ប្រៀនប្រដៅខ្លីៗ ស្តីពីការដឹងខ្លួន ដឹងកាយ។
an 01.563 បាលី cs-km: sut.an.01.563 អដ្ឋកថា: sut.an.01.563_att PTS: ?
កាយគតាសតិវគ្គ
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៥៦៣-៥៩៩. កាយគតាសតិវគ្គោ)
[២២៥] ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រដែលបុគ្គលណាមួយ បានផ្សាយទៅដោយចិត្ត ហើយ ស្ទឹងតូចៗនីមួយ ដែលហូរទៅរកសមុទ្រ គង់ជាការងាយដល់បុគ្គលនោះ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលបុគ្គលណា មួយបានចំរើន បានធ្វើឲ្យរឿយៗហើយ ពួកកុសលធម៌នីមួយ ដែលជាចំណែកវិជ្ជា គង់ជាការងាយដល់បុគ្គលនោះ យ៉ាងនោះដែរ។
[២២៦] ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាង ដែលបុគ្គលបានចំរើនហើយ បានសន្សំរឿយ ៗហើយ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្វេគច្រើន តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើនច្រើន តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីក្សេម ចាកយោគៈច្រើន តែងប្រព្រឹត្តទៅ ដើម្បីបាននូវសតិ និង សម្បជញ្ញៈ តែងប្រព្រឹត្តទៅ ដើម្បីបាននូវញ្ញាណទស្សនៈ តែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា1) វិមុត្តិ2) និងផល3) ។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងនេះឯង ដែលបុគ្គល បានចំរើនហើយ បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្វេគច្រើន តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើនច្រើន តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីក្សេម ចាកយោគៈច្រើន តែងប្រព្រឹត្តទៅ ដើម្បីបាននូវសតិ និងសម្បជញ្ញៈ តែងប្រព្រឹត្តទៅ ដើម្បីបាននូវញ្ញាណទស្សនៈ តែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងអត្តភាពនេះ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា វិមុត្តិ និងផល។
[២២៧] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ កាយក្តី រមែងស្ងប់រម្ងាប់ ចិត្តក្ដី រមែងស្ងប់រម្ងាប់ ទាំងវិតក្កៈ និងវិចារៈ ក៏រមែងស្ងប់រម្ងាប់ ពួកធម៌ទាំងអស់ ដែលជាចំណែកនៃវិជ្ជា ក៏រមែងដល់នូវការចំរើនពេញលេញ។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ កាយក្តី រមែងស្ងប់រម្ងាប់ ចិត្តក្តី រមែងស្ងប់រម្ងាប់ វិតក្កៈ និងវិចារៈក្តី រមែងស្ងប់រម្ងាប់ ពួកធម៌ទាំងអស់ ដែលជាចំណែកនៃវិជ្ជា ក៏ដល់នូវការចំរើនពេញលេញ។
[២២៨] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើងក្តី នឹងមិនកើតឡើង ពួកអកុសលធម៌ ដែលកើតឡើងហើយក្តី រមែងសាបសូន្យទៅ។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗហើយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើងក្តី នឹងមិនកើតឡើង ពួកអកុសលធម៌ ដែលកើតឡើងហើយក្តី រមែងសាបសូន្យទៅ។
[២២៩] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើងក្តី នឹងកើតឡើង ពួកកុសលធម៌ ដែលកើតឡើងហើយក្តី ក៏រមែងប្រព្រឹត្តទៅ ដើម្បីចំរើនធំទូលាយ។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង នឹងកើតឡើង ពួកកុសលធម៌ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីចំរើនធំទូលាយ។
[២៣០] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ អវិជ្ជា រមែងសាបសូន្យទៅ វិជ្ជារមែងកើតឡើង អស្មិមានះ រមែងសាបសូន្យទៅ អនុស័យ (កិលេស ដែលដេកត្រាំក្នុងសន្តាន) រមែងដល់នូវការរដកឡើង សញ្ញោជនៈ (កិលេស ជាគ្រឿងចងឆ្វាក់) រមែងសាបសូន្យទៅ។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ អវិជ្ជា រមែងសាបសូន្យទៅ វិជ្ជារមែងកើតឡើង អស្មិមានះ រមែងសាបសូន្យទៅ អនុស័យ រមែងដល់នូវការដកឡើង សញ្ញោជនៈ រមែងសាបសូន្យទៅ។
[២៣១] ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា តែងប្រព្រឹត្តទៅ ដើម្បីបាននូវអនុបាទាបរិនិញ្វន។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា តែងប្រព្រឹត្តទៅ ដើម្បីបាននូវអនុបាទាបរិនិញ្វន។
[២៣២] ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ការត្រាស់ដឹងធាតុច្រើនប្រការ ការត្រាស់ដឹងធាតុផ្សេងៗ ការបែកធ្លាយ ក្នុងធាតុច្រើនប្រការ រមែងមាន។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ កាលបើធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ការត្រាស់ដឹងធាតុច្រើនប្រការ ការត្រាស់ដឹងធាតុផ្សេងៗ ការបែកធ្លាយ ក្នុងធាតុច្រើនប្រការ រមែងមាន។
[២៣៣] ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល។
[២៣៤] ម្នាលភិក្ខុទាំងឡាយ ធម៌មួយយ៉ាង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីបានបញ្ញា ប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា ប្រព្រឹត្តទៅ ដើម្បីទូលាយបញ្ញា ប្រព្រឹត្តទៅ ដើម្បីបញ្ញាដ៏ធំ ប្រព្រឹត្តទៅ ដើម្បីបញ្ញាក្រាស់ ប្រព្រឹត្តទៅ ដើម្បីបញ្ញាទូលាយ ប្រព្រឹត្តទៅ ដើម្បីបញ្ញាជ្រៅ ប្រព្រឹត្តទៅ ដើម្បីបញ្ញាដឹងសេចក្តីឥតអ្នកណាស្មើ ដែលអ្នកដទៃ មិនអាចត្រាស់ដឹងបាន ប្រព្រឹត្តទៅ ដើម្បីបញ្ញាក្រាស់ ដូចផែនដី ប្រព្រឹត្តទៅ ដើម្បីបញ្ញាច្រើន ប្រព្រឹត្តទៅ ដើម្បីបញ្ញារួសរាន់ ប្រព្រឹត្តទៅ ដើម្បីបញ្ញារហ័ស ប្រព្រឹត្តទៅ ដើម្បីបញ្ញារីករាយ ប្រព្រឹត្តទៅ ដើម្បីបញ្ញាជាគ្រឿងស្ទុះទៅ ប្រព្រឹត្តទៅ ដើម្បីបញ្ញាដ៏មុត ប្រព្រឹត្តទៅ ដើម្បីបញ្ញាជា គ្រឿងទម្លាយ នូវកិលេស។ ធម៌មួយយ៉ាង គឺអ្វី។ គឺកាយគតាសតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីបានបញ្ញា ប្រព្រឹត្តទៅ ដើម្បីចំរើនបញ្ញា ប្រព្រឹត្តទៅ ដើម្បីទូលាយបញ្ញា ប្រព្រឹត្តទៅ ដើម្បីបញ្ញាដ៏ធំ ប្រព្រឹត្តទៅ ដើម្បីបញ្ញាក្រាស់ ប្រព្រឹត្តទៅ ដើម្បីបញ្ញាទូលាយ ប្រព្រឹត្តទៅ ដើម្បីបញ្ញាជ្រៅ ប្រព្រឹត្តទៅ ដើម្បីបញ្ញាដឹងសេចក្តីឥតអ្នកណាស្មើ ដែលអ្នកដទៃមិនអាចត្រាស់ដឹងបាន ប្រព្រឹត្តទៅ ដើម្បីបញ្ញាក្រាស់ ដូចផែនដី ប្រព្រឹត្តទៅ ដើម្បីបញ្ញាច្រើន ប្រព្រឹត្តទៅ ដើម្បីបញ្ញារួសរាន់ ប្រព្រឹត្តទៅ ដើម្បីបញ្ញារហ័ស ប្រព្រឹត្តទៅ ដើម្បីបញ្ញារីករាយ ប្រព្រឹត្តទៅ ដើម្បីបញ្ញាជាគ្រឿងស្ទុះទៅ ប្រព្រឹត្តទៅ ដើម្បីបញ្ញាដ៏មុត ប្រព្រឹត្តទៅ ដើម្បីបញ្ញាជាគ្រឿងទម្លាយ នូវកិលេស។