km:tipitaka:sut:an:01:sut.an.01.v08

កល្យាណមិត្តាទិវគ្គទី ៨

សង្ខេប

ការ​រៀប​សូត្រ​ខ្លី​ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ ​ដើម្បី​ដឹង​ថា​អ្វី​ពិត​ជា​សំខាន់ អ្វី​មិន​។ អ្នកភាគ​ច្រើន​គិត​ផ្ទុយ គឺអ្វី​ចាញ់​ជា​ឈ្នះ និង​ឈ្នះ​ជា​ចាញ់។​​

an 01.v08 បាលី cs-km: sut.an.01.v08 អដ្ឋកថា: sut.an.01.v08_att PTS: ?

កល្យាណមិត្តាទិវគ្គទី ៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៨. កល្យាណមិត្តាទិវគ្គោ)

(កល្យាណមិត្តាទិវគ្គ សូត្រ ទី១)

(៧១.)

[៧២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចការមានកល្យាណមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានកល្យាណមិត្ត ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ ដែលកើតឡើងហើយ រមែងសាបសូន្យទៅផង។

(កល្យាណមិត្តាទិវគ្គ សូត្រ ទី២)

(៧២.)

[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកអកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចកិរិយាប្រកបរឿយៗ នូវអកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវកុសលធម៌នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង ព្រោះកិរិយាប្រកបរឿយៗ នូវអកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវកុសលធម៌។

(កល្យាណមិត្តាទិវគ្គ សូត្រ ទី៣)

(៧៣.)

[៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពួកកុសលធម៌មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចកិរិយាប្រកបរឿយៗ នូវកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវអកុសលធម៌នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងសាបសូន្យទៅផង ព្រោះកិរិយាប្រកបរឿយៗ នូវកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវអកុសលធម៌។

(កល្យាណមិត្តាទិវគ្គ សូត្រ ទី៤)

(៧៤.)

[៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពោជ្ឈង្គទាំងឡាយ មិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្តី ពោជ្ឈង្គទាំងឡាយ ដែលកើតឡើងហើយ ក៏មិនឲ្យដល់នូវការបរិបូណ៌ ដោយភាវនាក្តី ដូចការធ្វើទុកក្នុងចិត្តខុសទំនងនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល ធ្វើទុកក្នុងចិត្តខុសទំនង ពោជ្ឈង្គទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើងមិនបានផង ពោជ្ឈង្គទាំងឡាយ ដែលកើតឡើងហើយ ក៏មិនដល់នូវការបរិបូណ៌ ដោយភាវនាផង។

(កល្យាណមិត្តាទិវគ្គ សូត្រ ទី៥)

(៧៥.)

[៧៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងពោជ្ឈង្គទាំងឡាយ មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ពោជ្ឍង្គទាំងឡាយ ដែលកើតឡើងហើយ ឲ្យដល់នូវការបរិបូណ៌ ដោយភាវនាក្តី ដូចការធ្វើទុកក្នុងចិត្តត្រូវទំនងនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្តត្រូវទំនង ពោជ្ឈង្គទាំងឡាយ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបានផង ពោជ្ឈង្គទាំងឡាយ ដែលកើតឡើងហើយ ក៏រមែងដល់ នូវការបរិបូណ៌ដោយភាវនាផង។

(កល្យាណមិត្តាទិវគ្គ សូត្រ ទី៦)

(៧៦.)

[៧៧] ម្នាលភិក្ខុទាំងឡាយ ការសាបសូន្យចាកញាតិនេះ ជាការសាបសូន្យបន្តិចបន្តួច ទេ ម្នាលភិក្ខុទាំងឡាយ ឯការសាបសូន្យចាកបញ្ញានេះ ទើបជាការសាបសូន្យដ៏លាមក ជាង ការសាបសូន្យទាំងអស់។

(កល្យាណមិត្តាទិវគ្គ សូត្រ ទី៧)

(៧៧.)

[៧៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនដោយញាតិនេះ ជាសេចក្តីចំរើនបន្តិចបន្តួចទេ ម្នាលភិក្ខុទាំងឡាយ ឯសេចក្តីចំរើនដោយបញ្ញានេះ ទើបជាសេចក្តីចំរើនប្រសើរជាង សេចក្តីចំរើនទាំងអស់ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងចំរើនដោយបញ្ញាវុឌ្ឍិ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។

(កល្យាណមិត្តាទិវគ្គ សូត្រ ទី៨)

(៧៨.)

[៧៩] ម្នាលភិក្ខុទាំងឡាយ ការសាបសូន្យចាកទ្រព្យនេះ ជាការសាបសូន្យបន្តិចបន្តួចទេ ម្នាលភិក្ខុទាំងឡាយ ឯការសាបសូន្យចាកបញ្ញានេះ ទើបជាការសាបសូន្យដ៏លាមក ជាងការសាបសូន្យទាំងអស់។

(កល្យាណមិត្តាទិវគ្គ សូត្រ ទី៩)

(៧៩.)

[៨០] ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនដោយទ្រព្យនេះ ជាសេចក្តីចំរើនបន្តិចបន្តួចទេ ម្នាលភិក្ខុទាំងឡាយ ឯសេចក្តីចំរើនដោយបញ្ញានេះ ទើបជាសេចក្តីចំរើនប្រសើរ ជាងសេចក្តីចំរើនទាំងអស់ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងចំរើនដោយបញ្ញាវុឌ្ឍិ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។

(កល្យាណមិត្តាទិវគ្គ សូត្រ ទី១០)

(៨០.)

[៨១] ម្នាលភិក្ខុទាំងឡាយ ការសាបសូន្យចាកយសនេះ ជាការសាបសូន្យបន្តិចបន្តួចទេ ម្នាលភិក្ខុទាំងឡាយ ឯការសាបសូន្យចាកបញ្ញានេះ ទើបជាការសាបសូន្យដ៏លាមក ជាងការសាបសូន្យទាំងអស់។

ចប់ វគ្គ ទី៨។

 

លេខយោង

km/tipitaka/sut/an/01/sut.an.01.v08.txt · ពេលកែចុងក្រោយ: 2023/07/21 12:49 និពន្ឋដោយ Johann