km:tipitaka:sut:an:02:sut.an.02.039

សមចិត្តវគ្គ សូត្រ ទី៧

សង្ខេប

«… ខ្ញុំ​បាន​ឮ​ដំណឹង​នេះ​ថា ព្រះ​សមណកច្ចានៈ មិន​សំពះ មិន​ក្រោក​ទទួល មិន​និមន្ត ដោយ​អាសនៈ ចំពោះ​ពួក​ព្រាហ្មណ៍ ដែល​ចាស់ ជា​ព្រឹទ្ធា​ចារ្យ មាន​អាយុ​ច្រើន រស់​នៅ​បាន​យូរ​ឆ្នាំ​មក​ហើយ …»

an 02.039 បាលី cs-km: sut.an.02.039 អដ្ឋកថា: sut.an.02.039_att PTS: ?

សមចិត្តវគ្គ សូត្រ ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

សូមមើលផងដែរនៅទីនេះ៖ វេរញ្ជកណ្ឌ និង​រឿង​ដើម​អំពី សង្ឃាទិសេស ទី១៣

អានដោយ ឧបាសិកា វិឡា

(៣៩.)

[២៨៣] សម័យមួយ ព្រះមហាកច្ចានៈដ៏មានអាយុ គង់នៅក្នុងគុន្ទាវន1) ទៀបក្រុងមធុរា។ លំដាប់នោះ កណ្ឌរាយនព្រាហ្មណ៍ ចូលទៅរកព្រះមហាកច្ចានៈ ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយនឹងព្រះមហាកច្ចានៈដ៏មានអាយុ។ បេ។ លុះកណ្ឌរាយនព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបពិតព្រះមហាកច្ចានៈដ៏មានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈដ៏ចំរើន ខ្ញុំបានឮដំណឹងនេះថា ព្រះសមណកច្ចានៈ មិនសំពះ មិនក្រោកទទួល មិននិមន្ត ដោយអាសនៈ ចំពោះពួកព្រាហ្មណ៍ ដែលចាស់ ជាព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុលចូលទៅក្នុងបច្ឆិមវ័យសោះឡើយ បពិត្រព្រះកច្ចានៈដ៏ចំរើន ពាក្យដែលខ្ញុំបានឮមកនោះ ជាប្រាកដថា ព្រះកច្ចានៈដ៏ចំរើន មិនសំពះ មិនក្រោកទទួល មិននិមន្តដោយអាសនៈ ចំពោះពួកព្រាហ្មណ៍ ដែលចាស់ព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុល ចូលទៅក្នុងបច្ឆិមវ័យសោះឡើយ បពិត្រព្រះកច្ចានៈដ៏ចំរើន កិច្ច មានការមិនសំពះ ជាដើមនោះ មិនសមគួរទេ។ ព្រះកច្ចានៈដ៏មានអាយុ តបថា ម្នាលព្រាហ្មណ៍ ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ព្រះអង្គទ្រង់ជ្រាប ទ្រង់ឃើញបាន ទ្រង់សំដែងវុឌ្ឍិភូមិ (ជាន់មនុស្សចាស់) ផង ទហរភូមិ (ជាន់មនុស្សក្មេង) ផង ម្នាលព្រាហ្មណ៍ ប្រសិនបើមនុស្សចាស់ មានអាយុ ៨០ ឆ្នាំក្ដី ៩០ ឆ្នាំក្ដី ១០០ ឆ្នាំក្ដី រាប់ពីត្រឹមកើតមក ប៉ុន្តែមនុស្សនោះ នៅបរិភោគកាម ត្រាំនៅក្នុងកណ្ដាលកាម ក្ដៅក្រហាយ ដោយកំដៅកាម ត្រូវកាមវិតក្កៈគ្របសង្កត់ ជាអ្នកខ្វល់ខ្វាយ ស្វែងរកតែកាម មនុស្សនោះ ហៅថា មនុស្សក្មេងដោយពិត មិនរាប់ថា ចាស់ទុំឡើយ ម្នាលព្រាហ្មណ៍ ប្រសិនបើមនុស្សក្មេង នៅជំទង់កំឡោះ មានសក់ខ្មៅ ប្រកបដោយវ័យដ៏ចំរើន គឺបឋមវ័យ ប៉ុន្តែមនុស្សនោះ មិនបរិភោគកាម មិនត្រាំនៅក្នុងកណ្ដាលកាម មិនក្ដៅក្រហាយ ដោយកំដៅកាម មិនត្រូវកាមវិតក្កៈគ្របសង្កត់ មិនខ្វល់ខ្វាយស្វែងរកកាម មនុស្សនោះ ទើបរាប់ថាបណ្ឌិតពិត ថាចាស់ទុំដោយពិត។ លុះព្រះកច្ចានៈដ៏មានអាយុ សំដែងយ៉ាងនេះហើយ កណ្ឌរាយនព្រាហ្មណ៍ ក៏ក្រោកចាកទីអង្គុយ ធ្វើសំពត់ដណ្ដប់ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាពួកភិក្ខុ ដែលក្មេងជាងខ្លួន ហើយនិយាយថា លោកដ៏ចំរើន ជាមនុស្សចាស់ ឋិតនៅក្នុងវុឌ្ឍិភូមិ ឯខ្ញុំព្រះករុណា ជាមនុស្សក្មេង ឋិតនៅក្នុងទហរភូមិ បពិត្រព្រះកច្ចានៈដ៏ចំរើន ពីរោះណាស់។ បេ។ សូមព្រះកច្ចានៈដ៏ចំរើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក អ្នកដល់សរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះទៅ។

 

លេខយោង

1)
អដ្ឋកថា គុន្ធាវន ជាឈ្មោះនៃព្រៃ ១ ក្នុងដែនមធុរា។
km/tipitaka/sut/an/02/sut.an.02.039.txt · ពេលកែចុងក្រោយ: 2024/03/27 16:09 និពន្ឋដោយ Johann