User Tools

Site Tools


Translations of this page?:
km:tipitaka:book_076

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៧៦ - Book 76

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 26092020 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 26092020 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៧៦ - Tipitaka Book 076, for change log on ati.eu see here: រាយការណ៍ ភាគ ០៧៦



book_076.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_076.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះ​ត្រៃបិដក ភាគ ទី៧៦

ទ. 1

សុត្តន្តបិដក

ខុទ្ទកនិកាយគ

(ខុទ្ទកនិកាយេ)

​អបទាន

(អបទានំ)

ភាគទី ៧៦

បញ្ចមភាគ

យសវគ្គ ទី៥៦ | សុមេធាវគ្គ ទី៥៧ | ឯកូបោសថិកវគ្គ ទី៥៨
កុណ្ឌលកេសីវគ្គ ទី៥៩ | ខត្តិយាវគ្គ ទី៦០

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

បញ្ចមភាគ

ថេរិយាបទាន

(យសវគ្គ ទី៥៦)

(៥៦. យសវគ្គោ)

[មកពីមូលហេតុដែលមិនដឹង វគ្គទាំងមូលនេះបាត់ នៅក្នុងការបកប្រែជាភាសាខ្មែរ។]

(យសត្ថេរអបទាន ទី១)

(១. យសត្ថេរអបទានំ)

[បាត់ក្នុងព្រះត្រៃបិដកខ្មែរ។]

(នទីកស្សបត្ថេរអបទាន ទី២)

(២. នទីកស្សបត្ថេរអបទានំ)

[បាត់ក្នុងព្រះត្រៃបិដកខ្មែរ។]

(គយាកស្សបត្ថេរអបទាន ទី៣)

(៣. គយាកស្សបត្ថេរអបទានំ)

[បាត់ក្នុងព្រះត្រៃបិដកខ្មែរ។]

(កិមិលត្ថេរអបទាន ទី៤)

(៤. កិមិលត្ថេរអបទានំ)

[បាត់ក្នុងព្រះត្រៃបិដកខ្មែរ។]

(វជ្ជីបុត្តត្ថេរអបទាន ទី៥)

(៥. វជ្ជីបុត្តត្ថេរអបទានំ)

[បាត់ក្នុងព្រះត្រៃបិដកខ្មែរ។]

(ឧត្តរត្ថេរអបទានំ ទី៦)

(៦. ឧត្តរត្ថេរអបទានំ)

[បាត់ក្នុងព្រះត្រៃបិដកខ្មែរ។]

(អបរឧត្តរត្ថេរអបទាន ទី៧)

(៧. អបរឧត្តរត្ថេរអបទានំ)

[បាត់ក្នុងព្រះត្រៃបិដកខ្មែរ។]

(ភទ្ទជិត្ថេរអបទាន ទី៨)

(៨. ភទ្ទជិត្ថេរអបទានំ)

[បាត់ក្នុងព្រះត្រៃបិដកខ្មែរ។]

(សិវកត្ថេរអបទាន ទី៩)

(៩. សិវកត្ថេរអបទានំ)

[បាត់ក្នុងព្រះត្រៃបិដកខ្មែរ។]

(ឧបវានត្ថេរអបទាន ទី១០)

(១០. ឧបវានត្ថេរអបទានំ)

[បាត់ក្នុងព្រះត្រៃបិដកខ្មែរ។]

(រដ្ឋបាលត្ថេរអបទាន ទី១១)

(១១. រដ្ឋបាលត្ថេរអបទានំ)

[បាត់ក្នុងព្រះត្រៃបិដកខ្មែរ។]

សុមេធាវគ្គ ទី១ (៥៧)

(១. សុមេធាវគ្គោ)

សុមេធាថេរិយាបទាន ទី១

(១. សុមេធាថេរីអបទានំ)

លំដាប់តទៅនេះ ចូរចាំស្តាប់នូវថេរិកាបទានទាំងឡាយចុះ

[១] កាលព្រះមានព្រះភាគ ព្រះនាមកោនាគមនៈ គង់នៅក្នុងសង្ឃារាម យើងជាស្រ្តី ៣ នាក់ ជាសំឡាញ់នឹងគ្នា បានថ្វាយនូវវិហារទាន។ ពួកយើងបានទៅកើតក្នុងពួកទេវតា អស់ ១០ ជាតិផង មួយរយជាតិផង មួយម៉ឺនជាតិផង ចាំបាច់និយាយថ្វីក្នុងការកើតជារបស់មនុស្ស។ ខ្ញុំជាស្រីមានឫទ្ធិច្រើន ក្នុងពួកទេវតាទាំងឡាយ ចាំបាច់និយាយថ្វី ក្នុងការកើតជារបស់មនុស្ស ខ្ញុំកើតជាស្រីកែវ ធ្វើជាមហេសីរបស់ស្តេច មានរតនៈ ៧។ ជន ៣ នាក់នោះ គឺនាងធនញ្ជានី ១ នាងខេមា ១ និងខ្ញុំ ១ បានកើតក្នុងត្រកូលដែលសម្រេចល្អដោយកុសល ដែលយើងបានសន្សំហើយក្នុងភពនោះ។ ខ្ញុំបានកសាងអារាមល្អ ដ៏ប្រដាប់ដោយអវយវៈ (គ្រឿងតាក់តែង) គ្រប់យ៉ាង ហើយមានចិត្តរីករាយវេរថ្វាយដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន។ ដោយផលនៃកុសលកម្មនោះ ខ្ញុំចូលទៅកើតក្នុងភពណាៗ តែងដល់នូវភាពដ៏ប្រសើរ ក្នុងទេវលោក ក្នុងមនុស្សលោកក៏ដូចគ្នា។ ក្នុងកប្បនេះ ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ដ៏ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើង។ កាលនោះ ស្តេចក្នុងដែនកាសី ទ្រង់ព្រះនាមកិកី ជាឥស្សរៈរបស់ជនក្នុងពារាណសីបុរីដ៏ឧត្តម ជាឧបដ្ឋាកនៃព្រះកស្សបៈ ព្រះអង្គស្វែងរកនូវគុណដ៏ធំ។ ព្រះរាជាអង្គនោះ មានរាជកញ្ញាជាធីតា ៧ អង្គ ជាស្រីឋិតនៅក្នុងសេចក្តីសុខ ត្រេកអរក្នុងការបម្រើព្រះពុទ្ធ ធីតាទាំងនុ៎ះ ប្រព្រឹត្តព្រហ្មចរិយធម៌។ ខ្ញុំជាសំឡាញ់នៃធីតាទាំងនោះ មានចិត្តតម្កល់មាំក្នុងសីល ឲ្យនូវទានទាំងឡាយដោយគោរព ប្រព្រឹត្តនូវវត្តក្នុងផ្ទះ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវសេចក្តីប្រាថ្នានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ខ្ញុំច្យុតអំពីឋាននោះមក ក៏បានទៅកើតក្នុងឋានយាមៈ លុះច្យុតអំពីឋានយាមៈនោះ បានទៅកើតក្នុងឋានតុសិត លុះច្យុតអំពីតុសិតនោះ បានទៅកើតក្នុងឋាននិម្មានរតី លុះច្យុតអំពីនិម្មានរតីនោះ បានទៅកើតក្នុងវសវត្តីបុរី។ ខ្ញុំជាស្រីប្រកបដោយបុញ្ញកម្មនោះ ទៅកើតក្នុងឋានណាៗ តែងបាននូវភាពជាមហេសីរបស់ស្តេចទាំងឡាយ ក្នុងឋាននោះៗ។ លុះខ្ញុំច្យុតអំពីអត្តភាពនោះហើយ បានមកកើតជាមនុស្ស ក៏បាននូវភាពជាមហេសីនៃស្តេចចក្រពត្តិទាំងឡាយផង នៃស្តេចដែលមានមណ្ឌលទាំងឡាយផង។ ខ្ញុំទទួលនូវសម្បត្តិក្នុងទេវតាទាំងឡាយផង ក្នុងមនុស្សទាំងឡាយផង ជាស្រ្តីមានសេចក្តីសុខ ក្នុងទីទាំងពួង អនោ្ទលទៅអស់ច្រើនជាតិ។ ហេតុនោះក្តី ដើមកំណើតនោះក្តី ឫសគល់នោះក្តី សេចក្តីគាប់ចិត្តក្នុងសាសនានោះក្តី ការប្រជុំចុះជាដំបូងនោះក្តី ធម្មជាតទាំងនោះបានរលត់ហើយ ដោយសេចក្តីត្រេកអរក្នុងធម៌។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុមេធាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុមេធាថេរិយាបទាន។

មេខលទាយិកាថេរិយាបទាន ទី២

(២. មេខលាទាយិកាថេរីអបទានំ)

[២] ខ្ញុំបានធ្វើព្រះស្តូបថ្វាយព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ហើយបានថ្វាយខ្សែក្រវាត់ចំពោះព្រះសាស្តា ដើម្បីនវកម្ម។ កាលមហាស្តូបសម្រេចហើយ ខ្ញុំមានចិត្តជ្រះថ្លា បានបូជាខ្សែក្រវាត់ ចំពោះព្រះមុនិលោកនាថ ដោយដៃរបស់ខ្លួនទៀត។ ក្នុងកប្បទី ៩៤ អំពីកទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយខ្សែក្រវាត់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការធ្វើស្តូប។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ខ្ញុំដកចោលហើយ ខ្ញុំជាស្រ្តីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមេខលទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មេខលទាយិកាថេរិយាបទាន។

មណ្ឌបទាយិកាថេរិយាបទាន ទី៣

(៣. មណ្ឌបទាយិកាថេរីអបទានំ)

[៣] ខ្ញុំបានកសាងមណ្ឌបថ្វាយព្រះពុទ្ធ ព្រះនាមកោនាគមនៈ ហើយថ្វាយព្រះស្តូបដ៏ប្រសើរ ដល់ព្រះពុទ្ធ ជាផៅពង្សនៃលោកថែមទៀត។ ខ្ញុំទៅកាន់ជនបទ និគម រាជធានីណាៗ ជាស្រី ត្រូវគេបូជាក្នុងទីទាំងពួង នេះជាផលនៃបុញ្ញកម្ម។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រ្តីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះមណ្ឌបទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មណ្ឌបទាយិកាថេរិយាបទាន។

សង្កមនទាថេរិយាបទាន ទី៤

(៤. សង្កមនត្ថាថេរីអបទានំ)

[៤] កាលព្រះមានព្រះភាគ ព្រះនាមកោណ្ឌញ្ញៈ ជាធំជាងលោក ជាតាទិបុគ្គល ទ្រង់ស្តេចទៅក្នុងច្រក ទ្រង់ញ៉ាំងសត្វទាំងឡាយឲ្យឆ្លង។ ខ្ញុំចេញអំពីផ្ទះ ហើយឱនក្រាបចុះ កាលនោះ ព្រះពុទ្ធជាធំជាងលោក ព្រះអង្គជាអ្នកអនុគ្រោះ បានជាន់លើក្បាលខ្ញុំ។ លុះព្រះលោកនាយក ទ្រង់ជាន់លើក្បាលខ្ញុំ ហើយស្តេចហួសទៅ ខ្ញុំក៏បានទៅកើតក្នុងឋានតុសិត ដោយសេចក្តីជ្រះថ្លាក្នុងចិត្តនោះ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រ្តីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសង្កមនទាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សង្កមនទាថេរិយាបទាន។

នឡមាលិកាថេរិយាបទាន ទី៥

(៥. នឡមាលិកាថេរីអបទានំ)

[៥] កាលនោះ ខ្ញុំជាកិន្នរញី នៅជិតឆេ្នរស្ទឹងចន្ទភាគា បានឃើញព្រះពុទ្ធ ទ្រង់បា្រសចាកធូលី គឺកិលេស ត្រាស់ដឹងឯង ទ្រង់ឈ្នះកិលេសហើយ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តល្អ កើតសេចក្តីរីករាយ ធើ្វអព្ជាលី ហើយយកកម្រងផ្កាបបុស បូជាព្រះសយម្ភូ។ ដោយកុសលកម្មដែលខ្ញុំធើ្វល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជាកិន្នរញីហើយ ក៏បានទៅកើតក្នុងឋានត្រៃត្រឹង្ស។ ខ្ញុំបាននូវភាពជាមហេសីនៃទេវរាជ ៣៦ ដង បាននូវភាពជាមហេសីនៃស្តេចចក្រពត្តិ ១០ ដង។ ខ្ញុំទទួលរងកុសល បានចូលទៅកាន់ផ្នួស កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាសី្រមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនឡមាលិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នឡមាលិកាថេរិយាបទាន។

ឯកបិណ្ឌបាតទាយិកាថេរិយាបទាន ទី៦

(៦. ឯកបិណ្ឌបាតទាយិកាថេរីអបទានំ)

[៦] ព្រះមហាក្សត្រព្រះនាមពន្ធុមៈ ក្នុងក្រុងពន្ធុមវតី ខ្ញុំជាអគ្គមហេសីរបស់ស្តេចនោះ បានពោលនូវពាក្យខ្លះ (នឹងស្តេចនោះ)។ កាលនោះ ខ្ញុំអង្គុយក្នុងទីស្ងាត់ ហើយគិតយ៉ាងនេះថា កុសលដែលអញគួរយកទៅបរលោក អញមិនបានធ្វើសោះ អញនឹងទៅកាន់នរក ដែលជាឋានក្តៅខ្លាំងខ្លោចផ្សា មានសភាពគួរខ្លាច អាក្រក់ក្រៃលែងដោយពិត អញមិនមានសេចក្តីសង្ស័យក្នុងដំណើរនេះឡើយ។ ខ្ញុំចូលទៅគាល់ព្រះរាជា ហើយក្រាបទូលដូច្នេះថា បពិត្រព្រះមហាក្សត្រ សូមព្រះអង្គប្រទាននូវសមណៈមួយអង្គដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹងនិមន្តលោកឲ្យឆាន់។ ព្រះមហារាជ ទ្រង់ប្រទាននូវសមណៈមួយអង្គ ដែលមានឥន្រ្ទិយអប់រំហើយដល់ខ្ញុំ ខ្ញុំទទួលនូវបាត្ររបស់លោកហើយ បំពេញដោយបាយដ៏ប្រសើរ។ លុះខ្ញុំបំពេញហើយ ធ្វើនូវបាយដ៏ប្រសើរ ឲ្យជាបាយលាយដោយវត្ថុមានក្លិនក្រអូប បិទដោយសំណាញ់ គ្របដោយសំពត់លឿង។ កុសលនុ៎ះ ជាអារម្មណ៍របស់ខ្ញុំ ខ្ញុំរលឹកដរាបដល់អស់ជីវិត ខ្ញុំទៅកើតក្នុងឋានតាវត្តឹង្ស ព្រោះញុំាងចិត្តឲ្យជ្រះថ្លាក្នុងកុសលនោះ។ ខ្ញុំបាននូវភាពនៃខ្លួនជាមហេសីនៃស្តេចទេវតាទាំងឡាយ ៣០ ដង សេចក្តីប្រាថ្នាដែលខ្ញុំប្រាថ្នាហើយក្នុងចិត្ត ក៏កើតឡើងដល់ខ្ញុំ ដូចសេចក្តីប្រាថ្នា។ ខ្ញុំបាននូវភាពជាមហេសីនៃស្តេចចក្រពតិ្ត ២០ ដង ខ្ញុំជាស្រីមានកុសលសន្សំហើយ តែងអន្ទោលទៅក្នុងភពតូច និងភពធំ។ ខ្ញុំរួចចាកចំណងទាំងអស់ហើយ ខ្ញុំជាអ្នកប្រាសចាកកំណើតហើយ អស់អាសវៈ ទាំងពួងរលីងហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបិណ្ឌបាតទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឯកបិណ្ឌបាតទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកបិណ្ឌបាតទាយិកាថេរិយាបទាន។

កដច្ឆុភិក្ខទាយិកាថេរិយាបទាន ទី៧

(៧. កដច្ឆុភិក្ខាទាយិកាថេរីអបទានំ)

[៧] កាលព្រះសាស្តា ព្រះនាមតិស្សៈ ទ្រង់ត្រាច់ទៅបិណ្ឌបាត ខ្ញុំបានយកចង្ហាន់មួយវែក ថ្វាយដល់ព្រះពុទ្ធដ៏ប្រសើរ។ ព្រះសម្ពុទ្ធ ព្រះនាមតិស្សៈ ជាសាស្តា ជានាយកដ៏លើសលុបក្នុងលោក ទ្រង់ទទួលហើយ ទ្រង់គង់នៅក្នុងផ្លូវ ទ្រង់ធ្វើអនុមោទនាដល់ខ្ញុំថា

នាងប្រគេនចង្ហាន់មួយវែក នឹងបានទៅកើតក្នុងឋានតាវត្តឹង្ស នឹងបានជាអគ្គមហេសីនៃស្តេចទេវតា ៣៦ ដង។ នឹងបានជាមហេសីនៃស្តេចចក្រពតិ្ត ៥០ ដង នឹងបាននូវសម្បតិ្តទាំងពួង ដែលនាងប្រាថ្នាហើយ តាមចិត្តប្រាថ្នា ក្នុងកាលទាំងពួង។ នាងនឹងទទួលនូវសម្បតិ្ត ជាស្ត្រីមិនមានសេចក្តីកង្វល់ នឹងបួស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។ ព្រះសម្ពុទ្ធព្រះនាមតិស្សៈ ជានាយកដ៏លើសលុបក្នុងលោក ព្រះអង្គជាអ្នកប្រាជ្ញ លុះត្រាស់នូវពាក្យនេះហើយ ក៏ហោះទៅឯអាកាស ដូចជាស្តេចហង្សហើរទៅឰដ៏អាកាស។

ទានដែលខ្ញុំបានថ្វាយល្អហើយ យាគសម្បទា ខ្ញុំបានបូជាល្អហើយ ខ្ញុំបានថ្វាយនូវចង្ហាន់មួយវែក ហើយដល់នូវអចលបទ គឺព្រះនិព្វាន។ ក្នុងកប្បទី ៩២ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយចង្ហាន់។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំបានដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំ បានសម្រេចហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកដច្ឆុភិក្ខទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កដច្ឆុភិក្ខទាយិកាថេរិយាបទាន។

សត្តឧប្បលមាលិកាថេរិយាបទាន ទី៨

(៨. សត្តុប្បលមាលិកាថេរីអបទានំ)

[៨] ក្នុងក្រុងអរុណវតី មានក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមអរុណៈ ខ្ញុំជាអគ្គមហេសីរបស់ស្តេចនោះ បានចាត់ចែងនូវផ្កា ដែលមិនទាន់ក្រងទុក។ ខ្ញុំកាន់យកនូវផ្កាឧប្បល ៧ កម្រង មានក្លិនដូចជាក្លិនទិព្វ អង្គុយលើប្រាសាទដ៏ប្រសើរ គិតយ៉ាងនេះ ក្នុងខណៈនោះថា អញមានប្រយោជន៍អ្វីដោយកម្រងផ្កានេះ ដែលអញពាក់លើក្បាលរបស់អញ បើអញបូជាចំពោះញាណព្រះពុទ្ធដ៏ប្រសើរ ប្រសើរជាង។ ជនទាំងឡាយ តែងរាប់អាននូវព្រះសម្ពុទ្ធ អញអង្គុយនៅជិតទ្វារ កាលណាព្រះសម្ពុទ្ធទ្រង់ហៅថា នាងចូរមក អញនឹងបូជានូវព្រះមហាមុនី ក្នុងកាលនោះ។ ព្រះជិនស្រីប្រកបដោយភិក្ខុសង្ឃ ស្តេចមកតាមផ្លូវថ្នល់ ទ្រង់ល្វាសល្វន់ដូចជាដើមថ្ងាន់ត្រូវខ្យល់ ឬដូចជាកេសររាជសីហ៍ជាស្តេចម្រឹគ។ ខ្ញុំជាអ្នកមានចិត្តរីករាយ លុះឃើញរស្មីព្រះពុទ្ធ ក៏មានចិត្តសង្វេគ មិនទាន់ដល់ទ្វារ ក៏បូជាចំពោះព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំធ្វើផ្កាឧប្បល ៧ កម្រង ត្រដាងឰដ៏អាកាស ផ្កាទាំងនោះ ក៏បាំងខាងលើព្រះសីរនៃព្រះពុទ្ធ។ ខ្ញុំមានចិត្តខ្ពស់ឡើង មានចិត្តរីករាយ មានចិត្តត្រេកអរ ធ្វើអញ្ជលី ហើយញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះពុទ្ធនោះ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ផ្កាទាំងឡាយ បាំងធ្វើជាដំបូលនៃរោងធំ ខាងលើក្បាលខ្ញុំ ក្លិនជាទិព្វ ក៏ផ្សាយទៅ នេះជាផលនៃផ្កាឧប្បល ៧ កម្រង។ កាលពួកញាតិនាំខ្ញុំទៅ ក្នុងកាលម្តងៗ បរិស័ទរបស់ខ្ញុំ មានចំនួនត្រឹមណា ផ្កាទាំងឡាយក៏បាំងជារោង មានចំនួនត្រឹមនោះ។ ខ្ញុំបានជាមហេសីនៃទេវរាជ ៧០ ដង ខ្ញុំអន្ទោលទៅក្នុងភពតូចភពធំ រមែងបានជាធំក្នុងទីទាំងពួង។ ខ្ញុំបានជាមហេសីនៃស្តេចចក្រពតិ្ត ៦៣ ដង ជនទាំងពួង តែងប្រព្រឹត្តតាមខ្ញុំ ខ្ញុំមានពាក្យ ត្រូវអ្នកផងជឿកាន់តាម។ ពណ៌ និងក្លិនរបស់ខ្ញុំ តែងផ្សាយទៅ ដូចជាក្លិននៃផ្កាឧប្បល ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ខ្ញុំជាស្រីឈ្លាសក្នុងឥទ្ធិបាទ ត្រេកអរក្នុងការចម្រើនពោជ្ឈង្គ ដល់នូវអភិញ្ញាបារមី នេះជាផលនៃពុទ្ធបូជា។ ខ្ញុំជាស្រីឈ្លាសក្នុងសតិប្បដ្ឋាន មានសមាធិជ្ឈានជាអារម្មណ៍ ប្រកបរឿយៗ នូវសម្មប្បធាន នេះជាផលនៃពុទ្ធបូជា។ សេចក្តីព្យាយាមរបស់ខ្ញុំ ជាគ្រឿងនាំទៅនូវធុរៈ នាំមកនូវធម៌ដ៏ក្សេមចាកយោគៈ ខ្ញុំមានអាសវៈអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសត្តឧប្បលមាលិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សត្តឧប្បលមាលិកាថេរិយាបទាន។

បញ្ចទីបិកាថេរិយាបទាន ទី៩

(៩. បញ្ចទីបិកាថេរីអបទានំ)

[៩] ក្នុងកាលនោះ ខ្ញុំជាអ្នកដំណើរ នៅអាស្រ័យក្នុងនគរហង្សវតី ជាស្រីពេញចិត្តក្នុងកុសល តែងទៅអំពីអារាម ទៅកាន់អារាម។ ខ្ញុំបានឃើញនូវពោធិព្រឹក្សដ៏ឧត្តម ក្នុងថ្ងៃកាឡប័ក្ខ ញ៉ាំងចិត្តឲ្យជ្រះថ្លា ចំពោះពោធិព្រឹក្សនោះ ហើយអង្គុយនៅក្បែរគល់នៃពោធិព្រឹក្ស។ ខ្ញុំតាំងចិត្តគោរព ធ្វើអញ្ជលីលើក្បាល ហើយទទួលនូវសោមនស្ស ក៏គិតយ៉ាងនេះ ក្នុងខណៈនោះថា បើព្រះពុទ្ធមានគុណរាប់មិនបាន មិនមានបុគ្គលប្រៀបផ្ទឹមស្មើបានមែន សូមឲ្យពោធិព្រឹក្សនេះ សម្តែងនូវបាដិហារ្យដល់អាត្មាអញ គឺសូមឲ្យភ្លឺស្វាងចុះ។ ក្នុងខណៈនោះ ពោធិព្រឹក្សប្រែជាមាសទាំងអស់ ភ្លឺស្វាងឡើងដំណាលគ្នានឹងខ្ញុំកំពុងពិចារណា ឯទិសទាំងពួង ក៏ភ្លឺរុងរឿងឡើង។ ខ្ញុំអង្គុយនៅក្បែរគល់ពោធិព្រឹក្សនោះ អស់ ៧ យប់ ៧ ថ្ងៃ ដល់ថ្ងៃទី ៧ ខ្ញុំបានបូជាប្រទីប។ ប្រទីបទាំង ៥ ក៏ភ្លឺរុងរឿងព័ទ្ធអាសនៈ កាលនោះ ប្រទីបទាំងឡាយរបស់ខ្ញុំ ក៏ភ្លឺរុងរឿង ដរាបដល់ព្រះអាទិត្យរះឡើង។ ខ្ញុំលះបង់នូវរាងកាយជារបស់មនុស្ស បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង។ ប្រាសាទរបស់ខ្ញុំ ដែលបុញ្ញកម្មធ្វើល្អហើយ ក្នុងឋានតាវត្តឹង្សនោះ ហៅថា បញ្ចទីបប្រាសាទ មានកម្ពស់ ១០០ យោជន៍ មានទំហំ ៦០ យោជន៍។ ប្រទីបទាំងឡាយរបស់ខ្ញុំរាប់មិនអស់ តែងភ្លឺរុងរឿងជុំវិញខ្ញុំ ទាំងភពទេវតា ក៏ភ្លឺដោយពន្លឺប្រទីបនោះដែរ។ ខ្ញុំអង្គុយបែរមុខទៅរកទិសខាងកើត បើខ្ញុំប្រាថ្នាដើម្បីមើលខាងលើ ខាងក្រោម និងទីទទឹង ខ្ញុំនឹងឃើញនូវវត្ថុទាំងពួងដោយចក្ខុ។ ខ្ញុំប្រាថ្នាដើម្បីឃើញនូវកម្ម ដែលខ្ញុំធ្វើល្អ និងអាក្រក់ដរាបណា គ្រឿងបិទបាំងក្នុងវត្ថុទាំងនោះ ទោះជាឈើ ឬភ្នំ ក៏មិនមានដរាបនោះ។ ខ្ញុំបានជាមហេសីនៃទេវរាជ ៨០ ដង បានជាមហេសីនៃស្តេចចក្រពត្តិ ១០០ ដង។ ខ្ញុំដែលទៅកាន់កំណើតណាៗ ទោះជាទេវតា ឬជាមនុស្ស ប្រទីបមួយសែន តែងបំភ្លឺជុំវិញខ្លួនខ្ញុំ។ ខ្ញុំច្យុតចាកទេវលោក មកកើតក្នុងផ្ទៃនៃមាតា ភ្នែករបស់ខ្ញុំ ដែលនៅក្នុងផ្ទៃនៃមាតានោះ មិនដែលធ្មេចឡើយ។ ប្រទីបមួយសែន ប្រកបដោយបុញ្ញកម្ម រមែងរុងរឿង ក្នុងផ្ទះជាទីប្រសូត នេះជាផលនៃប្រទីប ៥។ កាលភពជាទីបំផុតដល់ព្រមហើយ ខ្ញុំញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅ ខ្ញុំឃើញនូវព្រះនិព្វាន ដែលមិនមានជរា និងមរណៈ មានសេចក្តីត្រជាក់។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានដល់នូវព្រះអរហត្ត ព្រះពុទ្ធព្រះនាមគោតម ទ្រង់ជ្រាបនូវគុណ ហើយឲ្យខ្ញុំបានឧបសម្បទា។ ប្រទីបទាំង ៥ របស់ខ្ញុំ រមែងឆេះឡើងក្នុងមណ្ឌប ជិតគល់ឈើក្នុងប្រាសាទ ក្នុងគុហា ក្នុងផ្ទះស្ងាត់។ ទិព្វចក្ខុរបស់ខ្ញុំស្អាតវិសេស ខ្ញុំជាស្រីឈ្លាសក្នុងសមាធិ ដល់នូវអភិញ្ញាបារមី នេះជាផលនៃប្រទីប ៥។ បពិត្រព្រះអង្គមានព្យាយាមធំ ទ្រង់មានចក្ខុ ខ្ញុំព្រះអង្គមានការប្រព្រឹត្តិធម៌ទាំងពួង ចប់អស់ហើយ មានសោឡសកិច្ចធ្វើស្រេចហើយ មិនមានអាសវៈ មានប្រទីប ៥ ខ្ញុំសូមថ្វាយបង្គំព្រះបាទា។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយប្រទីប ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃប្រទីប ៥។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចទីបិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចទីបិកាថេរិយាបទាន។

ឧទកទាយិកាថេរិយាបទាន ទី១០

(១០. ឧទកទាយិកាថេរីអបទានំ)

[១០] ខ្ញុំជាស្រីដងទឹក ក្នុងនគរពន្ធុមតី រស់នៅដោយការដងទឹក ចិញ្ចឹមទារកដោយការដងទឹកនោះ។ ឯទេយ្យធម៌របស់ខ្ញុំមិនមាន ខ្ញុំចូលទៅក្នុងបន្ទប់ បានតម្កល់ទុកនូវទឹក ចំពោះបុគ្គលជាបុញ្ញកេ្ខត្តដ៏ប្រសើរ។ ខ្ញុំបានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អហើយនោះ ខ្ញុំមានវិមានខ្ញុំដ៏ល្អ ដែលជាផលនៃការដងទឹក បាននិម្មិតឲ្យ ក្នុងឋានតាវត្តឹង្សនោះ ក្នុងកាលនោះ ខ្ញុំប្រសើរជាងពួកស្រីអប្សរ ១.០០០ នាក់ កាលនោះ ខ្ញុំគ្របសង្កត់នូវស្រីអប្សរទាំងនោះ ដោយហេតុ ១០ យ៉ាង។ ខ្ញុំបានជាមហេសីនៃទេវរាជ ៥០ ដង បានជាមហេសីនៃស្តេចចក្រពត្តិ ២០ ដង។ ខ្ញុំអន្ទោលទៅក្នុងភពទាំងពីរ គឺទេវតា និងមនុស្ស ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃទានទឹក។ កាលណាខ្ញុំចង់បានទឹក លើកំពូលភ្នំក្តី លើចុងឈើក្តី ឰដ៏អាកាសក្តី លើផែនដីក្តី ខ្ញុំក៏បាននូវទឹកយ៉ាងឆាប់ ក្នុងកាលនោះ ទិសទាំងឡាយ មិនធ្លាប់ភ្លៀងធ្លាក់សោះ ក៏ក្តៅសព្វ ខ្ញុំស្រេកទឹក មហាមេឃ បានដឹងនូវតម្រិះរបស់ខ្ញុំ ក៏បង្អុលភ្លៀងចុះមក។ ជួនណា កាលពួកញាតិកំពុងនាំខ្ញុំទៅ ខ្ញុំចង់បានទឹកក្នុងកាលណា មហាមេឃក៏ញុំាងភ្លៀងឲ្យកើតក្នុងកាលនោះ។ កម្តៅក្តី សេចក្តីក្រហល់ក្រហាយក្តី មិនមានក្នុងសរីរៈរបស់ខ្ញុំឡើយ ធូលីក៏មិនមានក្នុងកាយរបស់ខ្ញុំ នេះជាផលនៃទានទឹក។ ក្នុងថ្ងៃនេះ ខ្ញុំមានចិត្តស្អាតបរិសុទ្ធ បា្រសចាកចិត្តលាមក មានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទានទឹក។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧទកទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧទកទាយិកាថេរិយាបទាន។

ឧទ្ទាន

សុមេធាថេរិយាបទាន ១ មេខលទាយិកាថេរិយាបទាន ១ មណ្ឌបទាយិកាថេរិយាបទាន ១ សង្កមនទាថេរិយាបទាន ១ នឡមាលិកាថេរិយាបទាន ១ ឯកបិណ្ឌបាតទាយិកាថេរិយាបទាន ១ កដច្ឆុភិក្ខទាយិកាថេរិយាបទាន ១ សត្តឧប្បលមាលិកាថេរិយាបទាន ១ បញ្ចទីបិកាថេរិយាបទាន ១ ឧទកទាយិកាថេរិយាបទាន ១ ក្នុងវគ្គនេះ មានគាថា ១១៨ ដែលអ្នកបា្រជ្ញទាំងឡាយរាប់ឃើញហើយ។

ចប់ សុមេធាវគ្គ ទី១។

ឯកុបោសថវគ្គ ទី២ (៥៨)

(២. ឯកូបោសថិកវគ្គោ)

ឯកុបោសថិកាថេរិយាបទាន ទី១

(១. ឯកូបោសថិកាថេរីអបទានំ)

[១១] មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់ព្រះនាមពន្ធុមៈ សោយរាជ្យក្នុងនគរពន្ធុមតី ព្រះអង្គរក្សាឧបោសថក្នុងថ្ងៃពេញបូណ៌មី។ សម័យនោះ ខ្ញុំជាកុម្ភទាសី នៅក្នុងទីនោះ ខ្ញុំបានឃើញសេនា ព្រមទាំងព្រះរាជា ហើយក៏គិតយ៉ាងនេះថា សូម្បីស្តេច ក៏ទ្រង់លះបង់រាជសម្បត្តិ ហើយរក្សាឧបោសថ កម្មនោះ ពិតជាប្រកបដោយផល បានជាពួកជនរីករាយហើយ។ ខ្ញុំពិចារណានូវទុគ្គតិផង នូវសេចក្តីក្រីក្រផង ដោយឧបាយនៃបា្រជ្ញា ក៏ញុំាងចិត្តឲ្យរីករាយ ហើយរក្សាឧបោសថ។ លុះខ្ញុំរក្សាឧបោសថ ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ ខ្ញុំក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះ។ វិមានរបស់ខ្ញុំ ដែលកុសលធ្វើល្អហើយក្នុងទីនោះ មានកំពស់ទៅខាងលើមួយយោជន៍ ប្រដាប់ដោយផ្ទះកំពូលដ៏ប្រសើរ មានអាសនៈធំ ស្អិតស្អាងល្អហើយ។ ស្រីអប្សរមួយសែន តែងបម្រើខ្ញុំសព្វៗកាល ខ្ញុំរុងរឿងកន្លងលើសទេវតាទាំងឡាយដទៃសព្វៗកាល។ ខ្ញុំបានជាមហេសីនៃទេវរាជ ៦៤ ដង បានជាមហេសីនៃស្តេចចក្រពត្តិ ៣៦ ដង។ ខ្ញុំមានពណ៌ដូចជាមាស តែងអន្ទោលទៅក្នុងភពទាំងឡាយ ខ្ញុំជាស្រីប្រសើរ ក្នុងទីទាំងពួង នេះជាផលនៃឧបោសថ។ ខ្ញុំតែងបាននូវវត្ថុទាំងពួងនេះ គឺយានដំរី យានសេះ យានរថ ទាំងអស់នេះជាផលនៃឧបោសថ។ ខ្ញុំបាននូវវត្ថុទាំងពួង ជាវិការៈនៃមាស ជាវិការៈនៃប្រាក់ ជាវិការៈនៃកែវផលិក ជាវិការៈនៃកែវមានពណ៌ក្រហម។ ខ្ញុំបាននូវវត្ថុទាំងពួង គឺសំពត់កោសេយ្យពស្ត្រ និងសំពត់កម្ពលផង សំពត់សម្បកឈើ និងសំពត់អំបោះផង សំពត់មានថ្លៃដ៏ច្រើនផង។ ខ្ញុំបាននូវវត្ថុទាំងពួងនេះ គឺបាយ ទឹក ខាទនីយៈ សំពត់ និងសេនាសនៈ នេះជាផលនៃឧបោសថ។ ខ្ញុំបាននូវវត្ថុទាំងពួងនេះ គឺគ្រឿងក្រអូបដ៏ប្រសើរ និងកម្រងផ្កា លំអិតសម្រាប់លាប នេះជាផលនៃឧបោសថ។ ខ្ញុំបាននូវវត្ថុទាំងនេះ គឺផ្ទះមានកំពូល ប្រាសាទ មណ្ឌប ប្រាសាទមានដំបូលរលីង និងគុហា នេះជាផលនៃឧបោសថ។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានចូលទៅកាន់ផ្នួស មិនទាន់បានកន្លះខែ ក៏មានសម្រេចព្រះអរហត្ត ខ្ញុំមានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានធ្វើកុសលកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃឧបោសថ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះឯកុបោសថិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកុបោសថិកាថេរិយាបទាន។

សលឡបុប្ផិកាថេរិយាបទាន ទី២

(២. សឡលបុប្ផិកាថេរីអបទានំ)

[១២] ក្នុងកាលនោះ ខ្ញុំកើតជាកិន្នរញី នៅក្បែរឆ្នេរស្ទឹងចន្ទភាគា គ្រានោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ជាទេវតាប្រសើរជាងទេវតា ព្រះអង្គប្រសើរជាងនរជន ទ្រង់កំពុងចង្រ្កម។ ខ្ញុំបានបេះផ្កាស្រល់ យកទៅថ្វាយព្រះសម្ពុទ្ធដ៏ប្រសើរ ឯព្រះមហាវីរៈ ទ្រង់ហិតនូវផ្កាស្រល់ ដែលមានក្លិនដូចជាទិព្វ។ ព្រះសម្មាសម្ពុទ្ធ ព្រះនាមវិបស្សី ជាលោកនាយក មានព្យាយាមធំ ទ្រង់បានទទួលយកហើយ កាលដែលខ្ញុំកំពុងតែសំឡឹងមើល ទ្រង់ក៏ហិតក្នុងកាលនោះ។ ខ្ញុំផ្គងអញ្ជលីថ្វាយបង្គំព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងសត្វជើងពីរ ខ្ញុំញុំាងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ឡើងទៅកាន់ភ្នំ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កាក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះសលឡបុប្ផិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សលឡបុប្ផិកាថេរិយាបទាន។

មោទកទាយិកាថេរិយាបទាន ទី៣

(៣. មោទកទាយិកាថេរីអបទានំ)

[១៣] ខ្ញុំជាកុម្ភទាសី នៅក្នុងនគរពន្ធុមតី បានកាន់យកនូវចំណែក (នំអន្សម) របស់ខ្ញុំ ហើយទៅកាន់កំពង់ទឹក។ ខ្ញុំបានឃើញសមណៈមួយរូប ក្នុងទីពាក់កណ្តាលផ្លូវ លោកមានចិត្តស្ងប់ស្ងាត់ មានចិត្តតម្កល់មាំមួន ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានប្រគេននំអន្សម ៣។ ខ្ញុំមិនដែលទៅកាន់វិនិបាតអស់ ២៩ កប្ប ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង។ ខ្ញុំធ្វើនូវកុសលហើយ ខ្ញុំបានទទួលសម្បត្តិទាំងអស់ ព្រោះបានធ្វើកុសលឲ្យជាសម្បតិ្ត ខ្ញុំបានដល់នូវអចលបទ គឺព្រះនិព្វាន ព្រោះប្រគេននំអន្សម ៣។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះមោទកទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មោទកទាយិកាថេរិយាបទាន។

ឯកាសនទាយិកាថេរិយាបទាន ទី៤

(៤. ឯកាសនទាយិកាថេរីអបទានំ)

[១៤] ក្នុងកាលនោះ ខ្ញុំជាស្រីក្រងផ្កា នៅក្នុងនគរហង្សវតី មាតាបិតារបស់ខ្ញុំទាំងនោះបានទៅធ្វើការងារ។ កាលព្រះអាទិត្យកំពុងត្រង់ជាក់ ខ្ញុំឃើញព្រះសម្ពុទ្ធ ជាសាមណៈកំពុងនិមន្តទៅតាមថ្នល់ ខ្ញុំក៏ក្រាលអាសនៈ។ ខ្ញុំក្រាលអាសនៈដោយកម្រាល មានព្រំដែលមានរោមវែង ៤ ធ្នាប់ និងកម្រាល ដែលធ្វើដោយរោមសត្វ វិចិត្រដោយរូបសត្វសាហាវជាដើម ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានពោលពាក្យនេះថា ផែនដីក្តៅណាស់ ឈរនៅពុំបាន ព្រះអាទិត្យកំពុងត្រង់ជាក់ ខ្យល់ក៏មិនបក់ ទាំងភត្តកាល ក៏ជិតអស់។ បពិត្រព្រះមហាមុនី អាសនៈនេះ ខ្ញុំក្រាលហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គ សូមព្រះអង្គអាស្រ័យនូវសេចក្តីអនុគ្រោះ គង់លើអាសនៈរបស់ខ្ញុំ។ ព្រះសមណៈមានព្រះទ័យទូន្មានហើយ មានព្រះទ័យបរិសុទ្ធ គង់លើអាសនៈនោះ ខ្ញុំទទួលយកបាត្រនៃព្រះអង្គ បានប្រគេនចង្ហាន់សមគួរដល់ការចំអិន។ ខ្ញុំលះបង់រាងកាយជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង។ វិមានរបស់ខ្ញុំល្អ ត្រូវផលនៃអាសនៈនិមិ្មតហើយ ក្នុងឋានតាវត្តឹង្សនោះ មានកំពស់ ៦០ យោជន៍ មានទំហំ ៣០ យោជន៍។ បល្ល័ង្កផ្សេងៗ របស់ខ្ញុំ ជាវិការៈនៃមាស ជាវិការៈនៃកែវមណី ជាវិការៈនៃកែវផលិក ជាវិការៈនៃមាសមានពណ៌ក្រហម។ កម្រាលធ្វើដោយរោមសត្វ មានរោមច្រាងទាំងពីរខាង បល្ល័ង្ករបស់ខ្ញុំតាំងនៅល្អហើយ ដោយកម្រាលដែលញាត់ដោយគរ និងកម្រាលដែលធ្វើដោយរោមសត្វដ៏វិចិត្រដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើមផង ដោយកម្រាលដែលធ្វើដោយឌិនមាសនិងសូត្រ ហើយចាក់ស្រេះដោយរតនៈ និងកម្រាលដែលធ្វើដោយរោមសត្វ វិចិត្រដោយរោមសត្វសាហាវផង។ ខ្ញុំស្កប់ស្កល់ដោយការសើច និងការលេង កាលណាខ្ញុំចង់ទៅ ខ្ញុំក៏ទៅកាន់ទីដែលខ្ញុំប្រាថ្នា មួយអន្លើដោយបល្ល័ង្កដ៏ប្រសើរ (ក្នុងកាលនោះ)។ ខ្ញុំបានជាមហេសីនៃទេវរាជ ៨០ ដង បានជាមហេសីនៃស្តេចចក្រពត្តិ ៧០ ដង។ ខ្ញុំអន្ទោលទៅក្នុងភពតូចភពធំ តែងបាននូវភោគៈដ៏ច្រើន ខ្ញុំមិនដែលខ្វះខាតភោគៈឡើយ ជាផលនៃអាសនៈឯក។ ខ្ញុំតែងអន្ទោលទៅក្នុងភពពីរ គឺទេវតា និងមនុស្ស ខ្ញុំមិនដែលស្គាល់ភពដទៃឡើយ នេះជាផលនៃអាសនៈឯក។ ខ្ញុំតែងកើតក្នុងត្រកូលពីរ គឺក្សត្រ និងព្រាហ្មណ៍ ប្រកបដោយត្រកូលខ្ពស់ ក្នុងទីទាំងពួង នេះជាផលនៃអាសនៈឯក។ ខ្ញុំមិនស្គាល់ទោមនស្ស ដែលញ៉ាំងចិត្តរបស់ខ្ញុំឲ្យក្តៅ ខ្ញុំមិនស្គាល់នូវភេទផ្សេងៗ នេះជាផលនៃអាសនៈឯក។ មេនំ ស្រីគម ស្រីកំពុងពេញល្បែងច្រើននាក់ តែងបម្រើខ្ញុំ ខ្ញុំទៅពីចង្កេះមួយទៅចង្កេះមួយ គឺគេពផ្លាស់ប្តូរគ្នា មិនដែលដើរដី នេះជាផលនៃអាសនៈឯក។ ពួកស្រីដទៃផ្ងូតទឹកឲ្យខ្ញុំ ពួកស្រីដទៃឲ្យខ្ញុំបរិភោគភោជន ពួកស្រីដទៃប្រដាប់តាក់តែងឲ្យខ្ញុំ ពួកស្រីដទៃឲ្យខ្ញុំត្រេកអរសព្វៗកាល។ ពួកស្រីដទៃលាបគ្រឿងក្រអូបឲ្យខ្ញុំ នេះជាផលនៃអាសនៈឯក។ កាលខ្ញុំនៅក្នុងមណ្ឌបក្តី នៅជិតគល់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី បល្ល័ង្កតែងកើតឡើង ព្រោះដឹងនូវតម្រិះរបស់ខ្ញុំ នេះភពទីបំផុតរបស់ខ្ញុំ ភពជាទីបំផុតនេះកំពុងប្រព្រឹត្តទៅ ថ្ងៃនេះខ្ញុំទំលាក់ចោលនូវរាជ្យ ហើយចូលទៅកាន់ផ្នួស។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃអាសនៈឯក។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះឯកាសនទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឯកាសនទាយិកាថេរិយាបទាន។

បញ្ចទីបទាយិកាថេរិយាបទាន ទី៥

(៥. បញ្ចទីបទាយិកាថេរីអបទានំ)

[១៥] ក្នុងកាលនោះ ខ្ញុំជាស្រីអ្នកដំណើរ នៅក្នុងនគរហង្សវតី ខ្ញុំជាស្រីត្រូវការដោយកុសល តែងដើរទៅរកអារាម ទៅរកវិហារ។ ខ្ញុំបានឃើញដើមពោធិព្រឹក្សដ៏ឧត្តម ក្នុងថ្ងៃកាឡប័ក្ខ ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះពោធិព្រឹក្សនោះ ក៏អង្គុយនៅក្បែរគល់នៃពោធិព្រឹក្ស។ ខ្ញុំតម្កល់ចិត្តគោរព ធ្វើនូវអញ្ជលីលើសិរ្សៈ ហើយរងនូវសោមនស្ស ក៏គិតយ៉ាងនេះ ក្នុងខណៈនោះថា បើព្រះពុទ្ធមានគុណរាប់មិនបាន មិនមានបុគ្គលផ្ទឹមស្មើមែន សូមឲ្យពោធិព្រឹក្សនេះ សម្តែងនូវបាដិហារ្យដល់អាត្មាអញ គឺសូមឲ្យពោធិព្រឹក្សភ្លឺស្វាង។ ដំណាលគ្នានឹងខ្ញុំកំពុងពិចារណា ពោធិព្រឹក្សក៏ភ្លឺស្វាង ក្លាយទៅជាពណ៌មាសទាំងអស់ ទិសទាំងពួងក៏រុងរឿងក្នុងខណៈនោះ។ ខ្ញុំអង្គុយក្បែរគល់ពោធិព្រឹក្សនោះ អស់ ៧ ថ្ងៃ ៧ យប់ ដល់ថ្ងៃទី ៧ ខ្ញុំបានបូជាប្រទីប។ ប្រទីបទាំង ៥ នោះ ក៏ភ្លឺរុងរឿងឡើង ព័ទ្ធអាសនៈ កាលនោះ ប្រទីបទាំងឡាយរបស់ខ្ញុំភ្លឺរុងរឿង ដរាបដល់ព្រះអាទិត្យរះឡើង។ លុះខ្ញុំលះបង់រាងកាយជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តឹង្សដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង។ ប្រាសាទរបស់ខ្ញុំដែលបុញ្ញកម្មធ្វើល្អហើយ ក្នុងឋានតាវត្តឹង្សនោះ លោកហៅថា បញ្ចទីបប្រាសាទ មានកំពស់ ៦០ យោជន៍ មានទំហំ ៣០ យោជន៍។ ប្រទីបទាំងឡាយរបស់ខ្ញុំ មានចំនួនរាប់មិនអស់ តែងភ្លឺរុងរឿងជុំវិញ ភពទេវតាក៏ភ្លឺដោយពន្លឺប្រទីបនោះដែរ។ ខ្ញុំអង្គុយបែរមុខទៅកាន់ទិសខាងកើត បើខ្ញុំប្រាថ្នាដើម្បីមើលខាងលើ ខាងក្រោម និងទិសទទឹង ខ្ញុំក៏ឃើញនូវវត្ថុទាំងអស់ដោយចក្ខុ។ ខ្ញុំប្រាថ្នាដើម្បីឃើញនូវកម្មដែលខ្ញុំធ្វើល្អធ្វើអាក្រក់ ដរាបណា គ្រឿងបិទបាំងក្នុងវត្ថុទាំងនោះ ទោះជាឈើ ឬភ្នំ ក៏មិនមានដរាបនោះ។ ខ្ញុំបានជាមហេសីនៃទេវរាជ ៨០ ដង បានជាមហេសីនៃសេ្តចចក្រពត្តិ ១០០ ដង។ ខ្ញុំទៅកាន់កំណើតណាៗ ជាទេវតា ឬមនុស្ស ប្រទីបមានចំនួនមួយសែនភ្លឺជុំវិញខ្ញុំ។ លុះខ្ញុំច្យុតចាកទេវលោក មកកើតក្នុងផ្ទៃមាតា កាលខ្ញុំនៅក្នុងផ្ទៃនៃមាតា ភ្នែករបស់ខ្ញុំមិនដែលធ្មេចឡើយ។ ប្រទីបចំនួនមួយសែន ដែលប្រកបដោយបុញ្ញកម្ម រមែងភ្លឺក្នុងផ្ទះជាទីប្រសូត នេះជាផលនៃប្រទីប ៥។ កាលភពជាទីបំផុត ដល់ព្រមហើយ ខ្ញុំញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅ ខ្ញុំឃើញព្រះនិព្វាន មិនមានជរា និងមរណៈ មានសេចក្តីត្រជាក់។ ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត ក៏បានសម្រេចព្រះអរហត្ត ព្រះពុទ្ធទ្រង់ឲ្យឧបសម្បទាដល់ខ្ញុំ នេះជាផលនៃប្រទីប ៥។ កាលខ្ញុំនៅក្នុងមណ្ឌបក្តី ជិតគល់ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី ប្រទីបតែងភ្លឺរុងរឿងសព្វៗកាល នេះជាផលនៃប្រទីប ៥។ ទិព្វចក្ខុរបស់ខ្ញុំ ស្អាតវិសេស ខ្ញុំជាស្រីឈ្លាសក្នុងសមាធិ ដល់នូវអភិញ្ញាបារមី នេះជាផលនៃប្រទីប ៥។ បពិត្រព្រះអង្គមានព្យាយាមធំ ទ្រង់មានចក្ខុ ខ្ញុំមានការប្រព្រឹត្តិធម៌ចប់ស្រេចហើយ មានសោឡសកិច្ចធ្វើរួចហើយ មិនមានអាសវៈ ជាស្រីមានប្រទីប ៥ សូមថ្វាយបង្គំនូវព្រះបាទទាំងគូ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃប្រទីប ៥។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះបញ្ចទីបទាយិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បញ្ចទីបទាយិកាថេរិយាបទាន។

នឡមាលិកាថេរិយាបទាន ទី៦

(៦. នឡមាលិកាថេរីអបទានំ)

[១៦] កាលនោះឯង ខ្ញុំកើតជាកិន្នរញី នៅទៀបឆ្នេរស្ទឹងចន្ទភាគា ខ្ញុំបានឃើញព្រះពុទ្ធជាព្រះសយម្ភូ ទ្រង់ប្រាសចាកធូលី ទ្រង់ឈ្នះកិលេស។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយខ្លាំង មានចិត្តត្រេកអរ ធ្វើនូវអញ្ជលី ហើយកាន់យកនូវកម្រងផ្កាបបុស ទៅបូជាចំពោះព្រះសយម្ភូ។ ខ្ញុំលះបង់រាងកាយជាកិន្នរញី បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង។ ខ្ញុំបានជាមហេសីនៃទេវរាជ ៣៦ ដង សេចក្តីប្រាថ្នាដោយចិត្តរបស់ខ្ញុំ រមែងកើតឡើង តាមសមគួរដល់សេចក្តីប្រាថ្នា។ ខ្ញុំបានជាអគ្គមហេសី នៃសេ្តចចក្រពត្តិ ១០ ដង ព្រោះបានសន្សំកងកុសល ខ្ញុំតែងអន្ទោលទៅក្នុងភពទាំងឡាយ។ កុសលរបស់ខ្ញុំរមែងមាន ខ្ញុំបានចូលទៅកាន់ផ្នួស ថ្ងៃនេះ ខ្ញុំជាស្រីគួរដល់ការបូជា ក្នុងសាសនានៃព្រះសក្យបុត្ត។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាព្រះពុទ្ធ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃកម្រងផ្កាបបុស។ ថ្ងៃនេះ ខ្ញុំមានចិត្តស្អាត ប្រាសចាកចិត្តលាមក មានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

បានឮថា ព្រះនឡមាលិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នឡមាលិកាថេរិយាបទាន។

មហាបជាបតិគោតមីថេរិយាបទាន ទី៧

(៧. មហាបជាបតិគោតមីថេរីអបទានំ)

[១៧] ក្នុងសម័យមួយ ព្រះសម្ពុទ្ធជាប្រទីបនៃលោក ព្រះអង្គជាសារថី ទូន្មាននូវបុរសដែលគួរទូន្មាន ទ្រង់គង់នៅក្នុងកូដាគារសាសា ក្នុងមហាវ័ន ទៀបក្រុងវេសាលី។ កាលនោះ ភិក្ខុនីឈ្មោះមហាបជាបតិគោតមី ជាព្រះមាតុច្ឆានៃព្រះជិនស្រី នៅក្នុងសំណាក់ភិក្ខុនី ជិតបុរីជាទីរីករាយនោះឯង។ ព្រះនាងមហាបជាបតិគោតមីភិក្ខុនី នៅក្នុងទីស្ងាត់ជាមួយនឹងពួកភិក្ខុនី ដែលមានចិត្តរួចស្រឡះ ចាកកិលេសចំនួន ៥០០ រូប ព្រះនាងមានចិត្តត្រិះរិះយ៉ាងនេះថា អញ (បើរស់នៅ) មិនបានទាន់ការបរិនិព្វាននៃព្រះសម្ពុទ្ធ នៃគូសាវ័ក នៃរាហុល អានន្ទ និងនន្ទទេ នឹងសុំអនុញ្ញាតព្រះលោកនាថជាមហេសី លះបង់នូវអាយុសង្ខារ ទៅកាន់ព្រះនិព្វានភ្លាមៗ។ សេចក្តីត្រិះរិះរបស់នាងភិក្ខុនី ៥០០ រូបក្តី សេចក្តីត្រិះរិះរបស់នាងភិក្ខុនីទាំងឡាយ មាននាងភិក្ខុនីឈ្មោះខេមាជាដើមនេះក្តី ក៏ដូចព្រះនាងគោតមីដែរ។ គ្រានោះ មានការកក្រើកផែនដី ទាំងផ្គរក៏លាន់ឮឡើង ទេវតាទាំងឡាយ ដែលអាស្រ័យនៅក្នុងសំណាក់ភិក្ខុនី ក៏ត្រូវសេចក្តីសោកបៀតបៀន។ (ទេវតាទាំងនោះ) យំទួញ ញ៉ាំងទឹកភែ្នកនិងសេចក្តីករុណា ឲ្យប្រព្រឹត្តទៅក្នុងទីនោះ ភិក្ខុនីទាំងអស់ ចូលទៅជិតនាងគោតមីភិក្ខុនី ជាមួយនឹងទេវតាទាំងនោះ ហើយក្រាបចុះដោយសិរ្សៈទៀបបាទា ពោលនូវពាក្យនេះថា បពិត្រព្រះនាងជាម្ចាស់ យើងទាំងឡាយនៅក្នុងទីស្ងាត់ ត្រូវដំណក់ទឹកស្រោចស្រប់ហើយ ក្នុងទីនោះ។ បពិត្រព្រះនាងគោតមីជាម្ចាស់ ផែនដីនោះ កក្រើកញាប់ញ័រ ទាំងផ្គរក៏លាន់ឮឡើង ទាំងសេចក្តីខ្សឹកខ្សួល ពួកយើងក៏បានឮដែរ តើមានហេតុដូចម្តេច។ គ្រានោះ ព្រះនាងក៏ប្រាប់នូវហេតុទាំងអស់ ដែលនាងត្រិះរិះ។ លំដាប់នោះ ភិក្ខុនីទាំងអស់ បានប្រាប់នូវហេតុដែលខ្លួនត្រិះរិះហើយដែរថា បពិត្រព្រះនាងជាម្ចាស់ ព្រះនិព្វានជាទីក្សេមយ៉ាងក្រៃលែង បើព្រះនាងពេញចិត្តហើយ បពិត្រព្រះនាង ដែលបានព្រះពុទ្ធអនុញ្ញាតហើយ យើងទាំងអស់គ្នានឹងនិព្វានដែរ។ យើងទាំងឡាយនឹងចេញចាកផ្ទះ ចាកភព ជាមួយនឹងព្រះនាងដែរ យើងនឹងទៅកាន់ព្រះនិព្វានជាបុរីដ៏ឧត្តម ជាមួយនឹងព្រះនាងទៀត។ កាលភិក្ខុនីទាំងឡាយ ពោលដើម្បីនិព្វាន គ្រានោះ ព្រះនាងក៏ពោលថា ខ្ញុំនឹងថាអ្វី ហើយក៏ចេញទៅចាកលំនៅភិក្ខុនី ជាមួយនឹងភិក្ខុនីទាំងអស់ រួចពោលថា ទេវតាណា ដែលអាស្រ័យនៅក្នុងសំណាក់ភិក្ខុនី ទេវតាទាំងនោះ សូមអត់ទោសដល់ខ្ញុំ ការឃើញលំនៅនាងភិក្ខុនីនេះ ជាការឃើញទីបំផុតរបស់ខ្ញុំ។ ជរាក្តី មច្ចុក្តី មិនមានក្នុងទីណា ការជួបប្រទះដោយសត្វ និងសង្ខារមិនជាទីស្រឡាញ់ក្តី ការព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រឡាញ់ក្តី មិនមានក្នុងទីណា ទីនោះ ហៅថា អសង្ខតៈ។ ពួកភិក្ខុនីជាឱរសរបស់ព្រះសុគត ដែលមិនទាន់ប្រាសចាករាគៈ បានស្តាប់នូវពាក្យនោះហើយ ត្រូវសេចក្តីសោកគ្របសង្កត់ ក៏ខ្សឹកខ្សួលថា ឱហ្ន៎! យើងទាំងឡាយ ជាបុគ្គលឥតបុណ្យ។ ទីលំនៅភិក្ខុនីនេះ បើវៀរចាកពួកភិក្ខុនីទាំងនោះហើយ ក៏នឹងសូន្យឈឹង ពួកនាងភិក្ខុនី ជាឱរសរបស់ព្រះជិនស្រី ក៏លែងប្រាកដ ដូចជាផ្កាយដែលមិនប្រាកដក្នុងពេលភ្លឺច្បាស់។ ព្រះនាងគោតមី នឹងទៅកាន់និព្វានជាមួយភិក្ខុនី ៥០០ រូប ដូចទន្លេគង្គាហូរទៅកាន់សាគរជាមួយស្ទឹង ៥០០ ដូច្នោះ។ ពួកឧបាសិកាដែលមានសទ្ធាចេញអំពីផ្ទះ ដើរទៅតាមច្រក បានឃើញព្រះនាងគោតមីនោះ ក៏ក្រាបទៀបបាទា ហើយពោលនូវពាក្យនេះថា ព្រះនាងម្ចាស់ ចូរជ្រះថ្លាក្នុងភោគៈដ៏ច្រើនចុះ ព្រះនាងមិនគួរលះបង់នូវយើងខ្ញុំទាំងឡាយ ឲ្យនៅឥតទីពឹងហើយនិព្វានទេ ឧបាសិកាទាំងនោះ ត្រូវសេចក្តីប្រាថ្នាគ្របសង្កត់ហើយ ក៏យំរៀបរាប់ (យ៉ាងនេះ)។ ព្រះនាងគោតមីបានពោលវាចាដ៏ពីរោះ ដើម្បីបន្ទោបង់នូវសេចក្តីសោករបស់ស្រីទាំងនោះថា ម្នាលកូនទាំងឡាយ នាងទាំងឡាយ មិនគួរយំស្រែកទេ ថ្ងៃនេះជាកាលគួរនាងទាំងឡាយសើចសប្បាយទេតើ។ ព្រោះសេចក្តីទុក្ខ ខ្ញុំបានកំណត់ដឹងហើយ ហេតុនាំឲ្យកើតទុក្ខ ខ្ញុំវៀរស្រឡះហើយ ព្រះនិព្វានជាទីរលត់ទុក្ខ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងមគ្គទៀត ខ្ញុំក៏បានអប់រំល្អហើយ។

ចប់ ភាណវរៈ ទី១។

ព្រះសាស្តា ខ្ញុំបំរើហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាធម្មជាតិនាំសត្វទៅក្នុងភព ខ្ញុំក៏បានដកចោលហើយ។ ស្រីទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍ជាទីអស់ទៅនៃសំយោជនៈទាំងពួងនោះ ខ្ញុំក៏បានដល់ហើយ។ ព្រះពុទ្ធក្តី ព្រះសទ្ធម្មរបស់ព្រះពុទ្ធនោះក្តី ឋិតនៅមិនខ្វះខាត ដរាបណា កាលនេះ ជាកាលគួរដើម្បីខ្ញុំនឹងនិព្វានដរាបនោះ ម្នាលកូនស្រីទាំងឡាយ នាងទាំងឡាយ កុំសោកស្តាយខ្ញុំឡើយ។ ព្រះកោណ្ឌញ្ញៈ ព្រះអានន្ទ ព្រះនន្ទ ព្រះរាហុល ព្រះជិនស្រី ព្រមទាំងព្រះសង្ឃ ចូរឋិតនៅជាសុខចុះ ទាំងពួកតិរិ្ថយដែលមានសេចក្តីល្ងង់ខ្លៅសាបសូន្យហើយ ក៏ឋិតនៅជាសុខចុះ។ យសនៃវង្សរបស់ស្តេចឱក្កាកៈ ចម្រើនឡើងហើយ ញំាញីនូវមារ ម្នាលកូនស្រីទាំងឡាយ ក្រែង (កាលនេះ) ជាសម្បត្តិកាល ដើម្បីឲ្យខ្ញុំនិព្វានហើយឬ។ ចាប់តាំងអំពីយូរយារមកហើយ សេចក្តីប្រាថ្នាណា ដែលខ្ញុំតម្កល់ទុក (សេចក្តីប្រាថ្នានោះ) នឹងសម្រេចក្នុងថ្ងៃនេះ កាលនេះ ជាកាលគួរទូងភេរី គឺសេចក្តីត្រេកអរក្នុងធម៌ ម្នាលកូនស្រីទាំងឡាយ នាងទាំងឡាយ មានប្រយោជន៍អ្វីនឹងសម្រក់ទឹកភ្នែក។ បើនាងទាំងឡាយមានសេចក្តីអាណិតខ្ញុំ ឬក៏ជាអ្នកកតញ្ញូនឹងខ្ញុំ នាងទាំងអស់គ្នា ចូរធ្វើព្យាយាមឲ្យមាំ ដើម្បីញ៉ាំងព្រះសទ្ធម្មឲ្យតាំងនៅមាំចុះ។ ព្រះសម្ពុទ្ធដែលខ្ញុំអង្វរសុំហើយ ព្រះអង្គក៏ទ្រង់ប្រទាននូវផ្នួសដល់ស្រីទាំងឡាយ ព្រោះហេតុនោះ ខ្ញុំនឹងត្រេកអរយ៉ាងណា នាងទាំងឡាយ ចូរប្រព្រឹត្តតាមដំណើរនោះ យ៉ាងនោះចុះ។ ព្រះនាងគោតមី បានប្រៀនប្រដៅនូវពួកឧបាសិកាទាំងនោះយ៉ាងនេះហើយ ពួកភិក្ខុនីក៏ហែហម ហើយចូលទៅថ្វាយបង្គំព្រះសម្ពុទ្ធ បានពោលនូវពាក្យនេះថា បពិត្រព្រះសុគត ខ្ញុំព្រះអង្គ ជាព្រះមាតារបស់ព្រះអង្គ បពិត្រព្រះអង្គទ្រង់មានប្រាជ្ញា តែព្រះអង្គជាព្រះបិតានៃខ្ញុំព្រះអង្គ បពិត្រព្រះលោកនាថ ព្រោះព្រះអង្គទ្រង់ប្រទាននូវព្រះសទ្ធម្ម និងសេចក្តីសុខ បពិត្រព្រះគោតម ខ្ញុំព្រះអង្គឈ្មោះថា កើតអំពីព្រះអង្គ។ បពិត្រព្រះសុគត រូបកាយនៃព្រះអង្គនេះ ខ្ញុំឲ្យចម្រើនហើយ ធម្មកាយជាទីត្រេកអររបស់ខ្ញុំ ព្រះអង្គឲ្យចម្រើនហើយ។ ខ្ញុំម្ចាស់ឲ្យព្រះអង្គបៅទឹកក្សីរ ដែលរម្ងាប់នូវសេចក្តីស្រេកឃ្លានមួយរំពេច ព្រះអង្គឲ្យខ្ញុំបៅទឹកក្សីរគឺធម៌ មានសេចក្តីស្ងប់រម្ងាប់ជាទីបំផុត បព្រិតព្រះមហាមុនី ព្រះអង្គមិនមានបំណុលដល់ខ្ញុំ ក្នុងការរក្សានូវចំណងទេ ស្រីទាំងឡាយចង់បានកូន កាលបន់ស្រន់ រមែងបានកូនប្រាកដដូចព្រះអង្គ។ បពិត្រព្រះអង្គជាឱរស មាតាណា របស់ស្តេចជាធំជាងនរៈ មានស្តេចមន្ធាតុជាដើម មាតានោះ គឺខ្ញុំព្រះអង្គ ដែលលិចចុះក្នុងសមុទ្ទគឺភព បានព្រះអង្គចម្លងហើយ ចាកសមុទ្ទគឺភព។ ព្រះនាមជាព្រះមាតា ជាព្រះមហេសីរបស់ស្តេច គឺស្រីទាំងឡាយ តែងបានដោយងាយទេ ឯព្រះនាមថាព្រះពុទ្ធមាតានេះ គឺស្រីទាំងឡាយ សឹងបានដោយកម្រក្រៃពេក។ បពិត្រព្រះមហាវីរៈ ឯសេចក្តីប្រាថ្នាជាដំបូងនោះ ខ្ញុំព្រះអង្គបានហើយ ដោយសារព្រះអង្គ សេចក្តីប្រាថ្នាទាំងអស់នោះ ទោះតូចក្តីធំក្តី ព្រះអង្គបានបំពេញឲ្យហើយ។ ខ្ញុំម្ចាស់ សូមលះបង់នូវសាកសពនេះ ប្រាថ្នានឹងបរិនិព្វាន បពិត្រព្រះអង្គមានព្យាយាម ជានាយក ទ្រង់ធ្វើនូវទីបំផុតនៃទុក្ខ សូមព្រះអង្គអនុញ្ញាតដល់ខ្ញុំព្រះអង្គ។ សូមព្រះអង្គសណ្តូកនូវព្រះបាទទាំងគូដ៏ទន់ល្វន់ដូចផ្កាឈូក ដេរដាសដោយស្នាមចក្រ កង្វេរ និងទង់ ខ្ញុំព្រះអង្គមានសេចក្តីស្រឡាញ់ចំពោះព្រះឱរស នឹងថ្វាយបង្គំព្រះបាទទាំងគូនោះ។ សរីរៈរបស់ព្រះអង្គ ប្រាកដស្មើដោយគំនរមាស ដែលប្រាកដក្នុងដែនកុរុ សូមព្រះអង្គធ្វើឲ្យជារាងកាយ គឺខ្ញុំព្រះអង្គឃើញបានដោយងាយ បពិត្រព្រះនាយក ខ្ញុំព្រះអង្គនឹងទៅកាន់ព្រះនិព្វាន ជាទីស្ងប់រម្ងាប់។ ព្រះជិនស្រី ទ្រង់សម្តែងនូវរាងកាយ ប្រកបដោយលក្ខណៈ ៣២ ប្រដាប់ដោយពន្លឺដ៏ល្អ ដូចព្រះអាទិត្យដ៏ស្រទន់នាអាកាស ក្នុងវេលាល្ងាច។ លំដាប់នោះ ព្រះនាងគោតមីនោះ ក្រាបចុះដោយសិរ្សៈទៀបព្រះបាទា ប្រាកដស្មើដោយផ្កាឈូករីក មានរស្មីដូចព្រះអាទិត្យទើបនឹងរះ ប្រដាប់ដោយចក្រ ហើយទូលថា ខ្ញុំសូមថ្វាយបង្គំព្រះអង្គជាព្រះអាទិត្យរបស់នរជន ជាទង់ក្នុងអាទិច្ចត្រកូល ព្រះអង្គជាទីពឹងរបស់ខ្ញុំ ក្នុងកាលជាទីបំផុត ខ្ញុំមិនបានឃើញព្រះអង្គទៀតទេ។ បពិត្រព្រះអង្គជាកំពូលនៃលោក ធម្មតាស្រ្តីទាំងឡាយ ធ្វើនូវទោសទាំងពួង ហើយស្លាប់ទៅ បើទោសរបស់ខ្ញុំមានបន្តិចបន្តួច បពិត្រព្រះអង្គទ្រង់ធ្វើសេចក្តីករុណា សូមព្រះអង្គអត់ទោសនោះដល់ខ្ញុំ។ ម្យ៉ាងទៀត ខ្ញុំសូមផ្នួសរឿយៗ ដើម្បីស្រីទាំងឡាយ បើខ្ញុំមានទោស ក្នុងហេតុនោះ បពិត្រព្រះអង្គដ៏ប្រសើរជាងនរជន សូមព្រះអង្គអត់នូវទោសនោះ។ បពិត្រព្រះអង្គមានព្យាយាម ភិក្ខុនីទាំងឡាយ ដែលខ្ញុំប្រៀនប្រដៅហើយ តាមសេចក្តីអនុញ្ញាតរបស់ព្រះអង្គ បើខ្ញុំទូន្មានមិនល្អក្នុងរឿងនោះទេ បពិត្រព្រះអង្គទ្រង់មានសេចក្តីអត់ធន់ និងមានព្យាយាម សូមព្រះអង្គអត់នូវទោសនោះដល់ខ្ញុំ។

(ព្រះសម្ពុទ្ធត្រាស់តបថា) តថាគតអត់ទោស ក្នុងហេតុដែលតថាគតមិនទាន់អត់ ប្រយោជន៍អ្វីក្នុងភព ដែលប្រដាប់ដោយគុណ តថាគតនឹងពោលនូវអ្វីដ៏លើសលុបជាងនាង ដែលពោលដើម្បីនិព្វាន។ កាលភិក្ខុសង្ឃរបស់តថាគត ស្អាតគ្រប់គ្រាន់ ភិក្ខុសង្ឃក៏គួរដើម្បីរើខ្លួនចេញចាកលោកនេះ ដូចកាលព្រះចន្ទ្រ និងផ្កាយទាំងឡាយ ដល់នូវសេចក្តីវិនាស ក្នុងកាលព្រះអាទិត្យរះឡើង ស្នាមព្រះចន្ទ្រដែលគេឃើញច្បាស់ ក៏រលុបបាត់ទៅ។

ភិក្ខុនីដទៃ ក្រៅអំពីព្រះនាងមហាបជាបតិគោតមីនោះ ធ្វើប្រទក្សិណព្រះជិនស្រីដ៏ប្រសើរ ដូចជាផ្កាយប្រព្រឹត្តទៅតាមព្រះចន្ទ្រ ដើរប្រទក្សិណភ្នំសិនេរុ ហើយក្រាបចុះទៀបព្រះបាទា រួចឈររមិលមើលនូវព្រះភក្រ្តនៃព្រះសាស្តានោះ។ ព្រះនាងបជាបតិគោតមីក្រាបទូលថា ភ្នែករបស់ខ្ញុំ មិនធ្លាប់ឆ្អែតដោយការឃើញនូវព្រះអង្គ ត្រចៀករបស់ខ្ញុំ មិនធ្លាប់ឆ្អែតដោយភាសិតរបស់ព្រះអង្គ។ ចិត្តរបស់ខ្ញុំតែមួយប៉ុណ្ណោះ ដល់នូវសេចក្តីឆ្អែត ដោយរសនៃធម៌ដ៏ពេញលេញ។

កាលព្រះមានព្រះភាគទ្រង់បន្លឺឡើង ក្នុងកណ្តាលបរិស័ទ ទ្រង់ប្រហារនូវសេចក្តីរឹងត្អឹងរបស់ជនអ្នកមានវាទៈ ពួកជនណាបានឃើញព្រះឱស្ឋ បពិត្រព្រះអង្គជាធំជាងនរៈ ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ។ ជនទាំងឡាយណា ថ្វាយបង្គំនូវព្រះបាទា មានព្រះអង្គុលីវែង មានព្រះនខាក្រហម មានព្រះបណ្ហិវែងល្អ បពិត្រព្រះអង្គទ្រង់ដល់នូវទីបំផុតនៃសេចក្តីសៅហ្មង ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ។ ជនទាំងឡាយណា ស្តាប់នូវពាក្យទាំងឡាយដ៏ពីរោះ ជាទីរីករាយចិត្ត ជាគ្រឿងដុតចោលនូវទោស ជាទីនាំមកនូវប្រយោជន៍ បពិត្រព្រះអង្គប្រសើរជាងនរៈ ជនទាំងឡាយនោះ ឈ្មោះថាមានបុណ្យ។ បពិត្រព្រះមហាវីរៈ ខ្ញុំជាស្រីមានបុណ្យ ជាអ្នកយកចិត្តទុកដាក់ ក្នុងការបូជានូវព្រះបាទារបស់ព្រះអង្គ ជាស្រីឆ្លងចាកផ្លូវលំបាកគឺសង្សារ តាមព្រះពុទ្ធដីការបស់ព្រះអង្គមានសិរី។ លំដាប់នោះ ព្រះនាងគោតមី បានក្រាបទូលព្រះមានព្រះភាគ ជាស្រីមានវត្តល្អចំពោះភិក្ខុសង្ឃ រួចថ្វាយបង្គំព្រះរាហុល ព្រះអានន្ទ និងព្រះនន្ទ ហើយពោលនូវពាក្យនេះថា ខ្ញុំមានសេចក្តីនឿយណាយក្នុងសាកសព ជាលំនៅរបស់រោគ ស្មើដោយលំនៅនៃសត្វមានពិស ជាគ្រឿងកំណត់នៃទុក្ខ ជាទីគោចរនៃជរា និងមរណៈ។ ជារូបដេរដាសដោយមន្ទិល គឺសាកសពផ្សេងៗ ជាអាយត្ត1) នៃបុគ្គលដទៃ ជារូបប្រាសចាកអំណាច ព្រោះហេតុនោះ ខ្ញុំប្រាថ្នាដើម្បីព្រះនិព្វាន បពិត្រកូនទាំងឡាយ លោកទាំងឡាយ ចូរសំគាល់ចុះ។

ព្រះនន្ទ និងព្រះរាហុលដ៏ចម្រើន ជាអ្នកមិនមានសេចក្តីសោក មិនមានអាសវៈ មានចិត្តនឹងធឹង មិនមានកម្រើក មានប្រាជ្ញា មានព្យាយាម គិតរំពឹងនូវធម៌ថា ថ្វើយ! សង្ខតធម៌ ជារបស់វិនាស ជារបស់មិនមានខ្លឹម មានឧបមាដូចដើមចេក ប្រាកដស្មើដោយកល់មាយា និងថ្ងៃបណ្តើរកូនជារបស់តិចតួច មិនបានតាំងនៅយឺនយូរឡើយ។ ព្រះនាងគោតមីនេះ ជាព្រះមាតុច្ឆានៃព្រះជិនស្រី បានចិញ្ចឹមព្រះសម្ពុទ្ធ ដើរទៅកាន់សេចក្តីស្លាប់ក្នុងទីណា (ទីនោះ) មិនទៀង ត្រូវមានបច្ច័យតាក់តែងទាំងអស់។ ចំណែកឯព្រះអានន្ទ នៅជាសេក្ខបុគ្គល ជាប្អូនជាទីស្រលាញ់នៃព្រះជិនស្រី ព្រះអានន្ទនោះ បង្ហូរទឹកភ្នែកក្នុងទីនោះ ធ្វើនូវសេចក្តីករុណា ទួញយំខ្សឹកខ្សួលថា ព្រះនាងគោតមី ពោលលាទៅកាន់ព្រះនិព្វានហើយ មិនយូរប៉ុន្មានទេ ព្រះសម្ពុទ្ធក៏គង់ទៅកាន់ព្រះនិព្វានពុំខានដែរ ដូចភ្លើងមិនមានកំញម។ ព្រះនាងគោតមី បានមានព្រះសវនីយ៍ទៅកាន់ព្រះអានន្ទ ដែលកំពុងតែយំរៀបរាប់យ៉ាងនេះ ជាអ្នកមានវេទដ៏ជ្រៅដូចសាគរ ជាអ្នកយកចិត្តទុកដាក់ក្នុងការបម្រើព្រះសម្ពុទ្ធថា បពិត្រលោកកូន កាលបើកាលជាទីរីករាយ ប្រាកដហើយ លោកកូនមិនគួរសោយសោកទេ បពិត្រលោកកូន សេចក្តីស្លាប់របស់ខ្ញុំនោះ ជាកិច្ចចូលទៅកាន់ព្រះនិព្វាន ជាទីបំផុតវិញតើ។ បពិត្រលោកកូន ព្រះសាស្តាដែលលោកកូនបានទូលសុំហើយ ទ្រង់ក៏អនុញ្ញាតនូវផ្នួសដល់យើង បពិត្រលោកកូន ចូរលោកកូនកុំតូចចិត្តឡើយ ព្រោះសេចក្តីខ្វល់ខ្វាយរបស់លោកកូន ជាការមួយប្រកបដោយផល។ បទណាដែលពួកកតិ្ថកាចារ្យជាន់ចាស់ មិនបានយល់ បទនោះ សូម្បីពួកកុមារីដែលមានអាយុ ៧ ឆ្នាំ ក៏យល់ច្បាស់ហើយ។ លោកកូនចូររក្សាព្រះពុទ្ធសាសនាចុះ ការឃើញលោកកូន (គ្រានេះ) ជាកិច្ចទីបំផុត (របស់ខ្ញុំ) បពិត្រលោកកូន បុគ្គលទៅហើយមិនប្រាកដក្នុងទីណា ខ្ញុំនឹងទៅក្នុងទីនោះ។ ព្រះនាយក ជាកំពូលនៃលោក ទ្រង់សម្តែងធម៌ផ្សាយទៅក្នុងកាលណា កាលនោះ ខ្ញុំជាស្រ្តីអនុគ្រោះ ខ្ញុំបានពោលនូវាចាឲ្យពរថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គគង់ព្រះជន្មនៅអស់កាលយូរ បពិត្រព្រះមហាមុនី សូមព្រះអង្គគង់នៅអស់មួយកប្បចុះ សូមព្រះអង្គកុំមានជរា និងមរណៈ ដើម្បីជាប្រយោជន៍ដល់សត្វលោកទាំងអស់។ ព្រះពុទ្ធនោះ ទ្រង់ត្រាស់នឹងខ្ញុំ ដែលជាអ្នកក្រាបទូលដូច្នោះ នូវពាក្យនេះថា បពិត្រព្រះនាងគោតមី ព្រះនាងថ្វាយបង្គំយ៉ាងណា ព្រះពុទ្ធទាំងឡាយ គេមិនដែលថ្វាយបង្គំ យ៉ាងនោះទេ។

ព្រះតថាគតទាំងឡាយ ជាសព្វញ្ញូ បុគ្គលគប្បីថ្វាយបង្គំដោយប្រការដូចម្តេច ព្រះពុទ្ធទាំងឡាយ បុគ្គលមិនគប្បីថ្វាយបង្គំ តើដោយប្រការដូចម្តេច ព្រះអង្គដែលខ្ញុំសួរហើយ សូមប្រាប់នូវហេតុនោះឲ្យទាន។

នាងចូរមើលនូវសាវ័កទាំងឡាយ ដែលមានព្យាយាមតឹងតែង មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានសេចក្តីប្រឹងប្រែងដ៏មាំជានិច្ច ជាអ្នកព្រមព្រៀងគ្នា នេះឈ្មោះថា ការថ្វាយបង្គំនូវព្រះពុទ្ធទាំងឡាយ។

លំដាប់នោះ ខ្ញុំទៅកាន់លំនៅភិក្ខុនីតែម្នាក់ឯង ក៏គិតយ៉ាងនេះថា ព្រះលោកនាថ ទ្រង់ដល់នូវទីបំផុតនៃត្រៃភព ទ្រង់ពេញព្រះហឫទ័យនឹងបរិស័ទដែលព្រមព្រៀងគ្នា។ ណ្ហើយចុះ ខ្ញុំនឹងបរិនិព្វាន កុំឲ្យឃើញនូវវិបត្តិនោះ ខ្ញុំគិតយ៉ាងនេះហើយ ក៏ឃើញនូវព្រះពុទ្ធ ជាឥសីទី ៧។ ខ្ញុំក្រាបទួលនូវកាលបរិនិព្វានរបស់ខ្ញុំ ចំពោះព្រះនាយក លំដាប់នោះ ព្រះអង្គទ្រង់អនុញ្ញាតថា បពិត្រព្រះនាងគោតមី ព្រះនាងចូរដឹងនូវកាលជាទីបរិនិព្វានចុះ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ។

ពួកជនពាលណា ដល់នូវសេចក្តីសង្ស័យក្នុងការត្រាស់ដឹងនូវធម៌ នៃស្រ្តីទាំងឡាយ បពិត្រព្រះនាងគោតមី ព្រះនាងចូរសម្តែងនូវឫទ្ធិ ដើម្បីកំចាត់បង់នូវទិដ្ឋិនៃពួកជនពាលនោះ។

គ្រានោះ ព្រះនាងគោតមី ក្រាបថ្វាយបង្គំព្រះសម្ពុទ្ធ ហើយហោះឡើងទៅឯអាកាស សម្តែងនូវឫទ្ធិដ៏ច្រើនជាអនេក តាមពុទ្ធានុញ្ញាត គឺស្រ្តីតែម្នាក់ ធ្វើឲ្យទៅជាច្រើនអ្នកក៏បាន ស្រ្តីច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ទៅកាន់ទីវាល ជាទីខាងក្រៅ ខាងក្រៅជញ្ជាំង ខាងក្រៅភ្នំក៏បាន ដើរទៅមិនទើសទាក់ មុជចុះក្នុងផែនដីក៏បាន ដើរលើទឹកមិនបែកធ្លាយទឹក ហាក់ដូចជាដើរលើផែនដីក៏បាន។ ទៅទាំងភ្នែនលើអាកាស ដូចជាសត្វស្លាបក៏បាន ញ៉ាំងអំណាចកាយឲ្យអណ្តែតទៅ ដរាបដល់លំនៅនៃព្រហ្មក៏បាន។ យកភ្នំសិនេរុធ្វើជាដងឆ័ត្រ យកផែនដីធំធ្វើជាឆ័ត្រ បង្វិលដងឆ័ត្រ បាំងដើរលើផ្ទៃអាកាស។ ធ្វើនូវលោកឲ្យរុងរឿង ដូចជាព្រះអាទិត្យ ៦ រះឡើងផង ធ្វើនូវលោកនោះ ឲ្យជាកម្រងសំណាញ់ ដូចជានៅលើភ្នំយុគន្ធរផង។ កាន់យកនូវវត្ថុទាំងពួងគឺ ដើមមុច្ចលិន្ទ ថ្មធំ ភ្នំសិនេរុ ដើមមន្ទារ និងដើមទទ្ទរៈទាំងឡាយ ដោយក្តាប់ដៃមួយ ដូចជាកាន់គ្រាប់ស្ពៃ។ បិទបាំងព្រះអាទិត្យ ព្រះចន្រ្ទ ដោយចុងម្រាម ទ្រនូវព្រះចន្ទ្រ ព្រះអាទិត្យមួយពាន់ ដូចជាទ្រនូវគ្រឿងប្រដាប់ក្បាល ទ្រនូវទឹកក្នុងសមុទ្រទាំង ៤ ដោយដៃម្ខាង ញ៉ាំងភ្លៀងធំមានអាការដូចជាទឹក ហូរអំពីភ្នំយុគន្ធរឲ្យបង្អុរចុះ។ ព្រះនាងគោតមីនោះ បាននិម្មិតជាស្តេចចក្រពត្តិ ព្រមទាំងបរិស័ទ សម្តែងនូវអត្តភាពជាគ្រុឌផង ដំរីផង សីហៈផង បន្លឺនូវសម្រែកលើផ្ទៃនៃអាកាស។ ព្រះនាងតែម្នាក់ឯង និម្មិតនូវពួកភិក្ខុនីដ៏ច្រើនប្រមាណមិនបាន ហើយឲ្យបាត់ទៅវិញ នៅតែម្នាក់ឯង ទើបពោលនឹងព្រះមុនីថា បពិត្រព្រះមហាវីរៈ ខ្ញុំជាមាតុច្ឆារបស់ព្រះអង្គ ជាស្រ្តីអ្នកធ្វើតាមនូវសាសនារបស់ព្រះអង្គ បានសម្រេចប្រយោជន៍របស់ខ្លួនហើយ បពិត្រព្រះអង្គមានចក្ខុ ខ្ញុំសូមថ្វាយបង្គំព្រះបាទាទាំងគូ។ ព្រះនាងគោតមីនោះ លុះសម្តែងឫទ្ធិផ្សេងៗហើយ ក៏ចុះចាកផ្ទៃនៃអាកាស មកថ្វាយបង្គំព្រះសម្ពុទ្ធ ជាពន្លឺនៃលោក ហើយអង្គុយក្នុងទីដ៏សមគួរ រួចក្រាបទូលថា បពិត្រព្រះមហាមុនី ខ្ញុំកើតមកបានអាយុ ១២០ ហើយ បពិត្រព្រះមហាវីរៈ ខ្ញុំល្មមប៉ុណ្ណេះហើយ បពិត្រព្រះនាយក ខ្ញុំនឹងបរិនិព្វាន។ គ្រានោះ បរិស័ទទាំងពួងនោះ មានសេចក្តីអស្ចារ្យក្រៃពេក ផ្គងអញ្ជលី ហើយពោលថា បពិត្រព្រះនាងមានឫទ្ធិថ្លឹងពុំបាន មានព្យាយាម កិច្ចទាំងពួង ព្រះនាងបានធ្វើហើយ។

ព្រះជិនស្រីព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ជានាយក ទ្រង់ត្រាស់ឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ក្នុងកាលនោះ ខ្ញុំកើតក្នុងត្រកូលនៃអាមាត្យ ក្នុងនគរហង្សវតី ជាត្រកូលបរិបូណ៌ដោយឧបការៈទាំងពួង ដ៏ស្តុកស្តម្ភមាំមួន មានទ្រព្យច្រើន។ ក្នុងកាលមួយ ខ្ញុំទៅជាមួយនឹងបិតា មានពពួកខ្ញុំស្រីចោមរោម មានបរិវារច្រើន ចូលទៅគាល់ព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គប្រសើរជាងនរៈ។ ខ្ញុំបានឃើញព្រះជិនស្រី មិនមានអាសវៈ ប្រាកដស្មើដោយព្រះអាទិត្យ ក្នុងសរទកាល ដ៏ដេរដាសដោយកម្រងគឺរស្មី ទ្រង់បង្អុរចុះនូវភ្លៀងគឺធម៌ ដូចជាព្រះឥន្រ្ទ។ ខ្ញុំញុំាងចិត្តឲ្យជ្រះថ្លា បានស្តាប់សុភាសិតនៃព្រះពុទ្ធនោះ ព្រះអង្គជានាយកនៃនរៈ ទ្រង់តាំង នូវនាងភិក្ខុនី ជាព្រះមាតុច្ឆាក្នុងទីដ៏ប្រសើរលើស។ លុះខ្ញុំស្តាប់ហើយ ក៏បានថ្វាយនូវមហាទានផង នូវបច្ច័យដ៏ច្រើនផង ដល់ព្រះសម្ពុទ្ធ ដ៏ប្រសើរជាងនរជនអង្គនោះ ទ្រង់ជាតាទិបុគ្គល ព្រមទាំងព្រះសង្ឃ អស់ ៧ ថ្ងៃ រួចខ្ញុំក្រាបចុះទៀបព្រះបាទា ហើយប្រាថ្នានូវតំណែងនោះ។

លំដាប់នោះ ព្រះពុទ្ធជាឥសីទី ៧ បានពោលក្នុងបរិស័ទច្រើនថា ស្រ្តីណាបានញុំាងព្រះលោកនាយក ព្រមទាំងព្រះសង្ឃឲ្យឆាន់ អស់ ៧ ថ្ងៃ តថាគតនឹងសរសើរនូវស្រ្តីនោះ អ្នកទាំងឡាយចូរស្តាប់នូវពាក្យដែលតថាគតនឹងសម្តែងដូចតទៅនេះ។ ក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ ព្រះសាស្តា ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់ឡើងក្នុងលោក។ ស្រ្តីនោះ នឹងបានជាឱរស ជាអ្នកទទួលមត៌កក្នុងធម៌នៃព្រះពុទ្ធនោះ ជាធម្មនិមិ្មតិ ឈ្មោះនាង គោតមី នឹងបានជាសាវិកានៃព្រះសាស្តាអង្គនោះ។ នាងគោតមីនេះ ជាព្រះមាតុច្ឆា ជាអ្នករក្សានូវជីវិតនៃព្រះពុទ្ធនោះ នឹងបាននូវទីដ៏ប្រសើរ លើសជាងភិក្ខុនីទាំងឡាយ ជាអ្នកដឹងនូវរាត្រីដ៏វែង (មានអាយុវែង)។ គ្រានោះ ខ្ញុំស្តាប់នូវព្រះពុទ្ធដីកានោះ ក៏មានចិត្តរីករាយ បានបម្រើនូវព្រះជិនស្រី ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត តមក ខ្ញុំក៏ធ្វើមរណកាល។ ខ្ញុំបានទៅកើតក្នុងពួកទេវតាជាន់តាវត្តឹង្ស សម្រេចនូវសេចក្តីប្រាថ្នាទាំងពួង បានគ្របសង្កត់នូវទេវតាទាំងឡាយ ដទៃដោយអង្គ ១០ យ៉ាង គឺដោយរូប សំឡេង ក្លិន រស សម្ផ័ស្ស អាយុ វណ្ណៈ សុខៈ យស។ មួយទៀត ខ្ញុំឈ្នះឈ្នាន រុងរឿង ដោយអធិបតេយ្យ (ជាគម្រប់ ១០) ខ្ញុំបានជាមហេសីរបស់ព្រះឥន្រ្ទ ក្នុងឋាននោះ។ ខ្ញុំត្រូវខ្យល់ គឺកម្មបក់ផាត់ទៅ អន្ទោលទៅក្នុងសង្សារ បានទៅកើតក្នុងស្រុកទាសគ្រាម ក្នុងដែននៃស្តេចឈ្មោះកាសិកៈ។ គ្រានោះ ខ្ញុំប្រុស ៥០០ នាក់ ឥតខ្វះខាត នៅក្នុងស្រុកនោះ ជនណាជាធំជាងជនទាំងពួង ក្នុងស្រុកនោះ ខ្ញុំបានជាប្រពន្ធរបស់ជននោះ។ ភិក្ខុប្រាំរយអង្គរបស់ព្រះសយម្ភូ បានចូលទៅកាន់ស្រុកនោះ ដើម្បីបិណ្ឌបាត ខ្ញុំ ព្រមទាំងញាតិទាំងអស់ ឃើញភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ ខ្ញុំព្រមទាំងប្តី មានចិត្តជ្រះថ្លា បានធ្វើកុដិប្រាំរយខ្នង (ប្រគេន) ចូលទៅបម្រើអស់ ៤ ខែ ហើយប្រគេននូវត្រៃចីវរ។ ខ្ញុំព្រមទាំងប្តី លុះច្យុតចាកអត្តភាពនោះ បានទៅកើតក្នុងឋានតាវត្តឹង្ស ឥឡូវនេះ ខ្ញុំកើតក្នុងបូរីឈ្មោះទេវទហៈ ក្នុងភពជាទីបំផុត។ ព្រះបិតារបស់ខ្ញុំជាសាក្យៈ ព្រះនាមអញ្ជនៈ ព្រះមាតារបស់ខ្ញុំ ព្រះនាមសុលក្ខណា លំដាប់នោះ ខ្ញុំបានទៅកាន់ដំណាក់ (អគ្គទេពី) នៃព្រះរាជាព្រះនាមសុទ្ធោទនៈ ក្នុងក្រុងកបិលពស្តុ។ ស្រ្តីទាំងអស់ កើតក្នុងសាក្យត្រកូល បានទៅកាន់ដំណាក់ (ស្រំស្នំ) របស់ព្រះបាទសុទ្ធោទនៈនោះ ខ្ញុំប្រសើរជាងស្រ្តីទាំងអស់ បានជាអ្នករក្សានូវព្រះជិនស្រី។ ព្រះសម្ពុទ្ធនោះ ជានាយក ជាបុត្តរបស់ខ្ញុំ ទ្រង់ចេញទៅបព្វជ្ជា លុះកាលជាខាងក្រោយ ខ្ញុំក៏ចេញទៅបួសជាមួយ នឹងស្រ្តីប្រាំរយនាក់។ ខ្ញុំបានពាល់ត្រូវនូវសន្តិសុខ ជាមួយនឹងពួកនាងសាកិយានីទាំងឡាយ ជាស្រ្តីមានព្យាយាម ក្នុងកាលនោះ ជន ទាំងឡាយណា ជាស្វាមីរបស់យើងក្នុងជាតិមុន។ ជនទាំងនោះ ជាអ្នកធ្វើបុណ្យ អ្នកធ្វើលទ្ធិដ៏ធំ ដែលព្រះសុគតអនុគ្រោះហើយ ក៏បាននូវព្រះអរហត្ត។

