-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៥៩ - Book 59
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20191101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20191101 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៥៩ - Tipitaka Book 059, for change log on ati.eu see here: រាយការណ៍ ភាគ ០៥៩
គំរូ ឯកសារ ផ្សេងទៀត ៖
book_059.pdf
លេខសម្គាល់
លេខទំព៍រ
ទ. ១
បព្ចាកនិបាតជាតក | ឆក្កនិបាតជាតក | សត្តកនិបាតជាតក | អដ្ឋកនិបាតជាតក | នវកនិបាត | ទសកនិបាតជាតក | ឯកាទសកនិបាតជាតក | ទ្វាទសនិបាតជាតក | តេរសនិបាតជាតក
ភាគទី ៥៩ អដ្ឋមភាគ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(៥. បញ្ចកនិបាតោ)
(១. មណិកុណ្ឌលវគ្គោ)
(៣៥១. មណិកុណ្ឌលជាតកំ (៥-១-១))
[១] (ព្រះរាជាកោសលពោលថា) ព្រះអង្គសាបសូន្យចាកដែនសេះ កែវមណី និងកុណ្ឌល សាបសូន្យចាកបុត្ត និងភរិយា ដូច្នោះដែរ កាលបើភោគៈទាំងអស់ មិនមានសេសសល់ទេ តើហេតុអ្វី ទើបព្រះអង្គមិនក្តៅក្រហាយ ក្នុងកាលដែលគួរសោកស្តាយ។
[២] (ព្រះរាជាពោធិសត្វពោលថា) ភោគៈទាំងទ្បាយលះបង់សត្វមុនក៏មាន សត្វ លះបង់ភោគៈទាំងនោះមុនក៏មាន បពិត្រព្រះអង្គទ្រង់ប្រាថ្នាកាម ជនអ្នកមានភោគៈទាំងទ្បាយ មិនទៀងទេ ព្រោះហេតុនោះ ទើបខ្ញុំមិនសោកស្តាយក្នុងកាលដែលគួរសោកស្តាយ។
[៣] ព្រះចន្ទ្ររមែងរះឡើង ពេញវង់ រួចអស់ទៅ ព្រះអាទិត្យក៏អស្តង្គតទៅដូចគ្នា បពិត្រសេ្តចជាសត្រូវ ពួកលោកធម៌ ខ្ញុំឈ្នះហើយ ព្រោះហេតុនោះ ទើបខ្ញុំមិនសោកស្តាយ ក្នុងកាលដែលគួរសោកស្តាយ។
[៤] គ្រហស្ថអ្នកបរិភោគកាម ជាអ្នកខ្ជិលច្រអូស មិនល្អ បព្វជិតមិនសង្រួម មិនល្អ ព្រះរាជាមិនបានពិចារណាមុន ហើយធ្វើ មិនល្អ បណ្ឌិតអ្នកច្រើនក្រោធ មិនល្អទេ។
[៥] បពិត្រព្រះអង្គជាម្ចាស់នៃទិស ក្សត្រិយ៍គប្បីពិចារណាហើយសឹមធ្វើ មិនគប្បីធើ្វទាំងមិនបានពិចារណាទេ យសក្តី កិត្តិគុណក្តី រមែងចំរើនដល់ព្រះរាជា ដែលពិចារណាហើយទើបធ្វើ។
ចប់ មណិកុណ្ឌលជាតក ទី១។
(៣៥២. សុជាតជាតកំ (៥-១-២))
[៦] (បិតារបស់ពោធិសត្វ ពោលថា) អ្នករលះរលាំងទៅច្រូតស្មៅស្រស់ ហើយនិយាយនឹងគោចាស់ ដែលមានជីវិតបាត់បង់ទៅហើយថា ឯងស៊ីទៅ ឯងស៊ីទៅ ដូចម្តេចកើត គោស្លាប់ហើយ មិនគប្បីក្រោកឡើងបាន ព្រោះគ្រឿងស៊ី និងគ្រឿងផឹកទេ អ្នករវើរវាយទទេ ដូចជាមនុស្សល្ងង់ខ្លៅ។
[៧] (សុជាតមាណពជាបុត្រ ពោលថា) ក្បាលក៏តាំងនៅដដែល ដៃជើង កន្ទុយ និងត្រចៀក ក៏តាំងនៅដដែលដែរ ខ្ញុំសំគាល់ថា គោនៅក្រោកឡើងបាន ត្រង់ក្បាលដៃជើងរបស់ជីតា មិនប្រាកដទេ ឪពុកយំទួញជិតស្តូបដែលធ្វើដោយដីស្អិត មិនមែនជាអ្នកល្ងង់ខ្លៅទេឬ។
[៨] (បិតាពោលថា) អ្នកបានស្រោចស្រប់នូវខ្ញុំ ដែលភ្លើង គឺសេចក្តីសោកកំពុងឆេះ ឲ្យស្ងប់រម្ងាប់ ញុំាងសេចក្តីក្រវល់ក្រវាយទាំងអស់ឲ្យរលត់ ដូចបុគ្គលស្រោចភ្លើងដែលឆេះឆ្នាំងខ្លាញ់ដោយទឹក សរ គឺសេចក្តីសោក ដែលអាស្រ័យនូវហឫទ័យរបស់យើង អ្នកដកចេញហើយ អ្នកបានបន្ទោបង់នូវសេចក្តីសោកក្នុងបិតានៃយើង ដែលមានសេចក្តីសោកបៀតបៀនហើយ។
[៩] ខ្ញុំនោះមានសរដកចេញហើយ ជាអ្នកប្រាសចាកសេចក្តីសោក មានចិត្តមិនល្អក់ ម្នាលមាណព ខ្ញុំលែងសោក លែងយំ ព្រោះបានស្តាប់ពាក្យរបស់អ្នក។
[១០] ពួកជនណា ប្រកបដោយប្រាជ្ញា ជាអ្នកអនុគ្រោះ (ដោះទុក្ខ) រមែងធ្វើយ៉ាងនេះ រមែងដោះ (បុគ្គលដទៃ) ចេញចាកសេចក្តីសោក ដូចសុជាតមាណព ដោះបិតាចាកសេចក្តីទុក្ខសោក។
ចប់ សុជាតជាតក ទី២។
(៣៥៣. វេនសាខជាតកំ (៥-១-៣))
[១១] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) ម្នាលព្រហ្មទត្តកុមារ សេចក្តីកេ្សមក្សាន្តក្តី ភិក្ខាដ៏សម្បូរក្តី សេចក្តីសុខក្នុងកាយក្តី នេះ មិនគប្បីមានជានិច្ចទេ (កាលបើឥស្សរភាពវិនាស) ក្នុងកាលជាទីកន្លងនៃប្រយោជន៍ អ្នកកុំវងេ្វងជ្រប់ ដូចបុគ្គលដែលបែកធ្លាយនាវា ក្នុងកណ្តាលសាគរ។
[១២] បុរសធ្វើនូវអំពើទាំងឡាយណា រមែងឃើញនូវអំពើនោះចំពោះខ្លួនវិញ បុរសអ្នកធ្វើល្អ រមែងបានផងល្អ អ្នកធ្វើអាក្រក់ រមែងបានផលអាក្រក់ បុរសអ្នកសាបព្រោះពូជបែបណា ផលបែបនោះ ក៏រមែងដុះឡើង។
[១៣] (សេ្តចព្រហ្មទត្ត ពោលថា) អាចារ្យបារាចរិយគោត្រ បានពោលនូវពាក្យណា នេះជាពាក្យរបស់អាចារ្យនោះថា បាបណា ដែលអ្នកធ្វើហើយ គប្បីក្តៅក្រហាយក្នុងកាលជាខាងក្រោយ អ្នកកុំធ្វើបាបនោះឡើយ។
[១៤] ខ្ញុំ និងបិងិ្គយបុរោហិត សម្លាប់នូវពួកក្សត្រិយ៍មួយពាន់នាក់ ដែលប្រដាប់លាបដោយខ្លឹមចន្ទន៍ ទៀបដើមឈើណា ដើមឈើនេះឯង ជាដើមជ្រៃ មានមែកត្រសាយត្រសុំ (មិនអាចជួយអញបាន) សេចកី្តទុក្ខនោះឯង ត្រឡប់មកត្រូវខ្ញុំវិញ។
[១៥] (អគ្គមហេសីរបស់ខ្ញុំ) ឈ្មោះនាងឧព្វរី មានខ្លួនលាបដោយខ្លឹមចន្ទន៍ មានសម្បុរដូចមាស ស្រលួតស្រឡៅ ដូចជាលំពង់ឈើម្រំ ត្រូវខ្យល់បក់ល្អ ខ្ញុំមិនបានឃើញនាងឧព្វរី នឹងធ្វើមរណកាល ការមិនបានឃើញនាងឧព្វរីនោះ ជាទុក្ខដ៏លើសលុបដល់ខ្ញុំ ជាងទុក្ខព្រោះសេចក្តីស្លាប់នេះទៅទៀត។
ចប់ វេនសាខជាតក ទី៣។
(៣៥៤. ឧរគជាតកំ (៥-១-៤))
[១៦] (ព្រាហ្មណ៍ពោធិសត្វ ពោលថា) កូនរបស់ខ្ញុំ លះបង់នូវសរីរៈហើយទៅ ដូចជាពស់លះបង់នូវសំណកចាស់ កាលបើសរីរៈប្រើប្រាស់មិនបាន ធ្វើកាលកិរិយា ទៅកាន់លោកខាងមុខយ៉ាងនេះ រាងកាយកាលត្រូវគេដុត រមែងមិនដឹងនូវសេចក្តីខ្សឹកខ្សួលនៃញាតិទាំងឡាយ ព្រោះហេតុនោះ ទើបខ្ញុំមិនសោកស្តាយ ចំពោះកូននុ៎ះ គតិណាជារបស់គេ គេក៏ទៅកាន់គតិនោះ។
[១៧] (នាងព្រាហ្មណី ពោលថា) កូន (របស់ខ្ញុំ) ដែលមកអំពីបរលោក ខ្ញុំក៏មិនបានអង្វរ គេទៅអំពីលោកនេះ ក៏ខ្ញុំមិនអនុញ្ញាត គេមកយ៉ាងណា គេក៏ទៅយ៉ាងនោះ ខ្សឹកខ្សួលធ្វើអ្វី ព្រោះការដែលគេទៅនោះ រាងកាយកាលត្រូវគេដុត រមែងមិនដឹងនូវសេចក្ដីខ្សឹកខ្សួលនៃញាតិទាំងឡាយទេ ព្រោះហេតុនោះ ទើបខ្ញុំមិនសោកនឹងកូននុ៎ះ គតិណាជារបស់គេ គេក៏ទៅកាន់គតិនោះ។
[១៨] (នាងព្រាហ្មណីជាប្អូន ពោលថា) បើខ្ញុំយំទួញ ខ្ញុំនឹងស្គាំងស្គម កាលខ្ញុំនោះយំទួញ នឹងមានផលដូចម្តេច សេចក្តីមិនត្រេកអររបស់ពួកញាតិមិត្រ និងសំឡាញ់របស់យើង គប្បីមានដោយក្រៃលែង រាងកាយកាលត្រូវគេដុត រមែងមិនដឹងនូវសេចក្តីខ្សឹកខ្សួល នៃញាតិទាំងឡាយទេ ព្រោះហេតុនោះ ទើបខ្ញុំមិនសោកនឹងបងនោះ គតិណាជារបស់គេ គេក៏ទៅកាន់គតិនោះ។
[១៩] (ភរិយាពោលថា) ទារកយំទារព្រះចន្ទ្រដែលកំពុងចរទៅ យ៉ាងណា បុគ្គលដែលសោករកអ្នកស្លាប់ទៅកាន់លោកខាងមុខនេះឯង ជាគ្រឿងប្រៀបធៀប យ៉ាងនោះដែរ រាងកាយកាលត្រូវគេដុត រមែងមិនដឹងនូវសេចក្តីខ្សឹកខ្សួលនៃពួកញាតិទេ ព្រោះហេតុនោះ ទើបខ្ញុំមិនសោកនឹងប្តីនុ៎ះ គតិណាជារបស់គេ គេក៏ទៅកាន់គតិនោះ។
[២០] (ទាសីពោលថា) ក្អមទឹកដែលបែកធ្លាយ តវិញមិនជាប់យ៉ាងណា បុគ្គលសោកស្តាយនឹងអ្នកស្លាប់ ទៅកាន់លោកខាងមុខ នេះឯងជាគ្រឿងធៀប ក៏យ៉ាងនោះដែរ រាងកាយកាលត្រូវគេដុត រមែងមិនដឹងនូវសេចក្តីខ្សឹកខ្សួលនៃញាតិទាំងឡាយទេ ព្រោះហេតុនោះ ទើបខ្ញុំមិនសោកនឹងម្ចាស់នុ៎ះ គតិណាជារបស់គេ គេក៏ទៅកាន់គតិនោះ។
ចប់ ឧរគជាតក ទី៤។
(៣៥៥. ឃដជាតកំ (៥-១-៥))
[២១] (សេ្តចធង្កៈ សួរព្រះរាជាពោធិសត្វថា) ពួកជនឯទៀត តែងសោកយំទួញ ពួកជនឯទៀត មានមុខជោកដោយទឹកភ្នែក ម្នាលឃដកុមារ អ្នកមានសម្បុរមុខស្រស់បស់ អ្នកមិនសោកសៅព្រោះហេតុអ្វី។
[២២] (ពោធិសត្វ ឆ្លើយថា) សេចក្តីសោក នាំមកនូវសេចក្តីសុខ ដែលកន្លងទៅហើយមិនបានទេ នាំមកនូវសេចក្តីសុខដែលមិនទាន់មក មិនបានទេ បពិត្រស្តេចធង្កៈ ព្រោះហេតុនោះ ទើបខ្ញុំមិនសោក ភាពជាសំឡាញ់ក្នុងសេចក្តីសោក មិនមានទេ។
[២៣] បុគ្គលកាលសោក រមែងជាអ្នកមានរោគលឿង ស្គាំងស្គម ទាំងបាយ រមែងមិនពេញចិត្តដល់បុគ្គលនោះ បុគ្គលដែលត្រូវសរ គឺសេចក្តីសោកមុតហើយ ក៏ទុក្ខព្រួយ ពួកជនជាសត្រូវ រមែងមានចិត្តត្រេកអរ។
[២៤] សេចក្តីវិនាសនឹងមករកខ្ញុំ ដែលឋិតនៅក្នុងស្រុក ឬក្នុងព្រៃ ក្នុងទីទាប ឬទីទួល មិនបានទេ (ព្រោះ) ខ្ញុំឃើញច្បាស់ផ្លូវធម៌យ៉ាងនេះហើយ។
[២៥] បុគ្គលណា មានខ្លួនតែមួយ មិនអាចជាអ្នកនាំយកនូវរសនៃសេចក្តីប្រាថ្នា គឺសុខក្នុងឈានទាំងពួងបាន សូម្បីផែនដីទាំងមូល ក៏មិនអាចនាំមកនូវសេចក្តីសុខ ដល់បុគ្គលនោះបាន។
ចប់ ធង្កជាតក ទី៥។
(៣៥៦. កោរណ្ឌិយជាតកំ (៥-១-៦))
[២៦] (អាចារ្យសួរថា) អ្នកតែម្នាក់ឯង រលះរលាំងលើកដុំថ្មធំ ៗ បោះទៅក្នុងជ្រោះភ្នំ ក្នុងព្រៃរឿយ ៗ ម្នាលការន្ទិយៈ អ្នកមានប្រយោជន៍ដូចម្តេចក្នុងជ្រោះនេះ។
[២៧] (ពោធិសត្វឆ្លើយថា) ខ្ញុំនឹងធ្វើនូវផែនដីនេះ ដែលមានសាគរជាទីបំផុត ឲ្យស្មើដូចជាផ្ទៃបាតដៃ ព្រោះហេតុនោះ បានជាខ្ញុំពង្រាបភ្នំដី និងភ្នំថ្ម ហើយបោះថ្មទៅក្នុងជ្រោះ។
[២៨] (អាចារ្យពោលថា) មនុស្សម្នាក់ មិនគួរដើម្បីធ្វើផែនដីធំនេះ ឲ្យរាបស្មើ ដូចបាតដៃបានទេ ម្នាលការន្ទិយៈ ខ្ញុំសំគាល់នូវអ្នក ដែលស្វែងរកថ្មភ្នំនេះឯង (ដើម្បីបំពេញជ្រោះ) អ្នកនឹងលះបង់នូវជីវលោក (ស្លាប់ខ្លួន)។
[២៩] (ពោធិសត្វពោលថា) បើមនុស្សម្នាក់នេះ មិនអាចដើម្បីធ្វើនូវផែនដីធំនេះ ឲ្យរាបស្មើបានទេ យ៉ាងណា ម្នាលព្រាហ្មណ៍ អ្នកនឹងដឹកនាំពួកមនុស្សទាំងនេះ ដែលមានទិដ្ឋិផេ្សង ៗ គ្នា មិនបាន ក៏យ៉ាងនោះដែរ។
[៣០] (អាចារ្យពោលថា) ម្នាលការន្ទិយៈ អ្នកដ៏ចំរើនពោលនូវពាក្យនេះដោយសងេ្ខប ជាពាក្យមានប្រយោជន៍ដល់ខ្ញុំយ៉ាងនេះ ផែនដីនេះ គេមិនអាចធ្វើឲ្យរាបស្មើ យ៉ាងណា ពួកមនុស្ស ក៏មនុស្សមិនអាចធ្វើបាន យ៉ាងនោះដែរ។
ចប់ ការន្ទិយជាតក ទី៦។
(៣៥៧. លដុកិកជាតកំ (៥-១-៧))
[៣១] (ចាបចៀបកប្បាស ពោលនឹងដំរីពោធិសត្វថា) ខ្ញុំសូមថ្វាយបង្គំលោក ជាដំរីមានកំឡាំងខ្សោយ ក្នុងកាលមានអាយុ ៦០ ជាអ្នកនៅក្នុងព្រៃ ជាម្ចាស់ហ្វូង មានយស ខ្ញុំសូមធ្វើនូវអព្ជាលិកម្មចំពោះលោក ដោយស្លាបទាំងឡាយ សូមកុំឲ្យលោកសម្លាប់កូនរបស់ខ្ញុំ ជាសត្វមានកំឡាំងខ្សោយ។
[៣២] (ចាបចៀបកប្បាស ពោលនឹងដំរីទេវទត្តថា) ខ្ញុំសូមថ្វាយបង្គំលោក ជាដំរីត្រាច់ទៅតែម្នាក់ឯង ជាអ្នកនៅក្នុងព្រៃ ដើរទៅតាមញកភ្នំ ខ្ញុំសូមធ្វើអព្ជាលិកម្ម ដោយស្លាបទាំងឡាយ សូមលោកកុំសម្លាប់កូនខ្ញុំ ជាសត្វមានកំឡាំងខ្សោយ។
[៣៣] (ដំរីទេវទត្តពោលថា) នែមេចាបចៀបកប្បាស អញនឹងសម្លាប់នូវកូននាង នាងជាសត្វមានកំឡាំងខ្សោយ នឹងធ្វើអ្វីដល់អញ អញនឹងជាន់នូវចាប សូម្បីមួយសែន ប្រហែលនឹងនាងឯង ដោយជើងឆ្វេង។
[៣៤] (ចាបចៀបកប្បាសពោលថា) កិច្ចដោយកំឡាំងកាយ មិនមែនប្រើបានគ្រប់កន្លែងទេ ព្រោះកំឡាំងកាយ សម្លាប់បានតែអ្នកល្ងង់ទេ នែសេ្តចដំរី អ្នកណាសម្លាប់កូនរបស់ខ្ញុំ ជាសត្វមានកំឡាំងថយ ខ្ញុំនឹងធ្វើនូវសេចក្តីវិនាសដល់អ្នកនោះវិញ។
[៣៥] (ព្រះសាស្តា ទ្រង់ត្រាស់ថា) អ្នកចូរមើលនូវក្អែក ចាបចៀបកប្បាស កង្កែប និងរុយខៀវ សត្វទាំងនុ៎ះ សម្លាប់នូវដំរីបាន អ្នកចូរមើល (នូវគតិ) នៃពៀររបស់ពួកសត្វមានពៀរ ព្រោះហេតុនោះ អ្នកទាំងឡាយ កុំធ្វើនូវពៀរនឹងជនណាមួយ សូម្បីមិនជាទីស្រឡាញ់ឡើយ។
ចប់ លដុកិកជាតក ទី៧។
(៣៥៨. ចូឡធម្មបាលជាតកំ (៥-១-៨))
[៣៦] (ព្រះនាងចន្ទាទេវី ពោលថា) ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចំរើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមលែងនូវធម្មបាល (ជាកូនខ្ញុំ) នេះចេញ សូមកាត់នូវដៃទាំងឡាយរបស់ខ្ញុំម្ចាស់វិញចុះ។
[៣៧] ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចំរើនដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គលែងនូវធម្មបាលនេះចេញ សូមកាត់នូវជើងទាំងឡាយរបស់ខ្ញុំវិញចុះ។
[៣៨] ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចំរើនដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គលែងនូវធម្មបាលនេះចេញ សូមកាត់នូវក្បាលរបស់ខ្ញុំម្ចាស់វិញចុះ។
[៣៩] ពួកមិត្តអាមាត្យ និងជនអ្នកមានហឫទ័យល្អរបស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គ កុំសម្លាប់បុត្តជាឱរស។
[៤០] ពួកមិត្ត ញាតិ និងជនអ្នកមានហឫទ័យល្អរបស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គកុំសម្លាប់បុត្តដែលកើតអំពីខ្លួន។
[៤១] ដើមដៃទាំងឡាយ ដែលលាបដោយខ្លឹមចន្ទន៍របស់ធម្មបាល អ្នកជាទាយាទផែនដីដាច់ បពិត្រព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់។
ចប់ ចុល្លធម្មបាលជាតក ទី៨។
(៣៥៩. សុវណ្ណមិគជាតកំ (៥-១-៩))
[៤២] (ម្រឹគញីជាប្រពន្ធពោលថា) បពិត្រមហាម្រឹគ អ្នកចូរខំប្រឹង បពិត្រម្រឹគមានជើងដូចមាស អ្នកចូរខំប្រឹង ចូរកាត់នូវអន្ទាក់ដែលធ្វើដោយព្រ័ត្រ ខ្ញុំជាម្រឹគញីម្នាក់ឯង មិនអាចត្រេកអរក្នុងព្រៃបានទេ។
[៤៣] (ម្រឹគពោធិសត្វជាប្តី ពោលថា) អញខំប្រឹងមិនរួចទេ អញនឹងកកាយផែនដី ដោយកំឡាំង អន្ទាក់ដែលគេធ្វើដោយព្រ័ត្រ ជាប់មាំមួន រឹតកួតជើងរបស់អញ។
[៤៤] (ម្រឹគញីពោលថា) បពិត្រអ្នកព្រាន អ្នកចូរក្រាលនូវស្លឹកឈើ អ្នកចូរហូតដាវ (អំពីស្រោម) អ្នកសម្លាប់ខ្ញុំមុន ហើយសឹមសម្លាប់មហាម្រឹគ ជាខាងក្រោយ។
[៤៥] (ព្រាន ពោលថា) អញមិនដែលឮ ឬឃើញមេម្រឹគ ចេះនិយាយភាសាមនុស្សទេ ម្នាលមេម្រឹគដ៏ចំរើន នាងឯងចូរនៅជាសុខចុះ ទាំងមហាម្រឹគនុ៎ះ ក៏សូមឲ្យនៅជាសុខចុះ។
[៤៦] (ម្រឹគញី ពោលថា) បពិត្រអ្នកព្រាន ខ្ញុំត្រេកអរ ព្រោះឃើញនូវមហាម្រឹគ ដែលរួច (ចាកអន្ទាក់) ក្នុងថៃ្ងនេះ យ៉ាងណា សូមអ្នកត្រេកអរ ជាមួយនឹងពួកញាតិទាំងអស់ យ៉ាងនោះដែរ។
ចប់ សុវណ្ណមិគជាតក ទី៩។
(៣៦០. សុយោនន្ទីជាតកំ (៥-១-១០))
[៤៧] (អ្នករបាំឈ្មោះអគ្គៈ ពោលថា) ក្លិននៃផ្កាតិមិរព្រឹក្ស1) រមែងផ្សាយទៅ សមុទ្រដែលពេញដោយទឹក មានសំឡេងគឹកកង បពិត្រស្តេចតម្ពៈ ព្រោះថា នាងសុសនី្ធ (នៅ) ក្នុងទីឆ្ងាយពីនគរនេះ កាមទាំងឡាយ តែងចាក់ដោតខ្ញុំ។
[៤៨] (សេ្តចគ្រុឌ ពោលថា) អ្នកឆ្លងសមុទ្របាន ដោយប្រការដូចម្តេច អ្នកឃើញកោះឈ្មោះសេរុម ដោយប្រការដូចម្តេច ម្នាលអគ្គៈ ការជួបប្រសព្វនាងសុសន្ធី និងអ្នក បានមានមកដោយប្រការដូចម្តេច។
[៤៩] (អ្នករបាំឈ្មោះអគ្គៈ ពោលថា) នាវារបស់ពួកឈ្មួញ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់ភរុកច្ឆា បែកធ្លាយដោយមង្ករ ខ្ញុំក៏ឆ្លងសមុទ្រដោយផែនក្តារ។
[៥០] នាងសុសនី្ធនោះ ជាស្រ្តីមានវាចាទន់ពីរោះ មានក្លិនដូចខ្លឹមចន្ទន៍ អស់កាលជានិច្ច ជាស្រ្តីចំរើន ស្រង់ខ្ញុំដោយអវយវៈ ដូចមាតាត្រកងនូវបុត្តដែលកើតអំពីទ្រូង។
[៥១] នាងជាស្រ្តីមានភ្នែកទន់ បានផ្គត់ផ្គង់ខ្ញុំដោយបាយ ទឹក សំពត់ និងទីដេក ព្រមទាំងខ្លួន បពិត្រស្តេចតម្ពៈ សូមព្រះអង្គជ្រាបយ៉ាងនេះចុះ។
ចប់ សុសន្ធីជាតក ទី១០។
ចប់ មណិកណ្ឌលវគ្គ ទី១។
ឧទ្ទាននៃជាតកនោះគឺ
និយាយអំពីដែន និងកែវមណីដ៏ប្រសើរដែលសាបសូន្យ ១ អ្នកច្រូតស្មៅ យកស្មៅខ្ចី (ឲ្យគោស្លាប់) ១ បុគ្គលវងេ្វង ដូចបុគ្គលធ្លាយសំពៅ ១ បុគ្គលលះបង់សរីរៈ ដូចពស់លះបង់ សំណក ១ ព្រះរាជាឈ្មោះឃដកុមារ ១ ជ្រោះភ្នំ ១ កុញ្ជរ ១ មហេសីអ្នកបំផ្លាញនូវសេចក្តីចំរើន ១ ម្រឹគ ១ ការត្រកងនូវកូន ១ រួមជា ១០។
(២. វណ្ណារោហវគ្គោ)
(៣៦១. វណ្ណារោហជាតកំ (៥-២-១))
[៥២] (ខ្លាឈ្មោះសុពាហុ ពោលថា) អ្នកឈ្មោះសុទាឋៈ និយាយថា ខ្លាឈ្មោះសុពាហុ មិនប្រសើរជាងអញ ដោយទំហំ កំពស់ ជាតិ កំឡាំងកាយ និងសេចក្តីព្យាយាម ដូច្នេះឬទេ។
[៥៣] (សីហៈឈ្មោះសុទាឋៈ ពោលថា) អ្នកឈ្មោះសុពាហុ និយាយថា សីហៈឈ្មោះសុទាឋៈ មិនប្រសើរជាងអញ ដោយទំហំ កំពស់ ជាតិ កំឡាំងកាយ និងសេចក្តីព្យាយាម ដូច្នេះឬទេ។
[៥៤] ម្នាលសុពាហុសំឡាញ់ បើអ្នកប្រទូស្តចំពោះខ្ញុំដែលកំពុងនៅយ៉ាងនេះ ឥឡូវនេះ ខ្ញុំមិនពេញចិត្តចំពោះការនៅរួមជាមួយអ្នកទេ។
[៥៥] អ្នកណាជឿនូវពាក្យនៃជនដទៃដ៏ផេ្តសផ្តាស អ្នកនោះ គប្បីបែកធ្លាយចាកមិត្ត ឆាប់រហ័ស ទាំងបាននូវពៀរជាច្រើន។
[៥៦] មិត្តណាជាអ្នកប្រយ័ត្ន រង្កៀសក្នុងការបែកធ្លាយ (ចំពោះមិត្ត) ឃើញតែទោសសព្វកាល អ្នកនោះ មិនឈ្មោះថាមិត្តឡើយ មួយទៀត បុគ្គលណាដែលពួកជនដទៃបំបែកមិនបាន រមែងដេកនៅរួម ដូចជាកូនដែលកើតអំពីទ្រូង បុគ្គលនោះឯង ទើបឈ្មោះថាមិត្ត។
ចប់ វណ្ណារោហជាតក ទី១។
(៣៦២. សីលវីមំសជាតកំ (៥-២-២))
[៥៧] (ព្រាហ្មណ៍ពោធិសត្វ ពោលថា) ខ្ញុំមានសេចក្តីសង្ស័យថា សីលជារបស់ប្រសើរ ឬសុតៈជារបស់ប្រសើរ សីល (មារយាទ) ជារបស់ប្រសើរជាងសុតៈ (ការចេះដឹង) ខ្ញុំមិនមានសេចក្តីសង្ស័យ ដូច្នោះឡើយ។
[៥៨] ជាតិ និងវណ្ណៈ ឥតអំពើ សីលហ្នឹងឯង ទើបឧត្តម បុគ្គលកាលបើប្រាសចាកសីលហើយ ប្រយោជន៍ដោយសុតៈ មិនមានទេ។
[៥៩] ក្សត្រិយ៍មិនឋិតនៅក្នុងធម៌ (ច្បាប់) វេស្សៈ មិនអាស្រ័យធម៌ ពួកជនទំាងនោះ រមែងលះបង់លោកទាំងពីរ ទៅកាន់ទុគ្គតិ។
[៦០] ពួកក្សត្រិយ៍ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាល និងបុក្កុសជន ប្រព្រឹត្តធម៌ក្នុងលោកនេះ រមែងស្មើគ្នា ក្នុងទេវលោក។
[៦១] វេទ ក៏មិនមែនឲ្យសុខក្នុងបរលោក ជាតិ ក៏មិនមែនឲ្យសុខក្នុងបរលោក ផៅពង្ស ក៏មិនមែនឲ្យសុខក្នុងបរលោក មានតែសីលដ៏បរិសុទ្ធរបស់ខ្លួន ទើបនាំមកនូវសេចក្តីសុខ ក្នុងបរលោក។
ចប់ សីលវីមំសជាតក ទី២។
(៣៦៣. ហិរិជាតកំ (៥-២-៣))
[៦២] (ពារាណសីសេដ្ឋី ពោលថា) បណ្ឌិតគប្បីដឹងច្បាស់នូវបុគ្គលដែលលះបង់នូវសេចក្តីខ្មាស គួរខ្ពើមរអើម (ដោយមេត្តាភាវនា) ដែលគ្រាន់តែពោលថា ខ្ញុំ (ជាមិត្ត) របស់អ្នក តែមិនកាន់យកនូវអំពើដ៏ប្រសើរថា អ្នកនុ៎ះ មិនមែនជាមិត្តរបស់អញ។
[៦៣] ពិតណាស់ បុគ្គលធ្វើនូវអំពើណា គួរនិយាយចំពោះអំពើនោះ បុគ្គលមិនធ្វើនូវអំពើណា មិនគួរនិយាយចំពោះអំពើនោះ ពួកបណ្ឌិតតែងស្គាល់ច្បាស់នូវបុគ្គលដែលមិនធ្វើ គ្រាន់តែនិយាយ។
[៦៤] បុគ្គលណា ជាអ្នកប្រយ័ត្នក្នុងកាលទាំងពួង រង្កៀសក្នុងការបែកធ្លាយ (ចំពោះមិត្ត) សំឡឹងរំពៃរកទោសតែម្យ៉ាង អស់កាលជានិច្ច អ្នកនោះ មិនឈ្មោះថាមិត្តឡើយ មួយទៀត បុគ្គលណា ដែលពួកជនដទៃបំបែកមិនបាន រមែងដេកនៅរួម ដូចជាកូនដែលកើតអំពីទ្រូង បុគ្គលនោះ ទើបឈ្មោះថា មិត្តដោយពិត។
[៦៥] កុលបុត្តអ្នកមានផលានិសង្ស កាលនាំទៅនូវធុរៈ2) ជារបស់បុរស រមែងចំរើននូវហេតុជាគ្រឿងធ្វើនូវបាមោជ្ជៈ ជាគ្រឿងនាំមកនូវសេចក្តីសរសើរជាសុខ។
[៦៦] បុគ្គលផឹកនូវរសនៃវិវេកធម៌ផង នូវរសនៃសេចក្តីស្ងប់រម្ងាប់ផង ផឹកនូវរសនៃធម្មបីតិផង ទើបជាអ្នកមិនមានកង្វល់ មិនមានបាប។
ចប់ ហិរិជាតក ទី៣។
(៣៦៤. ខជ្ជោបនកជាតកំ (៥-២-៤))
[៦៧] (ទេវតាពោលថា) នរណាហ្ន៎ កាលបើពន្លឺមាន ត្រាច់ទៅស្វែងរកភ្លើង បានឃើញនូវអំពិលអំពែកក្នុងវេលាយប់ ក៏សំគាល់ថាភ្លើង។
[៦៨] បុរសនោះ ក៏ច្របាច់ឈ្លីនូវលំអិតនៃអាចម៍គោ និងស្មៅ ដោយសេចក្តីសំគាល់ខុស មិនអាចនឹងបង្កាត់ភ្លើងឲ្យឆេះឡើងបានទេ។
[៦៩] បុគ្គលកាលរូតទឹកដោះមេគោ អំពីស្នែង រមែងមិនបាននូវទឹកដោះ យ៉ាងណាបុគ្គលអន្ធពាល ក៏មិនបាននូវប្រយោជន៍ ដោយហេតុមិនមែនឧបាយ យ៉ាងនោះដែរ។
[៧០] ជនទាំងឡាយ តែងបាននូវប្រយោជន៍ ដោយឧបាយទាំងឡាយផ្សេង ៗ គឺការផ្ទញ់ផ្ទាល់សត្រូវទាំងឡាយផង គឺការទំនុកបម្រុងចំពោះមិត្តទាំងឡាយផង។
[៧១] ពួកអ្នករក្សាផែនដី រមែងគ្រប់គ្រងនូវផែនដីដែលទ្រទ្រង់នូវទ្រព្យសម្បត្តិ ដោយការបំពេញបាន ចំពោះសេនាជាប្រធានផង ដោយការណែនំារបស់ពួកមន្រ្តីដែលជាអ្នកស្និទ្ធស្នាលផង។
ចប់ ខជ្ជោបនកជាតក ទី៤។
(៣៦៥. អហិតុណ្ឌិកជាតកំ (៥-២-៥))
[៧២] (អហិតុណ្ឌិកបុរសអ្នកចាប់ពស់ និយាយនឹងស្វាថា) ម្នាលសម្លាញ់មានមុខល្អ ខ្ញុំជាអ្នកលេងលែ្បង ចាញ់ហើយដោយលែ្បងភ្នាល់ អ្នកចូរទំលាក់នូវផ្លែស្វាយទុំ យើងស៊ីដោយសារសេចក្តីព្យាយាមរបស់អ្នក។
[៧៣] (ស្វានិយាយថា) ម្នាលសម្លាញ់ ពាក្យនេះ ពេញជាកុហក អ្នកសរសើរខ្ញុំ ដោយពាក្យមិនពិត ស្វាណាឈ្មោះថា មានមុខល្អ ដែលអ្នកធ្លាប់ឮ ឬធ្លាប់ឃើញ។
[៧៤] ម្នាលអហិតុណ្ឌិកៈ អ្នក (ធ្វើ) នូវអំពើណា ចំពោះខ្ញុំ អំពើនោះ (មាន) ក្នុងចិត្តអញ ក្នុងថៃ្ងនេះឯង អ្នកចូរទៅឯផ្សារលក់ស្រូវ ជាអ្នកស្រវឹង ហើយវាយខ្ញុំដែលកំពុងស្រេកឃា្លន។
[៧៥] ខ្ញុំកាលនឹកឃើញហេតុនោះ ដេកជាទុក្ខ ទោះបីអ្នកឲ្យខ្ញុំសោយរាជ្យ ហើយអ្នកសុំស្វាយខ្ញុំ ខ្ញុំក៏មិនឲ្យ ព្រោះខ្ញុំត្រូវភ័យគំរាមហើយ។
[៧៦] អ្នកប្រាជ្ញស្គាល់នូវបុគ្គលណា ដែលកើតក្នុងត្រកូល ជាអ្នកឆ្អែតស្កប់ស្កល់ក្នុងគភ៌ ជាអ្នកមិនកំណាញ់ គួរចងសម្លាញ់ ចងមិត្តនឹងបុគ្គលនោះ។
ចប់ អហិតុណ្ឌិកជាតក ទី៥។
(៣៦៦. គុម្ពិយជាតកំ (៥-២-៦))
[៧៧] (ព្រះសម្ពុទ្ធ ទ្រង់ពោលថា) ថ្នាំពិស មានពណ៌ល្អ មានរសឆ្ងាញ់ មានក្លិនក្រអូប យក្ខឈ្មោះគុម្ភិយៈ ស្វែងរកអាហារ បានដាក់ថ្នាំពិស (ទុកនៅ) ក្នុងព្រៃ។
[៧៨] ជនទាំងឡាយណា សំគាល់ថ្នាំពិស ថាជាវត្ថុផ្អែម ក៏លិទ្ធភ្លក្សនូវថ្នាំពិសនោះ ជនទាំងឡាយនោះ ក៏ពុលដល់នូវសេចក្តីស្លាប់ដោយថ្នាំពិសនោះ។
[៧៩] ជនទំាងឡាយណា ពិចារណាឃើញច្បាស់ ថាជាថ្នាំពិស ហើយវៀរចេញ ជនទាំងឡាយនោះ ដល់នូវសេចក្តីសុខក្នុងពួកជនកំពុងក្តៅក្រហាយ ជាអ្នកត្រជាក់ចិត្ត ក្នុងពួកជនកំពុងក្តៅរោលរាល។
[៨០] ថ្នាំពិស តែងប្រជុំចុះទៀបផ្លូវធំ យ៉ាងណាមិញ កាមទាំងឡាយ ដូចជាពិស តែងប្រជុំចុះក្នុងពួកមនុស្ស ក៏យ៉ាងនោះដែរ កាមគុណនេះ ជានុយ ជាចំណង ជាអំណាចនៃមច្ចុ ជាគូហា ជាទីអាស្រ័យនៅនៃមច្ចុ។
[៨១] ជនទាំងឡាយ ជាអ្នកក្តៅក្រហាយ លះវៀរនូវកាមទំាងនេះ ដែលជាគ្រឿងប្រើប្រាស់ អស់កាលទាំងពួង ជនទាំងឡាយនោះ ក៏រមែងកន្លងនូវកិលេស ជាគ្រឿងជាប់ក្នុងលោកបាន។
ចប់ គុម្ភិយជាតក ទី៦។
(៣៦៧. សាឡិយជាតកំ (៥-២-៧))
[៨២] (ពោធិសត្វពោលថា) បុរសណា ឲ្យគេចាប់នូវពស់វែក ដោយបញ្ឆោតថា កូនសាលិកា បុរសអ្នកប្រៀនប្រដៅអាក្រក់នេះ ត្រូវពស់នោះចឹកស្លាប់ហើយ។
[៨៣] ជនណាប្រាថ្នាដើម្បីសម្លាប់នូវបុគ្គល ប៉ុនែ្តមិនបានប្រហារ មិនបានសម្លាប់វិញ ជននោះ ក៏ត្រូវដេកស្លាប់ យ៉ាងនេះ ដូចជាបុរសដែលស្លាប់នេះ។
[៨៤] ជនណាប្រាថ្នាដើម្បីសម្លាប់នូវបុគ្គល អ្នកមិនបានបៀតបៀន មិនបានសម្លាប់វិញ ជននោះ ក៏ត្រូវដេកស្លាប់ យ៉ាងនេះ ដូចជាបុរសដែលស្លាប់នេះ។
[៨៥] បុរសអ្នកក្តាប់នូវអាចម៍ដី បាចទៅកាន់ទីច្រាសខ្យល់ ធុលីនោះ រមែងវិលមក ប៉ះបុរសនោះវិញ ដូចជាបុរសដែលស្លាប់នេះ។
[៨៦] បុគ្គលពាលណា ប្រទូស្តចំពោះជនដែលមិនបានប្រទូស្តតបវិញ ជាបុគ្គលបរិសុទ្ធ មិនមានទីទួល គឺកិលេស បាបរមែងវិលត្រឡប់មករកបុគ្គលពាលនោះវិញ ដូចជាធុលីដ៏ល្អិត ដែលបុគ្គលបាចទៅកាន់ទីច្រាសខ្យល់។
ចប់ សាលិយជាតក ទី៧។
(៣៦៨. តចសារជាតកំ (៥-២-៨))
[៨៧] (ស្តេចព្រហ្មទត្ត សួរថា) អ្នកទាំងឡាយ នៅក្នុងកណ្តាប់ដៃសត្រូវ ជាប់ដោយឃ្នាងឫស្សី តែនៅមានសម្បុរមុខស្រស់បស់ ព្រោះហេតុអ្វី ទើបអ្នកទំាងឡាយ មិនសោយសោក។
[៨៨] ពោធិសត្វ ទូលតបថា សេចក្តីចម្រើន សូម្បីមានប្រមាណតិច ក៏គេមិនដែលបាន ព្រោះសេចក្តីសោកខ្សឹកខ្សួលទេ ជនជាសត្រូវទំាងឡាយ ដឹងច្បាស់នូវបុរសនេះ ដែលកំពុងសោក ដល់នូវទុក្ខហើយ រមែងជាអ្នកមានចិត្តត្រេកអរ។
[៨៩] កាលណា បណ្ឌិតអ្នកឈ្លាស ក្នុងការវិនិច្ឆ័យនូវប្រយោជន៍ មិនញាប់ញ័រ ក្នុងអន្តរាយទាំងឡាយ កាលនោះ បុគ្គលជាសត្រូវជាទុក្ខ ព្រោះឃើញនូវមុខរបស់បណ្ឌិតនោះ មិនប្រែប្រួល នៅដូចអំពីដើម។
[៩០] បុគ្គលបាននូវប្រយោជន៍ ព្រោះការរាយមន្តក្តី ការប្រឹក្សាក្តី ពោលពាក្យពីរោះកី្ត ការឲ្យសំណូកក្តី ប្រវេណីក្តី ក្នុងទីណាយ៉ាងណា ៗ ត្រូវប្រឹងប្រែងក្នុងទីនោះ យ៉ាងនោះ ៗ។
[៩១] កាលណាបុគ្គលដឹងថា ប្រយោជន៍នុ៎ះ ទោះបីអញ ឬបុគ្គលដទៃ មិនគប្បីបាន បណ្ឌិតមិនសោកស្តាយ ត្រូវអត់ធន់ ដោយគិតថា កម្មមានកំឡាំងមាំ ឥឡូវនេះ អាត្មាអញនឹងធ្វើដូចមេ្តច។
ចប់ តចសារជាតក ទី៨។
(៣៦៩. មិត្តវិន្ទកជាតកំ (៥-២-៩))
[៩២] (មិត្តវិន្ទុកៈ ពោលថា) ខ្ញុំបានធ្វើអំពើដូចមេ្តច ដល់ពួកទេវតា ខ្ញុំបានធ្វើបាបដូចម្តេច ទើបចក្រសង្កត់លើក្បាល វិលកិនអំបែងក្បាលរបស់ខ្ញុំ ដោយបាបណា (បាបនោះ ដូចមេ្តចខ្លះ)។
[៩៣] (ទេវបុត្រពោធិសត្វ ពោលថា) អ្នកឯងកន្លងផុតនូវប្រាសាទកែវផលិក ប្រាសាទប្រាក់ ប្រាសាទកែវមណី ប្រាសាទមាស ហើយមកក្នុងទីនេះ ដោយហេតុអ្វី។
[៩៤] (មិត្តវិន្ទុកៈ ពោលថា) អ្នកចូរមើលខ្ញុំដល់នូវសេចក្តីវិនាស ដោយសេចក្តីសំគាល់នេះថា ភោគៈទាំងឡាយច្រើនជាងភោគៈទាំងឡាយក្នុងទីនេះ ប្រហែលជានឹងមានក្នុងទីនោះ។
[៩៥] (ពោធិសត្វពោលថា អ្នកចេញ) អំពីវេមានិកប្រេត ៤ នាក់ទៅ ក៏បាននូវវេមានិកប្រេត ៨ នាក់ (ចេញ) អំពីវេមានិកប្រេត ៨ នាក់ទៅ ក៏បាននូវវេមានិកប្រេត ១៦ នាក់ (ចេញ) អំពីវេមានិកប្រេត ១៦ នាក់ទៅ ក៏បាននូវវេមានិកប្រេត ៣២ នាក់ អ្នកកាលប្រាថ្នាខ្លាំងពេក ទើបមកប្រទះនឹងចក្រ ចំណែកខាងចក្រ ក៏វិលកិនអម្បែងក្បាលរបស់សត្វ ដែលត្រូវសេចក្តីច្រណែនបៀតបៀន។
[៩៦] តណ្ហា ជាធម្មជាតិដ៏ទូលាយក្នុងខាងលើ ដែលសត្វបំពេញបានដោយក្រ ជាដំណើរដ៏រវះរវាម ដោយអំណាចនៃសេចក្តីប្រាថ្នា ពួកជនណាជាប់ចំពាក់ដោយតណ្ហានោះ ពួកជននោះ រមែងទ្រទ្រង់នូវចក្រ។
ចប់ មិត្តវិន្ទុកជាតក ទី៩។
(៣៧០. បលាសជាតកំ (៥-២-១០))
[៩៧] (ព្រះសម្មាសម្ពុទ្ធ សំដែងថា) សេ្តចហង្ស បាននិយាយនឹងបលាសទេវតា (ថា) មា្នលសំឡាញ់ ដើមជ្រៃដុះ ដើមជ្រៃនោះ ដូចសត្រូវអង្គុយលើភ្លៅរបស់អ្នក នឹងកាត់បង់នូវជីវិតសង្ខាររបស់អ្នក។
[៩៨] (បលាសទេវតា និយាយថា) ខ្ញុំជាទីពឹងរបស់ដើមជ្រៃនុ៎ះ ដូចជាមាតាបិតា ដើមជ្រៃនុ៎ះនឹងជាទីពឹង (របស់ខ្ញុំ) ក្នុងកាលដែលវាចំរើនឡើង យ៉ាងនោះដែរ។
[៩៩] (ស្តេចហង្ស និយាយថា) អ្នកបណ្តុះនូវឈើមានជ័រ ដូចទឹកដោះ ជ្រៃដែលគួរខ្លាច ដូចសត្រូវនៅលើភ្លៅ ដោយហេតុណា ហេតុនោះ ទើបយើងប្រាប់អ្នកហើយនឹងទៅ ការចំរើនឡើងនៃដើមជ្រៃនោះ មិនពេញចិត្ត (ខ្ញុំ) ទេ។
[១០០] (បលាសទេវតា និយាយថា) ឥឡូវនេះ ដើមជ្រៃញុំាងអញឲ្យភ័យ ភ័យដ៏ធំមកដល់អញ ព្រោះមិនយល់ពាក្យនៃស្តេចហង្ស ជាពាក្យដូចជាភ្នំសិនេរុដ៏ធំ។
[១០១] (ព្រះសម្មាសម្ពុទ្ធ សំដែងថា) អន្តរាយណា កាលចំរើនឡើង រមែងបំផ្លាញនូវទីពឹង សេចក្តីចំរើននៃអន្តរាយនោះ ជនអ្នកឈ្លាសវៃ មិនសរសើរឡើយ អ្នកប្រាជ្ញកាលរង្កៀសនឹងសេចក្តីវិនាស រមែងព្យាយាម ដើម្បីសម្លាប់នូវមូលហេតុ នៃសេចក្តីអន្តរាយនោះ។
ចប់ បលាសជាតក ទី១០។
ចប់ វណ្ណារោហវគ្គ ទី២។
(៣. អឌ្ឍវគ្គោ)
(៣៧១. ទីឃីតិកោសលជាតកំ (៥-៣-១))
[១០២] (ទីឃាវុកុមារ ពោលថា) បពិត្រព្រះរាជា ព្រះអង្គធ្លាក់មកក្នុងអំណាចរបស់ខ្ញុំ យ៉ាងនេះ បរិយាយណា ញុំាងព្រះអង្គឲ្យរួចចាកទុក្ខ បរិយាយណាមួយនោះ មានដែរឬ។
[១០៣] (ព្រះរាជា ពោលថា) ម្នាលអ្នក ខ្ញុំធ្លាក់មកក្នុងអំណាចរបស់អ្នក ប្រាកដយ៉ាងនេះ បរិយាយណា ញុំាងខ្ញុំឲ្យរួចចាកទុក្ខ បរិយាយណាមួយនោះ របស់យើងមិនមានទេ។
[១០៤] (ទីឃាវុកុមារ ពោលថា) បពិត្រព្រះរាជា គុណជាតដទៃអំពីសុចរិត ទីពឹងមិនបានទេ បពិត្រព្រះរាជា គុណជាតដទៃអំពីសុភាសិត ទីពឹងមិនបានទេ ទ្រព្យក្រៅពីនេះ ក៏យ៉ាងនោះដែរ។
[១០៥] បុគ្គលទាំងឡាយណា ចងនូវពៀរនោះ (ដោយគិតថា) អ្នកឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) របស់អញ ពៀររបស់បុគ្គលទាំងឡាយនោះ រមែងមិនរម្ងាប់ទេ លុះតែបុគ្គលទាំងឡាយណា មិនចងនូវពៀរនោះ (ដោយគិតថា) អ្នកឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) របស់អញ ពៀររបស់បុគ្គលទាំងឡាយនោះ ទើបរម្ងាប់បាន។
[១០៦] តំាងពីកាលណាមក ពៀរទាំងឡាយក្នុងលោកនេះ រមែងមិនរម្ងាប់ដោយពៀរទេ ពៀរទាំងឡាយ រមែងរម្ងាប់បានដោយមិនមានពៀរ នេះជាបុរាណធម៌។
ចប់ ទីឃីតិកោសលជាតក ទី១។
(៣៧២. មិគបោតកជាតកំ (៥-៣-២))
[១០៧] (ព្រះឥន្រ្ទពោលថា) លោកចេញចាកផ្ទះ ជាបុគ្គលមិនមានផ្ទះ ជាសមណៈ លោកសោកស្តាយចំពោះសត្វដែលទៅកាន់លោកខាងមុខណា សេចក្តីសោកស្តាយនោះ មិនប្រពៃទេ។
[១០៨] (តាបស តបថា) បពិត្រសក្កៈ សេចក្តីស្រឡាញ់ រមែងកើតឡើងក្នុងហឫទ័យ ដោយការនៅរួមរបស់មនុស្ស ឬរបស់ម្រឹគ ខ្ញុំមិនអាចមិនសោយសោកនឹងម្រឹគនោះបានទេ។
[១០៩] (សក្កទេវរាជ ពោលថា) ពួកជនណា យំនឹងបុគ្គលដែលស្លាប់ទៅហើយ ឬនឹងស្លាប់ បុគ្គលនោះ រមែងយំ រមែងរវើរវាយ (ឥតឈប់) បពិត្រឥសី ព្រោះហេតុនោះ លោកកុំយំឡើយ ព្រោះថា ពួកសប្បុរស បានពោលនូវការយំ ថាជាការឥតអំពើ។
[១១០] បពិត្រព្រហ្ម ប្រសិនបើបុគ្គលដែលស្លាប់ លះលោកនេះទៅហើយ គប្បីក្រោកឡើងបាន ដោយការយំ យើងទាំងអស់ ចូរប្រជុំគ្នាយំនឹងពួកញាតិនៃគ្នានឹងគ្នា។
[១១១] (តាបស ពោលថា) អ្នកបានស្រោចស្រប់នូវខ្ញុំ ដែលភ្លើង គឺសេចក្តីសោកកំពុងឆេះ ឲ្យស្ងប់រម្ងាប់ ញុំាសេចក្តីក្រវល់ក្រវាយទាំងអស់ឲ្យរលត់ ដូចបុគ្គលស្រោចនូវភ្លើងដែលឆេះឆ្នាំងខ្លាញ់ដោយទឹក សរ គឺសេចក្តីសោកណា ដែលអាស្រ័យក្នុងហឫទ័យ សរ គឺសេចក្តីសោកនោះ ខ្ញុំបានដកចេញហើយ អ្នកណាបានបន្ទោបង់សេចក្តីសោក ព្រោះបុត្តដល់ខ្ញុំ ដែលត្រូវសេចក្ដីសោកបៀតបៀន ខ្ញុំនោះ ជាអ្នកមានសរ គឺសេចក្តីសោកដកចេញហើយ ជាអ្នកប្រាសចាកសេចក្តីសោក មានចិត្តមិនល្អក់ មា្នលវាសវៈ ខ្ញុំលែងសោកស្តាយ លែងយំទួញ ព្រោះបានស្តាប់ពាក្យរបស់អ្នក (នោះ)។
ចប់ មិគបោតកជាតក ទី២។
(៣៧៣. មូសិកជាតកំ (៥-៣-៣))
[១១២] (ព្រះរាជាពោលថា) អ្នកផងនិយាយរវើរវាយថា នាងមូសិកាទាសីទៅឯណា ទៅក្នុងទីណា អញតែមា្នក់ឯងដឹងថា នាងមូសិកាទាសី ត្រូវគេសម្លាប់ (ទម្លាក់ទៅ) ក្នុងស្រះ។
[១១៣] (ព្រះរាជា ពោលថា) អ្នកគិតរកនូវឱកាសនៃការប្រហារដូច្នេះ បែរងីកងាក ដូចសត្វលា ព្រោះហេតុណា ហេតុនោះ អ្នកសម្លាប់នូវនាងមូសិកាទាសី (ទម្លាក់ទៅ) ក្នុងស្រះ ប្រាថា្នដើម្បីស៊ីនូវបាយដំណើបឬ។
[១១៤] (ព្រះរាជា ពោលតទៅទៀតថា) មា្នលអ្នកឥតប្រាជ្ញា អ្នកជាបុគ្គលនៅក្មេងតូច តំាងនៅក្នុងបឋមវ័យ កាន់យកនូវគ្រឿងប្រហារ មានដងដ៏វែងនេះ យើងមិនឲ្យជីវិតដល់អ្នកទេ។
[១១៥] (ព្រះរាជា ពោលគាថាដ៏ពិសេសថា) អញមិនមែនរួច (អំពីសេចក្តីស្លាប់) ព្រោះវិមានលើអាកាស ឬព្រោះបុត្រប្រាកដស្មើដោយអវយវៈបានទេ ព្រោះថាអញត្រូវកូនប្រាថា្ន (នឹងសម្លាប់) បានរួចខ្លួន ព្រោះគាថាទាំងឡាយ។
[១១៦] បុគ្គលគប្បីសិក្សានូវសុតៈទាំងពួង ទោះបីថោកទាប ឧក្រិដ្ឋ ឬយ៉ាងកណ្តាល គប្បីដឹងនូវប្រយោជន៍នៃសុតៈទាំងអស់ តែមិនគប្បីប្រកបនូវសុតៈទាំងអស់ទេ សុតៈនាំមកនូវប្រយោជន៍ក្នុងកាលណា កាលប្រាកដដូច្នោះ រមែងមានប្រាកដ។
ចប់ មូសិកជាតក ទី៣។
(៣៧៤. ចូឡធនុគ្គហជាតកំ (៥-៣-៤))
[១១៧] (ស្រ្តីនោះនិយាយថា) មា្នលព្រាហ្មណ៍ អ្នកនាំយកទ្រព្យទាំងអស់ ឆ្លងទៅកាន់ត្រើយនាយ ម្នាលអ្នកដ៏ចំរើន អ្នកចូរត្រឡប់មកវិញយ៉ាងឆាប់រួសរាន់ សូមអ្នកចម្លងខ្ញុំឥឡូវនេះផង។
[១១៨] (ចោរនិយាយថា) នាងផ្លាស់ប្តូរយកអញ អ្នកមិនស្និទស្នាល ដោយប្តីដែលស្និទស្នាលអស់កាលយូរ ផ្លាស់ប្តូរយកអញដែលមិនមែនជាប្តីទៀងទាត់ ដោយប្តីទៀងទាត់ នាងនឹងផ្លាស់ប្តូរយកប្រុសឯទៀតនឹងអញមិនខាន អញនឹងទៅកាន់ទីឆ្ងាយជាងទីនេះ។
[១១៩] (ចចក និយាយថា) ស្រ្តីនេះជាអ្វី ទើបធ្វើនូវសំណើចយ៉ាងខ្លាំងទៀបគុម្ពរៃទឹក ការរាំក្តី ច្រៀងក្តី ប្រគំក្តី ដែលគេតាំងទុកដោយល្អក្នុងទីនេះ មិនមានទេ ម្នាលស្ត្រី មានទ្រគាកល្អ មានរូបល្អ ហេតុដូចម្តេច ទើបនាងសើចក្អាកក្អាយក្នុងកាលគួរយំ។
[១២០] (នាងនោះ និយាយថា) ម្នាលចចកជម្ពុកៈពាលឥតប្រាជ្ញា ឯងជាសត្វគ្មានប្រាជ្ញា ឯងសាបសូន្យចាកត្រី និងដុំសាច់ សព្ជាប់សញ្ជឹងដូចសត្វកំព្រា។
[១២១] (ចចក និយាយថា) ទោសរបស់ជនទាំងឡាយឯទៀត ឃើញបានដោយងាយ ចំណែកខាងទោសរបស់ខ្លួន ឃើញបានដោយក្រណាស់ នាងឯងជាស្រ្តីសាបសូន្យចាកប្តី និងសហាយ សព្ជាប់សញ្ជឹងជាងអញទៅទៀត។
[១២២] (នាងនោះ និយាយថា) មា្នលសេ្តចម្រឹគជម្ពុកៈ អ្នកនិយាយយ៉ាងណា ពាក្យនុ៎ះ យ៉ាងហឹ្នងហើយ ខ្ញុំនោះទៅអំពីទីនេះ នឹងលុះអំណាចប្តីដោយពិត។
[១២៣] (សក្កទេវរាជ ពោលថា) អ្នកណាហ៊ានលួចភាជន៍ដី អ្នកនោះ គង់ហ៊ានលួចភាជន៍សម្រិទ្ធិទៀត បាបដែលនាងបានធ្វើរួចហើយ នាងនឹងធ្វើយ៉ាងនេះទៀតមិនលែងឡើយ។
ចប់ ចុល្លធនុគ្គហជាតក ទី៤។
(៣៧៥. កបោតជាតកំ (៥-៣-៥))
[១២៤] (ក្អែក និយាយថា) ឥឡូវនេះ អញបានសុខ មិនមានរោគ មិនមានសត្រូវ ដូចបន្លា (ព្រោះ) ព្រាបហើរចេញទៅហើយ ឥឡូវនេះ អញនឹងធ្វើនូវសេចក្តីត្រេកអរនៃចិត្ត ព្រោះថាសាច់ និងអន្លក់ រមែងញុំាងអញឲ្យមានកំឡាំង។
[១២៥] (ព្រាប និយាយចំអកថា) នេះជាកុកអ្វី ជាសត្វមានកំប៉ោយ ជាចោរ មានពពកជាជីតា នែនាងកុក នាងចូរមកខាងអាយ ក្អែកជាសម្លាញ់របស់ខ្ញុំ កាច។
[១២៦] (ក្អែក និយាយថា) អ្នកមិនគួរសើចនឹងខ្ញុំ ព្រោះឃើញខ្ញុំ (ដល់នូវសេចក្តីទុក្ខ) យ៉ាងនេះ ដែលត្រូវកូនអ្នកគ្រួ ដកស្លាបប្រឡាក់ដោយម្សៅម៉ត់។
[១២៧] (ព្រាបនិយាយថា) អ្នកមានខ្លួនងូតស្អាត ស្រលាបដោយល្អ ឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក អ្នកមានកែវពៃទូរ្យឰដ៏ក នឹងទៅកាន់នគរកជង្គលៈឬ។
[១២៨] (ក្អែក និយាយថា) សត្វជាមិត្ត ឬជាសត្រូវរបស់អ្នក កុំទៅកាន់នគរកជង្គលៈឡើយ ពួកជនក្នុងនគរនោះ បានបោចរោមហើយចងប្រឡៅត្រង់ក។
[១២៩] (ព្រាប និយាយថា) ម្នាលសម្លាញ់ អ្នកនឹងដល់នូវអំពើយ៉ាងនេះទៀត ព្រោះមារយាទរបស់អ្នកតែយ៉ាងហ្នឹង ភោគៈទាំងឡាយរបស់មនុស្ស មិនមែនសត្វស្លាបបរិភោគបានទេ។
ចប់ កបោតកជាតក ទី៥។
ចប់ អឌ្ឍវគ្គ ទី៣។
ឧទ្ទាននៃជាតកនោះគឺ
និយាយអំពីវណ្ណារោហជាតក ១ សីលវិមំសជាតក ១ ហិរិជាតក ១ ខជោ្ជបនកជាតក ដែលបុគ្គលបានប្រយោជន៍ ១ ស្វាមានមុខល្អ ១ (គុម្ភិយជាតក ១) សាលិយជាតក ១ មិត្តដ៏ប្រសើរ ១ ចក្ក ១ បលាសជាតក ១ ព្រះរាជកុមារ (ព្រះនាមទីឃិតិ) ១ មិគបោតកជាតក ១ បាយដំណើប ១ ចចកពាល ១ កបោតកជាតក ១ រួមជា ១៥ ជាតក។
ឧទ្ទានវគ្គ មានក្នុងបព្ចាកនិបាតនោះគឺ
អំពីមណិកុណ្ឌលវគ្គ (និយាយអំពីបុគ្គលសាបសូន្យចាកដែនជាដើម) វណ្ណារោហវគ្គ អំពីវគ្គខាងលើ មិនស្មើគ្នា វគ្គទំាងឡាយ ២០ ដែលព្រះសុគតសំដែងទុកល្អហើយ ហៅថា ជាតក ព្រះសង្គីតិកាចារ្យ បានសំដែងនូវភាពនៃព្រហ្មចរិយធម៌ដ៏ប្រសើរ របស់ព្រះគាថាទាំងឡាយ មានអត្ថ ព្រមទាំងព្យព្ជានៈ (បរិបូណ៌)។
ចប់ បញ្ចកនិបាត។
(៦. ឆក្កនិបាតោ)
(១. អវារិយវគ្គោ)
(៣៧៦. អវារិយជាតកំ (៦-១-១))
[១៣០] (ព្រះពោធិសត្វ ទូន្មានថា) បពិត្រម្ចាស់ផែនដី សូមព្រះអង្គកុំខ្ញាល់ បពិត្រព្រះអង្គប្រសើរលើរថ សូមព្រះអង្គកុំខ្ញាល់ ព្រះរាជាកាលមិនខ្ញាល់តបចំពោះបុគ្គលដែលខឹង រាស្រ្តតែងបូជា អាត្មារមែងប្រៀនប្រដៅមនុស្សក្នុងទីទាំងពួង គឺក្នុងស្រុក ឬក្នុងព្រៃ ទីទាប ឬទីទួល បពិត្រព្រះអង្គប្រសើរលើរថ សូមព្រះអង្គកុំខ្ញាល់។
[១៣១] (ព្រះសាស្តា ត្រាស់ថា) នាយទូកក្នុងទន្លេគង្គា ឈ្មោះអាវារិយបិតា តែងចម្លងនូវជនមុន ហើយទើបសុំយកនូវថ្លៃឈ្នួលក្នុងកាលខាងក្រោយ ហេតុនោះ ការឈ្លោះប្រកែក ក៏រមែងមានដល់គាត់ គាត់ក៏មិនចម្រើនដោយភោគសម្បត្តិទាំងឡាយ។
[១៣២] (តាបសពោធិសត្វ ទូន្មានថា) ម្នាលនាយទូក ចូរអ្នកសុំយកថ្លៃចំពោះមនុស្ស ដែលមិនទាន់ឆ្លងទៅកាន់ត្រើយនាយឲ្យហើយសិន ព្រោះថាចិត្តមនុស្សដែលឆ្លងហើយផ្សេង ចិត្តរបស់មនុស្សអ្នកស្វែងរកត្រើយ (ត្រូវការឆ្លង) ផ្សេង។
[១៣៣] អាត្មាតែងប្រៀនប្រដៅមនុស្សក្នុងទីទាំងពួង គឺក្នុងស្រុក ឬក្នុងព្រៃ ទីទាប ឬទីទួល ម្នាលនាយទូក ចូរអ្នកកុំខឹង។
[១៣៤] (ព្រះសាស្តា ត្រាស់ថា) ព្រះរាជា បានប្រទានស្រុកសួយ ដោយពាក្យប្រៀនប្រដៅណា នាយទូកក៏ទះមាត់ (ឥសី) ដោយពាក្យប្រៀនប្រដៅនោះដែរ។
[១៣៥] ភាជន៍បាយក៏បែក ភរិយាក៏ត្រូវខ្លួនប្រហារ គភ៌របស់ភរិយាក៏ធា្លក់ចុះទៅលើផែនដី មនុស្សពាលមិនញុំាប្រយោជន៍ឲ្យចំរើនដោយឱវាទនោះ ដូចជាម្រឹគមិនចម្រើនដោយមាសប្រាក់។
ចប់ អាវារិយជាតក ទី១។
(៣៧៧. សេតកេតុជាតកំ (៦-១-២))
[១៣៦] (អាចារ្យទិសាបាមោក្ខ ទូន្មានសេតកេតុព្រាហ្មណ៍ថា) ម្នាលអ្នក ចូរអ្នកកុំខឹង ព្រោះថាការខឹង ជាការមិនល្អទេ អ្នកមិនដែលឃើញ មិនដែលឮ នូវទិសជាច្រើនទេ ម្នាលអ្នកឈ្មោះសេតកេតុ មាតាបិតា ទុកជាទិស (ខាងដើម អ្នកប្រាជ្ញទាំងឡាយ) ពោលថា អាចារ្យទុកជា (ទិសខាងស្តំា) ប្រសើរជាងទិសទំាងឡាយ។
[១៣៧] ពួកជនជាគ្រហស្ថ ជាអ្នកឲ្យបាយ ទឹក និងសំពត់ ជាអ្នកហៅរក (នូវអ្នកទទួលទាន) ណា អ្នកប្រាជ្ញទាំងឡាយ មានព្រះពុទ្ធជាដើម ពោលនូវបុគ្គលនោះថា ជាទិស (ខាងលើ) មា្នលសេតកេតុ បុគ្គលមានទុក្ខ ត្រឡប់ជាបានសេចក្តីសុខវិញព្រោះដល់នូវទិស (និព្វាន) ណា ទិសនុ៎ះ ជាទិសដ៏ប្រសើរ។
[១៣៨] (ព្រះរាជា សួរបុរោហិតថា) ជដិលទាំងឡាយណា ទ្រទ្រង់ស្បែកខ្លាឃ្មុំទាំងក្រចក មានធេ្មញប្រកបដោយមន្ទិល មានសភាពដ៏សៅហ្មង តែងស្វាធ្យាយនូវមន្តទាំងឡាយ ជដិលទាំងនោះ (ឋិតនៅ) ក្នុងសេចក្តីព្យាយាមជារបស់មនុស្ស ដឹងច្បាស់នូវលោកនេះ បានរួចចាកអបាយឬទេ។
[១៣៩] (បុរោហិត ទូលតបថា) បពិត្រព្រះរាជា បុគ្គលជាពហុស្សូត ធ្វើបាបកម្មទាំងឡាយ មិនប្រព្រឹត្តធម៌ សូម្បីចេះដឹងច្រើន ហើយអាស្រ័យការចេះដឹងនោះ មិនបានដល់នូវការប្រព្រឹត្តិ ក៏រមែងមិនបានរួចចាកទុក្ខឡើយ។
[១៤០] (ព្រះរាជា ពោលថា) បុគ្គលអ្នកចេះច្រើន អាស្រ័យនូវការចេះដឹងនោះ តែមិនបានដល់នូវការប្រព្រឹត្តិ ក៏រមែងមិនរួចចាកទុក្ខ ខ្ញុំសំគាល់ថា ការចេះដឹង មិនមានផលទេ ការប្រព្រឹត្តិ ព្រមទាំងការសង្រួមទៀងទាត់ ទើបមានផល។
[១៤១] (បុរោហិតទូលថា) ការចេះដឹង មិនមែនឥតផលទេ ការប្រព្រឹត្តិ ព្រមទាំងការសង្រួមនោះឯង ក៏មិនទៀងទាត់ដែរ បុគ្គលដល់នូវកិត្តិសព្ទ ព្រោះអាស្រ័យការចេះដឹង បុគ្គលមានខ្លួនទូន្មានបានហើយ ដល់នូវព្រះនិព្វាន ព្រោះការប្រព្រឹត្តិ។
ចប់ សេតកេតុជាតក ទី ២។
(៣៧៨. ទរីមុខជាតកំ (៦-១-៣))
[១៤២] (ព្រះបចេ្ចកពុទ្ធទរីមុខ ឲ្យឱវាទដល់ព្រះរាជាព្រហ្មទត្តថា) កាមទាំងឡាយ ដូចភក់ផង កាមទាំងឡាយ ដូចគ្រឿងស្អិតផង នេះជាភ័យមានឫសគល់ ៣ យ៉ាង ដែលព្រះសម្ពុទ្ធពោលទុកហើយ កាមទាំងឡាយ ដូចធូលីផង ដូចផ្សែងផង ដែលអាត្មាប្រកាសហើយ បពិត្រព្រះរាជាព្រហ្មទត្ត សូមព្រះអង្គលះបង់ (កាមទាំងនោះ) ហើយបួសចុះ។
[១៤៣] (ព្រះរាជាព្រហ្មទត្ត ពោលថា) បពិត្រព្រាហ្មណ៍ ខ្ញុំជាអ្នកជាប់ចំពាក់ ត្រេកអរជ្រុលជ្រប់ក្នុងកាមទាំងឡាយ ជាអ្នកត្រូវការដោយជីវិត មិនអាចដើម្បីលះនូវកាម មានសភាពគួរខ្លាចនោះបានទេ ខ្ញុំនឹងធ្វើបុណ្យទាំងឡាយច្រើន។
[១៤៤] (ព្រះបចេ្ចកពុទ្ធ ពោលថា) បុគ្គលណា កាលគេប្រាថ្នាសេចក្តីចំរើន អនុគ្រោះដោយប្រយោជន៍ ប្រៀនប្រដៅ តែមិនធ្វើតាមពាក្យប្រៀនប្រដៅ សំគាល់ថា នេះឯងប្រសើរ ជាមនុស្សល្ងង់ខ្លៅ រមែងចូលទៅកាន់គភ៌ញយ ៗ។
[១៤៥] បុគ្គលល្ងង់ខ្លៅនោះ រមែងចូលទៅកាន់នរក មានសភាពដ៏ពន្លឹក ជាទីមិនស្អាតដល់ពួកកុលបុត្តអ្នកស្អាត ពេញដោយមូត្រ និងករីស សត្វទាំងឡាយណា ជាអ្នកមិនទាន់ប្រាសចាករាគៈ ជាប់ចំពាក់ក្នុងកាមទាំងឡាយ សត្វទាំងឡាយនោះ រមែងមិនលះបង់នូវសកាយៈ (ការនៅក្នុងគភ៌)។
[១៤៦] សត្វទាំងឡាយ ប្រសូត (ចាកគភ៌នៃមាតា) រមែងជាប់ដោយលាមក ប្រឡាក់ដោយឈាម ជាប់ដោយរំអិល ប៉ះពាល់នូវទ្វារជាទីប្រសូតណា ៗ ដោយកាយ ក្នុងខណៈនោះ ទ្វារទាំងអស់នោះ ជារបស់មិនស្អាត សុទ្ធតែជាទុក្ខទាំងអស់។
[១៤៧] អាត្មាឃើញទើបពោល មិនមែនស្តាប់អំពីបុគ្គលដទៃទេ អាត្មារលឹកឃើញ នូវបុព្វេនិវាសច្រើន។ (ព្រះសម្មាសម្ពុទ្ធ ត្រាស់ថា) ព្រះបចេ្ចកពុទ្ធ ព្រះនាមទរីមុខៈ ពន្យល់សេ្តចព្រហ្មទត្ត មានប្រាជ្ញាល្អ ដោយគាថាទាំងឡាយដ៏វិចិត្រដែលសំដែងហើយដោយល្អ។
ចប់ ទរីមុខជាតក ទី ៣។
(៣៧៩. នេរុជាតកំ (៦-១-៤))
[១៤៨] (សុវណ្ណហង្សជាប្អូន និយាយថា) ហ្វូងក្អែកព្រៃ ក្អែកស្រុក និងយើង ជាសត្វប្រសើរជាងពួកសត្វស្លាប មកដល់ភ្នំនេះ មានសម្បុរប្រហែលគា្នទាំងអស់។
[១៤៩] ពួកសីហៈ ខ្លាធំ សត្វសា្លប ម្រឹគថោកទាបក្នុងទីនេះ មានសម្បុរប្រហែលគ្នាទាំងអស់ តើភ្នំនេះ ឈ្មោះអ្វី។
[១៥០] (សុវណ្ណហង្សពោធិសត្វ ពោលថា) មនុស្សទាំងឡាយ ដឹងថាភ្នំដ៏ឧត្តមនេះឈ្មោះនេរុ សព្វសត្វទាំងឡាយនៅក្នុងទីនេះ ជាសត្វបរិបូណ៌ដោយពណ៌សម្បុរ។
[១៥១] (សុវណ្ណហង្សជាប្អូន ពោលថា) ការមិនរាប់អាន ឬការមើលងាយនូវពួកសប្បុរស ឬក៏ការរាប់អានបុគ្គលថោកទាប មានក្នុងទីណា បុគ្គលមិនគប្បីនៅក្នុងទីនោះទេ។
[១៥២] មនុស្សខ្ជិល និងមនុស្សឧស្សាហ៍ មនុស្សក្លៀវក្លា និងមនុស្សខ្លាច គេបូជាស្មើគ្មា ក្នុងទីណា សប្បុរសទាំងឡាយ រមែងមិននៅក្នុងទីនោះ ជាភ្នំមិនធ្វើឲ្យប្លែកបាន។
[១៥៣] ភ្នំនេរុនេះ មិនចែកនូវសត្វឲ្យថោកទាប ឲ្យខ្ពង់ខ្ពស់ ឲ្យជាកណ្តាល ភ្នំនេរុមិនធ្វើឲ្យប្លែកគ្នាបាន បើដូច្នោះ យើងទាំងឡាយ លះបង់នូវភ្នំនេរុចោល។
ចប់ នេរុជាតក ទី៤។
(៣៨០. អាសង្កជាតកំ (៦-១-៥))
[១៥៤] (នាងអាសង្កាកុមារិកា ពោលថា) វល្លិឈ្មោះអាសាវតី កើតក្នុងឧទ្យានឈ្មោះចិត្តលតាវ័ន វល្លិនោះ ក្នុងមួយពាន់ឆ្នាំ ទើបកើតផ្លែ ១។
[១៥៥] ទោះបើផ្លែមាននៅក្នុងទីឆ្ងាយដល់ម្ល៉ោះ ពួកទេវតានៅតែចូលទៅរកវល្លិនោះ បពិត្រព្រះរាជា សូមព្រះអង្គប្រាថ្នាចុះ សេចក្តីប្រាថ្នារមែងមានផល នាំមកនូវសេចក្តីសុខ។
[១៥៦] អំបាលសត្វស្លាបនោះ (កុក) នៅប្រាថ្នាបាន អំបាលសត្វមានកំណើតពីរ គង់ប្រាថ្នាបាន ថ្វីបើទន្លេមាននៅក្នុងទីឆ្ងាយ សេចក្តីប្រាថ្នារបស់កុកនោះ គង់សម្រេចមិនខាន បពិត្រព្រះរាជា សូមព្រះអង្គប្រាថ្នាចុះ សេចក្តីប្រាថ្នារមែងមានផលជាសុខ។
[១៥៧] (ព្រះរាជាព្រហ្មទត្ត ពោលថា) នាងបានញុំាងខ្ញុំឲ្យឆ្អែតដោយវាចា មិនឆ្អែតដោយការងារ ដូចជាផ្កាកម្រងនៃឈើសោរេយ្យកៈ មានតែពណ៌ មិនមានក្លិន។
[១៥៨] បុគ្គលណា មិនឲ្យ មិនលះបង់ភោគៈ គ្រាន់តែធ្វើនូវវាចាដ៏ពីរោះ ជាវាចាឥតផល ចំពោះមិត្តទាំងឡាយ តំណ (នៃសេចក្តីស្និទ្នសាល) របស់បុគ្គលនោះ រមែងសាបសូន្យទៅ ដោយហេតុនោះឯង។
[១៥៩] ពិតណាស់ បុគ្គលធ្វើនូវអំពើណា គប្បីនិយាយនូវអំពើនោះ មិនធ្វើនូវអំពើណា មិនគប្បីនិយាយនូវអំពើនោះ បណ្ឌិតទាំងឡាយ រមែងកំណត់ដឹងនូវបុគ្គលអ្នកមិនធ្វើ គ្រាន់តែនិយាយ។
[១៦០] ពលរបស់ខ្ញុំអស់ហើយ ទាំងស្បៀងអាហារក៏មិនមាន ខ្ញុំរង្កៀសចំពោះការវិនាសនៃជីវិត បើដូច្នោះ ខ្ញុំនឹងទៅឥឡូវនេះ។
[១៦១] (នាងអាសង្កា ទូលថា) បពិត្រព្រះអង្គ ទ្រង់ប្រសើរលើរថ ពាក្យណាដែលមានក្នុងឈ្មោះ ពាក្យនុ៎ះឯង ជាឈ្មោះរបស់ខ្ញុំព្រះអង្គ បពិត្រមហារាជ សូមព្រះអង្គរង់ចាំចុះ ខ្ញុំព្រះអង្គនឹងអញ្ជើញបិតាសិន។
ចប់ អាសង្កជាតក ទី ៥។
(៣៨១. មិគាលោបជាតកំ (៦-១-៦))
[១៦២] (ត្មាតពោធិសត្វ និយាយនឹងកូនថា) ម្នាលមិគលោបៈ ដំណើររបស់អ្នកប្រាកដដូច្នោះ មិនពេញចិត្តអញទេ ម្នាលកូន ដ្បិតអ្នកហើរទៅខ្ពស់ពេក ម្នាលកូន អ្នកសេពគប់នូវទីមិនមែនផែនដី។
[១៦៣] ផែនដីប្រាកដដល់អ្នក ដូចជាស្រែមានជ្រុង ៤ ម្នាលកូន ចូរអ្នកត្រឡប់អំពីទីនោះមកវិញ កុំទៅហួសអំពីទីនេះឡើយ។
[១៦៤] ពួកសកុណជាតិឯទៀត មានស្លាបជាយាន ទៅកាន់អាកាស ពួកសត្វទាំងនោះ សំគាល់ខ្លួនថា ស្មើដោយវត្ថុដ៏ទៀងទាត់ ត្រូវកំឡាំងខ្យល់បក់បោកវិនាស។
[១៦៥] (ព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងថា) មិគលោបៈ មិនធ្វើតាមពាក្យប្រដៅរបស់បិតាចាស់ ឈ្មោះអបរណ្ណៈ ហើរកន្លងនូវខ្យល់រដូវកាល បានទៅដល់អំណាចនៃខ្យល់ព្យុះ។
[១៦៦] កូនក្តី ប្រពន្ធក្តី ឬសត្វឯទៀត ជាអ្នកចិញ្ចឹមជីវិតតាមមិគលោបៈនោះ ពួកសត្វស្លាបទំាងអស់ ក៏ដល់នូវសេចក្តីវិនាស ព្រោះទិជជាតិ (មិគលោបៈ) មិនធ្វើតាមឱវាទ។
[១៦៧] បុគ្គលណា មិនយល់នូវពាក្យរបស់បុគ្គលចាស់ទុំ ក្នុងលោកនេះ បុគ្គលនោះ (ដល់នូវសេចក្តីវិនាស) ដូចជាត្មាតកន្លងពាក្យប្រៀនប្រដៅ ជាសត្វភ្លើតភ្លើនត្រាច់ទៅកាន់ទីហួសដែន ជនទាំងអស់ដល់នូវសេចក្តីវិនាស ព្រោះមិនធ្វើតាមពាក្យប្រដៅរបស់ព្រះពុទ្ធ។
ចប់ មិគលោបជាតក ទី៦។
(៣៨២. សិរិកាឡកណ្ណិជាតកំ (៦-១-៧))
[១៦៨] (សុចិបរិវារសេដ្ឋីពោធិសត្វ សួរនាងទេវធីតាឈ្មោះកាឡកណ្ណិថា) នាងជាអ្វី មានវណ្ណៈខ្មៅ ទាំងមិនមានគ្រឿងមើលជាទីស្រឡាញ់ នាងជាអ្វី ឬជាធីតារបស់អ្នកណា យើងស្អាល់នាងដូចម្តេចបាន។
[១៦៩] (នាងកាឡកណ្ណី ឆ្លើយថា) ខ្ញុំឈ្មោះចណ្ឌិយា ជាធីតានៃមហារាជ ឈ្មោះវិរូបក្ខៈ ខ្ញុំមានសម្បុរខ្មៅ ជាស្រ្តីឥតបុណ្យ ពួកទេវតារមែងស្គាល់ខ្ញុំថា ជាកាឡកណ្ណី អ្នកកាលបើខ្ញុំសូមឱកាស សូមឲ្យ យើងនឹងនៅក្នុងសំណាក់នៃអ្នក។
[១៧០] (សេដ្ឋីពោធិសត្វ សួរថា) នាងដំកល់ចិត្តចំពោះបុរសមានសីលធម៌ដូចម្តេច មានសមាចារដូចម្តេច ម្នាលនាងកាឡី នាង ខ្ញុំសួរហើយ ក៏ចូរប្រាប់មក យើងនឹងស្គាល់នាង ដូចម្តេចបាន។
[១៧១] (នាងកាឡកណ្ណី ឆ្លើយប្រាប់ថា) បុរសណា ជាអ្នកលុបគុណ ប្រឡងវាសនា ប្រណាំងប្រជែង ច្រណែន កំណាញ់ ជាអ្នកអួតអាង បានទ្រព្យហើយបំផ្លាញទៅវិញ បុរសនោះ ជាទីត្រេកអររបស់ខ្ញុំ។
[១៧២] បុរសណា ច្រើនក្រោធ ចងសេចក្តីក្រោធទុក ញុះញង់បំបែកមិត្ត ពោលពាក្យចាក់ដោតដូចបន្លា ពោលពាក្យទ្រគោះ បុរសនោះ ជាទីត្រេកអរក្រៃលៃង របស់ខ្ញុំជាងនោះទៅទៀត។
[១៧៣] បុរសមិនយល់ប្រយោជន៍របស់ខ្លួនថា (កិច្ចនេះត្រូវធ្វើ) ក្នុងថ្ងៃនេះ ឬក្នុងថ្ងៃស្អែក កាលបើគេទូន្មាន ក៏ខឹងតប មើលងាយនូវបុគ្គលប្រសើរ។
[១៧៤] បុរសណា ជាប់ចិត្តក្នុងល្បែង គឺកាមគុណ រមែងឃ្លាតចាកមិត្តទាំងពួង បុរសនោះ ជាទីត្រេកអររបស់ខ្ញុំ ទាំងខ្ញុំក៏មិនមានមោះមៃ ចំពោះបុរសនោះទេ។
[១៧៥] (ពោធិសត្វ តិះដៀលថា) ម្នាលនាងកាឡី នាងចូរចៀសចេញអំពីទីនេះទៅ អំពើអាក្រក់នេះ មិនមានក្នុងយើងទាំងឡាយទេ នាងចូរទៅកាន់ជនបទ ឬនិគមរាជធានី ដទៃចុះ។
[១៧៦] (នាងកាឡកណ្ណី ពោលថា) ខ្ញុំក៏បានដឹងហេតុនោះដែរ អំពើនោះ មិនមានក្នុងអ្នកទេ ពួកជនជាអ្នកឥតបុណ្យក្នុងលោក រមែងប្រមូលនូវទ្រព្យច្រើន ខ្ញុំនិងទេវតាជាបងរបស់ខ្ញុំ ទាំងពីរនាក់ តែងបំផ្លាញនូវទ្រព្យនុ៎ះ។
[១៧៧] (ពោធិសត្វ សួរថា) នាងជាអ្វី មានវណ្ណៈជាទិព្វ មកឋិតលើផែនដី នាងជាអ្វី ឬជាធីតារបស់នរណា យើងនឹងស្គាល់នាង ដូចម្តេចបាន។
[១៧៨] (នាងសិរីទេវធីតា ពោលថា) ខ្ញុំជាធីតានៃមហារាជ ឈ្មោះធតរដ្ឋដ៏មានសិរី ខ្ញុំជាស្រ្តីឈ្មោះសិរីផង លក្ខីផង ពួកទេវតារមែងស្គាល់ខ្ញុំថា ជាស្រ្តីមានប្រាជា្ញដូចផែនដី លោក ខ្ញុំសូមឱកាសហើយ សូមឲ្យ យើងនឹងសូមនៅក្នុងសំណាក់លោក។
[១៧៩] (ពោធិសត្វ សួរថា) នាងនឹងដំកល់ចិត្តចំពោះបុរសមានសីលធម៌ដូចម្តេច មានសមាចារៈដូចម្តេច ម្នាលនាងលក្ខី ខ្ញុំសួរហើយ នាងចូរប្រាប់ យើងស្គាល់នាងដូចម្តេច។
[១៨០] (នាងសិរីទេវធីតា ពោលថា) បុរសណា គ្របសង្កត់នូវត្រជាក់ក្តី ក្តៅក្តី ខ្យល់ និងកំដៅថ្ងៃក្តី របោម ពស់តូច ពស់ធំក្តី ឃ្លានក្តី ស្រេកក្តី ទាំងអស់ ហើយប្រកបព្យាយាមរឿយ ៗ ក្នុងវេលាយប់ និងថ្ងៃ រមែងមិនញុំាងប្រយោជន៍ដែលតាំងនៅក្នុងកាលគួរ ឲ្យវិនាស បុរសនោះ ជាទីពេញចិត្តរបស់ខ្ញុំ ខ្ញុំគប្បីស៊ប់ចិត្តក្នុងបុរសនោះឯង។
[១៨១] បុរសណា ជាអ្នកមិនក្រោធ មានកល្យាណមិត្ត មានការបរិច្ចាគ ជាអ្នកបរិបូណ៌ដោយសីល មិនមែនជាអ្នកលេងបោកប្រាស់ ជាអ្នកត្រង់ ជាអ្នកមានសង្គហធម៌ មានវាចាទន់ភ្លន់ មានវាចាពីរោះ សូម្បីដល់នូវភាពជាអ្នកធំ ក៏ប្រព្រឹត្តឱនលំទោន ខ្ញុំជាអ្នកមានចិត្តធំទូលាយចំពោះបុរសនោះ ដូចជារលក (ប្រាកដជារបស់ធំទូលាយ ដល់បុគ្គលដែលសំឡឹងមើល) នូវពណ៌របស់សមុទ្រ។
[១៨២] បុគ្គលណា ប្រព្រឹត្តនូវសេចក្តីសង្រ្គោះក្នុងចំពោះមុខ កំបាំងមុខ ចំពោះពួកមិត្តក្តី សត្រូវក្តី បុគ្គលប្រសើរក្តី ស្មើគ្នាក្តី ថោកទាបក្តី បុគ្គលអ្នកប្រព្រឹត្តនូវប្រយោជន៍ក្តី មិនមែនជាប្រយោជន៍ក្តី មិនពោលពាក្យអាក្រក់ក្នុងកាលណាម្តង ខ្ញុំជាអ្នកគប់រកចំពោះបុរសនោះ ទោះបីស្លាប់ក្តី រស់ក្តី។
[១៨៣] បណ្តាគុណទាំងនុ៎ះ បុរសណាមួយ ជាអ្នកគ្មានបញ្ញា បាននូវសិរី ជាទីត្រេកអរណាមួយ ហើយស្រវឹង ខ្ញុំវៀរនូវបុរសនោះអ្នកប្រព្រឹត្តមិនស្មើ មានសភាពដ៏ក្តៅក្រហាយ ដូចជាបុគ្គលវៀរបង់នូវរណ្តៅលាមក។
[១៨៤] បុគ្គលធ្វើនូវគុណសម្បត្តិ គឺបុណ្យដោយខ្លួនឯង ធ្វើនូវអំពើមិនមែនជាបុណ្យ ក៏ដោយខ្លួនឯង ព្រោះថា បុគ្គលដទៃ ធ្វើនូវគុណសម្បត្តិ គឺបុណ្យក្តី មិនមែនបុណ្យក្តី ដល់បុគ្គលឯទៀតមិនបានទេ។
ចប់ សិរិកាឡកណ្ណីជាតក ទី៧។
(៣៨៣. កុក្កុដជាតកំ (៦-១-៨))
[១៨៥] (សំពោចញី និយាយថា) នែអ្នកមានខ្លួនបិទបាំងដោយស្លាបដ៏វិចិត្រល្អ ជាសត្វមានសិរ្ស៍ក្រហម ទៅកាន់អាកាសបាន ចូរអ្នកចុះអំពីមែកឈើមក ខ្ញុំនឹងជាប្រពន្ធរបស់អ្នកដោយទទេ។
[១៨៦] (មាន់ពោធិសត្វ ឆ្លើយថា) ម្នាលនាងដ៏ល្អ ជាទីត្រេកអរនៃចិត្ត នាងជាសត្វជើងបួន ខ្ញុំជាសត្វជើងពីរ ពួកម្រឹគ និងសត្វបក្សី មិនសមគ្នាទេ នាងចូរស្វែងរកសត្វឯទៀត ធ្វើជាស្វាមីចុះ។
[១៨៧] (សំពោចញី និយាយថា) ខ្ញុំនៅជាកុមារី ជាស្រ្តីនិយាយពីរោះ ពោលពាក្យជាទីស្រឡាញ់ នឹងបានជា (ប្រពន្ធ) របស់អ្នក អ្នកចូរបាននូវខ្ញុំ ជាស្រ្តីល្អ ជាព្រហ្មចារិនី ដោយការបានដ៏ប្រសើរ។
[១៨៨] (មាន់ពោធិសត្វ តិះដៀលថា) នែនាងជាសត្វស៊ីនូវសាកសព ផឹកនូវឈាម ជាចោរបៀតបៀននូវមាន់ នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តីដោយការបានប្រសើរទេ។
[១៨៩] (ព្រះសម្ពុទ្ធសំដែងថា) នារីទាំងឡាយ ដែលមានការវាងវៃ ឃើញនូវបុរសដ៏ប្រសើរហើយ រមែងដឹកនំា ដោយវាចាដ៏ពីរោះយ៉ាងនេះឯង ដូចជាសំពោចញី ប្រលោមនូវមាន់ឈ្មោល (មកធ្វើជាប្តីរបស់ខ្លួន)។
[១៩០] បុគ្គលណា មិនឆាប់យល់នូវប្រយោជន៍ដែលកើតឡើង បុគ្គលនោះ រមែងលុះអំណាចនៃសត្រូវផង រមែងក្តៅក្រហាយក្នុងកាលជាខាងក្រោយផង។
[១៩១] លុះតែបុគ្គលណា ឆាប់យល់ច្បាស់នូវប្រយោជន៍ដែលកើតឡើង បុគ្គលនោះ រមែងរួចចាកការបៀតបៀនអំពីសត្រូវ ដូចមាន់ឈ្មោល រួចអំពីសំពោចញី។
ចប់ កុក្កុដជាតក ទី៨។
(៣៨៤. ធម្មធជជាតកំ (៦-១-៩))
[១៩២] (ក្អែក និយាយនឹងពួកសត្វស្លាបថា) ម្នាលញាតិទាំងឡាយ អ្នកទាំងឡាយ ចូរប្រព្រឹត្តធម៌ អ្នកទាំងឡាយ ចូរប្រព្រឹត្តធម៌ សេចក្តីចំរើន (នឹងមាន) ដល់អ្នកទាំងឡាយ អ្នកប្រព្រឹត្តធម៌ រមែងដេកជាសុខក្នុងលោកនេះ និងលោកខាងមុខ។
[១៩៣] (ពួកសត្វស្លាប សរសើរថា) សត្វស្លាបមានកំណើតពីរនេះ ប្រសើរណាស់តើ ជាអ្នកប្រកបដោយធម៌ដ៏ក្រៃលែង ឈរតែជើងម្ខាង ប្រៀនប្រដៅតែធម៌។
[១៩៤] (បក្សីពោធិសត្វ ពោលថា) អ្នកទាំងឡាយ មិនស្គាល់ច្បាស់នូវមារយាទនៃក្អែកនោះទេ អ្នកទាំងឡាយសរសើរ ព្រោះមិនដឹង (ចំណែកខាងក្អែកអាក្រក់) ស៊ីទំាងពងទាំងកូន (របស់ពួកយើង) ហើយពោលថា ធម៌ ៗ ដូច្នេះ។
[១៩៥] បុគ្គលអាក្រក់ និយាយដោយវាចាផ្សេង ធ្វើដោយកាយផ្សេង វាប្រព្រឹត្តធម៌តែសំដី មិនមែនទាំងកាយផងទេ មិនដំកល់ខ្លួនទុកក្នុងធម៌នោះ។
[១៩៦] បុគ្គលអ្នកទន់ភ្លន់ដោយវាចា តែគេស្គាល់ចិត្តបានដោយក្រ ដូចជាពស់វែកបិទបាំងខ្លួន អាស្រ័យនៅក្នុងរូង បុគ្គលមានធម៌ជាទង់ជ័យ គេសន្មតថាល្អក្នុងស្រុក និងនិគមទាំងឡាយ បុគ្គលបែបនេះ បុរសអ្នកល្ងង់ខ្លៅ ស្គាល់បានដោយក្រ។
[១៩៧] អ្នកទាំងឡាយ ចូរបៀតបៀនក្អែកនេះដោយចំពុះផង ចូរបៀតបៀនក្អែកនេះ ដោយជើងផង ចូរញុំាងក្អែកលាមកនេះ ឲ្យវិនាសទៅ ក្អែកនេះ មិនគួរឲ្យនៅជាមួយទេ។
ចប់ ធម្មទ្ធជជាតក ទី៩។
(៣៨៥. នន្ទិយមិគរាជជាតកំ (៦-១-១០))
[១៩៨] (ម្រឹគមាតាបិតា និយាយផ្តំាថា) ម្នាលព្រាហ្មណ៍ បើអ្នកទៅកាន់ឧទ្យានឈ្មោះអញ្ជ័ន ក្នុងក្រុងសាកេត និយាយប្រាប់កូនឈ្មោះនន្ទិយៈ ជាឱរសរបស់ខ្ញុំថា មាតាបិតាទាំងឡាយ របស់អ្នកចាស់ហើយ គាត់ចង់ឃើញអ្នក។
[១៩៩] (នន្ទិយម្រឹគ និយាយថា) បន្លែទាំងឡាយ ទឹក និងភោជនរបស់ព្រះរាជា ខ្ញុំបានបរិភោគហើយ ម្នាលព្រាហ្មណ៍ ខ្ញុំមិនអាចបរិភោគទទេ នូវដុំភោជនជាអំណោយ របស់ព្រះរាជានោះទេ។
[២០០] ខ្ញុំនឹងបែរនូវចំហៀងខ្លួនដល់ព្រះរាជា មានសរក្នុងដៃ ក្នុងកាលណោះ ខ្ញុំក៏ដល់នូវសេចក្តីសុខ រួចចាក (មរណៈ) ហើយប្រហែលនឹងបានឃើញនូវមាតា។
[២០១] (ព្រះសាសា្ត ទ្រង់ត្រាស់ថា) កាលពីដើម តថាគតជាសត្វជើង ៤ មានរូបល្អ ជាស្តេចម្រឹគ ឈ្មោះនន្ទិយៈដោយឈ្មោះ នៅក្នុងលំនៅនៃសេ្តចកោសល។
[២០២] ព្រះរាជាកោសល ផ្ទាប់ព្រួញយិតធ្នូមក ដើម្បីសម្លាប់នូវតថាគតនោះ ក្នុងឧទ្យានឈ្មោះអញ្ជ័ន ជាទីដែលពួកជនថា្វយ។
[២០៣] តថាគតក៏បែរនូវចំហៀងខ្លួន ដល់ព្រះរាជានោះ ដែលមានកូនសរក្នុងដៃ ក្នុងកាលណោះ តថាគតក៏ដល់នូវសេចក្តីសុខ រួចចាក (មរណៈ) ហើយបានមកឃើញមាតា។
ចប់ នន្ទិយមិគរាជជាតក ទី១០។
ចប់ អាវារិយវគ្គ ទី១។
ឧទ្ទាននៃអាវារិយវគ្គនោះគឺ
(អំពីអាវារិយជាតក) មានពាក្យថា បពិត្រព្រះអង្គប្រសើរលើរថ សូមព្រះអង្គកុំខ្ញាល់ ១ សេតកេតុជាតកដ៏ប្រសើរ ១ ទរីមុខជាតក ១ នេរុជាតក ១ (អាសង្កជាតក) ១ ទៀត ការមិនត្រេកអរ ១ សិរីទេវធីតា ១ មាន់មានស្លាបដ៏ប្រសើរវិចិត្រ ១ ក្អែកសំដែងធម៌ ១ ម្រឹគឈ្មោះនន្ទិយៈ ១ ត្រូវជា ១០។
(២. ខរបុត្តវគ្គោ)
(៣៨៦. ខរបុត្តជាតកំ (៦-២-១))
[២០៤] (សេះសិន្ធវៈ និយាយថា) ឮថា បណ្ឌិតទាំងឡាយ បានពោលនូវសត្វពពែថា ជាសត្វពាលដោយពិត អ្នកចូរមើលចុះ សត្វពាលមិនដឹងនូវអំពើដែលគួរធ្វើ ក្នុងទីកំបាំង ទៅធ្វើក្នុងទីវាល។
[២០៥] (ពពែ និយាយថា) ម្នាលសម្លាញ់ អ្នកទេឬ ជាសត្វពាល ម្នាលខុរបុត្រ អ្នកចូរដឹងចុះ អ្នកជាសត្វដែលត្រូវគេរួបរឹតដោយខ្សែ មានបបូរមាត់វៀច មានមុខឱនចុះ។
[២០៦] ម្នាលសំឡាញ់ អ្នកណាបានរួចចេញ (អំពីរថ) មិនរត់ទៅ អ្នកនោះ ពេញជាពាលទៅទៀត ម្នាលសំឡាញ់ អ្នកនំានូវសេ្តចសេនកៈណា សេ្តចសេនកៈនោះ ចាត់ជាមនុស្សពាលបំផុត។
[២០៧] (សេះសិន្ធវៈ និយាយថា) មា្នលសំឡាញ់ បើខ្ញុំជាសត្វពាលដោយហេតុណា ម្នាលអជរាជ អ្នកចូរដឹងនូវហេតុនោះចុះ តែថា ស្តេចសេនកៈ ជាមនុស្សពាល ដោយហេតុដូចម្តេច អ្នកដែលខ្ញុំសួរហើយ ចូរប្រាប់ហេតុនោះ។
[២០៨] (ពពែ ប្រាប់ថា) បុគ្គលណា បាននូវមន្តជាប្រយោជន៍ដ៏ឧត្តមហើយ ប្រគល់ឲ្យប្រពន្ធ (បុគ្គលនោះ) នឹងលះបង់នូវខ្លួន ដោយការឲ្យមន្តនោះ ទាំងប្រពន្ធនោះ នឹងមិនមានដល់បុគ្គលនោះឡើយ។
[២០៩] (ពពែ ពោលថា) បពិត្រព្រះអង្គជាធំជាងជន បុគ្គលបែបនោះ លះបង់ចោលនូវខ្លួន មិនសេពគប់នូវវត្ថុជាទីស្រឡាញ់ ដោយគិតថា (វត្ថុនេះ) ជាទីស្រឡាញ់របស់អញ ខ្លួនឯង តើប្រសើរជាងរបស់ដែលប្រសើរទៅទៀត ព្រោះបុរសដែលមានខ្លួនអប់រំហើយ គប្បីបាននូវជនជាទីស្រឡាញ់ក្នុងកាលជាខាងក្រោយ។
ចប់ ខុរបុត្តជាតក ទី១។
(៣៨៧. សូចិជាតកំ (៦-២-២))
[២១០] (កុមារបុត្រពោធិសត្វ ពោលថា) នរណាចង់ទិញម្ជុល (របស់ខ្ញុំ) ជាម្ជុលមិនគ្រោតគ្រាត មិនអាក្រក់ ដែលសំលៀងដោយថ្ម មានច្បោះដ៏ល្អ មានចុងដ៏ស្រួចឆ្មារ។
[២១១] នរណាចង់ទិញម្ជុល ជាម្ជុលដែលដុសខាត់ល្អ មានច្បោះល្អ ដែលប្រព្រឹត្តទៅដោយល្អតាមលំដាប់ (រៀវតូច) ចាក់ទម្លុះនូវរបស់ក្រាស់បាន។
[២១២] (នាងកុមារី ពោលថា) ម្ជុល និងសន្ទូច តែងចេញអំពីស្រុកនេះ ក្នុងកាលឥឡូវនេះ ចុះបុរសនេះជាអ្វី ចង់លក់ម្ជុលក្នុងស្រុករបស់ជាង។
[២១៣] គ្រឿងសស្រ្តា និងការងារផ្សេង ៗ ជាច្រើន តែងចេញទៅអំពីស្រុកនេះ ចុះបុរសនេះជាអ្វី ក៏មកលក់ម្ជុលក្នុងស្រុកជាងលោហៈ។
[២១៤] (ពោធិសត្វ ពោលថា) ជនអ្នកចេះដឹង ត្រូវលក់ម្ជុលក្នុងស្រុកជាងលោហៈ អាចារ្យទំាងឡាយ រមែងដឹងច្បាស់នូវការងារដែលគេធ្វើល្អ និងអាក្រក់។
[២១៥] ម្នាលនាង បើបិតារបស់នាងស្គាល់នូវម្ជុលដែលខ្ញុំធ្វើហើយនេះ គាត់នឹងអញ្ជើញ (ផ្សំផ្គុំ) ខ្ញុំ ជាមួយនាង ព្រមទាំងទ្រព្យដទៃដែលមាននៅក្នុងផ្ទះ។
ចប់ សុចិជាតក ទី២។
(៣៨៨. តុណ្ឌិលជាតកំ (៦-២-៣))
[២១៦] (ចូឡតុណ្ឌិលសុករៈ ពោលថា) ម្ចាស់យើងធ្លាប់ឲ្យ (បបរកណ្ឌក និងបាយក្តាំង) ឥឡូវនេះ គាត់ឲ្យបន្លែស្រស់វិញ ស្នូកនេះ ពេញ (ដោយបាយសស្អាត) ស្រ្តីជាម្ចាស់យើង ក៏ឈរនៅ (ជិតស្នូកនោះដែរ) អ្នកផងច្រើនគ្នា មានដៃកាន់អន្ទាក់ ខ្ញុំមិនចង់ស៊ីទេ។
[២១៧] (មហាតុណ្ឌិលៈ ពោលថា) អ្នកតក់ស្លុត ស្លន់ស្លោ ប្រាថា្នរកទីពឹងពួន អ្នកឥតទីពឹងទេ អ្នកនឹងទៅក្នុងទីណា ម្នាលតុណ្ឌិលៈ អ្នកចូរមានសេចក្តីខ្វល់ខ្វាយ បរិភោគចុះ យើងដែលគេចិញ្ចឹម ដើម្បីប្រយោជន៍តែសាច់ (ប៉ុណ្ណោះ)។
[២១៨] (បើអ្នកខ្លាចសេចក្តីស្លាប់) អ្នកចូរចុះទៅកាន់ស្រះដែលមិនមានភក់ អ្នកចូរជម្រះនូវញើស និងក្អែលទាំងអស់ចេញ ក្លិននៃគ្រឿងលាបណា មិនដាច់ ក្នុងកាលណាមួយ អ្នកចូរកាន់យកនូវគ្រឿងលាបដ៏ថ្មីនោះចុះ។
[២១៩] (ចូឡតុណ្ឌិលៈ សួរថា) ស្រះមិនមានភក់ តើដូចម្តេច អ្វីហ្ន៎ ដែលលោកហៅថា ញើស និងក្អែល មួយទៀត គ្រឿងលាបដ៏ថ្មី តើដូចម្តេច ទាំងក្លិនរបស់វា ក៏មិនដាច់ក្នុងកាលណាមួយ។
[២២០] (មហាតុណ្ឌិលៈ ឆ្លើយថា) ធម៌ ទុកជាស្រះមិនមានភក់ បាប លោកពោលថា ញើស និងក្អែល សីល ទុកជាគ្រឿងលាបដ៏ថ្មី ទាំងក្លិនរបស់សីលនោះ មិនដាច់ ក្នុងកាលណាម្តង។
[២២១] ពួកជន អ្នកសម្លាប់នូវសរីរៈ (នៃសត្វទាំងឡាយ) រមែងត្រេកអរ ចំណែកខាង ពួកសត្វ អ្នកទ្រទ្រង់នូវសរីរៈ រមែងមិនត្រេកអរឡើយ ពួកសត្វទាំងឡាយ (ប្រាកដដូចជាយើង) រមែងត្រេកអរ លះបង់នូវជីវិត ក្នុងខែពេញ មានព្រះចន្ទពេញវង់។
ចប់ តុណ្ឌិលជាតក ទី៣។
(៣៨៩. សុវណ្ណកក្កដជាតកំ (៦-២-៤))
[២២២] (ក្អែក ពោលថា) ម្រឹគមានពណ៌ដូចមាស (ក្តាម) មានភ្នែកលៀន មានស្បែកដូចឆ្អឹង អាស្រ័យនៅក្នុងទឹក ជាសត្វមិនមានរោម ខ្ញុំត្រូវក្តាមនោះគ្របសង្កត់ ទើបយំ កំព្រា (តែមា្នក់ឯង) ម្នាលសំឡាញ់អើយ ហេតុអ្វី ទើបអ្នកបោះបង់ខ្ញុំចោល។
[២២៣] ពស់នោះ កាលជួយ (ក្អែកនោះ) បើកពពាដ៏ធំ លូនចូលទៅជិតក្តាម យកអាសាការពារសំឡាញ់ដ៏ស្និទ្ធស្នាល ក្តាមក៏ចាប់ពស់ទៀត។
[២២៤] (ពស់ ពោលថា) ចំណែកខាងក្តាម ជាសត្វត្រូវការដោយចំណី មិនគួរចាប់ក្អែក មិនគួរចាប់ពស់ទេ ម្នាលអ្នកមានភ្នែកលៀន ខ្ញុំសូមសួរអ្នក ហេតុអ្វី ក៏អ្នកមកចាប់យើងទាំងពីរនាក់។
[២២៥] (ក្តាមនិយាយថា) បុរសនេះ ជាអ្នកប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំ អ្នកណា ចាប់ខ្ញុំនាំទៅក្នុងទឹក កាលបើអ្នកនោះស្លាប់ ខ្ញុំ (នឹងមាន) សេចក្តីទុក្ខច្រើន (ព្រោះ) ខ្ញុំនឹងបុរសនេះ ទាំងពីរនាក់ នឹងមិននៅជាមួយគ្នា។
[២២៦] ឯអ្នកផងឃើញខ្ញុំមានកាយចំរើន (ធំ) គប្បីប្រាថា្ន ដើម្បីបៀតបៀនតែប៉ុណ្ណោះ សូម្បីពួកក្អែក បានឃើញខ្ញុំ មានសាច់ឆ្ងាញ់ក្រាស់ ទន់ ក៏គប្បីបៀតបៀនដែរ។
[២២៧] (ពស់ ពោលថា) បើអ្នកចាប់យើងទាំងពីរនាក់ ព្រោះហេតុតែបុរសនោះ បុរសចូរក្រោកឡើង ខ្ញុំនឹងស្រូបយកពិសចេញ អ្នកចូរលែងខ្ញុំ និងក្អែកឲ្យឆាប់ ព្រោះកាលពីដើម ពិសដ៏ក្លៀវក្លាជ្រាបចូលក្នុងសត្វ។
[២២៨] (ក្តាម និយាយថា) អញលែងពស់ តែមិនលែងក្អែកទេ ព្រោះថា ក្អែកទុកជាអ្នកធានាសិន អញលុះឃើញនូវបុរសមានសេចក្តីសុខ មិនមានរោគ ទើបលែងក្អែក ដូចយ៉ាងពស់ដែរ។
[២២៩] ក្អែកក្នុងកាលណោះ បានមកជាទេវទត្ត ចំណែកខាងពស់វែក បានមកជាដំរី ក្តាមបានមកជាអានន្ទដ៏ចំរើន ព្រាហ្មណ៍ក្នុងកាលណោះ បានមកជាតថាគត ជាសាសា្ត។
ចប់ សុវណ្ណកក្កដកជាតក ទី៤។
(៣៩០. មយ្ហកជាតកំ (៦-២-៥))
[២៣០] (តាបសពោធិសត្វ ពោលថា) សត្វស្លាបឈ្មោះមយ្ហកៈ3) ហើរទៅតាមញក និងច្រកភ្នំ ទៅទំដើមលៀប ដែលមានផ្លែទុំ យំកន្ទក់កន្ទេញថា របស់អញ ៗ ដូច្នេះ។
[២៣១] កាលសត្វមយ្ហកៈនោះ ស្រែកយំការពារយ៉ាងនេះ ពួកសត្វទិជជាតិ ក៏មកប្រជុំគ្នា ស៊ីផ្លែលៀបហើយហើរទៅ សត្វនោះ ក៏នៅតែស្រែកយំការពារ។
[២៣២] ដូចយ៉ាងជនពួកខ្លះក្នុងលោកនេះ ប្រមូលមកនូវទ្រព្យ មានប្រមាណច្រើន ហើយមិនចាត់ចែងនូវទ្រព្យ ឲ្យសមគួរដល់ចំណែក ដើម្បីខ្លួន មិនទំនុកបម្រុងដល់ញាតិទាំងឡាយ។
[២៣៣] បុគ្គលនោះ រមែងមិនបានប្រើប្រាស់នូវគ្រឿងស្លៀកពាក់ និងបាយ មិនបានទ្រទ្រង់នូវកម្រងផ្កា មិនបានលាបនូវគ្រឿងលាប (ដ៏ល្អទេ) មិនបានប្រើប្រាស់នូវវត្ថុណាមួយជារបស់ខ្លួនទេ ទាំងមិនបានសង្រ្គោះនូវញាតិទាំងឡាយឡើយ។
[២៣៤] កាលបើបុគ្គលនោះ ពោលរៀបរាប់ ហួងហែងថា របស់អញ ៗ យ៉ាងនេះ ស្រាប់តែពួកព្រះរាជា ឬពួកចោរ និងពួកជនអ្នកត្រូវទទួលមត៌ក មិនជាទីស្រឡាញ់ នំាយកទ្រព្យនោះទៅ បុគ្គលនោះ ក៏នៅតែនិយាយរៀបរាប់។
[២៣៥] ឯអ្នកប្រាជ្ញ បាននូវភោគៈហើយ រមែងសង្រ្គោះញាតិទាំងឡាយ អ្នកប្រាជ្ញនោះ រមែងបាននូវសេចក្តីសរសើរ ដោយការសង្រ្គោះញាតិនោះ លុះលះលោកនេះទៅហើយ រមែងរីករាយក្នុងឋានសួគ៌។
ចប់ មយ្ហកសកុណជាតក ទី៥។
(៣៩១. វិជ្ជាធរជាតកំ (៦-២-៦))
[២៣៦] (ព្រះរាជាពារាណសី ត្រាស់ថា) អ្នកមានពណ៌ទ្រង់ទ្រាយដ៏ល្អ ផ្គងអព្ជាលីនមស្ការ តម្កល់នូវបុគ្គលមានរូបអាក្រក់ អំពីខាងមុខ តើបុរសនោះ ប្រសើរជាងអ្នក ឬប្រហែលគ្នា អ្នកចូរប្រាប់នូវឈ្មោះនៃអ្នកឯទៀតផង នៃខ្លួនផង។
[២៣៧] (ព្រះឥន្រ្ទពោលថា) បពិត្រព្រះរាជា ទេវតាទាំងឡាយ មិនកាន់យកនូវនាមនិងគោត្រ ព្រះខីណាស្រព អ្នកដល់នូវការស្ងប់ ទាំងប្រព្រឹត្តតាមផ្លូវត្រង់ ប៉ុន្តែខ្ញុំនឹងសូមប្រាប់ឈ្មោះ (ខ្លួនខ្ញុំ) ដល់ព្រះអង្គ ខ្ញុំជាសក្កៈ ជាធំជាងទេវតាជាន់តាវត្តិង្ស។
[២៣៨] (ព្រះរាជា សួរថា) បុគ្គលណា ឃើញនូវភិក្ខុ អ្នកបរិបូណ៌ដោយចរណៈ ហើយផ្គងអព្ជាលីនមស្ការ តម្កល់ទុកក្នុងខាងមុខ បពិត្រទេវរាជ ខ្ញុំសូមសួរនូវដំណើរនុ៎ះ ចំពោះព្រះអង្គ បុគ្គលនោះ លុះច្យុតចាកលោកនេះទៅ រមែងបានសេចក្តីសុខដូចម្តេច។
[២៣៩] (ព្រះឥន្រ្ទ ឆ្លើយថា) បុគ្គលណា ឃើញនូវភិក្ខុ ដែលបរិបូណ៌ដោយចរណៈ ហើយផ្គងអព្ជាលីនមស្ការ តម្កល់ទុកក្នុងខាងមុខ បុគ្គលនោះ រមែងបាននូវសេចក្តីសរសើរ ក្នុងបច្ចុប្បន្ន លុះបុគ្គលនោះបែកធ្លាយសរីរកាយ រមែងទៅកាន់ឋានសួគ៌។
[២៤០] (ព្រះរាជា ត្រាស់ថា) ឱហ្ន៎ សិរីរបស់អញកើតឡើងក្នុងថ្ងៃនេះ ព្រោះអញបាន ឃើញនូវវាសវៈ ជាម្ចាស់នៃភូត បពិត្រសក្កៈ ខ្ញុំនឹងធ្វើនូវបុណ្យជាច្រើន ព្រោះបានឃើញនូវភិក្ខុផង ព្រះអង្គផង។
[២៤១] (ព្រះឥន្រ្ទ ពោលថា) បុគ្គលណា ប្រកបដោយបញ្ញា ជាពហុស្សូត អាចគិតឃើញនូវហេតុជាច្រើន (ព្រះអង្គ) គប្បីសេពគប់ (បុគ្គលនោះ) ដោយពិត បពិត្រព្រះរាជា ព្រោះព្រះអង្គបានឃើញភិក្ខុ និងខ្ញុំ សូមធ្វើបុណ្យជាច្រើនចុះ។
[២៤២] (ព្រះរាជា ត្រាស់ថា) បពិត្រព្រះអង្គជាធំជាងទេវតា ខ្ញុំនឹងជាអ្នកមិនមានសេចក្តីក្រោធ មានចិត្តជ្រះថ្លាជានិច្ច ជាអ្នកគួរដល់អ្នកដំណើរ និងស្មូមទាំងអស់ សង្កត់សង្កិននូវមានះ ថ្វាយបង្គំ ព្រោះបានស្តាប់នូវសុភាសិត (របស់ព្រះអង្គ)។
ចប់ បព្វជិតវិហេឋកជាតក ទី៦។
(៣៩២. សិង្ឃបុប្ផជាតកំ (៦-២-៧))
[២៤៣] (នាងទេវធីតា ពោលថា) បពិត្រលោក លោកស្រងក្លិនផ្កាកើតអំពីទឹក (ផ្កាឈូក) ដែលគេមិនបានឲ្យ នុ៎ះជាចំណែកមួយនៃការលួច លោកជាអ្នកលួចក្លិន។
[២៤៤] (តាបសពោធិសត្វ ពោលថា) អាត្មាមិនលួចទេ មិនកាច់យកទេ អាត្មាគ្រាន់តែស្រងក្លិនផ្កាឈូក អំពីចម្ងាយ កាលបើដូច្នេះ ហេតុអ្វី ទើបអ្នកពោលថា លោកជាអ្នកលួចក្លិន។
[២៤៥] បុរសណា ជីកយកក្រអៅឈូក កាច់យកផ្កាឈូកស បុរសនោះ ដែលមានការងារអាក្រក់យ៉ាងនេះ ព្រោះហេតុអ្វីក៏អ្នកមិនថា។
[២៤៦] (នាងទេវធីតា ពោលថា) ពាក្យសំដីរបស់ខ្ញុំ មិនមានចំពោះបុរសដែលជាអ្នកល្មោភអាក្រក់ ប្រឡាក់ (ដោយបាបធម៌) ដូចជាសំពត់មេនំទេ ខ្ញុំគួរនិយាយតែនឹងលោក។
[២៤៧] បាបរបស់បុរស អ្នកមិនមានទីទួល គឺកិលេស អ្នកស្វែងរកនូវអំពើដ៏ស្អាតជានិច្ច ប្រមាណប៉ុនចុងនៃរោមកន្ទុយសត្វ រមែងប្រាកដដូចប៉ុនមេឃ។
[២៤៨] (តាបសពោធិសត្វ ពោលថា) ម្នាលយក្ខ នាងស្គាល់នូវអាត្មាដោយពិត មួយទៀត នាងឈ្មោះថា អនុគ្រោះនូវអាត្មា ម្នាលយក្ខ បើនាងឃើញទោសនេះ ក្នុងកាលណា នាងគប្បីប្រាប់ (ដល់អាត្មា) ទៀត ក្នុងកាលនោះ។
[២៤៩] (នាងទេវធីតា ពោលថា) ខ្ញុំមិនមែនរស់នៅព្រោះអាស្រ័យលោកទេ ទាំងមិនមែនជាអ្នកធ្វើការឈ្នួលរបស់លោកទេ បពិត្រភិក្ខុ លោកទៅកាន់សុគតិ ដោយអំពើណា លោកគប្បីដឹង (នូវអំពើនោះចុះ)។
ចប់ ឧបសិង្ឃបុប្ផជាតក ទី៧។
(៣៩៣. វិឃាសាទជាតកំ (៦-២-៨))
[២៥០] (ព្រះឥន្រ្ទក្លែងខ្លួនជាសេក និយាយថា) ពួកជនណា ជាអ្នកស៊ីវត្ថុសល់ដែលជននោះរមែងរស់នៅជាសុខស្រួល សេចក្តីសរសើរក្នុងបច្ចុប្បន្ន និងសុគតិ ក្នុងបរលោក រមែងមាន។
[២៥១] (ឥសីមួយរូប ពោលថា) អ្នកទាំងឡាយ ជាបណ្ឌិត ចូរកុំផ្ទៀងស្តាប់ (នូវសំដី) របស់សេកនិយាយ ម្នាលអ្នកមានពោះដ៏ស្មើទាំងឡាយ ពួកអ្នកចូរស្តាប់ពាក្យខ្ញុំនេះវិញ សេកនេះ បញ្ជោរនូវពួកយើងទេ។
[២៥២] (សេក និយាយថា) ខ្ញុំមិនបញ្ជោរលោកទាំងឡាយទេ បពិត្រលោកអ្នកបរិភោគនូវសាកសព លោកទាំងឡាយ ចូរស្តាប់ខ្ញុំ លោកទាំងឡាយ ជាអ្នកបរិភោគនូវភោជនសល់ លោកទាំងឡាយ មិនមែនជាអ្នកបរិភោគនូវវត្ថុសល់ដែលទេ។
[២៥៣] (ពួកឥសី និយាយថា) យើងទាំងឡាយ បួសបានវស្សា ៧ ហើយ ជាអ្នកមានកំបោយសក់ នៅក្នុងកណ្តាលព្រៃ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយវត្ថុដ៏សល់ប៉ុណ្ណោះ បើពួកយើងត្រូវអ្នកដ៏ចំរើនតិះដៀលហើយ តើពួកជនណា គួរជាទីសរសើររបស់លោកដ៏ចំរើន។
[២៥៤] (សេកពោធិសត្វ ពោលថា) លោកទាំងឡាយ បរិភោគនូវភោជនសល់ របស់សត្វសាហាវ គឺសីហៈ និងខ្លា ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយរបស់សល់ ទើបគេសំគាល់ថា ជាអ្នកបរិភោគរបស់សល់ដែល។
[២៥៥] ពួកជនណា ឲ្យដល់ព្រាហ្មណ៍ សមណៈ និងអ្នកសូមឯទៀត ហើយទើបបរិភោគនូវភោជនដ៏សេសសល់ ពួកជននោះ ហៅថាជាអ្នកបរិភោគនូវវត្ថុសល់ដែល។
ចប់ វិឃាសាទជាតក ទី៨។
(៣៩៤. វដ្ដកជាតកំ (៦-២-៩))
[២៥៦] (ចាបពោធិសត្វ សួរថា) បពិត្រឪពុកធំ លោកបរិភោគនូវបាយ ទឹកដោះរាវ និងប្រេងដ៏ប្រណីត បពិត្រក្អែក កាលបើដូច្នេះ ហេតុអ្វីបានជាអ្នកស្គាំងស្គមម្ល៉េះ។
[២៥៧] (ក្អែកឆ្លើយថា) បណ្តាពួកក្អែកទាំងនោះ សត្វក្អែកនៅក្នុងកណ្តាលសត្រូវ ស្វែងរកចំណី មានសេចក្តីតក់ស្លុតជានិច្ច តើនឹងមានសេចក្តីមាំមួន អំពីណាកើត។
[២៥៨] ពួកក្អែក ជាសត្វមានពុកត្បុត តក់ស្លុតអស់កាលជានិច្ច បានដុំបាយដោយអំពើអាក្រក់ មិនដែលឆ្អែតស្កប់ស្កល់ទេ ម្នាលសត្វចាប ព្រោះហេតុនោះ ទើបខ្ញុំស្គំាងស្គម។
[២៥៩] ម្នាលចាប អ្នកបរិភោគនូវពូជស្មៅដ៏សៅហ្មង មានឱជារសតិច កាលបើដូច្នេះ ហេតុអ្វី ទើបអ្នកមានសរីរៈធាត់ម្ល៉េះ។
[២៦០] (ចាបពោធិសត្វ ពោលថា) ម្នាលក្អែក ខ្ញុំញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយវត្ថុដែលខ្ញុំបាន និងមិនបាន ព្រោះខ្ញុំជាអ្នកប្រាថ្នាតិច គិតតិច ទាំងត្រាច់ទៅកាន់ទីមិនឆ្ងាយ ព្រោះហេតុនោះ ទើបខ្ញុំជាអ្នកមានសរីរៈធាត់។
[២៦១] សេចក្តីពិតថា ការប្រព្រឹត្តិចិញ្ចឹមជីវិតរបស់បុគ្គលអ្នកប្រាថ្នាតិចផង មានសេចក្តីសុខព្រោះការគិតតិចផង ដឹងប្រមាណក្នុងអាហារដែលខ្លួនកាន់យកដោយល្អផង រមែងប្រព្រឹត្តទៅបានដោយស្រួល។
ចប់ វដ្តកជាតក ទី៩។
(៣៩៥. បារាវតជាតកំ (៦-២-១០))
[២៦២] (ព្រាបពោធិសត្វ និយាយថា) យូរណាស់ហើយតើ ខ្ញុំទើបឃើញសំឡាញ់ ពាក់នូវកម្រងកែវមណី សំឡាញ់របស់ខ្ញុំល្អមែន ព្រោះល្អដោយការលេងពុកមាត់។
[២៦៣] (ក្អែក និយាយតបថា) ខ្ញុំមានការខ្វល់ខ្វាយច្រើនក្នុងការងារ មានក្រចកនិងរោមក្លៀកដុះទ្រុបទ្រុល យូរណាស់ហើយ គេទើបតែនឹងបោចរោមអាក្រក់ចេញក្នុងថ្ងៃនេះ ព្រោះបានជាងកោរកាត់។
[២៦៤] (ព្រាបពោធិសត្វ និយាយថា) អ្នកបានឲ្យជាងកោរកាត់ ដែលគេរកបានដោយក្រ ឲ្យបោចនូវរោមណាមែនឬ ម្នាលសម្លាញ់ កាលបើដូច្នេះ រោមបន្តិចបន្តួច ត្រង់ករបស់អ្នក (នោះ) ទុកនៅវែងអន្លាយធ្វើអ្វី។
[២៦៥] (ក្អែក និយាយតបថា) កែវមណី តែងសំយុងចុះឰដ៏ក នៃមនុស្សសុខុមាលជាតិ ខ្ញុំយកតម្រាប់តាមពួកមនុស្សទាំងនោះ អ្នកកុំសំគាល់ថា (ខ្ញុំ) ធ្វើដោយល្បែងឡើយ។
[២៦៦] បើអ្នកពេញចិត្តនឹងការលេងពុកមាត់ ដែលឲ្យនាយជាងធ្វើយ៉ាងល្អនេះ ម្នាលសម្លាញ់ ខ្ញុំនឹងឲ្យជាងធ្វើដល់អ្នកផង ឲ្យនូវកែវមណីដល់អ្នកផង។
[២៦៧] (ព្រាបពោធិសត្វ និយាយថា) អ្នកឯងយកកែវមណីផង យកពុកមាត់ ដែលគេធ្វើឲ្យល្អផង មកបិទបាំង ទើបខ្ញុំហៅអ្នកមកហើយនឹងទៅ ការបានជួបប្រទះនឹងអ្នក រមែងជាទីពេញចិត្តរបស់ខ្ញុំ។
ចប់ មណិជាតក ទី១០។
ចប់ ខុរបុត្តវគ្គ ទី២។
ឧទ្ទាននៃខុរបុត្តវគ្គនោះគឺ
និយាយអំពីអ្នកចូរមើលចុះ (ជាដើម) ១ ព្រមទាំងម្ជុល ១ តុណ្ឌិលជាតក ១ ម្រឹគក្តាម ១ សត្វស្លាបដ៏ប្រសើរ ឈ្មោះ មយ្ហកៈ ជាគំរប់ ៥ ផ្គងអញ្ជលី ១ ផ្កាឈូក ១ កណ្តាលព្រៃ ១ សត្វចាប ១ ព្រាបដ៏ប្រសើរ ១ រួមជា ១០។
ឧទ្ទាននៃវគ្គ ក្នុងឆក្កនិបាតនោះគឺ
ខ្ញុំនឹងសំដែងនូវវគ្គ ក្នុងឆក្កនិបាត ដ៏ប្រសើរថ្លៃថ្លា វគ្គទាំងពីរ គឺអាវារិយវគ្គ និងខុរបុត្តវគ្គ មានពាក្យថា សូចិជាតក មានព្យព្ជានៈដ៏ល្អ ដែលព្រះដ៏មានព្រះភាគសំដែងហើយ។
ចប់ ឆក្កនិបាត។
(៧. សត្តកនិបាតោ)
(១. កុក្កុវគ្គោ)
(៣៩៦. កុក្កុជាតកំ (៧-១-១))
[២៦៨] (ព្រះរាជាព្រហ្មទត្ត សួរអាមាត្យពោធិសត្វថា) កំពូល (ជហ្វា) មួយហត្ថកន្លះ រង្វង់ជុំវិញកំពូលនោះ ៨ ចំអាម កំពូលនោះ ជាឈើធ្នង់ខ្លឹមសុទ្ធ ឥតមានស្រាយ ឋិតនៅលើអ្វីហ្ន៎ បានជាមិនជ្រុះអំពីខាងលើមក។
[២៦៩] (ពោធិសត្វ ពោលតបថា) បង្កង់ទាំងឡាយណា ចំនួន ៣០ ខ្លឹមសុទ្ធ ឥតមានស្រាយ ឋិតនៅតំរៀបគ្នាជុំវិញ (កំពូលនោះ) បង្កង់ទំាងឡាយនោះ ទល់ទ្រផង គាបដោយកំឡាំងផង ឋិតនៅស្មើភាគគ្នា ទើបមិនធ្លាក់របូតអំពីខាងលើមក។
[២៧០] បណ្ឌិតបានពួកមិត្រដ៏មាំមួន មានសភាពមិនបែកចិត្តគ្នា មានប្រាជ្ញាដ៏ស្អាត ជួយទល់ទ្រហើយ រមែងមិនសាបសូន្យចាកសិរី ដូចជាកំពូល (ជហា្វ) ដែលបង្កង់នាំទៅនូវភារៈយ៉ាងនេះឯង។
[២៧១] បុគ្គលដែលមានកាំបិតក្នុងដៃ កាលបើមិនចិតផ្លែក្រូចឆ្មារ ដែលមានសម្បករឹងចេញទេ រមែងធ្វើ (ផ្លែនេះ) ឲ្យមានរសល្វីង បពិត្រម្ចាស់ផែនដី បុគ្គលកាលនាំយក (សម្បកក្រៅចេញ) រមែងធ្វើឲ្យមានរសឆ្ងាញ់ កាលបើចិតសម្បកសើ ៗ ទេ រមែងធ្វើឲ្យមានរសមិនឆ្ងាញ់ មានឧបមាយ៉ាងណាមិញ។
[២៧២] ព្រះរាជាជាបណ្ឌិត វៀរ មិនលុះអំណាចកម្មដ៏ក្លៀវក្លា វៀរ (អគតិ) ក្នុងពួកអ្នកស្រុក អ្នកនិគម ប្រមូលមកនូវទ្រព្យទាំងឡាយ ជាអ្នកប្រព្រឹត្ត ប្រតិបត្តិតាមធម៌ មិនបៀតបៀនបុគ្គលដទៃ គប្បីធ្វើឲ្យសម្រេចបាន ក៏មានឧបមេយ្យយ៉ាងនោះដែរ។
[២៧៣] ផ្កាឈូក ជាអម្ពុជជាតិ មានឫសស កើតក្នុងទឹកដ៏ស្អាត ក្នុងស្រះបោក្ខរណី រីកស្គុះស្គាយដោយសារព្រះអាទិត្យ មិនជាប់ដោយភក់ មិនជាប់ដោយធុលី មិនជាប់ដោយទឹក មានឧបមាយ៉ាងណាមិញ។
[២៧៤] កម្មក្កិលេសប្រាកដដូច្នោះ មិនប្រឡាក់ (ចំពោះសេ្តច) ដែលមានវោហារ (សម្រាប់វិនិច្ឆ័យ) ដ៏ស្អាត មិនមានកម្មជាសាហ័ស មានការងារដ៏ស្អាត មានបាបកម្មប្រាសចេញហើយ ដូចជាផ្កាឈូកដែលដុះក្នុងស្រះបោក្ខរណី ក៏មានឧបមេយ្យយ៉ាងនោះដែរ។
ចប់ កុក្កុជាតក ទី១។
(៣៩៧. មនោជជាតកំ (៧-១-២))
[២៧៥] (ចចកឮសំឡេងសីហៈ និងសំឡេងបន្លោះធ្នូ ហើយក៏ពោលគាថាពីរនេះថា) ធ្នូទន់ខ្លបទៅផង បន្លោះលាន់ឮផង ដោយហេតុណា មិគរាជ ឈ្មោះមនោជៈ ជាសំឡាញ់របស់អញ ត្រូវគេសម្លាប់ដោយពិត (ដោយហេតុនោះ)។
[២៧៦] បើដូច្នោះ មានតែអញនឹងចៀសចេញ ទៅកាន់ព្រៃជាទីពឹងតាមសេចក្តីសប្បាយ ក្នុងពេលឥឡូវនេះ សត្វស្លាប់បែបនេះ នឹងយកធ្វើជាសំឡាញ់មិនកើត កាលបើអញរស់នៅ គង់បានសំឡាញ់ទៀត។
[២៧៧] (មាតាបិតា បងប្អូនស្រី ប្រពន្ធ ពោលគាថាទាំង ៤ នេះថា) បុគ្គលដែលសេពគប់ជាមួយនឹងជនបាប មិនបានសេចក្តីសុខដ៏ទៀងទាត់ឡើយ អ្នកចូរមើលសីហៈ ឈ្មោះមនោជៈ កំពុងដេក (ស្លាប់នេះ ព្រោះតែជឿតាម) ពាក្យប្រៀនប្រដៅរបស់ចចកឈ្មោះគិរិយៈ។
[២៧៨] មាតា មិនបានរីករាយជាមួយនឹងកូន ព្រោះតែគប់រកសំឡាញ់អាក្រក់ អ្នកចូរមើលសីហៈឈ្មោះមនោជៈ ដេកត្រាំនៅក្នុងឈាមរបស់ខ្លួន។
[២៧៩] សត្វណាមិនធ្វើតាមពាក្យនៃជនទាំងឡាយអ្នកប្រាថ្នានូវសេចក្តីចំរើន អ្នកឃើញនូវប្រយោជន៍ (ទៅក្នុងអនាគត) សត្វនោះរមែងដល់ (នូវសេចក្តីទុក្ខ) យ៉ាងនេះផង តែងចួបប្រទះនូវទោសដ៏លាមកក្រៃលែងផង។
[២៨០] បុគ្គលដ៏ឧត្តមណា សេពគប់នឹងអធម្មជន (ជនដ៏លាមក) បុគ្គលនោះ អាក្រក់ក្រៃលែងជាងអធម្មជននោះទៅទៀត យ៉ាងនេះ អ្នកចូរមើលនូវសេ្តចនៃម្រឹគដ៏ឧត្តម ដែលសេពគប់នឹងអធម្មជន ត្រូវកំឡាំងនៃព្រួញដ៏ប្រសើរ មុតហើយ។
[២៨១] (ព្រះសាសា្ត ទ្រង់ត្រាស់នូវអភិសម្ពុទ្ធគាថា ក្រោយបំផុតថា) បុរសអ្នកគប់រកនូវជនថោកទាប រមែងសាបសូន្យ បុគ្គលគប់រកនូវជនស្មើ ៗ គ្នា រមែងមិនសាបសូន្យ ក្នុងកាលណាឡើយ គប់រកនូវជនដែលប្រសើរជាង រមែងចំរើនឆាប់រួសរាន់ ព្រោះហេតុនោះ បុគ្គលគួរតែគប់រកនូវបុគ្គលដែលប្រសើរជាងខ្លួន។
ចប់ មនោជជាតក ទី២។
(៣៩៨. សុតនុជាតកំ (៧-១-៣))
[២៨២] (ពោធិសត្វ ពោលថា) ស្តេចបានបញ្ជូនភត្ត ដែលលាយដោយសាច់ដ៏ស្អាត មកឲ្យអ្នក ម្នាលទេវតាអ្នកអាស្រ័យនៅលើដើមជ្រៃក្រឹម អ្នកចូរចេញមក ចូរបរិភោគចុះ។
[២៨៣] (យក្ខ ពោលថា) នែមាណព អ្នកចូរមក ចូរអ្នកយកបាយ ព្រមទាំងសម្លដាក់ចុះមក ម្នាលមាណព អ្នកនឹងបានជាចំណី (នៃយើង) អ្នកទាំងពីរនឹងបានជាចំណី។
[២៨៤] (ពោធិសត្វ ពោលថា) ម្នាលយក្ខ អ្នកនឹងលះបង់នូវប្រយោជន៍ធំ ព្រោះតែហេតុបន្តិចបន្តួច ពួកជនអ្នករង្កៀសនឹងសេចក្តីស្លាប់ នឹងលែងយកអាហារមកឲ្យអ្នកទៀតហើយ។
[២៨៥] ម្នាលយក្ខ អ្នកនឹងបាននូវនិច្ចភត្តដ៏ស្អាតថ្លៃថ្លា ប្រកបដោយរសដ៏ឧត្តម កាលបើអ្នកទំពាស៊ីយើងហើយ ជនអ្នកនាំយកអាហារមកឲ្យអ្នក មុខជាមិនងាយនឹងរកបាន ក្នុងទីនេះទៀតឡើយ។
[២៨៦] (យក្ខមានចិត្តជ្រះថ្លាហើយ បានពោលថា) ម្នាលសុតនមាណព អ្នកនិយាយ (បែបនេះ) ជាប្រយោជន៍ដល់ខ្ញុំមែនហើយ ខ្ញុំព្រមបើកលែងអ្នកទៅហើយ ចូរអ្នកចួបនឹងមាតាដោយសួស្តីចុះ។
[២៨៧] ម្នាលមាណព ចូរអ្នកកាន់យកព្រះខាន់ ឆ័ត្រ និងភាជន៍ទៅចុះ សូមឲ្យមាតារបស់អ្នក ឃើញអ្នកដោយសួស្តី អ្នកសោតក៏ចូរទៅចួបនឹងមាតាចុះ។
[២៨៨] (ពោធិសត្វ ពោលថា) ម្នាលយក្ខ កាលបើយ៉ាងនេះ សូមឲ្យអ្នកបានសេចក្តីសុខ ព្រមទំាងពួកញាតិទាំងអស់ ទ្រព្យក៏ខ្ញុំបានហើយ ទាំងព្រះឱង្ការ របស់ព្រះរាជា ខ្ញុំបានធ្វើរួចហើយ។
ចប់ សុតនជាតក ទី៣។
(៣៩៩. មាតុបោសកគិជ្ឈជាតកំ (៧-១-៤))
[២៨៩] (ត្មាតពោធិសត្វ ពោលថា) មាតាបិតាទាំងនោះចាស់ អាស្រ័យនៅឰដ៏ច្រកនៃភ្នំ នឹងធ្វើដូចម្តចហ្ន៎ អាត្មាអញជាប់អន្ទាក់ លុះអំណាចនេសាទបុត្ត ឈ្មោះនិលិយៈហើយ។
[២៩០] (នេសាទបុត្ត ពោលថា) ម្នាលត្មាត ហេតុដូចម្តេច ក៏បានជាអ្នកខ្សឹកខ្សួល ការខ្សឹកខ្សួលរបស់អ្នកដូចម្តេចហ្ន៎ បក្សីចេះនិយាយសំដីមនុស្ស យើងមិនដែលឮ មិនដែលឃើញសោះឡើយ។
[២៩១] (ពោធិសត្វ ពោលថា) យើងចិញ្ចឹមមាតាបិតាចាស់ អាស្រ័យនៅឰដ៏ច្រកនៃភ្នំ យើងលុះក្នុងអំណាចអ្នកហើយ មាតាបិតាទាំងនោះ នឹងធ្វើដូចម្តេចហ្ន៎។
[២៩២] (នេសាទបុត្ត ពោលថា) ក្រែងត្មាត រមែងមើលឃើញសាកសព ចម្ងាយ ១០០ យោជន៍ បានឬ ចុះហេតុអ្វី បានជាអ្នកមកជាប់លប់ និងអន្ទាក់ ក៏មិនភ្ញាក់ខ្លួនសោះ។
[២៩៣] (ពោធិសត្វ ពោលថា) ពេលណាដែលមានសេចក្តីវិនាស (មកដល់) ពេលនោះ សត្វដែលនឹងអស់ជីវិត បើទុកជាមកជាប់លប់ និងអន្ទាក់ ក៏គង់មិនអាចភ្ញាក់ខ្លួនបាន។
[២៩៤] (នេសាទបុត្ត ពោលថា) អ្នកចូរទៅចិញ្ចឹមមាតាបិតាចាស់ជរា ដែលអាស្រ័យនៅឰដ៏ច្រកនៃភ្នំចុះ យើងបានបើកលែងអ្នកហើយ ចូរអ្នកទៅចួបនឹងពួកញាតិសន្តាន ដោយសួស្តីចុះ។
[២៩៥] (ពោធិសត្វ ពោលថា) ម្នាលព្រាន អ្នកចូររីករាយជាមួយនឹងពួកញាតិទាំងអស់ យ៉ាងនេះចុះ យើងនឹងចិញ្ចឹមមាតាបិតាចាស់ ដែលអាស្រ័យនៅឰដ៏ច្រកនៃភ្នំ។
ចប់ មាតុបោសកគិជ្ឈជាតក ទី៤។
(៤០០. ទព្ភបុប្ផជាតកំ (៧-១-៥))
[២៩៦] (ភេដែលត្រាច់ទៅក្នុងទឹកជ្រៅ ពោលថា) ម្នាលសំឡាញ់ អ្នកត្រាច់ទៅតាមឆ្នេរដ៏ចំរើន សូមអ្នកស្ទុះមកជួយខ្ញុំ ខ្ញុំចាប់បានត្រីធំ វានំាខ្ញុំទៅ ដោយកំឡាំងដ៏ខ្លាំង។
[២៩៧] (ភេត្រាច់ទៅតាមឆ្នេរក្រៅនេះ ពោលថា) ម្នាលអ្នកត្រាច់ទៅក្នុងទឹកជ្រៅដ៏ចំរើន អ្នកចូរចាប់ដោយកំឡាំងយ៉ាងមាំ ខ្ញុំនឹងជួយយោងយកត្រីនោះ ដូចគ្រុឌដែលស្រង់ឡើងនូវពស់។
[២៩៨] (ភេទាំងពីរឃើញចចកហើយ ពោលថា) ម្នាលចចកទព្វបុប្ផៈ ចូរអ្នកស្តាប់ពាក្យយើង វិវាទកើតដល់យើងហើយ ម្នាលសំឡាញ់ អ្នកចូររម្ងាប់នូវជំលោះ ឲ្យវិវាទ (របស់យើង) ស្ងប់រម្ងាប់ទៅ។
[២៩៩] (ចចក ពោលថា) កាលពីដើម យើងជាអ្នកឋិតនៅក្នុងតំណែងជម្រះក្តី បានកាត់ក្តីឲ្យគេជាច្រើនមកហើយ ម្នាលសំឡាញ់ យើងនឹងរម្ងាប់នូវជំលោះ (របស់អ្នកទាំងឡាយ) សូមឲ្យវិវាទ (របស់អ្នកទាំងឡាយ) ស្ងប់រម្ងាប់ទៅ។
[៣០០] ម្នាលភេអ្នកត្រាច់ទៅតាមឆ្នេរ (អ្នកត្រូវបាន) កន្ទុយ ភេដែលត្រាច់ទៅក្នុងទឹកជ្រៅ (ត្រូវបាន) ក្បាល ដុំជាកណ្តាលក្រៅអំពីចំណែកពីរនេះ ត្រូវបាន (យើង) អ្នកឋិតនៅក្នុងតំណែងជម្រះក្តី។
[៣០១] (ភេទាំងពីរ ត្អូញថា) ប្រសិនបើយើងកុំទាស់គ្នា (ត្រីនេះ) នឹងបានជាអាហារអស់កាលដ៏យូរ ចចកពាំយកត្រីឆ្ពិន ឥតក្បាលឥតកន្ទុយទៅព្រងើយ។
[៣០២] (មេចចក ពោលថា) ខត្តិយរាជ បាននូវរាជសម្បត្តិហើយរីករាយ យ៉ាងណាមិញ ក្នុងថ្ងៃនេះ ខ្ញុំឃើញប្តីដែលមានមុខរីកហើយ ក៏មានចិត្តរីករាយ យ៉ាងនោះដែរ។
[៣០៣] អ្នកជាសត្វកើតលើគោកទេ ម្តេចក៏ចាប់ត្រីក្នុងទឹកបាន ម្នាលសំឡាញ់ ខ្ញុំសួរហើយ សូមអ្នកប្រាប់ អ្នកចាប់ (ត្រី) បានដោយហេតុដូចម្តេច។
[៣០៤] (ចចក ពោលថា) សត្វទាំងឡាយស្គាំងស្គម ព្រោះតែការទាស់ទែងគ្នា ការអស់ទ្រព្យសម្បត្តិ ក៏ព្រោះតែទាស់ទែងគ្នាដែរ ភេ (ទាំងពីរ) សាបសូន្យ (ចាកត្រី) ព្រោះតែទាស់ទែងគ្នា នែនាងមាយាវី នាងចូរបរិភោគនូវត្រីឆ្ពិនចុះ។
[៣០៥] (អភិសម្ពុទ្ធគាថា) ក្នុងទីណា វិវាទកើតឡើងក្នុងពួកមនុស្ស (មនុស្សទាំងឡាយ) រមែងស្ទុះស្ទាទៅពឹងចៅក្រមអ្នកកាត់ក្តី ដ្បិតចៅក្រមនោះ ជាអ្នកដឹកនាំមនុស្សទាំងនោះ មនុស្សទាំងនោះ រមែងសាបសូន្យចាកទ្រព្យ (របស់ខ្លួន) ក្នុងទីនោះ ឃ្លាំងព្រះរាជា រមែងចំរើន ក៏យ៉ាងនោះដែរ។
ចប់ ទព្វបុប្ផជាតក ទី៥។
(៤០១. បណ្ណកជាតកំ (៧-១-៦))
[៣០៦] (ព្រះរាជា ទ្រង់សួរអាមាត្យឈ្មោះអាយុរៈថា) បុរសលេបដាវមានមុខដ៏មុត ដែលកើតក្នុងដែនឈ្មោះទសណ្ណកៈ ជាដាវផឹកឈាមឆ្អែតហើយ ក្នុងកណ្តាលបរិស័ទ ចុះអំពើអ្វី ដែលគេធ្វើបានដោយកម្រ ជាងកិរិយាលេបនូវដាវនោះទៅទៀត ខ្ញុំសួរហើយ អ្នកចូរប្រាប់នូវហេតុដទៃ ដែលគេធ្វើបានដោយកម្រនោះ។
[៣០៧] (អាយុរាមាត្យ ពោលថា) បុរសលេបដាវដែលផឹកឈាមឆ្អែតហើយ ព្រោះតែលោភៈ បើបុគ្គលណា ពោលថា យើងនឹងឲ្យ (នូវវត្ថុនោះដល់អ្នក) ដូច្នេះ ពាក្យរបស់បុគ្គលនោះ ពិបាកធ្វើក្រៃលែង ជាងការលេបដាវនោះទៅទៀត បពិត្រព្រះមាគធរាជ ហេតុដទៃទាំងអស់ (ក្រៅអំពីពាក្យនេះ) គេធ្វើបានដោយងាយទេ សូមព្រះអង្គទ្រង់ជ្រាប យ៉ាងនេះចុះ។
[៣០៨] (ព្រះរាជា ទ្រង់ចរចាជាមួយនឹងបុក្កុសាមាត្យថា) អាយុរបណ្ឌិត ជាអ្នកឈ្លាសវៃក្នុងធម៌ បានដោះស្រាយនូវសេចក្តីនៃប្រស្នា ឥឡូវនេះ យើងនឹងសាកសួរ ចំពោះបុក្កុសបណ្ឌិតវិញ អំពើអ្វីដែលបុគ្គលធ្វើបានដោយកម្រ ជាងពាក្យនោះទៅទៀត យើងសួរហើយ អ្នកចូរប្រាប់នូវហេតុដទៃ ដែលបុគ្គលធ្វើបានដោយកម្រនោះ (ដល់យើង)។
[៣០៩] (បុក្កុសបណ្ឌិត ពោលថា) ពួកមនុស្សរស់នៅ (ព្រោះអាស្រ័យ) នូវវាចាឥតផល ជាសំដីដែលគេពោលឥតអង្គឺមានឡើយ បុគ្គលណា បានឲ្យ (ពាក្យប្តេជ្ញា) ហើយក៏បានកាត់ផ្តាច់ចោល (នូវលោភៈ) ពាក្យប្តេជ្ញានោះ ជាការធ្វើដោយលំបាក ជាងការលេបដាវ និងជាងពាក្យនោះទៅទៀត បពិត្រព្រះបាទមាគធរាជ ហេតុដទៃទាំងអស់ គេធ្វើបានដោយងាយទេ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះចុះ។
[៣១០] (ព្រះរាជា ទ្រង់សួរសេនកបណ្ឌិតថា) បុក្កុសបណ្ឌិត ជាអ្នកឈ្លាសវៃក្នុងធម៌ បានឆ្លើយនូវសេចក្តីនៃប្រស្នារួចហើយ ឥឡូវនេះ យើងនឹងសួរចំពោះសេនកបណ្ឌិត អ្វីអេះ ដែលបុគ្គលធ្វើបានដោយលំបាក ជាងពាក្យប្តេជ្ញានោះទៅទៀត យើងសួរហើយ អ្នកចូរប្រាប់នូវហេតុដទៃ ដែលបុគ្គលធ្វើបានដោយលំបាកនោះ (ដល់យើង)។
[៣១១] (សេនកបណ្ឌិត ពោលថា) បុរសគួរឲ្យនូវទាន ទោះបីតិចក្តី ច្រើនក្តី បើបុគ្គលណាបានឲ្យហើយ មិនក្តៅក្រហាយស្តាយក្រោយ អំពើនោះ ជាការធ្វើបានដោយលំបាក ជាងការលេបដាវជាដើមនោះទៅទៀត បពិត្រព្រះបាទមាគធរាជ ហេតុដទៃទាំងអស់ គេធ្វើបានដោយងាយទេ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះចុះ។
[៣១២] (ព្រះរាជា សរសើរពោធិសត្វ ហើយពោលគាថាទីបំផុតថា) អាយុរបណ្ឌិត បានឆ្លើយប្រស្នារួចហើយ ទាំងបុក្កុសបុរសក៏ដូចគ្នា សេនកបណ្ឌិត និយាយដោះស្រាយប្រស្នាទាំងអស់ តាមសមគួរ។
ចប់ ទសណ្ណកជាតក ទី៦។
(៤០២. សត្តុភស្តជាតកំ (៧-១-៧))
[៣១៣] (សេនកបណ្ឌិតពោធិសត្វ ពោលថា) អ្នកមានចិត្តក្រឡក មានចក្ខុន្ទ្រិយកម្រើក ដំណក់ទឹកហូរចេញអំពីភ្នែករបស់អ្នក ម្នាលព្រាហ្មណ៍ អ្នកបាត់របស់អ្វី ឬក៏អ្នកប្រាថា្នចង់បានរបស់អ្វី បានជាមកក្នុងទីនេះ ចូរអ្នកប្រាប់មកមើល។
[៣១៤] (ព្រាហ្មណ៍ ពោលថា) យក្ខពោលថា កាលបើខ្ញុំទៅដល់ (ផ្ទះ) ក្នុងថ្ងៃនេះ ប្រពន្ធ (របស់ខ្ញុំ) នឹងស្លាប់ កាលបើខ្ញុំទៅមិនដល់ (ផ្ទះ) ទេ ខ្ញុំនឹងស្លាប់ ដោយសេចក្តីទុក្ខនេះ បានជាខ្ញុំរន្ធត់ចិត្ត បពិត្រសេនកៈ សូមលោកប្រាប់សេចក្តីនេះដល់ខ្ញុំ។
[៣១៥] (ពោធិសត្វ ពោលថា) យើងរិះគិតនូវហេតុច្រើនយ៉ាង បណ្តាហេតុទាំងនោះ យើងនឹងប្រាប់ហេតុណាមួយ ហេតុនោះឯង ជារបស់ពិត មា្នលព្រាហ្មណ៍ យើងយល់ថា អ្នកមិនបានដឹងទេ មានពស់វែកលូនចូលក្នុងទៃសដូវ។
[៣១៦] (ពោធិសត្វ ពោលថា) អ្នកចូរយកដំបងគោះទៃមើល អ្នកចូរមើលពស់ ដែលមានអណ្តាតពីរ ហៀរទឹកមាត់ចេញមក អ្នកចូរកាត់បង់នូវសេចក្តីសង្ស័យផង នូវសេចក្តីងឿងឆ្ងល់ផង ក្នុងថ្ងៃនេះ អ្នកចូរមើលពស់ អ្នកចូរទំលាក់ទៃចោលទៅ។
[៣១៧] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះ មានសភាពតក់ស្លុត ក្នុងកណ្តាលបរិស័ទ ហើយក៏បោះទៃនៃសដូវចោល ទើបពស់ជាសត្វអាសីពិស លូនទៅដោយទ្រូង មានតេជះក្លា ក៏បើកពពារលូនចេញមក។
[៣១៨] (ព្រាហ្មណ៍ ពោលថា) ព្រះរាជាជនកៈអង្គណា បានជួបនឹងសេនកបណ្ឌិត អ្នកមានប្រាជ្ញាឆើត ព្រះរាជាជនកៈ (អង្គនោះ) ឈ្មោះថា មានលាភបានហើយដោយប្រពៃ (ព្រាហ្មណ៍លុះសរសើរព្រះរាជាហើយ ក៏សរសើរពោធិសត្វថា) បពិត្រព្រាហ្មណ៍អ្នកមានធម៌កំបាំង (ញេយ្យធម៌) បើកហើយ ជាអ្នកឃើញនូវធម៌ទាំងអស់ឬ បានជាញាណរបស់អ្នកគួរស្ញប់ស្ញែងម្ល៉េះ ខ្ញុំមានកហាបណៈប្រាំពីររយនេះ សូមអ្នកយកទាំងអស់ចុះ ខ្ញុំជូនអ្នក ដ្បិតខ្ញុំបានជីវិតក្នុងថ្ងៃនេះ ដោយសារអ្នក មិនតែប៉ុណ្ណោះសោត ថែមទាំងអ្នកបានធ្វើសួស្តី ដល់ភរិយា (របស់ខ្ញុំ) ទៀតផង។
[៣១៩] (ពោធិសត្វ ពោលថា) បណ្ឌិតទាំងឡាយ មិនបានទទួលយករង្វាន់ដោយពោលគាថាទាំងឡាយដ៏វិចិត្រទេ ម្នាលព្រាហ្មណ៍ (ជនទាំងឡាយ) ឲ្យទ្រព្យអំពីបាទមូលរបស់យើងនេះ ដល់អ្នក អ្នកចូរយក ហើយចូរទៅកាន់លំនៅរបស់ខ្លួនចុះ។
ចប់ សេនកជាតក ទី៧។
(៤០៣. អដ្ឋិសេនកជាតកំ (៧-១-៨))
[៣២០] (ព្រះបាទពារាណសី សួរពោធិសត្វថា) បពិត្រតាបស ព្រះនាមអដ្ឋិសេនៈ ខ្ញុំមិនដែលស្គាល់ពួកស្មូមណា ពួកស្មូមនោះ ប្រជុំគ្នាមករកខ្ញុំ ហើយសូម (នូវវត្ថុដែលខ្លួនត្រូវការ) ហេតុអ្វីក៏លោកមិនសូមខ្ញុំ។
[៣២១] (តាបសពោធិសត្វ ពោលថា) បុគ្គលអ្នកសូម រមែងមិនជាទីស្រឡាញ់ (នៃអ្នកឲ្យ) បុគ្គលអ្នកមិនឲ្យនូវរបស់ដែលគេសូម រមែងមិនជាទីស្រឡាញ់ (នៃស្មូម) ព្រោះហេតុនោះ បានជាអាត្មាមិនសូមមហារាជ កុំឲ្យមហារាជស្អប់អាត្មាឡើយ។
[៣២២] (ព្រះរាជា ត្រាស់ថា) សមណព្រាហ្មណ៍ណា រស់ដោយការសូម តែមិនសូមវត្ថុដែលខ្លួនត្រូវសូម ក្នុងកាលគួរ (សមណព្រាហ្មណ៍នោះ) ឈ្មោះថា ញុំាងបុគ្គលដទៃ ឲ្យខូចបុណ្យផង ឈ្មោះថាមិនបានរស់ស្រួល ដោយខ្លួនឯងផង។
[៣២៣] សមណព្រាហ្មណ៍ណា រស់ដោយការសូម ហើយសូមនូវវត្ថុដែលខ្លួនត្រូវការសូម ក្នុងកាលគួរ (សមណព្រាហ្មណ៍នោះ) ឈ្មោះថា ញុំាងបុគ្គលដទៃឲ្យបានបុណ្យផង ឈ្មោះថា រស់នៅស្រួលដោយខ្លួនឯងផង។
[៣២៤] បុគ្គលមានប្រាជ្ញាទាំងឡាយ ឃើញពួកស្មូមមកដល់ហើយ មិនដែលប្រទូស្ត លោកជាព្រហ្មចារីបុគ្គល ជាទីស្រឡាញ់នៃខ្ញុំ លោកប្រាថ្នារបស់ណា ដែលត្រូវនិយាយសូម លោកចូរសូមចុះ។
[៣២៥] (ពោធិសត្វ ពោលថា) បុគ្គលមានប្រាជ្ញាទាំងឡាយ មិនដែលសូមទេ ស្រេចតែនឹង (ឧបដ្ឋាក) អ្នកមានប្រាជ្ញា គួរដឹង (ខ្លួនឯងចុះ) ពួកអរិយៈ គ្រាន់តែឈរឧទ្ទិសស្ងៀម ៗ ប៉ុណ្ណោះ នុ៎ះជាការសូមរបស់ពួកអរិយៈ។
[៣២៦] (ព្រះរាជា ពោលថា) បពិត្រព្រាហ្មណ៍ ខ្ញុំសូមប្រគេនមេគោមានសម្បុរក្រហម ១ ពាន់ ព្រមទាំងគោឈ្មោល ដល់លោកម្ចាស់ ដ្បិតថា បុគ្គលមានមារយាទដ៏ប្រសើរ បានស្តាប់គាថារបស់លោក ដែលប្រកបដោយធម៌ហើយ មិនឲ្យដល់បុគ្គលមានអាចារៈដ៏ប្រសើរ (ដូចគ្នា) ដូចម្តេចបាន។
ចប់ អដ្ឋិសេនជាតក ទី៨។
(៤០៤. កបិជាតកំ (៧-១-៩))
[៣២៧] (ពានរពោធិសត្វ ពោលថា) បុគ្គលមានពៀរ អាស្រ័យនៅក្នុងទីណា បណ្ឌិតមិនគប្បីនៅក្នុងទីនោះទេ (ព្រោះ) នៅក្នុងពួកបុគ្គលមានពៀរ មួយយប់ក្តី ពីរយប់ក្តី ជាទុក្ខ។
[៣២៨] បុគ្គលអ្នកមានចិត្តស្រាល គប្បីជាសត្រូវដល់សត្វអ្នកប្រព្រឹត្តតាម សេចក្តីមិនចំរើនដែលព្រាហ្មណ៍ធ្វើហើយ ដល់ហ្វូងស្វា ព្រោះហេតុតែស្វាមួយ។
[៣២៩] បុគ្គលល្ងង់ តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត ហើយរក្សាពួកក្រុម ជាអ្នកលុះអំណាចចិត្តរបស់ខ្លួន រមែងដេក (ស្លាប់) ដូចស្វានេះឯង។
[៣៣០] បុគ្គលល្ងង់មានកំឡាំង ជាអ្នករក្សាពួកក្រុម មិនប្រពៃទេ មិនមានសេចក្តីចំរើនដល់ពួកញាតិ ដូចទទាធា្នក់ មិនជាប្រយោជន៍ដល់ពួកសត្វស្លាប (ដែលជាញាតិ)។
[៣៣១] ឯបុគ្គលមានប្រាជា្ញ មានកំឡាំង រក្សាពួកក្រុមវិញ ទើបប្រពៃ រមែងចំរើនដល់ពួកញាតិ ដូចជាវាសវៈទេវរាជ (ជាប្រយោជន៍) ដល់ពួកទេវតាក្នុងឋានត្រៃត្រឹង្ស។
[៣៣២] បុគ្គលណាមួយឃើញថា ខ្លួនឯងមានសីលផង មានបញ្ញាផង មានសុតៈផង (បុគ្គលនោះ) តែងប្រព្រឹត្តប្រយោជន៍ដើម្បីខ្លួន និងអ្នកដទៃទាំងពីរ។ ព្រោះហេតុនោះ អ្នកប្រាជ្ញ កាលបើគ្នេរគ្នាន់មើលខ្លួន មានសីល មានបញ្ញា និងសុតៈហើយ គប្បីថែរក្សាពួកក្រុមក៏បាន គប្បីប្រព្រឹត្តនៅតែម្នាក់ឯងក៏បាន។
ចប់ កបិជាតក ទី៩។
(៤០៥. ពកជាតកំ (៧-១-១០))
[៣៣៣] (ពកព្រហ្ម ពោលថា) បពិត្រព្រះគោតម ពួកយើង ៧២ រូប មានអំពើជាបុណ្យ ជាអ្នកមានអំណាចប្រព្រឹត្តទៅ កន្លងផុតជាតិ និងជរាបាន នេះជាការដល់នូវវេទ ជាកំណើតដ៏ប្រសើរ មានក្នុងទីបំផុត (របស់ពួកយើង) ពួកជនច្រើនរូប តែងប្រាថ្នាទីនេះ។
[៣៣៤] (ព្រះសាស្តា ត្រាស់ថា) នែពកៈ អ្នកសំគាល់ថា អាយុណាជាធម្មជាតវែង អាយុនុ៎ះខ្លីទេ មិនមែនវែងឡើយ ម្នាលព្រហ្ម តថាគតដឹងអាយុរបស់អ្នកមួយសែននិរព្វុទៈ (ប៉ុណ្ណោះឯង)។
[៣៣៥] (ពកព្រហ្ម ថា) បពិត្រព្រះមានព្រះភាគ ព្រះអង្គមានព្រះបន្ទូលថា តថាគតជាអ្នកឃើញមិនមានទីបំផុត កន្លងផុតស្រឡះនូវជាតិ និងជរាផង នូវសេចក្តីសោកផង តើវ័ត និងសីលវត្តរបស់ខ្ញុំ ពីដើមដូចម្តេចខ្លះ សូមព្រះអង្គប្រាប់នូវវ័ត និងសីលវត្ត ដែលខ្ញុំគួរដឹងនុ៎ះ ដល់ខ្ញុំ។
[៣៣៦] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) អ្នកបានញុំាងពួកមនុស្សច្រើន ដែលស្រេកទឹក លំបាកដោយកំដៅថ្ងៃ ឲ្យផឹកហើយ នោះឯង ជាវត្តសមាទាន និងសីលវត្ត របស់អ្នកពីដើម តថាគតរឭកឃើញ ដូចជាបុគ្គលដេកលក់ហើយភ្ញាក់ឡើង។
[៣៣៧] អ្នកបានដោះលែងនូវពួកជនឈ្លើយ ដែលចោរចាប់នំាយកទៅទៀបឆ្នេរនៃស្ទឹងឈ្មោះឯណី នោះឯង ជាវត្តសមាទាន និងសីលវត្តរបស់អ្នកពីដើម តថាគតរឭកឃើញ ដូចជាបុគ្គលដេកលក់ហើយភ្ញាក់ឡើង។
[៣៣៨] អ្នកបានគំរាមដោយកំឡាំង ហើយដោះលែងនូវទូកដែលនាគរាជអាក្រក់បំរុងនឹងពន្លិចចោល ក្នុងខ្សែនៃទឹកស្ទឹង ព្រោះវាចង់ធ្វើមនុស្សឲ្យវិនាស នោះឯង ជាវត្តសមាទាន និងសីលវត្តរបស់អ្នកពីដើម តថាគតរឭកឃើញ ដូចជាបុគ្គលដេកលក់ហើយភ្ញាក់ឡើង។
[៣៣៩] តថាគតឈ្មោះកប្បៈ ធ្លាប់ជាកូនសិស្សរបស់អ្នក តថាគតបានសំគាល់ថា អ្នកជាបុគ្គលមានប្រាជា្ញ មានវត្តប្រតិបត្តិ នោះឯង ជាវត្តសមាទាន និងសីលវត្ត របស់អ្នកពីដើម តថាគតរឭកឃើញ ដូចជាបុគ្គលដេកលក់ហើយភ្ញាក់ឡើង។
[៣៤០] (ពកព្រហ្ម ពោលថា) ព្រះអង្គជា្របច្បាស់នូវអាយុរបស់ខ្ញុំនុ៎ះដោយពិតផង ជ្រាបច្បាស់នូវហេតុដទៃផង ព្រះអង្គជាព្រះពុទ្ធមែន នេះជាអានុភាពដ៏រុងរឿងរបស់ព្រះអង្គ ដែលញុំាងព្រហ្មលោកឲ្យភ្លឺរុងរឿង។
ចប់ ពកព្រហ្មជាតក ទី១០។
ចប់ កុក្កុវគ្គ ទី១។
ឧទ្ទាននៃជាតក ក្នុងកុក្កុវគ្គនោះគឺ
និយាយអំពីកំពូលដ៏ប្រសើរ ១ បំពង់ព្រួញដ៏ប្រសើរ ១ សុតនជាតក ១ ត្មាត ១ ត្រីឆ្ពិន ១ ដាវកើតក្នុងស្រុកទសណ្ណកៈ ១ សេនកបណ្ឌិត ១ យាចក ១ បុគ្គលមានពៀរ ១ ពកព្រហ្ម ១ រួមត្រូវជា ១០។
(២. គន្ធារវគ្គោ)
(៤០៦. គន្ធារជាតកំ (៧-២-១))
[៣៤១] (តាបសពោធិសត្វ ពោលថា) អ្នកលះបង់នូវស្រុកចំណុះ ១ ពាន់ និងឃ្លំាង ១៦ ដ៏ពេញបរិបូណ៌ (ដោយទ្រព្យ) ធ្វើនូវការសន្សំក្នុងកាលឥឡូវនេះ។
[៣៤២] (វិទេហតាបស ពោលថា) អ្នកលះបង់នូវដែនគន្ធារៈ ដែលជាដែនសម្បូណ៌ដោយទ្រព្យ និងទឹក ហើញចេញផុតអំពីទីជាទីឲ្យនូវពាក្យប្រៀនប្រដៅ (ដូចខ្ញុំដែរ) ឥឡូវនេះ (ហេតុអ្វីក៏មក) ប្រៀនប្រដៅ (យើង) ក្នុងព្រៃនេះ។
[៣៤៣] (ពោធិសត្វ ពោលថា) ម្នាលវិទេហៈ ខ្ញុំនិយាយចំពោះតែធម៌ សភាវៈមិនមែនជាធម៌ មិនគាប់ចិត្តខ្ញុំទេ កាលបើខ្ញុំនិយាយធម៌ បាបឥតប្រឡាក់បានទេ។
[៣៤៤] (វិទេហតាបស ពោលថា) បុគ្គលដទៃបាននូវសេចក្តីក្រោធ ព្រោះពាក្យណានីមួយ បណ្ឌិតមិនគប្បីពោលនូវពាក្យនោះឡើយ បើទុកជាពាក្យមានប្រយោជន៍ដ៏ធំក៏ដោយ។
[៣៤៥] (ពោធិសត្វ ពោលថា) បុគ្គលទោះខឹងក៏ដោយ មិនខឹងក៏ដោយ ទោះរោយរាយដូចអង្កាមក៏ដោយ កាលបើខ្ញុំនិយាយធម៌ បាបមិនប្រឡាក់បានទេ។
[៣៤៦] ប្រសិនបើប្រាជ្ញារបស់ខ្លួនក្តី វិន័យដែលសិក្សាល្អក្តី មិនមានទេ ជនច្រើនគ្នាតែងប្រព្រឹត្តដូចជាក្របីខ្វាក់ក្នុងព្រៃ។
[៣៤៧] មួយទៀត ជនពួកខ្លះក្នុងលោកនេះ បានសិក្សាល្អ ក្នុងអាចារប្បញ្ញត្តិ ព្រោះហេតុនោះ (ធីរជន) អ្នកមានវិន័យទូន្មានហើយ រមែងមានចិត្តតាំងមាំល្អ។
ចប់ គន្ធីរជាតក ទី១។
(៤០៧. មហាកបិជាតកំ (៧-២-២))
[៣៤៨] (ព្រះរាជាពារាណសី ត្រាស់សួរថា) ម្នាលស្វាដ៏ប្រសើរ អ្នកបានធ្វើខ្លួនឲ្យជាស្នួរ ហើយចម្លង (ពួកស្វាទាំងនេះ) ឲ្យឆ្លងទៅដល់ទីសួស្តី តើអ្នកត្រូវជាអ្វីនឹងពួកស្វាទាំងនោះ ឯស្វាទាំងនោះ ត្រូវជាអ្វីនឹងអ្នក។
[៣៤៩] (ស្តេចស្វាពោធិសត្វ ទូលតបថា) បពិត្រព្រះបាទអរិន្ទមៈ (អ្នកបង្រ្កាបសត្រូវ) ខ្ញុំជាស្តេច ជាឥស្សរៈលើស្វាទាំងនោះ ជាអ្នកគ្រប់គ្រងហ្វូងស្វាទាំងនោះ ដែលត្រូវសេចក្តីសោកគ្របសង្កត់ ជាអ្នកខ្លាចព្រះអង្គ។
[៣៥០] ខ្ញុំលោតខ្លួនអំពីឈើនេះ ទៅកាន់ទីប្រមាណ ១ រយជួរធ្នូ ដែលគេលើកឡើង ហើយចងវល្លិផ្តៅដ៏មាំ ត្រង់សរីរៈជាខាងក្រោយនៃជើង (ចង្កេះ)។
[៣៥១] ខ្ញុំលោតទៅកាន់ដើមឈើដោយខ្យល់ ដូចជាពពកដែលខ្យល់ផ្តាច់ហើយ ខ្ញុំនោះទៅមិនដល់ ក៏លូកដៃទៅចាប់មែក (នៃឈើ) ឰដ៏អាកាសប្បទេសនោះ។
[៣៥២] ពួកស្វាលើកជើងជាន់លើខ្ញុំនោះ ដែលដេកសន្ធឹងដូចខ្សែចាប៉ី ដោយមែកឈើផង ដោយវល្លិផ្តៅផង ហើយនាំគ្នាទៅដោយសួស្តី។
[៣៥៣] ខ្ញុំនោះមិនក្តៅក្រហាយនឹងការចង ខ្ញុំនឹងមិនក្តៅក្រហាយនឹងការសម្លាប់ឡើយ (ព្រោះ) ខ្ញុំសោយរាជ្យ (ត្រួតត្រា) លើពួកស្វាណា សេចក្តីសុខ ខ្ញុំបាននំាមកឲ្យពួកស្វានោះហើយ។
[៣៥៤] បពិត្រព្រះបាទអរិន្ទមៈ នេះជាសេចក្តីប្រៀបធៀបចំពោះព្រះអង្គ សូមព្រះអង្គស្តាប់នូវឱវាទនោះ ខត្តិយរាជមានប្រាជា្ញ ត្រូវផ្តល់សេចក្ដីសុខដល់ពួកជនទាំងអស់ គឺអ្នកដែនផង យាន (វាហនៈសម្រាប់ទឹម) ផង ពលថ្មើរជើងផង អ្នកនិគមផង។
ចប់ មហាកបិជាតក ទី២។
(៤០៨. កុម្ភការជាតកំ (៧-២-៣))
[៣៥៥] (ព្រះបច្ចេកពុទ្ធ ៤ អង្គ ពោលគាថាមួយ ៗ ថា) អាត្មាបានឃើញដើមស្វាយដុះលូតលាស់ក្នុងកណ្តាលព្រៃស្វាយ មានពណ៌ខៀវ មានផ្លែ អាត្មាឃើញស្វាយនោះបាក់ខ្ទេចខ្ទី ព្រោះហេតុតែផ្លែ លុះឃើញស្វាយនោះហើយ ទើបអាត្មាប្រព្រឹត្តនូវភិក្ខាចារ (ទៅបួស)។
[៣៥៦] នាងនារី (ម្នាក់) ពាក់កងជាវិការៈនៃកែវមណី ១ គូ ដ៏ស្អាតរលោង ដែលជនអ្នកចេះធ្វើឲ្យសម្រេចហើយ ឥតឮសូរសំឡេង (ទង្គិចគ្នាឡើយ) លុះដល់អាស្រ័យយកមកពាក់ជាមួយគ្នានឹងកងទី ២ ក៏ (ទង្គិចគ្នា) ឮសូរសំឡេង អាត្មាបានឃើញនូវកងនោះហើយ ទើបប្រព្រឹត្តនូវភិក្ខាចារ។
[៣៥៧] ពួកបក្សីច្រើនចោមរោម ដេញចឹកបក្សី ១ កំពុងពាំដុំសាច់ ព្រោះហេតុតែអាហារ អាត្មាបានឃើញបក្សីនោះហើយ ទើបប្រព្រឹត្តនូវភិក្ខាចារ។
[៣៥៨] អាត្មាឃើញគោឧសភៈ (មួយ) កណ្តាលហ្វូង មានបូកជ្រួញ ៗ បរិបូណ៌ដោយសម្បុរ និងកំឡាំង អាត្មាបានឃើញគោឧសភៈនោះ ត្រូវគោឧសភៈដទៃ បុះមុត (ធ្លាយពោះវៀន) ព្រោះហេតុតែកាម លុះបានឃើញគោឧសភៈនោះហើយ ទើបប្រព្រឹត្តនូវភិក្ខាចារ។
[៣៥៩] (ពោធិសត្វ ពោលថា) ព្រះរាជារបស់អ្នកដែនកលិង្គៈ ព្រះនាមករណ្ឌកៈ ព្រះរាជារបស់អ្នកដែនគន្ធារៈ ព្រះនាមនគ្គជិ ព្រះរាជារបស់អ្នកដែនវិទេហៈ ព្រះនាមនិមិរាជ ព្រះរាជារបស់អ្នកដែនបញ្ចាលៈ ព្រះនាមទុម្មុខៈ ព្រះរាជាទាំង ៤ ព្រះអង្គនុ៎ះ លះបង់នូវដែនទាំងឡាយ ជាអ្នកឥតកង្វល់ បួសហើយ។
[៣៦០] ព្រះរាជាទាំងអស់អង្គនេះ ប្រហែលគ្នានឹងវិសុទ្ធិទេវតា បានមកចួបគ្នាហើយ ព្រះរាជាទាំងនេះ (រុងរឿងដោយគុណទាំងឡាយ មានសីលគុណជាដើម) ដូចជាភ្លើងដែលភ្លឺរុងរឿងដូច្នោះឯង ម្នាលនាងមានភក្រ្ត ចំណែកខាងបង ក៏នឹងលះបង់នូវកាមទាំងឡាយ ជាចំណែកដែលខ្លួននឿយណាយហើយ ប្រព្រឹត្តតែម្នាក់ឯង។
[៣៦១] (ភរិយានោះ ពោលថា) កាលនេះ ជាកាលគួរ (នឹងបួសហើយ) ឥតមានកាលដទៃទៀតឡើយ (ព្រោះ) ដល់ទៅពេលក្រោយ បុគ្គលជាអ្នកប្រៀនប្រដៅខ្ញុំ មិនមានទេ បពិត្រអ្នកមានភក្រ្ត ខ្ញុំនឹងប្រព្រឹត្តតែម្នាក់ឯង ដូចជាមេបក្សីដែលរួចអំពីដៃនៃបុរស។
[៣៦២] (ព្រះមហាសត្វ ពោលថា ទារកទាំងឡាយនោះ) ស្គាល់បាយឆៅ បាយឆ្អិន ទាំងស្គាល់បាយប្រៃ និងបាយសាបហើយ លុះយើងឃើញកិរិយារបស់ទារកនោះហើយ ទើបបួស នាងចូរប្រព្រឹត្តស្វែងរកនូវភិក្ខាចារចុះ យើងក៏នឹងប្រព្រឹត្តស្វែងរកនូវភិក្ខាចារដែរ។
ចប់ កុម្ភការជាតក ទី៣។
(៤០៩. ទឡ្ហធម្មជាតកំ (៧-២-៤))
[៣៦៣] (មេដំរីឈ្មោះឱដ្ឋិព្យាធិ បានពោលនឹងអាមាត្យពោធិសត្វថា) ខ្ញុំកាលនាំទៅ (នូវកិច្ច) របស់ព្រះបាទទឡ្ហធម្មៈ នាំទៅនូវសរ (ដែលគេចង) ត្រង់ទ្រូង ហើយត្រាច់ទៅក្នុងទីចម្បាំង ដោយសេចក្តីប្រឹងប្រែង ក៏គង់ញុំាងព្រះអង្គឲ្យសព្វព្រះរាជហឫទ័យមិនបាន។
[៣៦៤] ព្រះរាជាមិនជា្របនូវសេចក្តីប្រឹងប្រែងរបស់បុរសដែលខ្ញុំបានធ្វើដោយពិត ទាំងការនំាសំបុត្រចុះឡើងក្នុងសង្រ្គាម ក៏ខ្ញុំបានធ្វើល្អហើយ។
[៣៦៥] ខ្ញុំនោះជាអ្នកឥតផៅពង្ស ឥតទីពំនាក់ មុខជានឹងស្លាប់មិនខាន ព្រោះក្នុងពេលនោះ ព្រះរាជាបានទ្រង់ប្រទានខ្ញុំឲ្យជាអ្នកនំានូវអាចម៍គោដល់ស្មូនឆ្នាំង។
[៣៦៦] (ពោធិសត្វទូលព្រះរាជាថា) បុរសប្រាថា្ន (ប្រយោជន៍) ដរាបណា រមែងគប់រក (នឹងគេ) ដរាបនោះ ជនទាំងឡាយ រមែងលះបង់ចោលគេក្នុងពេលដែលគេសាបសូន្យចាកសេចក្តីចំរើនដូចជាក្ស័ត្រ (លះបង់ចោល) នូវមេដំរី ឈ្មោះឱដ្ឋិព្យាធិនោះ។
[៣៦៧] បុគ្គលណា នឹកមិនឃើញនូវអំពើល្អដែលអ្នកដទៃធ្វើហើយ និងប្រយោជន៍ដែលអ្នកដទៃធ្វើហើយ (ដល់ខ្លួន) ក្នុងកាលមុន ប្រយោជន៍ទាំងឡាយ ដែលបុគ្គលនោះប្រាថ្នា រមែងសាបសូន្យ។
[៣៦៨] បុគ្គលណានឹកឃើញនូវអំពើល្អដែលអ្នកដទៃធ្វើហើយ និងប្រយោជន៍ដែលអ្នកដទៃធ្វើហើយ (ដល់ខ្លួន) ក្នុងកាលមុន ប្រយោជន៍ទាំងឡាយណា ដែលបុគ្គលនោះប្រាថ្នាហើយ រមែងចំរើន។
[៣៦៩] ព្រោះហេតុនោះ ខ្ញុំសូមនិយាយនឹងអ្នកទាំងឡាយ សូមសេចក្តីចំរើន (កើតមាន) ដល់អ្នកទាំងឡាយ ដែលបានអញ្ជើញមកជួបជុំក្នុងទីនេះទាំងអម្បាលម៉ាន អ្នកទាំងអស់គ្នា ចូរជាអ្នកដឹងនូវឧបការៈដែលអ្នកដទៃបានធ្វើហើយ (ដល់ខ្លួន) អ្នកទាំងឡាយនឹងបានឋិតនៅក្នុងឋានសួគ៌អស់កាលយូរ។
ចប់ ទឡ្ហធម្មជាតក ទី៤។
(៤១០. សោមទត្តជាតកំ (៧-២-៥))
[៣៧០] (តាបសយំទួញរកដំរីថា) កាលពីមុន ដំរីណាមកអំពីចម្ងាយ ទទួលអាត្មាអញក្នុងព្រៃ (ឥឡូវនេះ) ដំរីឈ្មោះសោមទត្តនោះ ទៅក្នុងទីណា បានជាបាត់ មិនឃើញមក។
[៣៧១] (តាបសនោះ ឃើញដំរីនោះដួលស្លាប់ ហើយពោលថា) ដំរីដេកស្លាប់នេះ គឺដំរីនេះឯង ដំរីសោមទត្តដួលដេកលើផែនដី ដូចជាត្រួយជ្រៃដែលបុគ្គលក្តិចហើយ ដំរី (នោះ) មិនទាន់ស្លាប់ទេហ្ន៎។
[៣៧២] (ខណៈនោះ សក្កទេវរាជពោលថា) លោកសោកស្តាយដំរីណា ដែលស្លាប់បាត់ទៅហើយ ការសោកស្តាយដំរីនោះ មិនសមគួរដល់លោកដែលចូលមកកាន់ផ្នួស ជាសមណៈមានចិត្តរួចស្រឡះសោះឡើយ។
[៣៧៣] (តាបស ពោលថា) បពិត្រសក្កៈ សេចក្តីស្រឡាញ់ រមែងកើតក្នុងហឫទ័យរបស់មនុស្សក្តី ម្រឹគក្តី ដោយសារធ្លាប់នៅជាមួយគ្នា អាត្មាមិនអាចមិនសោកស្តាយដំរីនោះបានឡើយ។
[៣៧៤] (សក្កទេវរាជពោលថា) សត្វទាំងឡាយណា យំទួញរៀបរាប់ សត្វទាំងឡាយនោះ តែងយំរកសត្វដែលស្លាប់បាត់ទៅហើយ ឬក៏សត្វដែលបម្រុងនឹងស្លាប់ នែឥសី ព្រោះហេតុនោះ លោកកុំយំឡើយ ពួកសប្បុរសពោលថា ការយំ ជាធម្មជាតឥតអំពើទេ។
[៣៧៥] បពិត្រព្រហ្ម ប្រសិនបើបុគ្គលដែលស្លាប់ទៅកាន់បរលោកហើយ គប្បីរស់ឡើងវិញដោយការយំទួញ ពួកយើងទាំងអស់ក៏គួរប្រជុំគ្នាយំរកពួកញាតិនៃគ្នានឹងគ្នាដែរ។
[៣៧៦] (តាបសពោលថា) អ្នកបានស្រោចខ្ញុំដែលត្រូវភ្លើង គឺសេចក្តីសោក កំពុងឆេះសព្វ ឲ្យត្រជាក់ត្រជំ រំលត់នូវក្រវល់ក្រវាយទាំងអស់បាន ដូចជាបុគ្គលយកទឹកស្រោចលត់នូវភ្លើងដែលកំពុងឆេះនូវឆ្នាំងខ្លាញ់។ អ្នកបានបន្ទោបង់សេចក្តីសោក ព្រោះកូនរបស់ខ្ញុំ ដែលត្រូវសេចក្តីសោកកំពុងគ្របសង្កត់ ឈ្មោះថាបានដកចោលនូវសរ គឺសេចក្តីសោកដែលអាស្រ័យនៅក្នុងហឫទ័យនៃខ្ញុំបាន។ បពិត្រវាសវៈ ខ្ញុំនោះឈ្មោះថា មានសរដកចោលហើយ ប្រាសចាកសេចក្តីសោកហើយ ឥតមានចិត្តល្អក់ ខ្ញុំលែងសោកស្តាយ លែងយំ ព្រោះបានស្តាប់ (នូវពាក្យរបស់អ្នក)។
ចប់ សោមទត្តជាតក ទី៥។
(៤១១. សុសីមជាតកំ (៧-២-៦))
[៣៧៧] (ព្រះរាជាពោធិសត្វ ពោលថា) ម្នាលសុសីមៈ កាលពីដើម សក់ទាំងឡាយខ្មៅ ដុះលើក្បាល ជាប្រទេសដ៏សមគួរ ថ្ងែនេះអ្នកឃើញសក់ទាំងនោះសហើយ ចូរប្រព្រឹត្តធម៌ចុះ (ព្រោះកាលនេះ) ជាកាលគួរដល់ព្រហ្មចរិយធម៌ហើយ។
[៣៧៨] (អគ្គមហេសី ពោលថា) បពិត្រព្រះសម្មតិទេព សក់ស្កូវរបស់ខ្ញុំមិនមែនរបស់ព្រះអង្គទេ ស្កូវក្បាលរបស់ខ្ញុំ ស្កូវត្បូងរបស់ខ្ញុំទេតើ បពិត្រព្រះរាជសេដ្ឋៈ ខ្ញុំនិយាយកុហកទេ ដោយបំណងថា អាត្មាអញនឹងធ្វើនូវសេចក្តីចំរើន (ដល់ខ្លួន) សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោស អភ័យទោសកំហុសម្តង (ដល់ខ្ញុំ)។
[៣៧៩] បពិត្រព្រះរាជា ព្រះអង្គនៅក្មេង ឋិតនៅក្នុងបឋមវ័យនៅឡើយ មុខគួរឲ្យអ្នកផងពិតពិលរមិលមើល ដូចជាទំពាំង (ខ្ចី មានសម្បុរដ៏សិ្នទ្ធ) សូមទ្រង់សោយរាជ្យផង សូមទ្រង់ទតខ្ញុំព្រះអង្គផង បពិត្រព្រះជនិន្ទៈ សូមព្រះអង្គកុំស្ទុះទៅតាមកាលិកៈឡើយ។4)
[៣៨០] (ពោធិសត្វ ពោលថា) យើងឃើញកុមារីក្រមុំ មានសម្បុរស្បែកដ៏ផូរផង់ក្នុងខាងទាំងអស់ មានដងខ្លួនសមរម្យ ត្រង់ពាក់កណ្តាលខ្លួន សណ្ឋិតដោយល្អ (កុមារីនោះ) ធ្វើដំណើរញ៉ែងញ៉ង ដូចជាវល្លិប្រេង មានស្លឹកខ្ចី (ដែលទន់ល្វន់) ហើយប្រលោមពួកបុរស។
[៣៨១] លុះដល់សម័យខាងក្រោយមក យើងឃើញនារីនុ៎ះ កើតបាន ៨០ ឆ្នាំ ឬ ៩០ ឆ្នាំ អំពីកំណើត កាន់ឈើច្រត់ ញ័រទទ្រើត ត្រាច់ទៅកោង ៗ ដូចជាបង្កង់ផ្ទះ។
[៣៨២] យើងនោះត្រិះរិះឃើញនូវសេចក្តីរីករាយ និងទោសរបស់រូបនោះ ដេកម្នាក់ឯង ពាក់កណ្តាលនៃដំណេក ក៏ត្រិះរិះឃើញថា អាត្មាអញ មុខជាយ៉ាងនោះដែរ ដូច្នេះហើយ ក៏លែងរីករាយក្នុងផ្ទះ (កាលនេះ) ជាកាលគួរនៃព្រហ្មចរិយៈ។
[៣៨៣] សេចក្តីត្រេកអរ (ក្នុងកាម) របស់បុគ្គលអ្នកនៅក្នុងផ្ទះនុ៎ះ ដូចជាខ្សែសម្រាប់តោង (របស់បុរសដែលមានជំងឺ) អ្នកប្រាជ្ញទាំងឡាយ កាត់ផ្តាច់នូវខ្សែនុ៎ះហើយ លែងនឹកនា លះបង់ចោលនូវកាមសុខ ទៅបួស។
ចប់ សុសីមជាតក ទី៦។
(៤១២. កោដសិម្ពលិជាតកំ (៧-២-៧))
[៣៨៤] (សេ្តចគ្រុឌឃើញដើមរកានោះកំពុងកក្រើកញាប់ញ័រ ក៏សួររកហេតុថា) យើងចាប់នាគមានប្រវែង ១ ពាន់ព្យាម យកមក (ក្នុងទីនេះ) អ្នកទ្រនូវនាគនោះផង នូវយើងផង សុទ្ធតែមានកាយដ៏ធំ មិនកម្រើក។
[៣៨៥] មា្នលកោដសិម្ពលិ លុះដល់អ្នកមកទ្របក្សីតូចនេះ ដែលមានសាច់តិចជាងយើងទេ ហេតុអ្វីក៏ភ័យញ័ររន្ធត់។
[៣៨៦] (ទេវបុត្ត ពោលថា) បពិត្រព្រះរាជា ព្រះអង្គមានសាច់ជាអាហារ ឯបក្សីនេះមានផ្លែឈើជាអាហារ បក្សីនេះនឹងស៊ីនូវពូជជ្រៃ ពូជលៀប ពូជល្វាទាំងឡាយ ពូជពោធិ៍បាយទាំងឡាយ ហើយមកជុះដាក់លើដើមឈើរបស់យើង។
[៣៨៧] ឈើទាំងឡាយនោះ ដុះក្នុងទីបាំងខ្យល់ ក្បែរខាងយើង លូតលាស់ល្អ ឈើទាំងឡាយនោះ មុខជានឹងរួបរឹតយើង ធ្វើយើងមិនឲ្យនៅជាដើមឈើ។
[៣៨៨] មានឈើដទៃទៀត ដែលជាឈើបរិបូណ៌ដោយឫស បរិបូណ៌ដោយដើម ត្រូវសកុណជាតិនេះ ពាំយកពូជមកបំផ្លាញហើយដែរ។
[៣៨៩] ដ្បិត (ឈើទាំងឡាយ មានជ្រៃជាដើម) រមែងដុះសង្កត់នូវឈើជាធំក្នុងព្រៃ សូម្បីធំចំរើន បពិត្រព្រះរាជា ព្រោះហេតុនោះ យើងឃើញភ័យទៅអនាគត បានជាញាប់ញ័រ។
[៣៩០] (សុបណ្ណរាជ ឮពាក្យរុក្ខទេវតា ហើយពោលថា) អ្នកប្រាជ្ញគប្បីរង្កៀសចំពោះហេតុទាំងឡាយ ដែលគួររង្កៀស គប្បីរក្សា (ប្រយ័ត្ន) នូវភ័យជាអនាគត ទើបឈ្មោះថា រមិលមើលនូវលោកទាំងពីរ ព្រោះហេតុនៃភ័យជាអនាគត។
ចប់ កោដសិម្ពលិជាតក ទី៧។
(៤១៣. ធូមការិជាតកំ (៧-២-៨))
[៣៩១] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ព្រះរាជាទ្រង់ព្រះនាមយុធិដ្ឋិលៈ ព្រះអង្គពេញព្រះទ័យនឹងសុចរិតធម៌ បានត្រាស់សួរវិធូរបណ្ឌិតថា មា្នលព្រាហ្មណ៍ អ្នកដឹងឬទេ អ្នកណាតែម្នាក់ឯង សោកស្តាយច្រើន។
[៣៩២] (វិធូរបណ្ឌិតពោធិសត្វ ពោលថា) ព្រាហ្មណ៍ជាវសិដ្ឋគោត្ត មានរំកាច់ឧសច្រើន នៅក្នុងព្រៃជាមួយនឹងហ្វូងពពែ ជាអ្នកមិនខ្ជិលច្រអូស ទាំងយប់ទាំងថ្ងៃ បានបង្ហុយផ្សែង (ដើម្បីការពារកុំឲ្យមូសខាំ)។
[៣៩៣] ពួកម្រឹគឈ្មោះសរភៈ5) ត្រូវមូសខាំ ធុំក្លិនផ្សែងនោះ ក៏ចូលទៅនៅក្នុងសំណាក់នៃព្រាហ្មណ៍ ជាអ្នកធ្វើផ្សែងនោះ ក្នុងពេលដែលមានភ្លៀងធា្លក់ជោកជាំ។
[៣៩៤] ព្រាហ្មណ៍នោះ ចំពាក់ចិត្តនឹងពួកសរភៈ លែងរវល់នឹកដល់ពួកពពែថា (ពពែប៉ុណ្ណោះ) មកកាន់ក្រោលហើយ ឬថា (ពពែប៉ុណ្ណោះ ចេញអំពីក្រោលទៅព្រៃ) ពួកពពែទាំងនោះរបស់គាត់ ក៏វិនាសអស់ទៅ។
[៣៩៥] លុះដល់ក្នុងសរទកាល ពួកសរភៈម្រឹគ ក៏ចូលទៅកាន់ជើងភ្នំផង កាន់ដងស្ទឹងផង ក្នុងព្រៃដែលគ្មានមូស។
[៣៩៦] ចំណែកខាងព្រាហ្មណ៍ ក៏កើតរោគលឿងស្គម មានសម្បុរអាក្រក់ ព្រោះឃើញពួកសរភៈម្រឹគទៅបាត់ផង ឃើញពួកពពែវិនាសផង។
[៣៩៧] បុគ្គលណា លះបង់អជ្ឈត្តិកជន (បុរាណ) របស់ខ្លួនចោលយ៉ាងនេះ ហើយបែរជាធ្វើសេចក្តីរាប់អានចំពោះអាគន្តុកជនវិញ បុគ្គលនោះ តែម្នាក់ឯង តែងសោកស្តាយច្រើន ដូចព្រាហ្មណ៍ជាអ្នកធ្វើផ្សែង។
ចប់ ធូមការិជាតក ទី៨។
(៤១៤. ជាគរជាតកំ (៧-២-៩))
[៣៩៨] (រុក្ខទេវតា សួរប្រស្នាថា) កាលសត្វទាំងឡាយកំពុងភ្ញាក់ អ្នកណាជាអ្នកដេកលក់ ក្នុងលោកនេះ កាលសត្វទាំងឡាយកំពុងដេកលក់ អ្នកណាជាអ្នកភ្ញាក់ ក្នុងលោកនេះ អ្នកណាហ្ន៎ ដឹងច្បាស់នូវប្រស្នារបស់យើងនុ៎ះបាន អ្នកណាឆ្លើយតបប្រស្នាយើងនោះបាន។
[៣៩៩] (តាបសពោធិសត្វ ពោលថា) កាលសត្វទាំងឡាយកំពុងភ្ញាក់ ខ្ញុំជាអ្នកដេកលក់ កាលសត្វទាំងឡាយកំពុងដេកលក់ ខ្ញុំជាអ្នកភ្ញាក់ ខ្ញុំដឹងច្បាស់នូវប្រស្នារបស់អ្នកនុ៎ះ ខ្ញុំឆ្លើយតប (ប្រស្នានុ៎ះ) របស់អ្នកបាន។
[៤០០] (រុក្ខទេវតានោះ សួរទៀតថា) កាលសត្វទាំងឡាយកំពុងភ្ញាក់ អ្នកដេកលក់ តើដូចម្តេច កាលសត្វទាំងឡាយកំពុងដេកលក់ អ្នកភ្ញាក់ តើដូចម្តេច អ្នកដឹងច្បាស់នូវប្រស្នារបស់ខ្ញុំនុ៎ះ ដូចម្តេច អ្នកឆ្លើយតបខ្ញុំដូចម្តេច។
[៤០១] (ពោធិសត្វ ពោលថា) សត្វទាំងឡាយណា មិនដឹងច្បាស់នូវធម៌ផង មិនដឹងថា (នេះ) ជាសញ្ញមៈផង (នេះ) ជាទមៈផង កាលបើសត្វទាំងឡាយនោះដេកលក់ទាំងសេចក្តីប្រមាទហើយ ម្នាលទេវតា ខ្ញុំរមែងភ្ញាក់។
[៤០២] ពួកសត្វណា លះបង់នូវរាគៈ ទោសៈ និងអវិជា្ជបាន កាលបើពួកសត្វនោះកំពុងភ្ញាក់ ម្នាលទេវតា ខ្ញុំជាអ្នកដេកលក់។
[៤០៣] កាលបើពួកសត្វកំពុងភ្ញាក់ ខ្ញុំជាអ្នកដេកលក់យ៉ាងនេះ កាលបើពួកសត្វកំពុងដេកលក់ ខ្ញុំជាអ្នកភ្ញាក់យ៉ាងនេះ ខ្ញុំដឹងច្បាស់នូវប្រស្នារបស់អ្នកនុ៎ះ យ៉ាងនេះ ខ្ញុំឆ្លើយតបអ្នកយ៉ាងនេះ។
[៤០៤] (រុក្ខទេវតា មានចិត្តត្រេកអរ ពោលសរសើរថា) ត្រូវហើយ កាលបើពួកសត្វកំពុងភ្ញាក់ អ្នកជាបុគ្គលដេកលក់ ត្រូវហើយ កាលបើពួកសត្វកំពុងដេកលក់ អ្នកជាបុគ្គលភ្ញាក់ ត្រូវហើយ អ្នកដឹងច្បាស់នូវប្រស្នារបស់ខ្ញុំនុ៎ះ អ្នកឆ្លើយតបខ្ញុំត្រូវហើយ។
ចប់ ជាគរជាតក ទី៩។
(៤១៥. កុម្មាសបិណ្ឌិជាតកំ (៧-២-១០))
[៤០៥] (ព្រះរាជាពោធិសត្វ បានពោលថា) បានឮថា ការបំរើព្រះបច្ចេកពុទ្ធទាំងឡាយ ដែលលោកមានពោធិញ្ញាណមិនថោកថយ មិនមែនមានផលានិសង្សតិចតួចឡើយ អ្នកចូរមើលផលនៃដុំនំកុម្មាសៈ ដែលសោះកក្រោះឥតរសប្រៃ។ ដំរី គោ និងសេះដ៏ច្រើនទាំងនេះផង ទ្រព្យ ស្រូវ និងផែនដីទាំងអស់ផង នាងនារីទាំងឡាយ ដែលប្រៀបដូចជាស្រ្តីអប្សរទាំងនេះផង សុទ្ធតែជារបស់ខ្ញុំ អ្នកចូរមើលនូវផលនៃដុំនំកុម្មាសៈ។
[៤០៦] (នាងទេវី បានពោលថា) បពិត្រព្រះរាជកុព្ជារ មានព្រះអធ្យាស្រ័យជាកុសល ទ្រង់ញុំាងដែនឲ្យចំរើន ព្រះអង្គត្រាស់គាថាទាំងឡាយរឿយ ៗ ខ្ញុំព្រះអង្គសូមក្រាបបង្គំទូលសួរទ្រង់ ព្រះអង្គមានព្រះទ័យប្រកបដោយបីតិក្រៃពេក ហើយទ្រង់ត្រាស់ (គាថាទាំងនុ៎ះ)។
[៤០៧] (ព្រះមហាសត្ត បានត្រាស់គាថាទាំងនេះថា) យើងបានកើតក្នុងត្រកូលមួយ ក្នុងក្រុងនេះដែរ ជាអ្នកស៊ីឈ្មួលធ្វើការងាររបស់បុគ្គលដទៃ ជាអ្នកសង្រួមក្នុងសីល យើងចេញទៅធ្វើការងារ បានជួបនឹងសមណៈ ៤ អង្គ លោកបរិបូណ៌ដោយអាចារៈ និងសីល មានសេចក្តីត្រជាក់ ទាំងឥតមានអាសវៈឡើយ។ យើងបានញុំាងចិត្តឲ្យជ្រះថា្ល ចំពោះសមណៈទាំងនោះ បាននិមន្តលោកឲ្យគង់លើកម្រាលស្លឹកឈើ លុះយើងមានចិត្តជ្រះថា្លហើយ បានប្រគេននំកុម្មាសៈ ដល់ព្រះបច្ចេកពុទ្ធទាំងឡាយដោយដៃរបស់ខ្លួន។ ឯផលរបស់យើងប្រាកដដូច្នេះនេះ ជាផលរបស់កម្មជាកុសលនោះ យើងសោយរាជ្យដ៏ស្តុកស្តម្ភ ប្រសើរលើធរណីនេះ។
[៤០៨] (នាងទេវី ពោលថា) បពិត្រព្រះអង្គមានព្រះអធ្យាស្រ័យជាកុសល សូមព្រះអង្គទ្រង់ព្រះរាជទាន ហើយសឹមទ្រង់សោយ សូមព្រះអង្គកុំប្រមាទ (ក្នុងបុណ្យទាំងឡាយ) សូមព្រះអង្គញុំាងចក្រធម៌6) ឲ្យប្រព្រឹត្តទៅ បពិត្រព្រះរាជា មានព្រះអធ្យាស្រ័យជាកុសល ព្រះអង្គកុំជាអ្នកមិនប្រកបដោយធម៌ សូមទ្រង់រក្សានូវអនុធម៌។7)
[៤០៩] (ព្រះមហាសត្ត ទ្រង់ត្រាស់ថា) ម្នាលនាងមានឆោមល្អ យើងនោះនឹងដើរតាមតម្រាយដែលព្រះអរិយៈធ្លាប់ប្រព្រឹត្តរឿយ ៗ មកនោះឯង ម្នាលនាងដ៏ល្អជាធីតារបស់ព្រះបាទកោសល ការបានចួបប្រទះនូវព្រះអហរន្តទាំងឡាយ ជាទីគាប់ចិត្តរបស់យើងពន់ពេក។
[៤១០] (ព្រះរាជា ទ្រង់សួរនាងទេវីថា) ម្នាលនាងសុកោសលធីតា នាងប្រៀបដូចជាស្រ្តីទេពអប្សរ ជាទេវធីតា (របស់សក្កទេវរាជ) ឆើតឆាយក្នុងកណ្តាលនៃពួកនាងនារី នាងបានធ្វើនូវកម្មដ៏ចំរើនដូចម្តេច នាងមានសម្បុរល្អដោយហេតុអ្វី។
[៤១១] (នាងទេវី ឆ្លើយថា) បពិត្រក្សត្រិយ៍ ខ្ញុំម្ចាស់ជាទាសីបម្រើអ្នកដទៃរបស់ត្រកូលអម្ពដ្ឋៈ ជាស្ត្រីសង្រួម ចិញ្ចឹមជីវិតដោយធម៌ មានសីលធម៌ មានការឃើញមិនអាក្រក់។ កាលនោះ ខ្ញុំជាស្ត្រីមានចិត្តត្រេកអររីករាយខ្លួនឯង បានប្រគេនភត្តដែលគេដួស (ទុកបម្រុងខ្ញុំ) ដល់ភិក្ខុ (ព្រះបច្ចេកពុទ្ធ) ដែលត្រាច់ទៅ (ដើម្បីបិណ្ឌបាត) ផលប្រាកដដូច្នេះនេះ គឺជាផលនៃបុញ្ញកម្មនោះ។
ចប់ កុម្មាសបិណ្ឌជាតក ទី១០។
(៤១៦. បរន្តបជាតកំ (៧-២-១១))
[៤១២] (បរន្តបទាសៈ ពោលថា) អំពើលាមកនឹងមានមកដល់ខ្ញុំ ភ័យនឹងមានមកដល់ខ្ញុំ ដ្បិតក្នុងកាលនោះ មែកឈើកម្រើក ព្រោះមនុស្ស ឬម្រឹគ។
[៤១៣] (បុរោតហិត ពោលថា) កាមរបស់ខ្ញុំ (កើតចំពោះនាងព្រាហ្មណី) ជាស្ត្រីខ្លាចច្រើន ដែលនៅក្នុងទីមិនឆ្ងាយ វានឹងធ្វើខ្ញុំឲ្យជាបុគ្គលស្គមលឿង ដូចជាមែកឈើនោះ (ដែលធ្វើ) ទាសៈ ឈ្មោះបរន្តបៈ (ឲ្យជាបុគ្គលស្គមលឿង)។
[៤១៤] (ថ្ងៃក្រោយ បុរោហិតនោះពោលថា) ភរិយាជាទីពេញចិត្ត កាលនៅក្នុងស្រុក ឥតមានអ្នកផងតិះដៀលបាន នឹងធ្វើខ្ញុំឲ្យរីងស្ងួត នឹងធ្វើខ្ញុំឲ្យស្គមលឿង ដូចជាមែកឈើនោះ (ដែលធ្វើ) ទាសៈ ឈ្មោះបរន្តបៈ (ឲ្យជាបុគ្គលស្គមលឿង)។
[៤១៥] (ថ្ងៃក្រោយទៀត បុរោហិតពោលថា) នែភ្នែក ការញញឹមញញែម ឬសំដី (ដ៏ពីរោះ) ដែលនាង (ឲ្យប្រព្រឹត្តទៅហើយ) នឹងធ្វើខ្ញុំឲ្យជាបុគ្គលស្គមលឿង ដូចជាមែកឈើនោះ (ដែលធ្វើ) ទាសៈ ឈ្មោះបរន្តបៈ (ឲ្យជាបុគ្គលស្គមលឿង)។
[៤១៦] (បរន្តបទាសៈ ពោលថា) សំឡេង (នៃមែកឈើ) នោះ ប្រព្រឹត្តទៅហើយនោះ ដូចជាប្រាប់អ្នកហើយ សត្វណាញុំាងមែកឈើនោះឲ្យកំរើក សត្វនោះប្រាប់ហេតុនោះហើយ។
[៤១៧] គំនិតណាដែលខ្ញុំជាបុគ្គលល្ងង់ គិតថា ក្នុងកាលនោះ មែកឈើកំរើក ព្រោះមនុស្ស ឬម្រឹគ គំនិតនេះឯង មកដល់ខ្ញុំហើយ។
[៤១៨] (លំដាប់នោះ រាជកុមារពោលថា) អ្នកបានដឹងពិតដូច្នោះមែន ព្រោះអ្នកបានសម្លាប់នូវបិតារបស់ខ្ញុំ បិទបាំងដោយមែកឈើទាំងឡាយ លាក់លៀមដោយគិតថា (ភ័យនឹងមានមកដល់អ្នក)។
ចប់ បរន្តបជាតក ទី១១។
ចប់ គន្ធារវគ្គ ទី២។
ឧទ្ទាននៃជាតកនោះ គឺ
និយាយអំពីការលះស្រុកដ៏ប្រសើរ ១ ស្វាធំ ១ ភគ្គវៈស្មូនឆ្នាំង ១ សេ្តចព្រះនាមទឡ្ហធម្មៈ ១ ដំរី ១ សក់ដ៏ប្រសើរ ១ នាគ ១ វិធូរបណ្ឌិត ១ កាលជនភ្ញាក់រលឹក ១ ព្រះរាជាមានអធ្យាស្រ័យជាកុសល ១ បរន្តបទាសៈ ១។
ក្នុងសត្តកនិបាតនោះ មានឧទ្ទាននៃវគ្គ (ដូច្នេះ) កាលខ្ញុំសូមពោលនូវវគ្គ ក្នុងសត្តកនិបាត ចូរអ្នកស្តាប់វគ្គពីរ គឺកុក្កុវគ្គ ១ គន្ធារវគ្គ ១ ដែលព្រះសម្ពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ទ្រង់ត្រាស់ទុកហើយ។
,div centeralign>ចប់ សត្តកនិបាត។
(៨. អដ្ឋកនិបាតោ)
(១. កច្ចានិវគ្គោ)
(៤១៧. កច្ចានិជាតកំ (១))
[៤១៩] (ព្រះឥន្ទពោធិសត្វ បានពោលថា) ម្នាលនាងកច្ចានី ថ្វីក៏បានជានាងស្លៀកដណ្តប់សំពត់សស្អាត មានសក់ទទឹក ហើយដាំឆ្នាំង លាងម្សៅល្ង និងអង្ករ បាយលាយដោយល្ង កើតមានឡើង តើព្រោះហេតុដូចម្តេច។
[៤២០] (នាងកច្ចានី បានពោលថា) ម្នាលព្រាហ្មណ៍ បាយលាយដោយល្ង ដែលខ្ញុំចំអិនដោយប្រពៃនេះ មិនមែនបម្រុងនឹងបរិភោគខ្លួនឯងទេ (ព្រោះថា) ធម៌ស្លាប់បាត់ទៅហើយ ថ្ងៃនេះ ខ្ញុំនឹងធ្វើការបូជាចំពោះធម៌នោះ ក្នុងកណ្តាលព្រៃស្មសាន។
[៤២១] (ព្រះឥន្ទ្រ ពោលថា) ម្នាលនាងកច្ចានី នាងចូរពិចារណាសិន ហើយសឹមធ្វើនូវកិច្ចដែលត្រូវធ្វើចុះ អ្នកណាប្រាប់នាងថា ធម៌ស្លាប់ទៅហើយ ព្រះសហស្សនេត្ត គឺព្រះឥន្ទ មានអានុភាពរកអ្វីថ្លែងថ្លឹងពុំបាន ជាបុគ្គលមានធម៌ដ៏ប្រសើរ មិនដែលស្លាប់ក្នុងកាលណាម្តងឡើយ។
[៤២២] (នាងកច្ចានី ពោលថា) ម្នាលព្រហ្ម ការណ៍ប្រមាណដ៏មាំរបស់ខ្ញុំក្នុងហេតុនេះ ធម៌ស្លាប់បាត់ទៅហើយ ខ្ញុំមិនមានសង្ស័យក្នុងហេតុនេះទេ ឥឡូវនេះ ពួកជនណា ៗ ដែលជាបុគ្គលលាមក ពួកជននោះ ៗ បែរជាបានសុខក្នុងកាលឥឡូវនេះ។
ដ្បិតកូនប្រសាស្រីខ្ញុំ ជាស្រីអារ វាបណ្តេញខ្ញុំ ហើយសម្រាលកូនប្រុស ឥឡូវនេះ វាបានជាធំលើត្រកូលទាំងអស់ ខ្ញុំជាស្ត្រីមិនមានទីពឹង នៅតែម្នាក់ឯង។
[៤២៣] (ព្រះឥន្ទ្រ ពោលថា) យើងនៅរស់ យើងមិនទាន់ស្លាប់នៅឡើយទេ យើងមកក្នុងទីនេះ ក៏ដើម្បីជាប្រយោជន៍ដល់នាងឯង កូនប្រសាស្រីណា ដែលបានបណ្តេញនាង ហើយបានកូនប្រុស យើងនឹងធ្វើកូនប្រសានោះ ឲ្យខ្ទេចជាផែះ ព្រមទាំងកូនប្រុសមិនខាន។
[៤២៤] (នាងកច្ចានី ពោលថា) បពិត្រទេវរាជ លោកគាប់ចិត្តយ៉ាងនេះ លោកអញ្ជើញមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ខ្ញុំ តែសូមឲ្យខ្ញុំ និងកូនប្រុស កូនប្រសាស្រី ចៅ ជាបុគ្គលមានសេចក្តីរីករាយរកគ្នា ហើយនៅគ្រប់គ្រងផ្ទះវិញ។
[៤២៥] (ព្រះឥន្ទ្រ ពោលថា) ម្នាលនាងកច្ចានី បើនាងគាប់ចិត្តយ៉ាងនេះ នាង សូម្បីកូនប្រសាស្រីបៀតបៀនហើយ ក៏នៅតែមិនលះបង់នូវធម៌ឡើយ (ហេតុនេះ) សូមឲ្យនាង និងកូនប្រុស កូនប្រសាស្រី ចៅ ចូរជាបុគ្គលមានសេចក្តីរីករាយរកគ្នា ហើយនៅគ្រប់គ្រងផ្ទះចុះ។
[៤២៦] (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) នាងកច្ចានី មានសេចក្តីរីករាយរកគ្នា ជាមួយនឹងកូនប្រសាស្រី ហើយនៅគ្រប់គ្រងផ្ទះ ទាំងកូនប្រុស និងចៅ ត្រូវព្រះឥន្ទ្រជាធំជាងពួកទេវតា ជួយអនុគ្រោះហើយ ក៏បាននាំគ្នាបំរើមាតានោះវិញ។
ចប់ កច្ចានិជាតក ទី១។
(៤១៨. អដ្ឋសទ្ទជាតកំ (២))
[៤២៧] (តាបសពោធិសត្វ ទូលព្រះរាជា អំពីពាក្យកុកថា) ស្រះបោក្ខរណីនេះ ពីដើមជាទីទំនាប មានត្រីច្រើន មានទឹកច្រើន ជាទីលំនៅរបស់ស្តេចកុក ជាកេរិ៍្តដំណែលខាងបិតា ជាទីលំនៅរបស់យើង ថៃ្ងនេះ ពួកយើងនោះ ចិញ្ចឹមជីវិតដោយសត្វកង្កែប នៅតែមិនលះបង់ទីលំនៅចោលឡើយ។
[៤២៨] (ទូលអំពីពាក្យក្អែកថា) អ្នកណាហ្ន៎ បំបែកភ្នែកជាគំរប់ពីរ របស់ទ្រម័កដំរី ឈ្មោះពន្ធុរៈ ជាបុគ្គលទ្រុស្តសីល អ្នកណាហ្ន៎ នឹងធ្វើនូវកូនទាំងឡាយ និងសម្បុករបស់យើង ព្រមទាំងយើង ឲ្យមានសួស្តី។
[៤២៩] (ទូលអំពីពាក្យដង្កូវដួងថា) ការប្រព្រឹត្តិទៅនៃឈើស្រាយនោះ មាននៅត្រឹមណា ឈើស្រាយទាំងអស់ អស់រលីងហើយ បពិត្រមហារាជ ដង្កូវដួងអស់អាហារហើយ លែងត្រេកអរក្នុងឈើខ្លឹម។
[៤៣០] (ទូលអំពីពាក្យមេតាវ៉ៅថា) លុះអាត្មាអញនោះ បានទៅផុតអំពីព្រះរាជនិវេសន៍នេះហើយ នឹងតាំងទីលំនៅលើមែកឈើ ធ្វើខ្លួនឲ្យរីករាយ។
[៤៣១] (ទូលអំពីពាក្យម្រឹគថា) លុះអាត្មាអញនោះ បានទៅផុតអំពីព្រះរាជនិវេសន៍នេះហើយ នឹងដើរមុខហ្វូង ហើយផឹកនូវទឹកទាំងឡាយដ៏ប្រសើរ។
[៤៣២] (ទូលអំពីពាក្យស្វាថា) ព្រានព្រៃឈ្មោះភរតៈ អ្នកនៅក្នុងដែនពាហិកៈ បាននាំយើងដែលកំពុងស្រវឹងដោយកាមទាំងឡាយ ត្រេកត្រអាលជ្រប់នៅក្នុងកាមទាំងឡាយនោះមក សូមសេចក្តីចំរើន ចូរមានដល់អ្នក។
[៤៣៣] (ទូលអំពីពាក្យកិន្នរថា) ខាងលើបព៌តមានថ្មស្រួច ៗ មានងងឹតចុះអ័ព្ទ ប្រពន្ធរបស់យើងនោះ បាននិយាយនឹងយើងដោយពាក្យដ៏ទន់ពីរោះថា អ្នកប្រយ័ត្ន កុំឲ្យចំពប់ជើងលើថ្ម។
[៤៣៤] (ទូលអំពីឧទានព្រះបច្ចេកពុទ្ធថា) អាត្មាអញ ជាអ្នកឃើញនូវទីបំផុត គឺព្រះនិពា្វន ជាទីអស់ទៅនៃជាតិ ដោយមិនមានសង្ស័យ នឹងមិនវិលត្រឡប់មកដេកនៅក្នុងគភ៌ទៀត ការដេកនៅក្នុងគភ៌នេះ ជាទីក្រោយបំផុតត្រឹមនេះហើយ ការរង្គាត់ទៅក្នុងភពថ្មីទៀតរបស់អាត្មាអញ អស់ហើយ។
ចប់ អដ្ឋសទ្ទជាតក ទី២។
(៤១៩. សុលសាជាតកំ (៣))
[៤៣៥] (នាងសុលសា ពោលទៅនឹងស្វាមីថា) គ្រឿងប្រដាប់ជាវិការៈនៃមាសនេះ និងកែវមុក្តា កែវពៃទូរ្យទាំងឡាយជាច្រើន បពិត្រអ្នកដ៏ចំរើន អ្នកចូរនាំយកនូវភណ្ឌៈទាំងអស់ចុះ មួយទៀត ចូរហៅរកខ្ញុំថា ជាទាសីចុះ។
[៤៣៦] (ចោរឈ្មោះសត្តុកៈ ជាស្វាមី ពោលនឹងភរិយាថា) នាងចូរដោះគ្រឿងប្រដាប់ ជាលំអចេញទៅ កុំយំរៀបរាប់ច្រើន ដ្បិតអញទើបនឹងមក មិនដែលស្គាល់ទ្រព្យ ដែលនាងនាំមកឡើយ។
[៤៣៧] (នាងសុលសា ពោលថា) តាំងពីកាលដែលខ្ញុំរលឹកឃើញខ្លួនដរាបមក តាំងពីខ្ញុំបានដល់នូវភាពជាអ្នកដឹងក្តីដរាបមក ខ្ញុំមិនដែលស្គាល់បុរសដទៃ ដែលជាទីស្រឡាញ់លើសលុបជាងអ្នកទេ។
[៤៣៨] អ្នកចូរអញ្ជើញមក ខ្ញុំនឹងកៀកឱបនូវអ្នក ហើយនឹងធ្វើប្រទក្សិណ ដ្បិតតាំងពីថ្ងៃនេះ ខ្ញុំ និងអ្នក លែងបានជួបគ្នាទៀតហើយ។
[៤៣៩] (ទេវតាលើភ្នំ ពោលថា) មិនមែនតែបុរសទេ ដែលជាបណ្ឌិតក្នុងហេតុទាំងពួង សូម្បីស្រ្តីក៏ជាបណ្ឌិត ឃើញច្បាស់ក្នុងហេតុនោះ ៗ បានដែរ។
[៤៤០] មិនមែនតែបុរសទេ ដែលជាបណ្ឌិត ក្នុងហេតុទាំងពួង សូម្បីតែស្រ្តី ក៏ជាបណ្ឌិត គង់គិតឃើញសេចក្តីរហ័សបានដែរ។
[៤៤១] នាងសុលសា បានគិតឃើញឆាប់រហ័ស ក្នុងកាលដែលមានហេតុយ៉ាងកៀកជិត បានសម្លាប់ចោរសត្តុកៈ ដូចជាគេសម្លាប់ម្រឹគនឹងធ្នូ ដែលមានគ្រឿងផ្សំគ្រប់គ្រាន់។
[៤៤២] បុគ្គលណា ក្នុងលោកនេះ មិនដឹងឆាប់នូវហេតុដែលកើតឡើង បុគ្គលអ្នកមានប្រាជ្ញាតិចនោះ រមែងត្រូវគេសម្លាប់ ដូចជាចោរដែលនាងសុលសា ច្រានទម្លាក់ក្នុងជ្រោះភ្នំ។
[៤៤៣] បុគ្គលណា ក្នុងលោកនេះ ដឹងឆាប់នូវហេតុដែលកើតឡើង បុគ្គលនោះ រមែងរួចចាកការបៀតបៀនរបស់សត្រូវ ដូចជានាងសុលសា រួចអំពីកណ្តាប់ដៃនៃចោរសត្តុកៈ។
ចប់ សុលសាជាតក ទី៣។
(៤២០. សុមង្គលជាតកំ (៤))
[៤៤៤] បុគ្គលជាធំ បើបានដឹងថា អាត្មាអញជាអ្នកក្រោធខ្លាំង ដូច្នេះហើយ មិនគប្បីដាក់អាជ្ញាតែម្តង ដ្បិតបុគ្គលអ្នកក្រោធ គប្បី (ធ្វើ) ទោស ដែលមិនសមគួរដល់ខ្លួនជា (ស្តេច) ហើយពោលបង្កាច់នូវកម្មជាទុក្ខដ៏ខ្លាំង ដល់បុគ្គលដទៃដោយឥតហេតុ។
[៤៤៥] កាលណា បើបុគ្គលគប្បីដឹងនូវសេចក្តីជ្រះថា្លរបស់ខ្លួន ទើបគួរពិចារណានូវសេចក្តីដែលជាអំពើអាក្រក់របស់ជនដទៃ មួយទៀត គួរពិចារណាឲ្យឃើញច្បាស់ខ្លួនឯងថា នេះជាសេចក្តី ហើយសឹមដាក់អាជ្ញាដ៏សមគួរដល់បុគ្គលដទៃនោះ ក្នុងកាលនោះចុះ។
[៤៤៦] បុគ្គលណាមិនជ្រប់ដោយកិលេស (អគតិ) ពិចារណានូវហេតុដែលជាទំនង និងមិនទំនង បុគ្គលនោះ រមែងមិនញុំាងខ្លួន និងមិនញុំាងបុគ្គលដទៃ ឲ្យក្តៅក្រហាយទេ បុគ្គលជាធំណាក្នុងលោកនេះ ជាអ្នកទ្រទ្រង់នូវអាជា្ញ បុគ្គលនោះ រមែងមានគេគ្រប់គ្រង ដោយការសរសើរគុណ មិនសាបសូន្យចាកសិរីឡើយ។
[៤៤៧] ពួកក្ស័ត្រណា ជាបុគ្គលមិនទាន់ពិចារណាសិនហើយធ្វើ ជាអ្នកជ្រប់នៅដោយកិលេស ប្រញាប់ដាក់អាជ្ញាដល់អ្នកដទៃដោយរួសរាន់ ពួកក្ស័ត្រនោះ រមែងជាអ្នកប្រកបដោយពាក្យតិះដៀល លះបង់ជីវិតចេញផុតអំពីលោកនេះទៅ រមែងទៅកាន់ទុគ្គតិ។
[៤៤៨] បុគ្គលពួកណា ត្រេកអរក្នុងធម៌ដែលព្រះអរិយៈសំដែងហើយ បុគ្គលពួកនោះ ជាអ្នកប្រសើដោយកាយកម្ម វចីកម្ម និងមនោកម្ម ពួកបុគ្គលបែបនោះ ជាអ្នកឋិតនៅក្នុងខន្តិ សោរច្ចៈ និងសមាធិ រមែងទៅកាន់លោកទំាងពីរ គឺមនុស្សលោក និងទេវលោក។
[៤៤៩] ខ្លួនយើងជាស្តេចធំលើពួកជនប្រុសស្រី បើយើងខឹង យើងទប់ខ្លួន យើងហាមឃាត់នូវប្រជុំជនបែបនោះ ហើយដាក់អាជ្ញាដោយឧបាយប្រាជ្ញា ព្រោះអនុគ្រោះ។
[៤៥០] (ឧយ្យានបាល ទូលថា) បពិត្រក្សត្រិយ៍ ជាធំជាងជន សិរី គឺបរិវារសម្បត្តិ និងប្រាជ្ញា កុំលះបង់ព្រះអង្គក្នុងកាលណា ៗ ឡើយ សូមព្រះអង្គជាបុគ្គលមិនក្រោធ មានចិត្តជ្រះថា្លជានិច្ច ជាអ្នកមិនមានទុក្ខ ហើយថែរក្សាផែនដីឲ្យអស់រយឆ្នាំ។
[៤៥១] បពិត្រក្សត្រិយ៍ សូមព្រះអង្គទ្រង់ប្រកបដោយគុណទាំងឡាយនុ៎ះ សូមឲ្យព្រះអង្គឋិតនៅមាំ ក្នុងការប្រព្រឹត្តិដ៏ប្រសើរ ជាបុគ្គលប្រដៅងាយ មិនមានសេចក្តីក្រោធ ជាបុគ្គលបានសេចក្តីសុខ កុំបៀតបៀនសត្វ ហើយរក្សាផែនដី លុះព្រះអង្គចេញផុតអំពីលោកនេះទៅ សូមឲ្យសេ្តចយាងទៅកាន់សុគតិ។
[៤៥២] សេ្តចទ្រង់ធម៌ រមែងប្រើឧបាយណែនាំពួកជន ដោយពាក្យជាសុភាសិត ជាគ្រឿងណែនាំដ៏ល្អ តាមហេតុដ៏ប្រកបដោយធម៌ ហើយញុំាងមហាជន ដែលរជើបរជោ ឲ្យត្រជាក់ស្រួល ដូចជាមហាមេឃដែលញុំាងផែនដីឲ្យត្រជាក់ដោយទឹក។
ចប់ សុមង្គលជាតក ទី៤។
(៤២១. គង្គមាលជាតកំ (៥))
[៤៥៣] (សេ្តចទ្រង់ត្រាស់សួរភតិកបុរសថា) ប្រថពី ជាផែនដីក្តៅ ដូចរងើកភ្លើងប្រកបដោយដីខ្សាច់ (ក្តៅ) ដូចផែះ (ដែលភ្លើងឆេះ) អ្នកច្រៀងនូវទំនុកទាំងឡាយ កំដៅថ្ងៃ មិនដុតកំដៅអ្នកទេឬ។ ព្រះអាទិត្យក្តៅខាងលើ ដីខ្សាច់ក្តៅខាងក្រោម អ្នកច្រៀងនូវទំនុកទាំងឡាយ កំដៅថ្ងៃ មិនដុតកំដៅអ្នកទេឬ។
[៤៥៤] (ភតិកបុរស ក្រាបទូលថា) កំដៅថ្ងៃ មិនដុតកំដៅខ្ញុំព្រះអង្គបានទេ កំដៅ គឺកាមទាំងឡាយ ទើបញុំាងខ្ញុំព្រះអង្គឲ្យក្តៅបាន បពិត្រព្រះរាជា ប្រយោជន៍ទាំងឡាយ មានប្រការផ្សេង ៗ ប្រយោជន៍ទាំងនោះ តែងដុតកំដៅ ឯកំដៅថ្ងៃ មិនដុតកំដៅទេ។
[៤៥៥] ម្នាលកាម យើងបានឃើញឫសគល់របស់អ្នកហើយ ម្នាលកាម អ្នកកើតអំពីសេចក្តីត្រិះរិះ យើងលែងត្រិះរិះអ្នកទៀតហើយ ម្នាលកាម កាលបើយ៉ាងនេះ អ្នកនឹងមិនកើតមាន (តទៅទៀតទេ)។
[៤៥៦] កាមទាំងឡាយសូម្បីតិច ក៏នៅតែមិនល្មម សូម្បីច្រើន ក៏នៅតែមិនស្កប់ស្កល់ ឱ មុខគួរសង្វេគ នឹងការចរចារបស់ពួកជនពាល បុគ្គលលុះតែប្រឹងប្រកបព្យាយាម ទើបត្រាស់ដឹងបាន។
[៤៥៧] (ព្រះរាជាឧទយៈ ត្រាស់ថា) នេះជាផលកម្ម មានប្រមាណតិចរបស់យើង ឧទយៈ បានសម្រេចនូវភាពជាធំ ឱហ្ន៎ មាណពណា បានលះនូវតម្រេកក្នុងកាម ហើយបួស មាណពនោះ ឈ្មោះថា បានល្អហើយ។
[៤៥៨] (ព្រះវររាជមាតា ត្រាស់សួរថា) ពួកសត្វតែងលះបង់នូវបាបកម្ម (របស់ខ្លួន) ដោយតបៈ លះបង់នូវភាវៈនៃខ្លួនជាខ្មាន់ព្រះកេស និងស្មូនឆ្នាំង ដោយតបៈ នែគង្គមាល ក្នុងថ្ងៃនេះ អ្នកហ៊ានរំលោភ ហៅព្រហ្មទត្ត (កូនអញ) ដោយចំឈ្មោះ ព្រោះអាងមានតបៈឬ។
[៤៥៩] (ព្រះរាជា ទ្រង់ត្រាស់ថា) បពិត្រព្រះមាតា សូមទ្រង់ទតនូវផលនៃខន្តិ និងសោរច្ចៈ ដែលអាចឃើញជាក់ច្បាស់ដោយខ្លួនឯង (ក្នុងបច្ចុប្បន្ន) ព្រះគង្គមាលបច្ចេកពុទ្ធនោះ ជាបុគ្គលដែលជនទាំងអស់ត្រូវថា្វយបង្គំ យើងព្រមទាំងស្តេច និងអាមាត្យ នាំគ្នាថ្វាយបង្គំនូវព្រះបច្ចេកពុទ្ធនោះ។
[៤៦០] អ្នកទាំងឡាយ កុំនិយាយពាក្យតិចតួចនឹងព្រះបច្ចេកពុទ្ធឈ្មោះគង្គមាល ដែលជាអ្នកសិក្សាក្នុងគន្លងនៃប្រាជ្ញា របស់ពួកអ្នកប្រាជ្ញឡើយ ព្រោះថា ព្រះបច្ចេកពុទ្ធនេះ បានឆ្លងនូវអន្លង់ គឺវដ្តសង្សារ ដែលពួកបុគ្គលអ្នកប្រាសចាកសោក តែងឆ្លងហើយត្រាច់ទៅ។
ចប់ គង្គមាលជាតក ទី៥។
(៤២២. ចេតិយជាតកំ (៦))
[៤៦១] (តាបស និយាយថា)8) ធម៌ដែលបុគ្គលសម្លាប់ហើយ រមែងសម្លាប់វិញដោយពិត ធម៌ដែលបុគ្គលមិនបានសម្លាប់ រមែងមិនសម្លាប់វិញតិចតួចឡើយ។ ព្រោះហេតុនោះ ព្រះអង្គមិនត្រូវសម្លាប់ធម៌ ព្រះអង្គកុំឲ្យធម៌ដែលព្រះអង្គសម្លាប់ហើយ ត្រឡប់សម្លាប់ព្រះអង្គវិញបានឡើយ។
[៤៦២] កាលបើសេ្តចពោលពាក្យកុហក ពួកទេវតារមែងគេចចេញ (លែងរក្សា) សេ្តចណាជា្រប កាលគេសួរប្រស្នា ហើយព្យាករប្រស្នានោះ ដោយប្រការដទៃវិញ ព្រះឱស្ឋសេ្តចនោះ រមែងមានក្លិនស្អុយផ្សាយចេញទៅ ទាំងសេ្តចនោះទៀត រមែងឃ្លាតចាកកនែ្លងរបស់ខ្លួន បពិត្រព្រះរាជា បើប្រសិនជាព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គឋិតនៅលើផែនដី។
[៤៦៣] សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះដោយប្រការដទៃវិញ ភ្លៀងរមែងធ្លាក់ចុះក្នុងកាលមិនគួរ (ក្នុងដែន) របស់សេ្តចនោះ ភ្លៀងរមែងមិនធ្លាក់ចុះក្នុងកាលគួរ (ក្នុងដែនរបស់សេ្តចនោះ) បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលនូវពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដី (ត្រឹមព្រះជាណុ)។
[៤៦៤] បពិត្រព្រះអង្គជាធំក្នុងទិស សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះដោយប្រការដទៃវិញ អណ្តាតរបស់សេ្តចនោះ រមែងបែកជាពីរ ដូចជាអណ្តាតនៃពស់ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះ គឺត្រឹមចង្កេះ)។
[៤៦៥] បពិត្រព្រះអង្គជាធំក្នុងទិស ស្តេចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះដោយប្រការដទៃវិញ ស្តេចនោះ មិនមានអណ្តាត ដូចត្រី បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះ គឺត្រឹមផ្ចិត)។
[៤៦៦] សេ្តចណាជ្រាប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះដោយប្រការដទៃវិញ ក្នុងត្រកូលស្តេចនោះ កើតតែកូនស្រី កូនប្រុសមិនកើតទេ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គ ចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះ គឺត្រឹមដោះ)។
[៤៦៧] សេ្តចណាជា្រប កាលគេសួរប្រស្នាហើយ ក៏ព្យាករប្រស្នានោះ ដោយប្រការដទៃវិញ កូនប្រុសរបស់សេ្តចនោះ រមែងមិនមានឡើយ បើជាមាន រមែងគេចចេញទៅកាន់ទិសតូចទិសធំបាត់អស់ បពិត្រព្រះរាជា បើព្រះអង្គទ្រង់ពោលពាក្យពិត សូមឲ្យព្រះអង្គទ្រង់ឋិតនៅដូចដើម បពិត្រព្រះបាទចេតិយៈ បើព្រះអង្គ ទ្រង់ពោលពាក្យកុហក សូមឲ្យព្រះអង្គចូលទៅកាន់ផែនដីក្រៃលែង (ជាងនេះទៅទៀត គឺលិចផុត)។
[៤៦៨] (អភិសម្ពុទ្ធគាថា) សេ្តចនោះ កាលពីដើម ត្រាច់ទៅក្នុងអាកាសបាន (ដល់មកខាងក្រោយ) ត្រូវឥសីផ្តាសាហើយ ក៏បែរជាមានសភាពសាបសូន្យ ដល់វេនរបស់ខ្លួនចូលទៅកាន់ផែនដី ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ទើបមិនសរសើរនូវការលុះក្នុងអំណាចនៃសេចក្តីប្រាថ្នា បុគ្គលគួរជាអ្នកមានចិត្តមិនប្រទូស្ត ហើយពោលនូវវាចាដ៏ប្រកបដោយសច្ចៈ។
ចប់ ចេតិយរាជជាតក ទី៦។
(៤២៣. ឥន្ទ្រិយជាតកំ (៧))
[៤៦៩] (គ្រូឈ្មោះសរភង្គ ពោលថា) ម្នាលនារទៈ បុគ្គលណា លុះអំណាចនៃឥន្ទ្រិយទាំងឡាយព្រោះកាម បុគ្គលនោះ លះបង់នូវលោកទាំងពីរ (ហើយកើតក្នុងនរក) សូម្បីរស់នៅ រមែងរីងស្ងួត។
[៤៧០] ទុក្ខជាលំដាប់នៃសុខ សុខលំដាប់នៃទុក្ខ សូម្បីអ្នកដល់នូវទុក្ខ ព្រោះសាបសូន្យចាកឈានសុខក៏ដោយ អ្នកចូរប្រាថ្នានូវសុខដ៏ប្រសើរវិញចុះ។
[៤៧១] បុគ្គលណា ជាអ្នកអត់ទ្រាំនូវសេចក្តីលំបាក ក្នុងវេលាមានលំបាក មិនប្រព្រឹត្តកន្លងនូវសេចក្តីលំបាក បុគ្គលនោះ ជាអ្នកប្រាជ្ញ រមែងបាននូវសេចក្តីសុខ ជាទីបំផុតនៃសេចក្តីលំបាក ដែលកើតអំពីសេចក្តីព្យាយាម។
[៤៧២] ខ្លួនអ្នកមិនគួរឲ្យឃា្លតចាកធម៌ ព្រោះការប្រាថ្នាកាម ព្រោះការវិនាស ព្រោះហេតុនៃប្រយោជន៍ ទាំងព្រោះលះបង់ឈានដែលខ្លួនធ្វើបានហើយទេ។
[៤៧៣] (កាលទេវិលតាបស ពោលថា) សេចក្តីឈ្លាសវៃ ១ ការបែងចែកភោជន ១ មិនរីករាយក្នុងការបាននូវប្រយោជន៍ ១ មិនលំបាកចិត្តក្នុងកាលវិនាសចាកប្រយោជន៍ (នេះ) ជាការប្រពៃរបស់គ្រហស្ថ។
[៤៧៤] (អភិសម្ពុទ្ធគាថា) អសិតទេវិលតាបស បានពោលនូវភាពនៃបុគ្គលជាបណ្ឌិតនុ៎ះ ដោយហេតុមានប្រមាណប៉ុណ្ណោះថា មិនមានបុគ្គលណាមួយ ដែលលាមកជាងបុគ្គលជាអ្នកលុះអំណាចនៃឥន្ទ្រិយទាំងឡាយនេះឡើយ។
[៤៧៥] (មនុស្សប្រេត និយាយថា) បពិត្រព្រះបាទសិវិ បុគ្គលបា្រកដស្មើនឹងខ្ញុំ រមែងដល់នូវសេចក្តីវិនាស (ដោយអំពើរបស់ខ្លួន) ដូចបុគ្គលដល់នូវសេចក្តីវិនាសក្នុងកណ្តាប់ដៃនៃសត្រូវ ខ្លួនខ្ញុំព្រោះតែញុំាងយសទាំងនុ៎ះ គឺកសិកម្មវិជា្ជ ភាពជាអ្នកឈ្លាសវៃ វិវាហមង្គល សីល និងភាពនៃចិត្តទន់ ឲ្យសាបសូន្យ ទើបមកកើត (ជាមនុស្សប្រេត) ដោយអំពើជារបស់ខ្លួន។
[៤៧៦] ខ្លួនខ្ញុំនោះ ជាបុគ្គលមិនមានផៅពង្ស មិនមានទីពំនាក់តទៅ ដូចគេសាបសូន្យ ចាកទ្រព្យរាប់ពាន់ ខ្លួនខ្ញុំ ជាអ្នកប្រាសចាកអរិយធម៌ ដូចប្រេត។
[៤៧៧] ខ្លួនខ្ញុំ ញុំាងពួកសត្វដែលជាអ្នកប្រាថ្នានូវសុខ ឲ្យដល់នូវទុក្ខ ទើបដល់នូវគន្លងនៃទុក្ខនេះ ខ្លួនខ្ញុំនោះ មិនបាននូវសេចក្តីសុខឡើយ ឋិតនៅ (ទាំងក្តៅក្រហាយ) ដូចគេរោយដោយរងើកភ្លើង។
ចប់ ឥន្រិ្ទយជាតក ទី៧។
(៤២៤. អាទិត្តជាតកំ (៨))
[៤៧៨] (ព្រះបច្ចេកពុទ្ធ ជាសង្ឃត្ថេរ សំដែងថា) កាលបើផ្ទះត្រូវភ្លើងឆេះហើយ បុគ្គលនាំចេញនូវភាជន៍ណាទាន់ ភាជន៍នោះ រមែងបានជាប្រយោជន៍នៃបុគ្គលនោះ ភាជន៍ណាដែលភ្លើងឆេះក្នុងផ្ទះនោះ ភាជន៍នោះ មិនបានជាប្រយោជន៍នៃបុគ្គលនោះឡើយ។
[៤៧៩] សត្វលោក កាលបើត្រូវជរា និងមរណៈ ឆេះយ៉ាងនេះហើយ បុគ្គលគួរតែនាំចេញនូវទ្រព្យ ដោយកាឲ្យទាន (ព្រោះ) ទ្រព្យដែលបុគ្គលបានឲ្យហើយ ឈ្មោះថានាំចេញហើយដោយប្រពៃ។
[៤៨០] (ព្រះបច្ចេកពុទ្ធដ៏សេស សំដែងថា) សត្វណា បានឲ្យទានដល់បុគ្គលអ្នកបានធម៌ បានត្រាស់ដឹងធម៌ ដោយសេចក្តីព្យាយាម គឺការប្រឹងប្រែង សត្វនោះ រមែងប្រព្រឹត្តកន្លងនូវវេតរណីរបស់យមៈ (នរក) បានហើយ ចូលទៅកាន់ទីទាំងឡាយជាទិព្វ។
[៤៨១] អ្នកប្រាជ្ញទាំងឡាយពោលថា ទាន និងចម្បាំង ជារបស់ស្មើគ្នា ពួកជនសូម្បីតិចគ្នា តែជាអ្នកស៊ូលះបង់ជីវិត រមែងឈ្នះជនច្រើននាក់បាន បុគ្គលណាកាលបើជឿ ហើយឲ្យទានសូម្បីបន្តិចបន្តួច បុគ្គលនោះ រមែងបាននូវសេចក្តីសុខក្នុងលោកខាងមុខ ដោយទេយ្យវត្ថុមានប្រមាណតិចនោះ។
[៤៨២] ការពិចារណាសិន ហើយទើបឲ្យ ព្រះសុគតទ្រង់សរសើរហើយ ពួកទក្ខិណេយ្យបុគ្គលណា មាននៅក្នុងជីវលោកនេះ ទានដែលបុគ្គលឲ្យហើយ ដល់ពួកទក្ខិណេយ្យបុគ្គលនុ៎ះ មានផលច្រើន ដូចជាពូជ ដែលគេសាបព្រោះក្នុងស្រែដ៏ល្អ។
[៤៨៣] បុគ្គលណា មិនបៀតបៀននូវពួកសត្វ មិនធ្វើនូវបាប ព្រោះ (ខ្លាច) ការតិះដៀលអំពីអ្នកដទៃ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរនូវបុគ្គលអ្នកខ្លាចបាប មិនសរសើរនូវបុគ្គលអ្នកក្លៀវក្លាក្នុងការធ្វើបាបនោះឡើយ ដ្បិតសប្បុរសទាំងឡាយ តែងមិនធ្វើបាប ព្រោះខ្លាច (ពាក្យដំណេះដំនៀលនោះ)។
[៤៨៤] បុគ្គលចូលទៅកើតក្នុងពួកក្សត្រិយ៍ ដោយព្រហ្មចរិយធម៌ដ៏ថោកទាប បុគ្គលចូលទៅកាន់ភាពជាទេវតា ដោយព្រហ្មចរិយធម៌យ៉ាងកណ្តាល បុគ្គលបរិសុទ្ធដោយព្រហ្មចរិយធម៌ដ៏ឧត្តម។
[៤៨៥] ការឲ្យទាន ពិតជាអ្នកប្រាជ្ញសរសើរដោយចំណែកច្រើន ក៏មែនហើយ តែថា ចំណែកធម៌ប៉ុណ្ណោះ ប្រសើរជាងទាន ព្រោះពួកសប្បុរសអ្នកមានប្រាជ្ញាក្នុងកាលមុន និងកាលមុនទៅទៀត បានត្រាស់ដឹងនូវនិព្វានធម៌។
ចប់ អាទិត្តជាតក ទី៨។
(៤២៥. អដ្ឋានជាតកំ (៩))
[៤៨៦] (មហាធនតាបស និយាយថា) ក្នុងកាលណា ទន្លេគង្គាបែរជាមានផ្កាកុមុទ ទាំងមានទឹក និងសត្វតាវ៉ៅ បែរជាមានសម្បុរដូចស័ង្ខ ដើមព្រីង បែរជាបព្ចោញផ្លែត្នោត កាលបើយ៉ាងនេះ ទើប (យើងនិងនាង) បានចួបគ្នា ក្នុងកាលនោះដោយពិត។
[៤៨៧] ក្នុងកាលណា សំពត់បាវារៈ ៣ យ៉ាង គឺសំពត់ដែលធ្វើដោយផ្កាស្រកាអណ្តើក ១ សំពត់ដែលធ្វើដោយប៉ុយ ១ សំពត់ដែលធ្វើដោយលាយគ្នាទាំងពីរមុខ ១ ប្រែជាសំពត់សម្រាប់ដណ្តប់ក្នុងរដូវរងាបាន កាលបើយ៉ាងនេះ ទើប (យើងនិងនាង) បានចួបគ្នាក្នុងកាលនោះដោយពិត។
[៤៨៨] ក្នុងកាលណា គេយកជើងសត្វមូសទាំងឡាយ មកធ្វើជាសើនយ៉ាងល្អឲ្យមាំ មិនឲ្យកក្រើកបាន កាលបើយ៉ាងនេះ ទើប (យើងនិងនាង) បានចួបគ្នាក្នុងកាលនោះដោយពិត។
[៤៨៩] ក្នុងកាលណា គេយកស្នែងទន្សាយ មកធ្វើជាបង្អោងសម្រាប់ឡើងកាន់ឋានសួគ៌បាន កាលបើយ៉ាងនេះ ទើប (យើងនិងនាង) បានចួបគ្នាក្នុងកាលនោះដោយពិត។
[៤៩០] ក្នុងកាលណា ពួកកណ្តុរ ឡើងតាមបង្អោងទៅទំពាស៊ីនូវដួងព្រះចន្ទ ទាំងដេញរាហូឲ្យរត់ទៅបាន កាលបើយ៉ាងនេះ ទើប (យើងនិងនាង) បានចួបគ្នាក្នុងកាលនោះដោយពិត។
[៤៩១] ក្នុងកាលណា ពួករុយហើរទៅទាំងហ្វូង ក្រេបផឹកនូវសុរាក្នុងក្អម ហើយសម្រេចការនៅក្នុងរងើកភ្លើងបាន កាលបើយើងនេះ ទើប (យើងនិងនាង) បានចួបគ្នាក្នុងកាលនោះដោយពិត។
[៤៩២] ក្នុងកាលណា សត្វលា មានបបូរមាត់ដ៏រលីងល្អ មានមុខដ៏ល្អ ជាសត្វឈ្លាសវៃក្នុងការរាំ និងការច្រៀងបាន កាលបើយ៉ាងនេះ ទើប (យើងនិងនាង) បានចួបគ្នាក្នុងកាលនោះដោយពិត។
[៤៩៣] ក្នុងកាលណា ពួកក្អែក និងមៀម នាំគ្នាទៅក្នុងទីស្ងាត់ ហើយគប្បីប្រឹក្សាគ្នា គប្បីស្រឡាញ់គ្នាទៅវិញទៅមកបាន កាលបើយ៉ាងនេះ ទើប (យើងនិងនាង) បានចួបគ្នាក្នុងកាលនោះដោយពិត។
[៤៩៤] ក្នុងកាលណា ស្លឹកឈូកទាំងឡាយ បែរទៅជាឆ័ត្រយ៉ាងមាំ ដើម្បីការពារភ្លៀងបាន កាលបើយ៉ាងនេះ ទើប (យើងនិងនាង) បានចួបគ្នាក្នុងកាលនោះដោយពិត។
[៤៩៥] ក្នុងកាលណា សត្វបក្សីតូចឈ្មោះកុលកៈ ពាំភ្នំគន្ធមាទន៍ដោយចំពុះបាន កាលបើយ៉ាងនេះ ទើប (យើងនិងនាង) បានចួបគ្នាក្នុងកាលនោះដោយពិត។
[៤៩៦] ក្នុងកាលណា កូនក្មេងតូច អាចកាន់យកសំពៅសម្រាប់ដើរសមុទ្រ ព្រមទាំងគ្រឿងយន្ត និងចង្កូតទៅបាន កាលបើយ៉ាងនេះ ទើប (យើងនិងនាង) បានចួបគ្នាក្នុងកាលនោះដោយពិត។
ចប់ អដ្ឋានជាតក ទី៩។
(៤២៦. ទីបិជាតកំ (១០))
[៤៩៧] (មេពពែ និយាយនឹងខ្លាថា) បពិត្រឪពុកធំ លោកល្មមអត់ធន់បាន ល្មមញុំាងអត្តភាពឲ្យប្រព្រឹត្តទៅបានដែរឬ លោកបានសេចក្តីសុខទេឬ ម្តាយខ្ញុំបាននិយាយសួរសេចក្តីសុខរបស់លោក ព្រោះថាយើងទាំងឡាយ ជាអ្នកប្រាថា្នសេចក្តីសុខដល់លោក។
[៤៩៨] (ខ្លាឆ្លើយតបថា) ម្នាលមេពពែ នាងឯងបានដើរជាន់កន្ទុយរបស់អញ ធ្វើឲ្យអញលំបាក ថ្ងៃនេះ នាងឯងស្មានថា អាត្មាអញនឹងរួចទោស ដោយសារការហៅអញថា ឪពុកធំ ដូច្នេះឬ។
[៤៩៩] (មេពពែ និយាយថា) អ្នកអង្គុយបែរមុខទៅទិសខាងកើត ចំណែកខ្ញុំ ក៏បានដើរមកចំមុខរបស់អ្នក កន្ទុយរបស់អ្នកនៅពីខាងក្រោយទេ ចុះខ្ញុំជាន់កន្ទុយរបស់អ្នក ដោយប្រការដូចម្តេចបាន។
[៥០០] (ខ្លានិយាយថា) ទ្វីប ៤ ព្រមទាំងសមុទ្រ និងភ្នំ មាននៅត្រឹមណា កន្ទុយរបស់អញ ក៏មាននៅត្រឹមណោះដែរ ហងឯងនឹងវៀរឲ្យផុត (ពីកន្ទុយរបស់អញ) ដូចម្តេចបាន។
[៥០១] (មេពពែ និយាយថា) អំពីដើមមក មាតាបិតា និងបងឈ្មោលរបស់ខ្ញុំ ក៏បានប្រាប់ហេតុនុ៎ះហើយថា កន្ទុយសត្វសាហាវវែងណាស់ (ព្រោះហេតុនោះ បានជា) ខ្ញុំហោះមកតាមអាកាស។
[៥០២] (ខ្លា និយាយថា) នែមេពពែ ហ្វូងម្រឹគរត់បាត់អស់ទៅ ព្រោះឃើញហងឯង ហោះមកក្នុងអាកាស ហងឯងបំផ្លាញចំណីរបស់អញអស់។
[៥០៣] (អភិសម្ពុទ្ធគាថា) កាលដែលមេពពែកំពុងតែនិយាយរៀបរាប់យ៉ាងនេះ ខ្លាដំបងដែលជាសត្វស៊ីឈាម ក៏ស្ទុះទៅចាប់កាច់កនៃពពែសម្លាប់ទៅ ឱសំដីល្អមិនមានក្នុងបុគ្គលអាក្រក់ឡើយ។
[៥០៤] ការដឹកនាំ ១ ធម៌ ១ និងសំដីល្អ ១ មិនមានក្នុងបុគ្គលអាក្រក់ទេ បុគ្គល គួរគេចវាងពួកបុគ្គលអាក្រក់ ហើយប្រឹងប្រកបព្យាយាម ព្រោះពួកបុគ្គលអាក្រក់នោះ មិនត្រេកអរនឹងពួកសប្បុរសឡើយ។
ចប់ ទីបិជាតក ទី១០។
ចប់ កច្ចានិវគ្គ។
ឧទ្ទាននៃកច្ចានិវគ្គនោះគឺ
និយាយអំពីកច្ចានីបរិសុទ្ធ មិនមានមន្ទិល ទ្រទ្រង់សំពត់ ១ សម្រែកស្តេចកុក ១ គ្រឿងប្រដាប់មាស ១ ការទ្រទ្រង់នូវអាជ្ញា ១ ផែនដីដូចរងើកភ្លើង ១ សេ្តចចេតិយៈ ១ កាលទេវិលតាបស ១ ផ្ទះត្រូវភ្លើងឆេះ ១ ទន្លេគង្គា ១ មេពពែ ១ រួមត្រូវជា ១០។
ចប់ អដ្ឋកនិបាត។
(៩. នវកនិបាតោ)
(៤២៧. គិជ្ឈជាតកំ (១))
[៥០៥] (អភិសម្ពុទ្ធគាថា) មានផ្លូវលើគិជ្ឈបព៌ត ឈ្មោះបរិសង្កុបថៈ ជាផ្លូវមានមកតាំងអំពីបុរាណ ត្មាតមួយចិញ្ចឹមមាតាបិតាដែលចាស់ជរានៅក្នុងផ្លូវនោះ។
[៥០៦] ត្មាតនោះ បានទៅនាំយកកន្សោមខ្លាញ់ពស់ថ្លាន់ មកចិញ្ចឹមមាតាបិតាទាំងនោះដោយច្រើន ចំណែកត្មាតជាបិតា កាលបើដឹងថា ត្មាតឈ្មោះសុបត្តៈជាកូន មានស្លាបបរិបូណ៌ មានតេជះ ហើរទៅកាន់ទីខ្ពស់ ទាំងហើរទៅកាន់ទីឆ្ងាយបាន ក៏និយាយដាស់តឿន។
[៥០៧] នែបា (បើ) អ្នកដឹងនូវផែនដីថា អណែ្តត (ដូចជាស្លឹកឈូក) មានសាគរព័ទ្ធជុំវិញមូលដូចកង់ វេលាណាហើយ នែបា ចូរអ្នកត្រឡប់មកអំពីទីនោះវិញ អ្នកកុំទៅឲ្យហួសទៅនាយអំពីទីនេះឡើយ។
[៥០៨] (ត្មាតឈ្មោះសុបត្តៈ) ជាបក្សីមានកក្ងក់ មានកំឡាំងដ៏ប្រសើរជាងទិជជាតិ ហើរស្ទុះឡើង ដោយសន្ទុះដ៏ខ្លាំង រមិលមើលនូវភ្នំ និងព្រៃទាំងឡាយ។
[៥០៩] (ត្មាតឈ្មោះសុបត្តៈនោះ) បានឃើញផែនដីមានសាគរព័ទ្ធជុំវិញ មូលដូចជាកង់ សមដូចពាក្យប្រដៅរបស់បិតាដែលខ្លួនបានឮមកហើយ។
[៥១០] ត្មាតនោះ ហើររំលងទីនោះ ប្លោងហួសទៅកាន់ទីខាងនាយ ស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំង បក់កួចត្មាតដ៏មានកំឡាំងនោះ ខ្ទេចខ្ទីអស់ទៅ។
[៥១១] បក្សីត្មាតនោះ ហើរជ្រុលហួសទៅនាយហើយ ក៏មិនអាចហើរត្រឡប់មកវិញបាន លុះក្នុងអំណាចខ្យល់ព្យុះ ក៏ដល់នូវសេចក្តីវិនាសទៅ។
[៥១២] ពួកកូន និងប្រពន្ធរបស់ត្មាតនោះក្តី ពួកត្មាតដទៃដែលរស់នៅដោយសារត្មាតនោះ (បរិវារ) ក្តី ក៏ដល់នូវសេចក្តីវិនាសទាំងអស់គ្នា ព្រោះតែត្មាតសុបត្តៈនោះ មិនធ្វើតាមឱវាទ។
[៥១៣] ពួកជនណា ក្នុងលោកនេះ មិនធ្វើតាមពាក្យប្រដៅរបស់បុគ្គលចាស់ព្រឹទ្ធាចារ្យទាំងឡាយ យ៉ាងនេះហើយ ពួកជនទាំងអស់នោះ រមែងដល់នូវសេចក្តីវិនាស ព្រោះតែមិនធ្វើតាមពាក្យប្រដៅរបស់បុគ្គលចាស់ព្រឹទ្ធាចារ្យ ដូចជាត្មាតដ៏មានកំឡាំង ប្រព្រឹត្តល្មើសពាក្យប្រដៅ ហើរហួសទីព្រំប្រទល់។
ចប់ គិជ្ឈជាតក ទី ១។
(៤២៨. កោសម្ពិយជាតកំ (២))
[៥១៤] (ព្រះសាស្តា ត្រាស់ថា) ជនសុទ្ធតែមានសម្លេងខ្លាំងស្មើគ្នា មិនមានជនណាមួយដឹងថា អាត្មាអញជាបុគ្គលពាលឡើយ កាលបើសង្ឃកំពុងបែកគ្នា ក៏មិនមានជនណាមួយ ដឹងនូវហេតុដទៃ ឲ្យក្រៃលែងជាងនេះទៅទៀត។
[៥១៥] ពួកជនអ្នកភ្លេចស្មារតី មានអាការស្រដៀងនឹងបណ្ឌិត មានវាចាជាអារម្មណ៍ ចេះតែល្មោភនិយាយ តាមដែលខ្លួនចង់និយាយឲ្យតែរួចពីមាត់ មានគេដឹកនាំ ដោយជំលោះណា ក៏នៅតែមិនស្គាល់នូវជំលោះនោះឡើយ។
[៥១៦] ពួកជនណា ចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញដូច្នេះ ពៀររបស់ជនទាំងនោះ រមែងមិនស្ងប់រម្ងាប់បានឡើយ។
[៥១៧] លុះតែពួកជនណា មិនចងសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអញ បានវាយអញ បានផ្ចាញ់អញ បានលួចយក (ទ្រព្យ) អញដូច្នេះ ទើបពៀររបស់ជននោះ ស្ងប់រម្ងាប់បាន។
[៥១៨] ពៀរទាំងឡាយក្នុងលោកនេះ មិនស្ងប់រម្ងាប់ដោយពៀរក្នុងកាលណាម្តងឡើយ មានតែស្ងប់រម្ងាប់ដោយមិនមានពៀរ នេះជាធម៌មានមកតាំងអំពីដើម។
[៥១៩] ពួកជនក្រៅពីបណ្ឌិត មិនដឹងច្បាស់ថា ពួកយើងនឹងដល់នូវសេចក្តីវិនាស ក្នុងកណ្តាលសង្ឃនេះទេ បណ្តាជនទាំងនោះ លុះតែពួកជនណាដឹងច្បាស់ (យ៉ាងនេះថា ពួកយើងនឹងដល់នូវសេចក្តីវិនាស) ទើបកលហធម៌ គឺការឈ្លោះប្រកែកទាំងឡាយ ស្ងប់រម្ងាប់អំពីសំណាក់ពួកជននោះទៅបាន។
[៥២០] អំបាលពួកជនដែលបានកាត់ឆ្អឹងគ្នា បានសម្លាប់គ្នា បានលួចយកគោ សេះ និងទ្រព្យ ប្លន់យកទាំងដែន គេគង់រួមគ្នាបាន ហេតុអ្វីក៏ពួកអ្នក រួមគ្នាមិនបាន។
[៥២១] បើបុគ្គលបានសំឡាញ់ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញត្រាច់ទៅជាមួយ មានវិហារធម៌ដ៏ប្រពៃ គប្បីគ្របសង្កត់នូវសេចក្តីអន្តរាយទាំងឡាយទាំងពួង ហើយមានចិត្តត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយនឹងសំឡាញ់នោះចុះ។
[៥២២] បើបុគ្គលមិនបានសំឡាញ់ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញ ត្រាច់ទៅជាមួយគ្នា មានវិហារធម៌ដ៏ល្អទេ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចជាព្រះរាជាលះបង់ដែនដែលឈ្នះហើយ (ពុំនោះសោត) ដូចដំរីដ៏ប្រសើរដែលត្រាច់ទៅតែម្នាក់ឯងក្នុងព្រៃ។
[៥២៣] ការត្រាច់ទៅម្នាក់ឯង ប្រសើរជាង (ព្រោះ) សហាយតាគុណ មិនមានក្នុងបុគ្គលពាលទេ បុគ្គលគួរត្រាច់ទៅតែម្នាក់ឯង តែថាត្រូវជាអ្នកខ្វល់ខ្វាយតិច កុំធ្វើបាបទាំងឡាយឡើយ ដូចជាដំរីដ៏ប្រសើរដែលត្រាច់ទៅក្នុងព្រៃ។
ចប់ កោសម្ពិយជាតក ទី២។
(៤២៩. មហាសុវជាតកំ (៣))
[៥២៤] (សេ្តចហង្ស និយាយនឹងសេ្តចសេកថា) កាលណាឈើមានផ្លែបរិបូណ៌ ពួកសត្វស្លាបក៏ហើរសំដៅទៅបរិភោគផ្លែឈើនោះ លុះពួកសត្វស្លាបបានដឹងថា ឈើអស់ផ្លែហើយ ក៏ហើរចេញអំពីដើមឈើនោះ ទៅកាន់ទិសផ្សេង ៗ ក្នុងវេលាជាទីអស់ទៅនៃផ្លែ។
[៥២៥] ម្នាលសេកមានចំពុះក្រហម អ្នកចូរត្រាច់ទៅកាន់ចារិក កុំឲ្យខ្លួនអ្នកស្លាប់ឡើយ ម្នាលសេក ម្តេចក៏អ្នកនៅសញ្ជប់សញ្ជឹងលើដើមឈើងាប់ (នេះ) ម្នាលសេកមានសម្បុរខៀវស្រដៀងនឹងឈើក្នុងវស្សន្តរដូវ យើងសូមដាស់តឿនអ្នក អ្នកចូរថាមកមើល ព្រោះហេតុអ្វី ក៏បានជាអ្នកមិនលះបង់នូវឈើងាប់នេះ។
[៥២៦] (សេ្តចសេក តបថា) ម្នាលហង្ស ពួកសប្បុរសណា រលឹករឿយ ៗ នូវធម៌របស់ពួកសប្បុរស លោកជាសំឡាញ់នឹងពួកសំឡាញ់ (ទៅវិញទៅមកហើយ) ពួកសប្បុរសនោះ សូម្បីដល់នូវការអស់ទៅនៃជីវិត ក៏មិនលះបង់សំឡាញ់នោះចោល ដោយគិតថាអស់ ឬមិនអស់ ក្នុងកាលដែលបានសុខ និងទុក្ខឡើយ។
[៥២៧] ម្នាលហង្ស ខ្ញុំជាសប្បុរសដែរ ដើមឈើនេះ ទុកជាញាតិ ឬជាសំឡាញ់របស់ខ្ញុំក៏បាន ខ្ញុំជាអ្នកត្រូវការដោយជីវិត ក៏មិនអាចនឹងលះបង់នូវដើមឈើនោះចោលឡើយ (បើខ្ញុំដឹងថា ឈើនោះអស់ហើយ ៗ លះបង់ចោល) នុ៎ះ មិនមែនជាធម៌របស់សប្បុរសទេ។
[៥២៨] (សេ្តចហង្ស…) ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និងសេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្តនឹងធម៌នោះ អ្នកនឹងបានជាទីសរសើរនៃពួកវិញ្ញូជន។
[៥២៩] ម្នាលសេក អ្នកមានស្លាបជាយាន ហើរទៅឰដ៏អាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នានូវពរណាមួយ ចូរទទួលយកនូវពរនោះចុះ។
[៥៣០] (សេ្តចសេក…) ម្នាលហង្ស អ្នកគប្បីឲ្យនូវពរដល់ខ្ញុំ សូមឲ្យដើមឈើនេះ ត្រឡប់មានអាយុរស់វិញ សូមឲ្យដើមឈើនោះ មានមែក មានផ្លែ លូតលាស់ល្អ មានផ្លែមានរសផ្អែមល្អ។
[៥៣១] (សេ្តចហង្ស…) ម្នាលសំឡាញ់ អ្នកចូរមើលដើមឈើដែលមានផ្លែដ៏លើសលុបនេះចុះ ទីលំនៅរបស់អ្នក ចូរកើតជាមួយនឹងដើមល្វា ដើមល្វានោះ ចូរមានមែក មានផ្លែលូតលាស់ល្អ មានផ្លែមានរសផ្អែមល្អ។
[៥៣២] (សេ្តចសេក…) បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គបានសេចក្តីសុខ ព្រមទាំងពួកញាតិទាំងអស់ ឲ្យដូចខ្ញុំដែលបានសេចក្តីសុខ ព្រោះបានឃើញដើមឈើ ប្រកបដោយផ្លែក្នុងថ្ងៃនេះឯង។
[៥៣៣] (អភិសម្ពុទ្ធគាថា) ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវដើមឈើនោះ ឲ្យមានផ្លែ រួចចៀសចេញទៅកាន់នន្ទនវនឧទ្យានរបស់ពួកទេវតា ជាមួយនឹងប្រពន្ធ។
ចប់ មហាសុវរាជជាតក ទី៣។
(៤៣០. ចូឡសុវជាតកំ (៤))
[៥៣៤] (សេ្តចហង្ស និយាយនឹងសេ្តចសេកថា) ដើមឈើទាំងឡាយច្រើនណាស់ ដែលមានស្លឹកខៀវ មានផ្លែជាអនេក ព្រោះហេតុអ្វីហ្ន៎ បានជាសេកនេះ មានចិត្តរីករាយជានិច្ច តែនឹងដង្គត់ឈើពុកស្ងួត។
[៥៣៥] (សេ្តចសេក និយាយតបវិញថា) យើងបានចូលទៅបរិភោគផ្លែឈើនោះ រាប់ដោយឆ្នាំច្រើនជាអនេក ទោះបីយើងដឹងថា ឈើនោះ មិនមានផ្លែហើយ ការមេត្រីនោះ ក៏នៅដូចដើម។
[៥៣៦] (ស្តេចហង្ស និយាយថា) សត្វស្លាបទាំងឡាយ តែងលះបង់នូវដើមឈើដែលពុកស្ងួត ជ្រុះស្លឹកអស់ មិនមានផ្លែ ហើយហើរទៅ ម្នាលអ្នកជាទ្វិជាតិ អ្នកសំគាល់ឃើញទោស (ក្នុងការលះចោលនោះ) ដូចម្តេច។
[៥៣៧] (សេ្តចសេក និយាយថា) ពួកសត្វណា មានសេចក្តីត្រូវការដោយផ្លែ ហើយគប់រកនូវដើមឈើ លុះដឹងថា មិនមានផ្លែ ក៏លះចោលនូវដើមឈើនោះ ពួកសត្វស្លាបនោះ ឈ្មោះថាមានប្រាជ្ញាគិតតែប្រយោជន៍ផ្ទាល់ខ្លួន មានប្រាជ្ញាមិនល្អ រមែងញុំាងចំណែកនៃសេចក្តីរាប់អានឲ្យវិនាស។
[៥៣៨] (ស្តេចហង្ស និយាយថា) ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និងសេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្តនឹងធម៌នេះ អ្នកនឹងបានជាទីសរសើរនៃពួកវិញ្ញូជន។
[៥៣៩] មា្នលសេក អ្នកមានស្លាបជាយាន ហើរទៅតាមអាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នានូវពរណានីមួយ ចូរទទួលយកពរនោះចុះ។
[៥៤០] (សេ្តចសេក និយាយថា) ខ្ញុំសូមឲ្យបានឃើញនូវដើមឈើនោះ មានស្លឹក និងផ្លែឡើងវិញដូចដើម ខ្ញុំគប្បីរីករាយរឿយ ៗ ដូចមនុស្សកំសត់ បានកំណប់ទ្រព្យ។
[៥៤១] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ព្រះឥន្ទបានយកទឹកអម្រឹត មកស្រោចនូវឈើដុះលើផែនដី ដើមឈើនោះ មានមែកលូតលាស់ត្រសាយត្រសុំ មានម្លប់ដ៏ត្រជាក់ ជាទីរីករាយនៃចិត្ត។
[៥៤២] (ស្តេចសេក និយាយថា) បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គបានសេចក្តីសុខ ព្រមទាំងពួកញាតិទាំងអស់ ឲ្យដូចជាខ្ញុំដែលបានសេចក្តីសុខ ព្រោះឃើញនូវដើមឈើដ៏ប្រកបដោយផ្លែក្នុងថ្ងៃនេះ។
[៥៤៣] (អភិសម្ពុទ្ធគាថា) ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវឈើនោះ ឲ្យមានផ្លែ រួចក៏ចៀសចេញទៅកាន់នន្ទនវនឧទ្យាននៃទេវតាទាំងឡាយ ជាមួយនឹងភរិយា។
ចប់ ចុល្លសុវករាជជាតក ទី៤។
(៤៣១. ហរិតចជាតកំ (៥))
[៥៤៤] (ព្រះបាទព្រហ្មទត្ត ទ្រង់ត្រាស់សួរតាបសថា) បពិត្រមហាព្រហ្ម ខ្ញុំបានឮថា ព្រះហរិតតាបសបរិភោគកាម ពាក្យនុ៎ះ ទទេទេឬ លោកជាបុគ្គលបរិសុទ្ធទេឬ។
[៥៤៥] (ហរិតតាបសពោធិសត្វ តបថា) បពិត្រមហារាជ ពាក្យដែលទ្រង់បានព្រះសណ្តាប់មកយ៉ាងណា ពាក្យនុ៎ះ ពិតយ៉ាងនោះហើយ អាត្មាភាពជាបុគ្គលបានដើរ ទៅកាន់ផ្លូវខុស ជ្រប់នៅក្នុងអារម្មណ៍ដែលជាទីតាំងនៃសេចក្តីវង្វេង។
[៥៤៦] (ព្រះរាជា…) បើបុគ្គលមិនអាចដើម្បីបន្ទោបង់នូវគំនិតមិនល្អ គឺរាគៈ ដែលកើតឡើង ដោយប្រាជ្ញាណាបានទេ ប្រាជ្ញានោះ នឹងចាត់ថាមានប្រយោជន៍ ជាគុណជាតិដ៏ល្អិត អាចគិតឃើញនូវរបស់ល្អដូចម្តេចបាន។
[៥៤៧] (តាបស…) បពិត្រមហារាជ ធម៌ទាំង ៤ ប្រការនេះ គឺរាគៈ ទោសៈ មទៈ និងមោហៈ ជាកិលេសមានកំឡាំងក្លៀវក្លាបំផុតក្នុងលោក ប្រាជ្ញាមិនបានទីពំនាក់ ព្រោះតែកិលេសទាំងនោះ។
[៥៤៨] (ព្រះរាជា…) លោកដ៏ចំរើន ពួកយើងសន្មតថា ព្រះហរិតតាបស ជាព្រះអរហន្ត បរិបូណ៌ដោយសីល ជាបុគ្គលបរិសុទ្ធ ជាអ្នកប្រាជ្ញ មានប្រាជ្ញាសម្រាប់ទំលុះទំលាយកិលេស។
[៥៤៩] (តាបស…) បពិត្រព្រះរាជា វិតក្កៈទាំងឡាយដ៏លាមក ប្រកបដោយសុភនិមិត្ត និងប្រកបដោយរាគៈ តែងបៀតបៀនអ្នកប្រាជ្ញ ដែលជាអ្នកត្រេកអរក្នុងគុណធម៌របស់ឥសី។
[៥៥០] (ព្រះរាជា…) រាគៈនេះ ជាសភាពកើតអំពីសរីរៈ តែកើតឡើងហើយ រមែងប្រទូស្តនូវគុណឲ្យខូច សូមលោកលះរាគៈរបស់លោកនោះចេញ សេចក្តីចំរើន ទើបកើតមានដល់លោក ដ្បិតជនច្រើននាក់ សន្មតលោកថា ជាអ្នកប្រាជ្ញ។
[៥៥១] (តាបស…) កាមទាំងឡាយនោះ ជាគ្រឿងធ្វើឲ្យងងឹត នាំមកនូវទុក្ខច្រើន មានពិសច្រើន អាត្មាភាពនឹងស្វែងរកនូវឫសនៃកាមទាំងឡាយនោះ នឹងកាត់ផ្តាច់នូវរាគៈ ព្រមទាំងចំណង។
[៥៥២] (អភិសម្ពុទ្ធគាថា) ឥសីឈ្មោះហរិតៈ ជាអ្នកខំប្រឹងព្យាយាម ដោយសច្ចៈ លុះពោលពាក្យនេះរួច ក៏លះបង់កាមរាគ ហើយបានចូលទៅកើតក្នុងព្រហ្មលោក។
ចប់ ហរិតចជាតក ទី៥។
(៤៣២. បទកុសលមាណវជាតកំ (៦))
[៥៥៣] (ភរិយា និយាយថា) ទឹកទនេ្លគង្គាកួចយកទៅនូវបុរសឈ្មោះបាដលិ ជាអ្នកចេះដឹងច្រើន ពោលនូវពាក្យដ៏វិចិត្រ នែអ្នកដ៏ចំរើនដែលទឹកកួចយកទៅ សូមអ្នកឲ្យនូវចំរៀងយ៉ាងខ្លីមួយដល់ខ្ញុំ។
[៥៥៤] (ស្វាមី និយាយតបថា) ពួកជនតែងស្រោចនូវបុគ្គលមានទុក្ខ ដោយទឹកណា តែងស្រោចនូវបុគ្គលដែលមានសេចក្តីក្រវល់ក្រវាយ ដោយទឹកណា យើងគង់នឹងស្លាប់ក្នុងកណ្តាលទឹកនោះ ភ័យកើតមកអំពីវត្ថុជាទីពឹងហើយ។
[៥៥៥] (នាយស្មូនឆ្នាំង និយាយថា) ពូជទាំងឡាយតែងដុះឡើងលើផែនដីណា ពួកសត្វឋិតនៅលើផែនដីណា ផែនដីនោះ បៀតបៀននូវក្បាលអញ ភ័យកើតអំពីវត្ថុជាទីពឹងហើយ។
[៥៥៦] (បុរសម្នាក់ និយាយថា) ពួកជន គេចំអិនបាយដោយភ្លើងណា គេកំចាត់បង់នូវរងាដោយភ្លើងណា ភ្លើងនោះ ឆេះនូវកាយរបស់អញ ភ័យកើតអំពីវត្ថុជាទីពឹងហើយ។
[៥៥៧] (បុរសម្នាក់ និយាយថា) ពួកព្រាហ្មណ៍ និងក្សត្រិយ៍ជាច្រើន តែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយភត្តណា ភត្តនោះ ដែលអាត្មាអញបរិភោគហើយនោះ សម្លាប់នូវអញ ភ័យកើតអំពីវត្ថុជាទីពឹងហើយ។
[៥៥៨] (បុរសម្នាក់ និយាយថា) ពួកអ្នកប្រាជ្ញ តែងប្រាថា្នខ្យល់ក្នុងខែជាទីបំផុតនៃគិម្ហរដូវ (ឥឡូវ) ខ្យល់នោះ កាច់បំបាក់ខ្លួនខ្ញុំ ភ័យកើតអំពីវត្ថុជាទីពឹងហើយ។
[៥៥៩] (បក្សីជាធំ និយាយថា) ពួកបក្សី តែងអាស្រ័យដើមឈើណា ដើមឈើនោះ បព្ចោញនូវភ្លើង បក្សីទាំងឡាយ ចូរគប់នូវទិសទាំងឡាយផ្សេង ៗ ភ័យកើតអំពីវត្ថុជាទីពឹងហើយ។
[៥៦០] (មាតា និយាយថា) អញមានចិត្តសោមនស្ស ហើយនាំមកនូវកូនប្រសាស្រីណា ដែលប្រដាប់ដោយកម្រងផ្កា និងប្រស់ព្រំដោយខ្លឹមចន្ទន៍ (ឥឡូវ) កូនប្រសាស្រីនោះ បណ្តេញអញចេញអំពីផ្ទះ ភ័យកើតអំពីវត្ថុជាទីពឹងហើយ។
[៥៦១] (បុរសម្នាក់ និយាយថា) អញត្រេកត្រអាលនឹងកូនប្រុសណា ដែលកើតហើយ និងប្រាថ្នាសេចក្តីចំរើនដល់កូនប្រុសណា (ឥឡូវ) កូនប្រុសនោះ បណ្តេញអញចេញអំពីផ្ទះ ភ័យកើតអំពីវត្ថុជាទីពឹងហើយ។
[៥៦២] (ពោធិសត្វ ពោលថា) សូមឲ្យពួកអ្នកជនបទ និងអ្នកនិគម ដែលបានមកប្រជុំស្តាប់ខ្ញុំ (ឥឡូវ) វត្ថុណាជាទឹក វត្ថុនោះ ក្លាយទៅជាភ្លើងហើយ សេចក្តីក្សេម កើតមកអំពីព្រះរាជាណា ភ័យកើតមកអំពីព្រះរាជានោះហើយ ព្រះរាជា និងព្រាហ្មណ៍បុរោហិត ប្លន់ជនអ្នកនៅក្នុងដែន អ្នកទាំងឡាយ ចូររក្សាខ្លួន ដ្បិតភ័យកើតអំពីវត្ថុជាទីពឹងហើយ។
ចប់ បទកុសលមាណវជាតក ទី៦។
(៤៣៣. លោមសកស្សបជាតកំ (៧))
[៥៦៣] (ព្រះឥន្ទ និយាយនឹងព្រះបាទព្រហ្មទត្តថា) បពិត្រព្រះរាជា បើព្រះអង្គញុំាងឥសីឈ្មោះលោមសកស្សបៈ ឲ្យបូជាយ័ញ្ញ ព្រះអង្គនឹងបានទៅជាបុគ្គលមិនចាស់ មិនស្លាប់ ស្មើនឹងព្រះឥន្ទដោយពិត។
[៥៦៤] (តាបសពោធិសត្វ ពោលនឹងអាមាត្យថា) បុគ្គលមិនគួរប្រាថ្នានូវផែនដី ដែលមានសមុទ្រព័ទ្ធជុំវិញ ដូចជាកុណ្ឌលក្នុងសាគរ ព្រមទាំងពាក្យតិះដៀលទេ ម្នាលសេយ្ហាមាត្យ អ្នកចូរដឹងយ៉ាងនេះចុះ។
[៥៦៥] ម្នាលព្រាហ្មណ៍ ការប្រព្រឹត្តិ (ចិញ្ចឹមជីវិត) ណា ដោយកិរិយាបំផ្លាញជីវិតគេ ឬដោយការប្រព្រឹត្តិមិនត្រូវតាមធម៌ មុខគួរឲ្យតិះដៀលនូវការបានយស និងការបាននូវទ្រព្យ ដោយការប្រព្រឹត្តិនោះ។
[៥៦៦] បុគ្គលបួសដើរបិណ្ឌបាត ការចិញ្ចឹមជីវិតនោះ ប្រសើរជាងការស្វែងរកខុសធម៌។
[៥៦៧] បុគ្គលបួសដើរបិណ្ឌបាត មិនបៀតបៀនជនដទៃក្នុងលោក ការនោះប្រសើរជាងរាជសម្បត្តិទៅទៀត។
[៥៦៨] (មហាជន និយាយថា) ព្រះចន្ទមានកំឡាំង ព្រះអាទិត្យមានកំឡាំង ពួកសមណព្រាហ្មណ៍មានកំឡាំង ច្រាំងសមុទ្រមានកំឡាំង ឯពួកស្រី្តមានកំឡាំងលើសលុបជាងកំឡាំង (នោះ ៗ ទៅទៀត)។
[៥៦៩] ដូចជារាជធីតាឈ្មោះចន្ទវតី បានញុំាងឥសីឈ្មោះលោមសកស្សបៈមានតបៈដ៏ខ្ពង់ខ្ពស់ ឲ្យបូជានូវការបូជាឈ្មោះរាជបេយ្យៈ គឺបូជាដោយការសម្លាប់សត្វចិញ្ចឹម ដើម្បីប្រយោជន៍ដល់បិតា។
[៥៧០] (តាបស…) អំពើដែលធ្វើដោយសេចក្តីលោភនោះ ជាអំពើក្តៅក្រហាយ មានកាមជាហេតុ អាត្មានឹងស្វែងរកឫសនៃអំពើនោះ នឹងកាត់នូវរាគៈ ព្រមទាំងចំណង។
[៥៧១] មុខគួរតិះដៀលនូវកាមទាំងឡាយដ៏ច្រើនក្រៃពេកក្នុងលោក បពិត្រព្រះរាជា ការព្យាយាមដុតបំផ្លាញកិលេស ប្រសើរបំផុត ជាងកាមគុណទាំងឡាយ អាត្មានឹងលះបង់កាម ហើយធ្វើព្យាយាមបំផ្លាញកិលេស ឯដែន និងនាងចន្ទវតី ចូរជារបស់ព្រះអង្គវិញចុះ។
ចប់ លោមសកស្សបជាតក ទី៧។
(៤៣៤. ចក្កវាកជាតកំ (៨))
[៥៧២] (ក្អែកនិយាយនឹងចាក្រពាកថា) ខ្ញុំសូមសួរនូវពួកសត្វបក្សី មានសម្បុរដូចសំពត់ដែលជ្រលក់ដោយទឹកអម្ចត់ ជាសត្វមានចិត្តរីករាយ ត្រាច់ទៅទាំងគូ ៗ ចុះក្នុងពួកកំណើតជាអណ្ឌជៈ និងមនុស្សទាំងឡាយ តើគេសរសើរនូវកំណើតអណ្ឌជៈណា អ្នកចូរពោលនូវហេតុនោះមកមើល។
[៥៧៣] (ចាក្រពាក តបថា) ម្នាលក្អែក ជាសត្វបៀតបៀនមនុស្ស ពួកគេតែងពោលសរសើរយើងជាចាក្រពាកថា ជាសត្វប្រព្រឹត្តសមគួរក្នុងចំណោមនៃមនុស្សទាំងឡាយ ទាំងគេបានសន្មតយើងថា ជាសត្វមានភាពល្អ ក្នុងចំណោមនៃសត្វស្លាបទាំងឡាយ (ពួកយើងមានសភាពជាសត្វឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះឈូក) ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ។
[៥៧៤] (ក្អែក…) ម្នាលចាក្រពាកទាំងឡាយ ជាអ្នកមិនថោកទាប អ្នកទាំងឡាយបរិភោគផ្លែឈើអ្វី ទំពាស៊ីសាច់អ្វី បរិភោគភោជនអ្វីក្នុងស្រះ បានជាកំឡាំង និងសម្បុរ មានសភាពមិនតិច។
[៥៧៥] (ចាក្រពាក…) ម្នាលក្អែក ផ្លែឈើទាំងឡាយ មិនមានក្នុងស្រះទេ ពួកចាក្រពាកបានសាច់បរិភោគអំពីណា ពួកយើងជាអ្នកបរិភោគសារាយ បរិភោគតែទឹកមិនល្អក់ (ពួកយើងមិនធ្វើបាប ព្រោះហេតុតែចំណីឡើយ) ពួកយើងមានសភាពជាអ្នកឥតភ័យ ត្រាច់ទៅផ្សេង ៗ ក្នុងស្រះ។
[៥៧៦] (ក្អែក…) ម្នាលចាក្រពាក ភោជននេះ មិនគាប់ចិត្តយើងទេ ខ្លួនអ្នកមានសភាពប្រហែលនឹងភោជនក្នុងលំនៅនេះ កាលដើម ខ្ញុំមានសេចក្តីត្រិះរិះ (យ៉ាងនេះ) ខាងក្រោយមក ខ្ញុំមានសេចក្តីត្រិះរិះផ្សេង សេចក្តីសង្ស័យរបស់ខ្ញុំ ក៏កើតមានក្នុងហេតុនុ៎ះ ដោយប្រការដូច្នេះឯង។
[៥៧៧] ឯខ្លួនយើង តែងបានបរិភោគសាច់ និងផ្លែឈើទាំងឡាយផង នូវចំណីអាហារដែលលាយអំបិល និងប្រេងទាំងឡាយផង ខ្លួនយើងតែងបានបរិភោគនូវរសក្នុងពួកមនុស្ស ដូចបុគ្គលក្លៀវក្លាបានឈ្នះនូវប្រធាននៃសង្គ្រាម ម្នាលចាក្រពាក ឯសម្បុររបស់ខ្ញុំ មិនដូចជាសម្បុររបស់អ្នកទេ។
[៥៧៨] ឯខ្លួនយើង តែងបានបរិភោគសាច់ និងផ្លែឈើទាំងឡាយផង នូវចំណីអាហារដែលលាយអំបិល និងប្រេងទាំងឡាយផង ខ្លួនយើងតែងបានបរិភោគនូវរសក្នុងពួកមនុស្ស ដូចបុគ្គលក្លៀវក្លាបានឈ្នះនូវប្រធាននៃសង្គ្រាម ម្នាលចាក្រពាក ឯសម្បុររបស់ខ្ញុំ មិនដូចជាសម្បុររបស់អ្នកទេ។
[៥៧៩] (ចាក្រពាក…) អ្នកជាសត្វមានអាហារមិនស្អាត តែងលបឆក់ក្នុងខណៈ (ដែលគេធ្វេសប្រហែល) អ្នកឯង តែងបាននូវចំណីអាហារ និងទឹកផឹកដោយលំបាក ម្នាលក្អែក អ្នកឯង មិនត្រេកអរដោយផ្លែឈើទាំងឡាយ មួយទៀត សាច់ទាំងឡាយណា ដែលមាននៅក្នុងកណ្តាលនៃព្រៃស្មសាន អ្នកមិនត្រេកអរនឹងសាច់នោះឡើយ។
[៥៧៩a] ម្នាលក្អែក បុគ្គលណា ជាអ្នកលបឆក់ ក្នុងខណៈ (ដែលគេធ្វេសប្រហែស) បាននូវភោគៈទាំងឡាយ ដោយអំពើដ៏អាក្រក់ ហើយបរិភោគ ដល់មកខាងក្រោយ អ្នកផងនឹងតិះដៀលបុគ្គលនោះ បុគ្គលដែលត្រូវគេតិះដៀលនោះ រមែងសាបសូន្យ ចាកសម្បុរ និងកំឡាំង។
[៥៨០] បុគ្គលបើទុកជាបរិភោគរបស់ត្រជាក់ (ឥតទោស) សូម្បីតិចតួចតែជាអ្នកមិនបៀតបៀនជនដទៃ ដោយអំពើអាក្រក់ កំឡាំង និងសម្បុរ រមែងកើតមានដល់បុគ្គលនោះ ព្រោះថា សម្បុរទាំងអស់ មិនមែនសុទ្ធតែសម្រេចមកអំពីអាហារទេ។
ចប់ ចក្កវាកជាតក ទី៨។
(៤៣៥. ហលិទ្ទិរាគជាតកំ (៩))
[៥៨១] (នាងកុមារិកា និយាយនឹងតាបសកុមារថា) ការដែលលោកអត់ទ្រាំក្នុងព្រៃ ជាសេនាសនៈដ៏ស្ងាត់ ជាការប្រពៃហើយ តែថាពួកជនណា អត់ទ្រាំនៅក្នុងស្រុក ពួកជននោះ ឈ្មោះថា ប្រសើរលើសលុបជាងលោកទៅទៀត។
[៥៨២] (តាបសកុមារ សួរតាបសពោធិសត្វជាបិតាថា) បពិត្របិតា លុះដល់ខ្ញុំចេញអំពីព្រៃមកកាន់ស្រុក តើគួរសេពគប់បុរសមានសីលដូចមេ្តច មានវត្តដូចម្តេច ខ្ញុំសួរហើយ សូមបិតាប្រាប់ហេតុនោះ។
[៥៨៣] (តាបសពោធិសត្វ…) នែបា បើបុគ្គលណាស្និទ្ធស្នាលនឹងអ្នក ថែមទាំងគាប់ចិត្តនឹងសេចក្តីស្និទ្ធស្នាលរបស់អ្នក ហើយស្តាប់បង្គាប់ និងអត់ទ្រាំ (នូវពាក្យសំដី) អ្នកចេញអំពីព្រៃនេះទៅ ចូរសេពគប់បុគ្គលនោះចុះ។
[៥៨៤] បុគ្គលណាមិនមានអំពើអាក្រក់ ដោយកាយវាចាចិត្ត អ្នកចេញអំពីព្រៃនេះទៅ ចូរតាំងខ្លួនដូចជាកូន ហើយសេពគប់បុគ្គលនោះចុះ។
[៥៨៥] មួយទៀត បុគ្គលណាប្រព្រឹត្តតាមធម៌ ទោះបីកំពុងប្រព្រឹត្ត ក៏មិនប្រកាន់ខ្លួន លុះដល់អ្នកចេញអំពីព្រៃនេះទៅ ចូរសេពគប់នូវបុគ្គលដែលជាអ្នកធ្វើអំពើដ៏បរិសុទ្ធ ប្រកបដោយប្រាជ្ញានោះចុះ។
[៥៨៦] នែបា បុគ្គលណា មានចិត្តដូចជាសំពត់ជ្រលក់រមៀត មានចិត្តដូចស្វា ត្រេកអរហើយ បែរជាមិនត្រេកអរវិញ បើទុកជា (ក្នុងជម្ពូទ្វីបនេះ) មិនមានមនុស្សសោះ អ្នកកុំគប់រកបុរសបែបនោះឡើយ។
[៥៨៧] អ្នកចូរចៀសវាង (បុគ្គលបែបនោះ) អំពីចម្ងាយ ឲ្យដូចបុគ្គលចៀសវាងអាសីពិសដែលក្រោធ ឬចៀសវាងផ្លូវធំ ដែលប្រឡាក់ដោយលាមក ឬដូចបុគ្គលអ្នកទៅដោយយាន ចៀសវាងផ្លូវមិនស្មើ។
[៥៨៨] នែបា អំពើមិនជាប្រយោជន៍ទាំងឡាយ តែងចំរើនដល់បុគ្គលដែលគប់រកបុគ្គលពាល អ្នកកុំគប់រកបុគ្គលពាល ដែលដូចជាសត្រូវសព្វ ៗ កាលឡើយ។
[៥៨៩] នែបា ព្រោះហេតុនោះហើយ បានជាយើងសូមអង្វរអ្នក ចូរអ្នកធ្វើតាមពាក្យយើង ចូរអ្នកកុំគប់រកបុគ្គលពាលឡើយ (ព្រោះ) ការគប់រកនូវបុគ្គលពាលទាំងឡាយ តែងនាំមកនូវសេចក្តីទុក្ខ។
ចប់ ហលិទ្ទរាគជាតក ទី៩។
(៤៣៦. សមុគ្គជាតកំ (១០))
[៥៩០] (តាបសពោធិសត្វ សួរអារក្សទឹកថា) នែអ្នកទាំងឡាយដ៏ចំរើន ចុះអ្នកទាំង ៣ នាក់ មកអំពីទីណា អ្នកមកស្រួលហើយ ចូរមកអង្គុយលើអាសនៈទៅ នែអ្នកដ៏ចំរើន អ្នកមានសេចក្តីសុខស្រួល មិនមានជម្ងឺដម្កាត់ទេឬ ព្រោះយូរណាស់ហើយ អ្នកទាំងឡាយទើបមកក្នុងទីនេះ។
[៥៩១] (ទានវៈ9) តបនឹងតាបសថា) ខ្ញុំមកក្នុងទីនេះតែម្នាក់ឯងទេ ខ្ញុំមិនមានអ្នកណាមួយជាគំរប់ពីរទេ បពិត្រឥសី លោកសំដៅហេតុអ្វី បានជាពោលថា នែអ្នកដ៏ចំរើន ចុះអ្នកទាំង ៣ នាក់មកអំពីទីណា។
[៥៩២] (តាបស..) ខ្លួនអ្នកឯងម្នាក់ផង ភរិយាជាទីស្រឡាញ់របស់អ្នកដែលអ្នកដាក់ក្នុងស្មុគ្រ ហើយលេបចូលទៅក្នុងពោះផង ភរិយានោះ ដែលអ្នករក្សាហើយនៅក្នុងពោះសព្វកាល ត្រេកអរជាមួយនឹង (វិជា្ជធរ) ជាវាយុបុត្ត ក្នុងស្មុគ្រនោះផង។
[៥៩៣] ទានវៈនោះ លុះឥសីព្យាករហើយ ក៏មានសភាពតក់ស្លុត ហើយខ្ជាក់ស្មុគ្រចេញក្នុងទីនោះ ក៏បានឃើញភរិយាមានរូបយ៉ាងស្អាត ទ្រទ្រង់នូវផ្កាកម្រង ត្រេកអរជាមួយនឹងវិជា្ជធរ ជាវាយុបុត្តក្នុងស្មុគ្រនោះ។
[៥៩៤] ព្រះករុណាដែលជាអ្នកប្រព្រឹត្តតបៈដ៏ខ្ពង់ខ្ពស់ បានឃើញហេតុត្រឹមត្រូវមែនហើយ ពួកជនណា ជាបុគ្គលថោកទាប ពួកជននោះ រមែងលុះអំណាចស្ត្រី ដូចខ្ញុំដែលបានរក្សាទុកនូវស្ត្រី ដូចជាជីវិតក្នុងទីនេះ ស្រ្តីនោះ ប្រទូស្តនឹងខ្ញុំ ហើយរីករាយនឹងបុរសដទៃវិញ។
[៥៩៥] ខ្ញុំបានទំនុកបម្រុងស្ត្រីនោះ ទាំងយប់ទាំងថ្ងៃ ដូចជាភ្លើងដែលលោកមានតបៈ នៅក្នុងព្រៃបូជាហើយ ស្ត្រីនោះ ប្រព្រឹត្តកន្លងធម៌ ហើយប្រព្រឹត្តអធម៌វិញ ការស្និទ្ធស្នាលជាមួយនឹងពួកស្ត្រី ជាសភាពមិនគួរធ្វើសោះឡើយ។
[៥៩៦] ខ្ញុំសំគាល់ស្ត្រី ដែលជាអសប្បុរស មិនសង្រួមថា (ស្ត្រីនេះ) ឋិតនៅក្នុងកណ្តាលសរីរៈ ស្ត្រីនេះជារបស់អញដូច្នេះ ស្ត្រីនោះ ប្រព្រឹត្តកន្លងធម៌ ហើយប្រព្រឹត្តអធម៌វិញ ការស្និទ្ធស្នាលជាមួយនឹងពួកស្ត្រី ជាសភាពមិនគួរធ្វើសោះឡើយ។
[៥៩៧] ចុះបុគ្គលគួរទុកចិត្តថា អាត្មាអញបានរក្សាស្ត្រីទុកល្អហើយដូច្នេះដោយបការដូចម្តេចបាន ព្រោះមិនមានវិធីរក្សាទុកនូវពួកស្ត្រី ដែលមានចិត្តរាយមាយនេះបានទេ ដ្បិតពួកស្ត្រីទាំងនុ៎ះ ប្រហែលនឹងអន្លង់ក្នុងបាតសមុទ្រ បុគ្គលតែប្រហែសក្នុងពួកស្ត្រីទាំងនោះហើយ រមែងដល់នូវសេចក្តីវិនាស។
[៥៩៨] ព្រោះហេតុនោះឯង បុគ្គលពួកណា ជាអ្នកប្រព្រឹត្តរលាស់ខ្លួនចេញចាកពួកមាតុគ្រាម បុគ្គលពួកនោះ តែងបានសុខ ប្រាសចាកសេចក្តីសោក បុគ្គលកាលបើប្រាថ្នាសេចក្តីក្សេមដ៏ឧត្តមនុ៎ះ មិនគួរធ្វើនូវសេចក្តីស្និទ្ធស្នាលនឹងពួកមាតុគ្រាមឡើយ។
ចប់ សមុគ្គជាតក ទី១០។
(៤៣៧. បូតិមំសជាតកំ (១១))
[៥៩៩] (មេពពែ និយាយនឹងមេចចកថា) នែសំឡាញ់ ការក្រឡេកមើលនៃចចកឈ្មោះបូតិមំសៈ មិនគាប់ចិត្តយើងទេ បុគ្គលគួរវៀរឲ្យឆ្ងាយ អំពីសំឡាញ់បែបនេះ។
[៦០០] (ចចកឈ្មោះបូតិមំសៈ ពោលតិះដៀលមេចចកជាប្រពន្ធខ្លួនថា) មេចចកឈ្មោះវេណិនេះ ជាសត្វឆ្កួត ពោលសរសើរនូវសំឡាញ់ ប្រាប់ដល់អញជាប្តី ហើយបែរជាសោកស្រណោះ នូវមេពពែដែលទើបនឹងមក ហើយត្រឡប់ថយទៅវិញ។
[៦០១] (មេចចក និយាយតបថា) នែសំឡាញ់ អ្នកឯងទេតើ ជាសត្វឆ្កួតខ្លៅ មិនចេះពិចារណាអ្វីសោះ អ្នកឯងធ្វើពុតជាស្លាប់ ហើយក្រឡេកមើលខុសកាល។
[៦០២] (អភិសម្ពុទ្ធគាថា) អ្នកប្រាជ្ញមិនគប្បីក្រឡេកមើលក្នុងកាលមិនគួរទេ គប្បីក្រឡេកមើលតែក្នុងកាលដ៏គួរ បុគ្គលណា ក្រឡេកមើលក្នុងកាលមិនគួរ បុគ្គលនោះ រមែងសោកស្រណោះ ដូចចចកឈ្មោះបូតិមំសៈ។
[៦០៣] (មេចចក និយាយនឹងមេពពែថា) ម្នាលសំឡាញ់ សេចក្តីស្រឡាញ់របស់យើង សូមឲ្យមាននៅដដែល សូមនាងឲ្យរង្វាន់ដល់យើង ប្តីរបស់យើងរស់ដោយខ្លួនឯងវិញហើយ កាលបើខ្ញុំសួរអំពីសេចក្តីស្រឡាញ់ហើយ (គប្បីមកជាមួយនឹងយើង)។
[៦០៤] (មេពពែ…) នែសម្លាញ់ របស់ជាទីស្រឡាញ់ ចូរមានដល់នាងដូចដែលចុះ ឥឡូវយើងឲ្យរង្វាន់ដល់នាងហើយ (តែថា) យើងនឹងមកជាមួយនឹងបរិវារច្រើន (បើដូច្នោះ) នាងចូររៀបភោជនទទួលផង។
[៦០៥] (មេចចក…) បរិវាររបស់នាង ដូចម្តេចទៅ ខ្ញុំនឹងរៀបភោជនចាំទទួលពួកបរិវាររបស់នាង បរិវារនាងទាំងអស់នោះ តើមានឈ្មោះដូចម្តេច យើងសួរ នាងចូរប្រាប់នូវបរិវារនោះ។
[៦០៦] (មេពពែ…) (ឆ្កែ ៤ ពួក) គឺឆ្កែឈ្មោះមាលិយៈ ១ ឆ្កែឈ្មោះចតុរក្ខៈ ១ ឆ្កែឈ្មោះបិង្គិយៈ ១ ឆ្កែឈ្មោះជម្ពុកៈ ១ ឆ្កែបែបនេះ ជាបរិវាររបស់យើង នាងចូររៀបភោជនបម្រុងឆ្កែទាំងនោះចុះ។
[៦០៧] (មេចចក…) កាលបើនាងចេញទៅអំពីផ្ទះ ទ្រព្យរបស់មុខជាវិនាសមិនខាន ចាំយើងប្រាប់សេចក្តីមិនមានរោគដល់សំឡាញ់ នាងចូរនៅក្នុងទីនេះចុះ នាងកុំបាច់ទៅឡើយ។
ចប់ បូតិមំសជាតក ទី១១។
(៤៣៨. ទទ្ទរជាតកំ (១២))
[៦០៨] (រុក្ខទេវតា និយាយនឹងមេទន្សងថា) តាបសណា ដែលនាងបានឲ្យអាហារ ហើយស៊ីកូនតូច ៗ ដែលមិនបានប្រទូស្ត (ដល់ខ្លួន) នាងចូរខាំនូវតាបសនោះនឹងចង្កូម កុំឲ្យតាបសនោះរួច (អំពីដៃ) នាង មានជីវិតតទៅឡើយ។
[៦០៩] (មេទន្សង តបនឹងទេវតាថា) បុរសដែលមានសេចក្តីល្មោភខ្លាំង ដ៏ប្រឡាក់ប្រឡូស ដូចជាកំណាត់សំពត់របស់មេនំ ខ្ញុំរមែងមិនឃើញនូវប្រទេសដ៏គួរ ហើយខាំដោយចង្កូមនោះបានឡើយ។
[៦១០] បុគ្គលបើទុកជាឲ្យនូវសម្បត្តិលើផែនដីទាំងអស់ ដល់បុរសអកតញ្ញូ ដែលសំឡឹងឃើញទោសជានិច្ច ក៏នៅតែធ្វើបុរសនោះ ឲ្យត្រេកអរមិនបាន។
[៦១១] (សីហៈ សួរថា) នែអ្នកមានដើមដៃល្អ ចុះដូចម្តេច បានជាអ្នកប្រញាប់ប្រញាល់ត្រឡប់មក ជាមួយនឹងមាណពនេះ អ្នកមានកិច្ចជាប្រយោជន៍ (ដោយមាណពនេះ) ដូចម្តេច ក្នុងទីនេះ ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ។
[៦១២] (ខ្លា…) ទទាណា ដែលជាសំឡាញ់របស់លោក មានសភាពជាសប្បុរស ខ្ញុំថប់តែបុរសនេះ សម្លាប់ទទានោះ ក្នុងថ្ងៃនេះឯង ខ្ញុំឆ្លាប់បានឮអំពើរបស់បុរសនេះហើយ ទើបមិនសំគាល់ថា ទទាបានសេចក្តីសុខ ក្នុងថ្ងៃនេះឡើយ។
[៦១៣] (សីហៈ…) អ្នកធ្លាប់បានឮអំពើសម្រាប់ផ្គុំនូវជីវិតឲ្យប្រព្រឹត្តទៅ របស់បុរសនេះ ដូចម្តេច មួយទៀត អ្នកធ្លាប់បានឮនូវពាក្យប្តេជ្ញារបស់បុរសនេះ ដូចម្តេច បានជាអ្នកថប់ ក្រែងតែមាណពនេះសម្លាប់ទទា។
[៦១៤] (ខ្លា…) បុរសនេះធ្លាប់សន្សំ ធ្វើជំនួញក្នុងដែនកលិង្គៈ ទាំងធ្លាប់ដើរទៅមកតាមផ្លូវមានដង្គត់សម្រាប់ចរទៅមកតាមខ្សែផ្តៅ ធ្លាប់សន្សំជាមួយនឹងពួករបាំ និងដាក់បង្កាត់ ធ្លាប់លេងគុណដំបងក្នុងកណ្តាលមហោស្រព។
[៦១៥] បុរសនេះ ធ្លាប់ទាក់ពួកសត្វបក្សី ធា្លប់វាល់ដោយរង្វាល់អាឡ្ហកៈ ធា្លប់ដាក់ខ្នាច់ (ឲ្យអ្នកលេងស្កា) មានកិរិយាជាអ្នកសង្រួម តែប្រព្រឹត្តកន្លងនូវសីល ធ្លាប់ (រកស៊ីសម្លាប់អ្នកទោស) ធ្វើមិនឲ្យឈាមហូរចេញមួយដំណក់ ក្នុងកណ្តាលរាត្រី មានដៃរលាកដោយការទទួលនូវបិណ្ឌបាតដ៏ក្តៅ (ក្នុងកាលដែលខ្លួននៅបួស)។
[៦១៦] ខ្ញុំបានឮនូវអំពើសម្រាប់ផ្គុំជីវិត ឲ្យប្រព្រឹត្តទៅរបស់បុរសនេះ (បែបនេះឯង) នេះដូចជាដុំនៃរោម (ទទានៅលើភ្នួងសក់បុរសនេះ) បុរសនេះ សម្លាប់នូវគោទាំងឡាយបានទៅហើយ ណាក៏មិនហ៊ានសម្លាប់នូវសត្វទទា។
ចប់ ទទ្ទរជាតក ទី១២។
ឧទ្ទាននៃនវកនិបាតនោះគឺ
និយាយអំពីត្មាតដ៏ប្រសើរ ១ ជនស្មើគ្នា ១ ហង្សដ៏ប្រសើរ ១ កំណប់ទ្រព្យ ១ ហរិតចកុមារ ១ អ្នករបាំឈ្មោះបាតលិកៈ ១ បុគ្គលមិនចាស់មិនស្លាប់ ១ ក្អែក ១ ការអត់ទ្រាំ ១ (អ្នកទាំង ៣ នាក់មក) ពីណា ១ ការក្រឡេកមើល ១ ទទា ១ រួមត្រូវជា ១២។
ចប់ នវកនិបាត។
(១០. ទសកនិបាតោ)
(៤៣៩. ចតុទ្វារជាតកំ (១))
[៦១៧] (មិត្តវិន្ទុកៈ សួររុក្ខទេវតាថា) ក្រុងនេះមានទ្វារ ៤ ជាវិការៈនៃដែក មានកំពែងដ៏មាំ ខ្ញុំត្រូវកំពែងព័ទ្ធជាប់ជុំវិញ តើខ្ញុំបានធ្វើបាបអ្វី។
[៦១៨] ទ្វារទាំងអស់បិទជិត ខ្ញុំក៏ជាប់នៅ ដូចជាសត្វស្លាប (ជាប់នៅក្នុងទ្រុង) បពិត្រយក្ខ ហេតុដូចម្តេច ទើបខ្ញុំត្រូវចក្រវិលសង្កិន។
[៦១៩] (រុក្ខទេវតា…) អ្នកបានទ្រព្យជាង ២០ សែន មិនធ្វើតាមពាក្យរបស់ញាតិទាំងឡាយ ដែលជាអ្នកជួយអនុគ្រោះដោយល្អ។
[៦២០] អ្នកស្ទុះលឿនទៅកាន់ទូក ដែលអណែ្តតទៅកាន់សមុទ្រសាគរ ជាទីសម្រេចប្រយោជន៍តិច បាននាងវេមានិកប្រេត ៤ នាក់ នាងវេមានិកប្រេត ៨ នាក់ លុះចេញអំពីវេមានិកប្រេត ៨ នាក់ ក៏បាននាងវេមានិកប្រេត ១៦ នាក់។
[៦២១] អ្នកចេញអំពីនាងវេមានិកប្រេត ១៦ នាក់ ក៏បាននាងវេមានិកប្រេត ៣២ នាក់ អ្នកជាមនុស្សមានសេចក្តីប្រាថ្នាដ៏លើសលុប បានមកប្រទះនឹងចក្រ ទាំងចក្រក៏វិលកិននូវអំបែងក្បាលនៃបុរសដែលមានសេចក្តីប្រាថ្នាគ្របសង្កត់។
[៦២២] សេចក្តីប្រាថ្នា ជាធម្មជាតិដ៏ទូលាយលើសលុប ដែលគេបំពេញបានដោយក្រ ជាផ្លូវដល់នូវសេចក្តីវិបត្តិ ព្រោះសេចក្តីប្រាថ្នា ពួកជនណា ត្រេកអរតាមសេចក្តីប្រាថ្នានោះ ពួកជននោះ រមែងជាអ្នកទ្រទ្រង់នូវចក្រ។
[៦២៣] ពួកជនណា មិនពិចារណានូវផ្លូវនេះ ដូចជាអ្នកលះបង់នូវទ្រព្យច្រើន មិនពិចារណានូវផ្លូវ (ដែលខ្លួនត្រូវដើរទៅ) ពួកជននោះ រមែងជាអ្នកទ្រទ្រង់នូវចក្រ។
[៦២៤] បុគ្គលគប្បីពិចារណានូវកិច្ចការដែលត្រូវធ្វើ និងភោគៈដ៏ច្រើន ហើយមិនគប្បីគប់រកនូវសេចក្តីប្រាថ្នា ដែលមិនប្រកបដោយប្រយោជន៍ ធ្វើតាមពាក្យរបស់ពួកជនអ្នកអនុគ្រោះ ចក្រមិនគប្បីវិលសង្កិនបុគ្គលបែបនោះបាន។
[៦២៥] (មិត្តវិន្ទុកៈ …) បពិត្រយក្ខ ចក្រនឹងឋិតនៅលើក្បាលរបស់ខ្ញុំអស់កាលយូរប៉ុនា្មនហ្ន៎ ប៉ុន្មានពាន់ឆ្នាំ ខ្ញុំសួរហើយ សូមលោកប្រាប់ហេតុនោះ។
[៦២៦] (រុក្ខទេវតា…) ម្នាលមិត្តវិន្ទុកៈ អ្នកចូរនឹករលឹកឲ្យក្រៃលែង នឹករលឹកឲ្យខ្ជាប់ ហើយចូរស្តាប់នូវពាក្យយើង ចក្រ (នេះ) វិលកិនក្បាលរបស់អ្នក អ្នកកាលរស់នៅ រមែងមិនទាន់រួចទេ។
ចប់ ចតុទ្វារជាតក ទី១។
(៤៤០. កណ្ហជាតកំ (២))
[៦២៧] (សក្កទេវរាជ ពោលថា) ឱហ្ន៎ បុរសនេះ មានសម្បុរខ្មៅ បរិភោគភោជនខ្មៅ នៅក្នុងភូមិប្រទេសក៏ខ្មៅ មិនជាទីពេញចិត្តរបស់យើងឡើយ។
[៦២៨] (កណ្ហឥសីពោធិសត្វ ពោលថា) ម្នាលសុជម្បតិ មនុស្សមិនឈ្មោះថាខ្មៅ ដោយតបធម៌ទេ ព្រោះថា មនុស្សមានធម៌ជាខ្លឹមខាងក្នុង ឈ្មោះថាជាព្រាហ្មណ៍ ឯបាបកម្មមាននៅក្នុងមនុស្សណា មនុស្សនោះឯង ឈ្មោះថាខ្មៅ។
[៦២៩] (សក្កទេវរាជ…) ពាក្យនោះ អ្នកពោលល្អហើយ ជាសុភាសិតដ៏គួរ លោកប្រាថ្នាក្នុងចិត្តចំពោះពរណាមួយ ខ្ញុំនឹងឲ្យពរ (នោះ) ដល់លោក។
[៦៣០] (កណ្ហឥសី…) បពិត្រសក្កៈជាធំជាងពួកភូតទាំងពួង បើព្រះអង្គនឹងឲ្យពរដល់អាត្មា អាត្មាប្រាថ្នានូវសេចក្តីប្រព្រឹត្តចំពោះខ្លួន គឺការមិនមានកោធៈ ១ មិនមានទោសៈ ១ មិនមានលោភៈ ១ មិនមានស្នេហា ១ សូមព្រះអង្គឲ្យនូវពរ ៤ នេះដល់អាត្មា។
[៦៣១] (សក្កទេវរាជ….) បពិត្រព្រាហ្មណ៍ លោកពិចារណាឃើញច្បាស់នូវទោសដូចម្តេច ក្នុងកោធៈ ទោសៈ លោភៈ និងស្នេហា ខ្ញុំសួរហើយ លោកចូរប្រាប់ហេតុនោះ។
[៦៣២] (កណ្ហឥសី….) សេចក្តីក្រោធ មានប្រមាណតិច រមែងទៅជាច្រើន សេចក្តីក្រោធនោះ ដែលកើតអំពីសេចក្តីមិនអត់ធន់ រមែងចំរើន សេចក្តីក្រោធ ជាហេតុឲ្យជាប់ចំពាក់ ឲ្យមានសេចក្តីចង្អៀតចង្អល់ច្រើន ព្រោះហេតុនោះ អាត្មាមិនពេញចិត្តនឹងសេចក្តីក្រោធឡើយ។
[៦៣៣] វាចារបស់អ្នកប្រកបដោយទោសៈ ជាវាចាអាក្រក់ ការប្រចាប់ (ប្រទាញទៅមក ក៏កើតឡើង) ជាលំដាប់ បន្ទាប់អំពីនោះ ដៃបន្ទាប់អំពីដៃ ដំបងមានដំណើរនៃគ្រឿងសាស្រ្តា ជាទីបំផុត ទោសៈកើតអំពីសេចក្តីក្រោធ ព្រោះហេតុនោះ អាត្មាមិនពេញចិត្តនឹងទោសៈទេ។
[៦៣៤] ការប្លន់ និងអាការកំហែង ការបោកប្រាស់ និងការបញ្ឆោត រមែងប្រាកដ ក្នុងពួកបុគ្គលអ្នកមានសេចក្តីលោភជាធម្មតា ព្រោះហេតុនោះ អាត្មាមិនពេញចិត្តនឹងលោភៈទេ។
[៦៣៥] កិលេសគ្រឿងចាក់ស្រែះ ដែលសេចក្តីស្នេហារួបរឹត ជាកិលេសក្រាស់ កើតអំពីចិត្ត រមែងដេកនៅ (ក្នុងអារម្មណ៍នោះ ៗ) កិលេសទាំងនោះ រមែងធ្វើបុគ្គលឲ្យក្តៅក្រហាយដោយក្រៃលែង ព្រោះហេតុនោះ អាត្មាមិនពេញចិត្តនឹងសេចក្តីស្នេហាទេ។
[៦៣៦] (សក្កៈ …) ពាក្យនោះ លោកពោលល្អហើយ ជាសុភាសិតដ៏គួរ ម្នាលព្រាហ្មណ៍ លោកប្រាថ្នាក្នុងចិត្ត ចំពោះពរណាមួយ ខ្ញុំនឹងឲ្យពរ (នោះ) ដល់លោក។
[៦៣៧] (កណ្ហៈ…) បពិត្រសក្កៈជាធំជាងពួកភូតទាំងពួង បើព្រះអង្គនឹងឲ្យពរដល់អាត្មា ៗ សូមកុំឲ្យអាពាធដ៏ក្លៀវក្លា ធ្វើអន្តរាយកើតឡើងដល់អាត្មា ដែលនៅក្នុងព្រៃតែម្នាក់ឯងជានិច្ចឡើយ។
[៦៣៨] (សក្កៈ …) ពាក្យនោះ លោកពោលល្អហើយ ជាសុភាសិតដ៏គួរ លោកប្រាថ្នាក្នុងចិត្ត ចំពោះពរណាមួយ ម្នាលព្រាហ្មណ៍ យើងនឹងឲ្យពរ (នោះ) ដល់លោក។
[៦៣៩] (កណ្ហៈ…) បពិត្រសក្កៈជាធំជាងពួកភូតទាំងពួង បើព្រះអង្គនឹងឲ្យពរដល់អាត្មា ៗ សូមកុំឲ្យចិត្ត ឬសរីរៈ (របស់អាត្មា) បៀតបៀនចំពោះអ្នកណាមួយ ព្រោះហេតុនៃអាត្មាក្នុងកាលណាឡើយ បពិត្រសក្កៈ សូមព្រះអង្គឲ្យនូវពរនេះ។
ចប់ កណ្ហជាតក ទី២។
(៤៤១. ចតុបោសថិយជាតកំ (៣))
[៦៤០] (ព្រះបាទវរុណនាគរាជ ពោលថា) បុគ្គលណា ជាសប្បុរស មិនធ្វើនូវសេចក្តីក្រោធក្នុងបុគ្គលគួរក្រោធ និងមិនក្រោធ ក្នុងកាលណាមួយ បុគ្គលជាសប្បុរសនោះ បើទុកជាក្រោធ ក៏មិនធ្វើសេចក្តីក្រោធឲ្យប្រាកដ បណ្ឌិតទាំងឡាយ ហៅជននោះឯងថាជាសមណៈក្នុងលោក។
[៦៤១] (ព្រះបាទសុបណ្ណរាជ ពោលថា) ជនណា មានពោះធូរ អត់ទាំ្រនូវសេចក្តីស្រេកឃ្លានបាន ទូន្មាននូវឥន្ទ្រិយ ជាអ្នកមានតបធម៌ មានទឹក និងភោជនល្មមប្រមាណ មិនធ្វើនូវបាប ព្រោះហេតុនៃអាហារឡើយ បណ្ឌិតទាំងឡាយ ហៅជននោះថាជាសមណៈ ក្នុងលោក។
[៦៤២] (សក្កទេវរាជ ពោលថា) ជនណា លះបង់នូវល្បែង (ដោយកាយ និងវាចា) និងសេចក្តីត្រេកអរ (ក្នុងកាមគុណ) ទាំងពួង ទាំងមិនពោលនូវពាក្យលេះលោះតិចតួចក្នុងលោក វៀរចាកហេតុជាទីតាំងនៃការស្អិតស្អាង និងមេថុនធម្ម បណ្ឌិតទាំងឡាយហៅជននោះឯងថាជាសមណៈក្នុងលោក។
[៦៤៣] (ព្រះបាទធនព្ជា័យ ពោលថា) ជនណា កំណត់ដឹង ហើយលះបង់នូវទ្រព្យសម្បត្តិផង លោភៈទាំងពួងផង បណ្ឌិតទាំងឡាយ ហៅជនដែលមានខ្លួនទូន្មាន មានសភាពខ្ជាប់ខ្ជួន មិនមានសេចក្តីប្រកាន់ថាអញ មិនមានសេចក្តីប្រាថ្នានោះឯង ថាជាសមណៈក្នុងលោក។
[៦៤៤] (ព្រះរាជាទាំង ៤ ព្រះអង្គនោះ ត្រាស់សួរថា) ម្នាលអ្នកមានប្រាជ្ញាមិនថោកថយ យើងទាំងឡាយ សូមសួរចំពោះអ្នក ជាអ្នកធ្វើ (នូវហេតុដែលគួរធ្វើ) ការជជែកចំពោះពាក្យទាំងឡាយ កើតមានដល់យើង សូមអ្នកកាត់នូវសេចក្តីងឿងឆ្ងល់ និងសេចក្តីសង្ស័យចេញ ក្នុងថ្ងៃនេះ យើងទាំងអស់គ្នា គប្បីឆ្លងនូវសេចក្តីសង្ស័យនោះ ក្នុងថ្ងៃនេះ។
[៦៤៥] (វិធូរបណ្ឌិតពោធិសត្វ ពោលថា) បណ្ឌិតណា ជាអ្នកយល់សេចក្តី បណ្ឌិតនោះ រមែងពោលដោយឧបាយនៃប្រាជ្ញាក្នុងកាលគួរ ក្នុងពាក្យជជែកនោះ បពិត្រព្រះអង្គជាធំជាងជនទាំងឡាយ ពួកជនអ្នកឈ្លាស គប្បីយល់នូវសេចក្តីនៃពាក្យពោលដែលគេមិនទាន់និយាយ ដោយប្រការដូចម្តេចបាន។
[៦៤៦] ស្តេចនាគ ពោលដូចម្តេច ស្តេចគ្រុឌវេនតេយ្យ ពោលដូចម្តេច ស្តេចគន្ធព្វ (ព្រះឥន្ទ) ពោលដូចម្តេច ស្តេចដ៏ប្រសើររបស់អ្នកដែនកុរុពោលដូចម្តេច។
[៦៤៧] (ព្រះរាជាទាំងឡាយនោះ ឆ្លើយថា) ស្តេចនាគ ពោលចំពោះខន្តិធម៌តែម្យ៉ាង សេ្តចគ្រុឌវេនតេយ្យ ពោលចំពោះអាហារតិច ស្តេចគន្ធព្វ ពោលចំពោះការលះបង់សេចក្តីត្រេកអរ ស្តេចដ៏ប្រសើររបស់អ្នកដែនកុរុ ពោលចំពោះការមិនមានកង្វល់។
[៦៤៨] (ព្រះពោធិសត្វ ពោលថា) ពាក្យទាំងអស់នេះ ជាសុភាសិត ពាក្យជាទុពា្ភសិត សូម្បីបន្តិចបន្តួច ក៏មិនមានក្នុងប្រស្នានេះទេ ម្យ៉ាងទៀត ពាក្យទាំងនេះ តាំងនៅស៊ប់ ប្រជុំចុះដោយល្អក្នុងបុគ្គលណា ដូចជាកាំរទេះដែលគេបញ្ចុះស៊ប់ក្នុងដុំ បណ្ឌិតទាំងឡាយ ហៅបុគ្គលដែលព្រមព្រៀងដោយធម៌ ៤ យ៉ាងនោះឯង ថាជាសមណៈក្នុងលោក។
[៦៤៩] (ព្រះរាជាទាំង ៤ ព្រះអង្គ…) អ្នកជាបុគ្គលប្រសើរ អ្នកជាបុគ្គលមិនមានអ្នកណាវិសេសជាង អ្នកជាបុគ្គលដល់នូវត្រើយនៃធម៌ ចេះដឹងនូវធម៌ មានយោបល់ដ៏ល្អ កំណត់ដឹងនូវប្រស្នាដោយប្រាជ្ញា អ្នកជាអ្នកប្រាជ្ញ បានផ្តាច់សេចក្តីសង្ស័យចេញហើយ អ្នកបានកាត់នូវសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ដូចជាគេកាត់នូវភ្លុកនៃដំរីដោយរណារ។
[៦៥០] (សក្កទេវរាជ…) បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះនូវប្រស្នា ហើយជូនសំពត់នេះ មានពន្លឺដូចផ្កាឧប្បលខៀវ មិនមានមន្ទិល ជាសំពត់កាត់ថ្លៃមិនបាន មានពណ៌ស្មើដោយផ្សែង ដើម្បីបូជានូវធម៌របស់អ្នក។
[៦៥១] (សុបណ្ណរាជ…) បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះនូវប្រស្នា ហើយជូននូវកម្រងផ្កាមាសដែលរីកសំពោង ដោយត្របកច្រើនស្រទាប់ ប្រកបដោយលំអងដ៏ប្រដាប់ដោយកែវដ៏ច្រើន ដើម្បីបូជានូវធម៌របស់អ្នក។
[៦៥២] (វរុណនាគរាជ…) បពិត្រអ្នកប្រាជ្ញ ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នា ហើយជូននូវកែវមណី ដែលកាត់ថ្លៃមិនបាន ជាកែវដ៏រុងរឿង មានពន្លឺផ្លេក ៗ សម្រាប់ពាក់ឰដ៏ក ដែលស្អិតស្អាងដោយកែវមណី ដើម្បីបូជានូវធម៌របស់អ្នក។
[៦៥៣] (ព្រះរាជា…) ខ្ញុំត្រេកអរនឹងការដោះស្រាយនូវប្រស្នា ហើយជូននូវគោមួយពាន់ ទាំងគោឧសភៈផង ដំរីផង រថ ១០ ដែលទឹមដោយសេះអាជានេយ្យនេះផង ស្រុកសួយ ១៦ ផង ដល់អ្នក។
[៦៥៤] អ្នកទាំងឡាយ ចូរចាំទុកនូវជាតកយ៉ាងនេះថា សេ្តចនាគក្នុងកាលណោះ បានមកជាព្រះសារីបុត្ត សេ្តចគ្រុឌ បានមកជាកោលិតភិក្ខុ (មោគ្គល្លាន) សេ្តចគន្ធព្វ បានមកព្រះអនុរុទ្ធ សេ្តចបានមកជាអានន្ទបណ្ឌិត វិធុរពោធិសត្វ គឺតថាគត។
ចប់ ចតុប្បោសថជាតក ទី៣។
(៤៤២. សង្ខជាតកំ (៤))
[៦៥៥] (អ្នកបំរើ ពោលថា) បពិត្រសង្ខព្រាហ្មណ៍ អ្នកជាពហុស្សូត ធ្លាប់បានស្តាប់ធម៌ ទាំងសមណព្រាហ្មណ៍ អ្នកក៏បានជួបហើយ កាលបើដូច្នេះ (ហេតុអ្វី) ទើបអ្នកសំដែងនូវពាក្យរវើរវាយ ក្នុងកាលមិនមែនជាខណៈ អ្នកណាទៀតហ្ន៎ ជាអ្នកប្រឹក្សាចំពោះអ្នក ក្រៅអំពីខ្ញុំ។
[៦៥៦] (សង្ខព្រាហ្មណ៍ ពោលថា) ទេវធីតា មានមុខល្អ មានរូបល្អ មានមាសពាក់ដោយល្អ កាន់នូវ (ភត្ត) ដោយភាជន៍មាស មានសទ្ធា មានចិត្តរីករាយ និយាយនឹងយើងថា អ្នកចូរបរិភោគនូវភត្តចុះ យើងនិយាយនឹងទេវតានោះថា យើងមិន (បរិភោគ) ទេ។
[៦៥៧] (លំដាប់នោះ អ្នកបម្រើពោលថា) ម្នាលព្រាហ្មណ៍ ធម្មតាបុរសអ្នកប្រាថ្នាសេចក្តីសុខ កាលបានឃើញយក្ខប្រាកដដូច្នោះហើយ គួរណាស់តែសួរ (ឲ្យដឹង) អ្នកចូរក្រោកឡើង ហើយប្រណម្យដៃ សួរយក្ខនោះថា នាងជាទេវធីតា ឬជាមនុស្ស។
[៦៥៨] (សង្ខព្រាហ្មណ៍ពោធិសត្វ ពោលថា) នាងបានគយគន់មើលយើងដោយសេចក្តីសុខ និយាយនឹងយើងថា អ្នកចូរបរិភោគនូវភត្តចុះ ម្នាលនាងនារី អ្នកមានអានុភាពធំ យើងសូមសួរនាង តើនាងជាទេវធីតា ឬជាមនុស្ស។
[៦៥៩] (ទេវធីតា ពោលថា) បពិត្រសង្ខព្រាហ្មណ៍ ខ្ញុំជាទេវធីតាមានអានុភាពធំ មកក្នុងកណ្តាលសាគរនេះ ព្រោះខ្ញុំមានសេចក្តីអនុគ្រោះ មិនមែនមានចិត្តប្រទូស្តទេ ទើបមកក្នុងទីនេះ ដើម្បីប្រយោជន៍ចំពោះអ្នកតែម្យ៉ាង។
[៦៦០] បពិត្រសង្ខព្រាហ្មណ៍ ក្នុងសមុទ្រនេះ មានបាយ ទឹក ទីដេក ទីអង្គុយ និងយានផ្សេង ៗ ជាច្រើន អ្នកមានចិត្តប្រាថ្នាចំពោះរបស់ណាមួយ ខ្ញុំនឹងប្រគល់ឲ្យរបស់ទាំងអស់នោះដល់អ្នក។
[៦៦១] (ព្រះពោធិសត្វ ពោលថា) បពិត្រនាងទេវធីតាមានរាងខ្លួនល្អ មានភ្លៅល្អ មានវង់ចិញ្ចើមល្អ មានអវយវៈពាក់កណ្តាលខ្លួនល្អ ការបូជាធំក្តី បូជាតូចក្តី ណាមួយរបស់ខ្ញុំ នាងជាឥស្សរៈនៃបុញ្ញកម្មរបស់យើងនោះទាំងអស់ នេះជាផលនៃកម្មរបស់ខ្ញុំដូចម្តេច។
[៦៦២] (នាងទេវធីតា ពោលថា) បពិត្រសង្ខព្រាហ្មណ៍ អ្នកបានប្រគេនស្បែកជើងចំពោះភិក្ខុ ១ អង្គ (ព្រះបច្ចេកពុទ្ធ) ដែលមានជើងកំពុងរលាក ស្រេកឃ្លាន លំបាកក្នុងផ្លូវដ៏ក្តៅ ទក្ខិណាទាននោះ ឲ្យនូវសេចក្តីប្រាថ្នាដល់អ្នកក្នុងថ្ងៃនេះ។
[៦៦៣] (ព្រះពោធិសត្វ ពោលថា) សូមឲ្យកើតសំពៅដែលពាសដោយផែនក្តារ ជាសំពៅមិនលិចទឹក ប្រកបដោយក្តោង និងខ្យល់ ព្រោះថា ក្នុងសមុទ្រនេះ មិនមែនជាភូមិនៃយានដទៃឡើយ សូមនាងចម្លងខ្ញុំ ឲ្យដល់នូវក្រុងមោលិនីក្នុងថ្ងៃនេះ។
[៦៦៤] (អភិសម្ពុទ្ធគាថា) ទេវតានោះ មានចិត្តត្រេកអររីករាយសប្បាយ និម្មិតសំពៅដ៏វិចិត្រល្អ ហើយនាំសង្ខព្រាហ្មណ៍ ព្រមទាំងបុរសឧបដ្ឋាក ចូលទៅកាន់ក្រុងជាទីសុខសាន្ត។
ចប់ សង្ខជាតក ទី៤។
(៤៤៣. ចូឡពោធិជាតកំ (៥))
[៦៦៥] (ព្រះរាជាពារាណសី ពោលថា) បើបុគ្គលណា ចាប់យកនាងបរិព្វាជិកា មានភ្នែកទូលាយ ជាទីស្រឡាញ់ មានមុខញញឹមនេះរបស់អ្នក ទៅដោយការកំហែង ម្នាលព្រាហ្មណ៍ តើអ្នកនឹងធ្វើអ្វី (ដល់បុគ្គលនោះ)។
[៦៦៦] (ព្រះពោធិសត្វ ពោលថា) សេចក្តីក្រោធកើតដល់អាត្មា ក៏ចេញមកមិនបាន អាត្មាកាលរស់នៅ ចេញមកមិនបានទេ អាត្មាឃាត់ឆាប់រហ័ស ឲ្យដូចជាភ្លៀងដ៏ធំឃាត់នូវធូលី។
[៦៦៧] (ព្រះរាជា…) ក្នុងកាលពីដើម លោកនិយាយអួត ឥឡូវនេះ ថ្ងៃនេះ លោកនោះដូចអាងកំលាំង នៅស្ងៀមសម្ងំដេរសង្ឃាដិវិញ។
[៦៦៨] (ព្រះមហាសត្វ…) សេចក្តីក្រោធកើតដល់អាត្មា ក៏ចេញមកមិនបាន អាត្មាកាលរស់នៅ ចេញមកមិនបានទេ អាត្មាឃាត់ឆាប់រហ័ស ឲ្យដូចជាភ្លៀងធំឃាត់នូវធូលី។
[៦៦៩] (ព្រះរាជា…) អ្វីកើតឡើងដល់លោក ចេញមកមិនបាន លោកកាលរស់នៅអ្វីចេញមកបាន លោកឃាត់អ្វី ដូចភ្លៀងធំឃាត់នូវធូលី។
[៦៧០] (ព្រះពោធិសត្វ ពោលថា) កាលសភាវៈណាកើតឡើង បុគ្គលមើលមិនឃើញ កាលមិនកើតឡើង ទើបឃើញងាយ សភាវៈនោះ គឺសេចក្តីក្រោធជាអារម្មណ៍របស់បុគ្គលល្ងង់ កើតឡើងដល់អាត្មា ចេញមកមិនបានទេ។
[៦៧១] បុគ្គលទាំងឡាយ ជាសត្រូវ អ្នកស្វែងរកនូវសេចក្តីទុក្ខ រមែងត្រេកអរ ដោយសភាវៈណា ដែលកើតហើយ សភាវៈនោះ គឺសេចក្តីក្រោធ ជាអារម្មណ៍របស់បុគ្គលល្ងង់ កើតឡើងដល់អាត្មា ចេញមកមិនបានទេ។
[៦៧២] កាលសភាវៈណាកើតឡើង បុគ្គលរមែងមិនយល់នូវប្រយោជន៍របស់ខ្លួន សភាវៈនោះ គឺសេចក្តីក្រោធ ជាអារម្មណ៍របស់បុគ្គលល្ងង់ កើតឡើងដល់អាត្មាមិនបានទេ។
[៦៧៣] បពិត្រមហារាជ បុគ្គលត្រូវសេចក្តីក្រោធណាគ្របសង្កត់ហើយ រមែងលះបង់នូវកុសលផង ធ្វើប្រយោជន៍ដ៏ធំទូលាយឲ្យសាបសូន្យផង សេចក្តីក្រោធនោះ មានសេនា គឺកិលេសដែលគួរខ្លាច មានកំឡាំងអាចញាំញីសត្វបាន សេចក្តីក្រោធចេញពីអាត្មាមិនបានទេ។
[៦៧៤] ធម្មតាភ្លើង រមែងកើតក្នុងឈើដែលពួត ភ្លើងនោះ កើតអំពីឈើណា ឆេះនូវឈើនោះវិញ។
[៦៧៥] កាលបុរសល្ងង់ខ្លៅ អាប់ឥតប្រាជ្ញា មិនចេះដឹងយ៉ាងនេះ សេចក្តីក្រោធ រមែងកើតអំពីការប្រណាំងប្រជែង បុរសនោះ រមែងត្រូវភ្លើង គឺសេចក្តីក្រោធនោះឆាបឆេះ។
[៦៧៦] សេចក្ដីក្រោធរបស់បុគ្គលណា ចម្រើនឡើង ដូចភ្លើងកាលចម្រើនឡើង ក្នុងគំនរស្មៅ និងឈើ យសរបស់បុគ្គលនោះ រមែងសាបសូន្យ ដូចព្រះចន្ទ្រក្នុងកាឡបក្ខ។
[៦៧៧] សេចក្តីក្រោធរបស់បុគ្គលណា ស្ងប់រម្ងាប់ ដូចភ្លើងមិនមានកំញ៉ម យសរបស់បុគ្គលនោះ រមែងបរិបូណ៌ ដូចព្រះចន្ទ្រក្នុងសុក្កបក្ខ។
ចប់ ចុល្លពោធិជាតក ទី៥។
(៤៤៤. កណ្ហទីបាយនជាតកំ (៦))
[៦៧៨] (កណ្ហទីបាយនតាបស ធ្វើសច្ចកិរិយាថា) យើងមានចិត្តជ្រះថ្លា ត្រូវការដោយបុណ្យ បានប្រព្រឹត្តព្រហ្មចរិយៈអស់ ៧ ថ្ងៃគត់ មួយទៀត ព្រហ្មចរិយៈណា លើសទៅទៀត ដែលយើងបានប្រព្រឹត្តហើយ ព្រហ្មចរិយៈនេះ ជារបស់នៃយើង យើងជាអ្នកមិនប្រាថ្នា (ចំពោះបព្វជា្ជ) អស់ជាង ៥០ ឆ្នាំមកហើយ តែឥឡូវនេះ យើងខំប្រព្រឹត្តព្រហ្មចរិយៈ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន (ដល់យញ្ញទត្តកុមារ) ពិសចូរសាបរលាបបាត់ទៅ យញ្ញទត្តកុមារ ចូររស់ឡើង។
[៦៧៩] (បិតាយញ្ញទត្តកុមារ ធ្វើសច្ចកិរិយាថា) ក្នុងកាលខ្លះ ខ្ញុំឃើញភ្ញៀវក្នុងវេលាដែលមកដល់លំនៅ ក៏មិនត្រេកអរនឹងឲ្យទានទេ តែខ្ញុំមិនឲ្យពួកសមណព្រាហ្មណ៍ ទោះជាពហុស្សូត បានដឹងថា ខ្ញុំមិនស្រឡាញ់ទេ មួយទៀត ខ្ញុំទោះបីមិនប្រាថ្នា (ក្នុងទាន) ក៏នៅតែឲ្យ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន (ដល់យញ្ញទត្តកុមារ) ពិសចូរសាបរលាបបាត់ទៅ សូមយញ្ញទត្តកុមាររស់ឡើង។
[៦៨០] (មាតាយញ្ញទត្តកុមារ ពោលថា) ម្នាលកូន អាសីរពិសណា មានតេជះច្រើន បានលូនចេញពីរន្ធមកចឹកអ្នកក្នុងថ្ងៃនេះ ខ្ញុំនិងបិតាអ្នក មិនមានសេចក្តីប្លែកគ្នាណាមួយ ក្នុងអាសីរពិសនោះទេ (ព្រោះជាអ្នកមិនស្រឡាញ់អាសីរពិសដូចគ្នា) ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន ពិសចូរសាបរលាបបាត់ទៅ សូមយញ្ញទត្តកុមាររស់ឡើង។
[៦៨១] (នាយមណ្ឌព្យៈជាសំឡាញ់ សួរថា) ពួកជនណាបួស ជាអ្នកស្ងប់រម្ងាប់ ទូន្មានឥន្ទ្រិយ ពួកជននោះ ប្រាកដជាអ្នកប្រាថ្នា (នឹងបួស) មែន វៀរលែងតែកណ្ហទីបាយនតាបសចេញ បពិត្រទីបាយនតាបស លោកស្អប់ខ្ពើមអ្វី បានជាមិនចង់បួស ហើយទ្រាំប្រព្រឹត្តព្រហ្មចារ្យទៅវិញ។
[៦៨២] (ទីបាយនតាបស ពោលថា) បុគ្គលណាចេញ (ចាកផ្ទះបួស) ដោយសទ្ធា ហើយត្រឡប់មក (កាន់ផ្ទះ) វិញ បុគ្គលនោះឯង ឈ្មោះថា ជាមនុស្សល្ងីល្ងើ មិននឹងនួន យើងស្អប់ខ្ពើមវាទៈនេះ (សូម្បី) ជាអ្នកមិនប្រាថ្នា (បួស) ក៏ទាំ្រប្រព្រឹត្តព្រហ្មចារ្យ ដែលវិញ្ញូជនសរសើរផង ជាឋានៈរបស់ពួកសប្បុរសផង យើងជាអ្នកធ្វើនូវបុណ្យយ៉ាងនេះ។
[៦៨៣] ចំណែកអ្នក បានញុំាងពួកសមណព្រាហ្មណ៍ និងអ្នកដំណើរឲ្យឆ្អែតស្កប់ស្កល់ដោយបាយ ទឹក និងភិក្ខាហារ ឯផ្ទះរបស់អ្នកនេះ មានភិក្ខាហារ (ដ៏សម្បូណ៌) ដូចជាស្រះសម្រាប់ជនចុះផឹក កាលបើដូច្នេះទេ ចុះអ្នកស្អប់ខ្ពើមពាក្យអ្វី បានជាអ្នកមិនប្រាថ្នានឹងឲ្យទាន តែនៅតែឲ្យនូវទាននេះវិញ។
[៦៨៤] (មណ្ឌព្យៈ…) មាតាបិតា និងជីដូនជីតារបស់ខ្ញុំ ជាអ្នកមានសទា្ធ ជាម្ចាស់នៃទាន ជាអ្នកដឹងនូវពាក្យស្មូម ខ្ញុំប្រព្រឹត្តតាមវត្តរបស់ត្រកូលនោះ ដោយតាំងចិត្តថា អាត្មាអញកុំជាអ្នកមានក្នុងទីបំផុត និងជាអ្នកកាត់នូវវង្សត្រកូល ក្នុងត្រកូលឡើយ អាត្មាអញស្អប់ខ្ពើមចំពោះពាក្យនោះ (ទោះបី) ជាអ្នកមិនមានប្រាថ្នានឹងឲ្យទាន ក៏នៅតែឲ្យនូវទាននេះ។
[៦៨៥] ម្នាលនាងមានសរីរកាយដ៏ល្អ យើងបាននាំនាងមកអំពីត្រកូលនៃញាតិ តាំងពីកាលនាងនៅជាកុមារីក្មេង មានប្រាជា្ញមិនទាន់អង់អាចម្ល៉េះ នាងបំរើអញទាំងមិនចង់ តែមិនឲ្យដឹងថា មិនស្រឡាញ់អញ ម្នាលនាង កាលបើដូច្នេះ ការនៅរួមជាមួយយើង មានសភាពយ៉ាងនេះ តើដោយហេតុដូចម្តេច។
[៦៨៦] (ភរិយា…) យូរណាស់មកហើយ ក្នុងកាលណាក៏ដោយ ការផ្លាស់ប្តូរប្តី មិនមានក្នុងត្រកូលនេះទេ ខ្ញុំប្រព្រឹត្តតាមវត្តរបស់ត្រកូលនោះ ដោយតាំងចិត្តថា អាត្មាអញ កុំជាអ្នកមានក្នុងទីបំផុត និងជាអ្នកកាត់នូវវង្សត្រកូលក្នុងត្រកូលឡើយ ខ្ញុំស្អប់ខ្ពើមពាក្យនេះ ទោះបីជាអ្នកមិនមានប្រាថា្ននឹងបំរើ ក៏ប្រព្រឹត្តបំរើមិនដាច់ចំពោះអ្នក។
[៦៨៧] បពិត្រមណ្ឌព្យៈ ខ្ញុំនិយាយនូវពាក្យដែលមិនគួរនិយាយ សូមអ្នកអត់ទោសចំពោះពាក្យនោះដល់ខ្ញុំក្នុងថ្ងៃនេះ ព្រោះហេតុនៃកូន ចុះរបស់ណាមួយឯទៀត ក្នុងលោកនេះ រមែងមិនមានជាងសេចក្តីស្រឡាញ់ក្នុងកូនឡើយ យញ្ញទត្តកុមាររបស់យើងនេះរស់វិញ។
ចប់ មណ្ឌព្យជាតក ទី៦។
(៤៤៥. និគ្រោធជាតកំ (៧))
[៦៨៨] (បោតិកបុរស ពោលថា) បពិត្រនិគ្រោធ សាខសេនាបតី បាននិយាយថា អញមិនស្គាល់អ្នកនុ៎ះទេ អ្នកនេះជាអ្វី ឬជាអ្នកបម្រើរបស់អ្នកណា (ដូច្នេះ) យ៉ាងណា តើព្រះអង្គទ្រង់យល់យ៉ាងនោះ ដែរឬ។
[៦៨៩] កាលនោះ ពួកបុរសអ្នកធ្វើតាមពាក្យសាខបុរស ក៏ទះតប់មាត់ បណ្តេញខ្ញុំព្រះអង្គ ដោយការអូសកចេញ។
[៦៩០] បពិត្រព្រះអង្គជាធំជាងជន អំពើមិនប្រសើរប្រាកដដូច្នេះ សាខៈជាសំឡាញ់របស់ព្រះអង្គ ជាមនុស្សមានគំនិតអាក្រក់ ជាអកតញ្ញូ ទ្រុស្តមិត្រ បានធ្វើហើយ។
[៦៩១] (ព្រះបាទនិគ្រោធ…) ម្នាលសំឡាញ់ អ្នកប្រាប់នូវការទង់ទាញណា ដែលសាខៈធ្វើហើយដល់ខ្ញុំ ខ្ញុំមិនដឹងនូវដំណើរនុ៎ះទេ ទាំងអ្នកណាមួយ ក៏មិនបានប្រាប់ដល់ខ្ញុំដែរ។
[៦៩២] អ្នកបានធ្វើនូវការចិញ្ចឹមជីវិតងាយ ដល់សំឡាញ់ទាំង ២ នាក់ គឺខ្ញុំ និងសាខៈ ជាអ្នកឲ្យឥស្សរិយយស គឺភាពជាធំក្នុងមនុស្សដល់យើង យើងបានសេចក្តីសំរេច ក៏ព្រោះអ្នក សេចក្តីសង្ស័យក្នុងហេតុនុ៎ះ មិនមានដល់ខ្ញុំទេ។
[៦៩៣] ពូជ (ដែលដាក់) ក្នុងភ្លើង រមែងឆេះ មិនដុះយ៉ាងណាមិញ ឧបការគុណដែលបុគ្គលធ្វើហើយ ក្នុងអសប្បុរស រមែងវិនាស មិនលូតលាស់យ៉ាងនោះដែរ។
[៦៩៤] ឧបការគុណដែលបុគ្គលធ្វើហើយ ក្នុងបុរសជាកតញ្ញូ មានសីលធម៌ មានសេចក្តីប្រព្រឹត្តប្រសើរនោះ រមែងមិនវិនាសទេ ដូចពូជ (ដែលព្រោះ) ក្នុងស្រែល្អ។
[៦៩៥] រាជបុរសទាំងឡាយ ចូរយកលំពែងសម្លាប់នូវសាខៈនេះ ជាមនុស្សលាមក របិញរបុញ មានគំនិតជាអសប្បុរសចុះ យើងមិនប្រាថា្នឲ្យវារស់នៅទេ។
[៦៩៦] (បោតិកៈ…) បពិត្រមហារាជ សូមព្រះអង្គអត់ទោស ចំពោះបុរសនេះ (ព្រោះថា) ជីវិត (របស់សត្វដែលស្លាប់ហើយ) មិនអាចនាំត្រឡប់មកវិញបានទេ បពិត្រព្រះសម្មតិទេព សូមព្រះអង្គអត់ទោសដល់អសប្បុរស ខ្ញុំព្រះអង្គមិនប្រាថ្នាការសម្លាប់បុរសនេះទេ។
[៦៩៧] បុគ្គលគប្បីសេពគប់នូវសេ្តចនិគ្រោធប៉ុណ្ណោះ កុំនៅជាមួយសាខៈឡើយ សេចក្តីស្លាប់ ក្នុងសំណាក់ស្តេចនិគ្រោធប្រសើរជាង ឯការរស់នៅក្នុងសំណាក់សាខៈ ពុំប្រសើរឡើយ។
ចប់ និគ្រោធជាតក ទី៧។
(៤៤៦. តក្កលជាតកំ (៨))
[៦៩៨] (កុមារពោធិសត្វ ពោលថា) បពិត្របិតា ដំឡូងឈាមមាន់ មិនមាន ដំឡូងជា្វ មិនមាន ដំឡូងដៃខ្លា មិនមាន ដំឡូងត្នោត មិនមាន (ក្នុងទីនេះទេ) បិតា មានប្រយោជន៍អ្វី ទើបមកជីករណ្តៅ ក្នុងទីកណ្តាលស្មសាន ក្នុងព្រៃតែម្នាក់ឯង។
[៦៩៩] (បិតា ពោលថា) ម្នាលកូន ជីតារបស់អ្នក មានកំឡាំងថមថយណាស់ហើយ ត្រូវព្យាធិទុក្ខច្រើនយ៉ាងប៉ះពាល់ ថ្ងៃនេះ អញនឹងកប់គាត់ចោលក្នុងរណ្តៅ ព្រោះមិនចង់ឲ្យគាត់រស់នៅទេ។
[៧០០] (កុមារ…) សេចក្តីត្រិះរិះនោះ ជាអំពើដ៏លាមក ដែលបិតាបានហើយ បិតាធ្វើនូវកម្មមិនជាប្រយោជន៍ក្រៃពេក ជាអំពើអាក្រក់ បពិត្របិតា អ្នកកាលបើជរា ចូលគ្របសង្កត់ រមែងបានទទួលនូវកម្មប្រាកដដូច្នេះ អំពីខ្ញុំវិញ សូម្បីខ្ញុំកាលប្រព្រឹត្តតាមវត្តរបស់ត្រកូលនោះ នឹងកប់បិតាក្នុងរណ្តៅវិញ។
[៧០១] (បិតា…) ម្នាលកុមារ អ្នកគ្របសង្កត់ និយាយខ្ទាំងខ្ទប់អញដោយសំដីអាក្រក់ នែកូន អ្នកជាកូនកើតអំពីទ្រូងនៃអញ អនុគ្រោះដោយអំពើមិនមែនជាប្រយោជន៍ដល់អញ។
[៧០២] (កុមារ…) បពិត្របិតា ខ្ញុំមិនមែនអនុគ្រោះលោកដោយឥតប្រយោជន៍ទេ បពិត្របិតា ពិតណាស់ ខ្ញុំអនុគ្រោះដោយប្រយោជន៍ដល់លោកដោយពិត ប៉ុន្តែខ្ញុំមិនគួរដើម្បីនឹងហាមលោក ដែលកំពុងធ្វើកម្មអាក្រក់ដោយហេតុនោះទេ។
[៧០៣] បពិត្រសវិដ្ឋៈ បុគ្គលណា មានធម៌ដ៏លាមក បៀតបៀននូវមាតាបិតា ដែលជាអ្នកមិនប្រទូស្ត បុគ្គលនោះ លុះបែកធ្លាយរាងកាយទៅក្នុងភពខាងមុខ រមែងកើតក្នុងនរក ឥតសង្ស័យ។
[៧០៤] បពិត្រសវិដ្ឋៈ បុគ្គលណា ទំនុកបំរុងមាតាបិតាដោយបាយ និងទឹក បុគ្គលនោះ លុះបែកធ្លាយរាងកាយ ទៅក្នុងភពខាងមុខ រមែងកើតក្នុងសុគតិ ឥតសង្ស័យ។
[៧០៥] (បិតា…) ម្នាលកូន អ្នកមិនមែនអនុគ្រោះដោយឥតប្រយោជន៍ដល់យើងទេ ម្នាលកូន អ្នកអនុគ្រោះដោយប្រយោជន៍ដល់យើងពិត ចំណែកខាងយើង ត្រូវមាតារបស់អ្នកប្រើ ទើបមកធ្វើនូវកម្មអាក្រក់ប្រាកដដូច្នេះ។
[៧០៦] (កុមារ…) ស្ត្រីណា ជាភរិយារបស់បិតា មានសភាពមិនប្រសើរ ស្ត្រីនោះ ជាមាតាបង្កើតរបស់ខ្លួនខ្ញុំ បិតាគប្បីបណ្តេញមាតានោះ ចេញចាកផ្ទះរបស់ខ្លួន ព្រោះថា មាតានោះ គង់នឹងនាំទុក្ខឯទៀតមកឲ្យបិតាមិនខាន។
[៧០៧] ស្ត្រីណា ជាភរិយារបស់បិតា មានសភាពមិនប្រសើរ ស្ត្រីនោះ ជាមាតាបង្កើតរបស់ខ្លួនខ្ញុំ មាតាមានធម៌ដ៏លាមកនោះ បានទូន្មានខ្លួន ចុះអំណាច ដូចជាមេដំរី ចូលត្រឡប់មក (កាន់ផ្ទះ) វិញ។
ចប់ តក្កលជាតក ទី៨។
(៤៤៧. មហាធម្មបាលជាតកំ (៩))
[៧០៨] (អាចារ្យ សួរថា) អ្វីជាវត្តរបស់អ្នក អ្វីជាព្រហ្មចរិយៈរបស់អ្នក នេះជាផលសុចរិតធម៌ដូចម្តេច ដែលអ្នកសន្សំល្អហើយ ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ ព្រោះហេតុអ្វី ទើបពួកជននៅក្មេង (ក្នុងត្រកូល) របស់អ្នក មិនស្លាប់។
[៧០៩] (បិតារបស់ធម្មបាល តបថា) ពួកយើងប្រព្រឹត្តធម៌ មិននិយាយកុហក វៀរនូវអំពើដ៏លាមក វៀរនូវអំពើមិនប្រសើរគ្រប់យ៉ាង ព្រោះហេតុនោះឯង ទើបពួកជននៅក្មេង (ក្នុងត្រកូល) របស់ពួកយើងមិនស្លាប់។
[៧១០] ពួកយើងស្តាប់ធម៌របស់អសប្បុរសផង សប្បុរសផង ប៉ុន្តែពួកយើង មិនពេញចិត្តនឹងធម៌របស់ពួកអសប្បុរសទេ ពួកយើងលះបង់អសប្បុរស មិនលះបង់សប្បុរសទេ ព្រោះហេតុនោះឯង ទើបពួកជននៅក្មេង (ក្នុងត្រកូល) របស់ពួកយើងមិនស្លាប់។
[៧១១] ពួកយើង មានចិត្តល្អក្នុងកាលមុនឲ្យ កាលកំពុងឲ្យ ក៏មានចិត្តត្រេកអរ លុះឲ្យហើយ មិនក្តៅក្រហាយក្រោយ ព្រោះហេតុនោះឯង ទើបពួកជននៅក្មេង (ក្នុងត្រកូល) របស់ពួកយើងមិនស្លាប់។
[៧១២] ពួកយើង បានញុំាងពួកសមណព្រាហ្មណ៍ អ្នកដំណើរ ស្មូម យាចក និងអ្នកកំសត់ ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក ព្រោះហេតុនោះឯង ទើបពួកជននៅក្មេង (ក្នុងត្រកូល) របស់យើងមិនស្លាប់។
[៧១៣] ពួកយើង មិនប្រព្រឹត្តកន្លងចិត្តភរិយាទេ ទាំងពួកភរិយា ក៏មិនប្រព្រឹត្តកន្លងចិត្តយើង ពួកយើងប្រព្រឹត្តនូវព្រហ្មចរិយធម៌ លើកលែងតែភរិយាទាំងនោះចេញ ព្រោះហេតុនោះឯង ទើបពួកជននៅក្មេង (ក្នុងត្រកូល) របស់ពួកយើងមិនស្លាប់។
[៧១៤] យើងទាំងអស់គ្នា វៀរចាកបាណាតិបាត វៀរចាកអទិន្នាទានក្នុងលោក មិនផឹកទឹកស្រវឹង មិននិយាយពាក្យកុហក ព្រោះហេតុនោះឯង ទើបពួកជននៅក្មេង (ក្នុងត្រកូល) របស់ពួកយើងមិនស្លាប់។
[៧១៥] កូនទាំងឡាយ (របស់យើង) កើតក្នុងពួកស្ត្រីដ៏ឧត្តម រមែងជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រើន ជាពហុស្សូត ដឹងនូវវេទ ព្រោះហេតុនោះឯង ទើបពួកជននៅក្មេង (ក្នុងត្រកូល) របស់យើងមិនស្លាប់។
[៧១៦] មាតាបិតា បងប្អូនស្ត្រី បងប្អូនប្រុស កូន ប្រពន្ធ និងយើងគ្រប់គ្នា ប្រព្រឹត្តធម៌ ដើម្បីជាប្រយោជន៍ក្នុងលោកខាងមុខ ព្រោះហេតុនោះឯង ទើបពួកជននៅក្មេង (ក្នុងត្រកូល) របស់ពួកយើងមិនស្លាប់។
[៧១៧] ពួកខ្ញុំប្រុស ពួកខ្ញុំស្ត្រី អ្នកចិញ្ចឹមជីវិតដោយសារ អ្នកបម្រើ និងអ្នកធ្វើនូវការងារទាំងអស់ ប្រព្រឹត្តធម៌ ដើម្បីប្រយោជន៍ក្នុងលោកខាងមុខ ព្រោះហេតុនោះឯង ទើបពួកជននៅក្មេង (ក្នុងត្រកូល) របស់យើងមិនស្លាប់។
[៧១៨] ធម៌ រមែងរក្សាអ្នកប្រព្រឹត្តធម៌ដោយពិត ធម៌ដែលសន្សំល្អហើយ រមែងនាំសុខមកឲ្យ នេះជាអានិសង្សក្នុងធម៌ដែលសន្សំល្អហើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងមិនទៅកាន់ទុគ្គតិ។
[៧១៩] ធម៌ រមែងរក្សាអ្នកប្រព្រឹត្តធម៌ដោយពិត ដូចឆត្រធំ (ការពារ) ក្នុងកាលដែលភ្លៀង ធម្មបាលជាបុត្ររបស់យើង ធម៌គ្រប់គ្រងហើយ ឆ្អឹង (ដែលអ្នកនាំមកនេះ) ជាឆ្អឹងសត្វដទៃ កុមារ (ជាបុត្ររបស់យើង) មានសេចក្តីសុខនៅឡើយ។
ចប់ មហាធម្មបាលជាតក ទី៩។
(៤៤៨. កុក្កុដជាតកំ (១០))
[៧២០] (មាន់ពោធិសត្វ ពោលថា) បុគ្គលមិនគប្បីស្និទ្ធស្នាលនឹងបុគ្គលដែលធ្វើបាបម្តងហើយ មិនគប្បីស្និទ្ធស្នាលនឹងបុគ្គលដែលពោលពាក្យលេះលោះ មិនគប្បីស្និទ្ធស្នាលនឹងបុគ្គលដែលមានប្រាជ្ញាគិតតែប្រយោជន៍ខ្លួន មិនគប្បីស្និទ្ធស្នាលនឹងបុគ្គល (មានពុតត្បុត) ដែលធ្វើហាក់ដូចជាស្ងប់ស្ងាត់ក្រៃលែង។
[៧២១] បុរសពួកខ្លះ ប្រកបដោយជាតិ ហាក់ដូចជាគោស្រេកទឹក ស៊ីនូវមិត្តដោយវាចា តែមិន (សង្គ្រោះដោយការងារ)។
[៧២២] បុរសពួកខ្លះ ផ្គងអព្ជាលីទទេឡើង ហើយបិទបាំងដោយវាចាជាមនុស្សស្រាយ កតញ្ញុតាធម៌ មិនមានក្នុងបុគ្គលណា សប្បុរសមិនគប្បីចូលទៅជិតនូវបុគ្គលនោះទេ។
[៧២៣] បុគ្គលមិនគប្បីស្និទ្ធស្នាលនឹងស្ត្រី ឬបុរសដែលមានចិត្តប្រែប្រួល (អ្នកណា) ធ្វើនូវសេចក្តីស្និទ្ធស្នាលឲ្យច្បាស់ដោយអំពើផ្សេង ៗ (ហើយធ្វើនូវសេចក្តីអន្តរាយ ក្នុងកាលខាងក្រោយ) បុគ្គលមិនគប្បីស្និទ្នស្នាលនឹងបុគ្គលបែបនោះទេ។
[៧២៤] អ្នកដែលលោ្មភនឹងអំពើមិនប្រសើរ មានវាចាមិនខ្ជាប់ខ្ជួន បៀតបៀននូវជនទាំងពួង ដូចជាដាវដែលសំលៀង ហើយបិទបាំងទុក បុគ្គលមិនគប្បីស្និទ្ធស្នាលនឹងបុគ្គលបែបនោះទេ។
[៧២៥] បុគ្គលពួកខ្លះ ក្នុងលោកនេះ ចូលទៅជិតដោយឧបាយផ្សេង ៗ គឺដោយអំណាច ធ្វើហាក់ដូចជាមិត្ត (ដ៏ស្និទ្ធ) មានពាក្យដ៏ស្អាតផូរផង់ តែមិនមានចិត្ត (ស្អាតល្អ) បុគ្គលមិនគប្បីស្និទ្ធស្នាលនឹងបុគ្គលបែបនោះទេ។
[៧២៦] ជនឥតប្រាជ្ញាបែបនោះ ឃើញនូវអាមិសៈ ឬទ្រព្យក្នុងផ្ទះសម្លាញ់ណា រមែងធ្វើនូវសេចក្តីប្រទូស្ត បៀតបៀននូវជននោះ ហើយចៀសចេញទៅ។
[៧២៧] (អភិសម្ពុទ្ធគាថា) សត្រូវច្រើនបិទបាំងដោយសភាពហាក់ដូចជាមិត្តមកគប់រក បុគ្គលគប្បីលះបង់នូវបុរសអាក្រក់នោះចោលចេញ ដូចមាន់លះបង់ខ្លែង។
[៧២៨] បុគ្គលណា មិនឆាប់យល់នូវហេតុដែលកើតឡើង បុគ្គលនោះ រមែងលុះអំណាចសត្រូវ រមែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយ។
[៧២៩] បុគ្គលណា យល់ទាន់នូវហេតុដែលកើតឡើង បុគ្គលនោះ រមែងរួចផុតចាកការបៀតបៀនរបស់សត្រូវ ដូចជាមាន់រួចអំពីខ្លែង។
[៧៣០] ជនមានប្រាជ្ញាវាងវៃង គប្បីវៀរអំពីចម្ងាយ នូវបុគ្គលមិនប្រកបដោយធម៌ ជាអ្នកកំចាត់នូវគុណរបស់បុគ្គលដទៃជានិច្ច ប្រាកដដូចជាអន្ទាក់បញ្ឆោត ដែលគេដាក់ក្នុងព្រៃ ដូចជាមាន់វៀរខ្លែងក្នុងព្រៃឫស្សី។
ចប់ កុក្កុដជាតក ទី១០។
(៤៤៩. មដ្ឋកុណ្ឌលីជាតកំ (១១))
[៧៣១] (ព្រាហ្មណ៍ សួរថា) អ្នកស្អិតស្អាងដោយគ្រឿងប្រដាប់ មានកុណ្ឌលដ៏រលីង ទ្រទ្រង់នូវកម្រងផ្កា ប្រស់ព្រំដោយខ្លឹមចន្ទន៍ក្រហម ផ្គងដៃកន្ទក់កន្ទេញ ក្នុងកណ្តាលនៃព្រៃស្មសាន តើអ្នកដល់នូវសេចក្តីទុក្ខដូចម្តេច។
[៧៣២] (មាណព ឆ្លើយថា) គ្រោងនៃរថ ធ្វើដោយមាស មានរស្មីភ្លឺផ្លេក កើតឡើងហើយដើម្បីខ្ញុំ (បើ) ខ្ញុំមិនបាននូវគូនៃកង់របស់រថនោះទេ ខ្ញុំនឹងលះបង់ជីវិត ព្រោះសេចក្តីទុក្ខនោះ។
[៧៣៣] (ព្រាហ្មណ៍….) អ្នកចូរប្រាប់នូវរថដែលធ្វើដោយមាស ធ្វើដោយកែវមណី ធ្វើដោយទង់ដែង ឬធ្វើដោយប្រាក់ចុះ ខ្ញុំនឹងធ្វើរថ (នោះ) ឲ្យដល់អ្នក ខ្ញុំនឹងញុំាងអ្នក ឲ្យបាននូវគូនៃកង់ (នោះ)។
[៧៣៤] លំដាប់នោះ មាណពប្រាប់ព្រាហ្មណ៍នោះថា ព្រះចន្ទ និងព្រះអាទិត្យ រុងរឿងក្នុងវិថីទាំងពីរ រថរបស់ខ្ញុំដែលធ្វើដោយមាស ទើបសមដោយគូនៃកង់ គឺព្រះចន្ទ និងព្រះអាទិត្យនោះ។
[៧៣៥] (ព្រាហ្មណ៍….) ម្នាលមាណព អ្នកណាបា្រថ្នារបស់ដែលមិនគួរបា្រថ្នា អ្នកនោះចំជាល្ងង់មែន ខ្ញុំសំគាល់ថា អ្នកនឹងស្លាប់ អ្នកពិតជាមិនបាននូវព្រះចន្ទ និងព្រះអាទិត្យឡើយ។
[៧៣៦] (មាណព….) ការចរទៅ និងចរមក (នៃព្រះចន្ទ និងព្រះអាទិត្យទាំងពីរ) ក៏ប្រាកដ វណ្ណធាតុ (រស្មី) ក៏ប្រាកដ វិថីទាំងពីរឰដ៏អាកាសនុ៎ះ ក៏ប្រាកដ ចំណែកខាងជនធ្វើមរណកាល ទៅកាន់លោកខាងមុខហើយ មិនប្រាកដទេ បណ្តាយើងទាំងពីរនាក់ ដែលកំពុងកន្ទក់កន្ទេញ តើអ្នកណាល្ងង់ជាង។
[៧៣៧] (ព្រាហ្មណ៍….) មា្នលមាណព អ្នកនិយាយត្រូវមែន បណ្តាយើងទាំងពីរនាក់ កំពុងកន្ទក់កន្ទេញ ខ្ញុំនឹងឯងជាបុគ្គលល្ងង់ជាង ខ្ញុំប្រាថ្នានូវកូនដែលធ្វើមរណកាល ទៅកាន់លោកខាងមុខ ដូចជាទារក យំទារនូវព្រះចន្ទ។
[៧៣៨] អ្នកបានស្រោចស្រប់នូវខ្ញុំ ដែលភ្លើង គឺសេចក្តីសោកកំពុងឆេះ ឲ្យស្ងប់រម្ងាប់ ញុំាងសេចក្តីក្រវល់ក្រវាយទាំងអស់ឲ្យរលត់ ដូចបុគ្គលយកទឹកស្រោចនូវភ្លើង ដែលឆេះនូវឆ្នាំងខ្លាញ់។
[៧៣៩] សរ គឺសេចក្តីសោកណា ដែលអាស្រ័យក្នុងហឫទ័យ សរ គឺសេចក្តីសោកនោះ ខ្ញុំបានដកចេញហើយ ខ្ញុំកាលត្រូវសេចក្តីសោកគ្របសង្កត់ អ្នកបានបន្ទោបង់សេចក្តីសោក ព្រោះបុត្រនោះហើយ។
[៧៤០] ម្នាលមាណព ខ្ញុំនោះ ជាអ្នកមានសរ គឺសេចក្តីសោកដកចេញហើយ ជាអ្នកប្រាសចាកសេចក្តីសោក មានចិត្តមិនល្អក់ ម្នាលមាណព ខ្ញុំលែងសោកស្តាយ លែងយំទួញ ព្រោះបានស្តាប់ពាក្យរបស់អ្នក។
ចប់ មដ្ឋកុណ្ឌលិជាតក ទី១១។
(៤៥០. ពិលារកោសិយជាតកំ (១២))
[៧៤១] (ឥន្ទ្រព្រាហ្មណ៍ ពោលថា) សប្បុរសទាំងឡាយ ទោះបីមិនបានចំអិន តែបើបានភោជនហើយ ក៏ប្រាថ្នាឲ្យដែរ អ្នកកាលចំអិន មិនឲ្យភោជនណា ការមិនឲ្យភោជននោះ មិនសមគួរទេ។
[៧៤២] បុគ្គលមិនឲ្យទាន (ដោយហេតុ ២ យ៉ាង គឺ) សេចក្តីកំណាញ់ ១ សេចក្តីប្រហែស ១ បុគ្គលអ្នកចេះដឹង កាលប្រាថ្នានូវបុណ្យ រមែងឲ្យទាន។
[៧៤៣] (ចន្ទព្រាហ្មណ៍ ពោលថា) បុគ្គលកំណាញ់ ខ្លាចចំពោះសេចក្តីឃា្លន និងការស្រេកណាហើយ រមែងឲ្យទានមិនកើតទេ សេចក្តីឃា្លន និងការស្រេកនោះ ជាភ័យរបស់បុគ្គលអ្នកមិនឲ្យ បុគ្គលកំណាញ់ រមែងខ្លាចអំពីសេចក្តីឃា្លន និងការស្រេកណា សេចក្តីឃា្លន និងការស្រេកនោះ រមែងប៉ះពាល់នូវបុគ្គលពាលនោះឯង ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។
[៧៤៤] ព្រោះហេតុនោះ បុគ្គលគប្បីបន្ទោបង់នូវសេចក្តីកំណាញ់ចេញ គប្បីគ្របសង្កត់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទាន ព្រោះថាបុណ្យ រមែងបានជាទីពឹង របស់សត្វទាំងឡាយក្នុងលោកខាងមុខ។
[៧៤៥] (សុរិយព្រាហ្មណ៍ ពោលថា) ពួកជនជាសប្បុរស ឲ្យនូវវត្ថុដែលគេឲ្យបានដោយក្រ ធ្វើនូវអំពើដែលគេធ្វើបានដោយក្រ ឯពួកអសប្បុរស រមែងមិនធ្វើតាមឡើយ ធម៌របស់សប្បុរស គឺអសប្បុរសយល់បានដោយក្រ។
[៧៤៦] ព្រោះហេតុនោះ គតិរបស់ពួកសប្បុរស និងអសប្បុរស រមែងបែកផ្សេងគ្នាអំពីលោកនេះ គឺពួកអសប្បុរស រមែងទៅកាន់នរក ពួកសប្បុរស រមែងមានឋានសួគ៌ប្រព្រឹត្តទៅក្នុងខាងមុខ។
[៧៤៧] (មាតលិព្រាហ្មណ៍ ពោលថា) បណ្ឌិតបុរសពួកខ្លះ សូម្បីមានទេយ្យធម៌បន្តិចបន្តួច ក៏រមែងឆ្លៀតឲ្យបាន តែបុរសពួកខ្លះ (សូម្បីបរិបូណ៌) ដោយទេយ្យធម៌ដ៏ច្រើន ក៏ឲ្យមិនបាន ទក្ខិណាទានដែលបុគ្គល (រំលែក) អំពីវត្ថុមានប្រមាណតិចហើយឲ្យ រាប់ស្មើដោយទានមានប្រមាណច្រើន។
[៧៤៨] (បព្ចាសិខព្រាហ្មណ៍ ពោលថា) បុគ្គលណា ប្រព្រឹត្តស្វែងរកអាហារមកចិញ្ចឹមនូវកូន និងប្រពន្ធផង ឲ្យទានសូម្បីបន្តិចបន្តួចផង បុគ្គលនោះ ឈ្មោះថា ប្រព្រឹត្តធម៌ បុគ្គលជាឥស្សរៈទាំងសែននាក់ ជាអ្នកបូជាទាំងពាន់នោះ មិនដល់នូវចំណិតរបស់អ្នកកំសត់ ដែលឲ្យទានដោយធម៌ មានបការៈដូច្នោះឡើយ។
[៧៤៩] (ពិលារកោសិយសេដ្ឋី សួរថា) យញ្ញៈ គឺការបូជានុ៎ះ ជាបូជាដ៏ទូលាយ មានថ្លៃក៏ច្រើន ហេតុអ្វី ទើបមិនដល់នូវថ្លៃនៃទាន ដែលបុគ្គលឲ្យហើយ តាមធម៌ដ៏ត្រឹមត្រូវ ហេតុអ្វី បុគ្គលជាឥស្សរៈទាំងសែននាក់ ជាអ្នកបូជាទាំងពាន់នោះ មិនដល់នូវចំណិតរបស់អ្នកកំសត់ ដែលឲ្យទានដោយធម៌ មានបការៈដូច្នោះ។
[៧៥០] (បព្ចាសិខៈ…) ព្រោះថា បុគ្គលពួកខ្លះ តាំងនៅក្នុងកាយកម្មជាដើម មិនស្មើគ្នា បៀតបៀន សម្លាប់ ឬក៏ធ្វើគេឲ្យសោកសៅ ហើយទើបឲ្យ (នូវទក្ខិណាទាន) ទក្ខិណាទាននោះ ឈ្មោះថា មានមុខជោកដោយទឹកភ្នែក ប្រកបដោយអាជ្ញា រមែងមិនដល់នូវតម្លៃនៃទានដែលបុគ្គលឲ្យដោយធម៌ដ៏ត្រឹមត្រូវទេ បុគ្គលជាឥស្សរៈទាំងសែននាក់ ជាអ្នកបូជាទាំងពាន់នោះ មិនដល់នូវចំណិតរបស់អ្នកកំសត់ ដែលឲ្យទានដោយធម៌ មានបការៈដូច្នោះ។
ចប់ ពិលារកោសិយជាតក ទី១២។
(៤៥១. ចក្កវាកជាតកំ (១៣))
[៧៥១] (ក្អែក សួរថា) ម្នាលចាក្រពាក អ្នកមានសរីរៈដ៏មាំមួន មានសម្បុរ និងរូបដ៏ល្អ មានសម្បុរក្រហមអំពីកំណើត មានរូបដ៏សមរម្យ មានឥន្ទ្រិយ គឺមុខថា្លផូរផង់។
[៧៥២] អ្នកទំនៅឰដ៏ឆ្នេរស្ទឹងគង្គា ប្រហែលជាស៊ីនូវភោជន គឺត្រីក្អែក ត្រីសណ្តាយ ត្រីក្បក ត្រីបា្រ និងត្រីឆ្ពឹនយ៉ាងនេះឬ។
[៧៥៣] (ចាក្រពាក ឆ្លើយថា) ម្នាលសម្លាញ់ ខ្ញុំមិនបរិភោគនូវសាច់របស់សត្វគោក និងសត្វទឹក វៀរលែងតែសារាយ និងចកចេញ វត្ថុដទៃ (ក្រៅអំពីសាច់) ជាភោជនរបស់ខ្ញុំ។
[៧៥៤] (ក្អែក….) ម្នាលសម្លាញ់ ខ្ញុំមិនជឿថា សារាយ និងចកនោះ ជាភោជនរបស់ចាក្រពាកទេ ចំណែកខាងខ្ញុំ បរិភោគអាហារភោជនដែលលាយដោយអំបិល និងប្រេងក្នុងស្រុក។
[៧៥៥] (ខ្ញុំបរិភោគ) នូវបាយ លាយដោយសាច់ដ៏ស្អាត ដែលគេធ្វើក្នុងពួកមនុស្ស ម្នាលចាក្រពាក អ្នកមានសម្បុរយ៉ាងណា ខ្ញុំមិនមានសម្បុរប្រាកដដូច្នោះទេ។
[៧៥៦] (ចាក្រពាក….) អ្នកបៀតបៀននូវពួកមនុស្ស សត្វ ឃើញនូវពៀរក្នុងខ្លួន ស៊ីទាំងតក់ស្លុត ភិតភ័យ ព្រោះហេតុនោះ ទើបពណ៌សម្បុររបស់អ្នកប្រាកដដូច្នោះ។
[៧៥៧] ម្នាលក្អែក អ្នកត្រូវសត្វលោកទាំងពួងខឹង បិណា្ឌហារដែលអ្នកបានមក ដោយអំពើដ៏អាក្រក់ បានជាមិនស្កប់ស្កល់ (ដល់អ្នក) ព្រោះហេតុនោះ ពណ៌សម្បុររបស់អ្នកប្រាកដដូច្នោះ។
[៧៥៨] ម្នាលសម្លាញ់ ខ្លួនខ្ញុំមិនបៀតបៀនពួកសត្វទាំងពួងមកស៊ីទេ ខ្ញុំមានសេចក្តីខ្វល់ខ្វាយតិច ប្រាសចាកសេចក្តីរង្កៀស មិនមានសេចក្តីសោកភ័យអំពីទីណាទេ។
[៧៥៩] អ្នកនោះ ចូរធ្វើនូវអានុភាព គឺសេចក្តីព្យាយាម ចូរផ្លាស់មារយាទចេញ កាលបើអ្នកប្រព្រឹត្តនូវការមិនបៀតបៀនគេ នឹងបានជាទីស្រឡាញ់ (របស់សត្វលោក) ដូចជាខ្ញុំដែរ។
[៧៦០] អ្នកណា មិនបៀតបៀនគេដោយខ្លួនឯង មិនប្រើគេឲ្យបៀតបៀន មិនបំផ្លាញគេដោយខ្លួនឯង មិនប្រើគេឲ្យបំផ្លាញ ជាបុគ្គលមានចំណែកនៃមេត្រីចិត្ត ក្នុងពួកសត្វទាំងពួង ពៀររបស់អ្នកនោះ នឹងមិនមាន មួយអន្លើដោយសត្វណានីមួយឡើយ។
ចប់ ចក្កវាកជាតក ទី១៣។
(៤៥២. ភូរិបញ្ញជាតកំ (១៤))
[៧៦១] (អាមាត្យពួកខាងអាចារ្យសេនកៈ សួរថា) បពិត្រអ្នកមានបញ្ញាក្រាស់ដូចផែនដី សិរី សេចក្តីព្យាយាម និងប្រាជា្ញប្រាកដដូច្នោះ រមែងមិនរក្សានូវអ្នកដែលជាមនុស្សធ្លាក់ចុះ ទៅកាន់អំណាចនៃសេចក្តីមិនចំរើន ព្រោះហេតុតែអ្នកបរិភោគនូវបាយដំណើប មានសម្លតិច តើការណ៍នោះ ពិតមែនឬ។
[៧៦២] (ព្រះមហោសថពោធិសត្វ ពោលថា) ខ្ញុំញុំាងសេចក្តីសុខ (ចាស់របស់ខ្លួន) ឲ្យចំរើនដោយសេចក្តីទុក្ខ ពិនិត្យមើលនូវកាលគួរ និងកាលមិនគួរ ហើយបិទបាំង តាមសេចក្តីពេញចិត្ត (របស់ខ្លួន) បើកនូវទ្វារនៃប្រយោជន៍ ព្រោះហេតុនោះ ទើបត្រេកអរដោយបាយដំណើប។
[៧៦៣] មួយទៀត ខ្ញុំដឹងនូវកាលគួរ ហើយញ៉ាំងប្រយោជន៍ឲ្យចំរើនដោយប្រាជ្ញា (របស់ខ្លួន) ព្រោះសេចក្តីព្យាយាមដ៏ក្លៀវក្លា ដូចសត្វសីហៈធ្វើសេចក្តីព្យាយាមដ៏រឹងប៉ឹង អ្នកគង់នឹងឃើញខ្ញុំម្តងទៀត ដោយឫទ្ធិនោះមិនខាន។
[៧៦៤] (ព្រះរាជា ត្រាស់សួរថា) ជនពួកខ្លះ ជាអ្នកមានសេចក្តីសុខ ទើបមិនធ្វើបាប ជនពួកខ្លះទៀត (មិនធ្វើបាប) ព្រោះខ្លាចអំពីការជាប់ចំពាក់ដោយតំណេះដំនៀល អ្នកជាបុគ្គលអាចមានគំនិតគិតនូវប្រយោជន៍ដ៏ទូលាយបាន ហេតុអ្វី ក៏មិនធ្វើសេចក្តីលំបាកដល់យើង។
[៧៦៥] (ព្រះពោធិសត្វ….) បណ្ឌិតទាំងឡាយ រមែងមិនប្រព្រឹត្តនូវអំពើដ៏លាមក ព្រោះហេតុនៃសេចក្តីសុខផ្ទាល់ខ្លួនទេ ទោះបីត្រូវសេចក្តីទុក្ខប៉ះពាល់ ឬឃា្លតចាក (សម្បត្តិ) ក៏រមែងមិនលះបង់នូវធម៌ ព្រោះសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ឡើយ។
[៧៦៦] (ព្រះរាជា….) បុគ្គលគប្បីលើកតំកើងនូវខ្លួនដ៏ក្រក្សត់ (ឲ្យតាំងនៅក្នុងសម្បត្តិ) ដោយពាក្យសរសើរ ឬដោយពាក្យដ៏ទន់ ឬក៏ដោយពាក្យទ្រគោះណានីមួយ ហើយសឹមប្រព្រឹត្តធម៌ដោយប្រពៃ ក្នុងកាលជាខាងក្រោយ។
[៧៦៧] (ពោធិសត្វ…) បុគ្គលអង្គុយ ឬដេក ក្នុងម្លប់នៃឈើណា មិនត្រូវកាច់នូវមែកនៃឈើនោះទេ ព្រោះបុគ្គលអ្នកទ្រុស្តមិត្ត ជាមនុស្សអាក្រក់។
[៧៦៨] បុរសចេះដឹងនូវធម៌ (អំពីសំណាក់) នៃអាចារ្យណា មួយទៀត សប្បុរសទាំងឡាយណា បន្ទោបង់នូវសេចក្តីសង្ស័យរបស់អ្នកនោះ ការដឹង និងការបន្ទោបង់នោះ ឈ្មោះថា ជាទីពឹង ជាទីប្រព្រឹត្តទៅរបស់បុរសនោះ បុគ្គលអ្នកមានប្រាជ្ញា មិនត្រូវញុំាងមេត្រីចិត្តឲ្យសាបសូន្យអំពីអាចារ្យនោះទេ។
[៧៦៩] គ្រហស្ថអ្នកបរិភោគកាម ខ្ជិលច្រអូស មិនល្អ បព្វជិតមិនសង្រួម មិនល្អ ព្រះរាជាធ្វើការមិនពិចារណា មិនល្អ នរណាជាបណ្ឌិត ច្រើនក្រោធ សេចក្តីក្រោធនោះ មិនល្អ។
[៧៧០] បពិត្រព្រះអង្គជាធំក្នុងទិស ក្សត្រិយ៍គប្បីពិចារណាហើយ សឹមធ្វើ មិនគប្បីមិនបានពិចារណាហើយធ្វើទេ បពិត្រព្រះរាជា យសបរិវារក្តី កេរ្តិ៍ឈ្មោះក្តី រមែងចំរើនដល់ព្រះរាជាអ្នកពិចារណាហើយធ្វើ។
ចប់ ភូរិបញ្ហាជាតក ទី១៤។
(៤៥៣. មហាមង្គលជាតកំ (១៥))
[៧៧១] (តាបសជាសិស្សច្បងរបស់ពោធិសត្វ សួរថា) ក្នុងកាល (ជាទីប្រាថ្នានូវមង្គល) នរជនសែកមន្តដូចម្តេច អាស្រ័យនូវវិជ្ជាដូចម្តេច ឬ (នូវបរិយត្តិ) នៃសូត្រទាំងឡាយដូចម្តេច ជននោះ ទើបឈ្មោះថា គ្រប់គ្រងខ្លួនដោយសួស្តី ក្នុងលោកនេះ និងលោកខាងមុខ។
[៧៧២] (ពោធិសត្វ ពោលថា) ពួកទេវតាក្តី ពួកបិតា (ព្រហ្ម) ទាំងអស់ក្តី ពួកទីឃជាតិក្តី ពួកសត្វទាំងអស់ក្តី ដែលបុគ្គលណាកោតក្រែងដោយមេត្តាចិត្ត អស់កាលជានិច្ច បណ្ឌិតទាំងឡាយ ពោលនូវមេត្តាចិត្តក្នុងពួកសត្វនោះ ថាជាសួស្តីរបស់បុគ្គលនោះដោយពិត។
[៧៧៣] បុគ្គលណា ប្រព្រឹត្តឱនលំទោនចំពោះសត្វលោកទាំងអស់ ជាអ្នកអត់ទ្រាំនូវពាក្យនៃស្រីប្រុស និងក្មេងទាំងឡាយដែលពោលអាក្រក់ ជាអ្នកពោលពាក្យមិនជាទីខ្ពើម បណ្ឌិតទាំងឡាយ ពោលនូវការអត់ទ្រាំនោះ ថាជាសួស្តី (របស់បុគ្គលនោះ)។
[៧៧៤] បុគ្គលណា មានប្រាជ្ញាភ្លឺថ្លា មានបញ្ញាវាងវៃក្នុងកាលដែលកើតឡើងនៃហេតុ មិនមើលងាយនូវសម្លាញ់ និងមិត្ត ដោយសិល្បវិជា្ជ ដោយកុលសម្បត្តិ ដោយទ្រព្យ ដោយជាតិ បណ្ឌិតទាំងឡាយ បានពោលនូវការមិនមើលងាយក្នុងពួកសម្លាញ់នោះ ថាជាសួស្តី (របស់បុគ្គលនោះ)។
[៧៧៥] ពួកជនណា ជាអ្នកមិនពោលបង្ខុស ជាសប្បុរស ជាមិត្តស្និទ្ធស្នាល ជាអ្នកមិនទ្រុស្តមិត្ត ចែករលែកដោយទ្រព្យ បណ្ឌិតទាំងឡាយ បានពោលនូវការស្និទ្ធស្នាល ក្នុងមិត្តទាំងឡាយនោះ ថាជាសួស្តី (របស់ជននោះ)។
[៧៧៦] បុគ្គលណា មានភរិយាមានវ័យប្រហែលគ្នា មានសេចក្តីព្រមព្រៀងគ្នា ជាអ្នកប្រព្រឹត្តតាម ប្រាថ្នាធម៌ ជាស្រីមានកូន មានសីលធម៌ ដោយគួរដល់ត្រកូល មានវត្តដល់ប្តី ពួកបណ្ឌិត បានពោលនូវចរិយានៃភរិយាទាំងឡាយនោះ ថាជាសួស្តី (របស់ស្វាមីនោះ)។
[៧៧៧] ព្រះរាជាជាម្ចាស់របស់សត្វ មានយស តែងជ្រាបនូវសេចក្តីស្អាត និងសេចក្តីព្យាយាមរបស់រាជសេវកាមាត្យណាថា (សេវកាមាត្យនោះ) មិនបែកចិត្ត (អំពីអញ) ជាអ្នកមានចិត្តល្អចំពោះអញ បណ្ឌិតទាំងឡាយ បានពោលនូវសេចក្តីល្អ ក្នុងព្រះរាជាទាំងឡាយនោះ ថាជាសួស្តី (របស់រាជសេវកាមាត្យ)។
[៧៧៨] បុគ្គលណា មានសទ្ធា មានចិត្តជ្រះថ្លា ត្រេកអរ ឲ្យបាយ ទឹក ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាប បណ្ឌិតទាំងឡាយ បានពោលនូវសេចក្តីល្អនោះ ថាជាសួស្តី ក្នុងឋានសួគ៌ទាំងឡាយ (របស់បុគ្គលនោះ)។
[៧៧៩] ពួកបុគ្គលណា ដឹងច្បាស់ដោយញាណ រមែងញុំាងបុគ្គលណា ឲ្យស្អាត ដោយអរិយធម៌ ជាអ្នកត្រេកអរក្នុងការប្រព្រឹត្តិល្អ ជាអ្នករៀនសូត្រច្រើន ជាអ្នកស្វែងរកគុណ ជាអ្នកមានសីល បណ្ឌិតទាំងឡាយ បានពោលនូវសេចក្តីល្អ ក្នុងកណ្តាលនៃព្រះអរហន្តនោះ ថាជាសួស្តី (របស់បុគ្គលនោះ)។
[៧៨០] សួស្តីមង្គលទាំងឡាយនេះឯង វិញ្ញូជនតែងសរសើរ មានសេចក្តីសុខជាកម្រៃក្នុងលោក នរជនអ្នកប្រកបដោយប្រាជ្ញាក្នុងលោកនេះ គប្បីសេពគប់នូវសួស្តី មង្គលទាំងឡាយនោះ វត្ថុណាមួយក្នុងមង្គល (មានទិដ្ឋមង្គលជាដើម) មិនឈ្មោះថាជាសច្ចៈទេ។
ចប់ មហាមង្គលជាតក ទី១៥។
(៤៥៤. ឃដបណ្ឌិតជាតកំ (១៦))
[៧៨១] (អាមាត្យឈ្មោះរោហិនេយ្យ ពោលថា) បពិត្រព្រះអង្គជាកណ្ហាយនគោត្រ សូមព្រះអង្គក្រោកឡើង ព្រះអង្គនៅផ្ទំធ្វើអ្វី ប្រយោជន៍អ្វីរបស់ព្រះអង្គដោយការផ្ទំ ក្សត្រិយ៍ណា ជាព្រះកនិដ្ឋភាតារបស់ខ្លួនព្រះអង្គ (ស្មើដោយ) ហឫទ័យ និងព្រះនេត្រខាងស្តាំ ខ្យល់ចាប់រួមរឹតនូវហឫទ័យរបស់ក្សត្រិយ៍ ជាព្រះកនិដ្ឋភាតានោះ បពិត្រព្រះកេសវៈ ឃតបណ្ឌិត រមែងអំពាវនាវថា (អ្នកទាំងឡាយ ចូរឲ្យទន្សាយដល់យើង)។
[៧៨២] (ព្រះសាស្តា ត្រាស់ថា) ព្រះបាទកេសវៈ ទ្រង់ព្រះសណ្តាប់ពាក្យរបស់អាមាត្យឈ្មោះរោហិនេយ្យនោះហើយ ក៏ទ្រង់ក្រោកឡើង រលះរលាំង ត្រូវសេចក្តីសោកក្នុងព្រះកនិដ្ឋភាតាគ្របសង្កត់។
[៧៨៣] (ព្រះបាទកេសវៈ សួរថា) អ្នកហេតុអ្វី ក៏មានសភាពហាក់ដូចជាឆ្កួត (ត្រាច់ទៅ) កាន់នគរទ្វារវតីទាំងមូលនេះ និយាយរវើរវាយថា ទន្សាយ ៗ អ្នកណាលួចយកទន្សាយរបស់អ្នកទៅឬ។
[៧៨៤] អ្នកប្រាថ្នានូវទន្សាយមាស កែវមណី (លោហៈ) ឬប្រាក់ ឬក៏ទន្សាយធ្វើដោយស័ង្ខ ដោយសិលា ដោយកែវប្រពាឡ យើងនឹងឲ្យគេធ្វើទន្សាយនោះដល់អ្នក (បើអ្នកមិនពេញចិត្តទន្សាយនោះទេ) ទន្សាយឯទៀតក្នុងព្រៃ រកស៊ីក្នុងព្រៃ យើងនឹងឲ្យគេនាំទន្សាយទាំងនោះមកឲ្យអ្នក អ្នកត្រូវការទន្សាយបែបណា (ចូរប្រាប់យើងក្នុងកាលឥឡូវនេះ)។
[៧៨៥] (ឃតបណ្ឌិត ឆ្លើយថា) ពួកទន្សាយណា ដែលអាស្រ័យនៅលើផែនដី ខ្ញុំមិនចង់បានទន្សាយនោះទេ ខ្ញុំចង់បានទន្សាយអំពីដួងព្រះចន្ទ បពិត្រព្រះកេសវៈ សូមព្រះអង្គញុំាងទន្សាយនោះឲ្យចុះមកដើម្បីខ្ញុំ។
[៧៨៦] (ព្រះបាទកេសវៈ ….) អ្នកណាប្រាថ្នានូវរបស់ដែលមិនគួរប្រាថ្នា (ដូចជា) អ្នកប្រាថ្នានូវទន្សាយអំពីដួងព្រះចន្ទ ម្នាលអ្នកជាញាតិ អ្នកនោះ នឹងលះបង់ជីវិត ជាទីស្រឡាញ់ដោយពិត (ក៏មិនបានទន្សាយនោះដែរ)។
[៧៨៧] (ឃតបណ្ឌិត….) បពិត្រព្រះកណ្ហាយនគោត្រ បើព្រះអង្គទ្រង់ជា្របយ៉ាងនោះ ព្រះអង្គទ្រង់ប្រៀនប្រដៅបុគ្គលដទៃ ហេតុអ្វី ព្រះអង្គសោកស្តាយនឹងបុត្រដែលទទួលមរណភាពក្នុងកាលមុន រហូតមកក្នុងថ្ងៃនេះ។
[៧៨៨] របស់ណា ដែលមនុស្ស ឬអមនុស្ស មិនគប្បីបានវិញ ដោយប្រាថ្នាថា (ព្រះអង្គប្រាថ្នានូវរបស់នោះថា) បុត្តរបស់អញកើតហើយ កុំស្លាប់ឡើយ ដូច្នេះ ព្រះអង្គនឹងគប្បីបានរបស់ដែលមិនគប្បីបានអំពីទីណាកើត។ បពិត្រព្រះកណ្ហាយនគោត្រ ព្រះអង្គសោកស្តាយនឹងបុត្តណា ដែលទៅកាន់បរលោកហើយ ព្រះអង្គអាចនាំបុត្តនោះមកវិញដោយមន្ត ដោយថ្នាំ ដែលធ្វើដោយឫសឈើ ដោយឱសថ ឬក៏ដោយទ្រព្យមិនបានឡើយ។
[៧៨៩] (ព្រះបាទកេសវៈ សរសើរថា) ពួកបុរសជាបណ្ឌិតប្រាកដដូច្នោះ ជាអាមាត្យរបស់ព្រះរាជាណា ដូចយ៉ាងអ្នក ជាបណ្ឌិតបុរស ឈ្មោះឃតៈ បានពន្យល់ (ខ្ញុំ) ក្នុងថ្ងៃនេះ (សោករបស់ព្រះរាជានោះ នឹងមានមកពីណា)។ អ្នកបានស្រោចស្រពនូវយើងដែលភ្លើង គឺសេចក្តីសោកកំពុងឆេះ ឲ្យស្ងប់រម្ងាប់ ញុំាងសេចក្តីក្រវល់ក្រវាយទាំងអស់ ឲ្យរលត់ ដូចបុគ្គលយកទឹកស្រោចនូវភ្លើងកំពុងឆេះឆ្នាំងខ្លាញ់។ សរ គឺសេចក្តីសោកណា ដែលអាស្រ័យក្នុងហឫទ័យ សរ គឺសេចក្តីសោកនោះ យើងបានដកចេញហើយ អ្នកឈ្មោះថា បានបន្ទោបង់នូវសេចក្តីសោកព្រោះបុត្តរបស់យើង ដែលត្រូវសេចក្តីសោកគ្របសង្កត់។ ម្នាលមាណព យើងនោះ ជាអ្នកមានសរ គឺសេចក្តីសោកដកចេញហើយ ជាអ្នកប្រាសចាកសេចក្តីសោក ម្នាលមាណព យើងលែងសោកស្តាយ លែងយំទួញ ព្រោះបានស្តាប់នូវពាក្យរបស់អ្នក។
[៧៩០] (ព្រះសម្ពុទ្ធត្រាស់ថា) ពួកជនណា ប្រកបដោយប្រាជ្ញា ជាអ្នកអនុគ្រោះ រមែងធ្វើយ៉ាងនេះ ទើបញុំាងជនឲ្យឃ្លាតចាកសេចក្តីសោក ដូចឃតបណ្ឌិត ញុំាងព្រះជេដ្ឋា (ឲ្យរួចចាកសេចក្តីសោក)។
ចប់ ឃតបណ្ឌិតជាតក ទី១៦។
ឧទ្ទាននៃជាតកនោះ គឺ
និយាយអំពីកំពែងនៃនគរដ៏មាំមួន ១ កណ្ហតាបស ១ សេ្តចធនព្ជា័យ ១ សង្ខព្រាហ្មណ៍ ១ ព្រះរាជាពារាណសី ១ តាបសជ្រះថ្លាចំពោះព្រហ្មចរិយធម៌អស់ ៧ ថ្ងៃ ១ សាខកុមារ ១ តក្កលជាតក ១ មហាធម្មបាលជាតក ១ កុក្កុដជាតក ១ មដ្ឋកុណ្ឌលិជាតក ១ អ្នកឲ្យនូវភោជន ១ ចក្កវាកជាតក ១ ភូរិបញ្ហាជាតក ១ ប្រកបដោយសេចក្តីសួស្តី ១ ឃតបណ្ឌិតជាតក ១។
ចប់ ទសកនិបាត។
(១១. ឯកាទសកនិបាតោ)
(៤៥៥. មាតុបោសកជាតកំ (១))
[៧៩១] (ដំរីជាមាតារបស់ព្រះពោធិសត្វ ពោលថា) ដើមពោនស្វាផង ដើមខ្លែងគង់ផង ដើមទទឹម និងស្មៅធំ ឈ្មោះករវរៈផង ក្រអៅឈូក និងស្រងែផង ដុះទ្រុបទ្រុលហើយ ទាំងដើមកណិការជិតជើងភ្នំ ក៏ចេញផ្កាដែរ ព្រោះតែដំរីនោះមិននៅ។
[៧៩២] ក្នុងស្រុក ឬក្នុងក្រុងណាមួយ ព្រះរាជា ឬព្រះរាជកុមារណាមួយ មានគ្រឿងអាភារណៈ ជាវិការនៃមាស រមែងចិញ្ចឹមសេ្តចដំរីដោយដុំនៃភោជន ដ្បិតដំរីដែលព្រះរាជា ឬព្រះរាជកុមារ (គង់ហើយ) មិនតក់ស្លុត (ក្នុងសង្គ្រាម) អាចនឹងទំលុះទំលាយនូវក្រោះ (នៃពួកបច្ចាមិត្របាន)។
[៧៩៣] (ព្រះរាជា…) ម្នាលដំរី អ្នកចូរទទួលពំនូតភោជនចុះ ម្នាលដំរី អ្នកកុំស្គមឡើយ ម្នាលដំរី រាជកិច្ចទាំងឡាយមានច្រើន អ្នកនឹងធ្វើនូវរាជកិច្ចទាំងនោះ។
[៧៩៤] (ព្រះពោធិសត្វ…) មេដំរីនោះ ជាសត្វកំព្រា ខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ ហើយបែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅ។
[៧៩៥] (ព្រះរាជា….) មា្នលដំរីដ៏ប្រសើរ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ បែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅនោះ តើត្រូវជាអ្វីនឹងអ្នកឯង។
[៧៩៦] (ព្រះពោធិសត្វ…) បពិត្រមហារាជ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើងនឹងដង្គត់ឈើ បែរមុខទៅរកភ្នំចណ្ឌោរណៈ ដួលនៅនោះ ត្រូវជាមាតារបស់ទូលព្រះបង្គំជាខ្ញុំ។
[៧៩៧] (ព្រះរាជា….) អ្នកទាំងឡាយចូរលែងនូវដំរីប្រសើរនុ៎ះ ជាសត្វចិញ្ចឹមនូវមាតា ចូរឲ្យដំរីបានជួបជុំនឹងមាតា ព្រមទាំងញាតិទាំងពួងចុះ។
[៧៩៨] (អភិសម្ពុទ្ធគាថា) ដំរីគ្រាន់តែរួចចាកចំណងដែលព្រះរាជាកាសី បានបញ្ចូនទៅ សម្រាកខ្លួនតែមួយរំពេច ក៏ដើរសំដៅទៅរកភ្នំ ដំរីនោះ ចេញទៅអំពីភ្នំនោះ ដើរទៅកាន់ព្រៃ ជាទីពួនសម្ងំដ៏ត្រជាក់ដែលដំរីធ្លាប់សេព (នៅ) ហើយដងទឹក ដោយប្រមោយ យកមកស្រោចស្រពមាតា។
[៧៩៩] (មាតាពោធិសត្វ…) ភ្លៀងអ្វីហ្នឹងផ្តេសផ្តាស បង្អុរចុះពុំជួកាលសោះ កូនបង្កើតរបស់អញដែលជាអ្នកបម្រើអញ ទៅបាត់ហើយតើ។
[៨០០] (ពោធិសត្វ….) បពិត្រអ្នកមេ សូមអ្នកក្រោកឡើង សម្រាន្តអ្វី ខ្ញុំជាកូនបង្កើតរបស់លោកដែលព្រះរាជាកាសីទ្រង់ប្រកបដោយប្រាជ្ញា មានយស បានលែងមកវិញហើយ។
[៨០១] (មាតាពោធិសត្វ…) ព្រះរាជាណា បានលែងកូនរបស់ខ្ញុំ ជាអ្នកកោតក្រែងចំពោះបុគ្គលចាស់សព្វ ៗ កាល សូមព្រះរាជានោះ ញុំាងដែនរបស់ពួកអ្នកកាសីឲ្យចំរើន គង់ព្រះជន្មនៅអស់កាលយូរអង្វែងចុះ។
ចប់ មាតុបោសកជាតក ទី១។
(៤៥៦. ជុណ្ហជាតកំ (២))
[៨០២] (ព្រាហ្មណ៍ បានពោលថា) បពិត្រព្រះអង្គធំជាងជន សូមព្រះអង្គស្តាប់ពាក្យ របស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ មកក្នុងទីនេះ ដោយសេចក្តីត្រូវការចំពោះព្រះអង្គ ទ្រង់ព្រះនាមជុណ្ហៈ បពិត្រព្រះអង្គប្រសើរបំផុតជាងពួកសត្វជើងពីរ បណ្ឌិតទាំងឡាយ ពោលថា កាលព្រាហ្មណ៍ ជាអ្នកដំណើរ កំពុងឈរ (សូម) បុគ្គលមិនត្រូវដើរ (ហួស) ទេ។
[៨០៣] (ព្រះរាជា ទ្រង់ត្រាស់ថា) ម្នាលព្រាហ្មណ៍ យើងឮ យើងឈប់នៅ អ្នកចូរនិយាយចុះ អ្នកមកក្នុងទីនេះ ដោយប្រយោជន៍ណា ឬប្រាថ្នានូវប្រយោជន៍អ្វី ចំពោះយើង ទើបមកក្នុងទីនេះ ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់នូវប្រយោជន៍នោះចុះ។
[៨០៤] (ព្រាហ្មណ៍….) សូមព្រះអង្គប្រទានស្រុកសួយ ៥ ទាសី ១០០ គោ ៧០០ និងមាសឆ្តោរ ជាង ១០០០ ដល់ទូលព្រះបង្គំ សូមប្រទានភរិយា ២ នាក់ មានរូបសណ្ឋានដូចគ្នា ដល់ទូលព្រះបង្គំផង។
[៨០៥] (ព្រះរាជា…) ម្នាលព្រាហ្មណ៍ ក្រែងអ្នកមានតបៈដ៏ខ្លាំងដែរឬ ម្នាលព្រាហ្មណ៍ ក្រែងអ្នកមានមន្តទាំងឡាយ មានសភាពដ៏វិចិត្រដែរឬ ក្រែងអ្នកមានពួកយក្សខ្លះ ជាអ្នកស្តាប់ដែរឬ ម្យ៉ាងទៀត អ្នកដឹងច្បាស់នូវប្រយោជន៍ដែលអ្នកធ្វើហើយ ចំពោះយើងឬ។
[៨០៦] (ព្រាហ្មណ៍….) ទូលព្រះបង្គំជាខ្ញុំ មិនមានតបៈ មិនមានមន្តទេ ទូលព្រះបង្គំជាខ្ញុំ មិនមានពួកយក្សខ្លះជាអ្នកស្តាប់ទេ ទូលព្រះបង្គំជាខ្ញុំ មិនដឹងច្បាស់នូវប្រយោជន៍ ដែលទូលព្រះបង្គំជាខ្ញុំធ្វើហើយចំពោះព្រះអង្គទេ ក្នុងកាលមុន (ទូលព្រះបង្គំជាខ្ញុំ និងព្រះអង្គ) គ្រាន់តែបានជួបគ្នាប៉ុណ្ណោះ។
[៨០៧] (ព្រះរាជា…) តាមខ្ញុំដឹង នេះជាការឃើញដំបូង យើងមិនស្គាល់អ្នកមុន អំពីកាលនេះទេ យើងសួរហើយ អ្នកចូរប្រាប់សេចក្តីនុ៎ះ យើងបានជួបគ្នា ក្នុងកាលណា ឬក្នុងទីណា។
[៨០៨] (ព្រាហ្មណ៍….) បពិត្រព្រះសម្មតិទេព ពួកយើងនៅក្នុងក្រុងតក្កសិលា ជាបុរីគួរឲ្យត្រេកអររបស់សេ្តចគន្ធារៈ ក្នុងទីនោះ ពួកយើងខ្ញុំ បានទង្គិចស្មានឹងស្មា ក្នុងទីងងឹត ក្នុងរាត្រីមានអ័ព្ទដ៏ក្រាស់ បពិត្រព្រះអង្គជាធំជាងជន យើងខ្ញុំទាំងពីរនាក់នោះ ឈរក្នុងទីនោះ បានបព្ចាប់ពាក្យគួរឲ្យរឭក ក្នុងទីនោះ នោះឯងឈ្មោះថា ការជួបគ្នានៃយើងខ្ញុំ (ឯការចួបគ្នា) ខាងក្រោយ និងខាងមុខអំពីកាលនោះ មិនមានឡើយ។
[៨០៩] (ព្រះរាជា…) មា្នលព្រាហ្មណ៍ ការចួបនឹងសប្បុរសក្នុងពួកមនុស្ស ក្នុងកាលណា ពួកបណ្ឌិតមិនដែលបំបាត់ការចួប និងសេចក្តីស្និទ្ធស្នាល ឬគុណដែលគេធ្វើហើយ ក្នុងកាលមុនទេ។
[៨១០] ចំណែកខាងពួកពាល តែងបំបាត់ការចួប និងសេចក្តីស្និទ្ធស្នាល ឬគុណដែលគេធ្វើហើយក្នុងកាលមុន គុណសូម្បីច្រើន ដែលគេធ្វើហើយ ចំពោះពួកពាល រមែងបាត់ទៅ ពិតដូច្នោះមែន ពួកពាលមានសភាពជាមនុស្សអកតញ្ញូ។
[៨១១] ចំណែកខាងពួកបណ្ឌិត មិនបំបាត់ការចួប និងសេចក្តីស្នទិ្ធស្នាល ឬគុណដែលគេធ្វើហើយក្នុងកាលមុនទេ គុណសូម្បីតិច ដែលគេធ្វើហើយចំពោះពួកបណ្ឌិត រមែងមិនបាត់ ពិតដូច្នោះមែន ពួកបណ្ឌិតមានសភាពជាមនុស្សកតញ្ញូល្អ យើងនឹងឲ្យស្រុកសួយ ៥ ទាសី ១០០ នាក់ គោ ៧០០ មាសឆ្តោរជាង ១០០០ ដល់អ្នក ម្យ៉ាងទៀត យើងនឹងឲ្យភរិយាពីរ ដែលមានរូបសណ្ឋានដូចគ្នាដល់អ្នក។
[៨១២] (ព្រាហ្មណ៍….) បពិត្រព្រះរាជា ការចួបជុំសប្បុរស តែងមានយ៉ាងនេះ បពិត្រព្រះអង្គជាម្ចាស់នៃដែនកាសី ដូចយ៉ាង (ព្រះចន្ទឋិតនៅក្នុងកណ្តាល) នៃពួកផ្កាយ រមែងពេញឡើង យ៉ាងណាមិញ ទូលព្រះបង្គំជាខ្ញុំ (ពេញព្រៀប ដោយស្រុកសួយជាដើម ដែលព្រះអង្គប្រទានក្នុងថ្ងៃនេះ ក៏យ៉ាងនោះដែរ) ព្រោះការចួបនឹងព្រះអង្គ ខ្ញុំបានហើយ ក្នុងថ្ងៃនេះ។
ចប់ ជុណ្ហជាតក ទី២។
(៤៥៧. ធម្មទេវបុត្តជាតកំ (៣))
[៨១៣] (ធម្មទេវបុត្រ ពោលថា) ម្នាលអធម្មទេវបុត្រ ខ្ញុំឈ្មោះធម្មៈ ជាអ្នកធ្វើយស ធ្វើបុណ្យ ខ្ញុំ ដែលពួកសមណព្រាហ្មណ៍សរសើរជានិច្ច ដែលទេវតា និងមនុស្សបូជាហើយ គួរបានផ្លូវ អ្នកចូរឲ្យផ្លូវ។
[៨១៤] (អធម្មទេវបុត្រ ពោលថា) ម្នាលធម្មៈ ខ្ញុំជិះរថឈ្មោះអធម្មយានដ៏មាំ ជាអ្នកមិនតក់ស្លុត មានកម្លាំង ខ្ញុំនោះនឹងឲ្យផ្លូវដល់អ្នក ដែលមិនធ្លាប់ឲ្យហើយក្នុងថ្ងៃនេះ ព្រោះហេតុអ្វី។
[៨១៥] (ធម្មទេវបុត្រ…) ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ខ្ញុំជាច្បងផង ប្រសើរជាងផង មានតាំងពីព្រេងនាយផង ម្នាលប្អូន អ្នកចូរចៀសចេញអំពីផ្លូវរបស់បង។
[៨១៦] (អធម្មទេវបុត្រ…) ខ្ញុំមិនត្រូវឲ្យផ្លូវដល់អ្នកដោយសេចក្តីអង្វរ មិនត្រូវឲ្យដោយពាក្យសមគួរ មិនត្រូវឲ្យព្រោះខ្ញុំគួរបានផ្លូវ យើងទាំងពីរនាក់ ចូរច្បាំងគ្នាក្នុងថ្ងៃនេះ អ្នកណាឈ្នះក្នុងចម្បាំង ផ្លូវជារបស់អ្នកនោះ។
[៨១៧] (ធម្មទេវបុត្រ…) មា្នលអធម្មៈ ខ្ញុំឈ្មោះធម្មៈ ជាអ្នកល្បីល្បាញសព្វទិស មានកំឡាំងច្រើន មានយសរាប់មិនអស់ មិនមានអ្នកណាផ្ទឹមបាន មានសភាពជាអ្នកប្រកបដោយគុណគ្រប់យ៉ាង អ្នកនឹងឈ្នះ (ខ្ញុំ) ដូចម្តេចបាន។
[៨១៨] (អធម្មទេវបុត្រ…) គេតែងដំមាសដោយដែក គេមិនដែលដំដែកដោយមាសទេ បើអធម្មៈ ដំធម្មៈក្នុងថ្ងៃនេះ ដូចជាដែកដំមាស បុគ្គលគួរមើលដែរ។
[៨១៩] (ធម្មទេវបុត្រ…) ម្នាលអធម្មៈ បើអ្នកមានកំឡាំងនឹងច្បាំង បុគ្គលចាស់ និងបុគ្គលជាគ្រូ មិនមានដល់អ្នក ខ្ញុំនឹងឲ្យនូវផ្លូវដល់អ្នក ដោយពាក្យជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ផង ខ្ញុំនឹងអត់ទ្រាំនូវពាក្យទ្រគោះបោះបោករបស់អ្នកផង។
[៨២០] (ព្រះភគវា បានត្រាស់ថា) អធម្មទេវបុត្រ ឮពាក្យនេះហើយ មានក្បាលសំយុងចុះ មានជើងឡើងលើ ក៏ធ្លាក់ចុះ ពោលពាក្យថា អញត្រូវការដោយចម្បាំង តែមិនបាននូវការច្បាំងឡើយ អធម្មទេវបុត្រ ក៏ស្លាប់ដោយហេតុត្រឹមប៉ុណ្ណេះឯង។
[៨២១] ធម្មទេវបុត្រ មានខន្តិធម៌ ជាកំឡាំង មានចិត្ត មានកំឡាំងក្រៃពេក មានព្យាយាមដ៏ទៀតទាត់ បានផ្ចាញ់ បានសម្លាប់នូវអធម្មទេវបុត្រដែលមានចម្បាំងជាកំឡាំង ទំលាក់ទៅលើផែនដី ហើយឡើងកាន់រថ (របស់ខ្លួន) បរទៅតាមផ្លូវដដែល។
[៨២២] បុគ្គលណា មិនបានធ្វើសក្ការៈដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយរាងកាយក្នុងលោកនេះ រមែងទៅកាន់នរក ដូចជាអធម្មទេវបុត្រដែលសំយុងក្បាលធ្លាក់ចុះ។
[៨២៣] បុគ្គលណា បានធ្វើសក្ការៈដល់មាតាបិតា និងសមណព្រាហ្មណ៍ ក្នុងផ្ទះរបស់ខ្លួន បុគ្គលនោះ លុះដាក់ចុះនូវរាងកាយ គឺសរីរៈ បែកធ្លាយរាងកាយក្នុងលោកនេះ រមែងទៅកាន់សុគតិ ដូចជាធម្មទេវបុត្រ ឡើងកាន់រថរបស់ខ្លួន ដូច្នោះ។
ចប់ ធម្មទេវបុត្តជាតក ទី៣។
(៤៥៨. ឧទយជាតកំ (៤))
[៨២៤] (សក្កទេវរាជពោធិសត្វ ពោលថា) ម្នាលនាងមានចក្ខុប្រាកដស្មើដោយភ្នែកនៃកិន្នរ នាងស្លៀកសំពត់ដ៏ស្អាត មានភ្លៅរៀបស្រួលបួល មានអវយៈតិះដៀលមិនបាន ឡើងកាន់ប្រាសាទ អង្គុយតែម្នាក់ឯង បងសូមអង្វរនាង សូមយើងទាំងពីរនាក់នៅ (ជាមួយគ្នា) អស់មួយយប់នេះ។
[៨២៥] (ព្រះរាជធីតា ពោលថា) បុរីនេះ មានគូខាន់ ជាសង្កាត់ ៗ មានប៉មនិងខ្លោងទ្វារ យ៉ាងមាំ (មានទាហាន ១០០០០ នាក់) កាន់ព្រះខាន់គ្រប់ដៃ រក្សាហើយ ចូលបានដោយក្រ។ មិនមានប្រុសជំទង់ ឬប្រុសកម្លោះមក (ក្នុងទីនេះ ទាំងថ្មើរណេះទេ) បើយ៉ាងនេះ តើហេតុអ្វី បានជាអ្នកចង់មកជួបនឹងខ្ញុំ (ទាំងថ្មើរណេះ)។
[៨២៦] (សក្កទេវរាជ….) ម្នាលនាងកល្យាណី យើងជាយក្ខ មកក្នុងសំណាក់នាង ម្នាលនាងដ៏ចំរើន នាងចូរត្រេកអរនឹងយើង យើងនឹងឲ្យភាជន៍មាសដ៏ពេញដោយមាស ដល់នាង។
[៨២៧] (ព្រះរាជធីតា…) ម្នាលទេវបុត្រ មានអានុភាពច្រើន ខ្ញុំមិនប្រាថ្នាបុគ្គលដទៃ ទោះបីជាទេវតា យក្ស ឬមនុស្ស លើសជាងព្រះបាទឧទយៈទេ អ្នកចូរទៅចុះ លុះអ្នកទៅហើយ កុំត្រឡប់មកវិញឡើយ។
[៨២៨] (សក្កទេវរាជ….) សេចក្តីត្រេកត្រអាលណា ដ៏ឧត្តមរបស់ពួកសត្វអ្នកបរិភោគកាម ពួកសត្វប្រព្រឹត្តមិនស្មើ ព្រោះហេតុនៃសេចក្តីត្រេកត្រអាលណា នាងកុំផ្ចាញ់សេចក្តីត្រេកត្រអាលនោះ ក្នុងធម្មជាតិស្អាតរបស់នាង យើងនឹងឲ្យភាជន៍បា្រក់ ដ៏ពេញដោយមាសដល់នាង។
[៨២៩] (ព្រះរាជធីតា…) បុរសកាលលួងលោមស្ត្រីដោយទ្រព្យ ធ្វើនូវសេចក្តីពេញចិត្តក្នុងស្ត្រីណា ក៏លើកតម្កើងស្ត្រីនោះ ទេវធម៌របស់អ្នកខុសនឹងគេ (ព្រោះថា) អ្នកមកដោយវត្ថុរឹតតែតិចដោយពិតប្រាកដ។
[៨៣០] (សក្កទេវរាជ….) ម្នាលនាងមានខ្លួនល្អ អាយុ និងវណ្ណៈរបស់ពួកមនុស្ស ក្នុងមនុស្សលោក រមែងសាបសូន្យទៅ ព្រោះហេតុនោះឯង បានជាទ្រព្យរបស់នាងក៏សាបសូន្យដែរ នាងរឹតតែចាស់ទៅក្នុងថ្ងៃនេះ។ ម្នាលរាជបុត្រីមានយស កាលយើងរមិលមើលយ៉ាងនេះ ពណ៌សម្បុររបស់នាងក៏សាបសូន្យទៅ ក្នុងកាលកន្លងទៅនៃថ្ងៃ និងយប់ទាំងឡាយ ម្នាលរាជបុត្រី មានប្រាជ្ញាល្អ នាងគប្បីប្រព្រឹត្តព្រហ្មចារ្យដោយវ័យនេះ នាងមុខជានឹងមានពណ៌សម្បុរដ៏ក្រៃលៃង។
[៨៣១] (ព្រះរាជធីតា…) ទេវតាទាំងឡាយ មិនចាស់ដូចពួកមនុស្សទេ ការជ្រួញជ្រីវក្នុងខ្លួនរបស់ទេវតាទាំងនោះ មិនមានទេឬ បពិត្រយក្ខ ខ្ញុំសូមសួរលោក ដែលមានអានុភាពច្រើន រាងកាយ គឺសរីរៈរបស់ទេវតាទាំងឡាយ (មិនចាស់) តើដោយហេតុអ្វី។
[៨៣២] (សក្កទេវរាជ….) ទេវតាទាំងឡាយ មិនចាស់ ដូចពួកមនុស្សទេ ការជ្រួញជ្រីវក្នុងខ្លួនរបស់ទេវតាទាំងនោះ មិនមានឡើយ ពណ៌សម្បុរជាទិព្វ និងភោគៈដ៏ច្រើន របស់ទេវតាទាំងឡាយនោះ រឹងរឹតតែចំរើនឡើងរាល់ ៗ ថ្ងៃ។
[៨៣៣] (ព្រះរាជធីតា…) ប្រជុំជនដ៏ច្រើនក្នុងលោកនេះ ខ្លាចអ្វី (ទើបមិនទៅកាន់ទេវលោក) ម្យ៉ាងទៀត ផ្លូវ (ទៅទេវលោក) បណ្ឌិតសំដែងដោយអណ្តូង គឺកំពង់ច្រើន (ផ្លូវណា ជាផ្លូវទៅទេវលោក) បពិត្រយក្ខ មានអានុភាពច្រើន ខ្ញុំសូមសួរលោក បុគ្គល (កាលទៅ) កាន់បរលោក តើឋិតនៅក្នុងផ្លូវណា ទើបមិនខ្លាច។
[៨៣៤] (សក្កទេវរាជ….) បុគ្គលបានតាំងវាចា និងចិត្ត ដោយត្រឹមត្រូវ មិនធ្វើបាបទាំងឡាយដោយកាយ នៅគ្រប់គ្រងផ្ទះដែលមានបាយ និងទឹកដ៏ច្រើន ជាអ្នកមានសទ្ធា មានចិត្តទន់ បានចែករំលែកនូវទាន ជាអ្នកដឹងនូវពាក្យស្មូម ជាអ្នកសង្គ្រោះគេ មានវាចាផ្អែម មានវាចាល្អិតល្អ បានឋិតនៅក្នុងគំនរនៃគុណនេះហើយ (កាលនឹងទៅ) កាន់បរលោក មិនខ្លាចឡើយ។
[៨៣៥] (ព្រះរាជធីតា….) បពិត្រទេវបុត្រ លោកប្រៀនប្រដៅខ្ញុំ ដូចជាមាតា ដូចជាបិតា បពិត្រលោកមានសម្បុរដ៏លើសលុប ខ្ញុំសូមសួរ លោកមានសរីរៈសមរម្យល្អ លោកជាអ្វី។
[៨៣៦] (ព្រះពោធិសត្វ…) ម្នាលនាងកល្យាណី យើងឈ្មោះឧទយៈ បានមកក្នុងទីនេះ ដើម្បីដោះពាក្យប្តេជា្ញ យើងបា្រប់នាងហើយទៅ យើងរួចចាកពាក្យប្តេជ្ញារបស់នាងហើយ។
[៨៣៧] (ព្រះរាជធីតា….) បពិត្រព្រះរាជបុត្រ ប្រសិនបើព្រះអង្គ ព្រះនាមឧទយៈ បានមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ពាក្យប្តេជា្ញ សូមព្រះអង្គប្រៀនប្រដៅខ្ញុំ ឲ្យបានចួបគា្នទៀត។
[៨៣៨] (ព្រះមហាសត្វ….) វ័យកន្លងទៅឆាប់ ខណៈចិត្តក៏កន្លងទៅឆាប់ដូចគ្នា ការតាំងនៅ (នៃសង្ខារទាំងឡាយ) មិនមាន ពួកសត្វតែងច្យុតទៅដោយពិត សរីរៈមិនទៀង តែងទ្រុឌទ្រោមទៅ ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ។ ផែនដីទាំងមូលរបស់សេ្តចតែមួយព្រះអង្គ ដ៏ពេញដោយទ្រព្យ ជាផែនដីដែលអ្នកដទៃទ្រទ្រង់មិនបាន ឯបុគ្គលដែលមិនទាន់ប្រាសចាករាគៈ រមែងលះបង់នូវទ្រព្យនោះ ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ។ មាតា បិតា បងប្អូនប្រុស បងប្អូនស្ត្រី និងប្រពន្ធក្តី ប្តីក្តី ព្រមទាំងទ្រព្យ ឯជនទាំងនោះ រមែងលះបង់នូវគ្នានឹងគ្នា ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ។
ម្នាលនាងឧទយភទ្ទា នាងដឹងថា កាយជាចំណីនៃពួកសត្វដទៃ ដឹងថា សុគតិ និងទុគ្គតិក្នុងសង្សារ ជាលំនៅរបស់សត្វថោកទាប ដូច្នេះហើយ កុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ។
[៨៣៩] (ព្រះរាជធីតា….) យក្ខនេះ ពោលពីរោះណាស់ ជីវិតរបស់ពួកសត្វខ្លី លំបាកផង តិចផង ព្រោះជីវិតនោះប្រកបដោយទុក្ខ ខ្ញុំនោះនឹងលះដែនកាសី និងក្រុងសុរុន្ធនៈ បួសតែម្នាក់ឯង។
ចប់ ឧទយជាតក ទី៤។
(៤៥៩. បានីយជាតកំ (៥))
[៨៤០] (ព្រះបច្ចេកពុទ្ធ ទី១ បានសំដែងថា) អាត្មាភាពជាមិត្រ (នៃមិត្រម្នាក់) បានប្រើប្រាស់ទឹកដែលមិត្រនោះមិនឲ្យហើយ ហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស។
[៨៤១] (ព្រះបច្ចេកពុទ្ធ ទី២….) សេចក្តីបា្រថា្ន (ក្នុងកាម) កើតឡើងដល់អាត្មាភាព ព្រោះឃើញនូវប្រពន្ធរបស់បុគ្គលដទៃ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាព លែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស។
[៨៤២] (ព្រះបច្ចេកពុទ្ធ ទី៣….) បពិត្រមហារាជ ពួកចោរបានចាប់បិតារបស់អាត្មាភាពក្នុងព្រៃ អាត្មាភាព ដែលពួកចោរនោះសួរហើយ ទុកជាដឹង ក៏បា្រប់ហេតុនោះ ដោយចំណែកដទៃវិញ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស។
[៨៤៣] (ព្រះបច្ចេកពុទ្ធ ទី៤…) ការសែនព្រេន ឈ្មោះសោមយាគ តាំងឡើងហើយ ពួកមនុស្សបានធ្វើបាណាតិបាត អាត្មាភាពក៏អនុញ្ញតឲ្យពួកមនុស្សនោះ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស។
[៨៤៤] (ព្រះបច្ចេកពុទ្ធ ទី៥…) ពួកជនណា (ក្នុងស្រុក) របស់យើង ដែលសំគាល់សុរា និងមេរ័យ ថាដូចទឹកឃ្មុំ ជាជន (មានសភាពយ៉ាងនេះ) ជាដំបូង ពួកជននោះ បានចាត់ចែងទឹកស្រវឹង ដើម្បីសេចក្តីវិនាសដល់ពួកជនច្រើន អាតា្មភាពបានអនុញ្ញាតឲ្យពួកជននោះ ព្រោះហេតុនោះ អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស។
[៨៤៥] (ព្រះរាជា…) គួរឲ្យតិះដៀលកាមដ៏ច្រើន ដែលមានក្លិនអាក្រក់ មានសត្រូវច្រើន ព្រោះថា អាត្មាអញបានសេពហើយ ក៏មិនបានសេចក្តីសុខ (ក្នុងឈាន) បា្រកដដូច្នោះ។
[៨៤៦] (អគ្គមហេសី…) កាមទាំងឡាយ មានសេចក្តីរីករាយច្រើន ជាសុខ សេចក្តីសុខក្រៅអំពីកាម មិនមានទេ ពួកជនណាបានសេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងឋានសួគ៌។
[៨៤៧] (ព្រះរាជា…) កាមទាំងឡាយ មានសេចក្តីរីករាយតិច ជាទុក្ខ សេចក្តីទុក្ខក្រៅអំពីកាម មិនមានទេ ពួកជនណា សេពកាមទាំងឡាយ ពួកជននោះ តែងកើតក្នុងនរក។
[៨៤៨] កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងដាវដែលសំលៀងហើយ ជាងព្រះខាន់ដែលលាបដោយថ្នាំពិស ទាំងជាងលំពែងដែលពួយត្រង់ទ្រូង។
[៨៤៩] កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងរងើកភ្លើងដ៏ច្រាលឆ្អៅ ជាងរណ្តៅរងើកភ្លើង មានជម្រៅមួយទទូង ឬអណ្តាតភ្លើងដែលក្តៅពេញមួយថ្ងៃ។
[៨៥០] កាមទាំងឡាយ មានសេចក្តីទុក្ខ លើសជាងថ្នាំពុលដ៏ក្លៀវក្លា ឬប្រេងកំពុងពុះ ឬក៏ទង់ដែងរលាយ។
ចប់ បានីយជាតក ទី៥។
(៤៦០. យុធញ្ចយជាតកំ (៦))
[៨៥១] (ព្រះរាជាកុមារពោធិសត្វ ពោលថា) បពិត្រព្រះរាជា ជាធំក្នុងរថ ខ្ញុំព្រះអង្គ សូមថា្វយបង្គំ (ព្រះអង្គ) ដែលមិត្រ និងអាមាត្រចោមរោមហើយ ខ្ញុំព្រះអង្គនឹងបួស សូមព្រះសម្មតិទេព អនុញ្ញាតផ្នួសនោះ (ដល់ខ្ញុំព្រះអង្គ)។
[៨៥២] (ព្រះរាជា ទ្រង់តា្រស់ថា) បើកូនឯងខ្វះកាមទាំងឡាយ ឪពុកនឹងបំពេញឲ្យគ្រប់គ្រាន់ដល់អ្នក បុគ្គលណាបៀតបៀនអ្នក ឪពុកនឹងឃាត់ (បុគ្គលនោះ) ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ។
[៨៥៣] (ព្រះរាជកុមារ…) ខ្ញុំព្រះអង្គមិនមានសេចក្តីខ្វះកាមទាំងឡាយទេ បុគ្គលនីមួយ បៀតបៀននូវខ្ញុំព្រះអង្គ ក៏មិនមានដែរ តែថា ខ្ញុំព្រះអង្គប្រាថ្នានឹងធ្វើនូវទីពឹង (ដល់ខ្លួន) ដែលជរាកំចាត់បង់មិនបាន។
[៨៥៤] (ព្រះសាស្តា…) បុត្រអង្វរនូវបិតា បិតាក៏អង្វរនូវបុត្តឱរសដែរព្រះរាជាទ្រង់ត្រាស់ថា ម្នាលកូន ជនអ្នកនៅក្នុងនិគម អង្វរអ្នក ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ។
[៨៥៥] (ព្រះរាជកុមារ…) បពិត្រព្រះបិតាជាធំក្នុងរថ សូមព្រះអង្គកុំឃាត់ផ្នួសខ្ញុំព្រះអង្គនោះ កុំឲ្យខ្ញុំព្រះអង្គពោរពេញដោយកាមទាំងឡាយ ឲ្យលុះក្នុងអំណាចជរាឡើយ។
[៨៥៦] (ព្រះមាតា….) ម្នាលកូន យើងសូមអង្វរអ្នក ម្នាលកូន យើងសូមឃាត់អ្នក យើងចង់ឃើញអ្នកអស់កាលយូរ ម្នាលយុធព្ជា័យ ចូរអ្នកកុំបួសឡើយ។
[៨៥៧] (ព្រះរាជកុមារ…) ទឹកសន្សើមលើចុងស្មៅ តែងធ្លាក់ចុះ (លើផែនដី) ក្នុងកាលព្រះអាទិត្យរះឡើង យ៉ាងណាមិញ អាយុរបស់មនុស្សទាំងឡាយ ក៏យ៉ាងនោះដែរ បពិត្រព្រះមាតា សូមព្រះមាតាកុំឃាត់ខ្ញុំឡើយ។
[៨៥៨] បពិត្រព្រះបិតាជាធំក្នុងរថ សូមឲ្យ (បុរស) ចម្លងព្រះមាតា (របស់ខ្ញុំព្រះអង្គ) ឲ្យឡើងកាន់ព្រះរាជយាននេះ កុំឲ្យព្រះមាតាធ្វើនូវសេចក្តីអន្តរាយដល់ខ្ញុំព្រះអង្គ ដែលកំពុងឆ្លង។
[៨៥៩] (ព្រះមាតា….) នាងទាំងឡាយចូរស្ទុះទៅ សេចក្តីចំរើន (នឹងមាន) ដល់នាង នគររម្មកៈ មុខជានឹងសូន្យ (ព្រោះថា) យុធព្ជាយកុមារ ព្រះរាជាសព្វទត្ត អនុញ្ញាត (ឲ្យបួសហើយ)។
[៨៦០] ព្រះរាជកុមារណា នៅក្មេង មានសម្បុរផ្ទឹមនឹងមាស ប្រសើរបំផុតជាងព្រះរាជបុត្រ ១០០០ ព្រះរាជកុមារនោះ ជាអ្នកមានកំឡាំង ស្លៀកសំពត់កាសាយៈ បួសហើយ។
[៨៦១] (ព្រះសាស្តា…) កុមារទាំងពីរអង្គ គឺយុធព្ជា័យ ១ យុធិដ្ឋិលៈ ១ លះបង់នូវព្រះមាតា និងព្រះបិតា ផ្តាច់ចោលនូវគ្រឿងជាប់ចំពាក់របស់មច្ចុមារ បួសហើយ។
ចប់ យុធព្ជាយជាតក ទី៦។
(៤៦១. ទសរថជាតកំ (៧))
[៨៦២] (រាមបណ្ឌិតកុមារ បានពោលថា) ម្នាលលក្ខណៈ និងនាងសីតា អ្នកទាំងឡាយចូរមក អ្នកទាំង ២ នាក់ចូរចុះទឹក ភរតកុមារ បាននិយាយយ៉ាងនេះថា ព្រះបាទទសរថ ទ្រង់ទីវង្គតហើយ។
[៨៦៣] (ភរតកុមារ…) បពិត្រព្រះរាម ដោយអានុភាពអ្វី ទើបទ្រង់បានឮថា ព្រះបិតាទិវង្គតហើយ មិនសោកសា្តយ របស់ដែលគួរសោកស្តាយ សេចក្តីទុក្ខមិនគ្របសង្កត់ទ្រង់។
[៨៦៤] (រាមបណ្ឌិតកុមារ….) ជីវិតណា (របស់ពួកសត្វ) បណ្តាពួកបុរសដែលរវើរវាយ បុរស (សូម្បីតែមា្នក់) ក៏មិនអាចដើម្បីរក្សាជីវិតច្រើននោះបានទេ វិញ្ញូជន ជាមេធាវីនោះ ធ្វើខ្លួនឲ្យក្តៅក្រហាយដើម្បីអ្វី។
[៨៦៥] សេចក្តីពិតថា ជនទាំងឡាយណា ទាំងក្មេង ទាំងចាស់ ទាំងល្ងង់ ទាំងប្រាជ្ញ ទាំងអ្នកមាន ទាំងអ្នកក្រ ជនទាំងអស់នោះ សុទ្ធតែមានសេចក្តីស្លាប់នៅខាងមុខ។
[៨៦៦] ផ្លែឈើទុំទាំងឡាយ មានសេចក្តីខ្លាចអំពីកិរិយាជ្រុះជានិច្ច យ៉ាងណាមិញ ពួកសត្វកើតហើយ ក៏មានសេចក្តីខ្លាចអំពីសេចក្តីស្លាប់ជានិច្ច យ៉ាងនោះដែរ។
[៨៦៧] ជនទាំងឡាយច្រើន ពួកខ្លះ គេឃើញក្នុងវេលាព្រឹក វេលាល្ងាចមិនឃើញ ជនទាំងឡាយច្រើន ពួកខ្លះ គេឃើញក្នុងវេលាល្ងាច វេលាព្រឹកមិនឃើញ។
[៨៦៨] បើបុគ្គលអ្នកវង្វេង កាលខ្សឹកខ្សួល បៀតបៀនខ្លួន ហើយគប្បីនាំមកនូវប្រយោជន៍បន្តិចបន្តួចបាន អ្នកប្រាជ្ញ ក៏គប្បីធ្វើសេចក្តីខ្សឹកខ្សួលនោះដែរ។
[៨៦៩] (បុគ្គលខ្សឹកខ្សួល) បៀតបៀនខ្លួនរបស់ខ្លួន ជាអ្នកស្គម មិនមានពណ៌សម្បុរ ពួកសត្វដែលទៅកាន់បរលោក មិនមែនញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយសេចក្តីខ្សឹកខ្សួលនោះឡើយ ព្រោះថា សេចក្តីខ្សឹកខ្សួល មិនមានប្រយោជន៍ទេ។
[៨៧០] (បណ្ឌិតបុរស) គប្បីញុំាងផ្ទះដែលភ្លើងឆេះឲ្យរលត់ ដោយទឹកបានយ៉ាងណាមិញ ធីរជន ជាមេធាវីបណ្ឌិត បានស្តាប់ហើយ គប្បីញុំាងសេចក្តីសោក ដែលកើតហើយឲ្យរលត់ឆាប់ ដូចខ្យល់បក់ផាត់នូវប៉ុយ យ៉ាងនោះដែរ។
[៨៧១] សត្វរមែងទៅកាន់បរលោកតែម្នាក់ឯង កើតក្នុងត្រកូលក៏តែម្នាក់ឯង ការសមគប់នៃពួកសត្វទាំងអស់ គឺមានការចួបជុំ ជាការប្រសើរបំផុត។
[៨៧២] ព្រោះហេតុនោះ សេចក្តីសោកទាំងឡាយ សូម្បីធំ ក៏មិនដុតកំដៅនូវហទយវត្ថុ និងចិត្តរបស់អ្នកប្រាជ្ញ ជាពុហស្សូត ដែលឃើញច្បាស់នូវលោកនេះ និងលោកខាងមុខ ព្រោះដឹងច្បាស់នូវធម៌។
[៨៧៣] យើងនោះ នឹងរក្សានូវយសផង ភោគៈផង ភរិយាទាំងឡាយផង ញាតិទាំងឡាយផង និងជនដ៏វិសេសផង នេះជាកិច្ចរបស់អ្នកប្រាជ្ញ។
[៨៧៤] ព្រះសាស្តា ទ្រង់តា្រស់ថា ព្រះបាទរាមៈ មានព្រះសុរង្គ ដូចជារូបសំណាកមាស មានព្រះពាហុធំ បានសោយរាជ្យអស់ ១៦ ០០០ ឆ្នាំ។
ចប់ ទសរថជាតក ទី៧។
(៤៦២. សំវរជាតកំ (៨))
[៨៧៥] (ឧបោសថកុមារ បានពោលថា) បពិត្រមហារាជ ព្រះជនាធិបៈ (ជាព្រះបិតា) ប្រហែលទ្រង់ជ្រាបនូវសីលរបស់ព្រះអង្គហើយ បានជាព្រះអង្គបូជានូវព្រះរាជកុមារទាំងនេះ (ដោយជនបទនោះ ៗ) មិនសំគាល់នូវព្រះអង្គ ដោយជនបទណាមួយឡើយ។
[៨៧៦] កាលដែលមហារាជ គង់ព្រះជន្មនៅ ឬកាលដែលព្រះអង្គ (ជាបិតារបស់ពួកយើង) ទិវង្គតហើយ ពួកញាតិ កាលឃើញសេចក្តីចំរើនរបស់ខ្លួន បានយល់ព្រមឲ្យព្រះអង្គ (សោយរាជ្យ)។
[៨៧៧] បពិត្រព្រះបាទសំវរៈ ព្រះអង្គទ្រង់គ្របសង្កត់ (នូវបង ៩៩ ព្រះអង្គ) ដែលកើតជាមួយ តើដោយវត្តដូចម្តេច ឯពួកញាតិដែលមកប្រជុំគ្នាហើយ ក៏មិនគ្របសង្កត់នូវព្រះអង្គ តើដោយវត្តដូចម្តេច។
[៨៧៨] (ព្រះបាទសំវរៈ….) បពិត្ររាជបុត្រ ខ្ញុំមិនច្រណែន ខ្ញុំថ្វាយបង្គំព្រះបាទទាំងឡាយ របស់ពួកសមណៈ ជាតាទិបុគ្គល បាននមស្ការពួកសមណៈទាំងនោះដោយគោរព។
[៨៧៩] សមណៈទាំងនោះ ជាអ្នកត្រេកអរក្នុងធម្មគុណរបស់ឥសី បានប្រៀនប្រដៅខ្ញុំ ឲ្យប្រកបក្នុងធម្មគុណ ឲ្យជាអ្នកត្រងត្រាប់ មិនច្រណែន។
[៨៨០] ខ្ញុំបានស្តាប់ពាក្យរបស់ពួកសមណៈ អ្នកស្វែងរកនូវគុណនោះហើយ មិនមើលងាយបន្តិចបន្តួចសោះ ចិត្តរបស់ខ្ញុំក៏ត្រេកអរក្នុងធម៌ជានិច្ច។
[៨៨១] ពួកទាហានជិះដំរី ពួកទាហានដែលឋិតនៅក្នុងក្បួនទ័ព ពួកទាហានជិះរថ ពួកពលថ្មើរជើង ខ្ញុំមិនបន្ថយនូវបាយ និងថ្លៃឈ្នួលដែលពួកទាហាននោះចាត់ចែងហើយ។
[៨៨២] ពួកមហាមាត្យ ពួកមន្ត្រី ពួកអ្នកបម្រើរបស់ខ្ញុំមាន ពួកជនបានចាត់ចែងនូវសាច់ និងទឹកសុរាដ៏ច្រើន ក្នុងក្រុងពារាណសី។
[៨៨៣] មួយទៀត សូម្បីពួកពាណិជ ដែលមកអំពីដែនផ្សេង ៗ ក៏សម្បូណ៌ ខ្ញុំបានចាត់ចែងការរក្សា ចំពោះពួកពាណិជទាំងនោះ បពិត្រឧបោសថជាបង សូមព្រះបង ជ្រាបយ៉ាងនេះចុះ។
[៨៨៤] (ឧបោសថកុមារ….) បពិត្រព្រះបាទសំវរៈ ឮថាព្រះអង្គ (គ្របសង្កត់អានុភាព) របស់ពួកញាតិ (បង ៩៩ ព្រះអង្គ) ដោយធម៌ សូមព្រះអង្គសោយរាជ្យចុះ ព្រះអង្គជាអ្នកមានប្រាជ្ញាផង ជាបណ្ឌិតផង ទាំងជាប្រយោជន៍ដល់ពួកញាតិផង។
[៨៨៥] ពួកសត្រូវ មិនអាចគ្របសង្កត់ព្រះអង្គ ដែលពួកញាតិចោមរោមហើយ ជាអ្នកកុះករដោយរតនវត្ថុផ្សេង ៗ ដូចជាសេ្តចអសុរ មិនអាចគ្របសង្កត់ព្រះឥន្ទ្រ ដូច្នោះដែរ។
ចប់ សំវរជាតក ទី៨។
(៤៦៣. សុប្បារកជាតកំ (៩))
[៨៨៦] (ពួកពាណិជ បានពោលថា) មនុស្សទាំងឡាយ មានច្រមុះដូចកាំបិតកោរ ងើបមុជ (ក្នុងសមុទ្រនេះ) ពួកយើង សូមសួរលោកឈ្មោះសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី។
[៨៨៧] (ព្រះមហាសត្វ បានពោលថា) កាលសំពៅរបស់ពួកពាណិជ អ្នកសែ្វងរកទ្រព្យចេញទៅអំពីកំពង់ភរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ខុរមាលី។
[៨៨៨] (ពួកពាណិជ បានពោលថា) សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាភ្លើង និងព្រះអាទិត្យ ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី។
[៨៨៩] (ព្រះមហាសត្វ…) កាលសំពៅរបស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់ភរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា អគ្គិមាលី។
[៨៩០] (ពួកពាណិជ…) សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាទឹកដោះជូរនិងទឹកដោះស្រស់ ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី។
[៨៩១] (ព្រះមហាសត្វ…) កាលសំពៅរបស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់ភរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ទធិមាលី។
