User Tools

Site Tools


Translations of this page?:
km:tipitaka:book_056

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៥៦ - Book 56

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20180414 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20180414 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៥៦ - Tipitaka Book 056, for change log on ati.eu see here: រាយការណ៍ ភាគ ០៥៦



book_056.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_056.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ៥៦

ទ. 1

សុត្តន្តបិដក

ខុទ្ទកនិកាយ

(ខុទ្ទកនិកាយោ)

បញ្ចមភាគ

ភាគទី ៥៦

បេតវត្ថុ

ឧរគវគ្គ ទី១ | ឧព្វរីវគ្គ ទី២ | ចូឡវគ្គ ទី៣ | មហាវគ្គ ទី៤

ថេរគាថា

ឯកនិបាត | ទុកនិបាត | តិកនិបាត | ចតុក្កនិបាត | បញ្ចកនិបាត | ឆក្កនិបាត

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

បេតវត្ថុ

(បេតវត្ថុ)

ឧរគវគ្គ ទី១

(១. ឧរគវគ្គោ)

រឿងខេត្តូបមាប្រេត ទី១

(១. ខេត្តូបមបេតវត្ថុ)

[១] ពួកព្រះអរហន្ត ដូចស្រែ ពួកទាយក ដូចអ្នកភ្ជួររាស់ ទេយ្យធម៌ ដូចពូជ ផល តែងកើតមកអំពីព្រះអរហន្ត និងទាយក និងទេយ្យធម៌នុ៎ះ ឯពូជ និងការភ្ជួររាស់ និងស្រែនុ៎ះ តែងមានដល់ពួកប្រេតទាំងឡាយផង ដល់ទាយកផង ប្រេតទាំងឡាយ តែងបរិភោគនូវផលនៃទាននោះ ទាយកអ្នកឲ្យទាន តែងចំរើនដោយបុណ្យ ក្នុងលោកនេះ បុគ្គលធ្វើកុសលហើយ គួរតែបូជាចំពោះប្រេតទាំងឡាយ ព្រោះថាបុគ្គលធ្វើកុសលកម្មដ៏ចំរើន រមែងទៅកាន់ឋានសួគ៌។

ចប់ រឿងខេត្តូបមាប្រេត ទី១។

រឿងសូករប្រេត ទី២

(២. សូករមុខបេតវត្ថុ)

[២] (ព្រះនារទត្ថេរសួរថា ) កាយទាំងមូលរបស់អ្នក មានសម្បុរដូចជាមាស មានរស្មីភ្លឺស្វាងសព្វទិស តែមាត់របស់អ្នកដូចមាត់ជ្រូក តើអំពីភពមុន អ្នកបានធ្វើអំពើដូចម្ដេច។

(ប្រេតតបថា) បពិត្រព្រះនារទៈ ខ្ញុំជាបុគ្គលបានសង្រួមកាយ តែមិនបានសង្រួមវាចា ព្រោះហេតុនោះ បានជាខ្ញុំមានសម្បុរបែបនោះ ដូចលោកម្ចាស់បានឃើញស្រាប់ហើយ បពិត្រព្រះនារទៈ ខ្ញុំសូមទូលរឿងនោះដល់លោកម្ចាស់ រឿងនេះលោកម្ចាស់បានឃើញដោយខ្លួនឯងស្រាប់ហើយ លោកកុំធ្វើបាបដោយមាត់ កុំមានមាត់ដូចមាត់ជ្រូកឡើយ។

ចប់ រឿងសូករប្រេត ទី២។

រឿងបូតិមុខប្រេត ទី៣

(៣. បូតិមុខបេតវត្ថុ)

[៣] (ព្រះនារទត្ថេរសួរថា ) អ្នកទ្រទ្រង់នូវវណ្ណធាតុ គឺរាងកាយជាទិព្វដ៏ល្អ ឋិតនៅឰដ៏អាកាសវេហាស៍ ទាស់តែដង្កូវទាំងឡាយ ទំពាស៊ីនូវមាត់របស់អ្នក ដែលមានក្លិនស្អុយ តើអំពីភពមុន អ្នកបានធ្វើអំពើដូចម្ដេច។

(ប្រេតតបថា) ខ្ញុំជាសមណៈលាមក មានវាចាអាក្រក់ ប្រព្រឹត្តតបធម៌ មិនសង្រួមមាត់ ឯវណ្ណធាតុ ខ្ញុំបានហើយដោយតបធម៌

មាត់របស់ខ្ញុំ មានក្លិនស្អុយ ព្រោះតែពោលពាក្យញុះញង់។ បពិត្រព្រះនារទៈ អំពើនោះ លោកម្ចាស់បានឃើញខ្លួនឯងស្រាប់ហើយ អ្នកឈ្លាសទាំងឡាយ ជាអ្នកអនុគ្រោះ គប្បីពោលថា អ្នកកុំពោលពាក្យញុះញង់ កុំពោលពាក្យកុហក ទើបអ្នកនឹងបានជាទេវបុត្រ មានកាមតាមសេចក្ដីប្រាថ្នា។

ចប់ រឿងបូតិមុខប្រេត ទី៣។

រឿងបិដ្ឋធីតលិកប្រេត ទី៤

(៤. បិដ្ឋធីតលិកបេតវត្ថុ)

[៤] (ព្រះសម្ពុទ្ធទ្រង់សំដែងថា) បុគ្គលមិនមានសេចក្ដីកំណាញ់ គួរធ្វើនូវហេតុណានីមួយ ឲ្យជាអារម្មណ៍ ហើយគប្បីឲ្យទាន គឺប្រារព្វនូវបុព្វបុរសទាំងឡាយ មានមាតាបិតាជាដើម ដែលរំលាងខន្ធទៅកាន់បរលោកហើយ ឬនូវទេតាទាំងឡាយ ដែលអាស្រ័យនៅក្នុងទីទាំងឡាយ មានទីផ្ទះជាដើម នូវស្ដេចធំទាំង ៤ ដែលរក្សាលោក ជាអ្នកមានយសបរិវារ គឺព្រះបាទកុវេរៈ ធតរដ្ឋៈ ១ វិរូបក្ខៈ ១ វិរុឡ្ហកៈ ១ ហើយឲ្យនូវទានចុះ ជនទាំងឡាយ មានស្ដេចធំជាដើមនោះ ឈ្មោះថា ជាបុគ្គល គឺទាយកនោះ បានបូជាហើយ ឯអ្នកឲ្យ មិនមែនជាមិនមានផលឡើយ។ ការយំក្ដី សោកសៅក្ដី ខ្សឹកខ្សួលណាដទៃក្ដី បុគ្គលមិនគប្បីធ្វើទេ កិច្ច មានយំសោកជាដើមនោះ មិនជាប្រយោជន៍ដល់អ្នកដែលទៅកាន់បរលោកឡើយ ញាតិទាំងឡាយ (ដែលទៅកាន់បរលោកនោះ) ក៏ឋិតនៅយ៉ាងនោះដដែល (ឥតបានដឹង បានឮឡើយ )។ ចំណែកទក្ខិណាទាន ដែលបុគ្គលបានឲ្យហើយនេះឯង ជាទានដំកល់នៅល្អក្នុងព្រះសង្ឃ រមែងសម្រេចផល ដើម្បីជាប្រយោជន៍ដល់ញាតិ ដែលទៅកាន់លោកខាងនាយនោះ អស់កាលជាយូរអង្វែងតាមឋានៈ គឺទីដែលគួរសម្រេចបាន។

ចប់ រឿងបិដ្ឋធីតលិកប្រេត ទី៤

រឿងតិរោកុឌ្ឌប្រេត ទី៥

(៥. តិរោកុដ្ដបេតវត្ថុ)

[៥] (ព្រះសម្ពុទ្ធទ្រង់សំដែងថា) ប្រេតទាំងឡាយ មកកាន់ផ្ទះរបស់ខ្លួន ឋិតនៅខាងក្រៅជញ្ជំាងទាំងឡាយខ្លះ នាផ្លូវបែកជា ៤ និងផ្លូវបែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ។ កាលបើបាយ ទឹក បង្អែម ចំអាបដ៏ច្រើន ដែលពួកញាតិចូលទៅតាំងទុកហើយ ញាតិណាមួយ មិននឹករលឹកដល់ប្រេតទាំងឡាយនោះ ព្រោះបច្ច័យ គឺកម្មរបស់សត្វទាំងឡាយ។ ជនទាំងឡាយណា ជាអ្នកអនុគ្រោះ ជនទាំងនោះ រមែងឲ្យនូវទឹក និងភោជនដ៏ហ្មត់ចត់ ប្រសើរ ជារបស់គួរតាមកាល ដើម្បីញាតិទាំងឡាយយ៉ាងនេះថា ទាននេះ ចូរសំរេចដល់ញាតិទាំងឡាយ សូមឲ្យញាតិទាំងឡាយ ដល់នូវសេចក្ដីសុខចុះ។ ឯប្រេតជាញាតិទាំងនោះ មកប្រជុំគ្នាក្នុងទីដែលឲ្យទាននោះ ជាអ្នកមកល្អហើយ កាលបើបាយ និងទឹកដ៏ច្រើន (ដែលគេឧទ្ទិសដល់ខ្លួន) គប្បីអនុមោទនាដោយគោរពថា យើងទាំងឡាយ បាន (ទទួលផល) ព្រោះហេតុនៃពួកញាតិណា សូមញាតិទាំងនោះរបស់យើង រស់នៅអស់កាលយូរចុះ កាបូជា ឈ្មោះថាញាតិទាំងឡាយបានធ្វើហើយដល់ពួកយើង ឯអ្នកឲ្យទាន មិនមែនជាមិនមានផលឡើយ។ កសិកម្ម គឺការភ្ជួររាស់ ក៏មិនមានក្នុងភូមិនៃប្រេតនោះ គោរក្ខកម្ម គឺការរក្សាគោ ក៏មិនមានក្នុងភូមិនៃប្រេតនោះ វណិជ្ជកម្ម គឺការជួញប្រែដែលជាហេតុបាននូវសម្បតិដូច្នោះ ក៏មិនមាន ការលក់ចេញទិញចូលដោយប្រាក់ ក៏មិនមាន។ បុគ្គលទាំងឡាយ ធ្វើកាលកិរិយាទៅកើតជាប្រេត រមែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងប្រេតវិស័យនោះ ដោយសារតែផលទានដែលញាតិឲ្យហើយអំពីលោកនេះ។ ទឹកធ្លាក់ចុះក្នុងទីទួល រមែងហូរទៅកាន់ទីទាប ដូចម្ដេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផលដល់ប្រេតទាំងឡាយ ដូច្នោះដែរ។ ផ្លូវទឹកទាំងឡាយ ដ៏ពេញ រមែងញុំាងសាគរឲ្យពេញប្រៀប ដូចម្ដេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះដែរ។ បុគ្គលកាលរលឹកឃើញនូវឧបការគុណ ដែលញាតិ និងមិត្តជាដើម បានធ្វើដល់ខ្លួនក្នុងកាលមុនថា អ្នកឯណោះបានឲ្យ (របស់នេះ) ដល់អាត្មាអញ អ្នកឯណោះ បានធ្វើ (គុណនេះ) ដល់អាត្មាអញ ជនទាំងនោះ ជាញាតិមិត្ត ជាសំឡាញ់របស់អាត្មាអញ ដូច្នេះហើយ គួរឲ្យទក្ខិណាទាន ដល់ប្រេតទាំងឡាយ។ ការយំក្ដី ការសោកក្ដី ឬសេចក្ដីខ្សឹកខ្សួលណាដទៃក្ដី បុគ្គលមិនគប្បីធ្វើឡើយ ព្រោះកិច្ច មានយំសោកជាដើម មិនជាប្រយោជន៍ដល់អ្នកដែលទៅកាន់បរលោកឡើយ ញាតិទាំងឡាយ (ដែលទៅកាន់បរលោកនោះ) ក៏ឋិតនៅយ៉ាងនោះដដែល (ឥតបានដឹងឮឡើយ)។ ចំណែកទក្ខិណាទាន ដែលបុគ្គលបានឲ្យហើយនេះឯង ជាទានដំកល់ទុកនៅល្អហើយក្នុងព្រះសង្ឃ រមែងសម្រេចផលដើម្បីជាប្រយោជន៍ដល់ញាតិនោះ អស់កាលដ៏យូរអង្វែងតាមឋានៈ គឺទីដែលគួរសម្រេចបាន។

ក៏ញាតិធម៌នោះ មហារាជបានសំដែងជាបែបយ៉ាងហើយ ការបូជាដ៏ថ្លៃថ្លា ចំពោះប្រេតទាំងឡាយ មហារាជបានធ្វើហើយ កំឡាំងកាយរបស់ភិក្ខុទាំងឡាយ មហារាជបានបំពេញហើយ បុណ្យដ៏ច្រើន មហារាជ ក៏បានសន្សំហើយ។

ចប់ រឿងតិរោកុឌ្ឌប្រេត ទី៥

រឿងបញ្ចបុត្តខាទិកប្រេត ទី៦

(៦. បញ្ចបុត្តខាទបេតិវត្ថុ)

[៦] (ព្រះថេរៈទាំងឡាយ សួរថា) នាងជាស្រ្ដីអាក្រាត មានរូបមានសម្បុរអាក្រក់ មានក្លិនអាក្រក់ ស្អុយ តែងបក់ចេញទៅ នាងមានហ្វូងរុយចោមរោមហើយ តើនាងជាស្រីអ្វី មកឋិតនៅក្នុងទីនេះ។

(ប្រេតស្រី តបថា) បពិត្រលោកទាំងឡាយដ៏ចំរើន ខ្ញុំជាស្រីប្រេត ដល់នូវសេចក្ដីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក ព្រោះធ្វើអំពើអាក្រក់។ ក្នុងពេលព្រឹក ខ្ញុំសម្រាលកូន ៥ នាក់ ក្នុងពេលល្ងាច សម្រាលកូន ៥ នាក់ទៀត រួចហើយទំពាស៊ីកូនទាំងអស់នោះ ក៏មិនគ្រាន់ដល់ខ្ញុំឡើយ។ ហ្ឫទ័យរបស់ខ្ញុំក្ដៅក្រហាយហុយផ្សែង ព្រោះតែសេចក្ដីស្រែកឃ្លាន ខ្ញុំផឹកទឹកក៏មិនបាន លោកម្ចាស់ចូរមើលខ្ញុំ ដែលជាអ្នកដល់នូវសេចក្ដីវិនាសចុះ។

(ព្រះថេរៈទាំងឡាយ សួរថា) ចុះអំពើអាក្រក់ដែលនាងបានធ្វើហើយដោយកាយ វាចា ចិត្ត តើដូចម្ដេច នាងទំពាស៊ីសាច់កូន តើព្រោះវិបាករបស់កម្មដូចម្ដេច។

(ប្រេតស្រី តបថា) ស្រីរួមប្ដីរបស់ខ្ញុំ ជាស្រីមានគភ៌ ខ្ញុំបានគិតនូវអំពើអាក្រក់ដល់ស្រីរួមប្ដីនោះ ខ្ញុំនោះ មានចិត្តប្រទូស្ដ បានធ្វើនូវការញុំាងគភ៌ឲ្យធ្លាក់ចុះ។ គភ៌របស់ស្រីរួមប្ដីនោះ បានតែត្រឹម ២ ខែ ឈាមក៏ហូរចេញមក ឯមាតារបស់ស្រីរួមប្ដីនោះ ក៏ក្រេវក្រោធនឹងខ្ញុំ ហើយបានបបួលញាតិទាំងឡាយញុំាងខ្ញុំឲ្យធ្វើសម្បថផង ឲ្យផ្ដាសាខ្លួនឯងផង។ ខ្ញុំនោះ ក៏បានពោលនូវសម្បថដ៏ឃោរឃៅផង នូវពាក្យមុសាវាទផងថា បើខ្ញុំបានធ្វើអំពើអាក្រក់នេះមែន សូមឲ្យខ្ញុំទំពាស៊ីនូវសាច់នៃកូន។ ដោយផលនៃកម្មនោះផង ដោយផលនៃមុសាវាទផងទាំងពីរនេះ ខ្ញុំទើបបានទំពាស៊ីសាច់កូន ខ្លួនប្រឡាក់ដោយខ្ទុះ និងឈាមដូច្នេះ។

ចប់ រឿងបញ្ចបុត្តខាទិកប្រេត ទី៦

រឿងសត្តបុត្តខាទិកប្រេត ទី៧

(៧. សត្តបុត្តខាទបេតិវត្ថុ)

[៧] (ព្រះថេរៈទាំងឡាយសួរថា) នាងជាស្រីអាក្រាត មានរូបសម្បុរអាក្រក់ មានក្លិនអាក្រក់ ស្អុយ តែងបក់ចេញទៅ នាងមានហ្វូងរុយចោមរោមហើយ តើជាស្រីអ្វី បានជាមកឋិតនៅក្នុងទីនេះ។

(ប្រេតស្រី តបថា) បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន ខ្ញុំជាស្រីប្រេត ដល់នូវសេចក្ដីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះ ហើយបានទៅកាន់បេតលោក ព្រោះធ្វើអំពើអាក្រក់។ ក្នុងពេលព្រឹក ខ្ញុំសម្រាលកូន ៧ នាក់ ក្នុងពេលល្ងាច សម្រាលកូន ៧ នាក់ទៀត ហើយទំពាស៊ីកូនទាំងអស់នោះ ក៏មិនគ្រាន់ដល់ខ្ញុំឡើយ។ ហ្ឫទ័យរបស់ខ្ញុំ ក្ដៅក្រហាយហុយផ្សែង ព្រោះសេចក្ដីស្រេកឃ្លាន ខ្ញុំមិនបានសេចក្ដីស្ងប់ទុក្ខ តែងក្ដៅក្រហាយ ដូចជាបុគ្គលត្រូវភ្លើងឆេះ។

(ព្រះថេរៈទាំងឡាយសួរថា) អំពើអាក្រក់ដែលនាងធ្វើហើយ ដោយកាយ វាចា ចិត្ត ដូចម្ដេចខ្លះ នាងទំពាស៊ីសាច់កូន ព្រោះផលកម្មអ្វី។

(នាងប្រេត តបថា) ខ្ញុំមានកូន ២ នាក់ កូនទាំង ២ នាក់នោះ ពេញវ័យហើយ ខ្ញុំនោះ អាស្រ័យកំឡាំងកូននោះ ក៏មើលងាយប្ដី។ តអំពីនោះមក ប្ដីរបស់ខ្ញុំ ក្រេវក្រោធនឹងខ្ញុំ ហើយបាននាំយកស្រីរួមប្ដីដទៃទៀត ស្រីរួមប្ដី បានតាំងគភ៌ហើយ ខ្ញុំបានគិតនូវអំពើដ៏អាក្រក់ដល់ស្រីនោះ ខ្ញុំនោះ មានចិត្តប្រទូស្ដ បានធ្វើនូវការញុំាងគភ៌ឲ្យធ្លាក់ចុះ គភ៌នៃស្រីរួមប្ដី បានតែត្រឹម ៣ ខែ មានខ្ទុះ និងឈាមធ្លាក់ចុះ មាតានៃស្រីរួមប្ដីនោះ ក្រេវក្រោធនឹងខ្ញុំ បានបបួលពួកញាតិមកឲ្យខ្ញុំធ្វើសម្បថផង ឲ្យខ្ញុំផ្ដាសាខ្លួនឯងផង។ ខ្ញុំនោះ បានពោលនូវសម្បថដ៏ឃោរឃៅផង នូវពាក្យមុសាវាទផងថា បើខ្ញុំបានធ្វើអំពើអាក្រក់នេះហើយ សូមឲ្យខ្ញុំទំពាស៊ីសាច់កូន ដោយផលកម្មនោះផង ដោយផលមុសាវាទផង ទាំង ២ នេះ ទើបខ្ញុំទំពាស៊ីសាច់កូន ប្រឡាក់ដោយខ្ទុះ និងឈាមដូច្នេះ។

ចប់ រឿងសត្តបុត្តខាទិកប្រេត ទី៧។

រឿងគោណប្រេត ទី៨

(៨. គោណបេតវត្ថុ)

[៨] (បិតាសួរថា) អ្នកមានសភាពជាបុគ្គលឆ្កួតទេដឹង បានជាអ្នកច្រូតស្មៅខ្ចី យកមកនិយាយនឹងគោចាស់ ដែលជាសត្វប្រាសចាកជីវិតថា ចូរស៊ីចុះ ៗ ដូច្នេះ។ ធម្មតា គោដែលស្លាប់ហើយ មិនដែលក្រោកឡើងបាន ដោយស្មៅ និងទឹកទេ អ្នកជាបុគ្គលពាលអប្បបញ្ញា ប្រហែលនឹងបុគ្គលល្ងង់ខ្លៅដទៃដែរ។

(កូនតបថា) នេះជាជើង នេះជាក្បាល នេះជាខ្លួន ព្រមទាំងកន្ទុយ នេះជាភ្នែករបស់គោ ឋិតនៅក្នុងទីដូចដែល គោនេះគប្បីក្រោកឡើងបាន ដៃជើងខ្លួន និងក្បាលរបស់ជីតា មិនប្រាកដ ក្រែងអ្នកដែលយំលើផ្នូរដីទេដឹង ជាបុគ្គលល្ងង់។

(បិតាពោលថា) អ្នកស្រោចស្រប់យើងដែលភ្លើងឆេះហើយ ញុំាំងសេចក្ដីក្ដៅក្រហាយទាំងពួងឲ្យរម្ងាប់ ដូចបុគ្គលយកទឹកស្រោចលត់ភ្លើងដែលឆេះឆ្នាំងខ្លាញ់ សរ គឺសេចក្ដីសោក ដែលអាស្រ័យនៅក្នុងហ្ឫទ័យយើង អ្នកបានដកចោលហើយ កាលយើងត្រូវសេចក្ដីសោកចំពោះបិតា គ្របសង្កត់ អ្នកដែលចេះបន្ទោបង់សេចក្ដីសោកបាន យើងនោះ ឈ្មោះថា មានសរ គឺសេចក្ដីសោក ដែលអ្នកដកចោលហើយ មានសេចក្ដីត្រជាក់កើតហើយ មានទុក្ខរលត់ហើយ ម្នាលមាណព យើងលែងសោយសោក លែងយំហើយ ព្រោះបានស្ដាប់វាចារបស់អ្នក ជនទាំងឡាយណា ប្រកបដោយបញ្ញា ជាអ្នកអនុគ្រោះ ជនទាំងនោះ តែងធ្វើយ៉ាងនេះ ដូចជាសុជាតមាណព បានញុំាងបិតាឲ្យត្រឡប់ចាកសេចក្ដីសោកដូច្នោះ។

ចប់ រឿងគោណប្រេត ទី៨។

រឿងមហាបេសការប្រេត ទី៩

(៩. មហាបេសការបេតិវត្ថុ)

[៩] (ភិក្ខុសួរថា) នារីណា មានខ្ទុះ និងឈាមជាអាហារសព្វកាល នារីនេះ តែងបរិភោគលាមកផង មូត្រផង ឈាមផង ខ្ទុះផង នេះជាវិបាកនៃកម្មអ្វី នារីនេះ បានធ្វើអំពើដូចម្ដេចហ្ន៎ សំពត់ទាំងឡាយថ្មី ៗ ផង ល្អ ៗ ផង មានសាច់ទន់ផង បរិសុទ្ធផង ប្រកបដោយរោមផង គេបានឲ្យដល់នារីនេះហើយ ក៏ប្រាកដដូចជាលោហៈទៅវិញ ចុះនារីនេះបានធ្វើអំពើដូចម្ដេច។

(ទេវតាប្រាប់ថា) បពិត្រលោកដ៏ចំរើន នារីនេះ ជាភរិយារបស់ខ្ញុំ ជាស្រីមិនដែលឲ្យវត្ថុអ្វី ដល់អ្នកណាមួយឡើយ ជាស្រីកំណាញ់ស្វិតស្វាញ តែងជេរប្រទេចផ្ដាសានូវខ្ញុំ ដែលកំពុងឲ្យទានដល់សមណព្រាហ្មណ៍ទាំងឡាយថា អ្នកចូរស៊ីលាមកផង មូត្រផង ឈាមផង ខ្ទុះផង ដែលជារបស់មិនស្អាតសព្វកាលចុះ ផលនេះ ចូរកើតមានដល់អ្នកក្នុងបរលោកចុះ សំពត់មានផែនដូចលោហៈ ចូរមានដល់អ្នកចុះ លុះនារីនោះ ប្រព្រឹត្តអំពើទុច្ចរិតប្រាកដដូច្នេះហើយ មកកាន់ទីនេះ ទើបបានទទួលផល (ដ៏ក្រហល់ក្រហាយ) អស់រាត្រីដ៏យូរអង្វែង។

ចប់ រឿងមហាបេសការប្រេត ទី៩។

រឿងខលាតប្រេត ទី១០

(១០. ខល្លាដិយបេតិវត្ថុ)

[១០] (នាយពាណិជសួរថា) នាងជាស្រ្តីអ្វីហ្ន៎ ឋិតនៅខាងក្នុងវិមាន មិនចេញអំពីវិមាន ម្នាលនាងដ៏ចំរើន ចូរនាងចេញមក យើងនឹងឃើញនាង ដែលមានឫទ្ធិច្រើន។

(នាងប្រេត តបថា) ខ្ញុំជាស្រ្តីអាក្រាត មានសេចក្ដីអៀនខ្មាស ដល់នូវសេចក្ដីទុក្ខលំបាក មិនអាចចេញមកខាងក្រៅបានទេ ខ្ញុំជាស្រ្តីមានសរីរៈបិទបាំងដោយសក់ទាំងឡាយ (ព្រោះថា) កុសលកម្ម មានប្រមាណតិច ខ្ញុំបានធ្វើមកហើយ។

(នាយពាណិជសួរថា) បើដូច្នោះ យើងនឹងឲ្យសំពត់សាដកសម្រាប់ដណ្ដប់ដល់នាង ចូរនាងស្លៀកសំពត់សាដកនេះចុះ ម្នាលនាងមានភក្ត្រដ៏ល្អ លុះនាងស្លៀកពាក់សំពត់សាដកនេះរួចហើយ ចូរចេញមកខាងក្រៅ ម្នាលនាងដ៏ចំរើន នាងចូរចេញមក យើងនឹងឃើញនាង ដែលមានឫទ្ធិច្រើន។

(នាងប្រេត តបថា) ទានដែលអ្នកឲ្យផ្ទាល់ដៃ មិនបានសម្រេចដល់ខ្ញុំទេ ក្នុងប្រជុំជននេះ មានឧបាសកនុ៎ះ អ្នកមានសទ្ធា ជាសាវ័កនៃព្រះសម្មាសម្ពុទ្ធ អ្នកចូរញុំាងឧបាសកនេះ ឲ្យស្លៀកពាក់ ហើយចូរឧទ្ទិសទក្ខិណាទានដល់ខ្ញុំ ទើបខ្ញុំនឹងបានសេចក្ដីសុខ សម្រេចនូវសេចក្ដីប្រាថ្នាទាំងពួង។

ពួកពាណិជទាំងនោះ ក៏ឲ្យឧបាសកនោះងូតទឹក ប្រដាប់តាក់តែងដោយគ្រឿងក្រអូប ឲ្យស្លៀកពាក់សំពត់ទាំងឡាយរួចហើយ ទើបឧទ្ទិសទក្ខិណាទានដល់ប្រេតនោះថា ផលគប្បីកើតឡើងក្នុងលំដាប់ដែលយើងឧទ្ទិសហើយ ភោជនាហារ និងសំពត់ស្លៀកពាក់ និងទឹក ក៏កើតឡើង នេះជាផលនៃទក្ខិណាទាន។

លំដាប់នោះ ស្រីប្រេតនោះ ជាស្រីបរិសុទ្ឋ មានសំពត់ស្លៀកស្អាត ជាស្រីទ្រទ្រង់សំពត់ដ៏ឧត្តម ជាងសំពត់ដែលកើតក្នុងដែនកាសី ហើយក៏សើចចេញអំពីវិមានមក នេះជាផលនៃទក្ខិណាទាន។

(ពួកពាណិជសួរថា) ម្នា្លលទេវធីតា វិមានរបស់នាង វិចិត្រដោយរូបល្អ ស្អាតរុងរឿងភ្លឺ នាងដែលយើងសួរហើយ ចូរប្រាប់ នេះជាផលនៃកម្មអ្វី។

(នាងប្រេត តបថា) ខ្ញុំមានចិត្តជ្រះថ្លា បានប្រគេនម្សៅល្ងកិនប្រមាណ ១ ទោណៈ ដល់ភិក្ខុដែលកុំពុងត្រាច់ទៅ មានចិត្តត្រង់ ខ្ញុំក៏បានទទួលវិបាកនៃកុសលកម្មនោះក្នុងវិមាន អស់ចន្លោះកាលដ៏យូរ តែឥឡូវនេះ កុសលនោះតិចពេកណាស់។ កាលកិរិយា នឹងមានក្នុងខាងលើអំពី ៤ ខែ ខ្ញុំនឹងចូលទៅកាន់នរកដ៏ខ្លាំងក្លា ខ្លោចផ្សាដោយពិត នរកមានជ្រុង ៤ មានទ្វារ ៤ រាប់ដោយចំណែកដែលចែកហើយ មានដែកព័ទ្ធជុំវិញ គ្របដោយគម្របដែក។ ផ្ទៃផែនដីនៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះច្រាលរន្ទាល ផ្សាយទៅបានមួយរយយោជន៍ ដោយជុំវិញ តាំងនៅសព្វកាល ខ្ញុំនឹងរងទុក្ខវេទនាអស់កាលជាអង្វែងក្នុងនរកនោះ ព្រោះហេតុនោះ ខ្ញុំទើបទទួលផលនៃបាបកម្ម ដែលក្ដៅក្រហាយក្រៃពេកណាស់។

ចប់ រឿងខលាតប្រេត ទី១០។

រឿងនាគប្រេត ទី១១

(១១. នាគបេតវត្ថុ)

[១១] (សាមណេរសួរថា) អ្នកទៅមុនគេបង្អស់ជិះដំរីស ឯអ្នកទៅកណ្ដាលគេ ជិះរថទឹមសេះអស្សតរ ចំណែកកញ្ញាមកខាងក្រោយគេ ទៅដោយវ ភ្លឺស្វាងរុងរឿងសព្វទិសទាំង ១០។ ឯអ្នកទាំងឡាយ (ដែលមកក្រោយគេបង្អស់) មានដៃកាន់ដម្បង មានមុខជោកដោយទឹកភ្នែក មានខ្លួនបែកធ្លាយ ហើយផឹកនូវខ្ទុះ និងឈាមនៃគ្នានឹងគ្នាជាអាហារ អ្នកទាំងឡាយ កាលកើតជាមនុស្ស តើបានធ្វើអំពើដូចម្ដេចខ្លះ។

(នាងប្រេត តបថា) បុគ្គលណា ទៅដោយដំរីសដ៏ប្រសើរ មានជើង ៤ មុនគេ បុគ្គលនោះ ជាបុត្តច្បងរបស់ខ្ញុំ បានថ្វាយទានហើយ ក៏បានជួបសេចក្ដីសុខ។ បុគ្គលណា ទៅដោយរថទឹមសេះ ៤ មានដំណើរល្អក្នុងទីកណ្ដាល បុគ្គលនោះ ជាបុត្តកណ្ដាលរបស់ខ្ញុំ ជាអ្នកមិនកំណាញ់ ជាម្ចាស់ទានដ៏រុងរឿង។ នារីណា ប្រកបដោយបញ្ញា មានភ្នែកថ្លាដូចម្រឹគ ទៅដោយវក្រោយគេ នារីនោះ ជាធីតាពៅបង្អស់របស់ខ្ញុំ ជាអ្នកមានសេចក្ដីសុខ តែងរីករាយតាមចំណែកផលទានពាក់កណ្ដាល។ អំពីជាតិមុន ជនទាំងនុ៎ះ ជាអ្នកមានចិត្តជ្រះថ្លា បានឲ្យទានដល់ពួកសមណៈ និងព្រាហ្មណ៍ ចំណែកយើងខ្ញុំទាំងឡាយវិញ ជាអ្នកកំណាញ់ ជេរប្រទេចផ្ដាសាសមណព្រាហ្មណ៍ទាំងឡាយ ឯជនទាំងនេះ លុះឲ្យហើយ ទើបគេបម្រើ (ដោយកាមគុណ) ចំណែកពួកយើង ទើបក្រៀមស្ងួត ដូចដើមបបុស ដែលហាលថ្ងៃដូច្នោះ។

(សាមណេរសួរថា) ភោជនាហារ របស់អ្នកទាំងឡាយ ដូចម្ដេចទៅ ទីដេករបស់អ្នក ដូចម្ដេចទៅ ចុះអ្នកទាំងឡាយ មានបាបធម៌ដ៏ក្រៃលែង ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដូចម្ដេច ភោជនាហារទាំងឡាយដ៏ច្រើន មិនមែនជារបស់តិចតួចឡើយ ឥឡូវនេះ អ្នកដល់នូវសេចក្ដីទុក្ខ ព្រោះប្រាសចាកសេចក្ដីសុខ។

(នាងប្រេត តបថា) យើងខ្ញុំទាំងឡាយ សម្លាប់នូវគ្នានឹងគ្នា ហើយក្រេបផឹកនូវខ្ទុះ និងឈាម ទុកជាផឹកច្រើន ក៏មិនបាត់ស្រេកឃ្លាន យើងខ្ញុំទាំងឡាយ ក៏នៅតែស្រេកឃ្លាន ដដែល។

ជនទាំងឡាយណា ជាអ្នកមិនចែកចាយឲ្យទាន ជនទាំងនោះ លុះលះលោកនេះទៅហើយ រមែងទៅកើតក្នុងឋានយមលោក តែងខ្សឹកខ្សួល ដូចយើងខ្ញុំទាំងឡាយ ជនទាំងឡាយណា បាននូវសម្បត្តិទាំងឡាយហើយ តែងជាអ្នកកំណាញ់ មិនបរិភោគផង មិនធ្វើបុណ្យផង។ ជនទាំងនោះ ជាអ្នកមានសេចក្ដីស្រេកឃ្លានគ្របសង្កត់ ក្នុងលោកខាងមុខ ក្នុងកាលជាខាងក្រោយមក ជនទាំងនោះ រមែងឆេះរោលរាល ក្ដៅក្រហាយអស់កាលជាយូរអង្វែង ព្រោះបានធ្វើនូវកម្មមានផលជាទុក្ខ តែងទទួលផលជាទុក្ខ មានផលដ៏ក្ដៅក្រហាយ។

ទ្រព្យសម្បត្តិជារបស់មិនទៀង ជីវិតក្នុងលោកនេះ ជារបស់មិនទៀង បណ្ឌិតដឹងនូវរបស់មិនទៀង តាមសភាពជារបស់មិនទៀងហើយ គប្បីធ្វើនូវទីពឹង។ ជនទាំងឡាយណា អ្នកឈ្លាសក្នុងព្រះសទ្ធម្ម ដឹងច្បាស់យ៉ាងនេះ ជនទាំងនោះ ឈ្មោះថាជាអ្នកមិនធ្វេសប្រហែសក្នុងទាន ព្រោះបានស្ដាប់ពាក្យនៃព្រះអរហន្តទាំងឡាយ។

ចប់ រឿងនាគប្រេត ទី១១។

រឿងឧរគប្រេត ទី១២

(១២. ឧរគបេតវត្ថុ)

[១២] (ពោធិសត្វនិយាយថា) ពស់តែងសកសំណកចាស់របស់ខ្លួនចោល ហើយលូនទៅ យ៉ាងណាមិញ (សត្វ) កាលបើសរីរៈប្រើការមិនកើតហើយ ធ្វើនូវមរណកាល ទៅកាន់បរលោក ក៏យ៉ាងនោះ (ឯសរីរៈដែលនៅសល់ខាងអាយនោះ ) កាលគេដុត ក៏មិនបានដឹង (ធ្វើម្ដេចនឹងដឹង) នូវសេចក្ដីខ្សឹកខ្សួលរបស់ញាតិទាំងឡាយបាន ហេតុនោះ ខ្ញុំមិនសោកស្ដាយសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ។

(មាតានិយាយថា) បុត្ររបស់ខ្ញុំនេះ ខ្ញុំមិនបានហៅគេមកអំពីលោកនោះ ខ្ញុំមិនបានអនុញ្ញាត គេក៏ទៅអំពីមនុស្សលោកនេះ គេមកយ៉ាងណា គេក៏ទៅយ៉ាងនោះ ការទួញយំធ្វើអ្វី ព្រោះកិរិយាទៅនោះ (ឯសរីរៈដែលនៅសល់ខាងអាយនោះ) គេដុតក៏មិនបានដឹង (ធ្វើម្ដេចនឹងដឹង) នូវសេចក្ដីខ្សឹកខ្សួលរបស់ញាតិទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនយំទួញនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ។

(ប្អូនស្រីនិយាយថា) បើខ្ញុំយំ ខ្ញុំនឹងទៅជាស្គមក្នុងការយំនោះ នឹងគប្បីមានផលដូចម្ដេចដល់ខ្ញុំ សេចក្ដីមិនត្រេកអរដ៏លើសលុប នឹងគប្បីមានដល់ពួកញាតិមិត្ត និងអ្នកមានចិត្តល្អរបស់យើងទាំងឡាយ (ឯសរីរៈដែលសល់នៅខាងអាយនោះ) កាលគេដុតក៏មិនបានដឹង (ធ្វើម្ដេចនឹងដឹង) នូវសេចក្ដីខ្សឹកខ្សួលរបស់ញាតិទាំងឡាយ ហេតុនោះ ខ្ញុំមិនយំនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ។

(ភរិយានិយាយថា) បុគ្គលណា សោកស្ដាយនូវបុគ្គលដែលធ្វើមរណកាលទៅកាន់បរលោកហើយ បុគ្គលនោះ ប្រៀបដូចជាទារកយំទារនូវព្រះចន្រ្ទដែលកំពុងចរទៅ (ឯសរីរៈដែលសល់នៅខាងអាយនោះ) កាលគេដុត ក៏មិនបានដឹង (ធ្វើម្ដេចនឹងដឹង) នូវសេចក្ដីខ្សឹកខ្សួលរបស់ញាតិទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនយំនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ។

(ទាសីនិយាយថា) បពិត្រព្រាហ្មណ៍ ក្អមទឹកដែលបែកហើយ តភ្ជាប់វិញមិនបានយ៉ាងណា សរីរៈអ្នកស្លាប់នេះ ក៏យ៉ាងនោះដែរ បុគ្គលណា សោកស្ដាយនូវបុគ្គលដែលទៅកាន់បរលោកហើយ (បុគ្គលនោះ ក៏ដូចជាអ្នកសោកស្ដាយនូវក្អមទឹកដែលបែកហើយ) (ឯសរីរៈដែលសល់នៅខាងអាយនោះ) កាលគេដុត ក៏មិនបានដឹង (ធ្វើម្ដេចនឹងដឹង) នូវសេចក្ដីខ្សឹកខ្សួលរបស់ញាតិទាំងឡាយ ព្រោះហេតុនោះ ខ្ញុំមិនយំនឹងសរីរៈនុ៎ះឡើយ ស្រេចតែគតិរបស់គេ។

ចប់ រឿងឧរគប្រេត ទី១២។

ឧទ្ទាន

រឿងខេត្តូបមាប្រេត (ព្រះអរហន្តប្រៀបដូចស្រែ) ១ រឿង (សូករប្រេត) ប្រេតមានសម្បុរកាយល្អ ១ ជា ២លើក រឿង (បូតិមុខប្រេត) ១ រឿងបិដ្ឋធីតលិកប្រេត ១ រឿងតិរោកុឌ្ឌប្រេត ១ រឿងបុត្តខាទិកប្រេត (ស្រីប្រេតស៊ីកូនឯង) ២ លើក រឿងគោណប្រេត ១ រឿងមហាបេសការប្រេត ស៊ីនូវគូថ ១ រឿងខលាតប្រេតនៅក្នុងវិមាន ១ រឿងនាគប្រេត ១ រឿងឧរគប្រេត ១ ឧទ្ទានក្នុងវគ្គជាបឋម មានរឿង ១២ យ៉ាងនេះឯង។

ចប់ឧរគវគ្គ ទី១។

ឧព្វរីវគ្គ ទី២

(២. ឧព្វរិវគ្គោ)

រឿងសំសារមោចកប្រេត ទី១

(១. សំសារមោចកបេតិវត្ថុ)

[១៣] (ព្រះសារីបុត្តសួរថា) ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាងជាស្រីអាក្រាត មានរូបអាក្រក់ក្រៃពេក មានខ្លួនស្គាំងស្គម មានខ្លួនរវាមដោយសរសៃ នាងជាអ្វី មកឋិតនៅទីនេះ។

(នាងប្រេត តបថា) បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំជាស្រីប្រេត ដល់នូវសេចក្ដីទុក្ខ ជាយមលោកសត្វ ស្លាប់អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក ព្រោះធ្វើបាបកម្ម។

ចុះអំពើអាក្រក់ ដែលនាងបានធ្វើដោយកាយ វាចា ចិត្ត តើដូចម្ដេច នាងទៅកាន់បេតលោក អំពីមនុស្សលោកនេះ ព្រោះវិបាកនៃកម្មដូចម្ដេច។

បពិត្រលោកដ៏ចំរើន បិតាមាតា ឬពួកញាតិ ជាអ្នកអនុគ្រោះដល់ខ្ញុំ គប្បីដឹកនាំខ្ញុំថា នាងចូរមានចិត្តជ្រះថ្លា ឲ្យទានដល់ពួកសមណព្រាហ្មណ៍ (ដូច្នេះ) ពុំមានឡើយ។ ខ្ញុំទើបបានជាស្រីអាក្រាត មានសភាពយ៉ាងនេះ តែងត្រាច់ទៅអស់ ៥០០ ឆ្នាំ ចាប់ដើមអំពីឆ្នាំនេះទៅ ទំពាស៊ីដោយសេចក្ដីស្រេកឃ្លានផង ដោយចំណង់ផង នេះជាផលនៃបាបកម្មរបស់ខ្ញុំ។ បពិត្រលោកម្ចាស់ ខ្ញុំមានចិត្តជ្រះថ្លា សូមថ្វាយបង្គំលោកម្ចាស់ បពិត្រលោកម្ចាស់ អ្នកមានព្យាយាម មានអនុភាពធំ សូមលោកអនុគ្រោះខ្ញុំ សូមលោកឲ្យទេយ្យធម៌ណានីមួយ ឧទ្ទិសដល់ខ្ញុំផង បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់ដោះខ្ញុំឲ្យរួចអំពីទុគ្គតិផងចុះ។

ព្រះសារីបុត្តនោះ ជាអ្នកអនុគ្រោះ ទទួលស្ដាប់ពាក្យស្រីប្រេតនោះថា សាធុដូច្នេះ ហើយបានប្រគេននូវពំនូតបាយ នូវសំពត់ប្រមាណប៉ុនបាតដៃផង និងទឹកដែលគួរក្រេបផឹកមួយផ្តិល ដល់ភិក្ខុទាំងឡាយរួចហើយ ឧទ្ទិសទក្ខិណាទានដល់ស្រីប្រេតនោះ វិបាកក៏កើតឡើងក្នុងលំដាប់ដែលឧទ្ទិសហើយ ភោជនាហារ និងសំពត់ស្លៀកពាក់ និងទឹកដែលគួរក្រេបផឹក ក៏កើតឡើង នេះជាផលនៃទក្ខិណា លំដាប់នោះ ស្រីប្រេតនោះ ជាស្រីស្អាត ស្លៀកពាក់សំពត់ស្អាត ទ្រទ្រង់នូវសំពត់ដ៏ឧត្តម ជាងសំពត់ដែលកើតក្នុងដែនកាសី មានគ្រឿងវត្ថាភរណៈដ៏វិចិត្រ ចូលទៅរកព្រះសារីបុត្រ។

(ព្រះសារីបុត្រសួរថា) ម្នាលទេវធីតា នាងមានសម្បុរល្អ ភ្លឺសព្វទិសដូចជាផ្កាយព្រឹក។ សម្បុររបស់នាងប្រាកដដូច្នោះ ដោយហេតុអ្វី ផលនៃសេចក្ដីសុចរិត សម្រេចដល់នាង ក្នុងពេលនេះ ដោយហេតុអ្វី បានជាភោគៈទាំងឡាយណានីមួយ ដែលជាទីពេញចិត្ត កើតឡើងដល់នាង

ម្នាលទេវធីតា ដ៏មានអានុភាពច្រើន យើងសូមសួរនាង នាងកាលកើតជាមនុស្ស បានធ្វើបុណ្យដូចម្ដេច នាងមានអានុភាពភ្លឺផ្លេក ទាំងសម្បុររបស់នាង ក៏ភ្លឺសព្វទិស យ៉ាងនេះ ដោយបុញ្ញកម្ម ដូចម្តេច។

(ប្រេត តបថា) ព្រះអគ្គសាវ័ក ជាអ្នកប្រាជ្ញក្នុងលោក ប្រកបដោយសេចក្តីករុណា បានឃើញនូវខ្ញុំជាស្រីស្គម មានសម្បុរលឿង មានសេចក្តីស្រេកឃ្លាន ជាស្រីអាក្រាត មានសម្បុរស្បែកគ្រោតគ្រាត ដល់នូវសេចក្តីទុក្ខលំបាក ហើយបានប្រគេនពំនូតបាយផង សំពត់ប្រមាណប៉ុនបាតដៃផង ទឹកគួរផឹកប្រមាណមួយផ្តិលផង ដល់ភិក្ខុទាំងឡាយ ហើយបានឧទ្ទិស (នូវទក្ខិណាទានដល់ខ្ញុំ)។ សូមលោកឃើញផលពំនូតបាយចុះ ខ្ញុំជាស្រីបាននូវកាមតាមចំណង់បរិភោគនូវភត្តអស់មួយពាន់ឆ្នាំ ប្រកបដោយម្ហូបមានរសជាអនេក សូមលោកឃើញនូវវិបាកនៃសំពត់ប្រមាណប៉ុនបាតដៃ ប្រាកដដូចម្តេច បពិត្រលោកម្ចាស់ដ៏ចំរើន សំពត់សម្រាប់ស្លៀកពាក់ ក្នុងដែននៃស្តេចនន្ទៈអម្បាលមាណ សំពត់ស្លៀក និងសំពត់ដណ្តប់ផង សំពត់កោសេយ្យៈ និងសំពត់កម្ពលផង សំពត់ត្បាញអំពីសម្បកឈើ និងសំពត់ដែលត្បាញអំពីកប្បាសផង ដ៏ធំទូលាយ មានដំឡៃច្រើនរបស់ខ្ញុំ ច្រើនជាងសំពត់ ក្នុងដែននន្ទរាជនោះ សំពត់ទាំងអស់នោះ តែងសំយុងចុះមកអំពីអាកាស សំពត់ណា ដែលជាទីពេញចិត្ត ខ្ញុំក៏ស្លៀកពាក់នូវសំពត់នោះ សូមលោកឃើញនូវវិបាកនៃទឹកផឹកប្រមាណមួយផ្តិល ប្រាកដដូចម្តេច។ ស្រះបោក្ខរណីដ៏ជ្រៅ មានជ្រុង ៤ ដែលបុញ្ញកម្មនិម្មិតល្អហើយ មានទឹកថ្លា មានកំពង់រាបស្មើ មានទឹកត្រជាក់ មានក្លិនក្រអូបដេរដាសដោយផ្កាបទុម និងឧប្បល ពេញដោយទឹកដ៏ដេរដាសដោយកេសរ។ ខ្ញុំនោះ រីករាយ លេងសប្បាយ ឥតមានភ័យពីទីណាៗ ឡើយ បពិត្រលោកដ៏ចំរើន ខ្ញុំមកដើម្បីថ្វាយបង្គំលោក ជាអ្នកប្រាជ្ញ ប្រកបដោយសេចក្តីករុណាក្នុងលោក។

ចប់ រឿងសំសារមោចកប្រេត ទី១។

រឿងប្រេតជាមាតានៃព្រះសារីបុត្ត ទី២

(២. សារិបុត្តត្ថេរមាតុបេតិវត្ថុ)

[១៤] (ព្រះសារីបុត្តសួរថា) ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាងជាស្រីអាក្រាត មានរូបមានសម្បុរអាក្រក់ក្រៃពេក មានខ្លួនស្គាំងស្គម មានខ្លួនរវាមទៅដោយសរសៃ នាងជាអ្វី មកឈរនៅទីនេះ។

(នាងប្រេត តបថា) អំពីមុន ខ្ញុំជាមាតាបង្កើតរបស់លោក ក្នុងជាតិទាំងឡាយដទៃ មកកើតក្នុងកំណើតនៃប្រេត ពេញប្រៀបដោយសេចក្ដីស្រេកឃា្លត បរិភោគទឹកមាត់ ដែលគេស្ដោះចោល ទឹកសម្បោរ ស្លេស្ម ខ្លាញ់រាវ (នៃសាកសព) ដែលគេដុត និងឈាមនៃស្រីទាំងឡាយដែលសម្រាលកូន និងឈាមនៃដំបៅ និងច្រមុះ និងក្បាលដាច់ មានសេចក្ដីស្រេកឃ្លានគ្របសង្កត់ ខ្ញុំបរិភោគនូវខ្ទុះ និងឈាមដែលជាប់នឹងសរីរៈនៃស្រី និងបុរស នូវខ្ទុះ និងឈាមនៃបសុសត្វ និងមនុស្សទាំងឡាយ ខ្ញុំមិនមានទីពឹង មិនមានទីលំនៅ ដេកតែលើទីស្មសានដូចគ្រែ លោកម្ចាស់ជាបុត្ត សូមលោកម្ចាស់ឲ្យទានដើម្បីខ្ញុំ លុះឲ្យហើយ ចូរឧទ្ទិសផលដល់ខ្ញុំ គិតធ្វើដូចម្ដេចហ្ន៎ ឲ្យខ្ញុំគប្បីបានរួចអំពីការបរិភោគនូវខ្ទុះ និងឈាម។

ព្រះអគ្គសាវក័ មាននាមថា ឧបតិស្សៈ លុះបានស្ដាប់ពាក្យនៃនាងប្រេត ជាមាតាហើយ មានចិត្តប្រកបដោយករុណា បានហៅព្រះមោគ្គល្លាន ១ ព្រះអនុរុទ្ធ ១ ព្រះកប្បិន ១ ឲ្យធ្វើនូវកុដិទាំងឡាយ ៤ ខ្នង ហើយវេរកុដិផង ឲ្យបាយ និងទឹកផង ចំពោះសង្ឃដែលមកអំពីទិសទាំង ៤ ហើយឧទ្ទិសទក្ខិណាទានដល់មាតា។ វិបាកក៏កើតឡើង ក្នុងលំដាប់ដែលឧទ្ទិសហើយ ភោជនាហារ គឺទឹកផឹក និងសំពត់ (ក៏កើតឡើង) នេះជាផលនៃទក្ខិណាទាន លំដាប់នោះ (ស្រីនោះ) ស្អាត មានសំពត់ស្លៀកពាក់ស្អាតបាត ទ្រទ្រង់នូវសំពត់ដ៏ឧត្តម ជាងសំពត់ដែលកើតក្នុងដែនកាសី មានគ្រឿងវត្ថាភរណៈដ៏វិចិត្រ បានចូលទៅរកព្រះកោលិត។

(ព្រះកោលិតសួរថា) ម្នាលនាងទេវធីតា នាងមានសម្បុរល្អ មកឈរនៅ (ទីនេះ) ភ្លឺស្វាងទួទៅសព្វទិសទាំងឡាយ ដូចជាផ្កាយព្រឹក ឯសម្បុរប្រាកដដូច្នោះ កើតឡើងដល់នាង ដោយហេតុដូចម្ដេច ផលនៃសុចរិត សម្រេចដល់នាងក្នុងទីនេះ ដោយហេតុដូចម្ដេច បានជាភោគៈណានីមួយ ដែលជាទីពេញចិត្ត កើតឡើងដល់នាង

ម្នាលនាងទេវធីតា មានអានុភាពច្រើន យើងសូមសួរនាង នាងកាលកើតជាមនុស្ស តើបានធ្វើបុណ្យដូចម្ដេច នាងជាទេវធីតា មានអានុភាពភ្លឺផ្លេកយ៉ាងនេះ ទាំងសម្បុរនាង ក៏ភ្លឺសព្វទិស ដោយបុញ្ញកម្មដូចម្ដេច។

(ប្រេតតបថា) អំពីមុន ខ្ញុំជាមាតារបស់ព្រះសារីបុត្ត ក្នុងជាតិទាំងឡាយដទៃ មកកើតក្នុងកំណើតនៃប្រេត ពេញប្រៀបដោយសេចក្ដីស្រេកឃ្លាន បរិភោគតែទឹកមាត់ដែលគេស្ដោះចោល ទឹកសម្បោរ ស្លេស្ម និងខ្លាញ់រាវ (នៃសាកសព) ដែលគេដុត និងឈាមនៃស្រីទាំងឡាយដែលសម្រាលកូន និងឈាមនៃដំបៅ និងច្រមុះ និងក្បាលដាច់ ខ្ញុំមានសេចក្ដី ស្រេកឃ្លានគ្របសង្កត់ បរិភោគនូវខ្ទុះ និងឈាមដែលជាប់នឹងសរីរៈនៃស្រ្ដី និងបុរស នូវខ្ទុះ និងឈាមនៃបសុសត្វ និងមនុស្សទាំងឡាយ ខ្ញុំមិនមានទីពឹង មិនមានទីពំនាក់អាស្រ័យ ដេកតែលើទីស្មសានដូចគ្រែ។ ខ្ញុំត្រេកអរដោយទាននៃព្រះសារីបុត្ត ទើបមិនមានភ័យក្នុងទីណាៗ បពិត្រលោកដ៏ចំរើន ខ្ញុំមកដើម្បីថ្វាយបង្គំលោកជាអ្នកប្រាជ្ញ ប្រកបដោយសេចក្ដីករុណាក្នុងលោក។

ចប់ រឿងប្រេត ជាមាតានៃព្រះសារីបុត្ត ទី២។

រឿងនាងមត្តាប្រេត ទី៣

(៣. មត្តាបេតិវត្ថុ)

[១៥] (នាងតិស្សាសួរថា) ម្នាលស្រីស្គម មានឆ្អឹងជំនីររគាម នាងជាស្រីមានកាយអាក្រាត មានរូបអាក្រក់ក្រៃពេក មានខ្លួនស្គាំងស្គម មានខ្លួនរវាមដោយសរសៃ នាងជាអ្វី បានជាមកឈរនៅក្នុងទីនេះ។

(នាងមត្តាប្រេត ប្រាប់ថា) កាលអំពីមុន នាងឯងឈ្មោះតិស្សា ខ្ញុំឈ្មោះមត្តា ជាស្រីរួមប្ដីរបស់នាង បានធ្វើអំពើបាប ទើបបានឃ្លាតអំពីមនុស្សលោកនេះ ទៅកាន់បេតលោក។

ចុះអំពើអាក្រក់ ដែលនាងបានធ្វើហើយ ដោយកាយ វាចា ចិត្តនោះ តើដូចម្តេច នាងឃ្លាតអំពីមនុស្សលោកនេះ ទៅកាន់បេតលោក ព្រោះវិបាកនៃកម្មដូចម្តេច។

ខ្ញុំជាស្រីកាច (ឆ្នាស់) បានពោលផរុសវាទ ជាស្រីឫស្យា កំណាញ់ អួតអាង ខ្ញុំនោះ បានពោលពាក្យអាក្រក់ ទើបបានឃ្លាតអំពីមនុស្សលោកនេះ ទៅកាន់បេតលោក។

ពិតមែនហើយ យើងបានដឹងថា នាងជាស្រីឆ្នាស់ យើងសូមសួរនាង អំពីហេតុដទៃទៀត ចុះនាងមានខ្លួនប្រាណប្រឡាក់ដោយអាចម៍ដី ព្រោះកម្មដូចម្តេច។

នាងបានលុបលាងក្បាលរួចហើយ មានសំពត់ដ៏ស្អាតប្រដាប់ហើយ ខ្លួនយើងសោត ក៏ប្រដាប់តាក់តែងដោយគ្រឿងអលង្ការដ៏ក្រៃលែងជាងនាង កាលខ្ញុំនោះ កំពុងសម្លឹងមើល នាងក៏ពោលចរចានឹងស្វាមី ក្នុងលំដាប់នោះ ខ្ញុំមានសេចក្តីឫស្យាពេកណាស់ ខ្ញុំមានសេចក្តីក្រោធកើតឡើង តអំពីនោះ ខ្ញុំក៏ប្រវាយកអាចម៍ដីទៅរោយដាក់នាង ដោយអាចម៍ដី ព្រោះហេតុនោះ ខ្ញុំទើបមានខ្លួនប្រឡាក់ដោយអាចម៍ដី ព្រោះវិបាកនៃកម្មនោះឯង។

ពិតមែនហើយ យើងដឹងថា នាងបានរោយអាចម៍ដីដាក់យើង តែយើងសូមសួរនាងអំពីហេតុដទៃទៀត ចុះនាងត្រូវរោគកមរមាស់បៀតបៀន ដោយកម្មអ្វី។

យើងទាំងពីរនាក់ បានចូលទៅកាន់ព្រៃ ដើម្បីរកថ្នាំ ចំណែកនាងបានយកថ្នាំមក ឯខ្ញុំបាននាំយកខ្ញែមកវិញ កាលបើនាងមិនដឹង ខ្ញុំក៏រោយខ្ញែលើដំណេករបស់នាង ព្រោះហេតុនោះ រាងកាយរបស់ខ្ញុំ ទើបត្រូវរោគកមរមាស់បៀតបៀន ព្រោះវិបាកនៃកម្មនោះឯង។

ពិតមែនហើយ យើងបានដឹងថា នាងបានរោយ (ខ្ញែ) លើដំណេករបស់យើង តែយើងសូមសួរនាងអំពីហេតុដទៃទៀត ចុះនាងមានកាយអាក្រាត ដោយកម្មអ្វី។

មានការប្រជុំមិត្តសំឡាញ់ និងជួបជុំពួកញាតិ គេបានហៅនាង ព្រមទាំងស្វាមី តែខ្ញុំគេមិនហៅ កាលបើនាងមិនបានដឹង ខ្ញុំក៏លួចយកសំពត់នាងទៅលាក់ ហេតុនោះ ខ្ញុំទើបមានរាងកាយអាក្រាត ព្រោះវិបាកនៃកម្មនោះឯង។

ពិតមែនហើយ យើងដឹងថា នាងបានលួចសំពត់របស់យើងទៅលាក់ យើងសួរនាងអំពីហេតុដទៃទៀត ចុះរាងកាយរបស់នាង មានក្លិនស្អុយដូចក្លិនលាមក ព្រោះកម្មអ្វី។

ខ្ញុំបានលួចយកនូវគ្រឿងក្រអូប ផ្កាកម្រង និងគ្រឿងលាបដ៏មានដំឡៃរបស់នាង ទៅចោលក្នុងរណ្ដៅលាមក ខ្ញុំបានធ្វើអំពើអាក្រក់នោះ ហេតុនោះ បានជាខ្ញុំមានក្លិនស្អុយ ដូចក្លិនលាមក ព្រោះហេតុវិបាកនៃកម្មនោះឯង។

ពិតមែនហើយ យើងបានដឹងហើយថា នាងបានធ្វើអំពើអាក្រក់នោះ យើងសូមសួរនាងអំពីហេតុដទៃទៀត ចុះនាងជាស្រីទុគ៌ត ព្រោះវិបាកនៃកម្មអ្វី។

កាលយើងទាំងពីរនាក់ មានទ្រព្យសម្បត្តិក្នុងផ្ទះស្មើគ្នា កាលទេយ្យធម៌មាន ខ្ញុំក៏មិនបានធ្វើទីពឹងដើម្បីខ្លួន ព្រោះហេតុនោះ បានជាខ្ញុំជាស្រីទុគ៌ត ដោយវិបាកនៃកម្មនោះឯង។

នាងឯងបានស្ដីឲ្យខ្ញុំថា នាងកុំសេពអំពើអាក្រក់ ដ្បិតថា សុគតិ មិនមែនបានដោយងាយ ព្រោះបាបកម្មឡើយ។ នាងបានកំហែងយើងដោយផ្លូវខុស ទាំងបានឫស្សាយើង នាងចូរមើលចុះ វិបាកនៃអំពើអាក្រក់ ប្រាកដយ៉ាងណា (អំពីមុន) ខ្ញុំស្រីទាំងឡាយក្នុងផ្ទះនោះ និងគ្រឿងប្រដាប់ប្រដានោះឯង ជារបស់ខ្ញុំក៏មាន (ឥឡូវនេះ) របស់ទាំងអស់នោះ ក៏បានទៅអ្នកដទៃប្រើប្រាស់ ទ្រព្យទាំងឡាយ ក៏ជារបស់មិនទៀង ឥឡូវនេះ (កុដុម្ពីក៍) ជាបិតារបស់ខ្ញុំ ត្រឡប់អំពីផ្សារមកផ្ទះ ធ្វើដូចម្ដេច កុដុម្ពីក៍ នឹងឲ្យទេយ្យធម៌តិចតួចដល់នាង នាងកុំអាលទៅអំពីទីនេះឡើយ។

ខ្លួនខ្ញុំជាស្រីអាក្រាត មានរូបរាងអាក្រក់ក្រៃពេក ជាស្រីស្គម មានខ្លួនរវាមទៅដោយសរសៃ នេះជាកេរ្ដិ៍ខ្មាសរបស់ស្រីទាំងឡាយ កុំឲ្យកុដុម្ពីក៍ ជាបិតានាង មកឃើញខ្ញុំឡើយ។

បើដូច្នោះ ខ្ញុំគួរឲ្យអ្វីដល់នាង ម្យ៉ាងទៀត ខ្ញុំនឹងធ្វើឧបការៈអ្វីដល់នាង ដ៏ជាហេតុឲ្យនាងសម្រេចដោយសេចក្ដីប្រាថ្នាទាំងពួង ដល់នូវសេចក្ដីសុខ។

នាងចូរនិមន្តភិក្ខុ ៨ រូប គឺ ភិក្ខុ ៤ រូបអំពីសង្ឃ ភិក្ខុ ៤ រូបទៀត អំពីបុគ្គល ឲ្យឆាន់ ហើយឧទ្ទិសនូវទក្ខិណាទានដល់ខ្ញុំនោះ ជាហេតុឲ្យខ្ញុំសម្រេចសេចក្ដីប្រាថ្នាទាំងពួង ដល់នូវសេចក្ដីសុខ។

នាងតិស្សា បានទទួលពាក្យនាងមត្តាប្រេតថា សាធុ ហើយទើបនិមន្តភិក្ខុ ៨ រូបឲ្យឆាន់រួចហើយ ឲ្យស្លៀកដណ្ដប់ដោយសំពត់ទាំងឡាយ ហើយឧទ្ទិសទក្ខិណាទាន ដល់នាងមត្តាប្រេតនោះ។ វិបាកក៏កើតឡើង ក្នុងលំដាប់ដែលឧទ្ទិសហើយ ភោជនាហារ សំពត់ស្លៀកដណ្ដប់ និងទឹកផឹក ក៏កើតឡើង នេះជាផលនៃទក្ខិណាទាន លំដាប់នោះ នាងប្រេតជាស្រីស្អាត មានគ្រឿងស្លៀកពាក់ស្អាត ទ្រទ្រង់នូវសំពត់ដ៏ឧត្ដម ជាងសំពត់ដែលកើតក្នុងដែនកាសី មានគ្រឿងវត្ថាភរណៈដ៏វិចិត្រ ទើបបានចូលទៅរកនាងតិស្សាជាស្រីរួមប្ដី។

(នាងតិស្សាសួរថា) ម្នាលនាងទេវធីតា នាងមានសម្បុរដ៏រុងរឿងដោយរស្មី មកឋិតនៅ ភ្លឺស្វាងទួទៅសព្វទិសទាំងឡាយ ដូចផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ ដោយហេតុដូចម្ដេច ផលនៃសុចរិត សំរេចដល់នាងក្នុងទីនេះ ដោយហេតុដូចម្ដេច បានជាភោគៈទាំងឡាយណានីមួយ ដែលជាទីពេញចិត្តកើតឡើងដល់នាង

ម្នាលនាងទេវធីតា មានអានុភាពច្រើន យើងសូមសួរនាង នាងកើតជាមនុស្ស បានធ្វើបុញ្ញកម្មដូចម្ដេច នាងជាទេវធីតា មានអានុភាពភ្លឺផ្លេកយ៉ាងនេះ ដោយបុញ្ញកម្មដូចម្ដេច បានជានាងមានអានុភាពដ៏រុងរឿង ទាំងសម្បុររបស់នាងក៏ភ្លឺសព្វទិស។

(នាងមត្តាប្រេត តបថា) កាលអំពីមុន នាងឈ្មោះតិស្សា ខ្លួនខ្ញុំឈ្មោះមត្តា ជាស្រីរួមប្ដីរបស់នាង បានធ្វើនូវអំពើអាក្រក់ ទើបបានឃ្លាតអំពីមនុស្សលោកនេះ ទៅកាន់បេតលោក ខ្ញុំត្រេកអរដោយទានរបស់នាង ដែលបានឲ្យហើយ ទើបមិនមានភ័យក្នុងទីណាឡើយ។ ម្នាលប្អូន ចូរនាងរស់នៅអស់កាលយូរ ព្រមដោយពួកញាតិទាំងអស់ចុះ ម្នាលនាងល្អ ចូរនាងខំប្រព្រឹត្តធម៌ ខំឲ្យទានក្នុងលោកនេះ នឹង (ចូលទៅកាន់ឋានសួគ៌) ដែលមិនមានសោក មិនមានធូលី ជាទីនៅនៃវសវត្តីទេវរាជទាំងឡាយ។

នាងចូរបន្ទោបង់នូវមន្ទិល គឺសេចក្ដីកំណាញ់ ព្រមទាំងឫសគល់ចេញ ដែលគេនិន្ទាមិនបាន ចូរទៅកាន់ស្ថានសួគ៌។

ចប់ រឿងនាងមត្តាប្រេត ទី៣។

រឿងនន្ទាប្រេត ទី៤

(៤. នន្ទាបេតិវត្ថុ)

[១៦] (នន្ទសេនជាស្វាមី សួរថា) នាងជាស្រីមានខ្លួនខ្មៅ មានរូបអាក្រក់គ្រោតគ្រាត មើលគួរខ្លាច មានភ្នែកលឿង មានធ្មេញរង្វើល យើងមិនសំគាល់ថា នាងជាស្រីមនុស្សទេ។

(នាងប្រេត តបថា) ម្នាលនន្ទសេន ខ្ញុំឈ្មោះនន្ទា ជាភរិយារបស់អ្នកក្នុងកាលមុន បានធ្វើអំពើអាក្រក់ ទើបបានទៅអំពីមនុស្សលោកនេះ កាន់បេតលោក។

ចុះអំពើអាក្រក់ ដែលនាងបានធ្វើដោយកាយ វាចា ចិត្តនោះ តើដូចម្ដេចខ្លះ នាងទៅអំពីមនុស្សលោកនេះ កាន់បេតលោកដោយវិបាកនៃកម្មដូចម្ដេចខ្លះ។

ខ្ញុំជាស្រីកំណាចផង មានវាចាអាក្រក់ផង ឥតមានសេចក្ដីគោរពចំពោះអ្នកផង ខ្ញុំពោលពាក្យអាក្រក់ចំពោះអ្នក ទើបបានទៅអំពីមនុស្សលោកនេះ កាន់បេតលោក។

បើដូច្នោះ យើងនឹងឲ្យសំពត់បង់កដល់នាង ចូរនាងស្លៀកសំពត់នេះចុះ លុះនាងស្លៀកសំពត់នេះហើយ ចូរចូលមក យើងនឹងនាំនាងទៅផ្ទះ នាងទៅដល់ផ្ទះហើយ នឹងបានសំពត់ បាយ ទឹក បានឃើញនូវបុត្តទាំងឡាយរបស់នាងផង បានឃើញកូនប្រសាស្រី របស់នាងផង។

វត្ថុដែលអ្នកបានឲ្យផ្ទាល់ដៃដោយដៃ មិនសម្រេចដល់ខ្ញុំទេ អ្នកចូរញុំាងភិក្ខុទាំងឡាយ ដែលបរិបូណ៌ដោយសីល ជាអ្នកប្រាសចាករាគៈ ជាពហុស្សូត ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក ហើយឧទ្ទិសនូវទក្ខិណាទានដល់ខ្ញុំ ក្នុងវេលានោះ ទើបខ្ញុំនឹងដល់នូវសេចក្ដីសុខ សម្រេចនូវសេចក្ដីប្រាថ្នាទាំងពួងបាន។

លំដាប់នោះ នន្ទសេន ឧបាសកនោះ ទទួលថា សាធុ ដូច្នេះហើយ បានចាត់ចែងនូវទានដ៏បរិបូណ៌ គឺបាយ ទឹក បង្អែម សំពត់ សេនាសនៈ ឆ័ត្រ គ្រឿងក្រអូប ផ្កាកម្រង ស្បែកជើងផ្សេង ៗ។ នន្ទសេនឧបាសក ក៏បានញុំាងភិក្ខុទាំងឡាយ ដែលបរិបូណ៌ដោយសីល ប្រាសចាករាគៈ ជាពហុស្សូត ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ហើយឧទ្ទិសទក្ខិណាទានដល់នាងនន្ទាប្រេត។

វិបាកក៏កើតឡើងក្នុងលំដាប់ដែលបានឧទ្ទិស ភោជនាហារ សំពត់ស្លៀក ទាំងទឹកផឹកក៏កើត នេះជាផលនៃទក្ខិណាទាន លំដាប់នោះ នាងនន្ទាប្រេតនោះ ជាស្រីស្អាត មានសំពត់ស្អាត ទ្រទ្រង់នូវសំពត់ដ៏ឧត្ដមជាងសំពត់ដែលកើតក្នុងដែនកាសី មានគ្រឿងវត្ថាភរណៈដ៏វិចិត្រ ចូលទៅរកស្វាមី។

(នន្ទសេនឧបាសកសួរថា) ម្នាលនាងទេវធីតា នាងមានសម្បុរដ៏រុងរឿង ភ្លឺស្វាងទួទៅសព្វទិសទាំងឡាយ ដូចជាផ្កាយព្រឹក សម្បុររបស់នាងប្រាកដដូច្នោះ ដោយហេតុដូចម្ដេច ផលនៃសុចរិត សំរេចដល់នាងក្នុងទីនេះ ដោយហេតុដូចម្ដេច ភោគៈទាំងឡាយណានីមួយ ដែលជាទីពេញចិត្ត កើតឡើងដល់នាង

ម្នាលនាងទេវធីតា មានអានុភាពច្រើន យើងសូមសួរនាង នាងកាលកើតជាមនុស្ស បានធ្វើបុញ្ញាកម្មដូចម្ដេច នាងជាទេវធីតាមានអានុភាពរុងរឿងយ៉ាងនេះ ដោយបុញ្ញាកម្មដូចម្ដេច ទាំងសម្បុររបស់នាងក៏ភ្លឺសព្វទិស។

(នាងប្រេត តបថា) ម្នាលនន្ទសេន ខ្ញុំឈ្មោះនន្ទា ជាភរិយារបស់អ្នកក្នុងកាលមុន បានធ្វើអំពើអាក្រក់ ទើបបានទៅអំពីមនុស្សលោកនេះ កាន់បេតលោក ខ្ញុំត្រេកអរដោយទានរបស់អ្នក ដែលបានឲ្យហើយ ទើបឥតមានភ័យក្នុងទីណាៗឡើយ។ ម្នាលគហបតី អ្នក ព្រមទាំងពួកញាតិទាំងអស់គ្នា ចូររស់នៅអស់កាលយូរ ម្នាលគហបតី អ្នកខំប្រព្រឹត្តធម៌ ខំឲ្យទានក្នុងលោកនេះ នឹងចូលទៅកាន់ទិព្វស្ថានដែលមិនមានសោក មិនមានធូលី ជាទីនៅនៃវសវត្តីទេវរាជទាំងឡាយ។

អ្នកចូរបន្ទោបង់នូវមន្ទិល គឺសេចក្ដីកំណាញ់ ព្រមទាំងឫសគល់ចេញ ប្រាសចាកនិន្ទា ចូលទៅកាន់ឋានសួគ៌។

ចប់ រឿងនន្ទាប្រេត ទី៤។

រឿងមដ្ឋកុណ្ឌលិប្រេត ទី៥

(៥. មដ្ឋកុណ្ឌលីបេតវត្ថុ)

[១៧] អ្នកមានគ្រឿងប្រដាប់ហើយ មានកណ្ឌលដ៏រលីង។បេ។

(ត្រូវមើលក្នុងរឿងទី ៩ នៃសុនិក្ខិត្តវគ្គទី ៧ ក្នុងវិមានវត្ថុចុះ)

ចប់ រឿងមដ្ឋកុណ្ឌលិប្រេត ទី៥។

រឿងកណ្ហប្រេត ទី៦

(៦. កណ្ហបេតវត្ថុ)

[១៨] (រោហិណេយ្យអាមាត្យ ក្រាបទូលថា) បពិត្រព្រះកណ្ហៈ ព្រះអង្គផ្ទំធ្វើអ្វី សូមព្រះអង្គក្រោកឡើង ប្រយោជន៍អ្វីដល់ព្រះអង្គដោយការផ្ទំ ឥឡូវនេះ ខ្យល់កំពុងតែកំរើក ឡើង ដល់ព្រះរាជកនិដ្ឋដែលដូចជាហ្ឫទ័យ និងចក្ខុខាងស្ដាំរបស់ព្រះអង្គ បពិត្រព្រះអង្គមានព្រះកេសាល្អ ឃដបណ្ឌិតកំពុងតែរវើរវាយ។

ព្រះបាទកេសវៈ ទ្រង់បានស្ដាប់ពាក្យនោះ របស់រោហិណេយ្យអាមាត្យនោះហើយ ក៏ស្លុតក្នុងព្រះហ្ឫទ័យ ទ្រង់ក្រោកចាកក្រឡាព្រះបន្ទំ ហើយទ្រង់ទង្គឹះខ្សឹកខ្សួល ព្រោះសេចក្ដីសោកចំពោះព្រះកនិដ្ឋ។

អ្នកមានសភាពជាមនុស្សឆ្កួតទេដឹង បានជាត្រាច់ទៅសព្វស្រុកទ្វារកៈនេះ ហើយស្រែកថា ទន្សាយៗ ដូច្នេះ អ្នកចង់បានទន្សាយអ្វី ទន្សាយមាស ទន្សាយកែវណី ទន្សាយទង់ដែង ឬមួយទន្សាយប្រាក់ ទន្សាយសង្ខ័ សិលា កែវប្រពាឡ យើងនឹងប្រើគេឲ្យធ្វើទន្សាយឲ្យអ្នក ពុំនោះសោតទេ ពួកទន្សាយដទៃ ដែលត្រាច់ស៊ីស្មៅក្នុងព្រៃក៏មាន យើងនឹងនាំយកទន្សាយទាំងនោះមកឲ្យអ្នក តើអ្នកចង់បានទន្សាយដូចម្ដេច។

ទន្សាយទាំងឡាយណា ដែលអាស្រ័យនៅលើផែនដី ខ្ញុំព្រះអង្គមិនប្រាថ្នាចង់បានទន្សាយទាំងនុ៎ះទេ ខ្ញុំព្រះអង្គ ប្រាថ្នាចង់បានតែទន្សាយអំពីដួងព្រះចន្រ្ទ បពិត្រព្រះអង្គមានព្រះកេសាខ្មៅ សូមព្រះអង្គនាំយកទន្សាយនោះមកឲ្យខ្ញុំ។

ម្នាលកនិដ្ឋជាញាតិ អ្នកនោះនឹងក្ស័យជីវិតដ៏ថ្លៃថ្លា អ្នកប្រាថ្នារបស់ដែលមិនគួរប្រាថ្នា ព្រោះអ្នកប្រាថ្នាទន្សាយអំពីដួងព្រះចន្រ្ទ។

បពិត្រព្រះអង្គមានព្រះកេសាខ្មៅ បើព្រះអង្គទ្រង់ជ្រាបយ៉ាងនេះហើយ គួរតែព្រះអង្គប្រៀនប្រដៅអ្នកដទៃបាន ចុះក្នុងថ្ងៃនេះ ហេតុដូចម្ដេច បានជាព្រះអង្គ ទ្រង់ព្រះកន្សែង នឹងបុត្តដែលធ្វើមរណកាលក្នុងកាលមុន។ (ពាក្យថា) បុត្តរបស់យើងកើតមកហើយ កុំស្លាប់ទៅវិញ ពាក្យនោះ មនុស្ស និងទេវតាមិនដែលបានឮ បានស្ដាប់ឡើយ ព្រះអង្គគប្បីបាននូវរបស់ដែលមិនត្រូវបានអំពីទីណា បពិត្រព្រះអង្គមានព្រះកេសាខ្មៅ ព្រះអង្គទ្រង់សោយសោកចំពោះបុគ្គលដែលទៅកាន់បរលោកហើយធ្វើអ្វី ព្រះអង្គមិនអាចដើម្បីនឹងនាំយកមកវិញបានដោយមន្ត ដោយមូលភេសជ្ជៈ ដោយឱសថ ឬដោយទ្រព្យឡើយ។ ពួកជនអ្នកមានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើនក្ដី ពួកក្សត្រិយ៍ដែលនៅក្នុងរដ្ឋមណ្ឌល មានទ្រព្យ និងស្រូវដ៏ច្រើនក្ដី ជនទាំងនោះ ក៏គង់មិនរួចអំពីជរា និងមរណៈឡើយ។ ក្សត្រិយ៍ក្ដី ព្រាហ្មណ៍ក្ដី វេស្សៈក្ដី សូទ្រៈក្ដី ចណ្ឌាលក្ដី បុក្កុសៈក្ដី ជនទាំងនុ៎ះ ផ្សេងគ្នាដោយជាតិ ជនទាំងនោះឯង ក៏មិនរួចអំពីជរា និងមរណៈ។ ជនទាំងឡាយណា ប្រព្រឹត្តគឺស្វាធ្យាយមន្ត ប្រកបដោយអង្គ ៦ ដែលព្រហ្មបានគិតហើយ ជនទាំងនុ៎ះ ផ្សេងគ្នាដោយវិជ្ជា ជនទាំងនោះឯង ក៏មិនរួចអំពីមរណៈដែរ។ ម្យ៉ាងទៀត ពួកឥសីណា ជាអ្នករម្ងាប់ ជាអ្នកសង្រួមកាយ និងវាចា មានព្យាយាមដុតកំដៅកិលេស ពួកឥសីដែលមានព្យាយាម ដុតកំដៅកិលេសនោះឯង ក៏រមែងលះបង់សរីរៈទៅតាមកាល។ ព្រះអរហន្តទាំងឡាយ អ្នកមានខ្លួនចំរើនហើយ មានកិច្ចបានធ្វើស្រេចហើយ មានអាសវៈអស់ហើយ រមែងដាក់ចុះនូវរាងកាយនេះ ព្រោះអស់បុណ្យ និងបាប។

ប្អូនញុំាងសេចក្ដីក្រវល់ក្រវាយទាំងពួងរបស់យើង ដែលក្ដៅដោយភ្លើង គឺសេចក្ដីសោកឲ្យរលត់ ដូចបុគ្គលយកទឹកទៅស្រោចស្រប់ភ្លើងដែលឆេះឆ្នាំងខ្លាញ់។ សរ គឺសេចក្ដីសោកដែលអាស្រ័យនៅក្នុងហ្ឫទ័យរបស់យើង អ្នកក៏បានដកចេញហើយ អ្នកបានបន្ទោបង់នូវសេចក្ដីសោកព្រោះកូនរបស់យើង ដែលមានសេចក្ដីសោកគ្របសង្កត់ហើយ យើងនោះ មានសរ គឺសេចក្ដីសោកបានដកចេញហើយ ជាអ្នកត្រជាក់ហើយ មានទុក្ខរំលត់ហើយ។ យើងលែងសោក លែងយំហើយ ព្រោះបានស្ដាប់ភាសិតរបស់អ្នក ជនទាំងឡាយណា ប្រកបដោយបញ្ញា ជាអ្នកអនុគ្រោះ ជនទាំងនោះ ធ្វើយ៉ាងនេះ ឃដបណ្ឌិត បានញុំាងបងច្បងឲ្យត្រឡប់ចាកសេចក្ដីសោក អាមាត្យទាំងឡាយ ដែលជាអ្នកបំរើរបស់ព្រះរាជាអង្គណា ក៏រមែងប្រាកដដូច្នោះ ដូចជាឃដបណ្ឌិត បានញុំាងបងច្បងឲ្យប្រព្រឹត្តទៅតាមសុភាសិត។

ចប់ រឿងកណ្ហប្រេត ទី៦។

រឿងធនបាលប្រេត ទី៧

(៧. ធនបាលសេដ្ឋិបេតវត្ថុ)

[១៩] (ពួកពាណិជសួរថា) អ្នកជាបុគ្គលអាក្រាត មានរូបមានសម្បុរអាក្រក់ ស្គាំងស្គម រវាមដោយសរសៃ មានឆ្អឹងជំនីររគាម ស្គម ម្នាលអ្នកនិទ៌ុក្ខ ចុះអ្នកជាអ្វី។

(ប្រេតតបថា) បពិត្រអ្នកទាំងឡាយដ៏ចំរើន ខ្ញុំជាប្រេត ដល់នូវសេចក្ដីទុក្ខ ជាយមលោកសត្វ ព្រោះធ្វើអំពើអាក្រក់ ទើបទៅអំពីមនុស្សលោកនេះ កាន់បេតលោក។

ចុះអំពើអាក្រក់ ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត ដូចម្ដេច អ្នកទៅអំពីមនុស្សលោកនេះ កាន់បេតលោក ព្រោះវិបាកនៃកម្មដូចម្ដេច។

មាននគរមួយ ឈ្មោះឯរកច្ឆៈ ក្នុងដែនទសន្នៈ ក្នុងជាតិមុន ខ្ញុំកើតជាសេដ្ឋីក្នុងនគរនោះ គេស្គាល់ខ្ញុំថាធនបាល។ ខ្ញុំមានទ្រព្យ ៨០ រទេៈ មានមាសច្រើន មានកែវមុក្ដា និងកែវពិទូរ្យច្រើន។ ការឲ្យនូវទាន មិនជាទីពេញចិត្តរបស់ខ្ញុំ អ្នកមានទ្រព្យច្រើនដល់ម្ល៉ោះ ខ្ញុំក៏បិទទ្វារផ្ទះ បរិភោគ មិនឲ្យពួកយាចកឃើញខ្ញុំឡើយ។ ខ្ញុំជាអ្នកមិនមានសទ្ធា កំណាញ់ស្វិតស្វាញ ជេរប្រទេចពួកជនអ្នកឲ្យ អ្នកធ្វើ បានហាមឃាត់នូវជនដ៏ច្រើន។ ផលនៃទានមិនមាន ផលនៃការសង្រួម នឹងមានមកអំពីណា ខ្ញុំបានទំលាយស្រះបោក្ខរណី និងអណ្ដូងទឹកផង របស់ដែលគេដាំក្នុងអារាមផង រោងទឹកផង នូវស្ពានក្នុងទីទៅបានដោយលំបាកផង។ ខ្ញុំនោះ មិនបានធ្វើល្អ ធ្វើតែអាក្រក់ ច្យុតអំពីមនុស្សលោកនោះ ទៅកើតក្នុងកំណើតប្រេត ពេញប្រៀបដោយសេចក្ដីស្រេកឃ្លាន អស់ ៥៥ឆ្នាំ តាំងអំពីខ្ញុំធ្វើមរណកាលអំពីអត្តភាពនោះ។ ខ្ញុំមិនបានបរិភោគបាយ ឬផឹកទឹកឡើយ សេចក្ដីសំចៃ (មិនឲ្យទាន) ណា នោះជាសេចក្ដីវិនាស សេចក្ដីវិនាសណា នោះជាសេចក្ដីសំចៃ បានឮថា ប្រេតទាំងឡាយ រមែងដឹងថា សេចក្ដីសំចៃណា នោះជាសេចក្ដីវិនាស។ អំពីជាតិមុន ខ្ញុំបានសំចៃ គឺមិនបានឲ្យទ្រព្យទាំងឡាយដ៏ច្រើន កាលទេយ្យធម៌ទាំងឡាយមាននៅ ខ្ញុំមិនបានធ្វើទីពឹងដល់ខ្លួនឡើយ។ ខ្ញុំនោះ ក្ដៅក្រហាយក្នុងកាលខាងក្រោយ អន្ទោលទៅតាមផលកម្មរបស់ខ្លួន កាលកិរិយា ក៏មានដោយការកន្លងទៅខាងលើ ៤ ខែ។ ខ្ញុំធ្លាក់ទៅរងទុក្ខក្នុងនរកដ៏ខ្លាំងក្លា ខ្លោចផ្សា ជានរកមានជ្រុង ៤ មានទ្វារ ៤ វាស់ដោយចំណែកដែលគេចែកស្មើគ្នា មានរបងដែកព័ទ្ធជុំវិញ គ្របដោយដែក។ ផ្ទៃផែនដីខាងក្រោមនៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះរន្ទាលច្រាលឆ្អៅ ផ្សាយទៅបានមួយរយយោជន៍ជុំវិញ តាំងនៅសព្វកាល។ ខ្ញុំបានរងទុក្ខវេទនា អស់កាលយូរអង្វែង ក្នុងនរកនោះ ដោយផលនៃបាបកម្ម ព្រោះហេតុនោះ ខ្ញុំទើបសោកស្ដាយក្រៃពេកណាស់។ ខ្ញុំប្រាប់សេចក្ដីនោះ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ មកកាន់ទីប្រជុំនេះ មានប្រមាណប៉ុន្មាន សេចក្ដីចំរើន ចូរមានដល់អ្នកទាំងឡាយ អ្នកទាំងឡាយ កុំធ្វើកម្មលាមក ទោះក្នុងទីវាល ឬក្នុងទីស្ងាត់ឡើយ។ បើអ្នកទាំងឡាយ នឹងធ្វើ ឬធ្វើឥឡូវនេះ នូវកម្មលាមកនោះ ទោះបីអ្នកទាំងឡាយ ហោះរត់ទៅលើអាកាស ក៏មិនផុតអំពីសេចក្ដីទុក្ខ អ្នកទាំងឡាយ គប្បីប្រតិបត្តិមាតាបិតា កោតក្រែងដល់បុគ្គលជាធំក្នុងត្រកូល គប្បីធ្វើការបូរជា ដល់សមណព្រាហ្មណ៍ អ្នកទាំងឡាយ នឹងទៅឋានសួគ៌ ដោយបុញ្ញកម្មយ៉ាងនេះ។

ហោះទៅក្នុងអាកាស ក៏មិនរួច (អំពីបាបកម្ម) ចូលទៅក្នុងកណ្ដាលសមុទ្រ ក៏មិនរួច ចូលទៅក្នុងចន្លោះភ្នំ ក៏មិនរួច បុគ្គលឋិតនៅក្នុងប្រទេសនៃផែនដីណា ហើយរួចចាកបាបកម្មបាន ប្រទេសនៃផែនដីនោះ មិនមានឡើយ។

ចប់ រឿងធនបាលប្រេត ទី៧។

រឿងចូឡសេដ្ឋិប្រេត ទី៨

(៨. ចូឡសេដ្ឋិបេតវត្ថុ)

[២០] (ព្រះបាទអជាតសត្រូវ ទ្រង់សួរថា) បពិត្រលោកដ៏ចំរើន លោកជាបព្វជិត1) មានកាយអាក្រាត ស្គាំងស្គម ហេតុអ្វីបានជាលោកទៅកាន់ទីណាតែក្នុងវេលារាត្រី សូមលោកប្រាប់ហេតុនោះដល់ខ្ញុំ ខ្ញុំនឹងអាចចាត់ចែងទ្រព្យទាំងពួងតាមអធ្យាស្រ័យនៃលោក។

(ប្រេតតបថា) ក្រុងពារាណសី មានកិត្តិសព្ទល្បីទៅក្នុងទីឆ្ងាយ ខ្ញុំជាគហបតី មានទ្រព្យច្រើនក្នុងក្រុងពារាណសីនោះ ជាអ្នកកំណាញ់ មិនឲ្យទាន មានចិត្តជាប់នៅក្នុងអាមិសៈ ដល់នូវយមវិស័យ (បេតលោក) ដោយភាវៈទ្រុស្តសីល។ ខ្ញុំជាបុគ្គលលំបាកដោយសេចក្តីស្រេកឃ្លាន ប្រាកដដូចជាម្ជុលចាក់នៅជានិច្ច ព្រោះអំពើអាក្រក់នោះ ទើបទៅរកញាតិ ជាហេតុនឹងបានអាមិសៈតិចតួច (ពួកមនុស្សណា) មិនឲ្យទាន មិនជឿថា ផលទានមានក្នុងលោក (មនុស្សទាំងនោះ តែងតែកើតជាប្រេត រងទុក្ខធ្ងន់ដូចជាខ្លួនខ្ញុំ)។ ចំណែកធីតារបស់ខ្ញុំ ពោលរឿយៗ ថា អាត្មាអញនឹងឲ្យទានដល់បិតា ដល់ជីតា ក៏បានឲ្យព្រាហ្មណ៍ទាំងឡាយបរិភោគភោជនដែលខ្លួនតាក់តែង ខ្ញុំទៅកាន់អន្ធកវិន្ទនគរ ដើម្បីបរិភោគនូវផលទាននោះ។

ព្រះបាទអជាតសត្រូវ បានត្រាស់សួរទៅប្រេតនោះថា អ្នកបានទទួលផលទាន (ដែលធីតារបស់អ្នកបានតាក់តែងឲ្យហើយ) នោះ គប្បីត្រឡប់វិលវិញឆាប់ យើងនឹងធ្វើការបូជា (ដល់អ្នក) បើមានហេតុ អ្នកចូរប្រាប់ហេតុនោះដល់យើង យើងនឹងស្តាប់ពាក្យប្រកបដោយហេតុ ដែលគួរជឿ។

ប្រេតនោះពោលដូច្នោះហើយ បានទៅកាន់អន្ធកវិន្ទនគរនោះ ពួកព្រាហ្មណ៍បរិភោគភត្ត តែជាអ្នកមិនគួរដល់បទក្ខិណា (ព្រោះជាព្រាហ្មណ៍ទ្រុស្តសីល) ខាងក្រោយមក ប្រេតនោះ ក៏ទៅនគររាជគ្រឹះវិញ ក៏ប្រាកដចំពោះព្រះភក្រ្តព្រះបាទអជាតសត្រូវ ជាធំជាងជន។

ព្រះរាជាបានទតឃើញប្រេតមកហើយ ត្រាស់សួរថា យើងនឹងឲ្យនូវអ្វី អ្នកជាបុគ្គលឆ្អែតអស់កាលយូរ ដោយហេតុណា បើហេតុនោះមាន អ្នកចូរប្រាប់ដល់យើង។ បពិត្រមហារាជ សូមព្រះអង្គអង្គាសព្រះពុទ្ធផង ព្រះសង្ឃផង ដោយបាយ ទឹក និងចីវរ ហើយសូមឧទ្ទិសនូវទក្ខិណាទាននោះ ដើម្បីប្រយោជន៍ដល់ខ្ញុំ ខ្ញុំគប្បីជាបុគ្គលឆ្អែតឆ្អន់អស់កាលយូរ ដោយប្រការយ៉ាងនេះ។

ក្នុងកាលនោះ ព្រះរាជាស្តេចចុះចាកប្រាសាទនោះ ហើយថ្វាយនូវទាន មានឱជារស រកប្រមាណមិនបាន ដោយព្រះហស្តព្រះអង្គឯង ដល់ព្រះសង្ឃ ហើយក្រាបទូលអំពីទាន ដែលបានធ្វើចំពោះព្រះតថាគត ហើយឧទ្ទិសនូវទក្ខិណាទានដល់ប្រេត។

ប្រេតនោះ ដែលព្រះរាជាបូជាហើយ ក៏រុងរឿងក្រៃពេក ប្រាកដក្នុងទីចំពោះព្រះភក្រ្តនៃព្រះរាជាជាធំជាងជន ពោលថា ខ្ញុំព្រះអង្គជាយក្ស សម្រេចនូវឫទ្ធិដ៏ឧត្តម រកមនុស្សមានឫទ្ធិប្រាកដស្មើនឹងខ្ញុំគ្មាន។ សូមព្រះអង្គទ្រង់ទតមើល នូវអានុភាពរបស់ខ្ញុំ រកប្រមាណមិនបាននេះ ទានដ៏ឧត្តមដែលព្រះអង្គឧទ្ទិសហើយឲ្យចំពោះសង្ឃ បពិត្រមនុស្សទេព ខ្ញុំព្រះអង្គ ជាបុគ្គលឆ្អែតស្កប់ស្កល់ដោយវត្ថុទាំងឡាយច្រើនរឿយៗ សព្វកាល ក៏បាននូវសេចក្តីសុខ ឥឡូវសូមលាទៅ។

ចប់ រឿងចូឡសេដ្ឋិប្រេត ទី៨។

រឿងអង្កុរប្រេត ទី៩

(៩. អង្កុរបេតវត្ថុ)

[២១] (ព្រាហ្មណ៍និយាយថា) យើងទាំងឡាយ ជាអ្នកស្វែងរកទ្រព្យ ទៅកាន់ដែនកម្ពុជៈ ព្រោះហេតុនៃទ្រព្យណា យក្សនេះ ជាអ្នកឲ្យទ្រព្យនោះតាមប្រាថ្នា យើងនឹងនាំយកយក្សនេះទៅ ឬថា យើងចាប់យកយក្សនេះ ទាំងអំណាចឲ្យបានដោយងាយ លើកឡើងកាន់យាន យើងទៅកាន់ទ្វារកនគរ ដោយឆាប់រហ័ស។

(អង្កុរៈតបថា) បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា មិនគួរកាច់មែកឈើនោះឡើយ ព្រោះអ្នកប្រទូស្តមិត្ត ជាបុគ្គលលាមក។

បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា គប្បីកាត់ឈើនោះបានខ្លះ បើមានប្រយោជន៍ប្រាកដដោយការកាត់នោះ។

បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា មិនគប្បីក្តិចស្លឹកឈើនោះឡើយ ព្រោះអ្នកប្រទូស្តមិត្ត ជាបុគ្គលលាមក។

បុគ្គលគប្បីអង្គុយ ឬដេកនៅក្រោមម្លប់ឈើណា គប្បីដកឈើនោះ ព្រមទាំងឫសបានខ្លះ បើមានប្រយោជន៍ប្រាកដ ដោយការដកនោះ។

បុរសគប្បីនៅក្នុងផ្ទះនៃបុគ្គលណា សូម្បីអស់មួយរាត្រី បុរសគប្បីបានបាយទឹក ក្នុងសំណាក់នៃបុគ្គលណា មិនគប្បីគិតនូវអំពើអាក្រក់ ដល់បុគ្គលនោះ សូម្បីដោយចិត្តឡើយ ពួកសប្បុរស តែងសរសើរនូវភាពនៃបុគ្គលកតញ្ញូ។

បុរសគប្បីនៅក្នុងផ្ទះនៃបុគ្គលណា សូម្បីអស់មួយរាត្រី ដែលគេទំនុកបំរុងដោយបាយ និងទឹក មិនគប្បីគិតអំពើអាក្រក់ដល់បុគ្គលនោះ សូម្បីដោយចិត្តឡើយ បុគ្គលមានដៃមិនប្រទូស្ត តែងដុតកំដៅនូវបុគ្គលដែលប្រទូស្តមិត្ត។

សត្វណាបៀតបៀន នូវបុគ្គលដែលធ្វើឧបការៈមុន ដោយអំពើអាក្រក់ ក្នុងកាលជាខាងក្រោយ សត្វនោះ ជាអ្នកបៀតបៀននូវបុគ្គលជាអ្នកមានបាតដៃទទឹក2) រមែងមិនឃើញនូវសេចក្តីចំរើនទេ។

បុគ្គលណា ប្រទូស្តដល់នរជន ដែលមិនបានប្រទូស្ត ជាបុគ្គលស្អាត មិនមានទីទួល គឺកិលេស បាបរមែងត្រឡប់ទៅរកបុគ្គលពាលនោះវិញ ដូចជាធូលីដ៏ល្អិត ដែលបុគ្គលបាចទៅកាន់ទីច្រាសខ្យល់។ ខ្ញុំ ទោះបីទេវតាក្តី មនុស្សក្តី កំចាត់កំចាយដោយឥស្សរិយយស មិនបានឡើយ ខ្លួនខ្ញុំជាយក្ស សម្រេចនូវឫទ្ធិដ៏ឧត្តម ទៅក្នុងទីឆ្ងាយបាន ប្រកបដោយរូបសម្បត្តិ និងកំឡាំង។

ដៃទាំងអស់របស់អ្នក មានសម្បុរដូចជាមាស ទ្រទ្រង់នូវវត្ថុជាទីប្រាថ្នា ដោយអង្គុលី ទាំង ៥ បញ្ចេញនូវរសផ្អែម រសទាំងឡាយផ្សេងៗ រមែងហូរចេញ ខ្ញុំសំគាល់ថាជាសក្កទេវរាជ ឈ្មោះបុរិន្ទទៈ។

ខ្ញុំមិនមែនជាទេវតា មិនមែនជាគន្ធ័ព្វ មិនមែនជាព្រះឥន្រ្ទឈ្មោះបុរិន្ទទៈទេ ម្នាលអង្កុរៈ អ្នកចូរដឹងនូវខ្លួនខ្ញុំថាជាប្រេត3) ច្យុតអំពីរោរុវនគរ (មកកើត) ក្នុងទីនេះទេតើ។

អំពីជាតិមុន កាលអ្នកនៅក្នុងរោរុវនគរ មានសីលដូចម្ដេច មានសមាចារដូចម្ដេច ផលបុណ្យសម្រេចក្នុងដៃរបស់អ្នក ដោយការប្រព្រឹត្តិនូវធម៌ដ៏ប្រសើរ ដូចម្ដេច។

អំពីជាតិមុន កាលនោះខ្លួនខ្ញុំជាអ្នកតម្បាញ នៅក្នុងរោរុវនគរ ជាអ្នកប្រព្រឹត្តិចិញ្ចឹមជីវិតដោយលំបាក ជាមនុស្សកំព្រា វត្ថុដែលគួរឲ្យទាន មិនមានដល់ខ្ញុំទេ តែទីលំនៅរបស់ខ្ញុំ នៅជិត (ផ្ទះ) នៃអសយ្ហមហាសេដ្ឋី ដែលជាអ្នកប្រកបដោយសទ្ធា ជាម្ចាស់នៃទាន បានធ្វើបុណ្យ ជាអ្នកខ្មាសបាប។ ពួកយាចក និងពួកវណិព្វកៈ មានគោត្រផ្សេងៗគ្នា តែងទៅក្នុងទីនោះ ជនទាំងនោះ តែងសួររកទីលំនៅនៃអសយ្ហមហាសេដ្ឋីនឹងខ្ញុំ ក្នុងទីនោះ។ សេចក្ដីចំរើនចូរមានដល់អ្នកចុះ ពួកយើងទៅក្នុងទីណា អសយ្ហមហាសេដ្ឋី តែងឲ្យទានក្នុងទីណា ខ្ញុំកាលដែលជនទាំងនោះសួរហើយ បានប្រាប់នូវលំនៅនៃអសយ្ហមហាសេដ្ឋី ដល់ជនទាំងនោះ។ ខ្ញុំបានលើកដើមដៃខាងស្ដាំ (បង្ហាញលំនៅនៃអសយ្ហមហាសេដ្ឋី ដល់ជនទាំងនោះ) ថា សេចក្ដីចំរើន ចូរមានដល់អ្នកទាំងឡាយចុះ អ្នកទាំងឡាយ ចូរនាំគ្នាទៅក្នុងទីនុ៎ះចុះ អសយ្ហមហាសេដ្ឋី តែងឲ្យទានក្នុងទីនុ៎ះ ដៃរបស់ខ្ញុំ អាចឲ្យសម្រេចសេចក្ដីប្រាថ្នាបានដោយហេតុនោះ ដៃរបស់ខ្ញុំ ទើបបញ្ចេញនូវរសផ្អែមបាន ដោយហេតុនោះ បុណ្យ ក៏សម្រេចក្នុងដៃរបស់ខ្ញុំ ដោយការប្រព្រឹត្តិដ៏ប្រសើរនោះ។

បានឮថា អ្នកមិនដែលឲ្យទាន ដល់ជនណាមួយដោយដៃទាំងឡាយរបស់ខ្លួនទេ គ្រាន់តែអនុមោទនាទានរបស់បុគ្គលដទៃ ហើយលើកដៃចង្អុលប្រាប់ផ្លូវប៉ុណ្ណោះ។

ដៃរបស់ខ្ញុំ អាចឲ្យសម្រេចសេចក្ដីប្រាថ្នា ដោយហេតុនោះ ដៃរបស់ខ្ញុំ ទើបបញ្ចេញនូវរសផ្អែមបាន ដោយហេតុនោះ បុណ្យក៏សម្រេចក្នុងដៃរបស់ខ្ញុំ ដោយការប្រព្រឹត្តិដ៏ប្រសើរនោះ។

បពិត្រលោកដ៏ចំរើន អសយ្ហមហាសេដ្ឋីនោះ ជាអ្នកមានចិត្តជ្រះថ្លា ហើយបានឲ្យនូវទាន ដោយដៃខ្លួនឯង លុះសេដ្ឋីនោះ លះបង់នូវអត្តភាពជាមនុស្ស ហើយទៅទិសណា។

ខ្ញុំក៏មិនដឹងនូវដំណើរទៅ ឬមក នៃអសយ្ហមហាសេដ្ឋី ជាអ្នកអត់ធន់ ដែលមានរស្មីផ្សាយចេញអំពីកាយឡើយ តែខ្ញុំឮថា អសយ្ហមហាសេដ្ឋី ទៅកើតជាមួយនឹងព្រះឥន្រ្ទក្នុងសំណាក់នៃស្ដេចវេស្សវ័ណ។

បុគ្គលគួរធ្វើកុសល គួរឲ្យទានតាមសមគួរ បុគ្គលណា ឃើញដៃដែលឲ្យតាមចំណង់ហើយ នឹងមិនធ្វើបុណ្យកើត។ ខ្ញុំទៅអំពីទីនេះ ដល់ទៅទ្វារកនគរ នឹងតម្កល់ទុកនូវទាន ជាទីនាំមកនូវសេចក្ដីសុខដល់ខ្ញុំដោយពិត។ ខ្ញុំនឹងឲ្យបាយ ទឹក សំពត់ គ្រឿងសេនាសនៈ អណ្ដូងទឹក ពាងទឹកសម្រាប់ផឹក និងស្ពាន ក្នុងផ្លូវដែលលំបាកទៅ។

ម្រាមដៃម្រាមជើងរបស់អ្នកក្ងែងក្ងង់ មុខរបស់អ្នកក្រញេវក្រញូវ ភ្នែករបស់អ្នក ចេះតែហូរចេញនូវទឹកភ្នែក ព្រោះហេតុអ្វី បាបកម្មដូចម្ដេច ដែលអ្នកបានធ្វើហើយ។

កាលអសយ្ហគហបតី ដែលមានរស្មីចេញអំពីកាយ មានសទ្ធាគ្រប់គ្រងផ្ទះ ខ្ញុំជាអ្នកចាត់ចែកនូវទានទាំងឡាយ ក្នុងរោងទានរបស់គហបតីនោះ។ ខ្ញុំបានឃើញពួកស្មូម ដែលត្រូវការភោជន មកក្នុងទីនោះ ចៀសចេញទៅក្នុងទីដ៏សមគួរ ហើយបានធ្វើមុខក្រញេវក្រញូវ។ ព្រោះហេតុនោះ បានជាម្រាមដៃម្រាមជើងរបស់ខ្ញុំក្ងែងក្ងង់ មុខរបស់ខ្ញុំ ក្រញេវក្រញូវ ភ្នែកទាំងឡាយរបស់ខ្ញុំ ចេះតែហូរចេញនូវទឹកភ្នែក មានក្លិនស្អុយ បាបកម្មនោះ ខ្ញុំបានធ្វើហើយ។

ម្នាលបុរសលាមក មុខរបស់អ្នកក្រញេវក្រញូវផង ភ្នែករបស់អ្នក ចេះតែហូរចេញនូវ (ទឹកភ្នែកមានក្លិនស្អុយ) ផង (សមគួរ) តាមហេតុ ព្រោះអ្នកបានធ្វើមុខក្រញេវក្រញូវចំពោះទានបុគ្គលដទៃ។

បុរសកាលឲ្យទាន បាយ ទឹក ខាទនីយៈ សំពត់ និងសេនាសនៈ តើគប្បីធ្វើ (ទាននោះ) ឲ្យសម្រេចដល់បុគ្គលដទៃ ដូចម្ដេច។

ខ្ញុំទៅអំពីទីនេះ ដល់ទៅទ្វារកនគរហើយ នឹងដំកល់នូវទាន ជាទីនាំមកនូវសេចក្ដីសុខដល់ខ្ញុំដោយពិត។ ខ្ញុំនឹងឲ្យបាយ ទឹក សំពត់ គ្រឿងសេនាសនៈ អណ្ដូងទឹក ទឹកសំរាប់ផឹក និងសង់ស្ពានក្នុងផ្លូវលំបាកទៅ។

មែនពិត លុះអង្កុរៈនោះ ត្រឡប់អំពីទីនោះ មកដល់ទ្វារកនគរហើយ ក៏បានដំកល់នូវទាននោះ ជាទីនាំមកនូវសេចក្ដីសុខ។ បានឲ្យបាយ ទឹក សំពត់ គ្រឿងសេនាសនៈ អណ្ដូងទឹក និងពាងទឹកសំរាប់ផឹក ដោយចិត្តជ្រះថ្លា។ អ្នកណាឃ្លាន អ្នកណាស្រេក អ្នកណានឹងស្លៀកដណ្ដប់សំពត់ អ្នកណាលំបាកដោយយាន ចូរទឹមពាហនៈ បរអំពីទីនេះទៅចុះ។ អ្នកណាចង់បានឆ័ត្រ ចង់បានគ្រឿងក្រអូប ចង់បានកម្រងផ្កា ចង់បានស្បែកជើង ចូរយកទៅចុះ ពួកជាងកាត់សក់ ពួកអ្នកធ្វើបាយ និងពួកអ្នកក្រងផ្កា តែងស្រែកឃោសនាក្នុងលំនៅនៃអង្កុរៈ ទាំងពេលព្រឹក ទាំងពេលល្ងាចសព្វ ៗ កាល ក្នុងទីនោះដូច្នេះ។

ជនតែងដឹងនូវខ្ញុំថា អង្កុរៈដេកជាសុខ ម្នាលសិន្ធុកមាណព តែខ្ញុំដេកជាទុក្ខ ព្រោះមិនឃើញពួកយាចក។ ជនតែងដឹងនូវខ្ញុំថា អង្កុរៈតែងដេកលក់ជាសុខ ម្នាលសិន្ធុកមាណព តែខ្ញុំដេកជាទុក្ខ ព្រោះឃើញនូវពួកវណិព្វកជនតិច។ ប្រសិនបើព្រះឥន្រ្ទ ជាធំជាងទេវតាក្នុងជាន់តាវត្តឹង្ស គប្បីឲ្យពរដល់អ្នក តើអ្នកគប្បីប្រាថ្នានូវពរដល់លោកទាំងពួងដូចម្ដេច។

បើព្រះឥន្រ្ទជាធំជាងទេវតាក្នុងជាន់តាវត្តឹង្ស គប្បីឲ្យនូវពរដល់ខ្ញុំ កាលខ្ញុំក្រោកឡើងអំពីព្រឹក ក្នុងវេលាជាទីរះឡើងនៃព្រះអាទិត្យ ភិក្ខាទាំងឡាយដ៏ជាទិព្វ គប្បីកើតប្រាកដ ពួកអ្នកមានសីល និងយាចក គប្បីមានប្រាកដ កាលខ្ញុំឲ្យនូវទាន កុំគប្បីអស់ទៅឡើយ លុះខ្ញុំឲ្យរួចហើយ កុំគប្បីក្ដៅក្រហាយ កាលខ្ញុំកំពុងឲ្យ គប្បីញុំាងចិត្តឲ្យជ្រះថ្លា បពិត្រសក្កៈ ខ្ញុំចង់បាននូវពរយ៉ាងនេះ។

បុគ្គលកុំគប្បីឲ្យនូវទ្រព្យគាប់ចិត្តទាំងអស់ ដល់បុគ្គលដទៃឡើយ បុគ្គលគប្បីឲ្យនូវទានផង គប្បីរក្សានូវទ្រព្យផង ព្រោះថា ទ្រព្យនោះឯង ប្រសើរជាងទាន ត្រកូលទាំងឡាយមិនចំរើន ព្រោះឲ្យទានខ្លាំងពេកទេ។ អ្នកប្រាជ្ញទាំងឡាយ រមែងមិនសរសើរនូវការមិនឲ្យទានផង នូវការឲ្យទានច្រើនពេកផង ព្រោះថា ទ្រព្យនោះឯង ប្រសើរជាងទាន បុគ្គលគួរប្រព្រឹត្តឲ្យស្មើ នោះជាធម៌របស់អ្នកប្រាជ្ញ។

ឱហ្ន៎ អាត្មាអញគប្បីឲ្យនូវទាន ព្រោះថា សប្បុរសទាំងឡាយអ្នកមានចិត្តស្ងប់រម្ងាប់ហើយ គប្បីគប់រកនូវអាត្មាអញ អាត្មាអញ ញុំាងពួកវណិព្វកៈទាំងពួង ឲ្យឆ្អែតស្កប់ស្កល់ ដូចមហាមេឃ ញុំាងទីទាបឲ្យពេញដូច្នោះ។

សម្បុរមុខរបស់បុគ្គលណាជ្រះថ្លា ព្រោះឃើញនូវយាចកទាំងឡាយ បុគ្គលនោះ លុះឲ្យហើយ រមែងមានចិត្តត្រេកអរ នោះជាសុខរបស់បុគ្គលអ្នកគ្រប់គ្រងផ្ទះ។ សម្បុរមុខរបស់បុគ្គលណា ជ្រះថ្លា ព្រោះឃើញនូវយាចកទាំងឡាយ បុគ្គលនោះ លុះឲ្យរួចហើយ រមែងមានចិត្តត្រេកអរ នេះជាការបរិបូរនៃយ័ញ្ញ។ បុគ្គលមុននឹងឲ្យទាន ក៏មានចិត្តស្អាត កំពុងឲ្យ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លា លុះឲ្យរួចហើយ មានចិត្តត្រេកអរ នេះជាការបរិបូរនៃយ័ញ្ញ។ បុគ្គលតែងឲ្យភោជនជានិច្ចដល់ជន អ្នកប្រាថ្នាបុណ្យ ក្នុងលំនៅនៃអង្កុរៈ អស់ ៦ ហ្មឺនដឹក។ ពួកអ្នកធ្វើបាយចំនួនបីពាន់ (៣០០០) នាក់ ប្រដាប់នូវកណ្ឌលដ៏វិចិត្រ ដោយកែវមណី ជាអ្នកខ្វល់ខ្វាយនូវបុណ្យក្នុងការឲ្យទាន តែងអាស្រ័យចិញ្ចឹមជីវិតនឹងអង្កុរៈ។ ពួកបុរសចំនួនប្រាំមួយហ្មឺន (៦០,០០០) នាក់ ប្រដាប់នូវកណ្ឌលដ៏វិចិត្រដោយកែវមណី ជាមាណព តែងពុះឧសក្នុងមហាទាននៃអង្កុរៈ។ ពួកស្ត្រីចំនួនមួយហ្មឺនប្រាំមួយពាន់ (១៦០០០) នាក់ ប្រដាប់នូវគ្រឿងអលង្ការទាំងពួង ជានារីអ្នកចាត់ចែងប្រមូលនូវភណ្ឌៈ ក្នុងមហាទាននៃអង្កុរៈ ពួកស្ត្រីចំនួនមួយហ្មឺនប្រាំមួយពាន់ (១៦០០០) នាក់ ប្រដាប់នូវគ្រឿងអលង្ការទាំងពួង ជាអ្នកកាន់នូវវែក ហើយចូលទៅឈរនៅ (នាបរិវេណ) ក្នុងមហាទាននៃអង្កុរៈ។ អ្នកចូរឲ្យទានច្រើន ដល់ជនច្រើន ម្នាលនាងក្សត្រី នាងចូរឲ្យទានអស់កាលដ៏យូរចុះ ធ្វើនូវសេចក្តីកោតក្រែងដោយគោរពផង ដោយដៃផង ឲ្យរឿយៗ ចុះ។ អង្កុរៈបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅអស់ខែទាំងឡាយជាច្រើនផង អស់ប័ក្ខទាំងឡាយជាច្រើនផង អស់រដូវ និងឆ្នាំទាំងឡាយជាច្រើនផង ក្នុងចន្លោះនៃកាលដ៏វែងឆ្ងាយ។ អង្កុរៈ បានឲ្យទានយ៉ាងនេះផង បូជាយ៉ាងនេះផង អស់ចន្លោះនៃកាលដ៏វែង អង្កុរៈនោះ លុះលះបង់រាងកាយជាមនុស្សនេះទៅ ក៏បានទៅកើតជាទេវតាក្នុងជាន់តាវត្តឹង្ស។ ឥន្ទកៈ បានឲ្យនូវចង្ហាន់មួយវែកដល់ព្រះអនុរុទ្ធ ឥន្ទកៈនោះ លុះលះបង់រាងកាយជាមនុស្សនេះទៅ ក៏បានទៅកើតជាទេវតាក្នុងជាន់តាវត្តឹង្សដែរ។ ឥន្ទកៈ ជាអ្នករុងរឿងជាងអង្កុរៈដោយឋានៈ ១០ យ៉ាង គឺរូប ១ សំឡេង ១ រស ១ ក្លិន ១ ផោដ្ឋព្វដ៏ជាទីតម្រេកនៃចិត្ត ១ អាយុ ១ យស ១ សម្បុរ ១ សេចក្តីសុខ ១ ភាវៈជាធំ ១ ឥន្ទកទេវបុត្រ រុងរឿងជាងអង្កុរទេវបុត្រ ដោយភាពជាធំ (យ៉ាងនេះ)។

(ព្រះមានព្រះភាគត្រាស់ថា) ម្នាលអង្កុរៈ មហាទានដែលអ្នកបានឲ្យហើយ ក្នុងចន្លោះនៃកាលដ៏វែង ឥឡូវអ្នកទៅអង្គុយនៅក្នុងទីឆ្ងាយ ចូរអ្នកមកក្នុងទីជិតនៃតថាគត។

កាលណាព្រះពុទ្ធ ឧត្តមជាងបុរស គង់នៅលើថ្មបណ្ឌុកម្ពល ជិតគល់នៃបារិច្ឆត្តកព្រឹក្ស ក្នុងជាន់ត្រៃត្រឹង្ស។ ទេវតាទាំងឡាយ ក្នុងលោកធាតុទាំង ១០ បានប្រជុំគ្នា ចូលទៅអង្គុយជិតព្រះសម្ពុទ្ធ ដែលគង់នៅលើកំពូលភ្នំ (សុមេរុ)។ ទេវតាណាមួយ រុងរឿងជាងព្រះសម្ពុទ្ធដោយវណ្ណៈ មិនមានឡើយ មានតែព្រះសម្ពុទ្ធមួយព្រះអង្គឯងប៉ុណ្ណោះ រុងរឿងកន្លងនូវទេវតាទាំងអស់។ ក្នុងកាលនោះ អង្កុរទេវបុត្រនៅក្នុងទីប្រមាណ ១២ យោជន៍ ឥន្ទកទេវបុត្ររុងរឿងក្រៃពេក ក្នុងទីជិតនៃព្រះសម្ពុទ្ធ។ ព្រះសម្ពុទ្ធទ្រង់រមិលមើលនូវអង្កុរទេវបុត្រ និងឥន្ទកទេវបុត្រ កាលទ្រង់សរសើរនូវទក្ខិណេយ្យបុគ្គល បានត្រាស់សំដែងនូវពាក្យនេះថា ម្នាលអង្កុរៈ មហាទានដែលអ្នកឲ្យហើយ អស់ចន្លោះនៃកាលដ៏វែង អ្នកអង្គុយក្នុងទីឆ្ងាយពេកណាស់ ចូរមកជិតតថាគតមក។

អង្កុរទេវបុត្រដែលព្រះសម្ពុទ្ធមានព្រះអង្គអប់រំហើយ ទ្រង់ដាស់តឿនហើយ ក៏បានក្រាបបង្គំទូលដូច្នេះថា ប្រយោជន៍អ្វី ដោយទាននោះរបស់ខ្ញុំព្រះអង្គ ព្រោះ (ទាននោះ) សូន្យចាកទក្ខិណេយ្យបុគ្គល។ ឥន្ទកយក្សនេះឯង ឲ្យទានតិចតួចទេ រុងរឿងជាងពួកខ្ញុំព្រះអង្គ ដូចជាព្រះចន្ទ្រក្នុងពួកផ្កាយ។

(ព្រះសម្ពុទ្ធត្រាស់ថា) ពូជដែលបុគ្គលព្រោះហើយ សូម្បីមានប្រមាណច្រើន ក្នុងស្រែទួល ផលរមែងមិនបរិបូណ៌ ទាំងមិនញ៉ាំងអ្នកស្រែឲ្យត្រេកអរបាន ដូចម្តេចមិញ ទានដែលបុគ្គលដំកល់ទុកហើយមានប្រមាណច្រើន ក្នុងបុគ្គលទ្រុស្តសីលទាំងឡាយ ផលរមែងមិនបរិបូណ៌ ទាំងមិនបានញ៉ាំងទាយកឲ្យត្រេកអរបាន ក៏ដូច្នោះឯង។ ពូជដែលបុគ្គលព្រោះហើយ សូម្បីតិច ក្នុងស្រែដ៏ល្អ កាលភ្លៀងឆ្លាក់ស្រួល ផលរមែងញ៉ាំងអ្នកស្រែឲ្យត្រេកអរបាន ដូចម្តេចមិញ សក្ការៈដែលបុគ្គលធ្វើហើយ សូម្បីតិចតួច ក្នុងតាទិបុគ្គលទាំងឡាយ មានសីល មានគុណ បុណ្យរមែងមានផលច្រើន ក៏ដូច្នោះឯង។ ទានដែលបុគ្គលឲ្យហើយដល់បុគ្គលណា រមែងមានផលច្រើន បុគ្គលគួរពិចារណាហើយ សិមឲ្យទាន ទាយកទាំងឡាយ ពិចារណាហើយ ឲ្យនូវទាន តែងទៅកាន់ឋានសួគ៌

ទានដែលបុគ្គលពិចារណា ហើយទើបឲ្យ ព្រះសុគតទ្រង់សរសើរហើយ ទក្ខិណេយ្យបុគ្គលណា ដែលមាននៅក្នុងជីវលោកនេះ ទានដែលបុគ្គលឲ្យហើយដល់ទក្ខិណេយ្យបុគ្គលទាំងនោះ រមែងមានផលច្រើន ដូជពូជដែលបុគ្គលព្រោះហើយក្នុងស្រែល្អ។

ចប់ រឿងអង្កុរប្រេត ទី៩។

រឿងនាងឧត្តរមាតុប្រេត ទី១០

(១០. ឧត្តរមាតុបេតិវត្ថុ)

[២២] ស្រីប្រេតដែលមានសម្បុរអាក្រក់ ឃើញគួរខ្លាច បានចូលទៅរកភិក្ខុនោះ4) ដែលកំពុងសម្រាកនៅក្នុងវេលាថ្ងៃ អង្គុយនៅទៀបឆ្នេរទន្លេគង្គា សក់ទាំងឡាយនៃស្រីប្រេតនោះ វែងសំយុងចុះដរាបដល់ដី ស្រីប្រេតនោះ បិទបាំងខ្លួនប្រាណដោយសក់ទាំងឡាយ ហើយនិយាយទៅនឹងសមណៈដូច្នេះថា ចាប់ដើមតាំងអំពីខ្ញុំធ្វើមរណកាលមកបាន ៥៥ ឆ្នាំហើយ មិនដែលបានបរិភោគ ឬក្រេបផឹកនូវទឹកឡើយ បពិត្រលោកដ៏ចំរើន សូមលោកឲ្យនូវទឹកដល់ខ្ញុំ ដើម្បីបានក្រេបផឹក ព្រោះសេចក្តីស្រេក។

(ព្រះកង្ខារេវត្តត្ថេរតបថា) ទន្លេគង្គានេះ មានទឹកត្រជាក់ហូរមកពីភ្នំហិមវន្ត នាងចូរកាន់យកនូវទឹកអំពីទន្លេគង្គានេះ ហើយក្រេបផឹកចុះ ហេតុអ្វីបានជានាងសូមទឹកនឹងយើងដូច្នេះ។

បពិត្រលោកដ៏ចំរើន បើខ្ញុំកាន់យកទឹកអំពីទន្លេគង្គាដោយខ្លួនឯង ទឹកនោះ ក៏ប្រែទៅជាឈាមដល់ខ្ញុំវិញ ព្រោះហេតុនោះ បានជាខ្ញុំសូមទឹកអំពីលោកម្ចាស់វិញ។

ចុះអំពើអាក្រក់ដែលនាងបានធ្វើហើយដោយកាយ វាចា ចិត្ត ដូចម្តេចខ្លះ បានជាទឹកទន្លេគង្គា ប្រែទៅជាឈាមដល់នាង ព្រោះវិបាកនៃកម្មដូចម្តេច។

បុត្តរបស់ខ្ញុំឈ្មោះឧត្តរៈ ជាឧបាសកអ្នកមានសទ្ធា កាលខ្ញុំមិនប្រាថ្នា (នឹងឲ្យទាន) បុត្តរបស់ខ្ញុំនោះ ឲ្យនូវចីវរ បិណ្ឌបាត គិលានប្បច្ច័យ និងសេនាសនប្បច្ច័យ ដល់សមណៈទាំងឡាយ។ ខ្ញុំនោះ ត្រូវសេចក្តីកំណាញ់បៀតបៀន ក៏ជេរប្រទេចកូននោះថា កាលអញមិនប្រាថ្នានឹងឲ្យ ឯងបានឲ្យនូវចីវរ បិណ្ឌបាត គិលានប្បច្ច័យ និងសេនាសនប្បច្ច័យណា ដល់សមណៈទាំងឡាយ។ ម្នាលឧត្តរៈ បច្ច័យ មានចីវរជាដើមនុ៎ះ ចូរកើតទៅជាឈាម ដល់អ្នកឯង ក្នុងបរលោកចុះ ព្រោះវិបាកនៃកម្មនោះ បានជាទឹកក្នុងទន្លេគង្គាក្លាយទៅជាឈាមដល់ខ្ញុំ។

ចប់ រឿងនាងឧត្តរមាតុប្រេត ទី១០។

រឿងសុត្តប្រេត ទី១១

(១១. សុត្តបេតវត្ថុ)

[២៣] (ស្រីដែលនៅជាមួយនឹងវិមានប្រេត មានសេចក្តីអផ្សុក បានពោលថា) ក្នុងកាលមុន បព្វជិតភិក្ខុ គឺព្រះបច្ចេកពុទ្ធ បានចូលមកសុំអម្បោះ ខ្ញុំក៏បានប្រគេន (ឥឡូវនេះ) ខ្ញុំបានផលនៃការប្រគេនអម្បោះនោះ ជាផលចំរើនលើសលុប ទាំងសំពត់ច្រើនកោដិ ក៏កើតឡើងដល់ខ្ញុំ។ ខ្ញុំនោះ បានប្រើប្រាស់នូវវិមានជាទីត្រេកអរដ៏ដេរដាសដោយផ្កា វិចិត្តដោយកែវច្រើនយ៉ាង ដែលជនប្រុសស្រីសេពហើយផង បានស្លៀកដណ្តប់ (សំពត់តាមចំណង់) ផង ទាំងទ្រព្យដ៏ច្រើន ក៏មិនចេះអស់ផង។ ខ្ញុំបានសេចក្តីសុខ និងសេចក្តីស្រួល ក្នុងវិមាននេះ ព្រោះអាស្រ័យផលនៃកម្មនោះឯង ខ្ញុំនោះ នឹងទៅកាន់មនុស្សលោកវិញហើយ ធ្វើបុណ្យទាំងឡាយ បពិត្រព្រះអយ្យបុត្រ សូមអ្នកនាំខ្ញុំទៅ (ឯមនុស្សលោកចុះ)។

(វិមានប្រេត និយាយថា) នាងមកក្នុងវិមាននេះ បាន ៧០០ ឆ្នាំហើយ (បើនាងទៅអំពីទីនេះវិញ ទៅនៅ) ក្នុងមនុស្សលោកនោះ នឹងគ្រាំគ្រាចាស់ ពួកញាតិរបស់នាងទាំងអស់ ស្លាប់អស់ហើយ (ព្រោះហេតុនោះ) នាងនឹងទៅអំពីទេវលោកនេះធ្វើអ្វី ក្នុងមនុស្សលោកនោះ។

(ស្រីនោះនិយាយថា) ខ្ញុំបានមកក្នុងវិមាននេះ ជាស្រីបរិបូណ៌ដោយវត្ថុទិព្វ និងសេចក្តីសុខ អស់ត្រឹម ៧ ឆ្នាំ ខ្ញុំនោះនឹងទៅកាន់មនុស្សលោកវិញ ហើយធ្វើបុណ្យទាំងឡាយ បពិត្រព្រះអយ្យបុត្រ សូមអ្នកនាំខ្ញុំទៅចុះ។

វិមានប្រេតនោះ ក៏កំហែងចាប់ស្រីនោះ ត្រង់ដើមដៃនាំមក (កាន់ស្រុកផៅពង្ស) វិញ ហើយនិយាយនឹងស្រីចាស់មានកំឡាំងទន់ខ្សោយនោះថា នាងត្រូវប្រាប់ដល់ជនដទៃទៀត ដែលមកក្នុងទីនេះថា អ្នកទាំងឡាយ ចូរធ្វើបុណ្យទាំងឡាយ អ្នកទាំងឡាយ នឹងបានសេចក្តីសុខ។

ស្រីនោះ ឲ្យឱវាទដល់ពួកជនដែលមកកាន់សំណាក់ខ្លួនថា ពួកប្រេតដែលខ្ញុំបានឃើញហើយ ជាអ្នកមានអំពើល្អមិនបានធ្វើ តែងលំបាក យ៉ាងណាមិញ ពួកមនុស្ស ក៏យ៉ាងនោះដែរ ពួកសត្វ គឺទេវតា និងមនុស្ស ដែលបានធ្វើកម្ម មានសេចក្តីសុខជាកម្រៃហើយ តែងតាំងនៅក្នុងសេចក្តីសុខ។

ចប់ រឿងសុត្តប្រេត ទី១១។

រឿងកណ្ណមុណ្ឌប្រេត ទី១២

(១២. កណ្ណមុណ្ឌបេតិវត្ថុ)

[២៤] (ព្រះរាជាសួរស្រីប្រេតថា) ស្រះបោក្ខរណី មានកាំជណ្តើរជាវិការៈនៃមាសក្រាលខ្សាច់ជាវិការៈនៃមាស (ដោយជុំវិញ) ពួកផ្កាចង្កុលណី ក្នុងស្រះបោក្ខរណីនោះល្អ មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត (ស្រះបោក្ខរណីនោះ) ដេរដាសដោយឈើផ្សេងៗ ផ្សាយទៅដោយក្លិនផ្សេងៗ ដេរដាសដោយឈូកក្រហមផ្សេងៗ ឆ្លូកឆ្លាស់ដោយឈូកសផ្សេងៗ។ (ស្រះបោក្ខរណីទាំងឡាយនោះ) ទ្រហឹងអឺងកង ដោយហង្ស និងក្រៀល មានសត្វចាក្រពាកស្រែកក្រលួច កុះករដោយហ្វូងសត្វស្លាបផ្សេងៗ ប្រកបដោយពួកបក្សី មានសំឡេងផ្សេងៗ ផង ឈើទាំងឡាយ ទ្រទ្រង់នូវផ្លែផ្សេងៗ ផង ព្រៃទាំងឡាយ ទ្រទ្រង់នូវកម្រងផ្កាផ្សេងៗ ផង មានក្លិនក្រអូបជាទីគាប់ចិត្ត ដែលខ្យល់បក់មកត្រូវ ក៏ផ្សាយទៅ។ នគរ (របស់នាង) នេះ ប្រាកដយ៉ាងណា នគរប្រាកដយ៉ាងនេះ មិនមានក្នុងពួកមនុស្សទេ ទាំងប្រាសាទរបស់នាង ក៏ច្រើន សុទ្ធសឹងតែមាស និងប្រាក់ រុងរឿង ញ៉ាំងទិសទាំង ៤ ឲ្យភ្លឺជុំវិញ។ ទាសី ៥០០ ណា ជាស្រីបម្រើរបស់នាង ពួកទាសីទាំងនោះ ក៏ទ្រទ្រង់នូវស័ង្ខ និងកងក និងកន្ទ្រុំ ស្អិតស្អាងដោយសំពត់មាស។ បល្ល័ង្ករបស់នាងដ៏ច្រើន សុទ្ធសឹងតែមាស និងប្រាក់ ក្រាលកម្រាលស្បែកឈ្មស់ ដែលបុញ្ញកម្មតាក់តែងហើយ ក្រាលសំពត់គោណកៈ ជាទីចូលទៅនៅអាស្រ័យរបស់នាងអ្នកសម្រេចសេចក្តីប្រាថ្នាគ្រប់យ៉ាង។ លុះដល់ពាក់កណ្តាលអធ្រាត្រ នាងតែងក្រោកអំពីបល្ល័ង្កនោះ ទៅកាន់ឱទ្យានភូមិ ដើរជុំវិញស្រះបោក្ខរណី។ (ម្នាលនាងដ៏ចំរើន នាងទៅ) ឈរក្បែរឆ្នេរស្រះបោក្ខរណីនោះ ជាទីមានស្មៅដុះខៀវខ្ចីដ៏ស្អាត លំដាប់នោះ ស្រាប់តែមានឆ្កែកំបុតត្រចៀក មកខាំអវយវៈ តូច ធំ របស់នាង។ នាងក្នុងកាលដែលឆ្កែខាំស៊ី ធ្វើឲ្យនៅសល់តែរាងឆ្អឹង ហើយនាងចុះទៅកាន់ស្រះបោក្ខរណី កាយ (របស់នាង) ក៏តាំងនៅដូចក្នុងកាលមុន។ លំដាប់នោះ នាងមានអវយវៈតូច ធំពេញលេញល្អល្អះ គួរឲ្យរមិលមើល ស្លៀកដណ្តប់សំពត់ ហើយមកកាន់សំណាក់នៃអញ។ អំពើអាក្រក់ដូចម្តេច ដែលនាងបានធ្វើដោយកាយ វាចា ចិត្ត ដោយផលនៃកម្មដូចម្ដេច បានជាឆ្កែកំបុតត្រចៀក ខាំស៊ីនូវអវយវៈតូច ធំ។

(ស្រីប្រេតនោះ ក្រាបទូលថា) ក្នុងនគរកិម្ពិលា មានគហបតី ជាឧបាសកអ្នកមានសទ្ធា ខ្ញុំជាប្រពន្ធរបស់គាត់ ជាស្រីទ្រុស្ដសីល បានប្រព្រឹត្តកន្លងចិត្តប្ដី។ កាលខ្ញុំប្រព្រឹត្តកន្លងចិត្តប្ដីយ៉ាងនេះហើយ ប្ដីបាននិយាយយ៉ាងនេះថា អំពើនេះ មិនប្រពៃ មិនសមគួរទេ ព្រោះនាងប្រព្រឹត្តកន្លងអញ។ ខ្ញុំនោះ បាននិយាយស្បថយ៉ាងអាក្រក់ផង និយាយពាក្យកុហកផងថា ខ្ញុំមិនប្រព្រឹត្តកន្លងអ្នកដោយកាយ ឬដោយចិត្តទេ ប្រសិនបើខ្ញុំប្រព្រឹត្តកន្លងអ្នកដោយកាយ ឬដោយចិត្ត សូមឲ្យឆ្កែកំបុតត្រចៀកនេះ ខាំស៊ីអវយវៈតូច-ធំចុះ។ ឆ្កែកំបុតត្រចៀក ខាំស៊ីអវយវៈតូចធំរបស់ខ្ញុំ ព្រោះបាបកម្មណា ខ្ញុំបានទទួលរងផលនៃបាបកម្មនោះទាំងពីរយ៉ាងគឺ ទុស្សីលកម្ម ១ មុសាវាទកម្ម ១ អស់ ៧០០ឆ្នាំ។

(ស្រីប្រេតនោះពោលថា) បពិត្រព្រះសម្មតិទេព ព្រះអង្គជាក្សត្រមានឧបការៈច្រើន បានយាងមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ខ្ញុំ ឯខ្ញុំក៏បានរួចស្រឡះចាកឆ្កែកំបុតត្រចៀក ជាស្រីលែងមានសោក លែងមានភ័យ អំពីអារម្មណ៍ណាមួយ បពិត្រព្រះសម្មតិទេព ខ្ញុំសូមធ្វើអញ្ជលី ថ្វាយបង្គំអង្វរព្រះអង្គ សូមព្រះអង្គសោយកាមទាំងឡាយ ដែលមិនមែនជារបស់មនុស្ស បពិត្រព្រះសម្មតិទេព សូមព្រះអង្គត្រេកអរជាមួយនឹងខ្ញុំ។

(ស្ដេចពោលថា) កាមទាំងឡាយ មិនមែនជារបស់មនុស្ស អញបានបរិភោគហើយ អញជាអ្នកត្រេកអរជាមួយនឹងនាងហើយ ម្នាលនាងមានជោគល្អ អញសូមអង្វរនាង នាងចូរនាំអញទៅ (នគរ) វិញឲ្យឆាប់។

ចប់ រឿងកណ្ណមុណ្ឌប្រេត ទី១២។

រឿងឧព្វរីប្រេត ទី១៣

(១៣. ឧព្វរិបេតវត្ថុ)

[២៥] (ព្រះសង្គីតិកត្ថេរទាំងឡាយពោលថា) ស្ដេចរបស់ពួកជនអ្នកនៅក្នុងដែនបញ្ចាល ទ្រង់ព្រះនាមព្រហ្មទត្ត ព្រះអង្គប្រសើរក្នុងរាជសម្បត្តិ លុះដល់ថ្ងៃ និងយប់កន្លងទៅ ស្ដេចក៏ទ្រង់សោយទិវង្គត។ អគ្គមហេសីរបស់ស្ដេចនោះ ឈ្មោះនាងឧព្វរី បានទៅកាន់ទីស្មសាន ហើយទ្រង់ព្រះកន្សែង កាលមិនឃើញស្ដេចព្រហ្មទត្ត ក៏ទ្រង់ព្រះកន្សែងថា ឱ ព្រះបាទព្រហ្មទត្ត។ ឥសី ជាអ្នកប្រាជ បរិបូណ៌ដោយចរណៈ បានមកក្នុងទីដែលនាងឧព្វរីឈរនោះ ឥសីនោះ បានសួរពួកជនដែលមកជួបជុំក្នុងទីនោះថា ចុះទីស្មសាននេះ ដែលផ្សាយទៅដោយក្លិនក្រអូបផ្សេងៗ តើរបស់នរណា ស្រីនេះ ជាភរិយារបស់នរណា កំពុងកន្ទក់កន្ទេញរកប្ដី ដែលទៅឆ្ងាយអំពីមនុស្សលោកនេះ កាលមិនឃើញព្រះបាទព្រហ្មទត្ត ក៏កន្ទក់កន្ទេញថា ឱព្រះបាទព្រហ្មទត្ត។

ពួកជនដែលមកជួបជុំគ្នាក្នុងទីនោះ ក៏បានឆ្លើយថា បពិត្រមហាឥសីដ៏ចំរើន (ទីស្មសាននេះ ) របស់ព្រះបាទព្រហ្មទត្ត បពិត្រមហាឥសី អ្នកនិរទុក្ខ (ស្រីនេះ ជាភរិយា) របស់ព្រះបាទព្រហ្មទត្ត ទីស្មសាននេះ របស់ព្រះបាទព្រហ្មទត្តនោះ ដែលផ្សាយទៅដោយ ក្លិនក្រអូបផ្សេងៗ ស្រីនេះ ជាភរិយារបស់ព្រះបាទព្រហ្មទត្តនោះ កន្ទក់កន្ទេញរកប្ដីដែលទៅឆ្ងាយ អំពីមនុស្សលោកនេះហើយ កាលមិនឃើញព្រះបាទព្រហ្មទត្ត ក៏កន្ទក់កន្ទេញថា ឱ ព្រះបាទព្រហ្មទត្ត។

(តាបសសួរនាងឧព្វរីថា) ស្ដេចទាំងឡាយ ៨៦.០០០ ព្រះអង្គ សុទ្ធតែឈ្មោះព្រះបាទព្រហ្មទត្ត ត្រូវគេដុតក្នុងទីស្មសាននេះដែរ បណ្ដាស្ដេចព្រហ្មទត្តទាំងនោះ តើនាងសោកស្ដាយរកស្ដេចព្រហ្មទត្តអង្គណា។

(នាងឧព្វរីឆ្លើយថា) បពិត្រលោកដ៏ចំរើន ស្ដេចអង្គណារបស់ពួកជនអ្នកនៅក្នុងដែនបញ្ចាល ជារាជបុត្រនៃព្រះបាទចូឡនី ព្រះអង្គប្រសើរក្នុងរាជសម្បត្តិ ខ្ញុំសោកស្ដាយរកស្ដេចអង្គនោះ ជាភស្ដា (របស់ខ្ញុំ) ជាអ្នកឲ្យនូវសេចក្ដីប្រាថ្នាគ្រប់យ៉ាង។

(តាបសសួរថា) ពួកស្ដេចទាំងអស់ សុទ្ធតែឈ្មោះព្រហ្មទត្ត ពួកស្ដេចទាំងអស់របស់ពួកជនអ្នកនៅក្នុងដែនបញ្ចាល សុទ្ធតែជារាជបុត្រនៃព្រះបាទចូឡនី ព្រះអង្គប្រសើរក្នុងរាជសម្បត្តិ នាងបានជាមហេសីរបស់ពួកស្ដេចទាំងអស់តាមលំដាប់មក ហេតុអ្វីបានជានាងលះចោលពួកស្ដេចជាន់មុន ហើយមកសោកស្ដាយតែស្ដេចជាន់ក្រោយវិញ។

(នាងឧព្វរីតបថា) បពិត្រលោកអ្នកនិរទុក្ខ លោកពោលជាច្រើនដងហើយថា នាងឯងជាមហេសីនៃស្ដេច (ទាំងពួង) ក្នុងសង្សារ ចំពោះខ្ញុំ ដែលកើតជាស្រីណា ខ្លួនរបស់ខ្ញុំ ដែលកើតជាស្រីនោះ (ឆ្លាប់កើតជាស្រី) អស់កាលដ៏យូរ (ឬក៏ឆ្លាប់កើតជាប្រុសដែរ)។

(តាបសពោលថា) នាងឯង ជួនកាលកើតជាស្រី ជួនកាលកើតជាប្រុស មិនតែប៉ុណ្ណោះ ជួនកាលបានទៅកាន់កំណើតបសុសត្វ កាលបើយ៉ាងនេះ ទីបំផុត (នៃអត្តភាពទាំងឡាយ) ដែលកន្លងនូវឥត្ថីភាព និងបុរិសភាពនុ៎ះ រមែងមិនប្រាកដឡើយ។

(នាងឧព្វរីពោលថា) លោកបានស្រោចស្រប់ខ្ញុំ ដែលភ្លើង គឺសេចក្ដីសោកកំពុងឆេះសព្វ ឲ្យស្ងប់រម្ងាប់បាន ហើយញុំាងសេចក្ដីក្រវល់ក្រវាយទាំងពួងឲ្យរលត់ ដូចបុគ្គលយកទឹកស្រោចលត់ភ្លើងកំពុងឆេះនូវឆ្នាំងខ្លាញ់ លោកណា បានបន្ទោបង់នូវសេចក្ដីសោកព្រោះប្ដី ចំពោះខ្ញុំ ដែលមានសេចក្ដីសោកកំពុងគ្របសង្កត់ លោកនោះ ឈ្មោះថាបានដកនូវសរ គឺសេចក្ដីសោក ដែលអាស្រ័យនូវហ្ឫទ័យរបស់ខ្ញុំ។ ខ្ញុំនោះ ជាអ្នកមានសរ គឺសេចក្ដីសោកដកចោលហើយ ជាអ្នកមានចិត្តត្រជាក់កើតហើយ មានទុក្ខរលត់ហើយ បពិត្រព្រះមហាមុនី ខ្ញុំលែងសោកស្ដាយ លែងយំទួញហើយ ព្រោះស្ដាប់ពាក្យរបស់លោក។

នាងឧព្វរីបានស្ដាប់ពាក្យសុភាសិតនោះ របស់តាបសជាសមណៈនោះហើយ ក៏ប្រដាប់បាត្រ និងចីវរ ចូលកាន់ផ្នួស លុះនាងឧព្វរីនោះ ចេញចាកផ្ទះ ចូលកាន់ផ្នួសហើយ ក៏ចេញអំពីស្រុក ដើរទៅកាន់ស្រុក កាន់និគម និងរាជធានីទាំងឡាយ បានចំរើនមេត្តាចិត្ត ដើម្បីកើតក្នុងព្រហ្មលោក។ នាងឧព្វរី បានធ្វើមរណកាល ក្នុងស្រុកឈ្មោះឧរុវេលៈ នាងឧព្វរីនោះ បានចំរើនមេត្តាចិត្ត ដើម្បីកើតក្នុងព្រហ្មលោក ហើយញុំាងចិត្តឲ្យនឿយណាយ ក្នុងឥត្ថីភាព ក៏បានទៅកើតក្នុងព្រហ្មលោក។

ចប់ រឿងឧព្វរីប្រេត ទី១៣។

ឧទ្ទាន

រឿងសំសារមោចកប្រេត (ប្រេតស្គមកើតរោគលឿង) ១ រឿងស្រីប្រេតជាមាតានៃព្រះសារីបុត្តត្ថេរ ១ រឿងនាងមត្តាប្រេត (ដែលនៅរួមប្ដីនៃនាងតិស្សា) ១ រឿងនន្ទាប្រេត ១ រឿងមដ្ឋកុណ្ឌលីប្រេត ១ រឿងកណ្ហប្រេត ១ រឿងធនបាលប្រេត ១ រឿងចូឡសេដ្ឋីប្រេត ១ រឿងអង្កុរប្រេត ១ រឿងនាងឧត្តរមាតុប្រេត ១ រឿងសុត្តប្រេត ១ រឿងកណ្ហមណ្ឌប្រេត ១ រឿងឧព្វរីប្រេត ១។

ចប់ ឧព្វរីវគ្គ ទី២។

ចូឡវគ្គ ទី៣

(៣. ចូឡវគ្គោ)

រឿងអភិជ្ជមានប្រេត ទី១

(១. អភិជ្ជមានបេតវត្ថុ)

[២៦] (កោលិយមហាមាត្យ ពោលថា) អ្នកឯងជាប្រេតអាក្រាត តែពាក់កណ្ដាលកាយខាងលើ ជាអ្នកទ្រទ្រង់នូវកម្រងផ្កាតាក់តែងក្បាល ដើរលើទឹកទន្លេគង្គា មិនបែកខ្ញែក ក្នុងទីនេះ ម្នាលប្រេត តើអ្នកនឹងទៅក្នុងស្រុកណា ទីនៅរបស់អ្នក នឹងមានក្នុងទីណា។

ប្រេតនោះបាននិយាយថា ខ្ញុំនឹងទៅស្រុកចុន្ទដ្ឋិលៈ ត្រង់ចន្លោះជិតស្រុកវាសភៈ និងក្រុងពារាណសី។

ឯមហាមាត្យ ដែលល្បីឈ្មោះថា កោលិយៈ បានឃើញប្រេតនោះហើយ ក៏ឲ្យសដូវ និងបាយផង ឲ្យសំពត់លឿងមួយគូផង ដល់ប្រេត។ កាលដែលទូកឈប់ (កោលិយមហាមាត្យ) បានប្រើខ្មាន់ព្រះកេស ឲ្យឲ្យ (សំពត់មួយគូដល់ស្មូម) កាលដែលសំពត់មួយគូ ដែលខ្មាន់ព្រះកេសឲ្យហើយ សំពត់នោះ ក៏ប្រាកដដល់ប្រេតមួយរំពេច។ លំដាប់នោះ ប្រេតក៏ស្លៀកពាក់សំពត់ដ៏ល្អ ទ្រទ្រង់កម្រងផ្កា ស្អិតស្អាងខ្លួន ទក្ខិណាទានក៏សម្រេចដល់ប្រេតដែលឋិតនៅក្នុងទីគួរសំរេច ព្រោះហេតុនោះ បុគ្គលគួរឲ្យទក្ខិណាទានរឿយៗ ដើម្បីអនុគ្រោះដល់ប្រេតទាំងឡាយ។

(ព្រះសង្គីតិកាចារ្យទាំងឡាយ ពោលថា) ពួកប្រេតខ្លះ ស្លៀកពាក់កំណាត់សំពត់ចាស់ ដាច់ដាចធ្លុះធ្លាយ ពួកប្រេតដទៃ បិទបាំង (ក្ដេរិ៍ខ្មាស) ដោយសក់ ពួកប្រេតរមែងទៅដើម្បីបាយ ជៀសចេញទៅអំពីទិសទៅកាន់ទិស។ ពួកប្រេតខ្លះ ក៏ទៅក្នុងទីឆ្ងាយ (ដើម្បីនឹងស៊ី) លុះមិនបាន ក៏ត្រឡប់មកវិញ ស្រេកឃ្លាន ដើរទៅជ្រុលជ្រក ដួលស្រូសលើផែនដី ពួកសត្វមិនបានធ្វើអំពើល្អក្នុងភពមុន (រមែងក្ដៅក្រហាយ) ដូចជាត្រូវភ្លើងឆេះ ក្នុងទីដ៏ក្ដៅថា ក្នុងកាលពីដើម ពួកយើងមានធម៌ដ៏លាមក ជាម្ចាស់ផ្ទះ ជាមាតានៃទារកក្នុងត្រកូល ទេយ្យធម៌ទាំងឡាយ មានគ្រប់គ្រាន់ តែពួកយើងមិនបានធ្វើទីពឹងដល់ខ្លួន។ ព្រោះថា ពួកយើងចាក់ចោលគ្រឿងស៊ី និងគ្រឿងផឹកដ៏ច្រើន កាលដែលមានបព្វជិត ប្រតិបត្តិត្រឹមត្រូវ ពួកយើងមិនបានប្រគេនវត្ថុបន្តិចបន្តួចសោះឡើយ។ ពួកយើងស្រឡាញ់តែអកុសលកម្ម ជាអ្នកខ្ជិលច្រអូស ចំណូលតែវត្ថុឆ្ងាញ់ ជាអ្នកស៊ីច្រើន ឲ្យដុំភោជនត្រឹមតែមួយពំនូត តែងតិះដៀលចំពោះពួកជនអ្នកទទួល។ ផ្ទះទាំងនោះ ទាសីទាំងនោះ គ្រឿងអាភរណៈទាំងនោះ ជារបស់យើង (ឥឡូវនេះ) បានទៅពួកអ្នកដទៃប្រើប្រាស់របស់នោះ ឯពួកយើង បានតែចំណែកនៃសេចក្ដីទុក្ខម្យ៉ាង ពួកជនដែលត្រូវគេមើលងាយរឿយ ៗ គឺជាងផែង ១ ជាងរថ ១ អ្នកទ្រុស្ដមិត្រ ១ ចណ្ឌាល ១ ជនកំព្រា ១ អ្នកកាត់កោរ ១។ ត្រកូលទាំងឡាយណា ៗ ថោកទាបផង កំព្រាផង (ពួកសត្វមិនបានធ្វើបុណ្យ) តែងទៅកើតក្នុងត្រកូលទាំងឡាយនោះ ៗ នេះជាគតិនៃជនអ្នកកំណាញ់។ ពួកជន បានធ្វើអំពើល្អក្នុងកាលមុន ជាទាយកអ្នកប្រាសចាកសេចក្ដីកំណាញ់ ពួកជននោះ ឈ្មោះថា ញុំាងឋានសួគ៌ឲ្យពេញលេញផង ឈ្មោះថា ញុំាងព្រៃនន្ទនៈឲ្យរុងរឿងផង។ ពួកជនទាំងនោះ ជាអ្នកបរិភោគកាមតាមប្រាថ្នា ត្រេកអរក្នុងប្រាសាទឈ្មោះវេជយន្ត លុះច្យុតចាកទេវលោកនោះហើយ ក៏បានមកកើតក្នុងត្រកូលខ្ពង់ខ្ពស់ទាំងឡាយ ដែលមានភោគៈ។ ពួកជនទាំងនោះ បានកើតក្នុងត្រកូលមានយស មានខ្លួនគេបក់ដោយផ្លិតស្លាបក្ងោកទាំងឡាយ លើបល្ល័ង្កដែលគេក្រាលដោយសំពត់គោណកៈ ក្នុងផ្ទះមានកំពូល និងប្រាសាទ។ ជាអ្នកទ្រទ្រង់នូវកម្រងផ្កា មានខ្លួនប្រដាប់ហើយ ទៅអំពីខ្លួនមួយទៅកាន់ខ្លួនមួយ5) (នៃញាតិ និងភីលៀងទាំងឡាយ) ភីលៀងទាំងឡាយ ជាអ្នកស្វែងរកសេចក្ដីសុខឲ្យ តែងបម្រើទាំងល្ងាចទាំងព្រឹក។ នន្ទនមហាវ័នរបស់ពួកទេវតានៅក្នុងឋានត្រៃត្រឹង្ស មិនមានសោក ជាទីត្រេកអរ នេះមិនមែនរបស់ពួកជនមិនបានធ្វើបុណ្យឡើយ នេះជារបស់ពួកជនដែលបានធ្វើបុណ្យ ពួកជនដែលមិនបានធ្វើបុណ្យ មិនមានសេចក្ដីសុខក្នុងលោកនេះ និងលោកខាងមុខឡើយ ឯពួកជនដែលបានធ្វើបុណ្យ រមែងមានសេចក្ដីសុខក្នុងលោកនេះ និងលោកខាងមុខពិតប្រាកដ។ ពួកជនដែលចង់កើតជាមួយនឹងពួកទេវតានោះ ត្រូវធ្វើបុណ្យឲ្យច្រើន ព្រោះពួកជនដែលបានធ្វើបុណ្យហើយ តែងបរិបូណ៌ដោយភោគៈ រមែងរីករាយក្នុងឋានសួគ៌។

ចប់ រឿងអភិជ្ជមានប្រេត ទី១។

រឿងសានុវាសិប្រេត ទី២

(២. សាណវាសីថេរបេតវត្ថុ)

[២៧] (ព្រះធម្មសង្គាហកត្ថេរទាំងឡាយ ពោលថា) ព្រះថេរៈឈ្មោះបោដ្ឋបាទ អ្នកកើតក្នុងក្រុងកុណ្ឌី បាននៅអាស្រ័យលើភ្នំឈ្មោះសានុវាសី ជាអ្នករម្ងាប់បាប មានឥន្រ្ទិយចំរើនហើយ (ដោយអរិយមគ្គភាវនា)។ មាតា បិតា និងបងប្រុងរបស់ព្រះថេរៈនោះ ជាអ្នកដល់នូវសេចក្ដីលំបាក បានកើតក្នុងយមលោក (នរក) លុះច្យុតអំពីមនុស្សលោកនេះហើយ ក៏ទៅកាន់បេតលោក ព្រោះធ្វើបាបកម្ម ពួកប្រេតទាំងនោះ ជាអ្នកដល់នូវសេចក្ដីលំបាក មានទ្វារមាត់ប៉ុនរន្ធម្ជុល ត្រដាបត្រដួស មានកាយអាក្រាត ស្គមកំព្រឹង ស្លុតរន្ធត់ ភ័យឡឹនឡង់ ជាអ្នកមានផលកម្មអាក្រក់ មិនហ៊ានបង្ហាញខ្លួនឲ្យគេឃើញឡើយ។ បងប្រុសរបស់ព្រះថេរៈនោះ ជាអ្នកអាក្រាត តែម្នាក់ឯងក្នុងផ្លូវចុះតែជើងមួយ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយអវយវៈបួន គឺវារប្រញាប់ប្រញាល់ទៅបង្ហាញខ្លួនដល់ព្រេះថេរៈ។ ព្រះថេរៈមិនបានធ្វើទុកក្នុងចិត្តថា អ្នកនោះឈ្មោះនេះ ហើយក៏នៅស្ងៀម ដើរហួរទៅ ឯប្រេតនោះ បានទូលព្រះថេរៈឲ្យដឹងច្បាស់ថា បពិត្រព្រះថេរៈ ខ្ញុំព្រះករុណាត្រូវជាបង បានទៅកាន់បេតលោកហើយ។ បពិត្រលោកដ៏ចំរើន មាតា និងបិតារបស់លោក ដល់នូវសេចក្ដីលំបាក កើតក្នុងយមលោក លុះច្យុតអំពីមនុស្សលោកនេះហើយ ក៏ទៅកាន់បេតលោក ព្រោះធ្វើកម្មដ៏លាមក មាតា និងបិតាទាំងនោះ ជាអ្នកដល់នូវសេចក្តីលំបាក មានទ្វារមាត់ប៉ុនរុន្ធម្ជុល ត្រដាបត្រដួស មានកាយអាក្រាត ស្គមកំព្រឹង ស្លុតរន្ធត់ ភ័យឡឹនឡង់ ជាអ្នកមានផលកម្មអាក្រក់ មិនហ៊ានបង្ហាញខ្លួនឲ្យគេឃើញឡើយ។ លោកជាអ្នកមានសេចក្តីអាណិតអាសូរ សូមអនុគ្រោះឲ្យទាន ឧទ្ទិសទៅឲ្យយើងទាំងឡាយផង មាតា និងបិតាទាំងនោះ ដែលមានកម្មអាក្រក់ នឹងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយទានដែលលោកម្ចាស់ឲ្យហើយ។

ព្រះថេរៈផង ភិក្ខុទាំងឡាយដទៃ ១២ អង្គផង ដើរទៅបិណ្ឌបាត ហើយប្រជុំក្នុងទីជាមួយគ្នា ព្រោះហេតុនៃភត្តកិច្ច ព្រះថេរៈបាននិយាយនឹងពួកភិក្ខុទាំងអស់នោះថា លោកទាំងឡាយ សូមឲ្យនូវភត្តដែលលោកទាំងឡាយបានហើយយ៉ាងណាដល់ខ្ញុំ ខ្ញុំនឹងធ្វើសង្ឃភត្តដើម្បីអនុគ្រោះដល់ពួកញាតិ។

ភិក្ខុទាំងនោះ បានប្រគេន (ភត្តទាំងនោះ) ដល់ព្រះថេរៈ ព្រះថេរៈបាននិមន្តសង្ឃ លុះព្រះថេរៈ បានឲ្យទានហើយ ក៏ឧទ្ទិសចំពោះបិតា មាតា និងបងថា (ឥទំ មេ ញាតិនំ ហោតុ សុខិតា ហោន្តុ ញាតយោ។) សូមឲ្យទាននេះ សម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមឲ្យពួកញាតិ បានដល់នូវសេចក្តីសុខ។

ភោជនក៏សម្រេច (ដល់ប្រេតទាំងនោះ) ក្នុងលំដាប់ដែលឧទ្ទិស (ភោជននោះ) ជាភោជនដ៏ស្អាត ថ្លៃថ្លា ឆ្ងាញ់ ជាម្ហូបមានឱជារសច្រើន ក្នុងកាលខាងក្រោយ អំពីកាលជាទីបាននូវភោជននោះមក ប្រេតជាបង មានសម្បុរល្អ មានកំឡាំង មានសេចក្តីសុខ បានបង្ហាញខ្លួន (ដល់ព្រះថេរៈ ហើយពោលថា) បពិត្រលោកដ៏ចំរើន សូមលោករមិលមើលនូវភោជនដ៏ច្រើន (ដែលពួកយើងបានហើយ ដោយអានុភាពនៃទានរបស់លោក) ប៉ុន្តែពួកយើងអាក្រាតនៅឡើយ បពិត្រលោកដ៏ចំរើន ពួកយើងគួរបាននូវសំពត់ដោយប្រការណា សូមលោកព្យាយាមដោយប្រការនោះចុះ។

ព្រះថេរៈ បានរើសកំណាត់សំពត់រេចជាយទាំងឡាយ អំពីគំនរនៃសំរាម ហើយធ្វើកំណាត់សំពត់ឲ្យជាផ្ទាំង គឺធ្វើជាចីវរ បានប្រគេនដល់ព្រះសង្ឃ ដែលមកអំពីទិសទាំង ៤។ ព្រះថេរៈបានឲ្យទានហើយ ឧទ្ទិសដល់បិតា មាតា និងបងថា ទាននេះចូរសម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមពួកញាតិ បានដល់នូវសេចក្តីសុខ។

សំពត់ទាំងឡាយ ក៏សម្រេច (ដល់ប្រេតទាំងនោះ) ក្នុងលំដាប់ដែលឧទ្ទិស លំដាប់នោះ (ប្រេតជាបង) ក៏ស្លៀកដណ្តប់សំពត់ដ៏ល្អ បានបង្ហាញខ្លួនដល់ព្រះថេរៈ។ (ប្រេតនោះ) មានសម្បុរល្អ មានកំឡាំង មានសេចក្តីសុខ (បាននិយាយថា) បពិត្រលោកដ៏ចំរើន សំពត់ជាគ្រឿងបិទបាំងកាយ ក្នុងដែនរបស់ព្រះបាទនន្ទៈទាំងប៉ុន្មាន (សំពត់ជាគ្រឿងបិទបាំងរបស់ពួកយើង) ច្រើនលើសជាងសំពត់ជាគ្រឿងបិទបាំងកាយទាំងនោះ។

សំពត់ទាំងឡាយ ជាគ្រឿងស្លៀកពាក់របស់ពួកយើង គឺកោសេយ្យពស្រ្ត កម្ពលីយពស្រ្ត ខោមពស្រ្ត កប្បាសិកពស្រ្ត ជាសំពត់ធំទូលាយ មានថ្លៃច្រើន ឯសំពត់ទាំងនោះ ក៏សំយុងចុះឰដ៏អាកាស ពួកយើងនឹងស្លៀកពាក់សំពត់ទាំងនោះ តាមចិត្តស្រឡាញ់ បពិត្រលោកដ៏ចំរើន ពួកយើង គួរបានផ្ទះដោយប្រការណា សូមលោកព្យាយាមដោយប្រការនោះចុះ។

ព្រះថេរៈបានធ្វើកុដ្ឋប្រក់ដោយស្លឹក ហើយប្រគេនដល់ព្រះសង្ឃ ដែលមកអំពីទិសទាំងបួន លុះព្រះថេរៈបានប្រគេនហើយ ឧទ្ទិសដល់បិតា មាតា និងបងថា សូមទាននេះសម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមពួកញាតិ បានដល់នូវសេចក្តីសុខចុះ។

ផ្ទះទាំងឡាយ ផ្ទះកំពូលទាំងឡាយ ជាទីនៅ ដែលញែកចែក ដែលចែកដោយប្រមាណស្មើគ្នា ក៏សម្រេច (ដល់ពួកប្រេតទាំងនោះ) ក្នុងលំដាប់ដែលឧទ្ទិស។ (ប្រេតទាំងនោះពោលថា) ផ្ទះទាំងឡាយរបស់ពួកយើង ក្នុងបេតលោកនេះ យ៉ាងណា ផ្ទះទាំងឡាយ ក្នុងមនុស្សលោក មិនដូច្នោះទេ តែផ្ទះទាំងឡាយក្នុងឋានទិព្វទាំងឡាយយ៉ាងណា ផ្ទះទាំងឡាយរបស់ពួកយើង ក្នុងបេតលោកនេះ យ៉ាងនោះដែរ ជាផ្ទះដ៏រុងរឿង អាចញ៉ាំងទិសទាំង ៤ ឲ្យភ្លឺជុំវិញបាន។ បពិត្រលោកដ៏ចំរើន ពួកយើងគួរបានទឹកផឹកដោយប្រការណា សូមលោកព្យាយាមដោយប្រការនោះចុះ។

ព្រះថេរៈបានចាក់ទឹកបំពេញធម្មក្រក ហើយប្រគេនដល់ព្រះសង្ឃ ដែលមកអំពីទិសទាំង ៤។ លុះព្រះថេរៈបានប្រគេនហើយ ក៏ឧទ្ទិសចំពោះបិតាមាតា និងបងថា សូមទាននេះ សម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមពួកញាតិ បានដល់នូវសេចក្តីសុខ។

ទឹកក៏សម្រេច (ដល់ប្រេតទាំងនោះ) ក្នុងលំដាប់ដែលឧទ្ទិស ស្រះបោក្ខរណីទាំងឡាយ ដែលបុញ្ញកម្មនិម្មិតល្អហើយ ជ្រៅ មានជ្រុងបួន មានទឹកដ៏ត្រជាក់ មានកំពង់ល្អ ជាស្រះត្រជាក់ មានក្លិនក្រអូប ប្រៀបមិនបាន ដេរដាសដោយផ្កាឈូក និងផ្កាឧប្បល ពេញដោយលំអងលើទឹក។ ប្រេតទាំងនោះ ងូតផឹកក្នុងស្រះបោក្ខរណីនោះ ហើយបង្ហាញខ្លួនដល់ព្រះថេរៈថា បពិត្រលោកដ៏ចំរើន (ពួកយើងបាន) ទឹកច្រើនហើយ តែជើងទាំងឡាយរបស់ពួកយើង ឈឺ ពុរពង ពួកយើងកាលដើរជាន់លើក្រួសរវាន លើស្បូវភ្លាំង និងបន្លា រមែងខ្ញើចៗ បពិត្រលោកដ៏ចំរើន ពួកយើង គួរបាននូវយានដោយប្រការណា សូមលោកខំព្យាយាម ដោយប្រការនោះចុះ។

ព្រះថេរៈ បានស្បែកជើងមានជាន់មួយ ហើយបានប្រគេនដល់ព្រះសង្ឃ ដែលមកអំពីទិសទាំង ៤។ លុះព្រះថេរៈបានប្រគេនហើយ ក៏ឧទ្ទិសចំពោះបិតាមាតា និងបងថា សូមទាននេះ សម្រេចដល់ពួកញាតិរបស់ខ្ញុំ សូមពួកញាតិ បានដល់នូវសេចក្តីសុខ។ ពួកប្រេត បានមកដោយរថ ក្នុងលំដាប់ដែលឧទ្ទិសហើយ (និយាយថា) បពិត្រលោកដ៏ចំរើន ពួកយើង លោកបានអនុគ្រោះហើយ ដោយបាយផង ដោយគ្រឿងបិទបាំងផង ដោយផ្ទះផង ដោយទានទាំងពីរ គឺបានីយទាន និងយានទានផង បពិត្រលោកដ៏ចំរើន ពួកយើងមក ដើម្បីថ្វាយបង្គំលោក ជាអ្នកប្រាជ្ញ ប្រកបដោយសេចក្តីករុណាក្នុងលោក។

ចប់ រឿងសានុវាសិប្រេត ទី២។

រឿងរថការីប្រេត ទី៣

(៣. រថការបេតិវត្ថុ)

[២៨] (មាណពនិយាយនឹងស្រីប្រេតថា) បពិត្រនាងទេវីមានអានុភាពច្រើន នាងឡើងកាន់វិមាន មានសសរកែវពៃទូរ្យ ដ៏រុងរឿងភ្លឺផ្លេកៗ វិចិត្រដោយរតនៈច្រើនយ៉ាង ហើយនៅក្នុងវិមាននោះ ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត នៅក្នុងផ្លូវជាគន្លង (របស់ខ្លួន) ទាំងសម្បុររបស់នាងសោត ប្រាកដស្មើដោយមាស មានសភាពខ្ពង់ខ្ពស់ គួរឲ្យរមិលមើលក្រៃពេក បពិត្រនាងមិនមានគេផ្ទឹមបាន នាងគង់លើបល្ល័ង្កដ៏ប្រសើរបំផុត នាងនៅតែម្នាក់ឯង នាងមិនមានប្ដីសោះ។ ឯស្រះបោក្ខរណីទាំងឡាយរបស់នាងនេះ មានកម្រងផ្កាច្រើនយ៉ាង មានផ្កាឈូកសច្រើនដោយជុំវិញ រោយរាយជុំវិញដោយកំទេចនៃមាសទាំងឡាយ ភក់ និងចក ក៏មិនមានក្នុងស្រះបោក្ខរណីទាំងនោះ។ សូម្បីហង្សទាំងនេះ គួររមិលមើល គួររីករាយនៃចិត្ត ក៏ហែលក្រឡឹងលើទឹកសព្វ ៗ កាល ហង្សទាំងអស់ មានសំឡេងមូល ដូចជាសំឡេងគឹកកងនៃស្គរទាំងឡាយប្រជុំគ្នាបន្លឺឡើងនូវសំឡេងដ៏ពីរោះ។ នាងជាអ្នកមានយស រុងរឿងដោយយស ឈរផ្អែកលើទូក បពិត្រនាងមានរោមភ្នែកខ្មៅ វែង ង នាងសើច នាងពោលនូវពាក្យជាទីស្រឡាញ់ មានលំអសព្វអវយវៈ រុងរឿងក្រៃពេក។ វិមាននេះ ប្រាសចាកធូលី តាំងនៅលើផែនដីរាប ជាឱទ្យានញ៉ាំងតម្រេក និងសេចក្តីរីករាយឲ្យច្រើន បពិត្រនារីគួររមិលមើល មិនថោកទាប ខ្ញុំប្រាថ្នាដើម្បីរីករាយក្នុងវិមានជាទីរីករាយនេះរបស់នាង ជាមួយនឹងនាង។

(នាងវិមានប្រេតពោលថា) អ្នកចូលធ្វើនូវកម្មដែលឲ្យផលក្នុងឋានទិព្វនេះ ទាំងចិត្តរបស់អ្នកសោត ក៏ចូរឱនទៅក្នុងឋានទិព្វនេះ លុះអ្នកធ្វើនូវកម្មដែលគួររីករាយក្នុងឋានទិព្វនេះហើយ ទើបអ្នកបាននូវខ្ញុំជាស្រីមានកាមតាមប្រាថ្នា ដោយប្រការយ៉ាងនេះ។

មាណពនោះ បានទទួលស្តាប់ពាក្យនាងវិមានប្រេតនោះថា អើនាង ស្រួលហើយ ហើយក៏បានធ្វើកម្មដែលឲ្យផលក្នុងឋានទិព្វនោះ លុះមាណពនោះ បានធ្វើកម្មដែលឲ្យផលក្នុងឋានទិព្វនោះហើយ ក៏បានទៅកើតជាមួយនឹងនាងវិមានប្រេតនោះ។

ចប់ រឿងរថការីប្រេត ទី៣។

ចប់ ភាណវារៈ ទី២។

រឿងភុសប្រេត ទី៤

(៤. ភុសបេតវត្ថុ)

[២៩] (ព្រះមោគ្គល្លានសួរថា) ប្រេតម្នាក់ (រោយរាយ) អង្កាមនៃស្រូវសាលី (លើក្បាលខ្លួន) ប្រេតម្នាក់ទៀត (សំពងបំបែកក្បាលរបស់ខ្លួន ដោយដំបងដែក) ឯស្រីនេះ (ស៊ីតែ) សាច់ និងឈាមរបស់ខ្លួន ទាំងអ្នកសោត ក៏ស៊ីអាចម៍ មិនស្អាត មិនគួរឲ្យប្រាថ្នា នេះតើជាផលនៃកម្មដូចម្តេច។

(ភរិយារបស់ពាណិជ បានទូលថា) ក្នុងកាលមុន ប្រេតម្នាក់នេះ បានប្រហារមាតា (ដោយព្រនង់) ឯប្រេតម្នាក់នេះ ជាពាណិជបោកប្រាស់ ប្រេតនេះ រមែងស៊ីសាច់ទាំងឡាយ ហើយបញ្ឆោតដោយពាក្យមុសាវាទ។

ខ្ញុំបានកើតជាមនុស្ស ក្នុងពួកមនុស្ស ជាអ្នកគ្រប់គ្រងផ្ទះ ជាឥស្សរៈនៃត្រកូលទាំងពួង។

កាលដែលគ្រឿងឧបករណ៍មានគ្រប់គ្រាន់ ខ្ញុំក៏បានលាក់លៀមទុក មិនបានឲ្យវត្ថុតិចតួច អំពីគ្រឿងឧបករណ៍នេះ (ដល់អ្នកដទៃ) ខ្ញុំបិទបាំងដោយពាក្យមុសាវាទថា វត្ថុនេះ ក្នុងផ្ទះខ្ញុំ មិនមានទេ ប្រសិនបើខ្ញុំលាក់វត្ថុដែលមាន សូមឲ្យអាចម៍មកជាភោជនរបស់ខ្ញុំចុះ។ បាយនៃស្រូវសាលី មានក្លិនក្រអូបឈ្ងុយ ក៏ក្លាយទៅជាអាចម៍ដើម្បីខ្ញុំ ដោយវិបាកនៃកម្មទាំងពីរ គឺ (ការលាក់លៀមទុកវត្ថុដែលមាន ១) និងមុសាវាទ ១។ ឯកម្មទាំងឡាយ មិនមែនសោះសូន្យឡើយ ព្រោះថា កម្មមិនចេះវិនាសទៅ ខ្ញុំស៊ីផឹកនូវអាចម៍មានក្លិនអាក្រក់ (ជាលំនៅ) នៃពួកដង្កូវ។

ចប់ រឿងភុសប្រេត ទី៤។

រឿងកុមារប្រេត ទី៥។

(៥. កុមារបេតវត្ថុ)

[៣០] (ព្រះសង្គីតិកាចារ្យទាំងឡាយ ពោលថា) ញាណរបស់ព្រះសុគត មានសភាពអស្ចារ្យ ដូចព្រះសាស្តា ទ្រង់ព្យាករណ៍នូវបុគ្គលថា បុគ្គលពួកខ្លះ ជាអ្នកមានបុណ្យក្រាស់ បុគ្គលពួកខ្លះ ជាអ្នកមានបុណ្យស្តើង។ កុមារនេះ ដែលគេបោះចោលក្នុងព្រៃស្មសាន បានញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយទឹកដោះដែលហូរចេញអំពីមេដៃ (នៃទេវតា) អស់មួយរាត្រី។ យក្ស និងភូតទាំងឡាយក្តី ពស់ទាំងឡាយក្តី មិនបៀតបៀនកុមារ អ្នកមានបុណ្យធ្វើហើយទេ សូម្បីតែពួកឆ្កែ ក៏មកលិទ្ធជើងទាំងគូរ របស់កុមារនេះដែរ ពួកបក្សីក្អែក ពួកចចក ក៏មកចោមជុំវិញ (កុមារនោះ)។ ហ្វូងសត្វស្លាបទាំងឡាយ ក៏នាំយកមន្ទិលគភ៌ចេញ ឯក្អែកទាំងឡាយ ក៏នាំយកអាចម៍ភ្នែកចេញ មនុស្ស និងអមនុស្សពួកខ្លះ មិនបានចាត់ចែងការរក្សានូវកុមារនេះទេ មិនបានចាត់ចែងនូវឱសថ និងការអប់ដោយគ្រាប់ស្ពៃ (ដល់កុមារនេះទេ)។ សូម្បីតែពួកមនុស្ស ក៏មិនរៀននូវការប្រកបនូវនក្ខត្តឫក្ស ទាំងមិនបានរោយរាយ នូវធញ្ញជាតិគ្រប់មុខ លើកុមារដែលមានសភាពដូច្នោះ ដែលដល់នូវសេចក្ដីលំបាកយ៉ាងក្រៃលែង គេនាំមកក្នុងពេលយប់ ហើយបោះចោលក្នុងព្រៃស្មសាន ព្រះពុទ្ធដែលទេវតា និងមនុស្សបូជា បានឃើញកុមារនោះ ដូចជាដុំនៃទឹកដោះខាប់ កំពុងតែញាប់ញ័រប្រកបដោយសេចក្ដីសង្ស័យ នៅសល់តែជីវិត លុះព្រះពុទ្ធមានប្រាជ្ញាស្មើដោយផែនដី បានឃើញហើយ ទើបទ្រង់ព្យាករថា កុមារនេះ នឹងបានជាអ្នកមានត្រកូលដ៏ប្រសើរផង និងមានភោគៈផង ក្នុងនគរនេះ។

(ពួកឧបាសកបានសួរថា) វ័តដូចម្ដេច ព្រហ្មចរិយៈដូចម្ដេច នេះជាផលនៃវ័ត ឬព្រហ្មចរិយៈដូចម្ដេច ដែលកុមារនេះបានសន្សំល្អហើយ បានជាកុមារនេះដល់នូវសេចក្ដីវិនាសដល់ម្ល៉េះហើយ ត្រឡប់បាននូវឫទ្ធ គឺទិព្វសម្បត្តិដល់ម្ល៉ោះនោះវិញ។

(ព្រះសង្គីតិកាចារ្យទាំងឡាយ ពោលថា) ពួកជនបានធ្វើនូវការបូជា ដ៏ឱឡារិកចំពោះព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ទារកនោះ មានចិត្តរវើរវាយក្នុងការបូជានោះ ទារកនោះ បានពោលវាចាអាក្រក់ ជាវាចាមិនគួរចង់ឮ ក្នុងទីប្រជុំនៃសប្បុរស ទារកនោះ បន្ទោបង់សេចក្ដីត្រិះរិះនោះចេញហើយ ក៏ត្រឡប់បាននូវសេចក្ដីត្រេកអរនឹងសេចក្ដីជ្រះថ្លា ក្នុងកាលជាខាងក្រោយ ទារកនោះ បានបម្រើព្រះតថាគត ព្រះអង្គគង់នៅក្នុងវត្តជេតពន ដោយយាគូអស់ ៧ ថ្ងៃ។ នោះជាវ័ត នោះជាព្រហ្មចរិយៈរបស់កុមារនោះ នេះជាផលនៃវ័ត ឬព្រហ្មចរិយៈនោះ ដែលកុមារនេះសន្សំល្អហើយ បានជាកុមារនេះ ដល់នូវសេចក្ដីវិនាសដល់ម្ល៉េះ ហើយត្រឡប់បាននូវឫទ្ធិ គឺទិព្វសម្បត្តិដល់ម្ល៉ោះនោះវិញ។ លុះកុមារនោះ ឋិតនៅក្នុងមនុស្សលោកនេះ អស់មួយរយឆ្នាំ ជាអ្នកបរិបូណ៌ដោយកាមទាំងពួង ដល់បែកឆ្លាយរាងកាយទៅកាន់ភពថ្មី ក៏បានជាកូននៃសក្កទេវរាជ។

ចប់ រឿងកុមារប្រេត ទី៥។

រឿងសេរិនីប្រេត ទី៦

(៦. សេរិណីបេតវត្ថុ)

[៣១] (ឧបាសកបានសួរស្រីប្រេតថា) ម្នាលនាងស្គម មានឆ្អឹងជំនីររគាម នាងជាស្រីអាក្រាត មានរូបមានសម្បុរអាក្រក់ ជាស្រីស្គម រវីមរវាមដោយសរសៃ នាងជាអ្វី មកឈរក្នុងទីនេះ។

(ស្រីប្រេតឆ្លើយថា) បពិត្រអ្នកដ៏ចំរើន ខ្ញុំជាស្រីប្រេត ដល់នូវសេចក្ដីលំបាក កើតក្នុងយមលោក បានធ្វើនូវកម្មដ៏លាមក (លុះច្យុត) អំពីមនុស្សលោកនេះហើយ បានទៅកាន់បេតលោក។

(ឧបាសកសួរថា) អំពើអាក្រក់ដូចម្ដេច ដែលនាងបានធ្វើហើយ ដោយកាយ វាចា ចិត្ត នាង (ច្យុត) អំពីមនុស្សលោកនេះ បានទៅកាន់បេតលោក ដោយផលនៃកម្មដូចម្ដេច។

(ស្រីប្រេតឆ្លើយថា) ខ្ញុំបានរើសទ្រព្យគេកន្លះមាសក ត្រង់កំពង់ទាំងឡាយដែលមិនមានទោស គឺមិនមានអ្នកណាមួយឃាត់ខាំង កាលដែលទេយ្យធម៌ទាំងឡាយ កំពុងមានគ្រប់គ្រាន់ ខ្ញុំមិនបានធ្វើនូវទីពឹងចំពោះខ្លួនសោះ។ ខ្ញុំស្រេកទឹក ចូលទៅរកស្ទឹង ស្ទឹងក៏បែរទៅជាទទេ ខ្ញុំចូលទៅជ្រកម្លប់ ក្នុងកាលកំពុងក្ដៅ ស្រមោលក៏បែរទៅជាក្ដៅ។ ឯខ្យល់ដែលដូចភ្លើងសោត ក៏ក្ដៅភាយមកដល់ខ្ញុំ បពិត្រអ្នកដ៏ចំរើន ខ្ញុំគួរ (រង) ទុក្ខ មានសម្រេកជាដើមនេះ និងបាបកម្មដទៃដ៏លាមកលើសលុបជាងសេចក្ដីទុក្ខ មានសម្រេកជាដើមនោះ។ អ្នកគួរទៅកាន់ហត្ថិនីបុរី ហើយជំរាបមាតារបស់ខ្ញុំថា ខ្ញុំបានឃើញកូនស្រីរបស់នាង ដល់នូវសេចក្ដីលំបាក កើតក្នុងយមលោក បានធ្វើនូវកម្មដ៏លាមក (ច្យុត) អំពីមនុស្សលោកនេះ បានទៅកាន់បេតលោក។ ទ្រព្យដែលខ្ញុំទុកក្នុងទីនុ៎ះមាន តែខ្ញុំមិនបានប្រាប់ទ្រព្យនោះ (ឯទ្រព្យទាំងនោះ) ចំនួន ៤ សែនកហាបណៈ ក្រោមបល្ល័ង្ក (របស់ខ្ញុំ)។ មាតារបស់ខ្ញុំនោះ ចូរឲ្យទានដើម្បីខ្ញុំផង ចូរចញ្ចឹមជីវិតផង ដោយទ្រព្យនោះចុះ មាតារបស់ខ្ញុំ លុះឲ្យទានហើយ ចូរឧទ្ទិសទក្ខិណាទានដល់ខ្ញុំផង ខ្ញុំនឹងជាអ្នកដល់នូវសេចក្ដីសុខ បានសម្រេចសេចក្ដីប្រាថ្នាគ្រប់យ៉ាង ក្នុងកាលនោះ។

ឧបាសកនោះ ទទួលស្ដាប់ពាក្យប្រេតនោះថា ប្រពៃហើយ រួចក៏ទៅកាន់ហត្ថិនីបុរី បានប្រាប់ដល់មាតារបស់ស្រីប្រេតនោះថា ខ្ញុំបានឃើញកូនស្រីរបស់នាង ដល់នូវសេចក្ដីលំបាក កើតក្នុងយមលោក បានធ្វើនូវកម្មដ៏លាមក (ច្យុត) អំពីមនុស្សលោកនេះ ទៅកាន់បេតលោក កូនស្រីរបស់នាងនោះ បានផ្ដាំនឹងខ្ញុំក្នុងបេតលោកនោះថា អ្នកអញ្ជើញទៅកាន់ហត្ថិនីបុរី ហើយជម្រាបដល់មាតារបស់ខ្ញុំថា ខ្ញុំបានឃើញកូនស្រីរបស់នាង ដល់នូវសេចក្ដីលំបាក កើតក្នុងយមលោក បានធ្វើកម្មដ៏លាមក (ច្យុត) អំពីមនុស្សលោកនេះ ទៅកាន់បេតលោក។ ទ្រព្យដែលខ្ញុំទុកក្នុងទីនុ៎ះមាន តែខ្ញុំមិនបានប្រាប់នូវទ្រព្យនោះ (ឯទ្រព្យទាំងនោះ) ចំនួន ៤ សែនកហាបណៈ នៅខាងក្រោមបល្ល័ង្ក (របស់ខ្ញុំ)។ សូមមាតាឲ្យទានដើម្បីខ្ញុំផង ចូរចញ្ចឹមជីវិតផង ដោយទ្រព្យនោះចុះ មាតារបស់ខ្ញុំ លុះឲ្យទានហើយ សូមឧទ្ទិសនូវទក្ខិណាទានដល់ខ្ញុំផង ខ្ញុំនឹងជាអ្នកដល់នូវសេចក្ដីសុខ បានសម្រេចសេចក្ដីប្រាថ្នាគ្រប់យ៉ាង ក្នុងកាលនោះ។

ក៏ក្នុងលំដាប់នោះ មាតានោះបានឲ្យទាន លុះឲ្យហើយ បានឧទ្ទិសនូវទក្ខិណាទាន ដល់ស្រីប្រេតនោះ ស្រីប្រេតក៏បានដល់នូវសេចក្ដីសុខផង មាតានោះ ចិញ្ចឹមជីវិតដោយងាយផង។

ចប់ រឿងសេរិនីប្រេត ទី៦។

រឿងមិគលុទ្ទប្រេត ទី៧

(៧. មិគលុទ្ទកបេតវត្ថុ)

[៣២] (ព្រះនារទត្ថេរសួរវេមានិកប្រេតថា) អ្នកនៅក្មេង មាននរៈនារីចោមរោម រុងរឿងដោយកាមគុណទាំងឡាយ គួរឲ្យត្រេកត្រអាល (ក្នុងពេលយប់ រងទុក្ខ) ក្នុងពេលថ្ងៃ អ្នកបានធ្វើនូវកម្មអ្វី ក្នុងជាតិមុន។

(ប្រេតបានឆ្លើយថា) កាលពីដើម ខ្ញុំជាព្រានម្រឹគ មានដៃប្រឡាក់ដោយឈាម ជាអ្នកអាក្រក់ នៅក្នុងក្រុងរាជគ្រឹះ មានភ្នំដូចជាក្រោល ជាទីគួរត្រេកអររីករាយ។ ខ្ញុំមានចិត្តប្រទូស្តចំពោះពួកសត្វច្រើន ជាសត្វមិនធ្វើកំហុស (នឹងនរណាមួយ) អាក្រក់ក្រៃពេក ត្រេកអរតែក្នុងការបៀតបៀនចំពោះសត្វដទៃ មិនសង្រួមគ្រប់កាលទាំងពួង។ សំឡាញ់របស់ខ្ញុំនោះ អ្នកមានហ្ឫទ័យល្អ ជាឧបាសកមានសទ្ធា គាត់អនុគ្រោះ បានឃាត់ខ្ញុំរឿយៗ ថា អ្នកកុំធ្វើអំពើអាក្រក់ឡើយ នែអ្នក អ្នកកុំទៅកាន់ទុគ្គតិឡើយ បើអ្នកប្រាថ្នាសេចក្ដីសុខក្នុងបរលោក អ្នកចូរវៀរបង់នូវការមិនសង្រួម គឺការសម្លាប់សត្វ។ ខ្ញុំបានស្ដាប់ពាក្យសំឡាញ់នោះ ជាអ្នកប្រាថ្នានូវសេចក្ដីសុខ អ្នកអនុគ្រោះដោយប្រយោជន៍ តែខ្ញុំជាអ្នកត្រេកអរក្នុងបាបយូរយារមិនមានប្រាជ្ញា មិនបានធ្វើតាមពាក្យប្រៀនប្រដៅ (របស់គាត់) ទាំងអស់។ សំឡាញ់នោះ ជាអ្នកមានប្រាជ្ញាល្អ ស្មើដោយផែនដី បានដំកល់ខ្ញុំក្នុងសេចក្ដីសង្រួមម្ដងទៀត ដោយសេចក្ដីអនុគ្រោះថា បើអ្នកសំឡាប់ពួកសត្វក្នុងវេលាថ្ងៃ ត្រូវអ្នកសង្រួមក្នុងវេលាយប់ចុះ។ ខ្ញុំនោះ សំឡាប់ពួកសត្វតែក្នុងវេលាថ្ងៃ ជាអ្នកសង្រួម វៀរចាកការសំឡាប់សត្វក្នុងវេលាយប់ ខ្ញុំរក្សាខ្លួនបានតែក្នុងវេលាយប់ វេលាថ្ងៃទៅកាន់ទុគ្គតិ (ឆ្កែទាំងឡាយ) ខាំស៊ី។ ខ្ញុំបានសោយសម្បត្តិ មិនមែនជារបស់មនុស្សក្នុងវេលាយប់ (ដោយអំណាច) កុសលកម្មនោះ វេលាថ្ងៃ ពួកឆ្កែមានចិត្តខ្នាញ់ ស្ទុះមកចោមខាំដោយជុំវិញ ពួកសត្វណា មានការប្រកបរឿយៗ ប្រកបជានិច្ច ក្នុងសាសនារបស់ព្រះសុគត ខ្ញុំសំគាល់ថា ពួកសត្វនោះ តែងបាននូវព្រះនិព្វាន ឈ្មោះអមតៈ ជាធម្មជាតសុទ្ធ គឺមិនលាយឡំដោយលោកិយសុខ ជាបទមិនមានបច្ច័យ ប្រជុំតាក់តែងបានឡើយ។

ចប់ រឿងមិគលុទ្ទប្រេត ទី៧។

រឿងទុតិយមិគលុទ្ទប្រេត ទី៨

(៨. ទុតិយមិគលុទ្ទកបេតវត្ថុ)

[៣៣] (ព្រះនារទត្ថេរ សួរប្រេតថា) អ្នកត្រេកអរលើបល្ល័ង្កដែលក្រាលដោយសំពត់គោណកៈ ក្នុងប្រាសាទ ដែលជាផ្ទះកំពូល គេប្រគំហើយ ដោយតូរ្យតន្ត្រីប្រកបដោយអង្គ ៥។ កាលជិតព្រះអាទិត្យរះឡើង ក្នុងទីបំផុតនៃរាត្រីនោះ អ្នកត្រូវគេបោះបង់ចោលក្នុងព្រៃស្មសាន ដល់នូវសេចក្ដីទុក្ខច្រើន។ អំពើអាក្រក់ដូចម្ដេច ដែលអ្នកបានធ្វើហើយ ដោយកាយ វាចា ចិត្ត អ្នកដល់នូវសេចក្ដីទុក្ខនេះ តើដោយផលនៃកម្មដូចម្ដេច។

(ប្រេតនោះឆ្លើយថា) កាលពីដើម ខ្ញុំជាព្រានម្រឹគ ជាអ្នកអាក្រក់ មិនសង្រួមនៅក្នុងក្រុងរាជគ្រឹះ មានភ្នំដូចជាក្រោល គួរត្រេកអររីករាយ។ សំឡាញ់របស់ខ្ញុំនោះ អ្នកមានហ្ឫទ័យល្អ ជាឧបាសកមានសទ្ធា មានភិក្ខុមួយអង្គ ជាជិតុនរបស់សំឡាញ់ខ្ញុំនោះ ជាសាវ័ករបស់ព្រះគោតម។ ភិក្ខុនោះ អនុគ្រោះ បានឃាត់ខ្ញុំរឿយ ៗ ថា អ្នកកុំធ្វើអំពើអាក្រក់ឡើយ នែអ្នក អ្នកកុំទៅកាន់ទុគ្គតិឡើយ បើអ្នកប្រាថ្នាសេចក្ដីសុខក្នុងបរលោក អ្នកចូរវៀរបង់នូវការមិនសង្រួម គឺការសម្លាប់សត្វ។ ខ្ញុំបានស្ដាប់ពាក្យរបស់ភិក្ខុនោះ លោកប្រាថ្នាសេចក្ដីសុខ អនុគ្រោះដោយប្រយោជន៍ តែខ្ញុំជាអ្នកត្រេកអរក្នុងបាបយូរយារ មិនមានប្រាជ្ញា មិនបានធ្វើតាមពាក្យប្រៀនប្រដៅ (របស់លោក) ទាំងអស់។ ភិក្ខុនោះ លោកមានប្រាជ្ញាល្អ ស្មើដោយផែនដី បានដំកល់ខ្ញុំក្នុងសេចក្ដីសង្រួមម្ដងទៀត ដោយសេចក្ដីអនុគ្រោះថា បើអ្នកសម្លាប់ពួកសត្វក្នុងវេលាថ្ងៃ ត្រូវអ្នកសង្រួមក្នុងវេលាយប់ចុះ។ ខ្ញុំនោះ សម្លាប់ពួកសត្វតែក្នុងវេលាថ្ងៃ ជាអ្នកសង្រួម វៀរចាកការសម្លាប់សត្វក្នុងវេលាយប់ ខ្ញុំរក្សាខ្លួនបានតែក្នុងវេលាយប់ វេលាថ្ងៃ ទៅកាន់ទុគ្គតិ (ឆ្កែទាំងឡាយ) ខាំស៊ី។ ខ្ញុំសោយសម្បត្តិទិព្វ (ដោយអំណាច) នៃកុសលកម្មនោះ ក្នុងវេលាយប់ វេលាថ្ងៃ ពួកឆ្កែមានចិត្តខ្នាញ់ ស្ទុះមកចោមខាំដោយជុំវិញ ពួកសត្វណា មានការប្រកបរឿយៗ ប្រកបជានិច្ច ក្នុងសាសនារបស់ព្រះសុគត ខ្ញុំសំគាល់ថា ពួកសត្វនោះ តែងបាននូវព្រះនិព្វានឈ្មោះអមតៈ ជាធម្មជាតសុទ្ធ គឺមិនលាយឡំដោយលោកិយសុខ ជាបទមិនមានបច្ច័យប្រជុំតាក់តែងបានឡើយ។

ចប់ រឿងទុតិយមិគលុទ្ទប្រេត ទី៨។

រឿងកូដវិនិច្ឆយកប្រេត ទី៩

(៩. កូដវិនិច្ឆយិកបេតវត្ថុ)

[៣៤] (ព្រះនារទត្ថេរសួរប្រេតថា) អ្នកពាក់នូវកម្រងផ្កា ជួតក្បាល ពាក់សង្វារ ខ្លួនរបស់អ្នកប្រស់ព្រំដោយខ្លឹមចន្ទ៍ អ្នកមានសម្បុរមុខថ្លា ល្អដូចជាសម្បុរនៃព្រះអាទិត្យ។ បរិវារទាំងឡាយរបស់អ្នក ដែលរាប់បញ្ចូលក្នុងបរិសទ័ មិនមែនជាមនុស្ស គឺនាងកញ្ញាមួយម៉ឺន ជាស្រីបំរើរបស់អ្នក។ នាងកញ្ញាទាំងនោះ ទ្រទ្រង់នូវសង្វារមាស ស្អិតស្អាងដោយសំពត់មាស អ្នកជាបុគ្គលមានអានុភាពច្រើន មានរូបអាចញុំាងពួកជនអ្នកមើល ឲ្យព្រឺរោម។ អ្នកខ្វារសាច់ខ្នងរបស់ខ្លួនស៊ីដោយខ្លួនឯង តើអំពើអាក្រក់ដូចម្ដេច ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត អ្នកខ្វារសាច់ខ្នងរបស់ខ្លួនស៊ីដោយខ្លួនឯង តើដោយផលនៃកម្មដូចម្ដេច។

(ប្រេតនោះបានឆ្លើយថា) ខ្ញុំបានប្រព្រឹត្ត ដើម្បីសេចក្ដីវិនាសខ្លួន ដោយការញុះញង់ និងមុសាវាទផង ដោយការបន្លំ និងបោកប្រាស់ផង ក្នុងជីវលោក។ ខ្ញុំបានទៅកាន់បរិស័ទ មិនធ្វើនូវហេតុមានប្រយោជន៍ ក្នុងកាលពិតដែលតាំងឡើងប្រាកដ បែរជាប្រព្រឹត្តតាមនូវហេតុ ដែលមិនមានប្រយោជន៍វិញ ក្នុងជីវលោកនោះ។ ប្រេតណា ស៊ីសាច់ខ្នង ប្រេតនោះឈ្មោះថា ស៊ីខ្លួនឯង ដូចជាខ្ញុំស៊ីសាច់ខ្នងរបស់ខ្លួន ក្នុងថ្ងៃនេះដែរ។

បពិត្រព្រះនារទៈ រឿងនេះ លោកម្ចាស់បានឃើញដោយព្រះអង្គឯងស្រាប់ហើយ ជនទាំងឡាយណា ជាអ្នកអនុគ្រោះ ជនទាំងនោះ ជាអ្នកឈ្លាសវៃ គប្បីពោលថា អ្នកកុំនិយាយពាក្យញុះញង់ផង កុំនិយាយពាក្យកុហកផង អ្នកកុំស៊ីនូវសាច់ខ្នងឡើយ។

ចប់ រឿងកូដវិនិច្ឆយកប្រេត ទី៩។

រឿងធាតុវិវណ្ណប្រេត ទី១០

(១០. ធាតុវិវណ្ណបេតវត្ថុ)

[៣៥] (ព្រះមហាកស្សប សួរធាតុវិវណ្ណប្រេតថា) អ្នកឋិតនៅឰដ៏អាកាស មានក្លិនអាក្រក់ ស្អុយផ្សាយទៅផង ពួកដង្កូវរុកស៊ីមាត់របស់អ្នក ដែលមានក្លិនស្អុយផង តើអ្នកបានធ្វើអំពើដូចម្ដេច ក្នុងកាលមុន។ ព្រោះតែផ្សាយក្លិនអាក្រក់ និងមាត់ដែលដង្កូវរុកស៊ីនោះ (បានជាពួកសត្វដែលកម្មដាស់តឿន) កាន់គ្រឿងសស្រ្ដាមកវះ (មាត់អ្នក) រឿយៗ ហើយស្រោចដោយទឹកខារ (ទឹកក្រុត) រួចវះញយៗថែមទៀត។ អំពើអាក្រក់ដូចម្ដេច ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត អ្នករងទុក្ខនេះ តើដោយផលនៃកម្មដូចម្ដេច។

(ធាតុវិវណ្ណប្រេតនោះឆ្លើយថា) បពិត្រលោក អ្នកនិរទុក្ខ ខ្ញុំជាឥស្សរៈលើទ្រព្យ និងធញ្ញជាតិដ៏ច្រើនក្រៃលែង (នៅ) ក្នុងក្រុងរាជគ្រឹះ មានភ្នំដូចជាក្រោល គួរត្រេកអររីករាយ។ (កាលពីជាតិមុន) ស្រីនេះ ជាប្រពន្ធរបស់ខ្ញុំផង ស្រីនេះ ជាធីតារបស់ខ្ញុំផង ស្រីនេះ ជាកូនប្រសាររបស់ខ្ញុំផង ខ្ញុំបានឃាត់ (ស្រីនោះ) ដែលនាំផ្កាពុំសែន ផ្កាឧប្បល និងគ្រឿងលាបមានតម្លៃ ទៅកាន់ព្រះស្ដូប បាបនោះឯង ដែលខ្ញុំបានធ្វើហើយ។ ពួកយើងចំនួន ៨៦.០០០ នាក់ រងទុក្ខវេទនាចំពោះខ្លួនៗ ឆេះនៅក្នុងនរកយ៉ាងខ្លាំង ព្រោះតិះដៀលនូវការបូជាចំពោះព្រះស្ដូប ពួកជនណា ប្រកាសនូវទោសក្នុងការបូជា ចំពោះព្រះអរហន្តសម្មាសម្ពុទ្ធ ដែលប្រព្រឹត្តទៅដោយការបូជានូវព្រះស្ដូប (ដូចជាខ្ញុំ) សូមលោកម្ចាស់ញុំាងពួកជននោះ កុំឲ្យងាកចេញចាកបុណ្យនោះឡើយ សូមលោកម្ចាស់មើលពួកស្រីទាំងនេះ ដែលទ្រទ្រង់កម្រងផ្កា មានខ្លួនប្រដាប់ហើយ កំពុងមកតាមអាកាសផង។ ពួកស្រីទាំងនោះ បានសម្រេច (សម្បត្តិទិព្វ) មានយសបរិវារ កំពុងសោយផលនៃការបូជាដោយកម្រងផ្កា សេចក្ដីព្រឺរោមក៏កើតឡើង ព្រោះឃើញហេតុជាអស្ចារ្យចំឡែកនោះ។ ពួកអ្នកមានប្រាជ្ញា តែងធ្វើនមស្ការថ្វាយបង្គំ សរសើរព្រះមហាមុនីនោះ ខ្ញុំនោះ លុះទៅអំពីបេតលោកនេះ ហើយបាននូវកំណើតជាមនុស្ស ជាអ្នកលែងធ្វេសប្រហែស និងធ្វើការបូជាចំពោះព្រះស្ដូបរឿយៗ ដោយពិត។

ចប់ រឿងធាតុវិវណ្ណប្រេត ទី១០។

ឧទា្ទន

និយាយអំពីរឿងអភិជ្ជមានប្រេត ១ រឿងសានុវាសិប្រេត ១ រឿងរថការីប្រេត ១ រឿងភុសប្រេត ១ រឿងកុមារប្រេត ១ រឿងសេរិនីប្រេត ១ រឿងមិគលុទ្ទប្រេត ២ លើក រឿងកូដវិនិច្ឆយកប្រេតដែលស៊ីសាច់ខ្នងរបស់ខ្លួន ១ រឿងធាតុវិវណ្ណប្រេតឃាត់ការបូជា១ ព្រោះហេតុនោះ ទើបចាត់ជាវគ្គ។

ចប់ ចូឡវគ្គ ទី៣។

មហាវគ្គ ទី៤

(៤. មហាវគ្គោ)

រឿងអម្ពសក្ខរប្រេត ទី១

(១. អម្ពសក្ករបេតវត្ថុ)

[៣៦] (ព្រះសង្គីតិកាចារ្យពោលថា) មាននគរ ១ ឈ្មោះវេសាលី របស់អ្នកដែនវជ្ជី ក្នុងក្រុងវេសាលីនោះ មានសេ្តចលិច្ឆវី ព្រះនាមអម្ពសក្ខរៈ បានទតឃើញប្រេតនៅខាងក្រៅក្រុង ស្ដេចមានព្រះហ្ឫទ័យចង់ដឹងហេតុ បានត្រាស់សួរប្រេតនោះ ក្នុងទីនោះឯងថាបុគ្គល (ដែលគេចាក់ស្ទួយឡើងលើដែកអណ្តោត) នេះ ដេក ឬអង្គុយ ក៏មិនបាន ការឈានទៅមុខ និងការឈានថយក្រោយ ក៏មិនបាន ការស៊ីផឹក លិទ្ធភ្លក្ស សំពត់ ភោគៈទាំងស្រីជាអ្នកបំរើរបស់បុគ្គលនេះ ក៏មិនមានទៀត។ ពួកជនណា ដែលជាញាតិសំឡាញ់ ដែលឃើញហើយ ឮហើយ ជាអ្នកមានចិត្តល្អ អនុគ្រោះនៃបុគ្គលណា ដែលមានក្នុងកាលពីដើម ឥឡូវនេះ ពួកញាតិជាដើមនោះ ក៏មិនបានឃើញបុគ្គលនោះដែរ ព្រោះខ្លួនឃ្លាតឆ្ងាយពីបុគ្គលនោះ បុគ្គលទុគ៌ត រមែងមិនមានពួកមិត្ត ពួកមិត្តតែងលះបង់ចោល ព្រោះដឹងថាខ្វះខាត ពួកមិត្តរមែងចោមរោម ព្រោះឃើញប្រយោជន៍ ឯបុគ្គលខ្ពង់ខ្ពស់ (ដោយភោគសម្បត្តិ) តែងមានមិត្តច្រើន។ បុគ្គលសាបសូន្យចាកប្រយោជន៍ លំបាកដោយភោគៈទាំងអស់ មានខ្លួនប្រឡាក់ដោយឈាម មានខ្លួនធ្លុះធ្លាយ រលត់ជីវិតទៅក្នុងថ្ងៃនេះ ឬថ្ងៃស្អែក ដូចដំណក់ទឹកសន្សើម (ដែលជាប់នៅលើចុងស្មៅ)។ សរីរៈប្រាកដដូច្នេះ ដល់នូវសេចក្ដីលំបាកដ៏ក្រៃលែង គេដោតស្ទួយឡើងលើឈើអណ្ដោត ដែលគេធ្វើដោយមែកស្ដៅ កាលបើយ៉ាងហ្នឹងហើយ ម្នាលយក្ស ចុះហេតុអ្វីបានជាអ្នកពោលថា នែអ្នកដ៏ចំរើន អ្នកចូររស់នៅចុះ (ព្រោះ) ការរស់នៅជាការប្រសើរ។

(ប្រេតឆ្លើយថា) បុរសនុ៎ះ (កាលពីជាតិមុន) ជាសាលោហិតរបស់ខ្ញុំ ខ្ញុំរលឹកឃើញជាតិក្នុងភពមុន បពិត្រព្រះរាជា លុះខ្ញុំឃើញហើយ ក៏មានសេចក្ដីករុណាដូច្នេះថា បុរសមានធម៌ដ៏លាមកនេះ កុំធ្លាក់ចុះក្នុងនរកឡើយ។ បពិត្រលិច្ឆវិរាជ បុរសនោះ ជាអ្នកធ្វើអំពើអាក្រក់ កាលច្យុតចាកអត្តភាពនេះហើយ នឹងកើតក្នុងនរក ដែលសម្បូរដោយសត្វ មានសភាពគួរឲ្យស្ញើប មានកំដៅភ្លើងដ៏ខ្លាំង មានទុក្ខក្ដៅផ្សា ជាគ្រឿងធ្វើភ័យឲ្យកើត។ ដែកអណ្ដោតនេះឯង ប្រសើរជាងនរកនោះ ដោយគុណមានចំណែកដ៏ច្រើន បុរសនេះ កុំធ្លាក់ក្នុងនរកមានទុក្ខតែម្យ៉ាង មានទុក្ខដ៏ក្ដៅផ្សា ជាគ្រឿងធ្វើភ័យឲ្យកើត មានទុក្ខដ៏ក្លៀវក្លាតែម្យ៉ាង បុរសអ្នកដល់នូវសេចក្ដីទុក្ខនោះ ស្ដាប់ពាក្យខ្ញុំនេះបានហើយ គប្បីវៀរបង់នូវអំពើលាមកចេញ ហេតុដូច្នោះ បានជាខ្ញុំមិននិយាយក្នុងសំណាក់នៃ (បុគ្គលនេះ) ថា ការរលត់ទៅនៃជីវិតនេះ ចូរកុំមានដល់ខ្ញុំ ក្នុងទីជាមួយគ្នាឡើយ។

(ព្រះបាទលិច្ឆវីសួរថា) ប្រយោជន៍របស់បុរសនេះ ខ្ញុំដឹងហើយ យើងចង់សួរប្រយោជន៍ដទៃទៀតចំពោះអ្នក បើអ្នកមិនបើកឱកាសឲ្យយើងទេ យើងក៏មិនហ៊ានសួរអ្នកដែរ អ្នកកុំគប្បីខឹងនឹងយើង។

(ប្រេតតបថា) សេចក្ដីប្ដេជ្ញារបស់យើង មានហើយក្នុងកាលនោះដោយពិតថា មិនប្រាប់ដល់បុគ្គលដែលមិនជ្រះថ្លា (នឹងគ្នា) អ្នកចូរធ្វើទុកក្នុងចិត្តថា យើងមិនចង់ប្រាប់ទេ តែជាមនុស្សមានពាក្យគួរជឿបានដូច្នេះហើយសួរខ្ញុំចុះ តាមសេចក្ដីពិតដែលអាច (នឹងប្រាប់បាន)។

(ស្ដេចលិច្ឆវីត្រាស់ថា) យើងឃើញនូវហេតុណាមួយដោយចក្ខុ យើងត្រូវជឿហេតុនោះទាំងអស់ ប្រសិនបើយើងឃើញហើយ យើងមិនជឿហេតុនោះទេ ម្នាលយក្ខ អ្នកត្រូវធ្វើនិយស្សកម្ម (ការបន្ថយយស) ដល់យើងចុះ។

(ប្រេតតបថា) ពាក្យប្ដេជ្ញានុ៎ះ ជាពាក្យប្ដេជ្ញាដ៏ពិតរបស់ព្រះអង្គចុះ បើព្រះអង្គត្រូវការចង់ដឹង មានហ្ឫទ័យមិនប្រទូស្ដ ស្ដាប់ធម៌ណា ជាធម៌ដែលព្រះអង្គធ្លាប់ស្ដាប់ហើយក្ដី មិនធ្លាប់ស្ដាប់ហើយក្ដី លុះព្រះអង្គស្ដាប់ធម៌នោះហើយ ចូរបាននូវសេចក្ដីជ្រះថ្លា កាលបើខ្ញុំដឹងយ៉ាងណា នឹងក្រាបទូលនូវហេតុនោះទាំងអស់។

(ស្ដេចលិច្ឆវីសួរថា) អ្នកមានសេះសប្រដាប់ហើយ ហើយចូលទៅក្នុងទីជិតនៃបុរស ដែលគេដោតដោយឈើអណ្ដោត ឯយានជំនិះនេះ ជារបស់អស្ចារ្យ គួររមិលមើល នេះជាផលនៃកម្មអ្វី។

(ប្រេតតបថា) មានជង្ហុក ១ ត្រង់ផ្លូវរអិលនៅកណ្ដាលក្រុងវេសាលីនោះ ថ្ងែមួយ ខ្ញុំមានចិត្តជ្រះថ្លា បានយកក្បាលគោធ្វើជាស្ពាន ដាក់ត្រង់ជង្ហុកនោះ។ យើងក្ដី ពួកមនុស្សឯទៀតៗ ក្ដី បានដាក់ជើងលើស្ពាននោះហើយ ទើបដើរទៅបាន យានជំនិះនេះដ៏អស្ចារ្យ គួររមិលមើល នេះជាផលនៃកម្មនោះឯង។

(ស្ដេចលិច្ឆវីសួរថា) ចុះអ្នកមានសម្បុរភ្លឺទៅសព្វទិស អ្នកមានក្លិនផ្សព្វផ្សាយទៅសព្វទិសបាន អ្នកបាននូវឫទ្ធិ៍ជាយក្ស មានអនុភាពច្រើន តែជាអ្នកអាក្រាត នេះជាវិបាកនៃកម្មអ្វី។

(ប្រេតឆ្លើយថា) ខ្ញុំជាមនុស្សមិនក្រោធ មានចិត្តជ្រះថ្លាជានិច្ច និយាយទៅនឹងជនដោយពាក្យពីរោះផ្អែមល្ហែម នេះជាផលនៃកម្មនោះឯង បានជាសម្បុររបស់ខ្ញុំ ភ្លឺជានិច្ច ដូចជាទិព្វ។ ខ្ញុំបានឃើញយសស័ក្ដិ និងកេរ្ដិ៍ឈ្មោះរបស់ពួកជនអ្នកតាំងនៅក្នុងធម៌ ក៏មានចិត្តជ្រះថ្លា ហើយប្រឹក្សា នេះជាផលនៃកម្មនោះឯង បានជាខ្ញុំមានក្លិនដូចជាទិព្វ ផ្សព្វផ្សាយទៅជានិច្ចបាន។ ខ្ញុំបានយកសំពត់ពួកសំឡាញ់ កំពុងងូតទឹកក្នុងកំពង់ លាក់លើគោក ខ្ញុំត្រូវការនឹងសើចលេង មិនមានចិត្តប្រទូស្ដទេ ព្រោះតែកម្មនោះ បានជាខ្ញុំអាក្រាត ទាំងការចិញ្ចឹមជីវិតក៏លំបាកពន់ពេក។

(ស្ដេចលិច្ឆវីត្រាស់សួរថា) បើបុគ្គលណា លែងធ្វើបាប អ្នកប្រាជ្ញទាំងឡាយបានសំដែង នូវផលនៃកម្មរបស់បុគ្គលនោះប្រាកដដូច្នេះ ចុះបើបុគ្គលណា មិនលែងធ្វើបាបទេ អ្នកប្រាជ្ញទាំងឡាយ បានសំដែងនូវផលនៃកម្មនោះដូចម្ដេច។

(ប្រេតតបថា) បើពួកមនុស្សណា មានតម្រិះក្នុងចិត្តប្រទូស្ដហើយ សៅហ្មងដោយកាយ និងវាចា មនុស្សទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក្នុងបរលោក រមែងទៅកើតក្នុងនរកឥតមានសង្ស័យឡើយ។ ចំណែកពួកមនុស្សដទៃ ប្រាថ្នានូវសុគតិ ត្រេកអរក្នុងទាន មានអត្តភាពជាអ្នកសង្គ្រោះ មនុស្សទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក្នុងបរលោក រមែងទៅកើតក្នុងសុគតិ ឥតមានសង្ស័យឡើយ។

(ស្ដេចលិច្ឆវីត្រាស់ថា) យើងបានពិចារណាហើយ គប្បីដឹងពាក្យនោះដូចម្ដេច នេះជាផលនៃកល្យាណកម្ម និងបាបកម្មទេតើ យើងឃើញដូចម្ដេច គប្បីជឿនរណា គប្បីធ្វើខ្ញុំឲ្យជឿពាក្យនោះបាន។

(ប្រេតតបថា) ព្រះអង្គទតឃើញហើយ ឮហើយ សូមជឿទៅចុះ នេះជាផលនៃកល្យាណកម្ម និងបាបកម្ម កាលបើកល្យាណកម្ម និងបាបកម្មទាំងពីរ មិនមានទេ ពួកសត្វ គប្បីមានសុគតិ ឬទុគ្គតិដូចម្ដេចបាន។ ប្រសិនបើពួកសត្វមិនគប្បីធ្វើកល្យាណកម្ម និងបាបកម្ម ក្នុងមនុស្សលោកនេះទេ ពួកសត្វ ក៏មិនបានសុគតិ ឬទុគ្គតិ ទាំងមិនបានថោកទាប ឬខ្ពង់ខ្ពស់ក្នុងមនុស្សលោកឡើយ។ ពួកសត្វធ្វើកល្យាណកម្ម និងបាបកម្ម ក្នុងមនុស្សលោកនេះ ព្រោះហេតុណា ហេតុនោះ បានជាពួកសត្វទៅសុគតិខ្លះ ទុគ្គតិខ្លះ ថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ ក្នុងមនុស្សលោក។ ពួកអ្នកប្រាជ្ញ បានសំដែងនូវផលទាំងពីរនៃកម្មទាំងឡាយ ដែលជាគ្រឿងសោយនូវសុខ និងទុក្ខ ពួកទេវតាតែងចោមរោមដោយពិត ពួកពាលជាអ្នកមិនបានឃើញនូវផលទាំងពីរហើយ រមែងឆេះនៅ (ក្នុងអបាយទាំងឡាយ មាននរកជាដើម)។ បុញ្ញកម្មដែលធ្វើដោយខ្លួនឯង មិនមានអ្នកឲ្យគ្រឿងស្លៀកពាក់ ទីដេក ទីអង្គុយ បាយ និងទឹក ហើយឧទ្ទិសចំពោះខ្ញុំ ក៏មិនមានដែរ ហេតុនោះ បានជាខ្ញុំមានកាយអាក្រាត ទាំងការប្រព្រឹត្តិចិញ្ចឹមជីវិតក៏លំបាក។

(ព្រះបាទលិច្ឆវីត្រាស់សួរថា) ម្នាលយក្ស ហេតុតិចតួចដែលអ្នកគួរបាននូវគ្រឿងស្លៀកពាក់ មានដែរឬ អ្នកចូរប្រាប់ដល់យើង ហេតុណាដែលនាំឲ្យយើងជឿបាន យើងនឹងស្ដាប់នូវពាក្យតាមហេតុនោះ។

(ប្រេតតបថា) ក្នុងក្រុងវេសាលីនេះ មានភិក្ខុ ១ រូប ឈ្មោះកប្បិតកៈ មានឈាន មានសីលធម៌ល្អ ជាព្រះអរហន្ត មានចិត្តផុតស្រឡះចាកអកុសល មានឥន្ទ្រិយស្រគត់ស្រគំ សង្រួមក្នុងបាតិមោក្ខ ត្រជាក់ត្រជុំ សម្រេចនូវការយល់ដ៏ខ្ពង់ខ្ពស់ មានសំដីទន់ភ្លន់ ដឹងនូវពាក្យពោល មានសំដីផ្អែមល្ហែម មានព្រះភក្ត្រផូរផង់ ចេះចាំធម៌អាថ៌ដោយប្រពៃ ផុតស្រឡះហើយដោយល្អ ជាបុញ្ញក្ខេត្ត ស្ងប់ស្ងាត់ចាកកិលេស ជាទក្ខិណេយ្យបុគ្គលរបស់ទេវតា និងមនុស្សទាំងឡាយ ជាសប្បុរស ប្រាសចាកផ្សែង គឺវិតក្កៈ វិចារៈ មិនមានទុក្ខ មិនមានសេចក្ដីប្រាថ្នា ផុតស្រឡះចាកភពទាំងពួង មានសរ គឺរាគៈទៅប្រាសហើយ មិនមានសេចក្ដីសំគាល់ថាអញ មិនវៀចវេរ មិនមានឧបធិក្កិលេស អស់ធម៌ជាគ្រឿងយឺតយូរគ្រប់យ៉ាង បានសម្រេចវិជ្ជា ៣ មានសេចក្ដីរុងរឿង។ លោកនោះ មិនល្បីនាមប្រាកដទេ ទុកជាឃើញ ក៏មិនងាយនឹងស្គាល់ ពួកមនុស្សអ្នកនៅក្នុងដែនវជ្ជី តែងនាំគ្នាហៅថា មុនីដូច្នេះ ទាំងដឹងថា លោកជាបុគ្គលគួរបូជា មិនមានសេចក្ដីញាប់ញ័រ គឺកិលេស មានកល្យាណធម៌ ប្រព្រឹត្តទៅក្នុងលោក។ បើព្រះអង្គ ឲ្យសំពត់ ១ គូក្ដី ២គូក្ដី ដល់ព្រះថេរៈនោះ ឧទ្ទិសដល់ខ្ញុំ ខ្ញុំនឹងគប្បីបានសំពត់ ដែលលោកទទួលហើយនោះផង ព្រះអង្គ នឹងទតឃើញខ្ញុំដែលស្លៀកសំពត់ហើយផង។

(ព្រះបាទលិច្ឆវីត្រាស់សួរថា) ឥឡូវនេះ យើងនឹងទៅជួបព្រះសមណៈនៅក្នុងប្រទេសណា សមណៈនោះ គប្បីបន្ទោបង់នូវសេចក្ដីសង្ស័យផង នូវសេចក្ដីងឿងឆ្ងល់ផង នូវសេចក្ដីយល់ខុស ដែលជាសត្រូវរបស់យើងផង ក្នុងថ្ងៃនេះបានឬទេ។

ប្រេតតបថា សមណៈនុ៎ះ គង់នៅឯប្រទេសឈ្មោះកបិនច្ចនា មានពួកទេវតាច្រើន ចោមរោម លោកមាននាមថាសច្ចៈ ជាអ្នកមិនប្រមាទក្នុងធម៌ជាគ្រឿងអស្ចារ្យរបស់ខ្លួន សំដែងធម្មីកថា។

(ព្រះបាទលិច្ឆវីត្រាស់សួរថា) បើដូច្នោះ ឥឡូវនេះ យើងនឹងទៅធ្វើឲ្យសមណៈ ស្លៀកដណ្ដប់ដោយគូសំពត់ អ្នកចូរមើលសំពត់ទាំងនោះ ដែលលោកបានទទួលហើយ ឯយើង គប្បីមើលនូវអ្នកស្លៀកសំពត់។

(ប្រេតតបថា) ព្រះអង្គកុំចូលទៅរកបព្វជិត ក្នុងកាលមិនគួរឡើយ ខ្ញុំសូមអង្វរ ធម៌នោះ មិនមែនជាធម៌របស់ព្រះអង្គជាស្ដេចលិច្ឆវីទេ ខ្ញុំចូលទៅក្នុងកាលគួរនោះ ទើបឃើញលោកគង់នៅក្នុងទីស្ងាត់នោះឯង។

ស្ដេចលិច្ឆវីនោះ ពោលពាក្យដូច្នោះហើយ ក៏មានពួកទាសៈចោមរោម យាងចូលទៅក្នុងទីនោះ លុះចូលទៅក្រុងនោះហើយ ទ្រង់យាងចូលទៅក្នុងព្រះរាជនិវេសន៍របស់ព្រះអង្គវិញ។ លំដាប់នោះ ស្ដេចលិច្ឆវី ធ្វើនូវកិច្ចទាំងឡាយជារបស់គ្រហស្ថ ក្នុងវេលាព្រឹកហើយ ក៏ស្រង់ផង សោយនូវសុគន្ធរសផង រួចបាននូវឱកាស ក៏ជ្រើសរើសនូវសំពត់បាន ៨ គូ អំពីហិប ហើយក៏ឲ្យពួកទាសៈ កាន់យកតាមទៅ។ ស្ដេចលិច្ឆវីនោះ ចូលទៅឯប្រទេសនោះ បានឃើញសមណៈនោះ អ្នកមានចិត្តស្ងប់រម្ងាប់ កំពុងវិលត្រឡប់ពីគោចរ ជាបុគ្គលត្រជាក់ត្រជុំ គង់នៅក្រោមម្លប់ឈើ។ លុះស្ដេចលិច្ឆវីចូលទៅដល់ហើយ ក៏ពោលទៅនឹងសមណៈនោះ រួចហើយក៏សួរនូវការមិនមានអាពាធ និងការនៅជាសុខសប្បាយ (ហើយទូល) ថាបពិត្រលោកដ៏ចំរើន ខ្ញុំជាស្ដេចលិច្ឆវីក្នុងក្រុងវេសាលី អ្នកផងតែងស្គាល់ខ្ញុំ ថាជាស្ដេចលិច្ឆវី ឈ្មោះអម្ពសក្ខរៈ។ បពិត្រលោកដ៏ចំរើន សូមលោកទទួលសំពត់ទាំង ៨គូ របស់ខ្ញុំនេះចុះ បពិត្រលោកដ៏ចំរើន ខ្ញុំសូមប្រគេនដល់លោក ខ្ញុំមកក្នុងទីនេះ ព្រោះប្រយោជន៍នោះឯង គួរឲ្យខ្ញុំមានចិត្តត្រេកអរ។

(ព្រះថេរៈតបថា) ពួកសមណៈព្រាហ្មណ៍ ដែលមកអំពីទីឆ្ងាយ តែងតែចៀសវាងនូវនិវេសន៍របស់ព្រះអង្គ បាត្រទាំងឡាយ តែងធ្លាក់បែក សង្ឃាដីទាំងឡាយ តែងតែរហែកដាច់ដាច ក្នុងនិវេសន៍របស់ព្រះអង្គ។ ម្យ៉ាងទៀត ពួកសមណៈដទៃ មានក្បាលសំយុងចុះ រមែងធ្លាក់ចុះដោយជើងទាំងឡាយ ពោលគឺជើង (របស់ព្រះអង្គ) កាលបើព្រះអង្គ បៀតបៀននូវបព្វជិតប្រាកដដូច្នោះហើយ ពួកសមណៈរមែងដល់នូវអំពើដែលព្រះអង្គធើ្វ។ ព្រះអង្គមិនដែលឲ្យប្រេងសូម្បីដោយចុងស្បូវផង មិនប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវផង ព្រះអង្គសមាទាន កាន់យកតែអាជ្ញា របស់មនុស្សអន្ធពាលដោយព្រះអង្គឯង បុគ្គលបែបហ្នឹងឈ្មោះថា កំណាញ់ស្វិតស្វាញ ជាអ្នកមិនសង្រួម។ កាលបើយ៉ាងហ្នឹង តើព្រះអង្គ ឃើញនូវហេតុអ្វី តាមដោយហេតុអ្វី បានជាព្រះអង្គធ្វើនូវការចែករំលែកជាមួយនឹងអាត្មាភាព។

(ស្ដេចត្រាស់ថា) បពិត្រលោកដ៏ចំរើន លោកពោលពាក្យណា ខ្ញុំក៏ទទួលស្ដាប់នូវពាក្យនោះ។

(ព្រះថេរៈតបថា) ព្រះអង្គធ្វើពួកសមណព្រាហ្មណ៍ឲ្យវង្វេងហើយ។

(ស្ដេចត្រាស់ថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាបុគ្គលត្រូវការនឹងលេង មិនមានចិត្តប្រទូស្ដឡើយ ខ្ញុំធ្វើអំពើអាក្រក់នេះមែនហើយ បុគ្គលក្មេងក្ដី កំឡោះក្ដី ដែលមានទ្រព្យតិច តែងទទួលទុក្ខ ព្រោះតែសន្សំបាបដោយការលេង ជាបុគ្គលមានចំណែកនៃភាពជាអ្នកអាក្រាត អ្វីដែលដល់នូវទុក្ខយ៉ាងធ្ងន់ ជាងភាពអាក្រាតនោះ របស់ប្រេតនោះ។ បពិត្រលោកដ៏ចំរើន ខ្ញុំឃើញប្រេតនោះ គួរឲ្យកើតសង្វេគ ទើបឲ្យទាន ព្រោះសង្វេគនោះជាបច្ច័យ បពិត្រលោកដ៏ចំរើន សូមលោកទទួលសំពត់ទាំង ៨ គូចុះ ទក្ខិណាទាន (ដែលខ្ញុំប្រគេនហើយ) នេះ សូមឲ្យបានសម្រេចដល់យក្សចុះ។

(ព្រះថេរៈតបថា) ការមិនចេះអស់ ចូរមានដល់ព្រះអង្គ កាលឲ្យទាន ដែលអ្នកប្រាជ្ញមានព្រះពុទ្ធជាដើម ទ្រង់សរសើរហើយ ដោយប្រការដ៏ច្រើនដោយពិត ឯអាត្មានឹងទទួលសំពត់របស់ព្រះអង្គទាំង ៨ គូ សូមទក្ខិណាទានសម្រេចដល់យក្សចុះ។

លំដាប់នោះឯង ស្ដេចលិច្ឆវីនោះ ក៏ជំរះសំអាត ហើយប្រគេនសំពត់ ៨ គូដល់ព្រះថេរៈ ព្រះថេរៈបានទទួលសំពត់ ៨ គូនោះហើយ ស្ដេចលិច្ឆវី បានឃើញនូវយក្សស្លៀកដណ្ដប់សំពត់។ ស្ដេចលិច្ឆវី បានទតឃើញប្រេតនោះ មានខ្លួនប្រស់ព្រំដោយខ្លឹមច័ន្ទន៍ ហើយឡើងជិះសេះអាជានេយ្យ មានរូបដ៏ប្រសើរ មានគ្រឿងប្រដាប់គ្រប់គ្រាន់ មានសំពត់ស្លៀកដណ្ដប់ដ៏ស្អាត មានបរិស័ទចោមរោម ដល់នូវឫទ្ធិ៍ជាយក្សយ៉ាងធំ។ លុះស្ដេចលិច្ឆវីនោះ ទតឃើញប្រេតនោះហើយ ក៏មានព្រះហ្ឫទ័យសោមនស្ស ខ្ពស់អណ្ដែតឡើង មានព្រះហ្ឫទ័យត្រេកអរ មានសភាពដ៏ប្រសើរល្អ មានចក្ខុ ព្រោះបានឃើញនូវកម្ម មានផលដ៏ធំផង ធ្វើឲ្យជាក់ច្បាស់នូវប្រេតដែលខ្លួនបានឃើញដោយខ្លួនឯង។ ស្ដេចលិច្ឆវី បានចូលទៅរកប្រេតនោះ ហើយមានព្រះបន្ទូលថា យើងនឹងឲ្យទាន ដល់ពួកសមណព្រាហ្មណ៍ ឯវត្ថុបន្តិចបន្តួច ដែលយើងមិនត្រូវឲ្យ មិនមានទេ ម្នាលយក្ស អ្នកមានឧបការៈដល់យើងច្រើនណាស់។

(ប្រេតតបថា) បពិត្រស្ដេចលិច្ឆវី ព្រះអង្គបានឲ្យទានទាំងឡាយចំពោះតែបច្ច័យ ១ ការឲ្យទាននេះ មិនមែនសោះសូន្យឡើយ ខ្ញុំជាអមនុស្ស ធ្វើជាសាក្សីជាមួយព្រះអង្គជាមនុស្ស។

(ស្ដេចលិច្ឆវីតបថា) អ្នកជាគតិ ជាផៅពង្ស ជាការនាំមុខ និងជាមិត្រសំឡាញ់ និងជាទេវតារបស់យើង យើងសូមប្រណមអញ្ជលីចំពោះអ្នក ម្នាលយក្ស យើងចង់ឃើញអ្នកម្ដងទៀត។

(ប្រេតតបថា) បើព្រះអង្គជាអ្នកមិនមានសទ្ធា ជាបុគ្គលកំណាញ់ មានចិត្តវិបត្តិហើយ ព្រះអង្គបានឃើញខ្ញុំដោយហេតុនោះឯង ទុកជាខ្ញុំឃើញ ក៏មិននិយាយរកចំពោះព្រះអង្គដែរ។ បើព្រះអង្គជាអ្នកគោរពក្នុងធម៌ ត្រេកអរក្នុងទាន មានអត្តភាពជាអ្នកសង្គ្រោះ ជាអណ្ដូងរបស់ពួកសមណព្រាហ្មណ៍យ៉ាងនេះ ទើបព្រះអង្គអាចឃើញខ្ញុំបាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំឃើញហើយនិយាយចំពោះព្រះអង្គថា ព្រះអង្គ ចូរដោះបុរសនេះ អំពីឈើអណ្ដោតឲ្យឆាប់ទៅ យើងបានធ្វើជាសាក្សី ព្រោះហេតុតែបុរសណា យើងរមែងដឹង ព្រោះហេតុតែបុរស ដែលគេដោតដោយឈើអណ្ដោត យើងទាំងនោះ បានធ្វើជាសាក្សីដល់គ្នានឹងគ្នា។ បើបុរសដែលដោតលើឈើអណ្ដោតនេះ បានរួចឆាប់ គប្បីប្រព្រឹត្តធម៌ដោយគោរព ទើបបុរសនោះ រួចអំពីនរកនោះបាន កម្មនោះ នឹងទៅជាកម្មដែលបុរសនោះគប្បីទទួលក្នុងភពដទៃ។ សូមព្រះអង្គ សេ្ដចចូលទៅរកកប្បិតកភិក្ខុ ហើយចាត់ចែងភោជនាហារក្នុងកាលដ៏គួរ ជាមួយនឹងលោក ហើយអង្គុយចំពោះមុខលោក ដោយព្រះអង្គឯង ហើយចូរសួរលោកចុះ លោកគង់នឹងប្រាប់សេចក្ដីនោះដល់ព្រះអង្គ។ សូមព្រះអង្គចូលទៅរកភិក្ខុនោះ ហើយសួរចុះ ព្រោះភិក្ខុនោះ ត្រូវការបុណ្យ មិនមានចិត្តប្រទូស្ដទេ ភិក្ខុនោះដឹងយ៉ាងណា ក៏នឹងប្រាប់នូវធម៌ទាំងអស់យ៉ាងនោះ ដែលព្រះអង្គស្ដាប់ហើយក្ដី មិនដែលស្ដាប់ហើយក្ដី កាលបើព្រះអង្គស្ដាប់ លោកនឹងសំដែងប្រាប់នូវធម៌ផង នូវសុគតិផង។

ស្ដេចលិច្ឆវីនោះ ចរចានឹងគ្នាក្នុងទីស្ងាត់ ក្នុងទីនោះ ហើយធ្វើឲ្យជាសាក្សីជាមួយនឹងអមនុស្ស ហើយជៀសចេញទៅកាន់សំណាក់នៃស្ដេចលិច្ឆវីទាំងឡាយ លំដាប់នោះ ស្ដេចបានពោលចំពោះបរិស័ទដែលមកប្រជុំគ្នា។

(ស្ដេចលិច្ឆវីត្រាស់ថា) អ្នកដ៏ចំរើនទាំងឡាយ ចូរស្ដាប់ពាក្យយើងមួយម៉ាត់ យើងនឹងបាននូវពរ យើងនឹងបាននូវប្រយោជន៍ បុរសដែលត្រូវគេដោតដោយឈើអណ្ដោត ជាអ្នកមានកម្មអាក្រក់ មានអាជ្ញាតាំងទុកហើយ មានសភាពជាមនុស្សជាប់ដោយអាជ្ញា។ បុរសដែលត្រូវឈើអណ្ដោតដោតហើយ មិនរស់ មិនស្លាប់ អស់ ២០ រាត្រីប៉ុណ្ណោះ ឥឡូវនេះ យើងនឹងដោះបុរសនោះ សូមសង្ឃ6) យល់តាមសេចក្ដីគាប់ចិត្ត (របស់យើង) ចុះ។

(ប្រេតតបថា) សូមព្រះអង្គ ដោះលែងបុរសដែលជាប់ដោយឈើអណ្ដោតនោះផង បុរសដទៃផង ឲ្យឆាប់ទៅ នរណាពោលនឹងព្រះអង្គដែលកំពុងធ្វើដូច្នោះ ព្រះអង្គយល់យ៉ាងណា ចូរធ្វើយ៉ាងនោះចុះ ឥឡូវសង្ឃយល់តាមសព្វព្រះទ័យហើយ។

ស្ដេចនោះបានចូលទៅប្រទេសនោះ ហើយបានដោះលែងបុរសដែលគេដោត ដោយឈើអណ្ដោតមួយរំពេច ហើយប្រាប់ទៅបុរសនោះថា នែសំឡាញ់មានធុរៈស្មើ ចូរអ្នកកុំភ័យឡើយ ហើយក៏ប្រគល់ឲ្យទៅពួកពេទ្យអ្នកថែរក្សា។ ទើបស្ដេចលិច្ឆវី យាងចូលទៅរកកប្បិតកភិក្ខុ ហើយចាត់ចែងភោជនាអាហារ ក្នុងកាលដ៏គួរ មួយអន្លើនឹងកប្បិតកភិក្ខុនោះ ស្ដេចលិច្ឆវីអ្នកត្រូវការដោយហេតុ ទើបចូលទៅគង់ជិត ហើយសួរកប្បិតកភិក្ខុនោះ ដែលអង្គុយនៅទីនោះ ដោយព្រះឱស្ឋព្រះអង្គឯងថា បុរសដែលគេដោតដោយឈើអណ្តោត (ហ្នឹង) ជាអ្នកធ្វើកម្មអាក្រក់ ត្រូវគេដាក់អាជ្ញាហើយ មានសភាពជាអ្នកជាប់ដោយអាជ្ញា បុរសដែលត្រូវឈើអណ្តោតដោតហើយ មិនរស់ មិនស្លាប់ អស់ ២០ រាត្រី ប៉ុណ្ណោះ។ បពិត្រលោកដ៏ចំរើន ឥឡូវនេះ បុរសនោះ ខ្ញុំបានដោះលែងតាមពាក្យយក្សនុ៎ះហើយ ហេតុតិចតួចដែលបុរសនោះ មិនគប្បីទៅនរក មានដែរឬ។ បពិត្រលោកដ៏ចំរើន បើមានហេតុ គឺហេតុដែលគួរជឿបាន សូមលោកប្រាប់ដល់យើង យើងស្ដាប់ហើយ យើង(នឹងជឿតាមពាក្យរបស់លោក) ការវិនាសនៃកម្មទាំងនោះ ក៏មិនមាន សេចក្ដីវិនាសរបស់បុរសនោះ ក៏មិនមាន ក្នុងទីនេះ ព្រោះមិនបានទទួលនូវផល។ បើបុរសនោះ គប្បីប្រព្រឹត្តនូវធម៌ទាំងឡាយ មិនប្រមាទ ទាំងយប់ទាំងថ្ងៃ ដោយគោរព ទើបបុរសនោះ គប្បីរួចចាកនរកនោះបាន កម្មនោះ នឹងជាកម្មដែលត្រូវទទួលក្នុងភពដទៃ។ ប្រយោជន៍របស់បុរសនុ៎ះ ខ្ញុំបានដឹងហើយ បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់អនុគ្រោះខ្ញុំ ក្នុងកាលឥឡូវនេះ បពិត្រលោកមានប្រាជ្ញាដ៏ក្រាស់ សូមលោកម្ចាស់ ទូន្មានប្រៀនប្រដៅខ្ញុំ គួរកុំឲ្យខ្ញុំទៅនរកបាន។

(ព្រះថេរៈតបថា) ព្រះអង្គមានព្រះហ្ឫទ័យជ្រះថ្លា ចូរដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈ ក្នុងថ្ងៃនេះឯង មួយទៀត ព្រះអង្គចូរសមាទាននូវសិក្ខាបទទាំង ៥ កុំឲ្យដាច់ធ្លុះធ្លាយឡើយ។ ចូរព្រះអង្គ វៀរចាកបាណាតិបាតឲ្យឆាប់ ចូរវៀរចាកទ្រព្យដែលគេមិនឲ្យក្នុងលោកចេញ កុំសោយនូវទឹកស្រវឹងផង កុំកុហកផង ចូរត្រេកអរតែនឹងមហេសីរបស់ព្រះអង្គផង។ សូមព្រះអង្គ សមាទាននូវឧបោសថសីលដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះ ជាកុសលឲ្យផលជាសុខចុះ។

សូមព្រះអង្គប្រទាននូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សយនាសនប្បច្ច័យ បាយ និងទឹក បង្អែម សំពត់ សេនាសនៈទាំងឡាយ ចំពោះពួកបុគ្គលអ្នកមានចិត្តត្រង់ បុណ្យរមែងចំរើនសព្វៗកាល មួយទៀត សូមព្រះអង្គ ញ៉ាំងពួកភិក្ខុអ្នកបរិបូណ៌ដោយសីល ប្រាសចាករាគៈ ជាពហុស្សូត ឲ្យឆ្អែតដោយបាយ និងទឹក បុណ្យរមែងចំរើនសព្វៗកាល។ កាលបើបុរសនោះ ប្រព្រឹត្តនូវធម៌ទាំងឡាយ មិនប្រមាទទាំងយប់ទាំងថ្ងៃ ដោយគោរពយ៉ាងនេះហើយ ទើបរួចចាកនរកបាន កម្មនោះ នឹងទៅជាកម្មដែលត្រូវទទួលក្នុងភពដទៃ។

(ស្តេចលិច្ឆវី មានព្រះឱង្ការថា) ខ្ញុំមានចិត្តជ្រះថ្លាដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាសរណៈ ក្នុងថ្ងៃនេះឯង មួយទៀត ខ្ញុំសមាទាននូវសិក្ខាបទទាំង ៥ មិនឲ្យដាច់ធ្លុះធ្លាយ ខ្ញុំវៀរចាកបាណាតិបាតយ៉ាងឆាប់ ខ្ញុំវៀរចាកអទិន្នាទានក្នុងលោក ខ្ញុំមិនផឹកទឹកស្រវឹង មិននិយាយពាក្យមុសា ខ្ញុំត្រេកអរចំពោះតែប្រពន្ធរបស់ខ្លួន។ ខ្ញុំសមាទាននូវឧបោសថសីលដ៏ឧត្តម ប្រកបដោយអង្គ ៨ ប្រការ ដ៏ប្រសើរនេះ ជាកុសល ឲ្យផលជាសុខ។

ខ្ញុំឲ្យនូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ ទីដេក ទីអង្គុយ បាយទឹក បង្អែម សំពត់ សេសនៈទាំងឡាយ ចំពោះពួកភិក្ខុអ្នកបរិបូណ៌ដោយសីល ប្រាសចាករាគៈ ជាពហុស្សុត ខ្ញុំជាអ្នកត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធទាំងឡាយ មិនកម្រើកឡើយ។

(បណ្តាពួកឧបាសក) ក្នុងក្រុងវេសាលី ស្តេចលិច្ឆវី ព្រះនាមអម្ពសក្ខរៈ ជាឧបាសកម្នាក់ ប្រាកដដូច្នោះ ក្នុងក្រុងវេសាលី ជាអ្នកមានសទ្ធាផង មានចិត្តទន់ភ្លន់ផង ជាអ្នកធ្វើនូវឧបការៈ ទំនុកបម្រុងភិក្ខុសង្ឃដោយគោរព ក្នុងកាលនោះផង។ បុរសដែលត្រូវគេដោតដោយឈើអណ្តោត ឥតមានរោគ មានតែសិរី និងសុខ បានចូលទៅកាន់ផ្នួស ជនទាំងពីរនាក់ ក៏បានសម្រេចនូវសាមញ្ញផលទាំងឡាយ (តាមសមគួរ) ព្រោះអាស្រ័យនឹងព្រះថេរៈឈ្មោះកប្បិតកៈដ៏ឧត្តម។ ការសេពគប់នឹងពួកសប្បុរស អ្នកស្ងប់ អ្នកដឹងដូច្នេះ រមែងមានផលច្រើន បុរសដែលដេកលើឈើអណ្តោត បានសម្រេចនូវផលដ៏ប្រសើរ ឯស្តេចលិច្ឆវី អម្ពសក្ខរៈ បានសម្រេចផលតូច (សោតាបត្តិផល)។

ចប់ រឿងអម្ពសក្ខរប្រេត ទី១។

រឿងសេរិស្សកប្រេត ទី២

(២. សេរីសកបេតវត្ថុ)

[៣៧] ការប្រជុំនៃយក្ខ និងពាណិជទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់។បេ។

(អ្នកប្រាជ្ញគប្បីមើលក្នុងរឿងទី ១០ នៃ សុនិក្ខិត្តវគ្គ ទី៧ ក្នុង វិមានវត្ថុ ចុះ)។

ចប់ រឿងសេរិស្សកប្រេត ទី២។

រឿងនន្ទិកាប្រេត ទី៣

(៣. នន្ទកបេតវត្ថុ)

[៣៨] ព្រះរាជាព្រះនាមបិង្គលកៈ ជាធំក្នុងសុរដ្ឋប្រទេស សេ្តចទៅកាន់គំនាល់នៃព្រះបាទមោរិយៈ (ព្រះបាទធម្មាសោក) ហើយស្តេចត្រឡប់មកសុរដ្ឋប្រទេសវិញ។ ព្រះរាជាសេ្តចយាងកាត់ភក់ ក្នុងវេលាថៃ្ងត្រង់ដ៏ក្តៅ ក៏បានទតឃើញផ្លូវគួរជាទីត្រេកអរ ជាផ្លូវដែលប្រេតទាំងឡាយ និម្មិតហើយ ទើបព្រះរាជាទ្រង់ត្រាស់នឹងនាយសារថីថា ផ្លូវនេះគួរជាទីត្រេកអរ ជាផ្លូវដ៏ក្សេមក្សាន្ត ប្រកបដោយសួស្តី ជាផ្លូវមិនមានឧបទ្រពឡើយ ម្នាលសារថី ចូរអ្នកទៅតាមផ្លូវនេះវិញ (ព្រោះយើង) ទៅតាមផ្លូវនេះ ជិតដល់សុរដ្ឋប្រទេសហើយដូច្នេះ រួចព្រះបាទបិង្គលកៈក្នុងសុរដ្ឋប្រទេស ក៏បានទៅតាមផ្លូវនោះជាមួយនឹងសេនាប្រកបដោយអង្គ ៤។ បុរសមានសភាពតក់ស្លុត បានក្រាបទូលស្តេចក្នុងសុរដ្ឋប្រទេសដូច្នេះថា យើងដើរទៅតាមផ្លូវមិនស្រួល ជាទីស្ញប់ស្ញែង ព្រឺព្រួចរោម។ ផ្លូវខាងមុខបា្រកដ ផ្លូវខាងក្រោយមិនប្រាកដទេ យើងដើរទៅតាមផ្លូវមិនស្រួល ក្នុងទីជិតនៃពួកយមបុរសប្រេត ឯក្លិនអមនុស្ស បក់មក ទាំងមានសំឡេងគឹកកងដ៏ខ្លាំង ដ៏អាក្រក់ ក៏ឮមក។

ព្រះរាជាក្នុងសុរដ្ឋប្រទេស ទ្រង់មានសេចក្តីតក់ស្លុត ទើបត្រាស់ទៅនឹងនាយសារថី ដូច្នេះថា យើងដើរទៅពារផ្លូវមិនស្រួល នំាឲ្យស្ញប់ស្ញែង នំាឲ្យព្រឺព្រួចរោម ផ្លូវខាងមុខបា្រកដ ផ្លូវខាងក្រោយមិនបា្រកដទេ។ យើងដើរទៅពារផ្លូវមិនស្រួល ក្នុងទីជិតនៃពួកយមបុរសហើយ ឯក្លិនសរីរៈអមនុស្ស ក៏បក់មក ទាំងសំឡេងគឹកកងរំពងអាក្រក់ ក៏ឮមក។ (ទ្រង់ត្រាស់ដូច្នេះហើយ) ក៏ឡើងគង់លើដំរី ហើយទតមើលទៅទិសទាំង ៤ បានឃើញដើមជ្រៃមួយដើម ជារុក្ខជាតផឹកនូវទឹកដោយជើង បរិបូណ៌ដោយម្លប់ប្រហែលមេឃមានពណ៌ខៀវ ជាឈើមានសម្បុរដូចផៃ្ទមេឃ ព្រះរាជាត្រាស់ទៅនឹងនាយសារថីថា ដើមឈើធំប្រហែលមេឃមានពណ៌ខៀវ ជាឈើមានសម្បុរដូចផៃ្ទមេឃនុ៎ះ ជាឈើអ្វី។

សារថីក្រាបទូលថា បពិត្រមហារាជ នោះជាដើមជ្រៃ ជារុក្ខជាតផឹកនូវទឹកដោយជើង បរិបូណ៌ដោយម្លប់ប្រហែលមេឃមានពណ៌ខៀវ ជាឈើមានសម្បុរដូចផ្ទៃមេឃ។ ព្រះរាជាក្នុងសុរដ្ឋប្រទេស សេ្តចទៅត្រង់ដើមឈើធំប្រហែលមេឃមានពណ៌ខៀវ ជាឈើមានសម្បុរដូចផ្ទៃមេឃ។ ព្រះរាជាស្តេចចុះពីកដំរី ហើយចូលសំដៅទៅរកដើមឈើ ទ្រង់គង់ក្រោមម្លប់ឈើជាមួយនឹងអាមាត្យ និងជនជាបរិស័ទ ក៏បានទតឃើញបំពង់ទឹកដ៏ពេញ និងនំទាំងឡាយដ៏វិចិត្រ។

(ប្រេតនោះ) ក្លែងខ្លួនជាបុរស មានភេទដូចជាទេវតា ស្អិតស្អាងគ្រឿងអាភរណៈទាំងពួង ហើយចូលទៅនិយាយនឹងព្រះរាជា ជាធំក្នុងសុរដ្ឋប្រទេស ដូច្នេះថា បពិត្រមហារាជ ព្រះអង្គសេ្តចមកល្អហើយ មួយទៀត ដំណើរព្រះអង្គសេ្តចមក ឈ្មោះថា មិនស្តេចមកដោយអាក្រក់ទេ បពិត្រព្រះអរិន្ទមរាជ សូមព្រះសម្មតិទេព ទ្រង់សោយនូវវិសុទ្ធិរស ទ្រង់សោយនូវនំទាំងឡាយ។

ព្រះរាជាក្នុងសុរដ្ឋប្រទេស ព្រមទាំងអាមាត្យ និងជនជាបរិស័ទ បានសោយនូវព្រះវិសុទិ្ធរសផង សោយនូវនំទាំងឡាយផង លុះសោយរួចហើយ ទ្រង់ត្រាស់សួរដូច្នេះថា អ្នកជាទេវតា ឬជាគន្ធព្វ ឬមួយជាសក្កបុរិន្ទទៈ យើងមិនស្គាល់ បានជាសួរអ្នក យើងស្គាល់អ្នកដូចម្តេចបាន។

(ប្រេតតបថា) ខ្ញុំមិនមែនជាទេវតា មិនមែនជាគន្ធព្វ មិនមែនជាសក្កបុរិន្ទទៈទេ បពិត្រមហារាជ ជាស្តេចក្នុងសុរដ្ឋប្រទេស ខ្ញុំជាប្រេតទេតើ មកនៅក្នុងទីនេះ។

ព្រះរាជាត្រាស់ថា ចុះអ្នកឯងមានសីលធម៌ដូចម្តេច មានសមាចារដូចម្តេច ក្នុងសុរដ្ឋបុរី អ្នកឯងនេះ មានអានុភាពច្រើន ព្រោះអ្នកប្រព្រឹត្តនូវធម៌ប្រសើរដូចម្តេចខ្លះ។

(ប្រេតតបថា) បពិត្រព្រះអរិន្ទមហារាជ ជាសេ្តចចំរើនក្នុងដែន សូមព្រះអង្គ ព្រមទាំងពួកអាមាត្យ និងព្រាហ្មណ៍បុរោហិត ទ្រង់ព្រះសណា្តប់ពាក្យខ្ញុំនោះ។ បពិត្រព្រះសម្មតិទេព ខ្ញុំនៅក្នុងសុរដ្ឋប្រទេស ជាបុរសមានចិត្តអាក្រក់ មានសេចក្តីយល់ខុស ទ្រុស្តសីល កំណាញ់ ជេរប្រទេច ផ្តាសាពួកជនដែលកំពុងឲ្យ កំពុងធ្វើ ហាមឃាត់ពួកជនច្រើន ធ្វើអន្តរាយដល់ពួកជនដទៃ ដែលកំពុងឲ្យ (ខ្ញុំរមែងនិយាយរឿយៗថា) ផលរបស់ទានមិនមានទេ តើផលនៃការសង្រួម គឺសីល នឹងមានមកពីណា អាចារ្យមិនមាន អ្នកណានឹងទូន្មានបុគ្គល ដែលគេមិនទាន់ទូន្មាននោះបាន។ ពួកសត្វសឹងតែសើ្មៗគ្នាទេ ចាំបាច់មានបុគ្គលជាអ្នកគោរពកោតក្រែងត្រកូលរៀមច្បង (ធើ្វអ្វីទៀត) កំឡាំងក្តី សេចក្តីព្យាយាម មិនមានហើយ តើការប្រឹងប្រែងរបស់បុរស មានមកអំពីទីណា។ ផលរបស់ទានមិនមានទេ បុគ្គលមិនអាចធើ្វសត្វដែលមានពៀរឲ្យស្អាតបាន សត្វបានសេចក្តីសុខទុក្ខ ដែលត្រូវបានកើតពីសេចក្តីប្រែប្រួល តែងដឹកនំាទៅ (មិនមែនព្រោះកម្ម ដែលខ្លួនធើ្វទេ)។ មាតា បិតា បងប្អូន មិនមាន លោកដទៃក្រៅពីលោកនេះ មិនមាន ការឲ្យទាន មិនមាន ការបូជា មិនមាន ការដម្កល់ទាន (ចំពោះសមណព្រាហ្មណ៍) ក៏មិនមាន។ អ្នកណាកាត់ក្បាលបុសរ មិនឈោ្មះថា សម្លាប់បុរសទេ (ព្រោះ) គ្មានអ្នកណាសម្លាប់ (អ្នកណា) តិចតួចទេ ទុកដូចជាបៀតបៀនក្នុងចន្លោះនៃកាយទាំង ៧ (មានផែនដីជាដើម) ដែរ។ ជីវៈ ជាសភាវៈផ្តាច់មិនបាន ទំលាយមិនបាន (ព្រោះ) ចួនកាលមានជ្រុង ៨ ចួនកាលមូលជាដុំ (មានកំពស់) ៥០០ យោជន៍ អ្នកណា ក៏មិនអាចនឹងផ្តាច់បង់ជីវៈបានឡើយ។ កាលបើអម្បោះហុង គេបោះចោលទៅ អម្បោះហុងនោះ រមែងរលា យ៉ាងណាមិញ ជីវៈនោះ ក៏រលាយ៉ាងនោះដែរ។ បុរសបុគ្គល ចេញពីស្រុក ចូលទៅកាន់ស្រុកដទៃទៀត យ៉ាងណាមិញ ជីវៈនោះ (ចេញពីកាយនេះ) ចូលទៅកាន់កាយដទៃយ៉ាងនោះដែរ។ បុរសបុគ្គល ចេញពីផ្ទះ ចូលទៅកាន់ផ្ទះដទៃ យ៉ាងណាមិញ ជីវៈនោះ ចូលទៅកាន់កាយដទៃទៀត ក៏យ៉ាងនោះដែរ។ ពួកពាល ពួកបណ្ឌិត នឹងធើ្វសង្សារវដ្តឲ្យអស់ទៅ ធើ្វទុក្ខឲ្យផុតបាន ទាល់តែអស់មហាកប្បទាំងឡាយ ៨ លាន ៤ សែន។ សុខ និងទុក្ខទាំងឡាយ វាល់បានដោយទោណៈទាំងឡាយផង ដោយកញ្ជើទាំងឡាយផង ជិនបុរស រមែងជ្រាបសព្វ ពួកសត្វក្រៅនេះ ប្រកបដោយសេចក្តីវងេ្វង។ កាលមុន ខ្ញុំជាអ្នកយល់យ៉ាងនេះ ជាអ្នកប្រកបដោយសេចក្តីវងេ្វង មានសេចក្តីវងេ្វងគ្របសង្កត់ មានសេចក្តីយល់ខុស ទ្រុស្តសីល កំណាញ់ ប្រទេច ផ្តាសា (សមណៈ និងព្រាហ្មណ៍)។ ខាងអាយ ៦ ខែទៀត ខ្ញុំនឹងធើ្វកាលកិរិយា។ ខ្ញុំមុខជានឹងធ្លាក់នរក មានការក្តៅក្រហាយដ៏ពន្លឹកដោយពិត ជានរកមានជ្រុង ៤ មានទ្វារ ៤ ដូចជាវាស់ដោយចំណែកដែលចែកសើ្មគ្នា ជានរកមានកំពែងដែកព័ទ្ធជុំវិញ គ្របដោយដែក។ ភូមិនៃនរកនោះ ជាវិការៈនៃដែក រន្ទាលច្រាលឆ្អៅ ប្រកបដោយភើ្លងផ្សព្វផ្សាយទៅ ១០០ យោជន៍ជុំវិញសព្វកាល។ កន្លងទៅ ១ សែនឆ្នាំ ឮសូរសំឡេងកងរំពងក្នុងកាលនោះ។ បពិត្រមហារាជ ចំណែកមួយសែនកោដិឆ្នាំ ជាគ្រឿងកំណត់ (អាយុរបស់សត្វដែលឆេះនៅក្នុងនរកនុ៎ះ ពួកជនដែលជាមិច្ឆាទិដ្ឋិ ទ្រុស្តសីល តិះដៀលព្រះអរិយៈ តែងឆេះនៅក្នុងនរក អស់ ១ សែនកោដិឆ្នាំ។ ខ្ញុំនឹងរងទុក្ខវេទនាក្នុងនរកនោះ អស់កាលជាយូរអងែ្វង (ព្រោះ) ផលនៃបាបកម្ម ហេតុនោះ បានជាខ្ញុំសោកសៅដ៏ក្រៃលែង។ បពិត្រអរិន្ទមមហារាជ អ្នកចំរើនក្នុងដែន ព្រះអង្គចូរស្តាប់ដំណើរនោះ បពិត្រមហារាជ ធីតារបស់ខ្ញុំ ឈោ្មះនាងឧត្តរា សេចក្តីចំរើន ចូរមានដល់ព្រះអង្គ។ នាងឧត្តរា តែងធើ្វនូវកម្មដ៏ចំរើន ជាអ្នកត្រេកអរក្នុងនិច្ចសីល និងឧបោសថសីល ត្រេកអរក្នុងទាន ជាអ្នកចែករលែកទាន ជាអ្នកដឹងនូវពាក្យ (នៃស្មូម) មិនមានកំណាញ់ ធើ្វមិនឲ្យដាច់ក្នុងសិក្ខាបទ ជាកូនប្រសារក្នុងត្រកូលដទៃ ជាឧបាសិកានៃព្រះសក្យមុនីសម្ពុទ្ធដ៏មានសិរី។ ភិក្ខុបរិបូណ៌ដោយសីល ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ជាអ្នកសង្រួមចក្ខុ មានស្មារតី គ្រប់គ្រងទ្វារ បិទបំាងកាយដោយប្រពៃ ត្រាច់ទៅតាមលំដាប់ច្រក បានទៅកាន់លំនៅរបស់នាងនោះ។ បពិត្រមហារាជ សេចក្តីចំរើន ចូរមានដល់ព្រះអង្គ នាងឧត្តរា បានឃើញភិក្ខុនោះហើយ បានប្រគេននូវបានីយករក (តម្រងទឹក) ដ៏ពេញផង នូវនំទាំងឡាយដ៏វិចិត្រផង (ហើយឧទិ្ទសផលមកឲ្យខ្ញុំយ៉ាងនេះថា) បពិត្រលោកដ៏ចំរើន បិតារបស់ខ្ញុំ ចែកឋានទៅហើយ ទាននេះ សូមសម្រេចដល់បិតារបស់ខ្ញុំនោះ។ ផលក៏សម្រេច ក្នុងពេលជាលំដាប់ដែលឧទិ្ទសហើយ ខ្ញុំជាអ្នកបានកាមតាមបា្រថ្នា បរិភោគដូចជាសេ្តចវេស្សវ័ណ។ បពិត្រអរិន្ទមមហារាជ ព្រះអង្គអ្នកចំរើនក្នុងដែន សូមព្រះអង្គស្តាប់នូវដំណើរនោះ ព្រះពុទ្ធ គេហៅថា បុគ្គលប្រសើរជាងសត្វលោក ព្រមទាំងទេវលោក បពិត្រព្រះបាទអរិន្ទមៈ សូមព្រះអង្គ ព្រមទាំងព្រះរាជបុត្រាបុត្រី ព្រះអគ្គជាយា ដល់នូវព្រះពុទ្ធនោះ ជាសរណៈចុះ។ ពួកបុរសបុគ្គល បានដល់ព្រះនិព្វាន ដោយសារតែមគ្គប្រកបដោយអង្គ ៨ ប្រការ បពិត្រព្រះបាទអរិន្ទមៈ សូមព្រះអង្គ ព្រមទាំងព្រះរាជបុត្រាបុត្រី ព្រះអគ្គជាយា ដល់នូវធម៌ (អដ្ឋងិ្គកមគ្គ) នោះ ជាសរណៈចុះ។ ព្រះអរិយបុគ្គល ៤ ពួក ប្រតិបត្តិក្នុងមគ្គ ព្រះអរិយបុគ្គល ៤ ពួក ឋិតនៅក្នុងផល ព្រះសង្ឃទាំងនុ៎ះ លោកជាអ្នកស្លូតត្រង់ តំាំងនៅមំាក្នុងបញ្ញា និងសីល បពិត្រព្រះបាទអរិន្ទមៈ សូមព្រះអង្គ ព្រមទាំងព្រះរាជបុត្រាបុត្រី ព្រះអគ្គជាយា ដល់នូវព្រះសង្ឃនោះ ជាសរណៈចុះ។

សូមព្រះអង្គ វៀរចាកបាណាតិបាតឲ្យឆាប់ៗ សូមព្រះអង្គវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យក្នុងលោក សូមព្រះអង្គ កុំសោយនូវទឹកស្រវឹង កុំមានព្រះឱង្ការកុហក សូមព្រះអង្គ ត្រេកអរតែនឹងព្រះអគ្គមហេសីរបស់ព្រះអង្គ។

(ព្រះរាជាត្រាស់ថា) ម្នាលយក្ស អ្នកជាអ្នកបា្រថ្នាសេចក្តីចំរើនដល់យើង ម្នាលទេវតា អ្នកជាអ្នកបា្រថ្នាប្រយោជន៍ដល់យើង យើងធ្វើតាមពាក្យរបស់អ្នកហើយ អ្នកជាអាចារ្យរបស់យើង។ យើងសូមដល់ព្រះពុទ្ធជាសរណៈផង ដល់ព្រះធម៌ ជាសរណៈផង ដល់ព្រះសង្ឃដ៏ប្រសើរជាងមនុស្ស និងទេវតា ជាសរណៈផង។

យើងវៀរចាកបាណាតិបាត យ៉ាងឆាប់រហ័ស យើងលះបង់ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យក្នុងលោក យើងលែងផឹកទឹកស្រវឹង លែងនិយាយកុហក យើងជាអ្នកត្រេកអរតែនឹងប្រពន្ធរបស់ខ្លួន។

ម្នាលប្រេត យើងត្រេកអរក្នុងសាសនារបស់ព្រះពុទ្ធទាំងឡាយ បាច (នូវទិដ្ឋិដ៏អាក្រក់ចោលដូចជាអង្កាម) ក្នុងទីមានខ្យល់ធំផង បន្សាត់ចោលនូវទិដ្ឋិអាក្រក់ (ដូចជាសម្រាម) ក្នុងទន្លេមានខ្សែទឹករហ័សផង។ លុះព្រះបាទបិង្គលៈ ជាសេ្តចក្នុងដែនសុរដ្ឋ មានព្រះឱង្ការដូច្នេះហើយ ក៏បានវៀរចាកការយល់ដ៏លាមកចោលចេញ ធ្វើនូវកិរិយាថ្វាយបង្គំព្រះមានព្រះភាគ រួចក៏បែរព្រះភក្រ្តចំទៅទិសខាងកើត ឡើងគង់លើរថទៅ។

ចប់ រឿងននិ្ទការប្រេត ទី៣។

រឿងរេវតីប្រេត ទី៤

(៤. រេវតីបេតវត្ថុ)

[៣៩] ម្នាលរេវតី ជាស្រីមានធម៌ដ៏លាមកក្រៃលែង នាងចូរក្រោកឡើង។បេ។ រឿងរេវតីប្រេត ទី៤នេះ គប្បីមើលក្នុងរឿងទី២ នៃមហារថវគ្គ ទី៥ ក្នុងវិមានវត្ថុចុះ។

ចប់ រឿងវេរតីប្រេត ទី៤។

រឿងឧច្ឆុប្រេត ទី៥

(៥. ឧច្ឆុបេតវត្ថុ)

[៤០] (ប្រេតទូលសួរព្រះមោគ្គល្លានថា) ព្រៃអំពៅធំនេះ កើតឡើងដល់ខ្ញុំ (ហាក់ដូច) ជាផលបុណ្យច្រើនណាស់ដែរ តែឥឡូវនេះ ខ្ញុំមិនបានបរិភោគអំពៅនោះសោះ បពិត្រលោកដ៏ចំរើន សូមលោកបា្រប់ខ្ញុំ តើផលនេះជាផលកម្មអ្វី។ មួយទៀត ខ្ញុំដល់នូវសេចក្តីចង្អៀតចង្អល់ ចង់បរិភោគ (ក៏បរិភោគមិនកើត) ខ្ញុំខំប្រឹងខ្នះខ្នែងដើម្បីបរិភោគនូវរសនៃអំពៅតិចតួច ខ្ញុំនោះមានអត្តភាពដាច់ហើយ ជាបុគ្គលកំសត់ ប្រកបដោយទុក្ខនេះ ជាផលកម្មអ្វី។ មួយទៀត ខ្ញុំជាបុគ្គលចង្អៀតចង្អល់ ដួលដេកបម្រះននៀលលើផែនដី ដូចត្រីនៅលើគោកដ៏ក្តៅ ទឹកភ្នែកទាំងឡាយរបស់ខ្ញុំ ហូរចេញអំពីចម្ងាយ បពិត្រលោកដ៏ចំរើន សូមលោកមេត្តាបា្រប់ នេះជាផលនៃកម្មអ្វី។ ខ្ញុំឃា្លនផង លំបាកផង សេ្រកផង តក់ស្លុតផង មិនបានសេចក្តីសុខស្រួលទេ បពិត្រលោកដ៏ចំរើន ខ្ញុំសូមសួរសេចក្តីនុ៎ះ ចំពោះនឹងលោកម្ចាស់ ធ្វើម្តេចហ្ន៎ ខ្ញុំគប្បីបានបរិភោគអំពៅ (នេះ)។

(ព្រះមោគ្គល្លាន មានថេរវាចាថា) កាលពីដើម អ្នកកើតជាមនុស្ស បានធើ្វបាបកម្មដោយខ្លួនឯង ក្នុងកាលមុន អាត្មារៀបរាប់សេចក្តីនោះប្រាប់អ្នក អ្នកស្តាប់ហើយ ត្រូវដឹងសេចក្តីនោះចុះ។ (កាលនោះ) អ្នកកំពុងដើរស៊ីអំពៅ មានបុរសម្នាក់ដើរពីក្រោយខ្នងអ្នក បុរសនោះ ប្រាថ្នាចង់បានអំពៅនោះ ហើយនិយាយសូម អ្នកមិនបាននិយាយពាក្យតិចតួច នឹងបុរសនោះទេ។ ឯបុរសនោះ បាននិយាយសូមចំពោះអ្នក ដែលមិននិយាយរក បាននិយាយនឹងអ្នកថា អ្នកចូរឲ្យអំពៅដល់ខ្ញុំ អ្នកក៏បានឲ្យអំពៅមួយដើម តាមក្រោយខ្នង ដល់បុរសនោះ នេះជាផលរបស់បាបកម្មនោះឯង។ ហ៎ បើដូចច្នោះ អ្នកគប្បីទៅចាប់អំពៅពីក្រោយខ្នងចុះ លុះចាប់បានហើយ ចូរស៊ីឲ្យឆែ្អតចុះ អ្នកគង់មានចិត្តត្រេកអរ រីករាយ អណ្តែតឡើង ស្រោះស្រាយ ព្រោះតែបានបរិភោគអំពៅនោះ។ បុរសនោះ ទៅចាប់យកអំពៅពីក្រោយខ្នងរបស់ខ្លួន លុះចាប់យកបានហើយ ក៏ស៊ីអំពៅនោះទាល់តែឆ្អែតឆ្អន់ រួចបុរសនោះ មានចិត្តត្រេកអរ រីករាយ អណ្តែតឡើង ស្រោះស្រាយ។

ចប់ រឿងឧច្ឆុប្រេត ទី៥។

រឿងកុមារប្រេត ទី៦

(៦. កុមារបេតវត្ថុ)

[៤១] (ព្រះមានព្រះភាគត្រាស់ថា) តថាគតឮថា ក្រុងឈ្មោះសាវត្ថី នៅក្បែរព្រៃហិមពាន្ត ក្នុងក្រុងនោះ មានកុមារពីរនាក់ ជាព្រះរាជបុត្ររបស់ (ព្រះបាទបសេនទិកោសល)។ ព្រះរាជបុត្រទាំងពីរអង្គនោះ ជាអ្នកប្រមាទ ជាអ្នកមានសេចក្តីត្រេកអរ ក្នុងកាមគុណទាំងឡាយ ជាទីត្រេកអរ ជាប់ចំពាក់នឹងសេចក្តីសុខជាបច្ចុប្បន្ន ព្រះរាជបុត្រទាំងនោះ មិនបានឃើញសេចក្តីសុខទៅក្នុងអនាគតកាលឡើយ។ ព្រះរាជបុត្រទាំងនោះ ទៅកាន់លោកខាងមុខ ចាកអត្តភាពជាមនុស្ស ព្រះរាជបុត្រទាំងពីរនោះ មិនប្រាកដរូប ស្រែកប្រកាសតែអំពើអាក្រក់របស់ខ្លួនក្នុងកាលមុន។ កាលទក្ខិណេយ្យបុគ្គលទាំងឡាយ មានច្រើន កាលទេយ្យធម៌មាន ពួកយើងមិនអាចដើម្បីធ្វើខ្លួនឲ្យមានសួស្តីតិចតួច ជាទីនាំមកនូវសេចក្តីសុខសោះ។ អំពើអាក្រក់អ្វី ជាអំពើអាក្រក់ជាងអំពើរបស់យើងនោះ ពួកយើងច្យុតចាករាជត្រកូល មកកើតក្នុងប្រេតវិស័យ (ក្នុងទីនេះ) ប្រកបដោយសេចក្តីស្រេក និងការឃ្លាន។ ពួកមនុស្សជាម្ចាស់គេក្នុងលោកនេះ ពុំមែនជាម្ចាស់ក្នុងលោកឯណោះទៀតទេ បានខ្ពស់ហើយ ត្រឡប់ទាបវិញ (ព្រោះតណ្ហា) តែងស្លាប់ ដោយសេចក្តីស្រេកឃ្លាន។ នរជនដឹងទោស ដែលកើតអំពីសេចក្តីប្រកាន់ថាធំ យ៉ាងនេះហើយ គប្បីលះនូវសេចក្តីស្រវឹងថាធំ ចោលចេញ ទើបទៅឋានសួគ៌ នរជននោះ ជាអ្នកប្រកបដោយប្រាជ្ញា ដល់បែកធ្លាយរាងកាយ រមែងកើតក្នុងឋានសួគ៌។

ចប់ រឿងកុមារប្រេត ទី៦។

រឿងរាជបុត្តប្រេត ទី៧

(៧. រាជបុត្តបេតវត្ថុ)

[៤២] (ព្រះមានព្រះភាគ ត្រាស់សំដែងរឿងរាជបុត្តប្រេតនេះថា) ផលរបស់បាបកម្មទាំងឡាយ ដែលរាជបុត្រធ្វើហើយ ក្នុងកាលពីដើម គប្បីញំាញីនូវចិត្ត ព្រោះរូប សំឡេង ក្លិន រស ផ្សព្វ និងធម្មារម្មណ៍។ រាជបុត្រចូលចិត្តនឹងការរាំ ការច្រៀង ការត្រេកអរ និងការសើចចំអកឡកឡឺយដ៏ច្រើន ដើរលេងក្នុងឧទ្យាន រួចចូលទៅក្រុងរាជគ្រឹះវិញ។ រាជបុត្រនោះ បានឃើញឥសី (ព្រះបចេ្ចកពុទ្ធ) ឈ្មោះសុនេត្ត លោកមានចិត្តទូន្មានហើយ មានចិត្តតម្កល់មាំ ប្រាថ្នាតិច ប្រកបដោយហិរិ ត្រេកអរតែនឹងចង្ហាន់ក្នុងបាត្រ ដោយការស្វែងរក។

ក្សត្រិយ៍ចុះពីកដំរី ហើយសួរថា បពិត្រលោកដ៏ចំរើន បានចង្ហាន់ដែរឬទេ ហើយទទួលយកបាត្ររបស់លោក លើកឡើងឲ្យខ្ពស់ បោកបំបែកបាត្រលោកលើដីរដិបរដុប ហើយសើចលេង ដើរចេញទៅ (និយាយថា) ខ្ញុំជាកូនរបស់ព្រះបាទកិតវៈ នែភិក្ខុ លោកនឹងធ្វើអ្វីដល់ខ្ញុំ។ ផលដ៏ក្តៅក្រហាយរបស់បាបកម្មដ៏អាក្រក់នោះឯង នាំរាជបុត្រ ឲ្យរងទុក្ខពេញពោរក្នុងនរក។ រាជបុត្រ បានធ្វើអំពើអាក្រក់ ក៏ដល់នូវសេចក្តីទុក្ខក្រៃលែងក្នុងនរក ប្រាំបួនសែន (៩០០,០០០) ឆ្នាំ។ ជនពាល ទុកជាដេកផ្ងារក្តី ផ្កាប់ក្តី ផ្អៀងទៅខាងឆ្វេងក្តី ខាងស្តាំក្តី ជើងឡើងលើក្តី ឈរក្តី រមែងឆេះអស់កាលដ៏យូរ។ ជនពាល បានធ្វើអំពើអាក្រក់ ក៏ទទួលទុកដ៏ក្រៃលែងក្នុងនរកច្រើនពាន់ឆ្នាំផង ច្រើនហ្មឺនឆ្នាំផង។ បុគ្គលអ្នកមានបាបកម្ម តែងទទួលនូវសេចក្តីទុក្ខដ៏ក្រៃលែង ជាទុក្ខក្តៅផ្សាប្រាកដដូច្នោះ ព្រោះតែប្រទូស្តនឹងឥសីអ្នកមិនបានប្រទូស្ត មានវត្តល្អ។ រាជបុត្រនោះ ទទួលនូវសេចក្តីទុក្ខដ៏ច្រើន ក្នុងនរកនោះ អស់ឆ្នាំទាំងឡាយដ៏ច្រើន ច្យុតចាកនរកនោះមក មកកើតជាប្រេត មានសេចក្តីស្រេកឃ្លានបៀតបៀនហើយ។ បុរសបុគ្គល ដឹងទោសជាដែនកើតនៃសេចក្តីស្រវឹង ព្រោះឥស្សរិយយសយ៉ាងនេះហើយ គប្បីលះបង់នូវសេចក្តីស្រវឹង ព្រោះតែឥស្សរិយយស ហើយប្រព្រឹត្តបន្ទាបបន្ទន់កាយ។ ជនណា ជាបុគ្គលដែលគេសរសើរក្នុងបច្ចុប្បន្ន ជាអ្នកគោរពក្នុងព្រះពុទ្ធ ជននោះ ជាអ្នកប្រកបដោយប្រាជ្ញា លុះបែកធ្លាយរាងកាយទៅ រមែងកើតក្នុងឋានសួគ៌។

ចប់ រឿងរាជបុត្តប្រេត ទី៧។

រឿងគូថខាទកប្រេត ទី៨

(៨. គូថខាទកបេតវត្ថុ)

[៤៣] (ព្រះមោគ្គល្លាន ឃើញប្រេតនោះហើយ សួរថា) អ្នកដែលអាត្មាឃើញហើយ តើជាអ្វី ងើបអំពីរណ្តៅអាចម៍ ហើយឋិតនៅ អ្នកឯងជាបុគ្គលមានបាបកម្មឥតសង្ស័យ ហេតុអ្វីក៏ស្រែក។

(ប្រេតតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាប្រេតទុគ៌ត កើតក្នុងយមលោក បានធ្វើបាបកម្ម ទៅពីមនុស្សលោកនេះ ទៅកាន់បេតលោក។

(ព្រះមោគ្គល្លាន សួរថា) អំពើអាក្រក់ដូចម្តេច ដែលប្រេតឯងធ្វើហើយ ដោយកាយ វាចា ចិត្ត អ្នកឯងបានទទួលទុក្ខលំបាកនេះ ព្រោះផលបាបកម្មដូចម្តេច។

(ប្រេតតបថា) លោកជាចៅអាវាសរបស់ខ្ញុំ ជាអ្នកឫស្យា ជាអ្នកកំណាញ់ត្រកូល ស្វិតស្វាញ ជេរប្រទេច នៅអាស្រ័យក្នុងផ្ទះរបស់ខ្ញុំ។ លុះខ្ញុំលឺពាក្យលោកចៅអាវាសនោះហើយ ក៏ជេរប្រទេចភិក្ខុទាំងឡាយ ព្រោះហេតុតែផលកម្មនៃការជេរនោះ បានជាខ្ញុំស្លាប់ពីលោកនេះទៅ ទៅកើតជាប្រេត។

(ព្រះមោគ្គល្លាន សួរថា) ភិក្ខុដែលមិនមែនជាមិត្រ ចូលទៅរកត្រកូលរបស់អ្នក ដោយតាំងភេទខ្លួនថាជាមិត្រ ភិក្ខុអ្នកអ័ប្បឥតប្រាជ្ញា លុះបែកធ្លាយរាងកាយស្លាប់ទៅ តើទៅកាន់គតិដូចម្តេច ក្នុងលោកខាងមុខ។

(ប្រេតតបថា) ខ្ញុំឋិតនៅលើទីបំផុតនៃក្បាលនៃភិក្ខុអ្នកមានបាបកម្មនោះ ឯភិក្ខុអ្នកមានបាបកម្មនោះ ទៅកើតជាប្រេត ជាបរិវាររបស់ខ្ញុំ (នេះឯង)។ បពិត្រលោកដ៏ចំរើន ពួកជនឯទៀត បន្ទោបង់នូវឧច្ចារៈណា ឧច្ចារៈនោះឯង ទៅជាភោជនរបស់ខ្ញុំ (រាល់ៗថ្ងៃ) ខ្ញុំបន្ទោបង់នូវឧច្ចារៈណា ភិក្ខុចៅអាវាសនោះ ចិញ្ចឹមជីវិតនឹងឧច្ចារៈនោះ (រាល់ៗថ្ងៃ)។

ចប់ រឿងគូថខាទកប្រេត ទី៨។

រឿងគូថខាទកប្រេត ទី៩

(៩. គូថខាទកបេតិវត្ថុ)

[៤៤] (ព្រះមោគ្គល្លាន បានឃើញស្រីប្រេត ហើយសួរថា) នាងឯងដែលអាត្មាឃើញហើយ តើជាអ្វី ងើបអំពីរណ្តៅអាចម៍ ហើយឋិតនៅ នាងឯងមានបាបកម្មឥតមានសង្ស័យ ហេតុអ្វីចេះតែស្រែក។

(នាងប្រេតនោះតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាស្រីប្រេត ជាអ្នកទុគ៌ត កើតក្នុងយមលោក បានធើ្វបាបកម្ម ហើយច្យុតចាកមនុស្សលោកនេះ ទៅកាន់បេតលោក។

(ព្រះមោគ្គល្លានសួរថា) អំពើអាក្រក់ដូចម្តេច ដែលនាងធ្វើហើយដោយកាយ វាចា ចិត្ត បានជានាងរងទុក្ខនេះ ព្រោះផលកម្មអ្វី។

(ស្រីប្រេតតបថា) លោកចៅអាវាសរបស់ខ្ញុំ ជាអ្នកឫស្យា កំណាញ់ត្រកូល ស្វិតស្វាញ ជេរប្រទេច អាស្រ័យនៅក្នុងផ្ទះរបស់ខ្ញុំ។ លុះខ្ញុំឮពាក្យលោកចៅអាវាសនោះហើយ ក៏ជេរប្រទេចភិក្ខុទាំងឡាយ ព្រោះហេតុតែផលកម្មនៃការជេរនោះ បានជាខ្ញុំស្លាប់ពីលោកនេះទៅកាន់បេតលោក។

(ព្រះមោគ្គល្លាន សួរថា) ចុះភិក្ខុដែលមិនមែនជាមិត្តអ្នកចូលទៅកាន់ត្រកូលរបស់នាង ដោយភេទថាដូចជាមិត្ត ភិក្ខុអ្នកអ័ប្បឥតបា្រជ្ញានោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ តើទៅកាន់គតិដូចម្តេច ក្នុងបរលោក។

(ស្រីប្រេតតបថា) ខ្ញុំឋិតនៅលើទីបំផុតនៃក្បាលរបស់ភិក្ខុអ្នកមានបាបកម្មនោះ ទៅកើតជាប្រេត ហើយជាបរិវាររបស់ខ្ញុំ។ បពិត្រលោកដ៏ចំរើន ពួកជនឯទៀត ៗ បន្ទោបង់នូវឧចា្ចរៈណា ឧច្ចារៈនោះឯង ទៅជាភោជនរបស់ខ្ញុំ (រាល់ៗថៃ្ង) ខ្ញុំបន្ទោបង់នូវឧច្ចារៈណា ភិក្ខុចៅអាវាសនោះ ចិញ្ចឹមជីវិតនឹងឧច្ចារៈនោះ (រាល់ៗថៃ្ង)។

ចប់ រឿងគូថខាទកប្រេត ទី៩។

រឿងគណប្រេត ទី១០

(១០. គណបេតវត្ថុ)

[៤៥] (ព្រះមោគ្គល្លានសួរថា) នែអ្នករាល់គ្នា អ្នកទាំងឡាយ មានកាយអាក្រាត មានសរីរៈមានសម្បុរមិនស្អាត ស្គមរវាមដោយសរសៃ មានឆ្អឹងជម្នីររគាមម្ល៉េះ តើអ្នកទាំងឡាយ ជាអ្វី។

(ពួកប្រេតតបថា) បពិត្រលោកដ៏ចំរើន យើងខ្ញុំជាប្រេតទុគ៌ត កើតក្នុងយមលោក លះបង់លោកនេះ ទៅកាន់បេតលោក ព្រោះតែធ្វើបាបកម្ម។

(ព្រះមោគ្គល្លានសួរថា) ចុះអ្នករាល់គ្នា បានធ្វើអំពើអាក្រក់ដូចម្តេច ដោយកាយ វាចា ចិត្ត លះលោកនេះ ទៅកាន់បេតលោក ព្រោះផលកម្មអ្វី។

(ពួកប្រេតទូលថា) ពួកយើងបានរើសទ្រព្យកន្លះមាសក នៅនាកំពង់ទឹកដែលឥតទោស (គ្មានម្ចាស់ថែរក្សា) នាកាលទេយ្យធម៌ទាំងឡាយមាន ពួកយើងមិនបានធើ្វទីពឹងដល់ខ្លួន។ ពួកយើងជាបុគ្គលស្រេកទឹក នាំគ្នាចូលទៅរកស្ទឹង ទើបឯស្ទឹងនោះ ក៏ខ្វៃប្រែទៅជាស្ទឹងទទេ ក្នុងកាលក្តៅ ពួកយើងនំាគ្នាចូលទៅរកម្លប់ ម្លប់នោះ ក៏ខ្វែប្រែទៅជាកំដៅដ៏ក្តៅវិញ។ ខ្យល់មានសណ្ឋានដូចជាភើ្លងដ៏ក្តៅ បក់មករកពួកយើង បពិត្រលោកដ៏ចំរើន ពួកយើងទទួលនូវបាបកម្មនោះផង ទទួលនូវបាបកម្មដទៃពីនោះផង។

ទុកជាពួកយើងដើរទៅកាន់យោជន៍ទាំងឡាយ ជាបុគ្គលឃ្លាន ចង់ស៊ីអាហារ ក៏រកទទួលទានមិនបាន ហើយក៏ត្រឡប់វិលវិញ ដោយគិតថា ឱហ្ន៎ ពួកយើងជាបុគ្គលឥតបុណ្យទេតើ។ បពិត្រលោកដ៏ចំរើន ពួកយើងជាបុគ្គលឃ្លានជ្រុលជ្រប់ ដួលដេកលើផែនដី បម្រះននៀល ផ្ងារផ្កាប់លើផែនដី។ លុះពួកយើង ដួលនៅក្នុងទីនោះហើយ ក៏ក្រោកឡើង ដួលប្រូសទៅលើផែនដីនោះវិញ ទើបទង្គិចដើមទ្រូងផង ទង្គិចក្បាលផង ឱហ៎្ន ពួកយើងជាបុគ្គលឥតបុណ្យទេតើ។ បពិត្រលោកដ៏ចំរើន ពួកយើងគួរទទួលនូវបាបកម្មនោះផង ទទួលនូវបាបកម្មដទៃពីនោះផង នាកាលទេយ្យធម៌ទាំងឡាយមាន ពួកយើងមិនបានធើ្វនូវទីពឹងដល់ខ្លួនសោះ។ បើដូច្នោះ ពួកយើង លុះរំដោះចាកប្រេតនេះទៅ សូមបានកើតជាមនុស្ស ជាអ្នកបរិបូរដោយសីល ធើ្វកុសលឲ្យបានច្រើន អំពីដឹងក្តីទៅ។

ចប់ រឿងគណប្រេត ទី១០

រឿងបាដលិបុត្តប្រេត ទី១១

(១១. បាដលិបុត្តបេតវត្ថុ)

[៤៦] (វេមានិកប្រេតពោលថា) ពួកសត្វនរកក្តី ពួកកំណើតតិរច្ឆានក្តី ពួកប្រេតក្តី ពួកអសុរក្តី ពួកមនុស្ស និងទេព្តាក្តី នាងបានឃើញឬទេ នាងបានឃើញផលកម្មដែលខ្លួនបានធ្វើហើយដោយខ្លួនឯងដែរឬទេ ខ្ញុំនឹងនំានាងទៅបាដលិបុត្រ មិនមានអ្នកចោមព័ទ្ធបាន បើនាងទៅដល់បាដលិបុត្រនោះហើយ ចូរធើ្វកុសលកម្មចុះ។

នាងនោះតបថា បពិត្រយក្ស អ្នកជាបុគ្គលប្រាថ្នាប្រយោជន៍ឲ្យខ្ញុំ បពិត្រទេវតា អ្នកជាបុគ្គលបា្រថ្នាសេចក្តីចំរើនឲ្យខ្ញុំ ខ្ញុំនឹងធើ្វតាមសំដីរបស់អ្នក អ្នកជាអាចារ្យរបស់ខ្ញុំ។

ពួកសត្វនរកក្តី ពួកកំណើតតិរច្ឆានក្តី ពួកប្រេតក្តី ពួកអសុរក្តី ពួកមនុស្ស និងទេពា្តក្តី ខ្ញុំបានឃើញហើយ ខ្ញុំបានឃើញផលកម្មរបស់ខ្លួនដោយខ្លួនឯង ខ្ញុំនឹងធើ្វបុណ្យទាំងឡាយឲ្យច្រើន។

ចប់ រឿងបាដលិបុត្តប្រេត ទី១១។

រឿងអម្ពវនប្រេត ទី១២

(១២. អម្ពវនបេតវត្ថុ)

[៤៧] (ពួកពាណិជសួរថា) ស្រះបោក្ខរណីរបស់នាងនេះ ជាទីត្រេកអរដោយប្រពៃផង មានផៃ្ទដ៏ស្មើផង មានកំពង់ល្អផង មានទឹកច្រើនផង មានផ្ការីកល្អផង មានហ្វូងកន្លង់ហើរឆ្វៀលឆ្វាត់ផង ស្រះបោក្ខរណី ជាទីពេញចិត្តនេះ នាងបានដោយហេតុដូចម្តេច។ មួយទៀត អម្ពវ័នរបស់នាងនេះ ជាទីត្រេកអរដោយប្រពៃផង កាន់ផ្លែគ្រប់រដូវផង មានផ្ការីកជានិច្ច មានហ្វូងកន្លង់ច្រើនចោមរោមផង តើវិមាននេះ នាងបានមកដោយហេតុអ្វី។

(វេមានិកប្រេត តបថា) ខ្ញុំបានស្រះបោក្ខរណី ជាទីត្រេកអរ និងអម្ពវនវិមាន ជាទីត្រេកអរនេះ ព្រោះតែធីតារបស់ខ្ញុំ បានប្រគេនទឹកស្វាយទុំ និងបបរ និងម្លប់ដ៏ត្រជាក់ ជាទីត្រេកអរក្នុងទីនេះ។

(ធីតាពោលថា) ចូរអ្នកសំឡឹងមើលផលរបស់ទាន និងការទូន្មាននូវឥន្ទ្រិយ និងការសង្រួមដែលឃើញច្បាស់ដោយខ្លួនឯង ខ្ញុំ (ពីដើម) ជាទាសី ឥឡូវបានជាកូនប្រសាស្រីក្នុងត្រកូលរបស់លោក និងជាធំត្រួតត្រាផ្ទះរបស់លោក។

(ថៃ្ងនោះ ព្រះមានព្រះភាគ ទ្រង់ប្រមើលមើលឃើញឧបនិស្ស័យនៃស្រីនោះ ហើយត្រាស់ថា) របស់ដែលមិនត្រេកអរ រមែងប្រព្រឹត្តកន្លងបុគ្គលអ្នកប្រមាទ ដោយសភាពនៃរបស់ជាទីត្រេកអរ របស់ដែលមិនស្រឡាញ់ រមែងប្រព្រឹត្តកន្លងបុគ្គលអ្នកប្រមាទដោយសភាពនៃរបស់ជាទីស្រឡាញ់ ទុក្ខតែងប្រព្រឹត្តកន្លងបុគ្គលអ្នកប្រមាទដោយសភាពនៃសេចក្តីសុខ។

ចប់ រឿងអម្ពវនប្រេត ទី១២។

រឿងអក្ខរុក្ខប្រេត ទី១៣

(១៣. អក្ខរុក្ខបេតវត្ថុ)

[៤៨] (ភូមិទេវតានិយាយថា) បុរសបុគ្គលឲ្យរបស់ណា របស់នោះ មិនមាន (ផលត្រឹមតែប៉ុណ្ណោះ) ទេ បុគ្គលគប្បីឲ្យទាន លុះឲ្យទានហើយ រមែងឆ្លងទុក្ខទាំងពីរយ៉ាង (ទុក្ខក្នុងបច្ចុប្បន្ន និងបរលោក) រមែងបានប្រទះសុខទាំងពីរ ព្រោះតែទាននោះ ចូរអ្នកភ្ញាក់រព្ញក ចូរអ្នកកុំធ្វេសប្រហែស (ក្នុងទាន) ឡើយ។

ចប់ រឿងអក្ខរុក្ខប្រេត ទី១៣។

រឿងភោគសំហរប្រេត ទី១៤

(១៤. ភោគសំហរបេតវត្ថុ)

[៤៩] (ពួកស្រីប្រេតស្រែកថា) ពួកយើងបានប្រមូលភោគៈទាំងឡាយ ដោយសមខ្លះ ដោយមិនសមខ្លះ ពួកជនឯទៀត តែងបរិភោគភោគៈទាំងនោះ ឯពួកយើង គ្រាន់តែបានចំណែកនៃសេចក្តីទុក្ខ។

ចប់ រឿងភោគសំហរបេ្រត ទី១៤។

រឿងសេដ្ឋិបុត្តប្រេត ទី១៥

(១៥. សេដ្ឋិបុត្តបេតវត្ថុ)

[៥០] (ពួកសត្វនរកស្រែកថា) ពួកយើងឆេះ នៅក្នុងនរកពេញប្រាំមួយម៉ឺន (៦០.០០០) ឆ្នាំគ្រប់គ្រាន់ តើទីបំផុតនឹងមានក្នុងវេលាណា។ ពួកយើងមិនមានទីបំផុតទេ ពួកយើងនឹងមានទីបំផុតមកពីណា ទីបំផុតនឹងមិនប្រាកដដល់យើងឡើយ ម្នាលអ្នក ព្រោះតែខ្ញុំក្តី អ្នកក្តី បានធ្វើបាប។ ពួកយើងរស់នៅដោយលំបាក ព្រោះទេយ្យធម៌មាន យើងមិនបានឲ្យ កាលទេយ្យធម៌មាន យើងមិនបានធ្វើទីពឹងដល់ខ្លួនសោះ។ ប្រសិនបើខ្ញុំបានរដោះរួចចាកនរកនេះទៅ បានកើតជាមនុស្ស សូមជាអ្នកបរិបូរដោយសីល ធ្វើកុសលឲ្យច្រើនអំពីកាលដឹងក្តីទៅ។

ចប់ រឿងសេដ្ឋិបុត្តប្រេត ទី១៥។

រឿងសដ្ឋីកូដសហស្សប្រេត ទី១៦

(១៦. សដ្ឋិកូដបេតវត្ថុ)

[៥១] (ថៃ្ងមួយព្រះមោគ្គល្លានសួរថា) ហេតុអ្វីអ្នកដូចមនុស្សឆ្កួត ស្ទុះចុះស្ទុះឡើង ដូចម្រឹគភ្ញាក់ផ្អើល អ្នកមានបាបកម្មមិនមានសង្ស័យ ហេតុអ្វីក៏អ្នកស្រែក។

(ប្រេតតបថា) បពិត្រលោកដ៏ចំរើន ខ្ញុំជាប្រេតទុគ៌ត កើតក្នុងយមលោក ទៅពីមនុស្សលោកនេះ ទៅកាន់បេតលោក ព្រោះតែធ្វើបាបកម្ម។ មានញញួរដែកពេញចំនួនប្រាំមួយហ្មឺន (៦០.០០០) ដ៏គ្រប់គ្រាន់ តែងធ្លាក់លើក្បាលរបស់ខ្ញុំ ញញួរដែកទាំងនោះ ទំលាយនូវក្បាលរបស់ខ្ញុំ។

(ព្រះមោគ្គល្លានសួរថា) ចុះអ្នកបានធ្វើអំពើអាក្រក់ដោយកាយ វាចា ចិត្ត ដូចមេ្តច បានជាអ្នកលះលោកនេះ ទៅកើតក្នុងបេតលោក ព្រោះផលកម្មអ្វី។ ញញួរដែកពេញប្រាំមួយហ្មឺន (៦០.០០០) ដ៏គ្រប់គ្រាន់ ធ្លាក់មកលើក្បាលរបស់អ្នក ញញួរដែកទាំងនោះ វាយទំលាយក្បាល។

(ប្រេតតបថា) កាលណោះ ខ្ញុំបានឃើញព្រះបចេ្ចកពុទ្ធ ព្រះនាមសុនេត្ត លោកមានឥន្រ្ទិយចំរើនដោយអរិយមគ្គ គង់ក្រោមម្លប់ឈើ លោកមានឈាន ឥតមានភ័យភិតមកពីទីណាទេ។ ខ្ញុំបាញ់ទំលាយព្រះកេសលោក ដោយការប្រហារដោយក្រួស សេចក្តីទុក្ខនេះ សម្រេចដល់ខ្ញុំ ព្រោះតែផលកម្មនៃការប្រហារនោះ។ (ព្រោះហេតុនោះ) បានជាញញួរដែកពេញប្រាំមួយហ្មឺន (៦០.០០០) ដ៏គ្រប់គ្រាន់ ធ្លាក់មកលើក្បាលរបស់ខ្ញុំ ញញួរដែកទាំងនោះ វាយទំលាយក្បាលរបស់ខ្ញុំ។

(ព្រះមោគ្គល្លានតបថា) ម្នាលបុរសអាក្រក់ សមតាមសេចក្តីប្រព្រឹត្តរបស់អ្នកហើយ ត្រង់ដែលញញួរដែក ពេញប្រាំមួយហ្មឺន (៦០.០០០) ដ៏គ្រប់គ្រាន់ ធ្លាក់មកលើក្បាលរបស់អ្នក ញញួរដែកទាំងនោះ ក៏វាយទំលាយក្បាលរបស់អ្នក។

ចប់ រឿងសដ្ឋីកូដសហស្សប្រេត ទី១៦។

ឧទាន

នៃមហាវគ្គ ទី៤ នោះគឺ

និយាយអំពីរឿងអម្ពសក្ខរប្រេត ១ សេរិស្សកប្រេត ១ នន្ទិកាប្រេត ១ រេវតីប្រេត ១ ឧច្ឆុខាទកប្រេត ១ កុមារប្រេត ១ រាជបុត្តប្រេត ១ គូថខាទកប្រេតពីរលើក គណប្រេត ១ បាដលិបុត្តប្រេត ១ អម្ពវនប្រេត ១ អក្ខរុក្ខប្រេត ១ ភោគសំហរប្រេត ១ សេដ្ឋិបុត្តប្រេត ១ សដ្ឋីកូដសហស្សប្រេត ១ ហេតុនោះ បានជាលោកហៅថា វគ្គ។

ចប់ មហាវគ្គ ទី៤។

ចប់ បេតវត្ថុ។

ថេរគាថា

(ថេរគាថា)

សូមនមស្ការ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

(និទានគាថា)

(និទានគាថា)

[១] អ្នកទាំងឡាយ ចូរស្តាប់នូវគាថាទាំងឡាយ ប្រកបដោយប្រយោជន៍ របស់ព្រះថេរៈទាំងឡាយ អ្នកមានចិត្តចំរើនហើយ កាលបន្លឺឡើង ដូចជាសីហៈ ជាសត្វមានចង្កូមដែលបន្លឺទៀបច្រកនៃភ្នំ ព្រះថេរៈទាំងឡាយតាមនាម តាមគោត្រ តាមវិហារធម៌ តាមអធ្យាស្រ័យ ប្រកបដោយប្រាជ្ញា ជាបុគ្គលមិនខ្ជិលច្រអូស ចំរើនវិបស្សនា ក្នុងទីនោះៗ បានពាល់ត្រូវអច្ចុតបទ គឺព្រះនិព្វាន ពិចារណានូវគុណសម្បត្តិ ដែលលោកបានធ្វើស្រេចហើយ បានសំដែងហើយនូវសេចក្តីដូចតទៅនេះ។

ឯកនិបាត

(១. ឯកកនិបាតោ)

បឋមវគ្គ

(១. បឋមវគ្គោ)

សុភូតិត្ថេរគាថា

(១. សុភូតិត្ថេរគាថា)

[២] នែភ្លៀង ខ្ទមរបស់អាត្មា បានបិទបាំងហើយ ជាសុខ មិនមានខ្យល់ អ្នកចូរបង្អោរតាមសប្បាយចុះ ចិត្តរបស់អាត្មា ដម្កល់ទុកល្អហើយ ជាចិត្តរួចស្រឡះ (ចាកអាសវៈ) អាត្មាមានព្យាយាមដុតកំដៅកិលេសជាប្រក្រតី ម្នាលភ្លៀង អ្នកចូរបង្អោរមកចុះ។

ឮថា ព្រះសុភូតិត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។

មហាកោដ្ឋិតត្ថេរគាថា

(២. មហាកោដ្ឋិកត្ថេរគាថា)

[៣] បុគ្គលអ្នកស្ងប់រម្ងាប់ វៀរចាកបាប ពោលពាក្យដោយឧបាយប្រាជ្ញា ជាអ្នកមិនរវើររវាយ តែងកំចាត់បង់នូវបាបធម៌ (ចាកខន្ធសន្តាន) ដូចខ្យល់បក់ផ្តាច់ស្លឹកឈើ។

ឮថា មហាកោដ្ឋិតត្ថេរមានអាយុ បានពោលគាថា ដោយប្រការដូច្នេះ។

កង្ខារេវតត្ថេរគាថា

(៣. កង្ខារេវតត្ថេរគាថា)

[៤] អ្នកចូរមើលបញ្ញានេះ របស់ព្រះតថាគតទាំងឡាយ ដូចជាភ្លើងដែលរុងរឿងក្នុងរាត្រី ព្រះតថាគតទាំងឡាយ ជាអ្នកប្រទានពន្លឺចក្ខុ តែងកំចាត់បង់សេចក្តីសង្ស័យរបស់វេនេយ្យជន ដែលមកហើយ។

ឮថា កង្ខារេវតត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។

បុណ្ណត្ថេរគាថា

(៤. បុណ្ណត្ថេរគាថា)

[៥] បុគ្គលគប្បីនៅរួមជាមួយនឹងពួកសប្បុរសជាបណ្ឌិត អ្នកឃើញប្រយោជន៍ ព្រោះអ្នកប្រាជ្ញទាំងឡាយ អ្នកមានប្រាជ្ញាឈ្លាសវៃ មិនប្រមាទ តែងបានប្រយោជន៍ច្រើន ជ្រៅ ល្អិតម៉ត់ចត់ ដែលឃើញបានដោយក្រ។

ឮថា បុណ្ណត្ថេរមានអាយុ ជាបុត្រនាងមន្តានី បានពោលគាថាដោយប្រការដូច្នេះ។

ទព្វត្ថេរគាថា

(៥. ទព្វត្ថេរគាថា)

[៦] ភិក្ខុណា ឈ្មោះទព្វ ដែលគេទូន្មានបានដោយក្រ បានទូន្មានដោយការទូន្មាន (ឥន្ទ្រិយ) ជាព្រះថេរៈមានចិត្តសន្តោស ឆ្លងសេចក្តីសង្ស័យ មានជ័យជំនះ ប្រាសចាកសេចក្តីតក់ស្លុត ភិក្ខុទព្វមល្លបុត្តនោះ មានចិត្តខ្ជាប់ខ្ជួន បរិនិព្វានហើយ។

ឮថា ទព្វត្ថេរមានអាយុ បានពោលគាថាដោយប្រការដូច្នេះ។

សីតវនិយត្ថេរគាថា

(៦. សីតវនិយត្ថេរគាថា)

[៧] ភិក្ខុណា ជាបុគ្គលម្នាក់ឯង ចូលទៅកាន់ព្រៃត្រជាក់ ជាអ្នកសន្តោស មានចិត្តខ្ជាប់ខ្ជួន មានជ័យជំនះ ប្រាសចាកសេចក្តីព្រឺរោម (ភិក្ខុនោះ ឈ្មោះថា) មានប្រាជ្ញា រក្សាកាយគតាសតិ។

ឮថា សីតវនិយត្ថេរមានអាយុ (បានពោល) ដោយប្រការដូច្នេះ។

ភល្លិយត្ថេរគាថា

(៧. ភល្លិយត្ថេរគាថា)

[៨] បុគ្គលណា កំចាត់បង់នូវសេនានៃមច្ចុរាជ ដូចជាជំនន់ដ៏ធំ កំចាត់បង់នូវស្ពានបបុស ដែលមានកំឡាំងថយ ជាអ្នកមានជ័យជំនះ ប្រាសចាកសេចក្តីតក់ស្លុត បុគ្គលនោះ ឈ្មោះថាមានឥន្ទ្រិយទូន្មានហើយ មានចិត្តខ្ជាប់ខ្ជួន រំលត់ទុក្ខហើយ។

ឮថា ភល្លិយត្ថេរមានអាយុ (បានពោល) ដោយប្រការដូច្នេះ។

វីរត្ថេរគាថា

(៨. វីរត្ថេរគាថា)

[៩] ភិក្ខុណា ដែលគេទូន្មានបានដោយក្រ តែបានទូន្មានខ្លួនឯង ដោយការទូន្មាន (ឥន្ទ្រិយ) ជាអ្នកប្រាជ្ញ មានចិត្តសន្តោស ឆ្លងផុតសេចក្តីសង្ស័យ មានជ័យជំនះ ប្រាសចាកសេចក្តីព្រឺរោម ភិក្ខុនោះ ប្រាសចាករាគៈ មានចិត្តខ្ជាប់ខ្ជួន រំលត់ទុក្ខហើយ

វីរត្ថេរ។

បិលិន្ទវច្ឆត្ថេរគាថា

(៩. បិលិន្ទវច្ឆត្ថេរគាថា)

[១០] ដំណើរនៃអាត្មាអញមកល្អហើយ មិនមែនប្រាសចាក (បញ្ញា) ទេ សេចក្តីគិតរបស់អាត្មាអញនោះ មិនមែនជាការគិតខុសទេ ព្រោះអាត្មាអញ បានសំរេចគុណដ៏ប្រសើរនោះ ក្នុងធម៌ទាំងឡាយ ដែលព្រះមានព្រះភាគ ទ្រង់ចែកទុកហើយ។

បិលិន្ទវច្ឆត្ថេរ។

បុណ្ណមាសត្ថេរគាថា

(១០. បុណ្ណមាសត្ថេរគាថា)

[១១] បុគ្គលដែលបានដល់នូវវេទ ជាអ្នកសន្តោស មានខ្លួនសង្រួមហើយ មិនជាប់ចំពាក់ក្នុងធម៌ទាំងពួង គឺតណ្ហា ទិដ្ឋិទេ រមែងកំចាត់ចេញនូវសេចក្តីអាល័យក្នុងលោកនេះ និងលោកខាងមុខបាន ព្រោះដឹងច្បាស់នូវទីកើត និងទីរលត់នៃលោក។

បុណ្ណមាសត្ថេរ។

ឧទាន

និយាយអំពីសុភូតិត្ថេរ ១ មហាកោដ្ឋិតត្ថេរ ១ កង្ខារេវតត្ថេរ ១ បុណ្ណមន្តានីបុត្ត ១ ទព្វមល្លបុត្ត ១ សីតវនិយត្ថេរ ១ ភល្លិយត្ថេរ ១ វីរត្ថេរ ១ បិលិន្ទវច្ឆត្ថេរ ១ បុណ្ណមាសត្ថេរ អ្នកកំចាត់បង់ងងឹត ១។

ចប់ បឋមវគ្គ។

ទុតិយវគ្គ

(២. ទុតិយវគ្គោ)

ចូឡវច្ឆត្ថេរគាថា

(១. ចូឡវច្ឆត្ថេរគាថា)

[១២] ភិក្ខុអ្នកច្រើនដោយសេចក្តីរីករាយក្នុងធម៌ ដែលព្រះពុទ្ធទ្រង់ប្រកាសហើយ រមែងបានសន្តិបទ គឺព្រះនិព្វាន ជាទីរម្ងាប់នូវសង្ខារ ជាគុណធម៌នាំមកនូវសេចក្តីសុខ។

ចូឡវច្ឆត្ថេរ។

មហាវច្ឆត្ថេរគាថា

(២. មហាវច្ឆត្ថេរគាថា)

[១៣] ភិក្ខុមានប្រាជ្ញាជាកំឡាំង បរិបូណ៌ដោយសីល និងវ័ត មានចិត្តខ្ជាប់ខ្ជួន ត្រេកអរក្នុងឈាន មានស្មារតី បរិភោគភោជនតាមមាន ជាអ្នកប្រាសចាករាគៈ ក្នុងលោកនេះ តែងរង់ចំាកាលកិរិយាប៉ុណ្ណោះ។

មហាវច្ឆត្ថេរ។

វនវច្ឆត្ថេរគាថា

(៣. វនវច្ឆត្ថេរគាថា)

[១៤] ភ្នំជាវិការៈនៃថ្មទាំងឡាយនោះ មានពណ៌ខៀវដូចពពក ជាភ្នំដ៏រុងរឿង មានទឹកត្រជាក់ ទ្រទ្រង់នូវវត្ថុដ៏បរិសុទ្ធ ដ៏ដេរដាស ដោយសត្វអណ្តើកមាស តែងញ៉ាំងយើងឲ្យរីករាយ។

វនវច្ឆត្ថេរ។

សាមណេររបស់វនវច្ឆត្ថេរគាថា

(៤. សិវកសាមណេរគាថា)

[១៥] ឧបជ្ឈាយ៍ និយាយនឹងខ្ញុំថា នែសីវកៈ យើងចេញទៅអំពីស្រុកនេះ កាយរបស់យើងនៅក្នុងស្រុក តែចិត្តរបស់យើងទៅកាន់ព្រៃ យើងសូម្បីដេក ក៏ឈ្មោះថាដើរ ការជាប់ចំពាក់របស់ជនអ្នកចេះដឹង មិនមានទេ។

សាមណេររបស់វនវច្ឆត្ថេរ។

កុណ្ឌធានត្ថេរគាថា

(៥. កុណ្ឌធានត្ថេរគាថា)

[១៦] ភិក្ខុគប្បីកាត់បង់សំយោជនៈខាងក្រោម ៥ គប្បីលះបង់សំយោជនៈខាងលើ ៥ គប្បីចំរើនឥន្ទ្រិយ ៥ តទៅ ជាអ្នកកន្លងនូវគ្រឿងជាប់ចំពាក់ ៥7) ទើបលោកហៅថា ឆ្លងឱឃៈបាន។

កុណ្ឌធានត្ថេរ។

ពេលដ្ឋសីសត្ថេរគាថា

(៦. ពេលដ្ឋសីសត្ថេរគាថា)

[១៧] អាជានេយ្យ8) ដ៏ចំរើន មាននង្គ័លជាទីប្រព្រឹត្តទៅមក ជាសត្វមានបូក តែងទៅបានដោយឥតលំបាក យ៉ាងណាមិញ កាលបើនិរាមិសសុខ ដែលខ្ញុំបានហើយ វេលាយប់ និងថ្ងៃទាំងឡាយរបស់ខ្ញុំ តែងប្រព្រឹត្តកន្លងទៅ ដោយឥតលំបាក ក៏យ៉ាងនោះដែរ

ពេលដ្ឋសីសត្ថេរ។

ទាសកត្ថេរគាថា

(៧. ទាសកត្ថេរគាថា)

[១៨] បុគ្គលណា មានថីនមិទ្ធៈផង ជាអ្នកបរិភោគច្រើនផង ល្មោភដេកផង ដេកប្រែប្រួល ៗ ផង ដូចជ្រូកស្រុកធំ ដែលគេចិញ្ចឹមដោយចំណី ក្នុងកាលណា បុគ្គលនោះ ឈ្មោះថា ល្ងង់ខ្លៅ តែងចូលទៅកាន់គភ៌រឿយ ៗ ក្នុងកាលនោះ។

ទាសកត្ថេរ។

សិង្គាលបិតុត្ថេរគាថា

(៨. សិង្គាលបិតុត្ថេរគាថា)

[១៩] ភិក្ខុជាអ្នកទទួលមរតករបស់ព្រះពុទ្ធ បានពិចារណានូវផែនដី គឺអត្តភាពនេះ ដោយសំគាល់ថាជារាងឆ្អឹងទាំងអស់ ក្នុងភេសកឡាវ័ន ភិក្ខុនោះ តែងលះបង់កាមរាគបាន ដោយឆាប់រហ័ស ទំនងដូចជាអាត្មាអញ (នេះ)។

សិង្គាលបិតុត្ថេរ។

កុឡត្ថេរគាថា

(៩. កុលត្ថេរគាថា)

[២០] ពួកជនអ្នកបង្ហូរទឹក តែងបង្ហូរទឹក ពួកអ្នកធ្វើព្រួញ រមែងពត់ព្រួញ ពួកជាងចំាង រមែងចាំងឈើ (យ៉ាងណាមិញ) ពួកជនអ្នកមានវ័តល្អ រមែងទូន្មានខ្លួនឲ្យត្រង់ (ក៏យ៉ាងនោះដែរ)។

កុឡត្ថេរ។

អជិតត្ថេរគាថា

(១០. អជិតត្ថេរគាថា)

[២១] ខ្ញុំមិនមានមរណភ័យទេ សេចក្តីអាល័យក្នុងជីវិតក៏មិនមាន ខ្ញុំជាអ្នកនឹករឭកខ្ជាប់ ដឹងខ្លួនសព្វគ្រប់ នឹងដាក់ចោលរាងកាយបាន។

អជិតត្ថេរ។

ឧទាន

និយាយអំពីចូឡវច្ឆត្ថេរ ១ មហាវច្ឆត្ថេរ ១ វនវច្ឆត្ថេរ ១ សីវកសាមណេរ ១ កុណ្ឌធានត្ថេរ ១ ពេលដ្ឋសីសត្ថេរ ១ ទាសកត្ថេរ ១ លំដាប់អំពីនោះទៅមុខទៀត គឺសិង្គាលបិតិកត្ថេរ ១ កុឡត្ថេរ ១ អជិតត្ថេរ ១ រួមជា ១០។

ចប់ ទុតិយវគ្គ។

តតិយវគ្គ

(៣. តតិយវគ្គោ)

និគ្រោធត្ថេរគាថា

(១. និគ្រោធត្ថេរគាថា)

[២២] ខ្ញុំមិនខ្លាចមរណៈភ័យទេ ព្រះសាស្តាចារ្យរបស់យើងទាំងឡាយ ទ្រង់ឈ្លាសវៃ ក្នុងព្រះនិព្វាន ឈ្មោះអមតៈ ភ័យមិនឋិតនៅក្នុងព្រះនិព្វានណា ភិក្ខុទាំងឡាយ តែងដល់ (នូវព្រះនិព្វាននោះ) ដោយមគ្គនោះ។

និគ្រោធត្ថេរ។

ចិត្តកត្ថេរគាថា

(២. ចិត្តកត្ថេរគាថា)

[២៣] ពួកសត្វក្ងោក ជាសត្វមានសម្បុរខៀវ មានកល្អ មានសិរ្ស៍ តែងយំក្នុងព្រៃ ឈ្មោះការវី ក្ងោកទាំងនោះ លុះត្រូវខ្យល់ត្រជាក់បក់មក តែងញ៉ាំងបុគ្គលដែលដេកលក់ និងបុគ្គលអ្នកមានឈាន ឲ្យភ្ញាក់ឡើង។

ចិត្តកត្ថេរ។

គោសាលត្ថេរគាថា

(៣. គោសាលត្ថេរគាថា)

[២៤] ខ្ញុំបរិភោគមធុបាយាស ជិតគុម្ពឫស្សី ហើយពិចារណានូវការកើតឡើង និងការសូន្យទៅនៃខន្ធទាំងឡាយ (ដោយការទទួល) យកឱវាទខាងស្តាំ ខ្ញុំនឹងត្រឡប់ទៅកាន់ច្រកភ្នំ ហើយចំរើនវិវេកធម៌វិញ។

គោសាលត្ថេរ។

សុគន្ធត្ថេរគាថា

(៤. សុគន្ធត្ថេរគាថា)

[២៥] អ្នកជាបព្វជិតនៅខ្ចីវស្សា ចូរពិចារណាភាពនៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អ្នកបានសម្រេចហើយ ពុទ្ធសាសនា អ្នកក៏បានធ្វើហើយ។

សុគន្ធត្ថេរ។

នន្ទិយត្ថេរគាថា

(៥. នន្ទិយត្ថេរគាថា)

[២៦] ផលចិត្តដ៏ប្រសើរ ដែលកើតដោយពន្លឺ (នៃវិញ្ញាណ) របស់ខីណាសវភិក្ខុណា អ្នកជាមារ មានចិត្តអាក្រក់9) តែងជ្រែកនូវខីណាសវភិក្ខុនោះ ហើយដល់នូវសេចក្តីទុក្ខរឿយៗ។

នន្ទិយត្ថេរ។

អភយត្ថេរគាថា

(៦. អភយត្ថេរគាថា)

[២៧] ខ្ញុំបានស្តាប់ព្រះវាចា ជាសុភាសិតរបស់ព្រះពុទ្ធ ជាអាទិច្ចពន្ធុហើយ បានត្រាស់ដឹងនូវអរិយសច្ចធម៌ដ៏ល្អិត (ដូចខ្មាន់ធ្នូ ជាអ្នកឈ្លាស) បាញ់ចុងរោមកន្ទុយ (នៃចៀម) ដោយព្រួញបាន។

អភយត្ថេរ។

លោមសកង្គិយត្ថេរគាថា

(៧. លោមសកង្គិយត្ថេរគាថា)

[២៨] កាលខ្ញុំចំរើនវិវេកធម៌ ក៏កំចាត់បង់ស្មៅចិញ្ចៀន ស្បូវ គុម្ពឈើមានបន្លា ស្បូវរណ្តាស ស្មៅដំណេកទន្សាយ និងស្មៅយ៉ាប្លង គឺកិលេសគ្រោតគ្រាត កណ្តាល ល្អិត ដោយទ្រូង គឺសេចក្តីព្យាយាមបាន។

លោមសកង្គិយត្ថេរ។

ជម្ពុគាមិកបុត្តត្ថេរគាថា

(៨. ជម្ពុគាមិកបុត្តត្ថេរគាថា)

[២៩] អ្នកមិនខ្វល់ខ្វាយចំពោះសំពត់ទេឬ មិនត្រេកអរចំពោះការស្អិតស្អាងទេឬ អ្នកផ្សាយក្លិនសម្រេចអំពីសីលធម៌ឬ ដ្បិតពួកសត្វក្រៅអំពីនេះ មិនផ្សាយ (ក្លិនដូច្នោះទេ)។

ជម្ពុគាមិកបុត្តត្ថេរ។

ហារិតត្ថេរគាថា

(៩. ហារិតត្ថេរគាថា)

[៣០] បុគ្គលកាលពត់ខ្លួន (ឲ្យត្រង់) ដូចជាងអ្នកធ្វើព្រួញ ពត់ព្រួញ លុះធ្វើចិត្តឲ្យត្រង់ហើយ ទើបទំលាយ នាំចេញនូវអវិជ្ជាបាន។

ហារិតត្ថេរ។

ឧត្តិយត្ថេរគាថា

(១០. ឧត្តិយត្ថេរគាថា)

[៣១] កាលបើអាពាធកើតឡើងដល់ខ្ញុំ ស្មារតីកើតឡើងដល់ខ្ញុំថា អាពាធកើតឡើងដល់អញហើយ នេះជាកាលដែលអញមិនគួរប្រមាទ។

ឧត្តិយត្ថេរ។

ឧទាន

និយាយអំពីនិគ្រោធត្ថេរ ១ ចិត្តកត្ថេរ ១ គោសាលត្ថេរ ១ សុគន្ធត្ថេរ ១ នន្ទិយត្ថេរ ១ អភយត្ថេរ ១ លោមសកង្គិយត្ថេរ ១ ជម្ពុគាមិកបុត្តត្ថេរ ១ ហារិតត្ថេរ ១ ឧត្តិយត្ថេរ ជាឥសី ១។

ចប់ តតិយវគ្គ។

ចតុត្ថវគ្គ

(៤. ចតុត្ថវគ្គោ)

គហុរតីរិយត្ថេរគាថា

(១. គហ្វរតីរិយត្ថេរគាថា)

[៣២] បុគ្គលដែលត្រូវរបោម និងមូសខាំក្នុងព្រៃធំ គប្បីជាអ្នកមានសតិ អត់ធ្មត់ក្នុងព្រៃនោះ ដូចដំរីដែលនៅក្នុងចំណោមនៃសង្រ្គាម។

គហុរតីរិយត្ថេរ។

សុប្បិយត្ថេរគាថា

(២. សុប្បិយត្ថេរគាថា)

[៣៣] បុគ្គលអ្នកចាស់គ្រាំគ្រា បានដល់ព្រះនិព្វាន ជាគុណជាតមិនចាស់គ្រាំគ្រា អ្នកក្តៅក្រហាយ បានដល់ព្រះនិព្វានជាគុណជាតដ៏ត្រជាក់ ជានិរាមិសសុខ ជាគុណជាតស្ងប់រម្ងាប់ដ៏ក្រៃលែង ជាគុណដ៏ប្រសើរ ជាទីក្សេមចាកយោគៈ។

សុប្បិយត្ថេរ។

សោបាកត្ថេរគាថា

(៣. សោបាកត្ថេរគាថា)

[៣៤] បុគ្គលមានសេចក្តីល្អចំពោះបុត្រតែមួយ ជាទីស្រឡាញ់យ៉ាងណា បុគ្គលត្រូវមានសេចក្តីក្សេមក្សាន្ត មានសោត្ថិភាពចំពោះសព្វសត្វក្នុងទិសទាំងពួង ក៏ដូច្នោះដែរ។

សោបាកត្ថេរ។

បោសិយត្ថេរគាថា

(៤. បោសិយត្ថេរគាថា)

[៣៥] កាលខ្ញុំដឹងច្បាស់អស់កាលជានិច្ច ស្រីទាំងនុ៎ះ ដែលមិននៅជិត ប្រសើរ ខ្ញុំចេញអំពីស្រុក ទៅកាន់ព្រៃ ចេញអំពីព្រៃនោះមកកាន់ផ្ទះ ក្រោកចេញចាកផ្ទះនោះ ហើយចៀសចេញទៅ ម្នាលបោសិយៈ អ្នកកុំហៅរក (ស្រីទាំងនោះទៀតឡើយ)។

បោសិយត្ថេរ។

សាមញ្ញកាមិត្ថេរគាថា

(៥. សាមញ្ញកានិត្ថេរគាថា)

[៣៦] បុគ្គលអ្នកត្រូវការដោយសេចក្តីសុខ10) កាលបើប្រតិបត្តិដើម្បីសេចក្តីសុខនោះ រមែងបានសេចក្តីសុខ (មិនត្រឹមតែប៉ុណ្ណោះ) បុគ្គលណា ចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ ជាមគ្គដ៏ត្រង់ ដើម្បីដល់ព្រះនិព្វានឈ្មោះអមតៈ បុគ្គលនោះ រមែងបានកិត្តិគុណផង យសក៏ចំរើនដល់បុគ្គលនោះផង។

សាមញ្ញកាមិត្ថេរ។

កុមាបុត្តត្ថេរគាថា

(៦. កុមាបុត្តត្ថេរគាថា)

[៣៧] ការស្តាប់ជាការល្អ ការប្រព្រឹត្តិជាការល្អ ការនៅដោយឥតអាល័យ (ក្នុងកាមគុណ) ជាការល្អគ្រប់កាល ការសួរអំពីប្រយោជន៍11) អំពើខាងស្តាំ (ជាការល្អ) អំពើទាំងនោះ ឈ្មោះថាជាសាមញ្ញផលរបស់បុគ្គលអ្នកមិនមានកង្វល់។

កុមាបុត្តត្ថេរ។

ព្រះថេរៈជាសំឡាញ់របស់កុមាបុត្តត្ថេរគាថា

(៧. កុមាបុត្តសហាយកត្ថេរគាថា)

[៣៨] ពួកភិក្ខុ កាលត្រាច់ចរ ដេរដាស ទៅកាន់ជនបទផ្សេងៗ ឈ្មោះថា ជាអ្នកមិនសង្រួមផង រមែងញ៉ាំងសមាធិឲ្យភ្លាត់ផង ការត្រាច់ទៅក្នុងដែន នឹងធ្វើប្រយោជន៍អ្វីកើត។ ព្រោះហេតុនោះ បុគ្គលគប្បីបន្ទោបង់នូវសារម្ភកិ្កលេស គប្បីរំពឹង (ក្នុងកម្មដ្ឋាន) ធ្វើកុំឲ្យឧបក្កិលេសតាំងនៅជាប្រធានបានឡើយ។

ព្រះថេរៈជាសំឡាញ់របស់កុមាបុត្តត្ថេរ។

គវម្បតិត្ថេរគាថា

(៨. គវម្បតិត្ថេរគាថា)

[៣៩] ភិក្ខុណា បង្វិលទន្លេសរភូដោយឫទ្ធិ៍បាន ភិក្ខុនោះ គឺគវម្បតិ ជាអ្នកមិនអាស្រ័យ មិនញាប់ញ័រ (ដោយតណ្ហា និងទិដ្ឋិ) ទេវតាទាំងឡាយ តែងនមស្ការនូវព្រះថេរៈនោះ ថាជាមហាមុនី ជាអ្នកកន្លងនូវសង្គធម៌ទាំងពួង ជាអ្នកដល់នូវត្រើយនៃភព។

គវម្បតិត្ថេរ។

តិស្សតេ្ថរគាថា

(៩. តិស្សត្ថេរគាថា)

[៤០] ភិក្ខុអ្នកមានស្មារតី កាលបើក្តៅក្រហាយ (ដោយភ្លើងទុក្ខ ភ្លើងកិលេស) ដូចបុគ្គលដែលគេចាក់ដោយលំពែងត្រង់ក្បាល គប្បីវៀរស្រឡះ ដើម្បីលះបង់កាមរាគៈចេញ។

តិស្សតេ្ថរ។

វឌ្ឍមានត្ថេរគាថា

(១០. វឌ្ឍមានត្ថេរគាថា)

[៤១] ភិក្ខុអ្នកមានស្មារតី កាលបើក្តៅក្រហាយ (ដោយភ្លើងទុក្ខ ភ្លើងកិលេស) ដូចបុគ្គលដែលគេចាក់ដោយលំពែងត្រង់ក្បាល គប្បីវៀរស្រឡះ ដើម្បីលះបង់ភវរាគៈចេញ។

វឌ្ឍមានត្ថេរ។

ឧទ្ទាន

និយាយអំពីគហុរតីរិយត្ថេរ ១ សុប្បិយត្ថេរ ១ សោបាកត្ថេរ ១ បោសិយត្ថេរ ១ សាមញ្ញកាមិត្ថេរ ១ កុមាបុត្តត្ថេរ ១ កុមាបុត្តសហាយកត្ថេរ ១ គវម្បតិត្ថេរ ១ តិស្សត្ថេរ ១ វឌ្ឍមានត្ថេរ ជាអ្នកមានយសច្រើន ១។

ចប់ ចតុត្ថវគ្គ។

បញ្ចមវគ្គ

(៥. បញ្ចមវគ្គោ)

សិរីវឌ្ឍត្ថេរគាថា

(១. សិរិវឌ្ឍត្ថេរគាថា)

[៤២] ផ្លេកបន្ទោរ តែងដាលច្រវាត់ទៅកាន់ចន្លោះភ្នំវេភារៈផង ភ្នំបណ្ឌវៈផង ចំណែកខាងភិក្ខុជាបុត្តរបស់ព្រះមានព្រះភាគ ព្រះអង្គជាបុគ្គលនឹងធឹង ឥតមានគូប្រៀប ក៏តែងចូលទៅកាន់ចន្លោះភ្នំ ចំរើនឈាន។

សិរីវឌ្ឍត្ថេរ។

ខទិរវនិយត្ថេរគាថា

(២. ខទិរវនិយត្ថេរគាថា)

[៤៣] ម្នាលនាងហលា ម្នាលនាងឧបហលា ម្នាលនាងសីសុបហលា នាងទាំងឡាយ12) ឈ្មោះហលា ឈ្មោះឧបហលា ឈ្មោះសីសុបហលា ចូរជាអ្នកមានសតិខ្ជាប់ខ្ជួនចុះ (ដ្បិតព្រះសារីបុត្តជាបង) របស់នាងទាំងឡាយ បានមកត្រង់ហើយ ដូចអ្នកបាញ់រោមកន្ទុយទ្រាយ។

ខទិរវនិយត្ថេរ។

សុមង្គលត្ថេរគាថា

(៣. សុមង្គលត្ថេរគាថា)

[៤៤] អញរួចស្រឡះហើយ ផុតស្រឡះហើយដោយប្រពៃ អញរបូតស្រឡះហើយ ចាកអាការគម13) ៣យ៉ាង គឺ កាលអញកាន់កណ្តៀវ ១ កាលអញកាន់នង្គ័ល ១ កាលអញកាន់ចបតូច ១ ទោះការងារ (មានកាន់កណ្តៀវជាដើមនោះ) ក្នុងទីនេះ ៗ ក៏ដោយ ឬក៏ការងារ (មានកាន់កណ្តៀវជាដើម) ល្មមហើយ គួរហើយ នែសុមង្គល អ្នកចូររំពឹង (ដល់សមាបត្តិចុះ) នែសុមង្គល អ្នកចូររំពឹងចុះ នែសុមង្គល អ្នកចូរជាអ្នកកុំប្រមាទ។

សុមង្គលត្ថេរ។

សានុត្ថេរគាថា

(៤. សានុត្ថេរគាថា)

[៤៥] បពិត្រមាតា ពួកញាតិតែងយំរកបុគ្គលដែលស្លាប់ហើយ ឬបុគ្គលដែលរស់នៅ តែមិនបានជួបប្រទះ បពិត្រមាតា ពួកញាតិឃើញអាត្មាកំពុងរស់នៅ បពិត្រមាតា ព្រោះហេតុអ្វី ទើបអ្នកមាតាយំរកអាត្មា។

សានុត្ថេរ។

រមណីយវិហារិត្ថេរគាថា

(៥. រមណីយវិហារិត្ថេរគាថា)

[៤៦] គោ អាជានេយ្យដ៏ប្រសើរ ទោះបីភ្លាត់ រមែងឈរស៊ប់វិញបានយ៉ាងណា (អ្នកទាំងឡាយ ចូរចំណាំខ្ញុំ) ថាជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធ ដែលបរិបូណ៌ដោយទស្សនសម្បត្តិ (គ្រប់គ្រាន់ដោយការឃើញ) ក៏យ៉ាងនោះដែរ។

រមណីយវិហារិត្ថេរ។

សមិទ្ធិត្ថេរគាថា

(៦. សមិទ្ធិត្ថេរគាថា)

[៤៧] អាត្មាចេញចាកផ្ទះ ចូលកាន់ផ្នួស បួសដោយសទ្ធា សតិ និងបញ្ញារបស់ខ្ញុំចំរើនហើយ ទាំងចិត្ត ក៏ខ្ញុំតម្កល់ទុកប្រពៃហើយ (នែមារចិត្តបាប) អ្នកចូរធ្វើអំពើដ៏គួរតាមប្រាថ្នាចុះ អ្នកនឹងបៀតបៀនអាត្មាមិនបានទេ។

សមិទ្ធិត្ថេរ។

ឧជ្ជយត្ថេរគាថា

(៧. ឧជ្ជយត្ថេរគាថា)

[៤៨] បពិត្រព្រះពុទ្ធ ជាវីរបុគ្គល ខ្ញុំព្រះអង្គ សូមនមស្ការព្រះអង្គ ព្រះអង្គជាអ្នករួចស្រឡះចាកកិលេសទាំងពួង ខ្ញុំព្រះអង្គ ជាអ្នកមិនមានអាសវៈ តែងប្រព្រឹត្តទៅក្នុងស្នាមឱវាទនៃព្រះអង្គ។

ឧជ្ជយត្ថេរ។

សញ្ជយត្ថេរគាថា

(៨. សញ្ជយត្ថេរគាថា)

[៤៩] ក្នុងកាលដែលខ្ញុំចេញចាកផ្ទះ ចូលកាន់ផ្នួស ខ្ញុំមិនធ្លាប់ដឹងនូវសេចក្តីត្រិះរិះប្រកបដោយទោស ដែលមិនមែនជាអរិយធម៌ទេ។

សញ្ជយត្ថេរ។

រាមណេយ្យកត្ថេរគាថា

(៩. រាមណេយ្យកត្ថេរគាថា)

[៥០] ចិត្តរបស់ខ្ញុំនោះ មិនញាប់ញ័រ ព្រោះសម្រែកនៃសត្វរៃ ឬព្រោះសត្វព្រៃដែលគួរខ្លាចទេ ព្រោះថា ចិត្តរបស់ខ្ញុំ មានអារម្មណ៍មូលតែមួយ ត្រេកអរមិនដាច់ (ក្នុងព្រះនិព្វាន)។

រាមណេយ្យកត្ថេរ។

វិមលត្ថេរគាថា

(១០. វិមលត្ថេរគាថា)

[៥១] ផែនដីតែងសើមជ្រាប (ដោយអាបោធាតុ) ខ្យល់ក៏រមែងបក់ ផ្លេកបន្ទោរ ក៏ដាលច្រវាត់ក្នុងអាកាស ឯវិតក្កៈទាំងឡាយ (មានកាមវិតក្កៈជាដើម) របស់ខ្ញុំ រមែងរម្ងាប់ ចិត្តរបស់ខ្ញុំក៏តម្កល់ទុកល្អហើយ។

វិមលត្ថេរ។

ឧទ្ទាន

និយាយអំពីសិរីវឌ្ឍត្ថេរ ១ ខទិរវនិយរេវតត្ថេរ ១ សុមង្គលត្ថេរ ១ សានុត្ថេរ ១ រមណីយវិហារិត្ថេរ ១ សមិទិ្ធត្ថេរ ១ ឧជ្ជយត្ថេរ ១ សញ្ជយត្ថេរ ១ រាមណេយ្យកត្ថេរ ១ វិមលត្ថេរអ្នកលះបង់កិលេស ១។

ចប់ បញ្ចមវគ្គ។

ឆដ្ឋវគ្គ

(៦. ឆដ្ឋវគ្គោ)

គោធិកត្ថេរគាថា

(១. គោធិកត្ថេរគាថា)

[៥២] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរចុះ ខ្ទម គឺអត្តភាពខ្ញុំ ខ្ញុំបានបិទបាំងហើយ ឥតខ្យល់ចូលបានទេ តែងនំាមកនូវសេចក្តីសុខ ទាំងចិត្តរបស់ខ្ញុំ ក៏តម្កល់ទុកល្អហើយ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) អ្នកចូរបង្អោរមកចុះ។

គោធិកត្ថេរ។

សុពាហុត្ថេរគាថា

(២. សុពាហុត្ថេរគាថា)

[៥៣] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរចុះ ខ្ទម គឺអត្តភាពខ្ញុំ ខ្ញុំបានបិទបាំងហើយ ឥតខ្យល់ចូលបានទេ តែងនំាមកនូវសេចក្តីសុខ ទាំងចិត្តរបស់ខ្ញុំ ក៏តម្កល់ទុកល្អហើយ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) ចូរបង្អោរមកចុះ។

សុពាហុត្ថេរ។

វល្លិយត្ថេរគាថា

(៣. វល្លិយត្ថេរគាថា)

[៥៤] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរចុះ ខ្ទម គឺអត្តភាពខ្ញុំ ខ្ញុំបានបិទបាំងហើយ ឥតមានខ្យល់ចូលបានទេ តែងនំាំមកនូវសេចក្តីសុខ ខ្ញុំជាអ្នកមិនប្រមាទនៅក្នុងខ្ទមនោះ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) ចូរបង្អោរមកចុះ។

វល្លិយត្ថេរ។

ឧត្តិយត្ថេរគាថា

(៤. ឧត្តិយត្ថេរគាថា)

[៥៥] ភ្លៀង (មានផ្គរ) ដូចចម្រៀងដ៏ពីរោះ រមែងបង្អោរចុះ ខ្ទម គឺអត្តភាពខ្ញុំ ខ្ញុំបានបិទបាំងហើយ ខ្ញុំឥតមានបុគ្គលគំរប់ពីរនៅក្នុងខ្ទមនោះទេ ម្នាលភ្លៀង បើអ្នកចង់ (បង្អោរទឹក) ចូរបង្អោរមកចុះ។

ឧត្តិយត្ថេរ។

អញ្ជនាវនិយត្ថេរគាថា

(៥. អញ្ជនវនិយត្ថេរគាថា)

[៥៦] ខ្ញុំបានចូលទៅកាន់ព្រៃអព័ា្ជន ហើយធ្វើខ្ទមប៉ុនគ្រែអាសន្ទិ14) (ហើយអង្គុយ) ខ្ញុំបានដល់ត្រៃវិជ្ជា ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។

អញ្ជនាវនិយត្ថេរ។

កុដិវិហារិត្ថេរគាថា

(៦. កុដិវិហារិត្ថេរគាថា)

[៥៧] (ខេត្តបាល សួរថា) នរណា (អង្គុយនៅ) ក្នុងខ្ទម (ព្រះថេរៈតបថា) ភិក្ខុអ្នកប្រាសចាករាគៈ មានចិត្តតម្កល់ទុកល្អហើយ (អង្គុយនៅ) ក្នុងខ្ទម ម្នាលអាវុសោ អ្នកចូរដឹងយ៉ាងនេះថា ខ្ទមដែលអ្នកធ្វើហើយ មិនឥតប្រយោជន៍ទេ។

កុដិវិហារិត្ថេរ។

កុដិវិហារិត្ថេរគាថា

(៧. ទុតិយកុដិវិហារិត្ថេរគាថា)

[៥៨] ខ្ទមនេះជារបស់ចាស់ កាលបើអ្នកប្រាថ្នាខ្ទមថ្មីឯទៀត អ្នកចូរបណ្តេញនូវសេចក្តីប្រាថ្នាចំពោះខ្ទមចាស់ចេញ ម្នាលភិក្ខុ ខ្ទមថ្មីទៀត តែងនាំមកនូវទុក្ខ។

កុដិវិហារិត្ថេរ។

រមណីយកុដិកត្ថេរគាថា

(៨. រមណីយកុដិកត្ថេរគាថា)

[៥៩] ខ្ទមរបស់ខ្ញុំដែលគេឲ្យដោយសទ្ធា ជាខ្ទមគួររីករាយ ជាទីត្រេកអរនៃចិត្ត ខ្ញុំមិនមានសេចក្តីត្រូវការដោយកុមារីទាំងឡាយទេ ពួកជនណា មានសេចក្តីត្រូវការ ចូរនារីទាំងឡាយ ទៅក្នុងទីនោះ (របស់ពួកជននោះ) ចុះ។

រមណីយកុដិកត្ថេរ។

កោសល្លវិហារិត្ថេរគាថា

(៩. កោសលវិហារិត្ថេរគាថា)

[៦០] ខ្ញុំបួសដោយសទ្ធា ខ្ទមតូច ខ្ញុំបានធ្វើទុកក្នុងព្រៃហើយ ខ្ញុំមិនប្រមាទ មានព្យាយាមដ៏តឹងរ៉ឹង មានសតិខ្ជាប់ខ្ជួន មានការដឹងខ្លួនជាក់លាក់។

កោសល្លវិហារិត្ថេរ។

សីវលិត្ថេរគាថា

(១០. សីវលិត្ថេរគាថា)

[៦១] សង្កប្បធម៌ទាំងនោះ (មាននេក្ខម្មសង្កប្បៈជាដើម) សម្រេចហើយដល់ខ្ញុំ ខ្ញុំមានសេចក្តីត្រូវការនឹងចូលទៅកាន់ខ្ទម ដែលជាខ្ទមនំាំឲ្យខ្ញុំបានដល់នូវវិជ្ជា និងវិមុត្តិ លះបង់នូវមានានុស័យ។

សីវលិត្ថេរ។

ឧទាន

និយាយអំពីគោធិកត្ថេរ ១ សុពាហុត្ថេរ ១ វល្លិយត្ថេរ ១ ឧត្តិយត្ថេរជាឥសី ១ អពា្ជនាវនិយត្ថេរ ១ កុដិវិហារិត្ថេរ ២ លើក រមណីយកុដិកត្ថេរ ១ កោសល្លវិហារិត្ថេរ ១ សីវលិត្ថេរ ១។

ចប់ ឆដ្ឋវគ្គ។

ថេរគាថា ឯកនិបាត

សត្តមវគ្គ

(៧. សត្តមវគ្គោ)

វប្បត្ថេរគាថា

(១. វប្បត្ថេរគាថា)

[៦២] បណ្ឌិតអ្នកឃើញ រមែងឃើញនូវបណ្ឌិតអ្នកឃើញ (ផងគ្នា) ផង ឃើញពាល អ្នកមិនឃើញផង ឯពាលអ្នកមិនឃើញ រមែងមិនឃើញពាល ដែលមិនឃើញ (ផងគ្នា) ផង នូវបណ្ឌិតអ្នកឃើញផង។

វប្បត្ថេរ។

វជ្ជិបុត្តកត្ថេរគាថា

(២. វជ្ជិបុត្តត្ថេរគាថា)

[៦៣] យើងម្នាក់ឯងនៅក្នុងព្រៃ ដូចកំណាត់ឈើដែលគេចោលក្នុងព្រៃ ពួកកុលបុត្តជាច្រើនរូប រមែងស្រឡាញ់យើងដូចពួកសត្វនរកស្រឡាញ់អ្នកដែលទៅកាន់ឋានសួគ៌។

វជ្ជិបុត្តកត្ថេរ។

បក្ខត្ថេរគាថា

(៣. បក្ខត្ថេរគាថា)

[៦៤] ពួកសត្វ (ឃ្លាតចាកកុសលធម៌) ធ្លាក់ចុះហើយ រមែងធ្លាក់ចុះ ឯពួកសត្វដែលជាប់ចំពាក់ (ក្នុងកាម) តែងមកវិញ សោឡសកិច្ច ដែលអាត្មាអញធ្វើហើយ ជាតម្រេកដែលគួរត្រេកអរ ព្រះនិព្វានជាសុខដែលមូលមិត្តដោយសេចក្តីសុខ។

បក្ខត្ថេរ។

វិមលកោណ្ឌញ្ញត្ថេរគាថា

(៤. វិមលកោណ្ឌញ្ញត្ថេរគាថា)

[៦៥] វិមលកោណ្ឌញ្ញៈ កើតអំពីស្រី មានដើមឈើជាឈ្មោះ (អម្ពបាលី) កើតដោយស្តេច ដូចជាទង់ពណ៌ស (ព្រះបាទពិម្ពិសារ) លះបង់នូវទង់ គឺមានះ កំចាត់បង់នូវទង់ធំ គឺមានះ ដោយប្រាជា្ញដូចជាទង់។

វិមលកោណ្ឌញ្ញត្ថេរ។

ឧក្ខេបកដវច្ឆត្ថេរគាថា

(៥. ឧក្ខេបកតវច្ឆត្ថេរគាថា)

[៦៦] ពុទ្ធវចនៈ ដែលបុគ្គលរៀនក្នុងសំណាក់នៃឧក្ខេបកដវច្ឆត្ថេរ ព្រះថេរៈនោះ រមែងសំដែងនូវពុទ្ធវចនៈនោះ ដល់គ្រហស្ថទាំងឡាយបាន អស់ឆ្នាំជាច្រើន លោកជាអ្នកមានសេចក្តីរីករាយដ៏លើសលុប អង្គុយនៅដ៏ស្ងប់ស្ងៀម។

ឧក្ខេបកដវច្ឆត្ថេរ។

មេឃិយត្ថេរគាថា

(៦. មេឃិយត្ថេរគាថា)

[៦៧] ព្រះសម្ពុទ្ធ ជាមហាវីរបុរស ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ប្រៀនប្រដៅហើយ ខ្ញុំបានស្តាប់ធម៌របស់ព្រះអង្គ ជាអ្នកត្រេកអរនៅក្នុងសំណាក់ (ព្រះអង្គ) ត្រៃវិជ្ជា ខ្ញុំបានដល់ហើយ ពុទ្ធសាសនា ខ្ញុំក៏បានធើ្វហើយ។

មេឃិយត្ថេរ។

ឯកធម្មសវនិយត្ថេរគាថា

(៧. ឯកធម្មសវនីយត្ថេរគាថា)

[៦៨] កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានដកចោលហើយ ជាតិសំសារ ក៏អស់ហើយ ភពថ្មីទៀត មិនមានក្នុងកាលឥឡូវនេះទេ។

ឯកធម្មសវនិយត្ថេរ។

ឯកុទានិយត្ថេរគាថា

(៨. ឯកុទានិយត្ថេរគាថា)

[៦៩] សេចក្តីសោក រមែងមិនមានដល់អ្នកប្រាជ្ញ មានចិត្តដ៏ខ្ពង់ខ្ពស់ ជាអ្នកមិនប្រមាទ សិក្សាក្នុងធម៌ ជាគន្លងនៃការចេះដឹង មានតាទិគុណ ជាអ្នកស្ងប់រម្ងាប់ មានសតិគ្រប់កាល។

ឯកុទានិយត្ថេរ។

ឆន្នត្ថេរគាថា

(៩. ឆន្នត្ថេរគាថា)

[៧០] ខ្ញុំបានស្តាប់សច្ចធម៌ មានរសដ៏ប្រសើរ របស់ព្រះមានព្រះភាគ ជាបុគ្គលប្រសើរ ដែលព្រះពុទ្ធមានសព្វញ្ញុតញ្ញាណប្រសើរ សំដែងហើយ ប្រតិបត្តិចំពោះអដ្ឋង្គិកមគ្គ ដើម្បីដល់ព្រះនិព្វាន ឈ្មោះអមតៈ ព្រះមានព្រះភាគនោះ ព្រះអង្គជាបុគ្គលឈ្លាសវៃក្នុងគន្លងនៃព្រះនិព្វានដ៏ក្សេមចាកយោគៈ។

ឆន្នត្ថេរ។

បុណ្ណត្ថេរគាថា

(១០. បុណ្ណត្ថេរគាថា)

[៧១] សីលហ្នឹងឯង ជាកំពូលក្នុងសាសនានេះ ចំណែកបុគ្គលមានប្រាជ្ញា ជាបុគ្គលប្រសើរ ជ័យជំនះក្នុងមនុស្ស និងទេវតាទាំងឡាយ រមែងមាន ព្រោះសីល និងប្រាជ្ញា។

បុណ្ណត្ថេរ។

ឧទ្ទាន

និយាយអំពីវប្បត្ថេរ ១ វជ្ជិបុត្តកត្ថេរ ១ បក្ខត្ថេរ ១ វិមលកោណ្ឌញ្ញត្ថេរ ១ ឧក្ខេបកដវច្ឆត្ថេរ ១ មេឃិយត្ថេរ ១ ឯកធម្មសវនិយត្ថេរ ១ ឯកុទានត្ថេរ ១ ឆន្នត្ថេរ ១ បុណ្ណត្ថេរ ជាអ្នកមានកំឡាំងច្រើន ១។

ចប់ សត្តមវគ្គ។

អដ្ឋមវគ្គ

(៨. អដ្ឋមវគ្គោ)

វច្ឆបាលត្ថេរគាថា

(១. វច្ឆបាលត្ថេរគាថា)

[៧២] បុគ្គលអ្នកយល់ឃើញប្រយោជន៍ដ៏ល្អិតសុខុមក្រៃលែង ជាអ្នកឈ្លាសវៃដោយប្រាជ្ញា មានកិរិយាប្រព្រឹត្តឱនលំទោន ជាអ្នកសេពល្អហើយនូវសីលនៃព្រះពុទ្ធនោះ មិនមែនបានព្រះនិព្វានដោយក្រទេ។

វច្ឆបាលត្ថេរ។

អាតុមត្ថេរគាថា

(២. អាតុមត្ថេរគាថា)

[៧៣] ទំពំាងឫសីនៅខ្ចី មានចុងលូតលាស់ បែកដៃចេញហើយ បុគ្គលបោចរោចចេញបានដោយក្រ យ៉ាងណាមិញ អាត្មា កាលបើមាតានំាភរិយាមកឲ្យ ក៏យ៉ាងនោះដែរ សូមញោមយល់តាមអាត្មាចុះ ព្រោះឥឡូវនេះ អាត្មាបួសហើយ។

អាតុមត្ថេរ។

មាណវត្ថេរគាថា

(៣. មាណវត្ថេរគាថា)

[៧៤] ខ្ញុំឃើញមនុស្សចាស់ជរា ឈឺចាប់ ប្រកបដោយទុក្ខ ទាំងឃើញមនុស្សដល់នូវការអស់ទៅនៃអាយុ ស្លាប់ហើយ ហេតុនោះ ខ្ញុំលះបង់កាមជាទីត្រេកអរនៃចិត្ត ហើយចេញបួស។

មាណវត្ថេរ។

សុយាមនត្ថេរគាថា

(៤. សុយាមនត្ថេរគាថា)

[៧៥] កាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា រមែងមិនមានដល់ភិក្ខុដោយ សព្វគ្រប់។

សុយាមនត្ថេរ។

សុសារទត្ថេរគាថា

(៥. សុសារទត្ថេរគាថា)

[៧៦] ការឃើញនូវព្រះអរិយទាំងឡាយ មានអត្តភាពរៀបចំល្អហើយ ជាការប្រពៃ (ព្រោះថា) សេចក្តីសង្ស័យ រមែងដាច់ បញ្ញារមែងចំរើនឡើង ព្រះអរិយៈទាំងនោះ រមែងធ្វើសូម្បីនូវជនពាល ឲ្យជាបណ្ឌិតបាន ព្រោះហេតុនោះ ការសមាគមនៃសប្បុរសទាំងឡាយ ជាការប្រពៃ។

សុសារទត្ថេរ។

បិយពា្ជហត្ថេរគាថា

(៦. បិយញ្ជហត្ថេរគាថា)

[៧៧] កាលពួកសត្វកំពុងប៉ោងឡើង បណ្ឌិតតែងឱនលំទោន កាលពួកសត្វធ្លាក់ចុះ (ដោយអំណាចកោសជ្ជៈ) បណ្ឌិតតែងប្រឹងឡើង កាលពួកសត្វមិនបានអប់រំ (ព្រហ្មចរិយធម៌) បណ្ឌិតតែងអប់រំ កាលពួកសត្វត្រេកអរ (ក្នុងកាមគុណ) បណ្ឌិតមិនត្រេកអរទេ។

បិយពា្ជហត្ថេរ។

ហត្ថារោហបុត្តត្ថេរគាថា

(៧. ហត្ថារោហបុត្តត្ថេរគាថា)

[៧៨] ចិត្តនេះ ក្នុងកាលមុន បានត្រាច់ទៅកាន់ចារិក តាមសេចក្តីប្រាថ្នា តាមចំណង់ តាមសេចក្តីស្រួល ថ្ងៃនេះ ខ្ញុំនឹងផ្ទញ់ផ្ទាល់ចិត្តនោះដោយឧបាយ ដូចជាហ្មដំរីអ្នកកាន់កង្វេរ សង្កត់សង្កិនដំរីដែលចុះប្រេង។

ហត្ថារោហបុត្តត្ថេរ។

មេណ្ឌសិរត្ថេរគាថា

(៨. មេណ្ឌសិរត្ថេរគាថា)

[៧៩] កាលខ្ញុំមិនទាន់បាន (ញាណ) តែងអន្ទោលទៅកាន់សំសារអស់ជាតិមិនតែមួយទេ គំនរនៃសេចក្តីទុក្ខរបស់ខ្ញុំ ដែលទទួលរងហើយនោះ ជាគំនរទុក្ខប្រាសចេញទៅហើយ។

មេណ្ឌសិរត្ថេរ។

រក្ខិតត្ថេរគាថា

(៩. រក្ខិតត្ថេរគាថា)

[៨០] រាគៈទាំងពួង ខ្ញុំលះចោលហើយ ទោសៈទាំងពួង ខ្ញុំក៏ដកចោលហើយ មោហៈទាំងពួងរបស់ខ្ញុំ ក៏ប្រាសចេញហើយ ខ្ញុំជាបុគ្គលត្រជាក់ រលត់ទុក្ខហើយ។

រក្ខិតត្ថេរ។

ឧគ្គត្ថេរគាថា

(១០. ឧគ្គត្ថេរគាថា)

[៨១] អំពើណា ទោះបីតិច ឬច្រើន ដែលខ្ញុំធ្វើហើយ អំពើទាំងអស់នុ៎ះ ក៏អស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។

ឧគ្គត្ថេរ។

ឧទ្ទាន

និយាយអំពីវច្ឆបាលត្ថេរ ១ អាតុមត្ថេរ ១ មាណវត្ថេរជាឥសី ១ សុយាមនត្ថេរ ១ សុសារទត្ថេរ ១ បិយពា្ជហត្ថេរ ១ ហត្ថារោហបុត្តត្ថេរ ១ មេណ្ឌសិរត្ថេរ ១ រក្ខិតត្ថេរ ១ ព្រះថេរឈ្មោះឧគ្គៈ ១។

ចប់ អដ្ឋមវគ្គ។

នវមវគ្គ

(៩. នវមវគ្គោ)

សមិតិគុត្តត្ថេរគាថា

(១. សមិតិគុត្តត្ថេរគាថា)

[៨២] អំពើលាមកណា ដែលខ្ញុំបានធ្វើហើយ ក្នុងជាតិទាំងឡាយដទៃ ក្នុងភពមុន អំពើលាមកនោះ ខ្ញុំគប្បីទទួលតែក្នុងជាតិនេះទេ វត្ថុដទៃ មិនមានឡើយ។

សមិតិគុត្តត្ថេរ។

កស្សបត្ថេរគាថា

(២. កស្សបត្ថេរគាថា)

[៨៣] ទីមានភិក្ខាហារដ៏សម្បូណ៌ផង ទីដ៏ក្សេមក្សាន្ត មិនមានភ័យផង មានក្នុងទិសណាៗ ម្នាលកូន អ្នកចូរទៅក្នុងទិសនោះ ៗ ចុះ សូមកុំឲ្យអ្នកមានសេចក្តីសោកបៀតបៀនបានឡើយ។

កស្សបត្ថេរ។

សីហត្ថេរគាថា

(៣. សីហត្ថេរគាថា)

[៨៤] ម្នាលភិក្ខុឈ្មោះសីហៈ ចូរអ្នកកុំប្រមាទ កុំខ្ជិលច្រអូសអស់យប់ និងថ្ងៃ ចូរអ្នកចំរើនកុសលធម៌ចុះ ចូរអ្នកលះបង់នូវគ្រោងកាយ គឺអត្តភាពដោយឆាប់ចុះ។

សីហត្ថេរ។

នីតត្ថេរគាថា

(៤. នីតត្ថេរគាថា)

[៨៥] បុគ្គលដេកលក់រហូតរាត្រីទាំងអស់ ត្រេកអរក្នុងពួកគណៈក្នុងវេលាថ្ងៃ ជាអ្នកអ័ប្បបញ្ញា កាលណានឹងធ្វើនូវទីបំផុតនៃទុក្ខបាន។

នីតត្ថេរ។

សុនាគត្ថេរគាថា

(៥. សុនាគត្ថេរគាថា)

[៨៦] បុគ្គលឈ្លាសវៃ ក្នុងនិមិត្តរបស់ចិត្ត ដឹងច្បាស់នូវរសនៃវិវេក ដុតកំដៅកិលេស ជាអ្នកមានប្រាជ្ញារក្សាខ្លួន មានស្មារតីតំកល់មាំ គប្បីបាននូវនិរាមិសសុខ គឺព្រះនិព្វាន។

សុនាគត្ថេរ។

នាគិតត្ថេរគាថា

(៦. នាគិតត្ថេរគាថា)

[៨៧] ព្រះមានព្រះភាគ ជាសាសា្តចារ្យ កាលសំដែងដោយព្រះអង្គឯង (ដូចផ្លែកន្ទួតព្រៃ) ក្នុងបាតដៃ តែងប្រៀនប្រដៅសង្ឃយ៉ាងនេះថា ផ្លូវដ៏ប្រសើរនេះ ជាផ្លូវទៅកាន់ព្រះនិព្វាន មិនមែនដូចផ្លូវរបស់តិរិ្ថយអ្នកពោលផ្សេងៗ ខាងក្រៅសាសនានេះទេ។

នាគិតត្ថេរ។

បវិដ្ឋត្ថេរគាថា

(៧. បវិដ្ឋត្ថេរគាថា)

[៨៨] ខន្ធទាំងឡាយ ខ្ញុំឃើញច្បាស់ហើយ តាមសេចក្តីពិត ភពទាំងពួង ខ្ញុំទំលាយហើយ ជាតិសង្សារអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។

បវិដ្ឋត្ថេរ។

អជ្ជុនត្ថេរគាថា

(៨. អជ្ជុនត្ថេរគាថា)

[៨៩] ខ្ញុំកាលយល់ច្បាស់នូវសច្ចធម៌ទាំងឡាយ ទើបអាចនឹងរើខ្លួនឡើងចាកទឹក គឺសំសារ ឡើងកាន់ទីគោក គឺព្រះនិព្វាន ដូចជាជំនន់ធំកាលបន្សាត់ទៅ។

អជ្ជុនត្ថេរ។

ទេវសភត្ថេរគាថា

(៩. (បឋម)-ទេវសភត្ថេរគាថា)

[៩០] ខ្ញុំឆ្លងឡើងផុត ចាកភក់ ចាកល្បាប់ គឺកិលេសហើយ វៀរស្រឡះហើយចាកបាតាល (ទំនាប) គឺយោគៈ រួចផុតហើយចាកឱឃៈផង គន្ថៈផង មានះទាំងពួង ខ្ញុំកំចាត់បង់ហើយ។

ទេវសភត្ថេរ។

សាមិទត្តត្ថេរគាថា

(១០. សាមិទត្តត្ថេរគាថា)

[៩១] ខន្ធ ៥ ខ្ញុំកំណត់ដឹងហើយ ខន្ធ៥ មានឫសគល់ដាច់ហើយ ជាតិសំសារអស់ហើយ ភពថ្មីទៀត (របស់ខ្ញុំ )មិនមានក្នុងកាលឥឡូវនេះ។

សាមិទត្តត្ថេរ។

ឧទ្ទាន

និយាយអំពីសមិតិគុត្តត្ថេរ ១ កស្សបត្ថេរ ១ សីហត្ថេរ ១ នីតត្ថេរ ១ សុនាគត្ថេរ ១ នាគិតត្ថេរ ១ បវិដ្ឋត្ថេរ ១ អជ្ជុនៈជាឥសី ១ ទេវសភត្ថេរ ១ សាមិទត្តត្ថេរ មានកំឡាំងច្រើន ១។

ចប់ នវមវគ្គ។

ទសមវគ្គ

(១០. ទសមវគ្គោ)

បរិបុណ្ណកត្ថេរគាថា

(១. បរិបុណ្ណកត្ថេរគាថា)

[៩២] សុធាភោជន មានរសទាំងរយ អាត្មាអញ មិនសរសើរដូចភោជន គឺនិព្វានសុខ ដែលអាត្មាអញបរិភោគហើយក្នុងថ្ងៃនេះទេ ធម៌ដែលព្រះពុទ្ធគោតម ព្រះអង្គឃើញដោយបញ្ញារាប់មិនបាន ទ្រង់សំដែងហើយ (ទើបជាធម៌មានរសច្រើន)។

បរិបុណ្ណកត្ថេរ។

វិជយត្ថេរគាថា

(២. វិជយត្ថេរគាថា)

[៩៣] ភិក្ខុណា មានអាសវៈអស់ហើយ មិនជ្រប់ក្នុងអាហារ ភិក្ខុណា មានសុញ្ញតវិមោក្ខ អនិមិត្តវិមោក្ខ (អប្បណិហិតវិមោក្ខ) ជាអារម្មណ៍ ស្នាមជើងរបស់ភិក្ខុនោះៗ បុគ្គលតាមរកឃើញបានដោយក្រ ដូចស្នាមជើងនៃសត្វស្លាបក្នុងអាកាស។

វិជយត្ថេរ។

ឯរកត្ថេរគាថា

(៣. ឯរកត្ថេរគាថា)

[៩៤] ម្នាលឯរកៈ កាមទាំងឡាយ ជាទុក្ខ ម្នាលឯរកៈ កាមទាំងឡាយ មិនមែនជាសុខទេ ម្នាលឯរកៈ បុគ្គលណា ប្រាថ្នារកកាម បុគ្គលនោះ ឈ្មោះថាប្រាថ្នាទុក្ខ ម្នាលឯរកៈ បុគ្គលណា មិនប្រាថ្នារកកាម បុគ្គលនោះ ឈ្មោះថាមិនប្រាថ្នាទុក្ខទេ។

ឯរកត្ថេរ។

មេត្តជិត្ថេរគាថា

(៤. មេត្តជិត្ថេរគាថា)

[៩៥] សូមនមស្ការ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គជាសក្យបុត្តមានសិរី ព្រះធម៌ដ៏ប្រសើរនេះ ព្រះពុទ្ធដល់នូវធម៌ដ៏ប្រសើរនោះ ទ្រង់សំដែងទុកល្អហើយ។

មេត្តជិត្ថេរ។

ចក្ខុបាលត្ថេរគាថា

(៥. ចក្ខុបាលត្ថេរគាថា)

[៩៦] ខ្ញុំជាមនុស្សខ្វាក់ មានភ្នែកដែលទោសកំចាត់បង់ហើយ ទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ទោះបីកាលដេក ក៏ខ្ញុំមិនទៅជាមួយនឹងសំឡាញ់ជាបាបមិត្តទេ។

ចក្ខុបាលត្ថេរ។

ខណ្ឌសុមនត្ថេរគាថា

(៦. ខណ្ឌសុមនត្ថេរគាថា)

[៩៧] ខ្ញុំបានបូជាផ្កាមួយ រួចក៏បានឲ្យគេបំរើក្នុងឋានសួគ៌អស់ ៨០ កោដិឆ្នាំ (រាប់ដោយឆ្នាំមនុស្ស) ខ្ញុំរលត់ទុក្ខដោយផលនៃកម្មដ៏សេសសល់។

ខណ្ឌសុមនត្ថេរ។

តិស្សត្ថេរគាថា

(៧. តិស្សត្ថេរគាថា)

[៩៨] ខ្ញុំលះភាជន៍សំរិទ្ធិដែលមានក្បាច់ ១០០ស្រទាប់ និងភាជន៍មាស មានចម្លាក់ ១០០ ជាន់ ហើយត្រឡប់មកកាន់យកបាត្រដីវិញ ការចូលកាន់ផ្នួសរបស់ខ្ញុំនេះ ឈ្មោះថាជាការអភិសេកទីពីរ។

តិស្សត្ថេរ។

អភយត្ថេរគាថា

(៨. អភយត្ថេរគាថា)

[៩៩] បុគ្គលកាលឃើញរូប ហើយធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ សតិរមែងភ្លាំងភ្លាត់ បុគ្គលនោះ មានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ អាសវៈទាំងឡាយ ដែលជាគ្រឿងនំាំចូលទៅកាន់ឫសគល់នៃភព រមែងចំរើនដល់បុគ្គលនោះ។

អភយត្ថេរ។

ឧត្ថិយត្ថេរគាថា

(៩. ឧត្តិយត្ថេរគាថា)

[១០០] បុគ្គលកាលស្តាប់សំឡេង ហើយធ្វើទុកក្នុងចិត្តនូវនិមិត្តជាទីស្រឡាញ់ សតិរមែងភ្លាំងភ្លាត់ បុគ្គលនោះ មានចិត្តត្រេកអរ ទទួលយក លេបយកនូវអារម្មណ៍នោះ អាសវៈទាំងឡាយ ដែលជាគ្រឿងនំាចូលទៅកាន់សង្សារ រមែងចំរើនដល់បុគ្គលនោះ។

ឧត្ថិយត្ថេរ។

ទេវសភត្ថេរគាថា

(១០. (ទុតិយ)-ទេវសភត្ថេរគាថា)

[១០១] បុគ្គលប្រកបដោយសម្មប្បធាន មានសតិប្បដ្ឋានជាអារម្មណ៍ដ៏ដេរដាសដោយផ្កា គឺវិមុត្តិ ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។

ទេវសភត្ថេរ។

ឧទ្ទាន

និយាយអំពីបរិបុណ្ណត្ថេរ ១ វិជយត្ថេរ ១ ឯរកត្ថេរ ១ មេត្តជិត្ថេរ ជាអ្នកប្រាជ្ញ ១ ចក្ខុបាលត្ថេរ ១ ខណ្ឌសុមនត្ថេរ ១ តិស្សត្ថេរ ១ អភយត្ថេរ ១ ឧត្តិយត្ថេរមានបញ្ញាច្រើន ១ ទេវសភត្ថេរ ១។

ចប់ ទសមវគ្គ។

ឯកាទសមវគ្គ

(១១. ឯកាទសមវគ្គោ)

ពេលដ្ឋកានិត្ថេរគាថា

(១. ពេលដ្ឋានិកត្ថេរគាថា)

[១០២] បុរសបុគ្គលល្ងង់ខ្លៅ លះបង់សភាពជាគ្រហស្ថ (ចូលកាន់ផ្នួស) ជាអ្នកមិនបានអប់រំខ្លួន ជាអ្នកមានមាត់ដូចជានង្គ័ល ខ្ជិលច្រអូស បានតែខាងចិញ្ចឹមពោះ ដូចជ្រូកស្រុកធំ ដែលគេបំប៉នដោយចំណី តែងចូលទៅកាន់គភ៌រឿយ ៗ។

ពេលដ្ឋកានិត្ថេរ។

សេតុច្ឆត្ថេរគាថា

(២. សេតុច្ឆត្ថេរគាថា)

[១០៣] ជនទាំងឡាយ ដែលត្រូវមានះបញ្ឆោត សៅហ្មងក្នុងសង្ខារ ត្រូវលាភៈ អលាភៈ ញាំញីហើយ រមែងមិនបាននូវសមាធិ។

សេតុច្ឆត្ថេរ។

ពន្ធុរត្ថេរគាថា

(៣. ពន្ធុរត្ថេរគាថា)

[១០៤] ខ្ញុំមិនត្រូវការដោយលាភនុ៎ះទេ ខ្ញុំបានសេចក្តីសុខ ឆ្អែតដោយធម្មរស ក្រេបផឹករសដ៏ប្រសើរថ្លៃថ្លា មិនធ្វើនូវការជាប់ដោយរសទេ។

ពន្ធុរត្ថេរ។

ខិតកត្ថេរគាថា

(៤. ខិតកត្ថេរគាថា)

[១០៥] ឱហ្ន៎ កាយរបស់ខ្ញុំស្រាល កាលខ្ញុំត្រូវបីតិ និងសុខដ៏ទូលាយពាល់ត្រូវហើយ កាយរបស់ខ្ញុំ រមែងអណ្តែតឡើងបានដូចប៉ុយដែលប៉ើងដោយខ្យល់។

ខិតកត្ថេរ។

មលិតវម្ភត្ថេរគាថា

(៥. មលិតវម្ភត្ថេរគាថា)

[១០៦] បុគ្គលអ្នកឈ្លាសវៃ ទោះបីអផ្សុក រមែងមិននៅ (ក្នុងអាវាសដែលមិនសប្បាយ) សូម្បីកាលត្រេកអរក៏ចៀសចេញ មិនគប្បីនៅគ្រប់គ្រងលំនៅ ដែលប្រកបដោយអំពើមិនជាប្រយោជន៍ទេ។

មលិតវម្ភត្ថេរ។

សុហេមន្តត្ថេរគាថា

(៦. សុហេមន្តត្ថេរគាថា)

[១០៧] អត្ថមានអាថ៌កំបំាងច្រើន ទ្រទ្រង់លក្ខណៈដ៏ច្រើន ជនឥតប្រាជ្ញា ឃើញអង្គនៃអត្ថតែមួយ ចំណែកបណ្ឌិតជាអ្នកឃើញអត្ថដ៏ច្រើន។

សុហេមន្តត្ថេរ។

ធម្មសំវរត្ថេរគាថា

(៧. ធម្មសវត្ថេរគាថា)

[១០៨] ខ្ញុំរំពឹងឃើញហើយ ទើបចេញចាកផ្ទះ ចូលកាន់ផ្នួស ត្រៃវិជ្ជា ខ្ញុំបានហើយ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។

ធម្មសំវរត្ថេរ។

ធម្មសដបិតុត្ថេរគាថា

(៨. ធម្មសវបិតុត្ថេរគាថា)

[១០៩] ខ្ញុំមានអាយុប្រកបដោយឆ្នាំ ១២០ ទើបចេញចាកផ្ទះ ចូលកាន់ផ្នួស ត្រៃវិជ្ជា ខ្ញុំបានហើយ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។

ធម្មសដបិតុត្ថេរ។

សង្ឃរក្ខិតត្ថេរគាថា

(៩. សង្ឃរក្ខិតត្ថេរគាថា)

[១១០] ភិក្ខុនេះត្រេកអរក្នុងទីស្ងាត់ហើយ តែក្រែងមិនអើពើនឹងសាសនារបស់ព្រះមានព្រះភាគ ព្រះអង្គជាអ្នកអនុគ្រោះដោយប្រយោជន៍ដ៏ក្រៃលែងទេឬ ភិក្ខុនេះ ជាអ្នកមានឥន្ទ្រិយតំាងនៅជាប្រក្រតី នៅក្នុងទីស្ងាត់ដូច្នោះ ដូចជាម្រឹគញី ប្រកបដោយជាតិនៅក្មេង ដែលនៅក្នុងព្រៃ។

សង្ឃរក្ខិតត្ថេរ។

ឧសភត្ថេរគាថា

(១០. ឧសភត្ថេរគាថា)

[១១១] ឈើទាំងឡាយ លូតលាស់ឡើងឰដ៏កំពូលភ្នំ ត្រូវទឹកភ្លៀងបង្អោរចុះថ្មី ៗ ស្រោចស្រប់ហើយ រមែងញុំាងចិត្តគួរដល់ភាវនាកម្មឲ្យកើតឡើងដោយក្រៃលែងដល់ភិក្ខុឈ្មោះឧសភៈ អ្នកប្រាថ្នាវិវេកធម៌ អ្នកមានសេចក្តីសំគាល់ក្នុងព្រៃ។

ឧសភត្ថេរ។

ឧទ្ទាន

និយាយអំពីពេលដ្ឋកានិត្ថេរ ១ សេតុច្ឆត្ថេរ ១ ពន្ធុរត្ថេរ ១ ខិតកត្ថេរ ជាឥសី ១ មលិតវម្ភត្ថេរ ១ សុហេមន្តត្ថេរ ១ ធម្មសំវរត្ថេរ ១ ធម្មសដបិតុត្ថេរ ១ សង្ឃរក្ខិតត្ថេរ ១ ឧសភត្ថេរ ជាមហាមុនី ១។

ចប់ ឯកាទសមវគ្គ។

ទ្វាទសមវគ្គ

(១២. ទ្វាទសមវគ្គោ)

ជេន្តត្ថេរគាថា

(១. ជេន្តត្ថេរគាថា)

[១១២] ការបួសជាការក្រពិត គ្រឹះស្ថានបុគ្គលគ្រប់គ្រងបានដោយក្រ ព្រះធម៌ ជាសភាពជ្រាលជ្រៅ ភោគៈទាំងឡាយ រកបានដោយក្រ ការប្រព្រឹត្តិ (ចិញ្ចឹមជិវិត) របស់យើង ដោយបច្ច័យតាមមាន តាមបាន ក៏ជាការក្រ យើងគួរគិតនូវអនិច្ចតាធម៌ឲ្យរឿយ ៗ វិញ។

ជេន្តត្ថេរ។

វច្ឆគោតត្ថេរគាថា

(២. វច្ឆគោត្តត្ថេរគាថា)

[១១៣] ខ្ញុំមានវិជ្ជា ៣ មានការដុតកិលេសច្រើន ជាអ្នកឈ្លាសវៃក្នុងចេតោសមថៈ (ការស្ងប់រម្ងាប់ចិត្ត) ប្រយោជន៍របស់ខ្លួន ខ្ញុំបានដល់ហើយ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។

វច្ឆគោតត្ថេរ។

វនវច្ឆត្ថេរគាថា

(៣. វនវច្ឆត្ថេរគាថា)

[១១៤] ភ្នំថ្មទាំងនោះ មានទឹកថ្លា មានថ្មដ៏ក្រាស់ ដែលប្រកបដោយម្រឹគ មានកន្ទុយដូចគោ (ស្វាខ្មៅ) ដ៏ដេរដាសដោយសារាយក្នុងទឹក តែងញុំាងខ្ញុំឲ្យត្រេកអរ (សុខចិត្តនៅបាន)។

វនវច្ឆត្ថេរ។

អធិមុត្តត្ថេរគាថា

(៤. អធិមុត្តត្ថេរគាថា)

[១១៥] កាលបើជីវិតសូន្យថយទៅ សេចក្តីល្អរបស់សមណៈ នឹងមានមកក្នុងទីណា ដល់បុគ្គលអ្នកធ្ងន់ក្នុងកាយដ៏អាក្រក់ ជាប់ដោយសេចក្តីសុខក្នុងសរីរៈ។

អធិមុត្តត្ថេរ។

មហានាមត្ថេរគាថា

(៥. មហានាមត្ថេរគាថា)

[១១៦] អ្នកនុ៎ះ នឹងសាបសូន្យចាកភ្នំឈ្មោះនេសាទកៈ (ទីនៅនៃអ្នកនេសាទ) ជាភ្នំមានយស បិទបាំងដោយដើមខ្លែងគង់ នឹងដើមពោនស្វាជាច្រើន។

មហានាមត្ថេរ។

បារាបរិយត្ថេរគាថា

(៦. បារាបរិយត្ថេរគាថា)

[១១៧] បុគ្គលគ្រប់គ្រងទ្វារ សង្រួមដោយល្អ ខ្ជាក់ចោលនូវឫសគល់នៃសេចក្តីទុក្ខ ព្រោះលះបង់ផស្សាយតនៈទាំង ៦ ប្រការ ការអស់ទៅនៃអាសវៈ ខ្ញុំក៏បានដល់ហើយ។

បារាបរិយត្ថេរ។

យសត្ថេរគាថា

(៧. យសត្ថេរគាថា)

[១១៨] ខ្ញុំមានខ្លួនប្រោះព្រំល្អ ស្លៀកពាក់ល្អ ស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង បាននូវវិជ្ជា ៣ ប្រការ ពុទ្ធសាសនា ខ្ញុំក៏បានធ្វើហើយ។

យសត្ថេរ។

កិម្ពិលត្ថេរគាថា

(៨. កិមិលត្ថេរគាថា)

[១១៩] វ័យ (របស់សត្វ) រមែងធ្លាក់ចុះ ហាក់ដូចជាត្រូវទេវតាបណ្តេញ រូប (របស់យើង) កាលមាននៅ ដោយប្រការដូច្នោះ តែហាក់ដូចជារូបអ្នកដទៃ ខ្លួនខ្ញុំនោះ កាលមានពិត តែហាក់ដូចជាមិនមាន ខ្ញុំរឭកឃើញខ្លួន (របស់ខ្ញុំ) ហាក់ដូចជារឭកឃើញខ្លួនរបស់អ្នកដទៃដែរ។

កិម្ពិលត្ថេរ។

វជ្ជីបុត្តត្ថេរគាថា

(៩. វជ្ជិបុត្តត្ថេរគាថា)

[១២០] អ្នកចូលទៅកាន់គល់ឈើ និងព្រៃញាតស្បាត ហើយក្រសោបយកព្រះនិព្វាន (មកដាក់) ក្នុងហ្ឫទ័យបាន នែគោតម អ្នកចូរពិនិត្យចុះ កុំមានសេចក្តីប្រមាទឡើយ សេចក្តីរាយមាយចិត្ត នឹងធ្វើអ្វីដល់អ្នកកើត។

វជ្ជីបុត្តត្ថេរ។

ឥសិទត្តត្ថេរគាថា

(១០. ឥសិទត្តត្ថេរគាថា)

[១២១] ខន្ធទាំង ៥ មានឫសគល់ដាច់ ដែលខ្ញុំកំណត់ដឹងច្បាស់ហើយ ការអស់ទៅនៃទុក្ខ ខ្ញុំបានដល់ហើយ ការអស់ទៅនៃអាសវៈ ខ្ញុំក៏បានដល់ហើយដែរ។

ឥសិទត្តត្ថេរ។

ឧទ្ទាន

និយាយអំពីជេន្តត្ថេរ ១ វច្ឆគោត្តត្ថេរ ១ វនវច្ឆត្ថេរ អ្នកមាននាមដ៏ប្រសើរ ១ អធិមុត្តត្ថេរ ១ មហានាមត្ថេរ ១ បារាបរិយត្ថេរ ១ យសត្ថេរ ១ កិម្ពិលត្ថេរ ១ វជ្ជីបុត្តត្ថេរ ១ ឥសិទត្តត្ថេរ ជាអ្នកមានយសធំ ១។

ចប់ ទ្វាទសមវគ្គ។

ឧទ្ទាន ក្នុងឯកនិបាតនោះ គឺ

ព្រះថេរៈ ១២០ អង្គ មានសោឡសកិច្ចធ្វើរួចហើយ ជាអ្នកមិនមានអាសវៈ ដែលព្រះសង្គីតិកាចារ្យ អ្នកស្វែងរកនូវគុណធំ បានរួបរួមទុកដោយល្អ ក្នុងឯកនិបាត។

ចប់ ឯកនិបាត។

ទុកនិបាត

(២. ទុកនិបាតោ)

ទុកនិបាត បឋមវគ្គ

(១. បឋមវគ្គោ)

ឧត្តរត្ថេរគាថា

(១. ឧត្តរត្ថេរគាថា)

[១២២] ភពនីមួយ ជាសភាពទៀងទាត់មិនមានទេ សូម្បីសង្ខារទាំងឡាយ ជាសភាពទៀងទាត់ ក៏មិនមាន ខន្ធទាំងឡាយនោះ រមែងកើតឡើង ច្យុតទៅមក ៗ។ ខ្ញុំបានដឹងច្បាស់នូវទោសនុ៎ះហើយ ជាអ្នកមិនត្រូវការដោយភពទេ បានរលាស់ចាកកាមទាំងពួងហើយ ការអស់ទៅនៃអាសវៈ ខ្ញុំក៏បានដល់ហើយ។

ឮថា ឧត្តរត្ថេរមានអាយុ បានសំដែងនូវគាថាទាំងឡាយដោយប្រការដូច្នេះ។

បិណ្ឌោលភារទ្វាជត្ថេរគាថា

(២. បិណ្ឌោលភារទ្វាជត្ថេរគាថា)

[១២៣] ជីវិត (របស់ខ្ញុំ)នេះ រមែងមិនមាន ព្រោះការមិនប្រព្រឹត្តិទៅ អាហារមិនមែនធ្វើឲ្យស្ងប់ដល់ហ្ឫទ័យបានទេ គ្រោងកាយ តំាងនៅបានដោយអាហារ ខ្ញុំប្រព្រឹត្តនូវការស្វែងរក ព្រោះឃើញដូច្នេះ។ ការសំពះ និងការបូជាណា ដែលមានក្នុងត្រកូលទាំងឡាយ បណ្ឌិតទាំងឡាយ បានពោលនូវការសំពះ និងបូជានោះ ថាដូចជាភក់ សរ គឺកិលេសដ៏ល្អិត គេដកបានដោយក្រ សក្ការៈ ក៏បុរសអាក្រក់លះបានដោយក្រ។

ឮថា បិណ្ឌោលភារទ្វាជត្ថេរដ៏មានអាយុ បានសំដែងនូវគាថាទាំងឡាយដោយប្រការដូច្នេះ។

វល្លិយត្ថេរគាថា

(៣. វល្លិយត្ថេរគាថា)

[១២៤] ស្វា គឺចិត្ត តែងចូលទៅក្នុងខ្ទម គឺអន្តភាព មានទ្វារ ៥ កាលញាប់ញ័រស្ទុះចុះឡើង តែងត្រាច់ទៅតាមទ្វារ។ នែស្វា អ្នកចូរឈប់ អ្នកកុំស្ទុះទៅឡើយ ខ្ទមរបស់អ្នកនោះ មិនមានដូចក្នុងកាលមុនទៀតទេ អ្នកត្រូវខ្ញុំសង្កត់សង្កិនដោយបញ្ញា អ្នកនឹងទៅកាន់ទីឆ្ងាយមិនបានទេ។

វល្លិយត្ថេរ។

គង្គាតិរិយត្ថេរគាថា

(៤. គង្គាតីរិយត្ថេរគាថា)

[១២៥] ខ្ទមដែលខ្ញុំធ្វើទៀបឆ្នេរទន្លេគង្គា ដោយស្លឹកត្នោត ៣ ធាង ក៏មាន បាត្ររបស់ខ្ញុំ ដូចជាឆ្នាំងស្រោចទឹកដោះស្រស់ឲ្យខ្មោច ក៏មាន សំពត់បង្សុកូលក៏មាន។ ក្នុងរវាងពីរឆ្នាំ ខ្ញុំនិយាយវាចាតែ ១ មាត់ ក្នុងរវាងឆ្នាំទី ៣ គំនរនៃងងឹត (អវិជ្ជា) ខ្ញុំក៏បានទំលាយហើយ។

គង្គាតិរិយត្ថេរ។

អជិនត្ថេរគាថា

(៥. អជិនត្ថេរគាថា)

[១២៦] បើទុកជាបុគ្គលមានវិជ្ជា ៣ លះបង់មច្ចុបាន មិនមានអាសវៈ ពួកជនពាល អ្នកមិនចេះដឹង រមែងមើលងាយបុគ្គលនោះ ថាជាអ្នកមិនមានកេរ្តិ៍ឈ្មោះល្បីល្បាញទៅវិញ។ បុគ្គលណា ក្នុងលោកនេះ លុះតែជាអ្នកស្វាក់លាភចំពោះបាយ ទឹក ទោះបីមានធម៌ដ៏លាមក បុគ្គលនោះ ទើបពួកជនពាលទាំងនោះធ្វើសក្ការៈ។

អជិនត្ថេរ។

មេឡជិនត្ថេរគាថា

(៦. មេឡជិនត្ថេរគាថា)

[១២៧] កាលណាខ្ញុំបានស្តាប់សច្ចធម៌របស់ព្រះសាស្តា កាលទ្រង់សំដែង (កាលនោះ) ខ្ញុំមិនដឹងនូវសេចក្តីសង្ស័យ ជាបុគ្គលដឹងសព្វ ចំពោះព្រះសាស្តា ព្រះអង្គជាអ្នកឈ្នះមារ ជាអ្នកដឹកនំាំពួក ជាមហាវីរបុរស ជាសារថីដ៏ប្រសើរខ្ពង់ខ្ពស់ជាងសារថីទាំងឡាយ ឬសេចក្តីសង្ស័យក្នុងអរិយមគ្គ និងបដិបទា ក៏មិនមានដល់ខ្ញុំដែរ។

មេឡជិនត្ថេរ។

រាធត្ថេរគាថា

(៧. រាធត្ថេរគាថា)

[១២៨] ភ្លៀង រមែងលេចធ្លុះនូវផ្ទះដែលប្រក់មិនល្អ យ៉ាងណាមិញ រាគៈ រមែងចាក់ធ្លុះចិត្តដែលមិនបានអប់រំល្អ ក៏យ៉ាងនោះដែរ។ ភ្លៀង រមែងមិនលេចធ្លុះនូវផ្ទះដែលប្រក់ល្អ យ៉ាងណាមិញ រាគៈ រមែងមិនចាក់ធ្លុះចិត្តដែលបានអប់រំល្អ ក៏យ៉ាងនោះដែរ។

រាធត្ថេរ។

សុរាធត្ថេរគាថា

(៨. សុរាធត្ថេរគាថា)

[១២៩] ជាតិរបស់ខ្ញុំអស់ហើយ សាសនាព្រះជិនស្រី ខ្ញុំបានប្រព្រឹត្តចប់ហើយ ឃ្នាប (បណ្តាញនៃទិដ្ឋិ) ខ្ញុំបានលះបង់ហើយ តណ្ហាគ្រឿងនាំទៅកាន់ភព ខ្ញុំក៏ដកចោលហើយ កុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណវិសេសណា ប្រយោជន៍ គឺការអស់ទៅនៃសញ្ញោជនៈទាំងអស់នោះ ខ្ញុំក៏បានដល់ហើយ។

សុរាធត្ថេរ។

គោតមត្ថេរគាថា

(៩. គោតមត្ថេរគាថា)

[១៣០] ពាក្យសច្ចៈ ចំពោះស្ត្រីណា ដែលគេគប្បីរក្សាគ្រប់កាលទាំងពួង ជាពាក្យដែលគេរកបានដោយក្រក្រៃលែង ពួកជនណា មិនជាប់ចំពាក់ចំពោះស្ត្រីទាំងនោះ ពួកជននោះ ឈ្មោះថាមុនី រមែងដេកនៅជាសុខ។

នែកាម យើងបានប្រព្រឹត្តនូវការសម្លាប់អ្នកហើយ ឥឡូវនេះ យើងមិនជាប់បំណុលនឹងអ្នកទេ យើងនឹងទៅកាន់ព្រះនិព្វានឥឡូវនេះ ដែលជាទីទៅ ហើយមិនសោយសោក។

គោតមត្ថេរ។

វសភត្ថេរគាថា

(១០. វសភត្ថេរគាថា)

[១៣១] កុហក បុគ្គលនោះសម្លាប់ខ្លួនឯង (ដោយការប្រព្រឹត្តិលាមក) មុន សម្លាប់បុគ្គលដទៃក្រោយ បុគ្គលបំផ្លាញខ្លួនឯង បំផ្លាញបានដោយងាយ ដូចព្រានបក្សីសម្លាប់ (សត្វស្លាប) ដោយធ្នាក់។ បុគ្គលមានតែវណ្ណៈខាងក្រៅ15) មិនឈ្មោះថាព្រាហ្មណ៍ទេ លុះតែមានវណ្ណៈខាងក្នុង16) ទើបឈ្មោះថាព្រាហ្មណ៍ បពិត្រសុជម្បតិ បាបកម្មមានក្នុងបុគ្គលណា បុគ្គលនោះ ឈ្មោះថាបុគ្គលខ្មៅ។

វសភត្ថេរ។

ឧទ្ទាន

និយាយអំពីឧត្តរត្ថេរ ១ បិណ្ឌោលភារទ្វាជត្ថេរ ១ វល្លិយត្ថេរ ១ គង្គាតីរិយត្ថេរ ជាឥសី ១ អជិនត្ថេរ ១ មេឡជិនត្ថេរ ១ រាធត្ថេរ ១ សុរាធត្ថេរ ១ គោតមត្ថេរ ១ វសភត្ថេរ ១ ព្រះថេរៈទាំង ១០ នេះ ជាអ្នកមានឫទ្ធិច្រើន។

ចប់ បឋមវគ្គ។

ទុកនិបាត ទុតិយវគ្គ

(២. ទុតិយវគ្គោ)

មហាចុន្ទត្ថេរគាថា

(១. មហាចុន្ទត្ថេរគាថា)

[១៣២] ការស្តាប់ដោយល្អ ជាការចំរើននៃអ្នកស្តាប់ ការស្តាប់ ជាការចំរើននៃបញ្ញា (ព្រោះ) បុគ្គល រមែងយល់សេចក្តីបានដោយសារបញ្ញា សេចក្តីដែលយល់ហើយ រមែងនំាំសុខមកឲ្យ។

បុគ្គលគួរសេពសេនាសនៈស្ងាត់ គួរប្រព្រឹត្តធម៌ ដែលជាហេតុរួចស្រឡះចាកសំយោជនៈ បើមិនបានសេចក្តីត្រេកអរក្នុងទីស្ងាត់នោះទេ គប្បីជាអ្នកមានសតិ រក្សាខ្លួននៅក្នុងពួកចុះ។

មហាចុន្ទត្ថេរ។

ជោតិទាសត្ថេរគាថា

(២. ជោតិទាសត្ថេរគាថា)

[១៣៣] ពួកជនណា បៀតបៀនពួកមនុស្ស ដោយកម្ម ដែលច្រឡំដោយកម្មក្លាក្លាំងផង ដោយកម្មផ្សេងៗ ផង ពួកជនទាំងនោះ ឈ្មោះថាមានព្យាយាមអាក្រក់ ជនទាំងនោះ តែងត្រូវជន (ឯទៀត) ធ្វើ (ឲ្យដល់នូវសេចក្តីទុក្ខ) តាមដំណើរដូច្នោះ ព្រោះថា កម្ម (របស់ជននោះ) មិនចេះវិនាសទេ។ ជនធ្វើនូវកម្មណា ទោះបីល្អ ឬអាក្រក់ ធ្វើនូវកម្មណា ៗ រមែងជាទាយាទ (ទទួលផល) នៃកម្មនោះៗ។

ជោតិទាសត្ថេរ។

ហេរញ្ញកានិត្ថេរគាថា

(៣. ហេរញ្ញកានិត្ថេរគាថា)

[១៣៤] ថ្ងៃ និងយប់ តែងកន្លងទៅ ជីវិត រមែងរលត់ទៅ អាយុរបស់សត្វទាំងឡាយ រមែងអស់ទៅ ដូចទឹកស្ទឹងតូច។ ជនពាលដែលកំពុងធ្វើកម្មដ៏លាមក ក៏មិនភ្ញាក់រលឹក (រហូតដល់) ផលដ៏ក្តៅក្រហាយមានដល់គេក្នុងកាលជាខាងក្រោយ ព្រោះថាវិបាករបស់កម្មនោះ ជាវិបាកដ៏លាមក។

ហេរញ្ញកានិត្ថេរ។

សោមមិត្តត្ថេរគាថា

(៤. សោមមិត្តត្ថេរគាថា)

[១៣៥] បុគ្គលតោងកំណាត់ឈើតូច រមែងលិចចុះក្នុងជំនន់ធំ យ៉ាងណាមិញ បុគ្គលអាស្រ័យមនុស្សខ្ជិល ទុកជាមានការរស់នៅដោយល្អ ក៏រមែងលិចចុះ (ក្នុងសង្សារវដ្ត) យ៉ាងនោះដែរ។ ព្រោះហេតុនោះ បុគ្គលគប្បីវៀរបុគ្គលខ្ជិល អ្នកមានព្យាយាមថោកទាបនោះចេញ គប្បីនៅរួមជាមួយនឹងពួកអរិយៈ ជាបុគ្គលស្ងប់ស្ងាត់ មានឈាន មានចិត្តស្លុង (ទៅកាន់ព្រះនិព្វាន) ជាបណ្ឌិត មានព្យាយាមតឹងរឹងអស់កាលជានិច្ច។

សោមមិត្តត្ថេរ។

សព្វមិត្តត្ថេរគាថា

(៥. សព្វមិត្តត្ថេរគាថា)

[១៣៦] ជន17) ទាក់ទងនឹងជន ជនអាស្រ័យនូវជន ជនត្រូវជនបៀតបៀនផង ជនបៀតបៀនជនផង។ ព្រោះថាប្រយោជន៍អ្វី ដោយជនរបស់ជននោះ ឬដោយជនដែលឲ្យកើតហើយ អាត្មាអញ គប្បីលះនូវជន ដែលបៀតបៀនជនច្រើន ហើយទៅ។

សព្វមិត្តត្ថេរ។

មហាកាឡត្ថេរគាថា

(៦. មហាកាឡត្ថេរគាថា)

[១៣៧] ស្រីឈ្មោះនាងកាឡី មានសរីៈធំ មានរូបខ្មៅដូចក្អែក បំបាក់ភ្លៅម្ខាង ហើយបំបាក់ភ្លៅម្ខាងទៀត បំបាក់ដៃម្ខាង ហើយបំបាក់ដៃម្ខាងទៀត ទំលាយនូវក្បាល (របស់មនុស្សស្លាប់ ធ្វើឲ្យមានខួរហូរចេញ ) ដូចឆ្នាំងទធិ ស្រីនុ៎ះអង្គុយរៀបចំ (សរីរៈសពនោះ) បុគ្គលណា អ្នកមិនឈ្លាសវៃ តែងធ្វើនូវឧបធិកិ្កលេស បុគ្គលនោះ ជាមនុស្សល្ងង់ រមែងដល់នូវសេចក្តីទុក្ខរឿយៗ ព្រោះហេតុនោះ បុគ្គលកាលដឹង មិនគួរធ្វើឧបធិឡើយ អាត្មាអញ សូមកុំឲ្យមានក្បាលបែកធ្លាយ ដេក (ស្តូកស្តឹង) ទៀតឡើយ។

មហាកាឡត្ថេរ។

តិស្សត្ថេរគាថា

(៧. តិស្សត្ថេរគាថា)

[១៣៨] បុគ្គលអ្នកមានក្បាលត្រងោល ដណ្តប់សង្ឃាដី ជាអ្នកបានបាយ ទឹក សំពត់ និងទីដេក ឈ្មោះថាបានវត្ថុជាសត្រូវច្រើន។ ភិក្ខុអ្នកមានសតិ លុះដឹងទោសនុ៎ះ ថាជាភ័យធំ ក្នុងសក្ការៈទាំងឡាយហើយ គួរជាអ្នកមានលាភតិច មិនឈ្លក់ដោយលាភ វៀរឲ្យស្រឡះ។

តិស្សត្ថេរ។

កម្ពិលត្ថេរគាថា

(៨. កិមិលត្ថេរគាថា)

[១៣៩] សក្យបុត្តទាំងឡាយ ជាសំឡាញ់នឹងគ្នា បានលះបង់នូវភោគសម្បត្តិជាច្រើន (ទៅនៅ) ក្នុងព្រៃឈ្មោះបាចីនវង្សទាយៈ ត្រេកអរចំពោះវត្ថុដែលតំាងនៅក្នុងបាត្រ ដោយការស្វែងរក មានព្យាយាមខ្ជាប់ខ្ជួន មានចិត្តស្លុង មានការខ្មីឃ្មាតមាំ អស់កាលជានិច្ច លះបង់នូវតម្រេកក្នុងផ្លូវលោក ហើយត្រេកអរដោយតម្រេកក្នុងផ្លូវធម៌។

កម្ពិលត្ថេរ។

នន្ទត្ថេរគាថា

(៩. នន្ទត្ថេរគាថា)

[១៤០] ខ្ញុំកាលប្រកបនូវគ្រឿងប្រដាប់ (កាយ) ជាបុគ្គលអណ្តែតអណ្តូង ឃ្លេងឃ្លោង ត្រូវកាមរាគបៀតបៀន ព្រោះមិនមានយោនិសោមនសិការៈ។ (ឥឡូវនេះ) ខ្ញុំដកចិត្តក្នុងភពបានហើយ ព្រោះប្រតិបត្តិដោយយោនិសោមនសិការៈ តាមព្រះពុទ្ធ ជាអាទិច្ចពន្ធុ ព្រះអង្គមានកុសលោបាយ (ឧបាយល្អ)។

នន្ទត្ថេរ។

សិរិមន្តុត្ថេរគាថា

(១០. សិរិមត្ថេរគាថា)

[១៤១] បើពួកបរេជន (មនុស្សផ្តេសផ្តាស) សរសើរនូវបុគ្គលដែលមិនតំកល់ខ្លួនខ្ជាប់ខ្ជួន ពួកបរេជន សរសើរនូវបុគ្គលដែលមិនតំកល់ខ្លួនខ្ជាប់ខ្ជួននោះឯង ជាការណ៍ឥតអំពើ។ បើពួកបរេជន តិះដៀលនូវបុគ្គលដែលតំកល់ខ្លួនខ្ជាប់ខ្ជួនល្អ ពួកបរេជនតិះដៀលនូវបុគ្គលដែលតំកល់ខ្លួនខ្ជាប់ខ្ជួនល្អនោះឯង ជាការណ៍ឥតអំពើ។

សិរិមន្តុត្ថេរ។

ឧទ្ទាន

និយាយអំពីមហាចុន្ទត្ថេរ ១ ជោតិទាសត្ថេរ ១ ហេរញ្ញកានិត្ថេរ ១ សោមមិត្តត្ថេរ ១ សព្វមិត្តត្ថេរ ១ មហាកាឡត្ថេរ ១ តិស្សត្ថេរ ១ កិម្ពិលត្ថេរ ១ នន្ទត្ថេរ ១ សិរិមត្ថេរ ១ រួមជាថេរៈ ១០ អង្គ មានឫទ្ធិច្រើន។

ចប់ ទុតិយវគ្គ។

ទុកនិបាត តតិយវគ្គ

(៣. តតិយវគ្គោ)

ឧត្ដរត្ថេរគាថា

(១. ឧត្តរត្ថេរគាថា)

[១៤២] ខន្ធទាំងឡាយ ខ្ញុំកំណត់ដឹងហើយ តណ្ហា ខ្ញុំដកចេញស្រឡះហើយ ពោជ្ឈង្គ ខ្ញុំបានចំរើនហើយ ការក្ស័យទៅនៃអាសវៈ ខ្ញុំក៏បានដល់ហើយ។ ខ្ញុំនោះ លុះកំណត់ដឹងខន្ធហើយ លុះដកចេញនូវបណ្ដាញ គឺតណ្ហាហើយ លុះចំរើនពោជ្ឈង្គហើយ ក៏ទៅជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។

ឧត្ដរត្ថេរ។

ភទ្ទជីត្ថេរគាថា

(២. ភទ្ទជិត្ថេរគាថា)

[១៤៣] ប្រាសាទមាស ខាងទទឹង មានសន្ទុះនៃសរ ១៦18) ខាងកំពស់ មានសន្ទុះនៃសរ ១ ពាន់19) របស់ព្រះរាជាអង្គណា ព្រះរាជាអង្គនោះ ទ្រង់ព្រះនាមថា បនាទៈ។ ប្រាសាទនោះ មានសន្ទុះនៃសរ ១ពាន់ មានជាន់ជាច្រើន មានទង់ជ័យជាច្រើន សំរេចដោយកែវមណីខៀវ អ្នករបាំ ក៏បានរាំលើប្រាសាទនោះ អ្នករបាំ ៦.០០០ នាក់ (តែងរាំ) ក្នុងជាន់ទី៧។

ភទ្ទជីត្ថេរ។

សោភិតត្ថេរគាថា

(៣. សោភិតត្ថេរគាថា)

[១៤៤] ខ្ញុំជាភិក្ខុមានស្មារតី មានបញ្ញា មានកម្លាំងព្យាយាមម៉ឺងម៉ាត់ បានរលឹកឃើញអស់ ៥០០កប្ប ដូចមួយរាត្រី។ ខ្ញុំកាលចំរើនសតិប្បដ្ឋាន៤ ពោជ្ឈង្គ៧ និងមគ្គ៨ បានរលឹកឃើញអស់ ៥០០កប្ប ដូចមួយរាត្រី។

សោភិតត្ថេរ។

វល្លិយត្ថេរគាថា

(៤. វល្លិយត្ថេរគាថា)

[១៤៥] អំពើណាដែលបុគ្គលគួរធ្វើ ដោយព្យាយាមដ៏មាំ អំពើណាដែលបុគ្គលប្រាថ្នាដើម្បីត្រាស់ដឹងគប្បីធ្វើ ខ្ញុំនឹងធ្វើអំពើនោះៗ មិននឿយណាយទេ អ្នកចូរមើលសេចក្ដីព្យាយាម សេចក្ដីប្រឹងប្រែងចុះ អ្នកចូរប្រាប់ផ្លូវ ដែលជាផ្លូវឈមទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈដល់ខ្ញុំ ខ្ញុំនឹងដឹងបានដោយញាណជាគ្រឿងដឹងដូចខ្សែទឹកទន្លេគង្គា (មិននឿយណាយ) នឹងសាគរ។

វល្លិយត្ថេរ។

វីតសោកត្ថេរគាថា

(៥. វីតសោកត្ថេរគាថា)

[១៤៦] កាលកប្បកបុរស ចូលមកនិយាយថា ខ្ញុំនឹងកោរសក់របស់ខ្ញុំ (លំដាប់នោះ) ខ្ញុំទាញយកកញ្ចក់អំពីដៃកប្បកបុរសនោះ ហើយឆ្លុះមើលសរីរៈ។ រាងកាយប្រាកដជារបស់ទទេ ងងឹតក្នុងទីងងឹត គឺអវិជ្ជាក៏ប្រាសចេញហើយ កិលេសដូចជាកំណាត់សំពត់ទាំងអស់ ខ្ញុំបានផ្ដាច់ចោលអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទេ។

វីតសោកត្ថេរ។

បុណ្ណមាសត្ថេរគាថា

(៦. បុណ្ណមាសត្ថេរគាថា)

[១៤៧] ខ្ញុំលះបង់នីវរណៈទាំង ៥ ដើម្បីដល់ព្រះនិព្វានដ៏ក្សេមចាកយោគៈ កាន់យកកញ្ចក់គឺធម៌ ជាញាណទស្សនៈរបស់ខ្លួន ឆ្លុះមើលរាងកាយនេះទាំងអស់ ទាំងខាងក្នុង ទាំងខាងក្រៅ កាយប្រាកដជារបស់ទទេ ទាំងខាងក្នុង ទាំងខាងក្រៅ។

បុណ្ណមាសត្ថេរ។

នន្ទកត្ថេរគាថា

(៧. នន្ទកត្ថេរគាថា)

[១៤៨] គោអាជានេយ្យដ៏ចំរើន ភ្លាត់ហើយ រមែងឈរស៊ប់ឡើងវិញ ទោះបីបាននូវសេចក្ដីតក់ស្លុត ក៏ជាសត្វមានចិត្តមិនរួញរា រមែងនាំនូវធុរៈទៅបាន យ៉ាងណាមិញ អ្នកទាំងឡាយ សូមជ្រាបនូវខ្ញុំ ថាជាអាជានេយ្យ បរិបូណ៌ដោយទស្សនៈ ជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធជាបុត្ត ជាឱរសរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ។

នន្ទកត្ថេរ។

ភារតត្ថេរគាថា

(៨. ភរតត្ថេរគាថា)

[១៤៩] ម្នាលនន្ទកៈ អ្នកចូរមក យើងនឹងទៅកាន់សំណាក់នៃព្រះឧបជ្ឈាយ៍ នឹងបន្លឺឡើងនូវសីហនាទ ក្នុងទីចំពោះព្រះភក្រ្ដនៃព្រះពុទ្ធដ៏ប្រសើរ។ ព្រះពុទ្ធជាមុនី ទ្រង់បំបួសយើងដោយសេចក្ដីអនុគ្រោះយើង ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ យើងបានដល់ហើយ ការអស់ទៅនៃសំយោជនៈទាំងពួង (យើងក៏បានដល់ហើយ)។

ភារតត្ថេរ។

ភារទ្វាជត្ថេរគាថា

(៩. ភារទ្វាជត្ថេរគាថា)

[១៥០] ពួកអ្នកប្រាជ្ញប្រកបដោយប្រាជ្ញា ជាអ្នកឈ្នះសង្គ្រាម គឺកិលេស ឈ្នះមារ ព្រមទាំងវាហនៈរបស់មារ តែងបន្លឺឡើងយ៉ាងនេះ ដូចជាសីហៈបន្លឺលើកំពូលភ្នំ។

ព្រះសាស្ដា ខ្ញុំបានគោរពហើយ ព្រះធម៌ និងព្រះសង្ឃ ខ្ញុំបានបូជាហើយ មួយទៀត ខ្ញុំមានចិត្តត្រេកអររីករាយ ព្រោះឃើញកូនជាអ្នកមិនមានអាសវៈ។

ភារទ្វាជត្ថេរ។

កណ្ហទិន្នត្ថេរគាថា

(១០. កណ្ហទិន្នត្ថេរគាថា)

[១៥១] ពួកសប្បុរស ខ្ញុំបានគប់រកហើយ ធម៌ ខ្ញុំក៏បានស្តាប់ហើយរឿយ ៗ លុះខ្ញុំស្តាប់ហើយ ក៏ដើរតាមផ្លូវធម៌ ដែលឈមទៅកាន់ព្រះនិព្វានឈ្មោះអមតៈ។ ខ្ញុំត្រូវភវរាគៈបៀតបៀន (ឥឡូវនេះ) ភវរាគៈមិនមានដល់ខ្ញុំទៀតទេ ភវរាគៈ (ក្នុងអតីតកាល) មិនមានហើយដល់ខ្ញុំ (ក្នុងអនាគត) ក៏នឹងមិនមានទេ ក្នុងបច្ចុប្បន្ននេះទៀត ក៏មិនមានដល់ខ្ញុំដែរ។

កណ្ហទិន្នត្ថេរ។

ឧទ្ទាន

និយាយអំពីឧត្តរត្ថេរ ១ ភទ្ទជិត្ថេរ ១ សោភិតត្ថេរ ១ វល្លិយត្ថេរ ជាឥសី ១ វីតសោកត្ថេរ ១ បុណ្ណមាសត្ថេរ ១ នន្ទកត្ថេរ ១ ភារតត្ថេរ ១ ភារទ្វាជត្ថេរ ១ កណ្ហទិន្នត្ថេរ ជាមហាមុនី ១។

ចប់ តតិយវគ្គ។

ទុកនិបាត ចតុត្ថវគ្គ

(៤. ចតុត្ថវគ្គោ)

មិគសិរត្ថេរគាថា

(១. មិគសិរត្ថេរគាថា)

[១៥២] កាលដែលខ្ញុំបួសក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ ក៏បានរួចស្រឡះ (ចាកកិលេស) បានកន្លងកាមធាតុ កាលព្រះពុទ្ធជាបុគ្គលប្រសើរ កំពុងពិនិត្យពិចារណា ចិត្តរបស់ខ្ញុំ ក៏បានរួចផុតចាកកិលេស វិមុត្តិរបស់ខ្ញុំ លែងកំរើក ព្រោះអស់ទៅនៃសំយោជនៈទាំងពួង។

មិគសិរត្ថេរ។20)

សិវកត្ថេរគាថា

(២. សិវកត្ថេរគាថា)

[១៥៣] ផ្ទះ គឺអត្តភាពទាំងឡាយ (ដែលកើត) រឿយៗ ក្នុងភពនោះ ៗ ជារបស់មិនទៀង ឥឡូវនេះ អាត្មាអញ កំពុងតែខំស្វែងរកជាង គឺតណ្ហា អ្នកធ្វើផ្ទះ គឺអត្តភាព ការកើតរឿយ ៗ ជាហេតុនាំមកនូវសេចក្ដីទុក្ខ។ នែជាងផ្ទះ អ្នក គឺយើងបានឃើញច្បាស់ហើយ អ្នកនឹងធ្វើផ្ទះទៀតមិនបានឡើយ ឆ្អឹងជំនីរ គឺកិលេសទាំងអស់របស់អ្នក យើងបានបំបាក់អស់ហើយ ទាំងហោជាង គឺអវិជ្ជាទៀតសោត យើងបានរុះរើចោលអស់ហើយ ចិត្តដែលយើងធ្វើឲ្យរីងស្ងួត ក៏នឹងរលត់ក្នុងភពនេះឯង។

សិវកត្ថេរ។

ឧបវាណត្ថេរគាថា

(៣. ឧបវាណត្ថេរគាថា)

[១៥៤] ព្រះមុនី ជាព្រះអរហន្ត មានព្រះដំណើរល្អ ក្នុងលោក ទ្រង់អាពាធព្រោះខ្យល់ ម្នាលព្រាហ្មណ៍ ប្រសិនបើអ្នកមានទឹកក្ដៅ ចូរអ្នកថ្វាយដល់ព្រះមុនី។

(ព្រោះថា) ព្រះពុទ្ធ ត្រូវពួកបូជនេយ្យបុគ្គលបូជាហើយ ត្រូវពួកសក្ករេយ្យបុគ្គល (បុគ្គលដែលគេគប្បីធ្វើសក្ការៈ) ធ្វើសក្ការៈហើយ ត្រូវពួកអបចិនេយ្យបុគ្គល (បុគ្គលដែលគេគប្បីកោតក្រែង) កោតក្រែងហើយ អាត្មាប្រាថ្នានឹងនាំទឹកក្ដៅទៅថ្វាយព្រះអង្គ។

ឧបវាណត្ថេរ។

ឥសិទិន្នត្ថេរគាថា

(៤. ឥសិទិន្នត្ថេរគាថា)

[១៥៥] ពួកឧបាសក អ្នកទ្រទ្រង់ព្រះបរិយត្តិធម៌ដែលខ្ញុំជួបហើយ បាននិយាយថា កាមទាំងឡាយ ជារបស់មិនទៀង តែពួកឧបាសកនោះ នៅត្រេកអរក្រៃពេក ក្នុងកែវមណី និងកណ្ឌលទាំងឡាយផង ជាអ្នកអាឡោះអាល័យក្នុងកូន និងប្រពន្ធផង។ ពួកឧបាសកទាំងនោះ មិនទាន់ដឹងធម៌ពិតទេ គ្រាន់តែចេះនិយាយថា កាមទាំងឡាយជារបស់មិនទៀង ឧបាសកទាំងនោះ មិនទាន់មានកម្លាំងញាណដើម្បីកាត់ផ្ដាច់នូវរាគៈទេ ព្រោះហេតុនោះ បានជានៅជាប់ស្អិតចំពោះកូន ប្រពន្ធ និងទ្រព្យសម្បត្តិ។

ឥសិទិន្នត្ថេរ។

សម្ពុលកច្ចានត្ថេរគាថា

(៥. សម្ពុលកច្ចានត្ថេរគាថា)

[១៥៦] ភ្លៀងបង្អុរចុះផង មេឃគ្រហឹមលាន់គ្អឹល ៗ ផង (ក្នុងពេលនោះ) អាត្មាអញនៅតែម្នាក់ឯងក្នុងរូងភ្នំដែលគួរខ្លាច កាលដែលអាត្មាអញនោះ នៅក្នុងរូងភ្នំដែលគួរខ្លាចតែម្នាក់ឯង ភ័យក្ដី សេចក្ដីតក់ស្លុតក្ដី សេចក្ដីព្រឺរោមក្ដី មិនមានទេ។ កាលអាត្មាអញនៅម្នាក់ឯងក្នុងរូងភ្នំដែលគួរខ្លាច ភ័យក្ដី សេចក្ដីតក់ស្លុតក្ដី សេចក្ដីព្រឺរោមក្ដី មិនមានឡើយ នេះជាធម្មតារបស់អាត្មាអញ។

សម្ពុលកច្ចានត្ថេរ។

ខិតកត្ថេរគាថា

(៦. និតកត្ថេរគាថា)

[១៥៧] ចិត្តរបស់ភិក្ខុណាមួយ មានឧបមាដោយដុំថ្ម តាំនៅស៊ប់ រមែងមិនញាប់ញ័រ (ដោយលោកធម៌) ចិត្តដែលប្រាសចាកសេចក្ដីត្រេកអរក្នុងវត្ថុទាំងឡាយ ដែលគួរត្រេកអរ រមែងមិនប្រទូស្ដក្នុងវត្ថុដែលគួរប្រទូស្ដ។ បុគ្គលណា អប់រំចិត្តបានយ៉ាងនេះ បុគ្គលនោះ នឹងដល់នូវសេចក្ដីទុក្ខអំពីណាបាន។ ចិត្តរបស់អាត្មាអញ មានឧបមាដោយភ្នំថ្ម តាំងនៅស៊ប់ រមែងមិនញាប់ញ័រ ចិត្តអាត្មាអញ ប្រាសចាកសេចក្ដីត្រេកអរក្នុងវត្ថុទាំងឡាយ ដែលគួរត្រេកអរ រមែងមិនប្រទូស្ដក្នុងវត្ថុដែលគួរប្រទូស្ដ។ អាត្មាអញ អប់រំចិត្តបានយ៉ាងនេះ អាត្មាអញនឹងដល់នូវសេចក្ដីទុក្ខអំពីណាបាន។

ខិតកត្ថេរ។

សោណបោដិរិយបុត្តត្ថេរគាថា

(៧. សោណបោដិរិយត្ថេរគាថា)

[១៥៨] រាត្រី ជារបៀបនៃនក្ខត្តឫក្ស (មានដរាបណា) វិញ្ញូជនមិនគួរដេកលក់ដរាបនោះទេ រាត្រីនុ៎ះ វិញ្ញូជនគួរប្រាថ្នាដើម្បីប្រតិបត្តិ។ ប្រសិនបើដំរីជាន់អញ ដែលធ្លាក់ចុះចាកកនៃដំរី សេចក្ដីស្លាប់របស់អញ ក្នុងសង្គ្រាម (យ៉ាងនេះ) ប្រសើរជាង អាត្មាអញដែលចាញ់ហើយរស់នៅ មិនប្រសើរសោះឡើយ។

សោណបោដិរិយបុត្តត្ថេរ។

និសភត្ថេរគាថា

(៨. និសភត្ថេរគាថា)

[១៥៩] វិញ្ញូជន គប្បីលះបង់កាមគុណទាំង ៥ ដែលមានសភាពគួរស្រឡាញ់ គួររីករាយនៃចិត្ត ហើយចេញអំពីផ្ទះ (ទៅបួស) ដោយសទ្ធា ហើយធ្វើនូវទីបំផុតនៃទុក្ខ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិនត្រេកអរនឹងការរស់នៅទេ ខ្ញុំ (គ្រាន់តែ) ជាអ្នកដឹងខ្លួន មានស្មារតី រង់ចាំតែកាល (បរិនិព្វាន) ប៉ុណ្ណោះ។

និសភត្ថេរ។

ឧសភត្ថេរគាថា

(៩. ឧសភត្ថេរគាថា)

[១៦០] ខ្ញុំធ្វើចីវរ មានពណ៌ដូចជាពណ៌នៃត្រួយស្វាយលើស្មាហើយ ជិះលើ ក នៃដំរី ចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត។ ខ្ញុំចុះពីកដំរី ក៏បាននូវសេចក្ដីសង្វេគក្នុងកាលណោះ តែខ្ញុំនោះ ជាមនុស្សកំពុងស្រវឹង (ដោយជាតិជាដើម) ហើយខ្ញុំបានដល់នូវធម៌ជាគ្រឿងអស់ទៅនៃអាសវៈ ក្នុងកាលណោះដែរ។

ឧសភត្ថេរ។

កប្បដកុរត្ថេរគាថា

(១០. កប្បដកុរត្ថេរគាថា)

[១៦១] កប្បដកុរៈ (មានសេចក្ដីត្រិះរិះខុសកើតឡើងយ៉ាងនេះ) ថា នេះជាកន្ទបរបស់អាត្មាអញ កាលបើក្អមសម្រាប់ដាក់ទឹកអម្រឹត (របស់តថាគត) ពេញហើយក្រៃពេក (តថាគតសំដែងធម៌ដើម្បីឲ្យបាននូវទឹកអម្រឹត) កប្បដកុរភិក្ខុ ក៏ដល់នូវការឃ្វាងអំពីធម៌ (របស់តថាគត) នេះជាសាសនារបស់តថាគត ជាផ្លូវភាវនាផ្សេង ៗ ប្រព្រឹត្ដទៅដើម្បីចំរើននូវឈានទាំងឡាយ។ ម្នាលកប្បដកុរៈ អ្នកកុំងោកងក់ តថាគតមិនបានវាយត្រូវអ្នកក្នុងទីជិតត្រចៀកទេ ម្នាលកប្បដកុរៈ ព្រោះថា អ្នកមិនស្គាល់ប្រមាណ បានជាអ្នកចេះតែងោកងក់ក្នុងកណ្ដាលសង្ឃ។

កប្បដកុរត្ថេរ។

ឧទ្ទាន

និយាយអំពីមិគសិរត្ថេរ ១ សិវកត្ថេរ ១ ឧបវាណបណ្ឌិតត្ថេរ ១ ឥសិទិន្នត្ថេរ ១ សម្ពុលកច្ចានត្ថេរ ១ ខិតកត្ថេរមានវសីធំ ១ សោណបោដិរិយបុត្តត្ថេរ ១ និសភត្ថេរ ១ ឧសភត្ថេរ ១ កប្បដកុរត្ថេរ ១។

ចប់ វគ្គ ទី៤។

ទុកនិបាត បញ្ចមវគ្គ

(៥. បញ្ចមវគ្គោ)

កុមារកស្សបត្ថេរគាថា

(១. កុមារកស្សបត្ថេរគាថា)

[១៦២] ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទារបស់ព្រះសាស្ដានៃយើងទាំងឡាយ ដែលសាវ័កនឹងធ្វើឲ្យជាក់ច្បាស់នូវធម៌ប្រាកដដូច្នោះ។ សក្កាយ គឺបញ្ចុបាទានក្ខន្ធ អាត្មាអញបានហើយក្នុងកប្បទាំងឡាយរាប់មិនបាន រាងកាយនេះ ជាទីបំផុតរបស់បញ្ចុបាទានក្ខន្ធទាំងនោះ រាងកាយនេះ ជាខាងក្រោយរបស់បញ្ចុបាទានក្ខន្ធទាំងនោះ សង្សារប្រកបដោយជាតិ និងមរណៈ ឥឡូវនេះ ភពថ្មីមិនមានទេ។

កុមារកស្សបត្ថេរ។

ធម្មបាលត្ថេរគាថា

(២. ធម្មបាលត្ថេរគាថា)

[១៦៣] ភិក្ខុណានៅក្មេង ប្រកបព្យាយាមក្នុងព្រះពុទ្ធសាសនា នាកាលពួកសត្វកំពុងដេកលក់ ភិក្ខុនោះ ជាអ្នកភ្ញាក់រលឹក ជីវិតរបស់ភិក្ខុនោះ មិនសោះសូន្យទេ។ ហេតុនោះ អ្នកមានប្រាជ្ញា កាលរលឹកឃើញនូវសាសនានៃព្រះពុទ្ធទាំងឡាយហើយ គួរប្រកបរឿយៗ នូវសទ្ធា សីល សេចក្ដីជ្រះថ្លា និងការឃើញធម៌។

ធម្មបាលត្ថេរ។

ព្រហ្មាលិត្ថេរគាថា

(៣. ព្រហ្មាលិត្ថេរគាថា)

[១៦៤] ភិក្ខុណាមួយបានលះបង់មានះ ជាអ្នកមិនមានអាសវៈ មានឥន្ទ្រិយដល់នូវសេចក្ដីស្ងប់រម្ងាប់ ដូចសេះដែលសារថីបង្ហាត់ល្អហើយ ទុកជាពួកទេវតា ក៏ស្រឡាញ់ភិក្ខុអ្នកមិនញាប់ញ័រនោះ។ អាត្មាអញបានលះបង់មានះ មិនមានអាសវៈ មានឥន្ទ្រិយដល់នូវសេចក្ដីស្ងប់រម្ងាប់ ដូចសេះដែលនាយសារថីបង្ហាត់ល្អហើយ ទុកជាទេវតាទាំងឡាយ ក៏ស្រឡាញ់អាត្មាអញអ្នកមិនញាប់ញ័រដែរ។

ព្រហ្មាលិត្ថេរ។

មោឃរាជត្ថេរគាថា

(៤. មោឃរាជត្ថេរគាថា)

[១៦៥] (ព្រះសាស្ដាទ្រង់សួរថា) ម្នាលមោឃរាជ ជាអ្នកមានសម្បុរអាក្រក់ តែមានចិត្តល្អ អ្នកជាភិក្ខុមានចិត្តដំកល់មាំរឿយ ៗ អស់រាត្រីទាំងឡាយ ក្នុងកាលត្រជាក់ ប្រកបដោយហេមន្ដរដូវ តើអ្នកនឹងធ្វើដោយបការដូចម្ដេច។

(មោឃរាជត្ថេរ ក្រាបទូលថា) ខ្ញុំព្រះអង្គបានឮដូច្នេះថា ដែនមគធៈទាំងមូល ជាដែនមានសន្ទូងបរិបូណ៌ ពួកភិក្ខុដទៃ មានការរស់នៅជាសុខ (ដោយកម្រាល និងគ្រឿងស្លៀកដណ្ដប់ដ៏ល្អ) យ៉ាងណា ខ្ញុំព្រះអង្គ (ក្រាល) បិទបាំងស្លឹកឈើ សម្រេចនូវការដេក (យ៉ាងនោះដែរ)។

មោឃរាជត្ថេរ។

វិសាខបញ្ចាលីបុត្តត្ថេរគាថា

(៥. វិសាខបញ្ចាលបុត្តត្ថេរគាថា)

[១៦៦] បុគ្គលមិនគប្បីលើកដំកើងខ្លួន មិនគប្បីបង្អាប់គេ មិនគប្បីថ្កោលទោសនៃពួកបុគ្គលដទៃ មិនគប្បីបៀតបៀនបុគ្គលអ្នកដល់នូវត្រើយ គឺព្រះនិព្វាន មិនគប្បីអួតគុណរបស់ខ្លួនក្នុងកណ្ដាលពួកបរិសទ្យ គប្បីជាអ្នកប្រាសចាកឧទ្ធច្ចៈ ជាអ្នកពោលពាក្យល្មមកំណត់ ជាអ្នកមានវត្តល្អចុះ។ ព្រោះថា បុគ្គលមានប្រាជ្ញាវាងវៃ បានឃើញអត្ថដ៏សុខុមក្រៃលែង បានប្រព្រឹត្តបន្ទាបបន្ទន់ខ្លួន សេពនូវសីលដ៏ចំរើន មិនមែនបានព្រះនិព្វានដោយក្រឡើយ។

វិសាខបញ្ចាលីបុត្តត្ថេរ។

ចូឡកត្ថេរគាថា

(៦. ចូឡកត្ថេរគាថា)

[១៦៧] ពួកក្ងោកជាសត្វមានកំប៉ោយល្អ មានសំណុំកន្ទុយល្អ មានកខៀវល្អ មានមុខល្អ មានសម្រែកពីរោះ តែងបន្លឺឡើងផង ទេសភាពធំនេះ មានស្មៅខៀវល្អ មានទឹកជ្រួតជ្រាបល្អផង អាកាសមានពពកល្អផង។ អ្នកជាបុគ្គលមានសភាពគួរសមដោយប្រពៃ (ចូរចំរើន) នូវឈានរបស់ព្រះយោគាវចរអ្នកមានចិត្តល្អ ចូរមានព្យាយាមល្អ ក្នុងព្រះពុទ្ធសាសនាដោយប្រពៃ ចូរបាននូវព្រះនិព្វាន ជាបទដ៏ទៀងឧត្ដម ជាធម៌មានពណ៌សល្អក្រៃពេក ជាធម៌ល្អិត ជាធម៌ដែលគេកម្រឃើញដោយងាយ។

ចូឡកត្ថេរ។

អនូបមត្ថេរគាថា

(៧. អនូបមត្ថេរគាថា)

[១៦៨] ចិត្តមកកាន់សេចក្ដីត្រេកត្រអាល ដែលកម្មក្កិលេសលើកឡើងហើយ កាន់ដែកស្រួច គឺភព ដែកស្រួចគឺភព និងកំណាត់ឈើ គឺកាមគុណ មាននៅក្នុងទីណា អ្នកតែងទៅក្នុងទីនោះ ៗ។ នែចិត្តចង្រៃ អញប្រាប់ឯង នែចិត្តកំណាច អញប្រាប់ឯង ព្រះសាស្ដាដែលគេបានដោយក្រ (ឥឡូវនេះ) អ្នកបានហើយ អ្នកកុំដឹកនាំអញទៅក្នុងអំពើឥតប្រយោជន៍ឡើយ។

អនូបមត្ថេរ។

វជ្ជិតត្ថេរគាថា

(៨. វជ្ជិតត្ថេរគាថា)

[១៦៩] អាត្មាអញ កាលនៅជាបុថុជ្ជន មានងងឹត គឺអវិជ្ជាកើតហើយ មិនបានឃើញអរិយសច្ចទាំងឡាយ ក៏អន្ទោលទៅអស់កាលជាអង្វែង តែងវិលទៅក្នុងគតិទាំងឡាយ។ អាត្មាអញនោះ ជាអ្នកមិនប្រមាទ បានធ្វើសង្សារទាំងឡាយ ឲ្យវិនាសហើយ បានកាត់ផ្ដាច់គតិទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានឡើយ។

វជ្ជិតត្ថេរ។

សន្ធិតត្ថេរគាថា

(៩. សន្ធិតត្ថេរគាថា)

[១៧០] ខ្ញុំជាបុគ្គលមានសតិដំកល់ខ្ជាប់ ក៏បាននូវសញ្ញាមួយ ដែលប្រព្រឹត្តទៅក្នុងពុទ្ធគុណ ជិតដើមអស្សត្ថព្រឹក្ស21) ជាឈើមានពន្លឺខៀវ លូតលាស់ត្រសាយត្រសុំល្អ។ ក្នុងកប្ប ៣១ អំពីភទ្រកប្បនេះទៅ កាលនោះ ខ្ញុំបាននូវសញ្ញាណា ខ្ញុំបានដល់នូវការអស់ទៅនៃអាសវៈ ព្រោះនាំមកនូវសញ្ញានោះ។

សន្ធិតត្ថេរ។

ឧទ្ទាន

និយាយអំពីកុមារកស្សបត្ថេរ ១ ធម្មបាលត្ថេរ ១ ព្រហ្មាលិត្ថេរ ១ មោឃរាជត្ថេរ ១ វិសាខត្ថេរ ១ ចូឡកត្ថេរ ១ អនូបមត្ថេរ ១ វជ្ជិតត្ថេរ ១ សន្ធិតត្ថេរ កំចាត់បង់នូវធូលី គឺកិលេស ១។

ចប់ វគ្គទី៥។

គាថាក្នុងទុកនិបាត មាន៩៨ ព្រះថេរៈ ៤៩អង្គ អ្នកឈ្លាសក្នុងន័យ បានពោលហើយ។

ចប់ ទុកនិបាត។

តិកនិបាត

(៣. តិកនិបាតោ)

អង្គណិកភារទ្វាជត្ថេរគាថា

(១. អង្គណិកភារទ្វាជត្ថេរគាថា)

[១៧១] កាលខ្ញុំស្វែងរកសេចក្ដីបរិសុទ្ធិ ដោយខុសទំនង បានបំរើភ្លើងក្នុងព្រៃ មិនទាន់ដឹងនូវផ្លូវនៃសេចក្ដីបរិសុទ្ធិ ហើយក៏ធ្វើនូវតបៈដទៃ (ដែលញ៉ាំងខ្លួនឲ្យលំបាក)។ និព្វានសុខនោះ អាត្មាអញបានដោយស្រួលហើយ អ្នកចូរមើលនូវភាពនៃធម៌ដ៏ល្អចុះ វិជ្ជា ៣ អាត្មាអញបានដល់ហើយដោយលំដាប់ សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើហើយ។ ពីដើម អាត្មាអញ ជាផៅពង្សនៃព្រហ្ម (ជាព្រាហ្មណ៍ ដោយសម្មតិ) ឥឡូវនេះ អាត្មាជាព្រាហ្មណ៍មែន ព្រោះអាត្មាអញ ជាអ្នកបានវិជ្ជា ៣ ផង មានមន្ទិល គឺកិលេសបានលាងហើយផង ជាអ្នកមានសួស្ដីផង ដល់នូវវេទផង។

អង្គណិកភារទ្វាជត្ថេរ។

បច្ចយត្ថេរគាថា

(២. បច្ចយត្ថេរគាថា)

[១៧២] ខ្ញុំបួសបាន ៥ ថ្ងៃ នៅជាសេក្ខបុគ្គល មិនទាន់សម្រេចព្រះអរហត្តនៅឡើយ កាលខ្ញុំចូលទៅក្នុងកុដិ មានចិត្តតាំងមាំថា អាត្មាអញនឹងមិនបរិភោគ នឹងមិនផឹក មិនចេញអំពីកុដិ កាលបើសរ គឺតណ្ហា អាត្មាអញមិនទាន់ដកចេញទេ អាត្មាអញ នឹងមិនប្រែបង្អៀងឡើយ។ អ្នកចូរមើលសេចក្ដីព្យាយាមប្រឹងប្រែងរបស់ខ្ញុំនោះ កាលនៅយ៉ាងនេះចុះ វិជ្ជា ៣ អាត្មាអញ បានដល់ដោយលំដាប់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ អាត្មាអញក៏បានធ្វើហើយ។

បច្ចយត្ថេរ។

ពាកុលត្ថេរគាថា

(៣. ពាកុលត្ថេរគាថា)

[១៧៣] បុគ្គលណា (មិនធ្វើ) នូវអំពើដែលគួរធ្វើក្នុងកាលមុន ហើយចង់ធ្វើក្នុងកាលក្រោយវិញ បុគ្គលនោះ រមែងឃ្លាតចាកឋានៈជាសុខផង តែងក្ដៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយផង។ បុគ្គលធ្វើអំពើណា ត្រូវនិយាយតែអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយអំពើនោះឡើយ បណ្ឌិតទាំងឡាយ តែងកំណត់ដឹងច្បាស់នូវបុគ្គលកាលមិនធ្វើ បានតែនិយាយ។ សេចក្ដីទុក្ខរលត់ទៅក្នុងព្រះនិព្វានណា ព្រះនិព្វាននោះ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយ ជាគុណជាតមិនមានសេចក្ដីសោក ប្រាសចាកធូលី ជាទីក្សេមក្សាន្ដ នាំមកនូវសេចក្ដីសុខ ដោយប្រពៃមែនពិត។

ពាកុលត្ថេរ។

ធនិយត្ថេរគាថា

(៤. ធនិយត្ថេរគាថា)

[១៧៤] បើបុគ្គលស្រឡាញ់ក្នុងភាពជាសមណៈ ប្រាថ្នាដើម្បីរស់នៅស្រួល មិនគប្បីមើលងាយចីវរ ទឹក និងភោជនជារបស់សង្ឃទេ។ បើបុគ្គលស្រឡាញ់ក្នុងភាពជាសមណៈ ប្រាថ្នាដើម្បីរស់នៅស្រួល គប្បីសេពទីដេក និងទីអង្គុយ ដូចជាពស់សេពនូវរន្ធរបស់កណ្ដុរ។ បើបុគ្គលស្រឡាញ់ក្នុងភាពជាសមណៈ ប្រាថ្នាដើម្បីរស់នៅស្រួល គប្បីត្រេកអរដោយបច្ច័យតាមមានតាមបានផង គប្បីចំរើនធម៌ឯកផង។

ធនិយត្ថេរ។

មាតង្គបុត្តត្ថេរគាថា

(៥. មាតង្គបុត្តត្ថេរគាថា)

[១៧៥] ខណៈរមែងប្រព្រឹត្តកន្លងនូវមាណពទាំងឡាយ ដែលមានការងារលះចោល (ដោយគិតអាងថា) ត្រជាក់ពេក ក្ដៅពេក ល្ងាចពេក។ បុគ្គលណាមួយ កាលធ្វើនូវកិច្ចរបស់បុរស មិនអើពើចំពោះត្រជាក់ និងក្ដៅឲ្យក្រៃលែងជាងស្មៅ បុគ្គលនោះ រមែងមិនសាបសូន្យចាកសេចក្ដីសុខឡើយ។ អាត្មាអញ កាលចំរើននូវវិវេក នឹងកំចាត់បង់បាននូវស្មៅចិញ្ចៀន ស្បូវ គុម្ពឈើមានបន្លា ស្បូវរណ្ដាស ស្មៅដំណេកទន្សាយ និងស្មៅយាប្ល៉ង (កិលេសគ្រោតគ្រាត កណ្ដាល ល្អិត) ដោយទ្រូង (សេចក្ដីព្យាយាម)។

មាតង្គបុត្តត្ថេរ។

ខុជ្ជសោភិតត្ថេរគាថា

(៦. ខុជ្ជសោភិតត្ថេរគាថា)

[១៧៦] ពួកសមណៈណា ជាអ្នកមានសំដីដ៏វិចិត្រ ជាពហុស្សូត នៅក្នុងក្រុងបាតលិបុត្តជាប្រក្រតី បណ្ដាពួកសមណៈទាំងនោះ ខុជ្ជសោភិតត្ថេរមានអាយុនេះ ជាសមណៈមួយរូបដែរ ឈរជិតទ្វារ។

ពួកសមណៈណា ជាអ្នកមានសំដីដ៏វិចិត្រ ជាពហុស្សូត នៅក្នុងក្រុងបាតលិបុត្តជាប្រក្រតី បណ្ដាសមណៈទាំងនោះ ខុជ្ជសោភិតត្ថេរមានអាយុនេះ ជាសមណៈមួយរូបដែរ ជាអ្នកមកដោយខ្យល់ គឺមកដោយកម្លាំងនៃឫទ្ធិ ហើយឈរជិតទ្វារ។

ខុជ្ជសោភិតត្ថេរនេះ បានដល់នូវសេចក្ដីសុខ ដោយការច្បាំង (នឹងពួកកិលេស) ផង ដោយបូជាល្អផង ដោយការឈ្នះសង្គ្រាមផង ដោយការសន្សំនូវព្រហ្មចរិយធម៌ផង។

ខុជ្ជសោភិតត្ថេរ។

វារណត្ថេរគាថា

(៧. វារណត្ថេរគាថា)

[១៧៧] បណ្ដាពួកមនុស្សក្នុងលោកនេះ ជនណាមួយបៀតបៀនសត្វដទៃ ជននោះ រមែងសាបសូន្យ ចាកប្រយោជន៍ និងសេចក្ដីសុខក្នុងលោកទាំងពីរ គឺលោកនេះ និងលោកខាងមុខ។ លុះតែជនណា អនុគ្រោះដល់សត្វទាំងពួង ដោយចិត្តប្រកបដោយមេត្តា ជនប្រាកដដូច្នោះនោះ ទើបទទួលបុណ្យដ៏ច្រើន។ បុគ្គលគប្បីសិក្សាសុភាសិតផង នូវការចូលទៅរកសមណៈផង នូវការអង្គុយតែម្នាក់ឯងក្នុងទីស្ងាត់ផង នូវការញ៉ាំងចិត្តឲ្យស្ងប់រម្ងាប់ផង។

វារណត្ថេរ។

បស្សិកត្ថេរគាថា

(៨. វស្សិកត្ថេរគាថា)

[១៧៨] បុគ្គលអ្នកមានសទ្ធា មានប្រាជ្ញា ឋិតនៅក្នុងធម៌ បរិបូណ៌ដោយសីល សូម្បីតែម្នាក់ឯង ក៏រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ពួកញាតិ និងផៅពង្ស ដែលជាអ្នកមិនមានសទ្ធា។ ញាតិទាំងឡាយ ដែលខ្ញុំផ្ទញ់ផ្ទាល់ រំឭកដាស់តឿន ដោយសេចក្ដីអនុគ្រោះ ក៏បានធ្វើសក្ការៈចំពោះពួកភិក្ខុ ដោយសេចក្ដីស្រឡាញ់ ថាជាញាតិ ជាផៅពង្ស។ ពួកញាតិទាំងនោះ លុះធ្វើមរណកាលកន្លងលោកនេះទៅហើយ ក៏បានដល់នូវសេចក្តីសុខក្នុងទេវលោក ទាំងបងប្អូន និងមាតារបស់ខ្ញុំ ក៏ជាអ្នកបរិបូណ៌ដោយកាមគុណ រមែងត្រេកអរដែរ។

បស្សិកត្ថេរ។

យសោជត្ថេរគាថា

(៩. យសោជត្ថេរគាថា)

[១៧៩] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) នរៈ គឺយសោជត្ថេរនេះ មានអវយវៈប្រាកដស្មើដោយថ្នាំងនៃវល្លិ៍ មានខ្លួនស្គមរវីមរវាមដោយសរសៃ ដឹងប្រមាណក្នុងបាយ និងទឹក ជាអ្នកមានចិត្តមិនរួញរា។

យសោជត្ថេរពោលថា ភិក្ខុ (នៅ) ក្នុងព្រៃតូច ឬព្រៃធំ បើទុកជាសត្វរបោម និងមូសខាំហើយ ក៏គប្បីជាអ្នកមានស្មារតី អត់ទ្រាំចំពោះអន្ដរាយ មានរបោមជាដើម ក្នុងព្រៃនោះ ដូចដំរីដ៏ប្រសើរ អត់ទ្រាំក្នុងទីជាប្រធាននៃសង្គ្រាម។ ភិក្ខុតែម្នាក់ឯង (រមែងនៅជាសុខ) ដូចគ្នានឹងព្រហ្ម ភិក្ខុនៅរួមគ្នាពីររូប (រមែងមានសេចក្ដីខ្ទាំងខ្ទប់) ដូចគ្នានឹងទេវតា ភិក្ខុ (នៅរួមគ្នា) ៣ រូប ដូចគ្នានឹងជនអ្នកស្រុក ភិក្ខុមានចំនួនច្រើនរូបលើសពីនោះទៅ ជាហេតុនាំឲ្យជ្រួលជ្រើម (ដូចគ្នានឹងពួកមហាជនដែលប្រជុំគ្នា)។

យសោជត្ថេរ។

សាដិមត្តិយត្ថេរគាថា

(១០. សាដិមត្តិយត្ថេរគាថា)

[១៨០] សទ្ធារបស់អ្នក មានក្នុងកាលមុន ប៉ុន្ដែក្នុងថ្ងៃនេះ សទ្ធានោះ បែរជាមិនមានដល់អ្នកវិញ បច្ច័យណា ដែលជារបស់អ្នក បច្ច័យនោះ ចូរជារបស់អ្នកវិញចុះ ទុច្ចរិត មិនមានដល់អាត្មាទេ។ ព្រោះថា សទ្ធា (របស់បុថុជ្ជន) ជាធម្មជាតិឃ្លេងឃ្លោង មិនទៀង សទ្ធាយ៉ាងនេះ អាត្មាបានឃើញជាក់ច្បាស់ហើយ សត្វទាំងឡាយ ជួនកាលត្រេកអរ ជួនកាលប្រាសចាកសេចក្ដីត្រេកអរ (ព្រោះហេតុនោះ) អ្នកប្រាជ្ញនឹងឈ្នះចំពោះការត្រេកអរ និងមិនត្រេកអរនោះ ដូចម្ដេចកើត។ ភត្តដែលគេចំអិនបំរុងអ្នកប្រាជ្ញបន្ដិច ៗ រាល់ ៗ ត្រកូល អាត្មានឹងត្រាច់ទៅ ដើម្បីដុំបាយ (ព្រោះ) កម្លាំងស្មងរបស់អាត្មា មាននៅឡើយ។

សាដិមត្តិយត្ថេរ។

ឧបាលិត្ថេរគាថា

(១១. ឧបាលិត្ថេរគាថា)

[១៨១] កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា ហើយបួសថ្មី ជានវភិក្ខុ គប្បីគប់រកកល្យាណមិត្រទាំងឡាយ ដែលជាអ្នកមានការចិញ្ចឹមជីវិតដោយបរិសុទ្ធិ អ្នកមិនខ្ជិលច្រអូស។ កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា បួសថ្មី ជានវភិក្ខុ អ្នកមានប្រាជ្ញា កាលនៅក្នុងពួក គប្បីសិក្សានូវវិន័យ។ កុលបុត្ត ចេញ (ចាកឃរាវាស) ដោយសទ្ធា បួសថ្មី ជានវភិក្ខុ ជាអ្នកឈ្លាសក្នុងហេតុដែលគួរ និងមិនគួរទាំងឡាយ គប្បីប្រព្រឹត្ត កុំឲ្យ (ពួកកិលេស មានតណ្ហាជាដើម) ប្រព្រឹត្តទៅក្នុងខាងមុខបាន។

ឧបាលិត្ថេរ។

ឧត្តរបាលត្ថេរគាថា

(១២. ឧត្តរបាលត្ថេរគាថា)

[១៨២] ឱហ្ន៎ កាមគុណទាំង ៥ ញ៉ាំងអាត្មាអញជាបណ្ឌិតមានសមត្ថភាព គិតនូវប្រយោជន៍ ឲ្យធ្លាក់ចុះក្នុងលោក ព្រោះតែសេចក្ដីវង្វេងទេតើ។ អាត្មាអញ ចូលទៅក្នុងវិស័យនៃកិលេសមារ ត្រូវសរ គឺរាគៈមុតជាប់ហើយ តែអាចស្ទុះរួចចាកអន្ទាក់នៃមច្ចុរាជបាន។ កាមទាំងពួង អាត្មាអញបានលះបង់ហើយ ភពទាំងពួង អាត្មាអញបានទំលាយចោលហើយ ជាតិសង្សារអស់ហើយ ឥឡូវនេះ ភពថ្មីមិនមាន។

ឧត្តរបាលត្ថេរ។

អភិភូតត្ថេរគាថា

(១៣. អភិភូតត្ថេរគាថា)

[១៨៣] នែពួកញាតិទាំងអស់ ដែលមកជួបជុំក្នុងទីនេះ អ្នកទាំងឡាយ ចូរប្រុងស្ដាប់ចុះ អាត្មាសូមសំដែងធម៌ដល់អ្នកទាំងឡាយថា ការកើតរឿយ ៗ ជាហេតុនាំមកនូវទុក្ខ។ អ្នកទាំងឡាយ ចូរប្រារព្ធព្យាយាម ចូរគេចចេញ (ចាកសេចក្ដីខ្ជិល) ចូរប្រកប (នូវសិក្ខា មានអធិសីលសិក្ខាជាដើម) ក្នុងព្រះពុទ្ធសាសនា ចូរកំចាត់បង់នូវសេនានៃមច្ចុ ឲ្យដូចជាដំរីកំចាត់បង់នូវផ្ទះ ដែលធ្វើដោយដើមបបុសដូច្នោះចុះ។ បុគ្គលណា ជាអ្នកមិនមានសេចក្ដីប្រមាទក្នុងធម្មវិន័យនេះ បុគ្គលនោះ នឹងលះបង់នូវជាតិសង្សារ ធ្វើនូវទីបំផុតនៃទុក្ខបាន។

អភិភូតត្ថេរ។

គោតមត្ថេរគាថា

(១៤. គោតមត្ថេរគាថា)

[១៨៤] អាត្មាអញ កាលអន្ទោលទៅ (ក្នុងសង្សារ) បានទៅកាន់នរកញយ ៗ ផង ទៅកាន់ប្រេតវិស័យញយ ៗ ផង បានកើតក្នុងកំណើតតិរច្ឆានរងទុក្ខជាញយ ៗ ផង ហើយអាត្មាអញនៅ (រងទុក្ខ) អស់កាលយូរអនេក។ ម្យ៉ាងទៀត ភពជារបស់មនុស្ស អាត្មាអញ ធ្លាប់បានហើយ ចួនកាល អាត្មាអញបានទៅកើតក្នុងពួកនៃទេវតាក្នុងឋានសួគ៌ ចួនកាលអាត្មាអញឋិតនៅក្នុងរូបភព ក្នុងអរូបភព ក្នុងនេវសញ្ញីភព ក្នុងអសញ្ញីភព (និងនេវសញ្ញីនាសញ្ញីភព)។ ភពទាំងឡាយ ដែលប្រកបដោយបច្ច័យ អាត្មាបានដឹងច្បាស់ហើយ ថាជារបស់ឥតខ្លឹម ជារបស់បច្ច័យតាក់តែងហើយ ជារបស់ឃ្លេងឃ្លោង (ដោយអំណាចជរា ជាដើម) ជារបស់ប្រព្រឹត្តទៅ ដោយការបែកធ្លាយសព្វ ៗ កាល អាត្មាអញ ដឹងច្បាស់នូវសភាវៈនៃសង្ខតធម៌នោះ ជាសភាវៈកកើតក្នុងខ្លួន ហើយជាអ្នកមានស្មារតី បាននូវសេចក្ដីស្ងប់រម្ងាប់មែនពិត។

គោតមត្ថេរ។

ហារិតត្ថេរគាថា

(១៥. ហារិតត្ថេរគាថា)

[១៨៥] បុគ្គលណា មិនធ្វើនូវកិច្ចដែលគួរធ្វើក្នុងកាលមុន ហើយចង់ធ្វើក្នុងកាលក្រោយវិញ បុគ្គលនោះ រមែងឃ្លាតចាកឋានៈជាសុខផង ក្ដៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយផង។ បុគ្គលធ្វើអំពើណា ត្រូវនិយាយចំពោះតែអំពើនោះ មិនធ្វើអំពើណា មិនត្រូវនិយាយចំពោះអំពើនោះទេ បណ្ឌិតទាំងឡាយ តែងកំណត់ដឹងច្បាស់នូវបុគ្គលមិនធ្វើ បានតែនិយាយ។ សេចក្ដីទុក្ខរលត់ទៅក្នុងព្រះនិព្វានណា ព្រះនិព្វាននោះ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងហើយ ជាគុណជាតមិនមានសេចក្ដីសោក ប្រាសចាកធូលី ជាទីក្សេមក្សាន្ដ នាំមកនូវសុខដោយប្រពៃមែនពិត។

ហារិតត្ថេរ។

វិមលត្ថេរគាថា

(១៦. វិមលត្ថេរគាថា)

[១៨៦] កុលបុត្រ កាលប្រាថ្នាសេចក្ដីសុខមិនកម្រើក គប្បីចៀសវាងនូវបាបមិត្តទាំងឡាយ ហើយគប់រកនូវបុគ្គលខ្ពង់ខ្ពស់ទាំងឡាយផង គប្បីតាំងនៅក្នុងឱវាទរបស់កល្យាណមិត្តនោះផង។ បុគ្គលតោងកំណាត់ឈើតូច រមែងលិចចុះក្នុងសមុទ្រធំយ៉ាងណា កុលបុត្តអាស្រ័យនូវបុគ្គលខ្ជិលច្រអូសហើយ ទោះជារស់នៅស្រួល ក៏រមែងលិចចុះ យ៉ាងនោះដែរ។ ព្រោះហេតុនោះ បុគ្គលគប្បីចៀសវាងនូវបុគ្គលអ្នកខ្ជិលច្រអូស មានព្យាយាមថោកទាបនោះចេញ។ កុលបុត្រ គប្បីនៅរួមជាមួយនឹងពួកអរិយៈ អ្នកមានចិត្តស្ងប់ស្ងាត់ អ្នកចំរើនឈាន មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ជាបណ្ឌិត មានព្យាយាមតឹងរឹងជានិច្ច។

វិមលត្ថេរ។

ឧទ្ទាន

និយាយអំពីលោកអ្នកស្វែងរកគុណ គឺអង្គណិកភារទ្វាជត្ថេរ ១ បច្ចយត្ថេរ ១ ពាកុលត្ថេរ ១ ធនិយត្ថេរ ១ មាតង្គបុត្តត្ថេរ ១ ខុជ្ជសោភិតត្ថេរ ១ វារណត្ថេរ ១ ម្យ៉ាងទៀត លោកអ្នកធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន គឺបស្សិកត្ថេរ ១ យសោជត្ថេរ ១ សាដិមត្តិយត្ថេរ ១ ឧបាលិត្ថេរ ១ ឧត្តរបាលត្ថេរ ១ អភិភូតត្ថេរ ១ គោតមត្ថេរ ១ ហារិតត្ថេរ ១ វិមលត្ថេរ ១ ព្រះថេរៈទាំងឡាយ ១៦ អង្គ បានសំដែងនូវគាថា ៤៨ ដែលមកក្នុងតិកនិបាត។

ចប់ តិកនិបាត។

ចតុក្កនិបាត

(៤. ចតុកនិបាតោ)

នាគសមាលត្ថេរគាថា

(១. នាគសមាលត្ថេរគាថា)

[១៨៧] ស្ត្រីរបាំម្នាក់ មានខ្លួនស្អិតស្អាងហើយ មានសំពត់ស្លៀកល្អ ទ្រទ្រង់ផ្កាកម្រង ប្រោះព្រំដោយខ្លឹមចន្ទន៍ រាំក្នុងតូរ្យតន្ដ្រី ត្រង់កណ្ដាលផ្លូវធំ។ អាត្មាអញកំពុងដើរចូលទៅ (កាន់ក្រុង) ដើម្បីបិណ្ឌបាត ហើយក្រឡេកមើលទៅឃើញស្ដ្រីរបាំនោះ ដែលមានខ្លួនស្អិតស្អាងហើយ មានសំពត់ស្លៀកល្អ ហាក់ដូចជាអន្ទាក់នៃមច្ចុដែលមច្ចុដំឡើងហើយ។ លំដាប់នោះ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ក៏កើតឡើងដល់អាត្មាអញ ទោសក៏កើតឡើងប្រាកដដល់អាត្មាអញ និព្វិទាញាណក៏តាំងនៅព្រម។ ចិត្តរបស់អាត្មាអញ ក៏រួចស្រឡះ (ចាកកិលេស) ព្រោះវិបស្សនាញាណនោះ អ្នកចូរមើលនូវភាពនៃធម៌ ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញ បានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ អាត្មាអញបានធ្វើហើយ។

នាគសមាលត្ថេរ។

ភគុត្ថេរគាថា

(២. ភគុត្ថេរគាថា)

[១៨៨] ខ្ញុំព្រះអង្គត្រូវមិទ្ធៈគ្របសង្កត់ហើយ ចេញអំពីវត្ត ឡើងកាន់ទីចង្ក្រម ក៏ដួលចុះលើផែនដីក្នុងទីចង្ក្រមនោះឯង។ ខ្ញុំព្រះអង្គ មានចិត្តដំកល់មាំល្អខាងក្នុង ហើយបោសសំអាតខ្លួន ឡើងកាន់ទីចង្ក្រម ដើរចង្ក្រមក្នុងទីចង្ក្រមម្ដងទៀត។ លំដាប់នោះ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ក៏កើតឡើងដល់ខ្ញុំព្រះអង្គ ទោសក៏កើតប្រាកដ និព្វិទាញាណក៏តាំងនៅព្រម។ ចិត្តរបស់ខ្ញុំព្រះអង្គ ក៏រួចស្រឡះ (ចាកកិលេស) ព្រោះវិបស្សនាញាណនោះ អ្នកចូរមើលនូវភាពនៃធម៌ ជាធម៌ល្អ វិជ្ជា ៣ ខ្ញុំព្រះអង្គ បានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំព្រះអង្គបានធ្វើហើយ។

ភគុត្ថេរ។

សភិយត្ថេរគាថា

(៣. សភិយត្ថេរគាថា)

[១៨៩] បរេជនទាំងឡាយ រមែងមិនដឹងថា យើងទាំងឡាយ នឹងវិនាសក្នុងកណ្ដាលនៃពួកនេះ ដូច្នេះឡើយ ចំណែកឯជនទាំងឡាយណា ជាបណ្ឌិតក្នុងពួកនោះ រមែងដឹងច្បាស់ ឯការឈ្លោះប្រកែក តែងស្ងប់រម្ងាប់អំពីសំណាក់នៃជនទាំងឡាយជាបណ្ឌិតនោះ។ កាលណាបើជនទាំងឡាយមិនដឹង (នូវឧបាយនៃការស្ងប់រម្ងាប់នៃវិវាទ) រមែងប្រព្រឹត្តទៅ ហាក់ដូចជាមិនស្លាប់ (កាលនោះ វិវាទក៏មិនស្ងប់រម្ងាប់ឡើយ) ចំណែកជនទាំងឡាយណា ដឹងច្បាស់ធម៌ (ជនទាំងឡាយនោះ) កាលបើពួកសត្វមានសេចក្ដីក្ដៅក្រហាយ ខ្លួនជាអ្នកមិនមានសេចក្ដីក្ដៅក្រហាយឡើយ។ កម្មណាមួយធូរថយក្ដី វ័តណាមួយសៅហ្មងក្ដី ព្រហ្មចរិយៈណាមួយដែលបុគ្គលរលឹក ដោយសេចក្ដីរង្កៀសក្ដី កម្ម ៣ យ៉ាងនោះ ជារបស់មិនមានផលច្រើនឡើយ។ បុគ្គលណា មិនមានសេចក្ដីគោរពក្នុងព្រហ្មចារីបុគ្គលទាំងឡាយ (បុគ្គលនោះ) រមែងជាអ្នកឆ្ងាយចាកព្រះសទ្ធម្ម ដូចជាមេឃឆ្ងាយអំពីផែនដី។

សភិយត្ថេរ។

នន្ទកត្ថេរគាថា

(៤. នន្ទកត្ថេរគាថា)

[១៩០] ថ្វឺយ! នែនាងជាស្រីពេញ (ដោយរបស់មិនស្អាត) មានក្លិនស្អុយ ជាពួកនៃមារ មានកាយទទឹក (ដោយកិលេស) រន្ធទាំង៩ ក្នុងកាយរបស់នាង តែងហូរហៀរសព្វ ៗ កាល។ នាងកុំសំគាល់រឿងចាស់ កុំញ៉ាំងព្រះតថាគតទាំងឡាយ ឲ្យត្រេកអរឡើយ សូម្បីក្នុងឋានសួគ៌ម្តេច ព្រះតថាគតទាំងឡាយនោះ ក៏មិនត្រេកអរទៅហើយ នឹងបាច់និយាយទៅថ្វី ក្នុងឋានមនុស្ស។ ចំណែកបុគ្គលទាំងឡាយណា ជាមនុស្សល្ងង់ខ្លៅ ឥតប្រាជ្ញា មានគំនិតអាក្រក់ ដែលមោហៈបិទបាំងហើយ ពួកបុគ្គលប្រាកដដូច្នោះ ទើបត្រេកអរក្នុងអន្ទាក់ដែលមារដំឡើងហើយនោះ។ រាគៈ ទោសៈ និងអវិជ្ជា ជនទាំងឡាយណា លះបង់បានហើយ ជនទាំងឡាយនោះ ឈ្មោះថា មានខ្សែនៃតណ្ហាកាត់ផ្តាច់ហើយ ឈ្មោះថា មិនមានចំណង រមែងមិនត្រេកអរក្នុងអន្ទាក់នៃមារនោះឡើយ។

នន្ទកត្ថេរ។

ជម្ពុកត្ថេរគាថា

(៥. ជម្ពុកត្ថេរគាថា)

[១៩១] ខ្ញុំព្រះអង្គទ្រទ្រង់នូវក្អែល បរិភោគភត្ត ១ ខែម្ដង បានដកសក់ និងពុកមាត់អស់ ៥៥ឆ្នាំ។ ខ្ញុំបានឈរដោយជើងតែម្ខាង វៀរការអង្គុយ ស៊ីលាមកក្រៀម មិនត្រេកអរនឹងការនិមន្ដន៍ចំពោះ។ ខ្ញុំបានធ្វើបាបកម្មដ៏ច្រើន ដែលជាអំពើនាំទៅកាន់ទុគ្គតិប្រាកដដូច្នេះ ក៏ត្រូវជំនន់ធំ គឺទិដ្ឋិបន្សាត់ទៅហើយ បានដល់នូវព្រះពុទ្ធជាទីពឹង។ អ្នកចូរមើលនូវការដល់សរណៈ ចូរមើលភាពនៃធម៌ ជាធម៌ល្អ វិជ្ជា ៣ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។

ជម្ពុកត្ថេរ។

សេនកត្ថេរគាថា

(៦. សេនកត្ថេរគាថា)

[១៩២] ឱ អាត្មាអញមកល្អហើយ ដើម្បីគយផគ្គុមហោស្រព22) ជិតកំពង់ឈ្មោះគយា អាត្មាអញ បានឃើញព្រះសម្ពុទ្ធកំពុងតែសំដែងធម៌ដ៏ឧត្ដម ព្រះអង្គមានពន្លឺច្រើន ជាគណាចារ្យ ដល់នូវឋានៈដ៏ប្រសើរ ដឹកនាំសត្វលោក ទ្រង់ឈ្នះមនុស្សលោក ព្រមទាំងទេវលោក ទ្រង់មានការឃើញថ្លឹងមិនបាន ជាមហានាគ មានព្យាយាមធំ មានសេចក្ដីរុងរឿងធំ មិនមានអាសវៈ មានអាសវៈទាំងពួងអស់រលីងហើយ ជាសាស្ដា មិនមានភ័យអំពីណាឡើយ។ ព្រះមានព្រះភាគអង្គនោះ បានញ៉ាំងអាត្មាអញឈ្មោះសេនកៈ អ្នកមានសេចក្ដីសៅហ្មងអស់កាលយូរ ដែលចំណង គឺទិដ្ឋិចងទុកហើយ ឲ្យរួចស្រឡះចាកកិលេសគ្រឿងចាក់ស្រែះទាំងពួងបាន។

សេនកត្ថេរ។

សម្ភូតត្ថេរគាថា

(៧. សម្ភូតត្ថេរគាថា)

[១៩៣] បុគ្គលណា ប្រញាប់ប្រញាល់ក្នុងកាលដែលគួរសន្សឹម បែរជាសន្សឹមក្នុងកាលដែលគួរប្រញាប់ប្រញាល់ បុគ្គលនោះ ឈ្មោះថាពាល រមែងបាននូវទុក្ខ ព្រោះការចាត់ចែងមិនមែនដោយឧបាយនៃប្រាជ្ញា។ ប្រយោជន៍ទាំងឡាយរបស់បុគ្គលនោះ រមែងសាបសូន្យ ដូចព្រះចន្ទ្រក្នុងកាឡបក្ខ បុគ្គលនោះ រមែងដល់នូវភាពជាអ្នកមិនមានយសផង បែកចាកពួកមិត្រផង។ បុគ្គលណា សន្សឹមក្នុងកាលដែលគួរសន្សឹម ប្រញាប់ប្រញាល់ក្នុងកាលដែលគួរប្រញាប់ប្រញាល់ បុគ្គលនោះ ឈ្មោះថាបណ្ឌិត រមែងបានសេចក្ដីសុខ ព្រោះការចាត់ចែងដោយឧបាយនៃប្រាជ្ញា។ ប្រយោជន៍របស់បុគ្គលនោះ រមែងពេញបរិបូណ៌ ដូចជាព្រះចន្ទ្រក្នុងសុក្កបក្ខ បុគ្គលនោះ រមែងដល់នូវយស និងកេរ្ដិ៍ឈ្មោះផង មិនបែកចាកពួកមិត្រផង។

សម្ភូតត្ថេរ។

រាហុលត្ថេរគាថា

(៨. រាហុលត្ថេរគាថា)

[១៩៤] សព្រហ្មចារីបុគ្គលទាំងឡាយ ស្គាល់ច្បាស់នូវអាត្មាអញ ថារាហុលដ៏ចំរើន ជាអ្នកប្រកបដោយគុណទាំងពីរយ៉ាងគឺ ជាតិ និងប្រតិបត្តិ ព្រោះអាត្មាអញ ជាកូននៃព្រះពុទ្ធផង ជាអ្នកមានបញ្ញាចក្ខុក្នុងធម៌ទាំងឡាយផង អាសវៈរបស់អាត្មាអញអស់ហើយផង ភពថ្មីទៀត អាត្មាអញមិនមានផង អាត្មាអញ ជាព្រះអរហន្ត គួរដល់ទក្ខិណា មានវិជ្ជា ៣ ឃើញព្រះនិព្វានឈ្មោះអមតៈ។ សត្វទាំងឡាយ ជាអ្នកងងឹតព្រោះកាម ត្រូវបណ្ដាញរួបរឹតហើយ ត្រូវដំបូល គឺតណ្ហាបិទបាំងហើយ ត្រូវមារចងហើយ ដូចត្រីជាប់នៅក្នុងមាត់លបដូច្នោះ។ អាត្មាអញ លះបង់កាមនោះហើយ បានកាត់នូវចំណងនៃមារ ដកតណ្ហា ព្រមទាំងឫសចេញហើយ ជាអ្នកមានសេចក្ដីត្រជាក់កើតហើយ មានទុក្ខរលត់ហើយ។

រាហុលត្ថេរ។

ចន្ទនត្ថេរគាថា

(៩. ចន្ទនត្ថេរគាថា)

[១៩៥] ប្រពន្ធ (របស់ខ្ញុំ) ស្អិតស្អាងដោយមាស មានពួកទាសីដើរចោមរោម ពកូនដោយចង្កេះ ចូលមករកខ្ញុំ។ លុះខ្ញុំឃើញមាតារបស់កូនខ្លួននោះ ប្រដាប់ដោយគ្រឿងអាភរណៈ មានការស្លៀកពាក់ល្អ ហើយដើរមក ហាក់ដូចជាអន្ទាក់នៃមច្ចុដែលមារដំឡើងហើយ។ លំដាប់នោះ ការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា ក៏កើតឡើងដល់ខ្ញុំ ទោសក៏កើតឡើងប្រាកដ សេចក្ដីទ្រាន់ណាស់ ក៏តាំងនៅមាំ។ តពីនោះមក ចិត្តរបស់ខ្ញុំរួចស្រឡះ អ្នកចូរមើលនូវភាពនៃធម៌ ជាធម៌ល្អ ត្រៃវិជ្ជា ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។

ចន្ទនត្ថេរ។

ធម្មិកត្ថេរគាថា

(១០. ធម្មិកត្ថេរគាថា)

[១៩៦] ធម៌ រមែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ដោយពិត ធម៌ដែលបុគ្គលសន្សំល្អហើយ រមែងនាំមកនូវសេចក្ដីសុខ នេះជាអានិសសង្សក្នុងធម៌ដែលបុគ្គលសន្សំល្អហើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងមិនទៅកាន់ទុគ្គតិ។ សភាវៈទាំងពីរ គឺកុសលធម៌ ១ អកុសលធម៌ ១ មិនមែនមានផលស្មើគ្នាទេ អកុសលធម៌ នាំសត្វទៅកាន់នរក កុសលធម៌ញ៉ាំងសត្វឲ្យដល់នូវសុគតិ។

ព្រោះហេតុនោះ បុគ្គលកាលមានចិត្តរីករាយចំពោះព្រះសុគត ជាតាទិបុគ្គលយ៉ាងនេះ គប្បីធ្វើសេចក្ដីពេញចិត្តក្នុងធម៌ទាំងឡាយ សាវ័កទាំងឡាយរបស់ព្រះសុគតដ៏ប្រសើរ ឋិតនៅក្នុងធម៌ ជាអ្នកប្រាជ្ញ បានដល់នូវទីពឹងដ៏ប្រសើរលើស រមែងនាំខ្លួនចេញ (ចាកវដ្ដទុក្ខបាន)។ ឫសគល់នៃបូស គឺអវិជ្ជា ខ្ញុំព្រះអង្គបានកំចាត់បង់ហើយ បណ្ដាញ គឺតណ្ហា ខ្ញុំព្រះអង្គបានដកចោលហើយ។

ខ្ញុំព្រះអង្គនោះ មានសង្សារអស់ហើយ កិលេសជាគ្រឿងខ្វល់ មិនមានដល់ខ្ញុំព្រះអង្គឡើយ ដូចជាព្រះចន្ទ្រក្នុងថ្ងៃពេញបូណ៌មី ដែលប្រាសចាកទោស គឺពពកជាដើម។

ធម្មិកត្ថេរ។

សប្បកត្ថេរគាថា

(១១. សប្បកត្ថេរគាថា)

[១៩៧] កុកមានស្លាបសស្អាត ត្រូវភ័យអំពីមេឃខ្មៅគម្រាមហើយ ក៏ស្វែងរកសំបុក ហើរទៅកាន់សំបុកក្នុងកាលណា កាលណោះ ទន្លេឈ្មោះអជករណី ក៏ញ៉ាំងអាត្មាអញឲ្យត្រេកអរ។ កុកមានស្លាបសស្អាត ត្រូវភ័យអំពីមេឃខ្មៅគម្រាមហើយ មិនឃើញទីពួន ក៏ស្វែងរកទីពួនក្នុងកាលណា កាលណោះ ទន្លេឈ្មោះអជករណី ញ៉ាំងអាត្មាអញឲ្យត្រេកអរ។ ដើមព្រីងទាំងឡាយ ញ៉ាំងច្រាំងនៃទន្លេទាំងពីរ ក្នុងទីនោះ (ដែលឋិតនៅ) ខាងក្រោយនៃគុហារធំឲ្យល្អ មិនមែនញ៉ាំងសត្វណាមួយក្នុងទីនោះឲ្យត្រេកអរបានទេ។

កង្កែបទាំងឡាយ មានសំឡេងពីរោះ ប្រាសចាកពួកនៃពស់ រមែងយំកងរំពង។ ថ្ងៃនេះ មិនមែនជាសម័យនៅប្រាសចាកភ្នំ និងទន្លេទេ ព្រោះទន្លេអជករណី ជាទីក្សេមសប្បាយរីករាយដោយប្រពៃ។

សប្បកត្ថេរ។

មុទិតត្ថេរគាថា

(១២. មុទិតត្ថេរគាថា)

[១៩៨] ខ្ញុំត្រូវការចិញ្ចឹមជីវិត បព្វជ្ជា បានឧបសម្បទាហើយ តែតពីនោះមក ក៏ត្រឡប់បាននូវសទ្ធា មានព្យាយាមមាំ ខំប្រឹងប្រែងមាំ។ កាយនេះ ចូរបែកធ្លាយចុះ ដុំនៃសាច់ទាំងឡាយ ចូរខ្ចាត់ខ្ចាយទៅចុះ ស្មងទាំងឡាយរបស់ខ្ញុំ ចូររបូតធ្លាក់ចាកតំណនៃជង្គង់ទាំងពីរចុះ។ កាលបើសរ គឺតណ្ហា មិនទាន់ខ្ចាត់ចេញទេ ខ្ញុំនឹងមិនស៊ី មិនផឹក និងមិនចេញអំពីកុដិ ទាំងមិនទម្រេត សូម្បីតែមួយបង្អៀងឡើយ។ អ្នកចូរមើលសេចក្ដីព្យាយាម ប្រឹងប្រែងដ៏មាំរបស់ខ្ញុំនោះ កាលនៅយ៉ាងនេះ វិជ្ជា ៣ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។

មុទិតត្ថេរ។

ឧទ្ទាន

និយាយអំពីព្រះថេរៈទាំងឡាយ ជាសាវ័កនៃព្រះពុទ្ធ ១០23) អង្គនេះ គឺនាគសមាលត្ថេរ ១ ភគុត្ថេរ ១ សភិយត្ថេរ ១ នន្ទកត្ថេរ ១ ជម្ពុកត្ថេរ ១ សេនកត្ថេរ ១ សម្ភូតត្ថេរ ១ រាហុលត្ថេរ ១ ចន្ទនត្ថេរ ១។ ព្រះថេរៈ ៣ អង្គទៀតគឺ ធម្មិកត្ថេរ ១ សប្បកត្ថេរ ១ មុទិតត្ថេរ ១ ឯគាថាមាន ៥២24) ចំណែកខាងព្រះថេរៈទាំងអស់ មាន ១៣25) អង្គ។

ចប់ ចតុក្កនិបាត។

បញ្ចកនិបាត

(៥. បញ្ចកនិបាតោ)

រាជទត្តត្ថេរគាថា

(១. រាជទត្តត្ថេរគាថា)

[១៩៩] ភិក្ខុទៅកាន់ទីស្មសាន បានឃើញសាកសពស្ត្រីដែលគេលះបង់ចោលក្នុងព្រៃស្មសាន ត្រូវពួកដង្កូវរុកជញ្ជែងស៊ីធ្លុះធ្លាយ។ ពួកជនខ្លះដែលឃើញសាកសពស្លាប់ដ៏លាមក ក៏ខ្ពើមរអើម តែកាមរាគៈកើតឡើងប្រាកដ (ក្នុងសាកសពនោះ) ដូចជាបុគ្គលខ្វាក់ អសុចិហូរហៀរ (តាមទ្វារទាំង៩)។ តែអាត្មាអញចៀសចេញអំពីទីនោះ ថយជាងមួយចំអិនបាយ ជាអ្នកមានស្មារតីដឹងខ្លួន ចូលទៅកាន់ទីសមគួរ។ លំដាប់នោះ ការធ្វើទុកក្នុងចិត្តដោយឧបាយប្រាជ្ញា ក៏កើតឡើងដល់អាត្មាអញ ទោសក៏កើតប្រាកដ (ដល់អាត្មាអញ) សេចក្ដីនឿយណាយ ក៏តាំងនៅព្រម (ក្នុងហ្ឫទ័យនៃអាត្មាអញ) លំដាប់នោះ ចិត្តរបស់អាត្មាអញក៏រួចស្រឡះ (ចាកកិលេស) អ្នកចូរមើលនូវភាពនៃធម៌ ជាធម៌ល្អ វិជ្ជាទាំង ៣ អាត្មាអញបានដល់ដោយលំដាប់ហើយ សាសនានៃព្រះពុទ្ធ អាត្មាអញ ក៏បានធ្វើហើយ។

រាជទត្តត្ថេរ។

សុភូតត្ថេរគាថា

(២. សុភូតត្ថេរគាថា)

[២០០] បុរសអ្នកប្រាថ្នានូវកិច្ច ប្រកបខ្លួនក្នុងអំពើដែលមិនគួរប្រកប ប្រសិនបើត្រាច់ទៅ មិនគប្បីបាន (នូវប្រយោជន៍នោះទេ) នោះឯង ជាលក្ខណៈនៃចំណែកខាងអាក្រក់។

ការដែលរស់នៅដោយលំបាក អាត្មាអញបានដកចោលហើយ បើបុគ្គលណា លះបង់ធម៌យ៉ាងឯក គឺអប្បមាទ បុគ្គលនោះ ទុកដូចជាមនុស្សចង្រៃ ម្យ៉ាងទៀត បើបុគ្គលណា លះបង់នូវឥន្ទ្រិយទាំងអស់ (សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា) បុគ្គលនោះ ទុកដូចជាមនុស្សខ្វាក់ ព្រោះមិនឃើញនូវរបស់ដែលស្មើគ្នា និងមិនស្មើគ្នា។

ពិតណាស់ បុគ្គលធ្វើអំពើណា ត្រូវនិយាយចំពោះតែអំពើនោះ មិនធ្វើនូវអំពើណា មិនត្រូវនិយាយចំពោះអំពើនោះទេ បណ្ឌិតទាំងឡាយ តែងកំណត់ដឹងនូវបុគ្គលអ្នកមិនធ្វើ បានតែនិយាយ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ តែមិនមានក្លិនក្រអូបយ៉ាងណា វាចាជាសុភាសិត រមែងឥតផល ដល់បុគ្គលអ្នកមិនធ្វើតាម ក៏យ៉ាងនោះដែរ។ ផ្កាដ៏រុងរឿង មានពណ៌ល្អ ប្រកបដោយក្លិនក្រអូប យ៉ាងណា វាចាជាសុភាសិត រមែងមានផលដល់បុគ្គលអ្នកធ្វើតាម ក៏យ៉ាងនោះដែរ។

សុភូតត្ថេរ។

សុភូតត្ថេរគាថា

(៣. គិរិមានន្ទត្ថេរគាថា)

[២០១] ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃដ៏ពីរោះ កុដិអាត្មាប្រក់ស្រួលហើយ ឥតមានខ្យល់ចេញចូលបានទេ អាត្មាមានចិត្តស្ងប់រម្ងាប់ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។

ភ្លៀងបង្អុរចុះតាមសមគួរដល់ការគ្រហឹមនៃមេឃដ៏ពីរោះ កុដិអាត្មាប្រក់ស្រួលហើយ ឥតមានខ្យល់ចេញចូលបានទេ អាត្មាមានចិត្តស្ងប់រម្ងាប់ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។បេ។ អាត្មាជាអ្នកប្រាសចាករាគៈ នៅក្នុងកុដិនោះ។បេ។ អាត្មាជាអ្នកប្រាសចាកទោសៈ នៅក្នុងកុដិនោះ។បេ។ អាត្មាជាអ្នកប្រាសចាកមោហៈ នៅក្នុងកុដិនោះ ម្នាលមេឃ ម្ដេចហ៎ បើអ្នកប្រាថ្នា ចូរបង្អុរភ្លៀងមកចុះ។

គិរិមានន្ទត្ថេរ។

សុមនត្ថេរគាថា

(៤. សុមនត្ថេរគាថា)

[២០២] បណ្ដាធម៌ទាំងឡាយ ព្រះឧបជ្ឈាយ៍ប្រាថ្នាចំពោះធម៌ណា អនុគ្រោះខ្ញុំ អ្នកប្រាថ្នាព្រះនិព្វានឈ្មោះអមតៈ សោឡសកិច្ចដែលគួរធ្វើ ខ្ញុំក៏បានធ្វើហើយ។ មគ្គធម៌ ជាធម៌មិនមានអន្ដរាយ ខ្ញុំបានដល់ដោយលំដាប់ហើយ បានធ្វើឲ្យជាក់ច្បាស់ហើយដោយខ្លួនឯង ខ្ញុំមានញាណដ៏បរិសុទ្ធឥតសង្ស័យ បានធ្វើឲ្យជាក់ច្បាស់ក្នុងសំណាក់នៃលោក។ ខ្ញុំដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជំរះស្អាតហើយ ប្រយោជន៍របស់ខ្លួន គឺព្រះអរហត្ដ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ ខ្ញុំជាអ្នកមិនប្រមាទ បានស្ដាប់ បានរៀនល្អនូវសិក្ខា ក្នុងពាក្យប្រៀនប្រដៅរបស់លោក អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវភពថ្មីមិនមានទេ។ លោកប្រៀនប្រដៅខ្ញុំដោយវ័តដ៏ប្រសើរ ជាអ្នកអនុគ្រោះ ទំនុកបម្រុង (នូវខ្ញុំ) ឱវាទរបស់លោកមិនឥតអំពើឡើយ ខ្ញុំជាសិស្សបានរៀនសូត្រហើយ។

សុមនត្ថេរ។

វឌ្ឍត្ថេរគាថា

(៥. វឌ្ឍត្ថេរគាថា)

[២០៣] មានសេចក្ដីដំណាលថា ឱហ្ន៎ មាតាបានបង្ហាញនូវជន្លួន (ឱវាទ) ដល់អាត្មាអញ អាត្មាអញដែលមាតាប្រៀនប្រដៅ បានស្ដាប់ពាក្យរបស់លោកហើយ ជាអ្នកមានព្យាយាមមុតមាំហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានដល់នូវសម្ពោធិដ៏ឧត្ដម។ អាត្មាអញជាអរហន្ដ ទក្ខិណេយ្យបុគ្គល មានត្រៃវិជ្ជា ឃើញព្រះនិព្វានឈ្មោះអមតៈ អាត្មាអញឈ្នះសេនានៃមារ ជាអ្នកមិនមានអាសវៈ។ អាសវៈទាំងឡាយណារបស់អាត្មាអញ ខាងក្នុងក្ដី ខាងក្រៅក្ដី អាសវៈទាំងអស់នោះ អាត្មាអញកាត់ផ្ដាច់ហើយ ឥតមានសេសសល់ ទាំងមិនកើតទៀតទេ។ បងស្រីមានសេចក្ដីក្លៀវក្លា បានពោលនូវសេចក្ដីនេះ នាងទំនងជាមិនមានសេចក្ដីស្រឡាញ់ចំពោះអាត្មាដោយពិត ព្រៃ (មានអវិជ្ជាជាដើម) មិនមាន (ក្នុងសន្ដានរបស់នាង) ទេ។ សេចក្ដីទុក្ខ មានទីបំផុតជុំវិញ អាត្មាបានធ្វើហើយ រាងកាយនេះ ជាទីបំផុត (របស់អាត្មា) សង្សារ គឺជាតិ និងមរណៈមិនមាន ឥឡូវនេះ ភពថ្មីមិនមានទេ។

វឌ្ឍត្ថេរ។

នទីកស្សបត្ថេរគាថា

(៦. នទីកស្សបត្ថេរគាថា)

[២០៤] អាត្មាអញបានស្ដាប់ធម៌របស់ព្រះពុទ្ធណា ហើយវៀរបង់មិច្ឆាទិដ្ឋិ ព្រះពុទ្ធនោះ យាងមកហើយកាន់ស្ទឹងនេរញ្ជរា ដើម្បីប្រយោជន៍ដល់អញមែនពិត។ អាត្មាអញ បានបូជាយ័ញ្ញទាំងឡាយខ្ពស់ និងទាប បានបូជាភ្លើង កាលនៅជាបុថុជ្ជន ងងឹតងងល់ សំគាល់ថា ការបូជានេះឯង ជាសេចក្ដីបរិសុទ្ធិ។ អាត្មាអញ ស្ទុះទៅកាន់ព្រៃស្បាត គឺទិដ្ឋិ ត្រូវសេចក្ដីស្ទាបអង្អែល (ខុស) ឲ្យដល់នូវសេចក្ដីវង្វេង ងងឹតមិនដឹង សំគាល់ផ្លូវមិនបរិសុទ្ធ ថាជាផ្លូវបរិសុទ្ធ។ មិច្ឆាទិដ្ឋិ អាត្មាអញបានលះបង់ហើយ ភពទាំងពួង អាត្មាអញបានទំលុះទំលាយហើយ អាត្មាអញបូជាភ្លើង គឺព្រះសម្មាសម្ពុទ្ធ ជាទក្ខិណេយ្យបុគ្គល ថ្វាយបង្គំនូវព្រះតថាគត។ មោហៈទាំងពួង អាត្មាអញបានលះបង់ហើយ ភវតណ្ហា អាត្មាអញបានទំលុះទំលាយចេញហើយ ជាតិសង្សារអស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀតនៃអាត្មាអញមិនមានទេ។

នទីកស្សបត្ថេរ។

គយាកស្សបត្ថេរគាថា

(៧. គយាកស្សបត្ថេរគាថា)

[២០៥] អាត្មាអញចុះទឹកក្នុងកំពង់ឈ្មោះគយា ក្នុងមួយថ្ងៃ ៣ ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច ក្នុងកាលមហោស្រពឈ្មោះគយផគ្គុ បាបណា ដែលអាត្មាអញធ្វើហើយ ក្នុងជាតិទាំងឡាយដទៃ អំពីកាលមុន ឥឡូវនេះ អាត្មាអញបណ្ដែតចោលនូវបាបនោះ ក្នុងកំពង់ឈ្មោះគយានេះ ទិដ្ឋិយ៉ាងនេះ មានហើយក្នុងកាលមុន។ អាត្មាអញ ស្ដាប់វាចាជាសុភាសិត ជាបទប្រកបដោយធម៌ និងអត្ថ ហើយពិចារណានូវសេចក្ដីតាមគួរដល់ការពិត ដោយឧបាយនៃប្រាជ្ញា។ អាត្មាអញ មានបាបទាំងពួងលាងចេញហើយ មិនមានមន្ទិល មានកិលេសលាងចេញហើយ ជាអ្នកស្អាតបរិសុទ្ធ ជាពុទ្ធទាយាទ (អ្នកគួរទទួលនូវមត៌កនៃព្រះពុទ្ធ) ជាកូនកើតអំពីព្រះឧរៈនៃព្រះពុទ្ធ។ អាត្មាអញ ចុះកាន់ខ្សែនៃមគ្គ ប្រកបដោយអង្គ ៨ ហើយ បណ្ដែតចោលនូវបាបទាំងពួង ដល់នូវវិជ្ជា ៣ ហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញ បានធ្វើហើយ។

គយាកស្សបត្ថេរ។

វក្កលិត្ថេរគាថា

(៨. វក្កលិត្ថេរគាថា)

[២០៦] (ព្រះមានព្រះភាគ ត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគដែលកើតអំពីខ្យល់គ្របសង្កត់ហើយ នៅក្នុងព្រៃធំ មានគោចរលះបង់ហើយ (ក្រចតុប្បច្ច័យ) ជាទីសៅហ្មង តើនឹងធ្វើដូចម្ដេច។

(ព្រះវក្កលិត្ថេរ ក្រាបបង្គំទូលថា) ខ្ញុំព្រះអង្គ ផ្សាយចិត្តទៅកាន់កាយទាំងមូល ដោយសុខៈ ដែលកើតអំពីបីតិដ៏លើសលុប អត់ទ្រាំនូវបច្ច័យដ៏សៅហ្មងនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គចំរើនសតិប្បដ្ឋានទាំងឡាយផង សម្មប្បធានផង ឥទ្ធិបាទផង ឥន្ទ្រិយផង ពលៈផង ចំរើនពោជ្ឈង្គផង អដ្ឋង្គិកមគ្គផង នៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គឃើញ (នូវសព្រហ្មចារីបុគ្គលទាំងឡាយ) អ្នកមានព្យាយាមតឹងតែងហើយ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានព្យាយាមប្រឹងប្រែងដ៏មាំអស់កាលជានិច្ច មានសេចក្ដីព្រមព្រៀងគ្នា ប្រកបដោយភាពជាសមណៈនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គនឹករឿយ ៗ នូវព្រះសម្ពុទ្ធ ព្រះអង្គមានខ្លួនទូន្មានបានហើយ មានព្រះទ័យតាំងមាំហើយ មិនខ្ជិលច្រអូសអស់យប់ និងថ្ងៃ នៅក្នុងព្រៃធំ។

វក្កលិត្ថេរ។

វិជិតសេនត្ថេរគាថា

(៩. វិជិតសេនត្ថេរគាថា)

[២០៧] ម្នាលចិត្ត អញនឹងហាមឃាត់ឯង ដូចជាគេបង្ខាំងដំរីទុកក្នុងក្រោល មានទ្វារប្រកបដោយរនុក ទាំងមិនបណ្ដោយឯង ដែលជាបណ្ដាញនៃកាម ដែលកើតអំពីសរីរៈឲ្យទៅក្នុងបាបធម៌ទេ។ ឯង អញហាមឃាត់ហើយ នឹងទៅណាមិនបានទេ ដូចជាដំរីដែលមិនបាននូវចន្លោះទ្វារ (ដើម្បីចេញ) ម្នាលចិត្តខិលខូច ឯងនឹងប្រព្រឹត្តឈ្លានពាន ត្រេកអរក្នុងបាបធម៌រឿយ ៗ ទៀតមិនបានទេ។ ហ្មដំរី អ្នកមានកំឡាំង ធ្វើដំរីដែលមិនទាន់ពង្រាបទើបចាប់បានថ្មី ជាសត្វមិនប្រាថ្នាឲ្យត្រឡប់វិលបានយ៉ាងណា អញនឹងឲ្យឯងវិលត្រឡប់យ៉ាងនោះដែរ។ នាយសារថីដ៏ប្រសើរ ជាអ្នកឈ្លាសក្នុងការបង្ហាត់សេះដ៏ប្រសើរ បង្ហាត់សេះអាជានេយ្យយ៉ាងណា អញនឹងតាំងនៅក្នុងពលធម៌ ៥ ហើយទូន្មានឯងយ៉ាងនោះដែរ។ អញនឹងចងឯងដោយសតិ អញមានខ្លួនប្រុងប្រយ័ត្នហើយ នឹងទូន្មានឯង ម្នាលចិត្ត ឯង អញសង្កត់សង្កិនក្នុងធុរៈ គឺព្យាយាម កុំទៅឆ្ងាយអំពីទីនេះឡើយ។

វិជិតសេនត្ថេរ។

យសទត្តត្ថេរគាថា

(១០. យសទត្តត្ថេរគាថា)

[២០៨] បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី គង់ជាអ្នកឆ្ងាយអំពីព្រះសទ្ធម្ម ដូចផែនដីឆ្ងាយអំពីមេឃ។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី ក៏គង់សាបសូន្យចាកព្រះសទ្ធម្ម ដូចព្រះចន្ទ្រក្នុងកាឡប័ក្ខ (រនោច)។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី ក៏គង់រីងស្ងួតក្នុងព្រះសទ្ធម្ម ដូចជាត្រីរីងស្ងួតក្នុងទីមានទឹកតិច។ បុគ្គលអ័ប្បឥតប្រាជ្ញា មានចិត្តប្រកួតប្រណាំង ទុកជាស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី គង់មិនលូតលាស់ក្នុងព្រះសទ្ធម្ម ដូចជាពូជស្អុយមិនដុះក្នុងស្រែ។ លុះតែបុគ្គលណា មានចិត្តគ្រប់គ្រងហើយ ស្ដាប់ពាក្យប្រៀនប្រដៅរបស់ព្រះជិនស្រី បុគ្គលនោះ ទើបញ៉ាំងអាសវៈទាំងពួងឲ្យអស់ទៅ ធ្វើឲ្យជាក់ច្បាស់នូវធម៌ មិនកំរើក (អរហត្តផល) ដល់នូវសេចក្ដីស្ងប់ដ៏ឧត្តម គឺអនុបាទិសេសនិព្វាន ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន។

យសទត្តត្ថេរ។

សោណកុដិកណ្ណត្ថេរគាថា

(១១. សោណកុដិកណ្ណត្ថេរគាថា)

[២០៩] ខ្ញុំបានឧបសម្បទាផង បានផុតស្រឡះ ជាអ្នកមិនមានអាសវៈផង ខ្ញុំបានឃើញព្រះមានព្រះភាគអង្គនោះផង ទាំងបាននៅជាមួយក្នុងកុដិផង។ ព្រះមានព្រះភាគ ទ្រង់ធ្វើរាត្រីជាច្រើន (យប់ជ្រៅ) ឲ្យកន្លងទៅក្នុងទីវាល ព្រះសាស្ដាឈ្លាសក្នុងការនៅ បានស្ដេចចូលទៅកាន់កុដិក្នុងពេលនោះ។ ព្រះគោតមទ្រង់ក្រាលសង្ឃាដិ ហើយសម្រេចសីហសេយ្យា ដូចជាសត្វសីហៈ ដែលលះបង់សេចក្ដីភ័យស្ញប់ស្ញែង ដេកក្នុងគុហាថ្មកែវ។ លំដាប់នោះ ព្រះសោណៈ ជាសាវ័កនៃព្រះសម្មាសម្ពុទ្ធ អ្នកពោលពាក្យពីរោះ បានពោលនូវព្រះសទ្ធម្មចំពោះព្រះភក្ដ្រព្រះពុទ្ធដ៏ប្រសើរ។ បានកំណត់ដឹងនូវបញ្ចក្ខន្ធ បានចំរើននូវមគ្គដ៏ប្រសើរ ហើយដល់នូវទីស្ងប់ដ៏ឧត្តម ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន។

សោណកុដិកណ្ណត្ថេរ។

កោសិយត្ថេរគាថា

(១២. កោសិយត្ថេរគាថា)

[២១០] បុគ្គលណាជាអ្នកប្រាជ្ញ អ្នកដឹងឱវាទរបស់គ្រូទាំងឡាយ គប្បីនៅក្នុងឱវាទរបស់គ្រូនោះផង គប្បីញ៉ាំងសេចក្ដីស្រឡាញ់ឲ្យកើតផង បុគ្គលនោះ ឈ្មោះថាជាអ្នកមានភក្ដីផង ឈ្មោះថាជាអ្នកប្រាជ្ញផង ទាំងបុគ្គលនោះ មុខជានឹងមានសេចក្ដីវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ អន្ដរាយទាំងឡាយដ៏ខ្លាំងក្លា កើតឡើងហើយ តែមិនបានគ្របសង្កត់នូវបុគ្គលណា ជាអ្នកពិចារណា បុគ្គលនោះ ឈ្មោះថាជាអ្នកមានកំឡាំងផង ឈ្មោះថាជាអ្នកមានប្រាជ្ញាផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។ បុគ្គលណា នឹងធឹងមិនញាប់ញ័រ ជាអ្នកមានបញ្ញាជ្រៅដូចសមុទ្រ ឃើញនូវសេចក្ដីដ៏ល្អិត បុគ្គលនោះ ឈ្មោះថាជាអ្នកដែលកិលេសដឹកនាំមិនបានផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។

បុគ្គលណា ជាអ្នកចេះដឹងច្រើន ជាអ្នកចងចាំនូវធម៌ ទាំងជាអ្នកប្រព្រឹត្តនូវធម៌ដ៏សមគួរដល់ធម៌ បុគ្គលនោះ ឈ្មោះថាជាអ្នកប្រាកដស្មើដោយគ្រូនោះផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។

