ចប់ វសលសូត្រ ទី៧។
(៨. មេត្តាសុត្តំ)
[១៥] កិច្ចណា ដែលអរិយបុគ្គល បានត្រាស់ដឹងនូវចំណែកនៃធម៌ដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើហើយ) កិច្ចនោះ កុលបុត្រអ្នកឈ្លាសក្នុងប្រយោជន៍ គួរធ្វើ (កុលបុត្រនោះ) គួរជាអ្នកអាចហ៊ានផង មានកាយវាចាត្រង់ផង មានចិត្តត្រង់ល្អផង ជាបុគ្គលប្រដៅងាយផង មានសភាពទន់ភ្លន់ផង មិនមិនមានះដ៏ក្រៃលែងផង។ ជាអ្នកសន្ដោសផង គេចិញ្ចឹមងាយផង មិនមានកិច្ចកង្វល់ផង ប្រព្រឹត្តស្រាលព្រមផង មានឥន្រ្ទិយស្ងប់ផង មានប្រាជ្ញាចាស់ផង មិនឆ្គាំឆ្គងផង មិនជាប់ចំពាក់ក្នុងត្រកូលទាំងឡាយផង។ វិញ្ញូជនទាំងឡាយ គប្បីតិះដៀលនូវជនទាំងឡាយដទៃ ដោយកម្មណា មិនគួរប្រព្រឹត្តធ្វើនូវកម្មនោះ ដែលជាកម្មលាមក សូម្បីតិចតួច ( ហើយគប្បីផ្សាយមេត្តាចិត្ត ចំពោះពួកសត្វថា) សូមឲ្យពួកសត្វទាំងពួង មានសេចក្ដីសុខ មានសេចក្ដីកេ្សមក្សាន្ត មានខ្លួនដល់នូវសេចក្ដីសុខចុះ ពួកសត្វដែលមានជីវិត ឥតមានសេសសល់ ទោះសត្វជាអ្នកមានសេចក្តីតក់ស្លុត គឺនៅមានតណ្ហាក្តី ជាអ្នកមាំមួន គឺឥតមានតណា្ហក្តី ពួកសត្វដែលមានកាយវែងក្តី ធំក្តី មានកាយយ៉ាងកណ្តាលក្តី ខ្លីក្តី ស្គមក្តី ធាត់ក្តី ពួកសត្វដែលយើងឃើញក្តី មិនឃើញក្តី ពួកសត្វដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី កើតរួចហើយក្តី កំពុងស្វែងរកកំណើតក្តី សូមឲ្យសត្វទាំងអស់ (នោះ) មានខ្លួនដល់នូវសេចក្តីសុខចុះ។ សត្វដទៃ មិនគួរកំហែងបៀតបៀនសត្វដទៃឡើយ មិនគួរមើលងាយគេតិចតួច ក្នុងទីណាមួយឡើយ មិនគួរប្រាថា្ននូវសេចក្តីទុក្ខ ដល់គ្នានឹងគ្នា ដោយសេចក្តីក្រេវក្រោធ ដោយសេចក្តីចង្អៀតចង្អល់ចិត្តឡើយ។ មាតាថ្នមរក្សាបុត្ត ដែលកើតអំពីខ្លួន ជាបុត្តតែមួយ ដោយអាយុ គឺថា សូម្បីជីវិតក៏ហ៊ានលះបង់ ក្នុងការរក្សានូវបុត្តបាន យ៉ាងណាមិញ បុគ្គលគួរចំរើនមេត្តាចិត្ត មិនមានប្រមាណ ចំពោះពួកសត្វទាំងពួង ក៏យ៉ាងនោះឯង បុគ្គលគួរចំរើនមេត្តាចិត្ត មិនមានប្រមាណ ជាធម៌មិនចង្អៀត មិនមានពៀរ មិនមានសត្រូវ ទៅក្នុងលោកទាំងអស់ ទាំងខាងលើ ខាងក្រោម ទាំងទទឹង គឺត្រង់កណ្តាលផង (បុគ្គលអ្នកចំរើនមេត្តាចិត្តនោះ) ទោះឈរក្តី ដើរក្តី អង្គុយក្តី ដេកក្តី ជាអ្នកមានសេចក្តីងោកងក់ទៅប្រាសហើយ គឺជាអ្នកមិនដេកលក់ អស់កាលត្រឹមណា គួរដំកល់នូវមេត្តានុស្សតិនុ៎ះ (អស់កាលត្រឹមណោះ)។ បណ្ឌិតទាំងឡាយ ពោលនូវដំណើរនុ៎ះ ថាជាព្រហ្មវិហារ ក្នុងសាសនានេះ។ (បុគ្គលដែលមានមេត្តាព្រហ្មវិហារ) មិនអាស្រ័យនូវទិដ្ឋិ ជាអ្នកមានសីល ប្រកបដោយទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ បន្ទោបង់នូវសេចក្តីត្រេកអរក្នុងកាមទាំងឡាយ ដោយសកទាគាមិមគ្គ និងអនាគាមិមគ្គ រមែងមិនមកកាន់គព្ភសេយ្យាសន៍ គឺថា មិនមកកើតក្នុងគភ៌ទៀតឡើយ។
ចប់ មេត្តសូត្រ ទី៨។
(៩. ហេមវតសុត្តំ)
[១៦] (សាតាគិរយក្ស ពោលថា) ថ្ងៃនេះ ជាថ្ងៃឧបោសថទី ១៥ រាត្រីទិព្វប្រាកដហើយ ណ្ហើយចុះ យើងទាំងឡាយ នឹងទៅគាល់ព្រះគោតម ជាសាស្តា មានព្រះនាមមិនថោកថយ។
(ហេមវតយក្ស សួរថា) ព្រះហឫទ័យ (របស់ព្រះគោតម) តាំងនៅល្អ នឹងធឹង ក្នុងសត្វទាំងអស់ទេឬ តម្រិះរបស់ព្រះអង្គ បានធ្វើឲ្យស្ទាត់ជំនាញ ក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ហើយឬ។
(សាតាគិរយក្ស ពោលថា) ព្រះហឫទ័យ របស់ព្រះគោតមនោះ តាំងនៅល្អ នឹងធឹង ក្នុងពួកសត្វទាំងអស់ មួយទៀត តម្រិះព្រះអង្គ បានធ្វើឲ្យស្ទាត់ជំនាញ ក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍ហើយ។
(ហេមវតយក្ស សួរថា) ព្រះគោតម មិនកាន់យកវត្ថុ ដែលគេមិនបានឲ្យទេឬ ព្រះអង្គសង្រួមក្នុងពួកសត្វ ឬឆ្ងាយចាកសេចក្តីប្រមាទឬ មិនបោះបង់ចោលឈានទេឬ។
(សាតាគិរយក្ស ពោលថា) ព្រះគោតមនោះ មិនកាន់យកវត្ថុដែលគេមិនបានឲ្យទេ មួយទៀត ព្រះអង្គសង្រួមក្នុងពួកសត្វ ទាំងឆ្ងាយចាកសេចក្តីប្រមាទហើយ ជាព្រះពុទ្ធ មិនបោះបង់ឈានចោលឡើយ។
(ហេមវតយក្ស សួរថា) ព្រះសមណគោតម មិនពោលពាក្យកុហកទេឬ មានគន្លងនៃពាក្យមិនអស់ទេឬ (មិនពោលផរុសវាចា) មិនពោលពាក្យញុះញុង់ទេឬ មិនពោលពាក្យឥតប្រយោជន៍ទេឬ។
(សាតាគិរយក្ស ពោលថា) ព្រះសមណគោតមនោះ មិនពោលពាក្យកុហកទេ មួយទៀត មានគន្លងនៃពាក្យមិនចេះអស់ ទាំងមិនចេះពោលពាក្យញុះញង់ទេ តែងពោលពាក្យមានប្រយោជន៍ ដោយបញ្ញា។
(ហេមវតយក្ស សួរថា) ព្រះពុទ្ធមិនត្រេកអរក្នុងកាមទេឬ ព្រះហឫទ័យមិនល្អក់ទេឬ ព្រះអង្គកន្លងបង់នូវមោហៈហើយឬ មានបញ្ញាចក្ខុ ក្នុងធម៌ទាំងឡាយឬ។
(សាតាគិរយក្ស ពោលថា) ព្រះពុទ្ធនោះ មិនត្រេកអរក្នុងកាមទាំងឡាយទេ ទាំងព្រះហឫទ័យសោត ក៏មិនល្អក់ ព្រះអង្គកន្លងបង់នូវមោហៈទាំងអស់ ជាព្រះពុទ្ធ មានបញ្ញាចក្ខុ ក្នុងធម៌ទាំងឡាយ។
(ហេមវតយក្ស សួរថា) ព្រះពុទ្ធ បរិបូណ៌ដោយវិជ្ជាឬ មានចរណៈដ៏បរិសុទ្ធ ប្រពៃឬ អាសវៈទាំងឡាយ របស់ព្រះអង្គអស់ហើយឬ ការកើតក្នុងភពថ្មីទៀត មិនមានទេឬ។
(សាតាគិយក្ស ពោលថា) ព្រះគោតមបរិបូណ៌ដោយវិជា្ជទាំងមានចរណៈដ៏បរិសុទ្ធប្រពៃ អាសវៈទាំងអស់ របស់ព្រះអង្គអស់ហើយ ភពថ្មីរបស់ព្រះអង្គ មិនមានទៀតឡើយ។ ព្រះហឫទ័យ របស់ព្រះមុនី បរិបូណ៌ដោយកម្មផង ដោយគន្លងនៃពាក្យផង ណ្ហើយចុះ យើងនឹងទៅគាល់ព្រះគោតម ដែលបរិបូណ៌ដោយវិជា្ជ និងចរណៈ។
អ្នកចូរមក យើងនឹងទៅគាល់ព្រះគោតម ដែលមានព្រះជង្ឃា ដូចជាស្មងនៃសត្វរមាំង មានព្រះកាយស្គម ជាអ្នកប្រាជ្ញ មានអាហារតិច មិនឡេះឡោះ11) ជាអ្នកស្ងប់ស្ងៀម ដុតកំដៅកិលេសក្នុងព្រៃ។
យើងនឹងចូរទៅគាល់ ហើយសួរនូវការរួចចាកអន្ទាក់នៃមច្ចុ ចំពោះព្រះអង្គ ជាអ្នកប្រសើរ ត្រាច់ទៅតែម្នាក់ឯង ដូចជាសត្វសីហៈ មិនអាឡោះអាល័យក្នុងកាមទាំងឡាយ។ យើងនឹងសួរនូវព្រះគោតម ជាអ្នកប្រាប់ចង្អុលបង្ហាញ ជាអ្នកដល់នូវត្រើយនៃធម៌ទាំងពួង ជាព្រះពុទ្ធ កន្លងបង់នូវពៀរ និងភ័យ។
(ហេមវតយក្ស សួរថា) សត្វលោកកើតឡើងព្រោះអ្វី ធ្វើសេចក្តីស្និទ្ធស្នាលព្រោះអ្វី សត្វលោកប្រកាន់នូវអ្វី សត្វលោកលំបាកព្រោះអ្វី។
(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលហេមវតៈ) សត្វលោកកើតឡើងព្រោះវត្ថុ ៦ ធ្វើសេចក្តីស្និទ្ធស្នាលព្រោះវត្ថុ ៦ សត្វលោកប្រកាន់មាំនូវវត្ថុ ៦ សត្វលោកលំបាកព្រោះវត្ថុ ៦។
ខ្ញុំព្រះអង្គនឹងសួរនូវផ្លូវជាទីនាំទៅ សូមព្រះអង្គប្រាប់ ការប្រកាន់មាំ ដែលនំាឲ្យសត្វលោកលំបាក តើដូចម្តេច សត្វលោក តែងរួចស្រឡះចាកទុក្ខ ដោយប្រការដូចម្តេច។
កាមគុណ ៥ មានមនោជាគំរប់ ៦ ក្នុងលោក ដែលតថាគតសំដែងហើយ សត្វលោកកំចាត់បង់ហើយ នូវឆន្ទៈក្នុងកាមគុណនុ៎ះ តែងរួចស្រឡះចាកទុក្ខ យ៉ាងនេះឯង។ ផ្លូវជាទីនាំទៅនូវសត្វលោកនុ៎ះ តថាគតបានប្រាប់ហើយ ដល់អ្នកទាំងឡាយ តាមពិត តថាគតនឹងប្រាប់នូវផ្លូវនុ៎ះ ដល់អ្នកទាំងឡាយ សត្វលោកតែងរួចស្រឡះចាកទុក្ខយ៉ាងនេះ។
ក្នុងលោកនេះ នរណាហ្ន៎ ឆ្លងអន្លង់បួនបាន ក្នុងលោកនេះ នរណាហ្ន៎ ឆ្លងនូវសមុទ្រ គឺសង្សារបាន នរណាហ្ន៎ មិនលិចចុះក្នុងជំរៅ គឺសង្សារ ដែលមិនមានទីពឹង មិនមានទីតោង។
បុគ្គលបរិបូណ៌ដោយសីល មានបញ្ញា មានចិត្តជាសមាធិ ជាអ្នកសំគាល់នូវត្រៃសិក្ខា ក្នុងសន្តាន មានស្មារតីសព្វកាល រមែងឆ្លងអន្លង់ ដែលឆ្លងបានដោយក្រ (បុគ្គលណា) វៀរចាកកាមសញ្ញា កន្លងផុតសំយោជនៈទាំងអស់ មានសេចក្តីត្រេកអរ ក្នុងភពអស់ហើយ បុគ្គលនោះ មិនលិចចុះក្នុងទីជ្រៅ គឺសង្សារ។ អ្នកទាំងឡាយ ចូរមើលបុគ្គលនោះ មានប្រាជ្ញាជ្រាលជ្រៅ ឃើញនូវប្រយោជន៍ដ៏ល្អិត មិនមានកង្វល់ មិនជាប់ចំពាក់ ក្នុងកាមភព ផុតស្រឡះចាកកិលេសទាំងពួង អ្នកស្វែងរកប្រយោជន៍ដ៏ធំ ចំពោះកុសលកម្មទាំងឡាយ ក្នុងផ្លូវដ៏ជាទិព្វ អ្នកទាំងឡាយ ចូរមើលបុគ្គលនោះ ជាអ្នកមានឈ្មោះមិនថយថោក ឃើញនូវប្រយោជន៍ដ៏ល្អិត ឲ្យនូវប្រាជ្ញា មិនជាប់ក្នុងសេចក្តីអាឡោះអាល័យក្នុងកាម ជាអ្នកប្រាជ្ញ ដឹងហេតុសព្វគ្រប់ ស្វែងរកប្រយោជន៍ដ៏ធំ ចំពោះកុសលកម្មទាំងឡាយ ក្នុងផ្លូវដ៏ប្រសើរ។
ឱហ្ន៎ ថ្ងៃនេះ យើងបានឃើញល្អ ជាពេលភ្លឺស្វាងល្អ ជាពេលនៃអរុណល្អ ពួកយើងបានឃើញព្រះសម្ពុទ្ធ ដែលព្រះអង្គឆ្លងអន្លង់បានហើយ មិនមានអាសវៈ។ ពួកយក្សទាំងមួយពាន់នាក់នេះ ជាអ្នកមានឫទ្ធិ មានយសទាំងអស់គ្នា បានដល់នូវព្រះសម្ពុទ្ធនោះ ជាសរណៈ ព្រះអង្គជាសាស្តាដ៏ប្រសើរ របស់យើងខ្ញុំទាំងឡាយ។ យើងខ្ញុំទាំងនោះ នឹងត្រាច់ទៅកាន់ស្រុកតូច12) ស្រុកធំ ភ្នំតូច ភ្នំធំ ក្រាបថ្វាយបង្គំព្រះសម្ពុទ្ធផង នូវសភាពដ៏ល្អរបស់ព្រះធម៌ផង។
ចប់ ហេមវតសូត្រ ទី៩។
(១០. អាឡវកសុត្តំ)
[១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងលំនៅរបស់អាឡវកយក្ស ក្បែរក្រុងអាឡវី។ គ្រានោះឯង អាឡវកយក្ស ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ពោលនឹងព្រះមានព្រះភាគដូច្នេះថា នែសមណៈ ចូរចេញទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្តេចចេញទៅ។ អាឡវកយក្ស ពោលថា នែសមណៈ ចូរចូលមកវិញ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏សេ្តចចូលមក។ អាឡវកយក្ស ពោលនឹងព្រះមានព្រះភាគដូច្នេះទៀត ជាគំរប់ ២ ដងថា នែសមណៈ ចូរចេញទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ រួចក៏ស្តេចចេញទៅ។ អាឡវកយក្ស ពោលថា នែសមណៈ ចូរចូលមកវិញ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្តេចចូលមក។ អាឡវកយក្សនោះ ពោលនឹងព្រះមានព្រះភាគ ដូច្នេះទៀត ជាគំរប់ ៣ ដងថា នែសមណៈ ចូរចេញទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏ស្តេចចេញទៅ។ អាឡវកយក្ស ពោលថា នែសមណៈ ចូរចូលមកវិញ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ប្រពៃហើយ អាវុសោ ហើយក៏សេ្តចចូលមកវិញ។ អាឡវកយក្ស ពោលនឹងព្រះមានព្រះភាគ ដូច្នេះទៀត ជាគំរប់ ៤ ដងថា នែសមណៈ ចូរចេញទៅ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអាវុសោ តថាគតនឹងមិនចេញទៅទេ អំពើណាដែលអ្នកត្រូវធ្វើ ចូរអ្នកធ្វើអំពើនោះចុះ។ នែសមណៈខ្ញុំនឹងសួរប្រស្នាចំពោះលោក បើលោកមិនដោះស្រាយឲ្យយើងទេ យើងនឹងធ្វើចិត្តលោកឲ្យ
រវើរវាយ ឬហែកហឫទ័យរបស់លោក ឬក៏ចាប់ជើងគ្រវែងចោលទៅត្រើយម្ខាងទន្លេគង្គា។ ម្នាលអាវុសោ តថាគតមិនឃើញអ្នកណា ដែលធ្វើចិត្តនៃតថាគតឲ្យរវើរវាយបាន ឬហែកហឫទ័យ ឬក៏ចាប់ជើងគ្រវែងចោលទៅត្រើយម្ខាងទន្លេគង្គា ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសឡើយ ម្នាលអាវុសោ អ្នកប្រាថា្ននឹងសួរយ៉ាងណា ចូរសួរមកចុះ។ គ្រានោះឯង អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ដូច្នេះថា
[១៨] ក្នុងលោកនេះ អ្វីជាទ្រព្យដ៏ប្រសើរ របស់បុរស អ្វីដែលគេប្រព្រឹត្តល្អហើយ តែងនាំសេចក្តីសុខមកឲ្យ អ្វីមានរសឆ្ងាញ់ពិសាជាងរសទាំងឡាយ បណ្ឌិតហៅជីវិតនៃអ្នករស់នៅបែបណា ថាជាជីវិតប្រសើរ។
(ព្រះមានព្រះភាគ ត្រាស់ថា) ក្នុងលោកនេះ សទ្ធា ជាទ្រព្យដ៏ប្រសើររបស់បុរស ធម៌ដែលគេប្រព្រឹត្តល្អហើយ តែងនាំសេចក្តីសុខមកឲ្យ ពាក្យសត្យមានរសឆ្ងាញ់ពិសាជាងរសទាំងឡាយ បណ្ឌិតហៅជីវិតនៃអ្នករស់នៅដោយបញ្ញា ថាជាជីវិតប្រសើរ។
បុគ្គលឆ្លងអន្លង់បានដោយអ្វី ឆ្លងមហាសមុទ្របានដោយអ្វី កន្លងសេចក្តីទុក្ខបានដោយអ្វី បរិសុទ្ធបានដោយអ្វី។
បុគ្គលឆ្លងអន្លង់បានដោយសទ្ធា ឆ្លងមហាសមុទ្របានដោយសេចក្តីមិនប្រមាទ កន្លងសេចក្តីទុក្ខបានដោយព្យាយាម បរិសុទ្ធបានដោយប្រាជា្ញ។
បុគ្គលបាននូវប្រាជា្ញដោយអ្វី បាននូវទ្រព្យដោយអ្វី ដល់នូវសេចក្តីសរសើរដោយអ្វី ចងនូវមិត្តទាំងឡាយបានដោយអ្វី បុគ្គលចេញចាកលោកនេះ ទៅកាន់លោកខាងមុខ ហើយមិនសោយសោកក្នុងលោកខាងមុខដោយអ្វី។
បុគ្គលជឿធម៌របស់ព្រះអរហន្ត ស្តាប់ដោយគោរព ជាអ្នកមិនប្រមាទ មានបញ្ញាពិចារណា រមែងបាននូវប្រាជ្ញ13) ដើម្បីដល់ព្រះនិព្វាន បុគ្គលមានការងារដ៏សមគួរ មានធុរៈ14) មានព្យាយាមប្រឹងប្រែង15) រមែងបាននូវទ្រព្យ បុគ្គលដល់នូវសេចក្តីសរសើរ ដោយសច្ចៈ បុគ្គលកាលឲ្យ រមែងចងនូវមិត្តទាំងឡាយបាន។
ធម៌ទាំង ៤ នេះ គឺសច្ចៈ ១ ធម្មៈ (បញ្ញា) ១ ធីតិ (ព្យាយាម) ១ ចាគៈ (ការបរិច្ចាគ) ១ របស់បុគ្គលណាមានសទ្ធា នៅគ្រប់គ្រងផ្ទះ បុគ្គលនោះឯង រមែងមិនសោយសោក ក្នុងលោកខាងមុខ។
អញ្ជើញអ្នកទៅសួរពួកសមណព្រាហ្មណ៍ជាច្រើនដទៃទៀតចុះ បើមានធម៌ដទៃទៀត ក្នុងលោកនេះ ឲ្យក្រៃលែងជាងសច្ចៈ ទមៈ ចាគៈ ខន្តិ ទៅទៀត។
ឥឡូវនេះ ខ្ញុំចាំបាច់សួរពួកសមណព្រាហ្មណ៍ជាច្រើនធ្វើអ្វីទៀត (ព្រោះ) ក្នុងថ្ងៃនេះ ខ្ញុំដឹងប្រយោជន៍ ដែលប្រព្រឹត្តទៅក្នុងលោកខាងមុខច្បាស់ហើយ ព្រះពុទ្ធ ទ្រង់ស្តេចមកកាន់ដែនអាឡវី ដើម្បីគង់នៅជាប្រយោជន៍ដល់ខ្ញុំព្រះអង្គហើយ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គដឹងច្បាស់ហើយថា ទានដែលបុគ្គលឲ្យហើយ ចំពោះព្រះសម្ពុទ្ធណា ថាជាទានមានផលច្រើន ខ្ញុំព្រះអង្គនឹងត្រាច់ទៅអំពីស្រុក ទៅកាន់ស្រុក អំពីបុរីទៅកាន់បុរី សូមថ្វាយបង្គំនូវព្រះសម្ពុទ្ធ (នោះ) ផង នូវសភាពដ៏ល្អរបស់ព្រះធម៌ផង។
ចប់ អាឡវកសូត្រ ទី១០។
(១១. វិជយសុត្តំ)
[១៩] ថាបើបុគ្គលដើរក្តី ឈរក្តី អង្គុយក្តី ដេកក្តី រមែងបត់ចូល លាចេញ នេះជាការកំរើកកាយ។
កាយប្រកបដោយឆ្អឹង និងសរសៃទាំងឡាយ គ្របដណ្តប់ដោយស្បែក និងសាច់ បិទបាំងដោយសម្បុរថ្ងៃ មិនប្រាកដតាមពិត។
កាយពេញដោយពោះវៀនផង ពេញដោយអាហារថ្មីផង ដោយដុំថ្លើមផង ដោយក្រពះនោមផង ដោយបេះដូងផង ដោយសួតផង ដោយទាចផង ដោយក្រពះបាយផង ដោយទឹកសំបោរផង ដោយទឹកមាត់ផង ដោយញើសផង ដោយខ្លាញ់ខាប់ផង ដោយឈាមផង ដោយទឹករំអិលផង ដោយទឹកប្រមាត់ផង ដោយខ្លាញ់រាវផង។
មួយទៀត វត្ថុមិនស្អាត រមែងហូរចេញតាមរន្ធទាំង ៩ របស់កាយនោះសព្វកាល គឺព្រៀកភ្នែក ហូរចេញអំពីភ្នែក មូលត្រចៀកហូរចេញអំពីត្រចៀក ទឹកសំបោរហូរចេញអំពីច្រមុះ ជួនណា ចេញតាមមាត់ ប្រមាត់ និងស្លេស្ម ក៏ខ្ពុរចេញតាមមាត់ដែរ ញើស និងក្អែលហូរចេញអំពីកាយ។
មួយទៀត កាយនោះ មានក្បាលប្រហោង ពេញដោយខួរក្នុងក្បាល ជនពាលត្រូវអវិជ្ជារួបរឹតហើយ រមែងសំគាល់កាយនោះថាល្អ កាលណាកាយនោះស្លាប់ទៅ ដេកនៅហើមប៉ោង មានពណ៌ខៀវ ត្រូវគេបោះចោលទៅក្នុងព្រៃស្មសានហើយ កាលណោះ ជនទាំងឡាយជាញាតិ ក៏លែងរមិល ស្វាន ចចក ឆ្កែ ដង្កូវ ជញ្ជែងស៊ីកាយស្លាប់នោះ ចំណែកពួកសត្វដទៃ មានក្អែកត្មាតជាដើម ក៏ចឹកស៊ីនូវកាយស្លាប់នោះដែរ។
ភិក្ខុណាក្នុងសាសនានេះ ជាអ្នកមានបញ្ញា បានស្តាប់នូវពុទ្ធវចនៈហើយ ភិក្ខុនោះ រមែងកំណត់ដឹងនូវកាយនោះ ព្រោះឃើញច្បាស់តាមពិត។ សរីរៈរស់នេះ យ៉ាងណា សរីរៈស្លាប់នុ៎ះ ក៏យ៉ាងនោះ សរីរៈស្លាប់នុ៎ះ យ៉ាងណា សរីរៈរស់នេះ ក៏យ៉ាងនោះ ភិក្ខុគប្បីរំសាយនូវសេចក្តីប្រាថ្នាក្នុងកាយ ទាំងខាងក្នុង ទាំងខាងក្រៅ ក្នុងសាសនានេះ ភិក្ខុនោះ មានបញ្ញាប្រាសចាកឆន្ទរាគ ដល់នូវបទ គឺព្រះនិព្វាន ជាធម្មជាតមិនស្លាប់ ចេញចាកវានៈ គឺតណ្ហា ជាធម្មជាតស្ងប់ មិនច្យុត។ កាយ មានជើងពីរនេះ មិនស្អាត មានក្លិនអសោចិ៍ ពេញដោយសាកសពផ្សេង ៗ ហូរចេញអំពីរន្ធនោះ ៗ។
បុគ្គលណា មានកាយមានសភាពដូច្នេះ ហើយលើកដំកើងខ្លួនឯង មើលងាយបុគ្គលដទៃ (បុគ្គលនោះ) គ្មានធម្មជាតិអ្វី ក្រៅអំពីការមិនឃើញ (នូវអរិយសច្ចៈទេ)។
ចប់ វិជយសូត្រ ទី១១។
(១២. មុនិសុត្តំ)
[២០] ភ័យកើតអំពីសេចក្តីស្និទ្ធស្នាល ធូលី គឺរាគៈជាដើម កើតអំពីលំនៅ គឺរូបនិមិត្តជាដើម ការមិនមានលំនៅ និងការមិនមានសេចក្តីស្និទ្ធស្នាលនុ៎ះឯង ជាការឃើញរបស់មុនី (អ្នកប្រាជ្ញ)។
បុគ្គលណា បានផ្តាច់បង់នូវកិលេសដែលកើតហើយ មិនបណ្តុះ កិលេសដែលកំពុងកើត មិនប្រមូលមក (នូវបច្ច័យ) នៃកិលេសនោះ អ្នកប្រាជ្ញ ហៅបុគ្គលនោះ ថាជាបុគ្គលមានប្រយោជន៍ប្រសើរក្នុងចំណោមអ្នកប្រាជ្ញទាំងឡាយ កំពុងប្រព្រឹត្ត បុគ្គលនោះ ស្វែងរក (នូវខន្ធ មានសីលក្ខន្ធជាដើម) បានឃើញហើយនូវចំណែកនៃសន្តិភាព។
បុគ្គលណា ពិចារណាឃើញទីកើត (នៃកិលេស) ទាំងឡាយ ហើយលះបង់ពូជ មិនប្រមូលមកនូវជ័រ គឺតណ្ហា និងទិដ្ឋិ បុគ្គលនោះឯង ជាមុនី ឃើញនូវទីបំផុតនៃការអស់ជាតិ លះបង់នូវអកុសលវិតក្កៈ មិនដល់នូវកិរិយារាប់ (ថាជាអ្នកត្រេកអរ ឬប្រទូស្តឡើយ)។
បុគ្គលណា ដឹងច្បាស់នូវលំនៅ គឺភពទាំងអស់ មិនប្រាថ្នាលំនៅទាំងនោះទៀត សូម្បីលំនៅណាមួយ បុគ្គលនោះ ជាមុនី មានសេចក្តីប្រាថ្នាទៅប្រាសហើយ ជាអ្នកលែងប្រាថ្នា មិនប្រមូលមក (នូវកម្មជាកុសល ឬអកុសល) ព្រោះជាអ្នកដល់នូវត្រើយគឺព្រះនិព្វាន។
អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកគ្របសង្កត់នូវធម៌ទាំងពួង ដឹងច្បាស់នូវធម៌ទាំងពួង មានបញ្ញាល្អ មិនជាប់ក្នុងពួកធម៌ទាំងពួង លះបង់នូវធម៌ទាំងពួង រួចស្រឡះ ព្រោះអស់ទៅនៃតណ្ហា ថាជាមុនី។
អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកមានកំឡាំង គឺប្រាជ្ញា ប្រកបដោយសីលវ័ត មានចិត្តដំកល់មាំ ត្រេកអរក្នុងឈាន មានស្មារតី រួចចាកធម៌ជាគ្រឿងជាប់ មិនរឹងរូស មិនមានអាសវៈ ថាជាមុនី។
អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ ជាបុគ្គលឯក ត្រាច់ទៅ ជាអ្នកស្ងៀម16) មិនប្រមាទ មិនញាប់ញ័រ ក្នុងសេចក្តីនិន្ទា និងសរសើរ ដូចជាសត្វសីហៈ មិនតក់ស្លុតព្រោះសំឡេង មិនជាប់ក្នុងសំណាញ់ គឺតណ្ហា និងទិដ្ឋិ ដូចជាខ្យល់មិនជាប់ក្នុងសំណាញ់ មិនប្រឡាក់ដោយលោក ព្រោះគ្រឿងប្រឡាក់ គឺតណ្ហា និងទិដ្ឋិ ដូចផ្កាឈូកមិនប្រឡាក់ដោយទឹក ជាអ្នកដឹកនាំគេ មនុស្សដទៃមិនគប្បីនាំទៅបាន ថាជាមុនី។
ជនទាំងឡាយដទៃ តែងពោលនូវវាចាមានទីបំផុតដោយជុំវិញ ចំពោះវត្ថុណា បុគ្គលណា (មិនដល់នូវសេចក្តីត្រេកអរ ឬ តូចចិត្ត ក្នុងវត្ថុនោះ) ដូចជាសសរ ដែលបុគ្គលដាំចុះក្នុងកំពង់សម្រាប់ងូត អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកមានរាគៈទៅប្រាសហើយ មានឥន្ទ្រិយតម្កល់មាំល្អហើយ ថាជាមុនី។
បុគ្គលណា មានខ្លួនស្ថិតនៅត្រង់ដូចជាខ្នារ កាលពិចារណាឃើញការពុំរាបសា និងការរាបសា តែងខ្ពើមកម្មទាំងឡាយដ៏លាមក អ្នកប្រាជ្ញទាំងឡាយ ដឹងបុគ្គលនោះ ថាជាមុនី។
បុគ្គលណា មានខ្លួនសង្រួមហើយ មិនធ្វើបាប ទោះនៅក្មេងក្តី កណ្តាលក្តី ជាមុនី មានខ្លួនវៀរចាកបាបហើយ ជាបុគ្គលមិនមានការបៀតបៀន មិនប្រទូស្តនូវបុគ្គលណាមួយ អ្នកប្រាជ្ញទាំងឡាយ រមែងដឹងច្បាស់នូវបុគ្គលនោះ ថាជាមុនី។
បុគ្គលណា ចិញ្ចឹមជីវិតដោយបុគ្គលដទៃឲ្យ បាននូវដុំបាយណា ទោះថ្មោងក្តី កណ្តាលក្តី សេសសល់ក្តី មិនសរសើរ មិនបន្តុះបង្អាប់ អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ ថាជាមុនី។
បុគ្គលណា មិនជាប់នៅក្នុងវ័យណាមួយ អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ ដែលជាអ្នកស្ងៀម ប្រព្រឹត្តវៀរមេថុនធម្ម វៀរស្រឡះចាកសេចក្តីស្រវឹង និងសេចក្តីប្រមាទ របូតចាកចំណង គឺកិលេស ថាជាមុនី។
អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកឃើញនូវបរមត្ថ ព្រោះដឹងច្បាស់នូវលោក ប្រព្រឹត្តកន្លងនូវអន្លង់ និងសមុទ្រ មិនញាប់ញ័រ កាត់ផ្តាច់នូវគ្រឿងចាកស្រែះ មិនស្រ័យនូវតណ្ហា និងទិដ្ឋិ មិនមានអាសវៈ ថាជាមុនី។
ជនទាំងពីរនាក់ មានការនៅ និងការចិញ្ចឹមជីវិតឆ្ងាយគ្នា មិនស្មើគា្នទេ គឺគ្រហស្ថជាអ្នកចិញ្ចឹមប្រពន្ធ ១ អ្នកបួសមិនប្រកាន់ខ្លួន ជាអ្នកមានវត្តល្អ ១ គ្រហស្ថមិនបានសង្រួមក្នុងការបៀតបៀនជីវិតសត្វដទៃ មុនីសង្រួមរក្សានូវពួកសត្វអស់កាលជានិច្ច។ ដូចជាសត្វក្ងោក មានកខៀវ ហើរតាមអាកាស មិនដល់នូវសន្ទុះរបស់ហង្ស ក្នុងកាលណា ៗ ឡើយ គ្រហស្ថ ក៏យ៉ាងនោះដែរ នឹងធ្វើតាមភិក្ខុជាមុនី អ្នកស្ងប់ស្ងាត់ អ្នកចំរើនឈានក្នុងព្រៃមិនបាន។
ចប់ មុនិសូត្រ ទី១២។
ចប់ ឧរគវគ្គ ទី១។
ឧទ្ទាននៃឧរគវគ្គនោះ គឺ
និយាយអំពីការប្រៀបដោយសត្វពស់ ១ ធនិយគោបាល ១ បុគ្គលប្រៀបដោយកុយរមាស ១ កសិភារទ្វាជព្រាហ្មណ៍ ១ ចុន្ទ ១ សេចក្តីវិនាស ១ បុគ្គលថោកទាប ១ មេត្តា ១ ហេមវតយក្ស ១ អាឡវកយក្ស ១ អំពីការលះ ១ មុនី ១ រួមជា ១២ ហៅថា ឧរគវគ្គ។
(២. ចូឡវគ្គោ)
(១. រតនសុត្តំ)
[២១] ពួកភូត17) ណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំក្នុងទីនេះ សូមពួកសត្វទាំងអស់នោះ មានចិត្តល្អ មួយទៀត ចូរស្តាប់នូវភាសិតដោយគោរព។ ព្រោះហេតុនោះ អ្នកទាំងឡាយ ជាភូតទាំងអស់ ចូរស្តាប់ ចូរធ្វើនូវមេត្តាចិត្ត ក្នុងពពួកសត្វ ជាមនុស្សជាតិ ពួកមនុស្សណា នាំនូវពលិកម្ម ក្នុងវេលាថ្ងៃ ឬវេលាយប់ ព្រោះហេតុនោះ សូមអ្នកទាំងឡាយ កុំប្រហែស ចូររក្សានូវមនុស្សទាំងនោះ។ ទ្រព្យជាទីគាប់ចិត្តណាមួយ ក្នុងលោកនេះ ឬក្នុងលោកដទៃ រតនវត្ថុដ៏ឧត្តមណា ក្នុងស្ថានសួគ៌ក្តី (ទ្រព្យ និងរតនវត្ថុទាំងនោះ) សើ្មដោយព្រះតថាគត មិនមានឡើយ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ព្រះសក្យមុនី មានព្រះហ្ឫទ័យដម្កល់មាំ បានត្រាស់ដឹងហើយ នូវព្រះធម៌ណា ជាគ្រឿងក្ស័យកិលេស ប្រាសចាករាគៈ ជាធម៌មិនស្លាប់ ជាធម៌ឧត្តម របស់អ្វីមួយស្មើដោយព្រះធម៌នោះ មិនមានឡើយ រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ព្រះពុទ្ធដ៏ប្រសើរ ទ្រង់សរសើរនូវសមាធិណា ថាជាសមាធិស្អាត បណ្ឌិតទាំងឡាយ ពោលនូវសមាធិណា ថាជាធម៌ឲ្យនូវផលដោយលំដាប់ សមាធិដទៃ ស្មើដោយសមាធិនោះ មិនមានឡើយ រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
បុគ្គលទាំងឡាយណា ៨ ពួក ដែលសប្បុរសទាំងឡាយសរសើរហើយ បើរាប់ជាគូ បាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័ករបស់ព្រះសុគត លោកគួរដល់ទក្ខិណាទាន ទានទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះបុគ្គលទាំងនោះ ជាទានមានផលច្រើន រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
អរិយបុគ្គលទាំងឡាយណា ក្នុងសាសនានៃព្រះគោតម ប្រកបត្រូវល្អហើយ មានចិត្តខ្ជាប់ខ្ជួន មិនមានសេចក្តីប្រាថ្នា អរិយបុគ្គលទាំងឡាយនោះ ដល់ហើយនូវព្រះអរហត្តផល ហើយចូលទៅកាន់ព្រះនិព្វាន បាននូវការរលត់កិលេសដោយទទេ គឺឥតមានទិញដូរឡើយ ហើយសោយ (នូវផល) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
សសរខឿន ដែលគេបោះភ្ជាប់នឹងផែនដី ជារបស់មិនកម្រើកដោយខ្យល់ព្យុះ ដែលបក់មកអំពីទិសទាំង ៤ យ៉ាងណាមិញ បុគ្គលណា ពិចារណាឃើញជាក់នូវអរិយសច្ចៈទាំងឡាយ តថាគតហៅអ្នកនោះ ថាជាសប្បុរស (មិនញាប់ញ័រ) ក៏យ៉ាងនោះដែរ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
អរិយបុគ្គលទាំងឡាយណា ធ្វើឲ្យជាក់ច្បាស់នូវអរិយសច្ច ដែលព្រះតថាគតមានប្រាជ្ញាដ៏ជ្រៅ សំដែងល្អហើយ អរិយបុគ្គលទាំងនោះ ទុកជាប្រមាទដ៏លើសលន់ក៏ដោយ អរិយបុគ្គលទាំងនោះ នឹងមិនកាន់យកនូវភព ជាគំរប់ ៨ (គឺមិនកើតទៀតហួសពី ៧ ជាតិឡើយ) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ធម៌ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ឬការប្រព្រឹត្តិតាមណាមួយ ដែលសោតាបន្នបុគ្គលនោះ បានលះបង់ហើយ ជាមួយនឹងទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ មួយវិញទៀតសោតាបន្នបុគ្គល បានរួចស្រឡះចាកអបាយទាំង ៤ ហើយ មិនគួរធ្វើនូវអភិឋាន ៦ គឺអនន្តរិយកម្ម ៥ និងការងាកចិត្តទៅកាន់សាសនាដទៃឡើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ទុកជាសោតាបន្នបុគ្គលនោះ ធ្វើនូវបាបកម្ម ដោយកាយវាចា ឬក៏ដោយចិត្ត (ព្រោះសេចក្តីភ្លាំងភ្លាត់) សោតាបន្នបុគ្គលនោះ មិនគួរបិទបាំងនូវបាបកម្មនោះឡើយ ព្រោះភាពនៃបុគ្គលដែលឃើញនូវព្រះនិព្វានហើយ ជាបុគ្គលមិនគួរបិទបាំងនូវបាបកម្ម ដែលព្រះពុទ្ធទាំងឡាយសំដែងហើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
គុម្ពឈើក្នុងព្រៃ មានត្រួយលូតលាស់ ក្នុងខាងដើមគិម្ហរដូវ គឺខែក្តៅ យ៉ាងណាមិញ ព្រះពុទ្ធបានសំដែងហើយ នូវធម៌ដ៏ប្រសើរ ជាធម៌អាចញុំាងសត្វទាំងឡាយ ឲ្យដល់នូវព្រះនិព្វាន ដើម្បីប្រយោជន៍ដ៏ឧត្តម ក៏យ៉ាងនោះឯង រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរ ទ្រង់ជ្រាប់ជ្រាបនូវធម៌ដ៏ប្រសើរ ទ្រង់ប្រទាននូវធម៌ដ៏ប្រសើរ ទ្រង់នាំមកនូវធម៌ដ៏ប្រសើរ ព្រះអង្គប្រសើរ មិនមានអ្នកណាជាង ទ្រង់សំដែងនូវធម៌ដ៏ប្រសើរ រតនៈគឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
កម្មចាស់អស់ហើយ កម្មថ្មី រមែងមិនកើតប្រាកដ អរិយបុគ្គលទាំងឡាយណា មានចិត្តនឿយណាយក្នុងភពតទៅ អរិយបុគ្គលទាំងនោះ មានពូជអស់ហើយ មានឆន្ទៈ គឺសេចក្តីប៉ុនប៉ងក្នុងចិត្ត មិនដុះឡើងឡើយ ជាអ្នកមានប្រាជ្ញា តែងរលត់ទៅ ដូចជាប្រទីប (ដែលរលត់) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ យើងទាំងឡាយសូមនមស្ការនូវព្រះពុទ្ធ ទ្រង់បានត្រាស់មកហើយដូចគ្នា ដែលទេវតា និងមនុស្សបូជាហើយ សូមសួស្តីកើតមាន។
ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះធម៌ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សបូជាហើយ សូមសួស្តីកើតមាន។
ពួកភូតណា ស្ថិតនៅលើផែនដីក្តី ពួកភូតណា ស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះសង្ឃ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សបូជាហើយ សូមសួស្តីកើតមាន។
ចប់ រតនសូត្រ ទី១។
(២. អាមគន្ធសុត្តំ)
[២២] សប្បុរស កាលបរិភោគនូវស្រូវស្រងែ ស្រូវកន្ទុយដំរី និងសណ្តែកព្រៃ បត្តប្ផល18) មូលប្ផល19) និងគវិប្ផល20) ដែលបានមកដោយធម៌ មិនពោលពាក្យកុហក ព្រោះសេចក្តីប្រាថ្នានូវកាមទេ។
បពិត្រកស្សបៈ លោកនោះ កាលបរិភោគនូវសាច់ណាមួយ ដែលបុគ្គលធ្វើហើយដោយល្អ សម្រេចហើយដោយល្អ តាក់តែងហើយដ៏ឧត្តម ដែលជនទាំងឡាយដទៃឲ្យហើយ កាលបរិភោគនូវបាយស្រូវសាលី ឈ្មោះថា បរិភោគនូវវត្ថុមានក្លិនឆ្អាប។
ម្នាលព្រហ្មពន្ធុ លោកកាលបរិភោគនូវបាយនៃស្រូវសាលីទាំងឡាយ ដោយសាច់នៃសត្វស្លាប ដែលបុគ្គលតាក់តែងល្អហើយ ពោលយ៉ាងនេះថា វត្ថុមានក្លិនឆ្អាប មិនគួរដល់អាត្មាអញ។
បពិត្រព្រះកស្សប ខ្ញុំនឹងសួរនូវសេចក្តីនុ៎ះនឹងលោក វត្ថុមានក្លិនឆ្អាបរបស់លោក មានប្រការដូចម្តេច។ ការសម្លាប់សត្វ វាយ កាត់ ចង លួច ពោលពាក្យកុហក បោកប្រាស បញ្ឆោត រៀនក្បួនឥតប្រយោជន៍ សេពភរិយារបស់បុគ្គលដទៃ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។ ជនទាំងឡាយណា ក្នុងលោកនេះ មិនសង្រួមក្នុងកាមទាំងឡាយ ជាអ្នកប្រាថ្នា ញ៉ាមជ្រប់ក្នុងរសច្របូកច្របល់ ដោយភាពមិនស្អាត គឺមិច្ឆាជីវៈ ជានត្ថិកទិដ្ឋិ មានកាយកម្មជាដើម មិនរាបសា ឲ្យដឹងបានដោយក្រ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។ ជនទាំងឡាយណា ជាអ្នកប្រាថ្នាចំពោះវត្តដ៏សៅហ្មង ជាអ្នករឹងរូស ស៊ីសាច់ខ្នង21) ទ្រុស្តមិត្ត មិនមានអាណិត ប្រកាន់ខ្លួន មិនឲ្យទានជាប្រក្រតី មួយទៀត មិនដែលឲ្យវត្ថុអ្វីដល់អ្នកណាមួយ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។
សេចក្តីក្រោធ ស្រវឹង រឹងត្អឹង បង្កហេតុ បិទបាំងទោស ច្រណែន លើកខ្លួន ប្រកាន់ខ្លួន មើលងាយគេ ស្និទ្ធស្នាលដោយពួកអសប្បុរស នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។ ពួកជនណា មានបាបជាប្រក្រតី ចំពាក់បំណុលគេ និយាយចាក់ដោតគេ កោងដោយវោហារ ទ្រុស្តសីល ក្នុងសាសនានេះ ជាជនអាក្រក់ ជនណាធ្វើអំពើអាក្រក់ក្នុងលោកនេះ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។ ពួកជនណា ក្នុងលោកនេះ ជាអ្នកមិនសង្រួមក្នុងសត្វទាំងឡាយ កាន់យកទ្រព្យនៃបុគ្គលដទៃ ប្រកបខាងការបៀតបៀន ជាអ្នកទ្រុស្តសីល ជាព្រានសំដីអាក្រក់ មិនអើពើ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។ សត្វទាំងឡាយណា ជាប់ចំពាក់ក្នុងពួកសត្វទាំងនេះ ជាអ្នកខឹង អ្នកសម្លាប់ ប្រកបក្នុងអកុសលជានិច្ច លះលោកនេះ នឹងទៅកាន់លោកងងឹត មានក្បាលសំយុងចុះទៅនរក នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។
ការមិនស៊ីត្រី និងសាច់ មិនស៊ីបាយ អាក្រាត (កោរសក់ បួងសក់ លាបដោយភក់ ស្លៀកស្បែកខ្លាឃ្មុំ) សេពខាងការបំរើភ្លើង មួយទៀត អមរតបៈទាំងឡាយដ៏ច្រើន22) ដែលមានក្នុងលោក វេទមន្ត ការបូជាភ្លើង បូជាយញ្ញ (មានអស្សមេធៈ) ជាដើម និងការសេព (នូវទីក្តៅ ក្នុងគិម្ហ) រដូវជាដើម ទាំងនេះ ញ៉ាំងសត្វដែលមិនទាន់ឆ្លងផុតសេចក្តីសង្ស័យ ឲ្យស្អាតមិនបានទេ។ បុគ្គលណា គ្រប់គ្រងក្នុងឥន្រ្ទិយទាំង ៦ នោះ ដឹងច្បាស់ឥន្រ្ទិយទាំង ៦ ហើយគប្បីប្រព្រឹត្តតាំងនៅក្នុងធម៌ ត្រេកអរក្នុងការទៀងត្រង់ និងសេចក្តីទន់ភ្លន់ កន្លងផុតគ្រឿងចំពាក់ លះបង់ទុក្ខទាំងអស់ មានប្រាជា្ញ មិនជាប់នៅ ក្នុងអារម្មណ៍ដែលខ្លួនឃើញ ដែលឮ។ ព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរឿយ ៗ ដូច្នេះហើយ តិស្សព្រាហ្មណ៍ អ្នកដល់នូវត្រើយនៃមន្ត ក៏ដឹងនូវសេចក្តីនោះ ព្រះមុនី ជាអ្នកមិនមានក្លិនឆ្អាប គឺកិលេស មិនអាស្រ័យតណ្ហា និងទិដ្ឋិ ឥតអ្នកណាមួយដឹកនាំឲ្យអាក្រក់បាន ទ្រង់ប្រកាសដោយគាថាទាំងឡាយដ៏វិចិត្រ។ ព្រាហ្មណ៍បានស្តាប់បទសុភាសិត ដែលមិនមានក្លិនឆ្អាប ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងពួង របស់ព្រះពុទ្ធហើយ ក៏មានចិត្តឱនលំទោន ថ្វាយបង្គំព្រះតថាគត សូមបព្វជ្ជា ក្នុងទីនេះឯង។
ចប់ អាមគន្ធសូត្រ ទី២។
(៣. ហិរិសុត្តំ)
[២៣] បណ្ឌិតបុរស គប្បីដឹងនូវបុគ្គលនោះ ដែលមិនមានសេចក្តីអៀនខ្មាស មិនមានសេចក្តីខ្ពើមរអើម និយាយថា ខ្ញុំជាសម្លាញ់ (របស់អ្នក) មិនអើពើនឹងការងារទាំងឡាយ (របស់សំឡាញ់) ដែលខ្លួនអាចធ្វើបានថា បុគ្គលនោះ មិនមែនជាមិត្តរបស់អញទេ។
បុគ្គលណា ពោលវាចាជាទីស្រឡាញ់ ដែលខ្លួនមិនប្រព្រឹត្តតាមចំពោះមិត្ត បណ្ឌិតទាំងឡាយ កំណត់ដឹង (នូវបុគ្គលនោះ) ថា គ្រាន់តែជាអ្នកនិយាយ តែមិនធ្វើ។
បុគ្គលណា មិនប្រមាទសព្វកាល មានសេចក្តីរង្កៀសក្នុងការបែកបាក់គ្នា ជាអ្នកឃើញរឿយ ៗ នូវទោស បុគ្គលនោះ មិនហៅថាមិត្តទេ លុះតែបុគ្គលណា ដែលបុគ្គលដទៃ បំបែកមិនបាន ដេកនៅ (ឥតរង្កៀស) ក្នុងមិត្តណា បុគ្គលនោះឯង ទើបហៅថាជាមិត្ត។
បុគ្គលជាអ្នកប្រាថ្នានូវផល កាលនាំមកនូវធុរៈ ជារបស់បុរស រមែងញ៉ាំងឋានៈ គឺព្យាយាម ជាទីធ្វើឲ្យកើតបាមោជ្ជៈ នាំមកនូវសេចក្តីសរសើរ ជាសុខ ឲ្យចំរើន បុគ្គលក្រេបផឹកនូវរសនៃសេចក្តីស្ងប់រម្ងាប់ផង នូវរសនៃព្រះនិព្វាន ជាទីចូលទៅរម្ងាប់ផង ផឹកនូវរសនៃបីតិ ដែលកើតអំពីអរិយធម៌ហើយ រមែងជាអ្នកមិនមានសេចក្តីក្រវល់ក្រវាយ មិនមានបាប។
ចប់ ហិរិសូត្រ ទី៣។
(៤. មង្គលសុត្តំ)
[២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។
គា្រនោះឯង ទេវតាអង្គ ១ កាលវេលារាត្រីបឋមយាម កន្លងទៅហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឈរនៅក្នុងទីសមគួរ។ លុះទេវតានោះ ឈរក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នេះថា
[២៥] ទេវតា និងមនុស្សទាំងឡាយជាច្រើន ប្រាថ្នានូវសួស្តី បានគិតរកនូវមង្គលទាំងឡាយ សូមព្រះអង្គទ្រង់សំដែងនូវមង្គលដ៏ឧត្តម។
(ព្រះមានព្រះភាគ ទ្រង់សំដែងថា) ការមិនសេពគប់បុគ្គលពាលទាំងឡាយ ១ ការសេពគប់បណ្ឌិតទាំងឡាយ ១ ការបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ ១ (ទាំង ៣) នេះ ជាមង្គលដ៏ឧត្តម។
ការនៅក្នុងប្រទេសដ៏សមគួរ ១ ភាពនៃបុគ្គលបានធ្វើបុណ្យទុកក្នុងកាលមុន ១ ការដំកល់ខ្លួនដោយប្រពៃ ១ (ទាំង ៣) នេះ ជាមង្គលដ៏ឧត្តម។
ពាហុសច្ចៈ ១ សិល្បសាស្រ្ត ១ វិន័យដែលសិក្សាដោយប្រពៃ ១ វាចាដែលពោលត្រឹមត្រូវ ១ (ទាំង ៤) នេះ ជាមង្គលដ៏ឧត្តម។
ការបំរើមាតាបិតា ១ សេចក្តីសង្រ្គោះបុត្រ និងភរិយា ១ ការងារទាំងឡាយមិនច្របូកច្របល់ ១ (ទាំង៣) នេះ ជាមង្គលដ៏ឧត្តម។
ទាន ១ ការប្រព្រឹត្តិធម៌ ១ ការសង្រ្គោះពួកញាតិ ១ ការងារមិនមានទោស ១ (ទាំង ៤) នេះ ជាមង្គលដ៏ឧត្តម។
ការមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប ១ សេចក្តីសង្រួមចាកកិរិយាផឹកទឹកស្រវឹង ១ សេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយ ១ (ទាំង ៣) នេះ ជាមង្គលដ៏ឧត្តម។
សេចក្តីគោរពចំពោះបុគ្គលដែលគួរគោរព ១ ការប្រព្រឹត្តិបន្ទាបខ្លួន ១ សេចក្តីត្រេកអរចំពោះរបស់ដែលមាន ១ ភាពនៃបុគ្គលអ្នកដឹងឧបការគុណដែលអ្នកដទៃធ្វើដល់ខ្លួន ១ ការស្តាប់ធម៌តាមកាល ១ (ទាំង ៥) នេះ ជាមង្គលដ៏ឧត្តម។
សេចក្តីអត់ធន់ ១ ភាពនៃបុគ្គលដែលប្រដៅងាយ ១ ការបានឃើញ បានចួបសមណៈទាំងឡាយ ១ ធម្មសាកច្ឆាតាមកាល ១ (ទាំង ៤) នេះ ជាមង្គលដ៏ឧត្តម។
សេចក្តីព្យាយាមដុតបាបធម៌ ១ ការប្រព្រឹត្តិនូវធម៌ដ៏ប្រសើរ ១ ការឃើញនូវអរិយសច្ចទាំងឡាយ ១ ការធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ១ (ទាំង ៤) នេះ ជាមង្គលដ៏ឧត្តម។
ចិត្តនៃបុគ្គលណា ដែលលោកធម៌ពាល់ត្រូវហើយ មិនរំភើបញាប់ញ័រ ១ មិនមានសេចក្តីសោក ១ មានធូលី គឺរាគៈ ទៅប្រាសហើយ ១ ចិត្តក្សេមក្សាន្ត ១ (ទាំង ៤) នេះ ជាមង្គលដ៏ឧត្តម។
ទេវតា និងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ ក្នុងទីទាំងពួង តែងដល់នូវសួស្តីក្នុងទីទាំងពួង (ម្នាលទេវតា អ្នកចូរប្រកាន់ជឿថា) មង្គលទាំង ៣៨ ប្រការ មានការមិនសេពគប់នូវបុគ្គលពាលជាដើមនោះ របស់ទេវតា និងមនុស្សទាំងអម្បាលណោះ ជាមង្គលដ៏ឧត្តម។
ចប់ មង្គលសូត្រ ទី៤។
(៥. សូចិលោមសុត្តំ)
[២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើគ្រែថ្ម ជាលំនៅនៃសូចិលោមយក្ស ទៀបគយាគ្រាម។ សម័យនោះឯង ខរយក្ស និងសូចិលោមយក្ស នាំគ្នាដើរទៅជិតព្រះមានព្រះភាគ។ លំដាប់នោះ ខរយក្សបាននិយាយនឹងសូចិលោមយក្សថា នុ៎ះព្រះសមណៈ។ សូចិលោមយក្ស ឆ្លើយថា នុ៎ះមិនមែនព្រះសមណៈទេ នុ៎ះគ្រាន់តែប្រហែលនឹងព្រះសមណៈ ចាំខ្ញុំសង្កេតឲ្យដឹងថា ជាព្រះសមណៈ ឬប្រហែលនឹងព្រះសមណៈសិន។ វេលានោះ សូចិលោមយក្ស ក៏ចូលទៅជិតព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បន្ទន់កាយ ទៅរកព្រះមានព្រះភាគ។ ចំណែកព្រះមានព្រះភាគ ងាកព្រះកាយចេញ។ លំដាប់នោះសូចិលោមយក្ស ទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះសមណៈ ខ្លាចខ្ញុំឬ។ ម្នាលអាវុសោ តថាគតមិនខ្លាចអ្នកទេ តែសម្ផស្សរបស់អ្នកឯងអាក្រក់។
ព្រះសមណៈ យើងនឹងសួរប្រស្នាចំពោះលោក បើលោកមិនឆ្លើយប្រាប់យើង យើងនឹងធ្វើចិត្តរបស់លោកឲ្យរវើរវាយ ឬនឹងហែកហ្ឫទ័យលោក ឬក៏នឹងចាប់ជើងបោះទៅត្រើយម្ខាងទន្លេគង្គា។ ម្នាលអាវុសោ បុគ្គលណា គប្បីញ៉ាំងចិត្តតថាគតឲ្យរាយមាយក្តី ហែកហ្ឫទ័យតថាគតក្តី គប្បីចាប់ជើងតថាគត គ្រវីបោះទៅត្រើយម្ខាងទន្លេគង្គាក្តី តថាគតមិនឃើញបុគ្គលនោះ ទោះបីក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសឡើយ ម្នាលអាវុសោ មួយទៀត អ្នកប្រាថ្នា (នឹងសួរ) ប្រស្នាណា ចូរសួរប្រស្នានោះមកចុះ។ លំដាប់នោះ សូចិលោមយក្ស បានពោលទៅនឹងព្រះមានព្រះភាគ ដោយគាថាដូច្នេះថា
[២៧] រាគៈ និងទោសៈ មានអ្វីជាហេតុ សេចក្តីមិនត្រេកអរ សេចកី្តត្រេកអរ និងការព្រឺរោម កើតមកអំពីអ្វី មនោវិតក្កៈ កើតមកអំពីអ្វី ដែលគួរលះបង់ចោល ដូចជាពួកក្មេងលែងក្អែកចោល។
រាគៈ ទោសៈ មានអត្តភាពនេះជាហេតុ សេចក្តីមិនត្រេកអរ សេចក្តីត្រេកអរ និងការព្រឺរោម កើតមកអំពីអត្តភាពនេះ មនោវិតក្កៈ កើតមកអំពីអត្តភាពនេះ ដែលគេលះបង់ចោល ដូចជាពួកក្មេងលែងក្អែកចោល។23)
កិលេសទាំងឡាយ កើតមកអំពីសេចក្តីស្នេហា គឺតណ្ហា ក៏កើតអំពីខ្លួន ដូចជាពួរជ្រៃ ដែលកើតអំពីដើមជ្រៃ កិលេសដ៏ច្រើន ជាប់ចំពាក់ក្នុងវត្ថុកាមទាំងឡាយ ដូចជាពួរឈើចាក់ស្រែះក្នុងព្រៃ។
ពួកជនណា ដឹងនូវកិលេសនោះ ថាកើតអំពីហេតុណា ពួកជននោះ តែងបន្ទោបង់នូវហេតុនោះចេញ ម្នាលយក្ស ចូរអ្នកស្តាប់ចុះ ពួកជនទាំងនោះ តែងឆ្លងនូវអន្លង់នេះ ដែលគេឆ្លងបានដោយក្រ ដែលខ្លួនមិនធ្លាប់ឆ្លង ដើម្បីដល់ព្រះនិព្វាន ដែលជាទីមិនកើតទៀត។
ចប់ សូចិលោមសូត្រ ទី៥។
(៦. ធម្មចរិយសុត្តំ)
[២៨] ព្រះអរិយៈទាំងឡាយ តែងពោលនូវធម្មចរិយៈ24) និងព្រហ្មចរិយៈ25) នេះ ថាជារតនៈដ៏ឧត្តម ប្រសិនបើបុគ្គលចេញចាកផ្ទះ ទៅបួសក្នុងធម្មវិន័យ។
បើបុគ្គលនោះ ជាអ្នកមានមាត់រឹង ត្រេកអរក្នុងការបៀតបៀន ដូចជាសត្វម្រឹគ ជីវិតរបស់បុគ្គលនោះ ជាជីវិតអាក្រក់ក្រៃលែង បុគ្គលនោះ តែងញ៉ាំងធូលី គឺកិលេស ឲ្យចំរើនឡើងដល់ខ្លួន។
ភិក្ខុអ្នកត្រេកអរក្នុងជម្លោះ ត្រូវមោហធម៌ចាក់ស្រែះហើយ ក៏លែងដឹងធម៌ដែលពួកភិក្ខុបានប្រាប់ហើយផង ដែលព្រះពុទ្ធទ្រង់សំដែងផង ភិក្ខុអ្នកត្រូវអវិជា្ជរួបរឹត ហើយបៀតបៀននូវព្រះខីណាស្រពទាំងឡាយ ដែលជាអ្នកមានខ្លួនអប់រំហើយ រមែងមិនស្គាល់នូវសេចក្តីសៅហ្មង ជាផ្លូវទៅកាន់នរក ហើយចូលទៅកាន់អបាយ ៤ ចេញចាកគភ៌ទៅកាន់គភ៌ ចេញចាកអសុរកាយ ទៅកាន់អសុរកាយ ភិក្ខុនោះ រមែងដល់នូវសេចក្តីទុក្ខក្នុងបរលោក។ មួយទៀត បុគ្គលដែលមានសភាពយ៉ាងនេះ ជាអ្នកប្រកបដោយកិលេស ដូចទីទួល លាងជំរះបានដោយកម្រ ដូចជារណ្តៅលាមក ពេញប្រៀបអួអាប់រាប់ឆ្នាំ (ដែលគេលាងសម្អាតបានដោយកម្រ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរដឹងនូវបុគ្គល ដែលអាស្រ័យនូវផ្ទះ គឺកាមគុណ ជាអ្នកមានសេចក្តីប្រាថ្នាលាមក មានសេចក្តីត្រិះរិះអាក្រក់ មានអាចារៈ និងគោចរៈអាក្រក់បែបនេះ។ អ្នករាល់គ្នា គប្បីជាអ្នកព្រមព្រៀងគ្នា ចៀសវាងនូវបុគ្គលនោះចេញ ចូរបោះបង់ចោលដូចជាគេបោសសំរាមចោល ចូរទាញចេញនូវបុគ្គលអ្នកប្រព្រឹត្តក្រខ្វក់ តពីនោះទៅ គប្បីបណ្តេញនូវពួកបុគ្គលដែលដូចជាសំដីស្រូវ មិនមែនជាសមណៈ ប្រកាន់ថា ខ្លួនជាសមណៈចេញ។ លុះអ្នកទាំងឡាយ បណ្តេញបុគ្គលអ្នកប្រាថ្នាអាក្រក់ មានអាចារៈ និងគោចរៈអាក្រក់បានហើយ ជាអ្នកបរិសុទ្ធសម្រេចការនៅជាមួយនឹងបុគ្គលបរិសុទ្ធ អ្នកមានសេចក្តីគោរពកោតក្រែងគ្នា តទៅនឹងជាអ្នកព្រមព្រៀងគ្នា មានប្រាជ្ញាចាស់ក្លា ធ្វើនូវទីបំផុតនៃទុក្ខបាន។
ចប់ ធម្មចរិយសូត្រ ទី៦។
(៧. ព្រាហ្មណធម្មិកសុត្តំ)
[២៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ពួកព្រាហ្មណមហាសាល ជាច្រើននាក់ នៅក្នុងដែនកោសល ជាមនុស្សចាស់គ្រាំគ្រា ជាព្រឹទ្ធាចា្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បាននាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណមហាសាលទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ឥឡូវនេះ ពួកព្រាហ្មណ៍ប្រាកដក្នុងព្រាហ្មណធម៌ របស់ពួកព្រាហ្មណ៍ជាន់ចាស់ដែរឬ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ទាំងឡាយ ឥឡូវនេះ ពួកព្រាហ្មណ៍ មិនប្រាកដក្នុងព្រាហ្មណធម៌ របស់ពួកព្រាហ្មណ៍ជាន់ចាស់ទេ។ បើព្រះគោតមដ៏ចំរើនមិនធ្ងន់ព្រះទ័យទេ សូមព្រះគោតមដ៏ចំរើន សំដែងព្រាហ្មណធម៌ របស់ពួកព្រាហ្មណ៍ជាន់ចាស់ដល់ខ្ញុំព្រះអង្គទាំងឡាយចុះ។ ម្នាលព្រាហ្មណ៍ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែង។ ព្រាហ្មណមហាសាលទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា
[៣០] ពួកឥសីជាន់មុន ជាអ្នកមានចិត្តសង្រួមហើយ មានតបៈ គឺឥន្រ្ទិយសំវរៈ លះបង់កាមគុណទាំង ៥ ធ្វើប្រយោជន៍បម្រុងខ្លួន។
ពួកព្រាហ្មណ៍ មិនមានសត្វចិញ្ចឹម មិនមានប្រាក់ មិនមានស្រូវសន្សំទុក មានតែទ្រព្យ និងស្រូវ គឺការស្វាធ្យាយ រក្សាតែព្រហ្មវិហារ ជាកំណប់ទ្រព្យ។
ពួកទាយក តាក់តែងភត្តណា ដំកល់ទៀបទ្វារផ្ទះ ដើម្បីពួកព្រាហ្មណ៍ទាំងនោះ ពួកទាយកបានសំគាល់នូវភត្តនោះ ដើម្បីឲ្យដល់ពួកព្រាហ្មណ៍ កាលស្វែងរកនូវភត្ត ដែលគេចាត់ចែងដោយសទ្ធា។
ពួកអ្នកជនបទ និងអ្នកដែន ជាមនុស្សសម្បូរដោយសំពត់ជ្រលក់ដោយពណ៌ផ្សេង ៗ ដោយទីដេក និងទីនៅអាស្រ័យទាំងឡាយ តែងថ្វាយបង្គំពួកព្រាហ្មណ៍ទាំងនោះ។
ពួកព្រាហ្មណ៍ជាអ្នកមិនត្រូវគេបៀតបៀន មិនត្រូវគេសង្កត់សង្កិន ព្រោះធម៌រក្សា ជននីមួយ មិនហាមឃាត់ពួកព្រាហ្មណ៍ទាំងនោះ ក្នុងទ្វារផ្ទះនៃត្រកូល ដោយប្រការទាំងពួងឡើយ។
ព្រាហ្មណ៍ទាំងនោះ បានប្រព្រឹត្តព្រហ្មចរិយៈ (តាំងអំពីក្មេង) អស់ ៤៨ ឆ្នាំ ពួកព្រាហ្មណ៍បានប្រព្រឹត្តនូវការស្វែងរកវិជ្ជា និងចរណៈមុន។
ព្រាហ្មណ៍ទាំងនោះ មិនបានទៅកាន់ផ្ទះនៃបុគ្គលដទៃ និងមិនទិញភរិយាយកមកនៅរួមសង្វាសគ្នា ដោយសេចក្តីស្រឡាញ់ទេ។
ពួកព្រាហ្មណ៍ មិនប្រព្រឹត្តមេថុនធម្ម ក្នុងចន្លោះដែលដល់នូវការវៀរចាករដូវ វៀរលែងតែសម័យគួរនោះ។
ពួកព្រាហ្មណ៍តែងសរសើរព្រហ្មចរិយៈ26) សីល សេចក្តីទៀងត្រង់ សេចក្តីទន់ភ្លន់ តបៈ គឺឥន្រ្ទិយសំវរៈ សេចក្តីស្លូតបូត សេចក្តីមិនបៀតបៀន និងសេចក្តីអត់ធន់។
ព្រាហ្មណ៍ស្មើដោយព្រហ្ម ជាអ្នកមានព្យាយាមមាំមួន ខ្ពង់ខ្ពស់ជាងពួកព្រាហ្មណ៍ទាំងនោះ ព្រាហ្មណ៍ស្មើដោយព្រហ្មនោះ សូម្បីតែយល់សប្តិឃើញសេពមេថុនធម្ម ក៏មិនដែលមាន។
មនុស្សមួយពួកក្នុងលោកនេះ ជាអ្នកចេះដឹង កាលសិក្សាតាមវត្តរបស់ព្រាហ្មណ៍ស្មើដោយព្រហ្មនោះ បានសរសើរព្រហ្មចរិយៈ សីល និងខន្តិធម៌។
ព្រាហ្មណ៍ទាំងនោះ សូមអង្ករ ទីដេក សំពត់ ទឹកដោះថ្លា និងប្រេង តាមធម៌ ប្រមូលមកសម្រេចនូវយញ្ញៈអំពីវត្ថុនោះ កាលបើយញ្ញៈប្រាកដឡើងហើយ ក៏មិនបានសម្លាប់គោទាំងឡាយឡើយ។
ឱសថ គឺបញ្ចគោរស កើតក្នុងគោទាំងឡាយណា គោទាំងនោះ ជាមិត្តដ៏ប្រសើររបស់ពួកយើង ដូចជាមាតាបិតា បងប្អូន និងពួកញាតិដទៃ ៗ។
គោទាំងនោះ ជាអ្នកឲ្យបាយ ឲ្យកំឡាំង ឲ្យពណ៌សម្បុរ ឲ្យសេចក្តីសុខដូច្នោះ ព្រាហ្មណ៍ទាំងនោះ លុះបានដឹងនូវអំណាចនៃប្រយោជន៍នុ៎ះហើយ ក៏មិនដែលសម្លាប់គោទាំងឡាយឡើយ។
ពួកព្រាហ្មណ៍ជាអ្នកមានអវយវៈទន់ភ្លន់ មានកាយប្រសើរ មានសម្បុរល្អ មានយស ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចតូចធំ តាមធម៌របស់ខ្លួន បានប្រព្រឹត្តក្នុងលោកត្រឹមណា ពួកសត្វនេះ ក៏បានសេចក្តីសុខ (ត្រឹមណោះ)។
ព្រាហ្មណ៍ទាំងនោះ មានសេចក្តីវិបលា្លស ព្រោះឃើញកាមសុខមានប្រមាណតិច ដែលកើតអំពីកាមគុណមានប្រមាណតិចផង នូវសម្បត្តិរបស់សេ្តចផង នូវនារីទាំងឡាយ តាក់តែងគ្រឿងប្រដាប់ផង នូវរថដែលទឹមដោយសេះអាជានេយ្យ ដែលធ្វើល្អ ពាសដោយស្បែកដ៏វិចិត្រផង នូវទីផ្ទះ និងផ្ទះដែលគេចែករាប់ជាចំណែក ៗ ផង ពួកព្រាហ្មណ៍តែងចង់បាននូវសម្បត្តិ ជារបស់មនុស្សដ៏លើសលុប ដេរដាសដោយហ្វូងគោ និងប្រកបដោយពួកនារីដ៏ប្រសើរ។
ព្រាហ្មណ៍ទាំងនោះ តែងមន្ត ព្រោះចង់បានទ្រព្យនោះ បានចូលទៅរកព្រះបាទឱកា្កកៈ ក្នុងវេលានោះថា (ព្រះអង្គចូរបូជានូវទ្រព្យដ៏វិចិត្រជាច្រើនរបស់ព្រះអង្គ) សូមព្រះអង្គបូជានូវធនសម្បត្តិជាច្រើនរបស់ព្រះអង្គ នឹងបាននូវទ្រព្យ និងស្រូវជាច្រើន។
គ្រានោះ ពួកព្រាហ្មណ៍បានពន្យល់ព្រះរាជា អ្នកមិនញាប់ញ័រ ដូចគោឧសភៈក្នុងរថ (ឲ្យធ្វើយញ្ញៈ ៥ យ៉ាង) គឺអស្សមេធៈ (យញ្ញៈជាទីបៀតបៀនសេះ) ១ បុរិសមេធៈ (យញ្ញៈជាទីបៀតបៀនបុរស) ១ សមា្មបាសៈ (យញ្ញៈជាទីបោះទៅនូវកាំនឹម) ១ វាជបេយ្យៈ (យញ្ញៈជាទីផឹកនូវទឹកដោះថ្លា និងទឹកឃ្មុំ ដែលគេតាក់តែងឲ្យជាជើងនៃមន្ត) ១ និរគ្គឡៈ (យញ្ញៈមិនមានសន្ទះទ្វារ) ១។
លុះព្រាហ្មណ៍ទាំងនោះ បានបូជានូវការបូជាទាំងនោះរួចហើយ ក៏បានឲ្យទ្រព្យដល់ពួកព្រាហ្មណ៍ ឲ្យគោ ទីដេក សំពត់ និងនារីដែលមានគ្រឿងប្រដាប់តាក់តែង រថទឹមដោយសេះអាជានេយ្យដែលធ្វើល្អ ពាសដោយស្បែកដ៏វិចិត្រ លំនៅជាទីត្រេកអរ ដែលគេចាត់ចែងដោយសព្វគ្រប់ ផ្ទុកទ្រព្យផ្សេង ៗ ពេញហើយឲ្យទ្រព្យដល់ពួកព្រាហ្មណ៍។
លុះព្រាហ្មណ៍ទាំងនោះ បានទ្រព្យក្នុងទីនោះហើយ ក៏សន្សំគរទុក ព្រាហ្មណ៍ទាំងនោះ ត្រូវសេចក្តីបា្រថ្នាគ្របសង្កត់ហើយ តណ្ហាក៏ចំរើនឡើងក្រៃលែង ព្រាហ្មណ៍ទាំងនោះ តែងមន្តក្នុងទីនោះ ហើយចូលទៅគាល់ព្រះបាទឱក្កាកៈទៀត។
ទឹក ដី ប្រាក់ ទ្រព្យ និងស្រូវ យ៉ាងណា គោទាំងឡាយ សម្រាប់ប្រកបកិច្ចការរបស់មនុស្ស ក៏យ៉ាងនោះដែរ ព្រោះថា វត្ថុ មានទឹកជាដើមនោះ ជាបរិក្ខាររបស់ពួកសត្វមានជីវិត សូមព្រះអង្គបូជានូវទ្រព្យដ៏វិចិត្រជាច្រើនរបស់ព្រះអង្គ សូមព្រះអង្គបូជានូវធនសម្បត្តិដ៏ច្រើនរបស់ព្រះអង្គ។
លំដាប់នោះ ព្រះរាជា ដូចជាគោឧសភៈក្នុងរថ ត្រូវពួកព្រាហ្មណ៍ពន្យល់ហើយ ក៏បានសម្លាប់គោរាប់សែនជាច្រើន ក្នុងការបូជាយញ្ញៈ។
គោស្មើគ្នានឹងចៀម ជាសត្វស្លូត រួតទឹកដោះដាក់ឆ្នាំងបាន មិនចេះបៀតបៀនគេដោយជើង មិនចេះបៀតបៀនគេដោយស្នែង និងដោយអវយវៈណាមួយឡើយ ព្រះរាជាទ្រង់ចាប់គោទាំងនោះត្រង់ស្នែង ហើយសម្លាប់ដោយគ្រឿងសស្រា្ត។
លំដាប់នោះ ពួកទេវតាក្តី ពួកព្រហ្មជាបិតាក្តី ព្រះឥន្ទក្តី អសុរ និងអារ័ក្ខទឹកក្តី ក៏កន្ទក់កន្ទេញថា ស្តេចគ្មានធម៌ដូច្នេះ ព្រោះព្រះរាជាសម្លាប់គោ ដោយគ្រឿងសស្រ្តា។
ក្នុងបុរី មានរោគ ៣ យ៉ាង គឺសេចក្តីប្រាថ្នា ១ ការគ្មានស៊ី ១ សេចក្តីគ្រាំគ្រា ១ ចំរើនឡើងដល់ ៩៨ (មានរោគភ្នែកជាដើម) ព្រោះសម្លាប់នូវសត្វចិញ្ចឹម។
នេះជាអធម៌នៃពួកទណ្ឌៈ ប្រព្រឹត្តយូរហើយ អ្នកបូជាទាំងឡាយ តែងបៀតបៀននូវគោទាំងឡាយ ជាសត្វមិនប្រទូស្ត រមែងសាបសូន្យចាកធម៌។
នេះឯងជាធម៌ថោកទាប មានមកតាំងពីកាលមុន ដែលអ្នកប្រាជ្ញតិះដៀលហើយយ៉ាងនេះ វិញ្ញូជនឃើញនូវអំពើដូច្នេះ ក្នុងបុគ្គលអ្នកបូជាណា តែងតិះដៀលនូវបុគ្គលអ្នកបូជានោះ។
កាលបើព្រាហ្មណធម៌វិនាសយ៉ាងនេះហើយ ពួកសុទ្ទៈ និងវេស្សៈក៏បែកគ្នា ពួកខត្តិយៈជាច្រើនក៏បែកគ្នា ទាំងភរិយាក៏មើលងាយប្តី។
ពួកក្សត្រក្តី ពួកជនជាផៅពង្សនៃព្រហ្មក្តី និងពួកជនដទៃ អ្នកដែលគោត្ររក្សាក្តី ក៏លែងប្រកាន់ពាក្យពោលអំពីជាតិ លុះក្នុងអំណាចនៃកាមទាំងឡាយ។
[៣១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណមហាសាលទាំងនោះ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ ដូចគេផ្ងារនូវរបស់ដែលផ្កាប់ ឬបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់អ្នកវង្វេងទិស ឬដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹតដោយគិតថា បុរសអ្នកមានចក្ខុ ឃើញនូវរូបទាំងឡាយបាន ខ្ញុំព្រះអង្គទាំងនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរឭក សូមព្រះគោតមដ៏ចំរើន ជា្របនូវខ្ញុំព្រះអង្គទាំងឡាយថា ជាឧបាសកអ្នកដល់នូវសរណគមន៍ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។
ចប់ ព្រាហ្មណធម្មិកសូត្រ ទី៧។
(៨. នាវាសុត្តំ)
[៣២] បុរសបានដឹងធម៌ អំពីសំណាក់អាចារ្យណា គប្បីបូជាអាចារ្យនោះ ដូចជាទេវតាបូជាព្រះឥន្ទ អាចារ្យអ្នកចេះដឹងច្រើន ដែលមានសិស្សបានបូជាហើយនោះ ជាអ្នកមានចិត្តជ្រះថ្លាក្នុងសិស្សនោះ រមែងធ្វើធម៌ឲ្យជាក់ច្បាស់។ សិស្សនោះ កាលបើបានធ្វើធម៌នោះ ឲ្យតាំងនៅហើយ បានពិចារណា ជាធីរជន ប្រតិបត្តិធម៌សមគួរតាមធម៌ រមែងជាអ្នកដឹង ជាអ្នកធ្វើឲ្យជាក់ច្បាស់ ទាំងជាអ្នកមានបញ្ញាល្អិត បុគ្គលដែលមិនប្រមាទ រមែងសេពគប់អ្នកប្រាជ្ញបែបនោះ។ សិស្សកាលបើសេពគប់នឹងអាចារ្យ ជាអ្នកទន់ទាប ល្ងង់ខ្លៅ មានប្រយោជន៍មិនទាន់សម្រេច មានតែសេចក្តីច្រណែនគេ រមែងមិនបានធ្វើឲ្យជាក់ច្បាស់នូវធម៌ក្នុងសាសនានេះ មិនបានឆ្លងផុតសេចក្តីសង្ស័យ ដល់នូវមរណៈ។ ជនចុះកាន់ទន្លេ មានទឹកច្រើន លំហាចហូរខ្លាំង ជននោះ កាលរសាត់អណ្តែតទៅតាមខ្សែទឹក ធ្វើម្តេចនឹងអាចចម្លងពួកជនឯទៀតបាន យ៉ាងណាមិញ។ បុគ្គលណា មិនបានធ្វើឲ្យជាក់ច្បាស់នូវធម៌ មិនបានស្តាប់សេចក្តី (ក្នុងសំណាក់) នៃពួកពហុស្សូត មិនទាន់យល់ដោយខ្លួនឯង ជាអ្នកមិនទាន់អស់សេចក្តីសង្ស័យ ធ្វើម្តេចនឹងអាចញ៉ាំងជនឯទៀតឲ្យយល់បាន ក៏យ៉ាងនោះដែរ។ បុគ្គលឡើងជិះទូកដ៏មាំ បរិបូណ៌ដោយចែវ និងថ្នោល ជាអ្នកដឹងឧបាយក្នុងការទូកនោះ ជាអ្នកឈ្លាសវៃ មានគំនិត គប្បីចម្លងពួកជនដទៃជាច្រើន ក្នុងទូកនោះបានយ៉ាងណាមិញ ចំណែកបុគ្គលណា ជាអ្នកដល់នូវវេទ មានចិត្តបានអប់រំហើយ ជាពហុស្សូត មិនញាប់ញ័រ (ក្នុងលោកធម៌) បុគ្គលនោះឯង ជាអ្នកចេះដឹង ញ៉ាំងពួកជនដទៃ ដែលជាអ្នកបរិបូណ៌ដោយការត្រងត្រាប់ និងឧបនិស្ស័យឲ្យចេះដឹងបាន ក៏យ៉ាងនោះឯង។
ព្រោះហេតុនោះ បុគ្គលគួរសេពគប់សប្បុរស ជាអ្នកមានប្រាជ្ញ ទាំងជាពហុស្សូត បុគ្គលនោះ កាលដឹងសេចក្តីហើយ ប្រតិបត្តិតាម ជាអ្នកដឹងធម៌ច្បាស់ រមែងបាននូវសេចក្តីសុខ។
ចប់ នាវាសូត្រ ទី៨។
(៩. កិំសីលសុត្តំ)
[៣៣] (ព្រះសារីបុត្តដ៏មានអាយុ ក្រាបទូលសួរថា) នរជនមានសីលដូចម្តេច មានមារយាទដូចម្តេច ចំរើននូវអំពើទាំងឡាយដូចម្តេច គប្បីជាបុគ្គលប្រតិស្ឋានមាំល្អ (ក្នុងសាសនា) ផង ដល់នូវប្រយោជន៍ខ្ពង់ខ្ពស់ គឺអរហត្តផលផង។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលត្រូវប្រព្រឹត្តកោតក្រែងចំពោះបុគ្គលដែលចំរើន ជាអ្នកមិនមានសេចក្តីច្រណែន ស្គាល់កាលគួរចួបនឹងគ្រូ ស្គាល់ខណៈស្តាប់ធម្មីកថា ដែលលោកពោល គប្បីស្តាប់សុភាសិតឯទៀតដោយគោរព។
បុគ្គលគួរធ្វើការរឹងត្អឹង ឲ្យជ្រះស្រឡះ ប្រព្រឹត្តបន្ទាបខ្លួន ហើយចូលទៅកាន់សំណាក់គ្រូ តាមកាលគួរ គប្បីរលឹករឿយ ៗ ទាំងប្រព្រឹត្តដោយប្រពៃនូវអត្ថនៃ (ភាសិត) ធម៌ សីល និងព្រហ្មចារ្យ (ដ៏សេស ដែលគ្រូសំដែងហើយ)។
បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ឋិតនៅក្នុងធម៌ ចេះវិនិច្ឆ័យនូវធម៌ មិនគួរប្រព្រឹត្តនូវពាក្យ ដែលប្រទូស្តចំពោះធម៌ គប្បីញុំាងកាលឲ្យអស់ទៅ ដោយសុភាសិតទាំងឡាយដែលពិត ៗ។
បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចាឥតប្រយោជន៍ ការខ្សឹកខ្សួល ការប្រទុស្ត ការធ្វើនូវមាយា ការកុហក ការជាប់ចិត្ត ការប្រកាន់ ការប្រណាំងប្រជែង សំដីអាក្រក់ ទឹកអម្ចត់ គឺរាគាទិក្កិលេស និងការជ្រប់នៅដោយតណ្ហា គប្បីជាបុគ្គលបា្រសចាកសេចក្តីស្រវឹង មានចិត្តឋិតនៅមាំ។
សុភាសិតទាំងឡាយ (ដែលប្រកបដោយសមថវិបស្សនា) គឺអ្នកបា្រជ្ញដឹងច្បាស់ ថាមានសារៈ ឯញាណសំរេចអំពីសុតៈ គឺអ្នកបា្រជ្ញដឹងច្បាស់ថា មានសមាធិជាសារៈ បញ្ញា និងសុតៈ រមែងមិនចំរើនដល់នរជន ដែលជាអ្នកមានចិត្តរហ័ស ជាអ្នកធ្វេសប្រហែស។
មួយទៀត ជនពួកណា ត្រេកអរក្នុងធម៌ ដែលអរិយបុគ្គលសំដែងហើយ ជនពួកនោះ រមែងប្រសើរដោយវចីកម្ម មនោកម្ម និងកាយកម្ម ជនពួកនោះ រមែងឋិតនៅក្នុងសេចក្តីស្ងប់ស្ងាត់ ស្ងប់ស្ងៀម និងសមាធិ ហើយបានដល់នូវខ្លឹមនៃការស្តាប់ផង នៃប្រាជ្ញាផង។
ចប់ កឹសីលសូត្រ ទី៩។
(១០. ឧដ្ឋានសុត្តំ)
[៣៤] (ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុយ៉ាងនេះថា) អ្នកទាំងឡាយ ចូរក្រោក (ចូរអង្គុយចំរើនកម្មដ្ឋាន) ប្រយោជន៍អ្វី ដោយការដេកលក់របស់អ្នកទាំងឡាយ ព្រោះថា អ្នកទាំងឡាយ ឈឺជានិច្ច ត្រូវសរ គឺរាគាទិក្កិលេសចាក់ដោតហើយ កំពុងតែលំបាក ម្តេចក៏នៅដេកលក់។
អ្នកទាំងឡាយ ចូរក្រោកអង្គុយ ចូរសិក្សាឲ្យមាំមួន ដើម្បីសេចក្តីស្ងប់ កុំឲ្យមច្ចុរាជបានដឹងនូវអ្នកទាំងឡាយ ថាជាអ្នកប្រមាទ ហើយធ្វើឲ្យវង្វេង លុះក្នុងអំណាចនៃខ្លួនឡើយ។ ពួកទេវតា និងមនុស្ស ត្រូវការនឹងអារម្មណ៍ជាដើម អាស្រ័យជាប់នៅ (ក្នុងអារម្មណ៍នោះ) ព្រោះតណ្ហាណា អ្នកទាំងឡាយ ចូរឆ្លងនូវតណ្ហាជាគ្រឿងផ្សាយនុ៎ះ កុំឲ្យខណៈកន្លងផុតនូវអ្នកទាំងឡាយឡើយ ព្រោះថា ពួកជនដែលខណៈកន្លងហើយ រមែងសោកណែនណាន់ក្នុងនរក។
សេចក្តីប្រមាទ ជាធូលី ធូលីធ្លាក់ចុះតាមសេចក្តីប្រមាទ ព្រោះតែសេចក្តីប្រមាទ កុលបុត្រដកចោលនូវសរ គឺរាគាទិក្កិលេសរបស់ខ្លួនបានដោយវិជ្ជា គឺអាសវក្ខយញ្ញាណ ព្រោះតែសេចក្តីមិនប្រមាទ។
ចប់ ឧដ្ឋានសូត្រ ទី១០។
(១១. រាហុលសុត្តំ)
[៣៥] (ព្រះមានព្រះភាគ ត្រាស់សួរថា) អ្នកមិនមើលងាយអ្នកបា្រជ្ញព្រោះតែនៅរួមគ្នារឿយ ៗ ទេឬ បុគ្គលអ្នកទ្រោលគប់ភ្លើងបំភ្លឺដល់ពួកមនុស្ស អ្នកកោតក្រែងដែរឬ។
(ព្រះរាហុលដ៏មានអាយុ ក្រាបទូលថា) ខ្ញុំព្រះអង្គ មិនមើលងាយអ្នកបា្រជ្ញ ព្រោះតែនៅរួមគ្នារឿយ ៗ ទេ បុគ្គលអ្នកទ្រោលគប់ភ្លើងបំភ្លឺដល់ពួកមនុស្ស ខ្ញុំព្រះអង្គកោតក្រែងជានិច្ច។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) អ្នកចូរលះនូវកាមគុណ ៥ មានសភាពជាទីស្រឡាញ់ ជាទីត្រេកអរនៃចិត្ត ចេញចាកផ្ទះមកបួសដោយសទ្ធា ហើយធ្វើនូវទីបំផុតទុក្ខចុះ។
អ្នកចូរគប់រកនូវកល្យាណមិត្ត និងទីដេក ទីអង្គុយដ៏ឆ្ងាយ ស្ងប់ស្ងាត់ មិនមានសំឡេងគឹកកង ចូរជាអ្នកស្គាល់ប្រមាណក្នុងភោជន។
អ្នកកុំធ្វើបំណង ក្នុងបច្ច័យទាំងនេះ គឺចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងគិលានប្បច្ច័យឡើយ កុំត្រឡប់មកកាន់លោកទៀតឡើយ។
អ្នកចូរសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្ទ្រិយទាំង ៥ ផង ចូរមានស្មារតី ប្រព្រឹត្តទៅក្នុងកាយ ចូរជាបុគ្គលច្រើនដោយសេចក្តីនឿយណាយ។
អ្នកចូរលះនូវសុភនិមិត្ត ដែលប្រកបដោយរាគៈ ចូរចំរើនចិត្តដោយអសុភ ឲ្យជាចិត្តមូលតែមួយ តាំងមាំដោយប្រពៃ មួយទៀត ចូរចំរើននូវអនិមិត្តវិបស្សនា ចូរលះនូវអនុស័យ គឺមានះ លំដាប់តអំពីនោះ អ្នកនឹងប្រព្រឹត្តស្ងប់រម្ងាប់ ព្រោះលះបង់មានះ។
ព្រះមានព្រះភាគ ទ្រង់ទូន្មានព្រះរាហុលដ៏មានអាយុជារឿយ ៗ ដោយគាថាទាំងនេះ ដោយប្រការយ៉ាងនេះឯង។
ចប់ រាហុសូត្រ ទី១១។
(១២. និគ្រោធកប្បសុត្តំ)
[៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអគ្គាឡវចេតិយវិហារ ជិតក្រុងអាឡវី។ សម័យនោះឯង ព្រះថេរៈឈ្មោះនិគ្រោធកប្បៈ ជាឧបជ្ឈាយ៍របស់ព្រះវង្គីសៈមានអាយុ ទើបតែបរិនិព្វានថ្មី ៗ ក្នុងអគ្គាឡវចេតិយវិហារ។ គ្រានោះ ព្រះវង្គីសៈដ៏មានអាយុ ទៅក្នុងទីស្ងាត់ គេចចេញចាកអារម្មណ៍ សម្ងំនៅ កើតមានសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា ព្រះឧបជ្ឈាយ៍របស់អាត្មាអញ បរិនិព្វានហើយ ឬមិនទាន់បរិនិព្វានទេ។ លំដាប់នោះ ព្រះវង្គីសៈដ៏មានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ ព្រះវង្គីសៈដ៏មានអាយុ លុះអង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ ទៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងអគ្គាឡវចេតិយវិហារនេះ កើតមានសេចក្តីត្រិះរិះក្នុងចិត្ត យ៉ាងនេះថា ព្រះឧបជ្ឈាយ៍របស់អាត្មាអញ បរិនិព្វានហើយ ឬមិនទាន់បរិនិព្វានទេ។
លំដាប់នោះ ព្រះវង្គីសៈដ៏មានអាយុ ក្រោកចាកអាសនៈ ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសួរចំពោះព្រះមានព្រះភាគ ដោយគាថាថា
[៣៧] ពួកខ្ញុំព្រះអង្គ សូមសួរព្រះសាស្តា ព្រះអង្គមានបញ្ញាមិនខ្សោយខ្សោកថោកទាប ភិក្ខុណា ជាអ្នកកាត់ផ្តាច់នូវសេចក្តីសង្ស័យក្នុងបច្ចុប្បន្ន មានកេរ្តិ៍ឈ្មោះ មានយស មានចិត្តត្រជាក់ បានធ្វើមរណកាលក្នុងអគ្គាឡវចេតិយវិហារ។ បពិត្រព្រះមានព្រះភាគ ឈ្មោះរបស់ភិក្ខុជាព្រាហ្មណ៍នោះ ព្រះអង្គទ្រង់ប្រោសប្រទានហើយថា និគ្រោធកប្ប ភិក្ខុនោះ កាលនមស្ការនូវព្រះអង្គ ជាអ្នកបា្រថ្នានូវការផុតស្រឡះ (ចាកកិលេស) បានប្រារព្ធព្យាយាម ឃើញនូវធម៌ដ៏មាំ។ បពិត្រព្រះសក្យៈ មានចក្ខុជុំវិញ គឺសព្វញ្ញុតញ្ញាណ ពួកខ្ញុំព្រះអង្គទាំងអស់គ្នា ចង់ដឹងនូវសាវ័កនោះ ពួកខ្ញុំព្រះអង្គបានប្រុងត្រចៀកនឹងស្តាប់ជាស្រេចហើយ ព្រះអង្គជាគ្រូរបស់ពួកខ្ញុំព្រះអង្គ ព្រះអង្គជាបុគ្គលប្រសើរលើស។ បពិត្រព្រះអង្គ អ្នកមានបា្រជ្ញាក្រាស់ដូចជាផែនដី សូមព្រះអង្គកាត់បង់នូវសេចក្តីសង្ស័យ របស់ពួកខ្ញុំព្រះអង្គ សូមទ្រង់សំដែងនូវសេចក្តីនុ៎ះ ដល់ខ្ញុំព្រះអង្គ សូមទ្រង់ត្រាស់ប្រាប់នូវភិក្ខុដែលបរិនិព្វានហើយ។ បពិត្រព្រះអង្គអ្នកមានចក្ខុជុំវិញ សូមព្រះអង្គទ្រង់ប្រកាសក្នុងកណ្តាលពួកខ្ញុំព្រះអង្គ ដូចជាព្រះឥន្ទ ជាសហស្សនេត្រ (ទ្រង់ប្រកាសក្នុងកណ្តាល) ពួកទេវតា។ គន្ថក្កិលេសណាមួយ ដែលជាផ្លូវនៃមោហៈ ជាពួកនៃកិរិយាមិនដឹង ជាទីតាំងនៃសេចក្តីសង្ស័យ ក្នុងលោកនេះ គន្ថក្កិលេសទាំងនោះ មានដល់នូវព្រះតថាគត រមែងមិនមាន ព្រោះព្រះអង្គមានភ្នែកដ៏ឧត្តម ជាងនរជនទាំងឡាយ។ ក៏ប្រសិនបើ ព្រះមានព្រះភាគ ជាវិញ្ញុបុរស មិនកំចាត់បង់កិលេស ដូចជាខ្យល់កំចាត់នូវពពកទេ លោកទាំងអស់ ដែលមោហៈរួបរឹតហើយ ក៏ទៅជាងងឹតសូន្យ សូម្បីពួកនរជនដែលមានពន្លឺ ក៏មិនគប្បីភ្លឺច្បាស់បាន។ មួយទៀត ពួកអ្នកបា្រជ្ញ ជាអ្នកធ្វើនូវពន្លឺរុងរឿង គឺបញ្ញា បពិត្រព្រះអង្គ ជាអ្នកបា្រជ្ញ ព្រោះហេតុនោះ បានជាខ្ញុំព្រះអង្គ សំគាល់នូវព្រះអង្គថាជាយ៉ាងនោះឯង ពួកខ្ញុំព្រះអង្គដឹងថា ព្រះអង្គជាអ្នកឃើញតាមពិត ទើបនាំគ្នាចូលមកគាល់ព្រះអង្គ សូមព្រះអង្គទ្រង់សំដែងឲ្យប្រាកដ នូវនិគ្រោធកប្បត្ថេរ ចំពោះពួកខ្ញុំព្រះអង្គ ក្នុងពួកបរិស័ទ បពិត្រព្រះអង្គមានព្រះសូរសៀងដ៏ពីរោះ សូមព្រះអង្គទ្រង់ត្រាស់នូវព្រះវាចាជាទីគាប់ចិត្តជាឆាប់ សូមព្រះអង្គទ្រង់បញ្ចេញព្រះសូរសៀងសន្សឹម ៗ ដោយព្រះសូរសៀងមូលពីរោះ ដែលសង្ខារតាក់តែងទុកដោយល្អ ដូចហង្ស ផ្គងស្រែកសម្រែកបន្តិច ៗ ខ្ញុំព្រះអង្គទាំងអស់គ្នា តាំងចិត្តត្រង់នឹងប្រុងស្តាប់ព្រះអង្គ។ ខ្ញុំព្រះអង្គ នឹងសូមទទូចអារាធនាព្រះអង្គ អ្នកមានជាតិ និងមរណៈ លះបង់ហើយមិនសេសសល់ កំចាត់បង់ (នូវបាបទាំងពួង) ឲ្យទ្រង់សំដែងនូវធម៌ ព្រោះថា ការធ្វើបានតាមប្រាថ្នា មិនមានដល់បុថុជ្ជនឡើយ ចំណែកខាងការពិចារណា ហើយធ្វើបានតាមប្រាថ្នា រមែងមានដល់ព្រះតថាគតទាំងឡាយ។
សម្បន្នវេយ្យាករណ៍ (ការព្យាករណ៍ដ៏ត្រឹមត្រូវ) នេះ គឺព្រះអង្គមានបញ្ញារុងរឿង បានត្រាស់ប្រពៃហើយ អញ្ជលីជាទីបំផុតនេះ ខ្ញុំព្រះអង្គបានប្រណម្យហើយ ដោយប្រពៃ បពិត្រព្រះអង្គមានប្រាជ្ញាមិនទន់ទាប កាលព្រះអង្គទ្រង់ជ្រាប (នូវគតិនៃព្រះនិគ្រោធកប្បៈ) កុំឲ្យខ្ញុំព្រះអង្គវង្វេងឡើយ។ បពិត្រព្រះអង្គ មានព្យាយាមមិនទន់ទាប ព្រះអង្គបានជ្រាបច្បាស់នូវអរិយសច្ចធម៌ដ៏ប្រសើរក្រៃលែង កាលព្រះអង្គទ្រង់ជា្របនូវញេយ្យធម៌ទាំងពួង កុំឲ្យខ្ញុំព្រះអង្គវង្វេងឡើយ ខ្ញុំព្រះអង្គ ប្រាថ្នានូវព្រះវាចា (របស់ព្រះអង្គ) ដូចជាបុគ្គលក្តៅ ដោយកំដៅថ្ងៃក្នុងរដូវក្តៅ ប្រាថ្នារកទឹក សូមព្រះអង្គបង្អុរនូវព្រះសូរសៀង។ និគ្រោធកប្បភិក្ខុ បានប្រព្រឹត្តព្រហ្មចរិយធម៌ដ៏មានប្រយោជន៍ណា ព្រហ្មចរិយធម៌នោះរបស់លោក មិនឥតប្រយោជន៍តិចតួចឡើយ លោកនោះ បាននិព្វាន ដូចជាអសេក្ខបុគ្គល ដែលមានចិត្តផុតហើយ ឬជាសឧបាទិសេសៈ (ដូចជាសេក្ខបុគ្គល) ពួកខ្ញុំព្រះអង្គ ប្រុងស្តាប់នូវព្រះបន្ទូលរបស់ព្រះអង្គនោះ។
(ព្រះមានព្រះភាគ ទ្រង់ព្យាករថា) និគ្រោធកប្បភិក្ខុ បានកាត់ផ្តាច់នូវតណ្ហាក្នុងនាម និងរូបនេះ ជាខ្សែធម៌ខ្មៅ គឺកិលេសមារដែលដេកត្រាំអស់រាត្រីជាអង្វែង បានឆ្លងផុតការកើត និងការស្លាប់ មិនមានសេសសល់ ព្រះមានព្រះភាគប្រសើរជាងបញ្ចវគ្គិយភិក្ខុ បានត្រាស់ព្យាករដោយប្រការដូច្នេះ។ បពិត្រព្រះអង្គជាឥសីគំរប់ ៧27) ខ្ញុំព្រះអង្គនោះ បានស្តាប់ព្រះបន្ទូលព្រះអង្គហើយជ្រះថ្លា ព្រោះប្រស្នាដែលខ្ញុំព្រះអង្គក្រាបទូលសួរ មិនឥតអំពើឡើយ ព្រះអង្គជាព្រាហ្មណ៍ មិនបានបញ្ឆោតខ្ញុំព្រះអង្គឡើយ។ សាវ័ករបស់ព្រះពុទ្ធ និយាយយ៉ាងណា ធ្វើយ៉ាងនោះ បានកាត់ផ្តាច់នូវបណ្តាញ គឺតណ្ហាដ៏មាំរបស់មច្ចុមារ ដែលមានមាយាច្រើន ដែលផ្សាយទៅ (ក្នុងតេភូមិកវដ្តៈ) នោះ។ បពិត្រព្រះមានព្រះភាគ និគ្រោធកប្បភិក្ខុ បានឃើញហេតុជាខាងដើមនៃឧបាទាន ឱហ្ន៎ និគ្រោធកប្បភិក្ខុ បានប្រព្រឹត្តកន្លងនូវ (តេភូមិកវដ្តៈ) ជាទីទ្រទ្រង់នៅនៃមច្ចុមារ ដែលគេឆ្លងបានដោយកម្រក្រៃពេក។
ចប់ វង្គីសសូត្រ ទី១២។
(១៣. សម្មាបរិព្វាជនីយសុត្តំ)
[៣៨] (ព្រះពុទ្ធនិមិ្មត ទ្រង់សួរថា) ខ្ញុំសូមសួរនូវព្រះមុនី ដែលមានបា្រជ្ញាច្រើន បានឆ្លងចាកឱឃៈ (ដល់នូវត្រើយ គឺព្រះនិព្វាន) បានរំលត់ហើយ មានព្រះទ័យតាំងនៅមាំ ភិក្ខុបន្ទោបង់នូវកាមទាំងឡាយ ហើយចេញចាកផ្ទះ ភិក្ខុនោះ ឈ្មោះថាវៀរដោយប្រពៃក្នុងលោក តើដោយប្រការដូចម្តេច។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ភិក្ខុណា បានគាស់រំលើងនូវមង្គលផង នូវការប្រកាន់ឧប្បាត28) (មានរន្ទះបាញ់ជាដើម) ផង នូវការប្រកាន់យល់សប្តិផង នូវការប្រកាន់លក្ខណៈផង ភិក្ខុនោះ ឈ្មោះថា បានលះបង់ស្រឡះនូវមង្គលជាទោស ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។
ភិក្ខុបន្ទោបង់នូវតម្រេកក្នុងកាមទាំងឡាយ ជារបស់មនុស្សផង របស់ទេវតាផង កន្លងនូវភព បានត្រាស់ដឹងនូវធម៌ ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។
ភិក្ខុធ្វើចិត្តមិនឲ្យត្រេកអរ លះនូវពាក្យញុះញង់ទាំងឡាយ នូវសេចក្តីក្រោធ និងសេចក្តីកំណាញ់ លះនូវរាគៈ និងទោសៈ ភិក្ខុនោះ ឈ្មោះថាវៀរដោយប្រពៃក្នុងលោក។
ភិក្ខុលះបង់នូវសេចក្តីស្រឡាញ់ និងស្អប់ មិនប្រកាន់មាំ មិនអាស្រ័យក្នុងសភាវៈតិចតួច (ដោយតណ្ហា និងទិដ្ឋិ) ឡើយ មានចិត្តផុតស្រឡះហើយ ចាកសំយោជនិយធម៌ទាំងឡាយ (ធម៌ជាអារម្មណ៍នៃសំយោជនៈ) ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។
ភិក្ខុនោះ បន្ទោបង់នូវឆន្ទរាគ ក្នុងខន្ធជាគ្រឿងប្រកាន់ មិនដល់ (នូវការឃើញ) ថាមានខ្លឹមក្នុងឧបធិ គឺខន្ធទាំងឡាយនោះ ជាបុគ្គលមិនអាស្រ័យ (ដោយឆន្ទៈ និងរាគៈ) មិនបាច់មានបុគ្គលដទៃណែនាំឡើយ ភិក្ខុនោះឈ្មោះថា វៀរដោយប្រពៃក្នុងលោក។
ភិក្ខុមិនភ្លាត់ខុសដោយកាយ វាចា និងចិត្ត ដឹងច្បាស់នូវធម៌ដោយប្រពៃ ប្រាថ្នាយកនូវបទ គឺព្រះនិព្វាន ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។
ភិក្ខុណា មិនក្រអឺតក្រឱង ដោយគិតថា គេថ្វាយបង្គំអញ សូម្បីគេជេរក៏មិនតបត បាននូវភោជនរបស់អ្នកដទៃឲ្យ ក៏មិនស្រវឹង ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។
ភិក្ខុលះបង់សេចក្តីលោភ និងភព វៀរចាកការកាប់កាត់ និងការចង (សត្វដទៃ) ភិក្ខុនោះ ជាអ្នកឆ្លងផុតចាកសេចក្តីងឿងឆ្ងល់ ប្រាសចាកសរ គឺសេចក្តីសោក ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។
ភិក្ខុណា បានដឹងច្បាស់នូវសេចក្តីប្រព្រឹត្តដ៏សមគួររបស់ខ្លួនផង មិនបៀតបៀនជនដទៃណាមួយក្នុងលោកផង ដឹងច្បាស់នូវធម៌តាមសេចក្តីពិត ភិក្ខុនោះ ឈ្មោះថាវៀរដោយប្រពៃក្នុងលោក។
អនុស័យទាំងឡាយណាមួយ មិនមានដល់ភិក្ខុណា អកុសលមូលទាំងឡាយ ភិក្ខុណា បានដកចោលហើយ ភិក្ខុនោះ ជាអ្នកមិនមានសេចក្តីប្រាថ្នា មិនមានសេចក្តីអាឡោះអាល័យ ភិក្ខុនោះ ឈ្មោះថាវៀរដោយប្រពៃក្នុងលោក។
ភិក្ខុអ្នកអស់អាសវៈហើយ លះបង់នូវមានះ កន្លងផុតនូវធម៌ ជាគន្លងនៃរាគៈទាំងអស់ ទូន្មានខ្លួន សម្រេចនូវព្រះនិព្វាន មានចិត្តតាំងនៅមាំ ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។
ភិក្ខុអ្នកមានសទ្ធា ប្រកបដោយសុតៈ ប្រព្រឹត្តទៅក្នុងបរមត្ថ បានឃើញសម្មត្តនិយាម គឺមគ្គ កាលពួកសត្វប្រព្រឹត្តទៅដោយទិដ្ឋិ ៦២ ក៏មិនប្រព្រឹត្តទៅដោយពួក ជាអ្នកប្រាជ្ញា អាចបន្ទោបង់នូវលោភៈ ទោសៈ និងសេចក្តីថ្នាំងថ្នាក់ ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។
ភិក្ខុបានឈ្នះកិលេស ដោយអរហត្តមគ្គដ៏បរិសុទ្ធ បើកចេញនូវកិលេសជាគ្រឿងប្រក់ ជាអ្នកស្ទាត់ក្នុងចតុស្សច្ចធម៌ ដល់នូវត្រើយ គឺព្រះនិព្វាន មានសន្តានមិនរំភើបដោយតណ្ហា ជាអ្នកឈ្លាសវៃក្នុងអរិយមគ្គ គ្រឿងដឹងនូវធម៌ជាទីរលត់នៃសង្ខារ ភិក្ខុនោះ ឈ្មោះថាវៀរដោយប្រពៃក្នុងលោក។
ភិក្ខុកន្លងនូវកប្បៈ29) គឺតណ្ហា និងទិដ្ឋិ ក្នុងខន្ធទាំងឡាយ ដែលជាអតីត និងអនាគត ជាអ្នកមានប្រាជ្ញាដ៏បរិសុទ្ធ ព្រោះកន្លងផុត (នូវអទ្ធា ៣30) ) មានចិត្តផុតស្រឡះចាកអាយតនៈទាំងពួង ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។
ភិក្ខុកំណត់ដឹងនូវបទ គឺសច្ចៈមួយ ៗ ហើយត្រាស់ដឹងនូវសច្ចៈធម៌ ឃើញនូវព្រះនិព្វាន មិនមានគ្រឿងដោតក្រង ជាទីលះបង់នូវអាសវៈទាំងឡាយ ព្រោះអស់ទៅនៃឧបធិក្កិលេសទាំងពួង ភិក្ខុនោះ ឈ្មោះថាវៀរដោយប្រពៃក្នុងលោក។
(ព្រះនិម្មិតពុទ្ធ ពោលសរសើរថា) សេចក្តីពិតថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះពុទ្ធដីកាយ៉ាងនេះ មានសេចក្តីបែបនោះដដែលថា ភិក្ខុណា មានការនៅយ៉ាងនេះ ជាអ្នកទូន្មានខ្លួន ប្រព្រឹត្តកន្លងនូវសំយោជនធម៌ទាំងពួង ភិក្ខុនោះ ឈ្មោះថា វៀរដោយប្រពៃក្នុងលោក។
ចប់ សម្មាបរិព្វាជនិយសូត្រ ទី១៣។
(១៤. ធម្មិកសុត្តំ)
[៣៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ធម្មិកឧបាសក បានចូលទៅគាល់ព្រះមានព្រះភាគ ជាមួយនឹងពួកឧបាសក ប្រមាណ ៥០០ នាក់ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ ធម្មិកឧបាសក លុះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដោយគាថាដូច្នេះថា
[៤០] បពិត្រព្រះគោតម ទ្រង់មានព្រះបញ្ញាដូចផែនដី ខ្ញុំសូមក្រាបទូលសួរព្រះអង្គ បុគ្គលដែលចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្តី ឬក៏ពួកឧបាសកមានផ្ទះក្តី ប្រតិបត្តិដូចម្តេច ទើបហៅថាសាវ័កល្អ។
ព្រោះព្រះអង្គជ្រាបច្បាស់នូវគតិផង នូវដំណើរទៅខាងនាយ (ចាកគតិ) ផង របស់សត្វលោក ព្រមទាំងទេវលោក បុគ្គលជាអ្នកឃើញសេចក្តីល្អិត ស្មើដោយព្រះអង្គ មិនមានឡើយ អ្នកប្រាជ្ញទាំងឡាយ តែងពោលសរសើរព្រះអង្គ ថាជាព្រះពុទ្ធដ៏ប្រសើរ។
ព្រះអង្គបានត្រាស់ដឹងហើយ ទ្រង់អនុគ្រោះពួកសត្វ ទ្រង់ប្រកាសញាណ និងធម៌ទាំងពួង បពិត្រព្រះអង្គទ្រង់មានចក្ខុ គឺប្រាជ្ញាជុំវិញ ព្រះអង្គជាបុគ្គលមានកិលេសគ្រឿងប្រក់បើកចេញហើយ មិនមានមន្ទិល រុងរឿងក្នុងលោកទាំងពួង។
សេ្តចដំរីឈ្មោះឯរាវ័ណ បានឮថា ព្រះមានព្រះភាគ ទ្រង់ឈ្នះនូវបាបធម៌ហើយ ក៏ទៅក្នុងសំណាក់នៃព្រះអង្គ ស្តេចដំរីនោះ ប្រឹក្សានឹងព្រះអង្គ ហើយបានសម្រេចមគ្គផល បានស្តាប់ធម៌ មានចិត្តត្រេកអរ (អនុមោទនា) ថា សាធុ។
សូម្បីស្តេចឈ្មោះវេស្សវណកុវេរៈ ចូលទៅរកព្រះអង្គ ក៏សាកសួរនូវធម៌ លុះស្តេចនោះសួរហើយ ព្រះអង្គក៏បានព្យាករ ស្តេចនោះ លុះបានស្តាប់ ក៏មានចិត្តត្រេកអរ។ ពួកតិរិ្ថយណាមួយ ទោះបីជាអាជីវក ឬនិគ្រន្ថ មានការពោល (អួត) ជាប្រក្រតី ពួកតិរិ្ថយទាំងអស់នោះ ក៏មិនកន្លងព្រះអង្គ ដោយប្រាជ្ញាបាន ដូចជាបុគ្គលឈរ មិនអាចនឹងកន្លងនូវបុរសដែលកំពុងស្ទុះទៅយ៉ាងរហ័សបានដូច្នោះដែរ។ ពួកព្រាហ្មណ៍ណាមួយ ដែលមានការ (អួត) ជាប្រក្រតី ឬពួកព្រាហ្មណ៍ណាមួយ ទោះបីជាព្រឹទ្ធាចារ្យ ពុំនោះសោត ពួកជនដទៃណា ដែលមានសេចក្តីសំគាល់ថា ពួកយើងក៏ជាអ្នកមានវាទៈដែរ ពួកព្រាហ្មណ៍ជាដើមទាំងអស់នោះ សុទ្ធតែជាអ្នកជាប់ជំពាក់ដោយសេចក្តី ចំពោះព្រះអង្គ គឺប្រាថ្នាឲ្យព្រះអង្គកាត់សេចក្តីឲ្យ។
បពិត្រព្រះមានព្រះភាគ ធម៌ណាដែលព្រះអង្គសំដែងដោយប្រពៃហើយ ធម៌នេះឯង ជាធម៌ដ៏ល្អិតផង ជាធម៌នាំមកនូវសេចក្តីសុខផង ពួកខ្ញុំព្រះអង្គទាំងអស់គ្នា ចង់ស្តាប់នូវធម៌នោះឯង បពិត្រព្រះអង្គជាព្រះពុទ្ធដ៏ប្រសើរ កាលបើពួកខ្ញុំព្រះអង្គ ទូលសួរហើយ សូមព្រះអង្គសំដែងនូវធម៌នោះ ឲ្យទាន។
ពួកភិក្ខុ និងពួកឧបាសកទាំងអស់នេះ ក៏បានអង្គុយប្រជុំគ្នា ដើម្បីបានស្តាប់ក្នុងទីនោះដែរ បានស្តាប់នូវធម៌ដែលព្រះពុទ្ធមិនមានមន្ទិល ត្រាស់ដឹងហើយ ដូចជាពួកទេវតា (អង្គុយប្រជុំគ្នាដើម្បីស្តាប់) នូវសុភាសិតរបស់ព្រះឥន្ទ។
(ព្រះមានព្រះភាគ ត្រាស់ថា) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ពាក្យតថាគតចុះ តថាគតនឹងញ៉ាំងអ្នកទាំងឡាយ ឲ្យស្តាប់នូវធម៌ជាគ្រឿងកំចាត់បង់នូវកិលេស អ្នកទាំងអស់គ្នា ចូរប្រព្រឹត្តធម៌ជាគ្រឿងកំចាត់បង់នូវកិលេសនោះ បុគ្គលអ្នកមានប្រាជ្ញា ឃើញនូវប្រយោជន៍ គប្បីសេពគប់នូវឥរិយាបថ ដ៏សមគួរដល់ឋានៈបព្វជិតនោះ។
ភិក្ខុមិនគប្បីត្រាច់ទៅក្នុងកាលខុស ត្រូវតែត្រាច់ទៅបិណ្ឌបាតក្នុងស្រុក ក្នុងកាលគួរ គឺពេលព្រឹកទល់ថ្ងៃត្រង់ ព្រោះថា កិលេសជាគ្រឿងជាប់ចំពាក់ទាំងឡាយ រមែងជាប់នូវបុគ្គលអ្នកត្រាច់ទៅ ក្នុងកាលមិនគួរ ព្រោះហេតុនោះ ព្រះពុទ្ធទាំងឡាយ មិនទៅក្នុងកាលខុសឡើយ។
ធម៌ទាំងឡាយណា គឺរូប សំឡេង ក្លិន រស ផ្សព្វ តែងញ៉ាំងពួកសត្វឲ្យស្រវឹង ភិក្ខុនោះ បន្ទោបង់នូវសេចក្តីពេញចិត្ត ក្នុងធម៌ទាំងឡាយនុ៎ះហើយ គប្បីចូលទៅបិណ្ឌបាតក្នុងកាលគួរ លុះបានបិណ្ឌបាតក្នុងកាលគួរហើយ ត្រូវចៀសចេញទៅតែម្នាក់ឯង អង្គុយសម្ងំក្នុងទីស្ងាត់ គិតនូវខន្ធសន្តានខាងក្នុង គ្រប់គ្រងចិត្តបានល្អហើយ មិនគប្បីនាំចិត្តចេញទៅខាងក្រៅឡើយ។ បើភិក្ខុនោះ ចរចាជាមួយនឹងសាវ័កក្តី អន្យតិរិ្ថយណាមួយក្តី ភិក្ខុក្តី គួរពោលឡើងនូវធម៌ដ៏ឧត្តមនោះ មិនគួរពោលពាក្យញុះញង់ផង មិនគួរពោលពាក្យតិះដៀលអ្នកដទៃផង។
ព្រោះមោឃបុរសពួកមួយ តែងពោលភ្លាត់នូវការនិយាយ (ប្រណាំងប្រជែង) តថាគតមិនសរសើរនូវពួកជន ដែលមានប្រាជ្ញាតិចទាំងនោះឡើយ ការជាប់ចំពាក់ (ដោយវិវាទ តាំងឡើង) អំពីគន្លងនៃពាក្យនោះ ៗ តែងជាប់ចំពាក់នឹងជនទាំងនោះ ដ្បិតជនទាំងនោះ រមែងញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅក្នុងការនិយាយនោះដ៏ឆ្ងាយ (អំពីសមថៈ និងវិបស្សនា)។ សាវ័កអ្នកមានប្រាជ្ញាដ៏ប្រសើរ ស្តាប់ធម៌ដែលព្រះសុគតទ្រង់សំដែងហើយ គប្បីពិចារណាហើយសឹមសេពនូវបិណ្ឌបាតផង វិហារផង ទីដេក ទីអង្គុយផង ទឹកសម្រាប់លាងធូលីជាប់នឹងសង្ឃាដិផង។ ព្រោះហេតុនោះ ភិក្ខុមិនជាប់ចិត្តក្នុងធម៌ទាំងនុ៎ះ គឺបិណ្ឌបាត សេនាសនៈ និងទឹកសម្រាប់លាងធូលីជាប់នឹងសង្ឃាដិ ដូចតំណក់ទឹកមិនជាប់លើស្លឹកឈូក។ ម្យ៉ាងទៀត តថាគតសំដែងនូវវត្តរបស់គ្រហស្ថ ដល់អ្នកទាំងឡាយ សាវ័កអ្នកធ្វើយ៉ាងណា ទើបឈ្មោះថា ជាអ្នកល្អ ព្រោះថា ធម៌របស់ភិក្ខុទាំងអស់ណា (ដែលតថាគតពោលក្នុងកាលមុន) ធម៌នុ៎ះ គឺបុគ្គលប្រកបដោយសេចក្តីហួងហែងមិនបានសម្រេចឡើយ។ បុគ្គលមិនគប្បីសម្លាប់សត្វដោយខ្លួនឯង មិនគប្បីប្រើអ្នកដទៃឲ្យសម្លាប់ មិនគប្បីពេញចិត្តនឹងពួកជនដទៃដែលសម្លាប់ ពួកសត្វណា មានសន្តានចិត្តខ្ជាប់ខ្ជួនក្តី ពួកសត្វណា មានចិត្តតក់ស្លុតក្តី តែងមាននៅក្នុងលោក បុគ្គលគប្បីដាក់ចុះនូវអាជ្ញាក្នុងសត្វទាំងអស់នោះ។ លំដាប់ពីនោះ សាវ័កកាលដឹង គប្បីវៀរបង់នូវទ្រព្យ ដែលគេមិនបានឲ្យ មិនគប្បីលួចយកទ្រព្យតិចតួច ក្នុងទីណាមួយឡើយ មិនគប្បីពេញចិត្តនឹងពួកជន ដែលលួចទ្រព្យគេឡើយ គប្បីវៀរបង់នូវទ្រព្យទាំងពួង ដែលគេមិនបានឲ្យ។ វិញ្ញូជន គួរវៀរបង់នូវអព្រហ្មចរិយៈ ដូចជាបុគ្គលវៀររណ្តៅរងើកភ្លើងកំពុងឆេះរន្ទាល កាលបើមិនអាចប្រព្រឹត្តព្រហ្មចរិយៈទេ ក៏កុំគប្បីប្រព្រឹត្តកន្លងនូវប្រពន្ធរបស់ជនដទៃ។ បុគ្គលណាមួយ ចូលទៅក្នុងរោងប្រជុំក្តី ចូលទៅក្នុងកណ្តាលបរិស័ទក្តី មិនគប្បីពោលពាក្យកុហកចំពោះជនណាមួយ មិនគប្បីឲ្យអ្នកដទៃនិយាយកុហក មិនគប្បីពេញចិត្តនឹងពួកជនដែលនិយាយកុហកឡើយ គប្បីវៀរនូវពាក្យមិនពិតទាំងពួង។ បុគ្គលមិនគប្បីប្រព្រឹត្តផឹកនូវទឹកស្រវឹង គប្បីពេញចិត្តនឹងធម៌ គឺកិរិយាវៀរចាកការផឹកនោះ គ្រហស្ថណា បានដឹងនូវកិរិយាផឹកនោះ ថាមានភាពឆ្កួតជាបំផុត គ្រហស្ថនោះ មិនគប្បីផឹក មិនគប្បីពេញចិត្តនឹងបុគ្គលដែលផឹកឡើយ។ បុគ្គលពាលទាំងឡាយ ធ្វើនូវអំពើបាបដោយខ្លួនឯងក្តី ឲ្យជនដែលមានសេចក្តីប្រមាទឯទៀតធ្វើក្តី ក៏ព្រោះតែសេចក្តីស្រវឹង (ហេតុនោះ) បុគ្គលគួរលះនូវការផឹកនូវទឹកស្រវឹង ជាគ្រឿងបណ្តាលឲ្យកើតបាប នាំឲ្យឆ្កួត នាំឲ្យវង្វេង ទាំងនាំឲ្យល្ងង់នុ៎ះចេញ។ បុគ្គលមិនគប្បីសម្លាប់សត្វផង មិនគប្បីកាន់យកទ្រព្យ ដែលគេមិនបានឲ្យផង មិនគប្បីនិយាយពាក្យកុហកផង មិនគប្បីផឹកនូវទឹកស្រវឹងផង គប្បីវៀរចាកការប្រព្រឹត្តិមិនប្រសើរ គឺសេពមេថុនធម្មផង មិនគប្បីបរិភោគភោជន ក្នុងវេលាយប់ មិនគប្បីបរិភោគភោជន ក្នុងកាលខុស គឺថ្ងៃរសៀលផង មិនគប្បីទ្រទ្រង់នូវកម្រងផ្កាផង មិនគប្បីលាបនូវគ្រឿងក្រអូបផង។ គប្បីដេកលើគ្រែដ៏គួរ ឬកម្រាលដែលក្រាលលើផែនដីផង ព្រោះអ្នកប្រាជ្ញបានពោលនូវឧបោសថប្រកបដោយអង្គប្រាំបីនុ៎ះ ថាជាឧបោសថ ដែលព្រះពុទ្ធ ព្រះអង្គទ្រង់ដល់នូវទីបំផុតនៃទុក្ខ ប្រកាសហើយ។ ព្រោះហេតុនោះ ជនអ្នកមានចិត្តជ្រះថ្លា រក្សាហើយ នូវឧបោសថ ដែលប្រកបដោយអង្គប្រាំបី ឲ្យមានសភាពពេញលេញល្អ អស់ថ្ងៃទី ១៤ ទី ១៥ និងថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិកបក្ខផង។31)
ន័យមួយទៀត វិញ្ញូជនដែលបានរក្សាឧបោសថ អំពីព្រឹកហើយ គួរមានចិត្តជ្រះថ្លារីករាយ អង្គាសភិក្ខុសង្ឃដោយបាយ និងទឹកតាមសមគួរ។
វិញ្ញូជននោះ គួរចិញ្ចឹមមាតាបិតាដោយធម៌ គួរប្រកបជំនួញដែលប្រកបដោយធម៌ គ្រហស្ថអ្នកមិនប្រមាទ ប្រព្រឹត្តវត្តបែបនេះ រមែងទៅកើត ក្នុងពួកទេវតា ឈ្មោះថាសយម្បភា (ទេវតាមានពន្លឺផ្សាយចេញអំពីខ្លួន)។
ចប់ ធម្មិកសូត្រ ទី១៤។
ចប់ ចូឡវគ្គ ទី២។
ឧទាននៃចូឡវគ្គនោះគឺ
រតនសូត្រ ១ អាមគន្ធសូត្រ ១ ហិរិសូត្រ ១ មង្គលសូត្រ ១ សូចិលោមសូត្រ ១ កបិលសូត្រ ឬធម្មចរិយសូត្រ ១ ព្រាហ្មណធម្មិកសូត្រ ១ នាវាសូត្រ ១ កឹសីលសូត្រ ១ ឧដ្ឋានសូត្រ ១ រាហុលសូត្រ ១ វង្គីសសូត្រ ១ សម្មាបរិព្វាជនិយសូត្រ ១ ធម្មិកសូត្រ ១ អ្នកប្រាជ្ញទាំងឡាយ បានពោលនូវចូឡវគ្គថា មានសូត្រ ១៤ ដូច្នេះឯង។
(៣. មហាវគ្គោ)
(១. បព្វជ្ជាសុត្តំ)
[៤១] (ព្រះអានន្ទដ៏មានអាយុ ពោលថា) ខ្ញុំនឹងសំដែងនូវបព្វជា្ជដែលព្រះពុទ្ធមានចក្ខុនោះ បានទ្រង់ព្រះផ្នួសហើយ ដោយប្រការយ៉ាងណា ទ្រង់ពិចារណាឃើញយ៉ាងណា ទើបទ្រង់ពេញព្រះហ្ឫទ័យនឹងបព្វជ្ជា។ ព្រះអង្គទ្រង់ឃើញថា ឃរាវាសនេះ ចង្អៀតចង្អល់ ជាទីកើតនៃធូលី គឺកិលេស មួយទៀត ទ្រង់ឃើញថា បព្វជ្ជាមានឱកាសទូលាយ ទើបទ្រង់ព្រះផ្នួស។ លុះព្រះអង្គទ្រង់ព្រះផ្នួសហើយ វៀរចាកបាបកម្មដោយកាយ លះបង់ការប្រព្រឹត្តិអាក្រក់ដោយវាចា ជំរះអាជីវៈឲ្យបរិសុទ្ធ។ ព្រះពុទ្ធមានព្រះលក្ខណៈដ៏ប្រសើរបរិបូណ៌ ទ្រង់យាងទៅកាន់ក្រុងរាជគ្រឹះ មានភ្នំព័ទ្ធជុំវិញ ដូចជាក្រោលរបស់ពួកអ្នកមគធៈ ទ្រង់យាងបិណ្ឌបាត។ ព្រះរាជាពិម្ពិសារ ទ្រង់ឋិតលើប្រាសាទ បានទតឃើញនូវព្រះពុទ្ធនោះ លុះទ្រង់ឃើញព្រះពុទ្ធបរិបូណ៌ដោយលក្ខណៈហើយ ទើបត្រាស់សេចក្តីនេះ (ចំពោះអាមាត្យទាំងឡាយ) ថា នែអ្នកទាំងឡាយដ៏ចំរើន អ្នកទាំងឡាយ ចូរមើលសមណៈនេះ (សមណៈនេះ) មានរូបល្អបរិបូណ៌ដោយកំពស់ និងទំហំ មានសម្បុរស្អាត ទាំងបរិបូណ៌ដោយដំណើរដ៏សមរម្យ ក្រឡេកមៀងមើលត្រឹមមួយជួរនឹម មានចក្ខុក្រឡេកចុះក្រោម មានស្មារតី សមណៈនេះ ដូចជាមិនមែនចេញចាកត្រកូលថោកទាបមក (បួស) ទេ ពួករាជទូត ចូរស្ទុះតាមទៅ (ឲ្យដឹងថា) ភិក្ខុ (នេះ) នឹងទៅក្នុងទីណា។ រាជទូតទាំងនោះ ដែលព្រះរាជាទ្រង់បញ្ជូនទៅហើយ ក៏ដើរប្រកិតទៅតាមក្រោយ (ដើម្បីឲ្យដឹងថា) ភិក្ខុ (នេះ) នឹងទៅក្នុងទីណា ការនៅ នឹងមានក្នុងទីណា។ (ព្រះពោធិសត្វ) ទ្រង់ត្រាច់ទៅកាន់ទីសព្វច្រក ទ្រង់គ្រប់គ្រងទ្វារ សង្រួមល្អ ព្រះអង្គមានសម្បជញ្ញៈ មានសា្មរតី បានញ៉ាំងបាត្រឲ្យពេញជាឆាប់ គឺទ្រង់ទទួលតែល្មម។ ព្រះពោធិសត្វ ជាអ្នកប្រាជ្ញនោះ លុះទ្រង់ត្រាច់បិណ្ឌបាតហើយ ក៏ស្តេចចេញអំពីនគរ យាងឡើងកាន់ភ្នំបណ្ឌវៈ ដោយគិតថា ការនៅ នឹងមានក្នុងទីនុ៎ះ។
ពួកទូត ៣ នាក់ លុះបានឃើញហើយ ក៏ចូលទៅរកព្រះអង្គដែលទៅគង់ក្នុងទីនោះ ចំណែកទូតម្នាក់ បានមកក្រាបទូលស្តេចថា បពិត្រមហារាជ ភិក្ខុនោះ អង្គុយក្នុងញកភ្នំបណ្ឌវៈ បែរមុខទៅខាងកើត (ឥតរន្ធត់) ដូចខ្លាធំ គោឧសភៈ និងសីហៈ។ លុះព្រះមហាក្សត្រិយ៍ ទ្រង់ព្រះសណ្តាប់ពាក្យរាជទូតហើយ ទ្រង់ប្រញាប់រួសរាន់ យាងចេញទៅកាន់ភ្នំបណ្ឌវៈដោយព្រះរាជយានដ៏ប្រសើរ។ ព្រះមហាក្សត្រិយ៍នោះ លុះទ្រង់យាងផុតទីដែលទៅដោយយានហើយ ក៏ចុះចាកយាន ស្តេចចូលទៅដោយព្រះបាទ បានដល់ហើយ ក៏ចូលទៅរកព្រះពោធិសត្វ។ ព្រះរាជា ទ្រង់គង់ហើយ ទ្រង់ថ្លែងសំណេះសំណាល ដោយព្រះបន្ទូលគួររឭក លុះទ្រង់បញ្ចប់ព្រះបន្ទូលនោះហើយ ត្រាស់សេចក្តីនេះថា ខ្លួនលោកនៅកំពុងពេញវ័យ នៅក្មេង កំលោះជំទង់ ទើបកើតឡើងបានត្រឹមតែបឋមវ័យ នៅជំទង់បរិបូណ៌ដោយសម្បុរ និងកំពស់ ដូចជាមានជាតិជាក្សត្រិយ៍ លោកចូរញ៉ាំងជនជាប្រធាននៃសេនា (មេទាហាន) ឲ្យរុងរឿង ហើយចូរជាបុគ្គលមានពួកជន អ្នកមិនធ្វើអំពើអាក្រក់ជាបរិវារ ចូរបរិភោគនូវភោគៈទាំងឡាយចុះ ខ្ញុំឲ្យដល់លោក កាលបើខ្ញុំសួរហើយ លោកចូរប្រាប់ជាតិដល់ខ្ញុំ។
(ព្រះពោធិសត្វត្រាស់ថា) បពិត្រមហារាជ ត្រង់ទៅមានជនបទមួយ នៅប្របភ្នំហិមវន្ត ជាជនបទ បរិបូណ៌ដោយទ្រព្យ និងជនអ្នកមានព្យាយាម អាស្រ័យនៅនឹងដែនកោសល (មានជនមួយពួក) មានគោត្រជាអាទិច្ចគោត្រ មានជាតិជាសាកិយៈ អាត្មាភាព បានចេញចាកត្រកូលនោះ មកបួស អាត្មាភាពមិនត្រូវការដោយកាមទាំងឡាយឡើយ អាត្មាភាពបានឃើញទោសក្នុងកាមទាំងឡាយ បានឃើញនូវការចេញចាកកាម ថាជាគ្រឿងក្សេម នឹងទៅប្រឹងប្រកបព្យាយាម ចិត្តរបស់អាត្មាភាព ត្រេកអរក្នុងព្យាយាមនុ៎ះ។
ចប់ បព្វជ្ជាសូត្រ ទី១។
(២. បធានសុត្តំ)
[៤២] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) មារ កាលពោលនូវវាចាប្រកបដោយសេចក្តីអាណិត ចូលទៅជិតតថាគតនោះ ដែលមានចិត្តស្លុងទៅរកព្យាយាម បានទៅដល់ស្ទឹងនេរញ្ជរា កំពុងតែសង្វាតដុតបំផ្លាញកិលេស ដើម្បីសម្រេចនូវធម៌ជាទីក្សេមចាកយោគៈថា អ្នកស្គាំងស្គម ហើយមានសម្បុរអាក្រក់ សេចក្តីស្លាប់កាន់តែជិតអ្នកហើយ។
អ្នកមានសេចក្តីស្លាប់មួយពាន់ភាគហើយ នៅរស់តែមួយភាគទេ បើអ្នកមានជីវិតរស់នៅ ប្រសើរជាង ព្រោះកាលអ្នករស់នៅ គង់នឹងបានធ្វើបុណ្យទាំងឡាយ។
កាលអ្នកប្រព្រឹត្តព្រហ្មចារ្យ និងបូជាភ្លើង គង់សន្សំបុណ្យបានច្រើន អ្នកនឹងធ្វើអ្វីកើត ដោយការព្យាយាម។
ផ្លូវទៅរកព្យាយាម ជាផ្លូវទៅបានដោយក្រ ធ្វើបានក៏ដោយក្រ ឲ្យសម្រេចបានដោយក្រ មារ បានឈរពោលគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះពុទ្ធ។
ព្រះមានព្រះភាគ បានត្រាស់នឹងមារនោះ ដែលមកនិយាយដូច្នោះយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកមានសេចក្តីប្រមាទជាផៅពង្ស តថាគតមកក្នុងទីនេះ ព្រោះសេចក្តីត្រូវការ (ដោយបុណ្យ) ណា សេចក្តីត្រូវការដោយបុណ្យនោះ សូម្បីបន្តិចបន្តួច មិនមានដល់តថាគតឡើយ បើពួកជនណា ត្រូវការដោយបុណ្យ ទើបមារគួរនិយាយ (យ៉ាងនេះ) នឹងពួកជននោះចុះ។
សទ្ធាផង តបៈផង វីរិយៈផង បញ្ញាផង រមែងមានដល់តថាគត កាលបើយ៉ាងនេះ ហេតុអ្វីក៏អ្នកមកសួរនូវការរស់នៅនឹងតថាគត ដែលមានចិត្តស្លុងទៅកាន់ព្រះនិព្វាន។
សូម្បីខ្យល់នេះ ដែលអាចញ៉ាំងខ្សែទឹកស្ទឹងទាំងឡាយ ឲ្យរីងស្ងួតបាន ក៏មិនអាចញ៉ាំងឈាមរបស់តថាគត ដែលមានចិត្តស្លុងទៅកាន់ព្រះនិព្វាន ឲ្យរីងស្ងួតបានតិចតួចឡើយ។
កាលបើឈាមរីងស្ងួតហើយ ប្រមាត់ និងស្លេស្មក៏រីងស្ងួត កាលបើសាច់អស់ហើយ ចិត្តតថាគតរឹងរឹតតែជ្រះថ្លា សតិផង បញ្ញាផង សមាធិផង របស់តថាគត រឹងរឹតតែតាំងនៅមាំ។ ចិត្តរបស់តថាគតនោះ កាលសម្រាកសម្រាន្តនៅយ៉ាងនេះ ដល់នូវទុក្ខវេទនាដ៏ក្លៀវក្លា ក៏មិននឹកនានូវកាមទាំងឡាយឡើយ អ្នកចូរមើលសេចក្តីបរិសុទ្ធរបស់សត្វចុះ។
កាមទាំងឡាយ ជាសេនាទី ១ របស់អ្នក សេចក្តីអផ្សុក ជាសេនាទី ២ សេចក្តីឃ្លាន និងស្រេក ជាសេនាទី ៣ របស់អ្នក តណ្ហា ជាសេនាទី ៤ ថីនមិទ្ធៈ ជាសេនាទី ៥ សេចក្តីតក់ស្លុត់ ជាសេនាទី ៦ សេចក្តីសង្ស័យ ជាសេនាទី ៧ របស់អ្នក ការរមិលគុណ និងសេចក្តីរឹងត្អឹង ជាសេនាទី ៨ របស់អ្នក លាភ សេចក្តីសរសើរ សក្ការៈ និងយស ដែលបានដោយអំពើខុស បុគ្គលណា លើកដំកើងខ្លួនឯងផង បង្អាប់បង្អោនពួកជនដទៃផង ម្នាលមារ នេះជាសេនារបស់អ្នក ជាសេនាសម្រាប់ប្រហាររបស់មារ បុគ្គលមិនក្លៀវក្លា មិនឈ្នះនូវសេនានោះទេ លុះតែឈ្នះសេនានោះ ទើបបាននូវសេចក្តីសុខ។
តថាគតនុ៎ះ គួររក្សាទុកនូវស្មៅយ៉ាប្លង (ដូចទង់ជ័យ) តថាគតខ្ពើមជីវិតរបស់តថាគត (ដែលចាញ់សេនាមារ) ការស្លាប់របស់តថាគត ក្នុងសង្រ្គាមប្រសើរជាង តថាគតចាញ់សេនាមារ ហើយរស់នៅមិនប្រសើរសោះឡើយ។
សមណព្រាហ្មណ៍ពួកមួយ ដែលលិចលង់ក្នុងកាមទាំងនុ៎ះ រមែងមិនប្រាកដដោយ (សីលាទិគុណ) ឡើយ ពួកជនអ្នកមានវត្តល្អ រមែងទៅ (កាន់ព្រះនិព្វាន) តាមផ្លូវណា មារក៏មិនដឹងនូវផ្លូវនោះទេ។
តថាគតបានឃើញនូវសេនាព័ទ្ធជុំវិញ ហើយក៏បែរមុខឆ្ពោះទៅដើម្បីតយុទ្ធនឹងមារ ដែលលើកចូលមក ព្រមទាំងវាហនៈ ដោយវាចាថា អ្នកកុំញ៉ាំងតថាគត ឲ្យឃ្លាតចាកទីឡើយ លោក ព្រមទាំងទេវលោក មិនអាចគ្របសង្កត់នូវសេនារបស់អ្នកណា តថាគត អាចគ្របសង្កត់នូវសេនារបស់អ្នកនោះ ដោយប្រាជ្ញា ដូចជាយកថ្មមកសង្កត់នូវភាជន៍ដីឆ្អិនបាន។
តថាគត នឹងធ្វើនូវសម្មាសង្កប្បៈ ឲ្យស្ទាត់ផង ធ្វើស្មារតីឲ្យតាំងនៅមាំផង និងទូន្មានពួកសាវ័កជាច្រើន ចេញអំពីដែនមួយ ទៅកាន់ដែនមួយ។
ពួកសាវ័កនោះ មិនប្រមាទ មានចិត្តស្លុងទៅកាន់ព្រះនិព្វាន ជាអ្នកធ្វើតាមពាក្យប្រដៅតថាគត អ្នកមិនប្រាថ្នា (នូវកាម) ពួកសាវ័កនោះ នឹងទៅក្នុងទីណាហើយមិនសោក ក៏ទៅក្នុងទីនោះ។
(មារ បានបន្លឺឧទានថា) អាត្មាអញ បានជាប់ប្រកិតតាមព្រះមានព្រះភាគ អស់ ៧ ឆ្នាំហើយ មិនបាននូវចន្លោះ គឺទោសរបស់ព្រះសម្ពុទ្ធអ្នកមានសិរីសោះ។
ដូចសត្វក្អែក បានហើរចឹកជុំវិញថ្ម ដែលមានពណ៌ដូចខ្លាញ់ខាប់ ដោយគិតថា អត្មាអញ គង់បានរបស់ទន់ក្នុងកន្លែងនុ៎ះខ្លះ គ្រឿងឆ្ងាញ់ពិសា គង់មានក្នុងកន្លែងនុ៎ះខ្លះ មិនលែង។
អាត្មាអញ តាមយាយីព្រះសមណគោតម ដូចគ្នានឹងក្អែក (ដែលប្រឹងចឹក) ថ្មភ្នំ ហើយមិនបានវត្ថុឆ្ងាញ់ពិសា ក៏ហើរចេញទៅ។
កាលមារនោះ ត្រូវសេចក្តីសោកគ្របសង្កត់ហើយ ពិណក៏របូតចេញចាកក្លៀក តពីនោះមក មារនោះ មានចិត្តអាក់អន់ ហើយក៏បាត់ទៅចាកទីនោះឯង។
ចប់ បធានសូត្រ ទី២។
(៣. សុភាសិតសុត្តំ)
[៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ វាចាដែលប្រកបដោយអង្គ ៤ ឈ្មោះថា ជាសុភាសិត មិនមែនជាទុព្ភាសិតឡើយ ជាវាចាមិនមានទោសផង ដែលពួកវិញ្ញូជនមិនគប្បីតិះដៀលផង។ ប្រកបដោយអង្គ ៤ តើដូចម្តេច។ គឺបុគ្គលក្នុងលោកនេះ និយាយតែវាចាជាសុភាសិត មិននិយាយវាចាជាទុព្ភាសិត ១ និយាយវាចាជាធម៌តែម្យ៉ាង មិននិយាយវាចាមិនមែនជាធម៌ ១ និយាយតែវាចាគួរស្រឡាញ់ មិននិយាយវាចាដែលមិនគួរស្រឡាញ់ ១ និយាយតែវាចាពិត មិននិយាយវាចាឡេះឡោះ១។ ម្នាលភិក្ខុទាំងឡាយ វាចាប្រកបដោយអង្គ ៤ នេះឯង ឈ្មោះថាជាសុភាសិត មិនមែនជាទុព្ភាសិតឡើយ ជាវាចាមិនមានទោសផង ដែលពួកវិញ្ញូជនមិនគប្បីតិះដៀលផង។
ព្រះមានព្រះភាគ បានត្រាស់នូវសូត្រនេះ លុះព្រះសុគតជាសាស្តា ទ្រង់ត្រាស់នូវសូត្រនេះហើយ ទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលំដាប់តទៅថា
ពួកសប្បុរសបានពោលនូវវាចាជាសុភាសិតដ៏ឧត្តម (នោះជាទី ១) ពោលនូវវាចាជាធម៌ មិនពោលនូវវាចាមិនមែនជាធម៌ នោះជាទី ២ ពោលវាចាគួរស្រឡាញ់ មិនពោលវាចាដែលមិនគួរស្រឡាញ់ នោះជាទី ៣ ពោលពាក្យពិត មិនពោលពាក្យឡេះឡោះ នោះជាទី ៤។
[៤៤] លំដាប់នោះឯង ព្រះវង្គីសៈដ៏មានអាយុ ក្រោកចាកអាសនៈ ព័ទ្ធចីវរឆៀងស្មាម្ខាង ហើយប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ រួចក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសំដែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គសូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ អ្នកចូរសំដែងធម៌ចុះ។ លំដាប់នោះ ព្រះវង្គីសៈដ៏មានអាយុ បានសរសើរដោយគាថាទាំងឡាយដ៏សមគួរ ក្នុងទីចំពោះព្រះភក្រ្តថា
បុគ្គលមិនញ៉ាំងខ្លួនឲ្យក្តៅក្រហាយ មិនបៀតបៀនពួកជនដទៃ ដោយវាចាណា បុគ្គលគួរពោលវាចានោះឯង វាចានោះ ឈ្មោះថាជាសុភាសិត។ វាចាណា ដែលគួរត្រេកត្រអាល (ឬ) បុគ្គលមិនប្រកាន់នូវពាក្យអាក្រក់ ហើយពោលវាចាណា ជាទីស្រឡាញ់នៃពួកជនដទៃ បុគ្គលគួរពោលវាចាជាទីស្រឡាញ់នោះឯង។ វាចាពិត ជាវាចាមិនស្លាប់ នេះជាធម៌មានមកយូរហើយ ពួកសប្បុរសបានតាំងនៅក្នុងអត្ថផង ក្នុងធម៌ផង ព្រោះសច្ចៈ។ ព្រះពុទ្ធ ទ្រង់ត្រាស់នូវព្រះវាចាណា ជាគ្រឿងក្សេមដើម្បីដល់នូវព្រះនិព្វាន ដើម្បីធ្វើនូវទីបំផុតនៃទុក្ខ វាចានោះឯងឈ្មោះថា ជាវាចាដ៏ឧត្តម។
ចប់ សុភាសិតសូត្រ ទី៣។
(៤. សុន្ទរិកភារទ្វាជសុត្តំ)
[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅប្របឆ្នេរស្ទឹងឈ្មោះសុន្ទរិកា ក្នុងកោសលជនបទ។ សម័យនោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ បូជាភ្លើង បំរើការបូជាភ្លើង ប្របឆ្នេរស្ទឹងសុន្ទរិកា។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ លុះបូជាភ្លើង បំរើការបូជាភ្លើងរួចហើយ ក៏ក្រោកចាកអាសនៈ ក្រឡេកមើលសព្វទិសទាំង ៤ ជុំវិញ ដោយគិតថា អ្នកណាហ្ន៎ គួរបរិភោគរបស់ជាសំណល់ អំពីយញ្ញនេះ។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ គង់ដណ្តប់ព្រះកាយ ព្រមទាំងព្រះសិរ្ស ប្របគល់ឈើមួយដើមក្នុងទីជិត លុះឃើញហើយ ក៏កាន់យករបស់ជាសំណល់អំពីយ័ញ្ញ ដោយដៃឆ្វេង កាន់យកល័ក្កចាន់ដោយដៃស្តាំ ចូលទៅរកព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បើកព្រះសិរ្ស ដោយ (ឮ) សូរជើងនៃសុន្ទរិកភារទ្វាជព្រាហ្មណ៍។ លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ មានប្រាថ្នាត្រឡប់អំពីទីនោះមកវិញ ដោយគិតថា យីអើ អ្នកដ៏ចំរើននេះ ជាអ្នកកំណោរទេតើ យីអើ អ្នកដ៏ចំរើននេះ ជាអ្នកកំណោរទេតើ។ លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ សូម្បីជាអ្នកកំណោរ ក៏មាន បើដូច្នោះ មានតែអាត្មាអញ ចូលទៅសួរនូវជាតិចុះ។ លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា អ្នកដ៏ចំរើន មានជាតិជាអ្វី។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងសុន្ទរិកភារទ្វាជព្រាហ្មណ៍ ដោយគាថាដូច្នេះថា
[៤៦] តថាគតមិនមែនជាព្រាហ្មណ៍ មិនមែនជារាជបុត្ត មិនមែនជាវេស្សៈ ឬជាវណ្ណៈណាមួយ ក៏មិនមែន តថាគតបានកំណត់ដឹងនូវគោត្ររបស់ពួកបុថុជ្ជន ហើយជាអ្នកមិនមានកង្វល់ ប្រព្រឹត្តទៅដោយប្រាជ្ញាក្នុងលោក តថាគត ជាអ្នកអាស្រ័យនៅនឹងសង្ឃាដិ មិនមានសេចក្តីប្រកាន់ ប្រាសចាកសក់ មានចិត្តត្រជាក់ មិនជាប់ចំពាក់នឹងពួកមនុស្សក្នុងលោក (ម្នាលព្រាហ្មណ៍ ថ្វីក៏) អ្នកមកសាកសួរប្រស្នាចំពោះគោត្រ ដ៏មិនសមគួរនឹងតថាគត។
(ព្រាហ្មណ៍ក្រាបទូលថា) បពិត្រអ្នកដ៏ចំរើន ពួកព្រាហ្មណ៍តែងសាកសួរជាមួយនឹងពួកព្រាហ្មណ៍ថា អ្នកដ៏ចំរើន ជាព្រាហ្មណ៍ ឬមិនមែនទេ។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បើអ្នកនិយាយថា ខ្លួនអ្នកជាព្រាហ្មណ៍ ហើយនិយាយថា តថាគត មិនមែនជាព្រាហ្មណ៍ទេ។ ព្រោះហេតុនោះ តថាគត សូមសួរនូវសាវិត្តិសាស្រ្ត ដែលមានបទ ៣ មានអក្ខរៈ ២៤ នឹងអ្នក។
(ព្រាហ្មណ៍ក្រាបទូលសួរថា) ពួកឥសី មនុស្ស ក្សត្រិយ៍ និងព្រាហ្មណ៍ជាច្រើន ក្នុងលោកនេះ អាស្រ័យហេតុដូចម្តេច ទើបតាក់តែងនូវគ្រឿងយ័ញ្ញ ចំពោះពួកទេវតា។
(ព្រះមានព្រះភាគ ត្រាស់ថា) តថាគតពោលថា បុគ្គលណា ដល់នូវទីបំផុតនៃវដ្តទុក្ខ ដល់នូវវេទ (បុគ្គលនោះ) គប្បីបាននូវគ្រឿងបូជារបស់ជនណា ក្នុងកាលជាទីបូជា គ្រឿងបូជារបស់ជននោះ រមែងសម្រេច គឺមានផលច្រើន។
(ព្រាហ្មណ៍ ក្រាបទូលថា) ខ្ញុំព្រះអង្គ បើឃើញបុគ្គលណាមួយ ជាអ្នកដល់នូវវេទ ប្រហែលនឹងព្រះអង្គ គ្រឿងបូជារបស់ខ្ញុំព្រះអង្គនោះ គង់សម្រេចដោយពិត ព្រោះមកពីខ្ញុំព្រះអង្គ មិនបានជួបប្រទះនឹងពួកជនប្រហែលនឹងព្រះអង្គ ទើបជនឯទៀត បរិភោគនូវនំឈ្មោះបូរឡាសៈរបស់ខ្ញុំព្រះអង្គ។
(ព្រះមានព្រះភាគត្រាស់ថា) ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះឯង អ្នកត្រូវការដោយប្រយោជន៍ គួរអ្នកចូលទៅសួរនូវបុគ្គលអ្នកស្ងប់រម្ងាប់ ប្រាសចាកផ្សែង គឺសេចក្តីក្រោធ មិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា អ្នកមុខជានឹងបានលោកអ្នកមានប្រាជ្ញាល្អក្នុងសាសនានេះមិនខាន។
(ព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គត្រេកអរនឹងគ្រឿងយ័ញ្ញ ចង់បូជាគ្រឿងយ័ញ្ញ ខ្ញុំព្រះអង្គមិនដឹង សូមព្រះអង្គដ៏ចំរើន ប្រៀនប្រដៅខ្ញុំ ការបូជាចំពោះបុគ្គលណា មានផលច្រើន សូមព្រះអង្គប្រាប់បុគ្គលនុ៎ះ ដល់ខ្ញុំព្រះអង្គ។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរប្រុងសោតប្បសាទ តថាគតនឹងសំដែងធម៌ដល់អ្នក អ្នកកុំសួរជាតិ សួរតែក្រិត្យគ្រឿងប្រព្រឹត្តចុះ ភ្លើងតែងកើតអំពីអុស ព្រះខីណាសវមុនិ សូម្បីជាអ្នកមានត្រកូលថោកទាប រមែងជាអ្នកទ្រទ្រង់គុណជាអាជានិយៈ ហាមឃាត់ទោស ដោយហិរិបានដែរ។ (បុគ្គលណា) បានទូន្មានខ្លួន ដោយបរមត្ថសច្ចៈ ប្រកបដោយការទូន្មានឥន្រ្ទិយ ជាអ្នកដល់នូវមគ្គញ្ញាណទី ៤ ជាទីបំផុតនៃវេទ បានប្រព្រឹត្តមគ្គព្រហ្មចរិយៈចប់ហើយ ព្រាហ្មណ៍ណា ប្រាថ្នាបុណ្យ ហើយបូជា (ព្រាហ្មណ៍នោះ) គួរឲ្យទេយ្យធម៌ ចំពោះបុគ្គលនោះ តាមកាលគួរ។ ពួកជនណា បានលះបង់កាមទាំងឡាយ មិនមានសេចក្តីប្រកាន់ មានចិត្តសង្រួមត្រង់ល្អដូចខ្នារ ព្រាហ្មណ៍ណា ប្រាថ្នាបុណ្យ ហើយបូជា គួរឲ្យទក្ខិណាទាន ចំពោះពួកជននោះ ក្នុងកាលគួរ។ ពួកជនណា ប្រាសចាកតម្រេក មានឥន្រ្ទិយតាំងមាំល្អ ដូចជាព្រះចន្រ្ទ ផុតចាករាហុគ្រាះ ព្រាហ្មណ៍គួរឲ្យទក្ខិណាទាន ចំពោះពួកជននោះ ក្នុងកាលគួរ។ ពួកជនណា មិនជាប់ចំពាក់ ត្រាច់ទៅក្នុងលោក មានស្មារតីសព្វកាល លះបង់នូវសេចក្តីប្រកាន់ ព្រាហ្មណ៍គួរឲ្យទក្ខិណាទាន ចំពោះពួកជននោះ ក្នុងកាលគួរ។ ព្រះតថាគតណា បានលះបង់នូវកិលេសកាម ជាអ្នកប្រព្រឹត្តគ្របសង្កត់នូវវត្ថុកាម ឬក៏ព្រះតថាគតណា ដឹងច្បាស់នូវទីបំផុតនៃជាតិ មរណៈ បានបរិនិព្វាន មានចិត្តត្រជាក់ដូចអន្លង់ទឹក ព្រះតថាគតនោះ ទើបគួរទទួលគ្រឿងបូជា ឈ្មោះបូរឡាសៈ។ ព្រះតថាគត ស្មើដោយព្រះសម្ពុទ្ធទាំងឡាយ ដែលមានគុណស្មើគ្នា ឆ្ងាយអំពីពួកជន ដែលមានគុណមិនស្មើ ទ្រង់មានប្រាជ្ញាមិនមានទីបំផុត មានព្រះទ័យមិនជាប់ចំពាក់ក្នុងលោកនេះ និងលោកខាងមុខ ព្រះតថាគត ទើបគួរទទួលគ្រឿងបូជាឈ្មោះបូរឡាសៈ។ មាយា និងមានះ មិនមាននៅក្នុងព្រះតថាគតណា ព្រះតថាគតណា ប្រាសចាកសេចក្តីលោភ មិនមានសេចក្តីប្រកាន់ មិនមានសេចក្តីប្រាថ្នា បានបន្ទោបង់នូវសេចក្តីក្រោធ មានចិត្តត្រជាក់ ឬថាព្រះតថាគតណា ជាអ្នកបណ្តែតចោលនូវបាប បានលះបង់មន្ទិល គឺសេចក្តីសោក ព្រះតថាគតនោះ ទើបគួរទទួលនូវគ្រឿងបូជា ឈ្មោះបូរឡាសៈ។ ព្រះតថាគតណា បានលះបង់នូវកិលេស ជាគ្រឿងអាស្រ័យនៅនៃចិត្ត គឺតណ្ហា និងទិដ្ឋិ ឬថាសេចក្តីប្រកាន់ណាមួយ ក៏មិនមានដល់ព្រះតថាគតណា ព្រះតថាគតនោះ ជាអ្នកមិនមានសេចក្តីប្រកាន់ក្នុងលោកនេះ និងលោកខាងមុខ ទើបគួរទទួលគ្រឿងបូជា ឈ្មោះបូរឡាសៈ។ ព្រះតថាគតណា ជាអ្នកមានចិត្តតាំងមាំ បានឆ្លងឱឃៈ បានដឹងធម៌ដោយទិដ្ឋិដ៏ឧត្តម ជាអ្នកអស់អាសវៈ ទ្រទ្រង់រាងកាយជាទីបំផុត ព្រះតថាគតនោះ ទើបគួរទទួលគ្រឿងបូជា ឈ្មោះបូរឡាសៈ។ ភវាសវៈទាំងឡាយផង វាចាអាក្រក់ផង ដែលព្រះតថាគតណា កំចាត់បង់ហើយ ដល់នូវការតាំងនៅមិនបាន គឺថា មិនមានព្រះតថាគតនោះ ជាអ្នកបាននូវវេទ មានចិត្តផុតចាកធម៌ មានខន្ធជាដើមទាំងអស់ ទើបគួរទទួលគ្រឿងបូជា ឈ្មោះបូរឡាសៈ។ កិលេសជាគ្រឿងជាប់ចំពាក់ទាំងឡាយ មិនមានដល់ព្រះតថាគតណា ព្រះតថាគតណា កន្លងផុតនូវកិលេសជាគ្រឿងជាប់ចំពាក់ កាលពួកសត្វជាប់ដោយមានះ ព្រះអង្គក៏មិនជាប់ដោយមានះ បានកំណត់ដឹងនូវទុក្ខ ព្រមទាំងខេត្តវត្ថុ គឺហេតុ និងបច្ច័យ ព្រះតថាគតនោះ ទើបគួរទទួលគ្រឿងបូជា ឈ្មោះបូរឡាសៈ។ ព្រះតថាគតណា មិនអាស្រ័យនូវសេចក្តីប្រាថ្នា ឃើញនូវព្រះនិព្វាន ជាធម៌ស្ងប់ស្ងាត់ ប្រព្រឹត្តកន្លងនូវមិច្ឆាទិដ្ឋិ ដែលជនឯទៀតគប្បីឲ្យដឹង ធម៌ទាំងឡាយណាមួយ ជាអារម្មណ៍ គឺជាបច្ច័យ មិនមានដល់ព្រះតថាគតណា ព្រះតថាគតនោះ ទើបគួរទទួលគ្រឿងបូជាឈ្មោះ បូរឡាសៈ។ ធម៌ទាំងឡាយ ទាំងខាងក្នុង និងខាងក្រៅមិនមាន ដែលព្រះតថាគតណា បានត្រាស់ដឹង កំចាត់បង់ហើយ ជាធម៌ដល់នូវកិរិយាតាំងនៅមិនបាន គឺថាមិនមាន ព្រះតថាគតនោះ ជាអ្នកមានចិត្តស្ងប់ មានចិត្តផុតស្រឡះ ព្រោះអស់ទៅនៃឧបាទាន ទើបគួរទទួលគ្រឿងបូជា ឈ្មោះបូរឡាសៈ។ ព្រះតថាគតណា បានឃើញនូវធម៌ជាទីអស់ទៅនៃសំយោជនៈផង ឃើញនូវធម៌ជាទីអស់ទៅនៃជាតិផង បានបន្ទោបង់នូវគន្លងនៃរាគៈ មិនមានសេសសល់ ជាអ្នកបរិសុទ្ធ មិនមានទោស ប្រាសចាកមន្ទិល ទាំងមិនមានសេចក្តីប្រាថ្នា ព្រះតថាគតនោះ ទើបគួរទទួលគ្រឿងបូជា ឈ្មោះបូរឡាសៈ។ ព្រះតថាគតណា មិនឃើញខ្លួន32) ដោយខ្លួនឯង ជាអ្នកមានចិត្តតាំងមាំ មានចិត្តប្រព្រឹត្តទៅត្រង់ មានចិត្តនឹងធឹង ព្រះតថាគតនោះ មានព្រះទ័យមិនរំភើប មិនរឹងរូស មិនសង្ស័យ ទើបគួរទទួលគ្រឿងបូជាឈ្មោះ បូរឡាសៈ។ សភាវធម៌ទាំងឡាយ ដែលមានមោហៈ ជាហេតុណាមួយ មិនមានដល់ព្រះតថាគតណា ព្រះតថាគតណា បានឃើញដោយប្រាជ្ញា ក្នុងធម៌ទាំងឡាយទាំងពួង ហើយទ្រទ្រង់នូវសរីរៈជាទីបំផុត ទាំងសម្រេចនូវសម្ពោធិញ្ញាណ ជាគ្រឿងក្សេមយ៉ាងប្រសើរ ព្រះអង្គមានសេចក្តីបរិសុទ្ធិយ៉ាងអស់ជើង ត្រឹមប៉ុណ្ណេះ (ព្រះតថាគតនោះ ទើបគួរទទួលនូវគ្រឿងបូជា ឈ្មោះបូរឡាសៈ)។
(ព្រាហ្មណ៍ក្រាបទូលថា) ការបូជារបស់ខ្ញុំព្រះអង្គ ជាការបូជាមានផលពិត ៗ ព្រោះខ្ញុំព្រះអង្គបានបុគ្គលអ្នកដល់នូវវេទ ប្រហែលនឹងព្រះអង្គ ហេតុនេះ សូមព្រះមានព្រះភាគ ជាបន្ទាល់ដ៏ប្រសើរ ទទួលគ្រឿងបូជារបស់ខ្ញុំព្រះអង្គ សូមព្រះមានព្រះភាគ សោយគ្រឿងបូជា ឈ្មោះបូរឡាសៈរបស់ខ្ញុំព្រះអង្គ។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) តថាគត មិនគួរបរិភោគភោជន ដែលបានមកអំពីការពោលគាថាទេ ម្នាលព្រាហ្មណ៍ នេះមិនមែនជាធម្មតា របស់ពួកបុគ្គលអ្នកឃើញ (ធម៌) ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់នូវអាហារ ដែលពោលគាថា ម្នាលព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯង ជាគ្រឿងចិញ្ចឹមជីវិត។ អ្នកចូរទំនុកបំរុង បុគ្គលជាខីណាស្រព មានគុណដ៏បរិបូណ៌ អ្នកស្វែងរកនូវគុណដ៏ធំ អ្នករម្ងាប់សេចក្តីរពឹសដោយបាយ និងទឹកដទៃ ព្រោះថា នោះជាខេត្តរបស់បុគ្គលអ្នកប្រាថ្នាបុណ្យ។
(ព្រាហ្មណ៍ក្រាបទូលថា) បពិត្រព្រះមានព្រះភាគ សូមទ្រង់ព្រះមេត្តាប្រោស ទក្ខិណេយ្យបុគ្គលណា គួរបរិភោគទក្ខិណាទានរបស់បុគ្គលដូចជាខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គបានដល់នូវសាសនានៃព្រះអង្គ ស្វែងរកទក្ខិណេយ្យបុគ្គលណា និងទំនុកបម្រុងក្នុងកាលដែលបូជា ខ្ញុំព្រះអង្គដឹងច្បាស់ (នូវទក្ខិណេយ្យបុគ្គលនោះ) ដោយប្រការដូច្នោះ។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) សេចក្តីប្រណាំងប្រជែង របស់បុគ្គលណា ទៅប្រាសហើយផង ឬចិត្តរបស់បុគ្គលណា មិនល្អក់ផង បុគ្គលណា ផុតស្រឡះចាកកាមទាំងឡាយផង សេចក្តីងោកងក់ ដែលបុគ្គលណា បន្ទោបង់ហើយផង អ្នកទាំងឡាយ ចូរបំបាត់នូវការក្រញូវមុខ ហើយផ្គងអញ្ជលីនមស្ការ បូជាបុគ្គល អ្នកទូន្មាននូវពួកបុថុជ្ជន និងសេក្ខបុគ្គល អ្នកដឹងច្បាស់នូវជាតិ និងមរណៈ ជាអ្នកប្រាជ្ញ បរិបូណ៌ដោយប្រាជ្ញា ប្រាកដដូច្នោះ មកកាន់ទីជាទីបូជានោះ ដោយម្ហូបចំណី និងទឹក កាលបើយ៉ាងនេះ ទក្ខិណាទានទាំងឡាយ រមែងសម្រេច។
(ព្រាហ្មណ៍ក្រាបទូលថា) ព្រះពុទ្ធដ៏ចំរើន ព្រះអង្គជាបុញ្ញក្ខេត្តដ៏ប្រសើរ គួរទទួលគ្រឿងបូជា ឈ្មោះបូរឡាសៈ ជាការបូជាក្នុងលោកទាំងអស់ ទានដែលបុគ្គលឲ្យហើយ ចំពោះព្រះពុទ្ធដ៏ចំរើន មានផលច្រើន។
[៤៧] លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន សំដែងហើយ ដោយអនេកបរិយាយ ដូចជាគេផ្ងារនូវរបស់ដែលផ្កាប់ ឬបើកបង្ហាញនូវរបស់ដែលកំបាំង ពុំនោះសោត ដូចគេប្រាប់ផ្លូវដល់មនុស្សវង្វេងផ្លូវ ឬដូចជាគេទ្រោលប្រទីបប្រេងបំភ្លឺក្នុងទីងងឹត ដោយគិតថា ឲ្យពួកមនុស្សមានភ្នែកមើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គនោះ សូមដល់ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ ខ្ញុំព្រះអង្គគួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់ព្រះគោតមដ៏ចំរើន។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានបព្វជ្ជា បានឧបសម្បទាក្នុងសំណាក់ព្រះមានព្រះភាគ។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះសុន្ទរិកភារទ្វាជៈដ៏មានអាយុ ក៏ជាព្រះអរហន្តមួយដែរ។
ចប់ សុន្ទរិកភារទ្វាជសូត្រ ទី៤។
(៥. មាឃសុត្តំ)
[៤៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅនាភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ គ្រានោះ មាឃមាណព បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបបង្គំទូលសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ គួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ មាឃមាណព លុះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គជាទាយក ជាទានបតី អ្នកដឹងនូវពាក្យពេចន៍ (របស់ស្មូម) អ្នកគួរគេសូមបាន ស្វែងរកនូវភោគៈទាំងឡាយ តាមធម៌ លុះខ្ញុំព្រះអង្គស្វែងរកភោគៈទាំងឡាយ តាមធម៌បានហើយ (ក៏យក) នូវភោគៈទាំងឡាយ ដែលបានមកតាមធម៌ សម្រេចមកតាមធម៌នោះ ឲ្យដល់បុគ្គលម្នាក់ខ្លះ ឲ្យដល់បុគ្គលពីរនាក់ខ្លះ ឲ្យដល់បុគ្គល ៣ នាក់ខ្លះ ឲ្យដល់បុគ្គល ៤ នាក់ខ្លះ ឲ្យដល់បុគ្គល ៥ នាក់ខ្លះ ឲ្យដល់បុគ្គល ៦ នាក់ខ្លះ ឲ្យដល់បុគ្គល ៧ នាក់ខ្លះ ឲ្យដល់បុគ្គល ៨ នាក់ខ្លះ ឲ្យដល់បុគ្គល ៩ នាក់ខ្លះ ឲ្យដល់បុគ្គល ១០ នាក់ខ្លះ ឲ្យដល់បុគ្គល ២០ នាក់ខ្លះ ឲ្យដល់បុគ្គល ៣០ នាក់ខ្លះ ឲ្យដល់បុគ្គល ៤០ នាក់ខ្លះ ឲ្យដល់បុគ្គល ៥០ នាក់ខ្លះ ឲ្យដល់បុគ្គលមួយរយនាក់ខ្លះ ឲ្យដល់បុគ្គលច្រើនជាងនោះខ្លះ បពិត្រព្រះគោតមដ៏ចំរើន កាលខ្ញុំព្រះអង្គឲ្យយ៉ាងនេះ បូជាយ៉ាងនេះ តើបានបុណ្យច្រើនដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើមាណព កាលបើអ្នកឲ្យយ៉ាងនេះ បូជាយ៉ាងនេះ រមែងបានបុណ្យច្រើន។ ម្នាលមាណព បើទាយក ទានបតី អ្នកដឹងនូវពាក្យពេចន៍ (របស់ស្មូម) អ្នកគួរគេសូមបាន ដែលស្វែងរកភោគៈទាំងឡាយតាមធម៌ លុះស្វែងរកភោគៈទាំងឡាយ តាមធម៌ហើយ (ក៏យក) ភោគៈទាំងឡាយតាមធម៌ សម្រេចមកតាមធម៌នោះ ឲ្យដល់បុគ្គលម្នាក់ខ្លះ។បេ។ ឲ្យដល់បុគ្គលមួយរយនាក់ខ្លះ ឲ្យដល់បុគ្គលច្រើនជាងនោះខ្លះ ទាយកនោះ រមែងបានបុណ្យច្រើន។ លំដាប់នោះ មាឃមាណព បានក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នេះថា
[៤៩] ខ្ញុំសូមទូលសួរព្រះគោតម ព្រះអង្គទ្រង់ជ្រាបនូវពាក្យពេចន៍ ទ្រង់អាស្រ័យនៅដោយសំពត់កាសាយៈ មិនមានផ្ទះ ត្រាច់ទៅផ្សេង ៗ គ្រហស្ថណា ជាម្ចាស់ទាន គួរគេសូមបាន ជាអ្នកត្រូវការដោយបុណ្យ ប្រាថ្នាបុណ្យ កាលឲ្យនូវបាយទឹក បូជាដល់ពួកជនដទៃក្នុងលោកនេះ ការបូជារបស់បុគ្គលដែលបូជានោះ តើបរិសុទ្ធដូចម្តេច។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ម្នាលមាណព គ្រហស្ថ (ណា) ជាម្ចាស់ទាន គួរគេសូមបាន ជាអ្នកត្រូវការដោយបុណ្យ ប្រាថ្នាបុណ្យ កាលឲ្យនូវបាយ និងទឹក បូជាដល់ពួកជនដទៃក្នុងលោកនេះ គ្រហស្ថប្រាកដដូច្នោះ គប្បីញុំាងទក្ខិណេយ្យបុគ្គលទាំងឡាយឲ្យត្រេកអរបាន។
(មាឃមាណព ក្រាបទូលថា) គ្រហស្ថ (ណា) ជាម្ចាស់ទាន គួរគេសូមបាន ជាអ្នកត្រូវការដោយបុណ្យ ប្រាថ្នាបុណ្យ កាលឲ្យនូវបាយ និងទឹក បូជាដល់ពួកជនដទៃ ក្នុងលោកនេះ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គប្រាប់នូវទក្ខិណេយ្យបុគ្គលទាំងឡាយ (របស់គ្រហស្ថនោះ) ចំពោះខ្ញុំព្រះអង្គ។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ពួកជនណា មិនមានចិត្តជាប់ចំពាក់ក្នុងលោក មិនមានកង្វល់ មានកិច្ចសម្រេចហើយ ជាអ្នកគ្រប់គ្រងចិត្ត ព្រាហ្មណ៍ណា ប្រាថ្នាបុណ្យ ហើយបូជា ព្រាហ្មណ៍នោះ គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
ពួកជនណា បានផ្តាច់ចំណង គឺសំយោជនៈទាំងពួង ជាអ្នកបានទូន្មាននូវឥន្ទ្រិយ មានចិត្តផុតស្រឡះ មិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ព្រាហ្មណ៍ណា ប្រាថ្នានូវបុណ្យ ហើយបូជា ព្រាហ្មណ៍នោះ គប្បីបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
ពួកជនណា ផុតស្រឡះចាកសំយោជនៈទាំងពួង ជាអ្នកទូន្មាននូវឥន្រ្ទិយ មានចិត្តផុតស្រឡះ មិនមានទុក្ខ មិនមានសេចក្តីប្រាថ្នា ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។ (ពួកជនណា) បានលះបង់រាគៈផង ទោសៈផង មោហៈផង មានអាសវៈអស់ហើយ មានមគ្គព្រហ្មចារ្យប្រព្រឹត្តរួចហើយ ព្រាហ្មណ៍ គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
ការបិទបាំងទោសខ្លួន និងការប្រកាន់ មិនមាននៅក្នុងពួកជនណាដែលមានអាសវៈអស់ហើយ មានមគ្គព្រហ្មចារ្យប្រព្រឹត្តរួចហើយ ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះតាមកាលគួរ។
ពួកជនណា ប្រាសចាកសេចក្តីលោភ មិនប្រកាន់ មិនមានសេចក្តីប្រាថ្នា មានអាសវៈអស់ហើយ មានមគ្គព្រហ្មចារ្យប្រព្រឹត្តរួចហើយ ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
ពួកជនណា មិនដល់នូវការធ្លាក់ចុះ ក្នុងតណ្ហាទាំងឡាយ មិនប្រកាន់ ហើយឆ្លងអន្លង់បាន ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
តណ្ហារបស់ពួកជនណា ដើម្បីកើតមានទៅទៀតក្នុងលោកនេះ ឬលោកខាងមុខណាមួយ មិនមានទេ ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
ពួកជនណា បានលះបង់កាមទាំងឡាយ ជាអ្នកមិនមានសេចក្តីប្រកាន់ សង្រួមចិត្តត្រង់ល្អដូចខ្នារ ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
ពួកជនណា ប្រាសចាករាគៈ មានឥន្រ្ទិយតម្កល់មាំល្អ ដូចព្រះចន្រ្ទដែលផុតស្រឡះចាករាហុគ្រាះ ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
ពួកជនណា ជាអ្នកស្ងប់ចាកកិលេស ប្រាសចាករាគៈ មិនមានសេចក្តីក្រោធ គតិរបស់ជនណា មិនមាន ព្រោះលះបង់ (នូវខន្ធ) ក្នុងលោកនេះ ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទាន ចំពោះជននោះ តាមកាលគួរ។
ពួកជនណា លះបង់ជាតិ និងមរណៈមិនមានសេសសល់ ឆ្លងផុតសេចក្តីងឿងឆ្ងល់គ្រប់យ៉ាង ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទានចំពោះពួកជននោះ តាមកាលគួរ។
ពួកជនណា មានខ្លួនជាទីពឹង ត្រាច់ទៅក្នុងលោក មិនមានកង្វល់ ផុតស្រឡះចាកសភាវធម៌ទាំងពួង ព្រាហ្មណ៍គួរបរិច្ចាគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
ពួកជនណា ដឹងក្នុងសភាវធម៌នុ៎ះ តាមសេចក្តីពិតថា ជាតិនេះជាជាតិបំផុតហើយ ភពថ្មីមិនមានតទៅទៀតឡើយ ព្រាហ្មណ៍គួរបរិចា្ចគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
ជនណាបានដល់នូវវេទ ត្រេកអរក្នុងឈាន ជាអ្នកមានស្មារតី បានសម្រេចនូវសម្ពោធិញាណ ជាទីពឹងរបស់ជនច្រើន ព្រាហ្មណ៍ណា ជាអ្នកប្រាថ្នានូវបុណ្យហើយបូជា ព្រាហ្មណ៍នោះ គួរបរិចា្ចគទក្ខិណាទាន ចំពោះពួកជននោះ តាមកាលគួរ។
(មាឃមាណព ក្រាបបង្គំទូលថា) បពិត្រព្រះមានព្រះភាគ ការក្រាបទូលសួររបស់ខ្ញុំព្រះអង្គ មិនមែនជាការឥតអំពើ ដោយពិត ព្រះអង្គបានសំដែងប្រាប់ទក្ខិណេយ្យបុគ្គលទាំងឡាយ ចំពោះខ្ញុំព្រះអង្គ ទើបខ្ញុំព្រះអង្គ បានដឹងសេចក្តីនុ៎ះ តាមពិត ធម៌ ព្រះអង្គ ទ្រង់ជ្រាបពិត យ៉ាងនោះហើយ។
(មាឃមាណព ក្រាបទូលថា) គ្រហស្ថ (ណា) ជាម្ចាស់ទាន អ្នកគួរគេសូមបាន ជាអ្នកត្រូវការដោយបុណ្យ ប្រាថ្នានូវបុណ្យ កាលឲ្យបាយ និងទឹក បូជាដល់ពួកជនដទៃ ក្នុងលោកនេះ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គ ទ្រង់សំដែងប្រាប់នូវយញ្ញសម្បទា (របស់គ្រហស្ថនោះ) ដល់ខ្ញុំព្រះអង្គ។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាឃៈ អ្នកចូរបូជាចុះ កាលដែលអ្នកបូជា ចូរញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងកាលទាំងពួង (ព្រោះ) គ្រឿងយ័ញ្ញ ជាអារម្មណ៍របស់អ្នកបូជា បុគ្គលដែលបានប្រតិស្ឋាន ក្នុងគ្រឿងយ័ញ្ញនុ៎ះហើយ រមែងលះបង់នូវទោសបាន លុះបុគ្គលនោះ ប្រាសចាករាគៈ បន្ទោបង់នូវទោសៈហើយ រមែងចំរើននូវមេត្តាចិត្ត មិនមានប្រមាណ ជាបុគ្គលមិនធ្វេសប្រហែសជានិច្ច អស់យប់ និងថ្ងៃ ផ្សាយនូវមេត្តាចិត្ត មិនមានប្រមាណ ក្នុងទិសទាំងពួង។
(មាឃមាណព ក្រាបទូលថា) បុគ្គលដូចម្តេច បរិសុទ្ធ បុគ្គលដូចម្តេច រួច បុគ្គលដូចម្តេច ជាប់នៅ បុគ្គលទៅកាន់ព្រហ្មលោកបាន ដោយហេតុដូចម្តេច បពិត្រព្រះអង្គជាអ្នកប្រាជ្ញ កាលបើខ្ញុំព្រះអង្គជាអ្នកមិនដឹង ក្រាបទូលសួរហើយ សូមព្រះអង្គទ្រង់សំដែង បពិត្រព្រះអង្គជាព្រហ្ម ដ្បិតក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ បានឃើញព្រះអង្គជាបន្ទាល់ហើយ ព្រោះព្រះអង្គពិតជាស្មើគ្នានឹងព្រហ្មរបស់ខ្ញុំព្រះអង្គ បពិត្រព្រះអង្គ ទ្រង់មានសេចក្តីរុងរឿង បុគ្គលទៅកាន់ព្រហ្មលោកបាន ដោយប្រការដូចម្តេច។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាឃៈ) តថាគតពោលថា បុគ្គលណា បូជានូវយញ្ញសម្បទា ៣ ប្រការ បុគ្គលបែបនោះ ញ៉ាំងពួកទក្ខិណេយ្យបុគ្គល ឲ្យត្រេកអរបាន លុះបូជាយ៉ាងនេះហើយ ជាអ្នកគួរគេសូមបាន ដោយប្រពៃ រមែងចូលទៅកាន់ព្រហ្មលោក។
[៥០] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មាឃមាណពក៏បានក្រាបបង្គំទូល ព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ ថាជាអ្នកដល់នូវព្រះគោតមដ៏ចំរើន ជាសរណៈស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។
ចប់ មាឃសូត្រ ទី៥។
(៦. សភិយសុត្តំ)
[៥១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ទេវតាជាសាលោហិតពីដើម របស់បរិព្វាជក ឈ្មោះសភិយៈ បានសំដែងឡើងនូវប្រស្នាទាំងឡាយថា ម្នាលសភិយៈ សមណៈ ឬព្រាហ្មណ៍ណា ដែលអ្នកសួរប្រស្នាទាំងនេះហើយ ឆ្លើយរួច អ្នកត្រូវប្រព្រឹត្តព្រហ្មចារ្យ ក្នុងសំណាក់នៃសមណៈ ឬព្រាហ្មណ៍នោះចុះ។ គ្រានោះ សភិយបរិព្វាជក រៀនប្រស្នាទាំងឡាយ ក្នុងសំណាក់ទេវតានោះ ទើបចូលទៅរកពួកសមណព្រាហ្មណ៍ ជាអ្នកមានពួក មានក្រុម (ប្តេជ្ញាខ្លួនថា ជាសព្វញ្ញុសាស្តា) ជាគណាចារ្យ33) ដែលអ្នកផងធ្លាប់ស្គាល់ ជាអ្នកមានយស34) ធ្វើនូវកំពង់ គឺទិដ្ឋិ ដែលជនច្រើនគ្នាសន្មតថា ជាសប្បុរស គឺគ្រូឈ្មោះបូរណកស្សប ឈ្មោះមក្ខលិគោសាល ឈ្មោះអជិតកេសកម្ពល ឈ្មោះបកុទ្ធកច្ចាយនៈ ឈ្មោះសញ្ជយវេឡដ្ឋបុត្ត ឈ្មោះនិគន្ថនាដបុត្ត ហើយសួរប្រស្នាទាំងនោះ។ គ្រូទាំងនោះ លុះត្រូវសភិយបរិព្វាជក សួរប្រស្នាទាំងឡាយ ក៏ឆ្លើយមិនរួច កាលបើឆ្លើយមិនរួច ក៏ធ្វើនូវសេចក្តីក្រោធ ប្រទូស្ត អាក់អន់ចិត្តឲ្យប្រាកដឡើង រួចក៏សួរត្រឡប់ទៅរកសភិយបរិព្វាជកវិញ។ គ្រានោះ សភិយបរិព្វាជក មានសេចក្តីត្រិះរិះយ៉ាងនេះថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនណា ជាអ្នកមានពួក មានក្រុម ជាគណាចារ្យ ដែលអ្នកផងធ្លាប់ស្គាល់ជាអ្នកមានយស ធ្វើនូវកំពង់ គឺទិដ្ឋិ ដែលជនច្រើនគ្នាសន្មតថា ជាសប្បុរស គឺគ្រូឈ្មោះបូរណកស្សប។បេ។ ឈ្មោះនិគន្ថនាដបុត្ត សមណព្រាហ្មណ៍ទាំងនោះ លុះត្រូវអញសួរប្រស្នាទាំងឡាយហើយ ក៏ឆ្លើយមិនរួច កាលបើឆ្លើយមិនរួច ក៏ធ្វើនូវសេចក្តីក្រោធ ប្រទូស្ត អាក់អន់ចិត្ត ឲ្យប្រាកដឡើង រួចក៏សួរត្រឡប់មករកអញក្នុងប្រស្នាទាំងនុ៎ះវិញ បើដូច្នោះ គួរតែអាត្មាអញ ត្រឡប់មកកាន់ភេទថោកទាប គឺភេទគ្រហស្ថ បរិភោគកាមវិញចុះ។ លំដាប់នោះ សភិយបរិពា្វជក មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតមនេះឯង ក៏ជាអ្នកមានពួក មានក្រុម ជាគណាចារ្យ ដែលអ្នកផងធ្លាប់ស្គាល់ ជាអ្នកមានយស ធ្វើនូវកំពង់ គឺទិដ្ឋិ ដែលជនច្រើនគ្នាសន្មតថា ជាសប្បុរសដែរ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះសមណគោតម ហើយសួរប្រស្នាទាំងនេះ។ លំដាប់នោះ សភិយបរិព្វាជក មានសេចក្តីត្រិះរិះយ៉ាងនេះទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនណា ដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅយូរឆ្នាំមកហើយ មានអាយុក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ ជាអ្នកខ្ជាប់ខ្ជួន (ក្នុងសមណធម៌) ស្គាល់រាត្រីច្រើន បួសយូរយារហើយ ជាអ្នកមានពួក មានក្រុម ជាគណាចារ្យ ដែលអ្នកផងធ្លាប់ស្គាល់ ជាអ្នកមានយស ធ្វើនូវកំពង់ គឺទិដ្ឋិ ដែលជនច្រើនគ្នាសន្មតថា ជាសប្បុរស គឺគ្រូឈ្មោះបូរណកស្សប។បេ។ ឈ្មោះនិគន្ថនាដបុត្ត សមណព្រាហ្មណ៍ទាំងនោះសោត លុះត្រូវអញសួរប្រស្នាទាំងឡាយហើយ ក៏ឆ្លើយមិនរួច កាលបើឆ្លើយមិនរួច ក៏ធ្វើនូវសេចក្តីក្រោធ ប្រទូស្ត អាក់អន់ចិត្តឲ្យប្រាកដឡើង រួចក៏សួរត្រឡប់មកអញ ក្នុងប្រស្នាទាំងនុ៎ះវិញ។ ចុះព្រះសមណគោតម កាលបើត្រូវអញសួរប្រស្នាទាំងនេះហើយ តើនឹងឆ្លើយយ៉ាងណាទៅអេះ។ ព្រោះថា ព្រះសមណគោតម ក្មេងដោយជាតិផង ថ្មីដោយផ្នួសផង។ លំដាប់នោះ សភិយបរិព្វាជក មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតម អញមិនត្រូវមើលងាយ មិនត្រូវពេបជ្រាយថាក្មេងទេ ទោះបីព្រះអង្គជាសមណៈក្មេងក៏ពិត ប៉ុន្តែព្រះអង្គជាអ្នកមានឫទិ្ធច្រើន មានអានុភាពច្រើន។ បើដូច្នោះ គួរតែអញចូលទៅរកព្រះសមណគោតម ហើយសួរប្រស្នាទាំងនេះ។ គ្រានោះ សភិយបរិព្វាជក ក៏ចៀសចេញទៅកាន់ចារិក សំដៅទៅក្រុងរាជគ្រឹះ កាលដើរទៅកាន់ចារិកតាមលំដាប់ ក៏បានចូលទៅរកព្រះមានព្រះភាគ ឯវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ក្នុងក្រុងរាជគ្រឹះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរីករាយស្មោះសរ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ គួរឲ្យរលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ សភិយបរិព្វាជក លុះអង្គុយក្នុងទីដ៏សមគួរហើយ បានពោលចំពោះព្រះមានព្រះភាគ ដោយគាថា
[៥២] (សភិយបរិព្វាជក ពោលថា) ខ្ញុំព្រះអង្គមានសេចក្តីងឿងឆ្ងល់ សង្ស័យ ទើបមកប៉ុនប៉ងនឹងសួរប្រស្នាទាំងឡាយ (ហេតុនេះ) ព្រះអង្គ កាលបើខ្ញុំព្រះអង្គសួរប្រស្នាទាំងឡាយហើយ សូមធ្វើនូវទីបំផុតនៃប្រស្នាទាំងនោះ សូមព្រះអង្គសំដែងធម៌តាមសមគួរដល់សេចក្តី ជាលំដាប់លំដោយ ដល់ខ្ញុំព្រះអង្គឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) អ្នកមកអំពីចម្ងាយ ប៉ុនប៉ងនឹងសួរប្រស្នាទាំងឡាយ តថាគត កាលបើអ្នកសួរប្រស្នាទាំងឡាយហើយ នឹងធ្វើនូវទីបំផុតនៃប្រស្នាទាំងនោះ តថាគតនឹងដោះស្រាយនូវធម៌ដ៏សមគួរដល់សេចក្តី ជាលំដាប់លំដោយដល់អ្នក។ ម្នាលសភិយៈ អ្នកប៉ងក្នុងចិត្តចំពោះប្រស្នាណាមួយ ចូរសួរប្រស្នានោះ មកតថាគតចុះ តថាគតនឹងធ្វើនូវទីបំផុតនៃប្រស្នានោះ ៗ ដល់អ្នក។
[៥៣] គ្រានោះ សភិយបរិព្វាជក នឹកយ៉ាងនេះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ អញមិនដែលបានសូម្បីត្រឹមតែកម្ម គឺឱកាស ក្នុងសំណាក់នៃសមណព្រាហ្មណ៍ទាំងឡាយដទៃ ដោយហេតុណា ហេតុនោះ ព្រះសមណគោតម បានធ្វើកម្មគឺឱកាសនោះ ដល់អញហើយ ៗ ក៏ត្រេកអរ រីករាយ មានចិត្តអណ្តែតឡើង កើតបីតិសោមនស្ស ហើយសួរប្រស្នានឹងព្រះមានព្រះភាគ
(សភិយបរិពា្វជក សួរថា) បណ្ឌិតទាំងឡាយ ហៅបុគ្គលអ្នកបានគុណវិសេសដូចម្ដេច ថាជាភិក្ខុ បណ្ឌិតទាំងឡាយ ហៅបុគ្គលអ្នកស្ងប់រម្ងាប់ ដោយធម៌ល្អ ដោយហេតុដូចម្តេច បុគ្គលដែលមានខ្លួនទូន្មានហើយ ដោយប្រការដូចម្តេច អ្នកផងតែងហៅថា ព្រះពុទ្ធ តើដោយប្រការដូចម្តេច បពិត្រព្រះមានព្រះភាគ ព្រះអង្គ កាលបើខ្ញុំព្រះអង្គសួរហើយ សូមឆ្លើយឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណា បានដល់នូវការរំលត់ទុក្ខ ដោយមគ្គដែលខ្លួនបានចំរើនហើយ ឆ្លងផុតសេចក្តីសង្ស័យ ហើយលះបង់នូវសេចក្តីវិនាស និងសេចក្តីចំរើន មានមគ្គប្រព្រឹត្តគ្រប់គ្រាន់ហើយ មានភពថ្មីអស់ហើយ បុគ្គលនោះ ឈ្មោះថា ជាភិក្ខុ។ បុគ្គលណា ជាអ្នកព្រងើយកន្តើយ ក្នុងអារម្មណ៍ទាំងពួង មានស្មារតី បុគ្គលនោះ មិនបៀតបៀន (សត្វណាមួយ) ក្នុងលោកទាំងពួង ជាអ្នកឆ្លងអន្លង់រួចហើយ ជាអ្នករម្ងាប់បាប មានចិត្តមិនល្អក់ ចំហាយ គឺកិលេស មិនមានដល់បុគ្គលណា បុគ្គលនោះ ឈ្មោះថា អ្នកស្ងប់រម្ងាប់ដោយល្អ បុគ្គលណា បានចំរើននូវឥន្ទ្រិយទាំងឡាយ ទាំងខាងក្នុង និងខាងក្រៅ ក្នុងលោកទាំងអស់ ដឹងច្បាស់នូវលោកនេះ និងលោកដទៃ ទន្ទឹងតែមរណកាល បុគ្គលនោះ មានឥន្រ្ទិយអប់រំហើយ (យ៉ាងនេះ) ឈ្មោះថា មានខ្លួនទូន្មានហើយ។ បុគ្គលណា ពិចារណានូវកប្បៈ35) ទាំងអស់ និងសង្សារ36) ចុតិ និងបដិសន្ធិទាំងពីរ បណ្ឌិតទាំងឡាយ ហៅបុគ្គលដែលមានធូលី គឺកិលេសទៅប្រាសហើយ អ្នកមិនមានទីទួល គឺកិលេស ស្អាតដោយវិសេស ដល់នូវព្រះនិព្វាន ជាគ្រឿងក្ស័យនៃជាតិនោះ ថាជាព្រះពុទ្ធ។
[៥៤] គ្រានោះ សភិយបរិព្វាជក មានចិត្តត្រេកអរខ្ពស់ឡើង កើតបីតិសោមនស្ស ត្រេកអរ រីករាយ ចំពោះភាសិតព្រះមានព្រះភាគ ហើយសួរប្រស្នានឹងព្រះមានព្រះភាគតទៅ
(សភិយបរិព្វាជក សួរថា) បណ្ឌិតទាំងឡាយ ហៅបុគ្គលអ្នកបានគុណវិសេសដូចម្តេច ថាជាព្រាហ្មណ៍ ថាជាសមណៈ ដោយហេតុដូចម្តេច អ្នកផងតែងហៅថា ជាអ្នកងូតលាង (កិលេស) ដោយប្រការដូចម្តេច ហៅថា នាគ តើដោយប្រការដូចម្តេច បពិត្រព្រះមានព្រះភាគ ព្រះអង្គ កាលបើខ្ញុំព្រះអង្គសួរហើយ សូមឆ្លើយឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណា បន្សាត់បង់នូវបាបទាំងពួង ប្រាសចាកមន្ទិល មានចិត្តតាំងនៅល្អ មានចិត្តខ្ជាប់ខ្ជួន កន្លងផុតនូវសង្សា មានកិច្ចសម្រេចហើយ បុគ្គលនោះ ជាអ្នកមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) ជាអ្នកនឹងធឹង បុគ្គលនោះ តថាគតហៅថា ព្រាហ្មណ៍។ បុគ្គលណា រម្ងាប់ (កិលេស ដោយអរិយមគ្គ) លះបុណ្យ និងបាប ប្រាសចាកធូលី គឺកិលេស ដឹងច្បាស់នូវលោកនេះ និងលោកខាងមុខ ប្រព្រឹត្តកន្លងនូវជាតិ និងមរណៈ បុគ្គលនោះ ជាអ្នកនឹងធឹង មានសភាពដូច្នោះ តថាគត ហៅថាសមណៈ។ បុគ្គលណា លាងបាបទាំងពួង ទាំងខាងក្នុង និងខាងក្រៅ ក្នុងលោកទាំងមូល មិនដល់នូវកប្បៈ គឺតណ្ហា និងទិដ្ឋិ ក្នុងពួកទេវតា និងមនុស្ស ដែលគួរដល់កប្បៈ បណ្ឌិតទាំងឡាយ ហៅបុគ្គលនោះថា ជាអ្នកងូតលាងនូវកិលេស។
បុគ្គលណា មិនបានធ្វើបាបណាមួយក្នុងលោក លះបង់នូវគ្រឿងប្រកបសត្វទុកទាំងពួង នូវកិលេសជាគ្រឿងចង មិនជាប់ក្នុងគ្រឿងជាប់ទាំងពួង (មានខន្ធជាដើម) ជាអ្នករួចស្រឡះ បុគ្គលជាអ្នកនឹងធឹង មានសភាពដូច្នោះនោះ តថាគតហៅថា នាគ។
[៥៥] គ្រានោះ សភិយបរិព្វាជក។បេ។ សួរនូវប្រស្នានឹងព្រះមានព្រះភាគតទៅ
(សភិយបរិព្វាជក សួរថា) ព្រះពុទ្ធទាំងឡាយ ហៅបុគ្គលណាថា ជាអ្នកឈ្នះនូវខេត្ត គឺអាយតនៈ ហៅបុគ្គលអ្នកច្រូតកាត់នូវស្រោម គឺកម្ម ដោយហេតុដូចម្តេច ហៅថា បណ្ឌិត តើដោយហេតុដូចម្តេច ហៅថាមុនី តើដោយហេតុដូចម្តេច បពិត្រព្រះមានព្រះភាគ ព្រះអង្គ កាលបើខ្ញុំព្រះអង្គសួរហើយ សូមឆ្លើយឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណា ពិចារណានូវខេត្ត គឺអាយតនៈទាំងអស់ គឺខេត្តជាទិព្វ ខេត្តជារបស់មនុស្ស ខេត្តជារបស់ព្រហ្ម រួចស្រឡះចាកចំណង (គឺអវិជ្ជា ភវតណ្ហាជាដើម) ជាឫសគល់នៃខេត្ត (ទាំងអស់) បុគ្គលនឹងធឹង មានសភាពដូច្នោះនោះ ឈ្មោះថា អ្នកឈ្នះនូវខេត្ត គឺអាយតនៈ ព្រោះមានចិត្តទៀងទាត់។ បុគ្គលណា ពិចារណាឃើញនូវស្រោម គឺកម្មទាំងអស់ គឺស្រោមជាទិព្វ ជារបស់មនុស្ស និងស្រោមជារបស់ព្រហ្ម រួចស្រឡះចាកចំណង (គឺអវិជ្ជា ភវតណ្ហា ជាដើម) ជាឫសគល់នៃស្រោមទាំងអស់ បុគ្គលនឹងធឹង មានសភាពដូច្នោះនោះ ឈ្មោះថា ជាអ្នកច្រូតកាត់នូវស្រោម គឺកម្ម។ បុគ្គលណា មានបញ្ញាស្អាត ពិចារណាឃើញ នូវធម្មជាតិស្អាត គឺអាយតៈទាំងពីរ ទាំងខាងក្នុងខាងក្រៅ កន្លងនូវធម៌ខ្មៅ និងធម៌ស គឺបាប និងបុណ្យ បុគ្គលនឹងធឹងមានសភាពដូច្នោះនោះ ឈ្មោះថា ជាបណ្ឌិត។ បុគ្គលណា ដឹងច្បាស់ធម៌របស់ពួកអសប្បុរស និងសប្បុរស ក្នុងលោកទាំងមូល ទាំងខាងក្នុងទាំងខាងក្រៅ កន្លងបង់នូវគ្រឿងជាប់ចំពាក់ដោយបណ្តាញ បុគ្គលនោះ គួរទេវតា និងមនុស្សបូជា បុគ្គលនោះ ឈ្មោះថា មុនី។
[៥៦] គ្រានោះ សភិយបរិព្វាជក។បេ។ បានសួរប្រស្នានឹងព្រះមានព្រះភាគ តទៅ
(សភិយបរិព្វាជក សួរថា) បណ្ឌិតទាំងឡាយ ហៅបុគ្គល អ្នកបានគុណវិសេសដូចម្តេច ថាជាអ្នកដល់នូវេទ ហៅថាអ្នកត្រាស់ដឹងតាម តើដោយហេតុដូចម្តេច ហៅថា អ្នកមានព្យាយាម តើដោយប្រការដូចម្តេច ហៅថាអាជានេយ្យ តើព្រោះហេតុដូចម្តេច បពិត្រព្រះមានភាគ ព្រះអង្គ កាលបើខ្ញុំព្រះអង្គសួរហើយ សូមឆ្លើយឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណា ពិចារណាឃើញនូវវេទទាំងអស់ ដែលជាវេទរបស់ពួកសមណព្រាហ្មណ៍ ប្រាសចាកតម្រេក ក្នុងវេទនាទាំងពួង កន្លងបង់នូវវេទទាំងអស់ បុគ្គលនោះ ឈ្មោះថា ដល់នូវវេទ។
បុគ្គលណា ពិចារណារឿយ ៗ នូវបបញ្ចធម៌ និងនាមរូប ជាឫសគល់នៃរោគ ទាំងខាងក្នុង ទាំងខាងក្រៅ រួចស្រឡះចាកចំណង គឺអវិជ្ជា ភវតណ្ហាជាដើម ជាឫសគល់នៃរោគទាំងអស់ បុគ្គលអ្នកនឹងធឹងមានសភាពដូច្នោះនោះហៅថា អ្នកត្រាស់ដឹងតាម។
បុគ្គលណា វៀរចាកបាបទាំងពួង កន្លងបង់និរយទុក្ខ បុគ្គលនោះ ឈ្មោះថា អ្នកមានព្យាយាម បុគ្គលអ្នកមានព្យាយាមមាំ ជាធីរជន (អាចកំចាត់បង់កិលេស ជាដើម) ជាអ្នកនឹងធឹង មានសភាពដូច្នោះនោះ ហៅថា អ្នកមានព្យាយាម។
បុគ្គលណា ច្រូតកាត់នូវចំណង (គឺសំយោជនៈ) និងឫសគល់ នៃគ្រឿងជាប់ចំពាក់ ទាំងខាងក្នុង ទាំងខាងក្រៅ ជាអ្នករួចស្រឡះចាកឫសគល់នៃគ្រឿងជាប់ចំពាក់ដោយចំណង (គឺសំយោជនៈ) ទាំងអស់ បុគ្គលអ្នកនឹងធឹង មានសភាពដូច្នោះនោះ ហៅថាអាជានេយ្យបុរស។
[៥៧] គ្រានោះ សភិយបរិព្វាជក។បេ។ បានសួរប្រស្នានឹងព្រះមានព្រះភាគតទៅ
(សភិយបរិព្វាជក សួរថា) បណ្ឌិតទាំងឡាយ ហៅបុគ្គលអ្នកបាននូវគុណវិសេសដូចម្តេច ថាជាសោត្ថិយបុគ្គល ហៅថា អរិយៈ ដោយហេតុដូចម្តេច ហៅថា អ្នកមានចរណៈ ដោយប្រការដូចម្តេច ហៅថា បរិព្វាជក ព្រោះហេតុដូចម្តេច បពិត្រព្រះមានព្រះភាគ ព្រះអង្គ កាលបើខ្ញុំព្រះអង្គសួរហើយ សូមឆ្លើយឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលណា បានស្តាប់ ហើយដឹងច្បាស់នូវធម៌ទាំងពួង នូវអំពើមានទោស និងមិនមានទោសណាមួយ ក្នុងលោក បណ្ឌិតទាំងឡាយ ហៅបុគ្គលអ្នកគ្របសង្កត់ (ធម៌ជាទីតាំងនៃកិលេស) មិនមានសេចក្តីងឿងឆ្ងល់ រួចស្រឡះ (ចាកចំណង គឺកិលេស) មិនមានសេចក្តីចង្អៀតចង្អល់ ក្នុងធម៌ទាំងពួងនោះ ថាជាសោត្ថិយបុគ្គល។
បុគ្គលណា កាត់បង់នូវអាល័យ និងអាសវៈ ជាអ្នកប្រាជ្ញ បុគ្គលនោះ មិនចូលទៅកាន់ដំណេកក្នុងគភ៌ បុគ្គលណា បន្ទោបង់នូវសញ្ញា ៣ ប្រការ37) និងភក់ (គឺកាម) មិនដល់នូវកប្បៈ គឺតណ្ហា និងទិដ្ឋិ បណ្ឌិតទាំងឡាយ ហៅបុគ្គលនោះថា អរិយៈ។
បុគ្គលណា ក្នុងសាសនានេះ បានដល់នូវអរហត្ត ដែលគេគប្បីដល់ ព្រោះចរណធម៌ទាំងឡាយ បុគ្គលនោះ ជាអ្នកឈ្លាសវៃ បានដឹងធម៌គ្រប់កាលទាំងពួង មិនជាប់នៅក្នុងធម៌ទាំងពួង មានចិត្តរួចស្រឡះហើយ បុគ្គលណា មិនមានសេចក្តីថ្នាំងថ្នាក់ចិត្ត បុគ្គលនោះ ឈ្មោះថា មានចរណធម៌។
បុគ្គលណា កំចាត់បង់នូវកម្ម ដែលឲ្យផលជាទុក្ខ ទាំងអតីត ទាំងអនាគត ទាំងបច្ចុប្បន្ន ទាំងកម្មជាចន្លោះកណ្តាលនៃកាល ជាអ្នកប្រព្រឹត្តដោយប្រាជ្ញា មួយទៀត គេបាន (លះបង់) មាយា មានះ លោភៈ កោធៈ និងធ្វើនាមរូប ឲ្យមានទីបំផុត បណ្ឌិតទាំងឡាយ ហៅបុគ្គលអ្នកដល់នូវគុណសម្បិត្ត ដែលគេគប្បីដល់នោះថា ជាបរិព្វាជក។
[៥៨] គ្រានោះ សភិយបរិព្វាជក ត្រេកអររីករាយចំពោះភាសិត របស់ព្រះមានព្រះភាគ ជាអ្នកមានចិត្តត្រេកអរ មានចិត្តអណ្តែតឡើង រីករាយ កើតបីតិ និងសោមនស្ស ហើយក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលីចំពោះព្រះមានព្រះភាគ សរសើរព្រះមានព្រះភាគ ចំពោះព្រះភក្រ្ត ដោយគាថាទាំងឡាយដ៏សមគួរថា
បពិត្រព្រះអង្គ ជាបុគ្គលមានប្រាជ្ញាស្មើដោយផែនដី ទិដ្ឋិទាំងឡាយ ៣ ណា និងទិដ្ឋិទាំងឡាយ ៦០ ណា ដែលអាស្រ័យនៅដោយវាទសាស្រ្តរបស់សមណៈ (ជាអន្យតិរិ្ថយ) អាស្រ័យនៅនឹងពាក្យ (ថាស្រ្តី - បុរស) និងសញ្ញា (ខុសរបស់មនុស្សពាល) ជាកំពង់ ជាទីចុះរបស់សត្វ ព្រះមានព្រះភាគ បានកំចាត់ចោល (នូវទិដ្ឋិទាំងនោះ) បានកន្លងផុតនូវងងឹត គឺឱឃៈ។ ព្រះអង្គជាអ្នកដល់នូវទីបំផុត ជាអ្នកដល់នូវត្រើយនៃទុក្ខ គឺព្រះនិព្វាន ព្រះអង្គជាអរហន្ត (សម្មាសម្ពុទ្ធ) ខ្ញុំព្រះអង្គសំគាល់ព្រះអង្គថា ជាព្រះខីណាស្រព ព្រះអង្គមានសេចក្តីរុងរឿង មានយោបល់ មានប្រាជ្ញាច្រើន ធ្វើនូវទីបំផុតនៃទុក្ខ បានចំឡងខ្ញុំព្រះអង្គ (ចាកសេចក្តីសង្ស័យ)។
ព្រះអង្គជ្រាបនូវសេចក្តីសង្ស័យណា ដែលខ្ញុំព្រះអង្គសង្ស័យហើយ បានចំឡងខ្ញុំព្រះអង្គ ឲ្យរួចចាកសង្ស័យ (នោះ) (បពិត្រព្រះអង្គ ជាអ្នកប្រាជ្ញ) ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គ ជាអ្នកដល់នូវគុណសម្បិត្ត ដែលគួរដល់ ដោយគន្លងនៃអ្នកប្រាជ្ញទាំងឡាយ ព្រះអង្គជាអាទិច្ចពង្ស មិនរឹងត្អឹង ជាអ្នកស្លូតបូត។ សេចក្តីសង្ស័យណា របស់ខ្ញុំ មានមកក្នុងកាលមុន ព្រះអង្គជាអ្នកមានចក្ខុ បានដោះស្រាយហើយ នូវសេចក្តីសង្ស័យរបស់ខ្ញុំព្រះអង្គនោះ ព្រះអង្គជាអ្នកប្រាជ្ញ ត្រាស់ដឹងហើយដោយពិត ព្រះអង្គមិនមាននីវរណៈទាំងឡាយឡើយ។
សេចក្តីចង្អៀតចង្អល់ទាំងអស់ ដែលព្រះអង្គកំចាត់បង់ហើយ បានធ្វើឲ្យជ្រះស្រឡះហើយ ព្រះអង្គជាបុគ្គលត្រជាក់ ដល់នូវការទូន្មានឥន្រ្ទិយ មានប្រាជ្ញា មានព្យាយាម ដោយទៀងទាត់។
កាលព្រះអង្គ ជាមហាវីរបុរសដ៏ប្រសើរក្រៃលែងនោះ កំពុងសំដែង ពួកទេវតាទាំងពួង រមែងអនុមោទនា ទាំងទេវតាពីរពួក គឺនារទៈ និងបព្វតៈ ក៏អនុមោទនា។
បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គ សូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាបុរសឧត្តម ខ្ញុំព្រះអង្គ សូមនមស្ការព្រះអង្គ ព្រះអង្គមិនមានបុគ្គលប្រៀបផ្ទឹមក្នុងលោក ព្រមទាំងទេវលោក។
ព្រះអង្គជាអ្នកត្រាស់ដឹង ព្រះអង្គជាសាស្តាចារ្យ ព្រះអង្គជាអ្នកប្រាជ្ញ គ្របសង្កត់នូវមារ (ទាំងបួន) ព្រះអង្គកាត់បង់នូវអនុសយក្កិលេស ឆ្លងបានហើយ ទើបចំឡងពពួកសត្វទាំងនេះ។
ព្រះអង្គបានកន្លងឧបធិហើយ ព្រះអង្គបានទំលាយអាសវៈហើយ ព្រះអង្គជាបុគ្គលដូចសីហៈ មិនមានឧបាទាន បានលះភ័យ និងសេចក្តីស្ញប់ស្ញែងហើយ។
ផ្កាឈូកសដ៏ល្អ មិនជាប់ក្នុងទឹក យ៉ាងណាមិញ ព្រះអង្គមិនជាប់ក្នុងអំពើទាំងពីរ គឺបុណ្យ និងបាប ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គជាវីរបុរស សូមព្រះអង្គសណ្តូកព្រះបាទ សភិយបរិព្វាជក ថ្វាយបង្គំ (ព្រះបាទ) ព្រះសាស្តា។
[៥៩] គ្រានោះ សភិយបរិព្វាជក ឱនសិរ្សៈ ទៀបព្រះបាទទាំងគូ របស់ព្រះមានព្រះភាគ ហើយសរសើរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាគេផ្ងាររបស់ដែលផ្កាប់ចុះ ពុំនោះ ដូចជាគេបើកបង្ហាញ របស់ដែលកំបាំង ពុំនោះសោត ដូចជាគេប្រាប់ផ្លូវដល់អ្នកវង្វេងទិស ឬក៏ដូចជាគេទ្រោលប្រទីបប្រេង បំភ្លឺក្នុងទីងងឹត ឲ្យមនុស្សមានចក្ខុ មើលឃើញនូវរូបទាំងឡាយបាន ខ្ញុំព្រះអង្គនុ៎ះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ ម្នាលសភិយៈ អ្នកណា ធ្លាប់ជាអន្យតិរិ្ថយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ អ្នកនោះនៅបរិវាសអស់ ៤ ខែសិន លុះអំណើះ ៤ ខែ ហើយ ភិក្ខុទាំងឡាយ អ្នកមានចិត្តប្រោសប្រាណ ទើបញ៉ាំងបុគ្គលអ្នកនៅបរិវាសហើយ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីឲ្យបានជាភិក្ខុ តែថាសេចក្តីផ្សេងនៃបុគ្គលក្នុងកិច្ចបរិវាសនោះ តថាគតដឹងច្បាស់ហើយ។ បពិត្រព្រះអង្គដ៏ចំរើន បើពួកជនដែលធ្លាប់ជាអន្យតិរិ្ថយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ នៅបរិវាសអស់ ៤ ខែសិន លុះអំណើះ ៤ ខែហើយ ភិក្ខុទាំងឡាយ អ្នកមានចិត្តប្រោសប្រាណ ញ៉ាំងពួកកុលបុត្តអ្នកនៅបរិវាសរួចហើយ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីឲ្យបានជាភិក្ខុ។ ខ្ញុំព្រះអង្គ សូមនៅបរិវាសអស់ ៤ ឆ្នាំ លុះកន្លង ៤ ឆ្នាំហើយ សូមឲ្យភិក្ខុទាំងឡាយ អ្នកមានចិត្តប្រោសប្រាណ ញ៉ាំងខ្ញុំព្រះអង្គអ្នកនៅបរិវាសរួចហើយ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីឲ្យបានជាភិក្ខុ។ សភិយបរិព្វាជក ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ ព្រះសភិយៈដ៏មានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង មិនធ្វេសប្រហែស មានព្យាយាមដុតកំដៅកិលេស មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយត្រឹមត្រូវ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន (លោក) ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌នោះ មានព្រហ្មចរិយធម៌ជាទីបំផុត ដោយប្រាជ្ញាដ៏ប្រសើររបស់ខ្លួនឯង ក្នុងបច្ចុប្បន្ន បានដឹងថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ប្រព្រឹត្តចប់ហើយ កិច្ចដែលគួរធ្វើ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ សភិយៈដ៏មានអាយុ បានជាព្រះអរហន្ត ១ អង្គដែរ។
ចប់ សភិយសូត្រ ទី៦។
(៧. សេលសុត្តំ)
[៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងអង្គុត្តរាបជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប គឺភិក្ខុមួយពាន់ពីររយហាសិប (១២៥០) យាងសំដៅទៅនិគមឈ្មោះអាបណៈ របស់ពួកអ្នកអង្គុត្តរាបជនបទ។ កេណិយជដិល បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស កំពុងធ្វើពុទ្ធដំណើរមកកាន់ចារិក ក្នុងអង្គុត្តរាបជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើនរូប គឺភិក្ខុមួយពាន់ពីររយហាសិប មកដល់និគមឈ្មោះអាបណៈហើយ។ កិតិ្តសព្ទដ៏ពីរោះ របស់ព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយសុះសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រិត្យ ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះមានព្រះភាគនោះ ព្រះអង្គ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយព្រះអង្គ ហើយញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញ៉ាំងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យត្រាស់ដឹងផង ព្រះអង្គទ្រង់សំដែងធម៌ ពីរោះបទដើម បទកណ្តាល និងបទចុង ព្រះអង្គប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យព្ជានៈ ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការប្រពៃពេក។ គ្រានោះ កេណិយជដិល ចូលសំដៅទៅត្រង់ទីដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះកេណិយជដិល អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់សំដែងពន្យល់ណែនាំ ធ្វើឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថា។ លំដាប់នោះ កេណិយជដិល ដែលព្រះមានព្រះភាគ ពន្យល់ណែនាំ ធ្វើឲ្យអាចហាន ឲ្យរីករាយដោយធម្មីកថាហើយ ក៏ក្រាបទូលនិមន្តព្រះមានព្រះភាគយ៉ាងនេះថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលចង្ហាន់របស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែក ឲ្យទាន។
[៦១] កាលដែលកេណិយជដិល ក្រាបទូលយ៉ាងនេះហើយ ព្រះអង្គទ្រង់ត្រាស់នឹងកេណិយជដិលដូច្នេះថា ម្នាលកេណិយៈ ភិក្ខុសង្ឃច្រើនណាស់ គឺភិក្ខុមួយពាន់ពីររយហាសិប អ្នកសោត ក៏ធ្លាប់ជ្រះថ្លាក្នុងពួកព្រាហ្មណ៍ហើយ។ កេណិយជដិល ទូលព្រះមានព្រះភាគ អស់វារៈពីរដង យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុសង្ឃច្រើនរូប គឺភិក្ខុមួយពាន់ពីររយហាសិប ខ្ញុំព្រះអង្គសោត ជាអ្នកធ្លាប់ជ្រះថ្លាក្នុងពពួកព្រាហ្មណ៍ក៏ពិតមែន តែថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលចង្ហាន់របស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែកឲ្យទាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកេណិយជដិលអស់វារៈពីរដងយ៉ាងនេះថា ម្នាលកេណិយៈ ភិក្ខុសង្ឃច្រើន គឺភិក្ខុមួយពាន់ពីររយហាសិប អ្នកសោត អ្នកជាធ្លាប់ជ្រះថ្លាក្នុងពួកព្រាហ្មណ៍ហើយ។ កេណិយជដិល ទូលព្រះមានព្រះភាគអស់វារៈ ៣ ដងយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុសង្ឃច្រើនរូប គឺភិក្ខុមួយពាន់ពីររយហាសិប ខ្ញុំព្រះអង្គសោត ជាអ្នកធ្លាប់ជ្រះថ្លាក្នុងពួកព្រាហ្មណ៍ក៏ពិតមែន តែថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលចង្ហាន់របស់ខ្ញុំព្រះអង្គក្នុងថ្ងៃស្អែកឲ្យទាន។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព។ លំដាប់នោះ កេណិយជដិល ដឹងច្បាស់នូវការទទួលនិមន្តន៍ របស់ព្រះមានព្រះភាគហើយ ក៏ក្រោកចាកអាសនៈ ចូលសំដៅទៅត្រង់អាស្រមរបស់ខ្លួន លុះចូលទៅដល់ហើយ ក៏ប្រាប់ពួកមិត្រអមាត្យ និងញាតិសាលោហិតថា ពួកមិត្រអមាត្យ និងញាតិសាលោហិតដ៏ចំរើន ចូរស្តាប់ពាក្យខ្ញុំ ព្រោះខ្ញុំបាននិមន្តព្រះសមណគោតម ព្រមទាំងភិក្ខុសង្ឃ ដើម្បីចង្ហាន់ក្នុងថ្ងៃស្អែក អ្នកទាំងឡាយ ត្រូវជួយធ្វើការខ្វល់ខ្វាយដោយកាយដល់ខ្ញុំ។ ពួកមិត្រអមាត្យ និងញាតិសាលោហិតរបស់កេណិយជដិល ក៏ទទួលស្តាប់ពាក្យកេណិយជដិលថា អើលោក ពួកខ្លះជីកចង្ក្រាន ជីកគុក ពួកខ្លះពុះឧស ពួកខ្លះលាងភាជន៍ ពួកខ្លះដម្កល់ពាងទឹក ពួកខ្លះក្រាលអាសនៈ ឯកេណិយជដិល ក៏ចាត់ចែងបារាំ ដោយខ្លួនឯង។
[៦២] សម័យនោះឯង សេលព្រាហ្មណ៍ នៅអាស្រ័យក្នុងនិគមឈ្មោះអាបណៈ ជាអ្នកដល់នូវត្រើយនៃវេទ ៣ ព្រមទាំងគម្ពីរឈ្មោះនិឃណ្ឌុ និងគម្ពីរឈ្មោះកេដុភៈ និងអក្ខរប្បភេទ មានគម្ពីរឈ្មោះឥតិហាស ជាគំរប់ ៥ ជាអ្នករៀននូវបទ ចេះព្យាករណ៍ មិនទើសទាល់ ក្នុងលោកាយតសាស្រ្ត និងមហាបុរិសលក្ខណសាស្ត្រ បង្រៀនមន្តទាំងឡាយ ដល់មាណពបីរយនាក់។ សម័យនោះឯង កេណិយជដិល ក៏ជាអ្នកធ្លាប់ជ្រះថ្លា ក្នុងសេលព្រាហ្មណ៍ដែរ។ គ្រានោះឯង សេលព្រាហ្មណ៍ មានមាណពបីរយចោមរោម ត្រាច់ដើរទៅមកសម្រាកស្មង រួចក៏ចូលសំដៅទៅត្រង់អាស្រមកេណិយជដិល។ សេលព្រាហ្មណ៍ បានឃើញមនុស្សពួកខ្លះ កំពុងជីកចង្រ្កាន ជីកគុក ទៀបអាស្រមកេណិយជដិល។បេ។ មនុស្សពួកខ្លះ កំពុងក្រាលអាសនៈ ទាំងកេណិយជដិល ក៏កំពុងចាត់ចែងបារាំដោយខ្លួនឯង លុះឃើញហើយ ក៏សួរកេណិយជដិលយ៉ាងនេះថា កេណិយៈដ៏ចំរើន នឹងមានកិច្ចអាវាហៈ ឬវិវាហៈ ឬរៀបចំមហាយ័ញ្ញ ឬក៏អញ្ជើញព្រះបាទពិម្ពិសារ មាគធសេនិយ ព្រមទាំងពួកពល ដើម្បីជប់លៀងក្នុងថ្ងៃស្អែកឬហ្ន៎។ បពិត្រសេលព្រាហ្មណ៍ដ៏ចំរើន អាត្មាមិនមានកិច្ចអាវាហៈ មិនមានកិច្ចវិវាហៈទេ ទាំងមិនបានអញ្ជើញព្រះបាទពិម្ពិសារ មាគធសេនិយៈ ព្រមទាំងពួកពល ដើម្បីជប់លៀងក្នុងថ្ងៃស្អែកទេ។ ប៉ុន្តែអាត្មាមានការរៀបចំមហាយ័ញ្ញ ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស ធ្វើពុទ្ធដំណើរមកកាន់ចារិកក្នុងអង្គុត្តរាបជនបទ ជាមួយនឹងភិក្ខុសង្ឃជាច្រើនរូប គឺភិក្ខុមួយពាន់ពីររយហាសិប យាងមកដល់អាបណនិគមហើយ កិត្តិសព្ទដ៏ពីរោះ របស់ព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ។បេ។ ព្រះអង្គបានត្រាស់ដឹងនូវសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ អាត្មាបាននិមន្តព្រះសមណគោតមនោះ ព្រមទាំងភិក្ខុសង្ឃ ដើម្បចង្ហាន់ក្នុងថ្ងៃស្អែក។ បពិត្រកេណិយៈដ៏ចំរើន លោកនិយាយថា ព្រះពុទ្ធឬ។ ម្នាលសេលព្រាហ្មណ៍ដ៏ចំរើន អាត្មានិយាយថា ព្រះពុទ្ធ។ បពិត្រកេណិយៈដ៏ចំរើន លោកនិយាយថា ព្រះពុទ្ធឬ។ ម្នាលសេលព្រាហ្មណ៍ដ៏ចំរើន អាត្មានិយាយថា ព្រះពុទ្ធ។ គ្រានោះ សេលព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា សំឡេងគឹកកងថា ពុទ្ធៈនេះ គេរកបានដោយក្រក្នុងលោក។ មហាបុរិសលក្ខណៈ ៣២ ប្រការ មានមកហើយ ក្នុងមន្តទាំងឡាយរបស់យើង មហាបុរស ដែលប្រកបដោយមហាបុរិសលក្ខណៈទាំងនោះ រមែងមានគតិពីរយ៉ាង មិនប្លែកអំពីនេះទេ គឺនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចចក្រពត្តិ ព្រះអង្គជាធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី ប្រដាប់ដោយទ្វីប ៤ មានសមុទ្រទាំង ៤ ជាទីបំផុត ទ្រង់មានជ័យជំនះខាងក្នុង និងខាងក្រៅ ដល់នូវភាពមាំមួនក្នុងជនបទ ទ្រង់បរិបូណ៌ដោយរតនៈ ៧ ប្រការ ឯរតនៈ ៧ ប្រការរបស់ស្តេចចក្រពត្តិនោះ គឺចក្ករតនៈ ១ ហត្ថិរតនៈ ១ អស្សរតនៈ ១ មណិរតនៈ ១ ឥត្ថីរតនៈ ១ គហបតិរតនៈ ១ បរិនាយករតនៈ ១ រួមត្រូវជា ៧ ប្រការ ឯស្តេចចក្រពត្តិនោះ មានព្រះរាជបុត្រច្រើនពាន់ ប្រកបដោយជាតិដ៏ថ្លៃថ្លា សុទ្ធសឹងតែក្លៀវក្លា មានរូបឆោមល្អ អាចសង្កត់សង្កិននូវសេនារបស់ស្តេចដទៃបាន។ ស្តេចចក្រពត្តិនោះ ទ្រង់ត្រួតត្រាគ្រប់គ្រងផែនដីនេះ មានសាគរជាព្រំប្រទល់ដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្ត្រាវុធ (នេះ ១)។ ប្រសិនបើចេញចាករាជដំណាក់ ទៅទ្រង់ព្រះផ្នួស នឹងបានជាអរហន្តសម្មាសម្ពុទ្ធក្នុងលោក មានដម្បូលផ្ទះ គឺកិលេសបើកហើយ (១)។ សេលព្រាហ្មណ៍បានសួរថា ម្នាលកេណិយៈដ៏ចំរើន ចុះឥឡូវនេះ ព្រះគោតមដ៏ចំរើន ជាអរហន្តសម្មាសម្ពុទ្ធនោះ ព្រះអង្គគង់នៅក្នុងទីណា។
[៦៣] កាលសេលព្រាហ្មណ៍ និយាយយ៉ាងនេះ កេណិយជដិល ក៏ផ្គងដៃខាងស្តាំនិយាយនឹងសេលព្រាហ្មណ៍យ៉ាងនេះថា ម្នាលសេលព្រាហ្មណ៍ដ៏ចំរើន ជួរនៃព្រៃខៀវ ៗ នុ៎ះ មានក្នុងចំណែកទិសណា (ព្រះអង្គគង់ក្នុងចំណែកទិសនោះ)។ លំដាប់នោះ សេលព្រាហ្មណ៍ ព្រមទាំងមាណព ៣០០ នាក់ ចូលសំដៅទៅត្រង់កន្លែងដែលព្រះមានព្រះភាគគង់។ លំដាប់នោះ សេលព្រាហ្មណ៍ ប្រាប់ពួកមាណពទាំងនោះថា អ្នកដ៏ចំរើនទាំងឡាយ ចូរនិយាយគ្នាតិច ៗ ចូរដើរដាក់ជើងជិតជើង (ដើរសន្សឹម) ព្រោះលោកដ៏ចំរើនទាំងនោះ មកអំពីចម្ងាយ ដើរតែម្នាក់ឯង ដូចសីហៈ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ទម្រាំអញប្រឹក្សានឹងព្រះសមណគោតមសិន ម្នាលអ្នកដ៏ចំរើនទាំងឡាយ អ្នកទាំងឡាយ កុំស្កាត់សំដីអញត្រង់ចន្លោះ ៗ ឡើយ អ្នកដ៏ចំរើនទាំងឡាយ ចូររង់ចាំនូវទីបំផុតនៃពាក្យអញសិន។ លំដាប់នោះ សេលព្រាហ្មណ៍ ចូលសំដៅទៅត្រង់កន្លែងដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ សេលព្រាហ្មណ៍ លុះអង្គុយក្នុងទីសមគួរហើយ ក៏ពិនិត្យមើលមហាបុរិសលក្ខណៈ ៣២ ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ។ សេលព្រាហ្មណ៍ បានឃើញនូវមហាបុរិសលក្ខណៈ ៣២ ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ ដោយច្រើន លើកលែងតែមហាបុរិសលក្ខណៈពីរប្រការ ក៏សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនយល់ច្បាស់ ក្នុងមហាបុរិសលក្ខណៈ ២ ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយស្រោម ១ ព្រះជិវ្ហាល្វន់ល្វៃ ១។ គ្រានោះ ព្រះមានព្រះភាគ មានព្រះតម្រិះយ៉ាងនេះថា សេលព្រាហ្មណ៍ ឃើញតែមហាបុរិសលក្ខណៈ ៣២ ប្រការ របស់តថាគត ដោយច្រើន លើកលែងតែមហាបុរិសលក្ខណៈ ២ ប្រការ ក៏សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនយល់ច្បាស់ ក្នុងមហាបុរិសលក្ខណៈ ២ ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយស្រោម ១ ព្រះជិវ្ហាល្វន់ល្វៃ ១។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់និម្មិតរូប ដែលតាក់តែងដោយឫទ្ធិ មានទំនងល្មមឲ្យសេលព្រាហ្មណ៍ឃើញបាននូវគុយ្ហប្រទេស ដែលស្រោបដោយស្រោមរបស់ព្រះអង្គ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លៀនព្រះជិវ្ហា ហើយមូរស៊កតាមរន្ធនៃព្រះកាណ៌ទាំងពីរផង មូរស៊កតាមរន្ធនៃព្រះនាសិកទាំងពីរផង បិទបាំងនូវមណ្ឌល នៃនលាដទាំងអស់ដោយព្រះជិវ្ហាផង។ លំដាប់នោះ សេលព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ ៣២ ប្រការ គ្រប់គ្រាន់ មិនមែនមិនគ្រប់គ្រាន់ទេ ប៉ុន្តែ អញមិនទាន់ស្គាល់ នូវលោកថា ជាព្រះពុទ្ធ ឬមិនមែនព្រះពុទ្ធ។ ប៉ុន្តែអញបានឮពាក្យរបស់ព្រាហ្មណ៍ចាស់ទុំ មានអាយុច្រើន ជាអាចារ្យ ប្រធានលើអាចារ្យ និយាយថា ពួកជនណា ជាអរហន្តសម្មាសម្ពុទ្ធដ៏មានព្រះភាគ ពួកជននោះ កាលបើត្រូវគេថ្លែងគុណជារបស់ខ្លួន រមែងសំដែងខ្លួនឲ្យប្រាកដ បើដូច្នោះ គួរតែអញសរសើរព្រះសមណគោតម ក្នុងទីចំពោះព្រះភក្រ្ត ដោយសារុប្បគាថាចុះ។ លំដាប់នោះ សេលព្រាហ្មណ៍ សរសើរព្រះមានព្រះភាគ ក្នុងទីចំពោះព្រះភក្រ្ត ដោយសារុប្បគាថា ដូច្នេះថា
ព្រះអង្គជាបុគ្គលមានព្រះកាយបរិបូណ៌ មានពន្លឺសរីរៈល្អ មានព្រះជាតិល្អ38) មានការមៀងមើលល្អ39) ព្រះមានព្រះភាគ មានសម្បុរដូចជាមាស មានព្រះទាឋា សសុទ្ធ មានព្យាយាម ព្រោះថាមហាបុរិសលក្ខណៈទាំងអស់នោះ មានប្រាកដក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាជនមានកំណើតល្អ។ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្រ្តល្អ មានព្រះកាយសមរម្យ (ទាំងកម្ពស់ និងទំហំ) មានព្រះកាយត្រង់ មានរស្មីរុងរឿង ក្នុងកណ្តាលនៃពួកសមណៈដូចព្រះអាទិត្យ។ ព្រះអង្គ ជាភិក្ខុអ្នកមៀងមើលល្អ មានព្រះតចោភ្លឺថ្លាដូចមាស ប្រយោជន៍អ្វីដោយភាពជាសមណៈដល់ព្រះអង្គ ដែលមានសម្បុរដ៏ឧត្តមយ៉ាងនេះ។ ព្រះអង្គគួរជាស្តេចចក្រពត្តិដូចជាឧសភក្នុងរថ ជាឥស្សរៈលើផែនដី ប្រដាប់ដោយទ្វីប ៤ មានសមុទ្រទាំង ៤ ជាទីបំផុត មានជ័យជំនះ ទាំងខាងក្នុង និងខាងក្រៅ ជាឥស្សរៈរបស់ជម្ពូទ្វីប ក្សត្រទាំងឡាយ ជាស្តេចបំរើចុះចូលព្រះអង្គ បពិត្រព្រះគោតម ព្រះអង្គជាស្តេចដែលពួកស្តេចគោរពបូជា ជាធំជាងពួកមនុស្ស សូមសោយរាជ្យទៅវិញ។
[៦៤] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ម្នាលសេលៈ តថាគតជាស្តេចធម្មរាជ ជាបុគ្គលប្រសើរ ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅដោយធម៌ ជាចក្រដែលអ្នកណាមួយឲ្យប្រព្រឹត្តទៅមិនបាន។
(សេលព្រាហ្មណ៍ និយាយថា) ព្រះអង្គប្តេជ្ញាជាព្រះសម្ពុទ្ធ ជាធម្មរាជ ជាបុគ្គលប្រសើរ បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គត្រាស់ថា តថាគតញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ ដោយធម៌ចុះ សាវ័កណា ជាសេនាបតី ជាអ្នកប្រព្រឹត្តតាមព្រះសាស្តាដ៏ចំរើន សាវ័កណា ញ៉ាំងធម្មចក្រជាកេរ្តិ៍ដំណែលរបស់ព្រះអង្គនេះ ឲ្យប្រព្រឹត្តទៅបាន។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសេលៈ) សារីបុត្ត ជាអនុជាត ញ៉ាំងធម្មចក្រ ជាចក្រដ៏ប្រសើរ ដែលតថាគតឲ្យប្រព្រឹត្តទៅហើយ (នោះ) ឲ្យប្រព្រឹត្តតាមតថាគត។ វិជ្ជា និងវិមុត្តិដែលគប្បីដឹងច្បាស់ តថាគតដឹងច្បាស់ហើយ មគ្គសច្ចដែលគប្បីចំរើន តថាគតបានចំរើនហើយ សមុទយសច្ចដែលគប្បីលះ តថាគតលះបង់ហើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ ទើបតថាគត ឈ្មោះថាពុទ្ធៈ ម្នាលព្រាហ្មណ៍ អ្នកចូរកំចាត់សេចក្តីសង្ស័យ ចូរជឿស៊ប់ចំពោះតថាគតចុះ ការបានជួបប្រទះនឹងព្រះសម្ពុទ្ធទាំងឡាយរឿយ ៗ ជាការបានដោយក្រ។
ការកើតឡើងនៃព្រះសម្ពុទ្ធក្នុងលោករឿយ ៗ ជាការបានដោយក្រ ម្នាលព្រាហ្មណ៍ តថាគតនោះ ជាអ្នកត្រាស់ដឹង ជាអ្នកកាត់នូវសរ គឺរាគាទិក្កិលេស ជាបុគ្គលប្រសើរ។
តថាគត ជាបុគ្គលប្រសើរ កន្លងនូវសេចក្តីប្រៀបផ្ទឹម ញាំញីនូវមារសេនា ឥតមានភ័យអំពីទីណាឡើយ រមែងរីករាយ ព្រោះបានធ្វើសត្រូវទាំងអស់ ឲ្យលុះក្នុងអំណាច។
(សេលព្រាហ្មណ៍ និយាយថា) ម្នាលអ្នកដ៏ចំរើនទាំងឡាយ ព្រះពុទ្ធអ្នកមានចក្ខុ ទ្រង់កាត់នូវសរ គឺរាគាទិក្កិលេស ជាមហាវីរបុរស ដូចជាសីហៈបន្លឺក្នុងព្រៃ សំដែងយ៉ាងណា អ្នកទាំងឡាយ ចូរស្តាប់នូវពាក្យនេះ យ៉ាងនោះចុះ។
បុគ្គលណា ឃើញព្រះសម្ពុទ្ធ ជាបុគ្គលប្រសើរ កន្លងនូវសេចក្តីប្រៀបផ្ទឹម ញាំញីនូវមារសេនា ហើយមិនគប្បីជ្រះថ្លា សូម្បីកណ្ហាភិជាតិកជន (ជនកើតក្នុងត្រកូលថោកទាប មានត្រកូលចណ្ឌាលជាដើម ក៏ជ្រះថ្លាដែរ)។
អ្នកណាចង់ (បួស) ចូរមកតាមខ្ញុំ អ្នកណាមិនចង់ ចូរទៅវិញចុះ ខ្ញុំនឹងបួសក្នុងសំណាក់ព្រះពុទ្ធ មានប្រាជ្ញាដ៏ប្រសើរ ក្នុងទីនេះ។
(ពួកមាណព និយាយថា) បើលោកដ៏ចំរើនគាប់ចិត្តនឹងសាសនា របស់ព្រះសម្មាសម្ពុទ្ធយ៉ាងនេះ ពួកយើងក៏នឹងបួសក្នុងសំណាក់ព្រះពុទ្ធ មានប្រាជ្ញាដ៏ប្រសើរដែរ។
(សេលព្រាហ្មណ៍ និយាយថា) ពួកព្រាហ្មណ៍ទាំង ៣ រយនាក់ទាំងនេះ ប្រណម្យអព្ជាលី សូម (ផ្នួស) បពិត្រព្រះមានព្រះភាគ ពួកយើងនឹងប្រពឹត្តព្រហ្មចារ្យក្នុងសំណាក់ព្រះអង្គ។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសេលៈ) បព្វជ្ជារបស់កុលបុត្ត អ្នកមិនធ្វេសប្រហែស កាលសិក្សាជាគុណជាតិ មិនឥតអំពើក្នុងព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌នោះ តថាគត សំដែងទុកល្អហើយ ជាគុណឲ្យផលជាក់ច្បាស់ មិនកំណត់កាល។
[៦៥] សេលព្រាហ្មណ៍ ព្រមទាំងបរិស័ទ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លំដាប់នោះ លុះកន្លងរាត្រីនោះហើយ កេណិយជដិល ក៏ឲ្យតាក់តែងខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ក្នុងអាស្រមរបស់ខ្លួន ហើយឲ្យក្រាបទូលភត្តកាលដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តសម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់យាងសំដៅចូលទៅឯអាស្រមកេណិយជដិល លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលថ្វាយ ព្រមទាំងភិក្ខុសង្ឃ។ គ្រានោះ កេណិយជដិល បានអង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ទាល់តែហាមឃាត់។ លំដាប់នោះ កេណិយជដិល (បានចូលទៅគាល់) ព្រះមានព្រះភាគ ដែលទ្រង់សោយភត្តរួចហើយ មានព្រះហស្ត ដាក់ចេញពីបាត្រហើយ រួចក៏កាន់យកអាសនៈ ១ ដ៏ទាប អង្គុយក្នុងទីសមគួរ។ កាលដែលកេណិយជដិល អង្គុយស៊ប់ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់អនុមោទនាដោយគាថាទាំងនេះថា
ការបូជាទាំងឡាយ មានការបូជាភ្លើងជាប្រធាន គម្ពីរសាវិត្តិសាស្រ្តជាប្រធាន នៃគម្ពីរឆន្ទសាស្រ្ត ព្រះរាជាជាប្រធាននៃមនុស្សទាំងឡាយ សាគរជាប្រធាននៃទន្លេទាំងឡាយ។ ព្រះចន្រ្ទជាប្រធាននៃផ្កាយទាំងឡាយ ព្រះអាទិត្យជាប្រធាននៃកំដៅទាំងឡាយ (យ៉ាងណាមិញ) ព្រះសង្ឃជាប្រធាននៃជនទាំងឡាយ កាលបូជាប្រាថ្នានូវបុណ្យ ក៏យ៉ាងនោះដែរ។
[៦៦] គ្រានោះ ព្រះមានព្រះភាគ លុះទ្រង់អនុមោទនាចំពោះកេណិយជដិលដោយគាថាយ៉ាងនេះហើយ ទ្រង់ក្រោកចាកអាសនៈ យាងចៀសចេញទៅ។ លំដាប់នោះ ព្រះសេលៈដ៏មានអាយុ ព្រមទាំងបរិស័ទ គេចចេញទៅ (ចាកពួក) តែម្នាក់ឯង ៗ ជាអ្នកមិនប្រមាទ មានព្យាយាម មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា មិនយូរយារប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយៈ ដោយប្រាជ្ញាដ៏ប្រសើរដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញប្រព្រឹត្តចប់ហើយ សោឡសកិច្ច ដែលគួរធ្វើ អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះសេលៈដ៏មានអាយុ ព្រមទាំងបរិស័ទ ក៏រាប់ថា ជាព្រះអរហន្តមួយរូបដែរ។ គ្រានោះ ព្រះសេលៈដ៏មានអាយុ ព្រមទាំងបរិស័ទ ចូលសំដៅទៅត្រង់ទីដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ធ្វើចីវរឆៀងស្មាម្ខាង រួចប្រណម្យអញ្ជលីទៅត្រង់ទីដែលព្រះមានព្រះភាគគង់ ហើយបានទូលព្រះមានព្រះភាគដោយគាថាដូច្នេះថា
បពិត្រព្រះមានព្រះភាគ ទ្រង់មានចក្ខុ ពួកយើងបានដល់នូវព្រះអង្គជាទីពឹង ក្នុងថ្ងៃទី ៨ អំពីថ្ងៃនេះ ជាបុគ្គលរៀបរយហើយក្នុងសាសនារបស់ព្រះអង្គ ដោយកាលត្រឹមតែ ៧ រាត្រី។ ព្រះអង្គជាអ្នកត្រាស់ដឹង ព្រះអង្គជាសាស្តាចារ្យ ព្រះអង្គជាអ្នកគ្របសង្កត់នូវមារ ជាអ្នកប្រាជ្ញ ព្រះអង្គកាត់បង់អនុសយក្កិលេស ឆ្លងចាកកិលេសបានហើយ ចំឡងពួកសត្វនេះ ព្រះអង្គបានកន្លងផុតឧបធិហើយ ព្រះអង្គបានទំលាយអាសវៈហើយ ព្រះអង្គជាបុគ្គលដូចសីហៈ មិនមានឧបាទាន បានលះបង់ភ័យ និងសេចក្តីស្ញប់ស្ញែងហើយ បពិត្រព្រះអង្គជាវីរបុរស ពួកភិក្ខុទាំង ៣០០ រូបនេះ ធ្វើអញ្ជលី (ចំពោះព្រះអង្គ) សូមព្រះអង្គសណ្តូកព្រះបាទទាំងគូ ពួកភិក្ខុដ៏ប្រសើរ សូមថ្វាយបង្គំព្រះបាទទាំងគូ របស់ព្រះសាស្តា។
ចប់ សេលសូត្រ ទី៧។
(៨. សល្លសុត្តំ)
[៦៧] (សេចក្តីថា ព្រះមានព្រះភាគ ទ្រង់សំដែងសល្លសូត្រនេះ) ថា ជីវិតរបស់សត្វទាំងឡាយ ក្នុងលោកនេះ មិនមានកំណត់ មិនមានអ្នកណាមួយអាចដឹងបាន ជីវិតនោះ ជារបស់ក្រផង តិចផង ប្រកបដោយសេចក្តីទុក្ខផង។ ពួកសត្វដែលកើតហើយ រមែងមិនស្លាប់ ដោយសេចក្តីព្យាយាមណា សេចក្តីព្យាយាមនោះ មិនមានឡើយ កាលដល់នូវសេចក្តីគ្រាំគ្រាហើយស្លាប់ តែងមាន ព្រោះពួកសត្វទាំងឡាយ មានយ៉ាងនេះ ជាធម្មតា។ ផ្លែឈើទាំងឡាយដែលទុំហើយ តែងមានភ័យអំពីការជ្រុះ ក្នុងពេលព្រឹក យ៉ាងណាមិញ សត្វទាំងឡាយដែលកើតហើយ តែងមានសេចក្តីភ័យអំពីសេចក្តីស្លាប់ អស់កាលជានិច្ច យ៉ាងនោះដែរ។ ភាជន៍ដីទាំងឡាយ ដែលស្មូនឆ្នាំងធ្វើហើយ ភាជន៍ទាំងអស់នោះ សុទ្ធតែមានកិរិយាបែកជាទីបំផុត យ៉ាងណាមិញ ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។ ពួកជនណា ក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី ពួកជនទាំងអស់នោះ តែងលុះក្នុងអំណាចនៃមច្ចុ ពួកជនទាំងអស់ មានមច្ចុនៅស្ទាក់ខាងមុខ។ កាលពួកជនទាំងនោះ ត្រូវមច្ចុគ្របសង្កត់ហើយ កាលទៅក្នុងបរលោក បិតាការពារបុត្រមិនបាន ឬពួកញាតិ ក៏ការពារញាតិមិនបាន។ អ្នកចូរមើលនូវការរៀបរាប់ជាច្រើន របស់ពួកញាតិដែលកំពុងអាឡោះអាល័យ បណ្តាសត្វទាំងឡាយ សត្វតែម្នាក់ ៗ ដែលត្រូវមច្ចុនាំទៅ ដូចជាគោ ត្រូវគេសម្លាប់ សត្វលោក ត្រូវមច្ចុ និងជរាគ្របសង្កត់ហើយយ៉ាងនេះ ព្រោះហេតុនោះ អ្នកប្រាជ្ញាទាំងឡាយ រមែងមិនសោកស្តាយឡើយ ព្រោះដឹងច្បាស់នូវបរិយាយនៃសត្វលោក។ អ្នកមិនស្គាល់ផ្លូវរបស់សត្វណា ដែលមក ឬទៅ មិនឃើញជាក់លាក់នូវចំណែកទាំងពីរ របស់សត្វនោះ អ្នកខ្សឹកខ្សួលឥតអំពើរទេ បើបុគ្គលវង្វេងវង្វាន់ ខ្សឹកខ្សួល ផ្តួលខ្លួនហើយ បាននូវប្រយោជន៍តិចតួច ម្ល៉េះសមអ្នកប្រាជ្ញឈ្លាសវៃ គប្បីធ្វើនូវសេចក្តីខ្សឹកខ្សួលនោះដែរ។ បុគ្គលមិនមែនដល់នូវការស្ងប់រម្ងាប់ចិត្ត ព្រោះការយំ ការសោកទេ ទុក្ខកើតឡើងដោយក្រៃងលែង ដល់បុគ្គលកាលយំសោកនោះ ទាំងសរីរៈក៏លំបាក។ បុគ្គលដែលផ្តួលខ្លួនដោយខ្លួនឯង តែងជាអ្នកស្គម អាប់សម្បុរ អ្នកចែកឋានទាំងឡាយ រមែងមិនរស់វិញបាន ដោយការខ្សឹកខ្សួលនោះទេ ការខ្សឹកខ្សួលជាការឥតអំពើ។ សត្វកាលថ្ងូរស្តាយបុគ្គល ដែលធ្វើមរណកាល លុះអំណាចសេចក្តីសោក មិនលះបង់សេចក្តីសោកចេញទេ រមែងដល់នូវទុក្ខជាយ៉ាងក្រៃលែង។ អ្នកចូរមើលសត្វទាំងឡាយ មានជីវិតឯទៀត ក្នុងលោកនេះ ដែលអន្ទោលទៅតាមកម្ម ហៀបនឹងទៅ (កាន់បរលោក) បម្រះននៀល ព្រោះលុះអំណាចនៃមច្ចុ។ ពួកសត្វតែងសំគាល់ (ថា នឹងមានអាយុវែង) ដោយអាការណាៗ ការសំគាល់នោះ រមែងផ្សេងអំពីអាការនោះ ៗ ការព្រាត់និរាសប្រាកដដូច្នោះ អ្នកចូរមើលបរិយាយ របស់សត្វលោកចុះ។ ទោះបីសត្វដែលរស់នៅអស់មួយរយឆ្នាំ ឬលើសជាង សេចក្តីព្រាត់ប្រាសចាកពួកញាតិ រមែងមាន (ព្រោះថា) សត្វក្នុងលោកនេះ រមែងលះចោលជីវិត។ ព្រោះហេតុនោះ បុគ្គលបានស្តាប់ (ធម្មទេសនា) របស់ព្រះអរហន្តហើយ ឃើញអ្នកដែលចែកឋាន ធ្វើមរណកាលទៅហើយ គប្បីបន្ទោបង់សេចក្តីខ្សឹកខ្សួលថា អ្នកចែកឋានទៅនុ៎ះ អាត្មាអញឃាត់មិនបានទេ។ បុគ្គលគប្បីលត់ផ្ទះ ដែលភ្លើងឆេះដោយទឹក យ៉ាងណាមិញ នរជនជាអ្នកប្រាជ្ញ ប្រកបដោយប្រាជ្ញ ជាបណ្ឌិតឆ្លៀវឆ្លាស គប្បីកំចាត់បង់ ឲ្យឆាប់រហ័សនូវសេចក្តីសោកដែលកើតឡើង ដូចខ្យល់បំប៉ើងប៉ុយគរ ក៏យ៉ាងនោះដែរ។ បុគ្គលកាលស្វែងរកសេចក្តីសុខបម្រុងខ្លួន គប្បីដកចេញនូវសរ គឺសេចក្តីខ្សឹកខ្សួលរបស់ខ្លួន ទាំងតណ្ហា និងទោមនស្សរបស់ខ្លួនចេញ បុគ្គលមានសរដកហើយ មិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គប្បីដល់នូវសេចក្តីស្ងប់នៃចិត្ត កន្លងផុតសេចក្តីសោកទាំងអស់ ហើយជាអ្នកមិនមានសោក ជាអ្នករលត់ទុក្ខ។
ចប់ សល្លសូត្រ ទី៨។
(៩. វាសេដ្ឋសុត្តំ)
[៦៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃ ឈ្មោះឥច្ឆានង្គលៈ ជិតស្រុកឈ្មោះឥច្ឆានង្គលៈ។ សម័យនោះឯង ពួកព្រាហ្មណមហាសាលជាច្រើន មានឈ្មោះល្បីល្បាញ អាស្រ័យនៅក្នុងស្រុក ឈ្មោះឥច្ឆានង្គលៈ គឺចង្កីព្រាហ្មណ៍ តារុក្ខព្រាហ្មណ៍ បោក្ខរសាតិព្រាហ្មណ៍ ជាណុស្សោណិព្រាហ្មណ៍ តោទេយ្យព្រាហ្មណ៍ និងពួកព្រាហ្មណមហាសាលឯទៀត ដែលមានឈ្មោះល្បីល្បាញ។ គ្រានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព កំពុងដើរទៅដើរមកសម្រាកស្មង ក៏កើតអន្តរាកថានេះឡើងថា ម្នាលគ្នាយើង បុគ្គលឈ្មោះថាជាព្រាហ្មណ៍ តើដោយប្រការដូចម្តេច។ ភារទ្វាជមាណព និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បុគ្គលដែលមានកំណើតល្អទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ជាអ្នកកើតក្នុងផ្ទៃរបស់ព្រាហ្មណីដែលបរិសុទ្ធ ដរាបអំពីគូនៃជីដូនជីតា ៧ តំណមក មិនមានអ្នកណាពោលទោសតិះដៀល ដោយការពោលអំពីជាតិបាន ម្នាលអ្នកដ៏ចំរើន បុគ្គលបានឈ្មោះថាព្រាហ្មណ៍ ដោយហេតុប៉ុណ្ណេះឯង។ វាសេដ្ឋមាណព និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន លុះតែបុគ្គលមានសីលផង បរិបូណ៌ដោយវត្តផង ម្នាលអ្នកដ៏ចំរើន បុគ្គលនោះ ទើបហៅថាព្រាហ្មណ៍ ដោយហេតុប៉ុណ្ណេះឯង។ ភារទ្វាជមាណព មិនអាចញ៉ាំងវាសេដ្ឋមាណព ឲ្យយល់ឃើញបាន ទាំងវាសេដ្ឋមាណព ក៏មិនអាចញ៉ាំងភារទ្វាជមាណពឲ្យយល់ឃើញបាន។ គ្រានោះ វាសេដ្ឋមាណព ហៅភារទ្វាជមាណពថា ម្នាលភារទ្វាជៈដ៏ចំរើន ព្រះសមណគោតមនេះ ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួស (ឥឡូវនេះ) គង់នៅក្នុងដងព្រៃឥច្ឆានង្គលៈ ជិតស្រុកឈ្មោះឥច្ឆានង្គលៈ កិតិ្តស័ព្ទដ៏ពីរោះរបស់ព្រះគោតមដ៏ចំរើននោះ ខ្ចរខ្ចាយសុះសាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ។បេ។ ព្រះអង្គត្រាស់ដឹងចតុរារិយសច្ច ព្រះអង្គលែងត្រឡប់មកកើតក្នុងភពថ្មីទៀត ម្នាលភារទ្វាជៈ មកទៅ យើងនឹងចូលសំដៅទៅត្រង់ទីដែលព្រះសមណគោតមគង់ លុះចូលទៅដល់ហើយ នឹងសួរសេចក្តីនេះ ព្រះសមណគោតម នឹងដោះស្រាយឲ្យយើងយ៉ាងណា យើងនឹងចាំទុកនូវសេចក្តីនោះយ៉ាងនោះ។ ភារទ្វាជមាណព ទទួលស្តាប់ពាក្យរបស់វាសេដ្ឋមាណពថា អើអ្នក។ គ្រានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព ចូលសំដៅទៅត្រង់កន្លែងដែលព្រះមានព្រះភាគគង់ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរឲ្យរលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ វាសេដ្ឋមាណព លុះអង្គុយក្នុងទីសមគួរហើយ ក្រាបទូលព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា
[៦៩] បពិត្រព្រះអង្គដ៏ចំរើន យើងជាអ្នកមានត្រៃវិជ្ជា ដែលអាចារ្យអនុញ្ញាត និងប្តេជ្ញាហើយដោយពិត ខ្ញុំព្រះអង្គជាសិស្សបោក្ខរសាតិព្រាហ្មណ៍ មាណពនេះ ជាសិស្សរបស់តារុក្ខព្រាហ្មណ៍។ ពាក្យណា របស់អ្នកមានត្រៃវិជ្ជាទាំងឡាយ ដែលអាចារ្យបានប្រាប់ហើយ ពួកយើងជាអ្នកសម្រេចក្នុងពាក្យនោះហើយ យើងទាំងឡាយ ជាអ្នកចេះបទ ចេះវេយ្យាករណ៍ក្នុងវេទប្រហែលនឹងអាចារ្យ។ បពិត្រព្រះគោតម ពួកយើងនោះ មានការជជែកគ្នា ក្នុងការពោលអំពីជាតិ ភារទ្វាជមាណពនិយាយថា បុគ្គលជាព្រាហ្មណ៍ ព្រោះជាតិ។ ឯខ្ញុំព្រះអង្គនិយាយថា បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះកម្ម បពិត្រព្រះអង្គ ជាបុគ្គលមានចក្ខុ សូមព្រះអង្គជ្រាបយ៉ាងនេះ។ យើងទាំងពីរនាក់នោះ មិនអាចញ៉ាំងគ្នានឹងគ្នា ឲ្យយល់ឃើញបានទេ (ព្រោះហេតុនោះ) ទើបយើងទាំងឡាយមក ដើម្បីសួរព្រះអង្គដ៏ចំរើន ដែលល្បីល្បាញថា ជាអ្នកត្រាស់ដឹងឯង បពិត្រព្រះគោតម ពួកជនផ្គងអញ្ជលីចូលទៅ កាលថ្វាយបង្គំ ក៏ថ្វាយបង្គំព្រះចន្រ្ទ ដែលកន្លងនូវការអស់ទៅនៃងងឹត (ព្រះចន្ទពេញវង់) យ៉ាងណាមិញ ពួកជនក្នុងលោក (ក៏ថ្វាយបង្គំព្រះអង្គ) យ៉ាងនោះដែរ។
ពួកយើង សូមសួរព្រះគោតម ដែលមានចក្ខុកើតហើយក្នុងលោក បុគ្គលឈ្មោះថាព្រាហ្មណ៍ ព្រោះជាតិ ឬព្រោះកម្ម សូមព្រះអង្គសំដែងប្រាប់ពួកយើង ដែលជាអ្នកមិនទាន់ស្គាល់ ឲ្យទាល់តែពួកយើងស្គាល់។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ) បើដូច្នោះ តថាគតនឹងសំដែងឲ្យពិស្តារអំពីជាតិរបស់សត្វទាំងឡាយតាមពិត ដោយលំដាប់ ដល់អ្នកទាំងឡាយនោះ ធម្មតាសត្វទាំងឡាយ រមែងមានជាតិផ្សេង ៗ គ្នា។ អ្នកទាំងឡាយ ស្គាល់ស្មៅ និងឈើ (ឬទេ) ឬក៏មិនដែលប្តេជ្ញាថា ស្មៅ និងឈើទេ លិង្គ គឺភេទរបស់ស្មៅ និងឈើទាំងនោះ តែងសម្រេចអំពីជាតិ ព្រោះថា សត្វទាំងឡាយ មានជាតិផ្សេង ៗ គ្នា។ លិង្គ គឺភេទតាំងអំពីកណ្តូប និងមមង់ រហូតដល់ស្រមោចខ្មៅ និងស្រមោចក្រហមទាំងនោះ តែងសម្រេចអំពីជាតិ ព្រោះថា សត្វទាំងឡាយ មានជាតិផ្សេង ៗ គ្នា។ អ្នកទាំងឡាយ ស្គាល់ពួកសត្វមានជើងបួន ទាំងតូច ទាំងធំ (ឬទេ) លិង្គ គឺភេទរបស់សត្វទាំងនោះ តែងសម្រេចអំពីជាតិ ព្រោះថា សត្វទាំងឡាយ មានជាតិផ្សេង ៗ គ្នា។
អ្នកទាំងឡាយ ស្គាល់ពស់ មានទ្រូងជាជើង មានខ្នងវែង (ឬទេ) លិង្គ គឺភេទរបស់ពស់ទាំងនោះ តែងសម្រេចអំពីជាតិ ព្រោះថា សត្វទាំងឡាយ មានជាតិផ្សេង ៗ គ្នា។
លំដាប់អំពីនោះ អ្នកទាំងឡាយ ស្គាល់ពួកត្រីក្នុងទឹក មានទឹក ជាគោចរ (ឬទេ) លិង្គ គឺភេទរបស់ត្រីទាំងនោះ តែងសម្រេចអំពីជាតិ ព្រោះថា សត្វទាំងឡាយ មានជាតិផ្សេងៗ គ្នា។
លំដាប់អំពីនោះ អ្នកទាំងឡាយ ស្គាល់ពួកសត្វស្លាប មានស្លាបជាយាន ដែលហើរឯអាកាស (ឬទេ) លិង្គ គឺភេទរបស់សត្វស្លាបទាំងនោះ តែងសម្រេចអំពីជាតិ ព្រោះថា សត្វទាំងឡាយ មានជាតិផ្សេង ៗ គ្នា។
លិង្គ គឺភេទ ក្នុងជាតិទាំងឡាយនោះ សម្រេចអំពីជាតិជាច្រើន យ៉ាងណាមិញ លិង្គ គឺភេទ ក្នុងមនុស្សទាំងឡាយ សម្រេចអំពីជាតិ មិនច្រើនយ៉ាងនោះទេ។ លិង្គ គឺភេទ មិនហៅព្រោះសក់ទាំងឡាយ មិនហៅព្រោះក្បាលទាំងឡាយ មិនហៅព្រោះត្រចៀកទាំងឡាយ មិនហៅព្រោះភ្នែកទាំងឡាយ មិនហៅព្រោះប្រមាត់ មិនហៅព្រោះច្រមុះ មិនហៅព្រោះបបូរមាត់ទាំងឡាយ មិនហៅ ព្រោះចិញ្ចើមទាំងឡាយ មិនហៅព្រោះក មិនហៅព្រោះស្មាទាំងឡាយ មិនហៅព្រោះពោះ មិនហៅ ព្រោះខ្នង មិនហៅព្រោះត្រគាក មិនហៅព្រោះទ្រូង មិនហៅព្រោះទីចង្អៀត មិនហៅព្រោះមេថុន មិនហៅព្រោះដៃទាំងឡាយ មិនហៅ ព្រោះជើងទាំងឡាយ មិនហៅព្រោះស្រោមទាំងឡាយ មិនហៅ ព្រោះក្រចកទាំងឡាយ មិនហៅព្រោះស្មងទាំងឡាយ មិនហៅ ព្រោះភ្លៅទាំងឡាយ មិនហៅ ព្រោះពណ៌ មិនហៅ ព្រោះសំឡេងទេ លិង្គ គឺភេទរបស់មនុស្ស សម្រេចអំពីជាតិ មិនដូចជាភេទក្នុងជាតិទាំងឡាយឯទៀត ៗ ទេ។ លិង្គ គឺភេទ ផ្សេងដោយសណ្ឋាន មានសក់ជាដើម ដូចជាលិង្គ គឺភេទតិរច្ឆាននុ៎ះ មិនមានប្រាកដក្នុងសរីរៈរបស់ខ្លួនទាំងឡាយ ក្នុងពួកមនុស្សទេ ពាក្យសម្រាប់ហៅ (ថាព្រាហ្មណ៍ជាដើម)គេតែងហៅតាមឈ្មោះ ក្នុងមនុស្សទាំងឡាយ។ បណ្តាមនុស្សទាំងឡាយ នរណាមួយចិញ្ចឹមជីវិត ដោយការរក្សាស្រែចម្ការ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះចុះ អ្នកនោះ ជាអ្នកភ្ជួររាស់ មិនមែនព្រាហ្មណ៍ទេ។ បណ្តាមនុស្សទាំងឡាយ នរណាមួយចិញ្ចឹមជីវិតដោយសិល្បៈច្រើនយ៉ាង ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះចុះ អ្នកនោះ ជាអ្នកចិញ្ចឹមជីវិតដោយសិល្បៈ មិនមែនព្រាហ្មណ៍ទេ។ បណ្តាមនុស្សទាំងឡាយ នរណាមួយចិញ្ចឹមជីវិតដោយការជួញប្រែ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះចុះ អ្នកនោះ ជាពាណិជ មិនមែនព្រាហ្មណ៍ទេ។ បណ្តាមនុស្សទាំងឡាយ នរណាមួយចិញ្ចឹមជីវិតដោយការបំរើអ្នកដទៃ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះចុះ អ្នកនោះ ជាអ្នកបំរើ មិនមែនព្រាហ្មណ៍ទេ។ បណ្តាមនុស្សទាំងឡាយ នរណាមួយ ចិញ្ចឹមជីវិតដោយការលួចទ្រព្យគេ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះចុះ អ្នកនោះ ជាចោរ មិនមែនព្រាហ្មណ៍ទេ។ បណ្តាមនុស្សទាំងឡាយ នរណាមួយ ចិញ្ចឹមជីវិតដោយភាពជាអ្នកកាន់អាវុធ (ទាហាន) ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះចុះ អ្នកនោះ ជាអ្នកចិញ្ចឹមជីវិតដោយភាពជាទាហាន មិនមែនព្រាហ្មណ៍ទេ។ បណ្តាមនុស្សទាំងឡាយ នរណាមួយ ចិញ្ចឹមជីវិតដោយភាពជាបុរោហិត ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះចុះ អ្នកនោះ ជាអ្នកបូជា មិនមែនព្រាហ្មណ៍ទេ។ បណ្តាមនុស្សទាំងឡាយ នរណាមួយ បរិភោគនូវធរណីផល ដែលកើតអំពីស្រុក ឬដែន (ស្តេច) ប្រើប្រាស់ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះចុះ អ្នកនោះ ជាស្តេច មិនមែនព្រាហ្មណ៍ទេ។ តថាគត មិនហៅបុគ្គលដែលមានកំណើតកើតអំពីមាតា ថាជាព្រាហ្មណ៍ទេ បុគ្គលនោះ ឈ្មោះថា ភោវាទី បុគ្គលនោះ ប្រកបដោយគ្រឿងកង្វល់ តថាគតហៅបុគ្គលដែលមិនមានគ្រឿងកង្វល់ មិនមានកំណាន់នោះ ថាជាព្រាហ្មណ៍។
បុគ្គលណា កាត់សំយោជនៈទាំងអស់ហើយ មិនតក់ស្លុត់ តថាគត ហៅបុគ្គលអ្នកកន្លងសង្គហធម៌ ប្រាសចាកយោគៈ ទាំង ៤ នោះ ថាជាព្រាហ្មណ៍។
បុគ្គលណា កាត់ខ្សែជ្រាម គឺសេចក្តីក្រោធផង ព្រ័ត្រ គឺតណ្ហាផង ទីត គឺមិច្ឆាទិដ្ឋិ ព្រមទាំងអនុសយក្កិលេសផង ជាអ្នកបានដករនុក គឺអវិជ្ជា ត្រាស់ដឹងសច្ចធម៌ ៤ តថាគត ហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនប្រទូស្ត ចេះអត់ធ្មត់ ចំពោះពាក្យជេរផង ការវាយ និងការចងផង តថាគត ហៅបុគ្គលអ្នកមានខន្តិធម៌ជាកំឡាំង មានខន្តិធម៌ជារេហ៍ពលនោះ ថាជាព្រាហ្មណ៍។
តថាគត ហៅបុគ្គលមិនខឹង ជាអ្នកមានវត្ត មានសីលធម៌ មិនមានចំហាយ គឺតណ្ហា មានឥន្រ្ទិយបានទូន្មាន មានសរីរៈកើតក្នុងទីបំផុតនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនជាប់ក្នុងកាមទាំងឡាយ ដូចទឹកលើស្លឹកឈូក ឬដូចគ្រាប់ស្ពៃលើចុងនៃដែកស្រួច តថាគត ហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ដឹងច្បាស់នូវការអស់ទៅនៃសេចក្តីទុក្ខរបស់ខ្លួនក្នុងលោកនេះ តថាគត ហៅបុគ្គលអ្នកដាក់ភារៈចុះហើយ ប្រាសចាកយោគៈនោះ ថាជាព្រាហ្មណ៍។
តថាគត ហៅបុគ្គល មានប្រាជ្ញាជ្រាលជ្រៅ មានប្រាជ្ញាធ្លុះធ្លាយ ឆ្លៀវឆ្លាសក្នុងមគ្គ និងមិនមែនមគ្គ បានសម្រេចប្រយោជន៍ខ្ពង់ខ្ពស់នោះ ថាជាព្រាហ្មណ៍។
តថាគត ហៅបុគ្គលអ្នកមិនច្រឡូកច្រឡំ ដោយបុគ្គលពីរពួក គឺគ្រហស្ថ ១ បព្វជិត ១ ដែលត្រាច់ទៅដោយមិនប្រកាន់លំនៅ មិនមានសេចក្តីប្រាថ្នានោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ដាក់ចេញនូវអាជ្ញាក្នុងពួកសត្វ អ្នកតក់ស្លុត និងពួកសត្វនឹងនួន មិនសម្លាប់ មិនបៀតបៀនសត្វ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
តថាគត ហៅបុគ្គលអ្នកមិនមានគំនុំ ក្នុងពួកជនដែលមានគំនុំ អ្នកមានចិត្តត្រជាក់ ចំពោះអាជ្ញារបស់ខ្លួន ជាអ្នកមិនប្រកាន់ក្នុងពួកជន ដែលប្រកបដោយអំពើគួរប្រកាន់នោះ ថាជាព្រាហ្មណ៍។
បុគ្គលណា បានទំលាក់ចោលចេញនូវរាគៈ ទោសៈ មានះ និងមក្ខៈ ដូចគ្រាប់ស្ពៃ ដែលធ្លាក់អំពីចុងដែកស្រួច តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ពោលវាចាមិនទ្រគោះ វាចាញ៉ាំងគេឲ្យស្គាល់ច្បាស់នូវប្រយោជន៍ ជាសំដីពិត ដែលមិនញ៉ាំងគេឲ្យចំពាក់ចិត្តតិចតួច (ដោយអំណាចញ៉ាំងគេឲ្យខឹង) តថាគត ហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនកាន់យកទ្រព្យដែលគេមិនបានឲ្យ ទោះជាទ្រព្យវែងក្តី ខ្លីក្តី តូចក្តី ធំក្តី ល្អ និងមិនល្អក្តី ក្នុងលោក តថាគត ហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនមានសេចក្តីប៉ុនប៉ងក្នុងលោកនេះក្តី ក្នុងលោកខាងមុខក្តី តថាគត ហៅបុគ្គល អ្នកមិនមានសេចក្តីប៉ុនប៉ង ប្រាសចាកកិលេសនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនមានសេចក្តីអាល័យ មិនមានការងឿងឆ្ងល់ ព្រោះដឹងច្បាស់ តថាគត ហៅបុគ្គល អ្នកដល់នូវធម៌ជាគ្រឿងឈមទៅរកព្រះនិព្វាន ឈ្មោះអមតៈនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា (កាត់បង់) អំពើទាំងពីរ គឺបុណ្យ ១ បាប ១ កន្លងផុតនូវសង្គធម៌ តថាគត ហៅបុគ្គល អ្នកមិនមានសេចក្តីសោក ប្រាសចាកធូលី គឺរាគៈជាដើម ជាបុគ្គលបរិសុទ្ធនោះ ថាជាព្រាហ្មណ៍។
តថាគត ហៅអ្នកស្អាតដូចព្រះចន្ទ្រ ប្រាសចាកមន្ទិល មានចិត្តថ្លា មិនល្អក់ដោយកិលេស មានតណ្ហាក្នុងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា កន្លងនូវផ្លូវវាង គឺរាគៈ នូវផ្លូវទុគ៌ម គឺកិលេស នូវសង្សារវដ្ត នូវមោហៈជាអ្នកឆ្លង (នូវឱឃៈទាំង ៤) បានដល់ត្រើយ គឺព្រះនិព្វាន ជាអ្នកមានឈាន មិនមានសេចក្តីញាប់ញ័រ មិនមានសេចក្តីសង្ស័យ មិនប្រកាន់មាំ ជាអ្នករលត់កិលេស តថាគត ហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា លះកាមទាំងឡាយក្នុងលោកនេះ ជាអ្នកមិនមានផ្ទះ បួស តថាគត ហៅបុគ្គលអ្នកមានកាមរាគៈអស់ហើយនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា បានលះតណ្ហាក្នុងលោកនេះ ជាអ្នកមិនមានផ្ទះ តថាគត ហៅបុគ្គលដែលមានតណ្ហា និងភពអស់ហើយនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា លះយោគៈ40) ជារបស់មនុស្ស កន្លងផុតនូវយោគៈ41) របស់ទិព្វ តថាគត ហៅបុគ្គលដែលប្រាសចាកយោគៈទាំងអស់នោះ ថាជាព្រាហ្មណ៍។
តថាគត ហៅបុគ្គលអ្នកលះសេចក្តីត្រេកអរ (ក្នុងកាមគុណ) និងសេចក្តីអផ្សុក មានចិត្តត្រជាក់ មិនមានឧបធិ គ្របសង្កត់នូវលោកទាំងអស់ ជាអ្នកមានព្យាយាមនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា បានដឹងច្បាស់នូវចុតិ និងបដិសន្ធិរបស់សត្វទាំងឡាយ ដោយសព្វគ្រប់ តថាគតហៅបុគ្គលអ្នកមិនជាប់ចំពាក់ មានដំណើរល្អ ត្រាស់ដឹងសច្ចៈធម៌នោះ ថាជាព្រាហ្មណ៍។
ទេវតា គន្ធព និងមនុស្សទាំងឡាយ មិនដឹងគតិរបស់បុគ្គលណា តថាគត ហៅបុគ្គលដែលអស់អាសវៈហើយ ឆ្ងាយចាកកិលេសនោះ ថាជាព្រាហ្មណ៍។
បុគ្គលណា មិនមានសេចក្តីកង្វល់ គឺកិលេស មានរាគៈជាដើម ក្នុងអតីតក្ខន្ធ អនាគតក្ខន្ធ និងបច្ចុប្បន្នក្ខន្ធ តថាគត ហៅបុគ្គល ដែលមិនមានគ្រឿងកង្វល់ មិនមានការប្រកាន់ស្អិតនោះ ថាជាព្រាហ្មណ៍។
តថាគត ហៅបុគ្គលអ្នកអង់អាច ដូចគោឧសភ អ្នកប្រសើរ មានប្រាជ្ញា ស្វែងរកគុណដ៏ធំ មានជ័យជំនះមិនមានសេចក្តីញាប់ញ័រ ងូតលាង (នូវកិលេស) ត្រាស់ដឹងសច្ចៈធម៌នោះ ថាជាព្រាហ្មណ៍។
បុគ្គលណា ដឹងច្បាស់នូវបុព្វេនិវាសផង ឃើញឋានសួគ៌ និងអបាយផង ទាំងដល់នូវធម៌ជាទីក្ស័យនៃជាតិ តថាគតហៅបុគ្គលនោះ ថាជាព្រាហ្មណ៍។
នាម និងគោត្រណា ដែលគេបានកំណត់ទុកហើយ (ថាព្រាហ្មណ៍ ក្សត្រិយ៍) នេះគ្រាន់តែជាឈ្មោះ (ជាបញ្ញត្តិវោហារ) ក្នុងលោក (ព្រោះនាម និងគោត្រនោះ) គឺពួកញាតិសាលោហិត បានផ្សំផ្គុំកំណត់ទុកហើយ ក្នុងកាលដែលកើតមកនោះ ៗ។
ទិដ្ឋិរបស់ពួកជនដែលមិនដឹង តែងដេកត្រាំអស់កាលអង្វែង ពួកជនដែលមិនដឹងហឹ្នងឯង តែងនាំគ្នានិយាយថា បុគ្គលឈ្មោះថាព្រាហ្មណ៍ ព្រោះជាតិ។ បុគ្គលមិនមែនឈ្មោះថាព្រាហ្មណ៍ព្រោះជាតិទេ បុគ្គលមិនមែនព្រាហ្មណ៍ ក៏មិនមែនព្រោះជាតិដែរ បុគ្គលឈ្មោះថាព្រាហ្មណ៍ ព្រោះកម្ម (ការងារ) ឈ្មោះថា មិនមែនព្រាហ្មណ៍ ក៏ព្រោះកម្ម។
បុគ្គលឈ្មោះថា អ្នកភ្ជួររាស់ ព្រោះកម្ម ឈ្មោះថា អ្នកមានសិល្បសាស្រ្ត ក៏ព្រោះកម្ម ឈ្មោះថា អ្នកជំនួញ ក៏ព្រោះកម្ម ឈ្មោះថា អ្នកបំរើ ក៏ព្រោះកម្ម។
បុគ្គលឈ្មោះថាចោរ ព្រោះកម្ម ឈ្មោះថាយោធាជីវៈ ក៏ព្រោះកម្ម ឈ្មោះថាយាជកៈ (អ្នកបូជា) ក៏ព្រោះកម្ម ឈ្មោះថាស្តេច ក៏ព្រោះកម្ម។
បណ្ឌិតទាំងឡាយ អ្នកឃើញបដិច្ចសមុប្បាទ (ថាវត្ថុយ៉ាងនេះ កើតឡើងដោយបច្ច័យនេះ) ឈ្លាសវៃក្នុងកម្ម និងវិបាក រមែងឃើញកម្មនុ៎ះ តាមសេចក្តីពិតយ៉ាងនេះ។
លោករមែងប្រព្រឹត្តទៅព្រោះកម្ម ប្រជាជន ក៏ប្រព្រឹត្តទៅ ព្រោះកម្ម ពួកសត្វជាប់ចំពាក់ដោយកម្ម (ទើបប្រព្រឹត្តទៅបាន) ដូចភ្លៅនៃរថដែលវិលទៅ។
បុគ្គលឈ្មោះថាព្រាហ្មណ៍បាន ដោយកម្មនេះ គឺតបធម៌ (ការសង្រួមឥន្រ្ទិយ) ១ ព្រហ្មចរិយៈ (ការប្រព្រឹត្តិប្រសើរ) ១ សញ្ញមៈ (ការសង្រួមក្នុងសីល) ១ ទមៈ (ការទូន្មាន) ១ កម្មដ៏ឧត្តមនេះឯង ដែលធ្វើឲ្យទៅជាព្រាហ្មណ៍ បុគ្គលអ្នកបរិបូណ៌ដោយវិជ្ជា ៣ ប្រការ ជាអ្នកស្ងប់ មានភពថ្មីអស់ហើយ ទើបឈ្មោះថាព្រះព្រហ្ម ឈ្មោះថាព្រះឥន្ទ របស់អ្នកប្រាជ្ញទាំងឡាយ ម្នាលវាសេដ្ឋៈ អ្នកចូរដឹងយ៉ាងនេះចុះ។
[៧០] កាលដែលព្រះមានព្រះភាគ សំដែងយ៉ាងនេះហើយ វាសេដ្ឋមាណព និងភារទ្វាជមាណព ក៏សរសើរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចំណាំនូវពួកយើង ថាជាឧបាសក អ្នកដល់សរណគមន៍សើ្មដោយជីវិត ក្នុងកាលតាំងអំពីថ្ងៃនេះ ជាដើមតរៀងទៅ។
ចប់ វាសេដ្ឋសូត្រ ទី៩។
(១០. កោកាលិកសុត្តំ)
[៧១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ កោកាលិកភិក្ខុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ កោកាលិកភិក្ខុ លុះអង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក។
[៧២] លុះកោកាលិកភិក្ខុ ក្រាបបង្គំទូលយ៉ាងនេះហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុដូច្នេះថា នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកចូរធ្វើចិត្តឲ្យជ្រះថា្ល ក្នុងសារីបុត្ត និងមោគ្គល្លានចុះ ដ្បិតសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់ពីរដងទៀត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ គួរខ្ញុំព្រះអង្គជឿ គួរខ្ញុំព្រះអង្គចូលចិត្ត ពិតមែន តែថា សារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះអំណាចនៃសេចក្តីប្រាថ្នាលាមក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់ពីរដងទៀត ដូច្នេះថា នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកចូរធ្វើចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានចុះ ដ្បិតសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់បីដងទៀត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ គួរខ្ញុំព្រះអង្គជឿ គួរខ្ញុំព្រះអង្គចូលចិត្ត ពិតមែន តែថាសារីបុត្ត និងមោគ្គល្លាន ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះអំណាចនៃសេចក្តីប្រាថ្នាលាមក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកោកាលិកភិក្ខុ ជាគំរប់បីដងទៀត ដូច្នេះថា នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក អ្នកកុំពោលយ៉ាងនេះឡើយ នែកោកាលិក ចូរអ្នកធ្វើចិត្តឲ្យជ្រះថ្លាក្នុងសារីបុត្ត និងមោគ្គល្លានចុះ ដ្បិតសារីបុត្ត និងមោគ្គល្លាន មានសីលជាទីស្រឡាញ់។ គ្រានោះ កោកាលិកភិក្ខុ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ កាលកោកាលិកភិក្ខុ ចៀសចេញទៅមិនយូរប៉ុន្មាន ស្រាប់តែរាងកាយទាំងមូល មានពកប្រមាណប៉ុនគ្រាប់ស្ពៃ ដុះដោរឡើង។ ពកប្រមាណប៉ុនគ្រាប់ស្ពៃ ក៏ធំឡើងប៉ុនគ្រាប់សណ្តែកបាយ។ ពកប្រមាណប៉ុនគ្រាប់សណ្តែកបាយ ក៏ធំឡើងប៉ុនគ្រាប់សណ្តែកខ្មៅ។ ពកប្រមាណប៉ុនគ្រាប់សណ្តែកខ្មៅ ក៏ធំឡើងប៉ុនគ្រាប់ផ្លែពុទ្រា។ ពកប្រមាណប៉ុនគ្រាប់ផ្លែពុទ្រា ក៏ធំឡើងប៉ុនផ្លែពុទ្រា។ ពកប្រមាណប៉ុនផ្លែពុទ្រា ក៏ធំឡើងប៉ុនផ្លែសម៉។ ពកប្រមាណប៉ុនផ្លែសម៉ ក៏ធំឡើងប៉ុនក្តឹបព្នៅ។ ពកប្រមាណប៉ុនក្តឹបព្នៅ ក៏ធំឡើងប៉ុនផ្លែព្នៅ។ ពកប្រមាណប៉ុនផ្លែព្នៅ ក៏បែក (ពេញទាំងសរីរៈ)។ ខ្ទុះ និងឈាម ក៏ហូរហៀរចេញ។ លំដាប់នោះ កោកាលិកភិក្ខុ ក៏ធ្វើមរណៈដោយអាពាធនោះឯង។ កោកាលិកភិក្ខុ លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះចងចិត្តអាឃាតក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ គ្រានោះ រាត្រីបឋមយាមកន្លងទៅ សហម្បតីព្រហ្ម មានរស្មីរុងរឿង បណ្តាលវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺច្រាល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ សហម្បតីព្រហ្ម លុះឋិតនៅក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុងបទុមនរក ព្រោះចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ សហម្បតីព្រហ្ម ក្រាបបង្គំទូលសេចក្តីនេះរួចហើយ លុះពោលពាក្យនេះហើយ ធ្វើប្រទក្សិណ រួចក៏បាត់ទៅក្នុងទីនោះឯង។ គ្រានោះ លុះកន្លងរាត្រីនោះទៅ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ នារាត្រីបឋមយាមកន្លងទៅហើយ សហម្បតីព្រហ្ម។បេ។ ម្នាលភិក្ខុទាំងឡាយ សហម្បតីព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ធ្វើប្រទក្សិណ រួចក៏បាត់ទៅក្នុងទីនោះឯង។
[៧៣] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ភិក្ខុ ១ រូប ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រមាណនៃអាយុក្នុងបទុមនរក តើយូរអង្វែងយ៉ាងណាទៅ។ ម្នាលភិក្ខុ ប្រមាណនៃអាយុក្នុងបទុមនរក យូរអង្វែងណាស់ ប្រមាណនោះ បុគ្គលមិនងាយនឹងរាប់បានថា ប៉ុណ្ណេះឆ្នាំ ឬប៉ុណ្ណោះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គអាចនឹងធ្វើសេចក្តីឧបមាបានដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ តថាគតអាចនឹងធ្វើបាន ម្នាលភិក្ខុ ដូចរទេះសម្រាប់ផ្ទុកគ្រាប់ល្ងរបស់អ្នកដែនកោសល មានចំណុះ ២០ ខារី42) មានបុរសម្នាក់ លុះកន្លងទៅ ១ រយឆ្នាំ ១ ពាន់ឆ្នាំ ១ សែនឆ្នាំ ទើបរើសគ្រាប់ល្ង ម្តងមួយគ្រាប់ ៗ អំពីរទេះនោះ ម្នាលភិក្ខុ រទេះសម្រាប់ផ្ទុកគ្រាប់ល្ង របស់អ្នកដែនកោសល ចំណុះ ២០ ខារីនោះ ដល់នូវការអស់ទៅដោយព្យាយាមនេះ ឆាប់ជាង ឯកាលយូរអង្វែងរបស់អព្វុទនរកមួយ43) មិនងាយនឹងដល់នូវការអស់បានឡើយ ម្នាលភិក្ខុ អព្វុទនរក44) ២០ ដង (យូរ) យ៉ាងណា និរព្វុទនរកតែមួយ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុ និរព្វុទនរក ២០ ដង យូរយ៉ាងណា អពពនរកតែមួយ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុ អពពនរក ២០ ដង យូរយ៉ាងណា អហហនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ អហហនរក ២០ ដង (យូរ) យ៉ាងណា អដដនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ អដដនរក ២០ ដង (យូរ) យ៉ាងណា កុមុទនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ កុមុទនរក ២០ ដង (យូរ) យ៉ាងណា សោគន្ធិកនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ សោគន្ធិកនរក ២០ ដង (យូរ) យ៉ា់ងណា ឧប្បលនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ ឧប្បលនរក ២០ ដង (យូរ) យ៉ាងណា បុណ្ឌរីកនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ បុណ្ឌរីកនរក ២០ ដង (យូរ) យ៉ាងណា បទុមនរកតែមួយ ក៏យូរយ៉ាងនោះដែរ ម្នាលភិក្ខុ ឯកោកាលិកភិក្ខុ ចូលទៅកើតក្នុងបទុមនរក (នោះ) ព្រោះចងចិត្តអាឃាត ក្នុងសារីបុត្ត និងមោគ្គលា្លន។
ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះពុទ្ធដីការនេះ ព្រះសុគតជាសាស្តា លុះទ្រង់ត្រាស់ព្រះពុទ្ធដីកានេះរួចហើយ ទើបទ្រង់ត្រាស់គាថាព័ន្ធ តទៅទៀតថា
[៧៤] បុគ្គលពាល ពោលពាក្យទុព្ភាសិត រមែងកាត់នូវឫសគល់នៃខ្លួន (កុសលមូល) ដោយផរុសវាចាណា វាចា (នោះ) ដូចជាដឹងចាំង កើតក្នុងមាត់នៃបុរស (នោះ)។ បុគ្គលណា សរសើរនូវបុគ្គលដែលគួរនិន្ទា ឬនិន្ទានូវបុគ្គលដែលគួរសរសើរវិញ បុគ្គលនោះ ឈ្មោះថាសន្សំនូវទោសកំហុសដោយមាត់ មិនបាននូវសេចក្តីសុខ ដោយទោសកំហុសនោះទេ។ កិរិយាចាញ់ដោយទ្រព្យទាំងអស់ ឬជាមួយនឹងខ្លួនផង ព្រោះល្បែងភ្នាល់ទាំងឡាយណា ការចាញ់នេះ ជាទោសកំហុស មានប្រមាណតិចទេ បុគ្គលណា ធ្វើចិត្តប្រទូស្តក្នុងព្រះសុគត គឺព្រះសម្មាសម្ពុទ្ធ បច្ចេកពុទ្ធ ពុទ្ធសាវ័ក ការប្រទូស្តនេះឯង ជាទោសកំហុសធំជាង។
បុគ្គលតិះដៀលព្រះអរិយៈ ដំកល់វាចាចិត្តលាមក រមែងចូលទៅកាន់បទុមនរក អស់កាលណា កាលនោះ កំណត់ ១ សែននិរព្វុទៈ ៣៦ និង ៥ អព្វុទនរកទៀត។
បុគ្គលណា ពោលពាក្យមិនពិត ឬបុគ្គលណាធ្វើហើយ និយាយថា អាត្មាអញមិនធ្វើវិញ រមែងទៅនរក បុគ្គលទាំងពីរពួកនោះ ជាមនុស្សមានកម្មដ៏ថោកទាប លុះលះអត្តភាពនេះទៅ រមែងស្មើគ្នា ក្នុងលោកខាងមុខ។
បុគ្គលណា ប្រទូស្តចំពោះជនដែលមិនប្រទូស្ត ជាបុរសបរិសុទ្ធ មិនមានកិលេស បាបរមែងត្រឡប់ត្រូវបុគ្គលពាលនោះវិញ ដូចជាធូលីដ៏ល្អិត ដែលបុគ្គលបាចទៅកាន់ទីច្រាសខ្យល់។
បុគ្គលណា ប្រកបរឿយ ៗ ក្នុងលោភគុណ (តណ្ហា) បុគ្គលនោះ មិនមានសទ្ធា មានតែសេចក្តីកំណាញ់ស្វិតស្វាញ មិនស្គាល់ពាក្យឱវាទ ជាអ្នកកំណាញ់ ប្រកបរឿយ ៗ ក្នុងបិសុណាវាចា រមែងតិះដៀលនូវបុគ្គលដទៃដោយពាក្យ។
ម្នាលអ្នកមានមាត់អាក្រក់ ពោលពាក្យគ្មានពិត មិនប្រសើរ បំផ្លាញនូវសេចក្តីចំរើន ជាមនុស្សលាមក ធ្វើអំពើអាក្រក់ ជាបុរសថោកទាប បុរសឥតបុណ្យ មានកំណើតថោកទាប អ្នកឯងដូចជាសត្វនរក អ្នកកុំនិយាយច្រើនក្នុងទីនេះឡើយ។ អ្នករោយចុះនូវធូលីលើខ្លួន ដើម្បីមិនជាប្រយោជន៍ អ្នកតិះដៀលពួកសប្បុរស ធ្វើអំពើអាក្រក់ ប្រព្រឹត្តទុច្ចរិតច្រើនប្រការ អ្នកនឹងទៅកាន់នរក អស់កាលយូរអង្វែង។ កម្មរបស់សត្វនីមួយ ៗ មិនវិនាសទេ សត្វជាម្ចាស់ រមែងបាននូវកម្មនោះ សត្វល្ងង់ខ្លៅ អ្នកធ្វើកម្មអាក្រក់ ឃើញនូវទុក្ខចំពោះខ្លួនក្នុងលោកខាងមុខ។ អ្នកធ្វើអំពើអាក្រក់ តែងចូលទៅកាន់ចម្រូងដែកដ៏មុត ជាទីដែលនាយនិរយបាល ចាក់នឹងដែកស្រួច ទាំងដុំដែកមានសណ្ឋានប្រហែលផ្លែព្នៅដ៏ក្តៅ សមគួរដល់កម្មនោះ ជាភោជន (របស់សត្វទាំងនោះ)។ ពួកនាយនិរយបាល កាលនឹងពោល មិនពោលពាក្យពីរោះឡើយ មិនស្ទុះទៅដោយមុខរីករាយ មិនមែនចូលទៅឲ្យជាទីពឹងបានទេ ឲ្យដេកលើកម្រាលរងើកភ្លើង បញ្ចូលទៅកាន់អណ្តាតភ្លើង ដែលឆេះសន្ធោសន្ធៅ។ ពួកនាយនិរយបាល ព័ទ្ធដោយសំណាញ់ វាយដោយញញួរដែក ក្នុងទីនោះ សត្វនរក ដើរទៅកាន់នរក (ឈ្មោះធូមរោរុព) ងងឹតឈ្លប់ ដែលធ្វើឲ្យខ្វាក់ នរកនោះ ធំទូលាយដូចជាផ្ទៃផែនដី។ មួយវិញទៀត សត្វនរក ចូលទៅកាន់លោហកុម្ភីនរក ដែលមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅ ជាសត្វលិចអណ្តែត ៗ ឆេះនៅក្នុងលោហកុម្ភីនោះ ដែលមានភ្លើងឆេះជុំវិញ អស់កាលយូរអង្វែង។ បុគ្គលធ្វើកម្មអាក្រក់ តែងឆេះនៅក្នុងលោហកុម្ភីនរកនោះ ច្រឡំដោយខ្ទុះ និងឈាម តើដូចម្តេច សត្វនរកទៅកាន់ទិសណាៗ សឹងប៉ះពាល់ដោយខ្ទុះ និងឈាម ប្រឡូកប្រឡាក់ ក្នុងទិសនោះ ៗ។ បុគ្គលធ្វើកម្មអាក្រក់ តែងរងផលកម្ម ក្នុងទឹក (ទង់ដែង) ជាទីនៅរបស់ដង្កូវ ក្នុងគូថនរកនោះ តើដូចម្តេច ទីជម្រាល គឺច្រាំង អាចនឹងឡើងចុះបាន ពុំមានឡើយ ព្រោះថា រណ្តៅនរក (នោះ) មានអំបែងចោតស្មើជុំវិញទាំងអស់។ មួយវិញទៀត សត្វនរក ចូលទៅកាន់ព្រៃឈើ មានស្លឹកជាដាវដ៏មុត មានខ្លួនមុតជាប់សព្វអន្លើដោយដាវនោះ នាយនិរយបាល ក៏ថ្ពក់ទាញអណ្តាតដោយផ្លែសន្ទូច ហើយកាប់សំឡាប់ហើយ សំឡាប់ទៀត។ តពីនោះ សត្វនរកស្ទុះចូលទៅកាន់ស្ទឹងទឹកផ្សា (ទឹកក្រុត) ដែលសត្វហែលទៅបានដោយកម្រ ឬស្ទុះចូលទៅកាន់មុខកាំបិតកោរ មានមុខដ៏មុត សត្វល្ងង់ខ្លៅ ជាអ្នកធ្វើអំពើលាមក លុះធ្វើអំពើលាមកទាំងឡាយហើយ រមែងធ្លាក់ទៅក្នុងនរកនោះ។ ហ្វូងក្អែកខ្មៅ ហ្វូងឆ្កែសម្បុរលឿង សម្បុរពព្រុះ ហ្វូងចចក ហ្វូងត្មាត ហ្វូងតាដក់ ហ្វូងក្អែកស តែងចឹកជញ្ជែងស៊ីរូង (នូវសត្វនរក) ដែលកំពុងស្រែកយំ ក្នុងនរកនោះ។ ជនអ្នកធ្វើនូវកម្មអាក្រក់ ឃើញនូវសេចក្តីប្រព្រឹត្តណា សេចក្តីប្រព្រឹត្តក្នុងនរកនេះ ជាការលំបាកមែន ព្រោះហេតុនោះ កាលបើមានជីវិតរស់នៅក្នុងលោកនេះ នរជន គប្បីធ្វើកិច្ចកុំប្រមាទឡើយ។ ពួកសត្វណា ចូលទៅកើតក្នុងបទុមនរក អស់ ១ នហុត (មួយរយសែនកោដិប្បកោដិ) និង ៥ កោដិឆ្នាំទៀត ឬអស់ ១២ រយកោដិដទៃទៀត ពួកសត្វនរកទាំងនោះ អ្នកប្រាជ្ញទាំងឡាយ រាប់ហើយដោយរទេះល្ង។ សេចក្តីទុក្ខក្នុងនរក ដែលលោកពោលហើយក្នុងទីនេះ យូរត្រឹមណា កោកាលិកភិក្ខុ គប្បីនៅក្នុងនរកនោះ អស់កាលយូរត្រឹមនោះ ព្រោះហេតុនោះ បុគ្គលគប្បីរក្សាវាចាចិត្តឲ្យល្អជាប្រក្រតី ក្នុងគុណដ៏ប្រពៃ គឺសេចក្តីស្អាត និងសីលជាទីស្រឡាញ់ចុះ។
ចប់ កោកាលិកសូត្រ ទី១០។
(១១. នាលកសុត្តំ)
[៧៥] អសិតឥសី សម្រាកនៅក្នុងទិវាវិហារ បានឃើញនូវពួកទេវតាជាន់តាវត្តិង្ស មានសេចក្តីសោមនស្សរីករាយផង នូវសក្កទេវរាជ ជាធំជាងទេវតាផង នូវពួកទេវតាដែលស្លៀកសំពត់ស្អាតផង កាន់នូវសំពត់ ហើយសរសើរក្រៃពេក។ លុះឃើញទេវតា (ទាំងនោះ) មានចិត្តរីករាយ មានចិត្តខ្ពស់ឡើង ក៏ធ្វើនូវសេចក្តីអើពើ សួរដូច្នេះថា ពួកទេវតាក្នុងជាន់តាវត្តិង្សនោះ មានសភាពរីករាយក្រៃពេក ព្រោះហេតុអ្វី អ្នកទាំងឡាយ កាន់សំពត់ ត្រេកអរ ព្រោះអាស្រ័យហេតុអ្វី។ (អសិតឥសី ដឹងថា) ក្នុងវេលាណា មានសង្គ្រាមជាមួយពួកអសុរ ជ័យជំនះមានដល់ពួកទេវតា ពួកអសុរចាញ់ ក្នុងវេលានោះ ពួកទេវតាក៏មិនមានការព្រឺរោមប្រាកដដូច្នោះឡើយ ពួកទេវតាត្រេកអររីករាយ ព្រោះឃើញនូវហេតុចំឡែកដូចម្តេច។ ពួកទេវតាហួចផង ច្រៀងផង ប្រគំផង ទះដៃទាំងសងខាងផង រាំផង ថា នែទេវតាទាំងឡាយ ជាបុគ្គលនិរទុក្ខ ខ្ញុំសួរអ្នកទាំងឡាយដែលនៅលើកំពូលភ្នំមេរុ គឺជាន់តាវត្តិង្ស (នេះ) សូមអ្នកទាំងឡាយ បន្ទោបង់សេចក្តីសង្ស័យរបស់ខ្ញុំដោយឆាប់។ (ពួកទេវតា តបថា) ពោធិសត្វនោះ ដូចជាកែវដ៏ប្រសើរ ឥតមានអ្វីនឹងផ្ទឹមបាន ទ្រង់កើតក្នុងព្រៃលុម្ពិនីវ័ន ក្នុងជនបទ ជាស្រុករបស់ពួកសក្យៈ ក្នុងមនុស្សលោក ដើម្បីជាប្រយោជន៍ និងសេចក្តីសុខ ព្រោះហេតុនោះ បានជាយើងខ្ញុំមានសេចក្តីត្រេកអរ មានសភាពរីករាយក្រៃពេក។ ពោធិសត្វនោះ ប្រសើរជាងសព្វសត្វ (ទេវតា និងមនុស្ស) ជាអគ្គបុគ្គល ជានរៈអង់អាច ឧត្តមជាងពួកសត្វទាំងអស់ អាចញុំាងចក្រឲ្យប្រព្រឹត្តទៅ ក្នុងព្រៃឥសិបតនមិគទាយវ័ន ដូចសត្វសីហៈ ជាសត្វមានកំឡាំង គ្របសង្កត់នូវពួកម្រឹគ បន្លឺសីហនាទដែរ។ អសិតឥសីនោះ លុះឮសំឡេងនោះហើយ ទើបចុះមកដោយរួសរាន់ ចូលសំដៅទៅកាន់ព្រះដំណាក់របស់ព្រះបាទសុទ្ធោទនៈ ក្នុងកាលណោះ លុះអង្គុយនៅក្នុងព្រះដំណាក់ហើយ ក៏សួរពួកសក្យៈដូច្នេះថា ព្រះរាជកុមារនៅឯណា អាត្មាភាព ត្រូវការចង់ឃើញ។ គ្រានោះ ពួកសក្យៈបង្ហាញព្រះរាជកុមារ ជារាជឱរស មានសម្បុររុងរឿងដូចមាស ត្រង់មុខបាវដែលជាងមាសអ្នកឈ្លាសវៃ ឲ្យដីហើយថ្មី ៗ មានសម្បុរស ដ៏រុងរឿងដោយសិរី មានសម្បុរមិនឱនថយ ដល់អសិតឥសី។ អសិតឥសី លុះឃើញព្រះរាជកុមារមានសម្បុររុងរឿងដូចអណ្តាតភ្លើង ដូចព្រះចន្ទ្រដ៏រុងរឿងក្នុងកណ្តាលហ្វូងផ្កាយ ឋិតនៅឰដ៏អាកាស បរិសុទ្ធដូចព្រះអាទិត្យ ផុតអំពីពពក រុងរឿងក្នុងសរទរដូវ មានសេចក្តីរីករាយ បាននូវបីតិធំទូលាយ។ ពួកទេវតាបាំងឆ័ត្រស មានឆ្អឹងច្រើន មានមណ្ឌលមួយពាន់ (សំរេចអំពីមាសឆ្អិន) នាកណ្តាលអាកាស ចាមរទាំងឡាយ មានដងជាវិការៈនៃមាស សំយុងចុះ ពួកទេវតាអ្នកកាន់ចាមរ និងឆ័ត្រក៏មិនបា្រកដឡើយ។ ជដិលជាឥសីឈ្មោះកណ្ហសិរី លុះឃើញព្រះរាជកុមារមានរស្មីរុងរឿងដូចដុំមាសលើកម្រាលសំពត់បណ្ឌុកម្ពល ដែលពួកទេវតាបាំងស្វេតឆ័ត្រលើព្រះសិរ្សហើយ ក៏មានចិត្តអណ្តែតខ្ពស់ឡើង មានចិត្តរីករាយ ហើយទទួលយក (ព្រះរាជកុមារនោះ)។ តាបសនោះ ជាអ្នកត្រិះរិះ រំពឹងនូវកាលជាអនាគត ជាអ្នកចេះចប់នូវមន្តសម្រាប់ស្គាល់នូវលក្ខណៈ លុះទទួលព្រះរាជកុមារដ៏ប្រសើរ របស់ពួកសក្យៈហើយ មានចិត្តរីករាយ បញ្ចេញសំណើចថា ព្រះរាជកុមារនេះ ប្រសើរឧត្តមជាងពួកសត្វមានជើងពីរ គឺទេវតា និងមនុស្ស។ លំដាប់នោះ កណ្ហសិរី រឭកឃើញដំណើររបស់ខ្លួន ក៏មានសភាពមិនរីករាយ ទើបយំសម្រក់ទឹកភ្នែកវិញ ពួកសក្យៈឃើញហើយ ក៏សួរឥសី ដែលកំពុងយំថា សេចក្តីអន្តរាយ នឹងមានដល់ព្រះរាជកុមារនៃយើងឬ។ ឥសី លុះឃើញពួកសក្យៈមិនរីករាយហើយ ទើបពោលថា អាត្មាមិនបានរឭកនូវអំពើមិនមែនជាប្រយោជន៍ចំពោះព្រះរាជកុមារឡើយ មួយទៀត សេចក្តីអន្តរាយ នឹងមិនមានដល់ព្រះរាជកុមារទេ ព្រះរាជកុមារនេះ មិនថោកថយឡើយ សូមអ្នកទាំងឡាយ មានចិត្តរីករាយចុះ។ ព្រះរាជកុមារនេះ នឹងបានត្រាស់ដឹងនូវសម្ពោធិញ្ញាណដ៏ប្រសើរ ព្រះរាជកុមារនេះ ជាអ្នកឃើញនូវព្រះនិព្វានដ៏បរិសុទ្ធក្រៃលែង ព្រះរាជកុមារនេះ ជាអ្នកអនុគ្រោះនូវប្រយោជន៍ដល់ជនច្រើន នឹងញុំាងព្រះធម្មចក្រ ឲ្យប្រព្រឹត្តទៅ ព្រហ្មចរិយៈ គឺសាសនារបស់ព្រះរាជកុមារនេះ នឹងសាយភាយទៅ។ ឯអាយុរបស់អាត្មា មិនបានតាំងនៅយូរ ក្នុងមនុស្សនេះទេ កាលកិរិយារបស់អាត្មា នឹងមានក្នុងរវាង (នេះ) ឯង អាត្មានឹងមិនបានស្តាប់ធម៌របស់ព្រះរាជកុមារអ្នកមានព្យាយាម មិនមានអ្នកណាស្មើឡើយ ព្រោះហេតុនោះ បានជាអាត្មាស្តាយក្រោយ ព្រួយចិត្តកើតទុក្ខ។ តាបសអ្នកមានព្រហ្មចរិយធម៌នោះ ញុំាងបីតិដ៏ធំទូលាយ ឲ្យកើតឡើងដល់ពួកសក្យៈ ហើយក៏ចៀសចេញ អំពីបរមរាជវាំងទៅ តាបសនោះ មានសេចក្តីអនុគ្រោះចំពោះក្មួយរបស់ខ្លួន ក៏បបួលឲ្យកាន់យកធម៌របស់មហាបុរស អ្នកមានព្យាយាម មិនមានអ្នកណាស្មើ ថាបើអ្នកបានឮសំឡេងថា ពុទ្ធោ អំពីសំណាក់បុគ្គលដទៃហើយ (ត្រូវដឹងថា) មហាបុរស ដល់នូវការត្រាស់ដឹងហើយ បើកផ្លូវទៅកាន់ព្រះនិព្វានហើយ អ្នកគប្បីចូលទៅសាកសួរលទ្ធិ ក្នុងសំណាក់នៃមហាបុរសនោះ ហើយប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគនោះចុះ។ នាឡកកុមារនោះ ជាបុគ្គលមានបុណ្យសន្សំទុកហើយ ដែលឥសីនោះ មានចិត្តប្រកបដោយប្រយោជន៍ មិនញាប់ញ័រ ឃើញថា ព្រះនិព្វានបរិសុទ្ធក្រៃលែង ក្នុងអនាគត ប្រៀនប្រដៅហើយ ក៏នៅរង់ចាំព្រះជិនស្រី រក្សាសោតិន្ទ្រិយ បួសដោយភេទនៃខ្លួនជាតាបស។ នាឡកតាបស លុះឮសំឡេងគឹកកង (ដែលទេវតាទាំងឡាយ ធ្វើហើយ) ក្នុងកាលដែលព្រះជិនស្រី ញុំាងចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ក៏ទៅ (កាន់ទីនោះ) លុះទៅដល់ហើយ ឃើញព្រះមានព្រះភាគ ដូចឥសី ក៏មានចិត្តជ្រះថ្លា បានសាកសួរនូវមោនេយ្យវត្ត គឺមគ្គញាណដ៏ប្រសើរ នឹងព្រះពុទ្ធជាមុនីវិសេស តាមពាក្យប្រៀនប្រដៅរបស់អសិតឥសីទូន្មានហើយ។
ចប់ វត្ថុកថា។
[៧៦] នាឡកតាបស សួរថា បពិត្រព្រះគោតម នេះជាពាក្យពិតរបស់អសិតតាបស ដែលខ្ញុំព្រះអង្គដឹងហើយ ព្រោះហេតុនោះ ខ្ញុំព្រះអង្គសូមសួរព្រះអង្គ អ្នកដល់ត្រើយនៃធម៌ទាំងពួង កាលបើខ្ញុំព្រះអង្គសួរហើយ សូមព្រះអង្គសំដែងបា្រប់នូវមោនេយ្យប្បដិបទា ជាវត្តដ៏ឧត្តមរបស់អ្នកបា្រជ្ញ (ដើម្បីជាវត្ត) របស់អ្នកបួសស្វែងរកភិក្ខាចារ (ដល់ខ្ញុំព្រះអង្គ)។
(ព្រះមានព្រះភាគ) ទ្រង់ត្រាស់ថា តថាគតនឹងបញ្ញត្តមោនេយ្យប្បដិបទា ដែលជាវត្តធ្វើបានដោយកម្រ អត់ធន់បានដោយកម្រដល់អ្នក បើដូច្នោះ តថាគតនឹងសំដែងមោនេយ្យប្បដិបទានោះដល់អ្នក ត្រូវអ្នកផ្គងព្យាយាមឲ្យមាំមួនចុះ។ បុគ្គលត្រូវធ្វើខ្លួនឲ្យមានភាពស្មើ ចំពោះបុគ្គលអ្នកជេរ និងអ្នកថ្វាយបង្គំ ក្នុងស្រុក បុគ្គល (បើគេជេរ) ត្រូវរក្សាសេចក្តីប្រទូស្តក្នុងចិត្ត (បើគេថ្វាយបង្គំ) ត្រូវស្ងប់ កុំប៉ោងតាមអារម្មណ៍។ អារម្មណ៍ខ្ពស់ និងទាបទាំងឡាយ (អារម្មណ៍ល្អ និងអាក្រក់) តែងផ្សាយចេញមក (កាន់វង់ចក្ខុជាដើម) ឧបមាដូចអណ្តាតភ្លើងដែលឆេះក្នុងព្រៃ នារីទាំងឡាយ តែងប្រលោមនូវអ្នកបា្រជ្ញ នារីទាំងឡាយនោះ កុំគប្បីប្រលោមអ្នកបានឡើយ។ បុគ្គលវៀរហើយចាកមេថុនធម្ម លះកាមដែលល្អ និងអាក្រក់ទាំងឡាយ កុំទោមនស្ស កុំត្រេកអរ ចំពោះសត្វដែលតក់ស្លុត និងសត្វដែលមាំមួន (មិនតក់ស្លុត) ក្នុងសត្វទាំងឡាយ។ គប្បីប្រៀបខ្លួនឯងថា អាត្មាអញយ៉ាងណា សត្វទាំងឡាយនុ៎ះ ក៏យ៉ាងនោះដែរ សត្វទាំងឡាយនុ៎ះ យ៉ាងណា អាត្មាអញ ក៏យ៉ាងនោះដែរ ហើយមិនត្រូវសំឡាប់ មិនត្រូវប្រើគេឲ្យសំឡាប់ឡើយ។ បុថុជ្ជន ជាប់ចំពាក់ក្នុងបច្ច័យណា បុរសអ្នកមានបញ្ញាចក្ខុ ត្រូវតែលះចោលនូវសេចក្តីប្រាថ្នាផង នូវសេចក្តីលោភផង (ក្នុងបច្ច័យនោះ) ហើយប្រតិបត្តិនូវមោនេយ្យប្បដិបទា ត្រូវតែប្រឆាំងនូវតណ្ហា ដែលបំពេញបានដោយកម្រនេះ។ បុគ្គលគួរមានពោះធូរ មានអាហារកំណត់ មានប្រាថ្នាតិច មិនល្មោភ បុគ្គលមិនឃ្លានដោយសេចក្តីប្រាថ្នាសព្វ ៗ កាល ជាអ្នកមិនមានសេចក្តីប្រាថ្នា រមែងរលត់សេចក្តីក្តៅក្រហាយ ព្រោះកិលេស (ដោយមិនមានសេចក្តីប្រាថ្នា)។ ភិក្ខុអ្នកប្រតិបត្តិមោនេយ្យប្បដិបទានោះ ប្រព្រឹត្តនូវបិណ្ឌបាតចារិកវត្តរួចហើយ គប្បីប្រញាប់ចូលទៅកាន់ព្រៃហើយ ចូរឋិតនៅក្រោមម្លប់ឈើ រួចចូលទៅកាន់អាសនៈ។ អ្នកប្រាជ្ញនោះ គួរខ្វល់ខ្វាយក្នុងឈាន គួរត្រេកអរក្នុងព្រៃ គួរត្រេកអរនឹងខ្លួនឯង ហើយគប្បីចំរើនឈាន ក្រោមម្លប់ឈើ។ តអំពីនោះ លុះកន្លងរាត្រីទៅ គប្បីចូលទៅកាន់ស្រុក មិនគួរត្រេកអរនឹងការនិមន្តន៍ផង មិនគួរទទួលនូវភោជនដែលគេនាំចេញអំពីស្រុកផង។ មុនីចូលទៅកាន់ស្រុក មិនគួរត្រាច់ទៅដោយការរួសរាន់ ក្នុងត្រកូលទាំងឡាយឡើយ គួរជាអ្នកកាត់បង់នូវកថា (ពាក្យពោល) មិនគួរពោលពាក្យផ្សែផ្សំ ស្វែងរកស៊ីឡើយ។ មុនីនោះ ជាតាទិបុគ្គល ដោយហេតុទាំងពីរប្រការ គឺអាត្មាអញបាននេះ ជាការប្រពៃ អាត្មាអញមិនបាន ក៏ជាការល្អ ហើយក៏ចូលទៅកាន់ត្រកូល ដូចអ្នករកផ្លែឈើ ចូលទៅកាន់ឈើ។ មុនី មានបាត្រក្នុងដៃត្រាច់ទៅ មិនគ សន្មតថា ដូចគ មិនគួរពេបជ្រាយនឹងទានដែលមានប្រមាណតិច មិនគួរមើលងាយនូវបុគ្គលអ្នកឲ្យទាន។ ឯបដិបទាដែលខ្ពស់ និងទាប សមណៈបានប្រកាសហើយ ធម្មតា ព្រះអរិយបុគ្គល មិនដែលទៅកាន់ត្រើយខាងនាយ គឺព្រះនិព្វានដល់ពីរដងឡើយ ព្រះនិព្វាននេះ មិនគួរបានដោយគុណតែមួយទេ។ ភិក្ខុណា មិនមានតណ្ហា សេចក្តីក្រហល់ក្រហាយ នឹងមិនមានដល់ភិក្ខុនោះ ជាអ្នកមានខ្សែកិលេសកាត់ហើយ អ្នកលះចោលនូវកិច្ចតូច និងកិច្ចធំហើយ។
(ព្រះមានព្រះភាគ) ទ្រង់ត្រាស់ថា តថាគតនឹងបញ្ញត្តនូវមោនេយ្យប្បដិបទាដល់អ្នក ភិក្ខុអ្នកប្រព្រឹត្តនូវមោនេយ្យប្បដិបទា គប្បីប្រៀបធៀបខ្លួនដូចមុខកាំបិតកោរ គប្បីទល់ពិតានដោយអណ្តាត ហើយសង្រួមផ្ទៃ (ដោយការមិនសេពបច្ច័យដែលកើតឡើងដោយផ្លូវសៅហ្មង)។ ភិក្ខុនោះ មិនមានចិត្តខ្ជិលផង កុំគិតច្រើនផង ជាអ្នកមិនមានកិលេសផង មិនអាស្រ័យតណ្ហាផង មានសាសនព្រហ្មចរិយៈជាខាងមុខផង គួរសិក្សាបម្រុងនឹងសេពនូវអាសនៈស្ងាត់ម្នាក់ឯងផង បម្រុងសេពអារម្មណ៍ ដែលសមណៈគប្បីចូលទៅជិតផង អ្នកជាបុគ្គលម្នាក់ឯង ទាំងត្រេកអរនូវមោនេយ្យប្បដិបទា ជាចំណែកមួយ ដែលតថាគតសំដែងហើយដោយពិត។ (អ្នកនឹងល្បីឮខ្ចរខ្ចាយទៅក្នុងទិសទាំង ១០ ក្នុងកាលជាខាងក្រោយ) អ្នកឮសំឡេងល្បី (អំពីសំណាក់) អ្នកប្រាជ្ញទាំងឡាយ ជាអ្នកមានឈាន លះបង់កាម គប្បីធ្វើដោយក្រៃលែងនូវហិរិផង នូវសទ្ធាផង ក្នុងកាលនោះ ទើបឈ្មោះថាជាសាវ័ករបស់តថាគត។ អ្នកត្រូវដឹងបរិយាយនោះ ដោយសេចក្តីឧបមា ដោយទន្លេទាំងឡាយ (ត្រូវដឹងបរិយាយផ្សេងទៀត) ចំពោះបឹង និងស្ទឹងទាំងឡាយថា ស្ទឹងតូចទាំងឡាយ តែងធ្វើសំឡេងហូរទៅ ឯស្ទឹងធំ តែងហូរទៅស្ងៀម ៗ។ ទឹកណា ដែលកន្លះ ទឹកនោះ តែងឮសូរ ទឹកណា ដែលពេញ ទឹកនោះតែងស្ងប់ ជនពាលមានឧបមាដូចទឹកកន្លះក្អម ជនបណ្ឌិត មានឧបមាដូចអន្លង់ទឹកដ៏ពេញ។ សមណៈ គឺព្រះពុទ្ធ តែងសំដែងនូវធម៌ដែលប្រកបដោយប្រយោជន៍ដ៏ច្រើន សមណៈនោះ ជ្រាបប្រាកដ ទើបសំដែងនូវធម៌ សមណៈនោះ ជ្រាបប្រាកដ ទើបសំដែងដោយច្រើន។ មួយទៀត មុនីណា ជ្រាបប្រាកដនូវធម៌ មានចិត្តសង្រួមហើយ ជ្រាបប្រាកដនូវធម៌ មិននិយាយច្រើន មុនីនោះ គួរដល់មោនេយ្យប្បដិបទា មុនីនោះ បានដល់នូវអរហត្តមគ្គញ្ញាណ។
ចប់ នាឡកសូត្រ ទី១១។
(១២. ទ្វយតានុបស្សនាសុត្តំ)
[៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងបុព្វារាម មិគារមាតុប្រាសាទ ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម គង់ក្នុងទីវាល នារាត្រីពេញបូណ៌មី ក្នុងថ្ងៃឧបោសថទី ១៥ នោះ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ឈ្មៀងមើលនូវភិក្ខុសង្ឃ ដែលស្ងៀមស្ងាត់ ហើយទ្រង់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយណា ជាអរិយធម៌ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅដើម្បីសម្ពោធិញ្ញាណ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ មានគេសួរអ្នកទាំងឡាយថា ប្រយោជន៍អ្វីដល់អ្នកទាំងឡាយ ក្នុងកិរិយាស្តាប់នូវកុសលធម៌ទាំងឡាយនោះ ដែលជាអរិយធម៌ ជានិយ្យានិកធម៌ ជាធម៌ប្រព្រឹត្តទៅដើម្បីសម្ពោធិញ្ញាណ ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នា គួរពោលយ៉ាងនេះ ទៅនឹងជនទាំងនោះវិញថា ប្រយោជន៍ដើម្បីដឹងតាមពិតនូវសភាពនៃធម៌ជាគូនឹងគ្នា ជាកំណត់ អ្នករាល់គ្នាពោលនូវសភាពនៃធម៌ដែលគូនឹងគ្នា តើដូចម្តេច (គប្បីពោល) ថា នេះជាទុក្ខ នេះជាហេតុនាំឲ្យកើតទុក្ខ នេះជាអនុបស្សនា ទី ១ នេះជាទីរំលត់ទុក្ខ នេះជាបដិបទាទៅកាន់ទីរំលត់ទុក្ខ នេះជាអនុបស្សនា ទី ២ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុពិចារណាឃើញរឿយ ៗ នូវសភាពនៃធម៌ជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បណ្តាផលទាំងពីរប្រការ ផលណាមួយនឹងប្រាកដ គឺនឹងបាននូវអរហត្តផល ក្នុងបច្ចុប្បន្ន ឬមួយបើខន្ធដ៏សេស ដែលគប្បីកើតតទៅទៀតនៅមាន នឹងបានដល់នូវអនាគាមិផល។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ពាក្យនេះហើយ ទើបទ្រង់ត្រាស់គាថាព័ន្ធ តទៅទៀតថា
[៧៨] ពួកជនណា មិនដឹងច្បាស់នូវទុក្ខ ទាំងនូវហេតុនាំឲ្យកើតទុក្ខ នូវព្រះនិព្វានជាទីរំលត់ទុក្ខ មិនសេសសល់ដោយសព្វគ្រប់ ទាំងមិនដឹងនូវផ្លូវទៅកាន់ទីរម្ងាប់ទុក្ខនោះ ពួកជននោះ សាបសូន្យហើយ ចាកចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ពួកជននោះ មិនគួរដើម្បីនឹងធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃវដ្តទុក្ខបាន ពួកជននោះ ចូលទៅកាន់ជាតិ និងជរាតែម្យ៉ាង។ ពួកជនណា ដឹងច្បាស់នូវទុក្ខ នូវហេតុនាំឲ្យកើតទុក្ខ នូវព្រះនិព្វាន ជាទីរំលត់ទុក្ខ ឥតសេសសល់ ដោយសព្វគ្រប់ ទាំងដឹងច្បាស់នូវផ្លូវដែលទៅកាន់ទីរម្ងាប់ទុក្ខនោះ ពួកជននោះ បរិបូណ៌ដោយចេតាវិមុត្តិ និងបញ្ញាវិមុត្តិ ពួកជននោះ ទើបគួរនឹងធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃវដ្តទុក្ខបាន ពួកជននោះ មិនចូលទៅកាន់ជាតិ និងជរាឡើយ។
[៧៩] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើគេសួរថា ការពិចារណានូវសភាពនៃធម៌ដែលជាគូនឹងគ្នាដោយប្រពៃ ដោយបរិយាយដទៃទៀត មានដែរឬ អ្នករាល់គ្នាគួរប្រាប់ថា មាន តើមានដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះឧបធិជាបច្ច័យ នេះជាអនុបស្សនាទី ១ មួយទៀត ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនសេសសល់នៃពួកឧបធិធម៌ គឺកម្ម នេះជាអនុបស្សនា ទី ២ ភិក្ខុអ្នកពិចារណាឃើញនូវសភាពនៃធម៌ ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះ។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ទុក្ខទាំងឡាយ រមែងកើតឡើង ព្រោះមានឧបធិ (កម្ម) ជាបច្ច័យ ពួកសត្វណានីមួយក្នុងលោក មានរូបច្រើនប្រការ (រមែងទទួលនូវទុក្ខនោះ) បុគ្គលពាលណា មិនស្គាល់ច្បាស់ ហើយធ្វើនូវឧបធិ បុគ្គលពាល (នោះ) តែងបាននូវទុក្ខរឿយ ៗ ព្រោះហេតុនោះ អ្នកប្រាជ្ញពិចារណាឃើញនូវឧបធិ ជាហេតុឲ្យកើតទុក្ខ កាលស្គាល់ច្បាស់ មិនគប្បីធ្វើនូវឧបធិឡើយ។
[៨០] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើមានគេសួរថា ការពិចារណានូវសភាពនៃធម៌ ដែលជាគូនឹងគ្នាដោយប្រពៃ ដោយបរិយាយដទៃទៀត មានដែរឬ អ្នករាល់គ្នា គប្បីតបថា មាន តើមានដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះអវិជ្ជាជាបច្ច័យ នេះជាអនុបស្សនាទី ១ មួយទៀត ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនមានសេសសល់នៃអវិជ្ជា នេះជាអនុបស្សនាទី ២ ភិក្ខុពិចារណាឃើញនូវសភាពនៃធម៌ ដែលជាគូនឹងគ្នាដោយប្រពៃយ៉ាងនេះ។បេ។ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ពួកសត្វ រមែងទៅកាន់ជាតិមរណៈ និងការអន្ទោលទៅក្នុងភពថ្មីរឿយ ៗ (ដោយអវិជ្ជាគតិណា) អវិជ្ជាគតិនោះ មិនដឹងនូវសភាពជាមនុស្សនេះផង និងភាពនៃនិកាយដទៃផង។ ការអន្ទោលទៅ (ក្នុងភព) អស់កាលដ៏វែងនេះ ក៏ព្រោះតែអវិជ្ជា គឺមោហៈធំនេះឯង ពួកសត្វណា ដែលមានវិជ្ជាគតិ ពួកសត្វនោះ រមែងមិនទៅកាន់ភពថ្មីទៀតឡើយ។
[៨១] ដោយបរិយាយ ដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះសង្ខារជាបច្ច័យ នេះជាអនុបស្សនា ទី ១ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនមានសេសសល់នៃសង្ខារ នេះជាអនុបស្សនាទី ២ ភិក្ខុអ្នកពិចារណាឃើញនូវសភាពនៃធម៌ដែលជាគូនឹងគ្នាដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះសង្ខារជាបច្ច័យ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ទៅនៃសង្ខារទាំងឡាយ។ អ្នកប្រាជ្ញ ជ្រាបនូវទោសនុ៎ះថា ទុក្ខកើតឡើងព្រោះសង្ខារជាបច្ច័យ ព្រោះរម្ងាប់នូវសង្ខារទាំងពួង ព្រោះរំលត់ទៅនៃកាមសញ្ញាជាដើមបាន ព្រោះជ្រាបនូវកងទុក្ខនុ៎ះ តាមពិត។ បណ្ឌិតទាំងឡាយ អ្នកដល់នូវវេទ ឃើញដោយប្រពៃ ជ្រាបដោយប្រពៃ គ្របសង្កត់នូវមារសំយោគ គឺវដ្តៈក្នុងភូមិទាំង ៣ ហើយ រមែងមិនត្រឡប់មកកាន់ភពថ្មីទៀតឡើយ។
[៨២] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើងព្រោះវិញ្ញាណជាបច្ច័យ នេះជាអនុបស្សនា ទី ១ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ ដោយប្រាសចាកតម្រេក មិនមានសេសសល់នៃវិញ្ញាណ នេះជាអនុបស្សនាទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពនៃធម៌ ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះវិញ្ញាណជាបច្ច័យ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់វិញ្ញាណ។ អ្នកប្រាជ្ញដឹងនូវទោសនេះថា ទុក្ខ (កើតឡើង) ព្រោះវិញ្ញាណជាបច្ច័យ ភិក្ខុមិនមានតណ្ហា បានបរិនិព្វាន ព្រោះរម្ងាប់បង់នូវវិញ្ញាណ។
[៨៣] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវបា្រប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះផស្សៈជាបច្ច័យ នេះជាអនុបស្សនាទី ១ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនមានសេសសល់នៃផស្សៈ នេះជាអនុបស្សនាទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូនឹងគ្នាយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ការអស់សំយោជនៈ ជាធម៌ឃ្វាងរបស់ពួកជនទាំងនោះដែលមានផស្សៈគ្របសង្កត់ហើយ ប្រព្រឹត្តតាមខ្សែតណ្ហាក្នុងភព ជាអ្នកប្រតិបត្តិតាមផ្លូវខុស។ ពួកជនណា កំណត់ដឹងនូវផស្សៈ ត្រេកអរក្នុងព្រះនិព្វាន ជាទីរម្ងាប់ (សង្ខារទាំងពួង) ដោយបញ្ញា ពួកជននោះ មិនមានតណ្ហា រមែងបរិនិព្វាន ព្រោះរំលត់បង់នូវផស្សៈ។
[៨៤] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវបា្រប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើងព្រោះវេទនាជាបច្ច័យ នេះជាអនុបស្សនាទី ១ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនមានសេសសល់នៃវេទនា នេះជាអនុបស្សនាទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
អ្នកប្រាជ្ញជា្របថា ធម្មជាតនីមួយ ទោះបីជាសុខ ឬជាទុក្ខ ព្រមទាំងមិនទុក្ខមិនសុខ ដែលមានខាងក្នុងក្តី ខាងក្រៅក្តី ដែលសត្វទទួលហើយ ធម្មជាតនុ៎ះ សុទ្ធតែជាទុក្ខ បានពាល់ត្រូវ សម្រេចនូវធម៌សម្រាប់វិនាស និងធម៌សម្រាប់ទ្រុឌទ្រោម (ដោយឧទយពយញ្ញាណ) ឃើញនូវការសូន្យទៅ ដឹងច្បាស់វេទនានោះ ដោយប្រការដូច្នេះ។ ការកើតឡើងនៃទុក្ខមិនមាន ព្រោះអស់ទៅនៃវេទនាទាំងឡាយ។
[៨៥] ដោយបរិយាយ ដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះតណ្ហាជាបច្ច័យ នេះជាអនុបស្សនាទី ១ ការកើតឡើងនៃទុក្ខ មិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនមានសេសសល់នៃតណ្ហា នេះជាអនុបស្សនា ទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
បុរសដែលមានតណ្ហាជាគំរប់ពីរ (នឹងខ្លួន) រមែងអន្ទោលទៅកាន់អត្តភាពនេះ និងអត្តភាពដទៃ អស់កាលយូរអង្វែង មិនងាយនឹងប្រព្រឹត្តកន្លងសង្សារបានឡើយ។ ភិក្ខុលុះដឹងទោសនៃតណ្ហានុ៎ះដ៏ជាហេតុឲ្យកើតទុក្ខ គប្បីជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ មានសតិវៀរចេញ (ចាកតណ្ហា ឧបាទាន)។
[៨៦] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះឧបាទានជាបច្ច័យ នេះជាអនុបស្សនាទី ១ ការកើតឡើតនៃទុក្ខ មិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនសេសសល់នៃឧបាទាន នេះជាអនុបស្សនាទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ភពកើតឡើង ព្រោះឧបាទានជាបច្ច័យ សត្វដែលកើតហើយ រមែងបាននូវទុក្ខ មរណៈក៏កើតមានដល់សត្វដែលកើតហើយដែរ នេះជាសភាវៈ កើតឡើងព្រមនៃទុក្ខ។ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ មិនត្រឡប់មកកាន់ភពថ្មីវិញទៀត ព្រោះអស់ឧបាទាន ព្រោះដឹងត្រូវ ព្រោះជា្របច្បាស់នូវព្រះនិពា្វន ជាទីអស់ទៅនៃជាតិ។
[៨៧] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើងព្រោះព្យាយាម (ដ៏សម្បយុត្តដោយកម្ម) ជាបច្ច័យ នេះជាអនុបស្សនាទី ១ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនមានសេសសល់នៃព្យាយាម នេះជាអនុបស្សនាទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះព្យាយាមជាបច្ច័យ ការមិនកើតឡើងនៃទុក្ខ ព្រោះរលត់នូវព្យាយាម។ អ្នកប្រាជ្ញជ្រាបនូវទោសនុ៎ះថា ទុក្ខកើតឡើង ព្រោះព្យាយាមជាបច្ច័យ ហើយក៏លះចោលនូវព្យាយាមទាំងពួងចេញ កាលភិក្ខុជឿស៊ប់ក្នុងព្រះនិព្វាន ជាដែនមិនមានព្យាយាម បានផ្តាច់ផ្តិលនូវតណ្ហាក្នុងភព មានចិត្តស្ងប់រម្ងាប់ហើយ ការអន្ទោលទៅកាន់ជាតិក៏អស់រលីង ភិក្ខុនោះ មិនមានភពថ្មីទៀតឡើយ។
[៨៨] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវបា្រប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើងព្រោះអាហារជាបច្ច័យ នេះជាអនុបស្សនា ទី ១ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនមានសេសសល់នៃអាហារ នេះជាអនុបស្សនា ទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះអាហារជាបច្ច័យ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់អាហារ។ អ្នកប្រាជ្ញលុះជា្របនូវទោសនុ៎ះថា ទុក្ខ (កើតឡើង) ព្រោះអាហារជាបច្ច័យ ហើយមិនអាស្រ័យនូវអាហារទាំងពួង ព្រោះកំណត់ដឹងនូវអាហារទាំងពួង ជាអ្នកពិចារណាហើយ ទើបសេព (បច្ច័យ ៤) តាំងនៅក្នុងសច្ចធម៌ មិនដល់នូវការរាប់ (ថាជាមនុស្ស ឬទេវតា) ព្រោះជ្រាបច្បាស់ដោយប្រពៃនូវព្រះនិព្វាន ជាដែនមិនមានរោគ ព្រោះអស់នៃអាសវៈទាំងឡាយ។
[៨៩] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវប្រាប់ថា) ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះធម៌ជាគ្រឿងញាប់ញ័រជាបច្ច័យ នេះជាអនុបស្សនា ទី ១ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់ដោយប្រាសចាកតម្រេក មិនមានសេសសល់នៃធម៌ជាគ្រឿងញាប់ញ័រ នេះជាអនុបស្សនាទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ទុក្ខនីមួយទាំងអស់ តែងកើតឡើង ព្រោះសេចក្តីញាប់ញ័រជាបច្ច័យ ការកើតឡើងនៃទុក្ខមិនមាន ព្រោះរលត់នៃសេចក្តីញាប់ញ័រ។ ភិក្ខុដឹងនូវទោសនុ៎ះថា ទុក្ខ (កើតឡើង) ព្រោះសេចក្តីញាប់ញ័រជាបច្ច័យ ព្រោះហេតុនោះ ភិក្ខុគប្បីលះបង់តណ្ហា រំលត់សង្ខារទាំងឡាយ ជាអ្នកមិនមានតណ្ហា មិនមានឧបាទាន វៀរស្រឡះចាកសេចក្តីញាប់ញ័រនោះ។
[៩០] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច (ត្រូវប្រាប់ថា) សភាពញ័ររន្ធត់ តែងមានដល់បុគ្គលដែលអាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) នេះជាអនុបស្សនា ទី ១ បុគ្គលដែលមិនអាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) រមែងមិនរន្ធត់ឡើយ នេះជាអនុបស្សនាទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូនឹងគ្នាដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
បុគ្គលមិនអាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) រមែងមិនរន្ធត់ បុគ្គលអ្នកអាស្រ័យនូវការប្រកាន់ រមែងមិនប្រព្រឹត្តកន្លងនូវការអន្ទោលទៅកាន់អត្តភាពនេះ និងអត្តភាពដទៃ។ ភិក្ខុដឹងនូវទោសនុ៎ះថា ជាភ័យធំ ព្រោះការអាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) គប្បីជាបុគ្គលមិនអាស្រ័យ (តណ្ហា មានះ ទិដ្ឋិ) មិនមានឧបាទាន មានសតិវៀរស្រឡះ។
[៩១] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច ម្នាលភិក្ខុទាំងឡាយ ពួកអរូបល្អិតជាងពួករូប នេះជាអនុបស្សនា ទី ១ ព្រះនិព្វានជាធម៌ល្អិតជាងពួកអរូប នេះជាអនុបស្សនា ទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធដទៃ តទៅទៀតថា
ពួកសត្វណា តាំងនៅក្នុងរូបភពក្តី ពួកសត្វណា តាំងនៅក្នុងអរូបភពក្តី ពួកសត្វទាំងនោះ មិនស្គាល់ច្បាស់នូវព្រះនិព្វាន ជាអ្នកត្រឡប់មកកាន់ភពថ្មីទៀត មួយទៀត ពួកជនណា កំណត់ដឹងក្នុងរូប ឋិតនៅក្នុងអរូប មានចិត្តជឿស៊ប់ក្នុងព្រះនិព្វាន ជនទាំងនោះ ឈ្មោះថា មានមច្ចុសាបសូន្យហើយ។
[៩២] ដោយបរិយាយដទៃទៀត មានដែរឬ។បេ។ តើមានដូចម្តេច ម្នាលភិក្ខុទាំងឡាយ នាម និងរូបណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ពិនិត្យឃើញថា នេះជារបស់ពិត តែនាម និងរូបនោះ ព្រះអរិយៈទាំងឡាយ ឃើញច្បាស់ដោយបញ្ញាដ៏ប្រពៃ តាមពិតថា នេះជារបស់មិនពិត នេះជាអនុបស្សនាទី ១ ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វានណា ដែលលោក ព្រមទាំងទេវលោក។បេ។ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ពិនិត្យឃើញថា នេះជារបស់មិនពិត តែព្រះនិព្វាននោះ ព្រះអរិយៈទាំងឡាយ ឃើ់ញច្បាស់ដោយចក្ខុដ៏ប្រពៃ តាមពិតថា នុ៎ះជារបស់ពិត នេះជាអនុបស្សនា ទី ២ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូនឹងគ្នា ដោយប្រពៃយ៉ាងនេះឯង។បេ។ ព្រះសាស្តា ទ្រង់ត្រាស់គាថាព័ន្ធតទៅទៀតថា
អ្នកចូរមើលនូវលោក ព្រមទាំងទេវលោក ដែលតាំងនៅក្នុងនាម និងរូប បុគ្គលមានសេចក្តីសំគាល់ថា ខ្លួនក្នុងរបស់ដែលមិនមែនខ្លួន តែងសំគាល់ថា នេះទៀង។ ពួកសត្វតែងសំគាល់ដោយរូបជាដើមណា ៗ ថា (រូបរបស់អញ វេទនារបស់អញ) នាម និងរូបនោះ ទៅជារបស់ដទៃអំពីការសំគាល់នោះ ព្រោះនាម និងរូបនោះ របស់សត្វនោះ ជារបស់មិនពិត ជាធម៌សោះសូន្យទទេ។ ព្រះអរិយៈទាំងឡាយ ដឹងច្បាស់នូវព្រះនិព្វាននោះ ដែលជាធម៌មិនសោះសូន្យដោយពិត ទើបព្រះអរិយៈទាំងនោះ មិនមានតណ្ហា បានដល់ព្រះនិព្វាន ព្រោះបានត្រាស់ដឹងនូវសច្ចធម៌។
[៩៣] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើគេសួរថា ការពិចារណាឃើញរឿយ ៗ នូវសភាពធម៌ ដែលជាគូនឹងគ្នា ដោយប្រពៃដទៃទៀត មានដែរឬ ត្រូវបា្រប់ថា មាន តើមានដូចម្តេច ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ទាំង ៦ ប្រការ មានរូបារម្មណ៍ជាដើមណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ពិនិត្យឃើញថា នេះជាសុខ ឯអារម្មណ៍នោះ ព្រះអរិយៈទាំងឡាយ ឃើញច្បាស់ដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាទុក្ខវិញ នេះជាអនុបស្សនាទី ១ ម្នាលភិក្ខុទាំងឡាយ ព្រះនិព្វានណា ដែលលោក ព្រមទាំងទេវលោក។បេ។ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ពិនិត្យឃើញថា នេះជាទុក្ខ ឯព្រះនិព្វាននោះ ព្រះអរិយៈទាំងឡាយ ឃើញច្បាស់ដោយបញ្ញាដ៏ប្រពៃតាមពិតថា នេះជាសុខវិញ នេះជាអនុបស្សនា ទី ២ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកពិចារណាឃើញរឿយ ៗ នូវសភាពធម៌ដែលជាគូគ្នា ដោយប្រពៃយ៉ាងនេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បណ្តាផលទាំងពីរ ផលណាមួយ នឹងកើតប្រាកដ គឺនឹងបាននូវអរហត្តផល ក្នុងបច្ចុប្បន្ន ឬមួយបើខន្ធដ៏សេសដែលគប្បីកើតតទៅទៀតនៅមាន នឹងបានដល់នូវអនាគាមិផល។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ លុះព្រះសុគតជាសាស្តា ទ្រង់ត្រាស់ពាក្យនេះហើយ ទើបទ្រង់ត្រាស់គាថាព័ន្ធ តទៅទៀតថា
រូប សំឡេង ក្លិន រស ផស្សៈ ធម្មារម្មណ៍ទាំងអស់ ជាទីប្រាថ្នា ជាទីស្រឡាញ់ និងជាទីពេញចិត្ត លោកពោលថា មាននៅដរាបណា អារម្មណ៍ទាំងនុ៎ះ សត្វលោក ព្រមទាំងទេវលោក សន្មតថា ជាសុខ (ដរាបនោះ) អារម្មណ៍ទាំងនោះ តែងរលត់ទៅក្នុងព្រះនិព្វានណា ព្រះនិព្វាននោះ ពួកសត្វលោកទាំងនោះ សន្មតថា ជាទុក្ខវិញ។ ការរលត់នូវសក្កាយ គឺខន្ធទាំង ៥ ព្រះអរិយៈទាំងឡាយ ឃើញថា ជាសុខពិត ការឃើញ (របស់ព្រះអរិយៈ) អ្នកយល់នេះ ជាទំនាស់នឹងសត្វលោកទាំងពួង។ ពួកជនពាលដទៃ ពោលនូវវត្ថុកាមណាថាជាសុខ ព្រះអរិយៈទាំងឡាយ ពោលនូវវត្ថុកាមនោះ ថាជាទុក្ខ ពួកជនពាលដទៃ ពោលនូវព្រះនិព្វានណា ថាទុក្ខ ព្រះអរិយៈទាំងឡាយ ដឹងច្បាស់នូវព្រះនិព្វាននោះ ថាជាសុខ អ្នកចូរឃើញនូវនិព្វានធម៌ ដែលដឹងបានដោយក្រ ពួកអ្នកមិនដឹង វង្វេងហើយក្នុងធម៌នុ៎ះ។ សេចក្តីងងឹតធ្វើនូវភាពខ្វាក់ តែងប្រាកដដល់ពួកជនពាល ដែលអវិជ្ជាបិទបាំង មិនឃើញនូវព្រះនិពា្វន ឯព្រះនិព្វានដូចជាពន្លឺ រមែងបើកបង្ហាញដល់ពួកសប្បុរសអ្នកឃើញ ពួកជនអ្នកមិនឈ្លាសវៃនូវធម៌ គឺព្រះនិព្វាន រមែងមិនដឹងច្បាស់ (នូវព្រះនិព្វាន សូម្បីមាន) ក្នុងទីជិតឡើយ។ ព្រះនិព្វាននេះ ពួកជនពាលដែលមានភវរាគៈគ្របសង្កត់ហើយ កំពុងអន្ទោលទៅតាមខ្សែក្នុងភព កើតហើយក្នុងកន្លែងរបស់មារ មិនងាយនឹងត្រាស់ដឹងបានឡើយ។ នរណាហ្ន៎ វៀរលែងតែព្រះអរិយៈចេញ គួរនឹងត្រាស់ដឹងនូវព្រះនិព្វានបាន ព្រះអរហន្តទាំងឡាយ មិនមានអាសវធម៌ បរិនិព្វានហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃនូវព្រះនិព្វាន។
[៩៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះរួចហើយ។ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយនឹងភាសិតរបស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគទ្រង់ពោលវេយ្យាករណ៍នេះ ពួកភិក្ខុប្រមាណ ៦០ រូប មានចិត្តរួចស្រឡះចាកអាសវធម៌ ព្រោះមិនមានឧបាទាន។
ចប់ ទ្វយតានុបស្សនាសូត្រទី ១២។
ឧទ្ទានក្នុងទ្វយតានុបស្សនាសូត្រនោះគឺ
និយាយអំពីចតុរារិយសច្ច ១ ឧបធិ ១ អវិជ្ជា ១ សង្ខារ ១ វិញ្ញាណ ១ ជាគំរប់ប្រាំ ផស្សៈ ១ វេទនា ១ តណ្ហា ១ ឧបាទាន ១ អារម្ភៈ (ព្យាយាម) ១ អាហារ ១ សេចក្តីញាប់ញ័រ ១ ការរន្ធត់ ១ រូប ១ សច្ច ១ ទុក្ខ ១ ជា ១៦។
ចប់ មហាវគ្គ ទី៣។
ឧទ្ទាននៃមហាវគ្គនោះគឺ
និយាយអំពីបព្វជ្ជាសូត្រ ១ បធានសូត្រ ១ សុភាសិតសូត្រ ១ សុន្ទរិកភារទ្វាជសូត្រ ១ មាឃសូត្រ ១ សភិយសូត្រ ១ សេលសូត្រ ១ សល្លសូត្រ ១ សេដ្ឋសូត្រ ១ កោកាលិកសូត្រ ១ នាឡកសូត្រ ១ ទ្វយតានុបស្សនាសូត្រ ១ សូត្រទាំង ១២ នុ៎ះ ហៅថា មហាវគ្គ។
(៤. អដ្ឋកវគ្គោ)
(១. កាមសុត្តំ)
[៩៥] កាលសត្វប្រាថ្នាកាមណា បើកាមនោះសម្រេចដល់សត្វនោះ លុះសត្វ (នោះ) បានតាមប្រាថ្នាហើយ រមែងមានចិត្តប្រកបដោយបីតិដោយពិត។ កាលបើសត្វនោះប្រាថ្នា មានឆន្ទៈកើតហើយ កាមនោះ សាបសូន្យទៅ សត្វក៏សុបសៅទៅ ដូចជាមុតដោយសរ។ សត្វណាវៀរស្រឡះចាកកាមទាំងឡាយ ដូចជាបុរសគេចនឹងក្បាលពស់ ដោយជើងរបស់ខ្លួន សត្វនោះ ជាអ្នកមានសតិ ប្រព្រឹត្តកន្លងនូវតណ្ហាជាគ្រឿងផ្សាយទៅនេះ ក្នុងលោកបាន។ មួយទៀត ជនណា ជាប់ចំពាក់នឹងស្រែ ចំការ កន្លែង ប្រាក់ គោ សេះ និងបុរសជាខ្ញុំ ពួកស្រ្តី ពួកផៅពង្ស និងកាមដ៏ច្រើន ពួកកិលេសយ៉ាងខ្សោយ រមែងគ្របសង្កត់ជននោះ អន្តរាយទាំងឡាយ ញាំញីជននោះ តពីនេះទៅ ទុក្ខនឹងជាប់ជននោះ ដូចជាទឹកហូរចូលទូកដែលបែកធ្លាយ។ ព្រោះហេតុនោះ សត្វអ្នកមានសតិសព្វកាល គួរវៀរចាកកាមទាំងឡាយ លុះលះកាមទាំងនោះហើយ ទើបឆ្លងអន្លង់បាន ដូចជាបុរសស្តារទូក ហើយទៅដល់ត្រើយខាងនាយ។
ចប់ កាមសូត្រ ទី១។
(២. គុហដ្ឋកសុត្តំ)
[៩៦] ជនជាប់ចំពាក់ក្នុងគុហា គឺរាងកាយ ស្រោបដោយកិលេសច្រើនប្រការ ធ្លាក់ចុះក្នុងមោហៈ គឺកាមគុណ ហើយឋិតនៅ ជនមានសភាពដូច្នោះ ឈ្មោះថា ឆ្ងាយអំពីវិវេក ព្រោះថា កាមទាំងឡាយក្នុងលោក បុគ្គលមិនងាយនឹងលះបានឡើយ។ សត្វទាំងនោះ ជាប់ចំពាក់ដោយរសឆ្ងាញ់ក្នុងភព ព្រោះសេចក្តីប្រាថ្នាជាហេតុអាឡោះអាល័យនូវកាមទាំងឡាយ ក្នុងអនាគតផង ក្នុងអតីតផង ប្រាថ្នានូវកាមទាំងឡាយ ជាបច្ចុប្បន្ននេះ និងអតីត អនាគត ជាសត្វរួចបានដោយក្រ មិនរួចដោយហេតុដទៃបាន។ សត្វទាំងនោះ ជាប់ចំពាក់ ខ្វល់ខ្វាយវង្វេងក្នុងកាមទាំងឡាយ មិនកាន់យកពុទ្ធវចនៈតាំងនៅមាំក្នុងធម៌មិនសើ្ម គឺកាយទុច្ចរិត ដល់នូវសេចក្តីទុក្ខ តែងខ្សឹកខ្សួលថា ឱហ្ន៎ អាត្មាអញច្យុតអំពីអត្តភាពនេះ នឹងទៅកើតក្នុងទីណាអេះ។ ព្រោះហេតុនោះ សត្វគប្បីសិក្សាក្នុងសាសនានេះ អ្នកប្រាជ្ញគប្បីដឹងនូវកម្មនីមួយ ថាជាកម្មមិនរាបទាបក្នុងលោក មិនគប្បីប្រព្រឹត្តធម៌មិនរាបទាប ព្រោះហេតុនៃកម្មនោះ អ្នកប្រាជ្ញទាំងឡាយ តែងពោលនូវជីវិតនោះ ថាជារបស់មានប្រមាណតិច។ តថាគតឃើញនូវពពួកសត្វនេះ ដែលកំពុងអន្ទះអន្ទែងក្នុងលោក លុះក្នុងអំណាចតណ្ហាក្នុងភពទាំងឡាយ ពួកជនអ្នកថោកថយ មិនប្រាសចាកតណ្ហា ក្នុងភពតូចភពធំទាំងឡាយ រមែងខ្សឹកខ្សួលក្នុងមាត់នៃមច្ចុ។ អ្នកទាំងឡាយ ចូរមើលពួកសត្វកំពុងអន្ទះអន្ទែង ក្នុងវត្ថុជាកំណាន់ ដូចជាមច្ឆាជាតិដែលកំពុងអន្ទះអន្ទែង ក្នុងទីមានទឹកតិច មានខ្សែទឹករីងអស់ហើយ អ្នកប្រាជ្ញមិនមានសេចក្តីប្រកាន់ លុះឃើញទោសនុ៎ះហើយ មិនគប្បីសន្សំនូវតណ្ហាគ្រឿងជាប់ចំពាក់ក្នុងភព ហើយត្រាច់ទៅ។ អ្នកប្រាជ្ញកំណត់ដឹងនូវផស្សៈ ហើយលះបង់នូវឆន្ទរាគៈក្នុងផស្សៈទាំងពីរប្រការ គឺផស្សៈដែលកើតហើយ និងហេតុដែលនាំឲ្យកើតផស្សៈដ៏លាមក មិនជាប់ចំពាក់ (ក្នុងផស្សៈទាំងនោះ) អ្នកប្រាជ្ញមិនតិះដៀលអាត្មាឯង ដោយកម្មណា មិនធ្វើនូវកម្មនោះ មិនជាប់នៅក្នុងអារម្មណ៍ដែលបានឃើញបានឮ។ អ្នកប្រាជ្ញកំណត់ដឹងនូវកាមសញ្ញា ហើយឆ្លងចាកអន្លង់ មានចិត្តមិនជាប់ចំពាក់ ក្នុងបរិគ្គហធម៌ គឺតណ្ហា និងទិដ្ឋិទាំងឡាយឡើយ ដកចោលនូវសរ គឺរាគាទិក្កិលេស មិនមានសេចក្តីប្រមាទ ត្រាច់ទៅទាំងមិនមានសេចក្តីប្រាថ្នាក្នុងលោកនេះ និងលោកខាងមុខ។
ចប់ គុហដ្ឋកសូត្រ ទី២។
(៣. ទុដ្ឋដ្ឋកសុត្តំ)
[៩៧] តិរ្ថិយ ១ ពួក មានចិត្តប្រទូស្ត ពោលតិះដៀល (ព្រះមានព្រះភាគ និងភិក្ខុសង្ឃ) មិនតែប៉ុណ្ណោះ តិរិ្ថយដទៃទៀត ដែលមានសេចក្តីសំគាល់ថាមែន ក៏ពោលតិះដៀលដែរ ឯអក្កោសវាទ ដែលកើតហើយ មិនចូលទៅដល់ព្រះមុនី ព្រោះហេតុនោះ ត្រូវដឹងថា ព្រះមុនីមិនមានសសរខឿន គឺរាគាទិក្កិលេស ក្នុងសន្តានតិចតួចសោះឡើយ។ បុគ្គលកន្លងនូវទិដ្ឋិរបស់ខ្លួនដូចម្តេចបាន បុគ្គលត្រូវឆន្ទៈដឹកនាំហើយ តាំងនៅមាំហើយ តាមគាប់ចិត្ត ធ្វើនូវទិដ្ឋិឲ្យពេញដោយខ្លួនឯង ដឹងយ៉ាងណា ពោលយ៉ាងនោះ។ សត្វណា គេមិនទាន់សាកសួរ ស្រាប់តែសំដែងប្រាប់នូវសីល និងវត្តរបស់ខ្លួន ដល់ជនដទៃ សត្វណា ពោលសរសើរខ្លួនដោយខ្លួនឯង អ្នកឈ្លាសវៃទាំងឡាយ ពោលនូវវាទៈរបស់សត្វនោះ ថាជាធម៌មិនប្រសើរឡើយ។ មួយទៀត ភិក្ខុអ្នកស្ងប់រម្ងាប់ហើយ មានខ្លួនរលត់ហើយ មិនពោលអួតព្រោះសីល (ទប់ខ្លួន) ថា អាត្មាអញមានសីលដូច្នេះ ៗ ឬមួយធម៌ជាចំហាយ គឺរាគាទិក្កិលេសក្នុងលោកនីមួយ មិនមានដល់ភិក្ខុណា អ្នកឈ្លាសវៃទាំងឡាយ ពោលនូវការមិនពោលអួតរបស់ភិក្ខុនោះ ថាជាធម៌ដ៏ប្រសើរ។ ធម៌ គឺទិដ្ឋិ ៦២ ដែលបច្ច័យកំណត់តាក់តែងធ្វើខាងមុខ មិនផូរផង់ មានដល់សត្វណាមួយ (ជាទិដ្ឋិគតិកៈ) បុគ្គលនោះ ឃើញអានិសង្សណាក្នុងខ្លួន ក៏អាស្រ័យអានិសង្សនោះ និងកុប្បបដិច្ចសន្តិទិដ្ឋិ។45) សេចក្តីប្រកាន់ទិដ្ឋិ គឺសត្វមិនងាយប្រព្រឹត្តកន្លងបាន ព្រោះចូលចិត្តនូវទិដ្ឋិដែលខ្លួនប្រកាន់ហើយ ក្នុងទិដ្ឋិធម៌ ៦២ ព្រោះហេតុនោះ ជនរលាស់ចោលខ្លះ កាន់យកខ្លះនូវធម៌ គឺទិដ្ឋិ ក្នុងការប្រកាន់យកនូវទិដ្ឋិទាំងនោះ។ ព្រះអរហន្តក្នុងលោក មិនមានទិដ្ឋិដែលបុគ្គលកំណត់ ក្នុងភពតូចភពធំ ក្នុងលោកតិចតួចឡើយ ព្រះអរហន្តនោះ លះបង់មាយាផង មានះផង គប្បីទៅដោយគតិវិសេសដូចម្តេច ព្រះអរហន្តនោះ មិនផ្តេកផ្តិតនូវតណ្ហា និងទិដ្ឋិទៀតទេ។ ព្រោះបុគ្គលអ្នកផ្តេកផ្តិតនូវតណ្ហា និងទិដ្ឋិ តែងចូលទៅជិតកាន់វាទៈ ក្នុងទិដ្ឋិធម៌ទាំងឡាយ បុគ្គលគប្បីពោលទោស ចំពោះបុគ្គលអ្នកមិនផ្តេកផ្តិតនូវតណ្ហា និងទិដ្ឋិ ដោយរាគាទិទោស ដូចម្តេចបាន ឯអត្តទិដ្ឋិ និងឧច្ឆេទទិដ្ឋិ របស់ព្រះអរហន្តនោះ មិនមានឡើយ ព្រះអរហន្តនោះ កំចាត់បង់ហើយនូវទិដ្ឋិទាំងអស់ក្នុងលោក។
ចប់ ទុដ្ឋដ្ឋកសូត្រ ទី៣។
(៤. សុទ្ធដ្ឋកសុត្តំ)
[៩៨] ជនពាលតែងដឹងថា អាត្មាអញឃើញ (នូវរូប) ស្អាតប្រសើរ មិនមានរោគ ការស្អាត តែងមានដល់សត្វ ដោយរូបដែលឃើញហើយ ការដឹងយ៉ាងនេះថា ប្រសើរដូច្នេះ ហើយជាអ្នកពិចារណាឃើញរឿយ ៗ ថា ស្អាត រមែងជឿថាជាញាណ។ ប្រសិនបើការស្អាត មានដល់សត្វព្រោះរូបដែលឃើញហើយមែន សត្វនោះ គង់នឹងលះបង់នូវកងទុក្ខ ដោយញាណបាន ឬសត្វដែលប្រកបដោយឧបធិនោះ គង់នឹងស្អាតដោយមគ្គ មិនស្អាតដោយគុណដទៃ ព្រោះទិដ្ឋិ រមែងប្រាប់បុគ្គលអ្នកមានទិដ្ឋិនោះ កាលពោលយ៉ាងនោះ។ ខីណាសវព្រាហ្មណ៍ មិនពោលសរសើរនូវការស្អាត ត្រង់អារម្មណ៍ ដែលបានឃើញ បានឮ បានប៉ះពាល់ ឬត្រង់សីល និងវ័ត ជាអរិយមគ្គញ្ញាណទេ (លោក) មិនប្រឡាក់នឹងបុណ្យបាប លះបង់នូវសេចក្តីយល់ថា ខ្លួនមានធ្វើនូវកម្មក្នុងលោកនេះ។ ពួកអ្នកសុទ្ធិវាទៈ អ្នកលុះក្នុងអំណាចតណ្ហា លះបង់នូវលទ្ធិមុនហើយ អាស្រ័យនូវលទ្ធិខាងក្រោយទៀត ពួកសុទ្ធិវាទៈនោះ រមែងឆ្លងនូវកិលេស គ្រឿងជាប់មិនរួចឡើយ សុទ្ធិវាទៈទាំងនោះ តែងកាន់យកខ្លះ លះចោលវិញខ្លះ ដូចពានរ ចាប់យកមែកឈើ ដែលនៅចំពោះមុខ។ សត្វកាន់យកនូវវ័តទាំងឡាយ ដោយខ្លួនឯង ជាសត្វជាប់ល្អិតក្នុងកាមសញ្ញាហើយ តែងទៅគប់រកគ្រូខ្ពស់ និងទាប អ្នកប្រាជ្ញ មានបញ្ញាក្រាស់ដូចផែនដី ត្រាស់ដឹងនូវសច្ចធម៌ដោយវេទ គឺមគ្គញ្ញាណទាំង ៤ មិនបានទៅគប់រកគ្រូខ្ពស់ និងទាបឡើយ។ អ្នកប្រាជ្ញនោះ កំចាត់បង់មារសេនាហើយ ឋិតនៅនឹងនួន ក្នុងអារម្មណ៍ទាំងពួង ទោះអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ណាមួយក្តី (អ្នកណាមួយ) គប្បីកំណត់នូវអ្នកប្រាជ្ញ អ្នកឃើញ (ដ៏បរិសុទ្ធ) មានគ្រឿងប្រក់ គឺកិលេសបើកហើយនោះឯង ដោយគ្រឿងកំណត់ណា ក្នុងលោកបាន។ អ្នកប្រាជ្ញទាំងឡាយបែបនោះ មិនកំណត់ មិនធ្វើតណ្ហា និងទិដ្ឋិ ឲ្យជាប្រធាន ទាំងមិនពោលសរសើរនូវទិដ្ឋិ ថាជារបស់ស្អាតម៉ត់ចត់ទេ តែងផ្តាច់ចោលនូវចំណង គឺសេចក្តីប្រកាន់ ដែលចងក្នុងចិត្តសន្តានរបស់ខ្លួន តែងមិនធ្វើសេចក្តីប្រាថ្នា ក្នុងសន្តានឯណានីមួយ ក្នុងលោកទេ។ (អ្នកប្រាជ្ញនោះ) ប្រព្រឹត្តកន្លងនូវខេត្រដែន (កិលេស) បន្សាត់បង់បាប លោកមិនមានសេចក្តីប្រកាន់ ព្រោះជ្រាប ព្រោះឃើញទេ លោកមិនត្រេកអរក្នុងកាមរាគៈ មិនរីករាយក្នុងរូបភព និងអរូបភព អ្នកប្រាជ្ញនោះ មិនមានសេចក្តីប្រកាន់ថា នេះជារបស់ប្រសើរក្នុងលោកនេះឡើយ។
ចប់ សុទ្ធដ្ឋកសូត្រ ទី៤។
(៥. បរមដ្ឋកសុត្តំ)
[៩៩] សត្វនៅត្រាំក្នុងទិដ្ឋិទាំងឡាយថា នេះប្រសើរ តែងលើក (គោរព) គ្រូណាថា វិសេសផុតក្នុងលោក បានពោលបង្អាប់ពួកគ្រូទាំងអស់ដទៃអំពីគ្រូខ្លួននោះថា ថោកទាប ព្រោះហេតុនោះ បានជាសត្វប្រព្រឹត្តកន្លងនូវវិវាទទាំងឡាយមិនរួច។ សត្វឃើញនូវអានិសង្សណាក្នុងខ្លួន ត្រង់អារម្មណ៍ដែលបានឃើញ បានឮ បានប៉ះពាល់ ឬត្រង់សីល និងវ័ត សត្វនោះ ប្រកាន់ភ្ជាប់នូវអានិសង្សនោះ ក្នុងសក្កាយទិដ្ឋិនោះ ហើយឃើញនូវគ្រូដទៃទាំងអស់ថា ថោកថយ។ សត្វអាស្រ័យគ្រូរបស់ខ្លួន ហើយឃើញគ្រូដទៃថា ថោកថយ អ្នកប្រាជ្ញទាំងឡាយ ពោលនូវការឃើញនោះ ថាជាចំណងពិត ព្រោះហេតុនោះ ភិក្ខុមិនគប្បីអាស្រ័យអារម្មណ៍ ដែលបានឃើញ បានឮ បានប៉ះពាល់ ឬសីល និងវ័តឡើយ។ ភិក្ខុមិនគប្បីធ្វើទិដ្ឋិឲ្យកើតឡើងក្នុងលោក ដោយញាណ ឬដោយសីល និងវ័តទេ មិនគប្បីប្រៀបធៀបខ្លួនថា អាត្មាអញ ជាអ្នកស្មើ (នឹងគេ) ទេ មិនគប្បីសំគាល់ខ្លួនថា អាត្មាអញជាអ្នកថោកថយទេ ឬថាអាត្មាអញជាអ្នកវិសេសជាងគេទេ។ កាលភិក្ខុនោះ លះបង់នូវអត្តទិដ្ឋិហើយ មិនប្រកាន់មាំ ទាំងមិនសន្សំនូវនិស្ស័យក្នុងញាណ កាលបើសត្វបែកផ្សេងគ្នា ភិក្ខុនោះ ក៏មិនប្រព្រឹត្តជាពួក ភិក្ខុនោះ មិនត្រឡប់មកកាន់ទិដ្ឋិនីមួយទេ។ ព្រះខីណាស្រពណា មិនមានតណ្ហា ដើម្បីនឹងកើតរឿយ ៗ ក្នុងលោកនេះ ឬលោកខាងមុខ ត្រង់ទីបំផុតទាំងពីរ46) ទៀតទេ ព្រះខីណាស្រពណា មិនមានទីអាស្រ័យនៅនីមួយឡើយ ព្រះខីណាស្រពនោះ (មិនមាន) សេចក្តីប្រកាន់ ព្រោះពិចារណាឃើញក្នុងពួកទិដ្ឋិធម៌ទាំងឡាយ សូម្បីសញ្ញាតិចតួច ដែលកំណត់ក្នុងអារម្មណ៍ បានឃើញ បានឮ បានប៉ះពាល់ ក្នុងលោកនេះ របស់ព្រះខីណាស្រពនោះ ក៏មិនមានឡើយ បុគ្គលណា គប្បីកំណត់នូវខីណាសវព្រាហ្មណ៍នោះ អ្នកមិនប្រកាន់នូវទិដ្ឋិដោយសេចក្តីកំណត់ដូចម្តេច ក្នុងលោកនេះបាន។ ព្រះខីណាស្រពទាំងឡាយ មិនកំណត់ មិនធ្វើតណ្ហា និងទិដ្ឋិ ឲ្យជាប្រធានទេ ធម៌ទាំងឡាយ គឺទិដ្ឋិមិនបិទបាំង (បញ្ញា) របស់ព្រះខីណាស្រពទាំងអម្បាលនោះបានឡើយ ព្រះខីណាសវព្រាហ្មណ៍ មិនប្រព្រឹត្តទៅតាមសីល និងវ័ត (ដទៃ) ទេ បានដល់ត្រើយ គឺព្រះនិព្វាន មានសភាពជាតាទិបុគ្គល មិនត្រឡប់មកកាន់ភព (ថ្មី) ទៀតឡើយ។
ចប់ បរមដ្ឋកសូត្រ ទី៥។
(៦. ជរាសុត្តំ)
[១០០] ជីវិតនេះ មានប្រមាណតិចហ្ន៎ សត្វតែងស្លាប់ថយអំពី ១០០ ឆ្នាំ ប្រសិនបើរស់ហួសពី ១០០ ឆ្នាំ សត្វនោះ នឹងស្លាប់ដោយជរាជាប្រាកដ។ ជនទាំងឡាយតែងសោក ព្រោះវត្ថុដែលប្រកាន់ថា របស់យើង សេចក្តីប្រកាន់ជារបស់ទៀងទាត់មិនមានឡើយ ជីវិតនេះ មានការព្រាត់ប្រាសចាករបស់ដែលមានជាធម្មតា អ្នកប្រាជ្ញលុះឃើញដូច្នេះហើយ រមែងមិននៅគ្រប់គ្រងផ្ទះឡើយ។ បុរសសំគាល់របស់ណាថា នេះជារបស់អញ រមែងលះរបស់នោះដោយមរណៈ ឯអ្នកប្រាជ្ញរាប់អានព្រះរតនត្រ័យ ជ្រាបច្បាស់នូវទោសនុ៎ះ ហើយមិនបង្អោន (ចិត្ត) ទៅដើម្បីសេចក្តីប្រកាន់ថា របស់យើងឡើយ។ បុរសអ្នកភ្ញាក់ (ពីដេក) រមែងមិនឃើញរូបារម្មណ៍ជាដើម ដែលមកជួបប្រទះ ដោយយល់សប្តិ យ៉ាងណាមិញ បុគ្គលមិនឃើញជនជាទីស្រឡាញ់ ដែលធ្វើកាលកិរិយាទៅកាន់លោកខាងមុខ ក៏យ៉ាងនោះដែរ។ ជនទាំងនោះ ដែលគេឃើញហើយ ឮហើយ គេតែងហៅឈ្មោះ កាលលះលោកនេះទៅ នៅសល់តែឈ្មោះសម្រាប់ហៅប៉ុណ្ណោះ។ ពួកសត្វមានសេចក្តីលោភ តែងមិនលះបង់នូវសេចក្តីសោកខ្សឹកខ្សួល និងសេចក្តីកំណាញ់ ក្នុងវត្ថុដែលជាទីរាប់អានបានឡើយ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ដែលឃើញព្រះនិព្វាន ថាជាទីក្សេមហើយ រមែងលះបង់សេចក្តីប្រកាន់បាន។ ភិក្ខុណាមិនសំដែងខ្លួនក្នុងភព (ថ្មីទៀត) អ្នកប្រាជ្ញទាំងឡាយ ហៅអំពើនោះ របស់ភិក្ខុនោះ អ្នកប្រព្រឹត្តរួញរា អ្នកភប់ប្រសព្វអាសនៈស្ងាត់ ថាជាសភាពសមរម្យហើយ។ អ្នកប្រាជ្ញមិនបានអាស្រ័យក្នុងអាយតនៈទាំងអស់ឡើយ មិនធ្វើសត្វ និងសង្ខារឲ្យជាទីស្រឡាញ់ ទាំងមិនធ្វើសត្វ និងសង្ខារឲ្យមិនជាទីស្រឡាញ់ សេចក្តីខ្សឹកខ្សួល និងសេចក្តីកំណាញ់ មិនជាប់ក្នុងសន្តានរបស់ព្រះខីណាស្រពនោះ ដូចទឹកមិនប្រឡាក់លើស្លឹកឈូកដូច្នោះដែរ។ តំណក់ទឹកមិនដក់នៅលើស្លឹកឈូក ដូចម្តេចក្តី ទឹកមិនទទឹកនាផ្កាឈូកដូចម្តេចក្តី អ្នកប្រាជ្ញមិនជាប់នៅក្នុងអារម្មណ៍នីមួយ សូម្បីអារម្មណ៍បានឃើញ បានប៉ះពាល់ ក៏ដូច្នោះដែរ។ មួយទៀត ព្រះអរហន្ត មិនសំគាល់ក្នុងអារម្មណ៍នីមួយ សូម្បីអារម្មណ៍ដែលឃើញ ដែលឮ ដែលប៉ះពាល់ដោយវត្ថុនោះ ៗ ឡើយ ទាំងមិនប្រាថ្នាការស្អាតដោយវត្ថុដទៃទេ ព្រោះព្រះអរហន្តនោះ មិនត្រេកត្រអាល មិនប្រាសតម្រេក (ដូចកល្យាណបុថុជ្ជន និងសេក្ខៈ)។
ចប់ ជរាសូត្រ ទី៦។
(៧. តិស្សមេត្តេយ្យសុត្តំ)
[១០១] ព្រះតិស្សមេត្តេយ្យដ៏មានអាយុ (អារាធនាថា) បពិត្រព្រះអង្គនិរទុក្ខ សូមព្រះអង្គ សំដែងសេចក្តីចង្អៀតចង្អល់ របស់បុគ្គលអ្នកប្រកបមេថុនធម្មរឿយ ៗ យើងខ្ញុំបានស្តាប់ពាក្យប្រដៅព្រះអង្គហើយ នឹងសិក្សានូវវិវេកទាំងឡាយ។
(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមេត្តេយ្យ) បុគ្គលអ្នកប្រកបមេថុនរឿយ ៗ រមែងភ្លេចពាក្យប្រដៅផង ប្រតិបត្តិខុសផង ការប្រព្រឹត្តិខុសនុ៎ះ ជាអំពើមិនប្រសើរ ចំពោះបុគ្គលនោះទេ។ បុគ្គលណា ប្រព្រឹត្តម្នាក់ឯង គឺទ្រង់ភេទបព្វជិតក្នុងកាលពីមុន (លុះខាងក្រោយ) ត្រឡប់សេពមេថុនធម្មវិញ អ្នកប្រាជ្ញហៅបុគ្គលនោះថា ជាបុថុជ្ជន អ្នកថោកថយក្នុងលោក ដូចជាយានលឿនទៅដូច្នោះឯង។ យស និងសេចក្តីសរសើរណាក្នុងកាលពីមុន យស និងសេចក្តីសរសើរនោះ របស់បុគ្គលនោះ រមែងសាបសូន្យទៅ បុគ្គលឃើញការចំរើន និងការសាបសូន្យយស សរសើរនុ៎ះហើយ គប្បីសិក្សាដើម្បីលះបង់នូវមេថុនធម្មចេញ។ បុគ្គលនោះ ត្រូវសង្កប្បៈទាំងឡាយ គ្របសង្កត់ហើយ រមែងជ្រប់នៅ ដូចមនុស្សកំព្រា បុគ្គលបែបនោះ ឮពាក្យជនដទៃហើយ រមែងអៀនខ្មាស។ មួយទៀត បុគ្គលនោះ ត្រូវវាទៈអ្នកដទៃដាស់តឿនហើយ រមែងធ្វើគ្រឿងសស្រ្តា គឺមុសាវាទ សេចក្តីសាំញុំាធំនោះឯង របស់បុគ្គលនោះ រមែងធ្លាក់ចុះកាន់មុសាវាទ។ បុគ្គលដែលគេដឹងសុះសាយថា ជាបណ្ឌិត តាំងផ្តើមការប្រព្រឹត្តិម្នាក់ឯង លុះកាលខាងក្រោយមក បែរទៅជាប្រកបក្នុងមេថុនធម្មវិញ បណ្ឌិតនោះ នឹងសៅហ្មងដូចជនពាលដែរ។ អ្នកប្រាជ្ញ លុះជ្រាបទោសនុ៎ះហើយ គួរធ្វើនូវការប្រព្រឹត្តិម្នាក់ឯង ឲ្យមាំ ក្នុងសាសនានេះ ទាំងមុនទាំងក្រោយ កុំគប្បីសេពនូវមេថុនឡើយ។ បុគ្គលគប្បីសិក្សានូវវិវេកតែម្យ៉ាង ព្រោះវិវេកនុ៎ះ ប្រសើរផុតរបស់ព្រះអរិយៈទាំងឡាយ ប៉ុន្តែបុគ្គលមិនគប្បីសំគាល់ថា អាត្មាអញប្រសើរដោយវិវេកនោះទេ បុគ្គលនោះឯង ឈ្មោះថា ប្រតិស្ឋាននៅក្នុងទីជិតនៃព្រះនិព្វាន។ ពួកសត្វអ្នកជាប់នៅក្នុងកាមទាំងឡាយ តែងស្រឡាញ់អ្នកប្រាជ្ញ ដែលមានសេចក្តីស្ងប់ស្ងាត់ មិនអាឡោះអាល័យក្នុងកាមទាំងឡាយ ឆ្លងនូវអន្លង់បាន។
ចប់ តិស្សមេត្តេយ្យសូត្រ ទី៧។
(៨. បសូរសុត្តំ)
[១០២] ពួកសមណព្រាហ្មណ៍ដទៃក្នុងលោកនេះ តែងពោលសរសើរថា បរិសុទ្ធិ (សំដៅទិដ្ឋិរបស់ខ្លួន) តែមិនពោលថា បរិសុទ្ធិចំពោះលទ្ធិដទៃ (ក្រៅអំពីគ្រូរបស់ខ្លួន) សមណព្រាហ្មណ៍ជាច្រើន អាស្រ័យនឹងលទ្ធិណា តែងសរសើរថា ល្អក្នុងលទ្ធិនោះ តាំងនៅក្នុងបច្ចេកសច្ចៈ (សេចក្តីពិតដោយឡែក)។ សមណព្រាហ្មណ៍ទាំងនោះ ប្រាថ្នានូវវាទៈ ចូលទៅកាន់បរិស័ទហើយ ទាំង ២ នាក់ ឃើញគ្នានឹងគ្នាថា ជាពាលទាំងអស់ សមណព្រាហ្មណ៍ទាំងនោះ អាស្រ័យនឹងគ្រូដទៃ ក៏ពោលជម្លោះ ប្រាថ្នានូវការសរសើរ ក៏សំគាល់ថា យើងវាងវៃក្នុងវាទៈ។ បុគ្គលអ្នកខ្វល់ខ្វាយ ក្នុងការនិយាយជជែក ប្រាថ្នានូវការសរសើរ ក្នុងកណ្តាលបរិស័ទ រមែងទញ់តុះ និងជាបុគ្គលអៀនខ្មាសក្នុងវាទៈ (របស់ខ្លួន) ដែលគេផាត់ចោល បុគ្គលស្វែងរកទោសនោះ រមែងខឹង ព្រោះពាក្យនិន្ទា។ អ្នកពិចារណានូវបញ្ហាទាំងឡាយ ពោលនូវវាទៈរបស់បុគ្គលនោះ ថាជាវាទៈថោកទាប ថាគេផាត់ចោលហើយ បុគ្គលអ្នកមានវាទៈថោកទាប តែងខ្សឹកខ្សួល សោក ថ្ងូរថា អ្នកនោះ កន្លងអាត្មាអញ (ដោយវាទៈ)។ វិវេកទាំងនុ៎ះ កើតឡើងក្នុងពួកសមណៈ សភាពត្រេកអរនឹងការអាក់អន់ចិត្ត រមែងកើតឡើង ព្រោះវាទៈទាំងនុ៎ះ អ្នកប្រាជ្ញឃើញទោសនុ៎ះហើយ គប្បីចៀសវាងនូវការជម្លោះចេញ ប្រយោជន៍ជនដទៃ អំពីការសរសើរ និងលាភមិនមានឡើយ។ មួយទៀត បុគ្គលដែលគេសរសើរក្នុងរឿងនោះហើយ ក៏ពោលនូវវាទៈ (របស់ខ្លួន) ក្នុងកណ្តាលបរិស័ទ បុគ្គលនោះ រីករាយផង ឡើងជោរផង ព្រោះសម្រេចប្រយោជន៍ គឺជ័យជំនះដូចចិត្ត។ ការឡើងជោរ ជាហេតុនៃសេចក្តីចង្អៀតចង្អល់ របស់បុគ្គល បុគ្គលនុ៎ះ តែងពោលនូវមានះ និងអតិមានះ បុគ្គលឃើញទោសនេះហើយ គប្បីចៀសវាងការជម្លោះ អ្នកឈ្លាសវៃទាំងឡាយ មិនពោលសរសើរថា បរិសុទ្ធដោយជម្លោះនោះឡើយ។ ប្រៀបដូចបុគ្គលអ្នកអង់អាចដែលស្តេចចិញ្ចឹមហើយដោយរាជរង្វាន់ កាលប្រាថ្នាគំរាមទៅរកបុគ្គលអ្នកអង់អាចតប អ្នកអង់អាចតបនោះ មានក្នុងទីណា នែអ្នកអង់អាច អ្នកចូរទៅក្នុងទីនោះចុះ កិលេសគប្បីមានដោយចម្បាំង មិនមានតាំងពីមុនមក។ ជនទាំងឡាយ ដែលប្រកាន់ទិដ្ឋិ ហើយពោលជជែកផង ពោលថា នេះឯងជារបស់ពិតផង អ្នកចូរជជែកនឹងជនទាំងនោះចុះ ជនអ្នកធ្វើទំនាស់ ក្នុងវាទៈដែលកើតហើយក្នុងទីនេះ មិនមានដល់អ្នកទេ។ បុគ្គលទាំងឡាយណា ធ្វើសេនារបស់កិលេសឲ្យវិនាស មិនថ្នាំងថ្នាក់នឹងទិដ្ឋិ ដោយទិដ្ឋិទាំងឡាយឡើយ ការប្រកាន់ទិដ្ឋិដ៏ក្រៃលែង មិនមានក្នុងបុគ្គលណា ក្នុងលោកនេះ ម្នាលបសូរៈ អ្នកគប្បីបាននូវការតបតដូចម្តេច ក្នុងបុគ្គលទាំងនោះ។ មួយទៀត អ្នកកាលត្រិះរិះគិតនូវទិដ្ឋិទាំងឡាយ ដោយចិត្ត ហើយមកប្រណាំងប្រជែង (នឹងព្រះសម្មាសម្ពុទ្ធ) ដែលមានកិលេសលាងហើយ អ្នកមិនអាចនឹងជជែកបានឡើយ។
ចប់ បសូរសូត្រ ទី៨។
(៩. មាគណ្ឌិយសុត្តំ)
[១០៣] (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់នឹងមាគន្ទិយព្រាហ្មណ៍ថា) អើ ក៏សេចក្តីប្រាថ្នាក្នុងមេថុន មិនមាន (ដល់តថាគត) ព្រោះឃើញនាងតណ្ហា នាងអរតី និងនាងរាគា (ដែលជាធីតានៃមារ) សោះទៅហើយ ធ្វើម្តេចឡើយ តថាគតនឹងមានសេចក្តីប្រាថ្នាក្នុងមេថុន ព្រោះឃើញរូបរបស់ទារិកា ដែលពោរពេញដោយមូត្រ និងករីសនេះ តថាគត មិនគួរត្រូវការដើម្បីប៉ះពាល់នូវធីតារបស់អ្នកនោះ សូម្បីតែដោយជើងឡើយ។
(មាគន្ទិយព្រាហ្មណ៍ ទូលតបថា) បើព្រះអង្គមិនត្រូវការនារីរតន៍បែបនេះ ដែលពួកក្សត្រធំជាងនរៈច្រើនគ្នាប្រាថ្នាទេ តើព្រះអង្គនឹងពោលនូវទិដ្ឋិផង សីលផង វ័តផង ជីវិតផង ការកើតឡើងក្នុងភព (របស់ព្រះអង្គ) ផង ថាដូចម្តេច។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាគន្ទិយៈ) តថាគតនោះ មិនប្រកាន់ថា តថាគតវិនិច្ឆ័យក្នុងធម៌ទាំងឡាយ គឺទិដ្ឋិ ៦២ ហើយនឹងសំដែងនូវពាក្យនេះដូច្នេះទេ ព្រោះតថាគតឃើញ (ទោស) ក្នុងទិដ្ឋិទាំងឡាយផង មិនប្រកាន់មាំ (នូវទិដ្ឋិណាមួយ) ផង ពិចារណា (នូវសច្ចៈទាំងឡាយ) ផង ក៏បានឃើញនូវសេចក្តីស្ងប់ក្នុងសន្តាន គឺព្រះនិព្វាន។
(មាគន្ទិយព្រាហ្មណ៍ ទូលសួរថា) បពិត្រព្រះមុនី ទិដ្ឋិទាំងឡាយណា ដែលសត្វបានវិនិច្ឆ័យ កំណត់ទុកហើយ ព្រះអង្គមិនប្រកាន់មាំនូវទិដ្ឋិទាំងនោះ សំដែងនូវបរមត្ថធម៌ណា មានសេចក្តីស្ងប់ក្នុងសន្តានដូច្នេះ បរមត្ថធម៌នោះ តើអ្នកប្រាជ្ញទាំងឡាយ សំដែងដោយប្រការដូចម្តេច។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលមាគន្ទិយៈ) អ្នកប្រាជ្ញ មិនពោលថា សេចក្តីបរិសុទ្ធិ ព្រោះការយល់ឃើញ ព្រោះការស្តាប់ឮ ព្រោះការដឹងច្បាស់ ព្រោះសីល និងវ័តទេ ទាំងមិនពោលថា សេចក្តីបរិសុទ្ធិ ព្រោះមិនមានការយល់ឃើញ ព្រោះមិនមានការស្តាប់ឮ ព្រោះមិនមានការដឹងច្បាស់ ព្រោះមិនមានសីល ព្រោះមិនមានវ័តទាំងនោះទេ ចំណែកបុគ្គលជាសប្បុរស តែងលះនូវធម៌ មានទិដ្ឋិជាដើមនុ៎ះ ហើយមិនប្រកាន់ មិនអាស្រ័យ (នូវធម៌ណាមួយ) រមែងមិនប្រាថ្នាទៅកើតក្នុងភពទៀតឡើយ។
(មាគន្ទិយព្រាហ្មណ៍ កា្របទូលថា) បើអ្នកប្រាជ្ញមិនពោលថា សេចក្តីបរិសុទ្ធិ ព្រោះការយល់ឃើញ ព្រោះការស្តាប់ឮ ព្រោះការដឹងច្បាស់ ព្រោះសីល និងវ័តទេ ទាំងមិនពោលថា សេចក្តីបរិសុទ្ធិ ព្រោះមិនមានការយល់ឃើញ ព្រោះមិនមានការស្តាប់ឮ ព្រោះមិនមានការដឹងច្បាស់ ព្រោះមិនមានសីល ព្រោះមិនមានវ័តទាំងនោះទេ ខ្ញុំព្រះអង្គសំគាល់នូវធម៌ នាំសត្វឲ្យវង្វេងក្រៃពេក មានសមណព្រាហ្មណ៍ពួកខ្លះ ដឹងនូវសេចក្តីបរិសុទ្ធិ ព្រោះការយល់ឃើញដែរ។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាគន្ទិយៈ) អ្នកអាស្រ័យនូវទិដ្ឋិ បានជាខំជជីកសួរ (តថាគត) អ្នកដល់នូវសេចក្តីភាន់ច្រឡំ ក្នុងទិដ្ឋិទាំងឡាយ ដែលអ្នកប្រកាន់មាំហើយ ហើយមិនបានឃើញនូវសេចក្តីសំគាល់សូម្បីបន្តិចបន្តួច អំពីធម្មទេសនា ដែលតថាគតសំដែងនេះឡើយ ព្រោះហេតុនោះ អ្នកទើបយល់ឃើញនូវធម៌នេះ ថាជាធម៌នាំសត្វឲ្យវង្វេងក្រៃពេក បុគ្គលណាសំគាល់ខ្លួនថា ជាបុគ្គលស្មើនឹងគេ ជាបុគ្គលវិសេសជាងគេ ឬជាបុគ្គលថោកទាបជាងគេ បុគ្គលនោះ នឹងនិយាយទទឹងទាស់ ដោយសេចក្តីសំគាល់នោះ (បើបុគ្គលណា) មិនញាប់ញ័រក្នុងមានះ ៣ ទេ សេចក្តីសំគាល់ខ្លួនថា អញជាបុគ្គលស្មើនឹងគេ អញជាបុគ្គលវិសេសជាងគេ (ឬថា អញជាបុគ្គលថោកទាបជាងគេ) មិនមានដល់បុគ្គលនោះឡើយ។ បុគ្គលដែលមានបាប គឺមានះ និងទិដ្ឋិ លះបង់ហើយនោះ នឹងនិយាយថា សេចក្តីយល់នោះឯង ជាសេចក្តីយល់ត្រូវពិត ដូចម្តេចកើត ឬបុគ្គលនោះ នឹងនិយាយទទឹងទាស់ថា (ពាក្យខ្ញុំពិត ពាក្យអ្នកឯងមិនពិត ដូច្នេះ ជាមួយនឹងបុគ្គលណាបាន មួយទៀត សេចក្តីសំគាល់ថា ស្មើ ឬមិនស្មើ មិនមានក្នុងបុគ្គលណា បុគ្គលនោះ នឹងផ្សាយវាទៈជាមួយអ្នកណាបាន។ អ្នកប្រាជ្ញបានលះបង់ឱកៈ47) ហើយ ជាអ្នកមិនរឭកនូវអារម្មណ៍ជាគ្រឿងកំណត់ មិនធ្វើសេចក្តីស្និទ្ធស្នាល (នឹងគ្រហស្ថ) ក្នុងស្រុក ជាអ្នកវៀរចាកកាមទាំងឡាយ មិនធ្វើអត្តភាពឲ្យកើតតទៅទៀត អ្នកប្រាជ្ញនោះ មិនគប្បីធ្វើពាក្យពោលជំទាស់នឹងជន (ណា) ឡើយ។ បុគ្គលប្រសើរ ជាអ្នកស្ងប់ស្ងាត់ចាកបាបធម៌ (មានការយល់ខុសជាដើម) ណា ហើយត្រាច់ទៅក្នុងលោក មិនគប្បីលើកឡើងនូវបាបធម៌ទាំងនោះមក ហើយនិយាយជជែកទេ ផ្កាឈូកដុះនៅក្នុងទឹក មិនប្រឡាក់ដោយទឹកផង ដោយភក់ផង យ៉ាងណាមិញ អ្នកប្រាជ្ញជាអ្នកពោលនូវសេចក្តីស្ងប់ មានសន្តានមិនជាប់ចំពាក់ រមែងជាអ្នកមិនជក់ជាប់នៅក្នុងកាមផង ក្នុងលោកផង យ៉ាងនោះឯង។ បុគ្គលអ្នកដល់នូវវេទ គឺមគ្គ ៤ តែងមិនប្រព្រឹត្តទៅតាមទិដ្ឋិទេ បុគ្គលនោះ មិនត្រឡប់មកកាន់មានះ ដោយការប៉ះពាល់ទេ បុគ្គលនោះ មិនប្រព្រឹត្តទៅតាមអំណាចនៃតណ្ហា ទិដ្ឋិនោះទេ បុគ្គលនោះ មិនងាយអ្នកណាដឹកនាំដោយកម្ម ឬដោយអារម្មណ៍ដែលឮបានឡើយ បុគ្គលនោះ មិនចូលទៅនៅអាស្រ័យក្នុងនិវេសនៈ គឺតណ្ហា និងទិដ្ឋិទេ។ កិលេសគ្រឿងរួបរឹតទាំងឡាយ តែងមិនមានដល់បុគ្គលអ្នកប្រាសចាកកាមសញ្ញា (ជាដើម) មោហៈ (សេចក្តីភាន់ច្រឡំ) តែងមិនមានដល់បុគ្គលអ្នកផុតស្រឡះ (ចាកកិលេសទាំងពួង) ព្រោះវិបស្សនាបញ្ញា បុគ្គលទាំងឡាយណា ប្រកាន់មាំនូវកាមសញ្ញាជាដើមក្តី ប្រកាន់មាំនូវទិដ្ឋិក្តី បុគ្គលពួកនោះ រមែងព្យាយាមប្រព្រឹត្តនូវកាមាធិករណ៍ ឬធម្មាធិករណ៍ នូវគ្នានឹងគ្នាក្នុងលោក។
ចប់ មាគន្ទិយសូត្រ ទី៩។
(១០. បុរាភេទសុត្តំ)
[១០៤] (ព្រះពុទ្ធនិម្មិត ត្រាស់សួរព្រះសម្ពុទ្ធថា) បុគ្គលអ្នកមានទស្សនៈដូចម្តេច មានសីលដូចម្តេច ដែលព្រះអង្គត្រាស់ហៅថា អ្នកស្ងប់រម្ងាប់ បពិត្រព្រះគោតម ព្រះអង្គ ដែលខ្ញុំសួរហើយ សូមបា្រប់នូវឧត្តមជននោះ។
(ព្រះមានព្រះភាគ ត្រាស់ថា) មុននឹងបែកធ្លាយរាងកាយទៅ បុគ្គលណា បា្រសចាកតណ្ហា មិនអាស្រ័យនូវកាលខាងដើម និងទីបំផុត គឺកាលជាអតីត និងអនាគត ជាបុគ្គលដែលអ្នកប្រាជ្ញ មិនគប្បីពោលថា ជាអ្នកត្រេកអរក្នុងបច្ចុប្បន្ន ការធ្វើនូវតណ្ហា និងទិដ្ឋិឲ្យជាប្រធាននៃបុគ្គលនោះ មិនមានឡើយ។ បុគ្គលនោះឯង មិនក្រោធ មិនតក់ស្លុត មិនពោលអួត មិនរពឹស ជាអ្នកពោលដោយបញ្ញា មិនរាយមាយ សង្រួមដោយវាចា ជាអ្នកប្រាជ្ញ។ បុគ្គលមិនមានតណ្ហាក្នុងអារម្មណ៍ជាអនាគត មិនសោកស្តាយនូវអារម្មណ៍អតីត ជាអ្នកឃើញសេចក្តីស្ងប់ស្ងាត់ ក្នុងផស្សៈទាំងឡាយ មិនបង្អោនចិត្តទៅក្នុងមិច្ឆាទិដ្ឋិទាំងឡាយ ជាអ្នកពួនសម្ងំ មិនបំភាន់គេ មិនមានសេចក្តីប្រាថ្នាជាប្រក្រតី មិនមានសេចក្តីកំណាញ់ មិនឃ្នើសឃ្នង ជាបុគ្គលដែលគេមិនស្អប់ខ្ពើម ជាអ្នកមិនប្រកបក្នុងការញុះញង់ មិននឹកនាទៅរកវត្ថុជាទីត្រេកអរ មិនប្រកបក្នុងការមើលងាយគេ ជាអ្នកមានការងារល្អិតល្អ មានបដិភាណ មិនជឿអ្នកដទៃ មិនត្រេកអរ មិនសិក្សា ព្រោះប្រាថ្នាលាភ មិនក្រេវក្រោធ ព្រោះមិនមានលាភ ជាអ្នកមិនខឹង មិនជាប់ចិត្តក្នុងរស ព្រោះតណ្ហា ជាបុគ្គលមានឧបេក្ខា មានស្មារតីសព្វពេល មិនសំគាល់ថា ស្មើនឹងគេក្នុងលោក មិនលើកខ្លួនថា វិសេសជាងគេ មិនដាក់ខ្លួនថាថោកទាបជាងគេ កិលេសគ្រឿងពុះពោរ មិនមានដល់បុគ្គលនោះឡើយ។ បុគ្គលណា មិនមាននិស្សយធម៌ គឺតណ្ហា និងទិដ្ឋិក្តី បុគ្គលណា ដឹងនូវធម៌ ហើយមិនអាស្រ័យនូវតណ្ហា និងទិដ្ឋិក្តី បុគ្គលមិនមានតណ្ហាក្នុងសេចក្តីចំរើន និងសេចក្តីវិនាស48) តថាគតហៅបុគ្គលអ្នកមិនអាឡោះអាល័យក្នុងកាមទាំងឡាយនោះ ថាជាអ្នកស្ងប់រម្ងាប់ កិលេសគ្រឿងចាក់ស្រែះរបស់បុគ្គលនោះ មិនមាន បុគ្គលនោះ បានឆ្លងនូវតណ្ហាដែលផ្សាយទៅហើយ។ កូនទាំងឡាយ សត្វចិញ្ចឹមទាំងឡាយ និងស្រែចម្ការ ទីលំនៅរបស់បុគ្គលនោះ មិនមានឡើយ សេចក្តីប្រកាន់ថា ជារបស់ខ្លួន គឺសស្សតទិដ្ឋិក្តី សេចក្តីប្រកាន់ថា មិនមែនជារបស់ខ្លួន គឺឧច្ឆេទទិដ្ឋិក្តី មិនមានក្នុងបុគ្គលនោះទេ។ ពួកទេវតា និងមនុស្ស ជាបុថុជ្ជន ឬពួកសមណព្រាហ្មណ៍ គប្បីពោលទោសចំពោះបុគ្គលនោះ ដោយកិលេស មានរាគៈជាដើមណា កិលេស មានរាគៈជាដើមនោះ បុគ្គលនោះ មិនធ្វើឲ្យជាប្រធានឡើយ ព្រោះហេតុនោះ បុគ្គលមិនញាប់ញ័រ ព្រោះពាក្យពោលទាំងឡាយឡើយ។ អ្នកប្រាជ្ញប្រាសចាកសេចក្តីជាប់ចំពាក់ (ក្នុងរូបជាដើម) មិនមានសេចក្តីកំណាញ់ មិននិយាយលើកខ្លួន ក្នុងគុណដ៏ខ្ពង់ខ្ពស់ មិននិយាយប្រកបខ្លួន ក្នុងគុណដ៏ស្មើ ៗ មិននិយាយបន្ទាបខ្លួន ក្នុងគុណដ៏ថោកទាប មិនដល់នូវកប្បៈ គឺមិនមានតណ្ហា និងទិដ្ឋិ ព្រោះជាបុគ្គលមិនមានកប្បៈ។ បុគ្គលណា មិនមានសេចក្តីប្រកាន់ថា របស់ខ្លួនក្នុងលោក បុគ្គលនោះ មិនសោកព្រោះរបស់ដែលមិនមាន មិនលុះក្នុងអគតិធម៌ទាំងឡាយ បុគ្គលនោះឯង ហៅថា អ្នកស្ងប់រម្ងាប់។
ចប់ បុរាភេទសូត្រ ទី១០។
(១១. កលហវិវាទសុត្តំ)
[១០៥] (ព្រះពុទ្ធនិម្មិត ត្រាស់សួរព្រះសម្ពុទ្ធថា បពិត្រព្រះអង្គ) ការឈ្លោះ ការទាស់ទែងគ្នា ការខ្សឹកខ្សួល ការសោកស្តាយ និងសេចក្តីកំណាញ់ ការប្រកាន់ ការមើលងាយ និងការញុះញង់ កើតមកអំពីណា កិលេសធម៌ទាំងនោះ បណ្តាលមកអំពីណា សូមព្រះអង្គសំដែងសេចក្តីនោះ ឲ្យទាន។ (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) ការឈ្លោះ ការទាស់ទែងគ្នា ការខ្សឹកខ្សួល ការសោកស្តាយ និងសេចក្តីកំណាញ់ ការប្រកាន់ ការមើលងាយ និងការញុះញង់ កើតមកអំពីរបស់ជាទីស្រឡាញ់ ឯកិលេសធម៌ មានការឈ្លោះ និងការជជែកគ្នា (ជាដើម) ប្រកបក្នុងសេចក្តីកំណាញ់ កាលបើសេចក្តីទាស់ទែងគ្នាកើតឡើងហើយ ពាក្យញុះញង់ក៏កើតឡើងដែរ។ (ព្រះពុទ្ធនិម្មិត សួរថា) សេចក្តីស្រឡាញ់ក្នុងលោក ឬលោភៈរបស់ពួកសត្វដែលត្រូវលោភៈគ្របសង្កត់ រង្គាត់ទៅក្នុងលោក កើតមកអំពីអ្វី សេចក្តីប៉ុនប៉ង និងការសម្រេច (នៃសេចក្តីប៉ុនប៉ង) និងធម៌ដែលមានក្នុងបរលោករបស់សត្វ កើតមកអំពីអ្វី។ (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) សេចក្តីស្រឡាញ់ក្នុងលោក ឬលោភៈរបស់ពួកសត្វដែលត្រូវលោភៈគ្របសង្កត់ កើតមកអំពីឆន្ទៈ សេចក្តីប៉ុនប៉ង និងការសម្រេច (នៃសេចក្តីប៉ុនប៉ង) និងធម៌ដែលមានក្នុងបរលោករបស់ពួកសត្វ ក៏កើតអំពីឆន្ទៈនេះដែរ។ (ព្រះពុទ្ធនិមិ្មត សួរថា) ឆន្ទៈក្នុងលោក កើតមកអំពីអ្វី មួយទៀត វិនិច្ឆ័យ (ការចូលចិត្តក្នុងតណ្ហា និងទិដ្ឋិ) កើតមកអំពីអ្វី ការក្រេវក្រោធ ការនិយាយមោសា និងសេចក្តីសង្ស័យ ឬអកុសលធម៌ទាំងឡាយ ដែល (ប្រកបដោយការក្រេវក្រោធជាដើម) តើព្រះសមណៈសំដែងហើយថា កើតអំពីអ្វី។ (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញទាំងឡាយ ក្នុងលោក បានសំដែងហើយនូវអារម្មណ៍ណាថា ជាទីត្រេកអរ49) និងមិនជាទីត្រេកអរ50) ឆន្ទៈតែងកើតឡើង ព្រោះអាស្រ័យអារម្មណ៍នោះ សត្វក្នុងលោក ឃើញសេចក្តីវិនាស និងសេចក្តីចំរើន ក្នុងរូបទាំងឡាយ ទើបធ្វើនូវវិនិច្ឆ័យ (ក្នុងតណ្ហា និងទិដ្ឋិ)។ ការក្រេវក្រោធ ការពោលពាក្យមោសា សេចក្តីសង្ស័យ ធម៌ទាំង ៣ នេះឯង កាលបើអារម្មណ៍ជាទីត្រេកអរ និងមិនជាទីត្រេកអរទាំង ២ ប្រការនោះ នៅមាន ទើបកើតមានឡើងបាន បុគ្គលអ្នកមានសេចក្តីសង្ស័យ គប្បីសិក្សាក្នុងគន្លងនៃការដឹង ឯធម៌ទាំងឡាយ ព្រះសមណៈសំដែងហើយ ព្រោះដឹង។ (ព្រះពុទ្ធនិមិ្មតសួរថា) អារម្មណ៍ជាទីត្រេកអរ និងមិនជាទីត្រេកអរ កើតមកអំពីអ្វី កាលបើអ្វីមិនមាន ទើបអារម្មណ៍ទាំងនុ៎ះ មិនមានដែរ អត្ថ គឺសេចក្តីវិនាស និងសេចក្តីចំរើន (នៃអារម្មណ៍ជាទីត្រេកអរ និងមិនជាទីត្រេកអរ) ណា អត្ថនោះ តើកើតមកអំពីធម៌ណា សូមព្រះអង្គសំដែងប្រាប់ដល់ខ្ញុំឲ្យទាន។ (ព្រះសម្ពុទ្ធ ត្រាស់តបថា) អារម្មណ៍ជាទីត្រេកអរ និងមិនជាទីត្រេកអរ កើតមកអំពីផស្សៈ កាលបើផស្សៈមិនមាន ទើបអារម្មណ៍ទាំងនុ៎ះ មិនមាន អត្ថ គឺសេចក្តីវិនាស និងសេចក្តីចំរើន (នៃអារម្មណ៍ជាទីត្រេកអរ និងមិនជាទីត្រេកអរ) ណា អត្ថនោះ កើតមកអំពីផស្សៈនេះ តថាគតសំដែងប្រាប់ដល់អ្នក (ដូច្នេះ)។ (ព្រះពុទ្ធនិម្មិត សួរថា) ចុះផស្សៈក្នុងលោក កើតមកអំពីអ្វី មួយទៀត សេចក្តីហួងហែង កើតមកអំពីអ្វី កាលបើអ្វីមិនមាន សេចក្តីប្រកាន់ថា របស់អញ ៗ ទើបមិនមាន កាលបើអ្វីមិនមាន ផស្សៈទាំងឡាយ ទើបមិនពាល់ត្រូវ។ (ព្រះសម្ពុទ្ធ ត្រាស់តបថា) ផស្សៈ (កើតឡើង) ព្រោះអាស្រ័យនាម និងរូប សេចក្តីហួងហែង កើតមកអំពីឥច្ឆា កាលបើឥច្ឆា មិនមាន សេចក្តីប្រកាន់ថា របស់អញ ៗ ក៏មិនមាន កាលបើរូបមិនមាន ផស្សៈទាំងឡាយ ក៏មិនពាល់ត្រូវ។ (ព្រះពុទ្ធនិមិ្មត សួរថា) កាលបុគ្គលប្រតិបត្តិដូចម្តេច ទើបរូបវិនាសទៅ មួយទៀត រូបជាសុខ (រូបគួរប្រាថ្នា) និងរូបជាទុក្ខ (រូបដែលមិនជាទីប្រាថ្នា) វិនាសទៅវិញ ដោយប្រការដូចម្តេច សូមព្រះអង្គសំដែងនូវរូបដែលជាសុខ និងជាទុក្ខនោះដល់ខ្ញុំ រូបដែលជាសុខ និងជាទុក្ខវិនាសទៅដោយហេតុណា ខ្ញុំដឹងនូវហេតុនោះ ខ្ញុំមានចិត្តត្រិះរិះដូច្នេះ។ (ព្រះសម្ពុទ្ធ ត្រាស់តបថា) បុគ្គលមិនមែនជាសញ្ញាសញ្ញី51) បុគ្គលមិនមែន ជាវិសញ្ញាសញ្ញី52) បុគ្គលមិនមែនជាអសញ្ញី53) បុគ្គលមិនមែនជាវិភូតសញ្ញី54) កាលបុគ្គលប្រតិបត្តិយ៉ាងនេះ រូបទើបវិនាសបាន ព្រោះធម៌ជាចំណែកនៃសេចក្តីយឺតយូរទាំងឡាយ មានសញ្ញាជាហេតុ។ (ព្រះពុទ្ធនិម្មិត ពោលថា) ខ្ញុំបានសួរនូវធម៌ណា ព្រះអង្គក៏បានសំដែងធម៌នោះ ដល់ខ្ញុំរួចហើយ ខ្ញុំសូមសួរធម៌ផ្សេងទៀត សូមព្រះអង្គសំដែងធម៌នោះដល់ខ្ញុំ ឲ្យទាន (បពិត្រព្រះអង្គ) ចុះសមណព្រាហ្មណ៍ ជាបណ្ឌិតពួកខ្លះ ក្នុងលោកនេះ សំដែងនូវសេចក្តីបរិសុទ្ធិដ៏ប្រសើរ របស់សត្វថា បំផុតត្រឹមប៉ុណ្ណោះឬ ឬក៏សំដែងនូវសេចក្តីបរិសុទ្ធិដទៃ ជាងអរូបសមាបត្តិនេះទៅទៀត។ (ព្រះសម្ពុទ្ធ ត្រាស់តបថា) ពួកសមណព្រាហ្មណ៍ជាបណ្ឌិតពួកខ្លះ សំដែងនូវអរូបសមាបត្តិទាំងឡាយនោះ ថាជាធម៌ដ៏បរិសុទ្ធិប្រសើរ របស់សត្វតែប៉ុណ្ណោះ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ពួកខ្លះទៀត (ជាឧច្ឆេទវាទ) ជាអ្នកពោលលើកខ្លួនថា ឆ្លៀវឆ្លាសក្នុងអនុបាទិសេសនិព្វាន តែងប្រកាន់ពោលនូវលទ្ធិ គឺសេចក្តីដាច់សូន្យថា (ជាធម៌ដ៏បរិសុទ្ធប្រសើររបស់សត្វ)។ ព្រះពុទ្ធជាវីមំសីបណ្ឌិត ទ្រង់ជ្រាបនូវពួកសមណព្រាហ្មណ៍ទាំងនោះថា ជាអ្នកអាស្រ័យនូវសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិផង ទ្រង់ជ្រាបនូវធម៌គ្រឿងអាស្រ័យនៅ (របស់ពួកសមណព្រាហ្មណ៍ទាំងនោះ) ផង ជ្រាប (នូវធម៌ទាំងឡាយ ថាជាទុក្ខ មិនទៀងជាដើម) ហើយបានរួចស្រឡះផង ទើបមិនដល់នូវការទាស់ទែង អ្នកប្រាជ្ញតែងមិនមក ដើម្បីកើតរឿយ ៗ ឡើយ។
ចប់ កលហវិវាទសូត្រ ទី១១។
(១២. ចូឡព្យូហសុត្តំ)
[១០៦] (ព្រះពុទ្ធនិម្មិត ត្រាស់សួរព្រះសម្ពុទ្ធថា) សមណព្រាហ្មណ៍ទាំងឡាយ កាលដំអក់នៅក្នុងទិដ្ឋិ (សេចក្តីយល់ឃើញ) របស់ខ្លួន ៗ រមែងប្រកាន់មាំ ប្តេជ្ញាថា ខ្លួនជាអ្នកឆ្លៀវឆ្លាស (ក្នុងទិដ្ឋិនោះ) ហើយនិយាយផ្សេង ៗ គ្នា បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះឈ្មោះថា ដឹងនូវធម៌ពិត បុគ្គលណា បដិសេធធម៌នេះ បុគ្គលនោះ ឈ្មោះថា មិនមានគុណបរិបូណ៌ឡើយ។ លុះសមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់មាំយ៉ាងនេះហើយ តែងទាស់ទែងគ្នា ទាំងពោលតិះដៀលថា បុគ្គលដទៃ ៗ ជាបុគ្គលពាល ជាបុគ្គល មិនឈ្លាសវៃ វាទៈរបស់សមណព្រាហ្មណ៍ទាំងឡាយនេះបែបណា ជាវាទៈពិត ព្រោះសមណព្រាហ្មណ៍ទាំងនេះ ជាអ្នកពោលលើកខ្លួនថា ឆ្លៀវឆ្លាស។ (ព្រះសម្ពុទ្ធ ត្រាស់ថា) សមណព្រាហ្មណ៍ កាលបើមិនយល់ឃើញនូវធម៌របស់ជនដទៃ ឈ្មោះថា ជាបុគ្គលពាល ជាបុគ្គលថោកទាប មានប្រាជ្ញាទន់ទាប សមណព្រាហ្មណ៍ទាំងអស់ សុទ្ធតែជាបុគ្គលពាល មានប្រាជ្ញាថោកទាប ឈ្មោះថា សមណព្រាហ្មណ៍ទាំងនេះ ជាអ្នកដំអក់នៅក្នុងទិដ្ឋិ។ មួយទៀត បើសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកផូរផង់ក្នុងទិដ្ឋិរបស់ខ្លួន ជាអ្នកមានបា្រជ្ញាដ៏បរិសុទ្ធ ជាអ្នកឈ្លាសវៃ ជាអ្នកមានបា្រជ្ញា បណ្តាសមណព្រាហ្មណ៍ទាំងនោះ រកអ្នកណាមួយ មានបា្រជ្ញាថោកទាប គ្មានទេ ព្រោះថា សមណព្រាហ្មណ៍ទាំងនោះ មានទិដ្ឋិស្មើ ៗ គ្នា។ ជនទាំងឡាយ (អ្នកធ្វើនូវជំលោះ) ផ្ទឹមគ្នាជាគូ ៗ បានពោលសង្កត់សង្កិននូវគ្នានឹងគ្នាដោយពាក្យណាថា អ្នកនេះ ជាបុគ្គលពាល ដូច្នេះ តថាគត មិនបានពោលនូវពាក្យនុ៎ះថា ជាពាក្យពិតឡើយ ព្រោះថា ជនទាំងនោះ បានធ្វើនូវសេចក្តីយល់ឃើញរបស់ខ្លួន ៗ ថាជារបស់ពិត ព្រោះហេតុនោះ បានជាជនទាំងនោះ ដុតកំដៅបុគ្គលដទៃដោយពាក្យថា បុគ្គលពាល។ (ព្រះពុទ្ធនិមិ្មត សួរថា) សមណព្រាហ្មណ៍ពួកខ្លះ បានសរសើរទិដ្ឋិណា ថាជារបស់ពិតទៀងទាត់ ចំណែកសមណព្រាហ្មណ៍ពួកដទៃ តិះដៀលទិដ្ឋិនោះ ថាជារបស់ទទេ កុហកវិញ លុះសមណព្រាហ្មណ៍ទាំងនោះ ប្រកាន់ផ្សេង ៗ យ៉ាងនេះហើយ ក៏ទាស់ទែងគ្នា ចុះសមណព្រាហ្មណ៍ទាំងឡាយ មិននិយាយមូលមាត់គ្នាតែបែបមួយ តើព្រោះហេតុអ្វី។ (ព្រះសម្ពុទ្ធ ត្រាស់ថា) ព្រោះថា បុគ្គលកាលដឹងច្បាស់ក្នុងសច្ចៈណា ទើបមិនទាស់ទែងគ្នា ឯសច្ចៈនោះ មានតែមួយ មិនមែនមានពីរឡើយ ប៉ុន្តែជនទាំងឡាយ តែងសរសើរសច្ចៈរបស់ខ្លួនផ្សេង ៗ គ្នា ហេតុនោះ បានជាពួកសមណព្រាហ្មណ៍ មិននិយាយមូលមាត់គ្នាតែបែបមួយ។ (ព្រះពុទ្ធនិមិ្មតសួរថា) ព្រោះហេតុអ្វីហ្ន៎ បានជាសមណព្រាហ្មណ៍ទាំងឡាយ ដែលពោលលើកខ្លួនថា ជាអ្នកឆ្លៀវឆ្លាស ជាអ្នកពោលតាមបំណងរបស់ខ្លួន តែងពោលសច្ចៈផ្សេង ៗ គ្នា ចុះសមណព្រាហ្មណ៍ទាំងនោះ បានឮមកថា សច្ចៈមានច្រើនផ្សេង ៗ គ្នាឬ ឬក៏សមណព្រាហ្មណ៍ទាំងនោះ នឹករកដោយសេចក្តីត្រិះរិះរបស់ខ្លួនទេ។ (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) សច្ចៈទាំងឡាយច្រើនផ្សេង ៗ គ្នាក្នុងលោក មិនមានទេ លើកលែងតែសេចក្តីប្រកាន់ថា ទៀងដោយសញ្ញាចេញ គឺមានតែបរមត្ថសច្ចៈមួយប៉ុណ្ណោះ មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ កំណត់ទុកនូវសេចក្តីត្រិះរិះ ឲ្យប្រជុំចុះក្នុងទិដ្ឋិទាំងឡាយ ហើយនិយាយនូវហេតុមួយគូជាធម្មតា គឺសេចក្តីពិត ១ មុសា ១។ បុគ្គលពួកមួយ អាស្រ័យនូវទិដ្ឋិធម៌ទាំងនេះ គឺអារម្មណ៍ដែលខ្លួនឃើញហើយ ឬឮហើយ ដែលខ្លួនពាល់ត្រូវហើយ ឬសីលវ័ត ជាអ្នកឃើញនូវសេចក្តីប្រកាន់ធំ គឺសន្តិភាព លុះឋិតនៅក្នុងវិនិច្ឆ័យធម៌ គឺទិដ្ឋិ ៦២ ហើយរីករាយក៏ពោលតិះដៀលថា បុគ្គលដទៃជាបុគ្គលពោលមិនឆ្លៀវឆ្លាស។ មួយទៀត បុគ្គលនោះ តែងដុតកំដៅបុគ្គលដទៃថា ជាបុគ្គលពាល ៗ ដូច្នេះ ដោយហេតុណា ក៏បានពោលលើកខ្លួនឯង ថាជាអ្នកឆ្លៀវឆ្លាស ដោយហេតុនោះ បុគ្គលនោះ ពោលលើកខ្លួនឯងថា ជាអ្នកឆ្លៀវឆ្លាស ចំពោះខ្លួនដោយខ្លួនឯង រមែងតិះដៀលបុគ្គលដទៃ ហើយពោលប្រកាន់ទិដ្ឋិនោះ។ បុគ្គលនោះ បរិបូណ៌ហើយដោយទិដ្ឋិ គឺការយល់ឃើញថា មានខ្លឹមសារក្រៃពេក និងដោយមានះ មានមានះដ៏បរិបូណ៌ ប្រស់ព្រំសន្តានខ្លួនដោយមានះ គឺប្រកាន់ថា ខ្លួនជាបណ្ឌិត ទិដ្ឋិនោះ របស់បុគ្គលនោះ បរិបូណ៌ហើយដោយប្រការដូច្នោះ។ ប្រសិនបើមានបុគ្គលអ្នកថោកទាប ដោយសារវាចាពាក្យតិះដៀលរបស់បុគ្គលដទៃ បុគ្គលដែលតិះដៀលគេនោះ នឹងទៅជាបុគ្គលមានបា្រជ្ញាថោកទាប ស្មើនឹងបុគ្គលថោកទាបនោះ មួយទៀត បើបុគ្គលនោះ ជាអ្នកដល់នូវវេទ ជាអ្នកបា្រជ្ញ មានប្រាជ្ញាខ្ជាប់ខ្ជួនចំពោះខ្លួនឯង ក៏រកបុគ្គលណាមួយ ជាមនុស្សល្ងង់ ក្នុងពួកសមណៈ មិនមាន។ ពួកបុគ្គលណា សរសើធម៌ គឺទិដ្ឋិដទៃក្រៅពីនេះ ពួកបុគ្គលនោះ ជាអ្នកមានគុណមិនបរិបូណ៌ ឈ្មោះថា ប្រទូស្តចំពោះផ្លូវដ៏បរិសុទ្ធ ពួកតិរិ្ថយតែងនិយាយតិះដៀលគ្នា ដោយច្រើនយ៉ាងនេះឯង ព្រោះថា តិរ្ថិយទាំងនោះ ត្រេកអរស៊ប់ហើយដោយតម្រេក ក្នុងទិដ្ឋិរបស់ខ្លួន។ លុះពួកតិរិ្ថយ (ត្រេកអរយ៉ាងនេះហើយ) ទើបនាំគ្នានិយាយសរសើរសេចក្តីបរិសុទ្ធិ ក្នុងធម៌ (របស់ខ្លួន) នេះតែម្យ៉ាង មិននិយាយសរសើរសេចក្តីបរិសុទ្ធិ ក្នុងធម៌ទាំងឡាយដទៃឡើយ ពួកតិរិ្ថយ តែងចូលចិត្តដោយច្រើនយ៉ាងនេះ ហើយពោលប្រកាន់មាំ ក្នុងផ្លូវនៃទិដ្ឋិរបស់ខ្លួននោះ។ មិនត្រឹមតែប៉ុណ្ណោះឡើយ ពួកតិរិ្ថយទាំងនោះ សូម្បីតែមួយនាក់ កាលពោលប្រកាន់មាំ ក្នុងផ្លូវនៃទិដ្ឋិរបស់ខ្លួនហើយ មុខជាដុតកំដៅបុគ្គលដទៃ ថាជាមនុស្សពាល ព្រោះទិដ្ឋិរបស់ខ្លួនដូច្នេះ លុះតិរិ្ថយពោលនូវបុគ្គលដទៃថា ជាមនុស្សពាល ថាជាអ្នកមានធម៌មិនបរិសុទ្ធិហើយ គប្បីនាំមកនូវជម្លោះចំពោះខ្លួនឯង។ តិរិ្ថយនោះ តាំងនៅក្នុងវិនិច្ឆយធម៌ (ដោយតណ្ហា និងទិដ្ឋិ) តាំងលទ្ធិដោយខ្លួនឯងហើយ រមែងដល់នូវការទាស់ទែងគ្នា ដ៏ក្រៃលែងលើសលុបក្នុងលោក ចំណែកសត្វ ដែលលះបង់នូវវិនិច្ឆយធម៌ទាំងអស់ (ដោយអរិយមគ្គ) រមែងមិនធ្វើនូវជម្លោះក្នុងលោកឡើយ។
ចប់ ចូឡវិយូហសូត្រ ទី១២។
(១៣. មហាព្យូហសុត្តំ)
[១០៧] (ព្រះពុទ្ធនិមិ្មត សួរថា) សមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ (របស់ខ្លួន) តែងជជែកគ្នាថា នេះឯងជារបស់ពិត តើពួកសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមករឿយ ៗ នូវពាក្យនិន្ទា ឬបាននូវពាក្យសរសើរ ព្រោះទិដ្ឋិរបស់ខ្លួននោះ ដែរឬ។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ផលនៃវាទៈ គឺសេចក្តីសរសើរនុ៎ះ មានបន្តិចបន្តួចទេ មិនគួរដើម្បីសេចក្តីស្ងប់រម្ងាប់ (រាគៈជាដើម) បានឡើយ តថាគតពោលនូវផលនៃការជជែកគ្នា ព្រោះទិដ្ឋិមានពីរប្រការ គឺនិន្ទា និងសរសើរ ចំណែកជនជាបណ្ឌិត ឃើញទោសក្នុងការជជែកគ្នានុ៎ះ ហើយឃើញច្បាស់នូវព្រះនិពា្វន ជាភូមិមិនទាស់ទែងគ្នា ថាជាទីដ៏ក្សេមក្សាន្ត ទើបមិនទាស់ទែងគ្នា។ ទិដ្ឋិទាំងឡាយឯណាមួយ ដែលកើតច្រើន អ្នកបា្រជ្ញរមែងមិនប្រកាន់នូវទិដ្ឋិទាំងនុ៎ះ បើលោកមិនមានសេចក្តីប្រកាន់ (នូវទិដ្ឋិ) មិនធ្វើសេចក្តីស្រឡាញ់ អារម្មណ៍ដែលឃើញហើយ ឮហើយ ធ្វើម្តេចឡើយនឹងប្រកាន់នូវអារម្មណ៍ដែលគួរប្រកាន់។ សមណពា្រហ្មណ៍ពួកមួយ ប្រកាន់ពោលថា សីលជាគុណដ៏ខ្ពង់ខ្ពស់ ហើយសំដែងនូវសេចក្តីបរិសុទ្ធិ ដោយគុណត្រឹមតែការសង្រួម ជនទាំងឡាយនោះ សមាទាននូវវត្តហើយ ប្រកាន់មាំ (ក្នុងវត្តដែលខ្លួនសមាទាននោះ) ដោយគិតឃើញថា យើងទាំងឡាយ នឹងសិក្សានូវសេចក្តីបរិសុទ្ធិរបស់វត្តនោះ ក្នុងទិដ្ឋិរបស់ខ្លួននេះ តែម្យ៉ាង ព្រោះជនទាំងឡាយនោះ មានភព គឺកម្មនាំចូលទៅជិតហើយ តែងពោលនូវខ្លួនថា ជាអ្នកឈ្លាស។ បើបុគ្គលណា ឃ្លាតចាកសីល និងវ័តហើយ បុគ្គលនោះ រមែងញាប់ញ័រព្រោះខុសចាកកម្ម បុគ្គលនោះឯង តែងចង់បានផង បា្រថ្នាផង នូវសេចក្តីបរិសុទ្ធិ ដូចបុគ្គលកាលព្រាត់បា្រសចាកផ្ទះ ហើយសាបសូន្យចាកពួក។ មួយទៀត អរិយសាវ័ក លះបង់សីល និងវ័ត (ដ៏បរិសុទ្ធិ) ទាំងអស់ផង កម្មមានទោសផង មិនមានទោសនុ៎ះផងចេញហើយ មិនបា្រថ្នានូវសេចក្តីបរិសុទ្ធិ និងសេចក្តីមិនបរិសុទ្ធិផង ឈ្មោះថា ជាអ្នកវៀរស្រឡះ ព្រោះមិនប្រកាន់នូវទិដ្ឋិ។ មានសមណព្រាហ្មណ៍ពួកមួយ តែងអាស្រ័យទិដ្ឋិនោះ ដែលគួរខ្ពើម មួយទៀត តែងអាស្រ័យទិដ្ឋិ (សេចក្តីយល់ឃើញ) ថា បរិសុទ្ធិព្រោះឃើញ បរិសុទ្ធិព្រោះស្តាប់ បរិសុទ្ធិព្រោះពាល់ត្រូវ ជាឧទ្ធំសរវាទ ជាអ្នកមានតណ្ហាក្នុងភពតូចភពធំ មិនទាន់ទៅប្រាស រមែងពោលនូវសេចក្តីបរិសុទ្ធិ។ ជប្បនៈ គឺតណ្ហាទាំងឡាយ ក៏កើតឡើងដល់បុគ្គលអ្នកបា្រថ្នា ឬសេចក្តីរន្ធត់ញាប់ញ័រ ក៏កើតឡើងក្នុងធម៌ទាំងឡាយ ដែលខ្លួនកំណត់ហើយ ការច្យុតិ និងការកើតឡើង របស់បុគ្គលណា មិនមានក្នុងលោកនេះ បុគ្គលនោះ គប្បីញាប់ញ័រដោយហេតុអ្វី គប្បីបា្រថ្នាក្នុងអ្វីទៀត។ (ព្រះពុទ្ធនិមិ្មតសួរថា) សមណព្រាហ្មណ៍ពួកមួយ បាននិយាយធម៌ណា ថាជាធម៌ដ៏ឧត្តម សមណព្រាហ្មណ៍ពួកឯទៀត បាននិយាយធម៌នោះ ថាជាធម៌ថោកទាបវិញ ចុះពាក្យរបស់សមណព្រាហ្មណ៍ទាំងពីរពួក តើពាក្យណា ជាពាក្យពិតត្រង់ ព្រោះសមណព្រាហ្មណ៍ទាំងអស់នេះ តែងពោលលើកខ្លួនថា ជាអ្នកឈ្លាស។ (ព្រះសម្ពុទ្ធ ត្រាស់ថា) សមណព្រាហ្មណ៍ពួកមួយ បានពោលធម៌របស់ខ្លួនថា ជាធម៌បរិបូណ៌ (ល្អពេញទី) ពោលធម៌របស់ជនដទៃ ថាជាធម៌ថោកទាប សមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់យ៉ាងនេះ រមែងបង្កជម្លោះ ឲ្យកើតឡើង បានសរសើរទិដ្ឋិរបស់ខ្លួន ៗ ថា ជាធម៌ពិត។ បើបុគ្គលនោះ នឹងទៅជាអ្នកថោកទាប ព្រោះដំនៀលរបស់បុគ្គលដទៃ មិនមានអ្នកណាមួយ ដែលវិសេសក្នុងធម៌ទាំងឡាយបានទេ ព្រោះថា បុគ្គលច្រើននាក់ ជាអ្នកប្រកាន់មាំក្នុងធម៌របស់ខ្លួន តែងតិះដៀលធម៌របស់ជនដទៃ ថាជាធម៌ថោកទាប។ ជនទាំងឡាយ តែងសរសើរនូវផ្លូវជាគ្រឿងប្រព្រឹត្តទៅនៃសេចក្តីប្រតិបត្តិ គឺធម៌របស់ខ្លួន យ៉ាងណា ការបូជាធម៌របស់ខ្លួន ក៏យ៉ាងនោះ (កាលបើយ៉ាងនេះ) ពាក្យទាំងពួង គប្បីជារបស់ពិតមែន សេចក្តីបរិសុទ្ធិ នឹងមានចំពោះខ្លួននៃសមណព្រាហ្មណ៍ទាំងនោះពិត។ ញាណដែលបុគ្គលដទៃគប្បីដឹកនាំ និងសេចក្តីប្រកាន់ព្រោះវិនិច្ឆ័យក្នុងទិដ្ឋិធម៌ទាំងឡាយ មិនមានដល់ខីណាសវពា្រហ្មណ៍ ព្រោះហេតុនោះ ខីណាសវព្រាហ្មណ៍នោះ ទើបឆ្លងពាក្យវិវាទទាំងឡាយបាន ទាំងមិនយល់ឃើញធម៌ដទៃថា ប្រសើរទេ។ សមណព្រាហ្មណ៍ពួកមួយ ពោលអាងបរិសុទ្ធិ ដោយទិដ្ឋិ ថាខ្ញុំដឹង ខ្ញុំឃើញ របស់នុ៎ះពិតមែន បើទុកជាមានសមណព្រាហ្មណ៍ខ្លះ បានឃើញដោយបរចិត្តញ្ញាណជាដើម នឹងមានប្រយោជន៍អ្វី ដោយការឃើញរបស់សមណព្រាហ្មណ៍នោះ (បានជា) ពួកសមណព្រាហ្មណ៍ខ្លះ កន្លង (នូវអរិយមគ្គ) ហើយសំដែងនូវសេចក្តីបរិសុទ្ធិ ដោយឧបាយដទៃវិញ។ នរជន កាលឃើញ រមែងឃើញតែនាមរូប លុះឃើញហើយ រមែងដឹងនូវនាមរូបនោះប៉ុណ្ណោះ កាលបើឃើញដោយវិបល្លាសសញ្ញាយ៉ាងនេះ ចង់ឃើញច្រើន ឬតិចក៏ដោយ អ្នកបា្រជ្ញទាំងឡាយ មិនពោលនូវសេចក្តីបរិសុទ្ធិ ដោយការឃើញត្រឹមប៉ុណ្ណោះទេ។ បុគ្គលអ្នកពោលប្រកាន់មាំ មិនងាយគេប្រដៅបានទេ បុគ្គលអ្នកធ្វើទិដ្ឋិដែលខ្លួនកំណត់ហើយ ឲ្យជាប្រធាន អាស្រ័យនូវសាស្តាណា រមែងជាអ្នកពោលសរសើរថា ល្អក្នុងសាស្តានោះ បុគ្គលនោះ ជាអ្នកពោលនូវសេចក្តីបរិសុទ្ធិ បានឃើញថា ជាធម៌ពិត ក្នុងវាទៈរបស់សាស្តានោះ។ ខីណាសវព្រាហ្មណ៍ ដឹងច្បាស់ (នូវសង្ខារធម៌ទាំងពួង) រមែងមិនប្រកាន់នូវការកំណត់ ដោយតណ្ហា និងទិដ្ឋិ ជាអ្នកមិនប្រព្រឹត្តទៅក្នុងទិដ្ឋិ ទាំងមិនមានផៅពង្ស គឺតណ្ហា និងទិដ្ឋិ ដោយមិច្ឆាញាណទេ មួយទៀត ខីណាសវព្រាហ្មណ៍នោះ បានដឹងហើយនូវទិដ្ឋិទាំងឡាយ ដែលកើតហើយអំពីជនច្រើននាក់ ក៏ព្រងើយកន្តើយ គឺមិនប្រកាន់មាំដោយអំណាចតណ្ហា និងទិដ្ឋិ ចំណែកជនទាំងឡាយដទៃ រមែងប្រកាន់ស្អិត។ អ្នកបា្រជ្ញក្នុងលោកនេះ លះបង់នូវកិលេសគ្រឿងចងក្រង កាលជនទាំងឡាយ មានការទាស់ទែងកើតហើយ លោកជាអ្នកមិនប្រព្រឹត្តជាពួក កាលជនទាំងឡាយ មិនស្ងប់ លោកជាអ្នកស្ងប់ លោកជាអ្នកប្រងើយកន្តើយ មិនប្រកាន់ ចំណែកជនទាំងឡាយដទៃ រមែងប្រកាន់ស្អិត។ ខីណាសវព្រាហ្មណ៍ លះបង់នូវអាសវៈមុន មិនធ្វើអាសវៈថ្មី ជាអ្នកមិនលុះក្នុងឆន្ទាគតិ (ជាដើម) ទាំងមិនចរចាតាមសេចក្តីប្រកាន់ស្អិត ខីណាសវព្រាហ្មណ៍នោះ ជាអ្នកប្រាជ្ញ រួចស្រឡះចាកទិដ្ឋិទាំងឡាយ ជាអ្នកមិនតិះដៀលខ្លួនឯង មិនជាប់នៅក្នុងលោក។ ខីណាសវព្រាហ្មណ៍នោះ លោកជាអ្នកមិនមានមារសេនា ក្នុងធម៌ទាំងពួង មិនមានមារសេនា ក្នុងអារម្មណ៍ណាមួយ ដែលឃើញហើយ ឮហើយ ប៉ះពាល់ហើយ ខីណាសវព្រាហ្មណ៍នោះ ជាអ្នកប្រាជ្ញ មានភារៈដាក់ចុះហើយ រួចស្រឡះចាករាគាទិក្កិលេស មិនមានគ្រឿងកំណត់ដោយតណ្ហា និងទិដ្ឋិ មិនត្រេកអរ មិនមានកិលេសជាតិគ្រឿងប្រាថ្នាឡើយ។
ចប់ មហាវិយូហសូត្រ ទី១៣។
(១៤. តុវដកសុត្តំ)
[១០៨] (ព្រះពុទ្ធនិមិ្មត សួរថា) ខ្ញុំសូមសួរនូវសេចក្តីស្ងាត់ផង នូវចំណែកនៃសេចក្តីស្ងប់ផង នឹងព្រះអង្គ ជាផៅពង្សនៃព្រះអាទិត្យ អ្នកស្វែងរកគុណដ៏ធំ ចុះភិក្ខុឃើញដោយប្រការដូចម្តេច មិនប្រកាន់មាំនូវអ្វីមួយក្នុងលោក ទើបរំលត់កិលេសបាន។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា) ភិក្ខុគប្បីបិទនូវឫសនៃបបញ្ចសង្ខារ (ធម៌ជាគ្រឿងធ្វើសត្វឲ្យយឺតយូរ គឺតណ្ហាទិដ្ឋិ) ផង នូវអស្មិមានះទាំងពួងផង ដោយបា្រជ្ញា តណ្ហាទាំងឡាយណាមួយ មានខាងក្នុងសន្តានសត្វ ភិក្ខុជាអ្នកមានស្មារតីគ្រប់ពេល គប្បីសិក្សាដើម្បីកំចាត់បង់តណ្ហាទាំងនោះចេញ។ ភិក្ខុគប្បីដឹងនូវគុណធម៌ណាមួយ ជាខាងក្នុង ឬខាងក្រៅ មិនគប្បីធ្វើនូវកម្លាំង (ការលើកដំកើង) ដោយគុណធម៌នោះ ព្រោះការរំលត់នោះ សប្បុរសទាំងឡាយ មិនបានប្រកាសឡើយ។ ភិក្ខុមិនគប្បីសំគាល់ថា អញជាបុគ្គលប្រសើរជាងគេ អញជាបុគ្គលថោកទាបជាងគេ ឬថាជាបុគ្គលស្មើ ៗ នឹងគេ ដោយសារគុណធម៌នោះឡើយ ភិក្ខុប្រកបដោយគុណធម៌ មានសភាពច្រើនយ៉ាង មិនគប្បីតាំងខ្លួន ដំកើងខ្លួនទេ។ ភិក្ខុគប្បីរម្ងាប់ (រាគាទិកិ្កលេស) ក្នុងសន្តាន ភិក្ខុមិនគប្បីស្វែងរកសេចក្តីស្ងប់ ដោយឧបាយដទៃទេ កាលបើលោករម្ងាប់នូវរាគាទិកិ្កលេស ក្នុងសន្តានហើយ សេចក្តីយល់ឃើញថា ខ្លួនគឺសស្សតទិដ្ឋិ រមែងមិនមាន សេចក្តីយល់ឃើញថា មិនមែនខ្លួន គឺឧច្ឆេទទិដ្ឋិ នឹងមានមកអំពីណា។ រលករមែងមិនកើតឡើងត្រង់ជំរៅពាក់កណ្តាលសមុទ្ទ ទឹកត្រង់កណ្តាលនោះ រមែងតាំងនៅនឹង មានឧបមាយ៉ាងណាមិញ មានឧបមេយ្យ ដូចភិក្ខុអ្នកតាំងនៅនឹងនួន ជាអ្នកមិនមានតណ្ហាជាគ្រឿងញាប់ញ័រដូច្នោះឯង មិនគប្បីធ្វើកិលេសឲ្យពុះពោរក្នុងទីណាមួយ។ (ព្រះពុទ្ធនិមិ្មត សួរថា) ព្រះអង្គមានចក្ខុបើកហើយ បានសំដែងធម៌ ចំពោះភ្នែក គឺធម៌ ដែលព្រះអង្គឃើញច្បាស់ហើយ ដោយព្រះអង្គឯង ជាធម៌កំចាត់នូវសេចក្តីអន្តរាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គសំដែងនូវបដិបទាផង នូវបាតិមោក្ខសីលផង នូវសមាធិចិត្តផង។ (ព្រះមានព្រះភាគ ត្រាស់ថា) ភិក្ខុគប្បីជាអ្នកមិនរឡេមរឡាមដោយចក្ខុទាំងឡាយផង គប្បីបិទខ្ទប់នូវត្រចៀក ក្នុងពាក្យនៃអ្នកស្រុកផង មិនគប្បីជាប់នៅក្នុងរសផង មិនគប្បីប្រកាន់នូវរបស់ណាមួយក្នុងលោកផង។ កាលណាភិក្ខុត្រូវផស្សៈប៉ះពាល់ហើយ ភិក្ខុមិនគប្បីធ្វើនូវសេចក្តីខ្សឹកខ្សួលផង មិនគប្បីបា្រថ្នានូវភពណាមួយផង មិនគប្បីញាប់ញ័រក្នុងសត្វសាហាវ ដែលគួរស្ញប់ស្ញែងផង។ មួយទៀត ភិក្ខុបើបាននូវបាយ ទឹក ខាទនីយៈ ឬសំពត់ទាំងឡាយហើយ មិនគប្បីធ្វើនូវសន្និធិ (ការសន្សំទុក) ឡើយ កាលបើមិនបានវត្ថុទាំងនោះទេ ក៏មិនគប្បីអន្ទះសារ។ ភិក្ខុគប្បីជាអ្នកអភិរម្យក្នុងឈាន គប្បីជាអ្នកមិនរពឹសជើង គប្បីវៀរចាកសេចក្តីរពឹស (មានរពឹសដៃជាដើម) មិនគប្បីធ្វេសប្រហែស មួយទៀត គប្បីនៅក្នុងទីអង្គុយ ទីដេក ដែលមានសំឡេងតិច។ ភិក្ខុមានសេចក្តីព្យាយាម មិនគប្បីធ្វើការដេកលក់ឲ្យច្រើនទេ គប្បីគប់រកនូវសេចក្តីភ្ញាក់រឭក គប្បីលះបង់សេចក្តីខ្ជិលច្រអូស មាយា ល្បែងសើច ល្បែងលេងមេថុន ព្រមទាំងការស្អិតស្អាងខ្លួនចេញ។ ភិក្ខុអ្នករាប់អានព្រះរតនត្រ័យ មិនគប្បីប្រកបអាថព្វណមន្ត (មន្តសម្រាប់ឲ្យឧបទ្ទវៈកើតឡើង ក្នុងបច្ចាមិត្ត) មន្តសម្រាប់ទាយសុបិន មន្តសម្រាប់ទាយលក្ខណៈ មន្តសម្រាប់សំដែងឫក្សមង្គល មិនគប្បីសេពគប់មន្តសម្រាប់ទាយសម្រែកសត្វផង ថ្នាំសម្រាប់ធ្វើគភ៌ឲ្យតាំងនៅផង ការរក្សារោគផង។ ភិក្ខុមិនគប្បីញាប់ញ័រនឹងពាក្យនិន្ទា បើមានគេសរសើរ ក៏មិនគប្បីឡើងជោរផង គប្បីបន្ទោបង់លោភៈ មច្ឆរិយៈ សេចក្តីក្រេវក្រោធ និងពាក្យញុះញង់។ ភិក្ខុមិនគប្បីតាំងនៅក្នុងការលក់ចេញ ទិញចូល មិនគប្បីធ្វើការពោលតិះដៀលក្នុងទីណាមួយ មិនគប្បីជាប់ចិត្តក្នុងស្រុក មិនគប្បីចរចានឹងជន ព្រោះបា្រថ្នាលាភ។ មួយទៀត ភិក្ខុមិនគប្បីពោលវាចាលើកខ្លួន មិនគប្បីពោលវាចាផ្សែផ្សំ មិនគប្បីសិក្សានូវសេចក្តីឃ្នើសឃ្នង កាយ វាចា ចិត្ត មិនគប្បីពោលពាក្យប្រណាំប្រជែង។ ភិក្ខុមិនគប្បីដឹកនាំ ក្នុងពាក្យមុសាវាទ មិនគប្បីធ្វើការអួតអាងទាំងដឹងខ្លួន មួយទៀត មិនគប្បីមើលងាយអ្នកដទៃ ដោយអាជីវៈ (ការចិញ្ចឹមជីវិត) និងបញ្ញា និងសីលវ័ត។ ភិក្ខុកាលបើបានឮពាក្យ (មិនជាទីគាប់ចិត្ត) ដ៏ច្រើន របស់សមណៈទាំងឡាយ ឬរបស់បុថុជ្ជនទាំងឡាយ មិនគប្បីប្រទូស្តទៅរក មិនគប្បីពោលតប ដោយពាក្យអាក្រក់ ព្រោះថា លោកអ្នកស្ងប់រម្ងាប់ទាំងឡាយ រមែងមិនធ្វើការឈ្លោះតបតឡើយ។ ភិក្ខុ កាលបានដឹង បានពិចារណាធម៌នុ៎ះ គប្បីជាអ្នករឭកសិក្សាសព្វកាល បើបានដឹងសេចក្តីរំលត់រាគាទិកិ្កលេស ថាជាសេចក្តីស្ងប់ហើយ មិនគប្បីប្រហែសធ្វេស ក្នុងសាសនានៃព្រះគោតមឡើយ។ ភិក្ខុនោះ ជាអ្នកគ្របសង្កត់រូបជាដើម ជាអ្នកដែលរូបជាដើម គ្របសង្កត់មិនបាន ជាអ្នកឃើញធម៌ ចំពោះភ្នែកឯង មិនអាងគេថា ដូច្នេះ ៗ ព្រោះហេតុនោះ ភិក្ខុគប្បីជាអ្នកមិនប្រហែស គប្បីនមស្ការសិក្សាក្នុងសាសនានៃព្រះមានព្រះភាគនោះ សព្វ ៗ កាល។
ចប់ តុវដកសូត្រ ទី១៤។
(១៥. អត្តទណ្ឌសុត្តំ)
[១០៩] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ភ័យកើតមកពីអាជ្ញារបស់ខ្លួន (សេចក្តីប្រព្រឹត្តិកាចអាក្រក់របស់ខ្លួន) អ្នកទាំងឡាយ ចូរមើលជនអ្នកទាស់ទែងគ្នា តថាគត (កាលនៅជាពោធិសត្វ) បានតក់ស្លុតហើយ យ៉ាងណា តថាគតនឹងសំដែងនូវសេចក្តីតក់ស្លុត យ៉ាងនោះ (ដល់អ្នកទាំងឡាយ)។ ភ័យមកកាន់តថាគត ព្រោះឃើញនូវពួកសត្វ កំពុងញាប់ញ័រ (ដោយតណ្ហាជាដើម) ដូចពួកមច្ឆជាតិ ក្នុងទីមានទឹកតិច ព្រោះឃើញសត្វលោកបៀតបៀនគ្នានឹងគ្នា។ លោកមិនមានខ្លឹមសារដោយជុំវិញ ទិសទាំងពួង រមែងញាប់ញ័រ តថាគតកាលបា្រថ្នានូវភព (ជាទីពឹង) របស់ខ្លួន ក៏មិនបានឃើញភពណាមួយ ដែលជរាធម៌ជាដើម ជិះជាន់មិនបាន សេចក្តីមិនរីករាយ បានកើតមានដល់តថាគតហើយ ព្រោះបានឃើញសត្វទាំងឡាយ ត្រូវជរាធម៌ជាដើម បៀតបៀនហើយ ក្នុងកាលជាទីបំផុត តពីនោះមក តថាគតបានឃើញសរ ដែលគេឃើញបានដោយកម្រ អាស្រ័យនៅក្នុងហ្ឫទ័យ ក្នុងសត្វទាំងឡាយនោះ។ សត្វលោកដែលសរដោតជាប់ហើយ រមែងស្ទុះទៅកាន់ទិសផ្សេង ៗ បុគ្គលជាបណ្ឌិត ដកសរនោះបាន ទើបមិនស្ទុះទៅ មិនលិចចុះ។ (អារម្មណ៍ជាទីស្រឡាញ់ គឺបញ្ចកាមគុណណា មានក្នុងលោក) ប្រជុំជន តែងសំដែងនូវភាសិត ជាគ្រឿងសិក្សា (មានការសិក្សាដំរីជាដើម) ដើម្បីឲ្យបានអារម្មណ៍ជាទីស្រឡាញ់នោះ បណ្ឌិតមិនគួរខ្វល់ខ្វាយ ក្នុងបញ្ចកាមគុណ ឬក្នុងកិច្ចសិក្សានោះឡើយ គប្បីនឿយណាយក្នុងកាមារម្មណ៍ ដោយប្រការទាំងពួង គប្បីសិក្សានូវព្រះនិព្វានបម្រុងខ្លួន។ បុគ្គលជាអ្នកប្រាជ្ញ គប្បីជាអ្នកមានសច្ចៈ55) ជាបុគ្គលមិនឃ្នើសឃ្នង មិនមានមាយា លះបង់ពាក្យញុះញង់ មិនក្រេវក្រោធ ឆ្លងឲ្យរួចនូវលោភៈដ៏លាមក និងមច្ឆរិយ។ នរជន មានចិត្តឱនទៅរកព្រះនិព្វាន គប្បីគ្របសង្កត់នូវការដេកលក់ សេចក្តីខ្ជិលច្រអូស ការរួញរា មិនគប្បីដំអក់នៅដោយសេចក្តីប្រហែសធ្វេស មិនគប្បីតាំងខ្លួនក្នុងមានះដ៏ក្រៃលែង។ បុគ្គលអ្នកបង្អោនចិត្តទៅរកព្រះនិព្វាន មិនគប្បីដឹកនាំ ក្នុងពាក្យមុសាវាទ មិនគប្បីធ្វើសេចក្តីស្នេហាក្នុងរូប ត្រូវកំណត់ដឹងនូវមានះ ហើយគប្បីវៀរចេញចាកអំពើដ៏រួសរាន់។ មិនគប្បីស្រើបស្រាលទៅរកបញ្ចក្ខន្ធ ដែលជារបស់ចាស់ គឺជាអតីត មិនគប្បីធ្វើសេចក្តីពេញចិត្តនឹងបញ្ចក្ខន្ធ ដែលជារបស់ថ្មី គឺជាបច្ចុប្បន្ន មិនត្រូវសោកស្តាយនឹងបញ្ចក្ខន្ធ ដែលសាបរលាបទៅហើយ មិនត្រូវជាប់ស្អិតនៅក្នុងតណ្ហា។ តថាគតពោលនូវសេចក្តីជាប់ចិត្ត គឺតណ្ហា ថាជាអន្លង់ធំ តថាគតពោលនូវសេចក្តីជក់ចិត្ត គឺតណ្ហា ថាជាគ្រឿងលឿនទៅនៃចិត្ត ថាជាគ្រឿងជាប់ញ៉ាមនៅនៃចិត្ត ថាជាអារម្មណ៍នៃចិត្ត ថាជាគ្រឿងត្រិះរិះ (ព្រោះ) កាមតណ្ហា ដូចជាភក់ សត្វទាំងឡាយ អាចឆ្លងបានដោយលំបាក។ អ្នកបា្រជ្ញ ជាព្រាហ្មណ៍ មិនគេចចេញចាកសច្ចៈ រមែងតាំងនៅលើទីទួល គឺព្រះនិព្វាន តថាគតហៅបុគ្គលនោះថា ជាអ្នកស្ងប់ ព្រោះលះអាយតនៈទាំងអស់។ បុគ្គលនោះ ជាអ្នកបា្រជ្ញ បុគ្គលនោះ ជាអ្នកដល់នូវវេទ ជាបុគ្គលដែលតណ្ហា និងទិដ្ឋិ មិនអាស្រ័យនៅហើយ ព្រោះឃើញសង្ខារធម៌ (ថាជារបស់មិនទៀង ជាទុក្ខ មិនមែនខ្លួន) បុគ្គលនោះ រមែងប្រព្រឹត្តនៅក្នុងលោកដោយប្រពៃ មិនជាប់ចិត្តនឹងបុគ្គលណាមួយឡើយ។ បុគ្គលណា បានឆ្លងផុតនូវកាមផង នូវកិលេសគ្រឿងជាប់ ដែលឆ្លងបានដោយកម្រ ក្នុងលោកផង បុគ្គលនោះ ឈ្មោះថា កាត់ខ្សែតណ្ហា មិនមានចំណង រមែងមិនសោក មិនសុបសៅ។ កិលេសជាតណា កើតឡើង (ព្រោះប្រារព្ធ) សង្ខារជាអតីត អ្នកចូរធ្វើកិលេសនោះ ឲ្យរីងស្ងួតទៅ កិលេសគ្រឿងកង្វល់ (មានរាគៈជាដើម កើតឡើងព្រោះប្រារព្ធ) សង្ខារដែលនឹងមានទៅខាងក្រោយ ចូរកុំមានដល់អ្នកឡើយ បើអ្នកមិនប្រកាន់ក្នុងធម៌ជាកណ្តាល (មានរូបជាដើម ដែលជាបច្ចុប្បន្ន) អ្នកនឹងទៅជាបុគ្គលស្ងប់។ បុគ្គលណា មិនមានសេចក្តីប្រកាន់ក្នុងនាម និងរូប ថាជារបស់អញ សព្វកន្លែងទេ បុគ្គលនោះឯង រមែងមិនសោក ព្រោះនាមរូបដែលមិនមានផង មិនទ្រុឌទ្រោមទៅក្នុងលោកផង។ កង្វល់ថា នេះរបស់អញ នុ៎ះជារបស់ជនដទៃ មិនមានដល់បុគ្គលណា បុគ្គលនោះ កាលមិនបាននូវវត្ថុដែលប្រកាន់ថា របស់អញ រមែងមិនសោកថា អញគ្មានដូច្នេះឡើយ។ បុគ្គលដែលមិនមានឫស្យា មិនមានសេចក្តីត្រេកអរ ជាអ្នកមិនញាប់ញ័រ ជាអ្នកស្ងប់រម្ងាប់ ក្នុងអាយតនៈខាងក្នុង ខាងក្រៅទាំងអស់ តថាគត កាលបើមានបុគ្គលចូលមកសួរអានិសង្ស របស់បុគ្គលអ្នកមិនញាប់ញ័រនោះ ក៏នឹងសំដែង (អានិសង្សទាំង ៤ មានមិនឫស្យាជាដើមនោះ)។ បណ្តាសង្ខារទាំង ៣ មានបុញ្ញាភិសង្ខារជាដើម) សង្ខារណាមួយ មិនមានដល់បុគ្គលអ្នកមិនញាប់ញ័រ អ្នកដឹងច្បាស់ (នូវត្រៃលក្ខណ៍) បុគ្គលនោះ វៀរស្រឡះចាកសង្ខារទាំង ៣ នោះ រមែងឃើញសេចក្តីក្សេមក្នុងទីទាំងពួង។ អ្នកបា្រជ្ញ រមែងមិននិយាយអួតខ្លួន (ដោយមានះថា អញជាបុគ្គលស្មើគ្នា) ក្នុងពួកបុគ្គលស្មើគ្នា (ថាអញជាបុគ្គលថោកទាប) ក្នុងពួកបុគ្គលដែលថោកទាប (ថាអញជាបុគ្គលប្រសើរ) ក្នុងពួកបុគ្គលដែលប្រសើរ បុគ្គលនោះ ជាអ្នកស្ងប់បា្រសចាកសេចក្តីកំណាញ់ រមែងមិនប្រកាន់ មិនអន្ទះសារ។
ចប់ អត្តទណ្ឌសូត្រ ទី១៥។
(១៦. សារិបុត្តសុត្តំ)
[១១០] (ព្រះសារីបុត្តដ៏មានអាយុ បានពោលថា) ព្រះមានព្រះភាគ ជាសាស្តាចារ្យ ព្រះអង្គចុះចាកតុសិត មកជាគណាចារ្យ ព្រះអង្គមានព្រះវាចាពីរោះយ៉ាងនេះ ខ្ញុំព្រះអង្គ មិនដែលឃើញ មិនដែលឮ អំពីសំណាក់អ្នកណាមួយ ក្នុងកាលមុនអំពីកាលដែលព្រះអង្គស្តេចចុះមកកាន់ក្រុងសង្កស្សៈសោះឡើយ។ ព្រះសាស្តា ព្រះអង្គមានចក្ខុ (ដ៏ឧត្តម) រមែងបា្រកដដល់មនុស្សលោក ព្រមទាំងទេវលោក ព្រះអង្គជាបុគ្គលឯក បានបន្ទោបង់នូវងងឹតទាំងអស់ហើយ បានលុះធម៌ដ៏វិសេស ដែលជាទីត្រេកអរ។ ខ្ញុំព្រះអង្គ មានសេចក្តីត្រូវការនឹងសួរប្រស្នា ដើម្បីសាវ័កទាំងឡាយច្រើននាក់ ទើបមកគាល់ព្រះអង្គជាព្រះពុទ្ធ មានសន្តានបរិសុទ្ធ បា្រសចាកតណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ ព្រះអង្គជាបុគ្គលមិនញាប់ញ័រ ជាបុគ្គលមិនកុហក ជាគណាចារ្យ ស្តេចមកក្នុងក្រុងសង្កស្សៈនេះ កាលបើភិក្ខុខ្ពើម (អំពីជាតិជាដើម) ជាអ្នកគប់រកនូវសេនាសនៈស្ងាត់ក្តី នៅទីជិតនៃដើមឈើក្តី នូវព្រៃស្មសានក្តី ឬជាអ្នកនៅអាស្រ័យក្នុងល្អាងភ្នំទាំងឡាយក្តី ភិក្ខុកាលនៅក្នុងសេនាសនៈស្ងាត់ បា្រសចាកសំឡេងគឹកកង មិនគប្បីញាប់ញ័រ ដោយហេតុគួរឲ្យភ័យណា ហេតុគួរឲ្យភ័យក្នុងសេនាសនៈថោកទាប និងឧត្តមនោះ មានប៉ុន្មាន ភិក្ខុនៅក្នុងសេនាសនៈស្ងាត់ គប្បីគ្របសង្កត់សេចក្តីអន្តរាយទាំងឡាយណា សេចក្តីអន្តរាយទាំងឡាយនោះ មានប៉ុន្មាន ដែលនឹងមានដល់ភិក្ខុ កាលទៅកាន់ទិស ដែលគេមិនធ្លាប់ទៅ គឺព្រះនិព្វាន ក្នុងលោកនេះ។ ពាក្យពេចន៍របស់ភិក្ខុអ្នកមានខ្លួនបញ្ជូនទៅ គឺជាអ្នកមានព្យាយាមតឹងតែង តើដូចម្តេច គោចរទាំងឡាយ ក្នុងលោកនេះ របស់លោក តើដូចម្តេច សីល និងវ័តទាំងឡាយ របស់លោក តើដូចម្តេច ភិក្ខុនោះ គប្បីសមាទាន នូវសិក្ខាដូចម្តេច ទើបជាអ្នកមានសតិ មានចិត្តមូលក្នុងអារម្មណ៍តែមួយ ជាអ្នកមានប្រាជ្ញាគប្បីបន្ទោបង់កិលេស ជាមន្ទិលរបស់ខ្លួនបាន ដូចជាងមាស ដេញអាចម៍មាសឲ្យអស់ចេញបាន។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត) ផាសុវិហារធម៌ (គ្រឿងនៅសុខសម្រាន្ត) ណា របស់ភិក្ខុអ្នកខ្ពើម (អំពីជាតិជាដើម) អ្នកបា្រថ្នានូវការត្រាស់ដឹង សេពនូវសេនាសនៈស្ងាត់ តថាគតនឹងពោលនូវផាសុវិហារធម៌នោះ ធម៌ដ៏សមគួរដល់អ្នកតាមដឹង។ ភិក្ខុជាអ្នកប្រាជ្ញ មានស្មារតី ប្រព្រឹត្តក្នុងគុណមានទីបំផុតដោយជុំវិញ56) មិនគប្បីខ្លាចនូវភ័យទាំង ៥ យ៉ាង គឺមិនខ្លាចសត្វរបោម ១ ស្រួយ ១ ពស់តូចពស់ធំ ១ ផស្សៈនៃមនុស្សជាចោរ ១ ពួកសត្វជើងបួន ១ ភិក្ខុអ្នកបា្រជ្ញនោះ ជាអ្នកស្វះស្វែងរកកុសលធម៌ សូម្បីបានឃើញជនដែលក្រៅអំពីសហធម្មិកៈ ឬបានឮសំឡេងដែលខ្លួនគួរខ្លាចដ៏ច្រើន របស់ជនទាំងនោះ ឬអន្តរាយយ៉ាងដទៃ ៗ គប្បីគ្របសង្កត់ មិនគប្បីតក់ស្លុតរន្ធត់ឡើយ។ ភិក្ខុអ្នកបា្រជ្ញនោះ បើផស្សៈនៃរោគ ឬសេចក្តីស្រេកឃ្លាន ឬក៏ត្រជាក់ និងក្តៅពាល់ត្រូវហើយ គប្បីខំអត់សង្កត់ ភិក្ខុនោះ ដែលផស្សៈនៃរោគ និងសេចក្តីស្រេកឃ្លាន (ជាដើមនោះ) ពាល់ត្រូវហើយ (ដោយអាការផ្សេង ៗ) សូម្បីច្រើនយ៉ាងណា ក៏មិនបានធ្វើឱកាស (ឲ្យដល់វិញ្ញាណ ដែលប្រកបដោយសង្ខារ គឺចិត្តដែលសម្បយុត្តដោយកុសលាកុសលចេតនា) គប្បីធ្វើសេចក្តីព្យាយាមប្រឹងប្រែងមុតមាំ។ ភិក្ខុមិនគប្បីធ្វើការលួច មិនគប្បីពោលពាក្យកុហក គប្បីផ្សាយមេត្តាចិត្ត ចំពោះពួកសត្វ ដែលមានចិត្តតក់ស្លុត និងមានចិត្តរឹងប៉ឹង គឺពួកសត្វ ដែលមានចិត្តប្រកបដោយតណ្ហា និងប្រាសចាកតណ្ហា ក្នុងកាលណា ភិក្ខុបើដឹងនូវភាពនៃចិត្តកករល្អក់ ក្នុងកាលនោះ គប្បីបន្ទោបង់នូវភាពនៃចិត្តកករល្អក់នោះចេញ ដោយគិតថា នោះជាពួកប័ក្ខនៃធម៌ខ្មៅ។ ភិក្ខុមិនគួរលុះអំណាចនៃសេចក្តីក្រោធ និងសេចក្តីប្រកាន់ខ្លួនហួសហេតុ មួយទៀត គប្បីគាស់រំលើងឫសនៃសេចក្តីក្រោធ និងសេចក្តីប្រកាន់ហួសហេតុទាំងនោះចេញ មួយវិញទៀត គប្បីទម្រុឌទម្រោមគ្របសង្កត់សេចក្តីស្រឡាញ់ និងសេចក្តីស្អប់ ឲ្យជ្រះស្រឡះ។ ភិក្ខុអ្នកមានបីតិដ៏ល្អ គប្បីធ្វើបា្រជ្ញាឲ្យប្រព្រឹត្តទៅក្នុងខាងមុខ ហើយគប្បីសង្កត់សង្កិនសេចក្តីអន្តរាយនោះ គប្បីអត់សង្កត់សេចក្តីមិនត្រេកអរ ក្នុងសេនាសនៈស្ងាត់ គប្បីអត់សង្កត់ធម៌ជាទីតាំងនៃសេចក្តីខ្សឹកខ្សួល ៤ យ៉ាង ភិក្ខុអ្នកសិក្សាក្នុងត្រៃសិក្ខា ជាអ្នកមិនមានកង្វល់ ត្រាច់ទៅ គប្បីបន្ទោបង់សេចក្តីត្រិះរិះ ៤ យ៉ាង ដែលជាទីតាំងនៃសេចក្តីខ្សឹកខ្សួល គឺត្រិះរិះថា អញនឹងបានរបស់អ្វីបរិភោគ ១ ថាអញនឹងបរិភោគក្នុងទីណា ១ ថាអញដេកជាទុក្ខក្នុងរាត្រីនេះ ១ ថាអញនឹងដេកក្នុងទីណា (ទើបជាសុខសប្បាយ) ១។ ភិក្ខុក្នុងធម្មវិន័យនេះ បាននូវបាយផង នូវសំពត់ស្លៀកដណ្តប់ផង ក្នុងកាលគួរ ភិក្ខុនោះ គប្បីដឹងប្រមាណ (ក្នុងការទទួល ឬការប្រើបា្រស់នូវបច្ច័យ ៤) ដើម្បីសន្តោស ភិក្ខុនោះ គប្បីជាអ្នកគ្រប់គ្រងក្នុងបច្ច័យទាំង ៤ នោះ គប្បីជាអ្នកមានការប្រព្រឹត្តិសង្រួម ក្នុងស្រុកទេស សូម្បីត្រូវអ្នកណា ៗ ប្រទូស្តហើយ ក៏មិនគប្បីពោលពាក្យអាក្រក់ (ទៅរកអ្នកនោះ)។ ភិក្ខុគប្បីជាអ្នកមានចក្ខុដាក់ចុះ មួយទៀត មិនគប្បីជាអ្នករពឹសជើង គប្បីជាអ្នកប្រកបរឿយ ៗ ក្នុងឈាន ជាអ្នកភ្ញាក់រឭកច្រើន ជាអ្នកប្រារព្ធឧបេក្ខា ហើយមានចិត្តដំកល់មាំ គប្បីកាត់អកុសលវិតក្កៈ និងធម៌ជាទីអាស្រ័យនៅនៃអកុសលវិតក្កៈ និងការរពឹស (មានរពឹសដៃជាដើម)។ ភិក្ខុ កាលគេដាស់តឿន ដោយពាក្យទាំងឡាយ គប្បីជាអ្នកមានស្មារតី ទទួលត្រេកអរ គប្បីជាអ្នកទំលាយចិត្តរឹងរូស ក្នុងសព្រហ្មចារីទាំងឡាយចេញ គប្បីបញ្ចេញវាចាជាកុសល មិនគប្បីបញ្ចេញវាចាហួសកំណត់ កុំគិតគូរក្នុងពាក្យគរហានិន្ទារបស់ពួកជន។ មួយទៀត ភិក្ខុអ្នកមានស្មារតី គប្បីសិក្សាក្នុងត្រៃសិក្ខា ដើម្បីកំចាត់បង់ធូលីណា ធូលីនោះ មាននៅក្នុងលោក ៥ យ៉ាង គឺរូបរាគៈ ១ សទ្ទរាគៈ ១ គន្ធរាគៈ ១ រសរាគៈ ១ ផស្សរាគៈ ១ ភិក្ខុនោះ គប្បីអត់សង្កត់នូវសេចក្តីត្រេកអរក្នុងរូប សំឡេង ក្លិន រស ផស្សៈទាំងនោះចេញ។ ភិក្ខុជាអ្នកមានស្មារតី មានចិត្តផុតស្រឡះហើយដោយប្រពៃ គប្បីកំចាត់បង់សេចក្តីប៉ុនប៉ង ក្នុងកាមារម្មណ៍ទាំងឡាយនោះចេញ (គ្រាសមាធិចិត្តកើតឡើងហើយ) ភិក្ខុនោះ (មិនបានឈប់នៅត្រឹមប៉ុណ្ណោះ) ខំត្រិះរិះពិចារណាធម៌ ដោយត្រឹមត្រូវតាមកាលតទៅទៀត ភិក្ខុនោះ គប្បីជាអ្នកមានចិត្តជាឯកគ្គតា កំចាត់បង់ងងឹត គឺកិលេសចេញ។
ចប់ សារីបុត្តសូត្រ ទី១៦។
ចប់ អដ្ឋកវគ្គ ទី៤។
ឧទ្ទាននៃអដ្ឋកវគ្គ ទី៤ នោះគឺ
និយាយអំពីកាមសូត្រ ១ គុហដ្ឋកសូត្រ ១ ទុដ្ឋដ្ឋកសូត្រ ១ សុទ្ធដ្ឋកសូត្រ ១ បរមដ្ឋកសូត្រ ១ ជរាសូត្រ ១ តិស្សមេតេ្តយ្យសូត្រ ១ បសូរសូត្រ ១ មាគន្ទិយសូត្រ ១ បុរាភេទសូត្រ ១ កលហវិវាទសូត្រ ១ វិយូហសូត្រ ២ តុវដកសូត្រ ១ អត្តទណ្ឌសូត្រ ១ សារីបុត្តសូត្រ ១ សូត្រទាំង ១៦ នុ៎ះ មានក្នុងអដ្ឋកវគ្គទាំងអស់ ដោយប្រការដូចេ្នះ។
(៥. បារាយនវគ្គោ)
(វត្ថុគាថា)
[១១១] (ព្រះអានន្ទដ៏មានអាយុ បានលើករឿងនេះ មកកាន់ទីប្រជុំ ក្នុងកាលធ្វើសង្គាយនាថា ព្រាហ្មណ៍ឈ្មោះពាវរី) ជាអ្នកដល់នូវត្រើយនៃមន្ត បា្រថ្នានូវភាពជាអ្នកមិនកង្វល់ បានចេញអំពីបុរីនៃដែនកោសល ជាបុរីដ៏សប្បាយរីករាយ ទៅកាន់ទក្ខិណាបថជនបទ។ ពាវរីព្រាហ្មណ៍នោះ នៅអាស្រ័យទៀបច្រាំងស្ទឹងគោធាវរី ជិតដែនអស្សកៈ និងជិតដែនមុឡកៈ ចិញ្ចឹមជីវិតដោយការស្វះស្វែងរក (សូមគេ) ផង ដោយមើមឈើ និងផ្លែឈើផង។ ស្រុកនោះ បានរីកធំទូលាយ ព្រោះអាស្រ័យពាវរីព្រាហ្មណ៍នោះឯង ឯពាវរីព្រាហ្មណ៍នោះ បានបរិច្ចាគនូវមហាយ័ញ្ញ ដោយសារអាករសួយរៃ ដែលកើតឡើងអំពីស្រុកនោះ លុះពាវរីព្រាហ្មណ៍បានបូជានូវមហាយ័ញ្ញរួចហើយ ក៏ចូលទៅកាន់អាស្រមវិញ។ កាលពាវរីព្រាហ្មណ៍នោះ ចូលទៅកាន់អាស្រមវិញហើយ មានព្រាហ្មណ៍ដទៃទៀត មានជើងញាប់រន្ថាន់ សស្លើតសស្លក់ មានធ្មេញពណ៌ដូចភក់ មានក្បាលប្រឡាក់ដោយធូលី ព្រាហ្មណ៍នោះ បានដើរចូលទៅរកពាវរីព្រាហ្មណ៍នោះ ហើយសូមវត្ថុ ៥០០។
ពាវរីព្រាហ្មណ៍ បានឃើញព្រាហ្មណ៍នោះហើយ ក៏អញ្ជើញដោយអាសនៈ សាកសួរសេចក្តីសុខផង កុសលផង ហើយបានពោលពាក្យនេះថា ទេយ្យធម៌ណារបស់ខ្ញុំ ទេយ្យធម៌ទាំងអស់នោះ ខ្ញុំបានបរិច្ចាគអស់ហើយ ម្នាលព្រាហ្មណ៍ អ្នកចូរជឿខ្ញុំចុះ ខ្ញុំមិនមានវត្ថុ ៥០០ ទេ។
(ព្រាហ្មណ៍នោះ និយាយថា) កាលខ្ញុំសូមហើយ បើអ្នកដ៏ចំរើនមិនឲ្យទេ ក្បាលរបស់អ្នក ចូរបែក ៧ ភាគ ក្នុងថ្ងៃទី ៧។ ព្រាហ្មណ៍កុហកនោះ បានធ្វើកលឧបាយ ហើយសំដែងនូវហេតុដែលគួរខ្លាចដ៏ពន្លឹក ដល់ពាវរីព្រាហ្មណ៍នោះ លុះពាវរីព្រាហ្មណ៍ ឮពាក្យព្រាហ្មណ៍នោះហើយ ក៏ដល់នូវសេចក្តីទុក្ខព្រួយ មិនបរិភោគអាហារ ទៅជាស្គាំងស្គម ចុកណែនដោយសរ គឺសេចក្តីសោក កាលបើពាវរីព្រាហ្មណ៍មានចិត្តយ៉ាងនេះ ចិត្តក៏មិនត្រេកអរក្នុងឈាន។ ទេវតាអ្នកបា្រថ្នាប្រយោជន៍ បានឃើញពាវរីពា្រហ្មណ៍ មានសេចក្តីតក់ស្លុត ដល់នូវសេចក្តីទុក្ខព្រួយ ដូច្នោះហើយ ក៏ចូលទៅរកពាវរីព្រាហ្មណ៍ និយាយដូច្នេះថា ព្រាហ្មណ៍នោះ មិនដឹងក្បាលទេ គាត់ជាអ្នកកុហក ជាអ្នកត្រូវការដោយទ្រព្យ គាត់មិនមានការដឹងនូវក្បាល និងការធ្លាក់ចុះនៃក្បាលទេ។
(ពាវរីព្រាហ្មណ៍ សួរថា) ម្នាលអ្នកដ៏ចំរើន ឥឡូវនេះ អ្នកណាដឹងនូវក្បាល និងការធ្លាក់ចុះនៃក្បាល ខ្ញុំសូមសួរអ្នក ចូរអ្នកប្រាប់នូវអ្នកដែលដឹងនោះ ដល់ខ្ញុំចុះ ខ្ញុំនឹងចាំស្តាប់ពាក្យរបស់អ្នកនោះ។
(ទេវតា តបថា) ខ្ញុំមិនដឹងនូវក្បាល និងការធ្លាក់ចុះនៃក្បាលនុ៎ះទេ ខ្ញុំមិនមានការដឹងក្នុងហេតុទាំងពីរនោះឡើយ ក្បាលក្តី ការធ្លាក់ចុះនៃក្បាលក្តី មានតែព្រះជិនស្រីទេ ទើបឃើញបាន។
(ពាវរីព្រាហ្មណ៍ សួរថា) លើមណ្ឌលប្រឋពីនោះ តើឥឡូវនេះ មានអ្នកណា អាចដឹងនូវក្បាល និងការធ្លាក់ចុះនៃក្បាល ម្នាលទេវតា អ្នកចូរបា្រប់នូវអ្នកនោះ ដល់ខ្ញុំ។
(ទេវតា ប្រាប់ថា) ព្រះលោកនាយក ព្រះអង្គជាពូជពង្សនៃព្រះបាទឱក្កាកៈ ជាសក្យបុត្រ ព្រះអង្គមានពន្លឺរស្មី ទ្រង់ចេញចាកមហាបុរី ឈ្មោះកបិលព័ស្តុ (ទៅទ្រង់ព្រះផ្នួស)។ ម្នាលព្រាហ្មណ៍ ព្រោះព្រះលោកនាយកនោះ ព្រះអង្គត្រាស់ដឹងឯង ទ្រង់ដល់ត្រើយនៃធម៌ទាំងពួង បរិបូណ៌ដោយកំឡាំងនៃអភិញ្ញាទាំងពួង មានចក្ខុក្នុងធម៌ទាំងពួង បានដល់នូវការអស់ទៅនៃកម្មទាំងអស់ មានហឫទ័យចុះស៊ប់ ក្នុងធម៌ជាគ្រឿងអស់ទៅ នៃឧបធិក្កិលេស ព្រះសម្ពុទ្ធមានជោគអង្គនោះ មានចក្ខុ សំដែងធម៌ក្នុងលោក អ្នកចូរអញ្ជើញទៅសួរព្រះអង្គចុះ ព្រះអង្គនឹងសំដែងហេតុនោះដល់អ្នក។ ពាវរីព្រាហ្មណ៍ គ្រាន់តែឮពាក្យថា ព្រះសម្ពុទ្ធ ក៏មានចិត្តរីករាយ មានសេចក្តីសោកស្រាលស្តើង ទាំងបាននូវបីតិដ៏ធំទូលាយ។
លុះពាវរីព្រាហ្មណ៍នោះ ពេញចិត្ត មានចិត្តត្រេកអរ មានចិត្តរីករាយហើយ ក៏សួរទេវតានោះថា ព្រះលោកនាថ ព្រះអង្គគង់នៅក្នុងស្រុកណា និគមណា ឬជនបទណា យើងនឹងទៅថ្វាយបង្គំព្រះសម្ពុទ្ធ ឧត្តមជាងសត្វមានជើងពីរ ក្នុងទីណា។
(ទេវតា បា្រប់ថា) ព្រះជិនស្រី មានប្រាជ្ញាច្រើន មានប្រាជ្ញាដ៏ប្រសើរ ដូចផែនដី គង់នៅក្នុងកោសលមន្ទីរ ក្នុងក្រុងសាវត្ថី ព្រះមានបុណ្យនោះ ជាសក្យបុត្រ មានធុរៈដាក់ចោលអស់ហើយ មិនមានអាសវៈទេ ប្រសើរជាងនរជន ទើបដឹងនូវក្បាល និងការធ្លាក់ចុះនៃក្បាល។ លំដាប់នោះ ពាវរីព្រាហ្មណ៍ បានហៅពួកព្រាហ្មណ៍ជាសិស្ស ដែលដល់នូវត្រើយនៃមន្ត (ចេះចប់មន្ត) មកថា ម្នាលមាណពទាំងឡាយ អ្នករាល់គ្នាចូរមកនេះ យើងនឹងប្រាប់ ចូរអ្នកទាំងឡាយ ស្តាប់ពាក្យយើងចុះ ការកើតឡើងប្រាកដរឿយ ៗ នៃព្រះសម្ពុទ្ធណា ដែលគេបានដោយក្រក្នុងលោក ថ្ងៃនេះ ព្រះសម្ពុទ្ធអង្គនោះ ខ្ញុំបានឮប្រាកដហើយថា ព្រះសម្ពុទ្ធកើតឡើងហើយក្នុងលោក អ្នកទាំងឡាយ ចូរនាំគ្នាទៅកាន់ក្រុងសាវត្ថី ឲ្យឆាប់ ៗ ហើយចូលទៅគាល់ព្រះអង្គ ដែលឧត្តមជាងសត្វមានជើងពីរ។ ពួកព្រាហ្មណ៍ជាសិស្សសួរថា បពិត្រព្រាហ្មណ៍ ពួកយើងឃើញហើយគប្បីស្គាល់ថា អ្នកនោះ ជាព្រះពុទ្ធបានដោយប្រការដូចម្តេច សូមលោកប្រាប់ដល់យើងទាំងឡាយ ដែលជាអ្នកមិនស្គាល់ ឲ្យទាល់តែយើងទាំងឡាយ ស្គាល់ព្រះអង្គ។ ពាវរីព្រាហ្មណ៍និយាយថា មហាបុរិសលក្ខណៈទាំង ៣២ ប្រការ មានមកក្នុងមន្តទាំងឡាយ ដែលពួកហោរបានព្យាករបរិបូណ៌ហើយ ដោយលំដាប់។ មហាបុរិសលក្ខណៈទាំងនោះ មានក្នុងខ្លួននៃបុគ្គលណា បុគ្គលនោះ មានគតិតែពីរគត់ គតិជាគំរប់ ៣ មិនមានឡើយ គឺបើនៅគ្រប់គ្រងគេហដ្ឋាន នឹងគប្បីឈ្នះនូវផែនដីនេះ ដោយមិនបាច់ប្រើអាជ្ញា មិនបាច់ប្រើគ្រឿងសស្ត្រាវុធទេ គ្រាន់តែប្រៀនប្រដៅដោយធម៌ បើបុគ្គលនោះ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស រមែងជាបុគ្គលមានដំបូល គឺកិលេសបើកហើយ បានជាព្រះអរហន្តសម្ពុទ្ធដ៏ប្រសើរ។ អ្នកទាំងឡាយ ចូរសួរដោយចិត្ត នូវជាតិផង នូវគោត្រផង នូវលក្ខណៈផង (របស់យើង) នូវមន្តដែលយើងបាននិយាយផង នូវពួកសិស្ស (របស់យើង) ដទៃទៀតផង នូវក្បាលផង នូវការធ្លាក់ចុះនៃក្បាលផង។ បើបុគ្គលនោះ ប្រាកដជាព្រះពុទ្ធ អ្នកឃើញកាលទាំងពួង ដោយអនាវរណញ្ញាណមែន កាលបើប្រស្នាដែលអ្នកទាំងឡាយសួរហើយដោយចិត្ត ព្រះអង្គនឹងដោះស្រាយដោយវាចា។ ឯពួកព្រាហ្មណ៍ជាសិស្សទាំងអស់ ១៦ នាក់ គឺ អជិតមាណព ១ តិស្សមេត្តេយ្យ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យ និងកប្បៈជាពីរនាក់ ជតុកណ្ណីបណ្ឌិត ១ ភទ្រាវុធៈ ១ ឧទយៈ ១ បោសាលព្រាហ្មណ៍ ១ មោឃរាជមេធាវី ១ បិង្គិយមហាឥសី ១ ព្រាហ្មណ៍ទាំងអស់នេះ សុទ្ធតែជាមេគណៈផ្សេង ៗ គ្នា ល្បីល្បាញពាសពេញក្នុងលោក ជាអ្នកមានឈាន ត្រេកអរក្នុងឈាន មានប្រាជ្ញាមុតមាំ បានអប់រំវាសនាទុកមក ពីក្នុងជាតិមុន ៗ លុះបានស្តាប់ពាក្យពាវរីព្រាហ្មណ៍ហើយ ក៏ក្រាបថ្វាយបង្គំពាវរីព្រាហ្មណ៍ រួចធ្វើប្រទក្សិណពាវរីព្រាហ្មណ៍នោះ ទាំងអស់គ្នា សុទ្ធតែទ្រទ្រង់នូវភ្នួងសក់ និងស្បែកខ្លា ឈមមុខទៅទិសខាងជើង ហើយដើរចេញទៅកាន់ទីប្រតិស្ឋាននៃក្រុងមុឡកៈ កាន់ក្រុងមាហិស្សតី ក្រុងឧជ្ជេនី ក្រុងគោនទ្ធា ក្រុងវេទិសៈ ក្រុងវនសៈ ក្រុងកោសម្ពី ក្រុងសាកេត ក្រុងសាវត្ថីដ៏ឧត្តម ក្រុងសេតព្យៈ ក្រុងកបិលវត្ថុ ក្រុងកុសិនារា ក្រុងបាវា ក្រុងភោគៈ ក្រុងវេសាលី ក្រុងមគធៈ និងបាសាណកចេតិយ ដែលជាទីសប្បាយរីករាយចិត្ត ពួកព្រាហ្មណ៍ទាំងអស់នោះ បានឡើងទៅកាន់ភ្នំ គឺចេតិយ ដោយប្រញាប់ប្រញាល់ ដូចបុរសស្រេកទឹក ដើរទៅរកទឹកត្រជាក់ ឬដូចពាណិជ ដើរទៅរកលាភធំ ពុំនោះសោត ដូចបុរសត្រូវរដូវក្តៅគ្របសង្កត់ ដើរទៅរកម្លប់ឈើ ដោយប្រញាប់ប្រញាល់ដូច្នោះឯង។ គាប់ជួនសម័យនោះ ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម កំពុងសំដែងធម៌ ដល់ភិក្ខុទាំងឡាយ ដូចជាសីហៈបន្លឺក្នុងព្រៃ។ អជិតមាណព (ជាសិស្សច្បង) បានឃើញព្រះសម្ពុទ្ធ (មានរស្មីដ៏រុងរឿង) ដូចព្រះអាទិត្យ មានរស្មីផ្សាយចេញ ពុំនោះសោត ដូចព្រះចន្រ្ទពេញវង់ រះឡើងក្នុងថ្ងៃ ១៥ កើត។ បន្ទាប់ពីនោះមក អជិតមាណព បានឃើញព្យញ្ជនៈដ៏បរិបូណ៌ ក្នុងសរីរៈរបស់ព្រះអង្គ ហើយឋិតនៅក្នុងទីដ៏សមគួរ មានចិត្តរីករាយ បានសួរនូវប្រស្នាទាំងឡាយ ក្នុងចិត្តថា សូមព្រះអង្គសំដែងប្រាប់នូវជន្មាយុ (របស់អាចារ្យនៃខ្ញុំ) សូមព្រះអង្គសំដែងប្រាប់នូវគោត្រ ព្រមទាំងលក្ខណៈ សូមព្រះអង្គសំដែងនូវបារមី (ការសម្រេច) ក្នុងមន្តទាំងឡាយ ព្រាហ្មណ៍ជាអាចារ្យរបស់ខ្ញុំ ប្រៀនប្រដៅសិស្ស មានប៉ុន្មាននាក់។ ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា អាចារ្យរបស់អ្នកនោះ មានអាយុ ១២០ ឆ្នាំ ឈ្មោះពាវរីតាមគោត្រ លក្ខណៈក្នុងខ្លួនរបស់គាត់មាន ៣ ប្រការ គាត់ចេះចប់នូវត្រៃវេទ គាត់បង្រៀននូវមហាបុរិសលក្ខណៈផង នូវគម្ពីរឥតិហាសៈ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរសកេដុភៈផង នូវមន្ត ៥០០ ផង ដល់នូវបារមី គឺការសម្រេចក្នុងព្រាហ្មណធម៌របស់ខ្លួន។ អជិតមាណព ក្រាបទូលថា បពិត្រព្រះអង្គជាបុគ្គលឧត្តមជាងនរជន អ្នកកាត់ផ្តាច់នូវតណ្ហា សូមព្រះអង្គពិចារណានូវលក្ខណៈរបស់ពាវរីព្រាហ្មណ៍ រួចសំដែងកុំឲ្យយើងខ្ញុំមានសេចក្តីសង្ស័យ។ ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា ពាវរីព្រាហ្មណ៍ យកអណ្តាតបាំងមុខបាន មានឧណ្ណាលោម នៅត្រង់ចន្លោះចិញ្ចើម វត្ថគុយ្ហៈ (លិង្គ) របស់គាត់បិទបាំងដោយស្រោម ម្នាលមាណព អ្នកចូរដឹងយ៉ាងនេះចុះ។ មែនពិត ពួកជនទាំងអស់គ្នា មិនដែលបានឮពាក្យបុច្ឆាណាមួយ លុះឮប្រស្នាទាំងឡាយ ដែលព្រះអង្គឆ្លើយហើយ ក៏កើតសេចក្តីរីករាយ ធ្វើប្រណម្យអញ្ជលី ហើយត្រិះរិះ ដូច្នេះថា នរណាហ្ន៎ ទោះទេវតាក្តី ព្រហ្មក្តី ឬក៏ព្រះឥន្ទឈ្មោះសុជម្បតីក្តី កាលគេសួរប្រស្នាដោយចិត្តហើយ នឹងដោះស្រាយប្រស្នាដូចម្តេចបាន។ អជិតមាណព ទូលថា ពាវរីព្រាហ្មណ៍ សាកសួរនូវក្បាលផង នូវការធ្លាក់ចុះនៃក្បាលផង បពិត្រព្រះមានព្រះភាគ សូមព្រះអង្គឆ្លើយនូវប្រស្នានុ៎ះឲ្យទាន បពិត្រព្រះអង្គជាអ្នកស្វះស្វែងគុណ សូមព្រះអង្គកំចាត់បង់នូវសេចក្តីសង្ស័យ របស់យើងខ្ញុំទាំងឡាយ។ ព្រះសម្ពុទ្ធ ត្រាស់ថា អ្នកចូរដឹងចុះថា អវិជ្ជា ទុកជាក្បាល វិជ្ជាដែលប្រកបដោយសទ្ធា សតិ សមាធិ ឆន្ទៈ និងវីរិយៈ ទុកជាការធ្លាក់ចុះនៃក្បាល។ លំដាប់នោះ អជិតមាណព ខំទប់ទល់ ដោយសេចក្តីត្រេកអរច្រើន ហើយយកស្បែកខ្លាព័ទ្ធឆៀងស្មាម្ខាង រួចក្រាបសិរ្សៈ ទៀបព្រះបាទទាំងគូ ក្រាបទូលថា បពិត្រព្រះអង្គនិទ៌ុក្ខ ព្រះអង្គមានចក្ខុ ពាវរីព្រាហ្មណ៍ដ៏ចំរើន ព្រមទាំងពួកសិស្ស មានចិត្តរីករាយ ស្រោះស្រាយ ថ្វាយបង្គំព្រះបាទា (របស់ព្រះអង្គ)។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលមាណព សូមឲ្យពាវរីព្រាហ្មណ៍ ព្រមទាំងពួកសិស្ស បានដល់នូវសេចក្តីសុខចុះ ទាំងរូបអ្នកសោត ក៏ចូរជាបុគ្គលដល់នូវសេចក្តីសុខ រស់នៅអស់កាលយូរចុះ។ អ្នកទាំងឡាយ តថាគតបើកឱកាសឲ្យហើយ ចូរសួរនូវសេចក្តីសង្ស័យទាំងអស់ របស់ពាវរីព្រាហ្មណ៍ផង របស់អ្នកផង របស់ពួកជនទាំងអស់ផង ចូរប្រាថ្នាទុកក្នុងចិត្តនូវហេតុណាមួយចុះ។ លុះព្រះសម្ពុទ្ធបើកឱកាសឲ្យហើយ អជិតមាណព អង្គុយប្រណម្យអញ្ជលី សួរប្រស្នាទី ១ នឹងព្រះតថាគត ក្នុងទីនោះឯង។
ចប់ វត្ថុកថា។
(១. អជិតមាណវបុច្ឆា)
[១១២] (អជិតមាណពដ៏មានអាយុ ទូលសួរថា) សត្វលោកត្រូវអ្វីបិទបាំង រមែងមិនជាក់ច្បាស់ព្រោះអ្វី ព្រះអង្គត្រាស់ថា អ្វីជាគ្រឿងប្រឡាក់ អ្វីជាភ័យធំ របស់សត្វលោកនោះ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលអជិតៈ) សត្វលោកត្រូវអវិជ្ជាបិទបាំង រមែងមិនជាក់ច្បាស់ ព្រោះសេចក្តីកំណាញ់ និង (សេចក្តីប្រមាទ) តថាគតពោលថា តណ្ហាជាគ្រឿងប្រឡាក់ ទុក្ខជាភ័យធំ របស់សត្វលោកនោះ។
(អជិតមាណពដ៏មានអាយុ ទូលសួរថា) ខ្សែតណ្ហាទាំងឡាយ រមែងហូរទៅក្នុងអាយតនៈទាំងពួង អ្វីជាគ្រឿងទប់ខ្សែតណ្ហាទាំងឡាយ សូមព្រះអង្គត្រាស់ប្រាប់នូវធម៌ជាគ្រឿងរាំងនូវខ្សែតណ្ហាទាំងឡាយ ខ្សែតណ្ហាទាំងឡាយ ត្រូវបិទដោយអ្វី។
(ព្រះមានព្រះភាគ ដោះស្រាយថា ម្នាលអជិតៈ) សតិជាគ្រឿងទប់ខ្សែតណ្ហាទាំងឡាយនោះ ដែលមាននៅក្នុងលោក តថាគតពោលថា សតិជាគ្រឿងរាំងខ្សែតណ្ហាទាំងឡាយ បុគ្គលគប្បីបិទខ្សែតណ្ហាទាំងនោះ ដោយបញ្ញា។
(អជិតមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះអង្គនិទ៌ុក្ខ បញ្ញាផង សតិផង នាម និងរូបផង ធម៌នុ៎ះ ដែលខ្ញុំព្រះអង្គសួរហើយ សូមព្រះអង្គសំដែង តើធម៌នុ៎ះ រលត់ទៅក្នុងទីណា។
ម្នាលអជិតៈ អ្នកបានសួរនូវបញ្ហាណា ចំពោះតថាគត តថាគតនឹងសំដែងនូវបញ្ហានោះ ដល់អ្នក នាម និងរូប រលត់មិនសល់ក្នុងទីណា សតិ និងបញ្ញានេះ ក៏រលត់ទៅក្នុងទីនោះ ព្រោះរលត់វិញ្ញាណ។
ពួកអសេក្ខបុគ្គល អ្នកមានធម៌ពិចារណាហើយ និងពួកសេក្ខបុគ្គលជាច្រើនណា ក្នុងសាសនានេះ បពិត្រព្រះអង្គនិទ៌ុក្ខ ខ្ញុំព្រះអង្គសួរនូវសេចក្តីប្រព្រឹត្តិទៅនៃបុគ្គលទាំងនោះ ព្រះអង្គមានបញ្ញាចាស់ក្លា សូមសំដែងប្រាប់ដល់ខ្ញុំព្រះអង្គ។
បុគ្គលមិនគប្បីជាប់ជំពាក់ ក្នុងកាមទាំងឡាយ គប្បីជាអ្នកមានចិត្តមិនល្អក់ ជាអ្នកឈ្លាសវៃ ចំពោះធម៌ទាំងអស់ ជាភិក្ខុមានសតិ គប្បីវៀរស្រឡះ (ចាកកាមទាំងឡាយ)។
ចប់ អជិតមាណវកប្បញ្ហា ទី១។
(២. តិស្សមេត្តេយ្យមាណវបុច្ឆា)
[១១៣] (តិស្សមេត្តេយ្យមាណពដ៏មានអាយុ ទូលសួរថា) អ្នកណា ឈ្មោះថា ជាអ្នកសន្តោសក្នុងលោកនេះ សេចក្តីញាប់ញ័រ រមែងមិនមានដល់បុគ្គលណា អ្នកណាដឹងនូវចំណែកនៃខន្ធទាំងពីរ (ខន្ធអតីត និងអនាគត) ដោយបញ្ញា ហើយរមែងមិនជាប់នៅក្នុងខន្ធកណ្តាល (ខន្ធបច្ចុប្បន្ន) ព្រះអង្គត្រាស់ថា អ្នកណាជាមហាបុរស អ្នកណាឆ្លងតណ្ហាជាគ្រឿងចាក់ស្រែះ ក្នុងលោកនេះបាន។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលមេត្តេយ្យ) ភិក្ខុមានព្រហ្មចរិយៈ (សង្រួម) ក្នុងកាមទាំងឡាយ ប្រាសចាកសេចក្តីប្រាថ្នា មានសតិរលឹកឃើញសព្វកាល ភិក្ខុជាអ្នករលត់ទុក្ខ ព្រោះពិចារណាឃើញច្បាស់ (ឈ្មោះថា ជាអ្នកសន្តោស) សេចក្តីញាប់ញ័រ រមែងមិនមានដល់ភិក្ខុនោះឡើយ ភិក្ខុនោះ ដឹងនូវចំណែកនៃខន្ធទាំងពីរ ដោយបញ្ញាហើយ រមែងមិនជាប់នៅក្នុងខន្ធកណ្តាល តថាគតពោលនូវភិក្ខុនោះ ថាជាមហាបុរស ភិក្ខុនោះឈ្មោះថា ឆ្លងនូវតណ្ហាគ្រឿងចាក់ស្រែះក្នុងលោកនេះបាន។
ចប់ តិស្សមេត្តេយ្យមាណវកប្បញ្ហា ទី២។
(៣. បុណ្ណកមាណវបុច្ឆា)
[១១៤] (បុណ្ណកមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គ ជាអ្នកត្រូវការដោយបញ្ហា ទើបមកសួរព្រះអង្គ អ្នកមិនញាប់ញ័រ ទ្រង់ឃើញនូវធម៌ជាឫសគល់ ពួកមនុស្សជាច្រើនក្នុងលោកនេះ គឺឥសី ក្សត្រិយ៍ ព្រាហ្មណ៍ អាស្រ័យនូវអ្វី ទើបរៀបចំនូវយ័ញ្ញ ដល់ពួកទេវតា ខ្ញុំព្រះអង្គទូលសួរនូវដំណើរនោះ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបុណ្ណកៈ) ពួកមនុស្សទាំងនេះជាច្រើន ក្នុងលោកនេះ គឺឥសី ក្សត្រិយ៍ ព្រាហ្មណ៍ បានរៀបចំនូវយ័ញ្ញ ដល់ពួកទេវតា ម្នាលបុណ្ណកៈ ពួកមនុស្សទាំងនេះ កាលប្រាថ្នានូវភាពនៃហេតុនេះ ៗ សុទ្ធតែអាស្រ័យនូវធម៌ ដែលទ្រុឌទ្រោម ទើបបានរៀបចំយ័ញ្ញ។
(បុណ្ណកមាណពដ៏មានអាយុ ទូលសួរថា) ពួកមនុស្សចំពូកខ្លះជាច្រើន ក្នុងលោកនេះ គឺឥសី ក្សត្រិយ៍ ព្រាហ្មណ៍ បានរៀបចំនូវយ័ញ្ញ ដល់ពួកទេវតា បពិត្រព្រះអង្គនិទ៌ុក្ខ ពួកមនុស្សអម្បាលនោះ បើមិនប្រមាទ (ក្នុងគន្លងនៃយ័ញ្ញ) តើបានឆ្លងផុតជាតិ និងជរាដែរឬ ខ្ញុំព្រះអង្គសូមទូលសួរដំណើរនោះ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបុណ្ណកៈ) ពួកមនុស្សអម្បាលនោះ ប្រកបក្នុងការបូជា ត្រេកអរដោយអំណាចនៃភវរាគៈ ទើបប៉ុនប៉ង សរសើរ (ជាប់ចំពាក់) បូជា ជ្រុលជ្រប់ក្នុងកាម ព្រោះអាស្រ័យលាភ តថាគតពោលថា អ្នកបូជាយ័ញ្ញអម្បាលនោះ មិនបានឆ្លងជាតិ និងជរាទៅបានឡើយ។
(បុណ្ណកមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះអង្គនិទ៌ុក្ខ បើពួកអ្នកបូជាយ័ញ្ញទាំងនោះ ឆ្លងជាតិជរាដោយយ័ញ្ញទាំងឡាយមិនរួចទេ ដូច្នេះ តើនរណាក្នុងទេវលោក មនុស្សលោក ទើបឆ្លងជាតិ និងជរាទៅបាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទូលសួរដំណើរនោះ សូមព្រះអង្គត្រាស់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបុណ្ណកៈ) បុគ្គលណា មិនមានកិលេសជាតិគ្រឿងញាប់ញ័រ ក្នុងលោកណាមួយ ព្រោះពិចារណាឃើញនូវធម៌ដ៏ខ្ពស់ និងទាប ក្នុងលោក តថាគតពោលថា បុគ្គលនោះ ជាអ្នកស្ងប់ បា្រសចាកផ្សែង គឺទុច្ចរិត មិនមានសេចក្តីតានតឹង មិនមានសេចក្តីប្រាថ្នា តែងឆ្លងជាតិ និងជរាផុតបាន។
ចប់ បុណ្ណកមាណវកប្បញ្ហា ទី៣។
(៤. មេត្តគូមាណវបុច្ឆា)
[១១៥] (មេត្តគូមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន ខ្ញុំព្រះអង្គសំគាល់ឃើញថា ព្រះអង្គជាអ្នកដល់វេទ ជាអ្នកមានខ្លួនបានអប់រំហើយ សេចក្តីទុក្ខទាំងឡាយណាមួយ ជាច្រើនប្រការ ក្នុងលោកនេះ កើតមកអំពីអ្វី។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលមេត្តគូ) អ្នកបានសួរអំពីដែនកើតនៃទុក្ខ ចំពោះតថាគត តថាគតនឹងបា្រប់ដែនកើតនៃទុក្ខនោះដល់អ្នក តាមដែលបានដឹងច្បាស់ សេចក្តីទុក្ខទាំងឡាយណាមួយច្រើនប្រការ ក្នុងលោកនេះ រមែងកើតឡើងព្រោះឧបធិ បុគ្គលណា ជាអ្នកល្ងង់ខ្លៅ មិនចេះដឹង តែងធ្វើឧបធិឲ្យកើតឡើង បុគ្គលនោះ រមែងបានទុក្ខរឿយ ៗ ព្រោះហេតុនោះ បុគ្គលកាលដឹងច្បាស់ ពិចារណាឃើញរឿយ ៗ នូវកំណើតជាដែនកើតនៃទុក្ខ មិនត្រូវធ្វើឧបធិឡើយ។
ពួកខ្ញុំព្រះអង្គបានទូលសួរបទណា ព្រះអង្គក៏បានដោះស្រាយបទនោះ ពួកខ្ញុំព្រះអង្គសូមទូលសួរបទដទៃទៀត សូមព្រះអង្គសំដែង អ្នកប្រាជ្ញទាំងឡាយ រមែងឆ្លងផុតឱឃៈផង ជាតិ និងជរាផង សោក និងសេចក្តីខ្សឹកខ្សួលផង ដោយហេតុដូចម្តេច សូមព្រះអង្គជាព្រះមុនី ដោះស្រាយបទនោះ ដល់ខ្ញុំព្រះអង្គ ព្រោះថា ធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់ហើយ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលមេត្តគូ) បុគ្គលមានសតិ គួរដឹងច្បាស់នូវធម៌ណា ហើយឆ្លងតណ្ហា ដែលផ្សាយទៅផ្សេង ៗ ក្នុងលោកបាន តថាគតនឹងសំដែងនូវធម៌នោះ ដែលតថាគតជាក់ច្បាស់ក្នុងខ្លួន ក្នុងបច្ចុប្បន្ននេះដល់អ្នក។
បពិត្រព្រះអង្គអ្នកស្វែងរកនូវគុណដ៏ធំ បុគ្គលអ្នកមានសតិ គួរដឹងច្បាស់នូវធម៌ណា ហើយឆ្លងតណ្ហាដែលផ្សាយទៅផ្សេង ៗ ក្នុងលោកបាន ខ្ញុំព្រះអង្គត្រេកអរចំពោះធម៌ដ៏ឧត្តមនោះ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលមេត្តគូ) អ្នកដឹងនូវហេតុណានីមួយ ក្នុងចំណែកខាងលើ (អនាគត) ក្នុងចំណែកខាងក្រោម (អតីត) ក្នុងចំណែកទទឹង ឬកណ្តាល (បច្ចុប្បន្ន) អ្នកចូរបន្ទោបង់សេចក្តីត្រេកអរ និងសេចក្តីប្រកាន់មាំ ក្នុងចំណែកនៃហេតុនោះចេញ ទើបវិញ្ញាណ (របស់អ្នក) មិនតាំងនៅក្នុងភព ភិក្ខុមានធម៌ជាគ្រឿងនៅយ៉ាងនេះ មានសតិ មិនធ្វេសប្រហែស លះបង់កិលេសដែលប្រកាន់ថា ជារបស់អញ ដឹងច្បាស់ក្នុងអត្តភាពនេះហើយ ទើបលះបង់នូវទុក្ខ គឺជាតិ ជរា និងសោកខ្សឹកខ្សួលបាន។
បពិត្រព្រះគោតម ខ្ញុំព្រះអង្គត្រេកអរនឹងព្រះវាចានោះ របស់ព្រះអង្គ ជាអ្នកស្វែងរកនូវគុណដ៏ធំ ព្រះនិព្វាន ដែលមិនមានឧបធិ ព្រះអង្គទ្រង់សំដែងប្រពៃហើយ បពិត្រព្រះមានព្រះភាគ ព្រះអង្គលះទុក្ខបានដោយពិត ព្រោះធម៌នោះ ព្រះអង្គជ្រាបច្បាស់ហើយ។ បពិត្រព្រះមុនី ព្រះអង្គប្រដៅពួកជនណា ដោយមាំមួន សូម្បីពួកជនទាំងនោះ ក៏លះទុក្ខនោះ បានដោយពិត បពិត្រព្រះពុទ្ធនាគ ព្រោះហេតុនោះ ខ្ញុំព្រះអង្គទើបបានមកនមស្ការចំពោះព្រះអង្គ សូម (ព្រះមានព្រះភាគ) ប្រដៅខ្ញុំព្រះអង្គ ដោយមាំមួនចុះ។
អ្នកស្គាល់ច្បាស់នូវព្រាហ្មណ៍ណា ដល់នូវវេទ មិនមានកិលេសគ្រឿងកង្វល់ មិនជាប់ចំពាក់ក្នុងកាមភព ព្រាហ្មណ៍នោះ ឈ្មោះថា បានឆ្លងឱឃៈនេះ ដោយពិត ជនណាមិនមានសេចក្តីរឹងឆ្អឹង មិនមានសេចក្តីសង្ស័យ បានឆ្លងនូវត្រើយ គឺកិលេស ជននោះ ឈ្មោះថា ជាអ្នកដឹងច្បាស់ អ្នកដល់នូវវេទ ក្នុងអត្តភាពនេះ ឈ្មោះថា លះធម៌ដែលជាហេតុជាប់ចំពាក់ក្នុងភពតូចភពធំ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប្រាថ្នា តថាគតពោលថា អ្នកនោះ បានឆ្លងផុតជាតិជរាហើយ។
ចប់ មេត្តគូមាណវកប្បញ្ហា ទី៤។
(៥. ធោតកមាណវបុច្ឆា)
[១១៦] (ធោតកមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គក្រាបទូលសួរព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះ ដល់ខ្ញុំព្រះអង្គ បពិត្រព្រះអង្គស្វែងរកគុណដ៏ធំ ខ្ញុំព្រះអង្គប្រាថ្នា (ស្តាប់) ព្រះវាចារបស់ព្រះអង្គ បុគ្គលបានស្តាប់ព្រះពុទ្ធដីកា ជាសូរសីហនាទរបស់ព្រះអង្គហើយ នឹងសិក្សាធម៌ជាគ្រឿងរំលត់កិលេសរបស់ខ្លួន។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលធោតកៈ) បើដូច្នោះ អ្នកចូរជាបុគ្គលមានបញ្ញាខ្ជាប់ខ្ជួន មានសតិ ធ្វើសេចក្តីព្យាយាមក្នុងសាសនានេះចុះ បុគ្គលបានស្តាប់ពាក្យអំពីសំណាក់នៃតថាគតនេះហើយ គប្បីសិក្សាធម៌ជាគ្រឿងរំលត់កិលេសរបស់ខ្លួន។
ខ្ញុំព្រះអង្គ បានឃើញព្រះអង្គជាព្រាហ្មណ៍ ឥតមានកង្វល់ ត្រាច់ទៅក្នុងទេវលោក និងមនុស្សលោក បពិត្រព្រះអង្គមានចក្ខុជុំវិញ ខ្ញុំព្រះអង្គសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាសក្យពង្ស សូមព្រះអង្គដោះខ្ញុំព្រះអង្គចេញចាកសេចក្តីសង្ស័យទាំងឡាយ។
ម្នាលធោតកៈ តថាគតមិនអាចដើម្បីនឹងដោះអ្នកណាមួយក្នុងលោក ដែលមានសេចក្តីសង្ស័យបានទេ ប៉ុន្តែ កាលបើអ្នកដឹងធម៌ដ៏ប្រសើរយ៉ាងនេះ នឹងឆ្លងឱឃៈនេះបាន។
បពិត្រព្រះអង្គជាព្រហ្ម សូមព្រះអង្គទ្រង់ព្រះករុណាប្រៀនប្រដៅវិវេកធម៌ឲ្យខ្ញុំព្រះអង្គដឹងច្បាស់ ដើម្បីខ្ញុំព្រះអង្គមិនទើសទាល់ដូចអាកាស ជាអ្នកស្ងប់ មិនអាស្រ័យដោយកិលេស ក្នុងពេលនេះ។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលធោតកៈ) បុគ្គលមានសតិ គួរដឹងច្បាស់នូវសន្តិបទណា ហើយឆ្លងតណ្ហា ដែលផ្សាយទៅក្នុងលោកបាន តថាគត នឹងសំដែងនូវសន្តិបទនោះ ដែលតថាគតជាក់ច្បាស់ក្នុងខ្លួន ក្នុងបច្ចុប្បន្ន ដល់អ្នក។
បពិត្រព្រះអង្គអ្នកស្វែងរកនូវគុណដ៏ធំ បុគ្គលមានសតិ គួរដឹងច្បាស់នូវសន្តិបទណា ហើយឆ្លងតណ្ហា ដែលផ្សាយទៅផ្សេង ៗ ក្នុងលោកបាន ខ្ញុំព្រះអង្គត្រេកអរ ចំពោះសន្តិបទដ៏ស្ងប់ឧត្តមនោះ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលធោតកៈ) អ្នកដឹងច្បាស់អារម្មណ៍ណានីមួយ ក្នុងចំណែកខាងលើ (អនាគត) ក្នុងចំណែកខាងក្រោម (អតីត) និងក្នុងចំណែកទទឹង ឬកណ្តាល (បច្ចុប្បន្ន) ដឹងច្បាស់ថាជាអារម្មណ៍ជាប់ចំពាក់នៅក្នុងលោក យ៉ាងនេះហើយ អ្នកកុំធ្វើតណ្ហាក្នុងភពតូចភពធំទៀតឡើយ។
ចប់ ធោតកមាណវកប្បញ្ហា ទី៥។
(៦. ឧបសីវមាណវបុច្ឆា)
[១១៧] (ឧបសីវមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គម្នាក់ឯង មិនអាស្រ័យ (ធម៌ ឬបុគ្គល) ទើបមិនអាចឆ្លងឱឃៈដ៏ធំបាន បពិត្រព្រះអង្គមានចក្ខុជុំវិញ សូមព្រះអង្គសំដែងនូវអារម្មណ៍ គឺនិស្ស័យ ដែលនាំឲ្យខ្ញុំព្រះអង្គអាស្រ័យហើយឆ្លងឱឃៈនេះ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលឧបសីវៈ) អ្នកចូរមានសតិ សម្លឹងអាកិញ្ចញ្ញាយតនជ្ឈាន អាស្រ័យដោយបរិកម្មថា មិនមាន ៗ ហើយឆ្លងឱឃៈចុះ អ្នកចូរលះកាមទាំងឡាយ វៀរចាកសេចក្តីសង្ស័យចេញ ចូរពិចារណាធម៌ជាទីអស់ទៅនៃតណា្ហ ទាំងយប់ទាំងថ្ងៃចុះ។
(ឧបសីវមាណពដ៏មានអាយុ ទូលសួរថា) អ្នកណាប្រាសចាកតម្រេក ក្នុងកាមទាំងឡាយទាំងពួង លះបង់ឈានដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ អ្នកនោះ មិនសាបសូន្យ ឋិតនៅក្នុងអាកិញ្ចញ្ញាយតនៈនោះ បានដែរឬ។
(ព្រះមានព្រះភាគ ត្រាស់ថា ម្នាលឧបសីវៈ) អ្នកណាប្រាសចាកតម្រេកក្នុងកាមទាំងឡាយទាំងពួង លះឈានដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ បុគ្គលនោះ ជាអ្នកមិនសាបសូន្យ គប្បីឋិតនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈានបាន។
បពិត្រព្រះអង្គមានចក្ខុជុំវិញ បើអ្នកនោះ ជាអ្នកមិនសាបសូន្យ គប្បីឋិតនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ អស់ប្រជុំនៃឆ្នាំជាច្រើន អ្នកនោះ ជាអ្នកមានចិត្តចុះស៊ប់ត្រជាក់ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ឬវិញ្ញាណ របស់បុគ្គលមានសភាពដូច្នោះ គប្បីឃ្លាតទៅឬ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលឧបសីវៈ) អណ្តាតភ្លើងដែលត្រូវកំឡាំងខ្យល់បក់ រមែងរលត់ទៅ មិនដល់នូវការរាប់ (ថានៅក្នុងទីណាទេ) យ៉ាងណាមិញ មុនីរួចស្រឡះហើយ ចាកនាមកាយ រមែងរលត់ទៅ មិនដល់នូវការរាប់ (ថាទៅក្នុងទីណា) យ៉ាងនោះដែរ។
បុគ្គលនោះ រលត់ទៅ លែងមាន ឬថាឥតមានមោះមៃ ដោយការតាំងនៅទៀងទាត់ សូមព្រះមុនី សំដែងសេចក្តីនោះដល់ខ្ញុំព្រះអង្គ ព្រោះថា ធម៌នោះ ព្រះអង្គជ្រាបច្បាស់ហើយ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលឧបសីវៈ) បុគ្គលដែលរលត់ទៅហើយ នឹងប្រមាណពុំបានទេ ពួកជនពោលចំពោះបុគ្គលនោះ ព្រោះកិលេសណា កិលេសនោះ របស់បុគ្គលនោះ មិនមានទេ កាលធម៌ទាំងឡាយ ដែលបុគ្គលនោះ កំចាត់អស់ហើយ សូម្បីគន្លងនៃពាក្យទាំងអស់ ក៏បុគ្គលនោះ កំចាត់អស់ហើយ។
ចប់ ឧបសីវមាណវកប្បញ្ហា ទី៦។
(៧. នន្ទមាណវបុច្ឆា)
[១១៨] (នន្ទមាណពដ៏មានអាយុ ទូលសួរថា) ជនទាំងឡាយ តែងពោលថា ពួកមុនី រមែងមាននៅក្នុងលោក ដំណើរនោះ តើយ៉ាងណា ជនទាំងនោះ ហៅបុគ្គលដែលប្រកបដោយញាណថា មុនី ឬហៅបុគ្គលដែលប្រកបដោយការចិញ្ចឹមជីវិត ថាជាមុនី។
(ព្រះមានព្រះភាគ ដោះស្រាយថា ម្នាលនន្ទ) ពួកជនអ្នកឈ្លាសវៃ ក្នុងលោកនេះ មិនហៅថា មុនី ព្រោះការឃើញ ព្រោះការស្តាប់ ព្រោះការដឹង ឬព្រោះសីល និងវ័ត) តែប៉ុណ្ណោះទេ ជនទាំងឡាយណា ធ្វើខ្លួនឲ្យប្រាសចាកមារសេនា ជាអ្នកមិនតានតឹង មិនមានសេចក្តីប្រាថ្នា តថាគតហៅជនទាំងនោះថា មុនី។
(នន្ទមាណពដ៏មានអាយុ ទូលសួរថា) សមណព្រាហ្មណ៍ពួកខ្លះទាំងនេះ តែងពោលសេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញខ្លះ ដែលស្តាប់ខ្លះ ពោលសេចក្តីបរិសុទ្ធិ ព្រោះសីលវ័តខ្លះ ពោលសេចក្តីបរិសុទ្ធិ ព្រោះវិធីច្រើនយ៉ាងខ្លះ។ (បពិត្រព្រះមានព្រះភាគ) អ្នកនិទ៌ុក្ខ ពួកសមណព្រាហ្មណ៍ទាំងនោះ កាលបើប្រព្រឹត្តក្នុងវ័ត ដែលឃើញថា ជាគ្រឿងបរិសុទ្ធិនោះ តើបានឆ្លងផុតជាតិ និងជរាបានដែរឬ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសួរព្រះអង្គ សូមព្រះអង្គសំដែងប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលនន្ទ) សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះទាំងនេះ ពោលថា សេចក្តីបរិសុទ្ធិព្រោះអារម្មណ៍ដែលឃើញ និងអារម្មណ៍ដែលស្តាប់ខ្លះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះសីលនិងវ័តខ្លះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះវិធីជាច្រើនយ៉ាងខ្លះ សមណព្រាហ្មណ៍ទាំងនោះ រមែងប្រព្រឹត្តក្នុងវ័ត ដែលឃើញថា ជាគ្រឿងបរិសុទ្ធិនោះ ក៏មែនពិតហើយ ប៉ុន្តែតថាគតពោលថា សមណព្រាហ្មណ៍ទាំងនោះ មិនបានឆ្លងផុតជាតិ និងជរាបានឡើយ។
(នន្ទមាណពដ៏មានអាយុ ទូលសួរទៀតថា) សមណព្រាហ្មណ៍ទាំងឡាយ ពួកខ្លះ ទាំងនេះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះអារម្មណ៍ដែលឃើញ និងអារម្មណ៍ដែលស្តាប់ខ្លះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះសីល និងវ័តខ្លះ ពោលថា សេចក្តីបរិសុទ្ធិ ព្រោះវិធីជាច្រើនយ៉ាងនេះ បពិត្រព្រះអង្គជាព្រះមុនី បើព្រះអង្គត្រាស់ថា សមណព្រាហ្មណ៍ទាំងនោះ ឆ្លងឱឃៈមិនបានទេ បពិត្រព្រះអង្គនិទ៌ុក្ខ កាលបើដូច្នេះ តើនរណាក្នុងទេវលោក ឬមនុស្សលោក ទើបឆ្លងផុតជាតិ និងជរាទៅបាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គសំដែងប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលនន្ទ) តថាគតមិនបានពោលថា ពួកសមណព្រាហ្មណ៍ទាំងអស់ ត្រូវជាតិ ជរាគ្របសង្កត់ទេ តថាគតពោលថា ពួកសមណព្រាហ្មណ៍ណា ក្នុងលោកនេះ លះអារម្មណ៍ដែលខ្លួនបានឃើញ បានឮ បានប៉ះពាល់ និងសីលវ័ត លះបង់វិធីជាច្រើនទាំងអស់ចេញ ឬពួកសមណព្រាហ្មណ៍ណា កំណត់ដឹងនូវតណ្ហា មិនមានអាសវៈ ពួកជននោះឯង ឈ្មោះថា ឆ្លងផុតឱឃៈបាន។
ខ្ញុំព្រះអង្គ ត្រេកអរចំពោះព្រះវាចានុ៎ះរបស់ព្រះអង្គ អ្នកស្វែងរកគុណដ៏ធំ បពិត្រព្រះគោតម ព្រះនិព្វានដែលមិនមានឧបធិ ដែលព្រះអង្គបានសំដែងទុកល្អហើយ ព្រះអង្គពោលថា កាលពួកសមណព្រាហ្មណ៍ណា លះអារម្មណ៍ដែលខ្លួនបានឃើញ បានឮ បានប៉ះពាល់ និងសីលវ័ត លះបង់វិធីជាច្រើនយ៉ាងទាំងអស់ចេញ ឬពួកជនណា កំណត់ដឹងនូវតណ្ហា មិនមានអាសវៈ ទើបតថាគត ពោលថា ជនទាំងនោះ ឆ្លងផុតឱឃៈបាន។
ចប់ នន្ទមាណវកប្បញ្ហា ទី៧។
(៨. ហេមកមាណវបុច្ឆា)
[១១៩] (ហេមកមាណពដ៏មានអាយុ ទូលសួរថា) ក្នុងកាលពីដើម មុនសាសនានៃព្រះគោតម អាចារ្យទាំងឡាយ បានពោលយ៉ាងជាក់ច្បាស់ថា ពាក្យនោះ ធ្លាប់មានមកហើយយ៉ាងនេះ ពាក្យនោះ នឹងមានតទៅ ពាក្យទាំងអស់នោះ ជាពាក្យមិនជាក់ច្បាស់ ពាក្យទាំងអស់នោះ ជាគ្រឿងចំរើននៃសេចក្តីត្រិះរិះ (ខ្ញុំព្រះអង្គមិនទាន់ពេញចិត្តក្នុងពាក្យនោះឡើយ) បពិត្រព្រះអង្គជាព្រះមុនី សូមព្រះអង្គសំដែងធម៌ សម្រាប់ដកចេញនូវតណ្ហា ដែលនាំឲ្យខ្ញុំព្រះអង្គដឹងច្បាស់ មានសតិ ឆ្លងតណ្ហាដែលផ្សាយទៅផ្សេង ៗ ដល់ខ្ញុំព្រះអង្គ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា) ម្នាលហេមកៈ ជនទាំងឡាយណា ដឹងច្បាស់នូវព្រះនិព្វាន ជាទីបន្ទោបង់នូវឆន្ទរាគ ជាគុណជាតមិនច្យុត ដែលបានឃើញ បានស្តាប់ បានប៉ះពាល់ហើយ ចំពោះរូបជាទីស្រឡាញ់ (ដែលគេដឹងច្បាស់ហើយ) ជាអ្នកមានសតិ រលត់កិលេសក្នុងបច្ចុប្បន្នហើយ ជនអ្នកមានសតិស្ងប់កិលេសទាំងនោះ ឈ្មោះថា ឆ្លងតណ្ហាដែលផ្សាយទៅផ្សេង ៗ ក្នុងលោកបានហើយ។
ចប់ ហេមកមាណវកប្បញ្ហា ទី៨។
(៩. តោទេយ្យមាណវបុច្ឆា)
[១២០] (តោទេយ្យមាណពដ៏មានអាយុ ទូលសួរថា) កាមារម្មណ៍ទាំងឡាយ មិនមាននៅក្នុងបុគ្គលណា តណ្ហារបស់បុគ្គលណា មិនមាន ទាំងបុគ្គលណា ឆ្លងសេចក្តីសង្ស័យបាន វិមោក្ខធម៌ (ការរួចផុត) របស់បុគ្គលនោះ តើដូចម្តេច។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលតោទេយ្យ) កាមារម្មណ៍ទាំងឡាយ មិនមាននៅក្នុងបុគ្គលណា តណ្ហារបស់បុគ្គលណា មិនមាន ទាំងបុគ្គលណា ឆ្លងសេចក្តីសង្ស័យបាន វិមោក្ខធម៌របស់បុគ្គលនោះ មិនមែនទៅជាយ៉ាងដទៃទេ។
(បុគ្គលនោះ នឹងត្រូវព្យាយាម ដើម្បីធ្វើខ្លួនឲ្យរួចផុតទៅ ក្រៅអំពីនេះទៀតមិនមានទេ) បុគ្គលនោះ ជាអ្នកប្រាសចាកសេចក្តីប្រាថ្នា ឬនៅប្រកបដោយសេចក្តីប្រាថ្នា ជាបុគ្គលមានប្រាជ្ញា ឬជាអ្នកគ្រាន់តែកំណត់ថា មានបញ្ញា បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គគប្បីស្គាល់បាននូវមុនី ដោយប្រការដូចម្តេច បពិត្រព្រះអង្គមានបញ្ញាចក្ខុ ឃើញធម៌ដោយជុំវិញ សូមព្រះអង្គត្រាស់ប្រាប់នូវមុនីនោះ ដល់ខ្ញុំព្រះអង្គ។
(ព្រះអង្គ ទ្រង់ដោះស្រាយថា) បុគ្គលនោះ ប្រាសចាកសេចក្តីប្រាថ្នា ទាំងជាអ្នកប្រកបដោយសេចក្តីប្រាថ្នាក៏ទេ ជាអ្នកមានបញ្ញា ទាំងជាអ្នកគ្រាន់តែកំណត់ថា មានបញ្ញាក៏ទេ ម្នាលតោទេយ្យ អ្នកចូរដឹងបុគ្គលនោះ ថាជាមុនី ជាអ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាមភព យ៉ាងនេះចុះ។
ចប់ តោទេយ្យមាណវកប្បញ្ហា ទី៩។
(១០. កប្បមាណវបុច្ឆា)
[១២១] (កប្បមាណពដ៏មានអាយុ ទូលសួរថា) ពួកសត្វឋិតនៅក្នុងកណ្តាលនៃសង្សារវដ្ដ ត្រូវជរា និងមច្ចុគ្របសង្កត់ ក្នុងកាលដែលឱឃៈ ជាភ័យធំកើតឡើងហើយ បពិត្រព្រះអង្គនិទ៌ុក្ខ សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹងឲ្យទាន សេចក្តីទុក្ខក្នុងសង្សារវដ្តនេះ មិនគប្បីមានតទៅទៀត ដោយប្រការណា សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹងដល់ខ្ញុំព្រះអង្គ (ដើម្បីវៀរចាកទុក្ខ) ដោយប្រការនោះ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលកប្បៈ) ពួកសត្វឋិតនៅក្នុងកណ្តាលនៃសង្សារវដ្ត ត្រូវជរា និងមច្ចុគ្របសង្កត់ ក្នុងកាលដែលឱឃៈជាភ័យធំកើតឡើង ម្នាលកប្បៈ តថាគតនឹងសំដែងប្រាប់នូវទីពឹងដល់អ្នក។ ការមិនកង្វល់ (ដោយកិលេស) ការមិនប្រកាន់មាំនុ៎ះឯង ឈ្មោះថា ជាទីពឹងពំនាក់ មិនមានទីពឹងដទៃលើសជាងទេ តថាគតហៅទីពឹងនោះថា ព្រះនិព្វាន ជាទីក្ស័យនៃជរា និងមច្ចុ។ ជនទាំងឡាយណា ដឹងច្បាស់នូវព្រះនិព្វាននោះ ជាអ្នកមានសតិ រំលត់ទុក្ខក្នុងបច្ចុប្បន្ននេះ ជនទាំងនោះ ជាអ្នកមិនលុះអំណាចនៃមារ ជនទាំងនោះ មិនដល់នូវភាពជាអ្នកបំរើនៃមារឡើយ។
ចប់ កប្បមាណវកប្បញ្ហា ទី១០។
(១១. ជតុកណ្ណិមាណវបុច្ឆា)
[១២២] (ជតុកណ្ណីមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គបានឮថា ព្រះអង្គមិនមានសេចក្តីប្រាថ្នាក្នុងកាម ឆ្លងអន្លង់ គឺកិលេសបានហើយ ទើបមកដើម្បីទូលសួរព្រះអង្គ អ្នកមិនមានសេចក្តីប្រាថ្នា បពិត្រព្រះមានព្រះភាគ ព្រះអង្គមានដួងព្រះនេត្រឃើញនូវធម្មតាលោក ដែលកើតឡើងព្រម សូមព្រះអង្គសំដែងនូវសន្តិបទ គឺធម៌ស្ងប់ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវសន្តិបទនុ៎ះ តាមសេចក្តីពិត ដល់ខ្ញុំព្រះអង្គឲ្យទាន។ ព្រោះថា ព្រះមានព្រះភាគ តែងប្រព្រឹត្តគ្របសង្កត់នូវកាម (ដូចព្រះអាទិត្យ មានតេជះ គឺរស្មី គ្របសង្កត់នូវប្រឹថពីមណ្ឌល ដោយតេជះដូច្នោះ) បពិត្រព្រះអង្គមានព្រះបញ្ញាធំទូលាយដូចផ្ទៃផែនដី សូមព្រះអង្គត្រាស់ប្រាប់នូវធម៌ដែលខ្ញុំព្រះអង្គគួរដឹង ជាធម៌សម្រាប់លះជាតិ និងជរា ក្នុងអត្តភាពនេះ ដល់ខ្ញុំព្រះអង្គ ជាអ្នកមានបញ្ញាស្តួចស្តើងឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលជតុកណ្ណី) អ្នកចូរកំចាត់បង់នូវតម្រេកក្នុងកាមទាំងឡាយចេញ ចូរឃើញនូវនេក្ខម្មៈ ដោយសេចក្តីក្សេមក្សាន្ត កិលេសជាតិគ្រឿងខ្វល់ ដែលអ្នកប្រកាន់មាំ (ដោយតណ្ហា និងទិដ្ឋិ) ឬដែលគួរលះបង់ កុំមានដល់អ្នកឡើយ គ្រឿងខ្វល់ណា ដែលមានហើយ ក្នុងកាលមុន អ្នកចូរឲ្យគ្រឿងខ្វល់នោះ រីងស្ងួតចុះ គ្រឿងខ្វល់ មានក្នុងខាងក្រោយ កុំមានដល់អ្នកឡើយ បើអ្នកមិនកាន់យកនូវគ្រឿងខ្វល់ក្នុងកណ្តាល អ្នកនឹងជាមនុស្សស្ងប់គ្រឿងខ្វល់បាន។ ម្នាលព្រាហ្មណ៍ បុគ្គលតែងលុះក្នុងអំណាចនៃមច្ចុ ដោយអាសវៈទាំងឡាយណា អាសវៈទាំងនោះ រមែងមិនមានដល់បុគ្គលដែលប្រាសចាកតម្រេក ក្នុងនាមរូបដោយសព្វគ្រប់។
ចប់ ជតុកណ្ណីមាណវកប្បញ្ហា ទី១១។
(១២. ភទ្រាវុធមាណវបុច្ឆា)
[១២៣] (ភទ្រាវុធមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គ សូមអារាធនាព្រះអង្គ អ្នកលះអាល័យ កាត់តណ្ហា មិនរំភើប (ព្រោះលោកធម៌) លះសេចក្តីត្រេកអរ ឆ្លងអន្លង់ហើយ រួចផុតស្រឡះហើយ លះធម៌គ្រឿងកំណត់ (ដោយតណ្ហា និងទិដ្ឋិ) ព្រះអង្គមានព្រះប្រាជ្ញាញាណ បពិត្រព្រះអង្គជាវីរបុរស ពួកជនអ្នកនៅក្នុងជនបទផ្សេង ៗ ចង់ស្តាប់ព្រះវាចារបស់ព្រះអង្គ បានមកព្រមគ្នាហើយ អំពីជនបទនោះ ៗ បើបានស្តាប់ព្រះវាចារបស់ព្រះអង្គហើយ នឹងត្រឡប់អំពីទីនេះវិញ សូមព្រះអង្គទ្រង់ដោះស្រាយបញ្ហា ដើម្បីជនទាំងអម្បាលនោះ ព្រោះធម៌នោះ ព្រះអង្គបានជ្រាបហើយ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលភទ្រាវុធ) បុគ្គលគួរកំចាត់បង់នូវតណ្ហា ជាគ្រឿងប្រកាន់មាំ ក្នុងចំណែកខាងលើ ក្នុងចំណែកខាងក្រោម និងក្នុងចំណែកទទឹង គឺត្រង់កណ្តាល ឲ្យអស់ទៅ ព្រោះថា ជនទាំងអម្បាលនោះ ប្រកាន់មាំនូវរបស់ណា ៗ ក្នុងលោក មាររមែងជាប់តាមសត្វ ដោយរបស់នោះ ៗ វិញដែរ ហេតុនោះ ភិក្ខុកាលដឹង ឃើញនូវពួកសត្វអ្នកជាប់នៅក្នុងអារម្មណ៍ផ្សេង ៗ ជាទីតាំងនៃមច្ចុមារនេះថា សត្វជាប់នៅព្រោះសេចក្តីប្រកាន់មាំដូច្នេះ គប្បីជាអ្នកមានសតិ មិនប្រកាន់មាំនូវគ្រឿងខ្វល់ក្នុងលោកទាំងពួង។
ចប់ ភទ្រាវុធមាណវកប្បញ្ហា ទី១២។
(១៣. ឧទយមាណវបុច្ឆា)
[១២៤] (ឧទយមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយបញ្ហា ទើបមកគាល់ (ដើម្បីសួរ) ព្រះអង្គជាអ្នកបំពេញឈាន មានព្រះសន្តានប្រាសចាកធូលី គឺកិលេស មិនមានអាសវៈ បានទ្រង់ធ្វើកិច្ច ដែលគួរធ្វើស្រេចហើយ ដល់នូវត្រើយនៃធម៌ទាំងពួង សូមព្រះអង្គទ្រង់សំដែងនូវវិមោក្ខធម៌ គឺព្រះអរហត្ត ជាគ្រឿងទំលាយអវិជ្ជាចេញបាន។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលឧទយៈ) តថាគតពោលនូវការលះនូវកាមច្ឆន្ទៈ និងទោមនស្សទាំងពីរយ៉ាងផង ការបន្ទោបង់នូវសេចក្តីរួញរាផង ការឃាត់បង់នូវកុក្កុច្ចៈផង មានឧបេក្ខា និងសតិដ៏បរិសុទ្ធ មានសេចក្តីត្រិះរិះក្នុងធម៌ជាប្រធានថា ជាវិមោក្ខធម៌ គឺព្រះអរហត្ត ជាគ្រឿងទំលាយនូវអវិជ្ជាចេញបាន។
សត្វលោកមានអ្វីជាគ្រឿងចងទុក អ្វីជាគ្រឿងសញ្ចរទៅនៃសត្វលោកនោះ លោកពោលថា និព្វាន ៗ ដូច្នេះ តើព្រោះលះអ្វីបាន។
សត្វលោក មានសេចក្តីត្រេកត្រអាល ជាគ្រឿងចងទុក មានសេចក្តីគិតជញ្ជឹង ជាគ្រឿងសញ្ចរទៅនៃសត្វលោកនោះ ដែលលោកពោលថា និព្វាន ព្រោះលះតណ្ហាចេញបាន។
កាលបុគ្គលមានសតិត្រាច់ទៅដូចម្តេច វិញ្ញាណទើបរលត់ យើងខ្ញុំមកគាល់ដើម្បីនឹងទូលសួរព្រះអង្គ នឹងបានស្តាប់ព្រះវាចារបស់ព្រះអង្គ។
កាលបុគ្គលមិនត្រេកត្រអាលចំពោះវេទនាទាំងខាងក្នុង ទាំងខាងក្រៅ មានសតិ ត្រាច់ទៅយ៉ាងនេះ វិញ្ញាណទើបរលត់ទៅ។
ចប់ ឧទយមាណវកប្បញ្ហា ទី១៣។
(១៤. បោសាលមាណវបុច្ឆា)
[១២៥] (បោសាលមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយបញ្ហា ទើបមកគាល់ដើម្បីសួរ ព្រះអង្គសំដែងព្រះប្រាជ្ញាញាណក្នុងកាលជាអតីត មិនញាប់ញ័រ (ចំពោះសុខទុក្ខ) មានសេចក្តីសង្ស័យកាត់បង់ហើយ ដល់នូវត្រើយនៃធម៌ទាំងពួង បពិត្រព្រះអង្គជាសក្សពង្ស ខ្ញុំព្រះអង្គសូមទូលសួរ ញាណរបស់បុគ្គល មានសេចក្តីកំណត់ កត់សំគាល់ក្នុងរូប បានជាក់ច្បាស់ (បានសម្រេចដល់រូបជ្ឈានហើយ) លះបង់រូបារម្មណ៍ទាំងអស់បានហើយ (កន្លងរូបជ្ឈានហើយ) ឃើញទាំងខាងក្នុង ទាំងខាងក្រៅថា វត្ថុបន្តិចបន្តួចមិនមាន (សម្រេចអរូបជ្ឈាន ដែលហៅថា អាកិព្ចាញ្ញាយតនៈ) បុគ្គលមានសភាពដូច្នោះ តើព្រះអង្គគប្បីប្រៀនប្រដៅដោយប្រការដូចម្តេចទៀត។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបោសាលៈ) តថាគតជ្រាបវិញ្ញាណដិ្ឋតិ (ភូមិជាទីតាំងនៃវិញ្ញាណ) ទាំងអស់ ទើបជ្រាបបុគ្គលនោះ កំពុងឋិតនៅ មានចិត្តចុះស៊ប់ក្នុង (អាកិញ្ចញ្ញាយតនៈ) មានអាកិញ្ចញ្ញាយតនៈនោះ ប្រព្រឹត្តទៅខាងមុខ មានអាកិញ្ចញ្ញាយតនៈជាដែនកើត មានសេចក្តីត្រេកត្រអាលជាគ្រឿងប្រកបដូច្នេះ លុះតថាគតជ្រាបច្បាស់យ៉ាងនេះហើយ លំដាប់អំពីអាកិញ្ចញ្ញាយតនជ្ឈាននោះ ក៏រមែងពិចារណាឃើញច្បាស់ ក្នុងសហជាតធម៌នោះ នេះឯងជាញាណដ៏ពិតបា្រកដរបស់ព្រាហ្មណ៍នោះ ជាអ្នកប្រព្រឹត្តចប់ព្រហ្មចរិយធម៌។
ចប់ បោសាលមាណវកប្បញ្ហា ទី១៤។
(១៥. មោឃរាជមាណវបុច្ឆា)
[១២៦] (មោឃរាជមាណពដ៏មានអាយុ ទូលសួរថា) បពិត្រព្រះអង្គជាសក្យពង្ស ខ្ញុំព្រះអង្គទូលសួរអស់វារៈ ២ ដងហើយ ព្រះអង្គមានដួងចក្ខុ ក៏មិនទាន់បានដោះស្រាយ ដល់ខ្ញុំព្រះអង្គនៅឡើយ បពិត្រព្រះអង្គជាទេពឥសី ខ្ញុំព្រះអង្គបានឮថា បើគេទូលសួរអស់វារៈ ៣ ដង ព្រះមានព្រះភាគគង់ដោះស្រាយ លោកនេះ លោកដទៃ ព្រហ្មលោក ព្រមទាំងទេវលោក រមែងមិនទាន់ដឹងនូវសេចក្តីយល់របស់ព្រះអង្គ ជាព្រះគោតមដ៏ទ្រង់យសទេ ខ្ញុំព្រះអង្គជាអ្នកត្រូវការដោយបញ្ហា ទើបមកគាល់ (ដើម្បីសួរ) ព្រះអង្គ ជាអ្នកឃើញដ៏លើសលុបយ៉ាងនេះ បុគ្គលកាលពិចារណានូវខន្ធលោកដូចម្តេច មច្ចុរាជទើបមិនឃើញ។
ម្នាលមោឃរាជ អ្នកចូរជាអ្នកមានសតិសព្វកាល ចូរពិចារណាលោក ដោយសភាពជារបស់សូន្យ បុគ្គលដកអត្តានុទិដ្ឋិ គឺសេចក្តីឃើញថាជាខ្លួនប្រាណចេញ ទើបឆ្លងមច្ចុរាជចេញបានយ៉ាងនេះ បុគ្គលកាលពិចារណាលោកយ៉ាងនេះ មច្ចុរាជទើបមិនឃើញ។
ចប់ មោឃរាជមាណវកប្បញ្ហា ទី១៥។
(១៦. បិង្គិយមាណវបុច្ឆា)
[១២៧] (បិង្គិយមាណពដ៏មានអាយុ ទូលសួរថា) ខ្ញុំព្រះអង្គជាមនុស្សចាស់ មិនសូវមានកំឡាំង មានពណ៌សម្បុរអាប់អន់ ភ្នែកក៏មិនសូវភ្លឺ ត្រចៀកសម្រាប់ស្តាប់ ក៏មិនសូវឮ សូមកុំឲ្យព្រះអង្គវង្វេងវង្វាន់វិនាសក្នុងចន្លោះ សូមព្រះអង្គត្រាស់ប្រាប់ធម៌ ដែលខ្ញុំព្រះអង្គគួរដឹង ជាគ្រឿងលះជាតិ និងជរា ក្នុងអត្តភាពនេះឲ្យទាន។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបិងិ្គយៈ) អ្នកចូរឃើញថា ជនទាំងឡាយ ជាអ្នកប្រមាថ រមែងលំបាកព្រោះរូបជាហេតុ រមែងឈឺចាប់ ក៏ព្រោះរូបជាហេតុ ម្នាលបិងិ្គយៈ ព្រោះដូច្នោះ អ្នកកុំប្រមាទ ចូរលះរូបចោលចេញ ដើម្បីមិនកើតតទៅទៀត។
ទិសទាំងឡាយនេះ គឺទិសធំ ៤ ទិសតូច ៤ ទាំងទិសខាងលើ ១ និងទិសខាងក្រោម ១ រួមត្រូវជា ១០ ទិស វត្ថុណាមួយក្នុងលោក ដែលព្រះអង្គមិនធ្លាប់ឃើញ មិនធ្លាប់ឮ មិនធ្លាប់ប៉ះពាល់ ឬមិនធ្លាប់ជ្រាប មិនមានទេ សូមព្រះអង្គត្រាស់បា្រប់ធម៌ ដែលខ្ញុំព្រះអង្គគួរដឹង សម្រាប់លះជាតិ និងជរា ក្នុងអត្តភាពនេះ។
(ព្រះមានព្រះភាគ ទ្រង់ដោះស្រាយថា ម្នាលបិងិ្គយៈ) កាលបើអ្នកឃើញនូវពួកមនុស្ស ដែលត្រូវតណ្ហាកំពុងគ្របសង្កត់ ជាសត្វមានសេចក្តីក្តៅក្រហាយកើតឡើងហើយ ត្រូវជរារួបរឹតហើយ ម្នាលបិង្គិយៈ ហេតុដូច្នោះ អ្នកកុំប្រមាទ ចូរលះតណ្ហាចោលចេញ ដើម្បីមិនឲ្យកើតតទៅទៀត។
ចប់ បិង្គិយមាណវកប្បញ្ហា ទី១៦។
(បារាយនត្ថុតិគាថា)
[១២៨] កាលព្រះមានព្រះភាគ ទ្រង់គង់នៅនាបាសាណចេតិយ ក្នុងដែនមគធៈ ទ្រង់បានសំដែងសូត្រនេះ កាលពួកព្រាហ្មណ៍ ១៦ នាក់ ជាអ្នកបំរើ (របស់ពាវរីព្រាហ្មណ៍) អារាធនាហើយ ទើបព្រះអង្គទ្រង់ដោះស្រាយបញ្ហា។ បើបុគ្គលបានដឹងនូវអត្ថ បានដឹងនូវធម៌នៃបញ្ហាមួយ ៗ ហើយ គប្បីប្រតិបត្តិនូវធម៌ដ៏សមគួរតាមធម៌ បុគ្គលនោះ មុខជាដល់នូវត្រើយនៃជរា និងមរណៈពុំខាន ធម៌ទាំងនេះ ជាធម៌គួរនាំសត្វទៅ (កាន់ត្រើយ គឺព្រះនិព្វាន) ព្រោះហេតុនោះ ពាក្យថា បារាយនៈ (ការប្រព្រឹត្តិទៅកាន់ត្រើយ) នេះ ជាឈ្មោះនៃធម្មបរិយាយនេះឯង។
[១២៩] (ព្រាហ្មណមាណព ១៦ នាក់ ដែលបានក្រាបទូលសួរបញ្ហា) នុ៎ះគឺមាណពឈ្មោះអជិត ១ តិស្សមេត្តេយ្យ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យ ១ កប្បៈ ១ ជតុកណ្ណីមាណពជាបណ្ឌិត ១ ភទ្រាវុធ ១ ឧទយៈ ១ ព្រាហ្មណ៍បោសាល ១ មោឃរាជ ជាអ្នកបា្រជ្ញ ១ បិង្គិយៈជាមហាឥសី ១ ព្រាហ្មណ៍ទាំង ១៦ នាក់នុ៎ះ បានទៅគាល់ព្រះពុទ្ធ ជាអ្នកស្វែងរកនូវគុណ មានចរណៈ គឺធម៌ជាគ្រឿងប្រព្រឹត្តដ៏បរិបូណ៌ បានចូលទៅក្រាបទូលសួរបញ្ហាដ៏ល្អិត ចំពោះព្រះពុទ្ធ ជាបុគ្គលប្រសើរ។ ព្រះពុទ្ធជាព្រះមុនី បានដោះស្រាយនូវបញ្ហាទាំងឡាយ ដែលពួកព្រាហ្មណ៍ទូលសួរ តាមសេចក្តីពិត បានញុំាងពួកព្រាហ្មណ៍ ឲ្យត្រេកអរដោយការដោះស្រាយបញ្ហា។ ពា្រហ្មណ៍ទាំង ១៦ នាក់នោះ កាលបើព្រះពុទ្ធ ជាអាទិច្ចវង្ស មានចក្ខុ គឺបា្រជ្ញាញាណ បានឲ្យត្រេកអរហើយ ក៏បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះសាស្តា មានបញ្ញាដ៏ប្រសើរ។ ព្រះពុទ្ធវចនៈ ដែលព្រះពុទ្ធទ្រង់សំដែងហើយ ចំពោះបញ្ហាមួយ ៗ ដោយប្រការយ៉ាងណា។ បើបុគ្គលណា ប្រតិបត្តិតាមដូច្នោះ បុគ្គលនោះ គប្បីទៅអំពីទីមិនមែនជាត្រើយ កាន់ត្រើយបាន ព្រោះហេតុនោះ បុគ្គលកាលចំរើនមគ្គដ៏ឧត្តម គឺអដ្ឋង្គិកមគ្គ គប្បីចេញចាកទីមិនមែនត្រើយ ទៅកាន់ត្រើយ គឺព្រះនិពា្វន។ មគ្គនោះ តែងប្រព្រឹត្តទៅ ដើម្បីទៅកាន់ត្រើយ គឺព្រះនិព្វាន ព្រោះហេតុនោះ ទើបឈ្មោះថា បារាយនៈ ដោយប្រការដូច្នេះ។
[១៣០] (បិង្គិយៈដ៏មានអាយុ ពោលសរសើរព្រះមានព្រះភាគ ក្នុងទីជិតពាវរីព្រាហ្មណ៍ដូច្នេះថា) ខ្ញុំនឹងច្រៀងតាមបារាយនធម៌ (ព្រះមានព្រះភាគ បានឃើញយ៉ាងណា ទ្រង់សំដែងយ៉ាងនោះ) ព្រះមានព្រះភាគ បា្រសចាកមន្ទិល ព្រះអង្គមានបា្រជ្ញាញាណដូចជាដែនដី ព្រះអង្គមានសេចក្តីបា្រថ្នាលះចេញហើយ មានទុក្ខរលត់ហើយ ព្រះអង្គជាបុគ្គលប្រសើរ គប្បីពោលពាក្យមុសាវាទ ដោយហេតុដូចម្តេចកើត។ បើដូច្នោះ ខ្ញុំនឹងសូមសំដែងវាចា ដែលប្រកបដោយគុណ គួរសរសើររបស់ព្រះមានព្រះភាគ ព្រះអង្គមានមន្ទិល និងមោហៈលះបង់ហើយ ទាំងមានះ និងមក្ខៈ ក៏ព្រះអង្គលះបង់បានដាច់ស្រឡះហើយ។ ព្រះពុទ្ធមានចក្ខុជុំវិញ គឺសព្វញ្ញុតញ្ញាណ បន្ទោបង់នូវសេចក្តីងងឹត ដល់នូវទីបំផុតនៃលោក កន្លងផុតនូវភពទាំងពួង ព្រះអង្គមិនមានអាសវៈ លះបង់នូវទុក្ខទាំងពួង មានព្រះនាមជាសច្ចបុគ្គល ខ្ញុំក៏បានចូលទៅរកព្រះមានព្រះភាគដ៏ប្រសើររួចហើយ។ បក្សីលះបង់ព្រៃតូច (មានផ្លែឈើតិច) មកអាស្រ័យព្រៃធំ មានផ្លែឈើច្រើន ដូចម្តេចមិញ ខ្ញុំលះបង់គណាចារ្យដែលមានសេចក្តីឃើញតិច (មកប្រសព្វព្រះមានព្រះភាគ) មានព្រះប្រាជ្ញាដ៏ច្រើន ដូចហង្សហើរមកចុះក្នុងស្រះធំ។ ពួកអាចារ្យណាមុន (សាសនាព្រះគោតម) អាចារ្យទាំងនោះ បានព្យាករហើយ ដោយអាងគោលការណ៍ថា ដំណើរនោះ តែងមានមកហើយដូច្នោះ ៗ នឹងមានតទៅខាងមុខដូច្នេះ ៗ (នេះជាពាក្យប្រដៅ ក្រៅចាកពាក្យប្រដៅព្រះគោតម) សេចក្តីព្យាករណ៍ទាំងអស់នោះ (មិនទាន់ប្រាកដទេ) គ្រាន់តែពោលថាដូច្នេះ ៗ សេចក្តីព្យាករណ៍ទាំងអស់នោះ ជាគ្រឿងធ្វើសេចក្តីត្រិះរិះឲ្យចំរើនឡើង (ខ្ញុំមិនពេញចិត្តក្នុងពាក្យនោះឡើយ) ព្រះមានព្រះភាគតែមួយព្រះអង្គប៉ុណ្ណោះ ទ្រង់បន្ទោបង់នូវងងឹត គង់នៅជាសុខ ព្រះអង្គមានរស្មីរុងរឿង ទ្រង់ធ្វើនូវពន្លឺ (ដល់លោក)។ ព្រះគោតមមានញាណដ៏ក្រាស់ដូចផែនដី ព្រះគោតម ព្រះអង្គប្រកបដោយប្រាជ្ញាក្រាស់ដូចផែនដី ទ្រង់សំដែងធម៌ (ជាដំណើរទៅកាន់ព្រះនិព្វាន) ប្រកបដោយផលគួរឃើញជាក់ច្បាស់ មិនមានកំណត់កាល ជាគ្រឿងអស់តណ្ហា មិនមានឧបទ្ទវៈ គឺកិលេសដល់ខ្ញុំ នឹងរកសេចក្តីឧបមាចំពោះព្រះនិព្វាន ក្នុងទីណាមួយ មិនបានឡើយ។
(ពាវរីព្រាហ្មណ៍ សួរបិង្គិយមាណពថា) ម្នាលបិង្គិយៈ អ្នកដែលនៅឃ្លាត អំពីព្រះគោតម មានញាណក្រាស់ដូចផែនដី អំពីព្រះគោតម ប្រកបដោយប្រាជ្ញាក្រាស់ដូចផែនដីនោះ សូម្បីមួយរំពេចដែរឬ ព្រះគោតម ដែលបានសំដែងធម៌ ប្រកបដោយផលគួរឃើញជាក់ច្បាស់ មិនមានកំណត់កាល ជាគ្រឿងអស់ទៅនៃតណ្ហា មិនមានឧបទ្ទវៈ ដល់អ្នក នឹងរកសេចក្តីឧបមាចំពោះព្រះនិព្វាន ក្នុងទីណាមួយ មិនមានមែនទេឬ។
(បិង្គិយមាណព តបថា) បពិត្រពាវរីព្រាហ្មណ៍ ខ្ញុំមិនដែលឃ្លាតអំពីព្រះគោតម អ្នកមានញាណក្រាស់ដូចផែនដី អំពីព្រះគោតម អ្នកប្រកបដោយប្រាជ្ញាក្រាស់ដូចផែនដីនោះ សូម្បីមួយរំពេចទេ ព្រះគោតមសំដែងធម៌ ប្រកបដោយផលគួរឃើញជាក់ច្បាស់ មិនមានកំណត់កាល ជាគ្រឿងអស់ទៅនៃតណ្ហា មិនមានឧបទ្ទវៈ ដល់ខ្ញុំ នឹងរកសេចក្តីឧបមាចំពោះព្រះនិព្វាន ក្នុងទីណាមួយ មិនមានពិតមែន។ បពិត្រពាវរីព្រាហ្មណ៍ ខ្ញុំមិនប្រមាទ ទាំងយប់ទាំងថ្ងៃ ឃើញព្រះគោតមមានព្រះភាគអង្គនោះដោយចិត្ត ហាក់បីដូចជាឃើញដោយចក្ខុ ខ្ញុំនមស្ការ (ព្រះគោតម) នៅរហូតរាត្រី ខ្ញុំសំគាល់ឃើញនូវការមិននៅប្រាសចាកព្រះគោតមនោះឯង។ ធម៌ ៤ យ៉ាងនេះ គឺសទ្ធា ១ បីតិ ១ មនៈ ១ សតិ ១ (ដែលមានក្នុងសន្តានរបស់ខ្ញុំ) រមែងមិនប្រាសចាកសាសនានៃព្រះគោតមទេ ព្រះគោតមអ្នកមានបញ្ញាដូចផ្ទៃផែនដី ស្តេចទៅកាន់ទិសណា ៗ ខ្ញុំនោះ ក៏ជាអ្នកបង្អោនចិត្តទៅហើយ ដោយទិសាភាគនោះ ៗ ឯង។ បពិត្រពាវរីព្រាហ្មណ៍ ខ្ញុំជាបុគ្គលចាស់ មានកំឡាំងថយហើយ ហេតុនោះ កាយទៅក្នុងទីនោះ មិនបានទេ ខ្ញុំទៅអស់កាលជានិច្ច ដោយដំណើរ គឺសេចក្តីត្រិះរិះ ព្រោះថា ចិត្តខ្ញុំប្រកបហើយដោយការរលឹកព្រះគោតមនោះ។
(ពាវរីព្រាហ្មណ៍ តបថា) ខ្ញុំ (ដេកនៅ) ក្នុងភក់ គឺកាម អន្ទះអន្ទែង (ព្រោះតណ្ហា) សាត់អណ្តែតទៅអំពីកោះ ទៅកាន់កោះ គឺចេញអំពីសំណាក់សាស្តាមួយ ទៅកាន់សំណាក់សាស្តាមួយ ខ្ញុំក៏បានជួបប្រទះនឹងព្រះសម្ពុទ្ធ ព្រះអង្គមិនមានអាសវៈ ឆ្លងផុតឱឃៈហើយ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា វក្កលិ ១ ភទ្រាវុធ ១ និងអាឡវិគោតម ១ សុទ្ធតែជាអ្នកមានសទ្ធាចុះស៊ប់ យ៉ាងណាមិញ សូម្បីអ្នក ក៏ចូរបញ្ចេញនូវសទ្ធាមកចុះ ក៏យ៉ាងនោះដែរ ម្នាលបិង្គិយៈ អ្នកនឹងដល់នូវត្រើយនៃសង្សារ ជាទីតាំងនៃមច្ចុមារ។
(ព្រះបិង្គិយៈ ទូលសរសើរព្រះមានព្រះភាគថា) ខ្ញុំព្រះអង្គនេះ ជ្រះថ្លាដោយក្រៃពេក ព្រោះបានស្តាប់ព្រះវាចានៃព្រះអង្គជាព្រះមុនី ព្រះអង្គត្រាស់ដឹងហើយ ដោយព្រះអង្គឯង ព្រះអង្គមានដំបូលគ្រឿងប្រក់បើកហើយ មិនមានកិលេសគ្រឿងរឹងត្អឹង ទ្រង់មានបដិភាណ ទ្រង់ជ្រាបនូវអធិទេវៈទាំងឡាយ គឺធម៌សម្រាប់ធ្វើសត្វឲ្យជាទេវតាដ៏ក្រៃលែង ទ្រង់ជ្រាបនូវធម្មជាតទាំងពួង ជាធម៌ដ៏ប្រសើរ និងថោកទាប (ដល់ខ្លួន និងអ្នកដទៃ)។ ព្រះសាស្តា ទ្រង់ធ្វើនូវទីបំផុតនៃបញ្ហាទាំងឡាយ ដល់ពួកជនដែលប្តេជ្ញាថា ជាអ្នកមានសេចក្តីសង្ស័យ ព្រះនិព្វាន ជាគុណជាតមិនកក្រើក មិនញាប់ញ័រ សេចក្តីឧបមា ចំពោះព្រះនិព្វាន ក្នុងទីណាមួយ មិនមានឡើយ។ ខ្ញុំព្រះអង្គនឹងដល់ (នូវអនុបាទិសេសនិព្វានធាតុ) ដោយពិត សេចក្តីសង្ស័យ ក្នុងព្រះនិព្វាននោះ មិនមានដល់ខ្ញុំព្រះអង្គទេ សូមព្រះមានព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ ថាជាអ្នកមានចិត្តជឿស៊ប់ (ក្នុងព្រះនិព្វាន) ដោយប្រការដូច្នេះ។
ចប់ បារាយនវគ្គ ទី៥។
(បារាយនានុគីតិគាថា)
[១៣១] ឧរគសូត្រ ១ ធនិយសូត្រ ១ ខគ្គវិសាណសូត្រ ១ កសិភារទ្វាជសូត្រ ១ ចុន្ទសូត្រ ១ បរាភវសូត្រ ១ វសលសូត្រ ១ ករណីយមេត្តសូត្រ ១ ហេមវតសូត្រ ១ អាឡវកយក្ខសូត្រ ១ វិជយសូត្រ ១ មុនិសូត្រ ជាសូត្រដ៏ប្រសើរ ១។
វគ្គដ៏ប្រសើរថ្លៃថ្លា តាំងនៅជាដំបូង ជាវគ្គទ្រទ្រង់នូវសូត្រ ១២ លោកចែកទុកល្អហើយ ព្រះមានព្រះភាគ ទ្រង់មានចក្ខុប្រាសចាកមន្ទិល ទ្រង់សំដែងទុកហើយ យើងឮមកថា ឧរគវគ្គ ជាវគ្គដ៏ប្រសើរ។
រតនសូត្រ ១ អាមគន្ធសូត្រ ១ ហិរិសូត្រ ១ មង្គលសូត្រ ១ សូចិលោមសូត្រ ១ កបិលសូត្រ ឬធម្មចរិយសូត្រ ១ ព្រាហ្មណធមិ្មកសូត្រ ១ នាវាសូត្រ ១ កឹសីលសូត្រ ១ ឧដ្ឋានសូត្រ ១ រាហុលសូត្រ ១ វង្គីសសូត្រ ១ សម្មាបរិព្វាជនីយសូត្រ ១ ធម្មិកសូត្រដ៏ប្រសើរ ១ លោកចែកទុកល្អហើយ ក្នុងវគ្គនោះ បណ្ឌិតទាំងឡាយ ពោលនូវវគ្គនោះ ថាជាចូឡកវគ្គដ៏ប្រសើរ ទ្រទ្រង់នូវសូត្រ ១៤ ក្នុងលើកទី ២។
បព្វជ្ជាសូត្រ ១ បធានសូត្រ ១ សុភាសិតសូត្រ ១ បុរឡាស ឬសុន្ទរិកសូត្រ ១ មាឃសូត្រ ១ សភិយសូត្រ ១ កេណិយសូត្រ ឬសេលសូត្រ ១ សល្លសូត្រ ១ វាសេដ្ឋសូត្រដ៏ប្រសើរ ១ កោកាលិកសូត្រ ១ នាឡកសូត្រដ៏ប្រសើរ ១ លោកចែកទុកល្អហើយ ទ្វយតានុបស្សនាសូត្រ ១ យើងឮមកថា មហាវគ្គ ជាវគ្គដ៏ប្រសើរ ទ្រទ្រង់នូវសូត្រ ១២ ក្នុងលើកទី ៣។
កាមសូត្រ ១ គុហដ្ឋកសូត្រ ១ <span trans_edit>ទុដ្ឋដ្ឋកសូត្រ ១ សុទ្ធដ្ឋកសូត្រដ៏ប្រសើរ ១ បរមដ្ឋកសូត្រ ១ ជរាសូត្រ ១ តិស្សមេត្តេយ្យសូត្រដ៏ប្រសើរ លោកចែកទុកល្អហើយ ១ បសូរសូត្រ ១ មាគន្ទិយសូត្រ ១ បុរាភេទសូត្រ ១ កលហវិវាទសូត្រ ១ វិយូហសូត្រ ២ គឺចុឡវិយូហសូត្រ និងមហាវិយូហសូត្រ តុវដ្តកសូត្រ ១ អត្តទណ្ឌសូត្រ ១ សារីបុត្តសូត្រ ១ បណ្ឌិតទាំងឡាយ ពោលនូវវគ្គនោះថា អដ្ឋកវគ្គ ជាវគ្គដ៏ប្រសើរ ទ្រទ្រង់នូវសូត្រ ១៦ ក្នុងលើកទី ៤។
ដូចបានឮថា ព្រះមានព្រះភាគ ជាបុគ្គលប្រសើរក្នុងគណៈ ទ្រង់គង់ក្នុងបាសាណកចេតិយដ៏ប្រសើរ ដែលបុគ្គលចាត់ចែងល្អហើយ ក្នុងប្រទេសដ៏ប្រសើរ ជាប្រទេសជាទីនៅនៃបុគ្គលអ្នកមានបុណ្យបានធ្វើហើយ ក្នុងមគធជនបទ ជារមណីយដ្ឋាន ដែលព្រាហ្មណ៍ទាំង ១៦ នាក់ ទូលសួរហើយ នូវធម៌ណាទាំងពីរដ៏បរិបូណ៌គ្រប់គ្រាន់ក្នុងបរិសទ្យ មានយោជន៍ ១២ ទ្រង់ប្រកាសប្រទាននូវធម៌ តាមពាក្យបុច្ឆា គួរដល់បញ្ហាកម្ម ១៦ ព្រះជិនស្រី ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់ប្រកាសនូវអត្ថ បរិបូណ៌ដោយព្យញ្ជនៈ ជាទីកើតនៃសេចក្តីក្សេមក្សាន្ត ដល់សត្វដទៃ។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងនូវសូត្រដ៏ប្រសើរ ដ៏វិចិត្រដោយធម៌ច្រើនយ៉ាង ទ្រង់សំដែងសូត្រដ៏ប្រសើរ ជាហេតុរួចចាកកិលេសទាំងពួង។
ព្រះសម្មាសម្ពុទ្ធ ប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងសូត្រដ៏ប្រសើរ ប្រកបព្រមដោយព្យញ្ជនៈ និងអត្ថ និងបទ ដែលគួរសំគាល់បានដោយអក្ខរៈដែលចុះកាន់សេចក្តីឧបមា ជាពន្លឺដ៏ប្រសើរ គឺញាណ ជាគ្រឿងពិចារណានូវលោក។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងសូត្រដ៏ប្រសើរ មិនមានមន្ទិល បា្រសចាកមន្ទិលដ៏ប្រសើរក្នុងមន្ទិល គឺរាគៈ មិនមានមន្ទិល ប្រាសចាកមន្ទិលដ៏ប្រសើរក្នុងមន្ទិល គឺទោសៈ មិនមានមន្ទិល ប្រាសចាកមន្ទិលដ៏ប្រសើរក្នុងមន្ទិល គឺមោហៈ ជាពន្លឺដ៏ប្រសើរ គឺញាណជាគ្រឿងពិចារណានូវលោក។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលដ៏ប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងសូត្រដ៏ប្រសើរ មិនមានមន្ទិល ប្រាសចាកមន្ទិលដ៏ប្រសើរក្នុងមន្ទិល គឺកិលេស ប្រាសចាកមន្ទិលដ៏ប្រសើរក្នុងមន្ទិល គឺទុច្ចរិត ជាពន្លឺដ៏ប្រសើរ គឺញាណជាគ្រឿងពិចារណានូវលោក។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងនូវកិលេស ជាគ្រឿងត្រាំ គ្រឿងចង គ្រឿងប្រកបផង នូវនីវរណៈទាំងឡាយផង នូវមន្ទិល ៣ ផង នូវសូត្រដ៏ប្រសើរ ជាហេតុនៃកិរិយារួចចាកកិលេសផង។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងសូត្រដ៏ប្រសើរ ជាគ្រឿងបន្ទោបង់នូវកិលេសទាំងពួង មិនឲ្យមានមន្ទិល ប្រាសចាកកិលេសគ្រឿងត្រេកអរ មិនញាប់ញ័រ មិនសោកស្តាយ ជាធម៌ល្អិតសុខុមដែលបុគ្គលឃើញបានដោយកម្រក្រៃលែង។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងនូវសូត្រដ៏ប្រសើរ ជាប្រធាននៃទីពឹង ជាទីកាត់បង់នូវផ្ទៃនៃតណ្ហា និងតម្រេក ដែលបំបាក់បង់នូវរាគៈ និងទោសៈ ឲ្យស្ងប់រម្ងាប់ និងកំណើតទុគ្គតិ វិញ្ញាណ ៥។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងសូត្រដ៏ប្រសើរ គ្រប់គ្រាន់ដោយអត្ថដ៏ជ្រាលជ្រៅ និងអត្ថដ៏ល្អិត ដែលបុគ្គលឃើញបានដោយក្រ មានអត្ថដ៏ល្អិត ដែលបណ្ឌិតគប្បីដឹងបាន ជាពន្លឺដ៏ប្រសើរ គឺញាណជាគ្រឿងពិចារណានូវលោក។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងសូត្រដ៏ប្រសើរ ចែកនូវឥន្ទ្រិយ ឈាន និងវិមោក្ខ ប្រកបដោយមគ្គមានអង្គ ៨ ដ៏ប្រសើរ ជាយានដ៏ប្រសើរ ដូចគ្រឿងប្រដាប់នៃផ្កាឈើមានពណ៌ស គឺនវង្គសត្ថុសាសនា។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងសូត្រដ៏ប្រសើរ ដ៏បរិសុទ្ធ ឥតមានមន្ទិល មានឧបមាដូចព្រះចន្រ្ទវិចិត្រល្អដោយរតនៈ មានឧបមាដូចមហាសមុទ្រ ឧបមាដូចបុប្ផជាតិ មានតេជះ ឧបមាដូចព្រះអាទិត្យ។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរជាងសត្វមានជើងពីរ ទ្រង់សំដែងសូត្រដ៏ប្រសើរ ជាទីដល់នូវព្រះនិព្វានដ៏ក្សេម ជាសុខដ៏ត្រជាក់ ស្ងប់រម្ងាប់ មានអត្ថដ៏ប្រសើរ ជាទីការពារនូវមច្ចុរាជ ជាហេតុឃើញនូវសេចក្តីស្ងប់ដ៏ប្រពៃ នៃអ្នកប្រតិបត្តិតាម។
ចប់ សុត្តនិបាត។
ចប់ ភាគ៥៤។
លេខ ទំព័រ | លេខសម្គាល់ | |
សុត្តន្តបិដក | sut | |
ខុទ្ទកនិកាយ តតិយភាគ | ១ | sut.kn |
---|---|---|
សុត្តនិបាត | ១ | sut.kn.snp |
ឧរគវគ្គ ទី១ | ១ | sut.kn.snp.v1 |
ឧរគសូត្រ ទី១ | ១ | sut.kn.snp.1.01 |
ធនិយសូត្រ ទី២ | ៧ | sut.kn.snp.1.02 |
ខគ្គវិសាណសូត្រ ទី៣ | ១៣ | sut.kn.snp.1.03 |
កសិភារទ្វាជសូត្រ ទី៤ | ២៦ | sut.kn.snp.1.04 |
ចន្ទសូត្រ ទី៥ | ៣៣ | sut.kn.snp.1.05 |
បរាភវសូត្រ ទី៦ | ៣៦ | sut.kn.snp.1.06 |
វសលសូត្រ ទី៧ | ៤២ | sut.kn.snp.1.07 |
មេត្តសូត្រ ទី៨ | ៥០ | sut.kn.snp.1.08 |
ហេមវតសូត្រ ទី៩ | ៥៣ | sut.kn.snp.1.09 |
អាឡវកសូត្រ ទី១០ | ៦០ | sut.kn.snp.1.10 |
វិជយសូត្រ ទី១១ | ៦៥ | sut.kn.snp.1.11 |
មុនិសូត្រ ទី១២ | ៦៨ | sut.kn.snp.1.12 |
ចូឡវគ្គ ទី២ | ៧៣ | sut.kn.snp.v2 |
រតនសូត្រ ទី១ | ៧៣ | sut.kn.snp.2.01 |
អាមគន្ធសូត្រ ទី២ | ៧៩ | sut.kn.snp.2.02 |
ហិរិសូត្រ ទី៣ | ៨៣ | sut.kn.snp.2.03 |
មង្គលសូត្រ ទី៤ | ៨៥ | sut.kn.snp.2.04 |
សូចិលោមសូត្រ ទី៥ | ៨៨ | sut.kn.snp.2.05 |
ធម្មចរិយសូត្រ ទី៦ | ៩១ | sut.kn.snp.2.06 |
ព្រាហ្មណធម្មិកសូត្រ ទី៧ | ៩៣ | sut.kn.snp.2.07 |
នាវាសូត្រ ទី៨ | ១០១ | sut.kn.snp.2.08 |
កឹសីលសូត្រ ទី៩ | ១០៤ | sut.kn.snp.2.09 |
ឧដ្ឋានសូត្រ ទី១០ | ១០៦ | sut.kn.snp.2.10 |
រាហុលសូត្រ ទី១១ | ១០៧ | sut.kn.snp.2.11 |
វង្គីសសូត្រ ទី១២ | ១០៩ | sut.kn.snp.2.12 |
សម្មាបរិព្វាជនីយសូត្រ ទី១៣ | ១១៦ | sut.kn.snp.2.13 |
ធម្មិកសូត្រ ទី១៤ | ១២១ | sut.kn.snp.2.14 |
មហាវគ្គ ទី៣ | ១៣១ | sut.kn.snp.v3 |
បព្វជ្ជាសូត្រ ទី១ | ១៣១ | sut.kn.snp.3.01 |
បធានសូត្រ ទី២ | ១៣៥ | sut.kn.snp.3.02 |
សុភាសិតសូត្រ ទី៣ | ១៤០ | sut.kn.snp.3.03 |
សុន្ទរិកសូត្រ ទី៤ | ១៤៣ | sut.kn.snp.3.04 |
មាឃសូត្រ ទី៥ | ១៥៦ | sut.kn.snp.3.05 |
សភិយសូត្រ ទី៦ | ១៦៥ | sut.kn.snp.3.06 |
សេលសូត្រ ទី៧ | ១៨៥ | sut.kn.snp.3.07 |
សល្លសូត្រ ទី៨ | ២០២ | sut.kn.snp.3.08 |
វាសេដ្ឋសូត្រ ទី៩ | ២០៦ | sut.kn.snp.3.09 |
កោកាលិកសូត្រ ទី១០ | ២២២ | sut.kn.snp.3.10 |
នាលកសូត្រ ទី១១ | ២៣៥ | sut.kn.snp.3.11 |
ទ្វយតានុបស្សនាសូត្រ ទី១២ | ២៤៦ | sut.kn.snp.3.12 |
អដ្ឋកវគ្គ ទី៤ | ២៦៥ | sut.kn.snp.v4 |
កាមសូត្រ ទី១ | ២៦៥ | sut.kn.snp.4.01 |
គុហដ្ឋកសូត្រ ទី២ | ២៦៦ | sut.kn.snp.4.02 |
ទុដ្ឋដ្ឋកសូត្រ ទី៣ | ២៦៨ | sut.kn.snp.4.03 |
សុទ្ធដ្ឋកសូត្រ ទី៤ | ២៧០ | sut.kn.snp.4.04 |
បរមដ្ឋកសូត្រ ទី៥ | ២៧៣ | sut.kn.snp.4.05 |
ជរាសូត្រ ទី៦ | ២៧៥ | sut.kn.snp.4.06 |
តិស្សមេត្តេយ្យសូត្រ ទី៧ | ២៧៧ | sut.kn.snp.4.07 |
បសូរសូត្រ ទី៨ | ២៧៩ | sut.kn.snp.4.08 |
មាគន្ទិយសូត្រ ទី៩ | ២៨២ | sut.kn.snp.4.09 |
បុរាភេទសូត្រ ទី១០ | ២៨៧ | sut.kn.snp.4.10 |
កលហវិវាទសូត្រ ទី១១ | ២៩០ | sut.kn.snp.4.11 |
ចូឡវិយូហសូត្រ ទី១២ | ២៩៦ | sut.kn.snp.4.12 |
មហាវិយូហសូត្រ ទី១៣ | ៣០១ | sut.kn.snp.4.13 |
តុវដកសូត្រ ទី១៤ | ៣០៧ | sut.kn.snp.4.14 |
អត្តទណ្ឌសូត្រ ទី១៥ | ៣១៣ | sut.kn.snp.4.15 |
សារីបុត្តសូត្រ ទី១៦ | ៣១៨ | sut.kn.snp.4.16 |
បារាយនវគ្គ ទី៥ | ៣២៥ | sut.kn.snp.v5 |
វត្ថុកថា | ៣២៥ | sut.kn.snp.5.0 |
អជិតប្បញ្ហា ទី១ | ៣៣៥ | sut.kn.snp.5.01 |
តិស្សមេត្តយ្យប្បញ្ហា ទី២ | ៣៣៧ | sut.kn.snp.5.02 |
បុណ្ណកប្បញ្ហា ទី៣ | ៣៣៨ | sut.kn.snp.5.03 |
មេត្តគូបញ្ហា ទី៤ | ៣៤០ | sut.kn.snp.5.04 |
ធោតកប្បញ្ហា ទី៥ | ៣៤៤ | sut.kn.snp.5.05 |
ឧបសីវប្បញ្ហា ទី៦ | ៣៤៦ | sut.kn.snp.5.06 |
នន្ទប្បញ្ហា ទី៧ | ៣៤៩ | sut.kn.snp.5.07 |
ហេមកប្បញ្ហា ទី៨ | ៣៥២ | sut.kn.snp.5.08 |
តោទេយ្យប្បញ្ហា ទី៩ | ៣៥៣ | sut.kn.snp.5.09 |
កប្បប្បញ្ហា ទី១០ | ៣៥៤ | sut.kn.snp.5.10 |
ជតុកណ្ណីបញ្ហា ទី១១ | ៣៥៥ | sut.kn.snp.5.11 |
ភទ្រាវុធប្បញ្ហា ទី១២ | ៣៥៧ | sut.kn.snp.5.12 |
ឧទយប្បញ្ហា ទី១៣ | ៣៥៩ | sut.kn.snp.5.13 |
បោសាលប្បញ្ហា ទី១៤ | ៣៦០ | sut.kn.snp.5.14 |
មោឃរាជប្បញ្ហា ទី១៥ | ៣៦២ | sut.kn.snp.5.15 |
បិង្គិយប្បញ្ហា ទី១៦ | ៣៦៣ | sut.kn.snp.5.16 |
បារាយនានុសង្គីតិកថា | ៣៦៤ | sut.kn.snp.5.17 |
ឧទ្ទាននៃសូត្រ ក្នុងសុត្តនិបាត | ៣៧១ | sut.kn.snp.5.18 |