តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ឯកនិបាត »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 01.v01 បាលី cs-km: sut.an.01.v01 អដ្ឋកថា: sut.an.01.v01_att PTS: ?
រូបាទិវគ្គទី ១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. រូបាទិវគ្គោ)
(១.)
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា
[២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរូបដទៃ សូម្បីតែរូប ១ ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចរូបស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រូបស្ត្រី ទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ។
(២.)
[៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសំឡេងដទៃ សូម្បីតែសំឡេង ១ ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចសំឡេងស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ សំឡេងស្ត្រី ទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ។
(៣.)
[៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញក្លិនដទៃ សូម្បីតែក្លិន ១ ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចក្លិនស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ក្លិនស្ត្រី ទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ។
(៤.)
[៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរសដទៃ សូម្បីតែរស ១ ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចរសស្រី្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រសស្ត្រីទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ។
(៥.)
[៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញផ្សព្វដទៃ សូម្បីតែផ្សព្វ ១ ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចផ្សព្វស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ផ្សព្វស្ត្រី ទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ។
(៦.)
[៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរូបដទៃ សូម្បីតែរូប ១ ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចរូបបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រូបបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ។
(៧.)
[៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសំឡេងដទៃ សូម្បីតែសំឡេង ១ ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចសំឡេងបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ សំឡេងបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ។
(៨.)
[៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញក្លិនដទៃ សូម្បីតែក្លិន ១ ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចក្លិនបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ក្លិនបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ។
(៩.)
[១០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរសដទៃ សូម្បីតែរស ១ ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចរសបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រសបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ។
(១០.)
[១១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញផ្សព្វដទៃ សូម្បីតែផ្សព្វ ១ ដែលគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ ដូចផ្សព្វបុរសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ផ្សព្វបុរស ទើបអាចគ្របសង្កត់ចិត្តស្ត្រី ហើយស្ថិតនៅ។
ចប់ វគ្គទី ១។