-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៦០ - Book 60
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20190228 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20190228 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៦០ - Tipitaka Book 060, for change log on ati.eu see here: រាយការណ៍ ភាគ ០៦០
គំរូ ឯកសារ ផ្សេងទៀត ៖
book_060.pdf
លេខសម្គាល់
លេខទំព៍រ
ទ. 1
បកិណ្ណកនិបាតជាតក | វីសតិនិបាតជាតក | តឹសនិបាតជាតក | ចត្តាលីសនិបាតជាតក
ភាគទី ៦០ នវមភាគ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(១៤. បកិណ្ណកនិបាតោ)
(៤៨៤. សាលិកេទារជាតកំ (១))
[១] (បុរសអ្នករក្សាស្រែពោលថា) បពិត្រកោសិយៈ ស្រូវសាលីក្នុងស្រែ បរិបូណ៌ដែរ តែពួកសេកតែងស៊ី បពិត្រព្រហ្ម ខ្ញុំសូមជំរាបលោក ខ្ញុំមិនអាចហាមឃាត់សេកទាំងនោះបានឡើយ បណ្តាសេកទាំងនោះ មានសេកមួយ ដែលល្អដោយចំណែកទាំងពួង ជាងសេកទាំងនោះ ស៊ីនូវស្រូវសាលី តាមសេក្តីបា្រថ្នារួចហើយ ក៏ពាំស្រូវដោយចំពុះហើរទៅទៀត។
[២] (សាលិន្ទិយព្រាហ្មណ៍ កោសិយគោត្រពោលថា) ជនទាំងឡាយ ចូរដាក់អន្ទាក់ធ្វើដោយកន្ទុយសត្វ បក្សីនោះនឹងជាប់ ចូរអ្នកចាប់វាទាំងរស់ នាំមកក្នុងសំណាក់នៃអញ។
[៣] (សេ្តចសេកពោលថា) បក្សីទាំងនុ៎ះ ស៊ីផង ផឹកផង ហើយហើរចេញទៅ អាត្មាអញម្នាក់ឯង ជាប់អន្ទាក់ហើយ អាត្មាអញធ្វើហើយនូវអំពើលាមកដូចមេ្តច។
[៤] (ព្រាហ្មណ៍…) ម្នាលសេក ពោះសេកទាំងឡាយដទៃ (ជាពោះតូចល្មម) ដោយពិត (ចំណែកខាងពោះ) របស់អ្នក ជាពោះធំជ្រុលពេក បានជាអ្នកស៊ីស្រូវសាលីតាមសេចក្តីបា្រថ្នារួចហើយ ក៏ពាំយកស្រូវដោយចំពុះហើរទៅ។ ម្នាលសេក អ្នកបំពេញជង្រុកក្នុងព្រៃរកានោះឬ ឬក៏អ្នកចងពៀរនឹងយើង ម្នាលសំឡាញ់ យើងសួរហើយ អ្នកចូរបា្រប់ អ្នកកប់ស្រូវសាលីទុកក្នុងទីណា។
[៥] (ស្តេចសេក…) ខ្ញុំមិនចងពៀរជាមួយនឹងអ្នកទេ ជង្រុករបស់ខ្ញុំ ក៏មិនមានដែរ ខ្ញុំដោះបំណុលផង ឲ្យបុលផង ខ្ញុំហើរទៅដល់ចុងរកា ក៏កប់កំណប់ទុកក្នុងព្រៃរកានោះ បពិត្រកោសិយៈ អ្នកចូរជ្រាបយ៉ាងនេះចុះ។
[៦] (ព្រាហ្មណ៍…) ការឲ្យបុលរបស់អ្នកដូចមេ្តច ការដោះបំណុលដូចម្តេច អ្នកចូរបា្រប់នូវការកប់កំណប់ កាលបើដូច្នោះ អ្នកនឹងរួចចាកអន្ទាក់។
[៧] (សេ្តចសេក…) បពិត្រកោសិយៈ ខ្ញុំមានកូនតូចៗ មិនទាន់ដុះស្លាបនៅឡើយ កូនតូចទាំងឡាយនោះ ដែលខ្ញុំចិញ្ចឹមហើយ នឹងចិញ្ចឹមខ្ញុំវិញ ហេតុនោះ ខ្ញុំត្រូវឲ្យបុលដល់កូនតូចៗ ទាំងនោះ។ ម្យ៉ាងទៀត ខ្ញុំមានមាតា បិតាចាស់គ្រាំគ្រា មានវ័យកន្លងហើយ ខ្ញុំពាំ (នូវស្រូវសាលី) ដោយចំពុះ យកទៅជូនមាតាបិតាទាំងនោះ ខ្ញុំត្រូវដោះបំណុលដែលគាត់ធ្វើហើយមុន។
ក្នុងព្រៃរកានោះ មានបក្សីទាំងឡាយដទៃទៀត ដែលជ្រុះស្លាបអស់ហើយ ថមថយកំឡាំង ខ្ញុំត្រូវការដោយបុណ្យ ក៏ឲ្យដល់បក្សីទាំងនោះ បណ្ឌិតទាំងឡាយពោលថា បុញ្ញកម្មនោះជាកំណប់។ ការឲ្យបុលរបស់ខ្ញុំយ៉ាងនេះ ការដោះបំណុលរបស់ខ្ញុំយ៉ាងនេះ ខ្ញុំបា្រប់នូវការកប់កំណប់ បពិត្រកោសិយៈ អ្នកចូរជ្រាបយ៉ាងនេះ។
[៨] (ព្រាហ្មណ៍…) បក្សីមានកំណើតពីរដងនេះ ប្រសើរណាស់តើ ជាសត្វប្រកបដោយធម៌ដ៏ក្រៃលែង មនុស្សពួកខ្លះ មិនមានធម៌នេះទេ។ អ្នកចូរបរិភោគនូវស្រូវសាលី ជាមួយនឹងពួកញាតិទាំងអស់ តាមប្រាថ្នាចុះ ម្នាលសេក សូមឲ្យយើងឃើញអ្នកទៀត ដ្បិតការបានចួបប្រទះ នឹងអ្នក (នេះ) ជាទីស្រឡាញ់របស់យើង។
[៩] (ស្តេចសេក…) បពិត្រកោសិយៈ ខ្ញុំបានបរិភោគផង ផឹកផង ក្នុងលំនៅអ្នករួចហើយ ខ្ញុំមិនអាចនឹងនៅក្នុងសំណាក់នៃអ្នកអស់រាត្រីមួយទេ អ្នកចូរឲ្យទាន (ចំពោះសមណព្រាហ្មណ៍) ដែលមានអាជ្ញាដាក់ចុះហើយផង ចូរចិញ្ចឹមមាតាបិតា ដែលចាស់គ្រាំគ្រាផង។
[១០] (ព្រាហ្មណ៍…) លក្ខី (សិរី បុណ្យ និងបា្រជ្ញា) បានកើតឡើងហើយដល់យើងក្នុងថៃ្ងនេះ ដ្បិតយើងបានជួបនឹងសេ្តចសេកដ៏ប្រសើរ ជាងពួកបក្សីទាំងឡាយ យើងនឹងធ្វើបុណ្យឲ្យច្រើន ព្រោះបានស្តាប់នូវសុភាសិតរបស់សេក។
[១១] (អភិសម្ពុទ្ធគាថា) សាលិន្ទិយព្រាហ្មណ៍ ជាកោសិយគោត្រនោះ មានចិត្តរីករាយ មានចិត្តខ្ពស់ឯក មានចិត្តជ្រះថ្លា បានចាត់ចែងនូវបាយ និងទឹក ហើយញុំាងសមណៈ និងព្រាហ្មណ៍ទាំងឡាយ ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក។
ចប់ សាលិកេទារជាតក ទី១។
(៤៨៥. ចន្ទកិន្នរីជាតកំ (២))
[១២] (ចន្ទកិន្នរពោលថា) ម្នាលនាងចន្ទា ជីវិតនេះប្រហែលជាជិតដាច់ហើយ ព្រោះក្រពុលដោយឈាម អញនឹងលះបង់នូវជីវិតក្នុងថ្ងៃនេះឯង ម្នាលនាងចន្ទា ជីវិតរបស់អញនឹងរលត់។ ជីវិតរបស់អញជាទុក្ខពៀបចុះហើយ ហ្ឫទ័យរបស់អញក្តៅណាស់ អញលំបាកក្រៃពេក ព្រោះហេតុនាងចន្ទាកំពុងសោក មិនមែនព្រោះការសោកដទៃទេ។ អញនឹងស្វិតស្រពោនដូចជាស្មៅ (ដែលគេដាក់លើថ្មក្តៅ) ដូចជាដើមឈើ (ដែលកាត់ផ្តាច់ឫសហើយ) អញនឹងរីងស្ងួតដូចជាស្ទឹងដែលមានទឹកមិនពេញ ព្រោះនាងចន្ទាកំពុងសោក មិនមែនព្រោះការសោកដទៃទេ។ ទឹកភ្នែកទាំងឡាយរបស់អញនេះហូរទៅ ដូចជាភ្លៀងក្បែរជើងភ្នំហូរទៅ ព្រោះហេតុនាងចន្ទាកំពុងសោក មិនមែនព្រោះការសោកដទៃឡើយ។
[១៣] (នាងចន្ទាកិន្នរី ពោលផ្តាសាថា) រាជបុត្តណា បាញ់នូវប្តីដែលអញជាអ្នកកំព្រាបា្រថ្នាហើយ រាជបុត្ត (នោះ) អាក្រក់មែន ប្តីរបស់អញនោះ ដែលត្រូវសរមុតហើយ ដេកលើផែនដីទៀបគល់ឈើ។ នែរាជបុត្ត សេចក្តីសោកក្នុងហឫទ័យណានៃអញ ដែលកំពុងសំឡឹងមើលនូវកិន្នរ សូមមាតារបស់អ្នក បាននូវសេចក្តីសោកក្នុងហឫទ័យដូចអញនេះដែរ។ នែរាជបុត្ត សេចក្តីសោកក្នុងហឫទ័យណារបស់អញ ដែលកំពុងសំឡឹងមើលនូវកិន្នរ សូមប្រពន្ធរបស់អ្នក បាននូវសេចក្តីសោកក្នុងហឫទ័យដូចអញនេះដែរ។ នែរាជបុត្ត បុគ្គលណា បានសម្លាប់កិន្នរ ដែលជាសត្វមិនប្រទូស្ត ព្រោះការចង់បានអញ សូមកុំឲ្យម្តាយរបស់អ្នក (នោះ) បានឃើញកូនផង សូមកុំឲ្យបានឃើញប្តីផង។ នែរាជបុត្ត អ្នកណាបានសម្លាប់កិន្នរ ដែលជាសត្វមិនប្រទូស្ត ព្រោះការចង់បានអញ សូមកុំឲ្យប្រពន្ធរបស់អ្នកនោះ បានឃើញកូនផង សូមកុំឲ្យបានឃើញប្តីផង។
[១៤] (ព្រះរាជាទ្រង់ត្រាស់ថា) ម្នាលនាងចន្ទាមានភ្នែកដូចផ្កានៃតិមិរព្រឹក្សក្នុងព្រៃ នាងកុំយំ កុំសោកឡើយ នាងនឹងបានជាអគ្គមហេសីនៃយើង និងមាននាងនារីបូជាក្នុងរាជត្រកូល។
[១៥] (កិន្នរី…) នែរាជបុត្រ អ្នកណាបានសម្លាប់នូវកិន្នរ ដែលជាសត្វមិនប្រទូស្ត ព្រោះការចង់បានអញ អញស៊ូតែស្លាប់ អញនឹងមិនធ្វើ (ជាប្រពន្ធ) របស់អ្នក (នោះ) ទេ។
[១៦] (ព្រះរាជា…) ម្នាលនាងកិន្នរី ដែលជាស្រីមានសេចក្តីខ្លាចផង ចង់រស់នៅផង នាងជាមេម្រឹគ មានស្លឹកកំញាន និងស្លឹកក្រស្នាជាភោជន ចូរនាងទៅកាន់ព្រៃហិមវន្តចុះ ពួកម្រឹគដទៃនឹងត្រេកត្រអាលចំពោះនាង។
[១៧] (កិន្នរី…) ភ្នំទាំងឡាយនោះផង ជ្រោះភ្នំទាំងឡាយនោះផង គូហាភ្នំទាំងឡាយនោះផង បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ យើងទាំងឡាយ រមែងត្រេកត្រអាលជាមួយគ្នាលើភ្នំទាំងឡាយណា បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកលើភ្នំទាំងឡាយនោះ តើនឹងធ្វើដូចម្តេច។ ភ្នំទាំងឡាយនោះ ដេរដាសដោយស្លឹកឈើ គួរឲ្យរីករាយ ដែលពួកម្រឹគសាហាវធ្លាប់ដើរទៅមកញឹកញយ បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ ភ្នំទាំងឡាយនោះ ដេរដាសដោយផ្កាឈើគួរឲ្យរីករាយ ដែលពួកម្រឹគសាហាវធ្លាប់ដើរទៅមកញឹកញយ បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ ស្ទឹងលើភ្នំ និងស្ទឹងក្នុងព្រៃទាំងឡាយ មានទឹកដ៏ថ្លា កាលហូរទៅ មានផ្កាឈើអណ្តែតទៅតាមខ្សែទឹកព្រោងព្រាត បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ កំពូលទាំងឡាយនៃភ្នំហិមវន្ត មានពណ៌ខៀវ គួរឲ្យរមិលមើល បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ កំពូលទាំងឡាយនៃភ្នំហិមវន្ត មានពណ៌លឿង គួរឲ្យរមិលមើល បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ កំពូលទាំងឡាយនៃភ្នំហិមវន្ត មានពណ៌ក្រហម គួរឲ្យរមិលមើល បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ កំពូលទាំងឡាយនៃភ្នំហិមវន្ត មានចុងស្រួច គួរឲ្យរមិលមើល បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ កំពូលទាំងឡាយនៃភ្នំហិមវន្ត ដែលមានពណ៌ស គួរឲ្យរមិលមើល បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ កំពូលទាំងឡាយនៃភ្នំហិមវន្តដ៏វិចិត្រ គួរឲ្យរមិលមើល បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកក្នុងទីនោះ តើនឹងធ្វើដូចម្តេច។ បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកលើភ្នំគន្ធមាទន៍នោះ ដែលពួកភុម្មទេវតាសេពហើយ ជាភ្នំដេរដាសដោយឱសថទាំងឡាយ តើនឹងធ្វើដូចម្តេច។ បពិត្រកិន្នរ ខ្ញុំកាលមិនឃើញអ្នកលើភ្នំគន្ធមាទន៍នោះ ដែលពួកកិន្នរសេពហើយ ជាភ្នំដ៏ដេរដាសដោយឱសថទាំងឡាយ តើនឹងធ្វើដូចម្តេច។
[១៨] បពិត្រព្រហ្មជាម្ចាស់ ខ្ញុំសូមថ្វាយបង្គំនូវព្រះបាទទាំងឡាយរបស់លោក ព្រោះលោកបានស្រោចប្តី ដែលខ្ញុំជាស្រីកំព្រាបា្រថ្នាហើយ ដោយទឹកអម្រឹត ដែលជាទីស្រឡាញ់ដោយវិសេសក្នុងទីដែលលោកជួបគ្នា។
[១៩] ឥឡូវនេះ យើងទាំងឡាយនឹងត្រាច់ទៅកាន់ស្ទឹងក្បែរភ្នំ និងស្ទឹងក្នុងព្រៃទាំងឡាយ ដែលមានផ្កាឈើអណ្តែតទៅតាមខ្សែទឹកព្រោងព្រាតទាំងមានឈើផ្សេងៗដុះហែវិញ យើងទាំងឡាយនឹងពោលនូវពាក្យជាទីស្រឡាញ់ទៅវិញទៅមក។
ចប់ ចន្ទកិន្នរជាតក ទី២។
(៤៨៦. មហាឧក្កុសជាតកំ (៣))
[២០] (ខ្លែងញីពោលថា) ម្នាលខ្លែងឈ្មោល ពួកអ្នកជនបទ ចងគប់ភ្លើងទាំងឡាយ ក្នុងកោះតូចៗ បា្រថ្នានឹងស៊ីនូវកូនតូចៗរបស់ខ្ញុំ អ្នកចូរហៅនូវមិត្តផង សំឡាញ់ផង អ្នកចូរក្រាបទូលនូវសេចក្តីវិនាសរបស់ពួកបក្សីជាញាតិ (នៃយើង ដល់ស្តេចអកផង)។
[២១] (ខ្លែងឈ្មោល ក៏ទៅក្រាបទូលស្តេចអកថា) បពិត្រស្តេចអក ព្រះអង្គជាទិជជាតិផង ជាបក្សីប្រសើរជាងពួកទិជជាតិផង ខ្ញុំសូមយកព្រះអង្គជាទីពឹង ដ្បិតពួកអ្នកជនបទ អាក្រក់ណាស់ បា្រថ្នានឹងស៊ីកូនតូចៗរបស់ខ្ញុំ សូមព្រះអង្គ (មេត្តាស្រោចស្រង់) ខ្ញុំ ឲ្យបានសេចក្តីសុខ។
[២២] (ស្តេចអកពោលថា) បណ្ឌិតទាំងឡាយ ជាអ្នកស្វែងរកសេចក្តីសុខ ក្នុងកាលគួរ និងកាលមិនគួរ រមែងចងមិត្រផង សំឡាញ់ផង ម្នាលខ្លែងឈ្មោល យើងនឹងធ្វើនូវប្រយោជន៍នុ៎ះ ដល់អ្នកបាន ដ្បិតអរិយជនតែងធ្វើនូវកិច្ចដល់អរិយជន (ដូចគ្នា)។
[២៣] (ខ្លែង…) អំពើណាដែលអរិយជនជាអ្នកអនុគ្រោះ គប្បីធ្វើដល់អរិយជន អំពើនោះព្រះអង្គបានធ្វើហើយ សូមទ្រង់រក្សានូវព្រះអង្គចុះ សូមទ្រង់កុំក្តៅក្រហាយឡើយ កាលបើព្រះអង្គរស់នៅ យើងគង់នឹងបាននូវកូនទាំងឡាយ (ទៀត)។
[២៤] (ស្តេចអក…) យើងខំធ្វើនូវការរក្សា និងកិរិយាការពារនោះឯង ត្រាតែបែកធ្លាយនូវសរីរៈ ក៏មិនតក់ស្លុតដែរ ដ្បិតសំឡាញ់ទាំងឡាយនេះ តែងលះបង់ជីវិតជួយធ្វើ (កិច្ចការ) ដល់សំឡាញ់ផងគ្នា នេះជាធម៌របស់សប្បុរសទាំងឡាយ។
[២៥] (អភិសម្ពុទ្ធគាថា) ស្តេចអកនេះ ជាសត្វស្លាបកើតអំពីស៊ុត បានធ្វើនូវអំពើដែលគេធ្វើដោយកម្រក្រៃពេក ដើម្បីប្រយោជន៍ (និងរក្សា) នូវកូនខ្លែងទាំងឡាយ ដរាបដល់ពាក់កណ្តាលអធ្រាត្រ។
[២៦] (ខ្លែង…) បុគ្គលពួកខ្លះ ឃ្លាតចាក (យស ឬទ្រព្យ) ក៏មាន ភ្លាំងភ្លាត់ដោយកម្មរបស់ខ្លួន ក៏មាន ហើយត្រឡប់តាំងខ្លួនបានដោយសារសេចក្តីអនុគ្រោះរបស់ពួកមិត្ត កូនទាំងឡាយរបស់ខ្ញុំ មានសេចក្តីក្តៅក្រហាយ ខ្ញុំមក (យកអ្នក) ជាគតិ (ទីពឹង) បពិត្រសត្វត្រាច់ទៅក្នុងទឹក ចូរអ្នកប្រព្រឹត្តប្រយោជន៍ដល់ខ្ញុំ។
[២៧] (អណ្តើក…) បណ្ឌិតទាំងឡាយ តែងចងមិត្ត និងសំឡាញ់ដោយទ្រព្យផង ដោយស្រូវផង ដោយខ្លួនផង ម្នាលខ្លែង យើងនឹងធ្វើប្រយោជន៍នេះដល់អ្នកបាន ដ្បិតអរិយជនតែងធ្វើកិច្ចដល់អរិយជនដូចគ្នា។
[២៨] (កូនអណ្តើក…) បពិត្រឪពុក អ្នកចូរជាបុគ្គលមានសេចក្តីខ្វល់ខ្វាយតិច អង្គុយស្ងៀមចុះ កូនតែងប្រព្រឹត្តប្រយោជន៍ដល់ឪពុក ខ្ញុំនឹងជួយការពារនូវកូនខ្លែង ហើយប្រព្រឹត្តនូវប្រយោជន៍ជំនួសលោក។
[២៩] (អណ្តើក…) ម្នាលកូន នេះជាធម៌របស់សប្បុរសទាំងឡាយ កូនត្រូវតែប្រព្រឹត្តប្រយោជន៍ដើម្បីឪពុកពិតមែនហើយ តែពួកអ្នកជនបទ មិនគប្បីបៀតបៀននូវកូនរបស់ខ្លែង ព្រោះឃើញនូវអញដែលមានកាយធំ។
[៣០] (ខ្លែង…) បពិត្រព្រះអង្គប្រសើរដោយសេចក្តីព្យាយាមក្នុងពួកម្រឹគ ពួកសត្វចិញ្ចឹម និងពួកមនុស្សត្រូវភ័យគ្របសង្កត់ហើយ រមែងចូលទៅពឹងបុគ្គលដ៏ប្រសើរ កូនទាំងឡាយរបស់ខ្ញុំ មានសេចក្តីក្តៅក្រហាយ (ព្រោះហេតុនោះ) ខ្ញុំមក (យកព្រះអង្គ) ជាគតិ ព្រះអង្គជាសេ្តចរបស់យើង សូមព្រះអង្គមេត្តា (ស្រោចស្រង់) ខ្ញុំ ឲ្យបានសេចក្តីសុខ។
[៣១] (សីហៈ…) ម្នាលខ្លែងឈ្មោល យើងនឹងធ្វើនូវប្រយោជន៍នុ៎ះដល់អ្នក មក យើងនឹងទៅសម្លាប់ពួកសត្រូវនោះរបស់អ្នក ធម្មតាអ្នកបា្រជ្ញ ជាអ្នកអាចនឹងសម្លាប់នូវសត្រូវបាន ដឹងច្បាស់ (នូវភ័យកើតឡើងដល់មិត្រ) មិនគប្បីប្រឹងប្រែងរក្សានូវជនដែលទុកដូចជាខ្លួន ដូចម្តេចកើត។
[៣២] (ខ្លែងញីនិយាយនឹងខ្លែងឈ្មោលថា) បុគ្គលគួរធ្វើ (នូវបុគ្គលណាមួយ) ឲ្យជាមិត្រផង ឲ្យជាសំឡាញ់ផង គួរធ្វើ (នូវបុគ្គលណាមួយ) ឲ្យជាម្ចាស់ផង ដើម្បីបាននូវសេចក្តីសុខ យើងទាំងឡាយ (អាចកំចាត់បង់នូវពួកសត្រូវបាន ដោយកំឡាំងនៃមិត្ត) ហើយនឹងបានមូលមិត្រគ្នា រីករាយជាមួយនឹងកូនទាំងឡាយ ដូចជាបុគ្គលដែលមានអាវក្រោះពាក់ហើយ អាចរារាំងនូវកូនសរទាំងឡាយបានដូច្នោះ។
[៣៣] កូនតូចទាំងឡាយ (បញ្ចេញសម្លេងដ៏ពិរោះ) គួរឲ្យខ្លោចចិត្ត ហើយស្រែកហៅ (ខ្ញុំ) ដែលកំពុងស្រែកយំដោយសារសេចក្តីព្យាយាមរបស់សីហៈជាមិត្ររបស់ខ្លួន ជាសំឡាញ់ ជាសត្វមិនរត់។
[៣៤] បណ្ឌិតនោះប្រើបា្រស់នូវកូន នូវសត្វចិញ្ចឹម ឬក៏នូវទ្រព្យ ព្រោះអាស្រ័យមិត្រសំឡាញ់ ខ្ញុំក្តី ពួកកូនក្តី ប្តីរបស់ខ្ញុំក្តី បានមូលមិត្រគ្នាដោយសេចក្តីអនុគ្រោះរបស់ពួកមិត្ត។ បុគ្គល មានសេ្តចផង មានមិត្រដ៏ក្លៀវក្លាផង (ជាមិត្រហើយ) អាចសម្រេចប្រយោជន៍បាន ដ្បិតសំឡាញ់ទាំងឡាយនុ៎ះ រមែងមានដល់បុគ្គល ដែលបរិបូណ៌ដោយសំឡាញ់ បពិត្រស្វាមី អ្នកបា្រថ្នានូវកាម បុគ្គលអ្នកមានមិត្រ មានយស មានសេចក្តីខ្ពង់ខ្ពស់នោះ រមែងរីករាយក្នុងលោកនេះ។
[៣៥] បពិត្រខ្លែងឈ្មោល បុគ្គលសូម្បីក្រខ្សត់ ក៏គួរធ្វើនូវមិត្តធម៌ អ្នកចូរមើលចុះ យើងទាំងឡាយ បានព្រមព្រៀងគ្នាជាមួយនឹងញាតិទាំងឡាយ ដោយសេចក្តីអនុគ្រោះរបស់មិត្រ។ បពិត្រខ្លែងឈ្មោល បក្សីណាធ្វើនូវមិត្រជាមួយនឹងបុគ្គលក្លៀវក្លា ជាមួយនឹងបុគ្គលមានកំឡាំង បក្សីនោះ រមែងបានសេចក្តីសុខយ៉ាងនេះ ដូចខ្ញុំ និងអ្នក។
ចប់ មហាឧក្កុសជាតក ទី៣។
(៤៨៧. ឧទ្ទាលកជាតកំ (៤))
[៣៦] (ព្រះរាជាទ្រង់ត្រាស់ថា) ពួកជដិលណា ដណ្តប់ស្បែកខ្លាឃ្មុំទាំងក្រចក មានធ្មេញប្រឡាក់ដោយមន្ទិល មានភ្នែកមិនបន្តក់ មានរូបអាក្រក់ កំពុងរាយនូវមន្ត ជដិលទាំងនោះ បានដឹងនូវការប្រព្រឹត្តិនូវតបៈ និងការស្វាធ្យាយន៍នូវមន្តនេះ ក្នុងសេចក្តីព្យាយាមជារបស់មនុស្ស នឹងបានរួចចាកអបាយដែរឬ។
[៣៧] (បុរោហិតក្រាបទូលថា) បពិត្រមហារាជ បើបុគ្គលជាពហុស្សូត មិនប្រព្រឹត្តធម៌ ធ្វើតែអំពើលាមកទាំងឡាយ បុគ្គលនោះ សូម្បីចេះនូវវេទមួយពាន់ ហើយអាស្រ័យនូវភាពជាពហុស្សូតនោះ តែមិនទាន់បានសម្រេចនូវចរណៈ (សមាបត្តិបាំ្របី) ទេ ក៏មិនគប្បីរួចចាកទុក្ខឡើយ។
[៣៨] (ឧទ្ទាលកតាបសពោលថា) បុគ្គលសូម្បីចេះនូវវេទមួយពាន់ហើយ អាស្រ័យនូវភាពជាពហុស្សូតនោះ តែមិនទាន់បានសម្រេចនូវចរណៈ (សមាបត្តិបាំ្របី) ទេ ក៏មិនគប្បីរួចចាកទុក្ខឡើយ ខ្ញុំសំគាល់ថាវេទទាំងឡាយ ជាសភាពឥតផល មានតែចរណៈដែលប្រកបដោយការសង្រួម ទើបជាការពិតបា្រកដ។
[៣៩] (បុរោហិត…) ខ្ញុំមិនមែនពោលថា វេទទាំងឡាយ ជាសភាពឥតផលទេ តែចរណៈដែលប្រកបដោយការសង្រួម ជារបស់ពិតមែន ឯបុគ្គលរៀននូវវេទទាំងឡាយ គ្រាន់តែបាននូវកិត្តិសព្ទ បុគ្គលអ្នកទូន្មានដោយចរណៈហើយ ទើបបានដល់នូវការស្ងប់រមា្ងប់ (និព្វាន)។
[៤០] (ឧទ្ទាលក…) មាតាបិតា និងផៅពង្ស ត្រូវតែកូនចិញ្ចឹម អាត្មាកើតអំពីបុគ្គលណា បុគ្គលនោះឯង នៅជាបុគ្គលនោះដដែល អាត្មាឈ្មោះឧទ្ទាលកៈ ជាអ្នកតវង្សត្រកូលនៃសោត្ថិយគោត្រដ៏ចំរើន។
[៤១] (បុរោហិត…) ម្នាលអ្នកដ៏ចំរើន បុគ្គលឈ្មោះថាព្រាហ្មណ៍ តើដោយប្រការដូចម្តេច បុគ្គលមានគុណធម៌បរិបូណ៌ តើដោយប្រការដូចម្តេច មួយទៀត ការរលត់កិលេស តើដោយប្រការដូចម្តេច បុគ្គលដែលគេហៅថា អ្នកតាំងនៅក្នុងធម៌ តើដោយប្រការដូចម្តេច។
[៤២] (ឧទ្ទាលកៈ…) បុគ្គលកាន់យកនូវភ្លើងហើយ ធ្វើនូវការបំរើមិនឲ្យមានចន្លោះ ឈ្មោះថាព្រាហ្មណ៍ ព្រាហ្មណ៍កាលស្រោចទឹក (អភិសេក) បូជា (នូវយ័ញ្ញ) ហើយលើកនូវសសរយ័ញ្ញ ព្រាហ្មណ៍ធ្វើយ៉ាងនេះ ឈ្មោះថាជាអ្នកមានសេចក្តីក្សេម (ជនទាំងឡាយហៅព្រាហ្មណ៍នោះ) ថា ជាអ្នកស្ថិតនៅក្នុងធម៌ដោយហេតុនោះ។
[៤៣] (បុរោហិត…) សេចក្តីបរិសុទ្ធិពុំមែនមានដោយការស្រោចទឹកទេ បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ អ្នកបរិបូណ៌ដោយគុណធម៌ ខន្តិ សោរច្ចៈ និងបុគ្គលអ្នករំលត់ទុក្ខបាននោះ មិនមាន (ដោយការស្រោចទឹក ជាដើមទេ)។
[៤៤] (ឧទ្ទាលកៈ…) នែអ្នកដ៏ចំរើន បុគ្គលដែលឈ្មោះថាព្រាហ្មណ៍ តើដោយប្រការដូចម្តេច បុគ្គលដែលជាអ្នកមានគុណធម៌ដ៏បរិបូណ៌ តើដោយប្រការដូចម្តេច ម្យ៉ាងទៀត ការរំលត់កិលេស តើដោយប្រការដូចម្តេច បុគ្គលដែលគេហៅថាជាអ្នកឋិតនៅក្នុងធម៌ តើដូចម្តេច។
[៤៥] (បុរោហិត…) បុគ្គលមិនមានស្រែចំការ មិនមានផៅពង្ស មិនមានសេចក្តីប្រកាន់ មិនមានសេចក្តីបា្រថ្នា មិនមានសេចក្តីលោភដ៏លាមក អស់សេចក្តីជាប់ជំពាក់ក្នុងភព ព្រាហ្មណ៍ធ្វើយ៉ាងនេះ ទើបឈ្មោះថា ជាអ្នកដល់នូវសេចក្តីក្សេម (ជនទាំងឡាយ) ហៅ (ព្រាហ្មណ៍នោះ) ថាជាអ្នកឋិតនៅក្នុងធម៌ដោយហេតុនោះ។
[៤៦] (ឧទ្ទាលកៈ…) ពួកក្សត្រ ពួកព្រាហ្មណ៍ ពួកអ្នកជំនួញ ពួកអ្នកងារ ពួកចណ្ឌាល និងជនអ្នកកើបសម្រាម ពួកជនទាំងអស់ឈ្មោះថាជាអ្នកស្លូតបូត ជាអ្នកទូន្មានឥន្ទ្រិយបានហើយ ពួកជនទាំងអស់ឈ្មោះថា មានទុក្ខរលត់ហើយ គុណដ៏ប្រសើរ និងទោសដ៏លាមក មានដល់ជនទាំងអស់ដែលជាអ្នកមានសេចក្តីត្រជាក់ត្រជំ (ដែរឬ)។
[៤៧] (បុរោហិត…) ពួកក្សត្រ ពួកព្រាហ្មណ៍ ពួកអ្នកជំនួញ ពួកអ្នកងារ ពួកជនចណ្ឌាល និងជនអ្នកកើបសម្រាម ពួកជនទាំងអស់ដែលជាអ្នកស្លូតបូត មានឥន្ទ្រិយទូន្មានបានហើយ ពួនជនទាំងអស់ ឈ្មោះថាមានទុក្ខរលត់ហើយ គុណដ៏ប្រសើរ និងទោសដ៏លាមក មិនមានដល់ពួកជនទាំងអស់ ដែលជាអ្នកមានសេចក្តីត្រជាក់ត្រជំឡើយ។
[៤៨] (ឧទ្ទាលកៈ…) ពួកក្សត្រ ពួកព្រាហ្មណ៍ ពួកអ្នកជំនួញ ពួកអ្នកងារ ពួកជនចណ្ឌាល និងជនអ្នកកើបសម្រាម ពួកជនទាំងអស់ដែលជាអ្នកស្លូតបូត មានឥទ្រ្ទិយទូន្មានបានហើយ ពួកជនទាំងអស់ ឈ្មោះថាមានទុក្ខរលត់ហើយ គុណដ៏ប្រសើរ និងទោសដ៏លាមក មិនមានដល់ជនទាំងអស់ ដែលមានសេចក្តីត្រជាក់ត្រជំឡើយ (កាលបើយ៉ាងនេះ) អ្នកប្រព្រឹត្តនូវភាពនៃខ្លួនជាព្រហ្ម គួរឲ្យគេសរសើរហើយ ញុំាងវង្សត្រកូលនៃសោត្ថិយគោត្រ (ឲ្យវិនាស)។
[៤៩] (បុរោហិត…) វិមានដែលគេប្រក់ដោយសំពត់ទាំងឡាយ មានពណ៌ក្រហមផ្សេងៗ ស្រមោលរបស់សំពត់ទាំងនោះ មិនផ្សេងគ្នាឡើយ (មានសម្បុរតែមួយបែប) ការជ្រលក់នោះ ក៏មិនផ្សេងគ្នាដែរ (យ៉ាងណាមិញ) សូម្បីមនុស្សទាំងឡាយ ក៏យ៉ាងនោះដែរ ពួកមាណពបរិសុទ្ធ (ដោយអរិយមគ្គ) ក្នុងកាលណា ពួកជនមានវត្តល្អ បានដឹងនូវនិព្វានធម៌ ក៏មិនសាកសួរនូវជាតិរបស់មាណពទាំងនោះ (ក្នុងកាលនោះ) ឡើយ។
ចប់ ឧទ្ទាលកជាតក ទី៤។
(៤៨៨. ភិសជាតកំ (៥))
[៥០] (ឧបកាញ្ចនតាបស ស្បថថា) បពិត្រព្រាហ្មហ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរបាននូវសេះផង គោផង បា្រក់ផង មាសផង ប្រពន្ធជាទីគាប់ចិត្តក្នុងលោកនេះផង ចូរនៅមូលមិត្រគ្នាដោយកូន និងប្រពន្ធទាំងឡាយចុះ។
[៥១] (តាបសទី២ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរទ្រទ្រង់នូវផ្កាកម្រងផង នូវសំពត់ដែលគេនាំមកអំពីដែនកាសី និងខ្លឹមចន្ទន៍ផង ចូរឲ្យបុគ្គលនោះមានកូនច្រើនផង ចូរឲ្យ (បុគ្គលនោះ) ធ្វើនូវសេចក្តីអាឡោះអាល័យដ៏ក្លៀវក្លាក្នុងកាមទាំងឡាយផង។
[៥២] (តាបសទី៣ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូករបស់លោក (បុគ្គលនោះ) ចូរមានស្រូវច្រើន មានកសិកម្ម មានយស (បាន) នូវកូនទាំងឡាយ ជាគ្រហស្ថមានទ្រព្យ ចូរ (បាន) នូវកាមគ្រប់យ៉ាង ចូរកុំឲ្យឃើញនូវវ័យ (របស់ខ្លួន) នៅគ្រប់គ្រងផ្ទះចុះ។
[៥៣] (តាបសទី៤ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរបានជាក្សត្រ អ្នកធ្វើនូវការរឹបជាន់ ជារាជាធិរាជ មានពល មានយស ចូរបានគ្រប់គ្រងផែនដី ដែលមានសមុទ្រទាំង ៤ ជាទីបំផុតចុះ។
[៥៤] (តាបសទី៥ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះចូរជាព្រាហ្មណ៍មិនបា្រសចាករាគៈ ចូរប្រកបក្នុងគន្លងក្បួនយាម និងនក្ខត្តឫក្ស បុគ្គលជាម្ចាស់នៃដែន (សេ្តច) ដែលមានយស ចូរបូជាព្រាហ្មណ៍នោះចុះ។
[៥៥] (តាបសទី៦ ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក លោកទាំងអស់ ចូរសំគាល់ (នូវបុគ្គលនោះ) ថាជាអ្នកស្វាធ្យាយនូវវេទ ព្រមទាំងមន្តគ្រប់យ៉ាង ថាជាអ្នកមានតបៈ ពួកអ្នកជនបទ ចូរឃើញហើយ បូជានូវបុគ្គលនោះចុះ។
[៥៦] (តាបសជាសំឡាញ់ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរបរិភោគនូវស្រុកសួយដ៏ស្តុកស្តម្ភ ដែលកុះករដោយវត្ថុ1) ៤ យ៉ាង ហាក់ដូចស្តេចវាសវៈប្រទានឲ្យ ចូរដល់នូវមរណៈ ទាំងមិនទាន់បានបា្រសចាករាគៈចុះ។
[៥៧] (តាបសជាខ្ញុំប្រុស ស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គលណាលួចក្រអៅឈូកទាំងឡាយរបស់លោក បុគ្គលនោះ ចូរបានជាធំក្នុងស្រុក ចូររីករាយដោយការរាំ និងច្រៀងទាំងឡាយក្នុងកណ្តាលនៃសំឡាញ់ កុំឲ្យបាននូវសេចក្តីវិនាសតិចតួចអំពីសេ្តចឡើយ។
[៥៨] (នាងកាញ្ចនទេវី ស្បថថា) បពិត្រព្រាហ្មណ៍ ស្រីណាលួចក្រអៅឈូកទាំងឡាយរបស់លោក សូមឲ្យស្តេចឯករាជដែលទ្រង់ឈ្នះនូវផែនដី លើកដំកើង (ស្រីនោះ) ឲ្យប្រសើរលើសជាងស្រីទាំងមួយពាន់ សូមឲ្យ (ស្រីនោះ) បានជាស្រីប្រសើរលើសជាងស្រីទាំងឡាយចុះ។
[៥៩] (នាងទាសីស្បថថា) បពិត្រព្រាហ្មណ៍ ទាសីណាលួចក្រអៅឈូកទាំងឡាយរបស់លោក ក៏បណ្តាទាសីទាំងឡាយ ទាសីនោះ ចូរកុំញាប់ញ័រ (ក្នុងកណ្តាល) នៃម្ចាស់ទាំងឡាយដែលជួបជុំគ្នាទាំងអស់ ចូរបរិភោគនូវវត្ថុមានរសឆ្ងាញ់ (ទាសីនោះ) ចូរប្រព្រឹត្តនិយាយកុហក ព្រោះហេតុតែលាភចុះ។
[៦០] (ទេវតាស្បថថា) បពិត្រព្រាហ្មណ៍ បុគ្គណាលួចក្រអៅឈូកទាំងឡាយរបស់លោក (បុគ្គលនោះ) ចូរបានជាចៅអាវាសក្នុងមហាវិហារចុះ ចូរធ្វើនូវនវកម្ម ក្នុងនគរឈ្មោះគជង្គលៈចុះ ចូរធ្វើនូវបង្អួចឲ្យហើយតែមួយថ្ងៃចុះ។
[៦១] (ដំរីស្បថថា) បពិត្រព្រាហ្មណ៍ ដំរីណាលួចក្រអៅឈូកទាំងឡាយរបស់លោក ដំរីនោះ ចូរជាប់ដោយអន្ទាក់ច្រើន ត្រង់កន្លែងទាំង ៦ (គឺជើងទាំង ៤ ក និងចង្កេះ) ចូរឲ្យគេនាំអំពីព្រៃជាទីរីករាយ ទៅកាន់រាជធានីចុះ ដំរីនោះ ចូរឲ្យគេចាក់ដោយកង្វេរទាំងឡាយ ដែលមានដងវែងមានបន្លាពីរចុះ។
[៦២] (ស្វាស្បថថា) បពិត្រព្រាហ្មណ៍ ស្វាណាលួចក្រអៅឈូកទាំងឡាយរបស់លោក (ស្វានោះ) ចូរមានប្រឡៅក ហើយគេចោះត្រចៀក បំពាក់សំណរចុះ ឲ្យហ្មពស់វាយដោយរំពាត់ ហើយចូរទៅរកមាត់ពស់ចុះ ឲ្យគេចងយ៉ាងមាំ ហើយដើរទៅកាន់ច្រកល្ហកចុះ។
[៦៣] (ព្រះមហាសត្វស្បថថា) នែអ្នកដ៏ចំរើនទាំងឡាយ បុគ្គលណា ពោលនូវចំណែកដែលមិនបាត់ ថាបាត់ ម្យ៉ាងទៀត បុគ្គលណារង្កៀសបន្តិចបន្តួច (ចំពោះអ្នកទាំងឡាយ) បុគ្គលនោះ ចូរបាន និងចូរបរិភោគនូវកាមទាំងឡាយចុះ ចូរស្លាប់ក្នុងកណ្តាលនៃផ្ទះចុះ។
[៦៤] (សក្កទេវរាជពោលថា) (សត្វទាំងឡាយ) រមែងស្វែងរកនូវវត្ថុកាម និងកិលេសកាមណាហើយ ត្រាច់ទៅក្នុងលោក វត្ថុកាម និងកិលេសកាមនុ៎ះ ជាទីប្រាថ្នាផង ជាទីរីករាយផង ជាទីស្រឡាញ់ផង ជាទីពេញចិត្តរបស់ទេវតា និងមនុស្សច្រើនគ្នា ក្នុងជីវលោកនេះ ចុះហេតុអ្វី ក៏ពួកឥសីមិនសរសើរនូវកាមទាំងឡាយ។
[៦៥] (មហាសត្វពោលថា) ជនទាំងឡាយ ត្រូវគេវាយ ត្រូវគេចង ព្រោះតែកាមទាំងឡាយ សេចក្តីទុក្ខផង ភ័យផង ដែលកើតឡើង ក៏ព្រោះតែកាមទាំងឡាយ បពិត្រព្រះភូតាធិបតី សត្វទាំងឡាយស្រវឹងព្រោះកាមទាំងឡាយ ធ្វើនូវអំពើទាំងឡាយដ៏លាមក ព្រោះវង្វេង។ ជនមានធម៌ដ៏លាមកទាំងឡាយនោះ ទទួលនូវបាប លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក ព្រោះហេតុនោះ បានជាពួកឥសីមិនសរសើរនូវកាមទាំងឡាយ ព្រោះឃើញទោសក្នុងកាមគុណទាំងឡាយ។
[៦៦] (សក្ក…) ខ្ញុំល្បងមើលទេ ខ្ញុំយកក្រអៅឈូកទាំងឡាយរបស់ឥសីក្បែរឆ្នេរទៅកប់ទុកលើគោក (ឥឡូវនេះ ខ្ញុំដឹងហើយថា) ឥសីទាំងឡាយ ជាអ្នកបរិសុទ្ធ មិនមានបាប បពិត្រលោកជាព្រហ្មចារី នុ៎ះក្រអៅឈូកទាំងឡាយរបស់លោក។
[៦៧] (មហាសត្វ…) ម្នាលទេវរាជ ជាសហស្សនេត្ត (ពួកយើង) មិនមែនជាអ្នករបាំរបស់អ្នកទេ ទាំងមិនមែនជាបុគ្គលគួរអ្នកលេងទេ មិនមែនជាផៅពង្ស ទាំងមិនមែនជាសំឡាញ់របស់អ្នកទេ ហេតុអ្វីក៏អ្នក (ធ្វើ) នូវសេចក្តីមើលងាយចំពោះបុគ្គលដទៃ ហើយលេងជាមួយនឹងពួកឥសី។
[៦៨] (សក្ក…) បពិត្រតាបសដ៏ប្រសើរ លោកម្ចាស់ជាអាចារ្យរបស់ខ្ញុំផង ជាបិតារបស់ខ្ញុំផង ម្លប់ព្រះបាទរបស់លោកម្ចាស់នេះ សូមជាទីពឹង (របស់ខ្ញុំ) ដែលមានសេចក្តីភ្លាំងភ្លាត់ហើយ បពិត្រតាបសមានប្រាជ្ញាដូចជាផែនដី សូមលោកម្ចាស់អត់នូវកំហុសម្តង បណ្ឌិតទាំងឡាយ មិនមានសេចក្តីក្រោធជាកំឡាំងទេ។
[៦៩] (មហាសត្វ…) កាលដែលពួកឥសី (នៅក្នុងព្រៃ) សូម្បីតែមួយយប់ ក៏ឈ្មោះថាបាននៅល្អហើយ ព្រោះថា យើងទាំងឡាយបានជួបនឹងព្រះវាសវៈជាម្ចាស់នៃទេវតា ពួកអ្នកដ៏ចំរើនទាំងអស់គ្នា ចូរតាំងចិត្តឲ្យល្អចុះ ដ្បិតព្រាហ្មណ៍ (ជាអាចារ្យរបស់អ្នកទាំងឡាយ) បាននូវក្រអៅឈូកវិញហើយ។
[៧០] (អភិសម្ពុទ្ធគាថា) បងប្អូនបាំ្រពីរនាក់ក្នុងកាលនោះគឺ តថាគត ១ សារីបុត្ត ១ មោគ្គល្លាន ១ កស្សប ១ អនុរុទ្ធ ១ បុណ្ណ ១ អានន្ទ ១។ ក្នុងកាលនោះ ប្អូនស្រី គឺនាងឧប្បលវណ្ណា ទាសី គឺនាងខុជ្ជុត្តរា ក្នុងកាលនោះ ខ្ញុំប្រុស គឺគហបតិឈ្មោះចិត្តៈ ទេវតា គឺសាតាគិរយក្ខ។ ក្នុងកាលនោះ ដំរីដ៏ប្រសើរ គឺដំរីឈ្មោះបាលិលេយ្យ ស្វាដ៏ប្រសើរ គឺមធុទៈ ក្នុងកាលនោះ ទេវរាជឈ្មោះសក្កៈ គឺកាឡុទាយី អ្នកទាំងឡាយ ចូរចាំទុកនូវជាតកយ៉ាងនេះចុះ។
ចប់ ភិសជាតក ទី៥។
(៤៨៩. សុរុចិជាតកំ (៦))
[៧១] (នាងសុមេធាទេវី ពោលថា) ខ្ញុំជាមហេសីភរិយារបស់ព្រះបាទសុរុចិ ដែលព្រះអង្គទ្រង់នាំមកមុនដំបូង ព្រះបាទសុរុចិ នាំខ្ញុំមកអស់មួយម៉ឺនឆ្នាំហើយ។ បពិត្រព្រាហ្មណ៍ ខ្ញុំនោះមិនដែលដឹងថា ខ្ញុំបានមើលងាយព្រះរាជាសុរុចិ ជាធំក្នុងដែនវិទេហៈ ព្រះអង្គគ្រប់គ្រងនូវក្រុងមិថិលា ដោយកាយ ដោយវាចា ឬដោយចិត្ត ក្នុងទីវាល ឬក្នុងទីកំបាំងមុខឡើយ។ បពិត្រឥសី សូមឲ្យបុត្តកើត (ក្នុងផ្ទៃរបស់ខ្ញុំ) ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
[៧២] ព្រះភស្តាផង ព្រះមាតាក្មេកផង ព្រះបិតាក្មេកផង ព្រះមាតាបង្កើត និងបិតាបង្កើតផង ជាទីគាប់ចិត្ត ជាទីស្រឡាញ់ (របស់ខ្ញុំ) បពិត្រព្រហ្ម ព្រះបិតាក្មេក និងព្រះមាតាក្មេកទាំងពីរនោះ រស់នៅដរាបណា ក៏ទូន្មានខ្ញុំដរាបនោះ។ ខ្ញុំនោះជាស្រីប្រកបដោយសេចក្តីមិនត្រេកអរ គឺការមិនបៀតបៀន ជាអ្នកប្រព្រឹត្តធម៌ដោយពិតបា្រកដ មិនខ្ជិលច្រអូស បានបំរើព្រះមាតាក្មេក និងព្រះបិតាក្មេកនោះដោយសេចក្តីគោរពទាំងយប់ទាំងថ្ងៃ។ បពិត្រឥសី សូមឲ្យបុត្រកើតដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
[៧៣] បពិត្រព្រាហ្មណ៍ ខ្ញុំមិនមានសេចក្តីប្រច័ណ្ឌ ឬសេចក្តីក្រោធចំពោះពួកស្រីទាំងមួយម៉ឺនបាំ្រមួយពាន់ ដែលជាភរិយាជាមួយគ្នាក្នុងកាលណាម្តងឡើយ។ ខ្ញុំត្រេកអរ ចំពោះស្រ្តីទាំងនោះដោយប្រយោជន៍ ស្រីណាមួយ មិនជាទីស្រឡាញ់របស់ខ្ញុំ ឥតមានឡើយ ខ្ញុំអនុគ្រោះពួកស្ត្រីរួមប្តីទាំងអស់ សព្វៗ កាល ដូចជាខ្លួនឯង។ បពិត្រឥសី សូមឲ្យបុត្រកើត ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
[៧៤] ខ្ញុំមានឥទ្រ្ទិយស្រស់ស្រាយសព្វៗកាល បានចិញ្ចឹមនូវទាសៈទាំងឡាយផង កម្មករទាំងឡាយផង បុគ្គលដែលត្រូវចិញ្ចឹមទាំងឡាយផង ពួកជនដទៃដែលរស់នៅដោយសារផង តាមសមគួរដល់ហេតុ។ បពិត្រឥសី សូមឲ្យបុត្រកើត ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
[៧៥] ខ្ញុំមានដៃលាងហើយ បានផ្គត់ផ្គង់នូវពួកសមណៈផង នូវពួកព្រាហ្មណ៍ផង នូវពួកវណិព្វកៈដទៃផង ដោយបាយ និងទឹកសព្វៗ កាល។ បពិត្រឥសី សូមឲ្យបុត្រកើត ដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
[៧៦] ខ្ញុំជាស្ត្រីសង្រួមក្នុងសីលទាំងឡាយសព្វៗ កាល បានរក្សានូវឧបោសថ ប្រកបដោយអង្គទាំង ៨ អស់ថ្ងៃទី ១៤ ផង អស់ថ្ងៃទី ១៥ ផង អស់ថ្ងៃទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង។ បពិត្រឥសី សូមឲ្យបុត្រ កើតដោយកិរិយាពោលនូវពាក្យសច្ចៈនេះ កាលបើខ្ញុំនិយាយកុហក សូមឲ្យក្បាល (របស់ខ្ញុំ) បែកជាបាំ្រពីរភាគចុះ។
[៧៧] (សក្កទេវរាជពោលថា) ម្នាលនាងរាជបុត្រីមានយសដ៏ចំរើន នាងបានថ្លែងនូវធម្មគុណទាំងឡាយណា (ដែលមាន) ក្នុងខ្លួន ធម្មគុណនោះទាំងអស់ មានបរិបូណ៌ចំពោះនាងមែនហើយ។ ព្រះរាជបុត្រជាក្សត្របរិបូណ៌ដោយជាតិ កើតបរិសុទ្ធអំពីចំណែកទាំងពីរ មានយស ជាសេ្តចប្រកបដោយធម៌ របស់ជនទាំងឡាយ អ្នកនៅក្នុងដែនវិទេហៈ នឹងកើតដល់នាង។
[៧៨] (នាងសុមេធាទេវី…) អ្នកមានភ្នែកភ្លឺថ្លា ទ្រទ្រង់នូវលំអង ឋិតនៅលើអាកាសទទេ ពោលវាចាជាទីពេញចិត្ត ដែលជាវាចាចូលទៅក្នុងហប្ញទ័យរបស់ខ្ញុំ។ ចុះអ្នកជាទេវតា ទើបនឹងមកអំពីឋានសួគ៌ ឬជាឥសីអ្នកមានរិទ្ធិច្រើន ម្យ៉ាងទៀត អ្នកជាអ្វី បានមកដល់ (ក្នុងទីនេះ) ចូរអ្នកប្រកាសខ្លួនឲ្យជាក់ដល់ខ្ញុំ។
[៧៩] (សក្កទេវរាជ…) ពួកទេវតាប្រជុំគ្នាក្នុងរោងឈ្មោះសុធម្មា ហើយថ្វាយបង្គំនូវខ្ញុំណា ខ្ញុំនោះឈ្មោះសក្កៈ ជាអ្នកឃើញនូវហេតុមួយពាន់ (ដោយមួយរំពេច) បានមកក្នុងសំណាក់នាង។ ស្ត្រីទាំងឡាយណា ក្នុងជីវលោក ដែលជាអ្នកប្រព្រឹត្តស្មើ មានបា្រជ្ញា មានសីល ទុកម្តាយក្មេកដូចជាទេវតា មានវត្តចំពោះប្តី។ ទេវតាទាំងឡាយមិនមែនជាមនុស្ស មកចួបនឹងនាងនារី ជាមនុស្សដែលមានបញ្ញាល្អ មានការងារដ៏ស្អាត បា្រកដស្មើដោយស្រ្តីទាំងនោះ។ ម្នាលនាងដ៏ចំរើន នាងបានមកកើតក្នុងរាជត្រកូលនេះ ជាស្រី្តអាចសម្រេចនូវសេចក្តីប្រាថ្នាគ្រប់យ៉ាង ដោយសារអំពើសុចរិត ដែលនាងបានសាងសន្សំមកក្នុងកាលមុន។
ម្នាលនាងរាជបុត្រី នេះឯងជាកិរិយាកាន់យកនូវជ័យនៃនាង ក្នុងលោកទាំងពីរ គឺកិរិយាកើតក្នុងទេវលោក ១ កេរ្តិ៍ឈ្មោះក្នុងជីវិតនេះ ១។ ម្នាលនាងសុមេធា សូមឲ្យនាងមានសេចក្តីសុខអស់កាលយូ នាងចូររក្សានូវធម៌ក្នុងខ្លួនចុះ យើងនឹងទៅកាន់ឋានត្រៃត្រឹង្សវិញ ការបានចួបនឹងនាង រាប់ថាជាទីស្រឡាញ់ពេញចិត្តរបស់យើង។
ចប់ សុរុចិជាតក ទី៦។
(៤៩០. បញ្ចុបោសថិកជាតកំ (៧))
[៨០] (តាបសពោលថា) ម្នាលព្រាប ឥឡូវនេះ អ្នកមានសេចក្តីខ្វល់ខ្វាយតិច ម្នាលបក្សី អ្នកមិនមានសេចក្តីត្រូវការដោយចំណីសោះ ម្នាលព្រាប អ្នកខំអត់ទ្រាំនូវគំលាន និងសម្រេក ជាសត្វរក្សានូវឧបោសថ តើព្រោះហេតុអ្វី។
[៨១] (ព្រាបពោលថា) ក្នុងកាលមុន ខ្ញុំមានចិត្តជាប់នឹងមេព្រាប យើងខ្ញុំទាំងពីរនាក់កំពុងតែរីករាយ (ក្នុងកាម) ក្នុងប្រទេសនោះ ស្រាប់តែសត្វខ្លែង មកឆាបយកមេព្រាបទៅ ខ្ញុំក៏អស់សេចក្តីបា្រថ្នា ព្រោះប្រាសចាកមេព្រាបនោះ។ ខ្ញុំរងនូវវេទនាងំក្នុងចិត្ត ព្រោះព្រាត់ប្រាសចាកមេព្រាបនោះ ហេតុនោះ បានជាខ្ញុំរក្សានូវឧបោសថ កុំឲ្យរាគៈគ្របសង្កត់ខ្ញុំបានទៀតឡើយ។
[៨៣] (តាបស…) ម្នាលពស់ ជាឧរគជាតិលូនទៅមិនត្រង់ មានអណ្តាតពីរ អ្នកមានចង្កូមជាអាវុធ មានពិសដ៏ពន្លឹក ម្នាលសត្វមានខ្លួនវែង អ្នកអត់ទ្រាំនូវគំលាន និងសម្រេក ហើយរក្សានូវឧបោសថ តើព្រោះហេតុអ្វី។
[៨៣] (ពស់…) គោឈ្មោលឡើងក របស់អ្នកស្រុក ជាគោមានកំលាំង មានបូកដ៏យុរយារ បរិបូណ៌ដោយសម្បុរ និងកំលាំង គោនោះដើរជាន់ខ្ញុំ ខ្ញុំខឹង បានចឹកវា ៗ ត្រូវសេចក្តីទុក្ខគ្របសង្កត់ហើយ ក៏ស្លាប់ទៅ។ លំដាប់នោះ ពួកជនចេញអំពីស្រុក កន្ទក់កន្ទេញ យំទួញ ហើយដើរចៀសចេញទៅ ព្រោះហេតុនោះ បានជាខ្ញុំរក្សានូវឧបោសថ កុំឲ្យសេចក្កីក្រោធ គ្របសង្កត់ខ្ញុំបានទៀតឡើយ។
[៨៤] (តាបស…) ក្នុងព្រៃស្មសាន មានសាច់របស់សត្វស្លាប់ដ៏ច្រើន សាច់ទាំងនុ៎ះជាភោជនជាទីគាប់ចិត្តរបស់អ្នក ម្នាលចចក អ្នកខំអត់ទ្រាំនូវគំលាន និងសម្រេក ហើយរក្សានូវឧបោសថ តើព្រោះហេតុអ្វី។
[៨៥] (ចចក…) ខ្ញុំជាសត្វត្រេកអរក្នុងសាកសព ញ៉ាមក្នុងសាច់ដំរីទាំងឡាយ បានចូលទៅក្នុងពោះនៃដំរីធំ ខ្យល់ដ៏ក្តៅផង រស្មីព្រះអាទិត្យដ៏ក្លៀវក្លាផង របស់ទាំងនោះ ញ៉ាំងទ្វារអាហាចាស់នៃដំរីនោះ ឲ្យស្ងួតក្រៀម។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំស្គមលឿង (ក្នុងពោះនៃដំរីនោះ) ខ្ញុំរកផ្លូវចេញមកវិញមិនរួច ស្រាប់តែភ្លៀងធំបង្អុរចុះភ្លាម (ក្នុងពេលនោះ) ភ្លៀងនោះ ធ្វើទ្វារអាហារចាស់នៃដំរីនោះ ឲ្យទទឹកសើម។ បពិត្រលោកម្ចាស់ដ៏ចំរើន លំដាប់នោះ ទើបខ្ញុំចេញមក ដូចជាព្រះចន្ទ ដែលរួចអំពីមាត់នៃរាហុ ព្រោះហេតុនោះ បានជាខ្ញុំរក្សានូវឧបោសថ កុំឲ្យលោភៈគ្របសង្កត់ខ្ញុំបានទៀតឡើយ។
[៨៦] (តាបស…) កាលពីដើម អ្នកធ្លាប់ស៊ីនូវកណ្តៀរទាំងឡាយលើក្បាលដំបូក ម្នាលខ្លាឃ្មុំ អ្នកខំអត់ទ្រាំនូវគំលាន និងសម្រេក ហើយរក្សានូវឧបោសថ តើព្រោះហេតុអ្វី។
[៨៧] (ខ្លាឃ្មុំ…) ខ្ញុំមើលងាយនូវលំនៅរបស់ខ្លួន បានចូលទៅកាន់ស្រុកនៃមល្លជន ព្រោះតែសេចក្តីប្រាថ្នាលើសលប់ គ្រានោះ ពួកជនចេញមកពីស្រុក ហើយក៏វាយខ្ញុំដោយធ្នូរ។ ខ្ញុំនោះបែកក្បាល ប្រឡាក់ឈាមអស់ទាំងខ្លួន ហើយត្រឡប់មកកាន់លំនៅរបស់ខ្លួនវិញ ព្រោះហេតុនោះ បានជាខ្ញុំរក្សាឧបោសថ កុំឲ្យសេចក្តីប្រាថ្នាលើសលប់គ្របសង្កត់បានទៀតឡើយ។
[៨៨] (សត្វទាំង ៤…) បពិត្រលោកម្ចាស់ដ៏ចំរើន លោកម្ចាស់បានសាកសួរនូវសេចក្តីណា ចំពោះយើងទាំងឡាយ យើងទាំងអស់គ្នាក៏បានឆ្លើយនូវសេចក្តីនោះ តាមទំនងដែលខ្លួនបានដឹងរួចហើយ បពិត្រលោកម្ចាស់ដ៏ចំរើន ពួកយើងសូមសួរលោកម្ចាស់វិញ បពិត្រព្រហ្ម លោកម្ចាស់បានរក្សាឧបោសថ តើព្រោះហេតុអ្វី។
[៨៩] (តាបស…) ព្រះបច្ចេកពុទ្ធ មិនប្រឡាក់ (ដោយកិលេស) គង់ក្នុងអាស្រមរបស់យើងមួយរំពេច ព្រះអង្គបានញុំាងយើង ឲ្យដឹងនូវទីដែលត្រូវទៅ និងទីដែលត្រូវមកផង នូវនាមផង នូវគោត្រផង នូវសេចក្តីប្រព្រឹត្តទាំងអស់ផង។ បើទុកជាយ៉ាងនេះ ក៏យើងនៅតែមិនថ្វាយបង្គំព្រះបាទានៃព្រះបច្ចេកពុទ្ធនោះ ម្យ៉ាងទៀត យើងមិនបានសាកសួរ ព្រោះលុះក្នុងអំណាច ហេតុនោះ បានជាយើងរក្សាឧបោសថ កុំឲ្យមានះគ្របសង្កត់យើងបានទៀតឡើយ។
ចប់ បញ្ចុបោសថិកជាតក ទី៧។
(៤៩១. មហាមោរជាតកំ (៨))
[៩០] (ស្តេចក្ងោកពោធិសត្វពោលថា) ម្នាលសំឡាញ់ ប្រសិនបើអ្នកចាប់ខ្ញុំ ព្រោះហេតុនៃទ្រព្យ អ្នកកុំសម្លាប់ខ្ញុំឡើយ សូមចាប់ខ្ញុំទាំងរស់ ហើយនាំខ្ញុំទៅកាន់សំណាក់ព្រះរាជាចុះ អ្នកទំនងជានឹងបាននូវទ្រព្យដ៏ច្រើន។
[៩១] (កូនព្រានព្រៃពោលថា) ធ្នូដ៏ប្រសើរ និងព្រួញនេះ ខ្ញុំមិនមែនយឺត ប្រុងប្រៀបដើម្បីនឹងបាញ់អ្នក្នុងថ្ងៃនេះទេ ខ្ញុំនឹងបាញ់ផ្តាច់អន្ទាក់របស់អ្នកទេតើ (ដោយគិតថា) សេ្តចក្ងោកចូរទៅតាមសប្បាយចុះ។
[៩២] (ស្តេចក្ងោក…) អ្នកខំអត់ទ្រាំនូវសេចក្តីស្រេកឃ្លាន ទាំងយប់ទាំងថ្ងៃ ដើរជាប់តាមខ្ញុំអស់ប្រាំពីរឆ្នាំហើយ កាលបើយ៉ាងនេះ ព្រោះហេតុអ្វី ក៏អ្នកចង់ដោះខ្ញុំ ដែលកំពុងជាប់អន្ទាក់ ឲ្យរួចអំពីអន្ទាក់វិញ។ អ្នកទើបនឹងវៀរចាកបាណាតិបាតក្នុងថ្ងៃនេះឬ ឬក៏អ្នកឲ្យអភ័យដល់សត្វទាំងពួង បានជាអ្នកចង់ដោះខ្ញុំ ដែលកំពុងជាប់អន្ទាក់ ឲ្យរួចចាកអន្ទាក់វិញ។
[៩៣] (កូនព្រានព្រៃ…) ម្នាលស្តេចក្ងោក អ្នកចូរប្រាប់អំពីបុគ្គលដែលវៀរចាកបាណាតិបាតផង អ្នកដែលឲ្យនូវអភ័យដល់សត្វទាំងពួងផង ខ្ញុំសូមសួរអ្នកត្រង់សេចក្តីនុ៎ះ បុគ្គលនោះច្យុតអំពីលោកនេះទៅ នឹងបាននូវសេចក្តីសុខដូចម្តេចខ្លះ។
[៩៤] (សេ្តចក្ងោក…) ខ្ញុំនឹងប្រាប់អំពីបុគ្គលដែលវៀរចាកបាណាតិបាតផង អ្នកដែលឲ្យនូវអភ័យដល់សត្វទាំងពួង បុគ្គលនោះរមែងបាននូវសេចក្តីសរសើរ ក្នុងបច្ចុប្បន្នផង លុះបែកធ្លាយសរីរៈទៅ នឹងបានទៅកើតនៅឋានសួគ៌ផង។
[៩៥] (កូនព្រាប…) សមណព្រាហ្មណ៍ពួកខ្លះ បានពោលថា ទេវតាទាំងឡាយ មិនមានទេ ជីវៈក្នុងលោកនេះ រមែងដល់នូវសេចក្តីដាច់សូន្យ ផលនៃអំពើដែលសត្វធ្វើល្អ ធ្វើអាក្រក់ រមែងដល់នូវសេចក្តីដាច់សូន្យដូចគ្នា ទាំងពោលថា ទានជាគុណជាតិ គឺមនុស្សល្ងង់បញ្ញត្តហើយ ខ្ញុំជឿពាក្យរបស់សមណព្រាហ្មណ៍ ជាព្រះអរហន្តទាំងនោះ ហេតុនោះបានជាខ្ញុំសម្លាប់សត្វស្លាបទាំងឡាយ។
[៩៦] (ស្តេចក្ងោក…) ព្រះចន្ទ និងព្រះអាទិត្យទាំងពីរ ជារបស់ឃើញងាយ ភ្លឺរុងរឿងទៅព្ធដ៏អាកាស ព្រះចន្ទ និងព្រះអាទិត្យទាំងនោះ (ជារបស់) លោកនេះ ឬលោកដទៃ (ពួកជន) ក្នុងមនុស្សលោកហៅព្រះចន្ទ និងព្រះអាទិត្យទាំងនោះថាជាអ្វី។
[៩៧] (កូនព្រាន…) ព្រះចន្ទ និងព្រះអាទិត្យទាំងពីរ ជារបស់ឃើញងាយ ភ្លឺរុងរឿងទៅព្ធដ៏អាកាស ព្រះចន្ទ និងព្រះអាទិត្យទាំងនោះ (ជារបស់) លោកដទៃ មិនមែនរបស់លោកនេះទេ ពួកជនក្នុងមនុស្សលោក ហៅព្រះចន្ទ និងព្រះអាទិត្យទាំងនោះ ថាជាទេវតា។
[៩៨] (ស្តេចក្ងោក…) សមណព្រាហ្មណ៍ណាមិនពោលអាងកម្ម មិនពោលអាងផលនៃកម្ម ដែលសត្វធ្វើល្អ ធ្វើអាក្រក់ មួយទៀត សមណព្រាហ្មណ៍ណា ពោលថា ទានជាគុណជាតដែលមនុស្សល្ងង់បញ្ញត្តហើយ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកហីនវាទ ជាអ្នកអហេតុកវាទ ត្រូវគេដេញជើង ទាល់ក្នុងព្យាករណ៍នេះមិនខាន។
[៩៩] (កូនព្រានព្រៃ…) ពាក្យរបស់អ្នកនុ៎ះទៀងពិត ព្រោះទានជាគុណជាតឥតផលដូចម្តេចកើត ផលនៃអំពើដែលសត្វធ្វើល្អ ធ្វើអាក្រក់ក៏ដូចគ្នា ម្យ៉ាងទៀត (ទាន) ជាគុណជាតដែលមនុស្សល្ងង់បញ្ញត្តហើយដូចម្តេចកើត។ ខ្ញុំធ្វើអំពើដូចម្តេច ធ្វើដោយហេតុដូចម្តេច ប្រព្រឹត្តដូចម្តេច សេពនូវអ្វី ដោយគុណនៃតបៈដូចម្តេច មិនគប្បីធ្លាក់ទៅក្នុងនរកយ៉ាងណា ម្នាលសេ្តចក្ងោក អ្នកសូមប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ ដោយឧបាយយ៉ាងនោះ។
[១០០] (សេ្តចក្ងោក…) ពួកសមណៈណាមួយនៅលើផែនដី ជាអ្នកស្លៀកសំពត់កាសាវៈ ប្រព្រឹត្តក្នុងភេទនៃបុគ្គលគ្មានផ្ទះ ត្រាច់ទៅបិណ្ឌបាតអំពីព្រឹក ក្នុងកាលគួរ វៀរចាកកិរិយាត្រាច់ទៅក្នុងកាលខុស ជាអ្នកស្ងប់រម្ងាប់។ អ្នកចូរចូលទៅរកសមណៈទាំងនោះ តាមកាលគួរក្នុងទីនោះ ហើយចូរសាកសួរចុះ ប្រយោជន៍ណា ដែលជាទីពេញចិត្តរបស់អ្នក លោកនឹងប្រាប់នូវប្រយោជន៍នោះ ជាប្រយោជន៍ក្នុងលោកនេះ និងក្នុងលោកខាងមុខ (ដល់អ្នក) តាមទំនងនៃការចេះដឹង (របស់លោក)។
[១០១] (កូនព្រានព្រៃបានត្រាស់ជាព្រះបច្ចេកពុទ្ធ ហើយក៏សំដែងថា) ភាពជាព្រានព្រៃនុ៎ះ អាត្មាអញបានលះបង់ហើយ អាត្មាអញបានលះបង់នូវភាពនៃខ្លួនជាព្រានព្រៃក្នុងថ្ងៃនេះ ដូចពស់សកនូវសំណកចាស់ជាន់មុន ឬក៏ដូចដើមឈើមានស្លឹកខៀវ (ជម្រុះចោល) នូវស្លឹកលឿង។
[១០២] (បច្ចេកពុទ្ធធ្វើសច្ចកិរិយាថា) ពួកបក្សីណាច្រើនរយ ដែលអាត្មាអញបានចងទុកក្បែរលំនៅ (របស់ខ្លួន) អាត្មាអញនឹងឲ្យនូវជីវិតដល់សត្វទាំងឡាយនោះ ក្នុងថ្ងៃនេះ អាត្មាអញបានរួចចាកកិលេសហើយ សត្វទាំងនោះ ចូរទៅកាន់លំនៅរបស់ខ្លួនចុះ។
[១០៣] (អភិសម្ពុទ្ធគាថា) ព្រានព្រៃមានអន្ទាក់ក្នុងដៃ ត្រាច់ទៅក្នុងព្រៃ ដើម្បីទាក់នូវស្តេចក្ងោក ដែលមានយស លុះទាក់នូវស្តេចក្ងោកដែលមានយសបានហើយ ក៏បានរួចចាកសេចក្តីទុក្ខ ដូចតថាគតដែលបានរួច (ចាកទុក្ខ ដោយសយម្ភូញាណ) ដូច្នោះដែរ។
ចប់ មហាមោរជាតក ទី៨។
(៤៩២. តច្ឆសូករជាតកំ (៩))
[១០៤] (ជ្រូកឈ្មោះតច្ឆកៈពោលថា) យើងកាលស្វែងរកពួកញាតិណា ដើរទៅកាន់ភ្នំ និងព្រៃទាំងឡាយ យើងតាមស្វែងរកពួកញាតិដ៏ច្រើន ឯពួកញាតិទាំងនោះ យើងបានជួបហើយ។ មើមឈើ និងផ្លែឈើនេះដ៏ច្រើនផង ភក្សាហារនេះច្រើនផង ភ្នំ និងស្ទឹងទាំងនេះ ជាទីរីករាយផង ជាលំនៅដ៏សប្បាយ។ យើងនឹងមិនមានសេចក្តីខ្វល់ខ្វាយ មិនមានសេចក្តីរង្កៀស មិនមានសេចក្តីសោក មិនមានភ័យអំពីទីណា នឹងនៅក្នុងទីនេះឯង ជាមួយនឹងពួកញាតិទាំងអស់។
[១០៥] (ពួកជ្រូកឯទៀតពោលថា) ម្នាលតច្ឆកៈ អ្នកចូរស្វែងរកទីជ្រកកោនឯទៀតវិញចុះ (ដ្បិត) ក្នុងទីនេះ មានសត្រូវចំពោះពួកយើង សត្រូវនោះ តែងមកក្នុងទីនេះ ហើយសម្លាប់ជ្រូកទាំងឡាយ (សំដៅតែជ្រូកណា) ដែលធាត់ៗ។
[១០៦] (តច្ឆកៈ…) សត្វណាជាសត្រូវនឹងពួកយើងក្នុងទីនេះ សត្វណាកំចាត់បង់នូវញាតិ កំពុងនៅចួបជុំគ្នា ដែលសត្រូវកំចាត់បង់បានដោយក្រ អ្នក ខ្ញុំសួរហើយ ចូរប្រាប់នូវហេតុនោះ។
[១០៧] (ពួកជ្រូក…) ម្រឹគ (មួយ) ជាសេ្តចនៃម្រឹគ មានក្រឡានៃសរីរៈខាងលើ មានកំលាំងកាយ មានចង្កូមជាអាវុធ ម្នាលតច្ឆកៈ ម្រឹគនោះមកក្នុងទីនេះ ហើយសម្លាប់ជ្រូកទាំងឡាយដែលធាត់ៗ។
[១០៨] (តច្ឆកៈ…) ខ្នាយទាំងឡាយរបស់ពួកយើង មិនមែនជាមិនមានទេ កំលាំងក៏ប្រជុំចុះក្នុងកាយ បើពួកយើងទាំងអស់ជាអ្នកព្រមព្រៀងគ្នា នឹងធ្វើខ្លាតែម្នាក់ឯងនោះ ឲ្យលុះអំណាចបាន។
[១០៩] (ពួកជ្រូក…) ម្នាលតច្ឆកៈ អ្នកពោលនូវពាក្យជាទីគាប់ចិត្ត គាប់ត្រចៀកណាស់ ដូច្នេះ ប្រសិនបើជ្រូកណា បោលចោលគ្នាក្នុងចំបាំង យើងនឹងសម្លាប់ជ្រូកនោះ ក្នុងកាលជាខាងក្រោយ។
[១១០] (កូដជដិល…) ម្នាលអ្នកមានព្យាយាមជាងពួកម្រឹគ ក្នុងថ្ងៃនេះ អ្នកវៀរចាកបាណាតិបាតឬ ឬក៏អ្នកឲ្យអភ័យដល់ពួកសត្វទាំងអស់ ឬមួយអ្នកមិនមានចង្កូម បានជាអ្នកទៅចួបនឹងហ្វូង (ជ្រូក) ហើយសញ្ជប់សញ្ជឹង ដូចជាសត្វកំព្រា។
[១១១] (ខ្លា…) ខ្ញុំមិនមែនជាមិនមានចង្កូមទេ កំឡាំងក៏ប្រជុំចុះក្នុងកាយ ខ្ញុំម្នាក់ឯង បានឃើញពួកញាតិរបស់ជ្រូកព្រមព្រៀងគ្នាក្នុងទីតែមួយ ហេតុនោះ បានជាសញ្ជប់សញ្ជឹងក្នុងព្រៃ។
បានឮថា ក្នុងកាលមុន ជ្រូកទាំងឡាយនេះ តែងទៅកាន់ទិសតូចធំ លុះភ័យគ្របសង្កត់ហើយ ក៏ស្វែងរកទីជ្រកកោនផ្សេងៗ គ្នា ឥឡូវនេះ ជ្រូកទាំងនោះឋិតនៅក្នុងទីណា ដែលខ្ញុំគ្របសង្កត់បានដោយលំបាក ជ្រូកទាំងនោះក៏មកនៅចួបជុំជាមួយគ្នា (ក្នុងទីនោះ)។
ជ្រូកទាំងឡាយនោះ បរិបូណ៌ដោយនាយក ប្រុងប្រៀបខ្លួន មូលមាត់គ្នា ព្រមព្រៀងគ្នា គប្បីបៀតបៀននូវខ្ញុំ ព្រោះហេតុនោះ ខ្ញុំមិនប្រាថ្នានូវជ្រូកទាំងនោះទេ។
[១១២] (កូដជដិល…) ព្រះឥន្ទ្រតែមួយអង្គ ឈ្នះនូវពួកអសុរៈ ខ្លែងតែមួយ សង្រ្គុបឆាបយកនូវពួកបក្សីបាន ខ្លាតែមួយ ចួបប្រទះនឹងម្រឹគ ក៏សម្លាប់នូវម្រឹគដែលធាត់ៗ បាន ដ្បិតថាកំលាំង (នៃខ្លានោះ) ប្រាកដដូច្នោះ។
[១១៣] (ខ្លា…) មិនថាព្រះឥន្រ្ទ មិនថាខ្លែង មិនថាខ្លា ជាសេ្តចនៃម្រឹគទេ ខ្លាមិនធ្វើ (នូវពួកជ្រូក) ដែលមានញាតិព្រមព្រៀងគ្នាប្រុងប្រៀបខ្លួនទុក ឲ្យលុះក្នុងអំណាចបានឡើយ។
[១១៤] (កូដជដិល…) ពួកបក្សីតូចៗ ឈ្មោះកុម្ភិលិកា មានហ្វូងហើរទៅទាំងហ្វូង រីករាយរកគ្នា ហើរទៅរកចំណីក៏ជាមួយគ្នា បានចំណីហើយ ហើរទៅ (តាមអាកាស) ក៏ជាមួយគ្នា។ កាលបក្សីទាំងនោះ កំពុងមូលមិត្រគ្នា បណ្តាបក្សីទាំងនោះ គង់មានបក្សីមួយហើរឃ្លាតពីគេមិនខាន ខ្លែងឆាបយកនូវបក្សីដែលហើរឃ្លាតពីគេនោះបាន នោះជាគតិរបស់ខ្លា។
[១១៥] (អភិសម្ពុទ្ធគាថា) (ខ្លានោះ) ត្រូវជដិលអាក្រក់ ដែលមានភ្នែកសំឡឹងតែអាមិសបញ្ជោរហើយ អាងខ្លួនមានចង្កូម ស្មានថាដូចមុន ក៏ស្ទុះទៅរកពួកជ្រូក ដែលមានខ្នាយដែរ។
[១១៦] (រុក្ខទេវតា…) គួរឲ្យសរសើរដែរ ពួកញាតិច្រើនរូប សូម្បីតែឈើដែលដុះក្នុងព្រៃ (ក៏គួរឲ្យសរសើរ) ខ្លា (ម្នាក់ឯង) ត្រូវពួកជ្រូកព្រមគ្នា សម្លាប់បានក្នុងផ្លូវតែមួយ។
[១១៧] (អភិសម្ពុទ្ធគាថា) ជ្រូកទាំងឡាយបានសម្លាប់នូវព្រាហ្មណ៍ និងខ្លាធំ ទាំងពីរនាក់បានហើយ ក៏ត្រេកអររីករាយ ស្រែកនូវសម្រែកដ៏ខ្លាំង។
[១១៨] ជ្រូកទាំងឡាយនោះ ប្រជុំគ្នាទៀបគល់នៃល្វា អភិសេកជ្រូកឈ្មោះតច្ឆកៈថា សូមព្រះអង្គជាសេ្តច ជាឥស្សរៈរបស់ពួកយើង។
ចប់ តច្ឆសូករជាតក ទី៩។
(៤៩៣. មហាវាណិជជាតកំ (១០))
[១១៩] (ព្រះសាស្តាទ្រង់ត្រាស់ថា) ពាណិជទាំងឡាយ ជាអ្នកស្វែងរកទ្រព្យ មកអំពីដែនផ្សេងៗ ធ្វើនូវការប្រជុំ (ក្នុងក្រុងពារាណសី) ធ្វើបុគ្គលម្នាក់ឲ្យជាធំ ហើយចៀសចេញទៅ។ ពាណិជទាំងឡាយនោះ មកដល់ផ្លូវឆ្ងាយដាច់ស្រយាលនោះ ជាផ្លូវមិនមានស្បៀងអាហារ មិនមានទឹក បានឃើញនូវដើមជ្រៃធំ មានម្លប់ត្រជាក់ជាទីរីករាយនៃចិត្ត។ ឯពាណិជទាំងនោះ ជាបុគ្គលល្ងង់ ត្រូវមោហៈបិទបាំង ក៏អង្គុយក្រោមម្លប់ឈើនោះក្នុងទីនោះ ហើយប្រឹក្សាគ្នាថា យីអើ ឈើនេះហាក់ដូចជាសើមដោយទឹក ហាក់ដូចជាមានទឹកហូរទៅ បើដូច្នោះ យើងជាពួកឈ្មួញ នឹងកាប់នូវមែកឈើខាងកើត។ សោតឯមែកនោះ គ្រាន់តែត្រូវពួកឈ្មួញកាប់ដាច់ភ្លាម ក៏ស្រក់ទឹកចេញ ឯទឹកក៏ថ្លាមិនល្អក់ ពាណិជទាំងនោះ បានងូតផឹកក្នុងទីនោះ ដរាបដល់អស់ចំណង់។ ពួកឈ្មួញពាល ត្រូវមោហៈបិទបាំង ប្រឹក្សានូវហេតុទី ២ ថា បើដូច្នោះ ពួកយើងជាពួកឈ្មួញ នឹងកាត់នូវមែកឈើខាងត្បូងនោះទៀត។ សោតឯមែកឈើនោះ គ្រាន់តែត្រូវពួកឈ្មួញកាត់ដាច់ភ្លាម ក៏ហូរចេញនូវបាយនៃស្រូវសាលី ដ៏លាយដោយសាច់ដ៏ច្រើន នូវនំកុម្មាស ហាក់ដូចជាបាយាសមានទឹកតិច នូវសម្លកកូរ និងសម្លសណ្តែកបាយ ពាណិជទាំងនោះ បានបរិភោគទំពារស៊ីក្នុងទីនោះដរាបទាល់តែអស់ចំណង់។ ពួកពាណិជល្ងង់ ដែលត្រូវមោហៈបិទបាំង ក៏ប្រឹក្សាគ្នានូវហេតុទី ៣ ថា បើដូច្នោះ យើងជាពួកឈ្មួញនឹងកាត់មែកឈើខាងលិចនោះទៀត។ សោតឯមែកនោះ គ្រាន់តែត្រូវពួកឈ្មួញកាត់ដាច់ភ្លាម ក៏ចេញនូវពួកនាងនារី មានខ្លួនតាក់តែងហើយ មានសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្រ ពាក់កែវមណី និងកុណ្ឌល។ គួរសរសើរដែរ ពាណិជទាំងឡាយមាននាងនារីម្នាក់ៗ ចំណែកខាងនាងនារី ២៥ នាក់ ចោមរោម (នូវនាយឈ្មួញជាធំ) ក្រោមម្លប់ឈើនោះដោយជុំវិញ ពាណិជទាំងនោះ ត្រូវនាងនារីទាំងនោះចោមរោមហើយ ដរាបអស់ចំណង់។ ពួកពាណិជល្ងង់ ដែលត្រូវមោហៈបិទបាំង ក៏ប្រឹក្សានូវហេតុទី ៤ ថា បើដូច្នោះ យើងជាពួកឈ្មួញ នឹងកាត់នូវមែកឈើខាងជើងនោះទៀត។ សោតឯមែកនោះ គ្រាន់តែត្រូវពួកឈ្មួញកាត់ដាច់ភ្លាម ក៏ហូរចេញនូវកែវមុក្តា និងកែវពៃទូរ្យដ៏ច្រើនផង នូវប្រាក់ផង នូវមាសផង នូវកម្រាលសម្រាប់ក្រាលលើខ្នងដំរីជាដើមផង នូវកម្រាលរោមសត្វជាដើមផង នូវសំពត់ដែលគេធ្វើក្នុងដែនកាសីផង នូវសំពត់កម្ពលឈ្មោះឧទ្ទិយានៈផង ពាណិជទាំងនោះ ក៏វេចយកនូវភារៈ ដរាបទាល់តែអស់ចំណង់ក្នុងទីនោះ។ ពួកពាណិជល្ងង់ ដែលត្រូវមោហៈបិទបាំង ក៏ប្រឹក្សានូវហេតុទី ៥ ថា បើដូច្នោះ ពួកយើងនឹងកាត់ត្រង់គល់ឈើនោះ មុខជានឹងបានច្រើនជាងនេះទៅទៀត គ្រានោះ ពួកឈ្មួញធំក្រោកឡើង ផ្គងអញ្ជលីអង្វរថា ដើមជ្រៃប្រទូស្តពួកអ្នកដូចម្តេច ម្នាលពាណិជទាំងឡាយ សេចក្តីចំរើនចូរមានដល់អ្នកចុះ។ មែកខាងកើត បានឲ្យទឹកងូតផង មែកខាងត្បូង បានឲ្យបាយ និងទឹកផង មែកខាងលិច បានឲ្យនាងនារីទាំងឡាយផង មែកខាងជើង បានឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងផង ដើមជ្រៃប្រទូស្តពួកអ្នកដូចម្តេច ម្នាលពាណិជទាំងឡាយ សេចក្តីចំរើនចូរមានដល់អ្នកចុះ។ បុគ្គលអង្គុយ ឬដេកក្រោមម្លប់នៃឈើណា មិនត្រូវកាច់បំបាក់មែកឈើនោះឡើយ ព្រោះថាបុគ្គលអ្នកប្រទូស្តមិត្ត ជាមនុស្សអាក្រក់។ ឯឈ្មួញទាំងនោះច្រើនគ្នា មិនអើពើនូវពាក្យនៃឈ្មួញជាធំម្នាក់ឯងនោះ ក៏ចូលទៅដើម្បីនឹងកាត់នូវដើមជ្រៃនោះត្រង់គល់ ដោយប៉ូវថៅទាំងឡាយ ដែលខ្លួនសំលៀងហើយ។
[១២០] (អភិសម្ពុទ្ធគាថា) លំដាប់នោះ នាគទាំងឡាយ ២៥ សៀតគ្រឿងក្រោះហើយផង ពួកនាគខ្មាន់ធ្នូ ៣០០ ផង ពួកទាហានកាន់ខែលបាំ្រមួយពាន់ផង ក៏ចេញមក។
[១២១] (នាគរាជ…) អ្នកទាំងឡាយចូរសម្លាប់ ចូរចងនូវពាណិជទាំងនុ៎ះ អ្នកទាំងឡាយកុំលែងនូវជីវិតឡើយ អ្នកទាំងឡាយ ចូរធ្វើនូវពួកពាណិជទាំងអស់នោះ ឲ្យទៅជាផេះ ទុកតែពាណិជជាធំម្នាក់ប៉ុណ្ណោះ។
[១២២] (អភិសម្ពុទ្ធគាថា) ព្រោះហេតុនោះ បណ្ឌិតបុរស កាលបើបានឃើញច្បាស់នូវប្រយោជន៍របស់ខ្លួន មិនគប្បីលុះអំណាចនៃលោភៈឡើយ ត្រូវតែកំចាត់បង់នូវចិត្តដែលប្រកបដោយលោភៈប្រាកដដូច្នោះ ភិក្ខុបើបានដឹងនូវទោស (ក្នុងលោភៈ) យ៉ាងនេះ ដឹងនូវការកើតឡើងនៃទុក្ខ ព្រោះតណ្ហាយ៉ាងនេះហើយ គប្បីប្រព្រឹត្តជាអ្នកមានតណ្ហាទៅប្រាសហើយ មិនមានសេចក្តីប្រកាន់មាំ មានស្មារតី។
ចប់ មហាវាណិជជាតក ទី១០។
(៤៩៤. សាធិនជាតកំ (១១))
[១២៣] (ពួកអ្នកនគរពោលថា ស្តេចរបស់យើង) ចំឡែកណាស់តើ គួរឲ្យព្រឺរោម កើតឡើងក្នុងលោក រថជាទិព្យបានកើតប្រាកដដល់ស្តេចវិទេហៈ ព្រះអង្គមានយស។
[១២៤] (អភិសម្ពុទ្ធគាថា) ទេវបុត្រឈ្មោះមាតលី ជាទេវសារថី មានប្ញទ្ធិច្រើនបានអញ្ជើញព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលាថា បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គយាងឡើងកាន់រថនេះ ទេវតាទាំងឡាយជាន់តាវត្តឹង្ស ព្រមទាំងព្រះឥន្ទ ចង់ឃើញព្រះអង្គ ព្រោះទេវតាទាំងឡាយរលឹកព្រះអង្គ នៅរង់ចាំក្នុងរោងឈ្មោះសុធម្មា។ លំដាប់នោះឯង ព្រះបាទវិទេហៈ ព្រះនាមសាធិន ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ទ្រង់យាងឡើងកាន់រថ ទឹមដោយសេះច្រើន ហើយបានយាងទៅក្នុងសំណាក់នៃទេវតាទាំងឡាយ (ព្រះរាជាជាធំ ទ្រង់ប្រថាប់លើទិព្វយានឈ្មោះហយវាហី ដែលទឹមដោយសេះច្រើន កំពុងយាងទៅ ក៏បានទតឃើញទេវសភានេះ) ពួកទេវតាបានឃើញព្រះរាជានោះមកដល់ហើយ ក៏ត្រេកអរស្មោះចំពោះថា បពិត្រមហារាជ ព្រះអង្គយាងមកស្រួលហើយ មិនមែនយាងមកដោយមិនស្រួលទេ បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ ឥឡូវនេះ សូមព្រះអង្គទ្រង់គង់ក្នុងសំណាក់នៃទេវរាជចុះ។ ឯព្រះឥន្ទ ក៏ទទួលរាក់ទាក់ចំពោះព្រះបាទវិទេហៈ ព្រះអង្គគ្រប់គ្រងក្រុងមិថិលា ព្រះឥន្ទបានអញ្ជើញដោយកាមទាំងឡាយផង ដោយអាសនៈផងថា ប្រពៃណាស់ហើយ ព្រះអង្គបានដល់អាវាសរបស់ទេវតាទាំងឡាយ ដែលញ៉ាំងគេឲ្យប្រព្រឹត្តក្នុងអំណាចខ្លួន បពិត្រព្រះរាជាអ្នកស្វែងរកគុណដ៏ប្រសើរ សូមព្រះអង្គគង់នៅក្នុងពួកទេវតាដែលសម្រេចនូវកាមគ្រប់យ៉ាងបាន សូមព្រះអង្គសោយនូវកាមទាំងឡាយ ដែលមិនមែនជារបស់មនុស្ស ក្នុងពួកទេវតាជាន់តាវត្តឹង្សចុះ។
[១២៥] (ព្រះបាទសាធិនរាជ…) កាលពីដើម ខ្ញុំមកនៅក្នុងឋានសួគ៌ រីករាយដោយរបាំចម្រៀង និងប្រគុំទាំងឡាយ ឥឡូវនេះ ក្នុងថ្ងៃនេះ ខ្ញុំមិនត្រេកអរក្នុងឋានសួគ៌ទេ បពិត្រព្រះជនិន្ទដ៏ប្រសើរ អាយុ (របស់ខ្ញុំ) នឹងអស់ឬ ឬសេចក្តីស្លាប់ (ឋិតនៅ) ក្នុងទីជិត ឬក៏ខ្ញុំជាបុគ្គលវង្វេង។
[១២៦] (សក្កៈ…) បពិត្រព្រះអង្គដ៏ប្រសើរ មានព្យាយាមជាងជន អាយុរបស់ព្រះអង្គមិនទាន់អស់ទេ ទាំងសេចក្តីស្លាប់របស់ព្រះអង្គ (ក៏ឋិតនៅ) ក្នុងទីឆ្ងាយ មួយវិញទៀត ព្រះអង្គមិនមែនជាមនុស្សវង្វេងទេ តែថា ព្រះអង្គសោយនូវផលនៃបុណ្យណា ក្នុងទេវលោកនេះ បុណ្យរបស់ព្រះអង្គនោះតិច បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គគង់នៅដោយទេវានុភាពចុះ សូមព្រះអង្គសោយនូវកាមទាំងឡាយ មិនមែនជារបស់មនុស្ស ក្នុងទេវលោកជាន់តាវត្តឹង្សចុះ។
[១២៧] (ព្រះរាជា…) យានដែលខ្ចីគេ និងទ្រព្យដែលខ្ចីគេ មានឧបមាយ៉ាងណាមិញ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ទ្រព្យនុ៎ះឯង ក៏មានឧបមេយ្យយ៉ាងនោះដែរ ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃឲ្យជាបច្ច័យ ខ្ញុំមិនចង់បានទ្រព្យនុ៎ះឡើយ បុណ្យទាំងឡាយ ដែលខ្ញុំបានធ្វើហើយដោយខ្លួនឯង បុណ្យនោះ ទុកជាទ្រព្យរបស់ខ្ញុំជាប់តាមខ្លួន ខ្ញុំនោះ នឹងទៅធ្វើកុសលឲ្យច្រើនក្នុងពួកមនុស្ស ដោយឲ្យទានផង កិរិយាប្រព្រឹត្តធម៌ស្មើផង កិរិយាសង្រួមដោយសីលផង កិរិយាទូន្មាននូវឥន្ទ្រិយផង ព្រោះថា បុគ្គលធ្វើកុសលហើយ រមែងដល់នូវសេចក្តីសុខ ទាំងមិនក្តៅក្រហាយរឿយៗ ក្នុងកាលជាខាងក្រោយ។
[១២៨] (សាធិនរាជ ពោលនឹងស្តេចនារទៈថា) ស្រែទាំងឡាយនេះផង ទទឹកប្រកបដោយកុណ្ឌល2) ដ៏ល្អនេះផង ផែនដីដ៏ដេរដាស ដោយស្មៅពណ៌ខៀវនេះផង ស្ទឹងទាំងឡាយដែលកំពុងហូរនេះផង ស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាកក្រពាកយំហើយ ដ៏ដេរដាសដោយចង្កុលណី ដោយផ្កាឈូក និងផ្កាឧប្បលនេះផង ពួកជនណា រាប់អាននូវទីទាំងឡាយនេះថាជារបស់អញ ជនទាំងនោះ ទៅកាន់ទិសណាហ្ន៎។
ម្នាលនារទៈ ស្រែទាំងឡាយ នៅជាស្រែទាំងនោះដដែល ភូមិភាគ នៅជាភូមិភាគនោះដដែល ឧបចារៈនៃសួនច្បារទាំងឡាយ ក៏នៅជាឧបចារៈនោះដដែល តែថា កាលយើងមិនឃើញនូវជនទាំងនោះ ទិសប្រាកដដល់យើងហាក់ដូចជាសូន្យឈឹង។
[១២៩] (ព្រះរាជា…) វិមានទាំងឡាយ ញ៉ាំងទិសទាំង ៤ ឲ្យភ្លឺចិញ្ចែងចំពោះមុខទេវរាជផង ចំពោះមុខពួកទេវតាជាន់ត្រៃត្រឹង្សផង យើងបានឃើញហើយ។ ភពជាទិព្យ យើងបាននៅរួចហើយ កាមទាំងឡាយមិនមែនជារបស់មនុស្ស យើងបានបរិភោគរួចហើយក្នុងពួកទេវតាជាន់តាវត្តឹង្ស អាចសម្រេចនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងបាន។ យើងនោះ បានលះបង់សម្បត្តិទិព្យប្រាកដដូច្នោះហើយ មកក្នុងទីនេះ ដើម្បីធ្វើបុណ្យ យើងនឹងប្រព្រឹត្តធម៌តែម្យ៉ាង យើងមិនមានសេចក្តីត្រូវការដោយរាជសម្បត្តិទេ។ ព្រះពុទ្ធទាំងឡាយដែលមានវត្តល្អ ស្តេចយាងទៅតាមផ្លូវណា យើងនឹងដើរទៅតាមផ្លូវនោះ ដែលព្រះសម្មាសម្ពុទ្ធសំដែងហើយ ជាផ្លូវដែលបុគ្គលមិនមានអាជ្ញាគប្បីត្រាច់ទៅ។
ចប់ សាធិនរាជជាតក ទី១១។
(៤៩៥. ទសព្រាហ្មណជាតកំ (១២))
[១៣០] (ព្រះសាស្តាទ្រង់ត្រាស់ថា) ព្រះរាជា ជាយុធិដ្ឋិលគោត្រ ព្រះអង្គប្រាថ្នានូវធម៌ បានត្រាស់នឹងអាមាត្យឈ្មោះវិធូរៈថា ម្នាលវិធូរៈ អ្នកចូរស្វែងរកនូវព្រាហ្មណ៍ទាំងឡាយ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ទក្ខិណាទានដែលគេឲ្យហើយចំពោះបុគ្គលណា ជាទានមានផលច្រើន ម្នាលសំឡាញ់ យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៣១] (អាមាត្រឈ្មោះវិធូរៈ ក្រាបទូលថា) បពិត្រព្រះសម្មតិទេព ពួកព្រាហ្មណ៍ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម គួរនឹងបរិភោគនូវភោជនរបស់ព្រះអង្គ គេរកបានដោយក្រ។ បពិត្រមហារាជ ឮថា ជាតិព្រាហ្មណ៍ទាំងឡាយណា មាន ១០ យ៉ាង សូមព្រះអង្គ ទ្រង់ព្រះសណ្តាប់នូវការចែករំលែក និងការពិនិត្យពិច័យ នូវព្រាហ្មណ៍ទាំងនោះ តាមប្រាជ្ញារបស់ទូលព្រះបង្គំជាខ្ញុំ ដោយពិស្តារចុះ។ ព្រាហ្មណ៍ទាំងឡាយ កាន់ការុងទាំងឡាយ ដែលពេញដោយឫសឈើ ចងមាត់ជិត ហើយតែងក្បួនថ្នាំទាំងឡាយផង ផ្ងូតទឹកឲ្យគេផង សែកនូវ (ភូតវិជ្ជា) ផង។ បពិត្រព្រះរាជា ឯព្រាហ្មណ៍ទាំងឡាយនោះ ស្មើដោយពេទ្យ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ទូលព្រះបង្គំជាខ្ញុំ បានក្រាបទូលចំពោះព្រះអង្គរួចហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍ប្រាកដដូច្នោះឬ។
[១៣២] (ព្រះរាជាកោរព្យៈ…) ពួកព្រាហ្មណ៍ទាំងនោះ ប្រាសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យហើយចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៣៣] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយនោះ កាន់ឃ្មោះទាំងឡាយ ហើយឃោស្នាឰដ៏ខាងមុខ (នៃស្តេច និងអាមាត្រ) ក៏មាន ទៅកាន់ទីសម្រាប់បម្រើគេក៏មាន សិក្សាខាងសិល្បរថក៏មាន។ បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ស្មើដោយជនអ្នកបំរើ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
[១៣៤] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកនូវព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៣៥] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយ កាន់ឃ្លោកដាក់ទឹកផង ដំបងភ្លុកផង ចូលទៅឯបអបនឹងសេ្តចទាំងឡាយ ក្នុងស្រុក ឬនិគម (ដោយគិតគ្នាថា) កាលបើគេមិនឲ្យ (វត្ថុអ្វីមួយ) ក្នុងស្រុក ឬនិគម យើងនឹងមិនក្រោកឡើយ បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយបុគ្គលអ្នករឹបជាន់ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបបង្គំទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
[១៣៦] (ព្រះរាជាកោរព្យៈ…) ព្រាហ្មទាំងឡាយនោះ ប្រាសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យហើយ ចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៣៧] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយនោះ មានរោមក្លៀក និងក្រចកដុះវែង មានធ្មេញប្រកបដោយមន្ទិល មានធូលីលើក្បាល រោយរាយដោយធូលី និងលំអងដី ត្រាច់ទៅសូម (ទ្រព្យផ្សេងៗ) បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយជនអ្នកដកនូវដង្គត់ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកព្រាហ្មណ៍បែបដូច្នោះឬ។
[១៣៨] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យហើយចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៣៩] (វិធូរៈ…) បពិត្រព្រះជនាធិបតី (ព្រាហ្មណ៍ទាំងឡាយ) ជួញសម៉ផង កន្តួតព្រៃផង ស្វាយផង ព្រីងផង សម៉ពិភេកផង ខ្នុរសម្លផង ឈើស្ទន់ផង ព្នៅផង ពទ្រាផង ឈើកែសផង ទឹកអំពៅ និងស្ករអំពៅផង ខ្សៀផង ទឹកឃ្មុំ និងថ្នាំបន្តក់ភ្នែកផង ជួញភណ្ឌៈមានតម្លៃតិច ឬមានតម្លៃច្រើនផង បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយពាណិជ ហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
[១៤០] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៤១] (វិធូរៈ…) (ព្រាហ្មណ៍ទាំងឡាយ) នាំគ្នាធ្វើនូវកសិកម្ម និងពាណិជ្ជកម្មផង ចិញ្ចឹមពពែ និងចៀមផង ទំនុកបម្រុងពួកកុមារីផង រៀបចំអាពាហ៍ពិពាហ៍ផង ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយកុដុម្ពិកៈ និងគហិបតី គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
[១៤២] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៤៣] (វិធូរៈ…) មានព្រាហ្មណ៍ពួកខ្លះ ជាបុរោហិត (បរិភោគនូវភិក្ខាដែលគេទុកបំរុងឲ្យខ្លួន) ពួកជនច្រើនគ្នា តែងសាកសួរព្រាហ្មណ៍នោះ ព្រាហ្មណ៍ទាំងនោះជាអ្នកក្រៀវពង (គោជាដើម) ផង ជាគ្រូសាក់ផង សម្លាប់សត្វចិញ្ចឹម គឺក្របី ជ្រូក និងពពែផង ក្នុងផ្ទះនោះ បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយបុគ្គលអ្នកសម្លាប់គោ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកព្រាហ្មណ៍បែបដូច្នោះឬ។
[១៤៤] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៤៥] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយ កាន់ដាវ និងខែល កាន់ព្រះខាន់ ឈរឯបនៅក្បែរផ្លូវជាទីទៅនៃពួកឈ្មួញ នាំពួកឈ្មួញឲ្យផុត (អំពីពួកចោរ) ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយពួកជនអ្នកឃ្វាលគោ និងពួកអ្នកនេសាទ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងនឹងចូលទៅរកពួកព្រាហ្មណ៍បែបដូច្នោះឬ។
[១៤៦] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៤៧] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយនោះ ធ្វើខ្ទមក្នុងព្រៃ ធ្វើអន្ទាក់វ័ធទាំងឡាយ បៀតបៀននូវទន្សាយ និងខ្លាត្រីផង នូវទន្សង ត្រី និងអណ្តើកផង បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយព្រានព្រៃ ព្រាហ្មណ៍ទាំងនោះ គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងនោះ) ខ្ញុំព្រះអង្គបានក្រាបទូល ចំពោះព្រះអង្គហើយ យើងនឹងចូលទៅស្វែងរកព្រាហ្មណ៍បែបដូច្នោះឬ។
[១៤៨] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកពួកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៤៩] (វិធូរៈ…) ព្រាហ្មណ៍ទាំងឡាយដទៃទៀត ចង់បានទ្រព្យ ក៏ដេកខាងក្រោមគ្រែ កាលសោមយាគ3) ប្រាកដហើយ ស្តេចទាំងឡាយក៏ស្រង់ទឹក ឰដ៏ខាងលើនៃគ្រែ បពិត្រព្រះរាជា ព្រាហ្មណ៍ទាំងឡាយនោះ ប្រាកដស្មើដោយជនអ្នកដុសក្អែល គេហៅថាព្រាហ្មណ៍ដែរ បពិត្រមហារាជ (ព្រាហ្មណ៍ទាំងឡាយនេះ) ខ្ញុំព្រះអង្គបានក្រាបទូលចំពោះព្រះអង្គហើយ យើងចូលទៅរកពួកព្រាហ្មណ៍ប្រាកដដូច្នោះឬ។
[១៥០] (ព្រះរាជាកោរព្យៈ…) ព្រាហ្មណ៍ទាំងឡាយនោះ បា្រសចាកភាពជាព្រាហ្មណ៍ តែព្រាហ្មណ៍ទាំងឡាយនោះ គេមិនហៅថាព្រាហ្មណ៍ទេ ម្នាលវិធូរៈ អ្នកចូរស្វែងរកព្រាហ្មណ៍ទាំងឡាយដទៃវិញ ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម ឲ្យមកបរិភោគនូវភោជនរបស់យើង ម្នាលសំឡាញ់ ទក្ខិណាទានដែលគេឲ្យចំពោះបុគ្គលណា ជាទានមានផលច្រើន យើងនឹងឲ្យនូវទក្ខិណាទាន (ចំពោះបុគ្គលនោះ)។
[១៥១] (វិធូរៈ…) បពិត្រព្រះសម្មតិទេព ពួកព្រាហ្មណ៍ដែលជាអ្នកមានសីល ជាពហុស្សូត វៀរចាកមេថុនធម្ម គួរនឹងបរិភោគភោជនរបស់ព្រះអង្គ មានដែរ។ ព្រាហ្មណ៍ទាំងនោះ បរិភោគនូវភត្តតែម្តង ទាំងមិនផឹកនូវទឹកស្រវឹង បពិត្រមហារាជ (ពួកព្រាហ្មណ៍នេះ) ខ្ញុំព្រះអង្គបានក្រាបទូលព្រះអង្គហើយ យើងនឹងចូលទៅអញ្ជើញពួកព្រាហ្មណ៍ប្រាកដដូច្នោះឬ។
[១៥២] (ព្រះរាជា…) ម្នាលវិធូរៈ បើពួកព្រាហ្មណ៍នុ៎ះឯង ជាអ្នកមានសីល ជាពហុស្សូតពិតមែន ម្នាលវិធូរៈ អ្នកចូរស្វែងរកពួកព្រាហ្មណ៍នុ៎ះចុះ ចូរអញ្ជើញព្រាហ្មណ៍ទាំងនោះមកឆាប់ៗ។
ចប់ ទសព្រាហ្មណជាតក ទី១២។
(៤៩៦. ភិក្ខាបរម្បរជាតកំ (១៣))
[១៥៣] (កុដុម្ពិកៈទូលថា) ខ្ញុំព្រះអង្គបានឃើញព្រះអង្គ មានព្រះរូបទន់ភ្លន់ ចេញចាកដែនមកកាន់ព្រៃស្ងាត់ ប្រកបដោយផ្ទះកំពូលដ៏ប្រសើរ មានអាសនៈដ៏ថ្លៃថ្លា ដែលគេក្រាលបំរុងទុក ទើបថ្វាយក្រយាស្ងោយដ៏ឧត្តម ជាភត្តនៃស្រូវសាលីដ៏វិចិត្រ លាយដោយសាច់ដ៏ស្អាត ចំពោះព្រះអង្គនោះ ដោយសេចក្តីស្រឡាញ់ ព្រះអង្គទទួលក្រយាស្ងោយនោះហើយ តែមិនសោយដោយព្រះអង្គឯង ត្រឡប់ជាប្រទានដល់ព្រាហ្មណ៍វិញ សូមក្រាបថ្វាយបង្គំចំពោះព្រះអង្គ តើការណ៍នេះជាសភាពដូចម្តេច។
[១៥៤] (ព្រះរាជាត្រាស់ថា) ព្រាហ្មណ៍ (នេះ) ជាអាចារ្យរបស់យើង ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចតូច និងកិច្ចធំផង ជាបុគ្គលគួរគោរពផង គួរឲ្យយើងហៅរកផង (ព្រោះហេតុនោះ) យើងគួរឲ្យភោជន។
[១៥៥] (កុដុម្ពិកៈ…) ឥឡូនេះ ខ្ញុំសូមសួរព្រាហ្មណ៍ ជាគោតមគោត្ត ដែលស្តេចតែងបូជា ព្រះរាជាបានប្រទានភត្តដែលលាយដោយសាច់ដ៏ស្អាតដល់អ្នក អ្នកបានទទួលភត្តនោះហើយ ក៏បានប្រគេននូវភោជនដល់ឥសីវិញ អ្នកប្រហែលជាដឹងថា ខ្លួនមិនមែនជាខេត្តនៃទាន ខ្ញុំសូមថ្វាយបង្គំចំពោះអ្នក តើការណ៍នេះជាសភាពដូចម្តេច។
[១៥៦] (ព្រាហ្មណ៍តបថា) ខ្ញុំតែងចិញ្ចឹមកូន និងប្រពន្ធផង ចំពាក់ចិត្តក្នុងផ្ទះទាំងឡាយផង ប្រៀនប្រដៅព្រះរាជាថា សូមព្រះអង្គសោយនូវកាមទាំងឡាយ ជារបស់នៃមនុស្សផង ហេតុនោះបានជាខ្ញុំគួរប្រគេនភោជនដល់ឥសីវិញ ដែលនៅក្នុងព្រៃ មានតបៈអស់កាលវែង ចំរើនដោយគុណ មានចិត្តចំរើនហើយ។
[១៥៧] (កុដុម្ពិកៈ…) ឥឡូវនេះ ខ្ញុំសូមសួរឥសី ដែលស្គមរវីមរវាមដោយសរសៃ មានរោមក្លៀក និងក្រចកដុះវែង មានធ្មេញប្រកបដោយមន្ទិល មានធូលីលើក្បាល លោកនៅក្នុងព្រៃម្នាក់ឯង មិនស្តាយជីវិត លោកបានប្រគេនភោជនដល់ភិក្ខុណា ភិក្ខុនោះប្រសើរជាងលោកដោយគុណដូចម្តេច។
[១៥៨] (តាបសតបថា) អាត្មាជីកដំឡូងឈ្មោះអាលុកលម្ពៈ និងតាលកន្ទៈទាំងឡាយផង ដំឡូងឈ្មោះពិលាលិ និងតក្កលៈទាំងឡាយផង ច្រូតស្រងែ និងស្ពៅ (យកមក) បែនបុក (បរិភោគ) ផង នាំយកគ្រឿងអន្លក់ និងក្រអៅឈូក ទឹកឃ្មុំ សាច់ ពទ្រា និងកន្តួតព្រៃ មកបរិភោគផង នោះជាកំណាន់របស់អាត្មា អាត្មាជាបុគ្គលដាំស្ល មានសេចក្តីខ្វល់ខ្វាយ មានសេចក្តីប្រកាន់នៅឡើយ គួរប្រគេនភោជនដល់ភិក្ខុដែលជាអ្នកមិនដាំស្ល មិនមានតណ្ហា មិនមានសេចក្តីប្រកាន់។
[១៥៩] (កុដុម្ពិកៈ…) ឥឡូវនេះ ខ្ញុំសួមសួរភិក្ខុដែលអង្គុយស្ងៀមមានវត្តល្អ ដូចតទៅនេះ (ឥសី) បានប្រគេនភត្តដែលលាយដោយសាច់ដ៏ស្អាតដល់លោក លោកទទួលភត្តនោះហើយ ក៏បរិភោគស្ងៀមៗ ម្នាក់ឯង មិនបានអញ្ជើញបុគ្គលដទៃណាមួយ (ឲ្យបរិភោគផង) ឡើយ ខ្ញុំសូមថ្វាយបង្គំចំពោះលោក តើការណ៍នេះជាសភាពដូចម្តេច។
[១៦០] (ព្រះបច្ចេកពុទ្ធ) អាត្មាមិនដាំស្លខ្លួនឯង មិនប្រើឲ្យគេដាំស្ល មិនកាត់ខ្លួនឯង មិនប្រើគេឲ្យកាត់ ហេតុនោះបានជាឥសីដឹងថាអាត្មាជាអ្នកមិនមានសេចក្តីកង្វល់ ជាអ្នកប្រាសចាកបាបគ្រប់ចំពូក ទើបកាន់ចង្ហាន់ដោយដៃឆ្វេង កាន់សម្បកឃ្លោកដោយដៃស្តាំ ហើយប្រគេនភត្តដែលលាយដោយសាច់ដ៏ស្អាតនោះដល់អាត្មា។ តាមពិត ជនទាំងឡាយ (មានសេ្តចជាដើម) នុ៎ះ ជាអ្នកប្រកាន់ថារបស់អញ មានសេចក្តីហួងហែង គួរតែឲ្យទាន (ដល់បុគ្គលប្រាកដស្មើដោយអាត្មា) បុគ្គលណា អញ្ជើញនូវអ្នកឲ្យទាន (មកបរិភោគ) អាត្មាសំគាល់ (នូវបុគ្គលនោះ) ថាជាអ្នកប្រតិបត្តិខុសទំនង។
[១៦១] (កុដុម្ពិកៈ…) ក្នុងថ្ងៃនេះ ព្រះរាជាព្រះអង្គប្រសើរលើរថ បានយាងមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ខ្ញុំមែនហើយ ដ្បិតខ្ញុំបានដឹងច្បាស់ក្នុងថ្ងៃនេះថា ទានដែលគេឲ្យហើយ ចំពោះបុគ្គលណា ជាទានមានផលច្រើន។ ស្តេចទាំងឡាយ ជាប់ចំពាក់ក្នុងផែនដី ពួកព្រាហ្មណ៍ ជាប់ចំពាក់ក្នុងកិច្ចតូច និងកិច្ចធំ ពួកឥសីជាប់ចំពាក់ក្នុងមើមឈើ និងផ្លែឈើ ឯពួកភិក្ខុ ទើបរួចស្រឡះចាកកិលេស។
ចប់ ភិក្ខាបរម្បរជាតក ទី១៣។
ឧទ្ទាននៃបកិណ្ណកនិបាតនោះគឺ
និយាយអំពីសេក ១ កិន្នរ ១ គប់ភ្លើង ១ ជដិលដណ្តប់ស្បែកខ្លាឃ្មុំទាំងក្រចក ១ ក្រអៅឈូក ១ អគ្គមហេសី ១ ព្រាបដ៏ប្រសើរ ១ ក្ងោក ១ ជ្រូក ឈ្មោះតច្ឆកៈ ១ ពាណិជ ១ សាធិនរាជ ១ ព្រាហ្មណ៍ ១ ចង្ហាន់ឲ្យតៗគ្នា១។
ចប់ បកិណ្ណកនិបាត។
(១៥. វីសតិនិបាតោ)
(៤៩៧. មាតង្គជាតកំ (១))
[១៦២] (មណ្ឌព្យកុមារសួរថា) អ្នកមកអំពីទីណា បានជាមានប្រដាប់ស្លៀកពាក់អាក្រក់ លាមក ដូចជាបិសាចលើអាចម៍ដី ពាក់នូវកំណាត់សំពត់ដែលគេចោលលើគំនរសម្រាមឰដ៏ក ខ្លួនអ្នកជាបុគ្គលផ្តេសផ្តាស មិនមែនជាទក្ខិណេយ្យបុគ្គលទេ។
[១៦៣] (មាតង្គមហាសត្វឆ្លើយថា) គ្រឿងបរិភោគនេះបរិបូណ៌ដោយបរិវារ អ្នកបានតាក់តែងហើយ ពួកជនតែងទំពាស៊ី បរិភោគ ផឹកនូវគ្រឿងបរិភោគនោះ អ្នកស្គាល់ហើយនូវយើង ថាជាអ្នកចិញ្ចឹមជីវិតដោយសារអ្នកដទៃឲ្យ សូមឲ្យមនុស្សចណ្ឌាលបាននូវដុំបាយដែលបុគ្គលគប្បីទៅឈរជិត។
[១៦៤] (មណ្ឌព្យកុមារ…) គ្រឿងភោជននេះ ខ្ញុំបានតាក់តែងបម្រុងពួកព្រាហ្មណ៍ នេះជាភោជនរបស់ខ្ញុំដែលជឿចំពោះសេចក្តីចំរើនរបស់ខ្លួន អ្នកចូរចៀសចេញអំពីទីនេះ អ្នកមកឋិតនៅក្នុងទីនេះធ្វើអ្វី នែបុគ្គលថោកទាប បុគ្គលទាំងឡាយប្រហែលយើង មិនឲ្យភោជនដល់អ្នកទេ។
[១៦៥] (ព្រះមហាសត្វ…) ពួកអ្នកប្រាថ្នាផលស្រូវ រមែងព្រោះពូជក្នុងទីទួល ឬទីទំនាប និងទីដែលមិនមែនជាស្រែ អ្នកចូរឲ្យទានដោយសទ្ធាបែបនេះចុះ សូមអ្នកញ៉ាំងទក្ខិណេយ្យបុគ្គលឲ្យត្រេកអរផង។
[១៦៦] (មណ្ឌព្យកុមារ…) យើងព្រោះពូជទាំងឡាយក្នុងស្រែណា ស្រែទាំងនោះក្នុងលោក យើងស្គាល់ច្បាស់ ពួកព្រាហ្មណ៍ណា ជាអ្នកប្រកបដោយជាតិ និងមន្ត ពួកព្រាហ្មណ៍ទាំងនោះ មានសីលជាទីស្រឡាញ់ដ៏ក្រៃលែង ដូចជាស្រែក្នុងលោកនេះ។
[១៦៧] (មហាសត្វ…) សេចក្តីស្រវឹងព្រោះជាតិ ១ ភាពជាបុគ្គលមើលងាយគេ ១ លោភៈ ១ ទោសៈ ១ សេចក្តីស្រវឹង ១ មោហៈ ១ ទោសទាំងអស់នេះ មាននៅក្នុងពួកបុគ្គលណា បុគ្គលពួកនោះ មិនមែនជាអ្នកមានសីលជាទីស្រឡាញ់ដ៏ក្រៃលែង ដូចជាស្រែក្នុងលោកនេះឡើយ។ សេចក្តីស្រវឹងព្រោះជាតិ ១ ភាពជាបុគ្គលមើលងាយគេ ១ លោភៈ ១ ទោសៈ ១ សេចក្តីស្រវឹង ១ មោហៈ ១ ទោសទាំងអស់នេះ មិនមានក្នុងពួកបុគ្គលណា បុគ្គលពួកនោះ ទើបឈ្មោះថា មានសីលជាទីស្រឡាញ់ដ៏ក្រៃលែង ដូចជាស្រែក្នុងលោកនេះ។
[១៦៨] (មណ្ឌព្យកុមារ…) (ឆ្មាំទ្វារ ៣ នាក់) ឈ្មោះឧបជោតិយៈ ១ ឈ្មោះឧបជ្ឈាយៈ ១ ឈ្មោះភណ្ឌកុច្ឆិ ១ ទៅក្នុងទីណា អ្នកទាំងឡាយចូរវាយសម្លាប់នូវមនុស្សលាមកនេះ ហើយចាប់ត្រង់ក អូសទាញចេញទៅ។
[១៦៩] (មហាសត្វ…) អ្នកណាជេរប្រទេចនូវឥសី អ្នកនោះឈ្មោះថាជីកភ្នំដោយក្រចក ឈ្មោះថាខាំទំពាដែកដោយធ្មេញ ឈ្មោះថាព្យាយាមលេបភ្លើង។
[១៧០] (អភិសម្ពុទ្ធគាថា) ឥសីឈ្មោះមាតង្គៈ ជាអ្នកមានសេចក្តីព្យាយាមទៀងទាត់ លុះពោលពាក្យនេះហើយ ក៏ចេញទៅឰដ៏អាកាស ចំពោះមុខពួកព្រាហ្មណ៍កំពុងក្រឡេកមើល។
[១៧១] (នាងទិដ្ឋមង្គលិកាពោលថា) ក្បាល (របស់កូនអញ) រមួលទៅខាងក្រោយ ដើមដៃលាតចេញទៅ មិនគួរដល់ការងារ ភ្នែកទាំងឡាយស ដូចជាបុគ្គលស្លាប់ អ្នកណាហ្ន៎ ធ្វើកូនអញនេះឲ្យទៅជាយ៉ាងនេះ។
[១៧២] (ពួកមាណពពោលថា) មានសមណៈ (មួយរូប) មកក្នុងទីនេះ មានប្រដាប់ស្លៀកពាក់អាក្រក់លាមក ដូចជាបិសាចលើអាចម៍ដី ពាក់នូវកំណាត់សំពត់ ដែលគេចោលលើគំនរសម្រាមឰដ៏ក សមណៈនោះបានធ្វើនូវកូនរបស់នាងនេះ ឲ្យយ៉ាងនេះ។
[១៧៣] (នាងទិដ្ឋមង្គលិកា…) សមណៈមានប្រាជ្ញាក្រាស់ដូចផែនដីនោះ ទៅក្នុងទិសដូចម្តេច ម្នាលមាណពទាំងឡាយ អ្នកទាំងឡាយចូរប្រាប់នូវសេចក្តីនុ៎ះដល់ខ្ញុំ យើងនឹងទៅសូមខមាទោសចំពោះសមណៈនោះ ធ្វើម្តេចហ្ន៎ យើងនឹងបានកូននោះ មានជីវិតរស់នៅ។
[១៧៤] (ពួកមាណព…) សមណៈមានប្រាជ្ញាក្រាស់ដូចផែនដី បានទៅក្នុងអាកាស ដូចព្រះចន្ទក្នុងថ្ងៃ ១៥ កើត ដើរទៅតាមផ្លូវនៃអាកាស មួយទៀត សមណៈនោះជាឥសី មានការប្តេជ្ញាដ៏ទៀងទាត់ មានសភាពដ៏ល្អ បានទៅកាន់ទិសខាងកើតហើយ។
[១៧៥] (នាងទិដ្ឋមង្គលិកា…) ក្បាល (របស់កូនខ្ញុំ) រមួលទៅខាងក្រោយ ដើមដៃលាតចេញទៅ មិនគួរដល់ការងារ ភ្នែកទាំងឡាយស ដូចភ្នែកបុគ្គលស្លាប់ អ្នកណាហ្ន៎ ធ្វើកូនខ្ញុំនេះឲ្យទៅជាយ៉ាងនេះ។
[១៧៦] (ព្រះមហាសត្វ…) ពួកយក្សមានអានុភាពច្រើន (មកដោយគិតថា) ពួកឥសីមានសភាពដ៏ល្អ មកហើយ (ក្នុងទីនេះ) ពួកយក្ខដឹងថា (កូនរបស់នាង) មានចិត្តប្រទូស្ត ក្រោធខឹង ហើយបានធ្វើនូវកូននាងឲ្យយ៉ាងនេះ។
[១៧៧] (នាងទិដ្ឋមង្គលិកា…) បើពួកយក្ខបានធ្វើកូនរបស់ខ្ញុំឲ្យយ៉ាងនេះហើយ សូមលោកជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ កុំខឹងចំពោះខ្ញុំ នាងខ្ញុំជាស្រីសូមដល់នូវបាទារបស់លោកជាទីពឹង បពិត្រភិក្ខុ ខ្ញុំមកដោយសេចក្តីសោកចំពោះកូន។
[១៧៨] (ព្រះមហាសត្វ…) កាលនោះក៏ដោយ ឥឡូវនេះក៏ដោយ យើងមិនមានការប្រទូស្តក្នុងចិត្តតិចតួចទេ តែកូនរបស់នាងជាអ្នកស្រវឹង ដោយសេចក្តីស្រវឹងក្នុងវេទ រៀនវេទហើយមិនស្គាល់សេចក្តីចំរើន។
[១៧៩] (នាងទិដ្ឋមង្គលិកា…) បពិត្រភិក្ខុ សញ្ញារបស់បុរស រមែងភ្លេចភ្លាំងដោយមួយរំពេចជាប្រាកដ បពិត្រលោកមានប្រាជ្ញាក្រាស់ដូចផែនដី សូមលោកអត់នូវទោសកំហុសម្តងចុះ អ្នកប្រាជ្ញទាំងឡាយ រមែងមិនមានក្រោធជាកំឡាំង។
[១៨០] (ព្រះមហាសត្វ…) ចូរឲ្យមណ្ឌព្យកុមារ ដែលជាបុគ្គលមានប្រាជ្ញាតិច ជាបុត្តរបស់នាង បរិភោគនូវដុំបាយ ដែលយើងឈរហើយបានមកនេះ ចំណែកខាងពួកយក្ខ នឹងលែងបៀតបៀននូវកូនរបស់នាង ទាំងកូនរបស់នាងនោះ នឹងទៅជាបុគ្គលមិនមានរោគ។
[១៨១] (នាងទិដ្ឋមង្គលិកា…) ម្នាលមណ្ឌព្យៈ អ្នកជាបុគ្គលពាល មានប្រាជ្ញាស្តួចស្តើង អ្នកជាបុគ្គលមិនស្គាល់នូវបុញ្ញក្ខេត្តទាំងឡាយ អ្នកឲ្យទានចំពោះតែពួកជន ដែលមានទឹកចត់ គឺកិលេសដ៏ច្រើន មានអំពើដ៏សៅហ្មង ជាអ្នកមិនសង្រួម។ (ពួកជនខ្លះ) បួងសក់ ស្លៀកនូវស្បែកខ្លាឃ្មុំ មានមុខទ្រុបទ្រុល (ដោយពុកមាត់ ពុកចង្កា) ដូចរណ្តៅទឹកដ៏ចាស់ អ្នកទាំងឡាយ ចូរមើលពួកសត្វដែលមានសភាពអាក្រក់នេះចុះ ដ្បិតភ្នួងសក់ និងស្បែកខ្លាឃ្មុំ ការពារនូវបុគ្គលដែលមានប្រាជ្ញាតិចមិនបានទេ។ ពួកបុគ្គលណា លះបង់រាគៈ ទោសៈ និងអវិជ្ជា ពួកបុគ្គលនោះ ឈ្មោះថា ជាអរហន្តខីណាស្រព ទានដែលបុគ្គលឲ្យចំពោះពួកបុគ្គលទាំងនោះ ទើបជាទានមានផលច្រើន។
[១៨២] (អភិសម្ពុទ្ធគាថា) ស្តេចក្នុងដែនមេជ្ឈៈ បៀតបៀននូវចិត្តរបស់មាតង្គតាបសជាអ្នកមានយស ស្តេចក្នុងដែនមេជ្ឈៈ ព្រមទាំងបរិស័ទក៏ដាច់សូន្យ ដែនឈ្មោះមេជ្ឈៈ ក៏ទៅជាព្រៃក្នុងកាលនោះ។
ចប់ មាតង្គជាតក ទី១។
(៤៩៨. ចិត្តសម្ភូតជាតកំ (២))
[១៨៣] (ព្រះរាជាត្រាស់ថា) សេចក្តីខ្វល់ខ្វាយដោយការងារទាំងអស់ ដែលនរជនទាំងឡាយសន្សំហើយដោយប្រពៃ រមែងប្រកបដោយផល មិនមែនឥតអំពើទេ ខ្ញុំឃើញសម្ភូតបណ្ឌិតមានអានុភាពច្រើន ជាអ្នកបរិបូណ៌ដោយផលនៃបុណ្យដោយការងាររបស់ខ្លួន។ សេចក្តីខ្វល់ខ្វាយដោយការងារទាំងអស់ដែលនរជនទាំងឡាយសន្សំហើយដោយប្រពៃ រមែងប្រកបដោយផល មិនមែនឥតអំពើទេ ចិត្តរបស់បណ្ឌិតឈ្មោះចិត្តៈនោះសម្រេចដូចចិត្តអាត្មាអញដែរឬហ្ន៎។
[១៨៤] (ទារកច្រៀងទូលថា) សេចក្តីខ្វល់ខ្វាយដោយការងារទាំងអស់ ដែលនរជនទាំងឡាយសន្សំហើយដោយប្រពៃ រមែងប្រកបដោយផល មិនមែនឥតអំពើទេ បពិត្រព្រះសម្មតិទេព សូមព្រះអង្គទ្រង់ជ្រាបនូវបណ្ឌិតឈ្មោះចិត្តៈនោះ មានចិត្តសម្រេចដូចព្រះរាជហ្ឫទ័យព្រះអង្គដែរ។
[១៨៥] (ព្រះរាជា…) (សំដីនេះ) អ្នកបានឮមក (អំពីសំណាក់) បណ្ឌិតឈ្មោះចិត្តៈដ៏ចំរើនឬ ឬជនណាមួយប្រាប់សេចក្តីនុ៎ះដល់អ្នក គាថា (នេះ) អ្នកច្រៀងពីរោះហើយ ខ្ញុំមិនមានសេចក្តីសង្ស័យទេ ខ្ញុំឲ្យស្រុកសួយមួយរយដល់អ្នក។
[១៨៦] (ទារក…) ខ្ញុំព្រះអង្គមិនបានឮ (អំពីសំណាក់) បណ្ឌិតឈ្មោះចិត្តៈទេ តែឥសី (មួយរូប) បានប្រាប់នូវសេចក្តីនេះដល់ខ្ញុំព្រះអង្គថា អ្នកចូរទៅច្រៀងគាថាតនឹងព្រះរាជា ក្រែងលោស្តេចសព្វព្រះរាជហឫទ័យនឹងប្រោសប្រទាននូវរបស់ដ៏ប្រសើរដល់អ្នក។
[១៨៧] (ព្រះរាជា…) អ្នកទាំងឡាយចូរទឹមនូវរាជរថទាំងឡាយ ដែលធ្វើយ៉ាងល្អ គ្រឿងប្រដាប់ដ៏ពិចិត្ត ចូរចងនូវខ្សែដង្គន់ ពាក់នូវគ្រឿងប្រដាប់ក នៃដំរីទាំងឡាយ។ អ្នកទាំងឡាយ ចូរវាយស្គរ និងសំភោរ ផ្លុំនូវស័ង្ខផង ចូរទឹមនូវយានទាំងឡាយដ៏លឿនៗផង ថ្ងៃនេះឯង អញនឹងទៅមើលឥសី ដែលគង់ក្នុងអាស្រមណា អញនឹងទៅកាន់អាស្រមនោះ។
[១៨៨] ឱហ្ន៎ អាត្មាអញ មានលាភល្អណាស់តើ គាថាដែលអាត្មាអញច្រៀងពីរោះហើយ ក្នុងកណ្តាលបរិស័ទ អាត្មាអញបានឃើញនូវឥសីដ៏បរិបូណ៌ដោយសីល និងវត្ត ហើយក៏ត្រេកអររីករាយ។
[១៨៩] សូមលោកដ៏ចំរើនទទួលនូវអាសនៈ ទឹក និងប្រេងលាបជើងរបស់យើងចុះ បពិត្រម្ចាស់ថ្លៃ ខ្ញុំសួរលោកដ៏ចំរើនក្នុងវត្ថុមានដំឡៃ សូមលោកដ៏ចំរើនទទួលនូវវត្ថុមានដំឡៃរបស់យើងខ្ញុំ។
[១៩០] ពួកជនចូរធ្វើនូវលំនៅ ឲ្យជាទីរីករាយដល់លោកផង សូមលោកឲ្យពួកនារីបំរើផង សូមលោកធ្វើនូវឱកាស ដើម្បីអនុគ្រោះ យើងនឹងធ្វើជាធំនេះ ទាំងពីរនាក់។
[១៩១] (ចិត្តបណ្ឌិតពោលថា) បពិត្រព្រះរាជា អាត្មាភាពបានឃើញនូវផលនៃទុច្ចរិត និងផលដ៏ប្រសើររបស់ធម៌ ដែលបានសន្សំដោយប្រពៃ អាត្មាភាពនឹងសង្រួមនូវខ្លួនតែម្យ៉ាង អាត្មាភាពមិនប្រាថ្នានូវកូន ឬសត្វចិញ្ចឹម ឬទ្រព្យទេ។
១០ ឆ្នាំ ១០ ដងនេះ ជាជីវិតរបស់ពួកសត្វក្នុងលោកនេះ ជីវិតនោះមិនដល់កំណត់នោះនៅឡើយ ក៏ស្វិតស្រពោនទៅ ដូចជាដើមបបុសដែលគេកាត់ហើយ។ កាលបើជីវិតនោះ (ស្រពោនទៅយ៉ាងនេះ) តើរីករាយដូចម្តេចកើត លេងសើចដូចម្តេចកើត ត្រេកអរដូចម្តេចកើត ស្វែងរកទ្រព្យដូចមេ្តចកើត បពិត្រព្រះរាជា អាត្មាភាពមានប្រយោជន៍ដោយកូន និងប្រពន្ធ ដូចម្តេចកើត អាត្មាភាពជាបុគ្គលផុតចាកចំណងហើយ។ អាត្មាភាពនោះ ដឹងច្បាស់យ៉ាងនេះ មច្ចុរាជមិនមើលងាយចំពោះអាត្មាភាពទេ កាលបើអាត្មាភាពត្រូវមច្ចុរាជគ្របសង្កត់ (យ៉ាងនេះ) តើតេ្រកអរដូចម្តេចកើត ស្វែងរកទ្រព្យដូចម្តេចកើត។ បពិត្រព្រះអង្គជាធំជាងជន ជាតិរបស់ពួកសត្វ ជាធម្មជាតិដ៏ថោកទាប កំណើតមនុស្សចណ្ឌាលលាមក ជាងពួកសត្វក្នុងពួកសត្វជើងពីរ យើងបាននៅក្នុងគភ៌មនុស្សចណ្ឌាលក្នុងកាលមុន ព្រោះតែអំពើជារបស់ខ្លួន ដ៏លាមកក្រៃលែង។
យើងបានកើតជាមនុស្សចណ្ឌាល ក្នុងដែនអវន្តី ហើយបែរមកកើតជាម្រឹគ ប្របឆ្នេរស្ទឹងនេរញ្ជរា រួចកើតជាសត្វអកខ្មៅ4) ទៀបឆ្នេរស្ទឹងរម្មទាក្នុងថ្ងៃនោះ យើងជាព្រាហ្មណ៍ និងក្សត្រិយ៍។
[១៩២] ជីវិត គឺអាយុមានប្រមាណតិច ត្រូវជរានាំចូលទៅ (កាន់សេចក្តីស្លាប់) កាលបើសត្វត្រូវជរានាំចូលទៅ (កាន់សេចក្តីស្លាប់ហើយ) ទីពឹងពុំមានទេ បពិត្រព្រះបាទបញ្ចាលៈ សូមទ្រង់ធ្វើតាមពាក្យអាត្មាភាពចុះ ទ្រង់កុំធ្វើនូវអំពើទាំងឡាយ ដែលមានកំរៃជាទុក្ខឡើយ។ ជីវិត គឺអាយុមានប្រមាណតិច ត្រូវជរានាំទៅ (កាន់សេចក្តីស្លាប់) កាលបើសត្វត្រូវជរានាំទៅ (កាន់សេចក្តីស្លាប់ហើយ) ទីពឹងពុំមានទេ បពិត្រព្រះបាទបញ្ចាលៈ សូមទ្រង់ធ្វើតាមពាក្យអាត្មាភាពចុះ ទ្រង់កុំធ្វើនូវអំពើទាំងឡាយ ដែលមានផលជាទុក្ខឡើយ។ ជីវិត គឺអាយុមានប្រមាណតិច ត្រូវជរានាំទៅ (កាន់សេចក្តីស្លាប់) កាលបើសត្វត្រូវជរានាំទៅ (កាន់សេចក្តីស្លាប់ហើយ) ទីពឹងពំនាក់ពុំមានទេ បពិត្រព្រះបាទបញ្ចាលៈ សូមទ្រង់ធ្វើតាមពាក្យអាត្មាភាពចុះ ទ្រង់កុំធ្វើនូវអំពើទាំងឡាយ ដែលជាប្រធាននៃធូលី គឺកិលេសឡើយ។ ជីវិត គឺអាយុមានប្រមាណតិច ត្រូវជរានាំទៅ (កាន់សេចក្តីស្លាប់) ជរាតែងកំចាត់បង់នូវសម្បុររបស់សត្វ ដែលកំពុងគ្រាំគ្រា បពិត្រព្រះបាទបញ្ចាលៈ សូមទ្រង់ធ្វើតាមពាក្យអាត្មាភាពចុះ ទ្រង់កុំធ្វើនូវអំពើដើម្បីកើតក្នុងនរកឡើយ។
[១៩៣] (ព្រះរាជា…) ពាក្យ (របស់លោក) នោះ ពេញជាពិតមែនហើយ បពិត្រឥសី លោកពោលយ៉ាងណា សេចក្តីនុ៎ះយ៉ាងនោះ បពិត្រភិក្ខុ តែកាមទាំងឡាយរបស់ខ្ញុំ មានសភាពមិនតិចទេ កាមទាំងនោះ បុគ្គលប្រហែលខ្ញុំ លះបង់បានដោយក្រ។ ដំរីជាប់នៅក្នុងកណ្តាលភក់ មិនអាចរើខ្លួនទៅកាន់ទីគោកដោយខ្លួនឯងយ៉ាងណា ខ្ញុំក៏ជាបុគ្គលជាប់នៅក្នុងភក់ គឺកាម មិនអាចបួសតាមផ្លូវ (ឱវាទ) របស់លោកជាភិក្ខុយ៉ាងនោះដែរ។ មាតាបិតា ប្រៀនប្រដៅបុត្ត (ដោយឧបាយថា) ធ្វើម្តេច បុត្តនឹងបានសេចក្តីសុខយ៉ាងណា បពិត្រលោកដ៏ចំរើន សូមលោកប្រៀនប្រដៅខ្ញុំតាមសមគួរ ល្មមឲ្យខ្ញុំលះលោកនេះទៅហើយ បានសេចក្តីសុខជាអង្វែង ក៏យ៉ាងនោះដែរ។
[១៩៤] (ចិត្តបណ្ឌិត…) បពិត្រព្រះអង្គជាធំជាងជន បើព្រះអង្គមិនអាចនឹងលះបង់នូវកាមទាំងឡាយជារបស់មនុស្សនេះបានទេ បពិត្រព្រះរាជា សូមព្រះអង្គតាំងទុកនូវពលីប្រកបដោយធម៌ ឯការងារដែលមិនប្រកបដោយធម៌ ក៏សូមកុំឲ្យមានក្នុងដែនរបស់ព្រះអង្គឡើយ។ សូមឲ្យទូតទាំងឡាយ (របស់ព្រះអង្គ) ជាអ្នកនិមន្តនូវពួកព្រាហ្មណ៍ ចេញទៅកាន់ទិសទាំង ៤ (និមន្តមិនរើសមុខ) សូមឲ្យព្រះអង្គទំនុកបម្រុងនូវសមណព្រាហ្មណ៍ទាំងនោះ ដោយបាយ ទឹក សំពត់ និងសេនាសនប្បច្ច័យ។ សូមព្រះអង្គមានព្រះទ័យជ្រះថ្លា ហើយញ៉ាំងសមណព្រាហ្មណ៍ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក លុះព្រះអង្គឲ្យទាន និងប្រើប្រាស់ (ទ្រព្យ) តាមសមគួរដល់រាជានុភាពហើយ ឥតមានអ្នកផងតិះដៀល ហើយសូមឲ្យទៅកើតក្នុងឋានសួគ៌។ បពិត្រព្រះរាជា បើសេចក្តីស្រវឹងគ្របសង្កត់ព្រះអង្គដែលមានពួកនារីចោមរោមបំរើ សូមព្រះអង្គធ្វើទុកក្នុងព្រះទ័យ ចំពោះគាថានេះចុះ មួយទៀត សូមព្រះអង្គ (ឧស្សាហ៍) ប្រើគេឲ្យពោលនូវគាថានេះ ក្នុងកណ្តាលបរិស័ទថា
សត្វណាដេកក្នុងទីវាល បៅដោះមាតាកំពុងដើរ ជាសត្វច្របូកច្របល់ដោយពួកសុនខ សត្វនោះគេហៅថាព្រះរាជា ក្នុងថ្ងៃនេះ។
ចប់ ចិត្តសម្ភូតជាតក ទី២។
(៤៩៩. សិវិជាតកំ (៣))
[១៩៥] (ព្រះឥន្ទតំណែងខ្លួនជាមនុស្សចាស់ ពោលថា) ខ្ញុំព្រះអង្គជាបុគ្គលចាស់ជរា មើលមិនឃើញឆ្ងាយ មកដើម្បីសុំនូវព្រះនេត្រ ខ្ញុំព្រះអង្គជាអ្នកមានភ្នែកម្ខាង កាលបើខ្ញុំសុំហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រដល់ខ្ញុំព្រះអង្គ។
[១៩៦] (ព្រះបាទសីវិរាជពោធិសត្វត្រាស់សួរថា) នែស្មូម អ្នកណាប្រាប់អ្នក ទើបអ្នកមកក្នុងទីនេះ បម្រុងសុំនូវភ្នែកទាំងឡាយ ជនទាំងឡាយពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ អ្នកសុំនូវភ្នែក ជាអវយវៈដ៏ខ្ពង់ខ្ពស់នោះដែលគេលះបានដោយក្រក្រៃលែង។
[១៩៧] (ព្រះឥន្ទ…) ពួកទេវតាបានពោលនូវទេវតាវិសេសណា ថាសុជម្បតិ ក្នុងទេវលោក ពួកជនបានពោលនូវទេវតាវិសេសនោះថាមឃវៈ ក្នុងមនុស្សលោក ខ្លួនខ្ញុំជាស្មូម ដែលទេវតាវិសេសនោះប្រាប់ ទើបមកក្នុងទីនេះ បម្រុងសុំព្រះនេត្រទាំងឡាយ។ ខ្លួនខ្ញុំជាស្មូម ការសូម ជាកិច្ចឧត្តមរបស់ខ្ញុំ កាលបើខ្ញុំសូមព្រះនេត្រទាំងឡាយ សូមព្រះអង្គប្រទាន ពួកជនបានពោលនូវភ្នែកណា ថាជារបស់ដែលបុរសលះបានដោយក្រ សូមព្រះអង្គប្រទាននូវព្រះនេត្រដ៏ប្រសើរនោះដល់ខ្ញុំព្រះអង្គ។
(ព្រះបាទសិវិរាជ…) ខ្លួនអ្នកមកដោយប្រយោជន៍ណា ប្រាថ្នានូវប្រយោជន៍ណា សេចក្តីត្រិះរិះនូវប្រយោជន៍នោះ សូមឲ្យសម្រេចដល់អ្នកចុះ ម្នាលព្រាហ្មណ៍ អ្នកចូរបាននូវភ្នែកទាំងឡាយ។ កាលបើអ្នកសូមភ្នែកមួយ យើងនឹងឲ្យភ្នែកទាំងពីរ កាលជនកំពុងមើល សូមអ្នកនោះជាបុគ្គលមានភ្នែកទៅចុះ អ្នកប្រាថ្នានូវរបស់ណា របស់នោះចូរសម្រេចដល់អ្នក។
[១៩៨] (ពួកជនពោលថា) បពិត្រព្រះសម្មតិទេព សូមទ្រង់កុំប្រទាននូវព្រះនេត្រ សូមទ្រង់កុំលះបង់នូវពួកយើងទាំងអស់គ្នាឡើយ បពិត្រមហារាជ សូមទ្រង់ប្រទាននូវព្រះរាជទ្រព្យ គឺកែវមុក្តា និងកែវពិទូរ្យដ៏ច្រើនវិញចុះ។ បពិត្រព្រះសម្មតិទេព សូមទ្រង់ប្រទាននូវរថដែលទឹមដោយសេះអាជានីយ ដែលប្រដាប់ហើយ បពិត្រមហារាជ សូមព្រះអង្គប្រទាននូវដំរីទាំងឡាយ ប្រកបដោយគ្រឿងប្រដាប់ក្បាល គឺបណ្តាញមាសវិញចុះ។ វទាំងពួង ព្រមទាំងខ្សែ ព្រមទាំងរាជរថចោមរោមព្រះអង្គដោយជុំវិញគ្រប់កាល ដោយប្រការៈណា បពិត្រព្រះអង្គដ៏ប្រសើរក្នុងរថ សូមព្រះអង្គប្រទានដោយប្រការៈនោះចុះ។
[១៩៩] (ព្រះរាជា…) បុគ្គលណាពោលថា អាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្តក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាយកអន្ទាក់ដែលធ្លាក់លើផែនដីមកពាក់ឰដ៏ក។ បុគ្គលណាពោលថា អាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្តក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាជាបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមក ហើយដល់នូវឋាននរក ជាទីសម្រេចរបស់ព្រះយមរាជ។ ស្មូមសូមនូវរបស់ណា បុគ្គលគួរតែឲ្យនូវរបស់នោះ មិនសូមនូវរបស់ណា មិនត្រូវឲ្យរបស់នោះទេ ព្រាហ្មណ៍សូមនូវរបស់ណានឹងអាត្មាអញ អាត្មាអញនោះនឹងឲ្យនូវរបស់នោះឯង។
[២០០] (ពួករាជអាមាត្យ…) បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គប្រាថ្នានូវរបស់អ្វី គឺអាយុ ឬពណ៌សម្បុរ ឬសេចក្តីសុខ ឬក៏កំឡាំង ទើបព្រះអង្គប្រទាន (ព្រះនេត្រ) ព្រះរាជាទ្រង់ប្រសើរជាងជនអ្នកនៅក្នុងដែនសីវិទាំងឡាយ មិនសមបើប្រទានព្រះនេត្រទាំងឡាយ ព្រោះហេតុនៃប្រយោជន៍ក្នុងបរលោក។
[២០១] (ព្រះរាជា…) អញមិនមែនឲ្យចក្ខុនេះ ព្រោះយសទេ មិនមែនប្រាថ្នាកូន មិនមែនប្រាថ្នាទ្រព្យ មិនមែនប្រាថ្នានូវដែនទេ ធម៌ គឺប្រវេណីនៃការឲ្យទានជាផ្លូវបុរាណ ដែលពួកសប្បុរសធ្លាប់ប្រព្រឹត្តមកហើយ ចិត្តរបស់អញ តែងរីករាយក្នុងការឲ្យ ដោយប្រការដូច្នេះឯង។
[២០២] (អភិសម្ពុទ្ធគាថា) ភ្នែកទាំងពីរមិនជាទីស្អប់របស់តថាគតទេ តថាគតមិនមែនស្អប់ខ្លួនរបស់តថាគតទេ សព្វញ្ញុតញ្ញាណជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះបានជាតថាគតឲ្យនូវភ្នែក។
[២០៣] (ព្រះរាជា…) ម្នាលពេទ្យឈ្មោះសីវិកៈ ខ្លួនអ្នកជាសំឡាញ់ ជាមិត្តរបស់យើង អ្នកមានវិជ្ជាពេទ្យសិក្សាល្អហើយ ចូរធ្វើតាមសំដីរបស់យើងដោយប្រពៃចុះ កាលយើងកំពុងប្រាថ្នា អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយ (របស់យើង) ហើយដាក់លើដៃរបស់ស្មូមចុះ។
[២០៤] (អភិសម្ពុទ្ធគាថា) ពេទ្យឈ្មោះសីវិកៈ លុះព្រះរាជាទ្រង់ព្រះនាមសីវិ តឿន (យ៉ាងនេះហើយ) ក៏ធ្វើតាមព្រះបន្ទូល ហើយឆ្កៀលនូវព្រះនេត្រទាំងពីររបស់ព្រះរាជា បង្អោនទៅឲ្យព្រាហ្មណ៍ ចំណែកព្រាហ្មណ៍ ក៏ទៅជាបុគ្គលមានភ្នែក ព្រះរាជាទៅជាបុគ្គលខ្វាក់។
[២០៥] (អភិសម្ពុទ្ធគាថា) តអំពីនោះមក ប្រមាណពីរបីថ្ងៃ លុះដល់ព្រះនេត្រទាំងពីរដុះឡើង ព្រះរាជាជាអ្នកញ៉ាំងដែនឲ្យចំរើនដល់ពួកជនអ្នកសីវិ ទ្រង់ត្រាស់បង្គាប់នាយសារថីថា នែនាយសារថី អ្នកចូរទឹមយាន លុះទឹមហើយ ចូរប្រាប់យើង យើងនឹងទៅកាន់ទីឧទ្យាន ដែលមានស្រះបោក្ខរណី និងព្រៃព្រឹក្សា។ ព្រះបាទសីវិនោះ ទ្រង់បានចូលទៅគង់ពែនព្រះភ្នែន ប្របឆ្នេរស្រះបោក្ខរណី ទេវរាជឈ្មោះសក្កៈ ជាសុជម្បតិ ក៏មកដល់ចំពោះព្រះអង្គ។
[២០៦] (ព្រះឥន្ទ…) ខ្ញុំជាទេវរាជឈ្មោះសក្កៈ ជាធំជាងទេវតា មកក្នុងសំណាក់ព្រះអង្គ បពិត្រសេ្តចឥសី ព្រះអង្គប្រាថ្នាក្នុងព្រះទ័យចំពោះពរណាមួយ សូមត្រេកអរនឹងពរនោះចុះ។
[២០៧] (ព្រះបាទសីវិ…) បពិត្រសក្កៈ ទ្រព្យនឹងពលរបស់ខ្ញុំ មានច្រើនហើយ ទាំងឃ្លាំងរបស់ខ្ញុំ មិនមែនមានតិចទេ កាលបើខ្ញុំនៅតែខ្វាក់ក្នុងកាលឥឡូវនេះ ខ្ញុំពេញចិត្តចំពោះសេចក្តីស្លាប់តែម្យ៉ាង។
[២០៨] (ព្រះឥន្ទ…) បពិត្រក្សត្រិយ៍ជាធំជាងជនមានជើងពីរ សូមព្រះអង្គពោលនូវពាក្យទាំងឡាយដែលជាសច្ចៈចុះ កាលបើព្រះអង្គពោលនូវពាក្យសច្ចៈ ព្រះនេត្រនឹងមានឡើងវិញ។
[២០៩] (ព្រះបាទសីវិ…) ពួកស្មូមណាមានគោត្រផ្សេងៗគ្នា មកដើម្បីសូមចំពោះយើង បណ្តាស្មូមទាំងនោះ ស្មូមណាសូមយើង ស្មូមនោះជាទីស្រឡាញ់នៃចិត្តរបស់យើង សូមឲ្យភ្នែកកើតមានដល់យើង ដោយការពោលនូវពាក្យសច្ចៈនេះ។
[២១០] ព្រាហ្មណ៍នោះមកដើម្បីសូមនូវភ្នែកណានឹងយើងថា សូមព្រះអង្គប្រទាននូវភ្នែក យើងក៏បានឲ្យនូវភ្នែកទាំងឡាយនោះ ដល់ព្រាហ្មណ៍ដែលសូមនោះហើយ។ បីតិ និងសោមនស្សដ៏ច្រើន ក៏កើតឡើងដល់យើងដោយក្រៃលែង សូមឲ្យភ្នែកជាគំរប់ពីរ កើតមានដល់យើងដោយពោលពាក្យសច្ចៈនេះ។
[២១១] (ព្រះឥន្ទ…) បពិត្រក្សត្រិយ៍ អ្នកញ៉ាំងដែនរបស់អ្នកដែនសីវិឲ្យចំរើន គាថាដែលព្រះអង្គពោលតាមធម៌ សូមឲ្យព្រះនេត្រទាំងពីររបស់ព្រះអង្គនេះ ប្រាកដដូចជាទិព្វ។ ព្រះនេត្រទាំងពីររបស់ព្រះអង្គនោះ សូមឲ្យបាននូវការឃើញធ្លុះធ្លាយទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ដោយជុំវិញ។
[២១២] (ព្រះបាទសីវិ…) អ្នកណាមួយក្នុងលោកនេះ ដែលគេសូម ហើយមិនឲ្យនូវទ្រព្យដ៏ពេញចិត្ត ឬទ្រព្យដ៏ថ្លៃថ្លា ជាទីស្រឡាញ់ដ៏ក្រៃលែងរបស់ខ្លួន នែអ្នកដែនសីវិទាំងអស់ដែលមកប្រជុំគ្នា ចូរអ្នកទាំងឡាយមើលនូវភ្នែកទាំងពីររបស់អញ ដែលជាទិព្វក្នុងថ្ងៃនេះចុះ។ ចក្ខុទាំងពីររបស់យើង រមែងបាននូវការឃើញធ្លុះធ្លាយទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ដោយជុំវិញ។ (វត្ថុណាមួយ) ក្នុងជីវិតរបស់សត្វទាំងឡាយនេះ រមែងមិនប្រសើរជាងចាគៈទេ (ខ្លួនយើង) បានឲ្យនូវចក្ខុជារបស់មនុស្សហើយ បាននូវចក្ខុទិព្វ ដែលមិនមែនជារបស់មនុស្ស។ ម្នាលអ្នកដែនសីវិទាំងឡាយ អ្នកទាំងឡាយបានឃើញហេតុនេះហើយ ចូរឲ្យទាន ចូរបរិភោគ លុះឲ្យហើយ បរិភោគហើយ តាមសមគួរដល់អានុភាព សូមឲ្យជាអ្នកមិនមានអ្នកណាតិះដៀលបាន ហើយចូរទៅកាន់ឋានសួគ៌ចុះ។
ចប់ សីវិរាជជាតក ទី៣។
(៥០០. សិរីមន្តជាតកំ (៤))
[២១៣] (ព្រះរាជាវិទេហៈត្រាស់សួរថា) នែសេនកៈ យើងសួរនូវសេចក្តីនុ៎ះ គឺបុគ្គលប្រកបដោយប្រាជ្ញា ប្រាសចាកសិរីសម្បត្តិ ១ បុគ្គលមានយស ប្រាសចាកប្រាជ្ញា ១ អ្នកប្រាជ្ញទាំងឡាយពោលថា បណ្តាបុគ្គលទាំងពីរនោះ បុគ្គលណាប្រសើរជាង។
[២១៤] (អាចារ្យសេនកៈ…) បពិត្រព្រះអង្គជាធំជាងជន ពួកអ្នកប្រាជ្ញ ពួកជនពាល ពួកជនអ្នកបរិបូណ៌ដោយសិល្បៈ និងពួកជនមិនមានសិល្បៈ សូម្បីជាអ្នកមានជាតិខ្ពស់ រមែងជាអ្នកធ្វើនូវការបំរើជនអ្នកមានយស ដែលមិនមានជាតិ ខ្ញុំព្រះអង្គបានឃើញហេតុនេះ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
[២១៥] (ព្រះរាជា…) ម្នាលមហោសធ អ្នកមានប្រាជ្ញាមិនថោកថយ ជាអ្នកឃើញនូវហេតុដោយសព្វគ្រប់ យើងសូមសួរអ្នក អំពីបុគ្គលពាលមានយស បណ្ឌិតគ្មានភោគៈ តើអ្នកប្រាជ្ញទាំងឡាយពោលថា បណ្តាបុគ្គលទាំងពីរនោះ បុគ្គលណាប្រសើរជាង។
[២១៦] (មហោសធបណ្ឌិត…) ពួកជនពាល តែងធ្វើនូវអំពើអាក្រក់ទាំងឡាយ ហើយសំគាល់ថា អំពើនេះឯង ជាអំពើប្រសើរ ជាអ្នកឃើញត្រឹមតែលោកនេះ មិនឃើញនូវលោកខាងមុខទេ បុគ្គលពាលតែងកាន់យកនូវទោសក្នុងលោកទាំងពីរ ខ្ញុំព្រះអង្គបានឃើញហេតុនេះ សូមទូលថា បុគ្គលមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរទេ។
[២១៧] (អាចារ្យសេនកៈ…) សិល្បៈនេះ រមែងមិនដល់នូវភោគសម្បត្តិទេ បុគ្គលមានផៅពង្ស ក៏មិនដល់នូវបុគ្គលមានភោគសម្បត្តិដែរ ទាំងបុគ្គលអ្នកមានឱកាសនៃសរីរៈ (មានរូបឆោមល្អ) ក៏មិនដល់នូវបុគ្គលមានភោគសម្បត្តិដែរ សូមទ្រង់ទតចុះ អ្នកផងតែងគប់រកនូវគោរវិន្ទសេដ្ឋី ជាមនុស្សហៀរទឹកមាត់ដល់នូវសេចក្តីសុខ ជាអ្នកសាបសូន្យចាកសិរី ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
[២១៨] (មហោសធ…) បុគ្គលអ័ប្បប្រាជ្ញា បានសេចក្តីសុខហើយ រមែងស្រវឹង លុះត្រូវសេចក្តីទុក្ខប៉ះពាល់វិញ ក៏ដល់នូវសេចក្តីវង្វេង បុគ្គលអ័ប្បប្រាជា្ញ ត្រូវសេចក្តីសុខ និងទុក្ខមកថ្មីប៉ះពាល់ហើយ ក៏រមែងញាប់ញ័រ ដូចជាវារិចរ (សត្វត្រាច់ទៅក្នុងទឹក) ដែលញាប់ញ័រក្នុងកាលក្តៅ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរ។
[២១៩] (អាចារ្យសេនកៈ…) ពួកសត្វបក្សី តែងហើរសំដៅទៅចោមរោមដើមឈើ ដែលមានផ្លែដ៏ឆ្ងាញ់ក្នុងព្រៃ យ៉ាងណា ជនជាច្រើនតែងគប់រកនូវបុគ្គលស្តុកស្តម្ភ បរិបូណ៌ដោយទ្រព្យ និងភោគៈ ព្រោះហេតុតែប្រយោជន៍ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
[២២០] (មហោសធ…) បុគ្គលពាលមានកំឡាំង រមែងបាននូវទ្រព្យ (ព្រោះតែធ្វើ) នូវកម្មដ៏ក្លៀវក្លា មិនល្អទេ ពួកនិរយបាលតែងទាញកន្រ្តាក់នូវបុគ្គលពាលឥតបា្រជ្ញា ដែលកន្ទក់កន្ទេញនោះ យកទៅកាន់នរកដ៏ក្លៀវក្លា ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលអ្នកមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរ។
[២២១] (អាចារ្យសេនកៈ…) ទឹកស្ទឹងទាំងឡាយណាមួយ រមែងហូរចាក់ទៅក្នុងទន្លេគង្គា ទឹកស្ទឹងទាំងអស់នោះ រមែងលះបង់នូវនាម និងគោត្រ ទឹកទន្លេគង្គា កាលបើហូរដល់សមុទ្រ (រមែងបានឈ្មោះថាមហាសមុទ្រយ៉ាណា) បុគ្គលដែលមានប្រាជ្ញា ជាគ្រឿងសម្រេច ក៏មិនប្រាកដក្នុងលោកយ៉ាងនោះដែរ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
[២២២] (មហោសធ…) លោកសេនកៈបានពោលនូវមហាសមុទ្រណាថាជា សមុទ្រធំ ទឹកស្ទឹងទាំងឡាយតែងហូរទៅក្នុងសមុទ្រនោះរាប់មិនបាន អស់កាលទាំងពួង សមុទ្រនោះ មានសន្ទុះដ៏លើសលប់ជានិច្ចក៏មែន តែថា ទឹកមហាសមុទ្រក៏មិនកន្លងនូវច្រាំងបានទេ ការប្រឹក្សារបស់មនុស្សពាល ក៏យ៉ាងនោះដែរ តាំងពីកាលណាមក បុគ្គលអ្នកមានសិរី រមែងមិនកន្លងនូវបុគ្គលមានប្រាជ្ញាបានឡើយ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរ។
[២២៣] (អាចារ្យសេនកៈ…) បុគ្គលមានយសឋិតនៅក្នុងទីវិនិច្ឆ័យ បើទុកជាមិនព្រៀងទុក ក៏អាចប្រាប់នូវសេចក្តីចំពោះពួកជនដទៃបាន សំដីរបស់បុគ្គលមានយសនោះឯង រមែងលូតលាស់ក្នុងកណ្តាលនៃពួកញាតិ អ្នកផងមិនអាចញ៉ាំងបុគ្គលដែលមានប្រាជ្ញា តែសាបសូន្យចាកសិរី ឲ្យធ្វើការ (អ្វី) បានទេ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
[២២៤] (មហោសធ…) បុគ្គលពាលអ័ប្បប្រាជ្ញា រមែងនិយាយកុហក ព្រោះហេតុនៃអ្នកដទៃ ឬខ្លួនឯង បុគ្គលពាលនោះ ត្រូវគេតិះដៀលក្នុងកណ្តាលទីប្រជុំ ក្នុងកាលខាងក្រោយ បុគ្គលពាលនោះ រមែងទៅកាន់ទុគ្គតិ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលដែលមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរ។
[២២៥] (អាចារ្យសេនកៈ…) បុគ្គលមានប្រាជ្ញាក្រាស់ដូចផែនដី មិនមានទីលំនៅ មិនមានទ្រព្យធន ជាបុគ្គលក្រីក្រ បើទុកជាពោលនូវសេចក្តី (ណាមួយ) ពាក្យសំដីរបស់បុគ្គលដែលមានប្រាជ្ញានោះ ក៏មិនលូតលាស់ក្នុងកណ្តាលនៃពួកញាតិ ទាំងសិរីរបស់បុគ្គលមានប្រាជ្ញា ក៏មិនមាន ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
[២២៦] (មហោសធ…) បុគ្គលអ្នកមានប្រាជ្ញាក្រាស់ដូចផែនដី រមែងមិននិយាយពាក្យលេះលោះ ព្រោះហេតុនៃបុគ្គលដទៃ ឬខ្លួនឯងទេ បុគ្គលអ្នកមានប្រាជ្ញានោះ មានគេបូជាក្នុងកណ្តាលទីប្រជុំ លុះកាលខាងក្រោយ អ្នកមានប្រាជ្ញានោះ រមែងទៅកាន់សុគតិ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរទេ។
[២២៧] (អាចារ្យសេនកៈ…) ដំរី គោ សេះ កែវមណី កុណ្ឌល និងនារី តែងកើតមានក្នុងត្រកូលដ៏ស្តុកស្តម្ភ ដំរី គោ សេះ ជាដើម ទាំងអស់នោះ ជារបស់មិនមានឫទ្ធិ ទើបជាគ្រឿងឧបភោគ (ប្រើប្រាស់) របស់បុរសជាឥស្សរៈ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
[២២៨] (មហោសធ…) សិរី គឺឥស្សរិយយស រមែងលះបង់នូវបុគ្គលពាល ដែលមិនចេះចាត់ចែងនូវការងារ ជាអ្នកមានគំនិតអាក្រក់ ឥតប្រាជ្ញា ដូចពស់ដែលលះចោលនូវសំណកចាស់ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញាហ្នឹងឯង ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរទេ។
[២២៩] (អាចារ្យសេនកៈ…) បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំង ៥ នាក់ សុទ្ធសឹងជាបណ្ឌិត ប្រណម្យដៃបំរើព្រះអង្គទាំងអស់គ្នា ព្រះអង្គជាធំលើសលប់ពួកខ្ញុំព្រះអង្គ ដូចជាទេវរាជឈ្មោះសក្កៈ ជាម្ចាស់នៃទេវតា ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលថោកទាប ឯបុគ្គលមានសិរី ជាបុគ្គលប្រសើរ។
[២៣០] (មហោសធ…) បុគ្គលពាលដែលមានយស ទុកដូចជាទាសៈរបស់បុគ្គលអ្នកមានប្រាជ្ញា នាកាលហេតុទាំងឡាយប្រាកដដូច្នោះកើតហើយ អ្នកប្រាជ្ញតាក់តែងនូវប្រស្នាដ៏ល្អិតណា បុគ្គលពាលរមែងដល់នូវការវង្វេងក្នុងប្រស្នាដ៏ល្អិតនោះ ខ្ញុំព្រះអង្គបានឃើញហេតុនេះហើយ ទើបទូលថា បុគ្គលមានប្រាជ្ញា ជាបុគ្គលប្រសើរ ឯបុគ្គលពាលមានយស មិនប្រសើរទេ។
[២៣១] តាមពិត ពួកសប្បុរស តែងសរសើរប្រាជ្ញាតែម្យ៉ាង ពួកមនុស្សតែងត្រេកអរចំពោះភោគៈ សិរីគ្រាន់តែជាទីតេ្រកអររបស់ (ពួកមនុស្សពាល) មួយទៀត ញាណនៃអ្នកបា្រជ្ញទាំងឡាយ មិនមានអ្វីប្រៀបផ្ទឹមបានទេ តាំងពីកាលណាមក បុគ្គលអ្នកមានសិរី រមែងមិនកន្លងនូវបុគ្គលមានប្រាជ្ញាបានឡើយ។
[២៣២] (ព្រះបាទវិទេហរាជ…) ម្នាលមហោសធៈ ជាអ្នកឃើញធម៌សព្វគ្រប់ យើងបានសួរនូវប្រស្នាណា អ្នកបានថ្លែងដោះស្រាយនូវប្រស្នានោះដល់យើង យើងត្រេកអរដោយការដោះស្រាយនូវប្រស្នា (របស់យើង) យើងសូមឲ្យទ្រព្យទាំងនេះ គឺគោមួយពាន់ មានគោឧសភ (ជាដើម) ផង ដំរីផង រថដែលទឹមដោយសេះអាជានេយ្យ ១០ ផង ស្រុកសួយ ១៦ ផង ដល់អ្នក។
ចប់ សិរីមន្ទជាតក ទី៤។
(៥០១. រោហណមិគជាតកំ (៥))
[២៣៣] (រោហនៈម្រឹកពោធិសត្វពោលថា) ម្នាលចិត្តកៈ ហ្វូងម្រឹគទាំងនេះ ខ្លាចសេចក្តីស្លាប់ ទើបរត់ចេញទៅ សូមអ្នករត់ទៅចុះ កុំសង្ស័យឡើយ ហ្វូងម្រឹគទាំងឡាយនឹងរស់នៅជាមួយនឹងអ្នក។
[២៣៤] (ចិត្តៈម្រឹគជាប្អូនពោលថា) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហឫទ័យរបស់ខ្ញុំ ត្រូវសេចក្តីសោកទាញកន្ត្រាក់ ខ្ញុំមិនលះបង់អ្នកបងទេ ខ្ញុំនឹងស៊ូលះបង់ជីវិតក្នុងទីនេះ។
(រោហន…) មាតាបិតាទាំងនោះ ជាសត្វខ្វាក់ មិនមានអ្នកដឹកនាំទេ នឹងស្លាប់មិនខាន អ្នកចូរទៅចុះ កុំសង្ស័យឡើយ មាតាបិតានឹងរស់នៅជាមួយនឹងអ្នក។
(ចិត្តកៈ…) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហឫទ័យរបស់ខ្ញុំត្រូវសេចក្តីសោកទាញកន្ត្រាក់ ខ្ញុំមិនលះបង់អ្នកបងដែលជាប់អន្ទាក់ទេ ខ្ញុំនឹងស៊ូលះបង់ជីវិតក្នុងទីនេះ។
[២៣៥] (រោហនៈម្រឹគពោលថា) ម្នាលនាងជាអ្នកភិតភ័យ នាងចូរទៅចុះ រត់ទៅចុះ ខ្លួនយើងជាប់ក្នុងអន្ទាក់កោងគន្លឹះដែក ចូរនាងទៅចុះ កុំសង្ស័យឡើយ មាតាបិតានឹងរស់នៅជាមួយនាង។
[២៣៦] (សុតនាម្រឹគីពោលថា) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហឫទ័យរបស់ខ្ញុំត្រូវសេចក្តីសោកទាញកន្ត្រាក់ ខ្ញុំមិនលះបង់ចោលអ្នកបងទេ ខ្ញុំនឹងស៊ូលះបង់ជីវិតក្នុងទីនេះឯង។
(រោហនៈ…) មាតាបិតាទាំងនោះ ជាសត្វខ្វាក់ មិនមានអ្នកដឹកនាំ មុខជានឹងស្លាប់មិនខាន នាងចូរទៅចុះ កុំសង្ស័យឡើយ មាតាបិតានឹងរស់នៅជាមួយនឹងនាង។
(សុតនាម្រឹគី…) បពិត្ររោហនៈ ខ្ញុំមិនទៅទេ ហឫទ័យរបស់ខ្ញុំត្រូវសេចក្តីសោកទាញកន្ត្រាក់ ខ្ញុំមិនលះបង់អ្នកបងដែលជាប់អន្ទាក់ទេ ខ្ញុំនឹងស៊ូលះបង់ជីវិត ក្នុងទីនេះឯង។
[២៣៧] (រោហនៈម្រឹគ…) ព្រានណានឹងសំឡាប់យើង ក្នុងថ្ងៃនេះ ដោយព្រួញ ឬដោយលំពែង ព្រាននោះមានរូបដ៏អាក្រក់ មានទាំងអាវុធជាប់ជាមួយ កំពុងដើរមក។
[២៣៨] (អភិសម្ពុទ្ធគាថា) សុតនាម្រឹគីនោះជាសត្វភិតភ័យ លុះត្រូវភ័យគ្របសង្កត់គំរាមហើយ ក៏រត់ទៅ អស់កាលមួយស្របក់ ត្រឡប់មកដើម្បីសេចក្តីស្លាប់វិញ ឈ្មោះថាបានធ្វើនូវអំពើដ៏កម្រក្រៃពេក។
[២៣៩] (ព្រានសួរថា) ម្រឹគទាំងនេះ ត្រូវជាអ្វីនឹងអ្នក រួចចាកអន្ទាក់ហើយ ចូលមករកអន្ទាក់វិញ ម្រឹគទាំងនោះសូម្បីមានហេតុដល់ជីវិត ក៏មិនប្រាថ្នាលះបង់អ្នក។
[២៤០] (រោហនៈម្រឹគ…) ម្នាលព្រាន ម្រឹគទាំងនេះជាបងប្អូនរបស់ខ្ញុំ កើតក្នុងផ្ទៃជាមួយគ្នា មានមាតាតែមួយ សូម្បីមានហេតុដល់ជីវិត ក៏មិនប្រាថ្នាលះបង់ចោលខ្ញុំ។
[២៤១] (ចិត្តៈម្រឹគ…) ម្នាលព្រាន មាតាបិតាទាំងនោះ ជាសត្វខ្វាក់ មិនមានអ្នកដឹកនាំ នឹងស្លាប់មិនខាន សូមអ្នកឲ្យនូវជីវិតដល់ម្រឹគទាំង ៥ សូមអ្នកលែងរោហនៈម្រឹគជាបងឲ្យទាន។
[២៤២] (ព្រាន…) ខ្ញុំនឹងលែងនូវម្រឹគ ដែលជាអ្នកចិញ្ចឹមនូវមាតាបិតា ឲ្យដល់អ្នកទាំងឡាយ មាតាបិតាចូររីករាយ ព្រោះឃើញនូវម្រឹគដ៏ប្រសើរដែលរួចហើយចុះ។
[២៤៣] (ចិត្តៈម្រឹគ…) ម្នាលព្រាន ថ្ងៃនេះខ្ញុំត្រេកអរ ព្រោះបានឃើញនូវម្រឹគដ៏ប្រសើរដែលរួចហើយ យ៉ាងណា សូមអ្នកត្រេកអរជាមួយនឹងពួកញាតិទាំងអស់ យ៉ាងនោះដែរ។
[២៤៤] (ម្រឹគជាមាតាសួរថា) កាលបើជីវិតចូលទៅជិត (កាន់សេចក្តីស្លាប់) ហើយ តើអ្នកបានរួចដោយហេតុអ្វី នែកូន ព្រានបានដោះអ្នកចេញចាកអន្ទាក់កោង តើដោយហេតុដូចម្តេច។
[២៤៥] (រោហនៈម្រឹគ…) ចិត្តៈម្រឹគនិយាយពាក្យជាសុខដល់ត្រចៀក ជាពាក្យចូលទៅកាន់ហឫទ័យ អាស្រ័យនូវហឫទ័យ បានដោះខ្ញុំ (ចាកអន្ទាក់) ដោយពាក្យជាសុភាសិត។ សុតនាម្រឹគីនិយាយពាក្យជាសុខដល់ត្រចៀក ជាពាក្យចូលទៅកាន់ហឫទ័យ អាស្រ័យនូវហឫទ័យ បានដោះខ្ញុំ (ចាកអន្ទាក់) ដោយពាក្យជាសុភាសិត។ លុះព្រានបានស្តាប់ពាក្យជាសុខដល់ត្រចៀក ជាពាក្យចូលទៅកាន់ហឫទ័យ អាស្រ័យនូវហឫទ័យហើយ ក៏បានដោះខ្ញុំ (ចាកអន្ទាក់) ព្រោះស្តាប់ពាក្យជាសុភាសិត។
[២៤៦] (ម្រឹគជាមាតាបិតាពោលថា) ថ្ងៃនេះ យើងត្រេកអរ ព្រោះបានឃើញរោហនៈម្រឹគដែលមកដល់យ៉ាងណា សូមឲ្យព្រានត្រេកអរដោយកូន និងប្រពន្ធទាំងឡាយ យ៉ាងនោះដែរ។
[២៤៧] (ព្រះរាជាត្រាស់សួរថា) ម្នាលព្រាន អ្នកបាននិយាយថា ខ្ញុំព្រះអង្គនឹងនាំម្រឹគ ឬស្បែកម្រឹគមក មិនមែនឬ ចុះហេតុដូចម្តេច ទើបអ្នកមិននាំយកម្រឹគ ឬស្បែកម្រឹគមក។
[២៤៨] (ព្រាន…) ម្រឹគនោះបានមកដល់កណ្តាប់ដៃ ជាប់នៅក្នុងអន្ទាក់កោងហើយ តែម្រឹគដទៃដែលផុត (ចាកអន្ទាក់) ក៏ (ចូលមករកស្តេចម្រឹគនោះ។ សេចក្តីតក់ស្លុត ការព្រួចព្រឺរោម ដែលមិនធ្លាប់កើត ក៏កើតមានដល់ខ្ញុំព្រះអង្គនោះ ថាបើខ្ញុំព្រះអង្គនឹងសម្លាប់ម្រឹគនេះទៅ ខ្ញុំព្រះអង្គនឹងលះបង់នូវជីវិតក្នុងថ្ងៃនេះឯង។
[២៤៩] (ព្រះរាជា…) ម្នាលព្រាន ពួកម្រឹគទាំងនោះមានអាការដូចម្តេច ពួកម្រឹគមានធម៌ដូចម្តេច មានវណ្ណៈដូចម្តេច មានសីលដូចម្តេច ទើបអ្នកសរសើរប្រាប់យើងខ្លាំងម្ល៉េះ។
[២៥០] (ព្រាន…) ពួកម្រឹគទាំងនោះ មានស្នែងស មានរោមកន្ទុយស្អាត មានស្បែកឧបមាដូចមាស មានជើងក្រហម មានភ្នែកដ៏ថ្លា បីដូចជាគេបន្តក់ គួរជាទីរីករាយនៃចិត្ត។
[២៥១] បពិត្រព្រះសម្មតិទេព ពួកម្រឹគទាំងនោះ មានអាការដូច្នេះ ពួកម្រឹគមានធម៌ដូច្នេះ បពិត្រព្រះសម្មតិទេព ពួកម្រឹគទាំងនោះ ជាសត្វចិញ្ចឹមមាតាបិតា ខ្ញុំព្រះអង្គមិនហ៊ាននាំយកម្រឹគទាំងនោះមកទេ។
[២៥២] (ព្រះរាជា…) នែព្រាន យើងនឹងឲ្យនូវឆ្តោរនៃមាសជាច្រើនផង នូវកែវមណី និងកុណ្ឌល ក៏ក្រាស់ក្រែលផង នូវបល្ល័ង្កបួនជ្រុងដ៏រុងរឿង ដូចជាផ្កាត្រកៀតផង (ដល់អ្នក)។ ម្នាលព្រាន អ្នកមានឧបការៈច្រើនដល់យើង យើង (នឹងឲ្យ) នូវភរិយាពីរនាក់ ដែលមានរូប និងភោគៈសម្បត្តិប្រហែលគ្នាផង នូវគោមួយរយ មានទាំងគោឧសភផង យើងនឹងសោយរាជ្យតាមធម៌។ ម្នាលព្រាន អ្នកចូរចិញ្ចឹមកូន និងប្រពន្ធដោយហេតុនេះគឺ កសិកម្ម ពាណិជកម្ម ឥណទានកម្ម (ការបុល) និងការស្វែងរករបរ (ជាសម្មាអាជីវៈចុះ) អ្នកកុំធ្វើនូវបាបទៀតឡើយ។
ចប់ រោហនមិគជាតក ទី៥។
(៥០២. ចូឡហំសជាតកំ (៦))
[២៥៣] (ស្តេចហង្សពោធិសត្វពោលថា) ពួកហង្ស មានកក្ងក់ទាំងនេះ លុះត្រូវភ័យគ្របសង្កត់ហើយ ក៏ហើរអស់ទៅ ម្នាលសុមុខៈ មានសម្បុរដូចមាស អ្នកចូរភៀសខ្លួនទៅចុះ។ ពួកបក្សីជាញាតិលះបង់នូវយើងម្នាក់ឯង ដែលលុះអំណាចអន្ទាក់ ឥតមានអាឡោះអាល័យហើរទៅហើយ ខ្លួនអ្នកតែម្នាក់ឯង សម្ងំនៅដូចម្តេចបាន។ ការដែលហើរចេញទៅរបស់ពួកសត្វស្លាប ជាការប្រសើរ ការប្រព្រឹត្តិនៅជាមួយអ្នកដែលជាប់ចំណង ជាការប្រសើរ មិនមែនទេ អ្នកកុំធ្វើសេចក្តីព្យាយាម ឲ្យសាបសូន្យ ដោយសេចក្តីទុក្ខឡើយ ម្នាលសុមុខៈ អ្នកចូរភៀសខ្លួនចេញទៅតាមប្រាថ្នាចុះ។
[២៥៤] (សុមុខៈហង្សពោលថា) បពិត្រសេ្តចហង្សឈ្មោះធតរដ្ឋ ព្រះអង្គត្រូវសេចក្តីទុក្ខគ្របសង្កត់ហើយ ខ្ញុំព្រះអង្គមិនលះបង់ចោលព្រះអង្គទេ ការរស់ ឬការស្លាប់របស់ខ្ញុំព្រះអង្គ នឹងមាននៅជាមួយព្រះអង្គ។
[២៥៥] (ស្តេចហង្ស…) ម្នាលសុមុខៈ អ្នកពោលនូវពាក្យណា ពាក្យនុ៎ះជាពាក្យល្អរបស់អរិយជន ចំណែកខាងខ្ញុំ ល្បងមើលអ្នក ក្នុងការហើរចេញទៅ ទើបពោលពាក្យ (យ៉ាងនេះ) នឹងអ្នក។
[២៥៦] (កូនព្រានព្រៃពោលថា) សត្វបក្សីជាសត្វត្រាច់ទៅក្នុងអាកាស រមែងទៅកាន់ផ្លូវតាមអាកាសដែលមិនមែនជាផ្លូវ ម្នាលអ្នកដ៏ប្រសើរជាងពួកបក្សីហង្ស (ម្តេចក៏) អ្នកមិនដឹងនូវអន្ទាក់អំពីចម្ងាយ។
[២៥៧] (ស្តេចហង្ស…) សេចក្តីវិនាសមានមកក្នុងកាលណា សត្វកាលបើជីវិតត្រូវអស់ហើយ ទោះបីប្រទះនូវសំណាញ់ ឬអន្ទាក់ រមែងមិនដឹងក្នុងកាលនោះ។
[២៥៨] (ព្រានពោលនឹងសុមុខៈហង្សថា) ពួកបក្សីហង្សមានកក្ងក់ទាំងនេះ លុះត្រូវភ័យគ្របសង្កត់ហើយ ក៏ហើរអស់ទៅ ម្នាលអ្នកមានស្បែកដ៏ខៀវ មានវណ្ណៈដូចមាស អ្នកម្នាក់ឯងសម្ងំនៅ។ ពួកបក្សីទាំងនេះ ជាសត្វទៅតាមអាកាស ឥតមានអាល័យ ជាសត្វមានកក្ងក់ លុះស៊ីហើយ ផឹកហើយ ក៏ហើរចេញទៅ អ្នកតែម្នាក់ឯងចូលមកវិញ។ បក្សីនេះត្រូវជាអ្វីនឹងអ្នក ទើបអ្នកដែលផុត (ចាកអន្ទាក់) ចូលមករកបក្សីដែលជាប់វិញ ពួកបក្សីនាំគ្នាហើរចោលអស់ទៅហើយ ហេតុដូចម្តេច អ្នកសម្ងំនៅតែម្នាក់ឯង។
[២៥៩] (សុមុខៈហង្ស…) បក្សីនេះជាសេ្តចរបស់យើងផង ជាមិត្ររបស់យើងផង ជាសំឡាញ់ស្មើដោយជីវិតរបស់យើងផង ខ្លួនយើងនឹងមិនលះបង់នូវបក្សីនោះ ដរាបអស់កាលនៃជីវិត។
[២៦០] (ព្រាន…) អ្នកណាប្រាថ្នាលះបង់ជីវិត ព្រោះហេតុសំឡាញ់ យើងនឹងលែងនូវសំឡាញ់របស់អ្នកនោះ ក្នុងកាលឥឡូវនេះ សូមឲ្យសេ្តចរបស់អ្នកទៅជាមួយនឹងអ្នកចុះ។
[២៦១] (សុមុខៈហង្ស…) ម្នាលព្រាន ក្នុងថ្ងៃនេះ យើងត្រេកអរព្រោះបានឃើញនូវសេ្តចបក្សីរួចចាកចំណងយ៉ាងណា អ្នកក៏ចូរត្រេកអរជាមួយនឹងពួកញាតិទាំងអស់ យ៉ាងនោះដែរ។
[២៦២] (ស្តេចហង្ស…) ព្រះអង្គមានសេចក្តីសុខស្រួលទេឬ ព្រះអង្គមិនមានជម្ងឺដម្កាត់ទេឬ ព្រះអង្គតែងប្រៀនប្រដៅនូវអ្នកដែនដ៏ធំទូលាយនេះ តាមធម៌ទេឬ។
[២៦៣] (ព្រះរាជាតបថា) ម្នាលហង្ស យើងមានសេចក្តីសុខស្រួលទេ ម្នាលហង្ស យើងមិនមានជម្ងឺដម្កាត់ទេ ខ្លួនយើងក៏បានប្រៀនប្រដៅនូវអ្នកដែនដ៏ធំទូលាយនេះតាមធម៌។
[២៦៤] (ស្តេចហង្ស…) ពួកអាមាត្យរបស់ព្រះអង្គ មិនមានកំហុសណាមួយទេឬ ពួកសត្រូវនៃព្រះអង្គក្នុងទីឆ្ងាយ ដូចជាស្រមោល (ដែលមិនមាន) ក្នុងទិសខាងត្បូងទេឬ។
[២៦៥] (ព្រះរាជា…) ពួកអាមាត្យរបស់យើង មិនមានកំហុសណាមួយទេ ទាំងសត្រូវរបស់យើងក្នុងទីឆ្ងាយ ក៏ដូចស្រមោល (ដែលមិនមាន) ក្នុងទិសខាងត្បូងដូច្នោះ។
[២៦៦] (ស្តេចហង្ស…) ភរិយារបស់ព្រះអង្គមានចិត្តស្មើគ្នា ជាស្រីស្តាប់បង្គាប់ព្រះអង្គ ស្រដីនូវពាក្យជាទីស្រឡាញ់ បរិបូណ៌ដោយបុត្ត និងរូប និងយសបរិវារ លុះអំណាចសេចក្តីប្រាថ្នារបស់ព្រះអង្គដែរឬ។
[២៦៧] (ព្រះរាជា…) ភរិយារបស់យើងមានចិត្តស្មើគ្នា ជាស្រីស្តាប់បង្គាប់យើង ស្រដីពាក្យជាទីស្រឡាញ់ ប្រកបដោយបុត្ត និងរូប និងយសបរិវារ លុះអំណាចសេចក្តីប្រាថ្នារបស់យើងទេ។
[២៦៨] (ស្តេចហង្ស…) បពិត្រព្រះអង្គអ្នកញ៉ាំងដែនឲ្យចំរើន ព្រះអង្គមានព្រះរាជបុត្តច្រើន កើតឡើងដោយល្អ បរិបូណ៌ដោយសន្ទុះនៃប្រាជ្ញា ស្រុះស្រួលរកគ្នា ក្នុងហេតុនោះៗ ដែរឬ។
[២៦៩] (ព្រះរាជា…) ម្នាលស្តេចហង្សឈ្មោះធតរដ្ឋ យើងមានកូនមួយរយនាក់ ដែលអ្នកផងឮសុះសាយថា យើងជាអ្នក (មានកូនច្រើន) កូនទាំងនោះ រមែងមិនខឹងនឹងសំដីរបស់អ្នកទេ សូមអ្នកប្រាប់នូវអំពើដែលត្រូវធ្វើដល់កូនទាំងនោះចុះ។
[២៧០] (ស្តេចហង្ស…)បុគ្គលបើទុកជាបរិបូណ៌ដោយជាតិ និងច្បាប់ តែបើក្នុងកាលជាខាងក្រោយ គឺកាលដែលខ្លួនចាស់ ធ្វើនូវសេចក្តីព្យាយាមក្នុងកិច្ចការ រមែងលិចចុះក្នុងសេចក្តីអន្តរាយ។ កាលបុគ្គលចាស់នោះ មានប្រាជ្ញារវើរវាយ ទោសក៏កើតឡើងជាច្រើនយ៉ាង បុគ្គលចាស់នោះ រមែងឃើញបានតែត្រឹមរូបធំៗ ដូចបុគ្គលងងឹតក្នុងវេលាយប់។ បុគ្គលចាស់ ដឹងនូវសេចក្តីព្យាយាមក្នុងលទ្ធិមិនមានខ្លឹមថាលទ្ធិមានខ្លឹម រមែងមិនបាននូវប្រាជ្ញា តែងលិចចុះក្នុងសេចក្តីអន្តរាយមិនខាន ដូចជាសត្វសរភៈ លិចចុះក្នុងជ្រោះនៃភ្នំ។ ជនបើទុកជាមានជាតិថោកថយ តែជាអ្នកមានការប្រឹងប្រែង មានប្រាជ្ញា បរិបូណ៌ដោយអាចារសីល រមែងរុងរឿងដូចជាភ្លើងក្នុងរាត្រី។ សូមព្រះអង្គធ្វើសេចក្តីនេះឯង ឲ្យជាគ្រឿងប្រៀបធៀប ហើយញ៉ាំងពួកព្រះរាជបុត្ត ឲ្យប្រតិស្ថានក្នុងវិជ្ជាទាំងឡាយ ដ្បិតអ្នកប្រាជ្ញតែងលូតលាស់ល្អ ដូចពូជដែលលូតលាស់ក្នុងស្រែក្នុងកាលដែលមានភ្លៀង។
ចប់ ហង្សជាតក ទី៦។
(៥០៣. សត្តិគុម្ពជាតកំ (៧))
[២៧១] (ព្រះមានព្រះភាគត្រាស់ថា) មហារាជដូចជាព្រានម្រឹគ ជាបុគ្គលប្រសើរលើរថរបស់អ្នកដែនបញ្ចាល បានយាងទៅជាមួយនឹងសេនា សាបសូន្យចាកពួកសេ្តចចូលមកកាន់ព្រៃ។ បានឃើញស្រុករបស់ពួកចោរនៅក្នុងព្រៃនោះ សត្វសេកហើរចេញអំពីស្រុកនោះហើយ និយាយនូវសំដីដ៏អាក្រក់ថា ព្រះរាជាជាបុរសកំឡោះ បរិបូណ៌ដោយពាហនៈ មានកុណ្ឌលដ៏រលីង មានព្រះឧណ្ហីសៈ (ក្បាំង) ដ៏ក្រហមច្រាល ល្អរុងរឿងដូចជាព្រះអាទិត្យក្នុងវេលាថ្ងៃ។ ឥឡូវនេះ ព្រះរាជាព្រមទាំងនាយសារថីដេកលក់ក្នុងវេលាថ្ងៃត្រង់ បើដូច្នោះ យើងនឹងយកគ្រឿងប្រដាប់ទាំងពួងរបស់ព្រះរាជានោះដោយរហ័ស។ ឥឡូវនេះ ស្តេច ព្រមទាំងនាយសារថី ដេកលក់ក្នុងទីស្ងាត់ ដូចនៅកណ្តាលអធ្រាត្រ យើងនឹងយកសំពត់កែវមណី និងកុណ្ឌល ហើយសម្លាប់ រួចគ្របដោយមែកឈើ។
[២៧២] (បតិកោលុម្ពចោរពោលថា) ម្នាលសត្តិគុម្ពៈ ឯងនិយាយដូចជាឆ្កួតទេឬ ព្រោះថា ព្រះរាជាទាំងឡាយ យាងមកអំពីចម្ងាយ ទ្រង់រុងរឿងដូចជាភ្លើងកំពុងឆេះ។
[២៧៣] (សត្តិគុម្ពៈពោលថា) ម្នាលបតិកោលុម្ពៈ អ្នកឯងដូចជាបុគ្គលស្រវឹង ទើបកំញើញយើងយ៉ាងខ្លាំង អ្នកស្អប់ខ្ពើម (ចោរកម្ម) ព្រោះមាតារបស់ខ្ញុំអាក្រាតឬអ្វី។
[២៧៤] (ព្រះរាជាត្រាស់ថា) នែនាយសារថីសំឡាញ់ ចូរអ្នករលះរលាំងក្រោកឡើង ចូរទឹមរថទៅ យើងមិនពេញចិត្តនឹងបក្សីទេ យើងនឹងទៅកាន់អាស្រមដទៃវិញ។
[២៧៥] (នាយសារថីទូលថា) បពិត្រមហារាជ ទូលព្រះបង្គំបានទឹមរថ ទឹមពាហនៈដ៏មានកំឡាំងហើយ បពិត្រមហារាជ សូមព្រះអង្គឡើងគង់ចុះ យើងនឹងទៅកាន់អាស្រមដទៃ។
[២៧៦] (សត្តិគុម្ព…) ពួកចោរក្នុងអាស្រម ទៅក្នុងទីណាអស់ទៅអេះ ស្តេចក្នុងដែនបញ្ចាលនុ៎ះទៅផុតអំពីការមិនឃើញរបស់ពួកចោរទាំងនោះហើយ។ អ្នកទាំងឡាយចូរចាប់ធ្នូ ដាវ និងលំពែង ស្តេចក្នុងដែនបញ្ចាលនុ៎ះកំពុងតែទៅ អ្នកទាំងឡាយកុំលែងជីវិតឡើយ។
[២៧៧] (អភិសម្ពុទ្ធគាថា) ក្នុងកាលនោះ សត្វសេកដទៃទៀត មានចំពុះដ៏ក្រហម បានទទួលរាក់ទាក់ថា បពិត្រមហារាជ ព្រះអង្គស្តេចមកស្រួលហើយ មួយទៀត ដំណើរមករបស់ព្រះអង្គមិនទាស់ទេ ព្រះអង្គជាធំយាងមកដល់ហើយ សូមទ្រង់មានព្រះបន្ទូលប្រាប់នូវព្រះរាជបំណង ដែលមានក្នុងដំណើរយាងមកនេះចុះ។ បពិត្រព្រះរាជា សូមព្រះអង្គសោយនូវផ្លែទន្លាប់ ជាទីគាប់ចិត្តព្រះហឫទ័យ ផ្លែស្រគំ និងផ្លែដង្កៀបក្តាមតូចៗ ដ៏ប្រសើរប្រសើរចុះ។ បពិត្រមហារាជ ទឹកនេះសោតក៏ត្រជាក់ ដែលពួកឥសីនាំមកអំពីជ្រោះភ្នំ សូមព្រះអង្គសោយ (នូវទឹក) អំពីជ្រោះនោះចុះ បើព្រះអង្គប្រាថ្នា។ ពួកឥសីអ្នកនៅក្នុងអាស្រមនេះ ទៅកាន់ព្រៃដើម្បីស្វែងរក (អាហារ) ហើយ សូមព្រះអង្គក្រោកឡើង យកដោយព្រះអង្គឯងចុះ ខ្ញុំព្រះអង្គមិនមានដៃថ្វាយទេ។
[២៧៨] (ព្រះរាជា…) សត្វបក្សីទ្វិជាតិនេះល្អ ប្រកបដោយធម៌ណាស់តើ ចំឡែកតែបក្សីសេកក្រៅពីនេះនុ៎ះ និយាយពាក្យអាក្រក់ថា អ្នកទាំងឡាយ ចូរសម្លាប់ ចូរចងនូវស្តេចនេះ អ្នកទាំងឡាយកុំលែងជីវិតឡើយ កាលសេកនោះកំពុងនិយាយយ៉ាងនេះ យើងក៏បានចេញមកដល់ទីអាស្រមនេះដោយសួស្តី។
[២៧៩] (សេកបុប្ផកៈ…) បពិត្រមហារាជ យើងខ្ញុំទាំងពីរជាបងប្អូនរួមផ្ទៃ មានមាតាជាមួយគ្នា ធំឡើងនៅលើដើមឈើតែមួយ តែឃ្លាតទៅក្នុងខេត្តផ្សេងគ្នា។ សត្តិគុម្ពៈទៅក្នុងសំណាក់នៃពួកចោរ ឯខ្ញុំព្រះអង្គមកនៅក្នុងសំណាក់នៃពួកឥសីក្នុងទីនេះ សត្តិគុម្ពៈ (ចូលទៅកាន់សំណាក់) នៃពួកអសប្បុរស ខ្ញុំព្រះអង្គ (ចូលមកកាន់សំណាក់) នៃពួកសប្បុរស (ហេតុនោះ) សត្តិគុម្ពៈនិងខ្ញុំ មិនវៀរចាកធម៌5) នោះទេ។
[២៨០] ការសម្លាប់ក្តី ចងក្តី ការបន្លំក្តី បញ្ឆោតក្តី ការប្លន់ក្តី ការកំហែងក្តី មាននៅក្នុងសំណាក់ចោរណា សត្តិគុម្ពៈ រមែងសិក្សាអំពើទាំងនោះក្នុងសំណាក់ចោរនោះ។ សេចក្តីពិតក្តី សុចរិតក្តី ការមិនបៀតបៀនក្តី ការសង្រួមសីលក្តី ការទូន្មានឥន្រ្ទិយក្តី មាននៅក្នុងទីនេះ បពិត្រព្រះភារតៈ ខ្ញុំព្រះអង្គធំឡើងនៅលើចង្កេះនៃពួកឥសីអ្នកឲ្យអាសនៈនិងទឹក។
[២៨១] បពិត្រព្រះរាជា ពិតណាស់ បុគ្គលគប់រកនូវបុគ្គលណា ទោះជាសប្បុរស ឬអសប្បុរស មានសីល ឬឥតសីល រមែងលុះអំណាចបុគ្គលនោះឯង។ បុគ្គលធ្វើនូវបុគ្គលបែបណា ឲ្យជាមិត្រ ចូលទៅគប់រកនូវបុគ្គលបែបណា បុគ្គលនោះ ក៏មានអាការបែបនោះ ឯការនៅរួមក៏ប្រាកដដូច្នោះ។ កូនសិស្សគប់រកនូវអាចារ្យផ្តេសផ្តាស អាចារ្យនោះដែលកូនសិស្សគប់រកហើយ រមែងប្រឡាក់កូនសិស្សដែលមិនប្រឡាក់ (ដោយបាបធម៌) ដូចសរ ដែលជ្រលក់ដោយថ្នាំពិសតែងប្រឡាក់បំពង់សរ។ ព្រោះភ័យអំពីការប្រឡាក់ អ្នកប្រាជ្ញទើបមិនយកបុគ្គលលាមកជាសំឡាញ់ ជនណាខ្ចប់នូវត្រីស្អុយដោយចុងស្បូវភ្លាំង សូម្បីស្បូវភ្លាំងក៏មានក្លិនស្អុយ ផ្សាយចេញ ការគប់រកនូវបុគ្គលពាល (របស់ជននោះ) ក៏យ៉ាងនោះដែរ។ ជនណាខ្ចប់ខ្លឹមក្រស្នាដោយស្លឹកឈើ សូម្បីស្លឹកឈើ ក៏មានក្លិនក្រអូបផ្សាយចេញ ការគប់រកអ្នកប្រាជ្ញ (របស់ជននោះ) ក៏យ៉ាងនោះដែរ ព្រោះហេតុនោះ បុគ្គលជាអ្នកប្រាជ្ញ ដឹងច្បាស់នូវបញ្ញាចាស់ទុំរបស់ខ្លួន ដូចជាកញ្ចប់ស្លឹកឈើ មិនគួរគប់រកពួកអសប្បុរស គួរគប់រកតែពួកសប្បុរស (ដ្បិត) ពួកអសប្បុរស តែងនាំទៅនរក ពួកសប្បុរសតែងផ្តល់នូវសុគតិ។
ចប់ សត្តិគុម្ពជាតក ទី៧។
(៥០៤. ភល្លាតិយជាតកំ (៨))
[២៨២] (ព្រះមានព្រះភាគត្រាស់ថា) ព្រះរាជាព្រះនាមភល្លាតិយៈ បានលះបង់នូវដែន ហើយត្រាច់ចេញទៅកាន់ទីសម្លាប់ម្រឹគ ព្រះអង្គបានយាងទៅដល់ភ្នំដ៏ប្រសើរឈ្មោះគន្ធមាទន៍ មានឈើផ្ការីកស្គុះស្គាយដ៏ដេរដាសដោយពួកកិន្នរ។ ព្រះអង្គប្រាថ្នាដើម្បីពោលពាក្យ (នឹងពួកកិន្នរ) ទើបហាមឃាត់ហ្វូងឆ្កែ ហើយដាក់ចុះនូវធ្នូ និងបំពង់ព្រួញ រួចចូលទៅត្រង់កន្លែងដែលពួកកិន្នរឋិតនៅ។ (ព្រះរាជាសួរថា) កាលកន្លងហេមន្តរដូវទៅហើយ ម្តេចឡើយអ្នកទាំងឡាយឋិតនៅក្នុងទីនេះ ប្រឹក្សាគ្នារឿយៗ ប្របឆ្នេរស្ទឹងហេមវតី យើងសូមសួរពួកអ្នក ដែលមានរាងកាយ និងសម្បុរដូចជាមនុស្ស គេស្គាល់អ្នកទាំងឡាយបានក្នុងមនុស្សលោកដោយប្រការដូចម្តេច។
[២៨៣] (កិន្នរីឆ្លើយថា) ម្នាលព្រាន ពួកយើងតែងត្រាច់ទៅកាន់ភ្នំ ឈ្មោះមាលាគិរិ ភ្នំឈ្មោះបណ្ឌរកៈ ភ្នំត្រៃកូដ និងស្ទឹងមានទឹកដ៏ត្រជាក់ ពួកយើងជាម្រឹគមានភេទប្រាកដដូចជាពួកមនុស្ស គេស្គាល់ពួកយើងថាជាកិន្នរ។
[២៨៤] (ព្រះរាជា…) អ្នកទាំងពីរ មានសភាពដូចជាទុក្ខក្រៃលែង ទួញយំ អ្នកគួរជាទីស្រឡាញ់ ត្រូវនាងកិន្នរីជាទីស្រឡាញ់ ឱបរិតហើយ យើងសូមសួរនូវពួកអ្នក ដែលមានរាងកាយ និងសម្បុរដូចមនុស្ស អ្នកទាំងឡាយ អាក់អន់ចិត្តដូចម្តេច ទើបទួញយំក្នុងព្រៃនេះ អ្នកទាំងពីរមានសភាពដូចជាទុក្ខក្រៃលែង ទួញយំ អ្នកគួរជាទីស្រឡាញ់ ត្រូវនាងកិន្នរីជាទីស្រឡាញ់ឱបរិតហើយ យើងសូមសួរនូវពួកអ្នក ដែលមានរាងកាយ និងសម្បុរដូចជាមនុស្ស អ្នកទាំងឡាយ អាក់អន់ចិត្តដូចម្តេច ទើបយំរៀបរាប់ក្នុងព្រៃនេះ។ អ្នកទាំងពីរ មានសភាពដូចជាទុក្ខក្រៃលែង ទួញយំ អ្នកគួរជាទីស្រឡាញ់ ត្រូវនាងកិន្នរីជាទីស្រឡាញ់ឱបរិតហើយ យើងសូមសួរនូវពួកអ្នក ដែលមានរាងកាយ និងសម្បុរដូចជាមនុស្ស អ្នកអាក់អន់ចិត្តដូចម្តេច ទើបសោកស្តាយក្នុងព្រៃនេះ។
[២៨៥] (កិន្នរី…) ម្នាលព្រាន យើងទាំងឡាយ ជាអ្នកព្រាត់បា្រស់គ្នា អស់មួយរាត្រី រលឹកគ្នាទៅវិញទៅមក មិនដាច់អាល័យ ក្តៅក្រហាយនឹងរាត្រីមួយនោះ ទើបយំសោក រាត្រីនោះនឹងមិនមានទៀត។
[២៨៦] (ព្រះរាជា…) អ្នកទាំងឡាយក្តៅក្រហាយនឹងរាត្រីមួយណា ដូចបុគ្គលក្តៅក្រហាយនឹងទ្រព្យដែលបាត់ និងមាតាបិតា ដែលទៅកាន់បរលោក យើងសូមសួរនូវពួកអ្នកដែលមានរាងកាយ និងសម្បុរដូចមនុស្ស ចំពោះរាត្រី (នោះ) តើអ្នកទាំងឡាយសម្រេចនូវទីនៅផ្សេងគ្នាដូចម្តេច។
[២៨៧] (កិន្នរី…) អ្នកឃើញនូវស្ទឹងណា ដែលមានខ្សែទឹកដ៏រហ័ស ជាស្ទឹងបិទបាំងដោយដើមឈើផ្សេងៗ មានមាត់ច្រាំងដ៏ហើយដោយថ្ម កិន្នរ (ជាប្តី) ជាទីស្រឡាញ់របស់ខ្ញុំ បានហែលឆ្លងស្ទឹងនោះ ក្នុងកាលរដូវភ្លៀង ដោយគិតថា កិន្នរីមកតាមក្រោយអាត្មាអញដែរ។ ចំណែកខាងខ្ញុំ កំពុងតែបេះផ្កាព្រូស ផ្កាទន្លា ផ្កាម្លិះរួត និងផ្កាយុថ្កា ដោយបំណងថា កិន្នរ (ជាប្តី) ជាទីស្រឡាញ់របស់អាត្មាអញនឹងបានប្រដាប់កម្រងផ្កា ទាំងអាត្មាអញជាអ្នកប្រដាប់កម្រងផ្កា នឹងបានចូលទៅរកកិន្នរ (ជាប្តី) នោះ (ក្នុងដំណេក)។ មួយទៀត ខ្ញុំបេះផ្កាកុរវកៈ ទាំងផ្ការាជព្រឹក្ស និងផ្កាច្រនៀងក៏ខ្ញុំបេះ ដោយបំណងថា កិន្នរ (ជាប្តី) ជាទីស្រឡាញ់របស់អាត្មាអញ នឹងជាអ្នកប្រដាប់កម្រងផ្កា ទាំងអាត្មាអញ ក៏ជាអ្នកប្រដាប់កម្រងផ្កា នឹងចូលទៅរកកិន្នរ (ជាប្តី) នោះ (ក្នុងដំណេក)។ មួយទៀត ខ្ញុំបានបេះនូវផ្កាសាលព្រឹក្ស ដែលរីកស្គុះស្គាយ ធ្វើជាគ្រឿងប្រដាប់ដោយបំណងថា ថ្ងៃនេះយើងនឹងនៅក្នុងទីណា អស់រាត្រីមួយ គ្រឿងប្រដាប់នេះ នឹងបានជាកម្រាលរបស់យើងក្នុងទីនោះ។ មួយទៀត ខ្ញុំមានសភាពជាអ្នកធ្វេសប្រហែស ក្លិនខ្លឹមក្រស្នា និងខ្លឹមចន្ទន៍លើថ្ម ដោយបំណងថា កិន្នរជាប្តីជាទីស្រឡាញ់របស់អាត្មាអញ នឹងបានលាបខ្លួនប្រាណ ទាំងខ្លួនអញ ក៏បានលាបស្រឡាប ហើយនឹងចូលទៅរកកិន្នរជាប្តីនោះក្នុងដំណេក។ លំដាប់នោះ ទឹកស្ទឹងមានខ្សែដ៏រហ័ស ហូរគួចយកផ្កាសាលព្រឹក្ស ផ្កាស្រល់ និងផ្កាកណ្ណិការ (ដែលខ្ញុំបេះទុក ក្នុងទីទៀបមាត់ច្រាំង) មានទឹកដ៏ពេញដោយមួយរំពេច ទាំងស្ទឹងនោះ ខ្ញុំក៏ឆ្លងបានដោយកម្រក្រៃលែង។ គ្រានោះ យើងទាំងពីរនាក់ក៏ឈរប្របឆ្នេរស្ទឹងម្ខាងម្នាក់ មើលឃើញគ្នាទៅវិញទៅមក ម្តងយំ ម្តងសើច រាត្រីនោះ របស់យើងក៏កន្លងទៅដោយក្រ។ ម្នាលព្រាន កាលបើព្រះអាទិត្យរះឡើង ក្នុងវេលាព្រឹក យើងទាំងពីរនាក់ក៏ឆ្លងស្ទឹងទទេ (ស្ទឹងមិនមានទឹក) ហើយ ឱបរឹតគ្នាទៅវិញទៅមក ម្តងយំ ម្តងសើច។ ម្នាលព្រាន កាលមុន យើងបានព្រាត់ប្រាសគ្នាអស់មួយរាត្រី កន្លងមកចំនួន ៧០០ ខ្វះ ៣ ឆ្នាំ (៦៩៧ឆ្នាំ) ម្នាលភូមិបាល ជីវិត (របស់អ្នក) នេះ ត្រឹមតែមួយរយឆ្នាំ អ្នកណាហ្ន៎ ក្នុងលោកនេះ នៅផ្សេងគ្នាអំពីភរិយាជាទីត្រេកអរបាន។
[២៨៨] (ព្រះរាជា…) នែសំឡាញ់ ចុះអាយុរបស់អ្នកទាំងឡាយ ចំនួនប៉ុន្មាន បើអ្នកដឹង ចូរអ្នកប្រាប់អាយុ (ដល់យើង) ទោះបីអ្នកបានឮ (អំពីអ្នកណាមួយ) ក្តី ចាំតមកអំពីពួកជនចាស់ទុំក្តី សូមអ្នកកុំញញើតប្រាប់សេចក្តីនោះដល់យើង។
[២៨៩] (កិន្នរី…) ម្នាលព្រាន អាយុរបស់យើងមួយពាន់ឆ្នាំ បើមិនមានរោគដ៏អាក្រក់ ក្នុងចន្លោះអាយុទេ ឯសេចក្តីទុក្ខមានប្រមាណតិច សេចក្តីសុខហ្នឹង៝ឯង មានច្រើនក្រៃលែង ពួកយើងមិនប្រាសចាកសេចក្តីត្រេកអរ (ស្រឡាញ់គ្នា) ទាល់តែលះជីវិតទៅ។
[២៩០] (អភិសម្ពុទ្ធគាថា) ព្រះរាជាព្រះនាមភល្លាតិយៈ លុះទ្រង់ព្រះសណ្តាប់ពាក្យរបស់ពួកកិន្នរនេះហើយ ក៏វិលត្រឡប់មក (ព្រះរាជនិវេសន៍) ដោយរំពឹងឃើញថា ជីវិតនេះ មានប្រមាណតិចណាស់ រួចឈប់ត្រាច់ទៅកាន់ទីជាទីសម្លាប់ម្រឹគទៀត ទ្រង់បានបរិច្ចាគទាន ទ្រង់បានប្រើប្រាស់នូវភោគសម្បត្តិ (តាមធម្មតា)។
[២៩១] (ព្រះសាស្តាទ្រង់ឲ្យឱវាទថា) សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវពាក្យរបស់ពួកកិន្នរនេះហើយ ចូររួសរាយ កុំធ្វើនូវជម្លោះឡើយ កំហុសនៃអំពើរបស់ខ្លួន កុំដុតកំដៅនូវព្រះអង្គ ដូចជារាត្រីមួយរបស់ពួកកិន្នរ ដុតកំដៅនូវកិន្នរទាំងនោះ សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវពាក្យរបស់ពួកកិន្នរនេះហើយ ចូររួសរាយ កុំធ្វើនូវការវិវាទឡើយ កំហុសនៃអំពើរបស់ខ្លួន កុំដុតកំដៅនូវព្រះអង្គ ដូចជារាត្រីមួយរបស់ពួកកិន្នរ ដុតកំដៅនូវកិន្នរទាំងនោះ។
[២៩២] (ព្រះនាងមល្លិកាទេវីទូលថា) ខ្ញុំម្ចាស់មានចិត្តត្រេកអរស្តាប់ធម្មទេសនាមានហេតុផ្សេងៗ គន្លងនៃព្រះបន្ទូលរបស់ព្រះអង្គប្រកបដោយប្រយោជន៍ ព្រះអង្គបញ្ចេញវាចាបន្ទោបង់សេចក្តីក្រវល់ក្រវាយរបស់ខ្ញុំម្ចាស់ បពិត្រព្រះសមណៈ ព្រះអង្គអ្នកនាំសេចក្តីសុខមកឲ្យ សូមព្រះអង្គគង់ព្រះជន្មនៅអស់កាលយូរ។
ចប់ ភល្លាតិយជាតក ទី៨។
(៥០៥. សោមនស្សជាតកំ (៩))
[២៩៣] (ព្រះបាទរេណុត្រាស់សួរថា) នរណាប្រហារលោក ជេរលោក ម្តេចក៏លោកអាក់អន់ចិត្ត មិនត្រេកអរ សោកសង្រេងម្ល៉េះ ថ្ងៃនេះ ចង់មាតាបិតារបស់នរណាទួញយំ ថ្ងៃនេះ ចង់នរណាត្រូវគេបៀតបៀនដេកលើផែនដី (ក៏លោកមិនត្រូវជាអុកជាទុក្ខទេ)។
[២៩៤] (កុហកតាបស ឆ្លើយថា) បពិត្រព្រះសម្មតិទេព អាត្មាភាពត្រេកអរ ដោយការបានឃើញនូវព្រះអង្គ បពិត្រព្រះភូមិបាល អាត្មាភាព ឃើញព្រះអង្គយូរហើយ បពិត្រព្រះសម្មតិទេពព្រះនាមរេណុ អាត្មាភាព មិនមែនជាអ្នកបៀតបៀនទេ ប៉ុន្តែអាត្មាភាព ត្រូវព្រះរាជបុត្ររបស់ព្រះអង្គចូលមកបៀតបៀនហើយ។
[២៩៥] (ព្រះរាជា…) ពួកអ្នកចាំទ្វារ មានព្រះខ័នកាន់ហើយ ពួកពេជ្ឈឃាដចូរមក ចូរទៅខាងក្នុងបុរី ចូរសម្លាប់សោមនស្សកុមារនោះ កាត់ក្បាលដ៏ប្រសើរ នាំមកឲ្យអញ។ ពួករាជទូត ដែលព្រះរាជាទ្រង់បញ្ជូនទៅហើយ បាននិយាយនឹងព្រះរាជកុមារ យ៉ាងនេះថា បពិត្រក្សត្រ ព្រះអង្គទ្រង់ឆ្លងផុតចាកឥស្សរភាពហើយ ព្រះអង្គដល់នូវសេចក្តីស្លាប់ហើយ។ ព្រះរាជបុត្រនោះ ក៏ទ្រង់បរិទេវនាការ ផ្គងក្រពុំម្រាមព្រះហស្តទាំង ១០ ថា បពិត្រព្រះអង្គជាធំជាងជន ចំណែកទូលព្រះបង្គំជាខ្ញុំចង់ឃើញព្រះអង្គ អ្នកទាំងឡាយចូរនាំយើងទាំងរស់ទៅក្រាបបង្គំថ្វាយ (ដល់ព្រះមហាក្សត្រ) ចុះ។
ពួករាជទូតបានស្តាប់វាចារបស់ព្រះរាជបុត្រនោះហើយ ក៏នាំព្រះរាជបុត្រទៅថ្វាយព្រះរាជា ចំណែកខាងព្រះរាជបុត្រ លុះបានឃើញព្រះរាជបិតាហើយ ក៏ក្រាបបង្គំទូលអំពីចម្ងាយថា បពិត្រព្រះជនិន្ទ ពួកអ្នកចាំទ្វារ មានព្រះខ័នកាន់ហើយ ពួកពេជ្ឈឃាដមក ដើម្បីសម្លាប់ទូលព្រះបង្គំជាខ្ញុំ ថ្ងៃនេះទូលព្រះបង្គំជាខ្ញុំ មានកំហុសដូចម្តេចក្នុងរឿងនេះ ទូលព្រះបង្គំសួរហើយ សូមទ្រង់ប្រាប់សេចក្តីនុ៎ះ។
[២៩៦] (ព្រះរាជា…) ទិព្វចក្ខុតាបស ជាអ្នកមិនធ្វេសប្រហែស ធ្វើការស្រោចទឹកបូជាភ្លើង រាល់ពេលល្ងាចព្រឹក ព្រោះហេតុអ្វីបានជាឯងហៅទិព្វចក្ខុតាបសនោះ ដែលជាអ្នកមានសេចក្តីសង្រួម ជាអ្នកប្រព្រឹត្តនូវធម៌ដ៏ប្រសើរ មានសភាពដូច្នោះ ថាជាគហបតី។
[២៩៧] (សោមនស្សកុមារ…) បពិត្រព្រះសម្មតិទេព វត្ថុទាំងឡាយនៃកុលុបកៈនោះ មានច្រើនយ៉ាងណាស់ គឺផ្លែត្នោតផង ត្រាវ និងដំឡូងផង ផ្លែឈើវល្លិ៍ទាំងឡាយផង កុលុបកតាបស របស់ព្រះអង្គនោះ ជាអ្នកមិនមានសេចក្តីធ្វេសប្រហែស តែងគ្រប់គ្រងរក្សានូវវត្ថុទាំងនោះ ព្រោះហេតុនោះ បានជាទូលព្រះបង្គំជាខ្ញុំហៅតាបសនោះថា គហបតី។
[២៩៨] (ព្រះរាជា…) ម្នាលកុមារ អ្នកនិយាយពាក្យនេះពិតមែន របស់ទាំងឡាយនៃកុលុបកតាបសនោះ មានច្រើនយ៉ាង កុលុបកតាបសនោះ ជាអ្នកមិនធ្វេសប្រហែស តែងគ្រប់គ្រងរក្សានូវរបស់ទាំងនោះ ព្រោះហេតុនោះ ព្រាហ្មណ៍ក្លាយជាគហបតី។
[២៩៩] (សោមនស្សកុមារ…) បរិស័ទ ព្រមទាំងអ្នកនិគម អ្នកជនបទ ដែលបានមកជួបជុំទាំងអស់គ្នា ចូរស្តាប់ពាក្យរបស់ខ្ញុំ ព្រះរាជានេះ ជាបុគ្គលពាល ស្តាប់តែពាក្យតាបសពាល ប្រើគេឲ្យសម្លាប់ខ្ញុំ ដោយការមិនសមហេតុ។
[៣០០] នាកាលឫសគល់ចំរើនមាំធំឡើង ឫស្សីដែលបែកមែកហើយ បុគ្គលមិនងាយនឹងគាស់ចេញទេ បពិត្រព្រះជនិន្ទ ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយបង្គំព្រះបាទាព្រះអង្គ បពិត្រព្រះសម្មតិទេព សូមព្រះអង្គទ្រង់អនុញ្ញាតទូលព្រះបង្គំជាខ្ញុំ ទូលព្រះបង្គំជាខ្ញុំសូមចេញបួស។
[៣០១] (ព្រះរាជា…) ម្នាលកុមារ អ្នកចូរបរិភោគនូវភោគៈទាំងឡាយដ៏ច្រើនចុះ បិតានឹងប្រគល់ឥស្សរិយយសទាំងអស់ដល់អ្នក អ្នកចូរសោយរាជ្យ ជាសេ្តចរបស់អ្នកកុរុ ក្នុងថ្ងៃនេះឯង អ្នកកុំបួសឡើយ ដ្បិតថា បព្វជ្ជាជាកិច្ចលំបាកណាស់។
[៣០២] (សោមនស្សកុមារ…) បពិត្រព្រះសម្មតិទេព ភោគសម្ប័ទរបស់ព្រះអង្គ រាប់ថាមានដូចមេ្តចកើត ក្នុងមនុស្សលោកនេះ ក្នុងកាលមុន ទូលព្រះបង្គំជាខ្ញុំ ធ្លាប់បានត្រេកអរដោយរូប សំឡេង រស ក្លិន ផ្សព្វ ជាទីសំរើបចិត្ត ក្នុងទេវលោកមកហើយ។ បពិត្រព្រះសម្មតិទេព ឯភោគសម្ប័ទទាំងឡាយ ទូលព្រះបង្គំជាខ្ញុំធ្លាប់បរិភោគហើយ ក្នុងទេវលោកឈ្មោះតាវត្តិង្ស ទូលព្រះបង្គំជាខ្ញុំ ជាបុគ្គលធ្លាប់មានពួកស្រីអប្សរចោមរោមហើយ ឯទូលព្រះបង្គំជាខ្ញុំ ស្គាល់ព្រះអង្គថា ជាមនុស្សពាល ដែលត្រូវតែគេដឹកនាំបាន (ទូន្មាន) ទូលព្រះបង្គំជាខ្ញុំមិនត្រូវនៅក្នុងរាជត្រកូលបែបព្រះអង្គទេ។
[៣០៣] (ព្រះរាជា…) នែកូន បើបិតាជាមនុស្សពាល ដែលត្រូវតែគេដឹកនាំ ក៏សូមអ្នកអត់ទោសកំហុសម្តងដល់យើងចុះ ម្នាលសោមនស្ស បើទោសយ៉ាងនេះនឹងមានម្តងទៀត ចូរអ្នកធ្វើតាមមតិចុះ។
[៣០៤] (សោមនស្សកុមារ…) ការងារដែលបុគ្គលមិនបានពិចារណាហើយធ្វើ គំនិតដែលបុគ្គលមិនកំណត់ហើយគិត រមែងមានផលអាក្រក់ ដូចជាការផ្សំថ្នាំខុសដូច្នោះ។ ឯការងារដែលបុគ្គលពិចារណាហើយទើបធ្វើ គំនិតដែលបុគ្គលកំណត់ត្រឹមត្រូវហើយទើបគិត រមែងមានផលដ៏ចំរើន ដូចជាការផ្សំថ្នាំត្រូវដូច្នោះឯង។ គ្រហស្ថអ្នកបរិភោគកាម ខ្ជិល មិនល្អ អ្នកបួសមិនសង្រួម មិនល្អ ព្រះរាជា អ្នកមិនពិចារណាហើយធ្វើ មិនល្អ បណ្ឌិតដែលមានសេចក្តីក្រោធ ការក្រោធនោះ ក៏មិនល្អឡើយ។ បពិត្រព្រះអង្គជាធំក្នុងទិស ក្សត្រត្រូវពិចារណាហើយសឹមធ្វើ មិនត្រូវធ្វើទាំងមិនពិចារណាទេ បពិត្រព្រះរាជា ដ្បិតថាយស និងសេចក្តីសរសើរ រមែងចំរើនដល់បុគ្គលអ្នកពិចារណាហើយទើបធ្វើ។ បពិត្រព្រះភូមិបាល បុគ្គលជាធំ ត្រូវតែពិចារណាហើយសឹមដាក់អាជ្ញា ការដែលបុគ្គលធ្វើដោយរួសរាន់ រមែងក្តៅក្រហាយ ម្យ៉ាងទៀត ប្រយោជន៍ទាំងឡាយដែលនរជនផ្គងឡើងត្រឹមត្រូវនោះ រមែងជាប្រយោជន៍ មិនក្តៅក្រហាយខាងក្រោយ។ ជនទាំងឡាយ បែងចែកហើយទើបធ្វើការងារទាំងឡាយ ដែលមិនមានសេចក្តីក្តៅក្រហាយក្នុងលោក ការងារទាំងនោះ ជាអំពើដែលអ្នកប្រាជ្ញសរសើរហើយថា មានសេចក្តីសុខជាកំរៃ ជាអំពើដែលអ្នកប្រាជ្ញចុះអនុមតិហើយ។ បពិត្រព្រះអង្គ ជាធំជាងជន ពួកឆ្មាំទ្វារ មានព្រះខាន់កាន់ហើយ ពួកពេជ្ឈឃាត មកដើម្បីសម្លាប់ទូលព្រះបង្គំជាខ្ញុំ បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំជាខ្ញុំ អង្គុយលើព្រះឧរូនៃមាតា ត្រូវពួកទូតទាំងនោះ ទង់ទាញមកដោយរហ័ស ទូលព្រះបង្គំជាខ្ញុំ បានដល់នូវមរណភ័យ ក៏ក្តៅក្រហាយយ៉ាងចង្អៀត លំបាកក្រៃពេក បពិត្រព្រះរាជា ជីវិតដែលជាទីស្រឡាញ់ដូចមធុរស ទូលព្រះបង្គំជាខ្ញុំបានហើយ ថ្ងៃនេះទូលព្រះបង្គំជាខ្ញុំ បានរួចចាកការសម្លាប់ដោយលំបាក ទូលព្រះបង្គំជាខ្ញុំ មានចិត្តឱនឆ្ពោះទៅក្នុងបព្វជ្ជាតែម្យ៉ាង។
[៣០៥] (ព្រះរាជា…) ម្នាលសុធម្មាទេវី សោមនស្សកុមារជាបុត្ររបស់នាងនេះ នៅក្មេង ជាអ្នកអនុគ្រោះ ថ្ងៃនេះខ្ញុំអង្វរករកុមារនោះពុំបានសោះ ក្រែងតែនាងទើបអង្វរករនូវកុមារនោះបាន។
[៣០៦] (សុធម្មាទេវី…) ហៃបា ចូរអ្នកត្រេកអរក្នុងភិក្ខាចរិយវត្តចុះ ចូរអ្នកពិចារណាធម៌ទាំងឡាយហើយបួសចុះ អ្នកចូរទំលាក់ចោលនូវអាជ្ញាក្នុងពួកសត្វទាំងអស់ចេញ មិនមានអ្នកណានិន្ទាបាន ហើយចូរទៅកាន់ឋានព្រហ្មលោកចុះ។
(ព្រះរាជា…) ម្នាលនាងសុធម្មា នាងនិយាយពាក្យណា (ពាក្យនោះ) ជាអស្ចារ្យក្រៃពេក នាងឈ្មោះថាញ៉ាំងខ្ញុំដែលដល់នូវសេចក្តីទុក្ខ ឲ្យរឹតតែបានទុក្ខឡើង កាលខ្ញុំនិយាយថា ចូរនាងអង្វរករបុត្រ នាងបែរជាញ៉ាំងកុមារឲ្យប្រឹងប្រែងវិញ។
[៣០៧] (សុធម្មាទេវី…) ព្រះអរិយៈទាំងឡាយណា រួចស្រឡះហើយ (ចាករាគាទិក្កិលេស) ជាអ្នកបរិភោគនូវភោជនមិនមានទោស រំលត់ហើយ តែងត្រាច់ទៅកាន់លោកនេះ ខ្ញុំម្ចាស់មិនអាចហាមឃាត់ព្រះរាជកុមារ ដែលកំពុងដើរទៅកាន់ផ្លូវរបស់ព្រះអរិយៈនោះបានទេ។
[៣០៨] (ព្រះរាជា…) ជនទាំងឡាយណា ប្រកបដោយប្រាជ្ញា ជាពហុស្សូត ជាអ្នកគិតនូវហេតុច្រើនប្រការ នាងសុធម្មាទេវីនេះ ជាស្រ្តីមានសេចក្តីខ្វល់ខ្វាយតិច បា្រសចាកសេចក្តីសោក ព្រោះបានស្តាប់ពាក្យសុភាសិតទាំងឡាយនៃពួកជនណា ជនទាំងនោះ គួរអ្នកផងគប់រកដោយពិត។
ចប់ សោមនស្សជាតក ទី៩។
(៥០៦. ចម្បេយ្យជាតកំ (១០))
[៣០៩] (ព្រះបាទពារាណសីត្រាស់សួរថា) នាងជាអ្វី មានពន្លឺដូចជាផ្លេកបន្ទោរ ឬដូចជាផ្កាយព្រឹក នាងជាស្ត្រីទេវតា ឬជាស្ត្រីគន្ធព្វ យើងមិនសំគាល់នាងថាជាស្ត្រីមនុស្សទេ។
[៣១០] (នាងនាគីក្រាបបង្គំទូលថា) បពិត្រមហារាជ ខ្ញុំម្ចាស់មិនមែនជាស្ត្រីទេវតា មិនមែនជាស្ត្រីគន្ធព្វ មិនមែនជាស្ត្រីមនុស្ស បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំម្ចាស់ជានាគកញ្ញា មកក្នុងទីនេះដោយសេចក្តីត្រូវការ។
[៣១១] (ព្រះរាជា…) នាងមានចិត្តតក់ស្លុត មានឥន្រ្ទិយញ័ររន្ធត់ តំណក់ទឹកភ្នែកទាំងឡាយ ហូរសស្រាក់ចាកភ្នែកទាំងឡាយរបស់នាង ចុះវត្ថុអ្វីរបស់នាងបាត់ ម្នាលនារី នាងចង់បានរបស់អ្វី បានជាមកក្នុងទីនេះ ចូរនាងប្រាប់ហេតុនោះមកចុះ។
[៣១២] (នាងនាគី…) បពិត្រព្រះអង្គជាធំជាងជន ពួកជនបានហៅសត្វណា ថាឧរគៈ មានតេជះដ៏ខ្ពង់ខ្ពស់ តែងហៅសត្វនោះថានាគ បុរសអ្នកត្រូវការចិញ្ចឹមជីវិត បានចាប់នាគនោះមកហើយ សូមព្រះអង្គលែងនាគនោះពីចំណងទៅ នាគនោះជាប្តីរបស់ខ្ញុំម្ចាស់។
[៣១៣] (ព្រះរាជា…) នាគរាជនេះ បរិបូណ៌ដោយកម្លាំង និងព្យាយាម ហេតុដូចម្តេច ក៏សេ្តចមកលុះក្នុងកណ្តាប់ដៃនៃមនុស្សកំសត់ទៅវិញ ម្នាលនាគកញ្ញា ចូរនាងប្រាប់ហេតុនោះដល់យើង ធ្វើម្តេចទើបយើងស្គាល់នាគដែលគេចាប់មក (នោះ) បាន។
[៣១៤] (នាងនាគី…) ពិតដូច្នោះមែន នាគរាជនោះបរិបូណ៌ដោយកំឡាំង និងព្យាយាម អាចធ្វើសូម្បីនូវនគរឲ្យជាផេះបាន ប៉ុន្តែនាគរាជនោះគោរពធម៌ ព្រោះហេតុនោះ ទើបខំតែធ្វើតបធម៌។
[៣១៥] បពិត្រព្រះរាជា នាគរាជជាអ្នករក្សាចាតុទ្ទសីឧបោសថ និងបណ្ណរសីឧបោសថ នៅជិតផ្លូវត្រឡែងកែង បុរសអ្នកត្រូវការចិញ្ចឹមជីវិត បានចាប់នាគរាជនោះមកហើយ សូមព្រះអង្គលែងនាគរាជនោះពីចំណង នាគរាជនុ៎ះជាប្តីរបស់ខ្ញុំម្ចាស់។
[៣១៦] នាងនាគជាស្រីស្នំរបស់នាគរាជ ដប់ប្រាំមួយពាន់ ពាក់កុណ្ឌលជាវិការៈនៃកែវមណី មានផ្ទះជាទីដេកក្នុងទឹក នាងនាគទាំងនោះឯង ក៏ដល់នូវនាគរាជនោះជាទីពឹង។ សូមព្រះអង្គលែង (នាគរាជនោះ) ដោយនូវគន្លងធម៌ ដោយអំពើមិនអាក្រក់ គឺដោយស្រុកសួយ ដោយមាសឆ្តោរ ដោយគោមួយរយ ចូរឲ្យនាគមានកាយរួចស្រឡះហើយ ត្រាច់ទៅចុះ (នាគ) អ្នកត្រូវការដោយបុណ្យ ចូររួចពីចំណងចុះ។
[៣១៧] (ព្រះរាជា…) យើងដោះលែង (នាគរាជ) ដោយនូវគន្លងធម៌ដោយអំពើមិនអាក្រក់ គឺដោយស្រុកសួយ ដោយមាសឆ្តោរ ដោយគោមួយរយ ចូរឲ្យនាគមានកាយរួចស្រឡះ ហើយត្រាច់ទៅចុះ (នាគ) អ្នកត្រូវការដោយបុណ្យ ចូររួចពីចំណងចុះ។ ម្នាលព្រាន យើងឲ្យមាសឆ្តោរមួយរយផង កុណ្ឌលជាវិការៈនៃកែវមណីដ៏ច្រើនផង បល្ល័ង្កមានជ្រុង ៤ មានពណ៌ដូចផ្កាត្រកៀតផង ភរិយាស្មើគ្នា (ដោយវ័យជាដើម) នេះពីរនាក់ផង គោឧសភមួយរយផង នាគមានកាយរួចស្រឡះហើយ ចូរត្រាច់ទៅចុះ (នាគ) អ្នកត្រូវការដោយបុណ្យ ចូររួចពីចំណងចុះ។
[៣១៨] (អាលម្ពាយ…) បពិត្រព្រះអង្គជាធំជាងជន ព្រះរាជឱង្ការរបស់ព្រះអង្គវៀរចាកព្រះរាជអំណោយក៏បាន ទូលព្រះបង្គំសូមលែងនាគនោះអំពីចំណង នាគមានកាយរួចស្រឡះហើយ ចូរត្រាច់នៅចុះ (នាគ) អ្នកត្រូវការដោយបុណ្យ ចូររួចពីចំណងចុះ។
[៣១៩] (អភិសម្ពុទ្ធគាថា) ចម្បេយ្យកនាគ បានរួចហើយ ក្រាបបង្គំទូលព្រះរាជាថា បពិត្រព្រះរាជាក្នុងដែនកាសី សូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គ អ្នកញ៉ាំងដែនកាសីឲ្យចំរើន សូមថ្វាយបង្គំព្រះអង្គ ទូលព្រះបង្គំជាខ្ញុំ សូមផ្គងក្រពុំម្រាមដៃចំពោះព្រះអង្គ ទូលព្រះបង្គំជាខ្ញុំ ចង់បង្ហាញនូវលំនៅរបស់ទូលព្រះបង្គំជាខ្ញុំ (ដល់ព្រះអង្គ)។
[៣២០] (ព្រះរាជា…) មនុស្សស្និទ្ធស្នាលនឹងពួកអមនុស្ស ដោយហេតុណា អ្នកប្រាជ្ញទាំងឡាយ ពោលនូវហេតុនុ៎ះថា ជាសេចក្តីស្និទ្ធស្នាលអាក្រក់ដោយពិត ប៉ុន្តែបើអ្នកអង្វររឿងនុ៎ះនឹងយើង ម្នាលនាគ យើងនឹងទៅមើលលំនៅរបស់អ្នក។
[៣២១] (នាគរាជ…) បើទុកជាខ្យល់គួចយកភ្នំទៅបាន ព្រះចន្ទ្រ និងព្រះអាទិត្យជ្រុះចុះមកលើផែនដី ទោះស្ទឹងទាំងពួងហូរច្រាសបាន បពិត្រព្រះរាជា ទូលព្រះបង្គំជាខ្ញុំ ក៏មិនពោលពាក្យកុហកទេ។ ផ្ទៃអាកាសបែកធ្លាយក្តី សមុទ្ររីងស្ងួតក្តី ផែនដីជាទីទ្រសត្វទ្រទ្រព្យ គប្បីខ្មូរ ទាំងភ្នំមេរុសណ្តកឡើង ព្រមទាំងឫសក្តី បពិត្រព្រះរាជា ទូលព្រះបង្គំជាខ្ញុំ មិនពោលពាក្យកុហកទេ។
[៣២២] (ព្រះរាជា…) មនុស្សស្និទ្ធស្នាលនឹងពួកអមនុស្ស ដោយហេតុណា អ្នកប្រាជ្ញទាំងឡាយ ពោលនូវហេតុនុ៎ះថា ជាសេចក្តីស្និទ្ធស្នាលអាក្រក់ដោយពិត ប៉ុន្តែបើអ្នកអង្វររឿងនុ៎ះនឹងយើង ម្នាលនាគ យើងនឹងទៅមើលលំនៅរបស់អ្នកដែរ។
[៣២៣] ពួកអ្នកសោត ក៏ជាសត្វមានពិសខ្លាំងក្លាពន្លឹកណាស់ មានតេជះច្រើន ឆាប់ខឹង អ្នករួចអំពីចំណងបាន ព្រោះហេតុនៃយើង អ្នកគួរដឹងនូវឧបការគុណ ដែលយើងបានធ្វើហើយ។
[៣២៤] (នាគរាជ…) បុគ្គលណាមិនស្គាល់នូវបុគ្គលមានកុសលកម្មធ្វើហើយ (ធ្វើបុណ្យ) ប្រាកដដូចព្រះអង្គ បុគ្គលនោះចូរឆេះក្នុងនរក មានសភាពគួរស្បើម កុំឲ្យបានសេចក្តីសុខប្រព្រឹត្តទៅក្នុងកាយបន្តិចបន្តួចសោះ ចូរជាប់នៅក្នុងទ្រុង ដល់នូវសេចក្តីស្លាប់ចុះ។
[៣២៥] (ព្រះរាជា…) ពាក្យប្តេជ្ញារបស់អ្នកនុ៎ះ ជាពាក្យសត្យ អ្នកចូរកុំមានសេចក្តីក្រោធ អ្នកចូរកុំចងសេចក្តីក្រោធទុក ពួកគ្រុឌក៏ចូរវៀរលែងត្រកូលនាគទាំងអស់របស់អ្នក ដូចពួកមនុស្សវៀរចាកគំនរភ្លើងក្នុងគិម្ហសម័យដូច្នោះចុះ។
[៣២៦] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គអនុគ្រោះនូវត្រកូលនាគ ដូចជាមាតាអនុគ្រោះកូនប្រុសតែម្នាក់ដែលជាទីស្រឡាញ់ស្មោះ ចំណែកខាងទូលព្រះបង្គំជាខ្ញុំ ព្រមទាំងត្រកូលនាគ នឹងធ្វើនូវការខ្វល់ខ្វាយបំរើ ចំពោះព្រះអង្គដ៏លើសលុប។
[៣២៧] (ព្រះរាជា…) នែវឺយ ពួកភ្នាក់ងារគ្រប់តំណែង ចូរទឹមរាជរថដ៏វិចិត្រដោយប្រពៃ ចូរទឹមអស្សតរដែលកើតក្នុងដែនកម្ពុជៈ ជាពាហនៈទូន្មានបានបទល្អហើយ ចូររៀបដំរី ប្រដាប់ដោយគ្រឿងមាស យើងនឹងទៅមើលលំនៅរបស់នាគ។
[៣២៨] (អភិសម្ពុទ្ធគាថា) ពួកស្គរធំ ស្គរតូច ត្រែ ស័ង្ខរបស់ព្រះរាជាព្រះនាមឧគ្គសេន ក៏លាន់ឮឡើង ព្រះរាជាទ្រង់ព្រះលំអច្រើនប្រការ ទ្រង់ស្តេចយាងទៅក្នុងកណ្តាលនៃពួកនារីដែលចោមរោមជុំវិញ។
[៣២៩] ព្រះរាជាអ្នកញ៉ាំងដែនកាសីឲ្យចំរើន បានទតផែនដីដ៏វិចិត្រដោយមាស និងប្រាសាទទាំងឡាយជាវិការៈនៃមាស ដែលក្រាលដោយបន្ទះកែវពៃទូរ្យ។ ព្រះរាជាអង្គនោះ ទ្រង់ចូលទៅកាន់នាគពិភពដ៏សម្បើម ជាទីនៅនៃចម្បេយ្យនាគរាជ ដ៏ភ្លឺស្វាងដូចជាពណ៌នៃព្រះអាទិត្យមានរស្មីផ្លេកៗ ដូចផ្លេកបន្ទោរពណ៌មាស។ ព្រះបាទកាសីនោះ ទ្រង់ទតនិវេសនដ្ឋានរបស់ចម្បេយ្យនាគរាជ ដ៏ដេរដាសដោយឈើទាំងឡាយផ្សេងៗ ដ៏ផ្សព្វផ្សាយដោយក្លិនក្រអូបផ្សេងៗ។ កាលដែលព្រះបាទកាសី ទ្រង់ចូលទៅហើយ តូរ្យតន្ត្រីទាំងឡាយជាទិព្វ ក៏លាន់ឮឡើង នាគកញ្ញាទាំងឡាយក៏រាំថ្វាយ ក្នុងរាជនិវេសន៍នៃចម្បេយ្យនាគរាជ។
ព្រះរាជនិវេសន៍នោះ ដេរដាសដោយពួកនៃនាគកញ្ញា ព្រះរាជាកាសីទ្រង់ជ្រះថ្លា ឡើងគង់លើបល្ល័ង្ក ជាវិការៈនៃមាស មានបង្អែកដ៏លាបលនដោយខ្លឹមចន្ទន៍។
[៣៣០] ព្រះបាទកាសីនោះ ទ្រង់សោយ ទ្រង់រីករាយក្នុងនាគពិភពនោះ ហើយមានព្រះរាជឱង្ការចំពោះចម្បេយ្យនាគរាជថា វិមានដ៏ប្រសើរទាំងឡាយរបស់អ្នកនេះ មានពណ៌ដូចព្រះអាទិត្យដ៏ភ្លឺផ្លេកៗ ធម្មជាតប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ពួកនាងនាគកញ្ញានោះ ពាក់នូវគ្រឿងប្រដាប់មាស មានសម្លៀកបំពាក់ដ៏ល្អ មានម្រាមដៃមូល ប្រកបដោយផ្ទៃ (ដៃ និងជើង) ដ៏ក្រហម មានសម្បុរមិនអន់អាប់ លើក (នូវទិព្វបានៈ) ទៅថ្វាយដើម្បីសោយ ធម្មជាតប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ស្ទឹងទាំងឡាយមានទឹកត្រជាក់ មានត្រីមានស្រកាក្រាស់ មានអាទាសបក្សីយំពីរោះ មានកំពង់ល្អ ធម្មជាតប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ហ្វូងក្រៀល ក្ងោក ហង្ស តាវ៉ៅ ដ៏ជាទិព្វ ស្រែកនូវសម្រែកដ៏ពីរោះ ហើរទំពីព្រឹក្សាមួយ ទៅរកព្រឹក្សាមួយ ធម្មជាតដែលប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ដើមស្វាយ ដើមសាលព្រឹក្ស ដើមមៀន ដើមព្រីង ដើមរាជព្រឹក្ស ដើមជ្រនៀងទាំងឡាយ មានផ្ការីកស្គុះស្គាយ រុក្ខជាតដែលប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។ ក្លិនដ៏ជាទិព្វទាំងឡាយ រមែងបក់ផ្សាយជុំវិញស្រះបោក្ខរណីទាំងនេះជានិច្ច គន្ធជាតប្រាកដដូច្នេះ មិនមានក្នុងមនុស្សលោកទេ ម្នាលនាគ អ្នកធ្វើតបធម៌ដើម្បីអ្វី។
[៣៣១] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន ទូលព្រះបង្គំជាខ្ញុំ ធ្វើតបធម៌ មិនមែនព្រោះហេតុចង់បានកូន មិនមែនចង់បានទ្រព្យ ឬថា មិនមែនព្រោះហេតុចង់បានអាយុទេ ទូលព្រះបង្គំជាខ្ញុំ ចង់បានកំណើតជាមនុស្ស ព្រោះហេតុនោះ ទើបខំប្រឹងធ្វើតបធម៌។
[៣៣២] (ព្រះរាជា…) អ្នកមានភ្នែកក្រហម មានរស្មីភ្លឺច្រាលឆ្អៅ មានខ្លួនប្រដាប់ហើយ មានសក់ និងពុកមាត់កោរកាត់ហើយ ប្រស់ព្រំយ៉ាងល្អ ដោយចន្ទន៍ក្រហម ភ្លឺផ្សាយទៅសព្វទិស ដូចជាគន្ធព្វរាជ។ អ្នកមានឫទ្ធិដូចជាទេវតា មានអានុភាពច្រើន បរិបូណ៌ដោយកាមទាំងឡាយគ្រប់យ៉ាង។ ម្នាលនាគរាជ មនុស្សលោកប្រសើរដោយវិសេសជាងនាគពិភពនេះ ដោយហេតុអ្វី យើងសូមសួរអ្នកចំពោះហេតុនុ៎ះឯង។
[៣៣៣] (នាគរាជ…) បពិត្រព្រះអង្គជាធំជាងជន សេចក្តីបរិសុទ្ធិក្តី ការសង្រួមក្តី បើវៀរចាកមនុស្សលោកចេញហើយ ឥតមានទេ បើទូលព្រះបង្គំជាខ្ញុំ បានកំណើតជាមនុស្សហើយ នឹងធ្វើនូវទីបំផុតនៃជាតិ និងមរណៈ។
[៣៣៤] (ព្រះរាជា…) ពួកជនដែលប្រកបដោយប្រាជ្ញា ជាពហុស្សូត ជាអ្នកគិតនូវហេតុច្រើនប្រការ គេត្រូវគប់រកដោយពិត ម្នាលនាគរាជ ចំណែកខាងយើង បានឃើញនូវពួកនាងនារីផង នូវអ្នកផង នឹងធ្វើបុណ្យទាំងឡាយយ៉ាងច្រើន។
[៣៣៥] (នាគរាជ…) ពួកជនដែលប្រកបដោយប្រាជ្ញា ជាពហុស្សូត ជាអ្នកគិតនូវហេតុច្រើនប្រការ គេត្រូវគប់រកដោយពិត បពិត្រព្រះរាជា ព្រះអង្គទតឃើញនូវពួកនាងនារីផង នូវទូលព្រះបង្គំជាខ្ញុំផង សូមព្រះអង្គធ្វើនូវបុណ្យទាំងឡាយយ៉ាងច្រើនចុះ។
[៣៣៦] បា្រក់របស់ទូលព្រះបង្គំជាខ្ញុំនេះច្រើនណាស់ ទាំងគំនរមាស ក៏ប្រហែលកំពស់ដើមត្នោត សូមព្រះអង្គឲ្យរាជបម្រើនាំអំពីនាគពិភពនេះ ទៅកសាងព្រះរាជដំណាក់ ជាវិការៈនៃមាស ពួកជាងចូរធ្វើកំពែងជាវិការៈនៃប្រាក់ចុះ។ គំនរកែវមុក្តា មានប្រាំពាន់វាហៈ (រទេះ) គំនរកែវពៃទូរ្យ (ប្រាំពាន់វាហៈ) នេះ សូមពួកជននាំទៅអំពីនាគពិភពនេះ ហើយក្រាលលើផែនដីខាងក្នុងបូរី ឲ្យជាទីមិនមានភក់ មិនមានធូលី។ បពិត្រព្រះរាជាដ៏ប្រសើរ សូមព្រះអង្គគ្រប់គ្រងក្រុងពារាណសី ឲ្យជាវិមានប្រសើរ មានលំអច្រើនអន្លើ ជានគរស្តុកស្តម្ភ ទូលំទូលាយ មានសភាពដូច្នេះចុះ បពិត្រព្រះអង្គមានប្រាជ្ញាមិនថោកថយ សូមព្រះអង្គសោយរាជ្យចុះ។
ចប់ ចម្បេយ្យជាតក ទី១០។
(៥០៧. មហាបលោភនជាតកំ (១១))
[៣៣៧] (ព្រះមានព្រះភាគទ្រង់ត្រាស់សំដែងជាតកនេះថា) ទេវបុត្រមានឫទ្ធិច្រើន ច្យុតចាកព្រហ្មលោក បានកើតជាបុត្រនៃព្រះរាជា ទ្រង់ឋិតនៅក្នុងសម្បត្តិជាគ្រឿងញ៉ាំងសេចក្តីប្រាថ្នាទាំងពួងឲ្យសម្រេច។ កាមទាំងឡាយក្តី កាមសញ្ញាក្តី មិនមានក្នុងព្រហ្មលោកទេ ព្រះរាជបុត្រនោះនឿយណាយចាកកាមទាំងឡាយ ព្រោះឈានសញ្ញា (ដែលកើតក្នុងព្រហ្មលោក) នោះឯង។ ក៏ក្នុងព្រះរាជវាំងនៃព្រះរាជានោះ មានព្រះរាជដំណាក់សម្រាប់ចំរើនឈាន ដែលគេកសាងហើយដោយល្អ ព្រះរាជបុត្រនោះ ទ្រង់សម្ងំតែមួយព្រះអង្គឯង ចំរើនឈានក្នុងទីកំបាំងក្នុងព្រះរាជដំណាក់នោះ។ ព្រះបាទកាសីនោះ ទ្រង់បរិទេវនាការចង្អៀតចង្អល់ដោយសេចក្តីសោកព្រោះព្រះរាជបុត្រថា ព្រះរាជបុត្រតែមួយរបស់យើងនេះ មិនបរិភោគកាម។ ឧបាយក្នុងរឿងនេះដូចម្តេចហ្ន៎ ឬថា នរណាហ្ន៎ ចេះខ្វល់ខ្វាយក្នុងរឿងនេះ អ្នកណាអាចប្រលោមកូនអញ ឲ្យប្រាថ្នាកាមទាំងឡាយបាន។
[៣៣៨] ក្នុងព្រះរាជវាំងនោះឯង មានកុមារីម្នាក់ ជាស្ត្រីមានសម្បុរ និងរូបល្អ ជាស្ត្រីឈ្លាសវាងវៃក្នុងការរាំច្រៀង ទាំងបានសិក្សាល្អក្នុងការប្រគុំ កុមារីនោះ ចូលទៅគាល់ក្នុងទីនោះហើយ ក្រាបបង្គំទូល (ព្រះរាជា) ថា បើព្រះរាជឱរសនឹងបានជាព្រះភស្តានៃខ្ញុំម្ចាស់ ខ្ញុំម្ចាស់អាចនឹងប្រលោមព្រះរាជឱរសនោះឲ្យខាងតែបាន។
[៣៣៩] ព្រះរាជា ទ្រង់មានព្រះរាជឱង្ការដូច្នេះនឹងកុមារីដែលនិយាយដូច្នោះនោះថា ចូរនាងប្រលោមព្រះរាជឱរសនោះចុះ ព្រះរាជឱរសនោះ នឹងជាភស្តារបស់នាង។
[៣៤០] កុមារីនោះក៏ទៅខាងក្នុងព្រះរាជវាំង ហើយ (ច្រៀង) នូវចម្រៀង ដែលប្រកបដោយកាមច្រើនប្រការ ពោលគាថាដ៏វិចិត្រជាទីស្រឡាញ់ ជ្រួតជា្របក្នុងហឫទ័យ។
[៣៤១] ចំណង់ក្នុងកាមកើតឡើង ដល់ព្រះរាជបុត្រនោះ ព្រោះបានស្តាប់សម្លេងរបស់នារីច្រៀងថ្វាយនោះឯង ព្រះរាជឱរសនោះ ទ្រង់សាកសួរជនថា យីអើ នុ៎ះជាសម្លេងនរណា ឬថា នរណានោះពោលពាក្យខ្ពស់ទាបច្រើន ដ៏ជ្រួតជ្រាបក្នុងហឫទ័យ ជាទីស្រឡាញ់ ជាសុខត្រចៀករបស់អញ។
[៣៤២] បពិត្រព្រះសម្មតិទេព នុ៎ះឯងជាស្ត្រី ស្រ្តីនុ៎ះចេះល្បែងច្រើនប្រការ បើព្រះអង្គទ្រង់សោយនូវកាមទាំងឡាយណា កាមទាំងឡាយនោះ នឹងញ៉ាំងព្រះអង្គ ឲ្យរឹងរឹតតែគាប់ព្រះទ័យ។
[៣៤៣] អើបើដូច្នោះ ចូរកុមារីមកអាយចុះ ចូរច្រៀងក្នុងទីជិតចុះ ចូរច្រៀងក្នុងទីជិតអាស្រមក្នុងសំណាក់នៃយើងចុះ។
[៣៤៤] កុមារីនោះ ច្រៀងក្នុងទីខាងក្រៅជញ្ជាំង ហើយចូលទៅក្នុងព្រះរាជដំណាក់សំរាប់ចំរើនឈាន ដើម្បីចងព្រះរាជកុមារនោះតាមលំដាប់ ដូចជាហ្មដំរីចងដំរីក្នុងព្រៃ។
[៣៤៥] ធម៌ច្រណែនបានកើតព្រោះដឹងនូវកាមរសនៃកុមារីនោះ យើងត្រូវតែបរិភោគកាមទាំងឡាយតែម្នាក់ឯងប៉ុណ្ណោះ កុំឲ្យមានបុរសដទៃឡើយ។ តពីនោះទៅ ព្រះរាជកុមារទ្រង់កាន់ដាវ ព្យាយាមដើម្បីសម្លាប់បុរសទាំងឡាយ ដោយគិតថា អញត្រូវបរិភោគកាមតែម្នាក់ឯងប៉ុណ្ណោះ កុំគប្បីមានបុរសដទៃ។
[៣៤៦] ក្នុងកាលនោះ អ្នកជនបទទាំងអស់មកប្រជុំគ្នា កន្ទក់កន្ទេញថា បពិត្រមហារាជ ព្រះរាជបុត្ររបស់ព្រះអង្គនេះ បៀតបៀននូវជនដែលមិនប្រទូស្ត។
[៣៤៧] ព្រះរាជាជាក្សត្រ ទ្រង់បំបរបង់ព្រះរាជបុត្រចេញចាកដែននោះថា ទីដែនរបស់អញមានត្រឹមណា ឯងមិនត្រូវនៅត្រឹមនោះទេ។
[៣៤៨] លំដាប់នោះ ព្រះរាជកុមារនោះ ទ្រង់នាំភរិយាចូលទៅជិតសមុទ្រ ធ្វើនូវបណ្ណសាលា ហើយចូលទៅកាន់ព្រៃដើម្បីស្វែងរកផលាផល។
[៣៤៩] លំដាប់នោះ ឥសីមកខាងលើៗសមុទ្រដល់ក្នុងទីនុ៎ះ ឥសីនោះបានឃើញផ្ទះរបស់ព្រះរាជកុមារនោះក្នុងកាលភត្តដល់ហើយ។
[៣៥០] ឯភរិយាក៏ប្រលោមតាបសនោះ (ម្នាលភិក្ខុ) អ្នកចូរមើលអំពើអាក្រក់គួរស្បើម (នោះ) ចុះ តាបសនោះឃ្លាតចាកព្រហ្មចរិយធម៌ហើយ ក៏សាបសូន្យចាកឫទ្ធិ។
[៣៥១] ចំណែកខាងព្រះរាជបុត្រ ដល់វេលាល្ងាច ក៏នាំយកមើមឈើ និងផ្លែឈើជាច្រើន មកអំពីទីស្វែងរកផលាផលដោយអម្រែក ហើយចូលទៅកាន់អាស្រម។
[៣៥២] ឯឥសីបានឃើញសេ្តចហើយ ក៏ចូលទៅជិតសមុទ្រដោយគិតថា អញនឹងទៅកាន់អាកាស តែឥសីនោះ លិចចុះក្នុងសមុទ្រ។
[៣៥៣] មហាក្សត្របានឃើញឥសីកំពុងលិចក្នុងសមុទ្រ ហើយពោលគាថាទាំងនេះ ដោយសេចក្តីអនុគ្រោះដល់តាបសនោះថា
[៣៥៤] តាបសមកលើទឹកមិនបែក ដោយឫទ្ធិខ្លួនឯង ហើយលិចក្នុងសមុទ្រ ព្រោះដល់នូវសេចក្តីច្រឡូកច្រលំដោយស្រ្តី។ ធម្មតាពួកស្រី ជាអ្នកនាំឲ្យវិលវល់ណាស់ មានមាយាច្រើន ជាអ្នកញ៉ាំងព្រហ្មចរិយធម៌ឲ្យកម្រើក តែងនាំពន្លិច បុគ្គលដឹងច្បាស់នូវហេតុនោះហើយ គប្បីវៀរអំពីចម្ងាយ។ ពួកស្រីមានសំដីឥតទោស មានសំដីទន់ភ្លន់ ស្មើដោយស្ទឹង ព្រោះគេបំពេញបានដោយកម្រ តែងនាំពន្លិច បុគ្គលអ្នកដឹងច្បាស់នូវហេតុនោះហើយ គប្បីវៀរចេញអំពីចម្ងាយ។ ស្រីទាំងនុ៎ះ ចូលទៅគប់រកបុរសណា ព្រោះសេចក្តីពេញចិត្តក្តី ព្រោះទ្រព្យក្តី រមែងដុតបំផ្លាញបុរសនោះយ៉ាងឆាប់ ដូចភ្លើងព្រៃដុតនូវឋានទីរបស់ខ្លួន។
[៣៥៥] សេចក្តីនឿយណាយ ក៏កើតមានឡើងដល់ឥសី ព្រោះបានស្តាប់ព្រះរាជបន្ទូលរបស់មហាក្សត្រ ហើយត្រឡប់បាននូវផ្លូវចាស់ (ឈានវិសេស) ក៏ទៅតាមអាកាសវិញ។
[៣៥៦] ព្រះមហាក្សត្រជាអ្នកប្រាជ្ញ លុះបានឃើញឥសីទៅតាមអាកាសហើយ ក៏បាននូវសេចក្តីតក់ស្លុត ទ្រង់គាប់ព្រះរាជហ្ឫទ័យស៊ប់ចំពោះបព្វជ្ជា។
លំដាប់នោះ ព្រះមហាក្សត្រនោះ ទ្រង់បព្វជ្ជាហើយ ក៏នឿយណាយចាកកាមរាគ លុះនឿយណាយចាកកាមរាគហើយ បានចូលទៅកើតក្នុងព្រហ្មលោក។
ចប់ មហាបលោភនជាតក ទី១១។
(៥០៨. បញ្ចបណ្ឌិតជាតកំ (១២))
[៣៥៧] (ព្រះបាទវិទេហៈត្រាស់ថា) អ្នកប្រាជ្ញទាំង ៥ នាក់មកជួបជុំគ្នាហើយ ប្រស្នាភ្លឺច្បាស់ដល់យើង អ្នកទាំងឡាយចូរស្តាប់ប្រស្នានោះ អ្នកផងគួរសំដែង (ប្រាប់) នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរ ដែលជាអាថ៌កំបាំងដល់នរណា។
[៣៥៨] (អាចារ្យសេនកៈទូលថា) បពិត្រព្រះភូមិបាល សូមព្រះអង្គធ្វើឲ្យជាក់ច្បាស់ដល់ទូលព្រះបង្គំជាខ្ញុំទាំងឡាយ ព្រះអង្គជាអ្នកចិញ្ចឹម ជាអ្នកអត់ធន់នូវរាជកិច្ចដ៏ធ្ងន់ សូមព្រះអង្គទ្រង់ពោលប្រស្នានុ៎ះមុន បពិត្រព្រះជនិន្ទ អ្នកប្រាជ្ញទាំង ៥ នាក់ពិចារណានូវរបស់ជាទីស្រឡាញ់ និងជាទីគាប់ព្រះទ័យរបស់ព្រះអង្គ ហើយនឹងក្រាបទូលក្នុងកាលជាខាងក្រោយ។
[៣៥៩] (ព្រះរាជា…) ភរិយាណា មានសីលពិត ដែលបុរសដទៃលួច (សម្ផស្ស) មិនបាន ជាស្រីប្រព្រឹត្តតាមអំណាចនៃសេចក្តីប្រាថ្នារបស់ភស្តា ជាទីស្រឡាញ់ ជាទីពេញចិត្តនៃភស្តា បុគ្គលគួរប្រាប់នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរ ដែលជាអាថ៌កំបាំង ដល់ភរិយា (នោះ) ឬ។
[៣៦០] (អាចារ្យសេនកៈ…) សំឡាញ់ណាជាទីរលឹក ជាគតិ ជាទីពឹងរបស់អ្នក ដែលដល់នូវសេចក្តីលំបាក អ្នកដែលក្តៅក្រហាយ បុគ្គលគួរប្រាប់នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរដែលជាអាថ៌កំបាំងដល់សំឡាញ់ (នោះ)។
[៣៦១] (អាចារ្យបុក្កុសៈ…) បងប្អូនណា ទោះបីជាបងបង្អស់ក្តី កណ្តាលក្តី ជាប្អូនពៅក្តី បើបងប្អូននោះដំកល់នៅស៊ប់ក្នុងសីល មានចិត្តនឹងនួន បុគ្គលគួរប្រាប់នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរ ដែលជាអាថ៌កំបាំង ដល់បងប្អូន (នោះ)។
[៣៦២] (អាចារ្យកាមិន្ទ…) កូនប្រុស អ្នកប្រព្រឹត្តទៅក្នុងអំណាចនៃហ្ឫទ័យរបស់បិតា ជាអ្នកធ្វើតាមពាក្យ ជាអនុជាតបុត្រ មានប្រាជ្ញាមិនអន់ថយជាងបិតា បុគ្គលគួរប្រាប់នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរដែលជាអាថ៌កំបាំងដល់កូនប្រុស (នោះ)។
[៣៦៣] (អាចារ្យទេវិន្ទ…) បពិត្រព្រះអង្គជាធំជាងជន ដ៏ប្រសើរជាងមនុស្ស មាតាណាចិញ្ចឹមកូននោះ ដោយសេចក្តីស្រឡាញ់ពេញចិត្ត បុគ្គលគួរប្រាប់នូវសេចក្តីដែលគួរនិន្ទា ឬគួរសរសើរដែលជាអាថ៌កំបាំង ដល់មាតា (នោះ)។
[៣៦៤] (មហោសធបណ្ឌិត) សេចក្តីពិតថា ការលាក់នូវអាថ៌កំបាំង ជាការប្រពៃ ការប្រាប់នូវអាថ៌កំបាំង គេមិនសរសើរទេ អ្នកប្រាជ្ញ កាលបើសេចក្តីប្រាថ្នាមិនទាន់សម្រេចនៅឡើយ ត្រូវអត់សង្កត់ទុក លុះសម្រេចប្រយោជន៍ហើយ ទើបគួរនិយាយតាមសប្បាយចុះ។
[៣៦៥] (នាងឧទុម្ពរាទេវី…) បពិត្រព្រះរាជាដ៏ប្រសើរ ព្រះអង្គទ្រង់មានព្រះទ័យប្រែប្រួលឬ បពិត្រព្រះអង្គជាធំជាងមនុស្ស ខ្ញុំម្ចាស់ស្តាប់ព្រះតម្រាស់របស់ព្រះអង្គនោះហើយ តើព្រះអង្គទ្រង់ព្រះចិន្តាដូចម្តេច បានជាទ្រង់តូចព្រះទ័យ បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់មិនមានកំហុសទេឬ។
[៣៦៦] (ព្រះរាជា…) មហាសធ ត្រូវគេសម្លាប់ព្រោះតែប្រស្នា មហោសធ ជាអ្នកមានប្រាជ្ញាដូចផែនដី ខ្ញុំបង្គាប់គេឲ្យសម្លាប់ហើយ ខ្ញុំគិតរឿងនោះ បានជាតូចចិត្ត ម្នាលនាងទេវី កំហុសរបស់នាងមិនមានទេ។
[៣៦៧] (ព្រះរាជា…) អ្នកឯង ទើបតែទៅផ្ទះក្នុងពេលព្រលប់សោះ ឥឡូវនេះ ស្រាប់តែមកវិញភ្លាម អ្នកឯងឮដំណឹងដូចម្តេច ចិត្តរបស់អ្នកឯងរង្កៀសដូចម្តេច ម្នាលអ្នកមានប្រាជ្ញាដូចផែនដី នរណាបានប្រាប់ដំណឹងដូចម្តេចដល់អ្នក យើងចង់ស្តាប់ពាក្យនោះ អ្នកចូរប្រាប់ពាក្យនោះដល់យើង។
[៣៦៨] (មហោសធ…) បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គស្តេចទៅក្នុងទីស្ងាត់ បានប្រាប់នូវអាថ៌កំបាំង ដែលព្រះអង្គប្រឹក្សាហើយក្នុងពេលព្រលប់ ដល់ព្រះអគ្គមហេសីថា មហោសធត្រូវគេសម្លាប់ ព្រោះតែប្រស្នា ក្នុងកាលណា សេចក្តីកំបាំងឈ្មោះថាព្រះអង្គធ្វើឲ្យប្រាកដហើយ ក្នុងកាលនោះ សេចក្តីកំបាំងនុ៎ះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
[៣៦៩] អាចារ្យសេនកៈបានធ្វើអំពើអាក្រក់ ជាអំពើមានសភាពមិនល្អក្នុងឱទ្យាន ដ៏ដេរដាសដោយដើមសាលព្រឹក្ស បានទៅក្នុងទីស្ងាត់ ហើយប្រាប់ដល់សំឡាញ់ សេចក្តីកំបាំងណាដែលអាចារ្យសេនកៈធ្វើឲ្យប្រាកដហើយ សេចក្តីកំបាំងនោះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
[៣៧០] បពិត្រព្រះអង្គជាធំជាងជន រោគ (ឃ្លង់) កើតឡើងដល់បុក្កុសបុរស របស់ព្រះអង្គ រោគនោះមិនសមគួរដល់ព្រះរាជាទេ គាត់បានទៅក្នុងទីស្ងាត់ ហើយប្រាប់ដល់បងប្អូនប្រុស សេចក្តីកំបាំងណា ដែលអាចារ្យបុក្កសៈធ្វើឲ្យប្រាកដហើយ សេចក្តីកំបាំងនុ៎ះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
[៣៧១] អាចារ្យកាមិន្ទនេះ មានអាពាធដ៏អាក្រក់ គឺត្រូវនរទេវយក្ខចូល បានទៅក្នុងទីស្ងាត់ ហើយប្រាប់ដល់កូនប្រុស សេចក្តីកំបាំងណា ដែលអាចារ្យកាមិន្ទធ្វើឲ្យប្រាកដហើយ សេចក្តីកំបាំងនុ៎ះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
[៣៧២] ព្រះឥន្ទ្របានថ្វាយមណិរតន៍មានជ្រុង ៨ ដ៏ថ្លៃថ្លា (ដល់ព្រះបាទកុសរាជ) ជាព្រះអយ្យកោរបស់ព្រះអង្គ ថ្ងៃនេះមណិរតន៍នោះទៅនៅក្នុងកណ្តាប់ដៃនៃអាចារ្យទេវិន្ទហើយ អាចារ្យទេវិន្ទទៅក្នុទីស្ងាត់ ហើយប្រាប់ដល់មាតា សេចក្តីកំបាំងណា ដែលអាចារ្យទេវិន្ទធ្វើឲ្យប្រាកដហើយ សេចក្តីកំបាំងនុ៎ះ ទូលព្រះបង្គំជាខ្ញុំបានឮហើយ។
[៣៧៣] សេចក្តីពិតថា ការលាក់នូវអាថ៌កំបាំង ជាការប្រពៃ ការប្រាប់នូវអាថ៌កំបាំង គេមិនសរសើរទេ អ្នកប្រាជ្ញ កាលបើសេចក្តីប្រាថ្នាមិនទាន់សម្រេច ត្រូវអត់សង្កត់ទុក លុះសម្រេចប្រយោជន៍ហើយ ទើបគួរនិយាយតាមសប្បាយចុះ។ បុគ្គលមិនគប្បីបើកនូវអាថ៌កំបាំង គប្បីរក្សានូវអាថ៌កំបាំងនោះ ដូចជារក្សានូវកំណប់ ដ្បិតថា អាថ៌កំបាំងដែលបុគ្គលអ្នកដឹងច្បាស់មិនធ្វើឲ្យប្រាកដ ជាការប្រពៃ។ អ្នកប្រាជ្ញមិនគប្បីនិយាយប្រាប់នូវអាថ៌កំបាំងដល់ស្រី ដល់ជនជាសត្រូវ ដល់ជនរឡឹបរឡប់ដោយអាមិស ដល់ជនលួចគំនិតគ្នា ជនណាតែងញ៉ាំងអាថ៌កំបាំង ដែលមិនទាន់មានគេដឹង ឲ្យគេដឹង អ្នកប្រាជ្ញតែងអត់សង្កត់មិនប្រាប់ដល់ជននោះ ព្រោះខ្លាចបែកការដែលគិតទុក ដូចជាមនុស្សខ្ញុំគេ។ ជនទាំងឡាយប៉ុន្មាននាក់ដឹងនូវមន្តជាអាថ៌កំបាំងរបស់បុរស សេចក្តីតក់ស្លុតប៉ុណ្ណោះ តែងកើតឡើងដល់បុរសនោះ ព្រោះហេតុនោះ អ្នកប្រាជ្ញមិនគប្បីផ្សាយនូវអាថ៌កំបាំង។
ក្នុងវេលាថ្ងៃ អ្នកប្រាជ្ញ គប្បីនិយាយអាថ៌កំបាំងក្នុងទីស្ងាត់ មិនគប្បីបញ្ចេញសម្លេងក្នុងវេលាយប់ឲ្យហួសកម្រិត ព្រោះថា ពួកអ្នកឈ្លបស្តាប់ រមែងឮនូវអាថ៌កំបាំង ដែលប្រឹក្សាគ្នា ព្រោះហេតុនោះ គំនិតនឹងដល់នូវការបែកធ្លាយយ៉ាងឆាប់។
ចប់ បញ្ចបណ្ឌិតជាតក ទី១២។
(៥០៩. ហត្ថិបាលជាតកំ (១៣))
[៣៧៤] (ហត្ថិបាលកុមារពោលថា) យូរណាស់ហើយ យើងទើបនឹងឃើញព្រាហ្មណ៍មានភេទដូចទេវតា មានផ្នួងសក់ធំ មានធូលីលើព្រះសិរ។ យូរណាស់ហើយ យើងទើបនឹងឃើញឥសី អ្នកតេ្រកអរក្នុងធម្មគុណ ស្លៀកដណ្តប់សំពត់កាសាយៈ មានសំបកឈើជាគ្រឿងបិទបាំង។ សូមលោកដ៏ចំរើន ទទួលនូវអាសនៈ ទឹក និងប្រេងសម្រាប់លាបជើងរបស់យើងខ្ញុំចុះ យើងខ្ញុំសូមសួរនូវរបស់មានតម្លៃ ចំពោះលោកដ៏ចំរើន សូមលោកដ៏ចំរើន ប្រាប់នូវរបស់មានតម្លៃដល់យើងខ្ញុំ។
[៣៧៥] (បុរោហិតជាឥសី…) ហៃបា អ្នកចូររៀននូវវេទទាំងឡាយ ហើយស្វែងរកទ្រព្យ ដំកល់ទុកនូវកូនទាំងឡាយក្នុងផ្ទះ សោយនូវក្លិន និងរសទាំងឡាយផង នូវវត្ថុកាមគ្រប់បែបផង ព្រៃប្រពៃដល់អ្នកបួសឯចាស់ បុគ្គលនោះជាអ្នកប្រាជ្ញដែលព្រះអរិយៈទាំងឡាយសរសើរហើយ។
[៣៧៦] (ហត្ថិបាលកុមារ…) វេទទាំងឡាយជាសភាវៈមិនទៀង ការបាននូវទ្រព្យ ក៏មិនទៀងដែរ ជនទាំងឡាយឃាត់ជរាដោយការបាននូវកូនមិនបានទេ សប្បុរសទាំងឡាយសរសើរនូវការរួចចាកក្លិន និងរស កិរិយាសម្រេចផល រមែងមានតាមកម្មរបស់ខ្លួន។
[៣៧៧] (ព្រះបាទឯសុការីជាឥសី…) ពាក្យរបស់អ្នកនុ៎ះ ជាពាក្យពិត ដ្បិតថា កិរិយាសម្រេចផល រមែងមានតាមកម្មរបស់ខ្លួន ប៉ុន្តែមាតា និងបិតារបស់អ្នកនេះ ចាស់ហើយ លោកតែងចង់ឃើញនូវអ្នក ជាបុគ្គលមិនមានរោគអស់រយនៃឆ្នាំ។
[៣៧៨] (ហត្ថិបាលកុមារ…) បពិត្រព្រះរាជា អ្នកទ្រទ្រង់នូវសេចក្តីព្យាយាមវិសេសជាងជន ភាពជាសំឡាញ់ដោយមរណៈ សេចក្តីមេត្រីដោយជរា គប្បីមានដល់ជនណា ម្យ៉ាងទៀត ជនណា គប្បីដឹងថា អញនឹងមិនស្លាប់ក្នុងកាលណាមួយទេ មាតាបិតាគួរឃើញនូវជននោះ ជាបុគ្គលមិនមានរោគអស់រយនៃឆ្នាំ។ បុរសចែវទូកក្នុងទឹក នាំទូកនុ៎ះទៅកាន់ត្រើយ (ខាងនាយ) យ៉ាងណា សេចក្តីឈឺចាប់ និងសេចក្តីគ្រាំគ្រា រមែងនាំសត្វចូលទៅកាន់អំណាចនៃសេចក្តីស្លាប់អ្នកធ្វើនូវទីបំផុតជារឿយៗ យ៉ាងនោះដែរ។
[៣៧៩] (អស្សបាលកុមារ…) កាមទាំងឡាយជាភក់ផង កាមទាំងឡាយជាល្បាប់ផង ជាគ្រឿងនាំមកនូវសេចក្តីពេញចិត្ត ជាគ្រឿងឆ្លងបានដោយកម្រ ជាលំនៅនៃមច្ចុ ពួកសត្វដែលលិចចុះក្នុងភក់ ក្នុងល្បាប់នេះ ជាសត្វមានចិត្តថោកទាប ជាសភាវៈឆ្លងទៅកាន់ត្រើយ (ព្រះនិព្វាន) ពុំបានឡើយ។ អត្តភាពរបស់ទូលព្រះបង្គំជាខ្ញុំនេះ បានធ្វើនូវអំពើអាក្រក់ក្នុងកាលមុន ផលនៃកម្មនោះ ទូលព្រះបង្គំជាខ្ញុំបានកាន់យកហើយ ការួចចាកផលអកុសលនោះ មិនមានដល់ទូលព្រះបង្គំជាខ្ញុំឡើយ។ ទូលព្រះបង្គំ នឹងបិទរក្សានូវអត្តភាពនោះ កុំឲ្យអត្តភាពនេះធ្វើអំពើអាក្រក់ទៀតឡើយ។
[៣៨០] (គោបាលកុមារ…) បពិត្រព្រះរាជា ដូចបុរសកាលមិនឃើញគោ ស្វែងរកគោដែលបាត់ក្នុងព្រៃ យ៉ាងណា បពិត្រព្រះរាជាទ្រង់ព្រះនាមឯសុការី ប្រយោជន៍ (បព្វជ្ជា) របស់ទូលព្រះបង្គំជាខ្ញុំវិនាសបាត់ទៅ ក៏យ៉ាងនោះដែរ បពិត្រព្រះរាជា ទូលព្រះបង្គំជាខ្ញុំ មិនគប្បីស្វែងរកដូចម្តេចបាន។
[៣៨១] បុរសបង្អង់ (នូវការងារដែលត្រូវធ្វើ) ថា ចាំថ្ងៃស្អែកៗ ដូច្នេះ រមែងសាបសូន្យ អ្នកប្រាជ្ញដឹងថា អនាគតនេះមិនមានដូច្នេះហើយ អ្នកប្រាជ្ញណា នឹងបន្ទោបង់នូវសេចក្តីប៉ុនប៉ងដែលកើតឡើងហើយបាន។
[៣៨២] (អជបាលកុមារ…) ទូលព្រះបង្គំជាខ្ញុំ បានឃើញកុមារីនៅក្មេង (ឡេះឡោះ) ដូចជាមនុស្សឆ្កួត មានភ្នែកដូចត្របកនៃផ្កាកាកែស ឋិតនៅក្នុងបឋមវ័យ មិនទាន់បរិភោគនូវភោគៈទាំងឡាយ ស្រាប់តែមច្ចុនាំយកកុមារី (នោះទៅ)។ ប្រុសកម្លោះមានកំណើតល្អ មានមុខស្រស់បស់ គួរជាទីរមិលមើល មានសម្បុរលឿងដូចមាស មានពុកមាត់ដេរដាសដូចកេសរនៃផ្កាដកគាំ (មច្ចុបាននាំយកនូវប្រុសកម្លោះនោះទៅ) ខ្ញុំព្រះអង្គនឹងលះបង់នូវកាមទាំងឡាយ ហើយគេចចេញចាកផ្ទះ (ទៅបួស) បពិត្រព្រះសម្មតិទេព សូមព្រះអង្គអនុញ្ញាតទូលព្រះបង្គំជាខ្ញុំ ទូលព្រះបង្គំជាខ្ញុំនឹងបួស។
[៣៨៣] (បុរោហិត…) អនុបាទិន្នកសង្ខារ បានឈ្មោះថា ដើមឈើ ព្រោះតែមែកទាំងឡាយ មួយទៀត ជនទាំងឡាយហៅនូវដើមឈើដែលមានមែកលះបង់អស់ហើយថា ដង្គត់ ម្នាលនាងវាសេដ្ឋីដ៏ចំរើន ថ្ងៃនេះជាកាលគួរ ដើម្បីត្រាច់ទៅស្វែងរកភិក្ខារបស់ខ្ញុំ ដែលមានកូនលះបង់ហើយ។
[៣៨៤] (ព្រាហ្មណីបន្លឺឧទានថា) ពួកក្រៀល ហើរទៅឰដ៏អាកាស ក្នុងរដូវអស់ទឹកភ្លៀង ហង្សទាំងឡាយ ទំលាយនូវមងដែលពីងពាងធ្វើហើយ យ៉ាងណា កូនទាំងឡាយផង ប្តីផងរបស់អញ (ទំលាយមង គឺកាមហើយ) ក៏ទៅ យ៉ាងនោះដែរ អញនោះ កាលបើដឹងច្បាស់ហើយ មិនទៅតាមដូចម្តេចកើត។
[៣៨៥] (ព្រះរាជទេពី…) បក្សី (ត្មាត) ទាំងឡាយនេះ បរិភោគ (នូវសាច់) ហើយក្អែចេញ ទើបហើរចៀសចេញទៅរួច ចំណែកខាងត្មាតទាំងឡាយណា បរិភោគហើយមិនក្អែចេញទេ ត្មាតទាំងនោះ មកលុះក្នុងកណ្តាប់ដៃរបស់ខ្ញុំម្ចាស់ហើយ។ ព្រាហ្មណ៍បានខ្ជាក់ចោលនូវកាមទាំងឡាយចេញហើយ ព្រះអង្គនោះត្រឡប់ជាលេបវិញ បពិត្រព្រះរាជា បុរសណា ស៊ីនូវកញ្ជាក់ បុរសនោះមិនគួរគេសរសើរទេ។
[៣៨៦] (ព្រះរាជា…) បុរសអ្នកមានកំឡាំង អាចស្រង់នូវបុរសមានកំឡាំងខ្សោយ ដែលលិចក្នុងភក់ល្បាប់បាន យ៉ាងណា ម្នាលរាជធីតារបស់ព្រះបាទបញ្ចាលដ៏ចំរើន នាងឯងក៏ញ៉ាំងយើងឲ្យឆ្លងឡើង (ចាកកាម) ដោយគាថាទាំងឡាយជាសុភាសិត យ៉ាងនោះដែរ។
[៣៨៧] មហារាជទ្រង់ព្រះនាមឯសុការី ជាម្ចាស់ក្នុងទិស ទ្រង់ត្រាស់គាថានេះហើយ ទ្រង់លះបង់នូវដែនចេញទៅ ទ្រង់ព្រះផ្នួស ដូចជាដំរីដ៏ប្រសើរ ផ្តាច់នូវចំណងដូច្នោះ។
[៣៨៨] (មហាជន…) ព្រះរាជាមានព្យាយាមវិសេសជាងជន ទ្រង់សព្វព្រះរាជហ្ឫទ័យចំពោះបព្វជ្ជា លះបង់នូវដែន ចំណែកខាងព្រះនាង សូមដូចជាព្រះរាជារបស់យើងចុះ ព្រះនាងដែលពួកយើងគ្រប់គ្រងហើយ ចូរសោយរាជសម្បត្តិចុះ។
[៣៨៩] (ព្រះរាជទេពី…) ព្រះរាជាមានព្យាយាមវិសេសជាងជន ទ្រង់សព្វព្រះរាជហ្ឫទ័យចំពោះបព្វជ្ជា ទ្រង់លះបង់នូវដែន ចំណែកខាងខ្ញុំ នឹងលះបង់នូវកាមទាំងឡាយ ដែលញ៉ាំងចិត្តឲ្យត្រេកអរចេញ ហើយជាស្ត្រីម្នាក់ឯង ត្រាច់ទៅក្នុងលោក។ ព្រះរាជាមានព្យាយាមវិសេសជាងជន ទ្រង់សព្វព្រះរាជហ្ឫទ័យចំពោះបព្វជ្ជា ទ្រង់លះបង់នូវដែន ចំណែកខាងខ្ញុំ នឹងលះបង់នូវកាមទាំងឡាយតាមចំណែក ហើយជាស្ត្រីម្នាក់ឯង ត្រាច់ទៅក្នុងលោក។ កាលទាំងឡាយ តែងកន្លងហួសទៅ រាត្រីទាំងឡាយ តែងញ៉ាំង (អាយុសង្ខារ) ឲ្យឆ្លងទៅ គំនរនៃវ័យទាំងឡាយ រមែងរលត់ទៅតាមលំដាប់ ចំណែកខាងខ្ញុំ នឹងលះបង់នូវកាមទាំងឡាយ ជាទីញ៉ាំងចិត្តឲ្យត្រេកអរ ហើយជាស្ត្រីម្នាក់ឯង ត្រាច់ទៅក្នុងលោក។ កាលទាំងឡាយ រមែងកន្លងហួសទៅ រាត្រីទាំងឡាយ រមែងញ៉ាំង (អាយុសង្ខារ) ឲ្យឆ្លងទៅ គំនរនៃវ័យទាំងឡាយ រមែងលះបង់ទៅតាមលំដាប់ ចំណែកខាងខ្ញុំ នឹងលះបង់នូវកាមទាំងឡាយតាមចំណែក ហើយជាស្ត្រីម្នាក់ឯង ត្រាច់ទៅក្នុងលោក។ កាលទាំងឡាយ រមែងកន្លងហួសទៅ រាត្រីទាំងឡាយ រមែងញ៉ាំង (អាយុសង្ខារ) ឲ្យឆ្លងទៅ គំនរនៃវ័យទាំងឡាយ រមែងលះបង់ទៅជាលំដាប់ ចំណែកខាងខ្ញុំ នឹងកន្លងបង់នូវគ្រឿងថ្ពក់ទាំងអស់ ហើយជាស្ត្រីត្រជាក់ម្នាក់ឯង ត្រាច់ទៅក្នុងលោក។
ចប់ ហត្ថិបាលជាតក ទី១៣។
(៥១០. អយោឃរជាតកំ (១៤))
[៣៩០] (អយោឃរកុមារពោធិសត្វ…) សត្វនៅក្នុងគភ៌ អស់រាត្រីណាមួយជាដំបូង សត្វនោះប្រព្រឹត្តទៅ ដូចជាពពកដែលតាំងឡើង សត្វនោះកាលទៅ រមែងមិនត្រឡប់វិញទេ។
[៣៩១] មិនមែនពួកនរៈកាលច្បាំង មិនមែនពួកនរៈបរិបូរណ៍ដោយកំលាំង មិនគ្រាំគ្រ មិនស្លាប់ទេ ព្រោះថា បាណមណ្ឌលទាំងអស់នោះ គឺជាតិ និងជរា តែងចូលទៅជិតបៀតបៀន ហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩២] ព្រះរាជាទាំងឡាយ ជារដ្ឋាធិបតី គ្របសង្កត់នូវសេនាប្រកបដោយអង្គ ៤ ជាសេនាមានសភាពគួរខ្លាចក្រៃពេក រមែងឈ្នះបាន ប៉ុន្តែមិនអាចឈ្នះនូវសេចក្តីស្លាប់បាន ព្រោះហេតុនោះ គំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩៣] ព្រះរាជាទាំងឡាយអង្គខ្លះ ដែលមានពលដំរី ពលសេះ ពលរថ ពលថ្មើរជើងចោមរោមហើយ រួច (អំពីកណ្តាប់ដៃពួកបច្ចាមិត្ត) បាន ប៉ុន្តែមិនអាចរួចចាកសេចក្តីស្លាប់បាន ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩៤] ព្រះរាជាទាំងឡាយក្លៀវក្លា រមែង (ញ៉ាំងនគរទាំងឡាយរបស់ពួកសេ្តចជាបច្ចាមិត្ត) ឲ្យខ្ទេចខ្ទី ឲ្យខ្ចាត់ខ្ចាយ ដោយពលដំរី ពលសេះ ពលរថ ពលថ្មើរជើងបាន ប៉ុន្តែមិនអាចកំទេចនូវមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩៥] ដំរីទាំងឡាយ ចុះប្រេង មានប្រេងធ្លាយហូរហៀរ តែងញ៉ាំញីនូវនគរទាំងឡាយ សម្លាប់នូវជនបាន ប៉ុន្តែមិនអាចញ៉ាំញីនូវសេចក្តីស្លាប់បានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩៦] ខ្មាន់ធ្នូទាំងឡាយ ទុកជាមានដៃហាត់ហើយ ជាអ្នកក្លៀវក្លា អាចញ៉ាំងព្រួញឲ្យធ្លាក់ក្នុងទីឆ្ងាយបាន បាញ់មិនខុស ក៏មិនអាចបាញ់នូវមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩៧] ទឹកស្រះទាំងឡាយ រមែងអស់ទៅ ផែនដី ព្រមទាំងភ្នំ និងដងព្រៃ រមែងអស់ទៅ វត្ថុដែលប្រព្រឹត្តទៅក្នុងអំណាចនៃសង្ខារទាំងអស់នោះ ក៏រមែងអស់ទៅ ក្នុងចន្លោះនៃកាលដ៏វែង ដ្បិតថា វត្ថុទាំងអស់នោះ គប្បីបាក់បែកក្នុងកំណត់កាលជាទីវិនាស ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩៨] ជីវិតរបស់នារី និងនរៈក្នុងលោកនេះទាំងអស់ តែងប្រែប្រួលដូចជាសម្ពត់របស់អ្នកលេង6) ដូចឈើដុះក្បែរច្រាំង យ៉ាងនោះដែរ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៣៩៩] ផ្លែឈើទាំងឡាយ (រមែងជ្រុះចុះ) យ៉ាងណា មាណពទាំងឡាយ ទាំងក្មេង ទាំងចាស់ ទាំងស្រី ទាំងប្រុស ទាំងមជ្ឈិមបុរស (បណ្ឌក និងឧភតោព្យញ្ជនក) រមែងមានសរីរៈបែកធ្លាយជ្រុះចុះ (យ៉ាងនោះ) ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤០០] វ័យនេះ មិនដូចស្តេចផ្កាយ (ព្រះចន្ទ្រ) ទេ វ័យណាកន្លងទៅហើយ ឥឡូវនេះ វ័យនោះ ទៀងតែទៅមែនពិត បុគ្គលចាស់ឥតមានតម្រេក (ក្នុងកាមគុណ7) ) សុខនឹង (មាន) មកពីណា ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤០១] ពួកយក្ខ បិសាច ឬប្រេតទាំងនោះខឹងហើយ រមែងផ្លុំសម្លាប់នូវពួកមនុស្ស ប៉ុន្តែមិនអាចផ្លុំសម្លាប់នូវមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤០២] មនុស្សទាំងឡាយ រមែងធ្វើនូវការអង្វរករចំពោះពួកយក្ខ ពួកបិសាច ឬពួកប្រេត ដែលខឹងហើយនោះបាន ប៉ុន្តែមិនអាចអង្វរករមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤០៣] ព្រះរាជាទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវទោស ហើយដាក់អាជ្ញាចំពោះពួកជនអ្នកមានកំហុស អ្នកប្រទូស្ត និងអ្នកបៀតបៀនបាន ប៉ុន្តែមិនអាចដាក់អាជ្ញា ដល់មច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤០៤] ពួកជនអ្នកមានកំហុស អ្នកប្រទូស្ត អ្នកបៀតបៀន តែងអង្វរករព្រះរាជាទាំងឡាយនោះបាន ប៉ុន្តែ ធ្វើនូវកិរិយាអង្វរករមច្ចុពុំបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤០៥] មិនថាក្សត្រ មិនថាព្រាហ្មណ៍ មិនថាអ្នកស្តុកស្តម្ភ អ្នកមានកំឡាំង អ្នកមានតេជះទេ សេចក្តីយល់មុខរបស់មច្ចុរាជ មិនមានឡើយ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤០៦] ខ្លាធំ ទាំងខ្លាដំបង តែងគំរាមនូវជនដែលកំពុងញាប់ញ័រ ហើយទំពាស៊ីបាន ប៉ុន្តែមិនអាចទំពាស៊ីនូវមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំកើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤០៧] ពួកជនអ្នកធ្វើមាយា (អ្នកលេងកល) កាលធ្វើ (នូវមាយា) ក្នុងទីពាក់កណ្តាលរង្គ រមែងធ្វើនូវភ្នែកទាំងឡាយរបស់ជន ឲ្យភាន់ច្រឡំបានដោយពិត ប៉ុន្តែមិនអាចញ៉ាំងមច្ចុឲ្យភាន់ច្រឡំបានឡើយ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤០៨] សត្វអាសីពិសទាំងឡាយ មានតេជះដ៏ក្លាខ្លាំង ខឹងហើយ រមែងចឹកសម្លាប់នូវមនុស្សទាំងឡាយនោះក៏បាន ប៉ុន្តែមិនអាចចឹកនូវមច្ចុបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤០៩] សត្វអាសីពិសទាំងឡាយក្រោធហើយ ចឹកនរណា ពួកពេទ្យអ្នករក្សា រមែងកំចាត់នូវពិសនៃសត្វអាសីពិសទាំងនោះបាន ប៉ុន្តែកំចាត់នូវពិសដែលមច្ចុចឹកហើយពុំបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤១០] ពេទ្យទាំងឡាយ ឈ្មោះធម្មន្តរី ១ វេត្តរុណ ១ ភោជៈ ១ សម្លាប់នូវពិសទាំងឡាយនៃភុជង្គ (នាគ) បាន ពួកពេទ្យទាំងនោះ គេឮថា ធ្វើមរណកាលទៅហើយដូចគ្នាដែរ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤១១] ពួកវិជ្ជាធរ រៀននូវឃោរវិជ្ជា រមែងដល់នូវការបំបាំងខ្លួនដោយថ្នាំទាំងឡាយបាន ប៉ុន្តែមិនដល់នូវការបំបាំងមច្ចុរាជបានទេ ព្រោះហេតុនោះ បានជាគំនិតរបស់ទូលព្រះបង្គំជាខ្ញុំ កើតឡើងថា អញនឹងប្រព្រឹត្តធម៌។
[៤១២] ធម៌រមែងរក្សានូវបុគ្គលអ្នកប្រព្រឹត្តធម៌ដោយពិត ធម៌ដែលបុគ្គលប្រព្រឹត្តដោយល្អហើយ រមែងនាំមកនូវសេចក្តីសុខ នេះជាអានិសង្សក្នុងធម៌ ដែលបុគ្គលប្រព្រឹត្តដោយល្អហើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងមិនទៅកាន់ទុគ្គតិ។
[៤១៣] សភាវៈទាំងឡាយពីរ គឺធម៌ ១ អធម៌ ១ មិនមែនមានផលស្មើគ្នាទេ អធម៌នាំសត្វទៅកាន់នរក ធម៌ញ៉ាំងសត្វឲ្យដល់នូវសុគតិ។
ចប់ អយោឃរជាតក ទី១៤។
ឧទ្ទាននៃវីសតិនិបាតនោះគឺ
មាតង្គជាតក ១ ចិត្តសម្ភូតជាតក ១ សីវិរាជជាតក ១ សិរិមន្តជាតក ១ រោហនមិគជាតក ១ ហង្សជាតក ១ សត្តិគុម្ពជាតក ១ ភល្លាតិយជាតក ១ សោមនស្សជាតក ១ ចម្បេយ្យជាតក ១ មហាបលោភនជាតក ១ បញ្ចបណ្ឌិតជាតក ១ ហត្ថិបាលជាតក ១ អយោឃរជាតក ១។
ចប់ វីសតិនិបាត។
(១៦. តិំសនិបាតោ)
(៥១១. កិំឆន្ទជាតកំ (១))
[៤១៤] (ទេវតាពោលថា) បពិត្រព្រាហ្មណ៍ លោកពេញចិត្តនឹងអ្វី ប៉ុនប៉ងអ្វី ប្រាថ្នាអ្វី ស្វែងរកអ្វី ទើបអង្គុយម្នាក់ឯងក្នុងរដូវក្តៅដោយប្រយោជន៍អ្វី។
[៤១៥] (តាបសពោលតបថា) ក្អមដាក់នូវទឹកដ៏ធំ មានទ្រង់ទ្រាយស្អាតបាត មានឧបមាយ៉ាងណា ផ្លែស្វាយទុំ ដ៏ឧតម្តដោយពណ៌ និងក្លិន និងរស ក៏មានឧបមេយ្យយ៉ាងនោះ។ ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) មិនមានមន្ទិល អាត្មាបានឃើញផ្លែស្វាយនោះអណ្តែតតាមខ្សែទឹក ក៏ចាប់ផ្លែស្វាយនោះដោយដៃទាំងពីរ ហើយនាំយកទៅកាន់រោងបូជាភ្លើង។ លំដាប់នោះ អាត្មាបានដាក់ផ្លែស្វាយលើស្លឹកចេកទាំងឡាយដោយខ្លួនឯង ចិតនូវផ្លែស្វាយនោះដោយកាំបិត ហើយ (ឆាន់) ផ្លែស្វាយនោះ នាំចេញនូវសេចក្តីស្រេកឃ្លានរបស់អាត្មាបាន។ អាត្មានោះ ប្រាសចាកសេចក្តីក្រវល់ក្រវាយ លុះផ្លែស្វាយអស់ហើយ ក៏អត់ទ្រាំបានដោយលំបាក មិនបានសេចក្តីត្រេកអរក្នុងផ្លែឈើទាំងឡាយឯទៀតណាមួយ។ ផ្លែស្វាយនោះ នឹងនាំមកនូវសេចក្តីស្លាប់ដល់អាត្មាដោយពិត ព្រោះរីងស្គមព្រោះផ្លែស្វាយមានរសឆ្ងាញ់ មានរសផ្អែមលើសលប់ ជាទីពេញចិត្ត។ អាត្មាបានស្រង់ផ្លែស្វាយដែលកំពុងអណ្តែតក្នុងអន្លង់ដ៏ធំអំពីស្ទឹង អាត្មានៅ (ដោយសេចក្តីស្រេកឃ្លាន) ព្រោះហេតុណា ហេតុនោះទាំងអស់ អាត្មាបានប្រាប់ដល់នាង។ អាត្មាអង្គុយអាស្រ័យនូវស្ទឹងជាទីរីករាយ ស្ទឹងនេះធំទូលាយ ប្រកបដោយត្រី នាងកុំអាលរត់ទៅ ចូរប្រាប់ខ្លួននោះដល់អាត្មាសិន។ ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈត្រង់កណ្តាល (ចង្កេះ) ដ៏ល្អ នាងមានរូបដូចកដម្បារមាសដ៏រលីង (មានដំណើរ) ដូចជាកូនខ្លាដែលកើតក្នុងញកភ្នំ (មកក្នុងទីនេះ) ដើម្បីអ្វី។ នាងនារីទាំងឡាយណា ជាអ្នកបំរើពួកទេវតា ក្នុងទេវតាទាំងឡាយផង ស្រីទាំងឡាយណាប្រកបដោយរូប ក្នុងមនុស្សលោកផង ស្រីទាំងឡាយនោះ ប្រាកដស្មើដោយរូបនៃនាង មិនមានក្នុងទេវគន្ធព្វ និងមនុស្សលោកឡើយ ម្នាលនាងមានអវយវៈខាងដើម (ភ្លៅ) ដ៏ល្អ អាត្មាសួរហើយ ចូរប្រាប់នាម និងគោត្រផង ផៅពង្សទាំងឡាយផង។
[៤១៦] (ទេវតា…) បពិត្រព្រាហ្មណ៍ លោកគង់នៅអាស្រ័យស្ទឹងឈ្មោះកោសិកី ជាទីរីករាយណា ខ្ញុំមានលំនៅត្រង់ខ្សែទឹកដ៏កាច មានអន្លង់ជាទីហូរទៅនៃទឹកដ៏ប្រសើរ អាស្រ័យនៅហើយ (ក្នុងស្ទឹងនោះ)។ ជ្រោះភ្នំដ៏ច្រើន កុះករដោយឈើផ្សេងៗ រមែងមានក្នុងទីចំពោះមុខខ្ញុំ រមែងហូរទៅ ក្នុងរដូវភ្លៀង។ ម្យ៉ាងទៀត ស្ទឹងដ៏ច្រើន មានទឹកហូរចេញអំពីព្រៃ ទ្រទ្រង់នូវគំនរទឹកដ៏ខៀវ ស្ទឹងដ៏ច្រើន មានរូបភាពដូចជានាគ រមែងញ៉ាំងខ្ញុំឲ្យពេញដោយទឹក។ ដើមស្វាយ ដើមព្រីង ដើមខ្នុរសម្ល ដើមក្ទុម្ព ដើមត្នោត និងដើមល្វា ជលជាតទាំងឡាយដ៏ច្រើន រមែងចូលទៅកាន់ស្ទឹងទាំងនោះរឿយៗ។ ផ្លែឈើណាមួយ នៅក្បែរមាត់ច្រាំងទាំងពីរ រមែងជ្រុះទៅក្នុងទឹក ផ្លែឈើនោះ រសាត់ទៅតាមអំណាចនៃខ្សែទឹកដោយឥតសង្ស័យ។ បពិត្រលោកជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រើន លោកជ្រាបហេតុនុ៎ះហើយ សូមស្តាប់ពាក្យខ្ញុំចុះ បពិត្រព្រះជនាធិបតី សូមលោកកុំពេញចិត្តឡើយ ចូរបដិសេធនូវការជាប់ចំពាក់ដោយតណ្ហា។ បពិត្រព្រះរាជិសីអ្នកញ៉ាំងដែនឲ្យចំរើន លោកកំពុងចំរើន (ដោយសាច់ និងឈាម) ប្រាថ្នាសេចក្តីស្លាប់ ដោយហេតុណា ខ្ញុំពុំសំគាល់នូវលោកថា ជាអ្នកចំរើនដោយប្រាជ្ញាដោយហេតុនោះទេ។ បិតាទាំងឡាយ (ព្រហ្ម) និងគន្ធព្វ ព្រមទាំងទេវតា រមែងដឹងនូវភាពនៃបុគ្គលនោះថា ជាអ្នកលុះក្នុងអំណាចនៃតណ្ហា ម្យ៉ាងទៀត ឥសីទាំងឡាយណាក្នុងលោក ជាអ្នកមានចិត្តសង្រួមហើយ មានតបៈ ឥសីទាំងឡាយនោះ រមែងដឹងឥតសង្ស័យ (សូម្បី) ពួកអ្នកមានយសជាអ្នកបម្រើ (ឥសីទាំងនោះ ក៏ដឹងការនោះតៗ គ្នាទៀត)។
[៤១៧] (តាបស…) បើ (នរជនណា) មិនគិតសម្លាប់បុគ្គលនោះទេ បាបក៏មិនចំរើនដល់នរជននោះ ដែលដឹងច្បាស់នូវធម៌ទាំងពួងរបស់អ្នកប្រាជ្ញ យ៉ាងនេះផង ដឹងនូវការបែកធ្លាយ និងច្យុតិនៃជីវិតផង ម្នាលនាងជាធំ ដែលពួកឥសីដឹងច្បាស់ហើយ ប្រយោជន៍នៃសត្វលោក នាងដឹងច្បាស់ហើយយ៉ាងនេះ នាងឈ្មោះថាស្វែងរកនូវបាបកម្ម (ចំពោះខ្លួន) ព្រោះប្រទេចពាក្យមិនប្រសើរ។ ម្នាលនាងទេវធីតាមានត្រគាកសាយល្អ បើយើងនឹងស្លាប់លើត្រើយរបស់នាង កាលបើយើងស្លាប់ហើយ ដំណិះដំនៀលនឹងបានមកនាងឯង ឥតសង្ស័យឡើយ។ ម្នាលនាងមានអវយវៈត្រង់កណ្តាលដ៏ល្អ ព្រោះហេតុនោះ នាងឯងចូររក្សានូវកម្មអាក្រក់ កាលបើយើងស្លាប់ហើយ កុំឲ្យជនទាំងអស់ជេរប្រទេចនាង ក្នុងកាលជាខាងក្រោយឡើយ។
[៤១៨] (ទេវតា…) ហេតុនេះ ខ្ញុំម្ចាស់ដឹងច្បាស់ហើយ ធម្មតា ស្តេចនេះមិនងាយអត់ទ្រាំបានទេ ណ្ហើយចុះ ខ្ញុំម្ចាស់នឹងប្រគេននូវខ្លួនខ្ញុំម្ចាស់ផង ប្រគេននូវស្វាយនោះផង ដល់លោកម្ចាស់ ដ្បិតលោកម្ចាស់បានលះបង់នូវកាមគុណទាំងឡាយ ដែលគេលះបង់បានដោយក្រ ហើយបានអធិដ្ឋាននូវសីល ជាគ្រឿងស្ងប់រម្ងាប់ផង នូវសុចរិតធម៌ផង។
បុគ្គលណា លះបង់នូវចំណងខាងដើម ហើយឋិតនៅក្នុងចំណងខាងចុងផង ប្រព្រឹត្តនូវអធម៌ផង បាបតែងចំរើនឡើងដល់បុគ្គលនោះ។ សូមលោកម្ចាស់មកចុះ ខ្ញុំម្ចាស់នឹងនាំលោកម្ចាស់ទៅឲ្យដល់ព្រៃស្វាយនោះ សូមលោកម្ចាស់មានសេចក្តីខ្វល់ខ្វាយតិចដោយពិតចុះ ខ្ញុំម្ចាស់នឹងនាំទៅដាក់ក្នុងព្រៃស្វាយដ៏ត្រជាក់នោះ សូមលោកម្ចាស់គង់នៅកុំមានសេចក្តីខ្វល់ខ្វាយ។ បពិត្រអរិន្ទមៈ ព្រៃស្វាយនោះ ពួកសត្វបក្សីមានកក្ងក់ ស្រវឹងដោយរសនៃផ្កាឈើ ស្រែកបន្លឺឡើងហើយ ពួកក្រៀល ពួកក្ងោក ជាទិព្វ ពួកសត្វស្លាបឈ្មោះកោយដ្ឋិ និងឈ្មោះមធុសាលិយៈ យំជាមួយនឹងពួកហង្ស ពួកតាវៅ ដែលនៅក្នុងព្រៃស្វាយនោះ ក៏ញ៉ាំងពួកសត្វទាំងនោះឲ្យភ្ញាក់ឡើងហើយ។ ដើមស្វាយទាំងឡាយក្នុងព្រៃនោះ មានចុងមែកដាបចុះ (ព្រោះទម្ងន់ផ្លែ) ប្រាកដស្មើដោយទីលានដែលពេញដោយកណ្តាប់ស្រូវ ដើមដកគាំ ស្រល់ និងកទម្ពទាំងឡាយ មានចង្កោមផ្លែសំយុងចុះ ដូចធ្លាយផ្លែត្នោតទុំ។
[៤១៩] (តាបសនិយាយទៅនឹងប្រេតថា) អ្នកទ្រទ្រង់នូវផ្កាកម្រង ទ្រទ្រង់នូវឈ្នួត ប្រដាប់ដោយគ្រឿងអាភរណៈ ពាក់នូវពាហុរក្សរ័ត្ន (កងកន់) ប្រស់ព្រំដោយខ្លឹមចន្ទន៍ ឲ្យគេបម្រើក្នុងវេលាយប់ សោយនូវទុក្ខវេទនាក្នុងវេលាថ្ងៃ។ ស្រីទាំងឡាយ ១៦០០០ នេះ ជាស្រីបំរើរបស់អ្នក អ្នកជាបុគ្គលមានអានុភាពច្រើនយ៉ាងនេះ អស្ចារ្យគួរឲ្យព្រឺរោម។ ក្នុងកាលមុន អ្នកបានធ្វើអំពើបាបនាំមកនូវទុក្ខដល់ខ្លួនដូចម្តេច ដែលអ្នកធ្វើក្នុងមនុស្សលោក បានជាស៊ីនូវសាច់ខ្នង (របស់ខ្លួន)។
[៤២០] (ប្រេត…) ខ្ញុំបានរៀននូវវេទទាំងឡាយ ហើយជាប់ចំពាក់ក្នុងកាមទាំងឡាយ បានប្រព្រឹត្តមិនជាប្រយោជន៍ដល់ជនដទៃ អស់កាលដ៏យូរអង្វែង។ បុគ្គលណា ជាអ្នកស៊ីនូវសាច់ខ្នង (ញុះញង់គេ) បុគ្គលនោះ ក៏ខ្វារស៊ីនូវសាច់ខ្នងរបស់ខ្លួន ដូចខ្ញុំស៊ីក្នុងថ្ងៃនេះដែរ។
ចប់ កឹឆន្ទជាតក ទី១។
(៥១២. កុម្ភជាតកំ (២))
[៤២១] (ព្រះបាទសព្វមិត្ត ត្រាស់សួរថា) អ្នកជាអ្វី មកប្រាកដអំពីភពតាវត្តិង្ស (ប្រតិស្ឋាន) លើអាកាសនេះ រស្មីទាំងឡាយរបស់អ្នក ផ្សាយចេញអំពីខ្លួន ដូចព្រះចន្ទ ភ្លឺស្វាងក្នុងវេលាយប់ ឬដូចផ្លេកបន្ទោរ ឆ្វៀលឆ្វាត់ឰដ៏អាកាស។ អ្នកឯងដើរទៅមិនមានខ្យល់ ឰដ៏អាកាស អ្នកដើរក្តី ឈរក្តី ឰដ៏អាកាស ឫទ្ធិរបស់ពួកទេវតា ដែលមិនបាច់ដើរទៅកាន់ផ្លូវឆ្ងាយ (ដោយជើង) អ្នកបានធ្វើឲ្យដូចជាទីដំកល់ ចំរើនល្អ។ អ្នកឋិតនៅ ព្រោះអាស្រ័យនូវការទៅឰដ៏អាកាស តើអ្នកជាអ្វី (អ្នកនិយាយ) នូវសេចក្តីណាថា អ្នកទាំងឡាយ ចូរទិញឆ្នាំងចុះ ដូច្នេះ តើឆ្នាំងនេះសម្រាប់ធ្វើអ្វី ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ។
[៤២២] (ព្រះឥន្ទ្រាធិរាជតបថា) នេះមិនមែនជាក្អមសប្បិទេ មិនមែនជាក្អមប្រេងទេ មិនមែនជាក្អមស្ករអំពៅទេ មិនមែនជាក្អមទឹកឃ្មុំទេ ទោសរបស់ក្អមមានច្រើន សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវទោសដ៏ច្រើន ដែលតាំងនៅក្នុងក្អមចុះ។ បុគ្គលដើរភ្លាត់ធ្លាក់ជ្រោះរណ្តៅ គុហា អណ្តូងជ្រាំ រណ្តៅជ្រាំ ទាំងបរិភោគនូវរបស់ដែលមិនគួរបរិភោគដ៏ច្រើន ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលមិនជាធំក្នុងចិត្ត តែងដើរចប្រប់ ដូចគោស៊ីនូវបាយ សុរា ជាអ្នកមិនមានទីពឹង តែងចូលទៅច្រៀង ឬរាំ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលអាក្រាត ដូចជាពួកអចេលកៈ ដើរទៅកាន់ចន្លោះថ្នល់ ក្នុងស្រុក មានចិត្តវង្វេង ដេកហួសវេលា ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលក្រោកឡើងទេ្រតទ្រោត ញ័រក្បាល ញ័រដើមដៃ បុគ្គលនោះ រាំដូចជារូបយន្តដែលធ្វើដោយឈើ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ជនទាំងឡាយ ត្រូវភ្លើងឆេះ រមែងដេកនៅ ឬត្រូវពួកចចកខាំស៊ី បានដល់នូវទោសត្រូវគេចង គេសម្លាប់ ទាំងសាបសូន្យនូវភោគៈ ព្រោះតែផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលនិយាយនូវពាក្យ ដែលគេមិនគួរនិយាយ អង្គុយក្នុងទីប្រជុំ របូតសំពត់ស្លៀក ប្រឡាក់ប្រឡូស ដេកជ្រមុជក្នុងកំអួត ដល់នូវសេចក្តីវិនាសព្រោះផឹកសុរាណា សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលលើកកំពស់ មានភ្នែកក្រហម សំគាល់ថា ផែនដីទាំងមូលសុទ្ធតែជារបស់អញ សូម្បីស្តេចជាធំលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត ក៏មិនស្មើនឹងអញដែរ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ សុរាណា ដែលនាំឲ្យកើតមានះ និងការមើលងាយ នាំឲ្យឈ្លោះប្រកែក នាំឲ្យញុះញង់ នាំឲ្យមានពណ៌សម្បុរអាក្រក់ នាំឲ្យអាក្រាតសំពត់ ឲ្យរត់ផ្តេសផ្តាស ជាគតិ ជាលំនៅរបស់ពួកអ្នកលេងជាន់ចាស់ សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ត្រកូលទាំងឡាយស្តុកស្តម្ភ សាយភាយ (ដោយសំពត់ និងទ្រព្យសម្បត្តិ) មានទ្រព្យច្រើនពាន់ ត្រូវសុរានេះ ធ្វើកេរ្តិ៍មត៌ក ឲ្យដាច់សូន្យក្នុងលោក សូមព្រះអង្គទិញក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ជនទាំងឡាយ ញ៉ាំទ្រព្យសម្បត្តិ ប្រាក់មាស ស្រែចម្ការ និងគោក្របី ឲ្យវិនាសអស់ ព្រោះតែសុរាណា (ម្យ៉ាងទៀត សុរាណា) ផ្តាច់បង់នូវត្រកូលអ្នកមានទ្រព្យទាំងឡាយ សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុរសមានសភាពភ្លើតភ្លើន តែងជេរនូវមាតា និងបិតា ទាំងចាប់ទោសម្តាយក្មេក ឬចាប់ទោសកូនប្រសាស្រី ព្រោះផឹកសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ស្រីមានសភាពភ្លើតភ្លើន តែងជេរនូវឪពុកក្មេក និងប្តី ចាប់ទោសខ្ញុំប្រុស ចាប់ទោសអ្នកបំរើ ព្រោះតែផឹកសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ បុគ្គលបៀតបៀនសមណៈ ឬព្រាហ្មណ៍ដែលតាំងនៅក្នុងធម៌ តែងទៅកាន់អបាយ ដែលមានសេចក្តីបៀតបៀននោះជាហេតុ ព្រោះផឹកសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ជនទាំងឡាយប្រពឹត្តអាក្រក់ ដោយកាយ វាចា និងចិត្ត លុះប្រព្រឹត្តអាក្រក់ហើយ ទៅកាន់នរក ព្រោះផឹកសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ជនទាំងឡាយសូម្បីចំណាយប្រាក់ដ៏ច្រើន អង្វរមិនបាននូវបុរសណា (ដែលមិនទាន់ផឹកសុរា) ក្នុងកាលមុនថា (អ្នកចូរពោលមុសាវាទ) បុរសនោះ លុះផឹកនូវសុរានោះរួចហើយ ក៏ពោលនូវពាក្យមុសាវាទបាន សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ កាលបើកិច្ចប្រញាប់កើតហើយ បុគ្គលនោះគេបញ្ជូនទៅក្នុងការបម្រើ ត្រូវគេសួរថា (អ្នកឯងមករកអ្វី) រមែងមិនដឹងសេចក្តី (ដែលគេសួរ) ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកជនមានចិត្តប្រកបដោយសេចក្តីអៀនខ្មាស ធ្វើនូវភាពជាអ្នកមិនអៀនខ្មាសឲ្យប្រាកដក្តី ពួកជនជាអ្នកប្រាជ្ញ មានចិត្តស្ងប់រម្ងាប់ ទៅជាអ្នកប្រមាទដោយសេចក្តីស្រវឹង ហើយនិយាយពាក្យច្រើនក្តី ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកជនដេកប្រគរគ្នា (ដូចជាកូនជ្រូក) មិនស៊ីបាយ ដល់នូវការដេកជាទុក្ខលើផែនដីផង ដល់នូវភាពជាអ្នកមានសម្បុរអាក្រក់ផង ដល់នូវដំណិះដំនៀលផង ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកជនដេកធ្លាក់កទន់រងៀក ដូចជាគោដែលគេសំពងនឹងញញួរ កម្លាំងនៃសុរា មិនមែននរជន គ្របសង្កត់បានដោយងាយទេ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកមនុស្ស វៀរបង់នូវសុរាណា ដូចជាវៀរនូវពស់ ដែលមានពិសដ៏ពន្លឹក នរជនណា គួរផឹកនូវសុរានោះ ដែលមានពិស ស្មើដោយថ្នាំពិសក្នុងលោក សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ព្រះរាជបុត្តរបស់ព្រះបាទអន្ធកវេណ្ឌៈ (ជាបងប្អូនគ្នា) បានយាងទៅក្បែរឆ្នេរសមុទ្រ ក៏ប្រហារគ្នាទៅវិញទៅមកដោយអង្រែទាំងឡាយ ព្រោះផឹកនូវសុរាណា សូមព្រះអង្គទិញនូវក្អមនេះ ដ៏ពេញដោយសុរានោះចុះ។ ពួកអសុរជាអ្នកស្រវឹង ហើយច្យុតចាកតាវត្តិង្សទេវលោក ដែលទៀងទាត់ (ដោយអាយុ) ព្រមទាំងមាយា (របស់អសុរ) ព្រោះផឹកនូវសុរាណា បពិត្រមហារាជ អ្នកប្រាជ្ញកាលដឹងនូវទឹកស្រវឹងនេះថា ជារបស់ឥតប្រយោជន៍ ប្រាកដដូច្នោះ តើគួរផឹកនូវទឹកស្រវឹងនោះដូចម្តេចកើត។ ទឹកដោះជូរ ឬទឹកឃ្មុំ មិនមានក្នុងក្អមនោះទេ បពិត្រព្រះរាជា ព្រះនាមសព្វមិត្រ ព្រះអង្គជ្រាបច្បាស់យ៉ាងនេះហើយ សូមព្រះអង្គទិញនូវសុរាក្នុងក្អមនេះ ដែលខ្ញុំព្រះអង្គកា្របទូលតាមសភាវៈយ៉ាងនេះចុះ។
[៤២៣] (ព្រះរាជា…) លោកមិនមែនជាឪពុក ឬម្តាយរបស់ខ្ញុំទេ ជាបុគ្គលទីទៃពីគ្នា តែជាអ្នកសង្គ្រោះដោយប្រយោជន៍ លោកបា្រថ្នានូវប្រយោជន៍ដ៏ឧត្តម ខ្ញុំនោះនឹងធ្វើតាមពាក្យលោកក្នុងថ្ងៃនេះ។ ខ្ញុំនឹងឲ្យនូវស្រុកសួយ ៥ ផង ខ្ញុំស្រី ១០០ ផង គោ ៧០០ ផង រាជរថ ១០ ទឹមដោយសេះអាជានេយ្យទាំងនេះផង ដល់លោក ៗជាអាចារ្យ ជាអ្នកប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំ។
[៤២៤] (ព្រះឥន្រ្ទ…) បពិត្រព្រះរាជា ខ្ញុំស្រី ១០០ ចូរជារបស់ព្រះអង្គវិញចុះ ស្រុកសួយ និងគោទាំងឡាយ ចូរជារបស់ព្រះអង្គវិញចុះ រាជរថទាំងឡាយ ដែលទឹមដោយសេះអាជានេយ្យ ចូរជារបស់ព្រះអង្គវិញដែរ ខ្ញុំជាព្រះឥន្ទ្រ ជាធំជាងទេវតាជាន់តាវត្តិង្ស។ សូមព្រះអង្គសោយនូវក្រយាស្ងោយ ដែលលាយដោយសាច់ផង នូវបាយាសដែលលាយដោយសប្បិផង សូមព្រះអង្គសោយនូវនំសណ្តែកទាំងឡាយដ៏ផ្អែមផង បពិត្រព្រះជនិន្ទ សូមព្រះអង្គត្រេកអរក្នុងធម៌យ៉ាងនេះ អ្នកផងមិនតិះដៀលទេ ទៅកើតក្នុងឋានសួគ៌ចុះ។
ចប់ កុម្ភជាតក ទី២។
(៥១៣. ជយទ្ទិសជាតកំ (៣))
[៤២៥] (មនុស្សយក្ស8) ពោលថា) យូរណាស់ហើយ អាហារដ៏ច្រើនទើបកើតឡើងដល់យើងក្នុងពេលបាយ ក្នុងថ្ងៃទី ៧ នាថ្ងៃនេះ អ្នកទើបនឹងមកពីណា មួយទៀត អ្នកជាអ្វី អ្នកចូរប្រាប់រឿងនោះ (ដល់យើង) អ្នកចូរប្រាប់ជាតិ ល្មមឲ្យយើងដឹងបាន។
[៤២៦] (ព្រះបាទជយទ្ទិសៈទ្រង់តបថា) ខ្ញុំជាសេ្តចក្នុងក្រុងបញ្ចាល ឈ្មោះជយទ្ទិសៈ បើអ្នកឮហើយ ចូលមកកាន់ទីសម្លាប់ម្រឹគ ត្រាច់ទៅកាន់ទីខាងភ្នំ និងព្រៃទាំងឡាយ សូមអ្នកពិសាបសទម្រឹគ9) នេះចុះ សូមលែងខ្ញុំក្នុងថ្ងៃនេះ។
[៤២៧] (យក្ស…) អ្នកឯងបៀតបៀនលោះ (នូវខ្លួន) ដោយម្រឹគជារបស់យើងដដែល អ្នកពោលនូវបសទម្រឹគណា បសទម្រឹគនុ៎ះជាអាហាររបស់យើងស្រាប់ យើងស៊ីនូវបសទម្រឹគនោះ បើចង់ស៊ី នឹងស៊ីជាខាងក្រោយ កាលនេះ មិនមែនជាកាលវិលាបទេ។
[៤២៨] (ព្រះរាជា…) បើខ្ញុំមិនរួចដោយការលោះទេ (អ្នកចូរកាន់យកពាក្យប្តេជ្ញា) ដើម្បី (ឲ្យខ្ញុំ) ទៅហើយត្រឡប់មកវិញក្នុងពេលព្រឹក ខ្ញុំជាអ្នករក្សានូវពាក្យសច្ចៈ ឲ្យនូវពាក្យប្តេជ្ញានោះដល់ព្រាហ្មណ៍ ហើយនឹងត្រឡប់មកវិញ។
[៤២៩] (យក្ស…) បពិត្រព្រះរាជា កម្មដូចម្តេច ដុតកំដៅព្រះអង្គដែលចូលមកកៀកនឹងសេចក្តីស្លាប់ហើយ សូមព្រះអង្គប្រាប់ដល់ខ្ញុំ ក្រែងយើងអាចអនុញ្ញាតឲ្យព្រះអង្គត្រឡប់មកក្នុងវេលាព្រឹកបាន។
[៤៣០] (ព្រះរាជា…) គោលបំណងក្នុងទ្រព្យ ខ្ញុំបានធ្វើហើយ ចំពោះព្រាហ្មណ៍ ពាក្យប្តេជ្ញានោះ ក៏ជាប់នៅមិនទាន់ដោះ ខ្ញុំជាអ្នករក្សានូវសច្ចៈ ឲ្យនូវពាក្យប្តេជ្ញានោះ ដល់ព្រាហ្មណ៍ហើយ នឹងត្រឡប់មកវិញ។
[៤៣១] (យក្ស…) គោលបំណងក្នុងទ្រព្យ ព្រះអង្គបានធ្វើហើយ ចំពោះព្រាហ្មណ៍ ពាក្យប្តេជ្ញានោះ ក៏ជាប់នៅមិនទាន់ដោះ ព្រះអង្គជាអ្នករក្សានូវសច្ចៈ ឲ្យនូវពាក្យប្តេជ្ញានោះ ដល់ព្រាហ្មណ៍ ហើយចូរត្រឡប់មកវិញ។
[៤៣២] (អភិសម្ពុទ្ធគាថា) ព្រះបាទជយទ្ទិសៈនោះ មានសេចក្តីប្រាថ្នាក្នុងកាម បានរួចអំពីដៃបោរិសាទៈ (អ្នកស៊ី) ហើយ យាងទៅកាន់ព្រះរាជមន្ទីររបស់ព្រះអង្គ ប្រទានពាក្យប្តេជ្ញានោះដល់ព្រាហ្មណ៍ ហើយក៏ត្រាស់ហៅព្រះរាជបុត្តព្រះនាមអលីនសត្តុមកថា។ (នែកូន យើងប្រគល់) នូវរាជសម្បត្តិ (ដល់អ្នកឯង) ក្នុងថ្ងៃនេះ បាឯងចូរអភិសេកចុះ បាឯង ចូរ (រក្សា) ធម៌ ក្នុងដែនទាំងឡាយផង ក្នុងពួកប្រជាជនផង ជនអ្នកមិនរក្សាធម៌ កុំឲ្យមានក្នុងដែនរបស់បាឯងឡើយ យើងនឹងទៅក្នុងសំណាក់នៃបោរិសាទ។
[៤៣៣] (អលីនសត្តុកុមារ) បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំជាខ្ញុំ ធ្វើអំពើដូចម្តេច ទៀបព្រះបាទានៃព្រះអង្គ ឲ្យព្រះអង្គមិនសប្បាយព្រះហឫទ័យ ព្រះអង្គឲ្យទូលព្រះបង្គំជាខ្ញុំតាំងនៅក្នុងរាជ្យក្នុងថ្ងៃនេះ ដោយអំពើដែលនាំឲ្យព្រះអង្គមិនសប្បាយណា ទូលព្រះបង្គំជាខ្ញុំ ចង់ស្តាប់នូវអំពើដែលនាំឲ្យព្រះអង្គមិនសប្បាយនោះ ទូលព្រះបង្គំជាខ្ញុំ បើវៀរចាកព្រះអង្គហើយ មិនចង់បាននូវរាជ្យទេ។
[៤៣៤] (ព្រះរាជា…) ម្នាលកូន យើងនឹកមិនឃើញកំហុសរបស់អ្នក ព្រោះអំពើ និងវាចានេះទេ តែយើងបានធ្វើ (ពាក្យសច្ចៈ) ជាមួយនឹងបោរិសាទ យើងជាអ្នករក្សានូវពាក្យសច្ចៈ នឹងវិលទៅវិញ។
[៤៣៥] (ព្រះរាជកុមារ…) ទូលព្រះបង្គំជាខ្ញុំនឹងទៅ សូមព្រះអង្គគង់នៅក្នុងទីនេះចុះ ការរួចអំពីសំណាក់នៃបោរិសាទៈនោះ មិនមានដល់បុគ្គលកាលរស់នៅទេ បពិត្រព្រះរាជា បើព្រះអង្គយាងទៅ ទូលព្រះបង្គំជាខ្ញុំក៏ទៅដែរ ព្រះអង្គ និងទូលព្រះបង្គំជាខ្ញុំ ទាំងពីរនាក់ នឹងមិននៅទេ។
[៤៣៦] (ព្រះរាជា…) ម្នាលកូន ធម៌នុ៎ះ ជាធម៌របស់ពួកសប្បុរសមែនហើយ ប៉ុន្តែយក្សមានជើងពពាល ដុតឆ្អើរអ្នកឯងជិតគល់ឈើស្រួច ហើយកំហែងស៊ីពេញទំហឹង ក្នុងកាលណា ការនោះ ទុកជាសេចក្តីស្លាប់របស់យើងក្នុងកាលនោះ។
[៤៣៧] (អលីនសត្តុកុមារ) ទូលព្រះបង្គំជាខ្ញុំ នឹងយកជីវិតទៅប្តូរជីវិតរបស់ព្រះអង្គ សូមព្រះអង្គកុំយាងទៅក្នុងសំណាក់នៃបោរិសាទៈឡើយ ទូលព្រះបង្គំជាខ្ញុំ នឹងយកជីវិតនោះទៅប្តូរជីវិតរបស់ព្រះអង្គ ហេតុនោះ ទូលព្រះបង្គំជាខ្ញុំ ប្រាថ្នានូវសេចក្តីស្លាប់ ដើម្បីជីវិត (របស់ព្រះអង្គ)។
[៤៣៨] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជបុត្តអ្នកមានប្រាជ្ញា ក៏ក្រាបថ្វាយបង្គំព្រះបាទាមាតា និងបិតា (ហើយចេញទៅ)។ ព្រះមាតានៃព្រះរាជកុមារនោះ មានសេចក្តីទុក្ខ ក៏ដួលក្រាបលើប្រឹថពី ឯព្រះបិតានៃព្រះរាជកុមារនោះ ផ្គងព្រះហស្តហើយទ្រង់ព្រះកន្សែង។
[៤៣៩] ព្រះបិតាជ្រាបនូវព្រះរាជកុមារនោះកំពុងយាងទៅ (ថាកូនរបស់អញ) ទៅក្នុងទីកំបាំងមុខ ហើយទ្រង់ផ្គងអញ្ជលី ថ្វាយបង្គំទេវតាថា សូមឲ្យព្រះរាជាព្រះនាមសោមៈ ព្រះរាជាព្រះនាមវរុណៈ ព្រះរាជាព្រះនាមបជាបតិ ព្រះចន្រ្ទ និងព្រះអាទិត្យទាំងនុ៎ះ គ្រប់គ្រងអ្នក ម្នាលកូន អ្នក (ដែលយក្ស) អនុញ្ញាតហើយ ចូរត្រឡប់មកអំពីសំណាក់បោរិសាទៈដោយសុវត្ថិភាពចុះ។
[៤៤០] (ព្រះមាតា…) មាតានៃបុរសឈ្មោះរាមៈ ដែលទៅ (ក្នុងដែន) នៃព្រះរាជាទណ្ឌកី ជាស្ត្រីគ្រប់គ្រងល្អ បានធ្វើនូវសួស្តីណា យើងក៏ធ្វើនូវសួស្តីនោះដល់អ្នក ទេវតាទាំងឡាយ សូមរលឹកឃើញដោយពាក្យពិតនោះចុះ ម្នាលកូន បើយក្សអនុញ្ញាតឲ្យហើយ អ្នកចូរត្រឡប់មកវិញដោយសួស្តីចុះ។
[៤៤១] (ព្រះកនិដ្ឋភគិនី…) ខ្ញុំមិនរលឹកឃើញនូវសេចក្តីប្រទូស្តក្នុងចិត្តចំពោះអលីនសត្តុកុមារ ក្នុងទីចំពោះមុខ ឬកំបាំងមុខដោយពិត សួមពួកទេវតារលឹកឃើញដោយពាក្យពិតនោះចុះ បពិត្រអ្នកបង បើយក្សអនុញ្ញាត សូមអ្នកបងត្រឡប់មកដោយសួស្តីចុះ។
[៤៤២] (អគ្គមហេសី…) បពិត្រស្វាមី ព្រះអង្គមិនប្រព្រឹត្តកន្លងចិត្តខ្ញុំម្ចាស់ផង ព្រះអង្គមិនមែនមិនជាទីស្រឡាញ់ដោយចិត្តរបស់ខ្ញុំម្ចាស់ផង ដោយហេតុណា (ហេតុនោះ) សូមទេវតាទាំងឡាយរលឹកឃើញដោយពាក្យសច្ចៈនុ៎ះចុះ បពិត្រស្វាមី បើយក្សអនុញ្ញាតហើយ សូមព្រះអង្គត្រឡប់មកវិញដោយសួស្តីចុះ។
[៤៤៣] (យក្ស…) អ្នកជាបុគ្គលមានមាឌធំ មានកាយត្រង់ មានមុខស្រស់ តើអ្នក (មក) អំពីទីណា អ្នកមិនដឹងនូវយើងដែលនៅក្នុងព្រៃទេ (ឬ) អ្នកណាដឹងនូវយើងជាបុគ្គលអាក្រក់ ជាអ្នកស៊ីនូវបុរស ហើយគប្បីមកក្នុងទីនេះ អ្នកទំនងជាមិនដឹងនូវសុវត្ថិភាព បានជាមកឬ។
[៤៤៤] (អលីនសត្តុកុមារ) បពិត្រព្រានព្រៃ ខ្ញុំស្គាល់ថា អ្នកជាបុគ្គលស៊ីនូវបុរស ខ្ញុំមិនមែនជាមិនស្គាល់អ្នកដែលនៅក្នុងព្រៃទេ ឯខ្ញុំជាព្រះរាជបុត្តនៃព្រះបាទជយទ្ទិសៈ សូមអ្នកពិសាខ្ញុំក្នុងថ្ងៃនេះចុះ ឲ្យតែព្រះបិតារួច។
[៤៤៥] (យក្ស…) ខ្ញុំស្គាល់ថា អ្នកជាបុត្តរបស់ព្រះបាទជយទ្ទិសៈ សម្បុរមុខ របស់អ្នកទាំងពីរក៏ដូចគ្នា អ្នកណាប្រាថ្នាស្លាប់ ព្រោះឲ្យតែបិតារួច អំពើរបស់អ្នកនោះ ដែលអ្នកធ្វើហើយ ជាអំពើដែលគេធ្វើបានដោយកម្រក្រៃពេក។
[៤៤៦] (ព្រះរាជកុមារ…) ខ្ញុំមិនសំគាល់នូវអំពើបន្តិចបន្តួចថា គេធ្វើបានដោយក្រក្នុងហេតុនេះទេ បុគ្គលណា ប្រាថ្នាស្លាប់ ព្រោះឲ្យតែបិតារួចផង ព្រោះហេតុនៃមាតាផង បុគ្គលនោះ លុះទៅកាន់បរលោក ក៏ប្រកបដោយសេចក្តីសុខក្នុងឋានសួគ៌។
[៤៤៧] ខ្ញុំរលឹកមិនបាន នូវកិរិយាអាក្រក់របស់ខ្លួន ក្នុងទីវាល ឬទីកំបាំងដោយពិត ខ្ញុំជាអ្នកមានការកើត និងសេចក្តីស្លាប់កំណត់ដឹងហើយ ខ្ញុំ (មិនផុតពីសេចក្តីស្លាប់) ក្នុងលោកនេះយ៉ាងណា ក្នុងលោកខាងមុខក៏យ៉ាងនោះដែរ។ បពិត្រលោកមានអានុភាពច្រើន ឥឡូវនេះ លោកចូរពិសាខ្ញុំក្នុងថ្ងៃនេះចុះ ចូរលោកធ្វើនូវកិច្ចទាំងឡាយ ចំពោះសរីរៈនេះចុះ មួយទៀត ខ្ញុំនឹងទម្លាក់ខ្លួនអំពីចុងឈើជូនលោក កាលលោកឃ្លាន ចូរពិសាសាច់ខ្ញុំចុះ។
[៤៤៨] (យក្ស…) បពិត្ររាជបុត្ត អ្នកពេញចិត្តនឹងអំពើនេះ អ្នកលះបង់នូវជីវិត ព្រោះឲ្យបិតារួច ព្រោះហេតុនោះ អ្នកចូរជាអ្នកមានសភាពរួសរាន់ កាប់ឧសបង្កាត់ភ្លើងចុះ។
[៤៤៩] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជបុត្តមានប្រាជ្ញា ក៏ប្រមូលនូវឧស ហើយដុតភ្លើងឲ្យឆេះធំឡើង រួចប្រាប់យក្សថា ឥឡូវនេះ ភ្លើងដ៏ធំនេះ ខ្ញុំបានបង្កាត់ឆេះហើយ។
[៤៥០] ឥឡូវនេះ លោកជាអ្នកធ្វើនូវការកំហែងខ្ញុំ ចូរពិសាខ្ញុំក្នុងថ្ងៃនេះចុះ លោកព្រឺរោមហើយសម្លឹងខ្ញុំញយៗ តើព្រោះហេតុអ្វី លោកឃ្លានចង់ស៊ីខ្ញុំយ៉ាងណាៗ ខ្ញុំនឹងធ្វើតាមពាក្យរបស់លោកយ៉ាងនោះៗ។
[៤៥១] (យក្ស…) នរណា គួរស៊ីបុគ្គលតាំងនៅក្នុងធម៌ និយាយពាក្យពិត ដឹងនូវពាក្យពេចន៍បែបអ្នក បុគ្គលណា ហ៊ានស៊ីនូវបុគ្គលពោលពាក្យសច្ចៈបែបអ្នក ក្បាលរបស់បុគ្គលនោះនឹងបែកជា ៧ ភាគ។
[៤៥២] (ព្រះរាជកុមារ…) អម្បាលដូចជាទន្សាយនោះ កាលសំគាល់នូវហេតុនេះ បានញ៉ាំងឥន្ទព្រាហ្មណ៍ ឲ្យនៅ (ដើម្បីឲ្យ) សរីរៈនៃខ្លួន ម្នាលយក្ស ហេតុនោះឯង បានជាចន្ទិមទេវបុត្ត បង្ហូរចេញនូវសេចក្តីប្រាថ្នានោះ មានរូបទន្សាយឋិតនៅសព្វថ្ងៃនេះ។
[៤៥៣] (យក្ស…) ព្រះចន្ទ្រ និងព្រះអាទិត្ររួចអំពីមាត់រាហូ ហើយរុងរឿងក្នុងថ្ងៃ ១៥ កើត យ៉ាងណាមិញ បពិត្រអ្នកមានអានុភាពច្រើន អ្នកបានរួចអំពីយើងឈ្មោះបោរិសាទហើយ ចូររុងរឿងក្នុងក្រុងកបិល្លពស្តុចុះ រួចចូរញ៉ាំងបិតា និងមាតាឲ្យរីករាយ ទាំងពួកញាតិទាំងអស់របស់អ្នក ក៏ចូរត្រេកអរចុះ។
[៤៥៤] (អភិសម្ពុទ្ធគាថា) លំដាប់នោះឯង ព្រះរាជបុត្តមានប្រាជ្ញា ព្រះនាមអលីនសត្តុ ដែលបោរិសាទនោះអនុញ្ញាតហើយ ក៏ធ្វើអញ្ជលីផ្គងឡើងចំពោះបោរិសាទ រួចត្រឡប់មកកាន់នគរកបិល្លពស្តុវិញដោយសួស្តី បានសេចក្តីសុខ ឥតមានរោគឡើយ។
[៤៥៥] ពួកមនុស្សនៅក្នុងនិគមក្តី ពួកមនុស្សនៅក្នុងជនបទក្តី ពួកពលដំរីក្តី ពលរថក្តី ពលថ្មើរជើងក្តីទាំងអស់ ក៏ប្រណម្យអញ្ជលីនមស្ការ ចូលទៅជិតអលីនសត្តុកុមារថា យើងខ្ញុំសូមថ្វាយបង្គំចំពោះព្រះអង្គ ព្រះអង្គទ្រង់ធ្វើនូវអំពើដែលគេធ្វើបានដោយក្រ។
ចប់ ជយទ្ទិសជាតក ទី៣។
(៥១៤. ឆទ្ទន្តជាតកំ (៤))
[៤៥៦] (ព្រះបាទពារាណសីត្រាស់សួរថា) ម្នាលនាងសុភទ្ទា ជាស្រីមានអវយវៈដូចមាស មានសម្បុរលឿងខ្ចី មានសម្បុរដ៏ប្រសើរ ថ្វីក៏បានជានាងសោយសោក ម្នាលនាងមានភ្នែកពិសាល ថ្វីក៏បានជានាងស្រពោន ដូចផ្កាឈូកដែលគេច្របាច់។
[៤៥៧] (នាងសុភទ្ទាទេវីទូលថា) បពិត្រមហារាជ ចំណង់ប្លែក កើតឡើងដល់ខ្ញុំម្ចាស់ដោយការយល់សប្តិ តែចំណង់ប្លែករបស់ខ្ញុំម្ចាស់នោះ ហាក់ដូចជាមិនងាយរកបានទេ។
[៤៥៨] (ព្រះរាជា…) កាមគុណទាំងឡាយណាមួយជារបស់មនុស្សក្នុងលោកជាទីត្រេកអរនេះ កាមគុណទាំងអស់នោះ មានច្រើនសុទ្ធតែជារបស់យើង យើងនឹងឲ្យនូវចំណង់ប្លែកដល់នាង។
[៤៥៩] (នាងសុភទ្ទាទេវី…) បពិត្រព្រះសម្មតិទេព សូមឲ្យព្រានទាំងឡាយ ដែលមាននៅក្នុងដែនរបស់ព្រះអង្គ មកប្រជុំគ្នា ខ្ញុំម្ចាស់នឹងប្រាប់នូវចំណង់ប្លែករបស់ខ្ញុំម្ចាស់ ដល់ព្រានទាំងឡាយនុ៎ះ។
[៤៦០] (ព្រះរាជា…) ម្នាលនាងទេវី ពួកព្រានព្រៃទាំងនេះ ជាអ្នកមានថ្វីដៃ ជាអ្នកក្លៀវក្លា ស្គាល់ព្រៃផង ស្គាល់ម្រឹគផង សឹងតែជាអ្នកស៊ូលះបង់នូវជីវិត ក្នុងប្រយោជន៍របស់យើង។
[៤៦១] (នាងសុភទ្ទាទេវី…) ម្នាលលុទ្ទបុត្រទាំងឡាយ អ្នកទាំងឡាយ ទាំងប៉ុន្មាននាក់ ដែលមកប្រជុំគ្នាក្នុងទីនេះ ចូរស្តាប់ (ពាក្យរបស់ខ្ញុំចុះ) ខ្ញុំបានយល់សប្តិ៍ឃើញដំរីស មានភ្លុកប្រាំមួយ ខ្ញុំត្រូវការដោយភ្លុកដំរីសនោះ ជីវិត (របស់ខ្ញុំ) នឹងមិនមាន ព្រោះការមិនបានភ្លុកនោះ។
[៤៦២] (ពួកលុទ្ទបុត្រ…) បិតា និងជីតារបស់ទូលព្រះបង្គំជាខ្ញុំ មិនដែលឃើញ មិនដែលឮ នូវដំរីមានភ្លុកប្រាំមួយ ដែលព្រះរាជបុត្រីបានទ្រង់ព្រះសុបិនឃើញនោះទេ សូមព្រះនាងទ្រង់សវនិយប្រាប់នូវដំរីដ៏ប្រសើរប្រាកដដូច្នោះ ដល់ពួកទូលព្រះបង្គំជាខ្ញុំចុះ។
[៤៦៣] បណ្តាទិសទាំង ១០ នេះគឺ ទិសធំ ៤ ទិសតូច ៤ ទិសខាងលើ ១ ទិសខាងក្រោម ១ តើព្រះរាជបុត្រីទ្រង់ព្រះសុបិនឃើញដំរីដ៏ប្រសើរ មានភ្លុកប្រាំមួយ ឋិតនៅក្នុងទិសណា។
[៤៦៤] (ព្រះនាងសុភទ្ទាទេវី…) អ្នកចេញអំពីទីនេះ ដើរត្រង់ទៅទិសខាងជើង រំលងភ្នំធំទាំង ៧ ទៅ នឹងឃើញភ្នំធំលើសលុបមួយឈ្មោះសុវណ្ណបស្សៈ ជាភ្នំមានផ្កាឈើរីកព្រោងព្រាត កុះករដោយពួកកិន្នរ។ អ្នកចូរឡើងកាន់ភ្នំ ជាលំនៅរបស់ពួកកិន្នរនោះ ហើយរមិលមើលនូវទីជិតនៃជើងភ្នំ គ្រានោះ អ្នកនឹងឃើញនូវស្តេចជ្រៃមួយដើម មានឫស ៨០០០ មានពណ៌ប្រាកដស្មើដោយមេឃ។ ឯស្តេចដំរីមានភ្លុកប្រាំមួយ មានខ្លួនសសុទ្ធ ដែលពួកដំរីដទៃគ្របសង្កត់បានដោយក្រ តែងនៅជិតដើមជ្រៃនោះ ដំរីទាំងឡាយ ៨០០០ មានភ្លុកងដូចចន្ទោលរទេះ មានប្រក្រតីទៅប្រហារដោយសន្ទុះដូចជាខ្យល់ តែងរក្សានូវស្តេចដំរីនោះ។ ពួកដំរីទាំង ៨០០០ នោះ ឈរដកដង្ហើមខ្លាំងៗ តែងក្រោធចំពោះវត្ថុ សូម្បីដែលខ្យល់បក់ត្រូវហើយ មួយទៀត បើវាឃើញមនុស្សក្នុងទីនោះហើយ ក៏ធ្វើឲ្យទៅជាផេះ សូម្បីតែធូលី គឺផេះរបស់មនុស្សនោះ ក៏មិនឲ្យមានឡើយ។
[៤៦៥] (សោណុត្តរព្រានព្រៃ…) បពិត្រព្រះនាងទេវី គ្រឿងប្រដាប់ទាំងឡាយដ៏ច្រើន ដែលគេធ្វើដោយមាសក្តី កែវមុក្តាក្តី កែវមណីក្តី គ្រឿងប្រដាប់ជាវិការៈនៃកែវពៃទូរ្យក្តី សឹងមានក្នុងរាជត្រកូល ចុះព្រះនាងមានប្រាថ្នានឹងសម្លាប់ដំរីមានភ្លុកប្រាំមួយ យកមកធ្វើគ្រឿងប្រដាប់ជាវិការៈនៃភ្លុកឬ ឬក៏ព្រះនាងចង់សម្លាប់ពួកលុទ្ទបុត្រ (កូនព្រាន)។
[៤៦៦] (ព្រះនាងសុភទ្ទាទេវី…) ម្នាលព្រានព្រៃ (មិនមែនដូច្នោះទេ) យើងជាស្រីច្រណែនផង ជាស្រីដល់នូវសេចក្តីទុក្ខផង យើងរឭកឃើញ (នូវពៀរ) ក្នុងខាងដើម (ដែលដំរីនោះធ្វើហើយដល់យើង) ផង បានជាចេះតែស្គាំងស្គម ម្នាលព្រានព្រៃ អ្នកចូរធ្វើសេចក្តីនេះដល់យើងចុះ យើងនឹងឲ្យស្រុកសួយ ៥ ដល់អ្នក។
[៤៦៧] (សោណុត្តរព្រានព្រៃ…) ដំរីឆទ្ទន្តនោះ តែងនៅត្រង់ទីណា តែងចូលទៅឈរក្នុងកន្លែងណា ផ្លូវដូចម្តេចដែលដំរីឆទ្ទន្តចុះទៅងូតទឹក ស្តេចដំរីឆទ្ទន្តនោះ ងូតទឹកតើដូចម្តេច យើងខ្ញុំធ្វើម្តេចនឹងដឹងដំណើរនៃដំរីនោះបាន។
[៤៦៨] (ព្រះនាងសុភទ្ទាទេវី…) ត្រង់ទីកន្លែងដែលដំរីនៅនោះ មានស្រះបោក្ខរណីនោះនៅជិត ជាស្រះគួររីករាយផង មានកំពង់ទឹកដ៏ល្អផង មានទឹកដ៏ច្រើនផង (មានកុមុទ ឧត្បល និងឈូក) មានផ្ការីកស្គុះស្គាយផង ដេរដាសដោយពួកភមរជាតិផង ស្តេចដំរីដ៏ប្រសើរនោះ តែងងូតទឹកក្នុងស្រះនុ៎ះឯង។ ដំរីឆទ្ទន្តនោះ ជាដំរីសសុទ្ធ មានស្បែក និងអវយវៈស ដូចផ្កាឈូកស លាងជំរះនូវក្បាល រួចហើយក៏ទ្រទ្រង់នូវផ្កាឧត្បលជាដើម ត្រេកអររីករាយពន់ពេក ក៏ឲ្យមេដំរីជាមហេសីឈ្មោះនាងសព្វសុភទ្ទា ដើរពីខាងមុខ ហើយដើរសំដៅទៅកាន់ទីកន្លែងនៅរបស់ខ្លួន។
[៤៦៩] (អភិសម្ពុទ្ធគាថា) ព្រានព្រៃនោះ បានរៀនពាក្យក្នុងទីនោះហើយ ក៏ចាប់យកនូវបំពង់ព្រួញ និងធ្នូ (ដើររម្លង) ភ្នំធំទាំង ៧ ក៏ពិចារណាមើលទៅ (ឃើញ) ភ្នំធំខ្ពស់មួយ ឈ្មោះសុវណ្ណបស្សៈ។ ព្រានព្រៃបានឡើងទៅកាន់ភ្នំ ជាកន្លែងនៅនៃពួកកិន្នរ ក៏រមិលមើលនូវទីជីតនៃជើងភ្នំ បានឃើញស្តេចជ្រៃធំមួយដើម មានសម្បុរប្រាកដស្មើដោយមេឃ មានឫស ៨០០០ ជិតជើងភ្នំនោះ។ បានឃើញដំរីមានភ្លុក ៦ ជាដំរីសសុទ្ធ ដែលពួកដំរីដទៃ គ្របសង្កត់បានដោយក្រ នៅក្រោមដើមជ្រៃនោះ ពួកដំរីទាំង ៨០០០ មានភ្លុកង ដូចជាចន្ទោលរថ មានប្រក្រតីទៅប្រហារពួកដំរីជាបច្ចាមិត្ត ដោយសន្ទុះដ៏លឿនដូចជាខ្យល់ តែងរក្សានូវស្តេចដំរីនោះ។ បានឃើញស្រះបោក្ខរណី នៅជិតដើមជ្រៃនោះ ជាទីគួររីករាយ មានកំពង់ទឹកដ៏ល្អផង មានទឹកដ៏ច្រើនផង (មានផ្កាកុមុទ ឧត្បល និងឈូក) រីកស្គុះស្គាយផង ដេរដាសដោយពួកភមរជាតិផង ជាទីសម្រាប់ងូតរបស់ស្តេចដំរីដ៏ប្រសើរនោះ។ បានឃើញនូវការដើរទៅ និងការឈរនៅ នៃដំរីដ៏ប្រសើរផង ឃើញផ្លូវរបស់ដំរីដ៏ប្រសើនោះទៅងូតទឹកផង ព្រានព្រៃជាអនរិយជន បានប្រកប (កិច្ចការស្រេច) ដោយការលុះក្នុងអំណាចនៃចិត្ត ក៏បានជីករណ្តៅ។