[៨៩២] (ពួកពាណិជ….) សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាស្បូវភ្លាំង និងសំទូង ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី។
[៨៩៣] (ព្រះមហាសត្វ….) កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់ភរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា កុសមាលី។
[៨៩៤] (ពួកពាណិជ….) សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាបបុស និងឫស្សី ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី។
[៨៩៥] (ព្រះមហាសត្វ…) កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់ភរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា នឡមាលី។
[៨៩៦] (ពួកពាណិជ…) សំឡេងរបស់អមនុស្ស គួរឲ្យភ័យខ្លាំង គួរឲ្យស្បើម ដែលពួកយើងបានឮជាក់ សមុទ្រដែលបា្រកដចំពោះមុខ ហាក់ដូចជារណ្តៅ និងជ្រោះ ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី។
[៨៩៧] (ព្រះមហាសត្វ….) កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់ភរុកច្ឆៈ លឿទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ពលវាមុខី។
[៨៩៨] (ព្រះមហាសត្វ ធ្វើសច្ចកិរិយាថា) តាំងពីកាលដែលខ្ញុំរលឹកឃើញនូវខ្លួន តាំងពីកាលដែលខ្ញុំដល់នូវភាពជាអ្នកដឹងក្តី ខ្ញុំមិនចេះក្លែង ដើម្បីបៀតបៀនសត្វ សូម្បីតែមួយឡើយ សូមឲ្យសំពៅត្រឡប់ទៅកាន់ទីមានសួស្តី ដោយការពោលពាក្យសច្ចៈនេះចុះ។
ចប់ សុប្បារកជាតក ទី៩។
ឧទ្ទាននៃជាតកនោះ គឺ
និយាយអំពីដំរីដ៏ប្រសើរ ចិញ្ចឹមមាតា ១ ព្រះរាជាព្រះនាមជុណ្ហៈ ១ ធម្មទេវបុត្ត ១ ព្រះរាជាព្រះនាមឧទយៈ ១ ទឹកផឹក ១ ព្រះរាជាព្រះនាមយុធព្ជា័យ ១ ព្រះរាជាព្រះនាមទសរថ ១ ព្រះរាជាព្រះនាមសំវរៈ ១ សំពៅត្រឡប់កាន់ត្រើយ ១ ត្រូវជា ៩ ជាតក។
ចប់ ឯកាទសកនិបាត។
(១២. ទ្វាទសកនិបាតោ)
(៤៦៤. ចូឡកុណាលជាតកំ (១))
[៨៩៩] (សត្វតាវ៉ៅ បានពោលថា) បុរសដែលមិនជាប់ចំពាក់ដោយទេវតា (ខ្មោចមិនចូល) មិនគួរជឿ (នូវសីល និងវត្ត) របស់ពួកស្ត្រីជាអ្នកឈ្លានពាន មានចិត្តរហ័ស មិនដឹងនូវឧបការគុណដែលគេធ្វើហើយ ជាអ្នកប្រទូស្តមិត្រទេ។
[៩០០] ស្ត្រីទាំងនោះ មិនដឹងនូវឧបការគុណដែលគេធ្វើហើយដល់ខ្លួន មិនដឹងច្បាស់នូវកិច្ច (ដែលខ្លួនត្រូវធ្វើ) មិនដឹងច្បាស់នូវមាតាបិតា ឬបងប្អូន មិនអៀនខ្មាស តែងប្រព្រឹត្តកន្លងច្បាប់ជាធម្មតា លុះក្នុងអំណាចនៃចិត្តរបស់ខ្លួន។
[៩០១] ស្ត្រីទាំងនោះ តែងលះបង់នូវបុរសនោះ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្ត សូម្បីនៅជាមួយគ្នាអស់កាលយូរ ជាអ្នកអនុគ្រោះសូម្បីស្មើដោយជីវិត ក្នុងគ្រោះថា្នក់ទាំងឡាយផង ក្នុងកិច្ចការទាំងឡាយផង ព្រោះហេតុនោះ ខ្ញុំមិនស្និទ្ធស្នាលនឹងស្ត្រីទាំងឡាយឡើយ។
[៩០២] ព្រោះថា ចិត្តរបស់ពួកស្ត្រីប្រែប្រួលដូចជាសត្វស្វា ឬដូចជាម្លប់ឈើ ចិត្តរបស់ពួកស្ត្រី ច្រាស់ច្រាល់ វិលវង់ ដូចជាខ្នងកង់កាលវិលទៅដូច្នោះ។
[៩០៣] ក្នុងកាលដែលស្ត្រីទាំងនោះ សំឡឹងឃើញទ្រព្យរបស់បុរស មានសភាពគួរយកបាន ក៏នាំបុរសនុ៎ះទៅ (កាន់អំណាចខ្លួន) ដោយសំដីដ៏ផ្អែមល្ហែមទាំងឡាយ ដូចជាពួកជនអ្នកនៅក្នុងដែនកម្ពោជៈ កាលនាំសេះទៅកាន់អំណាចខ្លួនដោយស្លែដូច្នោះ។
[៩០៤] ក្នុងកាលដែលស្ត្រីទាំងនោះ សំឡឹងមើលមិនឃើញទ្រព្យរបស់បុរស មានសភាពគួរយកបានទេ ក៏គេចចៀសបុរសនុ៎ះដោយជុំវិញ ដូចជាបុគ្គលអ្នកឆ្លងទៅដល់ត្រើយស្ទឹងហើយ ក៏វៀរបង់នូវក្បូនដូច្នោះ។
[៩០៥] ស្ត្រីទាំងឡាយនោះ មានសេចក្តីប្រៀបធៀបដោយជ័រ ដូចជាភ្លើងដែលស៊ីនូវវត្ថុគ្រប់យ៉ាង មានមាយាដ៏ក្លៀវក្លា ដូចជាស្ទឹងមានខ្សែទឹកដ៏រហ័ស ព្រោះថា ស្ត្រីទាំងនុ៎ះ តែងសេពនូវបុរសជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ដូចជាទូកដែលអែបនូវច្រាំងទាំងខាងអាយ ទាំងច្រាំងខាងនាយដូច្នោះ។
[៩០៦] ស្ត្រីទាំងនោះ មិនមែនរបស់បុរសម្នាក់ មិនមែនរបស់បុរសពីរនាក់ទេ ដូចជារានផ្សារ ដែលគេរៀបហើយ បុរសណា សំគាល់នូវស្ត្រីទាំងនោះ ថាជារបស់អញ បុរសនោះ គប្បីចងខ្យល់ដោយសំណាញ់បាន។
[៩០៧] ស្ទឹង ផ្លូវ តៀមស្រា រោងសម្រាប់ប្រជុំ និងអណ្តូង យ៉ាងណា ធម្មតាស្ត្រីទាំងឡាយក្នុងលោក ក៏យ៉ាងនោះដែរ ឯវេលារបស់ស្ត្រីទាំងនោះ មិនមានឡើយ។
[៩០៨] ស្ត្រីទាំងនោះ ស្មើដោយភ្លើងឆេះឆ្នាំងខ្លាញ់ ឧបមាដោយក្បាលពស់វែក ឬដូចជាពួកគោស៊ីច្បិចតែចុងស្មៅដ៏ប្រសើរ ៗ ខាងក្រៅ។
[៩០៩] នរជនគប្បីសង្រួមជានិច្ច ហើយគប់រកនូវជនទាំងនេះ គឺភ្លើង ១ ដំរី ១ ពស់វែក ១ សេ្តចដែលបានមុទ្ធាភិសេកហើយ ១ ពួកស្ត្រីទាំងអស់ ១ ភាវៈទៀងទាត់របស់ជនទាំងនោះ គេស្គាល់បានដោយក្រ។
[៩១០] ស្ត្រីមានសម្បុរល្អឆើត បុរសមិនគួរសេពទេ ស្ត្រីជាទីស្រឡាញ់នៃបុរសច្រើនគ្នា បុរសមិនគួរសេពទេ ស្ត្រីប្រសប់រាំច្រៀង បុរសមិនគួរសេពទេ ស្ត្រីជាប្រពន្ធរបស់បុគ្គលដទៃ បុរសមិនគួរសេពទេ ស្រ្តី (គប់រកបុរស) ព្រោះហេតុតែទ្រព្យ បុរសមិនគួរសេពទេ ស្ត្រីទាំង ៥ ពួកនេះ បុរសមិនគួរសេពឡើយ។
ចប់ ចុល្លកុណាលជាតក ទី១។
(៤៦៥. ភទ្ទសាលជាតកំ (២))
[៩១១] (ព្រះរាជា ទ្រង់ត្រាស់ថា) អ្នកជាអ្វី ដែលមានសំពត់ទាំងឡាយដ៏ស្អាត បានឋិតនៅលើអាកាសវេហាស៍ ទឹកភ្នែកទាំងឡាយរបស់អ្នកហូរចេញ តើដោយហេតុអ្វី ភ័យមកចំពោះអ្នក ព្រោះអ្វី។
[៩១២] (ទេវរាជ ត្រាស់ថា) បពិត្រព្រះសម្មតិទេព ជនទាំងឡាយក្នុងដែនរបស់ព្រះអង្គ ស្គាល់ច្បាស់នូវខ្ញុំថា ជាភទ្ទសាលព្រឹក កាលខ្ញុំឋិតនៅ (ក្នុងឧទ្យាននេះ) អស់ ៦ ម៉ឺនឆ្នាំ ជនទាំងឡាយ បានបូជាហើយ។
[៩១៣] បពិត្រព្រះអង្គជាម្ចាស់ទិស (ព្រះរាជាទាំងឡាយ ពីដើមក្នុងនគរនេះ) កាលឲ្យគេសាងទីក្រុងទាំងឡាយផង ដំណាក់ទាំងឡាយផង ប្រាសាទផ្សេង ៗ ផង មិនដែលបៀតបៀនខ្ញុំឡើយ ព្រះរាជាទាំងនោះ បូជាខ្ញុំយ៉ាងណា សូមព្រះអង្គបូជាខ្ញុំ យ៉ាងនោះដែរ។
[៩១៤] (ព្រះរាជា…) ខ្ញុំមិនធ្លាប់ឃើញអ្នកជាដើមឈើធំ ដោយកាយរបស់អ្នកទេ អ្នកជាឈើមានទ្រង់ទ្រាយដ៏ល្អដោយកំពស់ និងទំហំ និងកំណើត។
[៩១៥] ម្នាលយក្ខ ខ្ញុំនឹងឲ្យគេធ្វើប្រាសាទមានសសរតែមួយ ជាទីរីករាយនៃចិត្ត ខ្ញុំនឹងនាំយកអ្នកចូលទៅក្នុងប្រាសាទនោះ ជីវិតរបស់អ្នក (នឹងមាន) អស់កាលយូរ។
[៩១៦] (ទេវរាជ…) (បើ) ព្រះទ័យ (របស់ទ្រង់) កើតឡើងយ៉ាងនេះ សេចក្តីព្រាត់ប្រាស (ចាកភទ្ទសាលព្រឹក្ស) ជាសរីរៈ (របស់ខ្ញុំនឹងមានប្រាកដ) (កាលបើយ៉ាងនេះ) សូមព្រះអង្គ កាត់ខ្ញុំជាច្រើនកំណាត់ កាត់ជាកំណាត់តូចធំចុះ។
[៩១៧] តែសូមព្រះអង្គកាត់ត្រង់ចុង និងកណ្តាល (មុន) រួចកាត់ត្រង់គល់ ក្នុងកាលជាខាងក្រោយ កាលបើខ្ញុំត្រូវព្រះអង្គកាត់យ៉ាងនេះ សេចក្តីស្លាប់ មិនគប្បីជាទុក្ខទេ។
[៩១៨] (ព្រះរាជា…) ដូចយ៉ាងបុគ្គលកាត់ដៃ និងជើងផង ត្រចៀក និងច្រមុះផង ឲ្យស្លាប់បាត់ជីវិត តពីនោះ គេកាត់នូវក្បាលក្នុងកាលខាងក្រោយ សេចក្តីស្លាប់នោះ ក៏ជាទុក្ខដែរ។
[៩១៩] ម្នាលភទ្ទសាលព្រឹក្ស ជាម្ចាស់នៃព្រៃ ការកាត់ជាកំណាត់ស្រួលឬ ព្រោះហេតុអ្វី ប្រារព្ធហេតុអ្វី បានជាអ្នកចង់ឲ្យគេកាត់ជាកំណាត់។
[៩២០] (ទេវរាជ…) បពិត្រមហារាជ ខ្ញុំចង់ឲ្យគេកាត់ជាកំណាត់ ព្រោះអាស្រ័យហេតុដែលប្រកបដោយហេតុណា សូមព្រះអង្គទ្រង់ស្តាប់នូវហេតុនោះរបស់ខ្ញុំចុះ។
[៩២១] ពួកឈើជាញាតិរបស់ខ្ញុំ ចំរើនដុះដាលដោយសេចក្តីសុខ កើតក្នុងទីមិនមានខ្យល់ នៅជិតខាងខ្ញុំ (កាលបើទ្រង់កាប់រំលំខ្ញុំ) ខ្ញុំមុខជានឹងរលំសង្កត់ពួកឈើជាញាតិនោះ សេចក្តីទុក្ខនឹងកើតមានដល់ពួកឈើជាញាតិដទៃទៀត។
[៩២២] (ព្រះរាជា….) ម្នាលភទ្ទសាលព្រឹក្ស ជាម្ចាស់នៃព្រៃ អ្នកគិតនូវហេតុដែលមានសភាពគួរគិត អ្នកជាឈើប្រាថ្នានូវប្រយោជន៍ដល់ពួកឈើជាញាតិ ម្នាលសំឡាញ់ ខ្ញុំឲ្យអភ័យដល់អ្នក។
ចប់ ភទ្ទសាលជាតក ទី២។
(៤៦៦. សមុទ្ទវាណិជជាតកំ (៣))
[៩២៣] (ព្រះសាសា្ត ទ្រង់សំដែងនូវឧទានរបស់បុរសម្នាក់ថា) ពួកមនុស្សជន (ក្នុងជម្ពូទ្វីប) ទាំងនោះ អាស្រ័យចិញ្ចឹមជីវិតដោយផលនៃការងារ រមែងសាបព្រោះ ក៏មិនបានមួយចំណែកនៃកោះនេះឡើយ ឯកោះរបស់យើងនេះ ប្រសើរជាងជម្ពូទ្វីប។
[៩២៤] (ធម្មិកទេវបុត្រ បានពោលថា) កាលបើព្រះចន្ទ ដើរដល់រាត្រី ១៥ កើត សន្ទុះនៃសាគរដ៏ធំ នឹងជោរលិចកោះដ៏ថ្កុំថ្កើងនេះ សន្ទុះនៃសាគរនោះ កុំសម្លាប់អ្នកទាំងឡាយឡើយ អ្នកទាំងឡាយ ចូរទៅរកទីជ្រកកោនដទៃចុះ។
[៩២៥] (អធម្មិកទេវបុត្រ បានពោលថា) សន្ទុះនៃទឹកក្នុងសាគរនេះ មិនមែនជោរលិចកោះដ៏ថ្កុំថ្កើងនេះទេ ដំណើរនោះ យើងឃើញដោយនិមិត្តដ៏ច្រើន អ្នកទាំងឡាយកុំខ្លាចសោយសោក ព្រោះហេតុអ្វី ចូររីករាយចុះ។
[៩២៦] អ្នកទាំងឡាយ បានដល់លំនៅដ៏ថ្កុំថ្កើងនេះ ជាកន្លែងមានចំណីដ៏ច្រើន មានបាយ និងទឹកដ៏ច្រើន យើងមិនឃើញភ័យបន្តិចបន្តួចនៃអ្នកទាំងឡាយឡើយ អ្នកទាំងឡាយ ចូររីករាយជាមួយនឹងកូន និងចៅទាំងឡាយចុះ។
[៩២៧] ជាងឈើជាមនុស្សពាល បានពោលថា ទេវតាណាឋិតក្នុងទិសខាងត្បូង និយាយប្រាប់សេចក្តីក្សេម ពាក្យរបស់ទេវតានោះពិត ទេវតាដែលឋិតក្នុងទិសខាងជើង មិនដឹងនូវហេតុដែលគួរខ្លាច និងមិនគួរខ្លាចទេ អ្នកទាំងឡាយ កុំខ្លាចឡើយ សោយសោកធ្វើអ្វី ចូរនាំគ្នារីករាយចុះ។
[៩២៨] (ជាងឈើជាបណ្ឌិត បានពោលថា) យក្ខទាំងនេះ ពោលខុសគ្នា យក្ខម្នាក់ប្រាប់នូវភ័យ យក្ខម្នាក់ប្រាប់នូវសេចក្តីក្សេម ណ្ហើយចុះ អ្នកទាំងឡាយចូរស្តាប់នូវពាក្យរបស់យើងចុះ យើងទាំងអស់គ្នា កុំវិនាសឆាប់រួសរាន់ឡើយ។
[៩២៩] យើងទាំងអស់គ្នា ចូរប្រជុំគ្នាធ្វើទូក គឺទូកកំរោលមាំ ប្រកបដោយយន្តគ្រប់យ៉ាង បើទេវតាដែលឋិតក្នុងទិសខាងត្បូងនេះនិយាយពិត ទេវតាដែលឋិតក្នុងទិសខាងជើងនិយាយប្រាប់នេះ មិនពិតឡើយ។
[៩៣០] ទូករបស់យើងនោះ នឹងមានប្រយោជន៍ដល់សេចក្តីអន្តរាយ (ដែលកើតខាងក្រោយ) ពួកយើងមិនលះបង់នូវកោះនេះទេ បើទេវតាដែលឋិតក្នុងទិសខាងជើង និយាយពិត ទេវតាដែលឋិតក្នុងទិសខាងត្បូងនេះ និយាយមិនពិតទេ។
[៩៣១] យើងទាំងអស់គ្នា ឡើងជិះទូកនោះឯង ហើយគប្បីឆ្លងទៅរកត្រើយខាងនាយ ដោយសួស្តីយ៉ាងនេះ បុគ្គលមិនគប្បីជឿដោយងាយថា ពាក្យដែលបុគ្គលទី ១ ពោលហើយ ជាពាក្យប្រសើរដូច្នេះទេ នរជនណា ក្នុងលោកនេះ កាន់យកនូវពាក្យនៃបុគ្គលទី ២ ដែលដល់នូវគន្លងនៃត្រចៀក ហើយពិចារណា (នូវពាក្យខាងដើម និងពាក្យខាងចុង) ហើយជឿនូវពាក្យជាកណ្តាល នរជននោះ រមែងដល់នូវទីដ៏ប្រសើរ។
[៩៣២] (អភិសម្ពុទ្ធគាថា) ពាណិជទាំងនោះ បានទៅដោយសួស្តី ក្នុងកណ្តាលនៃទឹកសមុទ្រ ដោយកម្មរបស់ខ្លួន យ៉ាងណាមិញ កុលបុត្រមានបា្រជ្ញាដូចផែនដី បានដឹងច្បាស់នូវប្រយោជន៍ ជាអនាគត ហើយមិនប្រព្រឹត្តកន្លងនូវប្រយោជន៍ (របស់ខ្លួន) សូម្បីតិច ក៏យ៉ាងនោះដែរ។
[៩៣៣] ពួកជនពាលដែលជាប់ក្នុងរសដោយមោហៈ មិនបានដឹងច្បាស់នូវប្រយោជន៍ជាអនាគត ក៏លិចចុះក្នុងប្រយោជន៍ជាបច្ចុប្បន្ន ដូចជាមនុស្សទាំងនោះ (ដល់នូវសេចក្តីវិនាស) ក្នុងកណ្តាលសមុទ្រ។
[៩៣៤] បុគ្គលគប្បីគ្រោងទុកនូវកិច្ចជាអនាគត (ដោយបំណងថា) កិច្ចកុំបៀតបៀនអញ ក្នុងកាលដែលមានកិច្ចឡើយ ឯកិច្ចនោះ មិនបានបៀតបៀននូវបុគ្គលនោះ ជាអ្នកធ្វើកិច្ចដែលខ្លួនបានគ្រោងទុកហើយ បា្រកដដូច្នោះ ក្នុងកាលជាទីធ្វើកិច្ច។
ចប់ សមុទ្ទវាណិជជាតក ទី៣។
(៤៦៧. កាមជាតកំ (៤))
[៩៣៥] (ព្រះមហាសត្វ បានពោលថា) កាលបុគ្គលបា្រថ្នានូវកាម បើកាមនោះសម្រេចដល់បុគ្គលនោះ សត្វប្រាថ្នាកាមណា បានហើយ រមែងជាអ្នកមានចិត្តរីករាយក្នុងវត្ថុនោះ ដោយពិត។
[៩៣៦] កាលបុគ្គលប្រាថ្នាកាម បើកាមនោះសម្រេចដល់បុគ្គលនោះ បុគ្គលនោះ រមែងបាននូវចំណង់ដទៃជាងនោះទៅទៀត ដូចជា (បុគ្គលហត់នឿយ) បាននូវចំណង់ (ស្រេក) ក្នុងរដូវក្តៅ។
[៩៣៧] កាលគោជាសត្វមានស្នែង កំពុងចំរើន ស្នែងរមែងចំរើនដែរ យ៉ាងណា កាលសត្វអ្នកមានបញ្ញាទន់ ល្ងង់ខ្លៅ មិនដឹងអ្វី កំពុងចំរើន តណ្ហា និងសេចក្តីស្រេកឃ្លាន រមែងរឹងរឹតចំរើនឡើងយ៉ាងនោះដែរ។
[៩៣៨] ប្រសិនបើ (មាណពនោះ) ឲ្យស្រែស្រូវខ្សាយ ឲ្យស្រែស្រូវដំណើប ឲ្យគោ សេះ និងបុរសជាខ្ញុំប្រុស លើផែនដី (ដល់បុគ្គលណាមួយ វត្ថុទាំងប៉ុណ្ណេះនេះ) ក៏មិនល្មមដល់បុគ្គលម្នាក់ឡើយ បុរសដឹងយ៉ាងនេះហើយ គប្បីប្រព្រឹត្តឲ្យស្មើ។
[៩៣៩] សេ្តចកំហែងច្បាំងឈ្នះនូវផែនដី ហើយគ្រប់គ្រងផែនដី មានសាគរជាទីបំផុត មានសភាពជាអ្នកមិនឆ្អែតនឹងត្រើយសមុទ្រខាងអាយ ក៏ចង់បាននូវត្រើយសមុទ្រខាងនាយទៀត។
[៩៤០] បុរសកាលនឹកស្រណោះនូវកាមទាំងឡាយ ដោយចិត្ត (ដរាបណា) ក៏មិនដល់នូវសេចក្តីឆ្អែតដរាបនោះ ពួកសត្វណាត្រឡប់ចិត្តចេញ គេចខ្លួនថយអំពីកាមនោះ ហើយឃើញ (ទោសកាម ដោយញាណ) ជាអ្នកឆ្អែតដោយបា្រជ្ញា ពួកសត្វនោះ ទើបឈ្មោះថា ឆ្អែតពិតមែន។
[៩៤១] បុរសនោះ មិនក្តៅក្រហាយដោយកាមទាំងឡាយ (នេះ) ជាអំពើដ៏ប្រសើរ របស់ពួកជនអ្នកឆ្អែតដោយប្រាជ្ញា តណ្ហាមិនធ្វើបុរសដែលឆ្អែតដោយប្រាជ្ញា ឲ្យលុះក្នុងអំណាចបានទើ្បយ។
[៩៤២] សូមព្រះអង្គកំចាត់បង់នូវកាមទាំងឡាយចេញ បុរសអ្នកមានប្រាជ្ញាប៉ុនសមុទ្រ អ្នកមានសេចក្តីប្រាថ្នាតិច អ្នកមិនលោភលន់ បុរសនោះ រមែងមិនក្តៅក្រហាយដោយកាមទាំងឡាយ។
[៩៤៣] បុគ្គលលះបង់នូវចំណែកនៃកាមទាំងឡាយណា ៗ សេចក្តីសុខក៏សម្រេច (ដល់បុគ្គលនោះ) ព្រោះចំណៃកនៃកាមទាំងឡាយនោះ ៗ ដូចជាងស្បែក កាលកាត់ស្បែកជើង (តែងចៀរនូវចំនៀរ) នៃស្បែកចោល (ក៏បាននូវថ្លៃស្បែកជើង ឈ្មោះថា ជាអ្នកបានសេចក្តីសុខ) បើបុគ្គលប្រាថ្នានូវសេចក្តីសុខគ្រប់យ៉ាង ត្រូវលះកាមទាំងអស់ចេញ។
[៩៤៤] (ព្រះរាជា ទ្រង់ត្រាស់ថា) គាថាទាំងអស់ ៨ ដែលអ្នកពោលហើយ គួរដល់ថ្លៃ ១.០០០ កហាបណៈ ម្នាលមហាព្រហ្ម អ្នកចូរទទួលយក (នូវកហាបណៈទាំងនេះ) ចុះ ភាសិតរបស់អ្នកនេះ ប្រពៃណាស់។
[៩៤៥] (ព្រះមហាសត្វ…) ខ្ញុំព្រះអង្គមិនត្រូវការដោយកហាបណៈទាំងរយ ទាំងពាន់ ទាំងហ្មឺនទេ កាលដែលខ្ញុំព្រះអង្គកំពុងពោលគាថាខាងចុង ចិត្តរបស់ខ្ញុំព្រះអង្គ មិនត្រេកអរក្នុងកាមឡើយ។
[៩៤៦] (ព្រះរាជា….) អ្នកប្រាជ្ញណា កំណត់ដឹងនូវតណ្ហាដែលញុំាងសេចក្តីទុក្ខឲ្យកើតឡើង អ្នកប្រាជ្ញនោះ គឺមាណពដ៏ចំរើន ដែលជាអ្នកដឹងនូវលោកទាំងមូលនេះទេតើ។
ចប់ កាមជាតក ទី៤។
(៤៦៨. ជនសន្ធជាតកំ (៥))
[៩៤៧] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ព្រះបាទជនសន្ធៈ ទ្រង់មានព្រះឱង្ការថា បុគ្គលណា មិនបានធ្វើហេតុទាំង ១០ នេះ ទុកជាមុនទេ បុគ្គលនោះ តែងក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ។
[៩៤៨] បុគ្គលមិនបានទ្រព្យ ដែលខ្លួនមិនបានឲ្យកើតឡើងក្នុងកាលមុន រមែងក្តៅក្រហាយ តែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា អាត្មាអញមិនបានស្វែងរកទ្រព្យទុកក្នុងកាលមុន។
[៩៤៩] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា សិល្បៈ ជាគុណមានសភាពអង់អាច អាត្មាអញមិនបានរៀនទុកក្នុងកាលមុន ការចិញ្ចឹមជីវិតនៃបុគ្គលអ្នកមិនមានសិល្បៈ លំបាក។
[៩៥០] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា កាលពីដើម អាត្មាអញជាអ្នកប៉ិនប្រសប់ក្នុងអំពើកោងផង ជាអ្នកញុះញង់ផង ស៊ីសាច់ខ្នងគេ គឺស៊ីសំណូកផង ជាអ្នកកាចផង អាក្រក់ផង។
[៩៥១] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា កាលពីដើម អាត្មាអញជាអ្នកសំឡាប់សត្វផង កាចអាក្រក់ផង ជាអ្នកមិនប្រសើរផង មិនកោតក្រែងចំពោះពួកសត្វផង។
[៩៥២] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា អើហ្ន៎ កាលដែលពួកស្ត្រីមានច្រើនគរគោក ជាស្ត្រីមិនមានអន្តរាយ (មិនមានគេកាន់កាប់សោះ) អាត្មាអញសេពនឹងប្រពន្ធគេ។
[៩៥៣] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា អើហ្ន៎ កាលពីដើម អាត្មាអញមានបាយ និងទឹកច្រើនគរគោក តែមិនបានឲ្យទានសោះ។
[៩៥៤] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា កាលអាត្មាអញ មានទ្រព្យច្រើន មិនបានចិញ្ចឹមមាតា និងបិតាដែលចាស់ មានវ័យកន្លងហើយ។
[៩៥៥] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា អាត្មាអញ បានមើលងាយបិតា ដែលជាអាចារ្យ អ្នកប្រៀនប្រដៅ ជាអ្នកនាំមកនូវរសគ្រប់យ៉ាង។
[៩៥៦] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា ក្នុងកាលមុន អាត្មាអញមិនបានចូលទៅជិតពួកសមណៈ និងព្រាហ្មណ៍ អ្នកមានសីល ជាពហុស្សូតឡើយ។
[៩៥៧] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយថា តបៈ គឺសុចរិតធម៌ ដែលគេសន្សំហើយផង បុគ្គលអ្នកស្ងប់ដែលគេចូលទៅអង្គុយជិតផង ជាការប្រពៃ តបៈ (មានសភាពយ៉ាងនេះ) អាត្មាអញ មិនបានសន្សំហើយ ក្នុងកាលពីដើម។
[៩៥៨] ចំណែកខាងបុគ្គលណា កាលធ្វើកិច្ចរបស់បុរសទាំងឡាយ ហើយប្រតិបត្តិនូវហេតុទាំងនេះដោយយោបល់ បុគ្គលនោះ រមែងមិនក្តៅក្រហាយរឿយ ៗ ក្នុងកាលជាខាងក្រោយឡើយ។
ចប់ ជនសន្ធជាតក ទី៥។
(៤៦៩. មហាកណ្ហជាតកំ (៦))
[៩៥៩] (ព្រះរាជា ត្រាស់សួរថា) ម្នាលអ្នកមានព្យាយាម ឆ្កែរបស់អ្នកខ្មៅណាស់ គួរស្បើម មានចង្កូមសស្ងាច អ្នកចងដោយខ្សែ ៥ តើវាមានប្រយោជន៍អ្វីដល់អ្នក។
[៩៦០] (សក្កទេវរាជ ពោលថា) បពិត្រព្រះបាទឧសិន្នរៈ ឆ្កែនេះ មិនមកដើម្បីប្រយោជន៍ដល់ពួកម្រឹគទេ ឆ្កែខ្មៅបំផ្លិចបំផ្លាញនូវពួកមនុស្សក្នុងកាលណា នឹងរបូតទៅ (អំពីដៃខ្ញុំ) ក្នុងកាលនោះ។
[៩៦១] ពួកសមណៈត្រងោល មានបាត្រក្នុងដៃ ឃ្លុំសង្ឃាដិ និងភ្ជួររាស់ដោយនង្គ័លទាំងឡាយ (ក្នុងកាលណា) ឆ្កែខ្មៅនឹងរបូត (ស្ទុះទៅស៊ីនូវសមណៈទាំងនោះ) ក្នុងកាលនោះ។
[៩៦២] ពួកភិក្ខុនី មានតបៈ ជាអ្នកបួសត្រងោល ឃ្លុំសង្ឃាដិ នឹងទៅ (បរិភោគកាម) ក្នុងលោកក្នុងកាលណា ឆ្កែខ្មៅនឹងរបូត (ស្ទុះទៅស៊ីនូវនាងភិក្ខុនីទាំងនោះ) ក្នុងកាលនោះ។
[៩៦៣] ពួកជដិល មានបបូរមាត់ខាងលើវែង មានធ្មេញប្រកបដោយមន្ទិល មានធូលីលើក្បាល នឹងទៅទារបំណុល (ក្នុងកាលណា) ឆ្កែខ្មៅនឹងរបូត (ស្ទុះទៅស៊ីនូវជដិលទាំងនោះ) ក្នុងកាលនោះ។
[៩៦៤] ពួកព្រាហ្មណ៍ បានរៀនវេទទាំងឡាយផង សាវិត្តិសាស្រ្តផង យញ្ញសូត្រ ក្នុងសាវិត្តិសាស្រ្តនោះផង នឹងបូជាដើម្បីថ្លៃឈ្នួល (ក្នុងកាលណា) ឆ្កែខ្មៅនឹងរបូត (ស្ទុះទៅស៊ីនូវព្រាហ្មណ៍ទាំងនោះ) ក្នុងកាលនោះ។
[៩៦៥] ពួកជនអ្នកមានទ្រព្យច្រើន នឹងមិនចិញ្ចឹមមាតាបិតាដែលជរា មានវ័យកន្លងហើយ (ក្នុងកាលណា) ឆ្កែខ្មៅនឹងរបូត (ស្ទុះទៅស៊ីនូវជនអ្នកមានទ្រព្យទាំងនោះ) ក្នុងកាលនេះ។
[៩៦៦] ពួកជននឹងនិយាយទៅកាន់មាតាបិតាដែលជរា មានវ័យកន្លងហើយថា អ្នកទាំងឡាយ ជាមនុស្សពាលដូច្នេះ (ក្នុងកាលណា) ឆ្កែខ្មៅនឹងរបូត (ស្ទុះទៅស៊ីនូវជនទាំងនោះ) ក្នុងកាលនោះ។
[៩៦៧] ពួកជនប្រព្រឹត្ត (សេវនកិច្ច) នឹងភរិយារបស់អាចារ្យ ភរិយារបស់សំឡាញ់ មា្តយធំ ម្តាយមីងខាងម្តាយ ម្តាយធំ ម្តាយមីងខាងឪពុក ក្នុងលោក ក្នុងកាលណា ឆ្កែខ្មៅនឹងរបូត (ស្ទុះទៅស៊ីនូវជនទាំងនោះ) ក្នុងកាលនោះ។
[៩៦៨] ពួកព្រាហ្មណ៍កាន់ដាវ និងខែល ងាព្រះខាន់ ធ្វើនូវការសំឡាប់នូវអ្នកដើរផ្លូវ ក្នុងកាលណា ឆ្កែខ្មៅនឹងរបូត (ស្ទុះទៅស៊ីនូវពួកព្រាហ្មណ៍ទាំងនោះ) ក្នុងកាលនោះ។
[៩៦៩] ពួកបុរសមានស្បែកសម្បុរថ្ងៃសស្អាត មានដើមដៃថ្លោស មានអាជីវៈមិនប្រាកដ មានពំនៀរនឹងស្ត្រីមេម៉ាយ នឹងធ្វើនូវការបំបែកមិត្រ10) (ក្នុងកាលណា) ឆ្កែខ្មៅនឹងរបូត (ស្ទុះទៅស៊ីនូវបុរសនោះ) ក្នុងកាលនោះ។
[៩៧០] ពួកជនអ្នកមានមាយា ជាអ្នកបោកប្រាស់ មានគំនិតជាអសប្បុរស នឹងមានក្នុងលោក (ក្នុងកាលណា) ឆ្កែខ្មៅនឹងរបូត (ស្ទុះទៅស៊ីនូវជនមានមាយាទាំងនោះ) ក្នុងកាលនោះ។
ចប់ មហាកណ្ហជាតក ទី៦។
(៤៧០. កោសិយជាតកំ (៧))
[៩៧១] (កោសិយសេដ្ឋី ពោលថា) ខ្ញុំមិនទិញ មិនលក់ទេ ម្យ៉ាងទៀត ការសន្សំ (នូវទ្រព្យ) របស់ខ្ញុំ ក៏មិនមានក្នុងទីនេះដែរ បាយនេះតិច មានសភាពក្រក្រៃពេក បាយអង្ករ ១ កំបង់នេះ មិនល្មមដល់ជនពីរនាក់ទេ។
[៩៧២] (សក្កទេវរាជ ពោលថា) បុគ្គលគប្បីឲ្យវត្ថុតិច អំពីវត្ថុតិច គប្បីឲ្យវត្ថុពាក់កណ្តាល អំពីវត្ថុពាក់កណ្តាល គប្បីឲ្យវត្ថុច្រើន អំពីវត្ថុច្រើន ការមិនឲ្យ មិនកើតទេ។ ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយនឹងអ្នក អ្នកចូរឲ្យទានទាំងឡាយផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គផង បុគ្គលស៊ីម្នាក់ឯង មិនបានសេចក្តីសុខទេ។
[៩៧៣] (ចន្ទទេវបុត្រ ពោលថា) បុគ្គលណា កាលដែលភ្ញៀវអង្គុយហើយ បរិភោគភោជនតែម្នាក់ឯង ការបូជារបស់បុគ្គលនោះ ឈ្មោះថា ឥតអំពើផង ការព្យាយាមញុំាងទ្រព្យឲ្យកើតរបស់បុគ្គលនោះ ឈ្មោះថា ឥតអំពើផង។ ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយនឹងអ្នក អ្នកចូរឲ្យទានទាំងឡាយផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គផង បុគ្គលស៊ីម្នាក់ឯង មិនបានសេចក្តីសុខទេ។
[៩៧៤] (សុរិយទេវបុត្រ ពោលថា) បុគ្គលណា កាលដែលភ្ញៀវអង្គុយហើយ មិនបរិភោគភោជនតែម្នាក់ឯង ការបូជារបស់បុគ្គលនោះ ឈ្មោះថា សច្ចៈផង ការព្យាយាមញុំាងទ្រព្យឲ្យកើត របស់បុគ្គលនោះ ឈ្មោះថា សច្ចៈផង។ ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយនឹងអ្នក អ្នកចូរឲ្យទានទាំងឡាយផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គផង បុគ្គលស៊ីម្នាក់ឯង មិនបានសេចក្តីសុខទេ។
[៩៧៥] (មាតលិទេវបុត្រ ពោលថា) បុរស (ចូលទៅរក) ស្រះ ហើយបូជាក្នុងទនេ្លផង ក្នុងស្រះបោក្ខរណីផង ក្នុងកំពង់ឈ្មោះទោណៈផង ក្នុងកំពង់ឈ្មោះតិម្ពរុផង ក្នុងស្ទឹងធំមានខ្សែទឹកដ៏រហ័សផង។ បុគ្គលណា កាលដែលភ្ញៀវអង្គុយហើយ មិនបរិភោគភោជនតែម្នាក់ឯង ការបូជារបស់បុគ្គលនោះ ឈ្មោះថា មានក្នុងទីនោះផង ការព្យាយាមញុំាងទ្រព្យឲ្យកើត របស់បុគ្គលនោះ ឈ្មោះថា មានក្នុងទីនោះផង។ ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយនឹងអ្នក អ្នកចូរឲ្យទានទាំងឡាយផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គផង បុគ្គលស៊ីមា្នក់ឯង មិនបានសេចក្តីសុខទេ។
[៩៧៦] (បព្ចាសិខទេវបុត្រ ពោលថា) បុគ្គលណា កាលដែលភ្ញៀវអង្គុយហើយ បរិភោគភោជនតែម្នាក់ឯង បុគ្គលនោះ ឈ្មោះថា លេបនូវសន្ទូចមានខ្សែវែង ព្រមទាំងរនង។ ម្នាលកោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយនឹងអ្នក អ្នកចូរឲ្យទានទាំងឡាយផង ចូរបរិភោគផង ចូរឡើងកាន់អរិយមគ្គផង បុគ្គលស៊ីម្នាក់ឯង មិនបានសេចក្តីសុខទេ។
[៩៧៧] (កោសិយសេដ្ឋី…) ឱហ្ន៎ ព្រាហ្មណ៍ទាំងនេះ មានវណ្ណៈដ៏លើសលុប ទាំងឆ្កែរបស់ពួកគាត់នេះ ក៏បញ្ចេញនូវពន្លឺនៃវណ្ណៈផ្សេង ៗ តើព្រោះហេតុអ្វី ម្នាលព្រាហ្មណ៍ទាំងឡាយ អ្នកទាំងឡាយ ចូរប្រាប់ដល់យើងចុះ តើពួកអ្នកជាអ្វី។
[៩៧៨] (សក្កទេវរាជ…) ទេវបុត្រទាំងពីរអង្គ គឺចន្ទទេវបុត្រ ១ សុរិយទេវបុត្រ ១ មកក្នុងទីនេះ ឯទេវបុត្រនេះ ឈ្មោះមាតលិ ជាសារថីរបស់ទេវតា យើងឈ្មោះសក្កៈ ជាធំជាងពួកទេវតាជាន់ត្រៃត្រិង្ស ឯទេវបុត្រនេះ គេហៅថា បព្ចាសិខៈ។
[៩៧៩] សំឡេងទះដៃទាំងឡាយផង សម្ភោរតូចទាំងឡាយផង សម្ភោរធំ និងស្គរធំទាំងឡាយផង រមែងញុំាងបព្ចាសិខទេវបុត្រនេះ ដែលដេកលក់ ឲ្យភ្ញាក់ឡើង ឯបព្ចាសិខទេវបុត្រនេះ លុះភ្ញាក់ហើយក៏ត្រេកអរ។
[៩៨០] ពួកជនណានីមួយ ជាអ្នកកំណាញ់ស្វិតស្វាញ ប្រទេចផ្តាសានូវសមណៈ និងព្រាហ្មណ៍ទាំងឡាយ លុះទំលាក់ចោលនូវរាងកាយ គឺសរីរៈ ក្នុងលោកនេះ បែកធ្លាយរាងកាយហើយ ក៏ទៅកាន់នរក។
[៩៨១] ពួកជនណានីមួយ កាលប្រាថ្នានូវសុគតិ ឋិតនៅក្នុងធម៌ ក្នុងសេចក្តីសង្រួម ក្នុងការចែករំលែក លុះទំលាក់ចោលរាងកាយ គឺសរីរៈ ក្នុងលោកនេះ បែកធ្លាយរាងកាយហើយ ក៏ទៅកាន់សុគតិ។
[៩៨២] អ្នកជាញាតិរបស់ពួកយើងក្នុងជាតិមុន អ្នកនោះ ឈ្មោះកោសិយៈ ជាអ្នកមានសេចក្តីកំណាញ់ មានធម៌ដ៏លាមក ពួកយើងមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់អ្នក (ដោយគិតថា) កុំឲ្យអ្នកមានធម៌ដ៏លាមក ទៅកាន់នរកឡើយ។
[៩៨៣] (កោសិយសេដ្ឋី…) ពួកលោកឈ្មោះថា ប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំដោយពិត ព្រោះពួកលោកបានប្រៀនប្រដៅខ្ញុំ ខ្ញុំនោះនឹងធ្វើតាមពាក្យទាំងអស់ដែលពួកលោកជាអ្នកប្រាថ្នានូវប្រយោជន៍ បានពោល (រំលឹក) ហើយ ដោយបការៈដូច្នោះ។ ខ្ញុំនេះនឹងវៀរលែង (ចាកសេចក្តីកំណាញ់) នេះឯង ខ្ញុំនឹងឈប់ធ្វើបាបតិចតួចហើយ ទាំងវត្ថុតិចតួចដែលខ្ញុំមិនគប្បីឲ្យ មិនមាន ខ្ញុំបើមិនបានឲ្យទានទឹក នឹងមិនផឹកឡើយ។ បពិត្រវាសវៈ កាលបើខ្ញុំឲ្យទាន អស់កាលទាំងពួងយ៉ាងនេះ ភោគៈទាំងឡាយ ក្នុងទីនេះនឹងអស់ទៅ បពិត្រសក្កៈ តពីនោះទៅ ខ្ញុំនឹងលះបង់កាមទាំងឡាយ តាមសមគួរដល់ចំណែក ហើយនឹងបួស។
ចប់ កោសិយជាតក ទី៧។
(៤៧១. មេណ្ឌកបញ្ហជាតកំ (៨))
[៩៨៤] (ព្រះបាទវិទេហរាស្រ្ត ទ្រង់ត្រាស់សួរពួកអ្នកប្រាជ្ញថា) តាំងពីកាលណាមកក្នុងលោកនេះ មិនធ្លាប់មានពួកសត្វណាមានជើង ៧11) យកគ្នាជាសំឡាញ់ឡើយ សត្វទាំងពីរនោះ ជាសត្រូវនឹងគ្នាទេ (តែឥឡូវ) ត្រឡប់ជាយកគា្នធ្វើជាសំឡាញ់ ប្រព្រឹត្តរាប់អានគ្នា តើព្រោះហេតុដូចម្តេច។
[៩៨៥] ប្រសិនបើអ្នកទាំងឡាយ មិនអាចដោះប្រស្នាយើងនុ៎ះ ក្នុងពេលបាយព្រឹក ក្នុងថ្ងៃនេះបានទេ យើងនឹងបំបរបង់អ្នកទាំងអស់គ្នាអំពីដែន ព្រោះយើងមិនត្រូវការនឹងពួកមនុស្សឥតប្រាជ្ញាឡើយ។
[៩៨៦] (អាចារ្យសេនកៈ បែរមើលទៅពោធិសត្វ ហើយក្រាបទូលព្រះបាទវិទេហរាស្រ្តថា) កាលបើមានការប្រជុំនៃមហាជន គគ្រឹកគគ្រេង កាលបើមានការជួបជុំរជើបរជួលនៃជន កើតឡើងហើយ (យ៉ាងនេះ) យើងខ្ញុំមានចិត្តរវើរវាយ មានចិត្តមិននឹងនៅក្នុងអារម្មណ៍តែមួយ មិនអាចឆ្លើយប្រស្នានុ៎ះបានទេ។
[៩៨៧] បពិត្រព្រះបាទជនិន្រ្ទាធិរាជ អ្នកប្រាជ្ញទាំងឡាយ ម្នាក់ ៗ មានចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ ទៅក្នុងទីស្ងាត់ហើយ គិតនូវសេចក្តីទាំងឡាយ ពិចារណានូវកាយវិវេក និងចិត្តវិវេក ទើបក្រាបទូលសេចក្តីនុ៎ះ ក្នុងកាលជាខាងក្រោយបាន។
[៩៨៨] (អាចារ្យសេនកៈ ក្រាបទូលថា) សាច់ពពែ ជាទីពេញចិត្ត ជាទីគាប់ចិត្តរបស់កូនអាមាត្យ និងព្រះរាជបុត្រទាំងឡាយ ពួកកូនអាមាត្យ និងព្រះរាជបុត្រទាំងនោះ មិនបរិភោគសាច់ឆ្កែទេ បានជាពពែ និងឆ្កែ យកគ្នាជាសំឡាញ់។
[៩៨៩] (អាចារ្យបុក្កុសៈ ទូលថា) ពួកជនតែងពន្លះស្បែកពពែ សម្រាប់ក្រាលលើខ្នងសេះ ព្រោះហេតុចង់ឲ្យស្រួល តែពួកជនទាំងនោះ មិនក្រាលស្បែកឆ្កែទេ បានជាពពែ និងឆ្កែ យកគ្នាជាសំឡាញ់។
[៩៩០] (អាចារ្យកាមិន្ទ ទូលថា) ពពែមានស្នែងជារង្វង់ ឯឆ្កែគ្មានស្នែងទេ ពពែស៊ីស្មៅ ឆ្កែស៊ីសាច់ បានជាពពែ និងឆ្កែយកគ្នាជាសំឡាញ់។
[៩៩១] (អាចារ្យទេវិន្ទ ទូលថា) ពពែស៊ីស្មៅ ស៊ីស្លឹកឈើ ឯឆ្កែមិនស៊ីស្មៅ មិនស៊ីស្លឹកឈើទេ ឆ្កែខាំតែទន្សាយ និងសំពោច បានជាពពែ និងឆ្កែ យកគ្នាជាសំឡាញ់។
[៩៩២] (ព្រះមហោសធ ទូលថា) សត្វជើង ៧ កន្លះ គឺឆ្កែមានជើងបីកន្លះ ពពែមានជើង ៤ មានក្រចក ៨ បន្លំលួចសាច់ ឯឆ្កែនេះ លួច (ស្មៅ) ឲ្យពពែនេះ ពពែនេះ លួចសាច់ឲ្យឆ្កែឯនោះ។
[៩៩៣] ឮថា ព្រះបាទវិទេហរាស្រ្ត ជាស្តេចដ៏ប្រសើរ ជាធំជាងជន សេ្តចគង់នៅលើប្រាសាទដ៏ប្រសើរ ទ្រង់ទតឃើញជាក់ច្បាស់នូវការផ្លាស់ប្តូរភោជនដល់គ្នានឹងគ្នានុ៎ះ របស់ឆ្កែ និងពពែ ដែលដើរទៅលួចអាហារពេញមាត់ មកឲ្យគ្នាបរិភោគ។
[៩៩៤] (ព្រះបាទវិទេហរាស្ត្រ ទ្រង់មានព្រះរាជឱង្ការថា) យើងហៅពេញជាមានលាភ មានសភាពមិនតិចទេ ព្រោះអ្នកប្រាជ្ញទាំងឡាយបែបនេះ មាននៅក្នុងត្រកូលរបស់យើង អ្នកប្រាជ្ញទាំងនេះ យល់អាថ៌ប្រស្នាដ៏ជ្រាលជ្រៅល្អិត ដោយសុភាសិតបាន។
[៩៩៥] យើងមានចិត្តត្រេកអរដ៏ក្រៃលែង យើងឲ្យសេះអស្សតរ និងរថមួយ ៗ ម្នាក់ ឲ្យស្រុកសួយដែលបរិបូណ៌មួយ ៗ ម្នាក់ ដល់អ្នកទាំងអស់គ្នា ជាអ្នកប្រាជ្ញ ព្រោះសុភាសិត។
ចប់ មេណ្ឌកប្បញ្ហាជាតក ទី៨។
(៤៧២. មហាបទុមជាតកំ (៩))
[៩៩៦] (ពួកជន ក្រាបទូលថា) ព្រះរាជាជាឥស្សរៈ បើមិនទាន់ឃើញទោសតូចធំ ដោយសព្វគ្រប់ អំពីសំណាក់បុគ្គលដទៃ ទាំងមិនទាន់ពិចារណាឲ្យឃើញច្បាស់ដោយខ្លួនឯងទេ មិនគប្បីដាក់អាជ្ញាឡើយ។
[៩៩៧] បើក្សត្រិយ៍ណា មិនទាន់ពិចារណា ហើយធ្វើអាជ្ញា ក្សត្រិយ៍នោះ ឈ្មោះថា លេបភោជនប្រកបដោយបន្លា ប្រកបដោយរុយ ដូចជាមនុស្សខ្វាក់។
[៩៩៨] ព្រះរាជាណា ដាក់អាជ្ញាដល់បុគ្គលដែលមិនគួរដាក់អាជ្ញា មិនដាក់អាជ្ញាដល់បុគ្គលដែលគួរដាក់អាជ្ញា ព្រះរាជានោះ ឈ្មោះថា មិនដឹងការស្មើ និងមិនស្មើ ដូចជាមនុស្សខ្វាក់ ដើរតាមផ្លូវមិនរាបស្មើ។
[៩៩៩] ព្រះរាជាណា ឃើញនូវហេតុទាំងឡាយតូច និងធំនុ៎ះ ដោយសព្វគ្រប់ ជាហេតុដែលឃើញត្រឹមត្រូវហើយ សឹមប្រៀនប្រដៅ ព្រះរាជានោះ ទើបគួរហៅថា ព្រះរាជាបាន។
[១០០០] ព្រះរាជា ដែលមានព្រះទ័យទន់ពេក មានព្រះទ័យរឹងពេក ក៏មិនអាចតាំងខ្លួន ក្នុងភាពជាធំបានទេ ហេតុនោះ ព្រះរាជាគួរប្រព្រឹត្តនូវហេតុទាំងពីរ។
[១០០១] (ព្រោះ) ព្រះរាជា ដែលមានព្រះទ័យទន់ ត្រូវពួករាស្រ្តមើលងាយ ឯព្រះរាជាមានព្រះទ័យរឹងពេក រមែងមានពំនៀរ ព្រះរាជាជ្រាបហេតុទាំងពីរនោះហើយ ត្រូវប្រព្រឹត្តជាកណ្តាល។
[១០០២] បុគ្គលត្រេកអរហើយ និយាយច្រើនក៏មាន បុគ្គលខឹងហើយ និយាយច្រើក៏មាន បពិត្រមហារាជ ព្រះអង្គមិនគួរសម្លាប់ព្រះរាជបុត្រ ព្រោះហេតុតែស្ត្រីទេ។
[១០០៣] (ព្រះរាជា…) មនុស្សលោកទាំងអស់ (ជាបក្ខពួកខាងកុមារ) ឯស្ត្រីនេះតែម្នាក់ឯងទេ ព្រោះហេតុនោះ យើងនឹងប្រតិបត្តិ (តាមពាក្យនាងនេះវិញ) អ្នកឯងចូរទៅទម្លាក់វា (ក្នុងជ្រោះភ្នំទៅ)។
[១០០៤] យើងជាបិតា បានឲ្យគេយកកូនឯង ទៅបោះក្នុងជ្រោះភ្នំដ៏ជ្រៅ ច្រើនជួរត្នោត មិនងាយឡើងមករួចទេ ហេតុអ្វីបានជាកូនឯងមិនស្លាប់ក្នុងជ្រោះនោះ។
[១០០៥] (មហាបទុមតាបសថា…) ក្នុងវេលានោះ នាគរាជមានកំឡាំងដ៏ខ្លាំងពូកែ អាស្រ័យនៅនឹងភ្នំ បានទទួលទ្រអាត្មាភាព ដោយភ្នេនទាំងឡាយ ហេតុនោះ បានជាអាត្មាភាព មិនស្លាប់ក្នុងជ្រោះនោះ។
[១០០៦] (ព្រះរាជា…) ម្នាលរាជបុត្រ សូមលោកនិមន្តមក យើងនឹងនាំលោកទៅកាន់ផ្ទះរបស់ខ្លួនវិញ ម្នាលលោកដ៏ចំរើន សូមលោកគ្រប់គ្រងរាជសម្បត្តិចុះ លោកនៅធ្វើអ្វីក្នុងព្រៃ។
[១០០៧] (មហាបទុមតាបស…) បុគ្គលលេបផ្លែសន្ទូច ហើយទាញចេញមក លុះទាញចេញមក ព្រមទាំងឈាម គប្បីជាសុខយ៉ាងណា អាត្មាភាពឃើញច្បាស់ដោយខ្លួនឯង ក៏យ៉ាងនោះដែរ។
[១០០៨] (ព្រះរាជា…) លោកពោលថា អ្វីជាផ្លែសន្ទូច លោកពោលថា អ្វីជាឈាម លោកពោលថា អ្វីទាញចេញមក កាលបើយើងសួរហើយ លោកចូរប្រាប់រឿងនោះ។
[១០០៩] (មហាបទុមតាបស…) អាត្មាភាព ពោលនូវកាមថាជាផ្លែសន្ទូច ពោលនូវដំរី និងសេះថាជាឈាម ពោលនូវការលះចោល ថាជាគ្រឿងទាញចេញមក បពិត្រក្សត្រិយ៍ សូមព្រះអង្គជា្របយ៉ាងនេះចុះ។
[១០១០] (ប្រជុំជាតក) មាតាចុងនៃតថាគត គឺនាងចិញ្ចមាណវិកា បិតាតថាគត គឺទេវទត្ត នាគរាជ គឺអានន្ទជាអ្នកប្រាជ្ញ ទេវតា គឺសារីបុត្រ រាជបុត្រ ក្នុងកាលនោះ គឺតថាគត អ្នកទាំងឡាយ ចូរចាំទុកនូវជាតកដោយប្រការយ៉ាងនេះចុះ។
ចប់ មហាបទុមជាតក ទី៩។
(៤៧៣. មិត្តាមិត្តជាតកំ (១០))
[១០១១] (ព្រះបាទព្រហ្មទត្ត សួរមហាសត្វថា) បណ្ឌិតអ្នកមានប្រាជ្ញា ឃើញ ឬឮពួកជន កំពុងធ្វើនូវអំពើអ្វី ៗ គប្បីដឹងថា ជាអមិត្របាន តើវិញ្ញុជន គប្បីព្យាយាមដូចម្តេច។
[១០១២] (ព្រះមហាសត្វ សំដែងនូវលក្ខណៈនៃបុគ្គលជាសត្រូវនោះថា) បុគ្គលជាសត្រូវ ឃើញបុគ្គលនោះហើយ មិនញញឹម ១ មិនទទួលត្រេកអរនឹងសំដីបុគ្គលនោះ ១ មិនឲ្យភ្នែកដល់បុគ្គលនោះ ១ ប្រព្រឹត្តទទឹងទាស់ ១។
[១០១៣] បុគ្គលអែបអបនឹងពួកសត្រូវ របស់បុគ្គលនោះ ១ មិនសេពគប់នឹងពួកមិត្ររបស់បុគ្គលនោះ ១ រារាំងពួកជនអ្នកនិយាយសរសើរ ១ សរសើរពួកជនអ្នកជេរ ១។
[១០១៤] មិនប្រាប់សេចក្តីកំបាំង ដល់បុគ្គលនោះ ១ មិនលាក់សេចក្តីកំបាំងរបស់បុគ្គលនោះ ១ មិនសរសើរការងាររបស់បុគ្គលនោះ ១ មិនសរសើរប្រាជ្ញារបស់បុគ្គលនោះ ១។
[១០១៥] ត្រេកអរនឹងសេចក្តីវិនាសរបស់បុគ្គលនោះ ១ មិនត្រេកអរនឹងសេចក្តីចំរើនរបស់បុគ្គលនោះ ១ បានភោជនចំឡែក មិននឹកនាដល់បុគ្គលនោះ ១ មិនអនុគ្រោះបុគ្គលនោះ អំពីរបស់នោះថា ឱមិត្រនោះ គប្បីបានរបស់នេះខ្លះ ១។
[១០១៦] បណ្ឌិតឃើញ ឬឮ ហើយស្គាល់ថា ជាអមិត្របាន ដោយអាការទាំង ១៦ នេះ ដែលដំកល់នៅក្នុងអមិត្រដោយប្រការៈដូច្នេះ។
[១០១៧] (ព្រះបាទព្រហ្មទត្ត…) បណ្ឌិតអ្នកមានប្រាជ្ញា ឃើញ ឬឮពួកជន កំពុងធ្វើការងារអ្វី ៗ គប្បីដឹងថា ជាមិត្របាន តើវិញ្ញុជន គប្បីព្យាយាមដូចម្តេច។
[១០១៨] (មហាសត្វ…) បុគ្គលជាមិត្រ តែងនឹករលឹកដល់មិត្រដែលនៅបែកគ្នា ១ ត្រេកអរនឹងមិត្រដែលមកដល់ ១ ជាអ្នករាប់អានចំពោះមិត្រនោះ ១ ទទួលរីករាយដោយវាចា ១។
[១០១៩] គប់រកនឹងពួកមិត្ររបស់មិត្រនោះ ១ មិនសេពគប់នឹងពួកអមិត្ររបស់មិត្រនោះ ១ ហាមឃាត់នូវពួកអ្នកជេរ ១ សរសើរពួកជនដែលនិយាយសរសើរ ១។
[១០២០] ប្រាប់សេចក្តីកំបាំងដល់មិត្រនោះ ១ បិទបាំងសេចក្តីកំបាំងរបស់មិត្រនោះ ១ សរសើរការងាររបស់មិត្រនោះ ១ សរសើរប្រាជ្ញារបស់មិត្រនោះ ១។
[១០២១] ត្រេកអរនឹងសេចក្តីចំរើនរបស់មិត្រនោះ ១ មិនត្រេកអរនឹងសេចក្តីវិនាសរបស់មិត្រនោះ ១ បានភោជនចំឡែក តែងនឹកនាដល់មិត្រនោះ ១ អនុគ្រោះមិត្រនោះអំពីរបស់នោះថា ឱមិត្រនោះ គប្បីបានរបស់នេះខ្លះ ១។
[១០២២] បណ្ឌិតឃើញ ឬឮហើយ ស្គាល់ថាជាមិត្រ ដោយអាការទាំង ១៦ នេះ ដែលដំកល់នៅក្នុងមិត្រដោយបការៈដូច្នេះ។
ចប់ មិត្តាមិត្តជាតក ទី១០។
ឧទ្ទាននៃទ្វាទសនិបាតនោះគឺ
និយាយអំពីស្ត្រីចិត្តស្រាល ១ រុក្ខទេវតាឈ្មោះភទ្ទសាល ១ ពួកជនភ្ជួររាស់ ១ កាម ១ ហេតុ ១០ យ៉ាង ១ ឆ្កែខ្មៅ ១ កោសិយសេដ្ឋី ១ ពពែដ៏ប្រសើរ ១ មហាបទុមកុមារ ១ មិត្រដ៏ប្រសើរ ១ រួមត្រូវជា ១០។
ចប់ ទ្វាទសនិបាត។
(១៣. តេរសកនិបាតោ)
(៤៧៤. អម្ពជាតកំ (១))
[១០២៣] (ព្រះបាទពារាណសី ត្រាស់សួរថា) នែអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ កាលពីដើម អ្នកបានយកផ្លែស្វាយទាំងឡាយ តូចក៏មាន ធំក៏មាន មកឲ្យយើង នែព្រាហ្មណ៍ ឥឡូវនេះ ផ្លែឈើទាំងឡាយ មិនកើតប្រាកដដោយមន្តទាំងឡាយរបស់អ្នកនោះ។
[១០២៤] (ព្រាហ្មណ៍មាណព ក្រាបទូលថា) ខ្ញុំព្រះអង្គរាប់អាន នូវការប្រកបនូវនក្ខត្តឫក្ស ខ្ញុំព្រះអង្គមើលឃើញដោយមន្តតែមួយពេល មួយស្របក់ ខ្ញុំព្រះអង្គបាននូវការប្រកបនូវនក្ខត្តឫក្ស និងពេលហើយ សឹមខ្ញុំព្រះអង្គនាំយកផ្លែស្វាយឲ្យបានច្រើន មកថា្វយព្រះអង្គពុំខានឡើយ។
[១០២៥] (ព្រះរាជា….) កាលពីដើម អ្នកមិនបាននិយាយអាងនូវការប្រកបនូវនក្ខត្តឫក្ស ពីដើមមិនឃើញរកពេល រកស្របក់ តែអ្នកបានយកផ្លែស្វាយដ៏ច្រើន ដែលបរិបូណ៌ដោយពណ៌ ដោយក្លិន ដោយរស (មកឲ្យយើង)។
[១០២៦] នែព្រាហ្មណ៍ កាលពីដើម ផ្លែឈើទាំងឡាយ រមែងកើតប្រាកដដោយការសូធ្យសែកមន្តរបស់អ្នក ថ្ងៃនេះ អ្នកមិនសូធ្យសែកមន្ត តើធម្មតារបស់អ្នកក្នុងថ្ងៃនេះដូចម្តេច។
[១០២៧] (មាណព…) កូនចណ្ឌាលបានឲ្យមន្តទាំងឡាយដល់ខ្ញុំព្រះអង្គដោយធម៌ ទាំងបាននិយាយប្រាប់នូវប្រក្រតី គឺសេចក្តីវិនាសនៃមន្តទាំងឡាយថា បើមានគេសួរអ្នកកុំលាក់នាម នឹងគោត្ររបស់ខ្ញុំ កុំឲ្យមន្តលះបង់អ្នកបាន។
[១០២៨] ខ្ញុំព្រះអង្គដែលព្រះជនិន្ទ្រាធិរាជសួរ ក្នុងប្រជុំជននោះ មានសេចក្តីលុបគុណគេគ្របសង្កត់ បានក្រាបទូលពាក្យកុហក ជាពាក្យខុសថា មន្តទាំងឡាយនេះ ជារបស់ព្រាហ្មណ៍ ខ្ញុំព្រះអង្គមានមន្តសាបសូន្យ ជាបុគ្គលកំព្រាយំទួញ។
[១០២៩] (ព្រះរាជា…) បុរសអ្នកត្រូវការដោយទឹកឃ្មុំ ទោះបានទឹកឃ្មុំអំពីដើមល្ហុងខ្ញែរក្តី អំពីដើមស្តៅក្តី ឬក៏អំពីដើមរលួសបាយក្តី ឯដើមឈើនោះ ឈ្មោះថា ជាឈើដ៏ប្រសើររបស់បុរសនោះ។
[១០៣០] បុគ្គលចេះដឹងធម៌អំពីជនណា ទោះក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី អ្នកជំនួញក្តី អ្នកគ្រួក្តី ចណ្ឌាលក្តី អ្នកចោលសំរាមក្តី ជននោះ ឈ្មោះថា ជាជនដ៏ប្រសើររបស់បុគ្គលនោះ។
[១០៣១] បុរសណា ញុំាងប្រយោជន៍ដ៏ឧត្តមដែលខ្លួនបានមកហើយដោយលំបាក ឲ្យវិនាសទៅ ដោយមានះ និងអតិមានះ អ្នកទាំងឡាយ ចូរឲ្យនូវអាជ្ញាផង នូវការសម្លាប់ផង ដល់ជនអាក្រក់នេះ ហើយចាប់បុរសដ៏លាមកនេះ ត្រង់ក ហើយញាំញី។
[១០៣២] (មាណព…) បុរសស្មានថា (ទីនេះ) រាបស្មើ ក៏លោតទៅកាន់ត្រពាំង គុហា ជ្រោះ និងឈើមានឫសស្អុយក្តី ដើរជាន់លើពស់វែក ដោយស្មានថា ខ្សែក្តី បុគ្គលខ្វាក់ដើរជាន់ភ្លើងក្តី យ៉ាងណា ៗ បពិត្រលោកប្រកបដោយប្រាជ្ញា សូមលោក (អត់ទោស) ចំពោះខ្ញុំ ដែលជាអ្នកភ្លាំងភ្លាត់ យ៉ាងនោះ ៗ ដែរ ហើយចែកមន្តឲ្យខ្ញុំ ដែលជាអ្នកមានមន្តសាបរលាបអស់ហើយ ម្តងទៀត។
[១០៣៣] (ពោធិសត្វ…) យើងបានឲ្យមន្តទាំងឡាយ ដល់អ្នកដោយធម៌ហើយ គឺមិនយករង្វាន់អ្វីឡើយ ទាំងអ្នកក៏បានទទួលរៀនយកមន្តដោយធម៌ហើយដែរ យើងមានចិត្តត្រេកអរ បានទាំងប្រាប់នូវប្រក្រតី (នៃមន្ត) ដល់អ្នកហើយ បើអ្នកតាំងនៅក្នុងធម៌ មន្តមិនលះបង់អ្នកបានទេ។
[១០៣៤] ម្នាលបុគ្គលពាល អ្នកនោះ ធ្វើមន្តដែលខ្លួនបានហើយដោយលំបាក បានមកដោយកម្រ ក្នុងមនុស្សលោក ឲ្យវិនាសទៅ ក្នុងថ្ងៃនេះ អ្នកនោះ ជាអ្នកឥតប្រាជ្ញា ពោលពាក្យកុហក ឈ្មោះថា ញុំាងជីវិតដែលខ្លួនបានដោយកម្រ ឲ្យវិនាស។
[១០៣៥] យើងមិនឲ្យមន្តទាំងឡាយបែបនោះ ដល់មនុស្សល្ងង់ខ្លៅវងេ្វង ជាអកតញ្ញូ ពោលពាក្យកុហក មិនសង្រួម ឯមន្តទាំងឡាយ មានមកពីណាទៀត អ្នកឯងចូរចេញទៅ អ្នកឯងមិនគាប់ចិត្តយើងទេ។
ចប់ អម្ពជាតក ទី១។
(៤៧៥. ផន្ទនជាតកំ (២))
[១០៣៦] (កាឡសីហៈ សួរថា) អ្នកជាបុរសមានដឹងក្នុងដៃ ចូលមកឈរនៅក្នុងព្រៃ នែសំឡាញ់ ខ្ញុំសួរហើយ ចូរអ្នកប្រាប់ តើអ្នកចង់កាប់ឈើអ្វី។
[១០៣៧] (វឌ្ឍកីព្រាហ្មណ៍ តបថា) អ្នកជាកាឡសីហៈ ត្រាច់ទៅកាន់ព្រៃស្មើ និងមិនស្មើ ម្នាលសំឡាញ់ ខ្ញុំសួរហើយ អ្នកចូរប្រាប់ ឈើអ្វី ធ្វើខ្នងកង់ជាប់មាំ។
[១០៣៨] (កាឡសីហៈ…) ដើមរាំងក៏មិនជាប់ ដើមគគីរក៏មិនជាប់ ដើមត្រចៀកប្រើសក៏មិនជាប់ ដើមត្របែកក៏មិនជាប់ មានតែដើមពង្រ ឈើនោះ ធ្វើកង់រទេះជាប់មាំ។
[១០៣៩] (វឌ្ឍកី…) ស្លឹកពង្រនោះ បែបដូចម្តេច ដើមពង្រនោះ បែបដូចម្តេច ម្នាលសម្លាញ់ យើងសួរហើយ អ្នកចូរប្រាប់ យើងគប្បីស្គាល់ដើមពង្រ យ៉ាងណា។
[១៩៤០] (កាឡសីហៈ….) មែកឈើណា សំយុងចុះផង មិនទន់ទោរផង មិនបាក់ផង ខ្ញុំឈរក្បែរគល់ឈើណា ឈើនោះហើយ ជាដើមពង្រ។
[១០៤១] ដើមពង្រនេះ គួរដល់ការងាររបស់អ្នក ដើម្បីកាំរទេះទាំងឡាយ ដើម្បីកង់ និងដុំរទេះទំាងឡាយ ដើម្បីចន្ទោលរទេះ និងខ្នងកង់រទេះ និងរបស់សព្វគ្រប់ ក្រៅពីនេះទាំងអស់។
[១០៤២] (អភិសម្ពុទ្ធគាថា) ព្រោះហេតុនោះ ទេវតាអាស្រ័យនៅលើដើមពង្រ បាននិយាយថា ពាក្យរបស់ខ្ញុំក៏មានដែរ ម្នាលភារទ្វាជព្រាហ្មណ៍ អ្នកឯងចូរស្តាប់ពាក្យខ្ញុំសិន។
[១០៤៣] អ្នកចូរអារយកស្បែកខ្លាឃ្មុំនេះ ត្រង់ក ចំនួន ៤ ធ្នាប់ ហើយយកស្បែកនោះមកទ្រាប់ខ្នងកង់រទេះ ធ្វើយ៉ាងនេះ ទើបជាប់មាំមួន។
[១០៤៤] ទេវតាដែលអាស្រ័យនៅលើដើមពង្រ បានសម្រេចពៀរហើយ បាននាំយកសេចក្តីទុក្ខមកឲ្យ ដល់ខ្លាឃ្មុំទាំងឡាយ ដែលកើតហើយផង ដែលមិនទាន់កើតហើយផង ដោយប្រការដូច្នេះ។
[១០៤៥] ដើមពង្រចងពៀរនឹងខ្លាឃ្មុំ ឯខ្លាឃ្មុំចងពៀរនឹងដើមពង្រ ហើយបានសម្លាប់គ្នាទៅវិញទៅមក ដោយការទាស់ទែងគា្នទៅវិញទៅមក ដោយប្រការដូច្នេះឯង។
[១០៤៦] ខ្លាឃ្មុំ និងដើមពង្រនោះ ចងពៀរវេរាយ៉ាងណា ការទាស់ទែងរបស់មនុស្សទាំងឡាយ កើតមានក្នុងទីណា មនុស្សទាំងនោះ ឈ្មោះថា រាំដូចជាក្ងោកពង់12) ក្នុងទីនោះ ក៏យ៉ាងនោះដែរ។
[១០៤៧] តថាគតនឹងសំដែងនូវហេតុនោះ ថា្វយមហារាជ ពួកមនុស្ស ដែលមកប្រជុំក្នុងទីនេះ មានចំនួនប៉ុន្មាន សូមសេចក្តីចំរើនមានដល់មហាបពិត្រ មានចំនួនប៉ុណ្ណោះ សូមមហាបពិត្រ ព្រមព្រៀងគ្នា កុំទាស់ទែងគា្ន កុំឲ្យដូចខ្លាឃ្មុំ និងដើមពង្រឡើយ។
[១០៤៨] សូមមហាបពិត្រ សិក្សានូវសេចក្តីព្រមព្រៀងគ្នាតែម៉្យាង ព្រោះសេចក្តីព្រមព្រៀងគ្នានោះ ព្រះពុទ្ធទាំងឡាយ សរសើរហើយ បុគ្គលអ្នកត្រេកអរក្នុងសេចក្តីព្រមព្រៀងគ្នា អ្នកតាំងនៅក្នុងធម៌ រមែងមិនសាបសូន្យចាកព្រះនិព្វានជាទីក្សេម ចាកយោគៈទាំងឡាយឡើយ។
ចប់ ផន្ទនជាតក ទី២។
(៤៧៦. ជវនហំសជាតកំ (៣))
[១០៤៩] (ព្រះបាទពារាណសី មានព្រះរាជឱង្ការថា) នែហង្ស ឯងចូរទំលើតាំងមាសនេះចុះ ការឃើញឯង ជាទីពេញចិត្តរបស់អញ ឯងសមគួរជាធំហើយ របស់ណាមានក្នុងទីនេះ ឯងចូរប្រាប់មកចុះ។
[១០៥០] (រាជហង្ស…) បុគ្គលខ្លះ គ្រាន់តែឮហើយស្រឡាញ់ ក៏មាន ខ្លះគ្រាន់តែឃើញគ្នាហើយ អស់សេចក្តីស្រឡាញ់ក៏មាន ខ្លះឃើញផង ឮផង ទើបស្រឡាញ់ក៏មាន ចុះព្រះអង្គគ្រាន់តែឃើញ តើស្រឡាញ់ខ្ញុំដែរឬទេ។
[១០៥១] (ព្រះរាជា….) អញគ្រាន់តែបានឮ ស្រឡាញ់ឯងទៅហើយ លុះបានឃើញ អញរឹតតែស្រឡាញ់ឡើង នែហង្ស ឯង អញឃើញហើយស្រឡាញ់យ៉ាងនេះ ឯងចូរនៅក្នុងសំណាក់អញចុះ។
[១០៥២] (រាជហង្ស…) ខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គធ្វើសក្ការបូជា អស់កាលជានិច្ចហើយ តែក្រែងពេលណាមួយ ព្រះអង្គស្រវឹងដោយទឹកស្រវឹងហើយ ទ្រង់ត្រាស់បង្គាប់ថា នាយពិសេស ចូរចំអិនសាច់សេ្តចហង្ស យកមកឲ្យយើង។
[១០៥៣] (ព្រះរាជា…) ថ្វឺយ ! ខ្ពើម ការផឹកទឹកស្រវឹង ដែលជាទីស្រឡាញ់របស់អញជាងឯង បើឯងនៅក្នុងដំណាក់អញដរាបណា អញនឹងមិនផឹកទឹកស្រវឹងដរាបនោះ។
[១០៥៤] (រាជហង្ស…) សំដីរបស់ពួកចចក និងពួកបក្សី យល់បានងាយ បពិត្រមហារាជ សំដីរបស់ពួកមនុស្ស កម្រដឹងបាន ជាងសំដីសត្វនោះទៅទៀត។
[១០៥៥] មួយទៀត បើបុរសណា កាលពីដើម មានចិត្តល្អ គេសំគាល់ថាជាញាតិ ជាមិត្រ ឬជាសម្លាញ់ តែលុះដល់ពេលខាងក្រោយមក បុរសនោះ ត្រឡប់ជាសត្រូវនឹងគ្នាទៅវិញ ក៏មាន។
[១០៥៦] បុគ្គលណាមានចិត្តស្មោះស្មើ ដោយសារសេចក្តីស្រឡាញ់ បុគ្គលនោះ ឈ្មោះថា នៅជិតជាមួយគ្នា បុគ្គលណា មានចិត្តមិនស្មោះស្មើ បុគ្គលនោះ ទោះនៅក្នុងទីជិត ក៏ហាក់ដូចជានៅក្នុងទីឆ្ងាយ។
[១០៥៧] សំឡាញ់ណា ជាអ្នកមានចិត្តជ្រះថា្លរកគ្នា បើទុកជានៅឯត្រើយសមុទ្ទខាងនាយ សំឡាញ់ដែលមានចិត្តជ្រះថា្លរកគ្នានោះ ក៏ឈ្មោះថានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ណា មានចិត្តប្រទូស្តរកគ្នា បើទុកជានៅក្នុងសមុទ្ទជាមួយគ្នា សម្លាញ់ដែលមានចិត្តប្រទូស្តគ្នានោះ ក៏ឈ្មោះថា នៅត្រើយសមុទ្ទខាងនាយវិញ។
[១០៥៨] បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថ បុគ្គលទាំងឡាយណាជាសត្រូវនឹងគ្នា បើទុកជានៅជាមួយគ្នា បុគ្គលទាំងនោះ ក៏ឈ្មោះថា នៅផ្សេងគ្នា បពិត្រព្រះអង្គ ជាបុគ្គលចំរើនក្នុងដែន ពួកសប្បុរសទោះបីនៅក្នុងទីឆ្ងាយ ក៏ឈ្មោះថា នៅក្នុងទីជាមួយដោយចិត្ត។
[១០៥៩] បុគ្គលជាទីស្រឡាញ់ រមែងមិនស្រឡាញ់វិញ ព្រោះតែនៅជាមួយគ្នាយូរពេក ខ្ញុំសូមថា្វយបង្គំលាព្រះអង្គទៅវិញ មុនពេលដែលខ្ញុំមិនជាទីស្រឡាញ់របស់ព្រះអង្គ។
[១០៦០] (ព្រះរាជា…) កាលបើយើងអង្វរយ៉ាងនេះ អ្នកមិនទទួលដឹងនូវអញ្ជលី មិនធ្វើតាមពាក្យយើង ជាអ្នកបម្រើទេ យើងសូមអង្វរអ្នកយ៉ាងនេះថា អ្នកគប្បីធ្វើនូវការត្រឡប់មកទៀត។
[១០៦១] (រាជហង្ស…) បពិត្រមហារាជ ជាអ្នកមានសេចក្តីចម្រើនក្នុងដែន កាលបើយើងនៅយ៉ាងនេះ សេចក្តីអន្តរាយនឹងមិនមានដល់ព្រះអង្គ ទាំងដល់ទូលព្រះបង្គំជាខ្ញុំ សូមឲ្យយើងបានជួបគ្នាក្នុងកាលកន្លងទៅនៃថ្ងៃ និងយប់។
ចប់ ជវនហំសជាតក ទី៣។
(៤៧៧. ចូឡនារទជាតកំ (៤))
[១០៦២] (តាបសពោធិសត្វ សួរថា) អុស កូនឯងមិនពុះ ទឹក កូនឯងមិនដង ភ្លើង ក៏កូនឯងមិនបង្កាត់ កូនឯងជាមនុស្សល្ងង់ខ្លៅឬ បានជានៅសញ្ជប់សញ្ជឹង។
[១០៦៣] (តាបសកុមារ តបថា) ខ្ញុំមិនអាចនៅក្នុងព្រៃបានទេ បពិត្រកស្សបៈ ខ្ញុំសូមលាលោក ការនៅក្នុងព្រៃពិបាក ខ្ញុំចង់ទៅដែនវិញ។
[១០៦៤] ខ្ញុំចេញទៅពីព្រៃនេះ ហើយនៅក្នុងជនបទណា បពិត្រតាបសដ៏ប្រសើរ បុគ្គលគប្បីសិក្សាឫកពាយ៉ាងណា សូមព្រះបិតាប្រៀនប្រដៅទំនៀមទម្លាប់នោះ ដល់ខ្ញុំ។
[១០៦៥] (តាបស…) បើបាឯងលះបង់ព្រៃ និងមើមឈើ ផ្លែឈើ ហើយពេញចិត្តនឹងការនៅក្នុងដែនវិញ បាឯងចូរស្តាប់ទំនៀមទម្លាប់នោះ របស់អញ។
[១០៦៦] បាឯង ចូរកុំសេពថ្នាំពិស ចូរចៀសវាងអណ្តូង កុំឲ្យលិចទៅក្នុងភក់ឡើយ ចូរប្រព្រឹត្តប្រយ័ត្ននឹងពួកអាសីពិស។
[១០៦៧] (តាបសកុមារ…) អ្វីជាថ្នាំពិស ជាអណ្តូង ជាភក់ របស់អ្នកប្រព្រឹត្តព្រហ្មចរិយធម៌ លោកពោលនូវអ្វីថា ជាអាសីពិស ខ្ញុំសួរហើយ សូមលោកប្រាប់រឿងនោះ ដល់ខ្ញុំ។
[១០៦៨] (តាបសពោធិសត្វ…) នែបា គ្រឿងត្រាំក្នុងលោក គេហៅថា ស្រា ជារបស់ពេញចិត្ត ជារបស់ឈ្ងុយឈ្ងប់ ឆ្ងាញ់ពិសា មានឧបមាដូចរសផ្អែមតូចមួយ ម្នាលនារទៈ ព្រះអរិយទាំងឡាយ បានពោលថា ស្រានោះ ជាថ្នាំពិសរបស់បុគ្គលអ្នកប្រព្រឹត្តព្រហ្មចារ្យ។
[១០៦៩] នែបា ស្ត្រីទាំងឡាយក្នុងលោក រមែងញាំញីនូវបុរសដែលស្រវឹងហើយ ពួកស្ត្រីទាំងនោះ តែងផ្សាយចិត្តទៅរកប្រុសកំលោះ ដូចជាខ្យល់ផាត់នូវប៉ុយគរ ដែលជ្រុះអំពីដើម ម្នាលនារទៈ នោះហើយ ដែលលោកហៅថា អណ្តូងរបស់អ្នកប្រព្រឹត្តព្រហ្មចារ្យ។
[១០៧០] លាភ សេចក្តីសរសើរ សក្ការៈ និងការបូជាក្នុងត្រកូលអ្នកដទៃ ម្នាលនារទៈ នោះឯងដែលលោកហៅថា ភក់ល្បាប់របស់អ្នកប្រព្រឹត្តព្រហ្មចារ្យ។
[១០៧១] នែបា ពួកស្តេចធំ ៗ គ្រប់គ្រងផែនដីនេះ នែនារទៈកូន បាឯង (ចូរគោរព) ពួកសេ្តចទាំងនោះ ដែលជាធំជាងមនុស្សដ៏ប្រសើរ ប្រាកដដូច្នោះ។
[១០៧២] ចូរបាកុំប្រព្រឹត្តនៅផ្ទាល់ព្រះបាទានៃពួកសេ្តចជាឥស្សរៈ ជាអធិបតីទាំងនោះឡើយ នែនារទៈ (នោះឯង) ដែលគេហៅថាអាសីពិសរបស់អ្នកប្រព្រឹត្តព្រហ្មចារ្យ។
[១០៧៣] បើបាត្រូវការភត្ត ក្នុងពេលភត្ត គប្បីចូលទៅកាន់ផ្ទះណា ដែលបាដឹងថា ត្រកូលណាមិនមានទោស ក្នុងស្រុកនោះ គប្បីប្រព្រឹត្តស្វែងរកអាហារក្នុងផ្ទះនោះចុះ។ លុះចូលទៅកាន់ត្រកូលដទៃ ដើម្បីទឹកក្តី ដើម្បីភោជនក្តី គប្បីទំពាស៊ីឲ្យល្មមប្រមាណ គប្បីបរិភោគឲ្យល្មមប្រមាណ តែបាកុំគប្បីពេញចិត្តនឹងរូប (ស្ត្រី) ទាំងឡាយឡើយ។
[១០៧៤] បាចូរចៀសវាងចេញឲ្យឆ្ងាយនូវទីគោឈរ តៀមស្រា មនុស្សអ្នកលេង មនុស្សអ្នកឆបោក កន្លែងប្រជុំមនុស្សច្រើន និងកន្លែងដែលគេទុកដាក់ប្រាក់មាស ឲ្យដូចជាបុគ្គលទៅដោយយាន (ដែលផ្ទុកដោយសប្បិ និងប្រេង) វៀរនូវផ្លូវមិនរាបស្មើ។
ចប់ ចុល្លនារទកស្សបជាតក ទី៤។
(៤៧៨. ទូតជាតកំ (៥))
[១០៧៥] (ព្រះរាជា ត្រាស់សួរថា) ម្នាលព្រហ្ម យើងបានបញ្ជូនពួកទូតមកក្នុងសំណាក់អ្នក ដែលកំពុងសុបសៅ ក្បែរច្រាំងគង្គា ពួកទូតទាំងនោះ បានសួរហើយ តែអ្នកមិនឆ្លើយបា្រប់សោះ សេចក្តីទុក្ខ (ណា) ដែលកើតឡើងដល់អ្នក សេចក្តីទុក្ខនោះ ដឹងបានតែអ្នកទេឬ។
[១០៧៦] (មហាសត្វ ទូលថា) បពិត្រព្រះអង្គជាបុគ្គលចំរើនក្នុងដែនរបស់អ្នកកាសី បើសេចក្តីទុក្ខ គប្បីកើតឡើងដល់ព្រះអង្គ បុគ្គលណាដោះទុក្ខនោះមិនបានទេ សូមព្រះអង្គកុំប្រាប់សេចក្តីទុក្ខនោះដល់បុគ្គលនោះឡើយ។
[១០៧៧] បុគ្គលណាគប្បីដោះទុក្ខព្រះអង្គនោះបានដោយធម៌ ជាចំណែកនៃសេចក្តីសុខតែម្យ៉ាង សូមព្រះអង្គប្រាប់ដល់បុគ្គលនោះដោយពិត។
[១០៧៨] សំឡេងពួកឆ្កែចចកក្តី ពួកសត្វក្រៀលក្តី ដឹងបានដោយងាយ បពិត្រមហារាជ ឯសំដីរបស់មនុស្ស ដឹងបានដោយកម្រជាងសម្លេងនោះទៅទៀត។
[១០៧៩] មួយទៀត កាលពីមុន បុរសណា មានចិត្តល្អ គេសំគាល់ថាជាញាតិសន្តាន ឬមិត្រសម្លាញ់ តែដល់មកខាងក្រោយ បុរសនោះ ត្រឡប់ទៅជាសត្រូវនឹងគ្នាវិញក៏មាន។
[១០៨០] ជនណា មានគេសាកសួរសេចក្តីទុក្ខរបស់ខ្លួន ហើយនិយាយប្រាប់ (នូវសេចក្តីកំបាំងរបស់ខ្លួន) ក្នុងកាលមិនគួរ មិត្រទាំងឡាយ ជាអ្នកមិនត្រេកអរចំពោះជននោះក៏មាន ជាអ្នកស្វែងរកនូវប្រយោជន៍ មានសេចក្តីទុក្ខចំពោះជននោះ ក៏មាន។
[១០៨១] អ្នកប្រាជ្ញដឹងនូវកាលគួរ (នឹងនិយាយប្រាប់) ផង ដឹងនូវមេធាវិជនថា មានចិត្តតែមួយជាមួយនឹងខ្លួនផង ទើបគួរប្រាប់នូវសេចក្តីទុក្ខទាំងឡាយ ដល់ជនឯទៀត មានប្រការដូច្នោះ ហើយគប្បីបញ្ចេញនូវពាក្យដ៏ពីរោះ ជាពាក្យមានប្រយោជន៍។
[១០៨២] អ្នកប្រាជ្ញកាលបើសំឡឹងរំពឹងឃើញនូវហិរិ និងឱត្តប្បៈ ជាក់ច្បាស់ហើយ រមែងដឹងនូវទុក្ខ ដែលខ្លួនពិបាកទ្រាំថា សេចក្តីសុខ ដែលនឹងមានដល់អាត្មាអញ មិនមែនមាន (ព្រោះការលើកធុរៈ ដាក់ទម្ងន់ទៅលើអ្នកដទៃទេ) ហើយក៏អត់ទ្រាំទុក្ខដ៏ខ្លាំងក្លាតែម្នាក់ឯង។
[១០៨៣] បពិត្រមហារាជ ទូលព្រះបង្គំជាអ្នកត្រូវការដោយទ្រព្យ (យកទៅបូជា) ដល់អាចារ្យ ទើបដើរសូមគេក្នុងដែន និគម និងរាជធានី។
[១០៨៤] បពិត្រព្រះអង្គជាធំជាងជន ខ្ញុំព្រះអង្គ (សូមឲ្យ) ពួកគហបតី ពួករាជបុរស ពួកព្រាហ្មណមហាសាល បានឆ្តោរមាស ៧ បពិត្រមហារាជ ឆ្តោរមាសរបស់ខ្ញុំព្រះអង្គនោះបាត់ ហេតុនោះ បានជាខ្ញុំព្រះអង្គសោកដ៏ក្រៃលែង។
[១០៨៥] បពិត្រមហារាជ ពួករាជបុរសរបស់ព្រះអង្គ ខ្ញុំព្រះអង្គបានត្រិះរិះដោយចិត្តថា មិនអាចដើម្បីជួយដោះខ្ញុំព្រះអង្គ ឲ្យរួចចាកទុក្ខបានទេ ហេតុនោះ ខ្ញុំព្រះអង្គ មិនប្រាប់ដល់រាជបុរសទាំងនោះឡើយ។
[១០៨៦] បពិត្រមហារាជ ចំណែកព្រះអង្គ ខ្ញុំព្រះអង្គបានត្រិះរិះដោយចិត្តថា ព្រះអង្គអាចជួយដោះទុក្ខបាន ហេតុនោះ ខ្ញុំព្រះអង្គទើបក្រាបទូលដល់ព្រះអង្គ។
[១០៨៧] (អភិសម្ពុទ្ធគាថា) ព្រះបាទពារាណសី ជាអ្នកចំរើនក្នុងដែនរបស់អ្នកកាសី មានព្រះហឫទ័យជ្រះថា្ល បានប្រទានឆ្តោរមាសសុទ្ធ ចំនួន ១៤ ដុំ ដល់មហាសត្វនោះ។
ចប់ ទូតជាតក ទី៥។
(៤៧៩. កាលិង្គពោធិជាតកំ (៦))
[១០៨៨] (អភិសម្ពុទ្ធគាថា) ព្រះបាទកាលិង្គ ជាស្តេចចក្រពត្តិ គ្រប់គ្រងមនុស្សលើផែនដីដោយធម៌ សេ្តចបានមកដល់ទីជិតពោធិព្រឹក្សដោយដំរីមានអានុភាពធំ។
[១០៨៩] ភារទ្វាជព្រាហ្មណ៍បុរោហិត នៅក្នុងដែនកាលិង្គ លើកកម្បង់អញ្ជលីចំពោះព្រះរាជាចក្រពត្តិ ដែលទ្រង់ប្រសូតចាកត្រកូលសមណៈ ព្រះនាមចុល្លកាលិង្គ ក្រាបទូលពាក្យនេះថា
[១០៩០] បពិត្រមហារាជ សូមព្រះអង្គសេ្តចចុះមក ចំណែកនៃផែនដីនេះ ជាប្រទេសដែលសមណៈសរសើរហើយ ព្រះពុទ្ធទាំងឡាយ មានគុណថ្លឹងមិនបាន តែងត្រាស់ដឹងហើយ រុងរឿងក្នុងទីនេះ។
[១០៩១] បពិត្រមហារាជ តាមដែលខ្ញុំព្រះអង្គឮមកថា ស្មៅ និងវល្លិទាំងឡាយ ក្នុងចំណែកនៃផែនដីនេះ វិលកួចទៅខាងស្តាំ នេះជាផ្ចិតនៃផែនដី។
[១០៩២] ផ្ចិតនៃផែនដីនេះ ដែលមានសមុទ្រសាគរជាទីបំផុត ជាទីទ្រទ្រង់នូវសត្វទាំងពួង សូមព្រះអង្គសេ្តចចុះមកធ្វើនមស្ការ។
[១០៩៣] ពួកដំរីណា ដែលកើតក្នុងឧបោសថត្រកូល ជាដំរីប្រសើរ ដំរីទាំងនោះ រមែងមិនហ៊ានចូលទៅកាន់ប្រទេស មានប្រមាណប៉ុណ្ណោះទេ។
[១០៩៤] ដំរីកើតក្នុងឧបោសថត្រកូល ក៏ពិតហើយ តែថា ប្រទេសប៉ុណ្ណេះនេះ ដំរីនុ៎ះ មិនហ៊ានចូលទៅជិតទេ សូមព្រះអង្គយកកង្វេរពេជ្រ (កាប់) បញ្ជូនដំរីដ៏ប្រសើរ ដែលគេបានបង្វឹកហើយ(ឲ្យចូលទៅលមើល)។
[១០៩៥] ព្រះបាទកាលិង្គ ទ្រង់ព្រះសណ្តាប់ពាក្យព្រាហ្មណ៍បុរោហិតនោះហើយ ទ្រង់ពិចារណាតាមពាក្យបុរោហិត ជាអ្នកមើលលក្ខណៈ ទើបបង្ខំដំរីដ៏ប្រសើរ ដែលកើតក្នុងឧបោសថត្រកូល ដោយគិតថា យើងនឹងបរ (ដំរី) ចូលទៅ តាមពាក្យបុរោហិតនេះលមើល។
[១០៩៦] ឯដំរីដែលស្តេចបរចូលទៅ ក៏មិនអាចទទួលភារៈដ៏ធ្ងន់បាន ហើយស្រែកដូចជាសត្វក្រៀល ថយក្រោយ អង្គុយ (លើអាកាស)។
[១០៩៧] ភារទ្វាជព្រាហ្មណ៍ក្នុងដែនកាលិង្គដឹងថា ដំរីនោះ អស់អាយុហើយ ក៏ប្រញាប់ក្រាបទូលព្រះបាទកាលិង្គថា បពិត្រមហារាជ សូមព្រះអង្គគង់ដំរីដទៃវិញ ព្រោះដំរីនេះ អស់អាយុហើយ។
[១០៩៨] ព្រះបាទកាលិង្គបានឮពាក្យនោះហើយ ក៏ទ្រង់ប្រញាប់ទៅកាន់ដំរី (ដទៃ) កាលបើសេ្តចទ្រង់ឈានផុតទៅហើយ ដំរីក៏ដួលធា្លក់មកលើផែនដី ក្នុងទីនោះឯង ពាក្យព្រាហ្មណ៍បុរោហិតអ្នកទាយលក្ខណៈយ៉ាងណា ដំរីក៏យ៉ាងនោះ។
[១០៩៩] ព្រះបាទកាលិង្គ មានព្រះរាជឱង្ការនេះនឹងកាលិង្គភារទ្វាជព្រាហ្មណ៍ថា អ្នកឯងជាមនុស្សចេះដឹងដោយប្រពៃ ជាសព្វញ្ញូឃើញការសព្វគ្រប់។
[១១០០] កាលិង្គភារទ្វាជព្រាហ្មណ៍ មិនទទួលការសរសើរនោះ ក៏ក្រាបបង្គំទូលដូច្នេះថា បពិត្រមហារាជ ទូលព្រះបង្គំជាខ្ញុំ គ្រាន់តែជាអ្នកទាយលក្ខណៈ ព្រះពុទ្ធទាំងឡាយ ទើបព្រះអង្គជាសព្វញ្ញូ។
[១១០១] ព្រះពុទ្ធទាំងឡាយ ព្រះអង្គដឹងសព្វ ជ្រាបសព្វ តែងដឹងដោយលក្ខណៈ ចំណែកយើងខ្ញុំ (ចេះដឹង) ដោយសាកំឡាំងសិល្បសាស្រ្ត ព្រះពុទ្ធទាំងឡាយ ទើបព្រះអង្គទ្រង់ជា្របសព្វ។
[១១០២] ព្រះបាទកាលិង្គ ជ្រះថា្លនឹងពោធិមណ្ឌល ហើយនាំយកផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាប ព្រមទាំងតូរ្យតន្ត្រីទាំងឡាយផ្សេង ៗ ទ្រង់ឲ្យធ្វើកំពែងព័ទ្ធជុំវិញ ហើយទើបទ្រង់យាងចេញទៅ។
[១១០៣] ព្រះបាទកាលិង្គ បានឲ្យរាជបុរសបេះផ្កាឈើទាំងឡាយ ចំនួនប្រាំមួយហ្មឺនរទេះ មកបូជាកន្លែងដាំពោធិព្រឹក្សដ៏ប្រសើរបំផុត (នោះ)។
ចប់ កាលិង្គពោធិជាតក ទី៦។
(៤៨០. អកិត្តិជាតកំ (៧))
[១១០៤] (អភិសម្ពុទ្ធគាថា) សក្កទេវរាជ ជាម្ចាស់នៃសត្វ លុះឃើញអកិត្តិបណ្ឌិត កំពុងគង់នៅ ទើបសួរថា បពិត្រមហាព្រហ្ម លោកប្រាថ្នាចង់បានអ្វី បានជាមកអង្គុយ នៅក្នុងទីក្តៅម្នាក់ឯង។
[១១០៥] (អកិត្តិតាបស ឆ្លើយថា) បពិត្រសក្កៈ ការកើតក្នុងភពថ្មីទៀត នាំមកនូវសេចក្តីទុក្ខ ការបែកធ្លាយនៃសរីរៈ នាំមកនូវសេចក្តីទុក្ខ ការស្លាប់ព្រោះតែវង្វេង ក៏នាំមកនូវសេចក្តីទុក្ខ បពិត្រវាសវៈ ហេតុនោះ បានជាអាត្មា (អង្គុយបា្រថ្នាព្រះនិព្វាន)។
[១១០៦] (សក្កៈ…) សុភាសិតដ៏សមគួរនេះ លោកបានពោលល្អហើយ បពិត្រកស្សបៈ លោកមានចិត្តប្រាថា្នចង់បានពរណា ខ្ញុំប្រគេនពរនោះ ដល់លោក។
[១១០៧] (អកិត្តិ…) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គប្រទានពរដល់អាត្មា នរជនបានកូន ប្រពន្ធ ទ្រព្យស្រូវ និងវត្ថុដទៃជាទីស្រឡាញ់ រមែងមិនឆ្អែតស្កប់ស្កល់ ដោយលោភៈណា សូមកុំឲ្យលោភៈនោះ នៅក្នុងសន្តានរបស់អាត្មាបានឡើយ។
[១១០៨] (សក្កៈ…) សុភាសិតដ៏សមគួរនេះ លោកបានពោលល្អហើយ បពិត្រកស្សបៈ លោកមានចិត្តបា្រថា្នពរណា ខ្ញុំប្រគេនពរនោះ ដល់លោក។
[១១០៩] (អកិត្តិ…) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គប្រទានពរដល់អាត្មា ពួកជនរមែងញុំាងស្រែចម្ការ ប្រាក់មាស គោសេះ និងទាសបុរស ដោយទោសៈណា ដែលកើតហើយ សូមកុំឲ្យទោសៈនោះ នៅក្នុងសន្តានអាត្មាបានឡើយ។
[១១១០] (សក្កៈ…) សុភាសិតដ៏សមគួរនេះ លោកបានពោលល្អហើយ បពិត្រកស្សបៈ លោកមានចិត្តប្រាថ្នាពរណា ខ្ញុំប្រគេនពរនោះ ដល់លោក។
[១១១១] (អកិត្តិ….) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គប្រទានពរដល់អាត្មា អាត្មាសូមកុំឲ្យជួបនឹងមនុស្សពាល សូមកុំឲ្យឮដំណឹងមនុស្សពាល សូមកុំឲ្យនៅរួមនឹងមនុស្សពាល សូមកុំឲ្យបានធ្វើ ទាំងកុំឲ្យពេញចិត្តនឹងការចរចាទៅមកនឹងមនុស្សពាល។
[១១១២] (សក្កៈ…) មនុស្សពាលបានធ្វើអ្វីដល់លោក បពិត្រកស្សបៈ សូមលោកប្រាប់ហេតុ បពិត្រកស្សបៈ ហេតុអ្វី បានជាលោកមិនប្រាថ្នាជួបមនុស្សពាល។
[១១១៣] (អកិត្តិ…) បុគ្គលពាល រមែងណែនាំនូវអំពើមិនគួរណែនាំ រមែងប្រកបក្នុងកិច្ចមិនមែនជាធុរៈ ការណែនាំទៅរកអាក្រក់ ជាការប្រសើរ (របស់បុគ្គលពាលនោះ) បុគ្គលពាល បើទុកជាគេនិយាយត្រូវ ក៏នៅតែខឹង បុគ្គលពាល រមែងមិនដឹងច្បាប់អ្វីទេ ការមិនជួបប្រទះនឹងបុគ្គលពាលនោះ ជាការប្រពៃ។
[១១១៤] (សក្កៈ…) សុភាសិតដ៏សមគួរនេះ លោកបានពោលល្អហើយ បពិត្រកស្សបៈ លោកមានចិត្តប្រាថា្នពរណា ខ្ញុំប្រគេនពរនោះ ដល់លោក។
[១១១៥] (អកិត្តិ….) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គនឹងប្រទានពរដល់អាត្មា អាត្មាសូមឲ្យជួបប្រទះអ្នកប្រាជ្ញ សូមឲ្យស្តាប់អ្នកប្រាជ្ញ សូមឲ្យនៅរួមជាមួយនឹងអ្នកប្រាជ្ញ សូមឲ្យបានធ្វើ ទាំងសូមឲ្យបានចូលចិត្ត នឹងការចរចាទៅមក ជាមួយនឹងអ្នកប្រាជ្ញនោះ។
[១១១៦] (សក្កៈ….) អ្នកប្រាជ្ញបានធ្វើប្រយោជន៍អ្វីដល់លោក បពិត្រកស្សបៈ សូមលោកប្រាប់ហេតុ បពិត្រកស្សបៈ ហេតុអ្វីបានជាលោកចង់ជួបប្រទះអ្នកប្រាជ្ញ។
[១១១៧] (អកិត្តិ….) អ្នកប្រាជ្ញ រមែងណែនាំនូវហេតុ ដែលគួរដឹកនាំ រមែងមិនប្រកបក្នុងកិច្ច ដែលមិនមែនជាធុរៈ ការដឹកនាំល្អ ជាការប្រសើរ (របស់អ្នកប្រាជ្ញនោះ) អ្នកប្រាជ្ញ បើគេនិយាយត្រូវហើយ រមែងមិនក្រោធ អ្នកប្រាជ្ញនោះ រមែងចេះដឹងច្បាប់ ការសេពគប់ជាមួយនឹងអ្នកប្រាជ្ញនោះ ជាការប្រពៃ។
[១១១៨] (សក្កៈ….) សុភាសិតដ៏សមគួរនេះ លោកបានពោលល្អហើយ បពិត្រកស្សបៈ លោកមានចិត្តប្រាថ្នាពរណា ខ្ញុំនឹងប្រគេនពរនោះ ដល់លោក។
[១១១៩] (អកិត្តិ….) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គប្រទានពរដល់អាត្មា នាកាលរាត្រីនោះអស់ហើយ ព្រះអាទិត្យក៏រះឡើង សូមឲ្យទិព្វភោជនកើតប្រាកដ ទាំងពួកយាចកអ្នកមានសីល (ក៏ឲ្យមក) កាលបើអាត្មាឲ្យ សូមទិព្វភោជនកុំឲ្យអស់ លុះឲ្យហើយ សូមកុំឲ្យក្តៅក្រហាយក្រោយ កាលបើកំពុងឲ្យ គប្បីឲ្យមានចិត្តជ្រះថ្លា បពិត្រសក្កៈ សូមព្រះអង្គប្រទានពរនុ៎ះចុះ។
[១១២០] (សក្កៈ….) សុភាសិតដ៏សមគួរនេះ លោកបានពោលល្អហើយ បពិត្រកស្សបៈ លោកមានចិត្តប្រាថ្នាពរណា ខ្ញុំនឹងប្រគេនពរនោះ ដល់លោក។
[១១២១] (អកិត្តិ….) បពិត្រសក្កៈ ជាធំជាងសត្វទាំងពួង បើព្រះអង្គប្រទានពរដល់អាត្មា ព្រះអង្គកុំចូលមករកអាត្មាទៀតឡើយ បពិត្រសក្កៈ សូមព្រះអង្គប្រទានពរនុ៎ះចុះ។
[១១២២] (សក្កៈ…) ពួកជនប្រុសស្រី តែងចង់ឃើញ (ខ្ញុំ) ដោយការប្រព្រឹត្តិវត្តដ៏ច្រើនចុះ ភ័យក្នុងការឃើញខ្ញុំ (មានដល់លោក)។
[១១២៣] (អកិតិ្ត….) អាត្មាឃើញព្រះអង្គ មានភេទជាទេវតាប្រាកដដូច្នោះ មានសេចក្តីប្រាថ្នាទាំងពួងសម្រេចហើយ គប្បីប្រហែសក្នុងតបធម៌ ភ័យក្នុងការឃើញព្រះអង្គនុ៎ះ មានដល់ (អាត្មា)។
ចប់ អកិត្តិជាតក ទី៧។
(៤៨១. តក្ការិយជាតកំ (៨))
[១១២៤] (ព្រាហ្មណ៍បុរោហិត និយាយថា) ខ្ញុំឯង ជាមនុស្សល្ងង់ និយាយសំដីទាស់ ដូចជាកង្កែបហៅពស់ក្នុងព្រៃ ម្នាលតក្ការិយៈ ខ្ញុំធ្លាក់ក្នុងរណ្តៅនេះ ព្រោះឮថា បុគ្គលនិយាយហួសប្រមាណ មិនប្រពៃឡើយ។
[១១២៥] (តក្ការិយពោធិសត្វ តបថា) បុគ្គលអ្នកនិយាយហួសប្រមាណ តែងដល់នូវការចង ការសម្លាប់ សោក និងខ្សឹកខ្សួល លោកតិះដៀលខ្លួនលោក ព្រោះតែហេតុនោះ បពិត្រលោកអាចារ្យ ពួកជនកប់លោកក្នុងរណ្តៅឥឡូវនេះ។
[១១២៦] (មហាសត្វ ដំណាលពីសេដ្ឋីបុត្រ និយាយថា) ថ្វីបានជាអញសួរ អញយកអាសាតុណ្ឌិលៈ ជាបងនាងកាលី បានជាអញត្រូវគេដណ្តើមយកសំពត់ទាំងគូ ហើយជាមនុស្សអាក្រាត ដំណើរនេះឯង ប្រហែលគ្នានឹងលោកច្រើនប្រការ។
[១១២៧] (ដំណាលរឿងកុកសថា) កាលពពែទាំងពីរ កំពុងតែជល់គ្នា កុកសណា ចូលទៅត្រង់ចន្លោះពពែ កុកសនោះ ត្រូវក្បាលពពែទាំងពីរ ទង្គិចខ្ទេចក្នុងទីនោះ ដំណើរនេះ ប្រហែលគ្នានឹងលោកច្រើនយ៉ាង។
[១១២៨] (ដំណាលរឿងជន ៤ នាក់ ថា) ជន ៤ នាក់ កាន់ជាយក្រមា ចាំត្រងបុរសម្នាក់ (ដែលលោតពីចុងត្នោត) ជនទាំង ៤ នាក់នោះ បែកក្បាលដួលស្លាប់ ដំណើរនេះ ប្រហែលគ្នានឹងលោកច្រើនយ៉ាង។
[១១២៩] (ដំណាលរឿងពពែថា) ដូចជាមេពពែ ដែលចោរចងទុកក្បែរគុម្ពឫស្សី ទធាក់ជើងក្រោយលេង បានជាន់កាំបិត ហេតុនោះ បានជាចោរ អារបំពង់កមេពពែនោះ ដំណើរនេះឯង ប្រហែលគ្នានឹងលោកច្រើនយ៉ាង។
[១១៣០] (ដំណាលរឿង ព្រះរាជាពារាណសី ត្រាស់ថា) កិន្នរទាំងពីរនេះ មិនមែនជាទេវតា មិនមែនជាគន្ធព្វបុត្តទេ កិន្នរទាំងនេះ ជាម្រឹគទេ កិន្នរទាំងនេះ ព្រានព្រៃបាននាំមកដោយអំណាចប្រយោជន៍ ពួកអ្នកធ្វើក្រយាស្ងោយ ចូរចំអិនកិន្នរមួយនោះ ក្នុងពេលបាយល្ងាច ចូរចំអិនកិន្នរមួយទៀត ក្នុងពេលបាយព្រឹក។
[១១៣១] (រឿងកិន្នរី ទូលព្រះរាជាថា) ពាក្យជាទុព្ភាសិតមួយសែនម៉ាត់ ក៏មិនដល់មួយចំណិតនៃពាក្យជាសុភាសិតឡើយ បុគ្គលកាលរង្កៀសនឹងពាក្យជាទុព្ភាសិត រមែងលំបាក ព្រោះហេតុនោះ កិន្នរនៅស្ងៀម មិនមែនព្រោះល្ងង់ទេ។
[១១៣២] (ព្រះរាជា ត្រាស់ថា) កិន្នរីណា បានដោះសានឹងអញ អ្នកទាំងឡាយ ចូរលែងកិន្នរីនុ៎ះចុះ ចូរនាំកិន្នរនោះ ទៅភ្នំហិមពាន្ត អ្នកទាំងឡាយ ចូរប្រគល់កិន្នរនេះ ដើម្បីរោងគ្រួ ចូរចំអិនវាក្នុងពេលបាយព្រឹក អំពីព្រលឹម។
[១១៣៣] (កិន្នរ ក្រាបទូលថា) ពួកសត្វចិញ្ចឹម មានមេឃជាទីពឹង ពួកមនុស្សមានសត្វចិញ្ចឹមជាទីពឹង បពិត្រមហារាជ ខ្ញុំមានព្រះអង្គជាទីពឹង ឯភរិយារបស់ខ្ញុំ មានខ្លួនខ្ញុំជាទីពឹង ក្នុងរវាងយើងខ្ញុំទាំងពីរនាក់ សូមឲ្យអ្នកដែលរួច (អំពីសេចក្តីស្លាប់) ដឹងថា អ្នកណាមួយ (ស្លាប់) ហើយសឹមទៅភ្នំ។
[១១៣៤] បុគ្គលមិនងាយចៀសនិន្ទាទេ បពិត្រព្រះជនិន្ទ ព្រះអង្គគប្បីសេពគប់ រាប់រកនូវពួកជន អ្នកមានសេចក្តីប្រាថា្នផ្សេង ៗ គ្នា (លមើល) បុគ្គលពួកមួយ បាននូវសេចក្តីសរសើរដោយគុណ មានសីលគុណជាដើមណា បុគ្គលឯទៀត បាននូវពាក្យនិន្ទា ដោយគុណ មានសីលគុណជាដើមនោះទៅវិញ។
[១១៣៥] សត្វលោកទាំងអស់ មានចិត្តក្លៀវក្លា ដោយចិត្តផ្សេងគ្នា សត្វលោកទាំងអស់ មានចិត្តប្រព្រឹត្តទៅក្នុងចិត្តរបស់ខ្លួន ពួកសត្វទាំងអស់ មានចិត្តផ្សេង ៗ គ្នា មានប្រភេទដ៏ច្រើន ឯក្នុងលោកនេះ បុគ្គលមិនលុះអំណាចចិត្តរបស់បុគ្គលណាបានឡើយ។
[១១៣៦] (ព្រះរាជា…) កិន្នរណា ព្រមទាំងភរិយានៅស្ងៀម ឥឡូវនេះ ភ័យហើយ បានដោះសា កិន្នរនោះ ចូររួចអំពីភ័យ ដល់នូវសេចក្តីសុខ មិនមានរោគក្នុងកាលឥឡូវនេះចុះ វាចារបស់ជនទាំងឡាយ ជាវាចាមានប្រយោជន៍។
ចប់ តកា្ករិយជាតក ទី៨។
(៤៨២. រុរុមិគរាជជាតកំ (៩))
[១១៣៧] (ព្រះបាទព្រហ្មទត្ត ប្រកាសថា) នរណា ប្រាប់ម្រឹគនោះ ជាម្រឹគដ៏ឧត្តមជាងម្រឹគទាំងឡាយ ដល់យើង យើងនឹងឲ្យស្រុកសួយ និងនាងនារីដែលស្អិតស្អាងហើយ ដល់អ្នកនោះ។
[១១៣៨] (សេដ្ឋីបុត្ត ក្រាបទូលថា) សូមព្រះអង្គប្រទានស្រុកសួយ និងពួកនាងនារី ដែលស្អិតស្អាង ដល់ទូលព្រះបង្គំជាខ្ញុំចុះ ទូលព្រះបង្គំជាខ្ញុំ នឹងក្រាបទូលម្រឹគនោះ ជាម្រឹគដ៏ឧត្តមជាងម្រឹគទាំងឡាយដល់ព្រះអង្គ។
[១១៣៩] ដើមស្វាយ និងដើមសាលព្រឹក្ស ក្នុងដងព្រៃនុ៎ះ មានផ្ការីក (ផែនដី) ដ៏ដេរដាសដោយស្មៅ មានសម្ផ័ស្សស្រួល មានពណ៌ក្រហមដូចជាសម្បុរនៃសត្វមេភ្លៀង ម្រឹគនុ៎ះ ឋិតទៅក្នុងដងព្រៃនុ៎ះ។
[១១៤០] (អភិសម្ពុទ្ធគាថា) ព្រះបាទព្រហ្មទត្ត ទ្រង់យិតព្រះទម្រង់កៅទណ្ឌ ផ្ទាប់កាំសរ ហើយស្តេចចូលតម្រង់ទៅ ឯម្រឹគក្រលេកឃើញព្រះរាជាហើយ ក៏ទូលអង្វរពីចម្ងាយថា បពិត្រមហារាជ សូមព្រះអង្គឈប់សិន បពិត្រព្រះអង្គប្រសើរក្នុងរថ សូមព្រះអង្គកុំបាញ់ទូលព្រះបង្គំជាខ្ញុំឡើយ នរណាអេះ បានក្រាបទូលដំណើរនេះដល់ព្រះអង្គថា ម្រឹគនុ៎ះ ឋិតនៅក្នុងដងព្រៃនុ៎ះ។
[១១៤១] (ព្រះរាជា….) នែសំឡាញ់ បុរសជាអ្នកប្រព្រឹត្តអំពើលាមកនុ៎ះ ឋិតនៅអំពីចម្ងាយ បុរសនោះ បានប្រាប់ដំណើរនេះដល់យើងថា ម្រឹគនុ៎ះ ឋិតនៅក្នុងទីនុ៎ះ។
[១១៤២] (ប្រើសមាសពោធិសត្វ…) បានឮមកថា នរជនពួកខ្លះ ក្នុងលោកនេះ បានពោលពាក្យពិតយ៉ាងនេះថា កំណាត់ឈើដែលគេស្រង់ឡើង ប្រសើរជាង ឯនរជនពួកខ្លះ ដែលគេស្រង់ឡើង មិនប្រសើរទេ។
[១១៤៣] (ព្រះរាជា…) ម្នាលម្រឹគ អ្នកតិះដៀលម្រឹគទាំងឡាយ ឬបក្សីទាំងឡាយ ឬក៏មនុស្សទាំងឡាយ យើងមានភ័យច្រើន ព្រោះតែឮអ្នកនិយាយជាភាសាមនុស្ស។
[១១៤៤] (ប្រើសមាស…) ខ្ញុំបានស្រង់មនុស្សណា ដែលរសាត់ទៅក្នុងផ្លូវទឹក មានទឹកច្រើន ទឹកជ្រៅ មានខ្សែទឹកហូររហ័ស (ឥឡូវ) ភ័យមានមកដល់ទូលព្រះបង្គំជាខ្ញុំហើយ ព្រោះហេតុតែស្រង់មនុស្សនោះ បពិត្រមហារាជ ការរួបរួមនឹងអសប្បុរសតែងនាំមកនូវសេចក្តីទុក្ខ។
[១១៤៥] (ព្រះរាជា…) យើងនឹងបាញ់ព្រួញនេះ ទៅតាមអាកាស ជាព្រួញមានស្លាបកន្ទុយ ៤ ផ្តាច់នូវសរីរៈ (បុរសនោះ) ចំដើមទ្រូង យើងនឹងសម្លាប់មនុស្សនោះ ជាមនុស្សទ្រុស្តមិត្ត ជាអ្នកធ្វើកិច្ចដែលមិនគួរធ្វើ មិនដឹងនូវឧបការគុណ ដែលធ្វើហើយប្រាកដដូច្នោះ។
[១១៤៦] (ប្រើសមាស…) បពិត្រព្រះជនិន្ទ្រ សប្បុរសទាំងឡាយ រមែងមិនសរសើរនូវការសម្លាប់របស់អ្នកប្រាជ្ញ ឬមនុស្សពាល ដោយពិត សូមឲ្យមនុស្សអ្នកមានបាបធម៌ទៅផ្ទះ តាមសេចក្តីប្រាថ្នាចុះ ភត្តណា (ដែលព្រះអង្គត្រូវប្រទាន) ដល់បុរសនុ៎ះ សូមព្រះអង្គ ប្រទានភត្តនោះ ដល់បុរសនុ៎ះចុះ ចំណែកខ្ញុំ សូមធ្វើតាមសេចក្តីប្រាថា្នរបស់ព្រះអង្គចុះ។
[១១៤៧] (ព្រះរាជា…) ម្នាលប្រើសមាស បណ្តាសប្បុរសទាំងឡាយ អ្នកដែលមិនប្រទូស្តចំពោះមនុស្សដែលប្រទូស្តនោះ ក៏ចាត់ថាជាសប្បុរសមួយដោយពិត មនុស្សមានបាបធម៌ ចូរទៅផ្ទះរបស់ខ្លួនតាមសេចក្តីប្រាថ្នាចុះ ភត្តណា (ដែលយើងត្រូវឲ្យ) ដល់បុរសនុ៎ះ យើងនឹងឲ្យភត្តនោះដល់បុរសនុ៎ះ មួយទៀត យើងនឹងឲ្យស្រុកសួយដល់អ្នក។
[១១៤៨] (ប្រើសមាស…) បពិត្រមហារាជ សំឡេងរបស់ចចក និងក្រៀល គេដឹងបានដោយងាយ ឯសំដីរបស់មនុស្ស គេដឹងបានដោយកម្រ ជាងសំដីសត្វនោះទៅទៀត បុរសណា មានចិត្តល្អ គេសំគាល់ថា ជាញាតិ ជាមិត្រ ជាសំឡាញ់ក្នុងកាលមុន បុរសនោះ រមែងជាសត្រូវវិញ ក្នុងកាលជាខាងក្រោយ។
[១១៤៩] (អភិសម្ពុទ្ធគាថា) ពួកអ្នកជនបទ ក៏មកប្រជុំគ្នា ពួកអ្នកនិគម ក៏មកប្រជុំគ្នា (ហើយក្រាបទូសស្តេច) ថា ពួកម្រឹគស៊ីស្រូវអស់ហើយ សូមព្រះសម្មតិទេព កំចាត់ពួកម្រឹគនោះចេញ។
[១១៥០] (ព្រះរាជា…) ចូរកុំឲ្យមានជនបទ ទាំងដែនក៏ចូរវិនាសទៅដោយពិតចុះ យើងឲ្យអភ័យដល់ពួកបក្សីហើយ មិនប្រទូស្តប្រើសមាសទេ។
[១១៥១] យើងមិនមានជនបទក្តី ជនបទមិនមានដល់យើងក្តី យើងឲ្យពរដល់មិគរាជហើយ មិននិយាយពាក្យកុហកទេ។
ចប់ រុរុមិគជាតក ទី៩។
(៤៨៣. សរភមិគជាតកំ (១០))
[១១៥២] (ព្រះបាទព្រហ្មទត្ត បន្លឺឧទានថា) បុរសជាបណ្ឌិត ត្រូវតែប្រាថ្នា មិនគប្បីនឿយណាយទេ អាត្មាអញឃើញខ្លួនសម្រេចដូចសេចក្តីប្រាថ្នា។
[១១៥៣] បុរសជាបណ្ឌិត ត្រូវតែប្រាថ្នា មិនគប្បីនឿយណាយទេ អាត្មាអញឃើញខ្លួន ដែលគេស្រង់អំពីទឹកមកលើគោក។
[១១៥៤] បុរសជាបណ្ឌិត ត្រូវតែព្យាយាម មិនគប្បីនឿយណាយទេ អាត្មាអញឃើញខ្លួនសម្រេចដូចសេចក្តីប្រាថ្នា។
[១១៥៥] បុរសជាបណ្ឌិត ត្រូវតែព្យាយាម មិនគប្បីនឿយណាយទេ អាត្មាអញឃើញខ្លួនដែលសរភម្រឹគស្រង់អំពីទឹកមកលើគោក។
[១១៥៦] នរជនដែលប្រកបដោយប្រាជ្ញា សូម្បីដល់សេចក្តីទុក្ខ ក៏មិនកាត់បង់សេចក្តីប៉ុនប៉ង ដើម្បីឲ្យបានសុខ ព្រោះថា ផស្សៈ13) ទាំងឡាយ មានច្រើន មិនជាប្រយោជន៍ក៏មាន ជាប្រយោជន៍ក៏មាន ពួកជនអ្នកមិនត្រិះរិះ រមែងចូលទៅរកសេចក្តីស្លាប់។
[១១៥៧] ហេតុដែលយើងមិនបានគិត ក៏ប្រែជាមាន ហេតុដែលយើងបានគិតហើយ ក៏ប្រែជាវិនាសទៅវិញ ភោគៈទាំងឡាយ របស់ស្ត្រីក្តី របស់បុរសក្តី មិនមែនសម្រេចមកពីការគិតឡើយ។
[១១៥៨] (បុរោហិត ក្រាបបង្គំទូលថា) ពីដើម ព្រះអង្គជាប់តាមសរភម្រឹគ ក្នុងដងភ្នំ ព្រះអង្គបានរស់រួចព្រះជន្ម ដោយសារសេចក្តីព្យាយាមរបស់សរភម្រឹគ ដែលមានចិត្តមិនរួញរា។
[១១៥៩] សរភម្រឹគណា ធ្វើនូវការប្រតោងថ្ម បានស្រង់ព្រះអង្គឡើងអំពីរណ្តៅ ដែលមិនងាយឡើងរួច ហើយបានដោះព្រះអង្គ ដែលដល់នូវសេចក្តីទុក្ខ ឲ្យរួចពីមាត់សេចក្តីសា្លប់ ព្រះអង្គពណ៌នាសរសើរសរភម្រឹគ ដែលជាសត្វមានចិត្តមិនរួញរានោះឯង។
[១១៦០] (ព្រះរាជា…) ក្នុងពេលនោះ អ្នកឯងបាននៅក្នុងទីនោះដែរឬ ឬនរណាមួយប្រាប់ដំណើរនោះដល់អ្នក ឬក៏អ្នកជាបុគ្គលមានដម្បូល គឺកិលេសបើកហើយ ជាអ្នកឃើញហេតុសព្វ ម្នាលព្រាហ្មណ៍ អ្នកមានញាណដ៏មានកំឡាំងក្លៀវក្លាឬ។
[១១៦១] (បុរោហិត…) ក្នុងពេលនោះ ទូលព្រះបង្គំជាខ្ញុំ មិនបាននៅក្នុងព្រៃនោះទេ ទាំងគ្មាននរណាមួយ ប្រាប់ដំណើរនោះដល់ទូលបង្គំជាខ្ញុំឡើយ បពិត្រព្រះជនិន្ទ អ្នកប្រាជ្ញទាំងឡាយ តែងពិចារណាសេចក្តីនៃបទនៃគាថា និងសុភាសិតទាំងឡាយនោះ។
[១១៦២] (ព្រះឥន្ទ្រ ជ្រែកចូលក្នុងសរីរៈបុរោហិត ហើយនិយាយថា) ព្រះអង្គផ្ទាប់ព្រះទម្រង់កាំសរ មានស្លាបកន្ទុយជាគ្រឿងសម្លាប់បុគ្គលដទៃដោយសេចក្តីព្យាយាម ឰដ៏ព្រះទម្រង់កៅទណ្ឌហើយ នៅអល់អែកអ្វីទៀត ចូរឲ្យព្រះទម្រង់កាំសរ ដែលព្រះអង្គបាញ់ទៅហើយ សម្លាប់សរភម្រឹគឲ្យឆាប់ទៅ បពិត្រមហារាជមានប្រាជ្ញាដ៏ប្រសើរ ព្រោះសរភម្រឹគនុ៎ះ នឹងបានជាក្រយាស្ងោយរបស់ព្រះរាជា។
[១១៦៣] (ព្រះរាជា…) ម្នាលព្រាហ្មណ៍ យើងដឹងថា សរភម្រឹគនោះ ជាក្រយាស្ងោយរបស់ក្សត្រិយ៍ ពិតមែនហើយ តែយើងគោរពគុណ ដែលសរភម្រឹគ ធ្វើហើយក្នុងកាលមុន ហេតុនោះ យើងមិនសម្លាប់សរភម្រឹគទេ។
[១១៦៤] (សក្ក…) បពិត្រមហារាជ នុ៎ះមិនមែនជាសរភម្រឹគទេ នុ៎ះជាព្រះឥន្ទ្រជាធំជាងអសុរ បពិត្រព្រះអង្គជាធំជាងមនុស្ស ព្រះអង្គសម្លាប់ព្រះឥន្ទ្រនោះហើយ ចូរបានជាស្តេចទេវតា។
[១១៦៥] បពិត្រមហារាជ បើព្រះអង្គនៅអល់អែកនឹងការសម្លាប់សរភម្រឹគ ដែលជាសំឡាញ់ហើយ បពិត្រព្រះអង្គប្រសើរដោយការព្យាយាមជាងនរជន ព្រះអង្គព្រមទាំងព្រះរាជបុត្រ ព្រះរាជទេពី នឹងធ្លាក់ទៅក្នុងវេតរណីនរកនៃព្រះយមរាជ។
[១១៦៦] (ព្រះរាជា…) យើងផង ពួកអ្នកជនបទទាំងអស់ផង បុត្រាបុត្រីផង អគ្គមហេសីផង ពួកសំឡាញ់ផង ចូរធ្លាក់ទៅក្នុងវេតរណីនរកនៃព្រះយមរាជ ដោយពិតចុះ យើងមិនត្រូវសម្លាប់សត្វដែលឲ្យជីវិតយើងឡើយ។
[១១៦៧] សរភម្រឹគនេះ ជាអ្នកឲ្យជីវិតដល់យើង ដែលដល់នូវសេចក្តីលំបាកម្នាក់ឯង ក្នុងព្រៃដ៏ពន្លឹក បពិត្រមហាព្រហ្ម យើងរលឹកដឹងនូវកិច្ចការខាងដើម បែបនោះហើយ គប្បីសម្លាប់ដូចម្តេចបាន។
[១១៦៨] (សក្កៈ…) សូមព្រះអង្គ ជាអ្នកញុំាងមិត្រឲ្យត្រេកអរ គង់ព្រះជន្មអស់កាលយូរអង្វែង សូមព្រះអង្គសោយរាជសម្បត្តិនេះក្នុងធម្មគុណ សូមឲ្យមានពួកនាងនារីចោមរោម ហើយត្រេកអរក្នុងដែនរបស់ព្រះអង្គចុះ ដូចជាវាសវៈ ត្រេកអរ ក្នុងឋានត្រៃត្រិង្ស។
[១១៦៩] ព្រះអង្គជាបុគ្គលមិនក្រោធ មានព្រះទ័យជ្រះថ្លាជានិច្ច យកសមណព្រាហ្មណ៍ ប្រកបដោយធម៌ទាំងអស់ ជាភ្ញៀវ ព្រះអង្គគួរគេសូមបាន ឲ្យទាន និងប្រើប្រាស់ខ្លួនឯង តាមសមគួរ សត្វលោកមិនតិះដៀលបាន សូមព្រះអង្គទៅកើតក្នុងឋានសួគ៌ចុះ។
ចប់ សរភជាតក ទី១០។
ឧទ្ទាននៃតេរសនិបាតនោះគឺ
និយាយអំពីស្វាយដ៏ប្រសើរ ១ ដឹង ១ ហង្សដ៏ប្រសើរ ១ ការនៅក្នុងព្រៃ ១ ទូតជាគំរប់ ៥ កាលិង្គពោធិព្រឹក្ស ១ អកិត្តិតាបស ១ តក្ការិយបុរោហិត ១ ម្រឹគមាស ១ សរភម្រឹគ ១។
ចប់ តេរសនិបាត។
ចប់ ភាគ៥៩។
លេខ ទំព័រ | លេខសម្គាល់ | |
បញ្ចកនិបាត | ១ | sut.kn.jat.v05 |
មណិកុណ្ឌលវគ្គ ទី១ | ១ | sut.kn.jat.v05.01 |
---|---|---|
មណិកុណ្ឌលជាតក ទី១ | ១ | sut.kn.jat.351 |
សុជាតជាតក ទី២ | ២ | sut.kn.jat.352 |
វេនសាខជាតក ទី៣ | ៤ | sut.kn.jat.353 |
ឧរគជាតក ទី៤ | ៥ | sut.kn.jat.354 |
ឆង្កជាតក ទី៥ | ៧ | sut.kn.jat.355 |
ការន្ទិយជាតក ទី៦ | ៨ | sut.kn.jat.356 |
លដុកិកជាតក ទី៧ | ១០ | sut.kn.jat.357 |
ចុល្លធម្មបាលជាតក ទី៨ | ១១ | sut.kn.jat.358 |
សុវណ្ណមិគជាតក ទី៩ | ១៣ | sut.kn.jat.359 |
សុសន្ធីជាតក ទី១០ | ១៤ | sut.kn.jat.360 |
វណ្ណារោហវគ្គ ទី២ | ១៦ | sut.kn.jat.v05.02 |
វណ្ណារោហជាតក ទី១ | ១៦ | sut.kn.jat.361 |
សីលវីមំសជាតក ទី២ | ១៧ | sut.kn.jat.362 |
ហិរិជាតក ទី៣ | ១៨ | sut.kn.jat.363 |
ខជ្ជោបនកជាតក ទី៤ | ១៩ | sut.kn.jat.364 |
អហិតុណ្ឌិកជាតក ទី៥ | ២០ | sut.kn.jat.365 |
កុម្ភិយជាតក ទី៦ | ២១ | sut.kn.jat.366 |
សាលិយជាតក ទី៧ | ២២ | sut.kn.jat.367 |
តចសារជាតក ទី៨ | ២៣ | sut.kn.jat.368 |
មិត្តវិន្ទុកជាតក ទី៩ | ២៤ | sut.kn.jat.369 |
បលាសជាតក ទី១០ | ២៥ | sut.kn.jat.370 |
អឌ្ឍវគ្គ ទី៣ | ២៧ | sut.kn.jat.v05.03 |
ទីឃីតិកោសលជាតក ទី១ | ២៧ | sut.kn.jat.371 |
មិគបោតកជាតក ទី២ | ២៨ | sut.kn.jat.372 |
មូសិកជាតក ទី៣ | ២៩ | sut.kn.jat.373 |
ចុល្លធនុគ្គហជាតក ទី៤ | ៣១ | sut.kn.jat.374 |
កបោតកជាតក ទី៥ | ៣២ | sut.kn.jat.375 |
ឆក្កនិបាត | ៣៥ | sut.kn.jat.v06 |
អាវារិយវគ្គ ទី១ | ៣៥ | sut.kn.jat.v06.01 |
អាវារិយជាតក ទី១ | ៣៥ | sut.kn.jat.376 |
សេតកេតុជាតក ទី២ | ៣៦ | sut.kn.jat.377 |
ទរីមុខជាតក ទី៣ | ៣៨ | sut.kn.jat.378 |
នេរុជាតក ទី៤ | ៤០ | sut.kn.jat.379 |
អាសង្កជាតក ទី៥ | ៤១ | sut.kn.jat.380 |
មិគលោបជាតក ទី៦ | ៤៣ | sut.kn.jat.381 |
សិរិកាឡកណ្ណិជាតក ទី៧ | ៤៤ | sut.kn.jat.382 |
កុក្កុដជាតក ទី៨ | ៤៨ | sut.kn.jat.383 |
ធម្មទ្ធជជាតក ទី៩ | ៥០ | sut.kn.jat.384 |
នន្ទិយមិគរាជជាតក ទី១០ | ៥១ | sut.kn.jat.385 |
ខុរបុត្តវគ្គ ទី២ | ៥៤ | sut.kn.jat.v06.02 |
ខុរបុត្តជាតក ទី១ | ៥៤ | sut.kn.jat.386 |
សុចិជាតក ទី២ | ៥៥ | sut.kn.jat.387 |
តុណ្ឌិលជាតក ទី៣ | ៥៦ | sut.kn.jat.388 |
សុវណ្ណកក្កដជាតក ទី៤ | ៥៨ | sut.kn.jat.389 |
មយ្ហកសកុណជាតក ទី៥ | ៦០ | sut.kn.jat.390 |
បព្វជិតវិហេឋកជាតក ទី៦ | ៦២ | sut.kn.jat.391 |
ឧបសិង្ឃបុប្ផជាតក ទី៧ | ៦៤ | sut.kn.jat.392 |
វិឃាសាទជាតក ទី៨ | ៦៥ | sut.kn.jat.393 |
វដ្ដកជាតក ទី៩ | ៦៧ | sut.kn.jat.394 |
មណិជាតក ទី១០ | ៦៨ | sut.kn.jat.395 |
សត្តកនិបាត | ៧១ | sut.kn.jat.v07 |
កក្កុវគ្គ ទី១ | ៧១ | sut.kn.jat.v07.01 |
កក្កុជាតក ទី១ | ៧១ | sut.kn.jat.396 |
មនោជជាតក ទី២ | ៧៣ | sut.kn.jat.397 |
សុតនជាតក ទី៣ | ៧៥ | sut.kn.jat.398 |
មាតុបោសកគិជ្ឈជាតក ទី៤ | ៧៦ | sut.kn.jat.399 |
ទព្វបុប្ផជាតក ទី៥ | ៧៧ | sut.kn.jat.400 |
ទសណ្ណកជាតក ទី៦ | ៨០ | sut.kn.jat.401 |
សេនកជាតក ទី៧ | ៨២ | sut.kn.jat.402 |
អដ្ឋិសេនជាតក ទី៨ | ៨៤ | sut.kn.jat.403 |
កបិជាតក ទី៩ | ៨៦ | sut.kn.jat.404 |
ពកព្រហ្មជាតក ទី១០ | ៨៧ | sut.kn.jat.405 |
គន្ធារវគ្គ ទី២ | ៩១ | sut.kn.jat.v07.02 |
គន្ធារជាតក ទី១ | ៩១ | sut.kn.jat.406 |
មហាកបិជាតក ទី២ | ៩២ | sut.kn.jat.407 |
កុម្ភការជាតក ទី៣ | ៩៤ | sut.kn.jat.408 |
ទឡ្ហធម្មជាតក ទី៤ | ៩៦ | sut.kn.jat.409 |
សោមទត្តជាតក ទី៥ | ៩៨ | sut.kn.jat.410 |
សុសីមជាតក ទី៦ | ១០០ | sut.kn.jat.411 |
កោដសិម្ពលិជាតក ទី៧ | ១០២ | sut.kn.jat.412 |
ធូមការិជាតក ទី៨ | ១០៤ | sut.kn.jat.413 |
ជាគរជាតក ទី៩ | ១០៦ | sut.kn.jat.414 |
កុម្មាសបិណ្ឌជាតក ទី១០ | ១០៧ | sut.kn.jat.415 |
បរន្តបជាតក ទី១១ | ១១០ | sut.kn.jat.416 |
អដ្ឋកនិបាត | ១១៣ | sut.kn.jat.v08 |
កច្ចានិវគ្គ | ១១៣ | sut.kn.jat.v08.01 |
កច្ចានិជាតក ទី១ | ១១៣ | sut.kn.jat.417 |
អដ្ឋសទ្ទជាតក ទី២ | ១១៥ | sut.kn.jat.418 |
សុលសាជាតក ទី៣ | ១១៧ | sut.kn.jat.419 |
សុមង្គលជាតក ទី៤ | ១១៩ | sut.kn.jat.420 |
គង្គមាលជាតក ទី៥ | ១២១ | sut.kn.jat.421 |
ចេតិយរាជជាតក ទី៦ | ១២៣ | sut.kn.jat.422 |
ឥន្រ្ទិយជាតក ទី៧ | ១២៦ | sut.kn.jat.423 |
អាទិត្តជាតក ទី៨ | ១២៨ | sut.kn.jat.424 |
អដ្ឋានជាតក ទី៩ | ១៣០ | sut.kn.jat.425 |
ទីបិជាតក ទី១០ | ១៣៣ | sut.kn.jat.426 |
នវកនិបាត | ១៣៥ | sut.kn.jat.v09 |
គិជ្ឈជាតក ទី១ | ១៣៥ | sut.kn.jat.427 |
កោសម្ពិយជាតក ទី២ | ១៣៧ | sut.kn.jat.428 |
មហាសុវរាជជាតក ទី៣ | ១៣៩ | sut.kn.jat.429 |
ចុល្លសុវករាជជាតក ទី៤ | ១៤២ | sut.kn.jat.430 |
ហរិតចជាតក ទី៥ | ១៤៤ | sut.kn.jat.431 |
បទកុសលមាណវកជាតក ទី៦ | ១៤៦ | sut.kn.jat.432 |
លោមសកស្សបជាតក ទី៧ | ១៤៨ | sut.kn.jat.433 |
ចក្កវាកជាតក ទី៨ | ១៥០ | sut.kn.jat.434 |
ហលិទ្ទរាគជាតក ទី៩ | ១៥៣ | sut.kn.jat.435 |
សមុគ្គជាតក ទី១០ | ១៥៥ | sut.kn.jat.436 |
បូតិមំសជាតក ទី១១ | ១៥៧ | sut.kn.jat.437 |
ទទ្ទរជាតក ទី១២ | ១៥៩ | sut.kn.jat.438 |
ទសកនិបាត | ១៦២ | sut.kn.jat.v10 |
ចតុទ្វារជាតក ទី១ | ១៦២ | sut.kn.jat.439 |
កណ្ហជាតក ទី២ | ១៦៤ | sut.kn.jat.440 |
ចតុប្បោសថជាតក ទី៣ | ១៦៧ | sut.kn.jat.441 |
សង្ខជាតក ទី៤ | ១៧២ | sut.kn.jat.442 |
ចុល្លពោធិជាតក ទី៥ | ១៧៤ | sut.kn.jat.443 |
មណ្ឌព្យជាតក ទី៦ | ១៧៧ | sut.kn.jat.444 |
និគ្រោធជាតក ទី៧ | ១៨១ | sut.kn.jat.445 |
តក្កលជាតក ទី៨ | ១៨៣ | sut.kn.jat.446 |
មហាធម្មបាលជាតក ទី៩ | ១៨៦ | sut.kn.jat.447 |
កុក្កុដជាតក ទី១០ | ១៨៩ | sut.kn.jat.448 |
មដ្ឋកុណ្ឌលិជាតក ទី១១ | ១៩២ | sut.kn.jat.449 |
ពិលារកោសិយជាតក ទី១២ | ១៩៤ | sut.kn.jat.450 |
ចក្កវាកជាតក ទី១៣ | ១៩៧ | sut.kn.jat.451 |
ភូរិបញ្ហាជាតក ទី១៤ | ១៩៩ | sut.kn.jat.452 |
មហាមង្គលជាតក ទី១៥ | ២០២ | sut.kn.jat.453 |
ឃតបណ្ឌិតជាតក ទី១៦ | ២០៥ | sut.kn.jat.454 |
ឯកាទសកនិបាត | ២១០ | sut.kn.jat.v11 |
មាតុបោសកជាតក ទី១ | ២១០ | sut.kn.jat.455 |
ជុណ្ហជាតក ទី២ | ២១២ | sut.kn.jat.456 |
ធម្មទេវបុត្តជាតក ទី៣ | ២១៦ | sut.kn.jat.457 |
ឧទយជាតក ទី៤ | ២១៩ | sut.kn.jat.458 |
បានីយជាតក ទី៥ | ២២៤ | sut.kn.jat.459 |
យុធញ្ជយជាតក ទី៦ | ២២៧ | sut.kn.jat.460 |
ទសរថជាតក ទី៧ | ២២៩ | sut.kn.jat.461 |
សំវរជាតក ទី៨ | ២៣១ | sut.kn.jat.462 |
សុប្បារកជាតក ទី៩ | ២៣៣ | sut.kn.jat.463 |
ទ្វាទសកនិបាត | ២៣៧ | sut.kn.jat.v12 |
ចុល្លកុណាលជាតក ទី១ | ២៣៧ | sut.kn.jat.464 |
ភទ្ទសាលជាតក ទី២ | ២៣៩ | sut.kn.jat.465 |
សមុទ្ទវាណិជជាតក ទី៣ | ២៤២ | sut.kn.jat.466 |
កាមជាតក ទី៤ | ២៤៥ | sut.kn.jat.467 |
ជនសន្ធជាតក ទី៥ | ២៤៨ | sut.kn.jat.468 |
មហាកណ្ហជាតក ទី៦ | ២៥០ | sut.kn.jat.469 |
កោសិយជាតក ទី៧ | ២៥៣ | sut.kn.jat.470 |
មេណ្ឌកប្បញ្ហាជាតក ទី៨ | ២៥៧ | sut.kn.jat.471 |
មហាបទុមជាតក ទី៩ | ២៦០ | sut.kn.jat.472 |
មិត្តាមិត្តជាតក ទី១០ | ២៦៤ | sut.kn.jat.473 |
តេរសកនិបាត | ២៦៧ | sut.kn.jat.v13 |
អម្ពជាតក ទី១ | ២៦៧ | sut.kn.jat.474 |
ផន្ទនជាតក ទី២ | ២៧០ | sut.kn.jat.475 |
ជវនហំសជាតក ទី៣ | ២៧៣ | sut.kn.jat.476 |
ចុល្លនារទកស្សបជាតក ទី៤ | ២៧៦ | sut.kn.jat.477 |
ទូតជាតក ទី៥ | ២៧៩ | sut.kn.jat.478 |
កាលិង្គពោធិជាតក ទី៦ | ២៨១ | sut.kn.jat.479 |
អកិត្តិជាតក ទី៧ | ២៨៥ | sut.kn.jat.480 |
តក្ការិយជាតក ទី៨ | ២៩០ | sut.kn.jat.481 |
រុរុមិគជាតក ទី៩ | ២៩៤ | sut.kn.jat.482 |
សរភជាតក ទី១០ | ២៩៨ | sut.kn.jat.483 |