km:tipitaka:sut:an:02:sut.an.02.017

អធិករណវគ្គ សូត្រ ទី៧

សង្ខេប

ព្រោះ​អំពើ​ដែល​ខ្លួន​ធ្វើ និងមិនធ្វើ នាំ​​ឲ្យ​​​​​ការ​ខុស​គ្នា ព្រាហ្មណ៍​​បាន​​ទទួល​​ពាក្យ​ប្រៀន​​ប្រដៅ​​នេះ។

an 02.017 បាលី cs-km: sut.an.02.017 អដ្ឋកថា: sut.an.02.017_att PTS: ?

អធិករណវគ្គ សូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១៧.)

[២៦៣] គ្រានោះ ជានុស្សោណីព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរីករាយ នឹងព្រះដ៏មានព្រះភាគ លុះពោលពាក្យគួររីករាយ និងពាក្យគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះជានុស្សោណីព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យសត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើត ក្នុងអបាយ ទុគ្គតិ វិនិបាត នរក យ៉ាងនេះ ព្រោះអំពើដែលខ្លួនធ្វើផង មិនធ្វើផង។ បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យសត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះអំពើដែលខ្លួនធ្វើផង មិនធ្វើផង។ ព្រាហ្មណ៍ក្រាបបង្គំទូលថា ភាសិតរបស់ព្រះគោតមដ៏ចំរើននេះ សង្ខេបពេកណាស់ ខ្ញុំព្រះអង្គ មិនអាចនឹងដឹងសេចកី្ត ដោយពិស្តារបានទេ។ សូមព្រះគោតមដ៏ចំរើន ទ្រង់សំដែងធម៌ តាមទំនង ដែលខ្ញុំព្រះអង្គ គប្បីចូលចិត្ត នូវសេចក្តីនៃភាសិត ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែង ដោយសង្ខេបនេះ ដោយសេចកី្តពិស្តារឲ្យទាន។ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរស្តាប់ ចូរប្រុងចិត្តឲ្យស្រួលបួលចុះ តថាគតនឹងសំដែង។ ជានុស្សោណីព្រាហ្មណ៍ ទទួលព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ ធ្វើតែកាយទុច្ចរិត មិនធ្វើកាយសុចរិត ធ្វើតែវចីទុច្ចរិត មិនធ្វើវចីសុចរិត ធ្វើតែមនោទុច្ចរិត មិនធ្វើមនោសុចរិត ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយរាងកាយ បន្ទាប់អំពីមរណៈ តែងទៅកើតក្នុងអបាយ ទុគតិ វិនិបាត នរក យ៉ាងនេះ ព្រោះអំពើដែលខ្លួនធ្វើផង មិនធ្វើផង ដូច្នេះ ម្នាលព្រាហ្មណ៍ ឯសត្វពួកខ្លះ ក្នុងលោកនេះ ធ្វើតែកាយសុចរិត មិនធ្វើកាយទុច្ចរិត ធ្វើតែវចីសុចរិត មិនធ្វើវចីទុច្ចរិត ធ្វើតែមនោសុចរិត មិនធ្វើមនោទុច្ចរិត ម្នាលព្រាហ្មណ៍ សត្វពួកខ្លះ ក្នុងលោកនេះ លុះទំលាយ រាងកាយ បន្ទាប់អំពីមរណៈ តែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះអំពើ ដែលខ្លួនធ្វើផង មិនធ្វើផង ដូច្នេះ។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ពិរោះណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។

 

លេខយោង

km/tipitaka/sut/an/02/sut.an.02.017.txt · ពេលកែចុងក្រោយ: 2023/12/06 14:26 និពន្ឋដោយ Johann