[៤៧០] (អភិសម្ពុទ្ធគាថា) ព្រានព្រៃ ជាអ្នកធ្វើអំពើអាក្រក់ ជីករណ្តៅហើយ គ្របដោយផែនក្តារទាំងឡាយ រួចបញ្ចូលខ្លួន និងធ្នូរ (ទៅក្នុងរណ្តៅនោះ) ហើយបាញ់នូវដំរី ដែលដើរមកក្បែរខាង (រណ្តៅរបស់ខ្លួន) ដោយព្រួញដ៏ថ្លោស។ ដំរីដ៏ប្រសើរ ត្រូវព្រានព្រៃបាញ់ហើយ ក៏បន្លឺនូវកោញ្ចនាទដ៏ពន្លឹក ពួកដំរីទាំងអស់ ក៏បន្លឺនូវសម្លេងមានសភាពដ៏ពន្លឹក ដំរីទាំងនោះ ក៏ធ្វើនូវស្មៅ និងមែកឈើឲ្យខ្ទេចខ្ទី ហើយស្ទុះស្ទារទៅទាំង ៨ ទិសជុំវិញ។ ដំរីដ៏ប្រសើរ ក៏ចាប់ព្រាននោះ ដោយបំណងថា អញនឹងសម្លាប់ព្រានព្រៃនុ៎ះ ក៏ឃើញនូវសំពត់កាសាវៈ ដែលជាទង់ជ័យរបស់ពួកឥសី ដំរីដ៏ប្រសើរត្រូវសេចក្តីទុក្ខប៉ះពាល់ហើយ ក៏មានសញ្ញាកើតឡើងថា ធម្មតា បុគ្គលប្រើប្រាស់ទង់ជ័យព្រះអរហន្ត មានសភាពដែលសប្បុរសមិនគួរសម្លាប់។
[៤៧១] (ដំរីឆទ្ទន្ត…) បុគ្គលណា មិនទាន់អស់ទឹកចត់ គឺកិលេស ជាអ្នកប្រាសចាកការទូន្មាននូវឥន្ទ្រិយ និងវចីសច្ចៈ និងស្លៀកដណ្តប់សំពត់កាសាវៈ បុគ្គលនោះ មិនគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈទេ។ ចំណែកបុគ្គលណា ខ្ជាក់ចោលនូវទឹកចត់ គឺកិលេស តាំងមាំក្នុងសីលទាំងឡាយ ជាអ្នកប្រកបដោយការទូន្មាននូវឥន្ទ្រិយ និងវចីសច្ចៈ បុគ្គលនោះឯង ទើបគួរនឹងស្លៀកដណ្តប់សំពត់កាសាវៈ។
[៤៧២] (អភិសម្ពុទ្ធគាថា) ដំរីដ៏ប្រសើរ ត្រូវព្រានព្រៃបាញ់ហើយដោយសរដ៏ថ្លោស មិនមានចិត្តប្រទូស្ត បាននិយាយនឹងព្រានព្រៃថា នែសម្លាញ់ អ្នកត្រូវការអ្វី តើព្រោះហេតុអ្វី បានជាអ្នកសម្លាប់យើង ម្យ៉ាងទៀត ការប្រកបនេះ របស់បុគ្គលណា។
[៤៧៣] (ព្រានព្រៃ…) បពិត្រដំរីដ៏ចំរើន ព្រះមហេសីរបស់ស្តេចក្នុងដែនកាសីនោះ ឈ្មោះនាងសុភទ្ទា ដែលគេបូជាហើយក្នុងរាជត្រកូល ព្រះនាងបានឃើញអ្នក ហើយប្រាប់ខ្ញុំ ព្រះនាងក៏មានព្រះសវនីយនឹងខ្ញុំថា យើងត្រូវការដោយភ្លុកទាំងឡាយ។
[៤៧៤] (ដំរីឆទ្ទន្ត…) ព្រះរាជបុត្រីនោះ ដឹងថា គូនៃភ្លុកទាំងឡាយរបស់បិតា និងជីតាទាំងឡាយរបស់យើង មានច្រើនណាស់ តែនាងជាស្រីក្រោធ ត្រូវការសម្លាប់ ជាស្រីល្ងង់ បានចងពៀរ (នឹងយើង)។ នែព្រានព្រៃ អ្នកចូរក្រោកឡើង ចាប់នូវរណារ ហើយអារនូវភ្លុកទាំងគូនេះចុះ ទាន់ខ្ញុំមិនទាន់ស្លាប់ អ្នកឯងគប្បីទូលព្រះរាជបុត្រី ដែលមានសេចក្តីក្រោធនោះថា ដំរីដ៏ប្រសើរ ទូលព្រះបង្គំជាខ្ញុំបានសម្លាប់ហើយ សូមព្រះនាងទទួលយក នេះជាភ្លុករបស់ដំរីនោះ។
[៤៧៥] ព្រានព្រៃនោះ ក្រោកឈរឡើង ហើយចាប់រណារ អារនូវភ្លុកនៃដំរីដ៏ប្រសើរ ហើយក៏យកនូវភ្លុកដ៏ល្អស្អាត មិនមានភ្លុកឯទៀតប្រៀបផ្ទឹមបានលើផែនដី រួចដើរចៀសចេញទៅអំពីទីនោះយ៉ាងឆាប់។
[៤៧៦] (អភិសម្ពុទ្ធគាថា) ពួកដំរី ត្រូវភ័យ (អំពីសេចក្តីស្លាប់) បៀតបៀនហើយ ដល់នូវសេចក្តីទុក្ខព្រួយ ព្រោះគេសម្លាប់នូវដំរីដ៏ប្រសើរ បានស្ទុះទៅគ្រប់ទិសទាំង ៨ លុះមិនឃើញបុរសជាសត្រូវនឹងដំរី ក៏ត្រឡប់មកកាន់ទីរបស់ស្តេចដំរីដ៏ប្រសើរវិញ។
[៤៧៧] ដំរីដ៏ប្រសើរទាំងនោះ កន្ទក់កន្ទេញ រោទ៍ក្នុងទីនោះ ហើយរោយរាយនូវអាចម៍ដី លើក្បាលរបស់ខ្លួន ដំរីទាំងអស់នោះ ក៏ឲ្យមេដំរីជាមហេសី ឈ្មោះសព្វសុភទ្ទា ដើរមុខ មកកាន់ទីនៅរបស់ខ្លួន។
[៤៧៨] ព្រានព្រៃនោះ បាននាំយកភ្លុកទាំងឡាយនៃដំរីដ៏ប្រសើរ ជាភ្លុកល្អស្អាត មិនមានភ្លុកឯទៀតប្រៀបផ្ទឹមបានលើផែនដី ភ្លឺសព្វដោយរស្មីមានពណ៌ដូចជាមាស ហើយចូលទៅកាន់កាសីបុរី ព្រានព្រៃនោះ ក៏បង្អោននូវភ្លុកទាំងឡាយថ្វាយព្រះរាជកញ្ញាថា ដំរីដ៏ប្រសើរ ទូលព្រះបង្គំជាខ្ញុំសម្លាប់បានហើយ សូមព្រះនាងទទួលយក នេះជាភ្លុករបស់ដំរីនោះ។
[៤៧៩] ព្រះរាជកញ្ញានោះ ទតឃើញភ្លុកទាំងឡាយនៃដំរីដ៏ប្រសើរ ដែលធ្លាប់ជាប្តីជាទីស្រឡាញ់អំពីជាតិមុន ក៏បែកហឫទ័យក្នុងទីនោះឯង ហេតុនោះ ព្រះនាងជាស្រីល្ងង់ បានសោយព្រះវិលាល័យទៅ។
[៤៨០] (ព្រះធម្មសង្គាហកត្ថេរ…) ព្រះពុទ្ធ ព្រះអង្គបានសម្រេចនូវសម្ពោធិញ្ញាណផង មានអានុភាពច្រើនផង បានធ្វើនូវការញញឹមក្នុងកណ្តាលពពួកបរិស័ទ ពួកភិក្ខុមានចិត្តរួចស្រឡះ ក៏ក្រាបបង្គំទូលសួរថា ព្រះពុទ្ធទាំងឡាយ មិនដែលធ្វើនូវការញញឹម ឲ្យប្រាកដដោយឥតហេតុទេ។
អ្នកទាំងឡាយ បានឃើញនាងកុមារីណានៅជំទង់ ស្លៀកសំពត់កាសាវៈ ជាអ្នកបួស នាងកុមារីនោះ ក្នុងកាលនោះ គឺព្រះរាជកញ្ញា ឯស្តេចដំរីក្នុងកាលនោះ គឺតថាគតឯង ព្រានព្រៃណា កាន់យកនូវភ្លុកទាំងឡាយនៃដំរីដ៏ប្រសើរ ជាភ្លុកដ៏ល្អស្អាត មិនមានភ្លុកឯទៀតប្រៀបផ្ទឹមបានលើផែនដី ហើយចូលទៅកាន់កាសីបុរី ព្រានព្រៃនោះក្នុងកាលនោះ គឺទេវទត្ត។ ព្រះពុទ្ធ ព្រះអង្គប្រាសចាកសេចក្តីក្រវល់ក្រវាយ ប្រាសចាកសេចក្តីសោក ប្រាសចាកនូវកូនសរ គឺរាគៈ បានជ្រាបច្បាស់ដោយព្រះអង្គឯង ហើយទ្រង់សំដែងនូវចរិតខ្ពស់ និងទាបអំពីដើមនេះ ដែលអន្ទោលទៅអស់កាលដ៏យូរ ហាក់ដូចមិនកន្លងថ្ងៃ។
ម្នាលភិក្ខុទាំងឡាយ កាលនោះ តថាគតនៅក្នុងទីនោះ កាលនោះ តថាគតជាស្តេចដំរី អ្នកទាំងឡាយ ចូរចាំទុកនូវជាតកយ៉ាងនេះចុះ។
ចប់ ឆទ្ទន្តជាតក ទី៤។
(៥១៥. សម្ភវជាតកំ (៥))
[៤៨១] (ព្រះបាទធនញ្ជយកោរព្យៈ ត្រាស់សួរថា) នែសុចីរតៈ យើងបាននូវរាជសម្បត្តិផង បាននូវភាពជាធំផង យើងប្រាថ្នាដើម្បីដល់នូវភាពជាធំ ប្រាថ្នាដើម្បីត្រួតត្រានូវផែនដីនេះ។ (យើងប្រកប) ដោយធម៌ មិនប្រកបដោយអធម៌ទេ ព្រោះអធម៌មិនពេញចិត្តដល់យើងឡើយ ម្នាលសុចីរតៈ ធម៌ជាចរិតរបស់ព្រះរាជា ពួកជនត្រូវតែធ្វើ។ នែព្រាហ្មណ៍ យើងដែលពួកជនមិននិន្ទា ក្នុងលោកនេះ ដោយអត្ថ និងធម៌ណាផង មិននិន្ទាក្នុងបរលោក ដោយអត្ថ និងធម៌ណាផង គប្បីដល់នូវឥស្សរិយយស ក្នុងទេវលោក និងមនុស្សលោក ដោយអត្ថ និងធម៌ណាផង។ នែព្រាហ្មណ៍ យើងប្រាថ្នាដើម្បីធ្វើនូវអត្ថ និងធម៌នោះៗ នែព្រាហ្មណ៍ អ្នកដែលយើងសួរហើយ ចូរប្រាប់នូវអត្ថ និងធម៌នោះ។
[៤៨២] (សុចីរតព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះខត្តិយរាជ ព្រះអង្គប្រាថ្នាដើម្បីធ្វើនូវអត្ថ និងធម៌ណា តែវៀរចាកវិធុរព្រាហ្មណ៍ហើយ បុគ្គលដទៃ មិនគួរនឹងប្រាប់នូវអត្ថ និងធម៌នោះបានទេ។
[៤៨៣] (ព្រះរាជា…) នែសុចីរតៈ អ្នកចូរមកនេះ អ្នកឯងត្រូវយើងប្រើទៅ អ្នកចូរទៅកាន់សំណាក់នៃវិធុរព្រាហ្មណ៍ ចូរនាំយកនូវឆ្ពោរនៃមាសនេះទៅចុះ អ្នកចូរឲ្យនូវឆ្ពោរនៃមាសនេះ ជាគ្រឿងបូជាដល់ការប្រៀនប្រដៅនូវអត្ថ និងធម៌។
[៤៨៤] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រនោះ បានទៅកាន់សំណាក់នៃវិធុរព្រាហ្មណ៍ សុចីរតៈ ជាមហាព្រាហ្មណ៍ ក៏បានឃើញវិធុរព្រាហ្មណ៍នោះ កំពុងតែបរិភោគក្នុងផ្ទះរបស់ខ្លួន។
[៤៨៥] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូតរបស់ព្រះបាទកោរព្យៈដ៏មានយស ទ្រង់ប្រើមក ព្រះបាទធនញ្ជយកោរព្យៈ ជាយុធិដិ្ឋលគោត្រ ទ្រង់មានព្រះឱង្ការថា អ្នកចូរសួរនូវអត្ថ និងធម៌ បពិត្រវិធុរ អ្នកដែលខ្ញុំសួរហើយ ចូរប្រាប់នូវអត្ថ និងធម៌នោះ។
[៤៨៦] (វិធុរព្រាហ្មណ៍…) ម្នាលព្រាហ្មណ៍ ខ្ញុំ (គិតថា) អញនឹងបិទនូវទន្លេគង្គា តែមិនអាចបិទនូវទន្លេដ៏ធំនោះបាន ព្រោះហេតុនោះ ឱកាសនោះ នឹងមានដូចម្តេចកើត ខ្ញុំដែលអ្នកសួរហើយ មិនអាចដើម្បីប្រាប់នូវអត្ថ និងធម៌បានទេ។ តែខ្ញុំមានកូនប្រុសមួយឈ្មោះភទ្រការ ជាឱរស ជាកូនបង្កើតរបស់ខ្ញុំ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ អ្នកចូរទៅសួរអត្ថ និងធម៌ ចំពោះភទ្រការនោះចុះ។
[៤៨៧] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រនោះ បានទៅកាន់សំណាក់ភទ្រការកុមារ សុចីរតៈ ជាមហាព្រាហ្មណ៍បានឃើញភទ្រការកុមារនោះ កំពុងអង្គុយនៅក្នុងផ្ទះរបស់ខ្លួន។
[៤៨៨] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូតរបស់ព្រះបាទកោរព្យៈដ៏មានយស ទ្រង់ប្រើមក ព្រះបាទកោរព្យៈ ជាយុធិដិ្ឋលគោត្រ ទ្រង់ត្រាស់ថា អ្នកចូរសួរនូវអត្ថ និងធម៌ ម្នាលភទ្រការកុមារ ព្រោះហេតុនោះ អ្នកចូរប្រាប់នូវអត្ថ និងធម៌ដល់ខ្ញុំ។
[៤៨៩] (ភទ្រការកុមា…) ខ្ញុំទើបទម្លាក់ចោលនូវអម្រែកសាច់ហើយ ដេញតាមនូវទន្សង ខ្ញុំដែលអ្នកសួរហើយ មិនអាចនឹងប្រាប់នូវអត្ថ និងធម៌បានទេ។ បពិត្រសុចីរតព្រាហ្មណ៍ ខ្ញុំមានប្អូនប្រុសម្នាក់ឈ្មោះសញ្ជ័យ បពិត្រសុចីរតព្រាហ្មណ៍ ព្រោះហេតុនោះ អ្នកចូរទៅសួរនូវអត្ថ និងធម៌ ចំពោះសញ្ជ័យនោះចុះ។
[៤៩០] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រនោះ បានទៅកាន់សំណាក់សញ្ជយកុមារ សុចីរតៈ ជាមហាព្រាហ្មណ៍ បានឃើញនូវសញ្ជ័យកុមារនោះ អង្គុយក្នុងកណ្តាលបរិស័ទរបស់ខ្លួន។
[៤៩១] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូត ព្រះបាទធនញ្ជយកោរព្យៈដ៏មានយស ទ្រង់ប្រើមក ព្រះបាទធនញ្ជយកោរព្យៈ ជាយុធិដ្ឋិលគោត្រ មានព្រះឱង្ការថា អ្នកចូរសួរនូវអត្ថ និងធម៌ ម្នាលសញ្ជយកុមារ ព្រោះហេតុនោះ អ្នកដែលខ្ញុំសួរហើយ ចូរប្រាប់នូវអត្ថ និងធម៌។
[៤៩២] (សញ្ជយកុមារ…) បពិត្រសុចីរតព្រាហ្មណ៍ មច្ចុតែងលេបខ្ញុំរាល់ល្ងាចរាល់ព្រឹក សព្វៗ កាល ខ្ញុំដែលអ្នកសួរហើយ មិនអាចនឹងប្រាប់នូវអត្ថ និងធម៌ដល់អ្នកបានទេ។ បពិត្រសុចីរតព្រាហ្មណ៍ ខ្ញុំមានប្អូនប្រុសម្នាក់ ឈ្មោះសម្ភវៈ បពិត្រព្រាហ្មណ៍ ព្រោះហេតុនោះ អ្នកចូរទៅសួរនូវអត្ថ និងធម៌ចំពោះសម្ភវៈនោះចុះ។
[៤៩៣] (សុចីរតព្រាហ្មណ៍…) ម្នាលអ្នកដ៏ចំរើន បញ្ហាធម៌ក៏អស្ចារ្យម្ល៉េះ សម្ភវកុមារនេះ យើងមិនពេញចិត្តទេ ព្រោះជន ៣ នាក់ ឪពុក និងកូនទាំងនោះ មិនដឹងច្បាស់ដោយប្រាជ្ញាទៅហើយ។ អ្នកទាំងឡាយដែលខ្ញុំសួរហើយ មិនអាចប្រាប់នូវអត្ថ និងធម៌បាន ចំណង់បើកូនក្មេង ដែលខ្ញុំសួរអត្ថ និងធម៌ហើយ គប្បីដឹងដូចម្តេចកើត។
[៤៩៤] (សញ្ជយកុមារ…) បពិត្រសុចីរតព្រាហ្មណ៍ លោកកុំសំគាល់សម្ភវកុមារនោះថា នៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ ព្រះចន្រ្ទ ប្រាសចាកមន្ទិល កាលដើរទៅតាមអាកាសធាតុ រុងរឿងកន្លងនូវពួកផ្កាយទាំងអស់ក្នុងលោក ដោយពន្លឺយ៉ាងណាមិញ បពិត្រសុចីរតព្រាហ្មណ៍ សម្ភវកុមារ ពិតជានៅក្មេងមែន (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ លោកកុំសំគាល់នូវសម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ បពិត្រព្រាហ្មណ៍ បណ្តាខែខាងគិម្ហរដូវទាំងឡាយ ខែចែត្ររុងរឿងដោយផ្កាឈើទាំងឡាយ ជាងខែទាំងឡាយដទៃឯទៀត យ៉ាងណាមិញ។ សម្ភវកុមារ ពិតមែនតែនៅក្មេង (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ បពិត្រព្រាហ្មណ៍ លោកកុំសំគាល់សម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ បពិត្រព្រាហ្មណ៍ ភ្នំគន្ធមាទនៈមានទឹកសន្សើម ជាលំនៅនៃពពួកទេវតា ដេរដាសដោយដើមឈើផ្សេងៗទាំងឡាយផង ដោយឱសធជាទិព្វទាំងឡាយផង រមែងញ៉ាំងទិសទាំងឡាយឲ្យភ្លឺច្បាស់ផង ផ្សាយទៅកាន់ទិសទាំងឡាយ (ដោយក្លិនក្រអូប) ផង យ៉ាងណាមិញ។ សម្ភវកុមារ ពិតមែនតែនៅក្មេង (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ បពិត្រព្រាហ្មណ៍ លោកកុំសំគាល់នូវសម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ បពិត្រព្រាហ្មណ៍ ភ្លើងប្រក្រតី ប្រកបដោយអណ្តាត មានអំណាច កាលឆេះនូវគុម្ពឈើក្នុងព្រៃ មិនចេះឆ្អែត រមែងញ៉ាំងពណ៌ខ្មៅឲ្យប្រព្រឹត្តទៅ ជាសភាវៈឆេះនូវខ្លាញ់ មានផ្សែងជាទង់ ឆេះនូវដងព្រៃស្តុក មានរបស់សម្រាប់ឆេះដ៏ច្រើន រមែងរុងរឿងលើកំពូលភ្នំ ក្នុងវេលាយប់យ៉ាងណាមិញ។ សម្ភវកុមារ ពិតមែនតែនៅក្មេង (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ បពិត្រព្រាហ្មណ៍ លោកកុំសំគាល់នូវសម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។ ជនទាំងឡាយ ស្គាល់សេះដ៏ចំរើនដោយល្បឿនផង ស្គាល់គោបម្រើក្នុងការផ្ទុកផង ស្គាល់មេគោដោយរឺតនូវទឹកដោះផង ស្គាល់អ្នកប្រាជ្ញកាលនិយាយផង យ៉ាងណាមិញ។ សម្ភវកុមារ ពិតមែនតែនៅក្មេង (តែរុងរឿងកន្លងនូវពួកបណ្ឌិតដ៏សេស) ដោយបញ្ញា និងការព្យាយាម ក៏យ៉ាងនោះដែរ បពិត្រព្រាហ្មណ៍ លោកកុំសំគាល់នូវសម្ភវកុមារនោះថានៅក្មេង ហើយមិនសួរ ត្រូវតែសួរនូវសម្ភវកុមារ ទើបដឹងនូវអត្ថ និងធម៌។
[៤៩៥] (អភិសម្ពុទ្ធគាថា) សុចីរតព្រាហ្មណ៍ ជាភារទ្វាជគោត្រនោះ បានទៅកាន់សំណាក់នៃសម្ភវកុមារ សុចីរតៈ ជាមហាព្រាហ្មណ៍ បានឃើញនូវសម្ភវកុមារនោះ កំពុងលេងខាងក្រៅទីលំនៅ។
[៤៩៦] (សុចីរតព្រាហ្មណ៍…) ខ្ញុំជាទូតរបស់ព្រះបាទកោរព្យៈដ៏មានយស ទ្រង់ប្រើមក ព្រះបាទកោរព្យៈ ជាយុធិដ្ឋិលគោត្រ ទ្រង់ត្រាស់ថា អ្នកចូរសួរនូវអត្ថ និងធម៌ នែសម្ភវកុមារ ព្រោះហេតុនោះ នាងឯង ដែលខ្ញុំសួរហើយ ចូរប្រាប់នូវអត្ថ និងធម៌។
[៤៩៧] (សម្ភវកុមារ…) បើដូច្នោះ អ្នកឈ្លាសវៃ (និយាយ) យ៉ាងណា ខ្ញុំនឹងប្រាប់អ្នកយ៉ាងនោះ ព្រះរាជានឹងទ្រង់ជ្រាបនូវប្រស្នានោះ ទោះបីព្រះអង្គធ្វើតាមក្តី មិនធ្វើតាមក្តី។
[៤៩៨] បពិត្រសុចីរតព្រាហ្មណ៍ បុគ្គលដែលព្រះរាជាសួរថា (យើងធ្វើកុសល) ក្នុងថ្ងៃនេះឬ គប្បីក្រាបទូលថា ក្នុងថ្ងៃស្អែកវិញ កាលបើសេចក្តីត្រូវការ កើតឡើងហើយ ព្រះបាទកោរព្យៈ ជាយុធិដ្ឋិលគោត្រ កុំធ្វើតាមពាក្យ (នោះ) ហើយនៅស្ងៀមឡើយ បុគ្គលដែលព្រះរាជាសួរហើយ គប្បីក្រាបបង្គំទូលនូវខន្ធបញ្ចកៈ ជាខាងក្នុងតែម្យ៉ាង សូមព្រះរាជាកុំសេពនូវផ្លូវខុស ដូចបុគ្គលវង្វេងដោយឥតចេតនា។ ព្រះរាជាកុំប្រព្រឹត្តកន្លងនូវអត្តភាព កុំប្រព្រឹត្តនូវអធម៌ កុំចម្លងគេក្នុងទីមិនមែនជាកំពង់ កុំប្រកបក្នុងសេចក្តីវិនាសឡើយ។ លុះតែក្សត្រិយ៍ណា ទ្រង់ជ្រាបហើយ ធ្វើនូវហេតុទាំងឡាយនេះ ព្រះរាជានោះទើបចំរើនរាល់ពេល ដូចជាព្រះចន្ទ្រក្នុងសុក្កបក្ស។ ព្រះរាជានោះ ប្រកបដោយប្រាជ្ញា រមែងជាទីស្រឡាញ់នៃពួកញាតិផង រុងរឿងក្នុងពួកមិត្តផង លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងឋានសួគ៌។
ចប់ សម្ភវជាតក ទី៥។
(៥១៦. មហាកបិជាតកំ (៦))
[៤៩៩] (ព្រះសាស្តាទ្រង់សំដែងថា) ព្រះរាជាក្នុងក្រុងពារាណសី ព្រះអង្គញ៉ាំងដែនរបស់ពួកជនអ្នកដែនកាសីឲ្យចំរើន ព្រះអង្គមានពួកមិត្ត និងអាមាត្យហែហមហើយ ស្តេចទៅកាន់មិគាជិនឧទ្យាន។ បានទតឃើញព្រាហ្មណ៍ម្នាក់ កើតឃ្លង់ស ឃ្លង់ពពាល កើតស្រែង មានសាច់លៀនចេញ ដូចជាផ្ការលួសផ្អុង ស្គមឡើងសរសៃរវាម ក្នុងមិគាជិនឧទ្យាននោះ។ ព្រះរាជាទ្រង់ទតឃើញជនមានសេចក្តីលំបាក ដល់នូវភាពគួរអាណិតក្រៃលែង ទ្រង់ស្ញើប ទ្រង់ត្រាស់សួរថា បណ្តាពួកយក្ស អ្នកជាយក្សអ្វី។ ដៃ និងជើងរបស់អ្នកសផង ក្បាលរបស់អ្នក សលើសជាងដៃ និងជើងនោះផង ខ្លួនរបស់អ្នក មានសម្បុរពព្រុះផង មានស្រែងដ៏ច្រើនផង។ ខ្នងរបស់អ្នក រដិបរដុប ដូចជាលួសដែលវេញផង អវយវៈរបស់អ្នក ដូចវល្លិ៍លែនពែនផង យើងមិនដែលឃើញបុគ្គលដទៃបែបនេះឡើយ។ អ្នកមានជើងប្រឡាក់ដោយធូលី ជាអ្នកតក់ស្លុត ស្គម ឡើងសរសៃរវាម ស្រេកឃ្លាន មានសភាពជាអ្នកមិនឆ្អែត តើអ្នកមកអំពីទីណា នឹងទៅក្នុងទីណា។ អ្នកជាបុគ្គលលំបាកមើល មិនមានទ្រង់ទ្រាយ មានសម្បុរមិនល្អ មើលទៅគួរខ្លាច សូម្បីតែមាតាបង្កើតរបស់អ្នក ក៏មិនចង់ឃើញអ្នកដែរ។ អ្នកបានធ្វើនូវអំពើដូចម្តេចក្នុងកាលមុន អ្នកបានបៀតបៀននូវសត្វដែលមិនគួរសម្លាប់ដូចម្តេច អ្នកធ្វើនូវអំពើអាក្រក់ណា ក៏បាននូវសេចក្តីទុក្ខនេះ។
[៥០០] (ព្រាហ្មណ៍ក្រាបបង្គំទូលថា) បើដូច្នោះ អ្នកឈ្លាសវៃ (និយាយ) យ៉ាងណា ទូលព្រះបង្គំជាខ្ញុំនឹងទូលយ៉ានោះ ព្រោះថា ក្នុងលោកនេះ អ្នកប្រាជ្ញាទាំងឡាយ តែងសរសើរបុគ្គលអ្នកនិយាយពាក្យពិត។ ទូលព្រះបង្គំជាខ្ញុំតែម្នាក់ឯង កាលដើររកគោ ក៏វង្វេងដើរចូលទៅក្នុងព្រៃសូន្យសុង ជាព្រៃដាច់ទឹក ព្រៃស្ងាត់ឈឹង ដែលពួកដំរីផ្សេងៗ នៅហើយ។ ទូលព្រះបង្គំជាខ្ញុំ វង្វេងផ្លូវក្នុងព្រៃ ដែលពួកម្រឹគកាចដើរទៅមក ជាអ្នកមានសេចក្តីស្រេកឃ្លាន អស់ ៧ ថ្ងៃ ដើរទៅក្នុងព្រៃនោះ។ ទូលព្រះបង្គំជាខ្ញុំ ត្រូវសេចក្តីស្រេកឃ្លានគ្របសង្កត់ ក៏បានឃើញដើមទន្លាប់ក្នុងព្រៃនោះ ដុះនៅក្នុងទីមិនស្មើ សំយុងទៅកាន់ជ្រោះ ជាឈើទ្រទ្រង់នូវផ្លែមានរសផ្អែម។ ទូលព្រះបង្គំជាខ្ញុំ បានទទួលទានផ្លែឈើទាំងឡាយ ដែលខ្យល់បក់ធ្លាក់ចុះមក ផ្លែឈើទាំងនោះ ពេញចិត្តទូលព្រះបង្គំជាខ្ញុំយ៉ាងក្រៃលែង ទូលព្រះបង្គំជាខ្ញុំមិនឆ្អែត ក៏ឡើងលើដើម ដោយគិតថានឹងស៊ីឲ្យឆ្អែតស្កប់ស្កល់លើដើមនោះ។ ទូលព្រះបង្គំជាខ្ញុំ ទទួលទានផ្លែទន្លាប់មួយហើយ ប្រាថ្នាផ្លែជាគំរប់ពីរទៀត លំដាប់នោះ មែកឈើនោះ ក៏បាក់ហាក់ដូចជាគេកាប់នឹងប៉ូវថៅ។ ទូលព្រះបង្គំជាខ្ញុំនោះ ក៏ជាប់មកជាមួយនឹងមែកឈើ មានជើងឡើងលើ មានក្បាលចុះក្រោម ធ្លាក់ចុះទៅក្នុងជ្រោះភ្នំ ដែលមិនមានទីឈរ មិនមានទីតោង។ ទឹកជ្រៅ មានត្រឹមណា ទូលព្រះបង្គំជាខ្ញុំមិនធ្លាក់ដល់ត្រឹមណោះទេ មិនមានសេចក្តីត្រេកអរ មិនមានទីពឹង ដេកក្នុងជ្រោះនោះអស់ ១០ រាត្រីគត់។ គ្រានោះ ស្វាមានកន្ទុយ ដូចជាកន្ទុយគោ ត្រាច់ទៅតាមជ្រោះភ្នំ មកដល់ទីនោះ លោតពីមែកមួយ ទៅកាន់មែកមួយ បានស៊ីនូវផ្លែឈើ ស្វានោះបានឃើញនូវទូលព្រះបង្គំជាខ្ញុំ ដែលស្គមស្លេកស្លាំង ក៏ធ្វើនូវសេចក្តីករុណាចំពោះទូលព្រះបង្គំជាខ្ញុំ។ សួរថា ម្នាលអ្នកដ៏ចំរើន អ្នកឯងនេះជាអ្វី ត្រូវទុក្ខគ្របសង្កត់ក្នុងទីនេះយ៉ាងនេះ អ្នកជាមនុស្ស ឬមិនមែនមនុស្ស ចូរប្រាប់ខ្លួនដល់យើង។ ទូលព្រះបង្គំជាខ្ញុំ ក៏ប្រណម្យអញ្ជលីចំពោះស្វានោះ ហើយពោលនូវពាក្យនេះថា ខ្ញុំជាមនុស្សដល់នូវអំណាចនៃ (សេចក្តីវិនាស) ខ្ញុំទៅអំពីទីនេះមិនបានទេ ព្រោះហេតុនោះ ខ្ញុំជំរាបអ្នក សូមសេចក្តីចំរើនមានដល់អ្នក សូមអ្នកជាទីពឹងរបស់ខ្ញុំ។ ស្វាដ៏ប្រសើរ ត្រាច់ទៅលើភ្នំ ក៏យកនូវថ្មដ៏ធ្ងន់ ចងខ្សែនឹងថ្ម ហើយពោលនូវពាក្យនេះថា អ្នកចូរមក ចូរឡើងជិះខ្នងខ្ញុំ ហើយតោងកខ្ញុំដោយដៃទាំងពីរ ខ្ញុំនឹងស្រង់អ្នកចាកជ្រោះភ្នំដោយកម្លាំង។ ទូលព្រះបង្គំជាខ្ញុំ បានឮពាក្យស្តេចស្វាដ៏មានសិរីនោះ ក៏ឡើងជិះខ្នងនៃស្វាជាអ្នកប្រាជ្ញ ហើយតោងក ដោយដៃទាំងពីរ។ ស្វានោះ មានតេជះ មានកម្លាំង នឿយហត់ ដោយសេចក្តីលំបាក បានស្រង់ទូលព្រះបង្គំជាខ្ញុំចាកជ្រោះភ្នំដោយរហ័ស។ ស្វាជាសប្បុរសដ៏ប្រសើរ លុះស្រង់ទូលព្រះបង្គំជាខ្ញុំរួចហើយ ក៏ពោលនូវពាក្យនេះថា នែសំឡាញ់ អ្នកចូររក្សានូវខ្ញុំផង ខ្ញុំនឹងសម្រាកមួយរំពេច។ បើពួកសត្វរាជសីហ៍ក្តី ពួកខ្លាធំក្តី ពួកខ្លាដម្បងក្តី ពួកខ្លាឃ្មុំក្តី ពួកឆ្កែព្រៃក្តី ពួកខ្លារខិនក្តី ពួកសត្វកាចទាំងនោះ មកបៀតបៀនខ្ញុំដែលធ្វេសប្រហែសហើយ បើអ្នកឃើញនូវសត្វសាហាវទាំងនោះ ចូររារាំងផង។ ស្វានោះ ត្រូវទូលព្រះបង្គំជាខ្ញុំការពារយ៉ាងនេះ ហើយក៏ដេកលក់មួយស្របក់ទៅ គ្រានោះ ទូលព្រះបង្គំជាខ្ញុំ បានទិដ្ឋិដ៏លាមកដោយមិនត្រូវទំនងថា ស្វានេះ ជាអាហាររបស់ពួកមនុស្ស ដូចពួកម្រឹគដទៃក្នុងព្រៃដែរ បើដូច្នោះ អាត្មាអញឃ្លានហើយ គប្បីសម្លាប់នូវស្វានេះស៊ី។ អញស៊ីហើយ នឹងយកសាច់ជាស្បៀងដើរទៅ នឹងឆ្លងផ្លូវឆ្ងាយ ស្បៀងអញក៏មានស្រាប់។ លំដាប់នោះ ទូលព្រះបង្គំជាខ្ញុំ ចាប់យកដុំថ្មគប់ក្បាល (ស្វានោះ) កាលទូលព្រះបង្គំជាខ្ញុំ លំបាកដោយបាយ ការប្រហារ ក៏មានកំឡាំងថយ។ ឯស្វានោះ ក៏ស្ទុះក្រោកឡើងដោយរហ័ស ប្រឡាក់ដោយឈាម មានភ្នែកពេញដោយទឹកភ្នែក យំសម្លឹងមើលទូលព្រះបង្គំជាខ្ញុំ។ និយាយថា បពិត្រអ្នកដ៏ចំរើន អ្នកជាម្ចាស់ កុំធ្វើបាបខ្ញុំឡើយ អ្នកឯងធ្វើអំពើអាក្រក់បែបនេះ ម្នាលអ្នកដ៏មានអាយុវែង អ្នកឯងគួរតែហាមឃាត់នូវពួកសត្វដទៃ។ យីអើហ្ន៎ នែបុរសចង្រៃ ជាមនុស្សធ្វើអំពើអាក្រក់ដល់ម្ល៉េះ អញបានស្រង់ឯង ឲ្យរួចពីជ្រោះជ្រៅស្រឡូងបែបនេះ។ អញនាំអ្នកឯងមក (នេះ) ដូចជានាំមកពីបរលោក អ្នកឯងសំគាល់យើងថា គួរប្រទូស្ត អំពើដ៏លាមកនោះ អ្នកឯងនោះជាមនុស្សលាមក ជាមនុស្សបាប គិតហើយ។ នែអ្នកមិនឋិតនៅក្នុងធម៌ អ្នកឯងកុំប៉ះពាល់នូវទុក្ខវេទនាដ៏ខ្លោចផ្សាឡើយ អំពើដ៏លាមកនោះ កុំសម្លាប់អ្នកឯងដូចជាផ្លែឫស្សី ដែលសម្លាប់ដើមឯងវិញឡើយ។ នែអ្នកជាមនុស្សមានធម៌ដ៏លាមក មិនសង្រួម យើងលែងមានសេចក្តីទុកចិត្តចំពោះអ្នក អ្នកឯងចូរមក អ្នកឯងចូរមានសរីរៈប្រាកដក្នុងទីជិត ដើរតាមក្រោយយើងចុះ។ អ្នកឯងរួចផុតពីកណ្តាប់ដៃនៃពួកម្រឹគកាចហើយ អ្នកឯងបានដល់ឧបចារៈជារបស់នៃមនុស្សហើយ នែអ្នកមិនឋិតនៅក្នុងធម៌ នុ៎ះផ្លូវ អ្នកឯងចូរដើរទៅឲ្យសុខសប្បាយតាមផ្លូវនោះចុះ។ ស្វាដែលត្រាច់ទៅលើភ្នំ លុះបានពោលពាក្យនេះហើយ ទើបលាងឈាមក្បាលរបស់ខ្លួន ហើយជូតទឹកភ្នែកឲ្យជ្រះ លំដាប់នោះ ក៏លោតឡើងទៅលើភ្នំ។ ទូលព្រះបង្គំជាខ្ញុំនោះ ជាបុគ្គលដែលស្វានោះផ្តាសាហើយ ត្រូវសេចក្តីក្តៅក្រហាយបៀតបៀន មានខ្លួនក្តៅអន្ទះអន្ទែង បានចូលទៅរកទទួលទានទឹក។ អន្លង់ទឹកទាំងអស់ ក៏ក្តៅសព្វ ហាក់ដូចជាភ្លើងឆេះ ជាអន្លង់ហាក់ដូចជាប្រឡាក់ឈាម ហាក់ដូចជាខ្ទុះ និងឈាមប្រាកដដល់ខ្ញុំ។ ដំណក់ទឹកមានចំនួនប៉ុន្មាន ស្រក់លើកាយរបស់ទូលព្រះបង្គំជាខ្ញុំ បូសមានចំនួនប៉ុណ្ណោះ ប្រាកដស្មើដោយផ្លែព្នៅមួយចំហៀង ក៏កើតឡើង។ ទូលព្រះបង្គំជាខ្ញុំ ទៅក្នុងស្រុក និងនិគមទាំងឡាយ តាមផ្លូវណាៗ បូសទាំងឡាយក៏បែកធ្លាយ ខ្ទុះ និងឈាមដ៏ស្អុយហូរចេញ (ពីសរីរៈ) របស់ទូលព្រះបង្គំជាខ្ញុំ (តាមផ្លូវនោះៗ)។ ពួកស្ត្រី និងបុរស មានដំបងក្នុងដៃ ដែលត្រូវក្លិនស្អុយគ្របសង្កត់ហើយ ឃាត់ទូលព្រះបង្គំជាខ្ញុំថា អ្នកឯងកុំចូលមកខាងអាយឡើយ។ សេចក្តីទុក្ខលំបាកនេះ ប្រាកដដូច្នេះ មានដល់ទូលព្រះបង្គំជាខ្ញុំ អស់ ៧ ឆ្នាំ ហើយដល់មកឥឡូវនេះ ទូលព្រះបង្គំជាខ្ញុំ នៅតែទទួលរងកម្មជារបស់ខ្លួន ដែលខ្លួនធ្វើអាក្រក់ហើយក្នុងកាលមុន។ ព្រោះហេតុនោះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំទូលចំពោះព្រះអង្គ សូមសេចក្តីចំរើនមានដល់ព្រះអង្គ ពួកអ្នកដែលមកជួបជុំគ្នាក្នុងទីនេះ សូមកុំប្រទូស្តពួកមិត្តឡើយ ព្រោះថា បុគ្គលប្រទូស្តមិត្ត ជាមនុស្សអាក្រក់។
(អភិសម្ពុទ្ធគាថា) បុគ្គលណា ប្រទូស្តមិត្តទាំងឡាយ ក្នុងលោកនេះ បុគ្គលនោះ រមែងកើតឃ្លង់ផង កើតស្រែងផង បុគ្គលអ្នកប្រទូស្តមិត្តនោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក។
ចប់ មហាកបិជាតក ទី៦។
(៥១៧. ទករក្ខសជាតកំ (៧))
[៥០១] (នាងភេរីបរិញ្វជិកាសួរថា) កាលពួកជនទាំង ៧ នាក់10) របស់ព្រះអង្គ រសាត់ទៅក្នុងអន្លង់ទឹកជ្រៅ អារក្សទឹកកាលស្វែងរកគ្រឿងបូជារបស់មនុស្ស គប្បីចាប់ទូក (ព្រះអង្គព្រះរាជទាននូវជន) តាមលំដាប់ដូចម្តេច ទើបរួចអំពីអារក្សទឹកបាន។
[៥០២] (ព្រះបាទចូឡនីត្រាស់ថា) ខ្ញុំឲ្យមាតាជាមុន រួចឲ្យភរិយា ឲ្យប្អូន លំដាប់អំពីនោះ ឲ្យសំឡាញ់ និងឲ្យព្រាហ្មណ៍ជាគំរប់ ៥ ទើបឲ្យខ្លួនជាគំរប់ ៦ មិនឲ្យមហោសធទេ។
[៥០៣] (នាងភេរី…) ព្រះមាតាជាអ្នកចិញ្ចឹមព្រះអង្គផង ជាអ្នកបង្កើតផង អនុគ្រោះព្រះអង្គអស់កាលដ៏យូរផង កាលបើឆព្ភិព្រាហ្មណ៍ប្រទូស្តចំពោះព្រះអង្គ ព្រះមាតាជាបណ្ឌិត ជាអ្នកស្គាល់ឧបាយ ធ្វើនូវរបស់ដទៃជាគ្រឿងបន្លំ ហើយដោះព្រះអង្គ ឲ្យរួចអំពីការសម្លាប់ ព្រះអង្គព្រះរាជទានដល់អារក្សទឹកនូវព្រះមាតា ដែលមានព្រះគុណប្រាកដដូច្នោះ ជាអ្នកឲ្យនូវជីវិត ជាអ្នកឲ្យព្រះអង្គកើតអំពីឱរា ជាអ្នកទ្រទ្រង់នូវគភ៌នោះ តើព្រោះទោសដូចម្តេច។
[៥០៤] (ព្រះរាជា…) ព្រះមាតាខ្ញុំ ទ្រទ្រង់គ្រឿងអលង្ការដែលមិនគួរតាក់តែងដូចស្ត្រីក្មេង សើចក្អាកក្អាយហួសវេលា (ជាមួយ) នឹងនាយឆ្មាំទ្វារ និងពពួកពលសេនា មិនតែប៉ុណ្ណោះ ថែមទាំងបញ្ជូននូវទូតទាំងឡាយដល់ពួកបដិរាជ (ព្រះរាជានៅក្រោមអំណាច) ដោយខ្លួនឯង ខ្ញុំឲ្យព្រះមាតាដល់អារក្សទឹក ព្រោះទោសនោះឯង។
[៥០៥] (នាងភេរី…) អគ្គមហេសី ជាស្រ្តីប្រសើរជាងពួកស្ត្រី ពោលពាក្យជាទីស្រឡាញ់ដ៏ក្រៃលែង ជាស្ត្រីមានសណ្តាប់ធ្នាប់ មានសីលធម៌ ធ្លាប់ជាប់តាម (ព្រះអង្គ) ដូចជាស្រមោល ជាស្រី្តមិនក្រេវក្រោធ ជាអ្នកមានបុណ្យ ជាបណ្ឌិតឃើញនូវប្រយោជន៍ ព្រះអង្គព្រះរាជទាននាងឧព្វរីដល់អារក្សទឹក តើព្រោះទោសដូចម្តេច។
[៥០៦] (ព្រះរាជា…) នាងនន្ទាទេវីនោះ (បានដឹងច្បាស់) នូវខ្ញុំ ថាជាអ្នកប្រកបដោយសេចក្តីត្រេកអរក្នុងល្បែង ទាំងជាអ្នកលុះអំណាចនៃកិលេស ដែលមិនមានប្រយោជន៍ នាងបានសូមចំពោះខ្ញុំនូវទ្រព្យនៃកូនទាំងឡាយរបស់ខ្លួន ដែលជាទ្រព្យមិនគួរសូម ខ្ញុំនោះកំពុងត្រេកត្រអាល ក៏បានឲ្យទ្រព្យប្រសើរ និងថោកទាបច្រើនយ៉ាង លុះខ្ញុំលះបង់នូវទ្រព្យដែលគេលះបង់បានដោយក្រហើយ ក៏មានចិត្តអាក់អន់សោកស្តាយក្នុងកាលជាខាងក្រោយ ខ្ញុំឲ្យនាងឧព្វរីដល់អារក្សទឹក ព្រោះទោសនោះឯង។
[៥០៧] (នាងភេរី…) ពួកអ្នកជនបទចំរើនហើយ ព្រោះព្រះកនិដ្ឋភាតាណា ទាំងព្រះអង្គដែលព្រះកនិដ្ឋភាតាណា នាំមកកាន់ព្រះរាជដំណាក់វិញ ព្រះរាជទ្រព្យជាច្រើនយ៉ាង ដែលព្រះកនិដ្ឋភាតាណា រឹបជាន់នាំមកអំពីពួកស្តេចដទៃ ព្រះអង្គព្រះរាជទានព្រះកនិដ្ឋភាតា ជាបុគ្គលប្រសើរជាងពួកខ្មាន់ធ្នូ ជាអ្នកក្លៀវក្លា មានប្រាជ្ញាដ៏មុត (នោះ) ដល់អារក្សទឹក តើព្រោះទោសដូចម្តេច។
[៥០៨] (ព្រះរាជា…) ពួកអ្នកជនបទចំរើនហើយ ព្រោះកនិដ្ឋភាតាណា ទាំងខ្ញុំ (ដែលកនិដ្ឋភាតាណា) នាំមកកាន់ដំណាក់វិញ ព្រះរាជទ្រព្យជាច្រើនយ៉ាង (ដែលកនិដ្ឋភាតាណា) រឹបជាន់ហើយ នាំមកអំពីពួកសេ្តចដទៃ កនិដ្ឋភាតានោះ មើលងាយថា អញប្រសើរជាងពួកខ្មាន់ធ្នូ ជាអ្នកក្លៀវក្លា មានប្រាជ្ញាដ៏មុត ឯព្រះរាជានេះដូចជាក្មេង បានសេចក្តីសុខព្រោះតែអញ បពិត្រនាងជាម្ចាស់ មិនតែប៉ុណ្ណោះ កនិដ្ឋភាតានោះ មិនមកកាន់ទីបំរើខ្ញុំដូចក្នុងកាលពីដើមទេ ខ្ញុំឲ្យកនិដ្ឋភាតា (នោះ) ដល់អារក្សទឹក ព្រោះទោសនោះឯង។
[៥០៩] (នាងភេរី…) ជនទាំងពីរនាក់ គឺព្រះអង្គ និងធនុសេខកុមារ ជាសំឡាញ់មានវ័យស្មើគ្នា ធ្លាប់នៅក្នុងបញ្ចាលនគរ ជាបុគ្គលពីរនាក់ កើតក្នុងបញ្ចាលនគរនេះ ក្នុងរាត្រីតែមួយ ធនុសេខកុមារ មានទុក្ខសុខជាមួយគ្នានឹងព្រះអង្គ ជាប់តាមព្រះអង្គ ក្នុងការត្រាច់ទៅកាន់ (ជនបទ) ជាអ្នកខ្មីឃ្មាត ខ្វល់ខ្វាយក្នុងកិច្ចទាំងពួង ដើម្បីព្រះអង្គទាំងថ្ងៃទាំងយប់ ព្រះអង្គព្រះរាជទានសំឡាញ់នេះដល់អារក្សទឹក តើព្រោះហេតុដូចម្តេច។
[៥១០] (ព្រះរាជា…) បពិត្រនាងម្ចាស់ ធនុសេខកុមារនេះ (ជាប់តាម) ខ្ញុំ ក្នុងការត្រាច់ទៅ (កាន់ជនបទ) សើចក្អាកក្អាយជាមួយនឹងខ្ញុំក្នុងកាលមុន សូម្បីក្នុងថ្ងៃនេះ ក៏នៅតែសើចក្អាកក្អាយ ហួសវេលាតាមទំនងនោះដែរ បពិត្រនាងម្ចាស់ ខ្ញុំនៅក្នុងទីស្ងាត់ កំពុងប្រឹក្សាជាមួយនឹងនាងឧព្វរី ឯសេខកុមារ ខ្ញុំមិនបានហៅ មិនបានឲ្យដំណឹងខ្ញុំជាមុនទេ ស្រាប់តែចូលមក ជាបុគ្គលមានទ្វារបានហើយ មានឱកាសធ្វើឲ្យហើយ ខ្ញុំឲ្យនូវសំឡាញ់ ជាមនុស្សមិនមានសេចក្តីអៀនខ្មាស មិនអើពើ ដល់អារក្សទឹក ព្រោះទោសនោះឯង។
[៥១១] (នាងភេរី…) ព្រាហ្មណ៍បុរោហិត ជាអ្នកឈ្លាសវៃក្នុងនិមិត្តទាំងពួង ជាអ្នកដឹងនូវសំឡេងស្រែក ជាអ្នកឈ្លាសក្នុងឧត្បាទ ជាអ្នកចេះកាត់សុបិន ជាអ្នកឈ្លាសវៃក្នុងការចេញ និងការចូលផង លើផែនដី និងលើអាកាសផង ជាអ្នកឈ្លាវៃ ក្នុងចំណែកនក្ខត្តឫក្ស ព្រះអង្គព្រះរាជទានព្រាហ្មណ៍បុរោហិត ដល់អារក្សទឹក តើព្រោះទោសដូចម្តេច។
[៥១២] (ព្រះរាជា…) បពិត្រនាងម្ចាស់ ព្រាហ្មណ៍បុរោហិត បើកភ្នែកសំឡក់ចំពោះខ្ញុំក្នុងកណ្តាលបរិស័ទ ព្រោះហេតុនោះ ទើបខ្ញុំឲ្យបុរោហិតអាក្រក់ មានចិញ្ចើមក្រញូវ ដល់អារក្សទឹក។
[៥១៣] (នាងភេរី…) ព្រះអង្គគ្រប់គ្រងនូវផែនដីដ៏ធំ មានសមុទ្រព័ទ្ធជុំវិញ ជាកុណ្ឌលរបស់សាគរ ព្រះអង្គមានអាមាត្យចោមរោម ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត មានដែនដ៏ច្រើន ជាអ្នកឈ្នះសង្គ្រាម មានពលច្រើន ជាព្រះរាជាឯកលើផែនដី យសរបស់ព្រះអង្គក៏ដល់នូវភាពដ៏ធំថ្កើង មានពួកនារីមកអំពីជនបទផ្សេងៗ ជាស្ត្រីស្នំ ១៦ ពាន់ ពាក់គ្រឿងកុណ្ឌលជាវិការៈនៃកែវមណី ល្អល្អះដូចស្រីទេពកញ្ញា បពិត្រក្សត្រ អ្នកប្រាជ្ញទាំងឡាយបានពោលចំពោះជីវិតដែលវែង បរិបូណ៌ដោយអង្គទាំងពួង សម្រេចនូវសេចក្តីប្រាថ្នាទាំងពួងថា ជាទីស្រឡាញ់របស់សត្វទាំងឡាយ អ្នកដល់នូវសេចក្តីសុខយ៉ាងនេះ កាលបើដូច្នោះ ព្រះអង្គរក្សាទុកនូវបណ្ឌិត ត្រឡប់ជាលះបង់ព្រះជន្ម ដែលគេលះបង់បានដោយកម្រ តើដោយដំណើរដូចម្តេច ឬក៏ដោយហេតុដូចម្តេច។
[៥១៤] (ព្រះរាជា…) បពិត្រនាងម្ចាស់ តាំងអំពីកាលដែលមហោសធបណ្ឌិត មកតាំងនៅក្នុងកណ្តាប់ដៃនៃខ្ញុំ ខ្លួនខ្ញុំក៏មិនដែលឃើញនូវអំពើអាក្រក់ សូម្បីបន្តិចបន្តួចរបស់មហោសធបណ្ឌិតជាអ្នកប្រាជ្ញទេ ថាបើសេចក្តីស្លាប់គប្បីមានដល់ខ្ញុំមុន ក្នុងកាលណាមួយ មហោសធបណ្ឌិត គប្បីញ៉ាំងបុត្រទាំងឡាយ និងចៅទាំងឡាយរបស់ខ្ញុំ ឲ្យសុខ មហោសធបណ្ឌិត តែងពិចារណាឃើញនូវប្រយោជន៍ទាំងពួង ក្នុងអនាគត និងបច្ចុប្បន្ន (ព្រោះហេតុនោះ) ខ្ញុំមិនឲ្យនូវមហោសធបណ្ឌិតជាអ្នកមានការងារមិនដែលមានកំហុស (ដល់អារក្សទឹកទេ)។
[៥១៥] (នាងភេរី…) ពួកអ្នកនគរបញ្ចាលទាំងឡាយ ចូរស្តាប់នូវភាសិតនេះ របស់ព្រះបាទចូឡនីចុះ ព្រះរាជាទ្រង់រក្សានូវបណ្ឌិត ស៊ូលះបង់នូវព្រះជន្ម ដែលគេលះបានដោយក្រ ព្រះរាជាក្នុងបញ្ចាលនគរលះបង់នូវជីវិតរបស់ជន ៦ រូប គឺព្រះមាតា ១ ព្រះមហេសី ១ ព្រះកនិដ្ឋភាតា ១ សំឡាញ់ ១ ព្រាហ្មណ៍ ១ ព្រះអង្គ ១ បញ្ញាជាគុណជាតិដ៏ល្អិត សម្រាប់គិតនូវប្រយោជន៍ដ៏ល្អ មានឫទ្ធិច្រើនយ៉ាងនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ននេះផង ដើម្បីសេចក្តីសុខក្នុងបរលោកផង។
ចប់ ទករក្ខសជាតក ទី៧។
(៥១៨. បណ្ឌរនាគរាជជាតកំ (៨))
[៥១៦] (បណ្ឌរកនាគរាជពោលថា) ភ័យខ្លួនឯង រមែងជាប់តាមនូវបុគ្គលដែលមានវាចាល្ហហាច មានមន្តមិនលាក់ទុក ជាអ្នកមិនសង្រួម មិនចេះពិចារណា ជាអ្នកល្ងង់នោះ ដូចជាគ្រុឌចាប់យកនាគឈ្មោះបណ្ឌរកៈ។ ជនណារីករាយប្រាប់មន្តដែលគួរលាក់ គួររក្សាទុក ព្រោះសេចក្តីវង្វេង ភ័យរមែងជាប់តាមនូវជនដែលមានមន្តបែកធ្លាយនោះដោយឆាប់ ដូចជាគ្រុឌចាប់យកនាគឈ្មោះបណ្ឌរកៈ។
មិត្តគ្រាន់តែបណ្តោយតាម គេមិនគួរឲ្យដឹងនូវហេតុជាទម្ងន់ដែលគួរលាក់ ទាំងមិត្តល្អ ជាអ្នកមិនយល់ការ ឬយល់ការដែរ តែជាអ្នកមិនប្រព្រឹត្តប្រយោជន៍ (ក៏គេមិនគួរឲ្យដឹងដែរ)។
អញដល់នូវសេចក្តីទុកចិត្តអចេល អចេលនេះ ជាសមណៈ គេរាប់អានហើយ មានចិត្តចំរើនហើយ អញក៏ប្រាប់ បើកនូវអាថ៌កំបាំងដល់អចេលនោះ បានជាអញមានប្រយោជន៍កន្លងហួស ហើយទួញយំកំព្រាម្នាក់ឯង។ បពិត្រគ្រុឌដ៏ប្រសើរ ព្រោះខ្ញុំមិនអាចនឹងសង្រួមវាចាដ៏ប្រសើរកំបាំងនេះ ដល់អចេលនោះ បានជាភ័យមកដល់ខ្ញុំ អំពីចំណែកនៃអចេលនោះ ទើបខ្ញុំជាបុគ្គលមានប្រយោជន៍កន្លងហួស កំព្រា ហើយទួញយំ។ ជនណាសំគាល់នូវបុគ្គលថា មានចិត្តល្អ ប្រាប់នូវអាថ៌កំបាំងចំពោះជនមានត្រកូលដ៏អាក្រក់ ព្រោះទោសាគតិ ភយាគតិ ឬត្រេកអរដោយអំណាចរាគៈ ជននោះជាមនុស្សល្ងង់ ឈ្មោះថា ភ្លាត់ហើយដោយឥតសង្ស័យ។ ជនណាមានវាចាចេញទៅខាងក្រៅ រាប់ចូលក្នុងពួកអសប្បុរស កំចាយនូវពាក្យ (កំបាំងរបស់គេ) ក្នុងទីប្រជុំ អ្នកប្រាជ្ញទាំងឡាយ ហៅជននោះថា ជាអ្នកមានមាត់អាក្រក់ ដូចអាសីពិស បុគ្គលគប្បីថយចាកបុគ្គលបែបនោះឲ្យឆ្ងាយចេញអំពីចម្ងាយ។ យើងលះបង់នូវកាមទាំងពួង គឺបាយ ទឹក សំពត់ក្នុងដែនកាសី និងខ្លឹមចន្ទន៍ ពួកស្ត្រីជាទីគាប់ចិត្ត កម្រងផ្កា និងគ្រឿងប្រស់ព្រំ បពិត្រសុបណ្ណៈ យើងសូមដល់នូវលោក (ជាទីពឹង) ស្មើដោយជីវិត។
[៥១៧] (សុបណ្ណរាជសួរថា) ម្នាលនាគរាជ បណ្តាជនទាំង ៣ នាក់ ក្នុងទីនេះ តើសត្វណា គឺសមណៈ ឬគ្រុឌ ឬអ្នកឯងគួរដល់នូវសេចក្តីតិះដៀលបាន ក្នុងលោកនេះ ម្នាលបណ្ឌរកៈ (អ្នកឯងត្រូវខ្ញុំ) ចាប់បាន ព្រោះហេតុដូចម្តេច។
[៥១៨] (បណ្ឌរកៈ…) អចេលជាសមណៈ ជាបុគ្គលមានសភាពដែលខ្ញុំរាប់អានហើយ ជាទីស្រឡាញ់ដោយចិត្តរបស់ខ្ញុំ មានខ្លួនចំរើនហើយ ខ្ញុំប្រាប់បើកអាថ៌កំបាំងដល់សមណៈនោះ ទើបខ្ញុំជាបុគ្គលមានប្រយោជន៍កន្លងហួស កំព្រា ហើយទួញយំ។
[៥១៩] (សុបណ្ណរាជ…) ធម្មតា សត្វលើផែនដី ឈ្មោះថាមិនស្លាប់ មិនមានទេ ចំណែកនៃបញ្ញា ជាធម្មជាតិដែលបុគ្គលមិនគួរតិះដៀល នរជនក្នុងលោកនេះ រមែងនាំមកនូវគុណវិសេសដែលបុគ្គលមិនគួរបាន ដោយវចីសច្ចៈ ១ ដោយសុចរិតធម៌ ១ ដោយធិតិ គឺបញ្ញា ១ ដោយការទូន្មាននូវឥន្ទ្រិយ ១។ មាតាបិតា ជាបុគ្គលប្រសើរជាងផៅពង្សទាំងឡាយ សត្វជាគំរប់ ៣ (ក្រៅអំពីមាតាបិតា) ឈ្មោះថាជាអ្នកអនុគ្រោះដល់បុគ្គលនោះមិនមានទេ បុគ្គលកាលរង្កៀសនូវការបែកធ្លាយនៃមន្ត មិនគប្បីប្រាប់ការស្ងាត់កំបាំងក្រៃលែងដល់មាតាបិតា។ មាតាបិតា បងប្អូនស្រ្តី បងប្អូនប្រុស និងសំឡាញ់ ឬញាតិទាំងពីរប៉ែក របស់បុគ្គលនោះ បុគ្គលកាលរង្កៀសនូវការបែកធ្លាយមន្ត មិនគប្បីប្រាប់នូវការស្ងាត់កំបាំងដ៏ក្រៃលែង ដល់មាតាបិតា ជាដើមនោះឡើយ។ បើទុកជាភរិយា ជាស្រីក្មេង ពោលពាក្យជាទីស្រឡាញ់ មានបុត្រមានរូបល្អ មានយស ដែលពួកញាតិចោមរោម ជាស្រ្តីវៀរបុរស (ដទៃ) បុគ្គលកាលបើវៀរនូវការបែកធ្លាយនៃមន្ត មិនគប្បីប្រាប់នូវការស្ងាត់កំបាំងដ៏ក្រៃលែងដល់ភរិយានោះទេ។
[៥២០] បុគ្គលមិនគប្បីបើកនូវអាថ៌កំបាំងទេ គប្បីរក្សានូវអាថ៌កំបាំង ឲ្យដូចជារក្សាកំណប់ ដ្បិតអាថ៌កំបាំងដែលបុគ្គលអ្នកដឹងច្បាស់ មិនប្រាប់គេ ជាការប្រពៃ។ អ្នកប្រាជ្ញ មិនគប្បីនិយាយប្រាប់អាថ៌កំបាំងដល់ស្រី្ត ដល់ជនជាសត្រូវ ដល់ជនរឡិបរឡប់ដោយអាមិសៈ ដល់ជនលួចគំនិតគ្នា។ ជនណាញ៉ាំងគេឲ្យដឹងអាថ៌កំបាំងដែលគេមិនទាន់ដឹង អ្នកប្រាជ្ញតែងអត់សង្កត់មិនប្រាប់ដល់ជននោះ ព្រោះខ្លាចបែកការដែលគិតទុក ដូចមនុស្សខ្ញុំគេ។ ជនទាំងឡាយមានចំនួនប៉ុន្មាននាក់ ដឹងនូវមន្តជាអាថ៌កំបាំងរបស់បុរស សេចក្តីតក់ស្លុតមានចំនួនប៉ុណ្ណោះ តែងកើតឡើងដល់បុរសនោះ ព្រោះហេតុនោះ អ្នកប្រាជ្ញមិនគប្បីផ្សាយនូវអាថ៌កំបាំងឡើយ។
នៅវេលាថ្ងៃ អ្នកប្រាជ្ញគប្បីនិយាយអាថ៌កំបាំងក្នុងទីដ៏ស្ងាត់ នៅវេលារាត្រី មិនគប្បីបញ្ចេញសម្លេងឲ្យហួសកម្រិត ព្រោះថា ពួកជនអ្នកឈ្លបស្តាប់ រមែងឮនូវមន្ត11) ព្រោះហេតុនោះ មន្តក៏រមែងដល់នូវការបែកធ្លាយដោយឆាប់។
[៥២១] ក្រុងប្រកបដោយកំពែងដែកដ៏ធំ មិនមានទ្វារ (ចេញចូលមិនបាន) ធ្វើអំពើដែលប្រកបដោយសាលា គឺរានផ្សារដ៏ល្អ ប្រកបដោយគូដែលគេជីកដោយជុំវិញ យ៉ាងណា បុរសមានមន្តដែលគួរលាក់ទុកក្នុងលោកនេះ ប្រាកដដល់ខ្ញុំយ៉ាងនោះដែរ។ ម្នាលអ្នកមានអណ្តាតពីរ ពួកជនណាជាអ្នកមានមន្តគួរលាក់ទុក មានវាចាមិនល្ហល្ហាច ជាអ្នកមាំមួនក្នុងប្រយោជន៍របស់ខ្លួន សត្រូវទាំងឡាយរមែងចៀសចេញឆ្ងាយអំពីពួកជននោះ ដូចពពួកនៃសត្វ ចៀសចេញអំពីអាសីពិស។
[៥២២] (បណ្ឌរកៈ…) អចេល ជាអ្នកបួសលះបង់ផ្ទះ អាក្រាត ត្រងោល ប្រព្រឹត្ត ព្រោះហេតុតែអាហារ ខ្ញុំបើកបង្ហាញនូវអាថ៌កំបាំងចំពោះអចេលនោះឯង (ព្រោះហេតុនោះ) បានជាយើងឃ្លាតចាកអត្ថ និងធម៌។ បពិត្រសុបណ្ណរាជ បុគ្គលធ្វើដូចម្តេច មានសីលធម៌ដូចម្តេច ប្រព្រឹត្តវ័តដូចម្តេច ឈ្មោះថាសមណៈ ប្រព្រឹត្តលះបង់នូវសេចក្តីរាប់អាន (តណ្ហា) សមណៈនោះ ធ្វើដូចម្តេច ទើបទៅកាន់ឋានសួគ៌។
[៥២៣] (សុបណ្ណរាជ…) បុគ្គលប្រកបដោយហិរិ ដោយខន្តិ គឺសេចក្តីអត់ធន់ ដោយការទូន្មាន (នូវឥន្ទ្រិយ) ជាអ្នកមិនខឹង លះបង់នូវពាក្យញុះញង់ ទើបឈ្មោះថាសមណៈ ប្រព្រឹត្តលះបង់នូវសេចក្តីរាប់អាន ឯសមណៈនោះ ធ្វើយ៉ាងនេះឯង ទើបចូលទៅកាន់ឋានសួគ៌បាន។
[៥២៤] (បណ្ឌរកៈ…) មាតាឃើញកូនខ្ចីដែលកើតអំពីខ្លួន ហើយបបោសអង្អែលសព្វសព៌ាង្គកាយ យ៉ាងណាមិញ បពិត្រលោកជាធំជាងបក្សី លោកជាអ្នកអនុគ្រោះ ប្រាកដដល់ខ្ញុំដូចជាមាតា (អនុគ្រោះ) នូវបុត្រយ៉ាងនោះ។
[៥២៥] (សុបណ្ណរាជ…) នែអ្នកមានអណ្ឌាតពីរ អ្នកចូររួចអំពីការសម្លាប់ក្នុងថ្ងៃនេះចុះ ព្រោះថា បុត្តមាន ៣ គឺ សិស្ស ១ កូនគេឲ្យ ១ កូនកើតអំពីខ្លួន ១ បុត្តក្រៅពីនេះមិនមានឡើយ អ្នកចូរត្រេកអរចុះ អ្នកទុកជាបុត្តណាមួយរបស់ខ្ញុំហើយ។
[៥២៦] (អភិសម្ពុទ្ធគាថា) ស្តេចគ្រុឌមានកំណើតពីរ (លុះពោលពាក្យ) យ៉ាងនេះហើយ ក៏ឋិតនៅលើផែនដី លែងសត្វមានអណ្តាតពីរ ដោយពាក្យថា អ្នករួចក្នុងថ្ងៃនេះ កន្លងនូវភ័យទាំងពួងហើយ អ្នកត្រូវតែខ្ញុំគ្រប់គ្រងក្នុងទីគោគ និងទឹកហើយ។ ខ្ញុំជាទីពឹងរបស់អ្នក ដូចជាពេទ្យដ៏ឈ្លាស (ជាទីពឹង) របស់ពួកអ្នកមានជម្ងឺ ឬដូចជាអន្លង់ទឹកត្រជាក់ (ជាប្រយោជន៍) របស់ពួកអ្នកស្រេកទឹក ឬក៏ដូចផ្ទះ (ជាទីត្រូវការ) របស់ពួកបុគ្គលដែលលំបាកដោយសន្សើមត្រជាក់។
[៥២៧] (សុបណ្ណរាជ…) ម្នាលអ្នកជាជលាពុជៈ អ្នកធ្វើសេចក្តីស្និទ្ធស្នាល ជាមួយនឹងអណ្ឌជៈជាសត្រូវ ហើយនៅបើកបង្ហាញចង្កូម (ធ្វើអ្វីទៀត) ភ័យនឹងមកដល់អ្នកអំពីទីណា។
[៥២៨] (បណ្ឌរកៈ…) បុគ្គលត្រូវតែរង្កៀសក្នុងបុគ្គលជាសត្រូវ មិនត្រូវទុកចិត្តបុគ្គលសូម្បីជាមិត្ត (ព្រោះ) ភ័យរមែងកើតឡើងអំពីបុគ្គលដែលមិនគួរភ័យ រមែងកាត់ សូម្បីនូវឫសគល់ (ជីវិត)។ បុគ្គលធ្វើនូវជំលោះនឹងជនណា គប្បីទុកចិត្តជននោះដូចម្តេចកើត បុគ្គលគប្បីឋិតនៅដោយប្រុងប្រយ័ត្នជានិច្ច បុគ្គលនោះ រមែងមិនត្រេកអរនឹងសត្រូវ។
បុគ្គលគប្បីធ្វើឲ្យគេទុកចិត្ត ប៉ុន្តែមិនត្រូវទុកចិត្តគេ បុគ្គលដែលគេមិនរង្កៀសហើយ ប៉ុន្តែគប្បីរង្កៀសនឹងគេ បុគ្គលដទៃមិនដឹងនូវភាព (របស់ខ្លួន) យ៉ាងណាៗ វិញ្ញូបុរស គប្បីប្រឹងប្រែងដោយប្រការយ៉ាងនោះៗ។
[៥២៩] (អភិសម្ពុទ្ធគាថា) បុរិសនាគទាំងពីរនោះ មានវណ្ណៈដូចជាទេវតា មានសភាពជាសុខុមាលជាតិស្មើគ្នា មានវ័យដ៏ល្អ មានគំនរនៃបុណ្យ កៀកដៃគ្នា ដូចជាសេះគេទឹម បានចូលទៅកាន់សំណាក់នៃអចេល ឯកំពង់ករម្បិយៈ។
[៥៣០] លំដាប់នោះឯង បណ្ឌរកនាគរាជ បានចូលទៅកាន់សំណាក់នៃអចេលដោយខ្លួនឯង ហើយពោលពាក្យនេះថា ខ្ញុំរួច (អំពីការសម្លាប់) កន្លងនូវភ័យទាំងពួងក្នុងថ្ងៃនេះហើយ យើងមិនជាទីស្រឡាញ់របស់លោកដោយចិត្តពិតប្រាដកទេ។
[៥៣១] (អចេល…) សុបណ្ឌរាជ ជាទីស្រឡាញ់របស់ខ្ញុំ ជាងបណ្ឌរកនាគរាជមែន ឥតសង្ស័យ (នេះ) ជាពាក្យពិត ខ្ញុំនោះជាអ្នកត្រេកអរដោយរាគៈ ជាអ្នកដឹងច្បាស់ បានធ្វើនូវអំពើអាក្រក់នុ៎ះ មិនមែនព្រោះមោហៈទេ។
[៥៣២] (បណ្ឌរកៈ…) បព្វជិត កាលឃើញច្បាស់នូវលោកនេះ និងលោកខាងមុខ រមែងមិនមានគំនិតថា វត្ថុជាទីស្រឡាញ់ ឬមិនជាទីស្រឡាញ់របស់អញដូច្នេះទេ អ្នកជាបុគ្គលមិនសង្រួម ប្រព្រឹត្តក្នុងលោកនេះ ដោយភេទរបស់បុគ្គលអ្នកសង្រួមល្អ។ អ្នកឯងបន្លំជាអរិយៈ តែមិនមែនជាអរិយៈទេ អ្នកមិនសង្រួម តែមានភាពហាក់ដូចជាអ្នកសង្រួម មានជាតិខ្មៅ មានសភាពមិនប្រសើរ បានប្រព្រឹត្តនូវអំពើដ៏លាមកទុច្ចរិតច្រើនយ៉ាង។
