km:tipitaka:sut:an:02:sut.an.02.038

សមចិត្តវគ្គ សូត្រ ទី៦

សង្ខេប

ព្រះមហាកច្ចានៈទ្រង់ត្រាស់ពន្យល់អំពី​​​​​​​​​​​មូល​​ដ្ឋាន​​​នៃ​​​ការ​​​គោរព​​​ ដោល​អារាមទណ្ឌ​ព្រាហ្មណ៍។

an 02.038 បាលី cs-km: sut.an.02.038 អដ្ឋកថា: sut.an.02.038_att PTS: ?

សមចិត្តវគ្គ សូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

សូមមើលផងដែរនៅ វេរញ្ជកណ្ឌ នៅ​ក្នុង​វិន័យបិដក

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣៨.)

[២៨២] សម័យមួយ ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅប្របឆ្នេរស្រះកទ្ទមៈ ជិតក្រុងវរណា។ លំដាប់នោះ អារាមទណ្ឌព្រាហ្មណ៍ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយនឹងព្រះមហាកច្ចានៈដ៏មានអាយុ ហើយនិយាយពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹក ហើយក៏អង្គុយក្នុងទីដ៏សមគួរ។ លុះអារាមទណ្ឌព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបនិយាយនឹងព្រះមហាកច្ចានៈដ៏មានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈ ដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកខត្តិយៈ ទាស់ទែងនឹងពួកខត្តិយៈ ក៏មាន ពួកព្រាហ្មណ៍ ទាស់ទែងនឹងពួកព្រាហ្មណ៍ ក៏មាន ពួកគហបតី ទាស់ទែងនឹងពួកគហបតី ក៏មាន។ ព្រះមហាកច្ចានៈតបថា ម្នាលព្រាហ្មណ៍ ពួកខត្តិយៈ ទាស់ទែងនឹងពួកខត្តិយៈ ក៏មាន ពួកព្រាហ្មណ៍ ទាស់ទែងនឹងពួកព្រាហ្មណ៍ ក៏មាន ពួកគហបតី ទាស់ទែងនឹងពួកគហបតី ក៏មាន ព្រោះហេតុតែកាមរាគ ជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិត។ បពិត្រព្រះកច្ចានៈ ដ៏ចំរើន ចុះអ្វីជាហេតុ ចុះអ្វីជាបច្ច័យ ដែលនាំឲ្យពួកសមណៈ ទាស់ទែងនឹងពួកសមណៈ ម្នាលព្រាហ្មណ៍ ពួកសមណៈ ទាស់ទែងនឹងពួកសមណៈ ព្រោះហេតុតែទិដិ្ឋរាគៈ ជាចំណង ចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិត។ បពិត្រព្រះកច្ចានៈដ៏ចំរើន ចុះបុគ្គលណាមួយ ក្នុងលោក ជាអ្នកប្រព្រឹត្តកន្លង នូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្រប សង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះចេញបានផង មានខ្លះឬទេ។ ម្នាលព្រាហ្មណ៍ បុគ្គលជាអ្នកប្រព្រឹត្តកន្លង នូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង តែងមានក្នុងលោក។ បពិត្រព្រះកច្ចានៈដ៏ចំរើន ចុះក្នុងលោកនេះ មានបុគ្គលណាហ្ន៎ ដែលជាអ្នកប្រព្រឹត្តកន្លង នូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណង ចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះចេញបានផង។ ម្នាលព្រាហ្មណ៍ មានក្រុងឈ្មោះ សាវត្ថី នៅក្នុងជនបទទិសខាងកើត ឥឡូវនេះ ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ទ្រង់គង់នៅទៀបក្រុងនោះ ម្នាលព្រាហ្មណ៍ ព្រះដ៏មានព្រះភាគ អង្គនោះហើយ ដែលជាអ្នកប្រព្រឹត្តកន្លងនូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ជាអ្នកប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតចេញបានផង។ លុះព្រះកច្ចានៈដ៏មានអាយុ សំដែងយ៉ាងនេះហើយ ទើបអារាមទណ្ឌព្រាហ្មណ៍ ក្រោកចាកទីអង្គុយ ធ្វើសំពត់ដណ្តប់ឆៀងស្មាម្ខាង លុតមណ្ឌលជង្គង់ ខាងស្តាំ លើផែនដី ប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ បន្លឺនូវឧទាន អស់វារៈ ៣ ដងថា សូមក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ សូមក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ សូមក្រាបថ្វាយបង្គំ ចំពោះព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ព្រោះព្រះដ៏មានព្រះភាគ អង្គនោះ ទ្រង់ប្រព្រឹត្តកន្លង នូវកាមរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់ គ្របសង្កត់រួបរិតនេះ ចេញបានផង ទ្រង់ប្រព្រឹត្តកន្លង នូវទិដ្ឋិរាគៈ ដែលជាចំណងចងរិត ធ្វើឲ្យជាប់ជំពាក់គ្របសង្កត់រួបរិតនេះ ចេញបានផង។ បពិត្រព្រះកច្ចានៈដ៏ចំរើន ពីរោះណាស់ បពិត្រព្រះកច្ចានៈដ៏ចំរើន ពីរោះណាស់ បពិត្រព្រះកច្ចានៈដ៏ចំរើន ធម៌ដែលព្រះកច្ចានៈដ៏ចំរើន បានប្រកាសហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចគេផ្ងារ របស់ដែលផ្កាប់ចុះ ពុំនោះ ដូចគេបើករបស់បិទបាំង ពុំនោះសោត ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ឬក៏ដូចជាមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែកភ្លឺ នឹងមើយឃើញរូបទាំងឡាយបាន ដូច្នោះ បពិត្រព្រះកច្ចានៈដ៏ចំរើន ខ្ញុំព្រះករុណា សូមដល់នូវព្រះគោតមដ៏ចំរើននោះផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះកច្ចានៈដ៏ចំរើន ចាំទុកនូវខ្ញុំព្រះករុណាថា ជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត តាំងពីថៃ្ងនេះតទៅ។

 

លេខយោង

km/tipitaka/sut/an/02/sut.an.02.038.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann