តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ទុកនិបាត » បឋមបណ្ណាសក » កម្មករណវគ្គ ទី១ »
ទោសទាំងឡាយនេះ មាន ២ ប្រការ គឺទោស ដែលឲ្យផល ក្នុងបច្ចុប្បន្ននេះ ១ និង ក្នុងលោកខាងមុខ ១។
an 02.001 បាលី cs-km: sut.an.02.001 អដ្ឋកថា: sut.an.02.001_att PTS: ?
វជ្ជសូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. វជ្ជសុត្តំ)
[២៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវតី្ថ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយនេះ មាន ២ ប្រការ។ ទោស ២ ប្រការ ដូចម្តេចខ្លះ។ គឺទោស ដែលឲ្យផល ក្នុងបច្ចុប្បន្ននេះ ១ ទោសដែលឲ្យផល ក្នុងលោកខាងមុខ ១។ ម្នាលភិក្ខុទាំងឡាយ ចុះទោស ដែលឲ្យផលក្នុងបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុងទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឃើញស្តេចឲ្យចាប់ចោរ ដែលប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើដោយកម្មករណ៍ទាំងឡាយផ្សេងៗគឺ វាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ ទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ធ្វើនូវពិលង្គថាលិកកម្ម (អំពើដែលគេធ្វើក្បាល ឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់) ខ្លះ ធ្វើនូវសង្ខមុណ្ឌិកកម្ម (អំពើដែលគេពន្លះស្បែកក្បាល ឲ្យរលីង ដូចជាសម្បកស័ង្ខ) ខ្លះ ធ្វើនូវរាហុមុខកម្ម (អំពើដែលគេធ្វើរង្វះមាត់ ឲ្យដូចជាមាត់រាហូ) ខ្លះ ធ្វើនូវជោតិមាលិកកម្ម (អំពើដែលគេរុំខ្លួនទាំងមូល ដោយសំពត់ជ្រលក់ប្រេង) ខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម (អំពើដែលគេរុំដៃ ដោយសំពត់ជ្រលក់ប្រេង) ខ្លះ ធ្វើនូវឯរកវដ្តិកកម្ម (អំពើដែលគេធ្វើ ដូចជាពន្លាត់ស្បែកពពែ) ខ្លះ ធ្វើនូវចីរកវាសិកកម្ម (អំពើដែលគេធ្វើ ឲ្យដូចជាសំពត់សម្បកឈើ) ខ្លះ ធ្វើនូវឯណេយ្យកកម្ម (អំពើដែលគេធ្វើ ឲ្យដូចជាជើងសត្វទ្រាយ) ខ្លះ ធ្វើនូវពឡិសមំសិកកម្ម (អំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូច) ខ្លះ ធ្វើនូវកហាបណកម្ម (អំពើដែលគេធ្វើឲ្យខូចសរីរៈ ប្រមាណប៉ុនកហាបណៈមួយ) ខ្លះ ធ្វើនូវខារាបដិច្ឆកកម្ម (អំពើដែលគេយកទឹកផ្សាស្រោច) ខ្លះ ធ្វើនូវបលិឃបរិវត្តកកម្ម (អំពើដែលគេធ្វើ ដូចជាបង្វិលជើងគុល ឬសសរគោល) ខ្លះ ធ្វើនូវបលាលបីឋកកម្ម (អំពើដែលគេធ្វើ ឲ្យដូចជាកណ្តាប់ចំបើង) ខ្លះ ស្រោចដោយប្រេង ដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារ លើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ។ លុះបុគ្គលនោះ (បានឃើញហើយ) ក៏គិតយ៉ាងនេះ។ ពួកស្តេចឲ្យចាប់ចោរ ដែលប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើដោយកម្មករណ៍ផ្សេងៗ គឺវាយដោយរំពាត់ខ្លះៗ។ បេ។ កាត់ក្បាល ដោយដាវខ្លះ ព្រោះហេតុអំពើអាក្រក់ មានសភាពយ៉ាងណា។ ប្រសិនបើអាត្មាអញ ធ្វើអំពើអាក្រក់ មានសភាពយ៉ាងនោះវិញ ក៏ពួកស្តេច ឲ្យចាប់អាត្មាអញ ហើយគប្បីធ្វើដោយកម្មករណ៍ផ្សេងៗ មានសភាពដូច្នោះដែរ គឺវាយដោយរំពាត់ខ្លះ។ បេ។ កាត់ក្បាល ដោយដាវខ្លះ។ បុរសនោះ ខ្លាចទោស ដែលឲ្យផល ក្នុងបច្ចុប្បន្ននេះ ក៏លែងលួចប្លន់ទ្រព្យសម្បតិ្ត របស់បុគ្គលដទៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោសឲ្យផល ក្នុងបច្ចុប្បន្ននេះ។ ម្នាលភិក្ខុទាំងឡាយ ចុះទោស ដែលឲ្យផល ក្នុងលោកខាងមុខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាឃើញច្បាស់ ដូច្នេះថា ផលដ៏លាមក របស់កាយទុច្ចរិត នឹងមានក្នុងលោកខាងមុខ ផលដ៏លាមក របស់វចីទុច្ចរិត នឹងមានក្នុងលោកខាងមុខ ផលដ៏លាមក របស់មនោទុច្ចរិត នឹងមានក្នុងលោកខាងមុខ ប្រសិនបើអាត្មាអញ ប្រព្រឹត្តទុច្ចរិត ដោយកាយក្តី ប្រព្រឹត្តទុច្ចរិត ដោយវាចាក្តី ប្រព្រឹត្តទុច្ចរិត ដោយចិត្តក្តី អំពើណាមួយ ក៏សុទ្ធតែជាហេតុ នាំឲ្យអាត្មាអញ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ បុរសនោះ ខ្លាចចំពោះទោស ដែលឲ្យផល ក្នុងលោកខាងមុខ ទើបលះកាយទុច្ចរិត ចំរើនកាយសុចរិត លះវចីទុច្ចរិត ចំរើនវចីសុចរិត លះមនោទុច្ចរិត ចំរើនមនោសុចរិត ទើបឈ្មោះថា រក្សាខ្លួនឲ្យបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទោសដែលឲ្យផល ក្នុងលោកខាងមុខ។ ម្នាលភិក្ខុទាំងឡាយ ទោសមាន ២ ប្រការនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា ក្នុងសាសនានេះ យ៉ាងនេះចុះថា យើងទាំងឡាយ នាំគ្នាខ្លាចចំពោះទោស ដែលឲ្យផល ក្នុងបច្ចុប្បន្ន នាំគ្នាខ្លាចចំពោះទោស ដែលឲ្យផល ក្នុងលោកខាងមុខ ជាអ្នកខ្លាច ចំពោះទោស ជាប្រក្រតី ជាអ្នកឃើញភ័យ ក្នុងទោស ជាប្រក្រតី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរខ្លាចចំពោះទោស ជាប្រក្រតី គួរឃើញនូវភ័យ ក្នុងទោសជាប្រក្រតី គប្បីប៉ុនប៉ង ចំពោះហេតុ ដែលនាំឲ្យខ្លួនរួចផុតចាកទោសទាំងពួង។