[៥៣៣] ម្នាលអ្នកប្រទូស្ត អ្នកជាបុគ្គលប្រទូស្តមិត្តដែលមិនបានប្រទូស្តវិញផង ជាអ្នកញុះញង់ផង ដោយពាក្យសច្ចៈនេះ សូមឲ្យក្បាលរបស់អ្នកឯង បែកជា ៧ ភាគ។
[៥៣៤] (អភិសម្ពុទ្ធគាថា) ព្រោះហេតុនោះ បុគ្គលមិនត្រូវប្រទូស្តមិត្តទាំងឡាយឡើយ ព្រោះថា សភាវៈដទៃ លាមកជាងការទ្រុស្តមិត្ត មិនមានទេ អចេលអ្នកសង្រួម ត្រូវសត្វអាសីពិសប្រទេចផ្តាសា ក៏ខ្ចាត់ចេញអំពីផែនដី វិនាសតាមពាក្យរបស់នាគរាជដ៏ប្រសើរ។
ចប់ បណ្ឌរកជាតក ទី៨។
(៥១៩. សម្ពុលាជាតកំ (៩))
[៥៣៥] (ទានវៈ12) សួរថា) ម្នាលនាងមានភ្លៅមូល នាងឈ្មោះអ្វី រងាញ័រលើជ្រោះនៃភ្នំ ឈរនៅតែម្នាក់ឯង ម្នាលនាងមានអវយវៈត្រង់កណ្តាលគួរវាស់ដោយដៃ (ចង្កេះរៀវ) យើងសួរហើយ នាងចូរប្រាប់នូវនាម និងផៅពង្សដល់យើង។ ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាងមានអវយវៈពាក់កណ្តាលដ៏ល្អ នាងជាធីតារបស់អ្នកណា នាងញ៉ាំងព្រៃជាទីរីករាយ ដែលសីហៈ និងខ្លាធំអាស្រ័យនៅ ឲ្យភ្លឺរុងរឿង ម្នាលនាងដ៏ចំរើន យើងឈ្មោះទានវៈ សូមសំពះនាង សូមគោរពចំពោះនាង។
[៥៣៦] (នាងសម្ពុលាឆ្លើយថា) អ្នកណាជាបុត្ររបស់ព្រះរាជាក្នុងដែនកាសី អ្នកផងតែងស្គាល់អ្នកនោះថា ព្រះនាមសោត្ថិសេន ខ្ញុំឈ្មោះនាងសម្ពុលា ជាភរិយារបស់ព្រះរាជបុត្តព្រះនាមសោត្ថិសេននោះ បពិត្រទានវៈ លោកចូរដឹងយ៉ាងនេះចុះ បពិត្រលោកដ៏ចំរើន ខ្ញុំឈ្មោះសម្ពុលា សូមសំពះ សូមគោរពចំពោះលោក។ បពិត្រលោកដ៏ចំរើន ព្រះរាជបុត្ររបស់ព្រះរាជាវិទេហៈ ប្រឈួនក្តៅក្រហាយ គង់នៅក្នុងព្រៃ ខ្ញុំជាស្រ្តីម្នាក់ឯង បំរើព្រះរាជបុត្រ ដែលមានរោគបៀតបៀនមួយអង្គឯងនោះ។ មិនតែប៉ុណ្ណោះ ខ្ញុំ (ត្រាច់ទៅ) ដើម្បីស្វែងរកផ្លែឈើក្នុងព្រៃ នាំមកនូវទឹកឃ្មុំ និងសាច់ដែលជាអម្ពារបស់ម្រឹគណា (ស្វាមីរបស់ខ្ញុំ) មានទឹកឃ្មុំ និងសាច់ ជាអម្ពារបស់ម្រឹគនោះ ជាអាហារ (កាលបើមិនមានអាហារទេ សរីរៈ) របស់ស្វាមីខ្ញុំនោះ នឹងទ្រាំទ្រមិនបាន ក្នុងថ្ងៃនេះដោយពិត។
[៥៣៧] (ទានវៈ…) ម្នាលនាងសម្ពុលា នាងធ្វើ (នូវការមូលមិត្ត) នឹងព្រះរាជបុត្រ ប្រឈួនក្តៅក្រហាយ ដែលរោគប៉ះពាល់នៅក្នុងព្រៃធ្វើអ្វី ខ្ញុំសូមជាភស្តារបស់នាង។
(នាងសម្ពុលា…) ខ្ញុំរាប់ថាមានរូបដូចម្តេចកើត ព្រោះខ្ញុំជាស្ត្រីមានសេចក្តីសោកគ្របសង្កត់ មានខ្លួនដ៏លំបាក បពិត្រលោកដ៏ចំរើន លោកចូរស្វែងរកស្ត្រីឯទៀត ដែលល្អជាងខ្ញុំចុះ។
(ទានវៈ…) នាងចូរមកចុះ ចូរឡើងកាន់ភ្នំនេះ ប្រពន្ធរបស់ខ្ញុំមាន ៤០០ នាក់ នាងចូរជាស្ត្រីដ៏ប្រសើរជាងភរិយាទាំងនោះ ចូរសម្រេចតាមសេចក្តីប្រាថ្នាគ្រប់យ៉ាង។ ម្នាលនាងមានពន្លឺដូចផ្កាយ នាងប្រាថ្នាក្នុងចិត្តចំពោះវត្ថុណាមួយ វត្ថុទាំងអស់នោះរបស់ខ្ញុំមានគរគោគ ចូរនាងត្រេកអរជាមួយនឹងយើងក្នុងថ្ងៃនេះចុះ។ ម្នាលនាងសម្ពុលា បើនាងមិនធ្វើនូវភាពជាមហេសីរបស់ខ្ញុំទេ នាងគួរជាអាហារក្នុងពេលព្រឹក នឹងជាចំណីរបស់ខ្ញុំអំពីព្រហាម។
ចំណែកទានវៈ មានភ្នួងសក់ ៧ ជាន់ ជាជាតិអាក្រក់ មានចង្កូម ជាអ្នកស៊ីនូវបុរស បានចាប់នាងសម្ពុលានោះត្រង់ដើមដៃ ដែលមិនឃើញនូវទីពឹងក្នុងព្រៃ។ នាងសម្ពុលា ដែលបិសាចអាក្រក់ មានភ្នែកប្រកបដោយអាមិសគ្របសង្កត់ ជាស្រ្តីលុះក្នុងអំណាចនៃសត្រូវហើយ ក៏សោកសៅ រកតែស្វាមីថា
យក្សស៊ីនូវខ្ញុំដោយហេតុណា ហេតុនេះ មិនមែនជាទុក្ខនៃខ្ញុំទេ ក្រែងតែព្រះហ្ឫទ័យនៃអយ្យបុត្តរបស់ខ្ញុំ ទៅជាបការៈដទៃ (ប្រច័ណ្ឌ) ដោយហេតុណា ហេតុនោះ (ទើបជាទុក្ខនៃខ្ញុំ)។ មិនមានពួកទេវតានៅគ្រប់គ្រងដោយពិត ទាំងពួកទេវតា អ្នករក្សាលោក ក្នុងលោកនេះ ក៏មិនមានដោយពិត ទេវតាទាំងឡាយ អ្នកហាមឃាត់នូវពួកជនជាអ្នកមិនសង្រួម ជាអ្នកធ្វើដោយការកំហែង ក៏មិនមានដោយពិត។
[៥៣៨] (សក្កៈ…) ស្រ្តីនេះជាស្រ្តីមានយស ជាស្ត្រីប្រសើរជាងស្រី្តទាំងឡាយ ជាស្រ្តីស្ងប់ស្ងៀម មានកិរិយាដ៏ស្មើ មានតេជះរុងរឿងដូចជាភ្លើង បើអ្នកឯងស៊ីនាងកញ្ញានោះ ក្បាលអ្នកឯងនឹងបែកជា ៧ ភាគមិនខាន អ្នកឯងកុំកំដៅ (នូវនាងសម្ពុលា) អ្នកឯងចូរលែងនាងទៅ ព្រោះនាងជាស្រ្តីគោរពប្តី។
[៥៣៩] (អភិសម្ពុទ្ធគាថា) នាងសម្ពុលា លុះរួចអំពីបោរិសាទ បានត្រឡប់មកកាន់អាស្រមវិញ ដូចជាមេបក្សីបែកខ្ញែកកូន ហើរមកកាន់ទ្រនំ ឬដូចមេគោ មកកាន់លំនៅ (ដែលមានកូនទៅបាត់ហើយ)។ ព្រះរាជបុត្រីនោះ ជាស្រ្តីមានយស ព្រះនាមសម្ពុលា មានភ្នែកស្រទន់ ព្រោះរដូវ កាលមិនឃើញព្រះស្វាមីជាទីពឹងក្នុងព្រៃហើយ ក៏ទ្រង់ព្រះកន្សែងក្បែរអាស្រមនោះថា ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំពួកសមណព្រាហ្មណ៍ និងឥសីទាំងឡាយ ដែលមានការប្រព្រឹត្តិបរិបូណ៌ ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំនូវពួកសីហៈ ខ្លាធំ និងពួកម្រឹគដទៃក្នុងព្រៃ ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំស្មៅ វល្លិ៍ ឈើជាឱសធភ្នំ និងព្រៃទាំងឡាយ ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំនូវរបៀបផ្កាយក្នុងរាត្រី ដែលមានពណ៌ដូចជាផ្ការាជព្រឹក្ស ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំនូវស្ទឹងឈ្មោះភគិរសី ជាទីទទួលនូវស្ទឹងទាំងឡាយដែលហូរមក ខ្ញុំសូមដល់នូវលោកជាទីពឹង។ ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំនូវភ្នំហិមពាន្ត ជាស្តេចភ្នំដ៏ប្រសើរ ខ្ញុំសូមដល់នូវលោកជាទីពឹង។
[៥៤០] (សោត្ថិសេន…) រាជបុត្រី ជាស្រ្តីមានយស មកក្នុងវេលាល្ងាចម្ល៉េះ តើថ្ងៃនេះ នាងជួបប្រទះនឹងអ្នកណាហ្ន៎ អ្នកណាជាទីស្រឡាញ់របស់នាងជាងខ្ញុំ។
[៥៤១] (នាងសម្ពុលា…) ខ្ញុំម្ចាស់ដែលសត្រូវនោះចាប់បាន ក៏បានពោលពាក្យនេះថា យក្សទំពាស៊ីខ្ញុំម្ចាស់ដោយហេតុណា ហេតុនោះមិនមែនជាទុក្ខនៃខ្ញុំម្ចាស់ទេ ក្រែងតែព្រះហ្ឫទ័យព្រះអយ្យបុត្ររបស់ខ្ញុំម្ចាស់ទៅជាបការៈដទៃ ដោយហេតុណា ហេតុនោះ (ទើបជាទុក្ខនៃខ្ញុំម្ចាស់)។
[៥៤២] (សោត្ថិសេន…) ពាក្យសច្ចៈក្នុងពួកស្រីចោរ មានមាយាច្រើន គេរកបានដោយក្រណាស់ ភាព គឺឫកមារយាទរបស់ស្រ្តីទាំងឡាយ គេដឹងបានដោយក្រ ដូចដំណើរនៃត្រីក្នុងទឹក។
[៥៤៣] (នាងសម្ពុលា…) ខ្ញុំម្ចាស់មិនធ្លាប់ស្គាល់នូវបុគ្គលដទៃជាទីស្រឡាញ់ជាងព្រះអង្គយ៉ាងណា បើ (ដំណើរ) របស់ខ្ញុំម្ចាស់ (នោះ) ជាសច្ចៈ យ៉ាងនោះ សូមសច្ចៈរក្សាព្រះអង្គ ទាំងរក្សានូវខ្ញុំម្ចាស់ ដោយពាក្យសច្ចៈនេះ សូមព្យាធិរបស់ព្រះអង្គស្ងប់រម្ងាប់។
[៥៤៤] (តាបស…) ដំរីទាំងឡាយច្រើនប្រមាណ ៧០០ មានអាវុធដែលយោធាប្រកបហើយ ទាំងពួកខ្មាន់ធ្នូមួយពាន់ប្រាំមួយរយ តែងរក្សាទាំងយប់ទាំងថ្ងៃ ម្នាលនាងដ៏ចំរើន តើនាងនៅឃើញពួកសត្រូវដូចម្តេច។
[៥៤៥] (នាងសម្ពុលា…) ស្វាមីឃើញពួកស្រ្តី ដែលតាក់តែងកាយ មានសម្បុរស្បែកល្អ ដូចស្រទាប់ផ្កាឈូក មានចង្កេះរៀវ មានសំឡេងដូចហង្ស ទ្រង់ព្រះសណ្តាប់នូវចម្រៀង និងប្រគំដែលគេគួររាប់ របស់ពួកស្រ្តីទាំងនោះ បពិត្រព្រះបិតា ឥឡូវនេះ ព្រះស្វាមីរបស់ខ្ញុំម្ចាស់ មិនប្រព្រឹត្តដូចកាលមុន យ៉ាងនោះទេ។ បពិត្រព្រះបិតា ពួកស្ត្រីមានរូបល្អ ទ្រទ្រង់នូវប្រដាប់សម្រាប់រឹតដោះ ជាវិការៈនៃមាស តាក់តែងខ្លួន ជាស្រ្តីមនុស្ស ដូចស្រ្តីទេពអប្សរ ជាទីស្រឡាញ់នៃព្រះរាជាព្រះនាមសោត្ថិសេន ជាស្រ្តីមានរាងកាយតិះដៀលមិនបាន ជាខត្តិយកញ្ញា តែងប្រលោមព្រះរាជានោះ។ បពិត្រព្រះបិតា ប្រសិនបើខ្ញុំម្ចាស់ចិញ្ចឹមព្រះស្វាមីនោះ ដោយការស្វែងរកនូវផ្លែឈើក្នុងព្រៃ ដូចក្នុងកាលមុនយ៉ាងនោះទៀត ព្រះស្វាមីគប្បីរាប់អានខ្ញុំម្ចាស់ ទាំងមិនមើលងាយខ្ញុំម្ចាស់ទេ បពិត្រព្រះបិតា ព្រោះហេតុនោះ (ព្រៃ) របស់ខ្ញុំម្ចាស់ (នោះឯង) ប្រសើរជាងរាជសម្បត្តិ ក្នុងក្រុងពារាណសីនេះ។ នារីណា (កើតក្នុងផ្ទះត្រកូល) មានបាយ និងទឹកបរិបូណ៌ ដែលគេចាត់ចែងហើយ ជាស្ត្រីមានគ្រឿងប្រដាប់ដ៏ស្អាតវិសេស តាក់តែងខ្លួនប្រកបដោយអង្គគ្រប់យ៉ាង តែមិនជាទីស្រឡាញ់របស់ប្តី បានសំឡាប់ (ខ្លួន) ហើយ សេចក្តីស្លាប់របស់នារីនោះ ប្រសើរជាងការរស់នៅជាឃរាវាសនោះទៅទៀត។ បើស្ត្រីណា ទ័លក្រ កំព្រា មិនមានបបុស គឺមានះ មានតែកន្ទេលជាគំរប់ពីរ តែស្ត្រីនោះជាទីស្រឡាញ់របស់ប្តី ស្រ្តីណាទោះកំព្រា តែជាទីស្រឡាញ់ (របស់ប្តី) ស្រ្តីនេះឯងប្រសើរជាងស្ត្រីដែលប្រកបដោយអង្គគ្រប់យ៉ាង ដែលមិនជាទីស្រឡាញ់ (របស់ប្តី)។
[៥៤៦] (តាបស…) ស្រ្តីណាជាគុណរបស់បុរស ស្ត្រីនោះគេរកបានក្រក្រៃលែង ភស្តាណាជាគុណរបស់ស្ត្រី ភស្តានោះគេរកបានដោយក្រ ម្នាលបា ជាធំជាងជន ភរិយារបស់អ្នក ជាគុណ (នៃអ្នក) ផង ជាស្ត្រីមានសីលផង អ្នកចូរប្រព្រឹត្តធម៌ចំពោះនាងសម្ពុលា។
[៥៤៧] (ព្រះរាជាសោត្ថិសេន…) ម្នាលនាងសម្ពុលាមានភោគៈបានហើយដ៏ច្រើន បើនាងឆ្លងផុតចាកសេចក្តីប្រាថ្នា ដល់នូវមរណៈ អញ និងពួករាជកញ្ញាទាំងអស់របស់នាងនេះ នឹងធ្វើតាមពាក្យរបស់នាង។
ចប់ សម្ពុលាជាតក ទី៩។
(៥២០. គន្ធតិន្ទុកជាតកំ (១០))
[៥៤៨] (ភណ្ឌុតិណ្ឌុកទេវតាពោធិសត្វពោលថា) សេចក្តីមិនប្រហែសជាឧបាយឲ្យបាននូវព្រះនិព្វាន ឈ្មោះអមតៈ សេចក្តីប្រហែស ជាផ្លូវនៃសេចក្តីស្លាប់ ពួកជនអ្នកមិនប្រហែស ឈ្មោះថាមិនស្លាប់ ពួកជនណា ជាអ្នកប្រហែស ពួកជននោះដូចជាស្លាប់ហើយ។ សេចក្តីប្រហែស រមែងកើតឡើង ព្រោះសេចក្តីស្រវឹង ការអស់ទៅ (នៃញាតិជាដើម) រមែងកើតឡើង ព្រោះសេចក្តីប្រហែស សេចក្តីប្រទូស្តទាំងឡាយ រមែងកើតឡើង ព្រោះការអស់ទៅ (នៃញាតិជាដើម) បពិត្រព្រះអង្គដ៏ប្រសើរ មានភារៈ (ក្នុងដែន) ព្រះអង្គកុំប្រហែសឡើយ។ ពួកក្សត្រិយ៍ច្រើនអង្គ មានសេចក្តីប្រហែស ញ៉ាំងសេចក្តីចំរើន និងញ៉ាំងដែនឲ្យវិនាស ចំណែកពួកមេស្រុក អ្នកស្រុក អ្នកបួស គ្រហស្ថ ក៏វិនាស។ បពិត្រព្រះរាជា ព្រះអង្គញ៉ាំងដែនឲ្យចំរើន ភោគៈទាំងអស់ក្នុងដែនរបស់ក្សត្រជាអ្នកប្រហែស រមែងវិនាស សេចក្តីវិនាសនោះ ជាទុក្ខរបស់ព្រះរាជា។ បពិត្រមហារាជ សេចក្តីប្រហែសនេះ មិនមែនជាធម៌ (របស់ពួកព្រះរាជាបុរាណទេ) ព្រះអង្គប្រហែសហួសប្រមាណ ពួកចោរកំចាត់នូវជនបទដែលសម្បូណ៌ថ្កុំថ្កើងនោះ។ ពួកបុត្ររបស់ព្រះអង្គមិនមាន ទាំងប្រាក់ក៏មិនមាន ទាំងទ្រព្យក៏មិនមាន កាលបើចោរប្លន់រាស្រ្ត (យ៉ាងនេះ) ព្រះអង្គនឹងសាបសូន្យចាកភោគៈគ្រប់យ៉ាង។ ពួកញាតិមិត្រ និងសំឡាញ់ រមែងមិនទទួលដឹងនូវក្សត្រនោះ ដែលជាព្រះរាជាសាបសូន្យចាកភោគៈទាំងពួង ជាបុគ្គលដែលគួរទទួលដឹងទេ។ ពួកពលដំរី ពួកសេនា ពលរថ ពលថ្មើរជើង និងពួកកម្មករ ដែលអាស្រ័យចិញ្ចឹមជីវិតនឹងព្រះរាជានោះឯង ក៏មិនទទួលដឹងនូវព្រះរាជាដែលគួរទទួលដឹងនោះ។ សិរី គឺយសសម្បត្តិ រមែងលះបង់នូវបុគ្គលពាល អ្នកមិនចាត់ចែងនូវការងារ មានគំនិតអាក្រក់ អាប់ឥតប្រាជ្ញា ដូចជាពស់លះបង់នូវសំណកចាស់។ ភោគៈទាំងអស់ រមែងចំរើនដល់បុគ្គលអ្នកចាត់ចែងការងារដោយល្អ ក្រោកឡើងទាន់កាល ជាអ្នកមិនខ្ជិលច្រអូល ដូចជាគោប្រព្រឹត្តទៅមួយអន្លើដោយគោឧសភ។ បពិត្រមហារាជ សូមព្រះអង្គយាងទៅកាន់ទីជាទីចាំស្តាប់ ក្នុងជនបទ ក្នុងដែន លុះទតឃើញ និងទ្រង់ព្រះសណ្តាប់ ក្នុងដែននោះហើយ ក៏យកការណ៍ តាមរាជកិច្ចនោះ តាមដំណើរនោះ។
[៥៤៩] (បុរសចាស់ម្នាក់ជេរថា) ខ្លួនអញត្រូវបន្លាមុតហើយ វេទនាក្នុងថ្ងៃនេះយ៉ាងណា សូមឲ្យព្រះបាទបញ្ចាល ត្រូវសរក្នុងសង្គ្រាម ហើយវេទនាយ៉ាងនោះដែរ។
[៥៥០] (បុរោហិតសួរថា) អ្នកជាមនុស្សចាស់ មានភ្នែកទុព៌ល មើលរូបមិនឃើញដោយស្រួលទេ បន្លាមុតអ្នកឯង ដោយហេតុណា (ទោស) របស់ព្រះរាជាព្រហ្មទត្តចំពោះហេតុនោះ តើដូចម្តេច។
[៥៥១] (បុរសចាស់…) ម្នាលព្រាហ្មណ៍ ក្នុងហេតុនេះ ទោសរបស់ព្រះរាជាព្រហ្មទត្ត មានច្រើន (បានជា) ខ្ញុំនោះ (ធ្លាក់) ក្នុងផ្លូវ (មានបន្លា) ព្រោះពួកអ្នកជនបទ ព្រះរាជាមិនរក្សា ទ្រង់បៀតបៀនដោយពលិកម្ម (សួយសារអាករ) មិនប្រកបដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី (ប្លន់) ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ី ក្នុងដែនរបស់ព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌ មានច្រើន។ ម្នាលអ្នក កាលបើភ័យបែបនេះ កើតហើយ មនុស្សទាំងឡាយដែលត្រូវភ័យគ្របសង្កត់ តែងនាំយកនូវបន្លាក្នុងព្រៃ មកធ្វើជាទីសម្រាប់ពឹងពួន។
[៥៥២] (ស្ត្រីទុគ៌តម្នាក់ ជេរថា) ពួកកុមារីជាស្ត្រីគ្មានប្តីរហូតចាស់ ក្នុងដែននៃព្រះរាជាព្រហ្មទត្តណា កាលណាហ្ន៎ ព្រះរាជាព្រហ្មទត្តនេះ នឹងស្លាប់ទៅ។
[៥៥៣] (បុរោហិតឃាត់ថា) នែនាងលាមក ជាស្ត្រីមិនឈ្លាសក្នុងឧបាយនៃសេចក្តីចំរើន ពាក្យនាង ជាពាក្យអាក្រក់ ព្រះរាជានឹងស្វែងរកប្តីឲ្យពួកនាងកុមារីក្នុងទីណា។
[៥៥៤] (ស្រ្តីចាស់…) នែព្រាហ្មណ៍ ពាក្យរបស់ខ្ញុំមិនអាក្រក់ទេ ខ្ញុំជាស្រ្តីឈ្លាសវៃក្នុងផ្លូវចំរើន ព្រោះពួកអ្នកជនបទ សេ្តចមិនរក្សា ទ្រង់បៀតបៀនដោយសារសួយអាករ មិនប្រកបដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី (ប្លន់) ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ីក្នុងដែនព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌មានច្រើន កាលបើរាស្ត្ររស់នៅដោយលំបាក ចិញ្ចឹមប្រពន្ធបានដោយលំបាក តើពួកនាងកុមារីបានប្តីអំពីណា។
[៥៥៥] (អ្នកភ្ជួរជេរថា) គោឈ្មោះសាលិយៈនេះ ត្រូវផាលមុតហើយ ដេកស្រតឹកយ៉ាងណា សូមឲ្យព្រះរាជាក្រុងបញ្ចាល ត្រូវគេសម្លាប់ដោយលំពែងក្នុងសង្គ្រាម ដេកយ៉ាងនោះចុះ។
[៥៥៦] (បុរោហិត…) នែបុរសលាមក អ្នកណាខុសខ្លួនឯង ហើយផ្តាសាព្រះរាជា អ្នក (នោះ) ឈ្មោះថា ខឹងចំពោះព្រះរាជាព្រហ្មទត្តដោយហេតុមិនត្រូវតាមធម៌ទេ។
[៥៥៧] (អ្នកភ្ជួរ…) ម្នាលព្រាហ្មណ៍ ខ្ញុំខឹងចំពោះព្រះរាជាព្រហ្មទត្ត ដោយហេតុត្រឹមត្រូវតាមធម៌ (ព្រោះថា) ពួកអ្នកជនបទ ស្តេចមិនរក្សា ទ្រង់បៀតបៀន ដោយសួយសារអាករ មិនប្រកបដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ីក្នុងដែនព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌មានច្រើន។ ស្រ្តីជាអ្នកនាំបាយមកនោះ ប្រាកដជាដាំម្តងទៀត បានជានាំបាយមកក្នុងវេលារសៀល ខ្ញុំកំពុងរកមើលនូវស្ត្រីអ្នកនាំបាយមក គោឈ្មោះសាលិយៈ ក៏ត្រូវផាលមុត។
[៥៥៨] (អ្នករូតទឹកដោះជេរថា) ក្នុងថ្ងៃនេះ ខ្លួនអញ (ត្រូវមេគោ) ធាក់ ទាំងទឹកដោះរបស់អញកំពប់ទៅយ៉ាងណា សូមឲ្យព្រះរាជាបញ្ចាលនគរ ត្រូវគេសម្លាប់ដោយដាវក្នុងសង្គ្រាម វិនាសយ៉ាងនោះចុះ។
[៥៥៩] (បុរោហិត…) សត្វចិញ្ចឹមនេះ ចាក់ចោលនូវទឹកដោះ សត្វចិញ្ចឹមបៀតបៀននូវផាល អ្នកដ៏ចំរើនតិះដៀលយើង ដោយហេតុណា កំហុសដូចម្តេច របស់ព្រះរាជាព្រហ្មទត្តក្នុងហេតុនោះ។
[៥៦០] (អ្នករូតទឹកដោះ…) ម្នាលព្រាហ្មណ៍ ព្រះរាជាបញ្ចាលនគររបស់រាជត្រកូលព្រហ្មទត្ត គួរអ្នកផងតិះដៀលហើយ ព្រោះថា ពួកអ្នកជនបទ ព្រះរាជាមិនរក្សា ទ្រង់បៀតបៀន ដោយសួយអាករ មិនប្រកបដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ីក្នុងដែនព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌មានច្រើន។ មេគោកាច ផ្លាង យើងមិនបានរូតនូវទឹកដោះណា ក្នុងកាលមុន ក្នុងថ្ងៃនេះ ឥឡូវនេះ ពួកយើងក៏ត្រូវពួករាជបុរសអ្នកប្រាថ្នានូវទឹកដោះមករឹបជាន់ ទើបរូតនូវទឹកដោះនោះ។
[៥៦១] (ពួកក្មេងអ្នកស្រុកជេរថា) មេគោកំព្រា ជាសត្វព្រាត់ប្រាសនេះ ស្ទុះឆ្លេឆ្លាយ៉ាងណា សូមឲ្យព្រះរាជាបញ្ចាលនគរ ព្រាត់ប្រាសនិរាស រីងស្ងួត កន្ទក់កន្ទេញ យ៉ាងនោះចុះ។
[៥៦២] បុរោហិត…) សត្វចិញ្ចឹមរបស់អ្នករក្សានូវសត្វចិញ្ចឹម ស្ទុះឆ្លេឆ្លាក្តី ស្រែកក្តី ដោយហេតុណា កំហុសដូចម្តេចរបស់ព្រះរាជាព្រហ្មទត្ត ក្នុងហេតុនេះ។
[៥៦៣] (ពួកក្មេងអ្នកស្រុក…) បពិត្រមហាព្រាហ្មណ៍ កំហុសរបស់ព្រះរាជាព្រហ្មទត្ត (មានពិត) ព្រោះថា ពួកអ្នកជនបទ ព្រះរាជាមិនរក្សា ទ្រង់បៀតបៀន ដោយសួយសារអាករ មិនប្រកបដោយធម៌។ ក្នុងវេលាយប់ ពួកចោរស៊ី ក្នុងវេលាថ្ងៃ ពួកអ្នករាជការបៀតបៀនស៊ីក្នុងដែនព្រះរាជាខូចកាច ជនមិនប្រកបដោយធម៌មានច្រើន ហេតុដូចម្តេចហ្ន៎ កូនគោរបស់យើងកំពុងបៅដោះ មានប្រយោជន៍ដល់ស្រោមដាវ ត្រូវរាជបុរសសម្លាប់។
[៥៦៤] (កង្កែបជេរថា) អញជាសត្វកើតក្នុងព្រៃ ត្រូវពួកក្អែកក្នុងស្រុកចឹកស៊ីក្នុងថ្ងៃនេះយ៉ាងណា សូមឲ្យស្តេចបញ្ចាលនគរ ព្រមទាំងបុត្រ ត្រូវគេកាប់ក្នុងចម្បាំងដាច់ខ្ទេចខ្ទី យ៉ាងនោះចុះ។
[៥៦៥] (បុរោហិត…) នែដង្កែប ព្រះរាជាទាំងឡាយ ក្នុងមនុស្សលោក មិនចាត់ចែងនូវការរក្សាក្នុងពួកសត្វទាំងពួងទេ ពួកក្អែកស៊ីនូវសត្វទាំងរស់ដូចជាឯង ដោយហេតុណា ព្រះរាជាមិនឈ្មោះថាមិនប្រព្រឹត្តធម៌ ដោយហេតុមានប្រមាណប៉ុណ្ណេះ។
[៥៦៦] (កង្កែប…) ឱអ្នកជាព្រហ្មចារី តែមានសភាពមិនប្រកបដោយធម៌សោះ ពោលនូវពាក្យសរសើរចំពោះក្សត្រិយ៍ កាលបើប្រជាជនជាច្រើន ដែលព្រះរាជារឹបជាន់ អ្នកនៅតែបូជាចំពោះព្រះរាជា ជាអ្នកមានវាទៈដ៏ក្រៃលែង។ នែព្រហ្មណ៍ ប្រសិនបើដែននេះមានអ្នករាជការល្អ រមែងជាដែនស្តុកស្តម្ភ មានរាស្ត្ររីករាយជ្រះថ្លា ទាំងពួងក្អែក ក៏ស៊ីនូវដុំបាយដ៏ប្រសើរ ជាគ្រឿងបូជា (របស់មនុស្ស) ពួកក្អែកមិនគប្បីស៊ីសត្វទាំងរស់ប្រាកដដូចជាខ្ញុំទេ។
ចប់ ភណ្ឌុតិណ្ឌុកជាតក ទី១០។
ឧទ្ទាននៃតឹសនិបាតនោះគឺ
និយាយអំពីកឹឆន្ទជាតក ១ កុម្ភជាតក ១ ជយទ្ទិសជាតក ១ ឆទ្ទន្តជាតក ១ សម្ភវជាតក ១ មហាកបិជាតក ១ ទករក្ខសជាតក ១ នាគដ៏ប្រសើរឈ្មោះបណ្ឌរកៈ ១ សម្ពុលាជាតក ១ តិណ្ឌុកជាតក ១។
ចប់ តឹសនិបាត។
(១៧. ចត្តាលីសនិបាតោ)
(៥២១. តេសកុណជាតកំ (១))
[៥៦៧] (ព្រះបាទព្រហ្មទត្តសួរថា) ម្នាលសត្វស្លាប អញសូមសួរអ្នកឈ្មោះវេស្សន្តរៈ សេចក្តីចំរើន ចូរមានដល់អ្នក កិច្ចដូចម្តេចដែលអញជាអ្នកប្រាថ្នាដើម្បីសោយរាជ្យ ធ្វើហើយប្រសើរ។
[៥៦៨] (មៀមឈ្មោះវេស្សន្តរៈទូលថា) យូរណាស់ហើយ បិតារបស់ខ្ញុំព្រះអង្គព្រះនាម កំសៈ ជាអ្នកសង្គ្រោះក្រុងពារាណសី ទ្រង់ប្រហែស ជាបិតាចិញ្ចឹម បានចោទសួរនូវខ្ញុំព្រះអង្គ ជាកូនមិនប្រហែស។
[៥៦៩] (ខ្ញុំទូលថា) មុនដំបូង ព្រះរាជាត្រូវហាមឃាត់នូវពាក្យឃ្លៀងឃ្លាត សេចក្តីក្រោធ និងការសើចរឡេះរឡោះ តពីនោះ គប្បីធ្វើនូវកិច្ចទាំងឡាយ បពិត្រក្សត្រ បុរាណកបណ្ឌិតទាំងឡាយ បានពោលនូវពាក្យដែលខ្ញុំព្រះអង្គក្រាបទូលនោះ ថាជាវត្ត។ បពិត្រព្រះបិតា កម្មចំពោះហេតុដ៏ក្តៅក្រហាយណា ដែលព្រះអង្គធ្វើហើយ ក្នុងកាលមុន ឥតសង្ស័យ ព្រះអង្គត្រេកត្រអាលក្តី ទ្រង់ខ្ញាល់ក្តី ធ្វើនូវកម្មណា ព្រះអង្គមិនត្រូវធ្វើនូវកម្មនោះ តទៅទៀតទេ។ បពិត្រព្រះអង្គអ្នកញ៉ាំងរាស្ត្រឲ្យចំរើន កាលបើក្សត្រិយ៍ប្រហែសហើយ ភោគសម្បត្តិទាំងអស់ក្នុងដែន នឹងវិនាសទៅ សេចក្តីវិនាសនោះ លោកពោលថាជាទុក្ខរបស់ព្រះរាជា។ បពិត្រព្រះបិតា បុគ្គលមានសិរី និងបុគ្គលមានបុណ្យ ដែលសុចិបរិវារសេដ្ឋីសួរហើយ បានពោលពាក្យនេះថា ខ្ញុំត្រេកអរចំពោះបុរសមានសេចក្តីខ្មីឃ្មាត មានសេចក្តីប្រឹងប្រែង ជាអ្នកមិនច្រណែន។ បពិត្រមហារាជ បុគ្គលកាឡកណ្ណី ជាអ្នកកាច់បំបាក់នូវចក្រ គឺកុសល តែងត្រេកអរក្នុងបុរសជាអ្នកច្រណែន មានចិត្តអាក្រក់ ជាអ្នកប្រទូស្តចំពោះកល្យាណកម្ម។ សូមព្រះអង្គមានហ្ឫទ័យល្អចំពោះពួកជនទាំងពួង សូមព្រះអង្គរក្សានូវពួកជនទាំងពួង បពិត្រមហារាជ សូមព្រះអង្គបណ្តេញនូវបុគ្គលឥតបុណ្យចេញ សូមព្រះអង្គយកបុគ្គលមានបុណ្យ មកជាទីពំនាក់វិញ។ បពិត្រព្រះអង្គជាម្ចាស់ដែនកាសី ព្រោះថាបុរសមានបុណ្យ បរិបូណ៌ដោយបញ្ញា តាំងនៅក្នុងអធ្យាស្រ័យដ៏ធំ រមែងកាត់បង់នូវគល់ និងចុង នៃសត្រូវទាំងឡាយបាន។ បពិត្រព្រះអង្គជាម្ចាស់នៃមនុស្ស ដូចយ៉ាងព្រះឥន្ទ្រក៏មិនប្រហែសក្នុងការខ្មីឃ្មាតដែរ លោកធ្វើនូវការព្យាយាមចំពោះកម្មដ៏ល្អ ទាំងធ្វើព្រះហ្ឫទ័យក្នុងការខ្មីឃ្មាត (ជាដរាប)។ ពួកគន្ធព្វ ពួកបិតា (ព្រហ្ម) ពួកទេវតា មានអាជីវៈអាស្រ័យនឹងព្រះរាជា ដែលមានអំណរនឹងបុញ្ញកម្មយ៉ាងនោះ ពួកទេវតាតែងតាមថែ (រក្សា) នូវព្រះរាជា ជាអ្នកខ្មីឃ្មាតមិនប្រហែស។ បពិត្រព្រះបិតា ព្រះអង្គជាអ្នកមិនប្រហែស មិនក្រោធ សូមធ្វើនូវកិច្ចទាំងឡាយចុះ សូមព្រះអង្គប្រឹងប្រែងក្នុងកិច្ចទាំងឡាយរបស់ព្រះអង្គ បុគ្គលខ្ជិលច្រអូស រមែងមិនបានសេចក្តីសុខទេ។ នោះជាវត្តបទក្នុងបញ្ហានោះឯង នុ៎ះឯងជាអនុសាសនី (របស់ព្រះអង្គ) ព្រះរាជា កាលប្រព្រឹត្តយ៉ាងនេះ ទើបអាចញ៉ាំងពួកមិត្ត ឲ្យបានសុខផង អាចញ៉ាំងពួកសត្រូវ ឲ្យបានទុក្ខផង។
[៥៧០] (ព្រះរាជា…) ម្នាលនាងកុណ្ឌលិនី នាងអាច (ឆ្លើយប្រស្នាបាន) នាងជាពង្សនៃមហាសេនគុត្ត13) ឈ្មោះខត្តៈ ដឹង (នូវអាថ៌ប្រស្នា) កិច្ចដូចម្តេចដែលយើងប្រាថ្នាដើម្បីសោយរាជ្យ ធ្វើហើយប្រសើរ។
[៥៧១] (សារិកាឈ្មោះកុណ្ឌលិនី) បពិត្រព្រះបិតា ប្រយោជន៍ និងសេចក្តីសុខទាំងអស់ តាំងនៅក្នុងបទណា បទនោះមានពីរយ៉ាង គឺការបាននូវរបស់ដែលមិនធ្លាប់បាន ១ រក្សានូវរបស់ដែលបានមកហើយ ១។ បពិត្រព្រះបិតា សូមព្រះអង្គជ្រាបនូវអាមាត្យទាំងឡាយ ដែលមានប្រាជ្ញាឈ្លាសវៃចំពោះប្រយោជន៍ បពិត្រព្រះបិតា សូមព្រះអង្គជ្រាបនូវអាមាត្យទាំងឡាយ ដែលមិនលេងល្បែងភ្នាល់ មិនបោកប្រាស មិនជាអ្នកលេងស៊ីផឹក មិនជាអ្នកបំផ្លាញព្រះរាជទ្រព្យ។ បពិត្រព្រះបិតា អាមាត្យណាគប្បីរក្សានូវទ្រព្យរបស់ព្រះអង្គដែលមាន ដូចនាយសារថីប្រុងប្រយ័ត្ននូវរថ អាមាត្យនោះ ព្រះអង្គគប្បីឲ្យធ្វើនូវកិច្ចការទាំងឡាយរបស់ព្រះអង្គ។ សូមព្រះអង្គដែលមានជនខាងក្នុងសង្គ្រោះល្អ ត្រួតត្រាមើលនូវព្រះរាជទ្រព្យដោយព្រះអង្គឯង មិនគួរធ្វើនូវកំណប់ទ្រព្យ និងការឲ្យជាបំណុលដោយជឿអ្នកដទៃទេ។ ព្រះអង្គគប្បីជ្រាបនូវសេចក្តីចំរើន និងសេចក្តីវិនាសដោយព្រះអង្គឯង គប្បីជ្រាបនូវកិច្ចការដែលបានធ្វើ និងមិនបានធ្វើដោយព្រះអង្គឯង គប្បីសង្កត់សង្កិននូវបុគ្គលដែលគួរសង្កត់សង្កិន គប្បីលើកតំកើងនូវបុគ្គលដែលគួរលើកតំកើង។ បពិត្រព្រះអង្គជាធំលើរថ សូមព្រះអង្គប្រៀនប្រដៅនូវប្រយោជន៍ដល់អ្នកជនបទដោយព្រះអង្គឯង ពួករាជបុរសអ្នកប្រកបការមិនត្រឹមត្រូវតាមធម៌ សូមកុំឲ្យញ៉ាំងទ្រព្យ និងដែនរបស់ព្រះអង្គឲ្យវិនាស។ មួយទៀត សូមព្រះអង្គកុំធ្វើ ឬប្រើគេឲ្យធ្វើនូវរាជកិច្ចទាំងឡាយដោយរួសរាន់ ព្រោះមនុស្សល្ងង់ខ្លៅ តែងក្តៅក្រហាយរឿយៗ ក្នុងកាលខាងក្រោយ ចំពោះការងារដែលខ្លួនធ្វើដោយរួសរាន់។ សូមព្រះអង្គកុំបញ្ចេញនូវព្រះហ្ឫទ័យក្រោធខ្លាំងពេកចំពោះអកុសល (របស់អ្នកដទៃ) ដែលប្រព្រឹត្តកន្លង (នូវការកុសល) ព្រោះថា ត្រកូលទាំងឡាយដែលថ្កុំថ្កើងហើយ ច្រើនដល់នូវភាវៈមិនមែនជាត្រកូលទៅវិញ ព្រោះសេចក្តីក្រោធ។ បពិត្រព្រះបិតា សូមព្រះអង្គកុំបណ្តោយ (មហាជន) ឲ្យធ្លាក់ទៅក្នុងសេចក្តីវិនាស ដោយគិតថា ខ្លួនអញជាឥស្សរៈ ការកើតឡើងនៃទុក្ខលំបាក កុំឲ្យមានដល់ស្រ្តីបុរសទាំងឡាយក្នុងដែនរបស់ព្រះអង្គ។ ភោគសម្បត្តិទាំងអស់របស់ព្រះរាជា ជាអ្នកប្រាសចាកការព្រឺរោម (ឥតកោតញញើត) តាមចំណង់ នឹងវិនាសទៅ (ដោយពិត) ការវិនាសនោះ លោកពោលថាជាទុក្ខរបស់ព្រះរាជា។ នោះជាវត្តបទក្នុងបញ្ហានោះឯង នុ៎ះឯងជាអនុសាសនី ឥឡូវនេះ សូមព្រះអង្គសង្វាតធ្វើបុណ្យ កុំជាអ្នកលេង កុំញុំាងប្រយោជន៍ឲ្យវិនាស បពិត្រមហារាជ សូមព្រះអង្គមានសីល (ព្រោះថា) បុគ្គលអ្នកទ្រុស្តសីល ឈ្មោះថាជាអ្នកញ៉ាំងខ្លួនឲ្យធ្លាក់ចុះ។
[៥៧២] (ព្រះរាជា…) អញបានសួរវេស្សន្តរៈ ជាកោសិយគោត្រ និងនាងកុណ្ឌលិនី ដោយប្រការដូច្នោះហើយ ម្នាលជម្ពុកៈ ឥឡូវនេះ អ្នកចូរពោលនូវកំឡាំងដ៏ឧត្តម ជាងកំឡាំងទាំងឡាយ។
[៥៧៣] (សេកជម្ពុកពោធិសត្វ…) កំឡាំងក្នុងលោក មាន ៥ យ៉ាង រមែងមានក្នុងបុរសដែលមានអធ្យាស្រ័យធំ បណ្តាកំឡាំងទាំងនោះ កំឡាំងដៃ (កាយ) បណ្ឌិតពោលថាជាកំឡាំងថោកទាប បពិត្រព្រះអង្គមានព្រះជន្មវែង កំឡាំងភោគៈ បណ្ឌិតពោលថាជាកំឡាំង ទី ២។ បពិត្រព្រះអង្គមានព្រះជន្មវែង កំឡាំងអាមាត្យ បណ្ឌិតពោលថាជាកំឡាំងទី ៣ កំឡាំងជាតិខ្ពស់ ជាកំឡាំងទី ៤ ឥតសង្ស័យ បុគ្គលជាបណ្ឌិត រមែងគ្របសង្កត់នូវកំឡាំងទាំងអស់នេះ។ កំឡាំងបញ្ញានោះ ជាកំឡាំងប្រសើរ ជាកំឡាំងខ្ពង់ខ្ពស់ជាងកំឡាំងទាំងឡាយ បណ្ឌិតដែលមានកំឡាំងបញ្ញាជ្រោមជ្រែងហើយ រមែងបាននូវសេចក្តីចំរើន។ បុគ្គលមានបញ្ញាទន់ ទោះបីបាននូវផែនដីស្តុកស្តម្ភប្រសើរ កាលបើបុគ្គលមានបញ្ញាទន់នោះ មិនមានប្រាថ្នា បុគ្គលដែលមានបញ្ញាដទៃ ធ្វើនូវការកំហែង ហើយគ្រប់គ្រងនូវផែនដីនោះ។ បពិត្រព្រះអង្គជាម្ចាស់ដែនកាសី បើទុកជាបុគ្គលមានជាតិខ្ពង់ខ្ពស់ ជាក្សត្របាននូវរាជ្យ តែអ័ប្បបញ្ញា ក៏រមែងមិនរស់នៅ ដោយរាជ្យទាំងពួងបាន។ បញ្ញាជាធម្មជាតិសម្រាប់វិនិច្ឆ័យក្នុងសេចក្តីដែលបានស្តាប់ បញ្ញាជាគ្រឿងញ៉ាំងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈឲ្យចំរើន នរជនប្រកបដោយបញ្ញា ក្នុងលោកនេះ សូម្បីទុក្ខ (កើតឡើង) ក៏រមែងបានសុខទាំងឡាយវិញ។ មួយទៀត បុគ្គលណាមួយ មិនស្តាប់ដោយគោរព មិនជឿនូវបុគ្គលជាពហុស្សូត មិនឈ្វេងយល់នូវកិច្ចការដែលឋិតនៅក្នុងសភាវៈ រមែងមិនបាននូវបញ្ញា។ លុះតែបុគ្គលណាជាអ្នកដឹងនូវចំណែកនៃធម៌ ប្រឹងប្រែងក្នុងកាលគួរ មិនខ្ជិលច្រអូស ប្រឹងប្រែងរឿយៗ តាមកាលគួរ ផលកើតអំពីការងារ ទើបសម្រេចដល់បុគ្គលនោះ។ កាលបុគ្គលមិនមានសីលជាទីកើត (នៃលាភ យស សុខ) សេពគប់នូវបុគ្គលទ្រុស្តសីល មិនជាទីកើត (នៃលាភ យស សុខ) ធ្វើការធុញទ្រាន់ ប្រយោជន៍រមែងមិនឲ្យផលដោយប្រពៃទេ។ លុះតែបុគ្គលប្រកបកិច្ចខាងក្នុងសន្តាន សេពគប់នូវបុគ្គលមានសីលជាទីកើត (នៃលាភ យស សុខ) ដូច្នោះ ធ្វើការងារមិនធុញទ្រាន់ ប្រយោជន៍រមែងឲ្យផលដោយប្រពៃ។ បពិត្របិតា សូមព្រះអង្គគប់រកនូវហេតុទាំងឡាយនោះ គឺបញ្ញាជាចំណែកនៃព្យាយាម ក្នុងហេតុដែលគួរប្រកប និងការថែទាំទុកនូវទ្រព្យដែលព្រះអង្គបាន ព្រះអង្គកុំ (ញ៉ាំងទ្រព្យ) ឲ្យវិនាស ដោយការងារមិនគួរ ព្រោះថា បុគ្គលឥតបញ្ញា រមែងលិចចុះ (ក្នុងសេចក្តីវិនាស) ដោយហេតុមិនមែនជាការងារ ដូចផ្ទះដែលគេធ្វើដោយដើមបបុស។
[៥៧៤] បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រពឹ្រត្តធម៌ គឺការបំរើមាតាបិតាទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ គឺការសង្គ្រោះចំពោះបុត្តភរិយាទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ ចំពោះមិត្រ និងអាមាត្រទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះពាហនៈ និងពលទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះជនអ្នកស្រុក និងអ្នកនិគមទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះអ្នកដែន និងអ្នកជនបទទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ចំពោះពួកសមណៈ និងព្រាហ្មណ៍ទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជជាក្សត្រ សូមព្រះអង្គប្រព្រឹត្តធម៌ គឺឲ្យអភ័យចំពោះពួកម្រឹគ និងសត្វបក្សីទាំងឡាយ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ (ព្រោះថា) ធម៌ដែលព្រះអង្គប្រព្រឹត្តហើយ រមែងនាំមកនូវសេចក្តីសុខ បពិត្រព្រះរាជា លុះព្រះអង្គប្រព្រឹត្តធម៌ក្នុងលោកនេះហើយ នឹងទៅកាន់ឋានសួគ៌។ បពិត្រមហារាជ សូមព្រះអង្គប្រព្រឹត្តធម៌ ព្រោះពួកព្រះឥន្ទ្រ ទេវតា ព្រមទាំងព្រហ្ម បានដល់នូវទិព្វសម្បត្តិ ដោយធម៌ដែលខ្លួនប្រព្រឹត្តល្អ បពិត្រព្រះរាជា សូមព្រះអង្គកុំប្រហែសចំពោះធម៌។ នោះជាវត្តបទក្នុងបញ្ហានោះឯង នុ៎ះឯងជាអនុសាសនី សូមព្រះអង្គសេពគប់នូវបុគ្គលមានបញ្ញា សូមមានគុណធម៌ដ៏ល្អ ជ្រាបច្បាស់នូវធម៌នោះដ៏បរិបូណ៌ដោយព្រះអង្គឯង (ប្រតិបត្តិតាមពាក្យប្រៀនប្រដៅចុះ)។
ចប់ តេសគុណជាតក ទី១។
(៥២២. សរភង្គជាតកំ (២))
[៥៧៥] (អនុសិស្សតាបសសួរថា) បពិត្រលោក រថទាំងឡាយប្រសើរ លោកទាំងឡាយ មានខ្លួនប្រដាប់ហើយ មានកុណ្ឌល មានសំពត់ស្លៀកល្អ សៀតព្រះខ័នមានដងប្រដាប់ដោយកែវពៃទូរ្យ និងកែវមុក្តា ឈរនៅ (លើរថតែមួយ) លោកទាំងឡាយឈ្មោះអ្វី ពួកជនក្នុងមនុស្សលោក ស្គាល់លោកទាំងឡាយដូចម្តេច។
[៥៧៦] (ព្រះរាជាព្រះនាមអដ្ឋកៈត្រាស់ថា) ខ្ញុំជាព្រះរាជាឈ្មោះអដ្ឋកៈ នេះជាព្រះរាជាព្រះនាមភីមរថ នេះជាព្រះរាជាព្រះនាមកាលិង្គ ដែលមានតេជានុភាព មានកិត្តិស័ព្ទល្បីល្បាញ យើងទាំងឡាយមកក្នុងទីនេះ ដើម្បីឃើញនូវឥសីទាំងឡាយដែលសង្រួមល្អហើយ ដើម្បីសួរនូវប្រស្នាទាំងឡាយ។
[៥៧៧] (អនុសិស្សតាបស…) លោកឋិតនៅឰដ៏អាកាស ជាទីរីករាយនៃសត្វស្លាប ដូចព្រះចន្ទ្រក្នុងថ្ងៃ ១៥ កើត ដែលឋិតនៅនាគន្លងផ្លូវឆ្ងាយ (អាកាស) បពិត្រយក្ស អាត្មាសូមសួរលោកដែលមានអានុភាពធំ ពួកជនក្នុងមនុស្សលោក នឹងស្គាល់លោកដូចម្តេច។
[៥៧៨] (សក្កទេវរាជ…) ទេវតាទាំងឡាយក្នុងពួកទេវតា បានហៅខ្ញុំណាថា មឃវា ខ្ញុំនោះ ជាទេវរាជមកកាន់ទីនេះ ក្នុងថ្ងៃនេះ ដើម្បីឃើញឥសីទាំងឡាយ អ្នកសង្រួមល្អហើយ។
[៥៧៩] ឥសីទាំងឡាយរបស់យើងខ្ញុំ ដែលជួបជុំគ្នា មានឫទ្ធិធំ ប្រកបដោយគុណ គឺឫទ្ធិ ល្បីទៅក្នុងទីឆ្ងាយ ខ្ញុំមានចិត្តជ្រះថ្លា សូមថ្វាយបង្គំលោកម្ចាស់ទាំងឡាយ ដែលប្រសើរក្នុងពួកមនុស្សក្នុងជីវលោកនេះ។
[៥៨០] (អនុសិស្សតាបស…) ក្លិនរបស់ឥសីទាំងឡាយដែលបួសយូរ រមែងផ្សាយចេញចាកកាយទៅតាមខ្យល់ បពិត្រសហស្សនេត្ត សូមព្រះអង្គថយចេញចាកទីនេះ បពិត្រទេវរាជ ក្លិនរបស់ឥសីទាំងឡាយមិនស្អាតទេ។
[៥៨១] (សក្កទេវរាជ…) ក្លិនរបស់ឥសីទាំងឡាយដែលបួសយូរ ចូរផ្សាយចេញចាកកាយទៅតាមខ្យល់ចុះ បពិត្រលោកដ៏ចំរើន យើងខ្ញុំរមែងប្រាថ្នានូវក្លិននុ៎ះ ដូចបុគ្គលប្រាថ្នានូវកម្រងផ្កា មានផ្កាដ៏វិចិត្រ មានក្លិនក្រអូប ព្រោះទេវតាទាំងឡាយ ជាអ្នកមិនមានសេចក្តីសំគាល់ក្នុងក្លិននុ៎ះ ថាជាបដិកូលទេ។
[៥៨២] (អនុសិស្សតាបស…) ទេវរាជនោះឈ្មោះបុរិន្ទទៈ ឈ្មោះភូតបតី ជាអ្នកមានយស ឈ្មោះទេវានមិន្ទៈ ឈ្មោះមឃវា ឈ្មោះសុជម្បតិ ជាអ្នកញាំញី (នូវពួក) អសុរ ទ្រង់ប្រាថ្នានូវឱកាសដើម្បីសួរប្រស្នា។ ក្នុងទីនេះ បណ្តាឥសីជាបណ្ឌិតទាំងឡាយនេះ បណ្ឌិតណាហ្ន៎ ដែលព្រះរាជាទាំង ៣ ព្រះអង្គ ជាធំជាងមនុស្ស និងព្រះវាសវៈជាធំជាងពួកទេវតា ត្រាស់សួរប្រស្នាដ៏ល្អិតហើយ នឹងឆ្លើយបាន។
[៥៨៣] (ពួកឥសី…) ឥសីឈ្មោះសរភង្គៈនេះ មានតបៈ ជាអ្នកវៀរចាកមេថុនធម្ម តាំងអំពីកើតមក ជាបុត្រនៃបុរោហិតដែលជាអាចារ្យ (របស់ព្រះរាជាពារាណសី) មានសភាពរៀបរយល្អហើយ ឥសីឈ្មោះសរភង្គៈនោះ នឹងឆ្លើយនូវប្រស្នាទាំងឡាយរបស់ព្រះរាជាទាំងនោះបាន។
[៥៨៤] (អនុសិស្សតាបស…) បពិត្រកោណ្ឌញ្ញៈ សូមលោកឆ្លើយនូវប្រស្នាទាំងឡាយ ឥសីទាំងឡាយមានសភាពដ៏ល្អ អារាធនាលោក បពិត្រកោណ្ឌញ្ញៈ ការដោះប្រស្នានុ៎ះ ជាទំនៀមតែងមានក្នុងពួកមនុស្ស ប្រស្នាណា មកកាន់សេចក្តីចំរើន ប្រស្នានុ៎ះ ជាភារៈរបស់លោក។
[៥៨៥] (សរភង្គតាបស…) លោកដ៏ចំរើនទាំងឡាយ ខ្ញុំធ្វើឱកាសឲ្យហើយ ចូរសួរនូវប្រស្នាណានីមួយ ដែលលោកទាំងឡាយប្រាថ្នាហើយដោយចិត្តចុះ ព្រោះថា ខ្ញុំដឹងនូវលោកនេះ និងលោកខាងមុខដោយខ្លួនឯង នឹងឆ្លើយនូវប្រស្នានោះៗ ប្រាប់លោកទាំងឡាយបាន។
[៥៨៦] (អភិសម្ពុទ្ធគាថា) លំដាប់នោះ ទេវរាជបុរិន្ទទៈ មឃវា សក្កៈ អ្នកឃើញនូវប្រយោជន៍ បានសួរប្រស្នាជាដំបូងដែលខ្លួនប៉ងទុកហើយថា បុគ្គលសម្លាប់អ្វីមិនក្រៀមក្រំ ក្នុងកាលណាម្តងឡើយ ឥសីទាំងឡាយ សរសើរនូវការលះបង់អ្វី បុគ្គលគប្បីអត់ធន់ចំពោះពាក្យអាក្រក់ ដែលបុគ្គលណាពោលហើយក្នុងលោកនេះ បពិត្រកោណ្ឌញ្ញៈ សូមលោកប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ។
[៥៨៧] (សរភង្គតាបស…) បុគ្គលសម្លាប់សេចក្តីក្រោធ រមែងមិនក្រៀមក្រំក្នុងកាលណាម្តងឡើយ ឥសីទាំងឡាយ រមែងសរសើរនូវការលះបង់នូវសេចក្តីលុបគុណគេ បុគ្គលគប្បីអត់ធន់ចំពោះពាក្យអាក្រក់ ដែលបុគ្គលទាំងពួងពោលហើយ ពួកសប្បុរសពោលនូវសេចក្តីអត់ធន់នុ៎ះ ថាជាគុណជាតិដ៏ឧត្តម។
[៥៨៨] (សក្កទេវរាជ…) បុគ្គលអាចអត់ធន់នូវពាក្យរបស់ជនទាំងពីរពួកបាន គឺបុគ្គលស្មើគ្នា និងបុគ្គលប្រសើរជាង ចុះបុគ្គលអត់ធន់នូវពាក្យរបស់បុគ្គលថោកទាប តើដូចម្តេច បពិត្រកោណ្ឌញ្ញៈ សូមលោកប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ។
[៥៨៩] (សរភង្គតាបស…) បុគ្គលអត់ធន់នូវពាក្យរបស់បុគ្គលដ៏ប្រសើរ ព្រោះសេចក្តីខ្លាច ឯបុគ្គលអត់ធន់នូវពាក្យរបស់បុគ្គលស្មើៗ គ្នា ព្រោះហេតុនៃការប្រណាំងប្រជែង ចំណែកបុគ្គលណា ក្នុងលោកនេះ អត់ធន់នូវពាក្យរបស់បុគ្គលថោកទាបបាន សប្បុរសទាំងឡាយ ពោលនូវសេចក្តីអត់ធន់នុ៎ះ (របស់បុគ្គលនោះ) ថាជាគុណជាតិដ៏ខ្ពង់ខ្ពស់។
[៥៩០] ធ្វើដូចម្តេច បុគ្គលគប្បីដឹងច្បាស់នូវបុគ្គលប្រសើរជាង ឬបុគ្គលស្មើៗ គ្នា ឬក៏បុគ្គលថោកទាប ដែលមានសភាពបិទបាំងដោយឥរិយាបថ ៤ បាន សប្បុរសទាំងឡាយ តែងប្រព្រឹត្តតាមរូបនៃបុគ្គលផ្សេងៗ គ្នា ព្រោះហេតុនោះ បុគ្គលគួរអត់ធន់នូវពាក្យរបស់បុគ្គលទាំងពួង។
[៥៩១] សប្បុរសអ្នកមានខន្តី គប្បីបាននូវសេចក្តីចំរើនណា សេនាធំព្រមដោយព្រះរាជា កាលច្បាំងគ្នា មិនគប្បីបាននូវសេចក្តីចំរើននុ៎ះទេ ពៀរទាំងឡាយរបស់បុគ្គលអ្នកមានខន្តីជាកំឡាំង រមែងស្ងប់រម្ងាប់បាន។
[៥៩២] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិតរបស់លោកហើយ សូមសួរប្រស្នាដទៃនឹងលោកទៀត សូមលោកពោលប្រស្នានោះ ដូចយ៉ាងព្រះបាទទណ្ឌកី ព្រះបាទនាលិកីរៈ ព្រះបាទអជ្ជុនៈ និងព្រះបាទកលាពុ សូមលោកបា្រប់នូវគតិរបស់ស្តេចទាំងនោះ ដែលមានបាបកម្មដ៏ធ្ងន់ តើព្រះរាជាទាំងនោះ ជាអ្នកបៀតបៀននូវឥសីទាំងឡាយ ទៅកើតក្នុងទីណា។
[៥៩៣] (សរភង្គតាបស…) ព្រះបាទទណ្ឌកី ព្រមទាំងជន ទាំងអ្នកដែន បានស្តោះដាក់តាបសឈ្មោះកីសវច្ឆៈ ព្រះអង្គមានមូលដាច់ហើយ ឆេះក្នុងនរកឈ្មោះកុក្កូលៈ រងើកភ្លើងទាំងឡាយធ្លាក់មិនដាច់ លើកាយនៃព្រះអង្គ។ ព្រះបាទនាលិកីរៈណា បានបៀតបៀនបព្វជិតទាំងឡាយ ជាអ្នកសង្រួម ជាអ្នករម្ងាប់បាប មិនប្រទូស្ត កំពុងសំដែងធម៌ ឆ្កែទាំងឡាយចោមខាំស៊ីនូវព្រះបាទនាលិកីរៈនោះ ឲ្យអន្ទះអន្ទែងក្នុងបរលោក។ ឯព្រះបាទអជ្ជុនៈ មានព្រះសិរចុះក្រោម មានព្រះបាទឡើងលើ ធ្លាក់ក្នុងនរកឈ្មោះសត្តិសូលៈ ព្រោះតែបៀតបៀននូវឥសីឈ្មោះអង្គីរសៈ ជាគោតមគោត្រ ជាអ្នកអត់ធន់ មានតបៈ ប្រព្រឹត្តធម៌ដ៏ប្រសើរអស់កាលយូរ។ ព្រះបាទកលាពុណា បានកាត់ឲ្យជាកំណាត់តូច និងកំណាត់ធំ នូវបព្វជិតដែលពោលនូវខន្តិ ជាអ្នករម្ងាប់បាប ជាអ្នកមិនប្រទូស្ត ព្រះបាទកលាពុ (នោះ) ក៏កើតឆេះនៅក្នុងនរកឈ្មោះអវីចិ មានកំដៅដ៏ខ្លាំង មានវេទនាដ៏ផ្សាក្តៅ ជាទីគួរខ្លាច។ បណ្ឌិតបានឮនូវនរកទាំងឡាយនេះផង នូវនរកទាំងឡាយដទៃ ដ៏លាមកលើសជាងនរកនេះផង គួរប្រព្រឹត្តធម៌ក្នុងសមណព្រាហ្មណ៍ទាំងឡាយ លុះធ្វើយ៉ាងនេះហើយ រមែងកើតក្នុងឋានសួគ៌។
[៥៩៤] (សក្កទេវរាជ…) ខ្ញុំត្រេកអរនឹងសុភាសិតរបស់លោកម្ចាស់ហើយ សូមសួរនូវប្រស្នាដទៃ ចំពោះលោកម្ចាស់ទៀត សូមលោកម្ចាស់ប្រាប់នូវប្រស្នានោះ បណ្ឌិតទាំងឡាយពោលនូវបុគ្គលបែបដូចម្តេច ថាជាអ្នកមានសីល ពោលនូវបុគ្គលបែបដូចម្តេច ថាជាអ្នកមានប្រាជ្ញា ពោលនូវបុគ្គលបែបដូចម្តេច ថាជាសប្បុរស សិរីមិនលះបង់នូវបុគ្គលបែបដូចម្តេច។
[៥៩៥] (សរភង្គតាបស…) បុគ្គលណាក្នុងលោកនេះ ជាអ្នកសង្រួមដោយកាយ ដោយវាចា ទាំងមិនធ្វើនូវបាបតិចតួចដោយចិត្ត មិនពោលពាក្យឡេះឡោះ ព្រោះហេតុនៃខ្លួន បណ្ឌិតទាំងឡាយ ពោលនូវបុគ្គលបែបនោះ ថាជាអ្នកមានសីល។ បុគ្គលណា កាលគិតនូវប្រស្នាដ៏ជ្រាលជ្រៅដោយចិត្ត ហើយមិនធ្វើនូវអំពើអាក្រក់ ដែលកន្លងនូវប្រយោជន៍ មិនលះបង់នូវចំណែកនៃប្រយោជន៍ ដែលមកក្នុងកាលគួរ បណ្ឌិតទាំងឡាយ ពោលនូវបុគ្គលបែបនោះ ថាជាអ្នកមានបញ្ញា។ បុគ្គលណា ជាកតញ្ញូកតវេទី មានប្រាជ្ញា មានមិត្រល្អ មានការសេពគប់មាំ ធ្វើនូវកិច្ចដោយគោរព ចំពោះបុគ្គលអ្នកដល់នូវសេចក្តីទុក្ខ បណ្ឌិតទាំងឡាយ ពោលនូវបុគ្គលបែបនោះ ថាជាអ្នកសប្បុរស។ បុគ្គលណា ជាអ្នកប្រកបដោយគុណទាំងពួងនេះ ជាអ្នកមានសទ្ធា មានចិត្តទន់ ជាអ្នកចែករំលែក ជាអ្នកដឹងនូវពាក្យ (របស់ស្មូម) សិរីមិនលះបង់នូវបុគ្គលជាអ្នកសង្រ្គោះ មានវាចាពីរោះ មានវាចា មដ្ឋចត់បែបនោះទេ។
[៥៩៦] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិតរបស់លោកហើយ សូមសួរនូវប្រស្នាដទៃនឹងលោកទៀត សូមលោកម្ចាស់ប្រាប់នូវប្រស្នានោះ បណ្ឌិតទាំងឡាយ ពោលនូវសីលផង សិរីផង ធម៌របស់សប្បុរសផង ប្រាជ្ញាផង តើគុណជាតិណាប្រសើរបំផុត។
[៥៩៧] (សរភង្គតាបស…) អ្នកឈ្លាសវៃទាំងឡាយ ពោលថាប្រាជ្ញាជាគុណជាតិប្រសើរបំផុត ដូចស្តេចនៃផ្កាយ (ព្រះចន្រ្ទ) ដ៏ប្រសើរជាងផ្កាយទាំងឡាយ ទុកជាសីលក្តី សិរីក្តី ធម៌របស់សប្បុរសក្តី ក៏ប្រព្រឹត្តទៅតាមបុគ្គលអ្នកមានប្រាជ្ញា។
[៥៩៨] (សក្កទេវរាជ…) ខ្ញុំរីករាយនឹងសុភាសិតរបស់លោកហើយ សូមសួរប្រស្នាដទៃនឹងលោកទៀត សូមលោកប្រាប់ប្រស្នានោះ បុគ្គលក្នុងលោកនេះ ធ្វើដូចម្តេច ធ្វើការងារអ្វី ប្រព្រឹត្តដូចម្តេច សេពនូវអ្វី ទើបបាននូវប្រាជ្ញា សូមលោកម្ចាស់ ប្រាប់នូវបដិបទានៃប្រាជ្ញាក្នុងកាលឥឡូវនេះ បុគ្គលធ្វើដូចម្តេច ទើបជាអ្នកមានប្រាជ្ញា។
[៥៩៩] (សរភង្គតាបស…) បុគ្គលគប្បីសេពគប់នូវពួកអ្នកចំរើន (ដោយប្រាជ្ញា) អាចដឹងនូវហេតុដ៏ល្អិត ជាពហុស្សូត គប្បីជាអ្នករៀនផង ជាអ្នកសាកសួរផង គប្បីស្តាប់នូវសុភាសិតទាំងឡាយដោយគោរពផង បុគ្គលធ្វើយ៉ាងនេះ ទើបជាអ្នកមានប្រាជ្ញា។ បុគ្គលជាអ្នកប្រាជ្ញនោះ ឃើញច្បាស់នូវកាមគុណទាំងឡាយ ថាមិនទៀង ថាជាទុក្ខ ថាជារោគ បុគ្គលឃើញច្បាស់យ៉ាងនេះ ទើបលះបង់នូវឆន្ទៈ ក្នុងកាមទាំងឡាយ ដែលជាទុក្ខ ជាភ័យធំបាន។ បុគ្គលនោះ ប្រាសចាករាគៈ កំចាត់បង់នូវទោសៈហើយ គប្បីចំរើននូវមេត្តចិត្ត រកប្រមាណមិនបាន ដាក់ចុះនូវអាជ្ញា ក្នុងសត្វទាំងពួង ជាអ្នក គឺបុគ្គលណាមួយតិះដៀលមិនបាន រមែងទៅកើតក្នុងឋានព្រហ្ម។
[៦០០] បពិត្រព្រះបាទអដ្ឋកៈ ការយាងមកនៃព្រះអង្គផង នៃព្រះបាទភីមរថៈផង នៃព្រះបាទកាលិង្គៈ ដែលមានតេជានុភាពដ៏រុងរឿងផង ជាព្រះរាជដំណើរមានឫទ្ធិដ៏ច្រើន (ព្រោះ) កាមរាគនៃព្រះអង្គទាំងអស់ បានលះបង់ហើយ។
[៦០១] (ព្រះរាជាទាំង ៣ ព្រះអង្គ ទ្រង់សរសើរថា) លោកម្ចាស់បានដឹងច្បាស់នូវចិត្តរបស់បុគ្គលដទៃនុ៎ះយ៉ាងនេះឯង ឯកាមរាគ យើងខ្ញុំទាំងអស់គ្នាបានលះហើយ សូមលោកម្ចាស់ធ្វើឱកាស ដើម្បីអនុគ្រោះ (បព្វជ្ជា) ឲ្យយើងខ្ញុំបានដល់នូវគតិរបស់លោក។
[៦០២] (សរភង្គតាបស…) អាត្មាភាពធ្វើឱកាសដើម្បីអនុគ្រោះ ព្រោះថា មហារាជទាំងឡាយបានលះបង់នូវកាមរាគ ដោយប្រការដូច្នោះមែន មហារាជទាំងឡាយ ចូរញ៉ាំងកាយ ឲ្យជ្រួតជ្រាបដោយបីតិដ៏កើត (អំពីឈាន) ដ៏ធំទូលាយ ឲ្យមហារាជទាំងឡាយបានដល់នូវគតិរបស់អាត្មាភាព។
[៦០៣] (ព្រះរាជាទាំង ៣ ព្រះអង្គ…) បពិត្រលោក អ្នកមានប្រាជ្ញាដូចផែនដី លោកម្ចាស់ពោលពាក្យណាៗ យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោកទាំងអស់នោះៗ យើងខ្ញុំនឹងញ៉ាំងកាយឲ្យជ្រួតជ្រាបដោយបីតិដ៏ធំទូលាយ ឲ្យយើងខ្ញុំបានដល់នូវគតិរបស់លោក។
[៦០៤] (សរភង្គតាបស…) ការបូជានេះ ពួកឥសីបានធ្វើហើយ ដល់ឥសីឈ្មោះកីសវច្ឆៈ ឥសីទាំងឡាយដ៏ចំរើន មានសភាពល្អ ចូរទៅចុះ អ្នកទាំងឡាយ ចូរត្រេកអរក្នុងឈាន មានចិត្តតាំងមាំសព្វៗកាលចុះ នេះជាសេចក្តីត្រេកអរដ៏ប្រសើររបស់បព្វជិត។
[៦០៥] (អភិសម្ពុទ្ធគាថា) ទេវតាទាំងឡាយនោះ មានយស បានស្តាប់នូវគាថាទាំងឡាយដ៏ប្រកបដោយប្រយោជន៍ដ៏ក្រៃលែង ដែលឥសីជាបណ្ឌិត ពោលល្អហើយ ជាអ្នកបានចេះដឹងហើយ អនុមោទនា ចៀសចេញទៅកាន់ទេវបុរី។ គាថាទាំងឡាយនេះ មានអត្ថ មានព្យញ្ជនៈដ៏បរិសុទ្ធ ដែលឥសីជាបណ្ឌិតពោលល្អហើយ បុគ្គលឯណានីមួយ ស្តាប់គាថាទាំងឡាយនេះ ធ្វើខ្លួនឲ្យមានប្រយោជន៍ រមែងបាននូវគុណវិសេសខាងដើម និងខាងចុង លុះបានគុណវិសេស ខាងដើម និងខាងចុងហើយ គប្បីដល់នូវព្រះនិព្វាន ជាគុណមិនឃើញនូវមច្ចុរាជ។
[៦០៦] (ទ្រង់ប្រជុំជាតកថា) សាលិស្សរតាបស គឺសារីបុត្រ មេណ្ឌិស្សរតាបស គឺកស្សប បព្វតតាបស គឺអនុរុទ្ធ ទេវិលតាបស គឺកច្ចាយនៈ អនុសិស្សតាបស គឺអានន្ទ កីសវច្ឆតាបស គឺកោលិតៈ នារទតាបស គឺឧទាយិត្ថេរ បរិស័ទ (របស់ពួកតាបស) គឺពុទ្ធបរិស័ទ សរភង្គតាបស ជាពោធិសត្វ គឺតថាគត អ្នកទាំងឡាយ ចូរចាំទុកនូវជាតកយ៉ាងនេះចុះ។
ចប់ សរភង្គជាតក ទី២។
(៥២៣. អលម្ពុសាជាតកំ (៣))
[៦០៧] (អភិសម្ពុទ្ធគាថា) គ្រានោះ ព្រះឥន្ទ្រជាធំ គ្របសង្កត់នូវអសុរឈ្មោះវត្រៈ ទ្រង់ជាបិតារបស់ទេវបុត្រ អ្នកឈ្នះ (សង្គ្រាម) ទ្រង់ឈ្វេងយល់នូវនាងទេវកញ្ញាឈ្មោះអលម្ពុសា ដែលនៅក្នុងរោងឈ្មោះធម្មសភា ហើយបានត្រាស់ថា
[៦០៨] ម្នាលនាង (អ្នកធ្វើបុរស) ឲ្យច្រឡូកច្រឡំ (ដោយកិលេស) ទេវតាទាំងឡាយ ក្នុងជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្រ អង្វរនាង ម្នាលនាងអលម្ពុសា ជាស្រ្តីលួងលោមនូវឥសី ចូរនាងទៅរកព្រះឥសីសិង្គៈ។14)
[៦០៩] តាបសនេះ មានវ័ត មានព្រហ្មចរិយធម៌ ត្រេកអរក្រៃលែងក្នុងព្រះនិព្វាន ជាអ្នកចំរើន (ដោយគុណ) កុំឲ្យលោកប្រព្រឹត្តកន្លងនូវយើងទាំងឡាយបានមុន នាងចូរបិទផ្លូវទាំងឡាយរបស់លោក។
[៦១០] (នាងអលម្ពុសា…) បពិត្រទេវរាជ ហេតុអ្វីព្រះអង្គធ្វើយ៉ាងនេះ ព្រះអង្គឃើញខ្ញុំម្ចាស់ហើយក៏ត្រាស់ថា ម្នាលនាង ជាស្រីលួងលោមឥសី នាងចូរទៅចុះ ដូច្នេះ ដ្បិតស្រីអប្សរទាំងឡាយដទៃប្រហែលនឹងខ្ញុំម្ចាស់ ទាំងប្រសើរជាងខ្ញុំមា្ចស់ ក៏មាន ក្នុងព្រៃដែលមិនមានសេចក្តីសោក មានតែសេចក្តីរីករាយ សូមផ្លាស់ឲ្យស្រីទេពអប្សរទាំងឡាយនោះទៅវិញ ស្រីអប្សរ ជាអ្នកអាចលួងលោមទាំងនោះ ចូរទៅចុះ។
[៦១១] (សក្កទេវរាជ…) នាងពោលនូវពាក្យពិតមែន ឯស្រីអប្សរទាំងឡាយដទៃ ប្រហែលដូចនាង ទាំងប្រសើរជាងនាង ក៏មានក្នុងព្រៃ មិនមានសេចក្តីសោក មានតែសេចក្តីរីករាយ។ ម្នាលនារី មានអវយវៈទាំងពួងដ៏ល្អ នាងដឹងនូវការផ្គាប់ (ប្រុស) ប្រាកដ យ៉ាងណា នាងទេពអប្សរទាំងឡាយនោះ ទៅដល់ប្រុសហើយ រមែងមិនដឹងនូវការផ្គាប់ យ៉ាងនោះទេ។ ម្នាលនាងកល្យាណី នាងឯងចូរទៅចុះ ព្រោះថា នាងជាស្រី្តប្រសើរជាងស្រី្តទាំងឡាយ នាងនឹងញ៉ាំង (តាបស) ឲ្យលុះអំណាចដោយវណ្ណៈ និងរូបរបស់នាង។
[៦១២] (នាងអលម្ពុសា…) ខ្ញុំម្ចាស់ដែលព្រះអង្គជាទេវរាជទ្រង់ប្រើហើយ នឹងខានទៅមិនបាន ប៉ុន្តែខ្ញុំម្ចាស់ខ្លាចចំពោះឥសីសិង្គៈនោះតេ្រកអរ ព្រោះថា ឥសីសិង្គនោះ ជាព្រាហ្មណ៍ មានតេជះខ្ពង់ខ្ពស់។ ជនទាំងឡាយច្រើននាក់ ញ៉ាំងឥសីឲ្យត្រេកអរ ហើយទៅកាន់នគរ បានដល់នូវការអន្ទោលវែងឆ្ងាយ ព្រោះសេចក្តីវង្វេង ហេតុនោះទើបខ្ញុំម្ចាស់ព្រឺរោម។
[៦១៣] (អភិសម្ពុទ្ធគាថា) ស្រីអប្សរឈ្មោះអលម្ពុសា មានវណ្ណៈគួរប្រាថ្នា ជាស្រីញ៉ាំងបុរសឲ្យច្រឡូកច្រឡំ ប្រាថ្នាញ៉ាំងឥសីសិង្គៈឲ្យច្រឡូកច្រឡំ (ដោយកិលេស) លុះពោលនូវពាក្យនេះហើយ ក៏ចៀសចេញទៅ។ នាងអលម្ពុសានោះ ចូលទៅកាន់ព្រៃដែលឥសីសិង្គៈរក្សាហើយនោះ ជាព្រៃដេរដាសដោយវល្លិ៍បាសក្រហមមានទំហំកន្លះយោជន៍ដោយជុំវិញ។ នាងចូលទៅរកឥសីសិង្គៈ ដែលកំពុងបោសរោងភ្លើង ជិតសម័យជាទីរះឡើងនៃព្រះអាទិត្យ ក្នុងវេលាមុនបរិភោគអាហារ ក្នុងពេលព្រឹកព្រហាម។
[៦១៤] (ឥសីសិង្គៈ…) នាងជាអ្វី មានគ្រឿងប្រដាប់ដៃដ៏វិចិត្រ ពាក់កុណ្ឌលជាវិការៈនៃកែវមណី ភ្លឺដូចផ្លេកបន្ទោរ ឬដូចផ្កាយព្រឹក។ នាងមានសម្បុរប្រហែលពណ៌នៃព្រះអាទិត្យ មានក្លិនក្រអូបដូចខ្លឹមចន្ទន៍ក្រហម មានភ្លៅមូលល្អ មានមាយាច្រើន ជាកុមារីមានលំអគួរមើល។ ជើងទាំងឡាយរបស់នាង មិនខូងកណ្តាល ជាជើងទន់ល្មើយ ស្អាត ជាន់ស៊ប់ល្អ ជើងទាំងពីរនោះ កាលដើរទៅ គួរឲ្យប្រាថ្នា ដឹកនាំនូវចិត្តរបស់អាត្មាបាន។ ភ្លៅទាំងឡាយរបស់នាង រៀវជាលំដាប់ ប្រៀបស្មើដោយប្រមោយដំរី ត្រគាករបស់នាងសាយ ដូចជាផែននៃមាស។ ផ្ចិតរបស់នាងស្និទ្ធល្អពេញ ដូចបណ្តូលផ្កាឧប្បល ប្រាកដអំពីចម្ងាយដូចជាផ្កាអញ្ជ័នដ៏ខៀវ។ ដោះទាំងពីរ កើតឰដ៏ទ្រូង ជាដោះមិនមានទង លៀនចេញល្អ ទ្រទ្រង់នូវទឹកដោះ មិនធ្លាក់យារ (ដោះក្បំ) បា្រកដស្មើដោយផ្លែឃ្លោកពាក់កណ្តាល។ ក (របស់នាង) ប្រហែលដម្បារមាស វែងដូចកទ្រាយ បបូរមាត់ល្អ ដូចជាចិត្តជាគំរប់ ៤ គឺអណ្តាត។ ធ្មេញទាំងឡាយរបស់នាង មិនមានទោស ជាធ្មេញដុះស្មើទាំងពីរខាង ទាំងខាងលើ ទាំងខាងក្រោម ដែលជំរះហើយដោយឈើស្ទន់ ជាធ្មេញគួររមិលមើលក្រៃពេក។ ភ្នែកទាំងឡាយរបស់នាងដ៏ខ្មៅ មានចុងក្រហម ប្រហែលដោយផ្លែទំពាំងបាយជូរ ដ៏វែងទូលាយ ជាភ្នែកគួររមិលមើលក្រៃពេក។ សក់ទាំងឡាយរបស់នាង ដែលដុះលើក្បាលមិនវែងពេក ជាសក់រលើប ដែលសិតដោយក្រាសមាស ក្រអូបសាយដោយក្លិននៃខ្លឹមចន្ទន៍។ ការភ្ជួររាស់ និងការរក្សាគោ (នៃជនទាំងឡាយណា) ក្តី គតិណានៃពាណិជទាំងឡាយក្តី សេចក្តីព្យាយាម (ណា) នៃឥសីទាំងឡាយអ្នកសង្រួម អ្នកមានតបៈក្តី កាលប្រព្រឹត្តទៅ អាត្មាមិនឃើញនូវជនទាំងនោះ លើមណ្ឌលនៃផែនដីនេះ ឲ្យសមស្មើ (នឹងនាង) អ្នកជាអ្វី ជាកូននៃអ្នកណា យើងនឹងដឹងនូវអ្នកដូចម្តេចបាន។
[៦១៥] (នាងអលម្ពុសា…) បពិត្រកស្សបដ៏ចំរើន កាលបើចិត្តរបស់លោកប្រព្រឹត្តទៅហើយយ៉ាងនេះ កាលនេះមិនមែនជាកាលនៃប្រស្នាទេ នែសំឡាញ់ លោកចូរមក យើងទាំងពីរនាក់នឹងត្រេកត្រអាលក្នុងអាស្រមរបស់យើង លោកចូរមក ខ្ញុំនឹងឱបលោក ចូរលោកជាអ្នកឈ្លាសក្នុងសេចក្តីត្រេកអរ។
[៦១៦] (អភិសម្ពុទ្ធគាថា) ស្រីអប្សរឈ្មោះអលម្ពុសា មានវណ្ណៈគួរប្រាថ្នា ជាស្រីធ្វើបុរសឲ្យច្រឡូកច្រឡំ កាលប្រាថ្នានឹងញ៉ាំងឥសីសិង្គៈឲ្យច្រឡូកច្រឡំ (ដោយកិលេស) លុះពោលពាក្យនេះហើយ ក៏ចៀសចេញទៅ។
[៦១៧] ឯឥសីសិង្គៈនោះ ក៏ផ្តាច់បង់នូវសេចក្តីខ្នះខ្នែងដ៏យឺត ហើយស្ទុះទៅដោយប្រញាប់ប្រញាល់ ដល់ហើយ ក៏ស្ទាបអង្អែលនាងអលម្ពុសានោះ ឰដ៏ភ្នួងសក់ដ៏ឧត្តម។ នាងកល្យាណី មានលំអដ៏ល្អ ងាកមកឱបរឹតតាបសនោះដែរ តាបសនោះ ឃ្លាតចាកព្រហ្មចារ្យនោះ ព្រោះលោកត្រេកត្រអាលចំពោះនាង ក្នុងកាលនោះ (ដូចចំណងដែលសក្កទេវរាជប្រាថ្នាហើយនោះ)។ នាងក៏នឹកដល់ព្រះឥន្ទ្រ ដែលកំពុងប្រថាប់នៅក្នុងនន្ទនវ័ន ឯឃវាទេវកុញ្ជរ ក៏ជ្រាបនូវសេចក្តីត្រិះរិះរបស់នាងហើយ ទ្រង់បញ្ជូនបល្ល័ង្កមាស មានទាំងបរិវារ មានទាំងសំពត់សម្រាប់គ្របបិទទ្រូង ៥០ មានទាំងកម្រាល ១០០ ដ៏ឆាប់ នាងល្អ ក៏ផ្តេកនូវតាបសនោះលើទ្រូង លើបល្ល័ង្កទិព្វនោះ។ នាងអលម្ពុសា ផ្តេកតាបសនោះទុកអស់ ៣ ឆ្នាំ ហាក់ដូចជាមួយរំពេច ព្រាហ្មណ៍ (ដេកលើទូ្រងនាងអលម្ពុសា) អស់ ៣ ឆ្នាំ ក៏បាត់សន្លប់ភ្ងាឡើងវិញ។ បានឃើញពួកឈើមានស្លឹកខៀវ (ដុះព័ទ្ធ) រោងភ្លើងជុំវិញ និងព្រៃដ៏ដេរដាសដោយស្លឹកថ្មីៗ មានផ្ការីក ដ៏គឹកកង ដោយពួកតាវ៉ៅ។ តាបសក្រឡេកមើលឃើញច្បាស់ជុំវិញហើយ ក៏យំសម្រក់ទឹកភ្នែកថា អាត្មាអញមិនបូជាភ្លើង មិនរាយមន្ត ការបូជាភ្លើងក៏សាបសូន្យអស់។ បុគ្គលណាហ្ន៎ លួងលោមចិត្តរបស់អាត្មាអញ ដោយការផ្គាប់ក្នុងកាលមុន កាលអាត្មាអញនៅក្នុងព្រៃ បុគ្គលណាញ៉ាំងឈានគុណ ដែលកើតព្រមដោយតេជានុភាពរបស់អាត្មាអញឲ្យវិនាស ដូចជាបុគ្គលញ៉ាំងទូកដ៏ពេញដោយកែវផ្សេងៗ ឲ្យវិនាសក្នុងសមុទ្រ បុគ្គលនោះឈ្មោះអ្វីហ្ន៎។
[៦១៨] (នាងអលម្ពុសា…) ខ្ញុំដែលទេវរាជត្រាស់ប្រើមក ដើម្បីផ្គាប់លោក បានសម្លាប់ចិត្ត (របស់លោក) ដោយចិត្ត (របស់ខ្ញុំ) លោកមិនជ្រាប ព្រោះតែសេចក្តីធ្វេសប្រហែស។
[៦១៩] (តាបស…) បានស្តាប់មកថា កស្សបជាបិតា បានប្រៀនប្រដៅនូវពាក្យទាំងនេះចំពោះអាត្មាអញថា នែមាណព ស្រី្តទាំងឡាយប្រាកដស្មើដោយផ្កានារីផល អ្នកគប្បីស្គាល់នូវស្ត្រីទាំងឡាយនោះចុះ។ នែមាណព អ្នកគប្បីស្គាល់នូវស្រី្តទាំងឡាយដែលមានបូសពីរឰដ៏ទ្រូង អ្នកគប្បីស្គាល់ថា ស្រ្តីទាំងឡាយនោះ បិតាទំនុកបម្រុងអាត្មាអញ យ៉ាងណា ក៏ប្រៀនប្រដៅអាត្មាអញយ៉ាងនោះ ដោយប្រការដូច្នោះ។ តែអាត្មាអញមិនបានធ្វើតាមពាក្យប្រដៅរបស់បិតាជាអ្នកចំរើនដោយគុណសម្បត្តិនោះឡើយ ថ្ងៃនេះអាត្មាអញតែម្នាក់ឯង សញ្ជប់សញ្ជឹងក្នុងព្រៃដែលមិនមានមនុស្ស។ ថ្វឺយ ជិវិតរបស់អញ គួរតិះដៀល អញនឹងធ្វើយ៉ាងនោះវិញ តែបើអញជាបុគ្គលមានឈានប្រាកដដូច្នោះទៀត សេចក្តីស្លាប់ នឹងមានដល់អញ។
[៦២០] (អភិសម្ពុទ្ធគាថា) នាងអលម្ពុសា លុះដឹងនូវតេជះ នូវសេចក្តីព្យាយាម និងប្រាជ្ញាដ៏ខ្ជាប់ខ្ជួន របស់ឥសីសិង្គៈនោះហើយ ក៏ឱនក្បាលទៀបជើងឥសីសិង្គៈ ពោលថា បពិត្រលោក អ្នកមានព្យាយាមធំ សូមលោកកុំខ្ញាល់នឹងខ្ញុំ បពិត្រមហាឥសី សូមលោកកុំខ្ញាល់នឹងខ្ញុំ ដ្បិតប្រយោជន៍ដ៏ធំ ខ្ញុំបានប្រព្រឹត្តហើយ ដើម្បីទេវតាទាំងឡាយជាន់តាវត្តិង្ស ជាអ្នកមានយស ឯទេវបុរីទាំងមូល លោកបានឲ្យកំរើកញាប់ញ័រហើយ ក្នុងកាលនោះ។
[៦២១] (ឥសីសិង្គៈ…) ម្នាលនាងដ៏ចំរើន ទេវតាទាំងឡាយក្នុងជាន់តាវត្តិង្សក្តី ព្រះវាសវៈ (ជាឥស្សរៈ) របស់ទេវតាទាំងឡាយជាន់តាវត្តិង្សក្តី ខ្លួននាងក្តី ចូរមានសេចក្តីសុខចុះ ម្នាលនាងកញ្ញា នាងចូរទៅតាមសប្បាយចុះ។
[៦២២] នាងអលម្ពុសា ឱនក្បាលទៀបជើងនៃតាបស រួចធ្វើប្រទក្សិណតាបសនោះ ប្រណម្យអញ្ជលី ហើយចៀសចេញទៅចាកទីនោះ។ បល្ល័ង្កមាសណា ដែលមានទាំងបរិវារ មានទាំងសំពត់សំរាប់គ្របបិទទ្រូង ៥០ មានទាំងកម្រាល ១០០០ របស់នាង នាងក៏ឡើងកាន់បល្ល័ង្កមាសនោះ ហើយទៅក្នុងសំណាក់នៃទេវតាទាំងឡាយ។ សក្កទេវិន្ទទ្រង់មានបីតិសោមនស្សរីករាយព្រះទ័យ ចំពោះនាងអលម្ពុសានោះ ដែលមកដូចកោះ រុងរឿងដូចផ្លេកបន្ទោរ ហើយប្រទានពរ។
[៦២៣] (នាងអលម្ពុសា…) បពិត្រសក្កទេវរាជ ជាឥស្សរៈជាងភូតទាំងពួង បើព្រះអង្គប្រទានពរដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់សូមកុំបានទៅប្រលោមលួងលោមឥសីទៀត បពិត្រសក្កទេវរាជ ខ្ញុំម្ចាស់សូមពរនេះ។
ចប់ អលម្ពុសាជាតក ទី៣។
(៥២៤. សង្ខបាលជាតកំ (៤))
[៦២៤] (ព្រះបាទពារាណសីត្រាស់សួរថា) លោកជាអ្នកមានឱកាសនៃសរីរៈដ៏ប្រសើរ មានព្រះនេត្រថ្លា ខ្ញុំសំគាល់ថា លោកដ៏ចំរើន ជាអ្នកចេញចាកត្រកូល ហើយបួស ចុះលោកអ្នកមានប្រាជ្ញា លះបង់នូវទ្រព្យ និងភោគៈទាំងឡាយ ចេញចាកផ្ទះហើយបួស តើដោយហេតុដូចម្តេច។
[៦២៥] (អាឡារតាបស ថ្វាយព្រះពរថា) បពិត្រព្រះរាជា ជានរទេព អាត្មាភាពជាអ្នកបួសដោយសទ្ធា ព្រោះបានឃើញវិមានរបស់ពស់ធំ (នាគ) ដែលមានអានុភាពច្រើន ដោយខ្លួនឯងផង ព្រោះបានឃើញផលដ៏ធំ នៃបុណ្យទាំងឡាយផង។
[៦២៦] (ព្រះរាជា…) បព្វជិតទាំងឡាយ មិនពោលនូវវាចាកុហកព្រោះប្រាថ្នាកាម ព្រោះខ្លាច ព្រោះទោសៈទេ ខ្ញុំសួរហើយ សូមលោកប្រាប់សេចក្តីនុ៎ះ សេចក្តីជ្រះថ្លានឹងកើតដល់ខ្ញុំព្រោះស្តាប់។
[៦២៧] (អាឡារតាបស…) បពិត្រព្រះអង្គជាធំក្នុងដែន អាត្មាភាព កាលនៅ (ជាគ្រហស្ថ) កំពុងដើរទៅដោយបំណងថា (អញនឹងធ្វើ) នូវជំនួញ ក៏បានឃើញនូវពួកភោជបុត្រ15) ក្នុងផ្លូវ សែងពស់ដ៏ធំ មានកាយធាត់ កំពុងសប្បាយរីករាយដើរ។ បពិត្រព្រះអង្គជាធំជាងជន លុះអាត្មាភាពនោះ មកជួបនឹងពួកភោជបុត្រទាំងនោះហើយ ក៏ព្រឺរោមខ្លាច ហើយសួរថា ម្នាលពួកភោជបុត្រ នាគនេះ មានកាយគួរខ្លាច តើអ្នកទាំងឡាយនាំទៅក្នុងទីណា អ្នកទាំងឡាយ នឹងយកនាគនេះទៅធ្វើអ្វី។
(ពួកភោជបុត្រប្រាប់ថា) នាគដ៏ធំ ជាសត្វទៅដោយទ្រូង មានកាយដ៏ធាត់នេះ យើងយកទៅបរិភោគ (ព្រោះ) សាច់វា មានរសឆ្ងាញ់ផង ក្រាស់ផង ទន់ផង នែកូនអ្នកស្រុកវិទេហៈ អ្នកមិនដឹងនូវរសទេឬ។ ពួកយើងចេញអំពីទីនេះ ទៅកាន់លំនៅរបស់ខ្លួន ហើយយកកាំបិតចិញ្ច្រាំសាច់ទាំងឡាយ ហើយបរិភោគរីករាយសប្បាយ ព្រោះថា ពួកយើងជាសត្រូវចំពោះនាគទាំងឡាយ។
(អាត្មាភាព ពោលថា) ពស់ដ៏ធំនេះ ជាសត្វទៅដោយទ្រូង មានកាយដ៏ធាត់ ប្រសិនបើអ្នកទាំងឡាយ យកនាគនេះទៅបរិភោគ យើងនឹងឲ្យគោបម្រើ ១៦ ដល់អ្នកទាំងឡាយជំនួសនាគ អ្នកទាំងឡាយចូរស្រាយនាគនេះអំពីចំណងចុះ។
(ពួកភោជបុត្រពោលថា…) ពស់នេះជាអាហារជាទីពេញចិត្តរបស់ពួកយើងណាស់ តែពស់ជាច្រើន ពួកយើងធ្លាប់បរិភោគហើយ បពិត្រអាឡារៈ ពួកយើងនឹងធ្វើតាមពាក្យរបស់អ្នកនោះ នែកូនអ្នកស្រុកវិទេហៈ អ្នកចូរជាមិត្ររបស់យើងទាំងឡាយ។
ពួកភោជបុត្រទាំងនោះ ក៏ស្រាយនាគរាជនោះអំពីចំណង (ដែលគេដោតចូល) ទៅតាមច្រមុះ ហើយបញ្ចូលទៅក្នុងអន្ទាក់ ឯនាគរាជនោះ លុះរួចអំពីចំណងហើយ ក៏មានមុខឆ្ពោះទៅកាន់បាចីនទិស ចៀសចេញទៅមួយរំពេច។ នាគរាជនោះ មានមុខឆ្ពោះទៅកាន់បាចីនទិស លូនទៅមួយរំពេច មានភ្នែកពេញដោយទឹកភ្នែក ហើយសំឡឹងមើលអាត្មាភាព កាលនោះ អាត្មាភាព បានដើរទៅតាមក្រោយនៃនាគនោះ ហើយផ្គងម្រាមទាំង ១០ (ពោលថា) អ្នកចូរប្រញាប់ទៅចុះ កុំឲ្យពួកសត្រូវចាប់អ្នកទៀត ព្រោះថា ការជួបប្រទះដោយព្រានទាំងឡាយម្តងទៀត រមែងនាំមកនូវសេចក្តីទុក្ខ អ្នកចូរទៅកាន់ទីដែលពួកភោជបុត្រមិនឃើញ។ នាគរាជនោះ បានទៅកាន់អន្លង់ទឹកដ៏ថ្លា មានពណ៌ខៀវ មានកំពង់ល្អគួររីករាយ ដ៏ទន់ទោរដោយជម្ពូព្រឹក្ស និងវេទិសាព្រឹក្ស ជាសត្វមិនមានភ័យ មានតែការរីករាយ ក៏ចូលទៅ (កាន់នាគពិភព)។ បពិត្រព្រះជនិន្ទ្រ នាគនោះ លុះចូលទៅកាន់ភពនាគនោះហើយ មិនយូរប៉ុន្មាន ក៏វិលមកប្រាកដ (ខាងមុខ) នៃអាត្មាភាព ដោយបរិវារជាទិព្វ ហើយបំរើអាត្មាភាព ហាក់ដូចកូនបំរើបិតា បានពោលនូវពាក្យត្រូវចិត្ត ស្រួលត្រចៀកថា បពិត្រអាឡារៈ លោកទុកដូចមាតា និងបិតារបស់ខ្ញុំ លោកប្រាដកស្មើដោយសាច់ខាងក្នុង គឺដួងហឫទ័យ ជាអ្នកឲ្យនូវជីវិត ជាសំឡាញ់ ម្យ៉ាងទៀត ខ្ញុំត្រឡប់បាននូវឫទ្ធិរបស់ខ្លួន បពិត្រអាឡារៈ សូមលោកមើលនិវេសនដ្ឋានរបស់ខ្ញុំ ភពនាគមានចំណីច្រើន មានបាយទឹកដ៏ច្រើន ដូចមសក្កសារ គឺទេពនគរ របស់វាសវទេវរាជដូច្នោះ។
[៦២៨] ពភនាគនោះ ប្រកបដោយភូមិភាគ ជាភូមិមិនមានក្រួស ទន់ល្អ មានស្មៅដ៏ទាប មិនមានធូលី ជាទីនាំមកនូវសេចក្តីជ្រះថ្លា ជាទីលះបង់នូវសេចក្តីសោកបាន។ (ក្នុងភពនាគនោះ មានស្រះបោក្ខរណី) មិនក្រហេងក្រហូង មានកែវពៃទូរ្យពណ៌ខៀវ មានសួនស្វាយ គួរជាទីរីករាយដោយប្រពៃ តាំងនៅក្នុងទិសទាំង ៤ (នៃស្រះបោក្ខរណី) ដើមស្វាយទាំងឡាយ ក្នុងអម្ពវ័ននោះ មានផ្លែទុំក៏មាន ផ្លែស្រគាលក៏មាន ផ្លែខ្ចីក៏មាន ក្តឹបក៏មាន ជាឈើមានផ្លែសព្វៗ រដូវ។
[៦២៩] បពិត្រព្រះនរទេព លំនៅជាវិការៈនៃមាស មានសន្ទះទ្វារជាវិការៈនៃប្រាក់ មានរស្មីផ្លេកៗ រុងរឿងក្រៃលែងក្នុងកណ្តាលនៃព្រៃឈើទាំងឡាយនោះ ដូចជាផ្លេកបន្ទោរឰដ៏អាកាស។ បពិត្រព្រះរាជា (ក្នុងប្រាសាទនោះ មានផ្ទះកំពូល និងល្វែង) ជាវិការៈនៃកែវមណី ទាំងជាវិការៈនៃមាស រុងរឿងដ៏វិចិត្រជាអនេក ដែលនិម្មិតល្អហើយរឿយៗ ពេញដោយពួកនាងកញ្ញា ដ៏ទ្រទ្រង់ដោយគ្រឿងប្រដាប់មាស។ សង្ខបាលនាគរាជនោះ មានសម្បុរមិនថោកទាប (បានចាប់ដៃអាត្មាភាព) មានសភាពរួសរាន់ ឡើងកាន់ប្រាសាទដែលមានសសរមួយពាន់ មានអានុភាពថ្លឹងមិនបាន ដែលជាទីនៅនៃភរិយា ជាមហេសីរបស់សង្ខបាលនាគរាជនោះ។ នាងនារីម្នាក់ មានសភាពរួសរាន់ កាន់យកនូវកែវមណីដ៏ស្អាត ប្រកបដោយកែវមណីដទៃ មានជាតិសុទ្ធ ជាស្រ្តីដែលនាគរាជនោះមិនបាច់តឿន ក៏ក្រាលនូវអាសនៈ ជាវិការៈនៃកែវពៃទូរ្យមានតម្លៃច្រើន។ លំដាប់នោះ នាគរាជចាប់ដៃអាត្មាភាព ឲ្យអង្គុយលើអាសនៈជាប្រមុខ (ពោលថា) នេះអាសនៈ សូមលោកដ៏ចំរើនអង្គុយលើអាសនៈនេះ ព្រោះថា បណ្តាបុគ្គលដែលគួរគោរពទាំងឡាយ លោកដ៏ចំរើន ទុកជាបុគ្គលគួរគោរពមួយរបស់ខ្ញុំ។ បពិត្រព្រះជនិន្ទ្រ នាងនារីដទៃមានសភាពរហ័សរហួន នាំទឹកចូលមកលាងជើងអាត្មាភាព ដូចជាប្រពន្ធលាងជើងភស្តាជាទីស្រឡាញ់។ មាននាងនារីម្នាក់ទៀត មានសភាពរួសរាន់ បានលើកនូវបាយ មានសម្លដ៏ច្រើន និងម្ហូបក្រៀមផ្សេងៗ ដោយភាជន៍ ជាវិការៈនៃមាស ហើយបង្អោនចូលមកជិត។ បពិត្រព្រះភារតៈ នាងនារីទាំងឡាយ បានដឹងនូវចិត្តនៃព្រះភស្តា (របស់ខ្លួន) ហើយបំរើអាត្មាភាព ដែលជាអ្នកបរិភោគរួចហើយ ដោយតូរ្យតន្ត្រីទាំងឡាយ នាគរាជនោះ ប្រណិប័តន៍អាត្មាភាព ដោយកាមគុណជាទិព្វដ៏ឱឡារិកមានប្រមាណច្រើន ដ៏ក្រៃលែងជាងតូរ្យតន្ត្រីនោះ។
[៦៣០] បពិត្រអាឡារៈ ភរិយាទាំងឡាយរបស់ខ្ញុំនុ៎ះ ៣០០ នាក់ ភរិយាទាំងអស់ មានពាក់កណ្តាលខ្លួន (រៀវល្អ) មានរស្មីដ៏ក្រៃលែង ហាក់ដូចជាពណ៌នៃផ្កាឈូក បពិត្រអាឡារៈ លោកចូរធ្វើសេចក្តីស្រឡាញ់ចំពោះស្រ្តីទាំងនុ៎ះ ខ្ញុំនឹងឲ្យដល់លោក ៗ ចូរឲ្យស្រ្តីទាំងនោះបំរើចុះ។
[៦៣១] អាត្មាភាពបានទទួលដឹងរសនៃកាមគុណជាទិព្វ អស់មួយឆ្នាំ កាលនោះ អាត្មាភាពសួរតទៅទៀតថា ព្រះអង្គជានាគ បាននូវសម្បត្តិនេះ ព្រោះធ្វើនូវកម្មអ្វី ព្រះអង្គបានវិមានដ៏ប្រសើរ ដោយប្រការដូចម្តេច។ ព្រះអង្គបានដោយមិនមានហេតុ ឬកើតអំពីបុគ្គលណាមួយ បង្អោនមកថ្វាយព្រះអង្គ ព្រះអង្គធ្វើឯង ឬពួកទេវតាថ្វាយ បពិត្រនាគរាជ ខ្ញុំសួរសេចក្តីនេះនឹងព្រះអង្គៗ បានវិមានដ៏ប្រសើរ ដោយប្រការដូចម្តេច។
[៦៣២] វិមាននេះ មិនមែនខ្ញុំបានដោយមិនមានហេតុទេ មិនមែនកើតអំពីបុគ្គលណាបង្អោនមកថ្វាយខ្ញុំទេ ខ្ញុំមិនមែនធ្វើដោយខ្លួនឯង ទាំងមិនមែនទេវតាឲ្យខ្ញុំទេ វិមាននេះ ខ្ញុំបានដោយកម្មរបស់ខ្លួន ជាអំពើឥតបាប គឺជាបុណ្យ។
[៦៣៣] វត្តរបស់ព្រះអង្គដូចម្តេច ព្រហ្មចារ្យ តើដូចម្តេច នេះជាវិបាកនៃកម្មដែលប្រព្រឹត្តល្អហើយដូចម្តេច បពិត្រនាគរាជ សូមព្រះអង្គប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ វិមាននេះ តើព្រះអង្គបានហើយ ដោយប្រការដូចម្តេច។
[៦៣៤] ខ្ញុំជាសេ្តចឈ្មោះទុយ្យោធនៈ ជាធំក្នុងដែនមគធៈ មានអានុភាពធំ ខ្ញុំនោះបានដឹងច្បាស់នូវជីវិត ជារបស់ថោកទាបមិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។ ខ្ញុំមានចិត្តជ្រះថ្លា បានឲ្យបាយ និងទឹកជាទានបរិបូណ៌ដោយគោរព ក្នុងកាលនោះ ផ្ទះរបស់ខ្ញុំ ជាទីប្រជុំរបស់សមណៈ (ព្រាហ្មណ៍) ដូចជាអណ្តូង ព្រោះថា សមណព្រាហ្មណ៍ទាំងឡាយ ខ្ញុំបានឲ្យឆ្អែតស្កប់ស្កល់ហើយ។ ខ្ញុំបានឲ្យផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ប្រទីប យាន លំនៅ សំពត់សម្រាប់ស្លៀកដណ្តប់ ទីដេក និងបាយទឹក ជាទានដោយគោរពក្នុងទីនោះ។ អំពើនោះ ជាវត្តរបស់ខ្ញុំ អំពើនោះជាព្រហ្មចារ្យរបស់ខ្ញុំ នេះជាវិបាកនៃកម្មដែលប្រព្រឹត្តល្អហើយនោះ ព្រោះហេតុនោះឯង វិមាននេះ ទើបមានចំណីដ៏ច្រើន មានបាយ និងទឹកដ៏ច្រើន ដែលខ្ញុំបានហើយ។
[៦៣៥] វិមាននេះ សម្បូរដោយការរាំ ទាំងសម្បូរដោយការច្រៀង តាំងនៅអស់កាលយូរ តែមិនទៀងទាត់សោះទេ ពួកអ្នកមានអានុភាពតិច មិនមានតេជះ រមែងបៀតបៀនព្រះអង្គ ដែលមានអានុភាពច្រើន មានតេជះ បពិត្រព្រះអង្គមានចង្កូមជាអាវុធ ព្រះអង្គមកលុះកណ្តាប់ដៃនៃពួកភោជបុត្រ តើព្រោះអាស្រ័យអ្វី ព្រោះហេតុអ្វី។ តេជះរបស់ព្រះអង្គទៅតាមភ័យដ៏ធំឬ ឬពិសរបស់ព្រះអង្គទៅតាមគល់ធ្មេញ បពិត្រព្រះអង្គ មានចង្កូមជាអាវុធ ព្រះអង្គដល់នូវសេចក្តីលំបាក (ក្នុងសំណាក់) នៃពួកភោជបុត្រ តើព្រោះអាស្រ័យអ្វី ព្រោះហេតុអ្វី។
[៦៣៦] តេជះរបស់ខ្ញុំមិនមែនទៅតាមភ័យដ៏ធំទេ តេជះ គឺពិសរបស់ខ្ញុំ ពួកភោជបុត្រទាំងនោះ មិនអាចនឹងបៀតបៀនទេ ធម៌ទាំងឡាយ ពួកសប្បុរសសំដែងល្អហើយ ជាធម៌លះបង់បានដោយក្រ ដូចច្រាំងសមុទ្រ។ បពិត្រអាឡារៈ ខ្ញុំរក្សាឧបោសថ ក្នុងថ្ងៃទី ១៤ និងថ្ងៃទី ១៥ ជានិច្ច គ្រានោះ ពួកភោជបុត្រ ១៦ នាក់ កាន់ខ្សែ និងអន្ទាក់ដ៏មាំដើរមក។ ព្រានទាំងឡាយទំលាយ (សរីរៈ) យកខ្សែខ្លុសច្រមុះ ហើយសែងនាំយកខ្ញុំទៅ ខ្ញុំញ៉ាំងឧបោសថ មិនឲ្យកម្រើក ខំអត់ទ្រាំនូវសេចក្តីទុក្ខទាំងនេះ។
[៦៣៧] (ពួកភោជបុត្រទាំងនោះ) បានឃើញព្រះអង្គជាអ្នកបរិបូណ៌ដោយកំឡាំង និងសម្បុរ ក្នុងផ្លូវជាទីដើរទៅនៃបុគ្គលតែម្នាក់ ព្រះអង្គជាអ្នកចំរើនដោយសិរី និងបញ្ញា បពិត្រនាគរាជ ព្រះអង្គខំប្រឹងធ្វើតបៈ តើដើម្បីអ្វី។
[៦៣៨] បពិត្រអាឡារៈ (ខ្ញុំធ្វើតបៈ) មិនមែនព្រោះហេតុកូន មិនមែនព្រោះហេតុទ្រព្យ មិនមែនព្រោះហេតុអាយុទេ ខ្ញុំប្រាថ្នាចំពោះកំណើតនៃមនុស្ស ព្រោះហេតុនោះ បានជាខ្ញុំប្រឹងប្រែងធ្វើតបៈ។
[៦៣៩] ព្រះអង្គមានចក្ខុក្រហម មានរស្មីព្រោងព្រាត មានខ្លួនប្រដាប់ហើយ មានសក់ និងពុកមាត់កាត់កោរហើយ លាបដោយខ្លឹមចន្ទន៍ក្រហម ហើយញ៉ាំងទិសទាំងឡាយ ឲ្យភ្លឺច្បាស់ដូចស្តេចគន្ធព្វ។ ព្រះអង្គដល់នូវឫទ្ធិដូចជាឫទ្ធិនៃទេវតា មានអានុភាពធំ ប្រកបដោយកាមទាំងពួង បពិត្រនាគរាជ ខ្ញុំសូមសួរនូវសេចក្តីនុ៎ះ ចំពោះព្រះអង្គថា មនុស្សលោកប្រសើរជាងភពនាគនេះ តើដោយហេតុអ្វី។
[៦៤០] បពិត្រអាឡារៈ សេចក្តីបរិសុទ្ធិក្តី ការសង្រួមក្តី វៀរចាកមនុស្សលោកហើយ រមែងមិនមានឡើយ ខ្ញុំបើបានកំណើតនៃមនុស្សហើយ នឹងធ្វើនូវទីបំផុតនៃជាតិ និងមរណៈ។
[៦៤១] ខ្ញុំនៅក្នុងសំណាក់នៃព្រះអង្គអស់មួយឆ្នាំហើយ ព្រះអង្គក៏បានទំនុកបំរុងដោយបាយ និងទឹក បពិត្រនាគរាជ ខ្ញុំសូមលាត្រឡប់ទៅវិញ បពិត្រព្រះជនិន្ទ ខ្ញុំឃ្លាត (ពីមនុស្សលោក) យូរហើយ។
[៦៤២] កូនប្រពន្ធ និងពួកជនជាអ្នករស់នៅដោយសារខ្ញុំៗ បានប្រៀនប្រដៅជានិច្ច ឲ្យបំរើលោក តើអ្នកណាមួយ មិនបានថែទាំលោកខ្លះឬទេ បពិត្រអាឡារៈ ព្រោះថាខ្ញុំមានការស្រឡាញ់ពេញចិត្តចំពោះការជួបប្រទះនូវលោក។
[៦៤៣] បពិត្រនាគរាជ ដូចយ៉ាងកូនជាទីស្រឡាញ់របស់មាតា និងបិតា ដែលមាតាបិតាបានថែរក្សាហើយ ឲ្យនៅក្នុងផ្ទះ (ការនៅ) របស់ខ្ញុំក្នុងទីនេះ ប្រសើរជាងការនៅរបស់កូននោះទៅទៀត ព្រោះថា ចិត្តរបស់អ្នកជ្រះថ្លាចំពោះខ្ញុំ។
[៦៤៤] កែវមណីរបស់ខ្ញុំមានពណ៌ក្រហម ជាគ្រឿងនាំមកនូវទ្រព្យ លោកចូរយកកែវមណីដ៏ថ្លៃថ្លា ទៅផ្ទះរបស់ខ្លួនចុះ លុះបានទ្រព្យហើយ ចូរទុកកែវមណីនោះ (ក្នុងពាងទឹក)។
[៦៤៥] បពិត្រព្រះរាជា កាមគុណទាំងឡាយ សូម្បីជារបស់មនុស្ស អាត្មាភាពបានឃើញហើយ ថាជារបស់មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា លុះអាត្មាភាពឃើញទោសក្នុងកាមគុណទាំងឡាយ ទើបបួសដោយសទ្ធា។ បពិត្រព្រះរាជា មនុស្សទាំងឡាយ ក្មេងក្តី ចាស់ក្តី កាលមានសរីរៈបែកធ្លាយហើយ រមែងធ្លាក់ចុះ ដូចជាផ្លែឈើទាំងឡាយដូច្នោះដែរ អាត្មាភាពឃើញហេតុនេះហើយ ទើបចេញបួស សាមញ្ញគុណ គឺបព្វជ្ជា ជាធម៌ប្រតិបត្តិមិនខុស ជាធម៌ដ៏ប្រសើរ។
[៦៤៦] (ព្រះរាជា…) ពួកជនណាមានប្រាជ្ញា ជាពហុស្សូត ជាអ្នកគិតនូវហេតុដ៏ច្រើន ពួកជននោះ បុគ្គលគប្បីសេពគប់ បពិត្រអាឡារតាបស ខ្ញុំនឹងធ្វើនូវបុណ្យដ៏ច្រើន ព្រោះបានស្តាប់ (នូវពាក្យ) របស់នាគរាជផង របស់លោកផង។
[៦៤៧] (អាឡារតាបស…) ពួកជនណា មានប្រាជ្ញា ជាពហុស្សូត ជាអ្នកគិតនូវហេតុដ៏ច្រើន ពួកជននោះ បុគ្គលគប្បីសេពគប់ បពិត្រព្រះរាជា ព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យរបស់អាត្មាភាព និងនាគហើយ សូមព្រះអង្គធ្វើបុណ្យឲ្យច្រើន។
ចប់ សង្ខបាលជាតក ទី៤។
(៥២៥. ចូឡសុតសោមជាតកំ (៥))
[៦៤៨] (ព្រះបាទសុតសោម ត្រាស់ថា) ខ្ញុំប្រាប់អ្នកនិគម មិត្រអាមាត្យ និងបរិស័ទឲ្យដឹងថា ស្កូវកើតលើក្បាលហើយ ឥឡូវនេះ ខ្ញុំពេញចិត្តនឹងបព្វជ្ជា។
[៦៤៩] (អាមាត្យម្នាក់ ក្រាបទូលថា) ព្រះអង្គទ្រង់ត្រាស់ព្រះឱង្ការ មិនចំរើនដល់ទូលព្រះបង្គំជាខ្ញុំ បពិត្រព្រះសម្មតិទេព ព្រះអង្គហាក់ដូចជាញ៉ាំងកូនសរ ឲ្យប្រហារត្រង់ដើមទ្រូងរបស់ទូលព្រះបង្គំជាខ្ញុំ ចុះស្រីស្នំរបស់ព្រះអង្គចំនួន ៧០០ នាក់ ស្រីស្នំរបស់ព្រះអង្គទាំងនោះ នឹងទៅជាដូចម្តេច។
[៦៥០] (ព្រះរាជា…) ស្រីស្នំក្មេងៗ ទាំងនេះ នឹងប្រាកដ (តាមអំពើរបស់ខ្លួនៗ) ឬក៏ស្រីស្នំទាំងនោះ នឹងទៅរកស្តេចដទៃ ឯខ្ញុំប្រាថ្នាឋានសួគ៌ ព្រោះហេតុនោះ ខ្ញុំនឹងបួស។
[៦៥១] (ព្រះវររាជមាតា…) នែសុតសោម ខ្ញុំបានអ្នកដោយកម្រណាស់ នែព្រះសម្មតិទេព ព្រោះខ្ញុំជាមាតារបស់អ្នក កាលខ្ញុំកំពុងយំសោក អ្នកឥតមានសេចក្តីអាឡោះអាល័យ (ចេញទៅ) បួស។ នែសុតសោម ខ្ញុំបានអ្នកដោយកម្រណាស់ នែព្រះសម្មតិទេព ខ្ញុំបានប្រសូតអ្នកមក កាលខ្ញុំកំពុងយំសោក អ្នកឥតមានសេចក្តីអាឡោះអាល័យ (ចេញទៅ) បួស។
[៦៥២] (ព្រះវររាជបិតា…) នែសុតសោម នេះជាទំនៀមឈ្មោះអ្វី បព្វជ្ជាឈ្មោះអ្វី នែព្រះសម្មតិទេព ព្រោះអ្នកជាកូនរបស់យើង លះបង់នូវយើងដែលជាមនុស្សចាស់ជរា ឥតអាឡោះអាល័យសោះ (ចេញទៅ) បួស។
[៦៥៣] បុត្រ និងធីតារបស់អ្នកមានច្រើន ហើយនៅក្មេង មិនទាន់ដល់នូវវ័យ មានពាក្យពីរោះ យើងយល់ថា បុត្រ និងធីតាទាំងនោះ កាលមិនឃើញអ្នក និងដល់នូវសេចក្តីទុក្ខ។
[៦៥៤] (ព្រះរាជា…) ការតាំងនៅអស់កាលយូរ ហើយព្រាត់ប្រាសចាកបុត្រ និងធីតារបស់ខ្ញុំទាំងនុ៎ះ ដែលនៅក្មេងមិនទាន់ដល់នូវវ័យ មានពាក្យពីរោះផង ចាកសង្ខារទាំងពួងផង ចាកព្រះអង្គផង (ជាសភាវៈទៀង)។
[៦៥៥] (ស្រីស្នំទាំង ៧០០ នាក់…) ព្រះហឫទ័យរបស់ព្រះអង្គកាត់ដាច់ហើយឬ ឬថាមិនមានសេចក្តីករុណាចំពោះពួកយើងទាំងឡាយទេ បពិត្រព្រះសម្មតិទេព ព្រះអង្គ (លះបង់) ពួកយើង ដែលកំពុងកន្ទក់កន្ទេញ ព្រះអង្គឥតមានសេចក្តីអាឡោះអាល័យ (ចេញទៅ) បួស។
[៦៥៦] (ព្រះរាជា…) ហឫទ័យរបស់យើងមិនបានកាត់ ទាំងសេចក្តីករុណារបស់យើង ក៏នៅមានក្នុងពួកនាង តែយើងប្រាថ្នានូវឋានសួគ៌ ព្រោះហេតុនោះ បានជាយើងនឹងបួស។
[៦៥៧] (អគ្គមហេសី…) បពិត្រព្រះអង្គ ទ្រង់ព្រះនាមសុតសោម (ទីអគ្គមហេសី) ឈ្មោះថាខ្ញុំម្ចាស់បានដោយកម្រ ខ្ញុំម្ចាស់ជាអគ្គមហេសីរបស់ព្រះអង្គ បពិត្រព្រះសម្មតិទេព កាលខ្ញុំម្ចាស់កំពុងតែយំសោក ព្រះអង្គឥតមានសេចក្តីអាឡោះអាល័យ (ចេញទៅ) បួស។ បពិត្រព្រះអង្គ ទ្រង់ព្រះនាមសុតសោម (ទីអគ្គមហេសី) ឈ្មោះថាខ្ញុំម្ចាស់បានដោយកម្រ ខ្ញុំម្ចាស់ជាអគ្គមហេសីរបស់ព្រះអង្គ បពិត្រព្រះសម្មតិទេព ព្រះអង្គ (លះបង់) នូវបដិសន្ធិក្នុងផ្ទៃរបស់ខ្ញុំម្ចាស់ ឥតមានសេចក្តីអាឡោះអាល័យ (ចេញទៅ) បួស។ គភ៌ដែលតាំងនៅក្នុងផ្ទៃរបស់ខ្ញុំម្ចាស់ ចាស់ហើយ (សូមព្រះអង្គរង់ចាំ) ទំរាំខ្ញុំម្ចាស់ប្រសូតគភ៌នោះសិន កុំឲ្យខ្ញុំម្ចាស់ជាស្រី្តមេមាយម្នាក់ឯង បានឃើញសេចក្តីទុក្ខក្នុងកាលជាខាងក្រោយឡើយ។
[៦៥៨] (ព្រះរាជា…) គភ៌ដែលតាំងនៅក្នុងផ្ទៃរបស់នាងចាស់ហើយ ណ្ហើយ នាងចូរប្រសូតបុត្រ ដែលមានសម្បុរមិនថោកទាប (ដោយសួស្តី) យើងនឹងលះបង់បុត្រ ហើយ (ចេញទៅ) បួស។
[៦៥៩] ម្នាលនាងចន្ទាទេវី មានព្រះនេត្រស្មើដោយផ្កាកណ្ណិការភ្នំ នាងកុំយំ កុំសោកឡើយ ចូរឡើងកាន់ប្រាសាទដ៏ប្រសើរវិញចុះ យើងមិនមានសេចក្តីអាឡោះអាល័យទេ នឹងចេញទៅ (បួស)។
[៦៦០] (ព្រះរាជបុត្រច្បង…) បពិត្រព្រះមាតា បុគ្គលណាធ្វើឲ្យព្រះមាតា ទ្រង់ព្រះក្រោធ ព្រះមាតាទ្រង់ព្រះកន្សែងផង ទ្រង់សំឡក់ចំពោះខ្ញុំយ៉ាងខ្លាំងផង តើព្រោះហេតុអ្វី បណ្តាញាតិដែលកំពុងរមិលមើល ខ្ញុំសម្លាប់ញាតិណា ដែលជាមនុស្សដែលគេមិនគួរសម្លាប់។
[៦៦១] (ព្រះរាជមាតា…) ម្នាលកូន បុគ្គលណាជាអ្នកឈ្នះសង្គ្រាម ញ៉ាំងអញឲ្យក្រោធ បុគ្គលនោះ កូនឯងមិនអាចសម្លាប់បានទេ ម្នាលកូន ព្រះរាជបិតារបស់កូនឯង បានត្រាស់នឹងម្តាយថា យើងមិនមានសេចក្តីអាឡោះអាល័យទេ នឹងទៅ (បួស)។
[៦៦២] (ព្រះរាជឱរសច្បង…) ក្នុងកាលមុន ខ្ញុំទៅកាន់សួនឱទ្យានដោយរថ បានច្បាំងនឹងដំរីចុះប្រេងទាំងឡាយ កាលបើព្រះបិតាទ្រង់ព្រះនាមសុតសោម ទ្រង់ព្រះផ្នួសហើយ ឥឡូវនេះ ខ្ញុំនឹងធ្វើដូចម្តេចហ្ន៎។
[៦៦៣] (ព្រះរាជឱរសប្អូន…) កាលព្រះមាតារបស់ទូលព្រះបង្គំជាខ្ញុំកំពុងទ្រង់ព្រះកន្សែងផង កាលព្រះជេដ្ឋភាតានៃទូលព្រះបង្គំជាខ្ញុំមិនប្រាថ្នា (នឹងឲ្យព្រះអង្គទ្រង់ព្រះផ្នួស) ផង ទូលព្រះបង្គំជាខ្ញុំនឹងចាប់ព្រះហស្តរបស់ព្រះអង្គទុក កាលបើពួកទូលព្រះបង្គំជាខ្ញុំមិនចង់ឲ្យព្រះអង្គទ្រង់ផ្នួស ព្រះអង្គនឹងយាងទៅមិនបានទេ។
[៦៦៤] (ព្រះបិតា…) ម្នាលមេនំ នាងចូរក្រោកឡើង (ចូរកាន់យកនូវកែវមណីនេះ) ហើយញ៉ាំងកុមារនេះឲ្យត្រេកអរក្នុងទីដទៃចុះ កាលបើអញកំពុងប្រាថ្នាឋានសួគ៌ កុំឲ្យកុមារនេះ ធ្វើនូវសេចក្តីអន្តរាយដល់អញឡើយ។
[៦៦៥] (ស្រីមេនំ…) ណ្ហើយចុះ អញនឹងថ្វាយនូវកែវមណីមានរស្មីល្អនេះទៅវិញចុះ កែវមណីនេះមានប្រយោជន៍អ្វីដល់អញ កាលបើព្រះរាជាទ្រង់ព្រះនាមសុតសោម ទ្រង់ព្រះផ្នួសហើយ អញនឹងធ្វើកែវមណីនេះដូចម្តេច។
[៦៦៦] (មហាសេនគុត្ត…) បពិត្រព្រះសម្មតិទេព ឃ្លាំងតូចរបស់ព្រះអង្គពេញ ឃ្លាំងធំរបស់ព្រះអង្គពេញ ទាំងផែនដី ព្រះអង្គក៏ទ្រង់ឈ្នះហើយ សូមព្រះអង្គទ្រង់រីករាយ សូមព្រះអង្គកុំទ្រង់ព្រះផ្នួស។
[៦៦៧] (ព្រះរាជា…) ឃ្លាំងតូចរបស់ខ្ញុំក៏ពេញ ឃ្លាំងធំរបស់ខ្ញុំក៏ពេញ ទាំងផែនដី ខ្ញុំក៏បានឈ្នះហើយ ខ្ញុំនឹងលះបង់នូវទ្រព្យទាំងនោះ ហើយទៅបួស។
[៦៦៨] (កុលពន្ធនសេដ្ឋី…) បពិត្រព្រះសម្មតិទេព ទ្រព្យរបស់ទូលព្រះបង្គំជាខ្ញុំមានច្រើន ទូលព្រះបង្គំជាខ្ញុំមិនអាចនឹងរាប់បាន ទូលព្រះបង្គំជាខ្ញុំនឹងថ្វាយទ្រព្យទាំងនោះដល់ព្រះអង្គ សូមព្រះអង្គទ្រង់ត្រេកអរ សូមកុំទ្រង់ព្រះផ្នួស។
[៦៦៩] (ព្រះរាជា…) ម្នាលកុលពន្ធនវឌ្ឍនៈ ខ្ញុំដឹងថាទ្រព្យរបស់អ្នកមានច្រើន អ្នកបូជាខ្ញុំហើយ ក៏ប៉ុន្តែខ្ញុំប្រាថ្នាឋានសួគ៌ ហេតុនោះ ខ្ញុំនឹងបួស។
[៦៧០] ម្នាលសោមទត្ត ខ្ញុំជាអ្នកអផ្សុកយ៉ាងខ្លាំង សេចក្តីមិនត្រេកអរ (ក្នុងការគ្រប់គ្រងផ្ទះ) មកគ្របសង្កត់ខ្ញុំហើយ សេចក្តីអន្តរាយមានច្រើនណាស់ ខ្ញុំនឹងបួសក្នុងថ្ងៃនេះមិនខាន។
[៦៧១] (ព្រះកនិដ្ឋភាតាព្រះនាមសោមទត្ត…) បពិត្រព្រះរាជាទ្រង់ព្រះនាមសុតសោម បព្វជ្ជាកម្មនេះ ព្រះអង្គទ្រង់ពេញព្រះទ័យហើយ ឥឡូវនេះ សូមព្រះអង្គបួសក្នុងថ្ងៃនេះចុះ ទាំងទូលព្រះបង្គំជាខ្ញុំសោតទៀត ក៏នឹងបួសដែរ (ព្រោះ) ទូលព្រះបង្គំជាខ្ញុំ បើវៀរចាកព្រះអង្គហើយ នឹងមិនអាចឋិតនៅបានទេ។
[៦៧២] (ព្រះរាជា…) អ្នកឯងមិនអាចនឹងបួសបានទេ ព្រោះថា បុគ្គលនីមួយក្នុងនគរ ឬក្នុងជនបទ នឹងមិននាំគ្នាចំអិនអាហារឡើយ។
[៦៧៣] (មហាជន…) កាលបើព្រះបាទសុតសោមទ្រង់ព្រះផ្នួសហើយ តើឥឡូវនេះ ពួកយើងនឹងធ្វើដូចម្តេចហ្ន៎។
[៦៧៤] (ព្រះរាជា…) យើងសំគាល់ថា ជីវិតនេះ រមែងរីងស្ងួតទៅ ដូចទឹកដ៏តិច (ដែលគេដាក់) ក្នុងពាងធ្លុះ កាលបើជីវិតតិចយ៉ាងនេះ កាលនេះមិនមែនជាកាលគួរប្រមាទឡើយ។ យើងសំគាល់ថា ជីវិតនេះ រមែងរីងស្ងួតទៅ ដូចទឹកដ៏តិចក្នុងពាងធ្លុះ កាលជីវិតតិចយ៉ាងនេះ កោតតែជនពាលទាំងឡាយប្រមាទ។ ជនពាលទាំងនោះ រមែងញ៉ាំងនរក តិរច្ឆានកំណើត និងបេតវិស័យ ឲ្យចំរើន ជាអ្នកជាប់ដោយគ្រឿងចង គឺតណ្ហា រមែងញ៉ាំងអសុរកាយឲ្យចំរើន។
[៦៧៥] (មហាជន…) គំនរធូលី ហុយឡើងក្នុងទីជិតបុប្ផកប្រាសាទ ពួកយើងសំគាល់គំនរធូលីនោះថាជាព្រះកេសាដែលព្រះធម្មរាជ ព្រះអង្គមានយស របស់យើង ទ្រង់កាត់ហើយ។
[៦៧៦] ព្រះរាជា ដែលពួកស្រីស្នំហែហមហើយ យាងទៅក្នុងប្រាសាទណា ប្រាសាទនេះរបស់ព្រះរាជានោះដ៏ដេរដាសដោយផ្កាមាស និងកម្រងផ្កាផ្សេងៗ។ ព្រះរាជាដែលពួកព្រះញាតិហែហមហើយ យាងទៅក្នុងប្រាសាទណា ប្រាសាទនេះ របស់ព្រះរាជានោះ ដ៏ដេរដាសដោយផ្កាមាស និងកម្រងផ្កាផ្សេងៗ។ ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុងបន្ទប់សម្រាប់ផ្ទំណា បន្ទប់សម្រាប់ផ្ទំនេះ របស់ព្រះរាជានោះ ដ៏ដេរដាសដោយផ្កាមាស និងកម្រងផ្កាផ្សេងៗ។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងបន្ទប់សម្រាប់ផ្ទំណា បន្ទប់សម្រាប់ផ្ទំនេះ របស់ព្រះរាជានោះ ដ៏ដេរដាសដោយផ្កាមាស និងកម្រងផ្កាផ្សេងៗ។ ព្រះរាជាដែលស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុងទីព្រៃឈើអសោកណា ទីព្រៃឈើអសោកនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងទីព្រៃឈើអសោកណា ទីព្រៃឈើអសោកនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុងឱទ្យានណា ឱទ្យាននេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងឱទ្យានណា ឱទ្យាននេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុងព្រៃឈើកណិការណា ព្រៃឈើកណិការនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងព្រៃឈើកណិការណា ព្រៃឈើកណិការនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុងព្រៃច្រនៀងណា ព្រៃច្រនៀងនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងព្រៃច្រនៀងណា ព្រៃច្រនៀងនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកស្រីស្នំ ហែហមហើយ ទ្រង់យាងទៅក្នុងព្រៃស្វាយណា ព្រៃស្វាយនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងព្រៃស្វាយណា ព្រៃស្វាយនេះ របស់ព្រះរាជានោះ មានផ្ការីកល្អសព្វៗ កាល គួរជាទីរីករាយចិត្ត។ ព្រះរាជាដែលពួកស្រីស្នំហែហមហើយ ទ្រង់យាងទៅក្នុងស្រះបោក្ខរណីណា ស្រះបោក្ខរណីនេះ របស់ព្រះរាជានោះ ដ៏ដេរដាស (ដោយផ្កាជលជាត និងផ្កាថលជាត) ដ៏កុះករដោយពួកអណ្ឌជៈ (គួរជាទីរីករាយចិត្ត)។ ព្រះរាជាដែលពួកញាតិហែហមហើយ ទ្រង់យាងទៅក្នុងស្រះបោក្ខរណីណា ស្រះបោក្ខរណីនេះ របស់ព្រះរាជានោះ ដ៏ដេរដាស (ដោយផ្កាជលជាត និងផ្កាថលជាត) ដ៏កុះករដោយពួកអណ្ឌជៈ (គួរជាទីរីករាយចិត្ត)។
[៦៧៧] ព្រះរាជាទ្រង់ព្រះនាមសុតសោម បានលះបង់រាជសម្បតិ្តនេះហើយ ក៏ទ្រង់ព្រះផ្នួស ទ្រង់ព្រះពស្ត្រកាសាយៈ ស្តេចយាងទៅតែមួយព្រះអង្គឯង ដូចជាដំរីត្រាច់ទៅតែម្នាក់ឯង។
[៦៧៨] (ព្រះរាជា…) អ្នកទាំងឡាយ កុំរឭកការលេងដោយសេចក្តីត្រេកអរ និងការសើចក្នុងកាលមុនឡើយ កាមទាំងឡាយកុំបៀតបៀនពួកអ្នកឡើយ នគរឈ្មោះសុទស្សនៈ ជាទីគួររីករាយ (អ្នកទាំងឡាយកុំរឭកឡើយ)។ អ្នកទាំងឡាយ ចូរចំរើនមេត្តចិត្ត រកប្រមាណមិនបាន ទាំងថ្ងៃទាំងយប់ ទើបពួកអ្នកនឹងទៅកាន់ទេពបូរី ដែលជាលំនៅពួកអ្នកមានបុញ្ញកម្ម។
ចប់ ចុល្លសុតសោមជាតក ទី៥។
ឧទ្ទាននៃចត្តាលីសនិបាតនោះគឺ
និយាអំពីសេកជាអ្នកប្រាជ្ញឈ្មោះជម្ពុកៈ ១ ពួកព្រះរាជាមានកុណ្ឌល ១ ជាតកនាងអលម្ពុសា ជាកញ្ញាដ៏ប្រសើរ ១ នាគរាជមានសិរីឈ្មោះសង្ខបាលដ៏ប្រសើរ ១ អរិន្ទមរាជដ៏ប្រសើរ ព្រះនាមសុតសោម ១។
ចប់ ចត្តាលីសនិបាត។
ចប់ ភាគ៦០។
លេខ ទំព័រ | លេខសម្គាល់ | |
បណ្ណិកនិបាត | ១ | sut.kn.jat.v14 |
សាលិកេទារជាតក ទី១ | ១ | sut.kn.jat.484 |
ចន្ទកិន្នរជាតក ទី២ | ២ | sut.kn.jat.485 |
មហាឧក្ថុសជាតក ទី៣ | ៨ | sut.kn.jat.486 |
ឧទ្ទាលកជាតក ទី៤ | ១៣ | sut.kn.jat.487 |
ភិសជាតក ទី៥ | ១៧ | sut.kn.jat.488 |
សុរុចិជាតក ទី៦ | ២៣ | sut.kn.jat.489 |
បញ្ចុបោសថិកជាតក ទី៧ | ២៧ | sut.kn.jat.490 |
មហាមោរជាតក ទី៨ | ៣១ | sut.kn.jat.491 |
តច្ឆសូករជាតក ទី៩ | ៣៦ | sut.kn.jat.491 |
មហាវាណិដជាតក ទី១០ | ៤០ | sut.kn.jat.493 |
សាធិនរាជជាតក ទី១១ | ៤៤ | sut.kn.jat.494 |
ទសព្រាហ្មណជាតក ទី១២ | ៤៨ | sut.kn.jat.495 |
ភិក្ខាបរម្បរជាតក ទី១៣ | ៥៧ | sut.kn.jat.496 |
វីសតិនិបាត | ៦២ | sut.kn.jat.v15 |
មាតង្គជាតក ទី១ | ៦២ | sut.kn.jat.497 |
ចិត្តសម្ភូតជាតក ទី២ | ៦៨ | sut.kn.jat.498 |
សិវិរាជជាតក ទី៣ | ៧៤ | sut.kn.jat.499 |
សិរិមន្ទជាតក ទី៤ | ៨០ | sut.kn.jat.500 |
រោហនមិគជាតក ទី៥ | ៨៨ | sut.kn.jat.501 |
ហំសជាតក ទី៦ | ៩៣ | sut.kn.jat.502 |
សត្តំគុម្ពជាតក ទី៧ | ៩៨ | sut.kn.jat.503 |
ភល្លាតិយជាតក ទី៨ | ១០២ | sut.kn.jat.504 |
សោមនស្សជាតក ទី៩ | ១០៨ | sut.kn.jat.505 |
ចម្បេយ្យជាតក ទី១០ | ១១៥ | sut.kn.jat.506 |
មហាបលោភនជាតក ទី១១ | ១២៥ | sut.kn.jat.507 |
បញ្ចបណ្ឌិតជាតក ទី១២ | ១៣០ | sut.kn.jat.508 |
ហត្ថិបាលជាតក ទី១៣ | ១៣៥ | sut.kn.jat.509 |
អយោលឃរជាតក ទី១៤ | ១៤២ | sut.kn.jat.510 |
តីសនិបាត | ១៤៩ | sut.kn.jat.v16 |
កីឆន្ទជាតក ទី១ | ១៤៩ | sut.kn.jat.511 |
កុម្ភជាតក ទី២ | ១៥៤ | sut.kn.jat.512 |
ជយទ្ទិសជាតក ទី៣ | ១៦២ | sut.kn.jat.513 |
ឆទ្ទន្តជាតក ទី៤ | ១៧១ | sut.kn.jat.514 |
សម្ភវជាតក ទី៥ | ១៨០ | sut.kn.jat.515 |
មហាកបិជាតក ទី៦ | ១៨៧ | sut.kn.jat.516 |
ទករក្ខសជាតក ទី៧ | ១៩៤ | sut.kn.jat.517 |
បណ្ឌរកជាតក ទី៨ | ២០០ | sut.kn.jat.518 |
សម្ពុលាជាតក ទី៩ | ២០៨ | sut.kn.jat.519 |
ភណ្ឌុតិណ្ឌុកជាតក ទី១០ | ២១៥ | sut.kn.jat.520 |
ចត្តាលីសនិបាត | ២២៣ | sut.kn.jat.v17 |
តេសកុណជាតក ទី១ | ២២៣ | sut.kn.jat.521 |
សរភង្គជាតក ទី២ | ២៣១ | sut.kn.jat.522 |
អលម្ពុសាជាតក ទី៣ | ២៤៣ | sut.kn.jat.523 |
សង្ខបាលជាតក ទី៤ | ២៥១ | sut.kn.jat.524 |
ចុល្លសុតសោមជាតក ទី៦ | ២៦៣ | sut.kn.jat.524 |
ពាក្យខុស | ពាក្យត្រូវ | ទំព័រ | បន្ទាត់ |
---|---|---|---|
បង្អួច | បង្អួច | ២០ | ៥ |
សុរុចិជាតក ទី ៥ | សុរុចិជាតក ទី ៦ | ២៣ | ១ |
ព្រះច្ចេកពុទ្ធ | ព្រះបច្ចេកពុទ្ធ | ៣១ | ២ |
ច្រើង | ច្រើន | ១៥ | |
ភក្ខា | ភិក្ខា | ៥៨ | ១ |
ទុប្ខ | ទុក្ខ | ១៥៤ | ៨ |
សុះស្គាយ | ស្គុះស្គាយ | ១៧៦ | ៤ |
ផែងដី | ផែនដី | ១៩៨ | ១០ |
ស៊ីវខ្ញុំ | ស៊ីនូវខ្ញុំ | ២១៣ | ៣ |
ឯឃវាទេវកុញ្ច | ឯមឃវាទេវកុញ្ជរ | ២៤៧ | ១៩ |
ព្រះត្រៃបិដកបាលី
និង
សេចក្តីប្រែជាភាសាខ្មែរ
សុត្តន្តបិដក
ខុទ្ទកនិកាយ ជាតក
នវមភាគ
៦០
វាយដោយសលវតី សុវណ្ណ ចិន្តា
ចប់ថ្ងៃទី ៣០ ខែ ៨ ឆ្នាំ ២០១០