តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ឯកនិបាត »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 01.v07 បាលី cs-km: sut.an.01.v07 អដ្ឋកថា: sut.an.01.v07_att PTS: ?
វីរិយារម្ភាទិវគ្គទី ៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៧. វីរិយារម្ភាទិវគ្គោ)
(៦១.)
[៦២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចការផ្គងព្យាយាមនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលផ្គងព្យាយាមហើយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
(៦២.)
[៦៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចសេចក្តីប្រាថ្នាច្រើននេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសេចក្តីប្រាថ្នាច្រើន ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងផង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
(៦៣.)
[៦៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចសេចក្តីប្រាថ្នាតិចនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសេចក្តីប្រាថ្នាតិច ពួកកុសលធម៌ ដែលមិនទាន់កើតឡើង រមែងកើតឡើងផង ពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
(៦៤.)
[៦៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចសេចក្តីមិនសន្ដោសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមិនមានសន្ដោស ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
(៦៥.)
[៦៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចសេចក្តីសន្ដោសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសេចក្តីសន្ដោស ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
(៦៦.)
[៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចការធ្វើទុកក្នុងចិត្តខុសទំនងនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្តខុសទំនង ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
(៦៧.)
[៦៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចការធ្វើទុកក្នុងចិត្តត្រូវទំនងនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្តត្រូវទំនង ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
(៦៨.)
[៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចអសម្បជញ្ញៈ (សេចក្តីមិនដឹងខ្លួន) នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានអសម្បជញ្ញៈ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
(៦៩.)
[៧០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចសម្បជញ្ញៈ (សេចក្តីដឹងខ្លួន) នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានសម្បជញ្ញៈ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង រមែងកើតឡើងបានផង ពួកអកុសលធម៌ ដែលកើតឡើងហើយ រមែងសាបសូន្យទៅផង។
(៧០.)
[៧១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចការមានបាបមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានបាបមិត្ត ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង។
ចប់ វគ្គទី ៧។