km:tipitaka:sut:an:02:sut.an.02.037

សមចិត្តវគ្គ សូត្រ ទី៥

សង្ខេប

អំពី​បុគ្គល ដែល​មាន​សញ្ញោជនៈ​ខាង​ក្នុង និង បុគ្គល ដែល​មាន​សញ្ញោជនៈ ខាង​ក្រៅ និង​កន្លែង​ដែល​វា​អាច​ទទួល​បាន។ ហើយ​មាន​តែ​នៅ​ទីនេះទេ ក្នុង​​អត្ថិភាព​នេះ ក្នុង​សាសនា​នេះ ដែល​គុណ​សម្បត្តិ​ពិសេស អាច​ទទួល​បាន។ មិន​​ឆ្លាត​​ទេ​ បើ​មិន​​ប្រើ​​លទ្ធភាព​​កម្រ​​នេះ​។

an 02.037 បាលី cs-km: sut.an.02.037 អដ្ឋកថា: sut.an.02.037_att PTS: ?

សមចិត្តវគ្គ សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

អានដោយ ឧបាសិកា វិឡា

(៣៧.)

[២៨១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តមានអាយុ ក៏គង់នៅក្នុងប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថីដែរ។ ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ដ៏មានអាយុ។ ពួកភិក្ខុទាំងនោះ ទទួលថេរវាចា របស់ព្រះសារីបុត្តមានអាយុថា អាវុសោ។ ទើបព្រះសារីបុត្តមានអាយុ មានថេរវាចា ដូច្នេះថា ម្នាលអាវុសោ ខ្ញុំនឹងសំដែងនូវបុគ្គល ដែលមានសញ្ញោជនៈខាងក្នុងផង នូវបុគ្គល ដែលមានសញ្ញោជនៈ ខាងក្រៅផង អ្នកទាំងឡាយ ចូរចាំស្តាប់នូវបុគ្គលនោះ ចូរប្រុងចិត្ត ឲ្យប្រពៃចុះ ខ្ញុំនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលថេរវាចា របស់ព្រះសារីបុត្តមានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តមានអាយុ បានសំដែង ដូច្នេះថា ម្នាលអាវុសោ បុគ្គល ដែលមានសញ្ញោជនៈខាងក្នុង តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ អ្នកមានសីលសង្រួម ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយ អាចារៈ និងគោចរៈ ឃើញភ័យចំពោះទោសតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ លុះភិក្ខុនោះ ទំលាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងទេវនិកាយណាមួយ (កាមាវចរទេវលោក) លុះភិក្ខុនោះ ច្យុតអំពីទេវនិកាយនោះហើយ រមែងមានដំណើរមកកាន់មនុស្សលោកនេះម្តងទៀត ម្នាលអាវុសោ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្នុង រមែងមានដំណើរមកកាន់មនុស្សលោកនេះ។ ម្នាលអាវុសោ ចុះបុគ្គលមានសញ្ញោជនៈ ខាងក្រៅ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យចំពោះទោសតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ភិក្ខុនោះ បានចូលកាន់ចេតោវិមុតិ្ត ដែលជាធម្មជាតិស្ងប់ចាកកិសេលណាមួយ សម្រេចសម្រាន្តនៅ លុះភិក្ខុនោះ ទំលាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងទេវនិកាយណាមួយ (សុទ្ធាវាស ៥ ជាន់ ណាមួយ) លុះភិក្ខុនោះ ច្យុតអំពីទេវនិកាយនោះ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះ (ទៀតឡើយ) ម្នាលអាវុសោ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្រៅ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះទៀតឡើយ។ ម្នាលអាវុសោ ហេតុដទៃ នៅមានទៀត ភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារៈ និងគោចរៈ ឃើញភ័យចំពោះទោសតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ភិក្ខុនោះ ប្រតិបតិ្ត ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ទៅនៃកាមទាំងឡាយ ភិក្ខុនោះ ប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ទៅ នៃភពទាំងឡាយ ភិក្ខុនោះ ប្រតិបត្តិ ដើម្បីឲ្យអស់ទៅ នៃតណ្ហា ភិក្ខុនោះ ប្រតិបតិ្ត ដើម្បីឲ្យអស់ទៅ នៃលោភ លុះភិក្ខុនោះ ទំលាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងទេវនិកាយ ណាមួយ លុះភិក្ខុនោះ ច្យុតអំពីទេវនិកាយនោះ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះទៀតឡើយ ម្នាលអាវុសោ នេះហៅថា បុគ្គលមានសញ្ញោជនៈខាងក្រៅ ជាអ្នកមិនមានដំណើរមកកាន់កាមធាតុនេះទៀតឡើយ។ លំដាប់នោះ មានទេវតាច្រើនអង្គ ឈ្មោះ សមចិត្តា (មានអត្តភាពល្អិត) នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ អង្គនុ៎ះ សំដែងបុគ្គល ដែលមានសញ្ញោជនៈខាងក្នុងផង បុគ្គលដែលមានសញ្ញោជនៈខាងក្រៅផង ដល់ពួកភិក្ខុ នៅនាប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម បពិត្រព្រះអង្គដ៏ចំរើន ពួកបរិស័ទមានចិត្តរីករាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ អាស្រ័យសេចកី្តអនុគ្រោះ ទ្រង់ស្តេចចូលទៅរកព្រះសារីបុត្តមានអាយុផងចុះ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរបាត់ព្រះអង្គ ចេញពីវិហារជេតពន ទៅប្រតិស្ឋាន ត្រង់ទីចំពោះមុខព្រះសារីបុត្តដ៏មានអាយុ នៅនាប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម (ក្នុងមួយរំពេច) ដូចបុរសអ្នកមានកំឡាំង លាដៃដែលបត់ចូល ឬបត់ដៃ ដែលលាចេញ ដូច្នោះដែរ។ ព្រះដ៏មានព្រះភាគ គង់លើអាសនៈ ដែលគេក្រាលថ្វាយហើយ។ ឯព្រះសារីបុត្តមានអាយុ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលសារីបុត្ត ក្នុងទីនេះ មានពួកទេវតាច្រើនអង្គ ឈ្មោះ សមចិត្តា នាំគ្នាចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីដ៏សមគួរ។ ម្នាលសារីបុត្ត លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលនឹងតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ អង្គនុ៎ះ សំដែងនូវបុគ្គល ដែលមានសញ្ញោជនៈ ខាងក្នុងផង បុគ្គលដែលមានសញ្ញោជនៈ ខាងក្រៅផង ដល់ភិក្ខុទាំងឡាយ នៅនាប្រាសាទ នៃមិគារមាតា ក្នុងបុព្វារាម បពិត្រព្រះអង្គដ៏ចំរើន ពួកបរិស័ទ ក៏មានចិត្តរីករាយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យសេចកី្តអនុគ្រោះ ទ្រង់ស្តេចចូលទៅរកព្រះសារីបុត្តដ៏មានអាយុផងចុះ ម្នាលសារីបុត្ត ឯពួកទេវតាទាំងនោះ មានចំនួន ១០ អង្គខ្លះ ២០ អង្គខ្លះ ៣០ អង្គខ្លះ ៤០ អង្គខ្លះ ៥០ អង្គខ្លះ ៦០ អង្គខ្លះ ឋិតនៅក្នុងទីឱកាស ល្មមចាក់ដោយចុងដែកស្រួចបាន តែមិនច្រៀតបៀត ដល់គ្នានឹងគ្នាឡើយ ម្នាលសារីបុត្ត ឯចំណែកអ្នក គង់មានគំនិត យ៉ាងនេះថា ពិតមែនតែពួកទេវតាទាំងនោះ ក្នុងទីប្រជុំនោះ សឹងមានចិត្តហ្វឹកហ្វឺនហើយដូចៗគ្នា ទើបបានជាពួកទេវតាទាំងនោះ មានចំនួន ១០ អង្គខ្លះ ២០ អង្គខ្លះ ៣០ អង្គខ្លះ ៤០ អង្គខ្លះ ៥០ អង្គខ្លះ ៦០ អង្គខ្លះ ឋិតនៅក្នុងទីឱកាស ល្មមចាក់ដោយចុងដែកស្រួចប៉ុណ្ណោះ តែមិនច្រៀតបៀត ដល់គ្នានឹងគ្នាឡើយ ម្នាលសារីបុត្ត ដំណើរនុ៎ះ អ្នកមិនគួរឃើញ យ៉ាងនេះទេ ម្នាលសារីបុត្ត ពួកទេវតាទាំងនោះ ក្នុងទីប្រជុំនេះ សឹងមានចិត្តហ្វឹកហ្វឺនហើយដូចៗគ្នា ទើបបានជាទេវតាទាំងនោះ មានចំនួន ១០ អង្គខ្លះ។ បេ។ តែគង់មិនច្រៀតបៀត ដល់គ្នានឹងគ្នាឡើយ ម្នាលសារីបុត្ត ព្រោហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងនឹងមានឥន្រ្ទិយស្ងប់រម្ងាប់ មានចិត្តស្ងប់រម្ងាប់ ម្នាលសារីបុត្ត អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះ ម្នាលសារីបុត្ត លុះអ្នកទាំងឡាយ មានឥន្រ្ទិយស្ងប់រម្ងាប់ មានចិត្តស្ងប់រម្ងាប់ពិតហើយ កាយកម្ម នឹងស្ងប់រម្ងាប់ឯង វចីកម្ម នឹងស្ងប់រម្ងាប់ដែរ មនោកម្ម នឹងស្ងប់រម្ងាប់ដែរ ដោយបំណងថា យើងនឹងប្រមូលមក នូវការផ្គូផ្គង (នូវកាយវាចា) ចំពោះពួកសព្រហ្មចារី ម្នាលសារីបុត្ត អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះ ម្នាលសារីបុត្ត ពួកអន្យតិរ្ថីយ បរិព្វាជកណា មិនបានស្តាប់ធម្មបរិយាយនេះ ពួកអន្យតិរ្ថីយ បរិព្វាជកទាំងនោះ រមែងវិនាសទៅឯង។

 

លេខយោង

km/tipitaka/sut/an/02/sut.an.02.037.txt · ពេលកែចុងក្រោយ: 2024/01/22 14:36 និពន្ឋដោយ Johann