km:tipitaka:sut:an:02:sut.an.02.016

អធិករណវគ្គ សូត្រ ទី៦

សង្ខេប

ព្រាហ្មណ៍​ម្នាក់ ​សួរ​​ថា ហេតុ​អ្វី​​បាន​ជា​អ្នក​ខ្លះ​ស្លាប់​ទៅ​កើត​ក្នុង​ទី​រីករាយ ខ្លះ​ទៀត​ក្នុង​ទី​សោក។

an 02.016 បាលី cs-km: sut.an.02.016 អដ្ឋកថា: sut.an.02.016_att PTS: ?

អធិករណវគ្គ សូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១៦.)

[២៦២] គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ពោលពាក្យរីករាយ នឹងព្រះមានព្រះភាគ លុះពោលពាក្យគួររីករាយ និងពាក្យគួររលឹកហើយ អង្គុយក្នុងទីសមគួរ។ លុះព្រហ្មណ៍នោះ អង្គុយក្នុងទីសមគួររួចហើយ ទើបក្រាបបង្គំទួលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យសត្វពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុង អបាយ ទុគ្គតិ វិនិបាត នរក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះតែទំលាយរាងកាយ បន្ទាប់អំពីមរណៈទៅ កើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក យ៉ាងនេះ ព្រោះហេតុប្រព្រឹត្ត មិនត្រូវតាមធម៌ ប្រព្រឹត្តមិនស្មើ។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យសត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះហេតុប្រព្រឹត្តត្រូវតាមធម៌ ប្រព្រឹត្តស្មើ។ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន សំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចជាមនុស្ស ចាប់របស់ដែលគេផ្កាប់ ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើកបង្ហាញរបស់ ដែលគេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬក៏ដូចជាមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែកភ្លឺទាំងឡាយ នឹងបានឃើញនូវរូប ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថែ្ងនេះទៅ។

 

លេខយោង

km/tipitaka/sut/an/02/sut.an.02.016.txt · ពេលកែចុងក្រោយ: 2023/12/06 14:20 និពន្ឋដោយ Johann