ភិក្ខុនីទាំងឡាយដទៃ ក្រៅអំពីព្រះនាងមហាបជាបតិគោតមីនោះ ហោះទៅកាន់ផ្ទៃអាកាស មានឫទ្ធិច្រើន រុងរឿងដូចជាផ្កាយប្រជុំគា្ន សម្តែងឫទ្ធិជាអនេក ជាស្រ្តីសិក្សាក្នុងបុញ្ញកម្មទាំងឡាយ ដូចជាជាងមាសធ្វើនូវគ្រឿងប្រដាប់ដ៏ប្លែកៗ។ គ្រានោះ ភិក្ខុនីទាំងឡាយ សម្តែងនូវបាដិហារ្យផ្សេងៗ ជាច្រើន ញុំាងព្រះមុនីដ៏ប្រសើរដូចជាព្រះអាទិត្យ ព្រមទាំងបរិស័ទឲ្យត្រេកអរ។ ចុះអំពីផ្ទៃអាកាស មកថ្វាយបង្គំព្រះពុទ្ធ ជាឥសីទី ៧ លុះព្រះពុទ្ធដ៏ប្រសើរជាងនរៈ ទ្រង់អនុញ្ញាតហើយ ក៏គង់ក្នុងទីដដែលវិញ រួចទូលថា បពិត្រព្រះមហាវីរៈ ព្រះនាងគោតមី បានអនុគ្រោះខ្ញុំព្រះអង្គទាំងអស់គ្នា ពួកខ្ញុំព្រះអង្គបានព្រះនាងគោតមីនោះ អប់រំដោយបុណ្យទាំងឡាយ ក៏បានដល់នូវការអស់ទៅនៃអាសវៈ។ កិលេសទាំងឡាយ ពួកខ្ញុំម្ចាស់ដុតបំផ្លាញហើយ ភពទាំងពួង ពួកខ្ញុំម្ចាស់ដកចោលហើយ ពួកខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ពួកខ្ញុំម្ចាស់មកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ពួកខ្ញុំ ម្ចាស់បានដល់ហើយ សាសនារបស់ព្រះពុទ្ធ ពួកខ្ញុំម្ចាស់បានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង អភិញ្ញា ៦ នេះ ពួកខ្ញុំម្ចាស់បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ពួកខ្ញុំព្រះអង្គក៏បាន ប្រតិបត្តិហើយ។ បពិត្រព្រះមហាមុនី ពួកខ្ញុំម្ចាស់ជាអ្នកស្ទាត់ក្នុងឫទ្ធិផង ស្ទាត់ក្នុងទិព្វសោតធាតុ និងចេតោបរិយញ្ញាណផង។ ពួកខ្ញុំម្ចាស់ ដឹងនូវបុព្វនិវាសៈ ជម្រះនូវទិព្វចក្ខុ អស់អាសវៈទាំងពួងហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។ បពិត្រព្រះមហាវីរៈ ញាណរបស់ខ្ញុំម្ចាស់ កើតឡើងក្នុងសំណាក់នៃព្រះអង្គ រមែងមានក្នុងអត្ថផង ក្នុងធម៌ផង ក្នុងនិរុត្តិផង ក្នុងបដិភាណផង។ បពិត្រព្រះនាយក ពួកខ្ញុំព្រះអង្គមានមេត្តាចិត្ត បានបម្រើព្រះអង្គហើយ បពិត្រព្រះមហាមុនី សូមព្រះអង្គអនុញ្ញាតពួកខ្ញុំព្រះអង្គទាំងអស់ដើម្បីបរិនិព្វាន។ ព្រះជិនស្រីទ្រង់ត្រាស់ថា តថាគតនឹងពោលដូចម្តេច ចំពោះនាងទាំងឡាយ ដែលចេះតែទទូចនិយាយយ៉ាងនេះថា យើងទាំងឡាយ សុំបរិនិព្វានឥឡូវនេះ (កាលបើយ៉ាងនេះ) នាងទាំងឡាយ ចូរសំគាល់នូវកាលគួរដើម្បីនិព្វានចុះ។ កាលនោះ ភិក្ខុនីទាំងឡាយនោះ មានព្រះនាងគោតមីជាដើម ថ្វាយបង្គំព្រះជិនស្រី ក្រោកចាកអាសនៈ ហើយដើរទៅ។ ព្រះលោកនាយក ជាកំពូលនៃលោក ជាអ្នកប្រាថ្នា មួយអន្លើដោយពួកជនដ៏ច្រើន បានស្តេចទៅតាមព្រះមាតុច្ឆា ដរាបដល់បន្ទប់។ គ្រានោះឯង ព្រះនាងគោតមី ក្រាបចុះទៀបព្រះបាទាទាំងគូនៃព្រះលោកពន្ធុ ជាមួយនឹងពួកភិក្ខុនីទាំងអស់នុ៎ះ នេះឈ្មោះថាការថ្វាយបង្គំនូវព្រះបាទជាទីបំផុត។

ការឃើញព្រះលោកនាថនៃខ្ញុំនេះ ជាការឃើញទីបំផុត ខ្ញុំនឹងមិនបានឃើញនូវព្រះភក្រ្តរបស់ព្រះអង្គ ដែលមានអាការមិនស្លាប់ ទៀតឡើយ។ បពិត្រព្រះអង្គមានព្យាយាម ការថ្វាយបង្គំរបស់ខ្ញុំ ចំពោះព្រះបាទារបស់ព្រះអង្គដ៏ទន់ល្វន់ នឹងមិនមានទៀតឡើយ បពិត្រព្រះអង្គជាកំពូលនៃលោក ខ្ញុំនឹងទៅកាន់ព្រះនិព្វានក្នុងថ្ងៃនេះ។ (ព្រះសម្ពុទ្ធទ្រង់ត្រាស់តបថា) ព្រះនាងនឹងមានប្រយោជន៍អ្វី ដោយរូបក្នុងបច្ចុប្បន្ននេះ ព្រោះរូបទាំងអស់នុ៎ះ សុទ្ធតែមានបច្ច័យតាកតែង ជារបស់មិនមាំមួន ជារបស់ស្តួចស្តើង។ ព្រះនាងគោតមីនោះ ទៅកាន់សំណាក់ភិក្ខុនី មួយអន្លើដោយភិក្ខុនីទាំនោះ អង្គុយបត់ជើងលើអាសនៈប្រសើរ។ គ្រានោះ ឧបាសិកាទាំងឡាយក្នុងទីនោះ ជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា បានឮដំណឹងព្រះនាងគោតមី ក៏ទៅថ្វាយបង្គំព្រះបាទា។ យកដៃគក់ទ្រូង យំស្រែក គួរអាណិត សោយសោក ផ្តួលខ្លួនលើផែនដី ដូចជាវល្លិដែលគេកាត់ឰដ៏គល់ ពោលដូច្នេះថា បពិត្រព្រះនាងជាទីពឹងទីរលឹក ព្រះនាងកុំលះបង់នូវយើងទាំងឡាយ ទៅកាន់ព្រះនិព្វានឡើយ យើងទាំងអស់គ្នា ក្រាបចុះដោយសិរ្សៈ សូមអង្វរឃាត់។ ឧបាសិកាណា មានសទ្ធា មានបញ្ញា ជាប្រធាននៃស្រីទាំងនោះ ព្រះនាងគោតមី បានពោលនូវពាក្យនេះ នឹងឧបាសិកានោះ ដែលកំពុងច្របាច់ព្រះសិររបស់ព្រះនាងថា នែកូនស្រី កុំពិលាបឡើយ ព្រោះការយំសោក ជាហេតុនាំឲ្យប្រព្រឹត្តទៅតាមនូវអន្ទាក់នៃមារទេ រូបទាំងអស់ ដែលមានបច្ច័យប្រជុំតាក់តែងហើយ សុទ្ធតែមិនទៀង មានការព្រាត់ប្រាសជាទីបំផុត ជារបស់នាំឲ្យចលាចល។ លំដាប់នោះ ព្រះនាងលះបង់នូវពួកឧបាសិកាទាំងនោះ ចូលកាន់បឋមជ្ឈានដ៏ឧត្តម ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ចូលកាន់អាកាសានញ្ចាយតនជ្ឈាន វិញ្ញាណញ្ចាយតនជ្ឈាន អាកិញ្ចញ្ញាយតនជ្ឈាន នេវសញ្ញានាសញ្ញាយតនជ្ឈាន តាមលំដាប់។ ព្រះនាងគោតមី ចូលកាន់ឈានទាំងឡាយ ជាបដិលោមតាំងពីចតុត្ថជ្ឈាន មកដល់បឋមជ្ឈាន។ ព្រះនាងគោតមីមិនមានអាសវៈ ចេញពីចតុត្ថជ្ឈាននោះហើយ ក៏និព្វាន ដូចជាប្រទីបអស់ប្រឆេះ ការកម្រើកផែនដីដ៏ធំ ក៏កើតមានឡើង ផ្លេកបន្ទោរ ក៏ឆ្វៀលឆ្វាត់ធ្លាក់ចុះពីអាកាស។ ទាំងផ្គរក៏លាន់ឮគគ្រឹកគគ្រេង ទេវតាទាំងឡាយក៏យំខ្សឹកខ្សួល ភ្លៀងផ្កាក៏ធ្លាក់ចុះអំពីអាកាស មកកាន់ផែនដី។ ស្តេចភ្នំ ឈ្មោះសិនេរុ ក៏កក្រើកញាប់ញ័រ ដូចអ្នករបាំក្នុងកណ្តាលរឿណរង្គ ទាំងសាគរក៏ស្រែក ហាក់ដូចជាមានសេចក្តីសោកគ្របសង្កត់។ ទេវតា នាគ អសុរ ព្រហ្ម មានសេចក្តីសង្វេគ បានពោលក្នុងខណៈនោះថា ឱហ៎្ន សង្ខារទាំងឡាយមិនទៀងទេ ដូចយ៉ាងព្រះនាងគោតមីនេះ គង់ដល់នូវការរលាយបាត់ទៅ។ ស្រីទាំងឡាយណា ជាអ្នកធ្វើតាមសាសនានៃព្រះសាស្តា ចោមរោមព្រះនាងគោតមីនេះ ស្រីទាំងនោះ មិនមានឧបាទាន និព្វានហើយ ដូចជាអណ្តាតប្រទីបដែលរលត់។ ហឺ! ការប្រកប មានសេចក្តីព្រាត់ប្រាស់ជាទីបំផុត ហឺ! រូបទាំងពួងដែលបច្ច័យតាក់តែងហើយ សុទ្ធតែមិនទៀង ហឺ! ជីវិត មានសេចក្តីវិនាសជាទីបំផុត មានសេចក្តីខ្សឹកខ្សួលដូច្នេះឯង។ លំដាប់នោះ ទេវតា ព្រហ្ម ចូលទៅគាល់ព្រះពុទ្ធជាឥសីទី ៧ ធ្វើនូវការប្រព្រឹត្តិ ទៅតាមធម្មតាលោក ដ៏សមគួរតាមកាល។ គ្រានោះ ព្រះសាស្តា ទ្រង់ត្រាស់ហៅព្រះអានន្ទ ដែលមានវេទដ៏ជ្រៅដូចសាគរថា ម្នាលអានន្ទ អ្នកចូរទៅប្រាប់នូវបរិនិព្វានរបស់ព្រះមាតា ដល់ភិក្ខុទាំងឡាយចុះ។ គ្រានោះ ព្រះអានន្ទមានសេចក្តីទុក្ខ មានភ្នែកពេញដោយទឹកភ្នែក មានសំឡេងរអាក់រអួល ពោលថា ភិក្ខុទាំងឡាយណា នៅក្នុងទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ភិក្ខុទាំងឡាយនោះ ចូរប្រជុំគ្នា ម្នាលភិក្ខុទាំងឡាយ នាងភិក្ខុនីនោះ ជាព្រះមាតារបស់ខ្ញុំ ជាឱរសរបស់ព្រះសុគត។ ព្រះនាងគោតមីណា ថ្វាយបង្គំព្រះសរីរៈរបស់ព្រះមុនី ជាទីបំផុតដោយការផ្ចិតផ្ចង់ ព្រះនាងគោតមីនោះ ទៅហើយ កាន់ទីស្ងប់រម្ងាប់គឺព្រះនិព្វាន ដូចជាផ្កាយបាត់ទៅ ក្នុងកាលជាទីរះឡើងនៃព្រះអាទិត្យ។ ព្រះលោកនាយកសូម្បីមានព្រះនេត្រ ៥ មិនឃើញ (នូវគតិរបស់ព្រះនាងបជាបតិគោតមី) ទីស្ងប់រម្ងាប់ណា ព្រះនាងបជាបតិគោតមីភិក្ខុនី តម្កល់ទុកនូវឈ្មោះថាពុទ្ធមាតា ទៅហើយ កាន់ទីស្ងប់រម្ងាប់នោះ។ បុគ្គលណា មានជំនឿចំពោះព្រះសុគត ម្យ៉ាងទៀត សិស្សណា របស់ព្រះមហាមុនី សិស្សនោះ ជាឱរសរបស់ព្រះសុគត ចូរធ្វើសក្ការៈដល់ព្រះពុទ្ធមាតាចុះ។ ភិក្ខុទាំងឡាយ សូម្បីនៅក្នុងទីឆ្ងាយក្រៃពេក លុះឮដំណឹងនោះ ក៏មកដោយរហ័ស ភិក្ខុពួកខ្លះ មកដោយពុទ្ធានុភាព ភិក្ខុពួកខ្លះ ជាអ្នកឈ្លាសក្នុងឫទ្ធិទាំងឡាយ ក៏មកដោយឫទ្ធិ។ ព្រះនាងគោតមី ផ្ទំលើគ្រែណា ជនទាំងឡាយ លើកនូវគ្រែនោះ ដាក់ក្នុងផ្ទះកំពូលដ៏ប្រសើរ ជាទីរីករាយដ៏ស្អាត ជាវិការៈនៃមាសទាំងអស់។ លោកបាលទាំង ៤ ក៏សែងដោយស្មាទាំងឡាយ ទេវតាដ៏សេស មានព្រះឥន្រ្ទជាដើម ក៏បានចាប់កាន់ផ្ទះកំពូល។ ផ្ទះកំពូលទាំងអស់ មានចំនួន ៥០០ ខ្នង ដែលព្រះវិស្សុកម្មទេវបុត្រនិមិ្មតហើយ មានពណ៌ដូចជាព្រះអាទិត្យ ក្នុងសរទកាល។ ភិក្ខុនីទាំងអស់ សិងនៅលើគ្រែក្នុងទីនោះ ទេវតាទាំងឡាយ សែងគ្រែលើស្មា នាំចេញទៅតាមលំដាប់។ ផ្ទៃអាកាសបិទបាំងដោយពិតានទាំងអស់ ព្រះចន្រ្ទ ព្រះអាទិត្យ និងផ្កាយ សឹងមានស្នាមសុទ្ធតែមាសទាំងអស់។ ទង់ទាំងឡាយ ជាអនេកដ៏វិចិត្រ ដូចជាអាវផ្កា ដែលគេលើកឡើងហើយ មានផ្កាឈូកធ្លាក់ចុះអំពីអាកាស ផ្កាផុសឡើងអំពីផែនដី។ ព្រះចន្រ្ទ និងព្រះអាទិត្យក៏ប្រាកដ ទាំងផ្កាយក៏រុងរឿង ព្រះអាទិត្យត្រង់ជាក់ តែមិនក្តៅដូចព្រះចន្រ្ទ។ ទេវតាទាំងឡាយ ក៏បូជាដោយគ្រឿងក្រអូប កម្រងផ្កាជាទិព្វ មានក្លិនឈ្ងុយឈ្ងប់ផង ដោយគ្រឿងប្រគំផង ដោយការរាំ ច្រៀងផង។ នាគ អសុរ ព្រហ្ម ក៏បូជាសមគួរតាមសេចក្តីអង់អាច សមគួរតាមកម្លាំង នាំចេញទៅនូវពុទ្ធមាតាដែលនិព្វានហើយ។ ភិក្ខុនីទាំងអស់ ជាឱរសព្រះសុគតដែលនិព្វានហើយ ជនទាំងឡាយ នាំទៅខាងមុខ ឯព្រះនាងគោតមី ដែលចិញ្ចឹមព្រះពុទ្ធ ទេវតាធ្វើនូវសក្ការៈ ហើយនាំចេញទៅខាងក្រោយ។ ទេវតា មនុស្ស ព្រមទាំងនាគ អសុរ ព្រហ្ម ដើរខាងមុខ ឯព្រះពុទ្ធ ព្រមទាំងសាវ័ក យាងទៅខាងក្រោយ ដើម្បីបូជាព្រះមាតា។ បរិនិព្វានរបស់ព្រះនាងគោតមី ជាការណ៍អស្ចារ្យក្រៃពេក យ៉ាងណា បរិនិព្វានរបស់ព្រះពុទ្ធមិនដូច្នោះទេ។ (ព្រោះថា) ក្នុងពុទ្ធបរិនិព្វាន មិនមានព្រះពុទ្ធ និងពួកភិក្ខុ មានព្រះសារីបុត្តជាដើម (ជាអធិបតីទេ) ក្នុងគោតមីបរិនិព្វាន មានព្រះពុទ្ធ និងពួកភិក្ខុ មានព្រះសារីបុត្តជាដើម (ជាអធិបតី) ទេវតាទាំងឡាយ ធ្វើជើងថ្ករទាំងឡាយ ជាវិការនៃគ្រឿងក្រអូបទាំងអស់ ដេរដាសដោយលំអិតមានក្លិនក្រអូប ហើយបូជាសពភិក្ខុនីទាំងឡាយក្នុងទីនោះ។ ចំណែកនៃសរីរាវយវៈសេសសល់ និងឆ្អឹងដែលសេសសល់ ក៏ឆេះសុសអស់ គ្រានោះ ព្រះអានន្ទបានពោលនូវវាចា ដែលញុំាងសេចក្តីសង្វេគឲ្យកើតថា ព្រះនាងគោតមី ទៅកាន់សេចក្តីស្លាប់ ទាំងសរីរៈរបស់ព្រះនាង ក៏ឆេះសុសអស់ មិនយូរប៉ុន្មាន ព្រះពុទ្ធនឹងបរិនិព្វានជាប្រាកដដែរ។ លំដាប់នោះ ព្រះអានន្ទនោះ ដែលព្រះពុទ្ធទ្រង់ដាស់តឿន ក៏បង្អោននូវព្រះធាតុរបស់ព្រះនាងគោតមី ដែលតម្កល់ទុកក្នុងបាត្ររបស់ព្រះនាង មកថ្វាយព្រះលោកនាថ។ ព្រះពុទ្ធជាឥសីទី៧ ទ្រង់ទទួលនូវព្រះធាតុទាំងឡាយនោះដោយព្រះហស្ត ហើយទ្រង់ត្រាស់ដូច្នេះថា ដើមឈើធំមានខ្លឹម កាលនៅរស់ ទាំងទំហំដើមក៏ធំ គប្បីបាក់ទៅ ព្រោះសភាវៈមិនទៀង យ៉ាងណា ព្រះនាងគោតមី ជាប្រធាននៃភិក្ខុនីសង្ឃ បរិនិព្វានហើយ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ អ្នកចូរមើលចុះ ព្រះពុទ្ធមាតា ដែលបរិនិព្វានហើយ សល់តែសរីរៈទេ អ្នកកុំសោកខ្សឹកខ្សួលឡើយ។ ព្រះនាងគោតមីនោះ ឆ្លងចាកសាគរ គឺសង្សារហើយ វៀរចាកសេចក្តីក្តៅក្រហាយ មានសេចក្តីត្រជាក់ មានទុក្ខរលត់ហើយ មិនមែនព្រោះតែសេចក្តីសោករបស់ពួកជនដទៃឡើយ។ ព្រះនាងគោតមីភិក្ខុនីនោះ ជាបណ្ឌិត មានបញ្ញាច្រើន មានប្រាជ្ញាក្រាស់ មួយទៀត ព្រះនាងជាអ្នកដឹងនូវរាត្រីវែង គឺអាយុវែងជាងភិក្ខុនីទាំងឡាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរដឹងយ៉ាងនេះចុះ។ ព្រះនាងគោតមី ស្ទាត់ក្នុងឫទ្ធិផង ស្ទាត់ក្នុងទិព្វសោតធាតុ និងចេតោបរិយញ្ញាណផង ដឹងបុព្វេនិវាសៈ ជម្រះទិព្វចក្ខុ មានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ ញាណក្នុងអត្ថផង ក្នុងធម៌ផង ក្នុងនិរុត្តិផង ក្នុងបដិភាណផង ដ៏បរិសុទ្ធ ព្រោះហេតុនោះ អ្នកមិនគួរសោកស្តាយព្រះនាងគោតមីនោះឡើយ។ គតិរបស់បុគ្គលដែលមានចិត្តស្ងប់រម្ងាប់ តាមលំដាប់ រមែងមិនប្រាកដ ដូចដុំដែកដែលបុគ្គលដំហើយ ក៏ភ្លឺរុងរឿងដោយសារភ្លើងយ៉ាងណា។

គតិរបស់បុគ្គល មានចិត្តផុតចាកកិលេសហើយ ដោយប្រពៃ ឆ្លងចាកបំណងគឺកាម និងឱឃៈ ដល់នូវអចលបទ គឺព្រះនិព្វានហើយ ក៏មិនប្រាកដយ៉ាងនោះដែរ។ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹងចុះ មានសតិប្បដ្ឋានជាអារម្មណ៍ចុះ ចូរចម្រើននូវសត្តពោជ្ឈង្គចុះ ចូរធ្វើនូវទីបំផុតនៃកងទុក្ខចុះ។

បានឮថា ព្រះមហាបជាបតិគោតមីភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ មហាបជាបតិគោតមីថេរិយាបទាន។

ខេមាថេរិយាបទាន ទី៨

(៨. ខេមាថេរីអបទានំ)

[១៨] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ មានបញ្ញាចក្ខុ ចំពោះធម៌ទាំងពួង ជាលោកនាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ក្នុងនគរហង្សវតី ដែលរុងរឿងដោយរតនៈផ្សេងៗ ខ្ញុំឆ្អែតស្កប់ស្កល់ហើយ ដោយសេចក្ដីសុខច្រើន។ ខ្ញុំចូលទៅគាល់ព្រះមហាវីរបុរស ហើយបានស្ដាប់ធម្មទេសនា លំដាប់នោះ ខ្ញុំមានសេចក្ដីជ្រះថ្លាកើតឡើង ហើយដល់នូវព្រះជិនស្រីជាទីពឹង។ ខ្ញុំសូមអង្វរមាតាបិតា ហើយនិមន្តព្រះពុទ្ធជានាយក ព្រមទាំងព្រះសាវ័កមកឆាន់អស់ ៧ ថ្ងៃ។ លុះកន្លង ៧ ថ្ងៃផុតទៅ ព្រះពុទ្ធជានរសារថី ទ្រង់តាំងភិក្ខុនី ដែលឧត្តមជាងពួកភិក្ខុនីមានបញ្ញាច្រើន ក្នុងទីជាឯតទគ្គៈ។ ខ្ញុំឮព្រះពុទ្ធវាចានោះហើយ ក៏រីករាយ បានធ្វើសក្ការៈចំពោះព្រះពុទ្ធជាមហេសីនោះទៀត ក្រាបចុះ ហើយប្រាថ្នានូវតំណែងនោះ។

លំដាប់នោះ ព្រះជិនស្រីទ្រង់ត្រាស់ចំពោះខ្ញុំថា សេចក្ដីប្រាថ្នារបស់នាងសម្រេចហើយ សក្ការៈដែលនាងធ្វើហើយចំពោះតថាគត ព្រមទាំងព្រះសង្ឃ ជាសក្ការៈមានផលរាប់មិនបាន។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដាព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រឱក្កាកៈ នឹងឧប្បត្តិឡើងក្នុងលោក។ នាងនឹងបានជាភិក្ខុនី ឈ្មោះខេមា ជាធម្មទាយាទ ជាឱរស ជាធម្មនិម្មិតនៃព្រះសាស្ដានោះ ដល់នូវទីជាឯតទគ្គៈ។

ខ្ញុំលះបង់រាងកាយជារបស់មនុស្ស ហើយចូលទៅកើតក្នុងឋានតាវត្តឹង្ស ដោយបុញ្ញកម្មដែលខ្ញុំធ្វើល្អនោះ ផង ដោយការតម្កល់នូវចេតនាផង។ លុះខ្ញុំច្យុតចាក ឋានតាវត្តឹង្សនោះហើយ ទើបទៅកើតក្នុងឋានយាមៈ លុះច្យុតចាកឋានយាមៈនោះហើយ ក៏ទៅកើតក្នុងតុសិត លុះច្យុតចាកឋានតុសិតនោះហើយ ក៏ទៅកើតក្នុងឋាននិម្មានរតី ទៅកើតក្នុងឋានបរនិម្មិតវសវត្តីបុរី។ ខ្ញុំកើតក្នុងត្រកូលណាៗ ខ្ញុំបានធ្វើភាពជាមហេសីនៃពួកស្ដេចក្នុងត្រកូលនោះៗ ព្រោះអានិសង្សនៃបុញ្ញកម្មនោះ។ លុះច្យុតចាកអត្តភាពនោះហើយ បានធ្វើជាមហេសីនៃពួកស្ដេចចក្រពត្តិផង នៃពួកស្ដេចមានមណ្ឌលផង ក្នុងអត្តភាពជារបស់មនុស្ស។ ខ្ញុំបានទទួលសម្បត្តិក្នុងទេវលោកទាំងឡាយផង ក្នុងមនុស្សលោកទាំងឡាយផង ដល់នូវសេចក្ដីសុខក្នុងទីទាំងពួង ហើយអន្ទោលទៅក្នុងកប្បទាំងឡាយដ៏ច្រើន។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះពុទ្ធវិបស្សី ជាលោកនាយក មានព្រះនេត្រដ៏រុងរឿង ឃើញនូវពួកធម៌ទាំងអស់ ទ្រង់កើតឡើងហើយ។ ខ្ញុំចូលទៅគាល់ព្រះលោកនាយកនោះ ព្រះអង្គជានរសារថី បានស្ដាប់ធម៌ដ៏ប្រសើរ ហើយចូលទៅកាន់ផ្នួស។ ខ្ញុំបានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសាសនានៃព្រះពុទ្ធជាវីរបុរសនោះ ប្រកបព្យាយាម ជាពហុស្សូត អស់មួយម៉ឺនឆ្នាំ។ ខ្ញុំជាអ្នកឈ្លាសវៃក្នុងធម៌ ជាបច្ចយាការ ក្លៀវក្លាក្នុងចតុរារិយសច្ច មានបញ្ញាដ៏ល្អិត ជាធម្មកថិកាដ៏វិចិត្រ ជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្ដា។ លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងឋានតុសិត ជាទេវតាមានយស គ្របសង្កត់ពួកទេវតាដទៃ ក្នុងឋានតុសិតនោះ ដោយផលនៃព្រហ្មចរិយធម៌។ ខ្ញុំទៅកើតក្នុងទីណាៗ ជាស្រីមានភោគៈច្រើន មានទ្រព្យច្រើន មានប្រាជ្ញា មានរូបល្អ ទាំងបរិស័ទក៏មានសណ្ដាប់ធ្នាប់។ ខ្ញុំតែងកើតទាន់សាសនានៃព្រះជិនស្រី ដោយបុញ្ញកម្ម និងសេចក្ដីព្យាយាមនោះ សម្បត្តិទាំងអស់ ខ្ញុំរកបានដោយងាយ ទាំងជាទីស្រឡាញ់ពេញចិត្តរបស់ខ្ញុំ។ សូម្បីបុរសណា ជាភស្ដារបស់ខ្ញុំ ដែលខ្ញុំដើរទៅក្នុងទីណាៗ ភស្ដានោះៗ មិនដែលមើលងាយខ្ញុំឡើយ ព្រោះផលនៃការប្រតិបត្តិរបស់ខ្ញុំ។ ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធព្រះនាមកោនាគមនៈ ទ្រង់មានផៅពង្សប្រសើរ មានយសច្រើន ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់កើតឡើង។ កាលនោះ ជន ៣ នាក់ គឺនាងធនញ្ជានី ១ សុមេធា ១ ខ្លួនខ្ញុំ ១ កើតក្នុងត្រកូលដ៏ស្ដុកស្ដម្ភ ក្នុងនគរពារាណសី។ យើងទាំងឡាយ ជាអ្នកកសាងវិហារ ហើយឧទ្ទិសថ្វាយចំពោះព្រះពុទ្ធ ព្រមទាំងព្រះសង្ឃ បានវេរថ្វាយសង្ឃារាម និងទាន រាប់ដោយពាន់ដ៏ច្រើន ចំពោះព្រះមុនី។ លុះយើងទាំងឡាយគ្រប់គ្នា ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងឋានតាវត្តឹង្ស ដល់នូវភាពជាបុគ្គលប្រសើរដោយយស ទាំងក្នុងមនុស្សលោក ក៏ដូចគ្នា។ ក្នុងកប្បនេះដដែល ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សប្រសើរ មានយសធំ ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់កើតឡើង។ គ្រានោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ជាធំលើប្រជាជនក្នុងនគរពារាណសី ជាបុរីដ៏ឧត្តម ជាឧបដ្ឋាករបស់ព្រះពុទ្ធជាមហេសី។ ខ្ញុំត្រូវជាធីតាច្បងរបស់ព្រះរាជាអង្គនោះ ដែលគេឮប្រាកដថាឈ្មោះសមណី ខ្ញុំបានស្ដាប់ព្រះធម៌របស់ព្រះជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងបព្វជ្ជា។ ព្រះវររាជបិតា ទ្រង់ពុំអនុញ្ញាតដល់យើង គ្រានោះ យើងជាអ្នកមិនខ្ជិលច្រអូសទេ ប្រព្រឹត្តព្រហ្មចរិយៈសម្រាប់កុមារី អស់ ២០ ពាន់ឆ្នាំក្នុងផ្ទះ ជាព្រះរាជកញ្ញា ឋិតនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយក្នុងការបម្រើព្រះពុទ្ធ ជាព្រះរាជធីតា ៧ អង្គ គឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគម្រប់ប្រាំពីរ។ (ក្នុងពុទ្ធុប្បាទព្រះសមណគោតមនេះ ធីតាទាំង ៧ នោះ) គឺ ខ្លួនខ្ញុំ ១ ឧប្បលវណ្ណា ១ បដាចារា ១ កុណ្ឌលកេសី ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគម្រប់ប្រាំពីរ។ ក្នុងកាលមួយ ព្រះអង្គជាអាទិច្ចវង្សរបស់ជន កំពុងសម្ដែងធម៌ ខ្ញុំបានស្ដាប់មហានិទានសូត្រ ដែលជាសូត្រមិនទាន់ដែលកើតមាន ហើយក៏រៀនយកនូវសូត្រនោះ។ ខ្ញុំលះបង់នូវរាងកាយជារបស់មនុស្សហើយ ក៏ទៅកើតក្នុងឋានតាវត្តឹង្ស ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង។ លុះដល់មកក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំបានជាធីតា ជាទីពេញចិត្ត ជាទីស្រឡាញ់ ជាទីប្រោសប្រាណ របស់ស្ដេចព្រះនាមមទ្ទៈ ក្នុងបុរីដ៏ឧត្ដមឈ្មោះសាកលា។ ការក្សេមក្សាន្ត កើតមានឡើងក្នុងបុរីនោះ ដំណាលគ្នានឹងការដែលខ្ញុំកើតឡើង ព្រោះហេតុនោះ ពាក្យថា នាងខេមា ជាឈ្មោះរបស់ខ្ញុំ កើតឡើងដោយគុណ។ កាលណា ខ្ញុំដល់នូវវ័យដ៏ចម្រើន ស្អិតស្អាងរូប និងពណ៌ ក្នុងកាលនោះ ព្រះវររាជបិតាបានប្រទានខ្លួនខ្ញុំ ទៅព្រះបាទពិម្ពិសារ។ ខ្លួនខ្ញុំជាទីស្រឡាញ់ដ៏ក្រៃលែង របស់ព្រះរាជាអង្គនោះ ជាស្រីត្រេកអរក្នុងការប្រកាន់រូប ខ្ញុំមិនដែលបានចូលទៅគាល់ព្រះពុទ្ធ ព្រះអង្គមានសេចក្ដីអាណិតធំ ដោយខ្ញុំគិតឃើញថា ព្រះពុទ្ធជាអ្នកពោលទោស ចំពោះរូប។

គ្រានោះ ព្រះបាទពិម្ពិសារ ទ្រង់ញ៉ាំងអ្នកច្រៀង ឲ្យច្រៀងសរសើរវត្តវេឡុវ័នឲ្យខ្ញុំស្ដាប់ ដោយឧបាយក្នុងការអនុគ្រោះចំពោះខ្លួនខ្ញុំដូច្នេះថា ពួកយើងសំគាល់ថា បុគ្គលណា មិនឃើញនូវវត្តវេឡុវ័ន ជាទីរីករាយ ជាលំនៅនៃព្រះសុគតទេ នន្ទនឧទ្យាន ក៏ឈ្មោះថា បុគ្គលនោះមិនឃើញដែរ។ វត្តវេឡុវ័ន ជាទីរីករាយដ៏ក្រៃលែងរបស់ប្រជាជន បុគ្គលណា បានឃើញហើយ ឧទ្យានឈ្មោះនន្ទនៈ ជាទីរីករាយដ៏ក្រៃលែង របស់សម្ដេចអមរិន្ទ្រាធិរាជ ក៏ឈ្មោះថា បុគ្គលនោះ ឃើញហើយដែរ។ ពួកទេវតាលះបង់នន្ទនឧទ្យាន ចុះមកលើផ្ទៃផែនដី បានឃើញវត្តវេឡុវ័នជាទីរីករាយហើយ ក៏អស្ចារ្យចំឡែក មិនឆ្អែតក្នុងការមើល។ វត្តវេឡុវ័ននេះ កើតឡើងដោយបុណ្យ ព្រះរាជាដែលស្អិតស្អាងហើយដោយបុណ្យ របស់ព្រះពុទ្ធ នរណាឡើយ អាចពោលនូវការសន្សំគុណរបស់វត្តវេឡុរ័ន ដោយសព្វគ្រប់បាន។

គ្រានោះ ខ្ញុំឮនូវសមិទ្ធិនៃវត្តវេឡុវ័ន ជារឿងនាំមកដល់ត្រចៀក និងចិត្តរបស់ខ្ញុំ ខ្ញុំមានប្រាថ្នាចង់ទៅមើលឧទ្យាននោះ ទើបក្រាបទូលព្រះរាជា។ គ្រានោះ ព្រះរាជាម្ចាស់ផែនដីអង្គនោះ ទ្រង់បញ្ជូនខ្ញុំដែលកំពុងខ្វល់ខ្វាយ ដើម្បីទៅមើលឧទ្យាន ដោយបរិវារច្រើន ដោយព្រះបន្ទូលថា ម្នាលនាងមានភោគៈច្រើន ព្រៃណាដែលគេត្រេកអរហើយ ដោយពន្លឺ ព្រះសុគត រមែងភ្លឺដោយសិរី គ្រប់កាលទាំងពួង ចូរនាងទៅចុះ ចូរនាងមើលព្រៃនោះ ដែលជាទីត្រេកអរនៃភ្នែក។ ព្រះមុនីសម្ពុទ្ធ ស្ដេចទៅកាន់បុរីដ៏ឧត្ដមឈ្មោះគិរិព្វជៈ ដើម្បីបិណ្ឌបាតក្នុងកាលណា ខ្ញុំក៏ចូលទៅមើលវត្តវេឡុវ័ន ក្នុងកាលនោះ។ គ្រានោះ វត្តវេឡុវ័ននោះ មានដើមឈើរីក ផ្កាស្គុះស្គាយ ដែលទ្រហឹងដោយភមរជាតិផ្សេងៗ ប្រកបដោយចម្រៀងនៃសត្វតាវ៉ៅ ដែលពួកក្ងោកកំពុងពង់ពេន។ វត្តវេឡុវ័ន ជាវត្តមានសំឡេងតិច មិនកុះករដោយមនុស្ស ស្អិតស្អាងដោយទីចង្ក្រមផ្សេងៗ មានកុដិ និងមណ្ឌប រៀបជាជួររៀងរាយ ដែលយោគីវីរបុរសគួរត្រេកអរដ៏វិសេស។ កាលខ្ញុំដើរទៅ បានសំគាល់ឃើញថា ភ្នែករបស់ខ្ញុំប្រកបដោយផល ក្នុងគ្រានោះ ខ្ញុំបានឃើញភិក្ខុកំឡោះមួយរូប ជាអ្នកព្យាយាម ខ្ញុំគិតថា ភិក្ខុនេះ ឋិតនៅក្នុងព្រៃគួររីករាយបែបនេះ ប្រកបដោយរូប ជាទីត្រេកអរ ហាក់ដូចជារូបកាលនៅក្នុងវ័យក្មេង។ យី! ភិក្ខុត្រងោលនេះ ឃ្លុំសង្ឃាដីអង្គុយពិនិត្រទៀបគល់ឈើ លះបង់នូវតម្រេកដែលកើតអំពីអារម្មណ៍។ ធម៌នេះ ជាធម៌ដ៏ល្អ ក្រែងគ្រហស្ថចាស់ទុំ បរិភោគកាមសុខតាមសប្បាយ គប្បីប្រព្រឹត្តក្នុងកាលខាងក្រោយទេឬ។ ខ្ញុំដឹងច្បាស់ថា ព្រៃនេះស្ងាត់ ហើយចូលទៅកាន់គុន្ធកុដិ ជាលំនៅព្រះជិនស្រី បានឃើញព្រះជិនស្រី ដូចជាព្រះអាទិត្យកំពុងរះឡើង។ ខ្ញុំបានឃើញព្រះអង្គ គង់ជាសុខតែមួយព្រះអង្គ ដែលស្រីដ៏ប្រសើរ កំពុងបក់ថ្វាយ ហើយគិតយ៉ាងនេះថា ព្រះជិនស្រីនេះ ជាបុគ្គលប្រសើរជាងជន មិនសៅហ្មងទេ។ នាងកញ្ញានោះ មានរស្មីដូចមាស មានមាត់ និងភ្នែក ដូចត្របកផ្កាឈូក មានបបូរមាត់ក្រហម មានមុខស្រស់បស់ ជាទីត្រេកអរនៃចិត្តនិងភ្នែក។ មានដងខ្លួនល្អ មានសម្បុរដូចមាស មានមាត់ល្អ មានស្ដនល្អ មានអាការដូចផ្កាឈូក មានពាក់កណ្ដាលដងខ្លួនមូលក្លំ មានត្រគាកល្អ មានភ្លៅគួរជាទីត្រេកអរ មានគ្រឿងស្អិតស្អាងល្អ។ មានសំពត់បង់លើស្មាពណ៌ក្រហម មានសំពត់សម្លៀកសាច់ម៉ដ្ឋ ទាំងមានពណ៌ខៀវ ជាកញ្ញាប្រដាប់ដោយអាភរណៈគ្រប់បែប ដោយសភាពគួរមើលមិនចេះឆ្អែត។ លុះខ្ញុំឃើញយ៉ាងនេះហើយ ទើបគិតថា ឱហ្ន៎ ស្រីនេះមានរូបល្អណាស់ តាំងពីកាលណាមក អញមិនដែលឃើញដោយភ្នែកនេះទេ។ លំដាប់នោះ ស្រីនោះត្រូវជរាគ្របសង្កត់ ទៅជាមានសម្បុរប្លែក មានមាត់វៀច មានធ្មេញបាក់ មានក្បាលស្កូវព្រោង មានមាត់កខ្វក់ ប្រកបដោយទឹកមាត់ហៀរកក្លាក់។ មានស្លឹកត្រចៀកខ្មូរ មានភ្នែកសល្អក់ មានស្ដនមិនល្អ ស្វិតយុរយារ មានអវយវៈទាំងអស់ជ្រួញជ្រីវ មានសាច់រទុះ មានរាងកាយរវាមដោយសរសៃ។ មានខ្នងកោង មានឈើច្រត់ជាគម្រប់ពីរ មានសម្បុរលឿងស្លេកស្លាំង ស្គាំងស្គម ញាប់ញ័រចំប្រប់ ដួលដេកស្រតឹក ដកដង្ហើមផ្តឺកៗ។ លំដាប់នោះ ខ្ញុំមានសេចក្ដីសង្វេគដ៏ចំឡែក ជាគ្រឿងព្រឺព្រួចរោមថា ថ្វឺយ ពួកជនពាល តែងរីករាយចំពោះរូបណា រូបនោះជារបស់មិនស្អាត។ ក្នុងកាលនោះឯង ព្រះបរមសាស្តា ប្រកបដោយមហាករុណា ឃើញខ្ញុំមានចិត្តសង្វេគ ព្រះអង្គក៏មានព្រះហឫទ័យរីករាយត្រេកអរ បានសម្តែងនូវគាថាទាំងនេះថា ម្នាលនាងខេមា ចូរនាងមើលគ្រោងកាយជារបស់ក្ដៅ ជារបស់មិនស្អាត ជារបស់ស្អុយរលួយ ដែលហូរខ្ពុរចុះខ្ពុរចេញ ដែលមានតែពួកជនពាលទេ ត្រេកត្រអាល។ នាងចូរអប់រំចិត្ត ដោយអសុភសញ្ញា ឲ្យជាចិត្តមានអារម្មណ៍មូលតែមួយ ឲ្យជាសមាធិចិត្តដ៏ល្អ ចូរនាងមានកាយគតាសតិចុះ ចូរនាងច្រើនដោយនិព្វិទានុបស្សនាចុះ។ រូបនេះយ៉ាងណា សរីរៈនៃនាងនុ៎ះ ក៏យ៉ាងនោះ សរីរៈនៃនាងនុ៎ះ យ៉ាងណា រូបនេះក៏យ៉ាងនោះដែរ នាងចូរបន្សាត់នូវសេចក្ដីប្រាថ្នា ក្នុងកាយទាំងខាងក្នុង និងខាងក្រៅចេញ។ មួយទៀត ចូរនាងអប់រំនូវអនិមិត្តសមាធិ លះបង់ចោលនូវមានានុស័យ តពីនោះ នាងនឹងបានជាបុគ្គលស្ងប់ ព្រោះយល់ច្បាស់នូវមានានុស័យ។

ពួកជនណា ដែលត្រេកអរដោយរាគៈ រមែងធ្លាក់ទៅកាន់ខ្សែគឺតណ្ហា ដូចជាសត្វពីងពាងដែលជាប់នឹងបណ្ដាញ ដែលខ្លួនឯងធ្វើ លុះតែពួកជនទាំងនោះ ជាអ្នកមិនមានអាល័យ កាត់នូវខ្សែគឺតណ្ហានុ៎ះ លះបង់នូវកាមសុខហើយ ទើបចេញបួសបាន។