បុគ្គលណា ដឹងនូវសេចក្ដីនៃភាសិតផង លុះដឹងនូវសេចក្តីនៃភាសិតហើយ ធ្វើតាមផង បុគ្គលនោះ ឈ្មោះថាជាអ្នកឆ្លងផុតនូវសេចក្ដីសង្ស័យផង ជាអ្នកប្រាជ្ញផង ទាំងជាអ្នកវិសេសក្នុងធម៌ទាំងឡាយ ព្រោះដឹង (នូវសច្ចធម៌)។

កោសិយត្ថេរ។

ឧទ្ទាន

គាថា ៦៥ ក្នុងគាថាទាំងនោះ ព្រះថេរៈ ១២ អង្គ សំដែង គឺ រាជទត្តត្ថេរ ១ សុភូតត្ថេរ ១ គិរិមានន្ទត្ថេរ ១ សុមនត្ថេរ ១ វឌ្ឍត្ថេរ ១ នទីកស្សបត្ថេរ ១ គយាកស្សបត្ថេរ ១ វក្កលិត្ថេរ ១ វិជិតសេនត្ថេរ ១ យសទត្តត្ថេរ ១ សោណកុដិកណ្ណត្ថេរ ១ កោសិយត្ថេរ ១។

ចប់ បញ្ចកនិបាត។

ឆក្កនិបាត

(៦. ឆក្កនិបាតោ)

ឧរុវេលកស្សបត្ថេរគាថា

(១. ឧរុវេឡកស្សបត្ថេរគាថា)

[២១១] ខ្ញុំឃើញបាដិហារ្យរបស់ព្រះគោតម ព្រះអង្គមានយសដល់ម្ល៉ោះ ក៏នៅតែមិនក្រាបសំពះ ព្រោះតែសេចក្តីច្រណែន និងសេចក្តីប្រកាន់ឲ្យភាន់ច្រឡំ។ ព្រះសាស្តា ជាសារថីរបស់ជន ទ្រង់ជ្រាបសេចក្តីត្រិះរិះរបស់ខ្ញុំហើយ បានដាស់តឿន លំដាប់នោះ ខ្ញុំមានសេចក្តីសង្វេគ និងសេចក្តីព្រឺរោម ដែលមិនធ្លាប់កើត ៗ ហើយ។ កាលខ្ញុំនៅជាជដិលក្នុងកាលមុន ការសម្រេចលាភសក្ការៈណាតិចតួច គ្រានោះ ខ្ញុំលះបង់នូវការសំរេច គឺលាភសក្ការៈនោះហើយ មកបួសក្នុងសាសនាព្រះជិនស្រី។ កាលពីដើម ខ្ញុំជាអ្នកត្រេកអរដោយការបូជា ធ្វើកាមធាតុជាប្រធាន កាលខាងក្រោយមក ខ្ញុំបានដករាគៈ ទោសៈ និងមោហៈ ចោលហើយ។ ខ្ញុំដឹងខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលពីដើម បានជម្រះទិព្វចក្ខុឲ្យស្អាត ជាអ្នកមានឫទ្ធិ ដឹងចិត្តអ្នកដទៃ ទាំងបានសម្រេចទិព្វសោត។ មួយទៀត កុលបុត្រចេញចាកផ្ទះ មកបួសក្នុងធម្មវិន័យ ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ ខ្ញុំបានដល់ហើយតាមលំដាប់ ទាំងធ្វើឲ្យអស់សំយោជនធម៌ទាំងពួង។

ឧរុវេលកស្សបត្ថេរ។

តេកិច្ឆកានិត្ថេរគាថា

(២. តេកិច្ឆការិត្ថេរគាថា)

[២១២] (មារនិយាយថា) ស្រូវគេនាំទៅទុកដាក់ហើយ ស្រូវគេគរទុកក្នុងលានហើយ ខ្ញុំនៅតែមិនបានដុំបាយ តើខ្ញុំនឹងធ្វើដូចម្តេច។

(ព្រះថេរៈនិយាយថា) អ្នកចូរជ្រះថ្លារព្ញកចំពោះព្រះពុទ្ធមានគុណមិនមានប្រមាណ អ្នកនឹងជាបុគ្គលមានសរីរៈដែលបីតិពាល់ត្រូវ មានចិត្តរីករាយរឿយ ៗ មិនខាន។ ចំពោះធម៌មានគុណមិនមានប្រមាណ។បេ។ ចំពោះសង្ឃមានគុណមិនមានប្រមាណ។បេ។

(មារនិយាយថា) លោកនៅក្នុងទីវាលល្ហល្ហេវផង រាត្រីនេះត្រជាក់ មានសន្សើមធ្លាក់ ចុះផង។ លោកកុំបណ្តោយឲ្យត្រជាក់គ្របសង្កត់ឲ្យលំបាកឡើយ ចូរលោកចូលទៅក្នុងកុដិ ដែលមានទ្វារគន្លឹះជាប់មាំ។

(ព្រះថេរៈតបថា) អាត្មាពាល់ត្រូវអប្បមញ្ញាទាំង ៤ ដល់នូវសេចក្តីសុខដោយសារអប្បមញ្ញាទាំងនោះ មិនញាប់ញ័រ មិនលំបាកដោយត្រជាក់ទេ។

តេកិច្ឆកានិត្ថេរ។

មហានាគត្ថេរគាថា

(៣. មហានាគត្ថេរគាថា)

[២១៣] បុគ្គលដែលមិនមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងសាបសូន្យចាកព្រះសទ្ធម្ម ដូចត្រីក្នុងទីមានទឹកតិច។ បុគ្គលដែលមិនមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងមិនលូតលាស់ក្នុងព្រះសទ្ធម្ម ដូចពូជស្អុយ (ដែលមិនលូតលាស់) ក្នុងស្រែ។ បុគ្គលដែលមិនមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី រមែងឆ្ងាយអំពីព្រះនិព្វាន ក្នុងសាសនានៃព្រះពុទ្ធជាស្តេចហេតុធម៌។ បុគ្គលដែលមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី រមែងមិនសាបសូន្យចាកព្រះសទ្ធម្ម ដូចត្រីនៅក្នុងទីមានទឹកច្រើន។ បុគ្គលដែលមានសេចក្តីគោរព ក្នុងពួកសព្រហ្មចារី ទើបដុះដាលក្នុងព្រះសទ្ធម្ម ដូចពូជដ៏ល្អ (លូតលាស់) ក្នុងស្រែ។ បុគ្គលដែលមានសេចក្តីគោរពក្នុងពួកសព្រហ្មចារី រមែងឋិតនៅក្នុងទីជិតព្រះនិព្វាន ក្នុងសាសនានៃព្រះពុទ្ធជាស្តេចហេតុធម៌។

មហានាគត្ថេរ។

កុល្លត្ថេរគាថា

(៤. កុល្លត្ថេរគាថា)

[២១៤] កុល្លភិក្ខុ ទៅកាន់ព្រៃខ្មោច បានឃើញខ្មោចស្រីដែលគេចោលបោះបង់ក្នុងព្រៃស្មសាន មានដង្កូវកំពុងតែប្រជែងគ្នាស៊ីដេរដាស។

(ព្រះសាស្តាត្រាស់ថា) ម្នាលកុល្លៈ អ្នកចូរមើលសរីរៈដែលក្តៅរោលរាលមិនស្អាត មានក្លិនស្អុយ មានវត្ថុមិនស្អាត ដែលហូរឡើង ហូរចុះ ជាសរីរៈដែលពួកមនុស្សពាល តែងត្រេកអរក្រៃពេក។

(ព្រះកុល្លត្ថេរពោលថា) ខ្ញុំកាន់កពា្ចក់ គឺធម៌ ឆ្លុះមើលកាយនេះ ជារបស់អសារឥតការទាំងខាងក្នុងខាងក្រៅ ព្រោះបានសម្រចដោយញាណទស្សនៈ។ សរីរៈនៃខ្ញុំនេះយ៉ាងណា សរីរៈនៃស្រីនុ៎ះយ៉ាងនោះដែរ សរីរៈស្រីនុ៎ះយ៉ាងណា សរីរៈនៃខ្ញុំនេះ ក៏យ៉ាងនោះដែរ សភាវៈខាងក្រោមយ៉ាងណា សភាវៈខាងលើយ៉ាងនោះ សភាវៈខាងលើយ៉ាងណា សភាវៈខាងក្រោមយ៉ាងនោះដែរ។ វេលាថ្ងៃយ៉ាងណា វេលាយប់យ៉ាងនោះដែរ វេលាយប់យ៉ាងណា វេលាថ្ងៃយ៉ាងនោះដែរ ខាងមុខយ៉ាងណា ខាងក្រោយយ៉ាងនោះដែរ ខាងក្រោយយ៉ាងណា ខាងមុខយ៉ាងនោះដែរ។ សេចក្តីត្រេកអរដោយតុរិយតន្រ្តីប្រកបដោយអង្គ ៥ បា្រកដដូច្នោះ ក៏មិនដូចសេចក្តីត្រេកអររបស់អ្នកមានចិត្តមូលតែមួយ ឃើញច្បាស់នូវធម៌ដោយប្រពៃទេ។

កុល្លត្ថេរ។

មាលុង្ឃបុត្តត្ថេរគាថា

(៥. មាលុក្យបុត្តត្ថេរគាថា)

[២១៥] តណ្ហាតែងចំរើនដល់មនុស្ស អ្នកប្រព្រឹត្តប្រមាទជាប្រក្រតី ដូចពួជ្រៃ បុគ្គលនោះ តែងស្ទុះទៅកាន់ភពតូចភពធំ ដូចស្វាកាលប្រាថ្នាផ្លែឈើ ស្ទុះទៅក្នុងព្រៃដូច្នោះ។ តណ្ហានុ៎ះ ជាទោសជាតិដ៏លាមក ផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗ ក្នុងលោក គ្របសង្កត់បុគ្គលណា សេចក្តីសោក តែងចំរើនដល់បុគ្គលនោះ ដូចស្បូវរណ្តាសដែលត្រូវភ្លៀងធ្លាក់ចុះជញ្ជ្រំហើយ តែងចំរើនឡើងដូច្នោះ។ ចំណែកជនណា គ្របសង្កត់តណ្ហាដ៏លាមកក្នុងលោក ដែលឆ្លងដោយកម្រនុ៎ះបាន សេចក្តីសោក តែងធ្លាក់ចេញចាកជននោះឯង ដូចដំណក់ទឹក ធ្លាក់ចុះចាកស្លឹកឈូក។ ហេតុនោះ បានជាតថាគតប្រាប់ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ មានប៉ុន្មានរូប ដែលមកប្រជុំក្នុងទីនេះ សេចក្តីចំរើន ចូរមានដល់អ្នកទាំងឡាយទាំងប៉ុណ្ណោះរូបចុះ អ្នកទាំងឡាយ ចូររំលើងឫសនៃតណ្ហាចោលចេញ ដូចបុគ្គលដែលត្រូវការដោយស្បូវភ្លាំង ជីកស្បូវរណា្តសចោលចេញ មារកុំរុករានអ្នកទាំងឡាយរឿយ ៗ ដូចខ្សែទឹកកាច់បំបាក់ដើមបបុសដូច្នោះឡើយ។ អ្នកទាំងឡាយ ចូរធ្វើតាមនូវពុទ្ធវចនៈ កុំឲ្យខណៈកន្លងនូវអ្នកទាំងឡាយបាន ព្រោះថា បុគ្គលទាំងឡាយ ដែលខណៈកន្លងហើយ តែងសោកសៅពេញបន្ទុកក្នុងនរក។ សេចក្តីប្រមាទទុកជាធូលី ធូលីកើតឡើង ព្រោះសេចក្តីប្រមាទ (ព្រោះហេតុនោះ) បុគ្គលគួរតែដកនូវសរ គឺសេចក្តីប្រមាទរបស់ខ្លួនចេញ ដោយសេចក្តីមិនប្រមាទដោយវិជ្ជា។

មាលុង្ឃបុត្តត្ថេរ។

សប្បទាសត្ថេរគាថា

(៦. សប្បទាសត្ថេរគាថា)

[២១៦] ចាប់ដើមតំាងពីខ្ញុំបួសមក ២៥ ឆ្នំា មិនដែលបានសេចក្តីស្ងប់ចិត្តអស់កាលសូម្បីត្រឹមតែ ១ ផ្ទាត់ម្រាមដៃសោះ។ ខ្ញុំត្រូវកាមរាគគ្របសង្កត់ មិនបាននូវឯកគ្គតាចិត្ត ផ្គងដៃកន្ទក់កន្ទេញ ហើយចេញពីលំនៅទៅ។ អាត្មាអញ (នឹងទម្លាក់ខ្លួនអំពីដើមឈើ) ឬនឹងយកកាំបិតមក (ចាក់សម្លាប់) ប្រយោជន៍អ្វី ដោយការរស់នៅរបស់អញ មនុស្សប្រហែលយ៉ាងអញ មិនសមបើធ្វើមរណកាលដោយការលាសិក្ខាទេ។ គ្រានោះ ខ្ញុំយកកំាបិតកោរ ចូលទៅអង្គុយលើគ្រែ ផ្ទាប់កាំបិតកោរ (ត្រង់បំពង់ក) ដើម្បីអារសរសៃបំពង់ក របស់ខ្លួន។ លំដាប់នោះ ខ្ញុំមានការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ទោសកើតឡើងប្រាកដ សេចក្តីនឿយណាយ ក៏តំាងឡើងព្រម។ តពីនោះមក ចិត្តខ្ញុំក៏ផុតស្រឡះ អ្នកចូរឃើញធម៌ជាធម៌ល្អ វិជ្ជា ៣ អាត្មាអញបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ អាត្មាអញបានធ្វើស្រេចហើយ។

សប្បទាសត្ថេរ។

កាតិយានត្ថេរគាថា

(៧.កាតិយានត្ថេរគាថា)

[២១៧] (ព្រះសាស្តា ត្រាស់ថា) ម្នាលកាតិយាន ចូរអ្នកក្រោកអង្គុយឡើង កុំដេកច្រើនពេក ចូរភ្ញាក់រលឹកឡើង មច្ចុរាជជាមារ ចូរកុំឈ្នះអ្នកជាបុគ្គលខ្ជិលច្រអូស ដូចជានាយនេសាទ ប្រហារសត្វដោយញញួរ។ ជាតិ និងជរា តែងប្រព្រឹត្តកន្លងអ្នក ដូចជាកំឡាំងមហាសមុទ្រ អ្នកនោះ ចូរធ្វើនូវទីពឹងដ៏ល្អដល់ខ្លួន ព្រោះថា គ្រឿងការពារដទៃរបស់អ្នកក្នុងលោកនេះ មិនមានទេ។ ដ្បិតព្រះសាស្តា ទ្រង់ចង្អុលប្រាប់អរិយមគ្គនុ៎ះ ថាជាផ្លូវកន្លងចាកគ្រឿងជាប់ ចាកភ័យ គឺជាតិ និងជរា ចូរអ្នកកុំប្រមាទអស់រាត្រីខាងដើម និងខាងចុង ចូរប្រឹងធ្វើព្យាយាមឲ្យមាំមួន។ ខ្លួនអ្នកជាអ្នកទ្រទ្រង់សង្ឃាដិ កោរសក់ដោយកំាំបិតកោរ និងបរិភោគភិក្ខាហារ ចូរលះបង់កាមគុណ ដែលជាចំណងក្នុងកាលមុនចេញ ម្នាលកាតិយាន អ្នកកុំប្រកបការត្រេកអរក្នុងល្បែងផង កុំប្រកបការលក់ផង ចូរចំរើនឈាន។ ម្នាលកាតិយាន អ្នកចូរដុត ចូរឈ្នះ (នូវកិលេស) អ្នកជាមនុស្សឈ្លាសវៃ ក្នុងផ្លូវជាទីក្សេមចាកយោគៈ នឹងដល់នូវព្រះនិព្វានដ៏បរិសុទ្ធក្រៃលែង ហើយរលត់ដូចជាគំនរភ្លើងដែលរលត់ដោយទឹក។ ម្នាលឥន្ទសគោត្រ កាលបើអ្នកមិនប្រកាន់យ៉ាងនេះ ចូរកំចាត់បង់មារឲ្យអស់ចេញ ដូចប្រទីបដែលមានពន្លឺតិច ឬដូចវល្លិ៍តូច ដែលខ្យល់កំចាត់បង់បានដូច្នោះ។ អ្នកនោះប្រាសចាកតម្រេកក្នុងវេទនាទាំងឡាយ ដែលខ្លួនទទួលហើយ មានសេចក្ដីត្រជាក់ ចូររង់ចាំនិព្វានកាល ក្នុងទីនេះចុះ។

កាតិយានត្ថេរ។

មិគជាលត្ថេរគាថា

(៨. មិគជាលត្ថេរគាថា)

[២១៨] មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ មានចក្ខុ ទ្រង់សំដែងហើយដោយប្រពៃ ជាធម៌កន្លងចាកសំយោជនៈទាំងអស់ ញុំាងវដ្តៈទាំងអស់ឲ្យវិនាសនាំសត្វចេញចាកវដ្តៈ ញុំាងសត្វឲ្យឆ្លងចាកឱឃៈ ញុំាងឫសគល់នៃទុក្ខ គឺតណ្ហាឲ្យរីងស្ងួត ទំលាយនូវតណ្ហា មានឫសជាពិស ជាគ្រឿងបៀតបៀន ញុំាងសត្វអោយដល់នូវទីរំលត់ទុក្ខ ជាគ្រឿងកំចាត់បង់នូវយន្ត គឺអត្តភាពដែលកើតអំពីកម្ម ព្រោះទំលាយនូវឫសគល់នៃអវិជ្ជាបាន ជាទីធ្លាក់ចុះនៃញាណដ៏មុត ដូចកែវវជីរ ក្នុងកិរិយាកំណត់នូវវិញ្ញាណ ញុំាងសត្វឲ្យដឹងនូវវេទនាទាំងឡាយ ដោះសត្វអោយរួចចេញចាកឧបាទាន ជាគ្រឿងឃើញភពដូចជារណ្តៅរងើកភ្លើង ដោយបញ្ញាញាណ ជាធម៌មានរសដ៏ប្រសើរ ជាធម៌ជ្រៅ ជាធម៌ហាមឃាត់នូវជរា និងមច្ចុ ជាធម៌រម្ងាប់បង់នូវកងទុក្ខ ជាធម៌ដ៏ក្សេម ជាទីឃើញនូវពន្លឺតាមពិត ព្រោះដឹងនូវកម្ម ថាជាកម្ម នូវផលថាជាផលនៃធម៌ទាំងឡាយ អាស្រ័យបច្ច័យកើត ត ៗ គ្នា រមែងជាធម៌ដល់នូវទីដ៏ក្សេមប្រសើរ ជាធម៌ស្ងប់ចាកកិលេស ជាធម៌ចំរើនក្នុងទីបំផុត។

មិគជាលត្ថេរ។

ជេន្តបុរោហិតបុត្តត្ថេរគាថា

(៩. បុរោហិតបុត្តជេន្តត្ថេរគាថា)

[២១៩] ខ្ញុំស្រវឹងដោយសេចក្ដីស្រវឹងព្រោះជាតិផង ដោយភោគៈ និងឥស្សរិយយសផង ដោយសណ្ឋានវណ្ណៈ និងរូប (ល្អ) ផង ខ្ញុំជាបុគ្គលប្រព្រឹត្តស្រវឹងជ្រប់ហើយ។ ខ្ញុំត្រូវអតិមានះកំចាត់បង់ហើយ ជាមនុស្សពាល ជាអ្នករឹងរូស មានមានះដូចជាទង់ជ័យ ដែលគេលើកឡើងហើយ មិនបានសំគាល់អ្នកណាមួយ ថាជាបុគ្គលស្មើនឹងខ្លួនផង ថាជាបុគ្គលក្រៃលែងជាងខ្លួនផង។ ខ្ញុំជាអ្នកមានមានះរឹងរូស មិនអើពើ មិនក្រាបសំពះអ្នកណាមួយ ទោះជាមាតាក្ដី បិតាក្ដី ឬអ្នកដទៃដែលសន្មតថាគួរគោរព។ ខ្ញុំបានឃើញព្រះសាស្ដា ជាអ្នកទូន្មានសត្វប្រសើរខ្ពង់ខ្ពស់ជាងនាយសារថីទាំងឡាយ ព្រះអង្គរុងរឿងដូចព្រះអាទិត្យ មានភិក្ខុសង្ឃចោមរោម ក៏មានចិត្តជ្រះថ្លា បានលះមានះ និងសេចក្ដីស្រវឹងចេញអស់ហើយ ទើបថ្វាយបង្គំព្រះសាស្ដា ព្រះអង្គខ្ពង់ខ្ពស់ជាងសព្វសត្វដោយត្បូង។ ខ្ញុំបានលះបង់ គាស់រំលើងនូវសេចក្ដីប្រកាន់ថា វិសេសជាងគេផង នូវសេចក្ដីប្រកាន់ថា ថោកទាបជាងគេផង បានផ្ដាច់ផ្ដិលអស្មិមានះចោលអស់ហើយ ទាំងមានះផ្សេង ៗ ទាំងអស់ ខ្ញុំក៏បានកំចាត់បង់ស្រឡះហើយ។

ជេន្តបុរោហិតបុត្តត្ថេរ។

សុមនត្ថេរគាថា

(១០. សុមនត្ថេរគាថា)

[២២០] ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ទើបនឹងបួសថ្មី ៗ បានសង្កត់សង្កិននាគរាជមានឫទ្ធិច្រើន ដោយឫទ្ធិ ហើយដងយកទឹកពីស្រះធំ ឈ្មោះអនោតត្ត មកប្រគេនព្រះឧបជ្ឈាយ៍ក្នុងគ្រាណា គ្រានោះ ព្រះសាស្ដាទ្រង់ទតឃើញខ្ញុំហើយ បានត្រាស់ព្រះពុទ្ធដីកានេះថា ម្នាលសារីបុត្ត អ្នកចូរមើលកុមារតូចនេះ កំពុងនាំយកនូវក្អមទឹកមក មានចិត្តតាំងខ្ជាប់ខ្ជួនខាងក្នុង។ សាមណេររបស់ព្រះអនុរុទ្ធ មានវត្តគួរជ្រះថ្លា មានឥរិយាបថបរិបូណ៌ និងជាអ្នកក្លៀវក្លាដោយឫទ្ធិ ជាបុរសអាជានេយ្យ ដែលព្រះអនុរុទ្ធ ជាបុរសអាជានេយ្យ ជាសប្បុរស ឲ្យធ្វើតែអំពើល្អ ណែនាំតែខាងផ្លូវល្អ មានកិច្ចធ្វើរួចហើយ មានសិក្ខាឲ្យសិក្សាហើយ សុមនសាមណេរនោះ បានដល់នូវព្រះនិព្វាន ជាទីស្ងប់រម្ងាប់ក្រៃលែង បានធ្វើឲ្យជាក់ច្បាស់នូវអរហត្តផល ជាធម៌មិនកម្រើក ប្រាថ្នាថា សូមកុំឲ្យជនណាមួយស្គាល់អញឡើយ។

សុមនត្ថេរ។

សុមនត្ថេរគាថា

(១១. ន្ហាតកមុនិត្ថេរគាថា)

[២២១] (ព្រះសាស្ដាត្រាស់សួរថា) ម្នាលភិក្ខុ អ្នកត្រូវរោគខ្យល់គ្របសង្កត់ហើយ កាលនៅក្នុងព្រៃធំ មានគោចរលះបង់ហើយ ជាព្រៃសៅហ្មង នឹងធ្វើដូចម្ដេចកើត។

(ព្រះន្ហាតកមុនិត្ថេរទូលថា) ខ្ញុំព្រះអង្គមានបីតិ និងសុខៈបរិបូណ៌ផ្សាយទៅកាន់រាងកាយ ហើយអត់សង្កត់នូវអារម្មណ៍ដ៏សៅហ្មង ទាំងនៅក្នុងព្រៃធំ។ ខ្ញុំព្រះអង្គចំរើនពោជ្ឈង្គ ៧ ផង ឥន្ទ្រិយផង ពលៈផង បរិបូណ៌ដោយឈានដ៏សុខុម ជាអ្នកមិនមានអាសវៈ។ ខ្ញុំព្រះអង្គបានពិចារណាឃើញចិត្តដ៏ស្អាត ផុតស្រឡះចាកកិលេស ជាចិត្តមិនល្អក់រឿយៗ ជាអ្នកមិនមានអាសវៈ។ អាសវៈទាំងឡាយណា ខាងក្នុងក្ដី ខាងក្រៅក្ដី ចាក់ដោតហើយដល់ខ្ញុំព្រះអង្គ អាសវៈទាំងអស់នោះ ខ្ញុំព្រះអង្គបានផ្ដាច់ផ្ដិលមិនឲ្យសេសសល់ មិនកើតទៅទៀតបានទេ។ បញ្ចក្ខន្ធ ខ្ញុំព្រះអង្គកំណត់ដឹងហើយ ខ្ញុំព្រះអង្គកាត់ឫសគល់ដាច់ហើយ ខ្ញុំព្រះអង្គបានដល់នូវការអស់ទុក្ខហើយ ឥឡូវនេះ ភពថ្មី មិនមានទៀតទេ។

ន្ហាតកមុនិត្ថេរ។

ព្រហ្មទត្តត្ថេរគាថា

(១២. ព្រហ្មទត្តត្ថេរគាថា)

[២២២] បុគ្គលមិនមានសេចក្ដីក្រោធ បានទូន្មានចិត្ត ចិញ្ចឹមជីវិតស្មើ (ត្រូវ) មានចិត្តរួចចាកអាសវៈ ព្រោះដឹងដោយប្រពៃ មានចិត្តស្ងប់ចាកកិលេល មិនញាប់ញ័រ ដោយលោកធម៌ នឹងមានសេចក្ដីក្រោធពីណា។ បុគ្គលណាខឹងតបចំពោះបុគ្គលដែលខឹង បុគ្គលនោះ នឹងមានសេចក្ដីអាក្រក់ ព្រោះតែការខឹងតបនោះ បុគ្គលមិនខឹងតបនឹងបុគ្គលដែលខឹង ឈ្មោះថា ឈ្នះសង្រ្គាមដែលគេឈ្នះបានដោយក្រ។

បុគ្គលណាដឹងថា បុគ្គលដទៃខឹងហើយ មានស្មារតីខំអត់សង្កត់ បុគ្គលនោះ ឈ្មោះថាប្រព្រឹត្តនូវប្រយោជន៍ ដើម្បីជនទាំងពីរ គឺដើម្បីខ្លួន ១ ដើម្បីអ្នកដទៃ ១។ ពួកជនមិនឈ្លាសក្នុងធម៌ រមែងសំគាល់ជនទាំងពីរ គឺខ្លួន ១ អ្នកដទៃ ១ ដែលជាអ្នកព្យាបាលព្យាធិ គឺក្រោធបាន ថាជាមនុស្សពាល។ បើសេចក្ដីក្រោធកើតឡើងដល់អ្នក ចូរអ្នកពិចារណានូវឱវាទ ដែលឧបមាដោយរណារ បើចំណង់ក្នុងរសកើតឡើងដល់អ្នក ចូរអ្នករលឹកនូវឱវាទ ដែលឧបមាដោយការបរិភោគសាច់កូន។ បើចិត្តរបស់អ្នកស្ទុះទៅក្នុងកាមទាំងឡាយក្ដី ក្នុងភពទាំងឡាយក្ដី ចូរអ្នកប្រញាប់សង្កត់សង្កិនចិត្តនោះដោយសតិ ដូចជាបុរសសង្កត់សង្កិនគោកាចដែលស៊ីសំណាប។

ព្រហ្មទត្តត្ថេរ។

សិរិមណ្ឌត្ថេរគាថា

(១៣. សិរិមណ្ឌត្ថេរគាថា)

[២២៣] ភ្លៀង គឺអាបត្តិ តែងធ្លាក់ស្រោចនូវបុគ្គលអ្នកបិទបាំងអាបត្តិទុក មិនធ្លាក់ស្រោចនូវបុគ្គលអ្នកបើកអាបត្តិ ព្រោះហេតុនោះ បុគ្គលត្រូវបើកអាបត្តិ ដែលខ្លួនបិទបាំងហើយ កាលបើធ្វើយ៉ាងនេះ ទើបភ្លៀង គឺអាបត្តិ មិនធ្លាក់ស្រោចនូវបុគ្គលនោះ។ សត្វលោកត្រូវមច្ចុកំចាត់បង់ហើយ ត្រូវជរាចោមរោមហើយ ត្រូវសរ គឺតណ្ហាមុតហើយ ត្រូវឥច្ឆា ឲ្យក្ដៅក្រហាយហើយសព្វកាល។ សត្វលោកត្រូវមច្ចុកំចាត់បង់ហើយ ត្រូវជរាបិទបាំងហើយ ជាសត្វឥតមានទីពឹង តែងលំបាកជានិច្ច ដូចជាមនុស្សអ្នកធ្វើកំហុសនោះដែលមានអាជ្ញាសំរេចហើយ។ មច្ចុ ព្យាធិ និងជរា ទាំង ៣ នេះ ដូចជាគំនរភ្លើងកំពុងរាលមក កំឡាំងដើម្បីទប់ទល់មិនមាន សន្ទុះសម្រាប់រត់ចេញ ក៏មិនមាន។ បុគ្គលគប្បីធ្វើថ្ងៃ កុំឲ្យឥតអំពើ ដោយកិច្ចតិចក្ដី ច្រើនក្ដី រាត្រីរមែងអស់ទៅយ៉ាងណា ៗ ជីវិតរបស់បុគ្គលនោះ រមែងថយទៅយ៉ាងនោះ ៗ ដែរ។ រាត្រីខាងក្រោយរបស់បុគ្គលអ្នកដើរក្ដី ឈរក្ដី អង្គុយក្ដី ដេកក្ដី រមែងកង្ខើញចូលមកជិត កាលនេះ មិនមែនជាកាលគួរអ្នកប្រមាទទេ។

សិរិមណ្ឌត្ថេរ។

សិរិមណ្ឌត្ថេរគាថា

(១៤. សព្វកាមិត្ថេរគាថា)

[២២៤] កាយមានជើងពីរនេះ មិនស្អាត មានក្លិនស្អុយ ពេញដោយសាកសពផ្សេង ៗ បង្ហូរ (នូវវត្ថុមិនស្អាត) ចេញតាមទ្វារនោះ ៗ ដែលមនុស្សខំរក្សាថែទាំ (ជានិច្ច)។ រូប សំឡេង ក្លិន រស និងផោដ្ឋព្វៈ ជាទីត្រេកអរនៃចិត្ត តែងបៀតបៀនបុថុជ្ជន ដូចអ្នកនេសាទធ្វើវត្ថុឲ្យកំបាំងហើយ (ចាប់) ម្រឹគដោយគ្រឿងចង26) (ចាប់) ត្រីដោយសន្ទូច (ចាប់) ស្វាដោយជ័រ កាមគុណទាំង ៥ នេះឯង តែងប្រាកដក្នុងរូបនៃស្រី។ ពួកបុថុជ្ជនណា មានចិត្តត្រេកអរ ហើយចូលទៅគប់រកស្រីទាំងនុ៎ះ ពួកបុថុជ្ជននោះ ឈ្មោះថា ធ្វើសង្សារវដ្ដ ដែលមានទុក្ខដ៏ពន្លឹក ឲ្យចំរើនឡើង ទាំងឈ្មោះថា សន្សំនូវភពថ្មី។ មួយទៀត បុគ្គលណា វៀរចេញចាកស្រីទាំងនុ៎ះបាន ដូចគេជៀសវាងក្បាលពស់ដោយជើង បុគ្គលនោះ ឈ្មោះថា ជាអ្នកមានស្មារតី ប្រព្រឹត្តកន្លងនូវតណ្ហាជាគ្រឿងផ្សាយទៅក្នុងលោកនេះបាន។ ខ្ញុំឃើញទោសក្នុងកាមទាំងឡាយ ឃើញការចាកចេញកាម ដោយក្សេមក្សាន្ដ រលាស់ចេញចាកកាមទាំងអស់ បានដល់នូវការអស់អាសវៈហើយ។

សព្វកាមត្ថេរ។

ឧទ្ទាន

និយាយអំពីឧរុវេលកស្សបត្ថេរ ១ តិកិច្ឆកានិត្ថេរ ១ មហានាគត្ថេរ ១ កុល្លត្ថេរ ១ មាលុង្ក្យបុត្តត្ថេរ ១ សប្បទាសត្ថេរ ១ កាតិយានត្ថេរ ១ មិគជាលត្ថេរ ១ ជេន្តបុរោហិតបុត្តត្ថេរ ១ សុមនត្ថេរ ១ ន្ហាតកមុនិត្ថេរ ១ ព្រហ្មទត្តត្ថេរ ១ សិរិមណ្ឌលត្ថេរ ១ សព្វកាមត្ថេរ ១ ក្នុងឆក្កនិបាតនេះ ព្រះថេរៈ ១៤ អង្គ (បានពោល) គាថា ៨៤។

ចប់ ឆក្កនិបាត។

ចប់ ភាគ៥៦។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
ខុទ្ទកនិកាយ បញ្ចមភាគ sut.kn
បេតវត្ថុ sut.kn.pev
ឧរគវគ្គ ទី១ sut.kn.pev.1
រឿងខេត្ថូបមាប្រេត ទី១ sut.kn.pev.1.01
រឿងសូករប្រេត ទី២ sut.kn.pev.1.02
រឿងបូតិមុខប្រេត ទី៣ sut.kn.pev.1.03
រឿងបិដ្ឋធីតលិកប្រេត ទី៤ sut.kn.pev.1.04
រឿងតិរោកុឌ្ឌប្រេត ទី៥ sut.kn.pev.1.05
រឿងបញ្ចបុត្តខាទិកប្រេត ទី៦ sut.kn.pev.1.06
រឿងសត្តបុត្តខាទិកប្រេត ទី៧ sut.kn.pev.1.07
រឿងគោណប្រេត ទី៨ ១០ sut.kn.pev.1.08
រឿងមហាបេសការប្រេត ទី៩ ១១ sut.kn.pev.1.09
រឿងខល្លាតប្រេត ទី១០ ១២ sut.kn.pev.1.10
រឿងនាគប្រេត ទី១១ ១៤ sut.kn.pev.1.11
រឿងឧរគប្រេត ទី១២ ១៨ sut.kn.pev.1.12
ឧព្វរីវគ្គ ទី២ ២១ sut.kn.pev.2
រឿងសំសារមោចកប្រេត ទី១ ២១ sut.kn.pev.2.01
រឿងប្រេតជាមាតានៃព្រះសារីបុត្ត ទី២ ២៥ sut.kn.pev.2.02
រឿងនាងមត្តាប្រេត ទី៣ ២៧ sut.kn.pev.2.03
រឿងនន្ទាប្រេត ទី៤ ៣៣ sut.kn.pev.2.04
រឿងមដ្ឋកុណ្ឌលិប្រេត ទី៥ ៣៦ sut.kn.pev.2.05
រឿងកណ្ហប្រេត ទី៦ ៣៦ sut.kn.pev.2.06
រឿងធនបាលប្រេត ទី៧ ៣៦ sut.kn.pev.2.07
រឿងចូឡសេដ្ឋិប្រេត ទី៨ ៤២ sut.kn.pev.2.08
រឿងអង្កុរប្រេត ទី៩ ៤៥ sut.kn.pev.2.09
រឿងឧត្តរមាតុប្រេត ទី១០ ៥៦ sut.kn.pev.2.10
រឿងសុត្តប្រេត ទី១១ ៥៧ sut.kn.pev.2.12
រឿងកណ្ណមុណ្ឌប្រេត ទី១២ ៥៩ sut.kn.pev.2.12
រឿងឧព្វរីប្រេត ទី១៣ ៦២ sut.kn.pev.2.13
ចូឡវគ្គ ទី៣ ៦៦ sut.kn.pev.3
រឿងអភិជ្ជមានប្រេត ទី១ ៦៦ sut.kn.pev.3.01
រឿងសានុវាសីប្រេត ទី២ ៦៩ sut.kn.pev.3.02
រឿងរថការីប្រេត ទី៣ ៧៤ sut.kn.pev.3.03
រឿងភុសប្រេត ទី៤ ៧៦ sut.kn.pev.3.04
រឿងកុមារប្រេត ទី៥ ៧៨ sut.kn.pev.3.05
រឿងសេរិនីប្រេត ទី៦ ៨០ sut.kn.pev.3.06
រឿងមិគលុទ្ធប្រេត ទី៧ ៨៣ sut.kn.pev.3.07
រឿងទុតិយមិគលុទ្ធប្រេត ទី៨ ៨៥ sut.kn.pev.3.08
រឿងកូដវិនិច្ឆយប្រេត ទី៩ ៨៦ sut.kn.pev.3.09
រឿងធាតុវិវណ្ណប្រេត ទី១០ ៨៨ sut.kn.pev.3.10
មហាវគ្គ ទី៤ ៩០ sut.kn.pev.4
រឿងអម្ពសក្ខរប្រេត ទី១ ៩០ sut.kn.pev.4.01
រឿងសេរិស្សកប្រេត ទី២ ១១១ sut.kn.pev.4.02
រឿងនន្ទិកាប្រេត ទី៣ ១១១ sut.kn.pev.4.03
រឿងរេវតីប្រេត ទី៤ ១១៩ sut.kn.pev.4.04
រឿងឧច្ឆុប្រេត ទី៥ ១១៩ sut.kn.pev.4.05
រឿងកុមារប្រេត ទី៦ ១២២ sut.kn.pev.4.06
រឿងរាជបុត្តប្រេត ទី៧ ១២៣ sut.kn.pev.4.07
រឿងគូថខាទកប្រេត ទី៨ ១២៥ sut.kn.pev.4.08
រឿងគូថខាទកប្រេត ទី៩ ១២៦ sut.kn.pev.4.09
រឿងគណប្រេត ទី១០ ១២៧ sut.kn.pev.4.10
រឿងបាដលិបុត្តប្រេត ទី១១ ១២៩ sut.kn.pev.4.11
រឿងអម្ពវនប្រេត ទី១២ ១៣០ sut.kn.pev.4.12
រឿងអក្ខរុក្ខប្រេត ទី១៣ ១៣១ sut.kn.pev.4.13
រឿងភោគសំហរប្រេត ទី១៤ ១៣២ sut.kn.pev.4.14
រឿងសេដ្ឋិបុត្តប្រេត ទី១៥ ១៣២ sut.kn.pev.4.15
រឿងសដ្ឋីកូដសហស្សប្រេត ទី១៦ ១៣៣ sut.kn.pev.4.16
ថេរគាថា ១៣៥ sut.kn.tha
ឯកនិបាត ១៣៥ sut.kn.tha.01
វគ្គ ទី១ ១៣៥ sut.kn.tha.01.v01
គាថា ព្រះសុភូតិត្ថេរ ១៣៥ sut.kn.tha.01.001
គាថា ព្រះមហាកោដ្ឋិតត្ថេរ ១៣៦ sut.kn.tha.01.002
គាថា ព្រះកង្ខារេវតត្ថេរ ១៣៦ sut.kn.tha.01.003
គាថា ព្រះមន្តានីបុត្តត្ថេរ ១៣៦ sut.kn.tha.01.004
គាថា ព្រះទព្វត្ថេរ ១៣៦ sut.kn.tha.01.005
គាថា ព្រះសីតវនិយត្ថេរ ១៣៧ sut.kn.tha.01.006
គាថា ព្រះភល្លិយត្ថេរ ១៣៧ sut.kn.tha.01.007
គាថា ព្រះវីរត្ថេរ ១៣៧ sut.kn.tha.01.008
គាថា ព្រះបិលិន្ទវច្ឆត្ថេរ ១៣៨ sut.kn.tha.01.009
គាថា ព្រះបុណ្ណមាសត្ថេរ ១៣៨ sut.kn.tha.01.010
វគ្គ ទី២ ១៣៩ sut.kn.tha.01.v02
គាថា ព្រះចូឡវច្ឆត្ថេរ ១៣៩ sut.kn.tha.01.011
គាថា ព្រះមហាវច្ឆត្ថេរ ១៣៩ sut.kn.tha.01.012
គាថា ព្រះវនវច្ឆត្ថេរ ១៣៩ sut.kn.tha.01.013
គាថា សាមណេរនៃព្រះវនវច្ឆត្ថេរ ១៣៩ sut.kn.tha.01.014
គាថា ព្រះកុណ្ឌធានត្ថេរ ១៤០ sut.kn.tha.01.015
គាថា ព្រះពេលដ្ឋសីសត្ថេរ ១៤០ sut.kn.tha.01.016
គាថា ព្រះទាសកត្ថេរ ១៤០ sut.kn.tha.01.017
គាថា ព្រះសិង្គាលបិតុត្ថេរ ១៤១ sut.kn.tha.01.018
គាថា ព្រះកុលត្ថេរ ១៤១ sut.kn.tha.01.019
គាថា ព្រះអជិតត្ថេរ ១៤១ sut.kn.tha.01.020
វគ្គ ទី៣ ១៤២ sut.kn.tha.01.v03
គាថា ព្រះនិគ្រោធត្ថេរ ១៤២ sut.kn.tha.01.021
គាថា ព្រះចិត្តកត្ថេរ ១៤២ sut.kn.tha.01.022
គាថា ព្រះគោសាលត្ថេរ ១៤២ sut.kn.tha.01.023
គាថា ព្រះសុគន្ធត្ថេរ ១៤២ sut.kn.tha.01.024
គាថា ព្រះនន្ទិយត្ថេរ ១៤៣ sut.kn.tha.01.025
គាថា ព្រះអភយត្ថេរ ១៤៣ sut.kn.tha.01.026
គាថា ព្រះលោមសកង្គិយត្ថេរ ១៤៣ sut.kn.tha.01.027
គាថា ព្រះជម្ពុគាមិកបុត្តត្ថេរ ១៤៣ sut.kn.tha.01.028
គាថា ព្រះហារិតត្ថេរ ១៤៤ sut.kn.tha.01.029
គាថា ព្រះខត្តិយត្ថេរ ១៤៤ sut.kn.tha.01.030
វគ្គ ទី៤ ១៤៥ sut.kn.tha.01.v04
គាថា ព្រះគហុរតីរិយត្ថេរ ១៤៥ sut.kn.tha.01.031
គាថា ព្រះសុប្បិយត្ថេរ ១៤៥ sut.kn.tha.01.032
គាថា ព្រះសោបាកត្ថេរ ១៤៥ sut.kn.tha.01.033
គាថា ព្រះបោសិយត្ថេរ ១៤៥ sut.kn.tha.01.034
គាថា ព្រះសាមញ្ញកាមិត្ថេរ ១៤៦ sut.kn.tha.01.035
គាថា ព្រះកុមាបុត្តត្ថេរ ១៤៦ sut.kn.tha.01.036
គាថា ព្រះថេរៈជាសំឡាញ់នៃព្រះកុមាបុត្តត្ថេរ ១៤៦ sut.kn.tha.01.037
គាថា ព្រះគវម្បតិត្ថេរ ១៤៧ sut.kn.tha.01.038
គាថា ព្រះតិស្សត្ថេរ ១៤៧ sut.kn.tha.01.039
គាថា ព្រះវឌ្ឍមានត្ថេរ ១៤៧ sut.kn.tha.01.040
វគ្គ ទី៥ ១៤៩ sut.kn.tha.01.v05
គាថា ព្រះសិរីវឌ្ឍត្ថេរ ១៤៩ sut.kn.tha.01.041
គាថា ព្រះខទិរវនិយត្ថេរ ១៤៩ sut.kn.tha.01.042
គាថា ព្រះសុមង្គលត្ថេរ ១៤៩ sut.kn.tha.01.043
គាថា ព្រះសានុត្ថេរ ១៥០ sut.kn.tha.01.044
គាថា ព្រះរមណីយវិហារិត្ថេរ ១៥០ sut.kn.tha.01.045
គាថា ព្រះសមិទ្ធិត្ថេរ ១៥០ sut.kn.tha.01.046
គាថា ព្រះឧជ្ជយត្ថេរ ១៥១ sut.kn.tha.01.047
គាថា ព្រះសញ្ជយត្ថេរ ១៥១ sut.kn.tha.01.048
គាថា ព្រះរាមណេយ្យកត្ថេរ ១៥១ sut.kn.tha.01.049
គាថា ព្រះវិមលត្ថេរ ១៥១ sut.kn.tha.01.050
វគ្គ ទី៦ ១៥៣ sut.kn.tha.01.v06
គាថា ព្រះគោធិកត្ថេរ ១៥៣ sut.kn.tha.01.051
គាថា ព្រះសុពាហុត្ថេរ ១៥៣ sut.kn.tha.01.052
គាថា ព្រះវល្លិយត្ថេរ ១៥៣ sut.kn.tha.01.053
គាថា ព្រះឧត្តិយត្ថេរ ១៥៤ sut.kn.tha.01.054
គាថា ព្រះអញ្ជនាវនីយត្ថេរ ១៥៤ sut.kn.tha.01.055
គាថា ព្រះកុដិវិហារិត្ថេរ ១៥៤ sut.kn.tha.01.056
គាថា ព្រះកុដិវិហារិត្ថេរ ១៥៤ sut.kn.tha.01.057
(គាថា ព្រះខទិវេនិយត្ថេរ ឃ្លាលើស) ១៥៤ sut.kn.tha.01.057
គាថា ព្រះរមណិយកុដិកត្ថេរ ១៥៥ sut.kn.tha.01.058
គាថា ព្រះកោសល្លវិហារិត្ថេរ ១៥៥ sut.kn.tha.01.059
គាថា ព្រះសីវលិត្ថេរ ១៥៥ sut.kn.tha.01.060
វគ្គ ទី៧ ១៥៦ sut.kn.tha.01.v07
គាថា ព្រះវប្បត្ថេរ ១៥៦ sut.kn.tha.01.061
គាថា ព្រះវជ្ជិបុត្តកត្ថេរ ១៥៦ sut.kn.tha.01.062
គាថា ព្រះបក្កត្ថេរ ១៥៦ sut.kn.tha.01.063
គាថា ព្រះវិមលកោណ្ឌញ្ញត្ថេរ ១៥៦ sut.kn.tha.01.064
គាថា ព្រះឧក្ខេបកដវច្ឆត្ថេរ ១៥៧ sut.kn.tha.01.065
គាថា ព្រះមេឃិយត្ថេរ ១៥៧ sut.kn.tha.01.066
គាថា ព្រះឯកធម្មស្សវនិយត្ថេរ ១៥៧ sut.kn.tha.01.067
គាថា ព្រះឯកុទានិយត្ថេរ ១៥៧ sut.kn.tha.01.068
គាថា ព្រះឆន្នត្ថេរ ១៥៨ sut.kn.tha.01.069
គាថា ព្រះបុណ្ណត្ថេរ ១៥៨ sut.kn.tha.01.070
វគ្គ ទី៨ ១៥៩ sut.kn.tha.01.v08
គាថា ព្រះវច្ឆបាលត្ថេរ ១៥៩ sut.kn.tha.01.071
គាថា ព្រះអាតុមត្ថេរ ១៥៩ sut.kn.tha.01.072
គាថា ព្រះមាណវត្ថេរ ១៥៩ sut.kn.tha.01.073
គាថា ព្រះសុយាមនត្ថេរ ១៦០ sut.kn.tha.01.074
គាថា ព្រះសុសារទត្ថេរ ១៦០ sut.kn.tha.01.075
គាថា ព្រះបិយញ្ជហត្ថេរ ១៦០ sut.kn.tha.01.076
គាថា ព្រះហត្ថារោហបុត្តត្ថេរ ១៦០ sut.kn.tha.01.077
គាថា ព្រះមេណ្ឌសិរត្ថេរ ១៦១ sut.kn.tha.01.078
គាថា ព្រះរក្ខិតត្ថេរ ១៦១ sut.kn.tha.01.079
គាថា ព្រះឧគ្គត្ថេរ ១៦១ sut.kn.tha.01.080
វគ្គ ទី៩ ១៦២ sut.kn.tha.01.v09
គាថា ព្រះសមិតិគុត្តត្ថេរ ១៦២ sut.kn.tha.01.081
គាថា ព្រះកស្សបត្ថេរ ១៦២ sut.kn.tha.01.082
គាថា ព្រះសីហត្ថេរ ១៦២ sut.kn.tha.01.083
គាថា ព្រះនីតត្ថេរ ១៦២ sut.kn.tha.01.084
គាថា ព្រះសុនាគត្ថេរ ១៦៣ sut.kn.tha.01.085
គាថា ព្រះនាគិតត្ថេរ ១៦៣ sut.kn.tha.01.086
គាថា ព្រះបវិដ្ឋត្ថេរ ១៦៣ sut.kn.tha.01.087
គាថា ព្រះអជ្ជុនត្ថេរ ១៦៣ sut.kn.tha.01.088
គាថា ព្រះទេវសភត្ថេរ ១៦៣ sut.kn.tha.01.089
គាថា ព្រះសាមិទត្តត្ថេរ ១៦៤ sut.kn.tha.01.090
វគ្គ ទី១០ ១៦៥ sut.kn.tha.01.v10
គាថា ព្រះបរិបុណ្ណកត្ថេរ ១៦៥ sut.kn.tha.01.091
គាថា ព្រះវិជយត្ថេរ ១៦៥ sut.kn.tha.01.092
គាថា ព្រះឯរកត្ថេរ ១៦៥ sut.kn.tha.01.093
គាថា ព្រះមេត្តជិត្ថេរ ១៦៦ sut.kn.tha.01.094
គាថា ព្រះចក្ខុបាលត្ថេរ ១៦៦ sut.kn.tha.01.095
គាថា ព្រះខណ្ឌសុមនត្ថេរ ១៦៦ sut.kn.tha.01.096
គាថា ព្រះតិស្សត្ថេរ ១៦៦ sut.kn.tha.01.097
គាថា ព្រះអភយត្ថេរ ១៦៧ sut.kn.tha.01.098
គាថា ព្រះឧត្តិយត្ថេរ ១៦៧ sut.kn.tha.01.099
គាថា ព្រះទេវសភត្ថេរ ១៦៧ sut.kn.tha.01.100
វគ្គ ទី១១ ១៦៨ sut.kn.tha.01.v11
គាថា ព្រះពេលដ្ឋកានិត្ថេរ ១៦៨ sut.kn.tha.01.101
គាថា ព្រះសេតុច្ឆត្ថេរ ១៦៨ sut.kn.tha.01.102
គាថា ព្រះពន្ធុរត្ថេរ ១៦៨ sut.kn.tha.01.103
គាថា ព្រះខិតកត្ថេរ ១៦៨ sut.kn.tha.01.104
គាថា ព្រះមសិតវម្ភត្ថេរ ១៦៩ sut.kn.tha.01.105
គាថា ព្រះសុហេមន្តត្ថេរ ១៦៩ sut.kn.tha.01.106
គាថា ព្រះធម្មសំវរត្ថេរ ១៦៩ sut.kn.tha.01.107
គាថា ព្រះធម្មសដបិតុត្ថេរ ១៦៩ sut.kn.tha.01.108
គាថា ព្រះសង្ឃរក្ខិតត្ថេរ ១៦៩ sut.kn.tha.01.109
គាថា ព្រះឧសភត្ថេរ ១៧០ sut.kn.tha.01.110
វគ្គ ទី១២ ១៦៨ sut.kn.tha.01.v12
គាថា ព្រះជេន្តត្ថេរ ១៧១ sut.kn.tha.01.111
គាថា ព្រះវច្ឆគោតត្ថេរ ១៧១ sut.kn.tha.01.112
គាថា ព្រះវនវច្ឆត្ថេរ ១៧១ sut.kn.tha.01.113
គាថា ព្រះអធិមុត្តត្ថេរ ១៧១ sut.kn.tha.01.113
គាថា ព្រះមហានាមត្ថេរ ១៧២ sut.kn.tha.01.114
គាថា ព្រះបារាបរិយត្ថេរ ១៧២ sut.kn.tha.01.115
គាថា ព្រះយសត្ថេរ ១៧២ sut.kn.tha.01.116
គាថា ព្រះកិម្ពិលត្ថេរ ១៧២ sut.kn.tha.01.117
គាថា ព្រះវជ្ជិបុត្តត្ថេរ ១៧៣ sut.kn.tha.01.118
គាថា ព្រះឥសិទត្តត្ថេរ ១៧៣ sut.kn.tha.01.119
ទុកនិបាត ១៧៤ sut.kn.tha.02
វគ្គ ទី១ ១៧៤ sut.kn.tha.02.v01
គាថា ព្រះឧត្តរត្ថេរ ១៧៤ sut.kn.tha.02.01
គាថា ព្រះបិណ្ឌោលភារទ្វាជត្ថេរ ១៧៤ sut.kn.tha.02.02
គាថា ព្រះវល្លិយត្ថេរ ១៧៥ sut.kn.tha.02.03
គាថា ព្រះគង្គាតិរិយត្ថេរ ១៧៥ sut.kn.tha.02.04
គាថា ព្រះអជិនត្ថេរ ១៧៥ sut.kn.tha.02.05
គាថា ព្រះមេឡជិនត្ថេរ ១៧៥ sut.kn.tha.02.06
គាថា ព្រះរាធត្ថេរ ១៧៦ sut.kn.tha.02.07
គាថា ព្រះសុរាធត្ថេរ ១៧៦ sut.kn.tha.02.08
គាថា ព្រះគោតមត្ថេរ ១៧៧ sut.kn.tha.02.09
គាថា ព្រះវសភត្ថេរ ១៧៧ sut.kn.tha.02.10
វគ្គ ទី២ ១៧៨ sut.kn.tha.02.v02
គាថា ព្រះមហាចុន្ទត្ថេរ ១៧៨ sut.kn.tha.02.11
គាថា ព្រះជោតិទាសត្ថេរ ១៧៨ sut.kn.tha.02.12
គាថា ព្រះហេរញ្ញកានិត្ថេរ ១៧៩ sut.kn.tha.02.13
គាថា ព្រះសោមមិត្តត្ថេរ ១៧៩ sut.kn.tha.02.14
គាថា ព្រះសព្វមិត្តត្ថេរ ១៧៩ sut.kn.tha.02.15
គាថា ព្រះមហាកាឡត្ថេរ ១៨០ sut.kn.tha.02.16
គាថា ព្រះតិស្សត្ថេរ ១៨០ sut.kn.tha.02.17
គាថា ព្រះកិម្ពិលត្ថេរ ១៨០ sut.kn.tha.02.18
គាថា ព្រះនន្ទត្ថេរ ១៨១ sut.kn.tha.02.19
គាថា ព្រះសិរិមន្តុត្ថេរ ១៨១ sut.kn.tha.02.20
វគ្គ ទី៣ ១៨២ sut.kn.tha.02.v03
គាថា ព្រះឧត្តរត្ថេរ ១៨២ sut.kn.tha.02.21
គាថា ព្រះភទ្ទជិត្ថេរ ១៨២ sut.kn.tha.02.22
គាថា ព្រះសោភិតត្ថេរ ១៨២ sut.kn.tha.02.23
គាថា ព្រះវល្លិយត្ថេរ ១៨៣ sut.kn.tha.02.24
គាថា ព្រះវីតសោកត្ថេរ ១៨៣ sut.kn.tha.02.25
គាថា ព្រះបុណ្ណមាសត្ថេរ ១៨៣ sut.kn.tha.02.26
គាថា ព្រះនន្ទកត្ថេរ ១៨៤ sut.kn.tha.02.27
គាថា ព្រះភារតត្ថេរ ១៨៤ sut.kn.tha.02.28
គាថា ព្រះភារទ្វាជត្ថេរ ១៨៤ sut.kn.tha.02.29
គាថា ព្រះកណ្ណទិន្នត្ថេរ ១៨៥ sut.kn.tha.02.30
វគ្គ ទី៤ ១៨២ sut.kn.tha.02.v04
គាថា ព្រះមិគសិរត្ថេរ ១៨៦ sut.kn.tha.02.31
គាថា ព្រះសិវកត្ថេរ ១៨៦ sut.kn.tha.02.32
គាថា ព្រះឧបវាណត្ថេរ ១៨៦ sut.kn.tha.02.33
គាថា ព្រះឥសិទិន្នត្ថេរ ១៨៧ sut.kn.tha.02.34
គាថា ព្រះសម្ពុលកច្ចានត្ថេរ ១៨៧ sut.kn.tha.02.35
គាថា ព្រះខិតកត្ថេរ ១៨៨ sut.kn.tha.02.36
គាថា ព្រះសោណបោដិរិយត្ថេរ ១៨៨ sut.kn.tha.02.37
គាថា ព្រះនិសភត្ថេរ ១៨៩ sut.kn.tha.02.38
គាថា ព្រះឧសភត្ថេរ ១៨៩ sut.kn.tha.02.39
គាថា ព្រះកប្បដកុរត្ថេរ ១៩០ sut.kn.tha.02.40
វគ្គ ទី៥ ១៩១ sut.kn.tha.02.v05
គាថា ព្រះកុមារកស្សបត្ថេរ ១៩១ sut.kn.tha.02.41
គាថា ព្រះធម្មបាលត្ថេរ ១៩១ sut.kn.tha.02.p42
គាថា ព្រះព្រហ្មាលិត្ថេរ ១៩១ sut.kn.tha.02.43
គាថា ព្រះមោឃរាជត្ថេរ ១៩២ sut.kn.tha.02.45
គាថា ព្រះវិសាខបញ្ចាលីបុត្តត្ថេរ ១៩២ sut.kn.tha.02.46
គាថា ព្រះចូឡកត្ថេរ ១៩៣ sut.kn.tha.02.47
គាថា ព្រះអនូបមត្ថេរ ១៩៣ sut.kn.tha.02.48
គាថា ព្រះវជ្ជិតត្ថេរ ១៩៤ sut.kn.tha.02.49
គាថា ព្រះសន្ធិតត្ថេរ ១៩៤ sut.kn.tha.02.50
តិកនិបាត ១៩៦ sut.kn.tha.03
គាថា ព្រះអង្គណិកភារទ្វាជត្ថេរ ១៩៦ sut.kn.tha.03.01
គាថា ព្រះបច្ចយត្ថេរ ១៩៦ sut.kn.tha.03.02
គាថា ព្រះពាកុលត្ថេរ ១៩៧ sut.kn.tha.03.03
គាថា ព្រះធនិយត្ថេរ ១៩៧ sut.kn.tha.03.04
គាថា ព្រះមាតង្គបុត្តត្ថេរ ១៩៨ sut.kn.tha.03.05
គាថា ព្រះខុជ្ជសោភិតត្ថេរ ១៩៨ sut.kn.tha.03.06
គាថា ព្រះវារណត្ថេរ ១៩៩ sut.kn.tha.03.07
គាថា ព្រះបស្សិកត្ថេរ ១៩៩ sut.kn.tha.03.08
គាថា ព្រះយសោជត្ថេរ ២០០ sut.kn.tha.03.09
គាថា ព្រះសាដិមត្តិយត្ថេរ ២០១ sut.kn.tha.03.10
គាថា ព្រះឧបាលិត្ថេរ ២០១ sut.kn.tha.03.11
គាថា ព្រះឧត្តរបាលត្ថេរ ២០១ sut.kn.tha.03.12
គាថា ព្រះអភិភូតត្ថេរ ២០២ sut.kn.tha.03.13
គាថា ព្រះគោតមត្ថេរ ២០២ sut.kn.tha.03.14
គាថា ព្រះហារិតត្ថេរ ២០៣ sut.kn.tha.03.15
គាថា ព្រះវិមលត្ថេរ ២០៤ sut.kn.tha.03.16
ចតុក្កនិបាត ១៩៦ sut.kn.tha.04
គាថា ព្រះនាគសមាលត្ថេរ ២០៥ sut.kn.tha.04.01
គាថា ព្រះភគុត្ថេរ ២០៥ sut.kn.tha.04.02
គាថា ព្រះសភិយត្ថេរ ២០៦ sut.kn.tha.04.03
គាថា ព្រះនន្ទកត្ថេរ ២០៧ sut.kn.tha.04.04
គាថា ព្រះជម្ពុកត្ថេរ ២០៧ sut.kn.tha.04.05
គាថា ព្រះសេនកត្ថេរ ២០៨ sut.kn.tha.04.06
គាថា ព្រះសម្ភូតត្ថេរ ២០៨ sut.kn.tha.04.07
គាថា ព្រះរាហុលត្ថេរ ២០៩ sut.kn.tha.04.08
គាថា ព្រះចន្ទនត្ថេរ ២១០ sut.kn.tha.04.09
គាថា ព្រះធម្មិកត្ថេរ ២១០ sut.kn.tha.04.10
គាថា ព្រះសប្បកត្ថេរ ២១១ sut.kn.tha.04.11
គាថា ព្រះមុទិតត្ថេរ ២១២ sut.kn.tha.04.12
បញ្ចកនិបាត ២១៤ sut.kn.tha.05
គាថា ព្រះរាជទត្តត្ថេរ ២១៤ sut.kn.tha.05.01
គាថា ព្រះសុភូតត្ថេរ ២១៤ sut.kn.tha.05.02
គាថា ព្រះគិរិមានន្ទត្ថេរ ២១៥ sut.kn.tha.05.03
គាថា ព្រះសុមនត្ថេរ ២១៦ sut.kn.tha.05.04
គាថា ព្រះវឌ្ឍត្ថេរ ២១៧ sut.kn.tha.05.05
គាថា ព្រះនទីកស្សបត្ថេរ ២១៨ sut.kn.tha.05.06
គាថា ព្រះគយាកស្សបត្ថេរ ២១៩ sut.kn.tha.05.07
គាថា ព្រះវក្កលិត្ថេរ ២១៩ sut.kn.tha.05.08
គាថា ព្រះវិជិតសេនត្ថេរ ២២០ sut.kn.tha.05.09
(គាថា ព្រះវិជិតសេនត្ថេរ ឃ្លាលើស) ២២០ sut.kn.tha.05.09
គាថា ព្រះយសទត្តត្ថេរ ២២១ sut.kn.tha.05.10
គាថា ព្រះសោណកុដិកណ្ណត្ថេរ ២២២ sut.kn.tha.05.11
គាថា ព្រះកោសិយត្ថេរ ២២៣ sut.kn.tha.05.12
ឆក្កនិបាត ២២៥ sut.kn.tha.06
គាថា ព្រះឧរុវេលកស្សបត្ថេរ ២២៥ sut.kn.tha.06.01
គាថា ព្រះតកិច្ឆកានិត្ថេរ ២២៥ sut.kn.tha.06.02
គាថា ព្រះមហានាគត្ថេរ ២២៦ sut.kn.tha.06.03
គាថា ព្រះកុល្លត្ថេរ ២២៧ sut.kn.tha.06.04
គាថា ព្រះមាលុង្ក្យបុត្តត្ថេរ ២២៨ sut.kn.tha.06.05
គាថា ព្រះសប្បទាសត្ថេរ ២២៩ sut.kn.tha.06.06
គាថា ព្រះកាតិយានត្ថេរ ២៣០ sut.kn.tha.06.07
គាថា ព្រះមិគជាលត្ថេរ ២៣២ sut.kn.tha.06.08
គាថា ព្រះជេន្តបុរោហិតត្ថេរ ២៣៣ sut.kn.tha.06.09
គាថា ព្រះសុមនត្ថេរ ២៣៤ sut.kn.tha.06.10
គាថា ព្រះន្ហាតកមុនិត្ថេរ ២៣៤ sut.kn.tha.06.11
គាថា ព្រះព្រហ្មទត្តត្ថេរ ២៣៥ sut.kn.tha.06.12
គាថា ព្រះសិរិមណ្ឌត្ថេរ ២៣៦ sut.kn.tha.06.13
គាថា ព្រះសព្វកាមត្ថេរ ២៣៧ sut.kn.tha.06.14

1)
បានជាព្រះបាទអជាតសត្រូវ ទ្រង់សួរប្រេតនោះយ៉ាងនេះ ព្រោះទ្រង់ឃើញក្បាលប្រេតនោះត្រងោលដូចអ្នកបួស (អដ្ឋកថា)។
2)
មានបាតដៃទទឹក សំដៅយកអ្នកធ្វើឧបការៈ។
3)
សំដៅយកទេវបុត្តនោះ។
4)
ក្នុងអដ្ឋកថា សំដៅយកព្រះកង្ខារេវត្តត្ថេរ។
5)
កាលនៅក្មេងតូច តែងនៅលើចង្កេះរបស់ញាតិ និងមេនំ មិនដែលដើរផ្ទាល់ផែនដី។ អដ្ឋកថា។
6)
សំដៅយកពួកក្រុមស្តេចលិច្ឆវី។
7)
គ្រឿងជាប់ចំពាក់ ៥យ៉ាង គឺរាគៈ១ ទោសៈ១ មោហៈ១ មានះ១ ទិដ្ឋិ១។
8)
អាជានេយ្យ មាន៣យ៉ាង គឺគោអាជានេយ្យ១ សេះអាជានេយ្យ១ ដំរីអាជានេយ្យ១។ អដ្ឋកថា។ ទីខ្លះថា មាន៤យ៉ាង រាប់យកបុរសអាជានេយ្យចូលផង។
9)
ក្នុងបាលី ប្រើពាក្យថា កណ្ហៈ គឺជាឈ្មោះរបស់មារ ហេតុនោះ ក្នុងទីនេះ ទើបប្រែថា មារ មានចិត្តអាក្រក់ ឬចិត្តខ្មៅ ក៏បាន។ អដ្ឋកថា។
10)
សេចក្តីសុខក្នុងគាថានេះ សំដៅយកនិរាមិសសុខ គឺព្រះនិព្វាន។
11)
គឺប្រយោជន៍ក្នុងលោកនេះ លោកខាងមុខ និងប្រយោជន៍ដ៏ប្រសើរ គឺព្រះនិព្វាន។ អដ្ឋកថា។
12)
នាងសារីព្រាហ្មណី មានកូន ៧នាក់ គឺឧបតិស្សកុមារ (សារីបុត្ត) ១ ចុន្ទៈ ១ ឧបសេន ១ ខទិរវនិយត្ថេរ ១ នាងហលា ១ ឧបហលា ១ សីសុបហលា ១។ គម្ពីរខ្លះថា ចាលា ឧបចាលា សីសុបចាលា។
13)
ពាក្យថា អាការគមក្នុងទីនេះ សំដៅយកពាក្យចំអក ឬបន្តុះបង្អាប់ ព្រោះថា ការកាន់កណ្តៀវច្រូតស្រូវ កាន់យាមនង្គ័លភ្ជួរដី និងការដែលកាន់ចបកាប់ដីទាំងអស់នេះ សុទ្ធតែឱនបន្ទន់ខ្លួន ដូចមនុស្សគម។ អដ្ឋកថា។
14)
គ្រែមានជ្រុង ៤ មានជើងដ៏ខ្ពស់ហួសប្រមាណ គឺតាំងអំពី ១ហត្ថកន្លះឡើងទៅ ដែលភិក្ខុអាចអង្គុយបាន តែដេកមិនគួរ។ អដ្ឋកថា។
15)
វណ្ណៈខាងក្រៅ សំដៅការរៀបចំដោយឥរិយាបថឲ្យស្រគត់ស្រគំជាដើម។
16)
វណ្ណៈខាងក្នុង សំដៅយកគុណសម្បត្តិ មានសីលជាដើម។ អដ្ឋកថា។
17)
ពាក្យថាជន ក្នុងគាថានេះ សំដៅយកមនុស្សអន្ធពាល។ អដ្ឋកថា។
18)
សន្ទុះសរ ១៦នោះ បើគិតជាយោជន៍ ត្រូវកន្លះយោជន៍។
19)
សន្ទុះសរ ១ពាន់ បើគិតជាយោជន៍ បាន ៥យោជន៍។ អដ្ឋកថា។
20)
បានជាឈ្មោះថា មិគសិរត្ថេរ ព្រោះលោកកើតក្នុងខែមិគសិរ។ អដ្ឋកថា។
21)
បានជាហៅថា ដើមអស្សត្ថ ព្រោះជាកន្លែងធ្វើនូវការដកដង្ហើមស្រួលរបស់ពួកសត្វឲ្យកើត។ អដ្ឋកថា។
22)
ជាឈ្មោះមហោស្រព ១ ដែលលេងខាងចុងខែផគ្គុណ នៅកំពង់គយារាល់ឆ្នាំ។ អដ្ឋកថា។
23)
ចំនួនព្រះថេរៈក្នុងឧទ្ទាននេះ ដែលថា ១០អង្គនោះ ឃើញតែ ៩ទេ។
24)
ឃើញតែ ៥០គាថាទេ។
25)
ដែលរួមជា ១៣អង្គនោះ ឃើញតែ១២អង្គទេ។
26)
មានអន្ទាក់ និងបង្កាត់ជាដើម។
km/tipitaka/book_056.txt · ពេលកែចុងក្រោយ: 2024/11/22 14:16 និពន្ឋដោយ Johann