តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ទុកនិបាត » បឋមបណ្ណាសក » អធិករណវគ្គ ទី២ »
កំឡាំង ២ ប្រការ៖ កំឡាំង ការពិចារណា ១ កំឡាំង ភាវនា ១។
an 02.012 បាលី cs-km: sut.an.02.012 អដ្ឋកថា: sut.an.02.012_att PTS: ?
អធិករណវគ្គ សូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
អានដោយ ឧបាសក ស្រស់
(១២.)
[២៥៨] ម្នាលភិក្ខុទាំងឡាយ កំឡាំងនេះ មាន ២ ប្រការ។ កំឡាំង ២ ប្រការ គឺអី្វខ្លះ។ កំឡាំង គឺការពិចារណា ១ កំឡាំង គឺភាវនា ១។ ម្នាលភិក្ខុទាំងឡាយ កំឡាំង គឺការពិចារណា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាឃើញ ដូច្នេះថា ផលដ៏លាមក របស់កាយទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផល ដ៏លាមក របស់វចីទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់មនោទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង លុះបុគ្គលនោះ ពិចារណាឃើញ ដូច្នេះហើយ ទើបលះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើនមនោសុចរិត ហើយរក្សាខ្លួន ឲ្យបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កំឡាំង គឺការពិចារណា។ ម្នាលភិក្ខុទាំងឡាយ ចុះកំឡាំង គឺភាវនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ អាស្រ័យវិវេក អាស្រ័យវិរាគ អាស្រ័យនិរោធ បង្អោនទៅ ដើម្បីលះបង់ ចំរើននូវធម្មវិចយសម្ពោជ្ឈង្គ… ចំរើននូវវីរិយសម្ពោជ្ឈង្គ… ចំរើននូវបីតិសម្ពោជ្ឈង្គ… ចំរើននូវបស្សទិ្ធសម្ពោជ្ឈង្គ… ចំរើននូវសមាធិសម្ពោជ្ឈង្គ… ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យវិវេក អាស្រ័យវិរាគ អាស្រ័យនិរោធ បង្អោនទៅ ដើម្បីលះបង់ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កំឡាំង គឺភាវនា។ ម្នាលភិក្ខុទាំងឡាយ កំឡាំង មាន ២ ប្រការ នេះឯង។