លំដាប់នោះ ព្រះមានព្រះភាគ ជានរសារថី ជ្រាបច្បាស់នូវខ្ញុំថា ជាអ្នកមានចិត្តស្រួល ក៏ទ្រង់សម្ដែងនូវមហានិទានសូត្រ ដើម្បីបន្ទោបង់ (នូវកិលេស) របស់ខ្ញុំ។ លុះខ្ញុំបានស្ដាប់នូវព្រះសូត្រ ដ៏ប្រសើរនោះហើយ ក៏រលឹកឃើញនូវសញ្ញាក្នុងកាលមុន ខ្ញុំឋិតនៅក្នុងទីនោះ បានជម្រះនូវធម្មចក្ខុ គឺសោតាបត្តិផល ជាគុណដ៏ស្ងប់។ ខ្ញុំក្រាបចុះទៀបបាទមូល នៃព្រះសម្ពុទ្ធជាមហេសី ក្នុងខណៈនោះភ្លាម បានពោលពាក្យនេះ ដើម្បីសម្ដែងទោសថា បពិត្រព្រះអង្គទ្រង់ឃើញនូវហេតុទាំងពួង (ខ្ញុំម្ចាស់) សូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គទ្រង់មានករុណាជាលំនៅ (ខ្ញុំម្ចាស់) សូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គទ្រង់មានសង្សារឆ្លងហើយ (ខ្ញុំម្ចាស់) សូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គទ្រង់ឲ្យនូវអមតធម៌ (ខ្ញុំម្ចាស់) សូមនមស្ការចំពោះព្រះអង្គ។ ពួកជនដែលស្ទុះទៅកាន់ព្រៃស្បាត គឺទិដ្ឋិដែលវង្វេងឈ្លប់ក្នុងកាមរាគ ព្រះអង្គបានទូន្មានឲ្យត្រេកអរក្នុងវិន័យ ដោយឧបាយដ៏ប្រពៃ។ ពួកសត្វដែលឃ្វាងចាកប្រយោជន៍ ព្រោះមិនបានជួបប្រទះនូវព្រះមហេសី ដែលប្រាកដដូចជាព្រះអង្គទេ រមែងរងសេចក្ដីទុក្ខធំ ក្នុងសាគរគឺសង្សារ។ ក្នុងកាលណា ខ្ញុំមិនបានឃើញព្រះពុទ្ធជាទីពឹងរបស់សត្វលោក ព្រះអង្គមិនមានកងកិលេស ដល់នូវទីបំផុតនៃមរណៈ ខ្ញុំនឹងសម្ដែងទោសនោះ មានអត្ថដ៏ពីរោះ ក្នុងកាលនោះ។ ខ្ញុំព្រះអង្គឥតមានរង្កៀសចំពោះព្រះពុទ្ធ ព្រះអង្គមានប្រយោជន៍ធំ ឲ្យនូវគុណដ៏ប្រសើរថា ព្រះអង្គឥតប្រយោជន៍ ដូច្នេះឡើយ ខ្ញុំជាអ្នកត្រេកអរក្នុងរូប ទើបមិនបានចូលមកគាល់ព្រះអង្គ ខ្ញុំនឹងសូមសម្ដែងនូវទោសនោះ។ កាលនោះ ព្រះពុទ្ធជិនស្រី មានសម្លេងពីរោះ ប្រកបដោយមហាករុណា ស្រោចខ្ញុំដោយទឹក គឺអម្រឹត ហើយបានត្រាស់ថា ម្នាលនាងខេមា ចូរនាងឈប់សិន។ ក្នុងកាលនោះ ខ្ញុំអោនប្រណម្យដោយត្បូង ធ្វើប្រទក្សិណចំពោះព្រះអង្គ ហើយទើបដើរចេញទៅ លុះខ្ញុំឃើញព្រះនរបតីហើយ ខ្ញុំពោលពាក្យនេះថា បពិត្រព្រះអង្គទូន្មាននូវសត្រូវ ឱហ្ន៎! ឧបាយនេះ ព្រះអង្គទ្រង់ព្រះចិន្ដាហើយដោយប្រពៃ បពិត្រព្រះអង្គជាអ្នកប្រាជ្ញ ការរំលត់ (កិលេស) ដែលខ្ញុំម្ចាស់ប្រាថ្នាដើម្បីមើលនូវវត្តវេឡុវ័ន ក៏បានឃើញហើយ។ បពិត្រព្រះរាជា បើព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យចំពោះសាសនារបស់ព្រះពុទ្ធ ជាបុគ្គលនឹងធឹងនោះ បពិត្រព្រះអង្គជាអ្នកប្រាជ្ញ ខ្ញុំម្ចាស់ជាអ្នកនឿយណាយក្នុងរូប ដោយព្រះវាចា នឹងសូមបួសក្នុងកាលឥឡូវនេះ។

ចប់ ភាណវារៈ ទី២។

កាលនោះ ព្រះរាជាជាម្ចាស់ផែនដី ផ្គងអញ្ជលីត្រាស់ថា ម្នាលនាងដ៏ចម្រើន ខ្ញុំអនុញ្ញាតឲ្យនាង សូមបព្វជ្ជារបស់នាងសម្រេចចុះ។ ក្នុងកាលនោះ ខ្ញុំបួសរួចហើយ លុះដល់ខែ ៧ ប្រាកដហើយ ខ្ញុំបានឃើញនូវការកើតឡើង និងការបែកធ្លាយនៃប្រទីបហើយ ក៏មានចិត្តតក់ស្លុតរន្ធត់។ ខ្ញុំជាអ្នកនឿយណាយក្នុងសង្ខារទាំងពួង ឆ្លៀវឆ្លាសក្នុងបច្ចយាការ កន្លងផុតនូវឱឃៈទាំង ៤ ហើយបាននូវភាពនៃខ្លួនជាព្រះអរហន្ត។ ខ្ញុំជាស្រីស្ទាត់ក្នុងឫទ្ធិផង ក្នុងទិព្វសោតធាតុផង ជាអ្នកស្ទាត់ក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងនូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុ ក៏ខ្ញុំបានជម្រះហើយ អាសវៈទាំងអស់របស់ខ្ញុំអស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានទេ ញាណរបស់ខ្ញុំដ៏បរិសុទ្ធ ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ កើតឡើងហើយក្នុងពុទ្ធសាសនា។ ខ្ញុំជាស្រីវាងវៃក្នុងវិសុទ្ធិទាំងឡាយផង ក្លៀវក្លាក្នុងកថាវត្ថុទាំងឡាយផង ស្គាល់ន័យក្នុងអភិធម្មផង ដល់នូវការស្ទាត់ក្នុងសាសនាផង។ លំដាប់នោះ ខ្ញុំដែលព្រះរាជាម្ចាស់ដែនកោសល ទ្រង់សាកសួរទៀបទីក្លោងទ្វារ ក៏ដោះនូវប្រស្នាទាំងឡាយដ៏ល្អិត តាមសេចក្ដីពិត។ គ្រានោះ ព្រះរាជានោះ ទ្រង់ចូលទៅគាល់ព្រះសុគតហើយទូលសួរ ឯព្រះពុទ្ធក៏ទ្រង់ដោះស្រាយ ដូចខ្ញុំបានដោះស្រាយប្រស្នាទាំងនោះដែរ។ ព្រះជិនស្រី ព្រះអង្គជាបុគ្គលឧត្ដមជាងជន ត្រេកអរចំពោះគុណនោះ ហើយតាំងខ្ញុំក្នុងទីជាឯតទគ្គៈថា ខេមាភិក្ខុនីនេះ ប្រសើរផុតជាងភិក្ខុនីទាំងឡាយ ដែលមានប្រាជ្ញាច្រើន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះខេមាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ខេមាថេរិយាបទាន។

ឧប្បលវណ្ណាថេរិយាបទាន ទី៩

(៩. ឧប្បលវណ្ណាថេរីអបទានំ)

[១៩] ឧប្បលវណ្ណាភិក្ខុនី ដល់នូវត្រើយនៃឫទ្ធិ បានថ្វាយបង្គំព្រះបាទាព្រះសាស្ដា ហើយពោលនូវពាក្យនេះថា បពិត្រព្រះមហាមុនី ខ្ញុំម្ចាស់ឆ្លងផុតនូវជាតិសង្សារហើយ ដល់នូវព្រះនិព្វាន ជាទីមិនកម្រើក ខ្ញុំម្ចាស់សូមក្រាបទូលនូវទុក្ខទាំងពួង របស់ខ្ញុំម្ចាស់ដែលអស់ហើយ។ ពួកបរិស័ទទាំងប៉ុន្មាន ជ្រះថ្លាក្នុងសាសនានៃព្រះជិនស្រី កំហុសរបស់ខ្ញុំម្ចាស់ មានចំពោះពួកជនណា សូមពួកជននោះ អត់ទោសក្នុងទីចំពោះព្រះភក្រ្តនៃព្រះជិនស្រីឲ្យទាន។ បពិត្រព្រះអង្គ ជាមហាវីរបុរស ខ្ញុំម្ចាស់កំពុងអន្ទោលទៅក្នុងសង្សារ បើខ្ញុំម្ចាស់មានសេចក្ដីភ្លាត់ភ្លាំង ខ្ញុំម្ចាស់សូមអង្វរ សូមព្រះអង្គអត់ទោស ចំពោះកំហុសនៃខ្ញុំម្ចាស់នោះ។ ម្នាលនាងអ្នកធ្វើតាមសាសនារបស់តថាគត បើដូច្នោះ ចូរនាងសម្ដែងនូវឫទ្ធិចុះ ចូរនាងញ៉ាំងបរិស័ទទាំង ៤ ឲ្យកាត់នូវសេចក្ដីសង្ស័យទាំងប៉ុន្មាន ក្នុងថ្ងៃនេះចុះ។ បពិត្រព្រះអង្គ ជាមហាវីរបុរស ទ្រង់មានបញ្ញា ទ្រទ្រង់នូវសេចក្ដីរុងរឿង ខ្ញុំម្ចាស់ជាធីតារបស់ព្រះអង្គ ចំណែកខាងអំពើដ៏ច្រើន ដែលគេកម្រធ្វើបាន ខ្ញុំព្រះអង្គបានធ្វើឲ្យជាអំពើរឹតតែកម្រក្រៃលែង។ បពិត្រព្រះអង្គ ជាមហាវីរបុរស ទ្រង់មានបញ្ញាចក្ខុ សម្បុររបស់ខ្ញុំម្ចាស់ដូចជាសម្បុរនៃផ្កាឧប្បល ខ្ញុំម្ចាស់មានឈ្មោះថាឧប្បលវណ្ណា ជាធីតារបស់ព្រះអង្គ សូមថ្វាយបង្គំព្រះបាទា។ ព្រះរាហុលត្ថេរ និងខ្ញុំម្ចាស់ ធ្លាប់កើតក្នុងភពតែមួយ អស់រយនៃជាតិជាច្រើន ជាអ្នកមានចិត្ត និងឆន្ទៈស្មើគ្នា។ ការកើតឡើងក្នុងទីជាមួយគ្នាក៏មាន ក្នុងជាតិជាមួយគ្នាក៏មាន លុះដល់បច្ឆិមភព ជនទាំងពីរនាក់ កើតដោយឈ្មោះ (ផ្សេងគ្នា)។ ព្រះរាជបុត្រ បានមកជាកុមារឈ្មោះរាហុល ខ្ញុំម្ចាស់បានមកជាធីតាឈ្មោះ ឧប្បលវណ្ណា បពិត្រព្រះអង្គជាវីរបុរស សូមព្រះអង្គទតឫទ្ធិនៃខ្ញុំម្ចាស់ចុះ ខ្ញុំម្ចាស់នឹងសម្ដែងកម្លាំងថ្វាយព្រះសាស្ដា។ នាងឧប្បលវណ្ណា ដាក់មហាសមុទ្រទាំង ៤ លើផ្ទៃបាតដៃ ហាក់ដូចកូនក្មេងលេងប្រេង ដែលតាំងនៅលើបាតដៃ។ នាងឧប្បលវណ្ណា ឆ្កិះផែនដីដាក់លើផ្ទៃបាតដៃ ដូចជាក្មេងជំទង់ដកនូវស្មៅយាប្លងដ៏វិចិត្រ។ នាងឧប្បលវណ្ណា បាំងនូវបាតដៃស្មើចក្រវាឡលើក្បាល ហើយញ៉ាំងគ្រាប់ភ្លៀង មានពណ៌ផ្សេងៗ ឲ្យធ្លាក់ចុះ។ នាងធ្វើផែនដីជាត្បាល់ ធ្វើគ្រួសជាស្រូវ ធ្វើភ្នំសិនេរុជាអង្រែ ដូចក្មេងស្រីបុកស្រូវ។ ខ្ញុំម្ចាស់ឈ្មោះឧប្បលវណ្ណា ជាធីតារបស់ព្រះពុទ្ធដ៏ប្រសើរ ជាអ្នកស្ទាត់ក្នុងអភិញ្ញាទាំងឡាយ ជាអ្នកធ្វើតាមសាសនារបស់ព្រះពុទ្ធអង្គ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ខ្ញុំម្ចាស់សូមធ្វើនូវវិកុព្វនឫទ្ធិផ្សេងៗ សម្ដែងថ្វាយព្រះលោកនាយក ហើយប្រកាសនូវនាម និងគោត្រ ទើបថ្វាយបង្គំព្រះបាទាព្រះអង្គ។ បពិត្រព្រះមហាមុនី ខ្ញុំម្ចាស់ជាអ្នកស្ទាត់ក្នុងឫទ្ធិផង ក្នុងទិព្វសោតធាតុឫទ្ធិផង ជាអ្នកស្ទាត់ក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំម្ចាស់ដឹងនូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុក៏ខ្ញុំម្ចាស់ជម្រះហើយ អាសវៈទាំងអស់ ក៏អស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានទៀតទេ។ ញាណរបស់ខ្ញុំម្ចាស់ ដ៏ទូលាយស្អាតក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ តាមសភាពរបស់ព្រះពុទ្ធជាមហេសី។ បពិត្រព្រះមហាមុនី ព្រះអង្គធ្លាប់សម្ដែងនូវសង្រ្គាម ចំពោះព្រះជិនស្រីដ៏ប្រសើរទាំងឡាយ ក្នុងកាលមុន កិច្ចការដ៏ក្រៃលែងច្រើនយ៉ាង របស់ខ្ញុំម្ចាស់ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមហាមុនី អំពើណាមានក្នុងកាលមុន ដែលខ្ញុំម្ចាស់ធ្វើហើយ សូមព្រះអង្គ រលឹកនូវអំពើជាកុសលរបស់ខ្ញុំម្ចាស់នោះ បពិត្រព្រះមហាវីរបុរស បុណ្យដែលខ្ញុំម្ចាស់សន្សំទុកហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះអង្គជាមហាវីរបុរស ខ្ញុំម្ចាស់វៀរ (នូវអំពើ) ក្នុងទីមិនគួរ ហើយបានទាត់ចោលនូវអានាចារ ជីវិតដ៏ឧត្ដម ដែលខ្ញុំម្ចាស់លះបង់ហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះអង្គបានប្រទានជីវិតដល់ខ្ញុំម្ចាស់ អស់ ១០ ពាន់កោដិ ទាំងខ្លួនខ្ញុំម្ចាស់ ដែលខ្ញុំម្ចាស់បានលះបង់ហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។ គ្រានោះ បរិស័ទទាំងអស់ស្ញប់ស្ញែងក្រៃលែង ធ្វើអញ្ជលីដោយត្បូង ពោលថា បពិត្រនាងម្ចាស់ សេចក្ដីព្យាយាមមានឫទ្ធិថ្លឹងមិនបាន ដែលនាងធ្វើហើយ តើដូចម្ដេច។

ក្នុងកប្បទីមួយសែន អំពីកប្បនេះ កាលនោះ ខ្ញុំកើតជាកញ្ញានៃនាគ ឈ្មោះនាងវិមលា ដែលគេសន្មតហៅថាស្រីល្អជាងនាងនាគកញ្ញាទាំងឡាយ។ ពស់ធំឈ្មោះមហានាគ ជ្រះថ្លាក្នុងសាសនានៃព្រះជិនស្រី បាននិមន្តព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់មានតេជះច្រើន ព្រមទាំងសាវ័ក។ មហានាគនោះ បានរៀបចំនូវមណ្ឌប ជាវិការៈនៃកែវផង នូវបល្ល័ង្កជាវិការៈនៃកែវផង នូវគ្រឿងឧបភោគ ជាវិការៈនៃកែវដែលលាយដោយខ្សាច់ ជាវិការៈនៃកែងផង នូវផ្លូវដែលស្អិតស្អាងដោយទង់ជ័យ ជាវិការៈនៃកែវផង ហើយប្រគំដោយតូរ្យតន្រ្តី ទទួលព្រះសម្ពុទ្ធ។ ចំណែកខាងព្រះលោកនាយក ដែលបរិស័ទទាំង ៤ បានហែហមហើយ ទ្រង់គង់លើអាសនៈដ៏ប្រសើរ ក្នុងលំនៅនៃមហានាគ។ ស្ដេចនាគបានថ្វាយនូវបាយទឹកផង នូវភោជនដែលគួរបរិភោគមានថ្លៃច្រើនផង នូវពរដ៏ប្រសើរផង ចំពោះព្រះពុទ្ធទ្រង់មានយសធំ។ លុះព្រះសម្ពុទ្ធនោះ ទ្រង់សោយហើយ ទ្រង់លាងបាត្រ ហើយធ្វើអនុមោទនា ដោយឧបាយនៃប្រាជ្ញាថា ចូរនាងនាគកញ្ញា មានឫទ្ធិច្រើនចុះ។ នាងនាគកញ្ញា បានឃើញព្រះសព្វញ្ញុពុទ្ធដែលទ្រង់ស្រស់បស់ មានយសច្រើន ចិត្តក៏ជ្រះថ្លាចំពោះព្រះសាស្ដាផង ចិត្តក៏ប្រតិព័ទ្ធចំពោះព្រះសាស្ដាផង។ ក្នុងខណៈនោះ ព្រះសម្ពុទ្ធជាមហាវីរបុរស ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវចិត្តរបស់ខ្ញុំ ទ្រង់បង្ហាញនូវភិក្ខុនីដោយឫទ្ធិ។ ភិក្ខុនីនោះ ក្លៀវក្លា សម្ដែងនូវឫទ្ធិច្រើនប្រការ ខ្ញុំក៏រីករាយត្រេកអរ បានពោលពាក្យនេះ ចំពោះព្រះសាស្ដាថា បពិត្រព្រះអង្គជាអ្នកប្រាជ្ញ ខ្ញុំម្ចាស់បានឃើញឫទ្ធិទាំងនេះ ដែលរាប់ថាក្រៃលែងជាងឫទ្ធិឯទៀត ភិក្ខុនីនោះ ក្លៀវក្លាដោយឫទ្ធិខ្លាំងម៉េ្លះ តើដោយប្រការដូចម្ដេច។

ភិក្ខុនីនេះ ជាធីតា ជាឱរសកើតអំពីមាត់របស់តថាគត ទើបជាភិក្ខុនី មានឫទ្ធិច្រើន ជាអ្នកធ្វើតាមអនុសាសនីរបស់តថាគត បានជាមានសេចក្ដីក្លៀវក្លាក្រៃលែងដោយឫទ្ធិ។

លុះខ្ញុំស្ដាប់ព្រះវាចានៃព្រះពុទ្ធហើយ ក៏ត្រេកអរ ពោលនូវពាក្យយ៉ាងនេះថា សូមឲ្យខ្ញុំម្ចាស់ជាស្រ្តីក្លៀវក្លាក្រៃលែងដោយឫទ្ធិ ប្រាកដដូចជាភិក្ខុនីនោះ។ បពិត្រព្រះអង្គជានាយក ខ្ញុំម្ចាស់មានចិត្តអរសប្បាយ រីករាយ មានចិត្តខ្ពង់ខ្ពស់ សូមឲ្យបានដូចភិក្ខុនីនេះ ក្នុងកាលអនាគតពុំខាន។ (ខ្ញុំបានថ្វាយ) នូវបល្ល័ង្កជាវិការៈនៃកែវមណីផង នូវមណ្ឌបដ៏ភ្លឺផ្លេកផង ហើយញ៉ាំងព្រះពុទ្ធជាលោកនាយក ព្រមទាំងព្រះសង្ឃឲ្យឆាន់ឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក។ ខ្ញុំបូជាផ្កាឧប្បលឈ្មោះអរុណ ជាផ្កាដ៏ប្រសើរ របស់ពួកនាគ ចំពោះព្រះពុទ្ធជាលោកនាយក ហើយសូមឲ្យពណ៌សម្បុររបស់ខ្ញុំដូចផ្កានេះ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ លុះខ្ញុំច្យុតចាកឋានតាវត្តឹង្សនោះហើយ ក៏មកកើតក្នុងឋានមនុស្ស បានថ្វាយបិណ្ឌបាតដែលបិទបាំងដោយផ្កាឧប្បលទាំងឡាយ ចំពោះព្រះពុទ្ធជាសយម្ភូ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះពុទ្ធជានាយក ព្រះនាមវិបស្សី មានព្រះនេត្រដ៏ភ្លឺថ្លា មានបញ្ញាចក្ខុក្នុងធម៌ទាំងពួង ទ្រង់កើតឡើង។ ក្នុងកាលនោះ ខ្ញុំបានកើតជាសេដ្ឋីធីតាក្នុងបុរីដ៏ឧត្ដមឈ្មោះពារាណសី បាននិមន្តព្រះសម្ពុទ្ធ ជាលោកនាយក ព្រមទាំងព្រះសង្ឃ ខ្ញុំថ្វាយមហាទាន បូជាព្រះពុទ្ធជានាយក ដោយផ្កាឧប្បលទាំងឡាយ ហើយប្រាថ្នាឲ្យមានពណ៌សម្បុរល្អដូចផ្កាឧប្បលទាំងនោះ។ ក្នុងភទ្ទកប្បនេះ ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសច្រើន ប្រសើរជាងពួកជនអ្នកពោល ទ្រង់កើតឡើង។ គ្រានោះ ព្រះរាជាដែនកាសី ព្រះនាមកិកី ជាឥស្សរៈលើប្រជាជន ក្នុងពារាណសីបុរីដ៏ប្រសើរ បានជាឧប្បដ្ឋាកនៃព្រះពុទ្ធជាមហេសី។ ខ្ញុំជាធីតាទីពីរ របស់ព្រះរាជាអង្គនោះ ឈ្មោះនាងសមណីគុត្តា បានស្ដាប់ធម៌របស់ព្រះពុទ្ធជិនស្រី ជាបុគ្គលប្រសើរ ហើយពេញចិត្តនឹងបព្វជ្ជា។ ក្នុងគ្រានោះ ព្រះវររាជបិតារបស់យើងទ្រង់មិនអនុញ្ញាត យើងក៏មិនខ្ជិលច្រអូស ប្រព្រឹត្តព្រហ្មចរិយៈសម្រាប់កុមារី អស់ ២០ ពាន់ឆ្នាំ នៅក្នុងផ្ទះ ជាព្រះរាជកញ្ញា ឋិតនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយក្នុងការបម្រើព្រះពុទ្ធ ជាព្រះរាជធីតា ៧ អង្គគឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគំរប់ប្រាំពីរ។ (ក្នុងពុទ្ធុប្បាទព្រះសមណគោតមនេះ ធីតាទាំងនោះ បានមកជា) ខ្លួនខ្ញុំ ១ នាងខេមាមានប្រាជ្ញា ១ បដាចារា ១ កុណ្ឌលកេសី ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគម្រប់ប្រាំពីរ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង ខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តឹង្ស។ លុះច្យុតចាកឋានតាវត្តឹង្សនោះហើយ ក៏មកកើតក្នុងមនុស្សត្រកូលធំ បានថ្វាយនូវសំពត់សាច់ម៉ដ្ឋ មានពណ៌លឿង ដល់ព្រះអរហន្ត។ លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងអរិដ្ឋបុរី ក្នុងត្រកូលព្រាហ្មណ៍ ជាធីតានៃតិរិដិវច្ឆសេដ្ឋី ឈ្មោះនាងឧម្មាទន្តី ជាទីពេញចិត្ត (របស់ជន)។ លុះខ្ញុំច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងជនបទ ក្នុងត្រកូលមួយ ជាអ្នកខ្វល់ខ្វាយ មិនជាអ្នកស្ដុកស្ដម្ភណាស់ណាទេ។ គ្រានោះ ខ្ញុំថែរក្សានូវស្រូវសាលី ខ្ញុំបានឃើញព្រះបច្ចេកសម្ពុទ្ធ ហើយថ្វាយលាជប្រាំរយកន្ទោង ដែលគ្របដោយផ្កាឈូក ហើយប្រាថ្នានូវកូនប្រាំរយរូប ខ្ញុំថ្វាយទឹកឃ្មុំដល់ព្រះពុទ្ធជាសយម្ភូ ព្រោះតែកូនទាំងនោះ លុះច្យុតចាកអត្តភាពនោះហើយ បានមកកើតក្នុងត្របកផ្កាឈូកនៅក្នុងព្រៃ។ ខ្ញុំបានជាមហេសីរបស់ស្ដេចដែនកាសី ដែលគេធ្វើសក្ការបូជា បានបង្កើតព្រះរាជបុត្រចំនួនប្រាំរយឥតខ្វះ។ កាលណា ព្រះរាជបុត្រទាំងនោះ ដល់នូវវ័យចម្រើនឡើង កំពុងលេងល្បែងក្នុងទឹក បានឃើញស្លឹក និងផ្កាឈូកសំយុងចុះ (មានចិត្តនឿយណាយក្នុងសង្ខារ ក៏ចេញបួស) បានជាព្រះបច្ចេកពុទ្ធជានាយក ក្នុងកាលនោះ។ ខ្ញុំនោះជាអ្នកព្រាត់ប្រាសចាករាជបុត្រដ៏ប្រសើរទាំងនោះ ក៏មានសេចក្ដីសោកស្ដាយ លុះច្យុត (ចាកអត្តភាពនោះហើយ) បានមកកើតក្នុងស្រុកតូចមួយ ទៀបភ្នំឥសិគិលិ។ កាលណា ខ្ញុំមានចិត្តភ្នកនឹកដល់កូន ដែលជាព្រះបច្ចេកពុទ្ធ ក៏នាំយកបបរដើរទៅ ដើម្បីកូនទាំងឡាយផង ដើម្បីខ្លួនផង ខ្ញុំបានឃើញព្រះបច្ចេកពុទ្ធជានាយក ៨ ព្រះអង្គ ដែលកំពុងដើរទៅកាន់ស្រុក ដើម្បីភិក្ខា ក៏នឹករលឹកកូនទាំងឡាយ កាលនោះ ទរនៃទឹកដោះរបស់ខ្ញុំក៏ខ្ពុរចេញ ព្រោះសេចក្ដីស្រឡាញ់ចំពោះកូន។ លំដាប់នោះ ខ្ញុំជ្រះថ្លា បានប្រគេនបបរដល់ព្រះបច្ចេកពុទ្ធទាំងនោះ ដោយដៃរបស់ខ្លួន លុះច្យុតចាកអត្តភាពនោះ ក៏បានទៅកើតឯឧទ្យាន ឈ្មោះនន្ទនៈ ក្នុងឋានត្រៃត្រឹង្ស។ បពិត្រព្រះអង្គជាមហាវីរបុរស ខ្ញុំម្ចាស់បានទទួលសុខទុក្ខ អន្ទោលទៅក្នុងភពតូចភពធំ ទាំងជីវិតក៏ខ្ញុំលះបង់ ដើម្បីប្រយោជន៍នៃព្រះអង្គ។ សេចក្ដីទុក្ខផ្សេងៗ ជាច្រើនយ៉ាងក្ដី សម្បត្តិផ្សេងៗ ជាច្រើនក្ដី (របស់ខ្ញុំ) រមែងមានយ៉ាងនេះឯង លុះដល់បច្ឆិមភព ខ្ញុំមកកើតក្នុងសាវត្ថីបូរី។ ខ្ញុំកើតក្នុងត្រកូលនៃសេដ្ឋី មានទ្រព្យច្រើន ដល់នូវសេចក្ដីសុខ ជាត្រកូលចាត់ចែងល្អហើយ រុងរឿងដោយរតនវត្ថុផ្សេងៗ សម្រេចសេចក្ដីប្រាថ្នាគ្រប់យ៉ាង។ ខ្ញុំត្រូវគេធ្វើសក្ការបូជាផង រាប់អានកោតក្រែងដូច្នោះផង ដល់នូវរូបសិរី ត្រូវគេធ្វើសក្ការៈក្រៃលែង ក្នុងត្រកូលទាំងឡាយ។ ខ្ញុំជាស្រ្តីដែលពួកជនអ្នកមានសិរីដោយរូប និងភោគៈប្រាថ្នាលើសលុបផង ដែលពួកកូនសេដ្ឋីជាច្រើនរយនាក់ ប្រាថ្នាហើយផង។ ខ្ញុំលះបង់នូវផ្ទះហើយ ចូលទៅកាន់ផ្នួស កាលមិនទាន់ដល់កន្លះខែនៅឡើយ ក៏បានលុះនូវសច្ចៈ ៤។ ខ្ញុំនិម្មិតនូវរថមានជ្រុង ៤ ដោយឫទ្ធិ ហើយថ្វាយបង្គំនូវព្រះបាទានៃព្រះពុទ្ធ ព្រះអង្គជាទីពឹងដ៏មានសិរីរបស់សត្វលោក។

(មារពោលថា) នាងអាស្រ័យនូវដើមឈើដែលមានចុងរីកផ្កាស្គុះស្គាយ ឋិតនៅទៀបគល់រាំងតែម្នាក់ឯង ទាំងអ្នកណាមួយ ជាគម្រប់ពីរនឹងនាង ក៏មិនមាន តើនាងមិនខ្លាចពួកជនពាល ឬពួកអ្នកលេងទេឬ។

(ខ្ញុំឆ្លើយថា) ពួកជនអ្នកលេង ចំនួនមួយរយក្ដី មួយពាន់ក្ដី ដែលប្រាកដដូច្នោះ មកក្នុងទីនេះ យើងក៏ឥតព្រឺរោម ឥតញាប់ញ័រ ម្នាលមារ អ្នកជាបុគ្គលម្នាក់ឯង តើនឹងធ្វើម្ដេចដល់យើង។

យើងនុ៎ះ អាចបំបាត់ខ្លួនក៏បាន ចូលទៅក្នុងពោះអ្នកឯងក៏បាន កាលយើងឋិតនៅត្រង់ប្រជុំចិញ្ចើម ក៏អ្នកមើលមិនឃើញ។ យើងជាស្រីស្ទាត់ក្នុងផ្លូវចិត្ត ទាំងឥទ្ធិបាទទាំងឡាយ យើងក៏បានចម្រើនល្អហើយ យើងជាស្រីរួចចាកចំណងទាំងអស់ហើយ នែអាវុសោ យើងមិនខ្លាចអ្នកទេ។ អ្នកពោលនូវសេចក្ដីត្រេកអរក្នុងកាម ចំពោះគំនរកាមណា គំនរកាមនោះ ឧបមាដូចមុខលំពែងដ៏មុតក្រៃលែង ឥឡូវនេះ យើងមិនមានសេចក្ដីត្រេកអរក្នុងកាមនោះទៀតទេ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងអស់ យើងបានកំចាត់បង់ហើយ ទាំងគំនរនៃសេចក្ដីងងឹត យើងក៏ទំលាយចេញហើយ ម្នាលមារមានចិត្តបាប អ្នកចូរដឹងយ៉ាងនេះចុះ ខ្លួនអ្នក ត្រូវយើងកំចាត់បានហើយ។ ព្រះជិនស្រីជានាយក ត្រេកអរចំពោះគុណនោះ តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ក្នុងបរិស័ទទាំងឡាយថា នាងឧប្បលវណ្ណា ជាស្រីប្រសើរបំផុតជាងភិក្ខុនី ដែលមានឫទ្ធិទាំងឡាយ។ ព្រះសាស្ដា ខ្ញុំបានប្រព្រឹត្តតាមហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំក៏ទំលាក់ចេញហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានគាស់រំលើងចេញហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណវិសេសណា ប្រយោជន៍ គឺគុណវិសេសនោះឯង ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងអស់ ខ្ញុំក៏បានដល់ជាលំដាប់ហើយ។ ចំនួនពាន់នៃពួកជនដោយជុំវិញ រមែងបង្អោនមកនូវបច្ច័យ គឺចីវរ បិណ្ឌបាត សេនាសនៈ ដោយកាលភ្លាមៗ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧប្បលវណ្ណាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ឧប្បលវណ្ណាថេរិយាបទាន។

បដាចារាថេរិយាបទាន ទី១០

(១០. បដាចារាថេរីអបទានំ)

[២០] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ក្នុងគ្រានោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ក្នុងនគរហង្សវតី រុងរឿងដោយរតនៈផ្សេងៗ ជាស្រីឆ្អែតស្កប់ស្កល់ដោយសេចក្ដីសុខច្រើនយ៉ាង។ ខ្ញុំបានចូលទៅគាល់ព្រះអង្គ ជាមហាវីរបុរសនោះ បានស្ដាប់ធម្មទេសនា លំដាប់នោះ ខ្ញុំកើតសេចក្ដីជ្រះថ្លា ហើយដល់នូវព្រះជិនស្រីជាទីពឹង។ លំដាប់នោះ ព្រះពុទ្ធជានាយក ទ្រង់សរសើរភិក្ខុនីជាអ្នកអៀនខ្មាស មានចិត្តនឹងធឹង ក្លៀវក្លាក្នុងហេតុគួរ និងមិនគួរ ជាភិក្ខុនីខ្ពង់ខ្ពស់ជាងភិក្ខុនីទាំងឡាយ អ្នកទ្រទ្រង់នូវវិន័យ។ ក្នុងកាលនោះ ខ្ញុំមានចិត្តរីករាយ ប៉ុនប៉ងចំពោះតំណែងនោះ ហើយនិមន្តព្រះទសពល ជាលោកនាយក ព្រមទាំងព្រះសង្ឃឲ្យឆាន់ អស់ ៧ ថ្ងៃ ហើយបានថ្វាយបាត្រ និងចីវរ ក្រាបទៀបព្រះបាទាដោយត្បូង ហើយពោលពាក្យនេះថា បពិត្រព្រះមុនីជាធីរបុរស ភិក្ខុនីណា ដែលព្រះអង្គសរសើរហើយ បពិត្រព្រះអង្គជានាយក ខ្ញុំម្ចាស់សូមឲ្យបានដូចភិក្ខុនីនោះ ក្នុងកប្បទី ៨ អំពីកប្បនេះ បើសេចក្ដីប្រាថ្នានឹងសម្រេច។ ក្នុងកាលនោះ ព្រះសាស្ដាបានត្រាស់នឹងខ្ញុំថា ម្នាលនាងដ៏ចម្រើន នាងកុំខ្លាច ចូរនាងត្រេកអរចុះ ក្នុងកាលអនាគត នាងនឹងបានតំណែងនុ៎ះដូចចិត្តប្រាថ្នា។ ព្រះសាស្ដាព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រឱក្កាកៈ នឹងមានក្នុងលោក ក្នុងកប្បទីមួយសែន អំពីកប្បនេះ។ នាងនឹងបានជាផៅពង្សក្នុងធម៌ទាំងឡាយ នៃព្រះសាស្ដាអង្គនោះ ជាឱរស ជាធម្មនិម្មិត មានឈ្មោះថា នាងបដាចារា ជាសាវិការបស់ព្រះសាស្ដា។ ក្នុងគ្រានោះ ខ្ញុំមានចិត្តរីករាយ មានមេត្តាចិត្ត បម្រើព្រះជិនស្រី ជាលោកនាយក ព្រមទាំងព្រះសង្ឃ ដរាបអស់ជីវិត។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តឹង្ស។ ព្រះពុទ្ធព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងពួកជនអ្នកពោល ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ។ ក្នុងកាលនោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ជាឧបដ្ឋាករបស់ព្រះពុទ្ធជាមហេសី ជាឥស្សរៈលើប្រជាជន ក្នុងក្រុងពារាណសីបូរីដ៏ឧត្ដម។ ខ្ញុំបានជាធីតាទី ៣ នៃព្រះបាទកិកីនោះ ដែលប្រាកដថា ភិក្ខុនី បានស្ដាប់ធម៌របស់ព្រះជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងបព្វជ្ជា។ តែក្នុងកាលនោះ ព្រះបិតារបស់យើង ទ្រង់ពុំអនុញ្ញាត យើងក៏ជាស្រ្តីមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយៈសម្រាប់កុមារី អស់ ២០ ពាន់ ឆ្នាំ នៅក្នុងផ្ទះ ជាព្រះរាជកញ្ញា ឋិតនៅក្នុងសេចក្ដីសុខ ត្រេកអរ រីករាយក្នុងការបម្រើព្រះពុទ្ធ ជាធីតា ៧ អង្គគឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគំរប់ប្រាំពីរ។ (រាជកញ្ញាទាំងនោះ លុះចេរវិលវឹងមកក្នុងពុទ្ធុប្បាទនេះ) បានមកជាខ្ញុំ ១ ឧប្បលវណ្ណា ១ ខេមា ១ ភទ្ទាភិក្ខុនី ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ប្រាំពីរ។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តឹង្ស។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ក្នុងក្រុងសាវត្ថី ជាបូរីដ៏ប្រសើរមាំមួន ស្ដុកស្ដម្ភ មានធនធានច្រើន។ ខ្ញុំកំពុងប្រកបដោយវ័យដ៏ចម្រើន លុះក្នុងអំណាចនៃវិតក្កៈ ខ្ញុំបានឃើញនូវបុរសអ្នកនៅក្នុងជនបទហើយ ក៏បានទៅនៅជាមួយនឹងបុរសនោះ។ ខ្ញុំមានបុត្រប្រុស ១ នាក់ ប្រសូតហើយ បុត្រទី ២ នៅក្នុងផ្ទៃរបស់ខ្ញុំ ក្នុងកាលនោះ ខ្ញុំកាត់ចិត្តថា អញត្រូវទៅរកជួបមាតាបិតាវិញ។ គ្រានោះ ខ្ញុំមិនបានប្រាប់ស្វាមីរបស់ខ្ញុំទេ លុះស្វាមីនោះឃ្លាតចេញទៅ ខ្ញុំជាស្រ្តីតែម្នាក់ឯង រត់ចេញចាកផ្ទះ ដើរទៅកាន់ក្រុងសាវត្ថីដ៏ឧត្ដម។ លំដាប់នោះ ប្ដីរបស់ខ្ញុំមកតាមទាន់ក្នុងផ្លូវ បបួលខ្ញុំទៅវិញ ក្នុងគ្រានោះ ខ្យល់កម្មជវាត (ខ្យល់កើតអំពីកម្ម) ដ៏អាក្រក់ពន់ពេក កើតឡើងដល់ខ្ញុំ។ ស្រាប់តែភ្លៀងធំតាំងឡើងក្នុងសម័យជាទីប្រសូតិនូវកូននៃខ្ញុំ គ្រានោះ ប្ដី (របស់ខ្ញុំ) ទៅដើម្បីប្រយោជន៍ដល់ឧស ត្រូវពស់ចឹកស្លាប់ទៅ។ គ្រានោះ ខ្ញុំជាស្រីកំព្រា មិនមានទីពឹង ដោយសេចក្ដីទុក្ខព្រោះសម្រាលកូន ខ្ញុំដើរទៅកាន់លំនៅនៃត្រកូលរបស់ខ្លួន ឃើញនូវស្ទឹងតូច មានទឹកពេញព្រៀប។ ខ្ញុំជាស្រីម្នាក់ឯង នាំយកកូនតូច ឆ្លងទៅដាក់ឯច្រាំងត្រើយនាយ ហើយញ៉ាំងកូនតូចឲ្យបៅ រួចត្រឡប់មកចម្លងកូនបង។ មានសត្វខ្លែងមួយ ឆាបយកកូនតូចដែលកំពុងយំ ទាំងខ្សែទឹកក៏កួចយកកូនបងទៅទៀត ខ្ញុំជាស្រីចុកណែនដោយសេចក្ដីសោក។ ខ្ញុំដើរទៅកាន់ក្រុងសាវត្ថី បានឮថា ពួកជនរបស់ខ្លួន គឺមាតាបិតាត្រូវស្លាប់អស់ហើយ គ្រានោះ ខ្ញុំមានសេចក្ដីសោកគ្របសង្កត់ ចុកណែនដោយសេចក្ដីសោកដ៏ធំ ហើយបានពោលថា កូនទាំងពីរធ្វើមរណកាលហើយ ទាំងប្ដីរបស់ខ្ញុំ ក៏ស្លាប់ក្នុងព្រៃ មាតាបិតា និងបងប្រុស ក៏ត្រូវគេដុតលើជើងថ្ករជាមួយគ្នា។ កាលនោះ ខ្ញុំជាស្រីស្គាំងស្គមផង កើតរោគលឿងផង ឥតមានទីពឹង មានចិត្តប្រកបដោយសេចក្ដីទុក្ខ លំដាប់នោះ ខ្ញុំដើរចេញទៅអំពីទីនេះ បានឃើញព្រះពុទ្ធ ព្រះអង្គជាសារថីរបស់ប្រជាជន។ លំដាប់នោះ ព្រះសាស្ដា ទ្រង់ត្រាស់ចំពោះខ្ញុំថា នាងចូរកុំសោកស្ដាយ ចំពោះកូនទាំងឡាយឡើយ ចូរនាងស្រស់ស្រាយឡើង ចូរនាងស្វែងរកខ្លួនរបស់នាងវិញ នាងព្រួយឥតប្រយោជន៍សោះទេ។ កូនទាំងឡាយ ពឹងពុំបាន ញាតិក៏ពឹងពុំបាន ទាំងផៅពង្សក៏ពឹងពុំបាន បុគ្គលដែលត្រូវសេចក្ដីស្លាប់គ្របសង្កត់ ទីពឹងចំពោះញាតិពុំបានឡើយ។ លុះខ្ញុំបានស្ដាប់ព្រះវាចានោះរបស់ព្រះមុនី ក៏បាននូវផលទី ១ ខ្ញុំបួសមិនយូរប៉ុន្មាន ក៏បានសម្រេចនូវព្រះអរហត្ត។ ខ្ញុំជាអ្នកស្ទាត់ក្នុងឫទ្ធិផង ក្នុងសោតធាតុជាទិព្វផង ខ្ញុំជាអ្នកធ្វើតាមសាសនានៃព្រះសាស្ដា រមែងដឹងនូវចិត្តនៃបុគ្គលដទៃផង។ ខ្ញុំដឹងនូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុ ខ្ញុំបានជម្រះហើយ ខ្ញុំជាភិក្ខុនីបរិសុទ្ធឥតមានមន្ទិល ព្រោះបានញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយ។ លំដាប់នោះ ខ្ញុំបានរៀនវិន័យទាំងអស់ក្នុងសំណាក់របស់ព្រះពុទ្ធ ព្រះអង្គឃើញហេតុទាំងអស់ផង ខ្ញុំឆ្លើយដោះស្រាយនូវសេចក្តីពិស្ដារគ្រប់យ៉ាង តាមពិតផង។ ព្រះជិនស្រីត្រេកអរ ចំពោះគុណនោះហើយ តាំងខ្ញុំក្នុងទីជាឯតទគ្គៈថា នាងបដាចារា ជាភិក្ខុនីឯក ប្រសើរជាងពួកភិក្ខុនីអ្នកទ្រទ្រង់វិន័យ។ ព្រះសាស្ដា ខ្ញុំបានប្រព្រឹត្តតាមហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចេញហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានគាស់រំលើងចេញហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណធម៌ណា ប្រយោជន៍គឺគុណធម៌នោះរបស់ខ្ញុំ ជាទីអស់ទៅនៃសញ្ញោជនៈទាំងពួង ខ្ញុំក៏បានសម្រចហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបដាចារាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បដាចារាថេរិយាបទាន។

ឧទ្ទាន

ឯកុបោសថិការិយាបទាន ១ សឡលបុប្ផិកាថេរិយាបទាន ១ មោទកទាយិកាថេរិយាបទាន ១ ឯកាសនទាយិកាថេរិយាបទាន ១ បញ្ចទីបទាយិកាថេរិយាបទាន ១ នឡមាលិកាថេរិយាបទាន ១ បជាបតិគោតមីថេរិយាបទាន ១ ខេមាថេរិយាបទាន ១ ឧប្បលវណ្ណាថេរិយាបទាន ១ បដាចារាថេរិយាបទាន ១ មានគាថា ៥០៩ គាថា។

ចប់ ឯកុបោសថវគ្គ ទី២។

កុណ្ឌលកេសវគ្គ ទី៣ (៥៩)

(៣. កុណ្ឌលកេសីវគ្គោ)

កុណ្ឌលកេសីថេរិយាបទាន ទី១

(១. កុណ្ឌលកេសាថេរីអបទានំ)

[២១] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ព្រះអង្គដល់នូវត្រើយនៃធម៌ទាំងពួង ជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលនៃសេដ្ឋី ក្នុងក្រុងហង្សវតី ជាត្រកូលរុងរឿងដោយរតនវត្ថុផ្សេងៗ ខ្ញុំជាស្រីស្កប់ស្កល់ដោយសេចក្ដីសុខច្រើនប្រការ។ ខ្ញុំចូលទៅរកព្រះពុទ្ធ ជាមហាវីរបុរសអង្គនោះ ហើយបានស្ដាប់ធម៌ដ៏ឧត្ដម លំដាប់នោះ ខ្ញុំមានសេចក្ដីជ្រះថ្លាកើតឡើងហើយ បានដល់ព្រះជិនស្រីជាទីពឹង។ ក្នុងកាលនោះឯង ព្រះពុទ្ធជានាយក ព្រះនាមបទុមុត្តរៈ ប្រកបដោយមហាករុណា ទ្រង់តាំងសុភាភិក្ខុនី ថាជាភិក្ខុនីប្រសើរជាងពួកភិក្ខុនីដែលត្រាស់ដឹងឆាប់រហ័ស។ លុះខ្ញុំបានស្ដាប់ព្រះពុទ្ធវាចានោះហើយ ខ្ញុំមានសេចក្ដីរីករាយ បានថ្វាយទានដល់ព្រះពុទ្ធជាមហេសី ហើយក្រាបចុះទៀបព្រះបាទាដោយត្បូង ប្រាថ្នានូវតំណែងនោះ។

ព្រះពុទ្ធជាមហាវីរបុរស ទ្រង់អនុមោទនាថា ម្នាលនាងដ៏ចម្រើន តំណែងណា ដែលនាងប្រាថ្នាហើយ តំណែងទាំងអស់នោះ នឹងសម្រេចពុំខាន ចូរនាងបានសេចក្ដីសុខ រំលត់ទុក្ខចុះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម ទ្រង់សម្ភពក្នុងត្រកូលក្សត្រឈ្មោះឱក្កាកៈ នឹងកើតឡើងក្នុងលោក។ នាងនឹងបានជាញាតិក្នុងធម៌របស់ព្រះសាស្ដាអង្គនោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកានៃព្រះសាស្ដា ឈ្មោះនាងកុណ្ឌលកេសីដ៏ចម្រើន។

ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តឹង្ស។ លុះខ្ញុំច្យុតចាកឋានតាវត្តឹង្សនោះ ទៅកើតក្នុងឋានយាមៈ ច្យុតចាកឋានយាមៈនោះ បានទៅកើតក្នុងឋានតុសិត ច្យុតចាកឋានតុសិតនោះ ក៏បានទៅកើតក្នុងឋាននិម្មានរតី រួចទៅកើតក្នុងបរនិម្មិតវសវត្តីបូរី។ ខ្ញុំកើតក្នុងទីណាៗ ខ្ញុំបាននូវភាពជាមហេសីរបស់ស្ដេចទាំងឡាយក្នុងទីនោះៗ ព្រោះអានិសង្សនៃបុញ្ញកម្មនោះឯង។ ខ្ញុំច្យុតចាកអត្តភាពនោះ ហើយបានមកកើតក្នុងមនុស្សលោក បាននូវភាពជាមហេសី របស់ស្ដេចចក្រពត្តិទាំងឡាយផង របស់ស្ដេចក្នុងមណ្ឌលទាំងឡាយផង។ ខ្ញុំបាននូវសម្បត្តិក្នុងទេវលោកផង ក្នុងមនុស្សលោកផង ហើយជាស្រីដល់នូវសេចក្ដីសុខក្នុងទីទាំងពួង អន្ទោលទៅក្នុងកប្បដ៏ច្រើន។ ព្រះពុទ្ធព្រះនាមកស្សបៈ ព្រះអង្គមានផៅពង្សដ៏ប្រសើរ មានយសច្រើន ប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ។ គ្រានោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ក្នុងពារាណសីបូរីដ៏ឧត្ដម ជាឥស្សរៈលើប្រជាជន បានជាឧបដ្ឋាកនៃព្រះពុទ្ធជាមហេសី។ ខ្ញុំជាធីតាទី ៤ របស់ព្រះរាជាអង្គនោះ ដែលប្រាកដថា ភិក្ខុទាសី បានស្ដាប់ធម៌របស់ព្រះជិនស្រីដ៏ប្រសើរ ហើយក៏ពេញចិត្តចំពោះបព្វជ្ជា។ ព្រះបិតាយើង ទ្រង់មិនអនុញ្ញាតឲ្យបួសទេ កាលនោះ យើងជាអ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយសម្រាប់កុមារី អស់ពីរម៉ឺនឆ្នាំក្នុងផ្ទះ។ យើងជាព្រះរាជធីតា ៧ នាក់ ជាកញ្ញាឋិតនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយ ក្នុងការបម្រើព្រះពុទ្ធ គឺនាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ នាងសង្ឃទាសិកា ជាគំរប់ប្រាំពីរ។ កាលនោះ (ព្រះរាជធីតាទាំង ៧ នាក់នោះ ចេរវិលវឹងមក) បានជានាងខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ ខ្ញុំ ១ កិសាគោតមី ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ប្រាំពី។ ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះ ផង លុះខ្ញុំលះបង់នូវរាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុង ឋានតាវត្តឹង្ស។ ឥឡូវនេះ ដល់មកបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋីដ៏ស្ដុកស្ដម្ភក្នុងបូរីដ៏ឧត្ដម ឈ្មោះគិរិព្វជៈ ឋិតនៅក្នុងវ័យដ៏ចម្រើន។ ខ្ញុំឃើញនូវចោរដែលគេកំពុងបណ្ដើរយកទៅដើម្បីសម្លាប់ ហើយស្រឡាញ់ចំពោះចោរនោះ លំដាប់នោះ បិតារបស់ខ្ញុំដោះចោរនោះ ចេញអំពីទោសដែលត្រូវសម្លាប់ ដោយកហាបណៈមួយពាន់។ បិតាបានឲ្យខ្ញុំទៅចោរនោះ ព្រោះដឹងច្បាស់នូវចិត្តខ្ញុំ ខ្លួនខ្ញុំជាស្រីឥតរង្កៀស ជាអ្នកអាណិតអនុគ្រោះក្រៃពេក ចំពោះចោរនោះ។ ឯចោរនោះ នាំមកនូវគ្រឿងបូជា ហើយនាំខ្ញុំទៅកាន់ជ្រោះសម្រាប់ទំលាក់ចោរ ហើយគិតសម្លាប់ខ្ញុំលើភ្នំ ដោយសេចក្ដីចង់បាននូវគ្រឿងប្រដាប់របស់ខ្ញុំ។ គ្រានោះ ខ្ញុំធ្វើអញ្ជលីដ៏ល្អ ប្រណម្យចំពោះចោរឈ្មោះសត្តុកៈ រក្សានូវជីវិតរបស់ខ្លួនទុកសិន ហើយពោលពាក្យនេះថា បពិត្រអ្នកដ៏ចម្រើន អ្នកចូរនាំយកនូវសង្វាជាវិការនៃមាស ព្រមទាំងកែវមុក្តា កែវពៃទូរ្យដ៏ច្រើនទាំងអស់នេះទៅចុះ រួចសូមឲ្យអ្នកប្រាប់គេឲ្យដឹងថា ខ្ញុំជាទាសីចុះ។ ម្នាលនាងកល្យាណី នាងចូរដាក់នូវគ្រឿងប្រដាប់មកឲ្យអញចុះ នាងកុំខ្សឹកខ្សួលខ្លាំងឡើយ អញមិនដែលថា មិនសម្លាប់នូវមនុស្សដែលមកក្នុងព្រៃសោះទេ។ អញនឹករកមើលខ្លួនអញ ចាប់តាំងពីអញដល់នូវភាពជាអ្នកដឹងក្ដីមក អញមិនដែលស្គាល់អ្នកដទៃឲ្យជាទីស្រឡាញ់ជាងនាងឡើយ។ អ្នកចូរមកនេះ ខ្ញុំនឹងបានកៀកកើយអ្នកសិន ហើយសូមធ្វើប្រទក្សិណអ្នក ថ្វាយបង្គំអ្នក ព្រោះថា ការរួបរួមគ្នារវាងខ្ញុំនឹងអ្នក មិនមានទៀតទេ។ (ទេវតាពោលថា) ប្រុសមិនមែនឈ្មោះថាបណ្ឌិតក្នុងហេតុទាំងអស់ទេ សូម្បីស្រីសោះ តែជាអ្នកមានឧបាយវាងវៃ ក្នុងហេតុនោះៗ ក៏ឈ្មោះថាបណ្ឌិតបាន។ ប្រុសមិនមែនឈ្មោះថាបណ្ឌិត ក្នុងហេតុទាំងអស់ទេ សូម្បីស្រីសោះ តែជាអ្នកគិតឃើញនូវប្រយោជន៍រហ័ស ក៏ឈ្មោះថាបណ្ឌិតដែរ។ បុគ្គលណា ត្រិះរិះឃើញនូវប្រយោជន៍ច្រើនដ៏រហ័សផង ឆាប់ផង ដូចជាបុគ្គលកាលឃើញតាមហេតុនៃសំបុត្រ ឬតម្រាដ៏វិចិត្រ បុគ្គលនោះឈ្មោះថាបណ្ឌិត គ្រានោះ ខ្ញុំបានសម្លាប់នូវចោរឈ្មោះសត្តុកៈ។ បុគ្គលណា មិនយល់ឆាប់នូវប្រយោជន៍ ដែលកើតឡើងហើយ បុគ្គលនោះឈ្មោះថា មានគំនិតទន់ រមែងទុក្ខព្រួយដូចជាចោរដែលធ្លាក់ចុះទៅក្នុងជ្រោះភ្នំ។ បុគ្គលណា យល់ច្បាស់ឆាប់នូវប្រយោជន៍ ដែលកើតឡើងហើយ បុគ្គលនោះ រមែងរួចអំពីការចង្អៀតដោយសត្រូវ ដូចជាខ្លួនខ្ញុំរួចចាកបុរសឈ្មោះសត្តុកៈ ក្នុងកាលនោះឯង។ ខ្ញុំច្រានបុរសឈ្មោះសត្តុកៈ ទៅក្នុងជ្រោះភ្នំ រួចហើយចូលទៅកាន់សំណាក់ពួកតាបស អ្នកស្លៀកពាក់សំពត់ស ហើយបួស។ ក្នុងកាលនោះ ខ្ញុំទុកសក់របស់ខ្ញុំ ដោយចន្ទាស ដោយប្រការទាំងពួង ហើយទើបបួស ពួកតាបសក៏ប្រាប់នូវលទ្ធិឥតមានចន្លោះឡើយ។ លំដាប់នោះ ខ្ញុំរៀននូវលទ្ធិនោះ ហើយអង្គុយតែម្នាក់ឯង គិតនូវលទ្ធិនោះ (គាប់ចួន) ឆ្កែក៏ពាំយកដៃរបស់មនុស្ស។ ឆ្កែពាំដៃរបស់មនុស្សដែលដាច់ មកទំលាក់ចោលក្នុងទីជិតខ្ញុំ ហើយចៀសចេញទៅ ខ្ញុំបានឃើញហើយ ក៏បាននូវនិមិត្តចំពោះត្រកូលនៃដង្កូវ ដែលឋិតនៅ (ក្នុងសាកសពនោះ)។ លំដាប់នោះ ខ្ញុំតក់ស្លុត ហើយក្រោកទៅសួរពួកសហធម្មិក ឯពួកសហធម្មិកទាំងនោះប្រាប់ថា ពួកភិក្ខុជាសក្យបុត្រ ទើបដឹងច្បាស់នូវសេចក្ដីនោះបាន។ ខ្ញុំនោះ បានចូលទៅរកពួកសាវ័ករបស់ព្រះពុទ្ធ ហើយសួរសេចក្ដីនោះ ពួកសាវ័កទាំងនោះ ក៏នាំខ្ញុំទៅក្នុងសំណាក់នៃព្រះពុទ្ធ ជាបុគ្គលប្រសើរ។ ព្រះពុទ្ធជានាយកនោះ ទ្រង់សម្ដែងនូវព្រះធម៌ ចំពោះខ្ញុំថា ខន្ធ អាយតនៈ ធាតុ ជាធម្មជាតិមិនស្អាតផង មិនទៀងផង ជាទុក្ខផង ជាអនត្តាផង។ លុះខ្ញុំបានស្ដាប់នូវធម៌របស់ព្រះអង្គហើយ បានជម្រះធម្មចក្ខុ គឺសោតាបត្តិផល លំដាប់នោះ ខ្ញុំបានដឹងច្បាស់នូវព្រះសទ្ធម្មហើយ ក៏សូមនូវបព្វជ្ជា និងឧប្បសម្បទា។ កាលនោះ ព្រះពុទ្ធជានាយក ដែលខ្ញុំសូមហើយ ទើបទ្រង់ត្រាស់ថា ម្នាលនាងដ៏ចម្រើន នាងចូរមកចុះ កាលនោះ ខ្ញុំក៏បានឧប្បសម្បទា ហើយបានឃើញទឹកបន្តិច។ ខ្ញុំដឹងនូវរូបប្រកបដោយការកើតឡើង និងការសូន្យទៅ ដោយគ្រាន់តែលាងជើង ហើយគិតក្នុងកាលនោះថា សង្ខាទាំងឡាយទាំងពួង មានសភាពដូចគ្នា។ លំដាប់នោះ ចិត្តរបស់ខ្ញុំ ក៏រួចស្រឡះចាកអាសវៈ ព្រោះមិនប្រកាន់ដោយប្រការទាំងពួង គ្រានោះ ព្រះជិនស្រី ទ្រង់តាំងខ្ញុំថា ប្រសើរលើសជាងភិក្ខុនី ដែលត្រាស់ដឹងឆាប់រហ័ស ខ្ញុំជាស្រីស្ទាត់ក្នុងឫទ្ធិទាំងឡាយផង ក្នុងសោតធាតុជាទិព្វផង ខ្ញុំជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្ដា ដឹងនូវចិត្តនៃបុគ្គលដទៃផង។ ខ្ញុំដឹងនូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុ ខ្ញុំបានជំរះហើយ ខ្ញុំជាភិក្ខុនីបរិសុទ្ធ មិនមានមន្ទិល ព្រោះញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយ។ ព្រះសាស្ដា ខ្ញុំបានប្រព្រឹត្តតាមហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំដកចេញហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភពថ្មី ខ្ញុំគាស់រំលើងចេញហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណធម៌ណា ប្រយោជន៍ គឺគុណធម៌នោះរបស់ខ្ញុំ ជាទីអស់ទៅនៃសញ្ញោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ។ ញាណរបស់ខ្ញុំដ៏ទូលាយស្អាត ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ ក៏ដូចគ្នា ព្រោះហេតុនៃព្រះពុទ្ធជាបុគ្គលប្រសើរ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចេញហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកុណ្ឌលកេសីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កុណ្ឌលកេសីថេរិយាបទាន។

កិសាគោតមីថេរិយាបទាន ទី២

(២. កិសាគោតមីថេរីអបទានំ)

[២២] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន គិតអំពីភទ្ទកប្បនេះទៅ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលមួយ នៅក្នុងក្រុងហង្សវតី បានចូលទៅគាល់ព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ប្រសើរជាងនរជននោះ ហើយយកព្រះអង្គជាទីពឹង។ ខ្ញុំបានស្ដាប់ធម៌ដ៏ពីរោះរបស់ព្រះអង្គ ជាធម៌ប្រកបដោយសច្ចៈ ៤ មានអានិសង្សដ៏ក្រៃលែង នាំមកនូវសេចក្ដីស្ងប់ និងសេចក្ដីសុខក្នុងចិត្ត។ កាលនោះ ព្រះពុទ្ធជាអ្នកប្រាជ្ញ ជាបុរសដ៏ខ្ពង់ខ្ពស់ ទ្រង់សរសើរតាំងភិក្ខុនី អ្នកទ្រទ្រង់ចីវរដ៏សៅហ្មង ក្នុងទីជាឯតទគ្គៈ។ ខ្ញុំញ៉ាំងបីតិមានប្រមាណច្រើនឲ្យកើត ស្ដាប់នូវគុណនៃភិក្ខុនី ខ្ញុំធ្វើនូវគ្រឿងសក្ការៈដល់ព្រះពុទ្ធ តាមគួរដល់សេចក្ដីអង់អាច តាមគួរដល់កម្លាំង។ ខ្ញុំបានក្រាបចុះជិតព្រះអង្គ ជាអ្នកប្រាជ្ញ មានប្រាជ្ញាខ្ជាប់ខ្ជួននោះ ហើយប្រាថ្នានូវតំណែងនោះ កាលនោះ ព្រះសម្ពុទ្ធ ជានាយក ទ្រង់អនុមោទនាចំពោះការបាននូវតំណែងនោះថា ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម ទ្រង់កើតក្នុងឱក្កាកៈត្រកូល នឹងត្រាស់ឡើងក្នុងលោក។ នាងនេះនឹងបានជាព្រះញាតិ ក្នុងធម៌ទាំងឡាយនៃព្រះគោតមនោះ ជាឱរស ជាធម្មនិម្មិត បានជាសាវិកានៃព្រះសាស្ដា មានឈ្មោះថា កិសាគោតមី។ កាលនោះ ខ្ញុំស្ដាប់នូវពុទ្ធព្យាករណ៍នោះ ក៏រីករាយ មានចិត្តប្រកបដោយមេត្តា បានបម្រើព្រះជិនស្រីជានាយក ដោយបច្ច័យទាំងឡាយដរាបដល់អស់ជីវិត។ ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ព្រះពុទ្ធ ទ្រង់ព្រះនាមកស្សបៈ មានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងហើយ ក្នុងភទ្ទកប្បនេះ។ កាលនោះ ព្រះរាជាក្នុងដែនកាសី ទ្រង់ព្រះនាមកិកី ព្រះអង្គជាធំជាងនរជន ក្នុងក្រុងពារាណសីដ៏ឧត្ដម ទ្រង់ជាឧបដ្ឋាកនៃព្រះពុទ្ធ ព្រះអង្គស្វែងរកនូវគុណដ៏ធំ។ ខ្ញុំជាធីតាទី ៥ នៃព្រះរាជានោះ មានឈ្មោះប្រាកដថា ធម្មា បានស្ដាប់ធម៌ព្រះជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងផ្នួស។ ព្រះបិតានៃយើង ទ្រង់មិនអនុញ្ញាតឲ្យបួសទេ កាលនោះ យើងជាអ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់កុមារីអស់ ២ ម៉ឺនឆ្នាំក្នុងផ្ទះ។ យើងជាព្រះរាជធីតា ៧ នាក់ ជាកញ្ញានៃស្ដេច ឋិតនៅក្នុងសេចក្ដីសុខ ត្រេកអរ រីករាយក្នុងការបម្រើព្រះពុទ្ធ គឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគំរប់ ៧។ (ព្រះរាជធីតា ៧ អង្គនោះ ចេរវិលវឹងមកបានជា) នាងខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ កុណ្ឌលា ១ ខ្ញុំ ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ ៧។ ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ដែលជាអ្នកធ្លាក់ខ្លួនកំសត់ឥតទ្រព្យ ជាត្រកូលទន់ទាបវិញ តែខ្ញុំបានមានប្ដីត្រកូលសម្បូណ៌ដោយទ្រព្យសម្បត្តិ។ ជនទាំងឡាយដ៏សេស វៀរលែងតែប្ដីរបស់ខ្ញុំចេញ សុទ្ធតែជាអ្នកឥតទ្រព្យ ខ្ញុំប្រសូតកូនក្នុងកាលណា ជនទាំងពួងក៏អាណិតខ្ញុំក្នុងកាលនោះ។ កាលណា កូនខ្ចីរបស់ខ្ញុំនោះ ជាកុមារតូច ឋិតនៅក្នុងសេចក្ដីសុខ ជាទីស្រឡាញ់របស់ខ្ញុំ ដូចជាជីវិតរបស់ខ្លួន កាលនោះ កូននោះ ក៏លុះអំណាចនៃសេចក្ដីស្លាប់ទៅ។ ខ្ញុំមានសេចក្ដីសោកគ្របសង្កត់ មានមុខប្រកបដោយសេចក្ដីទុក្ខ មានភ្នែកពេញដោយទឹកភ្នែក មានមាត់យំ ពសាកសពដែលស្លាប់នោះ ដើរយំត្អូញត្អែរ។ កាលនោះ ខ្ញុំបានជួបបុរសម្នាក់ ក៏ចូលទៅរកព្រះពុទ្ធជាគ្រូពេទ្យដ៏ប្រសើរ ហើយពោលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គឲ្យថ្នាំប្រោះកូនឲ្យរស់។ ព្រះជិនស្រី ព្រះអង្គជាអ្នកឈ្លាសវៃក្នុងឧបាយនៃការទូន្មាន ទ្រង់ត្រាស់ថា ជនទាំងឡាយដែលស្លាប់ហើយ មិនមានក្នុងផ្ទះណា ចូរនាងយកគ្រាប់ស្ពៃអំពីផ្ទះនោះមក (ឲ្យតថាគត)។ កាលនោះ ខ្ញុំដើរទៅកាន់ក្រុងសាវត្ថី រកមិនបានផ្ទះប្រាកដដូច្នោះ ព្រោះហេតុនោះ នឹងរកគ្រាប់ស្ពៃអំពីផ្ទះណាបាន លំដាប់នោះ ខ្ញុំក៏បាននូវស្មារតីឡើង។ ខ្ញុំចោលនូវសាកសព ហើយចូលទៅគាល់ព្រះពុទ្ធ ជាលោកនាយក ចំណែកខាងព្រះអង្គ មានសម្លេងពីរោះ ទ្រង់ទតឃើញខ្ញុំអំពីចម្ងាយ ហើយត្រាស់ថា បុគ្គលណា កាលមិនបានឃើញនូវការកើត និងការសូន្យទៅ (នៃបញ្ចក្ខន្ធ) ទេ ហើយរស់នៅមួយរយឆ្នាំក៏ដោយ ជីវិតរបស់បុគ្គល អ្នកឃើញនូវការកើតឡើង និងការសូន្យទៅ (នៃបញ្ចក្ខន្ធ) សូម្បីរស់នៅតែមួយថ្ងៃ ក៏ប្រសើរជាង។

អនិច្ចតាធម៌នេះ នឹងថាជាធម៌សម្រាប់ស្រុកមួយក៏ទេ ជាធម៌សម្រាប់និគមមួយក៏ទេ ជាធម៌សម្រាប់ត្រកូលមួយក៏ទេ ធម៌នុ៎ះឯង សម្រាប់លោក ព្រមទាំងទេវលោកទាំងអស់។

ខ្ញុំនោះ បានស្ដាប់នូវគាថាទាំងឡាយនេះ ហើយជម្រះនូវធម្មចក្ខុ គឺសោតាបត្តិមគ្គ លំដាប់នោះ ខ្ញុំក៏ដឹងច្បាស់នូវព្រះសទ្ធម្ម ហើយចូលទៅកាន់ផ្នួស។ លុះខ្ញុំបួសរួចហើយ ក៏មានចិត្តស្ងប់ ប្រកបក្នុងសាសនាព្រះជិនស្រី អស់កាលមិនយូរប៉ុន្មាន ខ្ញុំក៏បានសម្រេចនូវព្រះអរហត្ត។ ខ្ញុំជាអ្នកធ្វើនូវសាសនានៃព្រះសាស្ដា ស្ទាត់ក្នុងឫទ្ធិទាំងឡាយ ដឹងនូវចិត្តនៃបុគ្គលដទៃ ដោយសោតធាតុដ៏ជាទិព្វ។ ខ្ញុំដឹងនូវបុព្វេនិវាសញ្ញាណ ទិព្វចក្ខុ ខ្ញុំក៏បានជម្រះហើយ ខ្ញុំបានញ៉ាំងអាសវៈទាំងពួងឲ្យអស់ទៅ ជាអ្នកបរិសុទ្ធស្អាត មិនមានមន្ទិលសោះឡើយ។ ព្រះសាស្ដា ខ្ញុំបានបម្រើហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាដែលជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំគាស់រំលើងចោលហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺកិរិយាអស់ទៅនៃសំយោជនៈទាំងពួងនោះ ខ្ញុំបានសម្រេចហើយ។ ញាណរបស់ខ្ញុំដ៏ធំទូលាយស្អាត ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ ព្រោះអំណាចនៃព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំនាំសំពត់អំពីគំនរសម្រាមផង អំពីព្រៃស្មសានផង អំពីច្រកផង ហើយធ្វើជាសង្ឃាដី ទ្រទ្រង់នូវចីវរដ៏សៅហ្មង។ ព្រះជិនស្រីជានាយក ទ្រង់ត្រេកអរក្នុងគុណរបស់ខ្ញុំ គឺការទ្រទ្រង់នូវចីវរដ៏សៅហ្មងនោះ បានតាំងខ្ញុំក្នុងទីជាឯតទគ្គៈ ក្នុងពួកបរិស័ទ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីដ៏ប្រសើរកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះកិសាគោតមីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ កិសាគោតមីថេរិយាបទាន។

ធម្មទិន្នាថេរិយាបទាន ទី៣

(៣. ធម្មទិន្នាថេរីអបទានំ)

[២៣] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ជាអ្នកដឹកនាំសត្វលោក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលមួយ ក្នុងក្រុងហង្សវតី ជាអ្នកធ្វើនូវការងារនៃជនដទៃ ខ្ញុំមានប្រាជ្ញាចាស់ សង្រួមក្នុងសីល។ ព្រះថេរៈឈ្មោះសុជាត ជាអគ្គសាវ័កនៃព្រះពុទ្ធ ព្រះនាមបទុមុត្តរៈ ចេញអំពីវត្តទៅដើម្បីបិណ្ឌបាត។ កាលនោះ ខ្ញុំចេញទៅដងទឹក កាន់ក្អមដើរទៅ បានឃើញព្រះថេរៈនោះ ក៏មានសេចក្ដីជ្រះថ្លា បានប្រគេននំដោយដៃរបស់ខ្លួន។ ព្រះថេរៈនោះ ទទួលនំហើយ ក៏គង់ឆាន់ក្នុងទីនោះ លំដាប់នោះ ម្ចាស់របស់ខ្ញុំ មានចិត្តត្រេកអរនឹងខ្ញុំ បានយកខ្ញុំធ្វើជាកូនប្រសារបស់ខ្លួន ខ្ញុំទៅជាមួយនឹងម្ដាយក្មេក ថ្វាយបង្គំព្រះសម្ពុទ្ធ។ គ្រានោះ ព្រះអង្គទ្រង់តាំងភិក្ខុនីមួយរូប ជាធម្មកថិកា អ្នកសម្ដែងធម៌ដល់បរិស័ទ ក្នុងទីជាឯតទគ្គៈ ខ្ញុំបានស្ដាប់ពុទ្ធតម្រាស់នោះហើយ ក៏មានចិត្តរីករាយខ្លាំង។ ខ្ញុំនិមន្តព្រះសុគត ជាលោកនាយក ព្រមទាំងភិក្ខុសង្ឃ ថ្វាយមហាទាន ហើយប្រាថ្នានូវតំណែងនោះ។ លំដាប់នោះ ព្រះសុគត ព្រះអង្គមានសម្លេងណែនរំពងពីរោះ ត្រាស់នឹងខ្ញុំថា នាងជាស្រីត្រេកអរក្នុងការបម្រើតថាគត ជាអ្នកអង្គាសតថាគត ព្រមទាំងភិក្ខុសង្ឃ។ នាងជាអ្នកប្រកបក្នុងការស្ដាប់នូវព្រះសទ្ធម្ម មានចិត្តចម្រើនដោយគុណ ម្នាលនាងដ៏ចម្រើន នាងចូររីករាយចុះ នាងនឹងបានផលដែលនាងតាំងប្រាថ្នានុ៎ះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់ឡើងក្នុងលោក។ នាងនឹងបានជាញាតិក្នុងធម៌នៃព្រះពុទ្ធអង្គនោះ ជាឱរស ជាធម្មនិម្មិត បានជាសាវិកានៃព្រះសាស្ដា មានឈ្មោះថា ធម្មទិន្នា។ ខ្ញុំបានស្ដាប់ព្យាករណ៍នោះ ក៏រីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះមហាមុនី ជានាយក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ព្រះពុទ្ធ មានផៅពង្សដ៏ប្រសើរ មានយសធំ ព្រះអង្គប្រសើរជាងពួកអ្នកប្រាជ្ញ ទ្រង់ព្រះនាមកស្សបៈ កើតឡើងហើយក្នុងភទ្ទកប្បនេះ។ កាលនោះ ព្រះរាជាក្នុងដែនកាសី ព្រះនាមកិកី ជាឥស្សរៈនៃនរៈ ក្នុងក្រុងពារាណសីដ៏ឧត្ដម ជាឧបដ្ឋាកនៃព្រះពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ។ ខ្ញុំជាធីតាទី ៦ នៃព្រះរាជាអង្គនោះ មានឈ្មោះប្រាកដថា នាងសុធម្មា បានស្ដាប់ធម៌នៃព្រះជិនស្រីដ៏ប្រសើរ ហើយពេញចិត្តនឹងផ្នួស។ ព្រះបិតារបស់យើង ទ្រង់មិនអនុញ្ញាត កាលនោះ យើងជាអ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់កុមារីអស់ ២ ម៉ឺនឆ្នាំ ក្នុងផ្ទះ។

ចប់ ភាណវារៈ ទី៣។

ធីតា ៧ អង្គ ជាកញ្ញានៃស្ដេច តាំងនៅក្នុងសេចក្ដីសុខ ត្រេកអររីករាយក្នុងការបម្រើព្រះពុទ្ធ គឺនាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគម្រប់ ៧។ (ធីតា ៧ អង្គនោះ ចេរវិលវឹងមកបានជា) នាងខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ កុណ្ឌលា ១ គោតមី ១ ខ្លួនខ្ញុំ ១ វិសាខា ជាគម្រប់ ៧។ ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋីដ៏ស្ដុកស្ដម្ភ ក្នុងក្រុងគិរិព្វជៈដ៏ឧត្ដម អាចសម្រេចសេចក្ដីប្រាថ្នាទាំងពួងបាន។ កាលណា ខ្ញុំប្រកបដោយគុណ គឺរូបសម្បត្តិ តាំងនៅក្នុងបឋមវ័យហើយ កាលនោះឯង ខ្ញុំបានទៅកាន់ត្រកូលនៃបុរសដទៃ (មានប្ដី) ហើយនៅស្កប់ស្កល់ដោយសេចក្ដីសុខ។ ឯស្វាមីរបស់ខ្ញុំនោះ មានប្រាជ្ញាល្អ បានចូលទៅគាល់ព្រះពុទ្ធ ជាទីពឹងនៃសត្វលោក ស្ដាប់ធម៌ទេសនាហើយ ក៏បានដល់នូវអនាគាមិផល។ កាលនោះ ខ្ញុំបានញ៉ាំងស្វាមីនោះ ឲ្យអនុញ្ញាតហើយ ចូលទៅកាន់ផ្នួស អស់កាលមិនយូរប៉ន្មាន ក៏បានដល់ព្រះអរហត្ត។ កាលនោះ ឧបាសកនោះ ចូលមករកខ្ញុំ ហើយសួរនូវប្រស្នាទាំងឡាយដ៏ជ្រាលជ្រៅ ខ្ញុំក៏បានព្យាករប្រស្នាទាំងអស់នោះ។ ព្រះជិនស្រី ត្រេកអរក្នុងគុណនោះហើយ បានតាំងខ្ញុំក្នុងទីជាឯតទគ្គៈថា តថាគតមិនឃើញភិក្ខុនីជាធម្មកថិកាដទៃ ប្រាកដដូចភិក្ខុនីនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុកយ៉ាងនេះថា នាងធម្មទិន្នាជាអ្នកប្រាជ្ញ។

ខ្ញុំឈ្មោះថាជាស្រីបណ្ឌិត ដែលព្រះលោកនាយកអនុគ្រោះ ដោយប្រការយ៉ាងនេះឯង។ ព្រះសាស្ដា ខ្ញុំបានបម្រើដោយគោរពហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានរំលើងចោលហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ។ ខ្ញុំជាអ្នកស្ទាត់ក្នុងឫទ្ធិទាំងឡាយ ជាអ្នកធ្វើតាមពុទ្ធសាសនា ដឹងនូវចិត្តនៃបុគ្គលដទៃ ដោយសោតធាតុដ៏ជាទិព្វ។ ខ្ញុំដឹងនូវបុព្វេនិវាសញ្ញាណ ទិព្វចក្ខុ ខ្ញុំបានជម្រះហើយ ខ្ញុំញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយ ជាអ្នកបរិសុទ្ធស្អាត មិនមានមន្ទិលសោះឡើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចោលអស់ហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះធម្មទិន្នាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ធម្មទិន្នាថេរិយាបទាន។

សកុលាថេរិយាបទាន ទី៤

(៤. សកុលាថេរីអបទានំ)

[២៤] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះអង្គប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ជាបុរសអាជានេយ្យ ប្រតិបត្តិដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដើម្បីសេចក្ដីចម្រើន ដល់សព្វសត្វ ក្នុងមនុស្សលោក ព្រមទាំងទេវលោក។ ព្រះជិនស្រី ទ្រង់ដល់នូវយសដ៏ប្រសើរ មានសិរី ពេញពោរដោយកេរ្តិ៍ឈ្មោះ និងសេចក្ដីសរសើរ ដែលលោកទាំងពួងបូជាហើយ ប្រាកដក្នុងទិសទាំងពួង។ ព្រះអង្គមានសេចក្ដីសង្ស័យឆ្លងហើយ មានសេចក្ដីងឿងឆ្ងល់កន្លងបង់ហើយ មានសេចក្ដីត្រិះរិះក្នុងព្រះទ័យបរិបូណ៌ហើយ ទ្រង់ដល់នូវសម្ពោធិញ្ញាណដ៏ឧត្ដម។ ព្រះសម្ពុទ្ធប្រសើរជាងនរជន ទ្រង់ញ៉ាំងមគ្គដែលមិនទាន់កើត ឲ្យកើតឡើងផង សម្ដែងនូវមគ្គដែលមិនទាន់សម្ដែងផង បណ្ដុះនូវមគ្គដែលមិនទាន់បណ្ដុះផង។ ព្រះសម្ពុទ្ធជាអ្នកអង់អាចជាងនរជន ព្រះអង្គជ្រាបនូវមគ្គ ត្រាស់ដឹងនូវមគ្គ ប្រាប់នូវមគ្គ ជាគ្រូប្រៀនប្រដៅដ៏ឧត្ដម ប្រសើរជាងសារថីទាំងឡាយ។ ព្រះសម្ពុទ្ធ ព្រះអង្គប្រកបដោយព្រះទ័យករុណាដ៏ធំ ជាទីពឹងនៃសត្វលោក ជាអ្នកដឹកនាំសត្វលោក ទ្រង់សម្ដែងធម៌ស្រោចស្រង់នូវសត្វទាំងឡាយ ដែលមុជចុះក្នុងភក់គឺកាម។ កាលនោះ ខ្ញុំកើតក្នុងក្រុងហង្សវតី ឈ្មោះខត្តិយនន្ទា ជាស្រីមានរូបល្អ ប្រកបដោយទ្រព្យ មានចិត្តអាណិតអាសូរចំពោះអ្នកដទៃ ជាស្រីមានសិរី។ ខ្ញុំជាធីតានៃមហារាជ ព្រះនាមអានន្ទ ជាស្រីមានលំអដ៏ប្រសើរ ជាប្អូនស្រីមានមាតាផ្សេងគ្នា នៃព្រះពុទ្ធព្រះនាមបទុមុត្តរៈ។ ខ្ញុំស្អិតស្អាងដោយគ្រឿងអាភរណៈទាំងពួង ជាមួយនឹងព្រះរាជកញ្ញាទាំងឡាយ ហើយចូលទៅគាល់ព្រះពុទ្ធ ទ្រង់មានព្យាយាមធំ ហើយស្ដាប់ធម៌ទេសនា។ គ្រានោះ ព្រះអង្គជ្រាបច្បាស់នូវលោក ទ្រង់តាំងភិក្ខុនីនោះ ដែលមានចក្ខុដូចជាទិព្វ ក្នុងឋានៈដ៏ប្រសើរក្នុងកណ្ដាលនៃបរិស័ទ ៤។ ខ្ញុំបានស្ដាប់ព្យាករណ៍នោះហើយ ក៏មានចិត្តរីករាយ ថ្វាយទានដល់ព្រះសាស្ដា បូជាព្រះសម្ពុទ្ធ ហើយប្រាថ្នានូវទិព្វចក្ខុ។ លំដាប់នោះ ព្រះសាស្ដា បានត្រាស់នឹងខ្ញុំថា ម្នាលនាងនន្ទា នាងនឹងបានតំណែងដែលនាងប្រាថ្នា ឋានៈដែលនាងប្រាថ្នា ដោយប្រពៃនុ៎ះ ជាផលនៃធម្មទានដូចជាប្រទីប។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងឡើងក្នុងលោក។ នាងនឹងបានជាព្រះញាតិ ក្នុងធម៌ទាំងឡាយនៃព្រះសាស្ដានោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកាព្រះសាស្ដា មានឈ្មោះថា សកុលា។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ព្រះពុទ្ធ ព្រះនាមកស្សបៈ ព្រះអង្គមានផៅពង្សដ៏ប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ។ កាលនោះ ខ្ញុំបួសជានាងបរិព្វាជិកា ប្រព្រឹត្តិម្នាក់ឯង ត្រាច់ទៅដើម្បីភិក្ខា ហើយបាននូវវត្ថុត្រឹមតែប្រេងប៉ុណ្ណោះ។ ខ្ញុំមានចិត្តជ្រះថ្លា បានអុជប្រទីបដោយប្រេងនោះ បម្រើព្រះចេតិយ ប្រសើរសមរម្យជាងចេតិយទាំងពួងនៃព្រះពុទ្ធប្រសើរជាងសត្វមានជើងពីរ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ដោយផលនៃកម្មនោះ ខ្ញុំកើតក្នុងទីណាៗ ប្រទីបដ៏ធំទាំងឡាយ បំភ្លឺដល់ខ្ញុំដែលនៅក្នុងទីនោះៗ។ ខ្ញុំប្រាថ្នារបស់ណា ខ្ញុំឃើញ (របស់នោះ) ឆ្លុះរហូតខាងក្រៅជញ្ជាំង ឆ្លុះរហូតខាងក្រៅនៃភ្នំថ្ម នេះជាផលនៃការឲ្យប្រទីប។ ខ្ញុំជាអ្នកមានភ្នែកស្អាត រុងរឿងដោយយស មានសទ្ធា មានប្រាជ្ញា នេះជាផលនៃការឲ្យប្រទីប។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលព្រាហ្មណ៍ មានទ្រព្យ និងស្រូវច្រើន ជាត្រកូលរីករាយ ដែលស្ដេចរាប់អានបូជាហើយ។ ខ្ញុំបរិបូណ៌ដោយអវយវៈគ្រប់យ៉ាង ស្អិតស្អាងដោយអាភរណៈទាំងពួង ខ្ញុំឈរនៅត្រង់បង្អួច ឃើញព្រះសុគត ត្រង់ប្រទេសជាទីចូលទៅកាន់បូរី។ ខ្ញុំឃើញព្រះពុទ្ធរុងរឿងដោយយស ដែលទេវតា និងមនុស្ស ធ្វើសក្ការៈហើយ ទ្រង់បរិបូណ៌ដោយអនុព្យញ្ជនៈ ស្អិតស្អាងដោយលក្ខណៈទាំងឡាយ។ ខ្ញុំមានចិត្តអណ្ដែតឡើង មានចិត្តល្អ ពេញចិត្តនឹងផ្នួស អស់កាលមិនយូរប៉ន្មាន ក៏បានដល់ព្រះអរហត្ត។ ខ្ញុំជាអ្នកស្ទាត់ជំនាញ ក្នុងឫទ្ធិទាំងឡាយ ជាអ្នកធ្វើតាមសាសនានៃព្រះសាស្ដា ដឹងនូវចិត្តនៃបុគ្គលដទៃ ដោយសោតធាតុដ៏ជាទិព្វ។ ខ្ញុំដឹងនូវបុព្វេនិវាសញ្ញាណ ទិព្វចក្ខុ ខ្ញុំបានជម្រះហើយ ខ្ញុំបានញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយ ជាអ្នកបរិសុទ្ធស្អាត មិនមានមន្ទិលឡើយ។ ព្រះសាស្ដា ខ្ញុំបានបម្រើហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានដកចោលហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ។ លំដាប់នោះ ព្រះពុទ្ធប្រសើរជាងនរជន ព្រះអង្គប្រកបដោយមហាករុណា ទ្រង់តាំងខ្ញុំជាឯតទគ្គៈ ដោយព្រះពុទ្ធដីកាថា នាងសកុលាថេរី ជាភិក្ខុនីប្រសើរផុតជាងថេរីទាំងឡាយ ដែលមានទិព្វចក្ខុ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសកុលាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សកុលាថេរិយាបទាន។

នន្ទាថេរិយាបទាន ទី៥

(៥. នន្ទាថេរីអបទានំ)

[២៥] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ ព្រះពុទ្ធទ្រង់ទូន្មានសត្វលោក ញ៉ាំងសត្វលោកឲ្យដឹងច្បាស់ ចម្លងសត្វទាំងពួង ឈ្លាសវៃក្នុងទេសនា ទ្រង់ញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លងហើយ។ ព្រះអង្គជាអ្នកអនុគ្រោះ ប្រកបដោយករុណា ស្វែងរកនូវប្រយោជន៍ដល់សត្វទាំងពួង ទ្រង់ញ៉ាំងតិរ្ថិយទាំងពួងដែលមកដល់ហើយ ឲ្យតាំងនៅក្នុងសីល ៥។ សីល ៥ ជារបស់មិនវឹកវរយ៉ាងនេះ ជារបស់សូន្យពួកតិរ្ថិយ ជារបស់ដែលព្រះអរហន្ដទាំងឡាយ អ្នកមានសេចក្ដីស្ទាត់ជំនាញ ប្រកបដោយតាទិគុណវិចិត្រហើយ។ ព្រះពុទ្ធព្រះនាមបទុមុត្តរៈនោះ ជាអ្នកប្រាជ្ញធំ មានកំពស់ ៥៨ហត្ថ មានទ្រង់ទ្រាយដូចចេតិយមាស មានលក្ខណៈ ៣២ ដ៏ប្រសើរ។ ព្រះអង្គមានព្រះជន្មមួយសែនឆ្នាំជាកំណត់ ទ្រង់ឋិតនៅអស់កាលប៉ុណ្ណោះ ទ្រង់ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លងហើយ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ជាត្រកូលរុងរឿងដោយកែវផ្សេងៗ ជាអ្នកស្កប់ស្កល់ដោយសេចក្ដីសុខដ៏ធំ នៅក្នុងក្រុងហង្សវតី។ ខ្ញុំបានចូលទៅគាល់ព្រះពុទ្ធអង្គនោះ ព្រះអង្គមានព្យាយាមធំ ខ្ញុំបានស្ដាប់នូវធម៌ទេសនា គឺអមតនិព្វាន ជាធម៌មានអានិសង្សក្រៃលែង មានប្រយោជន៍យ៉ាងល្អិតល្អន់ ជាធម៌ដែលព្រះអង្គសំដែងហើយ។ គ្រានោះ ខ្ញុំមានចិត្តជ្រះថ្លាខ្លាំង បាននិមន្តព្រះលោកនាយក ព្រមទាំងភិក្ខុសង្ឃ ហើយថ្វាយមហាទានដល់ព្រះអង្គ ដោយដៃរបស់ខ្លួន។ ខ្ញុំក្រាបជិតព្រះលោកនាយក ព្រះអង្គមានព្យាយាម ព្រមទាំងព្រះសង្ឃដោយត្បូង ហើយប្រាថ្នានូវតំណែងដ៏ប្រសើរ ជាងពួកភិក្ខុនីដែលមានឈាន។ កាលនោះ ព្រះអង្គទូន្មានសត្វដែលមិនទាន់ទូន្មានហើយ ជាទីពឹងនៃលោកទាំង ៣ មានរស្មី ព្រះអង្គជានាយសារថីរបស់ពួកនរជន ទ្រង់ព្យាករថា នាងនឹងបាននូវតំណែងដែលនាងប្រាថ្នាហើយដោយប្រពៃនុ៎ះ។ ក្នុងមួយសែនកប្ប អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម សម្ភពក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក។ នាងនឹងបានជាញាតិក្នុងធម៌ទាំងឡាយ របស់ព្រះសាស្ដាអង្គនោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកានៃព្រះសាស្ដា មានឈ្មោះថា នាងនន្ទា។ កាលនោះ ខ្ញុំបានស្ដាប់ពុទ្ធព្យាករណ៍នោះហើយ ក៏មានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រី ព្រះអង្គជានាយក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។ ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ លុះខ្ញុំច្យុតចាកឋានតាវត្តឹង្សនោះ បានទៅកើតឯឋានយាមៈ ច្យុតចាកឋានយាមៈនោះ បានទៅកាន់ឋានតុសិត ច្យុតចាកឋានតុសិតនោះ បានទៅកាន់និម្មានរតី ច្យុតចាកនិម្មានរតីនោះហើយ បានទៅកាន់បរនិម្មិតវសវត្តីបុរី។ ដោយផលនៃកុសលកម្មនោះ ខ្ញុំកើតក្នុងទីណាៗ តែងបានជាមហេសីនៃស្ដេចទាំងឡាយ ក្នុងទីនោះៗ។ ខ្ញុំច្យុតចាកទីនោះហើយ កើតជាមនុស្ស បានជាមហេសីនៃស្ដេចចក្រពត្តិទាំងឡាយផង នៃស្ដេចមានមណ្ឌលទាំងឡាយផង។ ខ្ញុំសោយនូវសម្បត្តិក្នុងទេវតា និងមនុស្ស ហើយដល់នូវសេចក្ដីសុខ ក្នុងទីទាំងពួង អន្ទោលទៅ អស់កប្បច្រើន។ លុះដល់មកក្នុងបច្ឆិមភព ខ្ញុំកើតជាធីតានៃព្រះបាទសុទ្ធោទនៈ មិនមានអ្នកណាមួយតិះដៀលបាន ក្នុងបុរីឈ្មោះ កបិលពស្ដុ។ ត្រកូលនោះ ក៏ដល់នូវសេចក្ដីត្រេកអរ ព្រោះបានឃើញខ្ញុំ ជាស្រីមានរស្មី ព្រោះហេតុនោះ ឈ្មោះរបស់ខ្ញុំថា នាងនន្ទា ខ្ញុំជាស្រីល្អប្រសើរ។ មួយទៀត ខ្ញុំប្រាកដជាស្រីមានលំអ ជាងស្រីក្រមុំទាំងអស់ វៀរលែងតែព្រះនាងយសោធរា ក្នុងនគរជាទីរីករាយនោះចេញ។ បងប្រុសច្បង (របស់ខ្ញុំ) បានជាកំពូលនៃលោកទាំង ៣ បងប្រុសបន្ទាប់ខាងក្រោយ ជាព្រះអរហន្ដដូចគ្នា ខ្ញុំនៅជាគ្រហស្ថតែម្នាក់ឯង ដែលមានមាតាតែងដាស់តឿនថា នាងជាព្រះអនុជានៃព្រះពុទ្ធ កើតក្នុងត្រកូលសក្យបុត្រ នាងបើវៀរចាកសេចក្ដីត្រេកអរក្នុងធម៌ហើយ តើនឹងបាននូវអ្វីក្នុងផ្ទះ។ សេចក្ដីចម្រើន មានជរាជាទីបំផុត រូបជារបស់ដែលសន្មតថាមិនស្អាត ការមិនមានរោគ មានរោគជាទីបំផុត ជីវិតមានសេចក្ដីស្លាប់ជាទីបំផុត។ រូបរបស់នាងនេះល្អ គួររមិលមើល គួររីករាយ ជាគ្រឿងប្រដាប់របស់អ្នកស្អិតស្អាងទាំងឡាយ ដូចជាទីលំនៅដែលមានសិរី។ (រូបរបស់នាង) ដែលគេបូជាហើយ ដូចជាវត្ថុមានខ្លឹមក្នុងលោក ជាទីនាំមកនូវរសដល់ភ្នែកទាំងឡាយ ជាទីញ៉ាំងកិត្តិស័ព្ទឲ្យកើតដល់ជនអ្នកមានបុណ្យទាំងឡាយ ជាទីញ៉ាំងឱក្កាកត្រកូលឲ្យត្រេកអរ។ អស់កាលមិនយូរប៉ុន្មាន ជរានឹងគ្របសង្កត់ (នូវរូបរបស់នាង) មិនខាន នាងគួរលះបង់ផ្ទះ ដែលអ្នកប្រាជ្ញគប្បីតិះដៀល ហើយប្រព្រឹត្តធម៌ ដែលអ្នកប្រាជ្ញមិនតិះដៀលវិញ។ ខ្ញុំបានស្ដាប់ពាក្យរបស់មាតា ជាអ្នកមានចិត្តមិនរលោរលាំដោយរាងកាយ និងរូប និងវ័យ ហើយចូលទៅកាន់ផ្នួស។ មាតារបស់ខ្ញុំ ពោលដើម្បីធ្វើនូវសេចក្ដីរំឭក ដោយការរៀនឈានដ៏ធំ ជាធម្មជាតស្អាត តែខ្ញុំមិនបានខ្វល់ខ្វាយ ក្នុងការរៀនឈាននោះទេ។ លំដាប់នោះ ព្រះជិនស្រី ប្រកបដោយមហាករុណា ឃើញខ្ញុំមានមុខដូចផ្កាឈូក ទ្រង់និម្មិតស្រីល្អគួររមិលមើល រុងរឿងក្រៃពេក មានរូបល្អជាងខ្ញុំ ក្នុងរង្វង់ចក្ខុរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំនឿយណាយក្នុងរូប ដោយអានុភាពនៃព្រះអង្គ។ ខ្ញុំឃើញស្រីនោះ មានរាងកាយអស្ចារ្យក្រៃពេក ក៏ស្ងើចគិតថា ភ្នែករបស់អញ ប្រកបដោយផល ព្រោះរូបជារបស់មនុស្សនេះ ជាលាភនៃភ្នែក។ ខ្ញុំនិយាយនឹងស្រីនោះថា ម្នាលស្រីល្អល្អះ នាងចូរមក នាងមានសេចក្ដីត្រូវការដោយវត្ថុណា នាងចូរប្រាប់វត្ថុនោះដល់ខ្ញុំ បើ (ពាក្យរបស់ខ្ញុំ) ជាទីស្រឡាញ់នៃនាង។ ចូរនាងប្រាប់ខ្ញុំនូវត្រកូលនាម និងគោត្ររបស់នាង។ ម្នាលស្រីល្អ (កាលនេះ) មិនមែនជាកាលគួរដោះស្រាយប្រស្នាទេ នាងចូរឲ្យខ្ញុំឋិតនៅលើភ្លៅ អវយវៈទាំងឡាយរបស់ខ្ញុំស្រុតចុះ នាងចូរឲ្យខ្ញុំដេកមួយរំពេច។ លំដាប់នោះ ស្រីដែលព្រះពុទ្ធនិមិត្តដ៏ល្អនោះ ដេកកើយក្បាលលើភ្លៅនៃខ្ញុំ ខ្ញុំជាស្រីអាក្រក់យ៉ាងក្រៃលែង ក៏ដួលទៅលើថ្ងាសស្រីនោះ។ ពកក៏កើតឡើងដល់ស្រីនោះ ដំណាលគ្នានឹងការដួលចុះ ខ្ទុះ និងឈាមទាំងឡាយ ហូរចេញចាកសាកសព ដែលបែកធ្លាយហើយផង មាត់មានក្លិនស្អុយ ដូចសាកសពបែកធ្លាយហើយផង សរីរៈទាំងមូល ហើមប៉ោងឡើង មានសម្បុរខៀវផង។ ស្រីនោះ មានអវយវៈទាំងពួងញ័ររន្ធត់ ដកដង្ហើមចេញម្ហបៗ ទទួលរងទុក្ខរបស់ខ្លួន ខ្សឹកខ្សួល (ព្រោះអាស្រ័យ) នូវសេចក្ដីករុណាថា អាត្មាអញលំបាកដោយសេចក្ដីទុក្ខ ប៉ះពាល់នូវវេទនា ជ្រមុជចុះក្នុងទុក្ខធំ អាត្មាអញ មានសំឡាញ់ជាទីពឹងនៃអាត្មាអញ។ ឱ! លំអមុខរបស់នាង បាត់ទៅឯណាទៅ ច្រមុះកោងរបស់នាង បាត់ទៅឯណាទៅ បបូរមាត់ដ៏ប្រសើរដូចជាផ្លែបាសទុំរបស់នាង បាត់ទៅឯណាទៅ មាត់របស់នាងបាត់ទៅឯណាទៅ។ សម្បុររបស់នាងប្រហែលដោយព្រះចន្ទ្រ បាត់ទៅឯណាទៅ កដ៏ប្រដាប់ដោយមាសរបស់នាង បាត់ទៅឯណាទៅ ចង្កោមផ្កា និងកម្រងផ្កា និងត្រចៀករបស់នាង ប្រកបដោយសម្បុរខុសគ្នា។ ដោះរបស់នាងក្បំ មានអាការដូចផ្កាឈូកក្ដោប សាកសពមានក្លិនស្អុយបែកធ្លាយហើយ មានក្លិនអាក្រក់ក្រៃពេក។ នាងមានចង្កេះរល មានទ្រគាកធំ មានខ្លួនអាក្រក់ក្រៃលែងដូចជ្រញ់ ពេញដោយវត្ថុមិនស្អាត ឱហ្ន៎! រូបមិនទៀងទេតើ។ ពួកពាលតែងត្រេកអរក្នុងរូបណា រូបទាំងអស់នោះ ដែលកើតហើយ ជាសរីរៈមានក្លិនស្អុយ គួរខ្លាច ជាទីខ្ពើមរអើមដូចជាព្រៃស្មសាន។ កាលនោះ ព្រះសាស្ដាជាបងរបស់ខ្ញុំ ប្រកបដោយមហាករុណា ជានាយកនៃសត្វលោក ទ្រង់ឃើញខ្ញុំមានចិត្តតក់ស្លុត ទ្រង់បានត្រាស់នូវគាថាទាំងនេះថា ម្នាលនាងនន្ទា នាងចូរមើលនូវសាកសព ដែលឈឺជានិច្ច មានក្លិនស្អុយ មានឆ្អឹង ៣០០ កំណាត់លើកឡើងហើយ នាងចូរចម្រើនចិត្តដោយអសុភកម្មដ្ឋាន ឲ្យជាចិត្តមានអារម្មណ៍តែមួយ តាំងនៅមាំដោយប្រពៃចុះ។ រូបរបស់នាងនេះយ៉ាងណា រូបរបស់ស្រីនុ៎ះ ក៏យ៉ាងនោះដែរ រូបរបស់ស្រីនុ៎ះយ៉ាងណា រូបរបស់នាងនេះ ក៏យ៉ាងនោះដែរ រូបនេះមានក្លិនអាក្រក់ស្អុយផ្សាយទៅ តែពួកពាលប្រាថ្នាក្រៃពេក។ ជនទាំងឡាយ ដែលមិនខ្ជិលទាំងយប់ទាំងថ្ងៃ រមែងពិចារណាឃើញរូបនុ៎ះ យ៉ាងនេះឯង នាងនឿយណាយចាករូបនោះ ហើយឃើញដោយប្រាជ្ញារបស់ខ្លួនចុះ។ លំដាប់នោះ ខ្ញុំបានស្ដាប់នូវគាថាជាសុភាសិត ក៏មានចិត្តតក់ស្លុត ខ្ញុំឋិតនៅក្នុងទីនោះ មានចិត្តស្ងប់ បានដល់នូវព្រះអរហត្ត។ កាលនោះ ខ្ញុំអង្គុយក្នុងទីណាៗ ក៏មានឈានជាទីប្រព្រឹត្តទៅខាងមុខ ព្រះជិនស្រី ត្រេកអរក្នុងគុណនោះហើយ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនន្ទាភិក្ខុនីជនបទកល្យាណីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ នន្ទាថេរិយាបទាន។

សោណាថេរិយាបទាន ទី៦

(៦. សោណាថេរីអបទានំ)

[២៦] ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក ទ្រង់កើតឡើងហើយ ក្នុងកប្បទីមួយសែន អំពីកប្បនេះ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ដល់នូវសេចក្ដីសុខ ជាស្រីមានគេជាប់ចិត្ត ជាទីស្រឡាញ់ (នៃជនដទៃ) ខ្ញុំបានចូលទៅគាល់ព្រះពុទ្ធអង្គនោះ ជាអ្នកប្រាជ្ញដ៏ប្រសើរ បានស្ដាប់តម្រាស់ដ៏ពីរោះ។ ព្រះជិនស្រី ទ្រង់សរសើរភិក្ខុនី អ្នកមានព្យាយាមលើសលុប ជាងភិក្ខុនីទាំងឡាយ អ្នកមានព្យាយាមប្រារព្ធ ខ្ញុំបានស្ដាប់ព្រះពុទ្ធតម្រាស់នោះ ក៏មានចិត្តរីករាយ ហើយធ្វើនូវសក្ការៈចំពោះព្រះសាស្ដា។ កាលនោះ ខ្ញុំថ្វាយបង្គំព្រះសម្ពុទ្ធ ហើយប្រាថ្នានូវតំណែងនោះ ព្រះមហាវីរបុរស ទ្រង់អនុមោទនាថា សេចក្ដីប្រាថ្នានៃនាងនឹងសម្រេច។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ដឹងឡើងក្នុងលោក។ នាងនឹងបានជាញាតិ ក្នុងធម៌ទាំងឡាយនៃព្រះសាស្ដានោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកានៃព្រះសាស្ដា មានឈ្មោះថា សោណា។ កាលនោះ ខ្ញុំបានស្ដាប់ពុទ្ធព្យាករណ៍នោះហើយ ក៏មានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រី ជានាយកនៃសត្វលោក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អហើយនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលនៃសេដ្ឋី ជាត្រកូលស្ដុកស្ដម្ភធំទូលាយ មានទ្រព្យច្រើន ក្នុងក្រុងសាវត្ថី ជាបុរីដ៏ប្រសើរ។ កាលណា ខ្ញុំដល់នូវវ័យទៅត្រកូលប្ដី បានបង្កើតកូន ១០ នាក់ មានរូបល្អប្លែកៗ គ្នា។ កូនទាំងអស់នោះ ឋិតនៅក្នុងសេចក្ដីសុខ ជាទីគាប់ភ្នែក និងចិត្តនៃជន សូម្បីសត្រូវទាំងឡាយ ក៏គង់គាប់ចិត្តដែរ នឹងបាច់និយាយទៅថ្វីដល់កូនទាំងនោះ ដែលជាទីស្រឡាញ់នៃខ្ញុំ។ លំដាប់នោះ ប្ដីរបស់ខ្ញុំនោះ មានកូន ១០ នាក់ចោមរោម ទៅបួសក្នុងសាសនាព្រះពុទ្ធ ជាទេវតាកន្លងទេវតា ដោយខុសបំណងរបស់ខ្ញុំ។ គ្រានោះ ខ្ញុំតែម្នាក់ឯង បានគិតថា ជីវិតមិនគួរដល់អញ ដែលជាស្រីចាស់ កំព្រាព្រាត់ប្រាសចាកប្ដី និងកូនទាំងឡាយឡើយ ដូច្នេះ ប្ដីរបស់អញនៅក្នុងទីណា អញនឹងទៅក្នុងទីនោះ លុះខ្ញុំគិតយ៉ាងនេះហើយ ក៏ចូលទៅកាន់ផ្នួស។ លំដាប់នោះ ភិក្ខុនីទាំងឡាយ លះបង់ខ្ញុំម្នាក់ឯង ក្នុងលំនៅនៃភិក្ខុនី ហើយក៏ទៅឲ្យឱវាទថា នាងចូរដាំទឹក។ គ្រានោះ ខ្ញុំនាំទឹកមក ហើយចាក់អំពីក្អម តម្កល់ទុកក្នុងភាជន៍តូច ហើយអង្គុយ តម្កល់ចិត្តមាំ ក្នុងខណៈនោះ។ ខ្ញុំឃើញនូវខន្ធទាំងឡាយ ថាមិនទៀងផង ជាទុក្ខផង ជាអនត្តាផង បានញ៉ាំងអាសវៈទាំងពួងឲ្យអស់ ហើយដល់ព្រះអរហត្ត។ គ្រានោះ មានភិក្ខុនីទាំងឡាយ មកសួររកទឹកក្ដៅ ខ្ញុំក៏បានអធិដ្ឋានតេជោធាតុ ហើយញ៉ាំងទឹកឲ្យក្ដៅយ៉ាងរហ័ស។ ភិក្ខុនីទាំងនោះស្ងើច ហើយក្រាបទូលសេចក្ដីនុ៎ះ ចំពោះព្រះជិនស្រីដ៏ប្រសើរ ព្រះពុទ្ធជាទីពឹងនៃសត្វលោក ទ្រង់ព្រះសណ្ដាប់សេចក្ដីនោះហើយ ក៏រីករាយ ត្រាស់គាថានេះថា បុគ្គលណាមួយ ជាអ្នកខ្ជិលច្រអូស មានព្យាយាមថោកថយ គប្បីរស់នៅអស់មួយរយឆ្នាំ ជីវិតរបស់បុគ្គលដែលមានព្យាយាមប្រារព្ធមាំ រស់នៅតែមួយថ្ងៃ ប្រសើរជាង។ ព្រះមហាមុនី មានព្យាយាមធំ ខ្ញុំបានធ្វើឲ្យរីករាយហើយ ដោយសេចក្ដីប្រតិបត្តិដ៏ប្រពៃ ហើយទ្រង់ត្រាស់ថា ខ្ញុំជាស្រីប្រសើរផុត ជាងភិក្ខុនីទាំងឡាយ អ្នកមានព្យាយាមប្រារព្ធហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសោណាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សោណាថេរិយាបទាន។

ភទ្ទកាបិលានីថេរិយាបទាន ទី៧

(៧. ភទ្ទកាបិលានីថេរីអបទានំ)

[២៧] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយកនៃសត្វលោក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីកប្បនេះ។ កាលនោះ សេដ្ឋីឈ្មោះ វិទេហៈ មានកែវដ៏ច្រើន នៅក្នុងក្រុងហង្សវតី ខ្ញុំជាប្រពន្ធនៃសេដ្ឋីនោះ។ ក្នុងកាលមួយ សេដ្ឋីនោះ ព្រមទាំងជនជាបរិស័ទ ចូលទៅគាល់ព្រះពុទ្ធ ជាព្រះអាទិត្យរបស់នរជន ហើយស្ដាប់ធម៌របស់ព្រះពុទ្ធ ជាទីនាំមកនូវការអស់ទៅនៃទុក្ខទាំងពួង។ ព្រះពុទ្ធជានាយក ទ្រង់សរសើរនូវសាវ័ក ថាជាអ្នកប្រសើរជាងភិក្ខុទាំងឡាយ អ្នកពោលពាក្យជាគ្រឿងកម្ចាត់បង់នូវកិលេស។ ខ្ញុំបានស្ដាប់ហើយ ថ្វាយទានដល់ព្រះពុទ្ធជាតាទិបុគ្គល អស់ ៧ ថ្ងៃ។ ខ្ញុំក្រាបទៀបព្រះបាទាដោយសិរ្សៈ ប្រាថ្នាតំណែងនោះ គ្រានោះ ព្រះអង្គជាអ្នកឆ្នើមជាងនរៈ ទ្រង់ញ៉ាំងបរិស័ទឲ្យរីករាយ ហើយទ្រង់ត្រាស់គាថាទាំងនេះ ដើម្បីអនុគ្រោះសេដ្ឋីថា ម្នាលកូន អ្នកនឹងបានតំណែងដែលអ្នកប្រាថ្នាហើយ អ្នកចូរបានរំលត់ទុក្ខចុះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក។ សេដ្ឋីនោះ នឹងបានជាញាតិ ក្នុងធម៌ទាំងឡាយនៃព្រះសាស្ដានោះ ជាឱរស ជាធម្មនិម្មិត ជាសាវ័កនៃព្រះសាស្ដា មានឈ្មោះថា កស្សប។ កាលនោះ ខ្ញុំបានស្ដាប់ព្យាករណ៍នោះហើយ ក៏រីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រី ព្រះអង្គជានាយកនៃសត្វលោក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។ ព្រះពុទ្ធអង្គនោះ ញ៉ាំងសាសនាឲ្យរុងរឿង ញាំញីនូវតិរ្ថិយអាក្រក់ទាំងឡាយ ទូន្មាននូវវេនេយ្យសត្វ ព្រះអង្គ ព្រមទាំងសាវ័ក បរិនិព្វានហើយ។ កាលព្រះមានព្រះភាគ ជាកំពូលនៃសត្វលោកនោះ និព្វានហើយ មហាជនបានប្រជុំញាតិ និងមិត្ត មួយអន្លើដោយសាវ័កទាំងឡាយនោះ បានញ៉ាំងជនឲ្យធ្វើព្រះស្ដូប ជាវិការៈនៃកែវ កម្ពស់ ៧ យោជន៍ ដ៏រុងរឿងដូចព្រះអាទិត្យ ឬដូចស្ដេចឈើមានផ្ការីក ដើម្បីបូជាព្រះសាស្ដា។ ខ្ញុំបានឲ្យគេសាងភាជន៍ ៧ អស់ទ្រព្យ ៧ សែន ភាជន៍ទាំងនោះ រុងរឿងដោយកែវ ៧ ដូចភ្លើងឆេះបបុស។ ខ្ញុំញ៉ាំងប្រទីបទាំងនោះ ឲ្យពេញដោយប្រេងក្រអូប ហើយអុជបំភ្លឺក្នុងទីនោះ ដើម្បីបូជាព្រះពុទ្ធ ទ្រង់ស្វែងរកគុណធំ ទ្រង់អនុគ្រោះដល់សត្វទាំងពួង។ ខ្ញុំសាងក្អមដ៏ពេញចំនួន ៧ សែន ដ៏ពេញដោយកែវ ៧ ដើម្បីបូជាដល់ព្រះពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ។ គ្រឿងបូជាជាវិការៈនៃមាស ដែលបុគ្គលលើកឡើងហើយ ក្នុងកណ្ដាលនៃក្អមប្រាំបីៗ ដ៏រុងរឿងដោយសម្បុរ ដូចជាព្រះអាទិត្យក្នុងសរទសម័យ។ ក្លោងទ្វារជាវិការៈនៃកែវល្អ ក្នុងទ្វារទាំង ៤ ផែនក្ដារ ជាវិការៈនៃកែវ ជាទីរីករាយ ដែលបុគ្គលលើកឡើងហើយក៏ល្អ។ របងទាំងឡាយ មានកំពូល ដែលបុគ្គលតាក់តែងល្អរុងរឿង ទង់ទាំងឡាយ ជាវិការៈនៃកែវ ដែលបុគ្គលលើកឡើងហើយ ក៏រុងរឿង។ ចេតិយនេះ ជាវិការៈនៃកែវមានសម្បុរក្រហមល្អ ដែលបុគ្គលធ្វើហើយដោយប្រពៃ រុងរឿងដោយសម្បុរ ដូចជាព្រះអាទិត្យក្នុងវេលាថ្ងៃល្ងាច។ ខ្ញុំបានញ៉ាំងទិសទាំង ៣ នៃព្រះស្ដូបរបស់ខ្ញុំឲ្យពេញ គឺទិសមួយ ពេញដោយថ្មហរិតាល ទិសមួយ ពេញដោយថ្មមនោសិលា ទិសមួយ ពេញដោយថ្មមានពណ៌ខៀវ។ ខ្ញុំបានញ៉ាំងជនឲ្យធ្វើនូវការបូជា ជាទីរីករាយ ប្រាកដដូចនុ៎ះ ដល់ព្រះពុទ្ធមានវាទៈដ៏ប្រសើរ ហើយឲ្យទានដល់ព្រះសង្ឃ តាមសមគួរដល់កម្លាំង ដរាបដល់អស់ជីវិត។ ខ្ញុំធ្វើបុណ្យទាំងនោះ ដោយសព្វគ្រប់ ជាមួយនឹងសេដ្ឋីនោះ ដរាបដល់អស់ជីវិត ហើយក៏បានទៅកាន់សុគតិជាមួយគ្នា។ ខ្ញុំបានសោយសម្បត្តិទាំងឡាយ ក្នុងអត្តភាពជាទេវតា និងមនុស្ស អន្ទោលទៅជាមួយនឹងសេដ្ឋីនោះ ដូចជាស្រមោលអន្ទោលទៅតាមសរីរៈ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះពុទ្ធជានាយក ទ្រង់ព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ពិចារណាឃើញច្បាស់នូវធម៌ទាំងពួង ទ្រង់កើតឡើង។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ក្នុងក្រុងពន្ធុមតី គេសន្មតថាជាសប្បុរស ជាអ្នកមាំមួន ស្ងប់ស្ងាត់ដោយគុណ តែជាអ្នកខ្សត់ទ្រព្យក្រៃពេក។ កាលនោះ ខ្ញុំជាព្រាហ្មណីរបស់ព្រាហ្មណ៍នោះ មានចិត្តស្មើគ្នា ជួនកាល ព្រាហ្មណ៍ប្រសើរនោះ បានគប់រកព្រះមហាមុនី ដែលគង់សម្ដែងអមតនិព្វានក្នុងពួកជន គាត់បានស្ដាប់ធម៌ ក៏មានចិត្តរីករាយ បានថ្វាយសំពត់សាដកមួយ ហើយទៅកាន់ផ្ទះដោយសំពត់មួយ ហើយពោលពាក្យនេះនឹងខ្ញុំថា ម្នាលនាងមានបុណ្យធំ នាងចូររីករាយចំពោះសំពត់សាដក ដែលបងបានថ្វាយដល់ព្រះពុទ្ធចុះ។ កាលនោះ ខ្ញុំដឹងច្បាស់ បានធ្វើអញ្ជលីអនុមោទនាថា បពិត្រស្វាមី ខ្ញុំសូមអនុមោទនាសាដកដែលអ្នកថ្វាយហើយ ដោយប្រពៃដល់ព្រះពុទ្ធដ៏ប្រសើរ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ប្ដីនៃខ្ញុំនោះ ដល់ហើយនូវសេចក្ដីសុខ ត្រូវបុញ្ញកម្មចាត់ចែង កាលអន្ទោលទៅក្នុងភពតូច និងភពធំ បានកើតជាស្ដេចម្ចាស់ផែនដីក្នុងក្រុងពារាណសី ជាទីរីករាយ។ កាលនោះ ខ្ញុំជាមហេសីនៃស្ដេចនោះ ជាអ្នកខ្ពង់ខ្ពស់ជាងពួកស្រី ហើយជាអគ្គមហេសីដ៏ប្រសើរក្រៃលែង ជាងសេចក្ដីស្រឡាញ់នៃស្ដេចនោះ ដែលមានក្នុងភពមុន។ ស្ដេចនោះ ឃើញព្រះបច្ចេកពុទ្ធ ៨ អង្គ និមន្តទៅដើម្បីបិណ្ឌបាត ក៏មានចិត្តរីករាយ ប្រគេនចង្ហាន់បិណ្ឌបាតមានថ្លៃច្រើន។ ស្ដេចនោះ និមន្តព្រះបច្ចេកពុទ្ធទាំងឡាយ ហើយធ្វើបារាំកែវជាវិការៈនៃមាស មានប្រមាណ ១០០ ហត្ថ មានសណ្ឋានរលីង ដែលពួកជាងធ្វើហើយ។ ព្រះរាជានោះ ទ្រង់រាប់អានព្រះបច្ចេកពុទ្ធទាំងអស់នោះ មានសេចក្ដីជ្រះថ្លា ហើយបានថ្វាយទានដល់ព្រះបច្ចេកពុទ្ធទាំងនោះ ដែលចូលទៅកាន់ទីសេនាសនៈ ដោយព្រះហស្ដនៃព្រះអង្គ។ កាលនោះ ខ្ញុំបានឲ្យទាននោះជាមួយនឹងស្ដេចក្នុងដែនកាសី ខ្ញុំកើតក្នុងកាសិកគ្រាម ជិតក្រុងពារាណសីម្ដងទៀត។ ស្ដេចនោះ កើតក្នុងត្រកូលកុដុម្ពិកៈដ៏ធំទូលាយ ដល់នូវសេចក្ដីសុខ ព្រមទាំងបងប្អូន ខ្ញុំជាប្រពន្ធនៃបងច្បង ជាស្រីមានវត្តដល់ប្ដីដោយប្រពៃ។ ប្អូនរបស់ប្ដីខ្ញុំបានឃើញព្រះបច្ចេកពុទ្ធហើយ ប្រគេនភត្តរបស់បងដល់ព្រះបច្ចេកពុទ្ធនោះ កាលបើបងនោះត្រឡប់មក ខ្ញុំបាននិយាយប្រាប់សព្វគ្រប់។ បងនោះ មិនត្រេកអរចំពោះទាន លំដាប់នោះ ខ្ញុំបានឲ្យភត្តដល់ប្ដីនោះ ប្ដីនោះ នាំបាយនោះ ហើយថ្វាយដល់ព្រះពុទ្ធនោះទៀត។ កាលនោះ ខ្ញុំចោលនូវទាននោះ ហើយប្រទុស្ដចំពោះព្រះពុទ្ធ ខ្ញុំបានឲ្យបាត្រដ៏ពេញដោយភក់ ដល់ព្រះពុទ្ធនោះ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ កាលនោះ ខ្ញុំឃើញព្រះពុទ្ធមានព្រះទ័យស្មើ ក្នុងការឲ្យទានផង ក្នុងការទទួលផង ក្នុងសេចក្ដីកោតក្រែងផង ក្នុងសេចក្ដីប្រទូស្ដផង ហើយសង្វេគក្រៃលែង។ ខ្ញុំកាន់យកបាត្រម្ដងទៀត ជម្រះដោយគឿងក្រអូប មានចិត្តជ្រះថ្លា ញ៉ាំងបាត្រឲ្យពេញ ហើយឲ្យស្ករ ព្រមទាំងទឹកដោះថ្លា។ ខ្ញុំកើតក្នុងទីណាៗ ជាស្រីមានរូបល្អព្រោះទាននោះ ខ្ញុំជាស្រីមានក្លិនអាក្រក់ ព្រោះប្រទូស្ដចំពោះព្រះពុទ្ធផង ព្រោះសេចក្ដីស្រវឹងផង។ កាលចេតិយនៃព្រះពុទ្ធ ព្រះនាមកស្សប ជាអ្នកប្រាជ្ញ គេឲ្យសម្រេចហើយ ខ្ញុំមានចិត្តរីករាយ បានឲ្យឥដ្ឋជាវិការៈនៃមាសដ៏ប្រសើរទៀត។ ខ្ញុំជ្រលក់ឥដ្ឋនោះឲ្យទទឹកដោយគ្រឿងក្រអូប មានជាតិ ៤ យ៉ាង ក៏បានរួចស្រឡះ ចាកទោសមានក្លិនអាក្រក់ ប្រកបដោយអវយវៈទាំងពួងដ៏ល្អ។ ខ្ញុំឲ្យធ្វើភាជន៍ ៧ ពាន់ ដោយកែវ ៧ ប្រការផង ប្រឆេះមួយពាន់ដ៏ពេញដោយខ្លាញ់ផង។ ខ្ញុំមានចិត្តជ្រះថ្លា បានចាក់ប្រេង អុជបំភ្លឺតម្កល់ទុក ៧ ជួរ ដើម្បីបូជាព្រះលោកនាថ។ គ្រានោះ ខ្ញុំជាស្រីមានចំណែក្នុងបុណ្យនោះ ដោយវិសេស (បុរសនោះ) កើតក្នុងដែនកាសីទៀត ប្រាកដដោយឈ្មោះថា សមិត្តបុរស។ កាលនោះ ខ្ញុំជាភរិយាបុរសនោះ ជាអ្នកដល់នូវសេចក្ដីសុខ មានគេជាប់ចិត្ត ជាទីស្រឡាញ់នៃជន ឯប្ដីខ្ញុំបានប្រគេនឈ្នួតមានសាច់ក្រាស់ ដល់ព្រះបច្ចេកមុនី។ ម្យ៉ាងទៀត ខ្ញុំជាស្រីមានចំណែកដោយបុណ្យ ត្រេកអរនូវទានដ៏ឧត្ដមរបស់ប្ដីនោះ ឯបុរសនោះ កើតក្នុងជាតិកោលិយជន ក្នុងដែនកាសីទៀត។ កាលនោះ សមិត្តបុរសនោះ បម្រើព្រះបច្ចេកពុទ្ធ ៥០០ អង្គ មួយអន្លើដោយកោលិយបុត្រ ៥០០ នាក់។ រួចហើយនិមន្តព្រះបច្ចេកពុទ្ធទាំងឡាយ ឲ្យគង់នៅអស់ ៣ ខែ ហើយប្រគេនត្រៃចីវរ កាលនោះ ខ្ញុំជាប្រពន្ធនៃសមិត្តបុរសនោះ ជាអ្នកប្រព្រឹត្តទៅតាមគន្លងនៃបុញ្ញកម្ម។ សមិត្តបុរសនោះ ច្យុតចាកអត្តភាពនោះ បានកើតជាស្ដេចព្រះនាមនន្ទៈ មានយសធំ ខ្ញុំជាមហេសីនៃស្ដេចនោះ ជាអ្នកសម្រេចនូវសេចក្ដីប្រាថ្នាទាំងពួង។ លុះច្យុតអំពីអត្តភាពនោះហើយ បានកើតជាស្ដេចព្រហ្មទត្ត ជាម្ចាស់ផែនដី កាលនោះ ខ្ញុំបម្រើព្រះបច្ចេកមុនី ជាបុត្រនៃនាងបទុមាវតី។ ខ្ញុំបម្រើព្រះបច្ចេកមុនី ៥០០ អង្គ ដរាបដល់អស់ជីវិត ហើយនិមន្តព្រះបច្ចេកមុនីទាំងឡាយ ឲ្យនៅក្នុងឧទ្យាននៃស្ដេច ហើយបូជានូវព្រះបច្ចេកមុនីទាំងឡាយ ដែលនិព្វានហើយ។ យើងទាំងពីរនាក់ បានឲ្យជាងធ្វើចេតិយទាំងឡាយ ហើយបួស ចម្រើនអប្បមញ្ញាទាំងឡាយ ក៏បានទៅកើតក្នុងព្រហ្មលោក។ លុះច្យុតចាកព្រហ្មលោក ប្ដីកើតក្នុងមហាតិត្ថៈ ជាកូនចៅនៃបិប្ផលគោត្រ ឯមាតាឈ្មោះសុមនទេវី បិតាជាព្រាហ្មណ៍កោសិគោត្រ។ ខ្ញុំ (កើត) ក្នុងក្រុងសាកលា ជាបុរីដ៏ឧត្ដម ក្នុងជនបទឈ្មោះមទ្ទៈ។ ខ្ញុំជាធីតានៃកបិលព្រាហ្មណ៍ មាតាឈ្មោះសុចិមតី បិតាស្អិតស្អាងខ្ញុំ ដោយរូបភាពជាវិការៈនៃមាសតាន់ បានឲ្យខ្ញុំដល់កស្សបបណ្ឌិត ជាអ្នកវៀរចាកកាមទាំងឡាយ កាលដែលកស្សបបណ្ឌិតនោះនៅក្មេង បានទៅមើលការងារ ឃើញសត្វតូចៗ ត្រូវពួកសត្វមានក្អែកជាដើម ទំពាស៊ី ក៏សង្វេគ។ ខ្ញុំឃើញគ្រាប់ល្ងទាំងឡាយ ដែលគេហាលក្នុងកំដៅថ្ងៃជិតផ្ទះ ត្រូវពួកដង្កូវ និងក្អែកទំពាស៊ី បាននូវសេចក្ដីសង្វេគ ក្នុងកាលនោះ។ កាលនោះ កស្សបបណ្ឌិត នោះបួសហើយ ខ្ញុំក៏បួសតាមកស្សបបណ្ឌិតនោះដែរ ខ្ញុំនៅអាស្រ័យក្នុងគន្លងនៃបរិព្វាជកវត្ត អស់ ៥ វស្សា។ កាលណា នាងគោតមីជាអ្នកចិញ្ចឹមព្រះជិនស្រីបួសហើយ កាលនោះ ខ្ញុំក៏ចូលទៅរកនាងគោតមីនោះ ដែលព្រះពុទ្ធប្រៀនប្រដៅហើយ។ អស់កាលមិនយូរប៉ុន្មាន ខ្ញុំក៏បានដល់ព្រះអរហត្ត ឱហ្ន៎! ព្រះកស្សបមានសិរីជាមិត្តល្អ។ ព្រះកស្សបជាកូន ជាញាតិនៃព្រះពុទ្ធ មានចិត្តតម្កល់ខ្ជាប់ហើយដោយប្រពៃ លោកដឹងនូវបុព្វេនិវាសផង ឃើញនូវឋានសួគ៌ និងអបាយផង។ ម្យ៉ាងទៀត ព្រះកស្សបនោះជាអ្នកប្រាជ្ញ មានអភិញ្ញានៅរួចហើយ បានដល់នូវការអស់ទៅនៃជាតិ ជាខីណាសវព្រាហ្មណ៍ មានវិជ្ជា ៣ ដោយវិជ្ជាទាំង ៣ នេះ។ ភទ្ទកាបិលានី មានវិជ្ជា ៣ លះបង់មច្ចុ ទ្រទ្រង់រាងកាយមានក្នុងទីបំផុត ឈ្នះមារ ព្រមទាំងវាហនៈ ដូចគ្នាដែរ។ យើងទាំងពីរនាក់ ឃើញទោសក្នុងលោក ហើយបួស យើងទាំងពីរនាក់នោះ មានអាសវៈអស់ហើយ មានខ្លួនទូន្មានហើយ មានសេចក្ដីត្រជាក់កើតហើយ មានទុក្ខរំលត់ហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្ត្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីដ៏ប្រសើរកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះភទ្ទកាបិលានីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ ភទ្ទកាបិលានីថេរិយាបទាន។

យសោធរាថេរិយាបទាន ទី៨

(៨. យសោធរាថេរីអបទានំ)

[២៨] ខ្ញុំជាអ្នកមានឫទ្ធច្រើន មានប្រាជ្ញាច្រើន មាននាងភិក្ខុនីទាំងឡាយ មួយសែនអង្គ ចោមរោមហើយ ចូលទៅគាល់ព្រះសម្ពុទ្ធ។ ថ្វាយបង្គំព្រះសម្ពុទ្ធ និងលក្ខណៈ គឺចក្រនៃព្រះសាស្ដា អង្គុយក្នុងទីសមគួរ ហើយពោលពាក្យនេះថា ខ្ញុំមានវស្សា ៧៨ កន្លងបច្ឆិមវ័យ ខ្ញុំមកដល់ញកហើយ ក្រាបទូលព្រះមហាមុនីថា វ័យរបស់ខ្ញុំចាស់ណាស់ហើយ ជីវិតរបស់ខ្ញុំតិចណាស់ ខ្ញុំនឹងលះបង់ព្រះអង្គហើយទៅ ទីពឹងរបស់ខ្លួន ខ្ញុំបានធ្វើហើយ។ ក្នុងកាលជាបច្ឆិមវ័យ សេចក្ដីស្លាប់កាន់តែរំកិលចូលមកជិត បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំម្ចាស់នឹងដល់នូវនិព្វានក្នុងវេលាយប់ថ្ងៃនេះ។ បពិត្រព្រះមហាមុនី ជាតិ ជរា ព្យាធិ និងមរណៈ មិនមាន ខ្ញុំនឹងដល់នូវបុរីដែលជាទីឥតមានជរា ឥតមានមរណៈ ឥតមានភ័យ មិនមានបច្ច័យតាក់តែងឡើយ។ បពិត្រព្រះមហាមុនី ធម្មតា បរិស័ទទាំងឡាយ តែងចូលទៅអង្គុយជិតព្រះសាស្ដា ដឹងច្បាស់នូវកំហុស និងសេចក្ដីគួរក្នុងទីចំពោះព្រះភក្រ្ត។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំព្រះអង្គអន្ទោលទៅក្នុងសំសារ សូមក្រាបទូលនូវការភ្លាំងភ្លាត់របស់ខ្ញុំ ចំពោះព្រះអង្គ សូមព្រះអង្គអត់នូវកំហុសនោះដល់ខ្ញុំព្រះអង្គ។ នាងជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅនៃតថាគត ចូរនាងសម្ដែងនូវឫទ្ធិ ចូរកាត់នូវសេចក្ដីសង្ស័យនៃបរិស័ទទាំងពួងក្នុងសាសនា។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំឈ្មោះយសោធរា ជាភរិយានៃព្រះអង្គ (កាលនៅ) ក្នុងផ្ទះ កើតក្នុងត្រកូលសក្យៈ តាំងនៅក្នុងអង្គជាស្រ្ដី។ បពិត្រព្រះអង្គមានព្យាយាម ខ្ញុំជាប្រធាននៃស្រ្ដីទាំងឡាយមួយសែន ៩៦ ជាធំជាងស្រ្ដីទាំងពួងក្នុងផ្ទះនៃព្រះអង្គ។ ស្រ្ដីទាំងពួងប្រកបដោយគុណ គឺរូប និងមារយាទ តាំងនៅក្នុងបឋមវ័យសព្វៗ កាល គោរពកោតក្រែងខ្ញុំ ដូចជាមនុស្សទាំងឡាយ គោរពកោតក្រែងទេវតា។ ស្រ្ដីទាំងនោះ មានពួកនាងកញ្ញាមួយពាន់ជាប្រធាន មានសុខ និងទុក្ខស្មើគ្នា ក្នុងដំណាក់នៃសក្យបុត្រ ដូចជាពួកទេវតា ក្នុងនន្ទនវន័។ បណ្ឌិតទាំងឡាយ កន្លងនូវកាមធាតុ ប្រាកដស្មើដោយរូបក្នុងរូបធាតុ វៀរលែងតែព្រះលោកនាយកចេញ មិនមានទេ។ យសោធរាថេរី ថ្វាយបង្គំព្រះសម្ពុទ្ធហើយ សំដែងឫទ្ធិចំពោះព្រះសាស្ដា ទាំងសម្ដែងឫទ្ធិច្រើន មានអាការៈផ្សេងៗច្រើនយ៉ាង។ គឺធ្វើកាយជាភ្នំចក្រវាឡ ក្បាលជាឧត្ដរកុរុទ្វីប ទ្វីបទាំងពីរជាស្លាបទាំងពីរ ជម្ពូទ្វីបជាសរីរៈ។ សមុទ្រខាងត្បូងជាសំណុំកន្ទុយ ស្ទឹងជាលំពង់ស្លាប ព្រះចន្រ្ទ និងព្រះអាទិត្យជាភ្នែក ភ្នំមេរុជាកំប៉ោយ។ ភ្នំចក្រវាឡជាចំពុះ ដើមព្រីងជាទីប្រជុំ ហើយចូលទៅជិតថ្វាយបង្គំ អង្គុយបក់ព្រះលោកនាយក។ សម្ដែងនូវភេទនៃដំរី សេះ ភ្នំ ជលជាត ព្រះចន្រ្ទ ព្រះអាទិត្យ ភ្នំមេរុ ភេទនៃព្រះឥន្រ្ទក៏ដូចគ្នា។ បពិត្រព្រះអង្គមានព្យាយាម មានចក្ខុ ខ្ញុំព្រះអង្គឈ្មោះ យសោធរា សូមក្រាបថ្វាយបង្គំព្រះបាទា គ្របនូវលោកធាតុមួយពាន់ដោយផ្ការីក។ ខ្ញុំនិម្មិតភេទជាព្រហ្ម ហើយសម្ដែងធម៌ដ៏សូន្យ បពិត្រព្រះអង្គមានព្យាយាម មានចក្ខុ ខ្ញុំព្រះអង្គ ឈ្មោះយសោធរា សូមក្រាបថ្វាយបង្គំព្រះបាទា។ បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយ ទាំងស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណ ដោយសោតធាតុជាទិព្វ។ ខ្ញុំព្រះអង្គដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំព្រះអង្គបានជម្រះហើយ អាសវៈទាំងពួង អស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ កើតឡើងហើយដល់ខ្ញុំ ក្នុងសំណាក់នៃព្រះអង្គ។ បពិត្រព្រះមហាមុនី ការគប់រកព្រះលោកនាថទាំងឡាយ ព្រះអង្គបានសម្ដែងហើយដោយប្រពៃ សេចក្ដីកសាងដ៏ច្រើនរបស់ខ្ញុំ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមុនី សូមព្រះអង្គរលឹកកុសលកម្មរបស់ខ្ញុំ ដែលមានក្នុងកាលមុន បពិត្រព្រះអង្គមានព្យាយាមធំ បុណ្យ ខ្ញុំបានសន្សំហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំបានលះបង់នូវអភព្វដ្ឋាន ហាមឃាត់នូវអនាចារៈ ហើយលះបង់ជីវិត ដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះអង្គទ្រង់ប្រទានខ្ញុំម្ចាស់ អស់ជាតិ មានពាន់នៃកោដិដ៏ច្រើន ដើម្បីជាភរិយា (នៃជនដទៃវិញ) ខ្ញុំមិនតូចចិត្តក្នុងរឿងនោះ ព្រោះជាប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះអង្គបានប្រទានខ្ញុំម្ចាស់ អស់ជាតិ មានពាន់នៃកោដិដ៏ច្រើន ដើម្បីជាឧបការៈ (នៃជនដទៃ) ខ្ញុំក៏មិនតូចចិត្តក្នុងរឿងនោះ ព្រោះជាប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះអង្គបានប្រទានខ្ញុំម្ចាស់អស់ជាតិ មានពាន់នៃកោដិដ៏ច្រើន ដើម្បីការប្រើប្រាស់ (នៃជនដទៃ) ខ្ញុំមិនតូចចិត្តក្នុងរឿងនោះ ព្រោះជាប្រយោជន៍ដល់ព្រះអង្គ។ ខ្ញុំបានលះបង់ជីវិត មានពាន់នៃកោដិដ៏ច្រើន ជនទាំងឡាយ នឹងធ្វើការរួចចាកភ័យ ខ្ញុំឲ្យនូវជីវិតរបស់ខ្ញុំ។ បពិត្រព្រះមហាមុនី ខ្ញុំមិនលាក់ទុកនូវគ្រឿងប្រដាប់សម្រាប់អវយវៈ គ្រឿងអលង្ការ សំពត់ដ៏ច្រើន មានប្រការផ្សេងៗ និងភណ្ឌៈរបស់ស្រីប្រុស ដើម្បីជាប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមហាមុនី ការបរិច្ចាគទ្រព្យធន និងស្រូវ ទាំងស្រុក និគម ស្រែ បុត្រ និងធីតា ខ្ញុំក៏បានលះបង់ហើយ។ បពិត្រព្រះអង្គមានព្យាយាមធំ ដំរី សេះ គោ និងខ្ញុំស្រី អ្នកបម្រើមានចំនួនរាប់មិនបាន ខ្ញុំក៏បានលះបង់ហើយ ដើម្បីប្រយោជន៍នៃព្រះអង្គ។ ព្រះអង្គប្រឹក្សានូវទានណានឹងខ្ញុំ ខ្ញុំឲ្យនូវទាននោះ ដល់ស្មូមទាំងឡាយ កាលព្រះអង្គឲ្យទានដ៏ឧត្ដម ខ្ញុំមិនឃើញសេចក្ដីតូចចិត្តរបស់ខ្ញុំទេ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំរងទុក្ខដ៏ច្រើន មានប្រការផ្សេងៗ មានចំនួនរាប់មិនបាន ក្នុងសំសារដ៏ច្រើន ដើម្បីប្រយោជន៍នៃព្រះអង្គ។ បពិត្រព្រះមហាមុនី កាលព្រះអង្គដល់នូវសេចក្ដីសុខ ខ្ញុំក៏ត្រេកអរ មួយទៀត ខ្ញុំមិនតូចចិត្ត ព្រោះទុក្ខទាំងឡាយរបស់ខ្ញុំ ខ្ញុំជាអ្នកត្រេកអរក្នុងទីទាំងពួង ដើម្បីជាប្រយោជន៍នៃព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះអង្គសោយសុខ និងទុក្ខ ត្រាស់ដឹងតាមលំដាប់មគ្គ ហើយដល់នូវពោធិញ្ញាណ រួចនាំមកនូវធម៌។ ខ្ញុំមានការគប់រកព្រះលោកនាថដទៃច្រើនអង្គ (ព្រោះអាស្រ័យ) នូវព្រះសម្ពុទ្ធ ជាព្រះលោកនាយក ព្រះនាមគោតម ជាទេវតាប្រសើរ។ បពិត្រព្រះមហាមុនី ការកសាងដ៏ច្រើនរបស់ខ្ញុំ ដើម្បីប្រយោជន៍នៃព្រះអង្គ ខ្ញុំជាអ្នកបំរើព្រះអង្គ ដែលស្វែងរកនូវពុទ្ធធម៌។ ព្រះពុទ្ធ ព្រះនាមទីបង្ករ មានព្យាយាមធំ ជានាយកនៃសត្វលោកកើតហើយ ក្នុងកប្បទីបួនអសង្ខេយ្យ និងមួយសែន។ ជនទាំងឡាយនៅក្នុងបច្ចន្តប្រទេស មានចិត្តត្រេកអរ និមន្ដព្រះតថាគត ហើយជម្រះផ្លូវជាទីស្ដេចមកនៃព្រះទីបង្ករនោះ។ កាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ តាក់តែងផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករ ទ្រង់ឃើញធម៌ទាំងពួង កាលស្ដេចមកដល់ ខ្ញុំជាកញ្ញាកើតក្នុងត្រកូលព្រាហ្មណ៍ ឈ្មោះនាងសុមិត្តា បានចូលទៅកាន់ទីប្រជុំ។ ខ្ញុំយកផ្កាឧប្បល ៨ ក្ដាប់ ដើម្បីបូជាព្រះសាស្ដា បានឃើញឥសីដ៏ឧត្ដម ក្នុងកណ្ដាលនៃជន។ កាលនោះ ខ្ញុំបានឃើញព្រះសម្ពុទ្ធ ទ្រង់ខានយាងមកអស់កាលយូរ ទ្រង់មានព្រះទ័យប្រកបដោយករុណា ក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែង ហើយសំគាល់ថា ជីវិតរបស់អាត្មាអញប្រកបដោយផល។ កាលនោះ ខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផល របស់ឥសីនោះ ទាំងចិត្តរបស់ខ្ញុំក៏ជ្រះថ្លាក្នុងព្រះពុទ្ធ ដោយកុសលកម្មមានក្នុងកាលមុន។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែងក្នុងឥសី មានចិត្តខ្ពង់ខ្ពស់ ហើយទូលថា បពិត្រឥសី ខ្ញុំមិនឃើញវត្ថុដទៃ ដែលគួរថ្វាយទេ ខ្ញុំសូមថ្វាយផ្កាទាំងឡាយ ដល់លោក។ បពិត្រឥសី ផ្កា ៥ ក្ដាប់ ចូរមានដល់លោក ផ្កា ៣ ក្ដាប់ ចូរមានដល់ខ្ញុំ បពិត្រឥសី ផ្កាទាំងឡាយ ចូរជារបស់ស្មើគ្នា មួយអន្លើដោយឥសីនោះ ដើម្បីប្រយោជន៍ដល់ពោធិញ្ញាណរបស់ព្រះអង្គ។

ចប់ ភាណវារៈ ទី៤។

ឥសីយកផ្កាទាំងឡាយ បូជាព្រះពុទ្ធជាមហាឥសី មានយសធំ ដែលមកក្នុងកណ្ដាលនៃពួកជន ដើម្បីប្រយោជន៍ដល់ពោធិញ្ញាណ។ ព្រះមហាមុនី ព្រះនាមទីបង្ករ មានព្យាយាមធំ ឃើញឥសីមានចិត្តខ្ពង់ខ្ពស់ ទ្រង់ព្យាករក្នុងកណ្ដាលនៃជន។

ព្រះមហាមុនី ព្រះនាមទីបង្ករ ជាអ្នកប្រាជ្ញ ទ្រង់ព្យាករនូវអំពើរបស់ខ្ញុំ ដែលជាស្រីមានភាពត្រង់ ក្នុងកប្បមានប្រមាណមិនបាន អំពីកប្បនេះថា ម្នាលមហាឥសី ស្រីនេះនឹងជាអ្នកមានចិត្តស្មើគ្នា មានការងារស្មើគ្នា ជាអ្នកធ្វើការស្មើគ្នា ជាទីស្រឡាញ់ដោយការងារ ស្មើគ្នានឹងអ្នក ដើម្បីប្រយោជន៍នៃអ្នក។ មួយទៀត ស្រីនេះនឹងជាអ្នកមានរូបគួរឲ្យរមិលមើលក្រៃលែង គួរឲ្យស្រឡាញ់ ពេញចិត្តក្រៃលែង ពោលពាក្យជាទីស្រឡាញ់ ជាអ្នកមានឫទ្ធិ នឹងបានជាញាតិក្នុងធម៌នៃព្រះពុទ្ធនោះ។ ប្រៀបដូចជនជាម្ចាស់ទ្រព្យ រមែងរក្សាស្មុគ្រសម្រាប់ដាក់នូវភណ្ឌៈ យ៉ាងណា ស្រីនេះ នឹងរក្សាធម៌ជាកុសលទាំងឡាយ ក៏យ៉ាងនោះដែរ។ ស្រីនេះ កាលអនុគ្រោះនូវកុសលធម៌នោះ របស់ព្រះពុទ្ធនោះ នឹងញ៉ាំងបារមីទាំងឡាយឲ្យពេញ នឹងដល់នូវពោធិញ្ញាណ ដូចសត្វសីហៈលះបង់ទ្រុងដូច្នោះ។

ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រះពុទ្ធទ្រង់ព្យាករខ្ញុំដោយវាចាណា ខ្ញុំត្រេកអរចំពោះវាចានោះ ជាអ្នកធ្វើយ៉ាងនោះ កាលកុសលកម្មដែលខ្ញុំធ្វើល្អហើយនោះ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងកុសលនោះ ហើយបានកំណើតជារបស់នៃទេវតា និងមនុស្សរាប់មិនអស់។ លុះទទួលនូវសេចក្ដីសុខ និងទុក្ខ ក្នុងទេវតា និងមនុស្សហើយ ដល់មកក្នុងបច្ឆិមភព បានកើតក្នុងត្រកូលសក្យៈ។ លំដាប់នោះ ខ្ញុំជាអ្នកមានរូបល្អ មានភោគៈ មានយស និងសីល បរិបូណ៌ដោយអវយវៈទាំងពួង ជាអ្នកគោរពចំពោះប្ដី ក្នុងត្រកូលទាំងឡាយ។ ឯចិត្តរបស់ខ្ញុំដែលប្រជុំចុះក្នុងលោកធម៌ មានលាភៈ សេចក្ដីសរសើរ និងសក្ការៈជាដើម ជាចិត្តមិនដល់នូវសេចក្ដីទុក្ខទេ តើខ្ញុំនឹងមានភ័យអំពីណា។ សមដូចជាព្រះមានព្រះភាគបានត្រាស់ចំពោះព្រះរាជាខាងក្នុងបូរីដូច្នេះថា បពិត្រព្រះអង្គមានព្យាយាម ព្រះអង្គសម្ដែងឧបការគុណរបស់នារីនៃពួកក្សត្រិយ៍ក្នុងបូរីនោះ គឺនារីធ្វើសេចក្ដីទំនុកបំរុង នារីដឹងសុខ និងទុក្ខ នារីប្រាប់ប្រយោជន៍ និងនារីជាអ្នកអនុគ្រោះ។ (ដោយសារនារីនោះ) តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធប្រាំរយកោដិ និងប្រាំបួនរយកោដិ ជាទេវតាក្រៃលែងជាងទេវតា។ បពិត្រមហារាជ សេចក្ដីកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត ព្រះពុទ្ធទាំងឡាយជានាយក ជាកំពូលនៃលោក ដប់មួយរយកោដិ។ តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត។ ព្រះពុទ្ធទាំងឡាយពីរពាន់កោដិផង បីពាន់កោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា។ បពិត្រមហារាជ សេចក្ដីកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត ព្រះពុទ្ធទាំងឡាយ បួនពាន់កោដិផង ប្រាំរយកោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងឡាយនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត។ ព្រះពុទ្ធទាំងឡាយ ប្រាំមួយពាន់កោដិផង ប្រាំពីរពាន់កោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា។ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត ព្រះពុទ្ធទាំងឡាយ ប្រាំបីពាន់កោដិផង ប្រាំបួនពាន់កោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតា ក្រៃលែងជាងទេវតា។ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត។ ព្រះពុទ្ធទាំងឡាយ ជានាយកដ៏ប្រសើរក្នុងលោក មួយសែនកោដិ តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា។ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត ព្រះពុទ្ធទាំងឡាយ ជានាយកនៃសត្វលោកដទៃទៀត ប្រាំបួនពាន់កោដិ។ តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត។ ព្រះពុទ្ធជាមហេសី ៨៥ សែនកោដិផង ១ សែនកោដិផង ៨៥ កោដិផង ២៧ កោដិផង តថាគតបានញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ ដល់ព្រះពុទ្ធទាំងនុ៎ះ ដែលជាទេវតាក្រៃលែងជាងទេវតា។ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត សូមព្រះអង្គស្ដាប់តថាគត។ ព្រះបច្ចេកពុទ្ធទាំងឡាយ ដែលប្រាសចាករាគៈ ចំនួនប្រាំបីៗកោដិ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត (ចំពោះព្រះបច្ចេកពុទ្ធទាំងនុ៎ះ) សូមព្រះអង្គស្ដាប់តថាគត។ ព្រះខីណាស្រពទាំងឡាយ ជាសាវ័កនៃព្រះពុទ្ធ មានប្រមាណរាប់មិនបាន មានមន្ទិលអស់ហើយ បពិត្រមហារាជ ការកសាងដ៏ធំរបស់តថាគត (ចំពោះព្រះខីណាស្រពទាំងនុ៎ះ) សូមព្រះអង្គស្ដាប់តថាគត។ កាលបុគ្គលអ្នកសន្សំក្នុងធម៌ទាំងឡាយ កាលបុគ្គលអ្នកប្រព្រឹត្តនូវព្រះសទ្ធម្មទាំងឡាយសព្វៗកាល បុគ្គលអ្នកប្រព្រឹត្តធម៌យ៉ាងនេះ តែងដេកជាសុខក្នុងលោកនេះ និងលោកខាងមុខ។ បុគ្គលគប្បីប្រព្រឹត្តធម៌ឲ្យជាសុចរិត មិនគប្បីប្រព្រឹត្តធម៌នោះឲ្យជាទុច្ចរិតឡើយ បុគ្គលអ្នកប្រព្រឹត្តធម៌ តែងដេកជាសុខក្នុងលោកនេះ និងលោកខាងមុខ។ ខ្ញុំនឿយណាយក្នុងសង្សារ ហើយចូលទៅកាន់ផ្នួស ដោយបរិវារមួយពាន់ លុះបួសហើយ មិនមានសេចក្ដីក្រវល់ក្រវាយ។ ខ្ញុំលះបង់ផ្ទះហើយ ចូលទៅកាន់ផ្នួស មិនទាន់ដល់កន្លះខែផង ក៏បានដល់សច្ចៈ ៤។ ជនទាំងឡាយជាច្រើន នាំចីវរ បិណ្ឌបាត និងទីដេក ទីអង្គុយចូលមក ដូចជារលកក្នុងសាគរ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។ ខ្ញុំដល់នូវសេចក្ដីទុក្ខច្រើនប្រការផង នូវសម្បត្តិច្រើនប្រការផង នូវភាវនាស្អាតផង ហើយបាននូវសម្បទាទាំងពួង។ បុគ្គលណា ឲ្យខ្លួនរបស់ខ្លួន ដល់ព្រះពុទ្ធមហេសី ដើម្បីប្រយោជន៍ដល់បុណ្យ សហាយសម្បទា និងចំណែកនៃព្រះនិព្វាន មិនមានបច្ច័យតាក់តែង រមែងមានដល់បុគ្គលនោះ។ កិលេសជាត ជាអតីតក្ដី ជាបច្ចុប្បន្នក្ដី ជាអនាគតក្ដី អស់រលីងហើយ កម្មទាំងពួងរបស់ខ្ញុំអស់ហើយ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះបាទា។

បានឮថា ព្រះយសោធរាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភក្រ្ដនៃព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ យសោធរាថេរិយាបទាន។

ទសសហស្សថេរីនមបទាន ទី៩

(៩. យសោធរាបមុខទសភិក្ខុនីសហស្សអបទានំ)

[២៩] ក្នុងកប្បទី ៤ អសង្ខេយ្យ និងមួយសែន ព្រះជិនស្រី ព្រះនាមទីបង្ករ ជាលោកនាយក ទ្រង់កើតឡើង។ ព្រះពុទ្ធព្រះនាមទីបង្ករ ជាមហាវីរបុរស ទ្រង់ព្យាករនូវសុមេធតាបសផង នាងសុមិត្តាផង ដែលរួមសុខទុក្ខជាមួយគ្នា។ ព្រះមហាមុនី ព្រះអង្គឃើញមនុស្សលោក ព្រមទាំងទេវលោក ទាំងទ្រង់ស្ដេចទៅកាន់មនុស្សលោក ព្រមទាំងទេវលោក ហើយចូលមកកាន់ទីប្រជុំនៃយើងខ្ញុំ ដែលកំពុងសរសើរជនទាំងនោះ។ ប្ដីទាំងអស់របស់យើងខ្ញុំ មានក្នុងទីសមាគមជាអនាគត ប្រពន្ធទាំងអស់របស់ព្រះអង្គ ជាទីពេញព្រះទ័យនៃព្រះអង្គ ជាអ្នកពោលពាក្យជាទីស្រឡាញ់។ ទាន សីល ភាវនាទាំងអស់ យើងខ្ញុំបានអប់រំដោយល្អហើយ បពិត្រព្រះមហាមុនី វត្ថុទាំងអស់នេះ ខ្ញុំបានលះបង់ចោល អស់កាលជាយូរអង្វែងហើយ ។ វត្ថុណាមួយ គឺគ្រឿងក្រអូប កម្រងផ្កា គ្រឿងលាប និងប្រទីបជាវិការៈនៃកែវ ដែលយើងខ្ញុំបានតម្កល់ទុកហើយ បពិត្រព្រះមហាមុនី វត្ថុទាំងអស់ (នោះ) យើងខ្ញុំបានលះបង់ចោលហើយ។ ន័យមួយទៀត អំពើដទៃ និងគ្រឿងបរិភោគ ជារបស់មនុស្សដែលយើងបានធ្វើហើយ បពិត្រព្រះមហាមុនី របស់ទាំងអស់នុ៎ះ យើងខ្ញុំបានលះបង់ចោលអស់កាលយូរអង្វែងហើយ។ បុណ្យមានប្រមាណច្រើន ដែលយើងបានធ្វើហើយ បានសោយនូវភាពជាឥស្សរៈ ត្រាច់រង្គាត់ក្នុងភពតូចភពធំ អស់សំសារវដ្ដមានជាតិច្រើន។ លុះដល់មកក្នុងបច្ឆិមភព យើងខ្ញុំបានកើតក្នុងត្រកូលផ្សេងៗគ្នា ក្នុងលំនៅនៃព្រះសក្យបុត្រ ជាស្រីមានពណ៌សម្បុរជាទីប្រាថ្នា បីដូចជាស្រីទេពអប្សរ។ បានដល់នូវយស ដែលជនទាំងពួង ធ្វើសក្ការបូជាហើយ ដោយលាភដ៏ប្រសើរ បាននូវបាយ និងទឹក ដែលពួកជនរាប់អានសព្វៗកាល។ យើងខ្ញុំលះបង់នូវផ្ទះ ហើយចូលទៅកាន់ផ្នួស មិនទាន់បានដល់កន្លះខែ ក៏បានដល់សេចក្ដីរំលត់ទុក្ខទាំងអស់គ្នា។ យើងខ្ញុំជាអ្នកបាននូវបាយ និងទឹកផង នូវសំពត់ និងសេនាសនៈផង បច្ច័យទាំងពួង រមែងមានគ្រប់គ្រាន់ យើងខ្ញុំត្រូវគេធ្វើសក្ការបូជាសព្វកាល។ កិលេសទាំងឡាយ យើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំគាស់រំលើងហើយ យើងខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! យើងខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ យើងខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ យើងខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះភិក្ខុនីមួយម៉ឺនរូប មានព្រះនាងយសោធរាភិក្ខុនីជាប្រធានមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភ័ក្រ្តព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ ទសសហស្សថេរីនមបទាន។

អដ្ឋារសថេរីសហស្សានមបទាន ទី១០

(១០. យសោធរាបមុខអដ្ឋារសភិក្ខុនីសហស្សអបទានំ)

[៣០] ភិក្ខុនី ១៨ ពាន់ មាននាងយសោធរាជាប្រធាន ដែលកើតក្នុងត្រកូលសាក្យៈ បាននាំគ្នាចូលទៅគាល់ព្រះសម្ពុទ្ធ។ ភិក្ខុនីទាំង ១៨ ពាន់នោះ សឹងមានឫទ្ធិច្រើន នាំគ្នាចូលទៅថ្វាយបង្គំព្រះបាទាព្រះមុនី ក្រាបទូលតាមសមគួរដល់កម្លាំងថា បពិត្រព្រះមហាមុនី ជាតិ ជរា ព្យាធិ និងមរណៈ (នៃយើងខ្ញុំ) អស់ហើយ បពិត្រព្រះអង្គជានាយក យើងខ្ញុំទាំងឡាយ នឹងទៅកាន់ព្រះនិព្វានឈ្មោះអមតៈ ដែលមិនមានអាសវៈ ជាផ្លូវដ៏ស្ងប់រម្ងាប់។ បពិត្រព្រះមហាមុនី កាលពីដើម ពួកភិក្ខុនីទាំងអស់ មានសេចក្ដីភ្លាំងភ្លាត់ ពួកភិក្ខុនីដឹងច្បាស់នូវកំហុស បពិត្រព្រះអង្គជានាយក សូមព្រះអង្គអត់ទោសដល់យើងខ្ញុំ។

នាងទាំងឡាយ ជាអ្នកធ្វើតាមសាសនារបស់តថាគត ចូរសម្ដែងនូវឫទ្ធិ ឲ្យទាល់តែកាត់សេចក្ដីសង្ស័យរបស់ពួកបរិស័ទទាំងអស់។

បពិត្រព្រះមហាវីរៈ ខ្ញុំម្ចាស់យសោធរា ជាទីពេញព្រះហឫទ័យ ជាទីស្រឡាញ់ គួររមិលមើល បពិត្រមហាវីរៈ ស្រ្ដីទាំងពួងជាព្រះជាយា ក្នុងដំណាក់របស់ព្រះអង្គ។ បពិត្រព្រះអង្គមានព្យាយាម បណ្ដាពួកស្រីមួយសែន ៩៦ រូប ខ្ញុំម្ចាស់ជាប្រធាន ជាឥស្សរៈលើស្រីទាំងពួង ក្នុងព្រះរាជដំណាក់របស់ព្រះអង្គ។ ពួកស្រីទាំងអស់ ជាអ្នកបរិបូណ៌ដោយគុណ គឺរូប និងអាចារៈ ឋិតនៅក្នុងបឋមវ័យ ពោលពាក្យជាទីស្រឡាញ់ តែងគោរពកោតក្រែងខ្ញុំម្ចាស់ ដូចពួកមនុស្សគោរពកោតក្រែងពួកទេវតា។ ពួកស្រីទាំង ១៨ ពាន់ កើតក្នុងត្រកូលសាក្យៈ ក្នុងកាលនោះ ស្រីមួយពាន់ ទ្រទ្រង់យស ជាប្រធាន ជាធំ។ បពិត្រព្រះមហាមុនី ស្រីទាំងឡាយ កន្លងនូវកាមធាតុ ឋិតនៅក្នុងរូបធាតុ ប្រាកដស្មើដោយរូបនៃស្រីទាំងមួយពាន់ គ្មានទេ។ ថេរីទាំងឡាយ មានឫទ្ធិច្រើន លុះថ្វាយបង្គំព្រះសម្ពុទ្ធហើយ សម្ដែងឫទ្ធិថ្វាយព្រះសាស្ដា សម្ដែងនូវមហិទ្ធិឫទ្ធិ មានអាការផ្សេងៗដ៏ច្រើន។ គឺសម្ដែងកាយស្មើនឹងចក្កវាឡ ឧត្តរកុរុទ្វីបជាក្បាល ទ្វីបទាំងពីរជាស្លាបទាំងពីរខាង ជម្ពូទ្វីបជាសរីរៈ។ ស្រះខាងត្បូង ជាសំណុំកន្ទុយស្ទឹងផ្សេងៗ ជាបំពង់ស្លាប ព្រះចន្រ្ទ និងព្រះអាទិត្យ ជាភ្នែក ភ្នំមេរុជាសិរ។ ភ្នំចក្កវាឡ និងដើមព្រីង ព្រមទាំងឫស ជាចំពុះ កាលបក់ហើយ ចូលមកថ្វាយបង្គំព្រះលោកនាយក ។ កាលនោះ បានសម្ដែងភេទនៃដំរី សេះ ភ្នំ ជលជាតិ ព្រះចន្រ្ទ ព្រះអាទិត្យ ភ្នំមេរុ និងភេទព្រះឥន្ទ។ បពិត្រព្រះអង្គមានព្យាយាម មានចក្ខុ យើងខ្ញុំ និងនាងយសោធរា សូមថ្វាយបង្គំព្រះបាទា បពិត្រព្រះអង្គជានាយកនៃជន យើងខ្ញុំសម្រេចហើយ ដោយអានុភាពរបស់ព្រះអង្គ អស់កាលដ៏យូរ។ បពិត្រព្រះមហាមុនី យើងខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ក្នុងសោតធាតុជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង។ យើងខ្ញុំដឹងបុព្វេនិវាសៈ ទិព្វចក្ខុ យើងខ្ញុំជម្រះស្អាតហើយ យើងខ្ញុំមានអាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទានៃយើងខ្ញុំ កើតឡើងហើយក្នុងសំណាក់របស់ព្រះអង្គ។ ការគប់រកនូវព្រះពុទ្ធទាំងឡាយ ដែលជាទីពឹងរបស់សត្វលោក យើងខ្ញុំបានសម្ដែងហើយ បពិត្រព្រះមហាមុនី ការកសាងជាច្រើន យើងខ្ញុំបានធ្វើហើយ ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមុនី កុសលកម្មណា ដែលជាកម្មចាស់របស់ខ្ញុំ សូមព្រះអង្គនឹកនូវកុសលកម្មនោះ បពិត្រព្រះអង្គមានព្យាយាមធំ បុណ្យទាំងឡាយ យើងខ្ញុំសន្សំហើយ ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះអង្គមានព្យាយាមធំ យើងខ្ញុំបានវៀរក្នុងទីមិនគួរហើយ ហាមឃាត់នូវអនាចារ សូម្បីជីវិត យើងខ្ញុំក៏បានលះបង់ដើម្បីប្រយោជន៍ព្រះអង្គ។ ព្រះអង្គទ្រង់ប្រទានយើងខ្ញុំ ដើម្បីប្រយោជន៍ជាភរិយា នៃបុគ្គលដទៃវិញ អស់ជាតិមានពាន់នៃកោដិដ៏ច្រើន បពិត្រព្រះមហាមុនី យើងខ្ញុំឥតមានតូចចិត្តក្នុងរឿងនោះទេ ដើម្បីប្រយោជន៍ព្រះអង្គ។ ព្រះអង្គបានប្រទាននូវយើងខ្ញុំ ដើម្បីទំនុកបម្រុង (ជនដទៃ) អស់ជាតិមានពាន់នៃកោដិដ៏ច្រើន បពិត្រព្រះមហាមុនី យើងខ្ញុំឥតមានតូចចិត្តក្នុងរឿងនោះទេ ដើម្បីប្រយោជន៍ព្រះអង្គ។ ព្រះអង្គទ្រង់ព្រះរាជទាននូវយើងខ្ញុំ ដើម្បីប្រយោជន៍ដល់ការប្រើប្រាស់នៃជនដទៃ អស់ជាតិមានពាន់នៃកោដិដ៏ច្រើន បពិត្រព្រះមហាមុនី យើងខ្ញុំទាំងឡាយ ឥតមានតូចចិត្តក្នុងរឿងនោះទេ ដើម្បីប្រយោជន៍ព្រះអង្គ។ យើងខ្ញុំបានលះបង់ជីវិតទាំងឡាយ មានពាន់នៃកោដិដ៏ច្រើន គឺធ្វើឲ្យគេរួចចាកទុក្ខភ័យ ស៊ូលះបង់ជីវិតនៃខ្លួន។ បពិត្រព្រះមហាមុនី យើងខ្ញុំមិនដែលលាក់ទុកនូវគ្រឿងប្រដាប់ដែលជាប់នឹងអង្គ ដូចយ៉ាងសំពត់ផ្សេងៗជាច្រើន ភណ្ឌៈរបស់ស្រី ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមហាមុនី យើងខ្ញុំបានបរិច្ចាគទ្រព្យ និងស្រូវ បានបរិច្ចាគស្រុក និគម ស្រែ កូនប្រុស កូនស្រី។ បពិត្រព្រះអង្គមានព្យាយាមធំ យើងខ្ញុំបានបរិច្ចាគដំរី សេះ គោ ខ្ញុំស្រី អ្នកបម្រើរាប់មិនអស់ ដើម្បីប្រយោជន៍ព្រះអង្គ។ ព្រះអង្គបានប្រឹក្សានឹងយើងខ្ញុំ ដោយទានណា យើងខ្ញុំក៏បានឲ្យទាននោះ ដល់ស្មូមទាំងឡាយ យើងខ្ញុំមិនបានឃើញនូវសេចក្ដីតូចចិត្តចំពោះព្រះអង្គ កាលដែលឲ្យទានដ៏ឧត្ដមនោះសោះឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ យើងខ្ញុំទាំងឡាយ បានទទួលនូវសេចក្ដីទុក្ខ មានចំណែកច្រើនចំពូកណាស់ រាប់មិនអស់ក្នុងសំសារ មានចំណែកច្រើន ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមហាមុនី យើងខ្ញុំបានរីករាយ តាមចំណែកបុណ្យដែលនាំមកនូវសេចក្ដីសុខ ទាំងមិនតូចចិត្តចំពោះទុក្ខទាំងឡាយ ជាអ្នកត្រេកអរក្នុងទីទាំងពួង ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះសម្ពុទ្ធទ្រង់សោយនូវសុខទុក្ខ ហើយដល់នូវការត្រាស់ដឹង នាំមកនូវធម៌ដោយលំដាប់មគ្គ។ ការគប់រកព្រះសម្ពុទ្ធ ព្រះនាមគោតម ជាលោកនាយក ដែលជាទេវតាប្រសើរផង ព្រះលោកនាថទាំងឡាយដទៃផង យើងខ្ញុំ (បានជួបហើយ) ជាច្រើនដង។ សេចក្ដីកសាងដ៏ច្រើននៃយើងខ្ញុំ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ព្រះអង្គ បពិត្រព្រះមហាមុនី យើងខ្ញុំជាស្រីបម្រើរបស់ព្រះអង្គ កាលដែលទ្រង់ស្វែងរកនូវពុទ្ធធម៌។ ក្នុងកប្បទី ៤ អសង្ខេយ្យ និង ១ សែន ព្រះសម្ពុទ្ធព្រះនាមទីបង្ករ ជាមហាវីរបុរស ជាលោកនាយក ទ្រង់កើតឡើង។ ជនទាំងឡាយនៅបច្ចន្តប្រទេស និមន្តព្រះតថាគត មានចិត្តត្រេកអរ នាំគ្នាជម្រះផ្លូវសម្រាប់យាងមកនៃព្រះតថាគតនោះ។ ក្នុងកាលនោះ ព្រះអង្គជាព្រាហ្មណ៍ ឈ្មោះសុមេធៈ បានចាត់ចែងរៀងចំផ្លូវ ដើម្បីព្រះសម្ពុទ្ធទីបង្ករ ទ្រង់ឃើញហេតុទាំងពួង ទ្រង់យាងមក។ ក្នុងកាលនោះ យើងខ្ញុំទាំងអស់គ្នា កើតក្នុងត្រកូលព្រាហ្មណ៍ បានទៅនាំយកផ្កា ផលុកជាតិមកកាន់ទីប្រជុំ។ ក្នុងសម័យនោះ ព្រះពុទ្ធទ្រង់ព្រះនាមទីបង្ករ មានយសធំ មានព្យាយាមធំនោះ ទ្រង់បានព្យាករនូវសុមេធតាបស ជាឥសីមានចិត្តរីករាយ។ កាលព្រះពុទ្ធទីបង្ករ ទ្រង់ប្រកាសកម្មរបស់សុមេធតាបសនោះថា ជាឥសីមានចិត្តរីករាយផែនដីក៏កក្រើក រំភើបញាប់ញ័រ ក្នុងមនុស្សលោក ព្រមទាំងទេវលោក។ ពួកទេវកញ្ញា ពួកមនុស្ស ទាំងយើងខ្ញុំ ព្រមទាំងទេវតា សឹងនាំគ្នាបូជាគ្រឿងប្រដាប់ដែលគួរបូជាផ្សេងៗ ហើយតាំងប្រាថ្នា។ ព្រះពុទ្ធជាម្ចាស់ មានព្រះនាមទីបង្ករ ទ្រង់បានព្យាករដល់ពួកជនទាំងនោះថា ជនទាំងឡាយណា មានសេចក្ដីប្រាថ្នាក្នុងថ្ងៃនេះ ជនទាំងនោះ ឈ្មោះថា មានក្នុងទីចំពោះមុខ (នៃព្រះពុទ្ធ)។ ក្នុងកប្បប្រមាណមិនបានអំពីកប្បនេះ ព្រះពុទ្ធព្យាករនូវយើងខ្ញុំ ដោយព្រះពុទ្ធដីកាណា យើងខ្ញុំរមែងរីករាយ តាមព្រះពុទ្ធដីកានោះ ជាអ្នកធ្វើតាមយ៉ាងនោះ។ ជនទាំងឡាយ បានចាប់កំណើតជារបស់ទេវតា និងមនុស្ស រាប់មិនអស់ ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធនោះ ដោយអំណាចនៃកម្មនោះ ដែលខ្លួនធ្វើល្អហើយ។ យើងខ្ញុំបានសោយសុខទុក្ខក្នុងទេវតាផង មនុស្សផង ដល់មកក្នុងបច្ឆិមភពនេះ បានមកកើតក្នុងត្រកូលសក្យៈ។ យើងខ្ញុំជាអ្នកមានរូបល្អ មានភោគសម្បត្តិច្រើន មានយស និងសីលដ៏ល្អ បរិបូណ៌ដោយអវយវៈសព្វគ្រប់ ជាអ្នកអង់អាចលើសក្នុងត្រកូលទាំងឡាយ។ ចិត្តនៃយើងខ្ញុំ ដែលប្រជុំចុះក្នុងលោកធម៌ មានលាភៈ សេចក្ដីសរសើរ និងគ្រឿងសក្ការៈ ជាចិត្តមិនដល់នូវសេចក្ដីទុក្ខទេ តើយើងខ្ញុំនឹងមានភ័យអំពីណា។ សមដូចជាព្រះមានព្រះភាគ ទ្រង់ត្រាស់នូវព្រះតម្រាស់នេះ ចំពោះស្ដេចខាងក្នុងបុរី ក្នុងកាលនោះដូច្នេះថា មហារាជបានសម្ដែងនូវឧបការគុណរបស់នារីនៃពួកក្សត្រក្នុងបុរីនោះ គឺនារីអ្នកមានឧបការៈ នារីរួមសុខទុក្ខ នារីដែលប្រាប់នូវប្រយោជន៍ និងនារីជាអ្នកមានសេចក្ដីអនុគ្រោះ។ បុគ្គលគប្បីប្រព្រឹត្តធម៌ឲ្យជាសុចរិត កុំគប្បីប្រព្រឹត្តធម៌នោះឲ្យជាទុច្ចរិតឡើយ បុគ្គលអ្នកប្រព្រឹត្តធម៌ រមែងដេកជាសុខ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។ យើងខ្ញុំបានលះបង់ផ្ទះហើយ ហើយចូលទៅកាន់ផ្នួស មិនទាន់បានដល់កន្លះខែ ស្រាប់តែយើងខ្ញុំបាននូវសច្ចៈ ៤។ ពួកជនដ៏ច្រើន តែងបង្អោនមកនូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ និងសេនាសនប្បច្ច័យចំពោះយើងខ្ញុំ បីដូចរលកនៃសាគរ។ កិលេសទាំងឡាយ យើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំដកចោលចេញហើយ យើងខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! យើងខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ យើងខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ យើងខ្ញុំក៏បានប្រតិបត្តិហើយ។ យើងខ្ញុំដល់នូវភាពបរិសុទ្ធ បរិបូណ៌ដោយគុណទាំងពួង តែងបាននូវទុក្ខមានប្រការច្រើន និងសម្បត្តិ មានប្រការច្រើនយ៉ាងនេះឯង។ ស្រីទាំងឡាយណា ឲ្យនូវខ្លួនជារបស់ខ្លួន ដល់បុគ្គលស្វែងរកនូវគុណដ៏ធំ ដើម្បីប្រយោជន៍ដល់បុណ្យ ស្រីទាំងឡាយនោះ ឈ្មោះថាអ្នកបរិបូណ៌ដោយសំឡាញ់ តែងបាននូវព្រះនិព្វាន មានចំណែក មិនមានបច្ច័យប្រជុំតាក់តែង។ កម្មជាអតីត ជាបច្ចុប្បន្ន ជាអនាគតនៃយើងខ្ញុំអស់ហើយ កម្មទាំងពួងរបស់យើងខ្ញុំ អស់រលីងហើយ បពិត្រព្រះអង្គមានចក្ខុ យើងខ្ញុំសូមថ្វាយបង្គំនូវព្រះបាទា។ បុគ្គលណា មានទោស គឺបច្ច័យប្រជុំតាក់តែងស្ងប់រម្ងាប់ហើយ ដល់នូវចំណែកព្រះនិព្វាន ឈ្មោះអមតៈ យើងខ្ញុំនឹងក្រាបទូលដល់ព្រះអង្គ នូវបុគ្គលនោះ ឲ្យក្រៃលែងជាងពួកស្រី ដែលពោលពីព្រះនិព្វានដូចម្ដេចកើត។

បានឮថា ព្រះភិក្ខុនី ១៨.០០០ រូប មានព្រះនាងយសោធរាភិក្ខុនីជាប្រមុខ បានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភក្រ្តព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ អដ្ឋារសថេរីសហស្សានមបទាន។

ឧទ្ទាន

កុណ្ឌលកេសីថេរិយាបទាន ១ កិសាគោតមីថេរិយាបទាន ១ ធម្មទិន្នាថេរិយាបទាន ១ សកុលាថេរិយាបទាន ១ នន្ទាថេរិយាបទាន ១ សោណាថេរិយាបទាន ១ ភទ្ទកាបិលានីថេរិយាបទាន ១ យសោធរាថេរិយាបទាន ១ ទសសហស្សថេរីនមបទាន ១ អដ្ឋារសថេរីសហស្សានមបទាន ១ មានគាថាចំនួន ៤៧៨។

ចប់ កុណ្ឌលកេសវគ្គ ទី៣។

ខត្តិយកញ្ញាវគ្គ ទី៤ (៦០)

(៤. ខត្តិយាវគ្គោ)

អដ្ឋារសសហស្សខត្តិយកញ្ញាថេរីនមបទាន ទី១

(១. យសវតីបមុខអដ្ឋារសភិក្ខុនីសហស្សអបទានំ)

[៣១] បពិត្រព្រះមហាមុនី យើងខ្ញុំសូមក្រាបទូលថា ភពទាំងពួងនៃយើងខ្ញុំអស់ហើយ តំណនៃភព យើងខ្ញុំបានដោះចេញហើយ អាសវៈទាំងពួងរបស់យើងខ្ញុំមិនមានឡើយ។ បពិត្រព្រះមហាមុនី កុសលណាមួយ ដែលយើងខ្ញុំបរិកម្មហើយ ទាំងប្រាថ្នាដោយប្រពៃហើយ គ្រឿងប្រើប្រាស់ យើងខ្ញុំបានឲ្យហើយ ដើម្បីប្រយោជន៍ព្រះអង្គ។ បពិត្រព្រះមហាមុនី គ្រឿងប្រើប្រាស់ យើងខ្ញុំបានឲ្យហើយ ដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងសាវ័កទាំងឡាយ បានប្រាថ្នាហើយ ដើម្បីប្រយោជន៍នៃព្រះអង្គ។ បពិត្រព្រះមហាមុនី កម្មខ្ពស់ និងទាប យើងខ្ញុំបានតម្កល់ទុក ដើម្បីពួកភិក្ខុដោយប្រពៃ ការបរិកម្មក្នុងត្រកូលដ៏ខ្ពស់ យើងខ្ញុំបានធ្វើរួចហើយ។ នាងខត្តិយកញ្ញាទាំងឡាយ ជាអ្នកបរិបូណ៌ដោយកម្ម ត្រូវកុសលមូលនោះឯងមកដាស់តឿន ហើយកន្លងនូវធម៌របស់មនុស្ស បានមកកើតក្នុងខត្តិយត្រកូល។ កម្មដែលយើងខ្ញុំបានសន្សំ បានធ្វើហើយក្នុងជាតិជាមួយគ្នា ក្នុងបច្ឆិមជាតិ យើងខ្ញុំក៏កើតក្នុងខត្តិយត្រកូលជាមួយគ្នា។ បពិត្រព្រះអង្គ មានព្យាយាមធំ យើងខ្ញុំមានរូបល្អ ទាំងមានភោគសម្បត្តិច្រើន ទាំងមានលាភៈ និងគ្រឿងសក្ការៈ ត្រូវពួកជនបូជាហើយ នៅក្នុងព្រះរាជវាំង បីដូចជានៅក្នុងនន្ទនឧទ្យាននៃពួកទេវតា។ យើងខ្ញុំទាំងអស់គ្នា នឿយណាយ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស នៅអាស្រ័យត្រឹមតែពីរបីថ្ងៃ ក៏បានដល់ព្រះនិព្វាន។ ជនទាំងឡាយដ៏ច្រើន តែងបង្អោននូវចីវរប្បច្ច័យផង បិណ្ឌបាតប្បច្ច័យផង សេនាសនប្បច្ច័យផង ដើម្បីយើងខ្ញុំ បូជានូវគ្រឿងសក្ការៈដល់យើងខ្ញុំសព្វៗកាល។ កិលេសទាំងឡាយ យើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំក៏ដកចោលហើយ យើងខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! យើងខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ យើងខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ យើងខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះខត្តិយកញ្ញាភិក្ខុនី ចំនួន ១៨.០០០ រូប មានព្រះនាងយសោធរាភិក្ខុនី ជាប្រធាន បានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភក្រ្ដព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ អដ្ឋារសសហស្សខត្តិយកញ្ញាថេរីនមបទាន។

ចតុរាសីតិសហស្សព្រាហ្មណកញ្ញាថេរីនមបទាន ទី២

(២. ចតុរាសីតិភិក្ខុនីសហស្សអបទានំ)

[៣២] បពិត្រព្រះមហាមុនី ភិក្ខុនី ៨៤.០០០ កើតក្នុងត្រកូលព្រាហ្មណ៍ មានជើងដៃទន់ល្វន់ ក្នុងបុរីនៃព្រះអង្គ។ បពិត្រព្រះមហាមុនី ពួកស្រ្ដីកើតក្នុងវេស្សត្រកូល និងសុទ្រត្រកូល ពួកទេវតា ពួកនាគ ពួកកិន្នរ ពួកនាងកញ្ញាដ៏ច្រើន ទាំង ៤ ទ្វីប ក្នុងបុរីរបស់ព្រះអង្គ។ ពួកស្រីខ្លះ ក៏បានបួស ពួកទេវតាច្រើន ពួកកិន្នរ និងពួកនាគដែលជាអ្នកឃើញធម៌ទាំងពួងហើយ គង់នឹងបានត្រាស់ដឹងក្នុងអនាគតកាល។ ជនទាំងឡាយនោះ បានទទួលនូវយសទាំងពួង សម្រេចសម្បត្តិទាំងពួង ហើយបាននូវសេចក្ដីជ្រះថ្លាក្នុងព្រះអង្គ មុខជានឹងបានត្រាស់ដឹងក្នុងអនាគតកាល។ បពិត្រព្រះអង្គមានព្យាយាមធំ មានចក្ខុ យើងខ្ញុំជាធីតានៃព្រាហ្មណ៍ កើតក្នុងត្រកូលព្រាហ្មណ៍ ប្រកបដោយលក្ខណៈ សូមក្រាបថ្វាយបង្គំព្រះបាទា (របស់ព្រះអង្គ)។ ភពទាំងឡាយ យើងខ្ញុំលះបង់ចោលហើយ ឫសគល់នៃតណ្ហា យើងខ្ញុំបានដកចេញហើយ អនុស័យ យើងខ្ញុំបានផ្ដាច់ផ្ដិលហើយ បុញ្ញាភិសង្ខារ យើងខ្ញុំបានទំលាយចេញហើយ។ យើងខ្ញុំទាំងអស់មាន សមាធិជាអារម្មណ៍ ជាអ្នកស្ទាត់ជំនាញក្នុងសមាបត្តិ នឹងប្រព្រឹត្តនៅដោយការត្រេកអរក្នុងធម៌ ដោយឈានសព្វៗកាល។ បពិត្រព្រះអង្គជានាយក តណ្ហាដែលនាំសត្វទៅកាន់ភព អវិជ្ជា និងសង្ខារទាំងឡាយ យើងខ្ញុំបានធ្វើឲ្យអស់ហើយ យើងខ្ញុំយល់ច្បាស់នូវធម៌ ព្រោះដល់នូវបទគឺព្រះនិព្វាន ដែលបុគ្គលឃើញបានដោយកម្រ។

នាងទាំងឡាយ មានឧបការៈដល់តថាគត នាងទៅកាន់ផ្លូវឆ្ងាយ អស់កាលមានរាត្រីវែង នាងទាំងអស់គ្នា ចូរកាត់នូវសេចក្ដីសង្ស័យនៃបរិស័ទទាំង ៤ ហើយទៅកាន់ព្រះនិព្វានចុះ។

ពួកភិក្ខុនីខ្លះ ថ្វាយបង្គំព្រះបាទានៃព្រះមុនីរួចហើយ ក៏ធ្វើនូវការផ្លែងឫទ្ធិ សម្ដែងនូវពន្លឺ ហើយសម្ដែងនូវងងឹតដទៃទៀត ពួកភិក្ខុនីខ្លះ សម្ដែងព្រះចន្រ្ទ និងព្រះអាទិត្យ ខ្លះសម្ដែងសាគរ ប្រកបដោយត្រី ខ្លះសម្ដែងភ្នំសិនេរុ និងភ្នំបរិភ័ណ្ឌ ខ្លះសម្ដែងដើមបារិច្ឆត្តព្រឹក្ស។ ខ្លះសម្ដែងភពតាវត្តឹង្ស ខ្លះសម្ដែងភពឈ្មោះយាមៈដោយឫទ្ធិ ខ្លះនិម្មិតជាទេវតាមានឥស្សរៈធំ នៅក្នុងជាន់តុសិត និងវសវត្តី។ ពួកខ្លះនិម្មិតជាព្រហ្ម សម្ដែងទីចង្រ្កមមានតម្លៃច្រើន ខ្លះនិម្មិតភេទជាព្រហ្ម សម្ដែងនូវធម៌ដ៏សូន្យ។ លុះពួកស្រីទាំងអស់ បានផ្លែងឫទ្ធិប្លែកៗហើយ សម្ដែងឫទ្ធិ សម្ដែងកម្លាំងថ្វាយព្រះសាស្ដារួចហើយ ថ្វាយបង្គំព្រះបាទាព្រះសាស្ដា ទូលថា បពិត្រព្រះមហាមុនី យើងខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង។ យើងខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ យើងខ្ញុំបានជម្រះស្អាតហើយ អាសវៈទាំងពួងរបស់យើងខ្ញុំអស់ហើយ ភពថ្មីទៀត ក្នុងកាលឥឡូវនេះ គ្មានឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទាផង ក្នុងធម្មប្បដិសម្ភិទាផង ក្នុងនិរុត្តិប្បដិសម្ភិទាផង ក្នុងបដិភាណប្បដិសម្ភិទាផង របស់យើងខ្ញុំ កើតឡើងហើយក្នុងសំណាក់ព្រះអង្គ។ បពិត្រព្រះមហាមុនី ការគប់រកព្រះពុទ្ធទាំងឡាយ ដែលជាទីពឹងនៃសត្វលោក យើងខ្ញុំបានជួបហើយ យើងខ្ញុំបានកសាងបុណ្យដ៏ច្រើន ដើម្បីប្រយោជន៍នៃព្រះអង្គ។ បពិត្រព្រះមហាមុនី កម្មណា ដែលយើងខ្ញុំបានធ្វើហើយ ក្នុងកាលមុន សូមព្រះអង្គរឭកនូវកម្មជាកុសលនោះចុះ បពិត្រព្រះមហាវីរៈ បុណ្យទាំងឡាយ យើងខ្ញុំបានសាងសន្សំហើយ ដើម្បីប្រយោជន៍នៃព្រះអង្គ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានព្រះមហាមុនីមួយព្រះអង្គ ព្រះនាមបទុមុត្តរៈ ឯបុរីឈ្មោះហង្សវតី ជាលំនៅនៃត្រកូលព្រះសម្ពុទ្ធ។ ស្ទឹងគង្គាតែងហូរទៅក្នុងបុរី ឈ្មោះហង្សវតី តាមទ្វារសព្វៗកាល ពួកភិក្ខុទាំងនោះ ត្រូវទឹកស្ទឹងបៀតបៀន ក៏ទៅមកមិនបាន។ ភិក្ខុទាំងឡាយនោះ ទៅមិនបានអស់ពីរថ្ងៃ អស់បីថ្ងៃ អស់ ៧ ថ្ងៃ អស់មួយខែ ដរាបទាល់ពេញបួនខែ។ គ្រានោះ មានបុរសជាខ្លឹមសាររបស់សត្វ ឈ្មោះជជ្ជៈ ជាអ្នកនៅក្នុងដែន បានឃើញពួកភិក្ខុ នៅត្រើយខាងអាយ ក៏ឲ្យគេសាងស្ពានត្រង់ស្ទឹងគង្គា។ គ្រានោះ បុរសនោះ បានសាងស្ពាននាស្ទឹងគង្គា ដោយតម្លៃមួយសែនកហាបណៈផង បានសាងវិហារក្នុងត្រើយខាងនាយនិងត្រើយខាងអាយ ដើម្បីភិក្ខុសង្ឃផង។ ពួកស្រី ពួកបុរស ពួកត្រកូលខ្ពស់ និងទាប ជនទាំងនោះ បានធ្វើស្ពានផង វិហារផង មានភាគស្មើគ្នា ដើម្បីភិក្ខុសង្ឃនោះ។ ពួកយើងខ្ញុំផង ពួកមនុស្សដទៃផង ក្នុងនគរ ក្នុងជនបទ មានចិត្តជ្រះថ្លា ជាអ្នកទទួលមត៌កក្នុងធម៌នៃព្រះសម្ពុទ្ធនោះ។ ពួកស្រី ពួកប្រុស ពួកកុមារ ពួកកុមារិកាជាច្រើន ជនទាំងនោះ បាននាំគ្នារោយរាយដីខ្សាច់ ដល់ស្ពានផង ដល់វិហារផង។ ជនទាំងនោះ នាំគ្នាដាំដើមចេក តម្កល់ក្អមពេញដោយទឹក លើកទង់ បោសសំអាតផ្លូវថ្នល់ បូជាធូប គ្រឿងលំអិត កម្រងផ្កា ជាគ្រឿងសក្ការៈថ្វាយព្រះសាស្ដា។ លុះជនទាំងនោះ បានធ្វើស្ពាន និងវិហាររួចហើយ និមន្តព្រះសាស្ដាជានាយក ថ្វាយមហាទាន ហើយប្រាថ្នានូវសម្ពោធិញ្ញាណ។

ព្រះមហាមុនី ព្រះនាមបទុមុត្តរៈ ជាមហាវីរៈ ជាទីគោរពរបស់សព្វសត្វទាំងឡាយ ទ្រង់បានធ្វើអនុមោទនា ហើយព្យាករថា ក្នុងកប្បទីមួយសែនកន្លងទៅ មានភទ្ទកប្បកើតឡើង បុរសនោះ បាននូវសេចក្ដីសុខក្នុងភពតូចភពធំ ហើយនឹងដល់ពោធិញ្ញាណ។ ពួកនរៈនារីណាមួយ ដែលបានធ្វើនូវហត្ថកម្ម លុះដល់កាលជាអនាគត ជនទាំងអស់នោះ នឹងមានក្នុងទីចំពោះព្រះភក្រ្ត (នៃព្រះពុទ្ធនោះ)។

