km:tipitaka:sut:an:01:sut.an.01.v05

បណិហិតអច្ឆវគ្គទី ៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 01.v05 បាលី cs-km: sut.an.01.v05 អដ្ឋកថា: sut.an.01.v05_att PTS: ?

បណិហិតអច្ឆវគ្គទី ៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. បណិហិតអច្ឆវគ្គោ)

(បណិហិតអច្ឆវគ្គ សូត្រ ទី១)

(៤១.)

[៤២] ម្នាលភិក្ខុទាំងឡាយ ចុងគ្រាប់ស្រូវខ្សាយក្ដី ចុងគ្រាប់ស្រូវដំណើបក្តី ដែលបុគ្គលរៀបចំមិនត្រូវទំនង គឺមិនឲ្យមានចុងឡើងលើទេ បុគ្គលសង្កត់ដោយដៃ ឬជាន់ដោយជើង នឹងមុតដៃ ឬជើង នឹងធ្វើឈាមឲ្យផុលឡើងបាន ហេតុដូច្នេះ មិនដែលមានទេ រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះចុងគ្រាប់ស្រូវ ដែលបុគ្គលរៀបចំមិនត្រូវទំនង ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តដំកល់ខុស នឹងទម្លាយអវិជ្ជា នឹងធ្វើអវិជ្ជាឲ្យ កើតឡើង នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ហេតុដូច្នេះ មិនដែលមានទេ រឿងនោះព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះចិត្តដែលភិក្ខុនោះដំកល់ខុស ក៏ដូច្នោះឯង។

(បណិហិតអច្ឆវគ្គ សូត្រ ទី២)

(៤២.)

[៤៣] ម្នាលភិក្ខុទាំងឡាយ ចុងគ្រាប់ស្រូវខ្សាយក្ដី ចុងគ្រាប់ស្រូវដំណើបក្តី ដែលបុគ្គលរៀបចំត្រូវទំនង គឺធ្វើឲ្យមានចុងឡើងលើ បុគ្គលសង្កត់ដោយដៃ ឬជាន់ដោយជើង នឹងមុតដៃ ឬជើង នឹងធ្វើឈាមឲ្យផុលឡើងបាន ហេតុនេះទើបមាន រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះចុងគ្រាប់ស្រូវ បុគ្គលរៀបចំត្រូវទំនង ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តដំកល់ត្រូវ នឹងទម្លាយអវិជ្ជា នឹងធ្វើវិជ្ជាឲ្យកើតឡើង នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ហេតុនេះ ទើបមាន រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះចិត្តដែលភិក្ខុនោះដំកល់ត្រូវ ក៏ដូច្នោះឯង។

(បណិហិតអច្ឆវគ្គ សូត្រ ទី៣)

(៤៣.)

[៤៤] ម្នាលភិក្ខុទាំងឡាយ តថាគតកំណត់នូវចិត្ត (របស់បុគ្គល) ដោយចិត្ត (របស់ខ្លួន)ក៏ដឹងច្បាស់ នូវបុគ្គលពួកមួយ ក្នុងលោកនេះ ដែលមានចិត្តប្រទូស្ត យ៉ាងនេះថា បើបុគ្គលនេះ ធ្វើនូវមរណកាល ក្នុងសម័យនេះ នឹងធ្លាក់ទៅក្នុងនរក ដូចគេចាប់បោះទៅ ដូច្នោះឯង រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលនោះ មានចិត្តប្រទូស្ត ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សត្វទាំងឡាយពួកមួយ ក្នុងលោកនេះ ទម្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ក៏ព្រោះតែចិត្តប្រទូស្ត ជាហេតុដែរ។

(បណិហិតអច្ឆវគ្គ សូត្រ ទី៤)

(៤៤.)

[៤៥] ម្នាលភិក្ខុទាំងឡាយ តថាគតកំណត់នូវចិត្ត (របស់បុគ្គល) ដោយចិត្ត (របស់ខ្លួន)ក៏ដឹងច្បាស់ នូវបុគ្គលពួកមួយ ក្នុងលោកនេះ ដែលមានចិត្តជ្រះថ្លា យ៉ាងនេះថា បើបុគ្គលនេះ ធ្វើនូវមរណកាល ក្នុងសម័យនេះ នឹងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំទៅដំកល់ទុកដូច្នោះឯង រឿងនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សត្វទាំងឡាយពួកមួយ ក្នុងលោកនេះ ទម្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ក៏ព្រោះតែចិត្តជ្រះថ្លា ជាហេតុដែរ។

(បណិហិតអច្ឆវគ្គ សូត្រ ទី៥)

(៤៥.)

