-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៧៥ - Book 75
Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20200728 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!
សូមថ្វាយបង្គំចំពោះព្រះសង្ឃ, ជំរាបសួរឧបាសក និងឧបាសិកាទាំងអស់ នេះគឺជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ! 1.Edition 20200728 សូមកុំចែករំលែកបន្ថែមទៀត ប្រសិនបើមិនមែនសម្រាប់ការកែសម្រួលនៅ sangham.net និងកិច្ចការនេះ។ សូមគិតថាលោកអ្នកត្រូវបានអញ្ជើញដើម្បីចូលរួមបុណ្យកុសលនេះ និងសូមប្រាប់ពួកយើងអំពីកំហុស និងប្រើវេទិកានេះ: sangham.net ឬប្រាប់ឧបាសិកា Norum នៅលើ sangham.net សូមអនុមោទនា!
A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៧៥ - Tipitaka Book 075, for change log on ati.eu see here: រាយការណ៍ ភាគ ០៧៥
គំរូ ឯកសារ ផ្សេងទៀត ៖
book_075.pdf
លេខសម្គាល់
លេខទំព៍រ
ទ. 1
(អបទានំ)
ភាគទី ៧៥
ចតុត្ថភាគ
ភទ្ទាលិវគ្គ ទី៤២ | សកិំសម្មជ្ជកវគ្គ ទី៤៣ | ឯកវិហារិវគ្គ ទី៤៤ | វិភីតកវគ្គ ទី៤៥
ជគតិទាយកវគ្គ ទី៤៦ | សាលកុសុមិយវគ្គ ទី៤៧ | នឡមាលិវគ្គ ទី៤៨ | បំសុកូលវគ្គ ទី៤៩
ង្កណិបុប្ផវគ្គ ទី៥០ | កណិការវគ្គ ទី៥១ | ផលទាយកវគ្គ ទី៥២ | តិណទាយកវគ្គ ទី៥៣
កច្ចាយនវគ្គ ទី៥៤ | ភទ្ទិយវគ្គ ទី៥៥
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
(៤២. ភទ្ទាលិវគ្គោ)
(១. ភទ្ទាលិត្ថេរអបទានំ)
[១] ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ជាបុគ្គលខ្ពង់ខ្ពស់ ប្រកបដោយសេចក្តីករុណា ជាអ្នកប្រាជ្ញ ប្រាថ្នាសេចក្តីស្ងប់ស្ងាត់ ព្រះអង្គប្រសើរក្នុងលោក ទ្រង់បានស្តេចចូលទៅក្នុងព្រៃហិមពាន្ត។ ព្រះលោកនាយក ព្រះនាមសុមេធៈ ជាបុរសដ៏ប្រសើរ លុះទ្រង់សេ្តចចូលទៅក្នុងព្រៃហិមពាន្តហើយ គង់ពែនភ្នែន។ ព្រះពុទ្ធជាលោកយក ព្រះនាមសុមេធៈអង្គនោះ ជាបុរសដ៏ប្រសើរ ទ្រង់គង់ចូលសមាធិ អស់ ៧ យប់ ៧ ថ្ងៃ។ ខ្ញុំរែកអម្រែកបរិក្ខារសំដៅចូលទៅរកព្រៃ ហើយឃើញព្រះសម្ពុទ្ធក្នុងព្រៃនោះ ព្រះអង្គមានឱឃៈឆ្លងហើយ មិនមានអាសវៈ។ គ្រានោះ ខ្ញុំកាន់អំបោស បោសអាស្រម ហើយលើកឈើ ៤ កំណាត់ បញ្ឈរធ្វើជាបារាំ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកផ្កាឈើប្រក់បារាំ ហើយថ្វាយបង្គំព្រះលោកនាយក។ ពួកជនតែងហៅនូវព្រះសម្ពុទ្ធអង្គណា ដែលទ្រង់មានបញ្ញាដូចផែនដី មានបញ្ញាល្អថាសុមេធៈ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់គង់ក្នុងពួកភិក្ខុ ហើយបានសម្តែងគាថា ដូចខាងក្រោមនេះ។ ពួកទេវតាទាំងអស់ បានដឹងព្រះពុទ្ធដីការបស់ព្រះពុទ្ធហើយ ក៏មកជួបជុំ ប្រាប់គ្នាថា ព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គមានចក្ខុ នឹងសម្តែងធម៌ដោយឥតសង្ស័យ។ ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ ព្រះអង្គគួរទទួលនូវគ្រឿងបូជា ទ្រង់គង់ក្នុងកណ្តាលពួកទេវតា ហើយត្រាស់គាថាទាំងនេះថា
បុគ្គលណា បាំងបារាំដែលប្រក់ដោយផ្កាឈើ ថ្វាយតថាគត អស់ ៧ ថ្ងៃ តថាគត នឹងសម្តែងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរចាំស្តាប់តថាគតសម្តែងចុះ។ បុគ្គលនោះ បើបានកើតជាទេវតា ឬកើតជាមនុស្ស នឹងមានសម្បុរដូចមាស ជាអ្នកមានភោគៈច្រើន បរិភោគកាមគុណជាប្រក្រតី។ ដំរី ៦០ ពាន់ ដែលគេស្អិតស្អាងដោយគ្រឿងប្រដាប់គ្រប់យ៉ាង ជាដំរីមានខ្សែដង្គន់មាស ប្រកបដោយគ្រឿងតាក់តែងក្បាលជាវិការៈនៃមាស ដែលពួកហ្មដំរី មានដៃកាន់លំពែងស្នែងក្របី និងកង្វេរ ជិះមកកាន់ទីបម្រើនរៈនេះ រាល់ពេលល្ងាចព្រឹក។ ឯនរៈនេះ នឹងមានពួកដំរីនោះចោមរោម ហើយសប្បាយរីករាយ សេះ ៦០ ពាន់ ដែលគេស្អិតស្អាង ដោយគ្រឿងប្រដាប់គ្រប់បែប ជាសេះអាជានេយ្យ និងសេះសន្ធពពីកំណើត ជាពាហនៈលឿន មានពួកនាយសារថី ទ្រទ្រង់នូវខែល និងធ្នូ ឡើងជិះ នឹងចោមរោមបុគ្គលនេះជានិច្ច នេះជាផលនៃពុទ្ធបូជា។ រថ ៦០ ពាន់ ដែលគេតាក់តែងដោយប្រដាប់គ្រប់យ៉ាង បិទបាំងដោយស្បែកខ្លាដំបង និងខ្លាធំ គេចងល្អហើយលើកទង់ជ័យ មានពួកនាយសារថី មានដៃកាន់ធ្នូ និងខែលឡើងជិះ នឹងចោមរោមបុគ្គលនោះជានិច្ច នេះជាផលនៃពុទ្ធបូជា។ ស្រុកសួយ ៦០ ពាន់ បរិបូណ៌ដោយសព្វគ្រប់ ជាស្រុកមានទ្រព្យ និងស្រូវជាច្រើន ជារបស់សម្រេចល្អ ដោយប្រការទាំងពួង នឹងកើតមានប្រាកដសព្វកាល នេះជាផលនៃពុទ្ធបូជា។ សេនាមានអង្គ ៤ គឺដំរី សេះ រថ ពលថ្មើរជើង នឹងមកចោមរោមបុគ្គលនេះជានិច្ច នេះជាផលនៃពុទ្ធបូជា។ បុគ្គលនោះ នឹងរីករាយក្នុងទេវលោកអស់ ១.៨០០ កប្ប នឹងបានកើតជាសេ្តចចក្រពត្តិ អស់ ១ ពាន់ដង។ នឹងសោយទេវរាជ្យ អស់ ៣ រយដង នឹងសោយបទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់។ កន្លងទៅ ៣០ ពាន់កប្ប នឹងមានព្រះសាស្តា ព្រះនាមគោតម កើតក្នុងត្រកូលនៃព្រះបាទឱក្កាករាជ ត្រាស់ដឹងក្នុងលោក។ (ព្រះសុមេធៈសម្ពុទ្ធ ទ្រង់ត្រាស់ថា) ខ្ញុំនឹងបានទទួលមត៌កក្នុងធម៌ ជាឱរសដែលធម៌និម្មិតហើយ របស់ព្រះសាស្តានោះ ជាបុគ្គលកំណត់ដឹងនូវអាសវៈទាំងពួង ឥតមានអាសវៈ។ ក្នុងរវាង ៣០ ពាន់កប្ប ខ្ញុំបានឃើញព្រះលោកនាយក អាស្រ័យនូវចន្លោះនេះ ហើយស្វះស្វែងរកនូវអមតបទ គឺនិព្វាន។ ខ្ញុំឈ្មោះថាមានលាភហើយ អត្តភាពជាមនុស្ស ឈ្មោះថាខ្ញុំបានល្អហើយ ព្រោះខ្ញុំបានដឹងនូវពាក្យប្រៀនប្រដៅនៃព្រះពុទ្ធ វិជ្ជាបី ខ្ញុំបានដល់តាមលំដាប់ហើយ ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរួចហើយ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ លុះខ្ញុំពោលសរសើរចំពោះព្រះញាណរួចហើយ ក៏បានដល់នូវអមតបទ គឺនិព្វាន។ ខ្ញុំចូលទៅកើតក្នុងកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំរមែងបានសេចក្តីសុខ ក្នុងទីទាំងពួង នេះជាផលរបស់ខ្ញុំ ក្នុងការពោលសរសើរញាណ។ នេះរាងកាយជាខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុតកំពុងប្រព្រឹត្តទៅ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្កាច់នូវចំណង។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ !ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះភទ្ទាលិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ភទ្ទាលិត្ថេរាបទាន។
(២. ឯកឆត្តិយត្ថេរអបទានំ)
[២] ខ្ញុំបានធ្វើអាស្រមដ៏ល្អ ចាក់ដីខ្សាច់ដ៏ស្អាត ហើយសាងបណ្ណសាលាយ៉ាងល្អ ទៀបឆ្នេរស្ទឹងចន្ទភាគា។ ស្ទឹង (នោះ) មានច្រាំងទាប មានកំពង់រាបស្មើ ជាទីរីករាយនៃចិត្ត បរិបូណ៌ដោយសត្វត្រី និងអណ្តើក មានសត្វក្រពើនៅអាស្រ័យ។ ពួកសត្វខ្លាឃ្មុំ ក្ងោក ខ្លាដំបង ករវិក និងសាលិកា តែងបន្លឺសំឡេងសព្វៗកាល សត្វទាំងនុ៎ះ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកតាវៅមានសំឡេងពីរោះ និងហង្សមានសូរសព្ទពីរោះ តែងយំឆ្លើយគ្នា (សព្វៗកាល) សត្វទាំងនុ៎ះ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ ក្នុងទីនោះ។ ពួកសីហៈ ខ្លាធំ ជ្រូក កុក ឆ្កែព្រៃ និងខ្លារខិន តែងបន្លឺសំឡេងក្បែរជ្រោះភ្នំ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកម្រឹគទ្រាយ ម្រឹគខ្ទីង ចចក និងជ្រូកជាច្រើន តែងបន្លឺសំឡេងក្បែរជ្រោះភ្នំ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកដើមរាជព្រឹក្ស ដើមចម្បា ដើមច្រនៀង ដើមឈើភ្លើង ដើមរំដួល និងដើមអសោក ក៏ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកដើមអង្កោល ដើមយុថ្កា ដើមសត្តបាណ៌ ដើមបាស ដើមកុន្ទីស និងដើមកណិការ បញ្ចេញផ្កាក្បែរអាស្រមរបស់ខ្ញុំ។ ពួកដើមខ្ទឹង ដើមរាំងភ្នំ ដើមស្រល់ និងដើមស្វាយស មានផ្ការីកនៅក្នុងទីនោះ ក្លិនជាទិព្វសាយភាយ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកដើមពោធិ ដើមធ្នង់ ដើមជន្លាត់ដៃ ដើមរាំងភ្នំ និងដើមផ្កាថ្ពៅ មានផ្ការីក ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកដើមស្វាយ ដើមព្រីង ដើមដង្កៀបក្តាម ដើមរាំងអន្លក់ និងដើមភ្លៅនាង ក្លិនជាទិព្វក្រអូបសាយភាយ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកដើមអសោក ដើមខ្វិត ដើមនួនស្រី មានផ្ការីក ក្លិនជាទិព្វសាយភាយ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ដើមក្ទម្ព ដើមចេក ដើមសណ្តែកព្រៃដែលគេដាំ ទ្រទ្រង់ផ្លែជានិច្ច ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកដើមសម៉ ដើមកន្ទួតព្រៃ ដើមស្វាយ ដើមព្រីង ដើមសម៉ពិភេទក៍ ដើមក្របៅ ដើមរាក់ខ្មៅ ដើមព្នៅ មានផ្លែ ជិតអាស្រមរបស់ខ្ញុំ។ នៅទីជិតស្រះបោក្ខរណី មានកំពង់រាបស្មើ ជាទីរីករាយចិត្ត ដ៏ដេរដាសដោយលំចង់ ផ្កាឈូក និងផ្កាឧប្បល។ ពួកដើមឈូក កំពុងចាប់ផ្ទៃ (នោប) ពួកដើមឈើ មានកេសរឯទៀតៗ បញ្ចេញផ្ការីក មានទង ដើមកណ្ណិកាមានស្លឹកជ្រុះ បព្ចោញផ្កា នៅទៀបអាស្រមរបស់ខ្ញុំ។ ពួកត្រីស្លាត ត្រីក្បក ត្រីក្រាញ់ ត្រីសណ្តាយ និងត្រីឆ្ពិន កំពុងត្រាច់ទៅមកក្នុងទឹកថ្លា ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកដើមនយិតាព្រឹក្ស ដើមស្វាយក្រអូប ដើមការកេត មាននៅទៀបលំដាប់ច្រាំង ក្លិនជាទិព្វសាយភាយទៅ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ក្លិនជាទិព្វ សាយភាយ ហូរចេញមកពីក្រអៅឈូក និងមើមឈូក ដូចទឹកដោះរាវ និងទឹកដោះថ្លា ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ផ្នូកខ្សាច់ដ៏ល្អដេរដាស ជ្រួតជ្រាបដោយទឹកក្នុងទីនោះ នឹងដើមសេតព្រឹក្ស មានផ្ការោយចុះ ក៏ផ្ការីក ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ ពួកតាបសទាំងអស់ ពេញទៅដោយភារៈ គឺផ្នួងសក់ ស្លៀកសំពត់ស្បែកខ្លា ទាំងទ្រទ្រង់នូវសំពត់សំបកឈើ ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ (ពួកតាបសទាំងនោះ) ក្រឡេកមើលប្រមាណមួយជួរនឹម ជាបុគ្គលមានបញ្ញាចាស់ មានកិរិយាប្រព្រឹត្តដ៏ស្ងប់ស្ងាត់ជាប្រក្រតី មិនមានសេចក្តីប្រាថ្នាក្នុងការជាប់ចំពាក់ដោយកាម នៅក្នុងអាស្រមរបស់ខ្ញុំ។ ពួកតាបសទាំងអស់នោះ មានក្រចក និងរោមក្លៀកដុះវែងៗ មានមន្ទិលធ្មេញ មានធូលីលើក្បាល ទ្រទ្រង់នូវធូលី និងក្អែល នៅក្នុងអាស្រមរបស់ខ្ញុំ។ ពួកតាបសទាំងនោះ ដល់នូវអភិញ្ញាបារមី សុទ្ធតែត្រាច់ទៅឰដ៏អាកាសបាន តាបសទាំងនុ៎ះហោះទៅកាន់អាកាស ធ្វើអាស្រមរបស់ខ្ញុំឲ្យល្អ។ គ្រានោះ ខ្ញុំមានពួកសិស្សទាំងនោះ ចោមរោមជាបរិវារ នៅក្នុងព្រៃធំ ឆ្អែតស្កប់ស្កល់ដោយសេចក្តីរីករាយក្នុងឈាន ឥតដឹងយប់ និងថ្ងៃ។ សម័យនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាអ្នកប្រាជ្ញធំ ព្រះអង្គជានាយកនៃសត្វលោក ទ្រង់កំចាត់បង់នូវងងឹតអន្ធការ ទ្រង់កើតឡើងក្នុងលោក។ គ្រានោះ មានសិស្សមួយរូប ចូលមកក្នុងសំណាក់ខ្ញុំ សិស្សនោះមានប្រាថ្នានឹងរៀននូវមន្តទាំងឡាយ ឈ្មោះឆឡង្គលក្ខណៈ។ ព្រះពុទ្ធព្រះនាមអត្ថទស្សី ជាអ្នកប្រាជ្ញដ៏ប្រសើរផុត ទ្រង់កើតឡើងក្នុងលោក កំពុងប្រកាសនូវសច្ចៈ ៤ ហើយសម្តែងនូវអមតបទគឺនិព្វាន។ ខ្ញុំមានសេចក្តីត្រេកអរស្រស់ស្រាយរីករាយ ជាទីអាស្រ័យនៅនៃពួកអ្នកមានចិត្តជាធម៌ បានចេញអំពីអាស្រម ហើយពោលពាក្យនេះថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ទ្រង់មានលក្ខណៈដ៏សំខាន់ ៣២ ប្រការ ដូច្នេះ អ្នករាល់គ្នាចូរមក យើងនឹងទៅក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធ។ ពួកតាបសទាំងនោះ ជាអ្នកធ្វើតាមឱវាទខ្ញុំ ដល់នូវបារមីក្នុងព្រះសទ្ធម្ម ជាអ្នកស្វែងរកនូវប្រយោជន៍ដ៏ប្រសើរ បានទទួលថា សាធុ។ ពួកតាបសទាំងនោះ សឹងពេញទៅដោយភារៈ គឺផ្នួងសក់ ស្លៀកពាក់ស្បែកខ្លា កំពុងស្វែងរកប្រយោជន៍ដ៏ឧត្តម ចេញចាកព្រៃ ក្នុងកាលនោះ។ គាប់ជួនសម័យនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ព្រះអង្គមានយសធំ កំពុងប្រកាសសច្ចៈ ៤ សម្តែងនូវអមតបទ គឺនិព្វាន។ ខ្ញុំបានកាន់ស្វេតឆ័ត្របាំងថ្វាយព្រះពុទ្ធដ៏ប្រសើរ លុះបាំងថ្វាយអស់មួយថ្ងៃហើយ ខ្ញុំថ្វាយបង្គំព្រះពុទ្ធដ៏ប្រសើរ។ ចំណែកខាងព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ទ្រង់ជាច្បងក្នុងលោក ជានរៈដ៏ប្រសើរ ទ្រង់គ្រង់ក្នុងពួកភិក្ខុ ហើយត្រាស់នូវគាថាទាំងនេះថា
បុគ្គលណាមានចិត្តជ្រះថ្លា បានបាំងឆ័ត្រថ្វាយតថាគត ដោយដៃរបស់ខ្លួន តថាគត នឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ។ បុគ្គលនេះ កាលកើតជាទេវតា ឬកើតជាមនុស្ស ពួកជននឹងបាំងឆ័ត្រឲ្យសព្វៗកាល នេះជាផលនៃការថ្វាយឆ័ត្រ។ បុគ្គលនោះ នឹងរីករាយក្នុងទេវលោក អស់ ៧៧ កប្ប នឹងបានជាស្តេចចក្រពត្តិ អស់ ១.០០០ ដង។ ម្យ៉ាងទៀត បុគ្គលនោះ នឹងបានសោយទេវរាជ្យ ជាសេ្តចនៃទេវតា អស់ ៧៧ ដង នឹងសោយបទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។ កន្លងទៅ ១.៨០០ កប្ប ព្រះពុទ្ធព្រះនាមគោតម ជាសាក្យដ៏ប្រសើរបំផុត ព្រះអង្គមានបញ្ញាចក្ខុ ទ្រង់កំចាត់បង់នូវងងឹតអន្ធការ នឹងកើតឡើង។ បុគ្គលនោះ នឹងបានទទួលមត៌កក្នុងធម៌របស់ព្រះពុទ្ធអង្គនោះ ជាឱរសដែលធម៌និម្មិតហើយ កំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
កាលណាខ្ញុំបានធ្វើនូវកុសលកម្ម គឺបាំងឆ័ត្រថ្វាយព្រះពុទ្ធ ក្នុងចន្លោះនេះ ខ្ញុំមិនដែលស្គាល់ស្វេតឆ័ត្រ ដែលគេមិនបាំងឲ្យខ្ញុំឡើយ។ នេះរាងកាយជាទីបំផុតរបស់ខ្ញុំ ភពជាទីបំផុតរបស់ខ្ញុំកំពុងប្រព្រឹត្តទៅ ចំណែកការបាំងឆ័ត្រលើក្បាល អស់កាលជានិច្ច មានដរាបដល់ថ្ងៃនេះ។ ឱហ៎្ន! អំពើល្អខ្ញុំធ្វើដោយប្រពៃហើយ ចំពោះព្រះពុទ្ធ ព្រះនាមអត្ថទស្សី ព្រះអង្គប្រកបដោយតាទិគុណ ខ្ញុំមានអាសវៈទាំងពួងអស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើតាមរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកច្ឆត្តិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកច្ឆត្តិយត្ថេរាបទាន។
(៣. តិណសូលកឆាទនិយត្ថេរអបទានំ)
[៣] កាលនោះ ខ្ញុំបានពិចារណានូវជាតិជរា និងមរណៈ ខ្ញុំតែម្នាក់ឯង ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ កាលខ្ញុំសព្ចារទៅតាមលំដាប់ បានចូលទៅកាន់ឆ្នេរនៃទន្លេគង្គា ក៏ឃើញផែនដីដុះពេញស្មើនៅទៀបឆ្នេរទន្លេគង្គានោះ។ ខ្ញុំបានសាងអាស្រមត្រង់ទីនោះ ហើយនៅក្នុងអាស្រមរបស់ខ្ញុំ ទីចង្រ្កមដែលខ្ញុំបានធ្វើល្អហើយ សឹងប្រកបដោយពួកសត្វស្លាបផ្សេងៗ។ ពួកសត្វតែងចូលមកជិតខ្ញុំផង បន្លឺសំឡេង គួរឲ្យចាប់ចិត្តផង ខ្ញុំត្រេកអររីករាយជាមួយនឹងសត្វទាំងនោះ ហើយនៅក្នុងអាស្រម។ សេ្តចម្រឹគមានជើង ៤ នៅជិតអាស្រមរបស់ខ្ញុំ ស្តេចម្រឹគនោះ តែងចេញអំពីលំនៅមកស្រែកគំរាមដូចជារន្ទះ។ កាលស្តេចម្រឹគបន្លឺសំឡេងឡើង ខ្ញុំក៏មានសេចក្តីរីករាយកើតឡើង ខ្ញុំកំពុងស្វះស្វែងរកស្តេចម្រឹគ ស្រាប់តែប្រទះឃើញព្រះលោកនាយក លុះខ្ញុំឃើញព្រះពុទ្ធ ព្រះនាមតិស្សៈ ជាទេវតាក្រៃលែងជាងទេវតា ជានាយកប្រសើរ របស់សត្វលោកហើយ ខ្ញុំមានចិត្តត្រេកអររីករាយ បានបូជាកេសរផ្កាខ្ទឹង។ ខ្ញុំសរសើរព្រះលោកនាយក ព្រះអង្គកំពុងរុងរឿង ដូចជាព្រះអាទិត្យកាលរះឡើង ឬដូចជាស្តេចឈើមានផ្ការីក ពុំនោះសោតដូចជាផ្កាយព្រឹកថា បពិត្រព្រះសព្វញ្ញូ ព្រះអង្គទ្រង់ធ្វើខ្ញុំ ព្រមទាំងទេវតា ឲ្យរុងរឿងដោយញាណរបស់ព្រះអង្គ ពួកជនបានធ្វើព្រះអង្គឲ្យត្រេកអរហើយ រមែងរួចចាកជាតិ។ ពួកជនដែលត្រូវរាគៈ និងទោសៈ គ្របសង្កត់ហើយ រមែងធ្លាក់ចុះក្នុងអវីចិនរក ព្រោះកិរិយាមិនឃើញនូវព្រះសព្វញ្ញូពុទ្ធ ទ្រង់ឃើញហេតុទាំងពួង។ ពួកសត្វទាំងអស់ រួចស្រឡះចាកភព ពាល់ត្រូវនូវអមតបទគឺព្រះនិព្វាន ព្រោះអាស្រ័យនូវការឃើញព្រះអង្គ ជាសព្វញ្ញូលោកនាយក។ កាលណាព្រះពុទ្ធទាំងឡាយ ព្រះអង្គមានបញ្ញាចក្ខុ ជាអ្នកធ្វើនូវពន្លឺកើតឡើង ព្រះពុទ្ធទាំងឡាយនោះ រមែងដុតកិលេស ហើយបង្ហាញនូវពន្លឺក្នុងកាលនោះ។ ខ្ញុំសរសើរព្រះសម្ពុទ្ធ ព្រះនាមតិស្សៈជានាយកដ៏ប្រសើររបស់សត្វលោក ហើយបានបូជាផ្កាម្លិះរួតដោយចិត្តរីករាយ។ ឯព្រះពុទ្ធព្រះនាមតិស្សៈ ជានាយកដ៏ប្រសើរនៃសត្វលោក ទ្រង់បានជ្រាបច្បាស់នូវសេចក្តីត្រិះរិះរបស់ខ្ញុំ ទ្រង់គង់លើអាសនៈរបស់ព្រះអង្គ ហើយសម្តែងនូវគាថាទាំងនេះថា
បុគ្គលណាមានសេចក្តីជ្រះថ្លា បានបាំងតថាគតដោយផ្កាទាំងឡាយ ដោយដៃរបស់ខ្លួន តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់តថាគតសម្តែងចុះ។ បុគ្គលនោះ នឹងសោយទេវរាជ្យ ជាសេ្តចនៃទេវតា អស់ ២៥ ដង នឹងបានជាសេ្តចចក្រពត្តិ អស់ ៧៥ ដង។ នឹងបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ នេះជាអានិសង្សនៃកម្ម គឺកិរិយាបូជានូវផ្កានោះ។ បុរសនេះ ដែលបានបាំងតថាគតដោយផ្កាទាំងឡាយ ទាំងល្ងាចទាំងព្រឹក នឹងទៅជាអ្នកប្រកបដោយបុញ្ញកម្ម ផលនឹងកើតប្រាកដចំពោះមុខ។ បុរសនេះប្រាថ្នាវត្ថុណាៗ ដោយកាមទាំងឡាយ វត្ថុនោះៗ នឹងកើតប្រាកដ នឹងញុំាងសេចក្តីប្រាថ្នាឲ្យពេញលេញ ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ខ្ញុំដុតបំផ្លាញពួកកិលេសចោលហើយ ជាអ្នកដឹងច្បាស់ ទាំងមានស្មារតី អង្គុយលើអាសនៈតែមួយ ក៏បានដល់នូវព្រះអរហត្ត។ ខ្ញុំកំពុងដើរ កំពុងដេក កំពុងអង្គុយ ឬឈរ ក៏នឹកទៅរកព្រះពុទ្ធដ៏ប្រសើរ ក្នុងកាលនោះ។ ក្នុងទីនោះ ខ្ញុំឥតមានសេចក្តីខ្វះខាតដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ និងសេនាសនប្បច្ច័យសោះឡើយ នេះជាផលនៃពុទ្ធបូជា។ ឥឡូវនេះ ខ្ញុំនោះបានដល់អមតបទ គឺព្រះនិព្វាន ជាគុណជាតស្ងប់ប្រសើរ ខ្ញុំកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញអស់ហើយ ភពទាំងពួង ខ្ញុំបានគាស់រំលើងចោលអស់ហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ បានឮថា ព្រះតិណសូលកឆាទនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តិណសូលកឆាទនិយត្ថេរាបទាន។
(៤. មធុមំសទាយកត្ថេរអបទានំ)
[៤] ខ្ញុំជាអ្នកសម្លាប់ជ្រូក នៅក្នុងក្រុងពន្ធុមតី បានចំអិនគ្រឿងទេស ហើយរោយលើសាច់មានរសឆ្ងាញ់។ ខ្ញុំចូលទៅកាន់ទីប្រជុំ ហើយបានយកបាត្រមួយ មកដាក់បំពេញដោយសាច់ឆ្ងាញ់នោះ ហើយប្រគេនដល់ព្រះភិក្ខុសង្ឃ។ កាលនោះ ភិក្ខុអង្គណាជាថេរៈ ចាស់ជាងគេ ខ្ញុំក៏ប្រគេនភិក្ខុនោះ ខ្ញុំបាននូវសេចក្តីសុខធំទូលាយ ដោយសារការបំពេញបាត្រដោយសាច់ឆ្ងាញ់នោះ។ ខ្ញុំបានទទួលនូវសម្បត្តិទាំងពីរ ត្រូវកុសលមូលដាស់តឿន ក៏បានដុតបំផ្លាញកិលេស ក្នុងបច្ឆិមភពដែលកំពុងប្រព្រឹត្តទៅ។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាក្នុងទីនោះហើយ បានទៅកើតឯឋានតាវត្តិង្ស ខ្ញុំឆីក្តី ផឹកក្តី តែងបានសេចក្តីសុខដ៏ធំទូលាយ ក្នុងឋាននោះ។ ខ្ញុំតែងរលឹកឃើញនូវបុព្វកម្ម ក្នុងមណ្ឌប ឬទៀបគល់ឈើ ភ្លៀងគឺបាយ និងទឹក តែងបង្អុរចុះដល់ខ្ញុំ ក្នុងខណៈនោះ។ នេះរាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ចំណែកខាងបាយ និងទឹក រមែងបង្អុរចុះមកដើម្បីខ្ញុំ ក្នុងទីនេះសព្វៗពេល។ ខ្ញុំអន្ទោលទៅក្នុងភព កំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ ដោយការឲ្យនូវសាច់មានរសឆ្ងាញ់នោះឯង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យនូវសាច់មានរសឆ្ងាញ់នោះឯង។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាល់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់ដោយលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមធុមំសទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មធុមំសទាយកត្ថេរាបទាន។
(៥. នាគបល្លវត្ថេរអបទានំ)
[៥] ខ្ញុំនៅក្នុងឱទ្យានរបស់ព្រះរាជា ក្នុងក្រុងពន្ធុមតី ឯព្រះលោកនាយក គង់ជិតអាស្រមរបស់ខ្ញុំ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកស្លឹកខ្ទឹងទៅបូជាព្រះពុទ្ធ ហើយថ្វាយបង្គំព្រះសុគត។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាស្លឹក ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះនាគបល្លវកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នាគបល្លវកត្ថេរាបទាន។
(៦. ឯកទីបិយត្ថេរអបទានំ)
[៦] កាលព្រះសុគតព្រះនាមសិទ្ធត្ថៈ ជាលោកនាយក ទ្រង់បរិនិព្វានហើយ ពួកមនុស្ស និងទេវតាទាំងអស់ នាំគ្នាបូជាព្រះពុទ្ធដ៏ឧត្តមជាងសត្វជើងពីរ។ ក៏កាលដែលព្រះសិទ្ធត្ថៈ ជាលោកនាយក ដែលគេលើកដាក់លើជើងថ្ករហើយ ពួកមនុស្ស ព្រមទាំងទេវតា នាំគ្នាបូជាជើងថ្ករនៃព្រះសាស្តា តាមសមគួរដល់កំឡាំងនៃសទ្ធារបស់ខ្លួន។ ខ្ញុំបានអុជប្រទីបក្នុងទីជិតជើងថ្ករ ប្រទីបរបស់ខ្ញុំឆេះនៅដរាបព្រះអាទិត្យរះឡើង។ ខ្ញុំបានលះបង់នូវរាងកាយជារបស់មនុស្ស ទៅកើតឯឋានតាវត្តិង្ស ដោយកម្មដែលខ្លួនធ្វើល្អហើយនោះផង ដោយការតំកល់ចេតនានោះផង។ វិមានរបស់ខ្ញុំ ដែលបុញ្ញកម្មធ្វើល្អហើយ ក្នុងឋានតាវត្តិង្សនោះ គេរមែងស្គាល់ថា វិមានឈ្មោះឯកទីប ព្រោះមានប្រទីបមួយសែនរុងរឿងក្នុងវិមានរបស់ខ្ញុំនោះ។ រាងកាយរបស់ខ្ញុំ រមែងរុងរឿងសព្វកាល ដូចព្រះអាទិត្យកាលរះឡើង ពន្លឺសរីរៈរបស់ខ្ញុំ រមែងមានសព្វៗកាល ជាងពន្លឺទាំងឡាយ។ ខ្ញុំមានភ្នែកមើលឃើញទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំ កន្លងភ្នំមួយរយយោជន៍ជុំវិញ។ ខ្ញុំបានត្រេកអរក្នុងទេវលោក អស់ ៧៧ ដង បានសោយរាជ្យ ជាស្តេចទេវតាអស់ ៣១ ដង។ ខ្ញុំបានជាសេ្តចចក្រពត្តិ អស់ ២៨ ដង សោយបទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់។ កាលខ្ញុំច្យុតចាកទេវលោក មកកើតក្នុងផ្ទៃមាតា សូម្បីកាលខ្ញុំនៅក្នុងផ្ទៃមាតា ភ្នែករបស់ខ្ញុំឥតខូចខាតឡើយ។ ខ្ញុំមានអាយុ ៤ ឆ្នាំ បានចូលទៅកាន់ផ្នួស មិនទាន់បានកន្លះខែ ខ្ញុំក៏បានសម្រេចអរហត្ត។ ខ្ញុំបានជំរះទិព្វចក្ខុ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ កិលេសទាំងអស់ ខ្ញុំបានផ្តាច់ផ្តិលហើយ នេះជាផលនៃប្រទីបមួយ។ ខ្ញុំមើលឃើញទៅខាងក្រៅជញ្ជាំង ទាំងខាងក្រៅភ្នំ កន្លងភ្នំទាំងអស់ នេះជាផលនៃប្រទីបមួយ។ ប្រទេសទាំងឡាយ ដែលមិនរាបសើ្ម ត្រឡប់ទៅជារាបសើ្ម សម្រាប់ខ្ញុំ ខ្ញុំមិនមានងងឹត ខ្ញុំមិនដែលឃើញងងឹតអ័ព្ទឡើយ នេះជាផលនៃប្រទីបមួយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយប្រទីបក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃប្រទីបមួយ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកទីបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកទីបិយត្ថេរាបទាន។
(៧. ឧច្ឆង្គបុប្ផិយត្ថេរអបទានំ)
[៧] កាលនោះ ខ្ញុំជាអ្នកក្រងផ្កា នៅក្នុងក្រុងពន្ធុមតី ខ្ញុំបានដាក់ផ្កាពេញថ្នក់ ហើយដើរសំដៅផ្សារ។ សម័យនោះ ព្រះមានព្រះភាគ ជាលោកនាយក មានភិក្ខុសង្ឃចោមរោម កំពុងស្តេចទៅដោយអានុភាពដ៏ធំ។ ខ្ញុំបានឃើញព្រះវិបស្សី ព្រះអង្គបំភ្លឺលោក ទ្រង់ចំឡងសត្វលោក ហើយយកផ្កាអំពីថ្នក់ បូជាព្រះពុទ្ធដ៏ប្រសើរ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះពុទ្ធដ៏ប្រសើរ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឧច្ឆង្គបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧច្ឆង្គបុប្ផិយត្ថេរាបទាន។
(៨. យាគុទាយកត្ថេរអបទានំ)
[៨] កាលនោះ ខ្ញុំនាំភ្ញៀវរបស់ខ្ញុំ មកកាន់ស្រុកតូច បានឃើញស្ទឹងមានទឹកពេញព្រៀប ហើយដើរចូលទៅកាន់អារាមរបស់សង្ឃ។ ភិក្ខុទាំងនោះ ជាអ្នកនៅក្នុងព្រៃ ទ្រទ្រង់នូវធុតង្គ មានឈាន មានចីវរដ៏សៅហ្មង ត្រេកអរក្នុងទីស្ងាត់ ជាអ្នកប្រាជ្ញ នៅក្នុងអារាមរបស់សង្ឃ។ ភិក្ខុទាំងនោះ លោកជាអ្នករួចស្រឡះល្អហើយ ប្រកបដោយតាទិគុណ មានដំណើរដាច់ហើយ ភិក្ខុទាំងនោះ មានស្ទឹង ស្ទះផ្លូវ ក៏ខានទៅបិណ្ឌបាត។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ មានចិត្តត្រេកអរ ហើយធ្វើអញ្ជលី យកអង្ករធ្វើបបរ ប្រគេនយាគុទាន។ ខ្ញុំមានចិត្តជ្រះថ្លា ប្រគេនបបរដែលចំអិនហើយ ដោយដៃរបស់ខ្លួន បា្ររព្ធកម្មរបស់ខ្លួន បានទៅកើតឯឋានតាវត្តឹង្ស។ វិមានជាវិការៈនៃកែវមណី កើតសម្រាប់ខ្ញុំ ក្នុងពួកទេវតាឋានតាវត្តិង្ស ខ្ញុំប្រកបដោយពួកនារី ត្រេកអរក្នុងវិមានដ៏ប្រសើរ។ ខ្ញុំបានជាព្រះឥន្ទ សោយរាជ្យជាសេ្តចនៃទេវតា អស់ ៣៣ ដង បានសោយរាជ្យដ៏ធំ ជាសេ្តចចក្រពត្តិ អស់ ៣០ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំសោយនូវយសក្នុងទេវលោក និងមនុស្សលោក។ ក្នុងកាលដែលដល់នូវភពជាទីបំផុត ខ្ញុំបានលះបង់សម្បត្តិទាំងអស់ ព្រមទាំងសក់ដែលកោរកាត់ រួចហើយចូលទៅកាន់ផ្នួស។ ម្យ៉ាងទៀត កាលខ្ញុំពិចារណានូវសាកសពដោយកិរិយាអស់ទៅ និងការសូន្យទៅ ក៏បានសម្រេចព្រះអរហត្ត ដោយការបំពេញនូវសិក្ខា ក្នុងកាលមុន។ ទានដ៏ប្រសើរ ខ្ញុំបានឲ្យហើយដោយប្រពៃ ទានកើតឡើងដោយដៃ ខ្ញុំបានប្រកបប្រពៃហើយ ខ្ញុំជាបុគ្គលបានដល់នូវអចលបទ គឺនិព្វាន ដោយយាគុទាននោះឯង។ ខ្ញុំមិនដែលស្គាល់សេចក្តីសោក សេចក្តីខ្សឹកខ្សួល ការឈឺថ្កាត់ ក្រវល់ក្រវាយ និងសេចក្តីក្តៅក្រហាយចិត្ត ដែលកើតឡើយ នេះជាផលនៃយាគុទាន។ ខ្ញុំបានប្រគេនបបរដល់ព្រះភិក្ខុសង្ឃ ជាបុញ្ញក្ខេត្តដ៏ប្រសើររួចហើយ ក៏បាននូវអានិសង្ស ៥ ប្រការ ឱហ្ន៎! ភាពនៃបបរ ខ្ញុំបានបូជាស្រួលហើយ។ (អានិសង្ស ៥ ប្រការនោះ គឺ) ភាពជាអ្នកមិនមានជំងឺដម្កាត់ ១ ភាពជាអ្នកមានរូបរាងល្អ ១ ភាពជាអ្នកត្រាស់ដឹងនូវធម៌ឆាប់ ១ ភាពជាអ្នកបានបាយ និងទឹកជាប្រក្រតី ១ ខ្ញុំមានអាយុវែង ជាគំរប់ ៥។ បុគ្គលណាមួយ កាលធ្វើសេចក្តីត្រេកអរឲ្យកើត គប្បីប្រគេនបបរចំពោះព្រះសង្ឃ បុគ្គលនោះឈ្មោះថាបណ្ឌិត តែងទទួលឋានៈ ៥ ប្រការនេះឯង។ ករណីយកិច្ចទាំងអស់ ខ្ញុំបានធ្វើរួចហើយ ភពទាំងឡាយ ខ្ញុំបានគាស់រំលើងចោលហើយ អាសវៈទាំងពួងរបស់ខ្ញុំ អស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានទេ។ ខ្ញុំនោះតែងដើរទៅកាន់ស្រុកតូចធំ និងបូរីតូចធំ តែងថ្វាយបង្គំនូវព្រះសម្ពុទ្ធ និងព្រះធម៌ជាសភាវៈដ៏ល្អ។ ក្នុងកប្បទី ៣០ ពាន់ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំពុំដែលស្គាល់ទុគ្គតិ នេះជាផលនៃយាគុទាន។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចស្រេចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះយាគុទាយកតេ្ថរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ យាគុទាយកត្ថេរាបទាន។
(៩. បត្ថោទនទាយកត្ថេរអបទានំ)
[៩] កាលពីភពមុន ខ្ញុំបានកើតជាថ្មើរព្រៃ ប្រកបការក្នុងព្រៃរឿយៗ បានយកបាយដែលចំអិនដោយអង្ករចំនួនមួយនាឡិ ហើយដើរទៅធ្វើការងារ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាព្រះសយម្ភូ ទ្រង់ឈ្នះមារ ព្រះអង្គកំពុងសេ្តចចេញពីព្រៃទៅបិណ្ឌបាតក្នុងទីនោះ លុះខ្ញុំបានឃើញហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាថា អញរវល់តែប្រកបក្នុងការងារឲ្យអ្នកដទៃ ចំណែកបុណ្យរបស់អញ មិនមាន ឥឡូវនេះ បាយដែលចំអិនដោយអង្ករមួយនាឡិនេះមាន អញនឹងនិមន្តព្រះមុនីនេះ ឲ្យឆាន់បាយនេះ។ ខ្ញុំយកបាយដែលចំអិនដោយអង្ករមួយនាឡិ ថ្វាយព្រះសយម្ភូ កាលខ្ញុំកំពុងតែសំឡឹងមើល ព្រះមហាមុនីទ្រង់សោយ។ ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតឯឋានតាវត្តិង្សដោយកម្ម ដែលធ្វើល្អហើយនោះផង ដោយការតំកល់ចេតនានោះផង។ ខ្ញុំបានជាព្រះឥន្រ្ទសោយរាជ្យជាសេ្តចទេវតា អស់ ៣២ ដង បានជាសេ្តចចក្រពត្តិ អស់ ៣៣ ដង។ បានសោយរាជ្យជាក្សត្រប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំជាអ្នកដល់សេចក្តីសុខ មានយស នេះជាផលនៃបាយដែលចំអិនដោយអង្ករមួយនាឡិ។ ខ្ញុំកាលអន្ទោលទៅមកក្នុងភពតូច និងភពធំ រមែងបានទ្រព្យរាប់មិនអស់ ខ្ញុំមិនដែលមានការខ្វះខាតភោគៈឡើយ នេះជាផលនៃបាយដែលចំអិនដោយអង្ករមួយនាឡិ។ ភោគៈទាំងឡាយដែលមានចំណែកប្រៀបដូចខ្សែទឹកទន្លេ រមែងកើតសម្រាប់ខ្ញុំ ខ្ញុំមិនអាចរាប់ភោគៈទាំងនោះឲ្យសព្វគ្រប់បានឡើយ នេះជាផលនៃបាយដែលចំអិនដោយអង្ករមួយនាឡិ។ (ពួកជនតែងពោលថា) អ្នកចូរទំពាស៊ីចំណីនេះ ចូរបរិភោគអាហារនេះ ចូរដេកលើដំណេកនេះ ព្រោះហេតុនេះ ខ្ញុំជាបុគ្គលបានសុខស្រួល នេះជាផលនៃបាយដែលចំអិនដោយអង្ករមួយនាឡិ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបាយដែលចំអិនដោយអង្ករមួយនាឡិ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញចោលហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ៎្ន វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបត្ថោទនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បត្ថោទនទាយកត្ថេរាបទាន។
(១០. មញ្ចទាយកត្ថេរអបទានំ)
[១០] កាលព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ ប្រកបដោយសេចក្តីករុណា ទ្រង់បរិនិព្វានហើយ កាលសាសនាកំពុងផ្សាយចេញទៅ មានពួកទេវតា និងមនុស្សធ្វើសក្ការៈហើយ។ ខ្ញុំកើតជាមនុស្សចណ្ឌាល អ្នកធ្វើតាំងឈ្មោះអាសន្ទិ (តាំងមានជ្រុង ៤ សើ្ម) ក្នុងទីនោះ ខ្ញុំរស់នៅដោយការងារនោះ ទាំងបានចិញ្ចឹមទារក និងប្រពន្ធដោយការងារនោះដែរ។ ខ្ញុំមានចិត្តជ្រះថ្លា បានធ្វើតាំងឈ្មោះអាសន្ទិ វិចិត្រយ៉ាងល្អដោយដៃរបស់ខ្លួន ហើយនាំចូលទៅប្រគេនព្រះភិក្ខុសង្ឃ ដោយខ្លួនឯង។ ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតឯឋានតាវត្តិង្សដោយកម្មដែលខ្លួនធ្វើល្អហើយនោះផង ដោយការតំកល់ចេតនានោះផង។ ខ្ញុំកាលទៅកាន់ទេវលោក រមែងរីករាយក្នុងពួកទេវតានៅឋានតាវត្តិង្ស ទីសម្រាប់ដេកមានថ្លៃច្រើន ក៏កើតឡើងតាមសេចក្តីប្រាថ្នា (របស់ខ្ញុំ)។ ខ្ញុំបានជាព្រះឥន្ទ សោយរាជ្យជាស្តេចនៃទេវតា អស់ ៥០ ដង ទាំងបានជាសេ្តចចក្រពត្តិ អស់ ៨០ ដង។ ខ្ញុំបានសោយរាជ្យជាក្សត្រប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំជាបុគ្គលមានសេចក្តីសុខ មានយស នេះជាផលនៃការថ្វាយគ្រែ។ កាលខ្ញុំច្យុតចាកទេវលោក មកកាន់ភពជារបស់មនុស្សវិញ ទីសម្រាប់ដេកដ៏ល្អមានតម្លៃច្រើន ក៏កើតឡើងឯងៗ សម្រាប់ខ្ញុំ។ នេះរាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពជាទីបំផុតរបស់ខ្ញុំ កំពុងតែប្រព្រឹត្តទៅ ថ្ងៃនេះ ទីសម្រាប់ដេក ក៏កើតឡើង (សម្រាប់ខ្ញុំ) ក្នុងកាលជាទីដេក។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានប្រគេនគ្រែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយគ្រែ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមញ្ចទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មញ្ចទាយកត្ថេរាបទាន។
ឧទា្ទន
ភទ្ទាលិត្ថេរាបទាន ១ ឯកច្ឆត្តិយត្ថេរាបទាន ១ តិណសូលកឆាទនិយត្ថេរាបទាន ១ មធុមំសទាយកត្ថេរាបទាន ១ នាគបល្លវកត្ថេរាបទាន ១ ឯកទីបិយត្ថេរាបទាន ១ ឧច្ឆង្គបុប្ផិយត្ថេរាបទាន ១ យាគុទាយកត្ថេរាបទាន ១ បត្ថោទនទាយកត្ថេរាបទាន ១ មញ្ចទាយកត្ថេរាបទាន ១ ឯគាថា រាប់ទៅឃើញមានចំនួន ២២១ គាថា។
ចប់ ភទ្ទាលិវគ្គ ទី៤២។
(៤៣. សកិំសម្មជ្ជកវគ្គោ)
(១. សកិំសម្មជ្ជកត្ថេរអបទានំ)
[១១] ខ្ញុំ (បានឃើញ) ដើមជ្រនៀង ជាពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី លុះខ្ញុំបានឃើញឈើដ៏ប្រសើរនោះហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាចំពោះឈើនោះ។ ខ្ញុំចាប់យកអំបោស ហើយបោសដើមពោធិព្រឹក្សក្នុងពេលនោះភ្លាម លុះខ្ញុំបានបោសរួចហើយ ក៏ថ្វាយបង្គំដើមជ្រនៀងជាពោធិព្រឹក្សនោះ។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាចំពោះពោធិព្រឹក្សនោះ រួចធ្វើអញ្ជលីលើក្បាល នមស្ការពោធិព្រឹក្សនោះហើយ ដើរថយក្រោយទៅ។ កាលខ្ញុំកំពុងនឹកចំពោះពោធិព្រឹក្សដ៏ប្រសើរ ហើយដើរបណ្តើរ តាមផ្លូវជាទីត្រាច់ទៅ ស្រាប់តែពស់ថ្លាន់មួយ ជាសត្វក្លាហាន មានកំឡាំងច្រើន រួបរឹតខ្ញុំ។ អំពើដែលខ្ញុំបានធ្វើក្នុងពេលថ្មីៗ ក៏ញុំាងខ្ញុំឲ្យត្រេកអរចំពោះផល ចំណែកឯពស់ថ្លាន់ លេបរាងកាយខ្ញុំចូលបាត់ទៅ ខ្ញុំបានទៅរីករាយក្នុងទេវលោក។ ចិត្តរបស់ខ្ញុំឥតមានកករល្អក់ឡើយ ជាចិត្តសស្អាតសព្វៗ កាល ខ្ញុំមិនដែលស្គាល់នូវសរ គឺសេចក្តីសោក ដែលជាហេតុញុំាងចិត្តរបស់ខ្ញុំឲ្យក្តៅក្រហាយឡើយ។ រោគឃ្លង់ រោគបូស រោគស្រែង រោគឆ្កួតជ្រូក ឃ្លង់ដែក ដំនួចពិស រមាស់ ខ្ញុំពុំដែលមានឡើយ នេះជាផលនៃការបោសសំអាត។ សេចក្តីសោក និងសេចក្តីក្តួលក្តៅក្នុងហឫទ័យ ខ្ញុំមិនដែលមានទេ ចិត្តរបស់ខ្ញុំជាចិត្តត្រង់ មិនភាន់ភាំង នេះជាផលនៃការបោសសំអាត។ ខ្ញុំដល់នូវសមាធិម្តងទៀត ចិត្តនៃខ្ញុំជាធម្មជាតបរិសុទ្ធ ខ្ញុំប្រាថ្នាសមាធិណាៗ សមាធិនោះៗ រមែងសម្រេចដល់ខ្ញុំ។ ខ្ញុំមិនដែលត្រេកត្រអាលចំពោះរបស់ដែលគួរត្រេកត្រអាល ម្យ៉ាងទៀត ខ្ញុំមិនដែលប្រទូស្តចំពោះរបស់ដែលគួរប្រទូស្ត មិនបានវង្វេងចំពោះរបស់ដែលគួរវង្វេង នេះជាផលនៃការបោសសំអាត។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើអំពើល្អ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបោសសំអាត។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ!ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសកឹសម្មជ្ជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សកឹសម្មជ្ជកត្ថេរាបទាន។
(២. ឯកទុស្សទាយកត្ថេរអបទានំ)
[១២] ខ្ញុំកើតជាអ្នកនាំស្មៅ នៅក្នុងក្រុងហង្សវតី ខ្ញុំចិញ្ចឹមជីវិតដោយការនាំស្មៅ ទាំងចិញ្ចឹមកូនប្រពន្ធ ដោយការនាំស្មៅនោះ។ ព្រះជិនសិរី ព្រះនាមបទុមុត្តរៈ ព្រះអង្គដល់ត្រើយនៃធម៌ទាំងពួង ជានាយកនៃសត្វលោក ទ្រង់កើតឡើង ញុំាងងងឹតអន្ធការឲ្យវិនាស។ ខ្ញុំអង្គុយនៅក្នុងផ្ទះរបស់ខ្លួន ហើយគិតយ៉ាងនេះក្នុងខណៈនោះថា ព្រះពុទ្ធទ្រង់ត្រាស់ហើយក្នុងលោក ទេយ្យធម៌ អាត្មាអញមិនមាន។ អាត្មាអញមានតែសាដកមួយនេះ (បើថ្វាយទៅ) ពុំមានអ្នកណាមួយផ្តល់ឲ្យអាត្មាអញ ការពាល់ត្រូវនូវនរក ជាទុក្ខ បើយ៉ាងនេះ អាត្មាអញ នឹងបណ្តុះនូវទក្ខិណាទាន។ ខ្ញុំលុះគិតឃើញយ៉ាងនេះហើយ ក៏ធ្វើចិត្តរបស់ខ្លួនឲ្យជ្រះថ្លា បានយកសំពត់មួយ ថ្វាយព្រះពុទ្ធដ៏ប្រសើរ។ លុះថ្វាយសំពត់រួចហើយ ខ្ញុំស្រែកហ៊ោឡើងថា បពិត្រព្រះមហាមុនី មានព្យាយាម បើព្រះអង្គជាព្រះពុទ្ធ សូមចំឡងខ្ញុំព្រះអង្គផង។ ព្រះពុទ្ធព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក គួរទទួលនូវគ្រឿងបូជា ទ្រង់សរសើរទានរបស់ខ្ញុំ ហើយធ្វើអនុមោទនាដល់ខ្ញុំថា
បុរសនេះមិនទៅកាន់វិនិបាត អស់សែននៃកប្ប ដោយការឲ្យសំពត់មួយនេះផង ដោយការតំកល់ចេតនានេះផង។ បុរសនេះ នឹងបានជាព្រះឥន្ទ សោយរាជ្យជាសេ្តចនៃទេវតា អស់ ៣៦ ដង នឹងបានជាស្តេចចក្រពត្តិ អស់ ៣៣ ដង។ នឹងបានសោយបទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ កាលអន្ទោលទៅក្នុងទេវលោក ឬក្នុងមនុស្សលោក ជាអ្នកមានរូបល្អ បរិបូណ៌ដោយគុណ មានរាងកាយកំពុងប្រព្រឹត្តទៅ នឹងបាននូវសំពត់តាមសេចក្តីប្រាថ្នា ជាអក្ខោភិនីរាប់មិនអស់។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជាអ្នកប្រាជ្ញ លុះត្រាស់ភាសិតនេះហើយ ទ្រង់ហោះទៅឯអាកាស ដូចជារាជហង្ស កាលហើរឰដ៏អាកាស។
ខ្ញុំចូលទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំមិនដែលមានការខ្វះខាតភោគៈឡើយ នេះជាផលនៃសំពត់មួយ។ សំពត់តែងកើតសម្រាប់ខ្ញុំ រាល់ៗជំហ៊ាន ខាងក្រោម ខ្ញុំឈរលើសំពត់ ខាងលើ មានសំពត់បាំងឲ្យខ្ញុំ។ ថ្ងៃនេះ ខ្ញុំប្រាថ្នាបិទបាំងទី ព្រមទាំងព្រៃ និងភ្នំរហូតចក្រវាឡ ក៏អាចគ្របទីនោះ ដោយសំពត់បាន។ ខ្ញុំកាលអន្ទោលទៅក្នុងភពតូចភពធំ មានសម្បុរល្អដូចមាស តែងអន្ទោលទៅក្នុងភពតូចភពធំ ដោយសារផលនៃសំពត់មួយនោះឯង។ ខ្ញុំបាននូវភាពជាភិក្ខុក្នុងទីនេះ ព្រោះអាស្រ័យផលនៃសំពត់មួយ ម្យ៉ាងទៀត ជាតិនេះជាទីបំផុតរបស់ខ្ញុំ អំពើនេះសោត ឲ្យផលដល់ខ្ញុំក្នុងជាតិនេះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសំពត់ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសំពត់មួយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកទុស្សទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកទុស្សទាយកត្ថេរាបទាន។
(៣. ឯកាសនទាយកត្ថេរអបទានំ)
[១៣] មានភ្នំមួយឈ្មោះកសិកៈ ដែលនៅជិតព្រៃហិមពាន្ត ខ្ញុំបានធ្វើអាស្រមមួយយ៉ាងល្អ ទាំងបានកសាងបណ្ណសាលាមួយដ៏ល្អល្អះ នៅក្បែរភ្នំនោះ។ កាលនោះ ខ្ញុំមាននាមថានារទៈ តែគេស្គាល់ខ្ញុំថាកស្សបៈវិញ ខ្ញុំកំពុងស្វែងរកមគ្គដ៏ស្អាត នៅជិតភ្នំកសិកៈ។ ព្រះជិនសិរីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ប្រាថ្នារកវិវេក បានសេ្តចយាងមកតាមផ្លូវអាកាស។ ខ្ញុំបានឃើញរស្មីព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ កំពុងយាងលើទីបំផុតនៃព្រៃ ក៏បានតាក់តែងគ្រែឈើ ហើយក្រាលស្បែកខ្លាថ្វាយ។ ខ្ញុំលុះក្រាលអាសនៈរួចហើយ ក៏ប្រណម្យអញ្ជលីលើក្បាល បានទទួលសោមនស្ស ហើយពោលពាក្យនេះថា បពិត្រព្រះអង្គ ជាអ្នកប្រាជ្ញ ព្រះអង្គជាពេទ្យវះ អ្នកព្យាបាលពួកជំងឺ បពិត្រព្រះនាយក សូមព្រះអង្គប្រទាននូវការព្យាបាលរោគ ដល់ខ្ញុំព្រះអង្គដែលរាគៈកំពុងគ្របសង្កត់។ បពិត្រព្រះអង្គជាអ្នកប្រាជ្ញ ពួកជនណា ជាអ្នកត្រូវការដោយបុណ្យ បើបានឃើញព្រះអង្គ ជាព្រះពុទ្ធដ៏ប្រសើរ តែងដល់នូវការសម្រេចប្រយោជន៍ដ៏ទៀងទាត់ ការមិនមានសេចក្តីគ្រាំគ្រា គប្បីមានដល់ជនទាំងនោះ។ ទេយ្យវត្ថុដែលខ្ញុំគួរថ្វាយចំពោះព្រះអង្គ មិនមាន (ព្រោះ) ខ្ញុំជាអ្នកបរិភោគតែផ្លែឈើដែលជ្រុះឯង នេះអាសនៈរបស់ខ្ញុំ សូមព្រះអង្គគង់លើគ្រែឈើនេះចុះ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈនោះ ដូចកេសររាជសីហ៍ ដែលឥតតក់ស្លុត ទ្រង់បង្អែបង្អង់អស់កាលមួយស្របក់ ហើយទើបត្រាស់ពាក្យនេះថា
អ្នកចូរស្និទ្ធស្នាលចុះ កុំភិតភ័យឡើយ (ព្រោះ) ព្រះពុទ្ធមានរស្មីដ៏រុងរឿង អ្នកបានហើយ អាសនៈណា ដែលអ្នកប្រាថ្នាហើយ អាសនៈទាំងអស់នោះ នឹងបរិបូណ៌ដល់អ្នក។ បុណ្យដែលអ្នកធ្វើល្អហើយ ក្នុងបុញ្ញក្ខេត្រដ៏ប្រសើរ មិនមែនជាបុណ្យតិចតួចទេ ចិត្តរបស់បុគ្គលណា ដែលបានតំកល់ល្អហើយ បុគ្គលនោះអាចរើខ្លួនបាន។ ដោយការប្រគេនអាសនៈនេះផង ដោយការតំកល់ចេតនានេះផង បុគ្គលនោះ នឹងមិនទៅកាន់វិនិបាត អស់មួយសែនកប្ប។ បុគ្គលនោះនឹងបានជាព្រះឥន្ទ្រ សោយរាជ្យជាសេ្តចទេវតា អស់ ៥០ ដង នឹងបានជាស្តេចចក្រពតិ្តអស់ ៨០ ដង។ នឹងបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ កាលបើអន្ទោលទៅក្នុងសង្សារ នឹងជាអ្នកបានសេចកី្តសុខស្រួល ក្នុងទីទាំងពួង។ ព្រះសម្ពុទ្ធជាអ្នកប្រាជ្ញ ព្រះនាមបទុមុត្តរៈ លុះត្រាស់ភាសិតនេះហើយ ក៏ហោះឡើងទៅឯនភាល័យ ដូចជារាជហង្ស កាលហើរឰដ៏អាកាស។
ខ្ញុំតែងបាននូវវត្ថុទាំងអស់នោះ គឺយានដំរី យានសេះ ព្រមទាំងរថ និងរថទ្រង់គ្រឿង នេះជាផលនៃអាសនៈមួយ។ កាលណាខ្ញុំចូលទៅក្នុងព្រៃ ប្រាថ្នារកអាសនៈ ស្រាប់តែបល្ល័ង្កផុសលេចឡើង ព្រោះបានដឹងនូវសេចក្តីត្រិះរិះរបស់ខ្ញុំ (ក្នុងកាលនោះ)។ កាលណាបើខ្ញុំទៅនៅកណ្តាលទឹក ប្រាថ្នារកអាសនៈ ស្រាប់តែបល្ល័ង្កផុសលេចឡើង ព្រោះបានដឹងសេចក្តីត្រិះរិះរបស់ខ្ញុំកាលនោះ។ ខ្ញុំចូលទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស បល្ល័ង្កមួយសែន តែងចោមរោមខ្ញុំសព្វៗកាល។ ខ្ញុំតែងអន្ទោលទៅមកក្នុងភពពីរ គឺទេវតា និងមនុស្ស ម្យ៉ាងទៀត តែងកើតក្នុងត្រកូលពីរ គឺក្សត្រ និងព្រាហ្មណ៍។ ព្រោះខ្ញុំបានថ្វាយអាសនៈមួយ ចំពោះបុញ្ញកេ្ខត្តដ៏ប្រសើរ ទើបដឹងបល្ល័ង្កគឺធម៌ ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអាសនៈមួយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកាសនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកាសនទាយកត្ថេរាបទាន។
(៤. សត្តកទម្ពបុប្ផិយត្ថេរអបទានំ)
[១៤] មានភ្នំខ្ពស់មួយ ឈ្មោះកទម្ពៈ នៅជិតព្រៃហេមពាន្ត មានព្រះបច្ចេកពុទ្ធ ៧ ព្រះអង្គនោះ ទ្រង់គង់នៅខាងភ្នំនោះ។ ខ្ញុំឃើញផ្កាក្ទម្ព បានផ្គងអញ្ជលី កាន់ផ្កា ៧ ចង្កោម ហើយថ្វាយដោយចិត្តពេញលេញ។ ខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតឯឋានតាវត្តិង្ស ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ចេតនានោះផង។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើអំពើជាកុសល ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសត្តកទម្ពបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សត្តកទម្ពបុប្ផិយត្ថេរាបទាន។
(៥. កោរណ្ឌបុប្ផិយត្ថេរអបទានំ)
[១៥] កាលភពមុន ខ្ញុំកើតជាបុរសអ្នកធ្វើការងារក្នុងព្រៃ ជាមួយនឹងបិតា និងជីតាខ្ញុំ ខ្ញុំរស់នៅដោយការសម្លាប់សត្វ ឯកុសលរបស់ខ្ញុំមិនមានឡើយ។ ព្រះលោកនាយកដ៏ប្រសើរ ព្រះនាមតិស្សៈ ព្រះអង្គមានបញ្ញាចក្ខុ គង់នៅជិតលំនៅរបស់ខ្ញុំ ទ្រង់សម្តែងស្នាមព្រះបាទបីអន្លើ ដោយសេចក្តីអនុគ្រោះ។ ខ្ញុំឃើញស្នាមព្រះបាទានៃព្រះសាស្តា ព្រះនាមតិស្សៈ ដែលទ្រង់ជាន់ទុកហើយ ក៏មានចិត្តត្រេកអររីករាយ បានញុំាងចិត្តឲ្យជ្រះថ្លា ចំពោះស្នាមព្រះបាទា។ ខ្ញុំឃើញដើមល្ហុងខ្ញែរមានផ្ការីក ជាឈើដុះលើផែនដីហើយ ក៏កាន់យកផ្កា ព្រមទាំងសណ្តង់ បូជាចំពោះស្នាមព្រះបាទាដ៏ប្រសើរ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ចេតនានោះផង ខ្ញុំលុះលះបង់រាងកាយជារបស់មនុស្ស ក៏បានទៅកើតឯឋានតាវត្តិង្ស។ ខ្ញុំទៅយកកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ខ្ញុំតែងមានសម្បុរ ព្រមទាំងរស្មីដូចល្ហុងខែ្ញរ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើអំពើល្អក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាស្នាមព្រះបាទ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើរួចហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកោរណ្ឌបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កោរណ្ឌបុប្ផិយត្ថេរាបទាន។
(៦. ឃតមណ្ឌទាយកត្ថេរអបទានំ)
[១៦] ខ្ញុំបានឃើញនូវព្រះមានព្រះភាគ ទ្រង់មានព្រះតម្រិះល្អ ព្រះអង្គជាច្បងក្នុងលោក ប្រសើរជាងពួកនរៈ ដែលសេ្តចចូលទៅគង់ក្នុងព្រៃធំ ហើយត្រូវអាពាធកើតអំពីខ្យល់បៀតបៀន។ លុះខ្ញុំឃើញហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លា បានថ្វាយទឹកដោះថ្លា ព្រោះកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ព្រោះសេចក្តីកោតក្រែងនោះផង ទន្លេគង្គាឈ្មោះភាគីរសីនេះ និងមហាសមុទ្រទាំង ៤ ក៏ញុំាងទឹកដោះ ឲ្យសម្រេចដល់ខ្ញុំ មួយទៀត ផែនដីជាសភាវៈដ៏ធំនេះប្រមាណមិនបាន រាប់មិនអស់ ក៏កើតទៅជាទឹកឃ្មុំ និងស្ករក្រាម ព្រោះដឹងតម្រិះរបស់ខ្ញុំ។ ដើមឈើទាំងឡាយនេះ ជាឈើដុះលើផែនដី ដែលឋិតនៅក្នុងទិសទាំង ៤ ឈើទាំងនោះ ក៏កើតទៅជាដើមកល្បព្រឹក្ស ព្រោះដឹងតម្រិះរបស់ខ្ញុំ។ ខ្ញុំបានកើតជាព្រះឥន្ទ្រ សោយរាជ្យជាសេ្តចទេវតា អស់ ៥០ ដង។ បានជាសេ្តចចក្រពត្តិ ៥១ ដង បានសោយបទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទឹកដោះថ្លា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់តាមលំដាប់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឃដមណ្ឌទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឃដមណ្ឌទាយកត្ថេរាបទាន។
(៧. ឯកធម្មស្សវនិយត្ថេរអបទានំ)
[១៧] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ប្រកាសនូវសច្ចៈទាំង ៤ បានញុំាងជនច្រើនឲ្យឆ្លងទុក្ខហើយ។ សម័យនោះ ខ្ញុំជាជដិល មានតបធម៌ដ៏ខ្ពង់ខ្ពស់ រលាស់នូវចីវរសម្បកឈើ ហើយហោះទៅឰដ៏អាកាស ក្នុងកាលនោះ។ ខ្ញុំមិនហ៊ានហោះទៅខាងលើព្រះពុទ្ធដ៏ប្រសើរឡើយ ខ្ញុំមិនបាននូវដំណើរទៅមុខ ប្រៀបដូចសត្វសា្លបដែលទើសទាក់នឹងភ្នំ។ កាលបើយ៉ាងនេះ ខ្ញុំចុះទៅក្នុងទឹក ហើយហោះទៅឰដ៏អាកាសទៀត (តែខ្ញុំទៅមុខមិនរួច) ការញុំាងឥរិយាបថឲ្យកម្រើកបែបនេះ ខ្ញុំមិនធ្លាប់មានទេ។ (ខ្ញុំគិតថា) ធ្វើដូចម្តេចហ្ន៎ អាត្មាអញ នឹងបានដឹងហេតុការណ៍នេះអេះ បើដូច្នោះ មានតែអាតា្មអញ នឹងស្វែងរកនូវហេតុការណ៍នោះ។ ខ្ញុំក៏ចុះអំពីអាកាស បានឮនូវសំឡេងនៃព្រះសាស្តា ដែលកំពុងសម្តែងនូវអនិច្ចតាធម៌ ដោយសំឡេងដ៏ពីរោះ គួររីករាយ គួរស្តាប់ ខ្ញុំក៏ចងចាំអនិច្ចតាធម៌នោះក្នុងកាលនោះ។ លុះខ្ញុំចងចាំនូវអនិច្ចសញ្ញាហើយ ក៏បានទៅឯអាស្រមរបស់ខ្ញុំវិញ ខ្ញុំនៅទីនោះដរាបលុះអស់អាយុ ហើយធ្វើមរណកាលក្នុងអាស្រមនោះ។ កាលភពខាងក្រោយកំពុងប្រព្រឹត្តទៅ ខ្ញុំក៏នឹកឃើញនូវការស្តាប់ព្រះសទ្ធម្ម ព្រោះអំពើដែលខ្ញុំធ្វើល្អនោះផង ព្រោះការតាំងទុកនូវចេតនានោះផង។ ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ខ្ញុំត្រេកអរក្នុងទេវលោកអស់ ៣ ម៉ឺនកប្ប។ ខ្ញុំបានសោយទេវរាជ្យ ជាស្តេចនៃទេវតាអស់ ៥១ ដង បានជាសេ្តចចក្រពត្តិអស់ ៣១ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់។ ខ្ញុំបានសោយនូវបុណ្យរបស់ខ្លួន ដល់នូវសេចក្តីសុខក្នុងភពតូច និងភពធំ។ កាលខ្ញុំអន្ទោលទៅក្នុងភពតូច និងភពធំ តែងនឹកឃើញនូវសញ្ញានោះ តែមិនអាចនឹងចាក់ធ្លុះនូវនិព្វាន ជាបទមិនឃ្លៀងឃ្លាតបាន ដោយហេតុណាមួយឡើយ។ មានសមណៈមួយរូប មានឥន្ទ្រិយអប់រំហើយ គង់នៅក្នុងផ្ទះនៃបិតារបស់ខ្ញុំ ហើយសម្តែងនូវគាថា ពោលនូវអនិច្ចតាធម៌ក្នុងផ្ទះនោះថា ឱហ៎្ន សង្ខារទាំងឡាយមិនទៀងទេ មានកិរិយាកើតឡើង និងការវិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ រមែងរលត់ទៅវិញ លុះតែការរម្ងាប់នូវសង្ខារទាំងឡាយនោះ ទើបនាំមកនូវសេចក្តីសុខ។ ខ្ញុំបានស្តាប់ធម៌ ព្រមទាំងគាថា ហើយនឹកឃើញនូវសញ្ញាទាំងពួង អង្គុយលើអាសនៈមួយ ក៏ដល់នូវព្រះអរហត្ត។ ខ្ញុំបានដល់ព្រះអរហត្ត តាំងពីអាយុ ៧ ឆ្នាំ ព្រះសម្ពុទ្ធបានញុំាងខ្ញុំឲ្យបានឧបសម្បទា នេះជាផលនៃការស្តាប់ព្រះធម៌។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានស្តាប់ធម៌ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការស្តាប់ធម៌។ កិលេសទាំងឡាយ ខ្ញុំបានដុតចោលហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីកាត់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកធម្មស្សវនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកធម្មស្សវនិយត្ថេរាបទាន។
(៨. សុចិន្តិតត្ថេរអបទានំ)
[១៨] កាលនោះ ខ្ញុំជាអ្នកស្រែ នៅក្នុងនគរហង្សវតី ចិញ្ចឹមជីវិតដោយកសិកម្ម ចិញ្ចឹមនូវប្រពន្ធ និងកូន ក៏ដោយកសិកម្មនោះដែរ។ កាលនោះ ស្រែ (របស់ខ្ញុំ) មានស្រូវបរិបូណ៌ នេះជាផលរបស់ខ្ញុំ កាលស្រូវទុំបរិបូណ៌ហើយ ក្នុងកាលណោះ ខ្ញុំគិតយ៉ាងនេះថា អាត្មាអញមិនទាន់បានឲ្យទានដ៏ប្រសើរ ចំពោះព្រះសង្ឃសោះ បរិភោគតែខ្លួនឯង (អំពើនេះ) មិនសមរម្យ មិនសមគួរដល់អាត្មាអញ ដែលជាអ្នកដឹងនូវគុណ និងទោសឡើយ។ ព្រះសម្ពុទ្ធ មិនមានបុគ្គលស្មើក្នុងលោក ទ្រង់មានព្រះលក្ខណៈ ៣២ ដ៏ប្រសើរ ទាំងព្រះសង្ឃមានចិត្តអប់រំហើយ ជាស្រែបុណ្យដ៏ប្រសើរ (មានក្នុងលោកហើយ)។ អញនឹងប្រគេននូវសំទូងថ្មី ជាទានចំពោះព្រះភិក្ខុសង្ឃនោះមុនគេ លុះខ្ញុំគិតយ៉ាងនេះហើយ ជាអ្នករីករាយ មានចិត្តប្រកបដោយបីតិ។ ខ្ញុំយកស្រូវអំពីស្រែ ចូលទៅរកព្រះសម្ពុទ្ធ លុះចូលទៅដល់ព្រះសម្ពុទ្ធ ព្រះអង្គជាច្បងក្នុងលោក ទ្រង់ប្រសើរជាងពួកនរៈហើយ ក៏ថ្វាយបង្គំព្រះបាទានៃព្រះសាសា្ត រួចក្រាបទូលថា បពិត្រព្រះមុនី សំទូងថ្មី (របស់ខ្ញុំ) បរិបូណ៌ហើយ ទាំងព្រះអង្គ ក៏គង់នៅក្នុងទីនេះ បពិត្រព្រះអង្គមានចក្ខុ សូមព្រះអង្គអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយទទួលនិមន្ត។ ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក គួរទទួលនូវគ្រឿងបូជា ព្រះអង្គជ្រាបនូវសេចក្តីត្រិះរិះរបស់ខ្ញុំហើយ ទ្រង់សម្តែងនូវពាក្យនេះថា បុគ្គល ៤ ពួក កំពុងប្រតិបត្តិ បុគ្គល ៤ ពួក ឋិតនៅក្នុងផល។ នេះជាសង្ឃមានព្រះទ័យស្លូតត្រង់ ប្រកបដោយបញ្ញា និងសីលទាន ដែលមនុស្សទាំងឡាយអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលធ្វើនូវការសន្សំបុណ្យ បានឲ្យហើយចំពោះព្រះសង្ឃ រមែងមានផលច្រើន ឯសំទូងនៃអ្នកនេះ ដែលអ្នកគប្បីឲ្យចំពោះព្រះសង្ឃនោះ ក៏មានផលច្រើន ដូច្នោះដែរ។ អ្នកចូរឧទ្ទិសចំពោះសង្ឃ ហើយនាំភិក្ខុទាំងឡាយទៅឯផ្ទះរបស់ខ្លួន រួចប្រគេននូវវត្ថុដែលអ្នកតាក់តែងរួចហើយ ដែលមានក្នុងផ្ទះ ដល់ភិក្ខុសង្ឃចុះ។ ខ្ញុំក៏បានឧទ្ទិសចំពោះសង្ឃ ហើយនាំភិក្ខុទាំងឡាយទៅឯផ្ទះ វត្ថុណា ដែលខ្ញុំតាក់តែងហើយក្នុងផ្ទះ ខ្ញុំក៏ប្រគេនវត្ថុនោះ ដល់ភិក្ខុសង្ឃ ខ្ញុំលះបង់នូវរាងកាយជារបស់មនុស្សហើយ ក៏ទៅកើតក្នុងឋានតាវត្តិង្ស ដោយអំពើដែលខ្ញុំបានធ្វើល្អហើយនោះផង ដោយការតាំងទុកនូវចេតនានោះផង។ វិមានរបស់ខ្ញុំ មានពណ៌ល្អ មានរស្មីភ្លឺផ្លេក ដែលបុញ្ញកម្មតាក់តែងហើយ ក្នុងទេវលោកនោះ ជាវិមានមានកំពស់ ៦០ យោជន៍ មានទំហំ ៣០ យោជន៍។
ចប់ ភាណវារៈ ទី១៩។
លំនៅរបស់ខ្ញុំដេរដាសកុះករដោយពួកនារី ខ្ញុំបរិភោគផង ផឹកផង នៅក្នុងឋានទេវតានោះ។ ខ្ញុំបានសោយទេវរាជ្យ ជាស្តេចនៃទេវតា អស់ ៣.០០០ ដង បានជាស្តេចចក្រពត្តិអស់ ៥០០ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់។ ខ្ញុំកាលអន្ទោលទៅក្នុងភពតូចភពធំ រមែងបាននូវទ្រព្យរាប់មិនអស់ ខ្ញុំមិនមានការខ្វះខាតដោយភោគៈទាំងឡាយឡើយ នេះជាផលនៃសំទូងថ្មី។ ខ្ញុំបាននូវវត្ថុគ្រប់មុខនេះ គឺយានដំរី យានសេះ គ្រែស្នែង រថទ្រង់គ្រឿង នេះជាផលនៃសំទូងថ្មី។ ខ្ញុំបាននូវវត្ថុគ្រប់មុខនេះ គឺសម្ពត់ថ្មី ផ្លែឈើថ្មី និងភោជនថ្មោងមានឱជារសដ៏លើសលុប នេះជាផលនៃសំទូងថ្មី។ ខ្ញុំបាននូវវត្ថុគ្រប់មុខនេះ គឺសម្ពត់សូត្រ សម្ពត់កម្ពល សម្ពត់សម្បកឈើ និងសម្ពត់ធ្វើដោយកប្បាស នេះជាផលនៃសំទូងថ្មី។ ខ្ញុំបាននូវវត្ថុគ្រប់មុខនេះ គឺពួកខ្ញុំស្រី ពួកខ្ញុំប្រុស និងពួកនារីរូបឆើត មានខ្លួនតាក់តែងល្អហើយ នេះជាផលនៃសំទូងថ្មី។ ខ្ញុំមិនមានសម្ផ័ស្សត្រជាក់ និងក្តៅប៉ះពាល់ឡើយ ទាំងមិនមានសេចក្តីក្តៅក្រហល់ក្រហាយ ម្យ៉ាងទៀត ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត មិនមានក្នុងហឫទ័យរបស់ខ្ញុំឡើយ។ ខ្ញុំបាននូវពាក្យពីរោះទាំងអស់នេះថា សូមអ្នកពិសានូវវត្ថុនេះ សូមអ្នកបរិភោគនូវវត្ថុនេះ សូមអ្នកសម្រាន្តលើទីសយនៈនេះ នេះជាផលនៃសំទូងថ្មី។ នេះរាងកាយខាងក្រោយបំផុត ឥឡូវនេះ ភពខាងក្រោយកំពុងប្រព្រឹត្តទៅ ក្នុងថ្ងៃនេះ ទេយ្យធម៌របស់ខ្ញុំ តែងញុំាងខ្ញុំឲ្យត្រេកអរសព្វៗកាល។ ខ្ញុំបានឲ្យសំទូងថ្មី ចំពោះព្រះសង្ឃ ជាគណៈដ៏ប្រសើរឧត្តម ហើយបាននូវអានិសង្ស ៨ ដ៏សមគួរដល់កម្មរបស់ខ្ញុំ គឺខ្ញុំជាអ្នកមានសម្បុរល្អ ១ មានយស ១ មានភោគៈច្រើនមិនមានអន្តរាយ ១ មានចំណីច្រើនសព្វៗកាល ១ មានបរិស័ទមិនបែកខ្ញែកសព្វៗកាល ១។ ជនទាំងឡាយណាមួយ ដែលអាស្រ័យនៅលើផែនដី ជនទាំងនោះ តែងគោរពកោតក្រែងខ្ញុំ ១ ទេយ្យធម៌ណាមួយ (មាន) ខ្ញុំតែងបាន (នូវទេយ្យធម៌នោះ) មុនៗគេ ១។ ទាយកទាំងឡាយ តែងរំលងនូវភិក្ខុសង្ឃទាំងអស់ ហើយឲ្យដល់ខ្ញុំតែម្នាក់ឯង ក្នុងកណ្តាលនៃភិក្ខុសង្ឃ ឬក្នុងទីចំពោះព្រះភក្ត្រនៃព្រះសម្ពុទ្ធដ៏ប្រសើរ ១។ ខ្ញុំឲ្យនូវសំទូងថ្មីជាដំបូង ចំពោះព្រះសង្ឃ ជាគណៈដ៏ឧត្តម ទើបបាននូវអានិសង្សទាំងនេះ នេះជាផលនៃសំទូងថ្មី។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យនូវទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសំទូងថ្មី។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីកាត់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសុចិន្តិតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុចិន្តិតត្ថេរាបទាន។
(៩. សោវណ្ណកិង្កណិយត្ថេរអបទានំ)
[១៩] ខ្ញុំចេញទៅកាន់ផ្នួសដោយសទ្ធា ទ្រទ្រង់ចីវរសម្បកឈើ ពឹងផ្អែកនូវតបោកម្ម។ ក្នុងសម័យនោះ ព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ជាច្បងក្នុងលោក ប្រសើរជាងនរៈ បានត្រាស់ឡើង ហើយចំឡងនូវមហាជន។ កំឡាំងរបស់ខ្ញុំអស់ហើយ ដោយសារព្យាធិយ៉ាងធ្ងន់ ខ្ញុំរលឹកនូវព្រះសម្ពុទ្ធដ៏ប្រសើរ ហើយធ្វើព្រះស្តូបដ៏ឧត្តម លើផ្នូកខ្សាច់។ ខ្ញុំមានចិត្តរីករាយ មានចិត្តខ្ពង់ខ្ពស់ មានសេចក្តីជ្រះថ្លា បានរោយរាយនូវផ្កាកណ្តឹងមាសទាំងឡាយ។ ខ្ញុំបម្រើនូវព្រះស្តូបនៃព្រះមានព្រះភាគ ព្រះនាមអត្ថទស្សី ព្រះអង្គមិនញាប់ញ័រដោយលោកធម៌ ដោយចិត្តជ្រះថ្លានោះ ដូចជាបម្រើព្រះសម្ពុទ្ធ ក្នុងទីចំពោះព្រះភក្ត្រ។ កាលខ្ញុំទៅកើតក្នុងទេវលោក រមែងបាននូវសេចក្តីសុខដ៏ធំទូលាយ ជាអ្នកមានសម្បុរដូចមាស ក្នុងទេវលោកនោះ នេះជាផលនៃពុទ្ធបូជា។ នារីទាំងឡាយរបស់ខ្ញុំ ៨០ កោដិ មានខ្លួនតាក់តែងល្អៗ បម្រើខ្ញុំសព្វៗកាល នេះជាផលនៃពុទ្ធបូជា។ តូរ្យតន្ត្រិយ ៦ ហ្មឺន ស្គរ រនាត ស័ង្ខ សំភោរ និងស្គរធំ មានសម្លេងពីរោះ ប្រគំក្នុងទីនោះ។ ដំរីទាំងឡាយ ៨ ហ្មឺន ៤ ពាន់ ប្រដាប់តាក់តែងល្អ ដំរីមាតង្គៈទាំងឡាយចុះប្រេងបីអន្លើ អាយុ ៦០ ឆ្នាំ ទើបថយកំឡាំង ដ៏ដេរដាសដោយបណ្តាយមាស ធ្វើនូវការបម្រើខ្ញុំ ខ្ញុំមិនមានការខ្វះខាតពួកពលក្នុងភពឡើយ។ ខ្ញុំតែងទទួលផលនៃផ្កាកណ្តឹងមាស ខ្ញុំសោយរាជ្យជាស្តេចនៃទេវតាអស់ ៥៨ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧១ ដង បានសោយរាជ្យលើផែនដី អស់ ១០១ ដង។ ឥឡូវនេះ ខ្ញុំបានដល់ព្រះនិព្វានឈ្មោះអមតៈ ជាបទដ៏ជ្រាលជ្រៅ ដែលបុគ្គលឃើញបានដោយកម្រ សំយោជនៈទាំងឡាយ (របស់ខ្ញុំ) អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ក្នុងកប្បទី ១.៨០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតចោលអស់ហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសោណ្ណកឹកណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សោណ្ណកឹកណិយត្ថេរាបទាន។
(១០. សោណ្ណកោន្តរិកត្ថេរអបទានំ)
[២០] (ខ្ញុំបានឃើញ) នូវព្រះពុទ្ធ ព្រះអង្គមានព្រះហឫទ័យអប់រំហើយ មានព្រះហឫទ័យទូន្មានហើយ មានព្រះហឫទ័យតំកល់ខ្ជាប់ខ្ជួនហើយ ទ្រង់ប្រព្រឹត្តត្រេកអរក្នុងការរម្ងាប់ចិត្ត ដែលជាគន្លងប្រសើរ ទ្រង់ឆ្លងនូវជំនន់ ទ្រង់ត្រាស់ដឹងប្រពៃ ទ្រង់មានឈាន ត្រេកអរក្នុងឈាន ទ្រង់ចូលកាន់សមាបត្តិ មានកិរិយាសង្រួមនូវឥន្ទ្រិយ។ (លុះឃើញហើយ) ខ្ញុំដងទឹកដោយសម្បកឃ្លោក ហើយចូលទៅគាល់ព្រះសម្ពុទ្ធប្រសើរ ខ្ញុំលាងនូវព្រះបាទានៃព្រះសម្ពុទ្ធ ហើយថ្វាយសម្បកឃ្លោកនោះ។ ចំណែកព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់បង្គាប់ខ្ញុំថា អ្នកចូរយកទឹកដោយសម្បកឃ្លោកនេះ ហើយដាក់ក្នុងទីជិតបាទាតថាគតចុះ។ ខ្ញុំក៏ទទួលថា សាធុ ដោយសេចក្តីគោរពចំពោះព្រះសាស្តា ហើយយកទឹកដោយសម្បកឃ្លោក ចូលទៅថ្វាយព្រះសម្ពុទ្ធដ៏ប្រសើរ។ ព្រះសម្ពុទ្ធទ្រង់មានព្យាយាមធំ បានញុំាងចិត្តរបស់ខ្ញុំឲ្យរលត់ ទ្រង់អនុមោទនាថា តម្រិះត្រូវ ចូរសម្រេចដល់អ្នក ដោយកិរិយាឲ្យនូវសម្បកឃ្លោកនេះចុះ។ ក្នុងកប្បទី ១៥ អំពីភទ្ទកប្បនេះ ខ្ញុំត្រេកអរក្នុងទេវលោក ថែមទាំងបានជាស្តេចចក្រពត្តិ ៣៣ ដង។ កាលខ្ញុំដើរ ឬឈរក្នុងវេលាថ្ងៃ ឬក្នុងវេលាយប់ ជនទាំងឡាយតែងឈរកាន់ឈើច្រត់ជាវិការៈនៃមាស នៅពីខាងមុខខ្ញុំ។ ព្រោះខ្ញុំថ្វាយសម្បកឃ្លោកដល់ព្រះសម្ពុទ្ធ ទើបខ្ញុំបានឈើច្រត់ជាវិការៈនៃមាស ការបូជាសូម្បីតែបន្តិចបន្តួចដែលជនធ្វើហើយ ចំពោះបុគ្គលទាំងឡាយ ដែលមិនញាប់ញ័រដោយលោកធម៌ រមែងប្រែទៅជាគ្រឿងបូជាដ៏ធំទូលាយ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសម្បកឃ្លោក ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសម្បកឃ្លោក។ កិលេសទាំងឡាយ ខ្ញុំដុតចោលអស់ហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីដ៏ប្រសើរកាត់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះសម្ពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសោវណ្ណកោន្តរិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សោវណ្ណកោន្តរិកត្ថេរាបទាន។
ឧទា្ទន
សកឹសម្មជ្ជកត្ថេរាបទាន ១ ឯកទុស្សទាយកត្ថេរាបទាន ១ ឯកាសនទាយកត្ថេរាបទាន ១ សត្តកទម្ពបុប្ផិយត្ថេរាបទាន ១ កោរណ្ឌបុប្ផិយត្ថេរាបទាន ១ ឃដមណ្ឌទាយកត្ថេរាបទាន ១ ឯកធម្មស្សវនិយត្ថេរាបទាន ១ សុចិន្តិតត្ថេរាបទាន ១ សោណ្ណកឹកណិយត្ថេរាបទាន ១ សោវណ្ណកោន្តរិកត្ថេរាបទាន ១ ក្នុងសកឹសម្មជ្ជកវគ្គនេះ មានគាថា ១៧២។
ចប់ សកឹសម្មជ្ជកវគ្គ ទី៤៣។
(៤៤. ឯកវិហារិវគ្គោ)
(១. ឯកវិហារិកត្ថេរអបទានំ)
[២១] ព្រះសម្ពុទ្ធព្រះនាមកស្សបៈដោយគោត្រ ព្រះអង្គមានផៅពង្សប្រសើរ ទ្រង់មានយសប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់ត្រាស់ឡើងហើយក្នុងភទ្ទកប្បនេះ។ ព្រះអង្គមិនមានធម៌នាំឲ្យយឺតយូរ មិនជាប់អារម្មណ៍ ទ្រង់មានព្រះហឫទ័យសើ្មអាកាស ព្រះអង្គច្រើនទៅដោយធម៌ដ៏សូន្យចាកកិលេស ព្រះអង្គមិនញាប់ញ័រដោយលោកធម៌ ទ្រង់ត្រេកអរក្នុងអនិមិត្ត គង់នៅហើយ។ ព្រះអង្គមានព្រះហឫទ័យមិនជាប់ចំពាក់ មិនមានកិលេសជាគ្រឿងលាប មិនច្រឡូកច្រឡំក្នុងត្រកូល និងពួកគណៈ ព្រះអង្គជាអ្នកប្រាជ្ញ ប្រកបដោយករុណាដ៏ធំ ទ្រង់ឈ្លាសវៃក្នុងឧបាយជាគ្រឿងណែនាំ។ ព្រះអង្គប្រកបក្នុងកិច្ចរបស់បុគ្គលដទៃ ទ្រង់ទូន្មានពួកមនុស្ស ព្រមទាំងទេវតា ឲ្យទៅកាន់ផ្លូវជាទីទៅកាន់ព្រះនិពា្វន ជាគ្រឿងញុំាងភក់គឺគតិ ឲ្យរីងស្ងួត។ ព្រះអង្គជាអ្នកចំឡងសត្វលោក ទ្រង់គង់នៅក្នុងកណ្តាលនៃបរិសទ្យធំ (ទ្រង់សម្តែង) នូវអមតៈ គឺព្រះនិពា្វន ដែលជាគ្រឿងត្រេកអរយ៉ាងក្រៃលែង ជាគ្រឿងរាំងរានូវជរា និងមរណៈបាន។ ព្រះតថាគត ទ្រង់ជាទីពឹងនៃសត្វលោក ព្រះអង្គមានសំឡេងដូចសត្វករវិក មានសំឡេងគឹកកងដូចជាសំឡេងនៃព្រហ្ម ទ្រង់ស្រោចស្រង់ពពួកសត្វដែលដល់ហើយនូវសេចក្តីវិនាស មិនមានអ្នកដឹកនាំព្រះអង្គឲ្យរួចចាកទុក្ខធំ។ ព្រះអង្គជានាយកនៃសត្វលោក ទ្រង់សម្តែងធម៌ដ៏ប្រាសចាកធូលី ខ្ញុំបានឃើញហើយ ទាំងបានស្តាប់ធម៌របស់ព្រះអង្គហើយ ចូលទៅកាន់ផ្នួស។ លុះខ្ញុំបួសស្រេចហើយ ក៏ប្រឹងយកចិត្តទុកដាក់នឹងសាសនានៃព្រះជិនស្រី ត្រូវសេចក្តីជាប់ចំពាក់បៀតបៀន ក៏នៅក្នុងព្រៃជាទីរីករាយតែម្នាក់ឯង។ ការចេញចាកពួកដោយកាយរបស់ខ្លួននៃខ្ញុំ ជាហេតុនៃការចេញចាកពួកដោយចិត្តនៃខ្ញុំ ដែលជាអ្នកឃើញភ័យក្នុងការជាប់ចំពាក់ ក៏មានមកដល់ខ្ញុំ។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចដំរីដ៏ប្រសើរ ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះឯកវិហារិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកវិហារិយត្ថេរាបទាន។
(២. ឯកសង្ខិយត្ថេរអបទានំ)
[២២] មានពិធីឆ្លងដើមពោធិព្រឹក្សរបស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី មហាជន មកជួបជុំគា្នបូជាដើមពោធិព្រឹក្សដ៏ឧត្តម។ ដើមពោធិព្រឹក្សប្រាកដដូច្នេះ របស់ព្រះសាស្តាអង្គណា ដែលជនទាំងឡាយគួរបូជា ព្រះសាស្តាអង្គនោះ ជាព្រះសម្ពុទ្ធដ៏ប្រសើរ ទ្រង់មានប្រាជ្ញា ព្រះអង្គប្រាសចាកសេចក្តីសោកដ៏ធំ។ លំដាប់នោះ ខ្ញុំកាន់ស័ង្ខចូលទៅបម្រើពោធិព្រឹក្ស ខ្ញុំផ្លុំស័ង្ខ ហើយថ្វាយបង្គំពោធិព្រឹក្សដ៏ឧត្តមតែរាល់ៗថ្ងៃ។ កុសលកម្មដែលខ្ញុំធ្វើហើយក្នុងទីជិត ខ្ញុំក៏បានទៅកើតក្នុងទេវលោក សាកសព ខ្ញុំទម្លាក់ចោលហើយ ខ្ញុំតែងត្រេកអរក្នុងទេវលោក។ ខ្ញុំតែងត្រេកត្រអាល ស្រស់ស្រាយរីករាយនឹងតូរ្យតន្ត្រី ៦ ម៉ឺន តូរ្យតន្ត្រីនោះ តែងបម្រើខ្ញុំសព្វៗកាល នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៧១ ខ្ញុំបានកើតជាស្តេចឈ្មោះសុទស្សនៈ ជាអ្នកឈ្នះសង្គ្រាម មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ជាឥស្សរៈក្នុងជម្ពូទ្វីប។ លំដាប់នោះ តូរ្យតន្ត្រី ៨០០ តែងចោលរោមខ្ញុំសព្វៗកាល ខ្ញុំបានទទួលផលនៃកុសលកម្មរបស់ខ្លួន នេះជាផលនៃការបម្រើ។ ខ្ញុំកើតក្នុងកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស កាលដែលខ្ញុំឋិតនៅក្នុងផ្ទៃនៃមាតា ស្គរទាំងឡាយតែងប្រគំសព្វៗកាល។ ព្រោះខ្ញុំបម្រើនូវព្រះសម្ពុទ្ធ ទើបបានសម្បត្តិទាំងឡាយ ហើយដល់នូវព្រះនិពា្វន ជាបទដ៏ក្សេម មិនមានមន្ទិល មិនចេះស្លាប់ មិនកម្រើក។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកសង្ខិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកសង្ខិយត្ថេរាបទា។
(៣. បាដិហីរសញ្ញកត្ថេរអបទានំ)
[២៣] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់គួរទទួលគ្រឿងបូជា ក្នុងកាលនោះ ព្រះអង្គស្តេចចូលទៅក្នុងទីក្រុង មួយអន្លើដោយភិក្ខុមួយសែនអង្គ សុទ្ធតែជាអ្នកស្ទាត់ស្ទាញ។ កាលព្រះសម្ពុទ្ធ ទ្រង់មានព្រះហឫទ័យស្ងប់រម្ងាប់ មិនញាប់ញ័រដោយលោកធម៌ សេ្តចចូលទៅក្នុងទីក្រុង ក្នុងខណៈនោះ មានសំឡេងគឹកកង ក្នុងការក្រោកទទួលត្រង់ច្រកផ្លូវ។ ក្នុងកាលនោះ ព្រះសម្ពុទ្ធស្តេចចូលទៅក្នុងបូរី ពិណទាំងឡាយ បុគ្គលឥតប្រគំ ឥតវាយឡើយ ក៏ស្រាប់តែប្រគំដោយខ្លួនឯង ដោយអានុភាពនៃព្រះពុទ្ធ។ ខ្ញុំក៏នមស្ការនូវព្រះពុទ្ធដ៏ប្រសើរ ព្រះនាមបទុមុត្តរៈ ជាអ្នកប្រាជ្ញធំផង ឃើញនូវបាដិហារ្យ ហើយញុំាងចិត្តឲ្យជ្រះថ្លាក្នុងបាដិហារ្យនោះផងថា ឱ! ព្រះពុទ្ធ ឱ! ព្រះធម៌ ឱ! សម្បទានៃព្រះសាស្តារបស់យើងទាំងឡាយ តូរ្យតន្ត្រីទាំងឡាយ សូម្បីឥតចេតនាសោះ ក៏បែរជាប្រគំដោយខ្លួនឯង។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសំគាល់ក្នុងព្រះសម្ពុទ្ធ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបាដិហិរសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បាដិហិរសញ្ញកត្ថេរាបទាន។
(៤. ញាណត្ថវិកត្ថេរអបទានំ)
[២៤] ខ្ញុំឃើញព្រះសម្ពុទ្ធ ទ្រង់ឧត្តមជាងសត្វជើងពីរ ទ្រង់រុងរឿងដូចផ្កាកណិការ ឬដូចដើមទីបព្រឹក្ស ដ៏ភ្លឺព្រោងព្រាត ពុំនោះសោត ដូចជាមាសភ្លឺរន្ទាលច្រាលឆ្អៅ។ ខ្ញុំតំកល់ទុកនូវថូទឹក សំពត់សម្បកឈើ និងកុណ្ឌីទឹក ហើយធ្វើសំពត់ស្បែកខ្លាឆៀងស្មាម្ខាង ពោលសរសើរនូវព្រះពុទ្ធដ៏ប្រសើរថា បពិត្រព្រះមហាមុនី ព្រះអង្គទ្រង់កំចាត់បង់នូវងងឹតអន្ធការ ដ៏ដេរដាសដោយបណ្តាញ គឺមោហៈ ទ្រង់សម្តែងនូវពន្លឺគឺញាណ ព្រះអង្គទ្រង់ឆ្លងទុក្ខផុតហើយ ព្រះអង្គទ្រង់ស្រោចស្រង់នូវលោកទាំងអស់នេះ ដែលមិនទាន់រើខ្លួនរួច ដំណើរនៃផែនដីមានកំណត់ត្រឹមណា សេចក្តីប្រៀបផ្ទឹមដោយញាណរបស់ព្រះអង្គ មិនមានកំណត់ត្រឹមនោះឡើយ។ ព្រះសម្ពុទ្ធ ដែលអ្នកប្រាជ្ញទាំងឡាយហៅថាសព្វញ្ញូ សព្វញ្ញូ ព្រោះញាណនោះ ខ្ញុំសូមថ្វាយបង្គំនូវព្រះសព្វញ្ញូអង្គនោះ ដែលមានព្យាយាមធំ ទាំងមិនមានអាសវៈ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំពោលសរសើរនូវព្រះសម្ពុទ្ធដ៏ប្រសើរ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសរសើរនូវព្រះញាណ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិរួចហើយ។
បានឮថា ព្រះញាណត្ថវិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ញាណត្ថវិកត្ថេរាបទាន។
(៥. ឧច្ឆុខណ្ឌិកត្ថេរអបទានំ)
[២៥] ខ្ញុំកើតជាអ្នករក្សាទ្វារ ក្នុងនគរពន្ធុមតី បានឃើញព្រះពុទ្ធ ព្រះអង្គមានធូលីទៅប្រាសហើយ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកអំពៅមួយកំណាត់ ទៅថ្វាយព្រះពុទ្ធដ៏ប្រសើរ ព្រះនាមវិបស្សី ព្រះអង្គជាអ្នកស្វែងរកនូវគុណដ៏ធំ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយអំពៅ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអំពៅមួយកំណាត់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឧច្ឆុក្ខណ្ឌិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧច្ឆុក្ខណ្ឌិកត្ថេរាបទាន។
(៦. កឡម្ពទាយកត្ថេរអបទានំ)
[២៦] ព្រះសម្ពុទ្ធព្រះនាមរោមសៈ គង់នៅក្នុងចន្លោះភ្នំ ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយដំឡូងដូង ដល់ព្រះសម្ពុទ្ធអង្គនោះ ដោយដៃនៃខ្លួន។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដំឡូងដូង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកលម្ពទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កលម្ពទាយកត្ថេរាបទាន។
(៧. អម្ពាដកទាយកត្ថេរអបទានំ)
[២៧] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាព្រះសយម្ភូ គង់នៅក្នុងព្រៃធំ ព្រះអង្គទ្រង់ឈ្នះកិលេសមារ ហើយយកផ្លែម្កាក់ទៅថ្វាយព្រះសយម្ភូ។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែម្កាក់ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែម្កាក់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានគាស់រំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអម្ពាដកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អម្ពាដកទាយកត្ថេរាបទាន។
(៨. ហរីតកទាយកត្ថេរអបទានំ)
[២៨] ខ្ញុំកំពុងតែនាំយកនូវផ្លែសម៉ ផ្លែកន្ទួតព្រៃ ផ្លែស្វាយ ផ្លែព្រីង ផ្លែសម៉ពិភេទក៍ ផ្លែពទ្រា ផ្លែក្រខុប និងផ្លែព្នៅ ដោយខ្លួនឯង។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ព្រះអង្គគង់នៅក្នុងញកភ្នំ ទ្រង់មានឈាន ត្រេកអរក្នុងឈាន ជាមហាមុនីដ៏មាំមួន ដែលកំពុងត្រូវអាពាធបៀតបៀន។ ខ្ញុំយកផ្លែសម៉ទៅថ្វាយព្រះសយម្ភូ ភេសជ្ជៈគ្រាន់តែខ្ញុំធ្វើរួចហើយ ព្យាធិក៏រម្ងាប់ក្នុងខណៈនោះភ្លាម។ ព្រះសម្ពុទ្ធ ទ្រង់លះបង់សេចក្តីក្រវល់ក្រវាយ បានធ្វើអនុមោទនា ព្រោះភេសជ្ជទាននេះផង ព្រោះការរម្ងាប់នូវព្យាធិនេះផងថា អ្នកកើតជាទេវតាក្តី ជាមនុស្សក្តី ឬកើតក្នុងជាតិដទៃក្តី សូមឲ្យជាអ្នកដល់នូវសេចក្តីសុខ ក្នុងទីទាំងពួង មួយទៀត សូមកុំឲ្យព្យាធិកើតមានដល់អ្នកឡើយ។ ព្រះសម្ពុទ្ធ ជាព្រះសយម្ភូ ទ្រង់ឈ្នះកិលេស ជាអ្នកប្រាជ្ញ លុះត្រាស់ពាក្យនេះហើយ ក៏ទ្រង់ហោះទៅឯអាកាស ដូចជាសេ្តចហង្សដែលហើរទៅឰដ៏អាកាស។ កាលដែលខ្ញុំបានថ្វាយផ្លែសម៉ដល់ព្រះសយម្ភូ ជាមហេសី ព្យាធិក៏មិនកើតឡើងដល់ខ្ញុំ រហូតជាតិនេះ។ នេះរាងកាយខាងក្រោយបំផុតរបស់ខ្ញុំ ភពខាងក្រោយ កំពុងប្រព្រឹត្តទៅ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយភេសជ្ជៈ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃភេសជ្ជៈ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះហរីតកិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ហរីតកិទាយកត្ថេរាបទាន។
(៩. អម្ពបិណ្ឌិយត្ថេរអបទានំ)
[២៩] កាលនោះ ខ្ញុំកើតជាសេ្តចដំរី មានភ្លុក ង ទន្ទាំ មានកំឡាំងច្រើន កំពុងត្រាច់ទៅក្នុងព្រៃធំ ក៏បានឃើញព្រះបរមលោកនាយក។ ខ្ញុំបានយកផ្លែស្វាយមួយចង្កោម ថ្វាយព្រះសាស្តា ឯព្រះសិទ្ធត្ថៈ ទ្រង់មានព្យាយាមធំ ជាលោកនាយក ទ្រង់បានទទួល។ កាលនោះ ខ្ញុំកំពុងតែសំឡឹងមើល ព្រះជិនស្រីទ្រង់សោយហើយ ខ្ញុំក៏ញុំាងចិត្តឲ្យជ្រះថ្លាចំពោះព្រះអង្គ ហើយបានទៅកើតក្នុងឋានតុសិត។ ខ្ញុំច្យុតចាកឋានតុសិតនោះមក បានជាសេ្តចចក្រពត្តិ សោយនូវសម្បត្តិទាំងឡាយ ដោយឧបាយនុ៎ះឯង។ ខ្ញុំមានចិត្តបញ្ជូនទៅកាន់ព្យាយាម ជាអ្នកស្ងប់រម្ងាប់ មិនមានឧបធិក្កិលេស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអម្ពបិណ្ឌិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អម្ពបិណ្ឌិយត្ថេរាបទាន។
(១០. អម្ពផលិយត្ថេរអបទានំ)
[៣០] កាលព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ជាច្បងក្នុងលោក ព្រះអង្គមិនញាប់ញ័រដោយលោកធម៌ ទ្រទ្រង់នូវយសដ៏ឧត្តម ទ្រង់សេ្តចយាងបិណ្ឌបាត។ ខ្ញុំមានចិត្តជ្រះថ្លា បានយកផ្លែឈើថ្មោង ចូលទៅថ្វាយព្រះសាស្តា ព្រះអង្គជាទក្ខិណេយ្យបុគ្គល ជាអ្នកប្រាជ្ញឆ្នើម (ហើយពោលថា) បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាច្បងក្នុងលោក ប្រសើរជាងពួកជន ខ្ញុំព្រះអង្គសូមលះបង់នូវការឈ្នះ និងការចាញ់ ហើយដល់នូវធម៌មិនកម្រើក គឺព្រះនិពា្វន ដោយកុសលកម្មនោះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទានថ្មោង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះជម្ពូផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ជម្ពូផលិយត្ថេរាបទាន។
ឧទ្ទាន
ឯកវិហារិយត្ថេរាបទាន ១ ឯកសង្ខិយត្ថេរាបទាន ១ បាដិហិរសញ្ញកត្ថេរាបទាន ១ ញាណត្ថវិកត្ថេរាបទាន ១ ឧច្ឆុខណ្ឌិកត្ថេរាបទាន ១ កលម្ពទាយកត្ថេរាបទាន ១ អម្ពាដកទាយកត្ថេរាបទាន ១ ហរីតកិទាយកត្ថេរាបទាន ១ អម្ពបិណ្ឌិយត្ថេរាបទាន ១ ជម្ពូផលិយត្ថេរាបទាន ១ ជាគម្រប់ ១០ គាថាចំនួន ៨៦ អ្នកប្រាជ្ញបានរាប់ឃើញហើយ។
ចប់ ឯកវិហារិកវគ្គ ទី៤៤។
(៤៥. វិភីតកវគ្គោ)
(១. វិភីតកមិញ្ជិយត្ថេរអបទានំ)
[៣១] ព្រះសម្ពុទ្ធព្រះនាមកកុសន្ធៈ មានព្យាយាមធំ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គទ្រង់ចៀសចេញចាកពួក ហើយស្តេចទៅតាមចន្លោះព្រៃ។ ខ្ញុំយកផ្លែសម៉ពិភេទក៍ដោតនឹងវល្លិ សម័យនោះ ព្រះមានព្រះភាគ ទ្រង់ចម្រើនឈានត្រង់ចន្លោះភ្នំ ខ្ញុំបានឃើញព្រះមានព្រះភាគ ជាទេវតាក្រៃលែងជាងទេវតា ក៏មានចិត្តជ្រះថ្លា ហើយថ្វាយផ្លែសម៉ពិភេទក៍ ដល់ព្រះអង្គ ជាអ្នកប្រាជ្ញ ជាទក្ខិណេយ្យបុគ្គល។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែសម៉ពិភេទក៍ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្លែសម៉ពិភេទក៍។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះវិភេទកពីជិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វិភេទកពីជិយត្ថេរាបទាន។
(២. កោលទាយកត្ថេរអបទានំ)
[៣២] កាលនោះ ខ្ញុំស្លៀកស្បែកខ្លា ទ្រទ្រង់សំពត់សម្បកឈើ បានរែកផ្លែពទ្រាមួយអម្រែក ទៅឯអាស្រមរបស់ខ្ញុំ។ ក្នុងកាលនោះ ព្រះសម្ពុទ្ធ ព្រះនាមសិខី ព្រះអង្គមិនមានបុគ្គលជាគម្រប់ពីរ រុងរឿងសព្វៗកាល ទ្រង់សេ្តចចូលទៅក្នុងអាស្រមរបស់ខ្ញុំ តែមួយព្រះអង្គឯង។ ខ្ញុំញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះអង្គមានវត្តល្អ រួចកាន់យកនូវផ្លែពទ្រា ដោយដៃទាំងពីរ ថ្វាយដល់ព្រះពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែពទ្រា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែពទ្រា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកោលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កោលទាយកត្ថេរាបទាន។
(៣. ពិល្លិយត្ថេរអបទានំ)
[៣៣] អាស្រមរបស់ខ្ញុំ ខ្ញុំបានធ្វើល្អហើយ ទៀបឆ្នេរស្ទឹងចន្ទភាគា ជាអាស្រមដ៏ដេរដាសដោយដើមព្នៅ ទាំងមានពួកឈើផ្សេងៗ ដុះនៅក្បែរអាស្រមនោះ។ ខ្ញុំបានឃើញផ្លែព្នៅមានក្លិនក្រអូប បានបេះផ្លែព្នៅនោះ ដាក់ពេញភារៈគឺអម្រែក ហើយត្រេកអរ មានចិត្តសង្វេគ នឹកដល់ព្រះសម្ពុទ្ធដ៏ប្រសើរ។ ខ្ញុំបានចូលទៅគាល់ព្រះអង្គ ព្រះនាមកកុសន្ធៈ ហើយថ្វាយផ្លែព្នៅទុំដល់ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ជាស្រែបុណ្យ ដោយចិត្តជ្រះថ្លា។ ក្នុងកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែព្នៅ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែព្នៅ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញចេញហើយ ភពទាំងអស់ ខ្ញុំបានដករំលើងចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះវេលុវផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វេលុវផលិយត្ថេរាបទាន។
(៤. ភល្លាតទាយកត្ថេរអបទានំ)
[៣៤] ព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស មានលក្ខណៈ ៣២ ដ៏ប្រសើរ ទ្រង់សេ្តចទៅកាន់ជាយព្រៃធំ ព្រះអង្គដូចជាសាលរាជព្រឹក្ស មានផ្ការីកហើយ។ ខ្ញុំក្រាលកម្រាលស្មៅ រួចហើយអារាធនាព្រះសម្ពុទ្ធដ៏ប្រសើរថា សូមព្រះសម្ពុទ្ធអនុគ្រោះខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គប្រាថ្នានឹងថ្វាយចង្ហាន់។ ឯព្រះសម្ពុទ្ធ ទ្រង់ព្រះនាមអត្ថទស្សី ទ្រង់អនុគ្រោះ ប្រកបដោយករុណា ទ្រង់មានយសធំ ទ្រង់ជា្របនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ហើយស្តេចចូលទៅក្នុងអាស្រមរបស់ខ្ញុំ។ ព្រះសម្ពុទ្ធសេ្តចចូលទៅគង់លើកម្រាលស្លឹកឈើ ខ្ញុំបានយកផ្លែក្រខុប ថ្វាយព្រះសម្ពុទ្ធដ៏ប្រសើរ។ កាលខ្ញុំកំពុងសំឡឹងមើល ព្រះជិនស្រីទ្រង់សោយរួចហើយ ខ្ញុំក៏ញុំាងចិត្តឲ្យជ្រះថ្លា ចំពោះព្រះអង្គ ហើយថ្វាយបង្គំព្រះជិនស្រីក្នុងកាលនោះ។ ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះភលា្លតកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ភល្លាតកទាយកត្ថេរាបទាន។
(៥. ឧត្តលិបុប្ផិយត្ថេរអបទានំ)
[៣៥] កាលដើមជ្រៃ ជាពោធិព្រឹក្សដុះឡើង មានពន្លឺខៀវខ្ចី ខ្ញុំបានយកកម្រងផ្កាកប្បាស ទៅបូជាពោធិព្រឹក្សនោះ។ ក្នុងកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាពោធិព្រឹក្សក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាពោធិព្រឹក្ស។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឧម្មាបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧម្មាបុបិ្ផយត្ថេរាបទាន។
(៦. អម្ពាដកិយត្ថេរអបទានំ)
[៣៦] ព្រះសម្ពុទ្ធព្រះនាមវេស្សភូ ជាអ្នកប្រាជ្ញ ស្តេចចូលទៅក្នុងសាលវ័ន (ព្រៃរាំងភ្នំ) ដែលមានផ្ការីកល្អ ហើយគង់ក្បែរជ្រោះភ្នំដែលគេទៅបានដោយលំបាក ដូចកេសររាជសី ជាសត្វមានជាតិខ្ពស់។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កាម្កាក់ចំពោះព្រះសម្ពុទ្ធ ជាស្រែបុណ្យ ដែលមានព្យាយាមធំ ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអម្ពាដកិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អម្ពាដកិយត្ថេរាបទាន។
(៧. សីហាសនិកត្ថេរអបទានំ)
[៣៧] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយសីហាសនៈ ដល់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ព្រះអង្គស្វែងរកប្រយោជន៍ដល់សត្វទាំងពួង។ ខ្ញុំនៅក្នុងទីណាៗ ក្នុងទេវលោក ឬក្នុងមនុស្សលោក រមែងបាននូវវិមានដ៏ធំទូលាយ ក្នុងទីនោះៗ នេះជាផលនៃសីហាសនៈ។ បល្ល័ង្កទាំងឡាយដ៏ច្រើន សុទ្ធតែជាវិការៈនៃមាស និងប្រាក់ផង ជាវិការៈនៃកែវក្រហមផង ជាវិការៈនៃកែវមណីផង តែងកើតឡើងសម្រាប់ខ្ញុំសព្វៗកាល។ ខ្ញុំកើតក្នុងត្រកូលខ្ពស់ ព្រោះតែធ្វើអាសនៈទៀបដើមពោធិព្រឹក្ស ថ្វាយព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ឱ! ភាពនៃព្រះធម៌ជាធម៌ដ៏ល្អ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវសីហាសនៈ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីហាសនៈ។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំបានមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសីហាសនិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សីហាសនិកត្ថេរាបទាន។
(៨. បាទបីឋិយត្ថេរអបទានំ)
[៣៨] ព្រះសម្ពុទ្ធព្រះនាមសុមេធៈ ជាអ្នកប្រាជ្ញធំ ប្រកបដោយករុណា ទ្រង់ចម្លងនូវសត្វទាំងឡាយដ៏ច្រើន ព្រះអង្គមានយសធំ ទ្រង់បរិនិព្វានហើយ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើតាំងសម្រាប់រងព្រះបាទ ទុកក្នុងទីជិតនៃសីហាសនៈរបស់ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ ព្រះអង្គស្វែងរកនូវគុណធំនោះ។ ខ្ញុំធ្វើកុសល មានសុខជាវិបាក មានសុខជាកំរៃ ប្រកបដោយបុញ្ញកម្ម ក៏ទៅកើតក្នុងឋានតាវត្តិង្ស។ កាលខ្ញុំនៅក្នុងទេវលោកនោះ ជាអ្នកប្រកបដោយបុញ្ញកម្ម កាលខ្ញុំដកជើងផុតឡើង តាំងជាវិការៈនៃមាស ក៏កើតឡើងសម្រាប់ខ្ញុំ។ ឱ! ជាលាភរបស់គេហើយ ឱ! អត្តភាពជាមនុស្ស ឈ្មោះថាគេបានល្អហើយ ព្រោះថាជនទាំងឡាយ បាននូវការចូលទៅអែបស្តាប់ ធ្វើនូវគ្រឿងសក្ការៈថ្វាយព្រះសម្ពុទ្ធ ដែលទ្រង់បរិនិព្វានហើយ រមែងបាននូវសេចក្តីសុខដ៏ធំទូលាយ។ អំពើខ្ញុំធ្វើល្អហើយ ខ្ញុំប្រកបល្អហើយក្នុងការជួញ ខ្ញុំបានតាំងជាវិការៈនៃមាស ព្រោះតែខ្ញុំធ្វើនូវតាំងសម្រាប់រងព្រះបាទ។ ខ្ញុំចេញទៅក្នុងទិសណាៗ ដោយកិច្ចណានីមួយ ខ្ញុំក៏ជាន់លើតាំងមាស នេះជាផលនៃបុញ្ញកម្ម។ ក្នុងកប្បទី ៣ ហ្មឺន ព្រោះហេតុដែលខ្ញុំបានធ្វើនូវអំពើកុសលក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃតាំងសំរាប់រងព្រះបាទ។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំបានមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបាទបីឋិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បាទបីឋិយត្ថេរាបទាន។
(៩. វេទិការកត្ថេរអបទានំ)
[៣៩] ខ្ញុំកសាងកំពែងដ៏ល្អ ទៀបដើមពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ហើយញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា។ ភណ្ឌៈទាំងឡាយដ៏ប្រសើរលើសលុប ដែលគេធ្វើហើយក្តី គេមិនទាន់ធ្វើហើយក្តី រមែងធ្លាក់ចុះមកអំពីអាកាស នេះជាផលនៃកំពែង។ ខ្ញុំស្ទុះចូលទៅក្នុងពួកសង្គ្រាម ជាទីគួរខ្លាចដោយចំណែកទាំងពីរ ក៏មិនឃើញនូវភ័យដែលគួរខ្លាច នេះជាផលនៃកំពែង។ វិមានដ៏ល្អ រមែងកើតឡើង ទីដេកទាំងឡាយជារបស់មានតម្លៃច្រើន ក៏កើតឡើង ព្រោះដឹងនូវសេចក្តីត្រិះរិះរបស់ខ្ញុំ នេះជាផលនៃកំពែង។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកំពែងក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកំពែង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះវេទិយការកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វេទិយការកត្ថេរាបទាន។
(១០. ពោធិឃរទាយកត្ថេរអបទានំ)
[៤០] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានធ្វើខឿននៃដើមពោធិព្រឹក្ស របស់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ព្រះអង្គជាធំជាងសត្វជើងពីរ ព្រះអង្គមិនញាប់ញ័រដោយលោកធម៌។ ខ្ញុំបានទៅកើតក្នុងឋានតុសិត នៅក្នុងផ្ទះកែវ សម្ផ័ស្សទាំងឡាយ ត្រជាក់ក្តី ក្តៅក្តី ខ្យល់ក្តី មិនដែលពាល់ត្រូវខ្លួនខ្ញុំឡើយ។ ក្នុងកប្បទី ៦៥ អំពីកប្បនេះ ខ្ញុំកើតជាសេ្តចចក្រពត្តិ នគររបស់សេ្តចនោះ ឈ្មោះកាសិកៈ ដែលវិស្សុកម្មទេវបុត្រសាងថ្វាយ។ (នគរនោះ) មានបណ្តោយ ១០ យោជន៍ ទំហំ ៨ យោជន៍ ឈើក្តី វល្លិក្តី ដីស្អិតក្តី មិនមានក្នុងនគរនោះឡើយ។ ប្រាសាទឈ្មោះមង្គលៈ ដែលវិស្សុកម្មទេវបុត្រសាងថ្វាយ មានទទឹង ១ យោជន៍ ទំហំកន្លះយោជន៍។ សសរ ៨៤០០០ សឹងជាវិការៈនៃមាស ប្រាសាទកំពូលជាវិការៈនៃកែវមណី ដំបូលជាវិការៈនៃបា្រក់។ ផ្ទះជាវិការៈនៃមាសទាំងអស់ ដែលវិស្សុកម្មទេវបុត្រសាងថ្វាយហើយ ផ្ទះនុ៎ះខ្ញុំនៅអាស្រ័យហើយ នេះជាផលនៃការឲ្យនូវខឿន។ ខ្ញុំបានសោយនូវភពជារបស់ទេវតា និងមនុស្សទាំងអស់នោះហើយ ដល់នូវព្រះនិព្វាន ជាបទដ៏ស្ងប់ប្រសើរក្នុងថ្ងៃនេះ។ ក្នុងកប្បទី ៣ ម៉ឺន ព្រោះហេតុដែលខ្ញុំបានធ្វើខឿនពោធិព្រឹក្ស ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យនូវខឿន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ដំណើរដែលខ្ញុំមកក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ ជាដំណើរល្អហ្ន៎ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះពោធិឃរការកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ពោធិឃរការកត្ថេរាបទាន។
ឧទ្ទាន
វិភេទកពីជិយត្ថេរាបទាន ១ កោលទាយកត្ថេរាបទាន ១ វេលុវផលិយត្ថេរាបទាន ១ ភល្លាតកទាយកត្ថេរាបទាន ១ ឧម្មាបុប្ផិយត្ថេរាបទាន ១ អម្ពាដកិយត្ថេរាបទាន ១ សីហាសនិកត្ថេរាបទាន ១ បាទបីឋិយត្ថេរាបទាន ១ វេទិយការកត្ថេរាបទាន ១ ពោធិឃរការកត្ថេរាបទាន ១ គាថាទាំងឡាយ ដែលលោកសម្តែងទុកហើយ ក្នុងវគ្គនេះ រាប់ទៅឃើញទាំងអស់ មានចំនួន ៧៩ គាថា។
ចប់ វិភេទកិវគ្គ ទី៤៥។
(៤៦. ជគតិទាយកវគ្គោ)
(១. ជគតិទាយកត្ថេរអបទានំ)
[៤១] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឲ្យគេពូនផែនដី ជិតដើមពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះមហាមុនី ព្រះនាមធម្មទស្សី។ ខ្ញុំរបូតធ្លាក់ក្នុងជ្រោះក្តី អំពីភ្នំក្តី អំពីដើមឈើក្តី រមែងបាននូវទីពឹង នេះជាផលនៃការពូនផែនដី។ ចោរទាំងឡាយ មិនហ៊ានបៀតបៀនខ្ញុំ ក្សត្រទាំងឡាយ មិនហ៊ានមើលងាយខ្ញុំ ខ្ញុំកន្លងផុតនូវសត្រូវទាំងពួង នេះជាផលនៃការពូនផែនដី។ ខ្ញុំកើតក្នុងកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស អ្នកផងតែងបូជាក្នុងទីទាំងពួង នេះជាផលនៃការពូនផែនដី។ ក្នុងកប្បទី ១.៨០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យគេពូនផែនដី ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការពូនផែនដី។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះជគតិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ជគតិទាយកត្ថេរាបទាន។
(២. មោរហត្ថិយត្ថេរអបទានំ)
[៤២] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានយកផ្លិតស្លាបក្ងោក ចូលទៅថ្វាយព្រះលោកនាយក។ ភើ្លងទាំង ៣ របស់ខ្ញុំរលត់ហើយ ខ្ញុំបាននូវសេចក្តីសុខដ៏ធំទូលាយ ដោយសារផ្លិតស្លាបក្ងោកនេះផង ដោយការតំកល់នូវចេតនានេះផង។ ឱហ្ន៎ ព្រះពុទ្ធ ឱហ្ន៎ ព្រះធម៌ ឱហ្ន៎ សម្បទារបស់ព្រះសាស្តានៃយើងទាំងឡាយ ខ្ញុំបាននូវសេចក្តីសុខដ៏ធំទូលាយ ព្រោះបានថ្វាយផ្លិតស្លាបក្ងោក។ ភ្លើងទាំង ៣ របស់ខ្ញុំ រលត់ហើយ ភពទាំងពួង ខ្ញុំដកចោលហើយ អាសវៈទាំងពួង អស់រលីងហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានអោយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្លិតស្លាបក្ងោក។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីដ៏ប្រសើរ កាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមោរហត្ថិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មោរហត្ថិយត្ថេរាបទាន។
(៣. សីហាសនពីជិយត្ថេរអបទានំ)
[៤៣] ខ្ញុំបានទៅថ្វាយបង្គំពោធិព្រឹក្ស របស់ព្រះមានព្រះភាគ ព្រះនាមតិស្សៈ រួចហើយខ្ញុំកាន់ផ្លិតបក់នូវសីហាសនៈ (អាសនៈដ៏ប្រសើរ) ដែលគេតំកល់ក្នុងទីនោះ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបក់នូវសីហាសនៈ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបក់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសីហាសនពីជិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សីហាសនពីជិយត្ថេរាបទាន។
(៤. តិណុក្កធារិយត្ថេរអបទានំ)
[៤៤] ខ្ញុំមានចិត្តជ្រះថា្ល មានចិត្តរីករាយ បានអុជគប់ភ្លើង ៣ (តំកល់ទុក) ត្រង់ដើមពោធិព្រឹក្សដ៏ឧត្តមរបស់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំអុជគប់ភ្លើង ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យនូវគប់ភ្លើង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតិណុក្កធារិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តិណុក្កធារិយត្ថេរាបទាន។
(៥. អក្កមនទាយកត្ថេរអបទានំ)
[៤៥] ខ្ញុំបានថ្វាយកម្រាលសម្រាប់ជាន់ ដល់ព្រះមុនី ព្រះនាមកកុសន្ធៈ ជាខីណាសវព្រាហ្មណ៍ មានព្រហ្មចរិយធម៌នៅហើយ ដែលស្តេចទៅកាន់ទីជាទីសម្រាក ក្នុងវេលាថ្ងៃ។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំបានថ្វាយទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រាលសម្រាប់ជាន់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះអក្កមនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អក្កមនទាយកត្ថេរាបទាន។
(៦. វនកោរណ្ឌិយត្ថេរអបទានំ)
[៤៦] ខ្ញុំបានយកផ្កាកន្ទុយដំរីក្នុងព្រៃ ទៅបូជាចំពោះព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈមានព្រះភាគ ជាធំក្នុងលោក ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ក្នុងកប្បីទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះវនកោរណ្ឌិយត្ថេរមានអាយុ បានសម្តែងនូវគាថាទំាងនេះ ដោយប្រការដូច្នេះ។
ចប់ វនកោរណ្ឌិយត្ថេរាបទាន។
ចប់ ភាណវារៈ ទី២០។
(៧. ឯកឆត្តិយត្ថេរអបទានំ)
[៤៧] ផែនដីកំពុងក្តៅដូចរងើកភ្លើង ផែនដីកំពុងប្រព្រឹក្តទៅដូចជាផេះ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ទ្រង់ចង្ក្រមក្នុងទីវាល។ ខ្ញុំបានបាំងឆត្រស ដើរទៅកាន់ផ្លូវឆ្ងាយ ខ្ញុំឃើញព្រះសម្ពុទ្ធហើយ ក៏កើតគំនិតក្នុងទីនោះថា ផែនដីផ្សាយចេញនូវថ្ងៃបណ្តើរកូន ផែនដីនេះក្តៅដូចជារងើកភ្លើង ខ្យល់ធំខ្លាំងតាំងឡើង បំប៉ើងនូវធូលីទៅកាន់សរីរកាយ។ ឆត្រនេះ សម្រាប់ការពារខ្យល់ និងកំដៅថ្ងៃ កំចាត់បង់នូវត្រជាក់ និងក្តៅ សូមព្រះអង្គទទួលយកនូវឆត្រនេះចុះ ខ្ញុំព្រះអង្គនឹងបានព្រះនិព្វាន។ កាលនោះ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ មានយសច្រើន ទ្រង់អនុគ្រោះ ប្រកបដោយសេចក្តីករុណា ទ្រង់បានទទួលយក ព្រោះជ្រាបនូវតម្រិះរបស់ខ្ញុំ។ ខ្ញុំកើតជាព្រះឥន្ទ ជាស្តេចទេវតា សោយរាជ្យក្នុងទេវលោក អស់ ៣០ កប្ប បានជាសេ្តចចក្រពត្តិ អស់ ៥០០ ដង។ បានសោយបទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំបានទទួលផលនៃកម្មរបស់ខ្លួន ដែលខ្លួនធ្វើល្អហើយ ក្នុងកាលមុន។ នេះជាតិជាទីបំផុតរបស់ខ្ញុំ ភពខាងក្រោយកំពុងប្រព្រឹត្តទៅ ថ្ងៃនេះឆត្រស គេតែងបាំងឲ្យខ្ញុំសព្វៗ កាល។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយឆត្រក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយឆត្រ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកច្ឆត្តិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកច្ឆត្តិយត្ថេរាបទាន។
(៨. ជាតិបុប្ផិយត្ថេរអបទានំ)
[៤៨] កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ មានយសធំ ទ្រង់បរិនិព្វានហើយ ខ្ញុំយកផ្កាដាក់ក្នុងប្រអប់ ទៅបូជានូវព្រះសរីរៈព្រះអង្គ។ ព្រោះញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះសរីរៈនោះ ខ្ញុំក៏បានទៅកើតក្នុងទេវលោកឈ្មោះនិម្មានរតី លុះខ្ញុំទៅកើតក្នុងទេវលោកហើយ រលឹកឃើញនូវបុញ្ញកម្មនោះ។ ភ្លៀងផ្កាបង្អុរចុះមកអំពីអាកាស សម្រាប់ខ្ញុំសព្វៗកាល ខ្ញុំកើតក្នុងពួកមនុស្ស បានជាស្តេចមានយសច្រើន។ ភ្លៀវផ្កាបង្អុរចុះមកក្នុងទីនោះសព្វៗកាល សម្រាប់ខ្ញុំ ដែលជាអ្នកឃើញនូវធម៌ទាំងពួងដោយរហ័ស ព្រោះការបូជាផ្កាចំពោះព្រះសរីរកាយនៃព្រះពុទ្ធ។ នេះភពជាទីបំផុតរបស់ខ្ញុំ ភពខាងក្រោយ កំពុងប្រព្រឹត្តទៅ ថ្ងៃនេះភ្លៀងផ្កាបង្អុរចុះសម្រាប់ខ្ញុំ ក្នុងកាលទាំងពួង។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្តាល់ទុគ្គតិ នេះជាផលនៃការបូជានូវព្រះសរីរកាយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះជាតិបុប្ផិយត្ថេរមានអយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ជាតិបុប្ផិយត្ថេរាបទាន។
(៩. បដ្ដិបុប្ផិយត្ថេរអបទានំ)
[៤៩] កាលព្រះសរីរៈ (នៃព្រះសម្ពុទ្ធ ដែលពួកជនកំពុងហែរចេញ ស្គរគេកំពុងប្រគំថ្វាយ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កាម្លិះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាព្រះសរីរៈ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសត្តិបណ្ណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សត្តិបណ្ណិយត្ថេរាបទាន។
(១០. គន្ធបូជកត្ថេរអបទានំ)
[៥០] កាលពួកជនកំពុងធ្វើជើងថ្ករ កំពុងនាំមកនូវគ្រឿងក្រអូបផ្សេងៗ ខ្ញុំក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជានូវគ្រឿងក្រអូបមួយក្តាប់។ ក្នុងកប្បទីមួយសែនអំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាជើងថ្ករ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំបានដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះគន្ធបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ គន្ធបូជកត្ថេរាបទាន។
ឧទ្ទាន
ជគតិទាយកត្ថេរាបទាន ១ មោរហត្ថិយត្ថេរាបទាន ១ សីហាសនពីជិយត្ថេរាបទាន ១ តិណុក្កធារិយត្ថេរាបទាន ១ អក្កមនទាយកត្ថេរាបទាន ១ វនកោរណ្ឌិយត្ថេរាបទាន ១ ឯកច្ឆត្តិយត្ថេរាបទាន ១ ជាតិបុប្ផិយត្ថេរាបទាន ១ សត្តិបណ្ណិយត្ថេរាបទាន ១ គន្ធបូជកត្ថេរាបទាន ១ ជាគម្រប់ ១០ ឯគាថាមានចំនួន ៦៧ ដែលពួកអ្នកប្រាជ្ញរាប់ឃើញហើយ។
ចប់ ជគតិទាយកវគ្គ ទី៤៦។
(៤៧. សាលកុសុមិយវគ្គោ)
(១. សាលកុសុមិយត្ថេរអបទានំ)
[៥១] កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ទ្រង់បរិនិព្វានហើយ ខ្ញុំបានបូជាផ្ការាំងចំពោះជើងថ្ករ ដែលគេលើកឡើងហើយ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះសាលកុសុមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សាលកុសុមិយត្ថេរាបទាន។
(២. ចិតកបូជកត្ថេរអបទានំ)
[៥២] កាលព្រះមានព្រះភាគ ព្រះនាមសិខី ជាលោកពន្ធុ ដែលជនកំពុងបូជាភើ្លង ខ្ញុំបានបូជាផ្កាចម្ប៉ា ៨ ទង ចំពោះជើងថ្ករ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះចិតកបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ចិតកបូជកត្ថេរាបទាន។
(៣. ចិតកនិព្ពាបកត្ថេរអបទានំ)
[៥៣] កាលសរីរៈរបស់ព្រះវេស្សភូ ទ្រង់ស្វែងរកនូវគុណដ៏ធំ ដែលជនកំពុងបូជាភ្លើង ខ្ញុំបានយកទឹកអប់រំលត់ជើងថ្ករ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំរំលត់ជើងថ្ករក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទឹកអប់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះចិតកនិព្វាបកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ចិតកនិព្វាបកត្ថេរាបទាន។
(៤. សេតុទាយកត្ថេរអបទានំ)
[៥៤] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានឲ្យគេធ្វើស្ពានថ្វាយ ក្នុងទីចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ព្រះនាមព្រះវិបស្សី កំពុងចង្ក្រម។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យគេធ្វើស្ពាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយស្ពាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសេតុទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សេតុទាយកត្ថេរាបទាន។
(៥. សុមនតាលវណ្ដិយត្ថេរអបទានំ)
[៥៥] ខ្ញុំបានយកធាងស្លឹកត្នោត មកស្រោបដោយផ្កាម្លិះ ហើយបាំងថ្វាយព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ទ្រង់មានយសធំ។ ក្នុងកប្បទី ៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំថ្វាយធាងស្លឹកត្នោត ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃធាងស្លឹកតោ្នត។ កិលេសទាំងឡាយ ខ្ញុំដុតចោលហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសុមនតាលវណ្តិយត្ថេរមានអយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុមនតាលវណ្តិយត្ថេរាបទាន។
(៦. អវដផលិយត្ថេរអបទានំ)
[៥៦] ព្រះសម្ពុទ្ធមានព្រះភាគ ជាសយម្ភូ ទ្រង់មានរស្មីច្រើន ព្រះអង្គឈ្នះកិលេសមារ ទ្រង់ប្រាថ្នានូវវិវេក ស្តេចចេញទៅដើម្បីគោចរ។ ខ្ញុំកាន់ផ្លែឈើក្នុងដៃ លុះឃើញព្រះពុទ្ធដ៏ប្រសើរជាងពួកនរៈហើយ ក៏ចូលទៅជិត ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយនូវផ្លែឈើឥតទងនោះ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះអវដផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អវដផលិយត្ថេរាបទាន។
(៧. លពុជផលទាយកត្ថេរអបទានំ)
[៥៧] ក្នុងកាលនោះ ខ្ញុំជាញោមវត្ត ក្នុងនគរពន្ធុមវតី បានឃើញព្រះពុទ្ធ ទ្រង់បា្រសចាកធូលី កំពុងស្តេចយាងទៅក្នុងអាកាស។ ខ្ញុំបានយកផ្លែខ្នុរសម្ល ទៅថ្វាយដល់ព្រះពុទ្ធប្រសើរ ឯព្រះពុទ្ធមានយសច្រើន ទ្រង់ឈរទទួលក្នុងអាកាស។ ព្រះអង្គញុំាងសេចក្តីត្រេកអរឲ្យកើតដល់ខ្ញុំ ទ្រង់នាំមកនូវសេចក្តីសុខក្នុងបច្ចុប្បន្ន ព្រោះបានថ្វាយផ្លែខ្នុរដល់ព្រះពុទ្ធ ដោយចិត្តជ្រះថ្លានោះ។ ក្នុងកាលណោះ ខ្ញុំបាននូវបីតិដ៏ធំទូលាយ ជាសុខដ៏ឧត្តម កែវតែងកើតឡើងសម្រាប់ខ្ញុំ ដែលកើតក្នុងភពទាំងនោះៗ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែខ្នុរ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែខ្នុរ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះលពុជផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ លពុជផលទាយកត្ថេរាបទាន។
(៨. បិលក្ខផលទាយកត្ថេរអបទានំ)
[៥៨] ខ្ញុំបានឃើញព្រះពុទ្ធ ព្រះនាមអត្ថទស្សី មានយសច្រើន គង់នៅក្នុងចន្លោះព្រៃ ហើយមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែលៀប (ដល់ព្រះអង្គ)។ ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំបានឲ្យនូវផ្លែលៀប ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែលៀប។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមិលក្ខុផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មិលក្ខុផលទាយកត្ថេរាបទាន។
(៩. សយំបដិភានិយត្ថេរអបទានំ)
[៥៩] ខ្ញុំបានសរសើរថា ព្រះពុទ្ធជាទេវតាក្រៃលែងជាងទេវតា ព្រះអង្គប្រសើរជាងនរៈ មានព្រះដំណើរល្វាសល្វន់ បីដូចដើមថ្ងាន់ត្រូវខ្យល់ ទ្រង់កំពុងសេ្តចទៅតាមច្រក បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ព្រះពុទ្ធទ្រង់កំចាត់បង់នូវងងឹតអន្ធការ ទ្រង់ចម្លងនូវជនច្រើន ទ្រង់រុងរឿងដោយពន្លឺគឺញាណ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ព្រះលោកនាយក ទ្រង់សេ្តចទៅជាមួយនឹងព្រះខីណាស្រពមួយសែន ដែលស្ទាត់ជំនាញ ទ្រង់ស្រង់នូវសត្វទាំងឡាយដ៏ច្រើន បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ព្រះពុទ្ធនាំមកនូវធម្មភេរី ទ្រង់ញាំញីនូវពួកតិរិ្ថយ បន្លឺឡើងនូវសីហនាទ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ពួកទេវតា ព្រមទាំងព្រហ្ម រហូតដល់ព្រហ្មលោក មកសួរនូវបញ្ហាដ៏ល្អិត អ្នកណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ពួកជន ព្រមទាំងទេវតា ធ្វើនូវអញ្ជលីបួងសួង ចំពោះព្រះពុទ្ធអង្គណា រមែងបានទទួលនូវបុណ្យ ដោយសារព្រះពុទ្ធអង្គនោះ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ជនទាំងពួងមកព្រមគ្នា ហើយបវារណាព្រះពុទ្ធមានចក្ខុ ព្រះអង្គដែលគេអារាធនាហើយ រមែងមិនញាប់ញ័រ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ស្គរជាច្រើនរមែងបន្លឺឡើង ដំរីទាំងឡាយ ដែលចុះប្រេង រមែងបន្លឺឡើង ចំពោះព្រះសម្ពុទ្ធអង្គណា កាលដែលស្តេចចូលទៅក្នុងទីក្រុង បុគ្គលណាឃើញ (ព្រះពុទ្ធអង្គនោះ) ហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ឯពន្លឺនៃព្រះពុទ្ធអង្គណា ដែលកំពុងស្តេចទៅតាមថ្នល់ រមែងរុងរឿងសព្វៗកាល រស្មីទាំងឡាយ (របស់ព្រះពុទ្ធអង្គនោះ) ខ្ពង់ខ្ពស់ឡើងក្រៃពេក បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ បុគ្គលឮ (នូវសំឡេង) នៃព្រះពុទ្ធ កាលពោលក្នុងចក្រវាឡ ព្រះអង្គញុំាងសត្វទាំងអស់ឲ្យដឹងច្បាស់ បុគ្គលណាឃើញហើយ នឹងមិនជ្រះថ្លាម្តេចបាន។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានសរសើរនូវព្រះពុទ្ធ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសរសើរ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសយម្បដិភាណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សយម្បដិភាណិយត្ថេរាបទាន។
(១០. និមិត្តព្យាករណិយត្ថេរអបទានំ)
[៦០] កាលណោះ ខ្ញុំចូលទៅក្នុងព្រៃហេមពាន្ត បង្ហាញមន្តដល់ពួកសិស្ស ឯសិស្សចំនួន ៥៤. ០០០ នាក់ បានបម្រើខ្ញុំ។ សិស្សទាំងអស់នោះ ជាអ្នករៀនវេទ ដល់នូវបារមីក្នុងអង្គ ៦ រឹងប៉ឹងដោយវិជា្ជរបស់ខ្លួននៅក្នុងព្រៃហិមពាន្ត។ ទេវបុត្តមួយអង្គ មានយសច្រើន បានច្យុតចាកពួកទេវតាក្នុងឋានតុសិត មកចាប់ផ្ទៃព្រះមាតា ជាអ្នកដឹងខ្លួន មានស្មារតី។ កាលព្រះសម្ពុទ្ធបានត្រាស់ លោកធាតុមួយម៉ឺនញាប់ញ័រ កាលព្រះនាយក ទ្រង់បានត្រាស់ ពួកជនខ្វាក់ភ្នែក ក៏បានភ្លឺភ្នែក។ ផែនដីនេះទាំងមូលញាប់ញ័រហើយដោយប្រការ ៦ មហាជនក៏តក់ស្លុត ព្រោះឮសំឡេងគឹកកង។ ជនទាំងអស់ បានទៅប្រជុំគ្នា ក្នុងសំណាក់ខ្ញុំ សួរខ្ញុំថា ផែនដីនេះញាប់ញ័រ តើនឹងមានផលដូចម្តេច។ កាលណោះ ខ្ញុំប្រាប់ពួកជនទាំងនោះថា អ្នកទាំងឡាយ កុំខ្លាចអ្វីឡើយ ភ័យនឹងមិនកើតដល់អ្នកទាំងឡាយទេ អ្នកទាំងអស់គ្នា កុំរង្កៀសឡើយ ការណ៍ដែលកើតឡើងនេះ ប្រកបដោយសេចក្តីសុខ និងសេចក្តីចំរើនទេតើ។ ផែនដីនេះ បើហេតុទាំង ៨ យ៉ាងប៉ះពាល់ហើយ រមែងញ័រ និមិត្តទាំងឡាយប្រាកដឡើង ពន្លឺធំទូលាយប្រាកដឡើងក៏ព្រោះហេតុនោះ។ ព្រះពុទ្ធប្រសើរទ្រង់មានចក្ខុ នឹងត្រាស់ដោយឥតសង្ស័យ ខ្ញុំញុំាងប្រជុំជនឲ្យដឹងច្បាស់ហើយ ទើបសម្តែងនូវសីល ៥។ ពួកជនទាំងនោះ លុះបានស្តាប់នូវសីល ៥ ផង នូវការកើតឡើងនៃព្រះពុទ្ធដែលបុគ្គលរកបានដោយកម្រផង ក៏មានចិត្តអណែ្តតឡើង មានចិត្តរីករាយ ជាអ្នកត្រេកអរស្រស់ស្រាយ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានព្យាករណ៍នូវនិមិត្ត ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការព្យាករណ៍។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះនិមិត្តព្យាករណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ និមិត្តព្យាករណិយត្ថេរាបទាន។
ឧទ្ទាន
សាលកុសុមិយត្ថេរាបទាន ១ ចិតកបូជកត្ថេរាបទាន ១ ចិតកនិព្វាបកត្ថេរាបទាន ១ សេតុទាយកត្ថេរាបទាន ១ តាលវណ្តិយត្ថេរាបទាន ១ អវដផលិយត្ថេរាបទាន ១ លពុជទាយកត្ថេរាបទាន ១ មិលក្ខុផលទាយកត្ថេរាបទាន ១ សយម្បដិភាណិយត្ថេរាបទាន ១ និមិត្តព្យាករណិយត្ថេរាបទាន ១ ឯគាថា៧២ ពួកអ្នកប្រាជ្ញបានរាប់ឃើញហើយ។
ចប់ សាលបុប្ផិវគ្គ ទី៤៧។
(១០. និមិត្តព្យាករណិយត្ថេរអបទានំ)
(១. នឡមាលិយត្ថេរអបទានំ)
[៦១] ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ មានវណ្ណៈដូចមាស ជាលោកនាយក ទ្រង់គួរទទួលនូវគ្រឿងបូជា ស្តេចទៅតាមជាយព្រៃធំ។ ខ្ញុំកាន់យកកម្រងផ្កាបបុស ហើយចេញទៅ ក្នុងខណៈនោះ បានឃើញព្រះសម្ពុទ្ធ ទ្រង់ឆ្លងឱឃៈ ព្រះអង្គមិនមានអាសវៈ គង់នៅក្នុងព្រៃនោះ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាកម្រងផ្តាផ្កាបបុស ចំពោះព្រះពុទ្ធជាទក្ខិណេយ្យបុគ្គល ព្រះអង្គមានព្យាយាមច្រើន ទ្រង់អនុគ្រោះសព្វសត្វលោក។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះនឡមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នឡមាលិយត្ថេរាបទាន។
(២. មណិបូជកត្ថេរអបទានំ)
[៦២] ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់ប្រាថ្នានូវវិវេក កំពុងតែស្តេចទៅតាមអាកាស។ មានជាតស្រះដ៏ធំមួយ នៅជិតព្រៃហិមពាន្ត ឯលំនៅរបស់ខ្ញុំ ដែលប្រកបដោយបុញ្ញកម្ម នៅជិតស្រះនោះ។ ខ្ញុំចេញអំពីលំនៅ បានឃើញព្រះលោកនាយក ទ្រង់ភ្លឺដូចជាផ្ការាជព្រឹក្ស រុងរឿងដូចជាភ្លើង។ ខ្ញុំមិនឃើញផ្កាដែលគួរបេះថ្វាយ ទើបគិតថា អញនឹងបូជាអ្វី ដល់ព្រះលោកនាយក ឲ្យចិត្តរបស់ខ្លួនជ្រះថ្លា ហើយថ្វាយបង្គំព្រះសាស្តាអេះ។ ខ្ញុំយកកែវមណីប្រដាប់ក្បាលនៃខ្ញុំ បូជាព្រះលោកនាយក រួចប្រាថ្នាថា សូមឲ្យផលដ៏ចម្រើនសម្រេចដល់ខ្ញុំ ដោយសារបូជាកែវមណីនេះ។ ព្រះសាស្តា ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់ត្រៃលោក ព្រះអង្គគួរទទួលគ្រឿងបូជា ទ្រង់ឈរសម្តែងក្នុងអាកាស នូវគាថានេះថា តម្រិះនោះ សូមឲ្យសម្រេចដល់អ្នក អ្នកចូរបាននូវសេចក្តីសុខដ៏ធំទូលាយ អ្នកចូរបាននូវយសដ៏ធំ ដោយការបូជានូវកែវមណីនេះចុះ។ ព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ លុះពោលពាក្យនេះហើយ ទើបសេ្តចហួសទៅ ចិត្តដែលគេតម្កល់ទុកចំពោះបុគ្គលណា (បុគ្គលនោះ) គឺព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំកើតជាព្រះឥន្ទ ជាសេ្តចទេវតា សោយទេវរាជ្យអស់ ៦០ កប្ប បានជាស្តេចចក្រពត្តិច្រើនរយដង។ ខ្ញុំកាលកើតជាទេវតា មានសតិ បានរលឹកឃើញនូវបុញ្ញកម្ម ឯកែវមណី ជាវត្ថុធាតុធ្វើពន្លឺ ក៏កើតឡើងសម្រាប់ខ្ញុំ។ ខ្ញុំគ្រប់គ្រងនារី ៨៦.០០០ សឹងមានសំពត់ និងគ្រឿងអាភរណៈដ៏វិចិត្ត ពាក់នូវកែវមណី និងកុណ្ឌល។ នារីទាំងនោះ មានមុខទូលាយ ញញឹមស្រស់ មានត្រគាកល្អ មានចង្កេះរៀវ តែងចោមរោមខ្ញុំជានិច្ច នេះជាផលនៃការបូជាកែវមណី។ ភណ្ឌៈទាំងឡាយរបស់ខ្ញុំ ជាវិការៈនៃមាស ជាវិការៈនៃកែវមណី ជាវិការៈនៃកែវក្រហម ដែលជាងរចនាល្អ ជាគ្រឿងប្រដាប់សម្រេចតាមសេចក្តីប្រាថ្នា។ ផ្ទះកំពូល គុហាគួររីករាយ ទីដេកមានថ្លៃច្រើន តែងកើតឡើង សមតាមសេចក្តីប្រាថ្នា ព្រោះដឹងតម្រិះរបស់ខ្ញុំ។ ឱ! ជាលាភរបស់គេហើយ ឱ! អត្តភាពជាមនុស្ស ឈ្មោះថាគេបានល្អហើយ ព្រោះហេតុដែលគេបាននូវការចូលទៅអែបស្តាល់ពុទ្ធោវាទ ជាបុញ្ញកេ្ខត្តរបស់មនុស្ស ជាឱសថរបស់សត្វទាំងពួង។ អំពើដែលខ្ញុំធ្វើល្អហើយ ព្រោះខ្ញុំបានឃើញព្រះពុទ្ធជានាយក ខ្ញុំរួចស្រឡះហើយចាកវិនិបាត ខ្ញុំបានដល់នូវអចលបទ គឺព្រះនិព្វាន។ ខ្ញុំទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ពន្លឺតែងមានសម្រាប់ខ្ញុំទាំងថ្ងៃទាំងយប់សព្វៗកាល។ ខ្ញុំសោយសម្បត្តិទាំងឡាយ ដោយសារការបូជានូវកែវមណីនោះឯង ពន្លឺគឺញាណ ខ្ញុំឃើញហើយ ខ្ញុំបានដល់នូវអចលបទ គឺព្រះនិព្វាន។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបូជាកែវមណី ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាកែវមណី។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមណិបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មណិបូជកត្ថេរាបទាន។
(៣. ឧក្កាសតិកត្ថេរអបទានំ)
[៦៣] កាលនោះ ព្រះមានព្រះភាគជាមុនី ព្រះនាមកោសិកៈ ព្រះអង្គមានឈាន ត្រេកអរក្នុងឈាន អភិរម្យក្នុងវិវេក គង់នៅលើភ្នំចិត្តកូដ។ ខ្ញុំមានពួកនារីចោមរោម ដើរចូលទៅក្នុងព្រៃហិមពាន្ត បានឃើញព្រះពុទ្ធ ព្រះនាមកោសិកៈ ដូចព្រះចន្ទពេញបូណ៌មី។ ក្នុងកាលនោះ ខ្ញុំកាន់គប់ភើ្លង ១០០ ឈរព័ទ្ធបំភ្លឺព្រះពុទ្ធ អស់ ៧ យប់ ៧ ថ្ងៃ ខ្ញុំត្រឡប់ទៅផ្ទះវិញក្នុងថ្ងៃទី ៨។ ខ្ញុំមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះពុទ្ធ ព្រះនាមកោសិកៈ ជាព្រះសយម្ភូ ទ្រង់ឈ្នះកិលេស ព្រះអង្គសេ្តចចេញ ខ្ញុំបានថ្វាយភិក្ខាមួយចំអែត។ បពិត្រព្រះអង្គជាធំជាងសត្វជើងពីរ ជាធំក្នុងលោក ប្រសើរជាងពួកនរៈ ខ្ញុំទៅកើតក្នុងឋានតុសិត ដោយកម្មនោះ នេះជាផលនៃភិក្ខាមួយចំអែត។ ពន្លឺរមែងមានដល់ខ្ញុំ ទាំងថ្ងៃទាំងយប់សព្វៗកាល ខ្ញុំផ្សាយពន្លឺទៅកាន់ទី ១០០ យោជន៍ ដោយជុំវិញ។ ក្នុងកប្បទី ៥៥ ខ្ញុំបានជាស្តេចចក្រពត្តិ ឈ្នះសង្រ្គាម មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ជាធំក្នុងមណ្ឌលនៃជម្ពូទ្វីប។ ក្នុងកាលនោះ នគររបស់ខ្ញុំ សម្បូណ៌កុះករដែលវិស្សុកម្មនិម្មិតល្អហើយ ទីក្រុងនោះ មានបណ្តោយប្រវែង ៣០ យោជន៍ ទទឹងប្រវែង ២០ យោជន៍ ទីក្រុងនោះ ឈ្មោះសោភនៈ ដែលវិស្សុកម្មនិម្មិតហើយ ជាទីស្ងប់ស្ងាត់ចាកសំឡេងទាំង ១០ ប្រការ ប្រកបដោយភ្លេងប្រគំដ៏ពីរោះ។ ក្នុងនគរនោះ មិនមានវលិ្ល ឈើ ដីស្អិត មានរបស់សុទ្ធតែមាសទាំងអស់ រុងរឿងអស់កាលជានិច្ច។ ទាំងមានរបស់ ៣ យ៉ាងនេះគឺ កំពែងបួនជ្រុង ១ របៀបដើមត្នោតជាវិការៈនៃកែវមណីក្នុងទីពាក់កណ្តាល ដែលវិស្សុកម្មនិម្មិតល្អហើយ ១ ស្រះបោក្ខរណីមួយហ្មឺន មានឈូក ឧប្បលព្រោងព្រាត ដេរដាសដោយឈូកសជាដើម ផ្សាយក្លិនផ្សេងៗ ១។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបំភ្លឺគប់ភ្លើង ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបំភ្លឺគប់ភ្លើង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះឧក្កាសតិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧក្កាសតិកត្ថេរាបទាន។
(៤. សុមនពីជនិយត្ថេរអបទានំ)
[៦៤] ខ្ញុំមានចិត្តរីករាយ ចំពោះពោធិព្រឹក្សដ៏ឧត្តម របស់ព្រះមានព្រះភាគ ព្រះនាមវិបស្សី ហើយយកផ្លិតទៅបក់ថ្វាយនូវពោធិព្រឹក្សដ៏ឧត្តម។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបក់នូវពោធិព្រឹក្សដ៏ឧត្តម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបក់ផ្លិត។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសុមនវីជនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុមនវីជនិយត្ថេរាបទាន។
(៥. កុម្មាសទាយកត្ថេរអបទានំ)
[៦៥] កាលព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់ស្វែងរកគុណដ៏ធំ ទ្រង់សេ្តចទៅដើម្បីបិណ្ឌបាត ខ្ញុំឃើញបាត្រទទេហើយ ក៏ដាក់នំឲ្យពេញ (បាត្រ)។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យនូវភិក្ខា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃនំ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកុម្មាសទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កុម្មាសទាយកត្ថេរាបទាន។
(៦. កុសដ្ឋកទាយកត្ថេរអបទានំ)
[៦៦] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយស្បូវ ៨ ក្តាប់ ដល់ព្រះមានព្រះភាគ ព្រះនាមកស្សបៈ ជាខីណាសវព្រាហ្មណ៍ ព្រះអង្គមានព្រហ្មចរិយធម៌នៅរួចហើយ។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំបានថ្វាយស្បូវ ៨ ក្តាប់ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្បូវ ៨ ក្តាប់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ។ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកុសដ្ឋកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កុសដ្ឋកទាយកត្ថេរាបទាន។
(៧. គិរិបុន្នាគិយត្ថេរអបទានំ)
[៦៧] គ្រានោះ ព្រះសម្ពុទ្ធព្រះនាមសោភិតៈ ទ្រង់គង់លើភ្នំចិត្តកូដ ខ្ញុំយកផ្កាបុសនាគភ្នំ ទៅបូជាព្រះសយម្ភូ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបូជានូវព្រះសម្ពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះគិរិបុន្នាគិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ គិរិបុន្នាគិយត្ថេរាបទាន។
(៨. វល្លិការផលទាយកត្ថេរអបទានំ)
[៦៨] គ្រានោះ ព្រះសម្ពុទ្ធ ព្រះនាមសុមនៈ គង់នៅក្នុងក្រុងឈ្មោះតក្ករា ខ្ញុំបានយកផ្លែគុយទៅថ្វាយព្រះសយម្ភូ។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះវល្លិការផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វល្លិការផលទាយកត្ថេរាបទាន។
(៩. បានធិទាយកត្ថេរអបទានំ)
[៦៩] ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាធំក្នុងលោក ប្រសើរជាងនរៈ មានចក្ខុ ទ្រង់ចេញអំពីរោងសម្រាកក្នុងវេលាថ្ងៃ ស្តេចទៅតាមថ្នល់។ ខ្ញុំពាក់ស្បែកជើងដែលខ្ញុំធ្វើល្អហើយ ដើរទៅកាន់ផ្លូវឆ្ងាយ បានឃើញព្រះសម្ពុទ្ធ ទ្រង់ស្តេចទៅដោយព្រះបាទាទទេ ព្រះអង្គមានព្រះកាយប្រកបដោយគ្រឿងប្រដាប់ដូចមាស។ ខ្ញុំញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា យកស្បែកជើងទៅតម្កល់ទុកជិតព្រះបាទា ហើយពោលនូវពាក្យនេះថា បពិត្រព្រះសុគតជាធំ ជានាយក មានព្យាយាមច្រើន សូមព្រះអង្គពាក់នូវស្បែកជើង ខ្ញុំព្រះអង្គនឹងបាននូវផលអំពីស្បែកជើងនេះ សូមឲ្យសម្រេចប្រយោជន៍នោះដល់ខ្ញុំ។ ព្រះមានព្រះភាគ ព្រះនាមអនោមទស្សី ជាធំក្នុងលោក ប្រសើរជាងនរៈ ទ្រង់ពាក់នូវស្បែកជើង ហើយត្រាស់ព្រះពុទ្ធដីកានេះថា
បុគ្គលណាមានចិត្តជ្រះថ្លា បានថ្វាយស្បែកជើងដល់តថាគត ដោយដៃរបស់ខ្លួន តថាគតនឹងសរសើរបុគ្គលនោះ អ្នកទាំងឡាយចូរស្តាប់ នូវភាសិតដែលតថាគតនឹងសម្តែងចុះ។ ទេវតាទាំងអស់ បានដឹងនូវវាចារបស់ព្រះពុទ្ធ ក៏មកប្រជុំគ្នា មានចិត្តខ្ពស់ឡើង មានចិត្តរីករាយ មានសេចក្តីត្រេកអរ ធ្វើនូវអញ្ជលី។ បុគ្គលនេះនឹងដល់នូវសេចក្តីសុខ ព្រោះការថ្វាយនូវស្បែកជើង នឹងសោយរាជ្យជាស្តេចទេវតា អស់ ៥៥ ដង។ នឹងបានជាសេ្តចចក្រពត្តិមួយពាន់ដង នឹងសោយបទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រះសាស្តាមាននាមថាគោតម ទ្រង់កើតក្នុងត្រកូលឱក្កាកៈ នឹងបានត្រាស់ក្នុងលោក។ (បុរសនេះ) នឹងបានជាអ្នកទទួលនូវមត៌ក ក្នុងធម៌របស់ព្រះគោតមនោះ ជាឱរសដែលធម៌និមិត្តហើយ កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។ (បុរសនេះឯង) បើកើតក្នុងទេវលោក ឬក្នុងមនុស្សកលោក រមែងជាអ្នកមានប្រាជ្ញា នឹងបាននូវយាន មានចំណែកប្រៀបដោយយានទេវតា។
ប្រាសាទ វរមាស ដំរី ប្រដាប់ព្រមហើយ រថដែលទឹមដោយសេះអាជានេយ្យ រមែងកើតប្រាកដដល់ខ្ញុំសព្វៗកាល។ ខ្ញុំទុកជាកាលចេញទៅអំពីលំនៅ តែងចេញទៅដោយរថ កាលសក់ទាំងឡាយ គេកំពុងកោរកាត់ ខ្ញុំក៏បានដល់អរហត្ត។ ឱ! ជាលាភរបស់ខ្ញុំហើយ អត្តភាពជាមនុស្ស ឈ្មោះថាខ្ញុំបានល្អហើយ ការជួញ ខ្ញុំប្រកបល្អហើយ ព្រោះខ្ញុំបានថ្វាយស្បែកជើងមួយសម្រាប់ ក៏បានដល់អចលបទគឺព្រះនិព្វាន។ ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យស្បែកជើង ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្បែកជើង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបានធិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បានធិទាយកត្ថេរាបទាន។
(១០. បុលិនចង្កមិយត្ថេរអបទានំ)
[៧០] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃ កំពុងស្វែងរកសត្វឈ្លូស ក៏បានឃើញនូវទីចង្រ្កម។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ចំពោះព្រះសុគត ទ្រង់មានសិរី ហើយកើបយកដីខ្សាច់មួយថ្នក់ មករោយរាយក្នុងទីចង្រ្កម។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានរោយរាយនូវដីខ្សាច់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃដីខ្សាច់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបុឡិនចង្កមិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បុឡិនចង្កមិយត្ថេរាបទាន។
ឧទ្ទាន
នឡមាលិយត្ថេរាបទាន ១ មណិបូជកត្ថេរាបទាន ១ ឧក្កាសតិកត្ថេរាបទាន ១ វីជនិយត្ថេរាបទាន ១ កុម្មាសទាយកត្ថេរាបទាន ១ កុសដ្ឋកទាយកត្ថេរាបទាន ១ គិរិបុន្នាគិយត្ថេរាបទាន ១ វល្លិការផលទាយកត្ថេរាបទាន ១ បានធិទាយកត្ថេរាបទាន ១ បុឡិនចង្កមិយត្ថេរាបទាន ១ ឯគាថាមានចំនួន ៩៥ ពួកអ្នកប្រាជ្ញរាប់ឃើញហើយ។
ចប់ នឡមាលិវគ្គ ទី៤៨។
(៤៩. បំសុកូលវគ្គោ)
(១. បំសុកូលសញ្ញកត្ថេរអបទានំ)
[៧១] ព្រះជិនស្រីមានព្រះភាគ ព្រះនាមតិស្សៈ ជាព្រះសយម្ភូ ជាលោកនាយក ព្រះអង្គបានតំកល់ទុកនូវសំពត់បង្សុកូល ហើយស្តេចចូលទៅក្នុងវិហារ។ ខ្ញុំបានកាន់យកធ្នូ ដែលខ្លួនរៀបចំស្រេចហើយ មានទាំងទឹកបំពង់ កាន់ទាំងដាវដើរចូលទៅក្នុងព្រៃ។ គ្រានោះ ខ្ញុំបានឃើញសំពត់បង្សុកូល ដែលព្រះអង្គពាក់ទុកលើចុងឈើ ក្នុងទីនោះ ខ្ញុំបានដាក់បំពង់ព្រួញចុះ ក្នុងទីនោះឯង ហើយបានធ្វើអញ្ជលីលើសិរ្យៈ។ ខ្ញុំមានចិត្តជ្រះថ្លា រីករាយដោយបីតិដ៏ធំទូលាយ នឹករលឹកចំពោះព្រះពុទ្ធដ៏ប្រសើរ ហើយថ្វាយបង្គំនូវសំពត់បង្សុកូល។ ក្នុងកប្បទី ៩២អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គំនូវសំពត់បង្សុកូល ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គំ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញអស់ហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណងដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបង្សុកូលសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បង្សុកូលសញ្ញកត្ថេរាបទាន។
(២. ពុទ្ធសញ្ញកត្ថេរអបទានំ)
[៧២] ខ្ញុំជាអ្នកស្វាធ្យាយមន្ត ចេះចាំនូវមន្ត ដល់នូវត្រើយនៃត្រៃវេទ ក្នុងលក្ខណសាស្រ្ត និងឥតិហាសសាស្រ្ត ព្រមទាំងនិឃណ្ឌុសាស្រ្ត និងកេដុភសាស្រ្ត។ ក្នុងកាលនោះ ពួកសិស្សរបស់ខ្ញុំ មកកាន់ (សំណាក់) នៃខ្ញុំ បៀបដូចជាខ្សែទឹកស្ទឹង ខ្ញុំក៏បានបង្ហាញមន្តដល់សិស្សទាំងនេះ ឥតមានខ្ជិលច្រអូស ទាំងយប់ទាំងថ្ងៃ។ លំដាប់នោះឯង ព្រះសម្ពុទ្ធព្រះនាមសិទ្ធត្ថៈ បានកើតឡើងហើយក្នុងលោក ទ្រង់ញុំាងសេចក្តីងងឹតដ៏ក្រៃលែងឲ្យវិនាស ហើយញុំាងពន្លឺគឺញាណ ឲ្យប្រព្រឹត្តទៅ។ ក្នុងកាលនោះ មានសិស្សម្នាក់របស់ខ្ញុំ បានប្រាប់ដល់ពួកសិស្សរបស់ខ្ញុំ លុះពួកសិស្សទាំងនោះឮហើយ ទើបប្រាប់សេចក្តីនោះដល់ខ្ញុំ (ខ្ញុំក៏បានគិតថា) ព្រះសព្វញ្ញូ ជាលោកនាយក ព្រះអង្គបានកើតឡើងក្នុងលោកហើយ ជនតែងប្រព្រឹត្តតាមនូវព្រះសម្មាសម្ពុទ្ធអង្គនោះ ឯអាត្មាអញគ្មានលាភនឹងគេសោះ។ ព្រះពុទ្ធទាំងឡាយ មានចក្ខុ មានយសធំ ព្រះអង្គទ្រង់កើតឡើង ព្រោះអាស្រ័យហេតុ បើដូច្នោះ អាត្មាអញគួរទៅមើលព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គជាលោកនាយក។ ខ្ញុំបានកាន់យកស្បែកខ្លា សំពត់សម្បកឈើ និងកុណ្ឌីទឹករបស់ខ្ញុំ ចេញអំពីអាស្រម ហើយហៅពួកសិស្សមកប្រាប់ថា ការឃើញនូវព្រះពុទ្ធ ជាលោកនាយក កម្របុគ្គលបានដោយងាយ ដូចជាផ្កាឧទុម្ពរ ឬដូចជារូបនៃសត្វទន្សាយក្នុងដួងព្រះចន្ទ្រ ឬក៏ដូចជាទឹកដោះនៃសត្វក្អែក។ ព្រះសម្មាសម្ពុទ្ធ ព្រះអង្គកើតឡើងក្នុងលោក និងភាពជាមនុស្ស ទាំងពីរនេះ កម្របុគ្គលបានដោយងាយ កាលបើហេតុទាំងពីរនេះមានហើយ ការស្គាល់ធម៌ ក៏កម្របុគ្គលបានងាយដែរ។ ព្រះសម្មាសម្ពុទ្ធ បានកើតហើយក្នុងលោក ពួកយើងឈ្មោះថាបាននូវចក្ខុ សេចក្តីចំរើន នឹងមានដល់យើង អ្នកទាំងឡាយចូរមកចុះ យើងទាំងអស់ នឹងនាំគ្នាទៅកាន់សំណាក់ព្រះសម្មាសម្ពុទ្ធ។ កាលនោះ ពួកតាបសទាំងអស់ ទ្រទ្រង់នូវកុណ្ឌីទឹក ស្លៀកពាក់ស្បែកខ្លាទាំងក្រចក តាបសទាំងនោះ ទ្រទ្រង់នូវភារៈគឺផ្នួងសក់ បានចេញទៅអំពីព្រៃ។ តាបសទាំងនោះ ជាអ្នកស្វែងរកនូវប្រយោជន៍ដ៏ឧត្តម ក្រឡេកមើលមួយជួរនឹមដើរមក ឥតមានសេចក្តីតក់ស្លុត បីដូចជាកូននៃដំរី ឬដូចជាកេសររាជសីហ៍ ឥតមានសេចក្តីតក់ស្លុតឡើយ។ តាបសទាំងអស់នោះ ជាអ្នកមិនតក់ស្លុត មិនឡេះឡោះ មានប្រាជ្ញាឆ្អិនឆ្អៅ ជាអ្នកប្រព្រឹត្តរម្យទម តាបសទាំងអស់នោះ កាលត្រាច់រកផលាផល បានចូលទៅគាល់ព្រះពុទ្ធដ៏ប្រសើរ។ ព្យាធិបានកើតឡើងដល់ខ្ញុំ ដែលនៅក្នុងប្រទេសប្រមាណមួយយោជន៍កន្លះ (អំពីព្រះពុទ្ធគង់នៅ) ខ្ញុំបាននឹកដល់ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ហើយធ្វើមរណកាលក្នុងទីនោះ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបាននូវសេចក្តីសំគាល់ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសេចក្តីសំគាល់នូវព្រះសមា្មសម្ពុទ្ធ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះពុទ្ធសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ពុទ្ធសញ្ញកត្ថេរាបទាន។
(៣. ភិសទាយកត្ថេរអបទានំ)
[៧៣] កាលនោះ ខ្ញុំបានចុះក្នុងស្រះបោក្ខរណី ដែលដំរីនានាតែងអាស្រ័យ ខ្ញុំបានដកក្រអៅឈូក ក្នុងស្រះនោះ ព្រោះហេតុនៃសេចក្តីស្រេកឃ្លាន។ សម័យនោះ ព្រះសម្មាសម្ពុទ្ធមានព្រះភាគ ព្រះនាមបទុមុត្តរៈ ដែលមានព្រះហឫទ័យល្អ ទ្រទ្រង់នូវសំពត់កម្ពលក្រហម សេ្តចទៅតាមផ្លូវអាកាស។ គ្រានោះ ខ្ញុំកំពុងរលាស់នូវសំពត់បង្សុកូល បានឮសំឡេង ខ្ញុំក្រឡេកមើលទៅខាងលើ ក៏បានឃើញព្រះលោកនាយក។ ខ្ញុំឈរនៅក្នុងទីនោះឯង ហើយបានអារាធនាព្រះលោកនាយក ទាំងកំពុងកាន់ក្រអៅឈូកមានរសផ្អែម ដោយពាក្យថា ខីរៈ និងសប្បិហូរចេញអំពីក្រអៅឈូក។ សូមព្រះសម្មាសម្ពុទ្ធជាម្ចាស់ មានចក្ខុ ជាសាស្តា មានយសធំ ប្រកបដោយសេចក្តីករុណា សេ្តចចុះមកអំពីអាកាសនោះ ហើយទ្រង់ទទួលដោយសេចក្តីអនុគ្រោះដល់ខ្ញុំ។ ព្រះសម្មាសម្ពុទ្ធ មានចក្ខុ ទ្រង់ទទួលភិក្ខារបស់ខ្ញុំ ដោយសេចក្តីអនុគ្រោះ លុះទ្រង់ទទួលហើយ ទ្រង់ធ្វើអនុមោទនាដល់ខ្ញុំថា
ម្នាលអ្នកមានបុណ្យច្រើន អ្នកចូរជាបុគ្គលដល់នូវសេចក្តីសុខចុះ គតិរបស់អ្នក ចូរសម្រេចចុះ អ្នកចូរបាននូវសេចក្តីសុខដ៏ធំទូលាយ ដោយការឲ្យនូវក្រអៅឈូកនេះចុះ។ ព្រះសម្មាសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ លុះទ្រង់ត្រាស់អនុមោទនានេះហើយ ព្រះជិនស្រីសម្មាសម្ពុទ្ធ ទ្រង់ទទួលភិក្ខា ហើយសេ្តចមកតាមផ្លូវអាកាស។ ខ្ញុំបានកាន់យកក្រអៅឈូកអំពីទីនោះ ហើយមកអាស្រមរបស់ខ្ញុំ ខ្ញុំបានព្យួរក្រអៅឈូកលើមែកឈើ ហើយនឹកនូវទានរបស់ខ្ញុំ។ គ្រានោះ ខ្យល់ធំបានតាំងឡើង ហើយញុំាងព្រៃឲ្យញាប់ញ័រ អាកាសក៏បន្លឺឡើងដោយសំឡេងរន្ទះបាញ់។ ក្នុងកាលនោះ អសនិបាតធ្លាក់ត្រូវក្បាលខ្ញុំ ខ្ញុំនោះកំពុងអង្គុយ ក៏ធ្វើមរណកាលក្នុងទីនោះ។ ខ្ញុំប្រកបដោយបុញ្ញកម្ម ហើយបានទៅកើតក្នុងឋានតុសិត សាកសពរបស់ខ្ញុំធ្លាក់ចុះ ខ្ញុំត្រេកអរក្នុងទេវលោក។ ពួកនារី ៨ ម៉ឺន ៦ ពាន់ តាក់តែងគ្រឿងប្រដាប់ប្រពៃ តែងបំរើខ្ញុំទាំងល្ងាចទាំងព្រឹក នេះជាផលនៃការឲ្យក្រអៅឈូក។ ក្នុងកាលនោះ ខ្ញុំបានមកកាន់កំណើតនៃមនុស្ស ដល់នូវសេចក្តីសុខ សេចក្តីខ្វះខាតភោគរបស់ខ្ញុំ មិនមានឡើយ។ នេះជាផលនៃការថ្វាយក្រអៅឈូក។ ខ្ញុំជាអ្នកត្រូវព្រះតាទិបុគ្គលជាទេវតាកន្លងទេវតានោះ អនុគ្រោះហើយ ក៏មានអាសវៈទាំងពួង អស់ឥតសេសសល់ ឥឡូវនេះ ភពថ្មីរបស់ខ្ញុំ មិនមានឡើយ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យភិក្ខា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យក្រអៅឈូក។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះភិសទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ភិសទាយកត្ថេរាបទាន។
(៤. ញាណថវិកត្ថេរអបទានំ)
[៧៤] អាស្រមរបស់ខ្ញុំ គេធ្វើហើយ ក្នុងទិសទក្សិណនៃហិមវន្តប្រទេស ក្នុងកាលនោះ ខ្ញុំកំពុងស្វែងរកនូវប្រយោជន៍ដ៏ឧត្តម នៅតែក្នុងព្រៃ។ ខ្ញុំជាអ្នកសន្តោសដោយលាភ និងអលាភ ជាអ្នកប្រព្រឹត្តមិនចិតសំបកនៃមើមឈើ និងផ្លែឈើ ហើយនៅតែម្នាក់ឯង។ ព្រះសម្ពុទ្ធព្រះនាមសុមេធៈ បានកើតក្នុងលោក ទ្រង់ស្រោចស្រង់នូវមហាជន ហើយប្រកាសនូវសច្ចធម៌ទាំង ៤ ក្នុងខណៈនោះ។ ខ្ញុំមិនដែលបានស្តាប់នូវព្រះសម្ពុទ្ធ ទាំងឥតមានអ្នកណាមួយប្រៀនប្រដៅខ្ញុំឡើយ លុះកន្លង ៨ ឆ្នាំទៅ ទើបខ្ញុំបានស្តាប់ព្រះលោកនាយក។ ខ្ញុំបាននាំយកភ្លើង និងឧសចេញហើយ បោសច្រាសអាស្រម រួចបានរែកនូវអម្រែកចេញទៅអំពីព្រៃធំ។ ក្នុងកាលនោះ ខ្ញុំនៅក្នុងស្រុក និងនិគមអស់មួយរាត្រីៗ ហើយបានចូលទៅក្នុងក្រុងឈ្មោះចន្ទវតី ដោយលំដាប់។ ក្នុងសម័យនោះ ព្រះមានព្រះភាគ ព្រះនាមសុមេធៈ ជាលោកនាយក ទ្រង់ស្រោចស្រង់នូវពពួកជនសត្វជាច្រើន កំពុងសម្តែងនូវអមតបទ។ ខ្ញុំកន្លងនូវពួកជន ហើយថ្វាយបង្គំនូវពាក្យប្រដៅនៃព្រះជិនស្រី បានធ្វើនូវស្បែកខ្លាឆៀងស្មាម្ខាង ហើយពោលសរសើរគុណនៃព្រះលោកនាយកថា
ព្រះអង្គជាសាស្តា ដូចជាទង់ ដូចជាទង់ជ័យ ឬដូចប្រាសាទ ជាទីពឹងពំនាក់របស់ពួកសត្វ ជាប្រទីប ទ្រង់ឧត្តមជាងសត្វជើងពីរ។
ចប់ ភាណវារៈ ទី ២១។
បពិត្រព្រះមុនី ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់មានព្រះប្រាជ្ញា ដ៏ល្អិតក្នុងទស្សនញ្ញាណ ទ្រង់ញុំាងពួកជនឲ្យឆ្លង នឹងរកបុគ្គលដទៃ ជាអ្នកចម្លងឲ្យលើសលុបជាងព្រះអង្គក្នុងលោក មិនមានឡើយ។ សមុទ្រសាគរដ៏ឧត្តម បុគ្គលអាចនឹងប្រមាណដោយចុងស្បូវបាន ឯសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ បុគ្គលមិនអាចប្រមាណបានឡើយ។ ផែនដី បុគ្គលអាចដាក់លើដងជញ្ជីង ដើម្បីថ្លឹងបាន បពិត្រព្រះអង្គមានចក្ខុ (វត្ថុដទៃ) ស្មើដោយបញ្ញារបស់ព្រះអង្គ មិនមានឡើយ។ អាកាស គេអាវាស់ដោយខ្សែ ឬដោយអង្គុលីបាន បពិត្រព្រះសព្វញ្ញូ សីលរបស់ព្រះអង្គ បុគ្គលមិនអាចប្រមាណបានឡើយ។ បពិត្រព្រះអង្គមានចក្ខុ ទឹកក្នុងមហាសមុទ្រក្តី អាកាសក្តី ផែនដីក្តី របស់ទាំងអម្បាលនេះ បុគ្គលអាចប្រមាណបាន ឯព្រះអង្គឥតមានបុគ្គលប្រមាណបានឡើយ។ គ្រានោះ ខ្ញុំបានសរសើរនូវព្រះសព្វញ្ញូ មានយសធំដោយព្រះគាថាទាំងឡាយ ៦ ហើយឈរផ្គងនូវអញ្ជលីនៅស្ងៀម។ ជនទាំងឡាយតែងហៅនូវព្រះមានព្រះភាគអង្គណា ដែលមានព្រះបញ្ញាដូចផែនដី ទ្រង់ទំលាយបង់នូវកិលេស ថាសុមេធៈ ព្រះមានព្រះភាគអង្គនោះ ទ្រង់គង់នៅក្នុងកណ្តាលភិក្ខុសង្ឃ ហើយត្រាស់នូវព្រះគាថាទាំងឡាយនេះថា
បុគ្គលណា បានសរសើរញាណរបស់តថាគត ដោយចិត្តជ្រះថ្លា តថាគត នឹងសរសើរនូវបុគ្គលនោះ អ្នកទាំងឡាយ ចូរស្តាប់ពាក្យតថាគតសម្តែងចុះ។ បុគ្គលនោះ នឹងត្រេកអរក្នុងទេវលោក អស់ ៧៧ កប្ប នឹងបានជាធំជាងទេវតា សោយរាជ្យជាស្តេចនៃទេវតា អស់មួយពាន់ដង។ នឹងបានជាស្តេចចក្រពត្តិ ច្រើនរយជាតិ នឹងបានគ្រប់គ្រងប្រទេសរាជ្យដ៏ធំទូលាយ នឹងគណនារាប់មិនបាន។ បើកើតជាទេវតា ឬជាមនុស្ស នឹងជាអ្នកប្រកបដោយបុញ្ញកម្ម មានសេចក្តីត្រិះរិះមិនឱនថយ ទាំងមានប្រាជ្ញាមោះមុត។ កន្លងទៅ ៣០.០០០ កប្ប ព្រះសាស្តាព្រះនាមគោតម កើតក្នុងត្រកូលនៃស្តេចឱកា្កកៈ ត្រាស់ឡើងក្នុងលោក។ (កុលបុត្រនេះ) ជាអ្នកមិនមានកង្វល់ ចេញចាកផ្ទះ ហើយបួស នឹងបានសម្រេចព្រះអរហត្ត ក្នុងអាយុ ៧ ឆ្នាំ រាប់អំពីឆ្នាំកំណើតតមក។
ខ្ញុំរលឹកឃើញនូវខ្លួនដោយហេតុណា ខ្ញុំបានដល់នូវសាសនា ដោយហេតុណា ក្នុងចន្លោះនេះ ខ្ញុំមិនធ្លាប់ដឹងនូវចេតនា ដែលមិនជាទីត្រេកអរនៃចិត្តទេ។ ខ្ញុំអន្ទោលទៅមកក្នុងភពតូចភពធំហើយ តែងទទួលនូវសម្បត្តិ ឯសេចក្តីខ្វះខាតភោគៈរបស់ខ្ញុំ ឥតមានឡើយ នេះជាផលក្នុងការសរសើរនូវព្រះញាណ។ ភ្លើង ៣ ប្រការរបស់ខ្ញុំ រលត់ហើយ ភពទាំងពួង ខ្ញុំបានដកចោលចេញហើយ ខ្ញុំមានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ក្នុងកប្បទី ៣០.០០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានសរសើរនូវព្រះញាណក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលក្នុងការសរសើរនូវព្រះញាណ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះញាណត្ថវិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ញាណត្ថវិកត្ថេរាបទាន។
(៥. ចន្ទនមាលិយត្ថេរអបទានំ)
[៧៥] ខ្ញុំលះបង់នូវកាមគុណទាំង ៥ ដែលមានសភាពជាទីស្រឡាញ់ ជាទីរីករាយនៃចិត្ត លះបង់នូវសម្បត្តិ ៨០ កោដិ ហើយចូលទៅកាន់ផ្នួស។ លុះខ្ញុំបួសហើយ បានវៀរនូវបាបកម្មដោយកាយ លះបង់នូវវចីទុច្ចរិត ហើយនៅជិតច្រាំងស្ទឹង។ ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ សេ្តចបានចូលមករកខ្ញុំ ដែលកំពុងនៅតែម្នាក់ឯង ខ្ញុំក៏មិនស្គាល់ព្រះអង្គថាជាព្រះពុទ្ធទេ តែខ្ញុំបានធ្វើបដិសន្ថារៈ។ លុះខ្ញុំធ្វើបដិសន្ថារៈហើយ បានសួរនូវនាម និងគោត្រថា អ្នកជាទេវតា ឬជាគន្ធព្វ ឬមួយអ្នកជាព្រះឥន្ទ្រ ធ្លាប់ឲ្យទានក្នុងកាលមុន អ្នកជាអ្វី អ្នកជាបុត្ររបស់បុគ្គលណា ឬអ្នកជាមហាព្រហ្ម មកក្នុងទីនេះ បានញុំាងទិសទាំងពួងឲ្យភ្លឺច្រាល ដូចព្រះអាទិត្យកំពុងរះ។ ម្នាលអ្នកនិរទុក្ខ ចក្រទាំងឡាយ មានកាំមួយពាន់ ប្រាកដក្នុងបាទា (នៃអ្នក) អ្នកជាអ្វី អ្នកជាបុត្ររបស់បុគ្គលណា ដូចម្តេចហ្ន៎ យើងនឹងស្គាល់អ្នក។ សូមអ្នកប្រាប់នូវនាម និងគោត្រ (របស់អ្នក) ចូរអ្នកនាំនូវសេចក្តីសង្ស័យរបស់ខ្ញុំចេញ។
តថាគតមិនមែនជាទេវតា មិនមែនជាគន្ធព្វ តថាគតមិនមែនជាព្រះឥន្ទ្រ ធ្លាប់ឲ្យទានក្នុងកាលមុនទេ។ មួយទៀត តថាគតមិនមែនជាព្រហ្មទេ តថាគត ប្រសើរជាងជនទាំងនោះ បានកន្លងនូវវិស័យរបស់ជនទាំងនោះ ហើយផ្តាច់បង់នូវចំណងគឺកាម។ តថាគតដុតបង់នូវកិលេសទាំងអស់ហើយ បានដល់នូវសេចក្តីត្រាស់ដឹងដ៏ប្រសើរ។
ខ្ញុំបានស្តាប់នូវវាចារបស់ព្រះពុទ្ធនោះ ហើយពោលនូវពាក្យនេះថា បពិត្រព្រះមហាមុនី បើព្រះអង្គជាសព្វញ្ញុពុទ្ធ ជាមហាមុនី សូមព្រះអង្គគង់សិន ខ្ញុំនឹងបូជាព្រះអង្គ ព្រោះព្រះអង្គជាអ្នកធ្វើនូវទីបំផុតនៃទុក្ខបានហើយ។ ខ្ញុំបានក្រាលនូវស្បែកខ្លាថ្វាយព្រះសាស្តា ព្រះមានព្រះភាគ ទ្រង់គង់លើស្បែកខ្លានោះ ដូចជាសត្វសីហៈ ដែលឋិតនៅលើញកនៃភ្នំ ខ្ញុំបានឡើងភ្នំជាប្រញាប់ ហើយបេះយកផ្លែស្វាយ ផ្កាភ្លៅនាង និងខ្លឹមចន្ទន៍ដ៏មានដំឡៃច្រើន។ ខ្ញុំបានលើកផ្គងនូវរបស់ទាំងអស់នុ៎ះជាប្រញាប់ បង្អោនចូលទៅរកព្រះលោកនាយក ខ្ញុំបានថ្វាយផ្លែឈើ បានបូជាផ្កាភ្លៅនាងដល់ព្រះពុទ្ធ។ ខ្ញុំលាបនូវខ្លឹមចន្ទន៍ ហើយបានថ្វាយបង្គំព្រះសាស្តា ខ្ញុំមានចិត្តជ្រះថ្លា រីករាយដោយបីតិដ៏ធំទូលាយ។ ក្នុងកាលនោះ ព្រះសុមេធៈ ជាលោកនាយក ដែលកំពុងគង់លើស្បែកខ្លា ទ្រង់ញុំាងខ្ញុំឲ្យរីករាយ ហើយទ្រង់សម្តែងនូវកុសលកម្មរបស់ខ្ញុំថា
ក្នុងកប្បទី ២.៥០០ បុគ្គលនេះ នឹងត្រេកអរក្នុងទេវលោក ដោយហេតុទាំងពីរយ៉ាង គឺដោយការឲ្យនូវផ្លែឈើនេះផង ដោយការឲ្យគ្រឿងក្រអូប និងកម្រងផ្កានេះផង។ បុគ្គលនេះ នឹងមានសេចក្តីត្រិះរិះមិនឱនថយ ប្រព្រឹត្តទៅក្នុងអំណាចនៃខ្លួន ក្នុងកប្បទី ២. ៦០០ បុគ្គលនេះនឹងដល់នូវភាពជាមនុស្ស។ នឹងបានជាស្តេចចក្រពត្តិ មានសមុទ្រទាំង ៤ ជាព្រំប្រទល់ ទាំងមានឫទ្ធិធំ ឯទីក្រុងឈ្មោះវេករៈ ជាក្រុងដែលវិស្សុកម្មទេវបុត្រនិមិ្មតថ្វាយ។ ទីក្រុងឈ្មោះវេករៈនោះ ជាមាសទាំងអស់ ស្អិតស្អាងដោយរតនៈផ្សេងៗ បុគ្គលនេះនឹងអន្ទោលទៅកាន់កំណើតទាំងឡាយ ដោយឧបាយនេះឯង បុគ្គលនេះនឹងមានសេចក្តីសុខក្នុងទីទាំងពួង គឺថា ក្នុងទេវតា ឬក្នុងមនុស្សលោក លុះដល់បច្ឆិមភព នឹងបានជាព្រហ្មពន្ធុ (ផៅពង្សនៃបុគ្គលដ៏ប្រសើរ)។ បុគ្គលនេះ នឹងចេញចាកផ្ទះ ទៅជាអ្នកបួស ជាបុគ្គលដល់នូវត្រើយនៃអភិញ្ញា មិនមានអាសវៈ ហើយបរិនិព្វាន។
ព្រះសម្ពុទ្ធ ព្រនាមសុមេធៈ ជាលោកនាយក លុះទ្រង់ត្រាស់នូវកម្មរបស់ខ្ញុំនេះហើយ កាលខ្ញុំកំពុងតែសំឡឹងមើល ព្រះអង្គទ្រង់ស្តេចចៀសចេញទៅតាមផ្លូវអាកាស។ ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ចូលទៅកើតក្នុងភពតុសិត ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកនូវចេតនានោះផង។ លុះខ្ញុំច្យុតអំពីឋានតុសិត បានមកកើតក្នុងផ្ទៃនៃមាតា ខ្ញុំមិនខ្វះខាតភោគៈ ខ្ញុំនៅក្នុងគភ៌នៃមាតាណា កាលខ្ញុំនៅក្នុងគភ៌មាតានោះ បាយក្តី ទឹកក្តី ភោជនក្តី តែងកើតឡើងសម្រាប់មាតា តាមសេចក្តីប្រាថ្នារបស់ខ្ញុំ។ ខ្ញុំមានអាយុ ៥ ឆ្នាំ រាប់អំពីឆ្នាំកំណើតមក បានចូលទៅកាន់ផ្នួស កាលដែលគេកំពុងតែកោរសក់ ខ្ញុំក៏បានសម្រេចព្រះអរហត្ត។ ខ្ញុំកាលស្វែងរកនូវបុព្វកម្ម (របស់ខ្ញុំ) ក៏មិនបានឃើញបុព្វកម្មខាងអាយ តែបាននឹកឃើញនូវបុព្វកម្មរបស់ខ្ញុំក្នុងកប្បទី ៣០.០០០។ បពិត្របុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមថ្វាយបង្គំព្រះអង្គ ខ្ញុំបានអាស្រ័យនូវសាសនារបស់ព្រះអង្គហើយ ទើបដល់នូវអចលបទ គឺព្រះនិព្វាន។ ក្នុងកប្បទី ៣០.០០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះសម្ពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះចន្ទនមាលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ចន្ទនមាលិយត្ថេរាបទាន។
(៦. ធាតុបូជកត្ថេរអបទានំ)
[៧៦] កាលព្រះលោកនាថ ព្រះនាមសិទ្ធត្ថៈ ជាលោកនាយក ស្តេចបរិនិព្វានហើយ ខ្ញុំបានប្រជុំពួកញាតិរបស់ខ្ញុំ ហើយធ្វើនូវការបូជាព្រះធាតុ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះធាតុ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាព្រះធាតុ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះធាតុបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ធាតុបូជកត្ថេរាបទាន។
(៧. បុលិនុប្បាទកត្ថេរអបទានំ)
[៧៧] ខ្ញុំកើតជាតាបសឈ្មោះទេវលៈ នៅទៀបភ្នំហិមពាន្ត ពួកអមនុស្សបានតាក់តែងទីចង្រ្កមឲ្យខ្ញុំ ក្នុងព្រៃហិមពាន្តនោះ។ ក្នុងកាលនោះឯង ខ្ញុំបានប្រដាប់នូវគ្រឿងប្រដាប់ គឺភ្នួងសក់ ទ្រទ្រង់នូវកុណ្ឌីទឹក កំពុងតែស្វែងរកនូវប្រយោជន៍ដ៏ឧត្តម ហើយចេញទៅអំពីព្រៃ។ ក្នុងកាលនោះ សិស្សទាំងឡាយរបស់ខ្ញុំ ប្រមាណ ៨៤.០០០ នាក់ បានចូលមកនៅបម្រើខ្ញុំ សិស្សទាំងនោះ មានសេចក្តីខ្វល់ខ្វាយក្នុងកិច្ចជារបស់ខ្លួន ហើយនៅក្នុងព្រៃ។ ខ្ញុំបានចេញអំពីអាស្រម ហើយធ្វើព្រះចេតិយដ៏ហើយទៅដោយដីខ្សាច់ ខ្ញុំបានប្រមូលផ្កាផ្សេងៗ ហើយបូជានូវព្រះចេតិយនោះ។ ខ្ញុំបានញុំាងចិត្តឲ្យជ្រះថ្លាក្នុងចេតិយនោះ ហើយបានចូលទៅកាន់អាស្រមវិញ។
ពួកសិស្សទាំងអស់នាំគ្នាមកហើយ បានសួរសេចក្តីនេះថា បពិត្រទេវៈ លោកថ្វាយបង្គំនូវព្រះស្តូបណា ព្រះស្តូបនោះ ដែលលោកធ្វើហើយដោយដីខ្សាច់ ម្យ៉ាងទៀតយើងខ្ញុំទាំងឡាយចង់ដឹង លោកកាលបើយើងខ្ញុំទាំងឡាយសួរហើយ សូមមេត្តាប្រាប់ដល់យើងខ្ញុំទាំងឡាយ។
ព្រះសម្ពុទ្ធទាំងឡាយ ទ្រង់មានចក្ខុ មានយសធំ (ប្រាកដ) ក្នុងបទរបស់មន្តនៃអ្នកទាំងឡាយ យើងឃើញហើយតើ ខ្ញុំថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធទាំងឡាយនោះ ជាព្រះពុទ្ធដ៏ប្រសើរ មានយសធំ។
ព្រះសព្វញ្ញូទាំងនោះ ជាលោកនាយក ទ្រង់មានព្យាយាមធំ ប្រាកដដូចម្តេច មានគុណដូចម្តេច មានសីលដូចម្តេច ព្រះសម្ពុទ្ធទាំងនោះមានយសធំ ប្រាកដដូចម្តេច។
ព្រះពុទ្ធទាំងឡាយ មានលក្ខណៈ ៣២ មានព្រះទន្ត ៤០ គត់ មានកំណើតពីរដង ព្រះនេត្រនៃព្រះសម្មាសម្ពុទ្ធទាំងនោះ ស្រដៀងនឹងភ្នែកកូនគោ ប្រាកដស្មើដោយផ្លែនៃទំពាំងម្ជូរ។ ព្រះសម្ពុទ្ធទាំងនោះ កាលស្តេចនឹងទៅ ទ្រង់ក្រឡេកមើលនូវទីចម្ងាយមួយជួរនឹមផង ព្រះជាណុនៃព្រះសម្មាសម្ពុទ្ធទាំងនោះ មិនលាន់ឮសូរផង សំឡេងទីតនៃព្រះជាណុរបស់ព្រះសម្មាសម្ពុទ្ធទាំងនោះ មិនឮសូរផង។ ព្រះសម្ពុទ្ធទាំងនោះ កាលស្តេចទៅ ក៏ទ្រង់ទៅដោយល្អ ទៅមិនបានរួសរាន់ (ទ្រង់ឈាន) នូវព្រះបាទខាងស្តាំជាដំបូង នេះជាធម្មតានៃព្រះសម្ពុទ្ធទាំងឡាយ។ មួយទៀត ព្រះពុទ្ធទាំងនោះ ទ្រង់មិនតក់ស្លុត បីដូចជាកេសររាជសីហ៍ ជាស្តេចនៃម្រឹគ ព្រះពុទ្ធទាំងឡាយ ទ្រង់មិនលើកតំកើងព្រះអង្គឯងផង ទាំងមិនបន្តុះបង្អាប់ពួកសត្វផង។ ព្រះពុទ្ធទាំងឡាយ ទ្រង់ផុតស្រឡះចាកមានះ និងអតិមានះ ទ្រង់មានព្រះហឫទ័យស្មើចំពោះសត្វទាំងពួង ទ្រង់មិនលើកតំកើងព្រះអង្គឯង នេះជាធម្មតានៃព្រះសម្ពុទ្ធទាំងឡាយ។ មួយវិញទៀត ព្រះសម្ពុទ្ធទាំងឡាយនោះ កាលកើតឡើង ទ្រង់សម្តែងនូវពន្លឺ ទ្រង់ប្រកាសនូវផែនដីទាំងអស់នេះ មានប្រការ ៦។ ក្នុងកាលនោះ ព្រះសម្ពុទ្ធទាំងឡាយនុ៎ះ ទ្រង់ទតឃើញនូវនរក នរកតែងរលត់ទៅវិញ មហាមេឃបង្អុរភ្លៀងចុះមក នេះជាធម្មតានៃព្រះពុទ្ធទាំងឡាយ។ ព្រះតថាគតទាំងនោះ ជាមហានាគប្រាកដដូច្នោះ ព្រះតថាគតទាំងនោះ ទ្រង់មានយសធំ គេមិនអាចថ្លឹងគុណបាន ព្រះតថាគតទាំងឡាយ ទ្រង់មិនប្រព្រឹត្តកន្លងចាកគុណ មានព្រះគុណ គឺបុគ្គលមិនគប្បីរាប់បាន។ ពួកសិស្សទាំងអស់ ជាអ្នកប្រកបដោយសេចក្តីគោរព បានអនុមោទនាតាមពាក្យរបស់ខ្ញុំ សិស្សទាំងឡាយនោះ បាននាំគ្នាប្រតិបត្តិ គួរតាមសេចក្តីអង់អាច ទាំងគួរតាមកំឡាំង ដោយប្រការដូច្នោះ។ សិស្សទាំងឡាយនោះ ជាអ្នកមិនខ្ជិលច្រអូសក្នុងការងាររបស់ខ្លួន នាំគ្នាបូជានូវព្រះចេតិយខ្សាច់ សិស្សទាំងឡាយនោះ ជាអ្នកជឿងតាមពាក្យរបស់ខ្ញុំ ជាអ្នកមានចិត្តដល់នូវភាពជាព្រះពុទ្ធ។
ក្នុងកាលនោះ មានទេវបុត្តមួយអង្គ មានយសធំ ច្យុតចុះមកអំពីឋានតុសិត បានមកកើតក្នុងផ្ទៃមាតា លោកធាតុទាំងមួយម៉ឺនក៏ញាប់ញ័រ។ ខ្ញុំឋិតនៅក្នុងទីចង្រ្កមមិនឆ្ងាយអំពីអាស្រម ពួកសិស្សទាំងអស់ បានមកប្រជុំគ្នាក្នុងសំណាក់របស់ខ្ញុំ ហើយសួរខ្ញុំថា ផែនដីបន្លឺដូចគោឧសភរាជ ស្រែកឡើងដូចស្តេចនៃម្រឹគ រោទ៍ឡើងដូចជាក្រពើ តើជាវិបាកអ្វីហ្ន៎។
ខ្ញុំកំពុងសរសើរនូវព្រះសម្ពុទ្ធអង្គណា ក្នុងទីជិតនៃព្រះស្តូប ដែលធ្វើហើយដោយដីខ្សាច់ ឥឡូវនេះ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គជាគ្រូ បានស្តេចចូលទៅកាន់ផ្ទៃនៃមាតា។ ខ្ញុំបានធ្វើធម្មកថាដល់សិស្សទាំងឡាយនោះហើយ សរសើរនូវព្រះមហាមុនី រួចបញ្ជូនពួកសិស្សឲ្យត្រឡប់ទៅលំនៅជារបស់នៃខ្លួនវិញ ហើយខ្ញុំអង្គុយពែនភ្នែន។ មួយទៀត ខ្ញុំអស់កំឡាំងណាស់ ព្រោះខ្ញុំមានរោគោព្យាធិជាទម្ងន់ ខ្ញុំរលឹកនូវព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ហើយក៏ធ្វើមរណកាល ក្នុងទីនោះ។ ក្នុងកាលនោះ ពួកសិស្សទាំងអស់ បានមកប្រជុំគ្នា ហើយធ្វើជើងថ្ករ រួចលើកសពរបស់ខ្ញុំដាក់លើជើងថ្ករ។ សិស្សទាំងឡាយនោះ បានចោមរោមជើងថ្ករ ហើយធ្វើនូវអញ្ជលីលើសិរ្សៈ មានសរគឺសេចក្តីសោកគ្របសង្កត់ បានមកប្រជុំគ្នាហើយ យំកន្ទក់កនេ្ទញ។ កាលសិស្សទាំងឡាយនោះ កំពុងតែយំរៀបរាប់ ខ្ញុំក៏មកកាន់ជើងថ្ករ ហើយបានពោលថា ម្នាលអ្នកទាំងឡាយមានបញ្ញាល្អ យើងហ្នឹងហើយជាអាចារ្យរបស់អ្នក អ្នកទាំងឡាយកុំសោកស្តាយឡើយ។ អ្នកទាំងឡាយកុំខ្ជិលច្រអូស ចូរនាំគ្នាព្យាយាម ក្នុងប្រយោជន៍របស់ខ្លួន ទាំងយប់ទាំងថ្ងៃចុះ អ្នកទាំងឡាយ កុំមានសេចក្តីប្រមាទឡើយ ខណៈរបស់អ្នកទាំងឡាយ ដល់ប្រាកដហើយ។ លុះខ្ញុំប្រៀនប្រដៅនូវពួកសិស្សរបស់ខ្លួនរួចហើយ ខ្ញុំក៏ត្រឡប់ទៅឯទេវលោកវិញ ខ្ញុំបានកើតក្នុងទេវលោក អស់ ១៨ កប្ប ខ្ញុំបានកើតជាស្តេចចក្រពត្តិ អស់ ៥០០ ដង ខ្ញុំបានទទួលសម្បត្តិជាទេវតាអស់ច្រើនរយដង។ ក្នុងកប្បទាំងឡាយដ៏សេស ខ្ញុំបានអន្ទោលទៅកាន់ភពដ៏ច្រឡូកច្រឡំ តែខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃការកសាងព្រះចេតិយខ្សាច់។ ឈើទាំងឡាយជាច្រើនតែងរីក ផ្កាក្នុងខែជាទីរីកនៃផ្កាកោមុទ យ៉ាងណាមិញ ឯខ្លួនខ្ញុំក៏បានរីកហើយក្នុងលទ្ធិនៃព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គស្វែងរកនូវគុណដ៏ធំដូច្នោះដែរ។ ខ្ញុំមានព្យាយាម ជាទីនាំទៅនូវធុរៈ ដល់ហើយនូវព្រះនិព្វាន ជាទីអស់ទៅនៃយោគៈ ជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំសរសើរព្រះសម្ពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរព្រះសម្ពុទ្ធ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះបុឡិនុប្បាទកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បុឡិនុប្បាទកត្ថេរាបទាន។
(៨. តរណិយត្ថេរអបទានំ)
[៧៨] ព្រះតថាគតមានព្រះភាគ ព្រះនាមអត្ថទស្សី ជាព្រះសយម្ភូ ជាលោកនាយក សេ្តចបានចូលទៅទៀបឆ្នេរស្ទឹងវិនតា។ ខ្ញុំជាអណ្តើក គោចរក្នុងទឹក បានងើបអំពីទឹក មានប្រាថ្នានឹងចម្លងនូវព្រះពុទ្ធជាម្ចាស់ បានចូលទៅជិតព្រះលោកនាយក ហើយពោលថាបពិត្រព្រះមហាមុនី សូមព្រះពុទ្ធជាម្ចាស់ ព្រះនាមអត្ថទស្សី ទ្រង់ឡើងគង់លើខ្នងនៃខ្ញុំព្រះអង្គចុះ ខ្ញុំព្រះអង្គនឹងចំឡងព្រះអង្គ ព្រោះព្រះអង្គបានធ្វើនូវទីបំផុតនៃទុក្ខ។ ព្រះអត្ថទស្សី មានយសធំ ជាលោកនាយក ទ្រង់ជ្រាបសេចក្តីត្រិះរិះរបស់ខ្ញុំហើយ ក៏ឡើងគង់លើខ្នងរបស់ខ្ញុំ។ វេលាណា ខ្ញុំរលឹកឃើញនូវខ្លួន វេលាណា ខ្ញុំដល់នូវភាពដឹងក្តីហើយ វេលានោះ ខ្ញុំមិនមានសេចក្តីសុខបែបនោះសោះឡើយ ដូចជាផ្ទៃនៃបាតជើង (ដែលត្រូវបន្លា) មុត។ ព្រះសម្ពុទ្ធ ព្រះនាមអត្ថទស្សី មានយសធំ ទ្រង់ឆ្លងដល់ត្រើយហើយ ព្រះអង្គឋិតនៅទៀបឆ្នេរស្ទឹង ហើយទ្រង់ត្រាស់នូវព្រះគាថានេះថា
ចិត្តប្រព្រឹត្តទៅដរាបណា តថាគតឆ្លងនូវក្រសែនៃសេចក្តីសង្ស័យបាន ដរាបនោះ ចំណែកអណ្តើកនេះ នឹងបានកើតជាសេ្តចមានបុណ្យ ព្រោះបានចម្លងនូវតថាគត។ អណ្តើកនេះ នឹងត្រេកអរក្នុងទេវលោក អស់ ១.៨០០ កប្ប ដោយការចម្លងព្រះពុទ្ធនេះផង ដោយមេត្តាចិត្តដែលប្រព្រឹត្តទៅនេះផង។ លុះច្យុតចាកទេវលោក មកក្នុងលោកនេះ ត្រូវកុសលមូលដាស់តឿនហើយ នឹងអង្គុយនៅលើអាសនៈតែមួយ ហើយឆ្លងនូវក្រសែនៃសេចក្តីសង្ស័យបាន។
ពូជសូម្បីមានប្រមាណតិច ដែលបុគ្គលព្រោះហើយក្នុងស្រែដ៏ល្អ កាលភ្លៀងញុំាងធារទឹកឲ្យធ្លាក់ចុះដោយល្អ ផលរមែងញុំាងអ្នកស្រែឲ្យត្រេកអរបាន ដូចម្តេចមិញ។ ពុទ្ធខេត្រនេះ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងហើយ រមែងញុំាងធារគឺផល ឲ្យធ្លាក់ចុះដោយប្រពៃ ផលនឹងញុំាងខ្ញុំឲ្យត្រេកអរបាន ក៏យ៉ាងនោះដែរ។ ខ្ញុំជាអ្នកមានចិត្តបញ្ជូនទៅកាន់សេចក្តីព្យាយាម ហើយជាអ្នកស្ងប់រម្ងាប់ មិនមានឧបធិក្កិលេស បានកំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ។ ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំធ្វើកុសលកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការចម្លងព្រះសម្ពុទ្ធ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតរណិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តរណិយត្ថេរាបទាន។
(៩. ធម្មរុចិយត្ថេរអបទានំ)
[៧៩] កាលណាព្រះជិនសិរីសម្ពុទ្ធជាម្ចាស់ ព្រះនាមទីបង្ករៈ ទ្រង់ព្យាករណ៍នូវព្រះសុមេធតាបសថា សុមេធតាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងអបរិមេយ្យកប្ប (កប្បរាប់មិនបាន) អំពីកប្បនេះ។ ព្រះមាតាបង្កើតនៃព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ សុមេធតាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតមៈ។ សុមេធតាបសនេះ តំកល់ទុកនូវសេចក្តីព្យាយាមហើយ ធ្វើនូវទុក្ករកិរិយា នឹងបានត្រាស់ដឹងជាព្រះសម្ពុទ្ធ មានយសធំ ក្រោមម្លប់នៃអស្សត្ថព្រឹក្ស។ ភិក្ខុឈ្មោះឧបតិស្សៈ ១ ឈ្មោះកោលិតៈ ១ នឹងបានជាសាវ័កដ៏ប្រសើរ ភិក្ខុជាអ្នកឧបដ្ឋាកមាននាមថា អាន្ទន នឹងបម្រើនូវព្រះជិនស្រីអង្គនេះ។ ភិក្ខុនីឈ្មោះខេមា ១ ឈ្មោះឧប្បលវណ្ណា ១ នឹងបានជាសាវិកាដ៏ប្រសើរ គហបតីឈ្មោះចិត្តៈ ១ ឈ្មោះអាឡវកៈ ១ នឹងបានជាឧបាសកដ៏ប្រសើរ។ នាងខុជ្ជុត្តរា ១ នាងនន្ទមាតា ១ នឹងបានជាឧបាសិកាដ៏ប្រសើរ ដើមឈើសម្រាប់ត្រាស់ដឹងនៃអ្នកប្រាជ្ញអង្គនេះ គេហៅថា អស្សត្ថព្រឹក្ស។
ពួកមនុស្ស និងទេវតា បានឮព្រះពុទ្ធដីកានេះ នៃព្រះពុទ្ធជាបុគ្គលស្វែងរកនូវគុណដ៏ធំ ឥតមានបុគ្គលណាសើ្ម ក៏មានចិត្តរីករាយ នាំគ្នាធ្វើអញ្ជលីនមស្ការ។ បពិត្រព្រះមហាមុនី កាលនោះ ខ្ញុំជាមាណព ឈ្មោះមេឃៈ អ្នកសិក្សាប្រពៃ បានឮពាក្យព្យាករណ៍ដ៏ប្រសើរនៃសុមេធតាបស។ ខ្ញុំស្និទ្ធស្នាលនឹងសុមេធតាបស មានករុណាជាលំនៅ ខ្ញុំក៏បានបួសតាមតាបស ជាអ្នកមានព្យាយាម ដែលទ្រង់ផ្នួសនោះ។ ខ្ញុំសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង មានអាជីវៈដ៏បរិសុទ្ធ មានសតិ ជាអ្នកប្រាជ្ញ ជាអ្នកធ្វើតាមពាក្យប្រដៅនៃព្រះជិនស្រី។ កាលខ្ញុំនៅជាមួយនឹងបាបមិត្តណាមួយ យ៉ាងនេះ ក៏បានប្រកបក្នុងអនាចារ ហើយឃ្លាតចាកផ្លូវដ៏ល្អ។ ខ្ញុំជាអ្នកលុះក្នុងអំណាចវិតក្កៈ បានចៀសចេញអំពីសាសនា វេលាក្រោយមក ខ្ញុំបានប្រកបដោយបាបមិត្តអាក្រក់នោះទៀត ក៏ប្រព្រឹត្តធ្វើនូវមាតុឃាត។ ខ្ញុំមានចិត្តប្រទូស្ត បានធ្វើអនន្តរិយកម្ម គឺសម្លាប់មាតា ខ្ញុំច្យុតអំពីអត្តភាពនោះ បានទៅកើតក្នុងមហាអវីចិនរកដ៏អាក្រក់ក្រៃពេក។ ខ្ញុំទៅកើតក្នុងអសុរកាយ ដល់នូវសេចក្តីទុក្ខ អន្ទោលទៅអស់កាលជាយូរអង្វែង លែងបានឃើញព្រះសុមេធតាបស ជាអ្នកប្រាជ្ញប្រសើរជាងជន។ ក្នុងកប្បនេះ ខ្ញុំបានកើតជាត្រីសមុទ្រ ឈ្មោះតិមិង្គលៈ បានឃើញសំពៅក្នុងសាគរ ក៏ចូលទៅជិតដើម្បអាហារ។ ពាណិជទាំងឡាយ បានឃើញខ្ញុំហើយ ក៏មានសេចក្តីភិតភ័យ បាននាំគ្នារំលឹកគុណនៃព្រះពុទ្ធដ៏ប្រសើរថា គោតមៈៗ ដូច្នេះ ខ្ញុំក៏បានឮសំឡេងគឹកកងខ្លាំង ដែលពួកពាណិជទាំងនោះពោលហើយ។ ខ្ញុំរលឹកឃើញនូវសញ្ញាអំពីដើម តអំពីនោះមក ខ្ញុំធ្វើនូវមរណកាល បានទៅកើតក្នុងកំណើតនៃព្រាហ្មណ៍ ជាត្រកូលស្តុកស្តម្ភក្នុងក្រុងសាវត្ថី។ ខ្ញុំមានឈ្មោះធម្មរុចិ ជាអ្នកខ្ពើមរអើមនូវបាបទាំងពួង មានអាយុ ៧ ឆ្នាំរាប់អំពីកំណើត បានឃើញព្រះពុទ្ធជាពន្លឺក្នុងលោក។ ខ្ញុំបានទៅកាន់វត្តជេតពនដ៏ប្រសើរ ហើយចូលទៅកាន់ផ្នួស ចូលទៅជិតព្រះពុទ្ធ អស់វារៈ ៣ ដង រាល់យប់រាល់ថ្ងៃ។ កាលនោះ ព្រះមុនីបានទតឃើញខ្ញុំហើយ ក៏ត្រាស់ថា នែធម្មរុចិ អ្នកចូររលឹកតអំពីនោះទៅ។ ខ្ញុំបានពោលនូវបុព្វកម្ម ដែលខ្លួនខ្ញុំបានអប់រំហើយ ថ្វាយព្រះពុទ្ធជាម្ចាស់ថា
ខ្ញុំខានបានឃើញព្រះពុទ្ធ មានបុញ្ញលក្ខណៈច្រើន មានវិសុទ្ធិជាបច្ច័យក្នុងកាលមុន អស់កាលយូរហើយ ទើបតែក្នុងថ្ងៃនេះ ខ្ញុំបានឃើញព្រះកាយរបស់ព្រះអង្គ ដ៏គួររមិលមើលរកបុគ្គលប្រៀបពុំបាន។ ខ្ញុំបានតំកល់បុណ្យចំពោះព្រះអង្គអស់កាលយូរ កិលេសទាំងឡាយ ខ្ញុំបានឲ្យរីងស្ងួត មិនមានសេសសល់ ដោយការរក្សាដ៏ស្អាត បពិត្រព្រះមហាមុនី ភ្នែកគឺញាណមិនមានមន្ទិល ខ្ញុំបានជំរះហើយអស់កាលយូរ។ ខ្ញុំព្រះអង្គប្រកបជាមួយនឹងព្រះអង្គ អស់កាលដ៏យូរ មិនវិនាសក្នុងចន្លោះថ្មីទៀត អស់កាលដ៏យូរ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គប្រកបព្រមជាមួយនឹងព្រះអង្គម្តងទៀត បពិត្រព្រះគោតមៈ អំពើទាំងឡាយដែលខ្ញុំបានធ្វើ មិនវិនាសឡើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះធម្មរុចិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ធម្មរុចិត្ថេរាបទាន។
(១០. សាលមណ្ឌបិយត្ថេរអបទានំ)
[៨០] អាស្រមដ៏ល្អរបស់ខ្ញុំ គេធ្វើលយចូលទៅក្នុងព្រៃរាំង សឹងដេរដាសដោយផ្ការាំង កាលនោះ ខ្ញុំនៅក្នុងព្រៃ។ ព្រះសម្ពុទ្ធមានព្រះភាគ ព្រះនាមបិយទស្សី ជាព្រះសយម្ភូ ជាអគ្គបុគ្គល ទ្រង់ប្រាថ្នាវិវេក បានស្តេចចូលទៅក្នុងព្រៃរាំង។ ខ្ញុំបានចេញអំពីអាស្រមទៅក្នុងព្រៃ ក្នុងកាលនោះ ខ្ញុំកាលនឹងស្វែងរកនូវមើមឈើ និងផ្លែឈើ បានត្រាច់ទៅក្នុងព្រៃ។ ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ ព្រះនាមបិយទស្សីមានយសធំ ព្រះអង្គគង់ចូលនិរោធសមាបត្តិដ៏រុងរឿងក្នុងព្រៃធំនោះ។ ខ្ញុំបានតំកល់ទុកនូវឈើ ៤កំណាត់ ពីខាងលើនៃព្រះសម្ពុទ្ធ ហើយធ្វើមណ្ឌបយ៉ាងល្អ ប្រក់ដោយផ្ការាំងទាំងឡាយ។ ខ្ញុំបានទ្រទ្រង់នូវមណ្ឌប ដែលប្រក់ដោយផ្ការាំង អស់ ៧ ថ្ងៃ ហើយញុំាងចិត្តឲ្យជ្រះថ្លា ក្នុងមណ្ឌបនោះ ទាំងបានថ្វាយបង្គំនូវព្រះពុទ្ធដ៏ប្រសើរ។ សម័យនោះ ព្រះមានព្រះភាគ ជាបុរសដ៏ឧត្តម បានចេញអំពីសមាធិហើយ គង់សំឡឹងមើលទីអំពីចម្ងាយប្រមាណមួយជួរនឹម។ សាវ័កឈ្មោះវរុណៈ របស់ព្រះសាស្តា ព្រះនាមបិយទស្សី បានចូលទៅគាល់ព្រះលោកនាយក ជាមួយនឹងពួកព្រះអរហន្តមួយសែនអង្គ ជាអ្នកស្ទាត់ជំនាញ។ ឯព្រះជិនស្រីមានព្រះភាគ ព្រះនាមបិយទស្សី ជាធំក្នុងលោក ប្រសើរជាងនរៈ គង់ក្នុងកណ្តាលភិក្ខុសង្ឃ ហើយទ្រង់ធ្វើនូវការញញឹមឲ្យប្រាកដ។ ឧបដ្ឋាក ឈ្មោះអនុរុទ្ធៈ របស់ព្រះសាស្តា ព្រះនាមបិយទស្សី ធ្វើចីវរឆៀងស្មាម្ខាង ហើយទូលសួរព្រះមហាមុនីថា បពិត្រព្រះមានព្រះភាគ សភាវៈដូចម្តេចហ្ន៎ ជាហេតុនៃព្រះសាស្តាទ្រង់ធ្វើនូវការញញឹម ប្រហែលជាមានហេតុ បានជាព្រះសាស្តាទ្រង់ធ្វើនូវការញញឹម។
មាណពណា ទ្រទ្រង់នូវមណ្ឌបដែលប្រក់ហើយដោយផ្ការាំង ដល់តថាគត អស់ ៧ ថ្ងៃ តថាគតរលឹកឃើញកុសលកម្មរបស់មាណពនោះ ទើបធ្វើនូវការញញឹមឲ្យប្រាកដ។ បុណ្យណា ឲ្យផលក្នុងទេវលោក ឬក្នុងមនុស្សលោក ឬឱកាសណា មិនសមល្មម តថាគតមិនឃើញនូវបុណ្យ ឬឱកាសនោះ ដែលមិនមានឱកាសឲ្យផលនោះឡើយ។ កាលបុគ្គលនោះ ប្រកបដោយបុញ្ញកម្មហើយ នៅក្នុងទេវលោក បរិសទ្យទំាងប៉ុន្មានរបស់បុគ្គលនោះ សឹងដេរដាសដូចជាផ្ការាំង។ បុគ្គលប្រកបដោយបុញ្ញកម្មនោះ នឹងត្រេកត្រអាលដោយពួករបាំ ពួកចំរៀង ពួកដេញដំប្រគំដ៏ជាទិព្វក្នុងទេវលោកសព្វៗកាល។ បរិសទ្យទាំងប៉ុន្មាន របស់បុគ្គលនោះ សឹងមានក្លិនក្រអូប ទាំងមានភ្លៀងជាវិការៈនៃផ្ការាំង នឹងធ្លាក់ចុះក្នុងខណៈនោះឯង។ លុះបុគ្គលនេះច្យុតអំពីទេវលោកនោះ មកកើតជាមនុស្ស នឹងមកកាន់ត្រកូលមនុស្ស មណ្ឌបប្រក់ដោយផ្ការាំង ក្នុងមនុស្សលោកនេះ នឹងទ្រទ្រង់ (នូវបុគ្គលនេះ) សព្វៗកាល។ របាំក្តី ចំរៀងក្តី គ្រឿងដេញដំប្រគំក្តី នឹងចោមរោមនូវបុគ្គលនេះ អស់កាលជានិច្ច ក្នុងមនុស្សលោកនេះ នេះជាផលនៃពុទ្ធបូជា។ មួយទៀត កាលព្រះអាទិត្យរះឡើង ភ្លៀងជាវិការៈនៃផ្ការាំងនឹងធ្លាក់ចុះមក ឯភ្លៀងជាវិការៈនៃផ្ការាំងដ៏ប្រកបដោយបុញ្ញកម្ម នឹងធ្លាក់ចុះមកសព្វៗកាល។ ក្នុងកប្បទី ១.៨០០ ព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងត្រកូលឱក្កាករាជ នឹងត្រាស់ដឹងក្នុងលោក។ កុលបុត្តនេះ នឹងបានជាឱរសដែលព្រះធម៌និមិ្មត ជាអ្នកទទួលនូវមត៌កក្នុងធម៌របស់ព្រះគោតមនោះ កំណត់ដឹងអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។ កាលកុលបុត្តនោះ ត្រាស់ដឹងនូវធម៌ នឹងមានមណ្ឌបប្រក់ដោយផ្ការាំង កាលគេកំពុងបូជាលើជើងថ្ករ នឹងមានមណ្ឌបប្រក់ដោយផ្ការាំងក្នុងទីនោះ។ លុះព្រះមហាមុនី ព្រះនាមបិយទស្សី ទ្រង់ប្រកាសនូវវិបាករួចហើយ ទើបសម្តែងនូវព្រះធម៌ដល់បរិស័ទ ទ្រង់ញុំាងបរិស័ទឲ្យឆ្អែត ដោយភ្លៀងគឺព្រះធម៌។
ខ្ញុំបានសោយរាជ្យ ជាសេ្តចទេវតាក្នុងទេវលោក អស់ ៣០ កប្ប បានជាស្តេចចក្រពត្តិ អស់ ៦៧ ដង។ លុះខ្ញុំច្យុតចាកទេវលោក មកកើតក្នុងមនុស្សលោកនេះ ក៏បាននូវសេចក្តីសុខដ៏ធំទូលាយ មានទាំងមណ្ឌបដែលប្រក់ទៅដោយផ្ការាំង នេះឯងជាផលនៃមណ្ឌប។ នេះរាងកាយជាទីបំផុត ភពជាទីបំផុតរបស់ខ្ញុំ កំពុងប្រព្រឹត្តទៅ មណ្ឌបប្រក់ដោយផ្ការាំង តែងមានសព្វៗកាល ក្នុងមនុស្សលោកនេះ។ ខ្ញុំបានញុំាងព្រះមហាមុនី ព្រះនាមគោតម ព្រះអង្គប្រសើរក្នុងពួកសក្យៈ ឲ្យត្រេកអរហើយ បានដល់នូវអចលដ្ឋាន គឺព្រះនិព្វាន ខ្ញុំលះបង់នូវការឈ្នះ និងការចាញ់អស់ហើយ។ ក្នុងកប្បទី ១.៨០០ ព្រោះហេតុដែលខ្ញុំបានបូជានូវព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំធ្វើឲ្យជាក់ច្បាស់បានហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះសាលមណ្ឌបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សាលមណ្ឌបិយត្ថេរាបទាន។
ឧទ្ទាន
បង្សុកូលសញ្ញកត្ថេរាបទាន ១ ពុទ្ធសញ្ញកត្ថេរាបទាន ១ ភិសទាយកត្ថេរាបទាន ១ ញាណត្ថវិកត្ថេរាបទាន ១ ចន្ទនមាលិយត្ថេរាបទាន ១ ធាតុបូជកត្ថេរាបទាន ១ បុឡិនុប្បាទកត្ថេរាបទាន ១ តរណិយត្ថេរាបទាន ១ ធម្មរុចិត្ថេរាបទាន ១ សាលមណ្ឌបិយត្ថេរាបទាន ១ មានគាថា ២១៩។
ចប់ បង្សុកូលវគ្គ ទី៤៩។
(៥០. កិង្កណិបុប្ផវគ្គោ)
(១. តិកិង្កណិបុប្ផិយត្ថេរអបទានំ)
[៨១] ខ្ញុំបានឃើព្រះពុទ្ធ ព្រះនាមវិបសី្ស ទ្រង់មិនមានធូលី ជានាយកក្នុងលោក ព្រះអង្គគង់នៅនាចន្លោះភ្នំ ទ្រង់រុងរឿងដូចជាផ្កាកណិការ។ ខ្ញុំបានលើកយកនូវផ្កាកណ្តឹង ៣ ទង ថ្វាយព្រះសម្ពុទ្ធ លុះបូជាព្រះសម្មាសម្ពុទ្ធហើយ ខ្ញុំមានមុខបែរឆ្ពោះដើរទៅកាន់ទិសខាងត្បូង។ ដោយអំពើដែលខ្ញុំបានធ្វើហើយ ដោយល្អនោះផង ដោយចេតនាដែលខ្ញុំបានតំកល់ទុកនោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតឯឋានតាវតិ្តង្ស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះសម្ពុទ្ធក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតីណិកឹកណិបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តីណិកឹកណិបុប្ផិយត្ថេរាបទាន។
(២. បំសុកូលបូជកត្ថេរអបទានំ)
[៨២] មានភ្នំមួយឈ្មោះឧទព្វលៈ នៅជិតភ្នំហិមពាន្ត ក្នុងទីនោះ ខ្ញុំបានឃើញសំពត់បង្សុកូល ដែលគេពាក់លើចុងឈើ។ ក្នុងកាលនោះ ខ្ញុំមានចិត្តត្រេកអររីករាយ បានបេះផ្កាកណ្តឹង ៣ ទង ហើយថ្វាយចំពោះសំពត់បង្សុកូលនោះ។ ដោយអំពើដែលខ្ញុំបានធ្វើហើយ ដោយល្អនោះផង ដោយចេតនាដែលខ្ញុំបានតំកល់ទុកហើយនោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ទៅកើតឯឋានតាវត្តិង្ស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំធ្វើនូវអំពើល្អ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ ព្រោះបានបូជាទង់ជ័យព្រះអរហន្ត។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបង្សុកូលបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បង្សុកូលបូជកត្ថេរាបទាន។
(៣. កោរណ្ឌបុប្ផិយត្ថេរអបទានំ)
[៨៣] ក្នុងភពមុន ខ្ញុំបានកើតជាអ្នកធ្វើការងារក្នុងព្រៃ ចិញ្ចឹមជីវិតដោយការសម្លាប់សត្វ តាមលំអាននៃជីតា កុសលរបស់ខ្ញុំមិនមាន។ ព្រះចក្ខុមសម្ពុទ្ធ ជាព្រះលោកនាយក ព្រះនាមតិស្សៈ ទ្រង់មានព្រះអធ្យាស្រ័យសង្រ្គោះដល់ខ្ញុំ បានសម្តែងនូវស្នាមព្រះបាទា ៣ អន្លើ។ ខ្ញុំបានឃើញនូវស្នាមព្រះបាទានៃព្រះសាស្តា ព្រះនាមតិស្សៈ ដែលទ្រង់ជាន់ទុក មានចិត្តត្រេកអររីករាយ បានញុំាងចិត្តឲ្យជ្រះថ្លាក្នុងស្នាមព្រះបាទា។ ខ្ញុំបានឃើញនូវដើមកន្ទុយដំរីដុះលើផែនដីមានផ្ការីក ហើយកាច់យកផ្កាកន្ទុយដំរីនោះទាំងចង្កោម ទៅបូជាស្នាមព្រះបាទាដ៏ប្រសើរ។ ដោយអំពើដែលខ្ញុំបានធ្វើហើយដោយល្អនោះផង ដោយចេតនាដែលខ្ញុំបានតំកល់ទុកហើយនោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតឯឋានតាវត្តិង្ស។ ខ្ញុំចូលទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ក៏មានពណ៌សម្បុរដូចផ្កាកន្ទុយដំរី មានពន្លឺរស្មីល្អ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំធ្វើកុសលកម្មក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាស្នាមព្រះបាទា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកោរណ្ឌបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កោរណ្ឌបុប្ផិយត្ថេរាបទាន។
(៤. កិំសុកបុប្ផិយត្ថេរអបទានំ)
[៨៤] ខ្ញុំបានឃើញផ្កាចារីកហើយ (បេះផ្កានោះ) រួចផ្គងអញ្ជលី ប្រណម្យឡើង នឹកដល់ព្រះសម្មាសម្ពុទ្ធដ៏ប្រសើរ ហើយបានបូជាបោះផ្កានោះទៅឰដ៏អាកាស។ ដោយអំពើដែលខ្ញុំបានធ្វើដោយល្អនោះផង ដោយចេតនាដែលខ្ញុំបានតំកល់ទុកហើយនោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សទៅ ក៏បានទៅកើតឯឋានតាវត្តិង្ស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើនូវកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកឹសុកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កឹសុកបុប្ផិយត្ថេរាបទាន។
(៥. ឧបឌ្ឍទុស្សទាយកត្ថេរអបទានំ)
[៨៥] ក្នុងកាលនោះ សាវ័កនាមសុជាតៈ របស់ព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ លោកកំពុងស្វែងរកសំពត់បង្សុកូលលើគំនរសំរាមក្បែរច្រក។ ខ្ញុំជាអ្នកស៊ីឈ្នួលនៃបុគ្គលដទៃ ក្នុងនគរហង្សវតី បានប្រគេនសំពត់ពាក់កណ្តាល ហើយថ្វាយបង្គំដោយសិរ្សៈ។ ដោយអំពើដែលខ្ញុំបានធ្វើល្អនោះផង ដោយចេតនាដែលខ្ញុំបានតំកល់ទុកហើយនោះផង ខ្ញុំលះរាងកាយជារបស់មនុស្សទៅ ក៏បានទៅកើតឯឋានតាវត្តិង្ស។ ខ្ញុំបានកើតជាព្រះឥន្ទ្រ សោយរាជ្យជាស្តេចនៃទេវតា អស់ ៣៣ ដង ខ្ញុំបានកើតជាស្តេចចក្រពត្តិ អស់ ៧៧ ដង។ ខ្ញុំបានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំឥតមានភ័យអំពីទីណា តែងត្រេកអរ ព្រោះកិរិយាឲ្យនូវសំពត់ពាក់កណ្តាល។ ក្នុងថ្ងៃនេះ បើខ្ញុំប្រាថ្នាយកសំពត់ដែលកើតអំពីសម្បកឈើ មកប្រក់ព្រៃ និងភ្នំក៏សឹងបាន នេះជាផលនៃការថ្វាយនូវសំពត់ពាក់កណ្តាល។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសំពត់ពាក់កណ្តាល។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឧបឌ្ឍទុស្សទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧបឌ្ឍទុស្សទាយកត្ថេរាបទាន។
(៦. ឃតមណ្ឌទាយកត្ថេរអបទានំ)
[៨៦] ខ្ញុំបានឃើញព្រះមានព្រះភាគ ព្រះអង្គមានព្រះតម្រិះល្អ ជាធំក្នុងលោក ប្រសើរជាងនរៈ សេ្តចចូលទៅគង់ក្នុងព្រៃធំ ត្រូវអាពាធកើតអំពីខ្យល់បៀតបៀនហើយ ខ្ញុំក៏ញុំាងចិត្តឲ្យជ្រះថ្លា បាននាំយកទឹកដោះថ្លា ចូលទៅថ្វាយព្រះអង្គ។ ព្រោះតែកុសលដែលខ្ញុំបានធ្វើហើយ បានសន្សំហើយ ស្ទឹងគង្គាភាគីរសីនេះ និងមហាសមុទ្រទាំង ៤ ប្រែទៅជាទឹកដោះថ្លាសម្រាប់ខ្ញុំ។ ផែនដីនេះជាវត្ថុដ៏ធំ មានប្រមាណមិនបាន រាប់មិនបាន។ ផែនដីនោះទៅជាស្ករក្រោម មានរសផ្អែមឆ្ងាញ់ ព្រោះដឹងនូវសេចក្តីត្រិះរិះរបស់ខ្ញុំ ដើមឈើទាំងឡាយនេះ ដុះលើផែនដី ឋិតនៅក្នុងទិសទាំង ៤ ដើមឈើទាំងនោះ កើតទៅជាដើមកល្បព្រឹក្ស ព្រោះដឹងនូវសេចក្តីត្រិះរិះរបស់ខ្ញុំ។ ខ្ញុំជាធំជាងទេវតា បានសោយរាជ្យជាស្តេចនៃទេវតា អស់ ៥០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៥១ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទឹកដោះថ្លា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឃតមណ្ឌទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឃតមណ្ឌទាយកត្ថេរាបទាន។
(៧. ឧទកទាយកត្ថេរអបទានំ)
[៨៧] ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តត្រេកអរ បានថ្វាយទឹកមួយក្អម ចំពោះភិក្ខុសង្ឃដ៏ប្រសើរនៃព្រះបទុមុត្តរសម្ពុទ្ធ។ (ដោយកុសលកម្មនេះ) បើខ្ញុំចង់បានទឹកសម្រាប់ផឹក លើកំពូលភ្នំ លើចុងឈើ ក្នុងអាកាស ឬក្នុងផែនដី ក្នុងកាលណា ទឹកក៏កើតឡើងយ៉ាងឆាប់ដល់ខ្ញុំ ក្នុងកាលនោះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃឧទកទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឧទកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧទកទាយកត្ថេរាបទាន។
(៨. បុលិនថូបិយត្ថេរអបទានំ)
[៨៨] ក្នុងទីជិតនៃព្រៃហេមពាន្ត មានភ្នំមួយឈ្មោះយមកៈ អាស្រមខ្ញុំបានធ្វើហើយ បណ្ណសាលា ក៏ខ្ញុំបានសាងល្អហើយ ក្បែរជើងភ្នំនោះ។ ខ្ញុំជាជដិល ឈ្មោះនារទៈ ជាអ្នកមានព្យាយាមខ្ពង់ខ្ពស់ សិស្ស ១៤.០០០ តែងបម្រើខ្ញុំសព្វវេលា។ ខ្ញុំជាអ្នកចូលចិត្តសេចក្តីស្ងប់ស្ងាត់ មានចិត្តស្ងប់រម្ងាប់ ក្នុងកាលនោះ ខ្ញុំគិតយ៉ាងនេះថា មហាជនតែងបូជាអាត្មាអញៗ មិនបានបូជាអ្នកណាមួយ។ ជនអ្នកឲ្យឱវាទដល់អាត្មាអញមិនមាន ជនអ្នកស្តីថាណាម្នាក់ ក៏មិនមាន អាត្មាអញមិនមានអាចារ្យ និងឧបជ្ឈាយ៍ អាត្មាអញសម្រេចការនៅក្នុងព្រៃ។ អាត្មាអញចូលទៅបម្រើបុគ្គលណាដែលមានចិត្តធ្ងន់ បុគ្គលនោះ ជាអាចារ្យរបស់អាត្មាអញមិនមាន ការនៅក្នុងព្រៃ ឈ្មោះថាឥតប្រយោជន៍។ អាត្មាអញគប្បីស្វែងរកគ្រូដែលគួរបូជា និងគ្រូដែលគួរសរសើរ អាត្មាអញ នឹងនៅជាមួយបុគ្គលគួរជាទីពឹងអាស្រ័យបាននោះ ទើបបុគ្គលណាមួយ នឹងមិនតិះដៀលអាត្មាអញឡើយ។ សឹ្ទងមានច្រាំងរាក់ មានកំពង់ល្អ ជាទីរីករាយនៃចិត្ត ដេរដាសដោយផ្នូកខ្សាច់សសុទ្ធ តាំងនៅជិតអាស្រមរបស់ខ្ញុំ។ កាលនោះ ខ្ញុំបានដើរចូលទៅរកស្ទឹងឈ្មោះអមរិកៈ ហើយប្រមូលយកផ្នូកខ្សាច់ មកធ្វើជាបុឡិនចេតិយ (ចេតិយខ្សាច់)។ ព្រះសម្ពុទ្ធទាំងឡាយអង្គណា ទ្រង់ធ្វើនូវទីបំផុតនៃភព ជាអ្នកប្រាជ្ញ ព្រះស្តូបនៃព្រះសម្ពុទ្ធទាំងឡាយនោះ ក៏ប្រាកដដូច្នោះ ខ្ញុំធ្វើនូវព្រះស្តូបនោះឲ្យជានិមិត្ត។ លុះខ្ញុំធ្វើរួចហើយ ខ្ញុំបានសាងនូវព្រះស្តូប ជាវិការៈនៃមាសលើផ្នូកខ្សាច់ ខ្ញុំបានបូជានូវផ្កាកណ្តឹងមាស អស់ ៣ ពាន់។ ខ្ញុំមានបីតិកើតហើយ ធ្វើនូវអញ្ជលីនមស្ការ រាល់ល្ងាចព្រឹក ថ្វាយបង្គំចេតិយផ្នូកខ្សាច់ ហាក់ដូចជាថ្វាយបង្គំនូវព្រះសម្ពុទ្ធ ក្នុងទីចំពោះព្រះភក្រ្ត។ កាលណាកិលេសទាំងឡាយកើតឡើង វិតក្កៈទាំងឡាយដែលអាស្រ័យនូវផ្ទះ គឺកាមគុណ (កើតឡើង ក្នុងកាលនោះ) ខ្ញុំរលឹកដល់ព្រះស្តូបដែលខ្ញុំធ្វើល្អហើយ ខ្ញុំពិចារណាឃើញច្បាស់ ក្នុងខណៈនោះឯង។ ខ្ញុំបានចូលទៅរកព្រះស្តូបនៃព្រះលោកនាយក ទ្រង់ដឹកនាំសត្វ ដូចពួកឈ្នួញ ហើយទូន្មានខ្លួនថា នែអ្នកនិរទុក្ខ បើអ្នកហ៊ានបិទបាំងកិលេស ការដែលអ្នកបិទបាំងកិលេសនេះ ជាអំពើមិនគួរដល់អ្នកទេ។ កាលណាខ្ញុំរំពឹងនឹកព្រះស្តូប ឈ្មោះថា ខ្ញុំមានសេចក្តីគោរព ក្នុងកាលនោះ ខ្ញុំបានបន្ទោបង់នូវវិតក្កៈអាក្រក់ ដូចដំរីដ៏ប្រសើរដែលត្រូវគេចាក់ដោយកង្វេរ។ មច្ទុរាជតែងញំាញីខ្ញុំកាលនៅយ៉ាងនេះ លុះខ្ញុំធ្វើមរណកាលក្នុងទីនោះ បានទៅកើតឯព្រហ្មលោក។ ខ្ញុំនៅក្នុងព្រហ្មលោក ដរាបដល់អស់អាយុ ហើយថយមកកើតក្នុងឋានត្រៃត្រិង្ស បានជាធំជាងទេវតា សោយរាជ្យក្នុងទេវលោក អស់ ៨០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៣០០ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់។ ខ្ញុំបានសោយនូវផលនៃផ្កាកណ្តឹងមាសទាំងនោះ ជន ២ ម៉ឺន ២ ពាន់ តែងចោមរោមខ្ញុំក្នុងភព។ព្រោះខ្ញុំបានសាងព្រះស្តូប លំអងធូលីមិនប្រឡាក់កាយនៃខ្ញុំ ញើសទាំងឡាយក្នុងខ្លួនមិនហូរចេញ ខ្ញុំមានពន្លឺល្អ។ ឱ! ព្រះស្តូប ខ្ញុំបានធ្វើល្អហើយ ស្ទឹងឈ្មោះអមរិកៈ ខ្ញុំបានឃើញល្អហើយ ព្រោះខ្ញុំបានធ្វើព្រះស្តូបខ្សាច់ ទើបបានសម្រេចនូវព្រះនិព្វាន ជាធម្មជាតមិនកម្រើក។ សត្វមានសេចក្តីប្រាថ្នា ធ្វើកុសល ជាអ្នកប្រកាន់នូវធម៌មានខ្លឹម មិនចាំបាច់មានទីជាស្រែ ឬទីមិនជាស្រែឡើយ ស្រេចហើយត្រឹមតែសេចក្តីប្រតិបត្តិជាគុណមានខ្លឹម។ បុរសមានកម្លាំង អាចឆ្លងសមុទ្រ ស្ទុះទៅក្នុងមហាសមុទ្របាន ព្រោះកាន់កំណាត់ឈើតូច។ ខ្ញុំឆ្លងសមុទ្រធំ ព្រោះអាស្រ័យកំណាត់ឈើនេះ នរជនគប្បីឆ្លងសមុទ្រដោយសេចក្តីព្យាយាមប្រឹងប្រែង មានឧបមាយ៉ាងណា។ អំពើណា ទោះតិចតួចក្តី ថោកទាបក្តី ដែលខ្ញុំធ្វើហើយ ខ្ញុំបានឆ្លងសង្សារ ព្រោះអាស្រ័យអំពើនោះ ក៏មានឧបមេយ្យយ៉ាងនោះឯង។ លុះដល់បច្ឆិមភព ខ្ញុំត្រូវកុសលមូលដាស់តឿន បានកើតក្នុងត្រកូលមហាសាល ដែលស្តុកស្តម្ភល្អ ក្នុងក្រុងសាវត្ថី។ មាតាបិតារបស់ខ្ញុំ មានសទ្ធា បានយកព្រះពុទ្ធជាទីពឹង ជនទាំងពីរនាក់នោះ ក៏អនុវត្តតាមពុទ្ធសាសនា។ ពួកជនបានកាន់យកក្រមរពោធិ ទៅធ្វើព្រះស្តូបជាវិការៈនៃមាស តែងនមស្ការចំពោះព្រះភក្រ្តព្រះសក្យបុត្ត រាល់ល្ងាចព្រឹក។ ក្នុងថ្ងៃឧបោសថ ពួកជននាំយកព្រះស្តូបមាស ហើយពោលសរសើរគុណព្រះពុទ្ធ ញុំាងកាល មានយាម ៣ ឲ្យកន្លងទៅ។ លុះខ្ញុំបានឃើញព្រះស្តូបហើយ ក៏រលឹកឃើញនូវចេតិយផ្នូកខ្សាច់ អង្គុយលើអាសនៈមួយ ក៏បានដល់អរហត្ត។
ចប់ ភាណវារៈ ទី២២។
កាលខ្ញុំស្វែងរកអ្នកប្រាជ្ញ បានចួបព្រះធម្មសេនាបតីនោះ ក៏ចេញចាកផ្ទះ ទៅបួសក្នុងសំណាក់លោក។ ខ្ញុំក៏បានសម្រេចអរហត្ត ក្នុងអាយុ ៧ ឆ្នាំ រាប់អំពីកំណើតមក ព្រះពុទ្ធមានចក្ខុ ទ្រង់ជា្របនូវគុណ បានឲ្យឧបសម្បទាដល់ខ្ញុំ។ កាលខ្ញុំនៅជាទារក បានសម្រេចកិច្ចហើយ សោឡសកិច្ចក្នុងសាសនានៃព្រះសក្យបុត្ត ខ្ញុំធ្វើរួចហើយក្នុងថ្ងៃនេះ។ បពិត្រព្រះមហាវីរៈ ខ្ញុំកន្លងពៀរ និងភ័យទាំងពួងហើយ កន្លងកិលេសជាគ្រឿងចំពាក់ទាំងពួងហើយ ជាអ្នកស្វែងរកគុណ ជាសាវ័ករបស់ព្រះអង្គ នេះជាផលនៃព្រះស្តូបមាស។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបុឡិនថូបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បុឡិនថូបិយត្ថេរាបទាន។
(៩. នឡកុដិទាយកត្ថេរអបទានំ)
[៨៩] ក្នុងទីមិនឆ្ងាយអំពីព្រៃហេមពាន្ត មានភ្នំមួយឈ្មោះហារិកៈ កាលនោះ ព្រះសយម្ភូសម្ពុទ្ធ ព្រះនាមនារទៈ គង់នៅទៀបគល់ឈើជិតភ្នំនោះ។ ខ្ញុំបានធ្វើផ្ទះបបុស បិទបាំងដោយស្មៅ ជម្រះទីចង្រ្កមថ្វាយដល់ព្រះសយម្ភូសម្ពុទ្ធ។ ដោយអំពើដែលខ្ញុំធ្វើល្អហើយនោះផង ដោយការតំកល់ចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ ប្រាសាទរបស់ខ្ញុំ ដែលកុសលកម្មធ្វើល្អហើយ ក្នុងឋានតាវត្តិង្សនោះ គឺកុសលកម្មនិមិ្មតធ្វើជាខ្ទមបបុស មានកំពស់ ៦០ យោជន៍ ទទឹង ៣០ យោជន៍។ ខ្ញុំរីករាយក្នុងទេវលោក អស់ ១៤ កប្ប បានសោយរាជ្យក្នុងទេវលោក អស់ ៧១ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៣៤ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់។ ខ្ញុំបានឡើងកាន់ធម្មប្រាសាទ ឧបមាដូចផ្ទះស្ងាត់ដ៏ប្រសើរ ហើយសម្រេចសម្រាន្តតាមសមគួរ ក្នុងសាសនានៃព្រះសក្យបុត្ត។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃខ្ទមបបុស។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះនឡកុដិកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នឡកុដិកទាយកត្ថេរាបទាន។
(១០. បិយាលផលទាយកត្ថេរអបទានំ)
[៩០] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ កាលនោះ ខ្ញុំបានត្រាច់ទៅក្នុងព្រៃធំ បានឃើញព្រះសម្ពុទ្ធ ព្រះអង្គមិនមានធូលីគឺកិលេស ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង។ ខ្ញុំមានចិត្តជ្រះថ្លា បានយកផ្លែទ្រយឹង មកថ្វាយព្រះពុទ្ធដ៏ប្រសើរជាបុញ្ញកេ្ខត្ត ព្រះអង្គមានព្យាយាម ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែទ្រយឹង ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបិយាលផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បិយាលផលទាយកត្ថេរាបទាន។
ឧទ្ទាន
កឹកណិបុប្ផិយត្ថេរាបទាន ១ បំសុកូលបូជកត្ថេរាបទាន ១ កោរណ្ឌបុប្ផិយត្ថេរាបទាន ១ កឹសុកបុប្ផិយត្ថេរាបទាន ១ ឧបឌ្ឍទុស្សទាយកត្ថេរាបទាន ១ ឃតមណ្ឌទាយកត្ថេរាបទាន ១ ឧទកទាយកត្ថេរាបទាន ១ បុឡិនថូបិយត្ថេរាបទាន ១ នឡកុដិកទាយកត្ថេរាបទាន ជាគម្រប់ ៩ បិយាលផលទាយកត្ថេរាបទាន ១ ឯគាថាមានចំនួន ១០១ និងលើសពីនោះ ៩ គាថាទៀត។
ចប់ កឹកណិបុប្ផវគ្គ ទី៥០។
មួយទៀត ឧទ្ទាននៃវគ្គ
មេត្តេយ្យវគ្គ ១ ភទ្ទាលិវគ្គ ១ សកឹសម្មជ្ជកវគ្គ ១ ឯកវិហារិវគ្គ ១ វិភេទកវគ្គ ១ ជគតិវគ្គ ១ សាលបុប្ផិយវគ្គ ១។ នឡមាលិវគ្គ ១ បំសុកូលវគ្គ ១ កឹកណិបុប្ផិវគ្គ ១ ឯគាថាមានចំនួន ១.៤៨២ គាថា។
ចប់ មេត្តេយ្យវគ្គទសកៈ ប្រមាណនៃរយ ទី៥។
(៥១. កណិការវគ្គោ)
(១. តិកណិការបុប្ផិយត្ថេរអបទានំ)
[៩១] ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ មានព្រះលក្ខណៈ ៣២ ដ៏ប្រសើរ មានសេចក្តីប្រាថ្នាក្នុងការស្ងប់ស្ងាត់ ទ្រង់ត្រាស់ដឹងដោយប្រពៃ បានស្តេចចូលទៅក្នុងព្រៃហិមពាន្ត។ ព្រះមហាមុនី ទ្រង់ជាចំបង ជាបុរសខ្ពង់ខ្ពស់ ប្រកបដោយសេចក្តីករុណា ស្តេចចុះកាន់ព្រៃហិមពាន្ត ហើយទ្រង់គង់ផ្គត់ព្រះភ្នែន។ កាលនោះ ខ្ញុំកើតជាពិធ្យាធរ ជាអ្នកត្រាច់ទៅក្នុងអាកាស កាន់ច្បូកដែលធ្វើល្អហើយ បានហោះទៅឰដ៏អាកាស ក្នុងកាលនោះ។ ព្រះសម្ពុទ្ធព្រះអង្គភ្លឺរុងរឿងក្នុងព្រៃ ដូចភ្លើងលើកំពូលភ្នំ ឬដូចព្រះចន្ទពេញបូណ៌មី ពុំនោះសោត ដូចសេ្តចឈើដែលមានផ្ការីកស្គុះស្គាយ។ ខ្ញុំចេញអំពីព្រៃ បានឃើញរស្មីព្រះពុទ្ធ ដែលផ្សាយចេញ ដូចពណ៌ភ្លើងដែលឆេះបបុស ហើយក៏ញុំាងចិត្តឲ្យជ្រះថ្លា។ ខ្ញុំកំពុងតែជ្រើសរើសផ្កា ក៏បានឃើញផ្កាកណិការ មានក្លិនក្រអូបដូចក្លិនទិព្យ ហើយបាននាំយកផ្កា ៣ ទងទៅបូជាព្រះសម្ពុទ្ធដ៏ប្រសើរ។ ដោយអានុភាពនៃព្រះពុទ្ធ ផ្កាទាំង ៣ ទងរបស់ខ្ញុំ ក្នុងកាលនោះ មានទងឡើងលើ មានត្របកចុះក្រោម ធ្វើជាម្លប់បាំងថ្វាយព្រះសាស្តា។ ដោយអំពើដែលធ្វើល្អនោះផង ដោយការតំកល់ចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវតិ្តង្ស។ វិមានដែលកុសលសាងសំរាប់ខ្ញុំ ក្នុងទីនោះ មានកំពស់ ៦០យោជន៍ ទទឹង ៣០ យោជន៍ ពួកទេវតាតែងស្គាល់ថា កណិការវិមាន។ ប្រាសាទមានកំពង់មួយពាន់សន្ទុះប្រួញ មានជាន់ ៧ បរិបូណ៌ដោយទង ជាវិការៈនៃកែវមណីមានពណ៌ខៀវ ផ្ទះមានកំពូលមួយសែន មានប្រាកដក្នុងវិមានរបស់ខ្ញុំ។ បល្ល័ង្កជាវិការៈនៃមាសក៏មាន ជាវិការៈនៃកែវមណីក៏មាន ជាវិការៈនៃកែវទទឹមក៏មាន ជាវិការៈនៃកែវផលិកក៏មាន គួរតាមប្រាថ្នា គួរតាមបំណង។ មួយទៀត ទីដេកមានដំឡៃច្រើន ដែលញាត់ដោយគរ ធ្វើដោយរោមសត្វ វិចិត្រដោយរោមសត្វ មានរោមសត្វសីហៈ និងខ្លាធំជាដើម ធ្វើដោយរោមសត្វ មានរោមច្រាងឡើងតែម្ខាង ជាកម្រាលសមគួរដល់ខ្នើយ។ កាលណាខ្ញុំចេញអំពីលំនៅ ហើយត្រេចទៅកាន់ទេវចារិក ប្រាថ្នានឹងទៅ តែងមានពួកទេវតាចោមរោម។ ខ្ញុំឋិតនៅខាងក្រោមផ្កា ផ្កាប្រក់ខាងលើខ្ញុំ ទីមួយរយយោជន៍ជុំវិញ សុទ្ធសឹងបិទបាំងដោយផ្កាកណិការ។ តូរ្យតន្រ្តី ៦ ម៉ឺន មកបម្រើខ្ញុំរាល់ល្ងាចព្រឹក ជាអ្នកមិនខ្ជិលច្រអូសទាំងយប់ទាំងថ្ងៃ តែងចោមរោមខ្ញុំជានិច្ច។ ខ្ញុំត្រេកអរដោយរបាំ ចំរៀង គ្រឿងដេញដំ និងគ្រឿងប្រគំ ក្នុងវិមាននោះ ខ្ញុំមានសេចក្តីប្រាថ្នាក្នុងកាម តែងរីករាយក្នុងតម្រេកនៃល្បែង។ ខ្ញុំបរិភោគក្តី ផឹកក្តី ក្នុងទីនោះ តែងរីករាយក្នុងឋានត្រៃត្រឹង្ស ក្នុងកាលនោះ ខ្ញុំប្រកបដោយពួកនារី រីករាយក្នុងវិមានដ៏ឧត្តម។ ខ្ញុំសោយរាជ្យក្នុងឋានទេវលោក អស់ ៥០០ ដង បានជាស្តេចចក្រពត្តិ អស់ ៣០០ ដង។ សោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ ខ្ញុំកាលអន្ទោលទៅក្នុងភពតូចភពធំ តែងបាននូវភោគសម្បត្តិច្រើន។ ខ្ញុំមិនមានសេចក្តីខ្វះខាត ដោយភោគសម្បត្តិ នេះជាផលនៃពុទ្ធបូជា ខ្ញុំតែងអន្ទោលទៅក្នុងភពពីរ គឺទេវតា និងមនុស្ស។ ខ្ញុំមិនដែលស្គាល់គតិដទៃទេ នេះជាផលនៃពុទ្ធបូជា ខ្ញុំតែងកើតក្នុងត្រកូល ២ គឺត្រកូលក្សត្រ និងត្រកូលព្រាហ្មណ៍។ ខ្ញុំមិនកើតក្នុងត្រកូលទាប នេះជាផលនៃពុទ្ធបូជា ខ្ញុំតែងបាននូវយានទាំងអស់នេះ គឺយានដំរី យានសេះ ព្រះសាលៀង រថទ្រង់គ្រឿង នេះជាផលនៃពុទ្ធបូជា។ ខ្ញុំតែងបាននូវរបស់ទាំងអស់នេះ គឺខ្ញុំស្រី ខ្ញុំប្រុស នារីដែលមានគ្រឿងតាក់តែងសមរម្យ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំតែងបាននូវសំពត់ទាំងអស់នេះ គឺសំពត់កោសេយ្យពស្រ្ត សំពត់កម្ពល សំពត់ខោមពស្រ្ត និងសំពត់កប្បាសិកពស្រ្ត នេះជាផលនៃពុទ្ធបូជា។ ខ្ញុំតែងបាននូវវត្ថុទាំងអស់នេះគឺ សំពត់ថ្មី ផ្លែឈើថ្មី ភោជនមានរសដ៏ប្រសើរថ្មី នេះជាផលនៃពុទ្ធបូជា។ ខ្ញុំតែងបាននូវពាក្យពីរោះទាំងអស់នេះថា សូមអ្នកពិសានូវភោជនទាំងនេះ សូមបរិភោគភោជនទាំងនេះ សូមសម្រាន្តលើដំណេកនេះ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំមានគេបូជាក្នុងទីទាំងពួង យស (កេរ្តិ៍ឈ្មោះ) របស់ខ្ញុំខ្ចរខ្ចាយទៅក្នុងទិសទាំងពួង។ ខ្ញុំមានសក្តិធំសព្វកាល មានបរិស័ទមិនបែកបាក់សព្វកាល ខ្ញុំជាបុរសឧត្តមជាងពួកញាតិ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំមិនដែលស្គាល់ត្រជាក់ និងក្តៅ ឯសេចក្តីក្តៅក្រហាយក៏មិនមាន ទាំងសេចក្តីទុក្ខព្រួយក្នុងចិក្តក៏មិនមាន ក្នុងហឫទ័យរបស់ខ្ញុំ។ ខ្ញុំជាអ្នកមានសម្បុរដូចមាស តែងអន្ទោលទៅក្នុងភពតូចភពធំ ខ្ញុំមិនដែលស្គាល់ភាពពណ៌អាក្រក់ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន បានមកកើតក្នុងបុរីសាវត្ថី ក្នុងត្រកូលមហាសាល ជាត្រកូលស្តុកស្តម្ភមាំមួន។ ខ្ញុំលះបង់កាមគុណទាំង ៥ ហើយ ចូលទៅកាន់ផ្នួស ខ្ញុំមានអាយុ ៧ ឆ្នាំ រាប់អំពីកំណើតមក បានដល់អរហត្ត។ ព្រះសម្ពុទ្ធទ្រង់មានចក្ខុ ជ្រាបច្បាស់នូវគុណរបស់ខ្ញុំ បានឲ្យឧបសម្បទាដល់ខ្ញុំ ខ្ញុំជាមនុស្សកម្លោះ គួរដល់ការបូជា នេះជាផលនៃពុទ្ធបូជា។ ចក្ខុរបស់ខ្ញុំដ៏បរិសុទ្ធដូចជាទិព្យ ខ្ញុំជាអ្នកឈ្លាសវៃក្នុងសមាធិ ដល់នូវត្រើយនៃអភិញ្ញា នេះជាផលនៃពុទ្ធបូជា បដិសម្ភិទា ខ្ញុំបានសម្រេចដោយលំដាប់ ខ្ញុំជាអ្នកឈ្លាសវៃក្នុងឥទ្ធិបាទ បានដល់ត្រើយក្នុងព្រះសទ្ធម្ម នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៣ ម៉ឺន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះសម្ពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតីណិកណិការបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តីណិកណិការបុប្ផិយត្ថេរាបទាន។
(២. ឯកបត្តទាយកត្ថេរអបទានំ)
[៩២] ខ្ញុំកើតជាស្មូនឆ្នាំង ក្នុងនគរហង្សវតី ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលីគឺកិលេស ទ្រង់ឆ្លងជំនន់គឺកិលេស មិនមានអាសវៈ។ ខ្ញុំបានថ្វាយបាត្រដី ដែលខ្ញុំធ្វើល្អហើយ ដល់ព្រះពុទ្ធដ៏ប្រសើរ ខ្ញុំថ្វាយបាត្រដល់ព្រះមានបុណ្យ មានព្រះហឫទ័យទៀងត្រង់ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ខ្ញុំកាលកើតក្នុងភព តែងបានថាសមាសផង ថាសមាសក្រឡៃប្រាក់ផង ចានជាវិការនៃកែវមណីផង។ ខ្ញុំតែងបរិភោគដោយភាជន៍ នេះជាផលនៃបុញ្ញកម្ម ខ្ញុំជាអ្នកប្រសើរដោយយសបរិវារជាងជនទាំងឡាយ។ ពូជសូម្បីបន្តិចបន្តួច ដែលគេសាបព្រោះក្នុងស្រែដ៏ល្អ កាលបើមេឃបង្អោរធារទឹកដោយប្រពៃ ផ្លៃស្រូវរមែងញុំាងអ្នកស្រែឲ្យត្រេកអរយ៉ាងណាមិញ។ បត្តទាននេះ ដែលខ្ញុំសាបព្រោះក្នុងស្រែគឺព្រះពុទ្ធ ធារទឹកគឺបីតិ បង្អោរចុះមក ផលរមែងធ្វើឲ្យខ្ញុំត្រេកអរ ក៏យ៉ាងនោះដែរ។ ស្រែទាំងប៉ុន្មានណា គឺព្រះសង្ឃក្តី គណៈក្តី ស្រែទាំងនោះ ស្មើដោយស្រែគឺព្រះពុទ្ធ មិនមានឡើយ ព្រោះស្រែគឺព្រះពុទ្ធ អាចឲ្យសេចក្តីសុខដល់សត្វទាំងពួង។ បពិត្របុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមថ្វាយបង្គំព្រះអង្គ ខ្ញុំបានថ្វាយបាត្រមួយ ហើយបានសម្រេចព្រះនិព្វាន ជាគុណជាតមិនកម្រើក។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបាត្រ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបត្តទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឯកបត្តទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឯកបត្តទាយកត្ថេរាបទាន។
(៣. កាសុមារផលិយត្ថេរអបទានំ)
[៩៣] ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី ជាច្បងក្នុងលោក ប្រសើរជាងនរៈ រុងរឿងដូចផ្កាកណិការ ទ្រង់គង់នៅក្នុងចន្លោះភ្នំ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ធ្វើនូវអញ្ជលីលើក្បាល បានយកផ្លែស្លាទុំទៅថ្វាយព្រះពុទ្ធដ៏ប្រសើរ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែស្លា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកាសុមារិកផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កាសុមារិកផលទាយកត្ថេរាបទាន។
(៤. អវដផលិយត្ថេរអបទានំ)
[៩៤] ព្រះមានព្រះភាគ ទ្រង់មានរស្មីច្រើន ត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់ឈ្នះមារ ក្រោកចាកទីស្ងប់ស្ងាត់ ស្តេចចេញទៅដើម្បីគោចរ។ ខ្ញុំមានដៃកាន់ផ្លែឈើ ឃើញព្រះនរាសភៈ ក៏ចូលទៅជិត ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយអវដផល (ផ្លែឈើ) ដល់ព្រះអង្គ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណងដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអវដផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អវដផលិយត្ថេរាបទាន។
(៥. បាទផលិយត្ថេរអបទានំ)
[៩៥] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គួរទទួលនូវគ្រឿងបូជា កំពុងស្តេចពុទ្ធដំណើរទៅតាមច្រក ហើយបានប្រគេនចារផល (ផ្លែឈើ)។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះចារផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ចារផលិយត្ថេរាបទាន។
(៦. មាតុលុង្គផលទាយកត្ថេរអបទានំ)
[៩៦] ខ្ញុំបានឃើញនូវព្រះលោកនាយក ទ្រង់រុងរឿងដូចផ្កាកណិការ ឬដូចព្រះចន្ទ្រពេញបូណ៌មី ឬក៏ដូចឈើប្រចាំទ្វីបដ៏រុងរឿង។ ខ្ញុំមានចិត្តជ្រះថ្លា បានយកផ្លែក្រូចត្លុងទៅថ្វាយព្រះសាស្តា ជាទក្ខិណេយ្យបុគ្គល ទ្រង់មានព្យាយាម ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមាតុលុង្គផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មាតុលុង្គផលទាយកត្ថេរាបទាន។
(៧. អជេលិផលទាយកត្ថេរអបទានំ)
[៩៧] កាលនោះ ព្រះបច្ចេកសម្ពុទ្ធ ព្រះនាមអជិនៈ ទ្រង់បរិបូណ៌ដោយចរណៈ ឈ្លាសវៃក្នុងសមាធិ ជាអ្នកប្រាជ្ញ គង់នៅក្នុងព្រៃហេមពាន្ត។ ខ្ញុំបានយកផ្លែអញ្ជលិព្រឹក្សស្រស់ៗ ប្រមាណប៉ុនក្អម ទាំងយកឆត្រស្លឹក ប្រគេនដល់ព្រះសាស្តា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអជ្ជេលផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អជ្ជេលផលទាយកត្ថេរាបទាន។
(៨. អមោទផលិយត្ថេរអបទានំ)
[៩៨] ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គួរទទួលនូវគ្រឿងបូជា ដែលទ្រង់កំពុងតែស្តេចទៅតាមច្រក ហើយប្រគេនផ្លែអមោរព្រឹក្ស។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអមោរផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អមោរផលិយត្ថេរាបទាន។
(៩. តាលផលទាយកត្ថេរអបទានំ)
[៩៩] ព្រះមានព្រះភាគ ទ្រង់ព្រះនាមសតរង្សី ត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់ឈ្នះមារ ក្រោកចេញចាកទីស្ងប់ស្ងាត់ ហើយស្តេចទៅដើម្បីគោចរ។ ខ្ញុំមានដៃកាន់ផ្លែឈើ ឃើញព្រះនរាសភៈ ក៏ចូលទៅជិត ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្លែត្នោត។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតាលផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តាលផលិយត្ថេរាបទាន។
(១០. នាឡិកេរផលទាយកត្ថេរអបទានំ)
[១០០] កាលនោះ ខ្ញុំជាញោមវត្តក្នុងនគរពន្ធុមតី បានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី កំពុងស្តេចទៅឰដ៏អាកាស ខ្ញុំបានយកផ្លែដូងទៅថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ ព្រះពុទ្ធទ្រង់មានយសធំ ឋិតនៅឰដ៏អាកាស ទ្រង់ទទួល (ផ្លែដូងនោះ)។ ខ្ញុំមានការកើតបីតិ ជាទីនាំមកនូវសេចក្តីសុខក្នុងបច្ចុប្បន្ន ព្រោះថ្វាយនូវផ្លែដូងដល់ព្រះពុទ្ធដោយចិត្តជ្រះថ្លា។ កាលនោះ ខ្ញុំបាននូវបីតិដ៏ធំទូលាយផង នូវសេចក្តីសុខដ៏ឧត្តមផង រតនៈតែងកើតឡើងដល់ខ្ញុំ ដែលកើតក្នុងភពនោះៗ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ ចក្ខុរបស់ខ្ញុំដ៏បរិសុទ្ធដូចជាទិព្យ ខ្ញុំជាអ្នកឈ្លាសវៃក្នុងសមាធិ ដល់នូវអភិញ្ញាបារមី នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះនាលិកេរផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នាលិកេរផលទាយកត្ថេរាបទាន។
ឧទ្ទាន
តីណិកណិការបុប្ផិយត្ថេរាបទាន ១ ឯកបត្តទាយកត្ថេរាបទាន ១ កាសុមារិកផលទាយកត្ថេរាបទាន ១ អវដផលិយត្ថេរាបទាន ១ ចារផលិយត្ថេរាបទាន ១ មាតុលុង្គផលទាយកត្ថេរាបទាន ១ អជ្ជេលផលទាយកត្ថេរាបទាន ១ អមោរផលិយត្ថេរាបទាន ១ តាលផលិយត្ថេរាបទាន ១ នាលិកេរផលទាយកត្ថេរាបទាន ១ គាថាតាមដែលលោករាប់ទៅឃើញមានចំនួន ១០១ គាថា មិនមានការខ្វះ និងការលើស។
ចប់ កណិការវគ្គ ទី៥១។
(៥២. ផលទាយកវគ្គោ)
(១. កុរញ្ចិយផលទាយកត្ថេរអបទានំ)
[១០១] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ ត្រេចទៅក្នុងព្រៃធំ បានឃើញព្រះសម្ពុទ្ធ ទ្រង់ប្រាសចាកធូលី ដល់នូវត្រើយនៃធម៌ទាំងពួង។ ខ្ញុំមានចិត្តជ្រះថ្លា បានកាន់យកផ្លែកុរញ្ជិយព្រឹក្ស ថ្វាយព្រះពុទ្ធដ៏ប្រសើរ ជាបុញ្ញក្ខេត្រ ជាអ្នកប្រាជ្ញ ដោយដៃរបស់ខ្លួន។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។
បានឮថា ព្រះកុរញ្ជិយផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កុរញ្ជិយផលទាយកត្ថេរាបទាន។
(២. កបិត្ថផលទាយកត្ថេរអបទានំ)
[១០២] ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គួរទទួលគ្រឿងបូជា កំពុងស្តេចទៅតាមច្រក ហើយថ្វាយផ្លែខ្វិត។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកបិដ្ឋផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កបិដ្ឋផលទាយកត្ថេរាបទាន។
(៣. កោសម្ពផលិយត្ថេរអបទានំ)
[១០៣] កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់មានដំណើរល្វាសល្វន់ដូចលំពង់ថ្ងាន់ត្រូវខ្យល់ ជាទេវតាកន្លងទេវតា ប្រសើរជាងនរៈ កំពុងសេ្តចទៅតាមច្រក ហើយបានថ្វាយផ្លែសង្ឃ័រ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកោសុម្ពផលិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កោសុម្ពផលិយត្ថេរាបទាន។
(៤. កេតកបុប្ផិយត្ថេរអបទានំ)
[១០៤] ព្រះសម្ពុទ្ធជាបុរសខ្ពង់ខ្ពស់ ទ្រង់គង់នៅទៀបឆ្នេរស្ទឹងវិនតា ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់បា្រសធូលីគឺកិលេស មានព្រះហឫទ័យមូលក្នុងអារម្មណ៍តែមួយ មានព្រះហឫទ័យតំកល់មាំ។ កាលនោះ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានបូជាផ្កាកេត ដែលមានក្លិនក្រអូបចំពោះព្រះពុទ្ធដ៏ប្រសើរ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកេតកបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កេតកបុប្ផិយត្ថេរាបទាន។
(៥. នាគបុប្ផិយត្ថេរអបទានំ)
[១០៥] ខ្ញុំបានបូជាផ្កាខ្ទឹងចំពោះព្រះសម្ពុទ្ធ ទ្រង់មានវណ្ណៈដូចមាស គួរទទួលនូវគ្រឿងបូជា កំពុងស្តេចទៅតាមច្រក។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះនាគបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នាគបុប្ផិយត្ថេរាបទាន។
(៦. អជ្ជុនបុប្ផិយត្ថេរអបទានំ)
[១០៦] កាលនោះ ខ្ញុំកើតជាកិន្នរ នៅទៀបឆ្នេរស្ទឹងចន្ទភាគា បានឃើញព្រះពុទ្ធ ទ្រង់បា្រសចាកធូលី គឺកិលេស ត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់ឈ្នះមារ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ត្រេកអរ ធ្វើនូវអញ្ជលិកម្ម បានយកផ្កាអង្រ្គង ទៅបូជាព្រះសយម្ភូ។ ព្រោះអំពើដែលខ្ញុំធ្វើល្អនោះផង ព្រោះការតំកល់ចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយជាកិន្នរហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ខ្ញុំជាធំជាងទេវតា បានសោយរាជ្យក្នុងទេវលោក អស់ ៣៦ ដង បានសោយរាជ្យជាស្តេចចក្រពត្តិមហារាជ អស់ ១០ ដង។ បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់ជាតិមិនអស់ (ព្រោះ) ពូជបានព្រោះក្នុងព្រះសយម្ភូ ជាស្រែដ៏ល្អ។ ខ្ញុំមានកុសល ខ្ញុំបានចូលទៅកាន់ផ្នួស ខ្ញុំជាបុគ្គលគួរគេបូជា ក្នុងសាសនានៃព្រះសក្យបុត្ត ក្នុងថ្ងៃនេះ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអជ្ជុនបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អជ្ជុនបុប្ផិយត្ថេរាបទាន។
(៧. កុដជបុប្ផិយត្ថេរអបទានំ)
[១០៧] ក្នុងទីជិតនៃព្រៃហេមពាន្ត មានភ្នំមួយឈ្មោះអច្ចលៈ ព្រះសម្ពុទ្ធព្រះនាមសុទស្សនៈ គង់នៅក្នុងចន្លោះភ្នំនោះ។ ខ្ញុំបានយកផ្កាអំពីព្រៃហេមពាន្ត ហើយទៅកាន់អាកាស បានឃើញព្រះសម្ពុទ្ធទ្រង់ឆ្លងឱឃៈ មិនមានអាសវៈ ក្នុងទីនោះ។ កាលនោះ ខ្ញុំយកផ្កាអញ្ជ័នខៀវ មកតំកល់លើក្បាល ហើយបូជាព្រះពុទ្ធ ទ្រង់តា្រសដឹងឯង ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ក្នុងកប្បីទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកុដជបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កុដជបុប្ផិយត្ថេរាបទាន។
(៨. ឃោសសញ្ញកត្ថេរអបទានំ)
[១០៨] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះពុទ្ធ ទ្រង់ប្រាសចាកធូលី មានពួកទេវតាចោមរោមហើយ កំពុងប្រកាសនូវសច្ច ៤ សម្តែងនូវអមតបទ។ ខ្ញុំបានស្តាប់ធម៌ដ៏ពីរោះរបស់ព្រះពុទ្ធ ព្រះនាមសិខី ជាផៅពង្សនៃសត្វលោក។ ខ្ញុំធ្វើចិត្តឲ្យជ្រះថ្លាក្នុងឃោសសព្ទរបស់ព្រះសិខីសម្ពុទ្ធ ដែលរកបុគ្គលប្រៀបស្មើមិនមាន ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះអង្គ ហើយបានឆ្លងនូវភព ដែលសត្វហែលឆ្លងបានដោយកម្រ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបាននូវសញ្ញា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃឃោសសញ្ញា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឃោសសញ្ញកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឃោសសញ្ញកត្ថេរាបទាន។
(៩. សព្ពផលទាយកត្ថេរអបទានំ)
[១០៩] កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ ឈ្មោះវរុណៈ ជាអ្នកដល់ត្រើយនៃមន្ត បានលះបង់បុត្ត ១០ នាក់ ហើយដើរចូលទៅក្នុងព្រៃ។ ខ្ញុំបានធ្វើអាស្រមដ៏ល្អ បានធ្វើបណ្ណសាលា ជាទីរីករាយនៃចិត្ត ដែលគេចាត់ចែងថ្នាក់យ៉ាងល្អ នៅក្នុងព្រៃធំ។ កាលនោះ ព្រះបទុមុត្តរៈសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក គួរទទួលគ្រឿងបូជា ព្រះអង្គមានសេចក្តីប្រាថ្នាដើម្បីស្រោចស្រង់ខ្ញុំ បានសេ្តចមកកាន់អាស្រមរបស់ខ្ញុំ។ ពន្លឺដ៏ធំទូលាយក្នុងដងព្រៃទាំងប៉ុន្មាន ក៏កើតមានឡើង កាលនោះ ព្រៃធំក៏ភ្លឺច្រវ៉ាត់ដោយអានុភាពរបស់ព្រះពុទ្ធ។ ខ្ញុំឃើញបាដិហារ្យរបស់ព្រះពុទ្ធដ៏ប្រសើរ ព្រះអង្គមិនញាប់ញ័រដោយលោកធម៌ ខ្ញុំយកស្លឹកខ្ចប់ផ្លែឈើ ហើយរែកដើរមក។ ខ្ញុំបានចូលទៅរកព្រះសម្ពុទ្ធ ហើយថ្វាយផ្លែនោះទាំងអម្រែក ព្រះសម្ពុទ្ធទ្រង់អនុគ្រោះដល់ខ្ញុំ ទ្រង់ត្រាស់ព្រះពុទ្ធដីកានេះថា អ្នកចូររែកនូវអម្រែក តាមក្រោយតថាគតមក កាលបើសង្ឃឆាន់ហើយ បុណ្យនឹងមានដល់អ្នក។ ខ្ញុំយកកញ្ចប់នោះ ប្រគេនភិក្ខុសង្ឃ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លាក្នុងព្រះសង្ឃនោះហើយ ក៏បានទៅកើតឯតុសិត។ ខ្ញុំប្រកបដោយរបាំទិព្យ ចម្រៀងទិព្យ គ្រឿងប្រគំទិព្យ ក្នុងឋានសួគ៌នោះ ហើយសោយយសបរិវារដោយបុញ្ញកម្មនោះ។ ខ្ញុំចូលទៅយកកំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ការខ្វះខាតភោគសម្បត្តិរបស់ខ្ញុំ មិនមាន នេះជាផលនៃផលទាន។ ទ្វិបទាំង ៤ ព្រមទាំងសមុទ្រ និងភ្នំមានត្រឹមណា ខ្ញុំសោយឥស្សរភាពកំណត់ត្រឹមនោះ ព្រោះថ្វាយនូវផ្លែឈើ ចំពោះព្រះពុទ្ធ។ ពួកបក្សីទាំងប៉ុន្មានណា ហើរក្នុងអាកាស បក្សីទាំងនោះ តែងលុះក្នុងអំណាចរបស់ខ្ញុំ នេះជាផលនៃផលទាន។ ពួកយក្សក្តី ភូតក្តី អារក្សក្តី កុម្ភណ្ឌក្តី គ្រុឌក្តី ទាំងប៉ុន្មាន ដែលនៅក្នុងដងព្រៃ តែងមកបម្រើខ្ញុំ។ ពួកអណ្តើក ឆ្កែ ឃ្មុំ របោម មូស សត្វទាំងពីរពួកនេះ តែងលុះក្នុងអំណាចរបស់ខ្ញុំ នេះជាផលនៃផលទាន។ ពួកសត្វស្លាបឈ្មោះសុបណ្ណៈ ជាបក្សីមានកម្លាំងច្រើន សត្វទាំងនោះ តែងយកខ្ញុំជាទីពឹង នេះជាផលនៃផលទាន។ ពួកនាគណា មានអាយុវែង មានឫទ្ធិ មានយសធំ នាគទាំងនោះឯង តែងលុះក្នុងអំណាចរបស់ខ្ញុំ នេះជាផលនៃផលទាន។ ពួកសត្វសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ឆ្កៃស្រុក ឆ្កែព្រៃ សត្វទាំងនោះឯង តែងលុះក្នុងអំណាចរបស់ខ្ញុំ នេះជាផលនៃផលទាន។ ពួកទេវតាណា ដែលឋិតនៅលើដើមឈើ និងស្មៅក្តី ឋិតនៅឰដ៏អាកាសក្តី ទេវតាទាំងអស់នោះឯង តែងយកខ្ញុំជាទីពឹង នេះជាផលនៃផលទាន។ ខ្ញុំបានសម្រេចធម៌ ដែលគេឃើញបានដោយកម្រ ជាធម៌ល្អិតជ្រាលជ្រៅ ដែលព្រះពុទ្ធទ្រង់ប្រកាសល្អហើយ នេះជាផលនៃផលទាន។ ខ្ញុំបានវិមោក្ខ ៨ ជាអ្នកមិនមានអាសវៈ មានព្យាយាមដុតកំដៅកិលេល មានប្រាជ្ញាចាស់ នេះជាផលនៃផលទាន។ ពួកពុទ្ធបុត្តណា ដែលឋិតនៅក្នុងផល អស់ទោសៈហើយ មានយសច្រើន បណ្តាពុទ្ធបុត្តទាំងនោះ ខ្ញុំក៏ជាពុទ្ធបុត្តមួយដែរ នេះជាផលនៃផលទាន។ ខ្ញុំបានសម្រេចអភិញ្ញាបារមី ត្រូវកុសលមូលដាស់តឿនហើយ ក៏បានកំណត់ដឹងនូវអាសវៈទាំងអស់ ជាអ្នកមិនមានអាសវៈ។ ពុទ្ធបុត្តណា មានវិជ្ជា ៣ សម្រេចនូវឫទ្ធិ មានយសច្រើន សម្រេចនូវទិព្វស្រោត បណ្តាពុទ្ធបុត្តទាំងនោះ ខ្ញុំក៏ជាពុទ្ធបុត្តមួយដែរ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផលទាន កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសព្វផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សព្វផលទាយកត្ថេរាបទាន។
(១០. បទុមធារិកត្ថេរអបទានំ)
[១១០] ក្នុងទីជិតព្រៃហេមពាន្ត មានភ្នំមួយឈ្មោះរោមសៈ កាលនោះ ព្រះសម្ពុទ្ធព្រះនាមអភិសម្ភវៈ ទ្រង់គង់ក្នុងទីវាលជិតភ្នំនោះ។ ខ្ញុំចេញអំពីលំនៅ បានយកផ្កាឈូកបាំងថ្វាយព្រះអង្គ លុះខ្ញុំយកផ្កាឈូកមួយបាំងថ្វាយ អស់មួយថ្ងៃហើយ ខ្ញុំត្រឡប់មកកាន់លំនៅវិញ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះបទុមធារិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បទុមធារិយត្ថេរាបទាន។
ឧទ្ទាន
កុរញ្ជិយផលទាយកត្ថេរាបទាន ១ កបិដ្ឋផលទាយកត្ថេរាបទាន ១ កោសុម្ពផលិយត្ថេរាបទាន ១ កេតកបុប្ផិយត្ថេរាបទាន ១ នាគបុបិ្ផយត្ថេរាបទាន ១ អជ្ជុនបុប្ផិយត្ថេរាបទាន ១ កុដជបុប្ផិយត្ថេរាបទាន ១ ឃោសសញ្ញកត្ថេរាបទាន ១ សព្វផលទាយកត្ថេរាបទាន ១ បទុមធារិយត្ថេរាបទាន ១ រួបរួមគាថា ក្នុងវគ្គនេះ មាន ៨៣ គាថា។
ចប់ ផលទាយកវគ្គ ទី៥២។
(៥៣. តិណទាយកវគ្គោ)
(១. តិណមុដ្ឋិទាយកត្ថេរអបទានំ)
[១១១] នៅជិតភ្នំហិមពាន្ត មានភ្នំមួយឈ្មោះលម្ពកៈ ព្រះតិស្សសម្ពុទ្ធ ស្តេចចង្រ្កមនាទីវាលក្បែរភ្នំនោះ។ ក្នុងកាលមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ជាទេវតាក្រៃលែងជាងទេវតា ខ្ញុំបានថ្វាយស្មៅមួយក្តាប់។ លុះខ្ញុំបានថ្វាយស្មៅដល់ព្រះសម្ពុទ្ធ ដើម្បីគង់ហើយ ញុំាងចិត្តឲ្យជ្រះថ្លា បានថ្វាយបង្គំព្រះសម្ពុទ្ធ រួចបែរមុខទៅកាន់ឧត្តរទិស ដើរចេញទៅ។ ស្រាប់តែមានស្តេចម្រឹគមកបៀតបៀនខ្ញុំ ដែលទើបនឹងដើរទៅភ្លាម ខ្ញុំត្រូវសត្វសីហៈបៀតបៀនហើយ ក៏ធ្វើមរណកាលក្នុងទីនោះ។ អាសន្នកម្មដែលខ្ញុំធ្វើហើយ ចំពោះព្រះសម្ពុទ្ធដ៏ប្រសើរ ព្រះអង្គមិនមានអាសវៈ ខ្ញុំក៏បានទៅកើតក្នុងទេវលោក ដូចកំឡាំងកូនសរដែលផុតស្រឡះ (ចាកបំពង់ព្រួញ)។ ប្រាសាទដ៏ល្អ ដែលបុញ្ញកម្មនិម្មិតហើយ ក្នុងទេវលោកនោះ មានកំពស់មួយពាន់សន្ទុះព្រួញ មានជាន់ ៧ បរិបូណ៌ដោយទង់ បិទបាំងដោយកែវមណីខៀវ។ ពន្លឺរបស់ប្រាសាទនោះ តែងផ្សាយចេញ ដូចព្រះអាទិត្យដែលរះឡើង ប្រាសាទនោះកុះករដោយទេវកញ្ញា ខ្ញុំពេញចិត្តរីករាយក្នុងកាម។ ខ្ញុំច្យុតចាកទេវលោក ត្រូវកុសលមូលដាស់តឿន បានមកកាន់អត្តភាពជាមនុស្ស ក៏បានដល់នូវការអស់ទៅនៃអាសវៈ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកម្រាលអង្គុយ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃស្មៅមួយក្តាប់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះតិណមុដ្ឋិទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តិណមុដ្ឋិទាយកត្ថេរាបទាន។
(២. មញ្ចទាយកត្ថេរអបទានំ)
[១១២] ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយបង្គន់មួយ ដោយដៃរបស់ខ្លួន ចំពោះព្រះមានព្រះភាគ ព្រះនាមវិបស្សី ជាច្បងក្នុងលោក ជាតាទិបុគ្គល។ ខ្ញុំបានយានដំរី យានសេះ យានទិព្វ ហើយបានដល់នូវធម៌ជាទីក្ស័យនៃអាសវៈដោយសារការថ្វាយនូវបង្គន់នោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយបង្គន់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយបង្គន់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះវេច្ចកទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វេច្ចកទាយកត្ថេរាបទាន។
(៣. សរណគមនិយត្ថេរអបទានំ)
[១១៣] ក្នុងកាលនោះ ភិក្ខុ និងខ្ញុំជាអ្នកប្រកបការចិញ្ចឹមជីវិត បានឡើងជិះសំពៅទៅជាមួយគ្នា កាលដែលសំពៅធ្លាយហើយ ភិក្ខុបានឲ្យសរណគមន៍ដល់ខ្ញុំ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលភិក្ខុនោះបានឲ្យសរណគមន៍ដល់ខ្ញុំក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសរណគមន៍។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសរណគមនិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សរណគមនិយត្ថេរាបទាន។
(៤. អព្ភញ្ជនទាយកត្ថេរអបទានំ)
[១១៤] ខ្ញុំនៅក្នុងព្រះរាជឧទ្យាន ក្បែរក្រុងពន្ធុមវតី កាលនោះ ខ្ញុំស្លៀកសំពត់ស្បែក ទ្រទ្រង់ល័ក្កចាន់។ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ប្រាសចាកធូលី គឺកិលេស ជាព្រះសយម្ភូ ទ្រង់ឈ្នះកិលេស មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានព្រះហឫទ័យបញ្ជូនទៅកាន់ព្រះនិព្វាន ទ្រង់ជាឥសី ទ្រង់មានឈាន ត្រេកអរក្នុងឈាន។ លុះខ្ញុំឃើញព្រះសម្ពុទ្ធ ទ្រង់សម្រេចសេចក្តីប្រាថ្នាទាំងពួងផង ទ្រង់ឆ្លងនូវអន្លង់ ទាំងមិនមានអាសវៈផង ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយថ្នាំបន្តក់ភ្នែក។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទានក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃថ្នាំបន្តក់ភ្នែក។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអព្ភញ្ជនទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អព្ភញ្ជនទាយកត្ថេរាបទាន។
(៥. សុបដទាយកត្ថេរអបទានំ)
[១១៥] ព្រះលោកនាយក ព្រះនាមវិបស្សី ចេញអំពីរោងសម្រាកក្នុងវេលាថ្ងៃ ខ្ញុំបានថ្វាយសំពត់មានសាច់ស្តើង ហើយបានរីករាយក្នុងឋានសួគ៌ អស់មួយកប្ប។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសំពត់ដ៏ល្អ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសំពត់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើររបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសុបដទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុបដទាយកត្ថេរាបទាន។
(៦. ទណ្ឌទាយកត្ថេរអបទានំ)
[១១៦] កាលនោះ ខ្ញុំដើរចូលទៅក្នុងព្រៃធំ បានកាប់ឫស្សីធ្វើជាបង្កាន់ដៃ ប្រគេនដល់ព្រះសង្ឃ។ ខ្ញុំថ្វាយបង្គំនូវព្រះសង្ឃមានវត្តល្អ ដោយចិត្តជ្រះថ្លានោះ លុះខ្ញុំប្រគេនកំណាត់ឫស្សីបង្កាន់ដៃរួចហើយ ក៏បែរមុខឆ្ពោះទៅកាន់ឧត្តរទិស ដើរចេញទៅ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយកំណាត់ឫស្សី ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការឲ្យកំណាត់ឫស្សី។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះទណ្ឌទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ទណ្ឌទាយកត្ថេរាបទាន។
ចប់ ភាណវារៈ ទី២៣។
(៧. គិរិនេលបូជកត្ថេរអបទានំ)
[១១៧] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគ ត្រាច់ទៅក្នុងព្រៃ បានឃើញព្រះសម្ពុទ្ធ ទ្រង់ប្រាសចាកធូលី ដល់នូវត្រើយនៃធម៌ទាំងពួង ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ចំពោះព្រះសម្ពុទ្ធ ព្រះអង្គប្រកបដោយសេចក្តីករុណា ត្រេកអរចំពោះប្រយោជន៍របស់សព្វសត្វ ហើយបានបូជាផ្កាអញ្ជ័នខៀវ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះគិរិនេលបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ គិរិនេលបូជកត្ថេរាបទាន។
(៨. ពោធិសម្មជ្ជកត្ថេរអបទានំ)
[១១៨] ក្នុងភពមុន ខ្ញុំបានរើសស្លឹកពោធិ ដែលជ្រុះក្នុងលានព្រះចេតិយ ហើយយកទៅចោល ខ្ញុំបាននូវគុណ ២០។ ខ្ញុំអន្ទោលទៅក្នុងភពតូចភពធំ តែងអន្ទោលទៅក្នុងភពពីរ គឺទេវតា និងមនុស្ស ដោយតេជះនៃកម្មនោះ។ លុះខ្ញុំច្យុតចាកទេវលោក មកកាន់ភពរបស់មនុស្ស តែងកើតក្នុងត្រកូលពីរ គឺក្សត្រ និងព្រាហ្មណ៍។ ខ្ញុំបរិបូណ៌ដោយអវយវៈតូចធំ មានកំពស់ និងទំហំសមរម្យ មានរូបល្អ មានសម្បុរស្អាត មានរាងកាយពេញលេញមិនខ្វះខាត។ ខ្ញុំកើតក្នុងទេវលោក ឬក្នុងមនុស្សលោក ឬក៏ក្នុងភពណាមួយ តែងមានសម្បុរល្អដូចមាស ឬប្រៀបដូចមាសឆ្អិន។ សម្បុររបស់ខ្ញុំ ទន់ល្វន់ល្វាស ជិតស្និទ្ធ ល្អិត ផូរផងសព្វៗកាល ព្រោះបានយកស្លឹកពោធិទៅចោល។ ទឹកដែលច្រឡំដោយធូលី មិនដែលប្រឡាក់ក្នុងប្រជុំសរីរៈ (របស់ខ្ញុំ) ក្នុងកាលណាម្តងឡើយ នេះជាផលក្នុងការយកស្លឹកពោធិទៅចោល។ ខ្លួនរបស់ខ្ញុំនោះ (ឋិតនៅ) ក្នុងទីមានខ្យល់ និងកំដៅថ្ងៃដ៏ក្តៅក្តី ឬត្រូវកំដៅភើ្លងក្តី ញើសទាំងឡាយក៏មិនដែលហូរចេញ នេះជាផលក្នុងការយកស្លឹកពោធិទៅចោល។ រោគឃ្លង់ ពក ស្រែង ប្រជ្រុយ បូស ដំណួចពិស មិនដែលមានក្នុងកាយ (របស់ខ្ញុំឡើយ) នេះជាផលក្នុងការយកស្លឹកពោធិទៅចោល។ គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺរោគទាំងឡាយ មិនដែលកើតក្នុងកាយរបស់ខ្ញុំឡើយ នេះជាផលក្នុងការយកស្លឹកពោធិទៅចោល។ គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺអន្តរាយជាគ្រឿងបៀតបៀន ដែលកើតអំពីចិត្ត មិនដែលមានឡើយ នេះជាផលក្នុងការយកស្លឹកពោធិទៅចោល។ គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺពួកសត្រូវមិនដែលមានដល់ខ្ញុំនោះ នេះជាផលក្នុងការយកស្លឹកពោធិទៅចោល។ គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺភោគៈមិនដែលខ្វះខាតឡើយ នេះជាផលក្នុងការយកស្លឹកពោធិទៅចោល។ គុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺភ័យអំពីភ្លើង និងស្តេច អំពីចោរ និងទឹក មិនដែលមានឡើយ។ មានគុណដទៃទៀត តែងកើតដល់ខ្ញុំនោះ ក្នុងភពតូច និងភពធំ គឺពួកខ្ញុំស្រីខ្ញុំប្រុស ជាអ្នកប្រព្រឹត្តតាម ជាអ្នកលុះអំណាចចិត្តរបស់ខ្ញុំ។ បុគ្គលកើតក្នុងភពជារបស់មនុស្ស មានកំណត់អាយុត្រឹមណា អាយុរបស់ខ្ញុំមិនថយចុះអំពីកំណត់ត្រឹមនោះ តែងឋិតនៅដរាបដល់អស់អាយុ។ ពួកជនទាំងអស់ អ្នកប្រាថ្នាសេចក្តីចម្រើន ប្រាថ្នាសេចក្តីសុខ ទោះនៅខាងក្នុងក្តី ខាងក្រៅក្តី អ្នកនិគមក្តី អ្នកដែនក្តី សុទ្ធតែជាអ្នកប្រកបតាមខ្ញុំ។ ខ្ញុំជាអ្នកមានភោគៈ មានយស មានសិរី មានពួកញាតិ ជាអ្នកឥតមានវេរា ប្រាសចាកសេចក្តីតក់ស្លុត តែងមានក្នុងភពសព្វៗកាល។ ពួកទេតា មនុស្ស អសុរ គន្ធព្វ យក្ខ អារក្សទឹក អ្នកទាំងអស់នោះ តែងរក្សាខ្ញុំ ដែលអន្ទោលទៅក្នុងភពសព្វៗកាល។ ខ្ញុំទទួលយសទាំងពីរក្នុងទេវលោកផង ក្នុងមនុស្សលោកផង រួចខ្ញុំបានដល់នូវព្រះនិព្វាន ជាសិវដ្ឋានដ៏ប្រសើរ ក្នុងកាលជាទីបំផុត។ បុរសណា ឧទ្ទិសចំពោះព្រះសម្ពុទ្ធ ឬចំពោះដើមពោធិរបស់ព្រះសាស្តានោះ គប្បីទទួលនូវផលបុណ្យ (ផលទាំងអស់) ឈ្មោះថាបុរសនោះបានដោយក្រ ដូចម្តេចបាន។ បុគ្គល (ដែលឋិតនៅ) ក្នុងមគ្គ ក្នុងផល ក្នុងបរិយត្តិ ក្នុងគុណ គឺឈាន និងអភិញ្ញា ជាបុគ្គលប្រសើរក្រៃលែងជាងពួកជនដទៃ ជាអ្នកមិនមានអាសវៈ តែងបរិនិព្វាន។ ក្នុងភពមុន ខ្ញុំមានចិត្តរីករាយ បានយកស្លឹកពោធិទៅចោល ទើបជាអ្នកបរិបូណ៌ដោយអង្គ ២០ នេះ សព្វៗកាល។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះពោធិសម្មជ្ជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ពោធិសម្មជ្ជកត្ថេរាបទាន។
(៩. អាមណ្ឌផលទាយកត្ថេរអបទានំ)
[១១៩] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ជាលោកនាយក ទ្រង់ចេញចាកសមាធិ ហើយចង្រ្កម។ កាលនោះ ខ្ញុំរែកនូវអម្រែកដែលពេញដោយផ្លែឈើ បានឃើញព្រះសម្ពុទ្ធ ជាមហាមុនី ទ្រង់បា្រសចាករាគៈ កំពុងចង្រ្កម។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ធ្វើនូវអញ្ជលីលើសិសរ្សៈ ថ្វាយបង្គំព្រះសម្ពុទ្ធ ហើយថ្វាយផ្លែល្ហុង។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃផ្លែល្ហុង។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអាមណ្ឌផលទាយកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អាមណ្ឌផលទាយកត្ថេរាបទាន។
(១០. សុគន្ធត្ថេរអបទានំ)
[១២០] ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធព្រះនាមកស្សបៈ ទ្រង់មានផៅពង្សដ៏ប្រសើរ មានយសធំ ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់កើតឡើងហើយ។ ព្រះអង្គបរិបូណ៌ដោយអនុព្យញ្ជនៈ មានលក្ខណៈ ៣២ ដ៏ប្រសើរ មានពន្លឺមួយព្យាមជុំវិញ មានបណ្តាញរស្មីតាំងឡើង។ ព្រះអង្គទ្រង់ញុំាងពួកជនឲ្យត្រេកអរដូចព្រះចន្ទ មានរស្មីដូចព្រះអាទិត្យ ទ្រង់ញុំាងសត្វឲ្យរលត់ទុក្ខដូចមហាមេឃ ទ្រង់ធ្វើនូវគុណដូចសាគរ។ ព្រះអង្គមានសីលដូចផែនដី មានសមាធិដូចភ្នំហិមពាន្ត មានបញ្ញាដូចអាកាស មិនជាប់ចំពាក់ដូចខ្យល់។ ព្រះអង្គមានគុណមិនខ្វះខាត មានធម៌ជាគ្រឿងអប់រំ ទ្រង់ក្លៀវក្លាក្នុងពួកបរិស័ទ ទ្រង់ស្រង់ឡើងនូវមហាជន ហើយប្រកាសនូវសច្ចធម៌។ កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្តក្នុងក្រុងពារាណសី មានយសធំ ជាអ្នកប្រសើរដោយទ្រព្យ និងស្រូវច្រើនក្រៃលែង។ ខ្ញុំកាលត្រាច់ទៅកាន់ទីសម្រាកស្មង ក៏ចូលទៅក្នុងព្រៃមិគទាយ៍ បានឃើញព្រះសាស្តាជាទីពឹង កំពុងសម្តែងអមតបទ មានព្រះពុទ្ធដីកាជ្រះស្រឡះ មានសំឡេងស្មើដោយសត្វករវិក មានសន្ធឹកគឹកកងដូចសត្វហង្ស ឬដូចស្គរ ទ្រង់ញុំាងមហាជនឲ្យដឹងច្បាស់។ លុះខ្ញុំឃើញព្រះសម្ពុទ្ធនោះជាទេវតា ដ៏ក្រៃលែងជាងទេវតា ទាំងបានស្តាប់សំឡេងដ៏ពីរោះ ទើបលះភោគៈដ៏ច្រើន ហើយចូលទៅកាន់ផ្នួស។ លុះខ្ញុំបួសយ៉ាងនេះហើយ មិនយូរប៉ុន្មាន ក៏បានជាពហុស្សូត ជាធម្មកថិក មានប្រាជ្ញាដ៏វិចិត្រ។ ខ្ញុំជាអ្នកក្លៀវកា្លដោយគុណ បានពណ៌នាគុណរបស់ព្រះសាស្តា ដែលមានវណ្ណៈដូចមាស ក្នុងកណ្តាលបរិស័ទច្រើនជារឿយៗថា ព្រះពុទ្ធនុ៎ះ ជាព្រះខីណាស្រព ទ្រង់មិនមានទុក្ខ កាត់បង់នូវសេចក្តីសង្ស័យ ទ្រង់ដល់នូវការអស់នៃកម្មទាំងពួង មានព្រះហឫទ័យចុះស៊ប់ក្នុងព្រះនិព្វាន ជាទីអស់ទៅនៃឧបធិ។ ព្រះមានព្រះភាគអង្គនុ៎ះ ទ្រង់ត្រាស់ដឹងនូវសច្ចធម៌ ព្រះមានព្រះភាគអង្គនុ៎ះ ទ្រង់ប្រសើរដូចសីហៈ ព្រះអង្គញុំាងព្រហ្មចក្កឲ្យប្រព្រឹត្តទៅ ដល់មនុស្សលោក ព្រមទាំងទេវលោក។ ទ្រង់ជាឥសី មានឥន្រ្ទិយទូន្មានហើយ ទ្រង់ទូន្មាននូវមហាជន ព្រះអង្គស្ងប់រម្ងាប់ហើយ ញុំាងមហាជនឲ្យស្ងប់រម្ងាប់ ទ្រង់រលត់កិលេសហើយ ញុំាងមហាជនឲ្យរលត់កិលេសផង ព្រះអង្គត្រេកអរហើយ ញុំាងមហាជនឲ្យត្រេកអរផង។ ព្រះអង្គមានព្យាយាម អង់អាច ក្លាហាន មានប្រាជ្ញា ប្រកបដោយសេចក្តីករុណា ទ្រង់ស្ទាត់ជំនាញ ទ្រង់ឈ្នះមារ ទ្រង់ឈ្នះមិនចាញ់វិញ ទ្រង់មិនឃ្នើសឃ្នង មិនមានអាល័យ។ ព្រះមុនីទ្រង់មិនញប់ញ័រ មិនឃ្លេងឃ្លោង ជាអ្នកប្រាជ្ញ មិនមានមោហៈ ឥតមានបុគ្គលស្មើ នាំទៅនូវធុរៈ ជាឧសភៈ ជានាគ ជាសីហៈ ទ្រង់អង់អាចក្នុងពួកគ្រូទាំងឡាយ។ ព្រះអង្គប្រាសចាករាគៈ មិនមានមន្ទិល ជាព្រហ្ម មានវាទៈដ៏ក្លៀវក្លា ទ្រង់លះបង់នូវសត្រូវគឺកិលេស ទ្រង់មិនរឹងត្អឹង ប្រាសចាកកូនសរ គឺសេចក្តីសោក ឥតមានបុគ្គលស្មើ ជាឧសភៈ ជាអ្នកស្អាត។ ព្រះអង្គជាព្រាហ្មណ៍ ជាសមណៈ ជាទីពឹង ជាពេទ្យ ទ្រង់កំចាត់បង់នូវសរ គឺសេចក្តីសោក ជាយោធា ត្រាស់ដឹងនូវសច្ចៈ ភ្ញាក់រលឹកចាកការដេកលក់ មិនញាប់ញ័រ មានព្រះហឫទ័យទន់ត្រជាក់។ ព្រះអង្គមានការទូន្មានធ្វើហើយ ទ្រង់នាំទៅ ទ្រង់ធ្វើ ទ្រង់ណែនាំ ទ្រង់ប្រកាស ទ្រង់រីករាយ ទ្រង់លាងជម្រះ ទ្រង់កាត់ (កិលេស) ទ្រង់ស្រោចស្រង់ គួរគេសរសើរ។ ព្រះអង្គមិនកម្រើក (មិនវឹកវរ) ប្រាសចាកសរគឺសេចក្តីសោក មិនមានទុក្ខ មិនមានសេចក្តីសង្ស័យ មិនញាប់ញ័រ ទ្រង់ប្រាសចាកធូលី ទ្រង់គាស់រំលើង (កិលេស) ទ្រង់ចងក្រង ទ្រង់ពោលប្រដៅ ទ្រង់ប្រកាស។ ព្រះអង្គទ្រង់ចម្លង ទ្រង់ធ្វើប្រយោជន៍ ញុំាងជនឲ្យធ្វើ (ប្រយោជន៍ ) ទ្រង់រំលាយកិលេស ទ្រង់ញុំាងជនឲ្យដល់ ទ្រង់អត់ធន់ ទ្រង់សម្លាប់កិលេស ទ្រង់មានព្យាយាមកំដៅកិលេស ទ្រង់ញុំាងកិលេសឲ្យរីងស្ងួត។ ព្រះអង្គទ្រង់ឋិតនៅក្នុងសច្ចៈ ទ្រង់ស្មើដោយបុគ្គលស្មើ គឺអតីតពុទ្ធ មិនមានសំឡាញ់ ទ្រង់អាល័យក្នុងសេចក្តីអាណិត មានសេចក្តីអស្ទារ្យ ទ្រង់មិនកុហក ទ្រង់ធ្វើជាឥសីទី ៧។ ព្រះជិនស្រីទ្រង់ឆ្លងផុតសេចក្តីសង្ស័យ មិនមានមានះ មានគុណប្រមាណមិនបាន មិនមានឧបមា ទ្រង់កន្លងនូវគន្លងពាក្យទាំងពួង ដល់នូវទីបំផុតនៃនេយ្យធម៌ទាំងពួង។ សេចក្តីជ្រះថ្លា ក្នុងព្រះជិនស្រីដ៏ប្រសើរ ដូចព្រះអាតិទ្យនោះ ជាគុណនាំមកនូវព្រះនិព្វានឈ្មោះអមតៈ ព្រោះហេតុនោះ សេចក្តីជឿស៊ប់ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មានប្រយោជន៍ច្រើន។ ខ្ញុំកំពុងពណ៌នាគុណនៃព្រះសម្ពុទ្ធដ៏ប្រសើរ ជាទីពឹងនៃសត្វក្នុងត្រៃលោក ដោយគុណទាំងឡាយ មានយ៉ាងនេះជាដើម ហើយសំដែងធម្មកថាក្នុងកណ្តាលបរិស័ទ។ ខ្ញុំច្យុតចាកអត្តភាពនោះហើយ ទទួលសេចក្តីសុខច្រើន ក្នុងភពតុសិត លុះច្យុតចាកតុសិតនោះ មកកើតក្នុងពួកមនុស្ស ជាអ្នកមានក្លិនក្រអូប។ ខ្យល់ដង្ហើមចេញរបស់ខ្ញុំក្តី ក្លិនមាត់ក្តី ក្លិនកាយក្តី ដូចគ្នា ក្លិនរបស់ខ្ញុំនោះ ក្រអូបសព្វជានិច្ច។ ក្លិនមាត់របស់ខ្ញុំ ដូចក្លិនផ្កាឈូក ឬផ្កាឧប្បល និងផ្កាចម្បាសព្វៗ កាល ទាំងសរីរៈរបស់ខ្ញុំ ប្រសើរផុតគេ តែងផ្យាយទៅសព្វៗ កាល ដូច្នោះដែរ។ សេចក្តីអស្ចារ្យយ៉ាងក្រៃលែងទាំងអស់នោះ ជាផលនៃសេចក្តីសរសើរនូវគុណ អ្នកទាំងអស់គ្នា ចូរស្តាប់នូវភាសិតរបស់ខ្ញុំ ដោយចិត្តនឹងនួនចុះ។ លុះខ្ញុំសរសើរពុទ្ធគុណ ជាទីមកនៃប្រយោជន៍ ទាំងនាំមកនូវសេចក្តីសុខ ខ្ញុំមានចិត្តស្អាត ជាសង្ឃខ្វល់ខ្វាយតែនឹងសេចក្តីព្យាយាមក្នុងធម៌ទាំងពួង។ ព្រះសម្ពុទ្ធដ៏ទ្រង់យស ទ្រង់មានសេចក្តីសុខ ទ្រង់ត្រេកអរ ទ្រង់រុងរឿង ជាទីស្រឡាញ់ ទាំងគួររមិលមើល ទ្រង់ពោលប្រដៅ មិនមានបុគ្គលមើលងាយ មិនមានទោស មានប្រាជ្ញា។ កាលបើព្រះជន្មាយុអស់ហើយ បុគ្គលអ្នកគប់រកនូវព្រះពុទ្ធ តែងបានព្រះនិព្វានដោយងាយ ខ្ញុំនឹងសម្តែងនូវហេតុនៃគុណទាំងឡាយនោះ អ្នកទាំងឡាយ ចូរស្តាប់ហេតុនោះដោយគោរពចុះ។ ខ្ញុំថ្វាយបង្គំនូវយសរបស់ព្រះមានព្រះភាគ ដោយការត្រិះរិះ សូម្បីខ្ញុំទៅកើតក្នុងភពណាៗ តែងជាអ្នកមានយសក្នុងភពនោះៗ ដោយការត្រិះរិះនោះ។ ខ្ញុំកាលសរសើរនូវព្រះសម្ពុទ្ធ ទ្រង់ធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខ ព្រះធម៌ជាគុណស្ងប់រម្ងាប់ ជាអសង្ខតធម៌ ហើយជាអ្នកដល់នូវសេចក្តីសុខ ជាអ្នកឲ្យនូវសេចក្តីសុខដល់ពួកសត្វ ក្នុងកាលនោះ។ មួយទៀត ខ្ញុំកាលពោលសរសើរនូវគុណរបស់ព្រះពុទ្ធ ប្រកបដោយបីតិក្នុងព្រះពុទ្ធ បានញុំាងសេចក្តីត្រេកអររបស់ខ្លួន និងសេចក្តីត្រេកអររបស់បុគ្គលដទៃឲ្យកើត ជាអ្នកមានសេចក្តីត្រេកអរដោយសារហេតុនោះ។ ព្រះជិនស្រីអង្គណា កន្លងផុតនូវពួកតិរ្ថិយ គ្របសង្កត់នូវពួកតិរិ្ថយដ៏អាក្រក់ ខ្ញុំពោលនូវគុណ សរសើរនូវព្រះនាយកអង្គនោះ ខ្ញុំមានសេចក្តីរុងរឿងដោយសារហេតុនោះ។ ខ្ញុំធ្វើសេចក្តីស្រឡាញ់ដល់ពួកជន ខ្ញុំពោលសរសើរគុណព្រះសម្ពុទ្ធ ខ្ញុំបា្រកដដូចព្រះចន្ទក្នុងសរទកាល ខ្ញុំជាទីស្រឡាញ់ គួររមិលមើលដោយសារហេតុនោះ។ ខ្ញុំសរសើរព្រះសុគតដោយវាចាសព្វគ្រប់ ដោយអំណាចនៃសេចក្តីអង់អាច ព្រោះហេតុនោះ ទើបខ្ញុំមាននាមថា វង្គីសៈ ជាអ្នកមានប្រាជ្ញាដ៏វិចិត្រ។ បពិត្រព្រះមហាមុនី ពួកជនពាលណា ដល់នូវសេចក្តីសង្ស័យ ហើយមើលងាយ ខ្ញុំសង្កត់សង្កិនជនពាលទាំងនោះ ដោយការគ្របសង្កត់ តាមធម៌របស់ខ្លួននោះ។ ខ្ញុំនាំចេញនូវកិលេសទាំងឡាយរបស់សត្វ ដោយការសរសើរនូវព្រះពុទ្ធ ទើបខ្ញុំមានចិត្តមិនប្រឡាក់កិលេស ដោយកម្លាំងនៃកម្មនោះ។ ខ្ញុំញុំាងប្រាជ្ញាឲ្យកើត ដល់ជនជាអ្នកស្តាប់ ជាអ្នកសម្តែងនូវពុទ្ធានុស្សតិ ព្រោះហេតុនោះ ទើបខ្ញុំជាអ្នកមានប្រាជ្ញា ជាអ្នកពិចារណាឃើញនូវអត្ថដ៏ល្អិត។ ខ្ញុំអស់អាសវៈទាំងពួងហើយ ឆ្លងសមុទ្រគឺសង្សារវដ្តហើយ ខ្ញុំជាអ្នកស្ទាត់ជំនាញ មិនមានឧបាទាន ទាំងដល់នូវព្រះនិព្វាន។ ក្នុងកប្បនេះឯង ព្រោះហេតុដែលខ្ញុំសរសើរព្រះជិនស្រី ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសុគន្ធត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុគន្ធត្ថេរាបទាន។
ឧទ្ទាន
តិណមុដ្ឋិទាយកត្ថេរាបទាន ១ វេច្ចកទាយកត្ថេរាបទាន ១ សរណគមនិយត្ថេរាបទាន ១ អព្ភញ្ជនទាយកត្ថេរាបទាន ១ សុបដទាយកត្ថេរាបទាន ១ ទណ្ឌទាយកត្ថេរាបទាន ១ គិរិនេលបូជកត្ថេរាបទាន ១ ពោធិសម្មជ្ជកត្ថេរាបទាន ១ អាមណ្ឌផលទាយកត្ថេរាបទាន ១ សុគន្ធត្ថេរាបទាន ជាទី១០ ឯគាថាក្នុងវគ្គនេះ មាន ២២០ លោករាប់ហើយដោយសព្វគ្រប់។
ចប់ តិណទាយកវគ្គ ទី៥៣។
(៥៤. កច្ចាយនវគ្គោ)
(១. មហាកច្ចាយនត្ថេរអបទានំ)
[១២១] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់មិនញាប់ញ័រ ឥតមានបុគ្គលផ្ចាញ់បាន ជានាយក ទ្រង់ត្រាស់ឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ ព្រះវីរសម្ពុទ្ធ ទ្រង់មានត្របកព្រះនេត្រដូចផ្កាឈូក មានព្រះឱស្ឋប្រាសចាកមន្ទិលដូចព្រះចន្ទ មានព្រះតចៈដូចមាស មានរស្មីរុងរឿងដូចព្រះអាទិត្យ ទ្រង់ជាទីត្រូវភ្នែក និងចិត្ត របស់សត្វ ប្រដាប់ដោយលក្ខណៈដ៏ប្រសើរ ទ្រង់កន្លងផុតគន្លងពាក្យទាំងពួង ត្រូវមនុស្ស និងទេវតាធ្វើសក្ការៈហើយ។ ព្រះសម្ពុទ្ធទ្រង់ញុំាងពួកសត្វឲ្យត្រាស់ដឹង ទ្រង់មានសំឡេងពីរោះផ្សាយទៅ ទ្រង់មានសន្តានជាប់ដោយសេចក្តីករុណា ទ្រង់ក្លៀវក្លាក្នុងពួកបរិស័ទ។ ព្រះសម្ពុទ្ធទ្រង់សម្តែងធម៌ពីរោះ ប្រកបដោយសច្ចៈ ៤ ទ្រង់ស្រង់ពួកសត្វដែលលិចចុះក្នុងភក់គឺមោហៈ។ ក្នុងកាលនោះ ខ្ញុំកើតជាតាបស មានលំនៅក្នុងព្រៃហិមពាន្ត ត្រាច់ទៅតែម្នាក់ឯង ហោះទៅកាន់មនុស្សលោកតាមអាកាស បានឃើញព្រះជិនស្រី។ ខ្ញុំចូលទៅកាន់សំណាក់ព្រះជិនស្រីនោះ បានស្តាប់ធម្មទេសនារបស់ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញដែលកំពុងពណ៌នានូវគុណដ៏ធំរបស់សាវ័កថា ភាសិតដែលតថាគតពោលដោយបំប្រួញ សាវ័កនេះ ប្រកាសដោយពិស្តារបាន ញុំាងបរិស័ទ និងតថាគតឲ្យត្រេកអរ ដូចកច្ចាយនភិក្ខុ។ តថាគតមិនឃើញមានសាវ័កដទៃណាមួយក្នុងសាសនានេះ យ៉ាងនេះឡើយ ព្រោះហេតុនោះ សាវ័កនេះជាអ្នកប្រសើរ (ឋិតនៅ) ក្នុងទីជាឯតទគ្គៈ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរចាំទុកយ៉ាងនេះចុះ។ កាលនោះខ្ញុំមានសេចក្តីស្ញប់ស្ញែង ព្រោះស្តាប់ពាក្យជាទីគាប់ចិត្តនោះ ទើបទៅកាន់ព្រៃហិមពាន្ត ដើរសន្សំបេះផ្កាឈើ។ ខ្ញុំបូជាចំពោះព្រះសម្ពុទ្ធ ជាទីពឹងនៃលោក ហើយប្រាថ្នានូវតំណែងនោះ។
កាលនោះ ព្រះសរណាលយសម្ពុទ្ធ ទ្រង់ជ្រាបអធ្យាស្រ័យដ៏ធំរបស់ខ្ញុំ ទ្រង់ព្យាករថា អ្នកទាំងឡាយ ចូរមើលនូវឥសីដ៏ប្រសើរនេះ មានស្បែកដូចមាស មិនមានមន្ទិល មានរោមខ្ពស់ និងសាច់ពេញលេញ ឈរផ្គងអញ្ជលីមិនកម្រើក មានសេចក្តីរីករាយ មានភ្នែកពេញល្អ មានអធ្យាស្រ័យស្លុងចុះ ក្នុងការពណ៌នានូវពុទ្ធគុណ ជាអ្នកកើតអំពីធម៌ មានហឫទ័យខ្ពស់ ហាក់ដូចជាស្រោចស្រពដោយទឹកអម្រឹត។
បពិត្រព្រះមហាមុនី លុះខ្ញុំឈរស្តាប់នូវគុណរបស់ព្រះកច្ចានភិក្ខុហើយ ក៏ប្រាថ្នានូវតំណែងនោះ ក្នុងសាសនានៃព្រះគោតម ក្នុងកាលជាអនាគត។ (ព្រះបទុមុត្តរៈទ្រង់ព្យាករថា) តាបសនេះ នឹងបានជាធម្មទាយាទ ជាឱរសរបស់ព្រះគោគមនោះ ជាធម្មនិម្មិត មាននាមថាកច្ចានភិក្ខុ ជាសាវ័ករបស់ព្រះសាស្តា។ កច្ចានភិក្ខុនោះ នឹងបានជាពហុស្សូត មានញាណដ៏ប្រសើរ ជាអ្នកប្រាជ្ញ ដឹងនូវសេចក្តីអធិប្បាយ នឹងដល់នូវតំណែងនោះ ដូចជាតថាគតព្យាករហើយនេះ។
ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំតែងអន្ទោលទៅក្នុងភពពីរ គឺទេវតា ឬមនុស្ស មិនដែលស្គាល់គតិដទៃឡើយ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំតែងកើតក្នុងត្រកូលពីរ គឺត្រកូលក្សត្រ ឬព្រាហ្មណ៍ មិនដែលកើតក្នុងត្រកូលទាបឡើយ នេះជាផលនៃពុទ្ធបូជា។ ក្នុងបច្ឆិមភព ខ្ញុំកើតជាប្អូននៃបុរោហិតរបស់ស្តេចព្រះនាមចណ្ឌបជ្ជោត ក្នុងបូរីឧជ្ជេនី ជាទីរីករាយ។ ខ្ញុំជាបុត្ររបស់តិបិតិវច្ឆព្រាហ្មណ៍ ជាអ្នកមានប្រាជ្ញាល្អិត ដល់នូវត្រើយនៃវេទ ឯមាតាខ្ញុំ ឈ្មោះនាងចន្ទនបទុមា ខ្ញុំឈ្មោះកច្ចាន មានស្បែកល្អ។ ខ្ញុំដែលព្រះភូមិបាល បញ្ជូនទៅដើម្បីល្បងមើលព្រះសម្ពុទ្ធ ក៏បានឃើញព្រះនាយក ជានាយទ្វារនៃមោក្ខបូរី ទ្រង់សន្សំនូវគុណ។ ខ្ញុំស្តាប់ពាក្យមិនមានមន្ទិល ជាពាក្យជម្រះនូវភក់គឺគតិ ក៏បានដល់នូវអមតធម៌ ជាទីរម្ងាប់ ជាមួយនឹងពួកបុរោហិតដ៏សេស ៧ នាក់។ ខ្ញុំជាអ្នកដឹងនូវសេចក្តីអធិប្បាយ ក្នុងបំណងធំនៃព្រះសុគត ព្រះអង្គទ្រង់តាំងខ្ញុំទុកក្នុងទីជាឯតទគ្គៈ ខ្ញុំមានសេចក្តីប្រាថ្នាសម្រេចល្អឡើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមហាកច្ចាយនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មហាកច្ចាយនត្ថេរាបទាន។
(២. វក្កលិត្ថេរអបទានំ)
[១២២] ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះនាយក ព្រះនាមបទុត្តរៈ មានព្រះនាមខ្ពង់ខ្ពស់ មានគុណរាប់មិនបាន ត្រាស់ឡើងហើយក្នុងលោក។ ព្រះអង្គមានអាការ និងព្រះឱស្ឋដូចផ្កាឈូក មានព្រះឆវីវ័ណ្ណល្អ មិនមានមន្ទិល ដូចផ្កាឈូក មិនជាប់ចំពាក់ដោយលោក ដូចផ្កាឈូកមិនប្រឡាក់ដោយទឹក ព្រះអង្គជាអ្នកប្រាជ្ញ មានព្រះនេត្រដូចត្របកឈូក ជាទីត្រេកអរដូចផ្កាឈូក ទ្រង់មានក្លិនវិសេសដូចផ្កាឈូក ព្រោះហេតុនោះឯង ទើបព្រះអង្គទ្រង់ព្រះនាមថា បទុមុត្តរៈ។ ព្រះអង្គជាច្បងក្នុងលោក ទ្រង់មិនមានមានះ មានឧបមាដូចភ្នែកនៃពួកជនខ្វាក់ ទ្រង់មានភេទស្ងប់រម្ងាប់ ជាកំណប់នៃគុណ ទ្រង់មានករុណាគុណ និងបញ្ញាគុណដូចសាគរ។ ជួនកាល ព្រះមហាវីរៈនោះ មានពួកព្រហ្ម ទេវតា និងអសុរបូជា ព្រះអង្គឧត្តមជាងពួកជន ក្នុងកណ្តាលប្រជុំជន ដែលកុះករដោយទេវតា និងមនុស្ស។ ព្រះមហាវីរៈ ទ្រង់ញុំាងបរិស័ទទាំងពួងឲ្យត្រេកអរ ដោយព្រះឱស្ឋមានក្លិនក្រអូបផង ដោយព្រះសូរសៀងដ៏ពីរោះផង ទ្រង់សរសើរសាវ័ករបស់ព្រះអង្គថា សាវ័កនេះ ជាសទ្ធាធិមុត្ត មានប្រាជ្ញាល្អ មានអាល័យក្នុងការឃើញតថាគត បុគ្គលដទៃបែបនេះ មិនមានដូចវក្កលិភិក្ខុនេះឡើយ។ កាលនោះ ខ្ញុំកើតជាកូនរបស់ព្រាហ្មណ៍ នៅក្នុងក្រុងហង្សវតី លុះបានស្តាប់ព្រះពុទ្ធដីកានោះហើយ ក៏ប្រាថ្នានូវតំណែងនោះ។ កាលនោះ ខ្ញុំនិមន្តព្រះតថាគត ទ្រង់មិនមានមន្ទិលនោះ ព្រមទាំងសាវ័ក ឲ្យគង់ឆាន់អស់ ៧ ថ្ងៃ ក្រោមបារាំសំពត់។ ខ្ញុំក្រាបចុះដោយសិរ្សៈ មុជចុះក្នុងសាគរ គឺអនន្តគុណរបស់ព្រះអង្គ មានបីតិពេញលេញ ទើបពោលពាក្យនេះថា បពិត្រព្រះមហាមុនី ឥសីគឺភិក្ខុអង្គណា ជាសទ្ធាធិមុត្ត ក្នុងសាសនានេះ ដែលព្រះអង្គសរសើរហើយថា ជាច្បងជាងពួកភិក្ខុអ្នកមានសទ្ធា ខ្ញុំព្រះអង្គសូមបានដូចភិក្ខុនោះ ក្នុងកាលអនាគត។ លុះខ្ញុំពោលយ៉ាងនេះហើយ ទើបព្រះមហាមុនីទ្រង់ព្យាយាមធំ មានការឃើញមិនកំបាំង ទ្រង់បន្លឺឡើងនូវព្រះពុទ្ធដីកានេះ ក្នុងកណ្តាលបរិស័ទថា
អ្នកទាំងឡាយ ចូរមើលមាណពនេះ ដែលស្លៀកសំពត់សាច់ម៉ដ្ឋ មានសម្បុរលឿង ជាអ្នកមានអវយវៈដូចគ្រឿងបូជាដែលបិទដោយមាស ជាទីត្រូវភ្នែក ត្រូវចិត្តរបស់ជន។ មាណពនេះ នឹងបានជាសាវ័ករបស់ព្រះគោតមមហេសី ប្រសើរលើសជាងពួកភិក្ខុ ដែលជាសទ្ធាធិមុត្ត ក្នុងកាលជាអនាគត។ មាណពនេះ ទោះកើតជាទេវតា ឬជាមនុស្ស ជាអ្នកវៀរចាកសេចក្តីក្តៅក្រហាយទាំងពួង បរិបូណ៌ដោយភោគៈទាំងពួង ជាអ្នកអន្ទោលទៅ ទាំងមានសេចក្តីសុខ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងត្រកូលឱក្កាកៈ នឹងត្រាស់ឡើងក្នុងលោក។ មាណពនេះ នឹងបានជាធម្មទាយាទរបស់ព្រះអង្គ ជាឱរស ជាធម្មនិម្មិត មាននាមថាវក្កលិ ជាសាវ័ករបស់ព្រះសាស្តា។
ខ្ញុំលះរាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស ដោយសេសនៃកម្មនោះផង ដោយការតាំងទុកនូវចេតនានោះឯង។ ខ្ញុំអន្ទោលទៅក្នុងភពតូចភពធំ ជាអ្នកមានសេចក្តីសុខក្នុងភពទាំងពួង ខ្ញុំមកកើតក្នុងត្រកូលមួយ ក្នុងក្រុងសាវត្ថី។ មាតាមានភ័យអំពីបិសាចបៀតបៀននូវខ្ញុំ ដែលនៅល្អិតទន់ដូចទឹកដោះខាប់ កំពុងនៅដេកផ្ងា ល្អិតទន់ដូចត្រួយឈើ។ មាតាផ្តេកខ្ញុំទៀបបាទមូលរបស់ព្រះមហេសី លុះគាត់មានចិត្តចង់ថ្វាយ (ទើបពោលថា) បពិត្រព្រះលោកនាថ ខ្ញុំព្រះអង្គថ្វាយទារកនេះចំពោះព្រះអង្គ បពិត្រព្រះនាយកខ្ញុំព្រះអង្គសូមដល់នូវព្រះអង្គ ជាទីពឹងទីរលឹក។ គ្រានោះ ព្រះមហាមុនីនោះ ដែលជាទីពឹងនៃពួកសត្វអ្នកខ្លាច ទ្រង់ទទួលនូវខ្ញុំដោយព្រះហស្តដ៏ទន់ដូចផ្កា មានក្រឡាប្រទាក់ដូចសំណាញ់ មានជួរស្នាមវិលវង់ដូចចក្រ។ ចាប់ដើមតាំងពីកាលនោះ ខ្ញុំបានព្រះសម្ពុទ្ធរក្សាហើយ ដោយអំពើមិនគួរគេរក្សាបាន ខ្ញុំរួចស្រឡះចាកព្យាធិទាំងពួង ចម្រើនដោយសេចក្តីសុខ។ បើខ្ញុំវៀរចាកព្រះសុគតហើយ ក៏កើតអផ្សុកមួយរំពេច លុះខ្ញុំអាយុ ៧ ឆ្នាំ រាប់អំពីកំណើត ក៏បានចូលទៅកាន់ផ្នួស។ ខ្ញុំមិនឆ្អែតចិត្តនឹងព្រះសុគត ទ្រង់ពេញលេញដោយបារមីទាំងពួង មានព្រះនេត្រខៀវស្រស់ មានព្រះរូបល្អ ពេញដោយរបស់ស្អាតទាំងអស់។ កាលនោះ ព្រះជិនស្រីទ្រង់ជ្រាបថា ខ្ញុំមានសេចក្តីត្រេកអរ ក្នុងរូបរបស់ព្រះពុទ្ធហើយ ក៏ទ្រង់ទូន្មាននូវខ្ញុំថា នែវក្កលិ កុំឡើយ អ្នកត្រេកអរក្នុងរូប ដែលជនពាលត្រេកអរហើយ នឹងមានប្រយោជន៍អ្វី ព្រោះថាបុគ្គលណាជាបណ្ឌិត បានឃើញព្រះសទ្ធម្ម បុគ្គលនោះឈ្មោះថាឃើញតថាគត បុគ្គលណា កាលមិនឃើញព្រះសទ្ធម្ម សូម្បីឃើញតថាគត បុគ្គលនោះក៏ឈ្មោះថាមិនឃើញដែរ។ រាងកាយជារបស់មានទោស រកទីបំផុតគ្មាន មានឧបមាដូចដើមឈើមានពិស ជាលំនៅនៃរោគទាំងពួង ជាគំនរនៃកងទុក្ខទាំងអស់។ អ្នកគួរនឿយណាយ ចាកកាយនោះ គួរឃើញនូវការកើតឡើង និងការសូន្យនៃខន្ធទាំងឡាយក្នុងរូបចុះ អ្នកនឹងដល់នូវព្រះនិព្វានជាទីបំផុតនៃកិលេសទាំងពួង ដោយសេចក្តីសុខ។ លុះព្រះនាយក ទ្រង់ស្វែងរកនូវប្រយោជន៍អង្គនោះ ប្រៀនប្រដៅខ្ញុំយ៉ាងនេះរួចហើយ ខ្ញុំក៏ឡើងភ្នំគិជ្ឈកូដ នៅសញ្ជប់សញ្ជឹងត្រង់ច្រកភ្នំ។ ព្រះជិនស្រីមហាមុនី ទ្រង់ឋិតនៅនាជើងភ្នំ ញុំាងខ្ញុំឲ្យត្រេកអរ ទ្រង់ត្រាស់ហៅខ្ញុំថា ម្នាលវក្កលិ ខ្ញុំបានឮព្រះពុទ្ធដីកានោះហើយ ក៏មានចិត្តរីករាយ។ កាលនោះ ខ្ញុំស្ទុះទៅត្រង់ជ្រោះភ្នំ មានជម្រៅច្រើនរយជួរបុរស ដើរទៅកាន់ផែនដីដោយស្រួលដោយពុទ្ធានុភាព។ ព្រះមហាមុនីទ្រង់សម្តែងធម៌ គឺការកើតឡើង និងការសូន្យនៃខន្ធទាំងឡាយម្តងទៀត ខ្ញុំបានដឹងនូវធម៌នោះហើយ ក៏បានដល់នូវអរហត្តផល។ គ្រានោះ ព្រះសម្ពុទ្ធមានប្រាជ្ញាច្រើន ទ្រង់ដល់នូវទីបំផុតនៃចរណៈ ទ្រង់តាំងខ្ញុំជាកំពូលនៃពួកភិក្ខុ ដែលជាសទ្ធាធិមុត្ត ក្នុងកណ្តាលបរិស័ទច្រើន។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះវក្កលិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វក្កលិត្ថេរាបទាន។
(៣. មហាកប្បិនត្ថេរអបទានំ)
[១២៣] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ទ្រង់រុងរឿង ដូចព្រះអាទិត្យរះឡើងឰដ៏អជតាកាស ក្នុងសរទកាល។ ព្រះអង្គទ្រង់ញុំាងផ្កាឈូកគឺពួកវិនេយ្យសត្វឲ្យរីក ដោយពន្លឺគឺព្រះពុទ្ធដីកា ព្រះនាយកទ្រង់ញុំាងភក់ គឺកិលេសឲ្យរីងស្ងួត ដោយរស្មីគឺប្រាជ្ញា។ ព្រះនាយកទ្រង់សម្លាប់យសរបស់ពួកតិរ្ថិយ ដោយប្រាជ្ញាដូចកែវវជីរ ព្រះអង្គប្រកាសធម៌ក្នុងទីទាំងពួង ដូចព្រះអទិត្យញុំាងយប់ និងថ្ងៃឲ្យភ្លឺសព្វ។ ព្រះអង្គជាទីកើតនៃគុណទាំងឡាយ ដូចជាសាគរជាទីកើតនៃរតនៈទាំងឡាយ ទ្រង់តែងបង្អុរភ្លៀងគឺធម៌ ឲ្យដល់ពួកសត្វ ដូចមេឃបង្អុរភ្លៀង។ កាលនោះ ខ្ញុំជាចៅក្រម (អ្នកកាត់ក្តី) ក្នុងនគរឈ្មោះហង្សវតី បានចូលទៅស្តាប់ធម៌របស់ព្រះមុនី ព្រះនាមបទុមុត្តរៈ ដែលកំពុងប្រទានឱវាទដល់ពួកភិក្ខុ កំពុងប្រកាសនូវគុណនៃសាវ័កអ្នកមានសតិ ទ្រង់ញុំាងចិត្តរបស់ខ្ញុំឲ្យរីករាយ។ ខ្ញុំបានស្តាប់ហើយ ក៏មានបីតិ មានចិត្តរីករាយ និមន្តព្រះតថាគត ព្រមទាំងភិក្ខុជាសិស្សឲ្យឆាន់ ហើយប្រាថ្នានូវតំណែងនោះ។ កាលនោះ ព្រះនាយក ទ្រង់មានចំណែកប្រៀបស្មើដោយសត្វហង្ស ទ្រង់បញ្ចេញព្រះវាចាដូចជាស្គរ មានសំឡេងដូចសត្វហង្សដូច្នេះថា
អ្នកទាំងឡាយ ចូរមើលមហាមាត្យនុ៎ះ ជាអ្នកក្លៀវក្លាក្នុងការកាត់ក្តី ជាអ្នកមានរោមរៀវមានចុងង មានភ្នែក និងមុខស្រស់បស់ល្អ រុងរឿងដូចសម្បុរកែវជូមុត្ត កំពុងក្រាបទៀបបាទមូលនៃតថាគត ជាអ្នកមានយសធំ ដោយបរិវារច្រើន ដែលស្តេចទ្រង់ប្រទានឲ្យ ឯមហាមាត្យនុ៎ះ ប្រាថ្នានូវតំណែងរបស់ភិក្ខុ ដែលជាអ្នកឈ្លាសក្នុងពាក្យ ដោយចិត្តរីករាយ មហាមាត្យនុ៎ះ នឹងមិនទៅកាន់ទុគ្គតិអស់មួយសែនកប្ប ដោយចង្ហាន់បិណ្ឌបាតនេះផង ដោយការបរិច្ចាគនេះផង ដោយការតាំងសេចក្តីប្រាថ្នានេះផង។ មហាមាត្យនុ៎ះ នឹងទទួលនូវសួស្តីរបស់ទេវតា ក្នុងទេវលោក នូវភាពជាធំក្នុងមនុស្ស នឹងបានដល់នូវព្រះនិព្វាន ដោយសេសសល់នៃផល។ ក្នុងកប្បទីសែនមួយ អំពីកបក្បនេះ ព្រះសាស្តាព្រះនាមគោតម ទ្រង់កើតក្នុងត្រកូលក្សត្រឱកា្កកៈ នឹងត្រាស់ឡើងក្នុងលោក។ ឯមហាមាត្យនេះ នឹងបានជាធម្មទាយាទរបស់ព្រះគោតមនោះ ជាឱរស ជាធម្មនិម្មិតមាននាមថា កប្បិន ជាសាវ័ករបស់ព្រះសាស្តានោះ។
លំដាល់នោះ ខ្ញុំធ្វើសក្ការៈដ៏ល្អ ក្នុងសាសនារបស់ព្រះជិនស្រី លុះខ្ញុំលះរាងកាយ ជារបស់មនុស្សហើយ ទៅកើតក្នុងឋានតុសិត។ ខ្ញុំបានគ្រប់គ្រងនូវទេវរាជសម្បត្តិ និងមនុស្សរាជសម្បត្តិ ដោយស្កប់ស្កល់ហើយ ទើបខ្ញុំមកកើតក្នុងកំណើតកេណិយៈ ជិតក្រុងពារាណសី។ ខ្ញុំមានបរិវារមួយសែន មានភរិយា បានចូលទៅបម្រើព្រះបច្ចេកពុទ្ធ ៥០០ អង្គ។ យើងខ្ញុំទាំងអស់គ្នា ញុំាងព្រះបច្ចេកពុទ្ធ ឲ្យឆាន់ផង ឲ្យស្លៀកពាក់ត្រៃចីវរផង អស់ ៣ ខែ ទើបច្យុតចាកអត្តភាពនោះ ទៅកើតក្នុងឋានតាវត្តិង្ស។ យើងទាំងអស់ច្យុតចាកទេវតានោះ មកកាន់អត្តភាពរបស់មនុស្ស កើតក្នុងកុក្កុដបូរី ជិតព្រៃហិមពាន្ត។ ខ្ញុំជារាជបុត្ត មាននាមថា កប្បិនៈ មានយសធំ ឯទេវតាដ៏សេស មកកើតក្នុងត្រកូលអាមាត្យហែហមខ្ញុំ។ ខ្ញុំដល់នូវសេចក្តីសុខ ដោយរាជសម្បត្តិដ៏ធំ សម្រេចសេចក្តីប្រាថ្នាទាំងពួង ខ្ញុំបានឮនូវការកើតឡើងនៃព្រះពុទ្ធ ដោយពួកពាណិជប្រាប់ថា ព្រះពុទ្ធត្រាស់ឡើងហើយក្នុងលោក ទ្រង់ជាបុគ្គលឯក ឥតមានបុគ្គលស្មើ ព្រះអង្គនោះ ទ្រង់ប្រកាសនូវព្រះសទ្ធម្មគឺអមតៈ ជាសុខដ៏ឧត្តម។ ឯពួកសិស្សរបស់ព្រះសម្ពុទ្ធអង្គនោះ ប្រកបព្យាយាមល្អ រួចស្រឡះចាកកិសេល ជាអ្នកមិនមានអាសវៈ លុះខ្ញុំស្តាប់ពាក្យរបស់ពាណិជទាំងនោះហើយ ក៏ធ្វើសក្ការៈចំពោះពួកពាណិជនោះ។ ខ្ញុំ ព្រមទាំងអាមាត្យ ជាអ្នករាប់អានព្រះពុទ្ធ ស៊ូលះរាជ្យចេញដើរទៅ បានឃើញស្ទឹងមហាចន្ទា មានទឹកពេញប្រៀប។ ជាស្ទឹងមិនមានកំពង់ មិនមានឈើស្នួ (ស្ពាន) គេឆ្លងបានដោយក្រ ជាស្ទឹងមានខែ្សទឹករហ័ស ខ្ញុំរលឹកគុណព្រះសម្ពុទ្ធហើយ ក៏ឆ្លងបានដោយសួស្តី ដោយគិតថា ប្រសិនបើព្រះសម្ពុទ្ធទ្រង់ឆ្លងនូវខែ្សទឹកគឺភពរួចហើយ ដល់នូវព្រះនិព្វានជាទីបំផុតនៃលោក ទ្រង់ជា្របច្បាស់ (ត្រាស់ឡើងពិតមែន) ដំណើររបស់ខ្ញុំ សូមឲ្យសម្រេច ដោយពាក្យសច្ចៈនេះ។ ប្រសិនបើ មគ្គជាដំណើរទៅកាន់ទីស្ងប់រម្ងាប់ ជាទីឲ្យនូវការរួចស្រឡះកិលេស ជាទីស្ងប់រម្ងាប់ ជាទីសុខ (មានពិតមែន) ដំណើររបស់ខ្ញុំ សូមឲ្យសម្រេចដោយពាក្យសច្ចៈនេះ។ ប្រសិនបើ ព្រះសង្ឃជាអ្នកឆ្លងផ្លូវលំបាករួចហើយ ជាបុញ្ញក្ខេត្តដ៏ប្រសើរ (មានពិតមែន) ដំណើររបស់ខ្ញុំ សូមឲ្យសម្រេច ដោយពាក្យសច្ចៈនេះ។ លុះខ្ញុំធ្វើសច្ចៈដ៏ប្រសើររួចហើយ ទឹកស្ទឹងក៏រីងខះអស់អំពីផ្លូវ លំដាប់នោះ ខ្ញុំឆ្លងឡើងលើត្រើយស្ទឹង ជាទីមនោរម្យដោយសុវត្ថិភាព។ ខ្ញុំបានឃើញព្រះពុទ្ធទ្រង់គង់នៅ មានរស្មីដូចព្រះអាទិត្យដែលរះឡើង ទ្រង់រុងរឿងដូចភ្នំមាស មានពន្លឺដូចដើមឈើប្រចាំទ្វីប។ មានពួកសាវ័កចោមរោម ដូចព្រះចន្ទ្រដែលប្រកបដោយពួកផ្កាយ ឬដូចជាទឹកហូរ ដែលទេវតាបង្អុរចុះមក ទ្រង់ជាទីរីករាយរបស់ពួកជន។ ខ្ញុំ ព្រមទាំងអាមាត្យ លុះថ្វាយបង្គំហើយ ចូលទៅកាន់ទីសមគួរ លំដាប់នោះ ព្រះសម្ពុទ្ធទ្រង់ជ្រាបអធ្យាស្រ័យ ហើយបានសម្តែងធម៌។ លុះយើងខ្ញុំស្តាប់ធម៌ស្អាត មិនមានមន្ទិល ទើបក្រាបទូលព្រះជិនស្រីថា បពិត្រព្រះអង្គដ៏ទ្រង់ព្យាយាមធំ សូមព្រះអង្គបំបួស យើងខ្ញុំនឹងឆ្លងភពទាំងឡាយ។ ព្រះសម្ពុទ្ធ ជាព្រះមុនីទី ៧ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតពោលល្អហើយ ដល់អ្នកទាំងឡាយ ជាធម៌ប្រព្រឹត្តទៅ ដើម្បីធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខ អ្នកទាំងឡាយ ចូរប្រព្រឹត្តព្រហ្មចរិយៈចុះ។ ពួកយើងខ្ញុំទាំងអស់ ទ្រទ្រង់ភេទជាភិក្ខុ តំណាលនឹងព្រះពុទ្ធដីកា លុះបានឧបសម្បទាហើយ ក៏បានជាសោតាបន្នបុគ្គលក្នុងសាសនា។ លំដាប់នោះ ព្រះនាយកទ្រង់ស្តេចទៅកាន់វត្តជេតពន ទ្រង់ប្រៀនប្រដៅខ្ញុំ ឯខ្ញុំដែលព្រះជិនស្រី ទ្រង់បៀនប្រដៅហើយ ក៏បានដល់នូវព្រះអរហត្ត។ លំដាប់នោះ ខ្ញុំប្រដៅពួកភិក្ខុមួយពាន់រូប ពួកភិក្ខុទាំងមួយពាន់នោះ ធ្វើតាមពាក្យប្រៀនប្រដៅរបស់ខ្ញុំ ក៏ទៅជាអ្នកមិនមានអាសវៈក្នុងកាលនោះ។ ព្រះជិនស្រីទ្រង់ត្រេកអរក្នុងគុណនោះ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ក្នុងកណ្តាលមហាជនថា កប្បិនភិក្ខុ ជាកំពូលនៃពួកសាវ័កអ្នកឲ្យឱវាទភិក្ខុ។ ព្រះជិនស្រី ទ្រង់សម្តែងផលកម្ម ដែលខ្ញុំធ្វើហើយ ក្នុងកប្បទីមួយសែន ក្នុងសាសនានេះ ខ្ញុំមានចិត្តរួចស្រឡះហើយ ដូចជាសន្ទុះនៃកូនសរ ខ្ញុំដុតកិលេសទាំងឡាយរបស់ខ្ញុំហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមហាកប្បិនត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មហាកប្បិនត្ថេរាបទាន។
(៤. ទព្ពមល្លបុត្តត្ថេរអបទានំ)
[១២៤] ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ជាអ្នកប្រាជ្ញ ទ្រង់ជ្រាបនូវលោកទាំងពួង ព្រះអង្គមានចក្ខុ ទ្រង់កើតឡើងហើយ។ ព្រះពុទ្ធទ្រង់ប្រទានឱវាទ ទ្រង់បំភ្លឺ ទ្រង់ចម្លងពួកសត្វទាំងពួង ទ្រង់ឈ្លាសក្នុងទេសនា ចម្លងប្រជុំជនដ៏ច្រើន។ ព្រះអង្គមានសេចក្តីអនុគ្រោះ មានសេចក្តីករុណា ទ្រង់ស្វែងរកប្រយោជន៍ដល់សត្វទាំងពួង តែងញុំាងពួកតិរ្ថិយទាំងពួងដែលជួបប្រទះ ឲ្យតាំងនៅក្នុងសីល ៥។ កាលយ៉ាងនេះ សាសនារបស់ព្រះអង្គមិនវឹកវរ ជាសាសនាសូន្យចាកពួកតិរ្ថិយ ជាសាសនាវិចិត្រដោយពួកព្រះអរហន្ត ដែលស្ទាត់ជំនាញ ជាតាទិបុគ្គល។ ព្រះមហាមុនីអង្គនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ។ មានព្រះជន្មាយុមួយសែនឆ្នាំ ព្រះបទុមុត្តរៈអង្គនោះ កាលប្រតិស្ថាននៅ ទ្រង់ចម្លងប្រជុំជនច្រើន កំណត់ត្រឹមនោះ។ កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្ត មានយសធំ ក្នុងក្រុងហង្សវតី បានចូលទៅជិតព្រះសម្ពុទ្ធ ជាប្រទីបក្នុងលោក បានស្តាប់ធម្មទេសនា។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីការបស់ព្រះមុនី ទ្រង់សម្តែងនូវគុណនៃសាវ័ករបស់ព្រះអង្គ ជាអ្នកក្រាលសេនាសនៈដល់ពួកភិក្ខុ ក៏មានចិត្តរីករាយ។ ខ្ញុំធ្វើការកសាងចំពោះសង្ឃ ហើយក្រាបចុះទៀបព្រះបាទារបស់ព្រះមហេសីអង្គនោះ ដោយសិរ ប្រាថ្នានូវតំណែងនោះ។ កាលនោះ ព្រះមហាវីរៈអង្គនោះ ទ្រង់សម្តែងសរសើរនូវកម្មរបស់ខ្ញុំថា
កុលបុត្តណា ញុំាងតថាគតជាលោកនាយក ព្រមទាំងភិក្ខុសង្ឃឲ្យឆាន់ អស់ថ្ងៃ ៧។ កុលបុត្រនោះ មានភ្នែកដូចត្របកឈូក មានស្មាដូចសត្វសីហៈ មានស្បែកដូចមាស ក្រាបចុះទៀបបាទមូលនៃតថាគត ហើយប្រាថ្នានូវទីដ៏ប្រសើរ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្តា ព្រះនាមគោតម ទ្រង់កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងបានត្រាស់ក្នុងលោក។ កុលបុត្តនេះ នឹងបានជាសាវ័ករបស់ព្រះពុទ្ធអង្គនោះ ប្រាកដនាមថាទព្វៈ ជាអ្នកក្រាលអាសនៈ ជាកំពូល (នៃសាវ័កទាំងពួង)។
ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតឯឋានតាវត្តិង្ស ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតាំងសេចក្តីប្រាថ្នានោះផង។ ខ្ញុំបានទទួលទេវរាជសម្បតិ្តអស់ ៣០០ ដង បានជាសេ្តចចក្រពត្តិ អស់ ៥០០ ដង។ ខ្ញុំបានគ្រប់គ្រងប្រទេសរាជ្យដ៏ធំទូលាយរាប់ជាតិមិនអស់ ខ្ញុំដល់នូវសេចក្តីសុខ ក្នុងភពទាំងពួង ដោយអំណាចនៃកុសលកម្មនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី ទ្រង់មានព្រះនេត្ររុងរឿង ទ្រង់ឃើញច្បាស់នូវធម៌ទាំងពួង ទ្រង់ត្រាស់ឡើង។ ខ្ញុំមានចិត្តប្រទូស្ត តិះដៀលសាវ័កអ្នកមិនមានអាសវៈទាំងពួង របស់ព្រះអង្គ ជាតាទិបុគ្គល ហើយប្តេជ្ញាខ្លួនថា អាត្មាអញស្អាត។ (លុះមកខាងក្រោយ) ខ្ញុំកាន់យកស្លាកហើយ ប្រគេនបាយលាយដោយទឹកដោះស្រស់ ដល់ពួកសាវ័កអ្នកស្វែងរកសីលគុណរបស់ព្រះវិបស្សីអង្គនោះ ទ្រង់មានព្យាយាមជាងពួកនរៈ។ ក្នុងកប្បនេះ ព្រះសម្ពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ ទ្រង់មានយសធំ ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់ត្រាស់ឡើង។ ព្រះសម្ពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ទ្រង់ញុំាងសាសនាឲ្យរុងរឿង ទ្រង់គ្របសង្កត់ពួកតិរ្ថិយអាក្រក់ ទ្រង់ណែនាំវេនេយ្យសត្វ ហើយបរិនិព្វាន។ កាលព្រះលោកនាថ ព្រមទាំងសិស្ស បរិនិព្វានហើយ កាលសាសនាសាបសូន្យហើយ ពួកទេវតាមានសេចក្តីតក់ស្លុត រំសាយសក់ មានមុខទទឹកដោយទឹកភ្នែក កន្ទក់កន្ទេញថា ព្រះសម្ពុទ្ធទ្រង់ប្រាប់ធម៌ នឹងបរិនិព្វាន ពួកយើងនឹងមិនឃើញព្រះអង្គ ដែលមានវត្តល្អ នឹងមិនបានស្តាប់ព្រះសទ្ធម្ម ឱហ្ន៎ ពួកយើងចំជាអ្នកឥតបុណ្យមែន។ កាលនោះឯង ផែនដីទាំងមូលនេះ ដែលជារបស់មិនញាប់ញ័រ ផែនដីនោះធំទូលាយផង សាគរ ព្រមទាំងលោកផង ក៏បែរជាបន្លឺសម្រែកករុណា។ ស្គរទាំងឡាយក្នុងទិសទាំង ៤ ដែលមិនមែនជារបស់មនុស្ស ក៏បន្លឺឡើង រន្ទះទាំងឡាយជារបស់នាំមកនូវភ័យ ក៏ធ្លាក់ចុះជុំទិស។ ភ្លើងគប់ទាំងឡាយ ក៏ធ្លាក់មកអំពីអាកាស ផ្កាយដុះកន្ទុយ អណ្តាតភ្លើង ព្រមទាំងផ្សែង ក៏ប្រាកដឡើង ពួកម្រឹគស្រែកនូវសម្រែកករុណា។ កាលនោះ យើងជាភិក្ខុ ៧ រូប ឃើញហេតុកាចអាក្រក់ ជាចម្រូង ឲ្យវិនាសសាសនាកើតឡើង ក៏មានសេចក្តីសង្វេគ គិតគ្នាថា ពួកយើងបើវៀរចាកសាសនាហើយ មិនគួររស់នៅឡើយ យើងទាំងឡាយ គួរចូលទៅក្នុងព្រៃធំ ហើយប្រកបនូវសាសនារបស់ព្រះជិនស្រី។ កាលនោះ ពួកខ្ញុំបានឃើញភ្នំខ្ពស់ក្នុងព្រៃ ទើបឡើងភ្នំនោះតាមបង្អោង ហើយច្រានបង្អោងចោល។ គ្រានោះ ព្រះថេរៈ ទូន្មាននូវពួកយើងថា ការកើតឡើងនៃព្រះពុទ្ធ ជាការកម្រណាស់ សទ្ធាសោត ក៏រកបានដោយកម្រដែរ ឯសាសនាដែលសេសសល់នៅ ក៏ស្តួចស្តើង។ សត្វទាំងឡាយ តែមានខណៈកន្លងហើយ រមែងធ្លាក់ចុះក្នុងសាគរ គឺសេចក្តីទុក្ខ មិនមានទីបំផុត ព្រោះហេតុនោះ សាសនាប្រតិស្ថាននៅ ដរាបណា ពួកយើងគប្បីធ្វើព្យាយាមដរាបនោះ។ ព្រះថេរនោះ ជាព្រះអរហន្ត អនុត្ថេរជាលំដាប់ និងមហាថេរៈនោះ ជាអនាគាមី ភិក្ខុទាំងឡាយក្រៅអំពីនេះ មានសីលល្អ ប្រកបព្យាយាម បានទៅកើតក្នុងទេវលោក។ (ព្រះថេរៈ ១ រូប) មានសង្សារវដ្តឆ្លងហើយ បរិនិព្វាន ព្រះថេរៈមួយរូបទៀត ទៅកើតក្នុងសុទ្ធាវាសព្រហ្មលោក (ឯពួកយើង) គឺខ្ញុំ ១ បុក្កុសាតិ ១ សភិយៈ ១ ពាហិយៈ ១ និងព្រះកុមារកស្សបៈ ១ (នៅជាបុថុជ្ជន) ដូចគ្នា ពួកយើងក៏ចូលទៅកើតហើយក្នុងភពនោះៗ បានព្រះសម្ពុទ្ធ ព្រះនាមគោតមអនុគ្រោះ ក៏រួចស្រឡះចាកចំណងសង្សារ។ ខ្ញុំកើតក្នុងត្រកូលមល្លៈ ក្នុងក្រុងកុសិនារា កាលខ្ញុំនៅក្នុងគភ៌ មាតារបស់ខ្ញុំស្លាប់ លុះគេលើកឡើងកាន់ជើងថ្ករ ខ្ញុំក៏របូតចាកគភ៌នោះ ធា្លក់ទៅលើគំនរស្មៅដំណេកទន្សាយ ព្រោះហេតុនោះ ទើបខ្ញុំមានឈ្មោះប្រាកដថា ទព្វៈ ខ្ញុំមានអាយុ ៧ ឆ្នាំ មានចិត្តផុតស្រឡះចាកកិលេស ដោយផលនៃព្រហ្មចរិយៈ។ ខ្ញុំប្រកបដោយអវយវៈ ៥ ដោយផលនៃបាយដែលលាយទឹកដោះស្រស់ ត្រូវបាបដាស់តឿនហើយដោយច្រើន ដោយការតិះដៀលព្រះខីណាស្រព។ ឥឡូវនេះ ខ្ញុំកន្លងបុណ្យ និងបាបទាំងពីរ បានដល់នូវសេចក្តីស្ងប់យ៉ាងក្រៃលែង ជាអ្នកមិនមានអាសវៈ។ ខ្ញុំក្រាលសេនាសនៈ ញុំាងពួកលោកអ្នកមានវត្តល្អ ឲ្យរីករាយ ព្រះជិនស្រី ទ្រង់ត្រេកអរនឹងគុណនោះ ទើបតាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះទព្វមល្លបុត្តត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ទព្វមល្លបុត្តត្ថេរាបទាន។
(៥. កុមារកស្សបត្ថេរអបទានំ)
[១២៥] ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះពុទ្ធព្រះនាមបទុមុត្តរៈ ជានាយក ទ្រង់ទំនុកបម្រុងសត្វលោកទាំងពួង ជាអ្នកប្រាជ្ញ ទ្រង់កើតឡើង (ក្នុងលោក)។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ មានល្បីល្បាញ ជាអ្នកដល់នូវត្រើយនៃត្រៃវេទ កាលដើរទៅដើម្បីសម្រាក ក្នុងវេលាថ្ងៃ ក៏បានជួបប្រទះព្រះលោកនាយក ព្រះអង្គជាធម្មកថិកដ៏ត្រកាល ទ្រង់កំពុងប្រកាសសម្តែងនូវសច្ចៈ ៤ កំពុងញុំាងមហាជន ព្រមទាំងទេវតា និងសាវ័កឲ្យត្រាស់ដឹង។ គ្រានោះ ខ្ញុំមានចិត្តរីករាយ បាននិមន្តព្រះតថាគត រួចតាក់តែងមណ្ឌបដោយសំពត់មានពណ៌ក្រហមផេ្សងៗ ហើយនិមន្តព្រះពុទ្ធ ព្រមទាំងព្រះសង្ឃ ដែលមានរស្មីច្រាលរន្ទាលដូចរតនៈផេ្សងៗ ឲ្យឆាន់ក្នុងមណ្ឌបនោះ លុះឆាន់ចង្ហាន់មានរសដ៏ប្រសើរផេ្សងៗ គ្រប់ ៧ ថ្ងៃហើយ ទើបខ្ញុំបូជាព្រះតថាគត ព្រមទាំងសាវ័ក ដោយផ្កាដ៏វិចិត្រផេ្សងៗ ហើយក្រាបទៀបព្រះបាទា ប្រាថ្នានូវតំណែងនោះ។
គ្រានោះ ព្រះមុនីដ៏ប្រសើរ ព្រះអង្គមានករុណា មានករុណាជាលំនៅ ទ្រង់ត្រាស់ថា អ្នកទាំងឡាយ ចូរមើលព្រាហ្មណ៍ដ៏ប្រសើរនុ៎ះ ដែលមានមុខ និងភ្នែកដូចផ្កាឈូក ជាអ្នកច្រើនដោយបីតិ និងបាមុជ្ជៈ មានរោមងឡើង ជាអ្នកនាំមកនូវសេចក្តីរីករាយ មានភ្នែកស្រឡះ មានសេចក្តីអាល័យក្នុងសាសនានៃតថាគត មានវត្តប្រតិបត្តិតែមួយ មានចិត្តល្អ បានក្រាបទៀបបាទានៃតថាគត ព្រាហ្មណ៍នុ៎ះ ប្រាថ្នានូវតំណែងនោះ គឺភាពជាអ្នកសម្តែងធម៌ដ៏វិចិត្រ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរសសម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាព្រះសាស្តាក្នុងលោក ព្រះនាមគោតម។ ឯព្រាហ្មណ៍នុ៎ះ នឹងបានជាឱរស ដែលព្រះធម៌និមិ្មត ជាអ្នកទទួលមត៌កក្នុងធម៌របស់ព្រះសាស្តានោះហើយ នឹងបានជាសាវ័កនៃព្រះសាស្តា ឈ្មោះថាកុមារកស្សបៈ។ ដោយអានិសង្សនៃផ្កា និងសំពត់ដ៏វិចិត្រ និងរតនៈទាំងឡាយ កុមារកស្សបនោះ នឹងបានដល់នូវភាពនៃខ្លួនប្រសើរលើសលុប ជាងធម្មកថិកត្រកាលទាំងឡាយ។
ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់នូវសេចក្តីប្រាថ្នានោះផង ខ្ញុំលុះលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ខ្ញុំវិលចុះវិលឡើងក្នុងភពតូច និងភពធំ ហាក់ដូចជាអ្នករបាំ (ដែលរាំវិលចុះឡើង) ក្នុងកណ្តាលរឿណរង្គ ខ្ញុំជាសត្វត្រូវកើតដោយសាខម្រឹគ បានចូលទៅចាប់ផ្ទៃក្នុងមេម្រឹគ។ កាលខ្ញុំកំពុងនៅក្នុងគភ៌ កាលនោះ វេនដែលគេសម្លាប់ក៏មកដល់ ឯមាតារបស់ខ្ញុំ ត្រូវសាខម្រឹគលះបង់ចោល គាត់ក៏ទៅយកនិគ្រោធម្រឹគជាទីពឹងវិញ។ កាលនោះ មាតារបស់ខ្ញុំនោះ ត្រូវស្តេចម្រឹគនោះជួយដោះអំពីមរណៈ តែមាតាខ្ញុំស៊ូលះជីវិតរបស់ខ្លួន ក៏ទូន្មានខ្ញុំ យ៉ាងនេះថា (ហៃបា បើបាចង់បានសេចក្តីចម្រើន) ត្រូវសេពគប់នឹងនិគ្រោធម្រឹគ កុំទៅសេពគប់នឹងសាខម្រឹគឡើយ ការស្លាប់ក្នុងសំណាក់និគ្រោធម្រឹគ ទើបប្រសើរ ការរស់ក្នុងសំណាក់សាខម្រឹគ ពុំប្រសើរឡើយ។
ខ្ញុំ មាតា និងម្រឹគដទៃ ត្រូវស្តេចម្រឹគនោះប្រៀនប្រដៅហើយ ក៏ទទួលធ្វើតាមនូវឱវាទរបស់ស្តេចម្រឹគនោះ ហើយបានទៅកើតក្នុងពិមាននៅឋានតុសិត ជាទីត្រេកអរ ហាក់ដូចជាបុគ្គលទៅកាន់ទីព្រាត់ប្រាស ហើយបានត្រឡប់មកផ្ទះខ្លួនវិញ។ កាលសាសនានៃព្រះពុទ្ធកស្សបៈជាអ្នកប្រាជ្ញ សាបសូន្យទៅ ខ្ញុំបានឡើងទៅលើកំពូលភ្នំ ហើយប្រកបតាមសាសនានៃព្រះជិនស្រីទៀត។ ឥឡូវនេះ ខ្ញុំទៅចាប់ផ្ទៃក្នុងត្រកូលសេដ្ឋី ក្នុងក្រុងរាជគ្រិះ ឯមាតារបស់ខ្ញុំ បានចូលទៅកាន់ផ្នួសទាំងមានគភ៌។ ពួកភិក្ខុនី លុះបានដឹងថា មាតាខ្ញុំនោះ មានគភ៌ហើយ ក៏នាំគ្នាចូលទៅប្រាប់ទេវទត្ត ទេវទត្តនោះ បាននិយាយថា នាងទាំងឡាយ ចូរញុំាងភិក្ខុនីដ៏លាមកនេះ ឲ្យវិនាស។ ឥឡូវនេះ មាតាជាព្រះជននីរបស់ខ្ញុំ មានសេចក្តីសុខ ក្នុងសំណាក់ភិក្ខុនី ដោយសារព្រះមុនិន្ទជិនស្រី ទ្រង់អនុគ្រោះ។ ព្រះបាទកោសលរក្សាផែនដី ទ្រង់ជ្រាបហេតុនោះហើយ ក៏បានចិញ្ចឹមខ្ញុំ ដោយគ្រឿងរក្សាកុមារ ខ្ញុំមានឈ្មោះថាកស្សបៈ។ ខ្ញុំពឹងពាក់អាស្រ័យនឹងព្រះមហាកស្សបៈ ទើបបានឈ្មោះថា កុមារកស្សបៈវិញ ខ្ញុំបានស្តាប់ធម៌ដែលព្រះពុទ្ធទ្រង់សម្តែងថា រាងកាយប្រាកដដូចជាដំបូក។
លំដាប់នោះ ចិត្តរបស់ខ្ញុំ ក៏រួចស្រឡះចាកអាសវៈ ព្រោះមិនមានការប្រកាន់សព្វគ្រប់ ខ្ញុំទូន្មាននូវខ្លួនឲ្យបានបែបបទ ហើយក៏បានដល់នូវទីជាឯតទគ្គៈ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកុមារកស្សបត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កុមារកស្សបត្ថេរាបទាន។
ចប់ ភាណវារៈ ទី២៤។
(៦. ពាហិយត្ថេរអបទានំ)
[១២៦] ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះពុទ្ធជានាយក ព្រះនាមបទុមុត្តរៈ ព្រះអង្គមានរស្មីច្រើន ជាកំពូលនៃត្រៃលោក ស្តេចកើតឡើង (ក្នុងលោក) ខ្ញុំបានឮព្រះមុនី ទ្រង់សរសើរគុណនៃភិក្ខុអ្នកត្រាស់ដឹងឆាប់ ក៏មានចិត្តអណ្តែតឡើង ហើយបានធ្វើគ្រឿងសក្ការៈថ្វាយព្រះមហេសី។ ក្នុងកាលនោះ ខ្ញុំបានថ្វាយទានដល់ព្រះមុនី ព្រមទាំងសិស្សអស់ ៧ ថ្ងៃ ហើយថ្វាយបង្គំព្រះសម្ពុទ្ធ បា្រថ្នានូវតំណែងនោះ។
លំដាប់នោះ ព្រះពុទ្ធទ្រង់ព្យាករខ្ញុំថា អ្នកទាំងឡាយ ចូរមើលព្រាហ្មណ៍នុ៎ះ ដែលក្រាបទៀបបាទមូលនៃតថាគត ជាអ្នកមានប្រាជ្ញាជាគ្រឿងពិចារណា ពេញបរិបូណ៌ មានអវយវៈដូចជាគ្រឿងបូជាដែលគេទិបមាស មានសម្បុរស មានស្បែកស្តើង មានបបូរមាត់ក្រហម ដូចផ្លែបាសទុំដែលសំយុងចុះរយោងរយាន ជាព្រាហ្មណ៍ស្មើដោយវត្ថុដ៏ត្រជាក់មុត។ មានកំឡាំង គឺគុណដ៏ច្រើន មានរោមដ៏រៀវ ងឡើងលើ មានអណ្តូងជាទីនៅនៃគុណកើតហើយ មានមុខរីកដោយបីតិ។ ព្រាហ្មណ៍នេះ ប្រាថ្នាតំណែងនៃភិក្ខុអ្នកត្រាស់ដឹងឆាប់ ព្រះពុទ្ធជាមហាវីរបុរស ព្រះនាមគោតម នឹងមានក្នុងអនាគតកាល (ព្រាហ្មណ៍នេះ) នឹងជាអ្នកទទួលនូវមត៌កក្នុងធម៌ព្រះគោតមនោះ ជាឱរសដែលធម៌និមិ្មតហើយ នឹងបានជាសាវ័កនៃព្រះសាស្តា ឈ្មោះថា ពាហិយៈ។
គ្រានោះ ខ្ញុំត្រេកអរ បានក្រោកឡើង ធ្វើសក្ការៈចំពោះព្រះមហាមុនី ដរាបដល់អស់ជីវិត លុះច្យុត (អំពីមនុស្ស) បានទៅកើតក្នុងឋានសួគ៌ ត្រង់ទីលំនៅជារបស់ខ្លួន។ ខ្ញុំអន្ទោលទៅកើតជាទេវតា ឬជាមនុស្ស តែងដល់នូវសេចក្តីសុខ ហើយបានទទួលសម្បត្តិ ដោយអានិសង្សនៃកុសលកម្មនោះ។ កាលសាសនាព្រះពុទ្ធកស្សបៈជាអ្នកប្រាជ្ញ ដល់នូវសេចក្តីរៀវរោយ ខ្ញុំបានឡើងទៅលើកំពូលភ្នំ ហើយប្រកបព្យាយាមក្នុងសាសនានៃព្រះជិនស្រីទៀត។ ខ្ញុំជាអ្នកមានសីលបរិសុទ្ធ ប្រកបដោយប្រាជ្ញា ជាអ្នកធ្វើតាមសាសនានៃព្រះជិនស្រី ពួកជន ៥ នាក់ (ដែលប្រកបព្យាយាមជាមួយនឹងខ្ញុំ) លុះច្យុតអំពីមនុស្សលោកទៅ បានទៅកើតក្នុងទេវលោក។ បណ្តាជនទាំង ៥ នាក់នោះ ខ្ញុំឈ្មោះពាហិយៈ កើតក្នុងក្រុងភារុកច្ឆៈ ជាបុរីខ្ពង់ខ្ពស់ លំដាប់នោះឯង ខ្ញុំទៅកាន់សាគរ ឈ្មោះអប្បសិទ្ធិកៈ ដោយសំពៅ។ ឯសំពៅនោះ បានបែកធ្លាយក្នុងសាគរ ខ្ញុំហែលទៅបានពីរបីថ្ងៃ ក៏ធ្លាក់ទៅក្នុងលំនៅនៃសត្វមករ ជាទីគួរខ្លាចដ៏ពន្លឹក។ គ្រានោះ ខ្ញុំប្រឹងប្រែងឆ្លងមហាសមុទ្ទ ក៏បានដល់កំពង់ផែដ៏ប្រសើរ ឈ្មោះសុប្បារកៈ ទាំងកំពុងមានសេចក្តីញាប់ញ័រដ៏ចំប្រប់។ ខ្ញុំស្លៀកសម្បកឈើ ដើរចូលទៅក្នុងស្រុកដើម្បីដុំបាយ គ្រានោះ មានជនម្នាក់ ត្រេកអរហើយនិយាយថា នេះជាព្រះអរហន្ត បាននិមន្តមកក្នុងទីនេះ។ ពួកយើងនឹងធ្វើសក្ការៈចំពោះព្រះអរហន្តនេះ ដោយបាយ ទឹក សំពត់ ទីដេក និងភេសជ្ជៈ ហើយនឹងបានសេចក្តីសុខ។ គ្រានោះ ខ្ញុំជាអ្នកបានបច្ច័យទាំងឡាយ ត្រូវជនទាំងនោះ ធ្វើសក្ការបូជា ក៏ញុំាងសេចក្តីត្រិះរិះឲ្យកើតឡើង ដោយខុសឧបាយនៃប្រាជ្ញាថា អាត្មាអញជាព្រះអរហន្ត។ លំដាប់នោះ បុព្វទេវតាមួយអង្គ (ទេវតាជាមិត្រដែលធា្លប់ធ្វើកុសលជាមួយគ្នាក្នុងជាតិមុន) បានដឹងចិត្តខ្ញុំ ក៏មកដាស់តឿនខ្ញុំថា អ្នកមិនទាន់ដឹងផ្លូវជាឧបាយនៃព្រះនិព្វានទេ តើនឹងជាព្រះអរហន្តដូចម្តេចកើត។ គ្រានោះ ខ្ញុំត្រូវទេវតានោះដាស់តឿនហើយ ក៏តក់ស្លុត បានសួរទេវតានោះថា បុគ្គលដូចម្តេច ដែលជាព្រះអរហន្តក្នុងលោក ជាអ្នកខ្ពង់ខ្ពស់ជាងពួកមនុស្ស ហើយអរហន្តទាំងនោះ នៅទីណា។ (ទេវតាតបថា) ព្រះជិនស្រី ព្រះអង្គមានប្រាជ្ញាច្រើន មានប្រាជ្ញាដូចផែនដីដ៏ប្រសើរ ស្តេចនៅក្នុងកោសលមន្ទីរ ទៀបក្រុងសាវត្ថី ព្រះអង្គជាសក្យបុត្រ ជាព្រះអរហន្ត មិនមានអាសវៈ ទ្រង់សម្តែងធម៌ ដើម្បីដល់នូវព្រះអរហត្ត។ ខ្ញុំគ្រាន់តែឮពាក្យទេវតានោះហើយ ក៏ឆ្អែតកាយ ឆ្អែតចិត្ត អស្ចារ្យក្នុងចិត្ត មានចិត្តត្រេកអរដូចជាមនុស្សកំព្រា បានកំណប់ទ្រព្យ (ដោយខ្ញុំគិតឃើញថា) ការឃើញព្រះអរហន្តដ៏ខ្ពង់ខ្ពស់ មានអារម្មណ៍ជាទីបំផុត ជាការឃើញប្រពៃ។ គ្រានោះ ខ្ញុំចេញពីស្រុកនោះ ដើរទៅកាន់សំណាក់ព្រះសាស្តា ប្រាថ្នាឲ្យបានឃើញព្រះជិនស្រី ព្រះអង្គមានព្រះភក្រ្តប្រាសចាកមន្ទិលសព្វកាល ខ្ញុំចូលទៅក្នុងស្រុកឈ្មោះវីជិតៈ ជាទីត្រេកអរ បានសួរពួកព្រាហ្មណ៍ថា ព្រះពុទ្ធជាទីត្រេកអរនៃសត្វលោក គង់នៅក្នុងទីណា។ លំដាប់នោះ ពួកព្រាហ្មណ៍ប្រាប់ថា ព្រះពុទ្ធដែលមនុស្ស និងទេវតា តែងថ្វាយបង្គំ សេ្តចចូលទៅក្នុងបុរី ដើម្បីស្វែងរកចង្ហាន់ បើអ្នកឯង ជាអ្នកខ្វល់ខ្វាយ ចង់ជួបនឹងព្រះជិនស្រី ចូរទៅថ្វាយបង្គំនូវព្រះពុទ្ធ ជាអគ្គបុគ្គល ក្នុងទីនោះឲ្យឆាប់ចុះ។
លំដាប់នោះ ខ្ញុំបានទៅឯក្រុងសាវត្ថី ជាបុរីដ៏ឧត្តមយ៉ាងឆាប់ បានឃើញព្រះអង្គ កំពុងស្តេចទៅដើម្បីបិណ្ឌបាត ព្រះអង្គឥតមានជាប់ព្រះហឫទ័យក្នុងអាហារ មានបាត្រនៅក្នុងព្រះហស្ត មានព្រះនេត្រមិនរលីមរលាម ទ្រង់សម្តែងបំភ្លឺនូវអមតនិព្វាន ក្នុងទីនេះ ព្រះអង្គប្រាកដស្មើដោយលំនៅដ៏មានសិរី មានព្រះភក្ត្រលឿង ដូចព្រះអាទិត្យដ៏រុងរឿង។ លុះខ្ញុំបានជួបនឹងព្រះសាស្តានោះហើយ ក៏ក្រាបចុះ ហើយពោលពាក្យនេះថា បពិត្រព្រះគោតម សូមព្រះអង្គជាទីពឹងរបស់ខ្ញុំព្រះអង្គ ដែលជាអ្នកវងេ្វងវិលវល់ក្នុងផ្លូវខុស។ ព្រះមុនីទី ៧ ទ្រង់ត្រាស់ថា តថាគត កំពុងត្រាច់ទៅបិណ្ឌបាត ដើម្បីចម្លងសត្វ កាលនេះ ជាកាលមិនគួរនឹងសម្តែងធម៌ដល់អ្នកទេ។ គ្រានោះ ខ្ញុំជាអ្នកប្រាថ្នាក្នុងធម៌ បានអារាធនាព្រះពុទ្ធ ព្រះអង្គបានត្រាស់សម្តែងធម៌ជាបទជ្រាលជ្រៅ ជាធម៌សូន្យចាកកិលេស ដល់ខ្ញុំ។ ខ្ញុំលុះស្តាប់ធម៌របស់ព្រះអង្គហើយ ក៏បានដល់នូវកិរិយាអស់អាសវៈ ខ្ញុំមានអាយុអស់ហើយ ឱ! ព្រះសាស្តា ទ្រង់មានសេចក្តីអនុគ្រោះអ្វីម្ល៉េះ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសាសនាព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ ព្រះថេរៈ ឈ្មោះពាហិយទារុចិរិយៈ បានព្យាករយ៉ាងនេះហើយ ក៏ដួលលើគំនរសម្រាម ព្រោះមេគោដែលយក្ខិនីតំណែងមកដល់។ លុះព្រះពាហិយត្ថេរ ជាអ្នកប្រាជ្ញ មានប្រាជ្ញាច្រើននោះ ពោលសរសើរបុព្វចរិតរបស់ខ្លួនរួចហើយ ក៏បរិនិព្វានក្នុងក្រុងសាវត្ថី ជាបុរីដ៏ឧត្តម។ ព្រះពុទ្ធជាឥសីទី ៧ ចេញអំពីនគរ បានឃើញព្រះពាហិយៈ ជាអ្នកប្រាជ្ញនោះ ស្លៀកសំពត់សម្បកឈើ មានការដុតកំដៅកិលេសបន្សាត់បង់ហើយ។ ដួលលើផែនដី ដូចជាកំណាត់ឈើ ឬដងទង់ដ៏ធំ ដែលគេផ្តួលចុះ មានអាយុអស់ហើយ មានកិលេសស្ងួតហើយ ជាអ្នកធ្វើតាមសាសនាព្រះជិនស្រី។ លំដាប់នោះ ព្រះសាស្តាទ្រង់ត្រាស់ហៅពួកសាវ័ក អ្នកត្រេកអរក្នុងសាសនាថា អ្នកទាំងឡាយចូរយកសពរបស់សព្រហ្មចារីទៅបូជាចុះ។ ចូរធ្វើស្តូប ចូរបូជា ដ្បិតពាហិយៈជាអ្នកប្រាជ្ញធំនោះ ជាអ្នកធ្វើតាមពាក្យរបស់តថាគត ជាសាវ័កប្រសើរជាងសាវ័ក ដែលជាខិប្បាភិញ្ញា បរិនិព្វានហើយ។ បើគាថាសូម្បីមួយពាន់ តែប្រកបដោយបទមិនជាប្រយោជន៍ មិនប្រសើរស្មើនឹងគាថាមួយបទ ដែលគេស្តាប់ហើយទេ។ ទឹក ដី ភ្លើង ខ្យល់ មិនតាំងនៅក្នុងព្រះនិព្វានណា កុសលទាំងឡាយ មិនរុងរឿងក្នុងព្រះនិព្វាននោះ ព្រះអាទិត្យ ក៏មិនប្រាកដ (ក្នុងព្រះនិព្វាននោះ)។ ព្រះចន្ទ ក៏មិនភ្លឺក្នុងព្រះនិព្វាននោះ ងងឹតក៏មិនមាន ក្នុងព្រះនិព្វាននោះដែរ ខីណាសវព្រាហ្មណ៍ ជាមុនីដោយញាណ ត្រាស់ដឹងដោយខ្លួនឯង ក្នុងកាលណា ក៏រួចចាករូប និងអរូប សុខ និងទុក្ខក្នុងកាលណោះ។ ព្រះមុនីនាថ ជាទីពឹងនៃសត្វក្នុងត្រៃលោក បានសម្តែងយ៉ាងនេះឯង។
បានឮថា ព្រះពាហិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ពាហិយត្ថេរាបទាន។
(៧. មហាកោដ្ឋិកត្ថេរអបទានំ)
[១២៧] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ជាអ្នកប្រាជ្ញ ទ្រង់ជ្រាបច្បាស់នូវលោកទាំងអស់ មានចក្ខុកើតឡើង ក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះពុទ្ធទ្រង់ឈ្លាសក្នុងទេសនា ទ្រង់ប្រទានឱវាទ ញុំាងសត្វឲ្យដឹង ចម្លងសព្វសត្វ ញុំាងពួកជនច្រើនឲ្យឆ្លង ទ្រង់អនុគ្រោះ មានសេចក្តីករុណា ស្វែងរកប្រយោជន៍ដល់សត្វទាំងពួង បានញុំាងពួកតិរ្ថិយទាំងអស់ ដែលមកប្រជុំគ្នា ឲ្យតាំងនៅស៊ប់ក្នុងសីល ៥។ សាសនានេះឯង មិនវឹកវរសូន្យចាកពួកតិរ្ថិយ វិចិត្រដោយព្រះអរហន្តទាំងឡាយ ជាបុគ្គលស្ទាត់ជំនាញ ប្រកបដោយតាទិគុណ។ ព្រះមហាមុនីនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ។ មានព្រះជន្មមួយសែនឆ្នាំ កាលព្រះអង្គគង់ព្រះជន្មនៅ បានញុំាងពួកជនច្រើនឲ្យឆ្លង (ចាកលោក)។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ ក្នុងក្រុងហង្សវតី ជាអ្នកដល់នូវត្រើយនៃវេទ បានចូលទៅជិតព្រះពុទ្ធជាកំពូលនៃសត្វលោកទាំងពួង ហើយស្តាប់ធម្មទេសនា។ គ្រានោះ ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់តាំងសាវ័ក (មួយអង្គ) ដែលបែកធ្លាយបដិសម្ភិទា ជាអ្នកឈ្លាសវៃក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ ក្នុងទីជាឯតទគ្គៈ កាលនោះ ខ្ញុំបានឮនូវតំណែងនោះហើយ ក៏មានចិត្តរីករាយ បានញុំាងព្រះជិនស្រីដ៏ប្រសើរ ព្រមទាំងសាវ័កឲ្យឆាន់ អស់ ៧ ថ្ងៃ។ ខ្ញុំញុំាងព្រះពុទ្ធដូចជាសាគរ ព្រមទាំងសិស្ស ឲ្យស្លៀកសំពត់ រួចខ្ញុំក្រាបទៀបព្រះបាទមូល ប្រាថ្នាតំណែងនោះ។
លំដាប់នោះ ព្រះពុទ្ធជាកំពូលលោក ទ្រង់ត្រាស់ថា អ្នកទាំងឡាយ ចូរមើលព្រាហ្មណ៍ដ៏ខ្ពង់ខ្ពស់នុ៎ះ ក្រាបទៀបបាទមូល មានរស្មីឰដ៏ពោះ ដូចផ្កាឈូក ព្រាហ្មណ៍នេះ (បរិបូណ៌) ដោយសទ្ធា ចាគៈ និងសទ្ធម្មស្សវនៈនោះ ប្រាថ្នានូវតំណែងនៃភិក្ខុ របស់ព្រះពុទ្ធដ៏ប្រសើរ។ ព្រាហ្មណ៍នេះ ជាអ្នកដល់នូវសេចក្តីសុខ ក្នុងទីទាំងពួង អន្ទោលទៅក្នុងភពតូចភពធំ រមែងបាននូវតំណែងនុ៎ះដូចបំណង ក្នុងកាលជាអនាគត។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរស សម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាព្រះសាស្តាក្នុងលោក ព្រះនាមគោតម។ ព្រាហ្មណ៍នេះ នឹងបានជាធម្មទាយាទ ជាឱរស ជាធម្មនិម្មិត របស់ព្រះគោតមនោះ នឹងបានជាសាវ័កនៃព្រះសាស្តា មាននាមថា កោដ្ឋិក។
កាលនោះ ខ្ញុំឮពុទ្ធព្យាករណ៍នោះហើយ ក៏មានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តា មានប្រាជ្ញាខ្ជាប់ខ្ជួន បានបម្រើព្រះជិនស្រី ដរាបដល់អស់ជីវិត។ ដោយផលនៃកុសលកម្មនោះផង ដោយការតំកល់ទុកនូវសេចក្តីប្រាថ្នានោះផង ខ្ញុំលុះលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ ខ្ញុំបានសោយរាជ្យជាស្តេចទេវតា អស់ ៣០០ ដង បានជាស្តេចចក្រពត្តិ អស់ ៥០០ ដង។ បានសោយប្រទេសរាជ្យដ៏ទូលាយ រាប់ជាតិមិនអស់ ខ្ញុំបានសេចក្តីសុខក្នុងទីទាំងពួង ដោយអានិសង្សនៃកុសលកម្មនោះ។ ខ្ញុំតែងអន្ទោលទៅក្នុងភព ២ គឺទេវតា ឬមនុស្ស ខ្ញុំមិនដែលស្គាល់គតិដទៃ នេះជាផលនៃកុសលកម្មដែលខ្ញុំសន្សំល្អហើយ។ ខ្ញុំតែងកើតក្នុងត្រកូល ២ គឺក្សត្រ ឬព្រាហ្មណ៍ មិនដែលកើតក្នុងត្រកូលទាបថោកទេ នេះជាផលនៃកុសលកម្មដែលខ្ញុំសន្សំល្អហើយ។ លុះដល់បច្ឆិមភព ខ្ញុំជាអ្នកមានផៅពង្សប្រសើរ ខាងក្រោយមក ខ្ញុំកើតក្នុងត្រកូលព្រាហ្មណ៍ មានធនធានច្រើន ក្នុងក្រុងសាវត្ថី។ មាតារបស់ខ្ញុំ ឈ្មោះចន្ទវតី បិតារបស់ខ្ញុំ ឈ្មោះអស្សលាយនៈ ព្រះពុទ្ធទ្រង់ទូន្មានបិតារបស់ខ្ញុំ ដើម្បីសេចក្តីស្អាតគ្រប់យ៉ាង ក្នុងកាលណា។ កាលនោះ ខ្ញុំជ្រះថ្លាចំពោះព្រះសុគត ហើយចូលទៅកាន់ផ្នួស ព្រះមោគ្គល្លានជាអាចារ្យ ព្រះសារីបុត្តជាឧបជ្ឈាយ៍ (របស់ខ្ញុំ)។ កាលសក់ទាំងឡាយដាច់ចុះ ទិដ្ឋិព្រមទាំងឫសក៏ដាច់ចុះដែរ ខ្ញុំកំពុងតែស្លៀកសំពត់កាសាវៈ ក៏បានសម្រេចអរហត្ត។ ប្រាជ្ញារបស់ខ្ញុំបែកធ្លាយ ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ ហេតុនេះ បានជាព្រះពុទ្ធ ជាកំពូលនៃលោក ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ ខ្ញុំត្រូវឧបតិស្សៈ សាកសួរក្នុងបដិសម្ភិទា ក៏បានដោះស្រាយនូវធម៌ ដែលខ្លួនមិនដែលបានឃើញ ហេតុនោះហើយ បានជាខ្ញុំជាអ្នកប្រសើរ ក្នុងសាសនានៃព្រះសម្ពុទ្ធ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើររបស់ខ្ញុំ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមហាកោដ្ឋិកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មហាកោដ្ឋិកត្ថេរាបទាន។
(៨. ឧរុវេឡកស្សបត្ថេរអបទានំ)
[១២៨] ព្រះជិនស្រីព្រះនាមបទុមុត្តរៈជាអ្នកប្រាជ្ញ ទ្រង់ជ្រាបច្បាស់នូវលោកទាំងមូល មានបញ្ញាចក្ខុ ទ្រង់ឧបត្តិឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះពុទ្ធជាម្ចាស់ ទ្រង់ប្រទានឱវាទ ញុំាងសត្វឲ្យត្រាស់ដឹង ចម្លងសត្វទាំងពួង ទ្រង់ឈ្លាសក្នុងទេសនា ស្តេចញុំាងប្រជុំជនច្រើន ឲ្យឆ្លង (ចាកលោក) ព្រះអង្គមានសេចក្តីអនុគ្រោះ មានសេចក្តីអាណិតអាសូរ ស្វែងរកនូវប្រយោជន៍ដល់សត្វទាំងពួង បានញុំាងពួកតិរ្ថិយទាំងពួង ដែលមកប្រជុំគ្នា ឲ្យតាំងនៅស៊ប់ក្នុងសីល ៥។ សាសនានេះមិនវឹកវរសូន្យចាកពួកតិរ្ថិយ វិចិត្រដោយពួកព្រះអរហន្ត ជាអ្នកស្ទាត់ជំនាញ ប្រកបដោយតាទិគុណ។ ព្រះមហាមុនីនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ។ មានព្រះជន្មមួយសែនឆ្នាំ កាលព្រះអង្គគង់ព្រះជន្មនៅឡើយ បានញុំាងពួកជនច្រើន ឲ្យឆ្លង (ចាកលោក) កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ ដែលលោកសន្មតថា ជាសប្បុរស នៅក្នុងក្រុងហង្សវតី បានចូលទៅជិតព្រះពុទ្ធជាពន្លឺនៃលោក ហើយស្តាប់ធម្មទេសនា។ ក្នុងកាលនោះ ខ្ញុំបានឃើញព្រះមានបុណ្យកំពុងតាំងមហាបុរសសាវ័ក ក្នុងទីជាឯតទគ្គៈ ក្នុងកណ្តាលមហាបរិស័ទ ខ្ញុំបានឮហើយក៏ត្រេកអរ។ ខ្ញុំនិមន្តព្រះមហាជិនស្រី ព្រមទាំងបរិវារជាច្រើន បានថ្វាយទានជាមួយនឹងពួកព្រាហ្មណ៍មួយពាន់នាក់។ លុះថ្វាយមហាទានហើយ ក៏ក្រាបថ្វាយបង្គំព្រះនាយក ឋិតនៅក្នុងទីដ៏សមគួរ ត្រេកអរហើយ ក៏ពោលពាក្យនេះថា បពិត្រព្រះអង្គមានព្យាយាម ដោយសេចក្តីជឿចំពោះព្រះអង្គផង ដោយគុណដ៏ក្រៃលែងផង បរិស័ទច្រើន សូមសម្រេចដល់ខ្ញុំព្រះអង្គ ដែលកើតក្នុងទីនោះៗ។
គ្រានោះ ព្រះសាស្តា មានព្រះសូរសៀងក្បោះក្បាយ ដូចជាកំទរនៃដំរី ពីរោះដូចសត្វករវិក បានត្រាស់ចំពោះបរិស័ទថា អ្នកទាំងឡាយ ចូរមើលព្រាហ្មណ៍នុ៎ះ មានសម្បុរដូចមាស មានកំភួនដៃធំ មានមុខ និងភ្នែកដូចផ្កាឈូក មានរោមដ៏ខៀវងឡើង ជាអ្នកត្រេកអរ មានសេចក្តីជឿក្នុងគុណរបស់តថាគត។ ព្រាហ្មណ៍នេះ ប្រាថ្នានូវតំណែងនៃភិក្ខុ ដែលមានសំឡេងដូចជាសីហៈនោះ នឹងបាននូវតំណែងនុ៎ះដូចបំណង ក្នុងកាលជាអនាគត។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានព្រះមហាបុរស សម្ភពក្នុងកូលស្តេចឱក្កាកៈ នឹងបានជាព្រះសាស្តាក្នុងលោក ព្រះនាមគោតម។ ព្រាហ្មណ៍នេះ ជាឱរសដែលធម៌និមិ្មត ជាអ្នកទទួលមត៌កក្នុងធម៌របស់ព្រះគោតមនោះ នឹងបានជាសាវ័កនៃព្រះសាស្តា មាននាមថា កស្សបៈ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ នឹងមានព្រះសាស្តាព្រះនាមផុស្សៈ ព្រះអង្គប្រសើរ រកបុគ្គលបៀបផ្ទឹមមិនបាន ឥតមានបុគ្គលស្មើ ជានាយក ជាកំពូលនៃលោក។ ព្រះអង្គកំចាត់បង់នូវងងឹតទាំងពួង ទ្រង់ត្រដោះនូវបណ្តាញធំ គឺតណ្ហា ស្តេចបង្អុរចុះនូវភ្លៀង គឺអមតៈ ហើយញុំាងមនុស្សលោក ព្រមទាំងទេវលោក ឲ្យឆ្អែតស្កប់ស្កល់ (ដោយទឹកអម្រឹតនោះ)។ កាលនោះ យើងទាំងអស់គ្នា ៣ នាក់ ជាបងប្អូន ជាអាមាត្យរបស់ស្តេចពារាណសី ជាទីទុកព្រះទ័យនៃព្រះរាជា។ ជាអ្នកមានព្យាយាម អង់អាច មានកម្លាំង ឈ្នះក្នុងសង្រ្គាម គ្រានោះ ស្រុកបច្ចន្តគ្រាមកើតបះបោរ ម្ចាស់ផែនដី ក៏ត្រាស់បង្គាប់យើង ប្រៀនប្រដៅយើងថា អ្នកទាំងឡាយ មកអាយ ចូរទៅកាន់បច្ចន្តគ្រាម បង្រ្កាបពលផែនដី ធ្វើដែនរបស់អញឲ្យបានក្សេមក្សាន្ត ហើយត្រឡប់មកវិញចុះ។ លំដាប់នោះ ពួកយើងក្រាបទូលសូមពរថា បើព្រះអង្គប្រទាននូវព្រះពុទ្ធជានាយក ដល់យើងដើម្បីបានបម្រើ យើងទាំងឡាយ នឹងបង្រ្កាបសត្រូវទាំងនោះ ក្នុងបច្ចន្តគ្រាមនោះឲ្យខាងតែបាន។ គ្រានោះ ពួកយើងបានទទួលហើយ ទើបស្តេចបញ្ជូនទៅដើម្បីរក្សាស្រុក ពួកយើងក៏ធ្វើបច្ចន្តគ្រាម ឲ្យមានគ្រឿងសស្រ្តាដាក់ចុះ រួចហើយត្រឡប់មកកាន់ក្រុងពារាណសីនោះវិញ។ បានសូមការបម្រើព្រះសាស្តា ជាលោកនាយក នឹងព្រះរាជា លុះបានព្រះមុនីដ៏ប្រសើរមកហើយ ទើបនាំគ្នាបូជាព្រះអង្គនោះ ដរាបដល់អស់ជីវិត។ ពួកយើងជាអ្នកមានសីល មានសេចក្តីករុណា មានចិត្តប្រកបដោយភាវនា បានប្រគេននូវសំពត់មានតម្លៃផង នូវភោជនមានរសដ៏ថ្លៃថ្លាផង នូវសេនាសនៈជាទីត្រេកអរផង នូវភេសជ្ជៈជាប្រយោជន៍ផង ដែលកើតឡើងដោយធម៌ ដល់ព្រះមុនី ព្រមទាំងព្រះសង្ឃ ហើយបម្រើព្រះនាយក ដោយមេត្រីចិត្តសព្វកាល។ កាលដែលព្រះអង្គជាកំពូលនៃលោក ទ្រង់បរិនិព្វានទៅ ពួកយើងក៏នាំគ្នាធ្វើការបូជា សមគួរតាមកម្លាំងធនធាន។ ពួកយើងទាំងអស់គ្នា ច្យុតអំពីមនុស្សលោកនោះ បានទៅកើតក្នុងឋានតាវត្តិង្ស សោយមហាសុខក្នុងឋានតាវត្តិង្សនោះ នេះជាផលនៃពុទ្ធបូជា។ ជាងក្រងផ្កា បាននូវផ្កា រមែងសម្តែងនូវការធ្វើរំលេចផេ្សងៗ ច្រើនយ៉ាង យ៉ាងណាមិញ ចំណែកខាងខ្ញុំ កាលកើតក្នុងភព បានជាធំក្នុងដែនវិទេហៈ ក៏យ៉ាងនោះដែរ។ ខ្ញុំមានអាសយធម៌ ត្រូវមិច្ឆាទិដ្ឋិកម្ចាត់បង់ (ព្រោះជឿ) តាមពាក្យអចេលឈ្មោះគុណៈ ក៏ឡើងកាន់ផ្លូវនរក មិនបានកាន់យកឱវាទរបស់នាងរុចា ជាធីតានៃខ្ញុំ លុះបាននារទព្រហ្មមកប្រៀនប្រដៅ ដោយវិធីច្រើនយ៉ាង ក៏បានស្ងប់រម្ងាប់ ហើយលះបង់ទិដ្ឋិអាក្រក់ចោលចេញ។ ខ្ញុំបានបំពេញកម្មបថទាំង ១០ ដោយវិសេស លុះលះបង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានសួគ៌ ដូចជានៅក្នុងលំនៅរបស់ខ្លួន។ លុះដល់បច្ឆិមភព ខ្ញុំជាអ្នកមានផៅពង្សដ៏ប្រសើរ គឺកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងពារាណសី ជាក្រុងទូលាយ។ ខ្ញុំត្រូវមច្ចុ ព្យាធិ និងជរាមកគ្របសង្កត់ហើយ បានចូលទៅក្នុងព្រៃមហាវ័ន ស្វែងរកផ្លូវព្រះនិព្វាន ហើយក៏ចូលបួសក្នុងពួកជដិល។ គ្រានោះ ប្អូនរបស់ខ្ញុំទាំង ២ នាក់ ក៏បួសជាមួយនឹងខ្ញុំដែរ ខ្ញុំបានកសាងអាស្រម នៅក្នុងឧរុវេលប្រទេស។ ខ្ញុំឈ្មោះកស្សប តាមគោត្រ នៅក្នុងឧរុវេលប្រទេស ព្រោះនៅក្នុងឧរុវេលប្រទេសនោះ បានជានាមបញ្ញត្តិរបស់ខ្ញុំថាឧរុវេលកស្សប។ ប្អូនរបស់ខ្ញុំម្នាក់ នៅក្បែរស្ទឹង មាននាមថា នទីកស្សប (ប្អូនម្នាក់ទៀត) នៅក្នុងប្រទេសគយា ក៏មាននាមប្រាកដថា គយាកស្សប។ ប្អូនពៅមានសិស្ស ២០០ ប្អូនកណ្តាល មានសិស្ស ៣០០ ខ្ញុំឯងមានសិស្ស ៥០០ ឥតខ្វះ សិស្សទាំងអស់នោះ ប្រព្រឹត្តតាមខ្ញុំ។ គ្រានោះ ព្រះពុទ្ធជាកំពូលនៃលោក ជានរសារថី ទ្រង់ចូលទៅរកខ្ញុំ បានធ្វើបាដិហារ្យផ្សេងៗ ទូន្មានខ្ញុំ។ ខ្ញុំបានបួសជាឯហិភិក្ខុ ព្រមដោយបរិវារមួយពាន់ ហើយបានសម្រេចអរហត្ត មួយអន្លើដោយជនទាំងនោះគ្រប់គ្នា។ មិនមែនត្រឹមតែពួកជនទាំងនោះទេ មានទាំងពួកជនដទៃជាច្រើន ចោមរោមខ្ញុំដោយយស ខ្ញុំក៏អាចប្រៀនប្រដៅ (ជនទាំងនោះ) បាន លំដាប់ពីនោះមក ព្រះពុទ្ធជាឥសីទី ៧ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ខាងឯមានបរិស័ទច្រើន។ ឱហ្ន៎! ការបូជាដែលខ្ញុំបានធ្វើចំពោះព្រះពុទ្ធ កើតផលដល់ខ្ញុំវិញ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួងខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះឧរុវេលកស្សបត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ឧរុវេលកស្សបត្ថេរាបទាន។
(៩. រាធត្ថេរអបទានំ)
[១២៩] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុ ជាអ្នកប្រាជ្ញ ជ្រាបច្បាស់នូវលោកទាំងពួង ស្តេចកើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះពុទ្ធទ្រង់ឈ្លាសក្នុងការទេសនា ទ្រង់ប្រទានឱវាទ ញុំាងសត្វឲ្យត្រាស់ដឹង ចម្លងសត្វទាំងពួង ទ្រង់ញុំាងប្រជុំជនច្រើនឲ្យឆ្លង (ចាកលោក)។ ព្រះអង្គមានសេចក្តីអនុគ្រោះ មានសេចក្តីអាណិតអាសូរ ស្វែងរកប្រយោជន៍ដល់សព្វសត្វ ទ្រង់ញុំាងពួកតិរិ្ថយទាំងពួង ដែលមកប្រជុំគ្នាឲ្យតាំងនៅក្នុងសីល ៥។ កាលយ៉ាងនេះ សាសនានេះមិនវឹកវរ សូន្យចាកពួកតិរិ្ថយ វិចិត្រដោយពួកព្រះអរហន្ត ជាបុគ្គលស្ទាត់ជំនាញ ប្រកបដោយតាទិគុណ។ ព្រះមហាមុនីនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ។ មានព្រះជន្មមួយសែនឆ្នាំ កាលព្រះអង្គគង់ព្រះជន្មនៅឡើយ ស្តេចញុំាងប្រជុំជនច្រើនឲ្យឆ្លង (ចាកលោក)។ គ្រានោះ ខ្ញុំកើតជាព្រាហ្មណ៍ នៅក្រុងហង្សវតី ជាអ្នកដល់ត្រើយនៃមន្ត បានចូលទៅគាល់ព្រះអង្គជានរៈដ៏ប្រសើរ ហើយស្តាប់ធម៌ទេសនា។ ខ្ញុំបានឃើញនូវព្រះនាយក មានព្យាយាមធំ កំពុងតាំងភិក្ខុអ្នកមានប្រាជ្ញាក្លៀវក្លា ក្នុងទីជាឯតទគ្គៈ ក្នុងកណ្តាលបរិស័ទ។ គ្រានោះ ខ្ញុំធ្វើសក្ការៈចំពោះព្រះលោកនាយក ព្រមទាំងព្រះភិក្ខុសង្ឃ ហើយក្រាបទៀបព្រះបាទាដោយសិរ្យៈ ប្រាថា្ននូវតំណែងនោះ។ លំដាប់នោះ ព្រះមានព្រះភាគ ព្រះអង្គមានរស្មីដូចជាមាសឆ្តោ ទ្រង់ត្រាស់នឹងខ្ញុំដោយព្រះសូរសៀងគួរត្រេកអរ អាចកម្ចាត់បង់នូវកិលេសជាមន្ទិល ដូច្នេះថា
អ្នកចូរបានសេចក្តីសុខ មានអាយុវែង សេចក្តីប្រាថ្នា ចូរសម្រេចដល់អ្នក ព្រោះគ្រឿងសក្ការៈ អ្នកបានធ្វើដល់តថាគត ព្រមទាំងព្រះសង្ឃ ហៅពេញជាអធិកមហិមា។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរសសម្ភពក្នុងត្រកូលសេ្តចឱក្កាកៈ នឹងបានជាសាស្តា ព្រះនាមគោតម ត្រាស់ឡើងក្នុងលោក។ បុរសនេះនឹងបានជាឱរស ដែលព្រះធម៌និម្មិត ជាអ្នកទទួលនូវមត៌ក ក្នុងធម៌របស់ព្រះគោតមនោះ ជាសាវ័ករបស់ព្រះសាស្តា មានឈ្មោះថា រាធៈ។ ព្រះនាយក នឹងតាំងបុរសនេះ ជាបុគ្គលប្រសើរជាងសាវ័ក អ្នកមានប្រាជ្ញាទាំងឡាយ។
គ្រានោះ ខ្ញុំឮព្រះពុទ្ធដីកានោះហើយ ក៏ត្រេកអរ មានចិត្តប្រកបដោយមេត្តា មានប្រាជ្ញាខ្ជាប់ខ្ជួន បានបម្រើព្រះជិនស្រី ដរាបដល់អស់ជីវិត។ ដោយអំពើដែលខ្ញុំធ្វើដោយល្អនោះផង ដោយការតំកល់ទុកនូវសេចក្តីប្រាថ្នានោះផង ខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស បានសោយរាជ្យជាសេ្តចទេវតា អស់ ៣០០ ដង។ បានជាសេ្តចចក្រពត្តិ អស់ ៥០០ ដង បានសោយប្រទេសរាជ្យដ៏ទូលាយរាប់ជាតិមិនអស់។ ខ្ញុំជាអ្នកបានសេចក្តីសុខក្នុងទីទាំងពួង ដោយអានិសង្សនៃកម្មនោះ លុះដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលព្រាហ្មណ៍ទ័លក្រ ខ្វះខាតគ្រឿងស្លៀកពាក់ និងគ្រឿងបរិភោគ នៅក្នុងក្រុងគិរិព្វជៈ ជាក្រុងខ្ពង់ខ្ពស់ បានប្រគេនចង្ហាន់មួយវែក ដល់ព្រះសារីបុត្ត ជាតាទិបុគ្គល។ កាលដែលខ្ញុំមានវ័យចាស់ចម្រើនឡើង បានចូលទៅក្នុងអារាម ក្នុងកាលនោះ ឥតមានភិក្ខុណា ហ៊ានបំបួសខ្ញុំ ដែលចាស់គ្រាំគ្រា មានកម្លាំងថមថយទេ។ ព្រោះហេតុនោះ បានជាខ្ញុំកើតទុក្ខ មានសម្បុរខ្លួនអាប់អន់ មានសេចក្តីសោក កាលនោះ ព្រះមហាមុនី មានសេចក្តីករុណាធំ លុះឃើញហើយត្រាស់សួរខ្ញុំថា ម្នាលកូន អ្នកត្រូវសេចក្តីសោកគ្របសង្កត់ដូចម្តេច ចូរប្រាប់សេចក្តីឈើចិត្តរបស់អ្នកមក។ បពិត្រព្រះអង្គមានព្យាយាម ខ្ញុំព្រះអង្គមិនបានបព្វជ្ជាក្នុងសាសនា ដែលព្រះអង្គសម្តែងដោយល្អទេ ខ្ញុំព្រះអង្គកើតទុក្ខព្រោះសេចក្តីស្តាយនោះ បពិត្រព្រះនាយក សូមព្រះអង្គជាទីពឹងរបស់ខ្ញុំ។ គ្រានោះ ព្រះមុនីទី ៧ ប្រមូលភិក្ខុទាំងឡាយមកហើយ ត្រាស់សួរថា ពួកភិក្ខុណា នឹកឃើញគុណរបស់ព្រាហ្មណ៍នេះ ពួកភិក្ខុនោះ ចូរពោលមក។ គ្រានោះ ព្រះសារីបុត្តបានពោលថា ខ្ញុំព្រះករុណានឹកឃើញគុណរបស់ព្រាហ្មណ៍នេះ ដ្បិតព្រាហ្មណ៍នេះ បានប្រើគេឲ្យប្រគេនចង្ហាន់មួយវែកដល់ខ្ញុំព្រះអង្គ កាលត្រាច់ទៅបិណ្ឌបាត។ ម្នាលសារីបុត្រ ប្រពៃហើយៗ អ្នកជាមនុស្សកតញ្ញូនឹងព្រាហ្មណ៍នេះ អ្នកចូរបំបួសព្រាហ្មណ៍ចាស់នេះចុះ ព្រោះព្រាហ្មណ៍នេះ នឹងជាបុគ្គលគួរគេបូជា។ លំដាប់នោះ ខ្ញុំក៏បានបព្វជ្ជា ព្រមទាំងឧបសម្បទាដោយកម្មវាចា។ អស់កាលមិនយូរប៉ុន្មាន ខ្ញុំក៏បានដល់នូវធម៌ ជាគ្រឿងអស់ទៅនៃអាសវៈ តាំងពីខ្ញុំមានចិត្តរីករាយ ស្តាប់ព្រះពុទ្ធដីការបស់ព្រះមុនីដោយគោពរ ក្នុងកាលណា ព្រះជិនស្រី ក៏តាំងខ្ញុំថាជាអ្នកប្រសើរខាងប្រាជ្ញា ជាងពួកសាវ័កអ្នកមានប្រាជ្ញា ក្នុងកាលនោះ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ
បានឮថា ព្រះរាធត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ រាធត្ថេរាបទាន។
(១០. មោឃរាជត្ថេរអបទានំ)
[១៣០] ព្រះមុនីព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់ជាប្រយោជន៍ដល់សត្វលោកទាំងពួង ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះពុទ្ធទ្រង់ឈ្លាសក្នុងទេសនា ទ្រង់ប្រទានឱវាទ ញុំាងសត្វឲ្យត្រាស់ដឹង ចម្លងសត្វទាំងពួង ទ្រង់ញុំាងពួកជនច្រើនឲ្យឆ្លង (ចាកលោក) ទ្រង់មានសេចក្តីអនុគ្រោះ មានករុណា ស្វែងរកប្រយោជន៍ដល់សត្វទាំងពួង ទ្រង់ញុំាងពួកតិរ្ថិយទាំងពួងដែលមកប្រជុំគ្នា ឲ្យតាំងនៅក្នុងសីល ៥។ កាលយ៉ាងនេះ សាសនានេះឯង មិនវឹកវរសូន្យចាកពួកតិរ្ថិយ វិចិត្រដោយពួកព្រះអរហន្ត ជាអ្នកស្ទាត់ជំនាញ ប្រកបដោយតាទិគុណ។ ព្រះមហាមុនីនោះ មានកំពស់ ៥៨ ហត្ថ ប្រាកដស្មើដោយគ្រឿងបូជាជាវិការៈនៃមាស មានលក្ខណៈប្រសើរ ៣២ ប្រការ។ មានព្រះជន្មាយុមួយសែនឆ្នាំ កាលព្រះអង្គទ្រង់គង់នៅឡើយ ទ្រង់ញុំាងពួកជនច្រើនឲ្យឆ្លង (ចាកលោក)។ កាលនោះ ខ្ញុំកើតក្នុងត្រកូលមួយ នៅក្នុងក្រុងហង្សវតី ជាអ្នកប្រកបការងារ របស់បុគ្គលដទៃ ខ្ញុំឥតមានវត្ថុតិចតួចជាទ្រព្យរបស់ខ្លួនឡើយ។ កាលខ្ញុំនៅក្នុងបដិក្កមនសាលា ដែលគេធ្វើជាថ្នាក់ ក៏អុជភ្លើងក្នុងបដិក្កមនសាលានោះ ផែនដីដែលក្រាលដោយថ្ម ត្រូវភ្លើងឆេះខ្លោចខ្មៅ។ កាលនោះ ព្រះលោកនាថ កំពុងប្រកាសសច្ចៈ ៤ ក្នុងកណ្តាលបរិស័ទ ទ្រង់សរសើរសាវ័ក ដែលទ្រទ្រង់ចីវរសៅហ្មង។ ខ្ញុំត្រេកអរក្នុងគុណរបស់សាវ័កនោះ បានប្រតិបត្តិព្រះតថាគត ហើយប្រាថ្នាតំណែងដ៏ខ្ពង់ខ្ពស់ ជាកំពូលនៃការទ្រទ្រង់ចីវរសៅហ្មង។ គ្រានោះ ព្រះបទុមុត្តរៈមានជោគ សេ្តចទ្រង់ត្រាស់នឹងពួកសាវ័កថា អ្នកទាំងឡាយ ចូរមើលបុរសនុ៎ះ ដែលមានសំពត់ក្រខ្វក់ មានខ្លួនស្តើង មានមុខជ្រះថ្លាដោយបីតិ ទាំងមានទ្រព្យប្រសើរ គឺសទ្ធាជាប់តាមហើយ មានរោមដ៏រៀវងឡើង រីករាយ ឥតកម្រើកដូចជាដុំឈើ។ បុរសនុ៎ះ ប្រាថ្នានូវតំណែងនៃភិក្ខុអ្នកមានសច្ចៈជារបស់ខ្លួន ទ្រទ្រង់នូវចីវរសៅហ្មងនោះ មានអធ្យាស្រ័យតាំងនៅក្នុងគុណនៃភិក្ខុនោះ។ លុះខ្ញុំស្តាប់ព្រះពុទ្ធតម្រាស់នោះហើយ ក៏កើតសេចក្តីរីករាយ ក្រាបទៀបព្រះជិនស្រីដោយសិរ្សៈ ធ្វើនូវអំពីល្អ ក្នុងសាសនាព្រះជិនស្រី ដរាបដល់អស់ជីវិត។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកនូវសេចក្តីប្រាថ្នានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ដោយអំពើដែលខ្ញុំបានដុតថ្នាក់ ក្នុងបដិក្កមនសាលា ខ្ញុំត្រូវវេទនាគ្របសង្កត់ ឆេះនៅក្នុងនរកអស់មួយពាន់ឆ្នាំគត់។ ដោយសំណល់កម្មនោះ ខ្ញុំបានកើតក្នុងត្រកូលមនុស្ស មានលក្ខណៈគេស្គាល់បានតាមលំដាប់ អស់ ៥០០ ជាតិ។ ពេញប្រៀបដោយរោគឃ្លង់ គ្រប់ ៥០០ ជាតិ រងសេចក្តីទុក្ខធំ ដោយផលនៃកម្មនោះ។ ក្នុងកប្បនេះ ខ្ញុំមានចិត្តជ្រះថ្លា បានញុំាងព្រះបច្ចេកពុទ្ធព្រះនាម ឧបរិដ្ឋៈ មានយស ឲ្យឆ្អែតស្កប់ស្កល់ដោយចង្ហាន់បិណ្ឌបាត។ ដោយអំពើវិសេសនោះផង ដោយការតំកល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ លុះដល់បច្ឆិមភព ខ្ញុំបានកើតក្នុងត្រកូលក្សត្រ អំណឹះឥតពីព្រះបិតាទៅ ខ្ញុំក៏បានឆ្អែតស្កប់ស្កល់ដោយរាជសម្បត្តិធំ។ ខ្ញុំត្រូវរោគឃ្លង់គ្របសង្កត់ ឥតបានសុខក្នុងរាត្រីឡើយ សេចក្តីសុខក្នុងរាជសម្បត្តិ ជារបស់សោះសូន្យទទេ ព្រោះហេតុណា ព្រោះហេតុនោះ បានជាខ្ញុំមានឈ្មោះថាមោឃរាជ។ ខ្ញុំឃើញទោសរបស់កាយហើយ ក៏ចូលទៅកាន់ផ្នួស បានចូលទៅធ្វើជាសិស្សរបស់ពាវរីព្រាហ្មណ៍ ដែលជាកំពូលព្រាហ្មណ៍។ ខ្ញុំមានបរិវារច្រើន ចូលទៅគាល់ព្រះពុទ្ធ ជានាយកនៃនរជន ហើយសួរនូវប្រស្នាដ៏ល្អិតល្អន់ ជាប្រស្នានៃបុគ្គលមានថ្វីមាត់ ជាទីហូរមកនៃវាទៈថា លោកនេះ បរលោក ព្រហ្មលោក ព្រមទាំងទេវលោក (មានដែរឬទេ) ខ្ញុំព្រះអង្គមិនដឹងទិដ្ឋិរបស់ព្រះអង្គ ជាគោតមដ៏មានយសទេ។ ដែលខ្ញុំព្រះអង្គមកនេះ ដើម្បីសួរប្រស្នាចំពោះព្រះអង្គ ទ្រង់ឃើញវិសេសយ៉ាងនេះ ចុះមច្ចុរាជ មិនឃើញបុគ្គលដែលពិចារណាឃើញច្បាស់នូវលោក តើយ៉ាងណា។ ព្រះពុទ្ធទ្រង់ព្យាបាលរោគគ្រប់មុខ បានត្រាស់ឆ្លើយនឹងខ្ញុំវិញថា ម្នាលមោឃរាជ អ្នកចូរមានស្មារតីសព្វកាល ពិចារណានូវលោកថាសូន្យចុះ បុគ្គលដែលបានដកនូវអត្តានុទិដ្ឋិចេញហើយ រមែងឆ្លងចាកមច្ចុរាជបាន។ មច្ចុរាជ រមែងមិនឃើញនូវបុគ្គលអ្នកពិចារណាឃើញច្បាស់នូវលោក យ៉ាងនេះ។ គ្រាន់តែចប់គាថា ខ្ញុំវៀរស្រឡះចាកសក់ និងពុកមាត់ ស្លៀកសំពត់កាសាវៈ បានក្លាយទៅជាអរហន្តភិក្ខុភ្លាម។ ខ្ញុំត្រូវរោគបៀតបៀនហើយ មិនហ៊ាននៅក្នុងវិហាររបស់សង្ឃ ត្រូវគេរុកកួនដោយសំដីថា អ្នកកុំប្រទូស្តវិហារ។ លំដាប់នោះ ខ្ញុំបាននាំយកសំពត់អំពីគំនរសំរាមខ្លះ ព្រៃស្មសានខ្លះ ច្រកខ្លះ មកធ្វើជាសង្ឃាដី ហើយប្រើប្រាស់តែចីវរសៅហ្មង។ ព្រះពុទ្ធជាមហាពេទ្យ ដឹកនាំសត្វ ទ្រង់ត្រេកអរក្នុងគុណរបស់ខ្ញុំនោះហើយ ក៏តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ជាងពួកភិក្ខុទ្រទ្រង់នូវចីវរសៅហ្មង។ ខ្ញុំជាបុគ្គលអស់បុណ្យ និងបាប វៀរស្រឡះចាករោគគ្រប់យ៉ាង ឥតមានអាសវៈ ដូចជាភ្លើងឥតកំញម នឹងបរិនិព្វាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជា្ជ ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះមោឃរាជត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មោឃរាជត្ថេរាបទាន។
ឧទ្ទាន
មហាកច្ចាយនត្ថេរាបទាន ១ វក្កលិត្ថេរាបទាន ១ មហាកប្បិនត្ថេរាបទាន ១ ទព្វមល្លបុត្តត្ថេរាបទាន ១ កុមារកស្សបត្ថេរាបទាន ១ ពាហិយត្ថេរាបទាន ១ មហាកោដ្ឋិកត្ថេរាបទាន ១ ឧរុវេលកស្សបត្ថេរាបទាន ១ រាធត្ថេរាបទាន ១ មោឃរាជបណ្ឌិតត្ថេរាបទាន ១ មានគាថា ៣៦២ ដែលព្រះសង្គីតិកាចារ្យ បានប្រមូលទុកហើយ។
ចប់ កច្ចាយនវគ្គ ទី៥៤។
(៥៥. ភទ្ទិយវគ្គោ)
(១. លកុណ្ឌភទ្ទិយត្ថេរអបទានំ)
[១៣១] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងលោក ក្នុងកប្បទីមួយសែន អំពីកប្បនេះ។ កាលនោះ ខ្ញុំកើតជាសេដ្ឋីបុត្ត ក្នុងនគរហង្សវតី ជាអ្នកមានទ្រព្យច្រើន បានដើរទៅកាន់ទីសម្រាកស្មង ក៏ឆៀងចូលទៅកាន់អារាមរបស់សង្ឃ។ គ្រានោះ ព្រះអង្គជាប្រទីបនៃលោក ជានាយក កំពុងសម្តែងធម៌ ទ្រង់សរសើរសាវ័កដ៏ប្រសើរដែលមានសំឡេងពីរោះ ជាងពួកសាវ័ក ដែលមានសំឡេងពីរោះទាំងឡាយ។ ខ្ញុំឮព្រះពុទ្ធដីកានោះហើយ ក៏ត្រេកអរ បានធ្វើគ្រឿងសក្ការៈចំពោះព្រះមហេសី ហើយថ្វាយបង្គំបាទានៃព្រះសាស្តា រួចប្រាថ្នានូវតំណែងនោះ។
គ្រានោះ ព្រះពុទ្ធជានាយក ទ្រង់ព្យាករក្នុងកណ្តាលជំនុំសង្ឃថា អ្នកនឹងបាននូវតំណែងនុ៎ះ ដូចចិត្តប៉ុនប៉ង ក្នុងកាលអនាគត។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរស សម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាសាស្តា ព្រះនាមគោតម ត្រាស់ក្នុងលោក។ សេដ្ឋីបុត្តនេះ នឹងបានជាឱរស ដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌ក ក្នុងធម៌របស់ព្រះគោគម ជាសាវ័កនៃព្រះសាស្តា មាននាមថា ភទ្ទិយៈ។
ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ព្រះជិនស្រី ព្រះនាមផុស្សៈ ជានាយក ដែលគេចូលទៅរកបានដោយកម្រ គេគ្របសង្កត់បានដោយក្រ ព្រះអង្គខ្ពង់ខ្ពស់ជាងលោកទាំងពួង ទ្រង់កើតឡើងក្នុងកប្បទី ៩២ អំពីកប្បនេះ។ ទ្រង់បរិបូណ៌ដោយចរណៈ ជាបុគ្គលប្រសើរ មានព្រះទ័យត្រង់ មានតេជះ ស្វែងរកប្រយោជន៍ដល់សព្វសត្វ ទ្រង់ញុំាងសត្វជាច្រើនឲ្យរួចចាកចំណង។ ខ្ញុំកើតជាសត្វតាវ៉ៅស នៅលើដើមស្វាយក្បែរគន្ធកុដិ ក្នុងនន្ទារាមរបស់ព្រះសាស្តានោះ។ គ្រានោះ ខ្ញុំបានឃើញព្រះជិនស្រី ជាទក្ខិណេយ្យបុគ្គលដ៏ខ្ពង់ខ្ពស់ ស្តេចកំពុងទៅបិណ្ឌបាត ហើយញុំាងចិត្តឲ្យជ្រះថ្លា ក៏ស្រែករំពងដោយសំឡេងដ៏ពីរោះ។ ខ្ញុំបានហើរទៅកាន់ឧទ្យានស្តេច ហើយពាំយកផ្លែស្វាយទុំ មានសម្បុរនៃសម្បកដូចមាស បង្អោនទៅជិតព្រះសម្ពុទ្ធ។ ព្រះជិនស្រី ទ្រង់ប្រកបដោយមហាករុណា ជានាយក ទ្រង់ជ្រាបច្បាស់នូវចិត្តរបស់ខ្ញុំហើយ ក៏យកបាត្រអំពីដៃភិក្ខុជាឧបដ្ឋាក (ហើយបង្អោនបាត្រទៅរកខ្ញុំជាសត្វតាវ៉ៅសនោះ) ខ្ញុំមានចិត្តរីករាយ បានដាក់ផ្លែស្វាយក្នុងបាត្រ ថ្វាយព្រះមហាមុនី រួចធ្វើអញ្ជលីដោយស្លាបទាំងពីរ ស្រែកដោយសំឡេងដ៏ពីរោះ កាលស្រែកដោយសំឡេងគួរត្រេកអរ គួរស្តាប់ ដ៏ទន់ពីរោះ ដើម្បីពុទ្ធបូជាហើយ ក៏ហើរទៅកាន់ទ្រនំ ហើយដេកលក់។ គ្រានោះ សត្វខ្វែង ជាសត្វចិត្តអាក្រក់ ហើរមកឆាបយកខ្ញុំ ដែលកំពុងមានចិត្តរីករាយ មានអធ្យាស្រ័យស្រឡាញ់ចំពោះព្រះពុទ្ធ។ ខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានទទួលមហាសុខ ក្នុងឋានតុសិត (លុះច្យុតចាកឋានតុសិត) ក៏បានមកកាន់កំណើតមនុស្ស ព្រោះអានិសង្សនៃកុសលកម្មនោះឯង។ ក្នុងកប្បនេះ ព្រះពុទ្ធព្រះនាមកស្សបៈដោយគោត្រ មានផៅពង្សប្រសើរ មានយសធំ ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ សេ្តចកើតឡើង។ ព្រះអង្គបំភ្លឺសាសនា គ្របសង្កត់តិរិ្ថយអាក្រក់ ទ្រង់ទូន្មានពួកវេនេយ្យសត្វ រួចហើយព្រះអង្គ ព្រមទាំងពួកសាវ័កបរិនិព្វានទៅ។ កាលព្រះអង្គ ជាបុគ្គលប្រសើរជាងសត្វលោក បរិនិព្វានហើយ ពួកជនច្រើនគ្នាកើតសេចក្តីជ្រះថ្លា នាំគ្នាធ្វើព្រះស្តូប ដើម្បីជាពុទ្ធបូជាចំពោះព្រះសាស្តា។ ពួកជនទាំងនោះ ប្រឹក្សាគ្នាយ៉ាងនេះថា យើងទាំងឡាយ នឹងឲ្យពួកជាងធ្វើព្រះស្តូបកំពស់ ៧ យោជន៍ ស្អិតស្អាងដោយកែវ ៧ ប្រការ ថ្វាយព្រះពុទ្ធជាមហេសី។ កាលនោះ ខ្ញុំជានាយកនៃសេនារបស់ព្រះបាទកិកិនៃដែនកាសី បានបង្គាប់ឲ្យគេធ្វើចេតិយ ដែលត្រូវមានទំហំធំ ឲ្យមកជាតូចវិញ។ គ្រានោះ ពួកជនទាំងនោះ ក៏នាំគ្នាធ្វើចេតិយតាមពាក្យខ្ញុំ កំពស់មួយយោជន៍ សឹងស្អិតស្អាងដោយកែវផ្សេងៗ ថ្វាយព្រះពុទ្ធ ជាអ្នកប្រាជ្ញប្រសើរជាងជន។ ដោយអំពើដែលខ្ញុំធ្វើដោយល្អនោះផង ដោយការតំកល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ ក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋីក្រុងសាវត្ថី ជាក្រុងដ៏ប្រសើរ ស្តុកស្តម្ភ ទូលាយ មានទ្រព្យច្រើន។ ខ្ញុំឃើញព្រះសុគត កំពុងចូលទៅក្នុងបុរី ក៏មានចិត្តស្ញប់ស្ញែង បានចូលទៅបួស មិនយូរប៉ុន្មាន ខ្ញុំក៏បានសម្រេចព្រះអរហត្ត។ ខ្ញុំបានធ្វើចេតិយឲ្យមានទំហំតូចណា ព្រោះអំពើនោះឯង បានជាខ្ញុំកើតមកមានសរីរៈតឿ គួរដល់ការមើលងាយ (នៃអ្នកផង)។ ខ្ញុំបានដល់នូវភាពជាបុគ្គលប្រសើរ (ខាងមានសំឡេងពីរោះ) ជាងពួកភិក្ខុដែលមានសំឡេងពីរោះ ព្រោះបានបូជាព្រះពុទ្ធ ជាឥសីទី ៧ ដោយសំឡេងដ៏ពីរោះ។ ខ្ញុំបានសម្រេចនូវសាមញ្ញផល ឥតមានអាសវៈ ព្រោះបានថ្វាយផ្លែស្វាយដល់ព្រះពុទ្ធ និងការនឹករលឹកគុណនៃព្រះពុទ្ធ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំ បានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះលកុណ្តកភទ្ទិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ លកុណ្តកភទ្ទិយត្ថេរាបទាន។
(២. កង្ខារេវតត្ថេរអបទានំ)
[១៣២] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះសម្ពុទ្ធទ្រង់មានចង្កាដូចចង្កាសីហៈ មានព្រះសូរសៀងដូចសំឡេងព្រហ្ម មានសូរសព្ទដូចហង្ស និងស្គរ មានពុទ្ធដំណើរដូចដំរីដែលក្លៀវក្លា មានរស្មីដូចព្រះចន្ទ្រ និងព្រះអាទិត្យជាដើម។ មានប្រាជ្ញាច្រើន មានព្យាយាមធំ មានឈានធំ មានគតិធំ ប្រកបដោយមហាករុណា ជាទីពឹងនៃសត្វលោក ទ្រង់កំចាត់បង់នូវងងឹតធំ គឺមោហៈ។ ព្រះអង្គជាកំពូលនៃត្រៃលោក ទ្រង់ជ្រាបច្បាស់នូវចិត្តសត្វ ជាអ្នកប្រាជ្ញ កាលទូន្មាននូវវេនេយ្យសត្វហើយ ទ្រង់សម្តែងធម៌ច្រើន។ ព្រះជិនស្រី ទ្រង់សរសើរនូវបុគ្គលអ្នកមានឈាន ត្រេកអរក្នុងឈាន មានព្យាយាម មានចិត្តស្ងប់រម្ងាប់ មិនល្អក់ ទ្រង់ញុំាងពួកជនឲ្យត្រេកអរក្នុងកណ្តាលបរិស័ទ។ កាលនោះ ខ្ញុំជាព្រាហ្មណ៍ ដល់នូវត្រើយនៃវេទ នៅក្នុងក្រុងហង្សវតី លុះស្តាប់ធម៌ហើយ មានចិត្តរីករាយ ទើបប្រាថ្នានូវតំណែងនោះ។
គ្រានោះ ព្រះជិនស្រី ជានាយក ទ្រង់ព្យាករក្នុងកណ្តាលនៃជំនុំសង្ឃថា ម្នាលព្រាហ្មណ៍ អ្នកចូរត្រេកអរចុះ អ្នកនឹងបាននូវតំណែងនុ៎ះ ដូចចិត្តប៉ុនប៉ងពុំខាន។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរស សម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាសាស្តាក្នុងលោក ព្រះនាមគោតម។ ព្រាហ្មណ៍នេះ នឹងបានជាឱរសដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌ក ក្នុងធម៌របស់ព្រះគោតមនោះ ជាសាវ័ករបស់ព្រះសាស្តា មាននាមថា រេវតៈ។
ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកចេតនានោះផង លុះខ្ញុំលះបង់រាងកាយរបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ ក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំកើតក្នុងត្រកូលក្សត្រ ជាត្រកូលសម្បូណ៌ ស្តុកស្តម្ភទូលាយ មានទ្រព្យច្រើន នៅក្នុងក្រុងកោលិយៈ។ កាលណា ព្រះពុទ្ធទ្រង់សម្តែងធម៌ ក្នុងក្រុងកបិលវត្ថុ កាលនោះ ខ្ញុំជ្រះថ្លាចំពោះព្រះសុគត ហើយចូលទៅកាន់ផ្នួស។ ខ្ញុំមានសេចក្តីសង្ស័យច្រើន ក្នុងវត្ថុគួរ និងមិនគួរនោះៗ ព្រះពុទ្ធសម្តែងធម៌ដ៏ឧត្តម កំចាត់បង់នូវសេចក្តីសង្ស័យទាំងអស់នោះបាន។ ហេតុនោះ ខ្ញុំឈ្មោះថា ជាអ្នកមានសង្សារឆ្លងផុតហើយ ត្រេកអរចំពោះសេចក្តីសុខក្នុងឈាន។ គ្រានោះ ព្រះពុទ្ធទ្រង់ឃើញខ្ញុំហើយ ទ្រង់ប្រកាសពាក្យនេះថា
សេចក្តីសង្ស័យណាមួយក្នុងលោកនេះ ឬក្នុងលោកខាងមុខ ពួកបុគ្គលមានឈាន មានព្យាមយាម ជាអ្នកប្រព្រឹត្តព្រហ្មចរិយៈ តែងលះបង់នូវសេចក្តីសង្ស័យនោះបាន ដោយប្រាជ្ញានៃខ្លួន ឬដោយប្រាជ្ញានៃអ្នកដទៃ។ អំពើដែលខ្ញុំបានធ្វើក្នុងកប្បទីមួយសែន ក៏បង្ហាញផលដល់ខ្ញុំក្នុងជាតិនេះ ខ្ញុំបានដុតបំផ្លាញកិលេសទាំងឡាយហើយ ដូចសន្ទុះសរដែលរបូតផុតចេញ (ចាកធ្នូ)។ ព្រះមុនី ទ្រង់ដល់នូវទីបំផុតនៃលោក មានប្រាជ្ញាច្រើន ទ្រង់ឃើញខ្ញុំជាអ្នកត្រេកអរក្នុងឈានដូច្នោះ ក៏តាំងខ្ញុំជាអ្នកប្រសើរ ជាងពួកភិក្ខុអ្នកមានឈាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកង្ខារេវតត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កង្ខារេវតត្ថេរាបទាន។
(៣. សីវលិត្ថេរអបទានំ)
[១៣៣] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ សីលរបស់ព្រះអង្គ រាប់មិនបាន សមាធិឧបមាដូចកែវវជីរ ញាណដ៏ប្រសើរ ក៏រាប់មិនអស់ ទាំងវិមុត្តិ ក៏រកអ្វីប្រៀបផ្ទឹមគ្មាន។ ព្រះនាយក ទ្រង់សម្តែងធម៌ក្នុងទីប្រជុំ ដ៏កុះករដោយសមណៈ និងព្រាហ្មណ៍ ដល់ពួកមនុស្ស ទេវតា នាគ និងព្រហ្ម។ ព្រះពុទ្ធទ្រង់ក្លៀវក្លាក្នុងពួកបរិស័ទ ស្តេចតាំងសាវ័ករបស់ព្រះអង្គ ដែលជាអ្នកសម្បូណ៌លាភ មានបុណ្យ ទ្រទ្រង់នូវសេចក្តីរុងរឿង ក្នុងទីជាឯតទគ្គៈ។ កាលនោះ ខ្ញុំកើតជាក្សត្រ ក្នុងនគរឈ្មោះហំសសៈ បានឮព្រះពុទ្ធដីកានៃព្រះជិនស្រីផង ឮគុណនៃសាវ័កច្រើនផង។ ខ្ញុំបាននិមន្តព្រះសាស្តា ព្រមទាំងសាវ័កឲ្យឆាន់ចង្ហាន់ អស់ ៧ ថ្ងៃ លុះថ្វាយមហាទានរួចហើយ ទើបប្រាថ្នានូវតំណែងនោះ។ គ្រានោះ ព្រះពុទ្ធជាបុរសប្រសើរ ជាអ្នកប្រាជ្ញ ទ្រង់ឃើញខ្ញុំ ក្រាបទៀបព្រះបាទា ក៏ទ្រង់ត្រាស់ពាក្យនេះ ដោយព្រះសូរសៀងដ៏ពីរោះ។ លំដាប់នោះ ពួកមហាជន ទាំងពួកទេវតា គន្ធព្វ ពួកព្រហ្មមានឫទ្ធិច្រើន និងពួកសមណព្រាហ្មណ៍ មានប្រាថ្នាដើម្បីស្តាប់នូវព្រះពុទ្ធដីកានៃព្រះជិនស្រីហើយ ក៏នាំគ្នាធ្វើអញ្ជលីនមស្ការថា បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសខ្ពង់ខ្ពស់ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ។ បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គទាំងឡាយ ចង់ស្តាប់អានិសង្សនៃមហាទាន ដែលព្រះមហាក្សត្រទ្រង់បានថ្វាយ អស់ ៧ ថ្ងៃ សូមព្រះអង្គទ្រង់ព្យាករនូវផលនៃមហាទាននោះ។
លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អ្នកទាំងឡាយ ចូរចាំស្តាប់ភាសិតតថាគតដូចតទៅនេះចុះ ទក្ខិណាទាន ដែលព្រះមហាក្សត្របានតំកល់ទុកក្នុងព្រះពុទ្ធ ព្រមទាំងព្រះសង្ឃ ដែលជាអ្នកមានគុណសម្បត្តិប្រមាណមិនបាន ទក្ខិណាទាននោះ នឹងរកអ្នកណាពោលថា មានអានិសង្សប៉ុណ្ណេះ ឬប៉ុណ្ណោះបានឡើយ ដ្បិតទក្ខិណាទាននោះ មានផលប្រមាណមិនបានទេ មួយទៀត ព្រះមហាក្សត្រដែលមានភោគៈច្រើននេះ ប្រាថ្នានូវតំណែងដ៏ខ្ពង់ខ្ពស់ថា សុទស្សនភិក្ខុ ជាអ្នកបានលាភដ៏ទូលាយទាំងឡាយ យ៉ាងណា អាត្មាអញ សូមឲ្យបាននូវលាភយ៉ាងនោះ ព្រះមហាក្សត្រ នឹងបាននូវដំណែងនេះ ក្នុងកាលអនាគតជាប្រាកដ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានមហាបុរសសម្ភពក្នុងត្រកូលស្តេចឱក្កាកៈ នឹងបានជាសាស្តា ព្រះនាមគោតម នឹងត្រាស់ឡើងក្នុងលោក។ ព្រះមហាក្សត្រនេះ នឹងបានជាឱរសដែលព្រះធម៌និម្មិត ជាអ្នកទទួលមត៌កក្នុងធម៌នៃព្រះគោតមនោះ ជាសាវ័កនៃព្រះសាស្តា មាននាមថា សីវលី។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ព្រះលោកនាយក ព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ឃើញនូវធម៌ទាំងពួង ស្តេចកើតឡើងក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ។ កាលនោះ ខ្ញុំជាអ្នកចេះថែរក្សា រវាសរវៃ និងការឈឺឆ្អាលក្នុងការងារ របស់ត្រកូលមួយ នៅក្នុងនគរពន្ធុមតី។ គ្រានោះ ពួកជនមួយក្រុម បានឲ្យជាងកសាងបរិវេណ ដែលប្រាកដថាជាបរិវេណធំ ថ្វាយព្រះពុទ្ធ ព្រះនាមវិបស្សី ទ្រង់ស្វែងរកគុណដ៏ធំ។ លុះធ្វើបរិវេណរួចស្រេច ពួកជនទាំងនោះនាំគ្នាថ្វាយមហាទាន ប្រកបដោយបង្អែម ខ្ញុំពិនិត្យមើល (ក្នុងមហាទាននោះ) មិនឃើញមានទឹកដោះជូរថ្មី និងទឹកឃ្មុំសោះ។ គ្រានោះ ខ្ញុំកំពុងតែកាន់ទឹកដោះជូរថ្មី និងទឹកឃ្មុំដើរទៅផ្ទះនៃម្ចាស់ការងារ ស្រាប់តែពួកអ្នកស្វែងរកវត្ថុនោះ បានជួបនឹងខ្ញុំ។ គេបានឲ្យថ្លៃ ២០០ រហូតដល់ ១ ពាន់ ក៏នៅតែមិនបាន លំដាប់នោះ ខ្ញុំគិតថា វត្ថុនុ៎ះ មិនមែនជារបស់ថោកទាប។ ពួកជនទាំងនេះ គ្រប់គ្នាធ្វើសក្ការៈចំពោះព្រះតថាគតយ៉ាងណា អាត្មាអញនឹងធ្វើសក្ការៈចំពោះព្រះលោកនាយក ព្រមទាំងព្រះសង្ឃ យ៉ាងនោះដែរ។ គ្រានោះ ខ្ញុំបាននាំយកទឹកដោះជូរ និងទឹកឃ្មុំ ចាក់លាយគ្នា ហើយថ្វាយដល់ព្រះលោកនាថ ព្រមទាំងព្រះសង្ឃ ក្នុងកាលនោះ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ តពីនោះមក ខ្ញុំកើតជាស្តេចមានយសធំ ក្នុងក្រុងពារាណសី ជាអ្នកប្រទូស្តចំពោះសត្រូវ បានបិទទ្វារនគរ។ គ្រានោះ ពួកអ្នកនគរដែលត្រូវខ្ញុំបិទទ្វាររក្សាទុកអស់មួយថ្ងៃ កើតសេចក្តីក្តៅក្រហាយ លំដាប់អំពីនោះមក ខ្ញុំទៅកើតក្នុងនរកដ៏លាមកខ្លាំងក្លា ព្រោះផលនៃអំពើនោះឯង។ ក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំកើតក្នុងកោលិយបុរី មាតារបស់ខ្ញុំ ឈ្មោះសុប្បវាសា បិតាខ្ញុំ ឈ្មោះមហាលិលច្ឆវី។ ខ្ញុំនៅជាទុក្ខក្នុងផ្ទៃមាតា អស់ ៧ ឆ្នាំ ខ្ញុំវង្វេងទ្វារយោនី អស់ ៧ ថ្ងៃ ពេញពោរដោយមហាទុក្ខ ព្រោះហេតុតែបិទទ្វារនគរ ដោយអាងបុណ្យនៃខ្លួនជាក្សត្រ មាតារបស់ខ្ញុំកើតទុក្ខយ៉ាងនោះដែរ ព្រោះឲ្យឆន្ទៈដល់ខ្ញុំ។ ក្នុងថ្ងៃដែលប្រសូតចេញមក ខ្ញុំប្រសូតចេញមកដោយសុវត្ថិភាព ត្រូវព្រះពុទ្ធអនុគ្រោះ ក៏បានចូលទៅកាន់ផ្នួស។ ព្រះសារីបុត្រ ជាឧបជ្ឈាយ៍របស់ខ្ញុំ ព្រះមោគ្គល្លានមានឫទ្ធិច្រើន មានប្រាជ្ញាច្រើន បានកោរសក់ ហើយប្រៀនប្រដៅខ្ញុំ។ កាលដែលសក់ដាច់ចុះ ខ្ញុំក៏បានលុះអរហត្ត ពួកទេវតា នាគ និងពួកមនុស្ស តែងបង្អោនបច្ច័យទាំងឡាយ មកឲ្យខ្ញុំ។ ខ្ញុំមានចិត្តរីករាយ បានបូជាព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ និងព្រះនាយក ព្រះនាមវិបស្សី ដោយបច្ច័យទាំងឡាយដ៏វិសេស។ ព្រោះហេតុនោះ ទើបខ្ញុំបាននូវលាភដ៏ទូលាយ ខ្ពង់ខ្ពស់ ក្នុងទីសព្វអន្លើ គឺព្រៃ ស្រុក ទីទឹក ទីគោក ដោយផលដ៏វិសេសនៃកម្មទាំងនោះ។ កាលណា ព្រះសម្ពុទ្ធជានាយក ព្រះអង្គជាកំពូលនៃលោក នឹងដឹកនាំសត្វ ស្តេចទៅជួបនឹងព្រះថេរៈឈ្មោះរេវតៈ មួយអន្លើដោយភិក្ខុ ៣ ម៉ឺនរូប កាលនោះ ព្រះពុទ្ធ ទ្រង់មានយោបល់ធំ មានព្យាយាមធំ ជានាយកនៃលោក ព្រមទាំងព្រះសង្ឃ ត្រូវខ្ញុំបំរើដោយបច្ច័យទាំងឡាយ ដែលពួកទេវតាបង្អោនចូលមក ដើម្បីប្រយោជន៍ដល់ខ្ញុំ ហើយទ្រង់ជួបនឹងព្រះថេរៈ ឈ្មោះរេវតៈ លំដាប់នោះ ទ្រង់យាងទៅកាន់វត្តជេតពនវិញ ក៏តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ ព្រះសាស្តា ទ្រង់ទំនុកបម្រុងសត្វលោកទាំងពួង ស្តេចសរសើរខ្ញុំ ក្នុងកណ្តាលពួកបរិស័ទថា ម្នាលភិក្ខុទាំងឡាយ បណ្តាសិស្សទាំងឡាយរបស់តថាគត មានតែភិក្ខុសីវលីមួយទេ ជាអ្នកប្រសើរជាងពួងភិក្ខុអ្នកស្វាក់លាភ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះសីវលិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សីវលិត្ថេរាបទាន។
(៤. វង្គីសត្ថេរអបទានំ)
[១៣៤] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ព្រះអង្គមានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ជានាយក ទ្រង់កើតឡើងហើយ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ រលកក្នុងសាគរ និងពួកផ្កាយឰដ៏អាកាស យ៉ាងណាមិញ សាសនារបស់ព្រះពុទ្ធអង្គនោះ ដ៏វិចិត្រហើយ ដោយពួកព្រះអរហន្ត ក៏យ៉ាងនោះដែរ។ ព្រះជិនស្រីដ៏ឧត្តមនោះ មានពួកមនុស្ស ព្រមទាំងទេវតា អសុរ នាគ ចោមរោមក្នុងកណ្តាលប្រជុំជន កុះករដោយសមណៈ និងព្រាហ្មណ៍។ ព្រះជិនស្រីនោះ ព្រះអង្គដល់នូវទីបំផុតនៃលោក ក្នុងលោក ទ្រង់ញុំាងឈូកគឺវេនេយ្យសត្វ ឲ្យពេញចិត្តដោយរស្មីទាំងឡាយ ឲ្យត្រាស់ដឹងដោយពាក្យ (របស់ព្រះអង្គ)។ ព្រះអង្គបរិបូណ៌ដោយវេសារជ្ជធម៌ទាំង ៤ ជាបុរសដ៏ឧត្តម មានភ័យ និងសេចក្តីកោតញញើតលះបង់ហើយ ទ្រង់ដល់នូវទីដ៏ក្សេម ជាអ្នកក្លៀវក្លា។ ព្រះអង្គជាបុគ្គលប្រសើរក្នុងលោក ទ្រង់ប្តេជ្ញានូវពុទ្ធភូមិ ដែលជាទីដ៏ប្រសើរថ្លៃថ្លាទាំងអស់ ព្រះអង្គគ្មានបុគ្គលណាមួយដាស់តឿនឡើយ។ កាលព្រះអង្គជាតាទិបុគ្គល បន្លឺនូវសីហនាទ ឥតមានញញើត មិនមានទេវតា និងនរជន ឬព្រហ្មពោលតបតបានឡើយ។ ព្រះអង្គកាលសម្តែងធម៌ដ៏ប្រសើរ ញុំាងមនុស្ស ព្រមទាំងទេវតាឲ្យឆ្លង (នូវវដ្តៈទាំង ៣) ញុំាងធម្មចក្រ ឲ្យប្រព្រឹត្តទៅ ទ្រង់ជាអ្នកក្លៀវក្លាក្នុងបរិស័ទ។ ព្រះអង្គប្រកាសនូវគុណដ៏ច្រើន នៃសាវ័កមួយរូប ដ៏ប្រសើរជាងពួកលោកមានបដិភាណ ដែលគេសន្មតថាជាសប្បុរស ហើយតាំងសាវ័កនោះ ក្នុងទីជាឯតទគ្គៈ។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ឈ្មោះវង្គីសៈ នៅក្នុងនគរហង្សវតី ចេះចប់នូវវេទសព្វគ្រប់ គេសន្មតថាជាសប្បុរស ជាអ្នកបង្ហូរនូវពាក្យប្រៀនប្រដៅ។ ខ្ញុំបានចូលទៅជិតព្រះអង្គមានព្យាយាមធំ ហើយស្តាប់ធម៌ទេសនា បាននូវបីតិដ៏ប្រសើរ ក៏ត្រេកអរក្នុងគុណនៃសាវ័ក។ កាលនោះ ខ្ញុំនិមន្តព្រះសុគត ព្រមទាំងព្រះសង្ឃ ដែលជាអ្នកញុំាងសត្វលោកឲ្យត្រេកអរ មកឆាន់អស់ ៧ ថ្ងៃ ហើយឲ្យគេបិទបាំងដោយសំពត់ទាំងឡាយ។ ខ្ញុំបានក្រាបក្បាលទៀបព្រះបាទា (នៃព្រះអង្គ) លុះព្រះអង្គបើកឱកាសឲ្យខ្ញុំហើយ ខ្ញុំបានធ្វើនូវអញ្ជលី ឋិតនៅក្នុងទីដ៏សមគួរ មានចិត្តត្រេកអរ សរសើរនូវព្រះជិនស្រីដ៏ឧត្តមថា បពិត្រព្រះអង្គ ទ្រង់បង្ហូរនូវពាក្យប្រៀនប្រដៅ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គជាឥសីទី ៧ ខ្ញុំសូមថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គជាបុគ្គលប្រសើរជាងសត្វលោកទាំងអស់ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់ធ្វើនូវអភ័យ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ។ បពិត្រព្រះអង្គ ទ្រង់ញំាញីនូវមារ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់បង្ហូរនូវទិដ្ឋិ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់ឲ្យនូវសន្តិសុខ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ បពិត្រព្រះអង្គទ្រង់ធ្វើនូវទីពឹង ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គ។ ព្រះអង្គដ៏ចម្រើន ជាទីពឹងនៃសត្វដែលពុំមានទីពឹង ទ្រង់ប្រទាននូវអភ័យដល់សត្វដែលមានភ័យ ទ្រង់ស្និទ្ធស្នាលរបស់សត្វទាំងឡាយ ដែលមានភូមិដ៏ស្ងប់ ជាទីពឹងរបស់ពួកជនអ្នកស្វែងរកនូវទីពឹង។ លុះខ្ញុំសរសើរព្រះសម្ពុទ្ធមានគុណធំ ដោយពាក្យទាំងឡាយ មានយ៉ាងនេះជាដើម រួចបានពោលថា ខ្ញុំសូមដល់នូវគតិរបស់ភិក្ខុ ដែលជាអ្នកក្លៀវក្លា ជាងភិក្ខុអ្នកមានវាទៈក្លៀវក្លា។
កាលនោះ ព្រះមានព្រះភាគ ព្រះអង្គមានបដិភាណគ្មានទីបំផុត បានត្រាស់ថា បុគ្គលណា បានញុំាងព្រះពុទ្ធ ព្រមទាំងសាវ័ក ឲ្យឆាន់អស់ ៧ ថ្ងៃ ជ្រះថ្លា (ប្រណម្យ) ដោយដៃរបស់ខ្លួន សរសើរនូវគុណនៃតថាគត បុគ្គលនុ៎ះ បា្រថ្នានូវតំណែងរបស់ភិក្ខុអ្នកក្លៀវក្លាក្នុងវាទៈ។ បុគ្គលនុ៎ះ នឹងសោយសម្បត្តិទេវតា និងសម្បត្តិមនុស្សដ៏ច្រើន ហើយបាននូវតំណែងជាទីពេញចិត្តនោះ ក្នុងអនាគតកាល។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ មានមហាបុរសទ្រង់កើតក្នុងឱក្កាកត្រកូល នឹងបានជាព្រះសាស្តា ទ្រង់ព្រះនាមគោតម ត្រាស់ឡើងក្នុងលោក។ បុរសនោះ ជាទាយាទក្នុងធម៌ទាំងឡាយរបស់ព្រះអង្គ ជាឱរស ជាធម្មនិម្មិត ជាសាវ័កនៃព្រះសាស្តាអង្គនោះ មានឈ្មោះថា វង្គីសៈ។
កាលនោះ ខ្ញុំឮនូវពាក្យព្យាករណ៍នោះហើយ ក៏ជាបុគ្គលមានចិត្តទន់ មានចិត្តមេត្តា បានបម្រើនូវព្រះតថាគតជិនស្រីដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ទុកចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តិង្ស។ ដល់មកក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំបានមកកើតក្នុងត្រកូលបរិព្វាជក មានអាយុ ៧ ឆ្នាំ រាប់អំពីកំណើត ក៏ចេះចប់នូវត្រៃវេទទាំងអស់ ក្លៀវក្លាដោយវាទសាស្រ្ត មានសំឡេងដ៏ពីរោះ មានសំដីដ៏វិចិត្រ ជាអ្នកញំាញីនូវវាទៈនៃបុគ្គលដទៃ។ ឯនាមដ៏ប្រសើររបស់ខ្ញុំ ដែលលោកសន្មតហើយថា វង្គីសៈ ព្រោះកើតក្នុងវង្គជនបទ ឬថា វង្គីសៈ ព្រោះជាឥស្សរៈក្នុងពាក្យ។ កាលណា ខ្ញុំបានដឹងក្តី ឋិតនៅក្នុងបឋមវ័យ កាលនោះ ខ្ញុំបានជួបនឹងព្រះសារីបុត្ត ក្នុងក្រុងរាជគ្រិះ ដែលជាទីរីករាយ។
ចប់ ភាណវារៈ ទី២៥។
ខ្ញុំឃើញព្រះសារីបុត្តនោះ កំពុងត្រាច់ទៅបិណ្ឌបាត មានបាត្រក្នុងដៃ លោកសង្រួមល្អ មានភ្នែកមិនរឡេមរឡាម និយាយល្មមកំណត់ ក្រឡេកមើលត្រឹមមួយជួរនឹម លុះឃើញលោកហើយ មានសេចក្តីអស្ចារ្យ បានពោលពាក្យគួរសម ជាបទគាថាវិចិត្រ ដូចផ្កាកណិការដែលគេវិចិត្រហើយ។ លោកក៏ប្រាប់ខ្ញុំ នូវព្រះសម្ពុទ្ធទ្រង់ជាសាស្តា ជាលោកនាយក កាលនោះ លោកជាបណ្ឌិតមានបា្រជ្ញា បានប្រាប់ខ្ញុំតទៅទៀត។ ខ្ញុំត្រូវលោកជាតាទិបុគ្គល ធ្វើពាក្យប្រកបដោយវិរាគៈដ៏ឧត្តម ដែលគេឃើញបានដោយកម្រ ឲ្យត្រេកអរដោយបដិភាណដ៏វិចិត្រទាំងឡាយ។ ខ្ញុំក៏ឱនក្បាលទៀបព្រះបាទា ហើយពោលថា សូមលោកម្ចាស់បំបួសខ្ញុំ លំដាប់នោះ ព្រះសារីបុត្ត មានប្រាជ្ញាច្រើននោះ នាំខ្ញុំចូលទៅរកព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំឱនក្បាលទៀបព្រះបាទា អង្គុយក្នុងសំណាក់នៃព្រះសាស្តា ឯព្រះសាស្តា ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់មានព្រះពុទ្ធដីកានឹងខ្ញុំថា ម្នាលវង្គីសៈ សិប្បៈណាមួយរបស់អ្នក មានពិតឬ។ ក្បាលមនុស្សដែលស្លាប់ហើយ បើអ្នកអាច (ដឹងក្បាលមនុស្ស) ដែលស្លាប់ ទៅកាន់សុគតិ ឬទុគ្គតិ ដោយវិជ្ជាវិសេសរបស់អ្នក អ្នកចូរប្រាប់មកចុះ។ ខ្ញុំបានទទួលពាក្យប្តេជ្ញាថា ព្រះករុណាព្រះអង្គ ព្រះពុទ្ធទ្រង់បង្ហាញនូវក្បាល ៣ ខ្ញុំក៏ក្រាបទូលចំពោះក្បាល (មនុស្ស) ដែលទៅកើតក្នុងនរក និងទេវតា។ កាលនោះ ព្រះលោកនាយក បង្ហាញនូវក្បាលរបស់ព្រះខីណាស្រព លំដាប់នោះ ខ្ញុំទាល់គំនិត ក៏សូមបព្វជ្ជា។ លុះខ្ញុំបព្វជ្ជាហើយ ក៏សរសើរព្រះសុគត តាមតែក្នុងទីណាៗ ក៏ដោយ លំដាប់នោះ ភិក្ខុទាំងឡាយលើកទោស ថាជាអ្នករីករាយក្នុងកាព្យ។ លំដាប់នោះ ព្រះពុទ្ធជានាយក ទ្រង់ត្រាស់ដើម្បីល្បងមើលចំពោះខ្ញុំថា លុះតែបុគ្គលទាំងឡាយ ជាអ្នកត្រិះរិះ ទើបពោលគាថាទាំងឡាយ តាមដំណើរបាន មែនឬទេ។ បពិត្រព្រះអង្គមានព្យាយាម ខ្ញុំព្រះអង្គមិនមែនជាអ្នកយកចិត្តតិចតួចក្នុងកាព្យទេ តែខ្ញុំព្រះអង្គពោលនូវគាថាទាំងឡាយ តាមដំណើរបាន។ ម្នាលវង្គីសៈ បើដូច្នោះ ឥឡូវនេះ អ្នកចូរសរសើរតថាគតតាមហេតុ ជាគាថាមកមើល។ កាលនោះ ខ្ញុំសរសើរព្រះអង្គជាអ្នកប្រាជ្ញ ជាឥសីទី ៧ ដោយគាថាទាំងឡាយ។ ព្រះជិនស្រីអង្គនោះ មានព្រះហឫទ័យត្រេកអរមួយរំពេច ក៏តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ ខ្ញុំកន្លងបង់នូវបុគ្គលដទៃ ដោយចិត្តដ៏ឈ្លាសវៃបាន ខ្ញុំជាបុគ្គលមានសីលជាទីស្រឡាញ់ មានសេចក្តីសង្វេគ ដោយបដិភាណចិត្ត ក៏បានដល់នូវអរហត្ត។
ភិក្ខុដទៃណាមួយ ជាបុគ្គលប្រសើរជាងភិក្ខុ អ្នកមានបដិភាណ ដូចជាវង្គីសភិក្ខុនេះ មិនមានទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកយ៉ាងនេះចុះ។
កម្មដែលខ្ញុំធ្វើហើយ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ក៏ឲ្យផលដល់ខ្ញុំ ក្នុងលោកនេះ ខ្ញុំដកផុតចាកកិលេសហើយ ដូចជាសន្ទុះសរ របូតផុតចាកបំពង់ព្រួញ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះវង្គីសត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វង្គីសត្ថេរាបទាន។
(៥. នន្ទកត្ថេរអបទានំ)
[១៣៥] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះអង្គជាបុរសអាជានេយ្យ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់ស្តេចទៅក្នុងមនុស្សលោក និងទេវលោក ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដើម្បីសេចក្តីចម្រើន ដល់សព្វសត្វទាំងឡាយ។ ព្រះជិនស្រី ព្រះអង្គដល់នូវយសដ៏ប្រសើរ មានសិរី ពេញប្រៀបដោយកិត្តិគុណ ដែលសត្វលោកទាំងពួងបូជាហើយ ល្បីខ្ចរខ្ចាយសព្វទិស។ ព្រះជិនស្រីនោះ មានវិចិកិច្ឆាឆ្លងផុតហើយ មានសេចក្តីសង្ស័យកន្លងហើយ មានសេចក្តីត្រិះរិះក្នុងព្រះចិន្តាពេញបរិបូណ៌ ទ្រង់ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រះអង្គជានរៈដ៏ឧត្តម ទ្រង់ញុំាងមគ្គដែលមិនទាន់កើតឲ្យកើតឡើង ទ្រង់ប្រាប់នូវពាក្យដែលគេមិនទាន់និយាយ ទ្រង់បង្កើតនូវធម្មជាតដែលមិនទាន់កើត។ ព្រះអង្គជាអ្នកស្គាល់នូវផ្លូវ ជ្រាបច្បាស់នូវផ្លូវ ជាអ្នកប្រាប់នូវផ្លូវ ជាអ្នកអង់អាចជាងនរៈ ជាសាស្តាចារ្យដ៏ឈ្លាសវៃក្នុងផ្លូវ ជានរៈដ៏ឧត្តម ជាងសារថីទាំងឡាយ។ ក្នុងកាលនោះ ព្រះលោកនាយក ទ្រង់ប្រកបដោយមហាករុណា ទ្រង់សម្តែងនូវធម៌ ហើយស្រង់ពួកសត្វដែលមុជចុះក្នុងភក់គឺមោហៈ។ ព្រះមហាមុនី ទ្រង់សរសើរសាវ័កដែលភិក្ខុសង្ឃសន្មតថាជាច្បង ក្នុងការទូន្មានពួកភិក្ខុនី បានតែងតាំងក្នុងឋានៈជាឯតទគ្គៈ។ ខ្ញុំបានស្តាប់ព្រះពុទ្ធដីកានោះហើយ ក៏មានចិត្តរីករាយ និមន្តព្រះតថាគត ព្រមទាំងព្រះសង្ឃ ឲ្យឆាន់ហើយ ប្រាថ្នានូវតំណែងដ៏ឧត្តមនោះ។
ក្នុងកាលនោះ ព្រះមហាឥសីជាទីពឹង ទ្រង់មានព្រះទ័យរីករាយ បានត្រាស់នឹងខ្ញុំថា អ្នកចូរបានសេចក្តីសុខ មានអាយុវែង អ្នកនឹងបាននូវតំណែងជាទីពេញចិត្តនុ៎ះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្តា ទ្រង់ព្រះនាមគោតម ទ្រង់សម្ភពក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក។ បុរសនេះ នឹងបានជាទាយាទ ក្នុងធម៌របស់ព្រះសាស្តា ជាឱរសដែលធម៌និមិត្ត ឈ្មោះនន្ទកៈ ជាសាវ័ករបស់ព្រះសាស្តានោះ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋីក្នុងក្រុងសាវត្ថី ជាបុរីប្រសើរ ស្តុកស្តម្ភ ទូលាយ មានទ្រព្យច្រើន។ ខ្ញុំបានឃើញព្រះសុគត ទៀបមាត់ទ្វារនៃបុរី ក៏មានចិត្តរន្ធត់ កាលព្រះសុគតទទួលវត្តជេតពន ខ្ញុំចូលទៅកាន់ផ្នួស។ លំដាប់នោះ ខ្ញុំត្រូវព្រះសម្ពុទ្ធ ទ្រង់ឃើញសព្វ ប្រៀនប្រដៅហើយ មានសង្សារឆ្លងហើយ ក៏បានដល់អរហត្ត ដោយកាលមិនយូរប៉ុន្មាន។ ខ្ញុំបានធ្វើនូវធម្មកថា និងបរិបុច្ឆា ចំពោះនាងភិក្ខុនីទាំងឡាយ ភិក្ខុនីទាំងអស់នោះ ចំនួន ៥០០ រូបឥតខ្វះ ដែលខ្ញុំទូន្មានហើយ ក៏បានទៅជាភិក្ខុនីមិនមានអាសវៈ។ កាលនោះ ព្រះមានព្រះភាគ មានព្រះទ័យត្រេកអរ ទ្រង់ធ្វើប្រយោជន៍ដ៏ធំ ទ្រង់តាំងខ្ញុំក្នុងតំណែងដ៏ប្រសើរ ជាងពួកសាវ័កអ្នកទូន្មានពួកភិក្ខុនី។ កុសលកម្មដែលខ្ញុំធ្វើហើយ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ក៏ឲ្យផលដល់ខ្ញុំក្នុងលោកនេះ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ដូចល្បឿននៃប្រួញដែលរបូតផុតទៅ។ កិលេសទាំងឡាយ ខ្ញុំដុតកំលោចហើយ ភពទាំងអស់ ខ្ញុំដកចោលចេញហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះនន្ទកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ នន្ទកត្ថេរាបទាន។
(៦. កាឡុទាយិត្ថេរអបទានំ)
[១៣៦] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ព្រះអង្គជានាយក កើតឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ ព្រះសាស្តា ទ្រង់ប្រសើរជាងពួកអ្នកទូន្មាន ទ្រង់ជ្រាបនូវគុណ និងទោស ព្រះអង្គឈ្នះមារ ជាកតញ្ញូកតវេទីបុគ្គល ទ្រង់ញុំាងពួកសត្វឲ្យប្រកបក្នុងកំពង់ គឺធម្មវិន័យ។ ព្រះអង្គជាសព្វញ្ញូ មានសេចក្តីអាណិតសត្វ ជាទីអាស្រ័យ ទ្រង់សន្សំនូវគុណរកទីបំផុតគ្មាន ទ្រង់ថ្លឹងមើលដោយញាណនោះ ហើយសម្តែងនូវធម៌ដ៏ប្រសើរ។ ក្នុងកាលណាៗ ក៏ដោយ ព្រះសាស្តា មានព្យាយាមមាំមួន មានការបរិសុទ្ធស្អាតជាងប្រជុំជនជាអនន្ត ទ្រង់សម្តែងធម៌ដ៏ពីរោះ ប្រកបដោយសច្ចៈ ៤។ ពួកសត្វចំនួនមួយសែន បានត្រាស់ដឹងមគ្គផល ព្រោះបានស្តាប់នូវធម៌ដ៏ប្រសើរ មានលំអខាងដើម កណ្តាល និងខាងចុង។ ក្នុងកាលនោះ ផែនដីក៏លាន់ឮ មេឃក៏គ្រហឹម ពួកទេវតា ព្រហ្ម មនុស្ស អសុរ ក៏ញុំាងសាធុការឲ្យប្រព្រឹត្តទៅថា ឱ! ព្រះសាស្តា ទ្រង់ប្រកបដោយករុណា ឱ! ព្រះសទ្ធម្មទេសនា ឱ! ព្រះជិនស្រី ទ្រង់ស្រង់ទេវតា មនុស្សសត្វ ដែលមុជចុះក្នុងសមុទ្រ គឺភព ឡើងបាន។ (កាលបើសត្វទាំងឡាយ) ព្រមទាំងមនុស្ស ទេវតា ព្រហ្ម កើតសេចក្តីសង្វេគយ៉ាងនេះហើយ ព្រះជិនស្រី ទ្រង់សរសើរនូវសាវ័ក ដែលប្រសើរជាងបុគ្គលជ្រះថ្លា ក្នុងត្រកូលទាំងឡាយ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលអាមាត្យ ក្នុងហង្សវតីនគរ ជាបុគ្គលប្រកបដោយសេចក្តីជ្រះថ្លា គួរឲ្យរមិលមើល មានទ្រព្យ និងស្រូវច្រើន។ ខ្ញុំចូលទៅក្នុងហង្សារាម ថ្វាយបង្គំព្រះតថាគតនោះ ស្តាប់នូវធម៌ដ៏ពីរោះ ហើយធ្វើនូវគ្រឿងសក្ការៈដល់ព្រះតថាគត ជាតាទិបុគ្គល។ ខ្ញុំក្រាបទៀបព្រះបាទា ពោលពាក្យនេះថា បពិត្រព្រះមុនី បុគ្គលណា ប្រសើរជាងបុគ្គលអ្នកជ្រះថ្លាក្នុងត្រកូល ក្នុងសាសនានៃព្រះអង្គ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គ សូមឲ្យបានជាបុគ្គលប្រាកដដូចបុគ្គលនោះ ក្នុងសាសនានៃព្រះពុទ្ធដ៏ប្រសើរ។
កាលនោះ ព្រះពុទ្ធ ទ្រង់ប្រកបដោយមហាករុណា ក៏ស្រោចខ្ញុំដោយអម្រឹតធម៌។ ព្រះពុទ្ធទ្រង់ត្រាស់នឹងខ្ញុំថា ម្នាលបុត្រ ចូរអ្នកក្រោកឡើង អ្នកនឹងបាននូវតំណែងសមដូចបំណងនុ៎ះ បុគ្គលធ្វើនូវការបូជាចំពោះព្រះជិនស្រី នឹងប្រាសចាកផល ដូចម្តេចកើត។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្តា ទ្រង់ព្រះនាមគោតម ព្រះអង្គសម្ភពក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក។ បុរសនេះ នឹងបានជាទាយាទក្នុងធម៌ទាំងឡាយរបស់ព្រះសាស្តានោះ ជាឱរសដែលធម៌និមិត្តហើយ ឈ្មោះឧទាយី ជាសាវ័ករបស់ព្រះសាស្តានោះ។ កាលនោះ ខ្ញុំបានស្តាប់នូវព្រះពុទ្ធដីកានោះហើយ ក៏មានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តា បានបម្រើនូវព្រះជិនស្រី ព្រះអង្គជាអ្នកដឹកនាំសត្វដោយការបរិច្ចាគបច្ច័យទាំងឡាយ រហូតដល់អស់ជីវិត។ ដោយវិបាកនៃកុសលកម្មនោះផង ដោយការតំកល់នូវចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ឥឡូវនេះ ដល់មកបច្ឆិមភព ខ្ញុំបានកើតក្នុងត្រកូលអាមាត្យជាធំ ក្នុងកបិលវត្ថុបុរី ជាទីរីករាយ មានព្រះបាទសុទោ្ធទនៈជាម្ចាស់ផែនដី។ កាលនោះ ព្រះសិទ្ធត្ថកុមារ ជាអ្នកអង់អាចជាងនរជន បានកើតឡើងក្នុងព្រៃលុម្ពិនី ជាទីរីករាយ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់សព្វសត្វលោក។ ខ្ញុំកើតក្នុងថ្ងៃនោះដែរ មានវ័យចម្រើនឡើងជាមួយនឹងព្រះសិទ្ធត្ថកុមារនោះ ជាសម្លាញ់ជាទីស្រឡាញ់ ប្រកបដោយសេចក្តីអាណិត ជាអ្នកស្និទ្ធស្នាល ឈ្លាសវៃក្នុងនីតិសាស្ត្រ។ ព្រះសិទ្ធត្ថកុមារនោះ មានវ័យ ២៩ ឆ្នាំ ក៏ចេញទៅបួស ញុំាងកាលឲ្យកន្លងទៅ អស់ ៦ វស្សា បានត្រាស់ជាព្រះពុទ្ធ ដឹកនាំ (សត្វលោក)។ ព្រះអង្គឈ្នះមារ ព្រមទាំងសេនា ហើយញុំាងអាសវៈឲ្យអស់ ទ្រង់ឆ្លងអន្លង់គឺភព បានជាព្រះពុទ្ធក្នុងមនុស្សលោក និងទេវលោក។ ទ្រង់ស្តេចទៅកាន់ព្រៃ ឈ្មោះឥសិបតនៈ ទូន្មានបញ្ចវគ្គិយភិក្ខុ តពីនោះមក ព្រះមានព្រះភាគ ក៏ស្តេចទៅក្នុងទីនោះៗ ហើយទូន្មាន (សត្វ)។ ព្រះមានព្រះភាគនោះ កាលទូន្មានពួកសត្វដែលគួរទូន្មាន សង្រ្គោះនូវមនុស្ស និងទេវតា រួចស្តេចចូលទៅឯភ្នំក្នុងដែនមគធៈ កាលនោះ ព្រះជិនស្រី ទ្រង់គង់ (លើភ្នំនោះ)។ ពេលនោះ ខ្ញុំត្រូវព្រះបាទសុទ្ធោទនៈ ជាភូមិបាលបញ្ជូនទៅហើយ ខ្ញុំក៏ទៅ លុះខ្ញុំបានឃើញព្រះទសពលហើយ ក៏បួសបានជាអរហន្ត។ ខ្ញុំបានអារាធនាព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ឲ្យចូលទៅកាន់ក្រុងកបិលពស្តុ លំដាប់នោះ ខ្ញុំទៅម្តងទៀត បានញុំាងមហាត្រកូលឲ្យជ្រះថ្លា។ ព្រះជិនស្រី ត្រេកអរក្នុងគុណនោះ ព្រះអង្គជាបុរសប្រសើរ ជានាយកដ៏វិសេស បានតាំងខ្ញុំថាជាអ្នកប្រសើរជាងសាវ័ក អ្នកញុំាងត្រកូលឲ្យជ្រះថ្លា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ។ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះកាឡុទាយិត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កាឡុទាយិត្ថេរាបទាន។
(៧. អភយត្ថេរអបទានំ)
[១៣៧] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រះតថាគត ទ្រង់ញុំាងពួកសត្វខ្លះ ឲ្យតាំងនៅក្នុងសរណគមន៍ ញុំាងពួកសត្វខ្លះ ឲ្យតាំងនៅក្នុងសីល និងកម្មបថ ១០ ដ៏ឧត្តម។ ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់ប្រទាននូវសាមញ្ញផលដ៏ឧត្តម ដល់ពួកសត្វខ្លះ ម្យ៉ាងទៀត ទ្រង់ញុំាងសត្វខ្លះឲ្យត្រាស់ដឹងនូវសមាបត្តិ ៨ និងវិជ្ជា ៣។ ព្រះនរុត្តម ទ្រង់ញុំាងសត្វពួកខ្លះឲ្យប្រកបក្នុងអភិញ្ញា ៦ ព្រះលោកនាថនោះ ទ្រង់ប្រទាននូវបដិសម្ភិទា ៤ ដល់ពួកសត្វខ្លះ។ ព្រះនរសារថី ទ្រង់ឃើញនូវពួកសត្វ ដែលគួរទូន្មាន ឲ្យត្រាស់ដឹងបាន សូម្បីនៅក្នុងទីចម្ងាយមួយអសំខេយ្យយោជន៍ ក៏ស្តេចទៅទូន្មានដោយមួយរំពេចបាន។ កាលនោះ ខ្ញុំកើតជាព្រាហ្មណ៍ក្នុងក្រុងហង្សវតី បានដល់នូវត្រើយនៃវេទទាំងពួង ចេះចប់នូវវេយ្យាករណ៍។ ជាអ្នកឈ្លាសក្នុងនិរុត្តិផង ក្លៀវក្លាក្នុងគម្ពីរឈ្មោះនិឃណ្ឌុផង រៀននូវបទផង ចេះនូវគម្ពីរឈ្មោះកេដ្តុភៈផង ឈ្លាសវៃដ៏វិចិត្រក្នុងឆន្ទសាស្រ្តផង។ ខ្ញុំកាលត្រាច់ទៅកាន់ទីសម្រាកស្មង ក៏ចូលទៅក្នុងហង្សារាម បានឃើញព្រះសម្ពុទ្ធប្រសើរថ្លៃថ្លា មានមហាជនចោមរោម។ ខ្ញុំជាអ្នកដឹងនូវបច្ចនិកធម៌ បានចូលទៅគាល់ព្រះមានព្រះភាគ ព្រះអង្គកំពុងសម្តែងធម៌ ដែលប្រាសចាកធូលី ខ្ញុំបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គ ដែលជាពាក្យមិនមានមន្ទិល។ ខ្ញុំមិនឃើញនូវការភ្លាំងភ្លាត់ ដែលល្មមបៀតបៀនបាន ឬនូវហេតុមិនជាទីប្រាថ្នា ឬក៏នូវអំពើមិនមានប្រយោជន៍ របស់ព្រះមុនីនោះសោះ លំដាប់នោះ ខ្ញុំក៏បួស (ក្នុងសំណាក់នៃព្រះអង្គ)។ អស់កាលមិនយូរប៉ុន្មាន ខ្ញុំជាបុគ្គលក្លៀវក្លា ក្នុងទីទាំងពួង គេសន្មតថាជាអ្នកមានគណៈ ក្នុងពុទ្ធវចនៈដ៏ល្អិតល្អន់។ កាលនោះ ខ្ញុំចងក្រងនូវគាថា ៤ មានព្យញ្ជនៈដ៏ល្អ ហើយសរសើរព្រះពុទ្ធ ជាកំពូលនៃត្រៃលោក ហើយសម្តែងធម៌រាល់ៗ ថ្ងៃ។ ព្រះមហាវីរៈ ព្រះអង្គនៅក្នុងសង្សារដែលប្រកបដោយភ័យ ទ្រង់មានព្រះទ័យនឿយណាយ តែទ្រង់មិនទាន់និព្វាន ព្រោះមានសេចក្តីអាណិត ហេតុនោះ ព្រះមុនី ឈ្មោះថាមានសេចក្តីករុណា។ សត្វណាដែលជាបុថុជ្ជន តែមិនលុះក្នុងអំណាចកិលេស ជាអ្នកមានការដឹងខ្លួន ប្រកបដោយសតិ ហេតុនោះ សត្វនុ៎ះ ព្រះអង្គមិនបាច់គិត។ ពួកកិលេសរបស់ខ្ញុំណា ដែលមានកម្លាំងខ្សោយ តាំងនៅខាងក្នុង ដែលភ្លើង គឺមគ្គញ្ញាណដុតកំដៅហើយ មិនទាន់អស់រលីងនៅឡើយ (កិលេសទាំងឡាយ) របស់ខ្ញុំនោះ មិនកើតឡើងទៀតទេ។ បុគ្គលណា ជាគ្រូនៃលោកទាំងពួង ម្យ៉ាងទៀត គ្រូនៃបុគ្គលណាក្នុងលោក ឬជាអាចារ្យក្នុងលោក លោកប្រព្រឹត្តទៅតាមបុគ្គលនោះដោយពិត។ ខ្ញុំសរសើរព្រះសម្ពុទ្ធ និងធម្មទេសនា (នៃព្រះអង្គ) ដោយពាក្យទាំងឡាយ មានយ៉ាងនេះជាដើម ហើយធ្វើ (សេចក្តីគោរព) ដរាបដល់អស់ជីវិត លុះខ្ញុំច្យុតអំពីអត្តភាពនោះ ក៏បានទៅកើតក្នុងឋានសួគ៌។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំសរសើរព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការសរសើរ។ កាលនោះ ខ្ញុំសោយរាជ្យជាស្តេចធំ ក្នុងទេវលោកដ៏ជាទិព្យ ហើយខ្ញុំសោយរាជ្យជាស្តេចមហាចក្រពត្តិជាច្រើនជាតិ។ ខ្ញុំកើតតែក្នុងភពពីរ គឺទេវតា និងមនុស្ស ខ្ញុំមិនស្គាល់គតិដទៃទេ នេះជាផលនៃការសរសើរ។ ខ្ញុំកើតតែក្នុងត្រកូលពីរ គឺត្រកូលក្សត្រ និងត្រកូលព្រាហ្មណ៍ ខ្ញុំមិនស្គាល់ត្រកូលទាបឡើយ នេះជាផលនៃការសរសើរ។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំមានឈ្មោះថា អភ័យ ជាបុត្ររបស់ព្រះបាទពិម្ពិសារ ក្នុងគិរិព្វជបុរីដ៏ឧត្តម។ ខ្ញុំលុះអំណាចនៃបាបមិត្ត ត្រូវពួកនិគ្រន្ថបញ្ចុះបញ្ចូលហើយ ដែលគ្រូឈ្មោះនាថបុត្តប្រើទៅ ខ្ញុំក៏ចូលទៅគាល់ព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំសួរនូវប្រស្នាដ៏ល្អិត ស្តាប់នូវព្យាករណ៍ដ៏ឧត្តម ហើយក៏បព្វជ្ជា អស់កាលមិនយូរប៉ុន្មាន ក៏បានព្រះអរហត្ត។ ខ្ញុំសរសើរព្រះជិនស្រីដ៏ប្រសើរ ត្រូវគេសរសើរសព្វកាល ជាបុគ្គលមានរាងកាយ និងមាត់មានក្លិនក្រអូបល្អ ឆ្អែតស្កប់ស្កល់ដោយសេចក្តីសុខ។ ខ្ញុំជាបុគ្គលមានប្រាជ្ញាមុត មានប្រាជ្ញាដ៏រីករាយ និងរហ័ស មានប្រាជ្ញាច្រើន មានបដិភាណដ៏វិចិត្រ ព្រោះអានិសង្សនៃកុសលកម្មនោះ។
ខ្ញុំមានចិត្តជ្រះថ្លា បានសរសើរព្រះសយម្ភូ ព្រះនាមបទុមុត្តរៈ ឥតមានបុគ្គលសើ្ម ខ្ញុំមិនទៅកាន់អបាយភូមិ អស់មួយសែនកប្ប ដោយផលនៃកម្មនោះ។
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះអភយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អភយត្ថេរាបទាន។
(៨. លោមសកង្គិយត្ថេរអបទានំ)
[១៣៨] ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើង។ កាលនោះ ខ្ញុំ និងចន្ទនបុរស បានបួសក្នុងសាសនា បានបំពេញកុសលកម្មក្នុងសាសនា ក្នុងទីបំផុតនៃជីវិត។ យើងទាំងពីរនាក់ ច្យុតអំពីអត្តភាពនោះ ហើយបានទៅកើតក្នុងឋានតុសិត បរិបូណ៌ដោយការរាំ ច្រៀង និងប្រគំជាទិព្យ ក្នុងទីនោះ។ គ្របសង្កត់ទេវតាដ៏សេសទាំងឡាយ ដោយអង្គទាំង ១០ មានរូបជាដើម នៅទទួលសេចក្តីសុខ ដរាបដល់អស់ជីវិត។ លុះច្យុតអំពីនោះមក ចន្ទនបុរស ទៅកើតក្នុងឋានត្រៃត្រឹង្ស ចំណែកខ្ញុំ បានកើតក្នុងក្រុងកបិលពស្តុ ជាកូននៃសាក្យៈ។ ព្រះលោកនាយក កាលឧទាយិត្ថេរអារាធនាហើយ ទ្រង់អនុគ្រោះដល់ពួកសាក្យៈ បានចូលទៅកាន់ក្រុងកបិលពស្តុ។ កាលនោះ ពួកសាក្យៈមានសេចក្តីមើលងាយ មិនស្គាល់គុណរបស់ព្រះពុទ្ធ ជាអ្នករឹងត្អឹង ប្រកាន់ជាតិ មិនអើពើ មិនថ្វាយបង្គំព្រះសម្ពុទ្ធ ព្រះជិនស្រី ទ្រង់ជ្រាបនូវកាត្រិះរិះរបស់សាក្យៈទាំងនោះហើយ ក៏ចង្រ្កមឰដ៏អាកាស ឋិតនៅដូចជាមេឃ ភ្លឺច្រាលដូចជាអណ្តាតភ្លើង។ ព្រះអង្គបង្ហាញនូវរូបឥតមានអ្វីប្រៀប ហើយបាត់ទៅវិញ ធ្វើព្រះអង្គតែមួយអង្គ ឲ្យជាច្រើនអង្គ ធ្វើច្រើនអង្គ ឲ្យជាមួយព្រះអង្គវិញ។ ព្រះអង្គជាអ្នកប្រាជ្ញ ទ្រង់សម្តែងនូវងងឹតផង ពន្លឺផងដោយច្រើន ហើយធ្វើនូវបាដិហារ្យ ទូន្មានពួកញាតិ។ ខណៈនោះ ទ្វីបទាំង ៤ មានភ្លៀងធំបង្អុរចុះ កាលនោះ ព្រះពុទ្ធទ្រង់សម្តែងវេស្សន្តរជាតក។ ពួកក្សត្រទាំងអស់នោះ ក៏កំចាត់នូវសេចក្តីស្រវឹង ដែលកើតអំពីជាតិ យកព្រះពុទ្ធជាទីពឹង ឯព្រះបាទសុទ្ធោទនៈ ទ្រង់ពោលថា
បពិត្រព្រះអង្គមានបញ្ញាដូចជាផែនដី មានចក្ខុជុំវិញ ខ្ញុំថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ ជាគម្រប់ ៣ ដង នឹងនេះហើយ គឺកាលព្រះអង្គកើត ផែនដីញាប់ញ័រ (ខ្ញុំថ្វាយបង្គំម្តង) កាលម្លប់ព្រីង មិនលះបង់ព្រះអង្គ (ខ្ញុំថ្វាយបង្គំម្តង ឥឡូវនេះ ខ្ញុំថ្វាយបង្គំម្តងទៀត)។
កាលនោះ ខ្ញុំឃើញនូវអានុភាពរបស់ព្រះពុទ្ធនោះ ក៏មានចិត្តរន្ធត់ បានចូលបួស ជាអ្នកបូជាមាតា នៅក្នុងសំណាក់របស់ព្រះអង្គនោះ។ កាលនោះ ចន្ទនទេវបុត្ត ចូលទៅរកខ្ញុំ សួរនូវន័យដ៏សង្ខេប និងពិស្តារនៃភទ្ទេករត្តសូត្រ។ ខ្ញុំត្រូវចន្ទនទេវបុត្តនោះដាស់តឿនហើយ ក៏ចូលទៅគាល់ព្រះនរនាយក ស្តាប់នូវភទ្ទេករត្តសូត្រ មានចិត្តតក់ស្លុត ក៏ពេញចិត្តនឹងនៅក្នុងព្រៃ។ កាលនោះ ខ្ញុំលាមាតា ជាបុគ្គលម្នាក់ឯងនៅក្នុងព្រៃ មាតាខ្ញុំឃាត់ថា អ្នកជាបុគ្គលធ្លាប់ចម្រើនដោយសេចក្តីសុខ កាលនោះ ខ្ញុំបាននិយាយនឹងមាតាបិតាទាំងនោះ។ ខ្ញុំបានពុះពារនូវស្បូវត្រែង ថ្នាកាំ ស្បូវរណ្តាស់ ស្មៅយាប្លង ស្មៅដំណេកទន្សាយទាំងអស់ដោយទ្រូង ហើយចម្រើននូវវិវេក។ កាលនោះ ខ្ញុំចូលទៅក្នុងព្រៃ រឭកនូវឱវាទ គឺភទ្ទេករត្តសូត្រ ដែលជាពាក្យប្រៀនប្រដៅព្រះជិនស្រី ហើយបានដល់អរហត្ត។ បុគ្គលមិនត្រូវអាឡោះអាល័យនូវបញ្ចក្ខន្ធដែលកន្លងទៅហើយទេ មិនត្រូវប្រាថ្នាបញ្ចក្ខន្ធដែលជាអនាគតទេ ព្រោះបញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងផុតទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់មកដល់។ បុគ្គលណា ពិចារណាឃើញច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់នូវព្រះនិព្វាន ដែលមិនញាប់ញ័រ មិនបានកម្រើកនោះ គប្បីចម្រើនឲ្យរឿយៗ។ ការព្យាយាមជាគ្រឿងដុតកិលេស បុគ្គលគួរតែធ្វើក្នុងថ្ងៃនេះឯង អ្នកណានឹងដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា យើងតទល់នឹងមច្ចុ ដែលមានសេនាច្រើននោះ មិនបានសោះឡើយ។ អ្នកប្រាជ្ញស្ងប់រម្ងាប់ តែងហៅបុគ្គលដែលមានវិហារធម៌យ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស មិនខ្ជិលច្រអូសអស់ថ្ងៃ និងយប់នោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះលោមសតិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ លោមសតិយត្ថេរាបទាន។
(៩. វនវច្ឆត្ថេរអបទានំ)
[១៣៩] ក្នុងភទ្ទកប្បនេះ ព្រះសម្ពុទ្ធព្រះនាមកស្សបៈ មានផៅពង្សប្រសើរ មានយសធំ ទ្រង់ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងហើយ។ កាលនោះ ខ្ញុំបួសក្នុងសាសនានៃព្រះពុទ្ធនោះ ប្រព្រឹត្តព្រហ្មចារ្យដរាបអស់ជីវិត ហើយច្យុតចាកអត្តភាពនោះ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ខ្ញុំច្យុតចាកឋានតាវត្តិង្សនោះ មកកើតជាព្រាបនៅក្នុងព្រៃ មានភិក្ខុមួយរូប បរិបូណ៌ដោយគុណ ត្រេកអរក្នុងឈាន នៅក្នុងទីនោះសព្វកាល។ (ភិក្ខុនោះ) មានមេត្តាចិត្ត មានសេចក្តីករុណា មានមុខរីករាយសព្វកាល ប្រកបដោយឧបេក្ខា មានព្យាយាមធំ ឈ្លាសក្នុងអប្បមញ្ញាទាំងឡាយ។ ខ្ញុំមានសេចក្តីត្រិះរិះប្រាសចាកនីវរណៈ មានអធ្យាស្រ័យជាប្រយោជន៍ដល់សព្វសត្វ មិនយូរប៉ុន្មាន ក៏ស្និទ្ធស្នាលចំពោះសាវ័កនៃព្រះសុគតនោះ។ កាលនោះ ខ្ញុំចូលទៅទៀបបាទានៃភិក្ខុនោះ ដែលគង់នៅក្នុងអាស្រម ជួនកាលលោកឲ្យអាមិសៈ ជួនកាលលោកសម្តែងធម៌ឲ្យខ្ញុំស្តាប់។ កាលនោះ ខ្ញុំចូលទៅរកសាវ័ក ជាបុត្រនៃព្រះជិនស្រី ដោយសេចក្តីស្រឡាញ់យ៉ាងខ្លាំង លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងឋានសួគ៌ ដូចជាការនៅគ្រប់គ្រងផ្ទះរបស់ខ្លួន។ ខ្ញុំច្យុតចាកឋានសួគ៌ មកកើតក្នុងមនុស្សលោក ដោយបុញ្ញកម្ម ហើយលះបង់ផ្ទះ ចេញទៅបួសច្រើនលើក។ គឺខ្ញុំបួសជាសមណៈ ជាតាបស ជាព្រាហ្មណ៍ ជាបរិព្វាជក ដោយប្រការដូច្នោះ ព្រោះខ្ញុំនៅក្នុងព្រៃ អស់រយនៃឆ្នាំដ៏ច្រើន។ ឥឡូវនេះ មកដល់ក្នុងបច្ឆិមភព ព្រាហ្មណ៍ណា ជាវច្ឆគោត្រនៅក្នុងក្រុងកបិលពស្តុ ជាទីរីករាយ ខ្ញុំចុះចាប់បដិសន្ធិ ក្នុងផ្ទៃភរិយារបស់ព្រាហ្មណ៍នោះ។ កាលខ្ញុំនឹងប្រសូតចាកផ្ទៃមកខាងក្រៅ មាតារបស់ខ្ញុំមានសេចក្តីប្រាថ្នា គឺមានបា្រថ្នាដើម្បីនៅក្នុងព្រៃជិតទីដែលខ្ញុំនឹងកើត។ លំដាប់នោះ មាតាបានបង្កើតខ្ញុំ ត្រង់ចន្លោះព្រៃគួរជាទីរីករាយ ជនទាំងឡាយបានទទួលខ្ញុំ កាលចេញមកអំពីគភ៌ ដោយសំពត់កាសាយៈ។ លំដាប់នោះ សិទ្ធត្ថកុមារ ទ្រង់កើតហើយ ជាទង់ជ័យនៃសាក្យត្រកូល ខ្ញុំជាមិត្តរបស់សិទ្ធត្ថកុមារនោះ ជាទីស្រឡាញ់សិ្នទ្ធស្នាល រាប់អានគ្នាជាទីបំផុត។ កាលព្រះសិទ្ធត្ថៈជាខ្លឹមរបស់សត្វ ទ្រង់ចេញបួស ខ្ញុំក៏លះបង់យសដ៏ធំ ហើយបួស ចូលទៅក្នុងព្រៃហិមពាន្តដែរ។ ខ្ញុំឃើញព្រះកស្សបៈដែលមានព្រៃជាលំនៅ គួរសរសើរ មានវាទៈកំចាត់កិលេស ឮនូវការកើតឡើងនៃព្រះជិនស្រី ក៏ចូលទៅរកព្រះអង្គ ជាសារថីនៃនរៈ។ ព្រះអង្គសម្តែងនូវធម៌ដល់ខ្ញុំ ប្រកាសនូវអត្ថទាំងពួង លំដាប់នោះ ខ្ញុំក៏បួសចូលទៅកាន់ព្រៃវិញទៀត។ ខ្ញុំជាបុគ្គលមិនប្រមាទ នៅក្នុងទីនោះ ក៏បានឃើញអភិញ្ញា ៦ ឱ! អញត្រូវមិត្តល្អអនុគ្រោះហើយ ក៏មានលាភបានដោយងាយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះវនវច្ឆត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វនវច្ឆត្ថេរាបទាន។
(១០. ចូឡសុគន្ធត្ថេរអបទានំ)
[១៤០] ក្នុងភទ្ទកប្បនេះ ព្រះសម្ពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ទ្រង់ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងហើយ។ ព្រះអង្គប្រកបដោយអនុព្យញ្ជនៈ មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានពន្លឺមួយព្យាយាមជុំវិញ ព្រោងព្រាតដោយបណ្តាញ គឺរស្មី។ ព្រះអង្គញុំាងលោកឲ្យត្រេកអរ ដូចជាព្រះចន្ទ្រ ទ្រង់ធ្វើនូវពន្លឺដូចជាព្រះអាទិត្យ ទ្រង់រំលត់ទុក្ខដូចជាភ្លៀង ទ្រង់ជាអណ្តូងនៃគុណដូចជាសាគរ។ ព្រះអង្គមានសីលដូចជាធរណី មានសមាធិដូចជាភ្នំហិមពាន្ត មានបញ្ញាដូចជាអាកាស មិនមានអ្វីទើសដូចខ្សល់។ កាលនោះ ខ្ញុំកើតក្នុងមហាត្រកូល មានទ្រព្យ និងស្រូវច្រើន សន្សំរតនៈផ្សេងៗ ក្នុងក្រុងពារាណសី។ ខ្ញុំចូលទៅរកព្រះលោកនាយក ដែលគង់នៅដោយបរិវារច្រើន បានស្តាប់អមតធម៌ ដ៏គួរដល់ចិត្ត។ ព្រះអង្គទ្រទ្រង់លក្ខណៈ ៣២ ប្រការ ដូចជាព្រះចន្រ្ទមាននក្ខត្តឫក្សដ៏ល្អ ទ្រង់បរិបូណ៌ដោយអនុព្យញ្ជនៈ ដូចជាដើមសាលរាជមានផ្ការីក។ ទ្រង់មានបណ្តាញគឺរស្មី បិទបាំងដូចជាមាសមិនប្រែពណ៌ ដែលជាងមាសដុតហើយ មានពន្លឺមួយព្យាមផ្សាយជុំវិញ ដូចជាព្រះអាទិត្យមានរស្មីដ៏ច្រើន។ ព្រះជិនស្រីប្រសើរ មានព្រះភក្រ្តដូចមាស ឬដូចជាភ្នំ ជាទីរីករាយ មានព្រះហឫទ័យពេញដោយករុណា (ប្រកប) ដោយគុណដូចជាសាគរ។ មានកេរ្តិឈ្មោះល្បីល្បាញក្នុងលោក ដូចជាភ្នំដ៏ឧត្តមឈ្មោះសិនេរុ ទ្រង់ជាអ្នកប្រាជ្ញ ផ្សាយចេញទៅដោយយស ជាមុនីដូចជាអាកាស។ ព្រះលោកនាយក មានព្រះហឫទ័យមិនជាប់ចំពាក់ក្នុងទីទាំងពួង ដូចជាខ្សល់ ជាមុនីទី ៧ ជាទីពឹងរបស់ពួកសត្វទាំងអស់ ដូចជាផែនដី។ ព្រះអង្គមិនប្រឡាក់ដោយលោក ដូចជាផ្កាឈូកមិនទទឹកដោយទឹក ទ្រង់រុងរឿងដូចជាគំនរភ្លើងឆេះគុម្ពកុវាទៈ។ ទ្រង់ញុំាងពិស គឺកិលេសឲ្យវិនាសក្នុងទីទាំងពួង ដូចជាឱសថ ទ្រង់ស្អិតស្អាងគ្រឿងក្រអូបគឺគុណ ដូចជាភ្នំគន្ធមាទនៈ។ ព្រះអង្គជាអ្នកប្រាជ្ញ ជាអណ្តូងនៃគុណទាំងឡាយ ដូចជាសាគរ ជាទីកើតនៃរតនៈទាំងឡាយ ព្រះអង្គជាអាជានេយ្យនៃនរជន ទ្រង់នាំចេញនូវមន្ទិលគឺកិលេស ដូចជាស្ទឹងសិន្ធុ។ ព្រះអង្គញំាញីនូវមារ និងសេនានៃមារ ដូចជាមហាយោធាធំ ឈ្នះ (នូវបច្ចាមិត្ត) ជាឥស្សរៈដោយរតនៈ គឺពោជ្ឈង្គ ដូចជាស្តេចចក្រពត្តិ។ ព្រះអង្គជាពេទ្យរក្សានូវព្យាធិគឺទោសៈ ដូចជាគ្រូពេទ្យដ៏ធំ ព្រះអង្គវះនូវពកគឺទិដ្ឋិ ដូចជាពេទ្យវះដ៏ប្រសើរ។ កាលនោះឯង ព្រះជិនស្រី ព្រះអង្គជាពន្លឺរបស់លោក ទេវតា និងមនុស្សធ្វើសក្ការៈហើយ ជាព្រះអាទិត្យរបស់នរៈ ទ្រង់សម្តែងធម៌ក្នុងពួកបរិស័ទ។ ព្រះអង្គទ្រង់ទូន្មានប្រៀនប្រដៅថា បុគ្គលមានភោគៈច្រើន ព្រោះឲ្យទាន ទៅកើតសុគតិព្រោះសីល បានព្រះនិព្វានព្រោះភាវនា។ ពួកបរិស័ទទាំងអស់ ស្តាប់នូវទេសនានោះ ដែលមានអានិសង្សធំ មានលម្អខាងដើម កណ្តាល និងខាងចុង ដូចជាអមតធម៌មានរសដ៏ធំ។ លុះខ្ញុំស្តាប់នូវធម៌ ដែលមានរសផ្អែមល្ហែមហើយ ក៏ជ្រះថ្លាក្នុងសាសនាព្រះជិនស្រី ដល់នូវព្រះសុគតជាទីពឹង នមស្ការដរាបដល់អស់ជីវិត។ កាលនោះ ខ្ញុំលាបនូវគន្ធកុដិរបស់ព្រះមុនី ដោយក្លិនក្រអូប មានជាតិ ៤ អស់ ៨ ថ្ងៃ ក្នុងមួយខែ ហើយតំកល់ទុកនូវគឿងក្រអូបនោះ ដើម្បីសរីរៈដែលមិនមានក្លិនក្រអូប។
កាលនោះ ព្រះជិនស្រីសម្ពុទ្ធទ្រង់ទំនាយនូវការបានខ្លួនមានក្លិនក្រអូបថា បុគ្គលណា បានលាបនូវគន្ធកុដិដោយក្លិនក្រអូប អស់វារៈម្តង ព្រោះតែវិបាកនៃកុសលកម្មនោះ បុគ្គលនោះ លុះកើតក្នុងទីណាក៏ដោយ នឹងមានរាងកាយមានក្លិនក្រអូបក្នុងទីទាំងពួង ជាអ្នកប្រកបដោយក្លិន គឺសីលគុណ មិនមានអាសវៈ នឹងបរិនិព្វាន។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតំកល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តិង្ស។ ឥឡូវនេះ ដល់មកបច្ឆិមភព ខ្ញុំបានមកកើតក្នុងត្រកូលព្រាហ្មណ៍ កាលខ្ញុំនៅក្នុងផ្ទៃនៃមាតា មាតា (របស់ខ្ញុំ) ជាស្រីមានកាយក្លិនក្រអូប។ កាលណា ខ្ញុំចេញចាកផ្ទៃនៃមាតា កាលនោះ ក្រុងសាវត្ថី ផ្សាយចេញដោយគ្រឿងក្រអូបទាំងពួង ហាក់ដូចជាគេអប់។ ភ្លៀងជាវិការៈនៃផ្កាក្រអូប មានក្លិនដូចជាក្លិនទិព្យ ជាទីរីករាយនៃចិត្តផង ធូបទាំងឡាយមានថ្លៃដ៏ច្រើនផង ក៏ផ្សាយចេញក្នុងខណៈនោះ។ ខ្ញុំកើតក្នុងផ្ទះណា ទេវតាទាំងឡាយ អប់នូវផ្ទះនោះ ដោយគ្រឿងក្រអូបទាំងពួងផង ដោយធូប និងផ្កាទាំងឡាយផង ដោយក្លិនទិព្យផង។ កាលណា ខ្ញុំនៅក្មេងកំពុងចម្រើន ឋិតនៅក្នុងបឋមវ័យ កាលនោះ ព្រះនរសារថី ទ្រង់ទូន្មាននូវជនដ៏សេស ព្រមទាំងបរិស័ទ។ ព្រះអង្គប្រកបដោយបរិស័ទទាំងឡាយទាំងពួងនោះ ស្តេចមកកាន់ក្រុងសាវត្ថី កាលនោះ ខ្ញុំបានឃើញនូវអានុភាពនៃព្រះពុទ្ធនោះ ហើយ ក៏បួស។ ខ្ញុំអប់រំធម៌ដ៏ប្រសើរទាំង ៤ គឺសីល សមាធិ បញ្ញា និងវិមុត្តិ ហើយបានដល់នូវការអស់ទៅនៃអាសវៈ។ ខ្ញុំបួសក្នុងកាលណាផង ខ្ញុំបានជាព្រះអរហន្តក្នុងកាលណាផង ខ្ញុំបរិនិព្វានក្នុងកាលណាផង ភ្លៀងមានក្លិនក្រអូបក៏បង្អុរចុះ ក្នុងកាលនោះៗ។
ក្លិនរបស់សរីរៈខ្ញុំ ជាក្លិនដ៏ប្រសើរ គ្របសង្កត់នូវក្លិននៃខ្លឹមចន្ទន៍ ផ្កាចម្បា និងផ្កាឧប្បល មានថ្លៃច្រើន ម្យ៉ាងទៀត ខ្ញុំទៅក្នុងទីណាក៏ដោយ តែងផ្សាយក្លិនក្រអូប គ្របសង្កត់នូវក្លិនដទៃ ដោយសព្វគ្រប់។
កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលចេញហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮថា ព្រះចូឡសុគន្ធត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ ចូឡសុគន្ធត្ថេរាបទាន។
ឧទ្ទាន
ភទ្ទិយត្ថេរាបទាន ១ រេវតត្ថេរាបទាន ១ សីវលិត្ថេរាបទាន អ្នកមានលាភច្រើន ១ វង្គីសត្ថេរាបទាន ១ នន្ទកត្ថេរាបទាន ១ កាឡុទាយិត្ថេរាបទាន ១ អភយត្ថេរាបទាន ១។ លោមសតិយត្ថេរាបទាន ១ វនវច្ឆត្ថេរាបទាន ១ ចូឡសុគន្ធត្ថេរាបទាន ជាគម្រប់ ១០ ក្នុងផ្ទៃនៃវគ្គនោះ មានគាថា ៣១៦។
ចប់ ភទ្ទិយវគ្គ ទី៥៥។
ម្យ៉ាងទៀត ឧទ្ទាននៃវគ្គ
កណិការវគ្គ ១ ផលទាយកវគ្គ ១ តិណទាយកវគ្គ ១ កច្ចាយនវគ្គ ១ ភទ្ទិយវគ្គ ១ រាប់ជាគាថា មានចំនួន ២០។ អបទានទាំងឡាយ លោកសម្តែងថា មានគាថា ៩០០ ផង ៨៤ ផង ៥៥៦ ផង។ គាថាទាំងឡាយនេះ ព្រមទាំងឧទ្ទាន មានចំនួន ៦. ២១៨ គាថា។
ចប់ ពុទ្ធាបទាន បច្ចេកពុទ្ធាបទាន និងថេរាបទាន។
ចប់ ភាគ៧៥។
លេខ ទំព័រ | លេខសម្គាល់ | |
សុត្តន្តបិដក | sut | |
ខុទ្ទកនិកាយ | ១ | sut.kn |
---|---|---|
អបទាន តតិយភា | ១ | sut.kn.apd |
? | ១ | sut.kn.apd.42 |
Transcription missing