ពួកស្រីជាអ្នកបម្រើទាំងអស់នោះរបស់ព្រះអង្គ កើតហើយក្នុងភពនៃទេវតា ព្រោះផលនៃកុសលកម្មនោះផង ព្រោះការតម្កល់ទុកនូវចេតនានោះផង។ ជនទាំងនោះ សោយទិព្វសុខរាប់មិនអស់ផង សោយសុខរបស់មនុស្សរាប់មិនអស់ផង ត្រាច់រង្គាត់ក្នុងភពតូចភពធំ អស់កាលជាយូរអង្វែង។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ កម្មសម្បត្តិ យើងខ្ញុំធ្វើល្អហើយ ក្នុងពួកមនុស្សជាអ្នកល្អិតល្អ ទាំងក្នុងទេវបុរីដ៏ប្រសើរ។ យើងខ្ញុំតែងបាននូវរូបល្អ នូវភោគសម្បត្តិ និងយស នូវសេចក្ដីសរសើរ សេចក្ដីសុខ និងសេចក្ដីស្រឡាញ់ ឯកម្មសម្បត្តិទាំងអស់ យើងខ្ញុំធ្វើល្អហើយ ដល់មកក្នុងបច្ឆិមភព យើងខ្ញុំបានមកកើតក្នុងត្រកូលព្រាហ្មណ៍ មានដៃជើងទន់ល្វន់ ក្នុងព្រះរាជនិវេសន៍នៃសក្យបុត្រ។ បពិត្រព្រះមហាមុនី យើងខ្ញុំមិនដែលឃើញផែនដី ដែលពួកជនមិនបានប្រដាប់រៀបចំសព្វកាលផង មិនដែលឃើញដំណើរទៅកាន់ទីមានភក់ផង។ កាលយើងខ្ញុំនៅគ្រប់គ្រងផ្ទះ ពួងជនតែងនាំគ្រឿងសក្ការៈ ប្រកបដោយកាលទាំងពួង អស់កាលគ្រប់កាល ដោយផលនៃបុព្វកម្មរបស់យើងខ្ញុំ។ យើងខ្ញុំបានលះបង់ផ្ទះ ហើយចូលទៅកាន់ផ្នួស បានឆ្លងផ្លូវ គឺសំសារវដ្ដ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ ជនទាំងឡាយ តែងនាំនូវចីវរប្បច្ច័យផង បិណ្ឌបាតប្បច្ច័យផង សេនាសនប្បច្ច័យផង ឲ្យដល់យើងខ្ញុំ ចំនួនមួយពាន់កហាបណៈ អំពីទីនោះៗ សព្វៗកាល។ កិលេសទាំងឡាយ យើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំដកចោលហើយ យើងខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! យើងខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ យើងខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ យើងខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះព្រាហ្មណកញ្ញាភិក្ខុនី ៨៤.០០០ រូប បានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភក្រ្តព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ ចតុរាសីតិសហស្សព្រាហ្មណកញ្ញាថេរីនមបទាន។

ឧប្បលទាយិកាថេរិយាបទាន ទី៣

(៣. ឧប្បលទាយិកាថេរីអបទានំ)

[៣៣] ក្នុងនគរអរុណវតី មានក្សត្រមួយព្រះអង្គ ព្រះនាមអរុណៈ ខ្ញុំជាអគ្គមហេសីរបស់ស្ដេចនោះ ខ្ញុំបានញ៉ាំងជនពួកខ្លះឲ្យបម្រើ។ ក្នុងកាលនោះ ខ្ញុំអង្គុយក្នុងទីស្ងាត់ ហើយត្រិះរិះយ៉ាងនេះថា បើអាត្មាអញមិនបានធ្វើកុសល ដែលគប្បីកាន់យកទៅបានទេ អាត្មាអញនឹងទៅកាន់នរក មានសេចក្ដីក្ដៅក្រហាយធំ ខ្លោចផ្សា មានសភាពឃោរឃៅ អាក្រក់ក្រៃលែងដោយពិត សេចក្ដីសង្ស័យរបស់អាត្មាអញ ក្នុងរឿងនេះគ្មានទេ។ លុះខ្ញុំគិតយ៉ាងនេះហើយ ក៏ញ៉ាំងចិត្តឲ្យរីករាយ ចូលទៅគាល់ព្រះរាជា ហើយក្រាបបង្គំទូលនូវពាក្យនេះថា បពិត្រព្រះសម្មតិទេព យើងខ្ញុំជាស្រី យើងខ្ញុំមិនមែនជាប្រុស បពិត្រព្រះមហាក្សត្រ សូមព្រះអង្គព្រះរាជទានសមណៈមួយរូបដល់ខ្ញុំម្ចាស់ៗ នឹងញ៉ាំងសមណៈនោះឲ្យឆាន់។ គ្រានោះឯង ព្រះរាជាបានទ្រង់ប្រទានសមណៈ មានឥន្ទ្រិយអប់រំហើយដល់ខ្ញុំ ទាំងខ្ញុំ បានកាន់យកបាត្ររបស់សមណៈនោះ ហើយញ៉ាំងបាត្រឲ្យពេញដោយបាយដ៏ឧត្ដម។ លុះដាក់បាយដ៏ឧត្ដម ព្រមទាំងគ្រឿងអប់ និងគ្រឿងលាបហើយ ក៏មានចិត្តត្រេកអរ បានយកសំពត់ផ្ទាំងធំគ្របបាត្រ ហើយនាំយកទៅប្រគេន។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ខ្ញុំបានធ្វើជាមហេសីនៃស្ដេចទេវតាមួយពាន់ដង បានធ្វើជាមហេសីនៃស្តេចចក្រពត្តិមួយពាន់ដង។ ខ្ញុំបានធ្វើជាមហេសីនៃស្ដេចប្រទេសរាជដ៏ធំទូលាយ រាប់ជាតិមិនអស់ ឯបុណ្យដទៃច្រើន មានប្រការផ្សេងៗ ផលនៃបុណ្យនោះ ច្រើនលើសនោះទៅទៀត។ សម្បុររបស់ខ្ញុំដូចផ្កាឧប្បល ខ្ញុំជាស្រីមានរូបល្អល្អះ គួររមិលមើល បរិបូណ៌ដោយអវយវៈទាំងអស់ កើតក្នុងត្រកូលខ្ពស់ទ្រទ្រង់សេចក្ដីរុងរឿង ដល់មកក្នុងបច្ឆិមភព ខ្ញុំបានមកកើតក្នុងសក្យត្រកូល ជាប្រធាននៃស្រីមួយពាន់ នៃព្រះរាជបុត្ររបស់ព្រះបាទសុទ្ធោទនៈ។ ខ្ញុំនឿយណាយក្នុងផ្ទះ ហើយចូលទៅកាន់ផ្នួស លុះគ្រប់ ៧ រាត្រី ក៏បានយល់ច្បាស់នូវសច្ចៈ ៤។ ខ្ញុំមិនអាចនឹងរាប់នូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យបានទេ នេះឯងជាផលនៃបិណ្ឌបាត។ បពិត្រព្រះមុនី មានព្យាយាមធំ កុសលកម្មណា ដែលខ្ញុំបានធ្វើហើយក្នុងកាលមុន សូមព្រះអង្គរលឹកនូវកម្មជាកុសលនោះចុះ ឯអំពើល្អមានច្រើន ដែលខ្ញុំបានលះបង់ហើយ ដើម្បីប្រយោជន៍នៃព្រះអង្គ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យបិណ្ឌបាតទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃបិណ្ឌបាត។ ខ្ញុំស្គាល់តែគតិពីរ គឺទេវតា និងមនុស្ស ខ្ញុំមិនដែលស្គាល់គតិដទៃឡើយ នេះជាផលនៃបិណ្ឌបាត។ ខ្ញុំស្គាល់តែត្រកូលខ្ពស់ ជាមហាសាល មានទ្រព្យច្រើន មិនដែលស្គាល់ត្រកូលដទៃឡើយ នេះជាផលនៃបិណ្ឌបាត។ ខ្ញុំត្រាច់រង្គាត់ទៅក្នុងភពតូចភពធំ ត្រូវកុសលមូលដាស់តឿន មិនដែលបានជួបប្រទះនឹងវត្ថុមិនពេញចិត្តឡើយ នេះជាផលនៃសេចក្ដីត្រេកអរ។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជម្រះស្អាតហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទានៃខ្ញុំព្រះអង្គ កើតឡើងក្នុងសំណាក់របស់ព្រះអង្គ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះឧប្បលទាយិកាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ចំពោះព្រះភក្រ្តនៃព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ ឧប្បលទាយិកាថេរិយាបទាន។

សិង្គាលមាតាថេរិយាបទាន ទី៤

(៤. សិង្គាលមាតុថេរីអបទានំ)

[៣៤] ព្រះជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ជានាយក ទ្រង់កើតឡើងក្នុងកប្បទីមួយសែន អំពីភទ្ទកប្បនេះ។ កាលនោះ ខ្ញុំកើតក្នុងត្រកូលអាមាត្យ ដែលរុងរឿងដោយកែវផ្សេងៗ ដ៏ស្ដុកស្ដុម្ភទូលំទូលាយ មានទ្រព្យច្រើន នៅក្នុងនគរហង្សវតី។ ខ្ញុំបានទៅជាមួយនឹងបិតា មានមហាជនចោមរោម បានស្ដាប់ធម៌របស់ព្រះពុទ្ធជាម្ចាស់ ហើយក៏ចូលទៅកាន់ផ្នួស។ លុះខ្ញុំបួសរួចហើយ បានវៀរបាបកម្មដោយកាយ លះបង់វចីទុច្ចរិត ហើយជំរះអាជីវៈ។ ខ្ញុំជ្រះថ្លាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានសេចក្ដីគោរពដ៏ក្លៀវក្លា ប្រកបក្នុងការស្ដាប់នូវព្រះសទ្ធម្ម ទាំងប្រកបដោយសេចក្ដីអាល័យចង់ឃើញនូវព្រះពុទ្ធ។ គ្រានោះ ខ្ញុំបានឮនូវភិក្ខុនីដ៏ប្រសើរលើសជាងពួកភិក្ខុនីដែលមានសទ្ធាស៊ប់សួន ខ្ញុំប្រាថ្នានូវតំណែងនោះ បានបំពេញនូវត្រៃសិក្ខា។ លំដាប់នោះ ព្រះសុគតមានអធ្យាស្រ័យ ប្រព្រឹត្តទៅតាមសេចក្ដីករុណា ទ្រង់ត្រាស់នឹងខ្ញុំថា បុគ្គលណា មានសទ្ធាមិនញាប់ញ័រ តម្កល់មាំក្នុងតថាគត។ បុគ្គលណា មានសីលល្អជាទីពេញចិត្តនៃព្រះអរិយៈ ដែលអ្នកប្រាជ្ញសរសើរហើយ បុគ្គលណា មានសេចក្ដីជ្រះថ្លា មានការឃើញត្រង់ក្នុងព្រះសង្ឃ។ តថាគតត្រាស់ហៅនូវបុគ្គលនោះ ថាជាអ្នកមិនទ័លក្រ ទាំងជីវិតរបស់បុគ្គលនោះ ក៏មិនសោះសូន្យ ហេតុនោះ បុគ្គលមានប្រាជ្ញាជាគ្រឿងកម្ចាត់បង់កិលេស កាលរឭកឃើញព្រះពុទ្ធសាសនា គប្បីប្រកបរឿយៗ នូវសទ្ធាផង សីលផង សេចក្ដីជ្រះថ្លាផង ការឃើញធម៌ផង។ លុះខ្ញុំបានស្ដាប់ពុទ្ធភាសិតនោះហើយ ក៏រីករាយ ហើយបានទូលសួរនូវសេចក្ដីប្រាថ្នារបស់ខ្ញុំ។

វេលានោះ ព្រះនាយកមិនថោកទាប មានគុណរាប់មិនអស់ ទ្រង់ព្យាករថា នាងមានលំអ ជ្រះថ្លាក្នុងព្រះពុទ្ធ នឹងបានតំណែងនុ៎ះ ដែលនាងប្រាថ្នាល្អហើយ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះមហាបុរស សម្ភពក្នុងត្រកូលនៃស្ដេចឱក្កាកៈ នឹងបានជាសាស្ដា ព្រះនាមគោតមក្នុងលោក។ នាងនឹងបានជាឱរស ដែលព្រះធម៌និម្មិតហើយ ជាអ្នកទទួលមត៌ក ក្នុងធម៌នៃព្រះសម្ពុទ្ធនោះ ជាមាតានៃសិង្គាលមាណព នឹងបានជាសាវិការបស់ព្រះសាស្ដា។ គ្រានោះ ខ្ញុំបានស្ដាប់ពុទ្ធភាសិតនោះហើយ ក៏រីករាយ មានចិត្តមេត្តា ខំបម្រើព្រះជិនស្រី ជានាយក ដោយការប្រតិបត្តិដរាបដល់អស់ជីវិត។ ខ្ញុំលះបង់រាងកាយ ជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង។ ដល់មកក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំបានកើតក្នុងគិរិព្វជបូរីដ៏ឧត្ដម ក្នុងត្រកូលសេដ្ឋីស្ដុកស្ដម្ភ ទូលំទូលាយ ពាសពេញដោយកែវដ៏ច្រើន។ កូនប្រុសរបស់ខ្ញុំ ឈ្មោះសិង្គាល ជាអ្នកត្រេកអរក្នុងផ្លូវខុស ស្ទុះទៅកាន់ទីសាំញុំា គឺទិដ្ឋិ មានចិត្តជាប់ចំពាក់ក្នុងការបូជាទិស តែងនមស្ការទិសផ្សេងៗ។ ព្រះពុទ្ធជានាយក ទ្រង់ស្ដេចទៅបិណ្ឌបាតក្នុងវជនគរ ទ្រង់ឃើញសិង្គាលមាណពនោះ ទ្រង់គង់នៅប្របផ្លូវហើយឲ្យឱវាទ។ កាលព្រះពុទ្ធជាម្ចាស់នោះ ទ្រង់សម្ដែងធម៌ ក៏កើតមានសម្លេងគឹកកងអស្ចារ្យ ពួកនារីពីរកោដិក្នុងទីក្រុង ក៏បានសម្រេចមគ្គផល។ កាលនោះ ខ្ញុំបានទៅកាន់បរិស័ទនោះ ស្ដាប់ភាសិតរបស់ព្រះសុគតហើយ បានសម្រេចសោតាបត្តិផល ក៏ចូលទៅកាន់ផ្នួស។ ខ្ញុំប្រកបដោយសេចក្ដីអាល័យ ក្នុងការឃើញនូវព្រះពុទ្ធ មិនយូរប៉ុន្មាន ក៏ចម្រើនអនុស្សតិនោះ ហើយបានដល់ព្រះអរហត្ត។ ខ្ញុំទៅដើម្បីប្រយោជន៍ដល់ការចូលគាល់ព្រះពុទ្ធគ្រប់កាល ខ្ញុំមិនចេះឆ្អែតឆ្អន់ (ក្នុងការមើលរូប) តែងមើលរូបដែលជាទីត្រេកអរនៃភ្នែកនោះ។ ខ្ញុំនៅតែមិនឆ្អែតឆ្អន់នឹងរូបដទៃ ដែលកើតអំពីបារមីធម៌ទាំងអស់ ជាទីកើតនៃបុណ្យ កុះករដោយធម៌ដ៏ល្អទាំងអស់ឡើយ។ ព្រះជិនស្រី ទ្រង់ត្រេកអរក្នុងគុណនៃខ្ញុំនោះ ទ្រង់តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ជាមាតានៃសិង្គាលមាណព ថាជាស្រីប្រសើរ មានសទ្ធាស៊ប់សួន។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងនូវបុព្វេនិវាស ទាំងទិព្វចក្ខុ ខ្ញុំបានជម្រះស្អាតល្អហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ ព្រោះកំណត់ដឹងនូវអាសវៈទាំងពួង។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទានៃខ្ញុំ កើតឡើងក្នុងសំណាក់របស់ព្រះអង្គ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសិង្គាលមាតាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សិង្គាលមាតាថេរិយាបទាន។

សុក្កាថេរិយាបទាន ទី៥

(៥. សុក្កាថេរីអបទានំ)

[៣៥] ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ពិចារណាឃើញធម៌ទាំងអស់ កើតឡើងហើយ។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលមួយក្នុងនគរពន្ធុមតី បានស្ដាប់ធម៌របស់ព្រះមុនី ហើយចូលទៅកាន់ផ្នួស។ ខ្ញុំជាអ្នកស្ដាប់ច្រើន ចងចាំនូវធម៌ ជាអ្នកមានប្រាជ្ញា មួយទៀត ជាអ្នកពោលពាក្យវិចិត្រ ទាំងជាអ្នកធ្វើតាមសាសនានៃព្រះជិនស្រី។ កាលនោះ ខ្ញុំបានធ្វើនូវធម្មកថា ដើម្បីប្រយោជន៍ដល់ប្រជុំជនគ្រប់កាល លុះខ្ញុំច្យុតចាកអត្តភាពនោះ ក៏ចូលទៅកើតក្នុងឋានតុសិត ជាស្រីមានយស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រះជិនស្រី ព្រះនាមសិខី រុងរឿងដោយយស ដូចជាភ្លើង ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ កើតឡើងក្នុងលោក។ គ្រានោះ ខ្ញុំបានបួស ជាស្រីវាងវៃក្នុងព្រះពុទ្ធសាសនា ញ៉ាំងព្រះពុទ្ធដីកាព្រះជិនស្រីឲ្យរុងរឿង លុះច្យុតចាកអត្តភាពនោះ ក៏បានទៅកាន់ឋានតាវត្តឹង្ស។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រះនាយក ព្រះនាមវេស្សភូ ទ្រង់កើតឡើង (ក្នុងលោក) ឯខ្ញុំក៏កើតឡើង តំណាលនឹងព្រះនាយកនោះ ក្នុងកាលនោះដែរ ជាអ្នកមានយានដ៏ធំ។ ខ្ញុំបួសហើយ ជាអ្នកចងចាំនូវធម៌ ញ៉ាំងសាសនាព្រះជិនស្រីឲ្យរុងរឿង ហើយទៅកើតក្នុងបុរីរបស់ទេវតា ដែលជាទីរីករាយ ទទួលសេចក្ដីសុខដ៏ច្រើន។ ក្នុងភទ្ទកប្បនេះ ព្រះជិនស្រីដ៏ឧត្ដម ព្រះនាមកកុសន្ធៈ ជានរៈដ៏ខ្ពង់ខ្ពស់ កើតឡើងក្នុងលោក កាលនោះ ខ្ញុំក៏បានកើតឡើងដែរ។ ខ្ញុំបានបួសរួចហើយ ញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យរុងរឿងតាមសប្បាយ ខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានទៅកើតក្នុងឋានត្រៃត្រឹង្ស ដូចជាភពរបស់ខ្លួនដដែល។ ក្នុងកប្បនេះដដែល ព្រះនាយក ព្រះនាមកោនាគមនៈ ប្រសើរជាងអ្នកប្រាជ្ញ ឧត្ដមជាងពួកសត្វទាំងពួង ទ្រង់កើតឡើង។ គ្រានោះ ខ្ញុំបានបួសក្នុងសាសនានៃព្រះកោនាគមនៈនោះ ព្រះអង្គប្រកបដោយតាទិគុណ ជាអ្នកបានស្ដាប់ច្រើន ចងចាំនូវធម៌ ញ៉ាំងសាសនានៃព្រះជិនស្រីឲ្យរុងរឿង។ ក្នុងកប្បនេះឯង ព្រះមុនីទី ៧ ព្រះនាមកស្យបៈ ជាទីពឹងនៃសត្វលោក មិនមានកិលេស ដល់នូវព្រះនិព្វាន ជាទីបំផុតនៃមរណៈ កើតឡើង។ ចំណែកខ្ញុំបានបួស ក្នុងសាសនារបស់ព្រះពុទ្ធ ជាអ្នកប្រាជ្ញជាងពួកជននោះ មានព្រះសទ្ធម្មចែកសព្វគ្រប់ ដ៏ក្លៀវក្លាខាងការសាកសួរ។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកមានសីលល្អ មានសេចក្ដីអៀនខ្មាស វាងវៃក្នុងត្រៃសិក្ខា ហើយធ្វើនូវធម្មកថាមានប្រមាណច្រើន ដរាបដល់អស់ជីវិត។ ដោយកម្មវិបាកនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយ ជារបស់មនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ដល់មកក្នុងបច្ឆិមភព ឥឡូវនេះ ខ្ញុំបានកើតក្នុងត្រកូលនៃសេដ្ឋី ដ៏ធំទូលាយ ដេរដាសដោយរតនៈច្រើន ក្នុងគិរិព្វជបូរីដ៏ឧត្ដម។ កាលព្រះលោកនាយក មានភិក្ខុចំនួនមួយពាន់រូបចោមរោម ទ្រង់ស្ដេចទៅកាន់ក្រុងរាជគ្រឹះ ព្រះឥន្រ្ទក៏បានពោលសរសើរថា

ព្រះមានព្រះភាគ មានឥន្រ្ទិយទូន្មានហើយ មានព្រះហឫទ័យផុតចាកកិលេសហើយ ព្រមដោយបុរាណជដិលទាំងឡាយ ដែលមានឥន្រ្ទិយទូន្មាន មានចិត្តផុតស្រឡះហើយ ទ្រង់មានពណ៌បី ដូចជាពណ៌នៃមាសឆ្ដោឈ្មោះសិង្គី ស្ដេចយាងចូលទៅកាន់ក្រុងរាជគ្រឹះ។

ខ្ញុំបានឃើញអានុភាពនៃព្រះពុទ្ធនោះផង បានស្ដាប់ការប្រជុំនូវគុណនោះផង ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងគុណរបស់ព្រះពុទ្ធ បានបូជាព្រះពុទ្ធនោះ សមគួរតាមកម្លាំង។ ក្នុងកាលជាខាងក្រោយមក ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់នៃនាងធម្មទិន្នាថេរី។ កាលសក់កំពុងដាច់ចុះ ខ្ញុំបានដុតបំផ្លាញពួកកិលេសហើយ ខ្ញុំបួសមិនយូរប៉ុន្មាន ក៏បានរៀននូវព្រះពុទ្ធសាសនាចប់សព្វគ្រប់។ លំដាប់តពីនោះមក ខ្ញុំបានសម្ដែងធម៌ ក្នុងទីប្រជុំជនដ៏ច្រើន កាលដែលខ្ញុំកំពុងតែសម្ដែងធម៌ ធម្មាភិសម័យក៏កើតមាន (ដល់ជនទាំងឡាយ)។ បណ្ដាពួកសត្វជាច្រើនពាន់ មានយក្សមួយ ដឹងច្បាស់នូវធម៌នោះ ហើយសង្វេគ ជ្រះថ្លានឹងខ្ញុំ ហើយបានទៅកាន់ក្រុងគិរិព្វជៈ ដោយគិតថា មនុស្សណា មិនចូលទៅអង្គុយជិតនាងសុក្កាថេរី ដែលកំពុងសម្ដែងនូវអមតបទគឺនិព្វាន អាត្មាអញធ្វើដូចម្ដេចហ្ន៎ ឲ្យមនុស្សទាំងនោះ ដែលនៅក្នុងក្រុងរាជគហៈ មូលគ្នា ដូចពួកសត្វ រោមផឹកនូវទឹកផ្អែម។ ចំណែកខាងពួកបុគ្គលអ្នកប្រកបដោយបញ្ញា ទំនងជាផឹកទឹកអម្រឹតនោះ ដែលកិលេសមិនគប្បីតស៊ូបាន មានឱជាមិនបាច់ស្រោចថែម ដូចជាបុគ្គលដើរផ្លូវឆ្ងាយ ផឹកទឹកភ្លៀង។

បពិត្រព្រះពុទ្ធជាមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញ ក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំជម្រះស្អាតល្អហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទានៃខ្ញុំព្រះអង្គ កើតឡើងក្នុងសំណាក់នៃព្រះអង្គ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសុក្កាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សុក្កាថេរិយាបទាន។

ចប់ ភាណវារៈ ទី៥។

អភិរូបនន្ទាថេរិយាបទាន ទី៦

(៦. អភិរូបនន្ទាថេរីអបទានំ)

[៣៦] ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះនាយកព្រះនាមវិបស្សី មានព្រះនេត្រដូចជាមាស មានចក្ខុក្នុងធម៌ទាំងពួង កើតឡើង។ គ្រានោះ ខ្ញុំកើតក្នុងត្រកូលធំស្ដុកស្ដម្ភ ទូលំទូលាយ ក្នុងពន្ធុមតីនគរ ជាស្រ្ដីមានរូបល្អ គួរមហាជនបូជា។ ខ្ញុំបានចូលទៅគាល់ព្រះលោកនាយក ព្រះនាមវិបស្សី ទ្រង់មានព្យាយាមធំ បានស្ដាប់ធម៌ហើយ ដល់នូវព្រះពុទ្ធជានាយកនៃពួកជនជាទីពឹង។ ខ្ញុំជាអ្នកសង្រួមល្អ ក្នុងសីលទាំងឡាយ កាលដែលព្រះលោកនាយក ដ៏ខ្ពង់ខ្ពស់ជាងពួកជន ទ្រង់បរិនិព្វានទៅហើយ ខ្ញុំបានបូជាឆត្រមាស តម្កល់ពីខាងលើនៃព្រះស្ដូបដែលបញ្ចុះព្រះធាតុ។ ខ្ញុំបានបរិច្ចាគទានរួចផុតហើយ ជាអ្នកមានសីលល្អ រស់នៅរហូតកំណត់អាយុ ក៏បានច្យុតចាកទីនោះ លុះខ្ញុំលះបង់រាងកាយជារបស់នៃមនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ កាលនោះ ខ្ញុំគ្របសង្កត់នូវពួកទេវតាដទៃ មិនសេសសល់ ដោយហេតុ ១០ យ៉ាង គឺបានរុងរឿង គ្របសង្កត់ដោយរូប ១ សម្លេង ១ ក្លិន ១ រស ១ សម្ផ័ស្ស ១ អាយុ ១ ពណ៌ ១ សេចក្ដីសុខ ១ យស ១ ភាពនៃខ្លួនជាធំ ១។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំបានកើតជាធីតានៃខេមកសាក្យៈ ប្រាកដនាមថានន្ទា ក្នុងក្រុងកបិលពស្ដុ។ កាលណាខ្ញុំដល់នូវសេចក្ដីចម្រើន ស្អិតស្អាងដោយរូប និងពណ៌ កាលនោះ ពួកជនបានពោលថា ខ្ញុំជាស្រីស្រួចមួយ មានរូបសម្បត្តិល្អ។ សេចក្ដីវិវាទដ៏ធំក្រៃលែង កើតមានដល់ពួកសក្យៈក្នុងនគរនេះ ព្រោះតែស្រឡាញ់ខ្ញុំ លំដាប់នោះ បិតាបានឲ្យខ្ញុំបួស ដោយគិតថា កុំឲ្យពួកសក្យៈវិនាសឡើយ។ លុះខ្ញុំបួសរួចហើយ បានឮព្រះតថាគត ជាបុគ្គលប្រសើរជាងពួកជន ទ្រង់តិះដៀលរូប ខ្ញុំជាស្រីប្រកាន់រូប មិនចូលទៅជិតព្រះអង្គ។ ខ្ញុំជាអ្នកមានសេចក្ដីខ្លាចក្នុងការឃើញព្រះពុទ្ធ មិនហ៊ានចូលទៅស្ដាប់ឱវាទសោះ គ្រានោះ ព្រះជិនស្រីទ្រង់ដឹកនាំខ្ញុំទៅកាន់សំណាក់របស់ព្រះអង្គ ដោយឧបាយ។ ព្រះជិនស្រី ទ្រង់វាងវៃខាងផ្លូវឫទ្ធិ បាននិម្មិតនូវស្រ្ដីភេទ ៣ នាក់ គឺស្រ្ដីក្រមុំ មានរូបល្អ ស្រដៀងនឹងស្រ្ដីអប្សរ ១ ស្រ្ដីចាស់ ១ ស្រ្ដីស្លាប់ ១។ លុះខ្ញុំបានឃើញនូវស្រ្ដីទាំង ៣ នោះហើយ ក៏មានសេចក្ដីសង្វេគ ធុញទ្រាន់ក្នុងរាងកាយ មានសេចក្ដីនឿយណាយក្នុងភព លំដាប់នោះ ព្រះលោកនាយកទ្រង់ត្រាស់នឹងខ្ញុំថា

ម្នាលនាងនន្ទា នាងចូររមិលមើលនូវរូបនេះ ដែលក្ដៅក្រហាយ មិនស្អាត ស្អុយ ហូរចេញហូរចូល ដែលជនពាលទាំងឡាយប្រាថ្នាក្រៃពេក។ នាងចូរចម្រើននូវចិត្ត ដែលមានអារម្មណ៍តែមួយ ជាចិត្តតម្កល់មាំ ដោយអសុភភាវនាចុះ រូបនេះយ៉ាងណា រូបនៃនាងនុ៎ះ ក៏យ៉ាងនុ៎ះដែរ រូបនៃនាងនុ៎ះយ៉ាងណា រូបនេះ ក៏យ៉ាងនេះដែរ។

កាលខ្ញុំពិចារណារូបនុ៎ះ យ៉ាងនេះហើយ ក៏មិនមានខ្ជិលច្រអូស ទាំងយប់ទាំងថ្ងៃ លំដាប់នោះ ក៏នឿយណាយដោយបញ្ញាជារបស់ខ្លួន ខ្ញុំនោះ មិនមានសេចក្ដីប្រមាទ ពិចារណាក្នុងទីនេះដោយឧបាយ ក៏ឃើញកាយនេះ ទាំងខាងក្នុង ទាំងខាងក្រៅ តាមសភាពពិត។ កាលនោះ ខ្ញុំនឿយណាយក្នុងកាយផង ប្រាសចាកការត្រេកអរនឹងកាយ ប្រព្រឹត្តទៅខាងក្នុងផង ហើយជាអ្នកមិនមានសេចក្ដីប្រមាទ អស់កិលេសជាគ្រឿងផ្សំ ស្ងប់រម្ងាប់កិលេស មានទុក្ខរលត់ហើយ។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញ ក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញ ក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញ ក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំជម្រះស្អាតល្អហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទានៃខ្ញុំព្រះអង្គ កើតឡើងក្នុងសំណាក់នៃព្រះអង្គ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអភិរូបនន្ទាភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អភិរូបនន្ទាថេរិយាបទាន។

អឌ្ឍកាសីថេរិយាបទាន ទី៧

(៧. អឌ្ឍកាសិថេរីអបទានំ)

[៣៧] ព្រះជិនស្រីព្រះនាមកស្សបៈ មានផៅពង្សប្រសើរ មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើងក្នុងភទ្ទកប្បនេះ។ កាលនោះ ខ្ញុំបានបួសក្នុងសាសនារបស់ព្រះពុទ្ធអង្គនោះ បានសង្រួមក្នុងបាតិមោក្ខផង ក្នុងឥន្រ្ទិយទាំង ៥ ផង។ ខ្ញុំជាអ្នកដឹងប្រមាណក្នុងអាសនៈដ៏ទាបផង ប្រកបក្នុងការភ្ញាក់រឭកផង មានសេចក្ដីព្យាយាមប្រកបហើយផង កាលនោះ ខ្ញុំមានចិត្តប្រទូស្ត បានជេរភិក្ខុនី ដែលប្រាសចាកអាសវៈ អស់វារៈម្ដងថា នែស្រ្ដីផ្កាមាស ខ្ញុំក៏ទៅឆេះក្នុងនរក ព្រោះបាបកម្មនោះឯង។ ដោយកម្មដ៏សេសនោះ ដល់មកក្នុងបច្ឆិមជាតិ ខ្ញុំកើតក្នុងត្រកូលនៃស្រ្ដីផ្កាមាស ជាអ្នកអាស្រ័យចិញ្ចឹមជីវិតដោយបុគ្គលដទៃទៀតជាច្រើន។ ខ្ញុំបានកើតក្នុងត្រកូលសេដ្ឋី នៅក្នុងដែនកាសី ដោយផលដែលបានប្រព្រឹត្តព្រហ្មចរិយធម៌ ជាអ្នកបរិបូណ៌ដោយរូប បីដូចជាស្រីអប្សរ ក្នុងទេវលោក។ ជនទាំងឡាយ បានឃើញខ្ញុំដែលគួររមិលមើល ក្នុងគិរិព្វជបុរីដ៏ឧត្ដម ក៏ញ៉ាំងខ្ញុំឲ្យនៅក្នុងពួកនៃស្រ្ដីផ្កាមាស ព្រោះផលនៃការជេររបស់ខ្ញុំនោះ។ ខ្ញុំនោះបានស្ដាប់នូវព្រះសទ្ធម្ម ដែលព្រះពុទ្ធដ៏ប្រសើរ ទ្រង់សម្ដែងហើយ ក៏បរិបូណ៌ដោយបុព្វវាសនា ហើយបានចូលទៅកាន់ផ្នួស។ ខ្ញុំទៅកាន់សំណាក់ព្រះជិនស្រី ដើម្បីប្រយោជន៍ដល់ឧបសម្បទានោះ បានឃើញពួកអ្នកលេងឈរនៅក្បែរផ្លូវ ក៏បានឧបសម្បទាអំពីទូត។ កម្មទាំងពួងរបស់ខ្ញុំអស់ហើយ បុណ្យ និងបាបអស់ហើយ សំសារវដ្ដទាំងពួង ខ្ញុំបានឆ្លងផុត ទាំងភាពជាស្រ្ដីផ្កាមាស ខ្ញុំធ្វើឲ្យអស់ហើយ។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងច្បាស់បុព្វេនិវាស ទាំងទិព្វចក្ខុ ខ្ញុំបានជម្រះឲ្យស្អាតល្អហើយ អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទានៃខ្ញុំ កើតឡើងក្នុងសំណាក់នៃព្រះអង្គ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលអស់ហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអឌ្ឍកាសីភិក្ខុនីមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អឌ្ឍកាសីថេរិយាបទាន។

បុណ្ណិកាថេរិយាបទាន ទី៨

(៨. បុណ្ណិកាថេរីអបទានំ)

[៣៨] ខ្ញុំបានបួសក្នុងសាសនានៃព្រះមានព្រះភាគ ព្រះនាមវិបស្សីផង ព្រះនាមសិខីផង ព្រះនាមវេស្សភូផង ព្រះនាមកកុសន្ធៈផង ព្រះនាមកោនាគមនៈ ប្រកបដោយតាទិគុណផង ព្រះនាមកស្សបៈផង ខ្ញុំជាភិក្ខុនីបរិបូណ៌ដោយសីល មានប្រាជ្ញាចាស់ក្លា មានឥន្រ្ទិយសង្រួមល្អ។ ជាពហុស្សូត ចងចាំនូវធម៌ ជាអ្នកសាកសួរនូវធម៌ និងអត្ថ ហើយរៀនធម៌ ស្ដាប់ធម៌ ទាំងជាអ្នកចូលទៅអង្គុយជិតព្រះពុទ្ធជាម្ចាស់។ ខ្ញុំបានសម្ដែងនូវសាសនារបស់ព្រះជិនស្រី ក្នុងកណ្ដាលនៃប្រជុំជន ខ្ញុំមានសីលជាទីស្រឡាញ់ បានមើលងាយគេ ដោយអាងខ្លួនជាពហុស្សូតនោះ។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំបានកើតក្នុងផ្ទៃនៃស្រីកុម្ភទាសី ក្នុងផ្ទះនៃអនាថបិណ្ឌិកសេដ្ឋី ក្នុងបុរីដ៏ឧត្តម ឈ្មោះសាវត្ថី។ ខ្ញុំទៅកាន់កំពង់ទឹក បានឃើញសោត្ថិយព្រាហ្មណ៍ ដែលជាអ្នកត្រូវត្រជាក់គ្របសង្កត់ ក្នុងកណ្តាលទឹក លុះខ្ញុំឃើញព្រាហ្មណ៍នោះហើយ បានពោលពាក្យនេះថា ខ្ញុំជាស្រីដងទឹក ចុះទឹកដ៏ត្រជាក់ សព្វៗកាល ព្រោះភ័យភិតនឹងអាជ្ញានៃម្ចាស់ ព្រោះភ័យនឹងពាក្យកំហឹងគ្របសង្កត់។ នែព្រាហ្មណ៍ ចុះអ្នកខ្លាចនរណា បានជាមកចុះត្រាំទឹកសព្វៗកាល មានខ្លួនញាប់ញ័រ រងនូវត្រជាក់ដ៏ក្រៃលែង។

ម្នាលនាងបុណ្ណិកាដ៏ចម្រើន យីអើ! នាងស្គាល់យើងច្បាស់ បានជាហ៊ានសាកសួរយើង ដែលកំពុងធ្វើកុសលកម្ម បន្ទោបង់នូវកម្មដ៏លាមក។ បុគ្គលណា ទោះបីចាស់ក្តី ក្មេងក្តី ធ្វើបាបកម្មហើយ បុគ្គលនោះឯង លុះតែដងទឹកមកស្រោចស្រពកាយ ទើបរួចចាកបាបកម្មបាន។

កាលព្រាហ្មណ៍នោះ ឡើងមកពីទឹកវិញ ខ្ញុំក៏បានពោលនូវបទ ប្រកបដោយធម៌ និងអត្ថ ឯព្រាហ្មណ៍បានឮភាសិតនោះហើយ ក៏តក់ស្លុត ចេញទៅបួស បានសម្រេចជាព្រះអរហន្ត។ ខ្ញុំតាំងពីកើតក្នុងទាសីត្រកូល បានបំពេញជាទាសីមួយរយខ្វះមួយ ចាប់ដើមអំពីនោះមក នាមរបស់ខ្ញុំឈ្មោះថាបុណ្ណា ជនទាំងនោះ បានធ្វើខ្ញុំឲ្យរួចជាអ្នកជា។ លំដាប់នោះ ខ្ញុំបានញុំាងសេដ្ឋីឲ្យរីករាយតាម ហើយចូលទៅកាន់ផ្នួស អស់កាលមិនយូរប៉ុន្មាន ក៏បានសម្រេចព្រះអរហត្ត។ បពិត្រព្រះមហាមុនី ខ្ញុំម្ចាស់ជាអ្នកស្ទាត់ជំនាញ ក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញ ក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំម្ចាស់ដឹងច្បាស់នូវបុព្វេនិវាស ទាំងទិព្វចក្ខុ ខ្ញុំម្ចាស់បានជម្រះស្អាតល្អហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ ខ្ញុំម្ចាស់មានសេចក្តីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិស្ភិទា ជាញាណស្អាតឥតមានមន្ទិល ព្រោះហេតុនៃព្រះពុទ្ធប្រសើរ។ ខ្ញុំមានប្រាជ្ញាច្រើន ព្រោះការអប់រំ ជាអ្នកចេះដឹងព្រោះការស្តាប់ ជាអ្នកកើតក្នុងត្រកូលទាប ព្រោះមានះ ព្រោះថា កម្មរបស់ខ្ញុំ មិនបានវិនាសឡើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះនាងបុណ្ណិកាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ បុណ្ណិកាថេរិយាបទាន។

អម្ពបាលីថេរិយាបទាន ទី៩

(៩. អម្ពបាលិថេរីអបទានំ)

[៣៩] ព្រះមហាមុនី ព្រះនាមផុស្សៈណា មានជួរនៃរស្មីដ៏រុងរឿង ខ្ញុំបានកើតក្នុងខត្តិយត្រកូល ជាប្អូនស្រីនៃព្រះមហាមុនីនោះ។ ខ្ញុំបានស្តាប់ព្រះធម៌ នៃព្រះមហាមុនីនោះហើយ មានចិត្តជ្រះថ្លា បានថ្វាយមហាទាន ហើយប្រាថ្នានូវរូបសម្បត្តិ។ ក្នុងកប្បីទី ៣១ អំពីភទ្ទកប្បនេះ ព្រះជិនស្រី ព្រះនាមសិខី ជានាយកដ៏ប្រសើរក្នុងលោក ជាពន្លឺនៃលោក ជាទីពឹងនៃត្រៃភពកើតឡើង។ កាលនោះ ខ្ញុំកើតក្នុងត្រកូលនៃព្រាហ្មណ៍ ក្នុងអរុណបុរី ជាទីក្រុងរីករាយ បានខឹង ជេរផ្តាសាភិក្ខុនី ដែលមានចិត្តរួចស្រឡះចាកកិលេសហើយ។ មួយទៀត ខ្ញុំបានកើតជាស្រីផ្កាមាស ឥតមានអាចារៈ ជាអ្នកប្រទូស្តចំពោះសាសនានៃព្រះជិនស្រីសម្ពុទ្ធ បានជេរភិក្ខុនីតាមទំនងដូចគ្នា ព្រោះតែបាបកម្មនោះឯង ខ្ញុំបានទៅកើតក្នុងនរកដ៏អាក្រក់ ឆ្អែតឆ្អល់ដោយសេចក្តីទុក្ខយ៉ាងខ្លាំង លុះខ្ញុំរួចចាកនរកនោះ បានមកកើតក្នុងមនុស្ស ជាស្រីមានតបៈ។ ខ្ញុំកើតជាស្រីផ្កាមាស អស់ ១០ ពាន់ជាតិ ខ្ញុំមិនរួចចាកបាបនោះទេ ដូចបុគ្គលបរិភោគថ្នាំពិសដ៏កាចអាក្រក់។ ខ្ញុំបានសេពគប់នូវភេទដ៏ប្រសើរ កើតក្នុងសាសនានៃព្រះជិនស្រី ព្រះនាមកស្សប ដោយអំណាចនៃផលកម្មនោះ ខ្ញុំបានទៅកើតក្នុងបុរីឋានត្រៃត្រឹង្ស។ លុះមកដល់បច្ឆិមភព ខ្ញុំជាឱបបាតិកកំណើត បានកើតក្នុងចន្លោះនៃមែកស្វាយ ព្រោះហេតុនោះ បានជាខ្ញុំឈ្មោះថា អម្ពបាលី។ ខ្ញុំមានពួកសត្វមួយកោដិចោមរោមហើយ បួសក្នុងសាសនាព្រះជិនស្រី បានជាធីតា ជាឱរសនៃព្រះពុទ្ធ ហើយបានដល់ឋានដ៏មិនកម្រើក។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជម្រះស្អាតហើយ អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ ខ្ញុំមានសេចក្តីដឹងច្បាស់ ក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទា ជាញាណស្អាតឥតមានមន្ទិល ព្រោះហេតុនៃព្រះពុទ្ធដ៏ប្រសើរ។ កិលេសទាំងឡាយ ខ្ញុំបានដុតបំផ្លាញអស់ហើយ ភពទាំងពួង ខ្ញុំដកចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានដល់ហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះអម្ពបាលីភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ អម្ពបាលីថេរិយាបទាន។

សេលាថេរិយាបទាន ទី១០

(១០. បេសលាថេរីអបទានំ)

[៤០] ព្រះជិនស្រី ព្រះនាមកស្សប មានផៅពង្សប្រសើរ ទ្រង់មានយសធំ ប្រសើរជាងអ្នកប្រាជ្ញទាំងឡាយ ទ្រង់កើតឡើង ក្នុងភទ្ទកប្បនេះ។ ខ្ញុំកើតក្នុងត្រកូលនៃឧបាសក ក្នុងក្រុងសាវត្ថី ជាបុរីដ៏ប្រសើរ ជាអ្នកខ្វល់ខ្វាយ បានឃើញព្រះជិនស្រីដ៏ប្រសើរនោះផង បានស្តាប់នូវទេសនាផង។ ខ្ញុំដល់នូវព្រះពុទ្ធ ទ្រង់មានសេចក្តីព្យាយាមនោះ ជាទីពឹងផង សមាទាននូវសីលទាំងឡាយផង ជួនកាល ព្រះពុទ្ធមានព្យាយាមធំនោះ ប្រសើរជាងពួកជន ទ្រង់ប្រកាសនូវអភិសម្ភោធិញ្ញាណរបស់ព្រះអង្គ ក្នុងទីប្រជុំមហាជន ក្នុងសច្ចៈទាំងឡាយ មានទុក្ខសច្ចជាដើម ជាធម៌ដែលព្រះអង្គ មិនធ្លាប់ឮក្នុងកាលមុន។ ចក្ខុក្តី ញាណក្តី បញ្ញាក្តី វិជ្ជាក្តី ពន្លឺក្តី កើតមានដល់ខ្ញុំ បពិត្រភិក្ខុទាំងឡាយ ខ្ញុំបានស្តាប់ បានរៀននូវរឿងនោះ ហើយសាកសួរ។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់នៃមនុស្ស ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលមហាសេដ្ឋី បានចូលទៅជិតព្រះពុទ្ធ ហើយបានស្តាប់នូវព្រះសទ្ធម្ម ដែលប្រកបព្រមដោយមច្ចុ។ ខ្ញុំបួសហើយមិនយូរប៉ុន្មាន ក៏បានត្រិះរិះនូវប្រយោជន៍ទាំងពួង បានញុំាងអាសវៈទាំងពួងឲ្យអស់ ហើយបានសម្រេចព្រះអរហត្ត។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជម្រះស្អាតល្អហើយ អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ ខ្ញុំមានសេចក្តីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទា ជាញាណស្អាត ឥតមានមន្ទិល ព្រោះហេតុនៃព្រះពុទ្ធដ៏ប្រសើរ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងពួង ខ្ញុំដកចោលចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនានៃព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះសេលាភិក្ខុនីមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ចប់ សេលាថេរិយាបទាន។

ឧទ្ទាន

អដ្ឋារសសហ្សខត្តិយកញ្ញាថេរីនមបទាន ១ ចតុរាសីតិសហស្ស ព្រាហ្មណកញ្ញាថេរីនមបទាន ១ ឧប្បលទាយិកាថេរិយាបទាន ១ សិង្គាលមាតាថេរិយាបទាន ១ សុក្កាថេរិយាបទាន ១ អភិរូបនន្ទាថេរិយាបទាន ១ អឌ្ឍកាសីថេរិយាបទាន ១ បុណ្ណិកាថេរិយាបទាន ១ អម្ពបាលីថេរិយាបទាន ១ សេលាថេរិយាបទាន ១។

ចប់ ខត្តិយកញ្ញាវគ្គ ទី៤។

ចប់ អបទាន។

ចប់ ភាគ៧៦។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
ខុទ្ទកនិកាយ sut.kn
អបទាន បញ្ចមភាគ sut.kn.apd
? sut.kn.apd.56

Transcription missing.


1)
ដែលពឹងផ្អែកអ្នកដទៃ ដែលឥតអំណាចលើខ្លួនឯង។
km/tipitaka/book_076.txt · ពេលកែចុងក្រោយ: 2023/03/27 11:31 និពន្ឋដោយ Johann