-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៦៥ - Book 65
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20190716 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20100716 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៦៥ - Tipitaka Book 065, for change log on ati.eu see here: រាយការណ៍ ភាគ ០៦៥
គំរូ ឯកសារ ផ្សេងទៀត ៖
book_065.pdf
លេខសម្គាល់
លេខទំព៍រ
ទ. ១
(មហានិទ្ទេស)
អដ្ឋវគ្គិកៈ
មាគន្ទិយសុត្តនិទ្ទេស ទី៩ | បុរាភេទសុត្តនិទ្ទេស ទី១០ | កលហវិវាទសុត្តនិទ្ទេស ទី១១
ចូឡវិយូហសុត្តនិទ្ទេស ទី១២ | មហាវិយូហសុត្តនិទ្ទេស ទី១៣
ភាគទី ៦៥
ទុតិយភាគ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(៩. មាគណ្ឌិយសុត្តនិទ្ទេសោ)
[១] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ឯចំណង់ក្នុងមេថុន មិនមាន (ដល់តថាគត) ព្រោះឃើញនាងតណ្ហា នាងអរតី និងនាងរាគាឡើយ (ចំណង់ក្នុងមេថុន នឹងមានដល់តថាគតព្រោះឃើញ) នូវសរីរៈនៃធីតារបស់អ្នកនេះ ដ៏ពេញដោយមូត្រ និងករីស ដូចម្តេចកើត តថាគតមិនត្រូវការដើម្បីប៉ះពាល់នូវសរីរៈនៃធីតានោះ សូម្បីដោយជើងឡើយ។
[២] ពាក្យថា ឯចំណង់ក្នុងមេថុន មិនមាន (ដល់តថាគត) ព្រោះឃើញនាងតណ្ហា នាងអរតី និងនាងរាគាឡើយ សេចក្តីថា ចំណង់ក្តី តម្រេកក្តី សេចក្តីស្រឡាញ់ក្តី ក្នុងមេថុនធម្ម មិនមាន ព្រោះឃើញ ព្រោះប្រទះនូវមារធីតា ឈ្មោះតណ្ហា ១ អរតី ១ រាគា១ ហេតុនោះ (ទ្រង់ត្រាស់ថា) ឯចំណង់ក្នុងមេថុន មិនមាន (ដល់តថាគត) ព្រោះឃើញនាងតណ្ហា នាងអរតី និងនាងរាគាឡើយ។
[៣] ពាក្យថា (ចំណង់ក្នុងមេថុន នឹងមានដល់តថាគត ព្រោះឃើញ) នូវសរីរៈនៃធីតារបស់អ្នកនេះ ដ៏ពេញដោយមូត្រ និងករីស ដូចម្តេចកើត តថាគតមិនត្រូវការដើម្បីប៉ះពាល់នូវសរីរៈនៃធីតានោះ សូម្បីដោយជើងឡើយ អធិប្បាយថា (ចំណង់ក្នុងមេថុន នឹងមានដល់តថាគត ព្រោះឃើញ) នូវសរីរៈនេះដ៏ពេញដោយមូត្រ ពេញដោយករីស ពេញដោយស្លេស្ម ពេញដោយឈាម មានរាងឆ្អឹង រឹតរួតដោយសរសៃ លាបដោយឈាម និងសាច់ ពាសដោយស្បែក បិទបាំងដោយសម្បុរថ្ងៃ មានប្រហោងតូច ប្រហោងធំ តែងហូរចេញ ហូរចូល ជាលំនៅនៃពួកដង្កូវ ដ៏ពេញដោយមន្ទិលមិនស្អាតផ្សេងៗ ដូចម្តេចបាន តថាគតមិនត្រូវការដើម្បីជាន់ដោយជើងឡើយ ការនៅរួម ឬការសមាគម មានមកពីណា ហេតុនោះ (ទ្រង់ត្រាស់ថា) (ចំណង់ក្នុងមេថុន នឹងមានដល់តថាគត ព្រោះឃើញ) នូវសរីរៈនេះ ដ៏ពេញដោយមូត្រ និងករីស ដូចម្តេចកើត តថាគតមិនត្រូវការដើម្បីប៉ះពាល់នូវសរីរៈនៃធីតានោះ សូម្បីដោយជើងឡើយ។ ហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ហើយថា ឯចំណង់ក្នុងមេថុន មិនមាន (ដល់តថាគត) ព្រោះឃើញនាងតណ្ហា នាងអរតី និងនាងរាគាឡើយ (ចំណង់ក្នុងមេថុន នឹងមានដល់តថាគត ព្រោះឃើញ) នូវសរីរៈនៃធីតារបស់អ្នកនេះ ដ៏ពេញដោយមូត្រ និងករីស ដូចម្តេចកើត តថាគតមិនត្រូវការដើម្បីប៉ះពាល់នូវសរីរៈនៃធីតានោះ សូម្បីដោយជើងឡើយ។
[៤] (មាគន្ទិយព្រាហ្មណ៍សួរថា)
បើព្រះអង្គមិនត្រូវការនារីរតន៍បែបនុ៎ះ ដែលពួកនរិន្ទ្រមានប្រមាណច្រើនប្រាថ្នាហើយទេ តើព្រះអង្គ ពោលនូវទិដ្ឋិ សីល វត ជីវិត កិរិយាកើតក្នុងភពបែបណាវិញ។
[៥] (ព្រះមានព្រះភាគត្រាស់ថា ម្នាលគន្ទិយៈ)
ការជ្រើសរើស ហើយប្រកាន់ក្នុងធម៌ទាំងឡាយថា អាត្មាអញពោលនូវពាក្យនេះដូច្នេះ មិនមានដល់តថាគតនោះទេ ព្រោះតថាគតឃើញ (ទោស) ក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ ហើយបានពិចារណាឃើញនូវសេចក្តីស្ងប់ខាងក្នុង។
[៦] ពាក្យថា តថាគតពោលពាក្យនេះ របស់បទថា អាត្មាអញពោលពាក្យនេះ ដូច្នេះ មិនមានដល់តថាគតនោះទេ សេចក្តីថា តថាគតពោលពាក្យនេះ ពោលពាក្យនុ៎ះ ពោលពាក្យមានប្រមាណប៉ុណ្ណេះ ពោលពាក្យមានប្រមាណប៉ុណ្ណោះ ពោលទិដ្ឋិនេះថា លោកទៀង ដូច្នេះក្តី។បេ។ សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី។ ពាក្យថា មិនមានដល់តថាគតនោះ គឺមិនមានដល់តថាគតទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អាត្មាអញពោលពាក្យនេះ ដូច្នេះ មិនមានដល់តថាគតនោះទេ។ ពាក្យថា ម្នាលមាគន្ទិយៈ គឺព្រះមានព្រះភាគ ត្រាស់ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ គឺជាពាក្យហៅដោយគោរព។បេ។ ការបញ្ញាត្តិថា ព្រះមានព្រះភាគនេះ កើតដោយការត្រាស់ដឹង ហេតុនោះ លោកពោលថា ព្រះមានព្រះភាគ ត្រាស់ហៅថា មាគន្ទិយៈ។
[៧] ពាក្យថា ក្នុងធម៌ទាំងឡាយ នៃបទថា ការជ្រើសរើសហើយ ប្រកាន់ក្នុងធម៌ទាំងឡាយ គឺក្នុងទិដ្ឋិ ៦២។ ពាក្យថា ជ្រើសរើស គឺការជ្រើសរើស ពិចារណា រិះរក រិះគិត ថ្លឹងមើល លៃលក ធ្វើឲ្យច្បាស់លាស់ ធ្វើឲ្យប្រាកដ ហើយប្រកាន់ដោយជួរ ប្រកាន់ដោយចន្លោះ ប្រកាន់ថា ប្រសើរ ប្រកាន់ដោយចំណែក ប្រកាន់ដោយគំនរ ប្រកាន់ដោយគំនរធំ ប្រកាន់ បបោសអង្អែល ចូលចិត្ត ចុះចិត្ត ចុះចិត្តស៊ប់ថា ពាក្យនេះ ជាពាក្យទៀង ជាពាក្យពិត ពាក្យប្រាកដ ពាក្យមែន ពាក្យទៀងទាត់ ពាក្យមិនប្រែប្រួលដូច្នេះ មិនមាន មិនមានព្រម តថាគត មិនបាន តថាគតលះបង់ ផ្តាច់បង់ ឲ្យស្ងប់រម្ងាប់ហើយ ធ្វើមិនគួរឲ្យកើតឡើងទៀត ដុតដោយភ្លើង គឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការជ្រើសរើស ហើយប្រកាន់ក្នុងធម៌ទាំងឡាយ។
[៨] ពាក្យថា តថាគតឃើញ (ទោស) ក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ អធិប្បាយថា តថាគតកាលឃើញទោសក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្តនូវទិដ្ឋិទាំងឡាយ ឬថា ទិដ្ឋិទាំងឡាយ តថាគតមិនគប្បីប្រកាន់ មិនគប្បីបបោសអង្អែល មិនគប្បីជាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតឃើញ (ទោស) ក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ដោយប្រការយ៉ាងនេះឯង។ មួយទៀត ដំណើរគឺទិដិ្ឋ សេចក្តីប្រកាន់គឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ ការអន្ទះអន្ទែងគឺទិដ្ឋិ សញ្ញោជនៈគឺទិដ្ឋិនុ៎ះថា លោកទៀង ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ឯទិដ្ឋិនេះ ប្រកបដោយទុក្ខ ប្រកបដោយសេចក្តីថ្នាំងថ្នាក់ ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្រហល់ក្រហាយ មិនប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីសេចក្តីរលត់ទុក្ខទេ ដើម្បីសេចក្តីស្ងប់រម្ងាប់ទេ ដើម្បីអភិញ្ញាទេ ដើម្បីកិរិយាត្រាស់ដឹងទេ ដើម្បីព្រះនិព្វានទេ តថាគតឃើញទោសក្នុងទិដ្ឋិទាំងឡាយដូច្នេះ ទើបមិនប្រកាន់យក មិនបបោសអង្អែល មិនជាប់ចិត្តនូវទិដ្ឋិទាំងឡាយ ឬថា ទិដ្ឋទាំងឡាយ តថាគតមិនគប្បីប្រកាន់យក មិនគប្បីបបោសអង្អែល មិនគប្បីជាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតឃើញទោសក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ដោយប្រការយ៉ាងនេះឯង។ ដំណើរគឺទិដ្ឋិ ការប្រកាន់គឺទិដ្ឋិ ផ្លូវឆ្ងាយគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ សេចក្តីអន្ទះអន្ទែងគឺទិដ្ឋិ សញ្ញោជនៈគឺទិដ្ឋិនុ៎ះថា លោកមិនទៀង លោកមានទីបំផុត លោកមិនមានទីបំផុត ជីវៈនោះ សរីរៈនោះ ជីវៈដទៃ សរីរៈដទៃ សត្វស្លាប់ហើយកើតទៀត សត្វស្លាប់ហើយមិនកើតទៀត សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ឯទិដ្ឋិនេះ ប្រកបដោយទុក្ខ ប្រកបដោយសេចក្តីថ្នាំងថ្នាក់ ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្រហល់ក្រហាយ មិនប្រព្រឹត្តទៅព្រម ដើម្បីសេចក្តីនឿយណាយទេ ដើម្បីសេចក្តីប្រាសចាកតម្រេកទេ ដើម្បីសេចក្តីរលត់ទុក្ខទេ ដើម្បីសេចក្តីស្ងប់រម្ងាប់ទេ ដើម្បីអភិញ្ញាទេ ដើម្បីកិរិយាត្រាស់ដឹងទេ ដើម្បីព្រះនិព្វានទេ តថាគតឃើញទោសក្នុងទិដ្ឋិទាំងឡាយដូច្នេះ ទើបមិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្តនូវទិដ្ឋិទាំងឡាយ ឬថា ទិដ្ឋិទាំងឡាយ តថាគត មិនគប្បីប្រកាន់យក មិនគប្បីបបោសអង្អែល មិនគប្បីជាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត ឃើញទោសក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ ដោយប្រការយ៉ាងនេះឯង។ មួយទៀត តថាគតឃើញទោសក្នុងទិដ្ឋិទាំងឡាយថា ទិដ្ឋិទាំងនេះ ដែលតថាគតប្រកាន់យ៉ាងនេះ បបោសអង្អែលយ៉ាងនេះ មានគតិយ៉ាងនេះ មានលោកខាងមុខយ៉ាងនេះ ទើបមិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្ត នូវទិដ្ឋិទាំងឡាយ ឬថា ទិដ្ឋិទាំងឡាយ តថាគតមិនគប្បីប្រកាន់ មិនគប្បីបបោសអង្អែល មិនគប្បីជាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតឃើញទោសក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ដោយប្រការយ៉ាងនេះឯង។ មួយទៀត តថាគតឃើញទោស ក្នុងទិដ្ឋិទាំងឡាយថា ទិដ្ឋិទាំងនេះ ប្រព្រឹត្តទៅដើម្បីនរក ប្រព្រឹត្តទៅដើម្បីតិរច្ឆានកំណើត ប្រព្រឹត្តទៅដើម្បីបិត្តិវិស័យ ទើបមិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្តនូវទិដ្ឋិទាំងឡាយ ឬថា ទិដ្ឋិទាំងឡាយ តថាគតមិនគប្បីប្រកាន់ មិនគប្បីបបោសអង្អែល មិនគប្បីជាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត ឃើញទោសក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ ដោយប្រការយ៉ាងនេះឯង។ មួយទៀត តថាគតឃើញទោសក្នុងទិដ្ឋិទាំងឡាយថា ទិដ្ឋិទាំងនេះ មិនទៀង គឺបច្ច័យតាក់តែងឡើងហើយ អាស្រ័យបច្ច័យកើតឡើងហើយ មានកិរិយាអស់ទៅជាធម្មតា មានកិរិយាសូន្យទៅជាធម្មតា មានកិរិយាប្រាសទៅជាធម្មតា មានកិរិយារលត់ទៅជាធម្មតា ទើបមិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្តនូវទិដ្ឋិទាំងឡាយ ឬថា ទិដ្ឋិទាំងឡាយ តថាគត មិនគប្បីប្រកាន់ មិនគប្បីបបោសអង្អែល មិនគប្បីជាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត ឃើញទោសក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ ដោយប្រការយ៉ាងនេះឯង។
[៩] ពាក្យថា បានពិចារណាឃើញនូវសេចក្តីស្ងប់ខាងក្នុង គឺសេចក្តីស្ងប់រាគៈ សេចក្តីស្ងប់ទោសៈ សេចក្តីស្ងប់មោហៈ ប្រព្រឹត្តទៅក្នុងខាងក្នុង និងសេចក្តីស្ងប់ សេចក្តីស្ងប់រម្ងាប់ សេចក្តីរលត់ សេចក្តីស្ងប់ស្ងៀម នៃកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ និងកិលេសទាំងអស់ ទុច្ចរិតទាំងអស់ សេចក្តីក្រវល់ក្រវាយទាំងអស់ សេចក្តីក្រហល់ក្រហាយទាំងអស់ សេចក្តីអន្ទះសាទាំងអស់ អភិសង្ខារជាអកុសលទាំងអស់។ ពាក្យថា បានពិចារណា គឺកាលពិចារណា កាលត្រិះរិះ កាលរំពឹង កាលថ្លឹង កាលលៃលក កាលបំភ្លឺ កាលធ្វើឲ្យច្បាស់ថា សង្ខារទាំងឡាយទាំងពួង មិនទៀង កាលពិចារណា កាលត្រិះរិះ កាលរំពឹង កាលថ្លឹង កាលលៃលក កាលបំភ្លឺ កាលធ្វើឲ្យច្បាស់ថា សង្ខារទាំងឡាយទាំងពួងជាទុក្ខ ថាធម៌ទាំងឡាយទាំងពួង ជាអនត្តា។បេ។ កាលពិចារណា កាលត្រិរិះ កាលរំពឹង កាលថ្លឹង កាលលៃលក កាលបំភ្លឺ កាលធ្វើឲ្យច្បាស់ថា វត្ថុណាមួយ មានសភាពកើតឡើងហើយ វត្ថុទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ ពាក្យថា បានឃើញ គឺបានជួប បានយល់ បានប្រទះ បានត្រាស់ដឹង ហេតុនោះ (ទ្រង់ត្រាស់ថា) បានពិចារណាឃើញនូវសេចក្តីស្ងប់ខាងក្នុង។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ការជ្រើសរើស ហើយប្រកាន់ក្នុងធម៌ទាំងឡាយថា អាត្មាអញពោលនូវពាក្យនេះដូច្នេះ មិនមានដល់តថាគតនោះទេ ព្រោះតថាគត ឃើញ (ទោស) ក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ ហើយបានពិចារណាឃើញនូវសេចក្តីស្ងប់ខាងក្នុង។
[១០] (មាគន្ទិយព្រាហ្មណ៍សួរថា) ធម្មជាតិជាគ្រឿងជ្រើសរើសណា ដែលបុគ្គលកំណត់ហើយ ព្រះអង្គជាមុនិ មិនប្រកាន់នូវធម្មជាតិជាគ្រឿងជ្រើសរើសទាំងនោះ ហើយត្រាស់សេចក្តីណាថា សេចក្តីស្ងប់ខាងក្នុង សេចក្តីនោះ អ្នកប្រាជ្ញទាំងឡាយ សំដែងហើយដូចម្តេចហ្ន៎។
[១១] ទិដ្ឋិ ៦២ លោកហៅថា ធម្មជាតិជាគ្រឿងជ្រឿសរើសរបស់បទថា ធម្មជាតិជាគ្រឿងជ្រឿសរើស ដែលគេកំណត់ហើយ។
ពាក្យថា គេកំណត់ហើយ គឺគេសម្រេច តែងតាំង រៀបចំ គេតែងតាំងដូច្នេះខ្លះ ឬថា មិនទៀង បច្ច័យតាក់តែង អាស្រ័យបច្ច័យហើយទើបកើតឡើង មានកិរិយាអស់ទៅជាធម្មតា សូន្យទៅជាធម្មតា ប្រាសទៅជាធម្មតា រលត់ទៅជាធម្មតា ប្រែប្រួលទៅជាធម្មតា គេតែងតាំងដូច្នេះខ្លះ ហេតុនោះ (ព្រាហ្មណ៍ពោលថា) ធម្មជាតិជាគ្រឿងជ្រើសរើសណា ដែលគេកំណត់ហើយ។ ពាក្យថា ដូច្នេះ ក្នុងបទថា មាគន្ទិយព្រាហ្មណ៍ពោលដូច្នេះ គឺជាបទសន្ធិ។បេ។ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់បទ។ ពាក្យថា មាគន្ទិយៈ ជានាម ជាកិរិយារាប់ ជាឈ្មោះ ជាពាក្យហៅព្រាហ្មណ៍នោះ ហេតុនោះ មានពាក្យថា មាគន្ទិយព្រាហ្មណ៍ ពោលដូច្នេះ។
[១២] ពាក្យថា នូវធម៌ទាំងនោះ ក្នុងបទថា ព្រះអង្គជាមុនិ មិនប្រកាន់នូវធម៌ទាំងនោះ ហើយត្រាស់នូវសេចក្តីណាថា សេចក្តីស្ងប់ខាងក្នុង គឺបានដល់ទិដ្ឋិ ៦២។ ញាណ ហៅថាមោនៈ ក្នុងបទថា មុនិ។បេ។ មុនិនោះ កន្លងបណ្តាញជាគ្រឿងជាប់ចំពាក់។ ពាក្យថា មិនប្រកាន់ គឺព្រះអង្គប្រកាន់ថា តថាគតឃើញទោសក្នុងទិដ្ឋិទាំងឡាយ មិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្តនូវទិដ្ឋិទាំងឡាយ ទាំងត្រាស់ថា សេចក្តីស្ងប់ខាងក្នុង។ ពាក្យថា នូវសេចក្តីណា គឺព្រះអង្គជាមុនិ មិនប្រកាន់នូវធម៌ទាំងនោះ ត្រាស់នូវសេចក្តីដ៏ឧត្តមណាថា មានសេចក្តីស្ងប់ខាងក្នុង ហេតុនោះ (ព្រាហ្មណ៍ពោលថា) នូវសេចក្តីណា។
[១៣] ពាក្យថា ដូចម្តេចហ្ន៎ ក្នុងបទថា ដែលអ្នកប្រាជ្ញទាំងឡាយសំដែងហើយ ដូចម្តេចហ្ន៎ គឺជាការសួរដោយសង្ស័យ សួរដោយងឿងឆ្ងល់ សួរដោយមន្ទិល សួរដោយចំណែកច្រើន ដោយពាក្យថា យ៉ាងនេះឬហ្ន៎ មិនមែនទេហ្ន៎ ដូចម្តេចហ្ន៎ ដោយប្រការដូចម្តេចហ្ន៎ ហេតុនោះ (ព្រាហ្មណ៍ពោលថា) ដូចម្តេចហ្ន៎។ ពាក្យថា អ្នកប្រាជ្ញទាំងឡាយ គឺបណ្ឌិតអ្នកមានបញ្ញា មានបញ្ញាជាគ្រឿងត្រាស់ដឹង អ្នកមានញាណ អ្នកមានការយល់ច្បាស់ អ្នកមានប្រាជ្ញាជាគ្រឿងពុះពារទាំងឡាយ។ ពាក្យថា សំដែងហើយ គឺពន្យល់ សំដែង ប្រាប់ បង្ហាញ បញ្ញត្ត តាំងទុក បង្ហើប វែកញែក ធ្វើឲ្យរាក់ ប្រកាសហើយ ហេតុនោះ ព្រាហ្មណ៍ពោលថា អ្នកប្រាជ្ញទាំងឡាយ សំដែងហើយដូចម្តេចហ្ន៎។ ហេតុនោះ ព្រាហ្មណ៍នោះទូលថា
ធម្មជាតិ ជាគ្រឿងជ្រើសរើសណា ដែលបុគ្គលកំណត់ហើយ ព្រះអង្គជាមុនិ មិនប្រកាន់ធម៌ទាំងនោះ ហើយត្រាស់នូវសេចក្តីណាថា សេចក្តីស្ងប់ខាងក្នុង សេចក្តីនោះ អ្នកប្រាជ្ញទាំងឡាយ សំដែងហើយដូចម្តេចហ្ន៎។
[១៤] (ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលមាគន្ទិយៈ) អ្នកប្រាជ្ញមិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះការឃើញទេ ព្រោះការឮទេ ព្រោះការដឹងទេ ព្រោះសីល និងវត្តទេ ទាំងមិន (ពោលនូវសេចក្តីបរិសុទ្ធិ) ព្រោះការមិនឃើញ ព្រោះការមិនឮ ព្រោះការមិនដឹង ព្រោះមិនមានសីល ព្រោះមិនមានវត្តនោះទេ ទាំងលះបង់ មិនប្រកាន់ធម៌ទាំងនោះ ជាអ្នកស្ងប់ មិនអាស្រ័យ មិនគប្បីប្រាថ្នាភព។
[១៥] ពាក្យថា ព្រោះការឃើញទេ ព្រោះការឮទេ ព្រោះការដឹងទេ អធិប្បាយថា អ្នកប្រាជ្ញ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែង នូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ ព្រោះការដែលឃើញ។ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែងនូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ ព្រោះការដែលឮ។ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែងនូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ ព្រោះការឃើញ ទាំងការឮ។ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែងនូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ ព្រោះការដឹង ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះការឃើញទេ ព្រោះការឮទេ ព្រោះការដឹងទេ។ ពាក្យថា មាគន្ទិយៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះ ដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យហៅដោយគោរព។បេ។ សេចក្តីបញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) អំពីការត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ហៅថា មាគន្ទិយៈ។
[១៦] ពាក្យថា អ្នកប្រាជ្ញមិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តទេ សេចក្តីថា អ្នកប្រាជ្ញ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែងនូវសេចក្តីស្អាត ស្អាតវិសាល បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ សូម្បីព្រោះសីលទេ។ អ្នកប្រាជ្ញ មិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែងនូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ សូម្បីព្រោះវត្តទេ។ អ្នកប្រាជ្ញមិនពោល មិនថ្លែង មិនពណ៌នា មិនពន្យល់ មិនសំដែងនូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការផុត ផុតស្រឡះ ផុតជុំវិញ សូម្បីព្រោះសីល និងវត្តទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញមិនពោលនូវសេចក្តីបរិសុទ្ធិ សូម្បីព្រោះសីល និងវត្តទេ។
[១៧] ពាក្យថា ទាំងមិន (សំដែងនូវសេចក្តីបរិសុទ្ធិ) ព្រោះការមិនឃើញ ព្រោះការមិនឮ ព្រោះការមិនដឹង ព្រោះមិនមានសីល ព្រោះមិនមានវត្តនោះទេ អធិប្បាយថា ទិដ្ឋិដែលគួរប្រាថ្នាក៏មាន បានដល់សម្មាទិដ្ឋិ មានវត្ថុ១០ គឺ ទានដែលបុគ្គលឲ្យហើយមានផល ការបូជាធំមានផល ការបូជាតូចមានផល ផលវិបាករបស់កម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ មាន លោកនេះមាន លោកដទៃមាន មាតាមានគុណ បិតាមានគុណ ពួកសត្វជាឱបបាតិកៈ មាន ពួកសមណព្រាហ្មណ៍អ្នកប្រព្រឹត្តត្រូវ ប្រតិបត្តិត្រូវ ធ្វើឲ្យជាក់ច្បាស់ ត្រាស់ដឹងលោកនេះ និងលោកខាងមុខ ដោយបញ្ញាដ៏ក្រៃលែង ដោយខ្លួនឯង មានក្នុងលោក។ ការស្តាប់ដែលគួរប្រាថ្នាក៏មាន បានដល់ការឃោសនាអំពីសំណាក់បុគ្គលដទៃគឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម៌ វេទល្លៈ។ ញាណដែលគួរប្រាថ្នាក៏មាន គឺកម្មស្សកតញ្ញាណ សច្ចានុលោមិកញ្ញាណ អភិញ្ញាញាណ សមាបត្តិញ្ញាណ។ សីលដែលគួរប្រាថ្នាក៏មាន បានដល់បាតិមោក្ខសំវរសីល។ វត្តដែលគួរប្រាថ្នាក៏មាន បានដល់ធុតង្គទាំង៨ គឺអារញ្ញិកង្គៈ១ បិណ្ឌបាតិកង្គៈ១ បង្សុកូលិកង្គៈ១ តេចីវរិកង្គៈ១ សបទានចារិកង្គៈ១ ខលុបច្ឆាភត្តិកង្គៈ១ នេសជ្ជិកង្គៈ១ យថាសន្ថតិកង្គៈ១។ ពាក្យថា ទាំងមិន (សំដែងនូវសេចក្តីបរិសុទ្ធិ) ព្រោះការមិនឃើញ ព្រោះការមិនឮ ព្រោះការមិនដឹង ព្រោះមិនមានសីល ព្រោះមិនមានវត្តនោះទេ បានសេចក្តីថា បុគ្គលដែលដល់សេចក្តីស្ងប់ខាងក្នុង មិនមែនត្រឹមតែយល់ត្រូវ មិនមែនត្រឹមតែឮ មិនមែនត្រឹមតែដឹង មិនមែនត្រឹមតែសីល មិនមែនត្រឹមតែវត្ត ឬថា ដល់សេចក្តីស្ងប់ខាងក្នុង ព្រោះវៀរចាកធម៌ទាំងនេះ ក៏មិនមែនដែរ មួយទៀត ធម៌ទាំងនេះ ជាសម្ភារៈ ដើម្បីដល់ ដើម្បីបាន ដើម្បីប៉ះពាល់ ដើម្បីធ្វើឲ្យជាក់ច្បាស់ សេចក្តីស្ងប់ខាងក្នុង ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងមិនសំដែងនូវសេចក្តីបរិសុទ្ធិ) ព្រោះការមិនឃើញ ព្រោះការមិនឮ ព្រោះការមិនដឹង ព្រោះមិនមានសីល ព្រោះមិនមានវត្តនោះទេ។
[១៨] ពាក្យថា លះ មិនប្រកាន់ធម៌ទាំងនុ៎ះ អធិប្បាយថា ការលះបង់ ដោយការគាស់រំលើងនូវធម៌ជាពួកខ្មៅដោយធម៌ទាំងនុ៎ះ ត្រូវតែប្រាថ្នា។ ការមិនមានចំណង់ក្នុងធម៌ទាំងឡាយជាកុសល ប្រព្រឹត្តទៅក្នុងធាតុបី គប្បីប្រាថ្នា។ ធម៌ទាំងឡាយជាពួកខ្មៅដែលលះបង់ហើយ ដោយការលះបង់ ដោយការគាស់រំលើងឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមាន មានការមិនកើតឡើងតទៅជាធម្មតា ទាំងមិនមានចំណង់ក្នុងធម៌ទាំងឡាយជាកុសល ប្រព្រឹត្តទៅក្នុងធាតុបី ដោយហេតុណា សប្បុរសមិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្ត ដោយហេតុមានប្រមាណប៉ុណ្ណោះឯង ឬថា ធម៌ជាពួកខ្មៅទាំងឡាយ សប្បុរសមិនគប្បីប្រកាន់ មិនគប្បីបបោសអង្អែល មិនគប្បីជាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) លះ មិនប្រកាន់នូវធម៌ទាំងនុ៎ះ ដោយប្រការយ៉ាងនេះឯង។ តណ្ហា ទិដ្ឋិ និងមានះ សប្បុរស លះបង់ហើយ ផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមាន មានការមិនកើតឡើងតទៅជាធម្មតា ដោយហេតុណា សប្បុរសមិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្ត ដោយហេតុមានប្រមាណបុណ្ណោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) លះ មិនប្រកាន់ដោយប្រការយ៉ាងនេះ។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ និងអានេញ្ជាភិសង្ខារ សប្បុរសលះបង់ហើយ ផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមាន មានការមិនកើតតទៅជាធម្មតា ដោយហេតុណា សប្បុរសមិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្ត ដោយហេតុមានប្រមាណប៉ុណ្ណោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) លះ មិនប្រកាន់ធម៌ទាំងនុ៎ះ ដោយប្រការយ៉ាងនេះឯង។
[១៩] អធិប្បាយពាក្យថា ជាអ្នកស្ងប់ មិនអាស្រ័យហើយ មិនគប្បីប្រាថ្នាភព ត្រង់ពាក្យថា ជាអ្នកស្ងប់ សេចក្តីថា ជាអ្នកស្ងប់ ព្រោះស្ងប់រាគៈ ជាអ្នកស្ងប់ ព្រោះស្ងប់ទោសៈ ជាអ្នកស្ងប់ ព្រោះស្ងប់មោហៈ ជាអ្នកស្ងប់រម្ងាប់ រំលត់ ស្ងប់ រម្ងាប់ ព្រោះស្ងប់ រម្ងាប់ ចូលជិតរម្ងាប់ ផុត រំលត់ ឲ្យទៅប្រាស់ ស្ងប់ រម្ងាប់ នូវកោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្រហល់ក្រហាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង អភិសង្ខារជាអកុសលទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់។ ពាក្យថា មិនអាស្រ័យ បានដល់ការអាស្រ័យ ២ គឺតណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះ តណ្ហានិស្ស័យ។បេ។ នេះ ទិដ្ឋិនិស្ស័យ។ បុគ្គលលះតណ្ហានិស្ស័យ រលាស់ចោលទិដ្ឋិនិស្ស័យ មិនអាស្រ័យភ្នែក មិនអាស្រ័យត្រចៀក មិនអាស្រ័យច្រមុះ មិនអាស្រ័យអណ្តាត មិនអាស្រ័យកាយ មិនអាស្រ័យចិត្ត មិនអាស្រ័យ មិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្ត នូវរូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល គណៈ អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន និងធម៌ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់ មិនអាស្រ័យ។ ពាក្យថា មិនគប្បីប្រាថា្នភព សេចក្តីថា មិនគប្បីប្រាថ្នាកាមភព មិនគប្បីប្រាថ្នារូបភព មិនគប្បីប្រាថ្នា មិនគប្បីប្រាថ្នាដោយប្រការៈ មិនគប្បីប្រាថ្នាចំពោះអរូបភព ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់ មិនអាស្រ័យ មិនគប្បីប្រាថា្នភព។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ហើយថា
(ម្នាលមាគន្ទិយៈ) អ្នកប្រាជ្ញ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះការឃើញទេ ព្រោះការឮទេ ព្រោះការដឹងទេ ព្រោះសីល និងវត្តទេ ទាំងមិន (ពោលនូវសេចក្តីបរិសុទ្ធិ) ព្រោះការមិនឃើញ ព្រោះការមិនឮ ព្រោះការមិនដឹង ព្រោះមិនមានសីល ព្រោះមិនមានវត្តនោះទេ ទាំងលះ មិនប្រកាន់នូវធម៌ទាំងនោះ ជាអ្នកស្ងប់ មិនអាស្រ័យហើយ មិនគប្បីប្រាថ្នាភព។
[២០] (មាគន្ទិយព្រាហ្មណ៍ទូលដូច្នេះថា) ប្រសិនបើអ្នកប្រាជ្ញ មិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះការឃើញទេ ព្រោះការឮទេ ព្រោះការដឹងទេ ព្រោះសីល និងវត្តទេ ទាំងមិន (ពោលនូវសេចក្តីបរិសុទ្ធិ) ព្រោះការមិនឃើញ ព្រោះការមិនឮ ព្រោះការមិនដឹង ព្រោះមិនមានសីល ព្រោះមិនមានវត្តនោះទេ ខ្ញុំព្រះអង្គសំគាល់ធម៌ (របស់ព្រះអង្គ ថាជាធម៌) នាំសត្វឲ្យវង្វេងជ្រប់ សមណព្រាហ្មណ៍ពួកខ្លះ ជឿសេចក្តីបរិសុទ្ធិ ព្រោះទិដ្ឋិ។
[២១] ពាក្យថា ប្រសិនបើ (អ្នកប្រាជ្ញ) មិនពោល (នូវសេចក្តីបរិសុទ្ធិ) ព្រោះការឃើញទេ ព្រោះការឮទេ ព្រោះការដឹងទេ អធិប្បាយថា អ្នកប្រាជ្ញមិនពោល គឺមិនថ្លែង មិនពណ៌នា មិនបំភ្លឺ មិនពន្យល់នូវសេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ការផុតស្រឡះ ការផុតដោយជុំវិញ សូម្បីដោយការឃើញទេ។ អ្នកប្រាជ្ញមិនពោល គឺមិនថ្លែង មិនពណ៌នា មិនបំភ្លឺ មិនពន្យល់នូវសេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ការផុតស្រឡះ ការផុតដោយជុំវិញ សូម្បីដោយការឮទេ។ អ្នកប្រាជ្ញមិនពោល គឺមិនថ្លែង មិនពណ៌នា មិនបំភ្លឺ មិនពន្យល់នូវសេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ការផុតស្រឡះ ការផុតដោយជុំវិញ សូម្បីដោយការឃើញ ទាំងការឮទេ។ អ្នកប្រាជ្ញមិនពោល គឺមិនថ្លែង មិនពណ៌នា មិនបំភ្លឺ មិនពន្យល់ នូវសេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ការផុតស្រឡះ ការផុតដោយជុំវិញ សូម្បីដោយការដឹងទេ ហេតុនោះ (ព្រាហ្មណ៍ពោលថា) ប្រសិនបើ (អ្នកប្រាជ្ញ) មិនពោល (នូវសេចក្តីបរិសុទ្ធិ) ព្រោះការឃើញទេ ព្រោះការឮទេ ព្រោះការដឹងទេ។ ពាក្យថា ដូច្នេះ របស់បទថា មាគន្ទិយៈទូលដូច្នេះ ជាបទសន្ធិ។បេ។ ពាក្យថា ដូច្នេះនុ៎ះ ជាលំដាប់បទ។ ពាក្យថា មាគនិ្ទយៈ ជាឈ្មោះព្រាហ្មណ៍នោះ ហេតុនោះ មានពាក្យថា មាគនិ្ទយៈ (ទូល) ដូច្នេះ។
[២២] ពាក្យថា អ្នកប្រាជ្ញមិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តទេ សេចក្តីថា អ្នកប្រាជ្ញមិនពោល គឺមិនថ្លែង មិនពណ៌នា មិនបំភ្លឺ មិនពន្យល់ នូវសេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ សូម្បីដោយសីលទេ នូវសេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ សូម្បីដោយវត្តទេ នូវសេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ការផុតស្រឡះ ការផុតដោយជុំវិញ សូម្បីដោយសីល និងវត្តទេ ហេតុនោះ (ព្រាហ្មណ៍ពោលថា) អ្នកប្រាជ្ញមិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះសីល និងវត្តទេ។
[២៣] ពាក្យថា ទាំងមិន (ពោលនូវសេចក្តីបរិសុទ្ធិ) ព្រោះការមិនឃើញ ព្រោះការមិនឮ ព្រោះការមិនដឹង ព្រោះមិនមានសីល ព្រោះមិនមានវត្តនោះទេ សេចក្តីថា ព្រះអង្គពោលយ៉ាងនេះថា ទិដ្ឋិដែលគួរប្រាថ្នាក៏មាន ព្រះអង្គពោលយ៉ាងនេះថា ការស្តាប់ដែលគួរប្រាថ្នាក៏មាន ព្រះអង្គពោលយ៉ាងនេះថា ការដឹងដែលគួរប្រាថ្នាក៏មាន ព្រះអង្គពោលយ៉ាងនេះថា សីលដែលគួរប្រាថ្នាក៏មាន ព្រះអង្គពោលយ៉ាងនេះថា វត្តដែលគួរប្រាថ្នាក៏មាន ព្រះអង្គមិនអាចដើម្បីយល់តាមដោយដាច់ខាត ព្រះអង្គមិនអាចដើម្បីបដិសេធដោយដាច់ខាត ហេតុនោះ (ព្រាហ្មណ៍ពោលថា) ទាំងមិន (ពោលនូវសេចក្តីបរិសុទ្ធិ) ព្រោះការមិនឃើញ ព្រោះការមិនឮ ព្រោះការមិនដឹង ព្រោះមិនមានសីល ព្រោះមិនមានវត្តនោះទេ។
[២៤] ពាក្យថា ខ្ញុំព្រះអង្គសំគាល់ធម៌ (របស់ព្រះអង្គ ថាជាធម៌) នាំសត្វឲ្យវង្វេងជ្រប់ សេចក្តីថា ខ្ញុំព្រះអង្គសំគាល់យ៉ាងនេះ ដឹងយ៉ាងនេះ ដឹងច្បាស់យ៉ាងនេះ យល់ច្បាស់យ៉ាងនេះថា ធម៌របស់ព្រះអង្គនេះ ជាធម៌ញុំាងសត្វឲ្យវង្វេង ជាធម៌ពាល ជាធម៌ងងឹត ជាធម៌ប្រាសចាកញាណ ជាអមរាវិក្ខេបធម៌ ហេតុនោះ (ព្រាហ្មណ៍ពោលថា) ខ្ញុំព្រះអង្គសំគាល់ធម៌ (របស់ព្រះអង្គ ថាជាធម៌) នាំសត្វឲ្យវង្វេងជ្រប់។
[២៥] ពាក្យថា សមណព្រាហ្មណ៍ពួកខ្លះ ជឿសេចក្តីបរិសុទ្ធិ ព្រោះការឃើញ សេចក្តីថា សមណព្រាហ្មណ៍ទាំងឡាយពួកខ្លះជឿថា សេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ការផុតស្រឡះ ការផុតដោយជុំវិញ ព្រោះការឃើញ។ សមណព្រាហ្មណ៍ពួកខ្លះ ជឿសេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ការផុតស្រឡះ ការផុតដោយជុំវិញ ព្រោះការឃើញថា លោកទៀង ពាក្យនេះឯងពិត ពាក្យដទៃជាមោឃៈ។ សមណព្រាហ្មណ៍ពួកខ្លះ ជឿសេចក្តីស្អាត ស្អាតវិសេស សេចក្តីបរិសុទ្ធិ ការផុត ការផុតស្រឡះ ការផុតដោយជុំវិញ ព្រោះការឃើញថា លោកមិនទៀង។បេ។ សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះឯងពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ព្រាហ្មណ៍ពោលថា) សមណព្រាហ្មណ៍ពួកខ្លះ ជឿសេចក្តីបរិសុទ្ធិ ព្រោះការឃើញ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា ប្រសិនបើអ្នកប្រាជ្ញមិនពោលនូវសេចក្តីបរិសុទ្ធិ ព្រោះការឃើញទេ ព្រោះការឮទេ ព្រោះការដឹងទេ ព្រោះសីល និងវត្តទេ ទាំងមិន (ពោលនូវសេចក្តីបរិសុទ្ធិ) ព្រោះការមិនឃើញ ព្រោះការមិនឮ ព្រោះការមិនដឹង ព្រោះមិនមានសីល ព្រោះមិនមានវត្តនោះទេ ខ្ញុំព្រះអង្គសំគាល់ធម៌ (របស់ព្រះអង្គ ថាជាធម៌) នាំសត្វឲ្យវង្វេងជ្រប់ សមណព្រាហ្មណ៍ពួកខ្លះ ជឿសេចក្តីបរិសុទ្ធិព្រោះទិដ្ឋិ។
[២៦] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមាគន្ទិយៈ) អ្នកអាស្រ័យទិដ្ឋិទាំងឡាយហើយ ទើបសួររឿយៗ អ្នកដល់នូវសេចក្តីភ័ន្តច្រឡំក្នុងទិដ្ឋិទាំងឡាយ ដែលប្រកាន់ហើយ មិនបានឃើញសញ្ញាសូម្បីតិចតួច អំពីធម៌នេះ ហេតុនោះ ទើបអ្នកយល់ថា ជាធម៌នាំឲ្យសត្វវង្វេងជ្រប់។
[២៧] ពាក្យថា អ្នកអាស្រ័យទិដ្ឋិទាំងឡាយហើយ ទើបសួររឿយៗ សេចក្តីថា មាគន្ទិយព្រាហ្មណ៍ អាស្រ័យទិដ្ឋិ ហើយសួរទិដ្ឋិ អាស្រ័យការជាប់ចំពាក់ ហើយសួរការជាប់ចំពាក់ អាស្រ័យចំណង ហើយសួរចំណង អាស្រ័យបលិពោធ ហើយសួរបលិពោធ។ ពាក្យថា សួររឿយៗ គឺសួរញឹកញយ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកអាស្រ័យទិដ្ឋិទាំងឡាយហើយ ទើបសួររឿយៗ។ ពាក្យថា មាគន្ទិយៈ គឺព្រះមានព្រះភាគត្រាស់ហៅនូវព្រាហ្មណ៍នោះដោយចំឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យហៅដោយគោរព។បេ។ សេចក្តីបញ្ញត្តិថា ព្រះមានព្រះភាគនេះ (កើត) អំពីការត្រាស់ដឹង ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគត្រាស់ហៅថា មាគនិ្ទយៈ។
[២៨] ពាក្យថា អ្នកដល់នូសេចក្តីភ័ន្តច្រឡំ ក្នុងទិដ្ឋិទាំងឡាយ ដែលប្រកាន់ហើយ សេចក្តីថា ទិដ្ឋិណាដែលអ្នកប្រកាន់ បបោសអង្អែល ចូលចិត្ត ចុះចិត្ត ចុះចិត្តស៊ប់ អ្នកជាបុគ្គលវង្វេង វង្វេងជ្រប់ វង្វេងស៊ប់ ជាអ្នកដល់នូវសេចក្តីវង្វេង ដល់នូវសេចក្តីវង្វេងជ្រប់ ដល់នូវសេចក្តីវង្វេងស៊ប់ ជាអ្នកស្លុងទៅកាន់សេចក្តីងងឹតងងល់ក្នុងទិដ្ឋិនោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកដល់នូវការភ័ន្តច្រឡំ ក្នុងទិដ្ឋិទាំងឡាយ ដែលប្រកាន់ហើយ។
[២៩] ពាក្យថា អ្នកមិនបានឃើញសញ្ញាសូម្បីបន្តិចបន្តួច អំពីធម៌នេះ សេចក្តីថា អ្នកមិនបានសញ្ញាដែលគួរហើយក្តី សញ្ញាដែលដល់ហើយក្តី សញ្ញាជាគ្រឿងចំណាំក្តី សញ្ញាជាហេតុក្តី សញ្ញាជាទីតាំងក្តី អំពីធម៌ដែលមានសេចក្តីស្ងប់ខាងក្នុងនេះក្តី អំពីសេចក្តីបដិបត្តិនេះក្តី អំពីធម្មទេសនានេះក្តី តើញាណ (នឹងមានមក) អំពីណា ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនបានឃើញសញ្ញាសូម្បីបន្តិចបន្ទួច អំពីធម៌នេះ ដោយប្រការយ៉ាងនេះឯង។ មួយវិញទៀត អ្នកមិនបានសញ្ញាថា បញ្ចក្ខន្ធ មិនទៀង ឬអនុលោមតាមសញ្ញាថា បញ្ចក្ខន្ធ មិនទៀង សញ្ញាថា បញ្ចក្ខន្ធជាទុក្ខ ឬអនុលោមតាមសញ្ញាថា បញ្ចក្ខន្ធជាទុក្ខ សញ្ញាថា បញ្ចក្ខន្ធជាអនត្តា ឬអនុលោមតាមសញ្ញាថា បញ្ចក្ខន្ធ ជាអនត្តា កិច្ចត្រឹមតែកិរិយាញុំាងសញ្ញាឲ្យកើតឡើង ឬនិមិត្តក្នុងសញ្ញា តើញាណនឹងមានមកអំពីណា ហេតុនោះ (ទ្រង់ត្រាស់ថា) មិនបានឃើញសញ្ញាសូម្បីបន្តិចបន្តួចអំពីធម៌នេះ។
[៣០] ពាក្យថា ហេតុនោះ ទើបអ្នកយល់ថា ជាធម៌នាំសត្វឲ្យវង្វេងជ្រប់ ត្រង់ពាក្យថាហេតុនោះ គឺព្រោះហេតុដូច្នោះ ព្រោះការណ៍នោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ទើបអ្នកយល់ឃើញ ក្រឡេកឃើញ រំពឹងឃើញ ពិចារណាឃើញថា ជាធម៌ញុំាងសត្វឲ្យវង្វេងជ្រប់ ថាជាធម៌ពាល ថាជាធម៌ភ័ន្តច្រឡំ ថាជាធម៌ប្រាសចាកញាណ ថាជាអមរាវិក្ខេបធម៌ ហេតុនោះ (ទ្រង់ត្រាស់ថា) ហេតុនោះ ទើបអ្នកយល់ថា ជាធម៌ញុំាងសត្វឲ្យវង្វេងជ្រប់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
អ្នកអាស្រ័យទិដ្ឋិទាំងឡាយ ហើយសួររឿយៗ ដល់នូវសេចក្តីភ័ន្តច្រឡំក្នុងទិដ្ឋិទាំងឡាយដែលប្រកាន់យកហើយ មិនបានឃើញសញ្ញាសូម្បីបន្តិចបន្តួចអំពីធម៌នេះ ហេតុនោះ ទើបអ្នកយល់ថា ជាធម៌នាំឲ្យវង្វេងជ្រប់។
[៣១] បុគ្គលណា សំគាល់ថាស្មើ ថាប្រសើរ ឬថាថោកទាប បុគ្គលនោះ គប្បីនិយាយទទឹងទាស់ដោយសេចក្តីសំគាល់នោះ បុគ្គលណា មិនញាប់ញ័រក្នុងមានះ ៣ យ៉ាង ការប្រកាន់ថាស្មើ ថាប្រសើរ (ឬថាថោកទាប) នៃបុគ្គលនោះ មិនមានឡើយ។
[៣២] ពាក្យថា បុគ្គលណា សំគាល់ថាស្មើ ថាប្រសើរ ឬថាថោកទាប បុគ្គលនោះ គប្បីនិយាយទទឹងទាស់ដោយសេចក្តីសំគាល់នោះ អធិប្បាយថា បុគ្គលណា សំគាល់ថា អាត្មាអញប្រហែលនឹងគេក្តី ថាអាត្មាអញប្រសើរក្តី ថាអាត្មាអញថោកទាបក្តី បុគ្គលនោះ គប្បីធ្វើជម្លោះ គប្បីធ្វើការទាស់ទែង គប្បីធ្វើការប្រកាន់ខុស គប្បីធ្វើវិវាទ គប្បីធ្វើការប្រកួតប្រកាន់ ព្រោះមានះនោះ ព្រោះទិដ្ឋិនោះ ឬព្រោះបុគ្គលនោះថា អ្នកមិនចេះធម្មវិន័យនេះទេ ខ្ញុំចេះដឹងធម្មវិន័យនេះ អ្នកនឹងចេះធម្មវិន័យនេះដូចម្តេចបាន អ្នកជាបុគ្គលប្រតិបត្តិខុស ខ្ញុំប្រតិបត្តិត្រូវ ពាក្យរបស់ខ្ញុំទើបប្រកបដោយប្រយោជន៍ ពាក្យរបស់អ្នកមិនប្រកបដោយប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកនិយាយក្រោយ ពាក្យដែលគេត្រូវនិយាយក្រោយ អ្នកនិយាយមុន ពាក្យដែលអ្នកសន្សំមកយូរហើយ ត្រូវយើងឲ្យវិលត្រឡប់ហើយ វាទៈរបស់អ្នក យើងលើកចោលហើយ អ្នកត្រូវយើងសង្កត់សង្កិនបានហើយ អ្នកចូរត្រាច់ទៅ ដើម្បីដោះវាទៈចុះ ឬបើអ្នកអាច អ្នកចូរដោះចុះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណា សំគាល់ថាស្មើ ថាប្រសើរ ឬថាថោកទាប បុគ្គលនោះ គប្បីនិយាយទទឹងទាស់ដោយសេចក្តីសំគាល់នោះ។
[៣៣] ពាក្យថា បុគ្គលណា មិនញាប់ញ័រក្នុងមានះ ៣ យ៉ាង ការប្រកាន់ថា ស្មើ ថាប្រសើរ (ឬថាថោកទាប) មិនមានដល់បុគ្គលនោះ សេចក្តីថា មានះទាំងឡាយបីយ៉ាងនុ៎ះ បុគ្គលណា លះបង់ ផ្តាច់បង់ ស្ងប់រម្ងាប់ កំចាត់បង់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ រមែងមិនញាប់ញ័រ មិនរំជួលក្នុងមានះទាំង ៣ កាលបើបុគ្គលមិនញាប់ញ័រហើយ (រមែងមិនមានសេចក្តីប្រកាន់ថា) អាត្មាអញជាបុគ្គលស្មើនឹងគេដូច្នេះផង ជាបុគ្គលប្រសើរជាងគេដូច្នេះផង ជាបុគ្គលថោកទាបជាងគេដូច្នេះផង។ ពាក្យថា មិនមានដល់បុគ្គលនោះ សេចក្តីថា មិនមានដល់តថាគត ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនញាប់ញ័រក្នុងមានះ ៣ យ៉ាង (ការប្រកាន់ថា) ស្មើ ថាប្រសើរ រមែងមិនមានដល់បុគ្គលនោះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលណា សំគាល់ថាស្មើ ថាប្រសើរ ឬថាថោកទាប បុគ្គលនោះ គប្បីនិយាយទទឹងទាស់ដោយសេចក្តីសំគាល់នោះ បុគ្គលណា មិនញាប់ញ័រក្នុងមានះ ៣ ការប្រកាន់ថាស្មើ ថាប្រសើរ (ឬថាថោកទាប) មិនមានដល់បុគ្គលនោះឡើយ។
[៣៤] ព្រាហ្មណ៍នោះ គប្បីពោលថា (សេចក្តីយល់) នេះ ត្រូវពិតដូចម្តេចបាន ឬក៏ព្រាហ្មណ៍នោះ គប្បីពោលទទឹងទាស់ថា (ពាក្យរបស់អ្នក) ជាពាក្យកុហក ដោយប្រការដូចម្តេចបាន សេចក្តីសំគាល់ថាស្មើ ឬមិនស្មើ មិនមានក្នុងព្រះខីណាស្រពអង្គណា ព្រះខីណាស្រពអង្គនោះ គប្បីផ្សាយវាទៈ ដោយប្រការដូចម្តេចបាន។
[៣៥] អធិប្បាយពាក្យថា ព្រាហ្មណ៍នោះ គប្បីពោលថា សេចក្តីយល់នេះ ត្រូវពិតដូចម្តេចបាន ត្រង់ពាក្យថា ព្រាហ្មណ៍ គឺបុគ្គលឈ្មោះថា ព្រាហ្មណ៍ ព្រោះបន្សាត់បង់ធម៌ ៧។បេ។ ជាបុគ្គលមិនអាស្រ័យ ជាតាទិបុគ្គល បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះ (គប្បីពោលថា) សេចក្តីយល់នេះត្រូវពិត។ ពាក្យថា គប្បីពោលដូចម្តេចបាន សេចក្តីថា ព្រាហ្មណ៍ គប្បីពោលដូចម្តេច គប្បីថ្លែងដូចម្តេច គប្បីពណ៌នាដូចម្តេច គប្បីបំភ្លឺដូចម្តេច គប្បីពន្យល់ដូចម្តេចថា លោកទៀង ពាក្យនេះឯងពិត ពាក្យដទៃជាមោឃៈ។ គប្បីពោលដូចម្តេច គប្បីថ្លែងដូចម្តេច គប្បីពណ៌នាដូចម្តេច គប្បីបំភ្លឺដូចម្តេច គប្បីពន្យល់ដូចម្តេចថា លោកមិនទៀង។បេ។ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះឯងពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះ គប្បីពោលថា (សេចក្តីយល់) នេះ ត្រូវពិត ដូចម្តេចបាន។
[៣៦] ពាក្យថា ព្រាហ្មណ៍នោះ គប្បីពោលទទឹងទាស់ថា (ពាក្យរបស់អ្នក) ជាពាក្យកុហក ដោយប្រការដូចម្តេចបាន សេចក្តីថា ព្រាហ្មណ៍ គប្បីធ្វើជម្លោះ គប្បីធ្វើការទាស់ទែង គប្បីធ្វើសេចក្តីប្រកាន់សុខ គប្បីធ្វើវិវាទ គប្បីធ្វើសេចក្តីប្រកួតប្រកាន់ថា អ្នកមិនចេះដឹង ធម្មវិន័យនេះទេ។បេ។ បើអ្នកអាច អ្នកចូរដោះចុះ ដោយមានះដូចម្តេច ដោយទិដ្ឋិដូចម្តេច ឬដោយបុគ្គលដូចម្តេចថា ពាក្យរបស់ខ្ញុំពិត ពាក្យរបស់អ្នកកុហក ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះ គប្បីពោលទទឹងទាស់ថា (ពាក្យរបស់អ្នក) ជាពាក្យកុហក ដោយប្រការដូចម្តេចបាន។
[៣៧] ពាក្យថា សេចក្តីសំគាល់ថាស្មើក្តី មិនស្មើក្តី មិនមានក្នុងព្រះខីណាស្រពអង្គណា សេចក្តីថា ព្រះអរហន្តខីណាស្រពអង្គណា មិនមានសេចក្តីប្រកាន់ថា អាត្មាអញជាបុគ្គលស្មើនឹងគេ មិនមានសេចក្តីប្រកាន់ខ្ពស់ថា អាត្មាអញជាបុគ្គលប្រសើរជាងគេ មិនមាន មិនមានព្រម មិនគប្បីបាននូវសេចក្តីប្រកាន់ទាបថា អាត្មាអញជាបុគ្គលថោកទាបជាងគេ គឺថា កិលេសជាតនោះ ព្រះខីណាស្រពលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ មិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីសំគាល់ថាស្មើក្តី មិនស្មើក្តី មិនមានក្នុងព្រះខីណាស្រពអង្គណា។
[៣៨] ពាក្យថា ព្រះខីណាស្រពអង្គនោះ គប្បីផ្សាយវាទៈ ដោយប្រការដូចម្តេចបាន សេចក្តីថា ព្រះខីណាស្រពអង្គនោះ គប្បីផ្សាយ គប្បីផ្សព្វផ្សាយវាទៈ គប្បីធ្វើជម្លោះ គប្បីធ្វើសេចក្តីទាស់ទែង គប្បីធ្វើការប្រកាន់ខុស គប្បីធ្វើវិវាទ គប្បីធ្វើសេចក្តីប្រកួតប្រកាន់ថា អ្នកមិនចេះធម្មវិន័យនេះទេ។បេ។ ឬបើអ្នកអាច ចូរអ្នកដោះចុះ ដោយមានះដូចម្តេច ដោយទិដ្ឋិដូចម្តេច ឬក៏ដោយបុគ្គលដូចម្តេចបាន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះខីណាស្រពអង្គនោះ គប្បីផ្សាយវាទៈដោយប្រការដូចម្តេចបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ហើយ ថា
ព្រាហ្មណ៍នោះ គប្បីពោលថា (សេចក្តីយល់) នេះ ត្រូវពិត ដូចម្តេចបាន ឬក៏ព្រាហ្មណ៍នោះ គប្បីពោលទទឹងទាស់ថា (ពាក្យរបស់អ្នក) ជាពាក្យកុហក ដោយប្រការដូចម្តេច សេចក្តីសំគាល់ថាស្មើក្តី មិនស្មើក្តី មិនមានក្នុងព្រះខីណាស្រពអង្គណា ព្រះខីណាស្រពអង្គនោះ គប្បីផ្សាយវាទៈដោយប្រការដូចម្តេចបាន។
[៣៩] អ្នកប្រាជ្ញលះបង់លំនៅ មិនមានការរលឹកអាល័យចំពោះលំនៅ មិនធ្វើសេចក្តីស្និទ្ធស្នាលក្នុងកាម ជាអ្នកទំនេរចាកកាមទាំងឡាយ មិនធ្វើវដ្តៈឲ្យជាប្រធាន មិនធ្វើជំទាស់នូវពាក្យជាមួយជនទេ។
[៤០] គ្រានោះឯង ហាលិន្ទកានិគហបតី បានចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមហាកច្ចានៈមានអាយុ ហើយអង្គុយនៅក្នុងទីសមគួរ លុះហាលិន្ទកានិគហបតី អង្គុយក្នុងទីសមគួរហើយ ទើបពោលចំពោះព្រះមហាកច្ចានៈមានអាយុយ៉ាងនេះថា បពិត្រព្រះកច្ចានៈដ៏ចំរើន ពាក្យនេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុកហើយ ក្នុងមាគន្ទិយប្បញ្ហាអដ្ឋកវគ្គថា
អ្នកប្រាជ្ញាលះបង់លំនៅ មិនមានការរលឹកអាល័យចំពោះលំនៅ មិនធ្វើសេចក្តីស្និទ្ធស្នាលក្នុងកាម ជាអ្នកទំនេរចាកកាមទាំងឡាយ មិនធ្វើវដ្តៈឲ្យជាប្រធាន មិនធ្វើជំទាស់នូវពាក្យជាមួយជនទេ។
បពិត្រព្រះកច្ចានៈដ៏ចំរើន សេចក្តីនៃពាក្យនេះ ដែលព្រះមានព្រះភាគទ្រង់សំដែងហើយដោយសេចក្តីសង្ខេប តើលោកម្ចាស់យល់ឃើញដោយសេចក្តីពិស្តារ ដោយប្រការដូចម្តេចហ្ន៎។ ម្នាលគហបតី រូបធាតុជាលំនៅរបស់វិញ្ញាណ ឯវិញ្ញាណដែលមានកិរិយាជាប់ទាក់ទងដោយរាគៈក្នុងរូបធាតុ ហៅថា រលឹកអាល័យលំនៅ ម្នាលគហបតី វេទនាធាតុ ម្នាលគហបតី សញ្ញាធាតុ ម្នាលគហបតី សង្ខារធាតុ សឹងជាលំនៅរបស់វិញ្ញាណ ឯវិញ្ញាណដែលមានកិរិយាជាប់ទាក់ទងដោយរាគៈ ក្នុងសង្ខារធាតុ ហៅថា ការរលឹកអាល័យលំនៅ ម្នាលគហបតី វិញ្ញាណនឹងអាល័យទីលំនៅយ៉ាងនេះឯង។ ម្នាលគហបតី ព្រះតថាគត មិនមានការរលឹកអាល័យលំនៅ តើដូចម្តេច។ ម្នាលគហបតី ចំណង់ តម្រេក សេចក្តីរីករាយ សេចក្តីប្រាថ្នា ឧបាយ និងឧបាទាន ការតាំងស៊ប់ សេចក្តីប្រកាន់មាំ និងការដេកត្រាំនៅនៃចិត្តណា ក្នុងរូបធាតុ កិលេសទាំងនោះ ព្រះតថាគតលះបង់ ផ្តាច់ផ្តិលឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមាន ជាធម៌មិនមានការកើតតទៅទៀត ហេតុនោះ ព្រះតថាគតគេហៅថា មិនមានវិញ្ញាណរលឹកអាល័យលំនៅ។ ម្នាលគហបតី ចំណង់ តម្រេក សេចក្តីរីករាយ សេចក្តីប្រាថ្នា ឧបាយ និងឧបាទាន ការតាំងស៊ប់ សេចក្តីប្រកាន់មាំ និងការដេកត្រាំនៅនៃចិត្តណា ក្នុងវេទនាធាតុ ម្នាលគហបតី ក្នុងសញ្ញាធាតុ ម្នាលគហបតី ក្នុងសង្ខារធាតុ ម្នាលគហបតី ក្នុងវិញ្ញាណធាតុ កិលេសទាំងនោះ ព្រះតថាគតលះបង់ ផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមាន ជាធម៌មិនមានការកើតតទៅទៀត ហេតុនោះ ព្រះតថាគតគេហៅថា មិនមានវិញ្ញាណរលឹកអាល័យលំនៅ ម្នាលគហបតី ព្រះតថាគត គេហៅថា មិនមានវិញ្ញាណរលឹកអាល័យលំនៅយ៉ាងនេះឯង។ ម្នាលគហបតី វិញ្ញាណរលឹកអាល័យលំនៅ តើដូចម្តេច។ ម្នាលគហបតី វិញ្ញាណមានការរលឹកអាល័យនឹងការជាប់ចំពាក់ក្នុងរូបដែលជានិមិត្ត ជាទីរលឹកអាល័យ លោកពោលថា ការរលឹកអាល័យលំនៅ។ ម្នាលគហបតី វិញ្ញាណមានការរលឹកអាល័យនឹងការជាប់ចំពាក់ក្នុងសំឡេងដែលជានិមិត្ត ក្លិនដែលជានិមិត្ត រសដែលជានិមិត្ត ផោដ្ឋព្វៈដែលជានិមិត្ត ធម្មារម្មណ៍ដែលជានិមិត្ត ជាលំនៅ លោកពោលថា ការរលឹកអាល័យលំនៅ ម្នាលគហបតី វិញ្ញាណមានការរលឹកអាល័យលំនៅ យ៉ាងនេះឯង។ ម្នាលគហបតី ព្រះតថាគត មិនមានការរលឹកអាល័យលំនៅ តើដូចម្តេច។ ម្នាលគហបតី ការរលឹកនឹងការជាប់ចំពាក់ក្នុងរូបដែលជានិមិត្តជាលំនៅ ព្រះតថាគតលះបង់ ផ្តាច់ផ្តិលឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមាន ជាធម៌មិនមានការកើតតទៅទៀត ហេតុនោះ ព្រះតថាគត គេហៅថា មិនមានការរលឹកអាល័យលំនៅ។ ម្នាលគហបតី ការរលឹកនឹងការជាប់ចំពាក់ក្នុងសំឡេងដែលជានិមិត្ត ក្លិនជានិមិត្ត រសជានិមិត្ត ផោដ្ឋព្វៈជានិមិត្ត ធម្មារម្មណ៍ជានិមិត្ត ព្រះតថាគតលះបង់ ផ្តាច់ផ្តិលឫសគល់ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមាន ជាធម៌មិនមានការកើតតទៅទៀត ហេតុនោះ ព្រះតថាគត គេហៅថា មិនមានការរលឹកអាល័យលំនៅ ម្នាលគហបតី ព្រះតថាគត មិនមានការរលឹកអាល័យលំនៅយ៉ាងនេះឯង។ ម្នាលគហបតី បុគ្គលជាអ្នកសិទ្ធស្នាលក្នុងកាម តើដូចម្តេច។ ម្នាលគហបតី ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកច្រឡូកច្រឡំដោយគ្រហស្ថទាំងឡាយ មានសេចក្តីរីករាយជាមួយ មានសោកជាមួយ កាលបើគ្រហស្ថទាំងឡាយដល់នូវសុខ ក៏ដល់នូវសុខ កាលបើគ្រហស្ថទាំងឡាយដល់នូវទុក្ខ ក៏ដល់នូវទុក្ខ កាលបើកិច្ចការដែលគ្រហស្ថទាំងឡាយគប្បីធ្វើ កើតឡើងហើយ ក៏ដល់នូវការចូលទៅប្រកប (ជួយ) ដោយខ្លួនឯង ម្នាលគហបតី ភិក្ខុជាអ្នកស្និទ្ធស្នាលក្នុងកាម យ៉ាងនេះឯង។ ម្នាលគហបតី ភិក្ខុជាអ្នកមិនស្និទ្ធស្នាលក្នុងកាម តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនច្រឡូកច្រឡំដោយគ្រហស្ថទាំងឡាយ មិនរីករាយជាមួយ មិនមានសោកជាមួយ មិនដល់នូវសុខជាមួយនឹងគ្រហស្ថដែលដល់នូវសុខ មិនដល់នូវទុក្ខជាមួយនឹងគ្រហស្ថដែលដល់នូវទុក្ខ កាលបើកិច្ចការដែលគ្រហស្ថគប្បីធ្វើ កើតឡើងហើយ ក៏មិនដល់នូវការចូលទៅប្រកបដោយខ្លួនឯងឡើយ ម្នាលគហបតី ភិក្ខុជាអ្នកមិនស្និទ្ធស្នាលក្នុងកាមទាំងឡាយ យ៉ាងនេះឯង។ ម្នាលគហបតី ភិក្ខុមិនទំនេរចាកកាមទាំងឡាយ តើដូចម្តេច។ ម្នាលគហបតី ភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកមិនប្រាកចាករាគៈ មិនប្រាសចាកឆន្ទៈ មិនប្រាសចាកសេចក្តីស្រឡាញ់ មិនប្រាសចាកសេចក្តីស្រេកឃ្លាន មិនប្រាសចាកសេចក្តីអន្ទះអន្ទែង មិនប្រាសចាកសេចក្តីប្រាថ្នាក្នុងកាមទាំងឡាយ ម្នាលគហបតី ភិក្ខុមិនទំនេរចាកកាមទាំងឡាយ យ៉ាងនេះឯង។ ម្នាលគហបតី ភិក្ខុជាអ្នកទំនេរចាកកាមទាំងឡាយ តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងធម្មវិន័យនេះ ជាអ្នកប្រាសចាករាគៈ ប្រាសចាកឆន្ទៈ ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តីអន្ទះអន្ទែង ប្រាសចាកសេចក្តីប្រាថ្នា ក្នុងកាមទាំងឡាយ ម្នាលគហបតី ភិក្ខុជាអ្នកទំនេរចាកកាមទាំងឡាយ យ៉ាងនេះឯង។ ម្នាលគហបតី ភិក្ខុអ្នកធ្វើវដ្តៈឲ្យជាប្រធាន តើដូចម្តេច។ ម្នាលគហបតី ភិក្ខុពួកខ្លះក្នុងសាសនានេះ មានសេចក្តីប្រាថ្នាយ៉ាងនេះថា អាត្មាអញសូមឲ្យមានរូបយ៉ាងនេះ ក្នុងអនាគតកាល ទើបញុំាងសេចក្តីរីករាយឲ្យប្រព្រឹត្តទៅរឿយៗ ក្នុងរូបនោះ អាត្មាអញសូមឲ្យមានវេទនាយ៉ាងនេះ សូមឲ្យមានសញ្ញាយ៉ាងនេះ សូមឲ្យមានសង្ខារ យ៉ាងនេះ សូមឲ្យមានវិញ្ញាណយ៉ាងនេះ ក្នុងអនាគតកាល ទើបញុំាងសេចក្តីរីករាយឲ្យប្រព្រឹត្តទៅរឿយៗ ក្នុងខន្ធ មានវេទនាជាដើមនោះ ម្នាលគហបតី ភិក្ខុអ្នកធ្វើវដ្តៈឲ្យជាប្រធានយ៉ាងនេះឯង។ ម្នាលគហបតី បុគ្គលអ្នកមិនធ្វើវដ្តៈឲ្យជាប្រធាន តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងធម្មវិន័យនេះ មិនមានសេចក្តីប្រាថ្នាយ៉ាងនេះថា អាត្មាអញ សូមឲ្យមានរូបយ៉ាងនេះ ក្នុងអនាគតកាល ទាំងមិនញុំាងសេចក្តីរីករាយឲ្យប្រព្រឹត្តទៅរឿយៗ ក្នុងរូបនោះ (មិនមានសេចក្តីប្រាថ្នាយ៉ាងនេះថា) អាត្មាអញសូមឲ្យមានវេទនាយ៉ាងនេះ សូមឲ្យមានសញ្ញាយ៉ាងនេះ សូមឲ្យមានសង្ខារយ៉ាងនេះ សូមឲ្យមានវិញ្ញាណយ៉ាងនេះ ក្នុងអនាគតកាល ទាំងមិនញុំាងសេចក្តីរីករាយឲ្យប្រព្រឹត្តទៅរឿយៗក្នុងខន្ធ មានវេទនាជាដើមនោះ ម្នាលគហបតី ភិក្ខុជាអ្នកមិនធ្វើវដ្តៈឲ្យជាប្រធានយ៉ាងនេះឯង។ ម្នាលគហបតី ភិក្ខុជាអ្នកធ្វើជំទាស់នូវពាក្យដោយជន តើដូចម្តេច។ ម្នាលគហបតី ភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកធ្វើពាក្យមានសភាពយ៉ាងនេះថា អ្នកមិនយល់ធម្មវិន័យនេះទេ។បេ។ ឬប្រសិនបើអ្នកអាច អ្នកចូរដោះចុះ ម្នាលគហបតី ភិក្ខុជាអ្នកធ្វើជំទាស់នូវពាក្យដោយជន យ៉ាងនេះឯង។ ម្នាលគហបតី ភិក្ខុអ្នកមិនធ្វើទទឹងទាស់នូវពាក្យដោយជន តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងធម្មវិន័យនេះ ជាអ្នកមិនធ្វើពាក្យមានសភាពយ៉ាងនេះថា អ្នកមិនយល់ធម្មវិន័យនេះទេ។បេ។ ឬបើអ្នកអាច អ្នកចូរដោះចុះ ម្នាលគហបតី ភិក្ខុអ្នកមិនធ្វើទទឹងទាស់នូវពាក្យដោយជន យ៉ាងនេះឯង។ ម្នាលគហបតី ពាក្យដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ទុក ក្នុងមាគន្ទិយប្បញ្ហា ក្នុងអដ្ឋកវគ្គិកៈ យ៉ាងនេះឯង។
អ្នកប្រាជ្ញលះបង់លំនៅ មិនមានការរលឹកអាល័យចំពោះលំនៅ មិនធ្វើសេចក្តីស្និទ្ធស្នាលក្នុងកាម ជាអ្នកទំនេរចាកកាមទាំងឡាយ មិនធ្វើវដ្តៈឲ្យជាប្រធាន មិនគប្បីធ្វើជំទាស់នូវពាក្យដោយជនទេ។
ម្នាលគហបតី សេចក្តីនៃពាក្យនេះឯង ដែលព្រះមានព្រះភាគត្រាស់ហើយ ដោយសង្ខេប អ្នកគប្បីយល់ដោយសេចក្តីពិស្តារយ៉ាងនេះចុះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ហើយថា
អ្នកប្រាជ្ញលះបង់លំនៅ មិនមានការរលឹកអាល័យចំពោះលំនៅ មិនធ្វើសេចក្តីស្និទ្ធស្នាលក្នុងកាម ជាអ្នកទំនេរចាកកាមទាំងឡាយ មិនធ្វើវដ្តៈឲ្យជាប្រធាន មិនគប្បីធ្វើជំទាស់នូវពាក្យដោយជនទេ។
[៤១] នាគស្ងាត់ចាកធម៌ទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក មិនគប្បីពោលប្រកាន់ទិដ្ឋិទាំងនោះទេ ឯលម្ពុជាត កណ្តកវារិជាត មិនប្រឡាក់ដោយទឹកផង ដោយភក់ផង យ៉ាងណាមិញ មុនិជាអ្នកពោលនូវសេចក្តីស្ងប់ មិនប្រាថ្នា មិនប្រឡាក់ក្នុងកាមផង ក្នុងលោកផង ក៏យ៉ាងនោះឯង។
[៤២] ពាក្យថា នាគស្ងាត់ចាកធម៌ទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក ត្រង់ពាក្យថា ចាកធម៌ទាំងឡាយណា គឺចាកទិដ្ឋិទាំងឡាយ។ ពាក្យថា ស្ងាត់ គឺស្ងាត់ ស្ងាត់វិសេស ស្ងាត់ដោយប្រការ ចាកកាយទុច្ចរិត ចាកវចីទុច្ចរិត ចាកមនោទុច្ចរិត ចាករាគៈ។បេ។ ស្ងាត់ ស្ងាត់វិសេស ស្ងាត់ដោយប្រការ ចាកអភិសង្ខារ ជាអកុសលទាំងពួង។ ពាក្យថា ប្រព្រឹត្តទៅ គឺ ត្រាច់ នៅ ទៅ ប្រព្រឹត្ត រក្សា ប្រព្រឹត្តទៅ ឲ្យប្រព្រឹត្តទៅ។ ពាក្យថា ក្នុងលោក បានដល់ មនុស្សលោក ហេតុនោះ ទ្រង់ត្រាស់ថា ស្ងាត់ចាកធម៌ទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក។
[៤៣] អធិប្បាយពាក្យថា នាគមិនគប្បីពោលប្រកាន់នូវទិដ្ឋិទាំងនោះទេ ត្រង់ពាក្យថា នាគ សេចក្តីថា ឈ្មោះថា នាគ ព្រោះហេតុមិនធ្វើបាប។ ឈ្មោះថានាគ ព្រោះមិនលុះ។ ឈ្មោះថានាគ ព្រោះមិនមក។ ចុះឈ្មោះថានាគ ព្រោះមិនធ្វើបាប តើដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក មានសេចក្តីសៅហ្មងព្រម មានកិរិយាញុំាងសត្វឲ្យកើតក្នុងភពទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានសេចក្តីទុក្ខជាផល ជាបច្ច័យនៃជាតិ ជរា និងមរណៈ ទៅក្នុងអនាគត លោកហៅថា បាប។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) បុគ្គលមិនធ្វើបាបតិចតួចក្នុងលោក ស្រាយនូវចំណងទាំងឡាយ ក្នុងកិលេសជាគ្រឿងប្រកបទាំងពួង មិនជាប់នៅក្នុងកិលេសទាំងពួង ជាបុគ្គលផុតស្រឡះហើយ ហេតុនោះ លោកហៅថា នាគ ជាតាទិបុគ្គល មានខ្លួនដ៏ទៀង បុគ្គលឈ្មោះថា នាគ ព្រោះមិនធ្វើបាប យ៉ាងនេះឯង។
ចុះបុគ្គលឈ្មោះថា នាគ ព្រោះមិនលុះ តើដូចម្តេច។ បុគ្គលមិនលុះឆន្ទាគតិ មិនលុះទោសាគតិ មិនលុះមោហាគតិ មិនលុះភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាចឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ មិនប្រព្រឹត្តទៅ មិននាំទៅ មិនរសាត់ទៅ មិននាំទៅព្រម ដោយធម៌ទាំងឡាយជាពួក បុគ្គលឈ្មោះថា នាគ ព្រោះមិនលុះ យ៉ាងនេះឯង។
ចុះបុគ្គលឈ្មោះថា នាគ ព្រោះមិនមក តើដូចម្តេច។ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសោតាបត្តិមគ្គ លោកមិនមក គឺមិនវិលមក មិនត្រឡប់មក កាន់កិលេសទាំងឡាយនោះទៀតទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសកទាគាមិមគ្គ ដោយអនាគាមិមគ្គ ដោយអរហត្តមគ្គ លោកមិនមក គឺមិនវិលមក មិនត្រឡប់មកកាន់កិលេសទាំងឡាយនោះទៀតទេ បុគ្គលឈ្មោះថា នាគ ព្រោះមិនមក យ៉ាងនេះ។ ពាក្យថា នាគ មិនគប្បីពោលប្រកាន់នូវទិដ្ឋិទាំងនោះទេ បានសេចក្តីថា នាគគប្បីមិនកាន់យក មិនប្រកាន់យក មិនទទួលយក មិនបបោសអង្អែល មិនជាប់ចិត្ត ហើយពោល ថ្លែង ពណ៌នា បំភ្លឺ ពន្យល់នូវទិដ្ឋិទាំងឡាយនោះទេ គឺមិនគប្បីពោល ថ្លែង ពណ៌នា បំភ្លឺ ពន្យល់ថា លោកទៀង លោកមិនទៀង។បេ។ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះឯងពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) នាគមិនគប្បីពោលប្រកាន់នូវទិដ្ឋិទាំងនោះទេ។
[៤៤] ពាក្យថា ឯលម្ពុជាត កណ្តកវារិជាត មិនប្រឡាក់ដោយទឹកផង ដោយភក់ផង យ៉ាងណាមិញ អធិប្បាយថា ទឹក លោកហៅថា ឯលៈ។ ទឹក ហៅថា អម្ពុ។ ឈូកហៅថា អម្ពុជាត។ បន្លា ហៅថា កណ្តកៈ។ ទឹក ហៅថា វារិ។ ឈូកកើតក្នុងវារិ មានវារិជាដែនកើត ហៅថា វារិជាត។ ទឹក ហៅថា ជលៈ។ ភក់ហៅថា បង្កៈ។ ឈូកកើតក្នុងវារិ មានវារិជាដែនកើត មិនប្រឡាក់ មិនជាប់ មិនទទឹក មិនប្រឡាក់ មិនជាប់ មិនទទឹកហើយដោយទឹកផង ដោយភក់ផង យ៉ាងណាមិញ ហេតុនោះ (ទ្រង់ត្រាស់ថា) ឯលម្ពុជាត កណ្តកវារិជាត មិនប្រឡាក់ដោយទឹកផង ដោយភក់ផង យ៉ាងណាមិញ។
[៤៥] អធិប្បាយពាក្យថា មុនិជាអ្នកពោលនូវសេចក្តីស្ងប់ មិនប្រាថ្នា មិនប្រឡាក់ក្នុងកាមផង ក្នុងលោកផង យ៉ាងនោះឯង ត្រង់ពាក្យថា យ៉ាងនោះ ជាពាក្យញុំាងឧបមាឲ្យសម្រេច។ ពាក្យថា មុនិ សេចក្តីថា ញាណ ហៅថា មោនៈ។បេ។ មុនិនោះ កន្លងហើយនូវបណ្តាញជាគ្រឿងជាប់ចំពាក់។ ពាក្យថា ពោលនូវសេចក្តីស្ងប់ សេចក្តីថា មុនិពោលនូវសេចក្តីស្ងប់ ពោលនូវទីពឹង ពោលនូវទីជ្រក ពោលនូវទីរឭក ពោលនូវទីមិនមានភ័យ ពោលនូវទីមិនច្យុត ពោលនូវទីមិនស្លាប់ ពោលនូវព្រះនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ ជាអ្នកពោលនូវសេចក្តីស្ងប់ យ៉ាងនេះ។ ពាក្យថា មិនប្រាថ្នា អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីប្រាថ្នានោះ បុគ្គលណាលះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា មិនប្រាថ្នា។ បុគ្គលនោះ មិនប្រាថ្នាក្នុងរូប មិនប្រាថ្នាក្នុងសំឡេង ក្លិន រស ផ្សព្វ ត្រកូល ពួកអាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ បរិក្ខារ គឺថ្នាំជាបច្ច័យសម្រាប់អ្នកជម្ងឺ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន ក្នុងធម៌ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង មិនជាប់ មិនចំពាក់ មិនជ្រប់ មិនលង់ មានសេចក្តីប្រាថ្នាទៅប្រាសហើយ មានសេចក្តីប្រាថ្នាឃ្លាតចេញហើយ មានសេចក្តីប្រាថ្នាខ្ជាក់ចោលហើយ មានសេចក្តីប្រាថ្នាផុតហើយ មានសេចក្តីប្រាថ្នាលះបង់ហើយ មានសេចក្តីប្រាថ្នាកំចាត់បង់ហើយ មានរាគៈទៅប្រាសហើយ មានរាគៈឃ្លាតចេញហើយ មានរាគៈខ្ជាក់ចោលហើយ មានរាគៈផុតហើយ មានរាគៈលះបង់ហើយ មានរាគៈកំចាត់បង់ហើយ មិនមានសេចក្តីប្រាថ្នា រលត់ហើយ មានត្រជាក់ មានកិរិយាសោយសុខជាប្រក្រតី មានខ្លួនដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ ជាអ្នកពោលនូវសេចក្តីស្ងប់ មិនប្រាថ្នា យ៉ាងនេះ។ ពាក្យថា កាម ក្នុងបទថា មិនប្រឡាក់ក្នុងកាមផង ក្នុងលោកផង សេចក្តីថា តាមឧទ្ទាន កាមមាន ២ គឺវត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះ ហៅថា វត្ថុកាម។បេ។ ទាំងនេះ ហៅថា កិលេសកាម។ ពាក្យថា លោក បានដល់អបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ប្រឡាក់ បានដល់ការប្រឡាក់ ២ គឺការប្រឡាក់គឺតណ្ហា ១ ការប្រឡាក់គឺទិដ្ឋិ ១។បេ។ នេះ ការប្រឡាក់គឺតណ្ហា។បេ។ នេះ ការប្រឡាក់គឺទិដ្ឋិ។ អ្នកប្រាជ្ញលះបង់ការប្រឡាក់គឺតណ្ហា រលាស់ចោលការប្រឡាក់គឺទិដ្ឋិ មិនប្រឡាក់ មិនប្រឡាក់ព្រម មិនជាប់នៅក្នុងកាមផង ក្នុងលោកផង មិនប្រឡាក់ មិនប្រឡាក់ព្រម មិនជាប់ ចេញ រលាស់ចេញ ផុតស្រឡះ ប្រាសចេញ មានចិត្តប្រកបដោយកិលេស ដូចជាទំនប់ទៅប្រាសហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិពោលនូវសេចក្តីស្ងប់ មិនប្រាថ្នាក្នុងកាមផង ក្នុងលោកផង យ៉ាងនេះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
នាគស្ងាត់ចាកធម៌ទាំងឡាយណា ប្រព្រឹត្តទៅក្នុងលោក មិនគប្បីពោលប្រកាន់ទិដ្ឋិទាំងឡាយនោះទេ ឯលម្ពុជាត កណ្តកវារិជាត មិនប្រឡាក់ដោយទឹកផង ដោយភក់ផង យ៉ាងណាមិញ មុនិ ជាអ្នកពោលនូវសេចក្តីស្ងប់ មិនប្រាថ្នា មិនប្រឡាក់ក្នុងកាមផង ក្នុងលោកផង យ៉ាងនោះឯង។
[៤៦]
វេទគូបុគ្គលនោះ មិនលុះមានះ ព្រោះទិដ្ឋិទេ ព្រោះការប៉ះពាល់ទេ ដ្បិតវេទគូបុគ្គលនោះ មិនសម្រេចដោយមានះនោះ ជាបុគ្គលដែលកម្មដឹកនាំមិនបាន ដែលសុតៈដឹកនាំមិនបាន វេទគូបុគ្គលនោះ មិនជាប់ចំពាក់ក្នុងលំនៅទាំងឡាយ។
[៤៧] អធិប្បាយពាក្យថា វេទគូបុគ្គលនោះ មិនលុះមានះព្រោះទិដ្ឋិទេ ព្រោះការប៉ះពាល់ទេ ត្រង់ពាក្យថា មិន គឺជាពាក្យហាមឃាត់។ ពាក្យថា វេទគូ សេចក្តីថា ញាណ បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ ធម្មវិចយៈ សម្ពោជ្ឈង្គ វីមំសា វិបស្សនា សម្មាទិដ្ឋិក្នុងមគ្គ ៤ លោកហៅថា វេទ។ បុគ្គលទៅកាន់ទីបំផុត ដល់ទីបំផុត ទៅកាន់ទីខាងចុង ដល់ទីខាងចុង ទៅកាន់ទីបំផុតដោយជុំវិញ ដល់ទីបំផុតដោយជុំវិញ ទៅកាន់ទីអវសាន ដល់ទីអវសាននៃជាតិ ជរា មរណៈ ទៅកាន់ទីពឹងពួន ដល់ទីពឹងពួន ទៅកាន់ទីជ្រកកោន ដល់ទីជ្រកកោន ទៅកាន់ទីរឭក ដល់ទីរឭក ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមានភ័យ ទៅកាន់ទីមិនច្យុត ដល់ទីមិនច្យុត ទៅកាន់ទីអមតៈ ដល់ទីអមតៈ ទៅកាន់ព្រះនិព្វាន ដល់ព្រះនិព្វាន ដោយវេទទាំងឡាយនោះ។ មួយទៀត បុគ្គលឈ្មោះថា វេទគូ ព្រោះដល់នូវទីបំផុតនៃវេទទាំងឡាយ ឬឈ្មោះថា វេទគូ ព្រោះដល់នូវទីបំផុតដោយវេទទាំងឡាយ ឬថា ឈ្មោះថា វេទគូ ព្រោះដឹងច្បាស់នូវធម៌ទាំងឡាយ ៧ ប្រការគឺ ដឹងច្បាស់នូវសក្កាយទិដ្ឋិ ១ ដឹងច្បាស់នូវវិចិកិច្ឆា ១ ដឹងច្បាស់នូវសីលព្វតបរាមាស ១ ដឹងច្បាស់នូវរាគៈ ១ ដឹងច្បាស់នូវទោសៈ ១ ដឹងច្បាស់នូវមោហៈ ១ ដឹងច្បាស់នូវមានះ ១។ អកុសលធម៌ទាំងឡាយដ៏លាមក អកុសលជាគ្រឿងញុំាងសត្វឲ្យសៅហ្មងព្រម ជាធម៌ញុំាងសត្វឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានសេចក្តីទុក្ខជាផល ជាទីតាំងនៃជាតិ ជរា មរណៈ តទៅទៀត សុទ្ធតែជាធម៌ គឺវេទគូបុគ្គលដឹងច្បាស់ហើយ។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសភិយៈ) វេទគូបុគ្គល គប្បីពិចារណានូវវេទទាំងអស់ ដែលជារបស់ពួកសមណព្រាហ្មណ៍ វេទគូបុគ្គលនោះ មានរាគៈទៅប្រាសហើយ ក្នុងវេទទាំងពួង កន្លងបង់នូវវេទទាំងពួង។
ពាក្យថា មិន (លុះមានះ) ព្រោះទិដ្ឋិទេ សេចក្តីថា ទិដ្ឋិទាំងឡាយ ៦២ វេទគូបុគ្គលនោះ លះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យរម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ ទិដ្ឋិឲ្យទៅមិនបាន នាំទៅមិនបាន បន្សាត់ទៅមិនបាន នាំទៅព្រមមិនបាន ព្រោះទិដ្ឋិ ទាំងមិនជឿ មិនប្រកាន់នូវទិដ្ឋិនោះ ថាជាខ្លឹមសារ ហេតុនោះ (ទ្រង់ត្រាស់ថា) វេទគូបុគ្គល មិន (លុះមានះ) ព្រោះទិដ្ឋិទេ។ ពាក្យថា វេទគូបុគ្គលនោះ មិនលុះមានះ ព្រោះការប៉ះពាល់ទេ សេចក្តីថា មិនលុះ គឺមិនទៅជិត មិនចូលទៅ មិនប្រកាន់ មិនបបោសអង្អែល មិនជាប់ចិត្ត នូវមានះ ព្រោះរូបដែលប៉ះពាល់ ឬព្រោះការឃោសនារបស់បុគ្គលដទៃ ឬក៏ព្រោះសេចក្តីសម្មតិរបស់មហាជន ហេតុនោះ (ទ្រង់ត្រាស់ថា) វេទគូបុគ្គលនោះ មិនលុះមានះ ព្រោះទិដ្ឋិទេ ព្រោះការប៉ះពាល់ទេ។ ពាក្យថា វេទគូបុគ្គលនោះ មិនសម្រេចដោយមានះនោះ សេចក្តីថា មិនមែនជាបុគ្គលសម្រេចដោយមានះនោះ មានមានះនោះជាធំ មានមានះនោះ ប្រព្រឹត្តទៅក្នុងខាងមុខ ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិទេ។ តណ្ហាក្តី ទិដ្ឋិក្តី មានះក្តី វេទគូបុគ្គល លះបង់ ផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមាន ជាធម៌មិនមានការកើតតទៅទៀត ដោយហេតុណា ទេវគូបុគ្គលនោះ មិនសម្រេចដោយមានះនោះ មិនមានមានះនោះជាធំ មិនមានមានះនោះប្រព្រឹត្តទៅក្នុងខាងមុខ ដោយហេតុមានប្រមាណប៉ុណ្ណោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះវេទគូបុគ្គលនោះ មិនសម្រេចដោយមានះនោះ។
[៤៨] អធិប្បាយពាក្យថា ជាបុគ្គលដែលកម្មនាំទៅមិនបាន ដែលសុតៈនាំទៅមិនបាន ត្រង់ពាក្យថា ដែលកម្មនាំទៅមិនបាន គឺដែលបុញ្ញាភិសង្ខារក្តី អបុញ្ញាភិសង្ខារក្តី អានេញ្ជាភិសង្ខារក្តី ឲ្យទៅមិនបាន នាំទៅមិនបាន បន្សាត់ទៅមិនបាន នាំទៅព្រមមិនបាន ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលកម្មនាំទៅមិនបាន។ ពាក្យថា ដែលសុតៈនាំទៅមិនបាន គឺដែលសេចក្តីបរិសុទ្ធិព្រោះការឮក្តី ដែលការឃោសនារបស់បុគ្គលដទៃក្តី ដែលការសម្មតិរបស់មហាជនក្តី ឲ្យទៅមិនបាន នាំទៅមិនបាន បន្សាត់ទៅមិនបាន នាំទៅព្រមមិនបាន ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលកម្មនាំទៅមិនបាន ដែលសុតៈនាំទៅមិនបាន។
[៤៩] អធិប្បាយពាក្យថា វេទគូបុគ្គលនោះមិនជាប់ចំពាក់ក្នុងលំនៅទាំងឡាយ ត្រង់ពាក្យថា ជាប់ចំពាក់ បានដល់ការជាប់ចំពាក់ ២ យ៉ាង គឺ ការជាប់ចំពាក់គឺតណ្ហា ១ ការជាប់ចំពាក់គឺទិដ្ឋិ ១។បេ។ នេះការជាប់ចំពាក់គឺតណ្ហា។បេ។ នេះការជាប់ចំពាក់គឺទិដ្ឋិ។ ការជាប់ចំពាក់គឺតណ្ហា វេទគូបុគ្គលនោះលះបង់ហើយ ការជាប់ចំពាក់គឺទិដ្ឋិ វេទគូបុគ្គលរលាស់ចោលហើយ ព្រោះលះបង់ការជាប់ចំពាក់គឺតណ្ហា រលាស់ចោលការជាប់ចំពាក់គឺទិដ្ឋិហើយ វេទគូបុគ្គលនោះ ឈ្មោះថា មិនជាប់ចំពាក់ មិនចូលទៅប្រឡាក់ មិនចូលទៅជិត មិនជក់នៅ មិនលង់នៅក្នុងលំនៅទាំងឡាយ គឺចេញទៅ រលាស់ចេញ ផុតស្រឡះ ប្រាសចេញ មានចិត្តប្រកបដោយកិលេសដូចជាទំនប់ទៅប្រាសហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) វេទគូបុគ្គលនោះ មិនជាប់ចំពាក់ក្នុងលំនៅទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
វេទគូបុគ្គលនោះ មិនលុះមានះព្រោះទិដ្ឋិទេ ព្រោះការប៉ះពាល់ទេ ដ្បិតវេទគូបុគ្គលនោះ មិនសម្រេចដោយមានះនោះ ជាបុគ្គលដែលកម្មដឹកនាំមិនបាន ដែលសុតៈដឹកនាំមិនបាន វេទគូបុគ្គលនោះ មិនជាប់ចំពាក់ក្នុងលំនៅទាំងឡាយ។
[៥០]
កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ នៃបុគ្គលដែលប្រាសចាកសញ្ញា មិនមានទេ មោហៈទាំងឡាយនៃបុគ្គលដែលផុតស្រឡះដោយបញ្ញា មិនមានទេ បុគ្គលទាំងឡាយណា ប្រកាន់យកសញ្ញា និងទិដ្ឋិហើយ បុគ្គលទាំងនោះ រមែងបន្ត (នូវអត្តភាព) ប្រព្រឹត្តទៅក្នុងលោក។
[៥១] ពាក្យថា កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយនៃបុគ្គលដែលប្រាសចាកសញ្ញាមិនមានទេ អធិប្បាយថា បុគ្គលណាចំរើនអរិយមគ្គ មានសមថៈជាប្រធាន បុគ្គលនោះ ឈ្មោះថា ធ្វើសមាធិខាងដើមឲ្យកើតហើយ សង្កត់សង្កិនកិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ។ ក្នុងកាលសម្រេចព្រះអរហត្តហើយ ព្រះអរហន្តលះបង់កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ មោហៈទាំងឡាយ នីវរណៈទាំងឡាយ កាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា និងទិដ្ឋិសញ្ញា លោកបានផ្តាច់បង់ឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមាន ជាធម៌មិនមានការកើតទៀត ហេតុនោះ (ទ្រង់ត្រាស់ថា) កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយនៃបុគ្គលដែលប្រាសចាកសញ្ញា មិនមានទេ។
[៥២] ពាក្យថា មោហៈទាំងឡាយនៃបុគ្គលដែលផុតស្រឡះដោយបញ្ញាមិនមានទេ អធិប្បាយថា បុគ្គលណាចំរើនអរិយមគ្គ មានវិបស្សនាជាប្រធាន បុគ្គលនោះឈ្មោះថា ធ្វើសមាធិខាងដើមឲ្យកើត សង្កត់សង្កិននូវមោហៈ។ ក្នុងកាលសម្រេចព្រះអរហត្តហើយ ព្រះអរហន្តលះបង់មោហៈទាំងឡាយ កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយ នីវរណៈទាំងឡាយ កាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា និងទិដ្ឋិសញ្ញា ផ្តាច់ឫសគល់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមាន ជាធម៌មិនមានការកើតតទៅទៀត ហេតុនោះ (ទ្រង់ត្រាស់ថា) មោហៈទាំងឡាយនៃបុគ្គលដែលផុតស្រឡះដោយបញ្ញា មិនមានទេ។
[៥៣] ពាក្យថា បុគ្គលទាំងឡាយណា ប្រកាន់យកសញ្ញា និងទិដ្ឋិហើយ បុគ្គលទាំងនោះ រមែងបន្ត (នូវអត្តភាព) ប្រព្រឹត្តទៅក្នុងលោក អធិប្បាយថា បុគ្គលទាំងឡាយណា ប្រកាន់យកសញ្ញា គឺកាមសញ្ញា ព្យាបាទសញ្ញា វិហឹសាសញ្ញា បុគ្គលទាំងឡាយនោះ រមែងប៉ះពាល់ ប៉ះទង្គិច ដោយអំណាចសញ្ញា។ ពួកព្រះរាជារមែងទាស់ទែងនឹងពួកព្រះរាជា ពួកក្សត្រិយ៍ រមែងទាស់ទែងនឹងពួកក្សត្រិយ៍ ពួកព្រាហ្មណ៍រមែងទាស់ទែងនឹងពួកព្រាហ្មណ៍ ពួកគហបតីរមែងទាស់ទែងនឹងពួកគហបតី មាតារមែងទាស់ទែងនឹងបុត្ត បុត្តរមែងទាស់ទែងនឹងមាតា បិតារមែងទាស់ទែងនឹងបុត្ត បុត្តរមែងទាស់ទែងនឹងបិតា បងប្អូនប្រុសរមែងទាស់ទែងនឹងបងប្អូនប្រុស បងប្អូនស្រី រមែងទាស់ទែងនឹងបងប្អូនស្រី បងប្អូនប្រុសរមែងទាស់ទែងនឹងបងប្អូនស្រី បងប្អូនស្រីរមែងទាស់ទែងនឹងបងប្អូនប្រុស សំឡាញ់រមែងទាស់ទែងនឹងសំឡាញ់។ ជនទាំងនោះដល់នូវជម្លោះ ប្រកួតប្រកាន់ ការទាស់ទែង ប្រហារគ្នានឹងគ្នាដោយដៃខ្លះ ប្រហារដោយដុំដីទាំងឡាយខ្លះ ប្រហារដោយដម្បងទាំងឡាយខ្លះ ប្រហារដោយគ្រឿងសស្រ្តាទាំងឡាយខ្លះ ក្នុងហេតុនោះ។ ជនទាំងនោះដល់នូវសេចក្តីស្លាប់ខ្លះ នូវទុក្ខទៀបស្លាប់ខ្លះ ក្នុងហេតុនោះ។ ជនទាំងឡាយណា ប្រកាន់យកនូវទិដ្ឋិថា លោកទៀង ដូច្នេះក្តី។បេ។ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះក្តី ជនទាំងនោះ រមែងបៀតបៀន បៀតបៀនព្រម ដោយអំណាចទិដ្ឋិ រមែងបៀតបៀនសាស្តាព្រោះសាស្តា បៀតបៀនធម៌ដែលសាស្តាសំដែងហើយ ព្រោះធម៌ដែលសាស្តាសំដែងហើយ បៀតបៀនពួកព្រោះពួក បៀតបៀនទិដ្ឋិ ព្រោះទិដ្ឋិ បៀតបៀនបដិបទា ព្រោះបដិបទា បៀតបៀនមគ្គ ព្រោះមគ្គ។ មួយទៀត ជនទាំងនោះ រមែងទាស់ទែង ធ្វើជម្លោះ ធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីប្រកាន់ខុស ធ្វើវិវាទ ធ្វើការដណ្តើមយកឈ្នះថា អ្នកមិនចេះធម្មវិន័យនេះទេ។បេ។ ឬបើអ្នកអាច អ្នកចូរដោះចុះ។ អភិសង្ខារទាំងឡាយ គឺបុគ្គលទាំងនោះ មិនបានលះបង់ ព្រោះការមិនបានលះបង់អភិសង្ខារទាំងឡាយ ទើបបុគ្គលទាំងនោះ រមែងលំបាកក្នុងគតិ លំបាកក្នុងនរក លំបាកក្នុងកំណើតតិរច្ឆាន លំបាកក្នុងប្រេតវិស័យ លំបាកក្នុងមនុស្សលោក លំបាកក្នុងទេវលោក លំបាកភ្ជាប់នូវគតិដោយគតិ នូវការកើតដោយការកើត នូវបដិសន្ធិដោយបដិសន្ធិ នូវភពដោយភព នូវសង្សារដោយសង្សារ នូវវដ្តៈដោយវដ្តៈ កាលលំបាក រមែងត្រាច់ទៅ រមែងទៅ រមែងញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ។ ពាក្យថា លោក គឺអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលទាំងឡាយណា ប្រកាន់យកសញ្ញា និងទិដ្ឋិ បុគ្គលទាំងនោះ ឈ្មោះថា បន្ត (នូវអត្តភាព) ប្រព្រឹត្តទៅក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
កិលេសជាគ្រឿងចាក់ស្រែះទាំងឡាយនៃបុគ្គលដែលប្រាសចាកសញ្ញា មិនមានទេ មោហៈទាំងឡាយនៃបុគ្គលដែលផុតស្រឡះដោយបញ្ញា មិនមានទេ បុគ្គលទាំងឡាយណា ប្រកាន់យកសញ្ញា និងទិដ្ឋិហើយ បុគ្គលទាំងនោះ រមែងបន្ត (នូវអត្តភាព) ប្រព្រឹត្តទៅក្នុងលោក។
ចប់ មាគន្ទិយសុត្តនិទ្ទេស ទី៩។
(១០. បុរាភេទសុត្តនិទ្ទេសោ)
[៥៤] (ព្រះពុទ្ធនិម្មិតសួរថា) បុគ្គលមានការឃើញដូចម្តេច មានសីលដូចម្តេច ដែលព្រះអង្គហៅថា អ្នកស្ងប់ បពិត្រព្រះគោតម ព្រះអង្គដែលខ្ញុំសួរហើយ សូមប្រាប់នូវនរជនដ៏ឧត្តមនោះ។
[៥៥] អធិប្បាយពាក្យថា បុគ្គលមានការឃើញដូចម្តេច មានសីលដូចម្តេច ដែលព្រះ អង្គហៅថាអ្នកស្ងប់ ត្រង់ពាក្យថា បុគ្គលមានការឃើញដូចម្តេច គឺបុគ្គលប្រកបដោយការឃើញដូចម្តេច ប្រាកដដូចម្តេច មានប្រការដូចម្តេច មានចំណែកប្រៀបដូចម្តេច ហេតុនោះ (ទើបសួរថា) បុគ្គលមានការឃើញដូចម្តេច។ ពាក្យថា មានសីលដូចម្តេច គឺជាអ្នកប្រកបដោយសីលដូចម្តេច ប្រាកដដូចម្តេច មានប្រការដូចម្តេច មានចំណែកដូចម្តេច ហេតុនោះ (ទើបសួរថា) មានការឃើញដូចម្តេច មានសីលដូចម្តេច។ ពាក្យថា ដែលព្រះអង្គហៅថា អ្នកស្ងប់ គឺ ដែលព្រះអង្គពោល ត្រាស់ សំដែង ពណ៌នា បំភ្លឺ ថ្លែង ថាជាអ្នកស្ងប់ ជាអ្នកស្ងប់ស្ងាត់ មានទុក្ខរលត់ ជាអ្នកស្ងប់រម្ងាប់។ ពាក្យថា បុគ្គលមានការឃើញដូចម្តេច គឺសួរចំពោះអធិប្បញ្ញា។ ពាក្យថា មានសីលដូចម្តេច គឺសួរចំពោះអធិសីល។ សួរចំពោះអធិចិត្តថា អ្នកស្ងប់ ហេតុនោះ (ទើបសួរថា) បុគ្គលមានការឃើញដូចម្តេច មានសីលដូចម្តេច ដែលព្រះអង្គហៅថា អ្នកស្ងប់។
[៥៦] អធិប្បាយពាក្យថា បពិត្រព្រះគោតម ព្រះអង្គដែលខ្ញុំ (សួរហើយ) សូមប្រាប់នូវនរជននោះ ត្រង់ពាក្យថា នោះ គឺខ្ញុំសួរចំពោះបុគ្គលណា អង្វរចំពោះបុគ្គលណា អារាធនាចំពោះបុគ្គលណា ញុំាព្រះអង្គឲ្យជ្រះថ្លាចំពោះបុគ្គលណា។ ព្រះពុទ្ធនិមិ្មតនោះ ហៅព្រះពុទ្ធមានព្រះភាគ តាមគោត្រថា បពិត្រព្រះគោតម។ ពាក្យថា សូមប្រាប់ គឺ សូមពោល សូមពណ៌នា សូមសំដែង សូមបញ្ញត្ត សូមផ្តើម សូមបើក សូមចែក សូមធ្វើឲ្យរាក់ សូមប្រកាស ហេតុនោះ (ទើបសួរថា) បពិត្រព្រះគោតម ព្រះអង្គដែលខ្ញុំ (សួរហើយ) សូមប្រាប់នូវនរជននោះ។
[៥៧] ពាក្យថា ដែលខ្ញុំសួរហើយ (សួរប្រាប់) នូវនរជនដ៏ឧត្តម ត្រង់ពាក្យថា សួរហើយ គឺសួរហើយ ដណ្តឹងហើយ អង្វរហើយ អារាធនាហើយ ឲ្យជ្រះថ្លាហើយ។ ពាក្យថា នូវនរជនដ៏ឧត្តម គឺនូវនរជនជាកំពូល ប្រសើរ ប្រសើរវិសេស ជាប្រធានដ៏ឧត្តម ប្រសើរក្រៃលែង ហេតុនោះ (ទើបពោលថា) ព្រះអង្គដែលខ្ញុំសួរហើយ (សូមប្រាប់) នូវនរជនដ៏ឧត្តម។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះ ត្រាស់សួរថា
បុគ្គលមានការឃើញដូចម្តេច មានសីលដូចម្តេច ដែលព្រះអង្គហៅថា អ្នកស្ងប់ បពិត្រព្រះគោតម ព្រះអង្គដែលខ្ញុំសួរហើយ សូមប្រាប់នូវនរជនដ៏ឧត្តមនោះ។
[៥៨]
(ព្រះមានព្រះភាគត្រាស់ថា) មុនអំពីការបែកធ្លាយសរីរៈទៅ បុគ្គលណា ប្រាសចាកតណ្ហា មិនអាស្រ័យកាលខាងដើម ជាអ្នកដែលគេមិនគួររាប់ក្នុងកាលជាកណ្តាលទេ ភាពនៃការធ្វើឲ្យជាប្រធាននៃបុគ្គលនោះ មិនមានឡើយ។
[៥៩] ពាក្យថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មុនអំពីការបែកធ្លាយសរីរៈទៅ បុគ្គលណាប្រាសចាកតណ្ហា អធិប្បាយថា បុគ្គលប្រាសចាកតណ្ហា ឃ្លាតចាកតណ្ហា លះតណ្ហា ខ្ជាក់ចោលតណ្ហា រួចចាកតណ្ហា លះបង់តណ្ហា រលាស់ចោលតណ្ហា ប្រាសចាករាគៈ ឃ្លាតចាករាគៈ លះរាគៈ ខ្ជាក់ចោលរាគៈ រួចចាករាគៈ លះបង់រាគៈ រលាស់ចោលរាគៈ មិនស្រេកឃ្លាន រលត់ទុក្ខ ត្រជាក់ សោយសុខ នៅដោយចិត្តដ៏ប្រសើរ មុនអំពីការបែកធ្លាយកាយ មុនអំពីការបែកធ្លាយអត្តភាព មុនអំពីការដាក់ចុះនូវសាកសព មុនអំពីការដាច់ជីវិតិន្រ្ទិយ។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យហៅដោយសេចក្តីគោរព។ ម្យ៉ាងទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់បំបាក់រាគៈ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ទោសៈ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់បំបាក់មោហៈ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់បំបាក់មានះ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ទិដ្ឋិ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់បំបាក់ចំរូង។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់បំបាក់កិលេស។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់ចែក រំលែក ញែក នូវធម្មរតនៈ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់ធ្វើ នូវទីបំផុតនៃភពទាំងឡាយ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់ធ្វើនូវទីបំផុតនៃភពទាំងឡាយ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់ចំរើនព្រះកាយ។ ព្រះនាមថា មានព្រះភាគ ព្រោះហេតុទ្រង់ចំរើនសីល ចំរើនចិត្ត ចំរើនបញ្ញា។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់គប់រកសេនាសនៈទាំងឡាយដ៏ស្ងាត់ គឺព្រៃតូច និងព្រៃធំ ជាព្រៃមិនមានសំឡេង មិនមានការគឹកកង ជាព្រៃប្រាសចាកខ្យល់កាយនៃជន ជាព្រៃស្ងប់ស្ងាត់ចាកមនុស្ស សមគួរដល់ការពួនសម្ងំ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ច័យភេជ្ជបរិក្ខារ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគទ្រង់មានភាគនៃអត្តរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត អធិប្បញ្ញា។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគទ្រង់មានភាគនៃឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគទ្រង់មានភាគនៃវិមោក្ខ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ អសុភសមាបត្តិ។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨។ មួយទៀត ព្រះនាមថា មានព្រះភាគ ព្រោះហេតុព្រះមានបុណ្យ ទ្រង់មានភាគនៃតថាគតពល ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦។ ព្រះនាមថា ព្រះមានព្រះភាគនេះ មិនមែនមាតាធ្វើ មិនមែនបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនពួកមិត្រអាមាត្យធ្វើ មិនមែនពួកញាតិសាលោហិតធ្វើ មិនមែនពួកសមណព្រាហ្មណ៍ធ្វើ មិនមែនពួកទេវតាធ្វើទេ ព្រះនាមថា មានព្រះភាគនុ៎ះ របស់ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគ ជាព្រះនាមកើតក្នុងទីបំផុតនៃវិមោក្ខ ការបញ្ញាត្តិថា មានព្រះភាគនុ៎ះ (កើតហើយ) អំពីការត្រាស់ដឹង ព្រមដោយការបានចំពោះនូវសព្វញ្ញុតញ្ញាណ ទៀបគល់ពោធិព្រឹក្ស ហេតុនោះ មានពាក្យថា ព្រះមានព្រះភាគ (ត្រាស់ហើយ) ថាមុនអំពីការបែកធ្លាយសរីរៈទៅ បុគ្គលណាប្រាសចាកតណ្ហា។
[៦០] ពាក្យថា មិនអាស្រ័យនូវកាលជាខាងដើម អធិប្បាយថា អតីតកាល លោកហៅថា កាលខាងដើម។ បុគ្គលប្រារព្ធអតីតកាល ហើយលះបង់តណ្ហា រលាស់ចោលទិដ្ឋិ ព្រោះលះបង់តណ្ហា ព្រោះរលាស់ចោលទិដ្ឋិ ឈ្មោះថា មិនអាស្រ័យកាលខាងដើម យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលមិនដល់នូវសេចក្តីរីករាយក្នុងរូបារម្មណ៍នោះថា អាត្មាអញមានរូបយ៉ាងនេះហើយក្នុងអតីតកាល មិនដល់នូវសេចក្តីរីករាយក្នុងអារម្មណ៍នោះថា អាត្មាអញមានវេទនាយ៉ាងនេះ មានសញ្ញាយ៉ាងនេះ មានសង្ខារយ៉ាងនេះ មានវិញ្ញាណយ៉ាងនេះ ក្នុងអតីតកាល ឈ្មោះថាមិនអាស្រ័យកាលខាងដើម យ៉ាងនេះខ្លះ។ មួយទៀត វិញ្ញាណមិនជាប់ចំពាក់ដោយឆន្ទរាគក្នុងអារម្មណ៍ទាំងនោះថា ចក្ខុរបស់អាត្មាអញមានយ៉ាងនេះ រូបទាំងឡាយមានយ៉ាងនេះ ក្នុងអតីតកាល បុគ្គលមិនត្រេកអរចំពោះចក្ខុ និងរូបនោះ ព្រោះវិញ្ញាណមិនជាប់ចំពាក់ដោយឆន្ទរាគ អ្នកដែលមិនត្រេកអរក្នុងចក្ខុ និងរូបនោះ ឈ្មោះថា មិនអាស្រ័យកាលខាងដើម យ៉ាងនេះខ្លះ។ វិញ្ញាណមិនជាប់ចំពាក់ដោយឆន្ទរាគក្នុងអារម្មណ៍ទាំងនោះថា សោតៈរបស់អញ មានយ៉ាងនេះ សំឡេងទាំងឡាយមានយ៉ាងនេះ ក្នុងអតីតកាល ថាឃានៈរបស់អញមានយ៉ាងនេះ ក្លិនទាំងឡាយមានយ៉ាងនេះ ក្នុងអតីតកាល ថាជិវ្ហារបស់អញមានយ៉ាងនេះ រសទាំងឡាយមានយ៉ាងនេះ ក្នុងអតីតកាល ថាកាយរបស់អញ មានយ៉ាងនេះ ផោដ្ឋព្វៈមានយ៉ាងនេះ ក្នុងអតីតកាល ថាចិត្តរបស់អញមានយ៉ាងនេះ ធម្មារម្មណ៍មានយ៉ាងនេះ ក្នុងអតីតកាល បុគ្គលមិនត្រេកអរនឹងអារម្មណ៍ទាំងនោះ ព្រោះវិញ្ញាណមិនជាប់ចំពាក់ដោយឆន្ទរាគ អ្នកដែលមិនត្រេកអរនឹងអារម្មណ៍ទាំងនោះ ឈ្មោះថាមិនអាស្រ័យកាលខាងដើម យ៉ាងនេះខ្លះ។ មួយទៀត ការសើច ការចរចា ការនិយាយ ការលេងជាមួយនឹងមាតុគ្រាម ក្នុងកាលពីដើមណា បុគ្គលមិនត្រេកអរនឹងការសើចជាដើមនោះ មិនប្រាថ្នានឹងការសើចជាដើមនោះ មិនដល់នូវសេចក្តីត្រេកអរនឹងការសើចជាដើមនោះ ឈ្មោះថាមិនអាស្រ័យកាលខាងដើម យ៉ាងនេះខ្លះ។
[៦១] ពាក្យថា ជាអ្នកដែលគេមិនគួររាប់ក្នុងកាលជាកណ្តាល អធិប្បាយថា បច្ចុប្បន្នកាល លោកហៅថា កាលជាកណ្តាល។ បុគ្គលប្រារព្ធបច្ចុប្បន្នកាលហើយ លះបង់តណ្ហា រលាស់ចោលទិដ្ឋិ ព្រោះលះបង់តណ្ហា ព្រោះរលាស់ចោលទិដ្ឋិ ទើបគេមិនគួររាប់ថា ជាអ្នកត្រេកអរ មិនគួររាប់ថា ជាអ្នកប្រទូស្ត មិនគួររាប់ថា ជាអ្នកវង្វេង មិនគួររាប់ថា ជាអ្នកជាប់ចំពាក់ មិនគួររាប់ថា ជាអ្នកស្ទាបអង្អែល មិនគួររាប់ថា ជាអ្នកដល់នូវសេចក្តីរាយមាយ មិនគួររាប់ថា ជាអ្នកដល់នូវសេចក្តីមិនដាច់ស្រេច មិនគួររាប់ថា ជាអ្នកដល់នូវកំឡាំង។ អភិសង្ខារទាំងនោះ បុគ្គលនោះលះបង់ហើយ ព្រោះលះបង់អភិសង្ខារទាំងឡាយ បុគ្គលនោះ ទើបគេមិនគួររាប់ដោយគតិថា ជាអ្នកកើតក្នុងនរក ឬថាជាអ្នកកើតក្នុងកំណើតតិរច្ឆាន ថាជាអ្នកកើតក្នុងបិត្តិវិស័យ ថាជាមនុស្ស ថាជាទេវតា ថាជារូបព្រហ្ម ថាជាអរូបព្រហ្ម ថាជាសញ្ញីសត្វ ថាជាអសញ្ញីសត្វ ឬថាជានេវសញ្ញីនាសញ្ញីសត្វ។ បុគ្គលដល់នូវការរាប់ ដោយហេតុណា ហេតុនោះមិនមាន បច្ច័យមិនមាន ការណ៍មិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកដែលគេមិនគួររាប់ក្នុងកាលជាកណ្តាល។
[៦២] អធិប្បាយពាក្យថា ភាពនៃការធ្វើឲ្យជាប្រធានៃបុគ្គលនោះ មិនមានទេ ត្រង់ពាក្យថា បុគ្គលនោះ បានដល់ព្រះអរហន្តខីណាស្រព។ ពាក្យថា ការធ្វើឲ្យជាប្រធាន បានដល់ ការធ្វើឲ្យជាប្រធានពីរ គឺ ការធ្វើឲ្យជាប្រធានគឺតណ្ហា ១ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ ១។បេ។ នេះការធ្វើឲ្យជាប្រធានគឺតណ្ហា។បេ។ នេះ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ។ ការធ្វើឲ្យជាប្រធានគឺតណ្ហា បុគ្គលនោះលះបង់ហើយ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ បុគ្គលនោះរលាស់ចោលហើយ ព្រោះលះបង់ការធ្វើឲ្យជាប្រធានគឺតណ្ហា ព្រោះរលាស់ចោលការធ្វើឲ្យជាប្រធានគឺទិដ្ឋិ (បុគ្គលនោះ) មិនប្រព្រឹត្តធ្វើនូវតណ្ហា ឬទិដ្ឋិ ឲ្យជាប្រធាន ជាអ្នកមិនមានទង់ជ័យគឺតណ្ហា មិនមានទង់គឺតណ្ហា មិនមានតណ្ហាជាអធិបតេយ្យ មិនមានទង់ជ័យគឺទិដ្ឋិ មិនមានទង់គឺទិដ្ឋិ មិនមានទិដ្ឋិ ជាអធិបតេយ្យ មិនត្រូវតណ្ហា ឬទិដ្ឋិ ប្រព្រឹត្តព័ទ្ធឡោមឡើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ភាពនៃការធ្វើឲ្យជាប្រធាននៃបុគ្គលនោះមិនមាន យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលនោះមិនដល់នូវសេចក្តីត្រេកអរក្នុងរូបារម្មណ៍នោះថា អាត្មាអញសូមមានរូបយ៉ាងនេះ ក្នុងអនាគតកាល មិនដល់នូវសេចក្តីត្រេកអរក្នុងអារម្មណ៍ទាំងនោះថា អាត្មាអញសូមមានវេទនាយ៉ាងនេះ សូមមានសញ្ញាយ៉ាងនេះ សូមមានសង្ខារយ៉ាងនេះ សូមមានវិញ្ញាណយ៉ាងនេះ ក្នុងអនាគតកាល ភាពនៃការធ្វើឲ្យជាប្រធាននៃបុគ្គលនោះមិនមាន យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលនោះមិនដំកល់ចិត្ត ដើម្បីបាននូវអារម្មណ៍ ដែលមិនទាន់បានថា ចក្ខុរបស់អញ សូមមានយ៉ាងនេះ រូបទាំងឡាយសូមមានយ៉ាងនេះ ក្នុងអនាគតកាល បុគ្គលនោះ មិនត្រេកអរក្នុងចក្ខុ និងរូបនោះ ព្រោះការមិនដំកល់ចិត្តជាបច្ច័យ កាលមិនត្រេកអរចំពោះចក្ខុ និងរូបនោះ ភាពនៃការធ្វើឲ្យជាប្រធាននៃបុគ្គលនោះមិនមាន យ៉ាងនេះខ្លះ។ បុគ្គលមិនដំកល់ចិត្តដើម្បីបាននូវអារម្មណ៍ដែលខ្លួនមិនទាន់បានថា សោតៈរបស់អញ សូមមានយ៉ាងនេះ សំឡេងទាំងឡាយសូមមានយ៉ាងនេះ ក្នុងអនាគតកាល ថាឃានៈរបស់អញ សូមមានយ៉ាងនេះ គន្ធៈទាំងឡាយសូមមានយ៉ាងនេះ ក្នុងអនាគតកាល ថាជិវ្ហារបស់អញ សូមមានយ៉ាងនេះ រសទាំងឡាយសូមមានយ៉ាងនេះ ក្នុងអនាគតកាល ថាកាយរបស់អញ សូមមានយ៉ាងនេះ ផោដ្ឋព្វៈទាំងឡាយសូមមានយ៉ាងនេះ ក្នុងអនាគតកាល ថាចិត្តរបស់អញ សូមមានយ៉ាងនេះ ធម្មារម្មណ៍ទាំងឡាយ សូមមានយ៉ាងនេះក្នុងអនាគតកាល បុគ្គលនោះ មិនត្រេកអរចំពោះអារម្មណ៍ទាំងនោះ ព្រោះការមិនដំកល់ចិត្តជាបច្ច័យ កាលមិនត្រេកអរចំពោះអារម្មណ៍ទាំងនោះ ភាពនៃការធ្វើឲ្យជាប្រធាននៃបុគ្គលនោះ មិនមាន យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលមិនដំកល់ចិត្ត ដើម្បីបាននូវអារម្មណ៍ដែលមិនទាន់បានថា អាត្មាអញសូមឲ្យបានជាទេវតា ឬជាទេវតាណាមួយ ដោយសីល ឬដោយវត្ត ឬដោយតបៈ ឬក៏ដោយព្រហ្មចរិយៈនេះ បុគ្គលនោះមិនត្រេកអរចំពោះអារម្មណ៍ទាំងនោះ ព្រោះការមិនដំកល់ចិត្តជាបច្ច័យ កាលមិនត្រេកអរចំពោះអារម្មណ៍ទាំងនោះ ភាពនៃការធ្វើឲ្យជាប្រធាននៃបុគ្គលនោះ មិនមាន យ៉ាងនេះខ្លះ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
មុនអំពីការបែកធ្លាយសរីរៈទៅ បុគ្គលណាប្រាសចាកតណ្ហា មិនអាស្រ័យកាលខាងដើម ជាអ្នកដែលគេមិនគួររាប់ក្នុងកាលជាកណ្តាលទេ ភាពនៃការធ្វើឲ្យជាប្រធាននៃបុគ្គលនោះ មិនមានឡើយ។
[៦៣]
បុគ្គលអ្នកមិនក្រោធ អ្នកមិនតក់ស្លុត អ្នកមិនអួតអាង អ្នកមិនមានកុក្កុច្ចៈ អ្នកពោលដោយការដឹង អ្នកមិនរាយមាយ បុគ្គលអ្នកសង្រួមវាចានោះឯង ឈ្មោះថា មុនី។
[៦៤] អធិប្បាយពាក្យថា បុគ្គលអ្នកមិនក្រោធ អ្នកមិនតក់ស្លុត ត្រង់ពាក្យថា បុគ្គលអ្នកមិនក្រោធ ជាពាក្យដែលព្រះមានព្រះភាគត្រាស់ហើយក៏ពិតមែន។ តែសេចក្តីក្រោធ យើងគប្បីពោលមុន។ សេចក្តីក្រោធកើតដោយអាការៈ ១០ យ៉ាង គឺក្រោធកើតព្រោះគិតថា គេបានប្រព្រឹត្តហើយ នូវសេចក្តីវិនាសដល់អញ ១ ក្រោធកើតព្រោះគិតថា គេកំពុងប្រព្រឹត្តនូវសេចក្តីវិនាសដល់អញ ១ ក្រោធកើតព្រោះគិតថា គេនឹងប្រព្រឹត្តនូវសេចក្តីវិនាសដល់អញ ១ ក្រោធកើតព្រោះគិតថា គេបានប្រព្រឹត្តហើយនូវសេចក្តីវិនាស ១ ថាគេកំពុងប្រព្រឹត្តនូវសេចក្តីវិនាស ១ ថាគេនឹងប្រព្រឹត្តនូវសេចក្តីវិនាស ១ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញ ក្រោធកើតព្រោះគិតថា គេបានប្រព្រឹត្តហើយនូវសេចក្តីចំរើន ១ ថាគេកំពុងប្រព្រឹត្តនូវសេចក្តីចំរើន ១ ថាគេនឹងប្រព្រឹត្តនូវសេចក្តីចំរើន ១ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់អញ មួយទៀត ក្រោធកើតក្នុងអំពើមិនជាហេតុ ១ (គ្រប់ជា ១០)។ សេចក្តីគុំគួននៃចិត្ត សេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីថ្នាំងថ្នាក់ សេចក្តីខឹង សេចក្តីខឹងខ្លាំង សេចក្តីខឹងក្រៃលែង សេចក្តីប្រទូស្ត សេចក្តីប្រទូស្តខ្លាំង សេចក្តីប្រទូស្តក្រៃលែង ការព្យាបាទនៃចិត្ត ការប្រទូស្តក្នុងចិត្ត ក្រោធ អាការក្រោធ សេចក្តីក្រោធ ការប្រទូស្ត អាការប្រទូស្ត សេចក្តីប្រទូស្ត ការព្យាបាទ អាការព្យាបាទ សេចក្តីព្យាបាទ សេចក្តីខឹង សេចក្តីខឹងតប ការកាច ការសម្រក់ទឹកភ្នែក សេចក្តីមិនត្រេកអរនៃចិត្តណា មានសភាពយ៉ាងនេះ នេះលោកហៅថា សេចក្តីក្រោធ។ មួយទៀត បណ្ឌិត គប្បីជ្រាបសេចក្តីក្រោធខ្លាំង និងតិច។ ជួនកាលសេចក្តីក្រោធ គ្រាន់តែធ្វើចិត្តឲ្យល្អក់ប៉ុណ្ណោះ តែមិនទាន់ធ្វើមុខឲ្យកញ្ចុបកញ្ចូវនៅឡើយ ក៏មាន។ ជួនកាលសេចក្តីក្រោធ គ្រាន់តែធ្វើមុខឲ្យកញ្ចុបកញ្ចូវប៉ុណ្ណោះ តែមិនទាន់ធ្វើចង្កាឲ្យញាក់ញ័រនៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធគ្រាន់តែធ្វើចង្កាឲ្យញាក់ញ័រប៉ុណ្ណោះ តែមិនទាន់បញ្ចេញសំដីអាក្រក់នៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែបញ្ចេញសំដីអាក្រក់ប៉ុណ្ណោះ តែមិនទាន់ក្រឡេកមើលរឿយ ៗ នូវទិសធំ និងទិសតូចនៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែក្រឡេកមើលរឿយៗ នូវទិសធំ និងទិសតូចប៉ុណ្ណោះ តែមិនទាន់ចាប់ដំបង និងសស្រ្តានៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែចាប់ដំបង និងសស្រ្តាប៉ុណ្ណោះ តែមិនទាន់យារដំបង និងសស្រ្តានៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែយារដំបង និងសស្រ្តាប៉ុណ្ណោះ តែមិនទាន់ចោលពួយដំបង និងសស្រ្តាតម្រង់ទៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែចោលពួយដំបង និងសស្ត្រាតម្រង់ប៉ុណ្ណោះ តែមិនទាន់ធ្វើឲ្យដាច់មុតនៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែធ្វើឲ្យដាច់មុតប៉ុណ្ណោះ តែមិនទាន់ធ្វើឲ្យបាក់បែកនៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែធ្វើឲ្យបាក់បែកប៉ុណ្ណោះ តែមិនទាន់ទាញចេញនូវអវយវៈតូច និងអវយវៈធំនៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែទាញចេញនូវអវយវៈតូច និងអវយវៈធំប៉ុណ្ណោះ តែមិនទាន់ផ្តាច់បង់ជីវិតនៅឡើយ ក៏មាន។ ជួនកាល សេចក្តីក្រោធ គ្រាន់តែផ្តាច់បង់ជីវិតប៉ុណ្ណោះ តែមិនទាន់តាំងនៅដើម្បីផ្តាច់បង់ជីវិតទាំងពួង (របស់អ្នកដទៃ និងរបស់ខ្លួន) នៅឡើយ ក៏មាន។ សេចក្តីក្រោធ សំឡាប់បុគ្គលដទៃ ហើយទើបសំឡាប់ខ្លួន ក្នុងកាលណា កាលណោះ សេចក្តីក្រោធ ឈ្មោះថា ដល់នូវការក្រាសឡើងដ៏ក្រៃលែង ដល់នូវសេចក្តីទូលំទូលាយក្រៃលែង ដោយហេតុមានប្រមាណប៉ុណ្ណោះ។ សេចក្តីក្រោធនេះ បុគ្គលណាលះបង់ហើយ ផ្តាច់បង់ហើយ រម្ងាប់ហើយ គ្របសង្កត់ហើយ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ គេហៅថា អ្នកមិនក្រោធ។ បុគ្គលឈ្មោះថា អ្នកមិនក្រោធ ព្រោះលះបង់ក្រោធ ឈ្មោះថា អ្នកមិនក្រោធ ព្រោះកំណត់ដឹងនូវវត្ថុក្រោធ ឈ្មោះថា អ្នកមិនក្រោធ ព្រោះផ្តាច់ផ្តិលនូវហេតុនៃក្រោធ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនក្រោធ។
[៦៥] ពាក្យថា អ្នកមិនតក់ស្លុត អធិប្បាយថា បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកតក់ស្លុត តក់ស្លុតខ្លាំង តក់ស្លុតក្រៃលែង។ បុគ្គលនោះ តក់ស្លុត តក់ស្លុតខ្លាំង តក់ស្លុតក្រៃលែង ខ្លាចដល់នូវសេចក្តីតក់ស្លុតថា អញមិនបានត្រកូល ឬមិនបានពួក ឬមិនបានអាវាស ឬមិនបានលាភ ឬមិនបានយស ឬមិនបានសេចក្តីសរសើរ ឬមិនបានសុខ ឬមិនបានចីវរ ឬមិនបានបិណ្ឌបាត ឬមិនបានសេនាសនៈ ឬមិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារ ឬមិនបានគិលានុបដ្ឋាកបុគ្គល អញជាអ្នកមិនល្បីល្បាញ ក៏តក់ស្លុត តក់ស្លុតខ្លាំង តក់ស្លុតក្រៃលែង ខ្លាចដល់នូវសេចក្តីតក់ស្លុត។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនតក់ស្លុត មិនតក់ស្លុតខ្លាំង មិនតក់ស្លុតក្រៃលែង។ លោកមិនតក់ស្លុត មិនតក់ស្លុតខ្លាំង មិនតក់ស្លុតក្រៃលែង មិនខ្លាច មិនដល់នូវសេចក្តីតក់ស្លុតថា អញមិនបានត្រកូល ឬមិនបានពួក ឬមិនបានអាវាស ឬមិនបានលាភ ឬមិនបានយស ឬមិនបានសេចក្តីសរសើរ ឬមិនបានសុខ ឬមិនបានចីវរ ឬមិនបានបិណ្ឌបាត ឬមិនបានសេនាសនៈ ឬមិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារ ឬមិនបានគិលានុបដ្ឋាកបុគ្គល អញជាអ្នកមិនល្បីល្បាញ ក៏មិនតក់ស្លុត មិនតក់ស្លុតខ្លាំង មិនតក់ស្លុតក្រៃលែង មិនខ្លាច មិនដល់នូវសេចក្តីតក់ស្លុត ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនក្រោធ អ្នកមិនតក់ស្លុត។
[៦៦] ពាក្យថា អ្នកមិនអួតអាង អ្នកមិនមានកុក្កុច្ចៈ អធិប្បាយថា បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកអួតអាង អួតអាងផ្សេងៗ។ បុគ្គលនោះ រមែងអួតអាង អួតអាងផ្សេង ៗ ថា អញជាអ្នកបរិបូណ៌ដោយសីលក្តី ថាជាអ្នកបរិបូណ៌ដោយវត្តក្តី ថាជាអ្នកបរិបូណ៌ដោយសីល និងវត្តក្តី ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកូននៃត្រកូលក្តី ដោយភាពនៃខ្លួនមានសម្បុរដ៏ល្អក្តី ដោយទ្រព្យក្តី ដោយការស្វាធ្យាយន៍ក្តី ដោយការងារក្តី ដោយសិប្បៈក្តី ដោយថ្នាក់នៃវិជ្ជាក្តី ដោយសុតៈក្តី ដោយបដិភាណក្តី ដោយវត្ថុណាមួយក្តី ជាអ្នក (ចេញ) អំពីត្រកូលខ្ពស់ ហើយបួសក្តី ថាជាអ្នកចេញអំពីត្រកូលធំ ហើយបួសក្តី (ចេញ) អំពីត្រកូលមានភោគដ៏ច្រើន ហើយបួសក្តី ថាជាអ្នកចេញអំពីត្រកូលមានភោគៈដ៏លើសលុប ហើយបួសក្តី ថាអញជាអ្នកល្បីល្បាញ មានយសជាងពួកគ្រហស្ថ និងបព្វជិតក្តី ថាជាអ្នកបានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារក្តី ថាជាអ្នកចេះព្រះសូត្រក្តី ថាជាអ្នកទ្រទ្រង់ព្រះវិន័យក្តី ថាជាធម្មកថិកក្តី ថាជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តសបទានចារិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តនេសជ្ជិកធុតង្គក្តី ថាជាអ្នកប្រព្រឹត្តយថាសន្ថតិកធុតង្គក្តី រមែងអួតអាង អួតអាងផ្សេង ៗ ថាជាអ្នកបានបឋមជ្ឈានក្តី ថាជាអ្នកបានទុតិយជ្ឈានក្តី ថាជាអ្នកបានតតិយជ្ឈានក្តី ថាជាអ្នកបានចតុត្ថជ្ឈានក្តី ថាជាអ្នកបានអាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ និងនេវសញ្ញានាសញ្ញាយតនសមាបត្តិក្តី។ បុគ្គលមិនអួតអាង មិនអួតអាងផ្សេង ៗ យ៉ាងនេះ។ បុគ្គលវៀរទួទៅ វៀរស្រឡះ វៀរចំពោះ ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ ប្រាសចេញអំពីសេចក្តីអួតអាង រមែងនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនអួតអាង។
[៦៧] អធិប្បាយពាក្យថា មិនមានកុក្កុច្ចៈ ត្រង់ពាក្យថា កុក្កុច្ចៈ គឺ ការរពឹសដៃ ហៅថា កុក្កុច្ចៈ ការរពឹសជើង ហៅថា កុក្កុច្ចៈ ការរពឹសដៃ និងជើង ក៏ហៅថា កុក្កុច្ចៈ សេចក្តីសំគាល់ថាគួរក្នុងវត្ថុមិនគួរ សេចក្តីសំគាល់ថាមិនគួរក្នុងវត្ថុគួរ សេចក្តីសំគាល់ថាមានទោសក្នុងវត្ថុមិនមានទោស សេចក្តីសំគាល់ថាមិនមានទោសក្នុងវត្ថុមានទោស សេចក្តីរង្កៀស អាការៈនៃសេចក្តីរង្កៀស ភាពនៃសេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្តឯណា មានសភាពយ៉ាងនេះ នេះហៅថា កុក្កុច្ចៈ។ មួយទៀត សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតដោយហេតុពីរ គឺភាពនៃអំពីដែលធ្វើហើយ ១ និងមិនធ្វើហើយ ១។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើង ព្រោះអំពើដែលធ្វើហើយ ១ និងមិនធ្វើហើយ ១ តើដូចម្តេច។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើង (ដោយគិត) ថា កាយទុច្ចរិត អាត្មាអញបានធ្វើហើយ កាយសុចរិត អាត្មាអញមិនបានធ្វើទេ។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើងថា វចីទុច្ចរិត អាត្មាអញបានធ្វើហើយ វចីសុចរិត អាត្មាអញមិនបានធ្វើទេ។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើងថា មនោទុច្ចរិត អាត្មាអញបានធ្វើហើយ មនោសុចរិត អាត្មាអញមិនបានធ្វើទេ។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើងថា បាណាតិបាត អាត្មាអញបានធ្វើហើយ ការវៀរចាកបាណាតិបាត អាត្មាអញមិនបានធ្វើទេ។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើងថា អទិន្នាទាន អាត្មាអញបានធ្វើហើយ ការវៀរចាកអទិន្នាទាន អាត្មាអញមិនបានធ្វើទេ។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើងថា កាមេសុមិច្ឆាចារៈ អាត្មាអញបានធ្វើហើយ ការវៀរចាកកាមេសុមិច្ឆាចារៈ អាត្មាអញមិនបានធ្វើទេ។ ថាមុសាវាទ អាត្មាអញបានធ្វើហើយ ការវៀរចាកមុសាវាទ អាត្មាអញមិនបានធ្វើទេ។ ថាបិសុណាវាចា អាត្មាអញបានធ្វើហើយ ការវៀរចាកបិសុណាវាចា អាត្មាអញមិនបានធ្វើទេ។ ថា ផរុសវាចា អាត្មាអញបានធ្វើហើយ ការវៀរចាកផរុសវាចា អាត្មាអញមិនបានធ្វើទេ។ ថា សម្ផប្បលាបៈ អាត្មាអញបានធ្វើហើយ ការវៀរចាកសម្ផប្បលាបៈ អាត្មាអញមិនបានធ្វើទេ។ ថា អភិជ្ឈា អាត្មាអញបានធ្វើហើយ អនភិជ្ឈា អាត្មាអញមិនបានធ្វើទេ។ ថា ព្យាបាទ អាត្មាអញបានធ្វើហើយ អព្យាបាទ អាត្មាអញមិនបានធ្វើទេ។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើងថា មិច្ឆាទិដ្ឋិ អាត្មាអញបានធ្វើហើយ សម្មាទិដ្ឋិ អាត្មាអញមិនបានធ្វើទេ។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើងព្រោះភាពនៃអំពើដែលធ្វើហើយ ១ និងមិនធ្វើហើយ ១ យ៉ាងនេះ។ មួយទៀត សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើងថា អាត្មាអញជាអ្នកមិនធ្វើឲ្យពេញក្នុងសីលទាំងឡាយ។ ថា អាត្មាអញ ជាអ្នកមានទ្វារមិនគ្រប់គ្រងហើយក្នុងឥន្រ្ទិយទាំងឡាយ។ ថា អាត្មាអញ ជាអ្នកមិនដឹងប្រមាណក្នុងភោជន។ ថា អាត្មាអញជាអ្នកមិនប្រកបរឿយៗ នូវការភ្ញាក់រលឹក។ ថា អាត្មាអញ ជាអ្នកមិនប្រកបដោយសតិ និងសម្បជញ្ញៈ។ ថា សតិប្បដ្ឋាន ៤ អាត្មាអញមិនបានចំរើនហើយ។ ថា សម្មប្បធាន ៤ អាត្មាអញមិនបានចំរើនហើយ។ ថា ឥទ្ធិបាទ ៤ អាត្មាអញមិនបានចំរើនហើយ។ ថាឥន្រ្ទិយ ៥ អាត្មាអញ មិនបានចំរើនហើយ។ ថា ពលៈ ៥ អាត្មាអញមិនបានចំរើនហើយ។ ថា ពោជ្ឈង្គ ៧ អាត្មាអញមិនបានចំរើនហើយ។ ថា អដ្ឋង្គិកមគ្គដ៏ប្រសើរ អាត្មាអញមិនបានចំរើនហើយ។ ថា ទុក្ខ អាត្មាអញមិនបានកំណត់ទេ។ ថា សមុទយៈ អាត្មាអញមិនបានលះបង់ទេ។ ថា មគ្គ អាត្មាអញមិនបានចំរើនទេ។ សេចក្តីរង្កៀស សេចក្តីក្តៅក្រហាយចិត្ត សេចក្តីប្រែះស្រាំនៃចិត្ត រមែងកើតឡើងថា និរោធ អាត្មាអញមិនបានធ្វើឲ្យជាក់ច្បាស់ទេ។ សេចក្តីរង្កៀសនេះ បុគ្គលណា លះបង់ហើយ ផ្តាច់ផ្តិលហើយ រម្ងាប់ហើយ គ្របសង្កត់ហើយ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានកុក្កុច្ចៈ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនអួតអាង អ្នកមិនមានកុក្កុច្ចៈ។
[៦៨] ពាក្យថា អ្នកពោលដោយការដឹង អ្នកមិនរាយមាយ សេចក្តីថា បញ្ញា លោកហៅថា ការដឹង បានដល់ប្រាជ្ញា សេចក្តីដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណានូវធម៌ សេចក្តីយល់ត្រូវ។ បុគ្គលស្ទង់ដោយការដឹង ហើយពោលនូវវាចា ទោះបីពោលច្រើន ពណ៌នាច្រើន បំភ្លឺច្រើន ថ្លែងច្រើន ក៏មិនពោលវាចាដែលគេពោលអាក្រក់ និយាយអាក្រក់ ចរចាអាក្រក់ បញ្ចេញអាក្រក់ទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកពោលដោយការដឹង។ ពាក្យថា អ្នកមិនរាយមាយ សំនួរថា សេចក្តីរាយមាយ ក្នុងដំណើរនោះ តើដូចម្តេច។ សេចក្តីរាយមាយនៃចិត្ត សេចក្តីមិនស្ងប់រម្ងាប់ សេចក្តីរវើរវាយនៃចិត្ត សេចក្តីវិលនៃចិត្តឯណា នេះលោកហៅថា សេចក្តីរាយមាយ។ សេចក្តីរាយមាយនេះ បុគ្គលណាលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតបាន ដុតដោយភ្លើង គឺញ្ញាណហើយ បុគ្គលនោះ លោកហៅថា ជាអ្នកមិនរាយមាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលដោយការដឹង ជាអ្នកមិនរាយមាយ។
[៦៩] ពាក្យថា បុគ្គលសង្រួមវាចានោះឯង ជាមុនិ សេចក្តីថា ភិក្ខុក្នុងសាសនានេះ លះបង់មុសាវាទ វៀរចាកមុសាវាទ ពោលតែពាក្យពិត តពាក្យពិត មានវាចាខ្ជាប់ខ្ជួន គួរឲ្យអ្នកផងជឿបាន មិនពោលបំភាន់សត្វលោក។ លះបង់បិសុណាវាចា វៀរស្រឡះចាកបិសុណាវាចា គឺឮអំពីពួកជននេះ មិនប្រាប់ពួកជនឯណោះ ដើម្បីបំបែកពួកជននេះ ឬឮអំពីពួកជនឯណោះ មិនប្រាប់ដល់ជនពួកនេះ ដើម្បីបំបែកពួកជនឯណោះ ជាអ្នកផ្សះផ្សានូវពួកជនដែលបែកគ្នាហើយក្តី ជាអ្នកបន្ថែមកំឡាំងឲ្យដល់ពួកដែលព្រមព្រៀងគ្នាហើយក្តី មានសេចក្តីត្រេកអរក្នុងការព្រមព្រៀង ត្រេកអរក្នុងសេចក្តីព្រមព្រៀង មានសេចក្តីរីករាយក្នុងការព្រមព្រៀង ពោលវាចាជាទីធ្វើនូវសេចក្តីព្រមព្រៀង។ លះបង់ផរុសវាចា វៀរស្រឡះចាកផរុសវាចាហើយ ក៏វាចាណាដែលជាសំដីឥតទោស ជាសុខដល់ត្រចៀក គួរឲ្យស្រឡាញ់ ជាទីពេញហឫទ័យ ជាសំដីរបស់អ្នកបុរី ជាទីត្រេកអរដល់ជនច្រើននាក់ ជាទីពេញចិត្តជនច្រើននាក់ ជាអ្នកពោលតែវាចាបែបនោះឯង។ លះបង់សម្ផប្បលាបៈ វៀរស្រឡះចាកសម្ផប្បលាបៈ ហើយជាអ្នកពោលពាក្យក្នុងកាលគួរ ពោលតែពាក្យពិត ពោលអត្ថ ពោលធម៌ ពោលវិន័យ ពោលវាចាដែលគួរកប់ទុកក្នុងហឫទ័យ ជាវាចាមានគ្រឿងអាង មានទីបំផុត ប្រកបដោយប្រយោជន៍តាមកាលគួរ។ បុគ្គលប្រកបដោយវចីសុចរិតទាំង ៤ តែងពោលវាចាប្រាសចាកទោស ៤ ប្រការ។ បុគ្គលវៀរទួទៅ វៀរស្រឡះ វៀរចំពោះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ ប្រាសចេញឆ្ងាយអំពីតិរច្ឆានកថា ៣២ រមែងនៅដោយចិត្ត ដែលប្រាសចាកដែន គឺកិលេស។ ពោលនូវវត្ថុ ១០ ប្រការ។ ពោលនូវវត្ថុ ១០ ប្រការ តើដូចម្តេច។ គឺពោលអប្បិច្ឆកថា ១ សន្តុដ្ឋិកថា ១ បវិវេកកថា ១ អសំសគ្គកថា ១ វីរិយារម្ភកថា ១ សីលកថា ១ សមាធិកថា ១ បញ្ញាកថា ១ វិមុត្តិកថា ១ វិមុត្តិញ្ញាណទស្សនកថា ១ សតិប្បដ្ឋានកថា ១ សម្មប្បធានកថា ១ ឥទ្ធិប្បាទកថា ១ ឥន្រ្ទិយកថា ១ ពលកថា ១ ពោជ្ឈង្គកថា ១ មគ្គកថា ១ ផលកថា ១ និព្វានកថា ១។ ពាក្យថា បុគ្គលអ្នកសង្រួមវាចា គឺសង្រួម ប្រយ័ត្ន គ្រប់គ្រង បីបាច់ រក្សា រវាំង រម្ងាប់។ ញាណ លោកហៅថា មោនៈ របស់បទថា មុនី។បេ។ មុនីនោះ កន្លងនូវបណ្តាញ គឺសេចក្តីជាប់ចំពាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នកសង្រួមវាចានោះឯង ឈ្មោះថា មុនី ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលអ្នកមិនក្រោធ អ្នកមិនតក់ស្លុត អ្នកមិនអួតអាង អ្នកមិនមានកុក្កុច្ចៈ អ្នកពោលដោយការដឹង អ្នកមិនរាយមាយ បុគ្គលអ្នកសង្រួមវាចានោះឯង ឈ្មោះថា មុនី។
[៧០]
បុគ្គលមិនមានសេចក្តីជាប់ចំពាក់ក្នុងវត្ថុជាអនាគត មិនសោកស្តាយចំពោះវត្ថុជាអតីត អ្នកឃើញសេចក្តីស្ងប់ស្ងាត់ក្នុងផស្សៈទាំងឡាយ បុគ្គលនោះ ទិដ្ឋិទាំងឡាយនាំទៅមិនបាន។
[៧១] ពាក្យថា បុគ្គលមិនមានសេចក្តីជាប់ចំពាក់ក្នុងវត្ថុជាអនាគត អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីជាប់ចំពាក់ បានដល់ តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីជាប់ចំពាក់ គឺតណ្ហានេះ បុគ្គលណាលះបង់ ផ្តាច់ផ្តិល ធ្វើឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនមានសេចក្តីជាប់ចំពាក់ក្នុងវត្ថុជាអនាគត យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលមិនដល់ព្រមនូវសេចក្តីរីករាយក្នុងរូបនោះថា អាត្មាអញគប្បីមានរូបយ៉ាងនេះ ក្នុងអនាគតកាល មិនដល់ព្រមនូវសេចក្តីរីករាយក្នុងខន្ធទាំងនោះថា អាត្មាអញគប្បីមានវេទនាយ៉ាងនេះ គប្បីមានសញ្ញាយ៉ាងនេះ គប្បីមានសង្ខារយ៉ាងនេះ គប្បីមានវិញ្ញាណយ៉ាងនេះ ក្នុងអនាគតកាល ឈ្មោះថា អ្នកមិនមានសេចក្តីជាប់ចំពាក់ក្នុងវត្ថុជាអនាគត យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលមិនតាំងចិត្តដើម្បីបាននូវអាយតនៈ ដែលមិនទាន់បានថា ភ្នែករបស់អញ គប្បីមានយ៉ាងនេះ រូបទាំងឡាយយ៉ាងនេះ ក្នុងអនាគតកាល ក៏មិនរីករាយចំពោះអាយតនៈទាំងនោះ ព្រោះការមិនតាំងចិត្តជាបច្ច័យ កាលមិនត្រេកអរចំពោះអាយតនៈទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្តីជាប់ចំពាក់ក្នុងវត្ថុជាអនាគត យ៉ាងនេះខ្លះ។ ត្រចៀករបស់អញ គប្បីមានយ៉ាងនេះ សំឡេងទាំងឡាយយ៉ាងនេះ ក្នុងអនាគតកាល។បេ។ មិនតាំងចិត្តដើម្បីបាននូវអារម្មណ៍ដែលមិនទាន់បានថា ចិត្តរបស់អញ គប្បីមានយ៉ាងនេះ ធម្មារម្មណ៍ទាំងឡាយយ៉ាងនេះ ក្នុងអនាគតកាល ក៏មិនរីករាយចំពោះអាយតនៈទាំងនោះ ព្រោះការមិនតាំងចិត្តជាបច្ច័យ កាលមិនរីករាយចំពោះអាយតនៈទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្តីជាប់ចំពាក់ក្នុងវត្ថុជាអនាគត យ៉ាងនេះខ្លះ។ មួយវិញទៀត បុគ្គលមិនបានតាំងចិត្តដើម្បីបាននូវអត្តភាពដែលមិនទាន់បានថា អញគប្បីបានជាទេវតា ឬជាទេវតាណាមួយ ដោយសីល ឬវត្ត ឬតបៈ ឬព្រហ្មចរិយៈនេះ ក៏មិនរីករាយចំពោះអត្តភាពទាំងនោះ ព្រោះការមិនតាំងចិត្តជាបច្ច័យ កាលមិនរីករាយចំពោះអត្តភាពទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្តីជាប់ចំពាក់ក្នុងវត្ថុជាអនាគត យ៉ាងនេះខ្លះ។
[៧២] ពាក្យថា មិនសោយសោកចំពោះវត្ថុជាអតីត សេចក្តីថា មិនសោយសោករកវត្ថុដែលប្រែប្រួលហើយ ឬមិនសោយសោកក្នុងវត្ថុដែលប្រែប្រួលហើយ គឺមិនសោយសោកថា ភ្នែករបស់អញប្រែប្រួលហើយ មិនសោយសោក មិនលំបាក មិនខ្សឹកខ្សួល មិនកន្ទក់កន្ទេញ គក់ទ្រូង មិនដល់នូវសេចក្តីវង្វេងថា ត្រចៀករបស់អញ ច្រមុះរបស់អញ អណ្តាតរបស់អញ កាយរបស់អញ រូបទាំងឡាយរបស់អញ សំឡេងទាំងឡាយរបស់អញ ក្លិនទាំងឡាយរបស់អញ រសទាំងឡាយរបស់អញ ផោដ្ឋព្វៈទាំងឡាយរបស់អញ ត្រកូលរបស់អញ គណៈរបស់អញ អាវាសរបស់អញ លាភរបស់អញ យសរបស់អញ សេចក្តីសរសើររបស់អញ សុខរបស់អញ ចីវររបស់អញ បិណ្ឌបាតរបស់អញ សេនាសនៈរបស់អញ គិលានប្បច្ចយភេសជ្ជបរិក្ខាររបស់អញ មាតារបស់អញ បិតារបស់អញ បងប្អូនប្រុសរបស់អញ បងប្អូនស្រីរបស់អញ កូនប្រុសរបស់អញ កូនស្រីរបស់អញ មិត្រ និងអាមាត្យទាំងឡាយរបស់អញ ពួកញាតិរបស់អញ ពួកសាលោហិតរបស់អញប្រែប្រួលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនសោយសោក ចំពោះវត្ថុជាអតីត។
[៧៣] អធិប្បាយពាក្យថា អ្នកឃើញសេចក្តីស្ងប់ស្ងាត់ក្នុងផស្សៈទាំងឡាយ ត្រង់ពាក្យថា ផស្សៈ បានដល់ចក្ខុសម្ផស្សៈ សោតសម្ផស្សៈ ឃានសម្ផស្សៈ ជិវ្ហាសម្ផស្សៈ កាយសម្ផស្សៈ មនោសម្ផស្សៈ អធិវចនសម្ផស្សៈ បដិឃសម្ផស្សៈ សុខវេទនីយសម្ផស្សៈ ទុក្ខវេទនីយសម្ផស្សៈ អទុក្ខមសុខវេទនីយសម្ផស្សៈ កុសលផស្សៈ អកុសលផស្សៈ អព្យាកតផស្សៈ កាមាវចរផស្សៈ រូបាវចរផស្សៈ អរូបាវចរផស្សៈ សុញ្ញតផស្សៈ អនិមិត្តផស្សៈ អប្បណិហិតផស្សៈ លោកិយផស្សៈ លោកុត្តរផស្សៈ អតីតផស្សៈ អនាគតផស្សៈ បច្ចុប្បន្នផស្សៈ ការប៉ះពាល់ សេចក្តីប៉ះពាល់ សេចក្តីប៉ះពាល់ព្រម ភាពនៃការប៉ះពាល់ព្រមឯណា មានសភាពយ៉ាងនេះ នេះលោកហៅថា ផស្សៈ។ ពាក្យថា អ្នកឃើញសេចក្តីស្ងប់ស្ងាត់ក្នុងផស្សៈទាំងឡាយ គឺឃើញនូវចក្ខុសម្ផស្សៈដ៏ស្ងប់ស្ងាត់ ចាកខ្លួនផង ចាកវត្ថុរបស់ខ្លួនផង ចាកវត្ថុដ៏ទៀងទាត់ផង ចាកវត្ថុដ៏ឋិតថេរផង ចាកវត្ថុដ៏ខ្ជាប់ខ្ជួនផង ចាកសភាវៈមិនប្រែប្រួលផង។ ឃើញសោតសម្ផស្សៈដ៏ស្ងប់ស្ងាត់។ ឃើញឃានសម្ផស្សៈដ៏ស្ងប់ស្ងាត់។ ឃើញជិវ្ហាសម្ផស្សដ៏ស្ងប់ស្ងាត់។ ឃើញកាយសម្ផស្សៈដ៏ស្ងប់ស្ងាត់។ ឃើញមនោសម្ផស្សៈដ៏ស្ងប់ស្ងាត់។ ឃើញអធិវចនសម្ផស្សៈដ៏ស្ងប់ស្ងាត់។ ឃើញបដិឃសម្ផស្សៈដ៏ស្ងប់ស្ងាត់។ ឃើញសុខវេទនីយសម្ផស្សៈ។ ទុក្ខវេទនីយសម្ផស្សៈ។ អទុក្ខមសុខវេទនីយសម្ផស្សៈ។ កុសលផស្សៈ។ អកុសលផស្សៈ។ អព្យាកតផស្សៈ។ កាមាវចរផស្សៈ។ រូបាវចរផស្សៈ។ អរូបាវចរផស្សៈ។ លោកិយផស្សៈ។ ឃើញលោកុត្តរផស្សៈដ៏ស្ងប់ស្ងាត់ ចាកខ្លួនផង ចាកវត្ថុជារបស់ខ្លួនផង ចាកវត្ថុដ៏ទៀងទាត់ផង ចាកវត្ថុដ៏ឋិតថេរផង ចាកវត្ថុដ៏ខ្ជាប់ខ្ជួនផង ចាកសភាវៈមិនប្រែប្រួលផង។ មួយទៀត ឃើញអតីតផស្សៈដ៏ស្ងប់ស្ងាត់ ចាកពួកអនាគតផស្សៈផង ចាកពួកបច្ចុប្បន្នផស្សៈផង។ ឃើញអនាគតផស្សៈដ៏ស្ងប់ស្ងាត់ ចាកពួកអតីតផស្សៈផង ចាកពួកបច្ចុប្បន្នផស្សៈផង។ ឃើញបច្ចុប្បន្នផស្សៈដ៏ស្ងប់ស្ងាត់ ចាកពួកអតីតផស្សៈផង ចាកអនាគតផស្សៈផង។ មួយទៀត ពួកផស្សៈណា ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ប្រកបដោយសុញ្ញតៈ បុគ្គលរមែងឃើញពួកផស្សៈនោះ ដ៏ស្ងប់ស្ងាត់ ចាករាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ ឃើញពួកលោកុត្តរផស្សៈដ៏ស្ងប់ស្ងាត់ ចាកកិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង អកុសលាភិសង្ខារទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកឃើញសេចក្តីស្ងប់ស្ងាត់ក្នុងផស្សៈទាំងឡាយ។
[៧៤] ពាក្យថា ទិដ្ឋិទាំងឡាយនាំទៅមិនបាន គឺទិដ្ឋិទាំង ៦២ បុគ្គលនោះលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះ ទិដ្ឋិឲ្យទៅមិនបាន នាំទៅមិនបាន បន្សាត់ទៅមិនបាន នាំទៅព្រមមិនបាន ទាំងមិនជឿ មិនត្រឡប់មកកាន់ទិដ្ឋិនោះថា មានខ្លឹម ហេតុនោះ (ទ្រង់ត្រាស់ថា) ទិដ្ឋិទាំងឡាយនាំទៅមិនបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលមិនមានសេចក្តីជាប់ចំពាក់ ក្នុងវត្ថុជាអនាគត មិនសោកស្តាយចំពោះវត្ថុជាអតីត អ្នកឃើញសេចក្តីស្ងប់ស្ងាត់ក្នុងផស្សៈទាំងឡាយ បុគ្គលនោះ ទិដ្ឋិទាំងឡាយ នាំទៅមិនបាន។
[៧៥]
បុគ្គលអ្នករួញចិត្ត អ្នកមិនកុហក អ្នកមិនមានសេចក្តីប្រាថ្នា អ្នកមិនមានសេចក្តីកំណាញ់ អ្នកមិនមានការឃ្នើសឃ្នង អ្នកដែលគេមិនគួរខ្ពើម រមែងមិនប្រកបក្នុងការញុះញង់ទេ។
[៧៦] អធិប្បាយពាក្យថា អ្នករួញចិត្ត អ្នកមិនកុហក ត្រង់ពាក្យថា អ្នករួញចិត្ត សេចក្តីថា ដែលឈ្មោះថា អ្នករួញចិត្ត ព្រោះលះបង់រាគៈ អ្នករួញចិត្ត ព្រោះលះបង់ទោសៈ អ្នករួញចិត្ត ព្រោះលះបង់នូវមោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ។បេ។ អ្នករួញចិត្ត ព្រោះលះបង់អកុសលាភិសង្ខារទាំងពួង។ សមដូចព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នករួញចិត្ត តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ អស្មិមានះ ភិក្ខុក្នុងសាសនានេះ លះបង់ហើយ មានឫសគល់គាស់រំលើងហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនមានបែបភាព ជាធម៌លែងកើតតទៅទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នករួញចិត្ត យ៉ាងនេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នករួញចិត្ត។
[៧៧] ពាក្យថា អ្នកមិនកុហក អធិប្បាយថា កុហនវត្ថុ ៣ យ៉ាង កុហនវត្ថុខាងការសេព បច្ច័យ ១ កុហនវត្ថុខាងឥរិយាបថ ១ កុហនវត្ថុខាងការខ្សឹបជិត ១។
កុហនវត្ថុខាងការសេពបច្ច័យ តើដូចម្តេច។ ពួកគហបតីក្នុងសាសនានេះ រមែងនិមន្តភិក្ខុដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះ មានសេចក្តីប្រាថ្នាអាក្រក់ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ជាអ្នកមានសេចក្តីត្រូវការនូវចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ អាស្រ័យនូវសេចក្តីប្រាថ្នាដ៏លើសលុប ទើបហាមឃាត់ចីវរ ហាមឃាត់បិណ្ឌបាត ហាមឃាត់សេនាសនៈ ហាមឃាត់គិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះបានពោលយ៉ាងនេះថា សមណៈមានប្រយោជន៍អ្វីដោយចីវរមានថ្លៃច្រើន ការប្រើប្រាស់ចីវរដ៏សមគួរដល់សមណៈនុ៎ះគឺ សមណៈត្រូវតែរើសកំណាត់សំពត់ទាំងឡាយអំពីព្រៃស្មសាន ឬអំពីគំនរសម្រាម ឬអំពីរានផ្សារ មកធ្វើជាសង្ឃាដីប្រើប្រាស់ សមណៈមានប្រយោជន៍អ្វីដោយបិណ្ឌបាតមានថ្លៃច្រើន ការចិញ្ចឹមជីវិតដ៏សមគួរដល់សមណៈនុ៎ះ គឺសមណៈត្រូវតែចិញ្ចឹមជីវិតដោយពំនូតបាយ ដោយការដើរទៅដើម្បីសូម សមណៈមានប្រយោជន៍អ្វីដោយសេនាសនៈមានថ្លៃច្រើន ការនៅដ៏សមគួរដល់សមណៈនុ៎ះ គឺសមណៈត្រូវតែជាអ្នកនៅជិតគល់ឈើ ឬនៅក្នុងព្រៃស្មសាន ឬក៏នៅក្នុងទីវាល សមណៈមានប្រយោជន៍អ្វីដោយគិលានប្បច្ចយភេសជ្ជបរិក្ខារមានថ្លៃច្រើន ការធ្វើឱសថដ៏សមគួរដល់សមណៈនុ៎ះ គឺសមណៈត្រូវតែធ្វើថ្នាំដោយមូត្រផ្អូម ឬដោយចំណិតស្រម៉ តាំងអំពីនោះមក ភិក្ខុនោះក៏ទ្រទ្រង់ចីវរដ៏សៅហ្មង បរិភោគបិណ្ឌបាតដ៏សៅហ្មង សេពសេនាសនៈដ៏សៅហ្មង សេពគិលានប្បច្ចយភេសជ្ជបរិក្ខារដ៏សៅហ្មង។ ពួកគហបតីដឹងភិក្ខុនោះយ៉ាងនេះថា សមណៈនេះមានសេចក្តីប្រាថ្នាតិច មានសន្តោស ស្ងប់ស្ងាត់ មិនច្របូកច្របល់ (ដោយពួក) ប្រារព្ធព្យាយាម ពោលធុតគុណ ក៏រឹងរឹតតែនិមន្តដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ ភិក្ខុនោះពោលយ៉ាងនេះថា កុលបុត្រមានសទ្ធា តែងប្រសព្វនូវបុណ្យដ៏ច្រើន ព្រោះធម៌ ៣ យ៉ាង មានចំពោះមុខ គឺកុលបុត្រមានសទ្ធា តែងប្រសព្វនូវបុណ្យដ៏ចំរើន ព្រោះសទ្ធាមានចំពោះមុខ ១ កុលបុត្រមានសទ្ធា តែងប្រសព្វនូវបុណ្យដ៏ច្រើន ព្រោះទេយ្យធម៌មានចំពោះមុខ ១ កុលបុត្រមានសទ្ធា តែងប្រសព្វនូវបុណ្យដ៏ច្រើន ព្រោះពួកទក្ខិណេយ្យបុគ្គលមានចំពោះមុខ ១ សទ្ធានេះ របស់ពួកអ្នកក៏មានផង ទេយ្យធម៌នេះ ក៏មានព្រមផង ទាំងអាត្មា ក៏ជាអ្នកទទួល បើអាត្មាមិនទទួលទេ ពួកអ្នកនឹងជាបុគ្គលសាបសូន្យចាកបុណ្យយ៉ាងនេះ អាត្មាមិនមានសេចក្តីត្រូវការដោយទេយ្យធម៌នេះទេ ប៉ុន្តែអាត្មាទទួល ដើម្បីអនុគ្រោះដល់ពួកអ្នកតែម្យ៉ាង តាំងអំពីនោះមក ភិក្ខុនោះ ក៏ទទួលចីវរច្រើនផង ទទួលបិណ្ឌបាតច្រើនផង ទទួលសេនាសនៈច្រើនផង ទទួលគិលានប្បច្ចយភេសជ្ជបរិក្ខារច្រើនផង។ កិរិយាធ្វើមុខស្រពោន ភាពនៃភិក្ខុធ្វើមុខស្រពោន ការកុហក ការប្រព្រឹត្តិទៅនៃភិក្ខុកុហក ភាពនៃភិក្ខុកុហកឯណា មានសភាពយ៉ាងនេះ នេះលោកហៅថា កុហនវត្ថុខាងការសេព (បច្ច័យ)។ កុហនវត្ថុខាងឥរិយាបថ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ មានសេចក្តីប្រាថ្នាលាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ប្រាថ្នាសេចក្តីសរសើរថា អ្នកផងនឹងសរសើរអញយ៉ាងនេះ ក៏រៀបចំទំនងដើរ រៀបចំទំនងឈរ ក៏រៀបចំទំនងអង្គុយ រៀបចំទំនងដេក ប្រុងប្រៀបហើយទើបដើរទៅ ប្រុងប្រៀបឈរ ប្រុងប្រៀបអង្គុយ ប្រុងប្រៀបសម្រេចការដេក ដើរទៅហាក់ដូចជាមានចិត្តតាំងមាំ ឈរហាក់ដូចជាមានចិត្តតាំងមាំ អង្គុយហាក់ដូចជាមានចិត្តតាំងមាំ សម្រេចការដេកហាក់ដូចជាមានចិត្តតាំងមាំ ហាក់ដូចជាចូលឈានក្នុងទីចំពោះមុខ (នៃអ្នកផង)។ ការតាំងទុកខាងដើម អាការនៃការតាំងទុក ការរៀបចំឥរិយាបថ កិរិយាធ្វើមុខស្រពោន ភាពនៃភិក្ខុអ្នកធ្វើមុខស្រពោន ការកុហក ការប្រព្រឹត្តិទៅនៃភិក្ខុកុហក ភាពនៃភិក្ខុកុហកឯណា មានសភាពយ៉ាងនេះ នេះលោកហៅថា កុហនវត្ថុខាងឥរិយាបថ។ កុហនវត្ថុខាងការខ្សឹបជិត តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ មានសេចក្តីប្រាថ្នាលាមក ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ប្រាថ្នាសេចក្តីសរសើរថា អ្នកផងនឹងសរសើរអញយ៉ាងនេះ ក៏ពោលវាចា ដែលអាស្រ័យអរិយធម៌ ពោលថា សមណៈណាទ្រទ្រង់ចីវរ មានសភាពយ៉ាងនេះ សមណៈនោះមានស័ក្កិធំ ពោលថា សមណៈណា ទ្រទ្រង់បាត្រមានសភាពយ៉ាងនេះ ទ្រទ្រង់ផ្តិលជាវិការៈនៃលោហៈ ទ្រទ្រង់ធម្មក្រក ទ្រទ្រង់តម្រងទឹក ទ្រទ្រង់កូនសោ ទ្រទ្រង់ស្បែកជើង ទ្រទ្រង់វត្ថពន្ធចង្កេះ ទ្រទ្រង់សំពត់អាយោគ សមណៈនោះមានស័ក្តិធំ។ ពោលថា ឧបជ្ឈាយ៍របស់សមណៈណា មានសភាពយ៉ាងនេះ សមណៈនោះមានស័ក្តិធំ។ ពោលថា អាចារ្យរបស់សមណៈណា មានសភាពយ៉ាងនេះ ពួកភិក្ខុរបស់សមណៈណា មានសភាពយ៉ាងនេះ មានឧបជ្ឈាយ៍ស្មើគ្នា មានអាចារ្យស្មើគ្នា ជាមិត្រ មិត្រឃើញព្រម ជាសំឡាញ់ សមណៈនោះមានស័ក្តិធំ។ ពោលថា សមណៈណា នៅក្នុងវិហារមានសភាពយ៉ាងនេះ សមណៈនោះ មានស័ក្តិធំ។ ពោលថា សមណៈណា នៅក្នុងបង្ហាមានសភាពយ៉ាងនេះ នៅក្នុងប្រាសាទ នៅក្នុងប្រាសាទមានកំពូល នៅក្នុងគុហា នៅក្នុងទីជ្រកកោន នៅក្នុងកុដិ នៅក្នុងផ្ទះមានកំពូល នៅក្នុងប៉ម នៅក្នុងរោង នៅក្នុងថែវ នៅក្នុងរោងឆាន់ នៅក្នុងបារាំ នៅជិតគល់ឈើ សមណៈនោះ មានស័ក្តិធំ។ មួយទៀត សមណៈជាអ្នកស្រងូតស្រងាត់ពេក មានមុខស្រពោនក្រៃពេក ជាអ្នកកុហកក្រៃពេក រួសរាយក្រៃពេក ត្រូវគេសរសើរដោយអំណាចមាត់ (របស់ខ្លួន) ថា សមណៈនេះ បានវិហារសមាបត្តិទាំងឡាយដ៏ស្ងប់ស្ងាត់នេះ មានសភាពយ៉ាងនេះ ពោលពាក្យប្រាកដដូច្នោះ ជាពាក្យដ៏ជ្រៅ លំបាកយល់ ដ៏ល្អិតកំបាំង ជាវាចាប្រកបដោយសុញ្ញតនិព្វាន ជាលោកុត្តរ។ កិរិយាធ្វើមុខស្រពោន ភាពនៃភិក្ខុជាអ្នកធ្វើមុខស្រពោន ការកុហក ការប្រព្រឹត្តិទៅនៃភិក្ខុកុហក ភាពនៃភិក្ខុកុហកឯណា មានសភាពយ៉ាងនេះ នេះលោកហៅថា កុហនវត្ថុខាងការខ្សឹបជិត។ កុហនវត្ថុទាំង ៣ ប្រការនេះ ភិក្ខុណាលះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ ភិក្ខុនោះ លោកហៅថា អ្នកមិនកុហក ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នករួញចិត្ត អ្នកមិនកុហក។
[៧៨] ពាក្យថា អ្នកមិនមានសេចក្តីប្រាថ្នា អ្នកមិនមានសេចក្តីកំណាញ់ អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីជាប់ចំពាក់ បានដល់សេចក្តីត្រេកអរ សេចក្តីត្រេកអរមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីប្រាថ្នានេះ ភិក្ខុណាលះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ភិក្ខុនោះ លោកហៅថា អ្នកមិនមានសេចក្តីប្រាថ្នា។ ភិក្ខុនោះ មិនប្រាថ្នារូបទាំងឡាយ មិនប្រាថ្នា មិនប៉ង មិនត្រេកអរ មិនចង់បាន មិនជាប់ចិត្តនឹងសំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាមធាតុ រូបធាតុ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញាភព អសញ្ញាភព នេវសញ្ញានាសញ្ញាភព ឯកវោការភព ចតុវោការភព បញ្ចវោការភព អតីត អនាគត បច្ចុប្បន្ន និងពួកធម៌ដែលខ្លួនឃើញ ឮ ប៉ះពាល់ ឬគប្បីដឹង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានសេចក្តីប្រាថ្នា។ ពាក្យថា អ្នកមិនមានសេចក្តីកំណាញ់ សេចក្តីថា សេចក្តីកំណាញ់ ៥ គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់វណ្ណៈ ១ កំណាញ់ធម៌ ១ សេចក្តីកំណាញ់ អាការនៃសេចក្តីកំណាញ់ ភាពសេចក្តីកំណាញ់ សេចក្តីប្រាថ្នាផ្សេង ៗ សេចក្តីកំណាញ់រឹង សេចក្តីស្វិតស្វាញ ភាពនៃបុគ្គលមិនយកចិត្ត (នៃបុគ្គលដទៃ) ឯណា មានសភាពយ៉ាងនេះ លោកហៅថា សេចក្តីកំណាញ់។ មួយទៀត សេចក្តីកំណាញ់ខន្ធ ក៏ហៅថា កំណាញ់ សេចក្តីកំណាញ់ធាតុ ក៏ហៅថា កំណាញ់ សេចក្តីកំណាញ់អាយតនៈ ក៏ហៅថា កំណាញ់ ទាំងហៅថា ការប្រកាន់នេះ លោកហៅថា សេចក្តីកំណាញ់។ សេចក្តីកំណាញ់នេះ បុគ្គលណាលះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានសេចក្តីកំណាញ់ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានសេចក្តីប្រាថ្នា អ្នកមិនមានសេចក្តីកំណាញ់។
[៧៩] អធិប្បាយពាក្យថា អ្នកមិនមានការឃ្នើសឃ្នង ជាអ្នកដែលគេមិនគួរខ្ពើម ត្រង់ពាក្យថា ការឃ្នើសឃ្នង បានដល់ការឃ្នើសឃ្នង ៣ គឺការឃ្នើសឃ្នងប៉ែកខាងកាយ ១ ការឃ្នើសឃ្នងប៉ែកខាងវាចា ១ ការឃ្នើសឃ្នងប៉ែកខាងចិត្ត ១។ ការឃ្នើសឃ្នងប៉ែកខាងកាយ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ទៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយខ្លះ ទៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយខ្លះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងរោងឆាន់ខ្លះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងរោងភ្លើងខ្លះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងកំពង់ទឹកខ្លះ កំពុងចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយខ្លះ ចូលទៅហើយកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយខ្លះ។
ភិក្ខុទៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ទៅក្នុងសង្ឃ មិនធ្វើសេចក្តីកោតក្រែង គឺឈរប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយលើអាសនៈខ្ពស់ខ្លះ អង្គុយទទូរក្បាលខ្លះ ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុទៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយ យ៉ាងនេះឯង។ ភិក្ខុទៅក្នុងគណៈ សំដែងនូវការឃ្នើសឃ្នងប៉ែកខាងកាយ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ទៅក្នុងគណៈ មិនធ្វើសេចក្តីកោតក្រែង គឺកាលពួកភិក្ខុជាថេរៈមិនពាក់ស្បែកជើងចង្រ្កម ខ្លួនពាក់ស្បែកជើងចង្រ្កម កាលពួកភិក្ខុជាថេរៈចង្រ្កមក្នុងទីចង្រ្កមដ៏ទាប ខ្លួនចង្រ្កមក្នុងទីចង្រ្កមដ៏ខ្ពស់ កាលពួកភិក្ខុជាថេរៈ ចង្រ្កមលើផែនដី ខ្លួនចង្រ្កមក្នុងទីចង្រ្កម ឈរប្រជ្រៀតខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយលើអាសនៈខ្ពស់ខ្លះ អង្គុយទទូរក្បាលខ្លះ ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុទៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយ យ៉ាងនេះឯង។
ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងរោងឆាន់ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ មិនធ្វើសេចក្តីកោតក្រែងក្នុងរោងឆាន់ គឺអង្គុយប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ ឃាត់ពួកភិក្ខុថ្មី ដោយអាសនៈខ្លះ ឈរប្រជ្រៀតខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយលើអាសនៈខ្ពស់ខ្លះ អង្គុយទទូរក្បាលខ្លះ ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយ ក្នុងរោងឆាន់ យ៉ាងនេះឯង។
ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងរោងភ្លើង តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ មិនធ្វើសេចក្តីកោតក្រែងក្នុងរោងភ្លើង គឺឈរប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយលើអាសនៈខ្ពស់ខ្លះ មិនប្រាប់សិន ហើយដាក់អុសខ្លះ មិនប្រាប់សិន ហើយបិទទ្វារខ្លះ ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងរោងភ្លើង យ៉ាងនេះឯង។
ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយ ក្នុងកំពង់ទឹក តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ មិនធ្វើសេចក្តីកោតក្រែងក្នុងកំពង់ទឹក គឺចុះទៅប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ ចុះទៅខាងមុខខ្លះ ងូតប្រជ្រៀតខ្លះ ងូតខាងមុខខ្លះ ងូតខាងលើខ្លះ ឡើងប្រជ្រៀតខ្លះ ឡើងខាងមុខខ្លះ ឡើងខាងលើខ្លះ ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយ ក្នុងកំពង់ទឹក យ៉ាងនេះឯង។
ភិក្ខុកំពុងចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ កំពុងចូលទៅកាន់ចន្លោះផ្ទះ មិនធ្វើសេចក្តីកោតក្រែង គឺដើរប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ ដើរខាងមុខខ្លះ កន្លងហើយដើរខាងមុខពួកភិក្ខុជាថេរៈខ្លះ ភិក្ខុកំពុងចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយ យ៉ាងនេះឯង។
ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នង ប៉ែកខាងកាយ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ចូលទៅកាន់ចន្លោះផ្ទះ គេមិនទាន់និយាយថា សូមចូលមកលោកម្ចាស់ ក៏ចូលទៅ គេមិនទាន់និយាយថា សូមឈររង់សិនលោកម្ចាស់ ក៏ឈររង់ គេមិនទាន់និយាយថា សូមគង់លោកម្ចាស់ ក៏អង្គុយ ចូលទៅកាន់ទីមិនមានឱកាសខ្លះ ឈរក្នុងទីមិនមានឱកាសខ្លះ អង្គុយក្នុងទីមិនមានឱកាសខ្លះ ម្នីម្នាចូលទៅក្នុងបន្ទប់ទាំងឡាយ របស់ត្រកូលទាំងឡាយ ជាទីលាក់ពួនបិទបាំង ដែលពួកស្រ្តីក្នុងត្រកូល ដែលពួកកូនស្រីរបស់ត្រកូល ដែលពួកកូនប្រសាស្រីរបស់ត្រកូល ដែលពួកកុមារីរបស់ត្រកូលកំពុងអង្គុយនោះខ្លះ ស្ទាបអង្អែលក្បាលរបស់កុមារតូចខ្លះ ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប៉ែកខាងកាយ យ៉ាងនេះឯង។ នេះ ការឃ្នើសឃ្នងប៉ែកខាងកាយ។
ការឃ្នើសឃ្នងប៉ែកខាងវាចា តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ទៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប៉ែកខាងវាចាខ្លះ ទៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប៉ែកខាងវាចាខ្លះ ចូលទៅក្នុងចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប៉ែកខាងវាចាខ្លះ។
ភិក្ខុទៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប៉ែកខាងវាចា តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ទៅក្នុងសង្ឃ មិនធ្វើសេចក្តីកោតក្រែង គឺមិនប្រាប់ពួកភិក្ខុជាថេរៈ ឬ (ពួកភិក្ខុជាថេរៈ) មិនបានអារាធនា ក៏សំដែងធម៌ វិសជ្ជនាប្រស្នា សំដែងបាតិមោក្ខ ដល់ពួកភិក្ខុដែលទៅកាន់អារាម ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុទៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប៉ែកខាងវាចា យ៉ាងនេះឯង។
ភិក្ខុទៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប៉ែកខាងវាចា តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ទៅក្នុងគណៈ មិនធ្វើសេចក្តីកោតក្រែង គឺមិនប្រាប់ពួកភិក្ខុជាថេរៈ ឬ (ភិក្ខុជាថេរៈ) មិនបានអារាធនា ក៏សំដែងធម៌ វិសជ្ជនាប្រស្នាដល់ពួកភិក្ខុដែលទៅកាន់អារាម ឈរនិយាយខ្លះ និយាយវាសដៃខ្លះ សំដែងធម៌ វិសជ្ជនាប្រស្នាដល់ពួកភិក្ខុនី ពួកឧបាសក ពួកឧបាសិកា ដែលទៅកាន់អារាម ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុទៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប៉ែកខាងវាចា យ៉ាងនេះឯង។
ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប៉ែកខាងវាចា តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ចូលទៅកាន់ចន្លោះផ្ទះ និយាយនឹងស្រ្តី ឬនឹងកុមារី និយាយរាក់ទាក់ថា នែនាងឈ្មោះនេះ នែនាងគោត្រនេះ មានអ្វីទេ មានបបរទេ មានបាយទេ មានបង្អែមទេ អាត្មានឹងផឹកអ្វី បរិភោគអ្វី ស៊ីអ្វី មានអ្វីទេ ពួកនាងនឹងឲ្យអ្វីដល់អាត្មា ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប៉ែកខាងវាចា យ៉ាងនេះឯង។ នេះ ការឃ្នើសឃ្នងប៉ែកខាងវាចា។
ការឃ្នើសឃ្នងប៉ែកខាងចិត្ត តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកមិនមែន (ចេញ) អំពីត្រកូលខ្ពស់ហើយបួសទេ តែមានចិត្តតាំងខ្លួនស្មើនឹងបុគ្គលដែល (ចេញ) អំពីត្រកូលខ្ពស់ហើយបួស។ មិនមែនចេញអំពីត្រកូលធំហើយបួសទេ តែមានចិត្តតាំងខ្លួនស្មើនឹងបុគ្គលដែល (ចេញ) អំពីត្រកូលធំហើយបួស។ មិនមែន (ចេញ) អំពីត្រកូលមានភោគៈច្រើនហើយបួសទេ តែមានចិត្តតាំងខ្លួនស្មើនឹងបុគ្គលដែល (ចេញ) អំពីត្រកូលមានភោគៈច្រើន ហើយបួស។ មិនមែន (ចេញ) អំពីត្រកូលមានភោគៈលើសលប់ ហើយបួសទេ។ មិនចេះព្រះសូត្រទេ តែមានចិត្តតាំងខ្លួនស្មើនឹងបុគ្គលដែលចេះព្រះសូត្រ។ មិនទ្រទ្រង់ព្រះវិន័យ។ មិនមែនជាធម្មកថិក។ មិនប្រព្រឹត្តអារញ្ញិកធុតង្គ។ មិនប្រព្រឹត្តបិណ្ឌបាតិកធុតង្គ។ មិនប្រព្រឹត្តបំសុកូលិកធុតង្គ។ មិនប្រព្រឹត្តតេចីវរិកធុតង្គ។ មិនប្រព្រឹត្តសបទានចារិកធុតង្គ។ មិនប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គ។ មិនប្រព្រឹត្តនេសជ្ជិកធុតង្គ។ មិនប្រព្រឹត្តយថាសន្ថតិកធុតង្គ។ មិនបានបឋមជ្ឈានទេ តែមានចិត្តតាំងខ្លួនស្មើនឹងបុគ្គលដែលបានបឋមជ្ឈាន។បេ។ មិនបាននេវសញ្ញានាសញ្ញាយតនសមាបត្តិទេ តែមានចិត្តតាំងខ្លួនស្មើនឹងបុគ្គលបាននេវសញ្ញានាសញ្ញាយតនសមាបត្តិ។ នេះ ការឃ្នើសឃ្នងប៉ែកខាងចិត្ត។ ការឃ្នើសឃ្នង ៣ នេះ បុគ្គលណា លះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានការឃ្នើសឃ្នង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានការឃ្នើសឃ្នង។
[៨០] ពាក្យថា ជាអ្នកដែលគេមិនគួរខ្ពើម អធិប្បាយថា បុគ្គលដែលគេគួរខ្ពើម ក៏មាន ដែលគេមិនគួរខ្ពើម ក៏មាន។ បុគ្គលដែលគេគួរខ្ពើម តើដូចម្តេច។ បុគ្គលខ្លះក្នុងសាសនានេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានមារយាទដែលបុគ្គលគួររឭកឃើញ ដោយសេចក្តីរង្កៀសថា មិនស្អាត មានអំពើបិទបាំងទុក មិនមែនជាសមណៈ ប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនជាព្រហ្មចារីបុគ្គល ប្តេជ្ញាខ្លួនថាជាព្រហ្មចារីបុគ្គល ជាអ្នកស្អុយក្នុង ជោកដោយរាគៈ ជាបុគ្គលជ្រោកជ្រាក នេះហៅថា បុគ្គលដែលគេគួរខ្ពើម។ មួយទៀត បុគ្គលជាអ្នកក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ សូម្បីគេនិយាយតិចតួច ក៏រមែងចាប់ថ្នាក់ ខឹង គុំគួន តបត ធ្វើនូវសេចក្តីក្រោធ ប្រទូស្ត អាក់អន់ឲ្យប្រាកដ នេះហៅថា បុគ្គលដែលគេគួរខ្ពើម។ មួយវិញទៀត បុគ្គលជាអ្នកក្រោធ ចងសេចក្តីក្រោធទុក លុបគុណគេ វាយឫកស្មើ ច្រណែន កំណាញ់ អួតអាង មានមាយា រឹងរូស មើលងាយគេ មានប្រាថ្នាដ៏លាមក មានសេចក្តីយល់ខុស ប្រកាន់តាមសេចក្តីយល់របស់ខ្លួន ប្រកាន់មាំ ជាអ្នកលះបង់បានដោយកម្រ នេះ ហៅថា បុគ្គលដែលគេគួរខ្ពើម។
បុគ្គលដែលគេមិនគួរខ្ពើម តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទាន សិក្សា ក្នុងសិក្ខាបទទាំងឡាយ នេះហៅថា បុគ្គលដែលគេមិនគួរខ្ពើម។ មួយទៀត ភិក្ខុជាអ្នកមិនក្រោធ មិនច្រើនដោយសេចក្តីចង្អៀតចង្អល់ បើទុកជាគេនិយាយច្រើន ក៏មិនចាប់ថ្នាក់ មិនខឹង មិនគុំគួន មិនតបត មិនធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ឲ្យប្រាកដ នេះហៅថា បុគ្គលដែលគេមិនគួរខ្ពើម។ មួយវិញទៀត បុគ្គលជាអ្នកមិនក្រោធ មិនចងសេចក្តីក្រោធទុក មិនលុបគុណគេ មិនវាយឫកស្មើ មិនច្រណែន មិនកំណាញ់ មិនអួតអាង មិនមានមាយា មិនរឹងត្អឹង មិនមើលងាយគេ មិនមានសេចក្តីប្រាថ្នាដ៏លាមក មិនមានសេចក្តីយល់ខុស មិនប្រកាន់តាមសេចក្តីយល់របស់ខ្លួន មិនប្រកាន់មាំ ជាអ្នកលះបង់បានដោយងាយ នេះហៅថា បុគ្គលដែលគេមិនគួរខ្ពើម។ អរិយបុគ្គលទាំងអស់ រាប់ទាំងកល្យាណបុថុជ្ជន ឈ្មោះថា បុគ្គលដែលគេមិនគួរខ្ពើម ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនមានការឃ្នើសឃ្នង ជាអ្នកដែលគេមិនគួរខ្ពើម។
[៨១] ពាក្យថា បុគ្គលមិនប្រកបក្នុងការញុះញង់ ត្រង់ពាក្យថា ការញុះញង់ អធិប្បាយថា បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកនិយាយញុះញង់ គឺឮអំពីពួកជននេះ ប្រាប់ពួកជនឯណោះ ដើម្បីបំបែកពួកជននេះ ឬឮអំពីពួកជនឯណោះ ប្រាប់ពួកជននេះ ដើម្បីបំបែកពួកជនឯណោះ ឬក៏ជាអ្នកបំបែកពួកជនដែលព្រមព្រៀងគ្នាក្តី ថែមកំឡាំងដល់ពួកជនដែលបែកគ្នាហើយក្តី ជាអ្នកមានពួកជាទីត្រេកអរ ត្រេកអរហើយក្នុងពួក រីករាយក្នុងពួក ជាអ្នកនិយាយនូវពាក្យជាគ្រឿងធ្វើនូវពួក នេះលោកហៅថា ការញុះញង់។ មួយទៀត បុគ្គលរមែងសន្សំការញុះញង់ដោយហេតុពីរគឺ ដោយសេចក្តីប្រាថ្នាឲ្យគេស្រឡាញ់ ឬដោយសេចក្តីប៉ុនប៉ងដើម្បីបំបែក។
បុគ្គលសន្សំការញុះញង់ ព្រោះសេចក្តីប្រាថ្នាឲ្យគេស្រឡាញ់ តើដូចម្តេច។ បុគ្គលសន្សំការញុះញង់ ព្រោះសេចក្តីប្រាថ្នាឲ្យគេស្រឡាញ់យ៉ាងនេះ ដូចនេះថា អាត្មាអញនឹងបានជាទីស្រឡាញ់នៃជននេះ នឹងបានជាទីពេញចិត្ត នឹងបានជាទីស្និទ្ធស្នាល នឹងបានជាអ្នកនៅខាងក្នុង នឹងបានជាអ្នកមានចិត្តល្អ។
បុគ្គលមានសេចក្តីប៉ុនប៉ងដើម្បីបំបែក រមែងសន្សំការញុះញង់ តើដូចម្តេច។ បុគ្គលមានសេចក្តីប៉ុនប៉ងដើម្បីបំបែក រមែងសន្សំការញុះញង់យ៉ាងនេះថា ធ្វើម្តេចឲ្យពួកជននេះ ផ្សេង ៗ ពីគ្នា ទីទៃពីគ្នា ជាពួក ជាចំណែកពីរ បែកគ្នាជាពីរ ជាពីរក្រុម គប្បីបែកគ្នា មិនគប្បីរួបរួមគ្នា នៅជាទុក្ខ មិនសប្បាយ។
ការញុះញង់នុ៎ះ ដែលបុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ មិនប្រកប មិនឈម មិនធ្លាក់ មិនស្របចុះ ក្នុងការញុះញង់ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងមិនប្រកបក្នុងការញុះញង់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលអ្នករួញចិត្ត អ្នកមិនកុហក អ្នកមិនមានសេចក្តីប្រាថ្នា អ្នកមិនមានសេចក្តីកំណាញ់ អ្នកមិនមានការឃ្នើសឃ្នង អ្នកដែលគេមិនគួរខ្ពើម រមែងជាអ្នកមិនប្រកបក្នុងការញុះញង់។
[៨២]
បុគ្គលអ្នកមិនស្រស់ស្រាយ ក្នុងវត្ថុជាទីត្រេកអរផង អ្នកមិនប្រកបក្នុងការមើលងាយផង អ្នកទន់ភ្លន់ផង អ្នកមានប្រាជ្ញាវាងវៃផង រមែងជាអ្នកមិនមានជំនឿ មិនប្រាសចាកតម្រេក។
[៨៣] ពាក្យថា អ្នកមិនស្រស់ស្រាយ ក្នុងវត្ថុជាទីត្រេកអរ អធិប្បាយថា កាមគុណ ៥ លោកហៅថា វត្ថុជាទីត្រេកអរ។ កាមគុណ ៥ លោកហៅថា វត្ថុជាទីត្រេកអរ តើព្រោះហេតុអ្វី។ (ព្រោះថា) ពួកទេវតា និងមនុស្ស ច្រើនតែចង់បាន ត្រេកអរ ប្រាថ្នា ស្រឡាញ់ កួចកាន់ នូវកាមគុណ ៥ ហេតុនោះ កាមគុណ ៥ លោកហៅថា វត្ថុជាទីត្រេកអរ។ តណ្ហាជាទីត្រេកអរនុ៎ះ ដែលពួកជនណា មិនទាន់លះបង់ហើយ រូបតណ្ហារបស់ជននោះ រមែងផ្សាយទៅ រសាត់ទៅ ហូរទៅ ប្រព្រឹត្តទៅតាមចក្ខុ។ សទ្ទតណ្ហា តាមសោតៈ។ គន្ធតណ្ហា តាមឃានៈ។ រសតណ្ហា តាមជិវ្ហា។ ផោដ្ឋព្វតណ្ហា តាមកាយ។ ធម្មតណ្ហា រមែងផ្សាយទៅ រសាត់ទៅ ហូរទៅ ប្រព្រឹត្តទៅតាមចិត្ត។ តណ្ហាជាទីត្រេកអរនុ៎ះ ដែលពួកជនណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ រូបតណ្ហារបស់ពួកជននោះ រមែងមិនផ្សាយទៅ មិនរសាត់ទៅ មិនហូរទៅ មិនប្រព្រឹត្តទៅតាមចក្ខុ។ សទ្ទតណ្ហា តាមសោត។បេ។ ធម្មតណ្ហា រមែងមិនផ្សាយ មិនរសាត់ទៅ មិនហូរទៅ មិនប្រព្រឹត្តទៅតាមចិត្ត។ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនស្រស់ស្រាយ ក្នុងវត្ថុជាទីត្រេកអរ។
[៨៤] ពាក្យថា អ្នកមិនប្រកបក្នុងការមើលងាយ អធិប្បាយថា ចុះការមើលងាយ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ រមែងមើលងាយបុគ្គលដទៃ ដោយជាតិ ឬដោយគោត្រ។បេ។ ឬក៏ដោយវត្ថុណាមួយ។ មានះ អាការមានះ ភាពនៃមានះ ការឆ្មើងឆ្មៃ អាការឆ្មើងឆ្មៃ ចិត្តដូចទង់ជ័យ ការប្រកាន់ចិត្ត ភាពនៃចិត្តប្រាថ្នាដូចដងទង់ឯណា មានសភាពបែបនេះ នេះហៅថា សេចក្តីមើលងាយ។ សេចក្តីមើលងាយនុ៎ះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះមិនប្រកប មិនឈម មិនធ្លាក់ មិនស្របចុះ ក្នុងសេចក្តីមើលងាយ។ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនប្រកបក្នុងការមើលងាយ។
[៨៥] ពាក្យថា អ្នកទន់ភ្លន់ផង អ្នកមានប្រាជ្ញាវាងវៃផង អធិប្បាយថា ដែលឈ្មោះថា អ្នកទន់ភ្លន់ ព្រោះជាអ្នកប្រកបដោយកាយកម្មដ៏ទន់ភ្លន់ ដោយវចីកម្មដ៏ទន់ភ្លន់។ ឈ្មោះថា អ្នកទន់ភ្លន់ ព្រោះជាអ្នកប្រកបដោយមនោកម្មដ៏ទន់ភ្លន់។ ឈ្មោះថា អ្នកទន់ភ្លន់ ព្រោះជាអ្នកប្រកបដោយសតិប្បដ្ឋានដ៏ល្អិត។ ដោយសម្មប្បធានដ៏ល្អិត។ ដោយឥទ្ធិបាទដ៏ល្អិត។ ដោយឥន្រ្ទិយដ៏ល្អិត។ ដោយពលៈដ៏ល្អិត។ ឈ្មោះថាអ្នកទន់ភ្លន់ ព្រោះជាអ្នកប្រកបដោយពោជ្ឈង្គដ៏ល្អិត។ ឈ្មោះថា អ្នកទន់ភ្លន់ ព្រោះជាអ្នកប្រកបដោយអរិយមគ្គ មានអង្គ ៨ ដ៏ល្អិត។
[៨៦] ពាក្យថា អ្នកមានប្រាជ្ញាវាងវៃ បានដល់ បុគ្គលអ្នកមានប្រាជ្ញាវាងវៃ ៣ ពួក គឺ បុគ្គលមានបរិយត្តិប្បដិភាណ (មានប្រាជ្ញាវាងវៃ ព្រោះអាស្រ័យការរៀនសូត្រ) ១ មានបរិបុច្ឆាបដិភាណ (មានប្រាជ្ញាវាងវៃ ព្រោះអាស្រ័យការសាកសួរ) ១ មានអធិគមប្បដិភាណ (មានប្រាជ្ញាវាងវៃ ព្រោះអាស្រ័យការត្រាស់ដឹង) ១។
បុគ្គលអ្នកមានបរិយត្តិប្បដិភាណ តើដូចម្តេច។ បុគ្គលពួកខ្លះក្នុងលោកនេះ បានរៀនពុទ្ធវចនៈ គឺ សុតៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ។ ការចេះដឹង រមែងភ្លឺច្បាស់ដល់បុគ្គលនោះ ព្រោះអាស្រ័យការរៀនសូត្រ។ នេះបុគ្គលមានបរិយត្តិប្បដិភាណ។
បុគ្គលអ្នកមានបរិបុច្ឆាបដិភាណ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកសាកសួរក្នុងប្រយោជន៍របស់ខ្លួនផង ក្នុងប្រយោជន៍នៃការចេះដឹងផង ក្នុងលក្ខណៈផង ក្នុងហេតុផង ក្នុងការណ៍គួរ និងការណ៍មិនគួរផង។ ការចេះដឹង រមែងភ្លឺច្បាស់ដល់បុគ្គលនោះ ព្រោះអាស្រ័យការសាកសួរនោះ។ នេះ បុគ្គលមានបរិបុច្ឆាបដិភាណ។
បុគ្គលអ្នកមានអធិគមប្បដិភាណ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកត្រាស់ដឹងសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គមានអង្គ ៨ សាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦។ បុគ្គលនោះយល់អត្ថ យល់ធម៌ យល់និរុត្តិ។ អត្ថរមែងភ្លឺច្បាស់ក្នុងសេចក្តីដែលខ្លួនដឹង។ ធម៌រមែងភ្លឺច្បាស់ក្នុងធម៌ដែលខ្លួនដឹង។ និរុត្តិរមែងភ្លឺច្បាស់ក្នុងនិរុត្តិដែលខ្លួនដឹង។ ញាណក្នុងសភាវៈទាំងបីនេះ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បុគ្គលណា ព្រមព្រៀង មូលមិត្ត ចូលទៅជិត អែបនែប កៀកកើយ ផ្តេកផ្តិត ប្រកបដោយបដិភាណប្បដិសម្ភិទានេះ បុគ្គលនោះ លោកហៅថា អ្នកមានបដិភាណ។ បរិយត្តិ មិនមានដល់បុគ្គលណា ការសាកសួរក៏មិនមាន ការត្រាស់ដឹងក៏មិនមាន ការចេះដឹង នឹងភ្លឺច្បាស់ដល់បុគ្គលនោះដូចម្តេចបាន ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកទន់ភ្លន់ផង អ្នកមានប្រាជ្ញាវាងវៃផង។
[៨៧] អធិប្បាយពាក្យថា រមែងជាអ្នកមិនមានជំនឿ មិនប្រាសចាកតម្រេក ត្រង់ពាក្យថា មិនមានជំនឿ សេចក្តីថា បុគ្គលរមែងមិនជឿធម៌ដែលខ្លួនដឹងដោយខ្លួនឯង ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួនហើយ (អំពីសំណាក់) របស់បុគ្គលណាមួយ ទោះជាសមណៈដទៃក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី។ រមែងមិនជឿធម៌ដែលខ្លួនដឹងដោយខ្លួនឯងហើយ ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួនហើយ (អំពីសំណាក់) របស់បុគ្គលណាមួយ ទោះជាសមណៈដទៃក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ថា សង្ខារទាំងឡាយទាំងពួងមិនទៀង។ ថា សង្ខារទាំងឡាយទាំងពួងជាទុក្ខ។ ថា ធម៌ទាំងឡាយទាំងពួងជាអនត្តា។ ថា សង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ។បេ។ ថា ជរា មរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ។ ថា ការរលត់នៃសង្ខារ ព្រោះការរលត់អវិជ្ជា។ បេ។ ការរលត់ជរា មរណៈ ព្រោះការរលត់ជាតិ។ ថា នេះទុក្ខ។ បេ។ ថា នេះទុក្ខនិរោធគាមិនីបដិបទា។ ថា នេះអាសវៈទាំងឡាយ។បេ។ ថា នេះអាសវៈនិរោធគាមិនីបដិបទា។ ថា នេះធម៌ដែលត្រូវដឹង។បេ។ ថា នេះធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់។ (បុគ្គលរមែងមិនជឿ) នូវការកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃផស្សាយតនៈទាំង ៦ នូវការកើតទាំងឡាយផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃឧបាទានក្ខន្ធ ៥ នូវការកើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃមហាភូតរូប ៤។ បុគ្គលរមែងមិនជឿធម៌ដែលខ្លួនដឹងដោយខ្លួនឯងហើយ ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួនហើយ (អំពីសំណាក់) របស់បុគ្គលណាមួយ ទោះជាសមណៈដទៃក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅជាធម្មតា។ ពិតណាស់ ពាក្យនុ៎ះ ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ អ្នកជឿដែរឬ ថា សទ្ធិន្រ្ទិយដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។ (ព្រះសារីបុត្រក្រាបទូលថា) បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនលុះក្នុងការជឿតាមព្រះមានព្រះភាគក្នុងហេតុនុ៎ះថា សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត ដូច្នេះទេ បពិត្រព្រះអង្គដ៏ចំរើន គុណជាត មានសទ្ធិន្រ្ទិយ ជាដើមនុ៎ះ ដែលពួកជនណា មិនដឹង មិនឃើញ មិនយល់ មិនបានធ្វើឲ្យជាក់ច្បាស់ មិនប៉ះពាល់ដោយប្រាជ្ញាតាមពិតទេ ពួកជនទាំងនោះ គប្បីលុះក្នុងការជឿតាមពួកជនដទៃក្នុងហេតុនោះថា សទ្ធិន្រ្ទិយ។បេ។ បញ្ញិន្រ្ទិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាងគុណជាត មានសទ្ធិន្រ្ទិយជាដើមនុ៎ះ ដែលពួកជនណា បានដឹង ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់ ប៉ះពាល់ដោយប្រាជ្ញាហើយ ពួកជននោះ ជាអ្នកមិនមានសេចក្តីសង្ស័យ មិនមានសេចក្តីងឿងឆ្ងល់ ក្នុងហេតុនោះថា សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាងគុណជាត មានសទ្ធិន្រ្ទិយជាដើមនុ៎ះ ដែលខ្ញុំព្រះអង្គបានដឹង ឃើញ យល់ ធ្វើឲ្យជាក់ច្បាស់ ប៉ះពាល់ដោយប្រាជ្ញាហើយ ខ្ញុំព្រះអង្គមិនមានសេចក្តីសង្ស័យ មិនមានសេចក្តីងឿងឆ្ងល់ ក្នុងហេតុនោះថា សទ្ធិន្រ្ទិយ វីរិយិន្រ្ទិយ សតិន្រ្ទិយ សមាធិន្រ្ទិយ បញ្ញិន្រ្ទិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។
(ព្រះមានព្រះភាគ ទ្រង់សរសើរថា) ម្នាលសារីបុត្រ ប្រពៃហើយ ប្រពៃហើយ ម្នាលសារីបុត្រ ពិតណាស់ គុណជាត មានសទ្ធិន្ទ្រិយជាដើមនុ៎ះ ដែលពួកជនណា មិនទាន់ដឹង មិនទាន់ឃើញ មិនទាន់យល់ មិនទាន់ធ្វើឲ្យជាក់ច្បាស់ មិនទាន់ប៉ះពាល់ដោយប្រាជ្ញាទេ ពួកជននោះ គប្បីលុះក្នុងការជឿតាមជនដទៃក្នុងហេតុនោះថា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតចូលទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត។
ជនណា ជាអ្នកមិនជឿផង ជាអ្នកដឹងនូវព្រះនិព្វានដែលបុគ្គលមិនធ្វើផង ជាអ្នកកាត់តំណផង ជាអ្នកមានឱកាសកំចាត់បង់ហើយផង ជាអ្នកខ្ជាក់ចោលនូវសេចក្តីប៉ុនប៉ងផង ជននោះឯង ឈ្មោះថា ឧត្តមបុរស។
ពាក្យថា មិនប្រាសចាកតម្រេក អធិប្បាយថា ពួកពាលបុថុជ្ជនទាំងអស់ រមែងត្រេកអរ សេខបុគ្គល ៧ ពួក រាប់ទាំងកល្យាណបុថុជ្ជន រមែងទ្រាន់ ព្រះអរហន្តមិនត្រេក មិនទ្រាន់។ ព្រះអរហន្តនោះ ជាអ្នកប្រាសចាកតម្រេក ព្រោះការអស់រាគៈ ហេតុតែលោកប្រាសចាករាគៈ ព្រោះការអស់ទោសៈ ហេតុតែលោកប្រាសចាកទោសៈ ព្រោះការអស់មោហៈ ហេតុតែលោកប្រាសចាកមោហៈ។ ព្រះអរហន្តនោះ មានការអប់រំនៅស្រេចហើយ មានការប្រព្រឹត្តិសន្សំហើយ។បេ។ ការកើតទៀតរបស់ព្រះអរហន្តនោះ មិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនមានជំនឿ មិនប្រាសចាកតម្រេក។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលអ្នកមិនស្រស់ស្រាយ ក្នុងវត្ថុជាទីត្រេកអរផង អ្នកមិនប្រកបក្នុងការមើលងាយផង អ្នកទន់ភ្លន់ផង អ្នកមានប្រាជ្ញាវាងវៃផង រមែងជាអ្នកមិនមានជំនឿ មិនប្រាសចាកតម្រេក។
[៨៨]
បុគ្គលមិនសិក្សា ព្រោះប្រាថ្នាលាភផង មិនក្រោធព្រោះមិនមានលាភផង មិនអាក់អន់ព្រោះតណ្ហាផង មិនជាប់ព្រោះរសផង។
[៨៩] ពាក្យថា បុគ្គលមិនសិក្សា ព្រោះប្រាថ្នាលាភផង មិនក្រោធ ព្រោះមិនមានលាភផង អធិប្បាយថា បុគ្គលសិក្សា ព្រោះលាភ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញភិក្ខុជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា លោកមានអាយុនេះ ជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ដោយហេតុដូចម្តេចហ្ន៎។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា លោកមានអាយុនេះ ជាអ្នកចេះព្រះសូត្រ លោកមានអាយុនេះ ទើបជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយដោយហេតុនោះ។ ភិក្ខុនោះ កាលខ្នះខ្នែងរកលាភ ក៏រៀនយកព្រះសូត្រ ព្រោះហេតុនៃលាភ ព្រោះបច្ច័យនៃលាភ ព្រោះលាភជាហេតុ ព្រោះការកើតឡើងនៃលាភ បុគ្គលសិក្សា ព្រោះប្រាថ្នាលាភ យ៉ាងនេះឯង។ មួយទៀត ភិក្ខុឃើញភិក្ខុជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា លោកមានអាយុនេះ ជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ដោយហេតុដូចម្តេចហ្ន៎។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា លោកមានអាយុនេះ ជាអ្នកទ្រទ្រង់វិន័យ។បេ។ ជាអ្នកចេះអភិធម្ម ទើបលោកមានអាយុនេះ ជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយដោយហេតុនោះ។ ភិក្ខុនោះ កាលខ្នះខ្នែងរកលាភ ក៏រៀនអភិធម្ម ព្រោះហេតុនៃលាភ ព្រោះបច្ច័យនៃលាភ ព្រោះលាភជាហេតុ ព្រោះការកើតឡើងនៃលាភ។ បុគ្គលសិក្សា ព្រោះប្រាថ្នាលាភ យ៉ាងនេះឯង។ មួយទៀត ភិក្ខុឃើញភិក្ខុជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា លោកមានអាយុនេះ ជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ដោយហេតុដូចម្តេចហ្ន៎។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា លោកមានអាយុនេះ ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ តេចីវរិកធុតង្គ សបទានចារិកធុតង្គ ខលុបច្ឆាភត្តិកធុតង្គ នេសជ្ជិកធុតង្គ យថាសន្ថតិកធុតង្គ ទើបលោកមានអាយុនេះ ជាអ្នកមានលាភខាងចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ដោយហេតុនោះ។ ភិក្ខុនោះ កាលខ្នះខ្នែងរកលាភ ទើបជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ។បេ។ យថាសន្ថតិកធុតង្គ ព្រោះហេតុនៃលាភ ព្រោះបច្ច័យនៃលាភ ព្រោះលាភជាហេតុ ព្រោះការកើតឡើងនៃលាភ។ បុគ្គលសិក្សា ព្រោះប្រាថ្នាលាភ យ៉ាងនេះឯង។
បុគ្គលមិនសិក្សា ព្រោះប្រាថ្នាលាភ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ មិនមែនព្រោះហេតុនៃលាភ មិនមែនព្រោះបច្ច័យនៃលាភ មិនមែនព្រោះលាភជាហេតុ មិនមែនព្រោះការកើតឡើងនៃលាភទេ កាលមិនខ្នះខ្នែងរកលាភ ក៏រៀនព្រះសូត្រ រៀនព្រះវិន័យ រៀនព្រះអភិធម្ម ដើម្បីទូន្មានខ្លួន ដើម្បីរម្ងាប់ចិត្ត ដើម្បីរំលត់ចិត្តតែប៉ុណ្ណោះ បុគ្គលមិនសិក្សាព្រោះប្រាថ្នាលាភ យ៉ាងនេះឯង។ មួយទៀត ភិក្ខុមិនមែនព្រោះហេតុនៃលាភ មិនមែនព្រោះបច្ច័យនៃលាភ មិនមែនព្រោះលាភជាហេតុ មិនមែនព្រោះការកើតឡើងនៃលាភទេ កាលមិនខ្នះខ្នែងរកលាភ អាស្រ័យសេចក្តីមិនប្រាថ្នា អាស្រ័យសេចក្តីសន្តោស អាស្រ័យសេចក្តីផូរផង់ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យវត្ថុដែលមានតែម្យ៉ាងប៉ុណ្ណោះ ហើយជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ តេចីវរិកធុតង្គ សបទានចារិកធុតង្គ ខលុបច្ឆាភត្តិកធុតង្គ នេសជ្ជិកធុតង្គ យថាសន្ថតិកធុតង្គ បុគ្គលមិនសិក្សា ព្រោះប្រាថ្នាលាភ យ៉ាងនេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនសិក្សា ព្រោះប្រាថ្នាលាភ។
[៩០] ពាក្យថា បុគ្គលមិនក្រោធ ព្រោះមិនមានលាភផង អធិប្បាយថា បុគ្គលមិនក្រោធ ព្រោះមិនមានលាភ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ក្រោធ គុំគួន បៀតបៀន ធ្វើនូវសេចក្តីក្រោធ ការប្រទូស្ត ការអាក់អន់ ឲ្យប្រាកដ ដោយគិតថា អាត្មាអញមិនបានត្រកូល (ឧបដ្ឋាក) ក្តី មិនបានពួកក្តី មិនបានអាវាសក្តី មិនបានលាភក្តី មិនបានយសក្តី មិនបានសេចក្តីសរសើរក្តី មិនបានសុខក្តី មិនបានចីវរក្តី មិនបានបិណ្ឌបាតក្តី មិនបានសេនាសនៈក្តី មិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារក្តី មិនបានអ្នកបំរើជម្ងឺក្តី អាត្មាអញមិនមែនជាអ្នកល្បីឈ្មោះ។ បុគ្គលក្រោធ ព្រោះមិនមានលាភ យ៉ាងនេះឯង។
បុគ្គលមិនក្រោធ ព្រោះមិនមានលាភ តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ មិនក្រោធ មិនគុំគួន មិនថ្នាំងថ្នាក់ មិនធ្វើនូវសេចក្តីក្រោធ ការប្រទូស្ត ការអាក់អន់ ឲ្យប្រាកដថា អាត្មាអញមិនបានត្រកូលក្តី មិនបានពួកក្តី មិនបានអាវាសក្តី មិនបានលាភក្តី មិនបានយសក្តី មិនបានសេចក្តីសរសើរក្តី មិនបានសុខក្តី មិនបានចីវរក្តី មិនបានបិណ្ឌបាតក្តី មិនបានសេនាសនៈក្តី មិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារក្តី មិនបានអ្នកបំរើជម្ងឺក្តី អាត្មាអញមិនមែនជាអ្នកល្បីឈ្មោះ។ បុគ្គលមិនក្រោធ ព្រោះមិនមានលាភ យ៉ាងនេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនសិក្សាដើម្បីលាភផង មិនក្រោធ ព្រោះមិនមានលាភផង។
[៩១] អធិប្បាយពាក្យថា មិនអាក់អន់ព្រោះតណ្ហាផង មិនជាប់ព្រោះរសផង ត្រង់ពាក្យថា ការអាក់អន់ មានសេចក្តីថា ការបៀតបៀន ការថ្នាំងថ្នាក់ ការខឹង ការក្រោធ ការខឹងញ័រ ការក្រោធខ្លាំង ការអាក់អន់ ការប្រទូស្ត ការប្រទូស្តខ្លាំងនៃចិត្ត ការគុំគួននៃចិត្ត ការប្រទូស្តក្នុងចិត្ត ការក្រេវក្រោធ អាការក្រោធ ភាពនៃចិត្តក្រោធ ការអាក់អន់ អាការអាក់អន់ ភាពនៃចិត្តអាក់អន់ ការគុំគួន អាការគុំគួន ភាពនៃចិត្តគុំគួន កំហឹង កំហឹងតប ភាពនៃចិត្តកាច ការសម្រក់ទឹកភ្នែក ភាពនៃចិត្តមិនត្រេកអរឯណា នេះហៅថា ការអាក់អន់។ ការអាក់អន់ ភិក្ខុណា បានលះបង់ ផ្តាច់ផ្តិល ធ្វើឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ភិក្ខុនោះ លោកហៅថា អ្នកមិនអាក់អន់។ ពាក្យថា តណ្ហា គឺរូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា រស គឺរសនៃឫស គល់ ឬមើម រសដើម រសសម្បក រសស្លឹក រសផ្កា រសផ្លែ រសជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ ជូរអែម ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ត្រជាក់ ក្តៅ។ ពួកសមណព្រាហ្មណ៍ខ្លះ ជាអ្នកជាប់ក្នុងរស ពួកសមណព្រាហ្មណ៍ទាំងនោះ ដើរស្វែងរករសដ៏ប្រសើរ ព្រោះចុងអណ្តាត។ ពួកសមណព្រាហ្មណ៍នោះ បានរសជូរ ស្វែងរករសមិនជូរ បានរសមិនជូរ ស្វែងរករសជូរ។ បានរសផ្អែម ស្វែករករសមិនផ្អែម បានរសមិនផ្អែម ស្វែងរករសផ្អែម។ បានរសល្វីង ស្វែងរករសមិនល្វីង បានរសមិនល្វីង ស្វែងរករសល្វីង។ បានរសហឹរ ស្វែងរករសមិនហឹរ បានរសមិនហឹរ ស្វែងរករសហឹរ។ បានរសប្រៃ ស្វែករករសមិនប្រៃ បានរសមិនប្រៃ ស្វែងរករសប្រៃ។ បានរសខារ ស្វែងរករសមិនខារ បានរសមិនខារ ស្វែងរករសខារ។ បានរសជូរអែម ស្វែងរករសចត់ បានរសចត់ ស្វែងរករសជូរអែម។ បានរសឆ្ងាញ់ ស្វែងរករសមិនឆ្ងាញ់ បានរសមិនឆ្ងាញ់ ស្វែងរករសឆ្ងាញ់។ បានរសត្រជាក់ ស្វែងរករសក្តៅ បានរសក្តៅ ស្វែងរករសត្រជាក់។ ពួកសមណព្រាហ្មណ៍នោះ បានរសណា ៗ មិនសន្តោសនឹងរសនោះ ៗ រមែងស្វែងរករសប្លែក ជាអ្នកត្រេកអរ ញៀន ល្មោភ រឡិបរឡប់ ជ្រុលជ្រប់ ជាប់ចិត្ត ចំពាក់ លង់នៅក្នុងរសទាំងឡាយដែលជាទីពេញចិត្ត។ តណ្ហាក្នុងរស ភិក្ខុណាបានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ភិក្ខុនោះពិចារណាដោយឧបាយ រមែងបរិភោគអាហារដោយគិតថា អាត្មាអញបរិភោគ មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែនដើម្បីប្រដាប់ មិនមែនដើម្បីស្អិតស្អាង (បរិភោគ) ដើម្បីតាំងនៅនៃកាយនេះ ដើម្បីញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់សេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចារ្យតែប៉ុណ្ណោះ អាត្មាអញកំចាត់បង់វេទនាចាស់ (ឃ្លាន) ទាំងមិនឲ្យវេទនាថ្មី (ឆ្អែតហួស) កើតឡើង ការត្រាច់ទៅ (ដោយឥរិយាបថ) ផង ការមិនមានទោសផង ការនៅជាសុខសប្បាយផង នឹងមានដល់អាត្មាអញដោយឧបាយដូចនេះ។ បុគ្គលលាបដំបៅ ដើម្បីប្រយោជន៍ឲ្យដុះ (សាច់) តែប៉ុណ្ណោះ យ៉ាងណាមិញ មួយទៀត បុគ្គលលាបភ្លៅរទេះ ដើម្បីប្រយោជន៍ដល់ការផ្ទុកភារៈតែប៉ុណ្ណោះ យ៉ាងណាមិញ មួយវិញទៀត បុគ្គលបរិភោគអាហារ គឺសាច់កូន ដើម្បីប្រយោជន៍ដល់ការឆ្លងនូវកន្តារតែប៉ុណ្ណោះ យ៉ាងណាមិញ ភិក្ខុពិចារណាដោយឧបាយ បរិភោគអាហារដោយគិតថា អាត្មាអញបរិភោគ មិនមែនដើម្បីលេង មិនមែនដើម្បីស្រវឹង មិនមែនដើម្បីប្រដាប់ មិនមែនដើម្បីស្អិតស្អាង (បរិភោគ) ដើម្បីឲ្យតាំងនៅនៃកាយនេះ ដើម្បីញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់សេចក្តីលំបាក ដើម្បីអនុគ្រោះដល់ព្រហ្មចារ្យតែប៉ុណ្ណោះ អាត្មាអញកំចាត់បង់វេទនាចាស់ ទាំងមិនឲ្យវេទនាថ្មីកើតឡើង ការត្រាច់ទៅ (ដោយឥរិយាបថ) ផង ការមិនមានទោសផង ការនៅជាសុខសប្បាយផង នឹងមានដល់អាត្មាអញដោយឧបាយដូចនេះ ភិក្ខុរមែងលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើតណ្ហាក្នុងរសមិនឲ្យកើតមាន ជាអ្នកចៀសវាង វៀរស្រឡះ ប្រាសចេញចាកតណ្ហាក្នុងរស មានចិត្តប្រាសចាកសេចក្តីសល់វល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនអាក់អន់ព្រោះតណ្ហាផង មិនជាប់រសផង។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលមិនសិក្សា ព្រោះប្រាថ្នាលាភផង មិនក្រោធព្រោះមិនមានលាភផង មិនអាក់អន់ព្រោះតណ្ហាផង មិនជាប់ ព្រោះរសផង។
[៩២]
បុគ្គលណា ជាអ្នកព្រងើយកន្តើយ មានស្មារតីគ្រប់កាល មិនប្រកាន់ថាស្មើ មិនប្រកាន់ថាវិសេស មិនប្រកាន់ថាថោកទាប ក្នុងលោក ធម៌ជាគ្រឿងដុះដាលរបស់បុគ្គលនោះ មិនមានទេ។
[៩៣] អធិប្បាយពាក្យថា ជាអ្នកព្រងើយកន្តើយ មានស្មារតីគ្រប់កាល ត្រង់ពាក្យថា ព្រងើយកន្តើយ សេចក្តីថា បុគ្គលប្រកបដោយឆឡង្គុបេក្ខា ឃើញរូបដោយភ្នែកហើយ ជាអ្នកមិនមានចិត្តត្រេកអរ មិនមានចិត្តអាក់អន់ ជាអ្នកព្រងើយកន្តើយ មានស្មារតីដឹងខ្លួន។ ឮសំឡេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ លិទ្ធភ្លក្សរសដោយអណ្តាត។ ប៉ះពាល់ផ្សព្វដោយកាយ។ ដឹងធម្មារម្មណ៍ដោយចិត្តហើយ ជាអ្នកមិនមានចិត្តត្រេកអរ មិនមានចិត្តអាក់អន់ ជាអ្នកព្រងើយកន្តើយ មានស្មារតីដឹងខ្លួន។ ឃើញរូបដោយភ្នែកហើយ មិនត្រូវការ មិនត្រេកអរ ចំពោះអារម្មណ៍ជាទីពេញចិត្ត មិនញុំាងរាគៈឲ្យកើតឡើង។ កាយរបស់បុគ្គលនោះ ក៏តាំងនៅខ្ជាប់ខ្ជួន ចិត្តក៏ឋិតនៅខាងក្នុងសន្តាន ឋិតនៅដោយល្អ រួចស្រឡះដោយប្រពៃ (ចាកអាសវៈ)។ ឃើញរូបដោយភ្នែក ជាអ្នកមិនស្អប់ចំពោះអារម្មណ៍មិនជាទីពេញចិត្ត មានចិត្តមិនអាក់អន់ មានចិត្តមិនរួញរា មានចិត្តមិនគុំគួន។ កាយរបស់បុគ្គលនោះ ក៏តាំងនៅខ្ជាប់ខ្ជួន ចិត្តក៏ឋិតនៅខាងក្នុងសន្តាន ឋិតនៅដោយល្អ រួចស្រឡះដោយប្រពៃ។ ឮសំឡេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ លិទ្ធភ្លក្សរសដោយអណ្តាត។ ពាល់ត្រូវផ្សព្វដោយកាយ។ ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្តហើយ រមែងមិនត្រូវការ មិនត្រេកអរ ចំពោះអារម្មណ៍ជាទីពេញចិត្ត មិនញុំាងរាគៈឲ្យកើតឡើង។ កាយរបស់បុគ្គលនោះ ក៏តាំងនៅខ្ជាប់ខ្ជួន ចិត្តក៏ឋិតនៅខាងក្នុងសន្តាន ឋិតនៅដោយល្អ រួចស្រឡះដោយប្រពៃ។ ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្តហើយ ជាអ្នកមិនស្អប់ចំពោះអារម្មណ៍មិនជាទីពេញចិត្ត មានចិត្តមិនអាក់អន់ មានចិត្តមិនរួញរា មានចិត្តមិនគុំគួន។ កាយរបស់បុគ្គលនោះ តាំងនៅខ្ជាប់ខ្ជួន ចិត្តក៏ឋិតនៅខាងក្នុងសន្តាន ឋិតនៅដោយល្អ រួចស្រឡះដោយប្រពៃ។ ឃើញរូបដោយភ្នែក កាយរបស់បុគ្គលនោះ តាំងនៅខ្ជាប់ខ្ជួនក្នុងរូបទាំងឡាយជាទីពេញចិត្ត ឬមិនជាទីពេញចិត្ត ចិត្តក៏ឋិតនៅខាងក្នុងសន្តាន ឋិតនៅដោយល្អ រួចស្រឡះដោយប្រពៃ។ ឮសំឡេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ លិទ្ធភ្លក្សរសដោយអណ្តាត។ ពាល់ត្រូវផ្សព្វដោយកាយ។ ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្ត កាយរបស់បុគ្គលនោះ តាំងនៅខ្ជាប់ខ្ជួនក្នុងធម៌ទាំងឡាយជាទីពេញចិត្ត ឬមិនជាទីពេញចិត្ត ចិត្តក៏ឋិតនៅខាងក្នុងសន្តាន ឋិតនៅដោយល្អ រួចស្រឡះដោយប្រពៃ។ ឃើញរូបដោយភ្នែកហើយ រមែងមិនត្រេកអរក្នុងវត្ថុដែលគួរត្រេកអរ មិនខឹងក្នុងវត្ថុដែលគួរខឹង មិនវង្វេងក្នុងវត្ថុដែលគួរវង្វេង មិនកំរើកក្នុងវត្ថុដែលគួរកំរើក មិនសៅហ្មងក្នុងវត្ថុដែលគួរសៅហ្មង មិនស្រវឹងក្នុងវត្ថុដែលគួរស្រវឹង។ ឮសំឡេងដោយត្រចៀក។ ធុំក្លិនដោយច្រមុះ។ លិទ្ធភ្លក្សរសដោយអណ្តាត។ ពាល់ត្រូវផ្សព្វដោយកាយ។ ដឹងច្បាស់ធម្មារម្មណ៍ដោយចិត្តហើយ រមែងមិនត្រេកអរក្នុងវត្ថុដែលគួរត្រេកអរ មិនខឹងក្នុងវត្ថុដែលគួរខឹង មិនវង្វេងក្នុងវត្ថុដែលគួរវង្វេង មិនកំរើកក្នុងវត្ថុដែលគួរកំរើក មិនសៅហ្មងក្នុងវត្ថុដែលគួរសៅហ្មង មិនស្រវឹងក្នុងវត្ថុដែលគួរស្រវឹង។ គ្រាន់តែឃើញរូបដែលឃើញ គ្រាន់តែឮសំឡេងដែលឮ គ្រាន់តែប៉ះពាល់ផស្សៈដែលប៉ះពាល់ គ្រាន់តែដឹងច្បាស់ធម្មារម្មណ៍ដែលដឹងច្បាស់ រមែងមិនប្រឡាក់ចំពោះរូបដែលឃើញ មិនប្រឡាក់ចំពោះសំឡេងដែលឮ មិនប្រឡាក់ចំពោះផស្សៈដែលប៉ះពាល់ មិនប្រឡាក់ចំពោះធម្មារម្មណ៍ដែលដឹង។ មិនប្រាថ្នាចំពោះរូបដែលឃើញ មិនអាស្រ័យ មិនជាប់ចំពាក់ ជាអ្នករួចស្រឡះ ប្រាសចេញ មានចិត្តប្រាសចាកសេចក្តីសល់វល់។ មិនប្រាថ្នាចំពោះសំឡេងដែលឮ ចំពោះផស្សៈដែលប៉ះពាល់ ចំពោះធម្មារម្មណ៍ដែលដឹង មិនអាស្រ័យ មិនជាប់ចំពាក់ ជាអ្នករួចស្រឡះ ប្រាសចាក មានចិត្តប្រាសចាកសេចក្តីសល់វល់។ ភ្នែករបស់ព្រះអរហន្តមានគ្រប់គ្រាន់ ព្រះអរហន្តឃើញរូបដោយភ្នែក តែឆន្ទរាគរបស់ព្រះអរហន្ត មិនមានទេ (ព្រោះ) ព្រះអរហន្តមានចិត្តរួចស្រឡះហើយដោយប្រពៃ។ ត្រចៀករបស់ព្រះអរហន្តមានគ្រប់គ្រាន់ ព្រះអរហន្តឮសំឡេងដោយត្រចៀក តែឆន្ទរាគរបស់ព្រះអរហន្ត មិនមានទេ (ព្រោះ) ព្រះអរហន្តមានចិត្តរួចស្រឡះហើយដោយប្រពៃ។ ច្រមុះរបស់ព្រះអរហន្តមានគ្រប់គ្រាន់ ព្រះអរហន្តធុំក្លិនដោយច្រមុះ តែឆន្ទរាគរបស់ព្រះអរហន្តមិនមានទេ (ព្រោះ) ព្រះអរហន្តមានចិត្តរួចស្រឡះហើយដោយប្រពៃ។ អណ្តាតរបស់ព្រះអរហន្តមានគ្រប់គ្រាន់ ព្រះអរហន្តលិទ្ធភ្លក្សរសដោយអណ្តាត តែឆន្ទរាគរបស់ព្រះអរហន្តមិនមានទេ (ព្រោះ) ព្រះអរហន្តមានចិត្តរួចស្រឡះហើយដោយប្រពៃ។ កាយរបស់ព្រះអរហន្តមានគ្រប់គ្រាន់ ព្រះអរហន្តពាល់ត្រូវផោដ្ឋោព្វៈដោយកាយ តែឆន្ទរាគរបស់ព្រះអរហន្តមិនមានទេ (ព្រោះ) ព្រះអរហន្តមានចិត្តរួចស្រឡះហើយដោយប្រពៃ។ ចិត្តរបស់ព្រះអរហន្តមានគ្រប់គ្រាន់ ព្រះអរហន្តដឹងធម្មារម្មណ៍ដោយចិត្ត តែឆន្ទរាគរបស់ព្រះអរហន្តមិនមានទេ (ព្រោះ) ព្រះអរហន្តមានចិត្តរួចស្រឡះហើយដោយប្រពៃ។ ភ្នែកមានរូបជាទីត្រេកអរ ត្រេកអរហើយក្នុងរូប រីករាយព្រមក្នុងរូប តែភ្នែកនោះ ព្រះអរហន្ត បានទូន្មាន គ្រប់គ្រង រក្សា សង្រួមហើយ ទាំងព្រះអរហន្តនោះ សំដែងធម៌ដើម្បីការសង្រួមភ្នែកនោះ។ ត្រចៀកមានសំឡេងជាទីត្រេកអរ។ ច្រមុះមានក្លិនជាទីត្រេកអរ។ អណ្តាតមានរសជាទីត្រេកអរ ត្រេកអរហើយក្នុងរស រីករាយព្រមក្នុងរស តែអណ្តាតនោះ ព្រះអរហន្ត បានទូន្មាន គ្រប់គ្រង រក្សា សង្រួមហើយ ទាំងព្រះអរហន្តនោះសំដែងធម៌ ដើម្បីការសង្រួមអណ្តាតនោះ។ កាយ មានផ្សព្វជាទីត្រេកអរ។ ចិត្ត មានធម្មារម្មណ៍ជាទីត្រេកអរ ត្រេកអរហើយក្នុងធម្មារម្មណ៍ រីករាយព្រមក្នុងធម្មារម្មណ៍ តែចិត្តនោះ ព្រះអរហន្តបានទូន្មាន គ្រប់គ្រង រក្សា សង្រួមហើយ ទាំងព្រះអរហន្តនោះ សំដែងធម៌ដើម្បីការសង្រួមចិត្តនោះ។
ពួកជនរមែងនាំពាហនៈ (មានដំរីជាដើម) ដែលហាត់ហើយ ទៅកាន់ទីប្រជុំ ព្រះរាជារមែងឡើងគង់ពាហនៈ ដែលហាត់ហើយ បណ្តាមនុស្សទាំងឡាយ មនុស្សណា អត់ធន់នឹងពាក្យពោលទ្រគោះ មនុស្សនោះ ឈ្មោះថា ជាអ្នកហាត់ហើយ ជាបុគ្គលប្រសើរផុត។ សេះអស្សតរក្តី សេះសិន្ធពអាជានេយ្យក្តី ដំរីដ៏ប្រសើរជាកុញ្ជរជាតិក្តី ដែលគេបង្ហាត់ហើយ ឈ្មោះថា ជាសត្វដ៏ប្រសើរ តែបុគ្គលអ្នកមានខ្លួនទូន្មានហើយ ប្រសើរជាងសត្វទាំងនោះ។
បុគ្គលមិនគប្បីទៅកាន់ទិសដែលមិនធ្លាប់ទៅ គឺព្រះនិព្វាន ដោយយានទាំងឡាយនោះបានទេ លុះតែបុគ្គលអ្នកមានខ្លួនទូន្មាន ទើបទៅកាន់ទិស គឺព្រះនិព្វាន ដោយខ្លួនដែលទូន្មានហើយ ទូន្មានល្អហើយ។
ព្រះអរហន្តទាំងឡាយ រួចស្រឡះចាកភពថ្មី ដល់ហើយនូវទន្តភូមិ គឺអរហត្តផល រមែងមិនកំរើកក្នុងតណ្ហា និងទិដ្ឋិផ្សេង ៗ ព្រះអរហន្តទាំងនោះ ឈ្មោះថា ជាអ្នកមានជ័យជំនះក្នុងលោក។
ឥន្រ្ទិយទាំងឡាយ ដែលព្រះខីណាស្រពណា ចំរើនហើយ ព្រះខីណាស្រពនោះ ឈ្មោះថាមានធម៌ចំរើនហើយ មានខ្លួនទូន្មានល្អហើយ ដឹងច្បាស់នូវអារម្មណ៍ទាំងខាងក្នុងខាងក្រៅ ក្នុងលោកទាំងពួងផង នូវលោកនេះផង នូវលោកខាងមុខផង រមែងរង់ចាំនូវកាលកិរិយា (តែប៉ុណ្ណោះ)
ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកព្រងើយកន្តើយ។ ពាក្យថា ក្នុងកាលទាំងពួង គឺ គ្រប់កាល អស់កាលទាំងពួង អស់កាលជានិច្ច អស់កាលដ៏ទៀងទាត់។បេ។ ក្នុងគំនរនៃបច្ឆិមវ័យ។ ពាក្យថា មានស្មារតី គឺមានស្មារតីដោយហេតុ ៤ យ៉ាង គឺបុគ្គលចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថា អ្នកមានស្មារតី ១ ក្នុងវេទនាទាំងឡាយ ១ ក្នុងចិត្ត ១ បុគ្គលចំរើនធម្មានុបស្សនាសតិប្បដ្ឋានក្នុងធម៌ទាំងឡាយ ឈ្មោះថា អ្នកមានស្មារតី ១។បេ។ បុគ្គលនោះលោកហៅថា អ្នកមានស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកព្រងើយកន្តើយ មានស្មារតីគ្រប់កាល។
[៩៤] ពាក្យថា មិនប្រកាន់ថាស្មើ ក្នុងលោក គឺមិនញុំាងមានះឲ្យកើតឡើង ដោយសារជាតិក្តី ដោយសារគោត្រក្តី។បេ។ ដោយសារវត្ថុណាមួយក្តីថា អាត្មាអញជាបុគ្គលស្មើ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រកាន់ថាស្មើ ក្នុងលោក។
[៩៥] ពាក្យថា មិនប្រកាន់ថាវិសេស មិនប្រកាន់ថាថោកទាប អធិប្បាយថា បុគ្គលមិនញុំាងអតិមានះឲ្យកើតឡើង ដោយសារជាតិក្តី ដោយសារគោត្រក្តី។បេ។ ដោយសារវត្ថុណាមួយក្តីថា អាត្មាអញជាបុគ្គលប្រសើរ។ មិនញុំាងមានះឲ្យកើតឡើង ដោយសារជាតិក្តី ដោយសារគោត្រក្តី។បេ។ ដោយសារវត្ថុណាមួយក្តីថា អាត្មាអញថោកទាប ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រកាន់ថាវិសេស មិនប្រកាន់ថាថោកទាប។
[៩៦] អធិប្បាយពាក្យថា ធម៌ជាគ្រឿដុះដាលរបស់បុគ្គលនោះ មិនមានទេ ត្រង់ពាក្យថា របស់បុគ្គលនោះ គឺរបស់ព្រះអរហន្តខីណាស្រព។ ពាក្យថា ធម៌ជាគ្រឿងដុះដាល បានដល់ ធម៌ជាគ្រឿងដុះដាល ៧ គឺ ធម៌ជាគ្រឿងដុះដាលគឺរាគៈ ដុះដាលគឺទោសៈ ដុះដាលគឺមោហៈ ដុះដាលគឺមានះ ដុះដាលគឺទិដ្ឋិ ដុះដាលគឺកិលេស ដុះដាលគឺកម្ម។ ធម៌ជាគ្រឿងដុះដាលទាំងនេះ របស់ព្រះអរហន្ត មិនមាន ឥតមាន លែងមាន លោកលែងបាន គឺលោកលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ធម៌ជាគ្រឿងដុះដាលរបស់បុគ្គលនោះ មិនមានទេ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលណា ជាអ្នកព្រងើយកន្តើយ មានស្មារតីគ្រប់កាល រមែងមិនប្រកាន់ថាស្មើ មិនប្រកាន់ថាវិសេស មិនប្រកាន់ថាថោកទាប ក្នុងលោក ធម៌ជាគ្រឿងដុះដាលរបស់បុគ្គលនោះ មិនមានទេ។
[៩៧]
និស្ស័យនៃបុគ្គលណា មិនមាន មួយទៀត តណ្ហាក្នុងភព និងវិភពនៃបុគ្គលណា មិនមាន បុគ្គលនោះ មិនអាស្រ័យ ព្រោះដឹងនូវធម៌។
[៩៨] អធិប្បាយពាក្យថា និស្ស័យនៃបុគ្គលណា មិនមាន ត្រង់ពាក្យថា នៃបុគ្គលណា គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា និស្ស័យ បានដល់និស្ស័យ ២ យ៉ាង គឺ តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះ តណ្ហានិស្ស័យ។បេ។ នេះ ទិដ្ឋិនិស្ស័យ។ តណ្ហានិស្ស័យ ព្រះអរហន្តនោះ លះបង់ហើយ ទិដ្ឋិនិស្ស័យ លោករលាស់ចេញហើយ និស្ស័យនៃបុគ្គលណា មិនមាន ឥតមាន លោកមិនបាន គឺលោកលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ព្រោះតណ្ហានិស្ស័យ លោកលះបង់ហើយ ព្រោះទិដ្ឋិនិស្ស័យ លោករលាស់ចេញហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) និស្ស័យនៃបុគ្គលណា មិនមាន។
[៩៩] អធិប្បាយពាក្យថា បុគ្គលនោះ មិនអាស្រ័យព្រោះដឹងនូវធម៌ ត្រង់ពាក្យថា ព្រោះដឹង គឺ ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងមិនទៀង ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណាឃើញច្បាស់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងជាទុក្ខ។បេ។ ថាធម៌ទាំងឡាយទាំងពួងជាអនត្តា ព្រោះដឹង ស្គាល់ ថ្លឹង ពិចារណា យល់ច្បាស់ ធ្វើឲ្យប្រាកដថា ធម្មជាតណាមួយ មានការកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ជាធម្មតា។ ពាក្យថា មិនអាស្រ័យ បានដល់និស្ស័យ ២ យ៉ាង គឺ តណ្ហានិស្ស័យ ១ ទិដ្ឋិនិស្ស័យ ១។បេ។ នេះ តណ្ហានិស្ស័យ។បេ។ នេះ ទិដ្ឋិនិស្ស័យ។ ព្រះអរហន្តលះបង់នូវតណ្ហានិស្ស័យ រលាស់ចេញនូវទិដ្ឋិនិស្ស័យ មិនអាស្រ័យចក្ខុ មិនអាស្រ័យសោតៈ មិនអាស្រ័យឃានៈ មិនអាស្រ័យជិវ្ហា មិនអាស្រ័យកាយ មិនអាស្រ័យចិត្ត មិនអាស្រ័យរូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល ពួក អាវាស។បេ។ មិនអាស្រ័យ មិនជាប់ មិនកៀកកើយ មិនជ្រុលជ្រប់ មិនចុះស៊ប់ គឺលោកឃ្លាតចេញ រលាស់ចេញ រួចស្រឡះ ប្រាសចេញ មានចិត្តប្រាសចាកសេចក្តីសល់វល់ ក្នុងធម៌ដែលគប្បីឃើញ ឮ ប៉ះពាល់ ឬដឹង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះមិនអាស្រ័យ ព្រោះដឹងនូវធម៌។
[១០០] អធិប្បាយពាក្យថា តណ្ហាក្នុងភព និងវិភពនៃបុគ្គលណា មិនមាន ត្រង់ពាក្យថា តណ្ហា គឺរូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា ពាក្យថា នៃបុគ្គលណា គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា ក្នុងភព គឺក្នុងភវទិដ្ឋិ។ ពាក្យថា វិភព គឺក្នុងវិភវទិដ្ឋិ។ ពាក្យថា ក្នុងភព គឺក្នុងសស្សតទិដ្ឋិ។ ពាក្យថា វិភព គឺក្នុងឧច្ឆេទទិដ្ឋិ។ ពាក្យថា ក្នុងភព គឺក្នុងភព រឿយៗ ក្នុងគតិរឿយៗ ក្នុងការកើតឡើងរឿយៗ ក្នុងបដិសន្ធិរឿយៗ ក្នុងកិរិយាកើតជាអត្តភាពរឿយ ៗ។ តណ្ហានៃបុគ្គលណា មិនមាន ឥតមាន លោកមិនបាន គឺលោកលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) តណ្ហាក្នុងភព និងវិភព នៃបុគ្គលណា មិនមាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
និស្ស័យនៃបុគ្គលណា មិនមាន មួយទៀត តណ្ហាក្នុងភព និងវិភពនៃបុគ្គលណា មិនមាន បុគ្គលនោះ មិនអាស្រ័យ ព្រោះដឹងនូវធម៌។
[១០១]
តថាគតពោលនូវបុគ្គលអ្នកមិនអាល័យក្នុងកាមទាំងឡាយនោះ ថាជាអ្នកស្ងប់ គន្ថៈ (កិលេសជាគ្រឿងចាក់ស្រែះ) នៃបុគ្គលនោះ មិនមានទេ បុគ្គលនោះ បានឆ្លងហើយនូវវិសត្តិកាតណ្ហា។
[១០២] ពាក្យថា តថាគតពោលនូវបុគ្គលនោះ ថាជាអ្នកស្ងប់ គឺតថាគតពោលនូវបុគ្គលនោះ សំដែងនូវបុគ្គលនោះ និយាយនូវបុគ្គលនោះ បំភ្លឺនូវបុគ្គលនោះ បញ្ចេញនូវបុគ្គលនោះ ថាជាអ្នកស្ងប់ អ្នករម្ងាប់ អ្នកចូលទៅជិតស្ងប់ អ្នករលត់ទុក្ខ អ្នកសះស្បើយទុក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលបុគ្គលនោះថា ជាអ្នកស្ងប់។
[១០៣] អធិប្បាយពាក្យថា អ្នកមិនអាល័យក្នុងកាមទាំងឡាយ ត្រង់ពាក្យថា កាម បើតាមឧទ្ទាន បានដល់កាម ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ នេះហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម។ ព្រះអរហន្តកំណត់ដឹងវត្ថុកាម លះបង់ កំចាត់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវកិលេសកាម ជាអ្នកមិនអាល័យក្នុងកាមទាំងឡាយ ជាអ្នកមានកាមទៅប្រាស មានកាមលះបង់ មានកាមខ្ជាក់ចេញ មានកាមរួចស្រឡះ មានកាមបោះបង់ មានកាមរលាស់ចេញ មានរាគៈទៅប្រាស មានរាគៈលះបង់ មានរាគៈខ្ជាក់ចេញ មានរាគៈរួចស្រឡះ មានរាគៈបោះបង់ មានរាគៈរលាស់ចេញ ជាអ្នកមិនមានប្រាថ្នា ជាអ្នករលត់ទុក្ខ ជាអ្នកត្រជាក់ ទទួលសុខ មានចិត្តដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនអាល័យក្នុងកាមទាំងឡាយ។
[១០៤] អធិប្បាយពាក្យថា គន្ថៈនៃបុគ្គលនោះមិនមានទេ ត្រង់ពាក្យថា គន្ថៈ បានដល់គន្ថៈ ៤ យ៉ាង គឺ អភិជ្ឈាកាយគន្ធៈ ១ ព្យាបាទកាយគន្ធៈ ១ សីលព្វតបរាមាសកាយគន្ធៈ ១ ឥទំសច្ចាភិនិវេសកាយគន្ថៈ ១។ តម្រេកក្នុងទិដ្ឋិរបស់ខ្លួន ឈ្មោះថា អភិជ្ឈាកាយគន្ថៈ។ ការគុំគួន ការអាក់អន់ក្នុងវាទៈរបស់បុគ្គលដទៃ ឈ្មោះថា ព្យាបាទកាយគន្ថៈ។ បុគ្គលស្ទាបអង្អែលសីល ឬវ័ត ឬក៏សីល និងវ័តរបស់ខ្លួន ឈ្មោះថា សីលព្វតបរាមាសកាយគន្ថៈ។ ទិដ្ឋិរបស់ខ្លួន ឈ្មោះថា ឥទំសច្ចាភិនិវេសកាយគន្ថៈ ពាក្យថា នៃបុគ្គលនោះ គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា គន្ថៈនៃបុគ្គលនោះមិនមានទេ បានសេចក្តីថា គន្ថៈនៃបុគ្គលនោះ មិនមាន ឥតមាន លែងមាន លោកមិនបាន គឺលោកលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) គន្ថៈនៃបុគ្គលនោះ មិនមានទេ។
[១០៥] ពាក្យថា បុគ្គលនោះ បានឆ្លងហើយនូវវិសត្តិកាតណ្ហា អធិប្បាយថា តណ្ហា លោកហៅថា វិសត្តិកា បានដល់តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សំនួរត្រង់ពាក្យថា វិសត្តិកា ចុះវិសត្តិកា ដោយអត្ថដូចម្តេច។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិផ្សាយទៅកាន់អារម្មណ៍។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិដ៏ទូលាយ។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិជ្រួតជ្រាប។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិមិនស្មើ។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិអត់ធន់។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិនាំត្រឡប់ (ចាកអកុសលធម៌)។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិឲ្យពោលខុស។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិមានផ្លែជាពិស។ ឈ្មោះថា វិសត្តិកា ព្រោះជាធម្មជាតិមានគ្រឿងបរិភោគជាពិស។ មួយទៀត តណ្ហានោះ ជាធម្មជាតិដ៏ទូលាយ ជ្រួតជ្រាប ផ្សាយទៅ ក្នុងរូប ក្នុងសំឡេង ក្នុងក្លិន ក្នុងរស ក្នុងផ្សព្វ ក្នុងត្រកូល ក្នុងពួក ក្នុងអាវាស។បេ។ ក្នុងធម៌ទាំងឡាយ ដែលឃើញ ឮ ប៉ះពាល់ ឬគួរដឹង ព្រោះហេតុនោះ តណ្ហា ទើបឈ្មោះថា វិសត្តិកា។ ពាក្យថា បុគ្គលនោះ បានឆ្លងហើយនូវវិសត្តិកាតណ្ហា គឺបុគ្គលនោះបានឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវតណ្ហា ដែលឈ្មោះថា វិសត្តិកានេះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ បានឆ្លងនូវវិសត្តិកាតណ្ហា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
តថាគត ពោលនូវបុគ្គលអ្នកមិនអាល័យ ក្នុងកាមទាំងឡាយនោះ ថាជាអ្នកស្ងប់ គន្ថៈនៃបុគ្គលនោះ មិនមានទេ បុគ្គលនោះ បានឆ្លងហើយនូវវិសត្តិកាតណ្ហា។
[១០៦]
បុត្ត សត្វចិញ្ចឹម ស្រែ និងទីរបស់បុគ្គលនោះមិនមានទេ អត្តទិដ្ឋិក្តី និរត្តទិដ្ឋិក្តី គេរកមិនបានក្នុងបុគ្គលនោះឡើយ។
[១០៧] អធិប្បាយពាក្យថា បុត្រ សត្វចញ្ចឹម ស្រែ និងទីរបស់បុគ្គលនោះ មិនមានទេ ត្រង់ពាក្យថា មិន គឺជាពាក្យឃាត់។ ពាក្យថា របស់បុគ្គលនោះ គឺរបស់ព្រះអរហន្តខីណាស្រព។ ពាក្យថា បុត្រ បានដល់បុត្រ ៤ ពួក គឺ បុត្រកើតអំពីខ្លួន ១ បុត្រកើតក្នុងខែត្រ ១ បុត្រដែលគេឲ្យ ១ បុត្រគឺសិស្ស ១។ ពាក្យថា សត្វចិញ្ចឹម គឺ ពពែ ចៀម មាន់ ជ្រូក ដំរី គោ សេះឈ្មោល និងសេះញី។ ពាក្យថា ស្រែ គឺ ស្រែស្រូវសាលី ស្រែស្រូវធម្មតា ស្រែសណ្តែកបាយ ស្រែសណ្តែករាជមាស ស្រែស្រូវដំណើប ស្រែស្រូវស្រង៉ែ ស្រែល្ង។ ពាក្យថា ទីគឺ ទីផ្ទះ ទីជង្រុក ទីខាងមុខ ទីខាងក្រោយ ទីសួនច្បារ ទីលំនៅ។ ពាក្យថា បុត្រ សត្វចិញ្ចឹម ស្រែ និងទីរបស់បុគ្គលនោះ មិនមានទេ បានសេចក្តីថា ការហួងហែងបុត្តក្តី ការហួងហែងសត្វចិញ្ចឹមក្តី ការហួងហែងស្រែក្តី ការហួងហែងទីក្តី របស់បុគ្គលនោះ មិនមាន ឥតមាន លែងមាន បុគ្គលនោះមិនបាន គឺ លោកលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុត្រ សត្វចិញ្ចឹម ស្រែ និងទីរបស់បុគ្គលនោះ មិនមានទេ។
[១០៨] អធិប្បាយពាក្យថា អត្តទិដ្ឋិក្តី និរត្តទិដ្ឋិក្តី គេរកមិនបានក្នុងបុគ្គលនោះឡើយ ត្រង់ពាក្យថា អត្តា គឺសស្សតទិដ្ឋិ មិនមាន ពាក្យថា និរត្តា គឺឧច្ឆេទទិដ្ឋិ មិនមាន ការប្រកាន់ថាអត្តា មិនមាន ការគប្បីដោះថា និរត្តា មិនមាន។ ការប្រកាន់នៃបុគ្គលណា មិនមាន ការគប្បីដោះនៃបុគ្គលនោះមិនមាន ការគប្បីដោះនៃបុគ្គលណាមិនមាន ការប្រកាន់នៃបុគ្គលនោះ មិនមាន។ ព្រះអរហន្ត កន្លងផុតការប្រកាន់ និងការដោះ ប្រព្រឹត្តកន្លងនូវការចំរើន និងការសាបសូន្យ។ ព្រះអរហន្តនោះ មានការនៅ (ក្នុងអរិយវាសៈ) នៅរួចហើយ មានការប្រព្រឹត្តិសន្សំហើយ។បេ។ ភពថ្មីរបស់លោក មិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) អត្តទិដ្ឋិក្តី និរត្តទិដ្ឋិក្តី គេរកមិនបានក្នុងបុគ្គលនោះ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុត្រ សត្វចិញ្ចឹម ស្រែ និងទីរបស់បុគ្គលនោះ មិនមានទេ អត្តទិដ្ឋិក្តី និរត្តទិដ្ឋិក្តី គេរកមិនបានក្នុងបុគ្គលនោះឡើយ។
[១០៩]
មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ជាបុថុជ្ជន គប្បីពោលដោយកិលេសណា បុគ្គលនោះ មិនធ្វើកិលេសនោះឲ្យជាប្រធាន ព្រោះហេតុនោះ បុគ្គលនោះ មិនញាប់ញ័រក្នុងវាទៈទាំងឡាយ។
[១១០] អធិប្បាយពាក្យថា មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ជាបុថុជ្ជន គប្បីពោលដោយកិលេសណា សំនួរត្រង់ពាក្យថា បុថុជ្ជន ចុះបុថុជ្ជន ដោយអត្ថដូចម្តេច។ ឈ្មោះថា បុថុជ្ជន ព្រោះញុំាងកិលេសក្រាស់ឲ្យកើត។ ឈ្មោះថា បុថុជ្ជន ព្រោះមិនទាន់កំចាត់បង់សក្កាយទិដ្ឋិដ៏ក្រាស់។ ឈ្មោះថា បុថុជ្ជន ព្រោះជាអ្នកយល់មុខសាស្តាទាំងឡាយដ៏ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះជាអ្នកត្រូវគតិទាំងពួងដ៏ច្រើនរួបរឹត។ ឈ្មោះថា បុថុជ្ជន ព្រោះតាក់តែងដោយអភិសង្ខារផ្សេង ៗ ដ៏ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវជំនន់ផ្សេងៗ ដ៏ច្រើន បន្សាត់ទៅ។ ឈ្មោះថា បុថុជ្ជន ព្រោះអន្ទះអន្ទែងដោយសេចក្តីអន្ទះអន្ទែងផ្សេងៗ ដ៏ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវសេចក្តីក្តៅក្រហាយផ្សេង ៗ ដ៏ច្រើនដុតហើយ។ ឈ្មោះថា បុថុជ្ជន ព្រោះជាអ្នកត្រេកអរ ចង់បាន ធ្លាក់ចុះ ងុលងប់ ជ្រុលជ្រប់ ជាប់នៅ ចំពាក់នៅ សាន់វ៉ាន់នៅ ក្នុងកាមទាំង ៥ ដ៏ច្រើន។ ឈ្មោះថា បុថុជ្ជន ព្រោះត្រូវនីវរណៈទាំង ៥ ដ៏ច្រើន ខ្ទប់ រាំង ហ៊ុម បិទ បាំង គ្របហើយ។ ពាក្យថា សមណៈ គឺ ពួកជនណាមួយចូលទៅរកបរិព្វាជក ជាខាងក្រៅសាសនានេះ បួសជាបរិព្វាជក។ ពាក្យថា ព្រាហ្មណ៍ គឺពួកជនណាមួយ ជាភោវាទិ។ ពាក្យថា មួយទៀត សមណព្រាហ្មណ៍ទាំងឡាយជាបុថុជ្ជន គប្បីពោលដោយកិលេសណា បានសេចក្តីថា ពួកបុថុជ្ជនគប្បីពោលដោយរាគៈណា គប្បីពោលដោយទោសៈណា គប្បីពោលដោយមោហៈណា គប្បីពោលដោយមានះណា គប្បីពោលដោយទិដ្ឋិណា គប្បីពោលដោយឧទ្ធច្ចៈណា គប្បីពោលដោយវិចិកិច្ចាណា គប្បីពោលដោយអនុស័យណា ថា (អ្នកនេះ) ជាអ្នកត្រេកអរ ឬថាជាអ្នកប្រទូស្ត ថាជាអ្នកវង្វេង ឬថាជាអ្នកជាប់ចំពាក់ ថាជាអ្នកស្ទាបអង្អែល ឬថាជាអ្នកដល់នូវសេចក្តីរាយមាយ ថាជាអ្នកមិនដាច់ស្រេច ឬថាជាអ្នកដល់នូវកំឡាំង។ អភិសង្ខារទាំងនោះ បុគ្គលនោះ លះបង់ហើយ ព្រោះលោកលះបង់នូវអភិសង្ខារទាំងឡាយអស់ហើយ ពួកបុថុជ្ជន គប្បីពោលនូវគតិទាំងឡាយថា (អ្នកនេះ) ជាអ្នកកើតក្នុងនរក ឬថាជាអ្នកកើតក្នុងកំណើតតិរច្ឆាន ថាជាអ្នកកើតក្នុងបិត្តិវិស័យ ឬថាជាមនុស្ស ថាជាទេវតា ឬថាជារូបព្រហ្ម ថាជាអរូបព្រហ្ម ឬថាជាសញ្ញីសត្វ ថាជាអសញ្ញីសត្វ ឬថាជានេវសញ្ញីនាសញ្ញីសត្វ ដោយហេតុណា។ ពួកបុថុជ្ជន គប្បីពោល គប្បីសំដែង គប្បីពណ៌នា គប្បីបំភ្លឺ គប្បីថ្លែងដោយហេតុណា ហេតុនោះមិនមាន បច្ច័យនោះមិនមាន ការណ៍នោះមិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត សមណព្រាហ្មណ៍ទាំងឡាយជាបុថុជ្ជន គប្បីពោលដោយកិលេសណា។
[១១១] អធិប្បាយពាក្យថា បុគ្គលនោះ មិនធ្វើកិលេសនោះឲ្យជាប្រធាន ត្រង់ពាក្យថា បុគ្គលនោះ គឺព្រះអរហន្តខីណាស្រព។ ពាក្យថា ការធ្វើឲ្យជាប្រធាន បានដល់ការធ្វើឲ្យជាប្រធានមាន ២ គឺ ការធ្វើឲ្យជាប្រធានគឺតណ្ហា ១ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ ១។បេ។ នេះ ការធ្វើឲ្យជាប្រធានគឺតណ្ហា។បេ។ នេះ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ។ ការធ្វើឲ្យជាប្រធានគឺ តណ្ហា បុគ្គលនោះលះបង់ហើយ ការធ្វើឲ្យជាប្រធានគឺទិដ្ឋិ បុគ្គលនោះរលាស់ចោលហើយ ព្រោះលោកលះបង់នូវការធ្វើឲ្យជាប្រធានគឺតណ្ហា ព្រោះលោករលាស់ចោលនូវការធ្វើឲ្យជាប្រធានគឺទិដ្ឋិ លោកទើបមិនប្រព្រឹត្តធ្វើតណ្ហា ឬទិដ្ឋិឲ្យជាប្រធាន ជាអ្នកមិនមានទង់ជ័យគឺតណ្ហា មិនមានទង់គឺតណ្ហា មិនមានតណ្ហាជាអធិបតី មិនមានទង់ជ័យគឺទិដ្ឋិ មិនមានទង់គឺទិដ្ឋិ មិនមានទិដ្ឋិជាអធិបតី មិនត្រូវតណ្ហា ឬទិដ្ឋិប្រព្រឹត្តចោមរោម ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ មិនធ្វើកិលេសនោះឲ្យជាប្រធាន។
[១១២] ពាក្យថា ព្រោះហេតុនោះ ក្នុងបទថា ព្រោះហេតុនោះ បុគ្គលនោះមិនញាប់ញ័រក្នុងវាទៈទាំងឡាយ គឺ ព្រោះហេតុនោះ ព្រោះការណ៍នោះ ព្រោះទំនងនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ បុគ្គលនោះ មិនញាប់ញ័រ ឥតញាប់ញ័រ មិនកម្រើក មិនរន្ធត់ មិនរំជួយ មិនប្រែត្រឡប់ក្នុងវាទៈទាំងឡាយ គឺក្នុងឧបវាទៈ ក្នុងពាក្យនិន្ទា ក្នុងពាក្យតិះដៀល ក្នុងពាក្យបង្អាប់ ក្នុងពាក្យមិននាំមកនូវគុណ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ បុគ្គលនោះ មិនញាប់ញ័រក្នុងវាទៈទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ជាបុថុជ្ជន គប្បីពោលដោយកិលេសណា បុគ្គលនោះ មិនធ្វើកិលេសនោះឲ្យជាប្រធាន ព្រោះហេតុនោះ បុគ្គលនោះ មិនញាប់ញ័រក្នុងវាទៈទាំងឡាយ។
[១១៣]
បុគ្គលជាអ្នកប្រាសចាកសេចក្តីប្រាថ្នា ជាអ្នកមិនមានសេចក្តីកំណាញ់ ជាមុនិ មិនពោលក្នុងហេតុដ៏ខ្ពស់ទេ មិនពោលក្នុងហេតុដ៏ស្មើទេ មិនពោលក្នុងហេតុដ៏ថោកទាបទេ ជាអ្នកមិនមានកប្បៈ មិនដល់នូវកប្បៈ។
[១១៤] ពាក្យថា ជាអ្នកប្រាសចាកសេចក្តីប្រាថ្នា ជាអ្នកមិនមានសេចក្តីកំណាញ់ អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់ តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីប្រាថ្នានេះ បុគ្គលណាលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកប្រាសចាកសេចក្តីប្រាថ្នា។ បុគ្គលនោះ មិនប្រាថ្នាក្នុងរូប។បេ។ មិនប្រាថ្នា មិនចំពាក់ មិនងុលងប់ មិនជ្រុលជ្រប់ ក្នុងពួកធម៌ដែលគប្បីឃើញ ឮ ប៉ះពាល់ ឬដឹង គឺជាអ្នកប្រាសចាកការប្រាថ្នា លះបង់ការប្រាថ្នា ខ្ជាក់ចោលការប្រាថ្នា រួចចាកការប្រាថ្នា រលាស់ចោលការប្រាថ្នា មិនមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ ជាអ្នកត្រជាក់ សោយសុខ នៅដោយចិត្តដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកប្រាសចាកសេចក្តីប្រាថ្នា។ ពាក្យថា សេចក្តីកំណាញ់ ក្នុងបទថា មិនមានសេចក្តីកំណាញ់ បានដល់សេចក្តីកំណាញ់ ៥ គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់វណ្ណៈ ១ កំណាញ់ធម៌ ១ សេចក្តីកំណាញ់ឯណា មានសភាពយ៉ាងនេះ។បេ។ សេចក្តីប្រកាន់នេះ លោកហៅថា សេចក្តីកំណាញ់។ សេចក្តីកំណាញ់នេះ បុគ្គលណា បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតរោលដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានសេចក្តីកំណាញ់ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកប្រាសចាកសេចក្តីប្រាថ្នា ជាអ្នកមិនមានសេចក្តីកំណាញ់។
[១១៥] ពាក្យថា ជាមុនិ មិនពោលក្នុងហេតុដ៏ខ្ពស់ទេ មិនពោលក្នុងហេតុដ៏ស្មើទេ មិនពោលក្នុងហេតុដ៏ថោកទាបទេ ត្រង់ពាក្យថាមុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ មុនិនោះ បានកន្លងនូវបណ្តាញជាគ្រឿងជាប់ចំពាក់។ មុនិ មិនពោល មិនសំដែង មិនពណ៌នា មិនបំភ្លឺ មិនថ្លែងថា អាត្មាអញជាបុគ្គលប្រសើរ ឬថាអាត្មាអញជាបុគ្គលប្រហែលនឹងគេ ឬក៏ថា អាត្មាអញជាបុគ្គលថោកទាបជាងគេ ដូច្នេះឡើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិ មិនពោលក្នុងហេតុដ៏ខ្ពស់ទេ មិនពោលក្នុងហេតុដ៏ស្មើទេ មិនពោលក្នុងហេតុដ៏ថោកទាបទេ។
[១១៦] ពាក្យថា កប្បៈ ក្នុងបទថា ជាអ្នកមិនមានកប្បៈ មិនដល់នូវកប្បៈ បានដល់កប្បៈ ២ គឺ កប្បៈគឺតណ្ហា ១ កប្បៈគឺទិដ្ឋិ ១។បេ។ នេះ កប្បៈគឺតណ្ហា។បេ។ នេះ កប្បៈគឺទិដ្ឋិ។ មុនិនោះ លះបង់កប្បៈគឺតណ្ហា រលាស់ចោលកប្បៈគឺទិដ្ឋិហើយ ព្រោះលះបង់កប្បៈគឺតណ្ហា ព្រោះរលាស់ចោលកប្បៈគឺទិដ្ឋិ ទើបលោកមិនដល់ មិនចូលទៅជិតដល់ មិនចូលទៅរក មិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់ស្អិត នូវកប្បៈគឺតណ្ហា ឬកប្បៈគឺទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមិនមានកប្បៈ។ ពាក្យថា កប្បៈ ក្នុងបទថា ជាអ្នកមិនមានកប្បៈ បានដល់ កប្បៈ ២ គឺ កប្បៈគឺតណ្ហា ១ កប្បៈគឺទិដ្ឋិ ១។បេ។ នេះកប្បៈគឺតណ្ហា។ បេ។ នេះ កប្បៈគឺទិដ្ឋិ។ មុនិនោះ លះបង់កប្បៈគឺតណ្ហា រលាស់ចោលកប្បៈគឺទិដ្ឋិហើយ ព្រោះលោកលះបង់កប្បៈគឺតណ្ហា ព្រោះលោករលាស់ចោលកប្បៈគឺទិដ្ឋិ ទើបលោកមិនឲ្យសម្រេច មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះ នូវកប្បៈគឺតណ្ហា ឬកប្បៈគឺទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមិនមានកប្បៈ មិនដល់នូវកប្បៈ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលជាអ្នកប្រាសចាកសេចក្តីប្រាថ្នា ជាអ្នកមិនមានសេចក្តីកំណាញ់ ជាមុនិ មិនពោលក្នុងហេតុដ៏ខ្ពស់ទេ មិនពោលក្នុងហេតុដ៏ស្មើទេ មិនពោលក្នុងហេតុដ៏ថោកទាបទេ ជាអ្នកមិនមានកប្បៈ មិនដល់នូវកប្បៈ។
[១១៧]
ការហួងហែងថាជារបស់ខ្លួន ក្នុងលោក នៃបុគ្គលណា មិនមាន បុគ្គលណា មិនសោកស្តាយ ព្រោះវត្ថុដែលមិនមានផង មិនលុះក្នុងធម៌ទាំងឡាយផង បុគ្គលនោះឯង លោកហៅថា អ្នកស្ងប់។
[១១៨] ពាក្យថា ការហួងហែង ថាជារបស់ខ្លួនក្នុងលោក នៃបុគ្គលណាមិនមាន ត្រង់ពាក្យថា នៃបុគ្គលណា គឺនៃព្រះអរហន្តខីណាស្រព។ ពាក្យថា ការហួងហែងថាជារបស់ខ្លួន មិនមាន សេចក្តីថា វត្ថុណាមួយ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលបុគ្គលកួចកាន់ ស្ទាបអង្អែល ប្រកាន់មាំ ចុះចិត្តស៊ប់ បង្អោនទៅថា នេះរបស់អញ ឬនេះរបស់ពួកជនដទៃ ដូច្នេះ នៃបុគ្គលណា មិនមាន។បេ។ ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការហួងហែងថាជារបស់ខ្លួនក្នុងលោក នៃបុគ្គលណា មិនមាន។
[១១៩] អធិប្បាយពាក្យថា មិនសោកស្តាយ ព្រោះវត្ថុដែលមិនមានផង គឺមិនសោកនឹងវត្ថុដែលប្រែប្រួលហើយ ឬមិនសោកក្នុងវត្ថុដែលប្រែប្រួលហើយ គឺមិនសោកថា ភ្នែករបស់អញប្រែប្រួលហើយ មិនសោកស្តាយ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងកន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងថា ត្រចៀករបស់អញ ច្រមុះរបស់អញ អណ្តាតរបស់អញ កាយរបស់អញ ចិត្តរបស់អញ រូបរបស់អញ សំឡេងរបស់អញ ក្លិនរបស់អញ រសរបស់អញ ផ្សព្វរបស់អញ ត្រកូលរបស់អញ ពួករបស់អញ អាវាសរបស់អញ លាភរបស់អញ យសរបស់អញ សេចក្តីសរសើររបស់អញ សុខរបស់អញ ចីវររបស់អញ បិណ្ឌបាតរបស់អញ សេនាសនៈរបស់អញ គិលានប្បច្ចយភេសជ្ជបរិក្ខាររបស់អញ មាតារបស់អញ បិតារបស់អញ បងប្អូនប្រុសរបស់អញ បងប្អូនស្រីរបស់អញ កូនប្រុសរបស់អញ កូនស្រីរបស់អញ មិត្ររបស់អញ អាមាត្យរបស់អញ ញាតិរបស់អញ ពួកសាលោហិតរបស់អញ ប្រែប្រួលហើយ ដូច្នេះឡើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនសោកស្តាយ ព្រោះវត្ថុដែលមិនមាន យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលត្រូវទុក្ខវេទនាមិនជាទីត្រេកអរ ប៉ះពាល់ហើយ គ្របសង្កត់ហើយ ប្រជុំព្រមហើយ ប្រកបព្រមហើយ ក៏មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងកន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេង។ បុគ្គលត្រូវរោគក្នុងភ្នែកប៉ះពាល់ហើយ គ្របសង្កត់ហើយ ប្រជុំព្រមហើយ ប្រកបព្រមហើយ ក៏មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងកន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេង។ បុគ្គលត្រូវរោគក្នុងត្រចៀក រោគក្នុងច្រមុះ រោគក្នុងអណ្តាត រោគក្នុងកាយ រោគក្នុងក្បាល រោគត្រង់ស្លឹកត្រចៀក រោគក្នុងមាត់ រោគក្នុងធ្មេញ រោគក្អក ហឺត ឫសដូងច្រមុះ ក្តៅក្រហាយ ស្គាំងស្គម រោគក្នុងផ្ទៃ វិលមុខ ធ្លាក់ឈាម ចុកសៀត ចុះផ្ទៃ ឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក ដំណួចពិស រមាស់ កម រោគកើតក្នុងទីខ្វារដោយក្រចក ឃ្លង់ដែក ឈាម ប្រមាត់ ប្រមេះផ្អែម ឫសដូងដុះ បូស ឫសដូងបាត អាពាធតាំងឡើងអំពីប្រមាត់ អាពាធតាំងឡើងអំពីស្លេស្ម អាពាធតាំងឡើងអំពីខ្យល់ អាពាធតាំងឡើងអំពីធាតុប្រជុំគ្នា អាពាធកើតអំពីរដូវប្រែប្រួល អាពាធកើតអំពីការរក្សាឥរិយាបថមិនស្មើ អាពាធកើតអំពីសេចក្តីព្យាយាមរបស់គេ មានវាយចងជាដើម អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧច្ចារៈ បស្សាវៈ សម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និងពស់ធំ ពាល់ត្រូវហើយ គ្របសង្កត់ហើយ ប្រជុំព្រមហើយ ប្រកបព្រមហើយ ក៏មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងកន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេង ហេតុនោះ (ទ្រង់ត្រាស់ថា) មិនសោកស្តាយព្រោះវត្ថុដែលមិនមាន យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលកាលបើវត្ថុមិនមាន មិនមានព្រម ដែលលោកមិនបាន ក៏មិនសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងកន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងថា អើហ្ន៎ វត្ថុនោះរបស់អញ អើហ្ន៎ វត្ថុនោះ អញមិនមាន ធ្វើម្តេចហ្ន៎ វត្ថុនោះ អញគប្បីមាន អើហ្ន៎ អញមិនបានវត្ថុនោះ ដូច្នេះឡើយ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនសោកស្តាយ ព្រោះវត្ថុដែលមិនមាន យ៉ាងនេះខ្លះ។
[១២០] ពាក្យថា មិនលុះក្នុងធម៌ទាំងឡាយផង គឺមិនលុះឆន្ទាគតិ មិនលុះទោសាគតិ មិនលុះមោហាគតិ មិនលុះភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាចឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ មិនត្រូវធម៌ជាពួកដឹកនាំទៅ មិននាំចេញ មិនបន្សាត់ មិនប្រមូល ហេតុនោះ (ទ្រង់ត្រាស់ថា) មិនលុះក្នុងធម៌ទាំងឡាយ។
[១២១] ពាក្យថា បុគ្គលនោះឯង លោកហៅថា អ្នកស្ងប់ គឺបុគ្គលនោះ លោកហៅ លោកសំដែង លោកពណ៌នា លោកបំភ្លឺ លោកថ្លែងថា ជាអ្នកស្ងប់ អ្នកស្ងប់រម្ងាប់ អ្នកស្ងប់ស្ងាត់ អ្នកមានទុក្ខរលត់ អ្នកស្ងួតស្ងប់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះឯង លោកហៅថា អ្នកស្ងប់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ការហួងហែងថាជារបស់ខ្លួន ក្នុងលោក នៃបុគ្គលណា មិនមាន បុគ្គលណា មិនសោកស្តាយ ព្រោះវត្ថុដែលមិនមានផង មិនលុះក្នុងធម៌ទាំងឡាយផង បុគ្គលនោះឯង លោកហៅថា អ្នកស្ងប់។
ចប់ បុរាភេទសុត្តនិទ្ទេស ទី១០។
(១១. កលហវិវាទសុត្តនិទ្ទេសោ)
[១២២]
(ព្រះពុទ្ធនិមិ្មតត្រាស់សួរថា) ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ មានះ និងអតិមានះ ព្រមទាំងការញុះញង់ កើតអំពីណា កិលេសទាំងនោះ កើតអំពីណា សូមព្រះអង្គសំដែងសេចក្តីដែលខ្ញុំសួរនោះ។
[១២៣] អធិប្បាយពាក្យថា ជំលោះ វិវាទ កើតអំពីណា ត្រង់ពាក្យថា ជំលោះ សេចក្តីថា ជំលោះក្តី វិវាទក្តី ដូចគ្នាដោយអាការតែមួយ ជំលោះណា ជំលោះនោះ ឈ្មោះថា វិវាទ វិវាទណា វិវាទនោះ ឈ្មោះថា ជំលោះ។ ម្យ៉ាងទៀត ដោយអាការផ្សេងគ្នា វិវាទជាបុព្វភាគនៃជំលោះ លោកហៅថា វិវាទ។ ពួកព្រះរាជាជជែកនឹងពួកព្រះរាជា ពួកខត្តិយៈជជែកនឹងពួកខត្តិយៈ ពួកព្រាហ្មណ៍ជជែកនឹងពួកព្រាហ្មណ៍ ពួកគហបតីជជែកនឹងពួកគហបតី មាតាជជែកនឹងបុត្ត បុត្តជជែកនឹងមាតា បិតាជជែកនឹងបុត្ត បុត្តជជែកនឹងបិតា បងប្អូនប្រុសជជែកនឹងបងប្អូនប្រុស បងប្អូនស្រីជជែកនឹងបងប្អូនស្រី បងប្អូនប្រុសជជែកនឹងបងប្អូនស្រី បងប្អូនស្រីជជែកនឹងបងប្អូនប្រុស សំឡាញ់ជជែកនឹងសំឡាញ់ នេះហៅថា វិវាទ។ ជំលោះ តើដូចម្តេច។ ពួកគ្រហស្ថ ជាអ្នកខ្វល់ខ្វាយក្នុងការស្វែងរកទោស តែងធ្វើជំលោះដោយកាយវាចា ពួកបព្វជិត កាលត្រូវអាបត្តិ ក៏ធ្វើជំលោះដោយកាយវាចា នេះហៅថា ជំលោះ។ ពាក្យថា ជំលោះ វិវាទ កើតអំពីណា គឺពុទ្ធនិមិ្មតសួរមូល សួរហេតុ សួរនិទាន សួរការកើតព្រម សួរការផ្តើមកើត សួរសមុដ្ឋាន សួរអាហារ សួរអារម្មណ៍ សួរបច្ច័យ សួរសមុទ័យ សួរឈ្លេចឈ្លី អង្វរ អារាធនា ចោទ នូវសមុទ័យ នៃជំលោះ និងវិវាទថា ជំលោះ វិវាទ កើតអំពីណា កអំពីណា កើតព្រមអំពីណា ដុះអំពីណា ដុះដាលអំពីណា កើតប្រាកដអំពីណា មានអ្វីជានិទាន មានអ្វីជាសមុទ័យ មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន ហេតុនោះ (ត្រាស់សួរថា) ជំលោះ វិវាទ កើតអំពីណា។
[១២៤] អធិប្បាយពាក្យថា សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ ត្រង់ពាក្យថា សេចក្តីខ្សឹកខ្សួល គឺការយំ ការខ្សឹកខ្សួល អាការយំ អាការខ្សឹកខ្សួល ភាពនៃការយំ ភាពនៃការខ្សឹកខ្សួល សំដី ការពោល ការពោលផ្សេងៗ ការពោលរវើរវាយ អាការពោលរវើរវាយ ភាពនៃការពោលរវើរវាយនៃបុគ្គលដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី សេចក្តីវិនាសភោគៈប៉ះពាល់ក្តី សេចក្តីវិនាសគឺ រោគប៉ះពាល់ក្តី សេចក្តីវិនាសសីលប៉ះពាល់ក្តី សេចក្តីវិនាសទិដ្ឋិប៉ះពាល់ក្តី ដែលប្រកបដោយសេចក្តីវិនាសណាមួយក្តី ទុក្ខធម៌ណាមួយប៉ះពាល់ក្តី។ ពាក្យថា សោក គឺសោក អាការសោក ភាពនៃសោក ការស្ងួតខាងក្នុង ការក្រៀមក្រំខាងក្នុង ការក្តៅខាងក្នុង ការក្តួលក្តៅខាងក្នុង អាការដុតរោលចិត្ត ទោមនស្ស សរគឺសោក នៃបុគ្គលដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ក្តី ត្រូវវិនាសភោគៈប៉ះពាល់ក្តី ត្រូវវិនាសគឺរោគប៉ះពាល់ក្តី ត្រូវវិនាសសីលប៉ះពាល់ក្តី ត្រូវវិនាសទិដ្ឋិប៉ះពាល់ក្តី ដែលប្រកបដោយសេចក្តីវិនាសណាមួយក្តី ត្រូវទុក្ខធម៌ណាមួយប៉ះពាល់ក្តី។ ពាក្យថា សេចក្តីកំណាញ់ បានដល់សេចក្តីកំណាញ់ ៥ គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់វណ្ណៈ ១ កំណាញ់ធម៌ ១ សេចក្តីកំណាញ់ អាការនៃសេចក្តីកំណាញ់ ភាពនៃសេចក្តីកំណាញ់ ការប្រាថ្នាខុស ភាពនៃចិត្តស្វិតស្វាញ ភាពនៃចិត្តរួញ ភាពមិនយកចិត្តនៃបុគ្គលដទៃឯណា មានសភាពយ៉ាងនេះ នេះហៅថា ការកំណាញ់។ មួយទៀត ការកំណាញ់ខន្ធ ក៏ហៅថា កំណាញ់ ការកំណាញ់ធាតុ ក៏ហៅថាកំណាញ់ ការកំណាញ់អាយតនៈ ក៏ហៅថាកំណាញ់ សេចក្តីប្រកាន់ នេះហៅថា ការកំណាញ់ ហេតុនោះ (ទ្រង់ត្រាស់សួរថា) សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ទាំងឡាយ។
[១២៥] អធិប្បាយពាក្យថា មានះ និងអតិមានះ ព្រមទាំងការញុះញង់ទាំងឡាយ ត្រង់ពាក្យថា មានះ សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ ញុំាងមានះឲ្យកើត ដោយជាតិក្តី ដោយគោត្រក្តី ដោយភាពនៃខ្លួនជាកូនអ្នកមានត្រកូលក្តី ដោយភាពជាអ្នកមានពណ៌សម្បុរល្អក្តី ដោយទ្រព្យក្តី ដោយការរៀនមន្តក្តី ដោយការងារក្តី ដោយសិប្បៈក្តី ដោយថ្នាក់នៃវិជ្ជាក្តី ដោយសុតៈក្តី ដោយបដិភាណក្តី ដោយវត្ថុណាមួយក្តី។ ពាក្យថា អតិមានះ សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ មើលងាយបុគ្គលដទៃ ដោយជាតិក្តី ដោយគោត្រក្តី។បេ។ ដោយវត្ថុណាមួយក្តី។ ពាក្យថា ការញុះញង់ សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកមានសំដីញុះញង់ គឺឮអំពីពួកជនឯណេះហើយ ប្រាប់ពួកជនឯណោះ ដើម្បីបំបែកពួកជនឯនេះ ឬឮអំពីពួកជនឯណោះហើយ ប្រាប់ពួកជនឯនេះ ដើម្បីបំបែកពួកជនឯណោះ ជាអ្នកបំបែកពួកជនដែលព្រមព្រៀងគ្នាហើយផង ជាអ្នកបន្ថែមកំឡាំងដល់ពួកជនបែកបាក់គ្នាហើយផង ជាអ្នកមានពួកជាទីត្រេកអរ ត្រេកអរក្នុងពួក រីករាយក្នុងពួក ពោលវាចា ដែលធ្វើឲ្យជាពួក នេះលោកហៅថា ការញុះញង់។ មួយទៀត ជនបង្កការញុះញង់ដោយហេតុ ២ គឺ ដោយសេចក្តីប្រាថ្នាឲ្យគាប់ ឬមានសេចក្តីប្រាថ្នានឹងបំបែក។
ជនបង្កការញុះញង់ ដោយសេចក្តីប្រាថ្នាឲ្យគាប់ តើដូចម្តេច។ ជនបង្កការញុះញង់ ដោយសេចក្តីប្រាថ្នាដើម្បីឲ្យគាប់ យ៉ាងនេះថា អាត្មាអញ នឹងជាទីស្រឡាញ់ ជាទីគាប់ចិត្ត ជាអ្នកស្និទ្ធស្នាល ជាអ្នកនៅខាងក្នុង ជាអ្នកមានចិត្តល្អ នៃជននេះ។
ជនជាអ្នកមានសេចក្តីប្រាថ្នាដើម្បីបំបែក ទើបបង្កការញុះញង់ តើដូចម្តេច។ ជនមានសេចក្តីប្រាថ្នាដើម្បីបំបែក ទើបបង្កការញុះញង់យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ជនទាំងនេះ គប្បីផ្សេងៗគ្នា គប្បីប្រាសចាកគ្នាទៅជាពួក ទៅជាចំណែកពីរ ទៅជាមានអធ្យាស្រ័យពីរ ទៅជាពីរពួក គប្បីបែកគ្នា មិនគប្បីរួបរួមគ្នា គប្បីនៅជាទុក្ខ មិនសប្បាយ ហេតុនោះ (ទ្រង់ត្រាស់សួរថា) មានះ និងអតិមានះ ព្រមទាំងការញុះញង់។
[១២៦] ពាក្យថា កិលេសទាំងនោះ កើតអំពីទីណា សូមព្រះអង្គទ្រង់សំដែងសេចក្តីដែលខ្ញុំសួរនោះ គឺពុទ្ធនិមិ្មតនោះ សួរមូល សួរហេតុ សួរនិទាន សួរការកើត សួរហេតុជាដែនកើតមុន សួរសមុដ្ឋាន សួរអាហារ សួរអារម្មណ៍ សួរបច្ច័យ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ចោទ នូវសមុទ័យនៃកិលេសទាំង ៨ នេះថា កិលេសទាំង ៨ នេះ គឺ ជំលោះ ១ វិវាទ ១ ការខ្សឹកខ្សួល ១ សេចក្តីសោក ១ សេចក្តីកំណាញ់ ១ មានះ ១ អតិមានះ ១ ការញុះញង់ ១ កើតអំពីណា កអំពីណា កើតព្រមអំពីណា ដុះអំពីណា ដុះដាលអំពីណា កើតប្រាកដអំពីណា មានអ្វីជានិទាន មានអ្វីជាសមុទ័យ កើតអំពីអ្វី មានអ្វីជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់សួរថា) កិលេសទាំងនោះ កើតអំពីណា។ ពាក្យថា សូមព្រះអង្គទ្រង់សំដែងសេចក្តីដែលខ្ញុំសួរនោះ គឺសូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត តំកល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់សួរថា) កិលេសទាំងនោះ កើតអំពីណា សូមព្រះអង្គទ្រង់សំដែងសេចក្តីដែលខ្ញុំសួរនោះ។ ហេតុនោះ ព្រះពុទ្ធនិមិ្មតិនោះ ត្រាស់សួរថា
ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ មានះ និងអតិមានះ ព្រមទាំងការញុះញង់ កើតអំពីណា កិលេសទាំងនោះ កើតអំពីណា សូមព្រះអង្គសំដែងសេចក្តីដែលខ្ញុំសួរនោះ។
[១២៧]
(ព្រះមានព្រះភាគត្រាស់ថា) ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ មានះ និងអតិមានះ ព្រមទាំងការញុះញង់ កើតអំពីសភាវៈជាទីស្រឡាញ់ (មួយទៀត) ជំលោះ វិវាទ (ជាដើម) កើតក្នុងសេចក្តីកំណាញ់ កាលបើវិវាទកើតហើយ ជនទាំងឡាយ (ក៏បង្ក) នូវការញុះញង់។
[១២៨] អធិប្បាយពាក្យថា ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ កើតអំពីសភាវៈជាទីស្រឡាញ់ ត្រង់ពាក្យថា សភាវៈជាទីស្រឡាញ់ បានដល់ សភាវៈជាទីស្រឡាញ់ ២ គឺ ពួកសត្វ ឬពួកសង្ខារ។
ពួកសត្វជាទីស្រឡាញ់ តើដូចម្តេច។ ក្នុងលោកនេះ ជនទាំងនោះ គឺមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី កូនប្រុសក្តី កូនស្រីក្តី មិត្រក្តី អាមាត្យក្តី ញាតិក្តី សាលោហិតក្តី ជាអ្នកប្រាថ្នាសេចក្តីចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីសប្បាយ ប្រាថ្នាសេចក្តីក្សេមក្សាន្តចាកយោគៈ ដល់បុគ្គលនោះ នេះ ពួកសត្វជាទីស្រឡាញ់។ ពួកសង្ខារជាទីស្រឡាញ់ តើដូចម្តេច។ រូបជាទីគាប់ចិត្ត សំឡេងជាទីគាប់ចិត្ត ក្លិនជាទីគាប់ចិត្ត រសជាទីគាប់ចិត្ត ផោដ្ឋោព្វៈជាទីគាប់ចិត្ត នេះ ពួកសង្ខារជាទីស្រឡាញ់។
ពួកជនមានសេចក្តីរង្កៀស ក្នុងការដណ្តើមយកវត្ថុជាទីស្រឡាញ់ ធ្វើនូវជំលោះក៏មាន កាលបើត្រូវគេកំពុងដណ្តើម ធ្វើនូវជំលោះក៏មាន កាលបើវត្ថុត្រូវគេដណ្តើមហើយ ធ្វើនូវជំលោះក៏មាន។ មានសេចក្តីរង្កៀសក្នុងការប្រែប្រួលនៃវត្ថុជាទីស្រឡាញ់ ធ្វើនូវជំលោះក៏មាន កាលបើវត្ថុកំពុងប្រែប្រួល ធ្វើនូវជំលោះក៏មាន កាលបើវត្ថុប្រែប្រួលហើយ ធ្វើនូវជំលោះក៏មាន។ មានសេចក្តីរង្កៀសក្នុងការដណ្តើមយកនូវវត្ថុជាទីស្រឡាញ់ ទាស់ទែង ក៏មាន កាលបើត្រូវគេកំពុងដណ្តើម ទាស់ទែងក៏មាន កាលបើវត្ថុត្រូវគេដណ្តើមហើយ ទាស់ទែងក៏មាន។ សេចក្តីរង្កៀសក្នុងការប្រែប្រួលនៃវត្ថុជាទីស្រឡាញ់ ទាស់ទែងក៏មាន កាលបើវត្ថុកំពុងប្រែប្រួល ទាស់ទែងក៏មាន កាលបើវត្ថុប្រែប្រួលហើយ ទាស់ទែងក៏មាន។ មានសេចក្តីរង្កៀសក្នុងការដណ្តើមយកវត្ថុជាទីស្រឡាញ់ ខ្សឹកខ្សួលក៏មាន កាលបើគេកំពុងដណ្តើម ខ្សឹកខ្សួលក៏មាន កាលបើវត្ថុត្រូវគេដណ្តើមហើយ ខ្សឹកខ្សួលក៏មាន។ មានសេចក្តីរង្កៀសក្នុងការប្រែប្រួលនៃវត្ថុជាទីស្រឡាញ់ ខ្សឹកខ្សួលក៏មាន កាលបើវត្ថុកំពុងប្រែប្រួល ខ្សឹកខ្សួលក៏មាន កាលបើវត្ថុប្រែប្រួលហើយ ខ្សឹកខ្សួលក៏មាន។ មានសេចក្តីរង្កៀសក្នុងការដណ្តើមយកនូវវត្ថុជាទីស្រឡាញ់ សោកក៏មាន កាលបើត្រូវគេកំពុងដណ្តើម សោកក៏មាន កាលបើវត្ថុត្រូវគេដណ្តើមហើយ សោកក៏មាន។ មានសេចក្តីរង្កៀសក្នុងការប្រែប្រួលនៃវត្ថុជាទីស្រឡាញ់ សោកក៏មាន កាលបើវត្ថុកំពុងប្រែប្រួល សោកក៏មាន កាលបើវត្ថុប្រែប្រួលហើយ សោកក៏មាន។ ពួកជនតែងតែរក្សា គ្រប់គ្រង ហួងហែង ប្រកាន់ កំណាញ់ នូវវត្ថុជាទីស្រឡាញ់។
[១២៩] ពាក្យថា មានះ និងអតិមានះ ព្រមទាំងការញុះញង់ សេចក្តីថា ពួកជនអាស្រ័យវត្ថុជាទីស្រឡាញ់ហើយ ញុំាងមានះឲ្យកើតអាស្រ័យវត្ថុជាទីស្រឡាញ់ហើយ ញុំាងអតិមានះឲ្យកើត។
ពួកជនអាស្រ័យវត្ថុជាទីស្រឡាញ់ហើយ ញុំាងមានះឲ្យកើត តើដូចម្តេច។ ពួកជនអាស្រ័យវត្ថុជាទីស្រឡាញ់ ហើយញុំាងមានះឲ្យកើតយ៉ាងនេះថា យើងទាំងឡាយ ជាអ្នកបាននូវរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីពេញចិត្ត។
ពួកជនអាស្រ័យវត្ថុជាទីស្រឡាញ់ហើយ ញុំាងអតិមានះឲ្យកើត តើដូចម្តេច។ ពួកជនអាស្រ័យវត្ថុជាទីស្រឡាញ់ ហើយញុំាងអតិមានះឲ្យកើតយ៉ាងនេះថា យើងទាំងឡាយ ជាអ្នកបាននូវរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីពេញចិត្ត ឯជនទាំងនេះ ជាអ្នកមិនបាននូវរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីពេញចិត្តទេ។ ពាក្យថា ការញុះញង់ គឺជនពួកខ្លះក្នុងលោកនេះ ជាអ្នកមានសំដីញុះញង់ គឺឮអំពីពួកជនឯណេះហើយ ប្រាប់ពួកជនឯណោះ ដើម្បីបំបែកពួកជននេះ។បេ។ ជនមានសេចក្តីប្រាថ្នាដើម្បីបំបែក បង្កនូវការញុះញង់យ៉ាងនេះ ហេតុនោះ។បេ។ មានះ និងអតិមានះ ព្រមទាំងការញុះញង់។
[១៣០] ពាក្យថា ជំលោះ វិវាទ (ជាដើម) កើតក្នុងសេចក្តីកំណាញ់ សេចក្តីថា កិលេសទាំង ៧ នេះគឺ ជំលោះ ១ វិវាទ ១ ការខ្សឹកខ្សួល ១ សេចក្តីសោក ១ មានះ ១ អតិមានះ ១ ការញុះញង់ ១ ប្រកប ប្រកបសព្វគ្រប់ ប្រកបទួទៅ ប្រកបទួទៅព្រម ក្នុងសេចក្តីកំណាញ់ ហេតុនោះ (ទ្រង់ត្រាស់ថា) ជំលោះ វិវាទ (ជាដើម) កើតក្នុងសេចក្តីកំណាញ់។
[១៣១] ពាក្យថា កាលបើវិវាទកើតហើយ ជនទាំងឡាយ (ក៏បង្ក) នូវការញុះញង់ អធិប្បាយថា កាលវិវាទកើតហើយ កើតព្រមហើយ លេចឡើងហើយ លេចឡើងចំពោះហើយ កើតប្រាកដហើយ ជនទាំងឡាយ បង្កនូវការញុះញង់ គឺឮអំពីពួកជនឯណេះហើយ ប្រាប់ពួកជនឯណោះ ដើម្បីបំបែកពួកជននេះ ឬឮអំពីពួកជនឯណោះ ហើយប្រាប់ពួកជននេះ ដើម្បីបំបែកពួកជនឯណោះ ជាអ្នកបំបែកពួកជនដែលព្រមព្រៀងគ្នាផង ជាអ្នកបន្ថែមកំឡាំងដល់ពួកជនដែលបែកគ្នាហើយផង ជាអ្នកមានពួកជាទីត្រេកអរ ត្រេកអរក្នុងពួក រីករាយក្នុងពួក ពោលវាចាដែលធ្វើឲ្យជាពួក នេះហៅថា ការញុះញង់។ មួយទៀត ពួកជនបង្កការញុះញង់ ដោយហេតុពីរ គឺដោយសេចក្តីប្រាថ្នាឲ្យគាប់ ឬមានសេចក្តីប្រាថ្នាដើម្បីបំបែកគេ។
ពួកជនបង្កការញុះញង់ ដោយសេចក្តីប្រាថ្នាឲ្យគាប់ តើដូចម្តេច។ ពួកជនបង្កការញុះញង់ ដោយសេចក្តីប្រាថ្នាឲ្យគាប់ យ៉ាងនេះថា យើងទាំងឡាយនឹងជាទីស្រឡាញ់ ជាទីគាប់ចិត្ត ប្រកបដោយសេចក្តីស្និទ្ធស្នាល ជាអ្នកខាងក្នុង ជាអ្នកមានចិត្តល្អនៃជននេះ។
ពួកជនមានសេចក្តីប្រាថ្នាដើម្បីបំបែក ហើយបង្កការញុះញង់ តើដូចម្តេច។ ពួកជនមានសេចក្តីប្រាថ្នាដើម្បីបំបែក បង្កការញុះញង់យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ជនពួកនេះគប្បីផ្សេងៗ គ្នា គប្បីប្រាសចាកគ្នាទៅជាពួក ទៅជាចំណែកពីរ មានអធ្យាស្រ័យពីរ មានពួកពីរ គប្បីបែកគ្នា មិនគប្បីមកជួបគ្នា គប្បីនៅជាទុក្ខ មិនសប្បាយ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើវិវាទកើតហើយ (ជនទាំងឡាយក៏បង្ក) នូវការញុះញង់។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ជំលោះ វិវាទ សេចក្តីខ្សឹកខ្សួល សេចក្តីសោក ព្រមទាំងសេចក្តីកំណាញ់ មានះ និងអតិមានះ ព្រមទាំងការញុះញង់ កើតអំពីសភាវៈជាទីស្រឡាញ់ (មួយទៀត) ជំលោះ វិវាទ (ជាដើម) កើតក្នុងសេចក្តីកំណាញ់ កាលបើវិវាទកើតហើយ (ជនទាំងឡាយ ក៏បង្ក) នូវការញុះញង់។
[១៣២]
(ព្រះពុទ្ធនិមិ្មត ត្រាស់សួរថា) អើ ចុះសត្វ និងសង្ខារជាទីស្រឡាញ់ក្នុងលោក (របស់ពួកជន) ដែលត្រាច់ទៅក្នុងលោក ព្រោះលោភៈ មានអ្វីជានិទាន ទាំងបំណង និងសេចក្តីសម្រេច ដែលជាទីពឹងរបស់នរជន មានអ្វីជានិទាន។
[១៣៣] ពាក្យថា សត្វ និងសង្ខារជាទីស្រឡាញ់ក្នុងលោក មានអ្វីជានិទាន គឺព្រះពុទ្ធនិមិ្មតសួរនូវមូល។បេ។ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ចោទ នូវសមុទ័យ នៃសត្វ និងសង្ខារជាទីស្រឡាញ់ថា សត្វ និងសង្ខារជាទីស្រឡាញ់ កើតអំពីណា កអំពីណា កើតព្រមអំពីណា ដុះអំពីណា ដុះដាលអំពីណា កើតប្រាកដអំពីណា មានអ្វីជានិទាន មានអ្វីជាសមុទ័យ មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់សួរថា) អើ ចុះសត្វ និងសង្ខារជាទីស្រឡាញ់ក្នុងលោក មានអ្វីជានិទាន។
[១៣៤] អធិប្បាយពាក្យថា ពួកជនដែលត្រាច់ទៅក្នុងលោក ព្រោះលោភៈ ត្រង់ពាក្យថា ពួកជន បានដល់ ពួកក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស។ ពាក្យថា ព្រោះលោភៈ បានដល់ លោភៈ អាការនៃលោភៈ ភាពនៃលោភៈ សេចក្តីត្រេកអរមានកំឡាំង អាការនៃសេចក្តីត្រេកអរមានកំឡាំង ភាពនៃសេចក្តីត្រេកអរមានកំឡាំង អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ត្រាច់ទៅ គឺត្រាច់ទៅ នៅ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់សួរថា) ពួកជនដែលត្រាច់ទៅក្នុងលោក ព្រោះលោភៈ។
[១៣៥] ពាក្យថា បំណង និងសេចក្តីសម្រេច មានអ្វីជានិទាន គឺព្រះពុទ្ធនិមិ្មតសួរនូវមូល។បេ។ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ចោទ នូវសមុទ័យនៃបំណង និងសេចក្តីសម្រេចថា បំណង និងសេចក្តីសម្រេច កើតអំពីណា កអំពីណា កើតព្រមអំពីណា ដុះអំពីណា ដុះដាលអំពីណា កើតប្រាកដអំពីណា មានអ្វីជានិទាន មានអ្វីជាសមុទ័យ មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់សួរថា) បំណង និងសេចក្តីសម្រេច មានអ្វីជានិទាន។
[១៣៦] ពាក្យថា ដែលជាទីពឹងរបស់នរជន បានដល់ធម៌ទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងខាងមុខ ជាទីពឹង ជាទីពំនាក់ ជាទីជ្រក ជាទីរឭករបស់នរជន គឺថា នរជនមានសេចក្តីសម្រេច ប្រព្រឹត្តទៅខាងមុខ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ដែលជាទីពឹងរបស់នរជន។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះ ត្រាស់សួរថា
អើ ចុះសត្វ និងសង្ខារជាទីស្រឡាញ់ក្នុងលោក (របស់ពួកជន) ដែលត្រាច់ទៅក្នុងលោក ព្រោះលោភៈ មានអ្វីជានិទាន ទាំងបំណង និងសេចក្តីសម្រេច ដែលជាទីពឹងរបស់នរជន មានអ្វីជានិទាន។
[១៣៧]
(ព្រះមានព្រះភាគ ត្រាស់ថា) សត្វ និងសង្ខារជាទីស្រឡាញ់ក្នុងលោក (របស់ពួកជន) ដែលត្រាច់ទៅក្នុងលោក ព្រោះលោភៈ មានឆន្ទៈជានិទាន ទាំងបំណង និងសេចក្តីសម្រេច ដែលជាទីពឹងរបស់នរជន ក៏មានឆន្ទៈនេះ ជានិទានដែរ។
[១៣៨] អធិប្បាយពាក្យថា សត្វ និងសង្ខារជាទីស្រឡាញ់ក្នុងលោក មានឆន្ទៈជានិទាន ត្រង់ពាក្យថា ឆន្ទៈ បានដល់ កាមច្ឆន្ទៈក្នុងកាមទាំងឡាយ សេចក្តីត្រេកអរក្នុងកាម ការរីករាយក្នុងកាម បំណងក្នុងកាម ការស្រឡាញ់ក្នុងកាម សេចក្តីក្រហល់ក្រហាយព្រោះកាម ការងុលងប់ក្នុងកាម ការជ្រុលជ្រប់ក្នុងកាម អន្លង់គឺកាម ការប្រកបក្នុងកាម សេចក្តីប្រកាន់ក្នុងកាម ការរាំងព្រោះកាមច្ឆន្ទៈ។ មួយទៀត ឆន្ទៈមាន ៥ គឺ បរិយេសនច្ឆន្ទៈ ១ បដិលាភច្ឆន្ទៈ ១ បរិភោគច្ឆន្ទៈ ១ សន្និធិច្ឆន្ទៈ ១ វិសជ្ជនច្ឆន្ទៈ ១។
បរិយេសនច្ឆន្ទៈ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ត្រូវកាមគ្របសង្កត់ហើយ ជាអ្នកត្រូវការ មានឆន្ទៈកើតហើយ ក៏ស្វែងរករូប ស្វែងរកសំឡេង ក្លិន រស ផោដ្ឋព្វៈ នេះ បរិយេសនច្ឆន្ទៈ។
បដិលាភច្ឆន្ទៈ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ត្រូវកាមគ្របសង្កត់ហើយ ជាអ្នកត្រូវការ មានឆន្ទៈកើតហើយ ក៏បានរូប បានសំឡេង ក្លិន រស ផោដ្ឋព្វៈ នេះ បដិលាភច្ឆន្ទៈ។
បរិភោគច្ឆន្ទៈ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ត្រូវកាមគ្របសង្កត់ហើយ ជាអ្នកត្រូវការ មានឆន្ទៈកើតហើយ ក៏ប្រើប្រាស់រូប ប្រើប្រាស់សំឡេង ក្លិន រស ផោដ្ឋព្វៈ នេះ បរិភោគច្ឆន្ទៈ។
សន្និធិច្ឆន្ទៈ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ត្រូវកាមគ្របសង្កត់ហើយ ជាអ្នកត្រូវការ មានឆន្ទៈកើតហើយ ក៏ធ្វើការសន្សំទ្រព្យដោយគិតថា ទ្រព្យនឹងមានក្នុងកាលមានសេចក្តីអន្តរាយ នេះ សន្និធិច្ឆន្ទៈ។
វិសជ្ជនច្ឆន្ទៈ តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ត្រូវកាមគ្របសង្កត់ហើយ ជាអ្នកត្រូវការ មានឆន្ទៈកើតហើយ ក៏ចាយទ្រព្យឲ្យដល់ពួកអ្នកជិះដំរី ពួកអ្នកជិះសេះ ពួកអ្នកជិះរថ ពួកខ្មាន់ធ្នូ ពួកថ្មើរជើង ដោយគិតថា ជនទាំងនេះ នឹងរក្សា គ្រប់គ្រង ចោមរោមអាត្មាអញ នេះ វិសជ្ជនច្ឆន្ទៈ។
ពាក្យថា សត្វ និងសង្ខារជាទីស្រឡាញ់ បានដល់ ពួកសត្វ ឬសង្ខារជាទីស្រឡាញ់ទាំងពីរ។បេ។ នេះ ពួកសត្វជាទីស្រឡាញ់។បេ។ នេះ ពួកសង្ខារជាទីស្រឡាញ់។ ពាក្យថា សត្វ និងសង្ខារជាទីស្រឡាញ់ក្នុងលោក មានឆន្ទៈជានិទាន គឺសត្វ និងសង្ខារជាទីស្រឡាញ់ មានឆន្ទៈជានិទាន មានឆន្ទៈជាសមុទ័យ មានឆន្ទៈជាកំណើត មានឆន្ទៈជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វ និងសង្ខារជាទីស្រឡាញ់ក្នុងលោក មានឆន្ទៈជានិទាន។
[១៣៩] ពាក្យថា ពួកជនណា ក្នុងបទថា ពួកជនដែលត្រាច់ទៅក្នុងលោក ព្រោះលោភៈ គឺពួកក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស។ ពាក្យថា ព្រោះលោភៈ បានដល់ លោភៈ អាការៈនៃលោភៈ ភាពនៃលោភៈ សេចក្តីត្រេកអរមានកំឡាំង អាការៈនៃសេចក្តីត្រេកអរមានកំឡាំង ភាពនៃសេចក្តីត្រេកអរមានកំឡាំង អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា ត្រាច់ទៅ គឺត្រាច់ទៅ នៅ ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ ក្នុងអាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកជនដែលត្រាច់ទៅក្នុងលោកព្រោះលោភៈ។
[១៤០] ពាក្យថា បំណង និងសេចក្តីសម្រេច មានឆន្ទៈនេះជានិទានដែរ អធិប្បាយថា តណ្ហា លោកហៅថា បំណង បានដល់សេចក្តីត្រេកអរ សេចក្តីត្រេកអរមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា សេចក្តីសម្រេច សេចក្តីថា បុគ្គលខ្លះក្នុងលោកនេះ ស្វែងរករូប ក៏បានរូប ឈ្មោះថា អ្នកមានរូបសម្រេចហើយ។ ស្វែងរកសំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សេចក្តីសុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រះសូត្រ ព្រះវិន័យ ព្រះអភិធម្ម អារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បំសុកូលិកធុតង្គ តេចីវរិកធុតង្គ សបទានចារិកធុតង្គ ខលុបច្ឆាភត្តិកធុតង្គ នេសជ្ជិកធុតង្គ យថាសន្ថតិកធុតង្គ បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន អាកាសានញ្ចាយតនសមាបត្តិ វិញ្ញាណញ្ចាយតនសមាបត្តិ អាកិញ្ចញ្ញាយតនសមាបត្តិ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ក៏បាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថា អ្នកមាននេវសញ្ញានាសញ្ញាយតនសមាបត្តិសម្រេចហើយ។
បុគ្គលភ្ជួរស្រែដោយបំណង បុគ្គលសាបព្រោះពូជ ក៏ដោយបំណង ពួកឈ្មួញនាំយកទ្រព្យទៅកាន់សមុទ្រ ក៏ដោយបំណង អាត្មាអញតាំងនៅដោយបំណងណា បំណងនោះ ក៏សម្រេចដល់អាត្មាអញ។
ការសម្រេចនៃបំណង លោកហៅថា សេចក្តីសម្រេច។ ពាក្យថា បំណង និងសេចក្តីសម្រេច មានឆន្ទៈនេះជានិទាន គឺបំណង និងសេចក្តីសម្រេច មានឆន្ទៈនេះជានិទាន មានឆន្ទៈជាសមុទ័យ មានឆន្ទៈជាកំណើត មានឆន្ទៈជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់ថា) បំណង និងសេចក្តីសម្រេច មានឆន្ទៈនេះជានិទាន។
[១៤១] ពាក្យថា ដែលជាទីពឹងរបស់នរជន គឺធម៌ទាំងឡាយណា ប្រព្រឹត្តទៅខាងមុខ ជាទីពឹង ជាទីជ្រកកោន ជាទីរឭករបស់នរជន គឺថា នរជនមានសេចក្តីសម្រេច ប្រព្រឹត្តទៅខាងមុខ ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលជាទីពឹងរបស់នរជន។
ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
សត្វ និងសង្ខារជាទីស្រឡាញ់ក្នុងលោក (របស់ពួកជន) ដែលត្រាច់ទៅក្នុងលោក ព្រោះលោភៈ មានឆន្ទៈជានិទាន ទាំងបំណង និងសេចក្តីសម្រេច ដែលជាទីពឹងរបស់នរជន ក៏មានឆន្ទៈជានិទានដែរ។
[១៤២]
(ព្រះពុទ្ធនិមិ្មតសួរថា) ចុះឆន្ទៈក្នុងលោក មានអ្វីជានិទាន ទាំងវិនិច្ឆ័យទាំងឡាយ និងធម៌ទាំងឡាយណា ដែលសមណៈពោលហើយ ធម៌ទាំងនោះ គឺសេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១ កើតអំពីណា។
[១៤៣] ពាក្យថា ចុះឆន្ទៈក្នុងលោក មានអ្វីជានិទាន គឺ ព្រះពុទ្ធនិមិ្មតសួរនូវមូល។បេ។ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ចោទនូវសមុទ័យនៃឆន្ទៈថា ឆន្ទៈកើតអំពីណា កអំពីណា កើតព្រមអំពីណា ដុះអំពីណា ដុះដាលអំពីណា កើតប្រាកដអំពីណា មានអ្វីជានិទាន មានអ្វីជាសមុទ័យ មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់សួរថា) ចុះឆន្ទៈក្នុងលោក មានអ្វីជានិទាន។
[១៤៤] ពាក្យថា ទាំងវិនិច្ឆ័យទាំងឡាយ កើតអំពីណា គឺព្រះពុទ្ធនិមិ្មត សួរនូវមូល។បេ។ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ចោទនូវសមុទ័យនៃវិនិច្ឆ័យទាំងឡាយថា វិនិច្ឆ័យទាំងឡាយ កើតអំពីណា កអំពីណា កើតព្រមអំពីណា ដុះអំពីណា ដុះដាលអំពីណា កើតប្រាកដអំពីណា មានអ្វីជានិទាន មានអ្វីជាសមុទ័យ មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់សួរថា) ទាំងវិនិច្ឆ័យទាំងឡាយ កើតអំពីណា។
[១៤៥] អធិប្បាយពាក្យថា សេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១ ត្រង់ពាក្យថា សេចក្តីក្រោធ បានដល់ការគុំគួននៃចិត្ត សេចក្តីចង្អៀតចង្អល់ សេចក្តីតានតឹង សេចក្តីថ្នាំងថ្នាក់ ការខឹង ការខឹងខ្លាំង ការខឹងក្រៃលែង ការប្រទូស្ត ការប្រទូស្តខ្លាំង ការប្រទូស្តក្រៃលែង ព្យាបាទនៃចិត្ត ការប្រទូស្តក្នុងចិត្ត ការក្រោធ អាការក្រោធ ភាពនៃការក្រោធ ការប្រទូស្ត អាការប្រទូស្ត ភាពនៃការប្រទូស្ត ការព្យាបាទ អាការព្យាបាទ ភាពនៃការព្យាបាទ ការខឹង ការខឹងតប ការកាច ការសម្រក់ទឹកភ្នែក សេចក្តីមិនត្រេកអរនៃចិត្ត។ មុសាវាទ លោកហៅថា ការពោលពាក្យកុហក។ វិចិកិច្ឆា លោកហៅថា សេចក្តីសង្ស័យ ហេតុនោះ (ទ្រង់ត្រាស់សួរថា) សេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១។
[១៤៦] អធិប្បាយពាក្យថា ធម៌ទាំងឡាយណា ដែលសមណៈពោលហើយ ត្រង់ពាក្យថា ធម៌ទាំងឡាយណា គឺធម៌ទាំងឡាយណា ជាធម៌ប្រព្រឹត្តទៅជាមួយគ្នា កើតព្រមគ្នា ច្រឡំគ្នា ប្រកបព្រមគ្នា មានការកើតឡើងតែមួយ មានការរលត់តែមួយ មានវត្ថុតែមួយ មានអារម្មណ៍តែមួយ ជាមួយនឹងសេចក្តីក្រោធផង ការពោលពាក្យកុហកផង សេចក្តីសង្ស័យផង ទាំងនេះ លោកពោលថា ធម៌ទាំងឡាយណា។ ម្យ៉ាងទៀត ពាក្យថា ធម៌ទាំងឡាយណា គឺកិលេសទាំងឡាយ មានសភាវៈដទៃ តាំងនៅដោយអាការៈដទៃ ទាំងនេះលោកពោលថា ធម៌ទាំងឡាយណា។ ពាក្យថា ដែលសមណៈពោលហើយ គឺសមណៈមានបាបរម្ងាប់ហើយ ព្រាហ្មណ៍មានបាបបន្សាត់បង់ហើយ ភិក្ខុមានកិលេសមូលទម្លាយបង់ហើយ ជាអ្នករួចស្រឡះចាកចំណង គឺអកុសលមូលទាំងពួង ពោលដោយបការៈ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសហើយ ហេតុនោះ (ទ្រង់ត្រាស់សួរថា) និងធម៌ទាំងឡាយណា ដែលសមណៈពោលហើយ។ ហេតុនោះ ព្រះពុទ្ធនិមិ្មតសួរថា
ចុះឆន្ទៈក្នុងលោក មានអ្វីជានិទាន ទាំងវិនិច្ឆ័យទាំងឡាយ និងធម៌ទាំងឡាយណា ដែលសមណៈពោលហើយ ធម៌ទាំងនោះ គឺសេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១ កើតអំពីណា។
[១៤៧]
(ព្រះមានព្រះភាគ ត្រាស់ថា) ជនទាំងឡាយ ពោលនូវធម្មជាតណាថា ឆ្ងាញ់ និងមិនឆ្ងាញ់ក្នុងលោក ឆន្ទៈកើតឡើង អាស្រ័យនូវធម្មជាតនោះ ជនក្នុងលោក ឃើញនូវសេចក្តីវិនាស និងសេចក្តីចំរើន ក្នុងរូបទាំងឡាយហើយ ក៏ធ្វើនូវវិនិច្ឆ័យ។
[១៤៨] ពាក្យថា ជនទាំងឡាយ ពោលនូវធម្មជាតណាថា ឆ្ងាញ់ និងមិនឆ្ងាញ់ ក្នុងលោក ត្រង់ពាក្យថា ឆ្ងាញ់ បានដល់សុខវេទនាផង វត្ថុជាទីប្រាថ្នាផង។ ពាក្យថា មិនឆ្ងាញ់ បានដល់ ទុក្ខវេទនាផង វត្ថុមិនជាទីប្រាថ្នាផង។ ពាក្យថា ពោលនូវធម្មជាតណា ក្នុងលោក គឺពោលនូវធម្មជាតណា សំដែងនូវធម្មជាតណា ពណ៌នានូវធម្មជាតណា បំភ្លឺនូវធម្មជាតណា ថ្លែងនូវធម្មជាតណា ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងឡាយ ពោលនូវធម្មជាតណាថា ឆ្ងាញ់ និងមិនឆ្ងាញ់ក្នុងលោក។
[១៤៩] ឆន្ទៈកើតឡើង អាស្រ័យធម្មជាតនោះ គឺឆន្ទៈ កើតមាន កើតប្រាកដ កើតឡើង កើតឡើងព្រម លេចឡើង លេចឡើងចំពោះ អាស្រ័យវត្ថុឆ្ងាញ់ និងមិនឆ្ងាញ់ អាស្រ័យសុខ និងទុក្ខ អាស្រ័យសោមនស្ស និងទោមនស្ស អាស្រ័យវត្ថុជាទីប្រាថ្នា និងមិនជាទីប្រាថ្នា អាស្រ័យសេចក្តីត្រេកអរ និងសេចក្តីថ្នាំងថ្នាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) ឆន្ទៈកើតឡើង អាស្រ័យនូវធម្មជាតនោះ។
[១៥០] អធិប្បាយពាក្យថា ឃើញសេចក្តីវិនាស និងសេចក្តីចំរើនក្នុងរូបទាំងឡាយ ត្រង់ពាក្យថា ក្នុងរូបទាំងឡាយ បានដល់មហាភូតរូប ៤ និងរូបដែលអាស្រ័យមហាភូតរូប ៤។
សេចក្តីចំរើនឡើងនៃរូបទាំងឡាយ តើដូចម្តេច។ សេចក្តីចំរើន ការកើត ការកើតព្រម ការលេចឡើង ការលេចឡើងចំពោះ ការកើតប្រាកដនៃរូបទាំងឡាយឯណា នេះ សេចក្តីចំរើននៃរូបទាំងឡាយ។ សេចក្តីវិនាសនៃរូបទាំងឡាយ តើដូចម្តេច។ ការអស់ ការសូន្យ ការបែកធ្លាយ ការធ្លុះធ្លាយ ការមិនទៀងទាត់ ការអន្តរធាននៃរូបទាំងឡាយឯណា នេះ សេចក្តីវិនាសនៃរូបទាំងឡាយ។
ពាក្យថា ឃើញសេចក្តីវិនាស និងសេចក្តីចំរើនក្នុងរូបទាំងឡាយ គឺឃើញ យល់ ថ្លឹង ពិចារណា ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដនូវសេចក្តីចំរើន និងសេចក្តីវិនាស ក្នុងរូបទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញសេចក្តីវិនាស និងសេចក្តីចំរើនក្នុងរូបទាំងឡាយ។
[១៥១] អធិប្បាយពាក្យថា ជនក្នុងលោកធ្វើនូវវិនិច្ឆ័យ ត្រង់ពាក្យថា វិនិច្ឆ័យ បានដល់ វិនិច្ឆ័យ ២ គឺតណ្ហាវិនិច្ឆ័យ ១ ទិដ្ឋិវិនិច្ឆ័យ ១។
បុគ្គលធ្វើតណ្ហាវិនិច្ឆ័យ តើដូចម្តេច។ ភោគៈទាំងឡាយរបស់បុគ្គលខ្លះក្នុងលោកនេះ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវការអស់រលីងផង។ បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ដោយហេតុដូចម្តេចហ្ន៎ ភោគៈទាំងឡាយរបស់អាត្មាអញ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវការអស់រលីងផង។ ម្យ៉ាងទៀត បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា
កាលបើអាត្មាអញប្រកបរឿយៗ នូវការប្រកបក្នុងហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺសុរា និងមេរ័យ ភោគៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវការអស់រលីងផង កាលបើអាត្មាអញប្រកបរឿយៗ នូវការប្រកបក្នុងការដើរលេងតាមច្រកក្នុងវេលាយប់ ភោគៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវការអស់រលីងផង កាលបើអាត្មាអញប្រកបរឿយៗ នូវការដើរទៅកាន់ទីមហោស្រព កាលបើអាត្មាអញប្រកបរឿយៗ នូវការប្រកបក្នុងហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺល្បែងភ្នាល់ កាលបើអាត្មាអញប្រកបរឿយៗ នូវការប្រកបដោយមិត្រអាក្រក់ ភោគៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវការអស់រលីងផង កាលបើអាត្មាអញប្រកបរឿយៗ នូវការប្រកបក្នុងការខ្ជិលច្រអូស ភោគៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ភោគៈទាំងឡាយ ដែលកើតឡើងហើយ ក៏ដល់នូវការអស់រលីងផង។ បុគ្គលនោះ ធ្វើនូវការដឹងយ៉ាងនេះហើយ ក៏មិនសេពនូវប្រធាននៃសេចក្តីវិនាស ៦ យ៉ាង នៃភោគៈទាំងឡាយ។ បុគ្គលធ្វើតណ្ហាវិនិច្ឆ័យ យ៉ាងនេះខ្លះ។ មួយទៀត ជនប្រកបដោយកសិកម្មក្តី ពាណិជ្ជកម្មក្តី គោរក្ខកម្មក្តី សិល្បៈធ្នូក្តី ភាពអ្នករាជការក្តី សិល្បៈណាមួយក្តី។ បុគ្គលធ្វើតណ្ហាវិនិច្ឆ័យ យ៉ាងនេះខ្លះ។
ជនធ្វើទិដ្ឋិវិនិច្ឆ័យ តើដូចម្តេច។ កាលចក្ខុកើតហើយ បុគ្គលដឹងថា ខ្លួនអាត្មាអញកើតហើយ។ កាលចក្ខុវិនាសហើយ បុគ្គលក៏ដឹងថា ខ្លួនអាត្មាអញវិនាសហើយ ខ្លួនអាត្មាអញទៅប្រាសហើយ។ ជនធ្វើទិដ្ឋិវិនិច្ឆ័យ យ៉ាងនេះខ្លះ។ កាលត្រចៀក ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ កើតហើយ បុគ្គលក៏ដឹងថា ខ្លួនអាត្មាអញកើតហើយ។ កាលផោដ្ឋព្វៈវិនាសហើយ បុគ្គលក៏ដឹងថា ខ្លួនអាត្មាអញវិនាសហើយ ខ្លួនអាត្មាអញទៅប្រាសហើយ។ បុគ្គលធ្វើឲ្យកើត ឲ្យកើតព្រម ឲ្យលេចឡើង ឲ្យលេចឡើងចំពោះ នូវទិដ្ឋិវិនិច្ឆ័យ យ៉ាងនេះខ្លះ។
ពាក្យថា ជន គឺសត្វ នរៈ មាណព។បេ។ សត្វកើតអំពីមនុស្ស។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក។បេ។ អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ជនក្នុងលោក ធ្វើនូវវិនិច្ឆ័យ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ជនទាំងឡាយ ពោលនូវធម្មជាតណាថា ឆ្ងាញ់ និងមិនឆ្ងាញ់ក្នុងលោក ឆន្ទៈកើតឡើង អាស្រ័យនូវធម្មជាតនោះ ជនក្នុងលោកឃើញនូវសេចក្តីវិនាស និងសេចក្តីចំរើន ក្នុងរូបទាំងឡាយហើយ ក៏ធ្វើនូវវិនិច្ឆ័យ។
[១៥២]
កាលធម្មជាតទាំងពីរ គឺឆ្ងាញ់ និងមិនឆ្ងាញ់ មាន ទើបធម៌ទាំងនេះ គឺសេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១ (ក៏កើតឡើងដែរ) ជនអ្នកមានសេចក្តីសង្ស័យ គប្បីសិក្សាតាមគន្លងញាណ ជាធម៌ដែលសមណៈជ្រាបហើយពោល។
[១៥៣] អធិប្បាយពាក្យថា សេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១ ត្រង់ពាក្យថា សេចក្តីក្រោធ បានដល់ការចង្អៀតចង្អល់ ការថ្នាំងថ្នាក់នៃចិត្ត។បេ។ មុសាវាទ លោកហៅថា ការពោលពាក្យកុហក។ វិចិកិច្ឆា លោកហៅថា សេចក្តីសង្ស័យ។ សេចក្តីក្រោធកើត អាស្រ័យវត្ថុជាទីប្រាថ្នាក៏មាន។ សេចក្តីក្រោធកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នាក៏មាន។ មុសាវាទកើត អាស្រ័យវត្ថុជាទីប្រាថ្នាក៏មាន។ មុសាវាទកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នាក៏មាន។ សេចក្តីសង្ស័យកើត អាស្រ័យវត្ថុជាទីប្រាថ្នាក៏មាន។ សេចក្តីសង្ស័យកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នាក៏មាន។
ក្រោធកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នា តើដូចម្តេច។ ក្រោធកើត ដោយគិតថា គេបានប្រព្រឹត្តនូវហេតុមិនជាប្រយោជន៍ដល់អញ ក្រោធកើតដោយគិតថា គេកំពុងប្រព្រឹត្តនូវហេតុមិនជាប្រយោជន៍ដល់អញ ក្រោធកើតដោយគិតថា គេនឹងប្រព្រឹត្តនូវហេតុមិនជាប្រយោជន៍ដល់អញ។ ក្រោធកើត ដោយគិតថា គេបានប្រព្រឹត្តនូវហេតុមិនជាប្រយោជន៍ កំពុងប្រព្រឹត្តនូវហេតុមិនជាប្រយោជន៍ នឹងប្រព្រឹត្តនូវហេតុមិនជាប្រយោជន៍ ដល់បុគ្គលដែលជាទីស្រឡាញ់ ជាទីពេញចិត្តរបស់អញ។ ក្រោធកើត ដោយគិតថា គេបានប្រព្រឹត្តនូវហេតុជាប្រយោជន៍ កំពុងប្រព្រឹត្តនូវហេតុជាប្រយោជន៍ នឹងប្រព្រឹត្តនូវហេតុជាប្រយោជន៍ ដល់បុគ្គលមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ។ ក្រោធកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នា យ៉ាងនេះឯង។
ក្រោធកើត អាស្រ័យវត្ថុជាទីប្រាថ្នា តើដូចម្តេច។ កាលបុគ្គលមានសេចក្តីរង្កៀស ក្នុងការដណ្តើមនូវវត្ថុជាទីប្រាថ្នា ក្រោធកើតក៏មាន កាលត្រូវគេកំពុងដណ្តើម ក្រោធកើតក៏មាន កាលវត្ថុដែលត្រូវគេដណ្តើមហើយ ក្រោធកើតក៏មាន។ កាលបុគ្គលមានសេចក្តីរង្កៀស ក្នុងការប្រែប្រួលចាកវត្ថុជាទីប្រាថ្នា ក្រោធកើតក៏មាន កាលវត្ថុដែលកំពុងប្រែប្រួល ក្រោធកើតក៏មាន កាលវត្ថុដែលប្រែប្រួលហើយ ក្រោធកើតក៏មាន។ ក្រោធកើត អាស្រ័យវត្ថុជាទីប្រាថ្នា យ៉ាងនេះឯង។
មុសាវាទកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នា តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ ជាប់ដោយចំណងគឺខ្នោះ ហើយពោលមុសាទាំងដឹងខ្លួន ដើម្បីរួចចាកចំណងនោះខ្លះ។ ជាប់ដោយចំណងគឺខ្សែខ្លះ។ ជាប់ដោយចំណងគឺច្រវាក់ខ្លះ។ ជាប់ដោយចំណងគឺផ្តៅខ្លះ។ ជាប់ដោយចំណងគឺវល្លិខ្លះ។ ជាប់ដោយចំណងគឺរបងខ្លះ។ ជាប់ដោយចំណងគឺស្រុក និគម នគរខ្លះ។ ជាប់ដោយចំណងគឺជនបទខ្លះ ពោលមុសាទាំងដឹងខ្លួន ដើម្បីរួចចាកចំណងនោះ។ មុសាវាទកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នា យ៉ាងនេះឯង។
មុសាវាទកើត អាស្រ័យវត្ថុជាទីប្រាថ្នា តើដូចម្តេច។ បុគ្គលខ្លះក្នុងលោកនេះ និយាយកុហកទាំងដឹងខ្លួន ព្រោះហេតុនៃរូបជាទីពេញចិត្ត។ និយាយកុហកទាំងដឹងខ្លួន ព្រោះហេតុនៃសំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីពេញចិត្ត ព្រោះហេតុនៃចីវរ ព្រោះហេតុនៃបិណ្ឌបាត ព្រោះហេតុនៃសេនាសនៈ ព្រោះហេតុនៃគិលានប្បច្ចយភេសជ្ជបរិក្ខារ។ មុសាវាទកើត អាស្រ័យវត្ថុជាទីប្រាថ្នា យ៉ាងនេះឯង។
សេចក្តីសង្ស័យកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នា តើដូចម្តេច។ បុគ្គលគិតថា អញនឹងរួចអំពីចក្ខុរោគឬ ឬនឹងមិនរួចអំពីចក្ខុរោគទេ អញនឹងរួចអំពីសោតរោគ ឃានរោគ ជិវ្ហារោគ កាយរោគ សីសរោគ កណ្ណរោគ មុខរោគ អញនឹងរួចអំពីទន្តរោគឬ ឬនឹងមិនរួចអំពីទន្តរោគទេ។ សេចក្តីសង្ស័យកើត អាស្រ័យវត្ថុមិនជាទីប្រាថ្នា យ៉ាងនេះឯង។
សេចក្តីសង្ស័យកើត អាស្រ័យវត្ថុជាទីប្រាថ្នា តើដូចម្តេច។ បុគ្គលគិតថា អញនឹងបានរូបទាំងឡាយជាទីពេញចិត្តឬ ឬនឹងមិនបានរូបទាំងឡាយជាទីពេញចិត្តទេ អញនឹងបានសំឡេងទាំងឡាយ ក្លិនទាំងឡាយ រសទាំងឡាយ ផោដ្ឋព្វៈទាំងឡាយ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ជាទីពេញចិត្តឬហ្ន៎។ សេចក្តីសង្ស័យកើត អាស្រ័យវត្ថុជាទីប្រាថ្នា យ៉ាងនេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១។
[១៥៤] ពាក្យថា កាលបើធម៌ទាំងពីរមាន ធម៌ទាំងឡាយនុ៎ះ សេចក្តីថា កាលបើវត្ថុជាទីត្រេកអរ និងមិនជាទីត្រេកអរមាន កាលបើសុខ និងទុក្ខមាន កាលបើសោមនស្ស និងទោមនស្សមាន កាលបើវត្ថុជាទីប្រាថ្នា និងមិនជាទីប្រាថ្នាមាន កាលបើតម្រេក និងសេចក្តីចង្អៀតចង្អល់មាន មានគ្របគ្រាន់ បុគ្គលបាន ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើធម៌ទាំងពីរមាន ធម៌ទាំងឡាយនុ៎ះ។
[១៥៥] ពាក្យថា ជនអ្នកមានសេចក្តីសង្ស័យ គប្បីសិក្សាតាមគន្លងញាណ អធិប្បាយថា ញាណ ឈ្មោះថា គន្លងញាណ អារម្មណ៍របស់ញាណ ក៏ឈ្មោះថា គន្លងញាណ ពួកធម៌កើតជាមួយនឹងញាណ ក៏ឈ្មោះថា គន្លងញាណ។ ផ្លូវដ៏ប្រសើរ ឈ្មោះថា គន្លងដ៏ប្រសើរ ផ្លូវដ៏ត្រកាល ឈ្មោះថា គន្លងដ៏ត្រកាល ផ្លូវដ៏ខ្ពង់ខ្ពស់ ឈ្មោះថា គន្លងដ៏ខ្ពង់ខ្ពស់ យ៉ាងណាមិញ ញាណ ក៏ឈ្មោះថា គន្លងញាណ អារម្មណ៍របស់ញាណ ក៏ឈ្មោះថា គន្លងញាណ ពួកធម៌កើតជាមួយនឹងញាណ ក៏ឈ្មោះថា គន្លងញាណ យ៉ាងនោះដែរ។ ពាក្យថា គប្បីសិក្សា បានដល់ សិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ អធិសីលសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យចំពោះទោសទាំងឡាយបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ សីលក្ខន្ធតូច សីលក្ខន្ធធំ សីល ទីតំកល់ ទីខាងដើម ការប្រព្រឹត្តិ ការប្រយ័ត្ន ការសង្រួម ប្រធាន ប្រមុខនៃការចួបប្រសព្វនូវកុសលធម៌ទាំងឡាយ នេះ អធិសីលសិក្ខា។
អធិចិត្តសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន នេះ អធិចិត្តសិក្ខា។
អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញាដែលទៅក្នុងការកើតឡើង និងវិនាស ជាបញ្ញាដ៏ប្រសើរ អាចទំលុះទំលាយ (នូវកិលេស) ជាគ្រឿងដល់នូវការអស់ទុក្ខដោយប្រពៃ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះ ទុក្ខនិរោធគាមិនីបដិបទា ដឹងច្បាស់តាមពិតថា នេះ អាសវៈទាំងឡាយ។បេ។ ដឹងច្បាស់តាមពិតថា នេះអាសវនិរោធគាមិនីបដិបទា នេះ អធិប្បញ្ញាសិក្ខា។
ពាក្យថា ជនអ្នកមានសេចក្តីសង្ស័យ គប្បីសិក្សាតាមគន្លងញាណ សេចក្តីថា បុគ្គលអ្នកសង្ស័យ មានសេចក្តីងឿងឆ្ងល់ មានស្នាមគំនូស (ក្នុងចិត្ត) មានផ្លូវបែកជាពីរ មានវិចិកិច្ឆា គប្បីសិក្សាអធិសីលផង គប្បីសិក្សាអធិចិត្តផង គប្បីសិក្សាអធិប្បញ្ញាផង ដើម្បីបានញាណ ដើម្បីពាល់ត្រូវញាណ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវញាណ។ គប្បីរំពឹងសិក្សាសិក្ខាទាំង ៣ នេះ គប្បីដឹងសិក្សា គប្បីឃើញសិក្សា គប្បីពិចារណាសិក្សា គប្បីតាំងចិត្តសិក្សា គប្បីចុះចិត្តស៊ប់ក្នុងសទ្ធាសិក្សា គប្បីផ្គងវីរិយៈសិក្សា គប្បីតម្កល់សតិសិក្សា គប្បីតាំងចិត្តសិក្សា គប្បីដឹងច្បាស់ដោយប្រាជ្ញាសិក្សា គប្បីដឹងធម៌ដែលគួរដឹងសិក្សា គប្បីកំណត់ធម៌ដែលគួរកំណត់សិក្សា គប្បីលះបង់ធម៌ដែលគួរលះបង់សិក្សា គប្បីចំរើនធម៌ដែលគួរចំរើនសិក្សា គប្បីធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់សិក្សា ប្រព្រឹត្តទួទៅ ប្រព្រឹត្តដោយល្អ ប្រព្រឹត្តជឿកាន់ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនអ្នកមានសេចក្តីសង្ស័យ គប្បីសិក្សាតាមគន្លងញាណ។
[១៥៦] ពាក្យថា ជាធម៌ដែលសមណៈជ្រាប ហើយពោល សេចក្តីថា ធម៌ទាំងឡាយ ដែលព្រះអង្គជ្រាប ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ពោល ពោលទួទៅ ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសទុកហើយ។ ធម៌ទាំងឡាយដែលព្រះអង្គជ្រាប ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ពោល ពោលទួទៅ ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសទុកហើយថា សង្ខារទាំងពួង មិនទៀង។ ថា សង្ខារទាំងពួងជាទុក្ខ។ ថា ធម៌ទាំងពួងជាអនត្តា។ ថាសង្ខារទាំងឡាយ (កើតមាន) ព្រោះអវិជ្ជាជាបច្ច័យ។បេ។ ជរា មរណៈ (កើតមាន) ព្រោះជាតិជាបច្ច័យ។ ថា ការរលត់សង្ខារ ព្រោះការរលត់អវិជ្ជា។បេ។ ការរលត់ជរា មរណៈ ព្រោះការរលត់ជាតិ។ ថា នេះជាទុក្ខ។បេ។ នេះ ទុក្ខនិរោធគាមិនីបដិបទា។ ថា នេះអាសវៈ។បេ។ នេះអាសវនិរោធគាមិនីបដិបទា។ ថា នេះពួកធម៌ដែលគួរត្រាស់ដឹង។ ថា នេះពួកធម៌ដែលគួរកំណត់ដឹង។ ថា នេះពួកធម៌ដែលគួរលះ។ ថា នេះពួកធម៌ដែលគួរចំរើន។ ថា នេះពួកធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់។ ធម៌ទាំងឡាយ ដែលព្រះអង្គជ្រាប ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ពោល ពោលទួទៅ ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសទុកហើយថា (តថាគតដឹងច្បាស់) នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញនូវផស្សាយតនៈទាំង ៦ ផង បណ្តាឧបាទានក្ខន្ធទាំង ៥ មហាភូតរូបទាំង ៤ វត្ថុណាមួយ មានកិរិយាកើតឡើងជាធម្មតា វត្ថុទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ ពិតណាស់ ពាក្យនុ៎ះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងធម៌ដើម្បីត្រាស់ដឹង មិនមែនសំដែងដើម្បីមិនឲ្យត្រាស់ដឹងទេ ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងធម៌ប្រកបដោយហេតុ មិនមែនសំដែងឥតហេតុទេ ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងធម៌ប្រកបដោយបាដិហារិយ៍ (ធម៌ជាគ្រឿងស្រោចស្រង់) មិនមែនសំដែងឥតបាដិហារិយ៍ទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតនោះ សំដែងធម៌ដើម្បីត្រាស់ដឹង មិនសំដែងដើម្បីមិនត្រាស់ដឹងទេ កាលតថាគតសំដែងធម៌ប្រកបដោយហេតុ មិនសំដែងឥតហេតុ កាលតថាគតសំដែងធម៌ប្រកបដោយបាដិហារិយ៍ មិនសំដែងឥតបាដិហារិយ៍ ឱវាទ បុគ្គលគួរធ្វើ អនុសាសនី ក៏បុគ្គលគួរធ្វើ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគួរតែត្រេកអរ គួរតែរីករាយ គួរតែសោមនស្សថា ព្រះមានព្រះភាគ ព្រះអង្គត្រាស់ដឹងដោយប្រពៃ ព្រះធម៌ ព្រះមានព្រះភាគសំដែងដោយប្រពៃ ព្រះសង្ឃប្រតិបត្តិហើយដោយប្រពៃ។ កាលវេយ្យាករណ៍នេះ ដែលព្រះអង្គសំដែង លោកធាតុទាំងមួយហ្មឺនក៏កម្រើកញាប់ញ័រ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាធម៌ដែលសមណៈជ្រាបហើយពោល។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
កាលធម្មជាតទាំងពីរ គឺឆ្ងាញ់ និងមិនឆ្ងាញ់ មាន ធម៌ទាំងនេះ គឺសេចក្តីក្រោធ ១ ការពោលពាក្យកុហក ១ សេចក្តីសង្ស័យ ១ (ក៏កើតមានដែរ) ជនអ្នកមានសេចក្តីសង្ស័យ គប្បីសិក្សាតាមគន្លងញាណ ជាធម៌ដែលសមណៈជ្រាបហើយពោល។
[១៥៧]
(ព្រះពុទ្ធនិមិ្មតសួរថា) សេចក្តីត្រេកអរ និងមិនត្រេកអរ មានអ្វីជាហេតុ កាលបើអ្វីមិនមាន ទើបធម៌ទាំងនុ៎ះមិនមាន សេចក្តីណា គឺការវិនាស និងការចំរើន សូមព្រះអង្គសំដែងប្រាប់ខ្ញុំ នូវសេចក្តីនុ៎ះ ថាមានវត្ថុណាជាហេតុ។
[១៥៨] ពាក្យថា សេចក្តីត្រេកអរ និងមិនត្រេកអរ មានអ្វីជាហេតុ គឺព្រះពុទ្ធនិមិ្មតសួររកឫសគល់។បេ។ សួររក សួរឈ្លេចឈ្លី សូមអារាធនា ចោទ ចំពោះហេតុជាទីកើតឡើង នៃវេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរថា វេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរ មានអ្វីជាហេតុ កើតអំពីណា កើតព្រមអំពីណា ផ្តួចផ្តើមអំពីណា កើតចំពោះឡើងអំពីណា កើតប្រាកដអំពីណា មានអ្វីជាហេតុ មានអ្វីជាដែនប្រជុំកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់សួរថា) សេចក្តីត្រេកអរ និងមិនត្រេកអរ មានអ្វីជាហេតុ។
[១៥៩] ពាក្យថា កាលបើអ្វីមិនមាន ទើបធម៌ទាំងនុ៎ះមិនមាន គឺកាលបើអ្វីមិនមាន មិនមានសព្វគ្រប់ ដែលបុគ្គលមិនបាន ទើបវេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរមិនមាន មិនមានប្រាកដ មិនកើត មិនកើតព្រម មិនផ្តួចផ្តើម មិនកើតចំពោះ ហេតុនោះ (ទ្រង់ត្រាស់សួរថា) កាលបើអ្វីមិនមាន ទើបធម៌ទាំងនុ៎ះមិនមាន។
[១៦០] ពាក្យថា សេចក្តីណា គឺការវិនាស និងការចំរើន អធិប្បាយថា សេចក្តីចំរើន នៃវេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរ តើដូចម្តេច។ សេចក្តីចំរើន ការដុះដាល កិរិយាកើត កិរិយាកើតព្រម កិរិយាផ្តួចផ្តើម កិរិយាកើតចំពោះ កិរិយាកើតប្រាកដ នៃវេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរឯណា នេះឈ្មោះថា សេចក្តីចំរើននៃវេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរ។ សេចក្តីវិនាសនៃវេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរ តើដូចម្តេច។ ការអស់ ការសូន្យ ការបែកធ្លាយ ការខ្ទេចខ្ទី ការមិនទៀង ការបាត់បង់ទៅ នៃវេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរឯណា នេះឈ្មោះថា សេចក្តីវិនាសនៃវេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរ។ ពាក្យថា សេចក្តីណា គឺសេចក្តីដទៃណា ហេតុនោះ (ទ្រង់ត្រាស់សួរថា) សេចក្តីណា គឺការវិនាស និងការចំរើន។
[១៦១] ពាក្យថា សូមព្រះអង្គសំដែងប្រាប់ខ្ញុំ នូវសេចក្តីនុ៎ះ ថាមានវត្ថុណាជាហេតុ ត្រង់ពាក្យថា នុ៎ះ គឺខ្ញុំសួររកសេចក្តីណា ខ្ញុំសូមសេចក្តីណា ខ្ញុំអារាធនាសេចក្តីណា ខ្ញុំជ្រះថ្លាសេចក្តីណា។ ពាក្យថា សូមសំដែង គឺសូមពោល ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់សួរថា) សូមព្រះអង្គសំដែងប្រាប់ខ្ញុំ នូវសេចក្តីនុ៎ះ។ ពាក្យថា មានវត្ថុណាជាហេតុ គឺ មានវត្ថុណាជាហេតុ មានវត្ថុណាជាដែនកើត មានវត្ថុណា ជាកំណើត មានវត្ថុណា ជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់សួរថា) សូមព្រះអង្គសំដែងប្រាប់ខ្ញុំនូវសេចក្តីនុ៎ះ ថាមានវត្ថុណាជាហេតុ។ ហេតុនោះ ពុទ្ធនិមិ្មតនោះ សួរថា
សេចក្តីត្រេកអរ និងមិនត្រេកអរ មានអ្វីជាហេតុ កាលបើអ្វីមិនមាន ទើបធម៌ទាំងនុ៎ះមិនមាន សេចក្តីណា គឺការវិនាស និងការចំរើន សូមព្រះអង្គសំដែងប្រាប់ខ្ញុំនូវសេចក្តីនុ៎ះ ថាមានវត្ថុណាជាហេតុ។
[១៦២]
(ព្រះមានព្រះភាគ ត្រាស់ថា) សេចក្តីត្រេកអរ និងមិនត្រេកអរ មានផស្សៈជាហេតុ កាលបើផស្សៈមិនមាន ទើបធម៌ទាំងនុ៎ះមិនមាន សេចក្តីណា គឺការវិនាស និងការចំរើន តថាគតសំដែងទូលព្រះអង្គនូវសេចក្តីនុ៎ះ ថាមានវត្ថុនេះជាហេតុ។
[១៦៣] ពាក្យថា សេចក្តីត្រេកអរ និងមិនត្រេកអរ មានផស្សៈជាហេតុ អធិប្បាយថា សុខវេទនាកើត អាស្រ័យផស្សៈជាទីតាំងនៃសុខវេទនា។ ព្រោះរលត់ផស្សៈជាទីតាំងនៃសុខវេទនានោះឯង សុខវេទនាដែលកើតរួចហើយ ព្រោះអាស្រ័យផស្សៈជាទីតាំងនៃសុខវេទនា កើតអំពីផស្សៈនោះ ដែលសោយរួចហើយ នោះរលត់ស្ងប់រម្ងាប់។ ទុក្ខវេទនាកើតឡើង ព្រោះអាស្រ័យផស្សៈ ជាទីតាំងនៃទុក្ខវេទនា។ ព្រោះរលត់ផស្សៈជាទីតាំងនៃទុក្ខវេទនានោះឯង ទុក្ខវេទនាដែលកើតរួចហើយ ព្រោះអាស្រ័យផស្សៈជាទីតាំងនៃទុក្ខវេទនា កើតអំពីផស្សៈមុននោះ ដែលសោយរួចហើយ នោះរលត់ស្ងប់រម្ងាប់។ អទុក្ខមសុខវេទនា កើតឡើង ព្រោះអាស្រ័យផស្សៈ ជាទីតាំងនៃអទុក្ខមសុខវេទនា។ ព្រោះរលត់ផស្សៈជាទីតាំងនៃអទុក្ខមសុខវេទនានោះឯង អទុក្ខមសុខវេទនាដែលកើតឡើងហើយ ព្រោះអាស្រ័យផស្សៈជាទីតាំងនៃអទុក្ខមសុខវេទនា កើតអំពីផស្សៈនោះ ដែលសោយរួចហើយ នោះរលត់ស្ងប់រម្ងាប់។ ពាក្យថា សេចក្តីត្រេកអរ និងមិនត្រេកអរ មានផស្សៈជាហេតុ បានសេចក្តីថា វេទនាជាទីត្រេកអរ និងមិនជាទីត្រេកអរ មានផស្សៈជាហេតុ មានផស្សៈជាទីប្រជុំកើតឡើង មានផស្សៈជាកំណើត មានផស្សៈជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីត្រេកអរ និងមិនត្រេកអរ មានផស្សៈជាហេតុ។
[១៦៤] ពាក្យថា កាលបើផស្សៈមិនមាន ធម៌ទាំងឡាយនុ៎ះក៏មិនមាន គឺកាលបើផស្សៈមិនមាន មិនមានសព្វគ្រប់ ដែលបុគ្គលមិនបាន វេទនាជាទីត្រេកអរ និងមិនត្រេកអរក៏មិនមាន មិនមានប្រាកដ មិនកើត មិនកើតព្រម មិនផ្តួចផ្តើម មិនកើតចំពោះ មិនកើតប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើផស្សៈមិនមាន ធម៌ទាំងឡាយនុ៎ះ ក៏មិនមាន។
[១៦៥] ពាក្យថា សេចក្តីណា គឺការវិនាស និងការចំរើន សេចក្តីថា កិរិយាឃើញថា ចំរើន ក៏មានផស្សៈជាហេតុ កិរិយាឃើញថាវិនាស ក៏មានផស្សៈជាហេតុ។ ត្រង់ពាក្យថា សេចក្តីណា គឺសេចក្តីដទៃណា ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីណា គឺការវិនាស និងការចំរើន។
[១៦៦] អធិប្បាយពាក្យថា តថាគតសំដែងទូលព្រះអង្គនូវសេចក្តីនុ៎ះ ថាមានវត្ថុនេះជាហេតុ ត្រង់ពាក្យថា នុ៎ះ គឺព្រះអង្គសួរសេចក្តីណា សូមសេចក្តីណា អារាធនាសេចក្តីណា ជ្រះថ្លាសេចក្តីណា។ ពាក្យថា តថាគតសំដែង គឺតថាគតពោល ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតសំដែងទូលព្រះអង្គនូវសេចក្តីនុ៎ះ។ ពាក្យថា មានវត្ថុនេះជាហេតុ គឺមានផស្សៈនេះជាហេតុ មានផស្សៈជាទីប្រជុំកើត មានផស្សៈជាកំណើត មានផស្សៈជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតសំដែងទូលព្រះអង្គនូវសេចក្តីនុ៎ះថា មានវត្ថុនេះជាហេតុ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
សេចក្តីត្រេកអរ និងមិនត្រេកអរ មានផស្សៈជាហេតុ កាលបើផស្សៈមិនមាន ទើបធម៌ទាំងនោះមិនមាន សេចក្តីណា គឺការវិនាស និងការចំរើន តថាគតសំដែងទូលព្រះអង្គនូវសេចក្តីនុ៎ះ ថាមានវត្ថុនេះជាហេតុ។
[១៦៧]
(ព្រះពុទ្ធនិមិ្មត សួរថា) ផស្សៈក្នុងលោក មានអ្វីជាហេតុ ទាំងសេចក្តីហួងហែងកើតអំពីអ្វី កាលបើអ្វីមិនមាន ទើបសេចក្តីប្រកាន់ថារបស់អញក៏មិនមាន កាលបើអ្វីប្រាសចេញ ទើបផស្សៈមិនពាល់ត្រូវ។
[១៦៨] ពាក្យថា ផស្សៈក្នុងលោកមានអ្វីជាហេតុ គឺព្រះពុទ្ធនិមិ្មត សួររកឫសគល់នៃផស្សៈ។បេ។ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ជ្រះថ្លានូវហេតុដែលនាំឲ្យកើតផស្សៈថា ផស្សៈមានហេតុអំពីអ្វី កើតអំពីអ្វី កើតព្រមអំពីអ្វី ផ្តួចផ្តើមអំពីអ្វី កើតចំពោះអំពីអ្វី កើតប្រាកដអំពីអ្វី មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់ថា) ផស្សៈក្នុងលោក មានអ្វីជាហេតុ។
[១៦៩] ពាក្យថា ទាំងសេចក្តីហួងហែង កើតអំពីអ្វី គឺព្រះពុទ្ធនិមិ្មតសួររកឫសគល់នៃសេចក្តីហួងហែង។បេ។ សួរ សួរឈ្លេចឈ្លី អង្វរ អារាធនា ជ្រះថ្លា នូវហេតុដែលនាំឲ្យកើតសេចក្តីហួងហែងថា សេចក្តីហួងហែងកើតអំពីអ្វី កើតអំពីណា កើតព្រមអំពីអ្វី ផ្តួចផ្តើមអំពីអ្វី កើតចំពោះអំពីអ្វី កើតប្រាកដអំពីអ្វី មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់សួរថា) ទាំងសេចក្តីហួងហែង កើតអំពីអ្វី។
[១៧០] ពាក្យថា កាលបើអ្វីមិនមាន ទើបសេចក្តីប្រកាន់ថារបស់អញក៏មិនមាន គឺកាលបើអ្វីមិនមាន មិនមានសព្វគ្រប់ ដែលបុគ្គលមិនបាន ទើបសេចក្តីប្រកាន់ថារបស់អញ មិនមាន ឥតមាន លែងមាន ដែលបុគ្គលមិនបាន គឺលោកលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់សួរថា) កាលបើអ្វីមិនមាន ទើបសេចក្តីប្រកាន់ថារបស់អញក៏មិនមាន។
[១៧១] ពាក្យថា កាលបើអ្វីប្រាសចេញ ទើបផស្សៈមិនពាល់ត្រូវ គឺកាលបើអ្វីប្រាសចេញ បាត់បង់ កន្លងទៅ កន្លងផុត ប្រព្រឹត្តកន្លង ទើបផស្សៈមិនពាល់ត្រូវ ហេតុនោះ (ទ្រង់ត្រាស់សួរថា) កាលបើអ្វីប្រាសចេញ ទើបផស្សៈមិនពាល់ត្រូវ។ ហេតុនោះ ពុទ្ធនិមិ្មតនោះសួរថា
ផស្សៈក្នុងលោក មានអ្វីជាហេតុ ទាំងសេចក្តីហួងហែងកើតអំពីអ្វី កាលបើអ្វីមិនមាន ទើបសេចក្តីប្រកាន់ថារបស់អញក៏មិនមាន កាលបើអ្វីប្រាសចេញ ទើបផស្សៈមិនពាល់ត្រូវ។
[១៧២]
(ព្រះមានព្រះភាគទ្រង់ត្រាស់ថា) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូបសេចក្តីហួងហែង មានសេចក្តីប្រាថ្នាជាហេតុ កាលបើសេចក្តីប្រាថ្នាមិនមាន សេចក្តីប្រកាន់ថារបស់អញ ក៏មិនមាន កាលបើរូបប្រាសចេញ ផស្សៈទាំងឡាយ ក៏មិនពាល់ត្រូវ។
[១៧៣] ពាក្យថា ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប អធិប្បាយថា ចក្ខុវិញ្ញាណកើត ព្រោះអាស្រ័យចក្ខុ និងរូប ការប្រជុំនៃធម៌ទាំង ៣1) ទើបផស្សៈកើត វៀរលែងចក្ខុប្រសាទ និងរូបារម្មណ៍ក្នុងប៉ែករូប ១ ចក្ខុសម្ផស្ស ១ ទើបពួកធម៌ដ៏សម្បយុត្ត ក្នុងប៉ែកនាម2) (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប យ៉ាងនេះខ្លះ។ សោតវិញ្ញាណកើត ព្រោះអាស្រ័យត្រចៀក និងសំឡេង ការប្រជុំនៃធម៌ទាំង ៣ ទើបផស្សៈ (កើត) វៀរលែងសោតបសាទ និងសទ្ទារម្មណ៍ក្នុងប៉ែករូប ១ សោតសម្ផស្ស ១ ទើបពួកធម៌ដ៏សម្បយុត្តក្នុងប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប យ៉ាងនេះខ្លះ។ ឃានវិញ្ញាណកើត ព្រោះអាស្រ័យច្រមុះ និងក្លិន ការប្រជុំនៃធម៌ទាំង ៣ ទើបផស្សៈ (កើត) វៀរលែងឃានបសាទ និងគន្ធារម្មណ៍ក្នុងប៉ែករូប ១ ឃានសម្ផស្ស ១ ទើបពួកធម៌ដ៏សម្បយុត្ត ក្នុងប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប យ៉ាងនេះខ្លះ។ ជិវ្ហាវិញ្ញាណកើត ព្រោះអាស្រ័យអណ្តាត និងរស ការប្រជុំនៃធម៌ទាំង ៣ ទើបផស្សៈ (កើត) វៀរលែងជិវ្ហាបសាទ និងរសារម្មណ៍ក្នុងប៉ែករូប ១ ជិវ្ហាសម្ផស្ស ១ ទើបពួកធម៌សម្បយុត្តក្នុងប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប យ៉ាងនេះខ្លះ។ កាយវិញ្ញាណកើត ព្រោះអាស្រ័យកាយ និងផ្សព្វ ការប្រជុំនៃធម៌ទាំង ៣ ទើបផស្សៈ (កើត) វៀរលែងកាយបសាទ និងផោដ្ឋព្វារម្មណ៍ក្នុងប៉ែករូប ១ កាយសម្ផស្ស ១ ទើបពួកធម៌ដ៏សម្បយុត្តក្នុងប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប យ៉ាងនេះខ្លះ។ មនោវិញ្ញាណកើត ព្រោះអាស្រ័យមនោ និងធម្មារម្មណ៍ ការប្រជុំធម៌ទាំង ៣ ទើបផស្សៈ (កើត) វៀរលែងវត្ថុរូបក្នុងប៉ែករូប និងពួកធម៌មានរូបក្នុងប៉ែករូប ១ មនោសម្ផស្ស ១ ទើបពួកធម៌ដ៏សម្បយុត្តក្នុងប៉ែកនាម (កើត) ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប យ៉ាងនេះខ្លះ។
[១៧៤] ពាក្យថា សេចក្តីហួងហែង មានសេចក្តីប្រាថ្នាជាហេតុ អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់ រាគៈ រាគៈខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា សេចក្តីហួងហែង បានដល់ សេចក្តីហួងហែង ២ គឺសេចក្តីហួងហែងគឺតណ្ហា ១ សេចក្តីហួងហែងគឺទិដ្ឋិ ១។បេ។ នេះ សេចក្តីហួងហែង គឺតណ្ហា។បេ។ នេះ សេចក្តីហួងហែងគឺទិដ្ឋិ។ ពាក្យថា សេចក្តីហួងហែង មានសេចក្តីប្រាថ្នាជាហេតុ បានសេចក្តីថា សេចក្តីហួងហែង មានសេចក្តីប្រាថ្នាជានិទាន មានសេចក្តីប្រាថ្នាជាហេតុ មានសេចក្តីប្រាថ្នាជាបច្ច័យ មានសេចក្តីប្រាថ្នាជាអំពើ មានសេចក្តីប្រាថ្នាជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីហួងហែង មានសេចក្តីប្រាថ្នាជាហេតុ។
[១៧៥] ពាក្យថា កាលបើសេចក្តីប្រាថ្នាមិនមាន សេចក្តីប្រកាន់ថារបស់អញ ក៏មិនមាន អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់ រាគៈ រាគៈខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា សេចក្តីប្រកាន់ថារបស់អញ បានដល់ សេចក្តីប្រកាន់ ២ គឺ សេចក្តីប្រកាន់គឺតណ្ហា ១ សេចក្តីប្រកាន់គឺទិដ្ឋិ ១។បេ។ នេះ សេចក្តីប្រកាន់គឺតណ្ហា។បេ។ នេះ សេចក្តីប្រកាន់គឺទិដ្ឋិ។ ពាក្យថា កាលបើសេចក្តីប្រាថ្នាមិនមាន សេចក្តីប្រកាន់ថារបស់អញ ក៏មិនមាន សេចក្តីថា កាលបើសេចក្តីប្រាថ្នា មិនមាន មិនមានសព្វគ្រប់ បុគ្គលមិនបាន សេចក្តីប្រកាន់ថារបស់អញ ក៏មិនមាន ឥតមាន លែងមាន បុគ្គលមិនបាន គឺលោកបានលះបង់ ផ្តាច់ផ្តិល ធ្វើឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើសេចក្តីប្រាថ្នាមិនមាន សេចក្តីប្រកាន់ថារបស់អញ ក៏មិនមាន។
[១៧៦] អធិប្បាយពាក្យថា កាលបើរូបប្រាសចេញ ផស្សៈទាំងឡាយក៏មិនពាល់ត្រូវ ត្រង់ពាក្យថា រូប គឺ មហាភូតរូប ៤ និងឧបាទាយរូបរបស់មហាភូតរូបទាំង ៤។ ត្រង់ពាក្យថា កាលបើរូបប្រាសចេញ គឺ រូបប្រាសចេញដោយហេតុ ៤ គឺ ដោយការប្រាសចេញព្រោះការដឹង ១ ដោយការប្រាសចេញព្រោះការពិចារណា ១ ដោយការប្រាសចេញព្រោះការលះ ១ ដោយការប្រាសចេញព្រោះការប្រព្រឹត្តិកន្លង ១។
រូបប្រាសចេញ ដោយការប្រាសចេញព្រោះការដឹង តើដូចម្តេច។ បុគ្គលស្គាល់រូប គឺ ស្គាល់ ឃើញថា រូបឯណានីមួយ រូបទាំងអស់នោះជាមហាភូតរូប ៤ និងឧបាទាយរូបរបស់មហាភូតរូបទាំង ៤ ដូច្នេះ រូបប្រាសចេញ ដោយការប្រាសចេញព្រោះការដឹង យ៉ាងនេះឯង។
រូបប្រាសចេញ ដោយការប្រាសចេញព្រោះការពិចារណា តើដូចម្តេច។ បុគ្គលធ្វើការដឹងយ៉ាងនេះ ហើយពិចារណានូវរូប គឺពិចារណាដោយសេចក្តីថា មិនទៀង ថាជាទុក្ខ ជារោគ ជាបូស ជាសរ ជាសេចក្តីលំបាក ជាអាពាធ ជារបស់ដទៃ ជារបស់ទ្រុឌទ្រោម ជាចង្រៃ ជាឧបទ្រព ជាភ័យ ជាឧបស័គ្គ ជារបស់ញាប់ញ័រ ជារបស់បែកធ្លាយ ជារបស់មិនទៀង ទីពឹងមិនបាន ផ្អែកមិនបាន ទីអាងមិនបាន ជារបស់ស្តួចស្តើង ជារបស់ទទេ ជារបស់សោះសូន្យ មិនមែនជារបស់ខ្លួន ជាទោស ជាសភាវៈប្រែប្រួល មិនមានខ្លឹម ជាឫសនៃសេចក្តីលំបាក ជាអ្នកសម្លាប់ ជារបស់វិនាស ប្រកបដោយអាសវៈ ជារបស់ដែលបច្ច័យតាក់តែង ជានុយនៃមារ មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា មានសេចក្តីស្លាប់ជាធម្មតា មានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ជាធម្មតា ប្រកបដោយសេចក្តីសៅហ្មងជាធម្មតា ជារបស់ប្រជុំកើតឡើង ជារបស់វិនាសទៅ ជាអានិសង្ស ជាទោស ជាគ្រឿងរលាស់ចោល រូបប្រាសចេញ ដោយការប្រាសចេញព្រោះការពិចារណា យ៉ាងនេះឯង។
រូបប្រាសចេញ ដោយការប្រាសចេញព្រោះការលះ តើដូចម្តេច។ បុគ្គលត្រិះរិះយ៉ាងនេះ ហើយលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាននូវឆន្ទរាគក្នុងរូប។ សមដូចពាក្យនុ៎ះ ដែលព្រះមានព្រះភាគសំដែងហើយថា ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគឯណាក្នុងរូប អ្នកទាំងឡាយចូរលះបង់ឆន្ទរាគនោះចេញ កាលបើធ្វើបានយ៉ាងនេះ រូបនោះនឹងជារបស់ដែលអ្នកលះបង់ហើយ ឲ្យមានឫសគល់រលើងហើយ ធ្វើមិនឲ្យមានទីកើត ដូចជាទីកើតនៃដើមត្នោត ដល់នូវការមិនកើតទៀត មិនឲ្យមានការកើតតទៅ។ រូបប្រាសចេញ ដោយការប្រាសចេញព្រោះការលះ យ៉ាងនេះឯង។
រូបប្រាសចេញ ដោយការប្រាសចេញ ព្រោះការប្រព្រឹត្តិកន្លង តើដូចម្តេច។ រូបទាំងឡាយរបស់បុគ្គលអ្នកបានអរូបសមាបត្តិទាំង ៤ ជារូបប្រាសចេញ បាត់បង់ កន្លង ឈានកន្លង ប្រព្រឹត្តកន្លងហើយ រូបប្រាសចេញ ដោយការប្រាសចេញ ព្រោះការប្រព្រឹត្តិកន្លង យ៉ាងនេះឯង។ នេះ រូបប្រាសចេញដោយហេតុទាំង ៤។
ពាក្យថា កាលបើរូបប្រាសចេញ ផស្សៈទាំងឡាយក៏មិនពាល់ត្រូវ បានសេចក្តីថា កាលបើរូបប្រាសចេញ បាត់បង់ កន្លង ឈានកន្លង ប្រព្រឹត្តកន្លងហើយ ផស្សៈទាំង ៥ គឺ ចក្ខុសម្ផស្ស សោតសម្ផស្ស ឃានសម្ផស្ស ជិវ្ហាសម្ផស្ស កាយសម្ផស្ស ក៏មិនពាល់ត្រូវ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលបើរូបប្រាសចេញ ផស្សៈទាំងឡាយក៏មិនពាល់ត្រូវ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ផស្សៈ (កើត) ព្រោះអាស្រ័យនាម និងរូប សេចក្តីហួងហែង មានសេចក្តីប្រាថ្នាជាហេតុ កាលបើសេចក្តីប្រាថ្នាមិនមាន សេចក្តីប្រកាន់ថារបស់អញ ក៏មិនមាន កាលបើរូបប្រាសចេញ ផស្សៈទាំងឡាយ ក៏មិនពាល់ត្រូវ។
[១៧៧]
(ព្រះពុទ្ធនិមិ្មត សួរថា) បុគ្គលអ្នកព្រមព្រៀង ដូចម្តេច រូបទើបបាត់បង់ទៅ ទាំងសុខ និងទុក្ខ បាត់បង់ទៅ ដោយប្រការដូចម្តេច សូមព្រះអង្គពោលដំណើរនុ៎ះដល់ខ្ញុំ ឲ្យខ្ញុំយល់ច្បាស់ថា (សុខ និងទុក្ខ) បាត់បង់ទៅដោយប្រការយ៉ាងណា ព្រោះថា ខ្ញុំមានចិត្តដូច្នេះ។
[១៧៨] ពាក្យថា បុគ្គលអ្នកព្រមព្រៀងដូចម្តេច រូបទើបបាត់បង់ទៅ គឺបុគ្គលអ្នកព្រមព្រៀងដូចម្តេច ប្រតិបត្តិដូចម្តេច សម្រេចដូចម្តេច ប្រព្រឹត្តទៅដូចម្តេច រក្សាដូចម្តេច រស់នៅដូចម្តេច ញុំាងអត្តភាពឲ្យរស់នៅដូចម្តេច រូបទើបបាត់បង់ វិនាសកន្លង ឈានកន្លង ប្រព្រឹត្តកន្លងទៅបាន ហេតុនោះ (ទ្រង់ត្រាស់សួរថា) បុគ្គលអ្នកព្រមព្រៀងដូចម្តេច រូបទើបបាត់បង់ទៅ។
[១៧៩] ពាក្យថា ទាំងសុខ និងទុក្ខ បាត់បង់ទៅ ដោយប្រការដូចម្តេច គឺសុខ និងទុក្ខបាត់បង់ទៅ វិនាស កន្លង ឈានកន្លង ប្រព្រឹត្តកន្លងទៅ ដោយប្រការដូចម្តេច។ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ទាំងសុខ និងទុក្ខ បាត់បង់ទៅ ដោយប្រការដូចម្តេច។
[១៨០] ពាក្យថា សូមព្រះអង្គពោលដំណើរនុ៎ះដល់ខ្ញុំ (សុខ និងទុក្ខ) បាត់បង់ទៅ ដោយប្រការយ៉ាងណា ត្រង់ពាក្យថា ដំណើរនុ៎ះ គឺខ្ញុំសួររកដំណើរណា សូមដំណើរណា អារាធនាដំណើរណា ចោទដំណើរណា ហេតុនោះ (ទ្រង់ត្រាស់សួរថា) ដំណើរនុ៎ះ។ ពាក្យថា សូមព្រះអង្គពោលដល់ខ្ញុំ គឺសូមព្រះអង្គថ្លែង ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសដល់ខ្ញុំ ហេតុនោះ (ទ្រង់ត្រាស់សួរថា) សូមព្រះអង្គពោលដំណើរនុ៎ះ ដល់ខ្ញុំ។ ពាក្យថា (សុខ និងទុក្ខ) បាត់បង់ទៅ ដោយប្រការយ៉ាងណា គឺ (សុខ និងទុក្ខ) បាត់បង់ វិនាស កន្លង ឈានកន្លង ប្រព្រឹត្តកន្លងទៅ ដោយប្រការយ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់សួរថា) សូមព្រះអង្គពោលដំណើរនុ៎ះ ដល់ខ្ញុំ (សុខ និងទុក្ខ) បាត់បង់ទៅ ដោយប្រការយ៉ាងណា។
[១៨១] ពាក្យថា ឲ្យខ្ញុំយល់ច្បាស់ ព្រោះថា ខ្ញុំមានចិត្តដូច្នេះ ត្រង់ពាក្យថា ឲ្យខ្ញុំយល់ច្បាស់ គឺ ឲ្យខ្ញុំដឹង ដឹងជាក់ ដឹងច្បាស់ ដឹងប្រាកដ ចាក់ធ្លុះចំពោះ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ឲ្យខ្ញុំយល់ច្បាស់។ ពាក្យថា ខ្ញុំមានចិត្តដូច្នេះ គឺ ចិត្តរបស់ខ្ញុំបានមានហើយដូច្នេះ តម្រិះរបស់ខ្ញុំ បានមានហើយដូច្នេះ វិញ្ញាណរបស់ខ្ញុំ បានមានហើយដូច្នេះ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ឲ្យខ្ញុំយល់ច្បាស់ ព្រោះថា ខ្ញុំមានចិត្តដូច្នេះ។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះពោលថា
បុគ្គលអ្នកព្រមព្រៀងដូចម្តេច រូបទើបបាត់បង់ទៅ ទាំងសុខ និងទុក្ខ បាត់បង់ទៅ ដោយប្រការដូចម្តេច សូមព្រះអង្គពោលដំណើរនុ៎ះដល់ខ្ញុំ ឲ្យខ្ញុំយល់ច្បាស់ថា (សុខ និងទុក្ខ) បាត់បង់ទៅ ដោយប្រការយ៉ាងណា ព្រោះថា ខ្ញុំមានចិត្តដូច្នេះ។
[១៨២]
(ព្រះមានព្រះភាគត្រាស់ថា) មិនមែនបុគ្គលមានសញ្ញាដោយសញ្ញា (ប្រក្រតី) ទេ មិនមែនបុគ្គលមានសញ្ញាដោយសញ្ញាវិបល្លាសទេ3) មិនមែនបុគ្គលមិនមានសញ្ញាទេ4) មិនមែនបុគ្គលមានសញ្ញាវិនាសទេ5) បុគ្គលអ្នកព្រមព្រៀងយ៉ាងនេះ រូបរមែងវិនាស ព្រោះថា បបញ្ចសង្ខា (ធម៌ជាគ្រឿងញុំាងសត្វឲ្យយឺតយូរ) មានសញ្ញាជាហេតុ។
[១៨៣] ពាក្យថា មិនមែនបុគ្គលមានសញ្ញា ដោយសញ្ញា (ប្រក្រតី) ទេ មិនមែនបុគ្គលមានសញ្ញា ដោយសញ្ញាវិបល្លាសទេ សេចក្តីថា ពួកជនណា ឋិតនៅដោយសញ្ញាប្រក្រតី ពួកជននោះ លោកហៅថា អ្នកមានសញ្ញាដោយសញ្ញាប្រក្រតី ឯបុគ្គលនោះ មិនមែនឋិតនៅដោយសញ្ញាប្រក្រតីទេ។ ពួកមនុស្សឆ្កួត និងពួកជនណា មានចិត្តរវើរវាយ ពួកជននោះ លោកហៅថា អ្នកមានសញ្ញាដោយសញ្ញាវិបល្លាស ឯបុគ្គលនោះមិនមែនឆ្កួត ទាំងមិនមែនមានចិត្តរវើរវាយទេ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនមែនបុគ្គលមានសញ្ញាដោយសញ្ញា (ប្រក្រតី) ទេ មិនមែនបុគ្គលមានសញ្ញាដោយសញ្ញាវិបល្លាសទេ។
[១៨៤] ពាក្យថា មិនមែនបុគ្គលមិនមានសញ្ញាទេ មិនមែនបុគ្គលមានសញ្ញាវិនាសទេ សេចក្តីថា ពួកបុគ្គលអ្នកចូលនិរោធ និងពួកអសញ្ញសត្វឯណា ពួកបុគ្គលនោះ លោកហៅថា អ្នកមិនមានសញ្ញា ឯបុគ្គលនោះ មិនមែនអ្នកចូលនិរោធ ទាំងមិនមែនអសញ្ញសត្វទេ។ ពួកជនណា ជាអ្នកបានអរូបសមាបត្តិ ៤ ពួកជននោះ លោកហៅថា អ្នកមានសញ្ញាវិនាស ឯបុគ្គលនោះ មិនមែនអ្នកបានអរូបសមាបត្តិ ៤ ទេ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនមែនបុគ្គលមិនមានសញ្ញាទេ មិនមែនបុគ្គលមានសញ្ញាវិនាសទេ។
[១៨៥] ពាក្យថា បុគ្គលអ្នកព្រមព្រៀងយ៉ាងនេះ រូបរមែងវិនាស អធិប្បាយថា ភិក្ខុក្នុងសាសនានេះ ព្រោះការលះបង់សុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន កាលបើចិត្តតម្កល់ស៊ប់ បរិសុទ្ធ ផូរផង់ មិនមានកិលេស មានឧបក្កិលេសទៅប្រាសហើយ ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងនួន មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះជាអ្នកព្រមព្រៀង ក្នុងផ្លូវនៃអរូបសមាបត្តិ រមែងបង្អោនចិត្តទៅដើម្បីការបានអាកាសានញ្ចាយតនសមាបត្តិ បុគ្គលអ្នកព្រមព្រៀងយ៉ាងនេះ ប្រតិបត្តិយ៉ាងនេះ សម្រេចយ៉ាងនេះ ប្រព្រឹត្តយ៉ាងនេះ រក្សាយ៉ាងនេះ រស់នៅយ៉ាងនេះ ញុំាងអត្តភាពឲ្យរស់នៅយ៉ាងនេះ ដោយប្រការដូច្នេះ រូបរមែងវិនាសបាត់បង់ ឈានកន្លង ប្រព្រឹត្តកន្លងទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នកព្រមព្រៀងយ៉ាងនេះ រូបរមែងវិនាស។
[១៨៦] ពាក្យថា ព្រោះបបញ្ចសង្ខា មានសញ្ញាជាហេតុ សេចក្តីថា ធម៌ជាគ្រឿងញុំាងសត្វឲ្យយឺតយូរហ្នឹងឯង ឈ្មោះថា បបញ្ចសង្ខា បានដល់បបញ្ចសង្ខាគឺតណ្ហា បបញ្ចសង្ខាគឺទិដ្ឋិ បបញ្ចសង្ខាគឺមានះ មានសញ្ញាជាហេតុ មានសញ្ញាជាហេតុនាំឲ្យកើត មានសញ្ញាជាកំណើត មានសញ្ញាជាដែនកើតមុន ហេតុនោះ (ទ្រង់ត្រាស់ថា) បបញ្ចសង្ខា មានសញ្ញាជាហេតុ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
មិនមែនបុគ្គលមានសញ្ញា ដោយសញ្ញា (ប្រក្រតី) ទេ មិនមែនបុគ្គលមានសញ្ញាដោយសញ្ញាវិបល្លាសទេ មិនមែនបុគ្គលមិនមានសញ្ញាទេ មិនមែនបុគ្គលមានសញ្ញាវិនាសទេ បុគ្គលអ្នកព្រមព្រៀងយ៉ាងនេះ រូបរមែងវិនាស ព្រោះថា បបញ្ចសង្ខា មានសញ្ញាជាហេតុ។
[១៨៧]
(ព្រះពុទ្ធនិមិ្មតសួរថា) យើងខ្ញុំបានសួរសេចក្តីណា ព្រះអង្គបានប្រាប់សេចក្តីនោះហើយ យើងខ្ញុំសូមសួរសេចក្តីដទៃចំពោះព្រះអង្គទៀត សូមព្រះអង្គ ប្រាប់សេចក្តីនោះ សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធរបស់យក្សថាប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះឬ ឬក៏ពោលសេចក្តីបរិសុទ្ធដទៃ អំពីហេតុនេះ។
[១៨៨] ពាក្យថា យើងខ្ញុំបានសួរសេចក្តីណា ព្រះអង្គបានប្រាប់សេចក្តីនោះហើយ គឺយើងខ្ញុំបានសួរ បានអង្វរ បានអារាធនា បានជ្រះថ្លានូវហេតុណា។ ពាក្យថា ព្រះអង្គបានប្រាប់សេចក្តីនោះហើយ គឺព្រះអង្គបានសំដែង សំដែងទួទៅ ប្រាប់ ទេសនា បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាសទុកហើយ ហេតុនោះ (ទ្រង់ត្រាស់សួរថា) យើងខ្ញុំបានសួរសេចក្តីណា ព្រះអង្គបានប្រាប់សេចក្តីនោះហើយ។
[១៨៩] ពាក្យថា យើងខ្ញុំសូមសួរសេចក្តីដទៃ ចំពោះព្រះអង្គទៀត សូមព្រះអង្គប្រាប់សេចក្តីនោះ គឺយើងខ្ញុំសួរហេតុឯទៀត ចំពោះព្រះអង្គ សូមហេតុឯទៀតចំពោះព្រះអង្គ អារាធនាហេតុឯទៀតចំពោះព្រះអង្គ ជ្រះថ្លាហេតុឯទៀតចំពោះព្រះអង្គ គឺសួរព្រះអង្គនូវសេចក្តីដទៃតទៅទៀត។ ពាក្យថា សូមព្រះអង្គប្រាប់សេចក្តីនោះ គឺសូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត តម្កល់ទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (ទ្រង់ត្រាស់សួរថា) យើងខ្ញុំសូមសួរសេចក្តីដទៃចំពោះព្រះអង្គទៀត សូមព្រះអង្គប្រាប់សេចក្តីនោះ។
[១៩០] ពាក្យថា សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិរបស់យក្សថាប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះឬ សេចក្តីថា សមណព្រាហ្មណ៍ពួកខ្លះ ពោល សំដែង និយាយ បំភ្លឺ បញ្ចេញ នូវសេចក្តីបរិសុទ្ធិ ថាប្រសើរ ប្រសើរដោយវិសេស ប្រសើរបំផុត ជាប្រធាន ថាឧត្តមថ្លៃថ្លា ដោយហេតុមានប្រមាណប៉ុណ្ណេះ គឺដោយអរូបសមាបត្តិ។ ពាក្យថា របស់យក្ស គឺរបស់សត្វ ជន មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស។ ពាក្យថា នូវសេចក្តីបរិសុទ្ធិ គឺនូវសេចក្តីស្អាត សេចក្តីផូរផង់ដោយវិសេស សេចក្តីម៉ត់ចត់ដោយជុំវិញ កិរិយារួច ការរួចដោយវិសេស ការរួចស្រឡះ។ ពាក្យថា ជាបណ្ឌិតក្នុងលោកនេះ គឺពួកជនក្នុងលោកនេះ អ្នកមានវាទៈជាបណ្ឌិត មានវាទៈប្រកបដោយប្រាជ្ញា មានវាទៈប្រកបដោយញាណ មានវាទៈប្រកបដោយហេតុ មានវាទៈប្រកបដោយលក្ខណៈ មានវាទៈសមតាមការណ៍ មានវាទៈសមតាមឋានៈ សមតាមលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់សួរថា) សមណព្រាហ្មណ៍ពួកខ្លះក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិរបស់យក្សថា ប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះឬ។
[១៩១] ពាក្យថា ឬក៏ពោលសេចក្តីបរិសុទ្ធិដទៃ អំពីហេតុនេះ សេចក្តីថា សមណព្រាហ្មណ៍ពួកខ្លះ កន្លង ឈានកន្លង ប្រព្រឹត្តកន្លង នូវអរូបសមាបត្តិទាំងនុ៎ះហើយ ពោល សំដែង និយាយ បំភ្លឺ បញ្ចេញ នូវសេចក្តីស្អាត សេចក្តីផូរផង់ដោយវិសេស សេចក្តីម៉ត់ចត់ដោយជុំវិញ កិរិយារួច ការរួចដោយវិសេស ការរួចស្រឡះដទៃរបស់យក្ស ជាគុណជាតិក្រៃលែងជាងហេតុនេះ គឺជាអរូបសមាបត្តិ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ឬក៏ពោលសេចក្តីបរិសុទ្ធិដទៃ អំពីហេតុនេះ។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះពោលថា
យើងខ្ញុំបានសួរសេចក្តីណា ព្រះអង្គបានប្រាប់សេចក្តីនោះហើយ យើងខ្ញុំសូមសួរសេចក្តីដទៃចំពោះព្រះអង្គទៀត សូមព្រះអង្គប្រាប់សេចក្តីនោះ សមណព្រាហ្មណ៍ពួកខ្លះក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិ របស់យក្ស ថាប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះឬ ឬក៏ពោលសេចក្តីបរិសុទ្ធិដទៃ អំពីហេតុនេះ។
[១៩២]
(ព្រះមានព្រះភាគ ត្រាស់ថា) សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិរបស់យក្សថា ប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍មួយពួកទៀត ជាអ្នកប្រកាន់ថា ខ្លួនឈ្លាសវៃ តែងពោលនូវសម័យ ក្នុងអនុបាទិសេសៈ។
[១៩៣] ពាក្យថា សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិរបស់យក្សថា ប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះ សេចក្តីថា មានសមណព្រាហ្មណ៍ពួកខ្លះ ជាសស្សតវាទ ពោល សំដែង និយាយ បំភ្លឺ បញ្ចេញ (នូវសេចក្តីបរិសុទ្ធិ) ថាប្រសើរ ប្រសើរដោយវិសេស ប្រសើរបំផុត ជាប្រធាន ថាឧត្តម ថ្លៃថ្លា ដោយហេតុមានប្រមាណប៉ុណ្ណេះគឺ ដោយអរូបសមាបត្តិ។ ពាក្យថា របស់យក្ស គឺរបស់សត្វ ជន មាណព បុរស បុគ្គល សត្វមានជីវិត សត្វមានជាតិ សត្វមានជរា សត្វទៅដោយឥន្រ្ទិយ សត្វកើតអំពីមនុស្ស។ ពាក្យថា នូវសេចក្តីបរិសុទ្ធិ គឺនូវសេចក្តីស្អាត សេចក្តីផូរផង់ដោយវិសេស សេចក្តីម៉ត់ចត់ដោយជុំវិញ ការរួច ការរួចដោយវិសេស ការរួចស្រឡះ។ ពាក្យថា ជាបណ្ឌិត ក្នុងលោកនេះ គឺជាអ្នកមានវាទៈជាបណ្ឌិត មានវាទៈប្រកបដោយប្រាជ្ញា មានវាទៈប្រកបដោយញាណ មានវាទៈប្រកបដោយហេតុ មានវាទៈប្រកបដោយលក្ខណៈ មានវាទៈប្រកបដោយការណ៍ មានវាទៈសមតាមឋានៈ សមតាមលទិ្ធរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិរបស់យក្សថាប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះ។
[១៩៤] ពាក្យថា បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍មួយពួកទៀត ជាអ្នកប្រកាន់ថា ខ្លួនឈ្លាសវៃ ពោលនូវសម័យក្នុងអនុបាទិសេសៈ សេចក្តីថា បណ្តាសមណព្រាហ្មណ៍ទាំងនោះឯង សមណព្រាហ្មណ៍ពួកខ្លះ ជាឧច្ឆេទវាទ ជាអ្នកតក់ស្លុតអំពីភព ហើយត្រេកអរនូវការប្រាសចាកភព សមណព្រាហ្មណ៍ទាំងនោះ ពោលនូវសេចក្តីស្ងប់ ការស្ងប់វិសេស ការស្ងប់រម្ងាប់ ការរលត់ ការស្ងប់ឈឹង របស់សត្វថា ម្នាលអ្នកទាំងឡាយដ៏ចំរើន កាលដែលអត្តា (ខ្លួន ឬចិត្ត) នេះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងសូន្យ វិនាស មិនកើតទៀត។ អត្តានោះ ជាសភាវៈមិនមានឧបាទិសល់នៅ ដោយហេតុត្រឹមប៉ុណ្ណេះ។ ពាក្យថា ជាអ្នកប្រកាន់ថាខ្លួនឈ្លាសវៃ គឺជាអ្នកមានវាទៈដ៏ឈ្លាស មានវាទៈជាបណ្ឌិត មានវាទៈប្រកបដោយប្រាជ្ញា មានវាទៈប្រកបដោយញាណ មានវាទៈប្រកបដោយហេតុ មានវាទៈប្រកបដោយលក្ខណៈ មានវាទៈប្រកបដោយការណ៍ មានវាទៈសមតាមឋានៈ សមតាមលិទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍មួយពួកទៀត ជាអ្នកប្រកាន់ថាខ្លួនឈ្លាសវៃ តែងពោលនូវសម័យក្នុងអនុបាទិសេសៈ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
សមណព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ ជាបណ្ឌិត ពោលនូវសេចក្តីបរិសុទ្ធិរបស់យក្សថា ប្រសើរ ដោយហេតុមានប្រមាណប៉ុណ្ណេះ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍មួយពួកទៀត ជាអ្នកប្រកាន់ថាខ្លួនឈ្លាសវៃ ពោលនូវសម័យក្នុងអនុបាទិសេសៈ។
[១៩៥]
មុនិ ជាអ្នកមានប្រាជ្ញា ជាធីរៈនោះ ដឹងនូវពួកជនទាំងនុ៎ះថា ជាអ្នកអាស្រ័យ (នូវទិដ្ឋិ) ផង ដឹងនូវនិស្ស័យទាំងឡាយផង លុះដឹងហើយ ទើបជាអ្នករួចស្រឡះ រមែងមិនដល់នូវវិវាទ មិនអន្ទោលទៅក្នុងភពតូចភពធំ។
[១៩៦] ពាក្យថា ដឹងនូវពួកជនទាំងនុ៎ះ ថាជាអ្នកអាស្រ័យ (នូវទិដ្ឋិ) ផង ត្រង់ពាក្យថា ពួកជនទាំងនុ៎ះ គឺបុគ្គលអ្នកលុះក្នុងទិដ្ឋិ។ ពាក្យថា ជាអ្នកអាស្រ័យ គឺដឹងថា ជាអ្នកអាស្រ័យសស្សតទិដ្ឋិ ដឹងថាជាអ្នកអាស្រ័យឧច្ឆេទទិដ្ឋិ ដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដថា ជាអ្នកអាស្រ័យសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងនូវពួកជនទាំងនុ៎ះថា ជាអ្នកអាស្រ័យ (នូវទិដ្ឋិ) ផង។
[១៩៧] ពាក្យថា មុនិ ជាអ្នកមានប្រាជ្ញានោះ ដឹងនូវនិស្ស័យទាំងឡាយ ត្រង់ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ។បេ។ មុនិនោះ កន្លងនូវបណ្តាញ ជាគ្រឿងជាប់ចំពាក់។ មុនិដឹងថា បុគ្គលនេះ អាស្រ័យសស្សតទិដ្ឋិ ដឹងថា បុគ្គលនេះ អាស្រ័យឧច្ឆេទទិដ្ឋិ ដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាដកថា បុគ្គលនេះ អាស្រ័យសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ។ ពាក្យថា មុនិជាអ្នកមានប្រាជ្ញានោះ គឺជាបណ្ឌិតអ្នកមានប្រាជ្ញា អ្នកមានសេចក្តីត្រាស់ដឹង អ្នកមានញាណ អ្នកមានសេចក្តីឈ្វេងយល់ អ្នកមានប្រាជ្ញាជាគ្រឿងកំចាត់កិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិជាអ្នកមានប្រាជ្ញានោះ ដឹងនូវនិស្ស័យទាំងឡាយ។
[១៩៨] ពាក្យថា លុះដឹងហើយ ទើបជាអ្នករួចស្រឡះ រមែងមិនដល់នូវវិវាទ គឺលុះដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដហើយ ទើបជាអ្នករួច រួចស្រឡះ រួចផុត រួចស្រឡះដោយប្រពៃ ដោយអច្ចន្តអនុបាទាវិមោក្ខ គឺថា លុះដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងមិនទៀង ហើយជាអ្នករួច រួចស្រឡះ រួចផុត រួចដោយប្រពៃ ដោយអច្ចន្តអនុបាទាវិមោក្ខ លុះដឹង ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដថា សង្ខារទាំងពួងជាទុក្ខ ថាធម៌ទាំងពួងជាអនត្តា។បេ។ ថា វត្ថុណាមួយ មានកិរិយាកើតជាធម្មតា វត្ថុទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា ហើយជាអ្នករួច រួចស្រឡះ រួចផុត រួចស្រឡះដោយប្រពៃ ដោយអច្ចន្តអនុបាទាវិមោក្ខ ហេតុនោះ (ទ្រង់ត្រាស់ថា) លុះដឹងហើយ ទើបជាអ្នករួចស្រឡះ។ ពាក្យថា រមែងមិនដល់នូវវិវាទ គឺរមែងមិនធ្វើនូវកិរិយាឈ្លោះប្រកែក មិនធ្វើនូវជម្លោះ មិនធ្វើនូវសេចក្តីប្រកួតប្រកាន់ មិនធ្វើនូវវិវាទ មិនធ្វើនូវការទាស់ទែង។ សមដូចពាក្យនុ៎ះ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលអគ្គិវេស្សនៈ ភិក្ខុមានចិត្តរួចស្រឡះយ៉ាងនេះហើយ រមែងមិនឈ្លោះនឹងនរណាមួយ មិនទាស់ទែងនឹងនរណាមួយ ពាក្យឯណា ដែលគេនិយាយហើយក្នុងលោក ភិក្ខុនោះ រមែងពោលតាមពាក្យនោះ តែមិនប្រកាន់។ ហេតុនោះ (ទ្រង់ត្រាស់ថា) លុះដឹងហើយ ទើបជាអ្នករួចស្រឡះ រមែងមិនដល់នូវវិវាទ។
[១៩៩] ពាក្យថា ជាធីរៈ មិនអន្ទោលទៅក្នុងភពតូចភពធំ ត្រង់ពាក្យថា ក្នុងភពតូចភពធំ គឺមិនអន្ទោលទៅ មិនមក មិនកាន់យក មិនស្ទាបអង្អែល មិនជាប់ចំពាក់ក្នុងកម្មភព បុនព្ភព ឈ្មោះថា ក្នុងភពតូចភពធំ កាមភពឈ្មោះកម្មភព កាមភពឈ្មោះបុនព្ភព រូបភពឈ្មោះកម្មភព រូបភពឈ្មោះបុនព្ភព អរូបភពឈ្មោះកម្មភព អរូបភពឈ្មោះបុនព្ភព ក្នុងការកើតរឿយៗ ទៅរឿយ ៗ ការកើតឡើងរឿយ ៗ បដិសន្ធិរឿយៗ ការកើតឡើងចំពោះនៃអត្តភាពរឿយ ៗ។ ពាក្យថា ជាធីរៈ គឺជាអ្នកប្រាជ្ញ ជាបណ្ឌិតអ្នកមានប្រាជ្ញា អ្នកមានការត្រាស់ដឹង មានញាណ មានសេចក្តីឈ្វេងយល់ មានប្រាជ្ញាទំលុះទំលាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាធីរៈ មិនអន្ទោលទៅក្នុងភពតូចភពធំ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
មុនិ ជាអ្នកមានប្រាជ្ញា ជាធីរៈនោះ ដឹងនូវពួកជនទាំងនុ៎ះថា ជាអ្នកអាស្រ័យ (នូវទិដ្ឋិ) ផង ដឹងនូវនិស្ស័យទាំងឡាយផង លុះដឹងហើយ ទើបជាអ្នករួចស្រឡះ រមែងមិនដល់នូវវិវាទ មិនអន្ទោលទៅក្នុងភពតូចភពធំ។
ចប់ កលហវិវាទសុត្តនិទ្ទេស ទី១១។
(១២. ចូឡវិយូហសុត្តនិទ្ទេសោ)
[២០០]
(ព្រះពុទ្ធនិមិ្មតសួរថា) ជនទាំងឡាយ ប្រកាន់ថា ខ្លួនឈ្លាសវៃ ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួន ៗ រមែងប្រកាន់យក (នូវទិដ្ឋិនោះ) ហើយពោលផ្សេងៗ ថា បុគ្គលណាដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថាដឹងធម៌ បុគ្គលណា បដិសេធសេចក្តីនេះ បុគ្គលនោះ ឈ្មោះថាមិនមានគុណធម៌បរិបូណ៌។
[២០១] ពាក្យថា ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួន ៗ អធិប្បាយថា មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ កាន់យក រៀនយក ប្រកាន់ បបោសអង្អែល ជាប់ចិត្ត បណ្តាទិដ្ឋិ ៦២ នូវទិដ្ឋិណាមួយ ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំ ក្នុងទិដ្ឋិរបស់ខ្លួន ៗ។ ពួកអ្នកមានផ្ទះក្តី រមែងនៅក្នុងផ្ទះ ពួកអ្នកត្រូវអាបត្តិក្តី រមែងនៅក្នុងអាបត្តិ ពួកអ្នកប្រកបដោយកិលេសក្តី រមែងនៅក្នុងកិលេស យ៉ាងណា មានសមណព្រាហ្មណ៍ពួកខ្លះ ជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ កាន់យក រៀនយក ប្រកាន់យក បបោសអង្អែល ជាប់ចិត្ត បណ្តាទិដ្ឋិ ទាំង ៦២ នូវទិដ្ឋិណាមួយ ហើយនៅ នៅរួម នៅគ្រប់គ្រង នៅត្រាំ ក្នុងទិដ្ឋិរបស់ខ្លួន ៗ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួន ៗ។
[២០២] អធិប្បាយពាក្យថា ប្រកាន់ថា ខ្លួនឈ្លាសវៃ រមែងប្រកាន់យក (នូវទិដ្ឋិនោះ) ហើយពោលផ្សេងៗ ត្រង់ពាក្យថា ប្រកាន់យក គឺកាន់យក រៀនយក ប្រកាន់យក បបោសអង្អែល ជាប់ចិត្ត។ ពាក្យថា ពោលផ្សេងៗ គឺនិយាយផ្សេងៗ ពោលពាក្យមានប្រការផ្សេងៗ ពោលពាក្យដទៃ ៗ ពោលពាក្យច្រើន ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវពាក្យជាអនេក។ ពាក្យថា ប្រកាន់ថា ជាអ្នកឈ្លាសវៃ បានសេចក្តីថា មានវាទៈដ៏ឈ្លាស មានវាទៈជាបណ្ឌិត មានវាទៈជាអ្នកប្រាជ្ញ មានវាទៈប្រកបដោយញាណ មានវាទៈត្រូវតាមទំនង មានវាទៈប្រកបដោយលក្ខណៈ មានវាទៈប្រកបដោយហេតុ មានវាទៈគួរដល់ឋានៈ តាមលទិ្ធរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់សួរថា) ប្រកាន់ថាខ្លួន ឈ្លាសវៃ រមែងប្រកាន់យក (នូវទិដ្ឋិនោះ) ហើយពោលពាក្យផ្សេងៗ។
[២០៣] ពាក្យថា បុគ្គលណាដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថាដឹងធម៌ គឺបុគ្គលណា ដឹងនូវធម៌ នូវទិដ្ឋិ នូវបដិបទា នូវមគ្គនេះ បុគ្គលនោះ ឈ្មោះថាដឹង បានដឹង បានឃើញ ចាក់ធ្លុះនូវធម៌ ហេតុនោះ (ទ្រង់ត្រាស់សួរថា) បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងធម៌។
[២០៤] ពាក្យថា បុគ្គលណា បដិសេធសេចក្តីនេះ បុគ្គលនោះ ឈ្មោះថាមិនមានគុណធម៌បរិបូណ៌ គឺបុគ្គលណា ឃាត់នូវធម៌ នូវទិដ្ឋិ នូវបដិបទា នូវមគ្គនេះ បុគ្គលនោះ ឈ្មោះថា ជាមនុស្សមិនពេញលេញ មិនគ្រប់គ្រាន់ មិនបរិបូណ៌ ជាបុគ្គលថោកទាប ហីនហោច អាប់ឱន លាមក គម្រក់ រលីបរលាប ហេតុនោះ (ទ្រង់ត្រាស់សួរថា) បុគ្គលណា បដិសេធសេចក្តីនេះ បុគ្គលនោះ ឈ្មោះថាមិនមានគុណធម៌បរិបូណ៌។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះ ត្រាស់សួរថា
ជនទាំងឡាយ ប្រកាន់ថាខ្លួនឈ្លាសវៃ ជាអ្នកដំអក់នៅក្នុងទិដ្ឋិរបស់ខ្លួនៗ រមែងប្រកាន់យក (នូវទិដ្ឋិនោះ) ហើយពោលផ្សេងៗ ថា បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថាដឹងធម៌ បុគ្គលណា បដិសេធសេចក្តីនេះ បុគ្គលនោះ ឈ្មោះថាមិនមានគុណធម៌បរិបូណ៌។
[២០៥]
ជនទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា ទាំងពោលថា ជាមនុស្សពាល ទន់ទាប មិនឈ្លាសវៃ តើវាទៈដូចម្តេច របស់ជនទាំងនេះ ជាវាទៈពិត ព្រោះថា ជនទាំងនេះ ជាអ្នកពោលថា ខ្លួនឈ្លាសវៃទាំងអស់គ្នា។
[២០៦] ពាក្យថា ជនទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា សេចក្តីថា ជនទាំងឡាយ កាន់យក រៀនយក ប្រកាន់យក បបោសអង្អែល ជាប់ចិត្ត យ៉ាងនេះហើយ រមែងទាស់ទែងគ្នា គឺធ្វើនូវជម្លោះ ធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវសេចក្តីប្រកាន់ខុស ធ្វើនូវវិវាទ ធ្វើនូវការប្រណាំងប្រជែងថា អ្នកមិនចេះធម៌វិន័យនេះទេ។បេ។ ឬបើអ្នកអាច អ្នកចូរដោះស្រាយឲ្យរួចចុះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា។
[២០៧] ពាក្យថា ទាំងពោលថា ជាមនុស្សពាល ទន់ទាប មិនឈ្លាសវៃ គឺបានពោលយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះថា បុគ្គលនេះ ជាមនុស្សទន់ទាប ជាបុគ្គលពាល ថោកទាប ថោកថយ អ័ប្បឱន លាមក គម្រក់ ជាមនុស្សកម្ទេចកម្ទី មិនឈ្លាស មិនយល់ ជាអ្នកលុះក្នុងអំណាចអវិជ្ជា ជាបុគ្គលមិនមានញាណ មិនមានការពិចារណាដោយញាណ អ័ប្បឥតប្រាជ្ញា ហេតុនោះ (ទ្រង់ត្រាស់សួរថា) ទាំងពោលថា ជាមនុស្សពាល ទន់ទាប មិនឈ្លាសវៃ។
[២០៨] ពាក្យថា តើវាទៈដូចម្តេច របស់ជនទាំងនេះ ជាវាទៈពិត គឺវាទៈដូចម្តេច របស់សមណព្រាហ្មណ៍ទាំងនេះ ជាវាទៈពិតប្រាកដមែន ទៀងទាត់ ត្រឹមត្រូវ មិនវិបរិត ហេតុនោះ (ទ្រង់ត្រាស់សួរថា) តើវាទៈដូចម្តេច របស់ជនទាំងនេះ ជាវាទៈពិត។
[២០៩] ពាក្យថា ព្រោះថាជនទាំងនេះ ជាអ្នកពោលថាខ្លួនឈ្លាសវៃទាំងអស់គ្នា គឺសមណព្រាហ្មណ៍ទាំងអស់នេះ ជាអ្នកពោលថា ខ្លួនជាអ្នកឈ្លាសវៃ ពោលថាជាបណ្ឌិត ពោលថាជាអ្នកប្រាជ្ញ ពោលថាប្រកបដោយញាណ ពោលថាត្រូវតាមទំនង ពោលថាប្រកបដោយលក្ខណៈ ពោលថាប្រកបដោយហេតុ ពោលថាគួរដល់ឋានៈ តាមលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់សួរថា) ព្រោះថា ជនទាំងនេះ ជាអ្នកពោលថា ខ្លួនឈ្លាសវៃទាំងអស់គ្នា។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះ ត្រាស់សួរថា
ជនទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា ទាំងពោលថា ជាមនុស្សពាល ទន់ទាប មិនឈ្លាសវៃ តើវាទៈដូចម្តេច របស់ជនទាំងនេះ ជាវាទៈពិត ព្រោះថា ជនទាំងនេះ ជាអ្នកពោលថា ខ្លួនឈ្លាសវៃទាំងអស់គ្នា។
[២១០]
(ព្រះមានព្រះភាគត្រាស់ថា) បុគ្គលពាល ជាអ្នកថោកទាប មានបញ្ញាទន់អន់ មិនយល់នូវធម៌របស់បុគ្គលដទៃ ជនទាំងអស់ ជាមនុស្សពាល មានបញ្ញាទន់អន់ ជនទាំងអស់នេះ ជាអ្នកតំអក់នៅក្នុងទិដ្ឋិ។
[២១១] ពាក្យថា មិនយល់នូវធម៌របស់បុគ្គលដទៃ គឺមិនយល់តាម មិនឃើញតាម មិនដឹងតាម មិនត្រេកអរតាម នូវធម៌ នូវទិដ្ឋិ នូវបដិបទា នូវមគ្គ របស់បុគ្គលដទៃ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនយល់នូវធម៌របស់បុគ្គលដទៃ។
[២១២] ពាក្យថា បុគ្គលពាល ជាអ្នកថោកទាប មានបញ្ញាទន់អន់ គឺបុគ្គលឈ្លើយ ល្ងង់ ថោកទាប ទន់អន់ ថោកថយ លាមក គម្រក់ ជាមនុស្សកម្ទេចកម្ទី មានបញ្ញាថោកទាប មានបញ្ញាទន់អន់ មានបញ្ញាថោកថយ មានបញ្ញាលាមក មានបញ្ញាគម្រក់ មានបញ្ញាស្តួចស្តើង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលពាល ជាអ្នកថោកទាប មានបញ្ញាទន់អន់។
[២១៣] ពាក្យថា ជនទាំងអស់ ជាមនុស្សពាល មានបញ្ញាទន់អន់ គឺពួកសមណព្រាហ្មណ៍ទាំងអស់នេះ ជាបុគ្គលល្ងង់ ថោកទាប ទន់អន់ ថោកថយ លាមក គម្រក់ ជាមនុស្សកម្ទេចកម្ទី សមណព្រាហ្មណ៍ទាំងអស់ មានបញ្ញាថោកទាប មានបញ្ញាទន់អន់ មានបញ្ញាថោកថយ មានបញ្ញាលាមក មានបញ្ញាគម្រក់ មានបញ្ញាស្តួចស្តើង ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងអស់ ជាមនុស្សពាល មានបញ្ញាថោកថយ។
[២១៤] ពាក្យថា ជនទាំងអស់នេះ ជាអ្នកតំអក់នៅក្នុងទិដ្ឋិ គឺពួកសមណព្រាហ្មណ៍ទាំងអស់នេះ ជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងអស់នោះ កាន់ រៀន ប្រកាន់ បបោសអង្អែល ជាប់ចិត្ត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិណាមួយ ហើយនៅ នៅរួម នៅជាប់ នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួន ៗ។ បុគ្គលមានផ្ទះក្តី រមែងនៅក្នុងផ្ទះ បុគ្គលអ្នកត្រូវអាបត្តិក្តី រមែងនៅក្នុងអាបត្តិ បុគ្គលប្រកបដោយកិលេសក្តី រមែងនៅក្នុងកិលេស យ៉ាងណាមិញ ពួកសមណព្រាហ្មណ៍ទាំងអស់នេះ ជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ កាន់ រៀន ប្រកាន់ បបោសអង្អែល ជាប់ចិត្ត បណ្តាទិដ្ឋិទាំង ៦២ នូវទិដ្ឋិណាមួយ ហើយនៅ នៅរួម នៅជាប់ នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួន ៗ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងអស់នេះ ជាអ្នកតំអក់នៅក្នុងទិដ្ឋិ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលពាល ជាអ្នកថោកទាប មានបញ្ញាទន់អន់ រមែងមិនយល់នូវធម៌របស់បុគ្គលដទៃ ជនទាំងអស់ ជាមនុស្សពាល មានបញ្ញាទន់អន់ ជនទាំងអស់នេះ ជាអ្នកតំអក់នៅក្នុងទិដ្ឋិ។
[២១៥]
ប្រសិនបើ បុគ្គលទាំងឡាយ ជាអ្នកមានបញ្ញាឈ្លាសវៃ មានបញ្ញាបរិសុទ្ធល្អ មានញាណដ៏ផូរផង់ ដោយទិដ្ឋិរបស់ខ្លួន បណ្តាបុគ្គលទាំងឡាយនោះ បុគ្គលណាមួយ មានបញ្ញាទន់អន់ ឥតមានទេ ព្រោះថា ជនទាំងនោះ បានប្រកាន់ទិដ្ឋិយ៉ាងនោះហើយ។
[២១៦] ពាក្យថា ដ៏ផូរផង់ដោយទិដ្ឋិរបស់ខ្លួន គឺផូរផង់ ស្អាត មិនសៅហ្មង ដោយទិដ្ឋិរបស់ខ្លួន ដោយការគួររបស់ខ្លួន ដោយសេចក្តីគាប់ចិត្តរបស់ខ្លួន ដោយលទិ្ធរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ដ៏ផូរផង់ ដោយទិដ្ឋិរបស់ខ្លួន។
[២១៧] ពាក្យថា បុគ្គលទាំងឡាយ ជាអ្នកមានបញ្ញាឈ្លាសវៃ មានបញ្ញាបរិសុទ្ធល្អ គឺមានបញ្ញាស្អាត មានបញ្ញាស្អាតវិសេស មានបញ្ញាបរិសុទ្ធ មានបញ្ញាថ្លាស្អាត មានបញ្ញាផូរផង់។ ឬថា មានការឃើញស្អាត មានការឃើញស្អាតវិសេស មានការឃើញបរិសុទ្ធ មានការឃើញហ្មត់ចត់ មានការឃើញផូរផង់ ហេតុនោះ (ទ្រង់ត្រាស់ថា) មានបញ្ញាបរិសុទ្ធល្អ។ ពាក្យថា ឈ្លាសវៃ គឺប៉ិនប្រសប់ ជាបណ្ឌិតមានបញ្ញា មានបញ្ញាជាគ្រឿងដឹង មានញាណ មានបញ្ញាជាគ្រឿងបំភ្លឺ មានបញ្ញាជាគ្រឿងទំលាយកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) ឈ្លាសវៃ មានបញ្ញាបរិសុទ្ធល្អ។ ពាក្យថា មានបញ្ញា គឺមានការដឹង ជាបណ្ឌិតមានបញ្ញា មានបញ្ញាជាគ្រឿងដឹង មានញាណ មានបញ្ញាជាគ្រឿងបំភ្លឺ មានបញ្ញាជាគ្រឿងទំលាយកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលទាំងឡាយ ជាអ្នកមានបញ្ញាឈ្លាសវៃ មានបញ្ញាបរិសុទ្ធ។
[២១៨] ពាក្យថា បណ្តាបុគ្គលទាំងឡាយនោះ បុគ្គលណាមួយ មានបញ្ញាទន់អន់ ឥតមានទេ គឺបណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ណាមួយ មានបញ្ញាថោកទាប មានបញ្ញាទន់អន់ មានបញ្ញាថោកថយ មានបញ្ញាលាមក មានបញ្ញាគម្រក់ មានបញ្ញាស្តួចស្តើង ឥតមានទេ។ គឺថា សមណព្រាហ្មណ៍ទាំងអស់ មានបញ្ញាដ៏លើសលុប មានបញ្ញាប្រសើរ មានបញ្ញាប្រសើរវិសេស មានបញ្ញាជាប្រធាន មានបញ្ញាដ៏ឧត្តម មានបញ្ញាដ៏បវរ ហេតុនោះ (ទ្រង់ត្រាស់ថា) បណ្តាបុគ្គលទាំងនោះ បុគ្គលណាមួយ មានបញ្ញាទន់អន់ ឥតមានទេ។
[២១៩] ពាក្យថា ព្រោះថា ជនទាំងនោះ បានប្រកាន់ទិដ្ឋិយ៉ាងនោះហើយ គឺសមណព្រាហ្មណ៍ទាំងនោះ បានប្រកាន់ សមាទាន កាន់យក បបោសអង្អែល ជាប់ចិត្ត ជក់ចិត្ត ចុះចិត្តស៊ប់ ដោយប្រការដូច្នោះហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថា ជនទាំងនោះ បានប្រកាន់ទិដ្ឋិយ៉ាងនោះហើយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ប្រសិនបើបុគ្គលទាំងឡាយ ជាអ្នកមានបញ្ញាឈ្លាសវៃ មានបញ្ញាបរិសុទ្ធល្អ មានញាណដ៏ផូរផង់ ដោយទិដ្ឋិរបស់ខ្លួន បណ្តាបុគ្គលទាំងឡាយនោះ បុគ្គលណាមួយ មានបញ្ញាទន់អន់ ឥតមានទេ ព្រោះថា ជនទាំងនោះ បានប្រកាន់ទិដ្ឋិយ៉ាងនោះហើយ។
[២២០]
សមណព្រាហ្មណ៍ទាំងឡាយ ជាគូៗ បានពោលនូវគ្នានឹងគ្នាថាពាល ព្រោះទិដ្ឋិណា តថាគតមិនពោលនូវទិដ្ឋិនុ៎ះថាពិតទេ បុគ្គលទាំងឡាយបានធ្វើនូវទិដ្ឋិរបស់ខ្លួន ៗ ថាពិត ព្រោះហេតុនោះ បានជាជនទាំងឡាយតែងយល់នូវបុគ្គលដទៃថាពាល។
[២២១] អធិប្បាយពាក្យថា តថាគតមិនពោលនូវទិដ្ឋិនុ៎ះថាពិតទេ ត្រង់ពាក្យថា មិន គឺជាពាក្យហាមឃាត់។ ពាក្យថា ទិដ្ឋិនុ៎ះ គឺទិដ្ឋិ ៦២ សេចក្តីថា តថាគត មិនពោល មិនប្រាប់ មិនសំដែង មិនបញ្ញត្ត មិនតាំងទុក មិនបើក មិនវែកញែក មិនធ្វើឲ្យងាយ មិនប្រកាស នូវទិដ្ឋិនុ៎ះថាពិត ថាមែន ថាប្រាកដ ថាត្រូវ ថាមិនវិបរិត ដូច្នេះទេ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគត មិនពោលនូវទិដ្ឋិនុ៎ះថាពិតទេ។
[២២២] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយ ជាគូៗ បានពោលនូវគ្នានឹងគ្នាថា (ពាល) ព្រោះទិដ្ឋិណា ត្រង់ពាក្យថា ជាគូៗ បានសេចក្តីថា ជនពីរនាក់ គឺអ្នកធ្វើជម្លោះពីរនាក់ អ្នកធ្វើសេចក្តីប្រកួតប្រកាន់ពីរនាក់ អ្នកធ្វើតិរច្ឆានកថាពីរនាក់ អ្នកធ្វើវិវាទពីរនាក់ អ្នកធ្វើអធិករណ៍ពីរនាក់ អ្នកជជែកពីរនាក់ អ្នកនិយាយប៉ប៉ាច់ប៉ប៉ោចពីរនាក់។ ជនទាំងនោះ ពោលយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះ នូវគ្នានឹងគ្នាថា ពាល ថោកទាប សាបសូន្យ ថោកថយ លាមក គម្រក់ កម្ទេចកម្ទី ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ទាំងឡាយ ជាគូ ៗ បានពោលនូវគ្នានឹងគ្នាថា ពាល ព្រោះទិដ្ឋិណា។
[២២៣] ពាក្យថា បុគ្គលពាលទាំងឡាយ បានធ្វើនូវទិដ្ឋិរបស់ខ្លួនៗ ថាពិត គឺបានធ្វើនូវទិដ្ឋិរបស់ខ្លួន ៗ ថាពិត ដោយពាក្យថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ។ បានធ្វើនូវទិដ្ឋិរបស់ខ្លួន ៗ ថាពិត ដោយពាក្យថា លោកមិនទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ។បេ។ សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ។ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលពាលទាំងឡាយ បានធ្វើនូវទិដ្ឋិរបស់ខ្លួនៗថាពិត។
[២២៤] ពាក្យថា ព្រោះហេតុនោះ ជនទាំងឡាយ តែងយល់នូវបុគ្គលដទៃថាពាល ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះហេតុដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ទើបជនទាំងឡាយយល់ ឃើញ ក្រឡេកឃើញ សម្លឹង ពិនិត្យ រំពឹង នូវបុគ្គលដទៃថាពាល ថោកទាប សាបរលាប ថោកថយ លាមក គម្រក់ កម្ទេចកម្ទី ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ជនទាំងឡាយ តែងយល់នូវបុគ្គលដទៃ ថាពាល។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
សមណព្រាហ្មណ៍ទាំងឡាយជាគូៗ បានពោលនូវគ្នានឹងគ្នា ថាពាល ព្រោះទិដ្ឋិណា តថាគតមិនពោលនូវទិដ្ឋិនុ៎ះ ថាពិតទេ បុគ្គលពាលទាំងឡាយ បានធ្វើនូវទិដ្ឋិរបស់ខ្លួន ៗ ថាពិត ព្រោះហេតុនោះ បានជាជនទាំងឡាយ តែងយល់នូវបុគ្គលដទៃថាពាល។
[២២៥]
(ព្រះពុទ្ធនិមិ្មតសួរថា) សមណព្រាហ្មណ៍ពួកខ្លះ បានពោលពាក្យណា ថាជាពាក្យទៀង ជាពាក្យពិត ចំណែកសមណព្រាហ្មណ៍ទាំងឡាយដទៃទៀត បែរជាពោលពាក្យនោះ ថាជាពាក្យទទេ ជាពាក្យកុហកវិញ សមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា ព្រោះហេតុអ្វី សមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ។
[២២៦] ពាក្យថា សមណព្រាហ្មណ៍ពួកខ្លះ បានពោលពាក្យណា ថាជាពាក្យទៀង ជាពាក្យពិត សេចក្តីថា សមណព្រាហ្មណ៍ពួកខ្លះ ពោលយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះ នូវធម៌ ទិដ្ឋិ បដិបទា មគ្គណា ថា នេះទៀង ពិត ប្រាកដ ត្រូវ មិនវិបរិត ហេតុនោះ (ទ្រង់ត្រាស់សួរថា) សមណព្រាហ្មណ៍ពួកខ្លះ បានពោលពាក្យណា ថាជាពាក្យទៀង ជាពាក្យពិត។
[២២៧] ពាក្យថា ចំណែកសមណព្រាហ្មណ៍ទាំងឡាយដទៃទៀត បែរជាពោលពាក្យនោះ ថាជាពាក្យទទេ ជាពាក្យកុហកវិញ សេចក្តីថា សមណព្រាហ្មណ៍ពួកខ្លះ ពោលយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះ នូវធម៌ នូវទិដ្ឋិ នូវបដិបទា នូវមគ្គនោះឯងថា នេះជាពាក្យទទេ នេះជាពាក្យកុហក នេះជាពាក្យមិនពិត នេះជាពាក្យមិនមែន នេះជាពាក្យមិនត្រូវ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ចំណែកសមណព្រាហ្មណ៍ទាំងឡាយដទៃទៀត បែរជាពោលពាក្យនោះ ថាជាពាក្យទទេ ជាពាក្យកុហកវិញ។
[២២៨] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា សេចក្តីថា សមណព្រាហ្មណ៍ទាំងឡាយ កាន់យក រៀនយក ប្រកាន់យក បបោសអង្អែល ជាប់ចិត្តយ៉ាងនេះហើយ រមែងជជែកគ្នា គឺធ្វើនូវជំលោះ ធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវសេចក្តីប្រកាន់ខុស ធ្វើនូវវិវាទ ធ្វើនូវការប្រណាំងប្រជែងថា អ្នកមិនចេះធម៌វិន័យនេះទេ។បេ។ ឬបើអ្នកអាច អ្នកចូរដោះស្រាយឲ្យរួចចុះ ហេតុនោះ (ទ្រង់ត្រាស់សួរថា) សមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា។
[២២៩] ពាក្យថា ព្រោះហេតុអ្វី សមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ សេចក្តីថា ព្រោះហេតុដូចម្តេច ព្រោះដំណើរដូចម្តេច ព្រោះហេតុអ្វី ព្រោះបច្ច័យអ្វី ព្រោះនិទានដូចម្តេច ព្រោះកិរិយាកើតឡើងដូចម្តេច ព្រោះកំណើតដូចម្តេច ព្រោះហេតុជាដែនកើតមុនដូចម្តេច សមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ បែរជាពោលផ្សេង ៗ ពោលនូវប្រការផ្សេងៗ ពោលដោយឡែកពីគ្នា ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយច្រើនបែបទៅវិញ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ព្រោះហេតុអ្វី សមណព្រាហ្មណ៍ទាំងឡាយ មិនពោលពាក្យតែបែបមួយ។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះត្រាស់សួរថា
សមណព្រាហ្មណ៍ពួកខ្លះ បានពោលពាក្យណា ថាជាពាក្យទៀង ជាពាក្យពិត សមណព្រាហ្មណ៍ទាំងឡាយដទៃទៀត បែរជាពោលពាក្យនោះ ថាជាពាក្យទទេ ជាពាក្យកុហកវិញ សមណព្រាហ្មណ៍ទាំងឡាយ ប្រកាន់យ៉ាងនេះហើយ រមែងទាស់ទែងគ្នា ព្រោះហេតុអ្វី សមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ។
[២៣០]
(ព្រះមានព្រះភាគត្រាស់ថា) សត្វដឹងច្បាស់នូវសច្ចៈណា មិនគប្បីទាស់ទែងគ្នា សច្ចៈ (នោះ) មានតែមួយ មិនមានជាគំរប់ពីរទេ សមណព្រាហ្មណ៍ទាំងឡាយនោះ តែងពោលតាមទំនើងខ្លួនឯង នូវសច្ចៈទាំងឡាយផ្សេងៗ គ្នា ព្រោះហេតុនោះ បានជាសមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ។
[២៣១] ពាក្យថា សច្ចៈ (នោះ) មានតែមួយ មិនមានជាគំរប់ពីរទេ អធិប្បាយថា ទុក្ខនិរោធនិព្វាន លោកហៅថា សច្ចៈមួយ បានខាងសេចក្តីរម្ងាប់សង្ខារទាំងពួង កិរិយារលាស់ឧបធិទាំងពួង កិរិយាអស់តណ្ហា ការប្រាសចាកតម្រេក កិរិយារលត់ ព្រះនិព្វាន។ ឬថា ដែលហៅថា សច្ចៈមួយ សំដៅយកមគ្គសច្ចៈ និយ្យានសច្ចៈ ទុក្ខនិរោធគាមិនីបដិបទា មគ្គមានអង្គ ៨ ដ៏ប្រសើរ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ វាចាត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ សេចក្តីរឭកត្រូវ ១ ការតំកល់ចិត្តត្រូវ ១ ហេតុនោះ (ទ្រង់ត្រាស់ថា) សច្ចៈនោះ មានតែមួយ មិនមានជាគំរប់ពីរទេ។
[២៣២] ពាក្យថា សត្វដឹងច្បាស់នូវសច្ចៈណា មិនគប្បីទាស់ទែងគ្នា ត្រង់ពាក្យថា ណា គឺនូវសច្ចៈណា។ ពាក្យថា សត្វ គឺជាឈ្មោះរបស់សត្វ។ សត្វកាលដឹងច្បាស់ ដឹងទួទៅ ដឹងវិសេស ដឹងជាក់ ចាក់ធ្លុះនូវសច្ចៈណា មិនគប្បីធ្វើជំលោះ មិនគប្បីធ្វើសេចក្តីប្រកួតប្រកាន់ មិនគប្បីធ្វើសេចក្តីប្រកាន់ខុស មិនគប្បីធ្វើវិវាទ មិនគប្បីធ្វើការប្រណាំងប្រជែង គឺគប្បីលះបង់ គប្បីបន្ទោបង់ គប្បីធ្វើឲ្យវិនាស គប្បីដល់នូវការមិនកើតមានតទៅ នូវជំលោះ សេចក្តីប្រកួតប្រកាន់ សេចក្តីប្រកាន់ខុស វិវាទ សេចក្តីប្រណាំងប្រជែង ហេតុនោះ (ទ្រង់ត្រាស់ថា) សត្វដឹងច្បាស់នូវសច្ចៈណា មិនគប្បីទាស់ទែងគ្នា។
[២៣៣] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយនោះ តែងពោលតាមទំនើងខ្លួនឯង នូវសច្ចៈទាំងឡាយផ្សេងៗ គ្នា សេចក្តីថា សមណព្រាហ្មណ៍ទាំងឡាយនោះ តែងសរសើរ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ តាមទំនើងខ្លួនឯង នូវសច្ចៈទាំងឡាយផ្សេងៗ គ្នា គឺតែងសរសើរ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ តាមទំនើងខ្លួនឯងថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ តែងសរសើរ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ តាមទំនើងខ្លួនឯងថា លោកមិនទៀង។បេ។ សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ទាំងឡាយនោះ តែងពោលតាមទំនើងខ្លួនឯង នូវសច្ចៈទាំងឡាយផ្សេងៗ គ្នា។
[២៣៤] ពាក្យថា ព្រោះហេតុនោះ ទើបសមណៈទាំងឡាយមិនពោលពាក្យតែបែបមួយ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះហេតុដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ទើបសមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ គឺពោលផ្សេងៗ ពោលប្រការផ្សេង ៗ ពោលដោយឡែកពីគ្នា ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ មានប្រមាណច្រើន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ ទើបសមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
សត្វដឹងច្បាស់នូវសច្ចៈណា មិនគប្បីទាស់ទែងគ្នា សច្ចៈ (នោះ) មានតែមួយ មិនមានជាគំរប់ពីរទេ សមណព្រាហ្មណ៍ទាំងឡាយនោះ តែងពោលតាមទំនើងខ្លួនឯង នូវសច្ចៈទាំងឡាយផ្សេងៗ គ្នា ព្រោះហេតុនោះ ទើបសមណៈទាំងឡាយ មិនពោលពាក្យតែបែបមួយ។
[២៣៥]
(ព្រះពុទ្ធនិមិ្មតសួរថា) ព្រោះហេតុអ្វី ពួកសមណព្រាហ្មណ៍ ជាអ្នកប្រកាន់ថាឈ្លាសវៃ ពោល ពោលជជែកនូវសច្ចៈទាំងឡាយផ្សេងៗ គ្នា សច្ចៈទាំងឡាយច្រើន ផ្សេងៗ តើ (សមណព្រាហ្មណ៍ទាំងនោះ) បានឮឬ ឬក៏សមណព្រាហ្មណ៍ទាំងនោះ រាវរកដោយសេចក្តីត្រិះរិះទេ។
[២៣៦]
ពាក្យថា ព្រោះហេតុអ្វី ពួកសមណព្រាហ្មណ៍ពោលនូវសច្ចៈទាំងឡាយផ្សេង ៗ គ្នា ត្រង់ពាក្យថា ព្រោះហេតុអ្វី គឺព្រោះហេតុម្តេច ព្រោះដំណើរដូចម្តេច ព្រោះហេតុដូចម្តេច ព្រោះបច្ច័យដូចម្តេច ព្រោះនិទានដូចម្តេច ទើបពួកសមណព្រាហ្មណ៍ ពោលនូវសច្ចៈទាំងឡាយផ្សេងៗ ពោលនូវសច្ចៈទាំងឡាយមានប្រការផ្សេងៗ ពោលដោយឡែកពីគ្នា ពោល ថ្លែង ពណ៌នា អធិប្បាយ នូវសច្ចៈទាំងឡាយមានប្រមាណច្រើន ហេតុនោះ (ទ្រង់ត្រាស់សួរថា) ព្រោះហេតុអ្វី ពួកសមណព្រាហ្មណ៍ ពោលនូវសច្ចៈទាំងឡាយផ្សេងៗ គ្នា។
[២៣៧] អធិប្បាយពាក្យថា ជាអ្នកប្រកាន់ថាឈ្លាសវៃ ពោល ពោលជជែក ត្រង់ពាក្យថា ពោលជជែក គឺរមែងពោលជជែក ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ពោលជជែក។ មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយនូវទិដ្ឋិរបស់ខ្លួន ៗ គឺពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយថា លោកមិនទៀង។បេ។ សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ។ ពាក្យថា អ្នកប្រកាន់ថាឈ្លាសវៃ គឺជាអ្នកពោលថាឈ្លាសវៃ ពោលថាជាបណ្ឌិត ពោលថាជាអ្នកប្រាជ្ញ ពោលថាមានញាណ ពោលត្រូវទំនង ពោលប្រកបដោយលក្ខណៈ ពោលប្រកបដោយហេតុ ពោលគួរដល់ឋានៈ តាមលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់សួរថា) ជាអ្នកប្រកាន់ថាឈ្លាសវៃ ពោល ពោលជជែក។
[២៣៨] ពាក្យថា សច្ចៈទាំងឡាយច្រើនផ្សេងៗ (តើសមណព្រាហ្មណ៍ទាំងនោះ) បានឮឬ សេចក្តីថា សច្ចៈទាំងឡាយច្រើនផ្សេងៗ មានប្រការផ្សេងៗ ដទៃ ៗ ជាអនេក (តើសមណព្រាហ្មណ៍ទាំងនោះ) បានឮឬ ហេតុនោះ (ទ្រង់ត្រាស់សួរថា) សច្ចៈទាំងឡាយច្រើនផ្សេង ៗ តើសមណព្រាហ្មណ៍ទាំងនោះ បានឮឬ។
[២៣៩] ពាក្យថា ឬក៏សមណព្រាហ្មណ៍ទាំងនោះ រាវរកដោយសេចក្តីត្រិះរិះ សេចក្តីថា ឬក៏ (សមណព្រាហ្មណ៍ទាំងនោះ) ត្រូវសេចក្តីត្រិះរិះ សេចក្តីត្រិះរិះផ្សេងៗ សេចក្តីត្រិះរិះព្រម ឲ្យទៅ ឲ្យនាំទៅ ឲ្យរសាត់ទៅ ឲ្យកួចទៅ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ឬក៏សមណព្រាហ្មណ៍ទាំងនោះ រាវរកដោយសេចក្តីត្រិះរិះ។ មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវប្រាជ្ញាដែលស្រាវជ្រាវ ដោយសេចក្តីត្រិះរិះ ដែលរិះរក ដោយការពិចារណាដោយខ្លួនឯង ហេតុនោះ (ទ្រង់ត្រាស់សួរថា) ឬក៏សមណព្រាហ្មណ៍ទាំងនោះ រាវរកដោយសេចក្តីត្រិះរិះ។ ហេតុនោះ ព្រះពុទ្ធនិមិ្មតនោះ ត្រាស់សួរថា
ព្រោះហេតុអ្វី ពួកសមណព្រាហ្មណ៍ ជាអ្នកប្រកាន់ថា ឈ្លាសវៃ ពោល ពោលជជែក នូវសច្ចៈទាំងឡាយផ្សេងៗ គ្នា សច្ចៈទាំងឡាយច្រើនផ្សេងៗ តើ (សមណព្រាហ្មណ៍ទាំងនោះ) បានឮឬ ឬក៏សមណព្រាហ្មណ៍ទាំងនោះ រាវរកដោយសេចក្តីត្រិះរិះទេ។
[២៤០]
(ព្រះមានព្រះភាគ ត្រាស់ថា) សច្ចៈទាំងឡាយ ក្នុងលោក វៀរលែងតែសេចក្តីប្រកាន់ថាទៀងដោយសញ្ញាចេញ មិនមែនមានច្រើនផ្សេងៗ គ្នាទេ មួយវិញទៀត ជនទាំងឡាយ តែងតាំងនូវសេចក្តីត្រិះរិះក្នុងទិដ្ឋិទាំងឡាយ ហើយពោលនូវធម៌ជាគូ ថាពិត ថាកុហក។
[២៤១] ពាក្យថា សច្ចៈទាំងឡាយ មិនមែនមានច្រើនផ្សេងៗ គ្នាទេ គឺសច្ចៈទាំងឡាយ មិនមែនមានច្រើនផ្សេងៗ មានប្រការផ្សេង ៗ ដោយឡែកពីគ្នាច្រើនទេ ហេតុនោះ (ទ្រង់ត្រាស់ថា) សច្ចៈទាំងឡាយ មិនមែនមានច្រើនផ្សេងៗ គ្នាទេ។
[២៤២] អធិប្បាយពាក្យថា ក្នុងលោក វៀរលែងតែសេចក្តីប្រកាន់ថា ទៀង ដោយសញ្ញាចេញ សេចក្តីថា ក្នុងលោក វៀរលែងតែសេចក្តីប្រកាន់ថាទៀងដោយសញ្ញាចេញ សច្ចៈដែលលោកថ្លែង ពណ៌នា ពន្យល់ អធិប្បាយថា មានតែមួយ គឺទុក្ខនិរោធនិព្វាន បានដល់ កិរិយារម្ងាប់នូវសង្ខារទាំងពួង កិរិយាកំចាត់បង់នូវឧបធិទាំងពួង កិរិយាអស់តណ្ហា កិរិយាប្រាសចាករាគៈ កិរិយារលត់ទុក្ខ ព្រះនិព្វាន។ មួយទៀត សច្ចៈមួយ លោកពោលសំដៅយកមគ្គសច្ចៈ និយ្យានសច្ចៈ ទុក្ខនិរោធគាមិនីបដិបទា មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ គឺសម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ហេតុនោះ (ទ្រង់ត្រាស់ថា) ក្នុងលោក វៀរលែងតែសេចក្តីប្រកាន់ថាទៀង ដោយសញ្ញា។
[២៤៣] ពាក្យថា មួយទៀត ជនទាំងឡាយ តែងតាំងនូវសេចក្តីត្រិះរិះ ក្នុងទិដ្ឋិទាំងឡាយ ហើយពោលនូវធម៌ជាគូ ថាពិត ថាកុហក សេចក្តីថា ជនទាំងឡាយ ត្រិះរិះ ត្រិះរិះផ្សេងៗ ត្រិះរិះព្រម នូវសេចក្តីត្រិះរិះ នូវសេចក្តីត្រិះរិះផ្សេង ៗ នូវសេចក្តីត្រិះរិះព្រម ហើយញុំាងទិដ្ឋិទាំងឡាយឲ្យកើត ឲ្យកើតព្រម ឲ្យកើតឡើង ឲ្យកើតចំពោះ លុះញុំាងទិដ្ឋិទាំងឡាយឲ្យកើត ឲ្យកើតព្រម ឲ្យកើតឡើង ឲ្យកើតចំពោះហើយ ក៏ពោលយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះថា ពាក្យរបស់ខ្ញុំជាពាក្យពិត ពាក្យរបស់អ្នក ជាពាក្យកុហក ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងឡាយតែងតាំងនូវសេចក្តីត្រិះរិះក្នុងទិដ្ឋិទាំងឡាយ ហើយពោលនូវធម៌ជាគូថាពិត ថាកុហក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ហើយថា
សច្ចៈទាំងឡាយ ក្នុងលោក វៀរលែងតែសេចក្តីប្រកាន់ថាទៀងដោយសញ្ញាចេញ មិនមែនមានច្រើនផ្សេងៗ គ្នាទេ មួយទៀត ជនទាំងឡាយ តែងតាំងនូវសេចក្តីត្រិះរិះ ក្នុងទិដ្ឋិទាំងឡាយ ហើយពោលនូវធម៌ជាគូ ថាពិត ថាកុហក។
[២៤៤]
បុគ្គលអាស្រ័យទិដ្ឋិធម៌ទាំងនេះ គឺការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់ក្តី ហើយជាអ្នកឃើញនូវការមើលងាយ ឋិតនៅក្នុងវិនិច្ឆ័យ ហើយរីករាយ បានពោលថា បុគ្គលពាល ថោកទាប មិនឈ្លាសវៃ។
[២៤៥] អធិប្បាយពាក្យថា បុគ្គលអាស្រ័យទិដ្ឋិធម៌ទាំងនេះ គឺការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់ក្តី ហើយជាអ្នកឃើញនូវការមើលងាយ សេចក្តីថា បុគ្គលអាស្រ័យ ចូលទៅអាស្រ័យ កាន់យក បបោសអង្អែល ជាប់ចិត្តនូវការឃើញ ឬនូវសេចក្តីបរិសុទ្ធិ ព្រោះការឃើញក្តី នូវការឮ ឬនូវសេចក្តីបរិសុទ្ធិព្រោះការឮក្តី នូវសីល ឬនូវសេចក្តីបរិសុទ្ធិព្រោះសីលក្តី នូវវ័ត ឬនូវសេចក្តីបរិសុទ្ធិព្រោះវ័តក្តី នូវការប៉ះពាល់ ឬនូវសេចក្តីបរិសុទ្ធិព្រោះការប៉ះពាល់ក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់ក្តី។ ពាក្យថា បុគ្គលអាស្រ័យទិដ្ឋិធម៌ទាំងនេះ ហើយជាអ្នកឃើញនូវការមើលងាយ គឺឈ្មោះថា អ្នកឃើញនូវការមើលងាយ ព្រោះហេតុមិនរាប់អានខ្លះ។ ឬថា ឈ្មោះថា អ្នកមើលងាយ ព្រោះហេតុញុំាងទោមនស្សឲ្យកើតខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអាស្រ័យទិដ្ឋិធម៌ទាំងនេះ គឺការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់ក្តី ហើយជាអ្នកឃើញ នូវការមើលងាយ។
[២៤៦] ពាក្យថា ឋិតនៅក្នុងវិនិច្ឆ័យ ហើយរីករាយ សេចក្តីថា ដែលហៅថា វិនិច្ឆ័យ បានដល់ ទិដ្ឋិ ៦២ (បុគ្គល) ឋិតនៅ ឋិតនៅស៊ប់ កាន់យក បបោសអង្អែល ជាប់ចិត្ត ក្នុងទិដ្ឋិដែលខ្លួនសម្រេចហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលឋិតនៅក្នុងវិនិច្ឆ័យ។ ពាក្យថា រីករាយ គឺជាអ្នកត្រេកអរ រីករាយ រីករាយទួទៅ មានចិត្តជារបស់ខ្លួន មានសេចក្តីត្រិះរិះបរិបូណ៌។ ឬថា សើចបញ្ចេញធ្មេញ ហេតុនោះ (ទ្រង់ត្រាស់ថា) ឋិតនៅក្នុងវិនិច្ឆ័យ ហើយរីករាយ។
[២៤៧] ពាក្យថា បានពោលថា បុគ្គលពាល ថោកទាប មិនឈ្លាសវៃ គឺពោលយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះថា បុគ្គលអន់ ល្ងង់ ថោកទាប សាបសូន្យ ថោកថយ លាមក គម្រក់ ជាមនុស្សកំទេចកំទី មិនឈ្លាសវៃ មិនមានប្រាជ្ញាជាគ្រឿងចាក់ធ្លុះ លុះក្នុងសេចក្តីល្ងង់ មិនមានញាណ មិនមានប្រាជ្ញាជាគ្រឿងបំភ្លឺ ឥតបញ្ញា ហេតុនោះ (ទ្រង់ត្រាស់ថា) បានពោលថា បុគ្គលពាល ថោកទាប មិនឈ្លាសវៃ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលអាស្រ័យទិដ្ឋិធម៌ទាំងនេះ គឺការឃើញក្តី ការឮក្តី សីល និងវ័តក្តី ការប៉ះពាល់ក្តី ហើយជាអ្នកឃើញនូវការមើលងាយ ឋិតនៅក្នុងវិនិច្ឆ័យហើយរីករាយ បានពោលថា
បុគ្គលពាល ថោកទាប មិនឈ្លាសវៃ។
[២៤៨]
បុគ្គលយល់បុគ្គលដទៃ ថាជាបុគ្គលពាល ដោយអំពើណា ហើយពោលចំពោះអាត្មាឯង ថាជាបុគ្គលឈ្លាសវៃ ដោយអំពើនោះ បុគ្គលនោះប្រកាន់ថាខ្លួនជាអ្នកឈ្លាសវៃដោយខ្លួនឯង មើលងាយបុគ្គលដទៃ ទាំងពោលយ៉ាងនោះដែរ។
[២៤៩] ពាក្យថា បុគ្គលយល់បុគ្គលដទៃ ថាជាបុគ្គលពាល ដោយអំពើណា គឺបុគ្គលយល់ឃើញ មើលឃើញ ក្រឡេកឃើញ សំឡឹងឃើញ រំពឹងឃើញ នូវបុគ្គលដទៃ ថាជាបុគ្គលពាល ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ ជាមនុស្សកំទេចកំទី ដោយហេតុណា ដោយបច្ច័យណា ដោយដំណើរណា ដោយហេតុផ្តើមណា ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលយល់បុគ្គលដទៃ ថាជាបុគ្គលពាល ដោយហេតុណា។
[២៥០] ពាក្យថា ពោលចំពោះអាត្មាឯង ថាជាបុគ្គលឈ្លាសវៃ ដោយអំពើនោះ អធិប្បាយថា អត្តា លោកហៅថា អាត្មា។ បុគ្គលនោះឯង រមែងហៅខ្លួនឯងថា អាត្មាអញ ជាអ្នកឈ្លាសវៃ ជាបណ្ឌិតមានប្រាជ្ញា មានប្រាជ្ញាជាគ្រឿងដឹង មានញាណ មានប្រាជ្ញាជាគ្រឿងបំភ្លឺ ជាមេធាវី ដោយហេតុនោះ ដោយបច្ច័យនោះ ដោយដំណើរនោះ ដោយហេតុផ្តើមនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលពោលចំពោះអាត្មាឯង ថាជាបុគ្គលឈ្លាសវៃ ដោយអំពើនោះ។
[២៥១] ពាក្យថា បុគ្គលនោះ ប្រកាន់ថាខ្លួនជាអ្នកឈ្លាសវៃដោយខ្លួនឯង គឺពោលថា ឈ្លាសវៃ ពោលថាជាបណ្ឌិត ពោលថាជាអ្នកប្រាជ្ញ ពោលថាប្រកបដោយញាណ ពោលថា ត្រូវទំនង ពោលថាប្រកបដោយលក្ខណៈ ពោលថាប្រកបដោយហេតុ ពោលថាគួរដល់ឋានៈនូវខ្លួនដោយខ្លួនឯង តាមលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ប្រកាន់ថា ខ្លួនជាអ្នកឈ្លាសវៃ។
[២៥២] ពាក្យថា មើលងាយបុគ្គលដទៃ ទាំងពោលយ៉ាងនោះដែរ គឺមើលងាយបុគ្គលដទៃ ព្រោះហេតុមិនរាប់អានខ្លះ។ ឬមើលងាយបុគ្គលដទៃ ព្រោះហេតុញុំាងទោមនស្សឲ្យកើតខ្លះ។ ពាក្យថា ទាំងពោលយ៉ាងនោះដែរ គឺបុគ្គលរមែងពោលប្រកាន់នូវទិដ្ឋិនោះ ដោយប្រការដូច្នោះថា បុគ្គលនេះ ជាមិច្ឆាទិដ្ឋិ មានការយល់ខុស ដោយប្រការដូច្នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) មើលងាយបុគ្គលដទៃ ទាំងពោលយ៉ាងនោះដែរ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលយល់បុគ្គលដទៃ ថាជាបុគ្គលពាល ដោយអំពើណា ហើយពោលចំពោះអាត្មាឯង ថាជាបុគ្គលឈ្លាសវៃ ដោយអំពើនោះ បុគ្គលនោះ ប្រកាន់ថាខ្លួនជាអ្នកឈ្លាសវៃដោយខ្លួនឯង រមែងមើលងាយបុគ្គលដទៃ ទាំងពោលយ៉ាងនោះដែរ។
[២៥៣]
បុគ្គលនោះ សម្រេចដោយទិដ្ឋិមានសារៈដ៏ក្រៃលែង ជាអ្នកស្រវឹងដោយមានះ មានមានះបរិបូណ៌ អភិសេកខ្លួនដោយចិត្តខ្លួនឯង ព្រោះថា ទិដ្ឋិនោះ បុគ្គលនោះសម្រចហើយដោយប្រការដូច្នោះ។
[២៥៤] ពាក្យថា បុគ្គលនោះសម្រេចដោយទិដ្ឋិមានសារៈដ៏ក្រៃលែង អធិប្បាយថា ទិដ្ឋិ ៦២ ហៅថា ទិដ្ឋិមានសារៈដ៏ក្រៃលែង។ ទិដ្ឋិ ៦២ ហេតុអ្វីក៏លោកហៅថា ទិដ្ឋិមានសារៈដ៏ក្រៃលែង។ ទិដ្ឋិទាំងអស់នោះ កន្លងនូវហេតុ កន្លងនូវលក្ខណៈ កន្លងនូវការថោកទាប ហេតុនោះ ទិដ្ឋិទាំង ៦២ ហៅថា ទិដ្ឋិមានសារៈដ៏ក្រៃលែង។ ពួកតិរិ្ថយទាំងអស់ មានទិដ្ឋិមានសារៈដ៏ក្រៃលែង។ ហេតុអ្វីក៏ពួកតិរ្ថិយទាំងអស់ មានទិដ្ឋិមានសារៈដ៏ក្រៃលែង។ ពួកតិរ្ថិយទាំងនោះ កន្លង កន្លងព្រម ប្រព្រឹត្តកន្លងនូវគ្នានឹងគ្នា ហើយញុំាងទិដ្ឋិទាំងឡាយ ឲ្យកើត ឲ្យកើតព្រម ឲ្យបង្កើត ឲ្យបង្កើតចំពោះ ហេតុនោះ បានជាពួកតិរ្ថិយទាំងអស់ មានទិដ្ឋិមានសារៈដ៏ក្រៃលែង។ ពាក្យថា បុគ្គលនោះសម្រេច គឺសម្រេចបរិបូណ៌ មិនខ្វះខាតដោយទិដ្ឋិមានសារៈដ៏ក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះសម្រេចដោយទិដ្ឋិមានសារៈដ៏ក្រៃលែង។
[២៥៥] ពាក្យថា ជាអ្នកស្រវឹងដោយមានះ មានមានះបរិបូណ៌ គឺជាអ្នកស្រវឹង ប្រមាទ ឆ្កួត ស្រវឹងលើសលុប ដោយសេចក្តីប្រកាន់ទិដ្ឋិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្រវឹងដោយមានះ។ ពាក្យថា មានមានះបរិបូណ៌ គឺមានមានះពេញលេញ មានមានះសម្រេច មានមានះមិនខ្វះខាត ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្រវឹងដោយមានះ មានមានះបរិបូណ៌។
[២៥៦] ពាក្យថា អភិសេកខ្លួន ដោយចិត្តខ្លួនឯង គឺអភិសេកខ្លួនដោយចិត្តខ្លួនឯងថា អាត្មាអញ ជាបុគ្គលឈ្លាសវៃ ជាបណ្ឌិតមានបញ្ញា មានប្រាជ្ញាជាគ្រឿងដឹង មានញាណ មានប្រាជ្ញាជាគ្រឿងបំភ្លឺ ជាមេធាវី ហេតុនោះ (ទ្រង់ត្រាស់ថា) អភិសេកខ្លួន ដោយចិត្តខ្លួនឯង។
[២៥៧] ពាក្យថា ព្រោះថា ទិដ្ឋិនោះ បុគ្គលនោះ សម្រេចដោយប្រការដូច្នោះ គឺទិដ្ឋិនោះ បុគ្គលនោះ សម្រេច សមាទាន កាន់យក បបោសអង្អែល ជាប់ចិត្ត ចុះចិត្ត ចុះចិត្តស៊ប់ ដោយប្រការដូច្នោះ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថា ទិដ្ឋិនោះ បុគ្គលនោះសម្រេចដោយប្រការដូច្នោះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលនោះ សម្រេចដោយទិដ្ឋិមានសារៈដ៏ក្រៃលែង ជាអ្នកស្រវឹងដោយមានះ មានមានះបរិបូណ៌ អភិសេកខ្លួនដោយចិត្តខ្លួនឯង ព្រោះថា ទិដ្ឋិនោះ បុគ្គលនោះសម្រេចដោយប្រការដូច្នោះ។
[២៥៨] ប្រសិនបើបុគ្គលទន់អន់ដោយសារសំដីរបស់បុគ្គលដទៃ (បុគ្គលនោះ) នឹងមានបញ្ញាថោកទាបជាមួយ មួយទៀត បុគ្គលជាវេទគូ ជាអ្នកប្រាជ្ញដោយខ្លួនឯងបាន ឥតមានអ្នកណាមួយ ជាបុគ្គលពាល ក្នុងពួកសមណៈទេ។
[២៥៩] ពាក្យថា ប្រសិនបើបុគ្គលទន់អន់ដោយសារសំដីរបស់បុគ្គលដទៃ គឺប្រសិនបើបុគ្គលជាអ្នកអាប់ឱន ជាបុគ្គលពាល ថោកទាប អន់ ទន់ទាប លាមក គម្រក់ ជាមនុស្សកំទេចកំទី ព្រោះហេតុនៃសេចក្តីនិន្ទា ព្រោះហេតុនៃសេចក្តីតិះដៀល ព្រោះហេតុនៃសេចក្តីរិះគន់ ដោយសារសំដី ដោយសារពាក្យរបស់បុគ្គលដទៃ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រសិនបើបុគ្គលទន់អន់ ដោយសារសំដីរបស់បុគ្គលដទៃ។
[២៦០] ពាក្យថា (បុគ្គលនោះ) នឹងមានបញ្ញាថោកទាបជាមួយ គឺបុគ្គលនោះឯង ជាអ្នកមានបញ្ញាថោកទាប មានបញ្ញាថោកថយ មានបញ្ញាទន់ទាប មានបញ្ញាលាមក មានបញ្ញាគម្រក់ មានបញ្ញាស្តួចស្តើង ជាមួយនឹងបុគ្គលនោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ នឹងជាបុគ្គលមានបញ្ញាថោកទាបជាមួយ។
[២៦១] ពាក្យថា មួយទៀត បុគ្គលជាវេទគូ ជាអ្នកប្រាជ្ញដោយខ្លួនឯងបាន គឺបុគ្គលជាអ្នកប្រាជ្ញ ជាបណ្ឌិតមានបញ្ញា មានបញ្ញាជាគ្រឿងដឹង មានញាណ មានបញ្ញាជាគ្រឿងបំភ្លឺ ជាមេធាវី ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត បុគ្គលជាវេទគូ ជាអ្នកប្រាជ្ញដោយខ្លួនឯងបាន។
[២៦២] ពាក្យថា ឥតមានអ្នកណាមួយជាបុគ្គលពាលក្នុងពួកសមណៈទេ គឺឥតមានអ្នកណាមួយ ជាបុគ្គលពាល ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ ជាមនុស្សកំទេចកំទី ក្នុងពួកសមណៈទេ គឺថា ទាំងអស់គ្នា សុទ្ធតែជាបុគ្គលមានបញ្ញាដ៏លើស មានបញ្ញាប្រសើរ មានបញ្ញាវិសេស មានបញ្ញាជាប្រធាន មានបញ្ញាដ៏ឧត្តម មានបញ្ញាដ៏បវរ ហេតុនោះ (ទ្រង់ត្រាស់ថា) ឥតមានអ្នកណាមួយ ជាបុគ្គលពាលក្នុងពួកសមណៈទេ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ប្រសិនបើបុគ្គលទន់អន់ដោយសារសំដីរបស់បុគ្គលដទៃ (បុគ្គលនោះ) នឹងមានបញ្ញាថោកទាបជាមួយ មួយទៀត បុគ្គលជាវេទគូ ជាអ្នកប្រាជ្ញដោយខ្លួនឯងបាន ឥតមានអ្នកណាមួយ ជាបុគ្គលពាលក្នុងពួកសមណៈទេ។
[២៦៣]
បុគ្គលទាំងឡាយណា សរសើរធម៌ដទៃ អំពីធម៌នេះ បុគ្គលទាំងឡាយនោះ ឈ្មោះថា អ្នកភ្លាត់ចាកសេចក្តីបរិសុទ្ធិ ជាបុគ្គលមិនពេញលេញ បុគ្គលអ្នកមានលទ្ធិដូចជាកំពង់ទាំងឡាយ តែងពោលដោយច្រើនយ៉ាងនេះឯង ព្រោះថា បុគ្គលទាំងឡាយនោះ ត្រេកអរក្រៃលែង ដោយសេចក្តីត្រេកអរនឹងទិដ្ឋិរបស់ខ្លួន។
[២៦៤] ពាក្យថា បុគ្គលទាំងឡាយណា សរសើរធម៌ដទៃ អំពីធម៌នេះ បុគ្គលទាំងឡាយនោះ ឈ្មោះថា អ្នកភ្លាត់ចាកសេចក្តីបរិសុទ្ធិ ជាបុគ្គលមិនពេញលេញ គឺបុគ្គលទាំងឡាយណា សរសើរធម៌ ទិដ្ឋិ បដិបទា មគ្គដទៃ អំពីធម៌នេះ បុគ្គលទាំងឡាយនោះ ឈ្មោះថា អ្នកខុស អ្នកប្រាស អ្នកភ្លាត់ អ្នកឃ្លាតចាកផ្លូវស្អាត ផ្លូវស្អាតវិសេស ផ្លូវបរិសុទ្ធិ ផ្លូវហ្មត់ចត់ ផ្លូវផូរផង់ ជាបុគ្គលខុស មិនពេញលេញ ព្រោះមិនមានញាណ បុគ្គលទាំងឡាយនោះ មិនបានសម្រេច បុគ្គលទាំងឡាយនោះ មិនបានបរិបូណ៌ បុគ្គលទាំងឡាយនោះ ជាបុគ្គលថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ ជាមនុស្សកំទេចកំទី ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលទាំងឡាយណា សរសើរធម៌ដទៃ អំពីធម៌នេះ បុគ្គលទាំងឡាយនោះ ឈ្មោះថា អ្នកភ្លាត់ចាកសេចក្តីបរិសុទ្ធិ ជាបុគ្គលមិនពេញលេញ។
[២៦៥] ពាក្យថា បុគ្គលអ្នកមានលទ្ធិដូចជាកំពង់ទាំងឡាយ តែងពោលដោយច្រើនយ៉ាងនេះឯង អធិប្បាយថា ទិដ្ឋិ លោកហៅថា កំពង់។ ពួកបុគ្គលអ្នកលុះក្នុងទិដ្ឋិ លោកហៅថា បុគ្គលអ្នកមានលទ្ធិដូចជាកំពង់។ បុគ្គលអ្នកប្រកបដោយទិដ្ឋិច្រើន តែងពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវទិដ្ឋិដ៏ច្រើនទាំងឡាយ ដោយទិដ្ឋិមានប្រមាណច្រើន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលអ្នកមានលទ្ធិដូចជាកំពង់ទាំងឡាយ តែងពោលដោយច្រើនយ៉ាងនេះខ្លះ។
[២៦៦] ពាក្យថា ព្រោះថាបុគ្គលទាំងឡាយនោះ ត្រេកអរក្រៃលែង ដោយសេចក្តីត្រេកអរនឹងទិដ្ឋិរបស់ខ្លួន គឺ (បុគ្គលនោះ) ត្រេកអរ ត្រេកអរក្រៃលែង ដោយសេចក្តីត្រេកអរនឹងទិដ្ឋិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថា បុគ្គលទាំងឡាយនោះ ត្រេកអរក្រៃលែង ដោយសេចក្តីត្រេកអរនឹងទិដ្ឋិរបស់ខ្លួន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
បុគ្គលទាំងឡាយណា សរសើរធម៌ដទៃ អំពីធម៌នេះ បុគ្គលទាំងឡាយនោះ ឈ្មោះថា អ្នកភ្លាត់ ចាកសេចក្តីបរិសុទ្ធិ ជាបុគ្គលមិនពេញលេញ បុគ្គលអ្នកមានលទ្ធិដូចជាកំពង់ទាំងឡាយ តែងពោលដោយច្រើនយ៉ាងនេះឯង ព្រោះថា បុគ្គលទាំងឡាយនោះ ត្រេកអរក្រៃលែង ដោយសេចក្តីត្រេកអរនឹងទិដ្ឋិរបស់ខ្លួន។
[២៦៧]
បុគ្គលទាំងឡាយ រមែងពោលនូវសេចក្តីបរិសុទ្ធិ ក្នុងធម៌នេះឯង ដូច្នេះ មិនពោលនូវសេចក្តីបរិសុទ្ធិក្នុងធម៌ទាំងឡាយឯទៀតទេ ពួកបុគ្គលអ្នកមានលទ្ធិដូចជាកំពង់ តាំងនៅស៊ប់ក្នុងទិដ្ឋិដ៏ច្រើនយ៉ាងនេះឯង ប្រកាន់មាំ ក្នុងសកាយនៈ (ផ្លូវរបស់ខ្លួន) នោះ។
[២៦៨] ពាក្យថា បុគ្គលទាំងឡាយ រមែងពោលនូវសេចក្តីបរិសុទ្ធិ ក្នុងធម៌នេះឯងដូច្នេះ សេចក្តីថា បុគ្គលទាំងឡាយ តែងពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវការស្អាត ស្អាតវិសេស ស្អាតដោយជុំវិញ ការរួច រួចស្រឡះ រួចដោយជុំវិញ ក្នុងធម៌របស់ខ្លួននេះ តែងពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវការស្អាត ស្អាតវិសេស ស្អាតដោយជុំវិញ ការរួច រួចស្រឡះ រួចដោយជុំវិញ ក្នុងធម៌នេះថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ តែងពោល ថ្លែង ពណ៌នា ពន្យល់ អធិប្បាយ នូវការស្អាត ស្អាតវិសេស ស្អាតដោយជុំវិញ ការរួច រួចស្រឡះ រួចដោយជុំវិញ ក្នុងធម៌នេះថា លោកមិនទៀង។បេ។ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលទាំងឡាយ រមែងពោលនូវសេចក្តីបរិសុទ្ធិ ក្នុងធម៌នេះឯងដូច្នេះ។
[២៦៩] ពាក្យថា មិនពោលនូវសេចក្តីបរិសុទ្ធិ ក្នុងធម៌ទាំងឡាយឯទៀតទេ សេចក្តីថា លើកទុកនូវសាស្តា នូវធម៌ដែលសាស្តាប្រាប់ នូវគណៈ នូវទិដ្ឋិ នូវបដិបទា នូវមគ្គ របស់ខ្លួនចេញ ហើយបោះចោល បោះបង់ បដិសេធនូវវាទៈរបស់ជនដទៃទាំងអស់គឺ ពោលហើយយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះថា សាស្តានោះមិនមែនជាសព្វញ្ញូទេ ធម៌មិនមែនសាស្តាសំដែងល្អទេ គណៈមិនមែនប្រតិបត្តិត្រូវទេ ទិដ្ឋិមិនចំរើនទេ បដិបទា មិនមែនសាស្តាបញ្ញត្តល្អទេ មគ្គមិនមែនជាផ្លូវស្រោចស្រង់សត្វទេ ការស្អាតក្តី ការស្អាតវិសេសក្តី ការស្អាតដោយជុំវិញក្តី ការរួចក្តី ការរួចស្រឡះក្តី ការរួចដោយជុំវិញក្តី មិនមានក្នុងលទ្ធិនេះទេ ជនទាំងឡាយ ស្អាតក្តី ស្អាតវិសេសក្តី ស្អាតដោយជុំវិញក្តី រួចក្តី រួចវិសេសក្តី រួចដោយជុំវិញក្តី ក្នុងលទ្ធិនេះ មិនមានទេ ពួកជននេះ ជាអ្នកថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ អាប់ឱន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនពោលនូវសេចក្តីបរិសុទ្ធិ ក្នុងធម៌ទាំងឡាយឯទៀតទេ។
[២៧០] ពាក្យថា ពួកបុគ្គលអ្នកមានលទិ្ធដូចជាកំពង់ តាំងស៊ប់ក្នុងទិដ្ឋិដ៏ច្រើន យ៉ាងនេះឯង អធិប្បាយថា ទិដ្ឋិ លោកហៅថា កំពង់។ ពួកបុគ្គលអ្នកលុះក្នុងទិដ្ឋិ លោកហៅថា អ្នកមានលទ្ធិដូចជាកំពង់។ (ពួកបុគ្គលនោះ) តាំងនៅស៊ប់ តាំងនៅមាំ ជាប់ ដល់ស៊ប់ ជក់ចិត្ត ចុះចិត្តស៊ប់ ក្នុងទិដ្ឋិដ៏ក្រាស់ទាំងឡាយ ព្រោះទិដ្ឋិដ៏ក្រាស់ ហេតុនោះ (ទ្រង់ត្រាស់ថា) ពួកបុគ្គលអ្នកមានលទ្ធិដូចជាកំពង់ តាំងនៅស៊ប់ ក្នុងទិដ្ឋិដ៏ច្រើន យ៉ាងនេះឯង។
[២៧១] ពាក្យថា ប្រកាន់មាំក្នុងសកាយនៈនោះ គឺធម៌ ឈ្មោះថា សកាយនៈ ទិដ្ឋិ ឈ្មោះថា សកាយនៈ បដិបទា ឈ្មោះថា សកាយនៈ មគ្គ ឈ្មោះថាសកាយនៈ។ ជនទាំងឡាយ មានវាទៈមាំមួន មានវាទៈរឹងត្អឹង មានវាទៈដ៏មានកំឡាំង មានវាទៈខ្ជាប់ខ្ជួន ក្នុងសកាយនៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រកាន់មាំក្នុងសកាយនៈនោះ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលទាំងឡាយរមែងពោលថា សេចក្តីបរិសុទ្ធិក្នុងធម៌នេះឯង មិនពោលនូវសេចក្តីបរិសុទ្ធិក្នុងធម៌ទាំងឡាយឯទៀតទេ ពួកបុគ្គលអ្នកមានលទ្ធិដូចជាកំពង់ តាំងនៅស៊ប់ក្នុងទិដ្ឋិដ៏ច្រើនយ៉ាងនេះឯង ប្រកាន់មាំក្នុងសកាយនៈនោះ។
[២៧២]
មួយទៀត បុគ្គលប្រកាន់មាំក្នុងសកាយនៈ តែងយល់នូវបុគ្គលដទៃណាមួយ ថាជាបុគ្គលពាល ក្នុងសកាយនៈនុ៎ះ បុគ្គលនោះ កាលពោលនូវបុគ្គលដទៃថាពាល ថាមានធម៌មិនបរិសុទ្ធ តែងនាំមកនូវជម្លោះខ្លួនឯង។
[២៧៣] ពាក្យថា មួយទៀត បុគ្គលប្រកាន់មាំក្នុងសកាយនៈ គឺធម៌ឈ្មោះថាសកាយនៈ ទិដ្ឋិឈ្មោះថាសកាយនៈ បដិបទាឈ្មោះថាសកាយនៈ មគ្គ ឈ្មោះថាសកាយនៈ។ បុគ្គលមានវាទៈមាំមួន មានវាទៈរឹងត្អឹង មានវាទដ៏មានកំឡាំង មានវាទៈខ្ជាប់ខ្ជួន ក្នុងសកាយនៈ ហេតុនោះ (ទ្រង់ត្រាស់ថា) មួយទៀត បុគ្គលប្រកាន់មាំក្នុងសកាយនៈ។
[២៧៤] ពាក្យថា តែងយល់នូវបុគ្គលដទៃណាមួយ ថាជាបុគ្គលពាល ក្នុងសកាយនៈនុ៎ះ ត្រង់ពាក្យថានុ៎ះ គឺតែងយល់អ្នកណា ឃើញអ្នកណា មើលអ្នកណា ក្រឡេកឃើញអ្នកណា សំឡឹងឃើញអ្នកណា រំពឹងឃើញអ្នកណាដទៃ ថាជាបុគ្គលពាល ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ អាប់ឱន តាមទិដ្ឋិរបស់ខ្លួន តាមសេចក្តីគួររបស់ខ្លួន តាមសេចក្តីគាប់ចិត្តរបស់ខ្លួន តាមលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) តែងយល់នូវបុគ្គលដទៃណាមួយ ថាជាបុគ្គលពាលក្នុងសកាយនៈនុ៎ះ។
[២៧៥] ពាក្យថា បុគ្គលនោះ កាលពោលនូវបុគ្គលដទៃ ថាជាបុគ្គលពាល ថាមានធម៌មិនបរិសុទ្ធ តែងនាំមកនូវជម្លោះខ្លួនឯង សេចក្តីថា បុគ្គលកាលពោលយ៉ាងនេះ ថ្លែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ ពន្យល់យ៉ាងនេះ អធិប្បាយយ៉ាងនេះថា បុគ្គលនេះអាប់ឱន ពាល ថោកទាប ថោកថយ ទន់ទាប លាមក គម្រក់ កំទេចកំទី មានធម៌មិនស្អាត មានធម៌មិនស្អាតស្អំ មានធម៌មិនបរិសុទ្ធ មានធម៌មិនផូរផង់ គប្បីនាំមក នាំមកព្រម ប្រមូលមក ប្រមូលមកព្រម ទាញមក ទាញមកព្រម ប្រកាន់ បបោសអង្អែល អាស្រ័យនូវជម្លោះ នូវសេចក្តីប្រកួតប្រកាន់ នូវសេចក្តីប្រកាន់ខុស នូវជំលោះ នូវការប្រណាំងប្រជែង ដោយខ្លួនឯង ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ កាលពោលនូវបុគ្គលដទៃ ថាជាបុគ្គលពាល ថាមានធម៌មិនបរិសុទ្ធ តែងនាំមកនូវជម្លោះខ្លួនឯង។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
មួយទៀត បុគ្គលប្រកាន់មាំក្នុងសកាយនៈ តែងយល់នូវបុគ្គលដទៃណាមួយ ថាជាបុគ្គលពាល ក្នុងសកាយនៈនុ៎ះ បុគ្គលនោះ កាលពោលនូវបុគ្គលដទៃ ថាជាបុគ្គលពាល ថាមានធម៌មិនបរិសុទ្ធ តែងនាំមកនូវជម្លោះខ្លួនឯង។
[២៧៦]
ជននោះតាំងនៅក្នុងវិនិច្ឆ័យ ប្រមាណយកដោយខ្លួនឯងហើយ រមែងដល់នូវការទាស់ទែងក្នុងលោកតទៅ ជនលះបង់នូវវិនិច្ឆ័យទាំងពួង រមែងមិនធ្វើនូវជម្លោះក្នុងលោក។
[២៧៧] ពាក្យថា ជនតាំងនៅក្នុងវិនិច្ឆ័យ ប្រមាណយកដោយខ្លួនឯងហើយ សេចក្តីថា ទិដ្ឋិ ៦២ លោកហៅថា វិនិច្ឆ័យ ជនតាំងនៅ តាំងនៅស៊ប់ ប្រកាន់ បបោសអង្អែល អាស្រ័យក្នុងទិដ្ឋិដែលខ្លួនសម្រេចហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនតាំងនៅក្នុងវិនិច្ឆ័យ។ ពាក្យថា ប្រមាណយកដោយខ្លួនឯងហើយ គឺប្រមាណយក ស្មានយក ដោយខ្លួនឯង គឺប្រមាណយក ស្មានយកដោយខ្លួនឯងថា សាស្តានេះ ជាសព្វញ្ញូ ប្រមាណយក ស្មានយក ដោយខ្លួនឯងថា ធម៌នេះ ដែលសាស្តាសំដែងល្អហើយ ពួកនេះប្រតិបត្តិត្រូវ ទិដ្ឋិនេះចំរើន បដិបទានេះ សាស្តាបញ្ញត្តល្អហើយ មគ្គនេះ ជាទីស្រោចស្រង់សត្វ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនតាំងនៅក្នុងវិនិច្ឆ័យ ប្រមាណយកដោយខ្លួនឯងហើយ។
[២៧៨] ពាក្យថា ជននោះ រមែងដល់នូវការទាស់ទែង ក្នុងលោកតទៅ សេចក្តីថា អនាគត លោកហៅថា តទៅ។ ជនតាំងទុកនូវវាទៈរបស់ខ្លួនតទៅ ហើយដល់ ចូលដល់ ចូលទៅជិត កាន់យក បបោសអង្អែល អាស្រ័យនូវជម្លោះ នូវការប្រកួតប្រកាន់ នូវការប្រកាន់ខុស នូវការទាស់ទែង នូវការប្រណាំងប្រជែង ដោយខ្លួនឯង ហេតុនោះ (ទ្រង់ត្រាស់ថា) ជននោះ រមែងដល់នូវការទាស់ទែងក្នុងលោកតទៅ យ៉ាងនេះខ្លះ។ មួយទៀត (បុគ្គលនោះ) តែងធ្វើជម្លោះ ធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើសេចក្តីប្រកាន់ខុស ធ្វើការទាស់ទែង ធ្វើការប្រណាំងប្រជែងជាមួយនឹងវាទៈនៃជនដទៃតទៅថា អ្នកមិនចេះធម្មវិន័យនេះទេ។បេ។ ឬបើអ្នកអាច ចូរអ្នកដោះស្រាយចុះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជននោះរមែងដល់នូវការទាស់ទែងក្នុងលោកតទៅ យ៉ាងនេះខ្លះ។
[២៧៩] ពាក្យថា ជនលះបង់នូវវិនិច្ឆ័យទាំងពួង សេចក្តីថា ទិដ្ឋិ ៦២ លោកហៅថា វិនិច្ឆ័យ។ ជនលះបង់ លះលែង លះចោល កំចាត់បង់ កំចាត់បង់ស្រឡះ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពតទៅទៀត នូវទិដ្ឋិដែលខ្លួនវិនិច្ឆ័យទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនលះបង់នូវវិនិច្ឆ័យទាំងពួង។
[២៨០] ពាក្យថា ជនរមែងមិនធ្វើជម្លោះក្នុងលោក សេចក្តីថា រមែងមិនធ្វើជម្លោះ មិនធ្វើសេចក្តីប្រកួតប្រកាន់ មិនធ្វើសេចក្តីប្រកាន់ខុស មិនធ្វើសេចក្តីទាស់ទែង មិនធ្វើនូវសេចក្តីប្រណាំងប្រជែង។ សមដូចព្រះតម្រាស់នេះ ដែលព្រះមានព្រះភាគត្រាស់ថា ម្នាលអគ្គិវេស្សនៈ ភិក្ខុដែលមានចិត្តផុតស្រឡះយ៉ាងនេះហើយ រមែងមិនពោលប្រកាន់ជាមួយបុគ្គលណាមួយ មិនជជែកជាមួយបុគ្គលណាមួយ និយាយតែពាក្យណាដែលគេនិយាយក្នុងលោកនោះ តែមិនប្រកាន់។ ពាក្យថា ជន បានដល់សត្វ នរៈ មាណព បុរស បុគ្គល ជនមានជីវិត ជនមានជាតិ ជនអ្នកកើត ជនទៅដោយឥន្រ្ទិយ ជនអ្នកកើតអំពីមនុស្ស។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក ហេតុនោះ (ទ្រង់ត្រាស់ថា) ជនរមែងមិនធ្វើនូវជម្លោះក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ជននោះតាំងនៅក្នុងវិនិច្ឆ័យ ប្រមាណយកដោយខ្លួនឯងហើយ រមែងដល់នូវការទាស់ទែងក្នុងលោកតទៅ ជនលះបង់នូវវិនិច្ឆ័យទាំងពួង រមែងមិនធ្វើនូវជម្លោះក្នុងលោក។
ចប់ ចូឡវិយូហសុត្តនិទ្ទេស ទី១២។
(១៣. មហាវិយូហសុត្តនិទ្ទេសោ)
[២៨១]
(ព្រះពុទ្ធនិមិ្មតត្រាស់សួរថា) ពួកសមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ តែងសំដែងថា ពាក្យនេះឯង ជាពាក្យពិត តើសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមកនូវពាក្យនិន្ទាតែម្យ៉ាងឬ ឬក៏បានពាក្យសរសើរក្នុងហេតុនោះដែរ។
[២៨២] អធិប្បាយពាក្យថា ពួកសមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ ពាក្យថា ណាមួយ គឺគ្រប់ទាំងអស់ សព្វទាំងមូល មិនសេសសល់ ឥតសេសសល់ ពាក្យថា ណាមួយ នេះជាពាក្យអស់រលីង។ ពាក្យថា ត្រាំនៅក្នុងទិដ្ឋិ សេចក្តីថា មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកលុះក្នុងទិដ្ឋិ សមណព្រាហ្មណ៍ទាំងនោះ កាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តាទិដ្ឋិ ៦២ នូវទិដ្ឋិណាមួយហើយ នៅ នៅរួម នៅទួទៅ នៅត្រាំ ក្នុងទិដ្ឋិរបស់ខ្លួន ៗ។ ពួកជនអ្នកគ្រប់គ្រងផ្ទះក្តី រមែងនៅក្នុងផ្ទះ ពួកភិក្ខុអ្នកត្រូវអាបត្តិក្តី រមែងនៅក្នុងអាបត្តិ ពួកជនមានកិលេសក្តី តែងនៅក្នុងកិលេស យ៉ាងណាមិញ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកលុះក្នុងទិដ្ឋិ ក៏យ៉ាងនោះដែរ សមណព្រាហ្មណ៍ទាំងនោះ កាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត បណ្តាទិដ្ឋិ ៦២ នូវទិដ្ឋិណាមួយ ហើយនៅ នៅរួម នៅទួទៅ នៅត្រាំក្នុងទិដ្ឋិរបស់ខ្លួន ៗ។ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ពួកសមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ។
[២៨៣] ពាក្យថា តែងសំដែងថា ពាក្យនេះឯង ជាពាក្យពិត គឺតែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែងថា លោកទៀង ពាក្យនេះឯងពិត ពាក្យដទៃជាមោឃៈ តែងពោល សំដែង ពណ៌នា បំភ្លឺ ថ្លែងថា លោកមិនទៀង។បេ។ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះឯងពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់សួរថា) តែងសំដែងថា ពាក្យនេះឯងជាពាក្យពិត។
[២៨៤] ពាក្យថា តើសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមកនូវពាក្យនិន្ទាតែម្យ៉ាងឬ សេចក្តីថា តើសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមកនូវនិន្ទា នាំមកនូវពាក្យតិះដៀល នាំមកនូវការសរសើរតែម្យ៉ាង គឺសមណព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកត្រូវគេនិន្ទា ត្រូវគេតិះដៀល ត្រូវគេមិនសរសើរតែម្យ៉ាងឬ ហេតុនោះ (ទ្រង់ត្រាស់សួរថា) តើសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមកនូវពាក្យនិន្ទាតែម្យ៉ាងឬ។
[២៨៥] ពាក្យថា ឬក៏បាននូវពាក្យសរសើរ ក្នុងហេតុនោះដែរ សេចក្តីថា ឬក៏បាន បានចំពោះ បានប្រាកដ តែងបាននូវពាក្យសរសើរ ពាក្យស្ងើច កិតិ្តសព្ទ ពាក្យនាំមកនូវសេចក្តីសរសើរ ក្នុងហេតុនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន ក្នុងសេចក្តីគួររបស់ខ្លួន ក្នុងសេចក្តីពេញចិត្តរបស់ខ្លួន ក្នុងលទិ្ធរបស់ខ្លួននោះដែរ ហេតុនោះ (ទ្រង់ត្រាស់សួរថា) ឬក៏បាននូវពាក្យសរសើរ ក្នុងហេតុនោះដែរ។ ហេតុនោះ ព្រះពុទ្ធនិមិ្មត ត្រាស់សួរថា
ពួកសមណព្រាហ្មណ៍ណាមួយ ត្រាំនៅក្នុងទិដ្ឋិ តែងសំដែងថា ពាក្យនេះឯង ជាពាក្យពិត តើសមណព្រាហ្មណ៍ទាំងអស់នោះ នឹងនាំមកនូវពាក្យនិន្ទាតែម្យ៉ាងឬ ឬក៏បាននូវពាក្យសរសើរ ក្នុងហេតុនោះដែរ។
[២៨៦]
(ព្រះមានព្រះភាគត្រាស់ថា) ផល គឺសេចក្តីសរសើរនុ៎ះ មានបន្តិចបន្តួច មិនអាចដើម្បីស្ងប់រម្ងាប់បានទេ តថាគត ពោលនូវផលនៃវិវាទ ថាមាន ២ ប្រការ បុគ្គលកាលឃើញទោសនេះ ហើយឃើញច្បាស់នូវព្រះនិព្វាន ជាភូមិមិនមានវិវាទ ជាទីក្សេមក្សាន្ត រមែងមិនទាស់ទែងទេ។
[២៨៧] អធិប្បាយពាក្យថា ផលគឺសេចក្តីសរសើរនុ៎ះ មានបន្តិចបន្តួច មិនអាចដើម្បីស្ងប់ រម្ងាប់បានទេ ត្រង់ពាក្យថា ផលគឺសេចក្តីសរសើរនុ៎ះ មានបន្តិចបន្តួចទេ គឺផលនុ៎ះមាន ប្រមាណតិច ផលនុ៎ះអន់ថយ ផលនុ៎ះថោក ផលនុ៎ះលាមក ផលនុ៎ះអាក្រក់ ផលនុ៎ះស្តួចស្តើង ហេតុនោះ (ទ្រង់ត្រាស់ថា) ផលនុ៎ះមានបន្តិចបន្តួច។ ពាក្យថា មិនអាចដើម្បីរម្ងាប់បានទេ គឺមិនអាចដើម្បីរម្ងាប់រាគៈ ដើម្បីរម្ងាប់ទោសៈ ដើម្បីរម្ងាប់មោហៈ ដើម្បីរម្ងាប់កោធៈ ដើម្បីរម្ងាប់ ដើម្បីស្ងប់ស្ងាត់ ដើម្បីរលត់ ដើម្បីលះបង់ ដើម្បីគ្របសង្កត់នូវឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង សេចក្តីអន្ទះអន្ទែងទាំងពួង អកុសលាភិសង្ខារទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ផលគឺសេចក្តីសរសើរនុ៎ះ មានបន្តិចបន្តួច មិនអាចដើម្បីស្ងប់រម្ងាប់បានទេ។
[២៨៨] ពាក្យថា តថាគតពោលនូវផលនៃវិវាទ ថាមាន ២ ប្រការ គឺតថាគតពណ៌នា ប្រាប់ សំដែង បញ្ញត្ត ផ្តើម បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា ជម្លោះព្រោះទិដ្ឋិ ការប្រកាន់ព្រោះទិដ្ឋិ ការទាស់ទែងព្រោះទិដ្ឋិ ការវិវាទព្រោះទិដ្ឋិ ការបែកខ្ញែកព្រោះទិដ្ឋិ រមែងមានផល ២ ប្រការ គឺ ការឈ្នះ និងការចាញ់ លាភ និងឥតលាភ យស និងឥតយស និន្ទា និងសរសើរ សុខ និងទុក្ខ សោមនស្ស និងទោមនស្ស អារម្មណ៍ជាទីប្រាថ្នា និងមិនជាទីប្រាថ្នា សេចក្តីអាណិត និងការថ្នាំងថ្នាក់ ធូរចិត្ត និងតឹងចិត្ត ការត្រេកអរ និងក្រេវក្រោធ ម្យ៉ាងទៀត អំពើនោះ ជាអំពើប្រព្រឹត្តទៅដើម្បីនរក ប្រព្រឹត្តទៅដើម្បីកំណើតសត្វតិរច្ឆាន ប្រព្រឹត្តទៅដើម្បីប្រេតវិស័យ ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលនូវផលនៃវិវាទថាមាន ២ ប្រការ។
[២៨៩] អធិប្បាយពាក្យថា បុគ្គលកាលឃើញទោសនេះហើយ រមែងមិនទាស់ទែងទេ ត្រង់ពាក្យថា ឃើញទោសនេះ គឺឃើញ ជួប ថ្លឹង ពិចារណា ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដ នូវទោសក្នុងជម្លោះព្រោះទិដ្ឋិ ក្នុងការប្រកាន់ព្រោះទិដ្ឋិ ក្នុងការទាស់ទែងព្រោះទិដ្ឋិ ក្នុងការវិវាទព្រោះទិដ្ឋិ ក្នុងការបែកខ្ញែកព្រោះទិដ្ឋិនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញនូវទោសនេះ។ ពាក្យថា រមែងមិនទាស់ទែងទេ គឺរមែងមិនធ្វើនូវជម្លោះ មិនធ្វើនូវការប្រកាន់ មិនធ្វើនូវការទាស់ទែង មិនធ្វើនូវការវិវាទ មិនធ្វើនូវការបែកខ្ញែក គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ដល់នូវការមិនកើតមាននូវជម្លោះ នូវការប្រកាន់ នូវការទាស់ទែង នូវវិវាទ និងការបែកខ្ញែក ជាអ្នកឆ្ងាយ វៀរបង់ ជៀសវាង ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ ប្រាសចេញ ចាកជម្លោះ ចាកការប្រកាន់ ចាកការទាស់ទែង ចាកវិវាទ និងការបែកខ្ញែក តែងនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលកាលឃើញទោសនេះហើយ រមែងមិនទាស់ទែងទេ។
[២៩០] ពាក្យថា ឃើញច្បាស់នូវព្រះនិព្វាន ជាភូមិមិនមានវិវាទ ជាទីក្សេមក្សាន្ត អធិប្បាយថា អមតនិព្វាន ហៅថា ភូមិមិនមានវិវាទ បានខាងការរម្ងាប់សង្ខារទាំងពួង ការលះបង់ឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាករាគៈ ការរលត់ទុក្ខ និព្វាន។ បុគ្គលកាលឃើញ ប្រទះ រមិលមើល សំឡឹងមើល ពិនិត្យមើល នូវភូមិមិនមានវិវាទនុ៎ះ ថាជាទីក្សេមក្សាន្ត ជាទីពំនាក់ ជាទីជ្រកកោន ជាទីរឭក ជាទីមិនមានភ័យ ជាទីទៀងទាត់ ជាទីមិនស្លាប់ ជាទីមិនមានកិលេសជាគ្រឿងចាក់ស្រេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញច្បាស់នូវព្រះនិព្វានជាភូមិមិនមានវិវាទ ជាទីក្សេមក្សាន្ត។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ផល គឺសេចក្តីសរសើរនុ៎ះ មានបន្តិចបន្តួច មិនអាចដើម្បីរម្ងាប់បានទេ តថាគតពោលនូវផលនៃវិវាទថាមាន ២ ប្រការ បុគ្គលកាលឃើញទោសនេះហើយ ឃើញច្បាស់នូវព្រះនិព្វាន ជាភូមិមិនមានវិវាទ ជាទីក្សេមក្សាន្ត រមែងមិនទាស់ទែងទេ។
[២៩១]
សម្មតិទាំងឡាយណាមួយ ដែលកើតអំពីបុថុជ្ជន អ្នកប្រាជ្ញរមែងមិនប្រកាន់នូវសម្មតិទាំងអស់នុ៎ះទេ (ព្រោះ) លោកមិនមានធម៌ជាគ្រឿងប្រកាន់ មិនធ្វើសេចក្តីចូលចិត្ត ក្នុងអារម្មណ៍ដែលខ្លួនឃើញហើយ ឮហើយទេ ធ្វើម្តេច នឹងដល់នូវធម៌ជាគ្រឿងប្រកាន់។
[២៩២] អធិប្បាយពាក្យថា សម្មតិទាំងឡាយណាមួយ ដែលកើតអំពីបុថុជ្ជន ត្រង់ពាក្យថា ណាមួយ គឺ គ្រប់ទាំងអស់ សព្វទាំងមូល មិនសេសសល់ ឥតសេសសល់ ពាក្យថា ណាមួយ នេះជាពាក្យអស់រលីង។ ពាក្យថា សម្មតិទាំងឡាយ គឺទិដ្ឋិ ៦២ លោកហៅថា សម្មតិទាំងឡាយ។ ពាក្យថា កើតអំពីបុថុជ្ជន គឺសម្មតិទាំងនោះ កើតអំពីបុថុជ្ជនទាំងឡាយ ហេតុនោះ ទើបឈ្មោះថា កើតអំពីបុថុជ្ជន។ ឬថា សម្មតិទាំងនោះ កើតហើយអំពីជនផ្សេង ៗ ដ៏ច្រើន ហេតុនោះ ទើបឈ្មោះថា កើតអំពីបុថុជ្ជន ហេតុនោះ (ទ្រង់ត្រាស់ថា) សម្មតិទាំងឡាយណាមួយ កើតអំពីបុថុជ្ជន។
[២៩៣] ពាក្យថា អ្នកប្រាជ្ញរមែងមិនប្រកាន់នូវសម្មតិទាំងអស់នុ៎ះទេ គឺអ្នកប្រាជ្ញជាអ្នកដល់នូវវិជ្ជា មានញាណ មានប្រាជ្ញាភ្លឺច្បាស់ មានប្រាជ្ញាជាគ្រឿងកំចាត់កិលេស មិនដល់ មិនចូលទៅជិត មិនចូលទៅរក មិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់ស្អិត នូវសម្មតិ គឺទិដ្ឋិទាំងអស់នុ៎ះទេ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញរមែងមិនប្រកាន់នូវសម្មតិទាំងអស់នុ៎ះទេ។
[២៩៤] អធិប្បាយពាក្យថា លោកមិនមានធម៌ជាគ្រឿងប្រកាន់ ធ្វើម្តេចនឹងដល់នូវធម៌ ជាគ្រឿងប្រកាន់ ត្រង់ពាក្យថា ធម៌ជាគ្រឿងប្រកាន់ បានដល់ ធម៌ជាគ្រឿងប្រកាន់ ២ យ៉ាង គឺ ធម៌ជាគ្រឿងប្រកាន់គឺតណ្ហា ១ ធម៌ជាគ្រឿងប្រកាន់គឺទិដ្ឋិ ១។បេ។ នេះធម៌ជាគ្រឿងប្រកាន់គឺតណ្ហា។បេ។ នេះធម៌ជាគ្រឿងប្រកាន់គឺទិដ្ឋិ។ បុគ្គលនោះ លះបង់ធម៌ជាគ្រឿងប្រកាន់គឺតណ្ហា រលាស់ចោលធម៌ជាគ្រឿងប្រកាន់គឺទិដ្ឋិ បុគ្គលមិនមានធម៌ជាគ្រឿងប្រកាន់ ព្រោះលះបង់ធម៌ជាគ្រឿងប្រកាន់គឺតណ្ហា ព្រោះរលាស់ចោលធម៌ជាគ្រឿងប្រកាន់គឺទិដ្ឋិ គប្បីចូលទៅជិត ចូលទៅរក ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត នូវរូបថាជាខ្លួនរបស់អញដូចម្តេចកើត។ គប្បីចូលទៅជិត ចូលទៅរក ប្រកាន់ ស្ទាប់អង្អែល ប្រកាន់ស្អិត នូវវេទនា ដូចម្តេចកើត នូវសញ្ញាដូចម្តេចកើត នូវសង្ខារដូចម្តេចកើត នូវវិញ្ញាណដូចម្តេចកើត នូវគតិដូចម្តេចកើត នូវឧបបត្តិដូចម្តេចកើត នូវបដិសន្ធិដូចម្តេចកើត នូវភពដូចម្តេចកើត នូវសង្សារដូចម្តេចកើត នូវវដ្តៈដូចម្តេចកើត ហេតុនោះ (ទ្រង់ត្រាស់ថា) លោកមិនមានធម៌ជាគ្រឿងប្រកាន់ ធ្វើម្តេចនឹងដល់នូវធម៌ជាគ្រឿងប្រកាន់។
[២៩៥] ពាក្យថា មិនធ្វើនូវសេចក្តីចូលចិត្ត ក្នុងអារម្មណ៍ដែលខ្លួនឃើញហើយ ឮហើយទេ គឺមិនធ្វើសេចក្តីចូលចិត្ត មិនធ្វើសេចក្តីពេញចិត្ត មិនធ្វើសេចក្តីស្រឡាញ់ មិនធ្វើ មិនឲ្យកើត មិនឲ្យកើតព្រម មិនឲ្យលូតលាស់ មិនឲ្យដុះដាលឡើង នូវតម្រេកក្នុងអារម្មណ៍ដែលឃើញ ឬក្នុងសេចក្តីបរិសុទ្ធិព្រោះឃើញ ក្នុងអារម្មណ៍ដែលឮ ឬក្នុងសេចក្តីបរិសុទ្ធិព្រោះឮ ក្នុងអារម្មណ៍ដែលប៉ះពាល់ ឬក្នុងសេចក្តីបរិសុទ្ធិព្រោះប៉ះពាល់ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនធ្វើនូវសេចក្តីចូលចិត្ត ក្នុងអារម្មណ៍ដែលខ្លួនឃើញហើយ ឮហើយទេ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
សម្មតិទាំងឡាយណាមួយ ដែលកើតអំពីបុថុជ្ជន អ្នកប្រាជ្ញរមែងមិនប្រកាន់នូវសម្មតិទាំងអស់នុ៎ះទេ (ព្រោះ) លោកមិនមានធម៌ជាគ្រឿងប្រកាន់ មិនធ្វើសេចក្តីចូលចិត្ត ក្នុងអារម្មណ៍ដែលខ្លួនឃើញហើយ ឮហើយទេ ធ្វើម្តេចនឹងដល់នូវធម៌ជាគ្រឿងប្រកាន់។
[២៩៦]
សមណព្រាហ្មណ៍ទាំងឡាយ (ណា) ជាអ្នកប្រកាន់ថា សីលឧត្តម ប្រកាន់ស្អិតនូវវត្ត បានពោលនូវសេចក្តីបរិសុទ្ធិ ដោយការសង្រួមថា យើងសិក្សានូវសេចក្តីបរិសុទ្ធិរបស់គ្រូនោះ ក្នុងទិដ្ឋិនេះតែម្យ៉ាង (សមណព្រាហ្មណ៍ទាំងនោះ) ជាអ្នកប្រកាន់ថាខ្លួនឈ្លាសវៃ រមែងជាអ្នកចូលទៅរកភព។
[២៩៧] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយ (ណា) ជាអ្នកប្រកាន់ថាសីលឧត្តម បានពោលនូវសេចក្តីបរិសុទ្ធិ ដោយការសង្រួម សេចក្តីថា មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកពោលថា សីលឧត្តម សមណព្រាហ្មណ៍ទាំងនោះ ពោល និយាយ សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ នូវការរួច រួចវិសេស រួចស្រឡះ ដោយគុណត្រឹមតែសីល ត្រឹមតែការសង្រួម ត្រឹមតែការរវាំង ត្រឹងតែការមិនប្រព្រឹត្តកន្លង។ (តួយ៉ាងដូច) សមណមុណ្ឌិកាបុត្ត បានពោលយ៉ាងនេះថា ម្នាលជាងឈើ ខ្ញុំបញ្ញត្តបុរសបុគ្គលដែលប្រកបដោយធម៌ ៤ ថាជាអ្នកមានកុសលបរិបូណ៌ មានកុសលដ៏ឧត្តម ដល់នូវគុណដែលគួរដល់ដ៏ខ្ពង់ខ្ពស់ ជាសមណៈដែលគេផ្ចាញ់មិនបាន ចុះធម៌ ៤ តើដូចម្តេច ម្នាលជាងឈើ បុគ្គលក្នុងលោកនេះ មិនធ្វើបាបកម្មដោយកាយ ១ មិនពោលពាក្យអាក្រក់ ១ មិនត្រិះរិះនូវតម្រិះអាក្រក់ ១ មិនចិញ្ចឹមជីវិតអាក្រក់ ១ ម្នាលជាងឈើ ខ្ញុំបញ្ញត្តបុរសបុគ្គល ដែលប្រកបដោយធម៌ ៤ នេះឯងថា ជាអ្នកមានកុសលបរិបូណ៌ មានកុសលដ៏ឧត្តម ដល់នូវគុណដែលគួរដល់ដ៏ខ្ពង់ខ្ពស់ ជាសមណៈដែលគេផ្ចាញ់មិនបាន។ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកពោលថា សីលឧត្តម សមណព្រាហ្មណ៍ទាំងនោះ ពោល និយាយ សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ នូវការរួច រួចវិសេស រួចស្រឡះ ដោយគុណត្រឹមតែសីល ត្រឹមតែការសង្រួម ត្រឹមតែការរវាំង ត្រឹមតែការមិនប្រព្រឹត្តកន្លង យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រកាន់ថា សីលឧត្តម បានពោលនូវសេចក្តីបរិសុទ្ធិ ដោយការសង្រួម។
[២៩៨] ពាក្យថា ប្រកាន់ស្អិតនូវវត្ត ត្រង់ពាក្យថា វត្ត គឺកាន់យក សមាទាន អើពើ ទទួល ស្ទាបអង្អែល ប្រកាន់ស្អិត ហើយតាំងមាំ ដំកល់ស៊ប់ ជាប់ស្អិត ចូលទៅរក ចុះចិត្តស៊ប់ ឱនទៅរក នូវវត្តដំរី វត្តសេះ វត្តគោ វត្តពពែ វត្តឆ្កែ វត្តក្អែក វត្តវាសុទេព វត្តបុណ្ណភទ្ទ វត្តមណិភទ្ទ វត្តភ្លើង វត្តនាគ វត្តគ្រុឌ វត្តយក្ស វត្តអសុរ វត្តគន្ធព្វ វត្តមហារាជ វត្តព្រះច័ន្រ្ទ វត្តព្រះអាទិត្យ វត្តព្រះឥន្រ្ទ វត្តព្រះព្រហ្ម វត្តទេវតា វត្តទិស ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រកាន់ស្អិតនូវវត្ត។
[២៩៩] អធិប្បាយពាក្យថា យើងសិក្សានូវសេចក្តីបរិសុទ្ធិរបស់គ្រូនោះ ក្នុងទិដ្ឋិនេះតែម្យ៉ាង ត្រង់ពាក្យថា ក្នុងទិដ្ឋិនេះ គឺយើងសិក្សា ប្រព្រឹត្តទួទៅ ប្រព្រឹត្តព្រម សមាទាន ប្រព្រឹត្ត ក្នុងទិដ្ឋិរបស់ខ្លួន ក្នុងសេចក្តីគួររបស់ខ្លួន ក្នុងសេចក្តីគាប់ចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) យើងសិក្សា ក្នុងទិដ្ឋិនេះតែម្យ៉ាង។ ពាក្យថា នូវសេចក្តីបរិសុទ្ធិរបស់គ្រូនោះ គឺនូវការស្អាត ស្អាតវិសេស បរិសុទ្ធិ នូវការរួច រួចវិសេស រួចស្រឡះរបស់គ្រូនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) យើងសិក្សានូវសេចក្តីបរិសុទ្ធិរបស់គ្រូនោះ ក្នុងទិដ្ឋិនេះតែម្យ៉ាង។
[៣០០] អធិប្បាយពាក្យថា (សមណព្រាហ្មណ៍ទាំងនោះ) ជាអ្នកប្រកាន់ថា ខ្លួនឈ្លាសវៃ រមែងជាអ្នកចូលទៅរកភព ត្រង់ពាក្យថា ជាអ្នកចូលទៅរកភព គឺជាអ្នកចូលទៅជិត កាន់ភព ចូកទៅរកភព ចុះស៊ប់ក្នុងភព ឱនទៅរកភព ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកចូលទៅរកភព។ ពាក្យថា ប្រកាន់ថាខ្លួនឈ្លាសវៃ គឺជាអ្នកពោលថាឈ្លាសវៃ ពោលថាជាបណ្ឌិត ពោលថាជាអ្នកប្រាជ្ញ ពោលថាប្រកបដោយញាណ ពោលថាប្រកបដោយហេតុ ពោលថាប្រកបដោយលក្ខណៈ ពោលថាប្រកបដោយការណ៍ ពោលថាប្រកបដោយឋានៈ ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកចូលទៅរកភព ប្រកាន់ថាឈ្លាសវៃ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
សមណព្រាហ្មណ៍ទាំងឡាយ (ណា) ជាអ្នកប្រកាន់ថា សីលឧត្តម ប្រកាន់ស្អិតនូវវត្ត បានពោលនូវសេចក្តីបរិសុទ្ធិដោយការសង្រួមថា យើងសិក្សានូវសេចក្តីបរិសុទ្ធិរបស់គ្រូនោះ ក្នុងទិដ្ឋិនេះតែម្យ៉ាង (សមណព្រាហ្មណ៍ទាំងនោះ) ជាអ្នកប្រកាន់ថាខ្លួនឈ្លាសវៃ រមែងជាអ្នកចូលទៅរកភព។
[៣០១]
បើបុគ្គលណាឃ្លាតចាកសីល និងវត្តហើយ បុគ្គលនោះ រមែងញាប់ញ័រ ព្រោះភ្លាត់ចាកកម្ម បុគ្គលនោះឯង តែងចង់បានផង ប្រាថ្នាផង នូវសេចក្តីបរិសុទ្ធិ ដូចបុគ្គលឃ្លាតចាកផ្ទះ ហើយសាបសូន្យចាកពួក។
[៣០២] ពាក្យថា បើបុគ្គលណា ឃ្លាតចាកសីល និងវត្តហើយ អធិប្បាយថា បុគ្គលឃ្លាតចាកសីល និងវត្ត ដោយហេតុ ២ ប្រការគឺ ឃ្លាតដោយការលះបង់ ព្រោះបុគ្គលដទៃ ឬកាលមិនសម្រេចហើយឃ្លាត។
បុគ្គលឃ្លាតដោយការលះបង់ ព្រោះបុគ្គលដទៃ តើដូចម្តេច។ បុគ្គលដទៃឲ្យលះបង់ថា សាស្តានោះ មិនមែនជាសព្វញ្ញូទេ ធម៌មិនមែនព្រះសាស្តាសំដែងដោយប្រពៃទេ គណៈមិនមែនប្រតិបត្តិដោយប្រពៃទេ ទិដ្ឋិមិនមែនល្អទេ បដិបទា មិនមែនសាស្តានោះបញ្ញត្តដោយប្រពៃទេ មគ្គ មិនមែនជាទីស្រោចស្រង់សត្វទេ សេចក្តីស្អាតក្តី ការស្អាតវិសេសក្តី ការរួចក្តី ការរួចដោយវិសេសក្តី ការរួចស្រឡះក្តី មិនមានក្នុងលទិ្ធនុ៎ះទេ ជនទាំងឡាយ ស្អាត ស្អាតវិសេស បរិសុទ្ធិ រួច រួចវិសេស រួចស្រឡះ ក្នុងលទ្ធិនុ៎ះ មិនមានទេ ជនទាំងឡាយនោះ ជាអ្នកថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ តិចតួច បុគ្គលដទៃឲ្យលះបង់យ៉ាងនេះឯង។ បុគ្គលនោះ កាលត្រូវគេឲ្យលះបង់យ៉ាងនេះ ក៏ឃ្លាតចាកសាស្តា ឃ្លាតចាកធម៌ដែលសាស្តាពោល ឃ្លាតចាកគណៈ ឃ្លាតចាកទិដ្ឋិ ឃ្លាតចាកបដិបទា ឃ្លាតចាកមគ្គ បុគ្គលឃ្លាតដោយការលះបង់ ព្រោះបុគ្គលដទៃយ៉ាងនេះ។
បុគ្គលកាលមិនសម្រេច ហើយឃ្លាត តើដូចម្តេច។ បុគ្គលកាលមិនញុំាងសីលឲ្យសម្រច ឈ្មោះថា ឃ្លាតចាកសីល មិនញុំាងវត្តឲ្យសម្រេច ឈ្មោះថាឃ្លាតចាកវត្ត មិនញុំាងសីល និងវត្តឲ្យសម្រេច ឈ្មោះថាឃ្លាតចាកសីល និងវត្ត បុគ្គលកាលមិនសម្រេច ហើយឃ្លាតយ៉ាងនេះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) បើបុគ្គលណា ឃ្លាតចាកសីល និងវត្តហើយ។
[៣០៣] អធិប្បាយពាក្យថា បុគ្គលនោះរមែងញាប់ញ័រ ព្រោះភ្លាត់ចាកកម្ម ត្រង់ពាក្យថា បុគ្គលនោះរមែងញាប់ញ័រ គឺបុគ្គលនោះរមែងញាប់ញ័រ ញាប់ញ័រខ្លាំង ញាប់ញ័រចំប្រប់ថា សីលក្តី វត្តក្តី សីល និងវត្តក្តី អាត្មាអញខុសហើយ អាត្មាអញប្រាសចេញហើយ អាត្មាអញ ភ្លាំងភ្លាត់ហើយ អាត្មាអញឃ្លៀងឃ្លាតហើយ អាត្មាអញប្រាសចាកអរហត្តផលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះរមែងញាប់ញ័រ។ ពាក្យថា ព្រោះភ្លាត់ចាកកម្ម គឺបុគ្គលនោះ រមែងញាប់ញ័រ ញាប់ញ័រខ្លាំង ញាប់ញ័រចំប្រប់ថា បុញ្ញភិសង្ខារក្តី អបុញ្ញាភិសង្ខារក្តី អានេញ្ជាភិសង្ខារក្តី អាត្មាអញខុសហើយ អាត្មាអញប្រាសចេញហើយ អាត្មាអញភ្លាំងភា្លត់ហើយ អាត្មាអញឃ្លៀងឃ្លាតហើយ អាត្មាអញប្រាសចាកអរហត្តផលហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ រមែងញាប់ញ័រ ព្រោះភ្លាត់ចាកកម្ម។
[៣០៤] ពាក្យថា បុគ្គលនោះឯង តែងចង់បានផង ប្រាថ្នាផង នូវសេចក្តីបរិសុទ្ធិ ត្រង់ពាក្យថា បុគ្គលនោះ ចង់បាន គឺចង់បានសីល ចង់បានវត្ត ចង់បាន ចង់បានខ្លាំង ចង់បានណាស់ នូវសីល និងវត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះរមែងចង់បាន។ ពាក្យថា ប្រាថ្នាផងនូវសេចក្តីបរិសុទ្ធិ គឺប្រាថ្នានូវសេចក្តីបរិសុទ្ធិនៃសីល ប្រាថ្នានូវសេចក្តីបរិសុទ្ធិនៃវត្ត ប្រាថ្នា ស្រឡាញ់ ចង់បានណាស់ នូវសេចក្តីបរិសុទ្ធិនៃសីល និងវត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះឯង តែងចង់បានផង ប្រាថ្នាផង នូវសេចក្តីបរិសុទ្ធិ។
[៣០៥] ពាក្យថា (ដូច) បុគ្គលឃ្លាតចាកផ្ទះ ហើយសាបសូន្យចាកពួក សេចក្តីថា បុរសចេញអំពីផ្ទះ នៅជាមួយនឹងពួក ឃ្លាតពួកហើយ រមែងទៅតាមពួកនោះ ឬត្រឡប់មកកាន់ផ្ទះខ្លួនវិញ យ៉ាងណា បុគ្គលអ្នកលុះក្នុងទិដ្ឋិនោះ រមែងប្រកាន់សាស្តានោះ ឬប្រកាន់សាស្តាដទៃ ប្រកាន់ធម៌ដែលសាស្តាពោលហើយនោះ ឬប្រកាន់ធម៌ដទៃដែលសាស្តាពោលហើយ ប្រកាន់គណៈនោះ ឬប្រកាន់គណៈដទៃ ប្រកាន់ទិដ្ឋិនោះ ឬប្រកាន់ទិដ្ឋិដទៃ ប្រកាន់បដិបទានោះ ឬប្រកាន់បដិបទាដទៃ ប្រកាន់មគ្គនោះ ឬប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត នូវមគ្គដទៃ ក៏យ៉ាងនោះដែរ ហេតុនោះ (ទ្រង់ត្រាស់ថា) (ដូច) បុគ្គលឃ្លាតចាកផ្ទះ ហើយសាបសូន្យចាកពួក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលណា ឃ្លាតចាកសីល និងវត្តហើយ បុគ្គលនោះឯង រមែងញាប់ញ័រ ព្រោះភ្លាត់ចាកកម្ម បុគ្គលនោះ រមែងចង់បានផង ប្រាថ្នាផង នូវសេចក្តីបរិសុទ្ធិ ដូចបុគ្គលឃ្លាតចាកផ្ទះ ហើយសាបសូន្យចាកពួក។
[៣០៦]
បុគ្គលលះបង់នូវសីល និងវត្តទាំងអស់ផង នូវកម្មដែលមានទោស និងមិនមានទោសនុ៎ះផង មិនប្រាថ្នានូវសេចក្តីបរិសុទ្ធិ និងសេចក្តីមិនបរិសុទ្ធិផង គប្បីប្រព្រឹត្តវៀរ មិនប្រកាន់នូវសេចក្តីស្ងប់។
[៣០៧] ពាក្យថា បុគ្គលលះបង់នូវសីល និងវត្តទាំងអស់ គឺបុគ្គលលះបង់ លះលែង បន្ទោបង់ ធ្វើឲ្យវិនាស ដល់ការមិនកើតមាននូវសេចក្តីបរិសុទ្ធិនៃសីលទាំងអស់ លះបង់ លះលែង បន្ទោបង់ ធ្វើឲ្យវិនាស ដល់ការមិនកើតមាននូវសេចក្តីបរិសុទ្ធិនៃវត្តទាំងអស់ លះបង់ លះលែង បន្ទោបង់ ធ្វើឲ្យវិនាស ដល់ការមិនកើតមាននូវសេចក្តីបរិសុទ្ធិនៃសីល និងវត្តទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលលះបង់នូវសីល និងវត្តទាំងអស់។
[៣០៨] ពាក្យថា នូវកម្មដែលមានទោស និងមិនមានទោសនុ៎ះផង សេចក្តីថា អំពើខ្មៅឲ្យផលខ្មៅ លោកហៅថា កម្មមានទោស។ អំពើសឲ្យផលស លោកហៅថា កម្មមិនមានទោស។ (បុគ្គល) លះបង់ លះលែង បន្ទោបង់ ធ្វើឲ្យវិនាស ដល់ការមិនកើតមាននូវកម្មមានទោសផង កម្មមិនមានទោសផង ហេតុនោះ (ទ្រង់ត្រាស់ថា) នូវកម្មដែលមានទោស និងមិនមានទោសនុ៎ះផង។
[៣០៩] ពាក្យថា មិនប្រាថ្នាសេចក្តីបរិសុទ្ធិ និងសេចក្តីមិនបរិសុទ្ធិ អធិប្បាយថា ពួកបុថុជ្ជន តែងប្រាថ្នាសេចក្តីមិនបរិសុទ្ធិ ប្រាថ្នាអកុសលធម៌ ប្រាថ្នាសេចក្តីបរិសុទ្ធិ ប្រាថ្នាកាមគុណ ៥ ប្រាថ្នាសេចក្តីមិនបរិសុទ្ធិ ប្រាថ្នាអកុសលធម៌ ប្រាថ្នាកាមគុណ ៥ ប្រាថ្នាសេចក្តីបរិសុទ្ធិ ប្រាថ្នាទិដ្ឋិ ៦២ ប្រាថ្នាសេចក្តីមិនបរិសុទ្ធិ ប្រាថ្នាអកុសលធម៌ ប្រាថ្នាកាមគុណ ៥ ប្រាថ្នាទិដ្ឋិ ៦២ ប្រាថ្នាសេចក្តីបរិសុទ្ធិ ប្រាថ្នាកុសលធម៌ក្នុងត្រៃធាតុ ប្រាថ្នាសេចក្តីមិនបរិសុទ្ធិ ប្រាថ្នាអកុសលធម៌ ប្រាថ្នាកាមគុណ ៥ ប្រាថ្នាទិដ្ឋិ ៦២ ប្រាថ្នាកុសលធម៌ក្នុងត្រៃធាតុ ប្រាថ្នាសេចក្តីបរិសុទ្ធិ ឯកល្យាណបុថុជ្ជន ប្រាថ្នាការយាងចុះកាន់និយាមៈ6) សេក្ខបុគ្គល ប្រាថ្នាអរហត្តជាធម៌ប្រសើរ។ កាលបើដល់ព្រះអរហត្តហើយ ព្រះអរហន្ត មិនប្រាថ្នាអកុសលធម៌ មិនប្រាថ្នាកាមគុណ ៥ មិនប្រាថ្នាទិដ្ឋិ ៦២ មិនប្រាថ្នាកុសលធម៌ក្នុងត្រៃធាតុ មិនប្រាថ្នាការយាងចុះកាន់និយាមៈ មិនប្រាថ្នាព្រះអរហត្តជាធម៌ដ៏ប្រសើរ។ ព្រះអរហន្ត កាលកន្លងសេចក្តីប្រាថ្នា ឈ្មោះថាកន្លងផុតសេចក្តីចំរើន និងសេចក្តីសាបសូន្យ។ ព្រះអរហន្តនោះ មានអរិយវាសនៅរួចហើយ មានការប្រព្រឹត្តិសន្សំហើយ។បេ។ ភពថ្មីនៃព្រះអរហន្តនោះ មិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រាថ្នានូវសេចក្តីបរិសុទ្ធិ និងសេចក្តីមិនបរិសុទ្ធិ។
[៣១០] អធិប្បាយពាក្យថា គប្បីប្រព្រឹត្តវៀរ មិនប្រកាន់សេចក្តីស្ងប់ ត្រង់ពាក្យថា វៀរ គឺ វៀរទួទៅ វៀរស្រឡះ វៀរចំពោះ ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ ប្រកប ប្រាសចាកសេចក្តីបរិសុទ្ធិ និងមិនបរិសុទ្ធិ រមែងនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) វៀរ ពាក្យថា គប្បីប្រព្រឹត្ត គឺគប្បីត្រាច់ទៅ គប្បីត្រាច់ទៅផ្សេង ៗ គប្បីញុំាងឥរិយាបថឲ្យប្រព្រឹត្តទៅ គប្បីញុំាងការប្រព្រឹត្តិឥរិយាបថឲ្យកើត គប្បីរក្សាឥរិយាបថ គប្បីបំពេញឥរិយាបថ គប្បីបង្រ្គប់ឥរិយាបថ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីប្រព្រឹត្តវៀរ។ ពាក្យថា មិនប្រកាន់សេចក្តីស្ងប់ សេចក្តីថា ទិដ្ឋិ ៦២ លោកហៅថា សេចក្តីស្ងប់។ បុគ្គលមិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់ស្អិត នូវសេចក្តីស្ងប់គឺទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីប្រព្រឹត្តវៀរ មិនប្រកាន់សេចក្តីស្ងប់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលលះបង់នូវសីល និងវត្តទាំងអស់ផង នូវកម្មដែលមានទោស និងមិនមានទោសនុ៎ះផង មិនប្រាថ្នាសេចក្តីបរិសុទ្ធិ និងសេចក្តីមិនបរិសុទ្ធិផង គប្បីប្រព្រឹត្តវៀវ មិនប្រកាន់សេចក្តីស្ងប់។
[៣១១]
ពួកសមណព្រាហ្មណ៍ ជាឧទ្ធំសរាវាទ មានតណ្ហាមិនទាន់ទៅប្រាស ក្នុងភពតូចភពធំទាំងឡាយ អាស្រ័យនូវសេចក្តីខ្ពើម (បាប) នោះ ឬអាស្រ័យនូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ហើយ រមែងពោលសេចក្តីបរិសុទ្ធិ។
[៣១២] ពាក្យថា អាស្រ័យសេចក្តីខ្ពើម (បាប) នោះ គឺមានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកមានវាទៈថា ខ្ពើមបាបដោយតបៈ ជាអ្នកមានការខ្ពើមបាបដោយតបៈជាខ្លឹម អាស្រ័យ អាស្រ័យព្រម ជាប់ស្អិត ចូលទៅរក ចុះចិត្តស៊ប់ ឱនទៅរក នូវការខ្ពើមបាបដោយតបៈ ហេតុនោះ (ទ្រង់ត្រាស់ថា) អាស្រ័យសេចក្តីខ្ពើម (បាប) នោះ។
[៣១៣] ពាក្យថា នូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ហើយ គឺអាស្រ័យ ចូលទៅអាស្រ័យ ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត នូវអារម្មណ៍ដែលខ្លួនឃើញហើយ ឬនូវសេចក្តីបរិសុទ្ធិ ព្រោះឃើញនូវអារម្មណ៍ដែលឮហើយ ឬនូវសេចក្តីបរិសុទ្ធិព្រោះឮ នូវអារម្មណ៍ដែលប៉ះពាល់ហើយ ឬនូវសេចក្តីបរិសុទ្ធិ ព្រោះប៉ះពាល់ ហេតុនោះ (ទ្រង់ត្រាស់ថា) នូវអារម្មណ៍ដែលខ្លួនឃើញហើយ ឮ ឬប៉ះពាល់ហើយ។
[៣១៤] ពាក្យថា ជាឧទ្ធំសរាវាទ រមែងពោលសេចក្តីបរិសុទ្ធិ គឺមានសមណព្រាហ្មណ៍ពួកមួយ ជាឧទ្ធំសរាវាទ។ សមណព្រាហ្មណ៍ជាឧទ្ធំសរាវាទ តើដូចម្តេច។ សមណព្រាហ្មណ៍ណា ជាពួក ប្រកាន់អច្ចន្តសុទ្ធិ ប្រកាន់សង្សារសុទ្ធិ ជាអកិរិយទិដ្ឋិ ជាសស្សតវាទ សមណព្រាហ្មណ៍ទាំងនេះ ឈ្មោះថា ឧទ្ធំសរាវាទ។ សមណព្រាហ្មណ៍ទាំងនោះ តែងសរសើរ ពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ រួចវិសេស រួចស្រឡះ ព្រោះសង្សារ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាឧទ្ធំសរាវាទ រមែងពោលសេចក្តីបរិសុទ្ធិ។
[៣១៥] ពាក្យថា មានតណ្ហាមិនទាន់ទៅប្រាស ក្នុងភពតូចភពធំទាំងឡាយ ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ ពាក្យថា ក្នុងភពតូចភពធំទាំងឡាយ គឺក្នុងកម្មភព បុនព្ភព ឈ្មោះថាភពតូចភពធំ គឺថា ក្នុងកាមភពឈ្មោះកម្មភព ក្នុងកាមភពឈ្មោះបុនព្ភព ក្នុងរូបភពឈ្មោះកម្មភព ក្នុងរូបភពឈ្មោះបុនព្ភព ក្នុងអរូបភពឈ្មោះកម្មភព ក្នុងអរូបភពឈ្មោះបុនព្ភព ក្នុងការកើតរឿយៗ ក្នុងការទៅរឿយៗ ក្នុងឧបបត្តិរឿយៗ ក្នុងបដិសន្ធិរឿយ ៗ ក្នុងការកើតចំពោះនៃអត្តភាពរឿយ ៗ។ ពាក្យថា មានតណ្ហាមិនទាន់ទៅប្រាស គឺមិនទាន់ប្រាសចាកតណ្ហា មិនទាន់ឃ្លាតចេញចាកតណ្ហា មិនទាន់លះតណ្ហា មិនទាន់ខ្ជាក់ចោលតណ្ហា មិនទាន់រួចចាកតណ្ហា មិនទាន់លះបង់តណ្ហា មិនទាន់រលាស់ចោលតណ្ហា ហេតុនោះ (ទ្រង់ត្រាស់ថា) មានតណ្ហាមិនទាន់ទៅប្រាស ក្នុងភពតូចភពធំទាំងឡាយ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ពួកសមណព្រាហ្មណ៍ជាឧទ្ធំសរាវាទ មានតណ្ហាមិនទាន់ទៅប្រាស ក្នុងភពតូចភពធំទាំងឡាយ អាស្រ័យនូវសេចក្តីខ្ពើម (បាប) នោះ ឬអាស្រ័យនូវអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ហើយ រមែងពោលសេចក្តីបរិសុទ្ធិ។
[៣១៦]
ការជាប់ចិត្តទាំងឡាយ នៃបុគ្គលកាលប្រាថ្នាក្តី ការញាប់ញ័រក្នុងធម៌ទាំងឡាយដែលខ្លួនកំណត់ហើយក្តី ការច្យុតិ និងការកើតក្តី នៃបុគ្គលណា មិនមាន ក្នុងលោកនេះ បុគ្គលនោះ គប្បីញាប់ញ័រដោយកិលេសដូចម្តេចកើត គប្បីជាប់ចិត្ត ក្នុងហេតុដូចម្តេចកើត។
[៣១៧] ពាក្យថា ការជាប់ចិត្តទាំងឡាយ នៃបុគ្គលកាលប្រាថ្នា សេចក្តីថា តណ្ហា លោកហៅ សេចក្តីប្រាថ្នា បានដល់តម្រេក តម្រេកមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា កាលប្រាថ្នា គឺកាលត្រូវការ កាលចង់បាន កាលត្រេកអរ កាលស្រឡាញ់ កាលជាប់ចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) កាលប្រាថ្នា។ ពាក្យថា ការជាប់ចិត្តទាំងឡាយ សេចក្តីថា តណ្ហា លោកហៅថា ការជាប់ចិត្ត បានដល់ តម្រេក តម្រេកមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ហេតុនោះ (ទ្រង់ត្រាស់ថា) ការជាប់ចិត្តទាំងឡាយ នៃបុគ្គលកាលប្រាថ្នា។
[៣១៨] ពាក្យថា ការញាប់ញ័រក្នុងធម៌ទាំងឡាយ ដែលខ្លួនកំណត់ទុកហើយក្តី ពាក្យថា ការកំណត់ បានដល់ ការកំណត់ ២ ការកំណត់គឺតណ្ហា ១ ការកំណត់គឺទិដ្ឋិ ១។បេ។ នេះ ការកំណត់គឺតណ្ហា។បេ។ នេះការកំណត់គឺទិដ្ឋិ។ ជនទាំងឡាយ មានសេចក្តីរង្កៀសក្នុងការដណ្តើមយកនូវវត្ថុ រមែងញាប់ញ័រ ក៏មាន កាលវត្ថុដែលគេកំពុងដណ្តើម រមែងញាប់ញ័រ ក៏មាន កាលវត្ថុត្រូវគេដណ្តើមហើយ រមែងញាប់ញ័រ ក៏មាន ជនទាំងឡាយមានសេចក្តីរង្កៀសក្នុងការប្រែប្រួលនៃវត្ថុ រមែងញាប់ញ័រ ក៏មាន កាលវត្ថុកំពុងប្រែប្រួល រមែងញាប់ញ័រ ក៏មាន កាលវត្ថុប្រែប្រួលហើយ រមែងញាប់ញ័រ ញាប់ញ័រខ្លាំង ញាប់ញ័រចំប្រប់ ក៏មាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការញាប់ញ័រក្នុងធម៌ទាំងឡាយ ដែលខ្លួនកំណត់ហើយក្តី។
[៣១៩] ពាក្យថា ការច្យុតិ និងការកើតនៃបុគ្គលណាមិនមាន ក្នុងលោកនេះ ត្រង់ពាក្យថា នៃបុគ្គលណា សេចក្តីថា ការមក ការទៅ ការទៅ និងការមក មរណកាល ដំណើរ ភពតូចភពធំ ការច្យុតិ ការឧបបត្តិ ការកើត និងការបែកធ្លាយ ជាតិ ជរា មរណៈ នៃព្រះអរហន្តខីណាស្រព មិនមាន គ្មាន ឥតមានសោះ មិនកើតមាន គឺលោកលះបង់ហើយ ផ្តាច់បង់ហើយ រម្ងាប់ហើយ គ្របសង្កត់ហើយ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ការច្យុតិ និងការកើតនៃបុគ្គលណា មិនមាន ក្នុងលោកនេះ។
[៣២០] ពាក្យថា បុគ្គលនោះ គប្បីញាប់ញ័រដោយកិលេសដូចម្តេចកើត គប្បីជាប់ចិត្តក្នុងហេតុដូចម្តេចកើត អធិប្បាយថា បុគ្គលនោះ គប្បីញាប់ញ័រដោយរាគៈដូចម្តេច គប្បីញាប់ញ័រដោយទោសៈដូចម្តេច គប្បីញាប់ញ័រដោយមោហៈដូចម្តេច គប្បីញាប់ញ័រដោយមានះដូចម្តេច គប្បីញាប់ញ័រដោយទិដ្ឋិដូចម្តេច គប្បីញាប់ញ័រដោយឧទ្ធច្ចៈដូចម្តេច គប្បីញាប់ញ័រដោយវិចិកិច្ឆាដូចម្តេច គប្បីញាប់ញ័រដោយអនុស័យដូចម្តេចកើត ថាបុគ្គលនោះ ជាអ្នកត្រេកអរក្តី ថាជាអ្នកប្រទូស្តក្តី ថាជាអ្នកវង្វេងក្តី ថាជាអ្នកជាប់ចំពាក់ក្តី ថាជាអ្នកស្ទាបអង្អែលក្តី ថាជាអ្នកដល់នូវការរាយមាយក្តី ថាជាអ្នកដល់នូវសេចក្តីមិនដាច់ស្រេចក្តី ថាជាអ្នកដល់នូវកំឡាំងក្តី។ អភិសង្ខារទាំងឡាយនោះ បុគ្គលនោះ លះបង់ហើយ ព្រោះលះបង់អភិសង្ខាររួចហើយ លោកគប្បីញាប់ញ័រដោយហេតុដូចម្តេច ព្រោះគតិថា អាត្មាអញកើតក្នុងនរកក្តី ថាកើតក្នុងកំណើតតិរច្ឆានក្តី ថាកើតក្នុងប្រេតវិស័យក្តី ថាកើតជាមនុស្សក្តី ថាកើតជាទេវតាក្តី ថាកើតជារូបព្រហ្មក្តី ថាកើតជាអរូបព្រហ្មក្តី ថាកើតជាសញ្ញីព្រហ្មក្តី ថាកើតជាអសញ្ញីព្រហ្មក្តី ថាកើតជានេវសញ្ញីនាសញ្ញីព្រហ្មក្តី។ បុគ្គលនោះ គប្បីញាប់ញ័រ គប្បីញាប់ញ័រខ្លាំង គប្បីញាប់ញ័រចំប្រប់ ដោយហេតុណា ហេតុនោះមិនមាន បច្ច័យនោះមិនមាន ការណ៍នោះមិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ គប្បីញាប់ញ័រដោយកិលេសដូចម្តេច។ ពាក្យថា គប្បីជាប់ចិត្តក្នុងហេតុដូចម្តេចកើត គឺគប្បីជាប់ចិត្ត គប្បីជាប់ចិត្តខ្លាំង គប្បីជាប់ចិត្តចំពោះក្នុងហេតុដូចម្តេចកើត ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ គប្បីញាប់ញ័រដោយកិលេសដូចម្តេចកើត គប្បីជាប់ចិត្តក្នុងហេតុដូចម្តេចកើត។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ការជាប់ចិត្តទាំងឡាយ នៃបុគ្គលកាលប្រាថ្នាក្តី ការញាប់ញ័រក្នុងធម៌ទាំងឡាយដែលខ្លួនកំណត់ហើយក្តី ការច្យុតិ និងការកើតក្តី នៃបុគ្គលណា មិនមាន ក្នុងលោកនេះ បុគ្គលនោះ គប្បីញាប់ញ័រដោយកិលេសដូចម្តេចកើត គប្បីជាប់ចិត្តក្នុងហេតុដូចម្តេចកើត។
[៣២១]
សមណព្រាហ្មណ៍ពួកមួយ បានពោលធម៌ណា ថាឧត្តម ចំណែកសមណព្រាហ្មណ៍ពួកដទៃ បានពោលធម៌នោះឯង ថាថោកទាប ពាក្យរបស់សមណព្រាហ្មណ៍ទាំងនេះ តើពាក្យណា ជាពាក្យពិត ព្រោះថា សមណព្រាហ្មណ៍ទាំងនេះ ជាអ្នកប្រកាន់ថាឈ្លាសវៃទាំងអស់គ្នា។
[៣២២] ពាក្យថា សមណព្រាហ្មណ៍ពួកមួយ បានពោលធម៌ណាថាឧត្តម គឺសមណព្រាហ្មណ៍ពួកមួយ បានពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ នូវធម៌ គឺទិដ្ឋិ បដិបទា មគ្គណា ថានេះជាធម៌ដ៏ឧត្តម ខ្ពង់ខ្ពស់ ប្រសើរ ប្រសើរបំផុត ជាប្រធាន ថ្លៃថ្លា ប្រសើរក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ពួកមួយ បានពោលធម៌ណាថាឧត្តម។
[៣២៣] ពាក្យថា ចំណែកសមណព្រាហ្មណ៍ពួកដទៃ បានពោលធម៌នោះឯង ថាថោកទាប គឺសមណព្រាហ្មណ៍ពួកមួយ បានពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ នូវធម៌ គឺទិដ្ឋិ បដិបទា មគ្គនោះឯង ថាធម៌នេះថោកទាប ធម៌នេះថោកទាបពេក ធម៌នេះទន់ទាប ធម៌នេះលាមក ធម៌នេះអាក្រក់ ធម៌នេះស្តួចស្តើង ហេតុនោះ (ទ្រង់ត្រាស់ថា) ចំណែកសមណព្រាហ្មណ៍ពួកដទៃ បានពោលធម៌នោះឯង ថាថោកទាប។
[៣២៤] ពាក្យថា ពាក្យរបស់សមណព្រាហ្មណ៍ទាំងនេះ តើពាក្យណា ជាពាក្យពិត គឺពាក្យរបស់សមណព្រាហ្មណ៍ទាំងនេះ តើពាក្យណា ជាពាក្យពិត ទៀងទាត់ មិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) ពាក្យរបស់សមណព្រាហ្មណ៍ទាំងនេះ តើពាក្យណា ជាពាក្យពិត។
[៣២៥] ពាក្យថា ព្រោះថាសមណព្រាហ្មណ៍ទាំងនេះ ប្រកាន់ថាឈ្លាសវៃទាំងអស់គ្នា គឺសមណព្រាហ្មណទាំងអស់នេះ ជាអ្នកមានវាទៈថាឈ្លាសវៃ មានវាទៈថាជាបណ្ឌិត មានវាទៈថាជាអ្នកប្រាជ្ញ មានវាទៈប្រកបដោយញាណ មានវាទៈប្រកបដោយហេតុ មានវាទៈប្រកបដោយលក្ខណៈ មានវាទៈប្រកបដោយការណ៍ មានវាទៈប្រកបដោយឋានៈ ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថាសមណព្រាហ្មណ៍ទាំងនេះ ជាអ្នកប្រកាន់ថាឈ្លាសវៃទាំងអស់គ្នា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
សមណព្រាហ្មណ៍ពួកមួយ បានពោលធម៌ណា ថាឧត្តម ចំណែកសមណព្រាហ្មណ៍ពួកដទៃ បានពោលធម៌នោះឯង ថាថោកទាប ពាក្យរបស់សមណព្រាហ្មណ៍ទាំងនេះ តើពាក្យណា ជាពាក្យពិត ព្រោះថា សមណព្រាហ្មណ៍ទាំងនេះ ជាអ្នកប្រកាន់ថាឈ្លាសវៃទាំងអស់គ្នា។
[៣២៦]
សមណព្រាហ្មណ៍ទាំងឡាយ បានពោលធម៌របស់ខ្លួនថាបរិបូណ៌ បានពោលធម៌របស់ជនដទៃថាថោកថយ (សមណព្រាហ្មណ៍ទាំងឡាយ) ប្រកាន់យ៉ាងនេះ រមែងទាស់ទែងគ្នា បានពោលនូវសម្មតិរបស់ខ្លួនៗ ថាពិត។
[៣២៧] ពាក្យថា សមណព្រាហ្មណ៍ពួកមួយ បានពោលធម៌របស់ខ្លួនថាបរិបូណ៌ គឺសមណព្រាហ្មណ៍ពួកមួយ បានពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ នូវធម៌ គឺទិដ្ឋិ បដិបទា មគ្គ របស់ខ្លួនថា ធម៌នេះពេញលេញ បរិបូណ៌ មិនថោកថយ ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ពួកមួយ បានពោលធម៌របស់ខ្លួនថាបរិបូណ៌។
[៣២៨] ពាក្យថា បានពោលធម៌របស់ជនដទៃថាថោកថយ គឺសមណព្រាហ្មណ៍ពួកមួយ បានពោលយ៉ាងនេះ សំដែងយ៉ាងនេះ ពណ៌នាយ៉ាងនេះ បំភ្លឺយ៉ាងនេះ ថ្លែងយ៉ាងនេះ នូវធម៌គឺទិដ្ឋិ បដិបទា មគ្គ របស់ជនដទៃថា នេះថោកទាប នេះថោកទាបពេក នេះទន់ទាប នេះលាមក នេះអាក្រក់ នេះស្តួចស្តើង ហេតុនោះ (ទ្រង់ត្រាស់ថា) បានពោលធម៌របស់ជនដទៃថាថោកទាប។
[៣២៩] ពាក្យថា ប្រកាន់យ៉ាងនេះ រមែងទាស់ទែងគ្នា គឺកាន់យក ប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិតយ៉ាងនេះ រមែងទាស់ទែងគ្នា គឺធ្វើនូវជម្លោះ ធ្វើនូវការប្រកាន់ ធ្វើនូវការទាស់ទែង ធ្វើនូវការវិវាទ ធ្វើនូវការបែកខ្ញែកគ្នាថា អ្នកមិនយល់ធម៌វិន័យនេះទេ។បេ។ បើអ្នកអាច ចូរអ្នកដោះចុះ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រកាន់យ៉ាងនេះ រមែងទាស់ទែងគ្នា។
[៣៣០] ពាក្យថា បានពោលនូវសម្មតិរបស់ខ្លួនៗថាពិត គឺថាលោកទៀង។បេ។ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) បានពោលនូវសម្មតិរបស់ខ្លួន ៗ ថាពិត។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
(សមណព្រាហ្មណ៍ទាំងឡាយ) បានពោលធម៌របស់ខ្លួន ថាបរិបូណ៌ បានពោលធម៌របស់ជនដទៃ ថាថោកថយ (សមណព្រាហ្មណ៍ទាំងឡាយ) ប្រកាន់យ៉ាងនេះ រមែងទាស់ទែងគ្នា បានពោលនូវសម្មតិរបស់ខ្លួន ៗ ថាពិត។
[៣៣១]
ប្រសិនបើបុគ្គលជាអ្នកថោកថយ ព្រោះហេតុបុគ្គលដទៃបន្តុះបង្អាប់ មិនមានបុគ្គលណាមួយ វិសេសក្នុងធម៌ទាំងឡាយទេ ព្រោះថា បុគ្គលច្រើននាក់ ជាអ្នកមានវាទៈដ៏មាំ ក្នុងផ្លូវរបស់ខ្លួន តែងពោលធម៌របស់ជនដទៃថាថោកទាប។
[៣៣២] ពាក្យថា ប្រសិនបើបុគ្គលជាអ្នកថោកថយ ព្រោះហេតុបុគ្គលដទៃបន្តុះបង្អាប់ គឺប្រសិនបើបុគ្គលជាអ្នកផ្តេសផ្តាស ពាល ថោកថយ ថោកទាប ទន់ទាប លាមក អាក្រក់ ស្តួចស្តើង ព្រោះហេតុតែបុគ្គលដទៃបន្តុះបង្អាប់ ព្រោះហេតុតែបុគ្គលដទៃនិន្ទា ព្រោះហេតុតែបុគ្គលដទៃតិះដៀល ព្រោះហេតុតែបុគ្គលដទៃជេរ ហេតុនោះ (ទ្រង់ត្រាស់ថា) ប្រសិនបើបុគ្គលជាអ្នកថោកថយ ព្រោះហេតុបុគ្គលដទៃបន្តុះបង្អាប់។
[៣៣៣] ពាក្យថា មិនមានបុគ្គលណាមួយវិសេសក្នុងធម៌ទាំងឡាយ គឺមិនមានបុគ្គលណាមួយថ្លៃថ្លា ប្រសើរ វិសេស ជាប្រធានដ៏ឧត្តម ប្រសើរក្រៃលែង ក្នុងធម៌ទាំងឡាយទេ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនមានបុគ្គលណាមួយ វិសេសក្នុងធម៌ទាំងឡាយ។
[៣៣៤] ពាក្យថា ព្រោះថាបុគ្គលច្រើននាក់ តែងពោលធម៌របស់ជនដទៃថា ថោកទាប គឺបុគ្គលច្រើននាក់ ពោលត្មះ និន្ទា តិះដៀល នូវធម៌របស់ជនច្រើននាក់ ថាថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ ស្តួចស្តើងក៏មាន បុគ្គលច្រើននាក់ ពោលត្មះ និន្ទា តិះដៀល នូវធម៌របស់ជនម្នាក់ថាថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ ស្តួចស្តើងក៏មាន បុគ្គលម្នាក់ពោលត្មះ និន្ទា តិះដៀល នូវធម៌របស់ជនច្រើននាក់ ថាថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ ស្តួចស្តើង ក៏មាន បុគ្គលម្នាក់ពោលត្មះ និន្ទា តិះដៀល នូវធម៌របស់ជនម្នាក់ ថាថោកទាប ថោកទាបពេក ទន់ទាប លាមក អាក្រក់ ស្តួចស្តើងក៏មាន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថា បុគ្គលច្រើននាក់ តែងពោលធម៌របស់ជនដទៃថាថោកទាប។
[៣៣៥] ពាក្យថា ជាអ្នកមានវាទៈដ៏មាំក្នុងផ្លូវរបស់ខ្លួន គឺធម៌ ឈ្មោះថាផ្លូវរបស់ខ្លួន ទិដ្ឋិ ឈ្មោះថាផ្លូវរបស់ខ្លួន បដិបទា ឈ្មោះថាផ្លូវរបស់ខ្លួន មគ្គ ឈ្មោះថាផ្លូវរបស់ខ្លួន។ ជាអ្នកមានវាទៈដ៏មាំ មានវាទៈទៀងទាត់ មានវាទៈដ៏មានកំឡាំង មានវាទៈតាំងនៅស៊ប់ក្នុងផ្លូវរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមានវាទៈដ៏មាំក្នុងផ្លូវរបស់ខ្លួន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ប្រសិនបើបុគ្គលជាអ្នកថោកថយ ព្រោះហេតុបុគ្គលដទៃបន្តុះបង្អាប់ មិនមានបុគ្គលណាមួយវិសេស ក្នុងធម៌ទាំងឡាយទេ ព្រោះថា បុគ្គលច្រើននាក់ ជាអ្នកមានវាទៈដ៏មាំក្នុងផ្លូវរបស់ខ្លួន តែងពោលធម៌របស់ជនដទៃថាថោកទាប។
[៣៣៦]
ការបូជាធម៌របស់ខ្លួន ជាការមានពិត ព្រោះថា តិរិ្ថយទាំងឡាយ តែងសរសើរផ្លូវទាំងឡាយរបស់ខ្លួន បើវាទៈទាំងអស់គប្បីជាវាទៈពិត ម្ល៉េះសមសេចក្តីបរិសុទ្ធិនៃជនទាំងឡាយនោះ មានប្រាកដ។
[៣៣៧] អធិប្បាយពាក្យថា ការបូជាធម៌របស់ខ្លួន ជាការមានពិត សំនួរថា ចុះការបូជាធម៌របស់ខ្លួន តើដូចម្តេច។ បុគ្គលធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា នូវសាស្តារបស់ខ្លួនថា សាស្តានេះជាសព្វញ្ញូ នេះឈ្មោះថាការបូជាធម៌របស់ខ្លួន។ ធ្វើសក្ការៈ ធ្វើសេចក្តីគោរព រាប់អាន បូជា នូវធម៌របស់ខ្លួនដែលសាស្តានោះពោលហើយ នូវគណៈរបស់ខ្លួន នូវទិដ្ឋិរបស់ខ្លួន នូវបដិបទារបស់ខ្លួន នូវមគ្គរបស់ខ្លួនថា មគ្គនេះជាទីស្រោចស្រង់ នេះឈ្មោះថា ការបូជាធម៌របស់ខ្លួន។ ពាក្យថា ការបូជាធម៌របស់ខ្លួន ជាការមានពិត បានសេចក្តីថា ការបូជាធម៌របស់ខ្លួន ដោយប្រការដូច្នោះ ជាការបូជាមិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) ការបូជាធម៌របស់ខ្លួន ជាការមានពិត។
[៣៣៨] ពាក្យថា ព្រោះថា ជនទាំងឡាយ តែសរសើរនូវផ្លូវរបស់ខ្លួនទាំងឡាយ សេចក្តីថា ធម៌ ឈ្មោះថាផ្លូវរបស់ខ្លួន ទិដ្ឋិ ឈ្មោះថាផ្លូវរបស់ខ្លួន បដិបទា ឈ្មោះថាផ្លូវរបស់ខ្លួន មគ្គ ឈ្មោះថាផ្លូវរបស់ខ្លួន។ ជនទាំងឡាយតែងសរសើរ ស្ងើច កោត ពណ៌នា នូវផ្លូវរបស់ខ្លួនទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះថា ជនទាំងឡាយ តែងសរសើរនូវផ្លូវរបស់ខ្លួន។
[៣៣៩] ពាក្យថា បើវាទៈទាំងអស់គប្បីជាវាទៈពិត គឺបើវាទៈទាំងអស់ ជាវាទៈពិត មិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) បើវាទៈទាំងអស់គប្បីជាវាទៈពិត។
[៣៤០] ពាក្យថា ម្ល៉េះសមសេចក្តីបរិសុទ្ធិនៃជនទាំងឡាយនោះ (មាន) ប្រាកដ គឺសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ នៃសមណព្រាហ្មណ៍ ទាំងនោះ (មាន) ប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្ល៉េះសមសេចក្តីបរិសុទ្ធិនៃជនទាំងឡាយនោះ (មាន) ប្រាកដ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ការបូជាធម៌របស់ខ្លួន ជាការមានពិត ព្រោះថា តិរិ្ថយទាំងឡាយ តែងសរសើរផ្លូវទាំងឡាយរបស់ខ្លួន បើវាទៈទាំងអស់គប្បីជាវាទៈពិត ម្ល៉េះសមសេចក្តីបរិសុទ្ធិនៃជនទាំងឡាយនោះ (មាន) ប្រាកដ។
[៣៤១]
ព្រាហ្មណ៍ មិនមានញាណ ដែលបុគ្គលដទៃគប្បីណែនាំ ទាំងមិនមានការពិចារណាក្នុងធម៌ទាំងឡាយ ហើយកាន់យកព្រមទេ ព្រោះដំណើរនោះ (ព្រាហ្មណ៍នោះ) កន្លងផុតនូវវិវាទទាំងឡាយ មិនឃើញធម៌ដទៃថាប្រសើរសោះ។
[៣៤២] អធិប្បាយពាក្យថា ព្រាហ្មណ៍ មិនមានញាណដែលបុគ្គលដទៃគប្បីណែនាំ ត្រង់ពាក្យថា មិនមាន គឺជាពាក្យហាមឃាត់។ ពាក្យថា ព្រាហ្មណ៍ បានដល់ បុគ្គលដ៏ប្រសើរ ព្រោះបន្សាត់បង់នូវធម៌ទាំង ៧។បេ។ ជាអ្នកមិនអាស្រ័យតណ្ហា ជាបុគ្គលនឹងនួន បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍។ ពាក្យថា ព្រាហ្មណ៍មិនមានញាណ ដែលបុគ្គលដទៃគប្បីណែនាំ សេចក្តីថា ភាពនៃញាណដែលបុគ្គលដទៃគប្បីណែនាំនៃព្រាហ្មណ៍ មិនមាន គឺថា ព្រាហ្មណ៍មិនមានបុគ្គលដទៃគួរណែនាំ មិនគប្បីជឿបុគ្គលដទៃ មិនមានបុគ្គលដទៃជាទីអាង មិនដល់នូវការជាប់ចំពាក់នឹងបុគ្គលដទៃ ជាអ្នកមិនវង្វេង ដឹងខ្លួន មានស្មារតី តែងដឹង តែងឃើញ។ ភាពនៃញាណដែលបុគ្គលដទៃគប្បីណែនាំនៃព្រាហ្មណ៍ មិនមាន គឺថា ព្រាហ្មណ៍មិនមានបុគ្គលដទៃគួរណែនាំ មិនគប្បីជឿបុគ្គលដទៃ មិនមានបុគ្គលដទៃជាទីអាង មិនដល់នូវការជាប់ចំពាក់នឹងបុគ្គលដទៃ ជាអ្នកមិនវង្វេង ដឹងខ្លួន មានស្មារតី តែងដឹង តែងឃើញថា សង្ខារទាំងពួងមិនទៀង។ ថា សង្ខារទាំងពួងជាទុក្ខ។បេ។ ភាពនៃញាណដែលបុគ្គលដទៃគប្បីណែនាំនៃព្រាហ្មណ៍ មិនមាន គឺថា ព្រាហ្មណ៍មិនមានបុគ្គលដទៃគួរណែនាំ មិនគប្បីជឿបុគ្គលដទៃ មិនមានបុគ្គលដទៃជាទីអាង មិនដល់នូវការជាប់ចំពាក់នឹងបុគ្គលដទៃ ជាអ្នកមិនវង្វេង ដឹងខ្លួន មានស្មារតី តែងដឹង តែងឃើញ ថា របស់ណាមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ មិនមានញាណ ដែលបុគ្គលដទៃគប្បីណែនាំ។
[៣៤៣] អធិប្បាយពាក្យថា ទាំងមិនមានការពិចារណាក្នុងធម៌ទាំងឡាយ ហើយកាន់យកព្រមទេ ត្រង់ពាក្យថា ក្នុងធម៌ទាំងឡាយ គឺក្នុងទិដ្ឋិ ៦២។ ពាក្យថា ពិចារណា គឺការពិនិត្យ ពិចារណា ជ្រើសរើស ថ្លឹង ត្រិះរិះ សំដែងឲ្យច្បាស់ ធ្វើឲ្យប្រាកដ ហើយកាន់យក ដោយប៉ែក កាន់យកដោយចំណែក កាន់យកថាប្រសើរ កាន់យកដោយអំណាចអវយវៈ កាន់យកដោយគំនរ កាន់យកដោយការប្រមូល គឺប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត ចុះចិត្តស៊ប់ បង្អោនទៅថា នេះទៀង ពិត មិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ដូច្នេះ រមែងមិនមាន មិនមានព្រម មិនកើតមាន គឺលោកលះបង់ហើយ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងមិនមានការពិចារណាក្នុងធម៌ទាំងឡាយ ហើយកាន់យកព្រមទេ។
[៣៤៤] ពាក្យថា ព្រោះដំណើរនោះ (ព្រាហ្មណ៍នោះ) កន្លងផុតនូវវិវាទទាំងឡាយ ត្រង់ពាក្យថា ព្រោះដំណើរនោះ គឺព្រោះហេតុនោះ ព្រោះការណ៍នោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ ព្រាហ្មណ៍នោះ កន្លងផុត កន្លងបង់ ឆ្លងផុត ឆ្លងស្រឡះ នូវជម្លោះព្រោះទិដ្ឋិ នូវការប្រកាន់ព្រោះទិដ្ឋិ នូវការទាស់ទែងព្រោះទិដ្ឋិ នូវការវិវាទព្រោះទិដ្ឋិ នូវការបែកខ្ញែកគ្នាព្រោះទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះដំណើរនោះ ព្រាហ្មណ៍នោះ កន្លងផុតនូវវិវាទទាំងឡាយ។
[៣៤៥] ពាក្យថា មិនឃើញធម៌ដទៃថាប្រសើរសោះ គឺមិនឃើញ មិនប្រទះ មិនរមិលមើល មិនសំឡឹងមើល មិនពិចារណាឃើញនូវសាស្តាដទៃ នូវធម៌ដែលសាស្តាពោលហើយ នូវគណៈ នូវទិដ្ឋិ នូវបដិបទា នូវមគ្គ ធម៌ជាកំពូល ប្រសើរ វិសេស ជាប្រធាន ឧត្តម ប្រសើរក្រៃលែង ព្រោះវៀរចាកសតិប្បដ្ឋាន វៀរចាកសម្មប្បធាន វៀរចាកឥទ្ធិបាទ វៀរចាកឥន្រ្ទិយ វៀរចាកពលៈ វៀរចាកពោជ្ឈង្គ វៀរចាកអដ្ឋង្គិកមគ្គដ៏ប្រសើរ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនឃើញធម៌ដទៃថាប្រសើរ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ព្រាហ្មណ៍មិនមានញាណ ដែលបុគ្គលដទៃគប្បីណែនាំ ទាំងមិនមានការពិចារណា ក្នុងធម៌ទាំងឡាយ ហើយកាន់យកព្រមទេ ព្រោះដំណើរនោះ (ព្រាហ្មណ៍នោះ) កន្លងផុតនូវវិវាទទាំងឡាយ មិនឃើញធម៌ដទៃថាប្រសើរសោះ។
[៣៤៦]
សមណព្រាហ្មណ៍ពួកមួយ យល់នូវសេចក្តីបរិសុទ្ធិ ព្រោះការឃើញថា អាត្មាអញដឹង អាត្មាអញឃើញនូវដំណើរនេះ ពិតដូច្នោះមែន បើសមណព្រាហ្មណ៍ម្នាក់ ឃើញ (នូវសេចក្តីពិត) ប្រយោជន៍អ្វី ដោយការឃើញនោះ របស់សមណព្រាហ្មណ៍ម្នាក់នោះ សមណព្រាហ្មណ៍ទាំងឡាយ កន្លងចោលនូវសេចក្តីបរិសុទ្ធិ រមែងពោលដោយហេតុដទៃ។
[៣៤៧] អធិប្បាយពាក្យថា អាត្មាអញដឹង អាត្មាអញឃើញនូវដំណើរនេះ ពិតដូច្នោះមែន ត្រង់ពាក្យថា អាត្មាអញដឹង គឺអាត្មាអញដឹងដោយបរចិត្តញ្ញាណ ឬដឹងដោយបុព្វេនិវាសានុស្សតិញ្ញាណ។ ពាក្យថា អាត្មាអញឃើញ គឺអាត្មាអញឃើញដោយមំសចក្ខុ ឬឃើញដោយទិព្វចក្ខុ។ ពាក្យថា ដំណើរនេះ ពិតដូច្នោះមែន គឺដំណើរនេះពិត មិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) អាត្មាអញដឹង អាត្មាអញឃើញនូវដំណើរនេះ ពិតដូច្នោះមែន។
[៣៤៨] ពាក្យថា សមណព្រាហ្មណ៍ពួកមួយ យល់នូវសេចក្តីបរិសុទ្ធិដោយការឃើញ សេចក្តីថា សមណព្រាហ្មណ៍ពួកមួយ យល់នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយការឃើញ។ គឺថាសមណព្រាហ្មណ៍ពួកមួយ យល់នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយការឃើញថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ។ សមណព្រាហ្មណ៍ពួកមួយ យល់នូវការស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយការឃើញថា លោកមិនទៀង។បេ។ សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ពួកមួយ យល់នូវសេចក្តីបរិសុទ្ធិដោយការឃើញ។
[៣៤៩] អធិប្បាយពាក្យថា បើសមណព្រាហ្មណ៍ម្នាក់ ឃើញ (នូវសេចក្តីពិត) ប្រយោជន៍អ្វី ដោយការឃើញនោះ របស់សមណពា្រហ្មណ៍ម្នាក់នោះ ត្រង់ពាក្យថា បើសមណព្រាហ្មណ៍ម្នាក់ឃើញ គឺឃើញដោយបរចិត្តញាណ ឬឃើញដោយបុព្វេនិវាសានុស្សតិញ្ញាណ ឃើញដោយមំសចក្ខុ ឬឃើញដោយទិព្វចក្ខុ ហេតុនោះ (ទ្រង់ត្រាស់ថា) បើសមណព្រាហ្មណ៍ម្នាក់ ឃើញ (នូវសេចក្តីពិត)។ ពាក្យថា ប្រយោជន៍អ្វីដោយការឃើញនោះ របស់សមណព្រាហ្មណ៍ម្នាក់នោះ គឺប្រយោជន៍អ្វីដោយការឃើញនោះ របស់សមណព្រាហ្មណ៍ម្នាក់នោះ គឺថា ការកំណត់ទុក្ខមានដូចម្តេចកើត ការលះបង់សមុទ័យមិនមាន ការចំរើនមគ្គមិនមាន ការធ្វើឲ្យជាក់ច្បាស់នូវផលមិនមាន ការលះបង់រាគៈដោយសមុច្ឆេទ មិនមាន ការលះបង់ទោសៈដោយសមុច្ឆេទ មិនមាន ការលះបង់មោហៈដោយសមុច្ឆេទ មិនមាន ការលះបង់កិលេសទាំងឡាយដោយសមុច្ឆេទមិនមាន ការផ្តាច់ផ្តិលសង្សារវដ្តក៏មិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) បើសមណព្រាហ្មណ៍ម្នាក់ ឃើញ (នូវសេចក្តីពិត) ប្រយោជន៍អ្វីដោយការឃើញនោះ របស់សមណព្រាហ្មណ៍ម្នាក់នោះ។
[៣៥០] ពាក្យថា សមណព្រាហ្មណ៍ទាំងឡាយ កន្លងចោលនូវសេចក្តីបរិសុទ្ធិ រមែងពោលដោយហេតុដទៃ សេចក្តីថា សមណព្រាហ្មណ៍ទាំងនោះ កន្លង រំលង កន្លងចោល នូវមគ្គដ៏ស្អាត មគ្គស្អាតវិសេស មគ្គបរិសុទ្ធិ មគ្គផូរផង់ មគ្គផូរផង់ក្រៃលែង ដោយទិដ្ឋិ គឺវៀរចាកសតិប្បដ្ឋាន វៀរចាកសម្មប្បធាន វៀរចាកឥទ្ធិបាទ វៀរចាកឥន្រ្ទិយ វៀរចាកពលៈ វៀរចាកពោជ្ឈង្គៈ វៀរចាកអដ្ឋង្គិកមគ្គដ៏ប្រសើរ ហើយពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ហេតុនោះ (ទ្រង់ត្រាស់ថា) កន្លងចោលនូវសេចក្តីបរិសុទ្ធិ រមែងពោលដោយហេតុដទៃយ៉ាងនេះខ្លះ។ ម្យ៉ាងទៀត ព្រះពុទ្ធទាំងឡាយក្តី សាវ័ករបស់ព្រះពុទ្ធទាំងឡាយក្តី ព្រះបច្ចេកពុទ្ធទាំងឡាយក្តី កន្លង រំលង កន្លងចោលនូវមគ្គមិនស្អាត មគ្គមិនស្អាតវិសេស មគ្គមិនបរិសុទ្ធិ មគ្គមិនផូរផង់ មគ្គមិនផូរផង់ក្រៃលែង នៃទិដ្ឋិរបស់សមណព្រាហ្មណ៍ទាំងនោះ ហើយពោល សំដែង ពណ៌នា បំភ្លឺ ថ្លែង នូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ហេតុនោះ (ទ្រង់ត្រាស់ថា) សមណព្រាហ្មណ៍ទាំងឡាយ កន្លងចោល រមែងពោលនូវសេចក្តីបរិសុទ្ធិដោយហេតុដទៃ យ៉ាងនេះខ្លះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
សមណព្រាហ្មណ៍ពួកមួយ យល់នូវសេចក្តីបរិសុទ្ធិព្រោះការឃើញថា អាត្មាអញដឹង អាត្មាអញឃើញ នូវដំណើរនេះ ពិតដូច្នោះមែន បើសមណព្រាហ្មណ៍ម្នាក់ឃើញ (នូវសេចក្តីពិត) ប្រយោជន៍អ្វី ដោយការឃើញនោះ របស់សមណព្រាហ្មណ៍ម្នាក់នោះ សមណព្រាហ្មណ៍ទាំងឡាយ កន្លងចោលនូវសេចក្តីបរិសុទ្ធិ រមែងពោលដោយហេតុដទៃ។
[៣៥១]
នរជនកាលឃើញ តែងឃើញនាមរូប លុះឃើញហើយ រមែងដឹងនូវនាមរូបនោះឯង បុគ្គលឃើញកាមច្រើន ក៏មាន ឃើញនាមរូបតិចក៏មាន ចំណែកអ្នកឈ្លាសទាំងឡាយ មិនពោលនូវសេចក្តីបរិសុទ្ធិ ដោយការឃើញនោះទេ។
[៣៥២] អធិប្បាយពាក្យថា នរជនកាលឃើញ តែងឃើញនាមរូប ត្រង់ពាក្យថា នរជន កាលឃើញ គឺកាលឃើញដោយបរចិត្តញ្ញាណក្តី ឃើញដោយបុព្វេនិវាសានុស្សតិញ្ញាណក្តី ឃើញដោយមំសចក្ខុក្តី ឃើញដោយទិព្វចក្ខុក្តី គឺតែងឃើញនូវនាមរូបនោះឯង ថាទៀង ថាសុខ ថាខ្លួន តែមិនឃើញនូវការកើត ឬការរលត់ អានិសង្ស ឬទោស ឬក៏ការរលាស់ចោល នូវធម៌ទាំងនោះទេ ហេតុនោះ (ទ្រង់ត្រាស់ថា) នរជន កាលឃើញ តែងឃើញនាមរូប។
[៣៥៣] ពាក្យថា លុះឃើញហើយ តែងដឹងនូវនាមរូបនុ៎ះឯង ត្រង់ពាក្យថា គឺលុះឃើញហើយ គឺលុះឃើញហើយដោយបរចិត្តញ្ញាណក្តី លុះឃើញហើយដោយបុព្វេនិវាសានុស្សតិញ្ញាណក្តី លុះឃើញហើយដោយមំសចក្ខុក្តី លុះឃើញហើយដោយទិព្វចក្ខុក្តី លុះឃើញហើយនូវនាមរូបនោះឯង តែងដឹងថាទៀង ថាសុខ ថាខ្លួន តែមិនដឹងនូវការកើត ឬការរលត់ អានិសង្ស ឬទោស ឬក៏ការរលាស់ចោលនូវធម៌ទាំងនោះទេ ហេតុនោះ (ទ្រង់ត្រាស់ថា) លុះឃើញហើយ តែងដឹងនូវនាមរូបនោះឯង។
[៣៥៤] ពាក្យថា បុគ្គលឃើញកាមច្រើន ក៏មាន ឃើញនាមរូបតិច ក៏មាន គឺឃើញកាមច្រើនក្តី នាមរូបតិចក្តី ថាទៀង ថាសុខ ថាខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) ឃើញកាមច្រើនក៏មាន ឃើញនាមរូបតិចក៏មាន។
[៣៥៥] អធិប្បាយពាក្យថា ចំណែកជនអ្នកឈ្លាសទាំងឡាយ មិនពោលនូវសេចក្តីបរិសុទ្ធិដោយការឃើញនោះទេ ត្រង់ពាក្យថា ជនអ្នកឈ្លាស គឺជនណា ជាអ្នកឈ្លាសក្នុងខន្ធ អ្នកឈ្លាសក្នុងធាតុ អ្នកឈ្លាសក្នុងអាយតនៈ អ្នកឈ្លាសក្នុងបដិច្ចសមុប្បាទ អ្នកឈ្លាសក្នុងសតិប្បដ្ឋាន អ្នកឈ្លាសក្នុងសម្មប្បធាន អ្នកឈ្លាសក្នុងឥទ្ធិបាទ អ្នកឈ្លាសក្នុងឥន្រ្ទិយ អ្នកឈ្លាសក្នុងពលៈ អ្នកឈ្លាសក្នុងពោជ្ឈង្គៈ អ្នកឈ្លាសក្នុងមគ្គ អ្នកឈ្លាសក្នុងផល អ្នកឈ្លាសក្នុងព្រះនិព្វាន ជនអ្នកឈ្លាសទាំងនោះ រមែងមិនពោល មិនសំដែង មិនពណ៌នា មិនបំភ្លឺ មិនថ្លែង នូវសេចក្តីស្អាត ស្អាតវិសេស បរិសុទ្ធិ ការរួច រួចវិសេស រួចស្រឡះ ដោយការឃើញនាមរូប ដោយបរចិត្តញ្ញាណក្តី ដោយបុព្វេនិវាសានុស្សតិញ្ញាណក្តី ដោយមំសចក្ខុក្តី ដោយទិព្វចក្ខុក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ចំណែកជនអ្នកឈ្លាសទាំងឡាយ មិនពោលនូវសេចក្តីបរិសុទ្ធិ ដោយការឃើញនោះទេ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
នរជន កាលឃើញ តែងឃើញនាមរូប លុះឃើញហើយ រមែងដឹងនូវនាមរូបនោះឯង បុគ្គលឃើញកាមច្រើនក៏មាន ឃើញនាមរូបតិចក៏មាន ចំណែកជនអ្នកឈ្លាសទាំងឡាយ មិនពោលនូវសេចក្តីបរិសុទ្ធិ ដោយការឃើញនោះទេ។
[៣៥៦]
បុគ្គលណាជាអ្នកមានវាទៈតាំងនៅមាំ ដែលគេមិនអាចទូន្មានបានងាយ អ្នកធ្វើទិដ្ឋិដែលតែងតាំងហើយឲ្យជាប្រធាន បុគ្គលនោះ អាស្រ័យសភាវៈណា ជាអ្នកពោលថាល្អ ពោលថាបរិសុទ្ធិក្នុងសភាវៈនោះ ឃើញថាពិតក្នុងសភាវៈនោះ។
[៣៥៧] ពាក្យថា បុគ្គលណាជាអ្នកមានវាទៈតាំងនៅមាំ ដែលគេមិនអាចទូន្មានបានងាយ គឺជាអ្នកមានវាទៈតាំងនៅមាំថា លោកទៀង ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ។ ជាអ្នកមានវាទៈតាំនៅមាំថា លោកមិនទៀង។បេ។ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ពាក្យនេះជាពាក្យពិត ពាក្យដទៃជាមោឃៈ។ ពាក្យថា ដែលគេមិនអាចទូន្មានបានងាយ គឺបុគ្គលអ្នកមានវាទៈតាំងនៅមាំ គេទូន្មានបានដោយក្រ ឲ្យដឹងបានដោយក្រ ឲ្យយល់បានដោយក្រ ឲ្យឃើញបានដោយក្រ ឲ្យជ្រះថ្លាបានដោយក្រ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណា ជាអ្នកមានវាទៈតាំងនៅមាំ ដែលគេមិនអាចទូន្មានបានងាយ។
[៣៥៨] ពាក្យថា អ្នកធ្វើទិដ្ឋិដែលតែងតាំងហើយឲ្យជាប្រធាន គឺប្រព្រឹត្តធ្វើឲ្យជាប្រមុខ ធ្វើឲ្យជាប្រធាន នូវទិដ្ឋិដែលតែងតាំងហើយ តាក់តែងហើយ តំកល់ទុកហើយ គឺថា ជាអ្នកមានទិដ្ឋិជាទង់ជ័យ មានទិដ្ឋិជាទង់ មានទិដ្ឋិជាអធិបតី ត្រូវទិដ្ឋិរួបរឹត ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកធ្វើនូវទិដ្ឋិដែលតែងតាំងហើយឲ្យជាប្រធាន។
[៣៥៩] អធិប្បាយពាក្យថា អាស្រ័យនូវសភាវៈណា ជាអ្នកពោលថាល្អ ក្នុងសភាវៈនោះ ត្រង់ពាក្យថា អាស្រ័យនូវសភាវៈណា គឺអាស្រ័យ អាស្រ័យព្រម ជាប់ស្អិត ចូលទៅរក ជ្រុលជ្រប់ ឱនទៅរក នូវសាស្តា នូវធម៌ដែលសាស្តាពោលហើយ នូវគណៈ នូវទិដ្ឋិ នូវបដិបទា នូវមគ្គណា ហេតុនោះ (ទ្រង់ត្រាស់ថា) អាស្រ័យនូវសភាវៈណា។ ពាក្យថា ក្នុងសភាវៈនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន ក្នុងសេចក្តីចូលចិត្តរបស់ខ្លួន ក្នុងការពេញចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន។ ពាក្យថា ជាអ្នកពោលថាល្អ គឺជាអ្នកពោលថាល្អ ពោលថាស្អាត ពោលថាជាបណ្ឌិត ពោលថាជាអ្នកប្រាជ្ញ ពោលប្រកបដោយញាណ ពោលប្រកបដោយហេតុ ពោលប្រកបដោយលក្ខណៈ ពោលប្រកបដោយការណ៍ ពោលប្រកបដោយឋានៈ ក្នុងលទ្ធិរបស់ខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) អាស្រ័យនូវសភាវៈណា ជាអ្នកពោលថាល្អ ក្នុងសភាវៈនោះ។
[៣៦០] អធិប្បាយពាក្យថា បុគ្គលនោះជាអ្នកពោលថាបរិសុទ្ធិ ឃើញថាពិត ក្នុងសភាវៈនោះ ត្រង់ពាក្យថា ជាអ្នកពោលថាបរិសុទ្ធិ គឺជាអ្នកពោលថាស្អាត ពោលថាស្អាតវិសេស ពោលថាបរិសុទ្ធិ ពោលថាផូរផង់ ពោលថាផូរផង់ក្រៃលែង។ ឬថា ជាអ្នកឃើញថាស្អាត ឃើញថាស្អាតវិសេស ឃើញថាបរិសុទ្ធិ ឃើញថាផូរផង់ ឃើញថាផូរផង់ក្រៃលែង ហេតុនោះ (ទ្រង់ត្រាស់ថា) ពោលថា បរិសុទ្ធិ។ ពាក្យថា ក្នុងសភាវៈនោះ គឺក្នុងទិដ្ឋិរបស់ខ្លួន ក្នុងការចូលចិត្តរបស់ខ្លួន ក្នុងការពេញចិត្តរបស់ខ្លួន ក្នុងលទ្ធិរបស់ខ្លួន។ ពាក្យថា បុគ្គលនោះឃើញថាពិត គឺឃើញ មើលឃើញ យល់ ចាក់ធ្លុះ ថាពិត មិនឃ្លៀងឃ្លាត ប្រាកដ ពិតប្រាកដ មិនប្រែប្រួល ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ជាអ្នកពោលថា បរិសុទ្ធិ ឃើញថាពិតក្នុងសភាវៈនោះ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
បុគ្គលណាជាអ្នកមានវាទៈតាំងនៅមាំ ដែលគេមិនអាចទូន្មានបានងាយ អ្នកធ្វើទិដ្ឋិដែលតែងតាំងហើយ ឲ្យជាប្រធាន បុគ្គលនោះ អាស្រ័យសភាវៈណា ជាអ្នកពោលថាល្អ ពោលថាបរិសុទ្ធិ ក្នុងសភាវៈនោះ ឃើញថាពិតក្នុងសភាវៈនោះ។
[៣៦១]
ព្រាហ្មណ៍ពិចារណាហើយ រមែងមិនដល់នូវការកំណត់ មិនលុះក្នុងទិដ្ឋិ ទាំងមិនមានផៅពង្សដោយញាណ ព្រោះព្រាហ្មណ៍នោះ ដឹងសម្មតិទាំងឡាយ ដែលកើតអំពីបុថុជ្ជន លោកព្រងើយកន្តើយនឹងទិដ្ឋិ ដែលជនទាំងឡាយដទៃកំពុងប្រកាន់។
[៣៦២] អធិប្បាយពាក្យថា ព្រាហ្មណ៍ពិចារណាហើយ រមែងមិនដល់នូវការកំណត់ ត្រង់ពាក្យថា មិន គឺជាពាក្យហាមឃាត់។ ពាក្យថាព្រាហ្មណ៍ គឺបុគ្គលដែលឈ្មោះថាព្រាហ្មណ៍ ព្រោះបន្សាត់បង់នូវធម៌ទាំង ៧។បេ។ ជាអ្នកមិនអាស្រ័យតណ្ហា ជាបុគ្គលនឹងនួន បុគ្គលនោះ លោកហៅថា ព្រាហ្មណ៍។ ពាក្យថា ការកំណត់ បានដល់ ការកំណត់ ២ ការកំណត់គឺតណ្ហា ១ ការកំណត់គឺទិដ្ឋិ ១។បេ។ នេះការកំណត់គឺតណ្ហា។បេ។ នេះការកំណត់គឺទិដ្ឋិ។ ញាណ លោកហៅថា ការពិចារណា បានដល់បញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ។ ពាក្យថា ព្រាហ្មណ៍ពិចារណាហើយ រមែងមិនដល់នូវការកំណត់ គឺព្រាហ្មណ៍ពិចារណាហើយ ដឹងហើយ ថ្លឹងហើយ ត្រិះរិះហើយ ធ្វើឲ្យច្បាស់ហើយ ធ្វើឲ្យប្រាកដហើយ ថាសង្ខារទាំងពួងមិនទៀង ថាសង្ខារទាំងពួងជាទុក្ខ។បេ។ ពិចារណាហើយ ដឹងហើយ ថ្លឹងហើយ ត្រិះរិះហើយ ធ្វើឲ្យច្បាស់ហើយ ធ្វើឲ្យប្រាកដហើយថា របស់ណាមួយ មានកិរិយាកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានសេចក្តីរលត់ទៅវិញជាធម្មតា រមែងមិនដល់ មិនចូលទៅជិត មិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់ស្អិត នូវការកំណត់គឺតណ្ហាក្តី នូវការកំណត់គឺទិដ្ឋិក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍ពិចារណាហើយ រមែងមិនដល់នូវការកំណត់។
[៣៦៣] ពាក្យថា មិនលុះក្នុងទិដ្ឋិ ទាំងមិនមានផៅពង្សដោយញាណ សេចក្តីថា ទិដ្ឋិ ៦២ បុគ្គលនោះ បានលះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ ទិដ្ឋិឲ្យទៅមិនបាន នាំទៅមិនបាន បន្សាត់ទៅមិនបាន កួចយកទៅមិនបាន មិនមក មិនត្រឡប់មកកាន់ទិដ្ឋិនោះថា មានខ្លឹម ហេតុនោះ (ទ្រង់ត្រាស់ថា) មិនលុះក្នុងទិដ្ឋិ។ ពាក្យថា ទាំងមិនមានផៅពង្សដោយញាណ គឺមិនធ្វើ មិនឲ្យកើត មិនឲ្យកើតព្រម មិនបង្កើត មិនបង្កើតចំពោះនូវផៅពង្សគឺតណ្ហាក្តី នូវផៅពង្សគឺទិដ្ឋិក្តី ដោយសមាបត្តិញ្ញាណ ៨ ក្តី ដោយអភិញ្ញាញាណ ៥ ក្តី ដោយមិច្ឆាញាណក្តី ហេតុនោះ (ទ្រង់ត្រាស់ថា) មិនលុះក្នុងទិដ្ឋិ ទាំងមិនមានផៅពង្សដោយញាណ។
[៣៦៤] អធិប្បាយពាក្យថា ព្រាហ្មណ៍នោះ ដឹងសម្មតិទាំងឡាយ ដែលកើតអំពីបុថុជ្ជន ត្រង់ពាក្យថា ដឹង គឺដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដហើយថា សង្ខារទាំងពួងមិនទៀង ថាសង្ខារទាំងពួងជាទុក្ខ។បេ។ ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យច្បាស់ ធ្វើឲ្យប្រាកដហើយថា របស់ណាមួយមានកិរិយាកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះដឹង។ ទិដ្ឋិ ៦២ លោកហៅថា សម្មតិ។ ពាក្យថា ដែលកើតអំពីបុថុជ្ជន គឺសម្មតិទាំងនោះកើតអំពីបុថុជ្ជនទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលកើតអំពីបុថុជ្ជន។ ម្យ៉ាងទៀត សម្មតិទាំងនោះ កើតអំពីជនផ្សេង ៗ ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលកើតអំពីបុថុជ្ជន ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រាហ្មណ៍នោះដឹងថា សម្មតិទាំងឡាយ ដែលកើតអំពីបុថុជ្ជន។
[៣៦៥] ពាក្យថា រមែងព្រងើយកន្តើយនឹងទិដ្ឋិដែលជនទាំងឡាយដទៃកំពុងប្រកាន់ គឺជនទាំងឡាយដទៃប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ ព្រះអរហន្តព្រងើយកន្តើយ មិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់ស្អិត ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រងើយកន្តើយនឹងទិដ្ឋិដែលជនទាំងឡាយដទៃកំពុងប្រកាន់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ព្រាហ្មណ៍ពិចារណាហើយ រមែងមិនដល់នូវការកំណត់ មិនលុះក្នុងទិដ្ឋិ ទាំងមិនមានផៅពង្សដោយញាណ ព្រោះព្រាហ្មណ៍នោះដឹងសម្មតិទាំងឡាយ ដែលកើតអំពីបុថុជ្ជន លោកព្រងើយកន្តើយនឹងទិដ្ឋិ ដែលជនទាំងឡាយដទៃកំពុងប្រកាន់។
[៣៦៦]
មុនិក្នុងលោកនេះ លះបង់នូវគន្ថៈទាំងឡាយ កាលវិវាទទាំងឡាយកើតឡើងហើយ លោកជាអ្នកមិនលុះក្នុងពួក កាលពួកជនមិនស្ងប់ លោកជាអ្នកស្ងប់ ជាអ្នកព្រងើយ ជាអ្នកមិនប្រកាន់នូវលទ្ធិដែលជនទាំងឡាយដទៃកំពុងប្រកាន់។
[៣៦៧] អធិប្បាយពាក្យថា មុនិក្នុងលោកនេះ លះបង់នូវគន្ថៈទាំងឡាយ ត្រង់ពាក្យថា គន្ថៈ បានដល់ គន្ថៈ ៤ គឺ អភិជ្ឈាកាយគន្ថៈ ព្យាបាទកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ។ តម្រេកក្នុងទិដ្ឋិរបស់ខ្លួន ហៅថា អភិជ្ឈាកាយគន្ថៈ។ ការគុំគួន ការអាក់អន់ក្នុងវាទៈរបស់បុគ្គលដទៃ ហៅថា ព្យាបាទកាយគន្ថៈ។ បុគ្គលស្ទាបអង្អែលសីល ឬវត្ត ឬក៏សីលវត្តរបស់ខ្លួន ហៅថា សីលព្វតបរាមាសកាយគន្ថៈ។ សេចក្តីយល់ឃើញរបស់ខ្លួន ហៅថា ឥទំសច្ចាភិនិវេសកាយគន្ថៈ។ ពាក្យថា លះបង់ គឺបោះបង់ ឬលះចោលនូវគន្ថៈទាំងឡាយ។ ឬថា ស្រាយ ឬត្រដោះចេញនូវគន្ថៈទាំងឡាយ ដែលចាក់ស្រេះ ក្រង ឆ្វាក់ ពាក់ព័ន្ធ ពាក់មាំ ជាប់ ជំពាក់ ចងមាំ ចងជាប់។ ជនទាំងឡាយរុះរើ ធ្វើឲ្យខ្ទេចខ្ទី នូវវក្តី រទេះក្តី រថទ្រង់គ្រឿងក្តី យ៉ាងណាមិញ មុនិបោះបង់ ឬលះចោលនូវគន្ថៈទាំងឡាយ ឬថាស្រាយ ឬត្រដោះចេញនូវគន្ថៈទាំងឡាយ ដែលចាកស្រេះ ក្រង ឆ្វាក់ ពាក់ព័ន្ធ ជាប់មាំ ជាប់ ជំពាក់ ចងមាំ ចងជាប់ យ៉ាងនោះដែរ។ ពាក្យថា មុនិ សេចក្តីថា ញាណ បញ្ញា ការដឹងច្បាស់ លោកហៅថា មោនៈ។បេ។ មុនិនោះ កន្លងនូវសំណាញ់ គឺកិលេសជាគ្រឿងចំពាក់។ ពាក្យថា ក្នុងលោកនេះ គឺក្នុងទិដ្ឋិនេះ។បេ។ ក្នុងមនុស្សលោកនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) មុនិក្នុងលោកនេះ លះបង់នូវគន្ថៈទាំងឡាយ។
[៣៦៨] ពាក្យថា កាលវិវាទទាំងឡាយ (កើតហើយ) លោកជាអ្នកមិនលុះក្នុងពួក គឺកាលវិវាទទាំងឡាយកើតព្រមហើយ លេចឡើង លេចឡើងចំពោះ កើតប្រាកដ កាលដល់នូវឆន្ទាគតិ ដល់នូវទោសាគតិ ដល់នូវមោហាគតិ ដល់នូវភយាគតិ លោកក៏មិនដល់នូវឆន្ទាគតិ មិនដល់នូវទោសាគតិ មិនដល់នូវមោហាគតិ មិនដល់នូវភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាចឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ គឺមិនត្រូវធម៌ជាពួក ឲ្យទៅ នាំទៅ បន្សាត់ទៅ កួចយកទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលវិវាទទាំងឡាយ (កើតហើយ) លោកជាអ្នកមិនលុះក្នុងពួក។
[៣៦៩] អធិប្បាយពាក្យថា កាលបើពួកជនមិនស្ងប់ លោកជាអ្នកស្ងប់ ជាអ្នកព្រងើយកន្តើយ ត្រង់ពាក្យថា ជាអ្នកស្ងប់ គឺជាអ្នកស្ងប់ ព្រោះស្ងប់រាគៈ ជាអ្នកស្ងប់ ព្រោះស្ងប់ទោសៈ ជាអ្នកស្ងប់ ព្រោះស្ងប់មោហៈ។បេ។ ជាអ្នកស្ងប់ រម្ងាប់ ស្ងប់ស្ងៀម រលត់ ស្ងប់រម្ងាប់ ព្រោះស្ងប់ រម្ងាប់ ស្ងប់ស្ងៀម រលាយ រលត់ ទៅប្រាស ស្ងប់រម្ងាប់ នូវអកុសលាភិសង្ខារទាំងពួង ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកស្ងប់ ពាក្យថា កាលពួកជនមិនស្ងប់ គឺកាលពួកជនមិនស្ងប់ មិនរម្ងាប់ មិនស្ងប់ស្ងៀម មិនរលត់ មិនស្ងប់រម្ងាប់ ហេតុនោះ (ទ្រង់ត្រាស់ថា) កាលពួកជនមិនស្ងប់ លោកជាអ្នកស្ងប់។ ពាក្យថា លោកជាអ្នកព្រងើយកន្តើយ សេចក្តីថា ព្រះអរហន្តប្រកបដោយឆឡង្គុបេក្ខា ឃើញរូបដោយភ្នែក ជាអ្នកមានចិត្តមិនរីករាយ មានចិត្តមិនអាក់អន់ នៅព្រងើយ មានសតិសម្បជញ្ញៈ។ ឮសំឡេងដោយត្រចៀក។បេ។ ជាអ្នកអប់រំ ទូន្មានខ្លួនល្អ រង់ចាំតែមរណកាល ហេតុនោះ (ទ្រង់ត្រាស់ថា) កាលពួកជនមិនស្ងប់ លោកជាអ្នកស្ងប់ ជាអ្នកព្រងើយកន្តើយ។
[៣៧០] ពាក្យថា ជាអ្នកមិនប្រកាន់នូវលទ្ធិដែលជនទាំងឡាយដទៃកំពុងប្រកាន់ គឺជនដទៃរមែងប្រកាន់ ស្ទាបអង្អែល ប្រកាន់ស្អិត ដោយអំណាចតណ្ហា ដោយអំណាចទិដ្ឋិ ព្រះអរហន្តតែងព្រងើយ មិនប្រកាន់ មិនស្ទាបអង្អែល មិនប្រកាន់ស្អិត ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមិនប្រកាន់ នូវលទ្ធិដែលជនទាំងឡាយដទៃកំពុងប្រកាន់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
មុនិ ក្នុងលោកនេះ លះបង់នូវគន្ថៈទាំងឡាយ កាលវិវាទទាំងឡាយ (កើតហើយ) លោកជាអ្នកមិនលុះក្នុងពួក កាលពួកជនមិនស្ងប់ លោកជាអ្នកស្ងប់ ជាអ្នកព្រងើយកន្តើយ ជាអ្នកមិនប្រកាន់នូវលទ្ធិដែលជនទាំងឡាយដទៃកំពុងប្រកាន់។
[៣៧១]
អ្នកប្រាជ្ញនោះ លះបង់អាសវៈខាងដើម មិនធ្វើអាសវៈថ្មី មិនដល់នូវឆន្ទាគតិ ជាអ្នកមិនមានវាទៈតាំងមាំ រួចស្រឡះចាកទិដ្ឋិទាំងឡាយ ជាអ្នកមិនតិះដៀលខ្លួនឯង មិនប្រឡាក់ក្នុងលោក។
[៣៧២] ពាក្យថា លះបង់អាសវៈខាងដើម មិនធ្វើអាសវៈថ្មី សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាអតីត លោកហៅថា អាសវៈខាងដើម កិលេសណា ប្រារព្ធសង្ខារទាំងឡាយជាអតីត ហើយកើតឡើង (អ្នកប្រាជ្ញ) លះបង់ លះចោល លះស្រឡះ លះផ្តាច់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតមាន នូវកិលេសទាំងនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់អាសវៈខាងដើម។ ពាក្យថា មិនធ្វើអាសវៈថ្មី សេចក្តីថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជាបច្ចុប្បន្ន លោកហៅថា អាសវៈថ្មី។ លោកមិនធ្វើឆន្ទៈ មិនធ្វើសេចក្តីស្រឡាញ់ មិនធ្វើតម្រេក មិនឲ្យកើត មិនឲ្យកើតព្រម មិនឲ្យលេចឡើង មិនឲ្យលេចឡើងចំពោះ ព្រោះប្រារព្ធសង្ខារជាបច្ចុប្បន្ន ហេតុនោះ (ទ្រង់ត្រាស់ថា) លះបង់អាសវៈខាងដើម មិនធ្វើអាសវៈថ្មី។
[៣៧៣] អធិប្បាយពាក្យថា មិនដល់នូវឆន្ទាគតិ មិនមានវាទៈតាំងមាំ ត្រង់ពាក្យថា មិនដល់នូវឆន្ទាគតិ គឺមិនដល់នូវឆន្ទាគតិ មិនដល់នូវទោសាគតិ មិនដល់នូវមោហាគតិ មិនដល់នូវភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ មិនត្រូវធម៌ជាពួកឲ្យទៅ នាំទៅ បន្សាត់ទៅ កួចយកទៅទេ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនដល់នូវឆន្ទាគតិ។ ពាក្យថា ជាអ្នកមិនមានវាទៈតាំងមាំ គឺជាអ្នកមិនមានវាទៈតាំងមាំថា លោកទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ ថាលោកមិនទៀង ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ។បេ។ ជាអ្នកមិនមានវាទៈតាំងមាំថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ពាក្យនេះ ជាពាក្យពិត ពាក្យដទៃជាមោឃៈ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមិនដល់នូវឆន្ទាគតិ មិនមានវាទៈតាំងមាំ។
[៣៧៤] អ្នកប្រាជ្ញនោះ រួចស្រឡះចាកទិដ្ឋិទាំងឡាយ គឺទិដ្ឋិ ៦២ អ្នកប្រាជ្ញនោះ លះបង់ ផ្តាច់ផ្តិល ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ អ្នកប្រាជ្ញនោះ រួចស្រឡះ ប្រាសចាកទិដ្ឋិទាំងឡាយ មានចិត្តប្រាសចាកដែន គឺកិលេស។ ពាក្យថា អ្នកប្រាជ្ញ គឺអ្នកប្រាជ្ញ បណ្ឌិត អ្នកមានប្រាជ្ញា មានកិរិយាដឹង មានញាណ មានប្រាជ្ញាឆ្លុះ មានប្រាជ្ញាជាគ្រឿងទំលាយកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកប្រាជ្ញនោះ រួចស្រឡះចាកទិដ្ឋិទាំងឡាយ។
[៣៧៥] អធិប្បាយពាក្យថា ជាអ្នកមិនតិះដៀលខ្លួនឯង មិនប្រឡាក់ក្នុងលោក ត្រង់ពាក្យថា ប្រឡាក់ បានដល់ការប្រឡាក់ ២ គឺ ការប្រឡាក់គឺតណ្ហា ១ ការប្រឡាក់គឺទិដ្ឋិ ១។បេ។ នេះការប្រឡាក់គឺតណ្ហា។បេ។ នេះការប្រឡាក់គឺទិដ្ឋិ។ បុគ្គលនោះ លះបង់ការប្រឡាក់គឺតណ្ហា រលាស់ចោលការប្រឡាក់គឺទិដ្ឋិ បុគ្គលនោះ ជាអ្នកមិនប្រឡាក់ ព្រោះលះបង់ការប្រឡាក់គឺតណ្ហា រលាស់ចោលការប្រឡាក់គឺទិដ្ឋិ រមែងមិនប្រឡាក់ក្នុងអបាយលោក មិនប្រឡាក់ក្នុងមនុស្សលោក មិនប្រឡាក់ក្នុងទេវលោក មិនប្រឡាក់ក្នុងខន្ធលោក មិនប្រឡាក់ក្នុងធាតុលោក មិនប្រឡាក់ មិនប្រឡាក់ព្រម មិនចូលទៅប្រឡាក់ក្នុងអាយតនលោក ជាអ្នកមិនប្រឡាក់ មិនប្រឡាក់ព្រម មិនចូលទៅជិតប្រឡាក់ ឃ្លាតចេញ រលាស់ចេញ រួចស្រឡះ មិនប្រកប សម្រេចនៅដោយចិត្តដែលប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនប្រឡាក់ក្នុងលោក។ ពាក្យថា ជាអ្នកមិនតិះដៀលខ្លួនឯង សេចក្តីថា បុគ្គលរមែងតិះដៀលខ្លួនឯងដោយហេតុ ២ គឺ អំពើដែលខ្លួនធ្វើហើយ ១ មិនធ្វើហើយ ១។ តិះដៀលខ្លួនឯង ព្រោះអំពើដែលខ្លួនធ្វើហើយ និងមិនធ្វើហើយ តើដូចម្តេច។ តិះដៀលខ្លួនឯងថា កាយទុច្ចរិត អញធ្វើហើយ កាយសុចរិត អញមិនបានធ្វើ តិះដៀលខ្លួនឯងថា វចីទុច្ចរិត អញធ្វើហើយ មនោទុច្ចរិត អញធ្វើហើយ បាណាតិបាត អញធ្វើហើយ។បេ។ មិច្ឆាទិដ្ឋិ អញធ្វើហើយ សម្មាទិដ្ឋិ អញមិនបានធ្វើ។ តិះដៀលខ្លួនឯង ព្រោះអំពើដែលខ្លួនធ្វើហើយ និងមិនធ្វើហើយ យ៉ាងនេះឯង។ ម្យ៉ាងទៀត តិះដៀលខ្លួនឯងថា អញមិនបានបំពេញក្នុងសីលទាំងឡាយ តិះដៀលខ្លួនឯងថា អញមិនគ្រប់គ្រងទ្វារក្នុងឥន្រ្ទិយទាំងឡាយ ថាអញមិនដឹងប្រមាណក្នុងភោជន ថាអញមិនប្រកបរឿយៗ នូវការភ្ញាក់រឭក ថាអញមិនប្រកបដោយសតិ និងសម្បជញ្ញៈ ថាសតិប្បដ្ឋានទាំង ៤ អញមិនបានចំរើន ថាសម្មប្បធាន ៤ អញមិនបានចំរើន ថាឥទ្ធិបាទ ៤ អញមិនបានចំរើន ថាឥន្រ្ទិយ ៥ អញមិនបានចំរើន ថាពលៈ ៥ អញមិនបានចំរើន ថាពោជ្ឈង្គ ៧ អញមិនបានចំរើន ថាអដ្ឋង្គិកមគ្គដ៏ប្រសើរ អញមិនបានចំរើន ថាទុក្ខ អញមិនបានកំណត់ដឹង ថាទុក្ខសមុទ័យ អញមិនបានលះបង់ ថាមគ្គ អញមិនបានចំរើន ថានិរោធ អញមិនបានធ្វើឲ្យជាក់ច្បាស់។ តិះដៀលខ្លួនឯង ព្រោះអំពើដែលខ្លួនធ្វើ និងមិនធ្វើហើយ យ៉ាងនេះឯង។ មិនធ្វើ មិនឲ្យកើតព្រម មិនឲ្យលេចឡើង មិនឲ្យលេចឡើងចំពោះ នូវអំពើដែលគួរតិះដៀលខ្លួនយ៉ាងនេះ ឈ្មោះថា ជាអ្នកមិនតិះដៀលខ្លួនឯង ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកមិនតិះដៀលខ្លួន រមែងមិនប្រឡាក់ក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
អ្នកប្រាជ្ញនោះ លះបង់អាសវៈខាងដើម មិនធ្វើអាសវៈថ្មី មិនដល់នូវឆន្ទាគតិ ជាអ្នកមិនមានវាទៈតាំងមាំ រួចស្រឡះចាកទិដ្ឋិទាំងឡាយ ជាអ្នកមិនតិះដៀលខ្លួនឯង មិនប្រឡាក់ក្នុងលោក។
[៣៧៦] (ព្រះមានព្រះភាគទ្រង់ត្រាស់ថា)
បុគ្គលនោះ ធ្វើសេនាណាមួយ ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ហើយ ឲ្យវិនាសក្នុងធម៌ទាំងពួង បុគ្គលនោះ មានភារៈដាក់ចុះហើយ ជាមុនិ រួចស្រឡះហើយ ជាអ្នកមិនមានការកំណត់ មិនត្រេកអរ មិនមានសេចក្តីប្រាថ្នា។
[៣៧៧] ពាក្យថា បុគ្គលនោះធ្វើសេនាណាមួយដែលខ្លួនឃើញ ឮ ឬប៉ះពាល់ហើយ ឲ្យវិនាសក្នុងធម៌ទាំងពួង អធិប្បាយថា មារសេនា លោកហៅថា សេនា។ កាយទុច្ចរិត ជាមារសេនា វចីទុច្ចរិត ជាមារសេនា មនោទុច្ចរិត ជាមារសេនា រាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាឋេយ្យៈ ថម្ភៈ សារម្ភៈ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង សេចក្តីក្រវល់ក្រវាយទាំងពួង សេចក្តីក្តៅក្រហាយទាំងពួង ការអន្ទះអន្ទែងទាំងពួង អកុសលាភិសង្ខារទាំងពួង ជាមារសេនា។ សមដូចជាព្រះពុទ្ធដីកានេះ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
កាមទាំងឡាយ ជាសេនាទី ១ របស់អ្នក សេចក្តីមិនត្រេកអរ គេហៅថាសេនាទី ២ សេចក្តីស្រេកឃ្លាន ជាសេនាទី ៣ របស់អ្នក តណ្ហា គេហៅថា សេនា ទី ៤ ថីនមិទ្ធៈ ជាសេនា ទី ៥ របស់អ្នក សេចក្តីខ្លាច គេហៅថា សេនាទី ៦ វិចិកិច្ឆា ជាសេនាទី ៧ របស់អ្នក ការលុបគុណគេ ការរឹងរូស ជាសេនាទី ៨ របស់អ្នក លាភៈ សេចក្តីសរសើរ សក្ការៈ យស ដែលបុគ្គលបានខុសហើយក្តី បុគ្គលលើកខ្លួនក្តី បុគ្គលបង្អាប់អ្នកដទៃក្តី ម្នាលមារ នុ៎ះជាសេនារបស់អ្នក ដែលនាំមកនូវធម៌ខ្មៅ បុគ្គលមិនក្លៀវក្លា មិនឈ្នះនូវសេនានោះទេ បុគ្គល លុះឈ្នះនូវសេនានោះ ទើបបានសុខ។
មារសេនាទាំងអស់ផង កិលេសជាទីទំនាស់ទាំងអស់ផង ដែលបុគ្គលផ្ចាញ់ហើយ ទាំងធ្វើឲ្យចាញ់ហើយ បំបាត់បង់ រំលត់រំលាយ ក្នុងទីកំបាំងមុខ ដោយអរិយមគ្គ ៤ ក្នុងកាលណា ក្នុងកាលនោះ បុគ្គលនោះ លោកហៅថា អ្នកធ្វើសេនាឲ្យវិនាស។ បុគ្គលនោះ ជាអ្នកធ្វើសេនាឲ្យវិនាស ក្នុងធម៌ដែលខ្លួនឃើញ ជាអ្នកធ្វើសេនាឲ្យវិនាសក្នុងធម៌ដែលខ្លួនឮ ដែលប៉ះពាល់ ដែលដឹងច្បាស់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ជាអ្នកធ្វើសេនាណាមួយទាំងពួង ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ហើយ ឲ្យវិនាសក្នុងធម៌ទាំងពួង។
[៣៧៨] អធិប្បាយពាក្យថា បុគ្គលនោះ មានភារៈដាក់ចុះហើយ ជាមុនិ រួចស្រឡះហើយ ត្រង់ពាក្យថា ភារៈ បានដល់ភារៈ ៣ គឺខន្ធភារៈ ១ កិលេសភារៈ ១ អភិសង្ខារភារៈ ១។ ខន្ធភារៈ តើដូចម្តេច។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ អំពីបដិសន្ធិ នេះ ខន្ធភារៈ។ កិលេសភារៈ តើដូចម្តេច។ រាគៈ ទោសៈ មោហៈ។បេ។ អកុសលាភិសង្ខារទាំងអស់ នេះ កិលេសភារៈ។ អភិសង្ខារភារៈ តើដូចម្តេច។ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អានេញ្ជាភិសង្ខារ នេះ អភិសង្ខារភារៈ។ ខន្ធភារៈ កិលេសភារៈ និងអភិសង្ខារភារៈ បុគ្គលលះបង់ហើយ ផ្តាច់បង់ឫសគល់ហើយ ធ្វើមិនឲ្យមានទីនៅដូចជាទីនៅនៃដើមត្នោត ដល់នូវការមិនមាន មានការមិនកើតតទៅទៀតជាធម្មតា ក្នុងកាលណា (ក្នុងកាលនោះ) បុគ្គលនោះ លោកហៅថា អ្នកមានភារៈដាក់ចុះហើយ ជាអ្នកមានភារៈធ្លាក់ចុះ ទំលាក់ភារៈចោល ជម្រុះភារៈចេញ ដាក់ភារៈចេញ មានភារៈស្ងប់រម្ងាប់ហើយ។ ពាក្យថា ជាមុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានដល់បញ្ញា ការដឹងច្បាស់ ការសន្សំ ការជ្រើសរើស ការពិចារណាធម៌ ការកំណត់ព្រម ការចូលទៅកំណត់ ការកំណត់ចំពោះ ភាពជាអ្នកប្រាជ្ញ ភាពជាអ្នកឈ្លាស ភាពជាអ្នកមានប្រាជ្ញាល្អិត ភាពជាអ្នកចេះចែករំលែក ការគិត ការពិចារណា ប្រាជ្ញាដូចផែនដី ប្រាជ្ញាអាចកំចាត់បង់កិលេស ប្រាជ្ញាជាគ្រឿងត្រួតត្រា ការឃើញច្បាស់ ការដឹងព្រម បញ្ញាដូចជាជន្លួញ បញ្ញាជាធំ បញ្ញាជាកម្លាំង បញ្ញាជាសស្រ្តាវុធ បញ្ញាដូចប្រាសាទ បញ្ញាជាពន្លឺ បញ្ញាជារស្មី បញ្ញាជាគ្រឿងបំភ្លឺ បញ្ញាជាកែវ ការមិនវង្វេង ការសន្សំធម៌ ការយល់ត្រូវ បុគ្គលអ្នកប្រកបដោយញាណនោះ ឈ្មោះថា មុនិ ជាអ្នកដល់នូវមោនៈ។ មោនេយ្យៈ មាន ៣ គឺ កាយមោនេយ្យៈ ១ វចីមោនេយ្យៈ ១ មនោមោនេយ្យៈ ១។
កាយមោនេយ្យៈ តើដូចម្តេច។ ការលះបង់កាយទុច្ចរិត ៣ ប្រការ ឈ្មោះថា កាយមោនេយ្យៈ។ កាយសុចរិត ៣ ប្រការ ឈ្មោះថា កាយមោនេយ្យៈ។ ញាណមានកាយជាអារម្មណ៍ ឈ្មោះថា កាយមោនេយ្យៈ ការកំណត់ដឹងកាយ ឈ្មោះថា កាយមោនេយ្យៈ។ មគ្គប្រកបដោយការកំណត់ដឹង ឈ្មោះថា កាយមោនេយ្យៈ។ ការលះបង់ឆន្ទរាគក្នុងកាយ ឈ្មោះថា កាយមោនេយ្យៈ។ ចតុត្ថជ្ឈានសមាបត្តិជាគ្រឿងរលត់កាយសង្ខារ ឈ្មោះថា កាយមោនេយ្យៈ។ នេះ កាយមោនេយ្យៈ។
វចីមោនេយ្យៈ តើដូចម្តេច។ ការលះវចីទុច្ចរិត ៤ ប្រការ ឈ្មោះថា វចីមោនេយ្យៈ។ វចីសុចរិត ៤ ប្រការ ឈ្មោះថា វចីមោនេយ្យៈ។ ញាណមានវាចាជាអារម្មណ៍ ឈ្មោះថា វចីមោនេយ្យៈ។ ការកំណត់ដឹងដោយវាចា ឈ្មោះថា វចីមោនេយ្យៈ។ មគ្គប្រកបដោយការកំណត់ដឹង ឈ្មោះថា វចីមោនេយ្យៈ។ ការលះបង់ឆន្ទរាគក្នុងវាចា ឈ្មោះថា វចីមោនេយ្យៈ។ ទុតិយជ្ឈានសមាបត្តិ ជាគ្រឿងរលត់វចីសង្ខារ ឈ្មោះថា វចីមោនេយ្យៈ។ នេះ វចីមោនេយ្យៈ។
មនោមោនេយ្យៈ តើដូចម្តេច។ ការលះបង់មនោទុច្ចរិត ៣ ប្រការ ឈ្មោះថា មនោមោនេយ្យៈ។ មនោសុចរិត ៣ ប្រការ ឈ្មោះថា មនោមោនេយ្យៈ។ ញាណមានចិត្តជាអារម្មណ៍ ឈ្មោះថា មនោមោនេយ្យៈ។ ការកំណត់ដឹងដោយចិត្ត ឈ្មោះថា មនោមោនេយ្យៈ។ មគ្គប្រកបដោយការកំណត់ដឹង ឈ្មោះថា មនោមោនេយ្យៈ។ ការលះឆន្ទរាគក្នុងចិត្ត ឈ្មោះថា មនោមោនេយ្យៈ។ សញ្ញាវេទយិតនិរោធសមាបត្តិ ជាគ្រឿងរលត់ចិត្តសង្ខារ ឈ្មោះថា មនោមោនេយ្យៈ។ នេះ មនោមោនេយ្យៈ។
បណ្ឌិតទាំងឡាយ ពោលនូវអ្នកប្រាជ្ញផ្លូវកាយ អ្នកប្រាជ្ញផ្លូវវាចា អ្នកប្រាជ្ញផ្លូវចិត្ត អ្នកប្រាជ្ញមិនមានអាសវៈ ដែលបរិបូណ៌ដោយមោនេយ្យធម៌ ថាជាអ្នកលះបង់នូវបាបទាំងពួង។ បណ្ឌិតទាំងឡាយ ពោលនូវអ្នកប្រាជ្ញផ្លូវកាយ អ្នកប្រាជ្ញផ្លូវវាចា អ្នកប្រាជ្ញផ្លូវចិត្ត អ្នកប្រាជ្ញមិនមានអាសវៈ ដែលបរិបូណ៌ដោយមោនេយ្យធម៌ ថាជាអ្នកលាងបាប។
មុនិ ប្រកបដោយមោនេយ្យធម៌ទាំងនេះ មាន ៦ ពួក គឺ អាគារមុនិ អនាគារមុនិ សេក្ខមុនិ អសេក្ខមុនិ បច្ចេកមុនិ មុនិមុនិ។ ពួកអាគារមុនិ តើដូចម្តេច។ ពួកគ្រហស្ថណា បានឃើញនូវបទ គឺព្រះនិព្វាន បានដឹងច្បាស់នូវសាសនា ពួកនេះ ឈ្មោះអាគារមុនិ។ ពួកអនាគារមុនិ តើដូចម្តេច។ ពួកបព្វជិតណា បានឃើញនូវបទ គឺព្រះនិព្វាន បានដឹងច្បាស់នូវសាសនា ពួកនេះ ឈ្មោះអនាគារមុនិ។ សេក្ខបុគ្គល ៧ ពួក ឈ្មោះសេក្ខមុនិ។ ពួកព្រះអរហន្ត ឈ្មោះអសេក្ខមុនិ។ ពួកព្រះបច្ចេកពុទ្ធ ឈ្មោះបច្ចេកមុនិ។ ព្រះតថាគតទាំងឡាយ ជាអរហន្តសម្មាសម្ពុទ្ធ ឈ្មោះមុនិមុនិ។
បុគ្គលមានសភាពជាអ្នកវង្វេង មិនមានការចេះដឹង មិនមែនឈ្មោះថាមុនិ ដោយការស្ងៀមទេ លុះតែបុគ្គលណា ជាបណ្ឌិត កាន់យកធម៌ដ៏ប្រសើរ ហើយវៀរបង់នូវបាបទាំងឡាយ ដូចបុគ្គលផ្គងនូវជញ្ជីង (ហើយថ្លឹង) បុគ្គលនោះ ឈ្មោះថាមុនិ បុគ្គលនោះ ឈ្មោះថាមុនិ ដោយហេតុនោះ បុគ្គលណា ដឹងនូវប្រយោជន៍ទាំងពីរក្នុងលោក បុគ្គលនោះ ទើបតថាគតហៅថា មុនិ ដោយហេតុនោះ បុគ្គលណា ដឹងធម៌របស់ពួកអសប្បុរសផង របស់ពួកសប្បុរសផង ទាំងខាងក្នុង ទាំងខាងក្រៅ ក្នុងលោកទាំងអស់ ជាបុគ្គលដែលទេវតា និងមនុស្សទាំងឡាយបូជាហើយ បានឆ្លងនូវសំណាញ់ គឺកិលេសជាគ្រឿងចំពាក់ បុគ្គលនោះ ឈ្មោះថា មុនិ។
ពាក្យថា រួចស្រឡះ គឺចិត្តរបស់មុនិ រួច រួចវិសេស រួចស្រឡះ ចាករាគៈ ចិត្ត (រួចស្រឡះ) ចាកទោសៈ ចិត្តរួច រួចវិសេស រួចស្រឡះ ចាកមោហៈ។បេ។ ចិត្តរួច រួចវិសេស រួចស្រឡះ ចាកអកុសលាភិសង្ខារទាំងអស់ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលនោះ មានភារៈដាក់ចុះហើយ ជាមុនិ រួចស្រឡះហើយ។
[៣៧៩] អធិប្បាយពាក្យថា ព្រះមានព្រះភាគ (ទ្រង់ត្រាស់ថា) ជាអ្នកមិនមានការកំណត់ មិនត្រេកអរ មិនមានសេចក្តីប្រាថ្នា ត្រង់ពាក្យថា ការកំណត់ បានដល់ការកំណត់ ២ គឺ ការកំណត់គឺតណ្ហា ១ ការកំណត់គឺទិដ្ឋិ ១។បេ។ នេះ ការកំណត់គឺតណ្ហា។បេ។ នេះ ការកំណត់គឺទិដ្ឋិ។ បុគ្គលនោះ លះបង់នូវការកំណត់គឺតណ្ហា រលាស់ចោលនូវការកំណត់គឺទិដ្ឋិ ព្រោះបានលះបង់ការកំណត់គឺតណ្ហា រលាស់ចោលការកំណត់គឺទិដ្ឋិ បុគ្គលនោះ មិនកំណត់ មិនឲ្យកើត មិនឲ្យកើតព្រម មិនឲ្យលេចឡើង មិនឲ្យលេចឡើងចំពោះ នូវការកំណត់គឺតណ្ហា ឬការកំណត់គឺទិដ្ឋិ ហេតុនោះ (ទ្រង់ត្រាស់ថា) មិនមានការកំណត់។ ពាក្យថា ជាអ្នកមិនត្រេកអរ សេចក្តីថា ពាលបុថុជ្ជនទាំងអស់ រមែងត្រេកអរ សេក្ខបុគ្គលទាំង ៧ ពួក រាប់យកកល្យាណបុថុជ្ជនផង រមែងត្រេកអរទួទៅ ត្រេកអរចំពោះ ដើម្បីដល់នូវគុណដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវគុណដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ឯព្រះអរហន្ត ជាអ្នកឆ្ងាយ វៀរបង់ វៀរចំពោះ ឃ្លាតចេញ រលាស់ចោល រួចស្រឡះ មិនប្រកប មានចិត្តប្រាសចាកដែនគឺកិលេស ហេតុនោះ (ទ្រង់ត្រាស់ថា) មិនមានការកំណត់ មិនត្រេកអរ។ ពាក្យថា មិនមានសេចក្តីប្រាថ្នា សេចក្តីថា តណ្ហា លោកហៅថា សេចក្តីប្រាថ្នា បានដល់សេចក្តីត្រេកអរ សេចក្តីត្រេកអរដ៏មានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីប្រាថ្នានុ៎ះ បុគ្គលណា លះបង់ហើយ ផ្តាច់ផ្តិលហើយ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានសេចក្តីប្រាថ្នា។ ពាក្យថា ព្រះមានព្រះភាគ ជាពាក្យពោលដោយគោរព។ ម្យ៉ាងទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់រាគៈ។ ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់ទោសៈ។ ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់មោហៈ។ ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់មានះ។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់ទិដ្ឋិ។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់នូវចំរូង។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់បំបាក់បង់នូវកិលេស។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់ចែក រំលែក ញែក នូវធម្មរតនៈ។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់ធ្វើនូវទីបំផុតនៃភពទាំងឡាយ។ ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់ចំរើនព្រះកាយ។ ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុទ្រង់ចំរើនសីល ចំរើនចិត្ត ចំរើនបញ្ញា។ មួយទៀត ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុទ្រង់គប់រកនូវសេនាសនៈទាំងឡាយដ៏ស្ងាត់ គឺព្រៃតូច និងព្រៃធំ ជាព្រៃមិនមានសំឡេង មិនមានការគឹកកង ជាព្រៃប្រាសចាកខ្យល់កាយនៃជន ជាព្រៃស្ងប់ស្ងាត់ចាកមនុស្ស សមគួរដល់ការពួនសម្ងំ។ មួយទៀត ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ។ មួយទៀត ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត អធិប្បញ្ញា។ មួយទៀត ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃឈាន ៤ អប្បមញ្ញា ៤ អរូបសមាបត្តិ ៤។ មួយទៀត ឈ្មោះថាព្រះមានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃវិមោក្ខ ៨ អភិភាយតនៈ ៨ អនុបុព្វវិហារសមាបត្តិ ៩។ មួយទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ អសុភសមាបត្តិ។ មួយទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨។ មួយវិញទៀត ឈ្មោះថា ព្រះមានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃតថាគតពលៈ ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិសញ្ញា ៦ ពុទ្ធធម៌ ៦។ ព្រះនាមថាព្រះមានព្រះភាគនេះ មិនមែនមាតាធ្វើ មិនមែនបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនពួកមិត្តអាមាត្យធ្វើ មិនមែនពួកញាតិសាលោហិតធ្វើ មិនមែនពួកសមណព្រាហ្មណ៍ធ្វើ មិនមែនពួកទេវតាធ្វើទេ ព្រះនាមថាព្រះមានព្រះភាគនេះ របស់ព្រះពុទ្ធទាំងឡាយដ៏មានព្រះភាគ ជាព្រះនាមកើតក្នុងទីបំផុតវិមោក្ខ ការបញ្ញត្តិថា មានព្រះភាគនេះ (កើត) អំពីការត្រាស់ដឹង ព្រមដោយការបានចំពោះនូវសព្វញ្ញុតញ្ញាណ ហេតុនោះ (មានពាក្យថា) ព្រះមានព្រះភាគ (ត្រាស់ថា) មិនមានការកំណត់ មិនត្រេកអរ មិនមានសេចក្តីប្រាថ្នា។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា ព្រះមានព្រះភាគ (ទ្រង់ត្រាស់ថា) បុគ្គលនោះ ធ្វើសេនាណាមួយ ដែលឃើញ ឮ ឬប៉ះពាល់ហើយ ឲ្យវិនាសក្នុងធម៌ទាំងពួង បុគ្គលនោះ មានភារៈដាក់ចុះហើយ ជាមុនិ រួចស្រឡះហើយ ជាអ្នកមិនមានការកំណត់ មិនត្រេកអរ មិនមានសេចក្តីប្រាថ្នា។
ចប់ មហាវិយូហសុត្តនិទ្ទេស ទី១៣។
ចប់ ភាគ ៦៥។
លេខ ទំព័រ | លេខសម្គាល់ | |
សុត្តន្តបិដក | sut | |
ខុទ្ទកនិកាយ ទុតិយភាគ | ១ | sut.kn |
---|---|---|
មហានិទ្ទេស | ១ | sut.kn.man |
មាគន្ទិយសុត្តនិទ្ទេស ទី៩ | ១ | sut.kn.man.09 |
បុរាភេទសុត្តនិទ្ទេស ទី១០ | ៥១ | sut.kn.man.10 |
កលហវិវាទសុត្តនិទ្ទេស ទី១១ | ១៤២ | sut.kn.man.11 |
ចូឡវិយូហសុត្តនិទ្ទេស ទី១២ | ២០៥ | sut.kn.man.12 |
មហាវិយូហសុត្តនិទ្ទេស ទី១៣ | ២៤៧ | sut.kn.man.13 |