តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ឯកនិបាត »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 01.v16 បាលី cs-km: sut.an.01.v16 អដ្ឋកថា: sut.an.01.v16_att PTS: ?
ឯកធម្មាទិបាលិ ដទៃទៀត ទី១៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៦. ឯកធម្មបាឡិ)
(១. បឋមវគ្គោ)
[១៧៩] ម្នាលភិក្ខុទាំងឡាយ ធម៌មួយដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែង ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត។ ធម៌មួយគឺអ្វី។ គឺពុទ្ធានុស្សតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីនឿយ ណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត។
[១៨០] ម្នាលភិក្ខុទាំងឡាយ ធម៌មួយដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែង ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹង ច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត។ ធម៌មួយ គឺអ្វី។ គឺធម្មានុស្សតិ…សង្ឃានុស្សតិ ..សីលានុស្សតិ…ចាគានុស្សតិ…ទេវតានុស្សតិ…អានាបានស្សតិ…មរណស្សតិ…កាយគតាសតិ…ឧបសមានុស្សតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌មួយនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វានដោយពិត។
ចប់ វគ្គ ទី១។
(២. ទុតិយវគ្គោ)
[១៨១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំឲ្យពួកអកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ឬពួកអកុសលធម៌ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង រមែងកើតឡើង ឬពួកអកុសលធម៌ ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាមិច្ឆាទិដ្ឋិ។
[១៨២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ឬពួកកុសលធម៌ ដែល កើតឡើងហើយ ឲ្យប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំង ឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកកុសលធម៌ ដែលមិនទាន់កើត រមែងកើតឡើង ពួកកុសលធម៌ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ យ៉ាងធំទូលាយក្រៃលែង ដល់បុគ្គលជាសម្មាទិដ្ឋិ។
[១៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកកុសលធម៌ ដែលមិនទាន់កើត មិនឲ្យកើតឡើង ឬពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅវិញ ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុ ទាំងឡាយ ពួកកុសលធម៌ ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកកុសលធម៌ ដែល កើតឡើងហើយ រមែងសាបសូន្យទៅវិញ ដល់បុគ្គលជាមិច្ឆាទិដ្ឋិ។
[១៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំឲ្យពួកអកុសលធម៌ ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើង ឬពួកអកុសល ធម៌ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅ ដូចសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកអកុសលធម៌ ដែលមិនទាន់កើតឡើង រមែងមិនកើតឡើង ពួកអកុសលធម៌ ដែលកើតឡើងហើយ រមែងសាបសូន្យទៅ ដល់បុគ្គលជាសម្មាទិដ្ឋិ។
[១៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំឲ្យមិច្ឆាទិដ្ឋិ ដែលមិនទាន់កើត ឲ្យកើតឡើង ឬមិច្ឆាទិដ្ឋិ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនឡើង ដូចគំនិតដែលត្រិះរិះមិនត្រូវផ្លូវនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ដែលមិនទាន់កើត ក៏កើតឡើង មិច្ឆាទិដ្ឋិ ដែលកើតឡើងហើយ ក៏រមែងរឹងរឹតតែចំរើនឡើង ដល់បុគ្គលមានគំនិតត្រិះរិះមិនត្រូវផ្លូវ។
[១៨៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំសម្មាទិដ្ឋិ ដែលមិនទាន់កើត ឲ្យកើតឡើង ឬសម្មាទិដ្ឋិ ដែលកើតឡើងហើយ ឲ្យ រឹងរឹតតែចំរើនឡើង ដូចគំនិតដែលត្រិះរិះត្រូវផ្លូវនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំង ឡាយ សម្មាទិដ្ឋិ ដែលមិនទាន់កើត ក៏កើតឡើង សម្មាទិដ្ឋិ ដែលកើតឡើងហើយ ក៏រមែងរឹង រឹតតែចំរើនឡើង ដល់បុគ្គលមានគំនិតត្រិះរិះត្រូវផ្លូវ។
[១៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលជាហេតុនាំពួកសត្វ ដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតជាតិរច្ឆាន ប្រេត វិស័យ អសុរកាយ នរក ដូចយ៉ាងមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលប្រកបដោយមិច្ឆាទិដ្ឋិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាតិរច្ឆាន ប្រេត វិស័យ អសុរកាយ នរក។
[១៨៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែល ជាហេតុនាំពួកសត្វ ដែលបែកធ្លាយរាងកាយស្លាប់ទៅ ឲ្យទៅកើតក្នុងសុគតិសួគ៌ ទេវលោក ដូចយ៉ាងសម្មាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលប្រកបដោយសម្មាទិដ្ឋិ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិសួគ៌ ទេវលោក។
[១៨៩] ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ សុទ្ធតែប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត មិនជាប្រយោជន៍ ជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិជាធម្មជាតិដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ ដូចជាពូជស្តៅក្តី ពូជននោងព្រៃក្តី ពូជត្រសក់ក្អែកក្តី ដែលបុគ្គលដាំក្នុងដីសើម តែងស្រូបយករសដីណាក្តី ស្រូបយករសទឹកណាក្តី រសជាតិទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីល្វីង ហាងមិនឆ្ងាញ់។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់មិនល្អ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទានកាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គលជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាមិច្ឆាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទី គាប់ចិត្ត មិនជាប្រយោជន៍។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជា ធម្មជាតិអាក្រក់ ក៏យ៉ាងនោះឯង។
[១៩០] ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គលជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធាន ណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទី ត្រេកអរ ជាទីគាប់ចិត្ត ជាប្រយោជន៍ ជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំង ឡាយ ព្រោះទិដ្ឋិជាធម្មជាតិចំរើន។ ម្នាលភិក្ខុទាំងឡាយ ដូចពូជអំពៅក្ដី ពូជស្រូវសាលីក្តី ពូជចន្ទន៍ក្តី ដែលបុគ្គលដាំក្នុងដីសើម តែងស្រូបយករសដីណាក្តី ស្រូបយករសទឹកណាក្តី រសជាតិទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីរសផ្អែម មិនច្រឡំដោយរសឯទៀត។ ដំណើរ នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះពូជជារបស់ចំរើន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាយកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ វចីកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ មនោកម្មណាក្តី ដែលបុរសបុគ្គល ជាសម្មាទិដ្ឋិ បានបំពេញ បានសមាទាន កាន់តាមទិដ្ឋិហើយ ចេតនាណាក្តី សេចក្តីប្រាថ្នាណាក្តី សេចក្តីប្រណិធានណាក្តី សង្ខារទាំងឡាយណាក្តី ធម៌ទាំងអស់នោះ តែងប្រព្រឹត្តទៅ ដើម្បីជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាប្រយោជន៍ ជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះទិដ្ឋិ ជាធម្មជាតិចំរើន ក៏យ៉ាងនោះដែរ។
ចប់ វគ្គ ទី២។
(៣. តតិយវគ្គោ)
[១៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលមួយ កាលកើតឡើងក្នុងលោក ក៏កើតឡើងដើម្បី មិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បុគ្គលម្នាក់ គឺអ្នកណា។ គឺបុគ្គលជាមិច្ឆាទិដ្ឋិ ជាអ្នកយល់ខុស បុគ្គលនោះ រមែងនាំជនច្រើនឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យតាំងនៅក្នុងអសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះឯង កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។
[១៩២] ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់ កាលកើតឡើងក្នុងលោក ក៏កើតឡើង ដើម្បី ជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ បុគ្គលម្នាក់ គឺអ្នក ណា។ គឺបុគ្គលជាសម្មាទិដ្ឋិ ជាអ្នកយល់ត្រូវ បុគ្គលនោះ រមែងនាំជនច្រើន ឲ្យឃ្លាតចាកអសទ្ធម្ម ឲ្យតាំងនៅក្នុងព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ បុគ្គលម្នាក់នេះឯង កាលកើតឡើយក្នុងលោក ក៏កើតឡើង ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដល់ជនច្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
[១៩៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញធម៌ដទៃ សូម្បីតែធម៌មួយ ដែលមានទោសធំយ៉ាងនេះ ដូចមិច្ឆាទិដ្ឋិនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយ មានតែមិច្ឆាទិដ្ឋិ ជាទោសក្រៃលែង។
[១៩៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងមើលមិនឃើញបុគ្គលដទៃ សូម្បីតែបុគ្គលម្នាក់ ជាអ្នកប្រតិបត្តិ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីវិនាស ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ យ៉ាងនេះ ដូចមក្ខលិមោឃ1) បុរសនេះឡើយ ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលដាក់លប នៅមាត់ស្ទឹង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីវិនាស ដល់ពួកត្រីជាច្រើន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ មក្ខលិមោឃបុរស កើតឡើងហើយក្នុងលោក ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីវិនាស ដល់ពួកសត្វជាច្រើន ប្រហែលគ្នានឹងលបដាក់មនុស្ស គឺឃាត់ដំណើរ របស់មហាជន មិនឲ្យទៅស្ថានសួគ៌និព្វានរួច ក៏យ៉ាងនោះឯង។
[១៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេក្នុងធម្មវិន័យ ដែល សាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជា អនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាម យ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបាបជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែល គេពោលខុស។
[១៩៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេ ក្នុងធម្មវិន័យ ដែលសាស្តា ជាសព្វញ្ញូ ពោលត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជាអនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាមយ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបុណ្យជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលគេពោលត្រឹមត្រូវ។
[១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវថា បុគ្គលជាទាយក (អ្នកឲ្យ) ត្រូវដឹងប្រមាណ បុគ្គលជាបដិគ្គាហក (អ្នកទទួល) មិនបាច់ដឹងប្រមាណទេ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តាជាអសព្វញ្ញូ ពោលខុស។
[១៩៨] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាសព្វញ្ញូ ពោលត្រឹមត្រូវថា បដិគ្គាហក ត្រូវដឹងប្រមាណ ទាយកមិនបាច់ដឹងប្រមាណទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។
[១៩៩] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវ ថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។
[២០០] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។
[២០១] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។
[២០២] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។
[២០៣] ម្នាលភិក្ខុទាំងឡាយ ដូចលាមក សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិច បន្តួច ដោយហោចទៅ សូម្បីអស់កាលត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។
[២០៤] ម្នាលភិក្ខុទាំងឡាយ ដូចទឹកមូត្រ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ទឹកមាត់ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ខ្ទុះ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ឈាម សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិចបន្តួច ដោយហោចទៅ សូម្បីអស់កាល ត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។
ចប់ វគ្គ ទី៣។
(៤. ចតុត្ថវគ្គោ)
[២០៥] ម្នាលភិក្ខុទាំងឡាយ ដូចអារាម2) គួរជាទីរីករាយ ព្រៃគួរជាទីរីករាយ ភូមិគួរជាទីរីករាយ ស្រះឈូកគួរជាទីរីករាយ ក្នុងជម្ពូទ្វីប នេះ មានចំនួនតិច ត្រង់ទីដែលទួល និងទំនាប ជង្ហុកស្ទឹង ទីមានដង្គត់ និងបន្លា ភ្នំរដិបរដុប ច្រើនជាង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតលើគោក មានចំនួនតិច ពួកសត្វ ដែលកើតក្នុងទឹក ច្រើនជាង ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វ ដែលកើតក្រៅពីមនុស្សលោក ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលកើតក្នុងមជ្ឈិមជនបទ មានចំនួនតិច ពួកសត្វ ដែលកើតក្នុងបច្ចន្តជនបទ ក្នុងមិលក្ខៈកំណើត ជាអ្នកមិនចេះដឹង ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានបញ្ញា មិនល្ងង់ខ្លៅ មិនល្មេញល្មើ អាចដឹងសេចក្តី នៃសុភាសិត សេចក្តីនៃទុព្ភាសិតបាន មានចំនួនតិច ពួកសត្វ ដែលឥតបញ្ញា ជាអ្នកល្ងង់ខ្លៅ ល្មេញល្មើ មិនអាចដឹងសេចក្តី នៃសុភាសិត ទុព្ភាសិតបាន ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលបរិបូណ៌ ដោយបញ្ញាចក្ខុ ដ៏ប្រសើរ មានចំនួនតិច ពួកសត្វ ដែលលុះក្នុងអំណាចអវិជ្ជា ជាអ្នកភាន់ច្រឡំ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលបានឃើញតថាគត មានប្រមាណតិច សត្វទាំងឡាយ ដែលមិនបានឃើញតថាគត ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលបានស្តាប់ធម្មវិន័យតថាគតសំដែង មានចំនួនតិច ពួកសត្វ ដែលមិនបានស្តាប់ធម្មវិន័យតថាគតសំដែង ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលស្តាប់ធម៌ហើយ ចងចាំបាន មានចំនួនតិច ពួកសត្វ ដែលស្តាប់ធម៌ហើយ ចងចាំមិនបាន ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលពិចារណា នូវសេចក្តី អធិប្បាយនៃបាលី ដែលខ្លួនចងចាំបានហើយ មានចំនួនតិច ពួកសត្វ ដែលមិនបានពិចារណា នូវសេចក្តីអធិប្បាយ នៃបាលី ដែលខ្លួនចងចាំបានហើយ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលដឹងច្បាស់ នូវសេចក្តីអធិប្បាយ ដឹងច្បាស់នូវបាលី ហើយប្រតិបតិ្តធម៌ ដ៏សមគួរដល់ធម៌ មានប្រមាណតិច ពួកសត្វ ដែលដឹងច្បាស់ នូវសេចក្តីអធិប្បាយ ដឹងច្បាស់នូវបាលី ហើយមិនប្រតិបតិ្តធម៌ សមគួរដល់ធម៌ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលសង្វេគ ក្នុងហេតុដែលគួរសង្វេគ មានចំនួនតិច ពួកសត្វ ដែលមិនសង្វេគ ក្នុងហេតុដែលគួរសង្វេគ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលសង្វេគ ហើយផ្គងព្យាយាមឡើង ដោយការយកចិត្តទុកដាក់ មានចំនួនតិច ពួកសត្វដែលសង្វេគ ហើយមិនផ្គងព្យាយាមឡើង ដោយការយកចិត្តទុកដាក់ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ ហើយបាននូវសមាធិ3) បាននូវឯកគ្គតាចិត្ត មានចំនួនតិច ពួកសត្វ ដែលធ្វើព្រះនិព្វាន ឲ្យជាអារម្មណ៍ហើយ មិនបាននូវសមាធិ មិនបាននូវឯកគ្គតាចិត្ត ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលជាអ្នកបាន នូវបាយដ៏ប្រសើរ និងរសដ៏ប្រសើរ មានចំនួនតិច ពួកសត្វដែលជា អ្នកមិនបាននូវបាយដ៏ប្រសើរ និងរសដ៏ប្រសើរ តែងចិញ្ចឹមជីវិត ដោយការស្វែងរកផ្លែឈ្លើ មើមឈើ ដោយភត្ត ដែលគេនាំមក ដោយអម្បែង ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលជាអ្នកបាននូវអត្ថរស (ផល៤) ធម្មរស (មគ្គ៤) វិមុត្តិរស (ព្រះនិពា្វន) មានចំនួនតិច ពួកសត្វ ដែលជាអ្នកមិនបាន នូវអត្ថរស ធម្មរស វិមុត្តិរស មានចំនួនច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងបាននូវអត្ថរស ធម្មរស វិមុត្តិរស។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។
[២០៦] ម្នាលភិក្ខុទាំងឡាយ ដូចអារាមគួរជាទីរីករាយ ព្រៃគួរជាទីរីករាយ ភូមិគួរ ជាទីរីករាយ ស្រះឈូកគួរជាទីរីករាយ ក្នុងជម្ពូទ្វីបនេះ មានចំនួនតិច ត្រង់ទីដែលទួល និង ទំនាបជង្ហុកស្ទឹង ទីមានដង្គត់ និងបន្លា ភ្នំរដិបរដុប ច្រើនជាង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំង ឡាយ ពួកសត្វ ដែលច្យុតអំពីមនុស្សលោក កើតក្នុងមនុស្សលោកវិញ មានចំនួនតិច ពួកសត្វ ដែលច្យុតអំពីមនុស្សលោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីមនុស្សលោក កើត ក្នុងទេវលោក មានចំនួនតិច ពួកសត្វ ដែលច្យុតអំពីមនុស្សលោក កើតក្នុងនរក កើតក្នុង កំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួក សត្វ ដែលច្យុតអំពីទេវលោក កើតក្នុងទេវលោកវិញ មានចំនួនតិច ពួកសត្វ ដែលច្យុតអំពី ទេវលោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីទេវលោក កើតក្នុងមនុស្សលោក មាន ចំនួនតិច ពួកសត្វ ដែលច្យុតអំពីទេវលោក កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុង បិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីនរក កើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វ ដែលច្យុតអំពីនរក កើតក្នុងនរកវិញ កើតក្នុង កំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីនរក កើតក្នុងទេវលោក មានចំនួនតិច ពួកសត្វដែលច្យុត អំពីនរក កើតក្នុង នរកវិញ កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុ ទាំងឡាយ ពួកសត្វ ដែលច្យុតអំពីតិរច្ឆាន កើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វ ដែល ច្យុតអំពីតិរច្ឆាន កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីតិរច្ឆាន កើតក្នុងទេវលោក មានចំនួនតិច ពួកសត្វ ដែលច្យុតអំពីកំណើតតិរច្ឆាន កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងមនុស្សលោក មានចំនួនតិច ពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងទេវលោក មានចំនួនតិច ពួកសត្វ ដែលច្យុតអំពីបិត្តិវិស័យ កើតក្នុងនរក កើតក្នុងកំណើតតិរច្ឆាន កើតក្នុងបិត្តិវិស័យ ច្រើនជាង ក៏យ៉ាងនោះដែរ។
ចប់ វគ្គ ទី៤។