km:tipitaka:sut:an:02:sut.an.02.013

អធិករណវគ្គ សូត្រ ទី៣

សង្ខេប

ខុស​គ្នា​បន្តិច​ទៅ​នឹង​សូត្រ​ៗ មុន៖ កំលាំងញាណ ២​យ៉ាង​។

an 02.013 បាលី cs-km: sut.an.02.013 អដ្ឋកថា: sut.an.02.013_att PTS: ?

អធិករណវគ្គ សូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១៣.)

[២៥៩] ម្នាលភិក្ខុទាំងឡាយ កំឡាំងនេះ មាន ២ ប្រការ។ កំឡាំង ២ ប្រការ តើអី្វខ្លះ។ កំឡាំង គឺការពិចារណា ១ កំឡាំង គឺភាវនា ១។ ម្នាលភិក្ខុទាំងឡាយ កំឡាំង គឺការពិចារណា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណាឃើញ ដូច្នេះថា ផលដ៏លាមក របស់កាយទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់វចីទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់មនោទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង លុះបុគ្គលនោះ ពិចារណា ដូច្នេះហើយ ទើបលះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើន វចីសុចរិត លះបង់មនោទុច្ចរិត ចំរើនមនោសុចរិត ហើយរក្សាខ្លួន ឲ្យបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កំឡាំង គឺការពិចារណា។ ម្នាលភិក្ខុទាំងឡាយ កំឡាំង គឺភាវនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលទាំងឡាយ ចូលកាន់បឋមមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ជាអារម្មណ៍ ព្រោះរម្ងាប់វិតក្កៈ វិចារៈ ភិក្ខុនោះ ក៏ចូលទុតិយជ្ឈាន ជាទីផូរផង ប្រព្រឹត្តទៅ ខាងក្នុងនៃសន្តានចិត្ត ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ វិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះលះបីតិចេញ ភិក្ខុនោះ ក៏ជាបុគ្គលព្រងើយ មានស្មារតី សេចក្តីដឹងខ្លួន បានទទួលសុខ ដោយនាមកាយ ព្រះអរិយបុគ្គលទាំងឡាយ តែងសរសើរ នូវបុគ្គលដែលបានតតិយជ្ឈាន ថាជាបុគ្គលមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតីនៅជាសុខ ព្រោះតតិយជ្ឈានណា ក៏ចូលកាន់តតិយជ្ឈាននោះ ព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង ព្រោះអស់ទៅ នៃសោមនស្ស និងទោមនស្សក្នុងកាលមុនផង ភិក្ខុនោះ ក៏ចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ម្នាលភិក្ខុទាំងឡាយ នេះហៅថា កំឡាំង គឺភាវនា។ ម្នាលភិក្ខុទាំងឡាយ កំឡាំង មាន ២ ប្រការនេះឯង។

 

លេខយោង

km/tipitaka/sut/an/02/sut.an.02.013.txt · ពេលកែចុងក្រោយ: 2023/12/05 15:22 និពន្ឋដោយ Johann