km:tipitaka:sut:an:01:sut.an.01.v06

អច្ឆរាសង្ឃាតវគ្គទី ៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 01.v06 បាលី cs-km: sut.an.01.v06 អដ្ឋកថា: sut.an.01.v06_att PTS: ?

អច្ឆរាសង្ឃាតវគ្គទី ៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. អច្ឆរាសង្ឃាតវគ្គោ)

(អច្ឆរាសង្ឃាតវគ្គ សូត្រ ទី១)

(៥១.)

[៥២] ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះ មានរស្មីផ្សាយចេញ ប៉ុន្តែភវង្គចិត្តនោះឯង ត្រូវ ឧបកិ្កលេសទាំងឡាយ ជាអាគន្តុកៈ ចូលមកធ្វើឲ្យសៅហ្មង បុថុជ្ជន ជាអ្នកមិនចេះដឹង រមែង មិនស្គាល់ច្បាស់ នូវភវង្គចិត្តនោះ តាមសេចក្ដីពិត ព្រោះហេតុនោះ បានជាតថាគតពោលថា បុថុជ្ជន ជាអ្នកមិនចេះដឹង មិនមានការចំរើនចិត្តទេ។

(អច្ឆរាសង្ឃាតវគ្គ សូត្រ ទី២)

(៥២.)

[៥៣] ម្នាលភិក្ខុទាំងឡាយ ភវង្គចិត្តនេះ មានរស្មីផ្សាយចេញ ដ្បិតភវង្គចិត្តនោះឯង ផុតស្រឡះចាកឧបកិ្កលេសទាំងឡាយ ដែលជាអាគន្តុកៈ អរិយសាវក ជាអ្នកចេះដឹង រមែង ស្គាល់ច្បាស់ នូវភវង្គចិត្តនោះ តាមសេចក្ដីពិត ព្រោះហេតុនោះ បានជាតថាគតពោលថា អរិយសាវក ជាអ្នកចេះដឹង ទើបមានការចំរើនចិត្ត។

(អច្ឆរាសង្ឃាតវគ្គ សូត្រ ទី៣)

(៥៣.)

[៥៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុភពប្រសព្វនឹងមេត្តចិត្ត សូម្បី ១ ផ្ទាត់ម្រាមដៃ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបានលះបង់ ជាអ្នកធ្វើតាមសាសនា ព្រះសាស្តា ជាអ្នកធ្វើតាមឱវាទព្រះសាស្តា បរិភោគចង្ហាន់អ្នកដែន មិនឥតអំពើ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ ដែលសន្សំរឿយៗ នូវមេត្តចិត្តនោះ។

(អច្ឆរាសង្ឃាតវគ្គ សូត្រ ទី៤)

(៥៤.)

[៥៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចំរើននូវមេត្តចិត្តសូម្បី ១ ផ្ទាត់ម្រាមដៃ ម្នាលភិក្ខុទាំង ឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបានលះបង់ ជាអ្នកធ្វើតាមសាសនាព្រះសាស្តា ជាអ្នកធ្វើតាមឱវាទព្រះសាស្តា បរិភោគចង្ហាន់អ្នកដែន មិនឥតអំពើ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ ដែលសន្សំរឿយៗ នូវមេត្តចិត្តនោះ។

(អច្ឆរាសង្ឃាតវគ្គ សូត្រ ទី៥)

(៥៥.)

[៥៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុត្រិះរិះនូវមេត្តចិត្ត សូម្បី ១ ផ្ទាត់ម្រាមដៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបានលះបង់ ជាអ្នកធ្វើតាមសាសនាព្រះសាស្តា ជាអ្នកធ្វើតាមឱវាទព្រះសាស្តា បរិភោគចង្ហាន់អ្នកដែន មិនឥតអំពើ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ ដែលសន្សំរឿយៗ នូវមេត្តចិត្តនោះ។

(អច្ឆរាសង្ឃាតវគ្គ សូត្រ ទី៦)

(៥៦.)

[៥៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយណានីមួយ ជាអកុសល ជាចំណែកខាងអកុសល ជាពួកនៃអកុសល ធម៌ជាអកុសលទាំងអស់នោះ មានចិត្តជាប្រធានចិត្តរមែងកើតមុនធម៌ទាំងនោះ អកុសលធម៌ទាំងឡាយ ក៏កើតជាមួយគ្នា។

(អច្ឆរាសង្ឃាតវគ្គ សូត្រ ទី៧)

(៥៧.)

[៥៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយណានីមួយ ជាកុសល ជាចំណែកខាងកុសល ជាពួកនៃកុសល ធម៌ជាកុសលទាំងអស់នោះ មានចិត្តជាប្រធាន ចិត្តរមែងកើតមុនធម៌ទាំងនោះ ធម៌ជាកុសលទាំងឡាយ ក៏កើតជាមួយគ្នា។

(អច្ឆរាសង្ឃាតវគ្គ សូត្រ ទី៨)

(៥៨.)

[៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចសេចក្តីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលប្រមាទហើយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងផង ពួកកុសលធម៌ដែលកើតឡើងហើយ រមែងសាបសូន្យទៅផង។

(អច្ឆរាសង្ឃាតវគ្គ សូត្រ ទី៩)

(៥៩.)

[៦០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចសេចក្តីមិនប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមិនប្រមាទហើយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងផង ពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។

(អច្ឆរាសង្ឃាតវគ្គ សូត្រ ទី១០)

(៦០.)

[៦១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចសេចក្តីខ្ជិលច្រអូសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលខ្ជិលច្រអូសហើយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។

ចប់ វគ្គ ទី៦។

 

លេខយោង

km/tipitaka/sut/an/01/sut.an.01.v06.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann