User Tools

Site Tools


Translations of this page?:
km:tipitaka:book_077

មាតិកា

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ៧៧ - Book 77

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 26092020 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 26092020 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០៧៧ - Tipitaka Book 077, for change log on ati.eu see here: រាយការណ៍ ភាគ ០៧៧



book_077.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_077.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះ​ត្រៃបិដក ភាគ ទី៧៧

ទ. 1

សុត្តន្តបិដក

ខុទ្ទកនិកាយ

ពុទ្ធវង្សៈ

(ពុទ្ធវំស)

ភាគទី ៧៧

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ។

រតនចង្កមនក័ណ្ឌ (ទី១)

(១. រតនចង្កមនកណ្ឌំ)

[១] គ្រានោះ សហម្បតីព្រហ្ម ជាអធិបតីនៃលោក ធ្វើអញ្ជលីអារាធនាព្រះសម្ពុទ្ធថា ពួកសត្វក្នុងលោកនេះ មានធូលី គឺរាគាទិក្កិលេសក្នុងភ្នែកស្រាលស្តើងហើយ សូមព្រះអង្គសម្តែងធម៌ សូមព្រះអង្គអនុគ្រោះពួកសត្វនេះ។ ពួកព្រហ្មធ្វើអញ្ជលី អារាធនាព្រះមានព្រះភាគ ជាអធិបតីនៃលោក ខ្ពង់ខ្ពស់ជាងនរជនថា ពួកសត្វក្នុងលោកនេះ មានប្រាជ្ញា មានធូលី គឺរាគាទិក្កិលេសក្នុងភ្នែកស្រាលស្តើងហើយ សូមព្រះអង្គសម្តែងធម៌ សូមព្រះអង្គអនុគ្រោះពួកសត្វនេះ។

សូមព្រះសុគតសម្តែងធម៌ សូមសម្តែងព្រះនិព្វានឈ្មោះអមតៈ បពិត្រព្រះនាយក សូមព្រះមានព្រះភាគសម្តែងធម៌ ដើម្បីអនុគ្រោះដល់សត្វលោកទាំងឡាយ។

ព្រះតថាគត ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាតាទិបុគ្គល ទ្រទ្រង់នូវពន្លឺ ទ្រទ្រង់នូវរាងកាយជាទីបំផុត ព្រះអង្គឥតមានបុគ្គលផ្ទឹមបាន ទ្រង់ មានសេចក្តីករុណាកើតឡើង ក្នុងសត្វទាំងពួង។ ព្រះមានព្រះភាគជាសាស្តា ទ្រង់ព្រះសណ្តាប់ពាក្យនោះហើយ ក៏ទ្រង់ពោលនូវពាក្យនេះថា

ទ្វារនៃព្រះនិព្វាននោះ របើកហើយ សត្វទាំងឡាយណា មានសោតប្បសាទ សត្វទាំងនោះ ចូរបញ្ចេញនូវសទ្ធាចុះ ម្នាលព្រហ្ម តថាគតសម្គាល់នូវសេចក្តីនឿយលំបាក បានជាមិនសម្តែងធម៌ដ៏ឧត្តម ដែលតថាគតស្ទាត់ហើយ ចំពោះមនុស្សទាំងឡាយ។

សម័យនោះ ព្រះមានព្រះភាគ ទ្រង់អនុគ្រោះដល់ពួកវេនេយ្យសត្វ ព្រះអង្គទ្រង់ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់ពុទ្ធដំណើរទៅអំពីដើមអជបាលនិគ្រោធ។ ព្រះអង្គស្តេចចូលទៅកាន់ក្រុងពារាណសី ដោយព្រះពុទ្ធដំណើរតាមលំដាប់ គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់លើបល្ល័ង្កដ៏ប្រសើរនោះឯង។ ព្រះមានព្រះភាគ ទ្រង់ញ៉ាំងធម្មចក្រ គឺទុក្ខសច្ច ១ ទុក្ខសមុប្បាទសច្ច ១ និរោធសច្ច ១ មគ្គសច្ចដ៏ឧត្តម ១ ឲ្យប្រព្រឹត្តទៅដល់ពួកបញ្ចវគ្គិយភិក្ខុ។ លុះព្រះមានព្រះភាគ ទ្រង់ញ៉ាំងធម្មចក្រនោះឲ្យប្រព្រឹត្តទៅហើយ គ្រានោះ ពួកឥសី គឺបញ្ចវគ្គិយភិក្ខុទាំងនោះ គឺកោណ្ឌញ្ញៈ ភទ្ទិយៈ វប្បៈ មហានាម អស្សជិ ព្រមទាំងពួកព្រហ្ម និងទេវតា ១៨ កោដិ ក៏បានត្រាស់ដឹងនូវធម៌ក្នុងបឋមសន្និបាត។ គ្រានោះឯង ពួកបញ្ចវគ្គិយភិក្ខុទាំងអស់ ព្រមទាំងពួកព្រហ្ម និងទេវតា ១៨ កោដិ ដែលព្រះមានព្រះភាគ ទ្រង់ណែនាំពន្យល់ដោយធម្មចក្រនោះ និងដោយធម៌ដទៃទៀត ក៏បានលុះសោតាបត្តិផលក្នុងបឋមសន្និបាតនោះ តាមលំដាប់។ ព្រះសាស្តា ស្តេចទៅកាន់ក្រុងរាជគ្រឹះ ដោយពុទ្ធដំណើរតាមលំដាប់។ ព្រះពុទ្ធជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់គង់នៅក្នុងវេឡុវនមហាវិហារ ព្រះបាទពិម្ពិសារ ទ្រង់ឮដំណឹងនោះហើយ ក៏ស្តេចចូលទៅគាល់ព្រះមានព្រះភាគ។ ព្រះរាជាមានពួកបរិវារច្រើន ចំនួន ១១ ម៉ឺនរូប កាន់ប្រទីប គ្រឿងក្រអូប ធូប និងផ្កាកម្រងជាដើម បូជាព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់សម្តែងទោសនៃកាម ក្នុងទីប្រជុំនោះឯង លុះចប់ទេសនា ព្រះរាជាកើតសេចក្តីរីករាយក្នុងកាលនោះ។ ពួកសត្វ ៨ ម៉ឺន ៤ ពាន់រូប បានត្រាស់ដឹងធម៌ ព្រះរាជាជាពុទ្ធបិតា លុះឮដំណឹងនោះហើយ ទើបបញ្ជូនទូត ៩ រូបទៅ។ ទូតទាំងឡាយ ព្រមទាំងបរិវារ ៩ ពាន់ ក៏សូមផ្នួសនឹងព្រះមុនី ពួកទូតទាំងនោះ មានបរិវារ ៩ ពាន់ ក៏បានលុះព្រះអរហត្ត។ ក្នុងកាលជាខាងក្រោយបំផុត កាឡុទាយិមានបរិវារមួយពាន់ កាន់យកភេទជាភិក្ខុហើយ លោកក៏និមន្តព្រះមានព្រះភាគមក។ ព្រះពុទ្ធជាសក្យដ៏ប្រសើរ ទ្រង់ទទួលនិមន្តហើយ ក៏ស្តេចទៅកាន់ផ្លូវធំ ស្តេចទៅជាមួយនឹងភិក្ខុពីរម៉ឺនរូប។ ព្រះអង្គស្តេចទៅកាន់ក្រុងកបិលវត្ថុ ដោយព្រះដំណើរតាមលំដាប់ ទ្រង់ធ្វើបាដិហារិយ៍ត្រង់ឆ្នេរស្ទឹងរោហិណី។ ព្រះមានព្រះភាគ ជាសក្យៈដ៏ប្រសើរ ទ្រង់គង់ត្រង់កណ្តាលនៃបល្ល័ង្កនោះ សម្តែងមហាវេស្សន្តរជាតក ថ្វាយព្រះវរបិតា ពួកសត្វ ៨ ម៉ឺន ៤ ពាន់រូប ក៏បានត្រាស់ដឹងនូវធម៌។

ពួកមនុស្ស ព្រមទាំងទេវតានុ៎ះ មិនបានដឹងដូច្នេះថា ព្រះពុទ្ធអង្គនោះ ទ្រង់ឧត្តមជាងនរជនដូចម្តេច ឥទ្ធិពល និងបញ្ញាពល តើដូចម្តេច ពុទ្ធពល របស់ព្រះសាស្តា ជាប្រយោជន៍ដល់សត្វលោក ដូចម្តេច។ ពួកមនុស្ស ព្រមទាំងទេវតានុ៎ះ មិន បានដឹងដូច្នេះថា ព្រះពុទ្ធអង្គនេះ ទ្រង់ឧត្តមជាងនរជនបែបនេះ ឥទ្ធិពល និងបញ្ញាពលបែប នេះ ពុទ្ធពលរបស់ព្រះសាស្តា ជាប្រយោជន៍ សត្វលោកបែបនេះ។

(ព្រះសាស្តា ទ្រង់ជ្រាបអធ្យាស្រ័យនៃមនុស្ស និងទេវតាទាំងនោះដូច្នោះហើយ) ទើបទ្រង់ព្រះចិន្តាថា បើដូច្នោះ តថាគតនឹងសម្តែងនូវពុទ្ធពលដ៏ប្រសើរ និម្មិតទីចង្ក្រម ប្រដាប់ដោយកែវឰដ៏អាកាស។

ទេវតាទាំងឡាយណា គឺភុម្មទេវតាក្តី មហារាជិកទេវតាក្តី តាវត្តឹង្សទេវតាក្តី យាមទេវតាក្តី តុសិតទេវតាក្តី និម្មានរតីទេវតាក្តី បរនិម្មិតវសវត្តីទេវតាក្តី ព្រហ្មទាំងឡាយណាក្តី ពួកទេវតា និងព្រហ្មទាំងនោះ រីករាយហើយ បានធ្វើនូវសំឡេងឲ្យឮកងរំពងខ្ទរខ្ទារ។ ផែនដី ព្រមទាំងទេវលោក ក៏ភ្លឺព្រោងព្រាត ទាំងពួកសត្វនរក នៅក្នុងលោកន្តរដ៏ច្រើន ក៏ឥតមានអ្វីបិទបំាង ទាំងងងឹតដ៏ខ្លាំងក្លាទៀតសោត ក៏ខ្ចាត់ខ្ចាយចេញក្នុងកាលនោះ គេអាចមើលឃើញនូវបាដិហារ្យជាអស្ចារ្យបាន។ ពន្លឺដ៏ធំទូលាយលើសលុប កើតឡើងដល់ពួកទេវតា គន្ធព្វ មនុស្ស និងអារក្ស។ ព្រះសាស្តា ព្រះអង្គឧត្តមជាងសត្វ មិនមានអ្នកណាមួយប្រសើរលើស តែងដឹកនាំសត្វដែលទេវតា និងមនុស្សតែងបូជា មានអានុភាពច្រើន មានបុញ្ញលក្ខណៈច្រើន ទ្រង់សម្តែងបាដិហារិយ៍ជាអស្ចារ្យ ផ្សាយទៅក្នុងលោកទាំងពីរ គឺលោកនេះ និងលោកដទៃផង ក្នុងទិសខាងក្រោម ទិសខាងលើ និងទិសទទឹងផង។

ព្រះជិនស្រី ជាសាស្តាចារ្យ ទ្រង់ហោះទៅឰដ៏ផ្ទៃអាកាស ទ្រង់និម្មិតភ្នំសិនេរុជាទីរីករាយ ឲ្យជាទីចង្ក្រមក្នុងទីប្រជុំនោះ។ ទេវតាទាំងមួយម៉ឺនលោកធាតុនោះ ក៏បានក្រាបថ្វាយបង្គំព្រះតថាគត ក្នុងសំណាក់នៃព្រះជិនស្រី ហើយធ្វើពុទ្ធបូជា។

គ្រានោះ ព្រះពុទ្ធមានចក្ខុអង្គនោះ ទ្រង់ឧត្តមជាងនរៈ ដែលទេវតាដ៏ប្រសើរអារាធនាហើយ ក៏ទ្រង់ពិចារណានូវអត្ថ ព្រះលោកនាយក ទ្រង់និម្មិតទីចង្ក្រម តាក់តែងដោយរតនៈទាំងអស់ សម្រេចដោយល្អហើយ។ ព្រះមានព្រះភាគ ទ្រង់ស្ទាត់ក្នុងបាដិហារ្យ ៣ យ៉ាង គឺឥទ្ធិបាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១ ព្រះលោកនាយក ទ្រង់និម្មិតទីចង្ក្រម តាក់តែងដោយរតនៈទាំងអស់ សម្រេចល្អហើយ។

ព្រះអង្គទ្រង់សម្តែង (នូវបាដិហារ្យ) លើទីចង្ក្រម សម្រេចដោយកែវ លើភ្នំសិនេរុដ៏ឧត្តមដោយលំដាប់ ដូចជាសសរនៃលោកធាតុទាំងមួយម៉ឺន។ ព្រះជិនស្រី ទ្រង់និម្មិតទីចង្ក្រម ជាវិការៈនៃមាសសុទ្ធ ត្រង់ខាងនៃទីចង្ក្រមដ៏សម្រេចដោយកែវ កន្លងលោកធាតុមួយម៉ឺន។ ទ្រង់និម្មិតនូវថែវទាំងឡាយ ជាវិការៈនៃមាសសុទ្ធ មានមេដម្បូល និងផ្ទោងប្រព្រឹត្តទៅ ក្រាលដោយក្តារមាស ត្រង់ចំហៀងទាំងសងខាង (នៃរតនចង្ក្រម និងសុវណ្ណចង្ក្រមនោះ)។ ព្រះសម្ពុទ្ធ ទ្រង់និម្មិតរតនចង្ក្រមដ៏ពោរពាសដោយខ្សាច់ ជាវិការៈនៃកែវមណី និងកែវមុក្តា ញ៉ាំងទិសទាំងពួងឲ្យភ្លឺព្រោងព្រាត ហាក់ដូចជាព្រះអាទិត្យរះឡើង។ ព្រះសម្ពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ ទ្រង់រុងរឿងក្នុងទីចង្ក្រមនោះ ព្រះជិនស្រី ទ្រង់ចង្ក្រមលើទីចង្ក្រម។ ទេវតាទាំងអស់ មកប្រជុំគ្នាហើយរោយរាយនូវផ្កាមន្ទារវៈ ផ្កាឈូក និងផ្កាបារិច្ឆត្តកព្រឹក្សជាទិព្វក្នុងទីចង្ក្រម។ ពួកទេវតាមួយម៉ឺនលោកធាតុ ដែលមកប្រជុំគ្នា បានឃើញព្រះមានព្រះភាគអង្គនោះ ក៏មានចិត្តត្រេកអររីករាយ ហើយក្រាបថ្វាយបង្គំ។ ទេវតាទាំងឡាយណា ជាន់តាវត្តឹង្សផង ជាន់យាមៈផង ជាន់តុសិតផង ទេវតាជាន់និម្មានរតីផង ទេវតាជាន់វសវត្តីផង ទេវតាទាំងនោះ មានចិត្តអណ្តែតខ្ពស់ឡើង មានចិត្តរីករាយ រមិលមើលព្រះលោកនាយក។

ពួកទេវតា ពួកគន្ធព្វ ពួកមនុស្ស និងពួកអារក្ស ពួកនាគ ពួកគ្រុឌ ទាំងពួកកិន្នរ ក៏ឃើញព្រះសម្ពុទ្ធម្ចាស់ ទ្រង់មានព្រះទ័យអនុគ្រោះដោយប្រយោជន៍ ដល់សត្វលោកនោះ ហាក់ដូចជាមណ្ឌលព្រះចន្ទ្រខ្ពស់ត្រដែតឰដ៏អាកាស។

ពួកព្រហ្មជាន់អាភស្សរៈផង ជាន់សុភកិណ្ហៈផង ជាន់វេហប្ផលៈផង ជាន់អកនិដ្ឋៈផង ស្លៀកសំពត់សសុទ្ធ ឈរផ្គងអញ្ជលី។

(ពួកព្រហ្មទាំងនោះ) បញ្ចេញនូវផ្កាមន្ទារវៈមានពណ៌ ៥ ដ៏លាយដោយលំអិតខ្លឹមចន្ទន៍ផង បង្វិលគ្រវីសំពត់ទាំងឡាយផង ឰដ៏អាកាសក្នុងកាលនោះ (ហើយពោលថា) អើហ្ន៎ ព្រះជិនស្រី ទ្រង់អនុគ្រោះដោយប្រយោជន៍ដល់សត្វលោក។

ព្រះអង្គជាសាស្តាចារ្យផង ជាទង់ផង ជាទង់ជ័យផង ជាប្រាសាទផង ជាទីពឹងប្រព្រឹត្តទៅខាងមុខផង ជាប្រទីបរបស់ពួកសត្វផង ទ្រង់ឧត្តមជាងសត្វជើង ២ ផង។ ពួកទេវតាក្នុងមួយម៉ឺនលោកធាតុ ដែលមានឫទ្ធិច្រើន មានចិត្តត្រេកអរ ស្រស់ស្រាយ រីករាយ មកចោមរោម ហើយថ្វាយបង្គំ។ ពួកទេវតា និងពួកទេពកញ្ញា មានចិត្តជ្រះថ្លា មានចិត្តត្រេកអរ បូជាព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ដោយផ្កាមានពណ៌ ៥។ ពួកទេវតាទាំងឡាយ មានចិត្តជ្រះថ្លា មានចិត្តត្រេកអរ ឃើញព្រះអង្គ ក៏នាំគ្នាបូជាព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ដោយផ្កាមានពណ៌ ៥ (ហើយពោលថា) ឱហ្ន៎! អស្ចារ្យចម្លែកណាស់ គួរឲ្យព្រឺរោមក្នុងលោក ឯសេចក្តីអស្ចារ្យគួរឲ្យព្រឺរោមបែបនេះ មិនដែលកើតឡើងសោះឡើយ។ ពួកទេវតាទាំងនោះ អង្គុយក្នុងភពរបស់ខ្លួនៗ រីករាយខ្លាំង ព្រោះឃើញនូវសេចក្តីអស្ចារ្យឰដ៏អាកាស។ ពួកអាកាសដ្ឋកទេវតា ពួកភុម្មដ្ឋកទេវតា និងពួកទេវតាដែលនៅអាស្រ័យឰដ៏ស្មៅ និងឈើជាថ្នាំ ត្រេកអរស្រស់ស្រាយ រីករាយខ្លាំង នាំគ្នាផ្គងអញ្ជលីនមស្ការ។ ទាំងពួកនាគដែលមានអាយុវែង មានបុណ្យច្រើន មានឫទ្ធិច្រើន ក៏រីករាយ ថ្វាយបង្គំបូជាព្រះពុទ្ធដ៏ខ្ពង់ខ្ពស់ជាងនរៈដែរ។ ចម្រៀងទាំងឡាយប្រព្រឹត្តទៅឰដ៏អាកាស ជាផ្លូវនៃខ្យល់ ពួកទេវតាក៏វាយស្គរ ព្រោះឃើញនូវសេចក្តីអស្ចារ្យឰដ៏អាកាស ស័ង្ខ ស្រឡៃ សំភោរដ៏ច្រើន ក៏ប្រគំលាន់ឮឡើង ក្នុងកណ្តាលអាកាស ព្រោះឃើញនូវសេចក្តីអស្ចារ្យឰដ៏អាកាស។ ការព្រឺរោមកើតឡើងដល់ពួកយើងក្នុងថ្ងៃនេះ ចម្លែកពេកណាស់ហ្ន៎ ពួកយើងបាននូវការសម្រេចប្រយោជន៍ដ៏ទៀងទាត់ ខណៈ ឈ្មោះថាពួកយើងបានទាន់ហើយ។ បីតិក៏កើតឡើងដល់ទេវតាទាំងនោះ ក្នុងខណៈនោះឯង ព្រោះឮពាក្យថាព្រះពុទ្ធ ទេវតាទាំងនោះ ឈរផ្គងអញ្ជលី ពោលសរសើរថា ព្រះពុទ្ធៗ។ ពួកសត្វផ្សេងៗ ផ្គងអញ្ជលី ញ៉ាំងសំឡេងទ្រហឹងអឺងកង សំឡេងសាធុការ សំឡេងហ៊ោឲ្យប្រព្រឹត្តទៅ ក្នុងកណ្តាលអាកាស។

ទេវតាទាំងឡាយ ច្រៀង ហួច ប្រគំ ទះដៃ រាំ ជម្រុះនូវផ្កាមន្ទារវៈ មានពណ៌ ៥ ដែលលាយច្រឡំដោយលំអិតនៃខ្លឹមចន្ទន៍។

(ហើយពោលថា) បពិត្រព្រះអង្គមានព្យាយាមធំ លក្ខណៈនៃចក្រ ទង់ជ័យ កែវវជីរ ទង់ជ្រុង តាក់តែងដោយកង្វេរ កំពុងចម្រើនត្រង់ព្រះបាទាទាំងគូរបស់ព្រះអង្គ។ ព្រះមានព្រះភាគ ឥតមានបុគ្គលស្មើ ចំពោះព្រះរូបផង សីលផង សមាធិផង ប្រាជ្ញាផង ព្រះអង្គស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ចំពោះវិមុត្តិ និងការញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ។ កម្លាំងក្នុងព្រះកាយនៃព្រះអង្គ ជាកម្លាំងប្រក្រតី ស្មើនឹងកម្លាំងដំរី ១០ ព្រះអង្គឥតមានបុគ្គលប្រៀបផ្ទឹមស្មើ ដោយកម្លាំងនៃឫទ្ធិ ក្នុងការញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ។ អ្នកទាំងឡាយ ចូរនាំគ្នាក្រាបថ្វាយបង្គំនូវព្រះមហាមុនី ព្រះអង្គបរិបូណ៌ដោយគុណទាំងពួង ប្រកបដោយអវយវៈទាំងពួង ទ្រង់មានករុណាជាទីពឹងនៃលោក។ ព្រះអង្គជាបុគ្គលគួរទទួលនូវកិច្ចទាំងពួងរបស់ពួកជន គឺការក្រាបសំពះ ការស្ងើច ការថ្វាយបង្គំ ការសរសើរ ការនមស្ការ និងការបូជា។ ជនទាំងឡាយណាមួយ ក្នុងលោក ដែលគួរគេថ្វាយបង្គំ ឬជនទាំងឡាយណា គួរដល់ការថ្វាយបង្គំ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គជាបុគ្គលប្រសើរបំផុតជាងជនទាំងអស់នោះ បុគ្គលស្មើនឹងព្រះអង្គមិនមានឡើយ។ ព្រះសារីបុត្តមានប្រាជ្ញាច្រើន ជាអ្នកឈ្លាសក្នុងសមាធិ និងឈាន ឋិតនៅលើភ្នំគិជ្ឈកូដ ឃើញព្រះលោកនាយក។ សំឡឹងមើលព្រះសម្ពុទ្ធ ទ្រង់ប្រសើរជាងនរៈ ហាក់ដូចជាដើមរាំងភ្នំ ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះចន្ទ្រកណ្តាលអាកាស ឬដូចជាព្រះអាទិត្យត្រង់ជាក់។ ឃើញព្រះលោកនាយក មានរស្មីផ្សាយចេញ ១ ព្យាម រុងរឿងដូចឈើប្រចាំទ្វីប ឬដូចព្រះអាទិត្យស្រទន់ ដែលទើបនឹងរះឡើង។ ខណៈនោះ ព្រះសារីបុត្រ បានប្រជុំពួកភិក្ខុចំនួន ៥០០ រូប ជាអ្នកមានសោឡសកិច្ចធ្វើហើយ ជាតាទិបុគ្គល ជាព្រះខីណាស្រព ប្រាសចាកមន្ទិល ហើយសម្តែងនូវបាដិហារិយៈ ឈ្មោះលោកប្បសាទនៈថា ពួកយើងនឹងទៅក្នុងទីនោះ ហើយថ្វាយបង្គំព្រះជិនស្រី។ លោកទាំងឡាយចូរមក យើងទាំងអស់គ្នា នឹងទៅសាកសួរព្រះជិនស្រី បានចួបព្រះលោកនាយកហើយ នឹងបន្ទោបង់នូវសេចក្តីសង្ស័យ។ ឯពួកភិក្ខុទាំងនោះ ជាអ្នកមានប្រាជ្ញាចាស់ក្លា សង្រួមឥន្ទ្រិយ ក៏ទទួលព្រមថា សាធុ ហើយប្រដាប់បាត្រ និងចីវរ ដើរទៅជាប្រញាប់។ ព្រះសារីបុត្រមានប្រាជ្ញាច្រើន (ឋិតនៅ) ក្នុងការទូន្មានដ៏ឧត្តម ក៏ចូលទៅរក (ព្រះមានព្រះភាគ) ដោយឫទ្ធិ ជាមួយនឹងព្រះខីណាស្រពទាំងឡាយ ដែលជាអ្នកប្រាសចាកមន្ទិល មានឥន្ទ្រិយទូន្មាន។ ព្រះសារីបុត្រ ដែលមានពួកភិក្ខុទាំងនោះហែហម ជាអ្នកមានពួកដ៏ធំ ចូលទៅដោយឫទ្ធិ ដូចទេវតាកាលលេងសប្បាយឰដ៏អាកាស។ ពួកភិក្ខុទាំងនោះ ជាអ្នកមានវត្តល្អ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង អត់ទ្រាំនូវការក្អក និងកណ្តាស់ ចូលគាល់ព្រះសម្ពុទ្ធ។ លុះចូលទៅគាល់ហើយ ក៏បានឃើញព្រះសយម្ភូ ជាលោកនាយក មានព្យាយាម ទ្រង់ហោះទៅឰដ៏អាកាស ហាក់ដូចជាព្រះចន្ទ្រនាកណ្តាលអាកាស។ ឃើញព្រះលោកនាយក រុងរឿងដូចឈើប្រចាំទ្វីប ដូចផ្លេកបន្ទោរឰដ៏អាកាស ឬដូចព្រះអាទិត្យត្រង់ជាក់។ ភិក្ខុទាំង ៥០០ រូប ឃើញព្រះលោកនាយក ទ្រង់ថ្លាស្អាត ដូចអន្លង់ទឹក ឬដូចផ្កាឈូកដែលរីកស្គុះស្គាយ ក៏ត្រេកអរ ស្រស់ស្រាយ រីករាយ ហើយផ្គងអញ្ជលី ក្រាបថ្វាយបង្គំព្រះបាទា ដ៏ប្រដាប់ដោយលក្ខណៈនៃចក្ររបស់ព្រះសាស្តា។ ព្រះសារីបុត្រ មានប្រាជ្ញាច្រើន ប្រាកដស្មើដោយផ្កាស្មៅកន្ទុយដំរី ជាអ្នកឈ្លាសក្នុងសមាធិ និងឈាន ក្រាបថ្វាយបង្គំនូវព្រះលោកនាយក។ ព្រះមោគ្គល្លាន មានឫទ្ធិច្រើន ឥតមានបុគ្គលស្មើដោយកម្លាំងនៃឫទ្ធិ ប្រាកដស្មើដោយផ្កាឧប្បលខៀវ ប្រៀបដូចជាកាលមេឃគំទរ។ ព្រះមហាកស្សបត្ថេរ រុងរឿងដូចជាមាស ដែលព្រះសាស្តាសរសើរ លើកតម្កើងតំកល់ក្នុងឋានៈដ៏ប្រសើរ ខាងធុតង្គគុណ។ ឯព្រះអនុរុទ្ធ ជាអ្នកប្រសើរជាងពួកបុគ្គលមានចក្ខុទិព្វ មានពួកច្រើន ជាអ្នកប្រសើរក្នុងញាតិ ឋិតនៅក្នុងទីជិតព្រះមានព្រះភាគ។ ព្រះឧបាលិ អ្នកឈ្លាសក្នុងអាបត្តិ និងអនាបត្តិ ទាំងអាបត្តិនៅកែបាន ដែលព្រះសាស្តាសរសើរតាំងទុកថា ជាអ្នកប្រសើរខាងវិន័យ។ ភិក្ខុជាកូននៃនាងមន្តានី ប្រាកដនាមថា បុណ្ណៈ អ្នកចាក់ធ្លុះនូវអត្ថដ៏ល្អិតល្អន់ ប្រសើរជាងពួកធម្មកថិកជាអ្នកមានពួក។ ព្រះមុនីទ្រង់ឈ្លាសក្នុងពាក្យឧបមា ទ្រង់ជ្រាបនូវចិត្តនៃភិក្ខុទាំងឡាយនុ៎ះ ទ្រង់មានព្យាយាមធំ កាត់នូវសេចក្តីសង្ស័យ ទ្រង់សម្តែងនូវគុណរបស់ព្រះអង្គ។ ទីបំផុតនៃអសង្ខេយ្យទាំងឡាយណា ដែលបុគ្គលដឹងមិនបាន អសង្ខេយ្យទាំងនោះ មាន ៤ ប្រការ អសង្ខេយ្យទាំងនុ៎ះ គឺពួកសត្វ ១ អាកាស ១ ចក្កវាឡមិនមានទីបំផុត ១ ពុទ្ធញ្ញាណដែលប្រមាណមិនបាន ១ បុគ្គលមិនអាចដឹងបានឡើយ។ (ព្រះសាស្តាទ្រង់ត្រាស់ថា) ការដែលតថាគតធ្វើឫទ្ធិប្លែកៗណា ការធ្វើឫទ្ធិប្លែកៗនុ៎ះ នឹងទុកជាហេតុអស្ចារ្យក្នុងលោក ដូចម្តេចបាន ព្រោះហេតុជាអស្ចារ្យចម្លែក គួរព្រឺរោមដទៃទៀត នៅមានច្រើន។ កាលដែលតថាគត នៅជាទេវបុត្រឈ្មោះ សន្តុសិតៈ ក្នុងពួកទេវបុត្រជាន់តុសិត កាលនោះ ទេវតាមួយម៉ឺនលោកធាតុ មកប្រជុំគ្នា ធ្វើអញ្ជលីអារាធនាតថាគតថា បពិត្រព្រះអង្គមានព្យាយាមធំ កាលនេះគួរដល់ព្រះអង្គហើយ សូមព្រះអង្គទ្រង់កើតក្នុងផ្ទៃនៃព្រះមាតា ចម្លងមនុស្សលោក ព្រមទាំងទេវលោក សូមទ្រង់ត្រាស់ដឹងនូវព្រះនិព្វានឈ្មោះអមតៈ។ កាលណា តថាគតច្យុតចាកពួកទេវតាជាន់តុសិត មកចាប់បដិសន្ធិក្នុងផ្ទៃ (នៃមាតា) កាលនោះ លោកធាតុមួយម៉ឺន និងព្រះធរណីញាប់ញ័រ។ កាលដែលតថាគតប្រសូតចាកផ្ទៃមាតា ក៏ដឹងខ្លួនច្បាស់លាស់ ពួកទេវតាញ៉ាំងសាធុការឲ្យប្រព្រឹត្តទៅ លោកធាតុមួយម៉ឺនញាប់ញ័រ។ តថាគតមិនមានបុគ្គលស្មើ ក្នុងការចុះកាន់គភ៌ព្រះមាតានៃតថាគត ជាបុគ្គលប្រសើរបំផុត ក្នុងការប្រសូតិចាកផ្ទៃមាតា ក្នុងការត្រាស់ដឹង និងការញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ។ ឱ! ព្រះពុទ្ធទាំងឡាយមានគុណដ៏ធំជាអស្ចារ្យក្នុងលោកពេកណាស់ លោកធាតុមួយម៉ឺនញាប់ញ័រ អស់វារៈ ៦ លើក។ ពន្លឺដ៏ធំក៏កើតមាន ទាំងសេចក្តីអស្ចារ្យ គួរព្រឺរោមក៏កើតឡើង។ សម័យនោះ ព្រះជិនស្រីមានព្រះភាគ ជាចម្បងក្នុងលោក ប្រសើរជាងនរៈ ទ្រង់ចង្ក្រមបង្ហាញឲ្យមនុស្សលោក ព្រមទាំងទេវលោក មើលឃើញដោយឫទ្ធិ។ ព្រះលោកនាយក ចង្ក្រមក្នុងទីចង្ក្រម ទ្រង់មានព្រះបន្ទូល ទ្រង់មិនត្រឡប់វិញ ត្រង់ពាក់កណ្តាល ហាក់ដូចជាចង្ក្រមក្នុងទីចង្ក្រមប្រវែង ៤ ហត្ថ។ ព្រះសារីបុត្រមានប្រាជ្ញាច្រើន ឆ្លៀវឆ្លាសក្នុងសមាធិ និងឈាន ជាអ្នកដល់នូវបារមីនៃប្រាជ្ញា បានក្រាបបង្គំទូលសួរព្រះលោកនាយកដូច្នេះថា បពិត្រព្រះអង្គមានព្យាយាមធំ ទ្រង់ប្រសើរជាងនរៈ អភិនីហាររបស់ព្រះអង្គ តើដូចម្តេច បពិត្រព្រះអង្គមានព្យាយាម ពោធិញ្ញាណដ៏ខ្ពង់ខ្ពស់ ព្រះអង្គប្រាថ្នាតាំងពីក្នុងកាលណា។ ទាន សីល នេក្ខម្មៈ បញ្ញា និងវីរិយៈ តើដូចម្តេច ខន្តិ សច្ចៈ និងអធិដ្ឋាន មេត្តា និងឧបេក្ខា តើដូចម្តេច។ បពិត្រព្រះអង្គមានព្យាយាមធំ ជាលោកនាយក បារមី ១០ តើដូចម្តេច ឧបបារមី ១០ ដែលបរិបូណ៌ តើដូចម្តេច បរមត្ថបារមី ១០ ដែលបរិបូណ៌ តើដូចម្តេច។ អធិបតីធម៌ទាំងឡាយ អធិដ្ឋាននូវកតិកម្ម ដូចម្តេច បារមីទាំងឡាយ ដូចម្តេច អ្នកប្រាជ្ញទាំងឡាយក្នុងលោក តើដូចម្តេច។ មេត្តា ករុណា មុទិតា និងឧបេក្ខា តើដូចម្តេច ព្រះពុទ្ធទ្រង់បំពេញពុទ្ធធម៌ដ៏ពេញលេញ ដូចម្តេច។ ព្រះពុទ្ធទ្រង់មានព្រះសូរសៀងពីរោះ ដូចជាសត្វករវិក ទ្រង់ញ៉ាំងហឫទ័យ (នៃពួកសត្វ) ឲ្យរលត់ ញ៉ាំងមនុស្សលោក ព្រមទាំងទេវលោក ឲ្យស្រស់ស្រាយ ដែលព្រះសារីបុត្តសាកសួរហើយ ទ្រង់ដោះស្រាយដល់ព្រះសារីបុត្រនោះវិញ។

ព្រះសម្ពុទ្ធ ទ្រង់ប្រកាសនូវរឿង1) ដែលព្រះជិនស្រីជាអតីតពុទ្ធទាំងឡាយ ទ្រង់សម្តែងចងទុកហើយ ដែលជាប់តមកតាំងពីព្រះពុទ្ធទីបង្ករ ជាប្រយោជន៍ក្នុងលោក ព្រមទាំងទេវលោក ដោយប្រាជ្ញាដែលប្រព្រឹត្តទៅតាមបុព្វេនិវាស។

អ្នកទាំងឡាយ ចូរតាំងចិត្តប្រុងស្តាប់ (នូវពុទ្ធវង្សទេសនា) របស់តថាគត ជាគ្រឿងញ៉ាំងបីតិ និងបាមោជ្ជៈឲ្យកើត បន្ទោបង់នូវស គឺសេចក្តីសោកបាន ជាហេតុបាននូវសម្បត្តិទាំងពួង។ អ្នកទាំងឡាយ ចូរប្រតិបត្តិនូវមគ្គ ជាគ្រឿងញាំញីនូវសេចក្តីស្រវឹង បន្ទោបង់នូវសេចក្តីសោក អាចដោះខ្លួនឲ្យរួចចាកសង្សារ ជាគ្រឿងអស់ទៅនៃទុក្ខទាំងពួងបាន ដោយគោរពចុះ។

ចប់ រតនចង្កមនក័ណ្ឌ។

ទីបង្ករពុទ្ធវង្ស ទី១ (២)

(២. សុមេធបត្ថនាកថា)

[២] ក្នុង ៤ អសង្ខេយ្យ និងមួយសែនកប្ប មាននគរឈ្មោះអមរវតី ជានគរគួរពិតពិលរមិលមើល ជាទីរីករាយនៃចិត្ត ជានគរបរិបូណ៌ដោយបាយ និងទឹក ទាំងមិនស្ងាត់ ដោយមានសំឡេង ១០ យ៉ាង គឺសំឡេងដំរី សំឡេងសេះ សំឡេងស្គរ សំឡេងស័ង្ខ និងសំឡេងរថជាដើម។ ទាំងជានគរគឹកកងដោយសំឡេង ដែលប្រកបដោយបាយ និងទឹកថា ចូរស៊ី ចូរផឹក ជានគរសម្បូណ៌ដោយសត្វ និងគ្រឿងឧបករណ៍ទាំងពួង បរិបូណ៌ដោយការងារគ្រប់យ៉ាង។ បរិបូណ៌ដោយកែវ ៧ ប្រការ កុះករដោយជនជាតិផ្សេងៗ សម្រេច (ដោយគ្រឿងបរិភោគ និងឧបភោគទាំងពួង) ដូចជានគរនៃទេវតា ជាទីនៅនៃជនអ្នកមានបុណ្យទាំងឡាយ។ វេលានោះ មានសុមេធព្រាហ្មណ៍ នៅក្នុងនគរអមរវតី ជាអ្នកសន្សំនូវទ្រព្យដ៏ច្រើនកោដិ មានទ្រព្យ និងស្រូវច្រើន។ ជាអ្នករៀនមន្ត ចងចាំនូវមន្ត ដល់នូវត្រើយនៃវេទទាំង ៣ ដល់នូវបារមីក្នុងលក្ខណៈផង ក្នុងគម្ពីរឥតិហាសៈផង ក្នុងធម៌របស់ព្រាហ្មណ៍ផង។ កាលនោះ តថាគតនៅក្នុងទីស្ងាត់ ក៏គិតយ៉ាងនេះថា ធម្មតាភពថ្មីទៀត តែងនាំមកនូវសេចក្តីទុក្ខ ការបែកធ្លាយសរីរៈ ក៏នាំមកនូវសេចក្តីទុក្ខដូចគ្នា (សេចក្តីស្លាប់ប្រកបដោយមោហៈ នាំមកនូវទុក្ខ រូបដែលជរាញាំញីហើយ ក៏នាំមកនូវទុក្ខ) អាត្មាអញ មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា អាត្មាអញនឹងស្វែងរកព្រះនិព្វាន ដែលមិនចាស់ មិនស្លាប់ ជាទីក្សេមក្សាន្ត។ បើដូច្នោះ អាត្មាអញគួរតែលះបង់កាយស្អុយនេះ ដែលពេញដោយសាកសពផ្សេងៗ ជាអ្នកមិនអាឡោះអាល័យ មិនមានសេចក្តីត្រូវការ ហើយនឹងចេញទៅ។ ផ្លូវនោះនឹងមានពិត ផ្លូវនោះមិនមែនជាមិនមានហេតុទេ បុគ្គលអាចទៅបាន អាត្មាអញនឹងស្វែងរកផ្លូវនោះ ដើម្បីដោះខ្លួនចាកភព។ កាលបើទុក្ខមាន សុខក៏មាន យ៉ាងណា កាលបើភពមាន ការប្រាសចាកភព បុគ្គលគួរតែប្រាថ្នារក ក៏យ៉ាងនោះដែរ។ កាលបើក្តៅមាន ត្រជាក់ដទៃក៏មានយ៉ាងណា កាលបើភ្លើង ៣ ប្រការមាន ព្រះនិព្វានដែលបុគ្គលគួរប្រាថ្នា ក៏មានយ៉ាងនោះដែរ។ កាលបើបាបមាន បុណ្យក៏មាន យ៉ាងណា កាលបើជាតិមាន ព្រះនិព្វានមិនមានជាតិ ដែលបុគ្គលគប្បីប្រាថ្នា ក៏មានយ៉ាងនោះដែរ។ បុរសដែលប្រឡាក់លាមក ឃើញស្រះពេញដោយទឹក ហើយមិនស្វែងរកស្រះ ទោសនោះ មិនមែនជាទោសនៃស្រះទេ យ៉ាងណាមិញ កាលបើស្រះ គឺព្រះនិព្វានមានហើយ បុគ្គលមិនស្វែងរកស្រះ សម្រាប់លាងនូវកិលេសជាមន្ទិលចេញទេ ទោសនោះ មិនមែនជាទោសនៃស្រះ គឺព្រះនិព្វានទេ គឺជាទោសរបស់បុរស ក៏យ៉ាងនោះដែរ។ បុរសដែលត្រូវសត្រូវទាំងឡាយចោមព័ទ្ធហើយ កាលបើផ្លូវសម្រាប់រត់ទៅ មាន តែបុរសនោះ មិនរត់ទៅ ទោសនោះមិនមែនជាទោសនៃផ្លូវទេ យ៉ាងណា បុគ្គលត្រូវកិលេសរួបរឹតហើយ កាលបើផ្លូវព្រះនិព្វានមាន តែមិនស្វែងរកផ្លូវនោះ ទោសនោះមិនមែនជាទោសនៃផ្លូវនិព្វានទេ គឺជាទោសរបស់បុគ្គលនោះឯង យ៉ាងនោះដែរ។ បុរសដែលមានជំងឺ កាលបើពេទ្យមាន តែមិនឲ្យពេទ្យនោះព្យាបាលជំងឺនោះទេ ទោសនោះ មិនមែនជាទោសនៃពេទ្យទេ យ៉ាងណា បុគ្គលត្រូវជំងឺ គឺកិលេសទាំងឡាយបៀតបៀនហើយ ដល់នូវសេចក្តីទុក្ខ មិនស្វះស្វែងរកអាចារ្យ ទោសនោះ មិនមែនជាទោសនៃអាចារ្យទេ គឺជាទោសរបស់បុគ្គលនោះឯង យ៉ាងនោះដែរ។ (បើដូច្នោះ) គួរតែអាត្មាអញ លះបង់កាយស្អុយនេះ ដែលពេញដោយសាកសពផ្សេងៗ ចេញ គប្បីជាអ្នកមិនមានសេចក្តីអាឡោះអាល័យ មិនមានសេចក្តីត្រូវការរូប ហើយចេញទៅ។ បុរសបានស្រាយសាកសព ដ៏គួរខ្ពើមរអើម ដែលជាប់ឰដ៏ក គប្បីជាអ្នកមានសេចក្តីសុខ នៅតាមទំនើងខ្លួន មានអំណាចខ្លួនឯង យ៉ាងណាមិញ។ អាត្មាអញ គួរតែលះបង់កាយស្អុយនេះ ដែលជាទីប្រមូលមកនូវសាកសពផ្សេងៗ ចេញ ហើយគប្បីជាអ្នកមិនអាឡោះអាល័យ មិនមានសេចក្តីត្រូវការ ចេញទៅ យ៉ាងនោះដែរ។ បុរសស្ត្រីទាំងឡាយ ទៅបន្ទោបង់នូវករីសៈ ក្នុងបង្គន់ហើយ ឥតមានអាឡោះអាល័យ ឥតមានសេចក្តីត្រូវការ ដើរចេញទៅ យ៉ាងណាមិញ ឯអាត្មាអញ នឹងលះបង់នូវកាយស្អុយនេះ ដែលពេញដោយសាកសពផ្សេងៗ ចេញទៅ ដូចបុរសស្ត្រីទាំងឡាយ ដែលបន្ទោបង់វច្ចៈក្នុងបង្គន់ ដូច្នោះឯង។ ម្ចាស់ទូកទាំងឡាយ តែងលះបង់ទូកចាស់ ដែលពុកផុយ លេចចូលទឹក ឥតមានអាឡោះអាល័យ ឥតត្រូវការវិញ យ៉ាងណាមិញ អាត្មាអញនឹងលះបង់នូវកាយនេះ ដែលមានរន្ធ ៩ ហូរជានិច្ច ហើយចេញទៅ ដូចជាម្ចាស់ទូក លះចោលទូកចាស់ ដូច្នោះឯង។ បុរសកាលដើរទៅជាមួយនឹងពួកចោរ យកទ្រព្យជាប់ទៅផង ឃើញភ័យអំពីការខូចខាតទ្រព្យ ក៏លះបង់ហើយដើរទៅ យ៉ាងណា កាយនេះ ក៏មានឧបមាស្មើដោយមហាចោរ អាត្មាអញនឹងលះបង់កាយនេះចេញ ព្រោះខ្លាចខូចខាតកុសលធម៌ យ៉ាងនោះដែរ។ លុះតថាគតគិតឃើញយ៉ាងនេះហើយ ក៏ឲ្យទ្រព្យជាច្រើនរយកោដិ ដល់ពួកជនដែលមានទីពឹង និងពួកជនដែលឥតទីពឹង ហើយចូលទៅកាន់ព្រៃហិមពាន្ត។ មានភ្នំមួយឈ្មោះធម្មិក នៅជិតព្រៃហិមពាន្ត តថាគតធ្វើអាស្រម សាងបណ្ណសាលាក្បែរភ្នំនោះ។ តថាគតនិម្មិតនូវទីចង្ក្រម ដែលប្រាសចាកទោស ៥ ប្រការ នៅក្បែរអាស្រមបទនោះ នាំមកនូវអភិញ្ញាពលៈ ដែលប្រកបដោយគុណ ៨ ប្រការ។ លះបង់សំពត់សាដក ដែលប្រកបដោយទោស ៩ ប្រការ ក្នុងអាស្រមបទនោះ ស្លៀកសំពត់សម្បកឈើ ដែលប្រកបដោយគុណ ១២ ប្រការវិញ។ លះបង់បណ្ណសាលា ដែលប្រកបដោយទោស ៨ ប្រការ ចូលទៅកាន់គល់ឈើ ដែលប្រកបដោយគុណ ១០ យ៉ាង។ លះបង់ស្រូវដែលគេព្រោះ គេដាំ ដោយមិនសេសសល់ កាន់យកផ្លែឈើដែលជ្រុះឯង បរិបូណ៌ដោយគុណច្រើនប្រការ។ តថាគតផ្គងព្យាយាម ក្នុងអាស្រមបទនោះ (ញ៉ាំងយប់ និងថ្ងៃឲ្យកន្លងទៅ) ក្នុងទីអង្គុយ ទីឈរ និងទីចង្ក្រម បានលុះអភិញ្ញាពលៈ ក្នុងរវាង ៧ ថ្ងៃ។ កាលតថាគតសម្រេចអភិញ្ញាហើយ ជាអ្នកមានវសី ក្នុងសាសនានៃតាបស កាលនោះ ព្រះជិនស្រី ព្រះនាមទីបង្ករ ជានាយកនៃលោក ទ្រង់កើតឡើង។ កាលព្រះពុទ្ធចាប់បដិសន្ធិផង ប្រសូតផង កាលត្រាស់ដឹងផង សម្តែងធម្មចក្រផង តថាគតជាអ្នកឆ្អែតស្កប់ស្កល់ ដោយសេចក្តីត្រេកអរក្នុងឈាន ប៉ុន្តែមិនបានឃើញនូវនិមិត្តទាំង ៤ ឡើយ។ ពួកមហាជនក្នុងបច្ចន្តប្រទេស មានចិត្តត្រេកអរ និមន្តព្រះតថាគត បាននាំគ្នាជម្រះផ្លូវជាទីមក នៃព្រះតថាគតនោះ។ សម័យនោះឯង តថាគតចេញអំពីអាស្រមរបស់ខ្លួន កាលរលាស់ចីវរសម្បកឈើ ហោះទៅឯអាកាស តថាគតឃើញជនកំពុងតែពេញចិត្ត ត្រេកអរ ស្រស់ស្រាយ រីករាយ ក៏ចុះអំពីអាកាស ហើយសួរមនុស្សទាំងឡាយក្នុងខណៈនោះថា មហាជនត្រេកអរ ស្រស់ស្រាយ រីករាយ ពេញចិត្ត ជម្រះផ្លូវ គន្លង ប្រឡាយ ដើម្បីអ្នកណា។ ពួកជនទាំងនោះ ដែលតថាគតសួរហើយ ក៏ឆ្លើយប្រាប់ថា ព្រះពុទ្ធដ៏ប្រសើរក្នុងលោក ជាព្រះជិនស្រី ព្រះនាមទីបង្ករ ជាលោកនាយក ទ្រង់កើតឡើងហើយ ពួកយើងខ្ញុំជម្រះផ្លូវ គន្លង ប្រឡាយ ដើម្បីព្រះពុទ្ធទីបង្ករនោះ។ បីតិកើតឡើងដល់តថាគត ក្នុងខណៈនោះ ព្រោះតែឮពាក្យថា ព្រះពុទ្ធ តថាគតទន្ទេញថា ព្រះពុទ្ធ ព្រះពុទ្ធ ដូច្នេះហើយ ក៏បាននូវសោមនស្ស។ តថាគតឋិតនៅក្នុងប្រទេសនោះ ត្រេកអរ មានចិត្តតក់ស្លុត គិតថា អាត្មាអញនឹងបណ្តុះពូជកុសល ក្នុងបុញ្ញក្ខេត្តនេះ កុំឲ្យខណៈកន្លងទៅទទេឡើយ។ (លុះគិតដូច្នេះហើយ ក៏និយាយទៅរកមហាជនថា) បើអ្នកទាំងឡាយ ជម្រះផ្លូវថ្វាយព្រះពុទ្ធ ចូរឲ្យឱកាសមួយដល់អាត្មាផង អាត្មានឹងជម្រះផ្លូវប្រឡាយដែរ។ កាលនោះ ពួកជនទាំងនោះ ក៏ឲ្យឱកាសមួយដល់តថាគតដើម្បីជម្រះផ្លូវ តថាគតគិតថា ព្រះពុទ្ធ ព្រះពុទ្ធ ដូច្នេះ ជម្រះផ្លូវបណ្តើរ ក្នុងឱកាសនោះ។ កាលដែលឱកាស (ផ្លូវ) របស់តថាគត ធ្វើមិនទាន់សម្រេចនៅឡើយ ស្រាប់តែព្រះជិនស្រី ជាអ្នកប្រាជ្ញធំ ព្រះនាមទីបង្ករ ស្តេចយាងមកតាមផ្លូវ ជាមួយនឹងព្រះខីណាស្រព ៤ សែនរូប សុទ្ធតែជាអ្នកបានអភិញ្ញា ៦ ជាតាទិបុគ្គល ប្រាសចាកមន្ទិល។ ការក្រោកទទួល(ព្រះសាស្តា) ក៏ប្រព្រឹត្តទៅ ស្គរទាំងឡាយជាច្រើន ក៏លាន់ឮឡើងគគ្រឹកគគ្រេង ពួកមនុស្ស និងទេវតា ក៏ត្រេកអរ ញ៉ាំងសាធុការឲ្យប្រព្រឹត្តទៅ។ ពួកទេវតាឃើញពួកមនុស្ស ឯពួកមនុស្សក៏ឃើញពួកទេវតា ទេវតា និងមនុស្សទាំងពីរពួកនេះ បានផ្គងអញ្ជលី ដើរដង្ហែព្រះតថាគត។ ពួកទេវតាប្រគំតូរ្យតន្ត្រីទិព្វទាំងឡាយ ពួកមនុស្ស ក៏ប្រគំតូរ្យតន្ត្រី ជារបស់មនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងពីរក្រុមនេះ ប្រគំភ្លេងដង្ហែព្រះតថាគត។ ពួកទេវតាដែលឋិតនៅឰដ៏អាកាស ក៏រោយរាយផ្កាមន្ទារវៈ ផ្កាឈូក ផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ ឰដ៏អាកាស អំពីទិសតូចទិសធំ។ ពួកទេវតាដែលឋិតនៅឰដ៏អាកាស ក៏រោយរាយលំអិតខ្លឹមចន្ទន៍ទិព្វផង គ្រឿងក្រអូបដ៏ប្រសើរទាំងអស់ផង អំពីទិសតូចទិសធំ ឰដ៏អាកាស។ ពួកមនុស្សដែលឋិតនៅលើផែនដី ក៏រោយរាយផ្កាចម្ប៉ា ផ្កាស្រល់ ផ្កាក្ទម្ព ផ្កាខ្ទឹង ផ្កាបុសនាគ និងផ្កាកាកេស អំពីទិសតូចទិសធំ។ តថាគតរំសាយសក់ត្រង់ប្រទេសនោះ ហើយក្រាលចីវរសម្បកឈើ និងកំណាត់ស្បែកលើភក់ ហើយដេកផ្កាប់មុខ(អធិដ្ឋានថា) សូមព្រះពុទ្ធ ព្រមទាំងពួកសិស្ស ជាន់អាត្មាអញយាងទៅចុះ សូមកុំជាន់ភក់ឡើយ ការមិនជាន់លើភក់នោះ នឹងជាប្រយោជន៍ដល់អាត្មាអញ។ កាលតថាគតដេកលើផែនដី ក៏មានសេចក្តីត្រិះរិះដោយចិត្តយ៉ាងនេះថា បើអាត្មាអញប្រាថ្នាដុតកិលេសទាំងឡាយ របស់អញ ក្នុងថ្ងៃនេះក៏បាន។ តែថាប្រយោជន៍អ្វី អាត្មាអញធ្វើឲ្យជាក់ច្បាស់នូវធម៌ ដោយភេទដែលគេមិនស្គាល់ ក្នុងទីនេះ អាត្មាអញគប្បីដល់នូវសព្វញ្ញុតញ្ញាណ ជាអ្នករួចស្រឡះចាកកិលេស ញ៉ាំងលោក ព្រមទាំងទេវលោក ឲ្យរួចរដោះ (ចាកសង្សារ)។ ប្រយោជន៍អ្វី អាត្មាអញជាបុរស សម្តែងកម្លាំងឆ្លងទៅម្នាក់ឯង អាត្មាអញគួរដល់នូវសព្វញ្ញុតញ្ញាណ ចម្លងមនុស្សលោក ព្រមទាំងទេវលោក។ អាត្មាអញនឹងបានដល់នូវសព្វញ្ញុតញ្ញាណ ចម្លងប្រជុំជនច្រើន ដោយអធិការនេះ ដែលអាត្មាអញធ្វើចំពោះព្រះពុទ្ធ ជាបុរសខ្ពង់ខ្ពស់។ តថាគតនឹងកាត់ខ្សែសង្សារ កម្ចាត់បង់ភពទាំង ៣ ឡើងជិះលើនាវាគឺធម៌ នឹងចម្លងមនុស្សលោក ព្រមទាំងទេវលោក។ ព្រះពុទ្ធ ព្រះនាមទីបង្ករ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជាទាំងឡាយ ទ្រង់ឈរក្បែរសីសៈរបស់តថាគត ត្រាស់ពាក្យនេះថា (ម្នាលភិក្ខុទាំងឡាយ) អ្នកទាំងឡាយ ចូរមើលតាបសនេះ ជាជដិលមានតបៈដ៏ខ្ពង់ខ្ពស់ តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធក្នុងលោក ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ។ សត្វនេះ នឹងចេញចាកក្រុងឈ្មោះកបិលវត្ថុ ជាទីរីករាយ តម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ អង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសដែលនាងសុជាតាថ្វាយក្នុងទីនោះ នឹងចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីនោះ បានទទួលបាយាសទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ នឹងត្រឡប់មកតាមផ្លូវដែលគេតាក់តែងយ៉ាងប្រសើរ (អង្គុយ) ទៀបគល់ពោធិព្រឹក្ស លំដាប់នោះ តាបសមានយសធំនេះ ធ្វើប្រទក្សិណពោធិមណ្ឌល នឹងបានត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណ ទៀបគល់អស្សត្ថព្រឹក្ស។ ព្រះជនិកាមាតារបស់តាបសនេះ នឹងមាននាមថា ព្រះនាងមាយាទេវី ព្រះបិតា ព្រះនាមសុទ្ធោទនៈ ឯតាបសនេះ នឹងមានឈ្មោះថា ព្រះគោតម អគ្គសាវ័កទាំងពីររូប គឺកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តខ្ជាប់ខ្ជួន ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីនេះ។ អគ្គសាវិកាពីររូប គឺនាងខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តខ្ជាប់ខ្ជួន។ ឈើជាទីត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឯឧបាសកជាឧបដ្ឋាកដ៏ប្រសើរពីររូប គឺចិត្តៈ ១ ហត្ថាឡវកៈ ១។ នាងនន្ទមាតា និងនាងឧត្តរា ជាឧបដ្ឋាយិកាដ៏ប្រសើរ ព្រះគោតមមានយសនោះ មានព្រះជន្ម ១០០ វស្សា។ ពួកមនុស្ស និងទេវតា លុះឮពាក្យព្យាករណ៍របស់ព្រះពុទ្ធទីបង្ករ ទ្រង់ស្វែងរកគុណដ៏ធំ ឥតមានបុគ្គលស្មើនេះហើយ ក៏រីករាយ ដោយគិតថា សុមេធតាបសនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោទាំងឡាយ ក៏ប្រព្រឹត្តទៅ ពួកលោក ព្រមទាំងទេវលោក ទាំងមួយម៉ឺនលោកធាតុ ទះដៃផង សើចផង ផ្គងអញ្ជលីនមស្ការផង ពោលថា បើពួកយើងឃ្វាងមគ្គផល ក្នុងសាសនាព្រះលោកនាថនេះ ក្នុងកាលជាអនាគត ពួកយើងនឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រ នៃព្រះគោតមនេះ។ ពួកមនុស្ស កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខហើយ តែងកាន់យកកំពង់ខាងក្រោម ក៏ឈ្មោះថាឆ្លងស្ទឹងធំដែរ យ៉ាងណាមិញ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះហើយ ក្នុងកាលជាអនាគត គង់នឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ ព្រះពុទ្ធទីបង្ករ ទ្រង់ជ្រាបច្បាស់នូវលោក គួរទទួលគ្រឿងបូជា ទ្រង់សរសើរអំពើរបស់តថាគតហើយ ទ្រង់លើកព្រះបាទខាងស្តាំ។ សាវ័កទាំងឡាយណា ជាបុត្រនៃព្រះជិនស្រីក្នុងទីនោះ ពួកសាវ័កទាំងនោះ ក៏ធ្វើប្រទក្សិណតថាគត ពួកទេវតា ពួកមនុស្ស ពួកអសុរ ពួកយក្ស ក៏ក្រាបថ្វាយបង្គំតថាគត ហើយចៀសចេញទៅ។ កាលព្រះលោកនាយក ព្រមទាំងព្រះសង្ឃ កន្លងនូវការឃើញរបស់តថាគតទៅ តថាគតក៏ក្រោកចាកទីដេក ហើយពែនភ្នែនក្នុងកាលនោះ។ តថាគត ជាអ្នកមានសេចក្តីសុខ ដោយសេចក្តីសុខ រីករាយដោយបាមោជ្ជៈ ផ្សព្វផ្សាយដោយបីតិ អង្គុយពែនភ្នែនក្នុងកាលនោះ។ តថាគតអង្គុយពែនភ្នែន គិតយ៉ាងនេះ ក្នុងកាលនោះថា អាត្មាអញជាអ្នកស្ទាត់ក្នុងឈាន ដល់នូវត្រើយនៃអភិញ្ញា។ ក្នុងលោកធាតុទាំងមួយពាន់ មិនមានពួកឥសី ស្មើដោយអាត្មាអញឡើយ អាត្មាអញឥតមានបុគ្គលស្មើក្នុងឥទ្ធិធម៌ទាំងឡាយ អញបាននូវសេចក្តីសុខបែបនេះ។ ក្នុងកាលដែលតថាគតអង្គុយពែនភ្នែន គិតយ៉ាងនេះ ពួកមហាព្រហ្មដែលនៅអាស្រ័យក្នុងលោកធាតុមួយម៉ឺន ក៏ញ៉ាំងសំឡេងខ្លាំងឲ្យលាន់ឮថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ និមិត្តទាំងឡាយណា ក្នុងកាលជាទីពត់ភ្នែននៃពោធិសត្វទាំងឡាយ ប្រាកដក្នុងកាលមុន និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ។ ត្រជាក់ក៏ស្ងាត់បាត់ទៅ ទាំងក្តៅក៏ស្ងប់រម្ងាប់ និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ លោកធាតុទាំងមួយម៉ឺន ក៏ឥតមានសំឡេង ឥតវឹកវរ និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ខ្យល់ធំទាំងឡាយក៏ឈប់បក់ ស្ទឹងទាំងឡាយក៏ឈប់ហូរ និមិត្តទាំងនោះក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ផ្កាទាំងពួងដែលកើតលើគោក កើតក្នុងទឹក ក៏រីកក្នុងខណៈនោះ ផ្កាទាំងអស់នោះ ក៏បញ្ចេញផ្កាក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ វល្លិទាំងឡាយក្តី ឈើទាំងឡាយក្តី ទ្រទ្រង់នូវផ្លែ ក្នុងខណៈនោះ វល្លិ និងឈើទាំងអស់នោះ ក៏បញ្ចេញផ្លែក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ កែវទាំងឡាយ ដែលឋិតនៅឰដ៏អាកាសក្តី ឋិតនៅលើផែនដីក្តី ដែលរុងរឿងក្នុងខណៈនោះ កែវទាំងនោះ ក៏រុងរឿងក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ គ្រឿងតូរ្យតន្ត្រីទាំងឡាយ ជារបស់មនុស្ស និងជាទិព្វ ដែលប្រគំក្នុងខណៈនោះ តូរ្យតន្ត្រីទាំងពីរនោះ ក៏លាន់ឮឡើងក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ផ្កាដ៏វិចិត្រទាំងឡាយ រុះរោយចុះអំពីអាកាស ក្នុងខណៈនោះ ផ្កាដ៏វិចិត្រទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ មហាសមុទ្រក៏ស្រកចុះ លោកធាតុទាំងមួយម៉ឺនក៏ញាប់ញ័រ ក្នុងខណៈនោះ មហាសមុទ្រ និងលោកធាតុទាំងពីរនោះ ក៏លាន់ឮកងរំពងក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ភ្លើងក្នុងនរកទាំងមួយម៉ឺនក៏រលត់ក្នុងខណៈនោះ ភ្លើងទាំងនោះ ក៏រលត់ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ព្រះអាទិត្យប្រាសចាកមន្ទិល ផ្កាយទាំងពួងក៏ប្រាកដ ព្រះអាទិត្យ និងផ្កាយទាំងនោះ ក៏បានប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ក្នុងកាលគ្មានភ្លៀង ទឹកក៏ផុសផុលឡើងលើផែនដី ក្នុងខណៈនោះ ទឹកក៏ផុសឡើងលើផែនដី ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ពួកផ្កាយទាំងឡាយក៏រុងរឿង ផ្កាយនក្ខត្តឫក្សទាំងឡាយ ប្រកបដោយព្រះចន្ទ្រខែវិសាខ (ក៏រុងរឿង) ក្នុងមណ្ឌលនៃអាកាស លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ចំណែកឯពួកសត្វនៅក្នុងរន្ធ ពួកសត្វដេកក្នុងជ្រោះ ក៏ចេញចាកលំនៅរបស់ខ្លួន ពួកសត្វទាំងអស់នោះ ក៏បោះបង់លំនៅចោលក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ សេចក្តីអផ្សុកមិនមានដល់សត្វទាំងឡាយ សត្វទាំងឡាយជាអ្នកត្រេកអរក្នុងខណៈនោះ ពួកសត្វទាំងអស់នោះ ជាអ្នកត្រេកអរក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ រោគទាំងឡាយដ៏ស្រាលៗ ក៏ស្ងប់រម្ងាប់ទៅ ទាំងសេចក្តីស្រេកឃ្លានក៏វិនាសទៅ ការស្ងប់រោគ និងការវិនាសសេចក្តីស្រេកឃ្លានទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ រោគក៏ស្រាកស្រាន្តទៅ ទោសៈ មោហៈ ក៏បាត់បង់ទៅក្នុងកាលនោះ រោគ និងកិលេសទាំងអស់នោះ ក៏ប្រាសចេញទៅក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ឯភ័យមិនមានក្នុងកាលនោះ ការមិនមានភ័យនុ៎ះ ក៏ប្រាកដក្នុងថ្ងៃនេះ ព្រោះហេតុនោះ ទើបយើងដឹងថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ធូលីក៏ខ្ចាត់ខ្ចាយទៅខាងលើ ការខ្ចាត់ខ្ចាយធូលីក៏ប្រាកដក្នុងថ្ងៃនេះ ព្រោះហេតុនោះ ទើបពួកយើងដឹងថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ក្លិនស្អុយក៏ផាត់ចេញ ក្លិនទិព្វក៏ផ្សាយទៅ ក្លិនទិព្វនោះ ក៏ផ្សាយចេញក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ពួកទេវតាទាំងពួង វៀរលែងតែអរូបព្រហ្មចេញ ដែលប្រាកដ ពួកទេវតាទាំងអស់នោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ពួកសត្វនរកទាំងអម្បាលម៉ាន ដែលប្រាកដក្នុងខណៈនោះ ពួកសត្វនរកទាំងអស់នោះឯង ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ក្នុងកាលនោះ ជញ្ជាំងទាំងឡាយក្តី សន្ទះទ្វារទាំងឡាយក្តី ភ្នំទាំងឡាយក្តី ជាគ្រឿងរារាំង មិនមានឡើយ កំពែង សន្ទះទ្វារ និងភ្នំទាំងឡាយនោះ ក៏ក្លាយទៅជាអាកាស (ប្រាកដ) ក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ចុតិ និងឧបបត្តិ មិនមានក្នុងខណៈនោះ និមិត្តទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ (និមិត្តទាំងនេះ ក៏ប្រាកដដល់សត្វទាំងឡាយ ដើម្បីត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណ) ពួកសត្វពោលថា (បពិត្រសុមេធតាបស) សូមលោកផ្គងព្យាយាមឲ្យមាំមួនឡើង កុំត្រឡប់ កុំថយក្រោយឡើយ ពួកយើងដឹងច្បាស់នូវហេតុនុ៎ះថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ តថាគតលុះឮពាក្យរបស់ជនទាំងពីរពួក គឺព្រះពុទ្ធ និងទេវតាទាំងមួយម៉ឺនចក្រវាឡហើយ ក៏ត្រេកអរ ស្រស់ស្រាយ រីករាយ គិតក្នុងកាលនោះយ៉ាងនេះថា ធម្មតាព្រះពុទ្ធទាំងឡាយ មិនដែលមានព្រះពុទ្ធដីកាបែកជាពីរទេ ព្រះជិនស្រីទាំងឡាយ មិនដែលមានព្រះពុទ្ធដីកាឥតអំពើទេ ព្រះពុទ្ធដីការបស់ព្រះពុទ្ធទាំងឡាយ មិនដែលឃ្លៀងឃ្លាតទេ អាត្មាអញនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ដុំដីដែលគេចោលទៅឰដ៏អាកាស ទៀងតែធ្លាក់មកលើផែនដីវិញយ៉ាងណា ពាក្យរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដយ៉ាងនោះដែរ។ ព្រះបន្ទូលរបស់ព្រះពុទ្ធទាំងឡាយ មិនចេះឃ្លៀងឃ្លាត អាត្មាអញនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ សេចក្តីស្លាប់របស់សព្វសត្វទៀងទាត់ប្រាកដយ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធប្រសើរទាំងឡាយ ទៀងទាត់ប្រាកដដូច្នោះដែរ។ កាលដែលរាត្រីអស់ទៅ ព្រះអាទិត្យទៀងតែងរះឡើងយ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដយ៉ាងនោះដែរ។ សីហៈ ដែលចេញអំពីដំណេក តែងបន្លឺសំឡេងយ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដយ៉ាងនោះដែរ។ ការសម្រាលគភ៌នៃស្រីដែលមានគភ៌ធ្ងន់ ជារបស់ទៀងទាត់យ៉ាងណា ព្រះបន្ទូលរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដយ៉ាងនោះដែរ។ បើដូច្នោះ អាត្មាអញ នឹងជ្រើសរើសរកពុទ្ធការកធម៌ទាំងឡាយ ពីខាងនេះ ពីខាងនោះ គឺខាងលើ ខាងក្រោម ទិសទាំង ១០ ដរាបដល់ធម្មធាតុ។ កាលនោះ តថាគតកំពុងជ្រើសរើស ក៏បានឃើញទានបារមីជាដំបូង ជាគន្លងធំ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សន្សំមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវទានបារមីជាដំបូងនេះឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវទានបារមីចុះ។ ក្អមដែលមានទឹកពេញ បុគ្គលណាមួយផ្កាប់ចុះ ចាក់មិនឲ្យសល់ទឹក ទឹកមិនដក់នៅក្នុងក្អមនោះយ៉ាងណា អ្នកបើឃើញពួកស្មូមមក ទោះថោកទាប ខ្ពង់ខ្ពស់ ឬមធ្យម ចូរឲ្យទានកុំឲ្យសេសសល់ ឲ្យដូចជាក្អមដែលគេផ្កាប់ដូច្នោះ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏ឃើញសីលបារមីទី ២ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកឯងចូរសមាទាន ធ្វើសីលបារមីទី ២ នេះ ឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវសីលបារមីចុះ។ សត្វចាមរី (កាលឃើញ) រោមកន្ទុយចំពាក់នឹងរបស់អ្វីមួយ ស៊ូស្លាប់ក្នុងទីនោះ មិនព្រមផ្តាច់កន្ទុយចោលឡើយ យ៉ាងណាមិញ អ្នកចូរបំពេញនូវសីលទាំងឡាយ ក្នុងភូមិទាំង ៤ ចូររក្សាសីលសព្វកាល ឲ្យដូចជាសត្វចាមរីរក្សាកន្ទុយ យ៉ាងនោះចុះ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញនេក្ខម្មបារមីទី ៣ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនេក្ខម្មបារមីទី ៣ នេះឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវនេក្ខម្មបារមីចុះ។ បុរសដែលជាប់នៅក្នុងគុកអស់កាលយូរ ត្រូវសេចក្តីទុក្ខបៀតបៀនហើយ រមែងមិនញ៉ាំងសេចក្តីត្រេកអរ ឲ្យកើតឡើងក្នុងគុកនោះទេ រមែងស្វែងរកការរួច (ចាកគុកនោះ) យ៉ាងណា អ្នកចូរឃើញនូវភពទាំងអស់ ដូចជាគុកចុះ ចូរបែរមុខទៅរកនេក្ខម្មៈ ដើម្បីរួចចាកភព យ៉ាងនោះដែរ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញបញ្ញាបារមីទី ៤ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើបញ្ញាបារមីទី ៤ នេះ ឲ្យមាំមួន បើអ្នកចង់ដល់នូវពោធិញ្ញាណ ចូរបំពេញនូវបញ្ញាបារមីចុះ។ ភិក្ខុកាលប្រព្រឹត្តបិណ្ឌបាត មិនរំលងនូវត្រកូលទាំងឡាយ ទោះថោកទាប ខ្ពង់ខ្ពស់ ឬមធ្យម រមែងបានចង្ហាន់ល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅយ៉ាងណា អ្នកបើសាកសួរជនជាអ្នកប្រាជ្ញសព្វកាល នឹងដល់នូវបញ្ញាបារមីហើយ នឹងបានលុះនូវពោធិញ្ញាណមិនខាន ក៏យ៉ាងនោះដែរ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញវីរិយបារមីទី ៥ ដែលពោធិសត្វទាំងឡាយអំពីបូរាណធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើវីរិយបារមីទី ៥ នេះឲ្យមាំមួន បើអ្នកចង់លុះនូវពោធិញ្ញាណ ចូរបំពេញនូវវីរិយបារមីចុះ។ សត្វសីហៈ ជាស្តេចនៃម្រឹគ មានព្យាយាមមិនរួញរា មានចិត្តផ្គូផ្គងសព្វកាល ក្នុងការអង្គុយ ឈរ ដើរ យ៉ាងណា អ្នកគួរផ្គូផ្គងព្យាយាមឲ្យមាំមួន ក្នុងភពទាំងពួងយ៉ាងនោះចុះ លុះដល់នូវវីរិយបារមីហើយ នឹងបានសម្រេចពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញខន្តិបារមីទី ៦ ដែលពោធិសត្វទាំងឡាយអំពីបូរាណធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវខន្តិបារមីទី ៦ នេះ ឲ្យមាំមួន អ្នកកុំមានចិត្តបែកជាពីរ ក្នុងខន្តិបារមីនោះ នឹងបានដល់នូវពោធិញ្ញាណមិនខានឡើយ។ ធម្មតាផែនដី រមែងអត់ទ្រាំចំពោះវត្ថុទាំងពួង ទោះស្អាតក្តី មិនស្អាតក្តី ដែលគេដាក់ចុះហើយ រមែងមិនធ្វើនូវសេចក្តីថ្នាំងថ្នាក់ និងសេចក្តីត្រេកអរឡើយ យ៉ាងណា។ អ្នកក៏គួរអត់ទ្រាំនូវការរាប់អាន និងការមើលងាយ របស់ពួកជនទាំងពួង យ៉ាងនោះដែរ លុះដល់នូវខន្តិបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញសច្ចបារមីទី ៧ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើសច្ចបារមីទី ៧ នេះឲ្យមាំមួន កុំមានពាក្យបែកជាពីរ ក្នុងសច្ចបារមីនោះ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ធម្មតាផ្កាយព្រឹក ជាជញ្ជីងរបស់លោក ព្រមទាំងទេវលោក រមែងមិនឃ្លាតចាកវិថី ក្នុងរដូវភ្លៀង ឬហេមន្តរដូវឡើយយ៉ាងណា។ អ្នកកុំឃ្លាតចាកវិថី ក្នុងសច្ចៈទាំងឡាយ យ៉ាងនោះដែរ លុះដល់នូវសច្ចបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញអធិដ្ឋានបារមីទី ៨ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើអធិដ្ឋានបារមីទី ៨ នេះ ឲ្យមាំមួន អ្នកកុំញាប់ញ័រក្នុងអធិដ្ឋានបារមីនោះ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ភ្នំថ្មឥតកម្រើក តាំងនៅស៊ប់ មិនរញ្ជួយដោយខ្យល់ដ៏ខ្លាំងក្លា រមែងតាំងនៅក្នុងទីរបស់ខ្លួនដដែលយ៉ាងណា អ្នកចូរកុំកម្រើក ក្នុងអធិដ្ឋានបារមីសព្វកាល យ៉ាងនោះដែរ លុះដល់នូវអធិដ្ឋានបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏ឃើញមេត្តាបារមីទី ៩ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើមេត្តាបារមីទី ៩ នេះ ឲ្យមាំមួន អ្នកចូរកុំឲ្យមានបុគ្គលដទៃស្មើដោយមេត្តា បើអ្នកចង់លុះនូវពោធិញ្ញាណ។ ធម្មតាទឹក រមែងផ្សព្វផ្សាយត្រជាក់ស្មើ ចំពោះជនទាំងល្អទាំងអាក្រក់ រមែងកម្ចាត់បង់នូវធូលី និងមន្ទិលយ៉ាងណា។ អ្នកចូរចម្រើនមេត្តាឲ្យស្មើ ចំពោះមិត្ត និងសត្រូវ យ៉ាងនោះដែរ លុះដល់នូវមេត្តាបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញឧបេក្ខាបារមីទី ១០ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើឧបេក្ខាបារមីទី ១០ នេះ ឲ្យមាំមួន អ្នកគួរជាបុគ្គលដូចជាជញ្ជីងដ៏មាំមួន នឹងបានសម្រេចពោធិញ្ញាណមិនខានឡើយ។ ធម្មតាផែនដី តែងព្រងើយកន្តើយ ចំពោះវត្ថុមិនស្អាតក្តី ស្អាតក្តី ដែលគេដាក់ចុះហើយ តែងវៀរចាកសេចក្តីក្រោធ និងសេចក្តីត្រេកអរ ចំពោះវត្ថុទាំងពីរនោះ យ៉ាងណា អ្នកចូរធ្វើខ្លួនឲ្យដូចជាជញ្ជីង ចំពោះសុខ និងទុក្ខ សព្វកាល យ៉ាងនោះដែរ អ្នកលុះដល់នូវឧបេក្ខាបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណពុំខាន។ ធម៌ទាំងឡាយណា ជាគ្រឿងញ៉ាំងពោធិញ្ញាណឲ្យសម្រេច ធម៌ទាំងនោះ មានក្នុងលោកត្រឹមតែប៉ុណ្ណេះ ពុទ្ធការកធម៌ដទៃ ក្រៅអំពីបារមី ១០ នោះ មិនមានទេ អ្នកចូរតាំងនៅក្នុងបារមីធម៌ទាំង ១០ នោះ ឲ្យមាំមួនចុះ។ កាលតថាគតពិចារណានូវបារមីធម៌ទាំងនេះ ដោយសភាវសរសលក្ខណៈ ផែនដីទាំងមួយម៉ឺនលោកធាតុ ក៏ញាប់ញ័រ ដោយតេជះនៃធម៌។ ផែនដីកម្រើក បន្លឺឡើង ដូចជាឃ្នាបអំពៅ ដែលត្រូវគេគាប ឬចក្កយន្តប្រេង ត្រូវគេគាបហើយ (រមែងវិលញ័រ) យ៉ាងណា ផែនដីក៏ញាប់ញ័រ យ៉ាងនោះដែរ។ បរិស័ទរបស់ព្រះពុទ្ធ មានចំនួនប៉ុន្មាន ក្នុងទីដែលអង្គាសបរិស័ទនោះ ក៏ញាប់ញ័រ ដេកជ្រប់លើផែនដី ក្នុងទីអង្គាសនោះ។ ឆ្នាំងជាច្រើនពាន់ និងក្អមជាច្រើនរយ ក៏ទង្គិចគ្នាបែកខ្ទេចខ្ទីអស់ ក្នុងទីនោះ។ ពួកមហាជន មានចិត្តរន្ធត់តក់ស្លុត ភិតភ័យ ភ្ញាក់ផ្អើល មានចិត្តញ័រចំប្រប់ មកប្រជុំគ្នាហើយ ចូលទៅគាល់ព្រះពុទ្ធទីបង្ករ (ហើយទូលសួរថា) បពិត្រព្រះអង្គ មានចក្ខុ ហេតុល្អ ឬហេតុអាក្រក់ ដូចម្តេច នឹងមានដល់មនុស្សលោក លោកទាំងមូល ត្រូវសេចក្តីអន្តរាយបៀតបៀនហើយ សូមព្រះអង្គទ្រង់មេត្តាប្រោស បន្ទោបង់សេចក្តីអន្តរាយនោះចេញ។ គ្រានោះ ព្រះមហាមុនីទីបង្ករ ទ្រង់ញ៉ាំងមហាជនទាំងនោះ ឲ្យយល់ច្បាស់ថា អ្នកទាំងឡាយ ចូរកុំមានសេចក្តីរង្កៀស កុំខ្លាចចំពោះការញាប់ញ័រ ផែនដីនេះឡើយ។ ដ្បិតតថាគតបានព្យាករក្នុងថ្ងៃនេះថា សុមេធបណ្ឌិតនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងលោក (ក្នុងកាលជាអនាគត) សុមេធបណ្ឌិតនុ៎ះ កំពុងពិចារណាធម៌ ដែលព្រះជិនស្រីអំពីបូរាណ ធ្លាប់សេពមក។ កាលសុមេធបណ្ឌិតពិចារណាធម៌ គឺពុទ្ធភូមិ ដោយឥតសេសសល់ ព្រោះហេតុនោះ បានជាផែនដីទាំងមួយម៉ឺនលោកធាតុក្នុងលោក ព្រមទាំងទេវលោកញាប់ញ័រ។ (ចិត្តនៃមហាជន) ក៏រលត់ស្ងប់ក្នុងខណៈនោះភ្លាម ព្រោះបានស្តាប់ព្រះបន្ទូលរបស់ព្រះពុទ្ធ ពួកមហាជនទាំងអស់គ្នា ក៏ចូលមករកតថាគត ហើយក្រាបថ្វាយបង្គំម្តងទៀត។ គ្រានោះ តថាគតសមាទាននូវពុទ្ធគុណ ធ្វើចិត្តឲ្យមាំមួន ក្រាបថ្វាយបង្គំព្រះពុទ្ធទីបង្ករ ហើយក្រោកចាកអាសនៈ។ ពួកទេវតា ពួកមនុស្ស ទាំងពីរពួក ក៏រោយរាយផ្កាទិព្វ និងផ្កាជារបស់មនុស្ស ចំពោះសុមេធបណ្ឌិត ដែលក្រោកចាកអាសនៈ។ ពួកទេវតា និងពួកមនុស្ស ទាំងពីរពួកនោះ បាននូវសួស្តី (ពោលថា) តំណែងដ៏ធំ ដែលលោកប្រាថ្នាហើយ សូមលោកបាននូវតំណែងនោះសមគួរតាមប្រាថ្នាចុះ។ ចង្រៃទាំងពួង ចូរបរវៀសចៀសចេញទៅ សេចក្តីសោក និងរោគ ក៏ចូរចៀសវាងចេញទៅ សេចក្តីអន្តរាយ កុំបីមានដល់លោកឡើយ សូមលោកបានលុះនូវសព្វញ្ញុតញ្ញាណ ដ៏ខ្ពង់ខ្ពស់ឆាប់ៗ ចុះ។ កាលដល់រដូវផ្កា ពួកឈើមានផ្ការមែងបញ្ចេញផ្កាយ៉ាងណា បពិត្រតាបសមានព្យាយាមធំ លោកចូរបញ្ចេញផ្កា ដោយពុទ្ធញ្ញាណ យ៉ាងនោះដែរ។ ព្រះសម្ពុទ្ធទាំងឡាយណាមួយ ទ្រង់បំពេញហើយ នូវបារមីទាំង ១០ យ៉ាងណា បពិត្រតាបសមានព្យាយាមធំ លោកចូរបំពេញបារមីទាំង ១០ យ៉ាងនោះ។ ព្រះសម្ពុទ្ធទាំងឡាយណាមួយ ទ្រង់ត្រាស់ដឹងទៀបគល់ពោធិមណ្ឌល យ៉ាងណា បពិត្រតាបសមានព្យាយាមធំ លោកចូរត្រាស់ដឹងទៀបគល់ពោធិមណ្ឌលនៃព្រះជិនស្រី យ៉ាងនោះ។ ព្រះសម្ពុទ្ធទាំងឡាយណាមួយ ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅយ៉ាងណា បពិត្រតាបសមានព្យាយាមធំ សូមលោកញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ យ៉ាងនោះចុះ។ ព្រះចន្ទ្រពេញវង់ រមែងរុងរឿងក្នុងថ្ងៃពេញបូណ៌មី យ៉ាងណា លោកក៏មានចិត្តពេញ ចូររុងរឿងក្នុងលោកធាតុទាំងមួយម៉ឺន យ៉ាងនោះ។ ព្រះអាទិត្យដែលរួចផុតអំពីរាហុ រមែងរុងរឿងដោយកម្តៅ យ៉ាងណា លោកចូររួចចាកលោកធម៌ ចូររុងរឿងដោយពុទ្ធសិរី យ៉ាងនោះដែរ។ ស្ទឹងទាំងឡាយណាមួយ រមែងហូរទៅប្រជុំក្នុងមហាសមុទ្រ យ៉ាងណា ពួកលោក ព្រមទាំងទេវលោក ក៏រមែងប្រជុំក្នុងសំណាក់របស់លោក យ៉ាងនោះដែរ។ គ្រានោះ សុមេធបណ្ឌិតនុ៎ះ ដែលពួកទេវតា និងមនុស្សទាំងនោះ ស្ងើចសរសើរហើយ ក៏សមាទាននូវបារមីធម៌ទាំង ១០ បំពេញបារមីធម៌ទាំងនោះ ចូលទៅកាន់ព្រៃធំ។

ចប់ សុមេធកថា។

(ទីបង្ករពុទ្ធវំសៈ ទី៣)

(៣. ទីបង្ករពុទ្ធវំសោ)

គ្រានេះ ពួកឧបាសកឧបាសិកាទាំងនោះ ញ៉ាំងព្រះលោកនាយក ព្រមទាំងព្រះសង្ឃឲ្យឆាន់រួចហើយ ក៏ដល់នូវព្រះសាស្តាទីបង្ករនោះជាទីពឹង។ ព្រះតថាគត ទ្រង់ញ៉ាំងបុគ្គលខ្លះ ឲ្យតម្កល់នៅក្នុងសរណគមន៍ ញ៉ាំងបុគ្គលខ្លះ ឲ្យតាំងនៅក្នុងសីល ៥ ញ៉ាំងបុគ្គលដទៃទៀត ឲ្យតម្កល់នៅក្នុងសីល ១០។ ព្រះអង្គទ្រង់ប្រទានមគ្គ ដល់បុគ្គលខ្លះ ប្រទានផលដ៏ឧត្តមទាំង ៤ ដល់បុគ្គលខ្លះ ប្រទានបដិសម្ភិទា ជាធម៌ឥតមានអ្វីស្មើ ដល់បុគ្គលខ្លះ។ ព្រះពុទ្ធដ៏ប្រសើរជាងនរៈ ទ្រង់ប្រទានសមាបត្តិ ៨ ដ៏ប្រសើរ ដល់បុគ្គលខ្លះ ប្រទានវិជ្ជា ៣ ដល់បុគ្គលខ្លះ អភិញ្ញា ៦ ដល់បុគ្គលខ្លះ។ ព្រះមហាមុនី ទ្រង់ទូន្មានពួកជនដោយន័យជាគ្រឿងប្រកបនោះ ព្រោះហេតុនោះ បានជាសាសនានៃព្រះលោកនាថ ជាគុណជាតដ៏ធំទូលាយ។ ព្រះពុទ្ធ ព្រះនាមទីបង្ករ មានព្រះហនុកា (ដូចព្រះចន្ទ្រក្នុងថ្ងៃ ១២ កើត) មានដងខ្លួនមូលក្លំដូចគោឧសភៈ ទ្រង់ចម្លងពួកជនច្រើន ឲ្យរួចចាកទុគ្គតិ។ ព្រះមហាមុនី ទ្រង់ឃើញពួកជនដែលគួរត្រាស់ដឹង ឋិតនៅក្នុងទីមួយសែនយោជន៍ ទ្រង់ចូលទៅជិតហើយញ៉ាំងពួកជននោះ ឲ្យត្រាស់ដឹងក្នុងខណៈនោះ។ ក្នុងការត្រាស់ដឹងទី ១ ព្រះពុទ្ធទ្រង់ញ៉ាំងពួកទេវតា ១០០ កោដិ ឲ្យត្រាស់ដឹង ក្នុងការត្រាស់ដឹងទី ២ ព្រះលោកនាថ ទ្រង់ញ៉ាំងពួកទេវតា និងមនុស្ស ៩០ កោដិ ឲ្យត្រាស់ដឹង។ កាលណាព្រះពុទ្ធទ្រង់សម្តែងធម៌ក្នុងភពនៃទេវតា កាលនោះ ពួកទេវតា ៩០ ពាន់កោដិ (បានត្រាស់ដឹង) នេះជាការត្រាស់ដឹងទី ៣។ ព្រះសាស្តាទីបង្ករ មានសាវកសន្និបាត (ការជួបជុំសាវ័ក) ៣ លើក គឺសន្និបាតលើកទី ១ មានភិក្ខុសង្ឃ១ សែនកោដិ។ កាលដែលព្រះជិនស្រី ទ្រង់យាងទៅក្នុងទីស្ងាត់លើកំពូលភ្នំនារទៈ ពួកព្រះខីណាស្រព ប្រាសចាកមន្ទិល ចំនួន ១០០ កោដិ មកប្រជុំគ្នា (នេះជាសន្និបាត លើកទី ២)។ កាលព្រះមហាមុនីមានព្យាយាមធំ ទ្រង់បវារណាជាមួយនឹងពួកភិក្ខុ ៩០ កោដិ ឰដ៏ភ្នំសុទស្សនៈ (នេះជាសន្និបាតលើកទី ៣)។ សម័យនោះ តថាគត ជាតាបសមានផ្នួងសក់ មានព្យាយាមដ៏ក្លៀវក្លា ត្រាច់ទៅឰដ៏អាកាស ជាអ្នកបានដល់នូវត្រើយនៃអភិញ្ញាទាំង ៥។ ពួកសត្វចំនួន ៣ ម៉ឺន បានត្រាស់ដឹងនូវសច្ចៈ ការត្រាស់ដឹងរបស់សត្វនឹងរាប់ថា ១ ឬ ២ រាប់មិនអស់ឡើយ។ សាសនារបស់ព្រះទីបង្ករមានព្រះភាគ ជាគុណជាតធំទូលាយ មានជនច្រើន ស្តុកស្តម្ភ សាយភាយ គឺព្រះអង្គ ទ្រង់ជម្រះល្អហើយ ក្នុងកាលនោះ។ ពួកព្រះខីណាស្រព ចំនួន ៤ សែនរូប បានលុះអភិញ្ញា ៦ មានឫទ្ធិច្រើន តែងហែហមព្រះពុទ្ធទីបង្ករ ដែលទ្រង់ជ្រាបច្បាស់នូវលោកសព្វកាល។ ក្នុងសម័យនោះ ពួកជនណាមួយ ដែលមិនបានលុះព្រះអរហត្ត នៅជាសេក្ខបុគ្គល លះបង់នូវការកើតជាមនុស្ស ពួកជននោះ រមែងត្រូវគេតិះដៀល។ សាសនា (របស់ព្រះពុទ្ធទីបង្ករនោះ) រីកសាយល្អ រុងរឿងដោយពួកព្រះអរហន្តខីណាស្រព ជាតាទិបុគ្គល ប្រាសចាកមន្ទិលសព្វកាល។ នគររបស់ព្រះសាស្តា ព្រះនាមទីបង្ករ ឈ្មោះរម្មាវតី ក្សត្រិយ៍ព្រះនាមសុទេវៈ (ជាព្រះបិតា) ព្រះជនិកា ព្រះនាមសុមេធា។ ព្រះជិនស្រី នៅគ្រប់គ្រងផ្ទះអស់ ១ ម៉ឺនឆ្នាំ ប្រាសាទដ៏ខ្ពង់ខ្ពស់ មាន ៣ ខ្នង គឺហង្សប្រាសាទ ១ កោញ្ចប្រាសាទ ១ មាយុរប្រាសាទ ១។ ពួកនារី ៣ សែននាក់ សុទ្ធសឹងតែតាក់តែងយ៉ាងល្អ នារីឈ្មោះបទុមានោះ (ជាមហេសី) ព្រះឱរស ព្រះនាមឱសភក្ខន្ធ។ ព្រះជិនស្រីឃើញនិមិត្តទាំង ៤ ទ្រង់ចេញទៅ (បួស) ដោយយានដំរី ទ្រង់ផ្គងព្យាយាមអស់ ១០ ខែឥតខ្វះ។ លុះព្រះមុនីមានព្រះទ័យប្រព្រឹត្តព្យាយាមហើយ ក៏បានត្រាស់ជាព្រះពុទ្ធ ព្រះមហាមុនីទីបង្ករ ត្រូវព្រហ្មអារាធនាហើយ។ ព្រះជិនស្រីមានព្យាយាមធំ ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅក្នុងវត្តនន្ទៈ ទ្រង់គង់ទៀបគល់ច្រេស ធ្វើនូវការញាំញីតិរ្ថិយ។ ព្រះសុមង្គលៈ និងព្រះតិស្សៈ ជាអគ្គសាវ័ក ព្រះសាគតៈ ជាឧបដ្ឋាករបស់ព្រះសាស្តាទីបង្ករ។ នាងនន្ទា និងសុនន្ទា ជាអគ្គសាវិកា ពោធិព្រឹក្សរបស់ព្រះមានព្រះភាគអង្គនោះ គេហៅថាដើមលៀប។ ឧបាសកឈ្មោះតបុស្សៈ និងភល្លិកៈ ជាឧបដ្ឋាកដ៏ប្រសើរ នាងសិរិមា និងនាងសោណា ជាឧបដ្ឋាយិការបស់ព្រះសាស្តាទីបង្ករ។ ព្រះមហាមុនីទីបង្ករ មានកម្ពស់ ៨០ ហត្ថ ល្អដូចឈើប្រចាំទ្វីប ឬដូចដើមសាលរាជព្រឹក្ស មានផ្ការីកស្គុះស្គាយ។ រស្មីរបស់ព្រះអង្គ ផ្សាយទៅចម្ងាយ ១០ យោជន៍ជុំវិញ ព្រះមហេសីនោះ មានព្រះជន្ម ១ សែនឆ្នាំ កាលព្រះអង្គគង់ធរមាននៅឡើយ ទ្រង់ញ៉ាំងព្រះសទ្ធម្មឲ្យរុងរឿង ចម្លងមហាជន ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លងចាកសង្សារវដ្ត។ ព្រះទីបង្ករនោះ ព្រមទាំងសាវ័ក និព្វានទៅ ដូចគំនរភ្លើងដែលរុងរឿងរលត់ទៅដូច្នោះ ឫទ្ធិនោះក្តី យសនោះក្តី ទាំងចក្ករតនៈឰដ៏ព្រះបាទានោះក្តី ក៏រលត់ទៅ។ សម្បត្តិទាំងអស់ ក៏អន្តរធានទៅ ឱហ្ន៎! សង្ខារទាំងពួង ជារបស់សូន្យទទេ ព្រះជិនស្រីជាសាស្តា ព្រះនាមទីបង្ករ ទ្រង់បរិនិព្វានក្នុងវត្តនន្ទៈ។ ព្រះស្តូបរបស់ព្រះជិនស្រីនោះ កម្ពស់ ៣៦ យោជន៍ (គេសាងទុក) ក្នុងវត្តនន្ទៈនោះឯង។ គ្រានោះ (ពួកជនកសាង) ព្រះស្តូបកម្ពស់ ៣ យោជន៍ ទៀបគល់ពោធិព្រឹក្ស (សម្រាប់បញ្ចុះ) បាត្រ និងចីវរ គ្រឿងបរិក្ខារ និងគ្រឿងប្រើប្រាស់របស់ព្រះសាស្តា។

ចប់ ទីបង្ករពុទ្ធវង្ស ទី១។

កោណ្ឌញ្ញពុទ្ធវង្ស ទី២ (៤)

(៤. កោណ្ឌញ្ញពុទ្ធវំសោ)

[៣]

សម័យខាងក្រោយ អំពីព្រះសម្ពុទ្ធទីបង្ករមក ព្រះលោកនាយក ព្រះនាមកោណ្ឌញ្ញៈ ទ្រង់មានតេជះរកទីបំផុតគ្មាន មានយសរាប់មិនបាន មានគុណប្រមាណមិនបាន មិនងាយបុគ្គលគ្របសង្កត់បាន។ ព្រះអង្គមានការអត់ធន់ ប្រៀបដោយធរណី មានសីលប្រៀបដោយសាគរ មានសមាធិប្រៀបដោយភ្នំសុមេរុ មានញាណប្រៀបដោយអាកាស។ ព្រះសម្ពុទ្ធ ទ្រង់ប្រកាសហើយ នូវការប្រកាសឥន្ទ្រិយពលៈ ពោជ្ឈង្គៈ និងមគ្គសច្ចៈ ដើម្បីប្រយោជន៍ដល់សព្វសត្វទាំងឡាយសព្វកាល។ កាលដែលព្រះកោណ្ឌញ្ញៈ ជាលោកនាយក ទ្រង់សម្តែងធម្មចក្រ ពួកសត្វប្រមាណ ១ សែនកោដិ បានសម្រេចមគ្គផល លើកទី ១។ លំដាប់តអំពីនោះ កាលព្រះអង្គ ទ្រង់សម្តែងធម៌ក្នុងសមាគមនៃមនុស្ស និងទេវតា ពួកសត្វ ៩០ ពាន់កោដិ បានសម្រេចមគ្គផលលើកទី ២។ កាលព្រះលោកនាយក ទ្រង់សម្តែងធម៌ ញាំញីពួកតិរ្ថិយ ពួកសត្វ ៨០ ពាន់កោដិ បានសម្រេចមគ្គផលលើកទី ៣។ ព្រះមហេសីកោណ្ឌញ្ញៈ មានសាវកសន្និបាត ៣ លើក គឺសន្និបាតទី ១ មានព្រះខីណាស្រព ដែលប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង ចំនួន ១ សែនកោដិ សន្និបាតទី ២ មានព្រះខីណាស្រព ១ ពាន់កោដិ សន្និបាតទី ៣ មានព្រះខីណាស្រព ៩០ កោដិ។ ក្នុងសម័យនោះ តថាគតបានកើតជាក្សត្រ មានឈ្មោះថាវិជិតាវី បានញ៉ាំងឥស្សរិយយសឲ្យប្រព្រឹត្តទៅ រហូតដល់សមុទ្រជាទីបំផុត។ តថាគតបាននិមន្តព្រះខីណាស្រព ១ សែនកោដិ ដែលប្រាសចាកមន្ទិល ស្វែងរកគុណដ៏ធំ ព្រមទាំងព្រះសម្ពុទ្ធជាទីពឹងដ៏ប្រសើរ របស់សត្វលោក ឲ្យឆាន់ស្កប់ស្កល់ ដោយម្ហូបចំណីដ៏ថ្លៃថ្លា។ ព្រះសម្ពុទ្ធ ជាលោកនាយក ព្រះនាមកោណ្ឌញ្ញៈអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បមានប្រមាណមិនបាន អំពីកប្បនេះ បុរសនេះ នឹងបានជាព្រះពុទ្ធក្នុងលោក។ សត្វ (នេះ) នឹងចេញអំពីក្រុងកបិលពស្តុ ជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ។ តអំពីនោះមក សត្វ (នេះ) មានយសច្រើន ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស (ដើមពោធិ)។ ព្រះមាតាបង្កើតនៃព្រះសម្ពុទ្ធនេះ នឹងមានព្រះនាមថា មាយា ព្រះបិតាមានព្រះនាមថា សុទ្ធោទនៈ ឯព្រះពុទ្ធអង្គនេះ មានព្រះនាមថា គោតម ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនោះ។ ព្រះថេរីឈ្មោះខេមា ១ ឈ្មោះឧប្បលវណ្ណា ១ ជាមិនអ្នកមិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ពោធិព្រឹក្សរបស់ព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស ឧបាសកជាឧបដ្ឋាកដ៏ប្រសើរ ឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១។ ឧបាសិកាជាឧបដ្ឋាយិកាដ៏ប្រសើរ ឈ្មោះនន្ទមាតា ១ ឧត្តរា ១ ព្រះគោតមដ៏ទ្រង់យសអង្គនោះ មានព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ភាសិតរបស់ព្រះសម្ពុទ្ធ ព្រះអង្គមិនមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណដ៏ធំនេះហើយ ក៏រីករាយថា បុរសនេះជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតាមួយម៉ឺន មានសំឡេងហ៊ោឡើងផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា យើងទាំងឡាយ បើឃ្វាងមគ្គផលក្នុងសាសនារបស់ព្រះលោកនាថកោណ្ឌញ្ញៈអង្គនេះ គង់នឹងបានជួបចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលនឹងឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំយ៉ាងណា យើងទាំងអស់គ្នា បើលះបង់ព្រះជិនស្រីនេះហើយ គង់នឹងបានជួបចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះដែរ។ តថាគតបានស្តាប់នូវព្រះតម្រាស់របស់ព្រះសម្ពុទ្ធអង្គនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃពេក កាលញ៉ាំងប្រយោជន៍នោះឲ្យសម្រេច បានថ្វាយរាជសម្បត្តិដ៏ធំ ចំពោះព្រះជិនស្រី លុះថ្វាយរាជសម្បត្តិដ៏ធំហើយ ទើបបួសក្នុងសំណាក់របស់ព្រះអង្គ។ តថាគតបានរៀនព្រះសូត្រ ព្រះវិន័យ និងសត្ថុសាសនាមានអង្គ ៩ ទាំងអស់ ហើយញ៉ាំងសាសនានៃព្រះជិនស្រីឲ្យរុងរឿង។ តថាគតមិនប្រមាទ កាលនៅក្នុងទីនោះ បានសម្រេចអភិញ្ញាបារមី ក្នុងទីអង្គុយ និងទីចង្ក្រម ក៏បានទៅកើតក្នុងព្រហ្មលោក។ ព្រះពុទ្ធ ព្រះនាមកោណ្ឌញ្ញៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះរម្មវតី មានព្រះបិតាព្រះនាមសុនន្ទៈ ព្រះមាតាព្រះនាមនាងសុជាតាទេវី។ ព្រះអង្គគង់នៅក្នុងកណ្តាលផ្ទះអស់ ១ ម៉ឺនឆ្នាំ ឯប្រាសាទដ៏ប្រសើរសម្រាប់ព្រះអង្គ មាន ៣ គឺរុចិប្រាសាទ ១ សុរុចិប្រាសាទ ១ សុភប្រាសាទ ១។ នារី ៣ សែន មានគ្រឿងប្រដាប់សមរម្យ នារីជាភរិយានោះ ព្រះនាមរុចិទេវី មានព្រះរាជបុត្រ ១ ព្រះអង្គ ព្រះនាមជីវិតសេន។ ព្រះជិនស្រីទ្រង់ឃើញនិមិត្ត ៤ យ៉ាង ទ្រង់ចេញដោយរថយាន ទៅតាំងសេចក្តីព្យាយាម អស់ ១០ ខែឥតខ្វះ។ ព្រះសម្ពុទ្ធ ព្រះនាមកោណ្ឌញ្ញៈ មានព្រះទ័យស្ងប់រម្ងាប់ ព្រះអង្គឧត្តមជាងសត្វទ្វេបាទ មានចក្រប្រព្រឹត្តទៅ មានព្យាយាមច្រើន ត្រូវមហាព្រហ្មអារាធនាក្នុងមហាវ័ន របស់ពួកទេវតា។ ព្រះថេរៈឈ្មោះភទ្ទៈ ១ សុភទ្ទៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអនុរុទ្ធ ជាឧបដ្ឋាករបស់ព្រះពុទ្ធកោណ្ឌញ្ញៈ ទ្រង់ស្វែងរកគុណដ៏ធំ។ ភិក្ខុនីឈ្មោះតិស្សា ១ ឧបតិស្សា ១ ជាអគ្គសាវិកា សាលកល្យាណិព្រឹក្ស ជាពោធិរបស់ព្រះពុទ្ធកោណ្ឌញ្ញៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ឧបាសកឈ្មោះសោណៈ ១ ឧបសោណៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនន្ទា ១ សិរិមា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនីអង្គនោះ មានកម្ពស់ ៨៨ ហត្ថ ទ្រង់ល្អល្អះដូចព្រះចន្ទ្រ ពុំនោះសោត ដូចព្រះអាទិត្យក្នុងវេលាថ្ងៃត្រង់។ ព្រះអង្គមានព្រះជន្មាយុ ១ សែនឆ្នាំជាកំណត់ ទ្រង់ឋិតនៅអស់កាលដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លង (ចាកវាលវដ្តសង្សារ)។ ផែនដីដ៏វិចិត្រដោយព្រះខីណាស្រពទាំងឡាយ ដែលអស់មន្ទិល ព្រះសម្ពុទ្ធអង្គនោះ ទ្រង់រុងរឿងដូចមេឃ ដែលល្អដោយពួកផ្កាយ។ ព្រះនាគត្ថេរទាំងអម្បាលនោះ មានគុណប្រមាណមិនបាន មានសន្តានមិនកម្រើក បុគ្គលចូលទៅរកបានដោយកម្រ សម្តែងនូវឫទ្ធិ ដូចការធ្លាក់ចុះនៃផ្លេកបន្ទោរ ព្រះអរហន្តដ៏មានយសធំទាំងនោះ និព្វានហើយ។ ចំណែកឫទ្ធិរបស់ព្រះជិនស្រីនោះ ជាគុណឥតថ្លឹងថ្លែងបាន សមាធិមានញាណអប់រំហើយ របស់ទាំងអស់វិនាសសូន្យទៅ សង្ខារទាំងពួង ជារបស់ទទេពិត។ ព្រះកោណ្ឌញ្ញសម្ពុទ្ធ ព្រះអង្គទ្រទ្រង់សិរី ទ្រង់បរិនិព្វានក្នុងនន្ទារាម ពួកមហាជនបានបញ្ចុះ (ព្រះអដ្ឋិ) របស់ព្រះអង្គនោះ ក្នុងចេតិយ មានកម្ពស់ ៧ យោជន៍ ក្នុងនន្ទារាមនោះឯង។

ចប់ កោណ្ឌញ្ញពុទ្ធវង្ស ទី២។

មង្គលពុទ្ធវង្ស ទី៣ (៥)

(៥. មង្គលពុទ្ធវំសោ)

[៤] កាលខាងក្រោយ អំពីព្រះសម្ពុទ្ធកោណ្ឌញ្ញៈមក ព្រះលោកនាយក ព្រះនាមមង្គលៈ ទ្រង់កម្ចាត់បង់ងងឹតក្នុងលោក ព្រះអង្គទ្រទ្រង់នូវគប់ភ្លើង គឺព្រះធម៌។ ពន្លឺរបស់ព្រះអង្គឥតថ្លឹងបាន ជាពន្លឺលើសលប់ជាងព្រះជិនស្រីដទៃ គ្របសង្កត់ពន្លឺព្រះចន្ទ្រ និងព្រះអាទិត្យ រុងរឿងអស់មួយហ្មឺនលោកធាតុ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់ប្រកាសសច្ចៈ ៤ ដ៏ប្រសើរ ពួកសត្វនោះៗ បានផឹករសសច្ចៈ ហើយកម្ចាត់ងងឹតធំ គឺមោហៈ។ ព្រះសម្ពុទ្ធអង្គនោះ បានដល់នូវពោធិញ្ញាណ ជាគុណឥតថ្លឹងបាន កាលសម្តែងធម៌ជាដំបូង ពួកសត្វ ១ សែនកោដិ បានសម្រេចមគ្គផលលើកទី ១។ ព្រះសម្ពុទ្ធ ទ្រង់សម្តែងធម៌ក្នុងសុរិន្ទទេវភព កាលនោះ ពួកសត្វ ១ សែនកោដិ បានសម្រេចមគ្គផល លើកទី ២។ កាលព្រះបាទសុនន្ទចក្រពត្តិ ទ្រង់ចូលទៅគាល់ព្រះសម្ពុទ្ធ កាលនោះ ព្រះសម្ពុទ្ធទ្រង់វាយស្គរ គឺព្រះធម៌ដ៏ប្រសើរខ្ពង់ខ្ពស់។ កាលនោះ ពួកជនដែលតាមហែព្រះបាទសុនន្ទៈ មានចំនួន ៩០ កោដិ ជនទាំងអស់នោះ បានជាឯហិភិក្ខុឥតសេសសល់ (លើកទី ៣) ព្រះមង្គលសម្ពុទ្ធ ព្រះអង្គស្វែងរកគុណដ៏ធំ មានសាវកសន្និបាត ៣ លើក គឺសន្និបាតលើក ទី ១ មានព្រះខីណាស្រព ១ កោដិ សន្និបាតលើកទី ២ មានព្រះខីណាស្រព ១ សែនកោដិ សន្និបាតលើកទី ៣ មានព្រះខីណាស្រព ៩០ កោដិ។ សមាគមក្នុងកាលនោះ សុទ្ធតែព្រះខីណាស្រព ប្រាសចាកមន្ទិល សម័យនោះ តថាគតជាព្រាហ្មណ៍ឈ្មោះសុរុចិ។ តថាគតអ្នករៀនមន្ត ចងចាំមន្ត ដល់នូវត្រើយនៃវេទទាំង ៣ ចូលទៅគាល់ព្រះសម្ពុទ្ធអង្គនោះ ហើយបានដល់ព្រះសាស្តាជាទីពឹង។ តថាគតបានបូជាព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយគ្រឿងក្រអូប និងផ្កាកម្រង លុះបូជាដោយគ្រឿងក្រអូប និងផ្កាកម្រងហើយ ក៏ញ៉ាំងព្រះភិក្ខុសង្ឃឲ្យឆាន់ស្កប់ស្កល់ ដោយទឹកដោះគោ។ ព្រះសម្ពុទ្ធ ព្រះនាមមង្គលៈនោះ ព្រះអង្គឧត្តមជាងសត្វទ្វេបាទ ទ្រង់ទំនាយតថាគតថា ក្នុងរវាងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ បុរសនេះនឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីក្រុងកបិលពស្តុ ជាទីរីករាយ តាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស បានទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ ចូលទៅជិតគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែង។ លំដាប់អំពីនោះទៅ ព្រះជិនស្រី មានយសច្រើន នឹងធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនេះ នឹងមានព្រះនាមថាមាយា ព្រះបិតាព្រះនាមថាសុទ្ធោទនៈ ឯបុរសនេះ ជាព្រះពុទ្ធ ព្រះនាមថាគោតម ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងបានជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងបានជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនោះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់ មានចិត្តតម្កល់មាំ នឹងបានជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានព្រះភាគអង្គនោះ គេហៅថាអស្សត្ថព្រឹក្ស (ដើមពោធិ) ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងបានជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងបានជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសនោះ ទ្រង់មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានឮព្រះពុទ្ធដីកានេះ របស់ព្រះពុទ្ធមិនមានបុគ្គលស្មើ ស្វែងរកគុណដ៏ធំហើយ ក៏មានចិត្តរីករាយថា បុរសនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតាមួយម៉ឺនលោកធាតុ មានសំឡេងហ៊ោផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា យើងទាំងឡាយ បើឃ្វាងមគ្គផលក្នុងសាសនារបស់ព្រះលោកនាថនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ យ៉ាងណា។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន យ៉ាងនោះដែរ។ តថាគតបានស្តាប់ព្រះតម្រាស់របស់ព្រះពុទ្ធនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃពេក បានអធិដ្ឋានវត្តតទៅទៀត ដោយការបំពេញបារមី ១០។ ក្នុងកាលនោះ តថាគតចម្រើនបីតិ ថ្វាយផ្ទះរបស់តថាគត ចំពោះព្រះពុទ្ធ ហើយបួសក្នុងសំណាក់ព្រះអង្គ ដើម្បីសម្រេចពោធិញ្ញាណដ៏ប្រសើរ។ តថាគតបានរៀនព្រះសូត្រ ព្រះវិន័យ និងសត្ថុសាសនាមានអង្គ ៩ ទាំងអស់ ហើយញ៉ាំងសាសនានៃព្រះជិនស្រីឲ្យល្អរុងរឿង។ តថាគតមិនប្រមាទ កាលនៅក្នុងទីនោះ ចម្រើនព្រហ្មវិហារ បានសម្រេចអភិញ្ញាបារមី ហើយក៏បានទៅកើតក្នុងព្រហ្មលោក។ ព្រះមង្គលសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណធំ មាននគរឈ្មោះឧត្តរៈ មហាក្សត្រ ព្រះនាមឧត្តរៈ ជាព្រះបិតា ព្រះមាតា ព្រះនាមឧត្តរា។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់នៅគ្រប់គ្រងរាជដំណាក់ អស់ ៩ ពាន់ឆ្នាំ មានប្រាសាទ ៣ ដ៏ល្អឧត្តម គឺយសវប្រាសាទ ១ សុចិមប្រាសាទ ១ សិរិមប្រាសាទ ១។ មានពួកនារី ៣ ម៉ឺននាក់ មានខ្លួនប្រដាប់សមរម្យ នារីជាភរិយា ឈ្មោះយសវតី មានព្រះរាជបុត្រ ឈ្មោះសីវលៈ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្ត ៤ ហើយទ្រង់ចេញទៅ ដោយយានសេះ តាំងសេចក្តីព្យាយាមអស់ ៨ ខែឥតខ្វះ។ ព្រះលោកនាយក ព្រះនាមមង្គលៈ មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់មានចក្រប្រព្រឹត្តទៅ មានព្យាយាម ទ្រង់ប្រសើរជាងសត្វទ្វេបាទ ត្រូវមហាព្រហ្មអារាធនាហើយ ទើបស្តេចត្រាច់ទៅ គឺសម្តែងធម៌។ ព្រះថេរៈឈ្មោះសុទេវៈ ១ ធម្មសេនៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះបលិតៈ ជាឧបដ្ឋាករបស់ព្រះមង្គលសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ព្រះថេរីឈ្មោះសីវលា ១ អសោកា ១ ជាអគ្គសាវិកា ដើមឈើត្រាស់ដឹងរបស់ព្រះមានព្រះភាគអង្គនោះ ហៅថានាគព្រឹក្ស (ដើមខ្ទឹង)។ ឧបាសកឈ្មោះនន្ទៈ ១ វិសាខៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះអនុឡា ១ សុមនា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី ទ្រង់មានកម្ពស់ ៨៨ ហត្ថ រស្មីច្រើនសែន ផ្សាយចេញអំពីកាយព្រះអង្គ។ ព្រះជន្មាយុរបស់ព្រះអង្គ ៩ ម៉ឺនឆ្នាំជាកំណត់ ព្រះអង្គទ្រង់ឋិតនៅដរាបនោះ ញ៉ាំងពួកជនច្រើន ឲ្យឆ្លង (វដ្តសង្សារ)។ រលកក្នុងសាគរ គេមិនអាចរាប់បាន យ៉ាងណាមិញ សាវ័កទាំងឡាយ របស់ព្រះអង្គ ក៏គេមិនអាចរាប់បាន យ៉ាងនោះដែរ។ ព្រះមង្គលសម្ពុទ្ធ ជាលោកនាយក ទ្រង់បានឋិតនៅដរាបណា មរណៈប្រកបដោយកិលេស មិនមានក្នុងសាសនានៃព្រះអង្គដរាបនោះ។ ព្រះសម្ពុទ្ធ ទ្រង់មានយសច្រើនអង្គនោះ ទ្រទ្រង់នូវគប់ភ្លើង គឺព្រះធម៌ ហើយញ៉ាំងមហាជនឲ្យឆ្លង ដ៏រុងរឿង ដូចជាផ្កាយដុះកន្ទុយ ទ្រង់បរិនិព្វាន។ ព្រះសម្ពុទ្ធ ទ្រង់សម្តែងនូវសភាពប្រែប្រួលនៃសង្ខារ ដល់ពួកមនុស្ស ព្រមទាំងទេវតា រុងរឿងដូចគំនរភ្លើង ពុំនោះសោត ដូចព្រះអាទិត្យដែលទើបនឹងអស្តង្គត។ ព្រះមង្គលសម្ពុទ្ធ ទ្រង់បរិនិព្វាន ក្នុងឧទ្យានឈ្មោះវេស្សរៈ ព្រះស្តូបរបស់ព្រះជិនស្រីអង្គនោះ មានកម្ពស់ ៣០ យោជន៍ មាននៅក្នុងទីនោះឯង។

ចប់ មង្គលពុទ្ធវង្ស ទី៣។

សុមនពុទ្ធវង្ស ទី៤ (៦)

(៦. សុមនពុទ្ធវំសោ)

[៥] កាលខាងក្រោយ អំពីព្រះមង្គលសម្ពុទ្ធមក ព្រះលោកនាយក ព្រះនាមសុមនៈ រកបុគ្គលស្មើគ្មាន ដោយធម៌ទាំងពួង ព្រះអង្គឧត្តមជាងសព្វសត្វ។ កាលនោះ ព្រះអង្គទ្រង់ទូងស្គរ គឺអមតៈ ប្រកបដោយស័ង្ខ គឺធម៌ជាសាសនារបស់ព្រះជិនស្រី មានអង្គ ៩ ក្នុងមេខលបុរី។ ព្រះសាស្តាអង្គនោះ ទ្រង់ឈ្នះកិលេស ហើយសម្រេចនូវសម្ពោធិញ្ញាណដ៏ប្រសើរ ទ្រង់សាងនគរជាបុរី គឺព្រះសទ្ធម្មដ៏ប្រសើរខ្ពង់ខ្ពស់។ ព្រះអង្គទ្រង់សាងផ្លូវធំ មិនមានចន្លោះ ជាផ្លូវមិនវៀច ជាផ្លូវត្រង់ មានទទឹងដ៏ធំទូលាយ គឺសតិប្បដ្ឋានដ៏ប្រសើរខ្ពងខ្ពស់។ ព្រះអង្គទ្រង់លាតសាមញ្ញផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ សមាបត្តិ ៨ ក្នុងផ្លូវនោះ។ ពួកសត្វណា មិនមានសេចក្តីប្រមាទ មិនរឹងរូស ប្រកបដោយសេចក្តីខ្មាសបាប និងសេចក្តីព្យាយាម ពួកសត្វនោះៗ តែងកាន់យកគុណដ៏ប្រសើរទាំងនេះ តាមសប្បាយ។ ព្រះសាស្តា ទ្រង់ស្រោចស្រង់មហាជន ដោយសេចក្តីព្យាយាមនោះយ៉ាងនេះឯង បានញ៉ាំងសត្វ ១ សែនកោដិ ឲ្យត្រាស់ដឹងលើកទី ១។ ព្រះសាស្តា មានព្យាយាមច្រើន ទ្រង់ឲ្យឱវាទពួកតិរ្ថិយ ក្នុងកាលណា កាលនោះ សត្វ ១ សែនកោដិ (បានសម្រេចគុណវិសេស) ក្នុងធម្មទេសនា លើកទី ២។ ពួកទេវតា និងមនុស្ស មានសេចក្តីព្រមព្រៀងគ្នា មានចិត្តស្រួលបួល សួរប្រស្នាក្នុងនិរោធផង សេចក្តីសង្ស័យផង សេចក្តីប្រាថ្នាក្នុងចិត្តផង ក្នុងកាលណា កាលនោះ ពួកសត្វ ៩០ ពាន់កោដិ បានសម្រេចមគ្គផល លើកទី ៣ ក្នុងធម្មទេសនាជាគ្រឿងបំភ្លឺនូវនិរោធ។ ព្រះសុមនសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាពួកព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ ទាំងមានចិត្តនឹងធឹង។ កាលព្រះមានព្រះភាគ ទ្រង់ចេញវស្សាហើយ កាលភិក្ខុសង្ឃប្រកាសបវារណាហើយ ព្រះតថាគតទ្រង់បវារណាដោយភិក្ខុចំនួនមួយសែនកោដិ (នេះជាសន្និបាតលើក ទី ១)។ ក្នុងការប្រជុំដទៃអំពីនោះមក មានសន្និបាត លើកទី ២ នៃព្រះខីណាស្រព ៩០ ពាន់កោដិ លើកញ្ចនបព៌ត មិនមានមន្ទិល។ កាលសក្កទេវរាជ ចូលមកគាល់ព្រះសម្ពុទ្ធ ជាសន្និបាតលើកទី ៣ របស់ព្រះខីណាស្រព ៨០ ពាន់កោដិ។ ក្នុងសម័យ នោះ តថាគតកើតជាស្តេចនាគ មានឫទ្ធិច្រើន មានឈ្មោះថាអតុលៈ ជាអ្នកសន្សំកុសល។ កាលនោះ តថាគតចេញអំពីភពនាគ ជាមួយនឹងពួកញាតិ បានទៅបម្រើព្រះជិនស្រី ព្រមទាំងព្រះសង្ឃ ដោយតន្ត្រីជាទិព្វរបស់នាគ។ តថាគត បានញ៉ាំងព្រះភិក្ខុសង្ឃមួយសែនកោដិ ឲ្យឆាន់ស្កប់ស្កល់ដោយបាយ ទឹក ហើយថ្វាយសំពត់មួយគូៗ មួយអង្គ ហើយយកព្រះភិក្ខុសង្ឃនោះជាទីពឹង។ ព្រះសម្ពុទ្ធ ព្រះនាមសុមនៈ ជាលោកនាយកអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បមានប្រមាណមិនបាន អំពីកប្បនេះ នាគរាជនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីក្រុងកបិលពស្តុជាទីរីករាយ ទៅតម្កល់សេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ ស្តេចចូលមកទៀបគល់ពោធិព្រឹក្ស តាមផ្លូវដែលគេចាត់ចែងដ៏ប្រសើរ។ លំដាប់តពីនោះមក ព្រះសម្ពុទ្ធមានយសច្រើនអង្គនោះ ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះសម្ពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ឯនាគរាជនេះ នឹងបានត្រាស់ជាព្រះសម្ពុទ្ធ ព្រះនាមគោតម ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ មិនមានរាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ មិនមានរាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតម ទ្រង់មានយសអង្គនោះ នឹងមានព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ពុទ្ធដីកានេះ របស់ព្រះមហេសី មិនមានបុគ្គលស្មើ ហើយក៏រីករាយថា នាគរាជនេះ នឹងជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតាមួយម៉ឺនលោកធាតុ ស្រែកហ៊ោឡើងផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា យើងទាំងឡាយ បើឃ្វាងមគ្គផលក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំយ៉ាងណា។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះដែរ។ តថាគតបានស្តាប់ព្រះតម្រាស់របស់ព្រះសម្ពុទ្ធនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃពេក បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមី ១០។ ព្រះសុមនសម្ពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ មានទីក្រុងឈ្មោះមេខលៈ មានមហាក្សត្រព្រះនាមសុទត្តៈ ជាព្រះបិតា មានព្រះមាតា ព្រះនាមសិរិមា។ ព្រះអង្គគ្រប់គ្រងព្រះរាជដំណាក់អស់ ៩ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ គឺចន្ទប្រាសាទ ១ សុចន្ទប្រាសាទ ១ វដំសប្រាសាទ ១។ ពួកនារី ៦៣ សែននាក់ មានរូបប្រដាប់សមរម្យ នារី (ជាអគ្គមហេសី) ព្រះនាមវដំសកី ព្រះរាជបុត្រព្រះនាមអនូបមៈ។ ព្រះជិនស្រីឃើញនិមិត្តទាំង ៤ ហើយទ្រង់ចេញបព្វជ្ជាដោយយានដំរី ទ្រង់តាំងសេចក្តីព្យាយាមអស់ ១០ ខែឥតខ្វះ។ ព្រះលោកនាយក ព្រះនាមសុមនៈ មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់មានចក្រប្រព្រឹត្តទៅ មានព្យាយាមធំ ត្រូវព្រហ្មអារាធនាក្នុងមេខលបុរីដ៏ប្រសើរខ្ពង់ខ្ពស់។ ព្រះថេរៈឈ្មោះសរណៈ ១ ភាវិតត្តៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះឧទេន ជាឧបដ្ឋាករបស់ព្រះសម្ពុទ្ធ ព្រះនាមសុមនៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ព្រះថេរីឈ្មោះសោណា ១ ឧបសោណា ១ ជាអគ្គសាវិកា ព្រះសម្ពុទ្ធនោះ ស្មើដោយព្រះពុទ្ធ ដែលឥតមានបុគ្គលស្មើ ទ្រង់បានត្រាស់ដឹងទៀបគល់នាគព្រឹក្ស។ ឧបាសកឈ្មោះវរុណៈ ១ សរណៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះចាលា ១ ឧបចាលា ១ ជាអគ្គឧបដ្ឋាយិកា។ ឯព្រះសម្ពុទ្ធអង្គនោះ ទ្រង់មានកម្ពស់ ៩០ ហត្ថ មានលំអនៃព្រះរូប ប្រហែលដូចគ្រឿងបូជាមាស ទ្រង់រុងរឿងក្នុងមួយហ្មឺនលោកធាតុ។ ព្រះជន្មាយុ (របស់ព្រះអង្គ) ៩ ហ្មឺនឆ្នាំជាកំណត់ ព្រះអង្គទ្រង់ឋិតនៅដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លង (វដ្តសង្សារ)។ ព្រះសម្ពុទ្ធទ្រង់ចម្លងពួកសត្វដែលគួរចម្លង ទ្រង់បានដាស់តឿនពួកសត្វដែលគួរដាស់តឿន ហើយទ្រង់បរិនិព្វាន ដូចព្រះចន្ទ្រអស្តង្គត។ ភិក្ខុទាំងឡាយនោះ ជាព្រះខីណាស្រពក្តី ព្រះសម្ពុទ្ធអង្គនោះក្តី ទ្រង់មិនមានបុគ្គលណាស្មើ ទ្រង់បញ្ចេញរស្មីឥតថ្លឹងថ្លែងបាន ព្រះខីណាស្រពមានយសច្រើនទាំងនោះ និព្វានហើយ។ ព្រះញាណនោះ ជាគុណឥតមានអ្វីថ្លឹងបានផង រតនៈទាំងនោះ ឥតមានអ្វីថ្លឹងបានផង របស់ទាំងអស់នេះ វិនាសសូន្យទៅ សង្ខារទាំងពួង ជារបស់ទទេពិត។ ព្រះសុមនសម្ពុទ្ធទ្រទ្រង់យស ទ្រង់បរិនិព្វានក្នុងអង្គារាម ព្រះស្តូបរបស់ព្រះជិនស្រីអង្គនោះ មានកម្ពស់ ៤ យោជន៍ ប្រតិស្ឋាននៅក្នុងអារាមនោះ។

ចប់ សុមនពុទ្ធវង្ស ទី៤។

រេវតពុទ្ធវង្ស ទី៥ (៧)

(៧. រេវតពុទ្ធវំសោ)

[៦] កាលខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមសុមនៈមក មានព្រះលោកនាយក ព្រះនាមរេវតៈ មិនមានបុគ្គលប្រៀប មិនមានបុគ្គលស្មើ មិនមានបុគ្គលថ្លឹងបាន ព្រះអង្គឧត្តម ទ្រង់ឈ្នះពួកមារ។ ព្រះសម្ពុទ្ធអង្គនោះ លុះមហាព្រហ្មអារាធនាហើយ ទ្រង់ប្រកាសធម៌ដ៏កំណត់ដោយខន្ធ និងធាតុ ជាធម៌មិនប្រព្រឹត្តទៅក្នុងភពតូចភពធំ។ ក្នុងការសម្តែងធម៌នៃព្រះរេវតសម្ពុទ្ធនោះ មានការត្រាស់ដឹងមគ្គផល ៣ លើក គឺការត្រាស់ដឹងលើកទី ១ មិនគប្បីពោលដោយការរាប់ចំនួនបាន។ ព្រះមហាមុនី ព្រះនាមរេវតៈ ទ្រង់ទូន្មានព្រះបាទអរិន្ទមៈក្នុងកាលណា កាលនោះ ពួកសត្វមួយពាន់កោដិ បានត្រាស់ដឹងមគ្គផលលើកទី ២។ ព្រះនរាសភៈ ទ្រង់ក្រោកចាកទីពួនសម្ងំ អស់ ៧ ថ្ងៃ ហើយទូន្មានពួកមនុស្ស និងទេវតាមួយរយកោដិ (ឲ្យតាំងនៅ) ក្នុងផលដ៏ឧត្តម លើកទី ៣។ ព្រះសម្ពុទ្ធ ព្រះនាមរេវតៈ ទ្រង់ស្វែងរកគុណធំ មានសាវកសន្និបាត ៣ លើក សុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានព្រះទ័យរួចស្រឡះដោយប្រពៃ មានចិត្តនឹងធឹង គឺសន្និបាតលើកទី ១ កន្លងផុតផ្លូវនៃការរាប់ (រាប់ពុំបាន) សន្និបាតលើកទី ២ មានព្រះអរហន្តមួយសែនកោដិ។ ព្រះអគ្គសាវ័កអង្គណា រកបុគ្គលស្មើគ្មានដោយប្រាជ្ញា ជាអ្នកប្រព្រឹត្តតាមធម្មចក្រនៃព្រះសម្ពុទ្ធអង្គនោះ កាលនោះ ព្រះអគ្គសាវ័កនោះ មានព្យាធិ ដល់នូវការសង្ស័យក្នុងជីវិត។ កាលនោះ ពួកព្រះអរហន្តចូលទៅគាល់ព្រះមុនី ដើម្បីសាកសួរអាពាធរបស់ព្រះអគ្គសាវ័កនោះ មានចំនួនមួយសែនកោដិ នេះជាសន្និបាតលើកទី ៣។ សម័យនោះ តថាគតកើតជាព្រាហ្មណ៍ ឈ្មោះអតិទេវៈ បានចូលទៅគាល់ព្រះរេវតសម្ពុទ្ធ ហើយបានយកព្រះអង្គជាទីពឹង។ តថាគតបានសរសើរសីល សមាធិ និងបញ្ញា គុណដ៏ប្រសើររបស់ព្រះអង្គ ហើយបានថ្វាយសំពត់ឧត្តរាសង្គៈ តាមកម្លាំង។ ព្រះសម្ពុទ្ធ ព្រះនាមរេវតៈ ជាលោកនាយកអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បមានប្រមាណមិនបាន អំពីកប្បនេះទៅ ព្រាហ្មណ៍នេះនឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីក្រុងកបិលពស្តុជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេបានចាត់ចែង។ លំដាប់អំពីនោះមក ព្រះទ្រង់យសធំ ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតនៃព្រះសម្ពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ព្រាហ្មណ៍នេះនឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈ ឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតម ទ្រង់យសអង្គនោះ មានព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះ របស់ព្រះសម្ពុទ្ធមិនមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណដ៏ធំហើយ ត្រេកអរថា ព្រាហ្មណ៍នេះ នឹងបានជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតា មួយហ្មឺនលោកធាតុ ស្រែកហ៊ោឡើងផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា ពួកយើងបើឃ្វាងមគ្គផលក្នុងសាសនារបស់ព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ យ៉ាងណា យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានជួបក្នុងទីចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន យ៉ាងនោះដែរ។ តថាគតបានស្តាប់ព្រះតម្រាស់របស់ព្រះសម្ពុទ្ធនោះហើយ ក៏ធ្វើចិត្តឲ្យត្រេកអរក្រៃពេក បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមី ១០។ កាលនោះ តថាគតនឹកឃើញ ហើយបានអប់រំពុទ្ធការកធម៌នោះ ទាំងបានបំពេញនូវពុទ្ធការកធម៌នោះ តាមគួរដល់សេចក្តីប្រាថ្នានៃតថាគត។ ព្រះរេវតសម្ពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ មានទីក្រុងឈ្មោះសុធញ្ញកៈ មានព្រះមហាក្សត្រ ព្រះនាមវិបុលៈ ជាព្រះបិតា មានព្រះមាតា ព្រះនាមវិបុលា។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់នៅគ្រប់គ្រងព្រះរាជដំណាក់ អស់ ៦ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ ដែលកើតដោយបុញ្ញកម្ម មាន ៣ គឺសុទស្សនប្រាសាទ ១ រតនគ្ឃិប្រាសាទ ១ អាវេឡប្រាសាទ ១ ដែលគេស្អិតស្អាងហើយ។ ពួកនារី ៣៣ សែននាក់ មានរូបតាក់តែងសមរម្យ ឯនារីជាអគ្គមហេសី ព្រះនាមសុទស្សនា មានព្រះរាជបុត្រ ព្រះនាមវរុណៈ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្ត ៤ យ៉ាង ហើយទ្រង់ចេញបព្វជ្ជាដោយរថយាន ហើយតាំងសេចក្តីព្យាយាម អស់ ៧ ខែឥតខ្វះ។ ព្រះសម្ពុទ្ធ ទ្រង់ព្រះនាមរេវតៈ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ ទ្រង់មានព្យាយាមច្រើន ទ្រង់ឈ្នះមារ ត្រូវមហាព្រហ្មអារាធនាហើយ ទ្រង់គង់នៅក្នុងវរុណារាម។ ព្រះថេរៈ ឈ្មោះវរុណៈ ១ ព្រហ្មទេវៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះសម្ភវៈ ជាឧបដ្ឋាករបស់ព្រះរេវតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ព្រះថេរីឈ្មោះភទ្ទា ១ សុភទ្ទា ១ ជាអគ្គសាវិកា ឯព្រះសម្ពុទ្ធ ឥតមានបុគ្គលស្មើអង្គនោះ ទ្រង់បានត្រាស់ដឹង ទៀបដើមខ្ទឹង។ ឧបាសកឈ្មោះវរុណៈ ១ សរភៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះបាលា ១ ឧបបាលា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះពុទ្ធអង្គនោះ ទ្រង់មានកំពស់ព្រះអង្គ ៨០ ហត្ថ ទ្រង់ញ៉ាំងទិសទាំងពួង ឲ្យភ្លឺរុងរឿង ដូចទង់ជ័យរបស់ព្រះឥន្ទ្រដ៏ខ្ពង់ខ្ពស់។ កម្រងរស្មីដ៏ប្រសើរ កើតក្នុងសរីរៈនៃព្រះអង្គ ផ្សាយចេញមួយយោជន៍ជុំវិញ ទាំងថ្ងៃទាំងយប់។ ព្រះសម្ពុទ្ធអង្គនោះ មានព្រះជន្មាយុ ៦ ហ្មឺនឆ្នាំ ជាកំណត់ ទ្រង់ឋិតនៅអស់កាលដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លង (ចាកវដ្តសង្សារ)។ ព្រះសម្ពុទ្ធ ទ្រង់សម្តែងកម្លាំងនៃព្រះពុទ្ធ ហើយទ្រង់ប្រកាសអមតធម៌ក្នុងលោក ព្រះអង្គមិនមានសេចក្តីប្រកាន់ ទ្រង់បរិនិព្វាន ព្រោះអស់ឧបាទាន ដូចភ្លើងដែលអស់កំញម។ ព្រះកាយរបស់ព្រះអង្គនោះ មានពណ៌ដូចកែវ ព្រះធម៌របស់ព្រះអង្គ មិនមានអ្វីស្មើដូចទេ របស់ទាំងអស់វិនាសសូន្យទៅ សង្ខារទាំងពួងទទេពិត។ ព្រះរេវតសម្ពុទ្ធ ទ្រទ្រង់យសអង្គនោះ ទ្រង់មានបុណ្យច្រើន ទ្រង់បរិនិព្វានហើយ ព្រះធាតុរបស់ព្រះអង្គបានសាយភាយទៅ ក្នុងប្រទេសនោះ ដោយចំណែកៗ។

ចប់ រេវតពុទ្ធវង្ស ទី៥។

សោភិតពុទ្ធវង្ស ទី៦ (៨)

(៨. សោភិតពុទ្ធវំសោ)

[៧] កាលខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមរេវតៈមក មានព្រះលោកនាយក ព្រះនាមសោភិតៈ មានព្រះហឫទ័យតម្កល់ខ្ជាប់ មានព្រះហឫទ័យស្ងប់ មិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹម។ ព្រះជិនស្រីអង្គនោះ ទ្រង់ញ៉ាំងបំណងក្នុងព្រះទ័យឲ្យប្រព្រឹត្តទៅ ក្នុងព្រះដំណាក់របស់ព្រះអង្គ ទ្រង់បានសម្រេចសម្ពោធិញ្ញាណដោយសព្វគ្រប់ ហើយទ្រង់សម្តែងព្រះធម្មចក្រ។ ខាងលើរាប់អំពីអវីចិនរកឡើងទៅ ខាងក្រោមរាប់អំពីភវគ្គព្រហ្មចុះមក ក្នុងចន្លោះនេះ ពេញដោយបរិស័ទតែម៉្យាង ក្នុងការសម្តែងធម្មទេសនា។ កាលព្រះសម្ពុទ្ធ ទ្រង់សម្តែងព្រះធម្មចក្រ ដល់បរិស័ទនោះ ការត្រាស់ដឹងធម៌លើកទី ១ គេមិនគប្បីពោលដោយការរាប់ចំនួនបានឡើយ។ លំដាប់អំពីនោះមកទៀត កាលព្រះសម្ពុទ្ធ ទ្រង់សម្តែងធម៌ក្នុងទីសមាគមនៃមនុស្ស និងទេវតា មានពួកបរិស័ទ ៩ ម៉ឺនកោដិ ត្រាស់ដឹងធម៌ លើកទី ២។ មួយវិញទៀត កាលនោះ ព្រះរាជបុត្រជាក្សត្រ ព្រះនាមជយសេន ដាំសួនវេរថ្វាយព្រះសម្ពុទ្ធ។ ព្រះចក្ខុមសម្ពុទ្ធ ទ្រង់ប្រកាសការបូជានៃព្រះបាទជយសេននោះ ហើយសម្តែងធម្មទេសនា ក្នុងកាលនោះ មានបរិស័ទមួយពាន់កោដិ ត្រាស់ដឹងធម៌ លើកទី ៣។ ព្រះសោភិតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង គឺកាលព្រះរាជា ព្រះនាមឧគ្គតៈអង្គនោះ ទ្រង់ថ្វាយទានចំពោះព្រះសម្ពុទ្ធថ្លៃថ្លាជាងនរជន ក្នុងវេលាថ្វាយទាននោះ មានអរហន្តមួយរយកោដិ និមន្តមកប្រជុំគ្នា (នេះជាសន្និបាត លើកទី ១)។ មួយវិញទៀត មានពួកបរិស័ទថ្វាយទាន ចំពោះព្រះសម្ពុទ្ធថ្លៃថ្លាជាងពួកនរជនក្នុងកាលនោះ មានពួកបរិស័ទ ៩០ កោដិ (មកប្រជុំគ្នា) នេះជាសន្និបាត លើកទី ២។ ព្រះជិនស្រី ទ្រង់គង់ក្នុងទេវលោក ហើយស្តេចចុះចាកទេវលោកក្នុងកាលណា កាលនោះ មានពួកបរិស័ទ ៨០ កោដិ (មកប្រជុំគ្នា) នេះជាសន្និបាត លើកទី ៣។ សម័យនោះ តថាគតកើតជាព្រាហ្មណ៍ឈ្មោះសុជាតៈ កាលនោះតថាគតនិមន្តព្រះពុទ្ធ ព្រមទាំងសាវ័ក ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក។ ព្រះសម្ពុទ្ធ ព្រះនាមសោភិតៈ ជាលោកនាយកអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ ព្រាហ្មណ៍នេះនឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីក្រុងកបិលពស្តុជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វ (នេះ) នឹងអង្គុយនៅទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅគង់ទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់អំពីនោះមក ព្រះជិនស្រីទ្រង់យសធំអង្គនោះ ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងបានត្រាស់ដឹង ទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនោះ នឹងមានព្រះនាមថាមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រាហ្មណ៍នេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស ឧបាសក ឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមទ្រង់យសអង្គនោះ មានព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះ របស់ព្រះសោភិតសម្ពុទ្ធ ឥតមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណដ៏ធំ ហើយក៏រីករាយថា ព្រាហ្មណ៍នេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតា ក្នុងមួយហ្មឺនលោកធាតុ នាំគ្នាស្រែកហ៊ោផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា ពួកយើងបើនឹងឃ្វាងមគ្គផល ក្នុងសាសនារបស់ព្រះលោកនាថនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ យ៉ាងណា យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះទៅ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសម្ពុទ្ធអង្គនេះ ក្នុងកាលជាអនាគត ក៏យ៉ាងនោះដែរ។ ចំណែកតថាគត លុះបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះសម្ពុទ្ធអង្គនោះ ក៏មានចិត្តត្រេកអរ មានចិត្តតក់ស្លុត ហើយបានធ្វើនូវប្រាជ្ញាឲ្យខ្ពង់ខ្ពស់ ដើម្បីសម្រេចប្រយោជន៍នោះ។ ព្រះសោភិតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះសុធម្មៈ ព្រះមហាក្សត្រ ព្រះនាមសុធម្មៈ ជាព្រះបិតា ព្រះមាតា ព្រះនាមសុធម្មា ព្រះសោភិតសម្ពុទ្ធអង្គនោះ ទ្រង់គ្រប់គ្រងដំណាក់អស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺកុមុទប្រាសាទ ១ នឡិនីប្រាសាទ ១ បទុមប្រាសាទ ១។ ពួកនារី ៤ ហ្មឺន ៣ ពាន់នាក់ មានរូបតាក់តែងសមរម្យ ឯនារីជាអគ្គមហេសី ឈ្មោះកិមិលា មានព្រះរាជបុត្រឈ្មោះសីហៈ។ ព្រះសម្ពុទ្ធខ្ពង់ខ្ពស់ជាងបុរស ទ្រង់ឃើញនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅទ្រង់ព្រះផ្នួសដោយប្រាសាទ ទៅប្រព្រឹត្តបធានចារៈ អស់ ៧ ថ្ងៃ។ ព្រះសោភិតសម្ពុទ្ធ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់មានចក្រប្រព្រឹត្តទៅ មានព្យាយាមច្រើន ត្រូវមហាព្រហ្មអារាធនាហើយ ក្នុងសុធម្មឧទ្យានដ៏ប្រសើរ។ ព្រះថេរៈឈ្មោះអសមៈ ១ សុនេត្តៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអនោមៈ ជាឧបដ្ឋាករបស់ព្រះសោភិតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ព្រះថេរីឈ្មោះនកុលា ១ សុជាតា ១ ជាអគ្គសាវិកា ព្រះសម្ពុទ្ធអង្គនោះ កាលត្រាស់ដឹង ទ្រង់ត្រាស់ទៀបដើមខ្ទឹង។ ឧបាសកឈ្មោះរម្មៈ ១ សុនេត្តៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនកុលា ១ ចិត្តា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី ទ្រង់មានកម្ពស់ ៥៨ ហត្ថ ទ្រង់ញ៉ាំងទិសទាំងពួង ឲ្យភ្លឺរុងរឿង ដូចព្រះអាទិត្យរះឡើង។ ព្រៃធំដែលមានផ្កាឈើរីកល្អ ដែលអប់ដោយគ្រឿងក្រអូបផ្សេងៗ យ៉ាងណា ពាក្យប្រដៅរបស់ព្រះសម្ពុទ្ធអង្គនោះ តែងអប់ដោយក្លិនក្រអូប គឺសីល ក៏យ៉ាងនោះដែរ។ ធម្មតាសាគរ គេតែងមិនឆ្អែតដោយការរមិលមើល យ៉ាងណា ពាក្យប្រដៅរបស់ព្រះសម្ពុទ្ធអង្គនោះ គេមិនឆ្អែតដោយការស្តាប់ ក៏យ៉ាងនោះដែរ។ ព្រះអង្គមានព្រះជន្ម ៩ ម៉ឺនឆ្នាំ ជាកំណត់ ព្រះអង្គគង់នៅដរាបអស់កាលប៉ុណ្ណោះ ទ្រង់ញ៉ាំងប្រជុំជន ឲ្យឆ្លង (វដ្តសង្សារ)។ ព្រះអង្គ ព្រមទាំងសាវ័ក ទ្រង់ឲ្យឱវាទ និងការប្រៀនប្រដៅចំពោះជនដ៏សេស ហើយញ៉ាំងជនទាំងនោះ ឲ្យមានព្យាយាម ដុតកំដៅកិលេសដូចភ្លើង រួចបរិនិព្វាន។ ព្រះសម្ពុទ្ធ ស្មើដោយព្រះពុទ្ធ ឥតមានបុគ្គលស្មើ អង្គនោះក្តី ពួកសាវ័កទាំងនោះ ដែលដល់នូវកម្លាំងក្តី របស់ទាំងអស់នេះ ក៏វិនាសសូន្យទៅ សង្ខារទាំងពួងជារបស់ទទេពិត។ ព្រះសោភិតសម្ពុទ្ធដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងសីហារាម ព្រះធាតុ (របស់ព្រះអង្គ) សាយភាយទៅក្នុងប្រទេសនោះ តាមចំណែកៗ។

ចប់ សោភិតពុទ្ធវង្ស ទី៦។

អនោមទស្សិពុទ្ធវង្ស ទី៧ (៩)

(៩. អនោមទស្សីពុទ្ធវំសោ)

[៨] កាលជាខាងក្រោយ អំពីព្រះសោភិតសម្ពុទ្ធមក មានព្រះសម្ពុទ្ធ ព្រះនាមអនោមទស្សី ព្រះអង្គប្រសើរជាងសត្វទ្វេបាទ ទ្រង់មានយសរាប់មិនបាន ទ្រង់មានតេជះ ទ្រង់កម្របុគ្គលកន្លងបាន។ ព្រះសម្ពុទ្ធ ទ្រង់កាត់ចំណងទាំងអស់ កំចាត់បង់ភពទាំង ៣ ហើយសម្តែងផ្លូវសម្រាប់ដើរឆ្ពោះទៅរកនិព្វាន មិនត្រឡប់វិញ ចំពោះទេវតា និងមនុស្ស។ ព្រះអនោមទស្សីអង្គនោះ ទ្រង់មិនរំភើប ដូចជាសាគរ គេគ្របសង្កត់បានដោយក្រ ដូចជាភ្នំ ទ្រង់មានគុណរកទីបំផុតគ្មាន ដូចជាអាកាស មានព្រះកាយរីកពេញ ដូចជាស្តេចឈើ។ ពួកសត្វគ្រាន់តែឃើញព្រះសម្ពុទ្ធអង្គនោះ ក៏មានសេចក្តីត្រេកអរ សត្វទាំងនោះ លុះបានស្តាប់មធុរវាចា ដែលលាន់ឮ ក៏បានដល់អមតនិព្វាន។ កាលនោះ ការត្រាស់ដឹងធម៌របស់ព្រះអង្គ ក៏ធំទូលាយផ្សាយទៅ ចំនួនពួកសត្វ ១០០ កោដិ បានត្រាស់ដឹង ក្នុងការសម្តែងធម៌លើកទី ១។ លំដាប់អំពីនោះមក កាលព្រះសម្ពុទ្ធ បង្អុរចុះនូវភ្លៀងគឺធម៌ក្នុងអភិសម័យ ពួកសត្វ ៨០ កោដិ បានត្រាស់ដឹង ក្នុងការសម្តែងធម៌លើកទី ២។ តអំពីនោះមកទៀត កាលព្រះសម្ពុទ្ធ ទ្រង់បង្អុរចុះគ្រាប់ភ្លៀង គឺធម៌ ទ្រង់ញ៉ាំងពួកសត្វឲ្យឆ្អែតស្កប់ស្កល់ (ដោយធម៌) ពួកសត្វ ៧៨ កោដិ បានសម្រេចមគ្គផលលើកទី ៣។ ព្រះអនោមទស្សីអង្គនោះ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះអរហន្ត បានសម្រេចអភិញ្ញាពលៈ រីកពេញដោយវិមុត្តិ គឺសន្និបាតលើកទី ១ កាលនោះ មានព្រះអរហន្ត ៨ សែន ដែលមានសេចក្តីស្រវឹង និងសេចក្តីវង្វេងលះបង់ហើយ មានសន្តានស្ងប់រម្ងាប់ ទាំងមានចិត្តនឹងធឹង។ សន្និបាត លើកទី ២ មានព្រះអរហន្ត ៧ សែន ដែលមិនមានទីទួល គឺកិលេស ប្រាសចាកធូលី គឺកិលេស ទាំងមានសន្តានស្ងប់រម្ងាប់ មានចិត្តនឹងធឹង។ សន្និបាតលើកទី ៣ មានព្រះអរហន្ត ៦ សែន ដែលបានសម្រេចអភិញ្ញាពលៈ មានទុក្ខរំលត់ហើយ មានព្យាយាមដុតកំដៅកិលេស។ សម័យនោះ តថាគតកើតជាយក្ស មានឫទ្ធិច្រើន ជាធំជាងពួកយក្សច្រើនកោដិ ក្នុងវសវត្តីទេវលោក។ កាលនោះ តថាគតបានចូលទៅគាល់ព្រះសម្ពុទ្ធប្រសើរអង្គនោះ ព្រះអង្គស្វែងរកនូវគុណដ៏ធំ ហើយអង្គាសព្រះលោកនាយក ព្រមទាំងព្រះសង្ឃ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក។ ឯព្រះមុនីអង្គនោះ ទ្រង់មានព្រះនេត្រដ៏បរិសុទ្ធ ទ្រង់ព្យាករតថាគតថា ក្នុងកប្បមានប្រមាណមិនបាន អំពីកប្បនេះទៅ យក្សនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះនឹងចេញចាកក្រុងកបិលពស្តុជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយនៅទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ រួចហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយក៏ចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ តអំពីនោះមក ព្រះជិនស្រីមានយសច្រើន ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយបានត្រាស់ដឹងទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតនៃព្រះសម្ពុទ្ធនេះ នឹងមានព្រះនាមថាមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ យក្សនេះនឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះ គេហៅថា អស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះ នន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមដ៏ទ្រង់យសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះ របស់ព្រះអនោមទស្សី មិនមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណដ៏ធំហើយ ក៏មានចិត្តរីករាយថា យក្សនេះជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតា មួយហ្មឺនលោកធាតុ នាំគ្នាស្រែកហ៊ោផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា ពួកយើងបើនឹងឃ្វាងមគ្គផល ក្នុងសាសនារបស់ព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តានេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ យ៉ាងណា។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រព្រះពុទ្ធអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះដែរ។ ចំណែកតថាគត លុះបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះអនោមទស្សីអង្គនោះ ក៏មានចិត្តត្រេកអរ មានចិត្តតក់ស្លុត បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមីទាំង ១០។ ព្រះសាស្តា ព្រះនាមអនោមទស្សី មាននគរឈ្មោះចន្ទវតី មហាក្សត្រ ព្រះនាមយសវា ជាព្រះបិតា ព្រះមាតា ព្រះនាមយសោធរា។ព្រះអនោមទស្សីអង្គនោះ ទ្រង់នៅគ្រប់គ្រងព្រះរាជដំណាក់អស់មួយហ្មឺនឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺសិរីប្រាសាទ ១ ឧបសិរីប្រាសាទ ១ វឌ្ឍប្រាសាទ ១ (សម្រាប់ព្រះអង្គ)។ ពួកនារី ២ ហ្មឺន ៣ ពាន់នាក់ មានរូបប្រដាប់សមរម្យ នារីជាអគ្គមហេសីនោះ ព្រះនាមសិរិមា មានព្រះរាជបុត្រ ព្រះនាមឧបសាលៈ។ ព្រះជិនស្រី ទ្រង់បានឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅ ដោយវ (គ្រែស្នែង) ទ្រង់តាំងសេចក្តីព្យាយាមអស់ ១០ ខែឥតខ្វះ។ ព្រះអនោមទស្សីមហាមុនី មានព្រះទ័យស្ងប់ រម្ងាប់ មានព្យាយាមច្រើន ដែលព្រហ្មអារាធនាហើយ ទ្រង់សម្តែងធម្មចក្រក្នុងសុទស្សនឧទ្យានដ៏ឧត្តម។ ព្រះថេរៈឈ្មោះនិសភៈ ១ អនោមៈ ១ ជាអគ្គសាវ័ក ឯព្រះថេរៈឈ្មោះវរុណៈ ជាឧបដ្ឋាករបស់ព្រះសាស្តាព្រះនាមអនោមទស្សីនោះ។ ព្រះថេរីឈ្មោះសុន្ទរា ១ សុមនា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថាអជ្ជុនព្រឹក្ស (ដើមអង្គ្រង)។ ឧបាសកឈ្មោះនន្ទិវឌ្ឍ ១ សិរីវឌ្ឍ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះឧបលា ១ បទុមា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី មានកំពស់ ៥៨ ហត្ថ ពន្លឺនៃព្រះអង្គផ្សាយចេញទៅ ដូចព្រះអាទិត្យរះឡើង។ ព្រះអង្គមានព្រះជន្មាយុមួយសែនឆ្នាំ ជាកំណត់ ទ្រង់ឋិតនៅអស់កាលដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លង (វដ្តសង្សារ)។ ពាក្យជាប្រធាន គឺសាសនារីកល្អហើយ ដោយពួករហន្ត ជាតាទិបុគ្គល ប្រាសចាករាគៈ ប្រាសចាកមន្ទិល សាសនារបស់ព្រះជិនស្រីល្អរុងរឿង។ ឯព្រះសាស្តាអង្គនោះ មានយសរាប់មិនបានក្តី គូនៃសាវ័កទាំងនោះ មានគុណថ្លឹងមិនបានក្តី របស់ (ទាំងនោះ) វិនាសសូន្យទៅ សង្ខារទាំងពួងជារបស់ទទេពិត។ ព្រះជិនស្រីជាសាស្តាព្រះនាមអនោមទស្សី ទ្រង់បរិនិព្វានក្នុងធម្មារាម ឯព្រះស្តូបបញ្ចុះព្រះធាតុរបស់ព្រះជិនស្រីអង្គនោះ មានកម្ពស់ ២០ យោជន៍ ប្រតិស្ឋាននៅក្នុងអារាមនោះ។

ចប់ អនោមទស្សិពុទ្ធវង្ស ទី៧។

បទុមពុទ្ធវង្ស ទី៨ (១០)

(១០. បទុមពុទ្ធវំសោ)

[៩] ក្នុងកាលខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមអនោមទស្សីមក មានព្រះសម្ពុទ្ធព្រះនាមបទុមៈ ទ្រង់ឧត្តមជាងសត្វជើងពីរ ឥតមានបុគ្គលស្មើ ឥតមានបុគ្គលប្រៀបផ្ទឹម។ សីលនៃព្រះអង្គ ឥតមានសីលនៃបុគ្គលដទៃស្មើ ទាំងសមាធិក៏រកទីបំផុតគ្មាន ព្រះញាណដ៏ប្រសើរនឹងរាប់ពុំបាន ទាំងវិមុត្តិក៏មិនមានឧបមា។ កាលដែលព្រះពុទ្ធ ព្រះនាមបទុមៈ ព្រះអង្គនោះ មានតេជះថ្លឹងមិនបាន ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ មានការត្រាស់ដឹងនូវធម៌បីលើក ដែលជាគ្រឿងបន្សាត់បង់នូវងងឹតដ៏ធំ។ គឺព្រះពុទ្ធ ទ្រង់ញ៉ាំងសត្វ ១០០ កោដិ ឲ្យត្រាស់ដឹង ក្នុងការត្រាស់ដឹងលើកទី ១ ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់ញ៉ាំងសត្វ ៩០ កោដិ ឲ្យត្រាស់ដឹង ក្នុងការត្រាស់ដឹងទី ២។ មួយទៀត ព្រះពុទ្ធ ព្រះនាមបទុមៈ ទ្រង់ទូន្មានព្រះឱរសរបស់ព្រះអង្គក្នុងកាលណា កាលនោះ ពួកសត្វ ៨០ កោដិ ត្រាស់ដឹងលើកទី ៣។ ព្រះពុទ្ធព្រះនាមបទុមៈ ជាមហេសី មានសាវកសន្និបាត ៣ លើក គឺសន្និបាតលើកទី ១ មានភិក្ខុមួយសែនកោដិ។ កាលកឋិនចីវរកើតឡើងហើយ ក្នុងសម័យជាទីក្រាលនូវកឋិន ភិក្ខុទាំងឡាយ បានដេរនូវចីវរដើម្បីប្រគេនព្រះធម្មសេនាបតី។ ក្នុងកាលនោះ ភិក្ខុទាំងបីសែនរូបនោះ សុទ្ធតែប្រាសចាកមន្ទិល មានអភិញ្ញា ៦ មានឫទ្ធិច្រើន ជាអ្នកមិនចាលចាញ់ បានមកប្រជុំគ្នា នេះជាសន្និបាតលើកទី ២។ មួយវិញទៀត ព្រះពុទ្ធព្រះនាមបទុមៈអង្គនោះ ទ្រង់ប្រសើរជាងពួកនរៈ ស្តេចចូលទៅកាន់លំនៅក្នុងព្រៃធំ ក្នុងកាលនោះ មានភិក្ខុ ២ សែនរូប ជួបជុំគ្នា នេះជាសន្និបាត លើកទី ៣។ សម័យនោះ តថាគតកើតជាសត្វសីហៈ គ្របសង្កត់លើពួកម្រឹគ បានឃើញព្រះជិនស្រី ព្រះអង្គកំពុងចម្រើននូវវិវេកក្នុងព្រៃធំ។ តថាគត បានថ្វាយបង្គំនូវព្រះបាទទាំងគូដោយសិរ្សៈ ហើយធ្វើប្រទក្សិណព្រះអង្គ រួចបន្លឺឡើងនូវសីហនាទ អស់ ៣ ដង បានបម្រើព្រះជិនស្រីអស់ ៧ ថ្ងៃ។ ព្រះតថាគត ទ្រង់ចេញចាកសមាបត្តិដ៏ប្រសើរ អស់ ៧ ថ្ងៃ ហើយទ្រង់ព្រះចិន្តាដោយព្រះហឫទ័យ រួចទ្រង់ប្រមូលមកនូវភិក្ខុចំនួនមួយកោដិ។ កាលនោះ ព្រះមហាវីរៈនោះ ទ្រង់ព្យាករក្នុងកណ្តាលភិក្ខុសង្ឃទាំងមួយកោដិនោះថា ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ សត្វសីហៈនេះ នឹងបានជាព្រះពុទ្ធ។ សត្វនេះ នឹងចេញចាកក្រុងជាទីត្រេកអរ ឈ្មោះកបិលពស្តុ ហើយតម្កល់សេចក្តីព្យាយាម នឹងធ្វើនូវទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងសោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេជម្រះហើយ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើនូវការប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតនៃព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះសម្ពុទ្ធអង្គនេះ នឹងមានព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងបានជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជាឧបដ្ឋាក ឈ្មោះអានន្ទ នឹងបម្រើនូវព្រះជិនស្រីអង្គនេះ។ ព្រះនាងខេមា ១ ព្រះនាងឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះជន្មាយុនៃព្រះគោតមមានយសអង្គនោះ កំណត់ ១០០ ឆ្នាំ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់នូវព្រះបន្ទូលនេះ របស់ព្រះពុទ្ធព្រះនាមបទុមៈ ទ្រង់ស្វែងរកនូវគុណធំ រកបុគ្គលស្មើគ្មាន ក៏មានចិត្តត្រេកអរថា សត្វសីហៈនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោឡើង ក៏ប្រព្រឹត្តទៅ ឯមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ ក៏ទះដៃសើច ផ្គងអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថនេះ ក្នុងកាលជាអនាគត ពួកយើងនឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ពុំខាន។ មនុស្សទាំងឡាយ កាលឆ្លងនូវស្ទឹង បើឃ្វាងនូវកំពង់ក្នុងទីចំពោះមុខ គង់កាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងនូវស្ទឹងធំបានដែរ យ៉ាងណា យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ ក្នុងកាលជាអនាគត ពួកយើងគង់នឹងសម្រេច ក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ ឯតថាគត លុះបានឮព្រះបន្ទូលនៃព្រះសម្ពុទ្ធ ទ្រង់ព្រះនាមបទុមៈនោះហើយ ក៏ញ៉ាំចិត្តឲ្យជ្រះថ្លាក្រៃលែង បានអធិដ្ឋាននូវវត្តដ៏លើសលុប ដោយការបំពេញនូវបារមីទាំង ១០។ ព្រះសម្ពុទ្ធ ព្រះនាមបទុមៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះចម្បកៈ មានមហាក្សត្រ ព្រះនាមអសមៈជាបិតា មានព្រះមាតា ព្រះនាមអសមា។ ព្រះសម្ពុទ្ធព្រះនាមបទុមៈនោះ នៅគ្រប់គ្រងផ្ទះអស់ ១ ហ្មឺនឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ ខ្នង គឺនន្ទប្រាសាទ ១ វសុប្រាសាទ ១ យសត្តរប្រាសាទ ១។ មាននារី ៣ ម៉ឺន ៣ ពាន់រូប សឹងតាក់តែងល្អ ឯនារីជាអគ្គមហេសីនោះ ឈ្មោះនាងឧត្តរា មានព្រះរាជឱរសព្រះនាមរម្មៈ។ ព្រះជិនស្រី ទ្រង់បានឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញមហាភិនិស្ក្រម ដោយយានគឺរថ ទ្រង់តម្កល់នូវព្យាយាមអស់ ៨ ខែគត់។ ព្រះសម្ពុទ្ធព្រះនាមបទុមៈ ជាលោកនាយក ជាមហាវីរៈ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះធនញ្ជៈ។ ភិក្ខុឈ្មោះសាលៈ ១ ឈ្មោះឧបសាលៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះវរុណៈ ជាឧបដ្ឋាករបស់ព្រះពុទ្ធព្រះនាមបទុមៈ ទ្រង់ស្វែងរកនូវគុណធំ។ ព្រះនាងរាធា ១ ព្រះនាងសុរាធា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថាមហាសោណៈ (ដើមម្រំ) ឧបាសកឈ្មោះសភិយៈ ១ ឈ្មោះអសមៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះរុចិ ១ ឈ្មោះនន្ទិមារា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះសម្ពុទ្ធព្រះនាមបទុមៈ ជាមហាមុនី ទ្រង់មានកំពស់ ៥៨ ហត្ថ កម្រងរស្មីនៃព្រះមហាមុនីអង្គនោះ តែងផ្សាយចេញសព្វទិស ទាំងឥតមានអ្វីស្មើ។ រស្មីព្រះចន្ទ្រ រស្មីព្រះអាទិត្យ រស្មីកែវមុនី រស្មីទាំងអស់នោះ ក៏សាបសូន្យទៅ ព្រោះប៉ះនឹងពន្លឺរបស់ព្រះជិនស្រីដ៏ឧត្តម។ ព្រះជន្មាយុ (របស់ព្រះមហាមុនីនោះ) មួយសែនឆ្នាំ ជាកំណត់ ព្រះមហាមុនីអង្គនោះ កាលទ្រង់ព្រះជន្មនៅដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លង (ចាកសង្សារ)។ ព្រះមហាមុនីអង្គនោះ ទ្រង់ញ៉ាំងសត្វដែលមានឥន្ទ្រិយចាស់ក្លា ឲ្យត្រាស់ដឹង មិនមានសេសសល់ ទ្រង់ប្រៀនប្រដៅសត្វទាំងឡាយ ដែលសេសសល់ ទ្រង់បរិនិព្វានទៅជាមួយនឹងសាវ័ក។ ព្រះមហាមុនីអង្គនោះ ទ្រង់លះបង់នូវសង្ខារទាំងពួង ដូចជាពស់ដែលលះបង់នូវសំណកចាស់ ឬដូចជាដើមឈើជម្រុះនូវស្លឹកចាស់ ហើយទ្រង់បរិនិព្វានទៅ ដូចជាអណ្តាតប្រទីបដូច្នោះ។ ព្រះសាស្តាព្រះនាមបទុមៈ ជាព្រះជិនស្រីដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងធម្មារាម មានព្រះធាតុផ្សាយទៅ ក្នុងប្រទេសនោះៗ។

ចប់ បទុមពុទ្ធវង្ស ទី៨។

នារទពុទ្ធវង្ស ទី៩ (១១)

(១១. នារទពុទ្ធវំសោ)

[១០] ក្នុងកាលជាខាងក្រោយនៃព្រះពុទ្ធ ព្រះនាមបទុមៈមក មានព្រះសម្ពុទ្ធព្រះនាមនារទៈ ទ្រង់ឧត្តមជាងសត្វជើង ២ ឥតមានបុគ្គលស្មើ ឥតមានបុគ្គលប្រៀបផ្ទឹម។ ព្រះអង្គនោះ ជាព្រះរាជបុត្រច្បង ជាព្រះរាជឱរស ជាទីស្រឡាញ់របស់ស្តេចចក្រពត្តិ ទ្រង់បានពាក់នូវកែវមុនី និងគ្រឿងអាភរណៈ ហើយស្តេចចូលទៅកាន់ឧទ្យាន។ ក្នុងឧទ្យាននោះ មានដើមឈើមួយដើម ឈ្មោះមហាសោណព្រឹក្ស ជាឈើសមរម្យ ធំល្អស្អាត ព្រះសម្ពុទ្ធស្តេចទៅដល់នូវដើមឈើនោះហើយ ទ្រង់គង់ខាងក្រោមនៃឈើនោះ។ ព្រះញាណប្រសើររកទីបំផុតគ្មាន មានឧបមាដូចជាកែវវជីរ បានកើតឡើង (ដល់ព្រះអង្គ) ក្នុងទីនោះ ព្រះអង្គពិចារណានូវសង្ខារទាំងឡាយ ដោយព្រះញាណនោះ ដូចជាបុគ្គលដែលផ្កាប់ ឬផ្ងារឡើងនូវភាជនៈ។ ក្នុងទីនោះ ព្រះអង្គទ្រង់បន្សាត់បង់នូវកិលេសទាំងពួង មិនឲ្យសេសសល់ ហើយបានសម្រេចនូវពោធិញ្ញាណទាំងអស់ផង នូវពុទ្ធញ្ញាណទាំង ១៤ ផង។ លុះព្រះអង្គសម្រេចនូវសម្ពោធិហើយ ទើបទ្រង់សម្តែងនូវធម្មចក្រ សត្វមួយសែនកោដិ បានត្រាស់ដឹងជាដំបូង។ ព្រះមហាមុនីទូន្មានស្តេចនាគ ឈ្មោះមហាទោណៈ ក្នុងកាលនោះ ទ្រង់ពន្យល់នូវពួកមនុស្ស ព្រមទាំងទេវតា ហើយទ្រង់ធ្វើនូវបាដិហារ្យ។ ក្នុងកាលនោះ ទេវតា និងមនុស្សទាំងឡាយ ៩០ ពាន់កោដិ បានឆ្លងផុតនូវសេចក្តីសង្ស័យទាំងអស់ ក្នុងការប្រកាសនូវព្រះធម៌នោះ នេះជាការត្រាស់ដឹងទី ២។ ព្រះមហាវីរៈ ទ្រង់ទូន្មាននូវបុត្របង្កើតរបស់ព្រះអង្គ ក្នុងកាលណា (កាលនោះ) ពួកសត្វចំនួន ៨០ កោដិ បានត្រាស់ដឹងក្នុងលើកទី ៣។ ព្រះសម្ពុទ្ធព្រះនាមនារទៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក គឺសន្និបាតលើកដំបូង មានពួកព្រះអរហន្តប្រមាណមួយសែនកោដិ។ ព្រះសម្ពុទ្ធ ទ្រង់ប្រកាសពុទ្ធគុណ ព្រមទាំងនិទាន ក្នុងកាលណា កាលនោះ ព្រះអរហន្តប្រមាណ ៩០ ពាន់កោដិ ប្រាសចាកមន្ទិល មកប្រជុំគ្នា នេះជាសន្និបាតលើកទី ២។ នាគរាជឈ្មោះវេរោចនៈ បានថ្វាយទានដល់ព្រះសាស្តា ក្នុងកាលណា កាលនោះ ពួកសាវ័កជាបុត្រនៃព្រះជិនស្រី ប្រមាណ ៨០ សែន បានមកប្រជុំគ្នា (នេះជាសន្និបាតលើកទី ៣)។ សម័យនោះ តថាគតជាតាបស មានផ្នួងសក់ មានព្យាយាមក្លៀវក្លា បានដល់ត្រើយនៃអភិញ្ញាទាំង ៥ ត្រាច់ទៅតាមអាកាសបាន។ គ្រានោះ តថាគតបានញ៉ាំងព្រះសម្ពុទ្ធ ដែលស្មើដោយព្រះពុទ្ធ មិនមានបុគ្គលស្មើ ព្រមទាំងព្រះសង្ឃ និងជនជាបរិស័ទ ឲ្យឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក ហើយបូជាដោយខ្លឹមចន្ទន៍។ គ្រានោះ ព្រះនារទៈ ជាលោកនាយកអង្គនោះ ទ្រង់បានព្យាករតថាគតថា ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ តាបសនេះ នឹងបានជាព្រះពុទ្ធក្នុងលោក។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីត្រេកអរ តម្កល់នូវសេចក្តីព្យាយាម ហើយធ្វើទុក្ករកិរិយា។ សត្វនេះ នឹងគង់ទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ រួចចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងសោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលមកទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេតាក់តែងហើយ។ លំដាប់នោះ ព្រះពុទ្ធទ្រង់មានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងជាអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាក ឈ្មោះអានន្ទៈ នឹងបំរើព្រះជិនស្រីនេះ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ ទាំងមានចិត្តតាំងមាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ឈ្មោះហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា។ ព្រះជន្មាយុរបស់ព្រះគោតមមានយសអង្គនោះ កំណត់ ១០០ ឆ្នាំ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់ព្រះបន្ទូលនេះ របស់ព្រះសម្ពុទ្ធ ព្រះអង្គមិនមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណធំ ក៏ត្រេកអរថា ជដិលនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ មនុស្ស ព្រមទាំងទេវតាទាំងមួយម៉ឺនលោកធាតុ ក៏ទះដៃ សើចក្អាកក្អាយ ធ្វើអញ្ជលី នមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងនូវកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាងណាមិញ។ បើយើងទាំងអស់គ្នា ឃ្វាងព្រះជិនស្រីអង្គនេះ ក្នុងកាលជាអនាគត ពួកយើងគង់នឹងបានសម្រេច ក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ក៏យ៉ាងនោះដែរ។ តថាគតបានឮព្រះពុទ្ធដីកានៃព្រះពុទ្ធអង្គនោះហើយ ក៏ញ៉ាំងចិត្តឲ្យរីករាយដោយក្រៃលែង បានអធិដ្ឋាននូវវត្តដ៏លើសលុប ដោយការបំពេញនូវបារមីទាំង ១០។ ព្រះពុទ្ធ ព្រះនាមនារទៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរ ឈ្មោះធញ្ញវតី មហាក្សត្រព្រះនាមសុទេវៈ ជាព្រះបិតា ព្រះមាតាព្រះនាមអនោមា។ ព្រះនារទៈនោះ នៅគ្រប់គ្រងផ្ទះ អស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរមាន ៣ ខ្នង គឺជិតប្រាសាទ ១ វិជិតប្រាសាទ ១ អភិរាមប្រាសាទ ១។ មាននារី ៣ - ៤ ពាន់រូប សុទ្ធសឹងស្អិតស្អាងល្អ ព្រះនារី (ដែលជាអគ្គមហេសី) នោះ ព្រះនាមវិជិតសេនា ឯព្រះរាជបុត្រព្រះនាមនន្ទុត្តរៈ។ ព្រះពុទ្ធ ជាបុរសរត្នដ៏ប្រសើរ ទ្រង់ទតឃើញនូវនិមិត្តទាំង ៤ ហើយស្តេចចេញមហាភិនិស្ក្រម ដោយការយាងទៅដោយព្រះបាទផ្ទាល់ ហើយទ្រង់ប្រព្រឹត្តព្យាយាម អស់ ៧ ថ្ងៃ។ ព្រះនារទៈ ជាលោកនាយក ជាមហាវីរបុរស ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះធនញ្ជៈ។ ភិក្ខុឈ្មោះភទ្ទសាលៈ ១ ឈ្មោះជិតមិត្តៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះវាសេដ្ឋៈ ជាឧបដ្ឋាករបស់ព្រះសម្ពុទ្ធនារទៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ នាងឧត្តរា ១ នាងផគ្គុនី ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថាមហាសោណព្រឹក្ស។ ឧបាសកឈ្មោះឧគ្គរិន្ទៈ ១ ឈ្មោះវសភៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះ ឥន្ទវរី ១ ឈ្មោះគណ្ឌី ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី ទ្រង់មានកំពស់ ៨៨ ហត្ថក្រពុំ មានព្រះរូបស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស បានញ៉ាំងលោកធាតុទាំងមួយម៉ឺន ឲ្យភ្លឺរុងរឿង។ ព្រះកាយរបស់ព្រះអង្គ មានរស្មីប្រមាណមួយព្យាម តែងផ្សាយទៅកាន់ទិសតូចទិសធំ តែងផ្សាយទៅកាន់ទីប្រមាណ ១ យោជន៍ ទាំងថ្ងៃទាំងយប់ ជានិរន្តរ៍សព្វៗ កាល។ សម័យនោះ ជនទាំងឡាយពួកខ្លះ នៅក្នុងទីប្រមាណមួយយោជន៍ ដោយជុំវិញ ត្រូវរស្មីទាំងឡាយនៃព្រះពុទ្ធ គ្របសង្កត់ហើយ មិនចាំបាច់អុជភ្លើងគប់ ឬអុជភ្លើងប្រទីបទាំងឡាយឡើយ។ ព្រះជន្មាយុកំណត់ប្រាំបួនសែនឆ្នាំគត់ កាលទ្រង់ព្រះជន្មាយុនៅដរាបនោះ តែងញ៉ាំងប្រជុំជនដ៏ច្រើន ឲ្យឆ្លងចាកសង្សារ។ អាកាសដ៏វិចិត្រ រុងរឿងដោយផ្កាយទាំងឡាយ យ៉ាងណា សាសនារបស់ព្រះនារទៈអង្គនោះ ក៏រុងរឿងដោយព្រះអរហន្តទាំងឡាយ ក៏យ៉ាងនោះដែរ។ ព្រះពុទ្ធព្រះនាមនារទៈ ប្រសើរជាងពួកនរៈអង្គនោះ ទ្រង់ធ្វើស្ពាន គឺព្រះធម៌ឲ្យមាំ ដើម្បីចម្លងនូវជនទាំងឡាយដ៏សេស ដែលកំពុងដើរទៅដើម្បីឆ្លងនូវខ្សែទឹក គឺសង្សារ ហើយបរិនិព្វាន។ ព្រះពុទ្ធ ស្មើដោយព្រះពុទ្ធ ដែលគ្មានបុគ្គលស្មើអង្គនោះក្តី ព្រះខីណាស្រពទាំងឡាយ មានតេជះថ្លឹងពុំបាន ទាំងអម្បាលនោះក្តី ក៏និព្វានបាត់បង់អស់ របស់ទាំងពួងក៏អន្តរធានអស់ ឱហ្ន៎! សង្ខារទាំងពួង ជារបស់សោះសូន្យពិត។ ព្រះនារទៈ ជាព្រះជិនស្រីដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងព្រះសុទស្សនបុរី ព្រះស្តូបដ៏ប្រសើរមានកម្ពស់ប្រមាណ ៤ យោជន៍។

ចប់ នារទពុទ្ធវង្ស ទី៩។

បទុមុត្តរពុទ្ធវង្ស ទី១០ (១២)

(១២. បទុមុត្តរពុទ្ធវំសោ)

[១១] ក្នុងកាលខាងក្រោយ អំពីព្រះពុទ្ធ ព្រះនាមនារទៈមក មានព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ឧត្តមជាងសត្វជើងពីរ ទ្រង់ឈ្នះមារ ទ្រង់មិនរំភើប ឧបមាដូចសាគរ។ ព្រះពុទ្ធនេះ ទ្រង់កើតឡើងក្នុងកប្បណា កប្បនោះឈ្មោះមណ្ឌកប្ប ប្រជុំជន មានកុសលដុះឡើងហើយ តែងកើតក្នុងកប្បនោះ។ កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ទ្រង់សម្តែងនូវព្រះធម៌ជាដំបូង សត្វទាំងឡាយប្រមាណមួយសែនកោដិ ក៏បានត្រាស់ដឹងនូវមគ្គ និងផល។ លំដាប់តអំពីនោះមក កាលព្រះបរមសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់បង្អុរចុះនូវធម៌ ទ្រង់ញ៉ាំងពួកសត្វឲ្យឆ្អែតស្កប់ស្កល់ ពួកសត្វប្រមាណ ៣ ម៉ឺន ៧ ពាន់ បានត្រាស់ដឹង ក្នុងលើកទី ២។ ក្នុងកាលណា ព្រះមហាវីរបុរស ស្តេចចូលទៅរក ព្រះបាទអានន្ទ ជាព្រះបិតា លុះស្តេចចូលទៅកាន់សំណាក់ព្រះបិតាហើយ ទ្រង់ទូងស្គរ គឺអមតធម៌។ កាលស្គរ គឺអមតធម៌ ដែលព្រះអង្គទ្រង់ទូងហើយ ភ្លើងគឺធម៌ ក៏ធ្លាក់ចុះ (ក្នុងកាលនោះ) ពួកសត្វប្រមាណ ៥ លាន បានត្រាស់ដឹងក្នុងលើកទី ៣។ ព្រះពុទ្ធ ទ្រង់ឈ្លាសក្នុងទេសនា ទ្រង់ទូន្មានពន្យល់ ចម្លងនូវសត្វទាំងពួង បានចម្លងហើយនូវប្រជុំជនជាច្រើន។ ព្រះសាស្តា ព្រះនាមបទុមុត្តរៈ មានសាវកសន្និបាត ៣ លើក គឺសន្និបាតលើកទី ១ មានព្រះខីណាស្រព ប្រមាណមួយសែនកោដិ។ កាលណា ព្រះសម្ពុទ្ធស្មើដោយព្រះអតីតពុទ្ធ រកបុគ្គលស្មើគ្មាន ទ្រង់គង់នៅលើភ្នំវេភារបព៌ត (ក្នុងកាលនោះ) ជាសន្និបាតលើកទី ២ មានព្រះខីណាស្រព ប្រមាណ ៩០ ពាន់កោដិ។ កាលព្រះសម្ពុទ្ធ ចៀសចេញចាកស្រុក ចាកនិគម និងដែន ទៅកាន់ចារិកម្តងទៀត នេះជាសន្និបាតលើកទី ៣ មានព្រះខីណាស្រពប្រមាណ ៨០ ពាន់កោដិ។ សម័យនោះ តថាគតជាជដិល អ្នកនៅក្នុងដែន តថាគតបានថ្វាយសំពត់ព្រមទាំងភត្ត ដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់នៅក្នុងកណ្តាលនៃភិក្ខុសង្ឃហើយ ទ្រង់ព្យាករតថាគតថា ក្នុងកប្បទីមួយសែន អំពីកប្បនេះ ជដិលនេះនឹងបានជាព្រះពុទ្ធមួយអង្គ។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីត្រេកអរ តម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា។ សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ នឹងចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេតាក់តែង។ លំដាប់នោះ ព្រះសម្ពុទ្ធទ្រង់មានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតនៃព្រះសម្ពុទ្ធ អង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ឯព្រះសម្ពុទ្ធអង្គនេះ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ ជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ ជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ឈ្មោះហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះជន្មាយុរបស់ព្រះគោតមដ៏មានយសអង្គនោះ កំណត់ ១០០ ឆ្នាំ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់ព្រះបន្ទូលនេះ នៃព្រះសម្ពុទ្ធរកបុគ្គលស្មើគ្មាន ទ្រង់ស្វែងរកនូវគុណដ៏ធំ ហើយក៏ត្រេកអរថា ជដិលនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ មនុស្ស ព្រមទាំងទេវតាទាំងមួយហ្មឺនលោកធាតុ ក៏ទះដៃ សើចក្អាកក្អាយ ធ្វើអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផលក្នុងសាសនា នៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រព្រះគោតមនេះ។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់ក្នុងទីចំពោះមុខ គង់កាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងនូវស្ទឹងធំបានដែរ យ៉ាងណា។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ ក្នុងកាលជាអនាគត គង់បានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ តថាគតបានឮព្រះបន្ទូលនៃព្រះសម្ពុទ្ធអង្គនោះហើយ បានអធិដ្ឋានវត្តដ៏លើសលុបឡើងទៅ បានធ្វើនូវព្យាយាមដ៏ខ្ពង់ខ្ពស់ មាំមួនដោយការបំពេញនូវបារមីទាំង ១០។ ក្នុងកាលនោះ តិរ្ថិយទាំងពួងអាក់អន់តូចចិត្ត វិនាសខ្ចាត់ខ្ចាយ បរិស័ទពួកខ្លះនៃតិរ្ថិយទាំងនោះ មិនបម្រើតិរ្ថិយទាំងនោះ ក៏នាំគ្នាចៀសចេញចាកដែនទៅ។ តិរ្ថិយទាំងពួង មកប្រជុំគ្នាក្នុងទីនោះ ហើយបានចូលទៅក្នុងសំណាក់នៃព្រះពុទ្ធ (ហើយពោលថា) បពិត្រព្រះមហាវីរៈ សូមព្រះអង្គជាទីពឹងពំនាក់ (នៃយើងខ្ញុំទាំងឡាយ) បពិត្រព្រះអង្គមានចក្ខុ សូមព្រះអង្គជាទីរឭក។ ព្រះពុទ្ធ ទ្រង់អនុគ្រោះ ទ្រង់ប្រកបដោយករុណា ទ្រង់ស្វែងរកប្រយោជន៍ដល់សត្វទាំងពួង ទ្រង់ញ៉ាំងតិរ្ថិយទាំងអស់ ដែលមកប្រជុំហើយ ឲ្យឋិតនៅក្នុងសីល ៥។ សាសនា (របស់ព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈនោះ) មិនវឹកវរ ជាសាសនាសូន្យចាកពួកតិរ្ថិយយ៉ាងនេះ សាសនានោះ វិចិត្រហើយដោយព្រះអរហន្តទាំងឡាយ ជាអ្នកស្ទាត់ជំនាញ ជាតាទិបុគ្គល។ ព្រះសាស្តា ព្រះនាមបទុមុត្តរៈ មានព្រះនគរឈ្មោះហង្សវតី មានមហាក្សត្រ ព្រះនាមអានន្ទៈ ជាព្រះបិតា មានព្រះមាតាព្រះនាមសុជាតា។ ព្រះអង្គទ្រង់នៅគ្រប់គ្រងផ្ទះ អស់ ៩ ពាន់ឆ្នាំ ប្រាសាទទាំងឡាយដ៏ប្រសើរ មាន ៣ ខ្នង គឺនារីប្រាសាទ ១ ពាហនប្រាសាទ ១ យសវតីប្រាសាទ ១។ មាននារីបីបួនពាន់ តាក់តែងល្អ ឯនារីដែលជាអគ្គមហេសី ឈ្មោះវសុលទត្តា ព្រះរាជបុត្រ ព្រះនាមឧត្តរៈ។ ព្រះជិនស្រីប្រសើរជាងបុរស ទ្រង់ឃើញនូវនិមិត្តទាំង ៤ យ៉ាងហើយ ស្តេចចេញទៅដោយប្រាសាទ ទ្រង់ប្រព្រឹត្តសេចក្តីព្យាយាមអស់ ៧ ថ្ងៃ។ ព្រះបទុមុត្តរសម្ពុទ្ធ ជានាយក ជាមហាវីរបុរស ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះមិថិលា។ ភិក្ខុឈ្មោះទេវិលៈ ១ ឈ្មោះសុជាតៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសុមនៈ ជាឧបដ្ឋាករបស់ព្រះសាស្តា ព្រះនាមបទុមុត្តរៈ។ ភិក្ខុនីឈ្មោះអមិតា ១ ឈ្មោះអសមា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថាសលឡព្រឹក្ស (ដើមស្រល់)។ ឧបាសកឈ្មោះអមិតៈ ១ ឈ្មោះតិស្សៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះហត្ថា ១ សុចិត្តា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះសម្ពុទ្ធមហាមុនី ទ្រង់មានកម្ពស់ ៥៨ ហត្ថក្រពុំ មានព្រះអង្គដ៏ល្អល្អះ ប្រាកដស្មើដោយគ្រឿងបូជា ជាវិការៈនៃមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ។ ទ្វារក្តី គន្លឹះទ្វារក្តី ជញ្ជាំងក្តី ឈើក្តី ភ្នំធំក្តី ជាគ្រឿងរាំងរានៃព្រះសម្ពុទ្ធនោះ ក្នុងទីប្រមាណ ១២ យោជន៍ដោយជុំវិញ មិនមានឡើយ។ ព្រះជន្មាយុ មានកំណត់ ១ សែនឆ្នាំ កាលព្រះសម្ពុទ្ធនោះ ទ្រង់ព្រះជន្មាយុនៅដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លង (ចាកសង្សារ) លុះទ្រង់ចម្លងជនជាច្រើនហើយ កាត់នូវសេចក្តីសង្ស័យទាំងពួង ហើយបរិនិព្វានជាមួយនឹងសាវ័ក ដូចជាគំនរភ្លើងដែលឆេះរុងរឿង ហើយរលត់ទៅដូច្នោះ។ ព្រះពុទ្ធជិនស្រី ព្រះនាមបទុមុត្តរៈ ទ្រង់បរិនិព្វានក្នុងនន្ទារាម ព្រះស្តូបដ៏ប្រសើររបស់ព្រះអង្គ មានកម្ពស់ ១២ យោជន៍ (ដែលគេសាងហើយ) ក្នុងនន្ទារាមនោះ។

ចប់ បទុមុត្តរពុទ្ធវង្ស ទី១០។

សុមេធពុទ្ធវង្ស ទី១១ (១៣)

(១៣. សុមេធពុទ្ធវំសោ)

[១២] ក្នុងកាលជាខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមបទុមុត្តរៈមក មានព្រះពុទ្ធព្រះនាមសុមេធៈ ព្រះអង្គជានាយក គេគ្របសង្កត់បានដោយក្រ ទ្រង់មានព្រះតេជះដ៏ខ្ពង់ខ្ពស់ ជាព្រះជិនស្រីដ៏ប្រសើរឧត្តមជាងលោកទាំងមូល។ ព្រះអង្គមានព្រះនេត្រថ្លាស្អាត មានព្រះភក្ត្រល្អល្អះ មានព្រះសរីរៈធំ មានព្រះសរីរៈត្រង់ល្អ មានព្រះតេជះ ទ្រង់ស្វែងរកប្រយោជន៍ដល់សត្វទាំងពួង ទ្រង់ញ៉ាំងសត្វទាំងឡាយច្រើន ឲ្យរួចចាកចំណង។ កាលណា ព្រះពុទ្ធទ្រង់បានដល់នូវពោធិញ្ញាណដ៏ឧត្តម សព្វគ្រប់ហើយ ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងនគរឈ្មោះសុទស្សនៈ។ ក្នុងកាលសម្តែងធម៌ទេសនានៃព្រះពុទ្ធព្រះនាមសុមេធៈអង្គនោះ មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងទី ១ មានពួកសត្វមួយសែនកោដិ។ តមកទៀត ការត្រាស់ដឹងទី ២ មានពួកសត្វប្រមាណ ៩០ ពាន់កោដិ ក្នុងគ្រាដែលព្រះជិនស្រី ទ្រង់ទូន្មានយក្សឈ្មោះកុម្ភកណ្ណៈ។ តមកទៀត ការត្រាស់ដឹងទី ៣ មានពួកសត្វ ៨០ ពាន់កោដិ ក្នុងគ្រាដែលព្រះសម្ពុទ្ធមានយសរាប់មិនបាន ទ្រង់ប្រកាសនូវសច្ចៈ ៤ ប្រការ។ ព្រះសុមេធមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង គឺក្នុងកាលដែលព្រះជិនស្រី ស្តេចចូលទៅក្នុងនគរសុទស្សនៈ មានភិក្ខុជាព្រះខីណាស្រព ១០០ កោដិ បានមកប្រជុំ (នេះសន្និបាតលើកទី ១)។ តមកទៀត សន្និបាតលើកទី ២ មានភិក្ខុប្រមាណ ៩០ កោដិ (មកប្រជុំ) ក្នុងពេលក្រាលកឋិនលើភ្នំទេវកូដ។ តមកទៀត សន្និបាតលើកទី ៣ មានភិក្ខុប្រមាណ ៨០ កោដិ មកប្រជុំ ក្នុងកាលព្រះទសពលស្តេចទៅកាន់ចារិក។ សម័យនោះ តថាគត កើតជាមាណពឈ្មោះឧត្តរៈ តថាគតបានសន្សំទ្រព្យទុកក្នុងផ្ទះប្រមាណ ៨០ កោដិ។ តថាគតថ្វាយទ្រព្យទាំងអស់ ឥតមានសេសសល់ ដល់ព្រះលោកនាយក ព្រមទាំងព្រះសង្ឃ ហើយបានយកព្រះលោកនាយកនោះជាទីពឹង បានពេញចិត្តចំពោះបព្វជ្ជា។ គ្រានោះ ព្រះអង្គទ្រង់ធ្វើនូវអនុមោទនា ហើយព្យាករតថាគតថា ក្នុងកប្បទី ៣០ ពាន់ មាណពនេះ នឹងបានជាព្រះពុទ្ធ (មួយអង្គ)។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីរីករាយ ហើយតម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយនៅទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងសោយបាយាសទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេតាក់តែងហើយ។ លំដាប់នោះ ព្រះមានយសធំ នឹងធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះសម្ពុទ្ធអង្គនេះ នឹងមានព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើនូវព្រះជិនស្រីអង្គនោះ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹង របស់ព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះជន្មាយុព្រះគោតមមានយសនោះ មានកំណត់ ១០០ ឆ្នាំ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់នូវព្រះបន្ទូលនេះ នៃព្រះមហេសី មិនមានបុគ្គលស្មើ ក៏មានចិត្តត្រេកអរថា មាណពនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ មនុស្ស និងទាំងទេវតាទាំងមួយម៉ឺនលោកធាតុ ក៏ទះដៃសើចក្អាកក្អាយ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងនឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់នៅទីចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាងណា។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ ក្នុងកាលជាអនាគត គង់បានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ តថាគតបានស្តាប់ព្រះបន្ទូលនៃព្រះសម្ពុទ្ធអង្គនេះហើយ បានញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែង បានអធិដ្ឋានវត្តដ៏លើសលុប ដោយការបំពេញនូវបារមី ១០។ តថាគត បានរៀននូវព្រះសូត្រ ព្រះវិន័យ និងសត្ថុសាសនៈ ដែលមានអង្គ ៩ ទាំងអស់ ហើយញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យល្អរុងរឿង។ តថាគតជាអ្នកមិនប្រមាទក្នុងសាសនានោះ កាលតថាគតនៅក្នុងទីអង្គុយ ទីឈរ និងទីដើរ ក៏បានដល់អភិញ្ញាបារមី ហើយទៅកើតក្នុងព្រហ្មលោក។ ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ ជាមហេសី មានព្រះនគរឈ្មោះសុទស្សនៈ ព្រះមហាក្សត្រ ព្រះនាមសុទត្តៈ ជាព្រះបិតា ព្រះមាតាបង្កើត ព្រះនាមសុទត្តា។ ព្រះសុមេធសម្ពុទ្ធនោះ ទ្រង់នៅគ្រប់គ្រងផ្ទះ អស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ ខ្នង គឺសុចន្ទប្រាសាទ ១ កញ្ចនប្រាសាទ ១ សិរិវឌ្ឍប្រាសាទ ១។ មាននារី ប្រមាណ ១៦ ពាន់រូប សុទ្ធសឹងតែតាក់តែងល្អហើយ ឯនារីដែលជាអគ្គមហេសីនោះ ព្រះនាមសុមនា ព្រះរាជបុត្រ ព្រះនាមបុនព្វៈ។ ព្រះជិនស្រី ទ្រង់ឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅដោយហត្ថិយាន ទ្រង់តម្កល់ព្យាយាមអស់ ៨ ខែគត់។ ព្រះលោកនាយក ព្រះនាមសុមេធៈ ជាមហាវីរៈ ត្រូវព្រហ្មអារាធនាហើយ ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរឈ្មោះសុទស្សនៈ។ ភិក្ខុឈ្មោះសរណៈ ១ ឈ្មោះសព្វកាមៈ ១ ជាអគ្គសាវ័ករបស់ព្រះសុមេធៈ ដែលទ្រង់ស្វែងរកនូវគុណដ៏ធំអង្គនោះ ភិក្ខុជាឧបដ្ឋាកឈ្មោះ សាគរៈ។ ភិក្ខុនីឈ្មោះរាមា ១ ឈ្មោះសុរាមា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ ហៅថានិម្ពព្រឹក្ស (ដើមស្តៅ)។ ឧបាសកឈ្មោះឧរុវេលៈ ១ ឈ្មោះយសវៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះយសា ១ ឈ្មោះសិរិវា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី ទ្រង់មានកំពស់ ៨៨ ហត្ថក្រពុំ ទ្រង់ញ៉ាំងទិសទាំងពួងឲ្យភ្លឺ ដូចព្រះចន្ទ្ររុងរឿងកន្លងពួកផ្កាយ។ កែវមណីរបស់ស្តេចចក្រពត្តិ ភ្លឺរុងរឿងអស់ទីប្រមាណ ១ យោជន៍ យ៉ាងណា រតនៈ គឺពន្លឺនៃព្រះមានព្រះភាគនោះ តែងផ្សាយទៅកាន់ទីប្រមាណ ១ យោជន៍ ដោយជុំវិញ ក៏យ៉ាងនោះដែរ។ ព្រះជន្មាយុមានកំណត់ ៩ ម៉ឺនឆ្នាំគត់ ព្រះសុមេធៈអង្គនោះ កាលទ្រង់ព្រះជន្មាយុនៅដរាបនោះ តែងញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លងចាកសង្សារ។ ព្រះសាសនានេះ កុះករដោយពួកព្រះអរហន្ត ដែលមានវិជ្ជា ៣ និងអភិញ្ញា ៦ ដល់នូវកម្លាំង ជាតាទិបុគ្គល។ ព្រះអរហន្តទាំងពួងនោះ សឹងតែមានយសរាប់មិនបាន សុទ្ធតែរួចផុតហើយ មិនមានឧបធិទាំងអស់ ព្រះអរហន្តទាំងនោះ មានយសធំ បានសម្តែងនូវពន្លឺ គឺព្រះញាណ ហើយបរិនិព្វានទៅ។ ព្រះពុទ្ធ ព្រះនាមសុមេធៈ ជាព្រះជិនស្រីប្រសើរ ទ្រង់និព្វាន ក្នុងមេធារាម ព្រះធាតុផ្សាយទៅក្នុងប្រទេសទាំងឡាយនោះៗ។

ចប់ សុមេធពុទ្ធវង្ស ទី១១។

សុជាតពុទ្ធវង្ស ទី១២ (១៤)

(១៤. សុជាតពុទ្ធវំសោ)

[១៣] ក្នុងមណ្ឌកប្បនោះឯង មានព្រះសម្មាសម្ពុទ្ធជានាយក ព្រះនាមសុជាតៈ ទ្រង់មានព្រះហនុកា ដូចជាចង្កានៃរាជសីហៈ ទ្រង់មានព្រះសុរង ដូចជាកនៃគោឧសភៈ ទ្រង់មានព្រះគុណប្រមាណមិនបាន គេគ្របសង្កត់មិនបាន។ ព្រះសម្ពុទ្ធដ៏បរិសុទ្ធ ប្រាសចាកមន្ទិល ដូចជាព្រះចន្ទ្រ មានតេជះដូចជាព្រះអាទិត្យ ភ្លឺរុងរឿងដោយព្រះសិរីសព្វៗកាល យ៉ាងនេះ។ ព្រះសម្ពុទ្ធ ទ្រង់ដល់នូវពោធិញ្ញាណ ដ៏ប្រសើរសព្វគ្រប់ហើយ ទ្រង់ញ៉ាំងព្រះធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងព្រះនគរឈ្មោះសុមង្គលៈ។ កាលព្រះលោកនាយក ព្រះនាមសុជាតៈ ទ្រង់សម្តែងនូវធម៌ដ៏ប្រសើរ សត្វទាំងឡាយចំនួនប្រមាណ ៨០ កោដិ បានសម្រេចមគ្គផល ក្នុងព្រះធម្មទេសនាជាដំបូង។ កាលណា ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ទ្រង់មានយសរាប់មិនបាន ស្តេចចូលទៅកាន់ព្រះវស្សា ក្នុងទេវលោក កាលនោះ ការត្រាស់ដឹងនូវធម៌លើកទី ២ មានពួកសត្វ ៣៧ សែន។ កាលណា ព្រះពុទ្ធ ព្រះនាមសុជាតៈ រកបុគ្គលស្មើគ្មាន ស្តេចចូលទៅកាន់សំណាក់ព្រះរាជបិតា កាលនោះ ការត្រាស់ដឹងនូវធម៌ទី ៣ មានពួកសត្វ ៦០ សែន។ ព្រះសុជាតមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ ជាតាទិបុគ្គល ជាអ្នកដល់នូវអភិញ្ញា និងពលៈ ជាអ្នកមិនដល់ (នូវការកើត) ក្នុងភពតូច និងភពធំ គឺព្រះអរហន្តទាំងនោះ ប្រមាណ ៦០ សែន បានមកប្រជុំ ជាសន្និបាតលើកដំបូង។ តមកទៀត ការប្រជុំក្នុងកាលដែលព្រះជិនស្រី ទ្រង់ចុះចាកទេវលោក នេះជាសន្និបាតលើកទី ២ មានព្រះខីណាស្រពចំនួន ៥០ សែន។ អគ្គសាវ័កណា របស់ព្រះពុទ្ធ ព្រះនាមសុជាតៈនោះ បានចូលទៅគាល់ព្រះសម្ពុទ្ធដ៏ប្រសើរជាងនរៈ អគ្គសាវ័កនោះ បានចូលទៅគាល់ព្រះសម្ពុទ្ធ មួយអន្លើដោយភិក្ខុប្រមាណ ៤ សែនរូប (នេះជាសន្និបាតលើកទី ៣)។ សម័យនោះ តថាគតជាស្តេចចក្រពត្តិ មានកម្លាំងច្រើន ជាធំក្នុងទ្វីបទាំង ៤ អាចហោះទៅក្នុងអាកាសបាន។ តថាគត បានថ្វាយនូវរាជសម្បត្តិជាច្រើន ក្នុងទ្វីបទាំង ៤ នូវកែវដ៏ឧត្តមទាំង ៧ ប្រការ ចំពោះព្រះពុទ្ធ ហើយបួសក្នុងសំណាក់នៃព្រះសម្ពុទ្ធអង្គនោះ។ អារាមិកជនទាំងឡាយ ក្នុងជនបទ បានប្រមូលមកនូវសួយសាអាករជាបច្ច័យ ទីដេក ទីអង្គុយ ហើយនាំចូលទៅថ្វាយដល់ភិក្ខុសង្ឃ។ កាលនោះ ព្រះសុជាតសម្ពុទ្ធនោះ ទ្រង់ព្យាករតថាគតថា ក្នុងទីបំផុតនៃកប្ប ៣០ ពាន់ ស្តេចចក្រពត្តិអង្គនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ជាធំក្នុងមួយម៉ឺនលោកធាតុ។ សត្វនេះ នឹងស្តេចចេញចាកក្រុងកបិលពស្តុ ជាទីរីករាយ ហើយតម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយនៅទៀបគល់អជបាលព្រឹក្ស ទទួលនូវបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងសោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេតាក់តែង។ លំដាប់នោះ ព្រះមានយសធំ ធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះសម្ពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើនូវព្រះជិនស្រីអង្គនេះ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹង របស់ព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ឈ្មោះហត្ថាឡវកគហបតី ១ ជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ ជាអគ្គឧបដ្ឋាយិកា មានព្រះជន្មាយុនៃព្រះគោតមដ៏ទ្រង់យសអង្គនោះ មានកំណត់ ១០០ ឆ្នាំ។ មនុស្ស និងទេវតាទាំងឡាយ លុះបានស្តាប់ព្រះបន្ទូលនេះ នៃព្រះពុទ្ធរកបុគ្គលស្មើគ្មាន ទ្រង់ស្វែងរកនូវគុណដ៏ធំ ហើយត្រេកអរថា ស្តេចចក្រពត្តិអង្គនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ ក៏ទះដៃសើចក្អាកក្អាយ ធ្វើអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងទាំងអស់គ្នា គង់បានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះពុំខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ក្នុងទីចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាងណា ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ ក្នុងកាលជាអនាគត គង់នឹងបានសម្រេច ក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ តថាគតបានស្តាប់នូវព្រះបន្ទូលនៃព្រះពុទ្ធនោះហើយ បានញ៉ាំងសេចក្តីរីករាយឲ្យកើតដោយក្រៃលែង ហើយបានអធិដ្ឋាននូវវត្តដ៏លើសលុប ដោយការបំពេញនូវបារមីទាំង ១០។ តថាគតបានរៀននូវព្រះសូត្រផង ព្រះវិន័យផង សត្ថុសាសនាដែលមានអង្គ ៩ ទាំងអស់ផង ហើយបានញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យល្អរុងរឿង។ កាលតថាគត នៅក្នុងសាសនានោះ ជាអ្នកមិនមានប្រមាទ បានចំរើននូវភាវនាដ៏ប្រសើរ ហើយបានដល់នូវបារមីក្នុងអភិញ្ញាទាំងឡាយ ហើយទៅកើតក្នុងព្រហ្មលោក។ ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានព្រះនគរឈ្មោះសុមង្គលៈ ព្រះមហាក្សត្រ ព្រះនាមឧគ្គតៈ ជាព្រះបិតា ព្រះមាតាព្រះនាមបភាវតី។ ព្រះសុជាតសម្ពុទ្ធនោះ ទ្រង់នៅគ្រប់គ្រងផ្ទះអស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ (របស់ព្រះពុទ្ធនោះ) មាន ៣ ខ្នង គឺសិរិប្រាសាទ ១ ឧបសិរិប្រាសាទ ១ ចន្ទប្រាសាទ ១។ មាននារីប្រមាណ ២ ម៉ឺន ៣ ពាន់នាក់ សុទ្ធសឹងតែតាក់តែងល្អហើយ ឯនារីដែលជាអគ្គមហេសី ព្រះនាមសិរិនន្ទា ព្រះរាជបុត្រ ព្រះនាមឧបសេនៈ។ ព្រះជិនស្រី ទ្រង់ឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅដោយយានសេះ តម្កល់នូវព្យាយាមអស់ ៩ ខែគត់។ ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ជាលោកនាយក ជាមហាវីរៈ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ប្រសើរ ឈ្មោះសុមង្គលៈ។ ភិក្ខុឈ្មោះសុទស្សនៈ ១ ឈ្មោះសុទេវៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះនារទៈ ជាឧបដ្ឋាកនៃព្រះពុទ្ធ ព្រះនាមសុជាតៈ ទ្រង់ស្វែងរកគុណធំ។ ភិក្ខុនីឈ្មោះ នាគា ១ ឈ្មោះនាគសមានា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ ហៅថាមហាវេឡុព្រឹក្ស (ដើមឫស្សីធំ)។ ឫស្សីនោះ មានដើមតាន់ មិនមានប្រហោង មានស្លឹកច្រើន ជាឫស្សីមានដើមត្រង់ មានដើមធំ គួររមិលមើល ជាទីរីករាយនៃចិត្ត។ ជាឫស្សីតែមួយដើម លូតលាស់ឡើងហើយ ឯមែកក៏បែកចេញអំពីដើមនោះជា ៥ មែក ឫស្សីនោះ ជាឈើល្អដូចជាបាច់នៃកន្ទុយក្ងោក ដែលគេចងល្អហើយដូច្នោះ។ ឫស្សីនោះ ជាឫស្សីឥតបន្លា ឥតប្រហោង មានមែកត្រសុំត្រសាយ ដេរដាសដោយមែក មានម្លប់ត្រឈៃ ជាទីរីករាយនៃចិត្ត។ ឧបាសកឈ្មោះសុទត្តៈ ១ ឈ្មោះចិត្តៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនាងសុភទ្ទ្រា ១ នាងបទុមា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះជិនស្រីអង្គនោះ មានកំពស់ ៥០ ហត្ថក្រពុំ ទ្រង់ប្រកបដោយអាការៈប្រសើរគ្រប់យ៉ាង ទ្រង់ប្រកបដោយគុណទាំងពួង។ រស្មីនៃព្រះសម្ពុទ្ធអង្គនោះ ស្មើដោយរស្មីនៃព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ តែងផ្សាយចេញទៅក្នុងទីជុំវិញ ព្រះសម្ពុទ្ធនោះ មានព្រះគុណប្រមាណមិនបាន មានព្រះគុណថ្លឹងមិនបាន មិនមានឧបមាដោយសេចក្តីឧបមាទាំងឡាយឡើយ។ ព្រះជន្មាយុមានកំណត់ ៩០ ពាន់ឆ្នាំគត់ ព្រះពុទ្ធអង្គនោះ កាលគង់ព្រះជន្មាយុនៅដរាបនោះ តែងញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លង (ចាកសង្សារ)។ ក្នុងកាលនោះ សាសនារបស់ព្រះពុទ្ធនោះ ដ៏វិចិត្រដោយព្រះអរហន្តទាំងឡាយ ដូចជារលកក្នុងសាគរ ឬដូចជាផ្កាយក្នុងអាកាស។ សាសនានេះ កុះករដោយព្រះអរហន្តទាំងឡាយ ដែលមានវិជ្ជា ៣ និងអភិញ្ញា ៦ លោកដល់នូវកម្លាំង ជាតាទិបុគ្គល។ ព្រះសម្ពុទ្ធនោះ ស្មើដោយព្រះពុទ្ធ រកបុគ្គលស្មើគ្មាន គុណទាំងឡាយនោះ ជាគុណថ្លឹងពុំបាន ធម្មជាតទាំងពួង ក៏អន្តរធានអស់ ឱហ្ន៎! សង្ខារទាំងពួងជារបស់សោះសូន្យទទេ។ ព្រះសម្ពុទ្ធ ព្រះនាមសុជាតៈ ជាព្រះជិនស្រីដ៏ប្រសើរ បរិនិព្វានក្នុងសេលារាម ព្រះចេតិយរបស់ព្រះសាស្តា មានកំពស់ ៣ គាវុត (ដែលគេសាង) ក្នុងសេលារាមនោះ។

ចប់ សុជាតពុទ្ធវង្ស ទី១២។

បិយទស្សិពុទ្ធវង្ស ទី១៣ (១៥)

(១៥. បិយទស្សីពុទ្ធវំសោ)

[១៤] ក្នុងកាលជាខាងក្រោយ នៃព្រះសម្ពុទ្ធព្រះនាមសុជាតៈមក មានព្រះពុទ្ធទ្រង់ព្រះនាមបិយទស្សី ជាសយម្ភូ ជាលោកនាយក ទ្រង់មានយសច្រើន គេគ្របសង្កត់បានដោយក្រ ព្រះអង្គស្មើដោយព្រះពុទ្ធ ដែលឥតមានបុគ្គលស្មើ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់មានយសប្រមាណមិនបាន ទ្រង់រុងរឿងដូចជាព្រះអាទិត្យ ទ្រង់កំចាត់បង់នូវងងឹតទាំងពួង ទ្រង់ញ៉ាំងធម្មចក្រទាំងពួង ឲ្យប្រព្រឹត្តទៅ។ ព្រះពុទ្ធនោះ មានតេជះថ្លឹងមិនបាន មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងទី ១ មានពួកសត្វមួយសែនកោដិ។ ទេវរាជព្រះនាមសុទស្សនៈ គាប់ព្រះទ័យនឹងមច្ឆាទិដ្ឋិ ព្រះសាស្តា កាលទ្រង់បន្ទោបង់នូវទិដ្ឋិ នៃសុទស្សនទេវរាជនោះ ទ្រង់បានសម្តែងធម៌។ ក្នុងកាលនោះ ការប្រជុំជនច្រើនថ្លឹងមិនបាន ជាការប្រជុំធំ ឈ្មោះថាត្រាស់ដឹងទី ២ មានពួកសត្វ ៩ ពាន់កោដិ។ ក្នុងកាលណា ព្រះពុទ្ធព្រះអង្គជាសារថី ទូន្មាននូវនរៈ ទ្រង់ទូន្មានដំរី ឈ្មោះទោណមុខៈ ក្នុងកាលនោះ ឈ្មោះថាត្រាស់ដឹងទី ៣ មានពួកសត្វ ៨០កោដិ។ ព្រះបិយទស្សីអង្គនោះ មានសាវកសន្និបាត ៣ លើក គឺសន្និបាតលើកទី ១ មានពួកព្រះអរហន្តមួយសែនកោដិ។ តពីនោះមក ព្រះខីណាស្រពទាំងឡាយ ជាអ្នកប្រាជ្ញ ចំនួន ៩០ កោដិ បានមកប្រជុំព្រមក្នុងទីជាមួយគ្នា នេះជាសន្និបាតលើកទី ២ ក្នុងសន្និបាតលើកទី ៣ មានព្រះខីណាស្រព ៨០ កោដិ។ សម័យនោះ តថាគតកើតជាមាណព ឈ្មោះកស្សបៈ ជាអ្នកស្វាធ្យាយមន្ត ចងចាំមន្ត ដល់នូវត្រើយនៃត្រៃវេទ។ តថាគតបានស្តាប់ធម៌របស់ព្រះពុទ្ធ ព្រះនាមបិយទស្សីនោះ ហើយបានញ៉ាំងសេចក្តីជ្រះថ្លាឲ្យកើតឡើង តថាគតបានសាងនូវសង្ឃារាម ដោយទ្រព្យប្រមាណមួយសែនកោដិ។ តថាគត បានថ្វាយអារាម ដល់ព្រះពុទ្ធអង្គនោះ ហើយមានចិត្តរីករាយ មានចិត្តសង្វេគ បានសមាទានសរណគមន៍ និងសីល ៥ ធ្វើឲ្យមាំមួន។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់ក្នុងកណ្តាលសង្ឃហើយ ទ្រង់ព្យាករតថាគតថា មាណពនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងកប្បទី ១.៨០០។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីរីករាយ ទៅតម្កល់ការព្យាយាម ហើយធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយទ្រង់ចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងទ្រង់សោយនូវបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចចូលទៅទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេតាក់តែងហើយ។ លំដាប់នោះ ព្រះមានយសធំ នឹងធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតនៃព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះពុទ្ធអង្គនេះ ព្រះនាមគោតម។ ភិក្ខុឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអគ្គសាវ័ក ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនោះ។ នាងខេមា ១ នាងឧប្បលវណ្ណា ១ ជាអគ្គសាវិកា ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ។ ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ឈ្មោះហត្ថាឡវកគហបតី ១ ជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ ជាអគ្គឧបដ្ឋាយិកា ព្រះជន្មាយុនៃព្រះគោតមមានយសអង្គនោះ មានកំណត់ ១០០ ឆ្នាំ។ ទេវតា និងមនុស្សទាំងឡាយ លុះបានស្តាប់នូវព្រះបន្ទូលនេះ នៃព្រះមហេសី រកបុគ្គលស្មើគ្មាន ក៏ត្រេកអរថា មាណពនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ មនុស្ស និងទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ ក៏ទះដៃសើចក្អាកក្អាយ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផលក្នុងសាសនានៃព្រះលោកនាថអង្គនេះ ក្នុងកាលជាអនាគត ពួកយើងគង់បានសម្រេចមគ្គផល ចំពោះព្រះភក្ត្រនៃព្រះគោតមនេះមិនខាន។ មនុស្សទាំងឡាយ កាលនឹងឆ្លងស្ទឹង បើឃ្វាងនូវកំពង់ក្នុងទីចំពោះមុខហើយ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាងណា។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះហើយ ក្នុងកាលជាអនាគត ពួកយើងនឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក៏យ៉ាងនោះដែរ។ លុះតថាគត បានស្តាប់ព្រះបន្ទូលនៃព្រះពុទ្ធអង្គនេះហើយ បានញ៉ាំងចិត្តឲ្យជ្រះថ្លាដោយក្រៃលែង ហើយអធិដ្ឋានវត្តដ៏លើសលុប ដោយការបំពេញនូវបារមីទាំង ១០។ ព្រះសាស្តា ព្រះនាមបិយទស្សី មានព្រះនគរឈ្មោះសុធញ្ញៈ មានព្រះមហាក្សត្រ ព្រះនាមសុទត្តៈ ជាព្រះបិតា មានព្រះមាតាព្រះនាមសុចន្ទា។ ព្រះពុទ្ធអង្គនោះ ទ្រង់នៅគ្រប់គ្រងផ្ទះអស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ ខ្នង គឺសុនិម្មលប្រាសាទ ១ វិមលប្រាសាទ ១ គិរិគូហាប្រាសាទ ១។ មាននារីប្រមាណ ៣៣ ពាន់នាក់ សុទ្ធសឹងតែតាក់តែងល្អ ឯនារីដែលជាអគ្គមហេសីនោះ ព្រះនាមនាងវិមលា ព្រះរាជបុត្របង្កើត ព្រះនាមកញ្ចនាវេឡៈ។ ព្រះជិនស្រី ជាបុរសប្រសើរ ទ្រង់ឃើញនូវនិមិត្ត ៤ យ៉ាង ហើយស្តេចចេញទៅដោយយានគឺរថ ហើយទ្រង់ប្រព្រឹត្តនូវសេចក្តីព្យាយាម អស់ ៦ ខែគត់។ ព្រះមហាមុនី ព្រះនាមបិយទស្សី ជាព្រះមហាវីរបុរស ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧសភឧទ្យាន ជាទីរីករាយនៃចិត្ត។ ភិក្ខុឈ្មោះបាលិតៈ ១ ឈ្មោះសព្វទស្សី ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសោភិតៈ ជាឧបដ្ឋាកនៃព្រះសាស្តា ព្រះនាមបិយទស្សី។ ភិក្ខុនីឈ្មោះ សុជាតា ១ ឈ្មោះធម្មទិន្នា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ គេហៅថាកកុធព្រឹក្ស(ដើមថ្ងាន់)។ ឧបាសកឈ្មោះសន្ទកៈ ១ ធម្មិកៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនាងវិសាខា ១ ឈ្មោះនាងធម្មទិន្នា ១ ជាអគ្គឧបដ្ឋាយិកា ព្រះពុទ្ធអង្គនោះ ទ្រង់មានយសរាប់មិនបាន មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ មានកម្ពស់ ៨០ ហត្ថ ទ្រង់ប្រាកដដូចជាស្តេចនៃឈើឈ្មោះសាលព្រឹក្ស។ រស្មីនៃភ្លើង រស្មីនៃព្រះចន្ទ្រ និងរស្មីនៃព្រះអាទិត្យ ប្រាកដដូចជារស្មីនៃព្រះពុទ្ធមហេសី ដែលរកបុគ្គលស្មើគ្មាននោះ មិនមានឡើយ។ ព្រះសម្ពុទ្ធ ជាទេវតាដ៏ប្រសើរអង្គនោះ មានព្រះជន្មាយុនៅដរាបនោះ គឺព្រះចក្ខុសម្ពុទ្ធ ទ្រង់ឋិតនៅក្នុងលោក អស់ ៩០ ពាន់ឆ្នាំ។ ព្រះពុទ្ធដែលមិនមានបុគ្គលស្មើអង្គនោះក្តី គូនៃសាវ័កទាំងអម្បាលនោះក្តី មានគុណថ្លឹងពុំបាន របស់ទាំងអស់នោះ អន្តរធានទៅ ឱហ្ន៎! សង្ខារទាំងពួង ជារបស់សោះសូន្យទទេ។ ព្រះពុទ្ធ ព្រះនាមបិយទស្សី ជាព្រះមុនីប្រសើរ ទ្រង់បរិនិព្វានក្នុងអស្សត្ថារាម ព្រះស្តូបនៃព្រះជិនស្រីអង្គនោះ មានកំពស់ ៣ យោជន៍ (គេបានសាងហើយ) ក្នុងអស្សត្ថារាម នោះ។

ចប់ បិយទស្សិពុទ្ធវង្ស ទី១៣។

អត្ថទស្សិពុទ្ធវង្ស ទី១៤ (១៦)

(១៦. អត្ថទស្សីពុទ្ធវំសោ)

[១៥] ក្នុងមណ្ឌកប្បនោះឯង មានព្រះពុទ្ធ ព្រះនាមអត្ថទស្សី មានយសធំ ទ្រង់កំចាត់បង់ងងឹតធំ សម្រេចសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រះសម្ពុទ្ធ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ហើយញ៉ាំងមនុស្ស និងទេវតា ទាំងមួយម៉ឺនលោកធាតុ ឲ្យឆ្អែតដោយទឹកអម្រឹត។ ព្រះលោកនាថអង្គនោះ មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងលើកទី ១ មានពួកសត្វចំនួនមួយសែនកោដិ។ ការត្រាស់ដឹងលើកទី ២ មានពួកសត្វចំនួនមួយសែនកោដិ ក្នុងកាលដែលព្រះពុទ្ធ ទ្រង់ព្រះនាមអត្ថទស្សី ទ្រង់ត្រាច់ទៅកាន់ទេវចារិក។ តមក ការត្រាស់ដឹងលើកទី ៣ មានពួកសត្វចំនួនមួយសែនកោដិ ក្នុងកាលដែលព្រះពុទ្ធជាម្ចាស់ ទ្រង់សម្តែងព្រះធម៌ ក្នុងសំណាក់ព្រះបិតា។ ព្រះមហេសីអង្គនោះ មានសាវកសន្និបាត (ការជួបជុំសាវ័ក) ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានព្រះទ័យស្ងប់ ប្រកបដោយតាទិគុណ គឺសន្និបាតលើកទី ១ មានពួកព្រះខីណាស្រព ចំនួន ៩៨ ពាន់អង្គ សន្និបាតលើកទី ២ មានពួកព្រះខីណាស្រព ចំនួន ៨៨ ពាន់អង្គ។ សន្និបាតលើក ៣ មានពួកព្រះខីណាស្រព ចំនួន ៧៨ ពាន់អង្គ សុទ្ធតែមានព្រះទ័យផុតស្រឡះ ឥតប្រកាន់ ប្រាសចាកមន្ទិល ជាអ្នកស្វែងរកគុណដ៏ធំ។ ក្នុងសម័យនោះ តថាគតកើតជាជដិល ឈ្មោះសុសិមៈ មានតបៈដ៏ខ្ពង់ខ្ពស់ ដែលគេសន្មតថា ជាបុគ្គលប្រសើរលើផែនដី។ តថាគតបាននាំយកផ្កាមន្ទារវបុស្ស ផ្កាឈូក និងផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ អំពីទេវលោក មកបូជាចំពោះព្រះសម្ពុទ្ធ។ ឯព្រះពុទ្ធជាមហាមុនី ព្រះនាមអត្ថទស្សីអង្គនោះ ទ្រង់បានព្យាករតថាគតថា តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងកប្បទី ១.៨០០។ សត្វនេះ នឹងចេញអំពីបុរីជាទីរីករាយ ឈ្មោះកបិលពស្តុ តម្កល់ព្យាយាម ហើយធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលមធុបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ នឹងសោយមធុបាយាសទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅទៀបគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះមានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌល ហើយត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ទៀបគល់អស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះពោធិសត្វនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ បុរសនេះ នឹងជាព្រះពុទ្ធព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ព្រះខេមាថេរី ១ ព្រះឧប្បលវណ្ណាថេរី ១ នឹងជាអគ្គសាវិកា ជាអ្នកមិនមានអាសវៈ អស់រាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស គហបតីឈ្មោះចិត្តៈ ១ គហបតីឈ្មោះហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ ទ្រង់មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសី ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើហើយ ក៏រីករាយថា បុរសនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើយើងនឹងឃ្វាងមគ្គផលក្នុងសាសនានៃព្រះលោកនាថអង្គនេះ ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខហើយ គង់នឹងទៅកាន់កំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ ក៏គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ក្នុងកាលជាអនាគត យ៉ាងនោះដែរ។ លុះតថាគតបានស្តាប់ភាសិតនៃព្រះលោកនាថអង្គនោះហើយ ក៏មានចិត្តត្រេកអរ មានចិត្តតក់ស្លុត ខំអធិដ្ឋានវត្តតទៅទៀត ដើម្បីបំពេញបារមី ១០ ប្រការ។ ព្រះមហេសី ព្រះនាមអត្ថទស្សី មានទីក្រុងឈ្មោះសោភណៈ មានព្រះមហាក្សត្រ ព្រះនាមសាគរៈ (ជាព្រះបិតា) មានព្រះជននី ព្រះនាមសុទស្សនា។ ព្រះអត្ថទស្សីអង្គនោះ ទ្រង់គ្រងគេហដ្ឋាន អស់ ៩ ០០០ឆ្នាំ មានប្រាសាទប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះអមរគិ ១ ប្រាសាទឈ្មោះសុរគិ ១ ប្រាសាទឈ្មោះគិរិពាហនៈ ១។ នារី ៣៣ ០០០ រូប សឹងប្រដាប់យ៉ាងសមសួន ព្រះនារី (ជាអគ្គមហេសី) នោះ ព្រះនាមវិសាខា ព្រះរាជបុត្រ ព្រះនាមសេលៈ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្ត ៤ យ៉ាង ហើយទ្រង់ស្តេចចេញទៅដោយយានសេះ តំកល់ព្យាយាម អស់ ៨ ខែគត់។ ព្រះអត្ថទស្សីមានយសធំ មានព្យាយាមធំ ឧត្តមជាងជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងឧទ្យានដ៏ថ្លៃថ្លា។ ព្រះមហេសី ព្រះនាមអត្ថទស្សី មានអគ្គសាវ័ក ២ អង្គ គឺព្រះសន្តៈ ១ ព្រះឧបសន្តៈ ១ មានភិក្ខុជាឧបដ្ឋាក ឈ្មោះអភយៈ។ មានព្រះថេរីឈ្មោះធម្មា ១ សុធម្មា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ គេហៅថា ចម្បកព្រឹក្ស។ ឧបាសកឈ្មោះនកុឡៈ ១ ឈ្មោះនិសភៈ ១ ជាអគ្គឧបដ្ឋាក នាងមកិលា ១ នាងសុនន្ទា ១ ជាអគ្គឧបដ្ឋាយិកា។ ឯព្រះពុទ្ធអង្គនោះ ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ មានកំពស់ ៨០ ហត្ថ ទ្រង់រុងរឿងហាក់ដូចដើមសាលរាជព្រឹក្ស ឬដូចព្រះចន្ទ្រពេញវង់។ រស្មីជាប្រក្រតីនៃព្រះពុទ្ធអង្គនោះ ច្រើនរយកោដិ តែងផ្សាយទៅកាន់ទិសទាំង ១០ ទាំងខាងលើ ទាំងខាងក្រោម ចម្ងាយមួយយោជន៍ សព្វៗកាល។ ម៉្យាងទៀត ព្រះពុទ្ធអង្គនោះ ប្រសើរជាងជន ខ្ពង់ខ្ពស់ជាងសត្វទាំងពួង ជាអ្នកប្រាជ្ញ មានបញ្ញាចក្ខុ ឋិតនៅក្នុងមនុស្សលោកអស់មួយសែនឆ្នាំ។ ព្រះពុទ្ធនោះ ទ្រង់សម្តែងពន្លឺថ្លឹងពុំបាន ញ៉ាំងមនុស្សលោក ព្រមទាំងទេវលោកឲ្យរុងរឿង ហើយទ្រង់ដល់នូវអនិច្ចតាធម៌ ដូចជាភ្លើងអស់កំញម។ ព្រះអត្ថទស្សីជិនស្រីដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងអនោមារាម មានការសាយភាយទៅនៃព្រះធាតុ ក្នុងប្រទេសទាំងឡាយនោះៗ។

ចប់ អត្ថទស្សិពុទ្ធវង្ស ទី១៤។

ធម្មទស្សីពុទ្ធវង្ស ទី១៥ (១៧)

(១៧. ធម្មទស្សីពុទ្ធវំសោ)

[១៦] ក្នុងមណ្ឌកប្បនោះឯង មានព្រះពុទ្ធព្រះនាមធម្មទស្សី មានយសធំ ទ្រង់កំចាត់បង់ងងឹតអន្ធការ ហើយញ៉ាំងមនុស្សលោក ព្រមទាំងទេវលោក ឲ្យរុងរឿង។ ការត្រាស់ដឹងលើកទី ១ មានពួកសត្វមួយសែនកោដិ ក្នុងការញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅនៃព្រះធម្មទស្សីនោះ ទ្រង់មានតេជះថ្លឹងពុំបាន។ ការត្រាស់ដឹងលើកទី ២ មានសត្វចំនួន ៩០ កោដិ ក្នុងកាលដែលព្រះពុទ្ធព្រះនាមធម្មទស្សី ទ្រង់ទូន្មានឥសី ឈ្មោះសញ្ជយៈ។ ការត្រាស់ដឹងលើកទី ៣ មានសត្វចំនួន ៨០ កោដិ ក្នុងកាលដែលសក្កទេវរាជ ព្រមទាំងបរិស័ទ ចូលទៅគាល់ព្រះធម្មទស្សី ទ្រង់ជានាយក។ ព្រះធម្មទស្សីនោះ ជាទេវតាក្រៃលែងជាងទេវតា មានសាវកសន្និបាត ៣ លើក សុទ្ធតែជាព្រះខីណាស្រព មានមន្ទិលទៅប្រាសហើយ មានព្រះទ័យស្ងប់ ប្រកបដោយតាទិគុណ។ សន្និបាតលើកទី ១ មានព្រះខីណាស្រពមួយពាន់កោដិ ក្នុងវេលាដែលព្រះពុទ្ធ ព្រះនាមធម្មទស្សី ទ្រង់ចូលទៅកាន់វស្សា ក្នុងអារាមឈ្មោះសរណៈ។ សន្និបាតលើកទី ២ មានព្រះខីណាស្រពចំនួន ១០០ កោដិ ក្នុងវេលាដែលព្រះពុទ្ធជាម្ចាស់ ស្តេចចុះចាកទេវលោក មកកាន់មនុស្សលោក។ មួយទៀត សន្និបាតលើកទី ៣ មានព្រះខីណាស្រព ចំនួន ៨០ កោដិ ក្នុងវេលាដែលព្រះពុទ្ធ ទ្រង់ប្រកាសនូវធុតង្គគុណទាំងឡាយ។ ក្នុងសម័យនោះ តថាគតកើតជាព្រះឥន្ទ្រ ឈ្មោះបុរិន្ទទៈ បានបូជាព្រះពុទ្ធជាម្ចាស់ ដោយគ្រឿងក្រអូប ផ្កាកម្រង និងតូរ្យតន្ត្រីទិព្វ។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់ចំកណ្តាលពួកទេវតា ហើយព្យាករតថាគតថា ក្នុងកប្បទី ១.៨០០ ទេវរាជនេះ នឹងបានត្រាស់ដឹងជាព្រះពុទ្ធ។ សត្វនេះ នឹងចេញពីបុរី ជាទីគួរត្រេកអរ ឈ្មោះកបិលពស្តុ ទៅតំកល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅឯស្ទឹងនេរញ្ជរា។ ព្រះពុទ្ធជិនស្រីអង្គនោះ បានឆាន់បាយាសទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ នឹងត្រឡប់ទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះជិនស្រីមានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌៈដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះតថាគតនេះ ព្រះនាមមាយាទេវី ព្រះបិតាព្រះនាមសុទ្ធោទនៈ ទេវរាជនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក ជាអ្នកមិនមានអាសវៈ មានរាគៈអស់ហើយ មានចិត្តស្ងប់រម្ងាប់ មានចិត្តតំកល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ព្រះខេមាថេរី ១ ព្រះឧប្បលវណ្ណាថេរី ១ នឹងជាអគ្គសាវិកា ជាអ្នកមិនមានអាសវៈ មានរាគៈអស់ហើយ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ឈ្មោះហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើ ក៏រីករាយថា ព្រះឥន្ទនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផលក្នុងសាសនា នៃព្រះលោកនាថអង្គនេះ ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្ស កាលនឹងឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតម ក្នុងកាលជាអនាគតមិនខាន យ៉ាងនោះឯង។ តថាគត លុះបានស្តាប់ភាសិតនៃព្រះជិនស្រីអង្គនោះហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លាក្រៃលែង បានអធិដ្ឋានវត្តតទៅ ដើម្បីបំពេញបារមីទាំង ១០។ ព្រះសាស្តា ព្រះនាមធម្មទស្សី មានទីក្រុងឈ្មោះសរណៈ មានព្រះមហាក្សត្រ ព្រះនាមសរណៈ ជាព្រះបិតា មានព្រះជននី ព្រះនាមសុនន្ទា។ ព្រះធម្មទស្សីអង្គនោះ ទ្រង់គ្រប់គ្រងគេហដ្ឋាន អស់ ៨ ពាន់ឆ្នាំ ទ្រង់មានប្រាសាទ ៣ ខ្នង គឺប្រាសាទ ឈ្មោះអរជៈ ១ ប្រាសាទឈ្មោះវិរជៈ ១ ប្រាសាទឈ្មោះសុទស្សនៈ ១។ ពួកនារីចំនួន ៤០ ពាន់ សឹងប្រដាប់ខ្លួនយ៉ាងសមសួន នារី (ជាអគ្គមហេសី) ឈ្មោះវិចិកោលី ព្រះរាជបុត្រ ឈ្មោះបុញ្ញវឌ្ឍនៈ។ ព្រះធម្មទស្សី ជាបុរសដ៏ប្រសើរ ទ្រង់ឃើញនូវនិមិត្ត ៤ ហើយទ្រង់ចេញទៅទាំងប្រាសាទ ទៅប្រព្រឹត្តព្យាយាម អស់ ៧ ថ្ងៃ។ ព្រះពុទ្ធ ព្រះនាមធម្មទស្សី ប្រសើរជាងពួកជន មានព្យាយាមធំ ឧត្តមជាងជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន។ ព្រះសាស្តា ព្រះនាមធម្មទស្សី មានព្រះបទុមត្ថេរ ១ ព្រះបុស្សទេវត្ថេរ ១ ជាអគ្គសាវ័ក ព្រះសុទត្តត្ថេរ ជាឧបដ្ឋាក។ មានព្រះខេមាថេរី ១ ព្រះសច្ចនាមាថេរី ១ ជាអគ្គសាវិកា ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគនោះ គេហៅថា តិម្ពជាលព្រឹក្ស។ សុភទ្ទគហបតី ១ កដិស្សហគហបតី ១ ជាអគ្គឧបដ្ឋាក នាងសាឡិសា ១ នាងកឡិស្សា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះពុទ្ធនោះ ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ទ្រង់មានកំពស់ ៨០ ហត្ថ ទ្រង់រុងរឿងក្រៃលែងដោយតេជះ ក្នុងមួយហ្មឺនលោកធាតុ។ ដើមសាលរាជព្រឹក្ស មានផ្ការីកស្គុះស្គាយល្អ ផ្លេកបន្ទោរលើអាកាស ព្រះអាទិត្យនាថ្ងៃត្រង់ រុងរឿងល្អ យ៉ាងណាមិញ ព្រះពុទ្ធអង្គនោះ ទ្រង់រុងរឿងល្អ យ៉ាងនោះ។ ព្រះពុទ្ធអង្គនោះ ទ្រង់មានតេជះថ្លឹងពុំបាន មានជីវិតដ៏ស្មើល្អ ព្រះពុទ្ធមានបញ្ញាចក្ខុ ទ្រង់ឋិតនៅក្នុងលោកអស់មួយសែនឆ្នាំ។ ព្រះពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ទ្រង់សម្តែងរស្មី ធ្វើសាសនាមិនឲ្យមានមន្ទិល ដូចព្រះចន្ទ្រ កាលរុងរឿងឰដ៏អាកាស ហើយបរិនិព្វាន។ ព្រះធម្មទស្សី ទ្រង់មានព្យាយាមធំ ទ្រង់បរិនិព្វានក្នុងអារាមឈ្មោះកេសៈ ព្រះស្តូបដ៏ប្រសើរនោះ របស់ព្រះពុទ្ធអង្គនោះឯង មានកំពស់ ៣ យោជន៍។

ចប់ ធម្មទស្សិពុទ្ធវង្ស ទី១៥។

សិទ្ធត្ថពុទ្ធវង្ស ទី១៦ (១៨)

(១៨. សិទ្ធត្ថពុទ្ធវំសោ)

[១៧] ក្រោយអំពីព្រះធម្មទស្សីមក មានព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ ទ្រង់កំចាត់បង់ងងឹតទាំងអស់ បីដូចព្រះអាទិត្យរះឡើង។ ព្រះសិទ្ធត្ថៈអង្គនោះ ទ្រង់ដល់នូវសម្ពោធិញ្ញាណ ហើយចម្លងមនុស្ស ព្រមទាំងទេវតា បង្អុរភ្លៀង គឺព្រះធម៌ ហើយញ៉ាំងមនុស្ស ព្រមទាំងទេវតា ឲ្យរលត់ទុក្ខ។ ព្រះអង្គមានតេជះថ្លឹងពុំបាន ទ្រង់មានការត្រាស់ដឹង ៣ លើក គឺការត្រាស់ដឹងលើកទី ១ មានពួកសត្វមួយសែនកោដិ។ តមក ការត្រាស់ដឹងលើកទី ២ មានពួកសត្វ ៩០ កោដិ ក្នុងកាលព្រះសម្ពុទ្ធ ទ្រង់ទូងស្គរគឺធម៌ ក្នុងដែនឈ្មោះភីមៈ។ ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៩០ កោដិ ក្នុងកាលដែលព្រះពុទ្ធ ប្រសើរជាងជនអង្គនោះ ទ្រង់សម្តែងធម៌ ទៀបភ្នំឈ្មោះវេភារៈ។ ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ មានសន្និបាត ៣ លើក សុទ្ធតែព្រះខីណាស្រព ឥតមានមន្ទិល មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ ឋានៈ គឺសន្និបាតទាំង ៣ ក្នុងសមាគមនៃព្រះខីណាស្រព ដែលមិនមានមន្ទិលនុ៎ះ មានចំនួន ១០០ កោដិម្តង ៩០ កោដិម្តង ៨០ កោដិម្តង។ សម័យនោះ តថាគតជាតាបស ឈ្មោះមង្គលៈ មានតេជះខ្ពង់ខ្ពស់ គេគ្របសង្កត់មិនបាន ជាអ្នកប្រកបដោយកម្លាំងនៃអភិញ្ញា។ តថាគតបាននាំផ្លែព្រីង មកថ្វាយព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈ ព្រះសម្ពុទ្ធទ្រង់ទទួលយកហើយ ទ្រង់បានត្រាស់ព្រះតម្រាស់នេះថា អ្នកទាំងឡាយ ចូរមើលជដិលតាបស ដែលមានតបៈខ្ពង់ខ្ពស់នេះចុះ តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងកប្បទី ៩៤ អំពីកប្បនេះទៅ។ សត្វនេះ នឹងចេញពីបុរីឈ្មោះកបិលពស្តុ ជាទីរីករាយ ទៅតំកល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាសទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចត្រឡប់ចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវប្រសើរ ដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះជិនស្រីទ្រង់មានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះគោតមនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ តាបសនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ មានរាគៈអស់ហើយ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ខេមាថេរី ១ ឧប្បលវណ្ណាថេរី ១ នឹងជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ មានរាគៈអស់ហើយ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើជាទីត្រាស់ដឹងនៃព្រះមានជោគនោះ ហៅថាអស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ ជាអគ្គឧបដ្ឋាយិកា ព្រះគោតមទ្រង់យសអង្គនោះ មានព្រះជន្មាយុមួយរយឆ្នាំ។ មនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសីឥតមានបុគ្គលស្មើ ក៏រីករាយថា តាបសនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ ពួកយើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់ទៅកាន់កំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណា។ ពួកយើងទាំងអស់ បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន យ៉ាងនោះដែរ។ តថាគត លុះស្តាប់ភាសិតនៃព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃលែង បានអធិដ្ឋានវត្តតទៅ ដើម្បីបំពេញបារមីទាំង ១០។ ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ មានទីក្រុងឈ្មោះវេភារៈ ព្រះមហាក្សត្រ ព្រះនាមឧទេនៈ ជាព្រះបិតា ព្រះជននីព្រះនាម សុផស្សា។ ព្រះសិទ្ធត្ថៈនោះ គ្រប់គ្រងគេហដ្ឋាន អស់មួយហ្មឺនឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺកោកាសប្រាសាទ ១ ឧប្បលប្រាសាទ ១ កោកនុទប្រាសាទ ១។ នារី ៤៨.០០០ រូប សឹងមានខ្លួនតាក់តែងល្អ នារីជាអគ្គមហេសី ព្រះនាមសុមនា មានព្រះរាជបុត្រ ព្រះនាមអនុបមៈ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្ត ៤ យ៉ាង ក៏ចេញទៅដោយវ តម្កល់ព្យាយាម អស់ ១០ ខែគត់។ ព្រះលោកនាយក ព្រះនាមសិទ្ធត្ថៈ មានព្យាយាមធំ ប្រសើរជាងជន ត្រូវព្រហ្មអារាធនាហើយ ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន។ ព្រះមហេសី ព្រះនាមសិទ្ធត្ថៈ មានព្រះសម្ពលត្ថេរ ១ ព្រះសុមិត្តត្ថេរ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះរេវតៈ ជាឧបដ្ឋាក។ ព្រះសីវលាថេរី ១ ព្រះសុរាមាថេរី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគនោះ ហៅថា កណ្ណិការព្រឹក្ស។ សុប្បិយគហបតី ១ សម្ពុទ្ធគហបតី ១ ជាអ្នកបម្រើដ៏ប្រសើរ រម្មាឧបាសិកា ១ សុរម្មាឧបាសិកា ១ ជាស្រីបម្រើប្រសើរ។ ព្រះពុទ្ធអង្គនោះ ទ្រង់មានកំពស់ ៦០ ហត្ថ ទ្រង់ខ្ពស់ដល់អាកាស ប្រាកដស្មើដោយគ្រឿងបូជាមាស ទ្រង់រុងរឿងអស់មួយហ្មឺនលោកធាតុ។ ព្រះពុទ្ធអង្គនោះ ទ្រង់ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ឥតមានបុគ្គលថ្លឹងបាន ឥតមានបុគ្គលប្រៀបផ្ទឹមបាន ទ្រង់មានចក្ខុ ឋិតនៅក្នុងលោក អស់មួយសែនឆ្នាំ។ ព្រះពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ទ្រង់សម្តែងពន្លឺ ភ្លឺត្រចះ ហើយញ៉ាំងសាវ័កឲ្យសាយភាយទៅ ទ្រង់ក្រសាលដោយសមាបត្តិដ៏ប្រសើរ ហើយបរិនិព្វាន។ ព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈ ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងអនោមារាម ព្រះស្តូបដ៏ប្រសើរនៃព្រះអង្គនោះ មានកំពស់ ៤ យោជន៍ ប្រតិស្ថាននៅក្នុងអនោមារាមនោះឯង។

ចប់ សិទ្ធត្ថពុទ្ធវង្ស ទី១៦។

តិស្សពុទ្ធវង្ស ទី១៧ (១៩)

(១៩. តិស្សពុទ្ធវំសោ)

[១៨] ក្រោយពីព្រះពុទ្ធ ព្រះនាមសិទ្ធត្ថៈមក មានព្រះពុទ្ធ ព្រះនាមតិស្សៈ ជានាយកដ៏ប្រសើរក្នុងលោក ទ្រង់មិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹមបាន មានសីលរកទីបំផុតគ្មាន មានយសរាប់ពុំបាន ទ្រង់មានសេចក្តីអាណិតអាសូរ មានព្យាយាមធំ មានចក្ខុ ទ្រង់កើតឡើងក្នុងលោក កំចាត់បង់ងងឹតអន្ធការ ញ៉ាំងលោកនេះ ព្រមទាំងទេវលោក ឲ្យភ្លឺស្វាងហើយ។ ព្រះពុទ្ធអង្គនោះ ទ្រង់មានឫទ្ធិថ្លឹងពុំបាន មានសីលសមាធិថ្លឹងពុំបាន ព្រះអង្គសម្រេចនូវបារមីក្នុងធម៌ទាំងពួង ហើយទ្រង់ញ៉ាំងចក្រ គឺធម៌ឲ្យប្រព្រឹត្តទៅ។ ព្រះពុទ្ធនោះ ទ្រង់បញ្ចេញព្រះសូរសៀងដ៏ជ្រះស្អាតល្អ ក្នុងលោកធាតុមួយហ្មឺន ពួកសត្វទាំងមួយរយកោដិ សឹងបានត្រាស់ដឹង ក្នុងការសម្តែងធម៌លើកទី ១។ ការត្រាស់ដឹងលើកទី ២ មានពួកសត្វ ៩០ កោដិ ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៦០ កោដិ ពេលនោះ ព្រះសម្ពុទ្ធនោះ ទ្រង់ដោះមនុស្ស និងទេវតា ដែលមកដល់ ឲ្យរួចចាកចំណងគឺមារ។ ព្រះតិស្សមហេសី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធសឹងតែជាពួកព្រះខីណាស្រព មិនមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ សន្និបាតលើកទី ១ មានព្រះខីណាស្រពមួយសែនអង្គ សន្និបាតលើកទី ២ មានព្រះខីណាស្រព ៩០ សែនអង្គ។ សន្និបាតលើកទី ៣ មានព្រះខីណាស្រព ៨០ សែនអង្គ សុទ្ធតែជាអ្នកអស់អាសវៈ ឥតមានមន្ទិលគឺកិលេស រីកហើយដោយវិមុត្តិ។ គ្រានោះ តថាគតជាក្សត្រនាមសុជាតៈ លះចោលភោគៈដ៏ច្រើន ហើយទៅបួសជាឥសី។ កាលដែលតថាគតបួសស្រេចហើយ ព្រះលោកនាយកទ្រង់កើតឡើង តថាគតកើតមានបីតិ ព្រោះបានស្តាប់សំឡេងថា ព្រះពុទ្ធ។ តថាគតបានកាន់យកផ្កាមន្ទារវព្រឹក្ស ផ្កាឈូក និងផ្កាបរិច្ឆត្តកព្រឹក្សជាទិព្វ ដោយដៃទាំងពីរ ជជុះរលាស់ ហើយចូលទៅគាល់។ តថាគតកាន់ផ្កានោះ បំាងលើព្រះសិរ្សៈ នៃព្រះជិនស្រី ព្រះនាមតិស្សៈ ជាលោកគ្គនាយក ដែលមានបរិស័ទ ៤2) ចោមរោម។ ព្រះពុទ្ធអង្គនោះ ទ្រង់គង់កណ្តាលប្រជុំជន ហើយព្យាករតថាគតកាលនោះថា ក្នុងកប្បទី ៩២ អំពីមណ្ឌកប្បនេះទៅ តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញពីបូរីឈ្មោះកបិលពស្តុ ជាទីត្រេកអរ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសត្រង់ទីនោះ ហើយនឹងចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះពុទ្ធេនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ តាបសនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ នាងខេមាថេរី ១ នាងឧប្បលវណ្ណាថេរី ១ នឹងជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ ជាអគ្គឧបដ្ឋាក។ នន្ទមាតាឧបាសិកា ១ ឧត្តរាឧបាសិកា ១ ជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ ទ្រង់មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់នូវព្រះពុទ្ធដីកានេះ នៃព្រះមហេសី ទ្រង់ឥតមានបុគ្គលស្មើ ហើយរីករាយថា តាបសនេះជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ នាំគ្នាទះដៃ អបអរសាទរ ធ្វើអញ្ជលីនមស្ការថា បើយើងឃ្វាងមគ្គផល ក្នុងសាសនាព្រះលោកនាថអង្គនេះ គង់យើងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណា ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងអនាគត យ៉ាងនោះដែរ។ តថាគត លុះបានស្តាប់នូវព្រះពុទ្ធដីកានៃព្រះជិនស្រីអង្គនោះហើយ ធ្វើចិត្តឲ្យរឹតតែជ្រះថ្លាថែមទៀត ខំអធិដ្ឋានវត្តតទៅទៀត ដើម្បីបំពេញបារមីទាំង ១០។ ព្រះមហេសី ព្រះនាមតិស្សៈ មានទីក្រុងឈ្មោះខេមកៈ មានព្រះមហាក្សត្រ ព្រះនាមជនសន្ទៈ ជាព្រះបិតា មានព្រះជននី ព្រះនាមបទុមា។ ព្រះតិស្សៈនោះ ទ្រង់គ្រប់គ្រងព្រះរាជគេហដ្ឋាន អស់ ៧ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះ គុណសេលៈ ១ ប្រាសាទឈ្មោះអនាទិយៈ ១ ប្រាសាទឈ្មោះនិសភៈ ១។ ពួកនារីចំនួន ៣ ហ្មឺននាក់ សុទ្ធសឹងតែតាក់តែងខ្លួនល្អ ឯនាងនារីជាអគ្គមហេសីនោះ ព្រះនាមសុភទ្រា ព្រះរាជបុត្រ ព្រះនាមអានន្ទ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្តទាំង ៤ ក៏យាងចេញទៅដោយយានសេះ ទៅតម្កល់ព្យាយាម អស់កាលកន្លះខែគត់។ ព្រះលោកនាយក ព្រះនាមតិស្សៈ ប្រសើរក្នុងលោក មានព្យាយាមធំ ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រ គឺធម្មឲ្យប្រព្រឹត្តទៅ ក្នុងយសវតីទាយវ័នដ៏ឧត្តម។ ព្រះព្រហ្មទេវត្ថេរ ១ ព្រះឧទយត្ថេរ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសមគៈ ជាឧបដ្ឋាកនៃព្រះមហេសី ព្រះនាមតិស្សៈ។ នាងផុស្សាថេរី ១ នាងសុទត្តាថេរី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានជោគអង្គនោះ ហៅថាអសនព្រឹក្ស (ដើមធ្នង់)។ សម្ពលគហបតី ១ សិរិគហបតី ១ ជាអគ្គឧបដ្ឋាក កីសាគោតមីឧបាសិកា ១ ឧបសេនាឧបាសិកា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះជិនស្រីសម្ពុទ្ធនោះឯង ទ្រង់មានកំពស់ ៦០ ហត្ថ ឥតមានបុគ្គលប្រៀបផ្ទឹមបាន ឥតមានបុគ្គលស្មើបាន ប្រាកដដូចភ្នំហិមពាន្ត។ ព្រះជិនស្រីអង្គនោះ ទ្រង់មានតេជះថ្លឹងពុំបាន ទ្រង់មានព្រះជន្មមួយសែនឆ្នាំ ព្រះអង្គមិនមានបុគ្គលក្រៃលែងជាង ទ្រង់មានចក្ខុឋិតនៅក្នុងលោក។ ព្រះជិនស្រីអង្គនោះ ព្រមទាំងសាវ័ក ទ្រង់សោយនូវយសធំ ដ៏ឧត្តម ប្រសើររុងរឿងដូចគំនរភ្លើង ហើយបរិនិព្វាន។ ព្រះជិនស្រីអង្គនោះ ព្រមទាំងសាវ័ក ទ្រង់បរិនិព្វានហើយ ដូចជាភ្លៀង (ដែលបាត់ទៅ) ព្រោះខ្យល់ ឬដូចទឹកសន្សើម (អស់ទៅ) ព្រោះព្រះអាទិត្យ ឬដូចងងឹត (បាត់ទៅ) ព្រោះប្រទីប។ ព្រះពុទ្ធ ព្រះនាមតិស្សៈ ជាព្រះជិនស្រីដ៏ប្រសើរ បរិនិព្វានក្នុងនន្ទារាម ព្រះស្តូបព្រះជិនស្រីអង្គនោះ ពួកមហាជនសាងទុក កំពស់ ៣ យោជន៍ ក្នុងនន្ទារាមនោះ។

ចប់ តិស្សពុទ្ធវង្ស ទី១៧។

បុស្សពុទ្ធវង្ស ទី១៨ (២០)

(២០. ផុស្សពុទ្ធវំសោ)

[១៩] ក្នុងមណ្ឌកប្បនោះឯង មានព្រះសាស្តា ព្រះនាមបុស្សៈ ទ្រង់មិនមានបុគ្គលក្រៃលែងជាង មិនមានបុគ្គលប្រៀបផ្ទឹមបាន ស្មើដោយព្រះពុទ្ធ ដែលមិនមានបុគ្គលស្មើ ជានាយកប្រសើរក្នុងលោក។ ព្រះពុទ្ធអង្គនោះ ទ្រង់កំចាត់បង់ងងឹតទាំងអស់ ហើយត្រដោះគ្រឿងចាក់ស្រែះធំ (កិលេស) ទ្រង់ញ៉ាំងមនុស្ស ព្រមទាំងទេវតា ឲ្យឆ្អែតស្កប់ស្កល់ ទ្រង់បង្អុរភ្លៀងទឹកអម្រឹតចុះមក។ កាលព្រះពុទ្ធ ព្រះនាមបុស្សៈ ញ៉ាំងចក្រ គឺធម៌ឲ្យប្រព្រឹត្តទៅ ការត្រាស់ដឹងលើកទី ១ មានពួកសត្វ ៨០ សែន ក្នុងមង្គលនៃថ្ងៃនក្ខត្តឫក្ស។ ការត្រាស់ដឹងលើកទី ២ មានពួកសត្វ ៩០ សែន ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៨០ សែន។ ព្រះមហេសី ព្រះនាមបុស្សៈ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាពួកព្រះខីណាស្រព ឥតមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ សន្និបាតលើកទី ១ មានព្រះខីណាស្រព ៦០ សែន សន្និបាតលើកទី ២ មានព្រះខីណាស្រពចំនួន ៥០ សែន។ សន្និបាតលើកទី ៣ មានពួកព្រះខីណាស្រព ៤០ សែន លោកផុតស្រឡះហើយ ព្រោះមិនប្រកាន់ មានតំណគឺជាតិកាត់ផ្តាច់ហើយ។ សម័យនោះ តថាគតជាក្សត្រ ព្រះនាមវិជិតៈ លះចោលរាជសម្បត្តិដ៏ធំ ទៅបួសក្នុងសំណាក់ព្រះពុទ្ធនោះ។ ព្រះពុទ្ធជាម្ចាស់ ព្រះនាមបុស្សៈ ជាលោកគ្គនាយកនោះ បានទ្រង់ព្យាករតថាគតថា ក្នុងកប្បទី ៩២ អំពីកប្បនេះទៅ ភិក្ខុនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីកបិលពស្តុបុរី ជាទីរីករាយ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចទៅឯគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតា ព្រះនាមសុទ្ធោទនៈ ភិក្ខុនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ខេមាភិក្ខុនី ១ ឧប្បលវណ្ណាភិក្ខុនី ១ នឹងជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះឮព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើហើយ ក៏រីករាយថា ភិក្ខុនេះជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស និងទេវតា ទាំងមួយម៉ឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងកាលអនាគតមិនខាន។ ចំណែកខាងតថាគត បានស្តាប់ព្រះពុទ្ធដីកា នៃព្រះបុស្សសម្ពុទ្ធនោះហើយ ក៏ញ៉ាំងចិត្តឲ្យរឹងរឹតតែជ្រះថ្លា ហើយខំអធិដ្ឋានវត្តតទៅទៀត ដើម្បីបំពេញបារមីទាំង ១០ ប្រការ។ តថាគត រៀនយកនូវព្រះសូត្រផង ព្រះវិន័យផង ពាក្យប្រៀនប្រដៅព្រះសាស្តា ប្រកបដោយអង្គ ៩ ទាំងអស់ផង ហើយញ៉ាំងសាសនាព្រះជិនស្រី ឲ្យរុងរឿង។ តថាគតមិនប្រមាទ សម្រេចសម្រាន្តនៅក្នុងសាសនានោះ ខំចម្រើនភាវនា ដែលប្រកបដោយព្រហ្មវិហារ ហើយដល់នូវបារមីក្នុងអភិញ្ញាទាំងឡាយ ហើយទៅកើតក្នុងព្រហ្មលោក។ ព្រះមហេសី ព្រះនាមបុស្សៈ មានទីក្រុងឈ្មោះកាសិកៈ មានមហាក្សត្រ ព្រះនាមជយសេន ជាព្រះបិតា មានព្រះជននី ព្រះនាមសិរិមា។ ព្រះបុស្សៈនោះ ទ្រង់គ្រប់គ្រងគេហដ្ឋានអស់ ៩ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះគរុឡៈ ១ ប្រាសាទឈ្មោះហំសៈ ១ ប្រាសាទឈ្មោះសុវណ្ណតារៈ ១។ ពួកនារី ២៣ ពាន់ សឹងមានខ្លួនតាក់តែងល្អហើយ ឯនារីជាអគ្គមហេសី ឈ្មោះកីសាគោតមី ព្រះរាជបុត្រឈ្មោះអានន្ទ។ ព្រះជិនស្រី ជាបុរសដ៏ប្រសើរ ទ្រង់ទតឃើញនិមិត្តទាំង ៤ យ៉ាង ហើយចេញទៅដោយយានដំរី បានប្រព្រឹត្តធ្វើព្យាយាមអស់ ៧ ថ្ងៃ។ ព្រះលោកគ្គនាយក ព្រះនាមបុស្សៈ មានព្យាយាមធំ ទ្រង់ប្រសើរជាងជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រ គឺធម៌ ឲ្យប្រព្រឹត្តទៅ នាព្រៃមិគទាយវ័ន។ ព្រះសុរក្ខិតភិក្ខុ ១ ព្រះធម្មសេនភិក្ខុ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះសភិយ្យៈ ជាឧបដ្ឋាកនៃព្រះមហេសី ព្រះនាមបុស្សៈ។ នាងចាលាភិក្ខុនី ១ នាងឧបចាលាភិក្ខុនី ១ ជាអគ្គសាវិកា ដើមឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថាអាមលកព្រឹក្ស (ដើមកន្ទួតព្រៃ)។ អនញ្ជគហបតី ១ វិសាខគហបតី ១ ជាអគ្គឧបដ្ឋាក នាងបទុមា ១ នាងសិរិនាគា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមុនីអង្គនោះ មានកំពស់ ៥៨ ហត្ថ ទ្រង់រុងរឿងដូចព្រះអាទិត្យ ឬដូចព្រះចន្ទ្រពេញវង់។ ទ្រង់មានព្រះជន្ម ៩០ ពាន់ឆ្នាំ ព្រះអង្គកាលទ្រង់ធរមាននៅឡើយ បានចម្លងប្រជុំជនជាច្រើន។ ព្រះសាស្តាអង្គនោះ ព្រមទាំងសាវ័ក ទ្រង់មានយសថ្លឹងពុំបាន ទ្រង់ទូន្មានពួកសត្វជាច្រើន ហើយចម្លងពួកសត្វជាច្រើន រួចបរិនិព្វាន។ ព្រះជិនស្រីដ៏ប្រសើរ ព្រះនាមបុស្សៈ ទ្រង់ជាសាស្តា បរិនិព្វានហើយក្នុងសេនារាម ការផ្សាយចេញទៅនៃព្រះធាតុ មានក្នុងប្រទេសទាំងឡាយនោះៗ។

ចប់ បុស្សពុទ្ធវង្ស ទី១៨។

វិបស្សីពុទ្ធវង្ស ទី១៩ (២១)

(២១. វិបស្សីពុទ្ធវំសោ)

[២០] ក្រោយអំពីព្រះពុទ្ធ ព្រះនាមបុស្សៈមក មានព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ដ៏ឧត្តមជាងសត្វជើង ២ ទ្រង់មានចក្ខុកើតឡើងក្នុងលោក។ ព្រះអង្គទ្រង់រំលាយស៊ុត គឺអវិជ្ជាចេញ ហើយដល់សម្ពោធិញ្ញាណដ៏ឧត្តម ទ្រង់ចៀសចេញទៅកាន់ពន្ធុមតីបុរី ដើម្បីញ៉ាំងចក្រ គឺធម៌ឲ្យប្រព្រឹត្តទៅ។ ព្រះនាយក ទ្រង់ញ៉ាំងចក្រគឺធម៌ ឲ្យប្រព្រឹត្តទៅរួចហើយ ញ៉ាំងខណ្ឌរាជកុមារ និងតិស្សកុមារ ទាំងពីរឲ្យត្រាស់ដឹង ការត្រាស់ដឹងលើកទី ១ មានចំនួនសត្វ គេមិនគប្បីពោលដោយការរាប់ឡើយ។ តមកទៀត ព្រះពុទ្ធជាម្ចាស់មានយសរាប់មិនបាន ប្រកាសសច្ចៈទាំង ៤ ក្នុងបុរីនោះ ការត្រាស់ដឹងលើកទី ២ មានពួកសត្វចំនួន ៨ ហ្មឺន ៤ ពាន់។ មានមនុស្ស ៨ ហ្មឺន ៤ ពាន់ បួសតាមព្រះពុទ្ធ ព្រះពុទ្ធមានចក្ខុ ទ្រង់សម្តែងធម៌ដល់បព្វជិតទាំងនោះ ដែលមកដល់អារាម។ ភិក្ខុទាំងនោះ អាស្រ័យព្រះជិនស្រី កាលទ្រង់សម្តែងដោយអាការទាំងពួង ក៏បានសម្រេចនូវធម៌ដ៏ប្រសើរ នេះជាការត្រាស់ដឹងលើកទី ៣។ ព្រះមហេសី ព្រះនាមវិបស្សី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែពួកព្រះខីណាស្រព ឥតមានមន្ទិល គឺកិលេស មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ គឺសន្និបាតលើកទី ១ មានពួកព្រះខីណាស្រព ចំនួន ៦៨ សែន សន្និបាតលើកទី ២ មានពួកព្រះខីណាស្រពចំនួនមួយសែន។ សន្និបាតលើកទី ៣ មានភិក្ខុចំនួន ៨ ហ្មឺន ព្រះសម្ពុទ្ធរុងរឿងក្នុងកណ្តាលពួកភិក្ខុនោះ។ សម័យនោះ តថាគតកើតជាស្តេចនាគ ឈ្មោះអតុលៈ មានឫទ្ធិច្រើន មានបុណ្យ ទ្រទ្រង់ពន្លឺ។ ក្នុងកាលនោះ តថាគតមានពួកនាគច្រើនកោដិចោមរោម ប្រគំតូរ្យតន្ត្រីដ៏ជាទិព្វ ហើយចូលទៅជិតព្រះលោកជេដ្ឋៈ។ លុះចូលទៅដល់ហើយ ក៏និមន្តព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ជាលោកនាយក ហើយថ្វាយតាំងមាស ដែលដាំដោយកែវមណី និងកែវមុក្តា ដ៏ស្អិតស្អាង ហើយដោយអាភរណៈគ្រប់យ៉ាង ដល់ព្រះអង្គជាធម្មរាជ។ ព្រះពុទ្ធជាម្ចាស់នោះ ទ្រង់គង់នៅក្នុងកណ្តាលសង្ឃ ហើយព្យាករតថាគតថា ក្នុងកប្បទី ៩១ អំពីមណ្ឌកប្បនេះ ស្តេចនាគនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញពីកបិលពស្តុបុរី ជាទីត្រេកអរ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយត្រាស់ដឹងនូវសម្ពោធិញ្ញាណ ទៀបគល់នៃអស្សត្ថព្រឹក្ស។ ព្រះជននីនៃព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ នាគរាជនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ នាងខេមាភិក្ខុនី ១ នាងឧប្បលវណ្ណាភិក្ខុនី ១ នឹងជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតំាងមាំ។ ដើមឈើជាទីត្រាស់ដឹង នៃព្រះមានជោគអង្គនោះ ហៅថាអស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះមហេសីព្រះនាមគោតមនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើ ហើយរីករាយថា នាគរាជនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងឃ្វាងមគ្គផល ក្នុងសាសនាព្រះលោកនាថអង្គនេះ គង់នឹងសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងអនាគតកាលជាមិនខាន។ ពួកមនុស្ស កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ។ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់បានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមនេះ ក្នុងអនាគតកាល យ៉ាងនោះដែរ។ តថាគត បានស្តាប់ព្រះពុទ្ធដីកា នៃព្រះជិនស្រីអង្គនោះ ហើយញ៉ាំងចិត្តឲ្យរឹងរឹតតែជ្រះថ្លា បានខំអធិដ្ឋានវត្តតទៅ ដើម្បីបំពេញបារមីទាំង ១០ ប្រការ។ ព្រះមហេសី ព្រះនាមវិបស្សី មានទីក្រុងឈ្មោះពន្ធុមតី មានមហាក្សត្រ ព្រះនាមពន្ធុមៈ ជាព្រះបិតា មានព្រះមាតា ព្រះនាមពន្ធុមតី។ ព្រះវិបស្សីអង្គនោះ ទ្រង់គ្រប់គ្រងគេហដ្ឋាន អស់ ៨ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះនន្ទៈ ១ ប្រាសាទឈ្មោះសុនន្ទៈ ១ ប្រាសាទឈ្មោះសិរិមៈ ១។ ពួកនារីចំនួន ៤ ហ្មឺន ៣ ពាន់ សឹងមានខ្លួនតាក់តែងល្អ ឯនារីជាអគ្គមហេសី ព្រះនាមសុទស្សនា ព្រះរាជបុត្រ ព្រះនាមសមវត្តក្ខន្ធ។ ព្រះជិនស្រី ទ្រង់ឃើញនិមិត្ត ៤ ហើយចេញទៅដោយយានរថ តម្កល់ព្យាយាម អស់ ៨ ខែគត់។ ព្រះវិបស្សី ជាលោកនាយក ទ្រង់មានព្យាយាមធំ ប្រសើរជាងជន ត្រូវព្រហ្មអារាធនាហើយ ទើបញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន។ ព្រះរាជកុមារនាមខន្ធៈ ១ បុត្រនៃបុរោហិតនាមតិស្សៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះអសោកៈ ជាឧបដ្ឋាកនៃព្រះមហេសី ព្រះនាមវិបស្សី។ នាងចន្ទាភិក្ខុនី ១ នាងចន្ទមិត្តាភិក្ខុនី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ ហៅថាបាដលិព្រឹក្ស។ បុនព្វសុមិត្តគហបតី ១ នាគគហបតី ១ ជាអគ្គឧបដ្ឋាក នាងសិរិមា ១ នាងឧត្តរា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះវិបស្សី លោកនាយក មានកំពស់ ៨០ ហត្ថ ពន្លឺព្រះអង្គផ្សាយចេញទៅជុំវិញ ៧ យោជន៍។ ព្រះពុទ្ធអង្គនោះ ទ្រង់មានព្រះជន្ម ៨ ហ្មឺនឆ្នាំ ព្រះអង្គកាលទ្រង់ធរមាននៅឡើយ បានចម្លងប្រជុំជនច្រើន ចាកសំសារវដ្ត។ ព្រះអង្គទ្រង់ដោះស្រាយនូវចំណងនៃទេវតា និងមនុស្សជាច្រើន ទាំងប្រាប់ផ្លូវត្រូវផ្លូវខុស ចំពោះពួកបុថុជ្ជនដ៏សេសទៀតផង។ ព្រះអង្គ ព្រមទាំងសាវ័ក ទ្រង់សម្តែងពន្លឺ ហើយបង្ហាញឧបាយ ជាទីទៅកាន់ព្រះនិព្វាន ឈ្មោះអមតៈ ទ្រង់រុងរឿងដូចគំនរភ្លើង ហើយបរិនិព្វាន។ ព្រះសរីរៈដែលមានឫទ្ធិដ៏ខ្ពង់ខ្ពស់ មានបុណ្យដ៏ប្រសើរ ប្រដាប់ហើយដោយលក្ខណៈ គឺចក្រ គង់បាត់បង់អស់ទៅបាន ឱហ្ន៎ ! សង្ខារទាំងអស់ សោះសូន្យទទេតើ ព្រះវិបស្សី ជានរៈដ៏ប្រសើរ ទ្រង់មានព្យាយាម បរិនិព្វានហើយ ក្នុងសុមិត្តារាម ព្រះស្តូបដ៏ប្រសើរ របស់ព្រះអង្គនោះ គេបានសាងទុកកំពស់ ៧ យោជន៍ ក្នុងអារាមនោះ។

ចប់ វិបស្សិពុទ្ធវង្ស ទី១៩។

សិខិពុទ្ធវង្ស ទី២០ (២២)

(២២. សិខីពុទ្ធវំសោ)

[២១] ក្រោយព្រះពុទ្ធវិបស្សីមក មានព្រះសម្ពុទ្ធព្រះនាមសិខីជិនស្រី ទ្រង់ឧត្តមជាងសត្វជើង ២ ឥតមានបុគ្គលស្មើ ឥតមានបុគ្គលប្រៀបផ្ទឹមបាន។ ព្រះអង្គកំចាត់បង់សេនានៃមារ ហើយដល់សម្ពោធិញ្ញាណដ៏ប្រសើរ ញ៉ាំងចក្រគឺធម៌ ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្តីអនុគ្រោះដល់ពួកសត្វ។ កាលព្រះសិខីជិនស្រីដ៏ប្រសើរ ទ្រង់ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ការត្រាស់ដឹងលើកទី ១ មានពួកសត្វចំនួនមួយសែនកោដិ។ កាលព្រះសិខីប្រសើរជាងគណៈ ឧត្តមជាងជន ទ្រង់សម្តែងធម៌ដទៃទៀត ការត្រាស់ដឹងលើកទី ២ មានពួកសត្វចំនួន ៩០ ពាន់កោដិ។ កាលព្រះសិខី ទ្រង់សម្តែងយមកប្បាដិហារ្យក្នុងមនុស្សលោក ព្រមទាំងទេវលោក ការត្រាស់ដឹងលើកទី ៣ មានពួកសត្វ ៨០ ពាន់កោដិ។ ព្រះមហេសី ព្រះនាមសិខី មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាពួកព្រះខីណាស្រព ឥតមានមន្ទិល មានចិត្តស្ងប់រម្ងាប់ ប្រកបដោយតាទិគុណ។ សន្និបាតលើកទី ១ មានភិក្ខុចំនួនមួយសែនរូប សន្និបាតលើកទី ២ មានពួកភិក្ខុចំនួន ៨ ហ្មឺនរូប។ សន្និបាតលើកទី ៣ មានភិក្ខុចំនួន ៧ ហ្មឺនរូប ជាសមាគម មិនប្រឡាក់ (ដោយពួកបុថុជ្ជន) ដូចបទុមជាតិ ដែលលូតលាស់នៅក្នុងទឹក។ សម័យនោះ តថាគតជាក្សត្រ នាមអរិន្ទមៈ បានញ៉ាំងព្រះសង្ឃ មានព្រះសម្ពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ដោយបាយ និងទឹក។ តថាគត បានប្រគេនសំពត់ជាច្រើន គឺកោដិនៃសំពត់មិនតិច ហើយថ្វាយយានដំរីដ៏ប្រដាប់ហើយដល់ព្រះសម្ពុទ្ធ។ តថាគត សាងយានដំរី ហើយបង្អោនចូលទៅជិត ឲ្យជារបស់គួរ បំពេញចិត្តរបស់តថាគត ឲ្យតម្កល់នៅមាំ អស់កាលជានិច្ច។ ព្រះពុទ្ធ ព្រះនាមសិខី ជាលោកគ្គនាយកនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បទី ៣១ អំពីមណ្ឌកប្បនេះ ព្រះរាជាអង្គនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីកបិលពស្តុបុរី ជាទីរីករាយ ទៅតម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលយកបាយាសនៅទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះពុទ្ធនេះ នឹងមានព្រះជននី ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ព្រះរាជាអង្គនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះកោលិតៈ ១ ព្រះឧបតិស្សៈ ១ នឹងជាអគ្គសាវ័ក សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ភិក្ខុជាឧបដ្ឋាកឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ នាងខេមាភិក្ខុនី ១ ឧប្បលវណ្ណាភិក្ខុនី ១ ជាអគ្គសាវិកា សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ។ ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនេះ ហៅថាអស្សត្ថព្រឹក្ស ចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងជាអគ្គឧបដ្ឋាក។ នាងនន្ទមាតា ១ នាងឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសនោះ មានព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះ នៃព្រះមហេសី ឥតមានបុគ្គលស្មើ ហើយរីករាយថា ព្រះរាជាអង្គនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ សំឡេងហ៊ោ ក៏ប្រព្រឹត្តទៅ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ នាំគ្នាទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ក្នុងអនាគតកាលមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ខាងលើ គង់ទៅកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងបាន យ៉ាងណាមិញ ពួកយើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ យ៉ាងនោះដែរ។ ឯតថាគត លុះបានស្តាប់ព្រះពុទ្ធដីកា នៃព្រះអង្គនោះហើយ រឹងរឹតតែធ្វើចិត្តឲ្យជ្រះថ្លា ហើយបានខំអធិដ្ឋានវត្តតទៅ ដើម្បីបំពេញបារមីទាំង ១០ ប្រការ។ ព្រះមហេសី ព្រះនាមសិខី មានទីក្រុងឈ្មោះអរុណវតី មានព្រះមហាក្សត្រ ព្រះនាមអរុណៈ ជាព្រះបិតា មានព្រះជននី ព្រះនាមបភាវតី។ ព្រះអង្គទ្រង់គ្រប់គ្រងគេហដ្ឋាន អស់ ៧ ពាន់ឆ្នាំ ទ្រង់មានប្រាសាទដ៏ប្រសើរ ៣ ខ្នង គឺប្រាសាទឈ្មោះសុវឌ្ឍកៈ ១ ប្រាសាទឈ្មោះគិរី ១ ប្រាសាទឈ្មោះនារីវាហនៈ ១។ ពួកនារីចំនួន ២ ហ្មឺន ៤ ពាន់ សឹងមានខ្លួនតាក់តែងល្អហើយ ឯនាងនារីជាអគ្គមហេសីនោះ ព្រះនាមសព្វកាមា ព្រះរាជបុត្រព្រះនាមអតុលៈ។ (ព្រះតថាគត) ជាបុរសដ៏ឧត្តម ទ្រង់ឃើញនិមិត្តទាំង ៤ ហើយចេញទៅដោយយានដំរី បានប្រព្រឹត្តធ្វើព្យាយាម អស់៨ ខែគត់។ ព្រះសិខីលោកគ្គនាយក មានព្យាយាមដ៏ធំ ប្រសើរជាងជន ត្រូវព្រហ្មអារាធនាហើយ ទើបញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន។ ព្រះមហេសី ព្រះនាមសិខី មានអភិភូភិក្ខុ ១ សម្ភវភិក្ខុ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះខេមង្ករៈជាឧបដ្ឋាក។ នាងមខិលាភិក្ខុនី ១ នាងបទុមាភិក្ខុនី ១ ជាអគ្គសាវិកា ដើមឈើជាទីត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថា បុណ្ឌរីកព្រឹក្ស (ដើមស្វាយស)។ សិរិវឌ្ឍគហបតី ១ នន្ទគហបតី ១ ជាអគ្គឧបដ្ឋាក នាងចិត្តា ១ នាងសុចិត្តា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះពុទ្ធអង្គនោះ ទ្រង់មានកំពស់ ៧០ ហត្ថ ប្រាកដស្មើដោយគ្រឿងមាស មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ។ ព្រះពុទ្ធជាម្ចាស់អង្គនោះ មានពន្លឺប្រមាណ ១ ព្យាម ផ្សាយចេញអំពីព្រះកាយជានិច្ច ផ្សាយចេញទៅកាន់ទិសតូច និងទិសធំ ភ្លឺចេញទៅ ចម្ងាយ ៣ យោជន៍។ ព្រះមហេសីអង្គនោះ មានព្រះជន្មាយុ ៧ ហ្មឺនឆ្នាំ ព្រះអង្គកាលទ្រង់គង់ធរមាននៅឡើយ បានញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លង (ត្រើយសំសារវដ្ត)។ ព្រះពុទ្ធនោះ ព្រមទាំងសាវ័ក បង្អុរភ្លៀងគឺធម៌ ស្រោចស្រប់ផ្សើមពួកមនុស្ស ព្រមទាំងទេវតា ធ្វើឲ្យដល់នូវសភាពក្សេមក្សាន្ត ហើយបរិនិព្វាន។ ព្រះសរីរៈបរិបូណ៌ដោយអនុព្យញ្ជនៈ មានលក្ខណៈដ៏ប្រសើរ ៣២ ប្រការ គង់បាត់បង់សូន្យទាំងអស់ ឱ! សង្ខារទាំងពួង ជារបស់ទទេទេតើ។ ព្រះសិខីសម្ពុទ្ធ ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងអស្សារាម ព្រះស្តូបដ៏ប្រសើរនៃព្រះអង្គនោះ គេបានសាងទុក កំពស់ ៣ យោជន៍ ក្នុងទីនោះឯង។

ចប់ សិខីពុទ្ធវង្ស ទី២០។

វេស្សភូពុទ្ធវង្ស ទី២១ (២៣)

(២៣. វេស្សភូពុទ្ធវំសោ)

[២២] ក្នុងមណ្ឌកប្បនោះឯង មានព្រះជិនស្រី ព្រះនាមវេស្សភូ ព្រះអង្គមិនមានបុគ្គលស្មើ មិនមានបុគ្គលប្រៀបផ្ទឹមបាន ទ្រង់កើតឡើងក្នុងលោក។ ព្រះជិនស្រីនោះ កាលជ្រាបច្បាស់នូវលោកទាំង ៣ នេះ ដែលឆេះសព្វដោយភ្លើង គឺរាគៈផង នូវដែននៃតណ្ហាទាំងឡាយផង ទ្រង់កាត់នូវចំណងដូចដំរីដ៏ប្រសើរ ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រះវេស្សភូ ជាលោកនាយក ទ្រង់សម្តែងធម្មចក្រ មានពួកបរិស័ទចំនួន ៨០ ពាន់កោដិ បានត្រាស់ដឹងក្នុងគ្រាជាដំបូង។ កាលដែលព្រះលោកជេដ្ឋៈ ប្រសើរជាងពួកនរជន ចៀសចេញទៅកាន់ចារិកក្នុងដែន មានពួកបរិស័ទចំនួន ៧០ ពាន់កោដិ បានត្រាស់ដឹងក្នុងគ្រាទី ២។ ព្រះជិនស្រីអង្គនោះ ទ្រង់បន្ទោបង់នូវមហាទិដ្ឋិ ហើយធ្វើនូវបាដិហារ្យ ពួកមនុស្ស និងទេវតា ក្នុងមួយហ្មឺនលោកធាតុ ព្រមទាំងទេវលោក ក៏បានមកប្រជុំគ្នា។ ពួកទេវតា និងមនុស្ស ចំនួន ៦០ កោដិ ឃើញហេតុអស្ចារ្យធំចំឡែក ជាទីព្រឺរោមហើយ ក៏បានត្រាស់ដឹង (ក្នុងគ្រាទី ៣)។ ព្រះពុទ្ធ ព្រះនាមវេស្សភូ ស្វែងរកគុណដ៏ធំ មានសាវកសន្និបាត ៣ លើក សុទ្ធតែព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង។ គឺសន្និបាតលើកទី ១ មានភិក្ខុចំនួន ៨០ ពាន់កោដិ សន្និបាតលើកទី ២ មានភិក្ខុចំនួន ៧០ ពាន់កោដិ។ សន្និបាតលើកទី ៣ មានពួកភិក្ខុចំនួន ៦០ ពាន់កោដិ ដែលភ័យតក់ស្លុតអំពីទុក្ខ មានជរាជាដើម ជាឱរសរបស់ព្រះពុទ្ធស្វែងរកនូវគុណដ៏ធំ។ កាលព្រះសម្ពុទ្ធ មិនមានបុគ្គលស្មើអង្គនោះ ទ្រង់សម្តែងធម្មចក្រដ៏ឧត្តម សម័យនោះ តថាគតជាក្សត្រ ឈ្មោះសុទស្សនៈ បានស្តាប់នូវធម៌ដ៏ប្រសើរហើយ ក៏ពេញចិត្តនឹងផ្នួសយ៉ាងក្រៃលែង បានបូជានូវព្រះជិនស្រី ព្រមទាំងព្រះសង្ឃ ដោយបាយទឹក និងសំពត់។ តថាគត ញ៉ាំងមហាទាន ឲ្យប្រព្រឹត្តទៅ ជាអ្នកមិនខ្ជិលទាំងយប់ទាំងថ្ងៃ ហើយចូលទៅកាន់ផ្នួស ដែលបរិបូណ៌ដោយគុណ ក្នុងសំណាក់ព្រះជិនស្រី។ តថាគត បរិបូណ៌ដោយអាចារគុណ មានចិត្តតម្កល់ខ្ជាប់ក្នុងវត្ត និងសីល ស្វែងរកនូវសព្វញ្ញុតញ្ញាណ ត្រេកអរក្នុងសាសនានៃព្រះជិនស្រី។ តថាគតញ៉ាំងសទ្ធា និងបីតិឲ្យកើតឡើង ហើយថ្វាយបង្គំព្រះសម្ពុទ្ធជាសាស្តា បីតិរបស់តថាគត ក៏កើតឡើង ព្រោះហេតុនៃការត្រាស់ដឹង។ ព្រះសម្ពុទ្ធទ្រង់ជ្រាបចិត្តមិនវិលត្រឡប់ ហើយទ្រង់ត្រាស់ថា ក្នុងកប្បទី ៣១ អំពីកប្បនេះ ក្សត្រនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញពីក្រុងកបិលពស្តុ ជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានឆាន់បាយាស ក្បែរឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែង។ លំដាប់នោះ ព្រះសម្ពុទ្ធមានយសធំ ធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ស្តេចនេះ នឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈ ២ អង្គ គឺកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាក បម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ដើមឈើជាទីត្រាស់ដឹង របស់ព្រះមានព្រះភាគអង្គនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តគហបតី ១ ហត្ថាឡវកគហបតី ១ នឹងបានជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះសម្ពុទ្ធព្រះនាមគោតម មានយសអង្គនោះ មានព្រះជន្មមួយរយឆ្នាំ។ ពួកទេវតា និងមនុស្ស បានស្តាប់នូវព្រះពុទ្ធដីកានេះ របស់ព្រះសម្ពុទ្ធ ទ្រង់រកបុគ្គលស្មើគ្មាន ស្វែងរកគុណដ៏ធំហើយ ក៏រីករាយថា ក្សត្រនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយហ្មឺនលោកធាតុ មានសំឡេងហ៊ោ ទះដៃអបអរសាទរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណាមិញ។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ ក៏គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគត ក៏យ៉ាងនោះដែរ។ តថាគត បានស្តាប់នូវព្រះពុទ្ធដីកា នៃព្រះសាស្តានោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែង បានខំអធិដ្ឋានវត្តតទៅ ដោយការបំពេញបារមីទាំង ១០។ ព្រះវេស្សភូសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះអនោមៈ មានព្រះមហាក្សត្រ ព្រះនាមសុប្បតិតៈ ជាព្រះបិតា មានព្រះមាតាព្រះនាមយសវតី។ ព្រះអង្គគង់នៅគ្រប់គ្រងព្រះដំណាក់ អស់ ៦ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺរុចិប្រាសាទ ១ សុរតិប្រាសាទ ១ វឌ្ឍកប្រាសាទ ១។ ពួកនារីមិនខ្វះពី ៣០ ពាន់នាក់ មានខ្លួនប្រដាប់សមរម្យ ឯនារីជាអគ្គមហេសី ព្រះនាមសុចិត្តា ព្រះរាជបុត្រ ព្រះនាមសុប្បពុទ្ធ។ ព្រះសម្ពុទ្ធ ជាបុរសដ៏ឧត្តម បានឃើញនូវនិមិត្ត ៤យ៉ាង ស្តេចចេញទៅទ្រង់ព្រះផ្នួសដោយវ បានប្រព្រឹត្តព្យាយាម អស់ ៦ ខែ។ ព្រះវេស្សភូ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ មានចក្រ គឺធម៌ប្រព្រឹត្តទៅ មានព្យាយាមធំ ឧត្តមជាងពួកជន ត្រូវមហាព្រហ្មអារាធនាហើយ ក្នុងអរុណារាម។ ព្រះវេស្សភូសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានព្រះថេរៈឈ្មោះសោណៈ ១ ឧត្តរៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះឧបសន្តៈ ជាឧបដ្ឋាក។ ព្រះថេរីឈ្មោះរាមា ១ សមាលា ១ ជាអគ្គសាវិកា ឯឈើសម្រាប់ត្រាស់ដឹង របស់ព្រះមានព្រះភាគអង្គនោះ គេតែងហៅថា មហាសាលព្រឹក្ស។ ឧបាសកឈ្មោះសោត្ថិកៈ ១ រម្មៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះគោតមី ១ សិរិមា ១ ជាអគ្គឧបដ្ឋាយិកា។ រស្មីមានកំពស់ ៦០ ហត្ថ មានឧបមាស្មើដោយប្រាសាទមាស ផ្សាយចេញពីព្រះកាយ ដូចអណ្តាតភ្លើងលើកំពូលភ្នំ ក្នុងវេលាយប់។ ព្រះសម្ពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំអង្គនោះ មានព្រះជន្មាយុ ៦ ម៉ឺនឆ្នាំ ព្រះអង្គឋិតនៅអស់កាលត្រឹមនោះ ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លង (ចាកសង្សារ)។ ព្រះសម្ពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ញែកធម៌ធ្វើឲ្យពិស្តារ តម្កល់មហាជនក្នុងសំពៅ គឺធម៌ ហើយបរិនិព្វាន។ ជនទាំងអស់នោះ វិហារ និងឥរិយាបថ ជារបស់ដែលគេគប្បីរមិលមើល របស់ទាំងអស់នេះ វិនាសសាបសូន្យអស់ទៅ ឱ! សង្ខារទាំងពួង ជារបស់ទទេទេតើ។ ព្រះជិនស្រីដ៏ប្រសើរ ព្រះនាមវេស្សភូជាសាស្តា បរិនិព្វានក្នុងខេមារាម ព្រះធាតុផ្សាយទៅ ក្នុងប្រទេសនោះៗ។

ចប់ វេស្សភូពុទ្ធវង្ស ទី២១។

កក្កុសន្ធពុទ្ធវង្ស ទី២២ (២៤)

(២៤. កកុសន្ធពុទ្ធវំសោ)

[២៣] ក្នុងកាលជាខាងក្រោយ នៃព្រះវេស្សភូសម្ពុទ្ធមក មានព្រះសម្ពុទ្ធព្រះនាមកក្កុសន្ធៈ ទ្រង់ប្រសើរជាងពួកសត្វទ្វេបាទ មានគុណរាប់មិនបាន គេគ្របសង្កត់បានដោយកម្រ ព្រះអង្គរំលើងនូវភពទាំងពួង ដល់នូវបារមីដោយចរិយា ហើយសម្រេចនូវពោធិញ្ញាណដ៏ឧត្តម ដូចសីហៈទម្លាយនូវទ្រុង។ កាលព្រះកក្កុសន្ធៈ ជាលោកនាយក ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ មានពួកបរិស័ទចំនួន ៤ ម៉ឺនកោដិ បានត្រាស់ដឹងក្នុងគ្រាដំបូង។ ព្រះកក្កុសន្ធៈ ទ្រង់ធ្វើនូវវិកុព្វនបដិហារ្យ ជាគូៗ ឰដ៏អាកាស ញ៉ាំងទេវតា និងមនុស្ស ៣ ម៉ឺនកោដិ ឲ្យត្រាស់ដឹង (នេះជាការត្រាស់ដឹងទី ២)។ ក្នុងការប្រកាសនូវចតុស្សច្ចធម៌នៃព្រះពុទ្ធនោះ មានមនុស្ស ទេវតា និងយក្ស ត្រាស់ដឹងនូវធម៌ គេមិនអាចរាប់បាន (នេះជាការត្រាស់ដឹងទី ៣)។ ព្រះមានជោគ ព្រះនាមកក្កុសន្ធៈ មានសាវកសន្និបាតតែមួយដង សុទ្ធតែជាព្រះខីណាស្រព មិនមានមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង។ សាវ័កសមាគមក្នុងកាលនោះ មានពួកព្រះខីណាស្រព ៤ ម៉ឺន ដែលដល់នូវទន្តភូមិ (ភូមិនៃបុគ្គលអ្នកមានខ្លួនទូន្មានហើយ) ព្រោះអស់ទៅនៃកិលេសមានអាសវៈជាដើម។ សម័យនោះ តថាគតជាក្សត្រឈ្មោះខេមៈ បានថ្វាយទានដ៏ច្រើនចំពោះព្រះតថាគត និងព្រះសង្ឃជាជិនបុត្ត។ តថាគតបានចាត់ចែងថ្វាយបាត្រ ចីវរ ថ្នាំបន្តក់ និងដើមឈើអែម ទាំងអស់នេះ ជារបស់ប្រសើរក្រៃពេក ដែលតថាគតប្រាថ្នាហើយ។ ព្រះមុនីកក្កុសន្ធៈ ជានាយកអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងភទ្ទកប្បនេះ ក្សត្រនេះ នឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញចាកក្រុងកបិលពស្តុ ជាទីរីករាយ ហើយតម្កល់នូវព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីនោះ នឹងសោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចសំដៅទៅឯគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែង។ លំដាប់នោះ ព្រះពុទ្ធមានយសធំ ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរហើយ នឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតានៃព្រះពុទ្ធនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ក្សត្រនេះ ជាព្រះពុទ្ធព្រះនាមគោតម។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ ជាឧបដ្ឋាកបម្រើព្រះជិនស្រីនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ ជាអគ្គសាវិកា។ ឈើជាទីត្រាស់ដឹង របស់ព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវក ១ ជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះរបស់ព្រះសម្ពុទ្ធ ទ្រង់មិនមានបុគ្គលស្មើ ស្វែងរកនូវគុណដ៏ធំហើយ ក៏រីករាយថា ក្សត្រអង្គនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតា ទាំងមួយម៉ឺនលោកធាតុ មានសំឡេងហ៊ោ ទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថអង្គនេះ យើងគង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ មនុស្សទាំងឡាយ កាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខហើយ គង់នឹងកាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងនូវស្ទឹងធំបានដែរ យ៉ាងណាមិញ។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះហើយ គង់តែនឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតពុំខាន ក៏យ៉ាងនោះដែរ។ តថាគតស្តាប់ព្រះពុទ្ធដីការបស់ព្រះពុទ្ធនោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាដោយក្រៃលែង បានអធិដ្ឋានវត្តតទៅ ដោយការបំពេញបារមីទាំង ១០។ កាលនោះ នគរឈ្មោះខេមវតី ឯតថាគតជាបុរស ឈ្មោះខេមៈ ស្វែងរកនូវសព្វញ្ញុតញ្ញាណ បានបួសក្នុងសំណាក់នៃព្រះពុទ្ធអង្គនោះ។ ព្រះពុទ្ធព្រះនាមកក្កុសន្ធៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានអគ្គិទត្តព្រាហ្មណ៍ ជាព្រះបិតា ព្រះមាតាព្រះនាមវិសាខា។ មហាត្រកូលរបស់ព្រះសម្ពុទ្ធនៅក្នុងខេមបុរីនោះ ជាត្រកូលប្រសើរបំផុត មានជាតិខ្ពង់ខ្ពស់ មានយសធំជាងមនុស្សទាំងឡាយ។ ព្រះកក្កុសន្ធៈអង្គនោះ ទ្រង់គង់នៅគ្រប់គ្រងឃរាវាសអស់ ៤ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺកាមវឌ្ឍប្រាសាទ ១ កាមសុទ្ធិប្រាសាទ ១ រតិវឌ្ឍនប្រាសាទ ១។ មាននារី ៣ ម៉ឺននាក់ មានខ្លួនប្រដាប់សមរម្យ ឯនារីជាមហេសីនោះ ព្រះនាមរោបិនី ព្រះរាជបុត្រ ព្រះនាមឧត្តរៈ។ ព្រះជិនស្រី ឃើញនូវនិមិត្តទាំង ៤ ទ្រង់ចេញទៅដោយរថយាន តម្កល់ទុកនូវព្យាយាម មិនលើសពី ៨ ខែ។ ព្រះកក្កុសន្ធៈ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ មានព្យាយាមធំ ទ្រង់ឧត្តមជាងពួកជន ត្រូវព្រហ្មអារាធនាហើយ ទើបញ៉ាំងចក្រ ឲ្យប្រព្រឹត្តទៅក្នុងមិគទាយវ័ន។ ព្រះកក្កុសន្ធៈ ស្វែងរកនូវគុណដ៏ធំ មានព្រះថេរៈ ឈ្មោះវិធុរៈ ១ សញ្ជីវៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះពុទ្ធិជៈជាឧបដ្ឋាក។ ព្រះថេរី ឈ្មោះសាមា ១ ឈ្មោះចម្បា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានព្រះភាគនោះ ហៅថាសិរិសព្រឹក្ស (ដើមច្រេស)។ ឧបាសកឈ្មោះអច្ចុគ្គតៈ ១ សុមនៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះនន្ទា ១ សុនន្ទា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះមហាមុនី មានកំពស់ ៤០ ហត្ថ រស្មីដូចជាមាស ផ្សាយចេញទៅកាន់ទីចម្ងាយ ១០ យោជន៍ ដោយជុំវិញ។ ព្រះមហេសីនោះ មានព្រះជន្មាយុ ៤ ម៉ឺនឆ្នាំ ព្រះអង្គគង់នៅកំណត់ប៉ុណ្ណោះ ទ្រង់ញ៉ាំងប្រជុំជនដ៏ច្រើនឲ្យឆ្លង (ចាកសង្សារ)។ ព្រះសម្ពុទ្ធនោះ ព្រមទាំងសាវ័ក តាំងរានផ្សារ គឺព្រះសទ្ធម្ម បន្លឺឡើងដូចជាសីហនាទ ចំពោះនរៈ និងនារីទាំងឡាយ ក្នុងមនុស្សលោក ព្រមទាំងទេវលោក ហើយនិព្វាន។ ព្រះសម្ពុទ្ធ បរិបូណ៌ដោយពាក្យ ប្រកបដោយអង្គ ៨ សីលទាំងឡាយ មិនធ្លុះធ្លាយ ជាប់មិនដាច់ របស់ទាំងអស់ វិនាសសូន្យទៅ ឱ ! សង្ខារទាំងពួង ជារបស់មិនទៀងទេតើ។ ព្រះកក្កុសន្ធៈ ជាព្រះជិនស្រីដ៏ប្រសើរ និព្វានក្នុងខេមារាម ព្រះស្តូបដ៏ប្រសើរ របស់ព្រះពុទ្ធនោះ មានកំពស់ទៅក្នុងអាកាស ១ គាវុត ក្នុងទីនោះឯង។

ចប់ កក្កុសន្ធពុទ្ធវង្ស ទី២២។

កោនាគមនពុទ្ធវង្ស ទី២៣ (២៥)

(២៥. កោណាគមនពុទ្ធវំសោ)

[២៤] កាលជាខាងក្រោយ អំពីព្រះកក្កុសន្ធៈមក មានព្រះជិនស្រីសម្ពុទ្ធ ព្រះនាមកោនាគមនៈ ព្រះអង្គឧត្តមជាងសត្វទ្វេបាទ ជាធំក្នុងលោក ទ្រង់ប្រសើរជាងពួកជន។ ព្រះសម្ពុទ្ធអង្គនោះ បានបំពេញបារមីធម៌ទាំង ១០ កន្លងផ្លូវឆ្ងាយគឺជាតិ លះបង់មន្ទិលទាំងអស់ ដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម។ ព្រះកោនាគមនសម្ពុទ្ធ ជានាយក ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ពួកសត្វចំនួន ៣ម៉ឺនកោដិ បានត្រាស់ដឹងដំបូង។ កាលទ្រង់ធ្វើបាដិហារិយ៍ ញាំញីពាក្យត្មះតិះដៀលនៃជនដទៃ ពួកសត្វចំនួន ២ ម៉ឺនកោដិ បានត្រាស់ដឹងជាលើកទី ២។ លំដាប់ពីនោះ ព្រះជិនស្រីធ្វើនូវវិកុព្វនបាដិហារិយ៍ ហើយទ្រង់យាងទៅកាន់ទេវបុរី ព្រះសម្ពុទ្ធគង់នៅលើបណ្ឌុកម្ពលសិលា ក្នុងទេវលោកនោះ។ ព្រះមុនីនោះ កាលសម្តែងសត្តបករណាភិធម្ម គង់ចាំវស្សា (ក្នុងទេវលោក) ពួកសត្វចំនួនមួយម៉ឺនកោដិ បានត្រាស់ដឹងជាលើកទី ៣។ ព្រះពុទ្ធជាទេវតា ទ្រង់ប្រសើរជាងទេវតាអង្គនោះ ទ្រង់មានសាវកសន្និបាតតែមួយដង ដែលសុទ្ធតែជាពួកព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង។ សាវកសមាគមក្នុងកាលនោះ មានភិក្ខុ ៣ ម៉ឺន ដែលកន្លងឱឃៈ ផ្តាច់បង់មច្ចុ។ សម័យនោះ តថាគតជាក្សត្រឈ្មោះបព្វតៈ បរិបូណ៌ដោយមិត្ត និងអាមាត្យ មានពល និងពាហនៈច្រើន។ តថាគតទៅគាល់ព្រះសម្ពុទ្ធ ស្តាប់ធម៌ដ៏ប្រសើរ ហើយនិមន្តព្រះសង្ឃ ព្រមទាំងព្រះជិនស្រី ថ្វាយទានតាមសេចក្តីប្រាថ្នា។ តថាគតបានថ្វាយវត្ថុ ៤ មុខ គឺសំពត់ចីនប្រទេស ១ សំពត់សូត្រ ១ សំពត់កម្ពល ១ ស្បែកជើងមាស ១ ចំពោះព្រះសាស្តា ព្រមទាំងសាវ័ក។ ព្រះមុនីនោះ ទ្រង់គង់នៅក្នុងកណ្តាលសង្ឃ ទ្រង់ព្យាករតថាគតថា មហាបុរសនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ក្នុងភទ្ទកប្បនេះ។ សត្វនេះ នឹងចេញពីនគរកបិលពស្តុ ជាទីត្រេកអរ តាំងនូវព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ បានឆាន់បាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយស្តេចសំដៅទៅឯពោធិមណ្ឌល តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់នោះ មហាបុរសមានយសធំ នឹងធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយបានត្រាស់ដឹង ទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ក្សត្រអង្គនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងបម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើជាទីត្រាស់ដឹង របស់ព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកា ឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះរបស់ព្រះពុទ្ធ រកបុគ្គលស្មើគ្មាន ស្វែងរកគុណដ៏ធំហើយ ក៏មានចិត្តរីករាយថា មហាបុរសនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស និងទេវតា ទាំងមួយហ្មឺនលោកធាតុ មានសំឡេងហ៊ោឡើង ទះដៃអបអរធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផល ក្នុងសាសនានៃព្រះលោកនាថនេះ គង់នឹងសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលអនាគតមិនខាន។ មនុស្សទាំងឡាយ កាលឆ្លងនូវស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកនូវកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបាន យ៉ាងណា។ យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងអនាគតកាល ក៏យ៉ាងនោះដែរ។ តថាគត ស្តាប់ព្រះពុទ្ធដីកានៃព្រះសម្ពុទ្ធនោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាដោយក្រៃលែង បានខំអធិដ្ឋានវត្តតទៅ ដោយការបំពេញនូវបារមីទាំង ១០។ តថាគតប្រសើរជាងជន កាលស្វែងរកសព្វញ្ញុតញ្ញាណ បានឲ្យទាន លះបង់រាជសម្បត្តិដ៏ធំ ហើយបួសក្នុងសំណាក់ព្រះជិនស្រី។ មាននគរឈ្មោះសោភវតី ក្សត្រព្រះនាមសោភៈ ត្រកូលធំរបស់ព្រះពុទ្ធនៅក្នុងនគរនោះ។ ព្រាហ្មណ៍ឈ្មោះយញ្ញទត្ត (ជាព្រះបិតា) នាងឧត្តរា ជាព្រះមាតារបស់ព្រះសម្ពុទ្ធ ព្រះនាមកោនាគមនៈ ជាសាស្តានោះ។ ព្រះសម្ពុទ្ធអង្គនោះ ទ្រង់គង់នៅគ្រប់គ្រងព្រះដំណាក់ អស់ ៣ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺតុសិតប្រាសាទ ១ សន្តុសិតប្រាសាទ ១ សន្តុដ្ឋប្រាសាទ ១។ មាននារីមិនខ្វះពី ១ ម៉ឺន ៦ ពាន់នាក់ មានខ្លួនប្រដាប់សមរម្យ ឯនារីជាអគ្គមហេសី ព្រះនាមរុចិគត្តា ព្រះរាជបុត្រ ព្រះនាមសត្ថវាហៈ។ បុរសដ៏ឧត្តមឃើញនូវនិមិត្តទាំង ៤ យ៉ាង ហើយចេញទៅដោយយានដំរី បានប្រព្រឹត្តព្យាយាម អស់ ៦ ខែ។ ព្រះកោនាគមនៈ ជាលោកនាយក មានព្រះទ័យស្ងប់រម្ងាប់ មានព្យាយាមធំ ប្រសើរជាងជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន។ ព្រះពុទ្ធ ព្រះនាមកោនាគមនៈដ៏មានយស មានព្រះថេរៈឈ្មោះភិយ្យោសៈ ១ ឧត្តរៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះសោត្ថិជៈ ជាឧបដ្ឋាក។ ព្រះថេរីឈ្មោះសមុទ្ទា ១ ឧត្តរា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹង នៃព្រះមានព្រះភាគអង្គនោះ គេហៅថាឧទុម្ពរព្រឹក្ស (ដើមល្វា)។ ឧបាសកឈ្មោះឧគ្គៈ ១ ឈ្មោះសោមទេវៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះសីវលា ១ ឈ្មោះសាមា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះពុទ្ធនោះ មានកំពស់ ៣០ ហត្ថ ប្រដាប់ដោយរស្មីយ៉ាងនេះ ដូចជាមាសក្នុងមាត់នៃបាវ។ ព្រះពុទ្ធមានព្រះជន្មាយុ ៣ ម៉ឺនឆ្នាំ ជាកំណត់ ព្រះអង្គឋិតនៅកំណត់ត្រឹមនោះ ញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លង (ចាកសង្សារ)។ ព្រះពុទ្ធអង្គនោះ ព្រមទាំងសាវ័ក លើកឡើងនូវធម្មចេតិយ ស្អិតស្អាងដោយសំពត់ គឺធម៌ ធ្វើនូវកម្រងផ្កា គឺធម៌ ហើយបរិនិព្វាន។ ជនជាសាវ័ករបស់ព្រះពុទ្ធនោះ សម្តែងនូវធម៌ដ៏មានសិរី ដល់នូវឫទ្ធិដ៏ធំទូលាយ របស់ទាំងអស់នេះ វិនាសសូន្យទៅ ឱ! សង្ខារទាំងពួង ជារបស់ទទេទេតើ។ ព្រះសម្ពុទ្ធ ព្រះនាមកោនាគមនៈ និព្វានក្នុងបព្វតារាម ព្រះធាតុផ្សាយទៅក្នុងទីនោះៗ តាមចំណែក។

ចប់ កោនាគមនពុទ្ធវង្ស ទី២៣។

កស្សបពុទ្ធវង្ស ទី២៤ (២៦)

(២៦. កស្សបពុទ្ធវំសោ)

[២៥] កាលខាងក្រោយ អំពីព្រះពុទ្ធព្រះនាមកោនាគមនៈមក មានព្រះសម្ពុទ្ធ ព្រះនាមកស្សបៈ ដ៏ឧត្តមជាងសត្វទ្វេបាទ ជាធម្មរាជ ទ្រង់ធ្វើពន្លឺ។ ផ្ទះជាឫសនៃត្រកូលព្រះពុទ្ធ ទ្រង់លះបង់ហើយ ព្រះពុទ្ធនោះទ្រង់ឲ្យទាន គឺបាយ និងទឹកច្រើន ដល់យាចកទាំងឡាយ ហើញញ៉ាំងព្រះទ័យឲ្យពេញ ដល់សម្ពោធិញ្ញាណដ៏ឧត្តម ដូចជាគោឧសភៈ ទម្លាយនូវក្រោល។ កាលព្រះកស្សបៈ ជាលោកនាយក ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ពួកបរិស័ទចំនួន ២ ម៉ឺនកោដិ បានត្រាស់ដឹងជាគ្រាដំបូង។ កាលព្រះសម្ពុទ្ធយាងទៅកាន់ចារិកក្នុងទេវលោក អស់ ៤ ខែ ពួកបរិស័ទមួយម៉ឺនកោដិបានត្រាស់ដឹងជាគ្រាទី ២។ ព្រះសាស្តាធ្វើយមកបាដិហារ្យ និងវិកុព្វនឫទ្ធិ សម្តែងនូវញាណធាតុ ពួកបរិស័ទ ៥ ពាន់កោដិ បានត្រាស់ដឹងជាគ្រាទី ៣។ ព្រះជិនស្រី សម្តែងធម៌ក្នុងសុធម្មទេវបុរី ជាទីរីករាយ ក្នុងទេវលោកនោះ ញ៉ាំងទេវតា ៣ ពាន់កោដិ ឲ្យត្រាស់ដឹង។ ក្នុងការសម្តែងធម៌ដទៃទៀត ដល់ទេវតា មនុស្ស និងយក្ស ជនទាំងនោះ បានត្រាស់ដឹងរាប់មិនអស់។ ព្រះពុទ្ធ ជាទេវតាដ៏ប្រសើរនោះ មានសាវកសន្និបាតតែមួយដង ដែលសុទ្ធតែជាពួកព្រះខីណាស្រព មិនមានមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង។ ការប្រជុំក្នុងកាលនោះ មានភិក្ខុ ២ ម៉ឺនរូប ដែលមានភពកន្លងហើយ មានចិត្តនឹងធឹង ដោយហិរិ និងសីល។ កាលនោះ តថាគតជាមាណព ឈ្មោះជោតិបាល ជាអ្នករៀនមន្ត ចេះចាំមន្ត ដល់នូវត្រើយនៃវេទទាំង ៣។ តថាគតដល់នូវបារមី ក្នុងគម្ពីលក្ខណៈផង ក្នុងគម្ពីរឥតិហាសៈផង ក្នុងព្រះសទ្ធម្មផង ឈ្លាសវៃក្នុងផែនដី និងអាកាស មានវិជ្ជាធ្វើរួចហើយ ជាអ្នកមិនមានរោគ។ ឧបាសកឈ្មោះឃដិការ ជាឧបដ្ឋាករបស់ព្រះមានព្រះភាគ ព្រះនាមកស្សបៈ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តីកោតក្រែង និព្វានក្នុងផលទី ៣ ឃដិការនាំតថាគត ចូលទៅគាល់ព្រះជិនស្រី ព្រះនាមកស្សបៈ តថាគតស្តាប់ធម៌របស់ព្រះពុទ្ធនោះ ក៏បួសក្នុងសំណាក់នៃព្រះអង្គ។ តថាគត មានព្យាយាមក្លៀវក្លា ឈ្លាសវៃ ក្នុងវត្តតូច និងវត្តធំ មិនមានសេចក្តីសាបសូន្យក្នុងសីល និងសមាធិណាមួយឡើយ ញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យពេញបរិបូណ៌។ សាសនាព្រះសាស្តាមានអង្គ ៩ ដែលព្រះអង្គសម្តែងហើយទាំងប៉ុន្មាន តថាគតបានរៀននូវធម៌ទាំងអស់នោះ ហើយញ៉ាំងសាសនាព្រះជិនស្រីឲ្យរុងរឿង។ ព្រះពុទ្ធនោះ ឃើញហេតុជាអស្ចារ្យរបស់តថាគត ក៏ទ្រង់ព្យាករថា ជោតិបាលមាណពនេះ នឹងបានត្រាស់ដឹងជាព្រះពុទ្ធក្នុងភទ្ទកប្បនេះឯង។ សត្វនេះ នឹងចេញអំពីនគរកបិលពស្តុ ជាទីរីករាយ តម្កល់សេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ នឹងអង្គុយនៅទៀបគល់នៃអជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅឯស្ទឹងនេរញ្ជរា។ សត្វនេះ សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលសំដៅទៅរកគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរដែលគេចាត់ចែងហើយ។ លំដាប់ពីនោះ ព្រះពុទ្ធមានយសធំ ទ្រង់ធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងបានត្រាស់ដឹងនូវសម្ពោធិញ្ញាណ ទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ មាណពនេះ នឹងបានត្រាស់ជាព្រះពុទ្ធ ព្រះនាមគោតម។ ព្រះថេរៈ ឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងបានជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ ជាឧបដ្ឋាក នឹងបម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះនាងខេមា ១ នាងឧប្បលវណ្ណា ១ សុទ្ធតែមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតាំងមាំ នឹងបានជាអគ្គសាវិកា។ ឈើជាទីត្រាស់ដឹងរបស់ព្រះមានជោគអង្គនោះ គេហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមមានយសអង្គនោះ មានព្រះជន្មាយុ ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ព្រះពុទ្ធដីកានេះ របស់ព្រះពុទ្ធរកបុគ្គលស្មើគ្មាន ស្វែងរកគុណធំហើយ ក៏រីករាយថា មាណពនេះ ជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស និងទេវតា ទាំងមួយម៉ឺនលោកធាតុ មានសំឡេងហ៊ោឡើង ទះដៃអបអរ ធ្វើអញ្ជលីនមស្ការថា បើពួកយើងនឹងឃ្វាងមគ្គផលក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ មនុស្សទាំងឡាយ កាលឆ្លងនូវស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំបានដែរ យ៉ាងណាមិញ។ ពួកយើងទាំងអស់ បើឃ្វាងព្រះជិនស្រីអង្គនេះហើយ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគត ក៏យ៉ាងនោះដែរ។ តថាគតបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះពុទ្ធអង្គនោះហើយ ក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែង បានខំអធិដ្ឋានវត្តតទៅទៀត ដោយការបំពេញបារមីទាំង ១០។ តថាគត កាលបំពេញបារមីយ៉ាងនេះ តថាគតតែងអន្ទោលទៅ វៀរនូវមាយាទអាក្រក់ អំពើដែលបុគ្គលធ្វើដោយកម្រ តថាគតបានធ្វើហើយ ព្រោះហេតុពោធិញ្ញាណ។ នគរឈ្មោះ ពារាណសី ក្សត្រព្រះនាមកិកី ត្រកូលធំរបស់ព្រះសម្ពុទ្ធ នៅក្នុងនគរនោះ។ ព្រះពុទ្ធ ព្រះនាមកស្សបៈ ទ្រង់ស្វែងរកគុណដ៏ធំ មានព្រហ្មទត្តព្រាហ្មណ៍ ជាព្រះបិតា ព្រះមាតា ព្រះនាមធនវតី។ ព្រះអង្គគង់គ្រប់គ្រងព្រះដំណាក់ អស់ ២ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺហំសប្រាសាទ ១ យសប្រាសាទ ១ សិរិចន្ទប្រាសាទ ១។ នារី ១៦ ពាន់ ៣ ដង មានខ្លួនប្រដាប់សមរម្យ ឯនារីជាអគ្គមហេសីនោះ ព្រះនាមសុនន្ទា ព្រះរាជបុត្រ ព្រះនាមវិជិតសេន។ ព្រះពុទ្ធជាបុរសដ៏ឧត្តម ឃើញនូវនិមិត្តទាំង ៤ ក៏បានចេញទៅដោយប្រាសាទ ទ្រង់ប្រព្រឹត្តសេចក្តីព្យាយាម អស់ ៧ ថ្ងៃ (បានត្រាស់ជាព្រះពុទ្ធ)។ ព្រះសម្ពុទ្ធ ព្រះនាមកស្សបៈ ជាលោកនាយក មានព្រះហឫទ័យស្ងប់រម្ងាប់ មានព្យាយាមច្រើន ទ្រង់ឧត្តមជាងនរជន ត្រូវព្រហ្មអារាធនាហើយ ទើបទ្រង់ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅ ក្នុងមិគទាយវ័ន។ ព្រះថេរៈឈ្មោះតិស្សៈ ១ ភារទ្វាជៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះសព្វមិត្ត ជាឧបដ្ឋាករបស់ព្រះសម្ពុទ្ធព្រះនាមកស្សបៈ ស្វែងរកគុណដ៏ធំ។ ព្រះថេរីឈ្មោះអនុលា ១ ឧរុវេលា ១ ជាអគ្គសាវិកា ឈើសម្រាប់ត្រាស់ដឹងរបស់ព្រះមានជោគនោះ ហៅថានិគ្រោធព្រឹក្ស (ដើមជ្រៃ)។ ឧបាសកឈ្មោះសុមង្គលៈ ១ ឃដិការៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះវិជិតសេនា ១ ភទ្រា ១ ជាអគ្គឧបដ្ឋាយិកា។ ព្រះសម្ពុទ្ធនោះ មានកំពស់ ២០ ហត្ថ ដូចជាឆ្នូតនៃផ្លេកបន្ទោរឰដ៏អាកាស ឬដូចជាព្រះចន្ទ្រដែលផ្កាយចោមរោមហើយ។ ព្រះមហេសីអង្គនោះ មានព្រះជន្មាយុ ២ ម៉ឺនឆ្នាំ ព្រះអង្គឋិតនៅត្រឹមណោះ ទ្រង់ញ៉ាំងប្រជុំជនដ៏ច្រើន ឲ្យឆ្លងចាក (សង្សារ)។ ព្រះអង្គនិម្មិតស្រះ គឺព្រះសទ្ធម្ម ទ្រង់ប្រទានគ្រឿងលាបគឺសីល ទ្រង់ញ៉ាំងសត្វឲ្យស្លៀកពាក់ គឺព្រះធម៌ ទ្រង់ចែកកម្រងផ្កា គឺព្រះធម៌ ទ្រង់តម្កល់ទុកកញ្ចក់មិនមានមន្ទិល គឺព្រះសទ្ធម្ម ចំពោះពួកមហាជនថា ពួកជនណាមួយ កាលប្រាថ្នានិព្វាន ចូររមិលមើលគ្រឿងប្រដាប់របស់តថាគតចុះ។ ព្រះសម្ពុទ្ធនោះ ឲ្យអាវ គឺសីល ឲ្យស្បែកក្រោះគឺឈាន ឲ្យដណ្តប់ស្បែក គឺព្រះធម៌ ឲ្យកាំបិតស្នៀតដ៏ឧត្តម គឺព្យាយាម។ ឲ្យខែល គឺសតិ ឲ្យកាំបិត គឺញាណដ៏មុត ឲ្យព្រះខ័នដ៏ប្រសើរ គឺធម៌ ឲ្យប្រដាប់សម្រាប់ញាំញីសត្រូវ គឺសីល។ ឲ្យគ្រឿងស្អិតស្អាង គឺវិជ្ជា ៣ ឲ្យគ្រឿងពាក់ត្រចៀក គឺផល ៤ ឲ្យគ្រឿងអាភរណៈ គឺអភិញ្ញា ៦ ឲ្យគ្រឿងប្រដាប់ជាវិការៈនៃផ្កា គឺព្រះសទ្ធម្ម។ ព្រះសម្ពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ឲ្យឆ័ត្រស គឺព្រះសទ្ធម្ម ជាគ្រឿងឃាត់នូវបាប និម្មិតនូវផ្កាមិនមានភ័យ ហើយទើបនិព្វាន។ ព្រះសម្មាសម្ពុទ្ធអង្គនុ៎ះ ប្រមាណមិនបាន បុគ្គលគ្របសង្កត់បានដោយកម្រ ព្រះធម្មរតនៈនុ៎ះ ដែលព្រះអង្គសម្តែងហើយដោយប្រពៃ ជាធម៌គួរហៅអ្នកផង ឲ្យចូលមកមើលបាន។ ព្រះសង្ឃរតនៈនុ៎ះ លោកប្រតិបត្តិហើយដោយប្រពៃ ជាព្រះសង្ឃដ៏ប្រសើរ របស់ទាំងអស់នេះ វិនាសសោះសូន្យទៅ ឱ! សង្ខារទាំងពួង ជារបស់ទទេទេតើ។ ព្រះជិនស្រីជាសាស្តា ព្រះនាមមហាកស្សបៈ ទ្រង់និព្វានក្នុងសេតព្យារាម ព្រះស្តូបរបស់ព្រះជិនស្រីអង្គនោះ មានកំពស់មួយយោជន៍ ក្នុងទីនោះ។

ចប់ កស្សបពុទ្ធវង្ស ទី២៤។

គោតមពុទ្ធវង្ស ទី២៥ (២៧)

(២៧. គោតមពុទ្ធវំសោ)

[២៦] ក្នុងកាលឥឡូវនេះ តថាគតជាព្រះសម្ពុទ្ធ ព្រះនាមគោតម ចម្រើនក្នុងត្រកូលសក្យៈ តាំងព្យាយាម ដល់សម្ពោធិញ្ញាណដ៏ឧត្តម។ តថាគតមានចិត្តស្ងប់រម្ងាប់ ត្រូវព្រហ្មអារាធនាហើយ ក៏ញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ពួកបរិស័ទ ១៨ កោដិ បានត្រាស់ដឹងគ្រាដំបូង។ លំដាប់តទៅ កាលតថាគតសម្តែងធម៌ដទៃទៀត ក្នុងការប្រជុំនៃពួកមនុស្ស និងទេវតា ការត្រាស់ដឹងគ្រាទី ២ គេមិនគប្បីពោលដោយការរាប់បានឡើយ។ ឥឡូវនេះ តថាគតបានទូន្មានកូនរបស់តថាគត ក្នុងទីនេះ ការត្រាស់ដឹងគ្រាទី ៣ បុគ្គលមិនគប្បីពោលដោយការរាប់បានឡើយ។ ការប្រជុំសាវ័ករបស់តថាគត អ្នកស្វែងរកគុណដ៏ប្រសើរ មានតែមួយដង គឺប្រជុំពួកភិក្ខុ ១.២៥០ របស់តថាគត។ តថាគតរុងរឿង មិនមានមន្ទិល ទៅក្នុងកណ្តាលនៃសង្ឃ ឲ្យសេចក្តីប្រាថ្នាទាំងពួង គឺបុគ្គលប្រាថ្នាហើយ ដូចជាកែវមណី ដែលអាចឲ្យសម្រេចសេចក្តីប្រាថ្នាគ្រប់យ៉ាង។ តថាគតប្រកាសសច្ចៈទាំង ៤ ដើម្បីអនុគ្រោះដល់ពួកសត្វ ដែលប្រាថ្នានូវផល លះបង់នូវឆន្ទៈក្នុងភព។ មានពួកសត្វ ២ សែន បានត្រាស់ដឹងធម៌ ការត្រាស់ដឹងរបស់បុគ្គលមួយនាក់ ឬ ២ នាក់ គេមិនអាចរាប់បានឡើយ។ សម័យនេះ សាសនានៃតថាគត ជាសក្យមុនី បានផ្សាយទៅ ជាសាសនាដែលទេវតា និងមនុស្សដឹងច្រើន ជាសាសនាស្តុកស្តម្ភ មាំមួន រីកសាយភាយ តថាគតបានពិសោធហើយដោយប្រពៃ។ ពួកភិក្ខុជាច្រើនរយ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ គ្រប់រូប តែងតែចោមរោមតថាគតសព្វៗកាល។ ក្នុងកាលឥឡូវនេះឯង ពួកភិក្ខុណា លះបង់ភពជារបស់មនុស្ស តែភិក្ខុទាំងនោះ មិនទាន់បានអរហត្តផល នៅជាសេក្ខបុគ្គល ពួកភិក្ខុទាំងនោះ ត្រូវអ្នកប្រាជ្ញតិះដៀលបាន។ នរជនទាំងឡាយ កាលសរសើរផ្លូវដ៏ប្រសើរ (អដ្ឋង្គិកមគ្គ) ត្រេកអរក្នុងធម៌សព្វកាល មានសេចក្តីរុងរឿង អន្ទោលទៅក្នុងសង្សារ នឹងបានត្រាស់ដឹង។ នគររបស់តថាគត ឈ្មោះកបិលពស្តុ ស្តេចជាព្រះបិតា ព្រះនាមសុទ្ធោទនៈ ព្រះមាតាបង្កើតរបស់តថាគត ព្រះនាមមាយាទេវី។ តថាគតនៅគ្រប់គ្រងព្រះរាជដំណាក់អស់ ២៩ ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ គឺសុចន្ទប្រាសាទ ១ កោកនុទប្រាសាទ ១ កោញ្ចប្រាសាទ ១។ មាននារី ៤ ម៉ឺននាក់ មានខ្លួនប្រដាប់សមរម្យ នារីជាអគ្គមហេសី ព្រះនាមយសោធរា ព្រះរាជបុត្រ ព្រះនាមរាហុល។ តថាគតឃើញនិមិត្ត ៤ យ៉ាង ហើយក៏ចេញទៅដោយយានសេះ ប្រព្រឹត្តព្យាយាម ធ្វើទុក្ករកិរិយាអស់ ៦ វស្សា។ តថាគតជាព្រះជិនស្រី បានញ៉ាំងធម្មចក្រឲ្យប្រព្រឹត្តទៅ ក្នុងព្រៃឥសិបតនៈ ទៀបក្រុងពារាណសី តថាគត ជាគោតមសម្ពុទ្ធ ជាទីពឹងនៃសត្វទាំងពួង។ ភិក្ខុ ២ រូប ឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអគ្គសាវ័ក ភិក្ខុឈ្មោះអានន្ទ ជាឧបដ្ឋាក អ្នកបម្រើផ្ទាល់របស់តថាគត។ ភិក្ខុនីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអគ្គសាវិកា ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ ជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ ជាអគ្គឧបដ្ឋាយិកា តថាគតបានដល់នូវសម្ពោធិញ្ញាណដ៏ឧត្តម ទៀបគល់អស្សត្ថព្រឹក្ស។ តថាគត មានរស្មីមួយព្យាមសព្វៗកាល មានកំពស់ ១៦ ហត្ថ ក្នុងកាលឥឡូវនេះ តថាគតមានអាយុតិច បានតែ១០០ ឆ្នាំ។ តថាគត កាលឋិតនៅអស់កាលត្រឹមនោះ បានញ៉ាំងប្រជុំជនដ៏ច្រើន ឲ្យឆ្លងចាកសង្សារ ហើយតម្កល់ទុកគប់ភ្លើង គឺធម៌ ដើម្បីញ៉ាំងជនខាងក្រោយ ឲ្យបានត្រាស់ដឹងផង។ មិនយូរប៉ុន្មានទេ តថាគត ព្រមទាំងសង្ឃជាសាវ័ក នឹងនិព្វានក្នុងទីនេះ ដូចជាភ្លើងរលត់ ព្រោះអស់អាហារ គឺឧស។ អគ្គសាវ័កទាំងគូនេះឯង មានតេជះថ្លឹងពុំបានផង មានយស និងកម្លាំងឫទ្ធិផង តថាគតមានរាងកាយទ្រទ្រង់នូវគុណ វិចិត្រដោយលក្ខណៈដ៏ប្រសើរ ៣២ ប្រការ។ រស្មី ៦ ពណ៌ ភ្លឺទៅក្នុងទិសទាំង ១០ ដូចព្រះអាទិត្យ របស់ទាំងអស់នេះ នឹងវិនាសសូន្យទៅ ឱ! សង្ខារទាំងពួង ជារបស់ទទេទេតើ។

ចប់ គោតមពុទ្ធវង្ស ទី២៥។

ពុទ្ធប្បកិណ្ណកក័ណ្ឌ (ទី២៨)

(២៨. ពុទ្ធបកិណ្ណកកណ្ឌំ)

[២៧] ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ មានព្រះពុទ្ធជានាយក ៤ ព្រះអង្គ គឺព្រះសម្ពុទ្ធ ព្រះនាមតណ្ហង្ករៈ ១ មេធង្ករៈ ១ សរណង្ករៈ ១ ទីបង្ករៈ ១ ព្រះជិនស្រីទាំងនោះ ត្រាស់ក្នុងកប្បជាមួយគ្នា។ ខាងក្រោយអំពីព្រះពុទ្ធទីបង្ករៈមក ព្រះពុទ្ធជានាយកព្រះនាមកោណ្ឌញ្ញៈ បានត្រាស់តែមួយព្រះអង្គ ក្នុងកប្បមួយ ញ៉ាំងប្រជុំជនជាច្រើនឲ្យឆ្លង (ចាកសង្សារ)។ កប្បជាចន្លោះនៃព្រះពុទ្ធ ២ ព្រះអង្គនុ៎ះ គឺព្រះពុទ្ធទីបង្ករមានព្រះភាគ និងព្រះសាស្តាព្រះនាមកោណ្ឌញ្ញៈ ជាកប្បគេមិនអាចរាប់បានឡើយ។ ខាងក្រោយអំពីព្រះពុទ្ធ ព្រះនាមកោណ្ឌញ្ញៈមក មានព្រះពុទ្ធជានាយក ព្រះនាមមង្គលៈ (ទ្រង់ត្រាស់ឡើង) កប្បជាចន្លោះនៃព្រះពុទ្ធទាំង ២ ព្រះអង្គនោះ បុគ្គលមិនអាចរាប់បានឡើយ។ ព្រះពុទ្ធព្រះនាមមង្គលៈ ១ ព្រះសុមនៈ ១ ព្រះរេវតៈ ១ និងព្រះមុនី ព្រះនាមសោភិតៈ ១ ព្រះសម្ពុទ្ធទាំងនោះ មានចក្ខុ ធ្វើនូវពន្លឺ (បានត្រាស់ឡើង) ក្នុងកប្បជាមួយគ្នា។ ខាងក្រោយនៃព្រះសម្ពុទ្ធ ព្រះនាមសោភិតៈមក មានព្រះពុទ្ធ ព្រះនាមអនោមទស្សី ជាមហាមុនី ត្រាស់ឡើងក្នុងលោក កប្បជាចន្លោះនៃព្រះពុទ្ធទាំង ២ អង្គ នោះ គេមិនអាចរាប់បានឡើយ។ ព្រះនាយក ព្រះនាមអនោមទស្សី ១ ព្រះនាមបទុមៈ ១ ព្រះនាមនារទៈ ១ ព្រះពុទ្ធជាមហាមុនីទាំងនោះ ទ្រង់ធ្វើនូវទីបំផុតនៃងងឹត (ត្រាស់ឡើង) ក្នុងកប្បជាមួយគ្នា។ ខាងក្រោយអំពីព្រះពុទ្ធ ព្រះនាមនារទៈមក មានព្រះនាយក ព្រះនាមបទុមុត្តរៈកើតឡើងក្នុងកប្បមួយ ញ៉ាំងប្រជុំជនជាច្រើន ឲ្យឆ្លងចាកសង្សារ។ កប្បជាចន្លោះនៃព្រះពុទ្ធទាំង ២ ព្រះអង្គនោះ គឺព្រះមានជោគ ព្រះនាមនារទៈ និងព្រះសាស្តា ព្រះនាមបទុមុត្តរៈ គេមិនអាចរាប់បានឡើយ។ ក្នុងកប្បទីមួយសែន មានតែព្រះមហាមុនី ១ ព្រះអង្គ ព្រះនាមបទុមុត្តរៈ ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គគួរទទួលនូវគ្រឿងបូជា ដែលគេនាំមកបូជា។ ក្នុងកប្បទី ៣ ម៉ឺន ខាងអាយព្រះពុទ្ធបទុមុត្តរៈមក មានព្រះនាយក ២ ព្រះអង្គ ព្រះនាមសុមេធៈ ១ សុជាតៈ ១ ត្រាស់ឡើងក្នុងលោក។ ក្នុងកប្បទីមួយពាន់ ៨ រយ ខាងអាយព្រះពុទ្ធ ព្រះនាមសុជាតៈមក មានព្រះនាយក ៣ អង្គ ព្រះនាមបិយទស្សី ១ អត្ថទស្សី ១ ព្រះនាយកធម្មទស្សី ១ ត្រាស់ឡើងក្នុងលោក។ ព្រះសម្ពុទ្ធទាំងនោះ ឧត្តមជាងសត្វជើង ២ ជាព្រះសម្ពុទ្ធ រកបុគ្គលប្រៀបផ្ទឹមគ្មានក្នុងលោក បានត្រាស់ដឹងក្នុងកប្បជាមួយគ្នា។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ មានព្រះមហាមុនី ព្រះនាមសិទ្ធត្ថៈតែមួយអង្គ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ជាពេទ្យដ៏ប្រសើរ បានត្រាស់ឡើងក្នុងលោក។ ក្នុងកប្បទី ៩២ អំពីភទ្ទកប្បនេះ ព្រះសម្ពុទ្ធជានាយក ២ ព្រះអង្គ ព្រះនាមតិស្សៈ ១ បុស្សៈ ១ រកបុគ្គលស្មើគ្មាន រកបុគ្គលប្រៀបផ្ទឹមគ្មាន បានត្រាស់ឡើងក្នុងលោក។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រះសម្ពុទ្ធ ព្រះនាមវិបស្សី ជាលោកនាយក ព្រះអង្គប្រកបដោយសេចក្តីករុណា ទ្រង់ដោះសត្វទាំងឡាយ ឲ្យរួចចាកចំណង (បានត្រាស់ឡើងក្នុងលោក)។ ក្នុងកប្បទី ៣១ អំពីភទ្ទកប្បនេះ ព្រះនាយក ២ អង្គ ព្រះនាមសិខី ១ វេស្សភូ ១ រកបុគ្គលស្មើគ្មាន រកបុគ្គលប្រៀបផ្ទឹមគ្មាន (បានត្រាស់ឡើងក្នុងលោក)។ ក្នុងភទ្ទកប្បនេះ ព្រះនាយក ៣ ព្រះអង្គ ព្រះនាមកក្កុសន្ធៈ ១ កោនាគមនៈ ១ និងព្រះនាយក ព្រះនាមកស្សបៈ ១ (បានត្រាស់ឡើងក្នុងលោក)។ ក្នុងកាលឥឡូវនេះ មានតថាគតនេះ ជាព្រះសម្ពុទ្ធ ទៅក្នុងអនាគតកាល នឹងមានព្រះសម្ពុទ្ធព្រះនាមមេត្តេយ្យ ព្រះសម្ពុទ្ធទាំង៥ អង្គនេះ ជាអ្នកប្រាជ្ញ អនុគ្រោះស្រង់សត្វលោក។ ព្រះសម្ពុទ្ធអង្គនោះ ព្រមទាំងសាវ័ក លុះប្រាប់ផ្លូវរបស់ព្រះពុទ្ធ ជាធម្មរាជទាំងនុ៎ះ ដល់ពួកសត្វដទៃជាច្រើនកោដិហើយ ក៏បរិនិព្វាន។

ចប់ ពុទ្ធប្បកិណ្ណកក័ណ្ឌ

ធាតុភាជនីយកថា (ទី២៩)

(២៩. ធាតុភាជនីយកថា)

[២៨] ព្រះមហាគោតម ជាព្រះជិនស្រីប្រសើរ ទ្រង់និព្វានក្នុងនគរកុសិនារា ព្រះធាតុផ្សាយទៅក្នុងប្រទេសនោះៗ តាមចំណែក គឺព្រះធាតុមួយចំណែក បានទៅព្រះបាទអជាតសត្តុ មួយចំណែកបានទៅក្រុងវេសាលី មួយចំណែកបានទៅក្រុងកបិលពស្តុ មួយចំណែកបានទៅដែនអល្លកប្បកៈ មួយចំណែក បានទៅក្រុងរាមគ្រាម មួយចំណែកបានទៅក្រុងវេដ្ឋទីបកៈ មួយចំណែកបានទៅក្រុងបាវេយ្យកមល្លៈ ឯព្រះធាតុមួយចំណែកទៀត បានទៅអ្នកក្រុងកុសិនារា។ ព្រាហ្មណ៍ឈ្មោះទោណៈ បានធ្វើស្តូបបញ្ចុះតុម្ព (នាឡិ) ពួកមោរិយជន មានចិត្តជ្រះថ្លា បានធ្វើស្តូបបញ្ចុះព្រះអង្គារ (ធ្យូង)។ ព្រះស្តូបបញ្ចុះព្រះសារីរិកធាតុ មាន ៨ បើរាប់តុម្ពចេតិយមួយផង ជា ៩ បើគិតទាំងព្រះស្តូបបញ្ចុះព្រះអង្គារមួយទៀត ត្រូវជា ១០ ដែលមហាជនស្ថាបនាទុកក្នុងកាលនោះ។ ព្រះចង្កូម ១ តម្កល់ក្នុងឋានត្រៃត្រឹង្ស ព្រះចង្កូម ១ តម្កល់ក្នុងនាគបុរី ព្រះចង្កូម ១ នៅក្នុងដែនគន្ធារៈ ព្រះចង្កូម ១ នៅក្នុងដែនកាលិង្គរាជ។ ព្រះទន្តទាំង ៤០ គត់ ព្រះកេសា និងព្រះលោមាទាំងអស់ ពួកទេវតារៀងខ្លួន បាននាំទៅមួយៗ កាន់ចក្រវាឡទីទៃៗ។ បាត្រ ឈើច្រត់ និងចីវររបស់ព្រះមានព្រះភាគ តម្កល់ទុកនៅក្នុងដែនវជីរ ស្បង់តម្កល់ទុកនៅក្នុងផ្ទះនៃត្រកូល គ្រឿងកម្រាល តម្កល់ទុកនៅក្នុងក្រុងឈ្មោះសិលៈ។ ធម្មក្រក និងកាយពន្ធ (វត្ថពន្ធចង្កេះ) តម្កល់ទុកនៅក្នុងក្រុងបាដលីបុត្ត ឧទកសាដក តម្កល់ទុកនៅក្រុងចម្បា ព្រះឧណ្ណាលោម (រោមចិញ្ចើម) តម្កល់ទុកនៅក្នុងដែនកោសល។ សំពត់កាសាវៈ តម្កល់ទុកក្នុងព្រហ្មលោក ឆ្នួតតម្កល់ទុកក្នុងឋានត្រៃត្រឹង្ស ស្នាមព្រះបាទដ៏ប្រសើរ ដែលមិនបាត់ទៅ តម្កល់ទុកលើថ្ម សំពត់នីសីទនៈ តម្កល់ទុកក្នុងអវន្តិជនបទ គ្រឿងកម្រាលតម្កល់ទុកក្នុងដែនឈ្មោះទេវៈ ក្នុងកាលនោះ។ កាលនោះ ដែកភ្លើង តម្កល់ទុកក្នុងក្រុងមិថិលា តម្រងទឹកតម្កល់ទុកក្នុងដែនវិទេហៈ កាំបិតកោរ និងបំពង់ម្ជុល តម្កល់ទុកនៅក្នុងឥន្ទបត្តបុរី។ កាលនោះ គ្រឿងបរិក្ខារដ៏សេសទាំងឡាយ តម្កល់ទុកក្នុងជនបទជាទីបំផុត ពួកមនុស្ស តែងបូជាចំពោះគ្រឿងបរិក្ខារទាំងឡាយ ដែលព្រះមុនីទ្រង់ប្រើប្រាស់។ ការផ្សាយទៅនៃព្រះធាតុ របស់ព្រះមហេសី ព្រះនាមគោតម ក្នុងកាលនោះ ជាប្រពៃណីពីបូរាណ (នៃព្រះពុទ្ធទាំងឡាយ) សម្រាប់ទុកអនុគ្រោះ ស្រោចស្រង់សត្វទាំងឡាយ ជាខាងក្រោយ។

ចប់ ធាតុភាជនីយកថា។

ចប់ ពុទ្ធវង្ស។

ចរិយាបិដក

(ចរិយាបិដក)

ទានបារមិតា

(១. អកិត្តិវគ្គោ)

អកិត្តិចរិយា ទី១

(១. អកិត្តិចរិយា)

[១] អំពើ3) ណា ដែលតថាគតបានប្រព្រឹត្តហើយ ក្នុងរវាងនេះ អស់ ៤ អសង្ខេយ្យ កម្រៃមួយសែនកប្ប អំពើទាំងអស់នោះ ជាគ្រឿងញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ តថាគត លើកទុកនូវអំពើដែលតថាគតបានប្រព្រឹត្ត ក្នុងភពតូច និងភពធំ ក្នុងកប្បដែលកន្លងទៅហើយ នឹងសម្តែងតែអំពើដែលតថាគតបានប្រព្រឹត្តហើយ ក្នុងភទ្ទកប្បនេះ អ្នកចូរស្តាប់តថាគតចុះ។ កាលដែលតថាគតជាតាបស ឈ្មោះអកិត្តិ ចូលទៅនៅក្នុងព្រៃធំ និងព្រៃតូច ជាព្រៃស្ងាត់សូន្យឈឹង។ កាលនោះ ព្រះឥន្ទ្រអ្នកគ្របសង្កត់ទេវលោក ទ្រង់ក្តៅដោយតេជះ គឺតបធម៌នៃតថាគត ក៏ក្លែងភេទជាព្រាហ្មណ៍ ចូលមករកតថាគត ដើម្បីសូមភិក្ខា។ តថាគត ឃើញព្រាហ្មណ៍ឈរទៀបទ្វារបណ្ណសាលារបស់តថាគត ក៏ឲ្យស្លឹកដង្កៀបក្តាមទាំងអស់ ដែលតថាគតនាំមកពីព្រៃ ជាស្លឹកមិនមានប្រេង មិនមានរសប្រៃ ព្រមទាំងភាជន៍។ លុះតថាគតឲ្យស្លឹកដង្កៀបក្តាមដល់ព្រាហ្មណ៍ហើយ ក៏ផ្កាប់ភាជន៍ លះបង់នូវការស្វែងរកទៀត ហើយចូលទៅក្នុងបណ្ណសាលា។ ក្នុងថ្ងៃទី ២ និងថ្ងៃទី ៣ ព្រាហ្មណ៍ចូលមកក្នុងសំណាក់តថាគតទៀត តែតថាគតមិនញាប់ញ័រ មិនជាប់ចំពាក់ បានឲ្យយ៉ាងនោះទៀត សរីរៈរបស់តថាគត មិនមានផ្លែកភេទ ព្រោះហេតុទាននោះ តថាគតញ៉ាំងកាលឲ្យប្រព្រឹត្តកន្លងទៅ អស់ថ្ងៃនោះ ព្រោះសេចក្តីត្រេកអរដោយសុខដែលកើតអំពីបីតិ។ បើតថាគត បានទក្ខិណេយ្យបុគ្គលដ៏ប្រសើរ អស់ ១ ខែ ឬ ២ ខែទៀត តថាគតមិនញាប់ញ័រ មិនរួញរា នឹងឲ្យទានដ៏ឧត្តមឡើយ។ តថាគត កាលឲ្យទានដល់ឥន្ទព្រាហ្មណ៍នោះ ទាំងបានប្រព្រឹត្តនូវអំពើទាំងឡាយនោះ មិនប្រាថ្នានូវយស និងលាភទេ តថាគតប្រាថ្នាចំពោះសព្វញ្ញុតញ្ញាណតែម៉្យាង។

ចប់ អកិត្តិចរិយា ទី១។

សង្ខព្រាហ្មណចរិយា ទី២

(២. សង្ខចរិយា)

[២] មានចរិយាដទៃទៀត កាលដែលតថាគតកើតជាព្រាហ្មណ៍ឈ្មោះសង្ខៈ មានប្រាថ្នាដើម្បីឆ្លងមហាសមុទ្រ សំដៅទៅកាន់កំពង់ (តម្ពលិត្តិ)។ កាលនោះ តថាគតបានឃើញព្រះបច្ចេកពុទ្ធ ដែលត្រាស់ដឹងឯង ទ្រង់ឈ្នះមារ កំពុងនិមន្តទៅកាន់ផ្លូវលំបាក លើផែនដីរដិបរដុបដ៏ក្តៅ ត្រង់ផ្លូវជួបគ្នានោះ។ លុះតថាគតឃើញព្រះបច្ចេកពុទ្ធ ត្រង់ផ្លូវជួបគ្នានោះ ក៏គិតនូវសេចក្តីនេះថា ស្រែបុណ្យនេះ រមែងសម្រេចដល់សត្វអ្នកប្រាថ្នានូវបុណ្យ ប្រៀបដូចបុរសអ្នកភ្ជួរ ឃើញស្រែ ឬសួនច្បារធំ មិនព្រោះពូជ ក្នុងស្រែនោះទេ បុរសនោះ ឈ្មោះថាជាអ្នកមិនត្រូវការដោយស្រូវ យ៉ាងណាមិញ។ តថាគត ជាអ្នកចង់បានបុណ្យ បើឃើញស្រែបុណ្យដ៏ប្រសើរថ្លៃថ្លាហើយ មិនធ្វើសក្ការៈទេ តថាគតឈ្មោះថា ជាអ្នកមិនត្រូវការដោយបុណ្យ យ៉ាងនោះឯង។ ម៉្យាងទៀត ប្រៀបដូចអាមាត្យ មានប្រាថ្នាជាធំក្នុងក្រសួងត្រា (ហើយបណ្តេញ) ពួកជន ក្នុងវាំងរបស់ស្តេច មិនឲ្យទ្រព្យ និងស្រូវដល់ជនទាំងនោះ អាមាត្យនោះ រមែងសាបសូន្យចាកត្រា យ៉ាងណាមិញ តថាគតជាអ្នកប្រាថ្នាបុណ្យ បានឃើញទក្ខិណេយ្យបុគ្គលដ៏ធំទូលាយ ហើយមិនឲ្យទាន ដល់ទក្ខិណេយ្យបុគ្គលនោះ តថាគតរមែងសាបសូន្យចាកបុណ្យ ក៏យ៉ាងនោះដែរ។ តថាគតលុះគិតឃើញយ៉ាងនេះហើយ ក៏ដោះស្បែកជើង ថ្វាយបង្គំព្រះបាទានៃព្រះបច្ចេកពុទ្ធនោះ រួចប្រគេនឆ័ត្រ និងស្បែកជើង។ ហេតុនោះ បានជាតថាគតចម្រើនដោយសេចក្តីសុខ ដល់នូវសេចក្តីសុខដោយរយគុណ ម៉្យាងទៀត តថាគតកាលបំពេញទាន ក៏បានឲ្យទានដល់ព្រះបច្ចេកពុទ្ធ យ៉ាងនេះឯង។

ចប់ សង្ខព្រាហ្មណចរិយា ទី២។

កុរុធម្មចរិយា ទី៣

(៣. កុរុរាជចរិយា)

[៣] ចរិយាដទៃទៀត កាលតថាគតជាស្តេចឈ្មោះធនញ្ជ័យ នៅក្នុងឥន្ទបត្តបុរីដ៏ឧត្តម ប្រកបដោយកុសលធម៌ ១០។ ព្រាហ្មណ៍ទាំងឡាយ នៅក្នុងដែនកាលិង្គៈ ចូលទៅរកតថាគត សូមដំរីដ៏ប្រសើររបស់តថាគត ជាដំរីនាំឲ្យបានទ្រព្យ ដែលគេសន្មតថាជាសត្វមង្គល ដោយពាក្យថា ជនបទ (នៃយើងខ្ញុំព្រះអង្គ) មិនមានភ្លៀង ទុរ្ភិក្សអត់ឃ្លានខ្លាំងណាស់ សូមព្រះអង្គប្រទានដំរីដ៏ប្រសើរ ដែលមានសម្បុរខៀវ ឈ្មោះអញ្ជ័ន។ បើស្មូមមកដល់ហើយ តថាគតមិនគួរប្រកែក ការសមាទានរបស់តថាគត កុំបែកធ្លាយឡើយ ដូច្នេះ តថាគតនឹងឲ្យដំរីប្រសើរ។ តថាគតចាប់ដំរីត្រង់ប្រមោយ ច្រូចទឹកកុណ្ឌីជាវិការៈនៃកែវ លើដៃព្រាហ្មណ៍ ហើយឲ្យដំរីដល់ព្រាហ្មណ៍។ កាលតថាគតបានឲ្យដំរីដល់ពួកព្រាហ្មណ៍ហើយ មានពួកអាមាត្យក្រាបទូលពាក្យនេះថា ហេតុដូចម្តេច បានជាព្រះអង្គប្រទានដំរីដ៏ប្រសើររបស់ព្រះអង្គ ដែលជាដំរីនាំឲ្យបានទ្រព្យ ប្រកបដោយមង្គល ជាដំរីឧត្តមក្នុងសង្គ្រាមជ័យ ដល់ពួកស្មូម កាលបើព្រះអង្គប្រទានដំរីដ៏ប្រសើរ ដល់ពួកស្មូមនោះហើយ ព្រះអង្គសោយរាជ្យធ្វើអ្វី។ តថាគតតបថា តថាគតអាចនឹងឲ្យរាជ្យទាំងអស់ របស់តថាគត ដល់ស្មូមក៏បាន ឬនឹងឲ្យសរីរៈរបស់ខ្លួន ដល់ពួកស្មូមក៏បាន ដ្បិតសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគត ឲ្យដំរីដ៏ប្រសើរ។

ចប់ កុរុធម្មចរិយា ទី៣។

មហាសុទស្សនចរិយា ទី៤

(៤. មហាសុទស្សនចរិយា)

[៤] កាលតថាគត ជាក្សត្រចក្រពត្តិ ឈ្មោះមហាសុទស្សនៈ មានពលច្រើន នៅក្នុងនគរកុសាវតី។ ក្នុងនគរនោះ តថាគតបានឲ្យគេឃោសនាក្នុងមួយថ្ងៃ ៣ ដង ក្នុងទីនោះៗ ថា អ្នកណាប្រាថ្នាចង់បានអ្វី ចូរឲ្យនូវទ្រព្យអ្វីដល់អ្នកណា។ អ្នកណាឃ្លាន អ្នកណាស្រេក អ្នកណា (ប្រាថ្នា) នូវកម្រងផ្កា អ្នកណា (ប្រាថ្នា) នូវគ្រឿងលាប អ្នកណាអាក្រាត និងស្លៀកដណ្តប់នូវសំពត់ទាំងឡាយ ដែលជ្រលក់ដោយពណ៌ផ្សេងៗ អ្នកណាយកឆត្រ (ដើម្បីបំាង) ក្នុងផ្លូវ អ្នកណាយកស្បែកជើងដ៏ទន់ល្អ (ដើម្បីពាក់ក្នុងផ្លូវ)។ តថាគតឲ្យគេឃោសនាក្នុងវេលាព្រឹក (ថ្ងៃត្រង់) ល្ងាច ក្នុងទីនោះៗ ដូចបានពោលហើយក្នុងខាងលើ ទាននោះ តថាគត មិនមែនចាត់ចែងតែក្នុងទី ១០ កន្លែង មិនមែនចាត់ចែងតែក្នុងទីមួយរយកន្លែងទេ។ ទ្រព្យដែលតថាគត ចាត់ចែងចំពោះស្មូម ក្នុងទីច្រើនរយកន្លែង សម្រាប់ពួកវណិព្វកៈ ដែលមកក្នុងវេលាថ្ងៃ ឬមកក្នុងវេលាយប់។ ពួកស្មូម លុះតែបានភោគៈ គួរតាមសេចក្តីប្រាថ្នា ពេញក្នុងដៃហើយ ទើបបានដើរចេញទៅ តថាគតបានឲ្យមហាទានបែបនេះ ដរាបដល់អស់ជីវិត។ តថាគតមិនឲ្យទ្រព្យ ដែលមិនជាទីគាប់ចិត្តទេ ម៉្យាងទៀត តថាគតមិនមែនជាអ្នកមិនសន្សំទ្រព្យទុកទេ ដូចបុរសកើតរោគក្តៅក្រហាយ ចង់ជារោគ ញ៉ាំងពេទ្យឲ្យស្កប់ស្កល់ដោយទ្រព្យ រមែងរួចចាករោគ យ៉ាងណាមិញ តថាគតកាលដឹងច្បាស់ថា (ការឲ្យទាន ជាឧបាយ) ដើម្បីបំពេញអធ្យាស្រ័យរបស់សត្វ ដោយមិនមានសេសសល់ តថាគតឲ្យទានចំពោះស្មូម ដើម្បីបំពេញចិត្តស្មូមដែលខ្វះកន្លះ តថាគតជាអ្នកមិនមានអាល័យ មិនមានសេចក្តីប៉ុនប៉ង (ចំពោះផលនៃទាននោះទេ តថាគតឲ្យទាន) ដើម្បីបានត្រាស់ដឹងនូវសម្ពោធិញ្ញាណ យ៉ាងនេះឯង។

ចប់ មហាសុទស្សនចរិយា ទី៤។

មហាគោវិន្ទចរិយា ទី៥

(៥. មហាគោវិន្ទចរិយា)

[៥] ចរិយាដទៃទៀត កាលតថាគតកើតជាមហាគោវិន្ទព្រាហ្មណ៍ បានជាបុរោហិតនៃស្តេច ៧ អង្គ ជាបុរោហិតដែលមនុស្ស និងទេវតាបូជាហើយ។ សួយសារអាករណា ដែលកើតដល់តថាគត ក្នុងរាជ្យនៃស្តេចទាំង ៧ អង្គ ក្នុងកាលនោះ តថាគតបានឲ្យនូវមហាទាន ជាទានមិនកម្រើក ដូចជាសាគរ ដោយសួយសារអាករនោះ។ ទ្រព្យ និងស្រូវ មិនមែនជាទីស្អប់ខ្ពើមរបស់តថាគតទេ ទាំងការសន្សំទ្រព្យនៃតថាគត មិនមែនជាមិនមានទេ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យទ្រព្យដ៏ប្រសើរ។

ចប់ មហាគោវិន្ទចរិយា ទី៥។

នេមិរាជចរិយា ទី៦

(៦. និមិរាជចរិយា)

[៦] ចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេចធំឈ្មោះនេមិ ជាបណ្ឌិត អ្នកត្រូវការដោយកុសល នៅក្នុងក្រុងដ៏ប្រសើរ ឈ្មោះមិថិលា។ កាលនោះ តថាគតបានឲ្យគេស្ថាបនាសាលាបួនខ្នង មានមុខ ៤ ហើយញ៉ាំងទានឲ្យប្រព្រឹត្តទៅ ដល់ពួកម្រឹគ បក្សី និងមនុស្សជាដើម ក្នុងសាលានោះ។ តថាគតបានធ្វើនូវសំពត់សម្រាប់ស្លៀកដណ្តប់ ទីដេក បាយ ទឹក និងភោជន ឲ្យជារបស់ប្រព្រឹត្តទៅមិនដាច់ ហើយញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ។ សេវកាមាត្យ ចូលទៅរកចៅហ្វាយនាយ ព្រោះហេតុចង់បានទ្រព្យ ហើយស្វែងរកហេតុដែលគួររីករាយ ដោយកាយ ឬដោយវាចាចិត្ត (ផ្គាប់ចិត្តចៅហ្វាយនាយ) យ៉ាងណា។ តថាគតនឹងស្វែងរកនូវពូជនៃពោធិញ្ញាណក្នុងភពទាំងពួង ញ៉ាំងសត្វឲ្យស្កប់ស្កល់ដោយទាន ហើយប្រាថ្នានូវពោធិញ្ញាណដ៏ឧត្តម យ៉ាងនេះឯង។

ចប់ នេមិរាជចរិយា ទី៦។

ចន្ទកុមារចរិយា ទី៧

(៧. ចន្ទកុមារចរិយា)

[៧] មានចរិយាដទៃទៀត កាលដែលតថាគតជាឱរស ឈ្មោះចន្ទកុមារ របស់ស្តេចព្រះនាមឯករាជ នៅក្នុងក្រុងបុប្ផវតី។ កាលនោះ តថាគតរួចអំពីការដែលគេត្រូវសម្លាប់ ចេញផុតពីទីយ័ញ្ញនោះហើយ ក៏កើតសេចក្តីសង្វេគ បានញ៉ាំងមហាទាន ឲ្យប្រព្រឹត្តទៅ។ តថាគតបើមិនទាន់បានឲ្យទេយ្យធម៌ ចំពោះទក្ខិណេយ្យបុគ្គលទេ តថាគតក៏មិនផឹក មិនទំពាស៊ី មិនបរិភោគភោជន អស់ចំនួន ៥ ឬ ៦ រាត្រី។ ពាណិជ ធ្វើការសន្សំទ្រព្យ (បើដឹងថា) ទីណាមានលាភច្រើន ក៏នាំភណ្ឌៈទៅក្នុងទីនោះ យ៉ាងណា។ វត្ថុដែលត្រូវបរិភោគខ្លួនឯង បើឲ្យដល់បដិគ្គាហកៈដទៃ ជាវត្ថុមានផលច្រើន ហេតុនោះ ត្រូវតែឲ្យដល់បុគ្គលដទៃវិញ នឹងមានផល ១០០ ភាគ ក៏យ៉ាងនោះដែរ។ តថាគតដឹងនូវអំណាចនៃហេតុនុ៎ះហើយ ទើបឲ្យទានក្នុងភពតូច និងភពធំ មិនគេចចេញចាកទាន ដើម្បីបានត្រាស់ដឹងនូវសម្ពោធិញ្ញាណ។

ចប់ ចន្ទកុមារចរិយា ទី៧។

សិវិរាជចរិយា ទី៨

(៨. សិវិរាជចរិយា)

[៨] កាលតថាគត ជាក្សត្រឈ្មោះសិវិ សោយរាជ្យក្នុងនគរអរិដ្ឋៈ អង្គុយក្នុងប្រាសាទដ៏ប្រសើរ តថាគតគិតយ៉ាងនេះថា ទានណាមួយ ជារបស់មនុស្ស ទាននោះ គឺអញមិនដែលឲ្យហើយ មិនមានឡើយ បើមានយាចកណាមកសូមភ្នែកអញ អញនឹងមិនញាប់ញ័រ ត្រូវតែឲ្យ (ដល់យាចកនោះ)។ សក្កៈជាធំជាងពួកទេវតា បានដឹងនូវសេចក្តីត្រិះរិះរបស់តថាគត អង្គុយនៅក្នុងទេវបរិស័ទ ក៏ពោលនូវពាក្យនេះថា ស្តេចសិវិមានឫទ្ធិច្រើន គង់ក្នុងប្រាសាទដ៏ប្រសើរ កំពុងពិចារណានូវទានផ្សេងៗ (ដែលខ្លួនឲ្យហើយ) ស្តេចនោះ មិនឃើញនូវវត្ថុដែលខ្លួនមិនធ្លាប់ឲ្យសោះឡើយ។ ការណ៍នុ៎ះពិត ឬមិនពិតអេះ បើដូច្នេះ អញនឹងល្បងស្តេចនោះមើល អ្នកទាំងឡាយ ចូររង់ចាំមួយរំពេច ទំរាំយើងបានដឹងនូវព្រះរាជហឫទ័យនៃស្តេចនោះ (ព្រះឥន្ទ្រ ក៏ក្លែងខ្លួនជាព្រាហ្មណ៍) មានសក់ស្កូវ មានខ្លួនជ្រួញជ្រីវ ទូរន់ទូរាដោយជរា ព្រមទាំងមានសម្បុរអាក្រក់ ដើរញញាក់ញញ័រ ចូលទៅរកព្រះរាជា។ គ្រានោះ ព្រាហ្មណ៍នោះ ផ្គងដៃឆ្វេង និងដៃស្តាំ ហើយធ្វើអញ្ជលីលើសិរ្សៈ ពោលពាក្យនេះថា បពិត្រធម្មិកមហារាជ ជាអ្នកញុំាងដែនឲ្យចម្រើន ខ្ញុំព្រះអង្គសូមអង្វរព្រះអង្គ កិត្តិស័ព្ទរបស់ព្រះអង្គថា ត្រេកអរក្នុងទាន ល្បីទូទ័រទៅក្នុងទេវលោក និងមនុស្សលោក។ ភ្នែកទាំងពីរនៃទូលព្រះបង្គំ ត្រូវងងឹតបៀតបៀនហើយ សូមព្រះអង្គប្រទាននូវព្រះនេត្រមួយ ដល់ទូលព្រះបង្គំ ចំណែកព្រះអង្គ សូមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយព្រះនេត្រម្ខាងចុះ។ តថាគតឮពាក្យនៃព្រាហ្មណ៍នោះហើយ ក៏រីករាយ មានចិត្តសង្វេគ ធ្វើអញ្ជលី មានសេចក្តីត្រេកអរ ហើយពោលថា ខ្ញុំទើបនឹងគិតឃើញអម្បាញ់មិញនេះ ហើយចុះអំពីប្រាសាទមកក្នុងទីនេះ អ្នកទំនងជាដឹងចិត្តខ្ញុំ ទើបមកសូមភ្នែកខ្ញុំ ឱហ្ន៎! សេចក្តីប្រាថ្នាក្នុងចិត្តនៃខ្ញុំ សម្រេចហើយ សេចក្តីត្រិះរិះនៃខ្ញុំ ពេញហើយ ទានដ៏ប្រសើរ ដែលខ្ញុំមិនធ្លាប់ឲ្យ ខ្ញុំនឹងឲ្យដល់ស្មូមក្នុងថ្ងៃនេះ។ ម្នាលពេទ្យឈ្មោះសិវកៈ អ្នកចូរមក ចូរក្រោកឡើង កុំបង្អង់ឲ្យយឺតយូរឡើយ កុំញាប់ញ័រ ចូរឆ្កៀលភ្នែកទាំងពីរ (របស់អញ) ហើយឲ្យដល់ស្មូម។ លំដាប់នោះ ពេទ្យសិវកៈនោះ ដែលតថាគតដាស់តឿនហើយ ក៏ធ្វើតាមពាក្យតថាគត បានខ្វេះឆ្កៀល (ភ្នែកតថាគត) ហើយប្រគល់ឲ្យដល់ស្មូម ដូចជាឲ្យសាច់ត្នោត។ ក្នុងកាលមុនឲ្យក្តី កំពុងឲ្យក្តី ឲ្យរួចហើយក្តី ចិត្តរបស់តថាគត ឥតមានការរាយមាយឡើយ ព្រោះហេតុពោធិញ្ញាណតែម៉្យាង។ ភ្នែកទាំងពីរ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងខ្លួនសោតទៀត ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតឲ្យចក្ខុ។

ចប់ សិវិរាជចរិយា ទី៨។

វេស្សន្តរចរិយា ទី៩

(៩. វេស្សន្តរចរិយា)

[៩] ព្រះនាងផុស្សតី ខត្តិយកញ្ញា ជាព្រះជននីរបស់តថាគត ព្រះនាងផុស្សតីនោះ ជាព្រះមហេសីនៃសក្កទេវរាជ ក្នុងអតីតជាតិទាំងឡាយ។ ព្រះឥន្ទ្រទ្រង់ជ្រាបនូវការអស់ទៅនៃអាយុរបស់ព្រះនាងហើយ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលនាងដ៏ចម្រើន យើងនឹងឲ្យនូវពរ ១០ ប្រការ ដល់នាង បើនាងប្រាថ្នានូវពរណា ចូរទទួលយកនូវពរនោះចុះ។ ព្រះនាងទេវីនោះ កាលបើព្រះឥន្ទ្រពោលយ៉ាងនេះហើយ ក៏ពោលពាក្យនេះ តបនឹងព្រះឥន្ទ្រវិញថា ខ្ញុំមានទោសកំហុសដូចម្តេច ខ្ញុំជាទីស្អប់របស់ព្រះអង្គយ៉ាងណាទៅ បានជាព្រះអង្គញ៉ាំងខ្ញុំឲ្យឃ្លាតចាកមរណីយដ្ឋាន ដូចជាខ្យល់បក់បោករំលំនូវរុក្ខជាតិ ដែលដុះលើផែនដីដូច្នោះ។ សក្កទេវរាជនោះ លុះឮព្រះនាងផុស្សតី ពោលយ៉ាងនេះហើយ ក៏ត្រាស់ពាក្យនេះ តបនឹងព្រះនាងវិញថា អំពើដ៏លាមក នាងមិនបានធ្វើទេ នាងមិនមែនជាទីស្អប់នៃយើងទេ។ អាយុរបស់នាងត្រឹមតែប៉ុណ្ណេះ កាលជាទីច្យុត នឹងមាន (ដល់នាង) ចូរនាងទទួលយកពរដ៏ប្រសើរឧត្តម ១០ ប្រការ ដែលយើងឲ្យនេះចុះ។ ព្រះនាងផុស្សតីនោះ បានទទួលពរដែលសក្កទេវរាជឲ្យហើយ ក៏មានព្រះហឫទ័យត្រេកអររីករាយ ធ្វើតថាគតឲ្យនៅខាងក្នុង (ពរទាំងនោះ) ហើយទទួលយកពរទាំង ១០ ប្រការ។ ព្រះនាងផុស្សតីនោះ លុះច្យុតចាកឋានទេវលោកនោះហើយ មកកើតក្នុងត្រកូលក្សត្រ ហើយមកភប់ប្រសព្វនឹងសញ្ជយរាជកុមារ ក្នុងជេតុត្តរនគរ។ កាលណាតថាគតចុះមកកាន់ផ្ទៃនៃនាងផុស្សតី ជារាជមាតា ដែលជាទីស្រឡាញ់ ក្នុងកាលនោះ ដោយតេជានុភាពរបស់តថាគត មាតានៃតថាគត ក៏ត្រេកអរក្នុងទានសព្វៗកាល។ ព្រះនាងផុស្សតីនោះ ទ្រង់បរិច្ចាគទានដល់ពួកជនអ្នកឥតទ្រព្យ ពួកជនឈឺជានិច្ច ពួកជនចាស់ជរា ពួកយាចក ពួកអ្នកដំណើរ និងពួកសមណព្រាហ្មណ៍ ដែលមានអាសវៈអស់ហើយ មិនមានកិលេលជាគ្រឿងកង្វល់។ កាលព្រះនាងផុស្សតីទេវីនោះ ទ្រង់គភ៌គ្រប់១០ ខែហើយ ព្រះបាទសញ្ជយមហារាជ ទ្រង់នាំព្រះនាងទៅធ្វើប្រទក្សិណបុរី ព្រះនាងប្រសូតតថាគត ត្រង់កណ្តាលថ្នល់នៃអ្នកជំនួញ។ ឈ្មោះរបស់តថាគត មិនមែនជាប់មកអំពីមាតា មិនមែនជាប់មកអំពីបិតាទេ គឺព្រោះតែតថាគតកើតត្រង់កណ្តាលថ្នល់អ្នកជំនួញ ហេតុនោះបានជាឈ្មោះថាវេស្សន្តរ។ កាលណា តថាគតជាទារក មានអាយុ ៨ ឆ្នាំ អំពីកំណើត ក្នុងកាលនោះ តថាគតអង្គុយក្នុងប្រាសាទ ត្រិះរិះដើម្បីឲ្យនូវអជ្ឈត្តិកទានថា បើអ្នកណាមកសូមតថាគត តថាគតគប្បីឲ្យបេះដូង ឲ្យភ្នែក ឲ្យសាច់ និងឈាម ឬក៏គេញ៉ាំងតថាគត ឲ្យដឹងឮថា (អ្នកចូរធ្វើជាទាសៈរបស់ខ្ញុំ) តថាគតនឹងព្រមប្រគល់កាយ (ដល់អ្នកនោះ)។ កាលតថាគតកំពុងគិតនូវភាពដែលមិនញាប់ញ័រ ដែលមិនរួញរា មហាប្រឹថពី មានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រក្នុងទីនោះ។ តថាគតឡើងជិះដំរីឈ្មោះបច្ច័យ ចូលទៅ (កាន់សាលាទាន) ដើម្បីឲ្យទានក្នុងថ្ងៃឧបោសថ ខែពេញបូណ៌មីទី ១៥ ក្នុងកន្លះខែ ជាលំដាប់។ ព្រាហ្មណ៍ទាំងឡាយ ដែលនៅក្នុងដែនកាលិង្គៈ ចូលទៅរកតថាគត សូមដំរីដ៏ប្រសើររបស់តថាគត ជាដំរីនាំឲ្យបានទ្រព្យ ដែលគេសន្មតជាសត្វមង្គលថា ជនបទ (របស់យើងខ្ញុំព្រះអង្គ) មិនមានភ្លៀង ទុរ្ភិក្សអត់ឃ្លានខ្លាំង សូមព្រះអង្គព្រះរាជទានដំរីប្រសើរ មានអវយវៈសសុទ្ធ ជាដំរីឧត្តម។ ព្រាហ្មណ៍ទាំងឡាយ សូមដំរីណា ចំពោះតថាគត តថាគតឲ្យដំរីនោះ ឥតញាប់ញ័រឡើយ តថាគតមិនលាក់លៀមនូវទេយ្យធម៌ដែលមាន ព្រោះចិត្តរបស់តថាគតត្រេកអរក្នុងទាន។ កាលបើយាចកមកដល់ហើយ ការប្រកែកក៏មិនសមគួរដល់តថាគត ការសមាទានរបស់តថាគត កុំបីបែកធ្លាយឡើយដូច្នេះ តថាគតនឹងឲ្យដំរីប្រសើរ។ តថាគតចាប់ដំរីត្រង់ប្រមោយ រួចច្រួចទឹកក្នុងកណ្ឌី ជាវិការៈនៃកែវ ដាក់លើដៃព្រាហ្មណ៍ ហើយឲ្យដំរីដល់ព្រាហ្មណ៍។ កាលតថាគតឲ្យដំរីដ៏ឧត្តមសសុទ្ធដទៃទៀត ក្នុងកាលនោះ មហាប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ។ ព្រោះតែការឲ្យនូវដំរីនោះ ជាហេតុឲ្យពួកអ្នកដែនសិវិខឹងខ្លាំង ក៏មកប្រជុំគ្នា ហើយបណ្តេញតថាគតចាកដែនរបស់ខ្លួន ដោយពាក្យថា សូមព្រះអង្គទៅនៅវង្កតបព៌តទៅ។ កាលពួកអ្នកដែនសិវិនោះ បណ្តេញតថាគតអោយចេញចាកដែន ចិត្តរបស់តថាគតមិនញាប់ញ័រ មិនតក់ស្លុតទេ តថាគតបានសូមពរមួយដ៏ប្រសើរ នឹងជនទាំងនោះ ដើម្បីញ៉ាំងមហាទានឲ្យប្រព្រឹត្តទៅ។ ពួកអ្នកដែនសិវិទាំងអស់ ដែលតថាគតសូមពរហើយ ក៏ឲ្យនូវពរមួយដ៏ប្រសើរ ដល់តថាគត ៗ ញ៉ាំងគេឲ្យដឹងឮដោយស្គរមានត្រចៀក ហើយឲ្យមហាទាន។ គ្រានោះ សំឡេងកោលាហល ដែលនាំឲ្យភ័យធំ ក៏ប្រព្រឹត្តទៅនៅក្នុងរោងទាននុ៎ះថា (ពួកអ្នកដែនសិវិ) បណ្តេញព្រះបាទវេស្សន្តរនេះ ព្រោះតែទាន ឥឡូវព្រះបាទវេស្សន្តរនេះ នៅតែឲ្យទានទៀត។ កាលនោះ តថាគតឲ្យដំរី សេះ រថ ខ្ញុំស្រី ខ្ញុំប្រុស មេគោ និងទ្រព្យ លុះឲ្យមហាទានហើយ ក៏ចេញអំពីនគរ។ លុះតថាគតចេញចាកនគរហើយ ក៏ងាកមើលទៅព្រះនគរវិញ កាលនោះ មហាប្រឹថពី ដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ។ តថាគតឲ្យនូវរថដែលទឹម ដោយសេះសន្ធព ៤ ហើយឋិតនៅក្នុងផ្លូវធំ ៤ ជាបុគ្គលតែម្នាក់ឯង មិនមានបុគ្គលជាគម្រប់ពីរ និយាយនូវពាក្យនេះ នឹងនាងមទ្រីទេវីថា ម្នាលនាងមទ្រី នាងចូរពកណ្ហាជិនាចុះ ព្រោះកណ្ហាជិនាជាប្អូននេះ ស្រាល បងនឹងពជាលីកុមារ ព្រោះជាលីកុមារជាបងធ្ងន់។ នាងមទ្រីទេវីពកណ្ហាជិនា ដូចជាផ្កាឈូកស តថាគតពក្សត្រជាលី ដូចជារូបភាពជាវិការៈនៃមាស។ ខត្តិយជនទាំង ៤ អង្គ ធ្លាប់ចម្រើនដោយសេចក្តីសុខ មានជាតិខ្ពង់ខ្ពស់ កាលស្តេចទៅក្នុងផ្លូវមិនរាបស្មើខ្លះ រាបស្មើខ្លះ (ដោយគិតថា) យើងនឹងទៅកាន់វង្កតបព៌ត។ បើមនុស្សណាមួយ ដើរមកក្នុងផ្លូវបណ្តោយគ្នា ឬផ្លូវជួបគ្នា យើងនឹងសាកសួរផ្លូវនឹងមនុស្សទាំងនោះថា វង្កតបព៌តនៅក្នុងទីណា។ មនុស្សទាំងនោះ ឃើញយើងក្នុងទីនោះ នឹងប្រាប់ (នូវផ្លូវដែលទៅ) កាន់ភ្នំ ដោយសេចក្តីករុណា មនុស្សទាំងនោះ ដឹងនូវទុក្ខ (របស់យើង នឹងប្រាប់ថា) វង្កតបព៌ត នៅក្នុងទីឆ្ងាយអំពីទីនេះ។ បើទារកទាំងពីរឃើញឈើ មានផ្លែក្នុងព្រៃធំ ព្រោះហេតុនៃផ្លែឈើទាំងនោះ ទារកទាំងពីរនឹងយំទារ។ ដើមឈើធំខ្ពស់ទាំងឡាយ ព្រោះឃើញទារកទាំងពីរយំ ក៏ទោរទន់ចូលមកជិតទារកដោយខ្លួនឯង។ នាងមទ្រីមានអវយវៈទាំងអស់ល្អ ឃើញនូវហេតុគួរអស្ចារ្យចំឡែក គួរព្រឺរោម ក៏ញ៉ាំងសាធុការឲ្យប្រព្រឹត្តទៅថា ឱហ្ន៎! ហេតុអស្ចារ្យចំឡែក គួរព្រឺរោម កើតឡើងហើយក្នុងលោកនេះ ដោយតេជះនៃព្រះវេស្សន្តរ ដើមឈើទាំងឡាយ ក៏ទោរទន់ចុះមកដោយខ្លួនឯង។ ពួកទេវតាបានបម្រួញផ្លូវដោយសេចក្តីអនុគ្រោះចំពោះទារក ញ៉ាំងជនទាំងនោះ ឲ្យដល់ដែនចេតៈ ក្នុងថ្ងៃដែលខ្លួនចេញទៅ។ កាលនោះ ស្តេចទាំងអស់ ៦០,០០០ អង្គ ដែលនៅក្នុងមាតុលនគរ ក៏ប្រណម្យអញ្ជលីទួញយំ ដើរចូលមកជិត។ ក្សត្រទាំង ៤ ព្រះអង្គនោះ និយាយចរចាជាមួយនឹងស្តេចចេតៈទាំងឡាយ និងពួកបុត្ររបស់ស្តេចចេតៈក្នុងទីនោះ ហើយលាចេញពីទីនោះទៅថា យើងនឹងទៅកាន់វង្កតបព៌ត។ ព្រះឥន្ទ្រ ទ្រង់ហៅនូវវិស្សុកម្មទេវបុត្រ ដែលមានឫទ្ធិច្រើនមកប្រាប់ថា អ្នកចូរនិម្មិតអាស្រម និងបណ្ណសាលាដ៏ល្អ ជាទីរីករាយ ថ្វាយព្រះបាទវេស្សន្តរ ព្រមទាំងភរិយា និងបុត្រ។ វិស្សុកម្មទេវបុត្រ ដែលមានឫទ្ធិច្រើន លុះបានស្តាប់ពាក្យរបស់សក្កទេវរាជហើយ ក៏ចុះមកនិម្មិតអាស្រម និងបណ្ណសាលាដ៏ល្អជាទីរីករាយ។ ក្សត្រ ៤ ព្រះអង្គ បានចូលទៅកាន់ព្រៃធំ ដែលមិនមានសំឡេង មិនមានសេចក្តីវឹកវរ ហើយ (និយាយគ្នាថា) យើងនឹងនៅក្នុងចន្លោះនៃភ្នំនោះ កាលនោះ តថាគត នាងមទ្រីទេវី កូនទាំងពីរ គឺជាលី និងកណ្ហាជិនា បានបន្ទោបង់សេចក្តីសោកដល់គ្នានឹងគ្នា ហើយនៅក្នុងអាស្រម កាលនោះ តថាគត រក្សាទារកក្នុងអាស្រម មិនសូន្យស្ងាត់ នាងមទ្រីនោះ តែងនាំផ្លែឈើមកចិញ្ចឹមជនទាំង ៣ នាក់។ កាលតថាគតនៅក្នុងព្រៃធំ មានអ្នកដំណើរម្នាក់ ចូលមករកតថាគត សូមកូនទាំងពីរនៃតថាគត គឺជាលី និងកណ្ហាជិនា។ កាលនោះ តថាគតកើតសេចក្តីរីករាយ ព្រោះបានឃើញយាចកដើរចូលមក បានយកកូនទាំងពីរ ឲ្យដល់ព្រាហ្មណ៍។ កាលតថាគត បរិច្ចាគបុត្តទាំងពីររបស់ខ្លួន ដល់ជូជកព្រាហ្មណ៍ កាលនោះ ប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រ។ ព្រះឥន្ទ្របានក្លែងភេទ ជាព្រាហ្មណ៍ម្តងទៀត ចុះមកសូមនាងមទ្រីទេវី ដែលមានសីល មានវត្តចំពោះប្តី នឹងតថាគត។ តថាគតមានសេចក្តីត្រិះរិះក្នុងចិត្តដោយជ្រះថ្លា ចាប់នាងមទ្រីទេវី ត្រង់ដើមដៃ ហើយច្រួចទឹក ដាក់លើអញ្ជលីនៃព្រាហ្មណ៍ ឲ្យនាងមទ្រីដល់ព្រាហ្មណ៍។ កាលដែលតថាគតឲ្យនាងមទ្រី ទេវតាឰដ៏អាកាស ក៏ត្រេកអររីករាយ ប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏ញាប់ញ័រក្នុងកាលនោះ។ កាលតថាគត បរិច្ចាគជាលីកុមារ កណ្ហាជិនាធីតា និងនាងមទ្រីទេវី ដែលមានវត្តចំពោះប្តី ឥតគិតក្តៅក្រហាយសោះឡើយ ក៏ព្រោះហេតុនៃពោធិញ្ញាណតែម៉្យាង។ បុត្រទាំងពីរមិនមែនជាទីស្អប់របស់តថាគតទេ ទាំងនាងមទ្រីទេវី ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត បានជាតថាគតឲ្យបុត្រ និងភរិយាជាទីស្រឡាញ់។ កាលពួកជនមកជួបជុំគ្នា ក្នុងសំណាក់នៃមាតា និងបិតា ក្នុងព្រៃធំ ក៏ខ្សឹកខ្សួល ដោយសេចក្តីករុណា ចរចាសួរសុខ និងទុក្ខគ្នា។ កាលមហាជន ចូលទៅរកជនទាំងពីរ ជាអ្នកធ្ងន់ដោយហិរិ និងឱត្តប្បៈ កាលនោះ ប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏កម្រើកញាប់ញ័រ។ ម៉្យាងទៀត តថាគតចេញអំពីព្រៃធំ ជាមួយនឹងពួកញាតិ ចូលទៅកាន់បុរី គួរជាទីសប្បាយ ឈ្មោះជេតុត្តរ ដែលជានគរដ៏ឧត្តម ក្នុងកាលនោះ មហារមេឃក៏បង្អុរចុះនូវភ្លៀងជាវិការៈនៃកែវ ៧ ប្រការ ប្រឹថពីដែលមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ ក៏កម្រើក។ ប្រឹថពីមិនមានចេតនាទេ មិនដឹងសុខ និងទុក្ខទេ តែមហាប្រឹថពីនោះ បានកម្រើកញាប់ញ័រ អស់វារៈ ៧ ដង ព្រោះកម្លាំងទានរបស់តថាគត។

ចប់ វេស្សន្តរចរិយា ទី៩។

សសបណ្ឌិតចរិយា ទី១០

(១០. សសបណ្ឌិតចរិយា)

[១០] ចរិយាដទៃទៀត កាលតថាគត កើតជាទន្សាយ ត្រាច់ទៅក្នុងព្រៃ មានស្មៅ ស្លឹកឈើ បន្លែ និងផ្លៃឈើជាអាហារ វៀរចាកការបៀតបៀនសត្វដទៃ។ កាលនោះ ស្វា ចចក ភេ និងតថាគត ព្រមព្រៀងនៅជាមួយគ្នា ទាំងព្រឹកទាំងល្ងាច។ តថាគតប្រៀនប្រដៅសំឡាញ់ទាំង ៣ នោះ ដែលមានកិរិយាល្អ និងកិរិយាអាក្រក់ថា អ្នកទាំងឡាយ ចូរវៀរនូវអំពើអាក្រក់ ហើយចូរតម្កល់ខ្ជាប់ក្នុងអំពើល្អ។ តថាគតឃើញព្រះចន្ទ្រពេញវង់ ក្នុងថ្ងៃឧបោសថ ក៏ប្រាប់ដល់សំឡាញ់នុ៎ះ ក្នុងទីនោះថា ថ្ងៃនេះ ជាថ្ងៃឧបោសថ។ អ្នកទាំងឡាយ ចូរចាត់ចែងទាន ដើម្បីឲ្យដល់ទក្ខិណេយ្យបុគ្គល លុះបានឲ្យទានដល់ទក្ខិណេយ្យបុគ្គលរួចហើយ ចូររក្សាឧបោសថ។ សត្វជាសំឡាញ់នោះ បានទទួលពាក្យតថាគតថា សាធុ ហើយចាត់ចែងទានតាមសេចក្តីអង់អាច តាមកម្លាំង ហើយស្វែងរកទក្ខិណេយ្យបុគ្គល។ ឯតថាគត ដេកគិតនូវទានដែលសមគួរ ដល់ទក្ខិណេយ្យបុគ្គលថា បើអញបានទក្ខិណេយ្យបុគ្គល តើអញនឹងឲ្យទានដូចម្តេច។ ល្ង និងសណ្តែកបាយនៃអញគ្មានទេ សណ្តែករាជមាស អង្ករ និងខ្លាញ់នៃអញ ក៏គ្មានដែរ អញញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយស្មៅ អញមិនអាចនឹងឲ្យស្មៅបានទេ ដូច្នេះ បើមានទក្ខិណេយ្យបុគ្គលណាមួយ ដើរមកក្នុងសំណាក់អញដើម្បីភិក្ខា អញនឹងឲ្យខ្លួនជារបស់ខ្លួន នឹងមិនឲ្យទក្ខិណេយ្យបុគ្គលនោះ មានដៃទទេទៅវិញឡើយ ព្រះឥន្ទ្រដឹងនូវសេចក្តីត្រិះរិះរបស់តថាគត ហើយក្លែងភេទជាព្រាហ្មណ៍ ចូលមកកាន់លំនៅតថាគត ដើម្បីល្បងទានរបស់តថាគត។ តថាគតឃើញឥន្ទព្រាហ្មណ៍នោះ ហើយក៏ត្រេកអរ បានពោលពាក្យនេះថា ពេញជាល្អមែន អ្នកមកក្នុងសំណាក់ខ្ញុំ ព្រោះហេតុតែអាហារ។ ក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យនូវទានដ៏ប្រសើរដល់អ្នក ជាទានដែលខ្ញុំមិនធ្លាប់ឲ្យឡើយ អ្នកប្រកបដោយគុណ គឺសីល ការបៀតបៀនសត្វដទៃ មិនគួរដល់អ្នកឡើយ អ្នកចូរមក ចូរទៅនាំយកឧសផ្សេងៗ មកបង្កាត់ភ្លើងឲ្យឆេះឡើង ខ្ញុំនឹងដុតខ្លួន អ្នកនឹងបានបរិភោគសាច់ឆ្អិន។ ឥន្ទព្រាហ្មណ៍នោះ មានចិត្តត្រេកអរ ទទួលថា សាធុ ហើយទៅនាំឧសផ្សេងៗ យកមកធ្វើជើងថ្ករយ៉ាងធំ ហើយធ្វើឲ្យមានផ្ទៃ ពេញដោយរងើកភ្លើង។ គំនរភ្លើងធំនោះ ឆេះឆាប យ៉ាងណា ឥន្ទព្រាហ្មណ៍នោះ ក៏ដុតភ្លើងឆេះសន្ធោសន្ធៅក្នុងទីនោះ យ៉ាងនោះ តថាគត រលាស់ខ្លួនដែលប្រឡាក់ដោយធូលី ហើយអង្គុយក្នុងទីដ៏សមគួរនោះ។ កាលណា គំនរឧសធំ ត្រូវភ្លើងឆេះ ឮសូរសំឡេងធុំធុំ កាលនោះ តថាគតលោតទម្លាក់ខ្លួនទៅក្នុងកណ្តាលចន្លោះអណ្តាតភ្លើង ធម្មតាទឹកត្រជាក់ ដែលបុគ្គលណាមួយចុះទៅហើយ រមែងញ៉ាំងសេចក្តីក្រវល់ក្រវាយ ក្តៅក្រហាយ ឲ្យស្ងប់រម្ងាប់ បានញ៉ាំងសេចក្តីត្រេកអរ និងបីតិ ឲ្យកើតឡើងយ៉ាងណា។ កាលតថាគតចូលទៅក្នុងភ្លើង ដែលកំពុងឆេះសន្ធោសន្ធៅ ក៏ញ៉ាំងសេចក្តីក្រវល់ក្រវាយទាំងអស់ ឲ្យស្ងប់រម្ងាប់ ដូចជាទឹកត្រជាក់ ដូច្នោះឯង។ តថាគតបានឲ្យសម្បុរថ្ងៃ ស្បែក សាច់ សរសៃ ឆ្អឹង បេះដូង និងកាយទាំងមូល មិនឲ្យមានសេសសល់ ដល់ព្រាហ្មណ៍។

ចប់ សសបណ្ឌិតចរិយា ទី១០។

ឧទ្ទាននៃចរិយានោះ

អកិត្តិចរិយា ១ សង្ខព្រាហ្មណចរិយា ១ ស្តេចក្នុងដែនកុរុ ព្រះនាមធនញ្ជ័យ (កុរុធម្មចរិយា) ១ មហាសុទស្សនរាជ (សុទស្សនចរិយា) ១ មហាគោវិន្ទចរិយា ១ នេមិរាជចរិយា ១ ចន្ទកុមារចរិយា ១ សិវិរាជចរិយា ១ វេស្សន្តរចរិយា ១ សសបណ្ឌិតចរិយា ១ បុគ្គលណាបានឲ្យទានដ៏ប្រសើរទាំងឡាយនោះ ក្នុងកាលនោះ បុគ្គលនោះ គឺតថាគតហ្នឹងឯង។ ការបរិច្ចាគនូវទេយ្យធម៌ទាំងឡាយនុ៎ះ ជាបរិក្ខារនៃទាន ការបរិច្ចាគនូវទានដ៏ប្រសើរទាំងឡាយនុ៎ះ ជាបារមីនៃទាន (ហេតុនោះ) បានជាតថាគត ឲ្យនូវជីវិតដល់យាចក ហើយបំពេញនូវបារមីនេះ។ តថាគតឃើញយាចក ចូលមកដើម្បីភិក្ខា ក៏បានលះបង់ខ្លួនជារបស់ខ្លួន បុគ្គលអ្នកឲ្យទាន ស្មើដោយទានរបស់តថាគត មិនមានឡើយ នេះជាទានបារមីរបស់តថាគត។

ចប់ ទានបារមី។

សីលបរមិតា

(២. ហត្ថិនាគវគ្គោ)

សីលវនាគចរិយា ទី១

(១. មាតុបោសកចរិយា)

[១១] កាលដែលតថាគតកើតជាដំរី ជាសត្វចិញ្ចឹមមាតា នៅក្នុងព្រៃធំ កាលនោះ នឹងរកអ្នកណាលើផែនដីនេះ ឲ្យស្មើនឹងតថាគតដោយសីលគុណ មិនមានឡើយ។ មានថ្មើរព្រៃម្នាក់ ឃើញតថាគតក្នុងព្រៃ ក៏ក្រាបទូលដល់ស្តេចពារាណសីថា បពិត្រមហារាជ គជសារមួយនៅក្នុងព្រៃធំ ជាសត្វមានសភាពសមគួរដល់ព្រះអង្គ ដំរីនោះ មិនមានសេចក្តីត្រូវការដោយស្នាមភ្លោះទេ មិនមានសេចក្តីត្រូវការដោយខ្សែ ប្រកាំ និងរណ្តៅទេ ដំរីនោះ គ្រាន់តែបុគ្គលចាប់ទាញប្រមោយ នឹងមកក្នុងទីនេះ ដោយខ្លួនឯង។ ចំណែកខាងព្រះរាជា ទ្រង់បានព្រះសណ្តាប់នូវពាក្យរបស់ថ្មើរព្រៃនោះហើយ ក៏មានព្រះរាជហឫទ័យត្រេកអរ ទើបទ្រង់ប្រើហ្មដំរី ដែលជាហត្ថាចារ្យឈ្លាសវាងវៃ បានសិក្សាវិជ្ជាចាប់ដំរីចេះល្អិតល្អ។ ហ្មដំរីនោះ លុះទៅដល់ ក៏ឃើញតថាគត កំពុងដកមើមឈូក ក្រអៅឈូក ក្នុងបទុមស្រះ ដើម្បីចិញ្ចឹមមាតា។ នាយហត្ថាចារ្យនោះ លុះដឹងច្បាស់សីលគុណនៃតថាគត ក៏ពិចារណាឃើញលក្ខណៈ (នៃតថាគត) ហើយពោលថា ម្នាលកូន អ្នកចូរមក ហើយចាប់ដឹកតថាគតត្រង់ប្រមោយ។ កាលនោះ កម្លាំងណាប្រព្រឹត្តទៅក្នុងសរីរៈនៃតថាគត ដែលតាំងនៅដោយប្រក្រតី កម្លាំងនោះប្រាកដស្មើដោយកម្លាំងនៃដំរីច្រើនពាន់ ក្នុងថ្ងៃនេះ។ បើតថាគត ខឹងចំពោះជនទាំងឡាយនោះ ដែលចូលមកចាប់តថាគត តថាគតអាច (នឹងញាំញីនូវជីវិត) នៃមនុស្សនោះ រហូតដល់រាជ្យ ជារបស់មនុស្សក៏បាន។ តែតថាគតរក្សាសីល (សូម្បីឃើញ) នូវជនកាលដាក់តថាគតក្នុងរោង ក៏មិនធ្វើចិត្តឲ្យរាយមាយ ដើម្បីបំពេញនូវសីលបារមី។ ប្រសិនបើជនទាំងឡាយនោះ កាប់ចាក់តថាគតដោយប៉ូវថៅ និងលំពែងស្នែងក្របី ក្នុងទីនោះ ក៏តថាគតមិនក្រោធខឹង ចំពោះជនទាំងនោះ ព្រោះតថាគតខ្លាចដាច់សីល។

ចប់ សីលវនាគចរិយា ទី១។

ភូរិទត្តចរិយា ទី២

(២. ភូរិទត្តចរិយា)

[១២] មានចរិយាដទៃទៀត កាលដែលតថាគត កើតជានាគឈ្មោះភូរិទត្ត មានឫទ្ធិច្រើន កាលនោះ តថាគតបានទៅកាន់តាវត្តិង្សទេវលោក ជាមួយនឹងមហារាជ ព្រះនាមវិរូបក្ខៈ។ តថាគតបានឃើញទេវតាទាំងឡាយ ដែលឆ្អែតស្កប់ស្កល់ដោយសេចក្តីសុខយ៉ាងក្រៃលែង ក្នុងតាវត្តិង្សទេវលោកនោះ បានជាតថាគត សមាទាននូវសីល និងវត្ត ដើម្បីទៅកាន់ឋានសួគ៌នោះ។ តថាគតធ្វើនូវកិច្ចថែទាំសរីរៈ បរិភោគគ្រាន់តែញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ អធិដ្ឋាននូវអង្គ ៤ ហើយដេកលើក្បាលដំបូក។ កិច្ចដែលបុគ្គលណា គួរធ្វើដោយសម្បុរថ្ងៃ ស្បែក សាច់ សរសៃ និងឆ្អឹង បុគ្គលនោះ ចូរនាំយកនូវសម្បុរថ្ងៃ ស្បែក ដែលតថាគតឲ្យហើយនោះចុះ។

អាលម្ពានព្រាហ្មណ៍ លុះនេសាទព្រាហ្មណ៍ ជាអកតញ្ញូ ប្រាប់កន្លែងហើយ ក៏ទៅចាប់យកតថាគតដាក់ក្នុងកំប្រោង ហើយប្រើតថាគតឲ្យលេងក្នុងស្រុក និគម ជនបទនោះៗ។ កាលអាលម្ពានព្រាហ្មណ៍ ដាក់តថាគតក្នុងកំប្រោងក្តី ញាំញីតថាគតដោយដៃក្តី តថាគតមិនខឹងនឹងអាលម្ពានព្រាហ្មណ៍ ព្រោះតថាគតខ្លាចដាច់សីល។ ការបរិច្ចាគជីវិតនៃខ្លួនរបស់តថាគត ជាធម្មជាតិស្រាលជាងបាច់ស្មៅទៅទៀត។ ឯការប្រព្រឹត្តិកន្លងសីលនៃតថាគត ធ្ងន់ដូចជាការប្រែត្រឡប់ដែនដី។ តថាគតលះបង់ជីវិត នៃតថាគត អស់រយជាតិមិនមានចន្លោះ តថាគតមិនដែលទម្លាយសីល ព្រោះហេតុតែបានជាស្តេចចក្រពត្តិក្នុងទ្វីបទាំង ៤ ទេ។ ចំណែកខាងតថាគតរក្សាសីល (សូម្បីឃើញ) នូវអាលម្ពានព្រាហ្មណ៍ ដាក់តថាគតក្នុងកំប្រោង ក៏មិនធ្វើចិត្តឲ្យរាយមាយ ដើម្បីបំពេញនូវសីលបារមី។

ចប់ ភូរិទត្តចរិយា ទី២។

ចម្បេយ្យចរិយា ទី៣

(៣. ចម្បេយ្យនាគចរិយា)

[១៣] ចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេចនាគ ឈ្មោះចម្បេយ្យ4) មានឫទ្ធិច្រើន កាលនោះ តថាគតជាអ្នកប្រកបដោយធម៌ ជាអ្នកឆ្អែតស្កប់ស្កល់ដោយសីល និងវ័ត។ កាលនោះ ហ្មពស់ចាប់តថាគត ដែលជាអ្នកប្រព្រឹត្តធម៌ រក្សាឧបោសថ យកទៅឲ្យលេងល្បែង ទៀបទ្វារក្រុងនៃស្តេច។ ហ្មពស់នោះ គិតឲ្យមានពណ៌ខៀវ លឿង ក្រហម តថាគតធ្វើតាមចិត្តហ្មពស់ ឲ្យសម្រេចដូចគំនិតដែលគិត។ តថាគតអាចនឹងធ្វើទីទួលឲ្យជាទីទឹក ធ្វើទីទឹកឲ្យជាទីទួល បើតថាគតខឹងចំពោះហ្មពស់នោះ តថាគតធ្វើឲ្យខ្ទេចជាផេះមួយរំពេច។ បើតថាគតបណ្តោយតាមអំណាចចិត្ត តថាគតនឹងសាបសូន្យចាកសីល ប្រយោជន៍ដ៏ឧត្តម គឺភាពជាព្រះពុទ្ធ នឹងមិនសម្រេចដល់តថាគត ដែលសាបសូន្យចាកសីលឡើយ។ កាយនេះ ទោះបែកធ្លាយរោយរាយលើផែនដីនេះ ឲ្យដូចជាបុគ្គលរោយនូវសំដីស្រូវ ក៏តថាគតមិនទម្លាយសីលឡើយ។

ចប់ ចម្បេយ្យចរិយា ទី៣។

ចូឡពោធិចរិយា ទី៤

(៤. ចូឡពោធិចរិយា)

[១៤] ចរិយាដទៃទៀត កាលដែលតថាគតជាបរិព្វាជក ឈ្មោះចូឡពោធិ ជាអ្នកមានសីលល្អ ឃើញនូវភពថាជារបស់គួរខ្លាចហើយ ក៏ចេញទៅសាងអភិនេស្ក្រម។ នាងព្រាហ្មណី មានសម្បុរដូចមាស នាងជាភរិយារបស់តថាគត នាងមិនមានអាល័យក្នុងវដ្តៈ ក៏បានចេញទៅសាងអភិនេស្ក្រមដែរ នាងមិនមានអាល័យ លះបង់នូវផៅពង្ស មិនជាប់នឹងពួកត្រកូល តថាគត និងព្រាហ្មណីនោះ ដើរទៅកាន់ស្រុក និងនិគម ក៏បានចូលទៅកាន់ក្រុងពារាណសី។ យើងទាំងពីរនាក់ ជាអ្នកមានបញ្ញា នៅជិតក្រុងពារាណសីនោះ មិននៅច្រឡូកច្រឡំក្នុងពួកត្រកូលទេ នៅក្នុងឧទ្យានស្តេច ជាទីមិនមានសំឡេង មិនមានវឹកវរ។ ព្រះរាជាទ្រង់ស្តេចទៅទតឧទ្យាន បានឃើញព្រាហ្មណី ទ្រង់ចូលទៅសួរតថាគតថា ស្រីនេះជាភរិយារបស់លោក ឬជាភរិយារបស់អ្នកណា។ កាលព្រះរាជា ទ្រង់ត្រាស់សួរយ៉ាងនេះហើយ តថាគតបានទូលព្រះរាជាថា ស្រីនេះមិនមែនជាភរិយារបស់អាត្មាភាពទេ គ្រាន់តែជាស្រីមានធម៌ត្រូវគ្នា មានសាសនាត្រូវគ្នាប៉ុណ្ណោះ។ ព្រះរាជាមានព្រះទ័យប្រតិព័ទ្ធ ចំពោះបរិព្វាជិកានោះ ក៏ប្រើរាជបុរសឲ្យចាប់សង្កត់សង្កិនដោយកម្លាំង យកចូលទៅខាងក្នុងព្រះរាជវាំង។ កាលភរិយាមានជាតិជាមួយគ្នា មានសាសនាត្រូវគ្នា របស់តថាគត ដែលរាជបុរសទាញអូសនាំទៅនោះ សេចក្តីក្រោធក៏កើតឡើងដល់តថាគត។ កាលសេចក្តីក្រោធកើតឡើង តថាគតពិចារណានូវសីលវ័ត ផ្ទញ់ផ្ទាល់នូវសេចក្តីក្រោធក្នុងទីនោះ មិនឲ្យចម្រើនឡើងបាន ប្រសិនបើអ្នកណាមួយចាក់ព្រាហ្មណីនោះ ដោយលំពែងដ៏មុត តថាគតក៏មិនទម្លាយសីល ព្រោះហេតុនៃពោធិញ្ញាណ ព្រាហ្មណីនោះ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងកម្លាំងតថាគត ក៏មិនមែនជាមិនមានឡើយ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតរក្សាសីលតែម៉្យាង។

ចប់ ចូឡពោធិចរិយា ទី៤។

មហិសរាជចរិយា ទី៥

(៥. មហិំសរាជចរិយា)

[១៥] មានចរិយាដទៃទៀត កាលតថាគតកើតជាក្របីព្រៃត្រាច់ទៅក្នុងព្រៃធំ មានកាយចម្រើន មានកម្លាំងច្រើន មានសរីរៈធំធាត់ បើគេឃើញហើយគួរតែខ្លាច។ ទីនៅនៃក្របីទាំងឡាយ មានក្នុងទីនោះ គឺញកភ្នំ ផ្លូវជិតភ្នំដែលបុគ្គលទៅបានដោយកម្រ គល់ឈើ និងបឹង សត្វនីមួយៗ កាលត្រាច់ទៅក្នុងទីនោះៗ តែងបានឃើញទីដ៏ល្អក្នុងព្រៃធំ ឯតថាគតក៏ចូលទៅកាន់ទីនោះ ឈរផង ដេកផង។ គ្រានោះ មានស្វាមួយក្នុងព្រៃធំនោះ ជាសត្វលាមកថោកទាប ឡេះឡោះ មកកាន់ទីនោះ នោម ជុះដាក់តថាគតត្រង់ក ថ្ងាស និងចិញ្ចើម។ ពានរនោះប្រទូស្តនឹងតថាគត អស់មួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ បួនថ្ងៃ តថាគតត្រូវពានរនោះ បៀតបៀនសព្វៗកាល។ ទេវតាឃើញតថាគត ដែលត្រូវស្វានោះបៀតបៀនហើយ ក៏ពោលពាក្យនេះនឹងតថាគតថា (ម្នាលក្របី) អ្នកចូរញ៉ាំងស្វាលាមកអាក្រក់នេះ ឲ្យវិនាសដោយស្នែង និងក្រចកទៅ។ កាលទេវតាពោលយ៉ាងនេះហើយ តថាគតបាននិយាយតបទៅនឹងទេវតានោះវិញថា (ម្នាលទេវតា) បើទុកជាអ្នកប្រឡាក់ខ្ញុំដោយសាកសព លាមក ថោកទាប ដូចម្តេចក៏ដោយ ក៏ខ្ញុំមិនធ្វើតាមពាក្យអ្នកឡើយ។ ព្រោះថា បើខ្ញុំខឹងនឹងស្វានេះ ខ្ញុំជាបុគ្គលថោកទាបជាងស្វានោះទៅទៀត សីលរបស់ខ្ញុំនឹងបែកធ្លាយផង វិញ្ញូជនទាំងឡាយ នឹងតិះដៀលដល់ខ្ញុំផង។ ការស្លាប់ដោយសេចក្តីបរិសុទ្ធិ ប្រសើរជាងការរស់នៅ ដែលពួកអ្នកប្រាជ្ញតិះដៀល បើយ៉ាងនេះ ឲ្យខ្ញុំធ្វើនូវការបៀតបៀនអ្នកដទៃ ព្រោះហេតុតែជីវិត (របស់ខ្លួន) ដូចម្តេចកើត។ បុគ្គលប្រកបដោយប្រាជ្ញា កាលអត់ទ្រាំចំពោះសេចក្តីមើលងាយ (របស់ពួកជនដទៃ) ក្នុងហេតុយ៉ាងមុទុ មជ្ឈិម និងឧក្រិដ្ឋ រមែងបានសម្រេចដូចសេចក្តីប្រាថ្នាក្នុងចិត្តយ៉ាងនេះឯង។

ចប់ មហិសរាជចរិយា ទី៥។

រុរុមិគចរិយា ទី៦

(៦. រុរុរាជចរិយា)

[១៦] មានចរិយាដទៃទៀត កាលតថាគតកើតជាស្តេចម្រឹគ ឈ្មោះរុរុ សម្បុរស្បែកដូចមាសដែលជាងដុតល្អ ប្រកបដោយសីលដ៏ឧត្តម។ កាលនោះ ប្រទេសដែលគួរឲ្យត្រេកអរ គួរឲ្យរីករាយ ជាប្រទេសស្ងាត់សូន្យ មិនមានមនុស្ស នៅជិតច្រាំងទន្លេគង្គា គួរជាទីរីករាយនៃចិត្ត តថាគតបានចូលទៅនៅក្នុងទីនោះ។ កាលនោះ មានបុរសសំណាក់ (ចំពាក់បំណុលគេ) ត្រូវពួកម្ចាស់ទ្រព្យតឹងទារខ្លាំង ក៏លោតទម្លាក់ខ្លួនចុះក្នុងទីខាងលើខ្សែទឹកទន្លេគង្គា ដោយគិតថា អញរស់ក៏ដោយ ស្លាប់ក៏ដោយ។ បុរសនោះ ត្រូវខ្សែទឹកទន្លេគង្គា កួចទៅក្នុងទឹកធំ អស់មួយយប់មួយថ្ងៃ ស្រែកនូវសម្រែកគួរអាណិត អណ្តែតទៅក្នុងកណ្តាលទន្លេ។ តថាគតឮសំឡេងនៃបុរសនោះ កំពុងខ្សឹកខ្សួល គួរអាណិត ឋិតនៅទៀបឆ្នេរនៃស្ទឹង ក៏ស្រែកសួរថា អ្នកជាមនុស្សឬ។ បុរសនោះ ដែលតថាគតសួរហើយ ក៏ប្រាប់ហេតុរបស់ខ្លួន ក្នុងកាលនោះថា ខ្ញុំភ័យតក់ស្លុតខ្លាំងនឹងពួកម្ចាស់បំណុល ហើយស្ទុះមកក្នុងស្ទឹងធំនេះ។ តថាគតមានសេចក្តីអាណិតចំពោះបុរសនោះ ក៏ប្រថុយលះបង់ជីវិតរបស់ខ្លួន ចូលទៅនាំយកបុរសនោះមកក្នុងរាត្រីដ៏ងងឹត។ តថាគតដឹងនូវកាលនៃបុរសនោះ បាត់សេចក្តីលំបាកហើយ ក៏ពោលពាក្យនេះ នឹងបុរសនោះថា ខ្ញុំសូមពរមួយនឹងអ្នកថា ចូរអ្នកកុំប្រាប់រូបខ្ញុំ ដល់អ្នកណាមួយឡើយ។ បុរសនោះ ទៅកាន់នគរវិញ ស្តេចសួរ ហេតុតែចង់បានទ្រព្យ ក៏ក្រាបទូល (ដល់ស្តេច) ហើយនាំស្តេចចូលទៅកាន់សំណាក់តថាគត។ តថាគតប្រាប់ហេតុសព្វគ្រប់ដល់ស្តេច ស្តេចលុះបានស្តាប់ពាក្យនោះហើយ ក៏បានសម្រេចព្រះទ័យថា ត្រូវសម្លាប់បុរសនេះ ដោយកូនសរ (ទ្រង់ត្រាស់ថា) អញនឹងសម្លាប់បុរសទ្រុស្តមិត្តដ៏អាក្រក់ក្នុងទីនេះ។ តថាគត កាលរក្សានូវបុរសនោះ ក៏ស៊ូប្តូរខ្លួនបុរសនោះ ដោយខ្លួនរបស់តថាគត (ក្រាបទួលថា) បពិត្រមហារាជ បុរសនុ៎ះ ចូររស់នៅចុះ សូមព្រះអង្គធ្វើខ្ញុំព្រះអង្គតាមប្រាថ្នាវិញ។ តថាគតរក្សាសីលរបស់តថាគត មិនរក្សាជីវិតរបស់តថាគតឡើយ បានជាក្នុងកាលនោះ តថាគតកាន់សីលម៉ត់ចត់ ព្រោះហេតុតែពោធិញ្ញាណ។

ចប់ រុរុមិគចរិយា ទី៦។

មាតង្គចរិយា ទី៧

(៧. មាតង្គចរិយា)

[១៧] មានចរិយាដទៃទៀត កាលតថាគតកើតជាជដិលតាបស ឈ្មោះមាតង្គៈ មានតបៈខ្ពង់ខ្ពស់ មានសីលបរិសុទ្ធ មានចិត្តតម្កល់មាំល្អ។ ជនពីរនាក់ គឺតថាគត និងព្រាហ្មណ៍ នៅជិតឆ្នេរទន្លេគង្គា តថាគតនៅខាងលើខ្សែទឹក ឯព្រាហ្មណ៍នៅខាងក្រោមខ្សែទឹក។ ព្រាហ្មណ៍ កាលដើរទៅតាមឆ្នេរទន្លេ បានឃើញអាស្រមតថាគត នៅខាងលើខ្សែទឹក ក៏ប្រទេចផ្តាសាតថាគតក្នុងទីនោះ ហើយដាក់សម្បថថា (ចូរឲ្យក្បាលអ្នកបែកជា ៧ ភាគ ក្នុងថ្ងៃទី ៧)។ បើតថាគត ខឹងនឹងព្រាហ្មណ៍ មានតែតថាគតមិនរក្សាសីល តថាគតនឹងក្រឡេកមើលព្រាហ្មណ៍នោះ ហើយធ្វើឲ្យឆេះ ទៅជាផេះក៏បាន។ កាលណោះ ព្រាហ្មណ៍នោះ មានចិត្តប្រទូស្តខឹង ដាក់សម្បថដល់តថាគត ដោយឧបាយណា សម្បថនោះបែរជាធ្លាក់លើក្បាលព្រាហ្មណ៍នោះវិញ តថាគតដោះព្រាហ្មណ៍នោះ ឲ្យរួចចាកសម្បថ ដោយឧបាយនោះ។ តថាគតរក្សាសីលរបស់តថាគត មិនរក្សាជីវិតរបស់តថាគតឡើយ បានជាក្នុងកាលនោះ តថាគតកាន់សីលម៉ត់ចត់ ព្រោះហេតុនៃពោធិញ្ញាណ។

ចប់ មាតង្គចរិយា ទី៧។

ធម្មទេវបុត្តចរិយា ទី៨

(៨. ធម្មទេវបុត្តចរិយា)

[១៨] មានចរិយាដទៃទៀត កាលតថាគតកើតជាទេវបុត្តមានអានុភាពធំ ឈ្មោះធម្មៈ មានសក្តិធំ មានឫទ្ធិច្រើន ជាអ្នកអនុគ្រោះដល់សត្វលោកទាំងពួង។ កាលនោះ តថាគតញ៉ាំងមហាជនឲ្យតម្កល់នៅក្នុងកុសលកម្មបថ ១០ ត្រាច់ទៅក្នុងស្រុក និងនិគម ជាមួយនឹងមិត្រ ជាមួយនឹងជនជាបរិវារ។ មានទេវបុត្តមួយអង្គ មានធម៌លាមក កំណាញ់ស្វិតស្វាញ សម្តែងនូវធម៌លាមក ១០ ប្រការ ទេវបុត្តនោះ ត្រាច់ទៅលើផែនដីដ៏ធំ ក្នុងជម្ពូទ្វីបនេះ ជាមួយនឹងមិត្ត ជាមួយនឹងជនជាបរិវារ។ យើងជាទេវបុត្តទាំងពីរនាក់ គឺទេវបុត្តអ្នកពោលនូវធម៌ និងទេវបុត្តអ្នកពោលនូវអធម៌ ទៅជាសត្រូវនឹងគ្នា យើងទាំងពីរនាក់ ត្រូវបររថប៉ះនឹមដោយនឹម ក្នុងផ្លូវជួបគ្នា។ ជម្លោះជាហេតុញ៉ាំងភ័យឲ្យកើត ប្រព្រឹត្តទៅដល់កល្យាណទេវបុត្ត និងបាបទេវបុត្ត មហាសង្គ្រាមក៏តាំងឡើង ដើម្បីប្រជែងផ្លូវគ្នា។ បើតថាគតខឹងនឹងអធម្មទេវបុត្ត មានតែតថាគតទម្លាយតបោគុណ គឺសីលដ៏ប្រសើរ តថាគតគប្បីធ្វើនូវអធម្មទេវបុត្តនោះ ព្រមទាំងជនជាបរិស័ទ ឲ្យទៅជាធូលីក៏បាន។ ប៉ុន្តែតថាគតរំលត់ចិត្ត ដើម្បីរក្សាសីល តថាគត ព្រមទាំងជនជាបរិស័ទ ក៏បរចៀស បើកផ្លូវឲ្យបាបទេវបុត្ត។ កាលតថាគត ព្រមទាំងជនជាបរិស័ទរំលត់ចិត្ត បររថចៀសអំពីផ្លូវហើយ មហាប្រឹថពីក៏ស្រូបបាបទេវបុត្តក្នុងខណៈនោះ។

ចប់ ធម្មទេវបុត្តចរិយា ទី៨។

ជយទិសចរិយា ទី៩

(៩. អលីនសត្តុចរិយា)

[១៩] មានស្តេចមួយអង្គ ព្រះនាមជយទិស ប្រកបដោយសីលគុណ ក្នុងក្រុងដ៏ឧត្តម ឈ្មោះកប្បិលា ជាក្រុងដ៏ប្រសើរ ក្នុងដែនបញ្ចាល។ តថាគតកើតជាព្រះរាជបុត្តរបស់ស្តេចនោះ ឈ្មោះអលីនសត្តកុមារ ជាអ្នកល្បីល្បាញក្នុងធម៌ មានសីលដ៏ល្អ ប្រកបដោយមហាបុរិសគុណ ជាអ្នករក្សានូវជនជាបរិវារសព្វកាល។ បិតារបស់តថាគត បានទៅប្រពាធម្រឹគ (ក្នុងព្រៃ) ជ្រុលចូលទៅកាន់សំណាក់យក្សឈ្មោះបោរិសាទ យក្សនោះចាប់ស្តេចជយទិស ជាបិតានៃតថាគត (ហើយនិយាយថា) អ្នកត្រូវជាអាហាររបស់យើងហើយ អ្នកកុំកម្រើកឡើយ។ បិតារបស់តថាគតនោះ លុះឮពាក្យរបស់យក្ខិនីបុត្តនោះហើយ ក៏ភ័យតក់ស្លុត ញ័ររន្ធត់ រឹងភ្លៅទាំងពីរ បិតានៃតថាគតនោះ ឈរនៅស្ងៀម មិនអាចនឹងរត់ចេញទៅបាន ព្រោះឃើញស្តេចបោរិសាទ។ ព្រះរាជាទ្រង់អង្វរថា សូមអ្នកយកសត្វម្រឹគនេះចុះ សូមលែងខ្ញុំ ខ្ញុំនឹងឲ្យទ្រព្យដល់ព្រាហ្មណ៍ រួចហើយនឹងត្រឡប់មកវិញ។ បិតាហៅតថាគតមកប្រាប់ថា ម្នាលកូន អ្នកចូរគ្រប់គ្រងរាជ្យ ចូរកុំប្រមាទបុរីនេះឡើយ ដែលអញបានត្រឡប់មកវិញនេះ ព្រោះតែអញបានប្តេជ្ញាជាមួយនឹងយក្សបោរិសាទ។ តថាគតថ្វាយបង្គំព្រះមាតា និងព្រះបិតា ហើយនិម្មិតខ្លួនកាន់ធ្នូ និងព្រះខ័ន ចេញអំពីនគរ ដើរចូលទៅរកបោរិសាទយក្ស។ (តថាគតគិតថា យក្សនោះ បើឃើញតថាគត) មានគ្រឿងសស្ត្រាវុធនៅក្នុងដៃ ក៏នឹងតក់ស្លុត កាលបើតថាគតធ្វើយក្សនោះឲ្យតក់ស្លុត សីលរបស់តថាគតនឹងបែកធ្លាយ ដោយការញ៉ាំងសេចក្តីតក់ស្លុតឲ្យកើតដល់យក្សនោះ។ (លុះគិតឃើញយ៉ាងនេះ) តថាគត មិនពោលពាក្យជាទីស្អប់ ទៅរកយក្សនោះទេ ព្រោះការខ្លាចដាច់សីលនៃតថាគត តថាគតមានមេត្តាចិត្ត ពោលតែពាក្យមានប្រយោជន៍ ហើយបានពោលនូវពាក្យនេះថា ចូរលោកតា ដុតភ្លើងឲ្យឆេះខ្លាំងឡើង ខ្ញុំនឹងលោតពីដើមឈើនេះ ទម្លាក់ទៅ (ក្នុងភ្លើងនោះ) បពិត្រជីតា បើលោកតាដឹងនូវកាលនៃសាច់នោះឆ្អិនល្អហើយ ចូរបរិភោគសាច់នោះចុះ។ ព្រោះហេតុបិតាមានសីល ដូចរៀបរាប់មកនេះ តថាគតមិនរក្សាជីវិតរបស់តថាគតទេ តថាគតញ៉ាំងបោរិសាទ ជាអ្នកធ្វើអំពើបាណាតិបាត ឲ្យវៀរបង់អំពើអាក្រក់សព្វកាល។

ចប់ ជយទិសចរិយា ទី៩។

សង្ខបាលចរិយា ទី១០

(១០. សង្ខបាលចរិយា)

[២០] មានចរិយាដទៃទៀត កាលតថាគតកើតជាស្តេចនាគ ឈ្មោះសង្ខបាល មានឫទ្ធិច្រើន មានចង្កូមជាអាវុធ មានពិសដ៏ពន្លឹក មានអណ្តាតពីរ ជាសត្វគ្របសង្កត់ឧរគជាតិ។ តថាគតអធិដ្ឋានអង្គទាំង ៤ ជិតផ្លូវធំ ៤ ជាកន្លែងទៅមកនៃជនផ្សេងៗ ហើយសម្រេចនូវការនៅ ក្នុងទីនោះ។ បុគ្គលណាមានកិច្ចគួរធ្វើដោយអវយវៈនេះ គឺសម្បុរថ្ងៃ ស្បែក សាច់ សរសៃ និងឆ្អឹង បុគ្គលនោះ ចូរនាំយកអវយវៈដែលអញឲ្យហើយចុះ។ កូនព្រានព្រៃទាំងឡាយ ជាមនុស្សរឹងត្អឹង អាក្រក់ ឥតមានសេចក្តីអាណិតអាសូរ មានដំបង ៤ ជ្រុង ក្នុងដៃ បានឃើញតថាគត ហើយដើរចូលមកក្នុងទីនោះ។ កូនព្រានព្រៃទាំងឡាយ បានចោះតថាគតត្រង់ច្រមុះ កន្ទុយ ខ្នង និងក ហើយលើកតថាគត ដាក់ក្នុងសង្រែក រែកយកទៅ។ តថាគត បើប្រាថ្នានឹងធ្វើនូវមហាប្រឹថពី ដែលមានសមុទ្រជាទីបំផុត ព្រមទាំងព្រៃឈើ ព្រមទាំងភ្នំ ឲ្យឆេះខ្ទេចទៅជាផេះ ដោយខ្យល់តាមច្រមុះ ក្នុងទីនោះក៏បាន។ (ប៉ុន្តែ) តថាគត មិនខឹងនឹងកូនព្រានព្រៃទាំងឡាយ ដែលចោះដោយដែកស្រួច និងចាក់ដោយលំពែងទាំងឡាយឡើយ នេះជាសីលបារមីរបស់តថាគត។

ចប់ សង្ខបាលចរិយា ទី១០។

ឧទ្ទាននៃចរិយានោះ

សីលវនាគចរិយា ១ ភូរិទត្តចរិយា ១ ចម្បេយ្យចរិយា ១ ចូឡពោធិចរិយា ១ មហិសរាជចរិយា ១ រុរុមិគចរិយា ១ មាតង្គចរិយា ១ ទេវធម្មបុត្តចរិយា ១ ជយទិសចរិយា ១ សង្ខបាលចរិយា ១។ ចរិយាទាំងអស់នោះ តថាគតសម្តែងហើយថា មានសីលជាកម្លាំង ជាបរិក្ខារ តថាគតបានគ្រង់គ្រងជីវិត រក្សាសីល។ កាលតថាគត ជាសង្ខបាលនាគរាជ បានប្រគល់ជីវិតឲ្យដល់បុគ្គលណាមួយ សព្វៗ កាល ហេតុនោះ បារមីនោះ ជាសីលបរមត្ថបារមី (នៃតថាគត)។

ចប់ សីលបារមីនិទ្ទេស។

នេក្ខម្មាទិបារមី

(៣. យុធញ្ជយវគ្គោ)

យុធញ្ជយចរិយា ទី១

(១. យុធញ្ជយចរិយា)

[២១] កាលដែលតថាគតកើតជារាជបុត្ត (នៃស្តេចសព្វទត្ត) ឈ្មោះយុធញ្ជ័យ ជារាជកុមារមានបរិវារ និងយសរាប់មិនបាន ក្នុងកាលនោះ តថាគតកើតសេចក្តីសង្វេគ ព្រោះឃើញដំណក់ទឹកសន្សើម ដែលរីងហួតដោយកំដៅព្រះអាទិត្យ។ តថាគតយកដំណក់ទឹកសន្សើមនោះជាអធិបតី ចម្រើននូវសេចក្តីសង្វេគថ្វាយបង្គំព្រះមាតា និងព្រះបិតា ហើយសូមបព្វជ្ជា។ ពួករាជបុរស ព្រមទាំងអ្នកនិគម អ្នកនៅក្នុងដែន ផ្គងអញ្ជលីអង្វរតថាគតថា បពិត្រព្រះរាជបុត្ត សូមព្រះអង្គម្ចាស់ គ្រប់គ្រងមហាប្រឹថពី ដែលសម្រេចដោយសម្បត្តិដ៏ស្តុកស្តម្ភ ក្នុងថ្ងៃនេះចុះ។ តថាគតមិនមានអាល័យ លះបង់រាជបុរស ព្រមទាំងស្តេច ស្រីស្នំ អ្នកនិគម និងអ្នកនៅក្នុងដែន ដែលកំពុងខ្សឹកខ្សួល គួរឲ្យអាណិត។ តថាគតលះបង់រាជ្យលើផែនដី ញាតិ ជនជាបរិស័ទ និងយសទាំងអស់ ឥតមានគិតដល់ ព្រោះហេតុពោធិញ្ញាណតែម៉្យាង។ មាតាបិតា មិនមែនជាទីស្អប់របស់តថាគតទេ ទាំងយសដ៏ធំ ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតលះបង់រាជ្យ។

ចប់ យុធញ្ជយចរិយា ទី១។

សោមនស្សចរិយា ទី២

(២. សោមនស្សចរិយា)

[២២] មានចរិយាដទៃទៀត កាលដែលតថាគតកើតជារាជបុត្ត (នៃស្តេចកុរុរាជ) ក្នុងឥន្ទបត្ថបុរីដ៏ឧត្តម មានឈ្មោះប្រាកដថា សោមនស្សកុមារ ជារាជបុត្តដែលជនទាំងឡាយ មានមាតាបិតាជាដើម ស្រឡាញ់ពេញចិត្តក្រៃលែង ជាអ្នកមានសីល ប្រកបដោយគុណ មានសំដីពីរោះ គោរពកោតក្រែងចាស់ព្រឹទ្ធាចារ្យ មានហិរិ ទាំងមានសេចក្តីឈ្លាសវៃ ក្នុងសង្គហធម៌ (៤ យ៉ាង)។ មានតាបសកុហកម្នាក់ ជាអ្នកស្និទ្ធស្នាលនៃស្តេចកុរុនោះ ដាំសួនច្បារ និងគុម្ពផ្កាចិញ្ចឹមជីវិត។ តថាគតឃើញកុហកតាបសនោះ ដូចគំនរអង្កាមមិនមានគ្រាប់អង្ករ ដូចឈើមានប្រហោងក្នុង ឬដូចដើមចេកមិនមានខ្លឹម ក៏ត្រិះរិះថា សប្បុរិសធម៌ មានឈានជាដើមនៃតាបសនេះ មិនមានទេ តាបសនេះ ជាបុគ្គលប្រាសចាកភាពជាសមណៈ លះបង់សុក្កធម៌ គឺហិរិ និងឱត្តប្បៈ ព្រោះហេតុតែការចិញ្ចឹមជីវិត។ ក្នុងបច្ចន្តប្រទេស មានពួកចោរនៅក្នុងព្រៃធំបះបោរ បិតារបស់តថាគត ទៅបង្ក្រាបបច្ចន្តប្រទេសនោះ បានផ្តាំ (តថាគតថា) ម្នាលកូន ចូរបាកុំធ្វេសប្រហែស ចំពោះជដិលដែលមានតបៈដ៏ខ្ពង់ខ្ពស់ ចូរបាញ៉ាំងជដិលនេះ ឲ្យប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នាចុះ ព្រោះតាបសនោះ ជាអ្នកឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាង។ តថាគត ទៅកាន់ទីបម្រើតាបសនោះ បានពោលនូវពាក្យនោះថា ម្នាលគហបតី អ្នកសុខសប្បាយទេឬ ពួកអ្នកជំនួញនាំ (មាស និងប្រាក់) មកឲ្យអ្នកដែរឬ។ ព្រោះពាក្យដែលតថាគតពោលថា គហបតី កុហកតាបសនោះ អាស្រ័យនូវមានះ ក៏ខឹង (និយាយថា) ក្នុងថ្ងៃនេះ អាត្មាភាពនឹងឲ្យស្តេចសម្លាប់ទ្រង់ ឬឲ្យបំបរបង់ទ្រង់ចាកដែន។ លុះព្រះរាជាបង្ក្រាបបច្ចន្តប្រទេសរួចហើយ (ត្រឡប់មកនគរវិញ ស្តេចចូលទៅកាន់ឧទ្យាន) ទ្រង់ត្រាស់សួរកុហកតាបសថា (បពិត្រលោកម្ចាស់ដ៏ចម្រើន) ចុះលោកល្មមអត់ទ្រាំបានទេឬ រាជកុមាររាប់អានលោកស្រួលបួលទេឬ។ តាបសបាបនោះ បានទូលព្រះរាជានោះ តាមដែលខ្លួនអាចឲ្យព្រះរាជកុមារវិនាស ព្រះរាជាជាម្ចាស់ផែនដី ទ្រង់ព្រះសណ្តាប់ពាក្យនេះ របស់តាបសនោះហើយ ត្រាស់បង្គាប់ពួកពេជ្ឈឃាតថា អ្នកទាំងឡាយ (បើឃើញកុមារក្នុងទីណា) ចូរកាត់ក្បាលចិញ្ច្រាំ ជាបួនកំណាត់ ហើយកប់ក្នុងផ្លូវច្រក បង្ហាញជនដទៃឲ្យដឹងថា នោះជាគតិដែលបៀតបៀនជដិល។ ពួកពេជ្ឈឃាតទាំងនោះ កាចអាក្រក់ មិនមានសេចក្តីអាណិត ទៅក្នុងទីនោះ ហើយទាញតថាគត ដែលអង្គុយលើចង្កេះមាតា នាំយកទៅ។ តថាគត និយាយនឹងជនទាំងនោះ ដែលកំពុងចងតថាគតដោយចំណងដ៏មាំថា រាជកិច្ចមានដល់ខ្ញុំ សូមអ្នកទាំងឡាយ នាំខ្ញុំទៅជួបនឹងស្តេចមួយរំពេចសិន។ ពួកពេជ្ឈឃាតទាំងនោះ នាំតថាគតទៅជួបនឹងស្តេចដែលសេពគប់នឹងតាបសលាមក លុះតថាគតបានជួប ក៏ញ៉ាំងស្តេចឲ្យដឹងច្បាស់ នូវការប្រព្រឹត្តិនៃតាបសនោះ ព្រមទាំងញ៉ាំងស្តេច ឲ្យលុះក្នុងអំណាចតថាគត។ ព្រះរាជា ជាបិតារបស់តថាគតនោះ សូមទោសតថាគត ក្នុងទីនោះ ហើយប្រទាននូវភាពជាស្តេចធំដល់តថាគត តែតថាគតនោះឯង ទម្លាយនូវងងឹត ចូលទៅកាន់ផ្នួសវិញ។ ភាពនៃខ្លួនជាស្តេចធំ មិនមែនជាទីស្អប់របស់តថាគតទេ ទាំងការបរិភោគកាម ក៏មិនមែនជាទីស្អប់នៃតថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត បានជាតថាគតលះបង់រាជ្យ (ចូលទៅកាន់ផ្នួស)។

ចប់ សោមនស្សចរិយា ទី២។

អយោឃរចរិយា ទី៣

(៣. អយោឃរចរិយា)

[២៣] មានចរិយាដទៃទៀត កាលដែលតថាគតកើតជារាជកុមារឈ្មោះ អយោឃរៈ ជាឱរសនៃព្រះបាទកាសិករាជ ចម្រើនវ័យវឌ្ឍនាការ ក្នុងផ្ទះជាវិការនៃដែក។ ព្រះរាជបិតារបស់តថាគត ទ្រង់ត្រាស់នឹងតថាគតថា ម្នាលកូន ជីវិត (របស់កូន) រស់នៅបានដោយលំបាក បិតាចិញ្ចឹមថែរក្សាកូនក្នុងផ្ទះជាវិការៈនៃដែកដ៏ចង្អៀត ចូរកូនគ្រប់គ្រងមហាប្រឹថពីទាំងមូលនេះ ព្រមទាំងដែន និគម និងពួកជន ក្នុងថ្ងៃនេះ។ តថាគត ថ្វាយបង្គំ ប្រណម្យអពា្ជលីនូវព្រះមហាក្សត្រ ហើយពោលនូវពាក្យនេះថា ពពួកសត្វណាមួយលើផែនដី ជាសត្វថោកទាប ឬខ្ពង់ខ្ពស់ និងកណ្តាល សត្វទាំងនោះ ពុំមានការរក្សាឡើយ តែងចម្រើនឡើង ក្នុងផ្ទះរបស់ខ្លួន ជាមួយនឹងពួកញាតិរបស់ខ្លួន ចំឡែកតែខ្ញុំព្រះអង្គ មានការចិញ្ចឹមក្នុងផ្ទះ ជាវិការៈនៃដែកដ៏ចង្អៀតនេះ ចាត់ទុកជាការខ្ពង់ខ្ពស់ក្នុងលោក ខ្ញុំចម្រើនវ័យក្នុងផ្ទះ ជាវិការៈនៃដែក ដែលពុំមានពន្លឺព្រះចន្ទ្រ និងព្រះអាទិត្យ។ ខ្ញុំប្រសូតចេញចាកផ្ទៃនៃមាតា ដែលពេញដោយសាកសព មានក្លិនស្អុយ ហើយត្រូវគេដាក់ក្នុងផ្ទះជាវិការៈនៃដែកទៀត បានសេចក្តីទុក្ខយ៉ាងខ្លាំង ជាងកាលដែលនៅក្នុងផ្ទៃនៃមាតានោះទៅទៀត។ ខ្ញុំបានសេចក្តីទុក្ខអាក្រក់ក្រៃលែង ប្រាកដដូច្នោះ បើខ្ញុំនៅត្រេកអរនឹងរាជ្យ ខ្ញុំជាបុគ្គលថោកទាបបំផុត ជាងបុរសដ៏លាមកទៅទៀត។ ខ្ញុំជាបុគ្គលនឿយណាយនឹងកាយស្អុយ ពុំត្រូវការដោយរាជ្យឡើយ ខ្ញុំសែ្វងរកនូវទីដែលមច្ចុរាជញាំញីមិនបាននោះ ដែលជាទីរំលត់នូវទុក្ខ។ តថាគត លុះគិតយ៉ាងនេះហើយ ពួកមហាជន ក៏យំស្រែក តថាគតកាត់នូវចំណង (គឺតណ្ហា) ហើយចូលកាន់ព្រៃធំ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។ មាតាបិតា មិនមែនជាទីស្អប់របស់តថាគតទេ ទាំងយសដ៏ធំ ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់នៃតថាគត ព្រោះហេតុនោះ បានជាតថាគតលះបង់រាជ្យ។

ចប់ អយោឃរចរិយា ទី៣។

ភឹសចរិយា ទី៤

(៤. ភិសចរិយា)

[២៤] មានចរិយាដទៃទៀត កាលដែលតថាគតកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងក្រុងពារាណសីដែនកាសី មានបងប្អូនស្រី និងបងប្អូនប្រុស ៧ នាក់។ តថាគតជាច្បងនៃជនទាំង ៧ នាក់នុ៎ះ ប្រកបដោយសុក្កធម៌ គឺហិរិ និងឱត្តប្បៈ ឃើញនូវភព (មានកាមភពជាដើម) ថាគួរខ្លាច ហើយត្រេកអរក្នុងនេក្ខម្មៈ។ ពួកសម្លាញ់មានអធ្យាស្រ័យត្រូវគ្នា ដែលមាតាបិតាប្រើឲ្យទៅអញ្ជើញតថាគតដោយកាមទាំងឡាយថា អ្នកចូរទ្រទ្រង់វង្សត្រកូលចុះ។ ពាក្យណាដែលពួកសម្លាញ់ទាំងនុ៎ះ បានពោលហើយ ជាពាក្យនាំមកនូវសេចក្តីសុខក្នុងគិហិភាព ពាក្យនោះជាពាក្យអាក្រក់សម្រាប់ខ្ញុំ ដូចជាភាជន៍ដ៏ក្តៅ។ កាលនោះ ពួកសម្លាញ់ទាំងនោះ សួរសេចក្តីប្រាថ្នារបស់តថាគតនឹងតថាគត ដែលជាអ្នកបោះបង់នូវកាមថា ម្នាលសម្លាញ់ បើអ្នកមិនបរិភោគកាមទេ អ្នកចង់បានអ្វីទៅវិញ។ តថាគត ជាអ្នកប្រាថ្នាប្រយោជន៍ខ្លួន បានពោលពាក្យនេះប្រាប់ពួកសម្លាញ់ទាំងនោះ ដែលស្វែងរកប្រយោជន៍ (ដល់តថាគត) ថា ខ្ញុំត្រេកអរក្នុងនេក្ខម្មៈ ខ្ញុំមិនប្រាថ្នានូវគិហិភាពទេ។ សម្លាញ់ទាំងនោះ ស្តាប់ពាក្យរបស់តថាគតបានហើយ ទៅជម្រាបមាតាបិតា (នៃតថាគត) ឯមាតាបិតា បាននិយាយនឹងតថាគត យ៉ាងនេះថា ម្នាលព្រាហ្មណ៍ដ៏ចម្រើន យើងទាំងអស់គ្នានឹងបួសដែរ។ មាតាបិតាទាំងគូ និងបងប្អូនប្រុសស្រីទាំង ៧ នាក់ របស់តថាគត លះបង់ទ្រព្យរាប់មិនអស់ ចូលទៅកាន់ព្រៃធំ (ជាមួយនឹងតថាគត)។

ចប់ ភឹសចរិយា ទី៤។

សោណនន្ទបណ្ឌិតចរិយា ទី៥

(៥. សោណបណ្ឌិតចរិយា)

[២៥] មានចរិយាដទៃទៀត កាលតថាគតកើតក្នុងត្រកូលព្រាហ្មណមហាសាល ដ៏ប្រសើរថ្លៃថ្លា ក្នុងនគរព្រហ្មវទ្ធនៈ។ កាលនោះឯង តថាគតបានឃើញសត្វលោក ដែលដល់នូវអន្ធភាព ត្រូវងងឹត គឺអវិជ្ជាគ្របសង្កត់ ចិត្តរបស់តថាគតក៏ខ្មូររួញចាកភព ដូចជាហត្ថាជានេយ្យ ដែលគេចាក់នឹងជន្លួញដោយកម្លាំង។ កាលនោះ តថាគតឃើញបាបផ្សេងៗ ក៏គិតយ៉ាងនេះថា កាលណាហ្ន៎ អញនឹងបានចេញចាកផ្ទះ ចូលទៅកាន់ព្រៃ។ គ្រានោះ ពួកញាតិអញ្ជើញតថាគត ដោយភោគៈ គឺកាមទាំងឡាយ តថាគតប្រាប់នូវឆន្ទៈ (របស់ខ្លួន) ដល់ពួកញាតិទាំងនោះថា សូមអ្នកទាំងឡាយ កុំអញ្ជើញខ្ញុំដោយកាមទាំងនោះឡើយ។ ប្អូនប្រុសណារបស់តថាគត ឈ្មោះនន្ទបណ្ឌិត ប្អូនប្រុសនោះ ក៏សិក្សាតាមតថាគត ពេញចិត្តនឹងបព្វជ្ជា។ កាលនោះ តថាគតឈ្មោះសោណៈ ប្អូននៃតថាគតឈ្មោះនន្ទៈ និងមាតាបិតានៃតថាគតទាំងពីរ លះបង់ភោគៈទាំងឡាយ ហើយចូលទៅកាន់ព្រៃធំ ក្នុងកាលនោះ។

ចប់ សោណនន្ទបណ្ឌិតចរិយា ទី៥។

មូគផក្ខចរិយា ទី៦

(៦. តេមិយចរិយា)

[២៦] មានចរិយាដទៃទៀត កាលដែលតថាគតកើតជារាជឱរសនៃព្រះបាទកាសិករាជ ជនទាំងឡាយ មានមាតាបិតាជាដើម តែងហៅតថាគតថា មូគផក្ខៈផង ថាតេមិយៈផង។ កាលនោះ ពួកស្រីស្នំ (របស់ព្រះបាទកាសិករាជ) ចំនួន ១៦ ០០០ មិនមានកូនប្រុស អស់កាលកន្លងទៅនៃថ្ងៃ និងយប់ជាច្រើន គឺអស់ច្រើនឆ្នាំ កើតបានតែរាជបុត្រមួយ គឺតថាគត។ ដោយបិតារបស់តថាគត បានដោយកម្រនូវតថាគត ជាកូនជាទីស្រឡាញ់ ជាកូនមានជាតិខ្ពស់ ទ្រទ្រង់សេចក្តីរុងរឿង ព្រះរាជាក៏យកនូវព្រះស្វេតឆ័ត្រ បាំងតថាគត ចិញ្ចឹមឲ្យផ្ទំលើសិរិសយនា។ កាលនោះ តថាគតដេកលក់លើវរសយនា ហើយភ្ញាក់ឡើង បានឃើញស្វេតឆ័ត្រ គិតថា អញទៅនរក ព្រោះតែស្វេតឆ័ត្រណា។ សេចក្តីភ័យតក់ស្លុតកើតឡើងដល់តថាគត ជាមួយនឹងការឃើញនូវស្វេតឆ័ត្រនោះ ពេលនោះ តថាគតពិចារណាមើលថា ក្នុងកាលណាហ្ន៎ អញនឹងដោះខ្លួន ឲ្យរួចពីស្វេតឆ័ត្រនេះ។ ទេវតាជាសាលោហិតក្នុងកាលមុន ជាអ្នកប្រាថ្នាប្រយោជន៍ដល់តថាគត ទេវតានោះ ឃើញតថាគតបានទុក្ខ ក៏ឲ្យតថាគតប្រកបក្នុងហេតុ ៣ ប្រការ ដូច្នេះថា ចូរអ្នកកុំសម្តែងនូវភាពរបស់ខ្លួនជាបណ្ឌិត ១ ចូរឲ្យសព្វសត្វទាំងឡាយដឹងថាអ្នកជាពាលវិញ ១ ឲ្យពួកជនទាំងពួងមើលងាយអ្នកវិញ ១ ប្រយោជន៍នឹងមានដល់អ្នក ដោយវិធីយ៉ាងនេះ។ កាលទេវតានោះ ពោលយ៉ាងនេះហើយ តថាគតពោលនូវពាក្យនេះថា ម្នាលទេវតា អ្នកពោលនូវពាក្យណានឹងខ្ញុំ ខ្ញុំនឹងធ្វើតាមពាក្យនៃអ្នកនោះ ម្នាលទេវតាជាម៉ែ អ្នកឈ្មោះថា ប្រាថ្នានូវសេចក្តីចម្រើន ប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំ។ លុះតថាគតស្តាប់ពាក្យទេវតានោះហើយ ក៏បាននូវទួល គឺទីពឹង ដូចជាបុរស កាលលិចក្នុងសាគរ ហើយបាននូវទីទួល។ តថាគតមានចិត្តត្រេកអរ មានចិត្តសង្វេគ បានអធិដ្ឋាននូវអង្គ ៣ យ៉ាង គឺអធិដ្ឋានជាគ ថ្លង់ និងខ្វិន វៀរចាកដំណើរធម្មតា។ តថាគតអធិដ្ឋាននូវអង្គទាំង ៣ នុ៎ះហើយ នៅអស់ ១៦ ឆ្នាំ លំដាប់ពីនោះមក ជនទាំងឡាយ ច្របាច់ដៃជើង អណ្តាត និងត្រចៀក របស់តថាគតមើល ឃើញថា អវយវៈតថាគត មិនខ្វះខាត ហើយតិះដៀលតថាគតថា ជាបុរសកាឡកណ្ណី។ លំដាប់នោះ ពួកអ្នកជនបទទាំងអស់ មានសេនាបតី និងបុរោហិតជាប្រធាន ពួកជនទាំងអស់នោះ ស្រុះចិត្តគ្នាត្រេកអរក្នុងការលះបង់ចោលតថាគត។ លុះតថាគត ស្តាប់នូវសេចក្តីយល់ឃើញរបស់ពួកជនទាំងនោះ ក៏មានចិត្តត្រេកអរ មានចិត្តសង្វេគ តបៈដែលតថាគតប្រព្រឹត្តហើយ ដើម្បីជាប្រយោជន៍ណា ប្រយោជន៍នោះនឹងសម្រេចដល់តថាគតមិនខាន។ ជនទាំងឡាយ មានមាតាបិតាជាដើម ផ្ងូតទឹកក្រអូប លាបគ្រឿងក្រអូប ហើយឲ្យពាក់រាជមកុដ អភិសេកដោយស្វេតឆ័ត្រ ធ្វើប្រទក្សិណបុរី ឲ្យតថាគតគ្រងរាជអស់ ៧ ថ្ងៃ លុះមណ្ឌលព្រះអាទិត្យរះឡើង សារថីនាំតថាគតដោយរថ ចេញអំពីនគរ ចូលទៅកាន់ព្រៃ។ សារថីបានទុករថក្នុងទីឱកាសមួយ ចងសេះផុតពីដៃតថាគត ហើយជីករណ្តៅដើម្បីកប់តថាគតក្នុងផែនដី។ តថាគត គ្រាន់តែគំរាមនូវអធិដ្ឋាន ដែលខ្លួនអធិដ្ឋានហើយ ដោយហេតុផ្សេងៗ តែមិនទម្លាយនូវអធិដ្ឋាននោះទេ ព្រោះហេតុនៃពោធិញ្ញាណ។ មាតាបិតា មិនមែនជាទីស្អប់របស់តថាគតទេ ទាំងខ្លួនក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតតម្កល់នូវអធិដ្ឋាននោះ។ តថាគតអធិដ្ឋាននូវអង្គទាំង ៣ នុ៎ះ ហើយនៅអស់ ១៦ ឆ្នាំ អធិដ្ឋានដទៃ ស្មើដោយអធិដ្ឋាននេះ មិនមានឡើយ នេះជាអធិដ្ឋានបារមីរបស់តថាគត។

ចប់ មូគផក្ខចរិយា ទី៦។

កបិលរាជចរិយា ទី៧

(៧. កបិរាជចរិយា)

[២៧] កាលដែលតថាគតកើតជាស្តេចស្វា សម្រេចទីលំនៅជិតឆ្នេរនៃស្ទឹងមួយ កាលណោះ តថាគតត្រូវក្រពើបៀតបៀន ហើយមិនបាននូវដំណើរចេញទៅ។ តថាគតឋិតនៅលើខ្នងថ្មណា ដែលតាំងនៅក្នុងស្ទឹង ក៏បានលោតអំពីត្រើយអាយ ទៅកាន់ត្រើយនាយ ហើយទំលើខ្នងថ្មនោះ ដែលមានក្រពើនៅ ជាសត្រូវឃើញគួរខ្លាច។ ក្រពើនោះ និយាយនឹងតថាគតថា អ្នកចូរមកវិញ តថាគតនិយាយតបនឹងក្រពើនោះថា អើខ្ញុំនឹងមកវិញ ហើយតថាគតលោតជាន់លើក្បាលក្រពើនោះ ទៅឋិតនៅលើត្រើយនាយវិញ។ តថាគតពោលនូវពាក្យសត្យ មិនពោលពាក្យមុសាវាទ ដល់ក្រពើនោះ កុសលធម៌ដទៃ ស្មើនឹងសច្ចៈរបស់តថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត។

ចប់ កបិលរាជចរិយា ទី៧។

សច្ចសវ្ហយបណ្ឌិតចរិយា ទី៨

(៨. សច្ចតាបសចរិយា)

[២៨] មានចរិយាដទៃទៀត កាលដែលតថាគតជាតាបសឈ្មោះសច្ចៈ តថាគតបានរក្សាសត្វលោកដោយសច្ចៈ ធ្វើមហាជនឲ្យព្រមព្រៀងគ្នា។

ចប់ សច្ចសវ្ហយបណ្ឌិតចរិយា ទី៨។

វដ្តកបោតកចរិយា ទី៩

(៩. វដ្ដបោតកចរិយា)

[២៩] ចរិយាដទៃទៀត កាលដែលតថាគតកើតជាកូនសត្វក្រួច ក្នុងអរញ្ញប្រទេសមួយ ទៀបដែនមគធៈ ជាសត្វតូចដូចជាដុំសាច់ មិនទាន់ដុះស្លាបនៅក្នុងសម្បុក។ កាលនោះ មាតា (របស់តថាគត) នាំយក (ចំណី) ដោយចំពុះ មកចិញ្ចឹមតថាគត តថាគតរស់នៅដោយសារសម្ផ័ស្សរបស់មាតានោះ តថាគតមិនទាន់មានកម្លាំងកាយនៅឡើយ។ ភ្លើងព្រៃ ឆេះព្រៃក្នុងគិម្ហសម័យរាល់ៗ ឆ្នាំ អណ្តាតភ្លើងក៏រាលចូលមកជិតលំនៅនៃតថាគត។ អណ្តាតភ្លើងដ៏ធំ កាលធ្វើសំឡេងថា ធុំ ធុំ យ៉ាងនេះ ភ្លើងនោះ ឆេះរាលចូលមករកតថាគតជាលំដាប់។ មាតាបិតាតថាគត ភ័យតក់ស្លុតព្រោះខ្លាចសន្ទុះភ្លើង ក៏លះបង់ចោលតថាគតក្នុងសម្បុក ហើយដោះខ្លួនចេញរួចទៅ។ តថាគត លះបង់នូវជើង និងស្លាប តថាគតមិនមានកម្លាំងកាយ តថាគតជាសត្វមិនមានដំណើរទៅ ក្នុងទីនោះ កាលណោះ គិតយ៉ាងនេះថា អញភ័យតក់ស្លុត ញាប់ញ័រ ស្ទុះទៅរកមាតាបិតាណា បើមាតាបិតាទាំងនោះ លះបង់អញ ចេញទៅហើយ តើក្នុងថ្ងៃនេះ អញត្រូវធ្វើដូចម្តេច។ ព្រះសព្វញ្ញុពុទ្ធ ប្រកបដោយសីលគុណ សច្ចៈ សោចេយ្យៈ (សេចក្តីស្អាត) និងសេចក្តីអាណិត សឹងមានក្នុងលោក (បើដូច្នោះ) អញនឹងធ្វើនូវសច្ចកិរិយាដ៏ឧត្តម ដោយសច្ចៈនោះ។ តថាគតពិចារណាកម្លាំងធម៌ ហើយរឭកព្រះជិនស្រីក្នុងកាលមុន ធ្វើសច្ចកិរិយា ព្រោះអាស្រ័យកម្លាំងសច្ចធម៌ (នោះ) ថា ស្លាបទាំងឡាយរបស់ខ្ញុំមាន តែហើរមិនរួច ជើងទាំងឡាយរបស់ខ្ញុំមាន តែដើរមិនបាន មាតាបិតា (របស់ខ្ញុំចេញ) បាត់ទៅហើយ ម្នាលភ្លើងព្រៃ អ្នកចូរចៀសចេញទៅ។ ព្រោះសច្ចកិរិយា ដែលតថាគតបានធ្វើហើយ ភ្លើងដែលឆេះសន្ធោសន្ធៅ ក៏ចៀសចម្ងាយ ១៦ ករីសៈ (ហើយរលត់ក្នុងទីនោះ) ដូចជាគប់ភ្លើង ដែលបុគ្គលជ្រលក់ទៅក្នុងទឹក កុសលធម៌ដទៃ ស្មើនឹងសច្ចៈនៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត។

ចប់ វដ្តកបោតកចរិយា ទី៩។

មច្ឆរាជចរិយា ទី១០

(១០. មច្ឆរាជចរិយា)

[៣០] មានចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេចត្រីនៅក្នុងមហាស្រះ លុះដល់គិម្ហសម័យ ដែលមានកំដៅព្រះអាទិត្យយ៉ាងខ្លាំង ទឹកក្នុងស្រះក៏រីងហួតអស់។ លំដាប់នោះ ក្អែក ត្មាត ខ្លែងក្រហម ខ្លែងខ្មៅ និងខ្លែងធំ ចុះទៅទំ (លើភក់) ស៊ីនូវត្រីទាំងឡាយ ទាំងយប់ទាំងថ្ងៃ។ តថាគត ព្រមទាំងពួកញាតិ ត្រូវពួកសត្វ មានក្អែកជាដើម បៀតបៀនក្នុងទីនោះហើយ ក៏គិតយ៉ាងនេះថា ញាតិទាំងឡាយ (របស់អញ) នឹងរួចចាកទុក្ខដោយឧបាយដូចម្តេចហ្ន៎។ តថាគតគិតនូវធម៌ និងអត្ថ ហើយបានឃើញសច្ចៈ កាលឃើញហើយ ឋិតនៅក្នុងសច្ចៈនោះ ដោះញាតិឲ្យរួចចាកសេចក្តីវិនាសធំទៅបាន។ តថាគតរឭកនូវធម៌របស់សប្បុរសទាំងឡាយ ហើយពិចារណានូវបរមត្ថសច្ចៈ ធ្វើនូវសច្ចកិរិយា ដែលជាធម្មជាតិទៀងទាត់ក្នុងលោកថា តថាគតរឭកឃើញនូវខ្លួន ក្នុងកាលណា តថាគតបានដល់នូវភាពជាអ្នកដឹងក្តី ក្នុងកាលណា ក្នុងកាលនោះ តថាគតមិនដែលក្លែងបៀតបៀន សូម្បីនូវសត្វណាមួយឡើយ។ ដោយពាក្យសច្ចៈនេះ សូមឲ្យមេឃបង្អុរភ្លៀងចុះ ម្នាលមេឃ ចូរអ្នកបង្អុរភ្លៀងចុះមក ចូរអ្នកញ៉ាំងកំណប់ទ្រព្យរបស់ក្អែកឲ្យវិនាសអស់ទៅ។ ចូរអ្នកញ៉ាំងពួកក្អែកឲ្យសោយសោក ចូរអ្នកញ៉ាំងពួកត្រីឲ្យរួចចាកសោក។ មេឃក៏បង្អុរភ្លៀងចុះមក ដំណាលនឹងពាក្យសច្ចៈដ៏ប្រសើរ ដែលតថាគតធ្វើហើយ។ តថាគតធ្វើនូវសច្ចៈដ៏ប្រសើរ មានសភាពយ៉ាងនេះ ឲ្យជាព្យាយាមដ៏ឧត្តម ភ្លៀងក៏ធ្លាក់ចុះមក បំពេញនូវទីទួល ទីទាប មួយរំពេច។ តថាគតអាស្រ័យកម្លាំងតេជះនៃសច្ចៈ បានញ៉ាំងមហាមេឃឲ្យបង្អុរភ្លៀង គុណធម៌ដទៃ ស្មើនឹងសច្ចៈនៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត។

ចប់ មច្ឆរាជចរិយា ទី១០។

កណ្ហទីបាយនចរិយា ទី១១

(១១. កណ្ហទីបាយនចរិយា)

[៣១] មានចរិយាដទៃទៀត កាលតថាគតជាឥសី ឈ្មោះកណ្ហទីបាយនៈ អផ្សុកហើយ នៅតែប្រព្រឹត្តព្រហ្មចរិយៈ អស់ ៥០ ឆ្នាំប្លាយ។ អ្នកណាមួយ មិនដឹងនូវសេចក្តីអផ្សុកក្នុងចិត្តរបស់តថាគតនុ៎ះទេ ទាំងតថាគតសោត ក៏មិនប្រាប់នូវសេចក្តីមិនត្រេកអរ និងសេចក្តីត្រេកអរក្នុងចិត្ត ដល់អ្នកណាមួយឡើយ។ មហាឥសីឈ្មោះមណ្ឌព្យៈ អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរស្មើគ្នា ជាសម្លាញ់របស់តថាគត ប្រកបដោយបុព្វកម្ម ហើយបាននូវការឡើងកាន់ដែកស្រួច។ តថាគត ថែទាំមណ្ឌព្យតាបសនោះ រហូតបានដល់នូវភាពជាបុគ្គលជារោគ ហើយលាមកកាន់អាស្រមនៃខ្លួន របស់តថាគតវិញ។ ព្រាហ្មណ៍ជាសំឡាញ់ នាំប្រពន្ធ និងកូនមក ជនទាំង ៣នាក់ ចួបជុំគ្នា ចូលទៅកាន់ទីដែលភ្ញៀវមកហើយ។ តថាគតអង្គុយក្នុងអាស្រមរបស់ខ្លួន សំណេះសំណាលជាមួយនឹងជនទាំងនោះ ឯទារកបោះកូនឃ្លីលេង បានញ៉ាំងអាសិរពិសឲ្យខឹង។ លំដាប់នោះ កុមារនោះ ស្វែងរកផ្លូវដែលកូនឃ្លីនោះរមៀល ក៏យកដៃស្ទាបត្រូវក្បាលអាសិរពិស។ ឯពស់ក៏ខឹងនឹងការស្ទាបត្រូវនៃទារកនោះ អាស្រ័យកម្លាំងនៃពិសកម្រើក ក៏ចឹកទារកក្នុងខណៈនោះ ដោយសេចក្តីក្រោធយ៉ាងខ្លាំង។ ទារកដែលត្រូវពស់ចឹកហើយ ក៏ដួលលើផែនដី ដោយពិសដ៏ខ្លាំងមួយរំពេច ព្រោះហេតុនោះ បានជាតថាគត មានទុក្ខ ទុក្ខនោះផ្សាយមកដល់តថាគត។ តថាគតលួងលោមជនទាំងនោះ ដែលដល់នូវសេចក្តីទុក្ខ មានសរ គឺសេចក្តីសោក បានធ្វើសច្ចកិរិយា ដ៏ថ្លៃថ្លាប្រសើរ ឧត្តមជាដម្បូងថា

តថាគត មានចិត្តជ្រះថ្លា ត្រូវការដោយបុណ្យ បានប្រព្រឹត្តព្រហ្មចរិយៈ អស់ ៧ ថ្ងៃ លំដាប់តទៅ តថាគតប្រព្រឹត្តព្រហ្មចរិយៈណា អស់ ៥០ ឆ្នាំប្លាយ។ តថាគតប្រព្រឹត្តព្រហ្មចរិយៈនោះ ទាំងអផ្សុក ដោយពាក្យសច្ចៈនេះ សូមសិរីសួស្តីកើតមាន (ដល់យញ្ញទត្តកុមារ) ពិសចូរសាបសូន្យទៅ យញ្ញទត្តកុមារ ចូររស់ឡើង។ យញ្ញទត្តមាណព ដែលញាប់ញ័រដោយកម្លាំងនៃពិស មិនដឹងខ្លួនសោះ ស្រាប់តែក្រោកឡើងរួច ទាំងជាបុគ្គលសះស្បើយរោគ ដំណាលនឹងពាក្យសច្ចៈ ដែលតថាគតធ្វើហើយ គុណធម៌ដទៃ ស្មើនឹងសច្ចៈនៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត។

ចប់ កណ្ហទីបាយនចរិយា ទី១១។

សុតសោមចរិយា ទី១២

(១២. សុតសោមចរិយា)

[៣២] មានចរិយាដទៃទៀត កាលដែលតថាគត ឈ្មោះសុតសោម ជាម្ចាស់ផែនដី ត្រូវស្តេចបោរិសាទចាប់ តថាគតក៏បាននឹកឃើញនូវពាក្យប្តេជ្ញា ដែលខ្លួនបានធ្វើចំពោះនន្ទព្រាហ្មណ៍។ ស្តេចបោរិសាទ ដោតក្សត្រ ១០១ អង្គ ត្រង់បាតដៃ ហើយញ៉ាំងស្តេចទាំងនោះ ឲ្យស្វិតស្រពោន ហើយចូលទៅនាំយកតថាគត ក្នុងពេលសម្រេចយ័ញ្ញ។ ស្តេចបោរិសាទសួរតថាគតថា អ្នកឯងចង់រួចខ្លួន (អំពីដៃយើង) ឬទេ បើអ្នកអាចត្រឡប់មក (កាន់សំណាក់) យើងវិញ យើងនឹងព្រមធ្វើតាមសេចក្តីពេញចិត្តរបស់អ្នក។ កាលនោះ តថាគតទទួល (ពាក្យ) សេ្តចបោរិសាទនោះហើយ ចូលទៅកាន់បូរីជាទីរីករាយ ប្រគល់រាជ្យ (ដល់មាតាបិតា) នឹងបាច់និយាយថ្វី ដល់ការត្រឡប់មកនៃតថាគតវិញ។ តថាគតរឭកនូវធម៌របស់សប្បុរសទាំងឡាយ ដែលព្រះជិនស្រីទាំងឡាយ ធ្លាប់សេពក្នុងកាលមុន ឲ្យទ្រព្យដល់ព្រាហ្មណ៍ ហើយចូលទៅកាន់ស្តេចបោរិសាទ។ តថាគតមិនមានសេចក្តីសង្ស័យថា ស្តេចបោរិសាទនេះ នឹងសម្លាប់ ឬមិនសម្លាប់នូវអញ ក្នុងទីនោះឡើយ តថាគតរក្សាពាក្យសច្ចៈ ចូលទៅ (កាន់សំណាក់ស្តេចបោរិសាទ) ដើម្បីលះបង់នូវជីវិត គុណធម៌ដទៃ ស្មើនឹងសច្ចៈនៃតថាគត ពុំមានឡើយ នេះជាសច្ចបារមីរបស់តថាគត។

ចប់ សុតសោមចរិយា ទី១២។

សុវណ្ណសាមចរិយា ទី១៣

(១៣. សុវណ្ណសាមចរិយា)

[៣៣] កាលដែលតថាគត ជាតាបស ឈ្មោះសាមៈ នៅក្នុងអាស្រម ដែលព្រះឥន្រ្ទនិម្មិតឲ្យក្នុងព្រៃ តថាគតញ៉ាំងសីហៈ និងខ្លាធំទាំងឡាយក្នុងព្រៃ ឲ្យចូលមកជិតដោយមេត្តាបាន។ សត្វសីហៈ ខ្លាធំ ខ្លាដំបង ខ្លាឃ្មុំ ក្របី ក្តាន់ និងជ្រូកព្រៃ មកចោមរោមតថាគត ដែលនៅក្នុងព្រៃ។ សត្វណាមួយ មិនធ្វើតថាគតឲ្យតក់ស្លុតទេ ទាំងតថាគត ក៏មិនខ្លាចសត្វណាមួយឡើយ កាលណោះ កម្លាំងមេត្តាឧបត្ថម្ភតថាគត ឲ្យតថាគតនៅក្នុងព្រៃដោយសួស្តី។

ចប់ សុវណ្ណសាមចរិយា ទី១៣។

ឯករាជចរិយា ទី១៤

(១៤. ឯករាជចរិយា)

[៣៤] មានចរិយាដទៃទៀត កាលដែលតថាគតកើតជាស្តេច ឈ្មោះឯករាជ បានអធិដ្ឋានសីលដ៏ក្រៃលែង ហើយគ្រប់គ្រងមហាប្រឹថពី ក្នុងកាសិករដ្ឋ។ តថាគត បានប្រព្រឹត្តកុសលកម្មបថ ១០ ឥតមានសេសសល់ សង្រ្គោះមហាជនដោយសង្គហវត្ថុទាំង ៤។ តថាគតមិនប្រមាទ ក្នុងលោកនេះ និងបរលោកយ៉ាងនេះ វេលានោះ ស្តេចក្នុងដែនកោសល ឈ្មោះទព្វសេន ចូលមកដណ្តើមរាជបុរីរបស់តថាគត។ ស្តេចទព្វសេន ធ្វើនូវអ្នកនិគម ព្រមទាំងពួកពល និងអ្នកជនបទ ដែលរស់នៅព្រោះអាស្រ័យស្តេចទាំងអស់ ឲ្យតាំងនៅក្នុងដៃ ហើយជីកកប់តថាគតក្នុងរណ្តៅ។ តថាគតបានឃើញនូវមណ្ឌលនៃអាមាត្យ រាជ្យ និងវាំងដ៏ស្តុកស្តម្ភរបស់តថាគត ដូចកូនជាទីស្រឡាញ់ ដែលត្រូវស្តេចទព្វសេនដណ្តើមយកហើយ (ក៏ផ្សាយមេត្តាចំពោះស្តេចទព្វសេននោះ) គុណធម៌ដទៃ ស្មើនឹងមេត្តានៃតថាគត ពុំមានឡើយ នេះជាមេត្តាបារមីរបស់តថាគត។

ចប់ ឯករាជចរិយា ទី១៤។

មហាលោមហំសចរិយា ទី១៥

(១៥. មហាលោមហំសចរិយា)

[៣៥] តថាគតសម្រេចសេយ្យាសន៍ កើយឆ្អឹងសាកសពក្នុងព្រៃស្មសាន ពួកក្មេងអ្នកស្រុកចូលមកជិត (តថាគត) ហើយសម្តែងនូវប្រការដ៏ប្លែកច្រើនយ៉ាង។ ពួកក្មេងដទៃ ជាអ្នកដឹងការណ៍ (ឃើញទារកទាំងឡាយ) ក៏សប្បាយរីករាយ មានចិត្តសង្វេគ ទៅនាំយកគ្រឿងក្រអូប ផ្កាកម្រង ភោជនផ្សេងៗ ដ៏ច្រើន និងគ្រឿងបណ្ណាការ មកឲ្យតថាគត។ ពួកក្មេងអ្នកស្រុកណា នាំយកសេចក្តីទុក្ខមកឲ្យតថាគត ពួកក្មេងអ្នកស្រុកណា ឲ្យសេចក្តីសុខដល់តថាគត តថាគតមានចិត្តស្មើ ចំពោះទារកទាំងអស់នោះ មិនអាណិត មិនក្រោធ។ តថាគត មានចិត្តជាកណ្តាល ក្នុងសុខ និងទុក្ខ ក្នុងយស និងអយស តថាគតមានចិត្តស្មើក្នុងលោកធម៌ទាំងពួង នេះជាឧបេក្ខាបារមីរបស់តថាគត។

ចប់ មហាលោមហំសចរិយា ទី១៥។

ឧទ្ទាននៃចរិយានោះ

យុធញ្ជយចរិយា ១ សោមនស្សចរិយា ១ អយោឃរចរិយា ១ ភឹសចរិយា ១ សោណនន្ទបណ្ឌិតចរិយា ១ មូគផក្ខចរិយា ១ កបិលរាជចរិយា ១ សច្ចសវ្ហយបណ្ឌិតចរិយា ១ វដ្តកបោតកចរិយា ១ មច្ឆរាជចរិយា ១ កណ្ហទីបាយនចរិយា ១ សុតសោមចរិយា ១ សុវណ្ណសាមចរិយា ១ ឯករាជចរិយា ១ លោមហំសចរិយា ១ ព្រះមហេសីសម្ពុទ្ធ ទ្រង់សម្តែងហើយដោយប្រការដូច្នេះ។

តថាគត រងទុក្ខច្រើនប្រការ សោយសម្បត្តិច្រើនប្រការ ក្នុងភពតូចភពធំ ដូចបានរៀបរាប់មកយ៉ាងនេះ ហើយបានសម្រេចនូវសម្ពោធិញ្ញាណដ៏ឧត្តម។ តថាគតបានឲ្យទាន ដែលព្រះពោធិសត្វគប្បីឲ្យ ទាំងបំពេញសីលមិនមានសេសសល់ ហើយចេញទៅកាន់មហាភិនេស្រ្កម បានដល់បារមី សម្រេចនូវសម្ពោធិញ្ញាណ ជាញាណដ៏ឧត្តម។ តថាគតបានសាកសួរបណ្ឌិតទាំងឡាយ បានធ្វើព្យាយាមដ៏ឧត្តម បានដល់ខន្តិបារមី ហើយសម្រេចសម្ពោធិញ្ញាណដ៏ឧត្តម។ តថាគតបានធ្វើអធិដ្ឋានយ៉ាងមាំ បានរក្សាសច្ចៈ បានដល់មេត្តាបារមី ហើយសម្រេចសម្ពោធិញ្ញាណដ៏ឧត្តម។ តថាគតមានចិត្តស្មើ ក្នុងលោកធម៌ទាំងពួង គឺលាភ អលាភ យស អយស សេចក្តីរាប់អាន និងសេចក្តីមើលងាយ ហើយបានសម្រេចសម្ពោធិញ្ញាណដ៏ឧត្តម។

អ្នកទាំងឡាយ គួរឃើញនូវកោសជ្ជៈ ថាជាភ័យ គួរឃើញនូវការប្រារព្ធព្យាយាម ថាជាសេចក្តីក្សេម ហើយប្រឹងប្រែងព្យាយាមចុះ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ។ អ្នកទាំងឡាយ គួរឃើញនូវការទាស់ទែង ថាជាភ័យ គួរឃើញនូវការមិនទាស់ទែង ថាជាសេចក្តីក្សេម ហើយចូរព្រមព្រៀងគ្នា ទាំងជាបុគ្គលមានពាក្យពីរោះរកគ្នាចុះ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ។ មួយទៀត អ្នកទាំងឡាយគួរឃើញនូវសេចក្តីប្រមាទ ថាជាភ័យ គួរឃើញនូវសេចក្តីមិនប្រមាទ ថាជាសេចក្តីក្សេម ហើយចូរចម្រើនមគ្គ ប្រកបដោយអង្គ ៨ ចុះ នេះជាពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ។

បានឮថា ព្រះមានព្រះភាគ ទ្រង់ត្រាស់សរសើរនូវបុព្វចរិយារបស់ព្រះអង្គ ហើយសម្តែងនូវធម្មបរិយាយ ឈ្មោះពុទ្ធាបទាន ដោយប្រការដូច្នេះ។

ចប់ ចរិយាបិដក។

សមោធានកថា

(-)

[៣៦] បារមី ១០ ឧបបារមី ១០ បរមត្ថបារមី ១០ បារមីទាំងនេះ ជាគ្រឿងញ៉ាំងពោធិញ្ញាណ ឲ្យបានសម្រេច គឺព្រះបាទសិវិរាជដ៏ប្រសើរ បានបំពេញទានបារមី ព្រះបាទវេស្សន្តរ និងវេលាមព្រាហ្មណ៍ បានបំពេញទានឧបបារមី អកិត្តិតាបស បានបំពេញទានដ៏មានកម្លាំង ហៅថាទានឧបបារមី កាលតថាគតកើតជាមាន់ និងទន្សាយដ៏ប្រសើរ បានបំពេញទានបរមត្ថបារមី។ កាលតថាគត កើតជាស្តេចស្វាក្តី ជាដំរីឆទ្ទន្តក្តី ជាដំរីចិញ្ចឹមមាតាក្តី បានបំពេញសីលបារមី ពាក្យដូច្នេះនេះ ព្រះមហេសី ទ្រង់សម្តែងហើយ។ កាលតថាគត កើតជាស្តេចឈ្មោះចម្បេយ្យៈ និងជាស្តេចនាគឈ្មោះភូរិទត្ត បានបំពេញសីលឧបបារមី កាលតថាគតកើតជាសង្ខបាលនាគរាជ ជាអ្នកប្រាជ្ញ បានបំពេញសីលបរមត្ថបារមី។ កាលតថាគតកើតជារាជបុត្ត ឈ្មោះយុធញ្ជ័យក្តី ជាមហាគោវិន្ទក្តី ជាហត្ថិបាលក្តី ជាកូនព្រាហ្មណមហាសាល ឈ្មោះអយោឃរក្តី ជាភល្លាតិយៈក្តី ជាសុវណ្ណសាមក្តី ជាមឃវទេវបុត្តក្តី ជានេមិរាជក្តី បានបំពេញទានឧបបារមី។ កាលតថាគត កើតជាមហោសថបណ្ឌិតក្តី ធនរដ្ឋបណ្ឌិតក្តី កុណ្ឌលបណ្ឌិតក្តី តណ្ឌិលបណ្ឌិតក្តី តិត្តិរៈក្តី សកុណៈក្តីនុ៎ះ បានបំពេញបញ្ញាឧបបារមី។ កាលតថាគត កើតជាវិធុរបណ្ឌិតក្តី ជាសម្ភវកុមារក្តី ទាំងពីរនុ៎ះ បានបំពេញបញ្ញាបារមី កាលតថាគត កើតជាសុរិយព្រាហ្មណ៍ក្តី ជាមាតង្គបណ្ឌិតក្តី ដែលជាសិស្សអាស្រ័យនូវអាចារ្យ ក្នុងកាលមុន ក៏បានបំពេញនូវបញ្ញាបារមីដែរ។ ឯបញ្ញាបរមត្ថបារមីនុ៎ះឯង (តថាគតបានបំពេញ ក្នុងកាលយោនយកកំណើតកើត) ជាសេនកបណ្ឌិត កាលតថាគត កើតប្រាកដជាស្តេចជនក មានសីល មានព្យាយាម មានការប្រឹងប្រែងយ៉ាងមាំ បានបំពេញវីរិយបរមត្ថបារមី កាលតថាគត កើតជាស្តេចស្វា ជាអ្នកគោរពធម៌ ៥ ប្រការ បានបំពេញវីរិយបារមី។ កាលតថាគត កើតជាធម្មបាលកុមារ បានបំពេញខន្តិបារមី ជាគ្រឿងញាំញីដោយធម៌ នូវបុគ្គលមិនប្រកបដោយធម៌ ហៅថាខន្តិឧបបារមី។ កាលតថាគតកើតជាខន្តិវាទីតាបស ស្វែងរកពុទ្ធភូមិ តថាគតបានធ្វើនូវអំពើដ៏កម្រជាច្រើនយ៉ាង ដើម្បីបំពេញនូវខន្តិបរមត្ថបារមី ដោយខន្តិវាទ។ តថាគត កើតជាទន្សាយ និងជាសត្វក្រួច អាស្រ័យនូវគុណ គឺសច្ចៈ ដូចមានខាងលើនោះ បានញ៉ាំងភ្លើងឲ្យរលត់ដោយសច្ចៈ នេះក៏ជាសច្ចបារមី។ កាលតថាគត កើតជាត្រីនៅក្នុងទឹក បានធ្វើនូវសច្ចដ៏ឧត្តម ញ៉ាំងមហាមេឃឲ្យបង្អុរចុះ នេះជាសច្ចបារមីរបស់តថាគត។ កាលតថាគត កើតជាសុបារបណ្ឌិត ជាអ្នកប្រាជ្ញ បានញ៉ាំងទូកឲ្យឆ្លងដោយសច្ចៈ កាលកើតជាឥសី ឈ្មោះកណ្ហទីបាយនៈ បានញ៉ាំងពិសឲ្យសាបរលាបដោយសច្ចៈ កាលកើតជាស្វា បានឆ្លងខ្សែទឹកគង្គាដោយសច្ចៈ នេះជាបាមីរបស់តថាគតជាសាស្តា ក្នុងកាលនោះ បារមីនោះ ជាសច្ចឧបបារមី។ កាលតថាគត កើតជាស្តេចសុតសោម រក្សាសច្ចៈដ៏ឧត្តម ដោះក្សត្រ ១០១ អង្គ ឲ្យរួច (នេះ) ជាសច្ចបរមត្ថបារមី។ កាលតថាគតកើតជាកឹឆន្ទៈ កាលនោះ មានបារមីដោយការអធិដ្ឋាន កាលកើតជាទុកៈ និងមាតង្គយៈ បានបំពេញអធិដ្ឋានឧបបារមី។ កាលតថាគត កើតជាមូគផក្ខពោធិសត្វ បានបំពេញអធិដ្ឋានបរមត្ថបារមី កាលកើតជាមហាកណ្ហៈ ប្រព្រឹត្តទៅដោយមេត្តា កាលកើតជារាជសោធនៈ (ក៏ប្រព្រឹត្តទៅ) ដោយមេត្តានោះដែរ បារមីទាំងពីរនេះ ហៅថាមេត្តាបារមី។ កាលតថាគត កើតជាស្តេចព្រហ្មទត្ត (ប្រព្រឹត្តទៅ) ដោយសីល កាលកើតជាគណ្ឌិតិណ្ឌកៈនេះ (ក៏បានប្រព្រឹត្តទៅ) ដោយសីលដែរ។ កាលតថាគត កើតជានន្ទៈ បានធ្វើនូវសេចក្តីស្រឡាញ់ (ក្នុងសព្វញ្ញុតញ្ញាណ) បារមីទាំងនោះ ជាឧបបារមី ឯបរមត្ថបារមី បានបំពេញហើយ ក្នុងកាលតថាគតកើតជាស្តេចឯករាជ បារមីដទៃ ប្រាកដស្មើដោយមេត្តាបារមីនេះ ពុំមានឡើយ។ កាលតថាគត កើតជាសេកទាំងពីរ បានបំពេញឧបបារមី កាលកើតជាលោមហំសនៈ បានបំពេញបរមត្ថបារមី ឯបារមី ១០ របស់តថាគតនេះ ជាចំណែកនៃពោធិញ្ញាណដ៏ប្រសើរ។ បារមីទាំងឡាយ មិនលើសអំពី ១០ មិនខ្វះអំពី ១០ បារមីទាំងអស់ ពេញត្រឹម ១០ មិនខ្វះមិនលើស។

ចប់ សមោធានកថា។

ចប់ ចរិយាបិដក។

ចប់ ភាគ៧៧។

មាតិកា

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
ខុទ្ទកនិកាយ sut.kn
ពុទ្ធវង្ស sut.kn.buv
ចរិយាបិដក ? sut.kn.cap

Transcription missing.


1)
រឿងដែលលោកចងទុក គឺគោត្រ អាយុ ដើមពោធិព្រឹក្ស សាវកសាវិកាសន្និបាត ឧបដ្ឋាក មាតា បិតា បុត្រ ភរិយាជាដើម។ អដ្ឋកថា។
2)
បានដល់ខត្តិយបរិស័ទ ១ ព្រាហ្មណបរិស័ទ ១ គហបតិបរិស័ទ ១ សមណបរិស័ទ ១។ អដ្ឋកថា។
3)
ពាក្យថា អំពើ ក្នុងទីនេះ បានដល់សេចក្តីប្រតិបត្តិ មានទាន និងសីលជាដើម ដែលសង្គ្រោះចូលក្នុងបារមីទាំង ៣០។ អដ្ឋកថា។
4)
មានស្ទឹងមួយឈ្មោះចម្បា នៅត្រង់ចន្លោះដែនអង្គៈ និងដែនមគធៈ នៅខាងក្រោមស្ទឹងនោះ មានភពនាគមួយ ឈ្មោះចម្បា ស្តេចនាគដែលកើតក្នុងភពនោះ ឈ្មោះចម្បេយ្យ។ អដ្ឋកថា។
km/tipitaka/book_077.txt · ពេលកែចុងក្រោយ: 2024/11/22 13:41 និពន្ឋដោយ Cheav villa