[៤៦] ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹក មានទឹកល្អក់កខ្វក់ កើតជាភក់ បុរសអ្នកមានចក្ខុ ឈរនៅមាត់អន្លង់នោះ មិនឃើញខ្យង និងគ្រំ ឬដំគ្រួស និងអម្បែង ឬហ្វូងត្រី ដែលហែលទៅមក ឬក៏ស្ថិតនៅបានឡើយ ដំណើនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះទឹកនោះល្អក់ ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តល្អក់ នឹងស្គាល់ប្រយោជន៍របស់ខ្លួនក្ដី ស្គាល់ប្រយោជន៍ របស់អ្នកដទៃក្ដី ស្គាល់ប្រយោជន៍ទាំងពីរខាងក្ដី នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈ ដ៏ប្រសើរ ក្រៃលែងជាងមនុស្សធម៌ក្ដី ហេតុដូច្នេះ មិនដែលមានទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ មានចិត្តល្អក់ ក៏ដូច្នោះឯង។

(បណិហិតអច្ឆវគ្គ សូត្រ ទី៦)

(៤៦.)

[៤៧] ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹក មានទឹកថ្លាស្អាត មិនកខ្វក់ បុរសអ្នកមានចក្ខុឈរ នៅមាត់អន្លង់នោះ ក៏ឃើញខ្យង និងគ្រំ ឬដំគ្រួស និងអម្បែង ឬហ្វូងត្រី ដែលហែលទៅមកឬក៏ស្ថិតនៅបាន ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះទឹកនោះ មិនល្អក់ ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តមិនល្អក់ នឹងស្គាល់ប្រយោជន៍របស់ខ្លួនក្ដី ស្គាល់ប្រយោជន៍ របស់អ្នកដទៃក្ដី ស្គាល់ប្រយោជន៍ទាំងពីរខាងក្ដី នឹងធ្វើឲ្យជាក់ច្បាស់នូវ គុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ ក្រៃលែងជាងមនុស្សធម៌ក្ដី ហេតុដូច្នេះ ទើបមាន ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ មានចិត្តមិនល្អក់ ក៏ដូច្នោះឯង។

(បណិហិតអច្ឆវគ្គ សូត្រ ទី៧)

(៤៧.)

[៤៨] ម្នាលភិក្ខុទាំងឡាយ រុក្ខជាតិទាំងឡាយ ស្រេចនៅដើមចន្ទន៍ ទើបប្រសើរជាង រុក្ខជាតិទាំងនោះ ព្រោះដើមចន្ទន៍នេះទន់ផង គួរដល់ការងារផង ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាសភាវៈទន់ផង គួរដល់ការងារផង ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជារបស់ទន់ផង គួរដល់ការងារ ផង ដូច្នេះឯង។

(បណិហិតអច្ឆវគ្គ សូត្រ ទី៨)

(៤៨.)

[៤៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលកើតឡើង និងរលត់ទៅរហ័ស ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តនេះកើត ឡើង និងរលត់ទៅ រហ័សក្រៃពេក មិនងាយនឹងធ្វើឧបមាបានឡើយ។

(បណិហិតអច្ឆវគ្គ សូត្រ ទី៩)

(៤៩.)

[៥០] ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះ មានរស្មីផ្សាយចេញ ប៉ុន្តែចិត្តនោះឯង ត្រូវ ឧបកិ្កលេសទាំងឡាយ ជាអាគន្តុកៈ ចូលមកធ្វើឲ្យសៅហ្មង។

(បណិហិតអច្ឆវគ្គ សូត្រ ទី១០)

(៥០.)

[៥១] ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះ មានរស្មីផ្សាយចេញ ដ្បិតភវង្គចិត្តនោះឯង ផុតស្រឡះ ចាកឧបកិ្កលេសទាំងឡាយ ដែលជាអាគន្តុកៈ។

ចប់ វគ្គ ទី៥។

 

លេខយោង

km/tipitaka/sut/an/01/sut.an.01.v05.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann